សុត្តន្តបិដក

មុន |១៤|១៥|១៦|១៧|១៨|១៩|២០| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ |មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ទីឃនិកាយ បឋមភាគ

ភាគ ១៤

សីលក្ខន្ធវគ្គ

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គនោះ។

ព្រហ្មជាលសូត្រ ទី១

[១] (សូត្រនេះ [សព្ទដែលប្រែថា សូត្រនេះ នោះ មិនមានក្នុងបាលីទេ តែអដ្ឋកថាចារ្យ​ពន្យល់​ថា ឲ្យដាក់បញ្ចូលមកប្រែ ដើម្បីសម្រួល​សេចក្តីឲ្យ​ងាយ​ស្តាប់ យើងក៏បានយកសព្ទនេះ មកដាក់ខាងដើមសូត្រទាំង៤ ដែលមាន​ក្នុងសៀវភៅ​សុត្តន្តបិដក​បឋមភាគ​នេះ ដល់ទៅ​​សៀវភៅ​​ខាងមុខៗ​ទៀត មិនបាច់​ដាក់​សព្ទនុ៎ះ​​បញ្ចូល​​មកប្រែ​ទៀតឡើយ គឺប្រែតែប៉ុនបាលីប៉ុណ្ណោះ។]) ខ្ញុំបានស្តាប់មកយ៉ាងនេះ [ជាពាក្យព្រះអានន្ទ ព្រោះព្រះសូត្រ​ក្នុងសុត្តន្តបិដក​ទាំងមូលនេះ សុទ្ធតែ​​ជាសូត្រ ដែល​​ព្រះអានន្ទត្ថេរ​បានស្តាប់​មក ដូចមាន​បាលីប្រកាស​ខ្លួនរបស់លោក​​ក្នុង​ខាង​ដើម​នៃសូត្រ​ទាំងនោះ​ថា ឯវម្មេសុតំ ៗដូច្នេះ]។ សម័យ​មួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​​ទៅ​កាន់​ផ្លូវឆ្ងាយ ក្នុងចន្លោះ​នៃក្រុងរាជគ្រឹះ និងចន្លោះ​នៃនាឡន្ទគ្រាម ជាមួយ​នឹង​ភិក្ខុសង្ឃ​ច្រើន ចំនួន​​៥០០រូប។ ចំណែកខាងសុប្បិយបរិព្វាជក ក៏បានដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះ​នៃក្រុង​រាជ​គ្រឹះ និងចន្លោះនៃនាឡន្ទគ្រាម ជាមួយនឹងព្រហ្មទត្តមាណព ដែល​ជាកូនសិស្សដែរ។ បានឮថា ក្នុងផ្លូវឆ្ងាយនោះ សុប្បិយបរិព្វាជកពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ដែលជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះ​ធម៌ ពោល​សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជា​បរិព្វាជក​ទាំងពីរ​នាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ​ទៅរកគ្នានឹងគ្នា ដោយត្រង់ (ឥតមានបញ្ចៀសវាសវាង) ហើយដើរជាប់តាមក្រោយៗ ព្រះមានព្រះភាគ និងភិក្ខុ​សង្ឃទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅគង់នៅក្នុងរាជដំណាក់ ក្នុងសួន​ឈ្មោះ​អម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងភិក្ខុសង្ឃ។ ឯសុប្បិយបរិព្វាជក ក៏បានចូលទៅនៅ​ក្នុង​រាជ​ដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅអស់មួយរាត្រី ជាមួយនឹងព្រហ្មទត្តមាណព ដែល​ជាកូនសិស្សដែរ។ ក្នុងរឿងនោះ បានឮថា សុប្បិយបរិព្វាជក ពោលតិះដៀលព្រះពុទ្ធ ពោល​តិះដៀល​ព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ។ ឯព្រហ្មទត្តមាណព ជា​កូន​សិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះ​ធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ។ ព្រោះហេតុយ៉ាងនេះ បានជា​បរិព្វាជកទាំង២រូប គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ​ ទៅរកគ្នានឹងគ្នា ដោយ​ត្រង់ ដើរជាប់តាមក្រោយៗ ព្រះមានព្រះភាគ និងភិក្ខុ​សង្ឃទៅ។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើន​រូប ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់​សម្រាកកាយ បាន​ផ្តើម​ពាក្យ​ស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំង​ឡាយ ហេតុនេះមិនធ្លាប់កើត បែរជាកើតឡើងបាន ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មា​សម្ពុទ្ធ ទ្រង់ជ្រាប ទ្រង់ឃើញច្បាស់ ទ្រង់ជ្រាបចំពោះនូវ​ភាវៈនៃសត្វទាំងឡាយ ដែលមាន​អធ្យា​ស្រ័យ​ផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោល​តិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ ចំណែកខាង​ព្រហ្មទត្ត​មាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរ​គុណ​ព្រះ​ធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុយ៉ាងនេះ បានជា​បរិព្វាជកទាំងពីរនាក់ គឺអាចារ្យ និងកូនសិស្សនោះ ពោលពាក្យជាសឹកសត្រូវ ​ទៅរកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយៗ នៃព្រះមានព្រះភាគ និងភិក្ខុ​សង្ឃទៅ។ គ្រានោះឯង ព្រះមាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់នូវពាក្យស្ងើចនេះ របស់ភិក្ខុទាំងឡាយនោះ ហើយទ្រង់​យាង​ចូលទៅ​ក្នុង​រោងសម្រាប់សម្រាកកាយ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែល​គេតែងតាំង​ថ្វាយ។ លុះព្រះមានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយមកអង្គុយ​ប្រជុំគ្នាក្នុងទីនេះ និយាយពីរឿងរ៉ាវដូចម្តេច ចុះពាក្យ​ជាចន្លោះ [អដ្ឋក​ថា ថា ពាក្យជាចន្លោះអំពីគុណធម៌ មានកម្មដ្ឋានមនសិការ និងបាលី និងអដ្ឋកថាជាដើម។] ដូចម្តេច ដែលអ្នកទាំងឡាយ ​និយាយ​មិនទាន់ចប់។ កាលព្រះមានព្រះភាគ ទ្រង់សួរ​យ៉ាងនេះ​ហើយ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន កាលខ្ញុំព្រះអង្គទាំងឡាយ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយ​អង្គុយ​ប្រជុំគ្នា ក្នុង​រោង​សម្រាប់​សម្រាកកាយនេះ បានផ្តើមពាក្យ​ស្ងើចនេះឡើងថា ម្នាល​អាវុសោ​ទាំងឡាយ អស្ចារ្យ​ណាស់​តើហ្ន៎ ម្នាលអាវុសោទាំង​ឡាយ ហេតុនេះ មិនធ្លាប់កើត ក៏បែរជាកើត​ឡើង​បាន ព្រះមាន​ព្រះភាគ អង្គនោះ ជាអរហន្តសម្មា​សម្ពុទ្ធ ទ្រង់ជ្រាបឃើញច្បាស់ ទ្រង់ជ្រាប​ច្បាស់លាស់ នូវភាវៈ​នៃ​សត្វ​ទាំងឡាយ ដែលមាន​អធ្យាស្រ័យផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជក​នេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោល​តិះដៀល​ព្រះសង្ឃ ដោយអនេក​បរិយាយ ឯ​ព្រហ្មទត្ត​មាណព ជាកូនសិស្ស របស់សុប្បិយបរិព្វាជក ក៏ពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរ​គុណ​ព្រះ​ធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយវិញ ព្រោះហេតុ​យ៉ាង​នេះ បានជា​បរិព្វាជកទាំង២នាក់ គឺអាចារ្យ និង​កូន​សិស្សនោះ ពោលពាក្យជាសឹកសត្រូវ ​ទៅ​រកគ្នានឹងគ្នា ដោយត្រង់ ដើរជាប់តាមក្រោយៗ នៃព្រះមាន​ព្រះភាគ និងភិក្ខុ​សង្ឃទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យ​ជាចន្លោះនេះឯង ដែលខ្ញុំ​ព្រះអង្គទាំងឡាយ ​និយាយ​មិនទាន់ចប់នៅឡើយ ទទួលព្រះមានព្រះភាគ ស្តេច​មកដល់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួក​សត្វ​ដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀល​ព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី អ្នកទាំងឡាយមិនគួរធ្វើគំនុំ មិនគួរ​ធ្វើ​សេចក្តី​មិនត្រេកអរ មិនគួរ​ធ្វើសេចក្តី​អាក់អន់ចិត្ត ចំពោះ​ពួកសត្វ​ទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀល​ព្រះធម៌ក្តី ពោលតិះដៀលព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្ត ចំពោះ​ពួកសត្វ​ទាំងនោះ​ហើយ មុខជាសេចក្តីអន្តរាយ (នៃគុណទាំងឡាយ មានបឋមជ្ឈាន​ជា​ដើម) នឹងកើតមាន​ប្រាកដ ​ដល់អ្នកទាំងឡាយ ដោយសេចក្តី​ក្រោធ និងសេចក្តីអាក់អន់ចិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលតិះដៀលតថាគតក្តី ពោលតិះដៀល​ព្រះធម៌ក្តី ពោល​តិះដៀល​ព្រះសង្ឃក្តី បើអ្នកទាំងឡាយក្រោធ ឬអាក់អន់ចិត្ត ចំពោះ​ពួកសត្វ​ទាំងនោះ​ហើយ អ្នកទាំងឡាយ នឹងបានដឹងច្បាស់ នូវសេចក្តី​នៃពាក្យពីរោះ ឬពាក្យអាក្រក់ របស់ពួក​សត្វ​ដទៃ​ដែរឬ។ ពួកភិក្ខុ​ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនអាចដឹងច្បាស់ នូវសេចក្តី​នៃ​ពាក្យ​នោះទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោល​តិះដៀល​តថាគត​ក្តី ពោលតិះដៀល​ព្រះធម៌ក្តី ពោលតិះដៀល​ព្រះសង្ឃក្តី អ្នកទាំងឡាយ គប្បី​​ឃាត់ពាក្យ​មិនពិត ដោយពាក្យមិនពិត ចំពោះពួកសត្វទាំងនោះថា ពាក្យនេះមិនពិត ដោយ​ហេតុ​នេះ ពាក្យនេះ​មិនប្រាកដ ដោយហេតុនេះ ហេតុនេះ ឥតមានក្នុងពួកយើង មួយវិញទៀត ពាក្យនេះ រកមិនបានក្នុងពួកយើងទេ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោល​សរសើរ​គុណ​​តថាគត​ក្តី ពោលសរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ​មិនគួរ​ធ្វើសេចក្តី​រីករាយ មិនគួរធ្វើសោមនស្ស មិនគួរធ្វើសេចក្តីព្រើលចិត្ត ចំពោះពួកសត្វទាំង​នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណ​តថាគត​ក្តី ពោល​សរសើរ​គុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មាន​ចិត្ត​​រីករាយ ត្រេកអរ ព្រើលចិត្ត ចំពោះពួកសត្វទាំង​នោះហើយ សេចក្តី​អន្តរាយ (នៃគុណ​ទាំង​ឡាយ មានបឋមជ្ឈានជាដើម) នឹងកើតមានប្រាកដ ដល់អ្នកទាំងឡាយ ព្រោះសេចក្តី​ត្រេកអរ​នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកសត្វដទៃ ពោលសរសើរគុណ​តថាគត​ក្តី ពោល​សរសើរគុណព្រះធម៌ក្តី ពោលសរសើរគុណព្រះសង្ឃក្តី អ្នកទាំងឡាយ ត្រូវ​ប្តេជ្ញា​ពាក្យពិត តាមពាក្យពិត ចំពោះពួកសត្វទាំង​នោះថា ពាក្យនេះពិត ដោយហេតុនេះមែន ពាក្យនេះ ប្រាកដ ដោយហេតុនេះមែន ពាក្យនេះ តែងមានក្នុងពួកយើងមែន មួយវិញទៀត ពាក្យនេះ រមែង​រកបានក្នុងពួកយើងមែន។

[២] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត តែង​សរសើរ​ដោយ​គុណ​ជាត​ណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹម​តែ​សីល​ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលបើពោលសរសើរគុណរបស់តថាគត ​ដោយ​គុណ​ជាត​ណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹម​តែ​សីល​ប៉ុណ្ណោះ តើដូចម្តេច។

[៣] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់បាណាតិបាតហើយ វៀរ​ស្រឡះចាក​បាណាតិបាតហើយ មានដំបងដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មាន​សេចក្តី​ខ្មាសបាប ដល់នូវសេចក្តី​អាណិតអាសូរ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់​សព្វ​សត្វ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។ ថា ព្រះសមណគោតម លះបង់អទិន្នាទានហើយ វៀរ​ស្រឡះចាកអទិន្នាទានហើយ ព្រះអង្គ​​កាន់យក​តែរបស់​ដែលគេឲ្យ ប្រាថ្នាតែរបស់​ដែលគេឲ្យ មានអត្តភាព​ជាអ្នក​មិនលួច មាន​សភាពដ៏ស្អាត។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។ ថា ព្រះសមណគោតម លះបង់អព្រហ្មចរិយៈហើយ ជាអ្នក​ប្រព្រឹត្ត​នូវធម៌​ដ៏​ប្រសើរ ព្រះអង្គចៀសវាង (អំពីអព្រហ្មចរិយៈ) វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុកហើយ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។

[៤] (បុថុជ្ជន តែងពោលសរសើរថា) ព្រះសមណគោតម លះបង់មុសាវាទហើយ វៀរ​ស្រឡះចាក​មុសាវាទហើយ ព្រះអង្គពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរ​អ្នក​ផងជឿបាន មិនពោលបំភ្លាត់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរ​គុណ​របស់​តថាគត តែងពោល​ដូច្នេះ​ក៏មាន។ ថា ព្រះសមណគោតម ព្រះអង្គ​លះបង់បិសុណាវាចា​ហើយ វៀរ​ស្រឡះចាកបិសុណាវាចាហើយ ព្រះអង្គឮពាក្យក្នុងសំណាក់​នៃពួកជនឯណេះហើយ មិននាំយកទៅប្រាប់ដល់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះឡើយ ឬឮពាក្យក្នុងសំណាក់​នៃពួកជនឯណោះហើយ មិននាំយកមកប្រាប់​ដល់ពួកជននេះ ដើម្បីបំបែកពួកជន​ឯណោះ​ឡើយ។ ព្រះអង្គ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកំឡាំង​ឲ្យដល់​ពួក​ជន ដែលព្រមព្រៀងគ្នាហើយផង ព្រះអង្គ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេក​អរក្នុង​សេចក្តី​​ព្រមព្រៀង រីករាយក្នុងការព្រមព្រៀង ទ្រង់ពោលវាចាដែលធ្វើឲ្យ​ព្រមព្រៀងគ្នា។  ម្នាល​ភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវផរុសវាចាហើយ វៀរ​ស្រឡះចាក​ផរុសវាចាហើយ ក៏វាចាណា ដែលជាសំដីឥតមានទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដី​របស់​អ្នកសប្បុរស ជាទីត្រេកអរនៃជនច្រើននាក់ ពេញចិត្តនៃ​ជនច្រើននាក់ ទ្រង់ពោលតែ​វាចា​បែប​នោះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។ ថា ព្រះសមណគោតម ទ្រង់លះបង់នូវសម្ផប្បលាបហើយ វៀរ​ស្រឡះចាក​សម្ផប្បលាបហើយ ព្រះអង្គពោលពាក្យក្នុងកាលគួរ ពោលតែពាក្យពិតប្រាកដ ពោលតែពាក្យ​ដែលជាអត្ថ ពោលតែពាក្យ​ដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យ​មានឱកាស​ ជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែង​ពោល​​ដូច្នេះ​ក៏មាន។

[៥] ថា ព្រះសមណគោតម វៀរស្រឡះចាកការធ្វើពីជគាម និងភូមតគាម [វត្ថុដែល​មានពូជ​ដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម ឈើស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថាភូតគាម។] ឲ្យវិនាសហើយ។ ម្នាលភិក្ខុទាំងឡាយ ដូច្នេះក៏មាន។បេ។

[៦] ថា ព្រះសមណគោតម ព្រះអង្គបរិភោគភត្តតែ១ពេល វៀរលែងបរិភោគក្នុងរាត្រី វៀរ​លែង​បរិភោគ​ក្នុងកាលខុស។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ​ស្តាប់​នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទ្រទ្រង់ ប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និង​គ្រឿង​លាបផ្សេងៗ។ ព្រះសមណគោតម វៀរស្រឡះចាកទីដេក ទីអង្គុយ​ដ៏ខ្ពស់ និងទីដេក​ ទី​អង្គុយ​ដ៏ប្រសើរ។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលមាស និងប្រាក់។

[៧] ថា ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ។ ព្រះសមណ​គោតម វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ។ ព្រះសមណគោតម វៀរស្រឡះចាក​កិរិយាទទួល​ស្រី និងក្មេងស្រី។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួល​ខ្ញុំ​ស្រី និងខ្ញុំប្រុស។ ព្រះ​សមណ​គោតម វៀរស្រឡះចាកកិរិយាទទួលពពែ និងចៀម។ ព្រះសមណគោតម វៀរស្រឡះ​ចាក​កិរិយា​ទទួល​មាន់ និងជ្រូក។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទទួលស្រែ និងចំការ។

[៨] ព្រះសមណគោតម វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យ​បណ្តាំ​ដល់គ្រហស្ថ និងទៅដោយ​គេបញ្ជូន អំពីផ្ទះ១ ទៅផ្ទះ១។ ព្រះសមណគោតម វៀរស្រឡះ​ចាក​ការទិញ និងការលក់។ ព្រះសមណគោតម វៀរស្រឡះចាកការឆបោក ឬបន្លំ ដោយជញ្ជីង និងឆបោក ដោយភាជន៍មាស ឆបោកដោយរង្វាស់រង្វាល់ [ការឆបោក ឬបន្លំដោយ​ជញ្ជីង មាន៤​យ៉ាង គឺបន្លំដោយរូប១​ បន្លំដោយអវយវៈ១ បន្លំដោយការកាន់យក១ បន្លំដោយការ​បិទបាំង១។ អធិប្បាយ បុគ្គលធ្វើជញ្ជីងពីរ មានរូបប៉ុនគ្នា ដូចគ្នា តែធ្ងន់ស្រាលជាងគ្នា វេលាទិញ ប្រើជញ្ជីង​ធ្ងន់ វេលាលក់ ប្រើជញ្ជីងស្រាល ហៅថា បន្លំដោយរូប គឺរូបជញ្ជីង។ វេលាទិញ ថ្លឹង​របស់ យក​ដៃ​សង្កត់​ជញ្ជីង​ពីខាងក្រោយ វេលាលក់ យកដៃសង្កត់ជញ្ជីង​ពីខាងមុខ ហៅថា បន្លំដោយ​អវយវៈ។ វេលាទិញ ថ្លឹង​របស់ កាន់ខ្សែជញ្ជីង​ខាងគល់ដង វេលាលក់ កាន់ខ្សែខាងចុងដង ហៅថា បន្លំ​ដោយ​​ការកាន់យក។ ធ្វើដងជញ្ជីងឲ្យមានប្រហោងខាងក្នុង ហើយច្រកកំទេចដែក​ក្នុង​ប្រហោង​នោះ វេលាទិញ ធ្វើឲ្យដែករត់មកខាងក្រោយ វេលាលក់ ធ្វើ​ឲ្យដែករត់មកខាងមុខ ហៅថា បន្លំ​ដោយ​​ការបិទបាំង។ ធ្វើភាជន៍ដោយមាសសុទ្ធតែ១ ហើយធ្វើ​ភាជន៍​ក្រឡៃជាច្រើន ឲ្យមានពណ៌​ប្រហែលគ្នា ហើយលក់យកថ្លៃស្មើគ្នានឹងមាស ហៅថា បន្លំ​ដោយ​មាស។ វេលាទិញ ប្រើរង្វាល់ធំ វេលាលក់ ប្រើរង្វាល់តូច ហៅថា បន្លំដោយរង្វាល់។ វេលាបានសំណូក វាស់ដីស្រែចម្ការ​ធំឲ្យ​ទៅ​ជា​តូច វេលាមិនបានសំណូក វាស់ដីតូច ឲ្យទៅជាធំ ដើម្បី​ឲ្យចំរើនពន្ធ ឬសួយ ហៅថា បន្លំ​ដោយ​រង្វាស់។] ព្រះសមណគោតម វៀរស្រឡះចាកកិរិយា​ប្រកបនូវ​អំពើ​វៀច គឺការបង្ខុសបំភាន់ បញ្ឆោត បោកប្រាស បន្លំដោយរបស់ប្លម។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាកាត់ (នូវ​អវៈយវៈ មានដៃជាដើម) និងការសម្លាប់​ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែង​យកទ្រព្យ។ បុថុជ្ជន កាលពោលសរសើរគុណរបស់​តថាគត តែងពោលដូច្នេះក៏មាន។

ចប់ ចូឡសីល ។

[៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវកិរិយាធ្វើពីជគាម និងភូតគាម​ឲ្យ​វិនាស។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ។ គឺ ពូជគឺមើម ឬឫស១ ពូជគឺដើម១ ពូជ​គឺថ្នាំង១ ពូជគឺចុង ឬត្រួយ១ ពូជគឺគ្រាប់១ ជាគំរប់៥។ ព្រះសមណគោតម ទ្រង់វៀរ​ស្រឡះ​ចាក​កិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ។  ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែងពោលដូច្នេះក៏មាន។

[១០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេ​ឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពយ៉ាងនេះ។ ការសន្សំទុកនោះ តើដូចម្តេចខ្លះ។ គឺការសន្សំ​គ្រឿងស៊ី​ខ្លះ សន្សំទឹកផឹកខ្លះ សន្សំសំពត់ខ្លះ សន្សំយានខ្លះ សន្សំទីដេកខ្លះ សន្សំគ្រឿងលាបខ្លះ សន្សំគ្រឿង​ក្រអូបខ្លះ សន្សំអាមិសខ្លះ។ ព្រះសមណគោតម ទ្រង់វៀរស្រឡះ​ចាកការ​បរិភោគវត្ថុ ដែល​សន្សំទុក មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែងពោលដូច្នេះក៏មាន។

[១១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវការស្តាប់ និងការមើល​នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាពយ៉ាងនេះ។ ឯល្បែងដែលជាសត្រូវ ដល់​កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងស្តេច​ភារត និងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ រូបគំនូរខ្លះ ល្បែងដុំដែកខ្លះ ល្បែង​រ៉ាវ​ខ្លះ ល្បែង​លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់​គ្នាខ្លះ កែះជល់​គ្នាខ្លះ មាន់ជល់​គ្នាខ្លះ ចាបជល់​គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់​រៀបពលខ្លះ លំនៅកងទ័ពខ្លះ ទីមើលសេនាប្រកបដោយអង្គ៤​ខ្លះ [សេនាដំរី១ សេនាសេះ១ សេនារទេះ១ សេនាថ្មើជើង១។]។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះចាកកិរិយាស្តាប់ និងការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។

[១២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជា​ហេតុ ជាទីតាំងនៃសេចក្តីប្រមាទ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ។ គឺបាស្កា​មានក្រឡា​៨ខ្លះ បាស្កា​មានក្រឡា១០ខ្លះ បាស្កាដែលលេង​ឰដ៏អាកាសខ្លះ ល្បែងវាងផ្លូវ​ដែលគួរវាងខ្លះ ល្បែង​ផ្ទាត់​គ្រាប់​ ​មានគ្រាប់​ក្រួស​ជាដើមខ្លះ លេងបាស្កាក្នុងទីលាន​សម្រាប់​លេងខ្លះ ល្បែងហ៊ឹង ឬកូនគោល​ខ្លះ ល្បែងរលាស់ទឹក លាក់ឲ្យទាយរូបខ្លះ ល្បែង​អង្គញ់ខ្លះ ល្បែង​ប៉ីស្លឹកខ្លះ ល្បែង​នង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែង​កង្ហារខ្លះ ល្បែង​វាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែង​រថតូចខ្លះ ល្បែង​ធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ ល្បែងកំប្លែង​ត្រាប់គេខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះចាកកិរិយាប្រកបរឿយៗ នូវ​ល្បែង​បាស្កា ដែលជា​ហេតុជាទីតាំង​នៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។

[១៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេកទីអង្គុយដ៏ខ្ពស់ និងទីដេក​ទីអង្គុយ​ដ៏ប្រសើរ) មានសភាព​យ៉ាងនេះ។ ឧច្ចាសយន​មហាសយនៈ​នោះ តើដូចម្តេចខ្លះ។ គឺអាសនៈ​ដែលខ្ពស់​ហួសប្រមាណខ្លះ គ្រែ​ដែល​មានជើង​វិចិត្រ​​ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាង​បួនធ្នាប់ខ្លះ កម្រាល​ដែល​គេធ្វើដោយ​រោមវិចិត្រ ដោយរូបសត្វ​សាហាវខ្លះ កម្រាលមានពណ៌ស ដែល​គេធ្វើដោយរោម​សត្វខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វមាន​ផ្កាដេរដាសខ្លះ កម្រាលដែលញាត់​ដោយសំឡីជា​ប្រក្រតីខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ វិចិត្រដោយរូប​សត្វសាហាវ (មានសីហៈ និង​ខ្លាធំជាដើម)ខ្លះ កម្រាល​ដែល​​ធ្វើដោយរោមសត្វ​ មានរោមច្រាង​ឡើងតែម្ខាងខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មាន​រោម​ច្រាងឡើង​ទាំងសងខាងខ្លះ កម្រាល​ដែល​ធ្វើដោយឌិនខ្សែសយមាស និងសូត្រចាក់ស្រែះ​ដោយ​រតនវត្ថុ មានមាសជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនៈខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ ល្មម​ចុះពួកស្រីរបាំ១៦នាក់ ឈរ​រាំបានខ្លះ កម្រាលសម្រាប់​ក្រាល​លើខ្នងដំរីខ្លះ កម្រាល​សម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់​ក្រាលលើរថខ្លះ កម្រាល​​ដែលគេ​ធ្វើដោយស្បែក​ខ្លាខ្លះ កម្រាល​ដ៏ឧត្តម ដែល​គេធ្វើដោយស្បែកសត្វឈ្មុសខ្លះ ទីដេក​ដែល​មានពិតានក្រហមពីខាងលើខ្លះ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង គឺខ្នើយ​ក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌​ក្រហមខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះ​ចាក​ឧច្ចាសយន​មហាសយនៈ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរ​គុណ​​របស់តថាគត តែងពោល​ដូច្នេះ​ក៏មាន។

[១៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវវត្ថុ​ជាទីតាំងនៃ​ការប្រដាប់ស្អិតស្អាង​រាងកាយ មានសភាព​យ៉ាងនេះ។ វត្ថុជាទីតាំង​នៃការ​ប្រដាប់​ស្អិតស្អាង​រាងកាយ​នោះ តើដូចម្តេច។ គឺការដុសខាត់បំបាត់ក្លិនអាក្រក់ [អដ្ឋកថា ថា ដុសខាត់ ឬប្រស់ព្រំ​ដោយ​វត្ថុ មានគ្រឿង​ក្រអូប និងលំអិតជាដើម ដើម្បីបន្ទោបង់នូវ​ក្លិនអាក្រក់ក្នុងសរីរៈ។] ខ្លះ ការ​ច្របាច់​រឺត [ដូចយ៉ាងទារកដែលមានបុណ្យ គេ​យកមកផ្តេក​លើភ្លៅ លាបប្រេង ហើយច្របាច់រឺត ដើម្បីធ្វើទ្រង់ទ្រាយនៃអវយវៈ មានដៃជើងជាដើម ឲ្យសមរម្យ​ល្អ។]ខ្លះ ការផ្ងូតទឹកខ្លះ ការគក់​ច្របាច់ [ការវាយដៃជើងដោយវត្ថុមានអន្លូងជាដើម ធ្វើឲ្យដៃជើង​ចំរើនមាំមួន ដូចជា​អ្នកចំបាប់។ តែក្នុងមង្គលត្ថទីបនីថា ការដកទាញដៃជើងជាដើម ដើម្បី​បន្ទោបង់​នូវរោគចុកសៀត។] ខ្លះ កញ្ចក់​ខ្លះ វត្ថុសម្រាប់​លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រងខ្លះ គ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់​ប្រស់មុខខ្លះ វត្ថុសម្រាប់​លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណង​ផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខខ្លះ (ស្នៀតសក់) កែវមណីខ្លះ ផ្លិតធ្វើពីរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់​មាន​ជាយ​វែងខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះចាកការប្រកបរឿយៗ នូវ​វត្ថុជាទីតាំង​នៃការប្រដាប់​ស្អិតស្អាង​រាងកាយ មានសភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែងពោល​ដូច្នេះ​ក៏​មាន។

[១៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យ​និយាយទទឹងផ្លូវសួគ៌ នឹងផ្លូវព្រះនិព្វាន) មានសភាព​យ៉ាងនេះ។ តិរច្ឆានកថានោះ តើ​ដូចម្តេច។ គឺនិយាយអំពីស្តេចខ្លះ និយាយអំពី​ចោរខ្លះ និយាយអំពី​អាមាត្រធំខ្លះ និយាយអំពី​សេនាទាហាន​ខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយ​អំពី​បាយម្ហូបចំណីខ្លះ និយាយអំពី​ទឹកផឹកខ្លះ និយាយ​អំពីសំពត់ខ្លះ និយាយអំពី​ទីដេកខ្លះ និយាយ​អំពីផ្កាកម្រងខ្លះ និយាយ​អំពី​គ្រឿង​ក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយ​អំពីយានខ្លះ និយាយ​អំពីស្រុកខ្លះ និយាយ​អំពី​និគមខ្លះ និយាយ​អំពី​នគរខ្លះ និយាយ​អំពីជនបទខ្លះ និយាយ​អំពីស្ត្រីខ្លះ និយាយ​អំពី​បុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លា [ក្នុងវិន័យថា សុរាកថំ និយាយ​អំពីសុរា ដូច្នេះវិញ។] ខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិដែលចែកឋានទៅកាន់​បរលោកហើយខ្លះ និយាយអំពីពាក្យដែល​ឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពី​លោក [អដ្ឋកថា ថា និយាយប្រារព្ធអំពីលោកថា លោកនេះអ្នកណាតាក់តែង អ្នកឯណោះ​តាក់​តែង មួយទៀត ក្អែកស ៗពិតមែន ព្រោះឆ្អឹងវា ស កុករនាលក្រហម ៗពិតមែន ព្រោះ​ឈាម​វាក្រហម ដូច្នេះជាដើម។]ខ្លះ និយាយអំពីរឿង​ជីក​សមុទ្រ [និយាយថា សមុទ្រហេតុអ្វី​បានហៅថា សាគរ បានជាហៅដូច្នោះ ព្រោះ សាគរ ទេវតាបានជីក ជាដើម។]ខ្លះ និយាយអំពីសេចក្តីចំរើន និង​មិន​ចំរើន [មើលនយលក្ខណៈសិក្ខាបទទី៣ នៃរតនវគ្គ ក្នុងមហាវិភង្គ ចតុត្ថភាគ។]ខ្លះ ដែលជា​ហេតុ​ឥតប្រយោជន៍ ដូច្នេះខ្លះ ដូច្នោះខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះ​ចាក​តិរច្ឆានកថា មាន​សភាព​ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់​តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[១៦] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកបរឿយៗនូវពាក្យ​ប្រណាំង​ប្រជែង មានសភាព​យ៉ាងនេះ។ ពាក្យប្រណាំងប្រជែង​នោះ តើ​ដូចម្តេច។ គឺនិយាយថា អ្នកមិនមែន​ចេះដឹង​ធម៌ និងវិន័យនេះទេ ខ្ញុំទើបបានចេះដឹង​ធម៌ និងវិន័យនេះ។ អ្នកនឹងបានឈ្មោះថា ចេះ​ដឹង​ធម៌វិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំ​ទើបជាអ្នក​ប្រតិបត្តិត្រឹមត្រូវ។ ពាក្យ​របស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ។ សំដី​ដែល​គេត្រូវនិយាយមុន អ្នកយកមកនិយាយក្រោយវិញ។ សំដី​ដែលគេត្រូវ​និយាយក្រោយ អ្នកយក​មក​និយាយមុនវិញ។ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ [អដ្ឋកថាថា ពាក្យណាដែល​ស្ទាត់ល្អ ដោយអ្នកប្រព្រឹត្តមកជាយូរអង្វែង ពាក្យនោះខុសទាស់ ផ្ទុយនឹងពាក្យយើងតែ១ម៉ាត់ អ្នក​មិនដឹងឡើយ។]។ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបាន​លើកឡើងហើយ។ អ្នកជាមនុស្ស ត្រូវខ្ញុំ​សង្កត់​សង្កិនបានហើយ។ អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរ​អ្នកដោះស្រាយឲ្យរួចទោសចុះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះហើយ ចាកពាក្យ​ពោល​ប្រណាំង​ប្រជែង មាន​សភាព​ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[១៧] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែងប្រកបរឿយៗនូវទូតកម្ម គឺនាំ​សំបុត្រ ឬពាក្យបណ្តាំ​នៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាព​យ៉ាងនេះ។ ទូតកម្មនោះ តើ​ដូចម្តេច។ គឺទៅដោយពាក្យប្រើរបស់ស្តេច ពួកអាមាត្រធំនៃស្តេច ពួក​ក្សត្រិយ៍ ពួក​ព្រាហ្មណ៍ ពួកគហបតិ ឬពួក​កុមារថា លោកចូរទៅក្នុងទីនេះ លោកចូរទៅក្នុងទីឯណោះ លោកចូរនាំយក​របស់នេះទៅ លោកចូរនាំយករបស់នេះ ពីទីឯណោះមក។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះហើយចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយ​គេ​បញ្ជូន​អំពីផ្ទះមួយ ទៅផ្ទះមួយ មាន​សភាព​ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[១៨] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកកុហក គឺញុំាងគេ​ឲ្យ​ភាន់ច្រឡំ (ឲ្យ​ជ្រះ​ថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកពោលពាក្យរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នក​ធ្វើ​និមិត្ត គឺពោល​បញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរក​លាភ ដោយលាភខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះហើយចាកការកុហក និងពាក្យ​រាក់ទាក់ មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

ចប់ មជ្ឈិមសីល។

[១៩] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការទាយអវយវៈខ្លះ ទាយនិមិត្ត (ហេតុ)​ខ្លះ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយ​លក្ខណៈ​ខ្លះ ទាយវត្ថុមានសំពត់ជាដើម ដែលកណ្តុរកាត់ខ្លះ និយាយអំពីការបូជាដោយភ្លើង​ខ្លះ និយាយអំពីការបូជាដោយវែក [ប្រែថាបង្វិលពពិលក៏បាន។]ខ្លះ និយាយអំពីការបូជាដោយ​អង្កាម​ខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពី​ការ​បូជា​ដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃ​ជាដើម យកទៅដាក់​ក្នុង​ភ្លើង ឬសូត្ររបៀន​បូជា​ដោយ​មាត់។]​ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់​ទាយ​អវយវៈខ្លះ វិជ្ជាសម្រាប់​ទាយ​ទីភូមិឋាន (ថាឲ្យទុក្ខ ឲ្យសុខ)ខ្លះ វិជ្ជាសម្រាប់​ទាយទីស្រែ​ចម្ការ​ខ្លះ វិជ្ជាស្គាល់ព្រៃខ្មោច [វិជ្ជា​សម្រាប់​រម្ងាប់ចង្រៃ ដែលចូលទៅក្នុងព្រៃស្មសាន ហើយចេញ​មកវិញ។]​ខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជា​សម្រាប់ការពារ​រក្សាភូមិផ្ទះខ្លះ វិជ្ជា​ស្តោះពស់ [វិជ្ជាមើលសត្វ​ ដែល​ពស់ខាំ ឬមន្តហៅពស់។]​ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយ​ទិចខ្លះ វិជ្ជា​ស្តោះ​កណ្តុរខាំខ្លះ វិជ្ជាសម្រាប់​ទាយសម្រែក​សត្វស្លាប [វិជ្ជាសម្រាប់ទាយនូវសម្រែក និងគតិជាដើម របស់សត្វស្លាប ឬសត្វ​ឥតស្លាប និងសត្វជើង២ ជើង៤។] ខ្លះ វិជ្ជាសម្រាប់​ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់​ទាយ​អាយុខ្លះ វិជ្ជាសម្រាប់​រារាំងសរ​ខ្លះ វិជ្ជាសម្រាប់​មើលនូវ​ស្នាមជើងម្រឹគ គឺសត្វជើង៤ទាំងអស់​ខ្លះ។ ឯព្រះសមណគោតម ទ្រង់​វៀរ​ស្រឡះចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២០] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការទាយលក្ខណៈកែវមណីខ្លះ ទាយ​លក្ខណៈ​ដំបង ឬឈើច្រត់ខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈសស្ត្រាខ្លះ ទាយ​លក្ខណៈ​ដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈប្រុសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈ​ក្មេង​ស្រីខ្លះ ទាយលក្ខណៈ​ខ្ញុំ​ប្រុស​ខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈ​សេះ​ខ្លះ ទាយលក្ខណៈ​ក្របី​ខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈ​ពពែខ្លះ ទាយ​លក្ខណៈ​កែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួច​ខ្លះ ទាយលក្ខណៈទន្សង [អដ្ឋក​ថា ថា វិជ្ជាស្គាល់លក្ខណៈរូបគំនូរ និងគ្រឿងប្រដាប់ជាដើម ដែល​គេធ្វើ​ជារូបទន្សង។]ខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះ [ប្រែថា ទាយលក្ខណៈ​នៃសត្វ​ពួកមួយ ដែលហៅថា កណ្ណិកាក៏បាន។]ខ្លះ ទាយលក្ខណៈអណ្តើក [វិជ្ជាស្គាល់​លក្ខណៈរូបគំនូរ និង​គ្រឿង​ប្រដាប់​ជា​ដើម ដែលគេធ្វើ​ជារូប​អណ្តើក។]ខ្លះ ទាយលក្ខណៈម្រឹគខ្លះ។ ឯព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺទាយការលើកទ័ពថា ព្រះរាជា គួរស្តេច​ចេញទៅ (ក្នុងថ្ងៃនោះ)។ ព្រះរាជា គួរស្តេច​ចូលមកវិញ (ក្នុងថ្ងៃនោះ)។ ព្រះរាជាខាងក្នុង នឹងរុក​រានចូលទៅ។ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ។ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក។ ព្រះរាជាខាងក្នុង នឹងថយចេញទៅ។ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ។ ព្រះរាជាខាងក្រៅ នឹង​បរាជ័យ។ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ។ ព្រះរាជាខាងក្នុង នឹងបរាជ័យ។ ព្រះរាជា​អង្គនេះ នឹងមានជ័យជំនះ ឯព្រះរាជាអង្គនេះ នឹងបរាជ័យ។ ឯព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោលសរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២២] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាន​ចន្ទ្រគ្រាស។ នឹងមានសូរ្យគ្រាស។ នឹងមាននក្សត្រគ្រាស គឺផ្កាយ​ព្រះគ្រោះ ដើររួមចូលគ្នា ឬដើរ​រំលងព្រះ​អាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ។ ព្រះចន្ទ្រព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា។ ព្រះ​ចន្ទ្រព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា។ ផ្កាយទាំងឡាយនឹងដើរ​តាមផ្លូវត្រូវគ្នា។ ផ្កាយ​ទាំងឡាយ​ នឹងដើរ​ខុសផ្លូវគ្នា។ នឹងមានឧក្កាបាត [ឧក្កាបាតនោះ ប្រែថា ធ្លាក់នៃពន្លឺគប់ភ្លើង សេចក្តីថា កាល​បើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមានពន្លឺរស្មីដូចជាពន្លឺ​ប្រទីប ធ្លាក់ចុះមកអំពីអាកាស តាម​លោកវោហារ ហៅថា ឧក្កាបាត។ (លីនត្ថប្បកាសនាដីកា)។ បុរាណ ហៅថា កេតុដំដួល សំស្ក្រឹត​ថា ឧក្ងាបាត។]។ នឹងកើតមានកំដៅក្នុងទិស។ នឹង​មានកម្រើកផែនដី។ នឹងមានផ្គរលាន់ (ឥត​មាន​ភ្លៀង)។ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬ​ផូរ​ផង់។ ចន្ទ្រគ្រាស នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ សូរ្យគ្រាស នឹង​បណ្តាល​​ឲ្យមានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក)។ នក្សត្រគ្រាស នឹង​បណ្តាល​ឲ្យ​មាន​សុខ​ទុក្ខ​យ៉ាង​នេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយ ដើរ​តាម​ផ្លូវ​​ត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ពួកផ្កាយដើរខុសផ្លូវគ្នា នឹង​បណ្តាល​ឲ្យមាន​សុខ​ទុក្ខ​យ៉ាងនេះ។ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ កំដៅក្នុង​ទិស នឹង​បណ្តាល​ឲ្យ​មានសុខទុក្ខយ៉ាងនេះ។ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ផ្គរលាន់ (ឥត​មានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ព្រះចន្ទ្រ ព្រះអាទិត្យ និងផ្កាយរះឡើង ឬ​អស្តង្គត​ទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ឯព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២៣] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀង​ស្រួល។ នឹងមានភ្លៀងធ្លាក់មិនស្រួល។ នឹងមានបាយសម្បូណ៌។ នឹងមានបាយក្រ។ នឹងមានសេចក្តី​ក្សេម​ក្សាន្ត។ នឹងមានភ័យ។ នឹងមានរោគ។ នឹងមិនមានរោគ។ ការរាប់ដោយដៃទទេ ការរាប់​ដោយវិធី​នព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នោះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញ​ដើមឈើ ក៏អាចនឹងដឹងថា ឈើនេះមានស្លឹកប៉ុណ្ណេះប៉ុណ្ណោះបាន។] កាព្យឃ្លោង គម្ពីរ​លោកាយតៈ [គម្ពីរនិយាយថា លោកនេះ អ្នកណាសាង អ្នកឯណោះសាង បានជាហៅថា ក្អែកស ព្រោះឆ្អឹង​វា ស បានជាហៅថា កុកក្រហម ព្រោះ​ឈាមវាក្រហម ដូច្នេះជាដើម។]។ ​ឯ​ព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២៤] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺវិធីរៀបអាវាហមង្គលខ្លះ [អដ្ឋកថា ថា មាតាបិតាខាងប្រុស នាំយក​នាងទារិកាអំពីត្រកូលដទៃ មករៀបការឯផ្ទះរបស់ខ្លួន ហៅថា អាវាហមង្គល។] វិធីរៀប​វិវាហមង្គលខ្លះ [មាតាបិតាខាងស្រី រៀបចំបញ្ជូន​កូនស្រីខ្លួន ឲ្យទៅកាន់​ត្រកូល​ប្តី ហៅថា វិវាហមង្គល។ មានន័យផ្សេងទៀតថា បើស្រីមកការឯផ្ទះប្រុស ហៅថា អាវាហៈ បើប្រុសទៅការឯផ្ទះស្រី ហៅថា វិវាហៈ។] វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើ​ឲ្យព្រាត់ប្រាស​គ្នា (បង់ចំណែង)​ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូល​ចិត្តស្រឡាញ់​គ្នា ឬ​ធ្វើ​ឲ្យ​មានសិរីខ្លះ វិធីធ្វើ​ឲ្យស្អប់គ្នាខ្លះ វិធីធ្វើ​គភ៌ដែល​បំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាត​ឲ្យរឹង​ដោយមន្តខ្លះ វិធីចង​ចង្កា​ឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្រ​របៀន​ដើម្បី​មិន​ឲ្យឮសំឡេងដោយត្រចៀកខ្លះ [បុគ្គលសូត្ររបៀននោះក្នុងសាលាក្តី ចង់និយាយពាក្យណា ក៏​និយាយពាក្យនោះទៅ អ្នកគូក្តីម្ខាងស្តាប់មិនឮ ក៏មិនអាច​នឹងនិយាយឆ្លើយឆ្លងបាន។] ប្រស្នា​កញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្ត​បញ្ចូលទេវតា​ក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូល​ទេវតា ក្នុងសរីរៈ​នៃ​​ទាសី ហើយសួរ​ប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើ​មហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើង​អំពី​មាត់​​ដោយ​មន្តខ្លះ វិធីហៅ​សិរីឲ្យមកឋិតក្នុងសរីរៈខ្លះ។ ​ឯ​ព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។

[២៥] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជន​ដែល​គេឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការបន់ស្រន់ខ្លះ លាបំណន់ខ្លះ ធ្វើមន្ត​សម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយ​ឲ្យដូចជាប្រុសខ្លះ ធ្វើប្រុស​ឲ្យដូច​ជាខ្ទើយ [អដ្ឋកថា ថា ធ្វើដូច្នោះ ដើម្បីមិនឲ្យស្រីស្រឡាញ់ចូលចិត្ត មិនមែនធ្វើ​ឲ្យភេទ​ក្លាយទេ។] គឺ​ក្រៀវខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ជំរះ​មុខ​ឲ្យស្អាតដោយទឹក​ឲ្យគេខ្លះ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើង​ឲ្យគេខ្លះ ផ្សំថ្នាំសម្រាប់​ឲ្យ​ក្អួតខ្លះ ផ្សំថ្នាំបញ្ចុះខ្លះ ផ្សំថ្នាំ​កំចាត់បង់​នូវទោស​ខាងលើខ្លះ ផ្សំថ្នាំ​កំចាត់បង់​នូវទោសខាង​ក្រោម​ខ្លះ ផ្សំថ្នាំ​កំចាត់បង់​នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់​ត្រចៀកខ្លះ ស្លប្រេង​សម្រាប់​ស្អំ​ភ្នែកខ្លះ ផ្សំថ្នាំ​សម្រាប់ហិតខ្លះ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ផ្សំថ្នាំត្រជាក់សម្រាប់លាប​ស្រលាប​ខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើកម្មរបស់ពេទ្យខ្លះ ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ដាក់ថ្នាំ​ក្រោយ​ឲ្យជួយ​កំឡាំង​ថ្នាំមុនខ្លះ លាងថ្នាំដើមចេញ [អដ្ឋកថា ថា កាលបើមានដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយក​ថ្នាំនោះចេញ។]ខ្លះ។ ឯ​ព្រះសមណ​គោតម ទ្រង់​វៀរ​ស្រឡះ​ចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោល​ដូច្នេះ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ បុថុជ្ជន កាល​ពោល​សរសើរគុណ​របស់តថាគត តែង​ពោលសរសើរ ដោយគុណជាត​ណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីល​ប៉ុណ្ណេះ។

ចប់ មហាសីល។

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយ​អាចសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគត​តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅដទៃអំពី​សីល​ទាំង៣នោះ បុគ្គលឃើញបានដោយលំបាក ត្រាស់ដឹង​បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌​ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយ​អាច​សំដែង​បាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគត​តាម​សេចក្តី​ពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅ បុគ្គល​ឃើញ​បាន​ដោយ​លំបាក ត្រាស់ដឹង​បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌​ដ៏ថ្លៃថ្លា មិនជាទីស្ទង់​ប្រមើល​ដោយ​សេចក្តី​ត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន តើដូចម្តេចខ្លះ។

[២៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកកំណត់​នូវ​ចំណែក​នៃខន្ធខាងដើម មានសេចក្តីឃើញរឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធ​នូវចំណែក​នៃ​ខន្ធ​ខាងដើម ហើយពោល​នូវចំណែកនៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ​១៨។ ចុះពួក​សមណ​ព្រាហ្មណ៏ដ៏ចំរើនទាំងនោះ ដែលជាអ្នកកំណត់​នូវចំណែកនៃខន្ធខាងដើម មានសេចក្តី​ឃើញ​រឿយៗ នូវចំណែកនៃខន្ធខាងដើម ប្រារព្ធ​នូវចំណែកនៃខន្ធខាងដើម ហើយពោល​នូវ​ចំណែក​នៃទិដ្ឋិទាំងឡាយច្រើនបែប ដោយហេតុ​១៨ ព្រោះអាស្រ័យ​នូវអ្វី ព្រោះ​ប្រារព្ធនូវអ្វី។ ម្នាល​ភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាសស្សតវាទ (អ្នក​ពោល​ប្រកាន់​ថា​ទៀង) តែងបញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង។ ចុះ​ពួកសមណ​ព្រាហ្មណ៍​ដ៏ចំរើន​នោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ដោយហេតុ៤យ៉ាង តើព្រោះ​អាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ ជាសមណ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស អាស្រ័យនូវការព្យាយាម ជា​គ្រឿង​តំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវការ​មិនធ្វេស​ប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវ​ចេតោ​សមាធិ តាមបែបផែន (នៃចិត្ត​របស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួន (បរិសុទ្ធផូរផង់ មិនមាន​ទីទួល ពោលគឺ​កិលេស ប្រាសចាកឧបក្កិលេស) ហើយ ក៏រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ​ក្នុង​កាល​មុនជា​ច្រើន។ ការរលឹកបាននោះ ដូចម្តេច។ គឺរលឹកបាន​១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥​ជាតិ​ខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់​ជាតិ​ខ្លះ ១សែនជាតិខ្លះ រលឹកបានច្រើនរយជាតិខ្លះ ច្រើន​ពាន់​ជាតិខ្លះ ច្រើនសែនជាតិខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុត​ចាក​អត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើប​បានមកកើតក្នុងភពនេះ។ រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាលមុនជាច្រើន ព្រម​ទាំង​អាការ ព្រមទាំង​ឧទ្ទេសដូច្នេះឯង។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈ​ទៀង​ទាត់ ជាសភាវៈផុតពូជ មិនឲ្យផលជាពូជ​តទៅ [អដ្ឋកថា ថា បុគ្គលនោះពោល​ឃាត់ផល​នៃ​គុណធម៌ មានឈានជាដើម ដែលញុំាងសត្វ​ឲ្យទៅកើត​ក្នុងភព មានរូបភពជាដើម ថា មិនមានដូច្នោះឡើយ គឺថាមិនមានផលជាពូជ​តទៅ ប្រៀបដូចសត្វចិញ្ចឹម​ ដែលអា គ្មានកូន ឬដើមត្នោតដែលគ្មានផ្លែជាដើម។] (អា) តាំង​នៅនឹងថ្កល់ ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចជាសសរគោល ឯសត្វទាំងនោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់​ទៅ​មក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើ​នឹង​សស្សតិវត្ថុ [ផែនដី ភ្នំ សិនេរុ ព្រះចន្ទ្រ និងព្រះអាទិត្យ ហៅថា សស្សតិវត្ថុ ប្រែថា វត្ថុ​ទៀង។] ក៏មានជាប្រាកដ។ រឿង​នោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យ​នូវការព្យាយាមជាគ្រឿង​ដុត​កំដៅ​កិលេស អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​តំកល់មាំ អាស្រ័យ​នូវការ​ព្យាយាម ជា​គ្រឿង​​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុក​ដាក់​ដោយ​ល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ​ចិត្តរបស់យោគី) កាលបើ​ចិត្ត​តាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែល​ធ្លាប់​អាស្រ័យ​នៅក្នុងកាល​មុនជា​ច្រើន។ ការរលឹកបាននោះ ដូចម្តេច។ គឺរលឹកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកឃើញ​ច្រើន​រយ​ជាតិ ច្រើន​ពាន់​ជាតិ ច្រើនសែនជាតិក៏បាន ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះ​ច្យុត​ចាក​អត្តភាពនោះហើយ បានទៅកើត​ក្នុង​ភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខទុក្ខយ៉ាងនេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើប​បាន​មកកើតក្នុងភពនេះ។ អាត្មាអញ រលឹក​បាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន​ជា​ច្រើន ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេស​ដូច្នេះ​ឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹង​នូវខន្ធ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុននុ៎ះ ខ្លួន និងលោកជាសភាវៈទៀងទាត់ ជាសភាវៈ​ផុត​ពូជ មិនមានផលជាពូជ​តទៅ (អា) តាំង​នៅ​នឹង​ថ្កល់ ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​ជា​សសរគោល ឯសត្វទាំងនោះ តែង​អន្ទោល​ទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែលទៀងស្មើ​នឹង​សស្សតិ​វត្ថុ ក៏មានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ​ទី១ ដែលសមណព្រាហ្មណ៍​ពួក​មួយ ជាសស្សតវាទ អាស្រ័យ​ប្រារព្ធ ទើបបញ្ញត្តនូវ​ខ្លួន និងលោកថាទៀង។

[២៨] ក្នុងហេតុទី២ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង តើព្រោះ​អាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​តំកល់មាំ អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវ​ការយក​ចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ​ចិត្ត​របស់​យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែល​ធ្លាប់​អាស្រ័យ​​នៅ​ក្នុង​កាល​មុនជាច្រើន។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន​១សំវដ្តវិវដ្តកប្ប [កប្បដែល​វិនាស ហៅថា សំវដ្តកប្ប កប្បដែល​តាំងឡើង ហៅថា វិវដ្តកប្ប។]ខ្លះ ២សំវដ្តវិវដ្តកប្បខ្លះ ៣សំវដ្តវិវដ្តកប្បខ្លះ ៤សំវដ្តវិវដ្តកប្បខ្លះ ៥សំវដ្តវិវដ្តកប្បខ្លះ ១០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះ​ច្យុត​ចាក​អត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏​មាន​​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើប​បាន​មក​កើត​ក្នុងភពនេះ។ បុគ្គលនោះ រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន​ជា​ច្រើន ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេសដូច្នេះឯង។ បុគ្គល​នោះ ពោលយ៉ាងនេះថា ខ្លួន និងលោក ជា​សភាវៈ​ទៀងទាត់ ជាសភាវៈ​ផុត​ពូជ មិនមាន​ផល​ជា​ពូជ​​តទៅ (អា) តាំង​នៅនឹងថ្កល់ ដូច​កំពូល​ភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​​សសរគោល ឯសត្វ​ទាំង​នោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់​ទៅ​មក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែល​ទៀង​ស្មើ​នឹង​សស្សតិវត្ថុ ក៏មានជាប្រាកដ។ រឿងនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​តំកល់មាំ អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តី​មិន​ធ្វេស​ប្រហែស អាស្រ័យនូវការយកចិត្ត​ទុក​ដាក់​ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ​ចិត្តរបស់ព្រះយោគី) កាល​បើ​ចិត្ត​តាំងនៅខ្ជាប់ខ្ជួនហើយ រលឹក​បាន​នូវ​ខន្ធ​ដែល​ធ្លាប់​អាស្រ័យ​​នៅក្នុងកាលមុន​ជា​ច្រើន​ប្រការ។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន​១សំវដ្តវិវដ្តកប្បខ្លះ ២សំវដ្តវិវដ្តកប្ប​ខ្លះ ៣សំវដ្តវិវដ្តកប្បខ្លះ ៤សំវដ្តវិវដ្តកប្បខ្លះ ៥សំវដ្តវិវដ្តកប្បខ្លះ ១០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មា​អញ បានកើតក្នុងភពឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះ​ច្យុត​ចាក​អត្តភាពនោះហើយ បានទៅ​កើត​ក្នុង​ភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ ក៏​មាន​​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើប​បាន​មក​កើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន​ជា​ច្រើន ព្រម​ទាំង​អាការ ព្រមទាំង​​ឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែល​ធ្លាប់​​អាស្រ័យ​នៅក្នុងកាលមុននុ៎ះ ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈ​ផុត​ពូជ មិនមាន​ផល​ជា​ពូជ​​តទៅ តាំង​នៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​​សសរគោល ឯសត្វ​ទាំង​នោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែល​ទៀង​ស្មើ​នឹង​សស្សតិវត្ថុ ក៏មានជាប្រាកដ។  ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែល​សមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យ​ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួន និងលោក​ថាទៀង។

[២៩] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង តើព្រោះ​អាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យ​នូវ​ការ​ព្យាយាម ជា​គ្រឿង​​ដុតកំដៅកិលេស អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​តំកល់មាំ អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យ​នូវ​ការ​យក​ចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ​ចិត្តរបស់ព្រះ​យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធ ដែល​ធ្លាប់​អាស្រ័យ​​នៅ​ក្នុង​កាល​មុនជាច្រើន។ ការរលឹកនូវខន្ធនោះ ដូចម្តេច។ គឺរលឹកបាន​១០សំវដ្តវិវដ្តកប្បខ្លះ ២០សំវដ្តវិវដ្តកប្បខ្លះ ៣០សំវដ្តវិវដ្តកប្បខ្លះ ៤០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បាន​កើត​ក្នុង​ភពឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បានទៅកើតក្នុងភពឯណោះ កាលដែលទៅកើតក្នុងភពនោះ អាត្មាអញ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខ​ទុក្ខ​យ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ ទើប​បាន​មកកើតក្នុងភពនេះ។ បុគ្គលនោះ រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន​ជា​ច្រើន ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេសដូច្នេះឯង។ បុគ្គល​នោះ ក៏ពោលយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈ​ផុត​ពូជ មិនមាន​ផល​ជា​ពូជ​​តទៅ តាំង​នៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​​សសរគោល ឯសត្វ​ទាំង​នោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់​ទៅ​មក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែល​ទៀង​ស្មើ​នឹង​សស្សតិវត្ថុ ក៏មានប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​តំកល់មាំ អាស្រ័យ​នូវការ​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ អាស្រ័យនូវសេចក្តី​មិន​ធ្វេស​ប្រហែស អាស្រ័យ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃ​ចិត្តរបស់យោគី) កាលបើ​ចិត្ត​តាំងនៅខ្ជាប់ខ្ជួនហើយ រលឹក​បាន​នូវ​ខន្ធ ​ដែល​ធ្លាប់​អាស្រ័យ​​នៅ​ក្នុង​កាល​មុនជា​ច្រើន។ ការរលឹកខន្ធបាននោះ ដូចម្តេច។ គឺរលឹកបាន​១០សំវដ្តវិវដ្តកប្បខ្លះ ២០សំវដ្តវិវដ្តកប្បខ្លះ ៣០សំវដ្តវិវដ្តកប្បខ្លះ ៤០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បានទទួល​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះ​ច្យុត​ចាក​អត្តភាពនោះហើយ បានទៅ​កើត​ក្នុង​ភពឯណោះ កាលដែលកើតក្នុងភពនោះ អាត្មាអញ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បាន​ទទួល​​សុខទុក្ខយ៉ាងនេះ មាន​កំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ទើប​បាន​មកកើតក្នុងភពនេះ។ អាត្មាអញ រលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យនៅ ក្នុងកាល​មុន​ជា​ច្រើន ព្រមទាំងអាការ ព្រមទាំង​​ឧទ្ទេសដូច្នេះឯង។ ព្រោះគុណវិសេសនេះ អាត្មាអញ ក៏បានដឹងនូវខន្ធ ដែលធ្លាប់​អាស្រ័យ​​នៅក្នុងកាលមុននុ៎ះ ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈ​ផុត​ពូជ មិនមាន​ផល​ជា​ពូជ​​តទៅ តាំង​នៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​​សសរគោល ឯសត្វ​ទាំង​នោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែល​ទៀង​ស្មើ​នឹង​សស្សតិវត្ថុ ក៏មានជាប្រាកដ។  ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែល​សមណព្រាហ្មណ៍ពួកមួយ ជាសស្សតវាទ អាស្រ័យ​ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួន និងលោក​ថាទៀង។

[៣០] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង ព្រោះ​អាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះ ពោលនូវពាក្យដែលខ្លួនស្រាវជ្រាវ បានមកដោយ​សេចក្តី​ត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ជាសភាវៈ​ផុត​ពូជ មិនមាន​ផល​ជា​ពូជ​​តទៅ តាំង​នៅនឹងថ្កល់ ដូចកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ ដូច​​សសរគោល ឯសត្វ​ទាំង​នោះ តែង​អន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែង​កើត​វិញ ធម្មជាត ដែល​ទៀង​ស្មើ​នឹង​សស្សតិវត្ថុ ក៏មានប្រាកដ។ ម្នាលភិ​ក្ខុទាំងឡាយ នេះជាហេតុទី៤ ដែល​សមណ​ព្រាហ្មណ៍​​ទាំងឡាយពួកមួយ ជាសស្សតវាទ អាស្រ័យ​ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួន និងលោក​ថាទៀង។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោក​ថាទៀង ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​ពិតថា សមណព្រាហ្មណ៍ទាំងឡាយឯណានីមួយ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និង​លោក​ថាទៀង សមណព្រាហ្មណ៍​ទាំងអស់នោះ រមែង​បញ្ញត្ត​ដោយហេតុទាំង៤​នេះ​ឯង ឬក៏បណ្តាហេតុទាំង៤នោះ ដោយហេតុណាមួយ មិនមែនមានហេតុ​ដទៃ​ក្រៅពី​ហេតុ​ទាំង៤នេះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹង​ច្បាស់នូវ​ហេតុទាំង៤ប្រការនោះ ដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គល​ប្រកាន់​ខុស​យ៉ាងនេះ រមែងមាន​គតិយ៉ាងនេះ មានការប្រព្រឹត្តទៅក្នុងបរលោកយ៉ាងនេះ។ ព្រះ​តថាគតដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ជា​គុណជាត​លើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ៗក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគតមិនបានប្រកាន់ខុស​ហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿង​រលត់នៃបរាមាសក្កិលេសដោយខ្លួនឯង ទាំង​ដឹង​ច្បាស់​នូវហេតុ​ដែលនាំឲ្យកើតឡើង​នៃវេទនាផង នូវសេចក្តី​អស់ទៅនៃវេទនាផង នូវ​សេចក្តី​ឆ្ងាញ់ពិសាររបស់វេទនាផង នូវទោសរបស់​វេទនាផង នូវកិរិយា​រលាស់ចោល នូវ​វេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតផុតស្រឡះហើយចាក​កិលេស ព្រោះ​មិនប្រកាន់ (នូវធម៌​ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះ​តថាគត ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចនឹងសំដែងបាន នូវ​ធម៌ទាំងឡាយណា មួយវិញទៀត ពួកជន កាលនិយាយសរសើរគុណ​របស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌​ទាំង​ឡាយនោះឯង ជាធម៌ជ្រាលជ្រៅ ដែល​បុគ្គល​ឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌​ដ៏ថ្លៃថ្លា មិនជាទីស្ទង់​ប្រមើលដោយ​សេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើប​ដឹងបាន។

ចប់ បឋមភាណវារៈ។

[៣១] ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ​ពួកមួយ ជាអ្នកប្រកប​ដោយ​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ គឺយល់ថា លោកពួកខ្លះទៀង លោក​ពួក​ខ្លះ​មិនទៀង បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ ថាមិនទៀងខ្លះ ដោយហេតុ​៤យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សត​ទិដ្ឋិ ហើយបញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ ថាមិនទៀង​ខ្លះ ដោយហេតុ៤យ៉ាង តើ​ព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មាន​សម័យដែលលោកនេះ វិនាស​ទៅម្តងៗ ដោយអំណឹះនៃកាលជាអង្វែងទៅ។ កាលដែល​លោកវិនាសទៅ ពួក​សត្វ​ច្រើនតែទៅកើត​ក្នុងអាភស្សរព្រហ្ម។ ពួកសត្វដែលទៅកើត​ក្នុង​អាភស្សរព្រហ្មនោះ ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់​ទៅក្នុង​អាកាស​បាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅយូរអស់កាលជាអង្វែង [ក្នុង​អដ្ឋកថា ប្រាប់ថា អស់​៨កប្បយ៉ាងច្រើន។]។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែល​លោកនេះ​ត្រូវកើត​ឡើងវិញម្តងៗ ដោយអំណឹះនៃកាលជាអង្វែងទៅ។ កាលដែលលោកកើតឡើង វិមាននៃ​ព្រហ្មដែលសូន្យគ្មានសត្វ ក៏កើតប្រាកដឡើងដែរ។ គ្រានោះ មានសត្វម្នាក់ច្យុត​ចាក​ពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយទៅកើត​ក្នុងវិមាននៃ​ព្រហ្ម​ដែលទំនេរនោះ។ លុះសត្វនោះបានកើតក្នុងវិមាននោះ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំង​នៅយូរអស់កាល​ជាអង្វែង [អដ្ឋកថាប្រាប់ថា ឋិតនៅអស់១កប្ប ឬកន្លះកប្ប។] ដដែល។ សត្វម្នាក់នោះ ដែល​ទៅកើតក្នុងវិមាននោះ ព្រោះ​នៅអស់​កាលយូរអង្វែង ក៏មានសេចក្តី​អផ្សុក អន្ទះអន្ទែងកើតឡើង ថា ដូចម្តេចហ្ន៎ នឹងបានសត្វទាំងឡាយឯទៀត មកកាន់​អត្តភាព ជាព្រហ្មបែបនេះផង។ លំដាប់នោះ សត្វទាំងឡាយឯទៀត ច្យុតចាកពួក​អាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយមកកើតក្នុងព្រហ្មវិមាន ជាមួយគ្នា​នឹងសត្វនោះ។ ឯសត្វទាំងនោះ លុះកើតក្នុងព្រហ្មវិមាននោះហើយ ក៏ជាសត្វ​កើត​ដោយ​ឈាន​ចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ តាំង​នៅយូរ អស់កាល​ជាអង្វែង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណាបានទៅកើតជាដំបូង សត្វនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​ជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់​លើព្រហ្មឯទៀតៗ ព្រហ្មឯទៀត មិនអាច​គ្របសង្កត់​លើ​អាត្មាអញបាន អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះ​នៅក្នុង​អំណាចខ្លួនជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចំបង​ជាង​សត្វ​លោក ជាអ្នកបញ្ញត្តលោក [អ្នកឲ្យឈ្មោះសត្វលោកថា ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិតជាដើម។] ជាអ្នកស្ទាត់ជំនាញ ជាបិតានៃពួកភូត និងពួកភព្យៈ [អដ្ឋកថា ថា អណ្ឌជសត្វ និងជលាម្ពុជសត្វ ដែលនៅក្នុងស្រោមស៊ុត ឬស្រោមគភ៌ ហៅថា ភព្យៈ ដែល​កើតចេញមកហើយ ហៅថា ភូត។ ចំណែកសំសេទជសត្វ ដែលកើតក្នុង​ខណចិត្ត ជាបឋម ហៅថា ភព្យៈ តាំងពីខណៈចិត្ត ជាគំរប់ពីរទៅ ហៅថា ភូត។ ឯឧបបាតិកសត្វ​វិញ ដែលកើតក្នុងឥរិយាបថជាបឋម ហៅថា ភព្យៈ តាំងអំពីឥរិយាបថជាគំរប់​ពីរទៅ ហៅថា ភូត។] សត្វទាំងនេះ សុទ្ធតែអាត្មាអញ តាក់តែងហើយ។ សេចក្តីនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា អាត្មាអញ មានសេចក្តីត្រិះរិះ ក្នុងកាលពីដើមមក ដូច្នេះថា ធ្វើដូច​ម្តេចហ្ន៎ បានពួកសត្វឯទៀត​មកកាន់អត្តភាព ជាព្រហ្មបែបអញនេះផង។ ក៏ពួកសត្វ​ទាំង​នេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នារបស់អាត្មាអញផង ដូច្នេះឯង។ សត្វ​ទាំងឡាយណា ដែលមកកើតជាខាងក្រោយ សត្វទាំង​នោះឯង ក៏មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា ព្រហ្មដ៏ចំរើននេះ ជាមហាព្រហ្ម គ្របសង្កត់លើព្រហ្មឯទៀត ព្រហ្មឯទៀត មិនអាច​នឹងគ្រប​សង្កត់លើបាន ជាអ្នកឃើញហេតុ​សព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យ​លុះ​នៅក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចំបង​ជាង​សត្វលោក ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់​ជំនាញ ជាបិតានៃពួក​ភូត និងពួក​ភព្យៈ យើង​ទាំងឡាយ ដែលព្រហ្មដ៏ចំរើននេះបានតាក់តែងហើយ។ សេចក្តីនោះ ព្រោះហេតុ​អ្វី។ ព្រោះថា យើងទាំងឡាយ បានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ឯយើង​ទាំងឡាយ មកកើតខាងក្រោយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វទាំងនោះ សត្វ​ណា​បានទៅកើតមុនគេ សត្វនោះឯង មានអាយុវែងជាងគេផង មានសម្បុរល្អជាង​គេផង មាន​យសសក្តិធំជាង​គេផង។ ចំណែក​ខាងសត្វទាំងឡាយណា ដែលទៅកើត​ខាង​ក្រោយ​គេ សត្វទាំងនោះ មានអាយុតិចជាងគេផង មានសម្បុរអន់ជាងគេផង មានយសសក្តិ​តូច​ជាងគេផង។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ​មានជាប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុត​ចាកពួកព្រហ្មនោះ ហើយមកកាន់អត្តភាពជាមនុស្ស លុះបានមកកាន់អត្តភាព​ជាមនុស្ស​នេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យ​នូវការព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យ​នូវ​ការ​ព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវ​​សេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់​ដោយល្អ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅ​ខ្ជាប់ខ្ជួន​ហើយ ក៏​រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមតែ​អត្តភាព​​ជាព្រហ្មនោះ មិនអាចរលឹកបាននូវខន្ធហួសអំពីនោះទៅទៀតឡើយ។ សត្វនោះ​ឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចំរើនណា ជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្ម​ឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើ​ជន​ទាំង​ពួង ឲ្យលុះក្នុងអំណាច​ខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែង​លោក ជា​ចំបង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់​ជំនាញ ជាបិតា​ពួក​ភូត និងពួក​ភព្យៈ យើងទាំងឡាយ ដែលព្រហ្មដ៏ចំរើនណា បានតាក់តែងហើយ ព្រហ្ម​នោះ​ឯង ជា​អ្នក​ទៀងទាត់ ឋិតថេរ មានសភាព​មិនប្រែប្រួល ទាំង​ឋិតនៅស្មើ​ដោយសស្សតិវត្ថុ។ ឯពួក​យើង​ដែលព្រហ្មដ៏ចំរើននោះ បានតាក់តែងហើយ យើងទាំងឡាយនោះ ជាអ្នក​មិន​ទៀង​ទាត់ទេ មានអាយុខ្លី មានកិរិយាច្យុតិទៅវិញជាធម្មតា ទើបបានមកកាន់អត្តភាព​ជាមនុស្ស​នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នក​ប្រកប​​ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួន​ និង​លោកថាទៀងខ្លះ មិនទៀងខ្លះ។

[៣២] ក្នុងហេតុទី២ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀង​ខ្លះ នោះតើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា​ឈ្មោះ​ខិឌ្ឌាបទោសិកា (អ្នកវិនាស​ខ្លួនព្រោះល្បែង) ក៏មាន។ ទេវតាទាំងនោះឯង ជា​អ្នកខ្វល់​ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល​ជាធម្មតាហួសវេលា។ កាលបើទេវតាទាំង​នោះ កំពុងតែ​ខ្វល់ខ្វាយក្នុងល្បែង​លេងសើចច្រើន ត្រេកត្រអាល​ហួសវេលាហើយ ស្មារតីក៏​ភ្លេច​វង្វេងទៅ (ខានបរិភោគអាហារ)។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតានោះ ព្រោះ​ភ្លេចស្មារតី។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ​មានពិតប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាក​ពួកទេវតានោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់​អត្តភាព​ជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញ​ចាកផ្ទះ ចូលទៅកាន់​ផ្នួស​ហើយ ក៏អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការ​ព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកប​រឿយៗ អាស្រ័យ​នូវ​សេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់​ដោយល្អ ហើយបាននូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់​ខ្ជួនហើយ ក៏រលឹក​បាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមអត្តភាព​ជា​ទេវតានោះ មិនអាចនឹងរលឹកនូវខន្ធឲ្យហួសអំពីកំណត់នោះទៅទៀតបានឡើយ។ សត្វ​នោះឯង ក៏ពោលពាក្យ​យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនវិនាស​ខ្លួន​ព្រោះល្បែង ពួកទេវតានោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែង​លេងសើច ត្រេក​ត្រអាល​ជាធម្មតា ហួសវេលាឡើយ។ កាលបើពួកទេវតានោះ មិនមានសេចក្តី​ខ្វល់ខ្វាយ​ក្នុងល្បែង​លេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិន​ភ្លេច​វង្វេង​ឡើយ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះ​មិនភ្លេច​ស្មារតី ជាអ្នកទៀង​ទាត់ ឋិតថេរ មានសភាព​មិនប្រែប្រួល ទាំងឋិតនៅដោយសស្សតិវត្ថុ។ ឯ​យើងទាំង​ឡាយ​ណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តី​ខ្វល់ខ្វាយ​ក្នុង​ល្បែង​លេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលា។ កាលបើ​យើង​ទាំង​ឡាយ មាន​សេចក្តី​ខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតី​ក៏ភ្លេច​វង្វេងទៅ។ ព្រោះតែភ្លេចស្មារតីយ៉ាង​នេះឯង យើងទាំងឡាយ ក៏ច្យុតចាក​ពួក​ទេវតា​នោះយ៉ាងនេះ ព្រោះវង្វេង​ស្មារតី ជាអ្នក​មិនទៀង​ទាត់ មានអាយុក៏ខ្លី មានកិរិយា​ច្យុតជាធម្មតា ទើបបានមកកាន់អត្តភាព​ជាមនុស្ស​នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជា​ហេតុ​ទី២ ដែលសមណព្រាហ្មណ៍ទាំង​ឡាយពួកមួយ ជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សត​ទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើប​បញ្ញត្តនូវខ្លួន​ និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។

[៣៣] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀង​ខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតា​ឈ្មោះ​មនោបទោសិកា (ព្រោះចិត្តប្រទូស្ត)។ ពួកទេវតានោះ សំឡឹងរំពៃ (រកទោស)គ្នា​នឹងគ្នា​ហួស​វេលា។ កាលពួកទេវតា​នោះ សំឡឹងរំពៃ (រកទោស)គ្នានឹងគ្នា ហួសវេលា ក៏ធ្វើចិត្ត​ឲ្យប្រទូស្ត​ដល់គ្នានឹងគ្នាទៀត។ ពួកទេវតានោះ លុះមានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតានោះមក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនុ៎ះ​មានពិតប្រាកដ ត្រង់ពាក្យ​ថា សត្វណាមួយ ច្យុតចាក​ពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ លុះមកកាន់​អត្តភាព​ជាមនុស្សនេះហើយ បានចេញ​ចាក​ផ្ទះ ចូលទៅកាន់ផ្នួស លុះចេញ​ចាកផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការ​ព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវ​ការ​ព្យាយាម ជាគ្រឿងប្រកប​រឿយៗ អាស្រ័យ​នូវ​សេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវ​ការយក​ចិត្តទុកដាក់​ដោយល្អ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្ត​របស់​យោគី) កាលបើចិត្តតាំងនៅខ្ជាប់​ខ្ជួនហើយ ក៏រលឹកបាននូវខន្ធ​ដែលធ្លាប់អាស្រ័យ​នៅក្នុង​កាល​មុន កំណត់ត្រឹមអត្តភាព​ជា​ទេវតានោះ មិនអាចនឹងរលឹកឲ្យហួស​អំពីកំណត់នោះ​ទៅទៀត​បានឡើយ។ សត្វ​នោះ ក៏ពោលពាក្យ​យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត​ ពួកទេវតានោះ មិនសំឡឹងរំពៃនូវ​គ្នានឹងគ្នា​ហួសវេលា។ កាលបើពួកទេវតានោះ មិន​សំឡឹង​រំពៃ​នូវគ្នានឹងគ្នាហួស​វេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ។ លុះពួកទេវតានោះ មានចិត្តមិន​បាន​ប្រទូស្ត​គ្នានឹងគ្នាហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្តឡើយ។ ទេវតាទាំងនោះ មិនបាន​ច្យុតចាកពួកទេវតានោះទេ ជាអ្នក​ទៀងទាត់ ឋិតថេរ មានសភាព​មិនប្រែប្រួលឡើយ នឹង​ឋិត​នៅស្មើដោយសស្សតិវត្ថុ។ ចំណែកខាង​យើង ដែលជាអ្នកវិនាសខ្លួន ព្រោះចិត្តប្រទូស្ត យើងទាំងនោះ សំឡឹង​រំពៃ​គ្នានឹងគ្នាហួសវេលា។ យើងទាំងឡាយនោះ កាល​សំឡឹងរំពៃ​នូវ​គ្នានឹង​គ្នា​ហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា។ លុះយើងទាំងឡាយនោះ មានចិត្តប្រទូស្ត​គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ យើងទាំងឡាយ ដែល​ច្យុត​ចាក​​ពួក​ទេវតា​នោះ​យ៉ាងនេះហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយា​ច្យុតិជា​ធម្មតា ទើប​បាន​មកកាន់អត្តភាព​ជាមនុស្ស​នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែល​សមណ​ព្រាហ្មណ៍​ទាំង​ឡាយពួកមួយ ជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សត​ទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើប​បញ្ញត្តនូវខ្លួន​ និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។

[៣៤] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀង​ខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ​ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏​ពោល​នូវ​ពាក្យ ដែលខ្លួនស្រាវជ្រាវ​បានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ដោយការ​ពិចារណា ជាពាក្យកើតមានដោយប្រាជ្ញា​របស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែល​ហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជា​សភាវៈ​​មិនទៀងទាត់ មិនឋិតថេរ តែង​ប្រែប្រួល​ជាធម្មតា។ មួយវិញទៀត ធម្មជាតណា ដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈ​ទៀង​ទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើដោយ​សស្សតិវត្ថុ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ទាំង​ឡាយពួកមួយ ជា​អ្នក​ប្រកប​ដោយ​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើប​បញ្ញត្តនូវខ្លួន​ និង​លោក​ថា ទៀង​ខ្លះ មិនទៀងខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ជា​អ្នក​ប្រកប​ដោយ​ឯកច្ចសស្សតឯកច្ចអសស្សត​ទិដ្ឋិនោះ រមែង​បញ្ញត្តនូវខ្លួន និងលោកថាទៀងខ្លះ មិន​ទៀងខ្លះ ដោយហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ណា​នីមួយ ជា​អ្នក​ប្រកប​ដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្ត​នូវខ្លួន និងលោក​ថាទៀងខ្លះ មិនទៀងខ្លះ សមណៈ ឬព្រាហ្មណ៍ទាំង​អស់នោះ (រមែង​បញ្ញត្ត) ដោយហេតុ​ទាំង​៤នេះឯង ឬក៏បណ្តាហេតុ​ទាំង៤នោះ ដោយហេតុ​ណាមួយ មិនមាន​ហេតុដទៃ​ ក្រៅ​ពី​ហេតុទាំង៤នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​ ដឹងច្បាស់នូវ​ហេតុទាំង​៤នោះ​ថា ហេតុនៃទិដ្ឋិទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែង​មានគតិយ៉ាងនេះ មានការប្រព្រឹត្ត​ទៅក្នុងលោកខាងមុខ​យ៉ាងនេះ។ ព្រះតថាគត​ ដឹងច្បាស់នូវទិដ្ឋិនោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជា​គុណជាត​លើសលុបជាងនោះទៅទៀតផង កាលបើដឹងច្បាស់​នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿង​រលត់​ទៅនៃ​បរាមាសក្កិលេសដោយខ្លួនឯង ទាំងដឹងច្បាស់​នូវហេតុ​ដែលនាំឲ្យកើត​ឡើងនៃវេទនាផង នូវ​សេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តី​ឆ្ងាញ់​ពិសារបស់វេទនាផង នូវទោសវេទនាផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយ​គួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​ផុតស្រឡះហើយ (ចាកកិលេស) ព្រោះ​មិនប្រកាន់ (នូវធម៌​ណាមួយ មានខន្ធ​ជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​ធ្វើ​ឲ្យជាក់ច្បាស់​ដោយបញ្ញាដ៏​ឧត្តម​ដោយខ្លួន​ឯង ហើយអាចនឹង​សំដែងបាននូវ​ធម៌ទាំង​ឡាយ​ណា (មួយទៀត) ពួកជន កាល​និយាយសរសើរគុណរបស់ព្រះតថាគត​តាម​សេចក្តី​ពិត ដោយធម៌ទំាងឡាយ​ណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គល​ឃើញ​បាន​ដោយលំបាក ត្រាស់ដឹង​បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជា​ទីស្ទង់​ប្រមើលដោយ​សេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។

[៣៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្រកបដោយ​អន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង។ ចុះ​សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោក​មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង (នោះ) តើព្រោះអាស្រ័យអ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យ​នូវការព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស អាស្រ័យ​នូវ​ការ​ព្យាយាម ជាទី​តាំង​មាំ អាស្រ័យ​នូវ​ការ​ព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវ​​សេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់​ដោយប្រពៃ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ មានសេចក្តី​សំគាល់ថា លោក​មានទីបំផុត។ បុគ្គលនោះ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវ​ជុំវិញ គឺមូលជុំវិញ។ ការនិយាយដូច្នេះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការព្យាយាម ជាទី​តាំង​មាំ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវ​​សេចក្តីមិនប្រមាទ អាស្រ័យ​នូវការយកចិត្តទុកដាក់​ដោយប្រពៃ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តី​សំគាល់ថា លោក​មានទីបំផុត។ លោកនេះមានទីបំផុត មានផ្លូវ​ជុំវិញយ៉ាងណា អាត្មាអញ ក៏ដឹងនូវលោក​នេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែល​សមណព្រាហ្មណ៍ពួកមួយ ជាអ្នក​ប្រកប​ដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៦] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​អន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការ​ព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកប​រឿយៗ អាស្រ័យនូវ​សេចក្តី​មិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់​ដោយប្រពៃ ហើយបាននូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់​ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត។ បុគ្គលនោះឯង ក៏និយាយ​យ៉ាងនេះថា លោកនេះមិនមានទីបំផុត ឥតមានកំណត់ ពួកសមណព្រាហ្មណ៍ណា និយាយ​យ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវ​ជុំវិញដូច្នេះ។ ពាក្យរបស់សមណព្រាហ្មណ៍​នោះឯង ជាពាក្យមុសាវាទ។ ឯលោកនេះ ប្រាកដជាមិនមានទីបំផុត ឥតមាន​កំណត់។ ការដែលពោលដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការព្យាយាម ជាទី​តាំង​មាំ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវ​​សេចក្តីមិនប្រមាទ អាស្រ័យ​នូវការ​យក​ចិត្ត​ទុកដាក់​ដោយប្រពៃ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើ​ចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តី​សំគាល់ថា លោក​មិនមានទីបំផុត។ លោកនេះមិនមានទីបំផុត ឥតកំណត់យ៉ាងណា អាត្មាអញ ដឹងច្បាស់នូវលោក​នេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែល​សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នក​ប្រកប​ដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៧] ក្នុងហេតុទី៣ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​អន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវ​ការ​ព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកប​រឿយៗ អាស្រ័យនូវ​សេចក្តី​មិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់​ដោយប្រពៃ ហើយបាននូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់​ខ្ជួនហើយ ក៏មានសេចក្តីសំគាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើ និងទិសខាងក្រោម មានសេចក្តីសំគាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិស​ទាំង៨)។ បុគ្គលនោះឯង ក៏ពោលយ៉ាងនេះថា លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ពួក​សមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវ​ជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាទេ។ ម្យ៉ាង​ទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមាន​កំណត់ទេ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះឯង ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ការនិយាយដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យ​នូវ​​ការព្យាយាម ជាទី​តាំង​មាំ អាស្រ័យ​នូវ​ការ​ព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវ​​សេចក្តីមិនប្រមាទ អាស្រ័យ​នូវការយកចិត្តទុកដាក់​ដោយប្រពៃ ហើយបាន​នូវ​ចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏មានសេចក្តី​សំគាល់ថា លោក​មានទីបំផុត ក្នុងទិសខាងលើ និងទិសខាងក្រោម មានសេចក្តី​សំគាល់ថា លោក​មិនមានទីបំផុតក្នុងទិស​ទទឹង។ លោកនេះមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ យ៉ាងណា អាត្មាអញ ដឹងច្បាស់នូវលោក​នេះ (យ៉ាងនោះ) ព្រោះគុណវិសេសនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែល​សមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​ប្រកប​ដោយអន្តានន្តទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។

[៣៨] ក្នុងហេតុទី៤ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នក​ប្រកប​ដោយ​​អន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏​និយាយ​ពាក្យ​ ដែលខ្លួនស្រាវជ្រាវ​បានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ដោយការ​ពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញា​របស់ខ្លួនយ៉ាងនេះថា លោកនេះ មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាវាទ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមានកំណត់ដូច្នេះ។ ពាក្យរបស់​ពួកសមណព្រាហ្មណ៍​នោះ ក៏ជាពាក្យមុសាដែរ។ មួយទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះដូច្នេះ។ ពាក្យរបស់​ពួក​សមណព្រាហ្មណ៍​នោះសោត ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុត ក៏មិនមែន មិនមាន​ទីបំផុត ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះ​ជា​ហេតុ​ទី​៤ ​ដែល​សមណព្រាហ្មណ៍​ពួកមួយ ជាអ្នកប្រកប​ដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមាន​ទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ម្នាលភិក្ខុទាំងឡាយ ​សមណព្រាហ្មណ៍ទាំងនោះ ជាអ្នក​ប្រកប​ដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមាន​ទី​បំផុត​ខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ​៤​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ជា​អ្នក​ប្រកប​​ដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា ​លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ​ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្ត​ដោយ​ហេតុ​៤​យ៉ាងនេះឯង ឬក៏បណ្តា​ហេតុទាំង​៤យ៉ាង​នុ៎ះ ដោយហេតុណាមួយ មិនមានហេតុ​ដទៃ ក្រៅពីហេតុ៤យ៉ាង​នេះឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ព្រះតថាគត​ ដឹងច្បាស់​នូវហេតុ​នៃទិដ្ឋិ​៤ប្រការនោះថា ហេតុនៃ​ទិដ្ឋិ​ទាំងនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ដែលបុគ្គល​ប្រកាន់​ខុសយ៉ាងនេះ រមែងមាន​គតិ​យ៉ាងនេះ មានការប្រព្រឹត្ត​ទៅក្នុងបរលោក​យ៉ាង​នេះ។ ព្រះតថាគត​ ដឹងច្បាស់​នូវទិដ្ឋិ​នោះ​ផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាត​លើសលុប​ជាងនោះ​ទៅទៀតផង កាលបើដឹងច្បាស់​នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់​ខុស​ឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវ​ព្រះនិព្វាន ជាគ្រឿង​រលត់​ទៅនៃ​(បរាមាសក្កិលេស)ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យកើត​ឡើង​នៃ​វេទនា​ផង នូវ​សេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសា របស់វេទនាផង នូវទោសរបស់​វេទនា​ផង នូវកិរិយារលាស់ចោលនូវវេទនាផង ដោយ​គួរ​តាម​ពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​ផុតស្រឡះហើយចាកកិលេស ព្រោះ​មិន​ប្រកាន់​នូវធម៌​ណាមួយ មានខន្ធ​ជាដើម។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បានធ្វើឲ្យ​ជាក់ច្បាស់​ដោយបញ្ញាដ៏​ឧត្តម​ដោយខ្លួន​ឯង ហើយអាចនឹង​សំដែងបាននូវ​ធម៌ទាំង​ឡាយណា ពួកជន កាល​និយាយសរសើរ​គុណ​របស់​ព្រះតថាគត​ តាមសេចក្តីពិត ដោយ​ធម៌ទំាងឡាយ​ណា ធម៌ទាំងឡាយនេះឯង ជាធម៌ជ្រាលជ្រៅ ដែលបុគ្គលឃើញបាន​ដោយ​លំបាក ត្រាស់ដឹង​បានដោយកម្រ ជាធម៌​ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់​ប្រមើល​ដោយ​សេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ [អដ្ឋកថា ថា អ្នកប្រកាន់ និយាយ​បោះសំដី មិនឲ្យស្លាប់ពាក្យ។ ន័យ​មួយទៀត​ថា អ្នកនិយាយ​បោះសំដី ក្រឡិចក្រឡុច មិនឲ្យគេចាប់ពាក្យបាន ដូចជា​ត្រី​មួយបែបឈ្មោះ ត្រីអមរា ដែលស្ទុះ​ទៅ ស្ទុះមក ភ្លែតចុះ ភ្លែតឡើង មិនឲ្យគេ​ចាប់​ខ្លួន​បាន។] កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤យ៉ាង។ ចុះពួក​សមណ​ព្រាហ្មណ៍​ដ៏ចំរើននោះ ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ៤ប្រការ តើព្រោះអាស្រ័យអ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសល។ បុគ្គលនោះ តែងមានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជា​អកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ នឹងអះអាងថា នេះជាកុសលក្តី នឹងអះអាងថា នេះជាអកុសលក្តី ពាក្យនៃអាត្មាអញនោះ នឹងជាមុសា ពាក្យនៃអាត្មាអញណា ជាមុសា ពាក្យនោះ នឹងជាសេចក្តី​ចង្អៀតចង្អល់​ចិត្តនៃអាត្មាអញ សេចក្តី​ចង្អៀតចង្អល់​ចិត្តណា​របស់​អាត្មា​អញ សេចក្តី​ចង្អៀតចង្អល់ចិត្ត​នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះតែ​សេចក្តី​ត្រិះរិះ​យ៉ាងនេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជា​អកុសល​ឡើយ ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើមមុសាវាទ កាលបើមានអ្នកណាមួយ សាក​សួរ​ប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់​ពាក្យថា សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងនេះក៏មិនមែន [អដ្ឋកថា ថា ត្រង់ពាក្យ​ដែលថា យ៉ាងនេះក៏មិនមែន ជាពាក្យឃាត់​អាការសួរណាៗ ដែល​មិនមានទីកំណត់។]។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន [ត្រង់ពាក្យ​ថា យ៉ាងនោះ ក៏មិនមែន ជាពាក្យឃាត់សស្សតវាទ គឺពាក្យពោលថា លោកទៀង (បព្វៈ២៧ ២៨ ២៩ ៣០)។] សេចក្តី​យល់ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន [ត្រង់ពាក្យថា យ៉ាងដទៃ ក៏មិនមែន ជាពាក្យឃាត់​ឯកច្ចសស្សតឯកច្ចអសស្សតវាទ គឺពាក្យថា លោក​ទៀងខ្លះ មិនទៀងខ្លះ (បព្វៈ ៣១ ៣២ ៣៣ ៣៤)។] សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែន ក៏ទេ [ត្រង់ពាក្យថា សូន្យក៏មិនមែន ជាពាក្យឃាត់​ឧច្ឆេទវាទ គឺពាក្យថា សត្វស្លាប់​ទៅសូន្យ មិនកើតទៀត។]។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែនក៏ទេ ក៏​មិនមែនដែរ [ត្រង់ពាក្យថា មិនសូន្យក៏មិន​មែន ជាពាក្យឃាត់​តក្កីវាទ គឺពាក្យថា សត្វស្លាប់ទៅ មិនមែន​ជាមាន មិនមែន​ជាគ្មាន។] ម្នាល​​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុទី១ ដែល​សមណព្រាហ្មណ៍ពួកមួយ ជាអ្នក​ប្រកប​ដោយ​អមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើ​មានអ្នកណាមួយសាកសួរប្រស្នា​ក្នុង​កុសល និងអកុសលនោះៗ ក៏ដល់​នូវការ​បោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។

[៤០] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះអាស្រ័យអ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹង​តាម​ពិត​ថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ។ បុគ្គលនោះ តែងមាន​សេចក្តី​​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹង​តាម​ពិត​ថា នេះជាអកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹង​តាម​ពិត​ថា នេះជាអកុសលយ៉ាងនេះហើយ នឹងអះអាងថា នេះជាកុសល ឬនឹងអះអាងថា នេះជាអកុសល ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈ [អដ្ឋកថា ថា សេចក្តីត្រេកអរមាន​កំឡាំង​​ថយ ហៅឆន្ទៈ សេចក្តីត្រេកអរមានកំឡាំងក្លា ហៅរាគៈ សេចក្តីក្រោធមានកំឡាំង​ថយ ហៅទោសៈ សេចក្តីក្រោធមានកំឡាំង​ក្លា ហៅបដិឃៈ។] ក្តី នៃអាត្មាអញ នឹងមាន​ក្នុង​​​រឿងរ៉ាវណា ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី នៃអាត្មាអញ នឹងមានក្នុងរឿងរ៉ាវនោះ ធម្មជាត មានឆន្ទៈជាដើមនោះ ជាឧបាទានរបស់អាត្មាអញ ធម៌ណាជាឧបាទាន​នៃ​អាត្មា​អញ ធម៌នោះ នឹងជាសេចក្តី​ចង្អៀតចង្អល់​នៃអាត្មាអញ ធម៌ណា​ជាសេចក្តី​ចង្អៀតចង្អល់​​របស់​អាត្មាអញ ធម៌​នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះ​សេចក្តី​ត្រិះរិះដូច្នេះ បាន​ជា​បុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសលឡើយ ព្រោះ​ខ្លាច​ឧបាទាន ព្រោះខ្ពើមឧបាទាន កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់​ពាក្យថា សេចក្តីយល់​ឃើញ​នៃខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តីយល់ឃើញ​នៃខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែនក៏ទេ ក៏​មិនមែនដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុទី២ ដែល​សមណព្រាហ្មណ៍ពួកមួយ ជាអ្នក​ប្រកប​ដោយ​អមរាវិក្ខេប​ទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើ​មានអ្នកណាមួយសាកសួរប្រស្នា​ក្នុងកុសល និងអកុសល​នោះៗហើយ ក៏ដល់​នូវការ​បោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។

[៤១] ក្នុងហេតុទី៣ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ​ហើយ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះ​អាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលទេ។ បុគ្គលនោះ តែងមានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មិនដឹងតាមពិតថា នេះ​ជា​កុសល មិនដឹងតាមពិតថា នេះជាអកុសលឡើយ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលដូច្នេះហើយ នឹងអះអាងថា នេះជា​កុសល​ក្តី នឹងអះអាងថា នេះជាអកុសលក្តី ក្រែង​មានសមណព្រាហ្មណ៍ទាំងឡាយ ជា​បណ្ឌិត មានប្រាជ្ញាដ៏ល្អិត ដឹងច្បាស់នូវវាទៈ​របស់អ្នកដទៃ អាចទំលាយ​នូវទិដ្ឋិ របស់​បុគ្គល​ដទៃបាន ដោយកំឡាំងប្រាជ្ញា​របស់ខ្លួន មានសភាព​ដូចជាខ្មាន់​ធ្នូ ជាអ្នកបាញ់​រោម​ទ្រាយ [សព្ទនេះ ប្រែថា មានសភាព​ដូចខ្មាន់ធ្នូ ជាអ្នកបាញ់​រោមចុង​កន្ទុយសត្វ ដូច្នេះ​ក៏បាន។] សមណព្រាហ្មណ៍ទាំងនោះ គប្បីសាកសួរ គប្បីជជីកសួរ គប្បីសួរដេញដោល ចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ (បើ) សមណព្រាហ្មណ៍ណា គប្បីសាក​សួរ គប្បីជជីកសួរ គប្បី​សួរដេញដោល​ចំពោះអាត្មាអញ ក្នុងកុសល និងអកុសលនោះ អាត្មាអញ មុខជានឹង​មិនអាច​ដោះស្រាយ នូវប្រស្នារបស់​ពួកសមណព្រាហ្មណ៍​នោះ​បានទេ បើអាត្មាអញ មិនអាចនឹង​ដោះស្រាយ​នូវប្រស្នា​ដោយហេតុណាហើយ ហេតុ​នោះ  នឹងជាសេចក្តី​ចង្អៀត​ចិត្តនៃអាត្មាអញ ធម៌ណាជាសេចក្តី​ចង្អៀត​ចិត្ត​របស់​អាត្មា​អញ ធម៌​នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះ​សេចក្តី​ត្រិះរិះយ៉ាងនេះ បានជា​បុគ្គល​នោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសល ព្រោះខ្លាច​ពាក្យ​សួរដេញ​ដោល ព្រោះធុញថប់នឹងពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នា​ក្នុង​កុសល និងអកុសលនោះៗហើយ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់​ពាក្យ​ថា សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តី​យល់​ឃើញ​​របស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏​មិន​មែន។ សេចក្តីយល់​ឃើញ​​របស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែនក៏ទេ ក៏​មិនមែន​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុទី៣ ដែល​សមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​ប្រកប​​ដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើ​មាន​អ្នក​ណា​មួយ សាកសួរប្រស្នា​ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់​នូវការ​បោះវាចា បោះសំដី មិនឲ្យ​ស្លាប់​ពាក្យ។

[៤២] ក្នុងហេតុទី៤ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ​ហើយ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ តើព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធ​អ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាមនុស្ស​មានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ។ បុគ្គលនោះឯង ហេតុតែមានប្រាជ្ញាទន់ ហេតុ​តែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសល​នោះៗ​ហើយ ក៏ដល់​នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់​ពាក្យថា បើអ្នកសួរខ្ញុំថា លោក​ខាងមុខមានឬទេ បើសេចក្តីយល់ឃើញ​របស់ខ្ញុំយ៉ាងនេះថា លោកខាងមុខ​មាន ខ្ញុំនឹងមិនអះអាង​ដល់អ្នកថា លោកខាងមុខមាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំ​ ថាយ៉ាងនេះ ក៏មិនមែន។ សេចក្តី​យល់​ឃើញ​​របស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តី​យល់​ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏​មិន​មែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែនក៏ទេ ក៏​មិនមែនដែរ។ បើអ្នកសួរខ្ញុំថា លោក​ខាងមុខមិនមានឬ។បេ។ លោកខាងមុខ មានខ្លះ មិនមានខ្លះឬ។ លោកខាងមុខ មានក៏​មិនមែន មិនមានក៏មិនមែនឬ។ សត្វទាំងឡាយ ដែលមានកំណើត​ជាឧបបាតិកៈ​មានឬ។ សត្វទាំងឡាយ ដែល​ជាឧបបាតិកៈ​ មិនមានឬ។ សត្វទាំងឡាយ ដែល​ជាឧបបាតិកៈ​ មានខ្លះ មិនមានខ្លះឬ។ សត្វទាំងឡាយ ដែល​ជាឧបបាតិកៈ​ មានក៏មិន​មែន មិនមានក៏មិន​មែន​ឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់មានឬ។ ផលវិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មិនមានឬ។ ផលវិបាករបស់កម្ម​​ទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានខ្លះ មិនមានខ្លះឬ។ ផលវិបាករបស់កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានក៏មិនមែន មិនមានក៏មិន​មែនឬ។ សត្វ​លុះ​រំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខ​អំពី​សេចក្តីស្លាប់ មិនកើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើត​ទៀត​ខ្លះ មិនកើតទៀតខ្លះឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏​មិន​មែន មិនកើតទៀតក៏មិនមែនឬ។ បើសេចក្តី​យល់ឃើញរបស់ខ្ញុំ នឹងមានដូច្នេះថា សត្វលុះ​រំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិន​មែន ខ្ញុំនឹងមិនអះអាង​ដល់អ្នកថា សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើត​ទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន (ម្តេចបាន) សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាង​នេះ ក៏មិនមែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់​ឃើញ​​របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញ​របស់ខ្ញុំថា មិនមែនក៏ទេ។ សេចក្តី​យល់ឃើញ​របស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជា​ហេតុទី៤ ដែល​សមណ​ព្រាហ្មណ៍​ពួកមួយ ជាអ្នក​ប្រកប​ដោយអមរាវិក្ខេបទិដ្ឋិ អាស្រ័យ ប្រារព្ធ កាលបើ​មាន​អ្នក​ណា​មួយ សាកសួរប្រស្នា​ក្នុងកុសល និងអកុសលនោះៗហើយ ក៏ដល់​នូវការ​បោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ។ ម្នាលភិក្ខុទាំងឡាយ ​ពួកសមណ​ព្រាហ្មណ៍​ទាំង​នោះឯង ជាអ្នកប្រកប​ដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាក​សួរប្រស្នា ក្នុង​កុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់ពាក្យ ដោយ​ហេតុ៤ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណា​នី​មួយ ជា​អ្នក​ប្រកប​ដោយអមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុង​កុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ សមណៈ ​ឬព្រាហ្មណ៍ទាំងអស់នោះ រមែងដល់នូវការ​បោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យ ដោយហេតុ​៤​យ៉ាងនេះឯង ឬក៏បណ្តា​ហេតុទាំង៤យ៉ាងនុ៎ះ ដោយហេតុណាមួយ មិនមាន​ហេតុ​ដទៃ ក្រៅពី​នេះឡើយ។បេ។ ពួកជន កាល​និយាយសរសើរ​គុណ​របស់​ព្រះតថាគត​ តាមសេចក្តីពិត ដោយធម៌ទំាងឡាយ​ណា។

[៤៣] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ គឺអ្នកបញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ​២យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ដែលជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្ន​ទិដ្ឋិ បញ្ញត្តនូវ​ខ្លួននិងលោកថា កើតឡើងដោយឥតហេតុ ដោយហេតុ២យ៉ាង តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតា ឈ្មោះថា អសញ្ញីសត្វ គឺ​សត្វមិនមានសញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកពួក​ទេវតា​នោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានប្រាកដត្រង់សេចក្តីថា​ សត្វណាមួយ​ ច្យុត​ចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ កាលដែលមកកាន់អត្តភាព​ជា​មនុស្ស​នេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួស​ហើយ អាស្រ័យ​នូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យ​នូវការព្យាយាម ជាទីតាំង​មាំ អាស្រ័យ​នូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យ​នូវសេចក្តីមិនប្រមាទ អាស្រ័យ​នូវ​ការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាន កំណត់ត្រឹមកាល​ដែល​ខ្លួន​មានសញ្ញាកើតឡើង មិនបានរលឹកហួសអំពីកំណត់​នោះឡើយ។ បុគ្គលនោះ ពោល​យ៉ាងនេះថា ខ្លួន និងលោក កើតឡើងដោយឥតហេតុ។ ការពោលដូច្នោះ តើ​ព្រោះ​ហេតុអ្វី។ ព្រោះថា អាត្មាអញ ក្នុងកាលពីមុន ក៏មិនបានកើតទេ កើតតែក្នុងកាលឥឡូវ​នេះ តទៅមុខទៀត ក៏មិនបានកើតដែរ ព្រះ​បង្អោនចិត្តទៅ ដើម្បីជាអ្នកស្ងប់រម្ងាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកប​ដោយ​អធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួននិងលោក ថាកើតឡើង​ដោយ​​ឥតហេតុ។

[៤៤] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏​ចំរើន ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬ​ព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវ បានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការ​ពិចារណា ​ជាពាក្យកើតមានដោយបញ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួន និងលោក កើតឡើង​ដោយ​ឥត​ហេតុ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នក​ប្រកប​​ដោយ​អធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្ត​នូវខ្លួន និងលោក ថាកើត​ឡើង​ដោយ​ឥតហេតុ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ជា​អ្នក​ប្រកប​ដោយអធិច្ចសមុប្បន្នទិដ្ឋិទាំងនោះ តែងបញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយ​ឥត​ហេតុ ដោយហេតុ​២​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ឯណានី​មួយ ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្ត​នូវខ្លួន និងលោកថា កើតឡើង​ដោយ​ឥតហេតុ សមណព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្ត​ដោយហេតុ២យ៉ាងនេះឯង ឬក៏បណ្តា​ហេតុទាំង២នោះ ដោយហេតុណានីមួយ មិនមាន​ហេតុ​ដទៃ ក្រៅពីហេតុ​ទាំង​២យ៉ាង​នេះឡើយ។បេ។ ពួកជន កាល​ពោលសរសើរ​គុណ​របស់​ព្រះតថាគត​ តាមសេចក្តី​ពិត ដោយធម៌ទំាងឡាយ​ណា។ ម្នាលភិក្ខុទាំងឡាយ ពួក​សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវ​ចំណែក​នៃខន្ធខាងដើម ប្រារព្ធនូវចំណែក​នៃខន្ធខាងដើម សំដែងនូវចំណែក​នៃទិដ្ឋិ​ច្រើន​ប្រការ ដោយហេតុទាំង១៨នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវ​ចំណែក​នៃ​ខន្ធខាងដើម ប្រារព្ធនូវចំណែក​នៃខន្ធខាងដើម សំដែងនូវចំណែក​នៃទិដ្ឋិ​ច្រើន​ប្រការ សមណព្រាហ្មណ៍​ទាំងអស់នោះ រមែងសំដែងដោយហេតុទាំង១៨នេះឯង ឬក៏​បណ្តា​ហេតុទាំង​១៨នុ៎ះ ដោយហេតុណាមួយ មិនមាន​ហេតុដទៃ​ក្រៅពី​ហេតុទាំង​១៨​នេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុ​នៃទិដ្ឋិទាំងឡាយនេះ ដែលបុគ្គលកាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ រមែង​មានគតិយ៉ាងនេះ មានការប្រព្រឹត្តិទៅ ក្នុងលោកខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់​នូវហេតុនៃទិដ្ឋិ​នោះផង ដឹងច្បាស់ (នូវសីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែល​ជាគុណជាតលើសលុប ក្រៃលែង​ជាងនោះទៅទៀតផង។ កាលបើដឹងច្បាស់នូវ​គុណ​វិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ។ មួយទៀត កាលបើព្រះតថាគត មិនបាន​ប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿងរលត់ទៅ (នៃ​បរាមាសក្កិលេស) ដោយ​ខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ​ដែលនាំឲ្យកើតឡើង នៃវេទនាផង នូវសេចក្តីអស់​ទៅ​នៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់វេទនាផង នូវទោស​របស់វេទនាផង នូវកិរិយា​រលាស់ចោលនូវវេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុត​ស្រឡះ​​ហើយ ចាកកិលេស ព្រោះមិនប្រកាន់ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង​ហើយ អាចនឹងសំដែងបាន នូវធម៌ទាំងឡាយណា ពួកជន កាលពោលសរសើរគុណ​របស់​តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនេះឯង ជាធម៌​ដ៏​ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់​រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់​ប្រមើល​ដោយសេចក្តី​ត្រិះរិះបាន ជាធម៌ដ៏ល្អិត មានតែ​អ្នកប្រាជ្ញ ទើបដឹងបាន។

[៤៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​អបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធជាចំណែកខាងមុខ (អនាគត) ប្រារព្ធ​ខន្ធ ជាចំណែក​ខាងមុខ ហើយសំដែង​នូវចំណែក​នៃទិដ្ឋិ​ច្រើនប្រការ ដោយហេតុ៤៤។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយ​អបរន្តកប្ប​ទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធ​ខន្ធ ជាចំណែក​ខាងមុខ ហើយសំដែង​នូវចំណែក​នៃទិដ្ឋិ​ច្រើនប្រការ ដោយហេតុ៤៤ តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។

[៤៦] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ (ប្រកាន់នូវខ្លួនថា កាលស្លាប់ទៅ មានសញ្ញា) បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាង តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មានរូប តែមិនមានរោគ គឺទៀង មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មានរូបខ្លះ មិនមានរូបខ្លះក៏មាន។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួន​មានទីបំផុតក៏មាន។ ខ្លួន​មិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមាន​ទីបំផុតខ្លះ ក៏មាន។ ខ្លួន​មានទីបំផុត​ក៏មិនមែន មិនមានទីបំផុត​ក៏មិនមែន ក៏មាន។ ខ្លួន​មាន​សញ្ញាដូចគ្នាក៏មាន។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន។ ខ្លួនមានសញ្ញាយ៉ាងតិច​ក៏មាន។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន។ ខ្លួនមានសេចក្តី​សុខ​តែម្យ៉ាងក៏មាន។ ខ្លួន​មានទុក្ខតែម្យ៉ាងក៏មាន។ ខ្លួន​មានសុខ និងទុក្ខ​ច្រឡំគ្នាក៏មាន។ ខ្លួន​មិនមានទុក្ខ មិនមានសុខទាំង​មិនមានរោគ មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ក៏មាន។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មានសញ្ញា​ខាងមុខ​អំពី​សេចក្តីស្លាប់ ដោយហេតុ១៦យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវ​ខ្លួន​ថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ សមណព្រាហ្មណ៍​ទាំងអស់នោះ តែងបញ្ញត្ត ដោយហេតុ១៦យ៉ាងនេះឯង ឬក៏​បណ្តា​ហេតុទាំង​១៦នោះ ដោយហេតុណាមួយ មិន​មាន​​ហេតុដទៃ​ក្រៅពី​​នេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណ​របស់​តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៤៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ សមណព្រាហ្មណ៍ទាំងនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មានរូប តែមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តី​ស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មានរូបខ្លះ មិនមានរូបខ្លះក៏មាន។បេ។ ខ្លួនមាន​រូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួន​មានទីបំផុតក៏មាន។ ខ្លួន​មិនមាន​ទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមាន​ទីបំផុតខ្លះ ក៏មាន។ ខ្លួន​មានទីបំផុត​ក៏មិនមែន មិនមានទីបំផុត​ក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់។ ម្នាល​ភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មិនមានសញ្ញា​ខាងមុខ​អំពី​សេចក្តីស្លាប់ ដោយ​ហេតុ​៨យ៉ាង​នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ជាអ្នក​ប្រកប​ដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវ​ខ្លួន​ថា មិនមានសញ្ញា​ខាង​មុខ​អំពី​សេចក្តី​ស្លាប់ ពួកសមណព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៨​យ៉ាង​នេះ​ឯង ឬក៏​បណ្តា​ហេតុទាំង៨យ៉ាងនុ៎ះ ដោយហេតុណាមួយ មិន​មាន​​ហេតុដទៃ​ ក្រៅពី​​នេះ​ឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណ​របស់ព្រះ​តថាគត តាមសេចក្តីពិត ដោយ​ធម៌​ទាំងឡាយណា។

[៤៨] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន (មានសញ្ញាដូចជាគ្មានសញ្ញា គឺ​មានសញ្ញាដ៏ល្អិត) ខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាអ្នក​ប្រកប​ដោយ​ឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មាន​សញ្ញា​ក៏​មិនមែន មិនមានសញ្ញាក៏​មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ សមណព្រាហ្មណ៍ពួកនោះ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មានរូប តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខ អំពីសេចក្តី​ស្លាប់។ បញ្ញត្តនូវខ្លួននោះថា ខ្លួន​មិនមានរូបក៏មាន។បេ។ ខ្លួន​មានរូបខ្លះ មិនមាន​រូបខ្លះ​ក៏មាន។ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ក៏មាន។ ខ្លួន​មានទីបំផុតក៏មាន។ ខ្លួន​មិនមានទីបំផុតក៏មាន។ ខ្លួនមានទីបំផុតខ្លះ មិនមាន​ទីបំផុតខ្លះ ក៏មាន។ ខ្លួន​មានទីបំផុត​ក៏មិនមែន មិនមានទីបំផុត​ក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមាន​សញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រកបដោយ​ឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មានសញ្ញា​ក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខ​អំពី​សេចក្តីស្លាប់ ដោយ​ហេតុ៨យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្តនូវ​ខ្លួន​ថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ សមណៈ ឬព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៨យ៉ាងនេះឯង ឬក៏​បណ្តា​ហេតុទាំង​៨យ៉ាងនុ៎ះ ដោយហេតុណាមួយ មិន​មាន​​ហេតុដទៃ​ក្រៅពី​​នេះឡើយ។បេ។ ពួកជន កាល​និយាយសរសើរគុណ​របស់​ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។

[៤៩] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាឧច្ឆេទវាទ (អ្នកពោល​ថា​ដាច់សូន្យ) បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើត​ទៀត នៃសត្វដែលមាននៅ ដោយហេតុ៧យ៉ាង។ ចុះពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើត​ទៀត នៃសត្វ​ដែល​មាននៅ ដោយហេតុ៧យ៉ាង តើ​ព្រោះ​អាស្រ័យ​អ្វី ព្រោះ​ប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមាន​ពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញ​យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្លួននេះ​មានរូប​ ប្រកប​ដោយ​មហាភូតរូប៤ កើតអំពី​មាតាបិតា លុះកាយបែកធ្លាយ​ទៅកាលណា រមែង​ដាច់សូន្យ រមែងវិនាស ខាងមុខ​អំពី​សេចក្តី​ស្លាប់ទៅ រមែង​មិនមាន នែអ្នក​ដ៏ចំរើន ព្រោះ​ហេតុមាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននោះឯង ឈ្មោះថា ដាច់សូន្យជាប្រាកដ។ សមណ​ព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវ​ការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើត​ទៀត នៃ​សត្វដែលមាននៅ ដោយប្រការដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិន​និយាយ​ថា ខ្លួននុ៎ះ​មិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជា​សភាវៈ​ដាច់​សូន្យ​ដោយ​ពិត ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួន​ដទៃទៀត មាន​រូប​ជាទិព្វ ជាកាមាវចរទេវតា (ត្រាច់​ទៅក្នុងកាមភព) មានកវឡិង្ការាហារ​ជាចំណី អ្នកមិនដឹង មិនឃើញនូវខ្លួន​នោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នក​ដ៏​ចំរើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាស​ខាង​មុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈ​ដាច់សូន្យដោយពិត។ សមណ​ព្រាហ្មណ៍​ពួក​មួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃ​សត្វដែលមាន​នៅ ដោយប្រការ​ដូច្នេះឯង។ ​មានបុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយ​យ៉ាងនេះ​ថា នែអ្នកដ៏ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំ​មិន​និយាយថា ខ្លួននុ៎ះ​មិន​មានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជា​សភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួន​ដទៃទៀត មានរូប​ជាទិព្វ សម្រេច​ដោយ​ឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយ​មិន​ថោកទាប គឺមាន​ឥន្ទ្រិយ​ពេញ​លេញ អ្នកមិនដឹង មិនឃើញនូវខ្លួន​នោះឡើយ ឯខ្ញុំ​ទើប​ដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាស​ ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈ​ដាច់សូន្យដោយពិត។ សមណ​ព្រាហ្មណ៍​​ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តី​មិន​កើត​ទៀត នៃ​សត្វដែលមាននៅ ដោយប្រការ​ដូច្នេះឯង។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិន​និយាយ​ថា ខ្លួននុ៎ះ​មិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះមិនមែនជា​សភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួន​ដទៃ ដែល​ចូល​​ទៅកាន់​អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទី​បំផុត​ដូច្នេះ ព្រោះ​កន្លងនូវរូបសញ្ញា គឺសេចក្តីសំគាល់​ក្នុងរូប ព្រោះអស់​ទៅនៃ​បដិឃសញ្ញា គឺ​សេចក្តី​សំគាល់ ក្នុងអារម្មណ៍ដែលជាទី​ខ្ទាំងខ្ទប់ចិត្ត ព្រោះ​មិនធ្វើទុក​ក្នុងចិត្ត ដល់​នានត្ត​សញ្ញា គឺសេចក្តីសំគាល់​ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញ​នូវ​ខ្លួនណា ខ្ញុំទើបដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយ​បែកធ្លាយ​ទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិន​កើត​ទៀតទេ នែអ្នកដ៏ចំរើន ព្រោះហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះ​ថា​ជា​សភាវៈ​​ដាច់សូន្យដោយពិត។ សមណ​ព្រាហ្មណ៍​ពួកមួយ បញ្ញត្តនូវការដាច់សូន្យ នូវ​សេចក្តី​វិនាស នូវសេចក្តីមិនកើតទៀត នៃ​សត្វដែលមាននៅ ដោយប្រការ​ដូច្នេះឯង។ មាន​បុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ​មិនមានទេ នែអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជា​សភាវៈ​ដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះឡើយ នែអ្នកដ៏ចំរើន មានខ្លួន​ដទៃ ដែល​កន្លងបង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់​វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុត​ដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាស​ ខាងមុខ​អំពី​សេចក្តី​ស្លាប់ទៅ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ព្រោះហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថាជាសភាវៈ​ដាច់សូន្យដោយពិត។ សមណ​ព្រាហ្មណ៍​ពួកមួយ បញ្ញត្ត​នូវ​ការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃ​សត្វដែលមាននៅ ដោយ​ប្រការ​​ដូច្នេះឯង។ មាន​បុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយយ៉ាងនេះថា នែ​អ្នក​ដ៏​ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ​មិនមានទេ នែ​អ្នក​ដ៏​ចំរើន តែថា ខ្លួននេះ មិនមែនជា​សភាវៈ​ដាច់សូន្យ ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះ​ឡើយ នែអ្នកដ៏ចំរើន មានខ្លួន​ដទៃ ដែល​កន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ​ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នកដ៏ចំរើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែង​ដាច់សូន្យ រមែង​វិនាស​ខាងមុខ​អំពី​សេចក្តី​ស្លាប់ទៅ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ខ្លួននេះ ឈ្មោះថាជាសភាវៈ​ដាច់​សូន្យ​ដោយពិត ព្រោះហេតុ​មានប្រមាណប៉ុណ្ណេះឯង។ សមណ​ព្រាហ្មណ៍​ពួកមួយ បញ្ញត្ត​នូវ​ការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃ​សត្វដែលមាននៅ ដោយ​ប្រការ​​ដូច្នេះឯង។ មាន​បុគ្គលដទៃ ក្រៅអំពីបុគ្គល​ពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អ្នកនិយាយ​ថាខ្លួន​មាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ​មិនមានទេ ម្នាលអ្នកដ៏ចំរើន តែថា ខ្លួននេះ មិនមែនជា​សភាវៈ​ដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណ​ប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចំរើន មានខ្លួន​ដទៃ ដែល​កន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតនភព​ មានអារម្មណ៍ថា នេះជាធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នកមិនដឹង មិនឃើញ​នូវ​ខ្លួន​ណា ឯខ្ញុំទើបដឹង ទើបឃើញ​នូវខ្លួន​នោះ នែអ្នកដ៏ចំរើន ខ្លួននេះឯង លុះកាយ​បែក​ធ្លាយ​ទៅ​កាលណា រមែង​ដាច់សូន្យ រមែង​វិនាស ​ខាងមុខ​អំពី​សេចក្តី​ស្លាប់ មិនកើតទៀតឡើយ នែអ្នកដ៏ចំរើន ខ្លួននេះ ឈ្មោះថាជាសភាវៈ​ដាច់សូន្យដោយពិត ព្រោះ​ហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។ សមណ​ព្រាហ្មណ៍​ពួកមួយ បញ្ញត្ត​នូវ​ការដាច់សូន្យ នូវសេចក្តី​វិនាស នូវសេចក្តីមិនកើតទៀត នៃ​សត្វដែលមាននៅ ដោយ​ប្រការ​​ដូច្នេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសមណព្រាហ្មណ៍ទាំងនោះ ជា​ឧច្ឆេទវាទ រមែងបញ្ញត្ត​នូវ​ការដាច់​សូន្យ នូវសេចក្តីវិនាស នូវសេចក្តី​មិនកើតទៀតនៃសត្វដែល​មាននៅ ដោយហេតុ​៧យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ជាឧច្ឆេទវាទ បញ្ញត្ត​នូវ​ការ​ដាច់សូន្យ នូវសេចក្តីវិនាស នូវ​សេចក្តី​មិនកើតទៀត នៃសត្វ​ដែល​មាននៅ ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្ត ដោយហេតុ៧យ៉ាង​នេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណ​របស់ព្រះ​តថាគត តាមសេចក្តីពិត ដោយធម៌ទាំង​ឡាយ​ណា។

[៥០] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាទិដ្ឋធម្មនិព្វានវាទ (អ្នកពោលនូវនិព្វាន គឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន) បញ្ញត្តព្រះនិព្វាន ក្នុងបច្ចុប្បន្ន​ថា ជាគុណជាតយ៉ាងក្រៃលែងរបស់សត្វ ដែលមាននៅដោយហេតុ៥យ៉ាង។ ចុះពួក​សមណ​ព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណ​យ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយហេតុ៥យ៉ាង តើព្រោះអាស្រ័យ​អ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានពាក្យយ៉ាងនេះ មានសេចក្តីយល់ឃើញ​យ៉ាងនេះថា នែអ្នកដ៏ចំរើន កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ៥ ម្នាលអ្នកដ៏ចំរើន ព្រោះ​ហេតុ​មានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វាន ក្នុង​បច្ចុប្បន្នថា ជាគុណជាតយ៉ាង​ក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវព្រះ​និព្វាន​​ក្នុងបច្ចុប្បន្នថា ជាគុណជាត​យ៉ាង​ក្រៃលែង របស់សត្វដែលមាននៅ ដោយ​ប្រការ​ដូច្នេះឯង។ មានបុគ្គលដទៃ​ក្រៅអំពី​បុគ្គលពួកនោះ និយាយ​យ៉ាងនេះថា នែអ្នក​ដ៏​ចំរើន អ្នកនិយាយថាខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយ​ថា ខ្លួននុ៎ះ​មិនមានទេ នែ​អ្នក​ដ៏ចំរើន តែថា ខ្លួននេះមិនមែនដល់នូវ​ព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង​ក្រៃ​លែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាល​អ្នកដ៏ចំរើន ព្រោះហេតុថា កាមទាំងឡាយមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា មានសេចក្តីស្តាយស្រណោះ​ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តី​លំបាក​ចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត រមែង​កើតឡើង ព្រោះកាម​ទាំងនោះប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ នែអ្នកដ៏ចំរើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយហើយ បានស្ងប់ស្ងាត់​ចាកអកុសល​ធម៌ទាំងឡាយហើយ បានដល់​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខៈកើតអំពីសេចក្តីស្ងាត់ ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្ត​នូវ​ព្រះនិព្វាន​ក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយ​ប្រការ​ដូច្នេះឯង។ មានបុគ្គលដទៃ​ក្រៅអំពី​បុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាលអ្នក​ដ៏​ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយ​ថា ខ្លួននុ៎ះ​មិនមានទេ ម្នាល​​អ្នក​​ដ៏ចំរើន តែថា ខ្លួននេះ មិនមែនដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាត​យ៉ាង​ក្រៃ​លែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលថាដូច្នោះ តើ​ព្រោះ​ហេតុ​អ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈ មាននៅក្នុង​បឋមជ្ឈាន​នោះ បឋមជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះ​មានវិតក្កៈ និង​វិចារៈ​នុ៎ះនៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈ​អស់ហើយ ក៏បានដល់នូវ​ទុតិយជ្ឈាន ជាធម្មជាត​ច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តី​ជ្រះថ្លា គឺសទ្ធា ជាសភាព​នៃចិត្តដ៏ខ្ពស់ឯង មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពី​សមាធិ គឺបឋមជ្ឈាន ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួន​នេះឈ្មោះថា បានដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការ​ដូច្នេះឯង។ មានបុគ្គលដទៃ​ ក្រៅអំពី​បុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាលអ្នក​ដ៏​ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយ​ថា ខ្លួននុ៎ះ​មិនមានទេ ម្នាល​អ្នក​ដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង​ក្រៃ​លែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើ​ព្រោះ​ហេតុ​អ្វី ព្រោះហេតុថា បីតិ ជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដជា​ឈាន​​គ្រោតគ្រាត ព្រោះមានបីតិនុ៎ះ​នៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើ​ខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែង​បានទទួល​សុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់​នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ​ប្រាប់ថា លោក​អ្នកបានតតិយជ្ឈាននោះ ប្រកបដោយឧបេក្ខា មានស្មារតី​នៅជាសុខដូច្នេះ  ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថា ជាគុណជាតិយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការ​ដូច្នេះឯង។ មានបុគ្គលដទៃ​ ក្រៅអំពី​បុគ្គលពួកនោះ និយាយ​យ៉ាងនេះថា ម្នាលអ្នក​ដ៏​ចំរើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយ​ថា ខ្លួននុ៎ះ​មិនមានទេ ម្នាល​អ្នក​ដ៏ចំរើន តែថា ខ្លួននេះមិនមែនបានដល់នូវ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាតយ៉ាង​ក្រៃ​លែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ពាក្យដែល​ខ្ញុំ​ថា​យ៉ាងនោះ តើ​ព្រោះ​ហេតុ​អ្វី ព្រោះហេតុថា សេចក្តីអើពើ ឬសេចក្តី​កួចកាន់​នៃចិត្ត ថាសុខ​ដូច្នេះ រមែងមានក្នុងតតិយជ្ឈាននោះ តតិយជ្ឈាននុ៎ះ នៅប្រាកដជា​ឈាន​​គ្រោតគ្រាត ព្រោះមានសុខ​នៅឡើយ ម្នាលអ្នកដ៏ចំរើន កាលណាបើ​ខ្លួននេះ បានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ​ក្នុងកាលមុន ហើយបាន​ដល់​នូវ​ចតុត្ថជ្ឈាន មានអារម្មណ៍​មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏​បរិសុទ្ធ កើតអំពី​ឧបេក្ខាវេទនា ម្នាល​អ្នក​ដ៏ចំរើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវ​ព្រះនិព្វាន ក្នុងបច្ចុប្បន្ន​ ថាជាគុណជាត​យ៉ាង​ក្រៃ​លែង។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតិ​យ៉ាង​ក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការ​ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍​នោះ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្ត​នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វ​ដែលមាននៅ ដោយហេតុ​៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង​ក្រៃលែង របស់​សត្វដែលមាននៅ ពួកសមណព្រាហ្មណ៍ទាំង​អស់នោះ  រមែង​បញ្ញត្ត​ដោយ​ហេតុ​៥យ៉ាងនេះឯង។បេ។ ពួកជន កាលនិយាយសរសើរគុណ​របស់ព្រះតថាគត តាម​សេចក្តី​ពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នក​ប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តី​យល់ឃើញ​រឿយៗ នូវខន្ធជាចំណែក​ខាង​មុខ ប្រារព្ធខន្ធ ជាចំណែក​ខាងមុខ តែងសំដែងនូវ​ចំណែក​នៃទិដ្ឋិច្រើនប្រការ ដោយ​ហេតុ​ទាំង​៤៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នក​ប្រកបដោយ​អបរន្តកប្បទិដ្ឋិ ជាអ្នក​មានសេចក្តី​យល់ឃើញ​នូវខន្ធ ជាចំណែក​ខាង​មុខ ប្រារព្ធខន្ធ ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍​ទាំងអស់នោះ រមែងបញ្ញត្តដោយហេតុ​ទាំង​៤៤នេះឯង។បេ។ ពួកជន កាលនិយាយ​សរសើរ​គុណ​របស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍នោះ ជាអ្នក​ប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយ​អបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តី​យល់ឃើញ​រឿយៗ នូវខន្ធជាចំណែក​ខាង​ដើម និងខន្ធជាចំណែក​ខាងមុខ ប្រារព្ធខន្ធ ជាចំណែក​ខាងដើម និងខន្ធជាចំណែក​ខាងមុខ ហើយសំដែងនូវ​ចំណែក​នៃសេចក្តី​យល់ឃើញ​ច្រើនប្រការ ដោយ​ហេតុ​ទាំង៦២នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នក​ប្រកបដោយ​បុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយ​អបរន្តកប្ប​ទិដ្ឋិក្តី ប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នក​មានសេចក្តី​យល់ឃើញរឿយៗ ​នូវខន្ធ ជាចំណែក​ខាងដើម និងខន្ធ​ជាចំណែក​ខាង​មុខ ប្រារព្ធខន្ធ ជាចំណែក​ខាងដើម និងខន្ធ​ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់ឃើញច្រើន​ប្រការ ពួក​សមណ​ព្រាហ្មណ៍​​ទាំងអស់នោះ រមែងសំដែង​ដោយហេតុ​ទាំង​៦២នេះឯង ឬក៏បណ្តាហេតុទាំង​៦២នុ៎ះ ដោយហេតុណាមួយ មិនមានហេតុដទៃ​ក្រៅពីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតដឹងច្បាស់នូវហេតុនៃទិដ្ឋិនោះដូច្នេះថា ហេតុនៃទិដ្ឋិទាំងឡាយនេះ ដែល​បុគ្គល​កាន់យកយ៉ាងនេះ ប្រកាន់ខុសយ៉ាងនេះ មានគតិយ៉ាងនេះ មាន​ការប្រព្រឹត្តិទៅ​ក្នុងខាងមុខយ៉ាងនេះ។ ព្រះតថាគត ដឹងច្បាស់នូវហេតុ​នៃទិដ្ឋិនោះផង ដឹងច្បាស់​ (នូវ​សីល សមាធិ និងសព្វញ្ញុតញ្ញាណ) ដែលជាគុណជាតលើសលុបក្រៃលែងជាង​នោះ​ទៅទៀតផង កាលបើដឹងច្បាស់នូវគុណវិសេសនោះហើយ ក៏មិនបានប្រកាន់ខុសឡើយ មួយទៀត កាលបើព្រះតថាគត មិនបានប្រកាន់ខុសហើយ ក៏ដឹងនូវព្រះនិព្វាន ជាគ្រឿង​រលត់ទៅ​ (នៃបរាមាសក្កិលេស) ដោយខ្លួនឯង ទាំងដឹងច្បាស់នូវហេតុ ដែលនាំឲ្យ​កើត​ឡើង​នៃវេទនាផង នូវសេចក្តីអស់ទៅនៃវេទនាផង នូវសេចក្តីឆ្ងាញ់ពិសារបស់​វេទនាផង នូវទោស​របស់វេទនាផង នូវកិរិយា​រលាស់ចោលនូវ​វេទនាផង ដោយគួរតាមពិត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ផុតស្រឡះហើយ (ចាកកិលេស) ព្រោះមិនបាន​ប្រកាន់​ (នូវធម៌ណាមួយ មានខន្ធជាដើម)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងនូវធម៌ទាំងឡាយបាន ពួកជន កាល​ពោលសរសើរ​គុណរបស់ព្រះតថាគត តាមសេចក្តីពិត ដោយធម៌​ទាំង​ឡាយណា ធម៌​ទាំងនេះឯង ជាធម៌ជ្រាលជ្រៅ ដែល​បុគ្គល​កម្រឃើញបាន ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌​ដ៏ថ្លៃថ្លា មិនជាទីស្ទង់​ប្រមើលដោយ​សេចក្តីត្រិះរិះបាន ជាធម៌​ដ៏​ល្អិត មានតែអ្នកប្រាជ្ញ ទើប​អាចដឹងបាន។

[៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន​ និងលោកថាទៀង ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។

[៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយ​អន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិន​មាន​ទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍​ដ៏ចំរើន​​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះ​អន្ទែង​វិញ។

[៥៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកផងសាកសួរប្រស្នា ក្នុង​កុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណ​ព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ២យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែក​ខាងដើម សំដែង​នូវចំណែក​នៃ​សេចក្តី​យល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្ត​ខ្លួន​ថា មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយ​វត្ថុ៨យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណ​ព្រាហ្មណ៍​ ដែល​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី​វិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​ជាអ្នកលុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាត​យ៉ាង​ក្រៃលែង របស់សត្វដែល​មាននៅ ដោយវត្ថុ៥យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវ​ធម៌​ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែលជាអ្នក​លុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណ​ព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួល​ដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​ជាអ្នកលុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៦៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកបដោយ​អបរន្តកប្បទិដ្ឋិផង ប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែក​ខាង​ដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងដើម និង​ខន្ធ​ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ​៦២​យ៉ាង ឯ​អារម្មណ៍ (ក្នុងទិដ្ឋិ)​នោះ ដែលពួក​សមណព្រាហ្មណ៍ដ៏ចំរើន​ទាំងនោះ ជាអ្នក​មិន​ដឹង មិនឃើញ (តាមសភាវធម៌ដែល​ពិត) ទទួលដឹងហើយ ពួក​សមណព្រាហ្មណ៍​ ដែល​​ជាអ្នកលុះ​ក្នុងអំណាច​តណ្ហា ក៏ត្រឡប់​ទៅជាតក់​ស្លុត អន្ទះអន្ទែងវិញ។

[៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ ដែលជាសស្សតវាទ បញ្ញត្តខ្លួន និងលោក​ថាទៀង ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍​នៃទិដ្ឋិ​នោះ ព្រោះមានផស្សៈជាបច្ច័យ។

[៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៦៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយ​អន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិន​មាន​ទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៦៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើមានអ្នកផងសាកសួរប្រស្នា ក្នុង​កុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៦៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថា កើតឡើងដោយឥតហេតុ ដោយវត្ថុ៤យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែក​ខាងដើម ហើយសំដែង​នូវចំណែក​នៃ​សេចក្តី​យល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មាន​ផស្សៈ​​ជាបច្ច័យ។

[៧២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្ត​ខ្លួន​ថា មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយ​វត្ថុ៨យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី​វិនាស នូវសេចក្តីមិន​កើត​ទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាត​យ៉ាង​ក្រៃ​លែង របស់សត្វដែល​មាននៅ ដោយវត្ថុ៥យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ ដែលជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកបដោយ​អបរន្តកប្បទិដ្ឋិផង ប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែក​ខាង​ដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវ​ចំណែក​​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ឯ​អារម្មណ៍នៃទិដ្ឋិ​នោះ ព្រោះ​មានផស្សៈ​ជាបច្ច័យ។

[៧៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោក​ថាទៀង ដោយវត្ថុ៤យ៉ាង ឯពួក​សមណព្រាហ្មណ៍​នោះឯង វៀរចាកផស្សៈចេញហើយ នឹងទទួលដឹង (នូវ​​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ គឺថា បើវៀរចាកផស្សៈ មិនអាចទទួល​អារម្មណ៍​បានឡើយ។

[៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ដែលជាអ្នកប្រកបដោយ​ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថាទៀងខ្លះ មិនទៀងខ្លះ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា​ ដែលជាអ្នកប្រកបដោយ​អន្តានន្តទិដ្ឋិ បញ្ញត្តលោកថា មានទីបំផុតខ្លះ មិន​មាន​ទីបំផុតខ្លះ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈ​ចេញ​ហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ដែលជាអ្នកប្រកបដោយ​អមរាវិក្ខេបទិដ្ឋិ កាលបើ​មាន​អ្នកផង​សាក​សួរ​ប្រស្នា ក្នុង​កុសល និងអកុសលនោះៗហើយ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យ​ស្លាប់ពាក្យ ដោយវត្ថុ៤យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តខ្លួន​ និងលោកថា កើតឡើង​ដោយ​ឥតហេតុ ដោយវត្ថុ២យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈ​ចេញ​ហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធ ជាចំណែក​ខាងដើម សំដែង​នូវចំណែក​នៃ​សេចក្តី​យល់ឃើញច្រើនប្រការ ដោយវត្ថុ១៨យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តខ្លួនថា មាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ១៦យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា​ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តខ្លួនថា មិនមាន​សញ្ញា ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ បញ្ញត្ត​ខ្លួន​ថា មាន​សញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយ​វត្ថុ៨យ៉ាង ពួកសមណព្រាហ្មណ៍​នោះ វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា​ ជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី​វិនាស នូវសេចក្តីមិន​កើត​ទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា​ ជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាត​យ៉ាង​ក្រៃ​លែង នៃសត្វដែល​មាននៅ ដោយវត្ថុ៥យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៨៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយ​អបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែក​ខាង​ដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងដើម និង​ខន្ធ​ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ពួកសមណព្រាហ្មណ៍​នោះ​ឯង វៀរចាក​ផស្សៈចេញហើយ នឹងទទួលដឹង (នូវ​អារម្មណ៍បាន) ពាក្យដូច្នេះ មិនសមហេតុទេ។

[៩០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោក​ថាទៀង ដោយវត្ថុ៤យ៉ាងក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយ​អធិច្ចសមុប្បន្នទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទក្តី ពួក​សមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទក្តី ពួក​សមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វាន​វាទក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ពួក​សមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកបដោយ​អបរន្តកប្បទិដ្ឋិ ទាំង​ប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធ​ជាចំណែក​ខាង​ដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែក​ខាងដើម និង​ខន្ធ​ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ដោយ​វត្ថុ​៦២ក្តី ពួកសមណព្រាហ្មណ៍​ទាំងអស់នោះ ទទួលដឹង (នូវ​អារម្មណ៍) ព្រោះ​ប៉ះពាល់​ត្រូវដោយ​អាយតនៈ ជាទីកើតនៃផស្សៈ៦យ៉ាង។ តណ្ហារបស់សមណព្រាហ្មណ៍​ទាំងនោះ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោកស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តី​មិនស្រួល​កាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចិត្ត ក៏កើតមាន ព្រោះជាតិជាបច្ច័យដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវហេតុដែលនាំឲ្យ​កើតឡើង និងសេចក្តី​វិនាស និង​សេចក្តីត្រេកអរ និងទោស និងឧបាយជាគ្រឿង​រលាស់​ចេញ​នូវអាយតនៈ ជាទីកើត​នៃ​ផស្សៈទាំង៦ តាមសេចក្តីពិតប្រាកដ ក្នុងកាលណា។ ភិក្ខុនេះរមែង​ដឹងច្បាស់​នូវធម៌​ដ៏លើសលុបជាង​ទិដ្ឋិ​ទាំងឡាយទាំងពួងនេះ (ក្នុងកាលនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយ​អបរន្តកប្បទិដ្ឋិក្តី ប្រកបដោយ​បុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកមានសេចក្តីយល់ឃើញ​រឿយៗ នូវខន្ធជាចំណែក​ខាងដើម និងខន្ធជាចំណែក​ខាងមុខ ប្រារព្ធនូវខន្ធ​ជាចំណែក​ខាងដើម និងខន្ធជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់ឃើញ​ច្រើន​ប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ដែលវត្ថុ​៦២នេះឯង (គ្របសង្កត់) ធ្វើឲ្យដូច​ជានៅខាងក្នុងសំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត អាស្រ័យនៅក្នុងសំណាញ់​នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យ​ដូចជា​នៅខាងក្នុងសំណាញ់ គឺធម្មទេសនារបស់ព្រះតថាគត កាលងើបឡើង ក៏ងើបឡើង (ក្នុង​សំណាញ់នេះ) ម្នាលភិក្ខុទាំងឡាយ នាយនេសាទមច្ឆជាតិក្តី កម្មកររបស់នាយនេសាទ​មច្ឆជាតិក្តី ដែលប៉ិនប្រសប់បង់សំណាញ់ មានក្រឡាដ៏ញឹកទៅក្នុងអន្លង់ទឹកតូចនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកសត្វធំតូចណាមួយ នៅក្នុងអន្លង់ទឹកនេះ ពួក​សត្វ​ធំតូច​ទាំងនោះ អញធ្វើ​ឲ្យនៅ​ខាងក្នុងសំណាញ់ អាស្រ័យនៅក្នុងសំណាញ់​នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់ចំពាក់នៅក្នុងសំណាញ់នេះ អញធ្វើឲ្យ​នៅខាងក្នុងសំណាញ់ កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់) សេចក្តី​នេះ​ឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នក​ប្រកប​​ដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកប​ដោយអបរន្តកប្បទិដ្ឋិក្តី ប្រកប​ដោយបុព្វន្តាបរន្តកប្ប​ទិដ្ឋិ​ក្តី ជាអ្នកឃើញ​រឿយៗ នូវខន្ធ​ជាចំណែក​ខាង​ដើម និង​ខន្ធជាចំណែកខាងមុខ ប្រារព្ធ​នូវ​ខន្ធជាចំណែក​ខាងដើម និង​ខន្ធ​ជាចំណែក​ខាងមុខ សំដែងនូវចំណែក​នៃសេចក្តី​យល់​ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍​ទាំង​អស់​នោះ ដែលវត្ថុ៦២នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជានៅខាងក្នុងនៃសំណាញ់ គឺធម្មទេសនា​របស់​តថាគត អាស្រ័យនៅក្នុង​សំណាញ់​នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុង​សំណាញ់​នេះ) ជាប់នៅក្នុង​សំណាញ់​នេះ ធ្វើឲ្យ​ដូចជានៅក្នុងសំណាញ់ គឺធម្មទេសនា របស់​ព្រះតថាគត កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់​នេះ) មានឧបមេយ្យ​ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាយ​របស់​តថាគតមានតណ្ហានាំទៅកាន់ភពថ្មីទៀត ដាច់​អស់ហើយ តែកាយឋិតនៅ (កាយ​របស់​ព្រះតថាគតនេះ) ឋិតនៅត្រឹមណា ទេវតា និង​មនុស្សទាំងឡាយ ក៏នឹងឃើញកាយ​នោះត្រឹមណោះ លុះទំលាយ​ខន្ធ ខាងមុខអំពី​កិរិយា​អស់ទៅនៃជីវិត ទើបពួកទេវតា និង​មនុស្ស លែងឃើញកាយនោះ ម្នាលភិក្ខុទាំងឡាយ កាលបើចង្កោមផ្លែស្វាយ ដែលមាន​ទង​ដាច់ហើយ ផ្លែស្វាយណាមួយដែលជាប់នៅ​ក្នុង​ទង (ជាមួយគ្នា) ផ្លែស្វាយ​ទាំង​អស់​នោះ រមែង (ដាច់ជ្រុះ) ទៅតាមគ្នាដែរ សេចក្តីនេះ មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ កាយរបស់ព្រះតថាគត មានតណ្ហា​ដែល​នាំ​ទៅកាន់ភពថ្មីទៀត ដាច់អស់​ហើយ (តែកាយនេះ) ឋិតនៅ កាយរបស់​ព្រះតថាគត​នេះ​ឋិតនៅត្រឹមណា ទេវតា និង​មនុស្សទាំងឡាយ នឹងឃើញកាយនោះត្រឹមណោះ លុះកាយ​បែកធ្លាយទៅ ខាងមុខ​អំពីកិរិយា​អស់ទៅនៃជីវិត ទើបពួកទេវតា និងមនុស្ស​លែង​បានឃើញ​កាយរបស់​ព្រះតថាគតនោះ ក៏មានឧបមេយ្យដូច្នោះឯង។ កាលដែល​ព្រះមានព្រះភាគ ត្រាស់សំដែងយ៉ាង​នេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះ​មិនធ្លាប់​មានមកទេ បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនោះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះ ក្នុងសាសនា​នេះ​ថា អត្ថជាលៈ (មានអត្ថដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវ​ធម្មបរិយាយ​នោះថា ធម្មជាលៈ (មានធម៌ដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវ​ធម្មបរិយាយនោះថា ព្រហ្មជាលៈ (មានធម៌ដ៏ប្រសើរដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវ​ធម្មបរិយាយ​នោះថា ទិដ្ឋិជាលៈ (មានទិដ្ឋិ៦២ដូចជាបណ្តាញ) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយ​នោះ​ថា សង្គាមវិជយៈ (មានជ័យជំនះក្នុងសង្គ្រាម) ដ៏​ប្រសើរ​ដូច្នេះក៏បាន។ លុះព្រះមាន​ព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះហើយ។ ភិក្ខុទាំង​នោះ មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត​របស់ព្រះមានព្រះភាគ។ កាលដែល​ព្រះមានព្រះភាគ បានត្រាស់សំដែង​ព្រះសូត្រ​នេះ ជាពាក្យ​វេយ្យាករណ៍ (ចប់) ហើយ លោកធាតុទាំងមួយហ្មឺន ក៏កម្រើក​ញាប់​ញ័រ។

ចប់ ព្រហ្មជាលសូត្រ ទី១។

សាមញ្ញផលសូត្រ ទី២

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​អម្ពវ័ន (ព្រៃស្វាយ) ជារបស់ជីវកកោមារភត្យ ទៀបក្រុងរាជគ្រឹះ មួយអន្លើ​នឹងភិក្ខុសង្ឃ​ច្រើន ចំនួនមួយពាន់ពីររយហាសិបរូប។ សម័យ​នោះឯង ព្រះបាទ​អជាតសត្តុវេទេហីបុត្ត (​ជាព្រះរាជបុត្ររបស់ព្រះរាជទេវី ទ្រង់​ព្រះនាមវេទេហី) ជាធំក្នុងដែនមគធៈ មានរាជ​អាមាត្យចោមរោម ទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរ ក្នុងរាត្រីមានព្រះចន្ទពេញវង់ ជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុតនៃខែ៤ ជាកាលមានផ្កាកុមុទរីក ជាថ្ងៃ​ឧបោសថទី១៥ គឺពេញបូណ៌មី ខែកត្តិក។ គ្រានោះឯង ព្រះបាទ​អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់បន្លឺឧទានវាចាថា រាត្រីប្រាសចាកទោស (ស្វាងរុងរឿង) គួរជា​ទី​ត្រេកអរអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស មានភាពល្អអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរ​ជាទី​រមិលមើលអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស ជាទីនាំមកនូវ​សេចក្តីជ្រះថ្លា​អ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីកំណត់ដឹង​អ្វីម្ល៉េះហ្ន៎ ក្នុងថ្ងៃនេះ តើយើងគប្បីចូលទៅរក​សមណៈ ឬព្រាហ្មណ៍ណាហ្ន៎ យើងចូលទៅអង្គុយជិត​បុគ្គលណា ទើបនឹង​មានចិត្ត​ជ្រះថ្លា​បាន។ កាលបើព្រះរាជាមានព្រះបន្ទូលយ៉ាងនេះហើយ មានរាជអាមាត្យម្នាក់ ក្រាបបង្គំ​ទូល​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះបូរណកស្សបនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈ​ផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ​លទ្ធិ មហាជនសន្មត​ថា ជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់​ពីរបីរាជ្យ​មកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូ​ឈ្មោះ​បូរណកស្សបនោះ​ចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរក​គ្រូ​ឈ្មោះ​បូរណកស្សបហើយ មុខជានឹង​មាន​ព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជ​អាមាត្យ​នោះ ក្រាបបង្គំទូលយ៉ាង​នេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ទ្រង់ព្រះតុណ្ហីភាព។ មាន​រាជអាមាត្យម្នាក់ទៀត ក្រាបបង្គំ​ទូល​ព្រះបាទ​អជាតសត្តុ​វេទេហីបុត្ត ជាធំក្នុងដែន​មគធៈ​ដូច្នេះ​ថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះមក្ខលិគោសាល​នេះ ជាអ្នកមាន​ពួក​ មានគណៈ​(ច្រើន)​ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍​ឈ្មោះ ជាអ្នកមានយស ជាអ្នក​ធ្វើ​នូវ​​លទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នក​ដឹង​រាត្រី​យូរ បួសយូរជាងជនច្រើន តាំងនៅ​ជា​យូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយ​នូវ​បច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេច​ចូល​ទៅគង់ជិតគ្រូឈ្មោះមក្ខលិគោសាលនោះ​ចុះ កាល​បើព្រះសម្មតិទេព ស្តេចចូលទៅ​រក​គ្រូ​ឈ្មោះ​មក្ខលិគោសាលហើយ មុខជានឹង​មាន​ព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាល​បើ​រាជ​អាមាត្យនោះ ក្រាបបង្គំទូលយ៉ាង​នេះ​ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ក៏ទ្រង់ព្រះតុណ្ហីភាព។ មាន​រាជ​អាមាត្យម្នាក់ទៀត ក្រាបបង្គំ​ទូល​ព្រះបាទ​អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន​មគធៈ​ដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះ​អជិតកេសកម្ពលនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ​លទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិ​ទេព ស្តេចចូលទៅរកគ្រូឈ្មោះអជិតកេសកម្ពល​នោះ​​ចុះ កាលបើព្រះសម្មតិទេព ស្តេច​ចូល​ទៅរកគ្រូឈ្មោះអជិតកេសកម្ពលហើយ មុខ​ជា​នឹង​មាន​ព្រះរាជហឫទ័យ​ជ្រះថ្លា​មិន​ខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំ​ទូល​យ៉ាង​​នេះហើយ ព្រះបាទអជាតសត្តុ​វេទេហី​បុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាប​បង្គំ​ទូល​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ​ដូច្នេះថា បពិត្រព្រះសម្មតិ​ទេព គ្រូឈ្មោះបកុធកច្ចាយនៈនេះ ជាអ្នកមាន​ពួក​ មានគណៈ(ច្រើន)ផង ជា​អាចារ្យ​របស់​គណៈ​ផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ​លទ្ធិ មហាជនសន្មតថា​ជា​សប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជា​ច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបី​រាជ្យ​មកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូម​ព្រះសម្មតិទេព ស្តេចចូលទៅរក​គ្រូឈ្មោះ​បកុធកច្ចាយនៈ​នោះ​ចុះ កាលបើ​ព្រះ​សម្មតិ​ទេព ស្តេចចូលទៅរកគ្រូឈ្មោះ​បកុធកច្ចាយនៈ​ហើយ មុខជានឹង​មាន​ព្រះរាជហឫទ័យ​ជ្រះថ្លាមិនខាន។ កាលបើរាជ​អាមាត្យ​នោះ ក្រាបបង្គំទូលយ៉ាង​នេះហើយ ព្រះបាទ​អជាតសត្តុ​វេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់​ទៀត ក្រាបបង្គំ​ទូល​ព្រះបាទ​អជាតសត្តុ​វេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះ​សញ្ជយវេលដ្ឋ​បុត្ត​នេះ ជាអ្នកមានពួក មានគណៈ​(ច្រើន)​ផង ជាអាចារ្យរបស់គណៈផង ជាអ្នក​មាន​កេរ្តិ៍​ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ​លទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រី​យូរ បួសយូរជាងជនជាច្រើន តាំងនៅជា​យូរ​អង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់​ហើយ​នូវ​បច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេច​ចូល​ទៅ​រកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនោះ​ចុះ កាលបើព្រះសម្មតិទេព ស្តេចចូល​ទៅ​រក​គ្រូ​ឈ្មោះ​សញ្ជយវេលដ្ឋបុត្តហើយ មុខជានឹង​មាន​ព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើ​រាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាង​នេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំ​ទូល​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូ​ឈ្មោះ​និគណ្ឋនាដបុត្តនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យ​របស់​គណៈ​ផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវ​លទ្ធិ មហាជនសន្មត​ថា​ជា​សប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់​ពីរបី​រាជ្យ​មកហើយ) ដល់​ហើយ​នូវ​បច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូ​ឈ្មោះ​និគណ្ឋនាដបុត្តនោះ​ចុះ កាលបើ​ព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះ​និគណ្ឋនាដបុត្តហើយ មុខជានឹង​មាន​ព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជ​អាមាត្យ​នោះ ក្រាបបង្គំទូលយ៉ាង​នេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។

[៩២] សម័យនោះឯង ជីវកកោមារភត្យអង្គុយស្ងៀម ជិត​ព្រះបាទ​អជាតសត្តុ​វេទេហីបុត្ត ជាធំក្នុងដែនមគធៈ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ទ្រង់មានព្រះរាជឱង្ការនឹង​ជីវកកោមារភត្យដូច្នេះថា នែជីវកៈជាសំឡាញ់ ចុះ​ហេតុអ្វី​បានជាអ្នកស្ងៀម។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះមានព្រះភាគនេះ ជាអរហន្តសម្មាសម្ពុទ្ធ ឥឡូវនេះ ព្រះអង្គគង់នៅ​ក្នុងវត្ត​អម្ពវ័ន​របស់​ខ្ញុំព្រះអង្គ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួន​១២៥០រូប ឯកិត្តិស័ព្ទដ៏ពីរោះ​របស់​ព្រះមានព្រះភាគអង្គនោះ ឮខ្ចរខ្ចាយ​សុសសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាងហើយ ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺ​សេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់​ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ មិនមាន​បុគ្គល​ណាមួយស្មើ ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​ត្រឡប់​មកកាន់ភពថ្មីទៀត សូមព្រះសម្មតិទេព ស្តេចចូលទៅរក​ព្រះមានព្រះភាគនោះ​ចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរក​ព្រះមានព្រះភាគហើយ មុខជានឹងមានព្រះ​រាជហឫទ័យជ្រះថ្លាមិនខាន។ ព្រះរាជា ទ្រង់មានព្រះរាជបញ្ជាថា នែជីវកៈជា​សំឡាញ់ បើ​ដូច្នោះ ចូរអ្នកឲ្យរៀបចំយានដំរីទាំងឡាយចុះ។ ជីវកកោមារភត្យ ទទួល​ព្រះរាជ​បញ្ជា​ នៃ​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ដោយពាក្យថា ព្រះករុណា​ថ្លៃវិសេស ហើយក៏ឲ្យរៀបចំដំរីញីទាំងឡាយចំនួន៥០០ផង ឲ្យរៀបចំដំរីឈ្មោល​ជាព្រះទីនាំង​​របស់​ព្រះរាជាផង រួចហើយក៏ចូលទៅក្រាបបង្គំទូល​ព្រះបាទអជាតសត្តុ​វេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈថា បពិត្រព្រះសម្មតិទេព យានដំរីទាំងឡាយ ខ្ញុំព្រះអង្គ​បានឲ្យរៀបចំ សម្រាប់​ព្រះអង្គជាស្រេចហើយ ឥឡូវនេះ សូមព្រះអង្គកំណត់កាលដ៏គួរ​នឹង​ព្រះរាជដំណើរចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ឲ្យពួកស្ត្រីឡើងជិះ​ដំរី​ញី១ម្នាក់ គ្រប់ទាំង៥០០ ហើយទ្រង់ឡើងគង់លើដំរីឈ្មោល ជា​ព្រះទីនាំង មានពួករាជ​បុរស​កាន់គប់ភ្លើង ហែចេញអំពីក្រុងរាជគ្រឹះ ដោយរាជានុភាព​ដ៏​ប្រសើរ ស្តេចសំដៅ​ទៅត្រង់​ទីវត្តអម្ពវ័ន របស់​ជីវកកោមារភត្យ។ ក្នុងកាលដែលព្រះបាទ​អជាតសត្តុ​វេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ ទ្រង់ស្តេចទៅដល់​ទីជិតនៃវត្តអម្ពវ័ន ក៏មានសេចក្តីខ្លាច មាន​សេចក្តីតក់ស្លុត មានសេចក្តីព្រឺរោមកើតឡើង។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុង​ដែន​មគធៈ កើតមានសេចក្តីខ្លាច ​សេចក្តីតក់ស្លុត ​ព្រឺរោម​កើត​ឡើង​ហើយ ទើបទ្រង់មានព្រះបន្ទូល​នឹង​ជីវកកោមារភត្យ​ដូច្នេះ​ថា នែជីវកៈជាសំឡាញ់ អ្នកមិនបញ្ឆោតខ្ញុំទេឬ នែជីវកៈជាសំឡាញ់ អ្នកមិនល្បួងខ្ញុំទេឬ នែជីវកៈ ជាសំឡាញ់ អ្នក​មិននាំខ្ញុំ (យកមក) ឲ្យដល់ពួកសត្រូវទេឬ ព្រោះថា ភិក្ខុសង្ឃ​ជាច្រើនដល់ម្ល៉ោះ ចំនួន​១២៥០រូប ហេតុអ្វីក៏គ្មានសម្លេងកណ្តាស សម្លេងក្អក សម្លេងគឹកកងសោះ។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រ​មហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះសម្មតិ​ទេព ខ្ញុំព្រះអង្គ​មិនបញ្ឆោត​ព្រះអង្គ​ទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនល្បួង​ព្រះអង្គ​ទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ មិន(នាំយកព្រះអង្គមក) ឲ្យដល់ពួកសត្រូវទេ បពិត្រ​មហារាជ សូមព្រះអង្គស្តេចចូលទៅ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ នុ៎ះន៏​បទីប​ទាំងឡាយ ដែលគេអុជ តាំងនៅ​ក្នុងរោង​មានសណ្ឋានមូល [សាលាសម្រាប់អង្គុយ (អដ្ឋកថា ត្រង់ព្រហ្មជាលសូត្រ)]។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំ​ក្នុង​ដែនមគធៈ ទ្រង់ស្តេចទៅដោយដំរី កំណត់ត្រឹម​ទីដែលល្មមបរដំរីទៅបាន ហើយក៏ទ្រង់​ចុះពីដំរី ទ្រង់ស្តេច​ទៅដោយព្រះបាទ ចូលសំដៅ​ទៅត្រង់ទ្វារ​រោង មានសណ្ឋានមូល លុះស្តេចចូលទៅដល់ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ដូច្នេះទៅនឹង​ជីវកកោមារភត្យថា នែជីវកៈ ជាសំឡាញ់ ចុះព្រះមានព្រះភាគ ទ្រង់គង់​ក្នុងទីណា។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ នុ៎ះន៏​ព្រះមានព្រះភាគ ទ្រង់គង់ផ្អែក​នឹងសសរកណ្តាល ឆ្ពោះព្រះភក្ត្រទៅទិស​ខាងកើត ខាង​មុខ​ភិក្ខុសង្ឃ។ គ្រានោះ ព្រះបាទអជាតសត្តុ​វេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេច​ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ទ្រង់ឋិតនៅ​ក្នុងទីសមគួរ។ លុះ​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែន​មគធៈ ទ្រង់ឋិតនៅក្នុងទី​សមគួរហើយ ទើប​ទ្រង់​ឆ្មៀងព្រះនេត្រក្រឡេក​ទតទៅភិក្ខុសង្ឃ ដែលអង្គុយនៅស្ងៀមទាំងអស់ ក៏ទ្រង់បន្លឺ​នូវ​ឧទានវាចាដ៏ថ្លាស្អាត ដូចជាអន្លង់ទឹកថា ឥឡូវនេះ ភិក្ខុសង្ឃប្រកបដោយសេចក្តីស្ងប់​រម្ងាប់​ណា សូមឲ្យ​ឧទយភទ្ទកុមារ ជាកូនរបស់អញ ប្រកបដោយសេចក្តី​ស្ងប់រម្ងាប់នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គស្តេច​មកដោយជាប់ចំពាក់​នឹង​សេចក្តីស្រឡាញ់ផង។ ព្រះបាទ​អជាតសត្តុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧទយភទ្ទកុមារ ជាទីស្រឡាញ់​របស់​ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃ ប្រកបដោយសេចក្តី​ស្ងប់​រម្ងាប់​ណា សូមឲ្យ​ឧទយភទ្ទកុមារ ជាកូនរបស់ខ្ញុំព្រះអង្គ ប្រកប​ដោយ​សេចក្តីស្ងប់រម្ងាប់នេះ​ផង។

[៩៣] លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយប្រណម្យអញ្ជលី ចំពោះ​ភិក្ខុសង្ឃរួចហើយ ក៏គង់​ក្នុងទី​សមគួរ។ លុះ​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ គង់​ក្នុងទីសមគួរហើយ ទ្រង់ក្រាប​បង្គំទូល​ព្រះមានព្រះភាគដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស បើព្រះមានព្រះភាគ ទ្រង់​ធ្វើ​ឱកាសដើម្បីព្យាករណ៍ (ដោះ) ប្រស្នារបស់ខ្ញុំព្រះអង្គបាន ខ្ញុំព្រះអង្គនឹងគប្បី​ទូលសួរ​នូវ​ហេតុនីមួយ គ្រាន់តែជាលេស គ្រឿងអាងនឹងព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រ​មហារាជ បើទ្រង់ប្រាថ្នានឹងសួរ​នូវប្រស្នាណា សូមទ្រង់សួរមកចុះ។ ព្រះរាជាទ្រង់​សួរថា សូមទ្រង់​ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណ​ច្រើនទាំងនេះ បានដល់សិល្បះរបស់បុគ្គលនោះៗ គឺសិល្បៈរបស់​ពួក​បុគ្គល​អ្នកកាន់​ការ​ខាងដំរី អ្នកកាន់ការខាងសេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួក​អ្នក​កាន់ទង់ជ័យ (មុខ) ពួក​អ្នកចាត់ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (ចូល​សង្គ្រាម) ពួកអ្នក​ស្ទុះ​ចូលទៅក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួក​យោធា​អ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ជាទី​ស្រឡាញ់​របស់ចៅហ្វាយ​នាយ) ពួកអ្នកធ្វើនំ ពួកជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួក​អ្នក​ធ្វើអាហារ ពួកជាង​ក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាង​ត្បាញផែង ពួក​ជាង​ស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់​បង្កើត​ផល មានប្រមាណច្រើនណាមួយដទៃទៀត ដែលមានបែប​យ៉ាង​នេះក្តី បុគ្គល​ទាំងនោះ រមែង​ចិញ្ចឹមជីវិតអាស្រ័យ​នូវផលរបស់សិល្បៈ ដែលឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ក្នុងបច្ចុប្បន្ន បុគ្គលទាំង​នោះ រមែងធ្វើខ្លួនឲ្យដល់​នូវសេចក្តីសុខ ឲ្យពេញលេញ (ដោយ​កម្លាំងកាយ កម្លាំង​ប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែង​ធ្វើបុត្រភរិយា ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់​នូវ​​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើ​ទក្ខិណាទាន ដែល​មានផលខ្ពស់ ជាទាន​គួរដល់​នូវកិរិយាកើតក្នុង​ស្ថានសួគ៌ ជាទានមានផលនាំមក​នូវ​សេចក្តីសុខ ជាទានញុំាង​ធម៌ [ធម៌ទាំង​១០ ជាទិព្វ គឺរូប សម្លេង ក្លិន រស ផ្សព្វ អាយុ វណ្ណៈ សុខ យស អធិបតី។] ទាំង១០ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់​ចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំង​ឡាយ ដោយសិល្បៈនោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ​អាច​នឹងបញ្ញត្តនូវផល​នៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូចយ៉ាង​ផលសិល្បៈ​នោះ​បាន​ដែរឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ក្រែងមហារាជ បានសួរប្រស្នានេះ នឹង​សមណព្រាហ្មណ៍​ទាំងឡាយដទៃជ្រាបច្បាស់​ហើយឬ។ ព្រះរាជាក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​បានសួរ​ប្រស្នា​នេះ នឹងសមណព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ដឹងច្បាស់ហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រ​មហារាជ ចុះសមណៈ និងព្រាហ្មណ៍​ទាំងឡាយ​នោះ ដោះស្រាយ​ដោយប្រការ​ដូចម្តេចខ្លះ បើមហារាជ មិនទើសទាល់ទេ សូម​មហារាជ​ឆ្លើយមក។ ព្រះរាជាក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស ព្រះមាន​ព្រះភាគ ឬបុគ្គលដែលមានសភាពដូចជា​ព្រះមានព្រះភាគ គង់នៅក្នុងទីណា ទីនោះ​ ខ្ញុំព្រះអង្គ​មិនមាន​សេចក្តី​ទើសទាល់ទេ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បើដូច្នោះ សូមមហារាជ ទ្រង់មានព្រះរាជ​ឱង្ការ​មកចុះ។

[៩៤] ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គបានចូលទៅរក​គ្រូឈ្មោះបូរណកស្សប លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះ​បូរណកស្សប លុះបញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរ​ហើយ ក៏ផ្តើមពាក្យសួរ​ដូច្នេះ ទៅនឹងគ្រូឈ្មោះ​បូរណកស្សបថា បពិត្រលោក​កស្សបដ៏ចំរើន ដូចជា​សិល្បៈសម្រាប់បង្កើត​ផល មានប្រមាណច្រើនទាំងនេះ គឺសិល្បៈរបស់​ពួក​បុគ្គល​អ្នកជិះដំរី [១.២. អដ្ឋកថា ថា អ្នកថែរក្សាដំរីសេះ ក៏រាប់បញ្ចូលក្នុង​ជនពួក​នេះទាំងអស់។] អ្នកជិះសេះ [២] អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួកអ្នកកាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់​ទ័ព ពួកអ្នកបញ្ជូនស្បៀង ពួក​ព្រះរាជបុត្តអ្នកពុះពារ (លុកចូល​ក្នុងសង្គ្រាម) ពួកអ្នកស្ទុះ ចូល​សម្រុកក្នុងសង្គ្រាម ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួកយោធាអ្នក​ពាក់​គ្រឿងក្រោះ ពួកកូននៃជន​ជាទាសៈ (ជាទីស្រឡាញ់របស់ចៅហ្វាយនាយ) ពួកអ្នកធ្វើនំ ពួក​ជាងអ្នកកោរកាត់ ពួកអ្នកផ្ងូតទឹក ពួក​អ្នក​ធ្វើអាហារ ពួកជាង​ក្រងផ្កា ពួកជាងជ្រលក់ ពួក​ជាង​តម្បាញ ពួកជាង​ត្បាញផែង ពួក​​ស្មូនឆ្នាំង ពួកអ្នកចេះលេខនព្វន្ត ពួកអ្នក​ចេះ​គិត ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មានប្រមាណ​ច្រើន​ឯណា​នីមួយដទៃទៀត ដែលមានបែប​យ៉ាង​នេះ បុគ្គល​ទាំងនោះ រមែង​ចិញ្ចឹមជីវិត​អាស្រ័យ​​នូវផលរបស់សិល្បៈ ដែលឃើញ​ច្បាស់ ​ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំង​នោះ រមែងធ្វើខ្លួនឲ្យដល់​នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើមាតាបិតា ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើបុត្រភរិយា ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងញុំាង​ទក្ខិណាទាន ដែល​មានផលខ្ពស់ ជាទាន​គួរដល់​កិរិយាកើតក្នុង​ស្ថានសួគ៌ ជាទានមានផលនាំមក​នូវ​សេចក្តីសុខ ជាទាន​ញុំាង​​ធម៌ទាំង១០ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់​នៅក្នុង​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ដោយសិល្បៈនោះ បពិត្រលោកកស្សបដ៏ចំរើន លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃសមណប្បដិបត្តិ [សាមញ្ញផល គឺផលផ្នួស ឬជាអានិសង្ស នៃអ្នក​បួស​ក្នុង​សាសនា។] ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះ​បូរណកស្សប ឆ្លើយដូច្នេះនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ បុគ្គលធ្វើបាបដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃឲ្យធ្វើ កាត់ (នូវអវយវៈ​ មានដៃជាដើម) របស់អ្នកដទៃដោយខ្លួនឯង ឬប្រើ​អ្នក​ដទៃ​ឲ្យកាត់ បៀតបៀន​គេដោយខ្លួនឯង ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន ធ្វើអ្នកដទៃ​ឲ្យ​សោកសៅ​ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យ​ធ្វើឲ្យគេសោកសៅ ធ្វើអ្នកដទៃឲ្យលំបាក​ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ​ឲ្យគេលំបាក អន្ទះអន្ទែង​ដោយខ្លួនឯង ឬធ្វើគេ​ឲ្យ​អន្ទះអន្ទែង សម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាន់យកនូវទ្រព្យ ដែល​គេ​មិនបានឲ្យ កាត់នូវទីត (នៃផ្ទះ) ប្លន់នូវពួក​អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះ១ ឈរចាំក្បែរ​ផ្លូវ (ដើម្បី​ដណ្តើមយកទ្រព្យ) លួចប្រពន្ធនៃបុគ្គលដទៃ ពោលពាក្យកុហក ឈ្មោះថា មិនបាន​ធ្វើ​បាបទេ មួយទៀត បើបុគ្គលណា ធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឲ្យមានគំនរសាច់​តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ ដោយគ្រឿង​ចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិត​កោរ បាបដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គល​អ្នកធ្វើនោះ)ទេ អំពើបាប ក៏​មិនឲ្យផល (ដល់បុគ្គល​នោះឡើយ) ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងស្តាំ​នៃទន្លេគង្គា​ ហើយគប្បីសម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (នូវអវយវៈ​ មានដៃ​ជា​ដើម) ដោយខ្លួនឯង ឬប្រើ​អ្នក​ដទៃ​ឲ្យកាត់ បៀតបៀន​គេដោយខ្លួនឯង ឬប្រើអ្នកដទៃ​ឲ្យបៀត​បៀន បាបដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គល​អ្នកធ្វើនោះ)ទេ អំពើ​បាប ក៏​មិនឲ្យផល (ដល់បុគ្គល​នោះឡើយ) ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងឆ្វេង​នៃ​ទន្លេ​គង្គា​ ហើយឲ្យទាន​ដោយខ្លួនឯង ឬប្រើអ្នកដទៃ​ឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នក​ដទៃ​ឲ្យបូជា បុណ្យដែល​មានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គល​អ្នកធ្វើនោះ)ទេ អំពើ​បុណ្យ​មិនឲ្យផល (ដល់បុគ្គលនោះឡើយ) បុគ្គលធ្វើកុសលដោយឲ្យទាន ដោយទូន្មាន​នូវ​ឥន្ទ្រិយ ដោយសង្រួម​កាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យដែលមានអំពើ​នោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបុណ្យ មិនឲ្យផល (ដល់​បុគ្គល​នោះ​ឡើយ) បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររក​ផល​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរ​ជាដោះស្រាយ ដោយអកិរិយវាទ (ពោលឃាត់អំពើបុណ្យបាប) បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពី​ដើម​ខ្នុរសម្ល បែរជាប្រាប់នូវ​ដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររក​ផល​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ បែរ​ជាដោះស្រាយ ដោយអកិរិយវាទទៅវិញ ក៏ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលដូចជាអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះបូរណកស្សបឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបានឃាត់ហាម មានសេចក្តី​តូចចិត្ត តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[៩៥] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គ​​ចូល​ទៅ​រក​គ្រូឈ្មោះមក្ខលិគោសាល លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះ​សំណាល​ជាមួយនឹងគ្រូឈ្មោះមក្ខលិគោសាល លុះបញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យ​ដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​បានអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីសមគួរ​ហើយ ក៏ផ្តើមពាក្យសួរ​ដូច្នេះ ទៅនឹងគ្រូឈ្មោះ​មក្ខលិគោសាលថា បពិត្រលោកគោសាលដ៏ចំរើន ដូចជា​សិល្បៈ​សម្រាប់​បង្កើត​​ផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកគោសាលដ៏ចំរើន លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូច​យ៉ាង​​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំ​ព្រះអង្គ​សួរ​យ៉ាង​នេះ​ហើយ គ្រូឈ្មោះមក្ខលិគោសាល បានពោលពាក្យដូច្នេះមកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ ហេតុបច្ច័យ​នាំឲ្យសៅហ្មង ដល់សត្វទាំងឡាយ​មិនមានទេ សត្វទាំងឡាយ រមែងសៅហ្មងដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ​នាំឲ្យ​បរិសុទ្ធដល់សត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែង​បរិសុទ្ធ​ដោយ​ឥត​ហេតុ ឥត​បច្ច័យ អំពើ​របស់ខ្លួន [អដ្ឋកថា ថា សត្វទាំងឡាយ​បានអត្តភាព​ជាទេវតាក្តី ជាមារក្តី ជាព្រហ្មក្តី ជាសាវកពោធិក្តី ជាបច្ចេកពោធិក្តី ជាសព្វញ្ញុតញ្ញាណក្តី ដោយកុសលកម្ម​ដែល​ខ្លួនបាន​ធ្វើ ឈ្មោះថា អំពើរបស់​ខ្លួន។]ក៏​មិនមាន អំពើរបស់​អ្នកដទៃ [សត្វទាំងឡាយ​បាននូវគុណធម៌ មានរូបល្អក្នុងអត្តភាពជាមនុស្សរហូតដល់​ព្រះអរហត្ត ជាទីបំផុត ក៏ព្រោះ​អាស្រ័យនឹងពាក្យទូន្មាន ប្រៀនប្រដៅរបស់អ្នកដទៃ ឈ្មោះថា អំពើ​របស់អ្នក​ដទៃ។] ក៏មិនមាន អំពើរបស់បុរស [សត្វទាំងឡាយ បានសម្បត្តិដ៏ប្រសើរ ដោយអំពើ​ និងព្យាយាមរបស់បុរស ឈ្មោះថា អំពើរបស់បុរស។] ក៏មិនមាន កម្លាំង​ក៏មិនមាន ព្យាយាម​ក៏មិនមាន កម្លាំងរបស់បុរស​ក៏មិនមាន សេចក្តីសង្វាត​របស់​បុរស [ពាក្យទាំង​៥នេះ ជាពាក្យផ្លាស់ប្តូរគ្នា មានសេចក្តី​ដូចគ្នា​តែម្យ៉ាង។] ក៏មិនមាន សត្វទាំងអស់ (មានសត្វឱដ្ឋ គោ លា ជាដើម) បាណៈ​ទាំងអស់ [សត្វដែលមានឥន្ទ្រិយ១ គឺរូបជីវិតិន្ទ្រិយ បានដល់អសញ្ញីសត្វ សត្វដែលមានឥន្ទ្រិយ២ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ បានដល់​រូបព្រហ្ម១៤ជាន់​​ វៀរលែង​អសញ្ញីព្រហ្មចេញ។] ភូតទាំងអស់ (មានសត្វកើតក្នុងស្រោម​ស៊ុត​ជាដើម) ជីវៈ គឺធញ្ញជាតិទាំងអស់ ឥតមានអំណាច ឥតមានកម្លាំង ឥតមាន​ព្យាយាម (ក្នុងការធ្វើឲ្យសៅហ្មង​ ឬបរិសុទ្ធ) មានសេចក្តីប្រែប្រួលដោយ​និយតិ និងសង្គតិ និង​សភាវៈ [សេចក្តីជិតស្និទ្ធ មិនបែកធ្លាយ ប្រៀបដូចដុំកែវមណី ដែលមិនប្រេះឆា ឈ្មោះថា និយតិ។ ការត្រាច់រង្គាត់ទៅក្នុងអភិជាតិទាំង​៦ ឈ្មោះថា សង្គតិ។ ធម្មតាដែលកើតឡើងដូច​ៗគ្នា ឈ្មោះថាសភាវៈ ប្រៀបដូចបន្លា ដែលស្រួចឯង ផ្លែក្វិដ្ឋ មានសណ្ឋានមូលដោយខ្លួនឯង សត្វម្រឹគ បក្សីទាំងពួង មានរូបរាងវិចិត្រផ្សេងៗ ដោយ​ធម្មតាឯង យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលទៅជាដូច្នោះៗ មិនបាច់​អាស្រ័យហេតុបច្ច័យឡើយ ប្រៀបដូចបន្លាជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។] តាំងនៅ​ក្នុងអភិជាតិទាំង៦ ហើយរមែងទទួលសុខ និងទុក្ខ បពិត្រមហារាជ ឯកំណើត​ដែល​ជាប្រធាន [មានកំណើតមនុស្ស តិរច្ឆាន ក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម។] មានចំនួន​១លាន ៤សែន ៦ពាន់ ៦រយ ទាំងនេះក្តី កម្មទាំង៥០០ក្តី កម្មទាំង​៥ក្តី កម្មទាំង៣ក្តី កម្ម គឺកាយកម្ម និងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង៦២ក្តី អន្តរកប្ប [អដ្ឋកថា ថា ក្នុងមហាកប្ប១ មានអន្តរកប្ប៦៤ តែគ្រូឈ្មោះ​មក្ខលិគោសាល មិនដឹង​ដូច្នោះទេ បានជាពោលថា ៦២។] អភិជាតិ [​ឯអភិជាតិទាំង៦នោះ គឺកណ្ហាភិជាតិ (ជាតិ​ខ្មៅ) បានដល់ព្រានម្រឹគ ព្រានបក្សីជាដើម១ នីលាភិជាតិ (ជាតិខៀវ) បានដល់ភិក្ខុ​ដែល​បួសក្នុង​ព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់ពួកនិគ្រណ្ឋ១ ហលិទ្ទាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់ពួកអចេលកសាវ័ក១ សុក្កាភិជាតិ (ជាតិ​ស) បានដល់ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់ជនជានន្ទគោត្រ និងវច្ឆគោត្រ ជាដើម១។] ទាំង៦ បុរិសភូមិ [ឯបុរិសភូមិទាំង៨នោះ គឺមន្ទភូមិ (កាលដែល​នៅល្ងង់ខ្លៅ) បានដល់ទារកដែលទើប​ប្រសូតមកបាន៧ថ្ងៃ នៅល្ងង់វង្វេង១ ខិឌ្ឌាភូមិ (កាល​ដែលមានល្បែង) បានដល់ទារកមកអំពីទុគ្គតិយំស្រែកច្រើន ឬទារកដែលមក​ពី​សុគតិ រលឹកឃើញ​សុគតិហើយ សើចរីករាយសប្បាយច្រើន១ បទវីមំសភូមិ (កាលទើប​រៀនដើរ) បានដល់ទារកដែលទើបចេះកាន់ដៃមាតាបិតារៀនដើរ១ ឱជុគតភូមិ (កាលដែល​ដើរត្រង់បាន) បានដល់ទារកដែលចេះដើររឹងប៉ឹងហើយ១ សេក្ខភូមិ (កាលដែល​សិក្សាសិល្បៈ)១ សមណភូមិ (កាលដែលចេញបួស)១ ជិនភូមិ (កាលដែល​រៀនសិល្បៈ​អំពី​សំនាក់​អាចារ្យចេះដឹង​ស្រេចហើយ)១ បន្នភូមិ (កាលបួសហើយ ត្រាច់​ទៅ​បិណ្ឌបាត ឬប្រតិបត្តិធម៌ ឬចាស់គ្រាំគ្រា)១។]​ទាំង៨ ពួកអាជីវកៈទាំង​១៤៩ ពួកបរិព្វាជកទាំង​១៤៩ លំនៅនៃនាគទាំង​១៤៩ ឥន្ទ្រិយទាំង​១២០ នរកទាំង​១៣០ ធាតុ​ដែលប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) ទាំង​៣៦ពួក គភ៌នៃសត្វដែល​មាន​សញ្ញា [សត្វដែលមានសញ្ញា៧នោះ គឺឱដ្ឋ១ គោ១ លា១ ពពែ១ សត្វចិញ្ចឹម១ ម្រឹគ១ ក្របី១។] ទាំង​៧ពួក គភ៌ (នៃធញ្ញជាតិ) ដែលគ្មាន​សញ្ញ [ធញ្ញជាតិ៧នោះ គឺ​ស្រូវសាលី១ ស្រូវខ្សាយ១ ស្រូវដំណើប១ ស្រងែ១ កន្ទុយដំរី១។ ស្គួយ១ គែលលក១។] ទាំង៧ ពួកគភ៌​នៃជាតិ​ដែលដុះអំពីថ្នាំង (មានអំពៅជាដើម) ទាំង៧ ពួកទេវតាទាំង៧ ពួកមនុស្សទាំង​៧ ពួកបិសាចទាំង៧ ស្រះទាំង៧ រអាងភ្នំទាំង៧ រអាងភ្នំ​ទាំង​៧០០ ជ្រោះធំទាំង៧ ជ្រោះ​តូច​ទាំង​៧០០ សុបិនធំទាំង៧ សុបិន​តូចទាំង៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសំសារ) អស់កាលចំនួន៨លានចុល្លមហាកប្បហើយ នឹងធ្វើ​នូវ​ទី​បំផុតនៃទុក្ខបាន បុគ្គល​កំណត់ទុកថា អាត្មាអញនឹងញុំាង​កម្មដែល​មិនទាន់ចាស់ ឲ្យ​ចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មដែលចាស់ស្រាប់ហើយ ៗធ្វើឲ្យអស់​ទៅផង ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ក្នុង​កប្បទាំងឡាយនោះ មិនមានឡើយ សេចក្តីសុខទុក្ខ ដែល​ធ្វើឲ្យមានទីបំផុត ដូចគេ​វាល់​របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិនមានក្នុងសំសារវដ្ត ដោយប្រការយ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃ​សំសាររបស់​ជនជាបណ្ឌិត) និងសេចក្តីចំរើន (នៃសំសាររបស់ជន​ពាល) មិនមានឡើយ សេចក្តីលូតលាស់ឡើង និងសេចក្តីរេចរិល មិនមានឡើយ ប្រៀប​ដូចរមូរនៃអម្បោះ ដែលគេបោះ​ចោលទៅ រសាយអស់ (ត្រឹមតែកំណត់​អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសំសារ) (អស់កំណត់នេះហើយ) នឹងធ្វើនូវ​ទីបំផុតនៃទុក្ខបានដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះ​មក្ខលិគោសាល កាលខ្ញុំព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរ​ជា​ដោះ​ស្រាយ នូវសេចក្តី​បរិសុទ្ធនៃសំសារទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គល​ដែល​គេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពី​ដើម​ខ្នុរសម្ល បែរ​ជា​ប្រាប់​នូវ​ដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះមក្ខលិគោសាល កាលដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ បែរ​ជាដោះ​ស្រាយ នូវសេចក្តីបរិសុទ្ធ នៃសំសារទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះមក្ខលិគោសាលឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបានឃាត់ហាម ក៏មាន​សេចក្តី​​តូចចិត្ត តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិន​បាន​យកចិត្តទុកដាក់នឹងវាចានោះទេ ហើយក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[៩៦] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គ​​ចូល​ទៅ​រក​គ្រូឈ្មោះអជិតកេសកម្ពល លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះ​សំណាល​ជាមួយនឹងគ្រូឈ្មោះអជិតកេសកម្ពល លុះបញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យ​ដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​បានអង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរ​ហើយ ក៏ផ្តើមពាក្យសួរ​ដូច្នេះ ទៅ​នឹងគ្រូឈ្មោះ​អជិតកេសកម្ពលថា បពិត្រលោកអជិតដ៏ចំរើន ដូចជា​សិល្បៈ​សម្រាប់​បង្កើត​​​ផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកអជិតដ៏ចំរើន លោក​ម្ចាស់អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូច​យ៉ាង​​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំ​ព្រះអង្គ​សួរ​យ៉ាង​នេះ​ហើយ គ្រូឈ្មោះអជិតកេសកម្ពល ក៏បានពោលពាក្យដូច្នេះ នឹងខ្ញុំព្រះអង្គថា បពិត្រ​មហារាជ ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជា​តូច [អដ្ឋកថា ថា គ្រឿង​សក្ការៈ ដែលគេធ្វើដល់ភ្ញៀវ។] មិនមានផល ផល និងវិបាក [ផល​ដែល​ហូរមក​លើសលុប ហៅថា ផល ផលដែលប្រហែល​នឹងកម្ម ដែលបុគ្គល​ធ្វើហើយ ហៅថា វិបាក។] នៃកម្មដែលបុគ្គល​ធ្វើល្អ និងអាក្រក់ មិនមានឡើយ លោកនេះ [១.២. អដ្ឋកថា ថា លោកនេះមិនមានដល់សត្វដែល​ឋិត​នៅក្នុងលោកខាងមុខ លោកខាងមុខ មិនមានដល់​សត្វដែលឋិត​នៅក្នុងលោកនេះ សត្វទាំងឡាយ កើតនៅក្នុងទីណា លុះ​ច្យុត​ហើយ ក៏សូន្យទៅក្នុងទីនោះ មិនកើតទៀតឡើយ។] មិនមាន លោកខាងមុខ [២] មិនមាន ប្រតិបត្តិខុស ឬត្រូវក្នុងមាតា មិនមានផល (បុណ្យ​បាប) ការប្រតិបត្តិខុស ឬត្រូវ​ក្នុងបិតា មិនមានផល (បុណ្យបាប) សត្វជាឱបបាតិកៈកំណើត មិនមាន សមណៈ និងព្រាហ្មណ៍​ទាំងឡាយ ដែលមានសេចក្តីព្រមព្រៀងគ្នា ប្រតិបត្តិដោយប្រពៃ ធ្វើឲ្យជាក់ច្បាស់ ព្រោះ​ត្រាស់​ដឹងដោយខ្លួនឯង ហើយសំដែងនូវ​លោកនេះ និងលោកខាងមុខ ក៏មិនមាន​ក្នុង​លោកឡើយ បុរសនេះ ប្រកបដោយ​មហាភូតរូប៤ លុះទទួលមរណកាល ក្នុងវេលាណា បឋវីធាតុខាងក្នុង ក៏ទៅជាបឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ទៅជាអាបោធាតុ​ខាងក្រៅ តេជោធាតុខាងក្នុង ក៏ទៅជាតេជោធាតុខាងក្រៅ វាយោធាតុ​ខាងក្នុង ក៏ទៅជា​វាយោធាតុ​ខាងក្រៅ ឥន្ទ្រិយ (ទាំង៦) ក៏រសាត់អណ្តែត​ទៅកាន់អាកាស ពួកបុរស (ទាំង​៤នាក់) មានគ្រែជាគំរប់៥ សែងយកបុរសដែលស្លាប់ទៅនោះ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់​ត្រឹមឈាបនដ្ឋានប៉ុណ្ណោះ សល់នៅតែឆ្អឹង មានសម្បុរ (ប្រផេះ) ដូចស្លាបនៃសត្វព្រាប ឯគ្រឿង​សក្ការបូជា មានផេះជាទីបំផុត ទាននេះ ពួក​មនុស្សពាលកំឡៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណាពោល​ពាក្យថា អំពើ មានទានជាដើម មានផល ពាក្យរបស់​ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជន​ជាបណ្ឌិតក្តី លុះបែកធ្លាយ​រាងកាយទៅ រមែង​ដាច់សូន្យ បាត់ទៅ មិនកើតទៀត ខាងមុខ​អំពីសេចក្តីស្លាប់ឡើយ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះ​អជិតកេសកម្ពល កាលបើ​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយ​ប្រការ​ដូច្នេះ​ហើយ ក៏បែរ​ជា​ដោះ​ស្រាយ ដោយឧច្ឆេទវាទ (ពោលថាសត្វស្លាប់ទៅសូន្យ ឥត​មានកើតទៀត) ទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គល​ដែល​គេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពី​ដើម​ខ្នុរសម្ល ក៏បែរ​ជា​ប្រាប់​នូវ​ដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះអជិតកេសកម្ពល កាលដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរ​ជាដោះ​ស្រាយ ដោយឧច្ឆេទវាទទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះអជិតកេសកម្ពលឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបានឃាត់ហាម ក៏មាន​សេចក្តី​​តូចចិត្ត តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិន​បាន​យកចិត្តទុកដាក់នឹងវាចានោះទេ ក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[៩៧]បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គ​​ចូល​ទៅ​រក​គ្រូឈ្មោះបកុធកច្ចាយនៈ លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះ​សំណាល​​ជាមួយនឹងគ្រូឈ្មោះបកុធកច្ចាយនៈ លុះបញ្ចប់​នូវពាក្យ​ដែលគួររីករាយ និង​ពាក្យ​​ដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​អង្គុយក្នុងទីដ៏សមគួរ បពិត្រ​ព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរ​ហើយ ក៏ផ្តើមពាក្យសួរ​ដូច្នេះ ទៅ​នឹង​គ្រូឈ្មោះ​បកុធកច្ចាយនៈថា បពិត្រលោកម្ចាស់កច្ចាយនៈដ៏ចំរើន ដូចជា​សិល្បៈ​សម្រាប់​បង្កើត​​​ផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកកច្ចាយនៈដ៏ចំរើន លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល ​នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូច​យ៉ាង​​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំ​ព្រះអង្គ​សួរ​យ៉ាង​នេះ​ហើយ គ្រូឈ្មោះបកុធកច្ចាយនៈ បានឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រ​មហារាជ កាយគឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មត​ដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាវៈអា (គ្មានពូជតទៅទៀត) តាំងនៅ​ដូចជា​កំពូលភ្នំ ឋិតនៅមាំដូច​ជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀត​បៀន​នូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យ​បានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំង​ទុក្ខទេ ឯកាយ គឺពួកទាំង៧ ដូចម្តេចខ្លះ គឺពួកធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួក​ធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ ជាគំរប់៧ កាយគឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មានវិធីធ្វើកើត គ្មាននរណានិមិ្មត​ដោយឫទ្ធិបាន គ្មាន​នរណា​សាង​កើត ជាសភាវៈអា តាំងនៅ​ដូចជា​កំពូលភ្នំ ឋិតនៅមាំដូច​ជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀត​បៀន​នូវគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យ​បានសុខ ឬឲ្យបានទុក្ខ ឬទាំងសុខ ទាំង​ទុក្ខទេ បុគ្គលសម្លាប់​ដោយខ្លួនឯងក្តី​ ប្រើគេ​ឲ្យសម្លាប់ក្តី ស្តាប់​ខ្លួនឯងក្តី ញុំាង​គេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងអ្នកដទៃ​ឲ្យដឹងច្បាស់ក្តី មិនមាន​ក្នុងកាយទាំងនោះឡើយ ទុកជាបុគ្គលនោះ កាត់សីសៈដោយសស្ត្រាដ៏មុត ក៏​ឈ្មោះថា គ្មានអ្នកណាផ្តាច់ផ្តិលអ្នកណាចាកជីវិតបាន ឯសស្ត្រា គ្រាន់តែចូលទៅ​តាម​ចន្លោះ​នៃកាយទាំង៧ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះ​បកុធកច្ចាយនៈ កាល​បើ​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយ​ប្រការ​​ដូច្នេះ​ហើយ ក៏បែរ​ជា​ដោះ​ស្រាយ ដោយរឿងដទៃផ្សេងទៅវិញ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ប្រៀបដូចបុគ្គល​ដែល​គេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេ​សួរ​ពី​​ដើម​ខ្នុរសម្ល បែរ​ជា​ប្រាប់​នូវ​ដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះ​បកុធកច្ចាយនៈ កាលដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ ក៏បែរ​ជាដោះ​ស្រាយ ដោយរឿងដទៃ​ផ្សេងទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជា​បុគ្គល​គួរ​បៀត​បៀនសោះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះបកុធកច្ចាយនៈឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបាន​ឃាត់​ហាម ក៏មាន​សេចក្តី​​តូចចិត្តដែរ តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិន​បាន​យកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោក​ចាកអាសនៈ ចៀស​ចេញទៅ។

[៩៨] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គ​​ចូល​ទៅ​រក​គ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះ​សំណាល​​ជាមួយនឹងគ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះបញ្ចប់​នូវពាក្យ​ដែលគួររីករាយ និង​ពាក្យ​​ដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​អង្គុយក្នុងទីដ៏សមគួរ បពិត្រ​ព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរ​ហើយ បានផ្តើមពាក្យសួរ​ដូច្នេះ នឹង​គ្រូឈ្មោះ​និគណ្ឋនាដបុត្តថា បពិត្រលោកអគ្គិវេស្សនៈដ៏ចំរើន ដូចជា​សិល្បៈ​សម្រាប់​បង្កើត​​​​ផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកអគ្គិវេស្សនៈដ៏ចំរើន លោក​ម្ចាស់​អាច​នឹង​បញ្ញត្ត​នូវ​ផល ​នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូច​យ៉ាង​​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំ​ព្រះអង្គ​សួរ​យ៉ាង​នេះ​ហើយ គ្រូឈ្មោះនិគណ្ឋនាដបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំ​ព្រះអង្គ​ថា បពិត្រ​មហារាជ ក្នុងលោកនេះនិគ្រណ្ឋ បានសង្រួមដោយការសង្រួម មាន៤ចំណែក បពិត្រមហារាជ និគ្រណ្ឋដែលបានសង្រួម ដោយការសង្រួម​មាន៤ចំណែក (នោះ) តើដូច​ម្តេចខ្លះ បពិត្រមហារាជ និគ្រណ្ឋ​ក្នុងលោកនេះ ឃាត់ហាមទឹកទាំងពួង [អដ្ឋកថា ថា ហាម​ឃាត់ទឹកត្រជាក់គ្រប់មុខ ដោយសំគាល់ថា ក្នុងទឹកត្រជាក់ មានសត្វ មិនគួរ​ប្រើប្រាស់​ឡើយ។]១ ប្រកបដោយទឹកទាំងពួង [ប្រកបដោយ​ការរាំងផ្លូវ​បាប​ទាំងពួង។ ដីកាថា ប្រកបដោយ​ការសង្រួម​គ្រប់ប្រការ។]១ កំចាត់បាប ដោយទឹកទាំងពួង [កំចាត់​បាប ដោយការរាំងផ្លូវបាបទាំងពួង។]១ ប្រោះព្រំ​ដោយទឹកទាំងពួង [ប្រោះព្រំដោយការ​រាំង​ផ្លូវបាបទាំងពួង (តាមន័យនៃអដ្ឋកថា និងដីកា ត្រង់ពាក្យថាទឹកៗ ក្នុងខទី២-៣-៤នោះ ជាឈ្មោះនៃការរាំងផ្លូវបាប។]១ បពិត្រមហារាជ និគ្រណ្ឋបានសង្រួម ដោយការ​សង្រួម មាន៤ចំណែកយ៉ាងនេះឯង បពិត្រមហារាជ កាលណានិគ្រណ្ឋបានសង្រួម ដោយ​ការសង្រួម​៤ចំណែក​យ៉ាងនេះ បពិត្រមហារាជ និគ្រណ្ឋនេះ គេហៅថា អ្នកមាន​ខ្លួន​ដល់នូវទីបំផុតផង មានខ្លួនសង្រួមហើយផង មានខ្លួន​នៅដោយល្អផង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឯគ្រូឈ្មោះ​និគណ្ឋនាដបុត្ត កាល​ដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយ​ប្រការ​​ដូច្នេះ​ហើយ ក៏បែរ​ជា​ដោះ​ស្រាយ ទៅរក​ការសង្រួម​មាន៤ចំណែកទៅវិញ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ប្រៀបដូចបុគ្គល​ដែល​គេសួរ​ពី​ដើម​ស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេ​សួរ​ពី​​ដើម​ខ្នុរសម្ល បែរ​ជា​ប្រាប់​នូវ​ដើម​ស្វាយ​វិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះ​និគណ្ឋនាដបុត្ត កាលដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ក៏បែរ​ជាដោះ​ស្រាយ ទៅរក​ការសង្រួម​មាន៤ចំណែកទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មាន​សេចក្តីរិះគិតដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជា​បុគ្គល​គួរ​បៀត​បៀនសោះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះនិគណ្ឋនាដបុត្តឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបាន​ឃាត់​ហាម ក៏មាន​សេចក្តី​​តូចចិត្តដែរ តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិន​បាន​យកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោក​ចាកអាសនៈ ចៀស​ចេញទៅ។

[៩៩] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យ​មួយ ខ្ញុំព្រះអង្គ​​ចូល​ទៅ​រក​គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះ​សំណាល​​នឹងគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត លុះបញ្ចប់​នូវពាក្យ​ដែលគួររីករាយ និង​ពាក្យ​​ដែលគួរ​រលឹក ល្មម​ឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏​អង្គុយក្នុងទីដ៏សមគួរ បពិត្រ​ព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរ​ហើយ បានផ្តើមពាក្យសួរ​ដូច្នេះ ទៅ​នឹង​គ្រូឈ្មោះ​សញ្ជយវេលដ្ឋបុត្តថា បពិត្រលោកសញ្ជ័យដ៏ចំរើន ដូចជា​សិល្បៈ​សម្រាប់​បង្កើត​​​ផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកសញ្ជ័យដ៏ចំរើន លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល ​នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូច​យ៉ាង​​ផល​សិល្បៈ​នោះ​បាន​ដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំ​ព្រះអង្គ​សួរ​យ៉ាង​នេះ​ហើយ គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត ឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បើមហារាជ​សួរអាត្មាថា លោកខាងមុខមានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា លោកខាង​មុខ​មាន អាត្មាគប្បីដោះស្រាយនូវ​ហេតុនោះ ដល់​ព្រះអង្គថា លោកខាងមុខ​មាន ឯ​សេចក្តី​យល់ឃើញ​របស់​អាត្មាថា យ៉ាងនេះក៏មិនមែន [អដ្ឋកថា ថា ពាក្យថាយ៉ាងនេះក៏មិនមែន ជាពាក្យឃាត់អាការសួរណាៗ ដែលមិនមាន​ទីកំណត់។] សេចក្តីយល់ឃើញរបស់​អាត្មាថា យ៉ាងនោះក៏មិនមែន [ពាក្យថា យ៉ាងនោះក៏មិនមែន ជាពាក្យឃាត់​សស្សតវាទ គឺ​ពាក្យថា លោកទៀង។] សេចក្តីយល់ឃើញរបស់​អាត្មាថា យ៉ាងដទៃក៏មិនមែន [ពាក្យថា យ៉ាងដទៃក៏មិនមែន ជាពាក្យឃាត់​ឯកច្ចសស្សតឯកច្ចអសស្សតវាទ គឺពាក្យថា លោកទៀង​ខ្លះ មិនទៀងខ្លះ។] សេចក្តីយល់ឃើញរបស់​អាត្មាថា មិនមែនក៏ទេ [ពាក្យថា មិនមែនក៏ទេ ជាពាក្យឃាត់ឧច្ឆេទវាទ គឺពាក្យថា សត្វស្លាប់ទៅសូន្យ មិនកើតទៀត។] សេចក្តីយល់ឃើញរបស់​អាត្មាថា មិនមែនទេ ក៏មិនមែនដែរ [ពាក្យថា មិនមែនទេ ក៏មិនមែនដែរ ជាពាក្យឃាត់តក្កីវាទ គឺពាក្យថា សត្វស្លាប់ទៅមិនមែនជាមាន មិនមែន​ជាគ្មាន។] (សេចក្តីយល់ឃើញរបស់​អាត្មាថា) លោកខាងមុខមិនមាន លោកខាងមុខ​ មានខ្លះ មិនមានខ្លះ លោកខាងមុខ មានក៏មិនមែន មិនមានក៏មិនមែន ពួកសត្វជា​ឱបបាតិកៈមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសត្វជាឱបបាតិកៈមានខ្លះ មិនមាន​ខ្លះ ពួកសត្វជាឱបបាតិកៈ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជសួរអាត្មាថា ផលវិបាកនៃកម្ម ដែល​បុគ្គលធ្វើ​ល្អ និងធ្វើអាក្រក់មានដែរឬ បើសេចក្តីយល់ឃើញ​របស់អាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មាន អាត្មាគប្បីដោះ​ស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ផលវិបាកនៃកម្ម ដែលបុគ្គល​ធ្វើល្អ និងធ្វើអាក្រក់​មាន ផលវិបាកនៃកម្ម ដែលបុគ្គល​ធ្វើល្អ និងធ្វើអាក្រក់​មិនមាន ផលវិបាកនៃកម្ម ដែលបុគ្គល​ធ្វើល្អ និងធ្វើអាក្រក់​ មានខ្លះ មិនមានខ្លះ ផលវិបាកនៃកម្ម ដែលបុគ្គល​ធ្វើល្អ និងធ្វើអាក្រក់​ មាន​ក៏មិនមែន មិនមានក៏មិនមែន បើមហារាជ សួរអាត្មាថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វមិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ សត្វ​កើតទៀតខ្លះ​ មិនកើតទៀតខ្លះ ខាងមុខអំពីសេចក្តីស្លាប់ សត្វ​កើតទៀតក៏មិនមែន មិនកើត​ទៀតក៏មិនមែនដូច្នេះឬ បើសេចក្តីយល់ឃើញ​របស់អាត្មា​ថា ខាងមុខ​អំពី​សេចក្តី​ស្លាប់ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន អាត្មាគប្បីដោះស្រាយនូវហេតុ​នោះ ដល់ព្រះអង្គថា ខាងមុខអំពីសេចក្តីស្លាប់ សត្វកើត​ទៀត​ក៏មិនមែន មិនកើតទៀតក៏​មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនេះ ក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថាយ៉ាងនោះ ក៏មិនមែន សេចក្តីយល់ឃើញ​របស់​អាត្មាថាយ៉ាងដទៃក៏មិនមែន សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រូ​ឈ្មោះ​សញ្ជ័យវេលដ្ឋបុត្ត កាល​បើ​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញ​ច្បាស់ ដោយខ្លួនឯង ដោយ​ប្រការ​​ដូច្នេះ​ហើយ ក៏បែរ​ជា​ដោះ​ស្រាយបន្លែបន្លប់ទៅវិញ បពិត្រ​​ព្រះអង្គ​ដ៏​ចំរើន ប្រៀបដូចបុគ្គល​ដែល​គេសួរ​ពី​ដើម​ស្វាយ បែរជាប្រាប់នូវដើម​ខ្នុរសម្ល​វិញ ឬគេ​សួរ​ពី​​ដើម​ខ្នុរសម្ល បែរ​ជា​ប្រាប់​នូវ​ដើមស្វាយ​វិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្ត កាលដែល​ខ្ញុំ​ព្រះអង្គ សួររក​ផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ក៏បែរ​ជាដោះ​ស្រាយ បន្លែបន្លប់ទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្តីត្រិះរិះដូច្នេះថា គ្រូ​ឈ្មោះ​សញ្ជយវេលដ្ឋបុត្ត​នេះឯង ល្ងង់ជ្រុល វង្វេងជ្រុល ជាងសមណៈ និងព្រាហ្មណ៍​ទាំង​ឡាយ ពួកនេះ កាលបើអញសួរត្រង់ផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់​ដោយខ្លួនឯង​ហើយ មិនសមបើទៅដោះស្រាយបន្លែបន្លប់សោះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អាន​សមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យ​ក្នុងដែន ដែលជាបុគ្គលគួរ​បៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិត​របស់​គ្រូ​ឈ្មោះសញ្ជយវេលដ្ឋបុត្តឡើយ លុះខ្ញុំព្រះអង្គ​មិនបានត្រេកអរ មិនបាន​ឃាត់​ហាម ក៏មាន​សេចក្តី​​តូចចិត្តដែរ តែមិនបានបញ្ចេញ​វាចា សំដែង​នូវសេចក្តី​តូចចិត្ត មិនបាន​កាន់តាម មិន​បាន​យកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោក​ចាកអាសនៈ ចៀស​ចេញទៅ។

[១០០] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរចំពោះ​ព្រះមានព្រះភាគ សូម​ទ្រង់​ព្រះមេត្តាប្រោស ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើន​ទាំងនេះ បានដល់សិល្បៈរបស់បុគ្គលនោះៗ គឺសិល្បៈរបស់​​បុគ្គលអ្នកកាន់ការខាងដំរី អ្នក​កាន់​ការ​ខាង​សេះ អ្នកកាន់ការខាងរថ ពួកខ្មាន់ធ្នូ ពួក​អ្នក​កាន់ទង់ជ័យ (មុខ) ពួកអ្នកចាត់ទ័ព ពួកអ្នក​បញ្ជូនស្បៀង ពួកព្រះរាជបុត្តអ្នកពុះពារ (លុកចូលក្នុង​សង្គ្រាម) ពួកអ្នក​ស្ទុះចូល​ទៅ​ក្នុងសង្គ្រាម (អ្នកយកអាសា) ពួកយោធាអ្នកអង់អាច ពួកសេនាអ្នកក្លៀវក្លា ពួក​យោធា​​អ្នកពាក់អាវក្រោះ ពួកកូននៃជនជាទាសៈ (ដែលជាទី​ស្រឡាញ់​នៃចៅហ្វាយ​នាយ) ពួកអ្នកធ្វើនំ ពួកជាងកោរកាត់ ពួកអ្នកផ្ងូតទឹក ពួក​អ្នក​ធ្វើអាហារ ពួកជាង​ក្រងផ្កា ពួកជាងជ្រលក់ ពួកជាងតម្បាញ ពួកជាង​ត្បាញផែង ពួក​​ស្មូនឆ្នាំង ពួកអ្នកចេះ​លេខ​នព្វន្ត ពួកអ្នកចេះរាប់ដោយម្រាមដៃទទេ ពុំនោះសោត សិល្បៈសម្រាប់បង្កើតផល មាន​ប្រមាណ​ច្រើនឯណានីមួយដទៃទៀត ដែលមានបែប​យ៉ាង​នេះក្តី បុគ្គល​ទាំងនោះ រមែង​ចិញ្ចឹមជីវិតអាស្រ័យ​នូវផលរបស់សិល្បៈ ដែលឃើញ​ច្បាស់​ដោយខ្លួនឯងក្នុងបច្ចុប្បន្ន បុគ្គលទាំង​នោះ រមែងធ្វើនូវខ្លួនឲ្យដល់​នូវសេចក្តីសុខ ឲ្យពេញលេញ (ដោយកម្លាំងកាយ កម្លាំង​ប្រាជ្ញា) រមែងធ្វើមាតាបិតា ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើនូវកូន និងប្រពន្ធ ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងធ្វើមិត្តអាមាត្យ ឲ្យដល់នូវ​សេចក្តី​សុខ ឲ្យពេញលេញ រមែងញុំាង​ទក្ខិណាទាន ដែល​មានផលដ៏ខ្ពស់ ជាទាន​គួរដល់​កិរិយា​កើត​ក្នុង​​ស្ថានសួគ៌ ជាទានមានផលនាំមក​នូវ​សេចក្តីសុខ ជាទានញុំាង​ធម៌ទាំង១០​ដ៏​ប្រសើរ ឲ្យប្រព្រឹត្តទៅដោយល្អ ឲ្យតម្កល់​នៅក្នុងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ដោយ​សិល្បៈ​នោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ​អាច​នឹងបញ្ញត្តនូវផល​នៃ​សមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង​ក្នុងបច្ចុប្បន្ន ដូចយ៉ាង​ផលសិល្បៈ​នោះ​បានដែរឬ។ ព្រះអង្គ ទ្រង់​ត្រាស់ថា បពិត្រមហារាជ តថាគតអាច (បញ្ញត្តបាន) បពិត្រ​មហារាជ បើដូច្នោះ តថាគត សូមសួរមហារាជ ក្នុងហេតុនោះវិញ មហារាជគាប់​ព្រះ​រាជហឫទ័យយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ។ បពិត្រមហារាជ ចុះព្រះអង្គសំគាល់នូវ​ហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) មហារាជ​មានបុរស​ជាខ្ញុំ​បម្រើ អ្នកធ្វើរាជការ ជា​អ្នកក្រោកឡើងមុន [អដ្ឋកថា ថា បុរសជាខ្ញុំបម្រើ បានឃើញម្ចាស់​មកអំពីចម្ងាយ រមែង​ក្រោកឡើងមុន ដើម្បី​ទទួលដំណើរ​ ហើយក្រាលអាសនៈ ទាំងធ្វើនូវកិច្ច ដែលគួរធ្វើ​ មានទឹក​សម្រាប់លាងជើង ជាដើម រួចទើប​ដេកក្រោយ។] និងដេកក្រោយ ជាអ្នក​ទទួលស្តាប់​ក្នុងកិច្ចការឯណានីមួយ ជាអ្នកប្រព្រឹត្តធ្វើនូវអំពើ​ជាទីគាប់ចិត្ត ជាអ្នក​ពោល​នូវ​ពាក្យ​ជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បុរសនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែក​ពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថា​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស ឯអាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែ​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់​ដោយកាមគុណ​ទាំង៥ មានគេបម្រើ ហាក់​ដូចជាទេវតា ឯអាត្មាអញ ជាខ្ញុំបម្រើ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្ត​នូវអំពើជាទីគាប់ចិត្ត ជាអ្នកពោល​នូវ​ពាក្យ​ជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) អាត្មាអញគួរធ្វើបុណ្យ ដូចជាបុណ្យ​ព្រះ​រាជានោះ បើដូច្នោះ មានតែអាត្មាអញកោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀក​ដណ្តប់​សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យ​ខាង​ក្រោយមក បុរសនោះ ក៏កោរសក់ និងពុកមាត់ ពុកចង្កាចេញ ហើយស្លៀកដណ្តប់សំពត់​កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុរសនោះ បានបួស​យ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោស​ដោយគ្រឿងបរិភោគ និងគ្រឿង​ស្លៀកដណ្តប់​ដ៏ឧត្តម ត្រេកអរចំពោះ​ទីស្ងាត់។ មានបុរស​១ពួកទៀត ក្រាបទូលមហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រ​ព្រះ​សម្មតិទេព សូមព្រះអង្គជ្រាប បុរសដែលជាខ្ញុំបម្រើ អ្នកធ្វើរាជការរបស់ព្រះអង្គ ជាអ្នក​ក្រោក​ឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការនីមួយ ជាអ្នកប្រព្រឹត្តធ្វើ​នូវ​អំពើ​ជាទីគាប់ចិត្ត ជាអ្នកពោល​នូវ​ពាក្យ​ជាទីស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) បពិត្រ​ព្រះសម្មតិទេព បុរសនោះកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ទាំង​ឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួស​យ៉ាង​នេះ​ហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោស​ដោយគ្រឿង​បរិភោគ និងគ្រឿង​ស្លៀកដណ្តប់​ដ៏ឧត្តម ត្រេកអរចំពោះ​ទីស្ងាត់។ ចុះមហារាជ គួរ​ពោល​យ៉ាងនេះថា អើ បុរសនោះត្រូវចូលមក (នៅក្នុងសំណាក់) អញវិញ ត្រូវមកធ្វើជាខ្ញុំ​បម្រើ​អញ អ្នកធ្វើរាជការ ជាអ្នកក្រោកឡើងមុន ដេកក្រោយ ជាអ្នកទទួលស្តាប់ពាក្យ ក្នុងកិច្ចការ​នីមួយ ជាអ្នកប្រព្រឹត្ត​ធ្វើនូវអំពើជាទីគាប់ចិត្ត ជាអ្នកពោល​នូវ​ពាក្យ​ជាទី​ស្រឡាញ់ ជាអ្នកបង្ហាញមុខ (ម្ចាស់) ដូច្នេះដែរឬ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែ​ថ្វាយបង្គំបុគ្គលនោះផង គួរតែក្រោកទទួល​បុគ្គលនោះផង គួរតែនិមន្តដោយអាសនៈផង គួរតែនិមន្តបុគ្គលនោះ ដោយចីវរបិណ្ឌបាត សេនាសនៈ និងគ្រឿង​បរិក្ខារ គឺថ្នាំជាបច្ច័យ​ ដល់​អ្នកមានជម្ងឺផង គួរតែចាត់ចែងនូវការ​រក្សាការពារគ្រប់គ្រង ដែលប្រកបដោយធម៌ ដល់​បុគ្គល​នោះផង។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះមហារាជ សំគាល់​ហេតុ​នោះដូចម្តេច កាលបើហេតុយ៉ាងនោះ​មានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញ​ច្បាស់​ដោយខ្លួនឯង ឈ្មោះថា មានដែរ ឬមិនមានទេ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាង​នេះ​មានហើយ ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​​ច្បាស់​ដោយខ្លួនឯង ឈ្មោះថា មាន​ដោយ​ពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រ​មហារាជ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែលឃើញ​ច្បាស់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាបឋម ដែលតថាគត អាចបញ្ញត្តដល់​មហារាជ​បាន។

[១០១] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ​អាចបញ្ញត្តនូវ​ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​​ច្បាស់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត យ៉ាង​ដូច្នោះ បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ តថាគត (អាចបញ្ញត្តបាន) បពិត្រ​មហារាជ បើដូច្នេះ តថាគត សូមសួរមហារាជ ចំពោះប្រស្នានុ៎ះវិញ មហារាជគាប់​ព្រះរាជហឫទ័យយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះយ៉ាងនោះចុះ។ បពិត្រ​មហា​រាជ ចុះព្រះអង្គសំគាល់នូវ​ហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) ព្រះអង្គ មាន​បុរស​ជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿង​ពលិការ ជា​អ្នកធ្វើគំនរ​ស្រូវ​ឲ្យចំរើន។ បុរស​នោះ ក៏មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថា​ព្រះបាទ​អជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស អាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែ​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែត​ស្កប់​ស្កល់​ដោយកាមគុណ​ទាំង៥ មានគេបម្រើ ហាក់​ដូចជាទេវតា ឯអាត្មាអញ ជាអ្នក​ភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿង​ពលិការ ជាអ្នកធ្វើគំនរ​ស្រូវ​ឲ្យចំរើន ដល់ព្រះរាជា​នោះទៅវិញ អាត្មាអញ គួរតែធ្វើបុណ្យឲ្យបានដូចជាបុណ្យ​ព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសចុះ។ សម័យ​ខាង​ក្រោយមក បុរសនោះ ក៏លះបង់​នូវគំនរនៃភោគៈតិចក្តី លះបង់នូវ​គំនរនៃភោគៈ​ច្រើនក្តី លះបង់​ញាតិវង្ស​តិចក្តី លះបង់ញាតិវង្សច្រើនក្តី ចោលចេញ ហើយក៏កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះ​បុរស​នោះ បានបួស​យ៉ាងនេះហើយ ក៏សង្រួមកាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោស​ដោយគ្រឿងបរិភោគ និងគ្រឿង​ស្លៀកដណ្តប់​ដ៏ឧត្តម ត្រេកអរចំពោះ​ទីស្ងាត់។ មានបុរស​១ពួកទៀត ក្រាបទូលមហារាជយ៉ាងនេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រ​ព្រះ​សម្មតិទេព សូមព្រះអង្គទ្រង់ជ្រាប បុរសណា ដែលជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើនូវគ្រឿង​ពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន (ដល់ព្រះអង្គ) បពិត្រ​ព្រះ​សម្មតិ​ទេព បុរសនោះកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ទាំង​ឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស លុះបុរសនោះ បានបួស​យ៉ាង​នេះ​ហើយ ក៏សង្រួម​កាយ សង្រួមវាចា សង្រួមចិត្ត គ្រប់ឥរិយាបថ សន្តោស​ដោយគ្រឿង​បរិភោគ និងគ្រឿង​ស្លៀកដណ្តប់​ដ៏ឧត្តម ត្រេកអរចំពោះ​ទីស្ងាត់។ ចុះមហារាជ គួរ​ពោល​យ៉ាងនេះថា អើ បុរសនោះត្រូវចូលមកវិញ ត្រូវធ្វើជាអ្នកភ្ជួររាស់ស្រែ ជាគហបតិ ជាអ្នកធ្វើ​នូវគ្រឿង​ពលិការ ជាអ្នកធ្វើ​គំនរស្រូវឲ្យចំរើន ដល់អញវិញ ដូច្នេះដែរឬ។ ព្រះរាជា​ក្រាប​បង្គំ​ទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ តាមពិត យើងខ្ញុំទាំងឡាយ គួរតែ​ថ្វាយបង្គំបុរសនោះផង គួរតែក្រោកទទួល​បុរសនោះផង គួរតែនិមន្តដោយអាសនៈផង គួរតែនិមន្តបុរសនោះ ដោយចីវរបិណ្ឌបាត សេនាសនៈ និងគ្រឿង​បរិក្ខារ គឺថ្នាំជាបច្ច័យ​ ដល់​អ្នកជម្ងឺផង គួរតែចាត់ចែងការ​រក្សា ការពារគ្រប់គ្រងដ៏ប្រកបដោយធម៌ ដល់​បុរស​នោះផង។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រមហារាជ ព្រះអង្គ សំគាល់​នូវហេតុ​នោះដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែលឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ឈ្មោះថា មានដែរ ឬមិនមានទេ។ ព្រះរាជាក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​​ច្បាស់​ដោយ​ខ្លួន​ឯង ឈ្មោះថា មានដោយពិត។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រ​មហារាជ នេះឯង​ជា​ផល​នៃ​សមណប្បដិបត្តិ ដែលឃើញ​ច្បាស់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ជាគំរប់២ ដែលតថាគត អាចបញ្ញត្តដល់មហារាជបាន។

[១០២] ព្រះរាជាទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ​អាចនឹង​បញ្ញត្ត​នូវ​​ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​​ច្បាស់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដទៃទៀត ដែល​រុងរឿង​ដោយវិសេសផង ដែលថ្លៃថ្លាដោយវិសេសផង ជាងផលនៃ​សមណប្បដិបត្តិ ដែល​ឃើញច្បាស់ ដោយខ្លួនឯង ទាំងអម្បាលនេះបានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា បពិត្រ​មហារាជ តថាគតអាចបញ្ញត្តបាន បពិត្រ​មហារាជ បើដូច្នេះ សូមមហារាជ ទ្រង់ព្រះ​សណ្តាប់ ធ្វើទុក​ក្នុងព្រះទ័យ​ឲ្យប្រពៃចុះ តថាគតនឹងពោល។ ឯព្រះបាទអជាតសត្តុ​វេទេហីបុត្រ ជាធំក្នុងដែនមគធៈ ក៏ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគ ដោយពាក្យ​ថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា បពិត្រ​មហារាជ ព្រះតថាគតកើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់​យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាប​ច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នក​ទូន្មាន​នូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច​ធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់​ច្បាស់ដោយព្រះអង្គឯង ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង​មនុស្ស​ដ៏សេស ឲ្យ​ត្រាស់ដឹងផង។ ព្រះអង្គទ្រង់សំដែង​ធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌​ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គល​ដែល​មកកើតខាងក្រោយ ក្នុងត្រកូល​ឯណានីមួយក្តី រមែង​ស្តាប់នូវធម៌នោះ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះហើយ រមែងបាន​ចំពោះ​នូវជំនឿក្នុងព្រះតថាគត។ លុះបុគ្គល​នោះ ប្រកបដោយ​កិរិយា​បានចំពោះ​នូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រង​ផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេល​ទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គល​ដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត​ឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ ចេញ​ចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ សម័យ​ខាង​ក្រោយមក បុគ្គលនោះ ក៏លះបង់​នូវ​គំនរ​នៃ​ភោគៈ​តិចក្តី លះបង់នូវ​គំនរនៃភោគៈ​ច្រើនក្តី លះបង់​នូវញាតិវង្ស​តិចក្តី លះបង់​នូវ​ញាតិ​វង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះ​បុគ្គល​នោះ បានបួស​យ៉ាងនេះហើយ ក៏​សង្រួម​តាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញភ័យ​ក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំង​ឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌​ដោយសីល រក្សាទ្វារ​ក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយ​សតិ និងសម្បជញ្ញៈ ជាអ្នក​សន្តោស។

[១០៣] បពិត្រមហារាជ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ បពិត្រ​មហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះ​ចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌​ដោយសេចក្តី​អាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង។ នេះ​ជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះ​ចាកអទិន្នាទាន កាន់​យកតែ​វត្ថុ​ដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែនជា​មនុស្ស​ល្មួច។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏​ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌​របស់អ្នកស្រុក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះ​ចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេ​គប្បីជឿ មិនបានពោល​បំភ្លាត់​សត្វលោក។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះ​ចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយក​ទៅ​ប្រាប់​ក្នុងទីឯណោះ ដើម្បីបំបែក​នូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបាន​យក​មកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បី​បំបែកនូវ​ជនទាំងឡាយឯណោះ ជាអ្នក​ផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម​ដល់ពួកជន ដែលជា​នឹងគ្នា​ហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយ​តែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែល​ជាគ្រឿង​ធ្វើនូវ​សេចក្តី​ព្រមព្រៀងគ្នា។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះ​ចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរ​តម្កល់​ទុកក្នុងហឫទ័យ ជាសំដី​របស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្ត​នៃជនច្រើនគ្នា តែងពោល​នូវវាចាមានសភាពដូច្នោះ។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុលះបង់​សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យ​ក្នុង​កាលគួរ ពោល​នូវពាក្យពិត ពោលនូវអត្ថ ពោលនូវ​ធម៌ ពោលនូវ​វិន័យ ពោលនូវ​ពាក្យ​គួរតម្កល់​ទុក​ក្នុងហឫទ័យ ជាពាក្យ​ប្រកបដោយ​គ្រឿង​អាង ជាពាក្យ​មានកំណត់ ជាពាក្យ​ប្រកប​ដោយ​ប្រយោជន៍ តាមកាលដ៏គួរ។ នេះជាសីលរបស់ភិក្ខុនោះ។ ភិក្ខុវៀរស្រឡះ​ចាក​ការធ្វើ​ពីជគាម និងភូតគាម [វត្ថុដែល​មានពូជដុះឡើងបាន តែមិនដុះ​ជាប់នឹង​ផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម, ឈើ ស្មៅជាដើម ដែលដុះ​ជាប់នឹងផែនដី ហៅថា ភូតគាម។] ឲ្យវិនាស។ ជាអ្នកបរិភោគ​ភត្តតែ១ពេល វៀរបរិភោគ​ក្នុងរាត្រី វៀរបរិភោគ​ក្នុងកាលខុស។ វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែល​ជា​សត្រូវ​ដល់កុសលធម៌។ វៀរចាកការទ្រទ្រង់​ និងការប្រដាប់​ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿង​ក្រអូប និងគ្រឿង​លាបផ្សេងៗ។ វៀរចាក​ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយ​ដ៏​ប្រសើរ។ វៀរចាក​ការទទួល​នូវមាស និងប្រាក់។ វៀរចាកការទទួល​នូវធញ្ញជាតិឆៅ។ វៀរចាកការទទួល​នូវសាច់ឆៅ។ វៀរចាកការទទួល​នូវស្រី និងកុមារី។ វៀរចាកការទទួល​​ខ្ញុំស្រី និងខ្ញុំប្រុស។ វៀរចាកការទទួល​នូវពពែ និងចៀម។ វៀរចាកការទទួល​នូវ​មាន់ និង​ជ្រូក។ វៀរចាកការទទួល​នូវដំរី គោ សេះឈ្មោលញី។ វៀរចាកការទទួល​នូវ​ស្រែ និងចម្ការ។ វៀរចាកការប្រកប​នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅ​ដោយ​គេប្រើអំពី​ផ្ទះមួយ ទៅផ្ទះមួយ។ វៀរចាកការទិញ និងលក់។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោត​ដោយ​រង្វាល់រង្វាស់។ វៀរចាកការ​ប្រកបនូវអំពើ​វៀច គឺបង្ខុសបំភាន់ [បានខាង​ចៅក្រមស៊ីសំណូក​គេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់​វិញ។] និងបញ្ឆោត​បោកប្រាស និងបន្លំដោយរបស់ក្លែង។ វៀរចាកការ​កាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំ​ធ្វើអំពើអាក្រក់ និងការប្លន់​ ការកំហែងយកទ្រព្យ។ នេះជាសីលរបស់ភិក្ខុនោះ។

ចប់ ចូឡសីល។

[១០៤] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះ។ ពីជគាម និង​ភូតគាមនោះ តើដូចម្តេចខ្លះ។ គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និង​ភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១០៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែលទាយក​ឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ។ ការសន្សំទុកនោះ តើដូច​ម្តេច​។ គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំ​គ្រឿង​ក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១។ ភិក្ខុជាអ្នកវៀរចាកការ​បរិភោគវត្ថុ ដែល​សន្សំទុក មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១០៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាពដូច្នេះ។ ល្បែង​ជា​សត្រូវ ដល់​កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហា​ភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែង​រ៉ាវ​ខ្លះ ល្បែង​លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់​គ្នាខ្លះ កែះជល់​គ្នាខ្លះ មានជល់​គ្នាខ្លះ ចាបជល់​គ្នាខ្លះ ល្បែង​គុណ​ដំបង​ខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើល​ពួក​សេនា​ដែល​ប្រកបដោយអង្គ៤​ខ្លះ។ ភិក្ខុជាអ្នក​វៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១០៧] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកបរឿយ​ៗ​នូវ​ល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ។ គឺបាស្កា​មានក្រឡា​៨ [ចត្រង្គមានក្រឡា៨។]ខ្លះ បាស្កា​មានក្រឡា១០ [ចត្រង្គ​មានក្រឡា១០ ន័យខ្លះថា បាយខុំ។]ខ្លះ បាស្កាដែលលេង​ឰដ៏អាកាស [ចត្រង្គឥតក្តារ លេង​តែមាត់​ទទេ។]ខ្លះ ល្បែងវាងផ្លូវ​ដែលគួរវាង [ប្រហែល​ជាបិទមុខ បិទពួន។]ខ្លះ ល្បែងផ្ទាត់គ្រាប់​ មានគ្រាប់​ក្រួស​​ជាដើមខ្លះ លេងបាស្កាក្នុងទីលាន​សម្រាប់​លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែង​រលាស់​ទឹក​លាក់ឲ្យទាយរូបខ្លះ ល្បែង​អង្គញ់ខ្លះ ល្បែងផ្លុំ​ប៉ីស្លឹកខ្លះ ល្បែង​នង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែង​កង្ហារខ្លះ ល្បែង​វាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែង​រថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែង​សរសេរ​អក្សរខ្យល់ឲ្យទាយខ្លះ ល្បែង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ ល្បែងកំប្លែង​ត្រាប់គេខ្លះ។ ឯភិក្ខុ​ជាអ្នក​វៀរចាក​ល្បែង​បាស្កា ដែលជា​ហេតុ ជាទីតាំង​នៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។

[១០៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ​ដែលទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក​ ទីអង្គុយ​ដ៏ប្រសើរ) មាន​សភាព​​ដូច្នេះ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច។ គឺអាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ​ខ្លះ គ្រែ​ដែល​មានជើងវិចិត្រ ​ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាង​បួន​ធ្នាប់​ខ្លះ កម្រាល​ដែល​ធ្វើដោយរោម វិចិត្រដោយរូបសត្វ​សាហាវខ្លះ កម្រាលមានពណ៌ស ដែល​ធ្វើ​ដោយរោម​សត្វខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មាន​ផ្កាដេរដាសខ្លះ កម្រាលដែលញាត់​ដោយសំឡីជា​ប្រក្រតីខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ វិចិត្រដោយរូប​សត្វសាហាវ មានសីហៈ និង​ខ្លាធំជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ​ មានរោមច្រាង​ឡើងតែម្ខាងខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មានរោមច្រាងឡើង​ទាំងសងខាងខ្លះ កម្រាល​ដែល​ធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះ​ដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយសរសៃសូត្រ ចាក់​ស្រែះ​ដោយរតនវត្ថុខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ ល្មម​ចុះពួកស្រីរបាំ១៦នាក់ ឈរ​រាំ​បាន​ខ្លះ កម្រាលសម្រាប់​ក្រាលលើខ្នងដំរីខ្លះ កម្រាល​សម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់​ក្រាលលើរថខ្លះ កម្រាល​ដែល​ធ្វើដោយស្បែក​ខ្លាខ្លះ កម្រាល​ដ៏ឧត្តម ដែល​ធ្វើដោយស្បែក​សត្វ​ឈ្មុស​ខ្លះ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង គឺខ្នើយ​ក្បាល និងខ្នើយជើង ព្រមទាំងពិតាន មាន​ពណ៌​​ក្រហមខ្លះ។ ភិក្ខុ​ជាអ្នក​វៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១០៩] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវវត្ថុ​ ជាទីតាំងនៃ​ការប្រដាប់ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះ។ វត្ថុជាទីតាំង​ នៃការ​ប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច។ គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់​លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់​ប្រោះមុខខ្លះ វត្ថុសម្រាប់​លាប​មុខ​ខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណង​ផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែក​ជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយ​រោម​កន្ទុយ​សត្វ​ខ្លះ សំពត់សខ្លះ សំពត់​មាន​ជាយ​វែងខ្លះ។ ភិក្ខុជាអ្នក​វៀរចាកការប្រកបរឿយៗ នូវ​វត្ថុជាទីតាំង​នៃការប្រដាប់​ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១០] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកបរឿយៗ​នូវ​តិរច្ឆានកថា (ពាក្យ​និយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាព​យ៉ាងនេះ។ តិរច្ឆាន​កថា​នោះ តើ​ដូចម្តេច។ គឺការនិយាយអំពីស្តេចខ្លះ និយាយអំពី​ចោរខ្លះ និយាយអំពី​អាមាត្រធំខ្លះ និយាយអំពី​សេនាទាហាន​ខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយ​អំពី​បាយ​ម្ហូប​ចំណី​ខ្លះ និយាយអំពី​ទឹកផឹកខ្លះ និយាយ​អំពីសំពត់ខ្លះ និយាយអំពី​ទីដេកខ្លះ និយាយ​អំពី​ផ្កា​កម្រង​ខ្លះ និយាយ​អំពី​គ្រឿង​ក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយ​អំពីយានខ្លះ និយាយ​អំពី​ស្រុក​ខ្លះ និយាយ​អំពី​និគមខ្លះ និយាយ​អំពី​នគរខ្លះ និយាយ​អំពីជនបទខ្លះ និយាយ​អំពីស្ត្រីខ្លះ និយាយ​អំពី​បុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយ​អំពី​កំពង់​ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់​បរលោកហើយ)ខ្លះ និយាយអំពីពាក្យ​ឥត​ប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពី​លោកខ្លះ និយាយអំពី​សមុទ្រខ្លះ និយាយ​អំពី​សេចក្តី​ចំរើន និង​មិន​ចំរើនខ្លះ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មាន​សភាព​ដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១១] មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកប​រឿយ​ៗ​នូវ​ពាក្យ​ប្រណាំង​ប្រជែង មានសភាព​ដូច្នេះ។ ពាក្យប្រណាំងប្រជែង​នោះ តើ​ដូចម្តេចខ្លះ។ គឺនិយាយថា អ្នកមិនមែន​ចេះដឹងនូវ​ធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវ​ធម៌ និងវិន័យនេះ អ្នក​នឹង​បាន​ឈ្មោះថាចេះ​ដឹង នូវ​ធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំ​ទើបជាអ្នក​ប្រតិបត្តិត្រូវល្អ ពាក្យ​របស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិន​ប្រកប​ដោយ​ប្រយោជន៍​ទេ សំដី​ដែល​គេត្រូវនិយាយមុន អ្នកត្រឡប់​ជានិយាយក្រោយវិញ សំដី​ដែលគេត្រូវ​និយាយក្រោយ អ្នកត្រឡប់​ជា​និយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោស​ក្នុងសំដីរបស់អ្នក ខ្ញុំបាន​លើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំ​សង្កត់​សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរ​អ្នកដោះស្រាយ​ឲ្យរួច​ទោស​ចុះ។ ភិក្ខុជាអ្នក​វៀរចាកពាក្យ​ប្រណាំង​ប្រជែង មាន​សភាព​ដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១២] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវទូតកម្ម គឺការនាំ​សំបុត្រ ឬពាក្យបណ្តាំ​របស់គ្រហស្ថ និងការទៅដោយ​គេបញ្ជូន​អំពី​ផ្ទះ​មួយ ទៅផ្ទះមួយ មានសភាព​យ៉ាងនេះ។ ទូតកម្មជាដើមនោះ តើ​ដូចម្តេចខ្លះ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ​ក្សត្រិយ៍ ​ព្រាហ្មណ៍ គហបតិ ឬ​កុមារក្តី បញ្ជូន​ទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយក​របស់នេះទៅ ដូច្នេះក្តី លោកចូរ​នាំយក​របស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី។ ភិក្ខុជាអ្នក​វៀរ​ចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយ​គេ​បញ្ជូន​អំពីផ្ទះមួយ ទៅផ្ទះមួយ មាន​​សភាព​ដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១៣] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោក​ឲ្យកោត ឲ្យស្ងើច (ឲ្យ​ជ្រះ​ថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នក​និយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នក​ធ្វើ​និមិត្ត គឺពោល​បញ្ឆិតបញ្ឆៀងខ្លះ ជាអ្នក​ជេរ​ប្រទេច​ខ្លះ ជាអ្នកស្វែងរក​នូវលាភ ដោយលាភខ្លះ។ ភិក្ខុ​ជាអ្នកវៀរ​ចាកការកុហក និងការនិយាយ​រាក់​ទាក់ មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។

ចប់ មជ្ឈិមសីល។

[១១៤] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​ដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ។ គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុ​ខ្លះ ឧត្បាត គឺ​ការធ្លាក់​ចុះ​នៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយ​លក្ខណៈ​ខ្លះ ទាយវត្ថុ ដែល​កណ្តុរ​កាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើង​ខ្លះ និយាយអំពី​ការបូជា​ដោយ​វែកខ្លះ និយាយអំពីការបូជាដោយ​អង្កាម​ខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយ​អំពី​ការ​បូជា​ដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃ​ជាដើម យកទៅដាក់​ក្នុង​ភ្លើង ឬសូត្ររបៀនបូជាដោយមាត់។]ខ្លះ និយាយ​អំពីការ​បូជា​ដោយ​ឈាម​ខ្លះ វិជ្ជាសម្រាប់​ទាយ​នូវអវយវៈខ្លះ វិជ្ជាសម្រាប់​ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់​ទាយទីស្រែ​ចម្ការ​ខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពារ​រក្សាភូមិផ្ទះខ្លះ វិជ្ជា​ស្តោះ​ពស់ [វិជ្ជាមើលសត្វ​ ដែល​ពស់ខាំ ឬហៅពស់។]​ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយ​ទិចខ្លះ វិជ្ជា​ស្តោះ​កណ្តុរខាំខ្លះ វិជ្ជាសម្រាប់​ទាយសម្រែក​សត្វស្លាបខ្លះ វិជ្ជាសម្រាប់​ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់​ទាយ​អាយុខ្លះ វិជ្ជាសម្រាប់​រារាំងនូវសរខ្លះ វិជ្ជាសម្រាប់​មើលនូវ​ស្នាមជើងម្រឹគ គឺ​សត្វ​ជើង​៤ទាំងអស់​ខ្លះ។ ភិក្ខុជាអ្នក​វៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១៥] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ។ គឺការ​ទាយ​លក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈ​ក្មេង​ប្រុស​ខ្លះ ទាយលក្ខណៈ​ក្មេង​ស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយ​លក្ខណៈ​ដំរីខ្លះ ទាយលក្ខណៈ​សេះ​ខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយ​លក្ខណៈ​គោ​ខ្លះ ទាយលក្ខណៈ​ពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួច​ខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈ​គ្រឿង​ប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿង​ប្រដាប់ធ្វើ​ដោយរូបអណ្តើកខ្លះ ទាយ​លក្ខណៈ​ម្រឹគ គឺសត្វជើង៤ទាំងអស់ខ្លះ។ ភិក្ខុជាអ្នក​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១៦] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច។ គឺការ​ទាយ​អំពីការ​លើកទ័ពថា ព្រះរាជា គួរស្តេច​ចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេច​ត្រឡប់​មក​វិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុក​រានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជា​ខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹង​បរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជា​ខាង​ក្នុង នឹងបរាជ័យ ព្រះរាជា​អង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ។ ភិក្ខុ​ជាអ្នក​​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះ។

[១១៧] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​យ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ។ គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាន​ចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹង​មាន​នក្សត្រគ្រាស គឺផ្កាយ​ព្រះគ្រោះ ដើររួមចូលគ្នា ឬដើរ​រំលងព្រះ​អាទិត្យ ព្រះចន្ទ្រ ឬផ្កាយ​ណា​មួយ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះ​ចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយ​ទាំងឡាយ នឹងដើរ​តាមផ្លូវត្រូវគ្នា ផ្កាយ​ទាំងឡាយ​ នឹងដើរ​ខុសផ្លូវគ្នា នឹងមានឧក្កាបាត [ក្នុងលីនត្ថប្បកាសនាដីកាថា កាល​បើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមាន​ពន្លឺរស្មី ដូច​ជា​ពន្លឺ​​ប្រទីប ធ្លាក់ចុះមកអំពីអាកាស ហៅថា ឧក្កាបាត។] នឹងកើតមានកំដៅក្នុងទិស នឹង​មាន​កម្រើក​ផែនដី នឹងមានផ្គរលាន់ (ឥត​មាន​ភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬ​ផូរ​ផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹង​បណ្តាល​ឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹង​បណ្តាល​ឲ្យ​មាន​សុខ​ទុក្ខ​យ៉ាង​នេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរ​តាម​ផ្លូវ​​ត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹង​បណ្តាល​ឲ្យមាន​សុខ​ទុក្ខ​យ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុង​ទិស នឹង​បណ្តាល​ឲ្យ​មានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥត​មានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬ​លិច​ទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ភិក្ខុជាអ្នកវៀរ​ចាកមិច្ឆាជីវៈ ព្រោះ​តិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។

[១១៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​ដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ។ គឺការ​ទាយ​ថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀង​ធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយ​សម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តី​ក្សេម​ក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់​ដោយវិធី​នព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នេះ បើ​ស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញ​ដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មាន​ស្លឹក​ប៉ុណ្ណេះៗបាន។] កាព្យឃ្លោង គម្ពីរលោកាយតៈ។ ភិក្ខុជាអ្នក​វៀរ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។

[១១៩] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​ដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ។ គឺ​វិធី​រៀប​អាវាហមង្គលខ្លះ វិធីរៀប​វិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើ​ឲ្យព្រាត់ប្រាស​គ្នា (បង់ចំណែង)​ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូល​ចិត្តស្រឡាញ់​គ្នា ឬ​ធ្វើ​ឲ្យ​មានសិរីខ្លះ វិធីធ្វើ​ឲ្យស្អប់គ្នាខ្លះ វិធីធ្វើ​គភ៌ដែល​បំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាត​ឲ្យរឹង​ដោយមន្តខ្លះ វិធីចង​ចង្កា​ឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្រ​របៀន​ដើម្បី​មិន​ឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នា​កញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយ​សួរ​ប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្ត​បញ្ចូលទេវតា​ក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូល​ទេវតា ក្នុងសរីរៈនៃ​ទាសី ហើយសួរ​ប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើ​មហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើង​អំពីមាត់​ដោយ​មន្តខ្លះ វិធីហៅ​សិរីឲ្យមកឋិតក្នុងសរីរៈខ្លះ។ ភិក្ខុ​ជាអ្នក​វៀរចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។

[១២០] ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា  មាន​សភាព​ដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច ។ គឺការបន់​ស្រន់​ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្ត​សម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើ​ខ្ទើយ​​ឲ្យដូចជាបុរសខ្លះ ធ្វើបុរស​ឲ្យដូច​ជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះ​មុខ​ឲ្យស្អាតដោយទឹក​ឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជា​ភ្លើង​​ឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់​ឲ្យ​ក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោស​ខាងលើខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសខាង​ក្រោម​ខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់​ត្រចៀកខ្លះ ធ្វើថ្នាំ​សម្រាប់​ស្អំ​ភ្នែកខ្លះ ធ្វើថ្នាំ​សម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់​លាបស្រលាប​ខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យ​រក្សា​ក្មេង​ខ្លះ ដាក់ថ្នាំ​ក្រោយ​ ឲ្យជួយ​កំឡាំង​ថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ [អដ្ឋកថា ថា កាលបើ​មាន​ដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយក​ថ្នាំនោះចេញ។]។ ភិក្ខុជាអ្នក​វៀរ​ចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។

[១២១] បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តី​សង្រួម​ក្នុងសីល ភិក្ខុនោះឯងបរិបូណ៌​ដោយសីលយ៉ាងនេះហើយ រមែង​មិនបានឃើញ​នូវ​ភ័យ​នោះ អំពីទីណាមួយឡើយ។ បពិត្រមហារាជ ប្រៀបដូចជាភ័យណា ដែល​គប្បីកើត​អំពីសត្រូវ ក្សត្រិយ៍ដែលបាន​មុទ្ធាភិសេក [ព្រះរាជាដែលគេបានអភិសេក​ ស្រោចទឹកលើ​ព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ។] ហើយ​ កំចាត់បង់នូវពួក​សត្រូវអស់ហើយ រមែង​មិនបាន​ឃើញ​ភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ បពិត្រមហារាជ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តី​សង្រួម​ក្នុងសីល ភិក្ខុអ្នកបរិបូណ៌​ដោយ​សីល​យ៉ាង​នេះ​ហើយ រមែង​មិនបានឃើញ​នូវ​ភ័យ​នោះ អំពីទីណាមួយឡើយ ដូច្នោះឯង។ ភិក្ខុនោះ បើ​បានប្រកបដោយសីលក្ខន្ធ ជារបស់​ព្រះអរិយៈនេះហើយ រមែងទទួល​នូវសេចក្តីសុខ ដែល​មិនមានទោសក្នុងសន្តានចិត្តនៃខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នក​បរិបូណ៌​ដោយសីល យ៉ាងនេះឯង។

ចប់ មហាសីល។

[១២២] បពិត្រមហារាជ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើ​ដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ បានឃើញ​រូបដោយចក្ខុហើយ តែ​មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម​ចក្ខុន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងចក្ខុន្ទ្រិយ។ ឮសម្លេង​ដោយត្រចៀកហើយ តែ​មិន​កាន់​យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌​ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះ​ហេតុ​មិន​បាន​សង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវសោតិន្ទ្រិយនោះ រក្សា​នូវ​សោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងសោតិន្ទ្រិយ។ បានធំក្លិន​ដោយច្រមុះហើយ តែ​មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម​នូវឃានិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវឃានិន្ទ្រិយនោះ រក្សា​នូវឃានិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងឃានិន្ទ្រិយ។ បានជញ្ជក់​ជញ្ជាប់នូវរស​ដោយ​អណ្តាតហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិន​បាន​សង្រួម​នូវជិវ្ហិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវជិវ្ហិន្ទ្រិយនោះ រក្សា​នូវជិវ្ហិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងជិវ្ហិន្ទ្រិយ។ បានពាល់ត្រូវ​នូវ​សម្ផ័ស្ស ដោយកាយហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯ​អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែល​មិន​បានសង្រួម​នូវកាយិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវកាយិន្ទ្រិយនោះ រក្សា​នូវកាយិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងកាយិន្ទ្រិយ។ បានដឹងច្បាស់​នូវធម្មារម្មណ៍​ដោយចិត្តហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យក​នូវ​អនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល ដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបាន​សង្រួម​នូវ​មនិន្ទ្រិយ​ណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សា​នូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ បានប្រកបព្រមដោយ​ឥន្ទ្រិយសំវរៈ ជារបស់​អរិយៈនេះហើយ រមែង​ទទួលចំពោះ​នូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង។ បពិត្រមហារាជ ភិក្ខុជាអ្នករក្សានូវ​ទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។

[១២៣] បពិត្រមហារាជ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើ​ដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយ​ក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើល​ទៅទិសផ្សេងៗ ក៏​មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន។ បពិត្រមហារាជ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង។

[១២៤] បពិត្រមហារាជ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះ​បច្ច័យ​តាមមាន​តាមបាន) តើ​ដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស​ដោយ​ចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿង​រក្សានូវផ្ទៃ ភិក្ខុ​នោះ កាលបើចៀស​ចេញទៅក្នុងទិសណាៗ តែងកាន់យក​ (នូវ​បរិក្ខារ) ប៉ុណ្ណោះ ហើយ​ចៀសចេញទៅ (ក្នុងទិសនោះៗ)។ បពិត្រមហារាជ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាប​របស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោស​ដោយ​ចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿង​រក្សានូវផ្ទៃ ភិក្ខុ​នោះ ទោះបីចៀស​ចេញទៅ​ក្នុង​ទិស​ណាៗ តែងកាន់យក​ (នូវគ្រឿង​បរិក្ខារ) ប៉ុណ្ណោះ ហើយ​ចៀសចេញទៅ (ក្នុងទិស​នោះ​ៗ) ដូច្នោះឯង។ បពិត្រមហារាជ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង។

[១២៥] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរៈ ជារបស់​ព្រះអរិយៈនេះផង ប្រកបដោយ​សតិ និងសម្បជញ្ញៈ ជារបស់​ព្រះអរិយៈនេះផង ប្រកបដោយ​សេចក្តីសន្តោស ជារបស់​ព្រះអរិយៈនេះផង ត្រូវការ​ទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទី​គំនរ​ចំបើង។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏​ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ រមែង​លះបង់​នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្ត​ឲ្យស្អាត ចាកអភិជ្ឈា រមែង​លះបង់​នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្ត​មិនមានព្យាបាទ ជាអ្នកមានសេចក្តី​អនុគ្រោះ​ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿង​ប្រទូស្ត គឺព្យាបាទ រមែង​លះបង់​នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយ​ចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាក​ថីនមិទ្ធៈ រមែងលះបង់ នូវ​ឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយ​ចិត្ត នៅដោយ​ចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាក​ឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយ​ចិត្ត​ផុត​វិចិកិច្ឆា ជា​អ្នក​មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។

[១២៦] បពិត្រមហារាជ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅ​ប្រកប​ការងារទាំងឡាយ ការងារទាំងនោះ របស់​បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់​ចែង​សងនូវទ្រព្យ​ចាស់ ជាបំណុល​អស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏​មានសល់​នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅ​ប្រកប​ការងារ ៗទាំងអម្បាល​នោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់​ចែង​សងនូវទ្រព្យ​ចាស់ ជា​បំណុល​​ដើមរួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញ ក៏​មានសល់​នៅជាច្រើន ល្មម​នឹង​ចិញ្ចឹម​ភរិយាបានដែរ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ (សេចក្តីរីករាយ) គប្បីបាន​នូវ​សេចក្តីសោមនស្ស ដែលមានទ្រព្យចំណេញ​នោះជាហេតុ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគ​បាយ​មិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មិនមានផង។ សម័យខាងក្រោយមក បុរស​នោះក៏សះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគ​បាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មានផង ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ កាលអំពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគ​បាយ​មិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយ អំពីអាពាធនោះហើយ អាត្មាអញ បានបរិភោគ​បាយឆ្ងាញ់ផង កម្លាំង​ក្នុង​កាយ​របស់អាត្មាអញ ក៏មានផង។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការសះស្បើយ អំពី​អាពាធនោះជាហេតុ។ បពិត្រមហារាជ មួយ​ទៀត ប្រៀបដូចបុរសដែលជាប់នៅក្នុងផ្ទះឃុំខាំង សម័យខាងក្រោយមក បុរស​នោះ​ក៏​រួច​អំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ខាតនៃ​ភោគៈ​ទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ កាលអំពីដើម បានជាប់នៅក្នុងផ្ទះឃុំខាំង ឥឡូវនេះ អាត្មាអញបាន​រួច​អំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យហើយ ឯសេចក្តីបង់ខាតនៃ​ភោគៈ​ទាំង​ឡាយ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមានឡើយ។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការរួចអំពី​ផ្ទះឃុំខាំងនោះ ជាហេតុ។ បពិត្រ​មហា​រាជ មួយ​ទៀត ប្រៀបដូចបុរសដែលជាទាសៈគេ រមែងមិនបានធ្វើ​កិច្ចការ​នីមួយ​តាមអំពើចិត្តខ្លួន រមែងធ្វើ​ទៅតាមសេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​មិនបានឡើយ លុះសម័យខាងក្រោយមក បុរស​នោះ ​ក៏បាន​រួច​អំពី​ភាវៈ​ជាទាសៈនោះ ជាអ្នក​បានធ្វើ​នូវអំពើ​ តាមគាប់ចិត្តរបស់ខ្លួន មិនបានធ្វើ​ទៅតាមសេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​បាន ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាទាសៈគេ មិន​បានធ្វើ​​កិច្ចការ​នីមួយ​តាមអំពើចិត្តរបស់ខ្លួន តែងធ្វើ​ទៅតាមសេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​មិនបានឡើយ ឥឡូវនេះ អាត្មាអញ បាន​រួច​អំពី​​ភាវៈ​ជាទាសៈគេនោះហើយ ជាអ្នកបាន​ធ្វើកិច្ចការ​នីមួយ ​តាមអំពើចិត្តរបស់ខ្លួន មិនបានធ្វើ​ទៅ​តាម​សេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាម​ចំណង់​របស់​ខ្លួនបាន។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការរួចអំពី​ភាវៈ​ជាទាសៈគេនោះ ជាហេតុ។​ បពិត្រ​មហា​រាជ មួយ​ទៀត ប្រៀបដូច​បុរស​មានទ្រព្យ មាន​ភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយ​ភ័យ​ចំពោះមុខ សម័យខាងក្រោយមក បុរស​នោះ ​ក៏បានឆ្លងផុត អំពីផ្លូវ​ឆ្ងាយដាច់​ស្រយាល​នោះ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរ​ទៅកាន់ផ្លូវឆ្ងាយ​ដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យ​ចំពោះ​មុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុត​ផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានដល់​​ស្រុក​ភូមិ​ដោយស្រួល ជាទីក្សេម មិនមានភ័យ។​ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការបានដល់​នូវស្រុកភូមិ ជាទីក្សេមនោះ ជាហេតុ។​ បពិត្រ​មហា​រាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលមិនទាន់​លះបង់ យ៉ាងនេះ ថាដូច​ជាបំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬថា​ដូចជា​ផ្លូវឆ្ងាយដាច់ស្រយាល យ៉ាងនោះឯង។ បពិត្រមហារាជ ដូចបុគ្គលពិចារណាឃើញ នូវ​ការ​មិនចំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគ​យ៉ាងណា នូវការរួចអំពីផ្ទះ​សម្រាប់​ឃុំខាំង​យ៉ាងណា នូវភាពជាអ្នកជា​យ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រ​មហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាង​នោះឯង។

[១២៧] កាលបើ​ភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង៥នេះ​ក្នុង​ខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយ​ហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែល​មាននាមកាយស្ងប់ស្ងាត់ហើយ រមែង​ទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយ​សុខ តែងតម្កល់​មាំបាន។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេច​សម្រាន្តនៅ (ដោយ​ឥរិយាបថទាំង៤)។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួច​នៃកាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីវិវេក មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជាអ្នកផ្ងូតទឹកក្តី​ បុគ្គលអ្នកជំនួយការ​នៃជន​អ្នកផ្ងូតទឹកក្តី ដែលឈ្លាស រោយនូវលំអិតសម្រាប់ងូតទាំងឡាយ ក្នុងភាជន៍សំរិទ្ធ៍ ប្រោះ​ព្រំ​ដោយទឹក ហើយសូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិត​សម្រាប់ (លាប) ងូត (នោះ) ក៏​ស្អិតចាប់ចូលគ្នា ស្អិតល្មួតទាំង​ខាងក្នុង ទាំងខាងក្រៅ មិនបានរាត់រាយ ខ្ចាយចេញឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើត​​អំពីវិវេក មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម។

[១២៨] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយជ្ឈាន ជាធម្មជាត​កើតមានក្នុងសន្តានចិត្ត ប្រកបដោយ​សេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯង មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះ​រម្ងាប់នូវ​វិតក្ក និង​វិចារៈ ក៏សម្រេចសម្រាន្តនៅ។ ភិក្ខុនោះ រមែង​ញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងកើត នៃអន្លង់ទឹកនោះមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងត្បូងមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងលិចមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងជើង ក៏មិន​មាន ទាំង​ភ្លៀង ក៏មិនបាន​បង្អុរចុះនូវធារទឹក​ដោយស្រួល ក្នុងអន្លង់ទឹក​នោះ តាមកាល​វេលា​ឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែ​ជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយញុំាង​អន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតដ៏បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ទីប្រទេស​បន្តិច​បន្តួច​នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមាន​ឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់​ដោយខ្លួនឯង ដូច​​ពោល​មក​ខាងដើម។

[១២៩] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ហើយប្រកបដោយ​ឧបេក្ខា មានស្មារតីដឹងខ្លួន បានទទួល​នូវសុខ ដោយនាមកាយ ព្រះអរិយៈ​ទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ​តតិយជ្ឈាននោះថា បុគ្គល​អ្នកបាន​តតិយជ្ឈាន មានចិត្តប្រកបដោយ​ឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជា​សុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេច​សម្រាន្តនៅ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬ​ឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់​លូតឡើង​ផុត​អំពី​ទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិ [ពួកឈូក​ព្រលិតផ្សេងៗ ហៅថា បទុមជាតិ ឬឧប្បលជាតិក៏បាន។] ទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫស មើម រហូតដល់​ចុង ទីប្រទេសបន្តិចបន្តួច​នៃ​វារិជាតិទាំង​អស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែល​ញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម។

[១៣០] បពិត្រមហារាជ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខ​ផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែល​មិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពី​ឧបេក្ខា ហើយសម្រេច​សម្រាន្តនៅ។ ភិក្ខុនោះ​រមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូច​បុរសដែល​យកសំពត់សស្អាត ទៅដណ្តប់កាយ ព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់បុរសនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់​សស្អាត មិនមានឡើយ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុដែលញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្ត​ដ៏​បរិសុទ្ធ ផូរផង់ មិនមានឡើយ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម។

[១៣១] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ។ ភិក្ខុនោះ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះ មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈ​មិនទៀង (ទោះបី) មានការ​លាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ។ បពិត្រមហារាជ ប្រៀបដូចកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មាន​ជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌​ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោតទៅនឹងកែវនោះ ជាចេស​មានពណ៌​ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បី​យកកែវ​នោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវមណី និងកែវពិទូរ្យដ៏ល្អ មាន​ជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរ​ភ្លឺថ្លាឆ្លុះ បរិបូណ៌​ដោយអាការ​ទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវនោះ ជាចេស​មានពណ៌​ខៀវ​ក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ​កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់ញ័រ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ ក៏ទាញនាំបង្អោន​ចិត្តទៅ ដើម្បី​ញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ភិក្ខុនោះ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយមហាភូតរូប៤ កើតអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈ​មិនទៀង (ទោះបី) មានការ​លាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយជា​ធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មកខាងដើម។

[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូប​ដែល​សម្រេច​អំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ បពិត្រមហារាជ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយ​ឡែក បណ្តូលដោយឡែក តែជាបណ្តូល​ដែលអាត្មាអញ​ចាក់បញ្ចេញ​មកអំពី​ស្មៅ​យាប្លង​ហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសហូត​ដាវ​ចេញ​អំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញ​ហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់​ចេញ​អំពី​ស្រោម បុរសនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់​ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមក​អំពីស្រោម​ហ្នឹងឯង យ៉ាង​ណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវ​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវ​កាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង។ ភិក្ខុនោះ រមែងនិម្មិត​នូវកាយ​ផ្សេង​ ចេញ​អំពីកាយនេះ មានរូប​ដែល​សម្រេច​អំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ។ បពិត្រមហារាជ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិទាំងឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​តាក់​តែង​ឫទ្ធិ ភិក្ខុនោះ ទទួលនូវការ​តាក់តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង ឲ្យទៅ​ជា​ទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំង​ក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ​ និងងើបឡើងក្នុង​ផែន​ដី ដូចមុជងើប​ក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជា​ដើរលើផែនដី​ក៏បាន អណ្តែត​ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែល​ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនោះ ដោយដៃ​ក៏បាន ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន បពិត្រមហារាជ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើ​ដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​ទៅ​ជាភាជន៍នោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយទៀត ជាងភ្លុកក្តី អន្តេវាសិក​របស់​ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​ភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃ​ភ្លុក​ដ៏ប្លែកនោះៗបាន យ៉ាងណាមិញ បពិត្រមហារាជ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្ម​ល្អហើយ បើចង់ធ្វើនូវគ្រឿង​ប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​នូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​មាសដ៏ប្លែកនោះៗបាន យ៉ាង​ណាមិញ បពិត្រមហារាជ ភិក្ខុ កាល​បើ​ចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាកឧបក្កិលេស មាន​សភាព​ជា​ចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាង​នេះ​ហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែង​នូវឫទ្ធិបាន យ៉ាង​នោះ​ឯង។ ភិក្ខុ​នោះ រមែងទទួល​ចំពោះនូវ​ការតាក់តែង​ឫទ្ធិ មានប្រការច្រើនបាន គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ធ្វើទីកំបាំង ឲ្យទៅ​ជា​ទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំង​ក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅ​កំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ​ និង​ការងើប​ឡើង​ក្នុង​ផែន​ដី ដូចជាមុជងើប​ក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជា​ដើរ​ទៅ​លើ​ផែនដី​ក៏បាន អណ្តែត​ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាប​អង្អែល​​ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ដោយដៃ​ក៏បាន ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅដោយកាយ ដរាប​ដល់ព្រហ្មលោក​ក៏បាន។ បពិត្រមហារាជ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជា​ទិព្វ។ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជា​របស់​មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេង​មនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន បពិត្រមហារាជ ប្រៀបដូច​បុរស ដែលដើរ​ទៅកាន់​ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មាន​សេចក្តីត្រិះរិះយ៉ាងនេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាង​ណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុង​សោតធាតុ​ជា​ទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លង​បង់​នូវ​សោតធាតុ​ ជា​របស់​មនុស្សធម្មតាហើយ រមែងឮសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេង​មនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​ចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រឿងកំណត់ដឹង​នូវចិត្តសត្វដទៃ)។ ភិក្ខុនោះ ក៏កំណត់ដឹង​ច្បាស់នូវ​ចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្ត​របស់ខ្លួន​បាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្តដែលរួញថយ [អដ្ឋកថា ថា ចិត្តដែល​ត្រូវថីនមិទ្ធ​គ្រប​សង្កត់។]ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ [ចិត្តដែល​ប្រកបដោយ​ឧទ្ធច្ចៈ។]ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវ​ភាវៈ​ជាធំ (បានដល់រូបាវចរ និងអរូបាវចរ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមាន​ចិត្ត​ដទៃ​ក្រៃលែង​ជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ​ក្រៃលែងជាង ចិត្តដែល​មិនមាន​ចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្ត​ដទៃក្រៃលែងជាង ចិត្តដែល​តាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ [ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ។] ចិត្តដែល​មិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនបានតាំងមាំ​ ចិត្តដែលរួចស្រឡះ [ចិត្តដែល​រួចដោយ​តទង្គវិមុត្តិ និងវិក្ខម្ភនវិមុត្តិ។] ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ។ បពិត្រមហារាជ ប្រៀបដូច​ស្ត្រីក្តី បុរសក្តី ដែល​នៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាល​ឆ្លុះ​មើលនូវ​ស្រមោល នៃ​មុខរបស់ខ្លួន​ក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍​ដ៏ពេញ​ដោយទឹក​ថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខ​ប្រកប​ដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិន​ប្រកប​ដោយទោស យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ​កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំ​បង្អោន​នូវ​ចិត្ត​ទៅ ដើម្បី​ចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹង​ច្បាស់នូវ​ចិត្តនៃ​សត្វ​ទាំង​ឡាយ​ដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្ត​របស់ខ្លួន​បាន ចិត្តដែលប្រកប​ដោយ​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាស​ចាក​ទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប​ដោយ​មោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្ត​រាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមាន​ចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ​ក្រៃលែងជាង ចិត្តដែល​មិនមាន​ចិត្តដទៃក្រៃលែងជាង​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្ត​ដទៃក្រៃលែងជាង ចិត្តដែល​តាំងមាំហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តតាំងមាំហើយ ចិត្តដែល​មិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនតាំងមាំ​ ចិត្ត​ដែល​រួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែល​សត្វធ្លាប់​អាស្រ័យ​នៅ ក្នុងភពមុន)។ ភិក្ខុនោះ រមែងរលឹក​តាមនូវបុព្វេនិវាស គឺខន្ធដែលសត្វ​ធ្លាប់អាស្រ័យ​នៅហើយ ក្នុងភពមុនជាច្រើនប្រការ ការរលឹក​បាននោះ តើដូចម្តេច គឺរលឹកបាន​១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្ប គឺ​កប្ប​ដែលវិនាស​ជាច្រើនខ្លះ អនេកវិវដ្តកប្ប គឺកប្បដែលចម្រើន​ជាច្រើនខ្លះ អនេក​សំវដ្តវិវដ្តកប្បខ្លះ [កប្បមាន៤ គឺគិតតាំងពីថ្ងៃដែល​កប្បវិនាស ទៅទល់គ្នានឹងភ្លើង​ឆេះអស់​រលីង ហៅថា សំវដ្តកប្ប១ តាំងពីភ្លើងឆេះអស់ នៅសល់តែអាកាសសូន្យទទេ ហៅថា សំវដ្តដ្ឋាយិកប្ប១ តាំងអំពីកកើតដីឡើងជាថ្មី ទៅទល់នឹង​កាលដែលកើត​មាន​ព្រះអាទិត្យ ព្រះចន្ទ ហៅថា វិវដ្តកប្ប១ តាំងអំពីព្រះអាទិត្យ ព្រះចន្ទកើតឡើង ទៅទល់​នឹង​វិនាសវិញ ហៅថា វិវដ្តដ្ឋាយិកប្ប១ រួមកប្បទាំង៤នេះចូលជាមួយគ្នា ហៅថា សំវិវដ្តកប្ប ឬហៅថា មហាកប្ប សំវិវដ្តកប្បដែលច្រើន ហៅថា អនេកសំវដ្តវិវដ្តកប្ប។]ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុត​ចាកភពនោះហើយ បានទៅកើត​ក្នុងភព​ឯណោះ ដែល​អាត្មាអញ​បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុត​ចាកភពនោះហើយ ក៏បានទៅកើត​ក្នុងភពនេះ។ ភិក្ខុនោះ រលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រត្រកូល ដោយប្រការ​ដូច្នេះឯង។ បពិត្រ​មហារាជ ប្រៀបដូច​បុរស ដែលចេញអំពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកដទៃ រួច​ចេញ​អំពីស្រុកនោះ ហើយទៅកាន់​ស្រុកដទៃទៀត បុរសនោះ ចេញអំពីស្រុកនោះហើយ ទើប​ត្រឡប់​មកកាន់ស្រុក​របស់ខ្លួន​ដដែលវិញ បុរសនោះ គប្បី​មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា អាត្មាអញ បានចេញអំពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ បានទៅកាន់​ស្រុកឯណោះទៀត ក៏ក្នុងស្រុក​នោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀម​យ៉ាងនេះ អាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ ក៏បានត្រឡប់​មកកាន់​ស្រុក​របស់​ខ្លួន​ដដែលវិញ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ​ កាល​បើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ​នាំបង្អោន​នូវចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹក​តាមនូវ​បុព្វេនិវាសជាច្រើនប្រការ ការរលឹក​បាននោះ តើដូចម្តេច គឺរលឹកបាន​១ជាតិខ្លះ ២ជាតិ​ខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០​ជាតិ​ខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្ប​ខ្លះ អនេក​សំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុត​ចាកភពនោះហើយ បាន​ទៅ​កើត​​ក្នុងភព​ឯណោះ ដែល​អាត្មាអញ​បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាង​នេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុត​ចាកភពនោះហើយ ក៏បាន​ទៅ​កើត​​ក្នុងភពនេះ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះឯង យ៉ាងនោះឯង។ បពិត្រមហារាជ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​ ចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ) នៃពួកសត្វ គឺ ទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា បានឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នកតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវ​អំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយខាងនាយ​ អំពី​សេចក្តីស្លាប់ រមែងទៅកើត​ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក​ឯសត្វ​ពួកនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវ​អំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយខាងនាយ​ អំពី​សេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា បានឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ បពិត្រមហារាជ ប្រៀប​ដូចជា​ប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា៣ [សព្ទនេះ ប្រែថា ផ្លូវបែកជា៤​ក៏បាន។] នាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅ​លើប្រាសាទនោះ ក៏គប្បី​ឃើញ​នូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុងក្តី បុរសនោះ គប្បី​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា មនុស្សទាំងនុ៎ះ ចូលទៅកាន់ផ្ទះ មនុស្សទាំងនុ៎ះ​ចេញ​អំពី​ផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយ​នៅ​ក្នុង​ផ្លូវ​បែក​ជា៣ នាកណ្តាលក្រុង យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំបង្អោននូវចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ នៃពួកសត្វ ភិក្ខុ​នោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា រមែង​ឃើញ​​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មាន​សម្បុរ​ល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែល​ប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត តិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវ​អំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយទៅខាងនាយ​ អំពី​សេចក្តី​ស្លាប់ រមែងចូលទៅកើត​ក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក​ឯសត្វ​ពួកនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោ​សុចរិត មិនបានតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយទៅខាងនាយ​ អំពី​សេចក្តីស្លាប់ រមែងចូល​ទៅ​កាន់​លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ផូរផង់ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែល​កើត​ឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាង​នោះ​ឯង។ បពិត្រមហារាជ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម។

[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​ អាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់​ទៅនៃ​អាសវៈ)។ ភិក្ខុនោះ រមែង​ដឹង​តាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះ​ជាព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវ​ប្រតិបត្តិ​ដំណើរ ទៅកាន់​ព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌ [សេចក្តី​កើត​នៃអវិជ្ជាជាហេតុ នាំឲ្យកើតអាសវៈ។] នេះ ជាទីប្រជុំ​កើតឡើង​នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿង​រលត់នៃ​អាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវ​ប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿង​រលត់នៃអាសវៈ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈ [សេចក្តី​ត្រេកត្រអាល ត្រាំនៅក្នុងកាម ហៅថា កាមាសវៈ។]ផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈ [សេចក្តីត្រេកត្រអាលត្រាំនៅក្នុងភពទាំង៣ ហៅថា ភវាសវៈ។]ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ [សេចក្តីមិនដឹងក្នុងសច្ចៈទាំង៤ ទាំង​មិនដឹង​នូវ​ចំណែក​នៃខន្ធខាងដើម ខាងចុង ទាំងខាងដើម ខាងចុង និងបដិច្ចសមុប្បាទធម៌ ហៅថា អវិជ្ជាសវៈ។]ផង។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើង ដល់​ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រមហារាជ ប្រៀបដូច​ជារអាងទឹក លើកំពូល​ភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែល​មានភ្នែក (ភ្លឺ) ឈរនៅមាត់​នៃរអាង​ទឹក​នោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូង​នៃត្រីផង កំពុង​ត្រាច់​ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តី​ត្រិះរិះយ៉ាងនេះថា រអាងទឹក​នេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំង​នេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ បពិត្រមហារាជ ភិក្ខុ កាលបើចិត្ត​តាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាព​ជា​ចិត្ត​ទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំបង្អោននូវចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែង​ដឹង​តាម​ពិត​ថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះ​ជា​ព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវ​ប្រតិបត្តិ​ដំណើរ ទៅកាន់​ព្រះ​និព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជា​ទី​ប្រជុំ​កើតឡើង​នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿង​រលត់នៃ​អាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវ​ប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿង​រលត់នៃអាសវៈ យ៉ាងនោះ​ឯង។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើង ដល់​ភិក្ខុនោះថា ចិត្ត​របស់​អាត្មាអញផុតស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ បពិត្រមហារាជ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម។ បពិត្រមហារាជ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ដទៃទៀត ដ៏លើសលុបដោយ​វិសេសក្តី ថ្លៃថ្លា​ដោយ​វិសេសក្តី ជាង​ផល​នៃ​សមណប្បដិបត្តិ​ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯងនេះទៅទៀត មិនមានឡើយ។

[១៣៩] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះធម៌ទេសនាយ៉ាងនេះចប់​ហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក៏ក្រាបបង្គំទូលចំពោះ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចជាបុគ្គលផ្ងារ​ឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែល​គេបិទបាំង ឬក៏ប្រាប់ផ្លូវដល់​មនុស្សអ្នកវង្វេង​ផ្លូវ ពុំនោះសោត ដូចគេទ្រោលបំភ្លឺនូវប្រទីបក្នុងទីងងឹត ដោយគិតថា បុរស​អ្នកមានភ្នែក (ភ្លឺ) នឹងបានឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​ហើយ ដោយបរិយាយជាច្រើន ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ព្រមទាំងព្រះធម៌ ទាំងព្រះសង្ឃ ជាសរណៈ សូម​ព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវ​សរណគមន៍ ស្មើ​ដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចំរើន ទោសកំហុស ប្រព្រឹត្តកន្លងនូវខ្ញុំព្រះអង្គ ដែលជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជា​មនុស្សមិនឈ្លាសវៃយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គណា បានផ្តាច់​បង់ព្រះជន្មាយុ នៃព្រះបិតាដែលជាព្រះធម្មរាជ ប្រកបដោយធម៌ ព្រោះហេតុ​តែឥស្សរិយ​យស បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវទោស​កំហុស តាមទោសកំហុស​របស់ខ្ញុំព្រះអង្គនោះ​ ដើម្បីនឹងសង្រួមតទៅ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ អើទោសកំហុស ប្រព្រឹត្តកន្លងនូវមហារាជហើយ ដែលជា​មនុស្ស​ល្ងង់​យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជា​មនុស្សមិនឈ្លាសវៃយ៉ាងណា មហារាជ ដែលបានផ្តាច់​បង់ព្រះជន្មាយុ នៃព្រះបិតា ដែលជាព្រះធម្មរាជ ប្រកប​ដោយ​ធម៌ ព្រោះហេតុ​តែឥស្សរិយ​យស បពិត្រមហារាជ មួយវិញទៀត មហារាជ បានឃើញ​នូវ​ទោសកំហុស តាមទោសកំហុសពិត ហើយសំដែង​ទោសតាមធម៌ ដោយហេតុណា (ហេតុ​នោះ) តថាគត អត់នូវទោស​កំហុសនោះ ចំពោះ​មហារាជ បពិត្រមហារាជ បុគ្គលណា ឃើញ​ទោសកំហុស តាមទោសកំហុសពិត ហើយសំដែងទោសតាមធម៌ ដល់នូវ​សេចក្តី​សង្រួម​តទៅ នេះជាសេចក្តី​ចំរើន (របស់​បុគ្គលនោះ) ក្នុងអរិយវិន័យ។

[១៤០] កាលបើព្រះមានព្រះភាគ ទ្រង់មានបន្ទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ យើងខ្ញុំព្រះអង្គ សូមក្រាបថ្វាយបង្គំលា (ដ្បិត) យើងខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ សូមមហារាជ ទ្រង់ជ្រាបនូវ​កាលដ៏គួរនឹងស្តេច​ទៅ ក្នុងកាលឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ត្រេកអរ អនុមោទនានឹងភាសិត របស់ព្រះមានព្រះភាគហើយ ទើបក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ស្តេច​ចេញទៅ។ លំដាប់នោះ ព្រះមានព្រះភាគ កាលដែល​ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ស្តេចចេញទៅ​មិនយូរប៉ុន្មាន ក៏ទ្រង់ត្រាស់ចំពោះ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះ ជីក​រំលើងគុណ​ធម៌របស់ខ្លួនចេញអស់ហើយ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាអង្គនេះ ផ្តាច់​បង់​គុណធម៌​របស់ខ្លួន​ចេញអស់ហើយ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើព្រះរាជាអង្គនេះ មិនបាន​ផ្តាច់បង់​ព្រះជន្មាយុ​នៃព្រះបិតា ដែលជា​ព្រះធម្មរាជប្រកបដោយធម៌ទេ ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ដែលប្រាសចាកធុលី ប្រាសចាកមន្ទិល នឹងកើតឡើងដល់​ព្រះរាជាអង្គ​នេះ លើអាសនៈ​នេះមិនខានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត​របស់ព្រះមានព្រះភាគ។

ចប់ សាមញ្ញផលសូត្រ ទី២។

អម្ពដ្ឋសូត្រ ទី៣

[១៤១] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​ពុទ្ធដំណើរទៅកាន់ចារិក [អដ្ឋកថា ថា ចារិកក្នុងទីនេះ សំដៅយកផ្លូវឆ្ងាយ។] ក្នុងកោសល​ជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប បានស្តេចទៅដល់ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឥច្ឆានង្គលៈ របស់ដែនកោសល។ ព្រះមានព្រះភាគ គង់នៅក្នុងដងព្រៃ ឈ្មោះ​ឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈនោះ។

[១៤២] សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ​បោក្ខរសាតិ នៅគ្រប់គ្រងឧក្កដ្ឋនគរ ដែល​ជាក្រុងកុះករដោយសត្វ (និងមនុស្ស) បរិបូណ៌​ដោយស្មៅ ឧស ទឹក បរិបូណ៌​ដោយ​ស្រូវអង្ករ ជាព្រះរាជទ្រព្យដែលព្រះបាទ​បសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជ​អំណោយ ជារង្វាន់ដ៏ប្រសើរ គឺទ្រង់​ប្រទាន​ដោយដាច់ខាត។ ព្រាហ្មណ៍ឈ្មោះ​បោក្ខរសាតិ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់​ព្រះផ្នួស ឥឡូវ ទ្រង់ពុទ្ធដំណើរ​មកកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយ​ភិក្ខុ​សង្ឃ​ច្រើន ចំនួន​៥០០រូប មកដល់ស្រុកឈ្មោះ​ឥច្ឆានង្គលៈ គង់នៅក្នុងដងព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះ​ឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរ​នៃព្រះសមណ​គោតម​​ដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នក​ទូន្មាន​នូវ​បុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បានធ្វើឲ្យជាក់ច្បាស់ ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែង​ធម៌ មានលំអបទដើម បទ​កណ្តាល និងបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាពដូច្នេះ ជាការប្រពៃណាស់។

[១៤៣] សម័យនោះឯង មាណពឈ្មោះអម្ពដ្ឋ ជាសិស្សរបស់ព្រហ្មណបោក្ខរសាតិ ជា​អ្នករាយមន្ត ចេះចាំនូវមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ [អដ្ឋកថា ថា ត្រៃវេទនោះ បានដល់​វេទ៣ គឺឥរុព្វេទ១ យជុព្វេ១ សាមវេទ១។] ព្រមទាំង​គម្ពីរ​និឃណ្ឌុ [ដីកាថា គម្ពីរ​ដែលសំដែងអំពីសព្ទ និងវិធីចែកសព្ទ តាមលំដាប់ពាក្យ (អក្ខរាភិធានសព្ទ ឬសព្ទវចនាធិប្បាយ)។] គម្ពីរ​កេតុភៈ [ដីការថា គម្ពីរដែលនិយាយអំពីកំណត់​កិរិយាសព្ទ មានវិកប្បច្រើនយ៉ាង ដែលចែកចេញ​ទៅជាវណ្ណៈ បទ សម្ព័ន្ធ និងអត្ថនៃបទ ជាដើម ដែល​ហៅថា មូលកិរិយាកប្បសាស្ត្រ។] ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមាន​គម្ពីរឥតិហាសៈ [អដ្ឋកថា ថា គម្ពីរ​ដែលនិយាយពីរឿងព្រេង ប្រកបដោយពាក្យថា ឥតិហអាសៈឥតិហអាសៈ។] ជាគំរប់៥ ជាអ្នករៀន​យកនូវបទ និងវេយ្យាករណ៍ ជាអ្នក​មិន​ឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកដែលអាចារ្យបានអនុញ្ញាតហើយ ទាំងខ្លួន ក៏បានប្តេជ្ញាហើយថា ខ្ញុំចេះអ្វី អ្នកក៏​ចេះ​នោះដែរ អ្នកចេះអ្វី ខ្ញុំក៏ចេះនោះដែរ ក្នុងបាវចនៈ (ពាក្យជាប្រធាន គឺលទ្ធិសាសនា) ដែល​ប្រកបដោយត្រៃវិជ្ជា ក្នុងសំណាក់អាចារ្យរបស់ខ្លួន។ គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ហៅអម្ពដ្ឋមាពណមកប្រាប់ថា នែអម្ពដ្ឋ ព្រះសមណគោតម ជាសក្យបុត្រនេះ ចេញចាក​សក្យត្រកូល ទៅទ្រង់ផ្នួសហើយ ត្រាច់មកកាន់ចារិកក្នុងកោសលជនបទ ឥឡូវ​ ទ្រង់ពុទ្ធ​ដំណើរ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ស្រុកឥច្ឆានង្គលៈ គង់ក្នុង​ដង​ព្រៃ​ឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះ​ឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរ​នៃព្រះសមណ​គោតម​ដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវ​ញេយ្យធម៌​ទាំង​ពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គប្រកបដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ​ទូន្មាន​នូវ​បុគ្គលដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវចតុរារិយសច្ច ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បានធ្វើឲ្យជាក់ច្បាស់ ដោយព្រះអង្គឯង ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែង​ធម៌ មានលំអបទដើម បទ​កណ្តាល និងបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏ការដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាព​យ៉ាងនោះ ជាការប្រពៃណាស់ នែអម្ពដ្ឋមាណព អ្នកចូរមកណេះ ចូរចូលទៅរក​ព្រះសមណ​​គោតម លុះចូលទៅដល់ហើយ ចូរពិនិត្យនូវព្រះសមណគោតមមើល ទោះបីកិត្តិសព្ទ សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ​ទៅពិត​ដូច្នោះ​មែន ឬមិនមែន​ដូច្នោះទេ ទោះបី​ព្រះសមណគោតមដ៏ចំរើននោះ​ ប្រាកដដូច្នោះក្តី មិន​ប្រាកដ​ដូច្នោះ​ក្តី យើងនឹងដឹង នូវព្រះសមណគោតម​ដ៏ចំរើននោះ ដោយពិត។ ម្នាល​គ្នាយើងដ៏ចំរើន ទោះបី​កិត្តិសព្ទ សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយ​​ពិត​ដូច្នោះក្តី មិនពិតដូច្នោះក្តី ទោះបី​ព្រះសមណគោតម​ដ៏ចំរើន​នោះ​ ប្រាកដដូច្នោះក្តី មិនប្រាកដដូច្នោះ​ក្តី យើងនឹងដឹង នូវព្រះសមណគោតម​ដ៏ចំរើន​នោះ ដោយប្រការឯណា​នីមួយ មិនខានឡើយ។ ម្នាលអម្ពដ្ឋ មហាបុរិសលក្ខណៈ​ទាំង​ឡាយ​៣២ប្រការ មានប្រាកដ​ មកក្នុងមន្តទាំងឡាយរបស់យើងហើយ កាលបើមហា​បុរស ប្រកបដោយ​មហាបុរិសលក្ខណៈណាហើយ គង់មានគតិជាពីរយ៉ាង មិនខុស​អំពី​គតិ​ទាំងពីរយ៉ាង​នេះ​ទេ គឺបើមហាបុរសនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេច​ចក្កពត្តិ ឋិតនៅ​ក្នុងធម៌ ជាស្តេច​ប្រកបដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាចរហូតដល់ផែនដី ដែល​​មាន​សមុទ្រ​ទាំង​៤ព័ទ្ធជុំវិញ ព្រះអង្គដល់នូវភាវៈ​ជាអ្នកមាំមួន​ក្នុងជនបទ ប្រកប​ដោយ​រតនៈ៧ប្រការ រតនៈ៧ប្រការរបស់ព្រះអង្គនោះគឺ ចក្ករ័តន៍១ ដំរីរ័តន៍១ សេះរ័តន៍១ មណិរ័តន៍១ ស្រីរ័តន៍១ គហបតិរ័តន៍ (អ្នកជាប្រធាន ត្រួតត្រាការងារក្នុងព្រះរាជវាំង)១ និង​​បរិណាយករ័តន៍១ គឺអគ្គមហាសេនាធិបតីមួយទៀត ជាគំរប់៧ ចំណែកព្រះរាជ​ឱរស​របស់ទ្រង់ ក៏មានចំនួនច្រើនពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាច​ញាំញីនូវ​សេនារបស់ស្តេច​ឯទៀតបាន ព្រះអង្គទ្រង់ប្រាបប្រាម គ្រប់គ្រងនូវផែនដី​នេះ ដែលមានសាគរ​ជាទីបំផុតដោយធម៌ គឺសីល៥ មិនបាច់ប្រើរាជអាជ្ញា មិនបាច់​ប្រើ​សស្ត្រាវុធឡើយ បើព្រះអង្គចេញពីព្រះរាជដំណាក់ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជា​ព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក ជាអ្នកមានកិលេសជាគ្រឿងបិទបាំងបើកហើយ ម្នាល​អម្ពដ្ឋ អញឯង ជាអ្នកឲ្យនូវមន្តទាំងឡាយ (ដល់អ្នក) អ្នកក៏បានទទួលរៀននូវមន្តទាំង​ឡាយហើយ។ អម្ពដ្ឋមាណព បានទទួលពាក្យរបស់បោក្ខរសាតិព្រាហ្មណ៍ថា បពិត្រ​លោកដ៏ចំរើន យ៉ាងនេះឯង ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​បោក្ខរសាតិព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយឡើងជិះរថ ដែលទឹមដោយសេះ ទៅជាមួយនឹងមាណព​ មានចំនួន​ច្រើននាក់ សំដៅទៅរកដងព្រៃឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទៅ ដែល​យានល្មម​ឈប់​បាន ហើយក៏ចុះពីយាន ដើរទៅដោយជើងទទេ ឆ្ពោះទៅកាន់អារាម។

[១៤៤] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប កំពុងចង្ក្រមនៅក្នុងទីវាល។ គ្រានោះ អម្ពដ្ឋមាណព ចូលទៅរក​ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោល​ពាក្យ​នេះ នឹងភិក្ខុទាំងឡាយនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតម​ដ៏ចំរើន ព្រះអង្គគង់​នៅក្នុងទីណា ដ្បិតយើងខ្ញុំទាំងឡាយ ចូលមកក្នុងទីនេះ ដើម្បីនឹងគាល់​ព្រះគោតមដ៏ចំរើននោះ។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា អម្ពដ្ឋមាណពនេះ ជាមនុស្ស​កើតក្នុងត្រកូលល្បីល្បាញផង ត្រូវជាសិស្ស​របស់​បោក្ខរសាតិព្រាហ្មណ៍ ដែលល្បីល្បាញ (ដោយរូប ជាតិ មន្ត ត្រកូល និងប្រទេស)ផង ការ​សំណេះសំណាលជាមួយ​នឹងកុលបុត្រ មានសភាពយ៉ាងនេះ ជាការមិនធ្ងន់ដល់​ព្រះមាន​ព្រះភាគ​ប៉ុន្មានទេ។ ភិក្ខុទាំងឡាយនោះ ក៏និយាយពាក្យនុ៎ះ ទៅ​នឹង​អម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ វិហារ (គន្ធកុដិ)នុ៎ះ បិទទ្វារហើយ ព្រោះ​ហេតុនោះ ចូរ​អ្នកស្ងៀម ស្ងប់សំឡេង ដើរចូលទៅកុំរលះរលាំង លុះចូលទៅដល់របៀងហើយ ក្អក​គ្រហែម គោះសន្ទះទ្វារ ព្រះមានព្រះភាគ គង់នឹងបើកទ្វារ​ឲ្យអ្នក។ គ្រានោះ អម្ពដ្ឋមាណព ស្ងៀមស្ងប់សំឡេង ដើរចូលទៅរកវិហារ ដែល​មានទ្វារបិទ មិនរលះរលាំង ចូលដល់ទៅរបៀងហើយ ក្អក​គ្រហែម គោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏បើកទ្វារ​ឲ្យ។​ អម្ពដ្ឋមាណព ក៏ចូលទៅ។ ចំណែក​ខាងពួកមាណព ចូលទៅដល់ហើយ បានពោល​ពាក្យ​សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរសំណេះ​សំណាល និងពាក្យគួររលឹកហើយ ទើបអង្គុយ​ក្នុងទីសមគួរ។

[១៤៥] ឯអម្ពដ្ឋមាណព សូម្បីកំពុងដើរ ក៏ហ៊ាន​ចរចានូវពាក្យដែលគួររលឹកណា​មួយ ជាមួយព្រះមានព្រះភាគ ដែលទ្រង់​កំពុង​គង់ សូម្បីខ្លួនឈរ ​ក៏ហ៊ាន​ចរចា​នូវ​ពាក្យ​ដែល​គួររលឹកណា​មួយ ជាមួយព្រះមានព្រះភាគ ដែលទ្រង់​កំពុង​គង់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ ទៅនឹង​អម្ពដ្ឋមាណពថា ម្នាល​អម្ពដ្ឋ អ្នកធ្លាប់​តែ​ចរចាជាមួយនឹងពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចអាចារ្យធំ (របស់​អ្នក) ដូចអ្នកកំពុងដើរ កំពុងឈរ ហើយចរចានូវពាក្យ ដែលគួររលឹកណា​មួយ ជាមួយ​នឹង​តថាគត ដែល​កំពុងអង្គុយយ៉ាងហ្នឹងឬ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះមិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ព្រាហ្មណ៍កំពុងដើរ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងដើរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍កំពុងឈរ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងឈរ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ព្រាហ្មណ៍កំពុងអង្គុយ គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងអង្គុយ បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយនឹង​ព្រាហ្មណ៍​កំពុងដេក​ដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន តែការ​និយាយចរចារបស់ខ្ញុំ ជាមួយព្រះគោតមដ៏​ចំរើន ដូចគ្នានឹងការនិយាយចរចារបស់ខ្ញុំជាមួយនឹង​ពួកសមណៈត្រងោល ដែលជាគោត្រ​ត្រកូល​គហបតិ ជាកណ្ហគោត្រ កើតអំពីព្រះបាទរបស់មហាព្រហ្មដូច្នោះដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ចំណែកអ្នកមានសេចក្តីត្រូវការហើយ ទើបបាន​មកក្នុងទីនេះ បើអ្នកទាំងឡាយមក ដើម្បីប្រយោជន៍ណា គួរធ្វើទុកក្នុងចិត្ត​នូវប្រយោជន៍​នោះឯងឲ្យសម្រេចទៅចុះ តែអម្ពដ្ឋមាណព ជាអ្នកមិនធ្លាប់​បានសិក្សាទេ ប្រកាន់ថា ខ្លួនធ្លាប់បានសិក្សាមកហើយ ការប្រកាន់ដូច្នោះម្តេចបាន ព្រោះអ្នក​មិនបាន​សិក្សាក្នុងត្រកូលនៃអាចារ្យដទៃសោះ។ លំដាប់នោះ អម្ពដ្ឋមាណព កាលត្រូវ​ព្រះមានព្រះភាគ ត្រាស់​ដោយវាទៈថា ខ្លួនមិនបានសិក្សា (ដូច្នោះ)ហើយ ក៏ខឹង អាក់អន់​ចិត្ត កាលនឹងពោលទ្រគោះទៅរក​ព្រះមានបុណ្យ កាលនឹងពោល​សង្កត់​ព្រះមានបុណ្យ កាល​នឹងពោលផ្ទញ់ព្រះមានបុណ្យ ក៏គិតថា ព្រះសមណគោតមដ៏​ចំរើន មុខជានឹងធ្វើ​អញ​​ឲ្យអាក្រក់ ហើយបានពោលពាក្យនេះនឹងព្រះមានព្រះភាគថា នែព្រះ​គោតមដ៏ចំរើន ជាតិសក្យៈកាចណាស់ នែព្រះគោតមដ៏ចំរើន ជាតិសក្យៈអាក្រក់ណាស់ នែព្រះគោតម​ដ៏​ចំរើន ជាតិសក្យៈមានចិត្តស្រាលណាស់ នែព្រះគោតមដ៏ចំរើន ជាតិសក្យៈជាពូជគហបតិ មានសំដីច្រើនណាស់ ជាពូជគហបតិ ឥតធ្វើ​សក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តី​គោរព​ពួក​ព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែង​ពួក​ព្រាហ្មណ៍ឡើយ នែព្រះគោតមដ៏ចំរើន ត្រង់ដែល​ពួកសក្យៈ​នេះ ជាពូជគហបតិ ពួកគហបតិ ឥតធ្វើ​សក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរព​ពួក​ព្រាហ្មណ៍ ឥតរាប់អានពួក​ព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែង​ពួក​ព្រាហ្មណ៍ នេះឯងជាអំពើ​មិនត្រូវទំនងទេ នេះឯងជាអំពើ​មិនសមគួរទេ។ អម្ពដ្ឋ​មាណព បាននិយាយ​បន្តុះបង្អាប់ពួកសក្យៈ ថាជាពូជគហបតិ នេះជាពាក្យដំបូង ដោយប្រការ​ដូច្នេះ។

[១៤៦] ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ ចុះពួកសក្យៈបានប្រទូស្តនឹង​អ្នក​ដូចម្តេច។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ខ្ញុំបានទៅកាន់​នគរកបិលព័ស្តុ ដោយកិច្ចនីមួយរបស់​បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យ (របស់ខ្ញុំ) ហើយ​បានចូលទៅកាន់សណ្ឋាគារ គឺសាលាបង្រៀនចំណេះវិជ្ជា សម្រាប់គ្រងរាជសម្បត្តិ​របស់​ពួកសក្យៈ សម័យនោះឯង ពួកសក្យៈ និងពួកកុមារនៃសក្យៈជាច្រើន កំពុងអង្គុយ​លើ​អាសនៈដ៏ខ្ពស់ក្នុងសណ្ឋាគារ កំពុង​តែសើចលេង ប្រឡែងគ្នា ចាក់ក្រឡេកគ្នាទៅវិញ​ទៅមក ទំនងជាសើចចំអក​មករកខ្ញុំដោយពិត ឥតមានអ្នកណាមួយ​អញ្ជើញខ្ញុំ​ដោយ​អាសនៈសោះ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ ការនេះមិនសមគួរទេ ត្រង់​ដែល​ពួកសក្យៈនេះ ជាពូជគហបតិ ពួកគហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើ​សេចក្តី​គោរពពួកព្រាហ្មណ៍ ឥតរាប់អាន​ពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥត​កោត​ក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព បាននិយាយ​បន្តុះបង្អាប់​ពួកសក្យៈថា ជាពូជ​គហបតិ នេះជាពាក្យគំរប់ពីរ ដោយប្រការដូច្នេះ។

[១៤៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ប៉ុនអម្បាលសត្វបក្សីចៀបកប្បាស នៅ​ក្នុងសំបុករបស់ខ្លួន ក៏និយាយទៅតាមចំណង់បាន ម្នាលអម្ពដ្ឋ ឯនគរកបិលព័ស្តុនេះ ជា​របស់សក្យៈទាំងឡាយផងគេ ព្រោះហេតុនោះ អម្ពដ្ឋមិនគួរខឹងសំបារក្នុងការសើចតិចតួច​នេះទេ។ អម្ពដ្ឋមាណព ពោលពាក្យតបថា ព្រះគោតមដ៏ចំរើន វណ្ណៈ (ត្រកូល) ទាំងឡាយ ៤នេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្យៈ១ សុទ្ធៈ១ បពិត្រព្រះគោតមដ៏ចំរើន តាម​ពិត បណ្តាវណ្ណៈទាំងឡាយ៤នេះ វណ្ណៈទាំង៣ គឺខត្តិយៈ១ វេស្យៈ១ សុទ្ទៈ១ ត្រូវ​តែ​បំរើ​ ប្រតិបត្តិពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ ការនេះមិនសមគួរ​ទេ ត្រង់ដែល​សក្យៈទាំងឡាយនេះ ជាពូជ​គហបតិ ពួកគហបតិឥតធ្វើសក្ការៈពួក​ព្រាហ្មណ៍ ឥតធ្វើសេចក្តី​គោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជា​ពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព បាននិយាយ​បន្តុះបង្អាប់​ពួក​សក្យៈ ថាជាពូជ​គហបតិ នេះជាពាក្យគំរប់៣ ដោយប្រការដូច្នេះ។

[១៤៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះខ្លាំងណាស់តើ ហ៊ានញាំញីពួកសក្យៈដោយវាទៈថា ជាពូជគហបតិ បើ​ដូច្នោះ ត្រូវតថាគត​សួររក​គោត្រមើល។ ទើប​ព្រះមានព្រះភាគ ត្រាស់ពាក្យនេះ នឹង​អម្ពដ្ឋ​មាណព​ថា ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វី។ អម្ពដ្ឋមាណពឆ្លើយតបថា នែព្រះគោតមដ៏ចំរើន ខ្ញុំជាកណ្ហាយនគោត្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកកាលបើនឹក​ទៅ​រក​នាម និងគោត្ររបស់មាតាបិតា អំពីបុរាណ (នឹងដឹងថា) មានព្រះអង្គម្ចាស់ ជាពួក​សក្យៈ ឯខ្លួន​អ្នក ជាកូននៃទាសីរបស់ពួកសក្យៈ (នោះ) ម្នាលអម្ពដ្ឋ ពួកសក្យៈ​តែង​អាង​ព្រះរាជាទ្រង់ព្រះនាម ឧក្កាកៈ ថាជាបុព្វបុរស។

[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ក្នុងកាលពីដើម មានព្រះរាជា​ ទ្រង់ព្រះនាម ឧក្កាកៈ មានព្រះមហេសីជាទីស្រឡាញ់ ជាទីពេញព្រះហឫទ័យ ទ្រង់​មាន​បំណងនឹងបង្វែររាជសម្បត្តិ ឲ្យរាជបុត្ររបស់​ព្រះមហេសីនោះ ហើយក៏បង្វេះពួកព្រះ​រាជ​កុមារជាច្បង (៤ព្រះអង្គ) គឺព្រះរាជកុមារនាម ឧក្កាមុខ១ ករកណ្ឌុ១ ហត្ថិនិកៈ១ សិនិបុរៈ​១ ឲ្យចេញអំពីដែន។ ព្រះរាជបុត្រទាំងនោះ លុះព្រះបិតាបង្វេះចេញអំពីដែនហើយ ក៏​នាំ​គ្នាទៅអាស្រ័យនៅក្នុងដងព្រៃឈ្មោះមហាសាក ទៀបឆ្នេរស្រះបោក្ខរណី ជិតខាងហិមវន្ត​ប្រទេស។ ព្រះរាជបុត្រទាំងនោះ បានសម្រេចការរួមនៅ​ជាមួយ​នឹងពួក​ព្រះភគិនី​របស់​ខ្លួន ព្រោះការខ្លាចក្រែងក្លាយខូចជាតិ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ បាន​ត្រាស់​​ហៅ​ពួកអាមាត្យ ដែលជារាជបរិវារមកថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ឥឡូវនេះ កុមារ​ទាំងឡាយទៅនៅក្នុងទីណា។ ពួករាជអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មាន​ដង​ព្រៃឈ្មោះមហាសាក នៅទៀបឆ្នេរនៃស្រះបោក្ខរណី ជិតខាង​ហិមវន្តប្រទេស ឥឡូវ​នេះ ពួកព្រះរាជកុមារ ទៅនៅក្នុងដងព្រៃនោះ ព្រះរាជកុមារទាំងនោះ សម្រេចការ​នៅ​រួម​ជាមួយនឹងពួកភគិនីរបស់ខ្លួន ដោយការខ្លាចក្រែងក្លាយខូចជាតិ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ ក៏បន្លឺនូវព្រះឧទានវាចាថា អើហ្ន៎ កុមារទាំងឡាយ ពេញជាអង់​អាច អើហ្ន៎ កុមារទាំងឡាយពេញជាមោះមុតមែន។ ម្នាលអម្ពដ្ឋ ចាប់ដើម​អំពីកាលនោះមក ពួក​សក្យវង្សក៏កើតប្រាកដឡើង។ ព្រះបាទឧក្កាករាជនោះហើយ ជាបុព្វបុរសរបស់ពួក​សក្យៈ។ ម្នាលអម្ពដ្ឋ ព្រះបាទឧក្កាករាជ មានទាសីម្នាក់ឈ្មោះនាងទិសា នាងនោះ​បាន​បង្កើតកូនប្រុសម្នាក់ឈ្មោះកណ្ហៈ។ លុះកណ្ហកុមារប្រសូតមក ក៏ស្រែកយំថា ម៉ែ​ចូរ​លាង​ខ្ញុំ ម៉ែ ចូរផ្ងូតទឹកខ្ញុំ ម៉ែ ចូរនាំខ្ញុំ​អំពីទីស្មោកគ្រោកនេះចេញ ខ្លួនខ្ញុំមុខជានឹងមានប្រយោជន៍​ដល់​ម៉ែ។ ម្នាលអម្ពដ្ឋ ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយស្គាល់ពួកបិសាចថា ជាបិសាច យ៉ាងណា ម្នាលអម្ពដ្ឋ ក្នុងសម័យនោះឯង មនុស្សទាំងឡាយ ក៏ស្គាល់នូវពួកបិសាច​ថា ដូចជា​កណ្ហកុមារ យ៉ាងនោះដែរ។ មនុស្សទំាងនោះ នាំគ្នាពោលពាក្យយ៉ាងនេះថា កុមារ​នេះកើតមកហើយ ស្រែកយំថា កុមារខ្មៅកើតហើយ បិសាចកើតហើយ។ ម្នាលអម្ពដ្ឋ ចាប់​ដើមពីកាលនោះមក មានពួកជន​ជាកណ្ហាយនគោត្រ ក៏កើតប្រាកដឡើង។ កណ្ហកុមារនោះឯងហើយ ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ ម្នាលអម្ពដ្ឋ កាល​បើអ្នក​នឹកទៅរក​នាម និងគោត្រ ជារបស់មាតាបិតាអំពីដើម (នឹងដឹងថា) មាន​ព្រះអង្គ​ម្ចាស់ជាពួកសក្យៈ ឯខ្លួន​អ្នកជាកូននៃទាសី របស់ពួកសក្យៈ (នោះ) ដោយប្រការដូច្នេះ​ឯង។

[១៥០] កាលដែលព្រះមានព្រះភាគ ទ្រង់មានពុទ្ធតម្រាស់​យ៉ាងនេះហើយ ពួក​មាណព​ទាំងនោះ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន កុំ​ញាំញី​ខ្លាំងពេក នូវអម្ពដ្ឋមាណព ដោយពាក្យថាកូនទាសី បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូននៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព ជាអ្នកសមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនផង។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់​ពាក្យនេះ នឹងពួកមាណពទាំងនោះថា ប្រសិនបើអ្នកទាំងឡាយ ជាមាណព មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតមិនល្អផង អម្ពដ្ឋមាណព មិនមែន​ជាកូន​នៃ​អ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ចេះដឹងតិចផង អម្ពដ្ឋមាណព មានវាចាមិន​ពីរោះ​ផង អម្ពដ្ឋមាណព ជាមនុស្សឥតបញ្ញាផង អម្ពដ្ឋមាណព មិនសមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមបានផង ដូច្នេះ ចូរឲ្យអម្ពដ្ឋមាណពឈប់ចុះ ចូរអ្នក​ទាំងឡាយ ប្រឹក្សាក្នុងពាក្យនោះជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយជាមាណព មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតល្អផង អម្ពដ្ឋមាណព ជាកូន​នៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព មាន​វាចា​ពីរោះ​ផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមបានផង ដូច្នេះ ចូរអ្នកទាំងឡាយឈប់ចុះ ចូរ​ឲ្យ​​អម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះជាមួយនឹងតថាគត។ ពួកមាណព​ក៏ពោល​ថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូន​នៃអ្នកមានត្រកូល​ផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមាន​វាចា​ពីរោះ​ផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹង​ប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុង​ពាក្យ​នោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនបានផង យើងទាំងឡាយ នឹងស្ងៀម ឲ្យតែ​​អម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹង​ព្រះគោតមដ៏ចំរើនចុះ។

[១៥១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព​ថា ម្នាលអម្ពដ្ឋ ប្រស្នាប្រកបដោយហេតុនេះឯង មកដល់អ្នកហើយ ទោះបីអ្នកមិនប្រាថ្នា​នឹង​ឆ្លើយ ក៏ត្រូវតែឆ្លើយ បើអ្នកនឹងមិនឆ្លើយក្តី នឹងនិយាយ​វាសវាងទៅរកហេតុដទៃ ដោយ​រឿង​ដទៃក្តី អ្នកនឹងនៅស្ងៀមក្តី នឹងដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា៧ភាគ ក្នុងទីនេះ​មិនខាន ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតអំពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ កាលបើព្រះ​សាស្តា​ ទ្រង់ត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណពក៏នៅស្ងៀម។ ព្រះមានព្រះភាគ បាន​ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព អស់វារៈពីរដងទៀតថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណពក៏នៅស្ងៀម អស់វារៈ​ពីរដង។ គ្រានោះ ព្រះមានព្រះភាគ បាន​ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកចូរ​ឆ្លើយឥឡូវនេះមក ឥឡូវនេះ មិនមែនជាកាលត្រូវអ្នកនៅស្ងៀមទេ ម្នាលអម្ពដ្ឋ បុគ្គល​ណា ដែលតថាគតសួរប្រស្នា ប្រកបដោយហេតុ អស់វារៈ៣ដងហើយ មិនឆ្លើយ ក្បាល​របស់បុគ្គល​នោះ នឹងបែក​ជា៧ភាគ ក្នុងទីនេះមិនខាន។

[១៥២] សម័យនោះឯង មានយក្ស [អដ្ឋកថា ថា យក្សក្នុងទីនេះ គឺព្រះឥន្ទ្រាធិ​រាជ។] ឈ្មោះវជិរបាណិ (យក្សមានកែវ​វជិរក្នុងដៃ) កាន់ដំបងដែកយ៉ាងធំ ដែលភ្លើង​កំពុង​ឆេះច្រាលរន្ទាល សន្ធោសន្ធៅ មកឈរឯអាកាស ពីខាងលើអម្ពដ្ឋមាណព ដោយគិតថា បើ​អម្ពដ្ឋមាណពនេះ ព្រះមានព្រះភាគសួរប្រស្នាប្រកបដោយហេតុ អស់វារៈ​បីដង​ហើយ នឹងមិនឆ្លើយទេ អញនឹងសំពងក្បាលមាណពនេះឲ្យបែកជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងអម្ពដ្ឋមាណព ក៏ឃើញនូវយក្សឈ្មោះវជិរបាណិនោះដែរ។ គ្រានោះ អម្ពដ្ឋមាណពភ័យ តក់ស្លុត ព្រឺរោមខ្ញាកឡើង ក៏ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាទីពឹងពំនាក់ ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាទីជ្រកកោន ស្ទុះទៅរក​ព្រះមានព្រះភាគ យក​ជាសរណៈ ហើយចូលទៅអង្គុយជិត ទើបក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន ត្រាស់ហើយនូវពាក្យនុ៎ះដូចម្តេច សូមព្រះ​គោតមដ៏ចំរើន ត្រាស់ម្តងទៀត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នក​សំគាល់​​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួក​ព្រាហ្មណ៍ចាស់ៗ មាន​អាយុ​ច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយន​គោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណព ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំធ្លាប់បានឮមក ដូចព្រះគោតមដ៏ចំរើន បានត្រាស់ហើយ​ថា កណ្ហាយនគោត្រទាំងឡាយ កើតមកអំពីត្រកូលនោះ កណ្ហកុមារនោះហើយ ដែល​ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ដូច្នោះដែរ។

[១៥៣] កាលបើអម្ពដ្ឋមាណព ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏បន្លឺ​សំឡេងគឹកកងរំពងថា ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាមនុស្សមានជាតិទន់ទាបទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព មិនមែនជាកូននៃអ្នកមានត្រកូលទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព ជាកូននៃទាសីរបស់ពួកសក្យៈទេតើ ម្នាលគ្នាយើង ពួកសក្យៈ ជាម្ចាស់​នៃ​អម្ពដ្ឋមាណពទេតើ ព្រះសមណគោតម ជាអ្នកពោលត្រឹមត្រូវពិត យើងទាំងឡាយ បែរ​ជាស្មានថា ព្រះសមណគោតម ជាបុគ្គលដែលយើងគប្បីរុករានទៅវិញ។ គ្រានោះ ​ព្រះមានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា មាណពទាំងនេះមើលងាយខ្លាំងណាស់ នូវ​អម្ពដ្ឋមាណព ដោយពាក្យពោលថា ជាកូននៃទាសី បើដូច្នោះ គួរតែតថាគត ជួយ​ដោះស្រាយចេញ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពួក​មាណព​ទាំងនោះថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយកុំមើលងាយខ្លាំងពេក នូវ​អម្ពដ្ឋមាណព ដោយពាក្យពោថា ជាកូននៃទាសីឡើយ (កាលពីដើម) គាត់ជាកណ្ហឥសី ជាអ្នកថ្កើងថ្កាន គាត់ទៅកាន់ទក្ខិណជនបទ (នៅជាខាងស្តាំនៃទន្លេគង្គា) បានរៀន​នូវ​ព្រហ្មមន្តទាំងឡាយ ហើយចូលទៅគាល់ព្រះបាទឧក្កាករាជ ហើយទូលសូ​មព្រះរាជ​ធីតាទ្រង់ ព្រះនាម​មទ្ទរូបី។ ព្រះបាទឧក្កាករាជ ក៏ទ្រង់ក្រោធ ពិរោធ អាក់អន់ព្រះហឫទ័យ​នឹងឥសីនោះថា មនុស្សចង្រៃ ជាកូននៃទាសី មិនគួរនឹងហ៊ាន​មកសូមនាង​មទ្ទរូបី ជាធីតា​របស់​អញសោះ ទើបទ្រង់​ផ្គងសរឡើង។ ព្រះបាទឧក្កាករាជនោះ មិនអាចនឹងថ្លែង មិន​អាច​នឹង​ដាក់ចុះ នូវសរនោះចេញបាន (ដោយអានុភាពនៃ​មន្តរបស់ឥសីនោះ)។

[១៥៤] គ្រានោះ ពួកមាណពជាអាមាត្យ រាជបរិស័ទ ចូលទៅរកកណ្ហឥសី ហើយ​បានពោលពាក្យនេះថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា បពិត្រ​លោក​ដ៏​ចំរើន សូមសួស្តីមានដល់ព្រះរាជា។ កណ្ហឥសីតបថា សួស្តីគង់នឹងមានដល់ព្រះរាជា ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងក្រោម ផែនដីក៏នឹងស្រុតរហូតទាំងព្រះរាជាណា​ខេត្ត។ ពួករាជអាមាត្យពោលថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា សូម​សួស្តី​មានដល់ជនបទ។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹង​មាន​ដល់ជនបទ ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងលើ ភ្លៀងនឹង​មិនធ្លាក់​អស់៧ឆ្នាំ ពេញ​ទាំងព្រះរាជាណាខេត្ត។ ពួករាជអាមាត្យពោលអង្វរថា បពិត្រ​លោក​ដ៏​ចំរើន សូម​សួស្តី​មានដល់ព្រះរាជា សូម​សួស្តី​មានដល់ជនបទ សូមឲ្យភ្លៀងបង្អុរមក។ កណ្ហឥសី​តប​វិញ​ថា សួស្តីគង់នឹងមានដល់ព្រះរាជា សួស្តីគង់នឹងមានដល់ជនបទ ភ្លៀង​គង់នឹង​បង្អុរ​មក ប៉ុន្តែបើព្រះរាជាទ្រង់ប្រគល់សរទុកលើព្រះរាជកុមារច្បង ព្រះរាជកុមារ នឹងជាអ្នក​មាន​សួស្តី នឹងមានរោមសម្លបចុះ គឺមិនភិតភ័យ។ លំដាប់នោះ ពួកមាណព និង​ព្រះបាទ​ឧក្កាករាជ ទ្រង់ប្រគល់សរទៅលើព្រះរាជបុត្រច្បង។ ព្រះរាជកុមារ ដែល​មាន​សួស្តី ក៏មាន​រោម​សម្លបចុះ។ ព្រះបាទឧក្កាករាជ ត្រូវព្រហ្មទណ្ឌគម្រាម ក៏ខ្លបខ្លាច ទើប​ទ្រង់ព្រះរាជ​ទាន​​ព្រះរាជធីតាទ្រង់ ព្រះនាមមទ្ទរូបី ដល់កណ្ហឥសីនោះ។ ម្នាលពួក​មាណព អ្នក​ទាំង​ឡាយ កុំមើលងាយ​អម្ពដ្ឋមាណព ដោយវាទៈថា ជាកូននៃទាសី​ខ្លាំង​ពេកឡើយ កណ្ហឥសី​នោះ ជាមនុស្សថ្កើងថ្កានដែរ។

[១៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខត្តិយកុមារក្នុងលោកនេះ នៅរួមសំវាស ជាមួយនឹង​ព្រាហ្មណកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនោះ កូនណា​ដែល​កើតអំពីខត្តិយកុមារ និងព្រាហ្មណកញ្ញា កូននោះគួរបានអាសនៈ ឬទឹក ក្នុងពួក​ព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូន​នោះគួរ​បាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលដែលធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះ​ពួកព្រាហ្មណ៍ គួរបង្រៀនមន្តកូននោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀនមន្តកូននោះបាន។ ចុះគួរហាម​ មិនឲ្យខត្តិយកុមារនោះ បានពួកស្ត្រី (ដែលជា​ព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជន​ទាំង​ឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនោះ មិនគួរទេ។ ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះហេតុថា កូននោះ មិនបានកើតមកអំពីមាតា (ជាខត្តិយកញ្ញា)។

[១៥៦] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ព្រាហ្មណកុមារក្នុងលោកនេះ នៅរួមសំវាស ជាមួយនឹងខត្តិយកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនាក់នោះ កូនណា​ដែល​កើតអំពីព្រាហ្មណកុមារ និងខត្តិយកញ្ញា កូននោះ គួរបានអាសនៈ ឬទឹក ក្នុងពួក​ព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូន​នោះគួរ​បាន។ ចុះពួក​ព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះ​ពួកព្រាហ្មណ៍ គួរបង្រៀន​មន្ត​កូននោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀនមន្តកូននោះបាន។ ចុះគួរហាម​ មិនឲ្យព្រាហ្មណកុមារនោះ បានពួកស្ត្រី (ដែលជាខត្តិយកញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជន​ទាំង​ឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនគួរទេ។ ពាក្យ​ដែល​ខ្ញុំ​ពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះកូននោះ មិនបាន​កើត​មក​អំពី​បិតាជាក្សត្រិយ៍។

[១៥៧] ព្រះមានព្រះភាគត្រាស់សួរថា ម្នាលអម្ពដ្ឋ ប្រៀបផ្ទឹមស្រីនិងស្រីក្តី ប្រៀប​ផ្ទឹម​ប្រុសនិងប្រុសក្តី (ឃើញថា) ពួកក្សត្រិយ៍ ជាត្រកូលប្រសើរជាង ពួកព្រាហ្មណ៍​ជា​ត្រកូលទាបដូច្នេះឯង។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍​ក្នុង​លោកនេះ កោរក្បាលព្រាហ្មណ៍ ព្រោះទោសណាមួយ ហើយរោយផេះមួយក្តាប់ ដាក់​(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ក៏ព្រាហ្មណ៍នោះ គួរបាន​អាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬ។ អម្ពដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏​ចំរើន នេះមិនគួរបានទេ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញព្រាហ្មណ៍ ឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសដល់មនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ពួកព្រាហ្មណ៍ នេះមិនគួរបានទេ។ ចុះ​ពួកព្រាហ្មណ៍ គួរ​បង្រៀន​​មន្តព្រាហ្មណ៍នោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន នេះមិនគួរ​បង្រៀន​ទេ។ ចុះគេគួរហាម​ មិនឲ្យព្រាហ្មណ៍នោះ បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរហាម។

[១៥៨] ព្រះមានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះ​ដូច​ម្តេច ពួកក្សត្រិយ៍​ក្នុង​លោកនេះ កោរក្បាលក្សត្រិយ៍ ព្រោះទោសណាមួយ ហើយ​រោយ​ផេះ​មួយក្តាប់ ដាក់​(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ចុះ​ក្សត្រិយ៍​នោះ គួរបាន​អាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រ​ព្រះគោតមដ៏​ចំរើន គួរបាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញក្សត្រិយ៍នោះ ឲ្យ​បរិភោគ ក្នុង​កាល​ធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី ក្នុង​ការ​​ទទួល​ភ្ញៀវ​ក្តី បាន​ដែរ​ឬ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន គួរអញ្ជើញឲ្យបរិភោគបាន។ ចុះ​ពួក​ព្រាហ្មណ៍ គួរ​បង្រៀន​​មន្តក្សត្រិយ៍នោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរ​បង្រៀន​បាន។ ចុះគេគួរហាម​ មិនឲ្យក្សត្រិយ៍នោះ បានពួកស្ត្រី (ដែលជា​ព្រាហ្មណ​កញ្ញា) ឬ​មិន​គួរ​ហាម​ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ម្នាលអម្ពដ្ឋ ក្សត្រិយ៍ ជាមនុស្ស​ថោកទាបយ៉ាងក្រៃលែង ព្រោះពួកក្សត្រិយ៍ផងគ្នា កោរក្បាល ហើយរោយ​ផេះ​មួយ​ក្តាប់ (លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះ​ឯង។ ម្នាលអម្ពដ្ឋ ក្នុងវេលាណាក្សត្រិយ៍ ទោះដល់​នូវភាវៈជាអ្នក​ថោកទាប​យ៉ាងក្រៃលែង​ ដូច្នេះ វេលានោះ ពួកក្សត្រិយ៍ គង់នៅប្រសើរជាង ឯពួក​ព្រាហ្មណ៍ ជាមនុស្សថោកទាប។ ម្នាលអម្ពដ្ឋ សមដូចជាព្រហ្មឈ្មោះសនង្កុមារ បានពោលគាថា ថា

[១៥៩] ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជន ដែលពោល​អាងគោត្រ បុគ្គល​​ដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាមនុស្សប្រសើរ​បំផុត ក្នុងពួកទេវតា និង​មនុស្ស។

[១៦០] ម្នាលអម្ពដ្ឋ គាថានោះ ព្រហ្មឈ្មោះសនង្កុមារ បានច្រៀងត្រូវហើយ មិនមែន​ច្រៀង​ខុសទេ ជាសុភាសិត មិនមែនជាទុព្ភាសិតទេ ប្រកបដោយប្រយោជន៍ មិនមែន​មិនប្រកបដោយប្រយោជន៍ទេ តថាគត ក៏សំគាល់ឃើញតាម ម្នាលអម្ពដ្ឋ សូម្បី​តថាគត ក៏តែងពោលយ៉ាងនេះថា

[១៦១] ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជនដែលពោលអាងគោត្រ បុគ្គល​ដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។

ចប់ ភាណវារៈ ទី១។

[១៦២] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈ​នោះ តើ​ដូចម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ការពោល​ប្រកាន់ជាតិ​ក្តី ការពោល​ប្រកាន់​គោត្រក្តី ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬមិនគួរ​ដល់​យើង​ដូច្នេះក្តី ព្រោះបរិបូណ៌ ដោយវិជ្ជា និងចរណៈ ដែល​មិនមានគុណជាតិដទៃ​ក្រៃ​លែងជាង តថាគតមិនបានពោលទេ ម្នាលអម្ពដ្ឋ លុះតែក្នុងទីណា ដែល​មានអាវាហៈ​ក្តី វិវាហៈក្តី អាវាហៈ និងវិវាហៈក្តី ទីនោះទើបតថាគតពោលអំពីការពោលប្រកាន់ជាតិដូច្នេះ​ខ្លះ ការពោល​ប្រកាន់គោត្រដូច្នេះខ្លះ ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬ​មិនគួរ​ដល់យើងដូច្នេះខ្លះ ម្នាលអម្ពដ្ឋ បើពួកជនណាមួយ ដែលនៅជាប់ចំពាក់ ដោយ​ការ​ពោលប្រកាន់ជាតិក្តី ជាប់ចំពាក់ដោយការពោល​ប្រកាន់គោត្រក្តី ជាប់ចំពាក់ដោយ​ការពោល​​ប្រកាន់មានះក្តី ជាប់ចំពាក់ដោយអាវាហៈ វិវាហៈក្តី ពួក​ជន​នោះ ឈ្មោះថា ជា​អ្នកឆ្ងាយចាកគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិ​ដទៃក្រៃលែងជាង ម្នាលអម្ពដ្ឋ ការដែលធ្វើឲ្យជាក់ច្បាស់​នូវគុណសម្បត្តិ គឺវិជ្ជា និងចរណៈ ដែលមិនមាន​គុណជាតិ​ដទៃលើសលុបជាង រមែងមាន ព្រោះបាន​លះបង់​នូវ​ការជាប់ជំពាក់ ដោយ​ការ​ពោល​ប្រកាន់ជាតិផង លះបង់នូវ​ការជាប់ជំពាក់ ដោយ​ការ​ពោល​​ប្រកាន់គោត្រផង លះបង់នូវការ​ជាប់ចំពាក់ដោយការពោល​ប្រកាន់មានះផង លះបង់​នូវ​ការជាប់ចំពាក់​ដោយ​អាវាហវិវាហៈផង។

[១៦៣] អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ​ តើ​​ដូម្តេច វិជ្ជានោះ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូច​ក្នុងសាមញ្ញ​ផលសូត្រ)។បេ។ ម្នាលអម្ពដ្ឋ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ។បេ។ ចូលកាន់បឋមជ្ឈាន នេះជាចរណៈរបស់ភិក្ខុនោះ។បេ។ ព្រះការរម្ងាប់វិតក្កវិចារៈហើយ ក៏​ចូលកាន់ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ នេះជាចរណៈរបស់ភិក្ខុនោះ។ ម្នាល​អម្ពដ្ឋ នេះឯងហៅថា ចរណៈ។ ភិក្ខុរមែងទាញ នាំបង្អោនទៅដើម្បីញាណទស្សនៈ។បេ។ នេះជាវិជ្ជារបស់ភិក្ខុនោះ។បេ។ (ភិក្ខុ) ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះទៅ​ទៀត មិនមាន។ នេះជាវិជ្ជារបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា វិជ្ជា។ ម្នាលអម្ពដ្ឋ ភិក្ខុនេះ តថាគតពោលថា ជាអ្នកបរិបូណ៌​ដោយវិជ្ជាខ្លះ បរិបូណ៌ដោយចរណៈខ្លះ បរិបូណ៌​ដោយវិជ្ជា និងចរណៈខ្លះ។ ម្នាលអម្ពដ្ឋ ការបរិបូណ៌ដោយវិជ្ជា ការបរិបូណ៌​ដោយ​ចរណៈដទៃ​ដ៏លើសលុប ឬថ្លៃថ្លាជាងគុណសម្បទា គឺវិជ្ជា ជាងគុណសម្បទា គឺចរណៈនេះ មិនមានឡើយ។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដែលរកគុណជាតិដទៃលើសលុបជាងគ្មាន នេះមាន៤យ៉ាង។ ប្រធាន​នៃសេចក្តីសាបសូន្យ៤យ៉ាងនោះ តើអ្វីខ្លះ។ ម្នាលអម្ពដ្ឋ សមណៈក្តី ព្រាហ្មណ៍ក្តី ពួកខ្លះ ក្នុងលោកនេះ កាលដែលមិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរ​​នេះ​ឯង ហើយរែកនូវអម្រែកដ៏ពេញ ដោយបរិក្ខារទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ នឹង​បរិភោគផ្លែឈើដែលជ្រុះឯង។ សមណៈ និងព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែ​ជា​អ្នកបំរើរបស់បុគ្គល​អ្នកបរិបូណ៌​ដោយវិជ្ជា និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជា​ប្រធាននៃសេចក្តី​សាបសូន្យទី១ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដែល​មិនមានគុណ​ជាតិដទៃ លើសលុបជាងនេះឯង។

[១៦៤] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀតថា សមណៈ ឬព្រាហ្មណ៍ពួកមួយក្នុងលោកនេះ មិន​បានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ មិនមានគុណជាតិដទៃក្រៃលែង​ជាង​នេះឯង មិនសម្រេចនូវ​ការបរិភោគនូវ​ផ្លែឈើដែលជ្រុះឯង ហើយក៏កាន់នូវ​ចប និងល្អី ដើរ​ចូលទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ នឹងយកមើមដំឡូង និងផ្លែឈើជាអាហារ។ សមណព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី២ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។

[១៦៥] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិន​សម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការបរិភោគមើមដំឡូង និង​ផ្លែឈើ​ផង តែធ្វើ​រោងភ្លើងទុកជិតស្រុក ឬជិតនិគម ហើយនៅបំរើភ្លើង។ សមណ​ព្រាហ្មណ៍​នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈ​ដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី៣ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។

[១៦៦] ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិន​សម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការបរិភោគមើមដំឡូង និង​ផ្លែឈើផង មិនសម្រេច​នូវការបំរើភ្លើងផង តែធ្វើរោងមានទ្វារ៤ នៅក្បែរផ្លូវធំ៤ ហើយគិតថា អ្នក​ណា​មកអំពីទិសទាំង៤នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ នឹងបូជានូវ​សមណ​ព្រាហ្មណ៍នោះ តាមអំណាច តាមកម្លាំង។ សមណ​ព្រាហ្មណ៍​នោះ ឈ្មោះថា គ្រាន់តែជា​អ្នក​បំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយ​វិជ្ជា និង​ចរណៈ​ដោយពិត។ ម្នាលអម្ពដ្ឋ នេះជា​ប្រធាន​នៃសេចក្តីសាបសូន្យទី៤ នៃគុណ​សម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។ ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរ​ មាន៤យ៉ាងនេះឯង។

[១៦៧] ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខ្លួនអ្នកព្រមទាំងអាចារ្យ យល់​ច្បាស់ក្នុងគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះខ្លះដែរឬ។ បពិត្រព្រះ​គោតម​ដ៏ចំរើន ហេតុនេះមិនមានទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំង​អាចារ្យ ដោយឡែកផ្សេង គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរដោយឡែកផ្សេង បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំងអាចារ្យ ជាមនុស្សឆ្ងាយចាកគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិនទាន់បានសម្រេច​នូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះទេ ហើយនាំយកនូវអំរែកដ៏ពេញ ដោយគ្រឿងបរិក្ខារ តត្រុកចូលទៅកាន់​ព្រៃ ដោយគិតថា យើងនឹងយកផ្លែឈើដែលជ្រុះឯង ជាអាហារដូច្នេះឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិនទាន់បានសម្រេច​នូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះផង ជាអ្នក​មិនសម្រេចនូវការបរិភោគ​ផ្លែឈើដែលជ្រុះឯងផង កាន់ចប និងល្អី តត្រុកចូលទៅកាន់ព្រៃ ដោយគិតថា យើងនឹងយកនូវមើមដំឡូង និង​ផ្លែឈើ​ជាអាហារដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិន​បាន​ត្រាស់ដឹងនូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះផង ជាអ្នក​មិន​សម្រេច​នូវ​ការ​បរិភោគ​​ផ្លែឈើដែលជ្រុះឯងផង ជាអ្នកមិនសម្រេច​នូវការបរិភោគនូវមើមដំឡូង និង​ផ្លែឈើ​​ផង តែធ្វើរោងភ្លើងជិតស្រុកក្តី ជិតនិគមក្តី ហើយនៅចាំបំរើភ្លើង ដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុ​នោះ​ដូច​ម្តេច ខ្លួនអ្នក ព្រម​ទាំងអាចារ្យ កាលបើមិន​សម្រេចនូវ​គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះឯងផង មិន​សម្រេច​នូវ​ការ​បរិភោគនូវ​​ផ្លែឈើដែលជ្រុះឯងផង មិនសម្រេច​នូវការបរិភោគនូវមើមដំឡូង និង​ផ្លែឈើ​​ផង មិនសម្រេច​នូវការ​បំរើភ្លើងទេ តែធ្វើរោងមានទ្វារ៤ ក្បែរផ្លូវធំ៤ ហើយនៅ ដោយគិតថា អ្នកណាមកអំពី​ទិសទាំង​៤​នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ នឹង​បូជានូវសមណព្រាហ្មណ៍នោះ តាមអំណាច​ តាមកំឡាំងដូច្នេះដែរឬ។ បពិត្រព្រះគោតម​ដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ ជាអ្នកសាបសូន្យហើយ ចាកគុណសម្បទា គឺ​វិជ្ជា និងចរណៈដ៏ប្រសើរនេះផង ខ្លួនអ្នក ព្រមទំាងអាចារ្យ ជាអ្នកសាបសូន្យចាកប្រធាន នៃ​សេចក្តី​សាបសូន្យនៃគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរមាន៤យ៉ាងនោះផង។

[១៦៨] ម្នាលអម្ពដ្ឋ​បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នក បានពោល​ពាក្យ​នេះថា ពួកសមណៈត្រងោលណាមួយ ធ្លាប់​ជាត្រកូលគហបតី ជាកណ្ហគោត្រ កើត​អំពី​ព្រះបាទនៃមហាព្រហ្ម ពួកព្រាហ្មណ៍ដែលបានត្រៃវិជ្ជា និងសាកច្ឆាដូចម្តេចបាន។ ខ្លួន​ឯង សូម្បីតែនឹងបំពេញវត្ត ដែលជាផ្លូវ​សាបសូន្យចាក (វិជ្ជា) ក៏នៅមិនទាន់គ្រប់គ្រាន់។ ម្នាល​អម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យនៃអ្នកចុះ។ ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍ បានបរិភោគនូវវត្ថុដែលទ្រង់​ប្រោស​ព្រះរាជទាននៃ​ព្រះ​បាទបសេនទិកោសល តែព្រះបាទ​បសេនទិកោសល ទ្រង់មិនបាន​ព្រះរាជទាន ដល់​ព្រាហ្មណ៍នោះ ចំពោះ​ព្រះភក្ត្រទេ សូម្បី​តែក្នុងវេលា ដែលទ្រង់ប្រឹក្សាជាមួយ​នឹង​ព្រាហ្មណ៍នោះ តែងប្រឹក្សាពីខាងក្រៅព្រះសាណិ (រនាំង)។ ម្នាលអម្ពដ្ឋ ព្រាហ្មណ៍​ណា ដែលគួរទទួលនូវភិក្ខា ដែល​គេនាំមកថ្វាយ ប្រកបដោយធម៌ហើយ ចុះហេតុដូចម្តេច បានជាព្រះបាទបសេនទិកោសល ទ្រង់​មិនព្រះរាជទានដល់ព្រាហ្មណ៍នោះ ចំពោះ​ព្រះភក្ត្រខ្លះ។ ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជា​អាចារ្យរបស់អ្នកចុះ។

[១៦៩] ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច ព្រះបាទបសេនទិកោសល ក្នុងជនបទនេះ គង់នៅលើ កដំរីក្តី ឋិតនៅលើរាជាសនៈ ក្នុងរថក្តី និងប្រឹក្សារឿងអ្វីៗ ជាមួយ​នឹង​ពួករាជអាមាត្យ ឬជាមួយនឹងព្រះរាជវង្សានុវង្ស។ ព្រះអង្គបានស្តេច​ចេញ​ពី​ប្រទេសនោះ ទៅទ្រង់ឋិតនៅក្នុងទីដ៏សមគួរ ក៏ស្រាប់តែមានបុរសជាតិសូទ្រៈ ឬទាសៈ របស់​បុរសជាតិសូទ្រៈនោះ មកឈរក្នុងប្រទេស​នោះនិយាយថា ព្រះរាជាបសេនទិ​កោសល ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះខ្លះ ព្រះរាជា​បសេនទិកោសល ទ្រង់មាន​ព្រះ​រាជឱង្ការយ៉ាងនេះខ្លះ។ បុរសនោះ បើគ្រាន់តែនិយាយតាមទំនង ដែលស្តេចទ្រង់មានព្រះរាជ ឱង្ការក្តី ប្រឹក្សានូវ​ការ​ដែលស្តេច​ទ្រង់​ប្រឹក្សាក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ តើនឹង​ហៅថាស្តេច ឬហៅ​ថា​អាមាត្យធំរបស់ស្តេច បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែន​ដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកក៏ដូច្នោះដែរ ម្យ៉ាងទៀត ឥសីទាំងឡាយណា ដែល​ជា​បុព្វបុរស របស់ព្រាហ្មណ៍​ទាំងឡាយ ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លំអាននៃ​មន្ត​បុរាណ​នេះ ដែលពួកឥសីណាបាន (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បាន​សន្សំ​មកច្រើនហើយ ឥឡូវ​នេះ ព្រាហ្មណ៍ទាំងនោះ តែងច្រៀង (ស្វាធ្យាយ) តាមលំអាន​នៃមន្តនោះ តែងសូត្រតាមលំអាននៃមន្តនោះ តែងពោលតាមលំអាននៃមន្តដែលពួក​ឥសី​បានពោលមក តែងបង្រៀនតាមលំអាន​នៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសី​ទាំង​នោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះអដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ តថាគតក៏ធ្លាប់​បានរៀនមន្តទាំងនោះ​ដែរ ឯខ្លួនអ្នក ព្រមទាំងអាចារ្យ នឹងបានឈ្មោះថាជាឥសី ឬជាអ្នកប្រព្រឹត្ត ដើម្បីភាវៈ​ជា​ឥសី ដោយការរៀន​មន្តប៉ុណ្ណោះ ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់​ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចធំ ធ្លាប់និយាយមកដូចម្តេច ឥសីទាំងឡាយណា ដែល​ជា​បុព្វបុរស របស់ព្រាហ្មណ៍​ទាំង​ឡាយ ដែលជាអ្នកសាងមន្ត ជាអ្នករាយមន្ត លំអាននៃ​មន្ត​បុរាណ​នេះ ដែលពួក​ឥសី​ណា​បានច្រៀង (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បាន​សន្សំ​មកច្រើនហើយ ឥឡូវ​នេះ ព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយ តាមលំអាន​នៃមន្តនោះ តែងសូត្រ​តាម​លំអាន​នៃ​មន្តនោះ តែងពោលតាមលំអាននៃមន្ត ដែលពួក​ឥសី​បានពោលមក តែងបង្រៀន​តាម​លំអាន​​នៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសី​ទាំង​នោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះ​អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ដូច្នេះឬ ឥសីទាំងនោះ បានងូតទឹកដ៏ស្អាត លាបស្រឡាបដោយ​គ្រឿង​ក្រអូប​សាយល្អ មានសក់ និងពុកមាត់កាត់ស្រេចហើយ ពាក់កម្រងផ្កា និងគ្រឿង​ប្រដាប់ ស្លៀកសំពត់ស ជាអ្នកឆ្អែតស្កប់ស្កល់ មានគេផ្គាប់ផ្គុនបម្រើ ដោយកាមគុណ៥ ដូចជាខ្លួន​អ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ បរិភោគបាយ នៃស្រូវសាលី ប្រាសចាក​មន្ទិល មានសម្លច្រើនមុខ និងម្ហូបក្រៀមច្រើនមុខ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ត្រេកត្រអាលដោយពួកស្ត្រីមានចង្កេះរៀវ ដោយ​សំពត់ព័ទ្ធព័ន្ធ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ត្រាច់ទៅ​ដោយរថ ដែលទឹម​ដោយសេះ កាត់រោមកន្ទុយ ចាក់ពាហនៈ ដោយដងចន្លួញដ៏វែង ដូច​ជា​អ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ប្រើបុរសដែលសៀត​ដាវវែង ឲ្យ​រក្សា​ទៀប​ជើងកំពែងនគរ មានស្នាមភ្លោះព័ទ្ធជុំវិញ ទាំងស៊កគន្លឹះខ្ជាប់ ដូចជាខ្លួនអ្នក ព្រមទាំង​អាចារ្យ ក្នុងកាល​ឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ មិនមែន​ជាឥសី មិនមែនជាអ្នកប្រតិបត្តិ ដើម្បី​ភាវៈជាឥសីទេ ដោយប្រការ​ដូច្នេះឯង ម្នាលអម្ពដ្ឋ ម្យ៉ាង​ទៀត អ្នកណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ចំពោះតថាគត ឲ្យអ្នកនោះមកសួរ​ប្រស្នា​ ចំពោះ​តថាគតចុះ តថាគត នឹងជំរះដោះស្រាយឲ្យ។

[១៧០] លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ ហើយទ្រង់យាង​ទៅ​កាន់ទីចង្ក្រម។ អម្ពដ្ឋមាណព ក៏ចេញអំពីវិហារ ទៅកាន់ទីចង្រ្កមដែរ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏ចង្រ្កមតាមព្រះមានព្រះភាគ ដែលកំពុងចង្រ្កម បានសង្កេតមើល​នូវ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ លុះអម្ពដ្ឋមាណព បាន​ឃើញ​នូវមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយ​របស់ព្រះមានព្រះភាគ​ដោយ​ច្រើន វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម [អដ្ឋកថា ថា គុយ្ហប្រទេស របស់ព្រះមានព្រះភាគ ដូចជាអង្គជាតនៃគោ និងដំរី ដែលលឹបចូល ឬបិទបាំងដោយស្រោម ស្រដៀងនឹងផ្ទៃ​នៃផ្កាឈូកមាស។]១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ [អណ្តាតពួកជនឯទៀត ក្រាស់ក៏មាន ស្តើងក៏មាន ខ្លីក៏មាន មិនស្មើក៏មាន។ ឯ​ព្រះ​ជិវ្ហារបស់ព្រះមហាបុរស ទន់ វែង ទាំងធំទូលាយ ប្រកបដោយសម្បុរ។ ព្រះអង្គអាច​មូរ​ព្រះជិវ្ហានោះឲ្យស្រួចបាន ព្រោះព្រះជិវ្ហានោះទន់ ហើយស៊កចូលទៅដល់​រន្ធព្រះនាសិក និងរន្ធព្រះកាណ៌ទាំងពីរបាន ព្រោះព្រះជិវ្ហារបស់​ព្រះអង្គវែង អាច​បិទបាំង​នូវព្រះនលាដ ត្រឹមជើង​ព្រះកេសាបាន ព្រោះ​ព្រះជិវ្ហាធំទូលាយ។]១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​ដូច្នេះថា អម្ពដ្ឋមាណពនេះ បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ ​របស់​តថាគត​ ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ អម្ពដ្ឋមាណព បានឃើញវត្ថគុយ្ហប្រទេស ដែលលឹបចូល​ទៅក្នុង​ស្រោម របស់​ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវ​រូប ដែលសម្រេច​ដោយឫទ្ធិយ៉ាងនោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយ​មូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធព្រះនាសិកទាំងពីរផង បិទ​បាំង​នូវមណ្ឌលនៃ​ព្រះនលាដទាំងអស់ ដោយព្រះជិវ្ហាផង។

[១៧១] គ្រានោះ អម្ពដ្ឋមាណព មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ប្រកប​ដោយមហាបុរិសលក្ខណៈ៣២ប្រការ គ្រប់គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ។ អម្ពដ្ឋមាណព បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ យើងជាអ្នកមានកិច្ចច្រើន យើងជាអ្នកមាន​ការងារ​ត្រូវធ្វើច្រើន សូមលាទៅក្នុងកាលឥឡូវនេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់​មើលនូវកាលដ៏សមគួរ ក្នុងវេលានេះចុះ។ លំដាប់នោះ អម្ពដ្ឋមាណព ក៏​ឡើងជិះរថ ទឹមដោយសេះ បរចេញទៅ។

[១៧២] សម័យនោះឯង បោក្ខរសាតិព្រាហ្មណ៍ ក្រោកឡើង ដើរចេញទៅជា​មួយ​នឹង​ពួកព្រាហ្មណ៍ច្រើននាក់ ទៅអង្គុយក្នុងអារាមរបស់ខ្លួន រង់ចាំអម្ពដ្ឋមាណពនោះដែរ។ គ្រានោះ អម្ពដ្ឋមាណព បររថសំដៅទៅរកអារាមរបស់ខ្លួន បរយានទៅទល់ត្រឹម​ទីដែល​ល្មម​ឈប់យាន ហើយក៏ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលសំដៅ​ទៅរកបោក្ខ​រសាតិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏សំពះបោក្ខរសាតិព្រាហ្មណ៍ ហើយអង្គុយក្នុង​ទី​ដ៏សមគួរ។ លុះអម្ពដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏​បានពោលពាក្យនេះថា ម្នាលអម្ពដ្ឋ អ្នកបានឃើញព្រះគោតមដ៏ចំរើននោះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន យើងខ្ញុំ​បានឃើញព្រះគោតមដ៏ចំរើន​នោះ​ហើយ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើន​នោះ ល្បីខ្ចរខ្ចាយ មានដូច្នោះមែនឬ ឬមិនមែនដូច្នោះទេ ម្នាលអ្នកដ៏ចំរើន ចុះព្រះគោតម​ដ៏​ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន មិនមែន​ផ្សេងពីនោះទេឬ។ អម្ពដ្ឋមាណពឆ្លើយ​ថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើន​នោះ ល្បីខ្ចរខ្ចាយទៅ មានដូច្នោះមែន មិនមែនជាយ៉ាងដទៃទេ បពិត្រលោកដ៏ចំរើន ព្រះគោតម​ដ៏​ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន មិនមែន​ផ្សេងពីនោះទេ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏​ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌ មិនមែន​មិនបរិបូណ៌​ទេ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នកបាននិយាយចរចា ជាមួយនឹង​ព្រះ​សមណគោតមខ្លះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំបាននិយាយ​ចរចា ជាមួយ​នឹង​ព្រះសមណគោតមខ្លះដែរ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នក​និយាយ​ចរចាជាមួយនឹង​ព្រះសមណគោតម ថាដូចម្តេចខ្លះ។ លំដាប់នោះ អម្ពដ្ឋមាណព​បានដំណាល​ពាក្យដែលខ្លួនបានចរចា ជាមួយនឹង​ព្រះមានព្រះភាគ ប្រាប់​បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។

[១៧៣] កាលដែលអម្ពដ្ឋមាណពពោលយ៉ាងនេះហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏​ពោលពាក្យនេះ នឹងអម្ពដ្ឋមាណពថា ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែ​ការ​ប្រព្រឹត្តនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរស លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ នរក ម្នាលអម្ពដ្ឋ អ្នកបាន​ពោល​ស្ទាក់ទទឹង​ទាស់ យ៉ាងនេះ នឹងព្រះគោតមដ៏ចំរើននោះ ដោយពាក្យណា ខណៈ​នោះ ព្រះគោតមដ៏ចំរើន ត្រឡប់​យកពាក្យនោះ មកនិយាយជាគ្រឿង​ប្រៀប​ធៀបនឹង​ពួក​យើង​យ៉ាងនោះៗ ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែ​ការប្រព្រឹត្តនូវប្រយោជន៍ មាន​សភាព​យ៉ាង​នេះ បុរស លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ ត្រូវចូលទៅកាន់​តិរច្ឆាន ប្រេត អសុរកាយ នរក។ បោក្ខរសាតិព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត ធាក់​អម្ពដ្ឋមាណពផ្តួល រួចក៏ចង់ចូល​ទៅគាល់​ព្រះមានព្រះភាគ ក្នុងវេលាមួយរំពេចនោះ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះ នឹងបោក្ខរសាតិព្រាហ្មណ៍ថា បពិត្រលោកដ៏ចំរើន ថ្ងៃនេះហួសកាល នឹងដើរទៅរកព្រះសមណគោតមហើយ ចាំ​ព្រឹកស្អែកសិន សឹមលោកបោក្ខរសាតិដ៏ចំរើន អញ្ជើញ​ទៅជួបនឹង​ព្រះសមណគោតមចុះ។

[១៧៤] លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ ឲ្យគេចាត់ចែងខាទនីយៈ ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់ខ្លួន ហើយឲ្យលើកដាក់​ក្នុងរទេះ មានមនុស្ស​កាន់​គប់ភ្លើង​នាំមុខ បរចេញអំពីឧក្កដ្ឋនគរ សំដៅទៅរកដងព្រៃ ឈ្មោះ​ឥច្ឆានង្គលៈ បរយាន​ទៅទល់ត្រឹមទីដែលល្មម ​ឈប់យានហើយ ក៏ចុះអំពីយាន ដើរទៅដោយ​ជើងទទេ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​សំណេះ​សំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យ​ដែល​គួរ​រលឹកហើយ ទើបអង្គុយ​ក្នុងទីដ៏សមគួរ។ លុះបោក្ខរសាតិព្រាហ្មណ៍​អង្គុយ​ក្នុងទីដ៏សមគួរ​ហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាកូនសិស្សរបស់ខ្ញុំ បានមកក្នុងទីនេះដែរឬ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ អម្ពដ្ឋមាណព ជាកូនសិស្សរបស់អ្នក បានមកក្នុងទីនេះដែរ។ បោក្ខរសាតិព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គបានពោល​ចរចាពាក្យណាមួយ ជាមួយនឹង​អម្ពដ្ឋមាណពដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតបានពោលចរចាពាក្យនីមួយ នឹងមាណពខ្លះដែរ។ បោក្ខរសាតិព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពាក្យនីមួយ​ ដែល​ព្រះអង្គបានពោលចរចា ជាមួយនឹង​អម្ពដ្ឋមាណពនោះ តើដូចម្តេចខ្លះ។ លំដាប់នោះ ព្រះមានព្រះភាគ ក៏បានប្រាប់ពាក្យដែលបាន​ពោលចរចា ជាមួយនឹង​អម្ពដ្ឋមាណពទាំង​អម្បាលនោះ ដល់បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។

[១៧៥] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើប​បោក្ខរសាតិព្រាហ្មណ៍ពោលពាក្យយ៉ាងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាមនុស្សល្ងង់ សូមព្រះគោតមដ៏ចំរើន អត់​ទោស ដល់អម្ពដ្ឋមាណពផងចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សូមឲ្យ​អម្ពដ្ឋ​មាណព មានសេចក្តីសុខចុះ។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ បានសង្កេតមើល នូវ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ បោក្ខរសាតិព្រាហ្មណ៍ ក៏បាន​ឃើញ​មហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយ​របស់ព្រះមានព្រះភាគ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​ដូច្នេះថា បោក្ខរសាតិព្រាហ្មណ៍នេះ បានឃើញមហាបុរិសលក្ខណៈ៣២ប្រការ ​របស់​តថាគត​ ​ដោយ​ច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ​២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយ​ស្រោម១ ព្រះជិវ្ហាល្មម​ល្វន់ល្វៃ១ ក៏មានសេចក្តីងឿង​ឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ បោក្ខរសាតិព្រាហ្មណ៍ បានឃើញនូវវត្ថគុយ្ហប្រទេស ដែលស្រោប​ដោយ​ស្រោម របស់​ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវ​រូប ដែលសម្រេច​ដោយឫទ្ធិយ៉ាងនោះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយ​មូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរ មូរស៊ក​តាម​រន្ធ​ព្រះនាសិកទាំងពីរ ទាំងបិទ​បាំង​នូវមណ្ឌលនៃ​ព្រះនលាដទាំងអស់ ដោយព្រះជិវ្ហា។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះសមណគោតម ប្រកប​ដោយ​មហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌មែន មិនមែនខ្វះខាតទេ។ គាត់​ក៏​ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយ​តុណ្ហីភាព។ កាលបើបោក្ខរសាតិព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្ត​ហើយ ក៏បង្គាប់ឲ្យគេ​ក្រាបបង្គំ​ទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។

[១៧៦] វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់លំនៅនៃបោក្ខរសាតិព្រាហ្មណ៍ ព្រមដោយព្រះភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ កាលនោះ បោក្ខរសាតិព្រាហ្មណ៍ បានអង្គាស​ព្រះមានព្រះភាគ ដោយខាទនីយភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ចំណែកពួកមាណព ក៏អង្គាស​ភិក្ខុសង្ឃ​ឲ្យ​ឆ្អែតស្កប់ស្កល់។ កាលបើបោក្ខរសាតិព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយទាបជាង អង្គុយ​ក្នុងទី​ដ៏​សមគួរ។ ព្រះមានព្រះភាគ បានទ្រង់សំដែងនូវអនុបុព្វីកថា ចំពោះ​បោក្ខរសាតិព្រាហ្មណ៍ ដែលអង្គុយ​ក្នុងទីដ៏សមគួរ អនុបុព្វីកថានោះ តើដូចម្តេច គឺព្រះអង្គប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវកថា ដ៏លាមក អាក្រក់សៅហ្មង១ នេក្ខម្មានិសង្សកថា១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បោក្ខរសាតិព្រាហ្មណ៍ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថ្លាក្នុង​កាលណា ព្រះអង្គក៏ទ្រង់ប្រកាស​ព្រះធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់​លើក​ឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ដល់​បោក្ខរសាតិព្រាហ្មណ៍នោះ ក្នុងកាលនោះ។ សំពត់ដ៏ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួល​នូវ​គ្រឿង​ជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាស​ចាកមន្ទិល ក៏កើតឡើងដល់បោក្ខរសាតិព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាត​ណានីមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់ទៅវិញជាធម្មតា មាន​ឧបមេយ្យដូច្នោះឯង។

[១៧៧] គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ឃើញអរិយសច្ចធម៌ច្បាស់ហើយ បាន​ដល់​​អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ចធម៌​ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តី​ក្លៀវ​ក្លា មិនបាច់មានអ្នកដទៃដឹកនាំ ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ទើបក្រាប​បង្គំ​ទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតម​ដ៏​ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតម​ដ៏ចំរើន ទ្រង់ប្រកាស​ដោយ​អនេកបរិយាយនេះឯង ប្រៀបដូច​ជាបុគ្គល​បើករបស់ដែលផ្កាប់ឲ្យផ្ងារឡើង ឬដូច​គេ​បើកបង្ហាញរបស់ដែល​គេបិទបាំងទុក ឬដូចជា​គេ​ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះ​សោត ដូចជាគេទ្រោល​ប្រទីប ក្នុងទីងងឹតដោយគិតថា មនុស្សដែល​មានភ្នែក (ភ្លឺ) នឹង​មើល​ឃើញនូវរូបទាំងឡាយបាន បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំងបុត្រ ភរិយា និងបរិសទ្យ ព្រមទាំងអាមាត្យ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាសរណៈ សូម​ព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះជា​ដើម​រៀង​ទៅ ម្យ៉ាងទៀត (បើ) ព្រះគោតមដ៏​ចំរើន ស្តេចចូលទៅរកត្រកូល​ឧបាសកឯទៀត ក្នុង​ឧក្កដ្ឋនគរ​យ៉ាងណា សូម​ព្រះគោតម​ដ៏ចំរើន ចូលមករកត្រកូល​បោក្ខរសាតិ ក៏យ៉ាង​នោះដែរ នឹងបានពួក​មនុស្សកំឡោះ​ក្រមុំ​ណា ក្នុងត្រកូលនោះៗ ក្រាបថ្វាយបង្គំ ក្រោក​ទទួល ឬថ្វាយអាសនៈ ឬទឹក ឬធ្វើចិត្ត​ជ្រះថ្លា ចំពោះ​ព្រះគោតមដ៏ចំរើន កិច្ចមានការ​ថ្វាយ​បង្គំ​ជាដើមនោះ គង់ជាប្រយោជន៍ និង​សេចក្តីសុខ ដល់ពួកជនកំឡោះក្រមុំ​ទាំងនោះ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យដែលអ្នកនិយាយ (មកនេះ) ពីរោះហើយ។

ចប់ អម្ពដ្ឋសូត្រ ទី៣។

សោណទណ្ឌសូត្រ ទី៤

[១៧៨] (សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប បានស្តេចទៅដល់ក្រុងចម្បា [ដីកាពន្យល់ថា នគរនោះ បានជាឈ្មោះដូច្នោះ ព្រោះ​មាន​ដើម​ចម្បាដុះជាច្រើន តាំងពីកាលដែលសាងនគរនោះមក។]។ ព្រះមានព្រះភាគ ទ្រង់​គង់​ទៀបឆ្នេរនៃស្រះបោក្ខរណី ឈ្មោះគគ្គរា [អដ្ឋកថា ពន្យល់ថា ស្រះនោះ បានជាឈ្មោះ​ដូច្នោះ ព្រោះព្រះរាជមហេសី​ព្រះនាម គគ្គរា ឲ្យជីកជិតក្រុងចម្បានោះ នៅជុំវិញឆ្នេរស្រះ​នោះ មានព្រៃចម្បាដ៏ធំ ប្រដាប់ដោយដើមឈើមានផ្កា៥ពណ៌ មានពណ៌ខៀវ​ជាដើម។] ជិតក្រុងចម្បានោះ។

[១៧៩] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍អាស្រ័យនៅក្នុងក្រុងចម្បា ដែល​ជាក្រុងកុះករ ដោយមនុស្សសត្វ បរិបូណ៌ដោយស្មៅ ឈើ និងទឹក ព្រមទាំងធញ្ញជាតិ ជា​ព្រះរាជទ្រព្យ​ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រទាន ជារាជរង្វាន់ដ៏ប្រសើរ។ ព្រាហ្មណ៍ និងគហបតិទាំងឡាយអ្នកក្រុងចម្បា បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួសហើយ ទ្រង់ពុទ្ធដំណើរមកកាន់​ចារិកក្នុងដែន​អង្គៈ ព្រមដោយ​ភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប ទ្រង់ពុទ្ធដំណើរ មកដល់ក្រុង​ចម្បាហើយ គង់នៅទៀប​ឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា កិត្តិសព្ទ ដ៏ពីរោះ សរសើរព្រះ​គោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យ​ធម៌​ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ​ទៅ​កាន់ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គប្រសើរ​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នក​ទូន្មាន​នូវ​បុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ញុំាងប្រជាជន ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែង​ធម៌ មានលំអបទដើម បទ​កណ្តាល និងបទចុង ទ្រង់ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែល​បានឃើញ បានជួបប្រទះព្រះអរហន្តទាំងឡាយ មាន​សភាពដូច្នេះ ជាការប្រពៃណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី​អ្នកក្រុងចម្បា នាំគ្នាចេញពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរានោះ។

[១៨០] សម័យនោះឯង សោណទណ្ឌព្រាហ្មណ៍ ចូលទៅកាន់ដំណេកក្នុងវេលាថ្ងៃ ក្នុងប្រាសាទជាន់ខាងលើ។ សោណទណ្ឌព្រាហ្មណ៍ បានឃើញ​ពួកព្រាហ្មណ៍ គហបតី​អ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅ​ទៅត្រង់​ស្រះបោក្ខរណី ឈ្មោះគគ្គរា លុះឃើញហើយ ទើបហៅខត្តមហាមាត្យ [អដ្ឋកថា​ពន្យល់​ថា អាមាត្យនេះ ជាអាមាត្យធំ អាចដោះសា អាថ៌ប្រស្នា ដែលសោណទណ្ឌព្រាហ្មណ៍​សួរ​បាន។ ដីកាពន្យល់ថា បុរសណា ដែលជាអ្នកប្រាជ្ញ ក្នុងអាជ្ញា​របស់ឥស្សរជនទាំងឡាយ មានស្តេច​ទ្រង់រាជ្យ និងស្តេច​ដែលមិនបានអភិសេកជាដើម ជាអ្នករក្សាអង្គនៃឥស្សរជន​ទាំងនោះ បុរសនោះ ហៅថា ខត្តៈ។ បុរសនោះ បើឥស្សរជន មានការប្រើឲ្យទៅទីណាៗ ចេះការពារទោស របស់ឥស្សរជនទាំងនោះ ក្នុងទីនោះៗ។ (ហៅខ្លីថា អាមាត្យទូលឆ្លង)] មកសួរថា នែខត្តៈដ៏ចំរើន ដូចម្តេចហ្ន៎ ក៏បានជាពួកព្រាហ្មណ៍ គហបតី​អ្នកក្រុងចម្បា ចេញអំពីក្រុងចម្បា ជាពួក ជាកង ដើរត្រសង ចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា។ ខត្តមហាមាត្យឆ្លើយថា បពិត្រលោកដ៏ចំរើន ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ហើយទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក​ ក្នុងដែនអង្គៈ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប ឥឡូវ ទ្រង់ពុទ្ធដំណើរ​មក​ដល់​ក្រុងចម្បាហើយ ព្រះអង្គ គង់សម្រាន្តព្រះឥរិយាបថនៅក្បែរ​ឆ្នេរស្រះបោក្ខរណី ឈ្មោះ​គគ្គរា ជិតក្រុងចម្បា កិត្តិសព្ទ ដ៏ពីរោះ សរសើរព្រះ​គោតម​ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគ​​នោះ ព្រះអង្គ​ឆ្ងាយចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យ​ធម៌​ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ​ទៅ​កាន់ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គ​ប្រសើរ​​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នក​ទូន្មាន​នូវ​បុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែង​វិល​​មកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ គហបតី​ទាំង​នោះ ក៏នាំគ្នាទៅគាល់ព្រះគោតមដ៏ចំរើនអង្គនោះ។ សោណទណ្ឌព្រាហ្មណ៍ ប្រើ​ខត្តមហាមាត្យថា នែខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូលទៅរកពួកព្រាហ្មណ៍ គហបតី​អ្នក​ក្រុងចម្បា លុះចូលទៅដល់ហើយ ប្រាប់ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាយ៉ាង​នេះថា នែអ្នកទាំងឡាយដ៏ចំរើន សោណទណ្ឌព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យ​ពួក​អ្នកដ៏ចំរើនបង្អង់ចាំមួយរំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់​ព្រះសមណ​គោតមដែរ។ ខត្តមហាមាត្យនោះ ក៏ទទួល​ពាក្យរបស់​សោណទណ្ឌព្រាហ្មណ៍​ថា បពិត្រលោកដ៏ចំរើន យ៉ាងហ្នឹងហើយ រួចក៏ចូលសំដៅទៅ ត្រង់ទីដែលពួកព្រាហ្មណ៍​ និងគហបតី​អ្នកក្រុងចម្បានៅ ​លុះចូលទៅដល់ហើយ ក៏បានប្រាប់ដំណើរនុ៎ះ ចំពោះ​ពួកព្រាហ្មណ៍ និងគហបតីអ្នកក្រុងចម្បាថា នែអ្នកទាំងឡាយដ៏ចំរើន សោណទណ្ឌ​ព្រាហ្មណ៍ និយាយយ៉ាងនេះថា ឲ្យ​ពួក​អ្នកដ៏ចំរើន បង្អង់ចាំមួយរំពេចសិន ដ្បិត​សោណទណ្ឌ​ព្រាហ្មណ៍ នឹងចូលទៅគាល់​ព្រះសមណ​គោតមដែរ។

[១៨១] ជួនជាសម័យនោះឯង ព្រាហ្មណ៍ទាំងឡាយ ដែលមកអំពីរជ្ជសីមា ផ្សេងៗ​គ្នា (មានដែនកាសី និងដែនកោសលជាដើម) ចំនួន​៥០០នាក់ មកនៅអាស្រ័យ​ក្នុងក្រុងចម្បា ដោយករណីកិច្ច [អដ្ឋកថា ថា ពួកព្រាហ្មណ៍ដែលមកប្រជុំគ្នានៅនគរ​នោះ ដោយមានករណីកិច្ច២យ៉ាង គឺដើម្បីបរិភោគនូវគ្រឿងបូជាយញ្ញ១ ដើម្បី​ស្វាធ្យាយនូវ​មន្ត១។ ឯក្នុងនគរនោះ នៅវេលានោះ ឥតមានគ្រឿងបូជាយញ្ញទេ តែព្រាហ្មណ៍ទាំង​នោះ ទៅប្រជុំគ្នា បម្រុងនឹងស្វាធ្យាយមន្ត។ ព្រោះលោកសំដៅយក​កិច្ចទាំង២យ៉ាងនោះ ទើប​ពោលថា ដោយមានករណីកិច្ច​ឯណានីមួយ។] ឯណានីមួយ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា សោណទណ្ឌព្រាហ្មណ៍ នឹងចូលទៅគាល់​ព្រះសមណគោតម។ លំដាប់នោះ ពួក​ព្រាហ្មណ៍​ទាំងនោះ ក៏នាំគ្នាចូលសំដៅទៅត្រង់ទី ដែលសោណទណ្ឌព្រាហ្មណ៍នៅ លុះចូលទៅដល់ហើយ ក៏បានសួរសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា បានឮថា សោណទណ្ឌដ៏ចំរើន នឹងទៅគាល់ព្រះសមណគោតម ពិតមែនឬ។ សោណទណ្ឌព្រាហ្មណ៍ឆ្លើយថា (អើ អ្នកទាំងឡាយដ៏ចំរើន) ខ្ញុំមានសេចក្តីត្រិះរិះយ៉ាង​ហ្នឹង​មែន ខ្ញុំនឹងចូលទៅគាល់​ព្រះសមណគោតមដែរ។ ពួកព្រាហ្មណ៍ទាំងនោះ ក៏ឃាត់ថា សោណទណ្ឌដ៏ចំរើន កុំចូលទៅជួបនឹងព្រះសមណគោតមឡើយ សោណទណ្ឌដ៏ចំរើន មិនគួរចូល​ទៅជួបនឹងព្រះសមណគោតមទេ ប្រសិនបើសោណទណ្ឌដ៏ចំរើនចចេសតែ​ចូល​ទៅជួបនឹងព្រះសមណគោតម សោណទណ្ឌដ៏ចំរើន នឹងសាបសូន្យយស ឯព្រះ​សមណគោតម រឹងរឹតតែចំរើនយសឡើង សោណទណ្ឌដ៏ចំរើន នឹងសាបសូន្យយស ព្រះ​សមណគោតម នឹងរឹងរឹតតែចំរើនយសឡើង ហេតុនេះ បានជាសោណទណ្ឌដ៏ចំរើន មិនគួរ​ចូលទៅជួប​នឹងព្រះសមណគោតមទេ ព្រះសមណគោតមទេតើ ទើបគួរ​ចូលមក​ជួបនឹង​សោណទណ្ឌដ៏ចំរើនវិញ ប្រការមួយទៀត សោណទណ្ឌដ៏ចំរើន ជាឧភតោសុជាត (មានជាតិដ៏ល្អទាំងពីរចំណែក) គឺចំណែកខាងមាតា និងចំណែកខាង​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃ​ជីដូនជីតា៧ជួរ [អដ្ឋកថា ថា មាតា ជីដូន ជីដូនទួត ជាព្រាហ្មណី បិតា ជីតា ជីតាទួត ជាព្រាហ្មណ៍ ជា៦ (ជាគំរប់​៧ជួរនឹងខ្លួន) ហៅថា ឧភតោសុជាត។]មក មិនដែលនរណាមួយ ពោលទោស តិះដៀល ដោយពោល​ដល់​ជាតិកំណើតឡើយ ក៏ឯសោណទណ្ឌដ៏ចំរើន ជាឧភតោសុជាត ខាងមាតា និងខាង​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃ​ជីដូនជីតា៧ជួរមក មិនដែល​មាននរណា​មួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ហេតុនេះ បានជាសោណទណ្ឌ​ដ៏ចំរើន មិនគួរចូលទៅជួប នឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើប​គួរចូលមកជួបសោណទណ្ឌ​ដ៏ចំរើនវិញ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាអ្នក​ស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿង​ប្រើប្រាស់ច្រើន។បេ។ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ គម្ពីរ​កេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់​បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺជាអ្នក​បច្ចេកទេស ស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណ​សាស្ត្រ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន មានរូបល្អ គួរពិតពិល រមិលមើល គួរ​ជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀង​នឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាអ្នកមានសីលធម៌ មានសីលធម៌ដ៏ចំរើន ប្រកបដោយសីលធម៌ដ៏ចំរើន ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន មានវាចាសុភាព មានពាក្យពីរោះក្បោះក្បាយ ប្រកបដោយ​សំដី​ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស ជាវាចាអាចញុំាង​អ្នកស្តាប់ឲ្យចូល​ចិត្តសេចក្តីបានជាក់លាក់ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាអាចារ្យ ធំជាង​អាចារ្យ​របស់ជនជាច្រើន បានបង្រៀនមន្តមាណព៣០០នាក់ មាណពជាច្រើន ដែល​មាន​សេចក្តីត្រូវការដោយមន្ត មានប្រាថ្នានឹងរៀនមន្តក្នុងសំណាក់នៃសោណទណ្ឌ​ដ៏ចំរើន ហើយ​នាំគ្នាមកអំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាមនុស្សចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុល​ចូលមកក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតម នៅក្មេងផង ទើបនឹង​បួសថ្មីៗ​ផង ប្រការមួយទៀត សោណទណ្ឌ​ ជាមនុស្ស ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន ជាមនុស្សដែលបោក្ខរសាតិព្រាហ្មណ៍បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ សម្បូណ៌ដោយស្មៅ ឈើ និងទឹក បរិបូណ៌ដោយធញ្ញាហារ ជា​ព្រះរាជទ្រព្យ ដែលព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជ​បំណាច់ដ៏ប្រសើរ ប្រការមួយទៀត សោណទណ្ឌ​ដ៏ចំរើន នៅគ្រប់គ្រងក្រុងចម្បា ដែលជាក្រុងកុះករ ដោយប្រជាជន និងសត្វ ព្រមទាំងស្មៅ ឈើ ទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជា​ព្រះរាជទ្រព្យ ដែលព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទានឲ្យ ជាព្រះរាជ​បំណាច់ដ៏ប្រសើរ ព្រោះហេតុនេះ ទើបថា សោណទណ្ឌ​ដ៏ចំរើន មិនគួរ​ចូល​ទៅ​ជួបនឹងព្រះសមណគោតមឡើយ ព្រះសមណគោតមទេតើ ទើបគួរចូលមក​ជួប​នឹង​សោណទណ្ឌ​ដ៏ចំរើនវិញ។

[១៨២] កាលដែលពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ សោណទណ្ឌ​ព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍​ទាំងនោះដូច្នេះថា នែអ្នកទាំងឡាយ​ដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយស្តាប់ខ្ញុំសិន ដូចយ៉ាង​យើង គួរនឹងចូលទៅជួប​នឹង​ព្រះគោតមដ៏ចំរើននោះដោយពិត ឯព្រះគោតមដ៏ចំរើននោះ មិនគួរ​នឹងចូលមកជួប​នឹង​យើងទេ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះ​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃ​ជីដូនជីតា៧ជួរមកដែរ មិនដែលមាននរណាមួយ ពោលទោស តិះដៀល ដោយពោល​ដល់​ជាតិកំណើតឡើយ ព្រះសមណគោតមដ៏ចំរើន ជាឧភតោសុជាត អំពីខាងព្រះមាតា និងខាងព្រះ​បិតា កើត​អំពី​ផ្ទៃដ៏បរិសុទ្ធស្អាត តាំងអំពីតំណនៃ​ជីដូនជីតា៧ជួរមកដែរ មិនដែល​មាននរណា​មួយ ពោលតិះដៀល ដោយពោលដល់ជាតិកំណើតបាន ព្រោះហេតុនេះ បាន​ជា​ព្រះគោតម​ដ៏ចំរើននោះ មិនគួរស្តេចចូលមកជួបនឹងយើងទេ តាមដែលពិតនោះ មានតែយើងទេតើ ទើប​គួរចូលទៅជួបនឹងព្រះគោតមដ៏ចំរើននោះវិញ បានឮថា ព្រះសមណគោតមដ៏​ចំរើន ទ្រង់លះបង់ពពួកញាតិដ៏ច្រើន ហើយ(ចេញទៅ) ទ្រង់ព្រះផ្នួស។បេ។ បានឮថា ព្រះសមណគោតមដ៏​ចំរើន ទ្រង់លះបង់​ប្រាក់ និងមាសដ៏ច្រើន ដែលឋិតនៅក្នុង​ផែនដី ឋិតនៅ​ឯអាកាស (ប្រាសាទជាន់លើ) ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏​ចំរើន ទ្រង់នៅក្មេងកម្លោះ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយ​វ័យដ៏ចំរើន តាំងនៅ​ក្នុង​បឋមវ័យនៅឡើយ ទ្រង់ស្តេច​ចេញចាកគេហដ្ឋាន ហើយទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏​ចំរើន កាលដែល​ព្រះមាតា និងព្រះបិតា​មិនពេញព្រះទ័យ (នឹង​ឲ្យ​ទៅទ្រង់​ព្រះផ្នួស) កំពុង​មានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់​ព្រះកន្សែង​សោយ​សោក ព្រះអង្គក៏ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ហើយទ្រង់​ព្រះពស្ត្រជ្រលក់ទឹកអម្ចត់ ទ្រង់ចេញចាក​គេហដ្ឋានទៅទ្រង់​ព្រះផ្នួស បានឮថា ព្រះសមណគោតម មានព្រះរូប​ឆោម​ល្អ គួរពិតពិល​ រមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីដ៏ល្អក្រៃលែង មានព្រះ​ឆវី​ដ៏ប្រសើរ មានព្រះសរីរៈ​ស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់​មើល​មិនលែង បានឮថា ព្រះសមណគោតមដ៏​ចំរើនមានសីល មានសីលដ៏ប្រសើរ មានសីល​ជាកុសល ព្រះអង្គប្រកបដោយសីលជាកុសល បានឮថា ព្រះសមណគោតមដ៏​ចំរើន មាន​ព្រះវាចាសុភាព មានពាក្យពីរោះក្បោះក្បាយ ព្រះអង្គប្រកបដោយសំដីជារបស់​អ្នកក្រុង ជាវាចាច្បាស់លាស់ប្រាសចាកទោស ជាវាចាអាចញុំាងអ្នកស្តាប់ឲ្យ​ចូល​ចិត្ត សេចក្តីបានជាក់លាក់ បានឮថា ព្រះសមណគោតមដ៏​ចំរើន ជាអាចារ្យធំជាងអាចារ្យ​របស់​ជនជាច្រើន បានឮថា ព្រះសមណគោតមដ៏​ចំរើន អស់កាមរាគៈហើយ ប្រាសចាក​សេចក្តីស្រើបស្រាលហើយ បានឮថា ព្រះសមណគោតមដ៏​ចំរើន ជាកម្មវាទី ជាកិរិយវាទី ធ្វើនូវលោកុត្តរធម៌ ឲ្យជាប្រធានដល់ប្រជាជនអ្នកដ៏ប្រសើរ បានឮថា ព្រះសមណគោតមដ៏​ចំរើន ទ្រង់ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូល​ក្សត្រិយ៍ ដែល​មិនបាន​លាយច្រឡំដោយត្រកូលដទៃ មកទ្រង់ព្រះផ្នួស បានឮថា ព្រះសមណគោតមដ៏​ចំរើន ទ្រង់ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មំាមួនមានទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់ច្រើន មកទ្រង់ព្រះផ្នួស បានឮថា ពួកមនុស្សដែលនៅក្នុងដែនដទៃ ក្នុងជនបទដទៃ នាំគ្នា​មកសាក​សួរ (ប្រស្នា) នឹងព្រះសមណគោតម បានឮថា ពួកទេវតាច្រើនពាន់ បានដល់​នូវ​ព្រះសមណគោតម​ ជាសរណៈស្មើដោយជីវិត បានឮថា កិត្តិសព្ទដ៏ពីរោះ សរសើរព្រះ​គោតម ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគ​​នោះ ព្រះអង្គ​ឆ្ងាយចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យ​ធម៌​ទាំងពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺ​សេចក្តី​ចេះ​ដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អ​ទៅ​កាន់ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ព្រះអង្គ​ប្រសើរ​​ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាសារថី អ្នក​ទូន្មាន​នូវ​បុរសដែលគួរ​ទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែងត្រឡប់​​មកកាន់ភពថ្មីទៀត បានឮថា ព្រះសមណគោតមដ៏ចំរើន ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ បានឮថា ព្រះសមណគោតមដ៏ចំរើន រមែង​មានព្រះវាចារាក់ទាក់ថា អ្នកចូរមកចុះ មកល្អហើយ ទ្រង់​មានព្រះវាចាទន់ ទ្រង់ឈ្លាសវៃក្នុងការទទួលរាក់ទាក់ ទ្រង់មាន​ព្រះភក្ត្រ​រីករាយ ទ្រង់​មានព្រះឱស្ឋរួសរាយ ទ្រង់មានព្រះវាចាមុនគេ (តែក្នុងកាលគួរ) បានឮថា ព្រះសមណគោតមដ៏ចំរើន មានបរិសទ្យទាំង៤ពួក ធ្វើសក្ការៈ គោរព រាប់អាន បូជា កោត​ក្រែង បានឮថា ពួកទេវតា និងមនុស្សជាច្រើន ជ្រះថ្លានឹង​ព្រះសមណគោតម បាន​ឮថា (បើ) ព្រះសមណគោតមដ៏ចំរើន នៅអាស្រ័យ​ក្នុងស្រុកណា ឬនិគមណា ពួក​អមនុស្ស​មិនហ៊ានបៀតបៀន ដល់មនុស្សទាំងឡាយក្នុងស្រុក ឬនិគមនោះឡើយ បាន​ឮថា ព្រះសមណគោតម មានពួក មានក្រុម និងអាចារ្យនៃពួកក្រុម (ជាច្រើន) ប្រជុំ​ជន តែងពោលថា ព្រះអង្គប្រសើរជាង​ពួកតិរ្ថិយដ៏ច្រើន នែអ្នកទាំងឡាយដ៏ចំរើន ក៏យស​របស់​សមណព្រាហ្មណ៍ទាំងនេះ តែចំរើនរុងរឿងឡើង ដោយហេតុតាមតែបាន យ៉ាង​ណាមិញ ឯយសរបស់ព្រះសមណគោតម មិនមែន​ចំរើន រុងរឿងឡើងយ៉ាង​នោះទេ តាមដែលពិតនោះ យសរបស់ព្រះសមណគោតម ចំរើនរុងរឿងឡើង ព្រោះការបរិបូណ៌ ដោយ​វិជ្ជា និងចរណៈដ៏ប្រសើរ បានឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំង​ព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិសទ្យ និងរាជអាមាត្យ បានដល់នូវ​ព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទបសេនទិកោសល ព្រមទាំង​ព្រះរាជបុត្រ ព្រះអគ្គមហេសី រាជបរិសទ្យ និងរាជអាមាត្យ បានដល់នូវ​ព្រះសមណគោតមដ៏ចំរើន ជាសរណៈ ស្មើដោយជីវិត បានឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ ភរិយា បរិសទ្យ និងអាមាត្យ បានដល់នូវ​ព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត បានឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បានធ្វើសក្ការៈ គោរព រាប់​អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា ព្រះបាទបសេនទិកោសល ទ្រង់បាន​ធ្វើសក្ការៈ គោរព រាប់​អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា បោក្ខរសាតិ​ព្រាហ្មណ៍ បានធ្វើសក្ការៈ គោរព រាប់​អាន បូជា កោតក្រែងព្រះសមណគោតម បានឮថា ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់ក្រុងចម្បាហើយ ឥឡូវទ្រង់គង់ទៀប​ឆ្នេរស្រះ​បោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា នែគ្នាយើងដ៏ចំរើន ពួកសមណៈ ឬព្រាហ្មណ៍​ឯណា​នីមួយ ដែលមកដល់គាមក្ខេត្តរបស់យើងហើយ ពួកសមណព្រាហ្មណ៍​អម្បាល​នោះ សុទ្ធតែជាភ្ញៀវរបស់យើង ធម្មតា ភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នាយើងដ៏ចំរើន ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរ​មកដល់ក្រុង​ចម្បា​ហើយ ឥឡូវទ្រង់គង់ទៀប​ឆ្នេរស្រះ​បោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ព្រះសមណគោតម ឈ្មោះថា ជាភ្ញៀវរបស់យើងហើយ ធម្មតាភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រោះហេតុនេះ ព្រះសមណគោតមដ៏ចំរើននោះ មិនគួរ​ចូលមកជួប​នឹងយើងទេ តាមដែលពិតនោះ យើងទេតើ ទើបគួរចូលទៅគាល់​ព្រះសមណគោតមដ៏ចំរើននោះវិញ ខ្ញុំរៀបរាប់គុណ​របស់ព្រះគោតមដ៏ចំរើន​បានតែ​ប៉ុណ្ណេះ ឯព្រះគោតមដ៏ចំរើននោះ មិនមែន​មានគុណ​ត្រឹមប៉ុណ្ណេះទេ ព្រោះថា ព្រះគោតម​ដ៏ចំរើននោះ មានគុណ នឹងប្រមាណពុំបាន។

[១៨៣] កាលដែលសោណទណ្ឌព្រាហ្មណ៍និយាយយ៉ាងនេះហើយ ពួក​ព្រាហ្មណ៍​ទាំងនោះ បាននិយាយទៅនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា អម្បាលយ៉ាង​សោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន ម្តេចគង់ពោលសរសើរគុណ​ព្រះសមណ​គោតម​ទៅ​ហើយ ព្រោះហេតុនោះ បើទុកជាព្រះសមណគោតមដ៏ចំរើននោះ គង់នៅ​ក្នុង​ទីឆ្ងាយ​មួយ​រយ​យោជន៍ អំពីទីនេះក្តី កុលបុត្រដែលមានសទ្ធា គួរណាស់តែរកស្បៀង​យកទៅ ដើម្បី​នឹង​ចូលទៅគាល់ឲ្យបាន។ សោណទណ្ឌព្រាហ្មណ៍និយាយថា នែអ្នកទាំង​ឡាយដ៏ចំរើន បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម។ លំដាប់នោះ សោណទណ្ឌ​ព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ជាច្រើន បានចូលសំដៅ​ទៅត្រង់​ស្រះបោក្ខរណី ឈ្មោះគគ្គរា។ លុះសោណទណ្ឌព្រាហ្មណ៍ ចូលទៅដល់​ខាងក្រៅ​ដងព្រៃ [បើតាមអដ្ឋកថាពន្យល់ថា ខាងក្នុង គឺព្រៃដែលនៅត្រង់ចន្លោះទីដែលព្រះអង្គ​គង់។] ក៏កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា ប្រសិនជាអាត្មាអញ សួរប្រស្នាចំពោះ​ព្រះសមណគោតម បើព្រះសមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញ ក្នុងប្រស្នា​នោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា​ប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញ (បើដូច្នោះ) បរិសទ្យនេះ មុខជានឹងមើលងាយ​អាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីនឹងសួរប្រស្នាចំពោះ​ព្រះសមណគោតម ដោយយោបល់បាន បរិសទ្យ​នេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គល​ណា ដែលសាបសូន្យហើយ ភោគៈទាំងឡាយ​របស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិត​ភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ៗ មុខជានឹងធ្វើព្រះទ័យរបស់ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហា​វេយ្យាករណ៍​នោះមិនបានទេ បើព្រះសមណគោតម ពោលនឹងអាត្មាអញ​ក្នុងប្រស្នា​នោះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវ​ឆ្លើយយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយ​យ៉ាងនេះវិញទេតើ (បើដូច្នេះ) បរិសទ្យនេះ មុខជានឹងមើលងាយ​អាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីធ្វើព្រះទ័យរបស់​ព្រះសមណ​គោតម ឲ្យត្រេកអរដោយបញ្ហា​វេយ្យាករណ៍ទេ បរិសទ្យ​នេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គល​ណា សាបសូន្យហើយ ភោគៈ​ទាំងឡាយ​​របស់បុគ្គលនោះ ក៏គប្បីសាបសូន្យដែរ ដ្បិត​ភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើអាត្មាអញ បានទៅដល់ទី​ជិត​យ៉ាងនេះហើយ តែ​មិនទាន់បានឃើញព្រះសមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់មកវិញ បរិសទ្យនេះ មុខជានឹងមើលងាយ​អាត្មាអញ ដោយហេតុនោះ ថា សោណទណ្ឌ​ព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មានមានះរឹងត្អឹង ខ្លាច មិនហ៊ាន​ចូលទៅ​គាល់​ព្រះសមណគោតមទេ មិនសមបើសោណទណ្ឌព្រាហ្មណ៍ ចូលមកដល់ទីជិត​យ៉ាងនេះហើយ មិនទាន់​បានឃើញព្រះសមណគោតមនៅឡើយ ក៏ស្រាប់តែត្រឡប់​មកវិញសោះ បរិសទ្យ​នេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គល​ណា សាបសូន្យហើយ ភោគៈទាំងឡាយ​របស់​បុគ្គល​នោះ ក៏គប្បីសាបសូន្យដែរ ដ្បិត​ភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស។

[១៨៤] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ដើរចូលសំដៅទៅត្រង់ទី ដែល​ព្រះមានព្រះភាគ​គង់ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មម​ឲ្យ​កើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ចំណែក​ខាងព្រាហ្មណ៍ គហបតី​ទាំង​ឡាយអ្នកក្រុងចម្បា ពួកខ្លះក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទី​ដ៏សម​គួរ ពួកខ្លះ​ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើត​សេចក្តីស្និទ្ធស្នាល​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះប្រកាសនាម និងគោត្រ (របស់ខ្លួន) ហើយអង្គុយ​ក្នុងទី​ដ៏​សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។ សោណទណ្ឌព្រាហ្មណ៍ អង្គុយត្រិះរិះនូវ​ហេតុ​​មានប្រមាណច្រើន ក្នុងទីនោះ ដូច្នេះថា ប្រសិនបើអាត្មាអញ សួរប្រស្នានឹង​ព្រះ​សមណ​គោតម បើព្រះសមណគោតម ពោល​យ៉ាង​នេះ នឹងអាត្មាអញ ក្នុងប្រស្នា​នោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរ​យ៉ាង​នេះទេ ម្នាលព្រាហ្មណ៍ ធម្មតា​ប្រស្នា​បែប​នុ៎ះ គេគួរសួរយ៉ាងនេះវិញទេតើ បរិសទ្យ​នេះ មុខជានឹងមើលងាយ​អាត្មាអញ ដោយ​ហេតុ​នោះថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចនឹង​សួរ​ប្រស្នា​នឹង​ព្រះសមណគោតម ដោយ​យោបល់​បាន បរិសទ្យ​នេះ បើមើលងាយ​បុគ្គលណា​ហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ យសរបស់បុគ្គល​ណា សាបសូន្យហើយ ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ ក៏គប្បីសាបសូន្យដែរ ដ្បិត​ភោគៈទាំងឡាយរបស់យើង សុទ្ធតែបានដោយយស មួយវិញទៀត បើព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ៗ មុខជាធ្វើ​ព្រះទ័យ​របស់​ព្រះអង្គ ឲ្យត្រេកអរដោយបញ្ហា​វេយ្យាករណ៍មិនបានឡើយ បើព្រះសមណគោតម ពោល​នឹងអាត្មាអញ ​ក្នុងប្រស្នា​នោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវ​ឆ្លើយ​យ៉ាង​នេះ​ទេ ម្នាលព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរឆ្លើយ​យ៉ាងនេះវិញទេតើ បរិសទ្យនេះ មុខជានឹងមើលងាយ​អាត្មាអញ ដោយហេតុនោះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្ស​ល្ងង់​ខ្លៅ មិនឈ្លាសវៃ មិនអាចធ្វើព្រះទ័យរបស់​ព្រះសមណ​គោតម ឲ្យត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍បាន បរិសទ្យ​នេះ បើមើល​ងាយ​បុគ្គល​ណាហើយ យសរបស់បុគ្គល​នោះ គប្បីសាបសូន្យ យសរបស់បុគ្គល​ណា សាប​សូន្យ​​ហើយ ភោគៈ​ទាំងឡាយ​​របស់បុគ្គលនោះ គប្បីសាបសូន្យដែរ ដ្បិត​ភោគៈ​ទាំង​ឡាយ​របស់យើង សុទ្ធតែបាន​ដោយ​យស ឱធ្វើម្តេចហ្ន៎ នឹងបានព្រះសមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ត្រង់ត្រៃវេទ ដែល​អាត្មាអញ​បានសិក្សាមក អំពីសំណាក់​អាចារ្យ​របស់ខ្លួនអេះ អាត្មាអញ មុខជា​នឹង​ធ្វើ​ព្រះទ័យ​នៃព្រះ​សមណគោតម ឲ្យត្រេកអរដោយ​បញ្ហាវេយ្យាករណ៍បាន​ដោយពិត។

[១៨៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីត្រិះរិះក្នុងចិត្តរបស់​សោណទណ្ឌព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ក៏ទ្រង់​ព្រះតម្រិះយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍នេះ ចង្អៀតចង្អល់ ព្រោះតែគំនិតរបស់ខ្លួន បើដូច្នោះ គួរតថាគត សួរប្រស្នានឹងសោណទណ្ឌព្រាហ្មណ៍ត្រង់ត្រៃវេទ ដែលគាត់បានសិក្សា មកអំពីសំណាក់​អាចារ្យ របស់ខ្លួន (ឲ្យត្រូវតាមបំណងចុះ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​សោណទណ្ឌព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍បញ្ញត្តមនុស្ស​ប្រកបដោយ​អង្គ​ប៉ុន្មាន ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយអង្គប៉ុន្មាន) កាលបើពោលថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវ​មុសាវាទផង។ គ្រានោះ សោណទណ្ឌព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​ដូច្នេះថា ឱហ្ន៎ អាត្មាអញ មានសេចក្តីប្រាថ្នា សេចក្តីប៉ុនប៉ង សេចក្តីពេញចិត្ត សេចក្តីប្រុងទុកណា រួចមកហើយថា ឱធ្វើម្តេចហ្ន៎ នឹងបាន​ព្រះសមណគោតម សួរប្រស្នានឹងអាត្មាអញ ត្រង់ត្រៃវេទ ដែល​អាត្មាអញ​បានសិក្សាមក អំពីសំណាក់​អាចារ្យរបស់ខ្លួន អាត្មាអញ ​នឹង​ធ្វើ​ព្រះទ័យ​នៃព្រះ​សមណគោតម ឲ្យត្រេកអរ​ ដោយបញ្ហាវេយ្យាករណ៍បាន​ដោយពិត ក៏ឥឡូវនេះ ព្រះសមណគោតម សួរ​ប្រស្នា​នឹងអាត្មាអញ ត្រង់ត្រៃវេទ ដែលអាត្មាអញបានសិក្សាមក អំពីសំណាក់​អាចារ្យ​របស់​ខ្លួន ត្រូវចំសេចក្តីប្រាថ្នាអញនោះហើយ អាត្មាអញ មុខជា​ធ្វើ​ព្រះទ័យ​នៃព្រះ​សមណគោតម ឲ្យត្រេកអរ ដោយបញ្ហាវេយ្យាករណ៍បាន​ដោយពិត។

[១៨៦] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ក៏បង្ហើបខ្លួន អើតមើលបរិសទ្យ ហើយក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ រមែង​បញ្ញត្ត​មនុស្សដែលប្រកបដោយអង្គ៥ ថាជាព្រាហ្មណ៍ (មនុស្សដែលប្រកបដោយ​អង្គ​៥នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយ​ដោយប្រពៃ​ផង មិនត្រូវមុសាវាទផង អង្គទាំង៥នោះ តើដូចម្តេច បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍​ក្នុងលោកនេះ មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែកខាង​មាតា និងចំណែក​ខាង​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនដែលមាន​នរណា​​ពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើត១ ជាអ្នករាយ​មន្ត ចេះចាំ​មន្ត ជាអ្នកដល់នូវត្រើយ​នៃត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ គម្ពីរ​កេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់បទ និង​វេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិស​លក្ខណ​ព្យាករណ​សាស្ត្រ១ ជាអ្នកមានរូបល្អ គួរឲ្យពិតពិល រមិលមើល គួរឲ្យជ្រះថ្លា ប្រកប​ដោយ​សម្បុរដ៏ស្អាតក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មាន​សព៌ាង្គរាងកាយគួរឲ្យចង់មើលមិនលែង១ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកប​ដោយ​​សីលដ៏ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួក​ព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្សដែល​ប្រកប​ដោយអង្គទាំង៥នេះឯង ថាជាព្រាហ្មណ៍​ (មនុស្ស​ដែលប្រកបដោយ​អង្គ៥នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវ​មុសាវាទ​ផង។

[១៨៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង៥ប្រការ​នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ៤ ថាជា​ព្រាហ្មណ៍វិញ​ (មនុស្ស​ដែលប្រកបដោយ​អង្គ៤នោះ) កាលបើពោលថា ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​​ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ ទូលថា បពិត្រព្រះគោតមដ៏ចំរើន អាចបញ្ញត្តបាន បពិត្រព្រះគោតមដ៏ចំរើន ក៏បណ្តាអង្គទាំង៥ យើងលើកអង្គ គឺសម្បុរចេញ ដ្បិត​សម្បុរ នឹងយកជាការពុំបាន បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ (ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ​៤នោះ) គឺជាអ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺចំណែកខាង​មាតា និងចំណែក​ខាង​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនដែល​មាន​នរណា​​ពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើតបាន១ ជាអ្នករាយ​មន្ត ចេះចាំ​មន្ត ជាអ្នកដល់នូវត្រើយ​នៃត្រៃវេទ ព្រមទាំង​គម្ពីរ​និឃណ្ឌុ គម្ពីរ​កេតុភៈ ព្រមទាំង​អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់បទ និង​វេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិស​លក្ខណព្យាករណសាស្ត្រ១ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយ​សីល​ដ៏​ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួក​ព្រាហ្មណ៍ អ្នកទទួលនូវ​គ្រឿង​បូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ៤នេះឯង ថាជាព្រាហ្មណ៍​ (មនុស្ស​ដែលប្រកបដោយ​អង្គ៤នេះ) កាល​បើ​ពោល​ថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវ​មុសាវាទ​ផង។

[១៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង៤​នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ៣ ថាជា​ព្រាហ្មណ៍វិញ​ (មនុស្ស​ដែលប្រកបដោយ​អង្គ៣នោះ) កាលបើពោលថា ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​​ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចំរើន អាចបញ្ញត្តបាន បពិត្រ​ព្រះគោតម​ដ៏ចំរើន ក៏បណ្តាអង្គទាំង៤នេះ យើងលើកអង្គ គឺមន្តចេញ ដ្បិតមន្ត នឹងធ្វើ​អ្វីកើត បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ (ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៣នោះ) គឺជាអ្នកមានជាតិដ៏ល្អ ទាំងពីរចំណែក គឺចំណែកខាង​មាតា និងចំណែក​ខាង​បិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាបអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនដែល​មាន​នរណា​​ពោលទោស តិះដៀស ដោយពោលដល់ជាតិកំណើតបាន១ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយ​សីល​ដ៏​ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួក​ព្រាហ្មណ៍ អ្នកទទួល​គ្រឿង​បូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ៣នេះឯង ថាជាព្រាហ្មណ៍​ (មនុស្ស​ដែលប្រកបដោយ​អង្គ៣នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង។

[១៨៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង៣​នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ២ ថាជា​ព្រាហ្មណ៍វិញ​ (មនុស្ស​ដែលប្រកបដោយ​អង្គ២នោះ) កាលបើពោលថា ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​​ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រព្រះគោតមដ៏ចំរើន អាចបញ្ញត្តបាន បពិត្រ​ព្រះគោតម​ដ៏ចំរើន ក៏បណ្តាអង្គទាំង៣នេះ យើងលើកអង្គ គឺជាតិចេញ ដ្បិតជាតិ នឹងធ្វើ​អ្វីកើត បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ (ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ២នោះ) គឺជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយ​សីល​ដ៏​ចំរើន១ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួក​ព្រាហ្មណ៍ អ្នកទទួល​គ្រឿង​បូជា១ បពិត្រព្រះគោតមដ៏ចំរើន ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ២នេះឯង ថាជា​ព្រាហ្មណ៍​ (មនុស្ស​ដែលប្រកបដោយ​អង្គ២នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍​ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង។

[១៩០] កាលដែលសោណទណ្ឌព្រាហ្មណ៍ពោលយ៉ាងនេះហើយ ពួកព្រាហ្មណ៍​ទាំងនោះ ក៏បាននិយាយ​នឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា សោណទណ្ឌដ៏ចំរើន កុំ​និយាយយ៉ាងនេះ សោណទណ្ឌដ៏ចំរើន កុំនិយាយយ៉ាងនេះឡើយ សោណទណ្ឌដ៏ចំរើន និយាយបង្អាប់​សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌដ៏ចំរើន បណ្តោយ​តាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយហើយតើ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា បើអ្នកទាំងឡាយ​ជា​ព្រាហ្មណ៍ មានសេចក្តីយល់ឃើញថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងតិច​ផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យមិនពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នក​ឥត​ប្រាជ្ញាផង សោណទណ្ឌព្រាហ្មណ៍ មិនល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹង​ព្រះសមណគោតមបានផង សោណទណ្ឌព្រាហ្មណ៍ ចូរឈប់ចុះ អ្នកទាំងឡាយ ចូរ​និយាយ​ឆ្លើយឆ្លង​ជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយ ជា​ព្រាហ្មណ៍ មានសេចក្តី​យល់​ឃើញយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងច្រើន​ផង សោណទណ្ឌ​ព្រាហ្មណ៍ ពោលពាក្យពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នក​​ប្រាជ្ញផង សោណទណ្ឌព្រាហ្មណ៍ ល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹង​ព្រះសមណ​គោតម​បានផង អ្នកទាំងឡាយ ចូរឈប់ចុះ ចូរឲ្យសោណទណ្ឌព្រាហ្មណ៍ និយាយ​​ឆ្លើយឆ្លង​ជាមួយនឹងតថាគតវិញ។

[១៩១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌ​ព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា សូមព្រះគោតម​ដ៏ចំរើន បង្អង់សិនចុះ សូមព្រះគោតមដ៏ចំរើនគង់ស្ងៀមចុះ ខ្ញុំព្រះអង្គ នឹងធ្វើនូវពាក្យ​តបត ប្រកបដោយហេតុ ដល់ព្រាហ្មណ៍​ទាំងនោះវិញ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងព្រាហ្មណ៍​ទាំងនោះ​ដូច្នេះថា នែអ្នកទាំងឡាយ​ដ៏ចំរើន អ្នកទាំងឡាយ​កុំ​ពោល​​យ៉ាងនេះឡើយ នែអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ​កុំ​ពោលយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន និយាយបង្អាប់សម្បុរ និយាយ​បង្អាប់​មន្ត និយាយបង្អាប់​ជាតិ សោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន បណ្តោយតាមវាទៈ​របស់​ព្រះ​សមណគោតម ដោយ​ចំណែក​មួយដូច្នេះឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំមិនមែន​និយាយបង្អាប់​សម្បុរ ឬមន្ត និងជាតិទេ។

[១៩២] សម័យនោះឯង មានមាណព (មនុស្សជំទង់) ម្នាក់ឈ្មោះអង្គកៈ ត្រូវជាក្មួយ​សោណទណ្ឌព្រាហ្មណ៍ អង្គុយក្នុងពួកបរិសទ្យនោះដែរ។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ បាននិយាយនឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា អ្នកដ៏ចំរើន​ទាំងឡាយ បានឃើញមាណព ឈ្មោះអង្គកៈនេះ ជាក្មួយយើងដែរឬទេ។ ព្រាហ្មណ៍​ទាំង​នោះ ក៏ឆ្លើយថា បពិត្រលោកដ៏ចំរើន បានឃើញដែរ បពិត្រលោកដ៏ចំរើន អង្គកមាណព មានរូបល្អ គួរពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មាន​សម្បុរ​ដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យ​ចង់មើល​មិនលែង ក្នុងបរិសទ្យនេះ រកអ្នកណាឲ្យមានសម្បុរស្មើនឹង​អង្គកមាណពនេះ គ្មានឡើយ លើកលែងតែព្រះសមណគោតមចេញ។ សោណទណ្ឌព្រាហ្មណ៍ពោលថា ម្នាលអ្នក​ទាំងឡាយ​ដ៏ចំរើន អង្គកមាណព ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់នូវត្រើយនៃ​ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមាន​គម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកចាំស្ទាត់នូវបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុង​លោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ឯខ្ញុំជាអ្នកបង្រៀនមន្ត ដល់​វា ម្នាលអ្នកទាំងឡាយដ៏ចំរើន ឯអង្គកមាណព មានជាតិដ៏ល្អទាំងពីរចំណែក គឺចំណែក​ខាងមាតា និងចំណែកខាងបិតា កើតអំពីផ្ទៃដ៏បរិសុទ្ធស្អាត ដរាប​អំពីតំណនៃ​ជីដូន​ជីតា​ជា​គំរប់៧មក មិនដែលមាននរណាមួយពោលទោស តិះដៀល ដោយពោល​ដល់​ជាតិ​កំណើតបាន ខ្ញុំ​ក៏ស្គាល់​មាតាបិតារបស់វា ម្នាលអ្នកទាំងឡាយដ៏ចំរើន តែអង្គក​មាណព​សម្លាប់សត្វខ្លះ យកទ្រព្យដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស​ក្នុងភរិយាអ្នកដទៃ​ខ្លះ និយាយកុហកខ្លះ ផឹកទឹកស្រវឹងខ្លះ ឥឡូវ បើលើកយកសេចក្តីនេះមកនិយាយ វណ្ណៈ នឹងយកជាការអ្វីបាន មន្ត នឹងយកជាការអ្វីបាន ជាតិ នឹងយកជាការអ្វីបាន ម្នាលអ្នក​ទាំងឡាយដ៏ចំរើន ព្រាហ្មណ៍ (ដែលប្រកបដោយអង្គ២) គឺជាអ្នកមានសីល មាន​សីល​ដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន១​ ជាអ្នកប្រាជ្ញ មានប្រាជ្ញា ជាបុគ្គលទី១ ឬទី២ របស់​ពួក​ព្រាហ្មណ៍ អ្នកទទួលគ្រឿងបូជា១ ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួក​ព្រាហ្មណ៍ រមែងបញ្ញត្តមនុស្សដែលប្រកបដោយអង្គត្រឹមតែ២នេះឯង ថាជាព្រាហ្មណ៍ (មនុស្ស​ដែល​ប្រកប​ដោយអង្គ២នេះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយ​ដោយ​ប្រពៃផង មិនត្រូវមុសាវាទផង។

[១៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង២​នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ១ ថាជា​ព្រាហ្មណ៍វិញ​ (ទាំងមនុស្ស​ដែលប្រកបដោយ​អង្គតែ១នោះ) កាលបើពោលថា ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​​ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន អង្គទាំង២នេះ នឹងលើកអង្គ​ណាមួយ​ចេញមិនបានទេ បពិត្រ​ព្រះគោតម​ដ៏ចំរើន ដ្បិតប្រាជ្ញា រមែង​ជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែង​ជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏​មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីល​និងប្រាជ្ញាប្រាកដ ជាគុណធម៌​ប្រសើរ​ក្នុងលោក បពិត្រព្រះគោតមដ៏ចំរើន បុគ្គលលាងដៃ ដោយដៃក្តី លាងជើង ដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចំរើន មាឧបមេយ្យដូចជា ប្រាជ្ញា រមែង​ជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែង​ជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីល​នៅ​ត្រង់​ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមាន​សីល ក៏​មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីល​និងប្រាជ្ញានេះ អ្នកប្រាជ្ញ​តែង​ពោលថា ជាគុណធម៌​ដ៏ប្រសើរ​ក្នុងលោក។

[១៩៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលព្រាហ្មណ៍ សេចក្តីនុ៎ះ​យ៉ាងហ្នឹង​ហើយ ម្នាលព្រាហ្មណ៍ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ដ្បិតប្រាជ្ញា រមែង​ជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែង​ជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏​មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីល​និងប្រាជ្ញា អ្នកប្រាជ្ញ តែងពោលថា ជាគុណធម៌ដ៏​ប្រសើរ​ក្នុងលោក ម្នាលព្រាហ្មណ៍ បុគ្គលលាងដៃដោយដៃក្តី លាងជើង​ដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មានឧបមេយ្យ​ដូចជា​ប្រាជ្ញា រមែង​ជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែង​ជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏​មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីល​និងប្រាជ្ញា អ្នកប្រាជ្ញ តែង​ពោលថា ជាគុណធម៌​ដ៏ប្រសើរ​ក្នុងលោក ម្នាលព្រាហ្មណ៍ ចុះសីលនោះដូចម្តេច ប្រាជ្ញា​នោះដូចម្តេច។ សោណទណ្ឌព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំ​ព្រះអង្គគ្រាន់តែបានដឹងថា សីល និងប្រាជ្ញាប៉ុណ្ណេះ ឯត្រង់សេចក្តីអធិប្បាយ (មិនដឹងថា) ដូចម្តេចទេ សូមព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់បំភ្លឺសេចក្តីអធិប្បាយ នៃភាសិត​នុ៎ះ​ឲ្យទាន។

[១៩៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរអ្នកយកចិត្តទុកដាក់ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ សោណទណ្ឌព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា​របស់ព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយ ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលព្រាហ្មណ៍ ព្រះតថាគតបាន​កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ (រឿងនេះ អ្នកប្រាជ្ញគប្បីសំដែងឲ្យ​ពិស្តារដូច​ក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលព្រាហ្មណ៍ ភិក្ខុ រមែងជាអ្នកបរិបូណ៌​ដោយសីល យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ នេះឯង ដែលហៅថាសីលនោះ។ ភិក្ខុ​បាន​សម្រេច​បឋមជ្ឈាន សម្រេច​ឥរិយាបថនៅ។ ទុតិយជ្ឈាន។ តតិយជ្ឈាន។ ​បាន​សម្រេច​ចតុត្ថជ្ឈាន សម្រេច​ឥរិយាបថនៅ។បេ។ ភិក្ខុទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។បេ។ នេះឯង ជា(សេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ។បេ។ ភិក្ខុដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីនេះ មិនមានទេ។ នេះឯង (ជាសេចក្តីអធិប្បាយ) នៃ​ប្រាជ្ញារបស់ភិក្ខុនោះ។ ម្នាលព្រាហ្មណ៍ នេះឯងដែល​ហៅថា ប្រាជ្ញានោះ។

[១៩៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ សោណទណ្ឌ​ព្រាហ្មណ៍ បានក្រាបបង្គំទូល​ ចំពោះ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង ដោយ​អនេក​បរិយាយ​ (នេះ) គួរនាដូច​ជាមនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែល​កំបាំង ឬក៏​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស កាន់​ប្រទីប ទ្រោលបំភ្លឺ​ក្នុង​ទី​ងងឹត​ ដោយគិតថា មនុស្សដែល​មានភ្នែក (ភ្លឺ) មើលឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូម​ព្រះគោតមដ៏ចំរើន ជ្រាបថា ខ្ញុំព្រះអង្គ ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ មួយទៀត សូមព្រះគោតមដ៏​ចំរើន ព្រមទាំងភិក្ខុសង្ឃ ទ្រង់​ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយ​តុណ្ហីភាព។ លុះសោណទណ្ឌព្រាហ្មណ៍ ដឹងច្បាស់ថា ព្រះអង្គទទួល​និមន្តហើយ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[១៩៧] លុះដល់វេលាព្រឹកឡើង សោណទណ្ឌព្រាហ្មណ៍ បង្គាប់ជនទាំងឡាយ ឲ្យចាត់ចែង​ធ្វើខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ក្នុងលំនៅរបស់ខ្លួនស្រេចហើយ ទើបចាត់បម្រើ​ឲ្យទៅក្រាបទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតម​ដ៏ចំរើន ភត្តកាលដល់ហើយ ចង្ហាន់ក៏បានរៀបចំស្រេចហើយ។ លំដាប់នោះ លុះដល់​បុព្វណ្ហ​សម័យ ព្រះមានព្រះភាគ ទ្រង់បាត្រ និងចីវរហើយ ស្តេចចូល​ទៅកាន់លំនៅនៃ​សោណទណ្ឌព្រាហ្មណ៍ ព្រមដោយព្រះភិក្ខុសង្ឃ ទ្រង់គង់លើអាសនៈ ដែលគេរៀប​ចំ​ថ្វាយ។ វេលានោះ សោណទណ្ឌព្រាហ្មណ៍ បាន​អង្គាស​ខាទនីយភោជនីយាហារ​ដ៏ឆ្ងាញ់​ពីសា ដោយដៃខ្លួនឯង ប្រគេន​ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រា​តែ​ប្រកែក​លែងទទួលទៀត។

[១៩៨] លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យក​អាសនៈ​ទាបមួយ ហើយអង្គុយ​ក្នុងទី​ដ៏​សមគួរ។ លុះសោណទណ្ឌព្រាហ្មណ៍ អង្គុយស៊ប់ក្នុងទី​ដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បើខ្ញុំ​ព្រះអង្គកំពុងនៅក្នុងបរិសទ្យ ហើយនឹងក្រោកចាកអាសនៈ ថ្វាយបង្គំព្រះគោតមដ៏​ចំរើន បរិសទ្យនោះ មុខជានឹងមើលងាយ​ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)​មើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ ក៏នឹងសាបសូន្យទៅផង (បើ) យសរបស់បុគ្គល​ណា សាបសូន្យហើយ ភោគៈទាំងឡាយ​របស់បុគ្គលនោះ ក៏នឹង​សាបសូន្យទៅផង ដ្បិត​ភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារយស​តែប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន តែបើខ្ញុំព្រះអង្គ កំពុងនៅក្នុងបរិសទ្យ គួរ​ប្រណម្យ​អញ្ជលីបាន សូមព្រះគោតមដ៏ចំរើន ចាំទុកនូវការ​ប្រណម្យអញ្ជលីនោះ ថាជាការ​ក្រោក​អំពីអាសនៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុង​នៅក្នុងបរិសទ្យ គួរដោះឈ្នួតក្បាលបាន សូមព្រះគោតមដ៏ចំរើន ចាំទុកនូវការ​ដោះឈ្នួតក្បាល​នោះ ថាជាការ​ថ្វាយបង្គំដោយសិរ្សៈរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ ចុះពីលើយាន មកថ្វាយបង្គំ​ព្រះគោតមដ៏ចំរើន បរិសទ្យនោះ មុខជានឹងមើលងាយ​ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង បរិសទ្យនោះ (បើ)​មើលងាយបុគ្គលណាហើយ យស​របស់​បុគ្គល​នោះ ក៏នឹងសាបសូន្យទៅផង យសរបស់បុគ្គល​ណា សាបសូន្យហើយ ភោគៈទាំងឡាយ​របស់បុគ្គលនោះ ក៏នឹង​សាបសូន្យទៅផង ដ្បិត​ភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែ​បាន​មក​ដោយសារតែយសប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត បើខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ នឹងលើកដងជន្លួញឡើង សូមព្រះគោតមដ៏ចំរើន ទ្រង់​ចាំទុកនូវកិរិយា​លើកដងជន្លួញនោះ ថាជាកិរិយាចុះអំពីយានរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ គួរដំឡោះឆត្របាន សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវការដំឡោះឆត្រនោះ ថាជាកិរិយាថ្វាយបង្គំដោយសិរ្សៈ របស់ខ្ញុំព្រះអង្គចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់​សោណទណ្ឌព្រាហ្មណ៍ (ឲ្យយល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាតធ្វើការកុសល ឲ្យរីករាយ (ដោយគុណ​ដែលមានក្នុងខ្លួន) ដោយធម្មីកថា រួចទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់​ពុទ្ធដំណើរ​ចេញទៅ។

ចប់ សោណទណ្ឌសូត្រ ទី៤។

ចប់ ភាគ១៤ ។