សុត្តន្តបិដក

មុន |១៤|១៥|១៦|១៧|១៨|១៩|២០| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ទីឃនិកាយ ចតុត្ថភាគ

ភាគ ១៧

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គនោះ។

មហាវគ្គ

មហាសុទស្សនសូត្រ ទី៤

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​សាលវ័ន ដែលជាផ្លូវបត់ចូល (ទៅកាន់ក្រុង) របស់ពួកមល្លក្សត្រ នាចន្លោះនៃដើម​សាលព្រឹក្ស​ទាំងគូ ជិតក្រុងកុសិនារា ក្នុងកាលទៀបបរិនិព្វាន។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​គង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់​ក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំទូល ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ កុំបរិនិព្វាន ក្នុងនគរ​កុសិនារានេះ ដែលជានគរតូច នគរទួល ជា​សាខានគរឡើយ បពិត្រព្រះអង្គដ៏ចំរើន នគរធំៗ ឯទៀតក៏មាន ដូចយ៉ាងនគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី និងពារាណសី សូម​ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ក្នុងនគរ​ទាំងនុ៎ះវិញ (ព្រោះ) ក្នុងនគរទាំងនុ៎ះ មានខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជាព្រះសរីរៈ របស់ព្រះតថាគត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​អានន្ទ អ្នកកុំពោលថា នគរនេះ ជានគរតូច នគរទួល ជាសាខានគរ​យ៉ាងនេះឡើយ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជាទ្រង់ព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ទាភិសេក (ឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង​៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវ​សេចក្តីមាំមួន។ ម្នាល​អានន្ទ នគរ​កុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់​ព្រះបាទមហាសុទស្សនៈ។ ម្នាល​អានន្ទ កុសាវតីរាជធានី បណ្តោយ​ពីបុរត្ថិមទិស ទៅបច្ឆិមទិស១២យោជន៍ ទទឹង​ពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មាន​មនុស្ស​កុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌។ ម្នាលអានន្ទ រាជធានីឈ្មោះ​អាលកមន្ទា របស់​ពួកទេវតា ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានទេវតាកុះករ ជាស្រុក​មានភិក្ខាហារបរិបូណ៌ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ជារាជធានី​ដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុក​មានភិក្ខាហារបរិបូណ៌ យ៉ាងនោះដែរ។ ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងកងរំពងដោយសូរសព្ទ១០យ៉ាង ទាំង​ថ្ងៃ ទាំងយប់ គឺសូរសព្ទដំរី សូរសព្ទសេះ សូរសព្ទរថ សូរសព្ទស្គរ សូរសព្ទសម្ភោរ សូរសព្ទពិណ សូរសព្ទចម្រៀង សូរសព្ទមហោស្រព សូរសព្ទប្រគំ សូរសព្ទមនុស្ស​និយាយ​គ្នាថា អ្នកទាំងឡាយ ចូរបរិភោគទៅ ចូរផឹកទៅ ចូរស៊ីទៅ រួមជាគំរប់១០យ៉ាង។ ម្នាល​អានន្ទ កុសាវតីរាជធានី មានកំពែងព័ទ្ធជុំវិញ ៧ជាន់ គឺកំពែងមាស១ជាន់ កំពែង​ប្រាក់​១ជាន់ កំពែង​កែវពៃទូរ្យ១ជាន់ កំពែង​កែវផលិក១ជាន់ កំពែងកែវទទឹម១ជាន់ កំពែងកែវ​មរកត១ជាន់ កំពែងកែវគ្រប់យ៉ាង១ជាន់។ ម្នាលអានន្ទ កុសាវតីរាជធានី មានទ្វារ​៤បែប គឺទ្វារមាស១​ ទ្វារប្រាក់១ ទ្វារកែវពៃទូរ្យ១ ទ្វារកែវផលិក១។ ក្នុងទ្វារមួយៗ គេដាំសសរ​គោល​ប្រាំពីរៗដើម ជាសសរមានទំហំ៣ជួរបុរស [អដ្ឋកថា ថា ក្នុងមួយជួរបុរស គឺមួយ​ទទូងមនុស្សប្រុស ជា៥ហត្ថបុរស។] គេដាំចុះទៅក្នុងដីជម្រៅ៣ជួរបុរស កំពស់​ពីដី​ឡើង​១២ជួរបុរស។ គឺសសរមាស១ដើម សសរប្រាក់១ដើម សសរកែវពៃទូរ្យ១ដើម សសរកែវ​ផលិក១ដើម សសរកែវទទឹម១ដើម សសរកែវមរកត១ដើម សសរកែវ​គ្រប់​យ៉ាង១ដើម។ ម្នាលអានន្ទ កុសាវតីរាជធានី មានជួរ​ដើមត្នោតព័ទ្ធជុំវិញ៧ជាន់ គឺជួរ​ដើម​ត្នោតមាស​១ជាន់ ដើមត្នោតប្រាក់១ជាន់ ដើមត្នោតកែវពៃទូរ្យ១ជាន់ ដើមត្នោត​កែវផលិក​១ជាន់ ដើម​ត្នោតកែវទទឹម១ជាន់ ដើមត្នោតកែវមរកត១ជាន់ ដើមត្នោតកែវ​គ្រប់យ៉ាង​១ជាន់។ ត្នោតមាស ដើមជាមាស ឯស្លឹក និងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ ឯស្លឹក និងផ្លែ​ជា​មាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ ឯស្លឹក និងផ្លែជាកែវផលិក។ ត្នោតកែវ​ផលិក ដើមជាកែវផលិក ឯស្លឹក និងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម ឯស្លឹក និងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត ឯស្លឹក និងផ្លែ​ជាកែវ​ទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែជាកែវគ្រប់​យ៉ាង។ ម្នាល​អានន្ទ ជួរដើមត្នោតទាំងនោះ ត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរ​ត្រេក​អរ គួរផ្ទៀង​ស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តូរ្យតន្ត្រីប្រកបដោយ​អង្គប្រាំ [អដ្ឋកថា ថា តូរ្យតន្រ្តីប្រកបដោយអង្គ៥នោះ គឺអាតដំ ស្គរតូច ឬស្គរធំ ដែលគេពាសស្បែកតែម្ខាង១ រិតដំ ស្គរដែល​គេពាសស្បែកទាំងសងខាង១ អាតដវិគដំ គ្រឿងតន្ត្រីដែលរិត​ដោយខ្សែ មានរនាត​ជាដើម១ សុសិរំ គ្រឿង​ផ្លុំ មានខ្លុយ និងស្រឡៃជាដើម១ ឃនំ កណ្តឹង ឬឈឹង ឬក្រាប់១។] ដែលពួកអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ ឲ្យមានសូរសព្ទ​ពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ឯជួរ​ដើមត្នោតទាំងនោះ កាលត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរ​ត្រេក​អរ គួរផ្ទៀង​ស្តាប់ គួរជក់ចិត្ត ក៏មានឧបមេយ្យដូច្នោះឯង។ ម្នាលអានន្ទ សម័យនោះ ក្នុងកុសាវតី​រាជ​ធានី មានអ្នកលេង​បាស្កា អ្នកលេងស៊ីផឹក ពួកអ្នកលេង​ទាំងនោះ ក៏នាំគ្នា​រាំរែកលេង តាម​សូរសព្ទនៃ​ជួរដើមត្នោត ដែលខ្យល់​បក់មកត្រូវនោះ។

[២] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិបូណ៌ដោយរតន៍​៧ប្រការ និង​ដោយឫទ្ធិ៤យ៉ាង។ រតន៍៧ប្រការតើដូចម្តេច។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​កក់​ព្រះសីរ្សក្នុងថ្ងៃ​១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើ​ប្រាសាទ​ដ៏​ប្រសើរ ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌​ដោយអាការទាំង​ពួង ក៏កើតប្រាកដឡើង លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ទើប​ត្រិះរិះ​ដូច្នេះថា អើ អាត្មាអញក៏ធ្លាប់​ឮរឿងនេះ មកហើយថា ស្តេចអង្គណាជាក្សត្រ បាន​មុទ្ធា​ភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់​នៅ​លើ​ប្រាសាទ ដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំង​ខ្នងកង់ទាំងដុំ បរិបូណ៌​ដោយអាការទាំងពួង ក៏កើតប្រាកដ​ឡើង ព្រះរាជាអង្គនោះ ជាស្តេច​ចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេច​ចក្រពត្តិហើយតើ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហា​សុទស្សនៈ ទ្រង់ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើប​យក​ព្រះហស្ត​ខាងឆ្វេង ចាប់ព្រះសុវណ្ណភិង្គារ (កុណ្ឌីមាស) យកព្រះហស្តខាងស្តាំ ប្រស់​ព្រំ​ចក្ករ័តន៍ ហើយត្រាស់ថា ចក្ករ័តន៍ដ៏ចំរើន ចូរអណ្តែតទៅ ចក្ករ័តន៍​ដ៏ចំរើន ចូរ​មានជ័យ​ជំនះ។ ម្នាលអានន្ទ លំដាប់នោះ ចក្ករ័តន៍នោះឯង ក៏អណ្តែតទៅខាងបុរត្ថិមទិស។ ព្រះ​បាទ​​មហាសុទស្សនៈ ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងសេនាប្រកប​ដោយអង្គ៤។ ម្នាលអានន្ទ ចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះ​បាទ​មហាសុទស្សនៈ ព្រមទាំង​ចតុរង្គសេនា ក៏ទ្រង់ប្រថាប់​ក្នុងប្រទេសនោះ។ ម្នាលអានន្ទ ពួកស្តេចណា ដែលត្រូវ​ជាសត្រូវ គង់នៅ​ក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ស្តេចចូលទៅគាល់​ព្រះ​បាទ​មហា​សុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រ​​មហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំ​ព្រះអង្គ ជា​របស់​ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះ​បាទ​មហា​សុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវ​សម្លាប់​សត្វ មិន​ត្រូវ​លួច​របស់​ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវ​និយាយ​ពាក្យ​កុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាល​អានន្ទ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុង​បុរត្ថិមទិស ពួកស្តេចនោះ ក៏ទៅ​ជាចុះ​ចូល​ព្រះ​បាទ​មហាសុទស្សនៈវិញ។ ម្នាលអានន្ទ វេលានោះ ចក្ករ័តន៍នោះ ក៏ចុះ​ទៅកាន់​សមុទ្រខាងបុរត្ថិមទិស ហើយឆ្លងឡើង ត្រឡប់វិលទៅខាងទក្ខិណទិស ចុះ​កាន់​​សមុទ្រ​ខាង​ទក្ខិណទិស ហើយឆ្លងឡើង វិលទៅខាងបច្ឆិមទិស ចុះកាន់សមុទ្រ​ខាងបច្ឆិមទិស ហើយ​ឆ្លងឡើង វិលទៅខាង​ឧត្តរទិសវិញ។ ព្រះ​បាទ​មហាសុទស្សនៈ ក៏ទ្រង់ស្តេច​ទៅ​តាមក្រោយ ជាមួយនឹងចតុរង្គសេនា។ ម្នាលអានន្ទ ចក្ករ័តន៍ ប្រតិស្ឋាន​នៅក្នុង​ប្រទេស​ណា ព្រះ​បាទ​មហាសុទស្សនៈ ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រម​ទាំង​​ចតុរង្គសេនា។  ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ​ជាសឹកសត្រូវ នៅ​ក្នុងឧត្តរទិស ពួកស្តេច​នោះ ក៏ចូល​ទៅគាល់​ព្រះ​បាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រ​មហារាជ សូមព្រះអង្គស្តេចមក បពិត្រ​មហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំ​ព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូម​ព្រះអង្គ​ទ្រង់ប្រៀនប្រដៅ។ ព្រះ​បាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការយ៉ាង​នេះ​ថា អ្នកទាំងឡាយ មិនត្រូវ​សម្លាប់​សត្វ មិនត្រូវ​លួច​របស់​ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្ត​ខុស​ក្នុងកាមទាំងឡាយ មិនត្រូវ​និយាយ​ពាក្យកុហក មិនត្រូវផឹកទឹក​ស្រវឹង​ឡើយ អ្នកទាំង​ឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយវិញទៀត ពួកស្តេចណា ដែល​ជា​សឹក​សត្រូវ ក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ត្រឡប់ជាចុះ​ចូល​ព្រះ​បាទ​មហាសុទស្សនៈ​វិញ។ ម្នាលអានន្ទ តពីនោះមក ចក្ករ័តន៍នោះ បានបង្ក្រាបផែនដី ដែល​មានសមុទ្រ​ជាទីបំផុត រួចហើយត្រឡប់​មកកាន់កុសាវតីរាជធានីវិញ ហើយឋិតនៅ​ក្នុង​របៀង​សាលា​សម្រាប់​វិនិច្ឆ័យ ទៀបទ្វារ​ព្រះបរមរាជវាំង របស់ព្រះ​បាទ​មហាសុទស្សនៈ នៅនឹងថ្កល់ ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺក្នុងព្រះរាជវាំង របស់ព្រះបាទ​មហាសុទស្សនៈ។ ម្នាល​អានន្ទ ចក្ករ័តន៍ មានសភាព​យ៉ាងនេះ កើត​ប្រាកដ​ឡើង ដល់​ព្រះបាទមហាសុទស្សនៈ។

[៣] ម្នាលអានន្ទ តទៅទៀត ហត្ថិរ័តន៍ (ដំរីកែវ) ជាស្តេចដំរី ឈ្មោះ​ឧបោសថ មាន​សម្បុរសសុទ្ធ មានអវយវៈ តូចធំសមរម្យទាំងអស់ ជាដំរី​មានឫទ្ធិ អាចហោះ​ទៅលើ​អាកាស​បាន កើតប្រាកដ​ឡើងដល់​​​ព្រះបាទមហាសុទស្សនៈ។ លុះ​​ព្រះបាទមហា​សុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយាន​ដំរីល្អណាស់​តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ ឯហត្ថិរ័តន៍នោះ ក៏​ដល់​នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់​បានបទល្អយូរអង្វែង​ហើយ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល ហត្ថិរ័តន៍នោះឯង មុនដម្បូង​ ទ្រង់ឡើងគង់ (លើហត្ថិរ័តន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេច​ទៅ​ត្រួត​ត្រា​នូវ​ផែនដី មានសមុទ្រ​ជាទីបំផុត រួចហើយ ស្តេចត្រឡប់មកសោយព្រះក្រយាហារ ក្នុង​វេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ ហត្ថិរ័តន៍ មានសភាពយ៉ាងនេះ បាន​កើតប្រាកដហើយ ដល់​​ព្រះបាទមហាសុទស្សនៈ។

[៤] ម្នាលអានន្ទ តទៅទៀត អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះ​វលាហកៈ មានសម្បុរ​សសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃ​កក្អែក មានសក់ (សក្បុស) ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាស​បាន កើត​ប្រាកដ​ដល់​ព្រះបាទមហាសុទស្សនៈ។ លុះ​ព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះល្អណាស់តើហ្ន៎ ប្រសិន​បើចូល​ទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ លំដាប់នោះ អស្សរ័តន៍ ក៏ដល់​នូវ​ការ​បង្ហាត់​បាន ដូចជា​សេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់​បានរបៀបល្អ យូរអង្វែង​ហើយ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល អស្សរ័តន៍នោះឯង មុន​ដម្បូង ទ្រង់​ឡើងគង់​លើអស្សរ័តន៍ ក្នុងវេលាព្រឹកព្រហាម ហើយស្តេច​ទៅត្រួតត្រាផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយស្តេចត្រឡប់​មកសោយព្រះស្ងោយ ក្នុងវេលាព្រឹកឯ​កុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ អស្សរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដ​ហើយ ដល់​ព្រះបាទមហាសុទស្សនៈ។

[៥] ម្នាលអានន្ទ តទៅទៀត មណិរ័តន៍ ជាកែវពៃទូរ្យ មានជាតិដ៏ល្អ មានជ្រុង​៨ ដែលជាងឆ្នៃល្អហើយ មានពណ៌ថ្លាស្អាត បរិបូណ៌ ដោយអាការគ្រប់យ៉ាង បានកើត​ឡើងដល់​ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ មណិរ័តន៍នោះឯង មានពន្លឺផ្សាយ​ទៅ បានមួយយោជន៍ជុំវិញ។ ម្នាលអានន្ទ ​ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បង​មើល នូវមណិរ័តន៍នោះឯង មុនដម្បូង ទ្រង់​ប្រជុំអស់ពួកចតុរង្គសេនាមក ហើយទ្រង់​ស្ទួយ​កែវមណី ឡើងទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវីទៅ ក្នុងទីងងឹតអ័ព្ទក្នុងរាត្រី។ ម្នាលអានន្ទ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំ​គាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ​ដោយសារពន្លឺ (នៃ​កែវនោះឯង)។ ម្នាលអានន្ទ កែវមណី មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់​ព្រះបាទមហាសុទស្សនៈ​។

[៦] ម្នាលអានន្ទ តទៅទៀត ឥត្ថីរ័តន៍ [អដ្ឋកថា ថា ស្ត្រីដែល​គេនាំ​មកអំពីរាជត្រកូលក្នុងដែនមទ្ទៈមកថ្វាយ ជាព្រះអគ្គមហេសី។ ន័យ​មួយទៀតថា ស្ត្រីដែល​មកអំពីឧត្តរកុរុទ្វីប ដោយអានុភាព​របស់ព្រះអង្គ។] (ស្រីកែវ) មានរូបឆោមល្អ គួរឲ្យអ្នកផង​ពិត​ពិល​ រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែង​កន្លង​ហួស​សម្បុរស្រី​មនុស្ស តែមិនដល់​សម្បុរទិព្វទេ បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាល​អានន្ទ ឥត្ថីរ័តន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្មឿយ) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលអានន្ទ មួយទៀត ឥត្ថីរ័តន៍នោះឯង កាលរដូវត្រជាក់ មានខ្លួនក្តៅ កាលរដូវក្តៅ មាន​ខ្លួនត្រជាក់។ ម្នាលអានន្ទ មិនតែប៉ុណ្ណោះ ឥត្ថីរ័តន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញ​អំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ ម្នាលអានន្ទ ឥត្ថីរ័តន៍​នោះឯង ជាស្រីតែងក្រោកឡើងមុន តែងអង្គុយ​ក្រោយ [ស្ត្រីនោះ បើឃើញព្រះរាជាស្តេចមក តែង​ក្រោកអំពីអាសនៈ ដែលខ្លួនអង្គុយជាមុន លុះតែព្រះរាជាគង់ ទើបនាងអង្គុយទៅវិញ។ កាន់ព្រះវីជនី ពាត់ថ្វាយព្រះរាជាខាងក្រោយ។] យកចិត្តទុកដាក់​ធ្វើអ្វីៗ ប្រព្រឹត្ត​ត្រូវព្រះហឫទ័យ ពោលតែ​ពាក្យជាទីពេញព្រះហឫទ័យ របស់ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង សូម្បីតែចិត្ត​ ក៏មិនប្រព្រឹត្តកន្លង ព្រះបាទ​មហាសុទស្សនៈទៅហើយ ម្តេចឡើយនឹងប្រព្រឹត្ត​កន្លងដោយកាយបាន។ ម្នាលអានន្ទ ឥត្ថីរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទ​មហាសុទស្សនៈ។

[៧] ម្នាលអានន្ទ តទៅទៀត គហបតិរ័តន៍ [អដ្ឋកថា ថា គហបតីដែល​កើតក្នុង​ត្រកូលមានភោគសម្បត្តិច្រើន។] (គហបតីកែវ) បានកើតប្រាកដ ដល់ព្រះបាទ​មហាសុទស្សនៈ។ ឯគហបតិរ័តន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាច​មើល​ឃើញកំណប់​ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតីនោះ ចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក៏ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងចាត់ចែងការ ដែលគួរធ្វើ​ដោយទ្រព្យថ្វាយ ដោយ​ព្រះរាជ​ទ្រព្យព្រះអង្គ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ កាលទ្រង់​នឹងល្បង​មើល គហបតិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រថាប់​លើព្រះទីនាំង​នាវា សំដៅ​ទៅកាន់​ខ្សែ​ទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់​នឹង​គហបតិរ័តន៍យ៉ាងនេះថា ម្នាលគហបតី យើង​មានសេចក្តីត្រូវការ ដោយប្រាក់និងមាស។ គហបតីនោះ ក្រាបបង្គំទូលថា បពិត្រ​មហារាជ បើដូច្នោះ សូមទ្រង់​អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជ​ឱង្ការ​ថា ឱ គហបតី យើងមានសេចក្តីត្រូវការ តែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលអានន្ទ លំដាប់នោះ គហបតិរ័តន៍នោះឯង យកដៃទាំងពីរ លូកចុះទៅក្នុងទឹក លើកយកឆ្នាំង ដែល​ពេញដោយប្រាក់ និងមាស ហើយក្រាបទូល​ព្រះបាទ​មហាសុទស្សនៈថា បពិត្រ​មហារាជ ល្មមហើយ ដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើ​ព្រះរាជកិច្ចបានហើយ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះល្មមហើយ ម្នាលគហបតី ប្រាក់ និងមាស​ប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់និងមាស​ទាំងប៉ុណ្ណេះ យើង​បូជាអ្នកឯង។ ម្នាលអានន្ទ គហបតិរ័តន៍ មានសភាព​យ៉ាងនេះ កើតប្រាកដហើយ ដល់​ព្រះបាទ​មហាសុទស្សនៈ។

[៨] ម្នាលអានន្ទ​ តទៅទៀត បរិនាយករ័តន៍ [អដ្ឋកថា​ ថាជាព្រះរាជបុត្រច្បង​របស់​ព្រះបាទ​មហាសុទស្សនៈ។] (បរិនាយកកែវ) ជាបណ្ឌិត​វាងវៃ មានប្រាជ្ញា អង់អាច ដើម្បី​ញុំាងព្រះបាទ​មហាសុទស្សនៈ ដែលខ្លួន​ឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បី​ញុំាង​ព្រះបាទ​មហាសុទស្សនៈ ដែលខ្លួន​គួរឲ្យ​ស្តេច​ចេញ ឲ្យចេញ​ទៅបាន ដើម្បីញុំាង​ព្រះបាទ​មហាសុទស្សនៈ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបានកើតប្រាកដ ដល់​ព្រះបាទ​មហាសុទស្សនៈ។ បរិនាយករ័តន៍នោះ ចូលទៅគាល់ព្រះបាទ​មហាសុទស្សនៈ ហើយ​ទើប​ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តី​ខ្វល់ខ្វាយ​ឡើយ ខ្ញុំព្រះអង្គនឹងប្រៀនប្រដៅថ្វាយ។ ម្នាលអានន្ទ បរិនាយករ័តន៍ មានសភាព​យ៉ាងនេះ កើតប្រាកដហើយ ដល់​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកបដោយ​រ័តន៍៧ប្រការនេះឯង។

[៩] ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកបដោយឫទ្ធិ៤យ៉ាង។ ឫទ្ធិ​៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​ព្រះរូបល្អ គួរ​ឲ្យ​អ្នកផង​ពិតពិលរមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវិវណ្ណដ៏ល្អក្រៃលែង ជាង​មនុស្ស​ទាំងឡាយ​ឯទៀតក្នុងលោកនេះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ប្រកប​ដោយ​ឫទ្ធិនេះ ជាឫទ្ធិទី១។

[១០] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ មានព្រះជន្មាយុវែង ទ្រង់​ឋិត​នៅអស់កាលជាយូរអង្វែងក្រៃលែង ជាង​មនុស្ស​ទាំងឡាយឯទៀត។ ម្នាល​អានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី២។

[១១] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ ទ្រង់មិនមានអាពាធ មិន​មានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា មិនត្រជាក់ពេក មិន​ក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកប​ដោយ​ឫទ្ធិនេះ​ ជាឫទ្ធិទី៣។

[១២] ម្នាលអានន្ទ តទៅទៀត ព្រះបាទ​មហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​នៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលអានន្ទ បិតាជាទីស្រឡាញ់ ពេញ​ចិត្ត​នៃបុត្រទាំងឡាយ យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ជាទី​ស្រឡាញ់ពេញចិត្តនៃ​ព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ​នៃ​ព្រះបាទ​មហាសុទស្សនៈដែរ។ ម្នាលអានន្ទ កូនទាំងឡាយ ជាទីស្រឡាញ់ ពេញចិត្ត​នៃ​បិតា យ៉ាងណាមិញ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និង​គហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ​នៃ​ព្រះបាទ​មហាសុទស្សនៈ យ៉ាងនោះដែរ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ កាលមុនដម្បូង ទ្រង់ស្តេច​ទៅកាន់ឱទ្យាន ដោយ​ចតុរង្គសេនា។ ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅ​គាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​កុំស្តេចទៅ ដោយរហ័សរួសរាន់ ដូចខ្ញុំ​ព្រះអង្គទាំងឡាយ ធ្លាប់ឃើញព្រះអង្គមកអស់​កាល​យូរ​នោះឡើយ។ ម្នាលអានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់នឹង​សារថី​ថា ម្នាលសារថី​ អ្នកកុំបររថទៅ ដោយរហ័សរួសរាន់ ដូចយើង​ធ្លាប់ឃើញព្រាហ្មណ៍ និង​គហបតីទាំងឡាយ មកអស់កាលយូរយារនោះឡើយ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិទាំង៤នេះឯង។

[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាង​នេះថា បើដូច្នោះ គួរតែ​អាត្មាអញ​កសាង​ស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរ​ធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់កសាង​ស្រះបោក្ខរណីទាំងឡាយ [អដ្ឋកថា ថា ស្រះបោក្ខរណី ៨៤.០០០ ទំលាយ​ផែនដីកើត​ឡើង ដោយគ្រាន់តែ​ព្រះបាទ​មហាសុទស្សនៈ នឹកក្នុងព្រះហឫទ័យ។] សុទ្ធតែ១រយ​ជួរ​ធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងនោះ។ ម្នាលអានន្ទ ឯស្រះបោក្ខរណីទាំងនោះឯង វិចិត្រ​ដោយ​ឥដ្ឋ៤យ៉ាង គឺឥដ្ឋមាសមួយយ៉ាង ឥដ្ឋប្រាក់មួយយ៉ាង ឥដ្ឋកែវពៃទូរ្យមួយយ៉ាង ឥដ្ឋកែវ​ផលិកមួយយ៉ាង។ ម្នាលអានន្ទ ក្នុងស្រះបោក្ខរណីទាំងនោះ មានជណ្តើរ៤បែប គឺ​ជណ្តើរ​មាសមួយបែប ជណ្តើរប្រាក់មួយបែប ជណ្តើរ​កែវពៃទូរ្យ​មួយបែប ជណ្តើរ​កែវផលិកមួយ​បែប។ ជណ្តើរមាស មានមេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរ​ប្រាក់ មានមេជាប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មានមេជាកែវ​ពៃទូរ្យ តែកាំនិងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរ​កែវផលិក មានមេជាកែវផលិក តែកាំនិងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ មួយទៀត ស្រះបោក្ខរណីទាំងនោះ​ឯង បិទបាំងដោយរបង២ជាន់ គឺរបងមាស១ របងប្រាក់១។ របងមាស មានសសរ​បង្គោលជាមាស តែរបាររបង និងក្បាល​បង្គោល​របងជាប្រាក់។ របងប្រាក់ មានសសរ​បង្គោលជាប្រាក់ តែរបាររបង និងក្បាល​បង្គោល​របងជាមាស។ ម្នាលអានន្ទ លំដាប់​នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា ក្នុងស្រះបោក្ខរណី​ទាំងនេះ គួរតែអាត្មាអញ នឹងដាំដើមផ្កាទាំងនេះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែល​មានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ដាំដើមផ្កាទាំងនេះ ក្នុងស្រះបោក្ខរណីទាំងនោះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែល​មានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ គ្រានោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាង​នេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងនហាបកបុរស (អ្នកផ្ងូតទឹក) ទុកទៀបឆ្នេរ​ស្រះបោក្ខរណីទាំងនេះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ក៏ទ្រង់​តាំងនូវ​នហាបកបុរស ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនោះ សម្រាប់​ផ្ងូតទឹកជន​ដែល​មកហើយៗ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាង​នេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងទានវត្ថុ (រោងទាន) មានសភាព​យ៉ាងនេះ ក្បែរឆ្នេរ​ស្រះបោក្ខរណីទាំងនេះ គឺ បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់​សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់​អ្នកត្រូវការ​យាន ទីដេក​សម្រាប់​អ្នកត្រូវ​ការ​ទីដេក ស្រីសម្រាប់​អ្នកត្រូវការស្រី ប្រាក់សម្រាប់​អ្នកត្រូវការប្រាក់ មាសសម្រាប់​អ្នកត្រូវ​ការ​មាស។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់បាន​តាំងទានវត្ថុនេះ ក្បែរឆ្នេរស្រះបោក្ខរណី​ទាំងនោះ គឺ​បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់​អ្នក​ត្រូវ​ការ​ទឹក សំពត់​សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់​អ្នកត្រូវការ​យាន ទីដេក​សម្រាប់​អ្នក​ត្រូវ​​ការ​ទីដេក ស្រីសម្រាប់​អ្នកត្រូវការស្រី ប្រាក់សម្រាប់​អ្នកត្រូវការប្រាក់ មាសសម្រាប់​អ្នកត្រូវ​ការ​មាស។

[១៤] ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ នាំយក​សម្បត្តិ​ដ៏ច្រើន ចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព សម្បត្តិដ៏ច្រើននេះ យើងខ្ញុំព្រះអង្គនាំមកថ្វាយចំពោះព្រះអង្គ សូមព្រះ​អង្គ ទ្រង់ទទួលសម្បត្តិទាំងនោះ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ​ថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ណ្ហើយកុំ សម្បត្តិដ៏ច្រើននេះ ដែលអ្នកនាំមកដើម្បី​យើង ដោយពលិកម្មប្រកបដោយធម៌ហើយ តែទ្រព្យសម្បត្តិទាំងនោះ ចូរនៅជារបស់​អ្នក​ទាំងឡាយវិញចុះ ចូរអ្នកទាំងឡាយ នាំយកពីរនេះថែមទៅទៀតចុះ។ ពួកព្រាហ្មណ៍ និង​គហបតីទាំងនោះ លុះស្តេចឃាត់​យ៉ាងនេះហើយ ក៏ថយចេញទៅនៅក្នុងទីដ៏សមគួរ ហើយ​គិត​ព្រមគ្នាយ៉ាងនេះថា ការដែលពួកយើងនាំយកសម្បត្តិទាំងនេះត្រឡប់​ទៅ​ទុក​ក្នុងផ្ទះរបស់យើងវិញយ៉ាងនេះ មិនសមគួរដល់ពួកយើងឡើយ បើដូច្នេះ ពួកយើងគួរ​នាំគ្នាសាងនិវេសនដ្ឋាន ថ្វាយព្រះបាទ​មហាសុទស្សនៈវិញ។ ​ពួកព្រាហ្មណ៍ និង​គហបតីទាំងនោះ ក៏នាំគ្នាចូលទៅគាល់​ព្រះបាទ​មហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាង​នេះថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ នឹងនាំគ្នាសាងនិវេសន៍ថ្វាយព្រះអង្គ។ ម្នាល​អានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់បានទទួលដោយតុណ្ហីភាព។

[១៥] ម្នាលអានន្ទ លំដាប់នោះឯង សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បាន​ជ្រាបបរិវិតក្កៈ ក្នុងព្រះហឫទ័យនៃ​ព្រះបាទ​មហាសុទស្សនៈ ដោយព្រះហឫទ័យ​នៃ​ព្រះ​អង្គ ក៏ត្រាស់ហៅវិស្សកម្មទេវបុត្តមកថា ហៃវិស្សកម្មទេវបុត្តជាសំឡាញ់ អ្នកចូរមកនេះ អ្នក​ចូរទៅនិម្មិត​ព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត បានទទួលបង្គាប់​របស់សក្កទេវរាជ ជាធំជាង​ទេវតា​ទាំង​ឡាយ ដោយពាក្យថា អំពើយ៉ាងនេះ ជាការចំរើន ដល់ព្រះអង្គហើយ ដូច្នេះហើយ ក៏​បាត់អំពីឋាន​ទេវតាឈ្មោះតាវត្តិង្ស មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃ​ព្រះបាទ​មហាសុទស្សនៈ ដូចបុរស​ដែលមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល​នូវ​ដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលអានន្ទ គ្រានោះឯង វិស្សកម្មទេវបុត្ត បាន​ក្រាបបង្គំទូលព្រះបាទ​មហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ នឹង​និម្មិតរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទ​មហាសុទស្សនៈ ទ្រង់ទទួលដោយតុណ្ហីភាព។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត ក៏បាននិម្មិត​ព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ធម្មប្រាសាទ បណ្តោយអំពីទិសខាងកើត ទៅទិសខាងលិច១យោជន៍ ទទឹងអំពីទិស​ខាង​ជើង ទៅទិសខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ធម្មប្រាសាទ មានវត្ថុដែល​វិចិត្រ​ដោយ​ឥដ្ឋមានបែប៤យ៉ាង ដោយកំពត់​៣ជួរបុរស គឺឥដ្ឋមាស១យ៉ាង ឥដ្ឋប្រាក់១យ៉ាង ឥដ្ឋកែវ​ពៃទូរ្យ១យ៉ាង ឥដ្ឋ​កែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានសសរ​៨៤០០០ មាន​បែប៤យ៉ាងគឺ សសរ​មាស១យ៉ាង សសរប្រាក់១យ៉ាង សសរកែវ​ពៃទូរ្យ១យ៉ាង សសរ​កែវ​ផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ ក្រាលដោយផែនក្តារមានបែប៤យ៉ាង គឺ​ផែន​ក្តារ​មាស១យ៉ាង ផែនក្តារប្រាក់១យ៉ាង ផែនក្តារកែវ​ពៃទូរ្យ១យ៉ាង ផែនក្តារ​កែវផលិក១​យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរ​មាស១យ៉ាង ជណ្តើរប្រាក់១យ៉ាង ជណ្តើរកែវ​ពៃទូរ្យ១យ៉ាង ជណ្តើរ​កែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ធម្មប្រាសាទ មានផ្ទះកំពូល ៨៤០០០ មានបែប៤យ៉ាងគឺ ផ្ទះកំពូលដែលធ្វើដោយ​មាស១យ៉ាង ធ្វើដោយប្រាក់១យ៉ាង ធ្វើដោយកែវ​ពៃទូរ្យ១យ៉ាង ធ្វើដោយ​កែវផលិក១យ៉ាង។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយ​មាស មានតែងតាំងបល្លង្កប្រាក់។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយប្រាក់ មានតែងតាំងបល្លង្កមាស។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយកែវពៃទូរ្យ មានតែងតាំងបល្លង្ក​ភ្លុក។ ក្នុងផ្ទះកំពូល ដែលធ្វើ​ដោយ​កែវផលិក មានតែងតាំងបល្លង្កកែវមរកត។ មាន​ដើម​ត្នោតប្រាក់ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយមាស ឯត្នោតនោះ មានដើម​ជាប្រាក់ តែស្លឹក និងផ្លែជាមាស។ មាន​ដើម​ត្នោតមាស ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយ​ប្រាក់ ឯត្នោតនោះ មានដើម​ជាមាស តែស្លឹក និងផ្លែជាប្រាក់។ មាន​ដើម​ត្នោតកែវ​ផលិក ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ ឯត្នោតនោះ មានដើម​ជាកែវផលិក តែស្លឹក និងផ្លែជាកែវពៃទូរ្យ។ មាន​ដើម​ត្នោតកែវពៃទូរ្យ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយ​កែវផលិក ឯត្នោតនោះ មានដើម​ជាកែវពៃទូរ្យ តែស្លឹក និងផ្លែជាកែវ​ផលិក។

[១៦] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ សាង​ច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលអាត្មាអញនឹងអង្គុយក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​បាន​សាង​ច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើ​ដោយប្រាក់ ត្រង់កន្លែងដែលស្តេចគង់ក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំង​ដោយ​របង​២ជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោល​ជាមាស តែរបាររបង និងក្បាល​បង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោល​ជាប្រាក់ តែរបាររបង និងក្បាល​បង្គោលរបងជាមាស។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំង​ដោយបណ្តាញនៃកណ្តឹង២យ៉ាង គឺបណ្តាញមាស១យ៉ាង បណ្តាញប្រាក់១យ៉ាង។ បណ្តាញមាស កណ្តឹងជាប្រាក់។ បណ្តាញប្រាក់ កណ្តឹងជាមាស។ ម្នាលអានន្ទ បណ្តាញ​កណ្តឹងទាំងនោះ កាលបើត្រូវខ្យល់បក់មក ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្ត្រីប្រកបដោយអង្គ៥ ដែលមនុស្សអ្នកឈ្លាស​វៃ​ផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំដ៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ ដែលខ្យល់បក់មកត្រូវ ក៏មានសំឡេងនោះពីរោះ គួរ​ត្រេកអរ គួរផ្ទៀង​ត្រចៀកស្តាប់ គួរជក់ចិត្ត ដូច្នោះឯង។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេង​ល្បែងបាស្កា និងអ្នកលេង​ស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នាលេងរាំរែក តាមសំឡេង​បណ្តាញកណ្តឹង ដែលខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះធម្មប្រាសាទ សម្រេច​ហើយ លំបាកនឹងមើលបាន អ្នកមើល រមែងពិលភ្នែក។ ម្នាលអានន្ទ កាលដល់​សរទ​សម័យ [រាប់ពី១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហៅថា សរទសម័យ។] ខែខាងចុង​នៃវស្សានរដូវ មេឃភ្លឺត្រចះចូលមកស៊ប់ពេញទី អាកាសផាត់ភ្លៀងស្រឡះហើយ ព្រះអាទិត្យក៏ភ្លឺចាំងច្បាស់ឰដ៏អាកាស លំបាកនឹងមើលបាន អ្នកមើលរមែងពិលភ្នែក យ៉ាង​ណាមិញ ម្នាលអានន្ទ ធម្មប្រាសាទ ដែលលំបាកនឹងមើលបាន អ្នកមើលតែង​ពិល​ភ្នែក ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​មាន​បរិវិតក្កៈ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញសាងស្រះ ឈ្មោះធម្មបោក្ខរណី ខាងមុខ​ធម្មប្រាសាទ។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ក៏ទ្រង់សាង​ស្រះឈ្មោះ​ធម្មបោក្ខរណី​ ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បណ្តោយពីខាង​កើត ទៅខាងលិច១យោជន៍ ទទឹងពីខាងជើង ទៅខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ​ស្រះធម្មបោក្ខរណី វិចិត្រ​ដោយ​ឥដ្ឋ មានបែប៤យ៉ាង គឺឥដ្ឋមាស១យ៉ាង ប្រាក់១យ៉ាង កែវ​ពៃទូរ្យ១យ៉ាង ​កែវផលិក១យ៉ាង។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរ​មាស១យ៉ាង ប្រាក់១យ៉ាង កែវ​ពៃទូរ្យ១យ៉ាង កែវផលិក១​យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាល​ជណ្តើរ​ជាកែវពៃទូរ្យ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយរបងពីរជាន់ គឺរបង​មាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរ​បង្គោលជាមាស តែរបាររបង និងក្បាល​បង្គោលនៃ​របងជាប្រាក់។ របងប្រាក់ មានសសរ​បង្គោលជាប្រាក់ តែរបាររបង និងក្បាល​បង្គោល​របងជាមាស។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយ​ជួរ​ដើម​ត្នោត៧ជាន់ ជួរ​ដើម​ត្នោតមាស១ជាន់ ជួរ​ដើម​ត្នោតប្រាក់១ជាន់ ជួរ​ដើម​ត្នោតកែវ​ពៃទូរ្យ​១ជាន់ ជួរ​ដើម​ត្នោតកែវផលិក១ជាន់ ជួរ​ដើម​ត្នោតកែវទទឹម១ជាន់ ជួរ​ដើម​ត្នោត​កែវមរកត​១ជាន់ ជួរ​ដើម​ត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស តែស្លឹកនិង​ផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ តែស្លឹកនិង​ផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ តែស្លឹកនិង​ផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក តែស្លឹកនិង​ផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម តែស្លឹកនិង​ផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត តែស្លឹកនិង​ផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹកនិង​ផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្រ្តីប្រកបដោយអង្គ៥ ដែលមនុស្ស​ឈ្លាស​វៃបានផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ជួរត្នោតទាំងនោះ​ឯង កាលបើមានខ្យល់បក់មកត្រូវ ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរ​ផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត យ៉ាងនោះដែរ។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតី​រាជ​ធានី មានអ្នក​លេង​​បាស្កា និងអ្នកលេងស៊ីផឹក ឯពួកអ្នកលេង​ទាំងនោះ នាំគ្នា​រាំរែកតាម​សំឡេងនៃ​ជួរដើមត្នោត ដែលមានខ្យល់​បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះដល់ធម្មប្រាសាទ និងស្រះធម្មបោក្ខរណីសម្រេចហើយ ព្រះបាទ​មហាសុទស្សនៈ ទ្រង់និមន្ត​ពួកសមណ​ព្រាហ្មណ៍ ដែលសន្មតថា ជាសមណៈ ថាជាព្រាហ្មណ៍ ក្នុងសម័យនោះឯង ឲ្យឆាន់​ឆ្អែត​ស្កប់ស្កល់ ដោយពេញចំណង់ ហើយស្តេចឡើងកាន់ធម្មប្រាសាទ។

បឋមភាណវារៈ។

[១៧] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាផលនៃកម្មរបស់​អាត្មាអញ ដូចម្តេចហ្ន៎ ជាវិបាកនៃកម្មរបស់អាត្មា​អញ ដូចម្តេចហ្ន៎ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាងនេះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាន​បរិវិតក្កៈ​យ៉ាង​នេះ​ថា នេះជាផលនៃកម្ម៣យ៉ាង ជាវិបាកនៃកម្ម៣យ៉ាងរបស់អាត្មាអញ បានជា​ឥឡូវ​នេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាងនេះ កម្ម៣យ៉ាងនោះ គឺទានៈ (ការឲ្យ)១ ទមៈ (ការទូន្មានខ្លួន)១ សញ្ញមៈ (ការសង្រួមក្នុងសីល)១។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋាន (ផ្ទះ​មាន​កំពូល) ប្រាក់ លុះស្តេចទៅដល់ហើយ ទ្រង់ប្រថាប់ទៀបទ្វារ នៃកូនដាគារដ្ឋានប្រាក់ ទ្រង់​បន្លឺ​ឧទានវាចាថា នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ អ្នកចូរ​ឈប់ចុះ នែ​កាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ ល្មមប៉ុណ្ណឹងហើយ។ ម្នាលអានន្ទ លំដាប់​នោះ​ឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋានប្រាក់ ទ្រង់គង់លើ​បល្លង្កមាស លុះស្ងប់ស្ងាត់​ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសល​ធម៌ទាំងឡាយ​ហើយ ទ្រង់ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពី​វិវេក លុះទ្រង់រម្ងាប់​វិតក្កៈ វិចារៈហើយ ទ្រង់​ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតជាក់​ច្បាស់​ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ ព្រោះប្រាសចាក​បីតិ​ផង មានឧបេក្ខា មានសតិសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ទើបទ្រង់​ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ ពោលទុកថា បុគ្គលអ្នកមាន​ឧបេក្ខា មានសតិ មានប្រក្រតីនៅជាសុខ ទ្រង់​ចូលកាន់ចតុត្ថជ្ឈាន ដែល​មិនមានទុក្ខ មិនមាន​សុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ព្រោះកិរិយា​លះបង់នូវ​ទុក្ខ និងសុខ ព្រោះកិរិយា​វិនាស​ទៅ នៃ​សោមនស្ស និងទោមនស្សក្នុងកាលមុន។

[១៨] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ស្តេច​ចេញពី​កូដាគារដ្ឋានប្រាក់ ហើយស្តេចចូលទៅកាន់កូដាគារដ្ឋានមាស ទ្រង់គង់លើបល្លង្កប្រាក់ មានព្រះហឫទ័យប្រកបដោយ​មេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យ ប្រកបដោយមេត្តាធំទូលាយ ជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែល​មានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺ​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយករុណា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយមុទិតា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់​មាន​ព្រះហឫទ័យប្រកបដោយឧបេក្ខា ជាធម្មជាតធំទូលាយ ជាមហគ្គតៈ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោក ដែល​មាន​សត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិស​ខាង​លើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។

[១៩] ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មាននគរ៨៤០០០ មានកុសាវតី​រាជធានីជាប្រធាន ទ្រង់មានប្រាសាទ​៨៤០០០ មានធម្មប្រាសាទជាប្រធាន ទ្រង់​មាន​ប្រាសាទកំពូល​៨៤០០០ មានកូដាការដ្ឋានប្រាសាទជាប្រធាន ទ្រង់មានបល្លង្ក​៨៤០០០ សុទ្ធសឹងជាមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូប​សត្វសាហាវ ក្រាលដោយសំពត់ធ្វើពីរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើពីរោម​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមទាំងសងខាង ទ្រង់មានដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានសេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានរថ ៨៤០០០ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់​មានកែវមណី ៨៤០០០ មានមណិរ័តន៍​ជាប្រធាន ទ្រង់មានស្ត្រី​៨៤០០០ មាននាងសុភទ្ទាទេវីជាប្រធាន ទ្រង់មានគហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាន ទ្រង់មានក្សត្រិយ៍ ៨៤០០០ ជាអ្នកចុះចូល មាន​បរិនាយករ័តន៍ជាប្រធាន ទ្រង់មានមេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង ទ្រង់មានសំពត់៨៤០០០កោដិ សុទ្ធតែជាសំពត់ ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ​ មានសាច់ដ៏ល្អិត។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានភាជន៍ ក្រយាស្ងោយ​៨៤០០០ ដែល​ពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក។

[២០] ម្នាលអានន្ទ សម័យនោះឯង ដំរី៨៤០០០ តែងនាំគ្នាទៅកាន់ទីបម្រើ​ព្រះបាទ​មហាសុទស្សនៈ ទាំងល្ងាច ទាំងព្រឹក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់បរិវិតក្កៈយ៉ាងនេះថា ដំរីទាំង៨៤០០០នេះឯង តែងនាំគ្នាមកកាន់​ទីបម្រើអញ ទាំងល្ងាច ទាំងព្រឹក បើដូច្នោះ លុះកាលកន្លងទៅបាន​១០០ឆ្នាំៗ សឹមឲ្យ​ដំរី​៤២០០០ៗ មកកាន់ទីបម្រើ (អាត្មាអញ)ម្តងៗ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍ សំឡាញ់​ដំរី​៨៤០០០ នេះឯង តែងនាំគ្នាមកកាន់ទីបម្រើយើងទាំងល្ងាច ទាំងព្រឹក ម្នាលបរិនាយករ័តន៍ សំឡាញ់ បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី​៤២០០០ៗ មកកាន់ទីបម្រើយើងម្តងៗចុះ។ ម្នាលអានន្ទ បរិនាយករ័តន៍ បានទទួល​ព្រះរាជឱង្ការ នៃ​ព្រះបាទ​មហាសុទស្សនៈថា ព្រះករុណាថ្លៃវិសេស។ ម្នាលអានន្ទ សម័យ​ខាងក្រោយមក លុះកាលកន្លងទៅ១០០ឆ្នាំៗ ដំរី​៤២០០០ៗ ក៏នាំគ្នាមកកាន់ទី​បម្រើ​ព្រះបាទ​​មហាសុទស្សនៈម្តងៗ។ ម្នាលអានន្ទ លុះកាលកន្លងទៅ​ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះថា អាត្មាអញ ខានឃើញ​ព្រះបាទ​​មហាសុទស្សនៈ អស់កាលយូរមកហើយ បើដូច្នោះ គួរតែ​អាត្មាអញ ចូលទៅ​គាល់​​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់​ត្រាស់​ហៅ (ពួក) ស្រីស្នំថា នាងទាំងឡាយ ចូរមក ចូរកក់ក្បាល ចូរដណ្តប់សំពត់ពណ៌លឿង យើង​ខានបានឃើញ​ព្រះបាទ​មហាសុទស្សនៈ អស់​កាល​យូរ​មកហើយ យើងគួរ​នឹង​ចូល​ទៅ​គាល់​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ ពួកស្រីស្នំ ក៏បានទទួលព្រះរាជសវនីយ នៃ​ព្រះនាង​សុភទ្ទាទេវីថា ព្រះនាងម្ចាស់ យ៉ាង​នោះមែនហើយ ដូច្នេះហើយ ក៏​កក់ក្បាល ដណ្តប់​សំពត់ពណ៌លឿង ដើរចូលទៅត្រង់ទី ​ដែលព្រះនាង​សុភទ្ទាទេវីគង់នៅ។ ម្នាល​អានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់​ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាល​បរិនាយករ័តន៍​សំឡាញ់ អ្នកចូរទៅរៀបចំចតុរង្គសេនា (ឲ្យយើង) ដ្បិតយើងខានបានជួប​ព្រះបាទ​មហាសុទស្សនៈ អស់​កាល​យូរ​មកហើយ យើងនឹងចូលទៅគាល់​ ដើម្បីនឹងឲ្យ​បាន​ជួប​ព្រះបាទ​មហាសុទស្សនៈ។ ម្នាលអានន្ទ​ បរិនាយករ័តន៍ ទទួលព្រះរាជសវនីយ​របស់​ព្រះនាង​សុភទ្ទាទេវីថា បពិត្រព្រះរាជទេវី យ៉ាងនេះហើយ ក៏រៀបចំចតុរង្គសេនា ហើយក្រាប​ទូល​ព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះទេវី ចតុរង្គសេនារបស់ព្រះនាង ខ្ញុំ​ព្រះអង្គ​រៀបចំស្រេច​ហើយ ឥឡូវនេះ សូមព្រះនាងសំគាល់នូវកាល​ដែលគួរនឹង​ស្តេច​ចុះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី មួយអន្លើដោយចតុរង្គសេនា និង​(ពួក)​ស្រីស្នំ ស្តេចសំដៅ​ទៅរកធម្មប្រាសាទ លុះស្តេចចូលទៅដល់ហើយ ក៏ឡើងទៅកាន់​ធម្មប្រាសាទ ហើយស្តេច​ចូលសំដៅទៅរកកូដាគារដ្ឋានប្រាក់ លុះចូលទៅដល់ហើយ ក៏ទ្រង់ព្រះ​សណ្ឋិតតោងមេទ្វារ នៃកូដាគារដ្ឋានប្រាក់។ ម្នាលអានន្ទ​ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ឮសូរស័ព្ទនោះហើយ ទើបទ្រង់​ត្រាស់ថា សំឡេងនោះ ដូចជា​សំឡេង​​ពួកជនច្រើននាក់ឬហ្ន៎ ហើយទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ទ្រង់ទតទៅ​ឃើញ​ព្រះនាងសុភទ្ទាទេវី កំពុងតែទ្រង់ព្រះសណ្ឋិតតោងមេទ្វារ លុះទតឃើញហើយ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាង​សុភទ្ទាទេវីថា នែនាងទេវី ចូរនាងបង្អង់នៅទីនុ៎ះ​សិន នាងកុំអាលចូលមក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ត្រាស់ហៅ​បុរសម្នាក់មកថា ម្នាលបុរស អ្នកចូរមកនេះ ចូរទៅនាំយកបល្លង្កមាស អំពីកូដាគារដ្ឋាន​ប្រាក់ ទៅតាំងក្នុងតាលវ័ន (ព្រៃត្នោត) សុទ្ទតែមាស។ ម្នាលអានន្ទ បុរសនោះ បានទទួល​ព្រះរាជឱង្ការនៃ​ព្រះបាទ​មហាសុទស្សនៈថា ព្រះករុណាស្លៃវិសេស ដូច្នេះហើយ ក៏នាំ​យក​បល្លង្កមាស ចេញចាកកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន សុទ្ធតែមាស។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​មហាសុទស្សនៈ ទ្រង់សម្រេច​សីហសេយ្យា ដោយខាង​ស្តាំ ទ្រង់តម្រួត​ព្រះបាទលើគ្នា ទ្រង់មានព្រះសតិ សម្បជញ្ញៈ។

[២១] ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះ​ថា​ ឥន្ទ្រិយរបស់​ព្រះបាទ​មហាសុទស្សនៈ ថ្លាស្អាតណាស់តើ ព្រះឆវិវណ្ណផូរផង់ សូម​ព្រះបាទ​មហាសុទស្សនៈ កុំទិវង្គតឡើយ។ ទើប​ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល​សេចក្តី​នុ៎ះ នឹងព្រះបាទ​មហាសុទស្សនៈថា បពិត្រព្រះសម្មតិទេព នគរទាំង៨៤០០០ របស់​ព្រះអង្គ​នេះ មានមគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​បង្កើត​​នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះ​ជីវិត បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជា​ប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​ប្រាសាទ​ទាំង​នុ៎ះ សូមព្រះអង្គធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កូដាគារ​ប្រាសាទ​៨៤០០០របស់ព្រះអង្គ មាន​ប្រាសាទឈ្មោះ​កូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានប្រាក់ទាំងនុ៎ះ សូមព្រះអង្គ ទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គនេះ ជាបល្លង្កមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូប​សត្វសាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោម​សត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោម​សត្វមានផ្កាចង្កោម ក្រាលដោយ​កម្រាល​​ស្បែកប្រើស​យ៉ាង​ល្អ មានខ្នើយពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងមានពិតាន​ក៏ពណ៌ក្រហម​​ដូចគ្នា បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​បល្លង្កទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ដំរី​៨៤០០០របស់​ព្រះអង្គនេះ មានដំរីឈ្មោះ​ឧបោសថនាគរាជជាប្រធាន សឹងមាន​អលង្ការ​មាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គបង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះដំរីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុង​ព្រះជីវិត បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព រថ ៨៤០០០​របស់ព្រះអង្គនេះ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រ​ព្រះ​សម្មតិ​ទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ​ជាប្រធាន បពិត្រ​ព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះមណិរ័តន៍ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មាន​ឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះ​ស្រ្តីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តី​អា​ល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០ សុទ្ធតែជា​អ្នកចុះ​ចូល​ព្រះអង្គ មាន​បរិនាយករ័តន៍ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តី​ស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរយកទឹកដោះ របស់​ព្រះអង្គនេះ មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គទាំងនេះ ជាសំពត់ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់​ដ៏ល្អិត សំពត់កម្ពល គឺសំពត់ដែលត្បាញដោយរោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូម​ទ្រង់បង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះ សូមទ្រង់​ធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គទាំងនេះ ដែលពួក​ពិសេស នាំយក​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រ​ព្រះ​សម្មតិទេព សូមព្រះអង្គបង្កើត​នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះ សូមទ្រង់ធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត។ ម្នាលអានន្ទ កាលបើព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាង​សុភទ្ទាទេវីថា ម្នាលនាងទេវី នាងថ្លែង​រៀបរាប់ដោយវត្ថុទាំងឡាយ ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ចំពោះ​យើង​អស់រាត្រីយូរហើយ តទៅខាងក្រោយ នាងនឹងថ្លែងរៀបរាប់ ដោយវត្ថុទាំងឡាយ មិនជាទី​ប្រាថ្នា មិនជាទីត្រេកអរ មិនជា​ទី​ពេញ​ចិត្ត​ចំពោះ​យើងវិញ។ ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ចុះឲ្យ​ខ្ញុំ​ម្ចាស់រៀបរាប់ចំពោះ​ព្រះអង្គ ដោយ​ប្រការ​ដូចម្តេចវិញ។ ព្រះបាទ​មហាសុទស្សនៈ ទ្រង់​ត្រាស់ថា ម្នាលនាងទេវី ចូរនាងថ្លែង​រៀបរាប់​នឹងយើង យ៉ាងនេះវិញថា សេចក្តីវិនាស សេចក្តី​ព្រាត់ប្រាស និងសេចក្តីឃ្លៀងឃ្លាត​ចាក​សត្វ និងសង្ខារទាំងពួង ដែលជាទី​ស្រឡាញ់ ជាទីពេញចិត្ត (រមែង​មានដល់​ព្រះអង្គ) បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​កុំទិវង្គត ប្រកបដោយ​សេចក្តី​អាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែល​មាន​សេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយា​របស់បុគ្គល​ដែលមាន​សេចក្តីអាល័យ អ្នកប្រាជ្ញ​តែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​​នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ។បេ។ សូមទ្រង់​កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន​៨៤០០០របស់ព្រះអង្គ។បេ។ សូម​ទ្រង់កុំធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គ​នេះ សុទ្ធសឹងតែមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយសំពត់​ធ្វើដោយរោមសត្វ​មាន​ពណ៌​ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ពណ៌​ក្រហមទាំងសងខាង បពិត្រ​ព្រះសម្មតិ​ទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​បល្លង្ក​ទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព ដំរី​៨៤០០០របស់​ព្រះអង្គ​នេះ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន សឹងមាន​អលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះ​សម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០​របស់​ព្រះអង្គ​នេះ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រ​ព្រះសម្មតិទេព រាជរថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែល​ពាស​ដោយ​ស្បែកសីហៈ ស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌​លឿង សឹងមានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រ​ព្រះសម្មតិ​ទេព សូម​ទ្រង់លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០​របស់​ព្រះអង្គ​នេះ មានមណិរ័តន៍ ​ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ទ្រង់លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះកែវមណិទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មាន​ព្រះនាងសុភទ្ទាទេវី ជា​ប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ​លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះស្រ្តី​ទាំងនុ៎ះ​ចេញ សូមព្រះអង្គកុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះគហបតី​ទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០​របស់​ព្រះអង្គនេះ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូល បពិត្រព្រះសម្មតិទេព សូមព្រះ​អង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០​របស់ព្រះអង្គ​នេះ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលត្បាញ​ដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់​ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញ​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គលះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួក​ពិសេស តែងនាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។ ម្នាលអានន្ទ កាលបើ​ព្រះបាទ​មហាសុទស្សនៈ ទ្រង់មានព្រះរាជ​ឱង្ការ​​បង្គាប់​ឲ្យ​នាងទេវី រៀបរាប់​យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវី ក៏ទ្រង់ព្រះកន្សែង សោយសោក ស្រក់ទឹកព្រះនេត្រ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ជូត​ទឹក​ព្រះនេត្រហើយ ក្រាបបង្គំទូលព្រះបាទ​មហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះ​សម្មតិ​ទេព សេចក្តីវិនាស ព្រាត់ប្រាស ឃ្លៀងឃ្លាត​​ចាក​សត្វ និងសង្ខារទាំងពួង ដែលជា​ទី​ស្រឡាញ់ ជាទីពេញចិត្ត (រមែង​មានដល់​ព្រះអង្គ) បពិត្រ​ព្រះសម្មតិទេព សូមទ្រង់កុំ​ទិវង្គត ប្រកបដោយ​សេចក្តី​អាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមាន​សេចក្តី​អាល័យ តែងនាំ​មក​នូវសេចក្តីទុក្ខ មួយទៀត កាលកិរិយា​របស់បុគ្គល​ដែលមាន​សេចក្តីអាល័យ អ្នកប្រាជ្ញ​តែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាន​នគរកុសាវតី​រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីអាល័យ ចំពោះនគរទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ​៨៤០០០ របស់ព្រះអង្គនេះ មាន​ធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គនេះ មាន​កូដាគារដ្ឋាន​ប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​កូដាគារដ្ឋានទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវ​សេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក​៨៤០០០ របស់​ព្រះអង្គ​នេះ សុទ្ធតែមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វមានពណ៌ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កា​ចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រ​ព្រះសម្មតិ​ទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន របស់ព្រះអង្គនេះ សឹងមានអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ​សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះ​វលាហកអស្ស​រាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាស បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះ​សេះ​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយ​ស្បែកសីហៈ ដោយស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់​កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិ​ទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ​ចេញ សូមទ្រង់កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០​ មានមណិរ័តន៍ ​ជាប្រធាន របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះកែវមណីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកស្ត្រី​៨៤០០០ របស់​ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ពួកគហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តី​ស្រឡាញ់ ចំពោះគហបតី​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តី​អាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិសម្រាប់ត្រង របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលធ្វើដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយ​កប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់​ធ្វើ​​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់​នូវ​សេចក្តី​ស្រឡាញ់ ចំពោះសំពត់​ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិត​ឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួក​ពិសេស នាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូម​ព្រះអង្គ លះបង់​នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើ​នូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។

[២២] ម្នាលអានន្ទ គ្រានោះឯង មិនយូរប៉ុន្មាន ព្រះបាទ​មហាសុទស្សនៈ ស្តេច​ក៏​ទ្រង់ទិវង្គតទៅ។ ម្នាលអានន្ទ គហបតីក្តី កូនគហបតីក្តី កាលបើបរិភោគភោជន ជាទី​ពេញចិត្តហើយ រមែង​កើតសេចក្តីពុលបាយ ងងុយដេក យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ព្រះអង្គក៏សោយទុក្ខវេទនា មានមរណៈជាទីបំផុត ប្រហែល​ប៉ុណ្ណោះឯង។ ម្នាលអានន្ទ លុះដល់​ព្រះបាទ​មហាសុទស្សនៈ ទ្រង់ទិវង្គតផុតទៅហើយ ទ្រង់បានទៅកើត​ឯសុគតិព្រហ្មលោក។ ម្នាលអានន្ទ ព្រះបាទ​មហាសុទស្សនៈ ទ្រង់ក្រ​សាលល្បែង ដោយសភាពជាកុមារ អស់៨៤០០០ឆ្នាំ ទ្រង់ទទួលទីជា​ឧបរាជ្យ អស់​៨៤០០០ឆ្នាំ ទ្រង់សោយរាជ្យ អស់​៨៤០០០ឆ្នាំ ទ្រង់ភេទជាឃរាវាស ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងធម្មប្រាសាទ អស់​៨៤០០០ឆ្នាំ។ ព្រះអង្គចម្រើន​ព្រហ្មវិហារធម៌ទាំង៤ លុះ​រំលាង​រាងកាយ ខាងមុខអំពីមរណភាព ក៏ទៅកើត​ក្នុងព្រហ្មលោក។

[២៣] ម្នាលអានន្ទ បើមានពាក្យងឿងឆ្ងល់ យ៉ាងនេះថា ក្នុងសម័យនោះ ព្រះបាទ​មហាសុទស្សនៈ ជាបុគ្គលដទៃ (ក្រៅពីពោធិសត្វ) ឬ ម្នាលអានន្ទ ដំណើរនេះ បុគ្គល​មិន​គប្បី​យល់ឃើញ យ៉ាងនោះឡើយ តថាគត បានកើតជាព្រះបាទ​មហាសុទស្សនៈ ក្នុង​សម័យ​នោះ នគរ៨៤០០០ មានកុសាវតីរាជធានី ជាប្រធាននោះ ជារបស់តថាគត ប្រាសាទ​៨៤០០០ មាន​ធម្មប្រាសាទ ជាប្រធាននោះ ជារបស់តថាគត កូដាគារដ្ឋាន៨៤០០០ មានកូដាគារដ្ឋាន​ប្រាក់ ជាប្រធាននោះ ជារបស់តថាគត បល្លង្ក​៨៤០០០ ដែលជាមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ ធ្វើដោយរោមសត្វ​សាហាវ ក្រាលដោយ​សំពត់​ធ្វើ​ដោយ​រោមសត្វមានពណ៌ស ក្រាលដោយសំពត់​ធ្វើដោយ​រោម​​សត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយ​ស្បែកប្រើស មាន​ខ្នើយ​ពណ៌​ក្រហម​ទាំងសងខាង ព្រមទាំងពិតាន ក៏ពណ៌ក្រហមទាំងសងខាងនោះ ជារបស់តថាគត ដំរី​៨៤០០០ មានដំរីឈ្មោះ​ឧបោសថនាគរាជ ជាប្រធាន សឹង​មានអលង្ការមាស មានទង់​មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត ​សេះ ៨៤០០០ មានសេះឈ្មោះ​វលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំង​ដោយ​បណ្តាញ​មាសនោះ ជារបស់តថាគត រាជរថ​៨៤០០០ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយ​ស្បែកសីហៈ ដោយស្បែក​ខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់​កម្ពល មានពណ៌លឿង មានអលង្ការមាស មាន​ទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត កែវមណី ៨៤០០០​ មានមណិរ័តន៍ ​ជាប្រធាននោះ ជារបស់តថាគត ស្ត្រី​៨៤០០០ មាននាងសុភទ្ទាទេវី ជាប្រធាននោះ ជារបស់តថាគត គហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ពួកក្សត្រិយ៍ ៨៤០០០ មាន​បរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលនោះ ជារបស់តថាគត មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មាន​ភាជន៍​សំរិទ្ធិ សម្រាប់ត្រងនោះ ជារបស់តថាគត សំពត់៨៤០០០កោដិ ជាសំពត់​ធ្វើដោយ​សម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយ​កប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់​ធ្វើ​​ដោយ​រោមសត្វ​ មានសាច់ដ៏ល្អិត​នោះ ជារបស់តថាគត ភាជន៍ក្រយាស្ងោយ ៨៤០០០ ដែលពួក​ពិសេស នាំយកភត្ត​មក​ថ្វាយ ទាំងល្ងាច ទាំងព្រឹកនោះ ជារបស់តថាគត ម្នាលអានន្ទ បណ្តានគរទាំង​៨៤០០០​នោះ​ឯង នគរទាំងនោះ ទុកដូចជានគរមួយ សម័យនោះ តថាគតគ្រប់គ្រង​កុសាវតីរាជធានី ម្នាលអានន្ទ ប្រាសាទទាំង​៨៤០០០នោះឯង មាន​ប្រាសាទទាំងនោះ ទុកដូច​ជាប្រាសាទមួយ សម័យនោះ តថាគត គ្រប់គ្រងធម្មប្រាសាទ ម្នាលអានន្ទ បណ្តាកូដាគារដ្ឋានទាំង៨៤០០០នោះឯង មាន​កូដាគារដ្ឋានទាំងនោះ ទុកដូច​ជាកូដាគារដ្ឋានមួយ សម័យនោះ តថាគត គ្រប់គ្រងកូដាគារដ្ឋានប្រាក់ ម្នាលអានន្ទ បណ្តាបល្លង្កទាំង​៨៤០០០នោះឯង បល្លង្កទាំងនោះ ទុកដូច​ជាបល្លង្កមួយ សម័យនោះ តថាគត គ្រប់គ្រងបល្លង្កមាសផង ប្រាក់ផង ភ្លុកផង កែវមរកតផង ម្នាលអានន្ទ បណ្តាដំរីទាំង​៨៤០០០នោះឯង ដំរីទាំងនោះ ទុកដូច​ជាដំរីមួយ សម័យនោះ តថាគត ជិះតែដំរីឧបោសថនាគរាជ ម្នាលអានន្ទ បណ្តាសេះទាំង​៨៤០០០នោះឯង សេះទាំងនោះ ទុកដូច​ជាសេះមួយ សម័យនោះ តថាគត ជិះតែសេះវលាហកអស្សរាជ ម្នាលអានន្ទ បណ្តារាជរថទាំង​៨៤០០០នោះឯង រាជរថទាំងនោះ ទុកដូច​ជារាជរថមួយ សម័យនោះ តថាគត ជិះតែវេជយន្តរាជរថ ម្នាលអានន្ទ បណ្តាស្ត្រីទាំង​៨៤០០០នោះឯង ស្ត្រីទាំងនោះ ទុកដូច​ជាស្ត្រីម្នាក់ សម័យនោះ មានស្ត្រីខត្តិយាយិនី (ស្ត្រីក្សត្រិយ៍) ផង ស្ត្រីវេស្សាយិនី (ស្រី្តរាស្ត្រ)ផង តែងនៅចាំគាល់បម្រើ ម្នាលអានន្ទ បណ្តាសំពត់ទាំង​៨៤០០០កោដិ​នោះ​ឯង គូសំពត់ទាំងនោះ ទុកដូច​ជាសំពត់១គូ សម័យនោះ តថាគតស្លៀកពាក់តែសំពត់​ដែល​ធ្វើ​ដោយសម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើ​ដោយកប្បាស មានសាច់​ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត ម្នាលអានន្ទ ភាជន៍ក្រយាស្ងោយទាំង​ ៨៤០០០នោះឯង ភាជន៍ក្រយាស្ងោយទាំងនោះ ទុកដូច​ជាភាជន៍មួយ ក្នុងវេលាដែលតថាគតបរិភោគ​នូវបាយ ចំនួនអង្ករ​មួយនាឡិ ជាយ៉ាង​ក្រៃលែងផង សម្លដ៏សមគួរ​ដល់បាយនោះផង ម្នាលអានន្ទ អ្នកចូរមើល​ចុះ សង្ខារ​ទាំងពួងនោះកន្លងទៅហើយ រលាយរលត់ទៅហើយ ប្រែប្រួលទៅហើយ ម្នាលអានន្ទ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះឯង មិនឋិតថេរយ៉ាងនេះឯង មិនស្តាប់​បង្គាប់យ៉ាងនេះឯង ម្នាលអានន្ទ សេចក្តីនេះ មានដរាបមក គួរដើម្បីនឿយណាយ គួរ​ដើម្បី​ប្រាសចាកសេចក្តីត្រេកអរ គួរដើម្បីរួចស្រឡះចាកសង្ខារ​ទាំងពួង ម្នាលអានន្ទ មួយទៀត កាលតថាគត ជាស្តេច​ចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យ​ដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ជាទីបំផុត ជាស្តេច​ឈ្នះសង្គ្រាម មានជនបទ​ដ៏​មាំមួន ប្រកបដោយរ័តន៍៧ប្រការ ដឹងច្បាស់នូវសរីរៈ ដែលគេកប់ទុកក្នុងប្រទេស​នោះ ជាគំរប់​៦ដង ការដាក់ចុះនូវសរីរៈ (របស់តថាគត) ជាគំរប់៧ដងនេះហើយ ម្នាលអានន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏តថាគត មិន​បានឃើញនូវប្រទេស ដែលជាទីដាក់ចុះនូវ​សរីរៈ​ជាគំរប់​៨ឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ កាលខាងក្រោយមក ព្រះសុគត ជាសាស្តា បានត្រាស់​ពាក្យនេះទៀតថា

[២៤] អនិច្ចា វត សង្ខារា      ឧប្បាទវយធម្មិនោ

ឧប្បជ្ជិត្វា និរុជ្ឈន្តិ                 តេសំ វូបសមោ សុខោតិ។

[២៤] ឱហ្ន៎ សង្ខារទាំងឡាយមិនទៀង មានសភាពកើតឡើងហើយ តែង​វិនាស​ទៅវិញជាធម្មតា លុះកើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់​នូវសង្ខារ​ទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

ចប់ មហាសុទស្សនសូត្រ ទី៤។

ជនវសភសូត្រ ទី៥

[២៥] ខ្ញុំបានស្តាប់ហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់​ក្នុងលំនៅ​ដែល​ធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុង​កំណើតនៃបញ្ញា និងគតិ និងបុណ្យចំពោះជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺ​កាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជាឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះអស់ទៅនៃសំយោជនៈទាំង៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង [រាគៈ ទោសៈ មោហៈ ដែលធ្ងន់ ក្រាស់គ្រោតគ្រាត ព្រះសកទាគាមី លះបង់បានអស់ហើយ នៅសល់តែរាគៈ ទោសៈ មោហៈ ដែលល្អិតស្រាលស្តើង លោកលះមិនទាន់អស់។] ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣។

[២៦] ពួកជន​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុងនាទិកគ្រាម បាន​ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន​ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជាឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះអស់ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣។ ពួកជនអ្នកនៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរនៃ​អនាគាមិបុគ្គលជាដើមនោះ។

[២៧] ព្រះអានន្ទមានអាយុ បានឮថា ព្រះមានព្រះភាគ ទ្រង់​ព្យាករក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជា​ឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះ​អស់​ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខ ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នក​នៅ​ក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ពួកជន​អ្នក​នៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃ​អនាគាមិបុគ្គលជាដើមនោះ។ គ្រានោះ ព្រះអានន្ទមានអាយុ មាន​សេចក្តី​ត្រិះរិះ​ថា ពួកជនអ្នក​នៅ​ក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាល​កន្លងទៅ​យូរ​ហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកមនុស្ស អ្នកមគធៈ ដែលជាអ្នក​បម្រើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជនទាំងនោះ សុទ្ធ​តែជា​អ្នកជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវ​ការបំពេញ​កិច្ចក្នុងសីល ជនទាំងនោះ ធ្វើមរណកាល​កន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនបានព្យាករឡើយ ប្រសិនបើទ្រង់ព្យាករនូវជនទាំងនោះ ដោយប្រពៃហើយ ជនច្រើននាក់គប្បីជ្រះថ្លា គប្បី​ទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ ចំណែកខាងព្រះបាទមាគធសេនិយពិម្ពិសារ​នេះ ព្រះអង្គជា​ធម្មិកធម្មរាជ ទ្រង់បានធ្វើ​ប្រយោជន៍​ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នក​នៅក្នុងនិគមជនបទ បានឮថា ពួកមនុស្សនិយាយសរសើរព្រះរាជានោះថា ព្រះរាជា​នោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើសេចក្តីសុខដល់យើងទាំងឡាយ យ៉ាងនេះហើយ ទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខ​សប្បាយ ក្នុងដែនរបស់​ព្រះរាជានោះ ជា​ធម្មិកធម្មរាជ​យ៉ាងនេះ ព្រះរាជានោះ ទ្រង់ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើ​នូវការបំពេញកិច្ចក្នុងសីល បានឮថា ពួកមនុស្សនាំគ្នានិយាយយ៉ាងនេះថា ព្រះបាទ​មាគធសេនិយពិម្ពិសារ ព្រះអង្គ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាប​ដល់​មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជា​នោះ ទ្រង់ទិវង្គត​កន្លង​ទៅយូរ​ហើយ ព្រះមានព្រះភាគ មិនទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវព្រះរាជានោះ ដោយ​ប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះ​ថ្លានោះ សម្ពោធិញ្ញាណរបស់​ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន ដែលនៅ​ក្នុង​ដែនមគធៈ កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន ដែល​នៅក្នុងដែនមគធៈណាហើយ ហេតុអ្វី​ ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​អ្នកនៅក្នុងដែនមគធៈនោះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ បើ​ព្រះមានព្រះភាគ មិនទ្រង់​​ព្យាករ​ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ​ជា​អ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះទេ ពួកជនដែល​នៅក្នុងដែន​មគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តី​តូចចិត្ត ដោយហេតុនោះពុំខាន ពួកជនដែលមាននៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តី​តូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះសោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធ​នូវពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយ​ពិចារណានូវហេតុនេះ ក្នុងទីស្ងាត់តែម្នាក់ឯង លុះក្រោកឡើងក្នុង​បច្ចូសសម័យនៃ​រាត្រី ក៏​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះ​ថា ព្រះមានព្រះភាគ ទ្រង់​ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយ ក្នុងជនបទ​ទាំងឡាយ​ជុំវិញ គឺកាសី​ជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុ​ជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ជនឯណោះ ទៅកើតក្នុង​ទី​ឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មាន​សភាពជា​ឱបបាតិកសត្វ បរិនិព្វាន​ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាក​លោកនោះ ព្រោះ​អស់​ទៅនៃ​សំយោជនៈ​​៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង​៩០នាក់ ​ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុត​នៃទុក្ខបាន ព្រោះ​អស់ទៅនៃ​សំយោជនៈ​៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នក​នៅ​ក្នុងនាទិកគ្រាម ជាង​៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅ​ក្នុង​អបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ពួកជន​អ្នក​នៅក្នុង​នាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយ​ដំណើរ នៃ​អនាគាមិបុគ្គលជាដើមនោះ បពិត្រព្រះអង្គដ៏ចំរើន ពួកជនអ្នក​នៅ​ក្នុង​មគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាល​កន្លងទៅ​យូរ​ហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកពួកជន អ្នកដែនមគធៈ ជាអ្នក​បម្រើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរហើយ បពិត្រព្រះអង្គដ៏ចំរើន ពួកជននោះ សុទ្ធ​តែជា​អ្នក​ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវ​ការបំពេញ​កិច្ចក្នុងសីល ពួកជននោះ ធ្វើមរណកាល​កន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់បានទ្រង់ព្យាករសោះ ប្រសិនបើ​ទ្រង់ព្យាករ នូវពួកជននោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បី​ទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ បពិត្រព្រះអង្គដ៏ចំរើន ចំណែក​ព្រះបាទមាគធសេនិយពិម្ពិសារ​​នេះ ព្រះអង្គជា​ធម្មិកធម្មរាជ ទ្រង់ធ្វើនូវ​ប្រយោជន៍​ឲ្យដល់​ពួកព្រាហ្មណ៍ និងគហបតី អ្នក​នៅក្នុងនិគម និងជនបទដែរ បានឮថា ពួកមនុស្ស និយាយ​សរសើរព្រះរាជានោះថា ព្រះរាជា​នោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវសេចក្តីសុខ ឲ្យ​ដល់យើងទាំងឡាយ យ៉ាងនេះ ហើយទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខ​សប្បាយ ក្នុងដែនរបស់​ព្រះរាជានោះ ជា​ធម្មិកធម្មរាជ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ព្រះរាជានោះ ក៏ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើ​នូវការបំពេញកិច្ចក្នុងសីល​ដែរ បានឮថា មនុស្សទាំងឡាយ នាំគ្នានិយាយយ៉ាងនេះថា ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាប​ដល់​មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជា​នោះ ទ្រង់ទិវង្គត​កន្លង​ទៅយូរ​ហើយ ព្រះមាន​ព្រះភាគ មិនទាន់ទ្រង់ព្យាករឡើយ ប្រសិនបើទ្រង់ព្យាករព្រះរាជានោះ ដោយ​ប្រពៃ​ហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះ​ថ្លានោះពុំខាន បពិត្រព្រះអង្គដ៏ចំរើន សម្ពោធិញ្ញាណ របស់​ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន អ្នកនៅ​ក្នុង​ដែនមគធៈ បពិត្រព្រះអង្គដ៏ចំរើន កាលបើសម្ពោធិញ្ញាណ របស់ព្រះមាន​ព្រះ​ភាគ មាននៅក្នុងពួកជន អ្នក​នៅក្នុងដែនមគធៈណាហើយ ហេតុអ្វី​ ក៏ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ​អ្នកនៅ​ក្នុង​ដែន​មគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះ បពិត្រព្រះអង្គដ៏ចំរើន បើ​ព្រះមានព្រះភាគ មិនទ្រង់​​ព្យាករ ​ក្នុង​កំណើត​នៃ​បញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ​ជា​អ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល​កន្លងទៅយូរ​ហើយនោះទេ ពួកជនអ្នក​នៅក្នុងដែន​មគធៈ ជាអ្នកបម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តី​តូចចិត្ត ដោយហេតុនោះពុំខាន ពួកជន​អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តី​តូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធ​ពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់នេះ ក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។

[២៨] កាលព្រះអានន្ទមានអាយុ ចេញទៅមិនយូរប៉ុន្មាន លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ទៅកាន់​នាទិកគ្រាម ដើម្បីបិណ្ឌបាត លុះស្តេច​ទៅបិណ្ឌបាត ក្នុងនាទិកគ្រាមហើយ ទ្រង់ត្រឡប់មក​អំពី​បិណ្ឌ​បាត ក្នុងកាលខាងក្រោយនៃភត្ត ទ្រង់​លាង​ព្រះបាទ ហើយស្តេចចូលទៅកាន់​លំនៅ ដែល​ធ្វើដោយឥដ្ឋ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ទ្រង់ធ្វើ​ទុកក្នុងព្រះហឫទ័យ ទ្រង់ពិចារណានូវហេតុទាំងអស់​ដោយ​ព្រះហឫទ័យ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទ្រង់ព្រះចិន្តាថា ពួកជន​ដ៏​ចំរើន​នោះ​មានគតិយ៉ាងណា មានអភិសម្បរាយៈ (ភពខាងមុខ) យ៉ាងណា តថាគត ក៏ដឹងនូវ​ញាណគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ។ ពួកជន​ដ៏ចំរើន​នោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា ព្រះមានព្រះភាគ ទ្រង់បានឃើញ​នូវ​ពួកជន​អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចេញអំពីលំនៅ​ ដែល​ធ្វើដោយឥដ្ឋ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ នៅត្រង់ម្លប់​នៃវិហារ។

[២៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ឃើញនូវសេចក្តីស្ងប់រម្ងាប់ សម្បុរ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ រុងរឿងហួសប្រៀប ឥន្ទ្រិយក៏ជ្រះថ្លា យ៉ាងវិសេស បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ប្រហែលជាព្រះមានព្រះភាគ ទ្រង់គង់នៅ ដោយ​វិហារធម៌ដ៏ស្ងប់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកប្រារព្ធ​ពួកជន អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់ ចំពោះមុខតថាគត រួចក្រោកអំពីអាសនៈ ចេញទៅក្នុងកាលណា កាលនោះ តថាគត ក៏ត្រាច់ទៅបិណ្ឌបាត ក្នុងនាទិកគ្រាម លុះត្រឡប់មកពី​បិណ្ឌ​បាត ក្នុងកាលខាងក្រោយនៃភត្ត ​លាងបាទា ហើយចូលទៅកាន់​លំនៅ ដែល​ធ្វើដោយឥដ្ឋ បានប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ធ្វើ​ទុកក្នុងចិត្ត ពិចារណានូវ​ហេតុទាំងអស់ ​ដោយចិត្តដែរ ហើយអង្គុយលើអាសនៈ ដែលគេក្រាលថ្វាយ គិតថា ពួកជន​ដ៏​ចំរើន​នោះ ​មានគតិយ៉ាងណា មានអភិសម្បរាយៈ យ៉ាងណា តថាគត ក៏ដឹង​គតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ ម្នាលអានន្ទ ពួកជន​ដ៏ចំរើន​នោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត បានឃើញ​​ពួកជន​អ្នកមគធៈ ជាអ្នក​បម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ ម្នាលអានន្ទ ស្រាប់តែមានយក្ស មានខ្លួនកំបាំងបាត់ មកស្រែកបន្លឺសំឡេងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ​ ជនវសភៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ ម្នាលអានន្ទ ក្នុងកាលមុន អំពី​កាលនេះ អ្នកធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន អំពី​កាលនេះ ខ្ញុំព្រះអង្គ មិនធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន រោមរបស់ខ្ញុំព្រះអង្គ ក៏ព្រឺព្រួចឡើង ព្រោះបានឮឈ្មោះថា ជនវសភៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ​ ដូច្នេះថា យក្សនោះ មិនមែនជាយក្សថោកថយឡើយ មានឈ្មោះថា ជនវសភៈ មានសភាពយ៉ាងនេះ ជាឈ្មោះ​ដែល​គេបញ្ញត្ត​ហើយដោយល្អ។ ម្នាលអានន្ទ សូរសព្ទសំឡេង កើតប្រាកដ​ហើយក្នុងចន្លោះ យក្សមានសម្បុរដ៏លើសលុប មកប្រាកដក្នុងទីចំពោះមុខតថាគត ស្រែក​បន្លឺនូវសំឡេងជាគំរប់ពីរដងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ​ ពិម្ពិសារ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវខ្ញុំព្រះអង្គ​ បាន​នូវកំណើតជាគំរប់៧នេះ ជាមួយនឹង​មហារាជឈ្មោះ វេស្សវ័ណ លុះខ្ញុំព្រះអង្គ ច្យុត​អំពី​អត្តភាពនេះទៅហើយ ទៅកើតជាស្តេច​ក្នុងពួកមនុស្ស។

[៣០] ខ្ញុំព្រះអង្គ ច្យុតចាកទេវលោកនេះ៧ដង ច្យុតចាកមនុស្សលោកនោះ​៧ដង អន្ទោលទៅមក ត្រូវជា១៤ដង ពីដើម ខ្ញុំព្រះអង្គ ធ្លាប់នៅក្នុងលំនៅណា ខ្ញុំព្រះអង្គ ក៏ស្គាល់​ច្បាស់​នូវលំនៅនោះ។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរ​មិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ។ ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរ​មិនធ្លាក់ចុះ អស់កាលជាអង្វែង ដូច្នេះក្តី [ពាក្យ​ជនវសភយក្ស ក្រាបទូល​អំពី​ព្រះដំណើរដែលខ្លួនបានសោតាបត្តិផល ជាអវិនិបាតបុគ្គល ជាបុគ្គលមិនធ្លាក់ទៅក្នុងអបាយ។] ក្រាបទូលថា សេចក្តី​ប៉ុន​ប៉ង​របស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ ដូច្នេះក្តី [ពាក្យជនវសភយក្ស ក្រាបទូលព្រះ អំពីការដែលខ្លួន​បាន​សោតាបត្តិផលហើយ តែមិនប្រមាទលក់នៅក្នុងសោតាបត្តិផលនោះទេ មានព្យាយាម ប្រាថ្នាដើម្បី​បាននូវសកទាគាមិមគ្គតទៅទៀត។] ជនវសភយក្សមានអាយុ បានឈ្មោះថា ស្គាល់​នូវកិរិយាត្រាស់ដឹង នូវគុណវិសេសដ៏លើសលុប មានសភាព​យ៉ាងនេះ ព្រោះហេតុណា ហេតុនេះជាអស្ចារ្យ របស់ជនវសភយក្សមានអាយុ ហេតុនេះ ជាហេតុចំឡែក​របស់​ជនវសភយក្សមានអាយុ។ ជនវសភយក្ស ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាន​ជ្រះថ្លា ចំពោះ​ព្រះមានព្រះភាគដោយពិតជាដម្បូងក្នុងថ្ងៃណា បពិត្រព្រះអង្គដ៏ចំរើន តាំង​អំពីថ្ងៃនោះជាដើម ខ្ញុំព្រះអង្គ ជាបុគ្គល​មិនធ្លាក់ចុះ ដឹងច្បាស់នូវ​ដំណើរមិនធ្លាក់​ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅ​ល្អ បពិត្រព្រះអង្គដ៏ចំរើន វេស្សវណមហារាជ ប្រើខ្ញុំព្រះអង្គទៅក្នុងសំណាក់វិរូឡ្ហកមហារាជ ដោយកិច្ចនីមួយ​ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញ​ព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់​លំនៅ ដែលធ្វើដោយឥដ្ឋ ត្រង់ពាក់កណ្តាលផ្លូវ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នក​បម្រើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងព្រះហឫទ័យ ពិចារណានូវហេតុទាំងអស់ ដោយព្រះហឫទ័យ ហើយទ្រង់គង់នៅ ទ្រង់ព្រះចិន្តាថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត ក៏​ដឹង​នូវ​គតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ពាក្យណា ដែលខ្ញុំព្រះអង្គបានទទួល គឺបានស្តាប់ក្នុងទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះវេស្សវណ​មហារាជ ទ្រង់មានព្រះបន្ទូលក្នុងពពួកបរិសទ្យនោះថា អ្នកដ៏ចំរើនទាំងនោះ មានគតិ​យ៉ាងណា មានអភិសម្បរាយៈយ៉ាងណាដូច្នេះ ពាក្យនេះ ជាអស្ចារ្យដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ នឹងបានឃើញ​ព្រះមានព្រះភាគផង នឹងបានក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគផង បពិត្រព្រះអង្គដ៏ចំរើន ហេតុទាំងពីរ [ហេតុដែលបានឃើញព្រះមានព្រះភាគ ពាក់​កណ្តាលផ្លូវ១ ហេតុ​ដែលមានប្រាថ្នា ដើម្បី​ក្រាបទូលពាក្យ ដែលបាន​ស្តាប់​ក្នុងទីចំពោះ​ព្រះភក្ត្រនៃព្រះវេស្សវណមហារាជ១។] នេះឯង ដែលជាហេតុនាំឲ្យខ្ញុំព្រះអង្គ បានចូល​មកឃើញព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃពីមុនៗមក ពួកទេវតាទាំងអស់ ដែល​ឋិតនៅក្នុងឋានតាវត្តិង្ស អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ក្នុងរាត្រី មានព្រះចន្ទពេញ​វង់ ជាថ្ងៃជិតចូលវស្សា គឺថ្ងៃឧបោសថទី១៥ ទាំងទេវបរិសទ្យជាច្រើន អង្គុយត្រៀបត្រាជុំ​វិញ មហារាជទំាង៤ ក៏គង់នៅគ្រប់ទិសទាំង៤ គឺមហារាជឈ្មោះ ធតរដ្ឋៈ គង់ក្នុងទិសខាង​កើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូឡ្ហកៈ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោម​ជាបរិវារ មហារាជឈ្មោះ វិរូបក្ខៈ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោម​ជាបរិវារ មហារាជឈ្មោះ វេស្សវ័ណ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោម​ជាបរិវារ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សទាំងអស់ អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ទាំងទេវបរិសទ្យ​ជាច្រើន ក៏អង្គុយត្រៀបត្រាជុំ​វិញ មហារាជទំាង៤ ក៏គង់ក្នុង​ទិសទាំង៤​នេះ ជាអាសនៈរបស់មហារាជទាំង៤នោះ ឯអាសនៈរបស់​យើងទាំងឡាយ នៅខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​សំណាក់នៃ​ព្រះមានព្រះភាគហើយ ទៅកើតក្នុងពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្ស ក្នុង​កាលឥឡូវនេះ ពួកទេវតានោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរផង ដោយ​យសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា មាន​ចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយ នៅបរិបូណ៌ ពួក​អសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះឥន្ទជាធំជាង​ទេវតា​ទាំងឡាយ ជ្រាបនូវ​សេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតាហើយ ក៏អនុមោទនា ដោយ​គាថា ទាំងឡាយនេះថា

[៣១] អើហ្ន៎ ទេវតាទាំងឡាយ ដែលនៅក្នុងឋានតាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើ​ចិត្ត​ឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរ​កាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះ​សុគត។ ពួកទេវតានោះ រុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយ​យស និងអាយុ ពួកសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចជាផែនដី ជាសាវ័ក​វិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកទេវតា ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យត្រេកអរ ព្រោះឃើញ​ហេតុនេះ។

[៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា ក៏​រឹង​រឹត​តែមានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយនៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតា អង្គុយប្រជុំគ្នា ក្នុងរោងសុធម្មា ដោយប្រយោជន៍ណា ក៏គិត​នូវ​ប្រយោជន៍នោះ [អដ្ឋកថា ថា ពួកតាវត្តិង្សទេវតា បានគិតនូវប្រយោជន៍គឺ ការរក្សា​នូវភិក្ខុ​សង្ឃ ដែលនៅក្នុងព្រៃ ហើយប្រឹក្សាជាមួយនឹងមហារាជទាំង​៤ថា អ្នកទាំងឡាយ ចូរ​ចាត់​ចែងការរក្សាភិក្ខុសង្ឃ ដែលនៅក្នុងទីនេះខ្លះ ក្នុងទីនុ៎ះខ្លះ។] ប្រឹក្សានូវប្រយោជន៍នោះ (​ជាមួយនឹងមហារាជទាំង៤) មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយ​ដាស់​តឿន ក្នុងប្រយោជន៍​នោះផង មហារាជទាំង៤ ដែលពួក​តាវត្តិង្សទេវតា បាននិយាយ​ប្រៀនប្រដៅ ក្នុងប្រយោជន៍នោះផង ក៏ឋិតនៅលើអាសនៈទាំងឡាយរាល់ៗខ្លួន មិនចៀស​ចេញទៅឡើយ។

ស្តេចទាំងនោះ ដែលទេវបុត្តទាំងនោះ បាននិយាយដាស់តឿនហើយ ក៏មានចិត្ត​ជ្រះថ្លា ទទួលយក​នូវពាក្យប្រៀនប្រដៅ ហើយក៏ឋិតនៅលើអាសនៈរបស់​ខ្លួន។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពន្លឺដ៏ធំទូលាយ កើតឡើងក្នុង​ទិសខាង​ជើង រស្មីមានប្រាកដហើយ កន្លងនូវទេវានុភាព របស់ពួកទេវតា បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះឥន្ទ្រជាធំ ជាងពួកទេវតា ត្រាស់ហៅនូវពួក​តាវត្តិង្សទេវតា​មកថា ម្នាល​គ្នាយើងទាំងឡាយ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតព្រម រស្មីមានប្រាកដ​ដោយ​ប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនេះ ព្រោះថា ពន្លឺកើតព្រម រស្មី​មានប្រាកដដោយហេតុណា ហេតុនុ៎ះ ជាបុព្វនិមិត្តរបស់ព្រហ្មនាំឲ្យមានប្រាកដ។

និមិត្តទាំងឡាយ ប្រាកដឡើង ដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនោះ រស្មីដ៏ធំទូលាយ មានប្រាកដ នេះជាបុព្វនិមិត្តរបស់ព្រហ្ម។

[៣៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតាអង្គុយលើអាសនៈទាំង​ឡាយរបស់ខ្លួន ហើយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ឯមហារាជ​ទាំង៤ ក៏គង់លើអាសនៈទាំងឡាយរបស់ខ្លួន ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយ​សឹម​ទៅ។ ពួកតាវត្តិង្សទេវតា បានឮពាក្យនេះហើយ ក៏មូលគំនិតគ្នា នាំគ្នាឈប់ស្ងៀម ដោយ​គិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយ​ហេតុ​ណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ក៏និម្មិត្តអត្តភាព ដ៏លើសលុប មាន​មកប្រាកដក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីណា របស់ព្រហ្ម ដែល​ពួក​ទេវតាមិនដែលឃើញ សម្បុរជាប្រក្រតីនោះ រមែងប្រាកដមក ក្នុងគន្លងចក្ខុ របស់ពួក​តាវត្តិង្សទេវតា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួក​តាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាង​ទេវតាដទៃ ដោយសម្បុរផង​ ដោយយសផង ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើពីមាស រមែង​រុងរឿង​ជាង​រាងកាយ របស់មនុស្ស​ធម្មតាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមក​ប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាង​ទេវតាដទៃ ដោយសម្បុរផង​ ដោយយសផង ក្នុងកាលនោះ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមក​ប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ឥតមានទេវតា​ណាមួយ ក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬអញ្ជើញ​ដោយអាសនៈ ក្នុងកាលនោះ​ឡើយ ពួកទេវតាទាំងអស់ ស្ងៀមព្រងើយ នាំគ្នាផ្គងអញ្ជលី អង្គុយលើបល្លង្ក សនង្កុមារ​ព្រហ្ម ប្រាថ្នាចង់អង្គុយលើបល្លង្ករបស់ទេវតាណា ក៏អង្គុយលើបល្លង្ករបស់ទេវតានោះ​ភ្លាម បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម អង្គុយលើបល្លង្ករបស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តី​ត្រេកអរលើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏​លើស​លុប បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែល​បានមុទ្ធាភិសេកហើយ ទើបនឹង​អភិសេកហើយថ្មីៗ ស្តេចនោះ រមែង​បាននូវសេចក្តីត្រេកអរដ៏លើសលុប ដោយរាជ​សម្បត្តិ ស្តេចនោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមាដូចម្តេច​មិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម អង្គុយលើបល្លង្ក របស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តី​ត្រេកអរ ដ៏លើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏​លើស​លុប មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ សនង្កុមារ​ព្រហ្ម បាននិមិ្មតអត្តភាពដ៏លើសលុប ជាភេទនៃកុមារប្រហែលគ្នា នឹងបញ្ចសិខទេវបុត្ត [អដ្ឋកថា ថា ពួកទេវបុត្តទាំងអស់ រាប់អានចូលចិត្តនឹងអត្តភាព​បញ្ចសិខគន្ធព្វទេវបុត្ត​ណាស់ ព្រោះហេតុនោះ បានជាព្រហ្ម​និម្មិត​អត្តភាពដូច្នោះ។] មានមកប្រាកដ ដល់​ពួក​តាវត្តិង្សទេវតា ព្រហ្មនោះ ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែនក្នុងអាកាស​វាល​ធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង អង្គុយពែនភ្នែនលើបល្លង្ក ដែល​គេក្រាល​ល្អហើយ ឬលើភូមិភាគដ៏ស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារ​ព្រហ្ម ហោះទៅកាន់អាកាស អង្គុយពែនភ្នែន ក្នុងអាកាស វាលធេង មានឧបមេយ្យ​ដូច្នោះ ហើយជ្រាបនូវ​សេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតា ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា

[៣៥] អើហ្ន៎ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះ​ព្រះតថាគតផង ចំពោះព្រះធម៌ផង ជាធម៌ដ៏ល្អផង ហើយធ្វើនូវចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសុគត។ ពួកទេវតាថ្មីទាំងនោះ រមែង​រុងរឿង​ជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកទេវតាថ្មីទាំងនោះ ជាសាវ័ក​របស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចផែនដី ជាសាវ័ក​វិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង ហើយធ្វើចិត្ត​ឲ្យ​រីករាយ ព្រោះឃើញនូវហេតុនេះ។

[៣៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេង​ប្រកប​ដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ សំឡេងងាយយល់១ សំឡេងទន់ពីរោះ១ សំឡេងគួរស្តាប់១ សំឡេងគ្រលួច១ សំឡេង​មិនគ្រាវ១ សំឡេងក្រអួន [អដ្ឋកថា ថា សំឡេង​ឮតាំងពីផ្ចិតឡើងទៅ។]១ សំឡេងរំពង [សំឡេងលាន់ឮ ដូចសំឡេងផ្គរលាន់ និងសំឡេងសំភោរ។]១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យចំនួន​ប៉ុន្មានក៏ដោយ ឲ្យដឹងច្បាស់ដោយសំឡេង​បាន ឯសំឡេង​របស់ព្រហ្មនោះ មិនលាន់​ឮចេញទៅខាងក្រៅបរិសទ្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមានសំឡេង ប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះហៅថា មានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពចំនួន​៣៣ គង់​លើ​បល្លង្កមួយៗរបស់ពួកតាវត្តិង្សទេវតា ហើយហៅពួកតាវត្តិង្សទេវតាមកថា ម្នាលអ្នក​ទាំងឡាយដ៏ចំរើន ពួកតាវត្តិង្សទេវតា សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគ​អង្គនុ៎ះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើពួកជនឯណានីមួយ ដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ធ្វើនូវ​ការ​បំពេញក្នុងសីលទាំងឡាយ ហើយពួកជននោះ លុះទម្លាយរាងកាយ ខាងមុខអំពី​សេចក្តី​ស្លាប់ទៅ ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់បរនិម្មិតវសវត្តី ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់និម្មានរតី ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់តុសិត ខ្លះក៏ទៅកើត​ជាមួយ​នឹង​ពួកទេវតាជាន់យាមៈ ខ្លះក៏ទៅកើតជាមួយនឹង​ពួកទេវតាជាន់តាវត្តិង្ស ខ្លះក៏​ទៅ​កើតជាមួយនឹង​ពួកទេវតាជាន់ចាតុម្មហារាជិកា ពួកជន​ណា ញុំាង​កាយទេវតា ដែល​ទន់ទាបជាងគេទាំងអស់ ឲ្យបរិបូណ៌ ពួកជនទាំងនោះ ក៏​ញុំាង​ពួកគន្ធព្វ [បានសេចក្តីថា ជនដែលទៅកើតជាទេវបុត្តទាបជាគេបំផុត ត្រឹមគន្ធព្វ។] ឲ្យបរិបូណ៌។

[៣៧] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេង​គឹកកង ពួកទេវតាសំគាល់ថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។

កាលបើសនង្កុមារព្រហ្ម និយាយតែម្នាក់ឯង ព្រហ្មនិម្មិត [ព្រហ្មឯទៀតៗ សនង្កុមារព្រហ្ម បាននិម្មិតហើយ។] ទាំងអស់ ក៏និយាយដែរ កាលបើ​សនង្កុមារព្រហ្ម អង្គុយស្ងៀមតែម្នាក់ឯង ព្រហ្មនិម្មិតទាំងអស់នោះ ក៏ស្ងៀម​ដែរ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ សំគាល់សេចក្តីនោះថា ព្រហ្មណា អង្គុយ​លើ​បល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។

[៣៨] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញ លុះប្រមូលនូវខ្លួន​ដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញហើយ ក៏អង្គុយលើបល្លង្ក របស់ព្រះឥន្ទ្រ ជាធំជាងពួកទេវតា ហើយត្រាស់ហៅពួក​តាវត្តិង្ស​ទេវតា មកថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះ ដូចម្តេច ឥទ្ធិបាទទាំង៤នេះ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ រមែង​ប្រព្រឹត្តទៅ ដើម្បីធ្វើ​ឫទ្ធិ​ឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ឥទ្ធិបាទទាំង៤ នោះ តើដូចម្តេច ម្នាលអ្នកដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ចំរើននូវ​ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ [សមាធិ មានឆន្ទៈ ជាហេតុ។] និងបធានសង្ខារ [បធានសង្ខារ បានដល់សម្មប្បធានទាំង៤។] ចំរើននូវឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ចំរើននូវ​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលអ្នកដ៏ចំរើន ឥទ្ធិបាទទាំង​៤នេះ​ឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ រមែង​ប្រព្រឹត្តទៅ ដើម្បីធ្វើ​ឫទ្ធិ​ឲ្យច្រើន ដើម្បីធ្វើ​ឫទ្ធិ​ឲ្យ​វិសេស​ឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ [ចំណែកនៃឫទ្ធិ] មានច្រើនប្រការ ក្នុងអតីតកាល ពួកជនទាំងអស់នោះ បានហើយ ព្រោះបានចំរើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ ដែលនឹងបាននូវឥទ្ធិវិធៈ មាន​ច្រើន​ប្រការ ក្នុងអនាគតកាល ពួកជនទាំងអស់នោះ ក៏នឹងបាន ព្រោះបានចំរើន​នូវ​ឥទ្ធិបាទ​ទាំង​៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបី​ជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងបច្ចុប្បន្ននេះ ពួកជនទាំងអស់នោះ ក៏រមែងបាន ព្រោះបានចំរើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើនូវ​ឥទ្ធិបាទទាំង​៤​នេះ​ឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា ឃើញឫទ្ធានុភាព មាន​សភាពដូច្នេះនេះ របស់យើងដែរឬទេ។ ពួកទេវតាឆ្លើយតបថា បពិត្រមហាព្រហ្ម អើ ឃើញដែរ។ សនង្កុមារព្រហ្ម និយាយថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ឯខ្លួនខ្ញុំ បានជាមាន​ឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចម្រើន​នូវឥទ្ធិបាទទាំង៤នេះ​ឯង ព្រោះបានធ្វើ​នូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន។

[៣៩] ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោល​នូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោល​នូវ​សេចក្តីនេះហើយ ក៏ពោលនឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ការបាននូវឱកាស​៣យ៉ាង ដើម្បីបាននូវ​សេចក្តីសុខ [អដ្ឋកថា ថា សេចក្តីសុខក្នុងឈាន សេចក្តីសុខក្នុងមគ្គ សេចក្តីសុខក្នុងផល។] ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ការបាននូវ​ឱកាស៣យ៉ាង តើដូចម្តេច។

[៤០] ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ជំពាក់​ដោយ​កាម​ទាំងឡាយ  ជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ សម័យជាខាងក្រោយមក បុគ្គលនោះ បានស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ ក៏ជាបុគ្គល​លែងជាប់​ជំពាក់ ដោយកាមទាំងឡាយ លែងជាប់ជំពាក់​ដោយអកុសលធម៌ទាំងឡាយ។ កាលដែល​បុគ្គល​នោះ លែង​ជាប់​ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់​ដោយអកុសលធម៌​ទាំង​ឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​​សុខជាបច្ច័យ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយ មានកម្លាំង​ខ្លាំង​កើ​ត​ឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ កាលដែល​បុគ្គល​លែងជាប់​ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់​ដោយ​អកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយ​ក្រៃលែង ព្រោះ​សេចក្តី​សុខ (ជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯង​ជា​ការបាននូវឱកាសជាបឋម ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ [កាយសង្ខារ បានដល់អស្សាសបស្សាសៈ គឺដង្ហើមចេញចូល។] ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ [វចីសង្ខារ បានដល់វិតក្កៈ វិចារៈ គឺការ​ត្រិះរិះអារម្មណ៍ និងការពិចារណា។] ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានចិត្តសង្ខារ [ចិត្តសង្ខារ បានដល់សញ្ញា និងវេទនា គឺការចាំ​អារម្មណ៍ និងការទទួលអារម្មណ៍។] ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់។ សម័យខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយ ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ហើយ កាយសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ វចីសង្ខារ​គ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ ចិត្តសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ។ សេចក្តីសុខ រមែងកើតឡើងដល់​បុគ្គល​នោះ ព្រោះការស្ងប់រម្ងាប់នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់នៃវចី​សង្ខារ​គ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើត​ឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង កើត​ឡើង ព្រោះសេចក្តី​រីករាយ​មានកម្លាំងទន់ ដូចម្តេច​មិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែង​កើតឡើង ព្រោះការស្ងប់រម្ងាប់ នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃវចីសង្ខារគ្រោតគ្រាត ព្រោះការ​ស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​​សុខ (នោះជាបច្ច័យ) ក៏ដូច្នោះដែរ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ នេះឯងជា​ការបាន​នូវឱកាស ជាគំរប់ពីរ ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤២] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិន​ដឹងច្បាស់តាមពិតថា នេះជាកុសល មិនដឹងច្បាស់តាមពិតថា នេះជាអកុសល មិនដឹងច្បាស់តាមពិតថា នេះជាអំពី​ប្រកបដោយទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើ​មិនគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ នេះអំពើស ជាអំពើ​មានចំណែក​ប្រៀប​ផ្ទឹមគ្នា។ សម័យជាខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយ​ឧបាយ ប្រតិបត្តិនូវ​ធម៌ ដ៏​សមគួរដល់ធម៌។ បុគ្គលនោះ លុះអាស្រ័យ​ការស្តាប់អរិយធម៌ អាស្រ័យ​ការធ្វើទុកក្នុង​ចិត្ត ដោយឧបាយ ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ ក៏ដឹងច្បាស់តាមពិតថា នេះជាកុសល ដឹងច្បាស់តាមពិតថា នេះជាអកុសល ដឹងច្បាស់តាមពិតថា នេះជាអំពី​ប្រកបដោយទោស ដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស ដឹងច្បាស់តាម​ពិត​ថា នេះជាអំពើគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើ​មិនគួរសេព ដឹងច្បាស់​តាម​ពិត​ថា នេះជាអំពើថោកទាប ដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ ដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ ជាអំពើស ជាអំពើ​មានចំណែក​ប្រៀប​ផ្ទឹមគ្នា។ កាលដែលបុគ្គលនោះ ដឹងច្បាស់​យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះហើយ អវិជ្ជា ក៏សាបសូន្យទៅ វិជ្ជាក៏កើតឡើង។ សេចក្តីសុខ រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះការសាបសូន្យទៅនៃអវិជ្ជា ព្រោះការ​កើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង រមែងកើត​ឡើង ព្រោះសេចក្តី​រីករាយ​មានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែង​កើតឡើង ព្រោះការសាបសូន្យទៅនៃ​អវិជ្ចា ព្រោះការកើតឡើង​នៃ​វិជ្ជា ឯសោមនស្ស ក៏រមែងកើតឡើង ដោយក្រៃលែង ព្រោះ​សេចក្តី​សុខ (នោះជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់៣ ដើម្បីបាននូវសេចក្តីសុខ ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ការបាននូវឱកាស ដើម្បីបាននូវសេចក្តី​សុខ៣ប្រការនេះឯង ដែល​ព្រះមានព្រះភាគ​​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។

[៤៣] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ទើបពោលនឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តី​នោះ​ដូចម្តេច ត្រង់ដែលថា សតិបដ្ឋានទាំង៤នេះ ដើម្បីបាននូវកុសល [សំដៅយក​មគ្គ និងផល។] ដែលព្រះមានព្រះភាគ​​អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ សតិបដ្ឋានទាំង៤ តើដូចម្តេច។ ម្នាល​អ្នក​ដ៏​ចំរើនទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​រឿយៗ នូវកាយ​ក្នុង​កាយ​ជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តី​ដឹង​ខ្លួន មានស្មារតី កម្ចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក [សំដៅ​យកកាយ ឬឧបាទានក្ខន្ធទាំង​៥។] ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវកាយជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយ​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ (ការដឹង និងការឃើញ) ឲ្យកើតក្នុងកាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា​ក្នុង​វេទនាទាំងឡាយ ជាខាងក្នុង មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក​ ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងវេទនាទាំងឡាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុ​ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាខាងក្នុង មានព្យាយាម​ជា​គ្រឿង​ដុត​កំដៅ​នូវ​កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោក ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវចិត្តក្នុងចិត្ត ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត ​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត​ជាខាងក្នុងនោះហើយ រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងចិត្ត របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ភិក្ខុ​ពិចារណាឃើញ​រឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណា​ឃើញរឿយៗ ​នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុងហើយ ក៏រមែង​តាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌​ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមាន​ចិត្តតាំង​ខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌​ជាខាងក្នុងនោះហើយ ក៏រមែងញុំាង​ញាណទស្សនៈ ឲ្យកើតក្នុងធម៌ទាំងឡាយ របស់បុគ្គលដទៃ ជាខាង​ក្រៅបាន។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សតិបដ្ឋានទាំង៤នេះឯង ដើម្បីបាននូវកុសល ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ។

[៤៤] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ ទើបពោល​នឹង​ពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់​សេចក្តី​នោះ​ដូចម្តេច ត្រង់ដែលថា ធម៌ជាបរិវារនៃសមាធិ៧យ៉ាងនេះ ដើម្បីចំរើននៃ​សម្មាសមាធិ ដើម្បីបរិបូណ៌ នៃសម្មាសមាធិ ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ ធម៌ជាបរិវារ នៃសមាធិ​៧យ៉ាង តើដូចម្តេច។ សម្មាទិដ្ឋិ (សេចក្តីយល់ត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ​)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីរលឹកត្រូវ)១។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍មូលតែមួយណា ដែលអង្គទាំង៧នេះ ចោមរោមហើយ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍​តែមួយនេះ លោកហៅថា សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ​ឧបនិស្ស័យផង ថា ប្រកបដោយ​ធម៌​ជាបរិវារផង ម្នាលអ្នកដ៏​ចំរើនទាំងឡាយ សម្មាសង្កប្បៈ រមែងមានដល់បុគ្គល ដែលឋិត​នៅក្នុងសម្មាទិដ្ឋិ សម្មាវាចា រមែង​មានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសង្កប្បៈ សម្មា​កម្មន្តៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាចា សម្មាអាជីវៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាកម្មន្តៈ សម្មាវាយាមៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាអាជីវៈ សម្មាសតិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មា​វាយាមៈ សម្មាសមាធិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសតិ សម្មាញាណៈ [សេចក្តីដឹងដោយប្រពៃ បានដល់មគ្គញាណ ផលញាណ។] ​រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសមាធិ សម្មាវិមុត្តិ [ការរួចស្រឡះចាកអាសវៈ បានដល់​មគ្គវិមុត្តិ ផល​វិមុត្តិ។] រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាញាណៈ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ បុគ្គលកាលបើពោលដោយប្រពៃ គប្បីពោលនូវពាក្យថា ព្រះបរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរ​ដល់​ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹង​ច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាន​នោះរបើកហើយ។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវពាក្យដែលប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះ​ព្រះសម្មាសម្ពុទ្ធថា មែនពិត ព្រះបរិយត្តិធម៌ ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ គួរ​ដល់​ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹង​ច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាន​នោះរបើកហើយ។ ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ព្រោះថា ជនទាំងឡាយណានីមួយ ប្រកបដោយ​សេចក្តីជ្រះថ្លា មិន​ញាប់ញ័រ ចំពោះ​ព្រះពុទ្ធ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះ​ព្រះធម៌ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ព្រះអរិយៈ មួយទៀត ជនទាំងឡាយណា ជាឱបបាតិកៈ ជាជន​ទៀង​ក្នុងធម៌ ខ្ញុំខ្លាច​អំពើមុសាវាទ មិនអាចនឹង​រាប់ជន​ទាំងអម្បាលនោះ ដូច្នេះថា ពួកជន​នៅ​ក្នុង​ដែនមគធៈ ច្រើនជាង២លាន ៤សែន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើ​មរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈ​មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ​៣។ ពួកសកទាគាមិបុគ្គល ក៏មានក្នុងទីនុ៎ះដែរ ឯពួកសត្វក្រៅពីនេះ [សំដៅយក អនាគាមិបុគ្គល។] ជាអ្នកមានចំណែកបុណ្យ (ក៏មានច្រើនដែរ)។

[៤៥] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ វេស្សវណមហារាជ កើតសេចក្តីត្រិះរិះក្នុងចិត្ត​យ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅ​មិនខាន ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាព​យ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹង​នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹង​ប្រាកដឡើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ដឹងសេចក្តីត្រិះរិះក្នុងចិត្ត​ របស់​វេស្សវណមហារាជ ដោយចិត្ត (របស់ខ្លួន)ហើយ ទើបពោលពាក្យនេះ នឹងវេស្សវណមហារាជថា វេស្សវណមហារាជដ៏ចំរើន សំគាល់សេចក្តីនោះ ដូចម្តេច ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ ក៏មានមកហើយ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាព​យ៉ាងនេះ ក៏ប្រាកដហើយ ការត្រាស់ដឹង​នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏​ប្រាកដហើយក្នុងអតីតកាល ព្រះសាស្តាដ៏ប្រសើរ មានសភាព​យ៉ាងនេះ មុខជានឹងមានតទៅ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹង​ប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាព​យ៉ាងនេះ ក៏នឹង​ប្រាកដឡើង ក្នុងអនាគតកាល។

[៤៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះ នឹង​ពួកតាវត្តិង្សទេវតាហើយ។ កាលសនង្កុមារព្រហ្ម ពោលសេចក្តីនោះ នឹង​តាវត្តិង្សទេវតា វេស្សវណមហារាជ បានប្រាប់សេចក្តីនេះ ដែលខ្លួន​បានឮហើយ ក្នុងទីចំពោះ​មុខ​ដែល​ខ្លួន​បានទទួលហើយ ក្នុងទីចំពោះមុខ ក្នុងបរិសទ្យរបស់ខ្លួន។ កាលវេស្សវណមហារាជ ពោលសេចក្តីនេះ ក្នុងបរិសទ្យរបស់ខ្លួន ជនវសភយក្ស ក៏ក្រាបទូលសេចក្តី ដែលខ្លួន​បាន​ឮហើយ ក្នុងទីចំពោះមុខ ដែលខ្លួន​បានទទួលហើយ ក្នុងទីចំពោះមុខ ដល់​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់សេចក្តីនេះ ទទួលសេចក្តី​នេះ ក្នុងទីចំពោះមុខនៃ​ជនវសភយក្ស ជ្រាបច្បាស់ដោយព្រះអង្គឯងហើយ ទើប​ត្រាស់​ប្រាប់ដល់ព្រះអានន្ទមានអាយុ។ លុះ​ព្រះអានន្ទមានអាយុ បានឮ បានទទួលក្នុង​ទី​ចំពោះ​ព្រះភក្ត្រ ព្រះមានព្រះភាគហើយ ទើបប្រាប់​សេចក្តីនេះ ដល់​ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា។ សាសនព្រហ្មចរិយធម៌នេះមាំមួន ដល់នូវសេចក្តី​ចំរើន ផ្សាយទៅសព្វទិស អ្នក​ផងបានដឹងច្រើនគ្នាហើយ កើតមានក្រាស់ក្រែល ត្រាតែពួកទេវតា និងមនុស្ស​ចេះ​សំដែង​ដោយស្រួលបាន។

ចប់ ជនវសភសូត្រ ទី៥។

មហាគោវិន្ទសូត្រ ទី៦

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើ​ភ្នំ​គិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ (កន្លង​បឋមយាម) បញ្ចេញរស្មីភ្លឺច្រាល ញុំាងភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាង ហើយចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​ឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងក្រាប​ទូល ព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់​ក្នុងទីចំពោះមុខ បានទទួល​ក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាល​បញ្ចសិខៈ អ្នកចូរប្រាប់​តថាគតចុះ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃមុនៗ ក្នុងតិថីទី១៥ ដែលជាថ្ងៃឧបោសថ ត្រូវនឹង​ថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយ​ប្រជុំ​ក្នុង​ទេវសភា [រោងប្រជុំទេវតា] ឈ្មោះសុធម្មា ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយ​នៅជុំវិញ ឯ​មហារាជទាំង៤ អង្គក៏គង់ក្នុងទិសទាំង៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរ​ព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតា ចោមរោមត្រៀបត្រា វិរូឡ្ហកមហារាជ គង់​ក្នុង​ទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ គង់ក្នុងទិសខាងលិច បែរ​ព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមត្រៀបត្រា វេស្សវណមហារាជ គង់​ក្នុង​ទិសខាងជើង បែរព្រះភក្ត្រ​ទៅ​ទិស​ខាងត្បូង មានពួកទេវតាចោមរោមត្រៀបត្រា បពិត្រព្រះអង្គដ៏ចំរើន កាលណាពួក​ទេវតា ជាន់តាវត្តិង្សទាំងអស់គ្នា អង្គុយប្រជុំ ក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេវបរិសទ្យជា​ច្រើន អង្គុយនៅជុំវិញ ឯមហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤ នេះជាអាសនៈ របស់​មហារាជ​ទាំង៤នោះ ក្នុងកាលនោះ អាសនៈរបស់ពួកយើងខ្ញុំ នៅជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ ហើយមកកើតថ្មី ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងនោះ ក៏រុងរឿង កន្លង​នូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ហេតុ​នោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សថា អើហ្ន៎ ពួកកាយទិព្វនៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តី​ជ្រះថ្លា របស់ពួកទេវតាជាន់តាវត្តិង្សហើយ ក៏បានអនុមោទនា ដោយគាថា ទាំងឡាយ​នេះថា

[៤៨] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្ររីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស ក៏បាន​ឃើញ​ពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះសុគត ហើយមកកើត​ក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿង​កន្លង នូវពួកទេវតាឯទៀតដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះ​សម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័កដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្រ លុះឃើញ​ហេតុ​នេះហើយ ក៏ត្រេកអរ បាននមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌​ ដែល​ជាធម៌ដ៏ល្អផង។

[៤៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយក្រៃលែង លើសប្រមាណថា អើហ្ន៎ ពួកកាយទិព្វ នៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តី​ជ្រះថ្លា របស់ពួកទេវតា ជាន់​តាវត្តិង្សហើយ ទើបមានព្រះបន្ទូល​នឹងពួកទេវតា ជាន់តាវត្តិង្សថា ម្នាលគ្នាយើង អ្នក​ទាំងឡាយ ចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់​ព្រះមានព្រះភាគ​នោះដែរឬ។ ពួក​ទេវតាក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំចង់ស្តាប់គុណ ជារបស់ពិត​៨ប្រការ របស់​ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាង​ទេវតា បានសំដែងគុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគ ដល់​ពួកទេវតា ជាន់​តាវត្តិង្ស ម្នាលអ្នកដ៏​ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់​ហេតុនោះ​ដូចម្តេច ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណា​រក​មើលនូវ​គ្រូ ដែលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ជាអ្នកប្រកបដោយគុណ នេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញ​មានក្នុងកាល​ឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី១)។ ធម៌ដែល​ព្រះមានព្រះភាគអង្គនោះ ត្រាស់សំដែងហើយដោយល្អ ជាធម៌​ដែលអរិយបុគ្គល គប្បីឃើញ​ច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោន​ចូលមកទុក​ក្នុងចិត្តបាន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្ត​របស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកសំដែងនូវធម៌ គួរបង្អោនចូលមក​ទុក​ក្នុង​ចិត្ត​បាន យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែល​កន្លងទៅហើយ មិន​ឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះ​ចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី២)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តដោយប្រពៃ​ហើយថា នេះជាកុសល ទ្រង់បញ្ញត្ត​ហើយ ដោយប្រពៃថា នេះ ជាអកុសល។ នេះប្រកបដោយ​ទោស។ នេះ មិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើ​ថោក​ទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្ត​ដោយប្រពៃហើយថា នេះ ធម៌​ខ្មៅ ធម៌ស និងធម៌ជាសប្បដិភាគ (លាយខ្មៅ លាយស)។ យើងពិចារណា​រក​មើល​នូវ​គ្រូ ដែលជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយ​ទោស មិនប្រកបដោយទោស គួរសេព និងមិនគួរសេព ​ថោក​ទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងសប្បដិភាគ យ៉ាងនេះ ជាអ្នកប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៣)។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្ត​ល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំង​បដិបទា ក៏ប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់​បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នា​បាន​ដូច្នោះដែរ។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកបញ្ញត្ត នូវបដិបទា ជាទី​ទៅកាន់​ព្រះនិព្វាន​យ៉ាងនេះ ជាអ្នកប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៤)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បានពួក​សេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទាហើយ និងពួកព្រះខីណាស្រព ដែលមាន​ព្រហ្ម​ចរិយធម៌ អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់​ព្រះទ័យ​នឹង​គ្នីគ្នា​នោះទេ ទ្រង់ប្រកបនូវសេចក្តី​ត្រេកអរ តែមួយព្រះអង្គឯង។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកប្រកបនូវសេចក្តីត្រេកអរ តែម្នាក់ឯងយ៉ាងនេះ ដែលជាអ្នកប្រកប​ដោយគុណ​នេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ ក៏មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៥)។ លាភសម្រេច​ហើយ សេចក្តីសរសើរ ក៏សម្រេច​ហើយ ដល់​ព្រះមានព្រះភាគអង្គនោះ ទាំង​ពួកក្សត្រ ក៏មានសភាព​ជាអ្នកស្រឡាញ់ រាប់រក (ព្រះអង្គ) ប៉ុន្តែព្រះមានព្រះភាគ​អង្គនោះ ប្រាសចាកសេចក្តីស្រវឹង (ក្នុងលាភជាដើមនោះ) ហើយ រមែង​សោយនូវ​អាហារ (តាមធម្មតា)។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកប្រាសចាកសេចក្តីស្រវឹង បរិភោគ​នូវអាហារ​យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែល​កន្លង​ទៅ​ហើយ ក៏មិន​ឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញ​មានដែរ (នេះជាគុណទី៦)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់​ធ្វើ​យ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការ​យ៉ាង​នេះឯង។ យើងពិចារណា​រក​មើល​នូវ​គ្រូ​ ជាអ្នកប្រតិបត្តិនូវ​ធម៌ ដ៏សមគួរដល់​ធម៌​យ៉ាង​នេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញ​មាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏​មិនឃើញ​មានដែរ (នេះជាគុណទី៧)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ ទ្រង់មានព្រះតម្រិះ​ដល់ទីបំផុត [អដ្ឋកថាថា ពួកខ្លះ​មានសេចក្តីត្រិះរិះ​អស់ត្រឹមវិបស្សនា ត្រឹមបឋមជ្ឈាន។បេ។ ត្រឹមសាវកបារមីញាណ ត្រឹម​បច្ចេកពោធិញ្ញាណ តែ​ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះ​រហូត ដល់សព្វញ្ញុតញ្ញាណ។] ហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម។ យើងពិចារណា​រក​មើល​នូវ​គ្រូ ជាអ្នកឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ មានតម្រិះ​ដល់ទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម យ៉ាង​នេះ ដែលប្រកបដោយ​គុណនេះ ក្នុងចំណែក​កាលដែល​កន្លងទៅហើយ ក៏មិនឃើញ​មាន ក្នុងកាលឥឡូវ​នេះ ក្រៅអំពី​ព្រះមានព្រះភាគនោះចេញហើយ ក៏​មិនឃើញ​មានដែរ (នេះជាគុណទី៨)។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំ​ជាងពួកទេវតា បានសំដែង​គុណ ជារបស់ពិតទាំង​៨ប្រការរបស់ព្រះមានព្រះភាគនេះ​ឯង ដល់ពួកទេវតាជាន់តាវត្តិង្ស។

[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នក​មានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្សដ៏ក្រៃលែងលើសប្រមាណ ព្រោះ​បានស្តាប់​គុណ ជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាង​នេះថា ម្នាលគ្នាយើង ធ្វើម្តេចហ្ន៎ បានព្រះសម្មាសម្ពុទ្ធ៤ ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែង​ធម៌​ឲ្យដូចព្រះមានព្រះភាគ ការសំដែងធម៌នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នា​ពោលយ៉ាងនេះថា នែពួកយើង ព្រះសម្មាសម្ពុទ្ធ៤ព្រះអង្គ លើកទុកសិនចុះ នែ​ពួកយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែង​ធម៌​ឲ្យដូច​ព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នា​ពោលយ៉ាងនេះថា នែគ្នាយើង ព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គ លើកទុកសិនចុះ នែគ្នា​យើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ ២ព្រះអង្គ ត្រាស់ឡើងក្នុងលោក សំដែងធម៌ ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកទេវតា​ពោលយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាង​ពួកទេវតា បានពោលពាក្យនេះ នឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលគ្នាយើង ដំណើរ​នេះ មិនមែន​ជាហេតុ មិនមែនជាឱកាសឡើយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ២ព្រះអង្គ បានត្រាស់ក្នុងលោកធាតុតែមួយ ដំណាលគ្នា ដោយហេតុណា ហេតុនុ៎ះមិនដែល​មានទេ ម្នាលគ្នាយើង សូមឲ្យតែ​ព្រះមានព្រះភាគអង្គនោះ កុំឲ្យមានអាពាធ កុំឲ្យមានទុក្ខ គង់​នៅ​អស់កាលដ៏យូរអង្វែង ការណ៍នោះ គង់តែប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយដែរហើយ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកទេវតាជាន់តាវត្តិង្ស អង្គុយប្រជុំគ្នា ក្នុងទេវសភា ឈ្មោះសុធម្មា ដោយប្រយោជន៍ណា មហារាជទាំង៤អង្គនោះ ក៏គិតនូវប្រយោជន៍​នោះ ប្រឹក្សានូវប្រយោជន៍នោះ ហើយតាំងនៅក្នុង​ប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្ស​ទេវតាប្រាប់ហើយផង មហារាជទាំង៤អង្គនោះ តំកល់នៅក្នុង​ប្រយោជន៍នោះ តាមពាក្យ​ដែល​តាវត្តិង្សទេវតា ប្រៀនប្រដៅហើយផង ឋិតនៅលើអាសនៈរបស់ខ្លួនៗ មិន​ចៀស​ចេញ​ទៅឡើយ។

[៥១] ព្រះរាជាទាំងនោះ ទទួលពាក្យប្រៀនប្រដៅតាមពាក្យដែលតាវត្តិង្សទេវតា​ ប្រាប់ហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តស្ងប់រម្ងាប់ ឋិតនៅលើអាសនៈរបស់ខ្លួន។

[៥២] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពន្លឺដ៏លើសលុបក៏កើតឡើង រស្មីដ៏​រុងរឿងលើសលែងនូវទេវានុភាព របស់ពួកទេវតា ក៏កើតប្រាកដឡើង​ក្នុងទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា មានព្រះបន្ទូល​នឹងពួក​ទេវតាជាន់តាវត្តិង្សថា ម្នាលពួកយើង និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតឡើង រស្មី​ដ៏​រុងរឿងកើតប្រាកដ ក្នុងកាលណា ព្រហ្មនឹងមានប្រាកដ ក្នុងកាលនោះ នេះជា​បុព្វនិមិត្ត​ដែលព្រហ្មមានប្រាកដ បានជាពន្លឺកើតឡើង រស្មីកើតឡើងជាក់ស្តែង។

[៥៣] និមិត្តទាំងឡាយប្រាកដឡើង ក្នុងកាលណា ព្រហ្មគង់មានប្រាកដ (ក្នុងកាលនោះ) រស្មីដ៏រុងរឿងធំទូលាយនេះឯង ជាបុព្វនិមិត្តរបស់ព្រហ្ម។

[៥៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស អង្គុយលើ​អាសនៈ​ទាំងឡាយ តាមសមគួរដល់ខ្លួន ហើយគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះ​អាស្រ័យ​ពន្លឺ​ណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ចំណែកមហារាជទាំង៤អង្គ គង់លើអាសនៈទាំងឡាយ តាមសមគួរ​ដល់ខ្លួនគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យ​ពន្លឺណា យើងទាំងឡាយ ចាំដឹង​នូវ​ពន្លឺនុះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ពួក​ទេវតាជាន់តាវត្តិង្ស លុះឮពាក្យ​នេះហើយ ក៏មានចិត្តមូលតែមួយ ប្រជុំគ្នាគិតថា វិបាកនឹងមានប្រាកដ ព្រោះ​អាស្រ័យ​ពន្លឺ​ណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្សហើយ និម្មិតអត្តភាពដ៏លើសលុបឲ្យកើតប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន សម្បុរ​ជាប្រក្រតីរបស់ព្រហ្មណា ដែលពួកទេវតា​មិនទាន់ឃើញ សម្បុរជាប្រក្រតីនោះ (ក៏​ប្រាកដ) ក្នុងគន្លងចក្ខុរបស់ទេវតាជាន់តាវត្តិង្ស។ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតាជាន់​តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿង​កន្លង​នូវពួក​ទេវតាឯទៀត ដោយសម្បុរផង ដោយយសផង។ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើដោយ​មាស រមែងរុងរឿងកន្លងនូវរាងកាយ របស់មនុស្ស​ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿង​កន្លង​នូវពួក​ទេវតាឯទៀត ដោយសម្បុរផង ដោយយសផង ដូច្នោះ​ដែរ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា​សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់​តាវត្តិង្ស មិនមានទេវតាណាមួយក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬក៏អញ្ជើញ​ដោយ​អាសនៈឡើយ។ ពួកទេវតាទាំងអស់ស្ងៀមព្រងើយ នាំគ្នាអង្គុយ​ផ្គង​អញ្ជលី លើ​បល្លង្កគិតគ្នាថា ឥឡូវនេះ សនង្កុមារព្រហ្ម ប្រាថ្នានឹងគង់លើ​បល្លង្ករបស់ទេវតាណា ក៏​គង់​លើបល្លង្ក របស់ទេវតានោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើ​បល្លង្ក​របស់​ទេវតាណា ទេវតានោះ ក៏បាននូវ​សេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏​បាន​នូវ​សេចក្តីរីករាយ​ចិត្តដ៏លើសលុប។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែល​បានមុទ្ធាភិសេកហើយ អភិសេកហើយថ្មីៗ ដោយរាជសម្បត្តិ ព្រះរាជានោះ តែងបាន​នូវ​សេចក្តីត្រេកអរដ៏លើសលុប ព្រះរាជានោះ តែងបាននូវសេចក្តីរីករាយព្រះទ័យ​ដ៏លើស​លុប ដោយរាជសម្បត្តិ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតា​នោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលនោះ សនង្កុមារព្រហ្ម ដឹងនូវសេចក្តីជ្រះថ្លារបស់ពួក​ទេវតា ជាន់តាវត្តិង្សហើយ ក៏អនុមោទនាដោយគាថាទាំងនេះ ហើយក៏បាត់ទៅ

[៥៥] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ្រ រមែងរីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ជាធម៌ដ៏ល្អផង។ ពួក​ទេវតាជាន់តាវត្តិង្ស បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លងនូវពួក​ទេវតាឯទៀត ដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់​ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័ក ដល់នូវ​សេចក្តី​វិសេស ក្នុងទេវលោកនេះ។ លុះពួក​ទេវតាជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ្រ ឃើញ​ហេតុនេះ​ហើយ ទើបរីករាយ នមស្ការ ចំពោះ​ព្រះតថាគតផង ចំពោះ​ព្រះធម៌ ជាធម៌​ដ៏ល្អផង។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ ក៏មានសំឡេងប្រកប​ដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ ងាយយល់១ ទន់ពីរោះ១ គួរស្តាប់១ មូល១ មិនគ្រាវ១ ក្រអួន១ លាន់រំពង១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យ​ទាំងអស់ ឲ្យដឹងច្បាស់ដោយសំឡេងផង សំឡេង​ក្រាងក្រអៅរបស់ព្រហ្មនោះ មិនបាន​ផ្សាយ​ចេញទៅខាងក្រៅបរិសទ្យផង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា មានសំឡេង​ប្រកប​ដោយអង្គ៨យ៉ាងនេះ បុគ្គលនោះ គេហៅថា អ្នកមានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស បានពោលពាក្យនេះ នឹងសនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម ប្រពៃហើយ ពួកយើងក៏រីករាយ ព្រោះបាន​ដឹង​សេចក្តីនុ៎ះឯង មួយទៀត សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះហើយដែរ ពួកយើងក៏រីករាយ ព្រោះបាន​ដឹងនូវ​គុណទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានពោលសេចក្តី​នេះ នឹងសក្កទេវរាជ ជាធំជាងពួកទេវតាថា បពិត្រ​ទេវានមិន្ទៈ ប្រពៃហើយ ពួកយើង​គួរ​ស្តាប់​នូវគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ទទួលតបពាក្យរបស់​សនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម យ៉ាងហ្នឹងហើយ ទើបថ្លែងនូវគុណ ជារបស់ពិត ទាំង៨ប្រការរបស់​ព្រះមានព្រះភាគថា មហាព្រហ្មដ៏ចំរើន សំគាល់នូវហេតុ​នោះដូចម្តេច ព្រះមានព្រះភាគនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើល នូវ​សាស្តាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ធម៌ដែល​ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់សំដែង​ហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល​ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃ​ឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមក​ទុក​ក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកសំដែងធម៌ ដែលគួរបង្អោនចូលមកទុកក្នុងចិត្តបាន​យ៉ាងនេះ ដែល​ប្រកបដោយគុណនេះ ក្នុងចំណែក​កាលដែលកន្លងទៅហើយ មិនឃើញ​មានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏​មិនឃើញ​មានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តហើយថា នេះ ជាកុសល ទ្រង់បញ្ញត្ត​ប្រពៃហើយថា នេះជាអកុសល។ នេះប្រកបដោយទោស។ នេះមិនប្រកបដោយទោស។ នេះ​គួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តប្រពៃហើយថា នេះធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព មិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បដិបទា ជាទី​ទៅកាន់​ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំង​ព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹង​ទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទាជាទីទៅកាន់ព្រះនិព្វាន ដែល​ព្រះមានព្រះភាគ​អង្គនោះ បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែង​ប្រៀប​ធៀបស្មើគ្នាបាន ដូច្នោះដែរ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នកបញ្ញត្ត​នូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមាន​ព្រះភាគ​អង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគ ទ្រង់បាន​ពួក​សេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទា ហើយនឹងព្រះខីណាស្រព ដែលមានព្រហ្មចរិយ​ធម៌អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់​ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបសេចក្តីត្រេកអរ តែមួយអង្គឯង។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រកបនូវសេចក្តីត្រេកអរតែម្នាក់ឯងយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ លាភសម្រេចហើយ សេចក្តីសរសើរក៏សម្រេចហើយ ដល់​ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មាន​សភាព​ជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ព្រះមានព្រះភាគ អង្គនោះ ប្រាសចាកសេចក្តី​ស្រវឹងហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រាសចាកសេចក្តីស្រវឹង ហើយបរិភោគនូវ​អាហារយ៉ាងនេះ ដែលប្រកបដោយ​គុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់​ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់​ធ្វើ​យ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះ។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លង​ទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គ​នោះ ព្រះអង្គឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ព្រះអង្គប្រាសចាកសេចក្តីងឿងឆ្ងល់​អស់​ហើយ ទ្រង់មានព្រះតម្រិះ ដល់ទីបំផុតហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តម។ យើងពិចារណារកមើលនូវ​សាស្តា ជាអ្នក​ឆ្លងផុតសេចក្តីសង្ស័យ ប្រាស​ចាកសេចក្តីងឿងឆ្ងល់​ មានព្រះតម្រិះ ដល់នូវទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យ​ដ៏ឧត្តមយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែក​កាល ដែល​កន្លងទៅ​ហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពី​ព្រះមានព្រះភាគ ​អង្គនោះចេញហើយ ក៏មិនឃើញ​មានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំ​ជាងពួកទេវតា បានសំដែង​គុណជារបស់ពិតទាំង​៨ប្រការ របស់​ព្រះមានព្រះភាគនេះឯង ដល់​សនង្កុមារព្រហ្ម។

[៥៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាសនង្កុមារព្រហ្ម មាន​ចិត្ត​ត្រេកអរ រីករាយ កើតបីតិ សោមនស្ស ព្រោះបានស្តាប់​គុណជារបស់ពិតទាំង៨ប្រការ របស់​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាព​ដ៏លើសលុប ដូចជាភេទកុមារ មានផ្នួង៥ប្រាកដហើយ ដល់ពួកទេវតាជានតាវត្តិង្ស។ ព្រហ្ម​នោះ ក៏ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកម្លាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អ​ហើយ ឬលើភូមិភាគដ៏រាបស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាស វាលធេង ក៏​មានឧបមេយ្យ​ដូច្នោះដែរ ហើយនិយាយនឹងពួកទេវតាជាន់តាវត្តិង្សថា នែអ្នកដ៏ចំរើន​ទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់សេចក្តីនោះដូចម្តេច ព្រះមានព្រះភាគនោះ ជាបុគ្គល​មានបញ្ញាច្រើន អស់កាលអង្វែងមកហើយ។ ម្នាលអ្នកដ៏ចំរើន​ រឿង​ធ្លាប់​មានមក​ហើយថា មានស្តេច​មួយព្រះអង្គ ទ្រង់ព្រះនាមទិសម្បតិ។ មានព្រាហ្មណ៍ឈ្មោះ​គោវិន្ទៈ ជាបុរោហិត របស់ព្រះបាទទិសម្បតិ។ ព្រះបាទទិសម្បតិ មានព្រះរាជបុត្រ១ព្រះអង្គ ទ្រង់ព្រះនាម​រេណុកុមារ។ គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះជោតិបាល​មាណព។ ជនទាំង៨នាក់នេះ គឺរេណុរាជបុត្រ១ ជោតិបាលមាណព​១ និងក្សត្រ [អដ្ឋកថា ថា ស្តេច​៦អង្គទៀតនោះគឺ សត្តភូ១ ព្រហ្មទត្ត១ វេស្សភូ១ ភរតៈ១ ធតរដ្ឋ១ ធតរដ្ឋមួយទៀត១។] ៦ព្រះអង្គទៀត សុទ្ធតែជាសំឡាញ់​នឹងគ្នា។ ម្នាលអ្នក​ដ៏ចំរើន លុះថ្ងៃ និងយប់កន្លងទៅហើយ គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏​ចំរើន កាលដែលគោវិន្ទព្រាហ្មណ៍ ធ្វើមរណកាលទៅហើយ ព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែង​សោកស្តាយថា ឱហ្ន៎ ក្នុងសម័យណា យើងបានប្រគល់រាជកិច្ចទាំង​ពួង​ដោយស្រួលបួល ដល់គោវិន្ទព្រាហ្មណ៍ហើយ កំពុងតែស្កប់ស្កល់ មូលមិត ផ្តេកផ្តិតដោយ​កាមគុណទាំង៥ សម័យនោះឯង គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏​ចំរើន កាលព្រះបាទ​ទិសម្បតិ ទ្រង់ព្រះកន្សែង​សោកស្តាយយ៉ាងនោះហើយ រេណុរាជបុត្ត ក៏ក្រាបបង្គំទូល​ព្រះបាទ​ទិសម្បតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំទ្រង់​ព្រះកន្សែង នឹង​គោវិន្ទព្រាហ្មណ៍ ដែលធ្វើមរណកាលទៅនោះ ខ្លាំងពេកឡើយ បពិត្រ​ព្រះសម្មតិទេព គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះ ជោតិបាលមាណព ជាបណ្ឌិត​វិសេស​ជាង​បិតា​ផង ជាអ្នកមុះមុត អាចកាត់​សេចក្តី​បានជាងបិតាផង បិតា​របស់​ជោតិបាលមាណព​នោះ ប្រៀនប្រដៅនូវសេចក្តីទាំងឡាយណា សេចក្តីទាំងឡាយ​នោះ សុទ្ធតែជាពាក្យ​ប្រៀន​ប្រដៅ របស់ជោតិបាលមាណព។ ព្រះបាទទិសម្បតិ មាន​ព្រះរាជឱង្ការថា ម្នាល​កុមារ យ៉ាងហ្នឹងមែនឬ។ ព្រះរេណុរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងមែន។ ម្នាលអ្នកដ៏ចំរើន គ្រានោះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ​ឲ្យ​ហៅ​បុរសម្នាក់ថា នែបុរសដ៏ចំរើន ឯងចូរមកនេះ ឯចូរ​ចូលទៅ​រក​ជោតិបាលមាណព លុះចូល​ទៅដល់ហើយ ចូរនិយាយនឹងជោតិបាលមាណព​យ៉ាង​នេះថា សូមសេចក្តីចំរើន មាន​ដល់​ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ ឲ្យហៅ​ជោតិបាល​មាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួប​នឹង​ជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន រាជបុរសនោះទទួលព្រះរាជឱងការ​ព្រះបាទទិសម្បតិថា បពិត្រ​ព្រះសម្មតិ​ទេព ព្រះករុណាវិសេស ហើយចូលទៅ​រក​ជោតិបាលមាណព លុះចូលទៅ​ដល់​ហើយ បានថ្លែងព្រះឱង្ការ​នេះ នឹង​ជោតិបាលមាណពថា សូមសេចក្តីចំរើន​មានដល់​ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទ​ទិសម្បតិ មានព្រះឱង្ការឲ្យហៅ​ជោតិបាល​មាណព​ដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួប​នឹង​ជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន ជោតិបាលមាណព ទទួលតបពាក្យ​រាជបុរស​នោះថា អើអ្នកដ៏ចំរើន យ៉ាងនេះហើយ ទើបចូលទៅគាល់​ព្រះបាទទិសម្បតិ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ ជាមួយនឹងព្រះបាទទិសម្បតិ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យ​ដែល​គួរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាល​អ្នកដ៏​ចំរើន លុះជោតិបាលមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះបាទទិសម្បតិ មានព្រះ​បន្ទូលយ៉ាងនេះថា ជោតិបាល​មាណពដ៏ចំរើន ចូរអ្នក​ប្រៀនប្រដៅយើងចុះ ជោតិបាលមាណពដ៏ចំរើន កុំលះបង់​យើងអំពីការប្រៀនប្រដៅឡើយ យើងនឹង​តាំង​អ្នក​ក្នុងតំណែងងារជាដំណែល​បិតាអ្នក យើងនឹង​ស្រោចទឹក​អ្នក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍។ ជោតិបាលមាណព ទទួលព្រះបន្ទូល​ព្រះបាទទិសម្បតិថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន លុះព្រះបាទ​ទិសម្បតិ ទ្រង់​ស្រោចទឹកជោតិបាលមាណព ក្នុងតំណែងងារគោវិន្ទព្រាហ្មណ៍ ទ្រង់តាំង​ជោតិបាលមាណព ក្នុងដំណែង​ជាដំណែលបិតា។ ជោតិបាលមាណព ដែល​ព្រះរាជា​ទ្រង់ស្រោចទឹក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍ ទ្រង់តាំង​ងារជាដំណែល​បិតាហើយ តែងប្រៀនប្រដៅនូវសេចក្តីទាំងឡាយ ដែលបិតាបានប្រៀនប្រដៅហើយ ដល់ព្រះរាជា​នោះផង មិនបានប្រៀនប្រដៅ នូវសេចក្តីទាំងឡាយ ដែលបិតាមិនបានប្រៀនប្រដៅ​ ដល់​ព្រះរាជានោះផង បានចាត់ចែង​ការងារទាំងឡាយ ដែលបិតាបានចាត់ចែងហើយ ដល់​ព្រះរាជានោះផង មិនបានចាត់ចែងនូវការងារទាំងឡាយ ដែលបិតា​មិនបានចាត់ចែង​ហើយ ដល់ព្រះរាជានោះផង។ មនុស្សទាំងឡាយ ក៏នាំគ្នា​និយាយពីដំណើរ​នោះថា អើហ្ន៎ មើលចុះគោវិន្ទព្រាហ្មណ៍ អើហ្ន៎ មើលចុះមហាគោវិន្ទព្រាហ្មណ៍។ ម្នាលអ្នកដ៏ចំរើ់ន ជោតិបាលមាណព ក៏បានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ដោយបរិយាយនេះ យ៉ាងនេះ​ឯង។

[៥៨] ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ក្សត្រទាំង​៦អង្គនោះ លុះចូលទៅដល់ហើយ  បានក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរាចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួក​អ្នករាជការ គប្បីអភិសេក​រេណុរាជបុត្រ ក្នុងរាជសម្បត្តិ ហេតុនេះ រមែង​មាន សូម​ព្រះអង្គម្ចាស់ទាំងឡាយដ៏ចំរើន ស្តេចមក សូមព្រះអង្គម្ចាស់​ទាំងឡាយ ទៅគាល់​ព្រះរេណុរាជបុត្រ លុះចូលទៅដល់ហើយ ត្រូវថ្លែងសេចក្តីចំពោះព្រះរេណុរាជបុត្រ យ៉ាង​នេះថា ពួកយើងជាសំឡាញ់ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃ​ព្រះរេណុរាជបុត្រ​ដ៏ចំរើន ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើង​មានសុខយ៉ាង​នោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គ​ម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួក​អ្នករាជការ គប្បី​អភិសេក​​ព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែង​មាន បើព្រះរេណុរាជបុត្រ​ដ៏ចំរើន ត្រូវបានរាជសម្បត្តិ សូម​ព្រះអង្គចែករាជ​សម្បត្តិ​ដល់យើង​ខ្ញុំទាំងឡាយផង។ ក្សត្រទាំង៦អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាល​អ្នក​ដ៏ចំរើន មែន​ហើយ ទើបចូលទៅគាល់​រេណុរាជបុត្រ លុះចូលទៅដល់ហើយ ក្រាប​ទូល​រេណុរាជបុត្រ យ៉ាងនេះថា យើងទាំងឡាយ ជាសំឡាញ ជាទីស្រឡាញ់ ជា​ទី​ពេញ​ចិត្ត មិនជាទីខ្ពើមរអើម នៃ​ព្រះរេណុរាជកុមារ​ដ៏ចំរើនឡើយ ព្រះអង្គដ៏ចំរើន មាន​សុខ​យ៉ាងណា ពួកយើង​មានសុខយ៉ាង​នោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមាន​ទុក្ខយ៉ាងនោះ បពិត្រព្រះអង្គ​ម្ចាស់​ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្ម​មកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិម​វ័យ​ហើយ បពិត្រព្រះអង្គម្ចាស់​ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទ​ទិសម្បតិ ទ្រង់ទិវង្គតហើយ ពួក​អ្នករាជការ គប្បី​អភិសេក​​ព្រះរេណុរាជបុត្រដ៏ចំរើន ក្នុង​រាជ​សម្បត្តិ ហេតុនេះរមែង​មាន បើព្រះរេណុរាជបុត្រ​ដ៏ចំរើន ត្រូវបានរាជសម្បត្តិហើយ សូម​ព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ រេណុរាជបុត្រ ទ្រង់តបថា ម្នាល​អ្នកដ៏ចំរើន បើក្រៅអំពីអ្នកដ៏ចំរើនទាំងឡាយហើយ អ្នកដទៃណា នឹងផ្តល់​សេចក្តីសុខឲ្យកើតឡើង ក្នុងដែនរបស់យើងបាន ម្នាលអ្នកដ៏ចំរើន បើយើងនឹង​បាន​រាជសម្បត្តិ យើងនឹងចែករាជសម្បត្តិ ដល់អ្នកទាំងឡាយផងដែរ។ ម្នាលអ្នកដ៏ចំរើន លុះ​ថ្ងៃ និងយប់ទាំងឡាយកន្លងទៅហើយ ព្រះបាទទិសម្បតិ ក៏ទ្រង់ទិវង្គតទៅ។ កាលបើ​ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ពួកអ្នករាជការ ក៏បានអភិសេក​ព្រះរេណុរាជ​បុត្រ ក្នុងរាជសម្បត្តិ។ លុះព្រះរេណុរាជបុត្រ បានអភិសេក​ដោយរាជសម្បត្តិហើយ ទ្រង់​ស្កប់​ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ ទើប​ក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទ​ទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ព្រះបាទរេណុ ដែលបានអភិសេកដោយរាជសម្បត្តិ​ហើយ ព្រះអង្គក៏ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥ បពិត្រព្រះអង្គម្ចាស់​ដ៏​ចំរើន នរណាហ្ន៎ហ នឹងដឹង (រឿងនេះបាន ព្រោះ) កាមារម្មណ៍ទាំងឡាយ សុទ្ធតែជាសភាវៈ​ នាំ​ឲ្យស្រវឹង សូមឲ្យព្រះអង្គម្ចាស់​ដ៏ចំរើនទាំងឡាយ ស្តេចមក និងចូលទៅគាល់ព្រះបាទ​រុណុ លុះចូលទៅដល់ហើយ ចូរ​ក្រាបទូលព្រះបាទរេណុយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទ​រេណុដ៏ចំរើន បាន​ទទួលអភិសេក ដោយរាជសម្បត្តិហើយ ព្រះអង្គដ៏ចំរើន រលឹក​ឃើញពាក្យនោះដែរឬ។ ពួកក្សត្រទាំង៦ អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែន​ហើយ រួចក៏ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាប​​ទូល​ព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទ​រេណុដ៏ចំរើន បាន​ទទួលអភិសេក ដោយរាជសម្បត្តិហើយ តើព្រះអង្គដ៏​ចំរើន រលឹក​ឃើញពាក្យនោះដែរឬ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏​ចំរើន យើងរលឹកឃើញ​ពាក្យនោះដែរ។ ពួកក្សត្រទាំង៦អង្គ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ល្មមនឹងចែកមហាប្រឹថពីនេះ ដែលមានបណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នា ជា៧ភាគបាន។ ព្រះបាទ​រេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន វៀរលែងតែមហាគោវិន្ទព្រាហ្មណ៍ចេញ អ្នកដទៃណាហ្ន៎ ល្មមនឹងចែកបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ព្រះបាទរេណុ មាន​ព្រះរាជឱង្ការហៅបុរសម្នាក់មកថា ម្នាលអ្នកដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរក​មហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ចូរជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាង​នេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការ​ឲ្យហៅលោក។ ម្នាល​អ្នក​ដ៏ចំរើន បុរសនោះ ទទួលព្រះរាជឱង្ការ នៃព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះកុរណាវិសេស ហើយចូលទៅរក​មហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ បាន​ជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មាន​ព្រះ​រាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលពាក្យរបស់​បុរស​នោះថា អើអ្នកដ៏ចំរើន ហើយចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ ក៏​ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះបាទរេណុ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ  និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះ​មហាគោវិន្ទព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះបាទរេណុ មានព្រះរាជឱង្ការ​យ៉ាងនេះថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរអញ្ជើញមកចែកមហាប្រឹថពីនេះ ដែលមាន​បណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែក​ស្មើគ្នាជា៧ភាគ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលព្រះបន្ទូល​ព្រះបាទ​រេណុថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏ចែកមហាប្រឹថពីនេះ ដែលមាន​បណ្តោយ​ទៅខាងទិសឧត្តរ មានមុខ​ដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែក​ស្មើគ្នាជា៧ភាគ ហើយតំកល់ទុកនូវ​ដែនទាំងអស់ ឲ្យមានមុខ​ដូចជា​មុខរទេះ។ មានសេចក្តីដំណាល ក្នុងរឿងនោះថា ជនបទ របស់ព្រះបាទរេណុ នៅត្រង់កណ្តាល។

[៥៩] គោវិន្ទព្រាហ្មណ៍ បានសាងទីក្រុងទាំង៧នេះ​ គឺក្រុងទន្តបូរៈ សម្រាប់ពួក​អ្នកដែន​កាលិង្គៈ១ ក្រុងបោតនៈ សម្រាប់ពួកអ្នកដែនអស្សកៈ១ ក្រុងមាហិស្សតិ សម្រាប់ពួកអ្នកដែនអវន្តិ១ ក្រុងរោរុកៈ សម្រាប់ពួកអ្នកដែនសោចិរៈ១ ក្រុងមិថិលា សម្រាប់ពួកអ្នកដែនវិទេហៈ១ ក្រុងចម្បាដែលកសាង ក្នុងដែន​ឈ្មោះអង្គៈ១​ ក្រុងពារាណសី សម្រាប់ពួកអ្នកដែនកាសី១។

[៦០] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ទ្រង់សព្វព្រះទ័យ មានសេចក្តីប្រាថ្នាពេញបរិបូណ៌ហើយ ដោយលាភគួរដល់ព្រះអង្គថា ឱហ្ន៎ របស់ណា ដែលពួកយើង​ប្រាថ្នាហើយ របស់ណា ដែលពួកយើងប៉ុនប៉ងសំដៅយកហើយ របស់​ណា ដែលពួកយើង​កត់សំគាល់​ទុកហើយ របស់នោះៗ ក៏ពួកយើង​បានអស់ហើយ។

[៦១] ព្រះបាទសត្តភូ អង្គ១ ព្រះបាទព្រហ្មទត្តអង្គ១ ព្រះបាទវេស្សភូអង្គ១ ព្រមទាំង​ព្រះបាទភរតៈអង្គ១ ព្រះបាទរេណុអង្គ១ ព្រះបាទធតរដ្ឋ២ព្រះអង្គទៀត រួមបាន​ជាស្តេចគ្រប់គ្រង​ផែនដី មាន៧ព្រះអង្គ ក្នុងគ្រានោះ។

ចប់ បឋមភាណវារៈ។

[៦២] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចូលទៅរក​មហាគោវិន្ទ​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏មានព្រះរាជឱង្ការទៅនឹង​មហាគោវិន្ទព្រាហ្មណ៍ យ៉ាង​នេះថា ម្នាលអ្នកដ៏ចំរើន គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ជាសំឡាញ់ ជាទីស្រឡាញ់​ពេញ​ព្រះទ័យ មិនជាទីខ្ពើមរអើម នៃព្រះបាទរេណុ យ៉ាងណាមិញ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ក៏ជាសំឡាញ់ ជាទីស្រឡាញ់ ពេញចិត្ត មិនជាទីខ្ពើមនៃពួក​យើង​យ៉ាងនោះដែរ​ គោវិន្ទ​ព្រាហ្មណ៍​ដ៏ចំរើន ចូរប្រៀនប្រដៅពួកយើងចុះ គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន កុំលះបង់​យើង​អំពី​ការប្រៀនប្រដៅឡើយ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលស្តាប់​ព្រះឱង្ការ​​ក្សត្រទាំង៦ព្រះអង្គនោះ ដែល​បានមុទ្ធាភិសេកហើយថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ក៏ប្រៀនប្រដៅពួកក្សត្រទាំង៧អង្គ ដែលបានមុទ្ធាភិសេក ដោយរាជសម្បត្តិ ដោយអនុសាសនីផង បានបង្រៀន​មន្ត ដល់​ព្រាហ្មណមហាសាល ៧នាក់ផង និងខ្មាន់ព្រះកេស៧០០នាក់ផង។ ម្នាលអ្នកដ៏ចំរើន កាលជាខាងក្រោយមក កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ល្បីឮខ្ចរខ្ចាយថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាច​សាក​សួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន។ ម្នាលអ្នកដ៏ចំរើន គ្រា​នោះ​ឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា កិត្តិសព្ទដ៏ពីរោះ របស់​អាត្មា​អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយ​ផ្តាល់​ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម​ដោយ​ផ្ទាល់​ខ្លួនបាន តែអាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយ​នឹង​​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ប៉ុន្តែ​អាត្មាអញ ធ្លាប់ឮពាក្យនេះ របស់ព្រាហ្មណ៍​ចាស់ៗ មានអាយុច្រើន ជាអាចារ្យ​ប្រធាន​​លើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ហើយ​ពិចារណា​​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បើដូច្នោះ​ គួរតែអាត្មាអញ សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ព្រះបាទ​រេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទ​ព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយ​ឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម​ ដោយ​ផ្ទាល់​ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះទេ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិន​បាន​និយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ប៉ុន្តែ​ខ្ញុំព្រះអង្គ ធ្លាប់ឮពាក្យព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយ​គ្នា​ថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន សាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា នឹង​សម្ងំ​នៅ​ក្នុង​រដូវ​ភ្លៀង អស់៤ខែ ដើម្បីពិចារណា​នូវ​ករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរក​ខ្ញុំព្រះអង្គឡើយ វៀរលែងតែ​បុគ្គល​ម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រះបាទ​រេណុ មានព្រះ​រាជឱង្ការថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅ​គាល់​ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទ​ព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម ​ដោយ​ផ្ទាល់​ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជា​មួយ​នឹង​​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជា​មួយនឹងព្រហ្មទេ ខ្ញុំ​ព្រះអង្គ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវ​ព្រហ្មបាន សាកសួរ​ និយាយ​ឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹង​សម្ងំ​នៅ​ក្នុង​រដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន មិនត្រូវ​ឲ្យ​អ្នកណាមួយ ចូលទៅរក​ខ្ញុំ​ព្រះអង្គ​ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នក​នាំអាហារទៅឲ្យ។ ក្សត្រទាំង៦អង្គ មាន​ព្រះរាជ​ឱង្ការថា គោវិនទ្ធព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវ​នេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាល​ទាំង​៧នាក់ និងខ្មាន់ព្រះកេស​ទាំង​៧០០នាក់ លុះចូលទៅដល់ហើយ បាននិយាយ​ទៅនឹង​ព្រាហ្មណមហាសាល ទាំង​៧​នាក់ និងខ្មាន់ព្រះកេសទាំង​៧០០នាក់ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទ​ព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយ​ផ្ទាល់​ខ្លួន អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជា​មួយ​នឹង​ព្រហ្ម​ដោយ​ផ្ទាល់​ខ្លួនបាន ម្នាលអ្នកដ៏ចំរើន តែខ្ញុំមិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបាន​ប្រឹក្សា​​ជាមួយនឹងព្រហ្មទេ ​ខ្ញុំគ្រាន់តែ​ឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំ​នៅ​ក្នុង​រដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន នឹង​សាកសួរ​ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរ​អ្នកទាំងឡាយ ស្វាធ្យាយ​នូវមន្តទាំងឡាយ តាមដែលបានស្តាប់មកហើយ បានរៀន​មក​ហើយ ដោយពិស្តារចុះ ចូរប្រាប់មន្តទាំងឡាយ ដល់គ្នានឹងគ្នាផងចុះ ម្នាលអ្នកដ៏ចំរើន ខ្ញុំ​ប្រាថ្នា ដើម្បីនឹង​សម្ងំ​នៅ​ក្នុង​រដូវ​ភ្លៀង អស់៤ខែ ដើម្បីនឹងពិចារណា​នូវករុណាឈាន មិន​ត្រូវឲ្យអ្នកណាមួយ ចូលទៅរក​ខ្ញុំឡើយ វៀរតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រាហ្មណ​​មហាសាល និងខ្មាន់ព្រះកេសទាំងនោះ និយាយតបថា គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទ​ព្រាហ្មណ៍ ចូលទៅរកប្រពន្ធទាំង​៤០នាក់ ដែល​មានត្រកូល និងជាតិស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយទៅនឹងប្រពន្ធទាំង​៤០នាក់ ដែល​មានត្រកូល និង​ជាតិ​ស្មើគ្នា យ៉ាងនេះថា នែនាងដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាច​ឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទ​ព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹង​ព្រហ្ម ​ដោយ​ផ្ទាល់​ខ្លួនបាន នែនាងដ៏ចំរើន តែខ្លួនអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ​ ជាមួយនឹង​ព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សា​ជាមួយនឹងព្រហ្មទេ ខ្លួនអញ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជា​អាចារ្យប្រធាន​លើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​​នូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវ​ព្រហ្ម នឹងសាកសួរ​ និយាយឆ្លើយ​ឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន នែនាងដ៏ចំរើន ឥឡូវអញប្រាថ្នា ដើម្បីសម្ងំនៅក្នុង​រដូវ​ភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន មិនត្រូវ​ឲ្យ​អ្នកណាមួយ ចូលទៅរកអញ​ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នក​នាំអាហារទៅឲ្យ។ ប្រពន្ធ​ទាំង​៤០នាក់ ទទួលតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាលឥឡូវ​នេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ឲ្យសាងអាស្រមថ្មី នាទិសខាងកើតព្រះនគរ ហើយ​សម្ងំ​នៅក្នុងរដូវភ្លៀង​អស់៤ខែ ពិចារណានូវករុណា​ឈាន។ មិនមានអ្នកណា​ចូលទៅរក​គាត់​ឡើយ វៀរលែងតែ​បុគ្គលម្នាក់ ជាអ្នក​នាំ​អាហារ​ទៅឲ្យ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ​ឯង កាលកន្លងទៅ៤ខែហើយ មហាគោវិន្ទព្រាហ្មណ៍ កើតសេចក្តីអផ្សុក អន្ទះអន្ទែងថា អាត្មាអញ ធ្លាប់ឮសេចក្តីដំណាលនេះ របស់​ពួក​ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គល​ណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណា​នូវករុណាឈាន បុគ្គលនោះ នឹងឃើញ​ព្រហ្ម នឹង​សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន តែ (ឥឡូវនេះ) អាត្មា​អញ មិនបានឃើញព្រហ្មសោះ មិន​បាន​សាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយ​ឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបាន​ប្រឹក្សា​ជាមួយនឹងព្រហ្ម។ ម្នាលអ្នកដ៏ចំរើន គ្រានោះ​ឯង សនង្កុមារព្រហ្ម បានដឹងច្បាស់​នូវ​សេចក្តី​ត្រិះរិះក្នុងចិត្ត របស់មហាគោវិន្ទព្រាហ្មណ៍ ដោយចិត្តរបស់ខ្លួនហើយ ក៏ស្រាប់តែ​បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះ​មុខមហាគោវិន្ទព្រាហ្មណ៍ ប្រៀបដូចជា​បុរស​មានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលអ្នកដ៏ចំរើន លំដាប់​នោះឯង សេចក្តីភ័យ សេចក្តីតក់ស្លុត និង​ការព្រឺរោម ក៏កើតឡើង​ ដល់​មហាគោវិន្ទ​ព្រាហ្មណ៍ ព្រោះបានឃើញ​រូបដែល​ខ្លួន​មិនធ្លាប់​ឃើញសោះ។ ម្នាលអ្នក​ដ៏​ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ និយាយទៅនឹង​សនង្កុមារព្រហ្ម ទាំងភិតភ័យ តក់ស្លុត ព្រឺរោមដោយគាថា ថា

[៦៣] បពិត្រលោកនិទ៌ុក្ខ លោកជាអ្វីហ្ន៎ ទើបមានសម្បុរ មានយស មានសិរី (យ៉ាង​នេះ) យើងមិនស្គាល់ បានជាសូម​សួរលោក ធ្វើដូចម្តេចហ្ន៎ យើងនឹងស្គាល់លោក។

សនង្កុមារព្រហ្មឆ្លើយថា ពួកជនតែងស្គាល់ខ្ញុំថាជាកុមារ ក្នុងព្រហ្មលោក មកអស់​កាល​យូរហើយ ពួកទេវតាទាំងពួងសោត ក៏ស្គាល់ខ្ញុំដែរ ម្នាលគោវិន្ទ អ្នកចូរដឹង​យ៉ាងនេះ​ចុះ។

មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និង​ទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿង​ទទួលភ្ញៀវ សូម​លោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។

សនង្កុមារព្រហ្មឆ្លើយថា ម្នាលគោវិន្ទ អ្នកពោលចំពោះគ្រឿងទទួលភ្ញៀវណា យើង​ព្រមទទួលគ្រឿងទទួលភ្ញៀវនោះរបស់អ្នក យើងបើកឱកាសឲ្យអ្នកសួរហើយ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តី​សុខក្នុងបរលោកផង អ្នកប្រាថ្នាប្រយោជន៍​ណាមួយ ចូរសួរប្រយោជន៍នោះចុះ។

[៦៤] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា សនង្កុមារព្រហ្ម បានបើកឱកាសដល់អញហើយ អាត្មាអញ គួរសួរអ្វី​នឹង​សនង្កុមារព្រហ្មហ្ន៎ គួរសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍​ក្នុងបរលោក។ ម្នាល​អ្នក​ដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ជា​មនុស្ស​​ឈ្លាសវៃ ចំពោះប្រយោជន៍​ក្នុងបច្ចុប្បន្ន​ស្រាប់ហើយ ទាំងពួកជនដទៃ ក៏តែង​សួរ​រក​ប្រយោជន៍ ក្នុងបច្ចុប្បន្ន នឹងអាត្មាអញដែរ បើដូច្នោះ គួរតែអាត្មាអញ សួរសនង្កុមារ​ព្រហ្ម ចំពោះប្រយោជន៍ ក្នុងបរលោក តែមួយយ៉ាងប៉ុណ្ណោះ។ ម្នាលអ្នក​ដ៏ចំរើន គ្រានោះ​ឯង មហាគោវិន្ទព្រាហ្មណ៍ បាននិយាយនឹងសនង្កុមារព្រហ្ម ដោយគាថា​ថា

[៦៥] ខ្ញុំមានសេចក្តីសង្ស័យ សូមសួរ​សនង្កុមារព្រហ្ម ដែលជាអ្នកមិនមានសេចក្តី​សង្ស័យ ក្នុងប្រស្នាទាំងឡាយ ដែលបុគ្គល​ដទៃគួរ​ដឹងថា សត្វឋិតនៅក្នុងធម៌អ្វី សិក្សា​ក្នុងធម៌អ្វី ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។

សនង្កុមារព្រហ្ម តបថា ម្នាលព្រាហ្មណ៍ សត្វលះបង់​នូវសេចក្តី​ប្រកាន់ថា របស់​អញ ក្នុងពួកសត្វចេញ ជាបុគ្គល​ប្រព្រឹត្តតែម្នាក់ឯង មានចិត្តឱនទៅរក​ករុណា​ឈាន ប្រាសចាកក្លិន​ពុល គឺកិលេស វៀរចាក​មេថុនធម្ម ឋិតនៅក្នុងធម៌​ទាំងនេះ លុះ​សិក្សា​ក្នុងធម៌​ទាំងនេះហើយ ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។

[៦៦] មហាគោវិន្ទព្រាហ្មណ៍ និយាយតបថា (ត្រង់ពាក្យ) របស់លោកដ៏ចំរើន​ថា លះបង់នូវ​សេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់​នូវគំនរទ្រព្យតិចក្តី លះបង់នូវគំនរទ្រព្យច្រើនក្តី លះបង់នូវ​ញាតិវង្ស​តិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស (ត្រង់ពាក្យ) របស់លោកដ៏ចំរើន​ថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្លួនខ្ញុំយល់ច្បាស់ហើយ ដោយ​ប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេនាសនៈស្ងាត់ ចៀសគេច​ទៅនៅតាមព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ រអាងភ្នំ ទីស្មសាន ព្រៃស្រោង ទីវាល គំនរ​ស្លឹកឈើ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គល​ប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់​ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរក នូវ​ករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានចិត្ត​​ប្រកប​ដោយករុណា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូច​គ្នា មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ  ដល់នូវភាវៈធំ មិនមានប្រមាណ មិនមាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងពួង គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង គឺទិស​តូចៗ ក៏ដូច្នោះដែរ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរកករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ តែថា ខ្ញុំ​មិនយល់សោះនូវពាក្យ របស់លោកដ៏ចំរើន ដែលនិយាយចំពោះ​ពួកក្លិនពុល (នោះ)។

[៦៧] បពិត្រព្រហ្ម អ្វីជាពួកក្លិនពុលក្នុងពួកសត្វ ខ្ញុំមិនស្គាល់ នូវក្លិន​ពុលទាំង​នុ៎ះ​ឡើយ បពិត្រលោកជាអ្នកប្រាជ្ញ សូមលោកមេត្តាប្រាប់ឲ្យទាន ក្នុងទីនេះ កិលេស​ដូច​ម្តេច ដែលរួបរឹត បក់បោកពួកសត្វ​ឲ្យមានក្លិនអាក្រក់ នាំចូលទៅកាន់អបាយ បិទបាំង​ផ្លូវ​ទៅ​កាន់ព្រហ្មលោក។ សនង្កុមារព្រហ្មឆ្លើយតបថា សេចក្តីក្រោធ១ ការនិយាយកុហក១ ការបញ្ឆោត​បន្លំ១ ការទ្រុស្តមិត្រ១ សេចក្តីកំណាញ់ស្វិតស្វាញ១ សេចក្តីមើលងាយគេ១ សេចក្តីច្រណែន១ សេចក្តីប្រាថ្នា១ សេចក្តីសង្ស័យ១ ការបៀតបៀនអ្នកដទៃ១ លោភៈ១ ទោសៈ១ សេចក្តីស្រវឹង១ សេចក្តីវង្វេង១ ពួកសត្វដែល​ប្រកបដោយ​កិលេស​ទាំង​១៤នេះ ឈ្មោះថាជាអ្នកមានក្លិនពុល មិនទាន់អស់ រមែង​ទៅកាន់អបាយ ដែលបិទបាំងផ្លូវ​ទៅ​កាន់​ព្រហ្មលោក។

[៦៨] មហាគោវិន្ទព្រាហ្មណ៍ និយាយថា ខ្ញុំយល់ច្បាស់ហើយ នូវក្លិនពុលទាំង​ឡាយ ដែលលោកដ៏ចំរើននិយាយ តែក្លិនពុលទាំងនោះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ សនង្កុមារព្រហ្ម និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់​នូវកាលគួរ ក្នុងកាល​ឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់​ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុយ៉ាងនេះថា ឥឡូវនេះ សូមព្រះអង្គដ៏ចំរើន ស្វែងរកបុរោហិតឯទៀត សម្រាប់នឹងប្រឹក្សាការរាជការ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាក​ផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែក្លិនពុលទាំង​នោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។

[៦៩] មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ខ្ញុំព្រះអង្គ សូមក្រាបទូលព្រះបាទ​រេណុ ជាម្ចាស់ផែនដី សូមព្រះអង្គ ទ្រង់ជ្រាបដោយកិច្ចរាជការចុះ ខ្ញុំព្រះអង្គ លែង​ត្រេកអរ​ក្នុង​តំណែង​បុរោហិតហើយ។

ព្រះបាទរេណុ ត្រាស់ថា បើអ្នកខ្វះខាត ដោយវត្ថុទាំងឡាយ ដែលត្រូវការ យើង​នឹង​បំពេញ​ឲ្យអ្នក បើបុគ្គលណាបៀតបៀនអ្នក យើងជាម្ចាស់ នៃសេនាលើផែនដី និងហាម​ប្រាមបុគ្គលនោះ អ្នកទុកដូចជាបិតា យើងទុកដូចជាបុត្រ ម្នាលគោវិន្ទ សូម​អ្នកកុំលះបង់​យើងឡើយ។

មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ការខ្វះខាតដោយវត្ថុទាំងឡាយ ដែលត្រូវការ មិនមានទេ បុគ្គលអ្នកបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ ប៉ុន្តែខ្ញុំព្រះអង្គ បានស្តាប់​ពាក្យ​របស់​អមនុស្សហើយ ហេតុនោះ បានជា​ខ្ញុំព្រះអង្គ មិនត្រេកអរក្នុងផ្ទះទេ។

ព្រះបាទរេណុ ទ្រង់ត្រាស់ថា អមនុស្សមានភេទដូចម្តេច បាននិយាយ​សេចក្តី​ដូចម្តេចនឹងអ្នក ដែលអ្នកបានស្តាប់ហើយ នឹងលះបង់នូវផ្ទះទាំងឡាយ របស់​យើងផង នូវយើងផង នូវជន​ទាំងអស់ផង។

មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កាលពីដើម ខ្ញុំព្រះអង្គ ចូលទៅពួន​សម្ងំ​នៅ​តែម្នាក់ឯង កាលដែលខ្ញុំព្រះអង្គប្រាថ្នា ដើម្បីបូជាយ័ញ្ញ ខ្ញុំព្រះអង្គ ក៏ប្រមូល​ស្បូវ និងស្លឹកឈើ មកគរបង្កាត់​ភ្លើងឲ្យឆេះឡើង។ លំដាប់នោះ ស្រាប់តែ​សនង្កុមារព្រហ្ម មកអំពីព្រហ្មលោក ប្រាកដ (នៅមុខ) ខ្ញុំព្រះអង្គ ព្រហ្មនោះ បានដោះស្រាយ​ប្រស្នា​នឹង​ខ្ញុំព្រះអង្គ ឯខ្ញុំព្រះអង្គ ក៏បានស្តាប់​នូវសេចក្តី​នោះហើយ ទើបលែងត្រេកអរក្នុងផ្ទះ។

ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលគោវិន្ទ អ្នកនិយាយពាក្យណា យើងក៏​ជឿពាក្យនោះរបស់អ្នកដ៏ចំរើន អ្នកបានស្តាប់​ពាក្យអមនុស្សហើយ នឹងប្រព្រឹត្តទៅដោយ​ឡែក​ដូចម្តេច យើងនោះ នឹងប្រព្រឹត្តតាមអ្នកដែរ ម្នាលគោវិន្ទ (ព្រោះថា) អ្នកដ៏ចំរើន ជាគ្រូយើងស្រាប់ហើយ។ អ្នកប្រៀបដូចកែវមណី និងកែវពៃទូរ្យ មិនមានប្រេះឆារ ថ្លាស្អាត យើងបានឮយ៉ាងនេះហើយ នឹងប្រព្រឹត្ត​តាមពាក្យប្រដៅរបស់អ្នកគោវិន្ទ។

[៧០] ព្រះបាទរេណុ មានព្រះរាជឱង្ការថា ប្រសិនបើគោវិន្ទព្រាហ្មណ៍ដ៏​ចំរើន នឹងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស យើងនឹងចេញចាកផ្ទះទៅបួសដែរ បើគតិ​របស់​អ្នកយ៉ាងណា គតិរបស់យើងនឹងទៅជាយ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បាន​ក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គ ឥឡូវនេះ សូមព្រះអង្គ​ទាំងឡាយ​ដ៏ចំរើន ស្វែងរកបុរោហិតដទៃទៀត សម្រាប់នឹងប្រឹក្សាកិច្ចការរដ្ឋ របស់​ព្រះអង្គ​ដ៏​ចំរើន​ចុះ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាក​ផ្ទះ ទៅបួស ដ្បិតខ្ញុំ​ព្រះអង្គបាន​ឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំង​នោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។ ម្នាល​អ្នកដ៏ចំរើន គ្រានោះឯង ពួកក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាថា ធម្មតាពួក​ព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងទ្រព្យ បើដូច្នោះ​ គួរយើងល្បួងមហាគោវិន្ទព្រាហ្មណ៍ដោយទ្រព្យ។ ក្សត្រទាំង៦អង្គនោះ ក៏ចូលទៅ​រក​មហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សម្បត្តិក្នុងរាជ្យ​ទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយសម្បត្តិប៉ុន្មាន ចូរ​យក​សម្បត្តិប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ សម្បត្តិ​របស់​ខ្ញុំ​ព្រះអង្គនេះ បរិបូណ៌ហើយ ជាសម្បត្តិដែលព្រះអង្គដ៏ចំរើនទាំងឡាយ​ប្រទានឲ្យ ខ្ញុំ​ព្រះអង្គ លះចោលសម្បត្តិទាំងអស់ ហើយនឹងចេញចាកផ្ទះទៅបួស តាមពាក្យ​ដែលខ្ញុំ​ព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់​បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញ​ចាកផ្ទះទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុង​ទីដ៏សមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា ធម្មតាពួក​ព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងស្រ្តី បើដូច្នោះ​ គួរយើងលួងលោមមហាគោវិន្ទព្រាហ្មណ៍ដោយពួក​ស្ត្រី។ ក្សត្រទាំង៦អង្គនោះ ចូលទៅ​រក​មហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តី​យ៉ាង​នេះ​ថា ម្នាលអ្នកដ៏ចំរើន ពួកស្ត្រីក្នុងរាជ្យ​ទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នក​ដ៏​ចំរើន​ត្រូវការដោយពួកស្ត្រីប៉ុន្មាននាក់ ចូរនាំ​យកពួកស្ត្រីប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ អម្បាល​ដូចជាភរិយាទាំង​៤០នាក់ ​របស់​ខ្ញុំ​ព្រះអង្គនេះ សុទ្ធតែ​មានជាតិ និងត្រកូល​ស្មើគ្នា (ម្តេចក៏) ខ្ញុំព្រះអង្គ នឹងលះចោលភរិយា​ទាំងអស់នោះ ហើយចេញចាកផ្ទះទៅបួស តាម​ដែលខ្ញុំ​ព្រះអង្គ​បាន​ឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំង​ឡាយ​ហើយ តែថាក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់​បានទេ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គត្រាស់ថា បើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ទៅបួស ពួកយើងក៏ចេញ​ចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។

[៧១] មហាគោវិន្ទព្រាហ្មណ៍ ទូលថា បុថុជ្ជនតែងជាប់នៅក្នុងកាមទាំងឡាយណា បើព្រះអង្គទាំងឡាយ នឹងលះបង់​នូវកាមទាំងឡាយនោះចេញ សូមព្រះអង្គប្រារព្ធ​នូវ​ការព្យាយាមឲ្យមាំ ប្រកបដោយកម្លាំងនៃខន្តិធម៌ (ផង)។ នេះជាផ្លូវ​ត្រង់ នេះជាផ្លូវ​ប្រសើរ ដែលពួកសប្បុរ តែង​រក្សាព្រះសទ្ធម្ម ដើម្បី​ទៅកើត​ក្នុងព្រហ្មលោក។

[៧២] ក្សត្រទាំង៦អង្គ ត្រាស់ថា បើដូច្នោះ សូមមហាគោវិន្ទដ៏ចំរើន រង់ចាំ​អស់​៧ឆ្នាំ (សិន) លុះកន្លង៧ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស បើគតិរបស់អ្នក យ៉ាងណា គតិរបស់​ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ ដល់​៧ឆ្នាំ​បានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាឡើយ នឹងអាចដឹងនូវជីវិតបាន ព្រោះបុគ្គល ត្រូវតែទៅកាន់បរលោក បុគ្គល​ត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​កើតមកហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ តាមដែល​ខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់​គ្រង​ផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៦ឆ្នាំសិន។បេ។ រង់ចាំអស់៥ឆ្នាំសិន។ រង់ចាំអស់៤ឆ្នាំសិន។ រង់ចាំ​អស់​៣ឆ្នាំសិន។ រង់ចាំអស់​២ឆ្នាំសិន។ រង់ចាំអស់១ឆ្នាំសិន លុះដល់កន្លង១ឆ្នាំហើយ ពួក​យើង​នឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាង​នោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ១ឆ្នាំយូរណាស់ ខ្ញុំ​ព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់១ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គល​ត្រូវតែ​ទៅកាន់បរលោក បុគ្គលត្រូវយល់ដោយ​ប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុល​ទាំងនោះ បុគ្គល​នៅគ្រប់គ្រងផ្ទះ មិនងាយ​នឹងលះបង់​បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ខែសិន លុះកន្លង៧ខែហើយ ពួកយើង​នឹង​ចេញ​ចាកផ្ទះទៅបួស គតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើងក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ខែយូរណាស់ ខ្ញុំព្រះអង្គ មិនអាចនឹង​រង់ចាំព្រះអង្គ អស់៧ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាច​ដឹង​នូវ​ជីវិតបាន ព្រោះបុគ្គល​ត្រូវតែទៅកាន់​បរលោក បុគ្គលត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើ​កុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​កើតហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះ​ខ្ញុំ​ព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​ចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៦ខែសិន។ រង់ចាំអស់៥ខែសិន។ រង់ចាំអស់​៤ខែ​សិន។ រង់ចាំអស់​៣ខែសិន។ រង់ចាំអស់២ខែសិន។ រង់ចាំអស់១ខែសិន។ រង់ចាំអស់កន្លះខែសិន លុះ​កន្លងកន្លះខែទៅហើយ ពួកយើង​នឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន កន្លះខែ យូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់កន្លះ​ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាច​ដឹង​នូវ​ជីវិតបាន ព្រោះបុគ្គល​ត្រូវតែទៅកាន់​បរលោក បុគ្គលត្រូវយល់​ដោយប្រាជ្ញា ត្រូវធ្វើ​កុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ សត្វដែល​​កើតមកហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះ​ខ្ញុំ​ព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​លះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹង​ចេញ​ចាកផ្ទះទៅបួស។ ក្សត្រទាំង​៦អង្គ មានព្រះរាជឱង្ការ​ថា បើដូច្នោះ សូម​គោវិន្ទព្រាហ្មណ៍​ដ៏ចំរើន រង់ចាំអស់៧ថ្ងៃសិន ទំរាំពួកយើងប្រៀនប្រដៅកូន និងបងប្អូនរបស់ខ្លួន​ក្នុងរាជសម្បត្តិ លុះកន្លង៧ថ្ងៃហើយ ពួកយើង​នឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ថ្ងៃមិនយូរប៉ុន្មានទេ ខ្ញុំព្រះអង្គនឹងរង់ចាំព្រះអង្គ អស់៧ថ្ងៃបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មមហាសាលទាំង​៧នាក់ និងនាយខ្មាន់ព្រះកេស ៧០០នាក់ លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រាហ្មណមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ទាំង៧០០នាក់ យ៉ាងនេះថា ឥឡូវនេះ សូមអ្នកដ៏ចំរើនទាំងឡាយ រកអាចារ្យឯទៀត ឲ្យបង្រៀនមន្តដល់អ្នកទាំង​ឡាយដ៏ចំរើនចុះ ម្នាលអ្នកដ៏ចំរើន យើងប្រាថ្នានឹងចេញចាកផ្ទះទៅបួស តាមដែល​ខ្ញុំ​បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់​គ្រង​ផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះទៅបួស។ ព្រាហ្មណមហាសាល និងនាយខ្មានព្រះកេស និយាយតបថា សូម​គោវិន្ទព្រាហ្មណ៍​ដ៏​ចំរើន កុំអាលចេញចាកផ្ទះទៅបួសឡើយ បពិត្រអ្នកដ៏ចំរើន ធម្មតាបព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន។ មហាគោវិន្ទព្រាហ្មណ៍តប​ថា អ្នកដ៏ចំរើន​ទាំងឡាយ កុំនិយាយយ៉ាងនេះឡើយ អ្នកដ៏ចំរើន​ទាំងឡាយ កុំនិយាយ​យ៉ាង​នេះថា បព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភ​ច្រើន ម្នាល​អ្នកដ៏ចំរើនទាំងឡាយ បុគ្គលណាហ្ន៎ វៀរលែងតែខ្ញុំចេញដែល​មានសក្តិ៍ធំ មានលាភ​ច្រើនជាង ម្នាលអ្នកទាំងឡាយ ឥឡូវនេះ ខ្ញុំដូចជាស្តេច របស់ស្តេចទាំងឡាយ ឬ​ដូចជា​ព្រហ្ម របស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតា របស់គហបតីទាំងឡាយ ខ្ញុំ​នឹងលះបង់​នូវភាវៈជាធំនោះទាំងអស់ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំ​បានឮព្រហ្ម​និយាយ អំពីក្លិន​ពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយ​នឹង​លះបង់បានឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ ពួក​ព្រាហ្មណមហាសាលទាំងនោះ ឆ្លើយតបថា បើគោវិន្ទព្រាហ្មណ៍ ចេញចាកផ្ទះ ទៅបួស យើងទាំងឡាយ នឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់​ពួក​យើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរក​ភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូល​ស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយ​នឹងភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា យ៉ាងនេះថា ម្នាលនាងដ៏ចំរើន នាងណាចង់ទៅ នាងនោះ ចូរទៅកាន់ត្រកូលញាតិទាំងឡាយ​របស់​ខ្លួនចុះ ឬចូររក​ភស្តាដទៃទៀតចុះ នែនាងដ៏ចំរើន អញប្រាថ្នានឹងចេញ​ចាកផ្ទះ​ទៅបួស ព្រោះអញ បានឮព្រហ្មនិយាយអំពីក្លិនពុលទំាងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គល​នៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ហៃនាងដ៏ចំរើន អញនឹងចេញចាក​ផ្ទះ ទៅបួស។ ពួកភរិយាជំរាបថា ខ្លួនលោកស្រាប់ហើយ ជាញាតិរបស់ពួកយើង ដែលជា​អ្នកប្រាថ្នានូវញាតិ មួយទៀត ខ្លួនលោកស្រាប់ហើយ ជាភស្តារបស់ពួកយើង ដែលជា​អ្នក​ប្រាថ្នានូវភស្តា បើលោកគោវិន្ទដ៏ចំរើន នឹងចេញចាកផ្ទះទៅបួស ពួកយើងនឹងចេញ​ចាកផ្ទះ ទៅបួសដែរ បើគតិរបស់លោកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន លុះកន្លង៧ថ្ងៃទៅហើយ មហាគោវិន្ទព្រាហ្មណ៍ បានកោរសក់ និង​ពុកមាត់ ហើយស្លៀកពាក់សំពត់កាសាយៈរួច ចេញចាកផ្ទះ​ទៅបួស ជាបុគ្គល​គ្មានប្រយោជន៍ដោយកិច្ច​ក្នុងផ្ទះ។ ក្សត្រទាំង៧ព្រះអង្គ ដែលបាន​មុទ្ធាភិសេក​ហើយផង ព្រាហ្មណមហាសាលទាំង៧នាក់ផង នាយខ្មាន់ព្រះកេសទាំង៧០០នាក់ផង ភរិយាទាំង​៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នាផង ពួកក្សត្រច្រើនពាន់ផង ពួកព្រាហ្មណ៍​ច្រើនពាន់ផង ពួកគហបតីច្រើនពាន់ផង ពួកស្រីស្នំជាច្រើនផង ស្ត្រីអ្នកស្រុកទាំង​ឡាយ​ជាច្រើនផង (បានឃើញ) មហាគោវិន្ទព្រាហ្មណ៍បួសរួចហើយ ក៏នាំគ្នាកោរសក់ និងពុកមាត់​ស្លៀកពាក់ សំពត់​កាសាយៈ រួចចេញចាកផ្ទះ ទៅបួសតាម​មហាគោវិន្ទព្រាហ្មណ៍ ដែល​បួស​ជាបុគ្គលគ្មានប្រយោជន៍ដោយផ្ទះហើយដែរ។ ម្នាលអ្នកដ៏ចំរើន សេចក្តីដំណាល​ថា មហាគោវិន្ទព្រាហ្មណ៍ មានបរិសទ្យនោះហែរហម ចោមរោមត្រាច់ទៅកាន់ចារិក ក្នុងស្រុក និគម និងរាជធានីទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅ​កាន់ស្រុកណា ឬនិគមណា ដូចជាស្តេច​របស់ស្តេច​ទាំងឡាយ ដូចជាព្រហ្ម​របស់​ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតារបស់គហបតី​ទាំងឡាយ ក្នុងស្រុកនោះ ឬនិគមនោះ។ ម្នាលអ្នកដ៏ចំរើន ក៏សម័យនោះ ពួកមនុស្សណា​កណ្តាស់ ឬរអិលភ្លាត់ ពួកមនុស្សនោះ ក៏លាន់មាត់យ៉ាងនេះថា សូមនមស្ការ ចំពោះ​មហាគោវិន្ទ​ព្រាហ្មណ៍ សូមនមស្ការ​ចំពោះ​បុរោហិតទាំង៧។ មហាគោវិន្ទព្រាហ្មណ៍ មានចិត្តប្រកបដោយមេត្តា មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិន​មានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់​លោក ដែលមានសត្វ​ទាំងអស់ ដោយយកខ្លួន​ឯង ទៅប្រៀបនឹងសត្វទាំងអស់ គ្រប់​ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ​ មានចិត្ត​ប្រកប​ដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា​។បេ។ មានចិត្តប្រកបដោយ​ឧបេក្ខា។បេ។ មិនតែប៉ុណ្ណោះ បានទាំងប្រាប់ផ្លូវ ដើម្បីឲ្យ​កើត​ជាមួយនឹងព្រហ្ម ក្នុងព្រហ្ម​លោក ដល់សាវ័កទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យ​នោះឯង ពួកសាវ័កណា របស់​មហាគោវិន្ទព្រាហ្មណ៍ ដឹងច្បាស់នូវពាក្យប្រៀនប្រដៅ​សព្វគ្រប់ហើយ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើត ក្នុងសុគតិព្រហ្មលោក [អដ្ឋកថា ថាពួកមនុស្សណា ញុំាងសមាបត្តិទាំង៨ និងអភិញ្ញាទាំង​៥ឲ្យកើតឡើងបាន ពួកមនុស្ស​នោះ បានទៅ​កើតឯព្រហ្មលោក។]។ ពួកសាវ័កណា មិន​ដឹងច្បាស់នូវពាក្យ​ប្រៀនប្រដៅ​សព្វ​គ្រប់ទេ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់​អំពី​មរណភាពទៅ ពួកខ្លះ ទៅកើតជា​មួយនឹង​ទេវតា ជាន់បរនិម្មិតវសវត្តី [អដ្ឋកថា ថា ពួកមនុស្សណាមិនដឹងច្បាស់​ គឺថាមិន​អាច​ញុំាងសមាបត្តិទាង៨ សមាបត្តិណាមួយឲ្យ​កើត​បានទេ ពួកមនុស្សនោះ ទៅកើតតែ​ត្រឹម​​ជាន់ទេវលោក តាំងពីជាន់​បរនិម្មិតវសវត្តី ចុះមកជាលំដាប់។] ពួកខ្លះ​ទៅកើត​ជាមួយ​នឹង​ទេវតាជាន់និម្មានរតី ពួកខ្លះទៅកើត​ជាមួយ​នឹងទេវតា ជាន់តុសិត ពួកខ្លះ ទៅកើត​ជាមួយនឹងទេវតាជាន់យាមៈ ពួកខ្លះ ទៅកើត​ជាមួយនឹងទេវតា ជាន់តាវត្តិង្ស ពួកខ្លះ​ ទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកៈ។ ពួកជនណាបំពេញវត្តដ៏ថោកទាប ជាងគេទាំងអស់ ពួកជន​ទាំង​នោះ ទៅកើតក្នុងពួកគន្ធព្វ។ ឯបព្វជ្ជារបស់កុលបុត្រ​ទាំង​អស់​នោះ មិនសោះសូន្យ មិន​ប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយ​សេចក្តី​ចំរើន (អាច​កើតក្នុង​ព្រហ្មលោកបាន) ដោយប្រការដូច្នេះឯង។ បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលថា ព្រះមានព្រះភាគ ទ្រង់រលឹកឃើញដំណើរនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ តថាគត នឹកឃើញដែរថា សម័យនោះ តថាគតបាន​កើត​ជា​​មហាគោវិន្ទព្រាហ្មណ៍ តថាគតសំដែងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាព្រហ្ម នាព្រហ្មលោក​នោះ ដល់ពួកសាវ័កទាំងឡាយ ម្នាលបញ្ចសិខៈ ឯព្រហ្មចរិយធម៌នោះឯង មិនមែន​ប្រព្រឹត្ត​​ទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន បានទេ (គ្រាន់តែ​ឲ្យបាន​ទៅ) កើតក្នុងព្រហ្ម​លោកប៉ុណ្ណោះ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌របស់​តថាគតនេះឯង ទើបប្រព្រឹត្ត​ទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន​តែមួយ​យ៉ាង។ ម្នាលបញ្ចសិខៈ ព្រហ្ម​ចរិយធម៌​នោះ តើដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីនឿយ​ណាយ ដើម្បី​ប្រាសចាករាគៈ ដើម្បីរំលត់​ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង គឺផ្លូវដ៏​ប្រសើរប្រកបដោយអង្គ៨នេះឯង ឯផ្លូវ​ដ៏ប្រសើរ​ប្រកប​ដោយអង្គ៨នោះ គឺសេចក្តីយល់​ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតម្កល់ចិត្តត្រូវ១ ម្នាល​បញ្ចសិខៈ នេះឯងជាព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បី​ប្រាសចាករាគៈ ដើម្បីរំលត់​ (កិលេស) ដើម្បី​ស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ចំណែកពួកសាវ័កណា របស់តថាគត ដឹងនូវពាក្យ​ប្រៀន​ប្រដៅ​សព្វគ្រប់ ពួកសាវ័កនោះ អស់អាសវៈហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិនមាន​អាសវៈ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ [អដ្ឋកថា ថា ពួកសាវ័កណា មិនធ្វើនូវអរិយមគ្គទាំង៤ឲ្យកើតគ្រប់គ្រាន់បាន គ្រាន់តែឲ្យបាន​ត្រឹម​អរិយមគ្គ៣ អរិយមគ្គ២ ឬអរិយមគ្គ១ប៉ុណ្ណោះ។] ពួកសាវ័កនោះ គ្រាន់តែក្ស័យពួក​សំយោជនៈ ជាចំណែកខាងក្រោម ៥ គង់ទៅកើតជាឱបបាតិកៈ​កំណើត តែងបរិនិព្វាន​ក្នុង​ភពនោះ មិនត្រឡប់ចាកលោកនោះមកវិញ ជាធម្មតា។ ពួកសាវ័កណា មិនដឹងច្បាស់​នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យ​សំយោជនៈទាំង៣ និង​ស្រាល​ស្តើងរាគៈ ទោសៈ មោហៈ ជាសកទាគាមិបុគ្គល ត្រូវត្រឡប់​មកកាន់លោក​នេះ​ម្តង​ទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន។ ពួកសាវ័ក​ណា មិនដឹងច្បាស់នូវពាក្យប្រៀន​ប្រដៅ​ដោយ​សព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈ​៣ ជាសោតាបន្នបុគ្គល មានកិរិយា​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងតែនឹងបាន​ត្រាស់ដឹង នូវធម៌តទៅមុខ។ ម្នាល​បញ្ចសិខៈ បព្វជ្ជារបស់កុលបុត្រទាំងអស់គ្នានេះ មិនសោះសូន្យ មិនប្រកបដោយ​ទោស​ទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន ដោយប្រការ​ដូច្នេះឯង។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះចប់ហើយ។ បញ្ចសិខគន្ធព្វ​បុត្រ ក៏ពេញចិត្ត ត្រេកអរ អនុមោទនា ចំពោះភាសិត របស់​ព្រះមានព្រះភាគ ហើយថ្វាយបង្គំលា ព្រះមានព្រះភាគ ដើរប្រទក្សិណ ក៏បាត់ចាកទីនោះទៅ។

ចប់ មហាគោវិន្ទសូត្រ ទី៦។

មហាសមយសូត្រ ទី៧

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​មហាវ័ន [ព្រៃធំ ជាព្រៃដុះឯង ជាប់ទាក់ទងតគ្នាមកពីព្រៃហេមវន្ត។] ជិតក្រុងកបិលវត្ថុ ក្នុង​សក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប សុទ្ធតែជាព្រះអរហន្តទាំង​អស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវ​ព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ គ្រានោះឯង ទេវតា​ទាំងលាយ ដែល​នៅក្នុងជាន់​សុទ្ធាវាស [ព្រហ្មលោក៥ជាន់ គឺអវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋកា ជាទីនៅនៃ​ព្រះអនាគាមី និងព្រះអនាគាមី ដែលបានសម្រេច​ជាព្រះខីណាស្រពក្នុងទីនោះ ជាអ្នក​បរិសុទ្ធ ហៅថា សុទ្ធាវាស។] ៤អង្គ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគនេះ ព្រះអង្គគង់នៅក្នុងមហាវ័ន ជិតក្រុង​កបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន​ ចំនួន​៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុ​ទាំង​១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវ​ព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរយើង​ទាំងអស់គ្នា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គប្បីពោល​នូវ​គាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ ទេវតាទាំងនោះឯង ក៏បាត់អំពីសុទ្ធាវាសព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ [ក្នុងបាលីថា ពួកព្រហ្ម​ចុះមកប្រតិស្ឋាន ចំពោះ​ព្រះមានព្រះភាគ។ តែក្នុងអដ្ឋកថាថា ពួកព្រហ្មទាំងនោះ ឋិតនៅ​ក្នុងព្រហ្មលោកដូចដែល គ្រាន់តែ​ធ្វើឫទ្ធិហើយសូត្រនូវបទព្រះគាថា ដែលខ្លួន​សន្សំ​ហើយ​ប៉ុណ្ណោះ គឺព្រហ្ម១អង្គ ចុះមកឋិតនៅក្នុងកណ្តាប់ចក្កវាឡ ខាងកើត ព្រហ្ម១អង្គ.. ចក្កវាឡខាងត្បូង ព្រហ្ម១អង្គ … ចក្កវាឡខាងលិច ព្រហ្ម១អង្គ .. ចក្កវាឡខាងជើង។ ទើបព្រហ្មក្នុងចក្កវាឡខាងកើត ក៏ចូលនីលកសិណ បញ្ចេញនូវរស្មីខៀវ បីដូចជាស្បែក​រំលេចដោយកែវមណី ហើយបង្ហាញខ្លួនដល់ទេវតាក្នុង១ហ្មឺនចក្កវាឡឲ្យដឹងថា ខ្លួនមកហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីដ៏សមគួរ ពោលនូវគាថា ដែល​ខ្លួនតាក់តែង។ ព្រហ្មក្នុងចក្កវាឡខាងត្បូង ក៏ចូលបីតកសិណ បញ្ចេញរស្មីមានពន្លឺដូច​ជាមាស ដូចជាដណ្តប់ផែនមាស បង្ហាញខ្លួនដល់​ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងលិច ក៏ចូលលោហិតកសិណ បញ្ចេញរស្មី ក្រហម បីដូចជាស្រោបកាយដោយសំពត់កម្ពល មានសម្បុរក្រហមឆ្អៅ បង្ហាញ​ខ្លួនដល់​ពួកទេវតាក្នុង១ហ្មឺន​ចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងជើង ក៏ចូលឱទាតកសិណ បញ្ចេញរស្មីស បីដូច​ជាដណ្តប់​ផែន​ផ្កាម្លិះ បង្ហាញខ្លួនដល់​ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយ​ឋិត​នៅ​ដូច្នោះ​ដែរ។ យល់ថាព្រហ្មទាំងនោះ មកផ្សេងគ្នា តែក្នុងពេល​ជាមួយគ្នា។] នៃ​ព្រះមាន​ព្រះភាគ (ដោយឆាប់រហ័ស) គួរនាដូចជាបុរសមានកំឡាំងលាដៃ ដែល​បត់ចូល ឬបត់​ចូល​នូវដៃ ដែលលាចេញ។ គ្រានោះ ពួកទេវតានោះ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើប​ទេវតា១អង្គ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

[៧៤] ថ្ងៃនេះ ជាថ្ងៃប្រជុំធំ ក្នុងដងព្រៃ ពួកទេវតាក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ (លុះឃើញពួកទេវតាប្រជុំគ្នាយ៉ាងនេះហើយ) ក៏នាំគ្នាមកកាន់ទីប្រជុំ ប្រកបដោយ​ធម៌នេះ ដើម្បី​ឃើញនូវអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។

[៧៥] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយ​សមាធិ ធ្វើចិត្តរបស់ខ្លួន (ដែល​វៀចកោង) ឲ្យ​ជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយ (ដោយល្អ) ដូចជានាយសារថី ដែលកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។

[៧៦] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកភិក្ខុទាំងនោះ កាត់បង់នូវដែកគោល (រាគៈ ទោសៈ មោហៈ) កាត់បង់នូវ​រនុកទ្វារ (រាគៈ ទោសៈ មោហៈ) គាស់រំលើងនូវ​សសរគោល (រាគៈ ទោសៈ មោហៈ) ជាអ្នក​មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគ​កំឡោះ ដែលព្រះពុទ្ធជាម្ចាស់ ប្រកបដោយចក្ខុ៥ ទ្រង់ទូន្មានល្អហើយ តែងត្រាច់ទៅបាន​ក្នុងទិសទាំង៤ មិនមានទើសទាល់។

[៧៧] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

ពួកជនណាមួយ បានដល់​នូវព្រះពុទ្ធជាទីពឹង ទីរលឹក​ហើយ ពួកជននោះឯង នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅ​បំពេញពពួក​នៃទេវតាមិនខាន។

[៧៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនអង្គ ក្នុងលោកធាតុទាំង១០ មកប្រជុំគ្នា ដើម្បី​ឃើញ​នូវ​តថាគត និងភិក្ខុសង្ឃ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ដែលបានត្រាស់ដឹង​ហើយក្នុងអតីតកាល ពួកទេវតា​មានប្រមាណ​ប៉ុណ្ណោះដូចគ្នា មកប្រជុំគ្នា ដើម្បីឃើញនូវ​ព្រះមានព្រះភាគទាំងនោះ ដូចជាពួកទេវតា ដែល​មកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងបានត្រាស់ដឹង​ក្នុងអនាគត​កាល ពួកទេវតាមានប្រមាណប៉ុណ្ណេះដូចគ្នា នឹងមកប្រជុំគ្នា ដើម្បីឃើញ​នូវ​ព្រះមានព្រះភាគទាំងនោះ ដូចពួកទេវតាដែលមកប្រជុំគ្នា ដើម្បី​ឃើញតថាគត ក្នុងកាល​ឥឡូវ​នេះដែរ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រាប់​នូវនាម និងគោត្រ របស់ពួកទេវតា​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​ពោលនូវ​នាម និងគោត្ររបស់ពួកទេវតា​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​នាម និងគោត្រ របស់​ពួកទេវតា​ទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់រឿងនោះចុះ ចូរធ្វើ​ទុកក្នុងចិត្តដោយប្រពៃ​ចុះ តថាគតនឹងសំដែង​ឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់សំដែង​នូវភាសិត​នេះថា

[៧៩] តថាគតនឹងធ្វើនូវស្លោក [ពាក្យដែល​កំណត់ដោយអក្ខរៈ និងបទហៅថា ស្លោក ឬគាថា] ភូមទេវតា (ឋិតនៅ) ក្នុងទីណា ពួកភិក្ខុក៏អាស្រ័យនៅទីនោះ ពួកភិក្ខុណា ដែល​នៅអាស្រ័យ​នឹងផ្ទៃភ្នំ បញ្ជូនចិត្តទៅកាន់អារម្មណ៍ល្អ មានចិត្តតម្កល់នឹង (តថាគត​ នឹង​សំដែង​គុណនៃភិក្ខុទាំងនោះ)។ ពួកភិក្ខុច្រើនរូប សម្ងំនៅក្នុងកម្មដ្ឋាន គ្របសង្កត់នូវ​ការព្រឺរោម ព្រឺស្បែក (ឥតមានភ័យខ្លាច) ដូចសត្វសីហៈ មានចិត្តផូរផង់ បរិសុទ្ធជ្រះថ្លា ឥតមានល្អក់ឡើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាប​នូវពួកព្រះអរហន្តជាង​៥០០រូប [អដ្ឋកថា ថា ជាង៥០០រូប ព្រោះរាប់​ព្រះសម្មាសម្ពុទ្ធបញ្ចូលផង។] នៅក្នុងដងព្រៃ ជិត​ក្រុង​កបិលវត្ថុ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុជាសាវ័ក ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ ពួកនៃទេវតាមានពន្លឺរស្មីដ៏រុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្គាល់​នូវពួកទេវតាទាំងនោះ (ដោយទិព្វចក្ខុញ្ញាណ) ចុះឯពួកភិក្ខុទាំងនោះ បានស្តាប់​នូវពាក្យ ប្រដៅនៃព្រះពុទ្ធជាម្ចាស់ ហើយក៏ធ្វើ​នូវការព្យាយាម (ដើម្បីទិព្វចក្ខុញ្ញាណនោះ)។ ទិព្វចក្ខុញ្ញាណ សម្រាប់មើលឃើញនូវពួកអមនុស្ស (ទេវតា) ក៏កើតមានប្រាកដ ដល់ពួក​ភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ បានឃើញនូវអមនុស្ស១០០ខ្លះ បានឃើញនូវអមនុស្ស​១០០០​ខ្លះ បានឃើញ​នូវអមនុស្ស៧០ពាន់។ ពួកភិក្ខុបានឃើញនូវអមនុស្ស១សែន (១០០០០០) ខ្លះ បានឃើញនូវអមនុស្សច្រើន (មិនមានកំណត់) អមនុស្សទាំងនោះ ក៏ផ្សាយនៅពាស​ពេញក្នុងទិសទាំងពួង។ លំដាប់នោះ ព្រះសាស្តា​ប្រកបដោយចក្ខុ៥ ទ្រង់ពិចារណាហើយ ជ្រាបនូវហេតុនោះទាំងអស់ ទើបទ្រង់​ត្រាស់នឹងពួកភិក្ខុ ជាសាវ័ក អ្នកត្រេកអរក្នុង​សាសនា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាមានពន្លឺរស្មីរុងរឿង (មកហើយ) អ្នករាល់គ្នា ចូរ​ស្តាប់នូវពួក​ទេវតាទាំងនោះចុះ តថាគតនឹងប្រាប់ (នូវទេវតាទាំងនោះ) ដល់អ្នក​រាល់គ្នា ដោយពាក្យតាម​លំដាប់ហូរហែ។ យក្សទាំង៧ពាន់ ជាភូមិទេវតា អាស្រ័យនៅនាក្រុង​កបិលវត្ថុ មានឫទ្ធិ មានអានុភាព មានសម្បុរកាយ មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៦ពាន់ ដែលកើតនៅនាភ្នំហិមវន្ត មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៣ពាន់ ដែលនៅអាស្រ័យ​នឹងភ្នំសាតាគិរី មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស១៦ពាន់នេះ មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ ដោយប្រការ​ដូច្នេះ។ ពួកយក្ស ដែលកើតនៅនាវេស្សាមិត្តបព៌ត មាន​សម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំ​គ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ កុម្ភីរយក្ស ដែលកើតនៅនានគររាជគ្រឹះ ឯភ្នំឈ្មោះវេបុល្ល ជាទីនៅរបស់​កុម្ភីរយក្សនោះ មានយក្សជាង១សែននាក់ តែងចូលទៅសេពគប់នឹងកុម្ភីរយក្សនោះ កុម្ភីរយក្សដែលកើត​ក្នុងនគររាជគ្រឹះនោះ (ព្រមទាំងបរិវារ) ក៏មកកាន់​មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយ​ដែរ)។

[៨០] ព្រះបាទធតរដ្ឋៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងកើត ទ្រង់ជាធំលើ​គន្ធព្វ [ពួកទេវតាអ្នកប្រគំ ឬអ្នកល្បែង អ្នករាំ។បេ។] ទាំង​ឡាយ ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទធតរដ្ឋៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូឡ្ហកៈ ទ្រង់ប្រៀនប្រដៅ​ក្នុង​ទិស​ខាងត្បូង ជាធំលើ​ពួកកុម្ភណ្ឌ [ពួកទេវតាមានរូបប្រហែលគ្នានឹងយក្ស ឬយក្ខមានអណ្ឌៈ​ប៉ុន​ក្អម] ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់​ព្រះបាទវិរូឡ្ហៈកៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូបក្ខៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងលិច ទ្រង់ជាធំលើពួកនាគ ព្រះអង្គ​ជា​មហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូបក្ខៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទកុវេរៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងជើងនោះ ទ្រង់ជាធំលើ​ពួកយក្ស ព្រះអង្គជាមហារាជ មានយស​ធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទកុវេរៈនោះ មានច្រើនរូប មាននាមថា​ ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមក​កាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទធតរដ្ឋៈ ជាធំក្នុងទិស​ខាងកើត ព្រះបាទវិរូឡ្ហកៈ ជាធំក្នុងទិស​ខាងត្បូង ព្រះបាទវិរូបក្ខៈ ជាធំក្នុងទិស​ខាងលិច ព្រះបាទ​កុវេរៈ ជាធំក្នុងទិស​ខាងជើង មហារាជទាំង៤ ព្រះអង្គនោះ បានញុំាង​ទិសទាំង៤ ដោយជុំវិញឲ្យ​ភ្លឺ​ព្រោង​ព្រាត (ដោយរស្មីរបស់ខ្លួន) ឋិតនៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ។

[៨១] ពួកទាសៈនៃមហារាជទាំង៤ព្រះអង្គនោះ គឺកុដេណ្ឌុ១ វេដេណ្ឌុ១ វិដូ១ វិដូដៈ១ ចន្ទនៈ១ កាមសដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១ សុទ្ធតែជាអ្នកមានមាយា ជាអ្នកល្បួង​បញ្ឆោត ជាអ្នកអួតអាង តែងធ្វើនូវ​មាយាមកជាមួយគ្នាដែរ។ ទាំងទេវរាជ​អម្បាលនេះ គឺបនាទៈ១ ឱបមញ្ញៈ១ ទេវសូត១ មាតលី១ ចិត្តគន្ធព្វ១ សេនគន្ធព្វ១ នឡោរាជៈ១ ជនោសភៈ១ បញ្ចសិខៈ១ តិម្ពរុ១ នាងសុរិយវច្ឆសា (ជាធីតារបស់តិម្ពរុនោះ)​១ ក៏នាំគ្នាមកដែរ។ គន្ធព្វរាជទាំងឡាយនេះផង ពួកដទៃផង ព្រមទាំង​ទេវរាជទាំងឡាយ មាន​ចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត នាគទាំង​ឡាយ​​នៅក្នុងស្រះឈ្មោះ នាភសៈ និងនាគនៅក្នុងក្រុងវេសាលី ក៏នាំគ្នាមកជាមួយ​នឹងនាគបរិសទ្យ ឈ្មោះតច្ឆកៈ កម្ពលនាគ និងអស្សតរនាគ (ដែល​នៅនា​ជើងភ្នំសិនេរុ) ក៏នាំគ្នាមក នាគទាំងឡាយនៅក្នុងកំពង់​បយាគៈ ព្រមដោយពពួក​ញាតិក៏បាននាំគ្នា​មក​ដែរ ពួកនាគដែល​នៅក្នុងទន្លេយមុនាក្តី ពួកនាគដែលកើតក្នុង​ត្រកូលស្តេច​ធតរដ្ឋៈ មាន​បរិវារ​ដ៏ច្រើនក្តី ក៏បាននាំគ្នាមក សូម្បីតែឯរាវណទេវបុត្ត ជាដំរី​ធំនោះសោត ក៏បានមក​កាន់​មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។

[៨២] ពួកគ្រុឌណា ជាសត្វស្លាបមានកំណើតពីរដង មានអានុភាពជាទិព្វ មាន​ភ្នែក​​ដ៏បរិសុទ្ធ (អាចមើលឃើញនូវ) ពួកនាគអំពីចម្ងាយ ចំនួន១០០យោជន៍ ១០០០​យោជន៍) តែងចាប់យកនូវ​ស្តេចនាគ ទៅដោយ​ឆាប់រហ័ស គ្រុឌទាំងនោះ ក៏ហើរមក​តាម​អាកាស បានមកដល់ពាក់កណ្តាលនៃមហាវ័ន គ្រុឌទាំងនោះ មានឈ្មោះថា ចិត្រសុបណ្ណៈ ដូច្នេះ គ្រានោះ ស្តេចនាគទាំងឡាយ ក៏មិនមានសេចក្តីភ័យខ្លាចឡើយ ព្រះ​សម្ពុទ្ធ ជាម្ចាស់ក៏បានធ្វើ (ស្តេចនាគ) ឲ្យក្សេមក្សាន្តអំពីគ្រុឌ នាគនិងគ្រុឌទាំងឡាយ ក៏ត្រឡប់​និយាយ​រកគ្នាដោយសំដីដ៏ពីរោះ (ហាក់ដូចជាមិត្តសំឡាញ់នឹងគ្នា) បានធ្វើនូវ​ព្រះពុទ្ធ​ឲ្យជាទីពឹង ទីរលឹក។ ពួកអសុរ (ណា) ដែលព្រះឥន្ទឈ្នះហើយ អាស្រ័យ​នៅក្នុង​សមុទ្រ ពួកអសុរទាំងនោះ ជាបងប្អូន (ជាប់ពន្ធ) នឹងព្រះឥន្ទ ជាអ្នកមានឫទ្ធិ មានយស។ កាលកញ្ជអសុរទាំងឡាយ មានកាយធំសំបើមក្តី ទានវេឃសអសុរទាំងឡាយក្តី វេបចិត្តិអសុរក្តី សុចិត្តិអសុរក្តី បហារាទអសុរក្តី នមុចិទេវបុត្តមារក្តី ក៏មក​ជាមួយគ្នាដែរ។ កូនរបស់ពលិអសុរទាំង១០០នាក់ មានឈ្មោះថា វេរោចៈ [កូនរបស់ពលិអសុរទាំងអស់ បានជាឲ្យឈ្មោះថា វេរោចៈ ព្រោះឲ្យតាមនាមរបស់​រាហុ ជាអាពុកធំ] ទាំងអស់ ចងសៀតនូវគ្រឿង​ពលិសេនា ចូលមកគាល់រាហុអសុរិន្ទដ៏ចំរើន ដោយពាក្យថា ឥឡូវនេះ ជាសម័យគួរនឹងប្រជុំគ្នា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ដូច្នេះហើយ ទេវតា​ទាំងនោះ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។

[៨៣] អាបោទេវតា [ទេវតាកើតដោយ​ការបរិកម្មអាបោកសិណ] ក្តី បឋវិទេវតា [ទេវតាកើតដោយការបរិកម្មនូវបឋវីកសិណ]ក្តី តេជោទេវតា[ទេវតាកើតដោយការបរិកម្ម​នូវ​តេជោកសិណ]ក្តី វាយោទេវតា[ទេវតាកើតដោយការបរិកម្មនូវវាយោកសិណ។]ក្តី វរុណ​ទេវតាក្តី វារុណទេវតាក្តី សោមទេវតា ព្រមទាំង​យសទេវតាក្តី ក៏បាននាំគ្នាមក ក្នុង​កាលនោះ។ ទេវតាទាំងឡាយ ដែលកើតដោយអំណាចមេត្តាឈាន និងករុណាឈាន ជាអ្នកមានយស​ ក៏បាននាំគ្នាមក ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក​១០​ សុទ្ធតែមានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំ​នៃភិក្ខុទាំងឡាយ។ ពួកទេវតាឈ្មោះ​វេណ្ឌុក្តី ឈ្មោះសហលីក្តី ឈ្មោះអសមាក្តី និងឈ្មោះយមៈទាំងពីរពួកក្តី ពួកទេវតា ដែល​អាស្រ័យ​នូវព្រះចន្ទក្តី បានហែហមព្រះចន្ទក៏មកដែរ។ ពួកទេវតាដែលអាស្រ័យនូវ​ព្រះអាទិត្យ បានហែហមព្រះអាទិត្យមក ពួកទេវតាដែលអាស្រ័យនូវផ្កាយ ក៏ហែហម​ផ្កាយមក ទាំងមន្ទវលាហកទេវតា [អដ្ឋកថា ថាមន្ទវលាហកទេវតា ចែកទៅជា៣ពួក គឺ វេតវលាហកៈ ទេវតា ជាអ្នកបណ្តាលខ្យល់១ អព្ភវលាហកៈ ទេវតាជាអ្នក​បណ្តាលពពក១ ឱណ្ហវលាហកៈ ទេវតាជាអ្នក​បណ្តាល​កំដៅ១។] ទាំងឡាយ ក៏មក សូម្បី​សក្កទេវរាជ ទ្រង់ព្រះនាម​វាសវបុរិន្ទទៈ ដ៏ប្រសើរជាងពួកទេវតា ក៏មកដែរ។ ទេវតា​ទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់​មហាវ័ន ជាទីប្រជុំ​នៃ​ភិក្ខុទាំងឡាយ។ មួយទៀត ទេវតាទាំងឡាយ ឈ្មោះសហភូដ៏រុងរឿង បីដូច​ជាអណ្តាត​ភ្លើង ក៏បានមកពួកទេវតាឈ្មោះអរិដ្ឋៈក្តី រោជៈក្តី ឧម្មាបុប្ផនិភាសី[ទេវតាមានរស្មីដូចផ្កា​កប្បាស។]ក្តី វរុណៈក្តី សហធម្មៈក្តី អច្ចុតៈក្តី អនេជកៈក្តី សុលេយ្យៈក្តី រុចិរៈក្តី ក៏បានមក ទាំង​ពួក​ទេវតាឈ្មោះ​វាសវនេសី ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយ​ចំណែក​១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំ​នៃភិក្ខុទាំងឡាយ។ ទេវតា​ទាំងឡាយ ឈ្មោះសមានៈក្តី មហាសមានៈក្តី មានុសៈក្តី មានុសុត្តមៈក្តី ខិឌ្ឌាបទូសិកៈ​ក្តី ក៏បានមក ពួកទេវតាឈ្មោះមនោបទូសិកៈ ក៏បានមក ទាំងពួកទេវតាឈ្មោះ​ហរិក្តី ឈ្មោះ​លោហិតវាសីក្តី ក៏បានមក ទេវតាទាំងឡាយ ឈ្មោះបារគៈក្តី ឈ្មោះ​មហាបារគៈក្តី ជាអ្នក​មានយសក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០សុទ្ធតែមាន​សម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាន​នាំគ្នា​មកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសុក្កៈក្តី ករុម្ហៈក្តី អរុណៈក្តី ក៏បានមកជាមួយនឹងវេឃនទេវតា។ ពួកទេវតាឈ្មោះឱទាតគយ្ហៈ ជាប្រធានក្តី ឈ្មោះវិចក្ខណៈក្តី ក៏បានមក ពួកទេវតា ឈ្មោះសទាមត្តៈក្តី ឈ្មោះ​ហារគជៈ​ក្តី ឈ្មោះមិស្សកៈក្តី សុទ្ធតែជាអ្នកមានយស (ក៏បានមក) បជុនទេវរាជ ដែលញុំាង​មេឃឲ្យគ្រហឹម កំទរ ហើយបង្អុរភ្លៀង ឲ្យធ្លាក់ចុះគ្រប់ទិស ក៏បានមក។ ទេវតាទាំង១០​ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់​មហាវ័ន ជាទី​ប្រជុំ​នៃភិក្ខុទាំងឡាយ។ ពួកខេមិយទេវតា ដែលឋិតនៅក្នុងតុសិតបុរីក្តី ឋិតនៅក្នុងយាមទេវ​លោក​ក្តី ពួកកដ្ឋកទេវតា ដែលមានយសក្តី ពួកលម្ពិតកទេវតាក្តី ពួកលាមសេដ្ឋទេវតាក្តី ពួកទេវតាឈ្មោះជោតិក្តី ឈ្មោះអាសវៈក្តី ពួកនិម្មានរតីទេវតាក្តី ក៏បានមក ទាំងពួកបរនិម្មិតទេវតា ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែ​មានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្ត​រីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាទាំង៦០​ មាន​អាបោទេវតាជាដើមនេះ សុទ្ធតែ​មានសម្បុរ​ផ្សេងៗគ្នាទាំងអស់ មកហើយដោយ​ចំណែកនាម សូម្បីពួកទេវតាណាក្រៅពីនោះ ដែលមាន​រស្មីប្រហែលគ្នា ក៏មកព្រមគ្នា ដោយគិតថា យើងទាំងឡាយ នឹងទៅមើល​ព្រះអរិយសង្ឃ ដែលប្រាសចាកជាតិ ឥត​មានកិលេស ដូចជាដែកគោល លោកឆ្លង​ចាកអន្លង់ទាំង៤ហើយ មិនមានកិលេសជា​គ្រឿង​ត្រាំ រួចស្រឡះ​ចាកឱឃៈទាំង៤ហើយ លោកមិនបានធ្វើនូវបាប មួយទៀត យើងនឹង​បានឃើញនូវព្រះទសពល ដែលរុងរឿង​ដោយសិរី ដូចព្រះចន្ទឆ្លងផុតអំពី​ពពក។

[៨៤] អរិយព្រហ្មទាំងឡាយ គឺសុព្រហ្ម និងបរមត្តព្រហ្ម ជាបុត្តរបស់​ព្រះសម្មាសម្ពុទ្ធ ទ្រង់មានឫទ្ធិ ក៏មកជាមួយគ្នា សនង្កុមារមហាព្រហ្មក្តី តិស្សមហាព្រហ្មក្តី ក៏នាំគ្នាមកកាន់​មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មហាព្រហ្មទាំង១ពាន់ ក៏មកហើយ មហាព្រហ្ម១អង្គ គ្របសង្កត់​នូវព្រហ្មឯទៀតបាន មហាព្រហ្មនោះ កើតក្នុងព្រហ្មលោក មានអានុភាព មានកាយសំបើម មានយស ក៏មកដែរ។ មហាព្រហ្មទាំង១០ ជាឥស្សរៈលើ​ព្រហ្មទាំង១ពាន់នេះ តែងផ្សាយអំណាចផ្សេងៗ ក៏បានមក ហារិតមហាព្រហ្ម (ដែល​មានព្រហ្មទាំង​១សែន) ហែហមក្នុងកណ្តាលនៃពួកព្រហ្មទាំងនោះ ក៏បានមក។ សេនារបស់​មារ បានឃើញនូវពួកទេវតា ព្រមទាំងព្រះឥន្ទ ព្រមទាំងព្រះព្រហ្មទាំងអស់​នោះ មកដូច្នោះហើយ ក៏បានមក ហើយពោលថា អ្នកទាំងឡាយ ចូរមើលនូវសេចក្តីល្ងង់​របស់មារ។ (ឯសេនារបស់មារ ក៏ពោលថា) អ្នកទាំងឡាយ ចូរមក ចូរចាប់ចងពួកទេវតា​ទាំងនេះទុក ការចងដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ [អដ្ឋកថា ថា មណ្ឌលនៃទេវតា​ទាំងអស់នេះ ជាប់ដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ បានសេចក្តីថា មារសេនាបង្គាប់បរិសទ្យ ឲ្យចងទេវមណ្ឌល គឺពួកទេវតាទាំងអស់ ឲ្យជាប់​ដោយរាគៈ។] អ្នកទាំងឡាយ ចូរព័ទ្ធឲ្យជុំវិញ បណ្តាអ្នកទាំងអស់គ្នា អ្នកណាមួយ ក៏កុំ​បណ្តោយឲ្យទេវតា១អង្គ រួចទៅបានឡើយ។ មារជាសេនាធំក្នុងទីប្រជុំធំនោះ ក៏ទះនូវផ្ទៃ​នៃ​ផែនដី ដោយបាតដៃ ធ្វើនូវសំឡេងគម្រាម​មុខគួរខ្លាច ដូចជាមហាមេឃ គ្រហឹម បង្អុរ​ភ្លៀង មានទាំងផ្លេកបន្ទោរ ក្នុងកាលនោះ មារនោះមិនអាចនឹងធ្វើ (ទេវតាណាមួយ) ឲ្យប្រព្រឹត្តទៅក្នុងអំណាចខ្លួនបាន ក៏ក្រេវក្រោធថយចេញបាត់ទៅ។ លំដាប់នោះ ព្រះសាស្តា ទ្រង់មានចក្ខុពិចារណាហើយ ជ្រាបហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹង​ភិក្ខុជាសាវ័កទាំងឡាយ ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ មារសេនាមកដល់​ហើយ អ្នកទាំងឡាយ ចូរស្គាល់នូវមារ​សេនាទាំងនោះចុះ ឯពួកភិក្ខុទាំង​នោះ លុះបានស្តាប់ពាក្យប្រដៅ​ព្រះពុទ្ធជាម្ចាស់ហើយ ក៏ធ្វើព្យាយាម (ដើម្បី​ចូលកាន់​ផលសមាបត្តិ)។ មារ ព្រមទាំងពួកសេនារបស់មារ ក៏ចៀសចេញឆ្ងាយទៅ អំពីពួកអរិយសាវ័ក ដែលប្រាសចាករាគៈ សូម្បីតែរោមរបស់ព្រះអរិយៈ​ទាំងនោះ ក៏មិនបាន​ព្រឺព្រួចឡើយ (ទើប​មារពោលសរសើរ​ភិក្ខុសង្ឃថា) ពួកសាវ័កទាំងនោះ លោកឈ្នះ​សឹកសង្គ្រាមហើយ កន្លងបង់នូវសេចក្តីភ័យខ្លាចបានហើយ មានយសល្បី​ទូរទ័រ​ ទៅក្នុងប្រជុំជន តែងរីករាយ ជាមួយនឹងព្រះអរិយៈ ដែលកើតហើយ (ក្នុងសាសនា​ព្រះទសពល)។

ចប់ មហាសមយសូត្រ ទី៧។

សក្កបញ្ហសូត្រ ទី៨

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឥន្ទសាលគុហា [គុហាមានដើមពោនស្វាដុះក្បែរមាត់ទ្វារ។] ជិតភ្នំវេទិយក: (តាំងនៅ) ជា ខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែន​មគធៈ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តី​ខ្វល់ខ្វាយ​កើត​ឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ។ វេលានោះឯង សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់​គង់​នៅ​ក្នុង​ទីណាហ្ន៎។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទតឃើញនូវព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាង​ជើង​នៃ​ព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់​ហៅ​ពួក​ទេវតា ដែលនៅក្នុងឋានតាវត្តិង្សមកប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះ​មានព្រះភាគជា​ម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាង​កើត​នៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាល​គ្នា​យើង​ទាំងឡាយ បើដូច្នោះ គួរយើងទំាងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ ជា​អរហន្ត​​សម្មាសម្ពុទ្ធអង្គនោះ។ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ក៏ទទួល​ព្រះរាជ​ឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរមាន​ដល់​ព្រះអង្គ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់​ហៅ​បញ្ចសិខគន្ធព្វបុត្ត​ថា ម្នាលអ្នកបញ្ចសិខៈ ឥឡូវនេះ ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់​នៅ​ក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើង នៃ​ព្រាហ្មណគ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលអ្នកបញ្ចសិខៈ​ បើដូច្នោះ គួរយើង​ចូល​ទៅ​គាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​រាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តី​ចំរើន ​ចូរ​មាន​ដល់ព្រះអង្គ ហើយក៏កាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ដើរតាមក្រោយ​នៃ​សក្កទេវរាជ ជាធំជាងពួកទេវតា។ ក្នុងខណៈនោះឯង សក្កទេវរាជ ជា​ធំជាង​ពួកទេវតា មាន​ពួកទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្សចោមរោមហែហម មាន​បញ្ចសិខគន្ធព្វបុត្ត ​ជា​អ្នកនំាមុខ ក៏បាត់អំពីពពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស មកប្រតិ​ស្ឋាន​នៅ​លើ​ភ្នំ​វេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃ ព្រាហ្មណ​គ្រាម​ ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ(ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកម្លាំង​ លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ​ដែលលាចេញដូច្នោះឯង។ ក្នុងសម័យនោះឯង ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក៏មានពន្លឺព្រោងព្រាត ដោយទេវានុ ភាព ​នៃ​ពួក​ទេវតា។ បានឮថា ពួកមនុស្សក្នុងស្រុកជិតខាងនិយាយគ្នា យ៉ាងនេះថា ថ្ងៃ​នេះ​ ភ្នំ​វេទិយកៈ ​រុងរឿង ថ្ងៃនេះ ភ្លើងឆេះភ្នំវេទិយកៈ ថ្ងៃនេះ ភ្នំវេទិយកៈ ភ្លឺច្រាលរន្ទាល ភ្នំ​វេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ហេតុអ្វីបាន​ជាមានពន្លឺភ្លឺ​ក្រៃពេក​ក្នុង​ថ្ងៃ​នេះ។ ពួកមនុស្សទាំងនោះ ក៏មានសេចក្តីតក់ស្លត់ព្រឺរោម។ គ្រានោះ សក្កទេវរាជ ជា​ធំជាង​​ពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ ព្រះ​តថាគត​ទំាង​ឡាយ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន ព្រះអង្គសម្ងំនៅ ដោយកម្មដ្ឋាន​បាន​ភ្លាម​ៗ (ព្រោះហេតុនោះ) បុគ្គលដូចយ៉ាងយើង ដែលជាអ្នកមានរាគៈ ទោសៈ មោហៈ នឹងចូល​ទៅ​គាល់បានដោយលំបាក នែអ្នកបញ្ចសិខៈ បើដូច្នោះ​ គួរអ្នកធ្វើឲ្យ​ព្រះមាន​ព្រះភាគ ​ពេញ​ព្រះហឫទ័យ (បើកឱកាសឲ្យ) ជាមុនសិន ម្នាលអ្នក បើអ្នកបានធ្វើឲ្យ​ព្រះអង្គ​ពេញ​ព្រះហឫទ័យ​ជាមុនហើយ សិមយើងទំាងឡាយ ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ ក្នុងកាលជាខាងក្រោយ។ បញ្ចសិខគន្ធព្វបុត្ត ទទួល​ព្រះរាជ​ឱង្ការ ​របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរ​មាន​ដល់​ព្រះអង្គ ហើយក៏កាន់នូវពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់​ឥន្ទសាលគុហា លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ ដោយ​គិត​ថា ទីត្រឹម​ប៉ុណ្ណេះ ព្រះមានព្រះភាគគង់នៅ មិនឆ្ងាយពេក មិនជិតពេកអំពីអញ ទំាងព្រះអង្គ ​ក៏​ទ្រង់​ឮសំឡេងអញបានផង។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុង ទី​សម​គួរ​ហើយ ក៏​ចាប់​ដេញ​ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទំាងនេះ ដែល​ប្រកប​ដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ព្រមទំាងប្រកបដោយកាម ថា

[៨៦] ម្នាលនាងសុរិយវច្ឆសា [ទេវធីតានោះ មានពន្លឺរស្មីផ្សាយចេញ ពីចុងជើង ឡើងទៅចុងសក់ ប្រាកដដូចជាមណ្ឌលនៃព្រះអាទិត្យស្រទន់ ហេតុដូច្នោះ ទើបឈ្មោះថា សុរិយវច្ឆសា។] ដ៏ចំរើន បងសូមថ្វាយបង្គំ នូវទេវរាជព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុ ដែលនាងកើតមកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរឲ្យកើត​ដល់បង។ ដូចខ្យល់ជាទីត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់​ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួក​ព្រះអរហន្ត​ដូច្នោះ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំ ដល់អ្នកជម្ងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក។ សូមឲ្យបងបានអែបនែបត្រង់ចន្លោះស្តន និង ឧទរ របស់​នាង ដូចជាដំរីមានសេចក្តីក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ត្រជាក់ ប្រកបដោយលំអង នៃកេសរផ្កាឈូក ដូច្នោះឯង។ បងងោងងប់ ព្រោះភ្លៅរបស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែងស្គាល់ហេតុ (ដែលនាំឲ្យ​ប្រាសចាក​រាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែ​កង្វេរ និង​លំពែង។ បងមានចិត្តស្លុងចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្ត ដែលងប់ស៊ប់ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច។ ម្នាលនាងមានភ្លៅដូចបណ្តូលចេកដ៏​ចម្រើន ចូរនាងឱបបង ម្នាលនាងមានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមាន​រូប​ឆោម​ដ៏ល្អ ចូរនាងមកឱបរឹតបង ការឱបរឹតនេះ បងត្រូវការណាស់។ កាមរបស់បង​មាន​តិច​ដែរ​ទេ តែព្រោះនាងមានសក់ត្រសាយ ងឡើង សេចក្តីប្រាថ្នានៃបង ក៏កើតមានជាអនេក ដូចទក្ខិណាទាន ដែលគេថ្វាយ ចំពោះព្រះអរហន្ត។ ម្នាលនាងមានលំអសព្វសព៌ាង្គ បុណ្យណា ដែលបងបានធ្វើហើយ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកនឹងធឹង បុណ្យរបស់បងនោះ សូមជួយបង ឲ្យបានភប់ប្រសព្វនឹងនាង។ ម្នាលនាង មានលំអ​អស់​អង្គ បុណ្យណាដែលបងបានធ្វើហើយ ក្នុងមណ្ឌលនៃប្រឹថពីនេះ បុណ្យរបស់បងនោះ សូមជួយបងឲ្យបានភប់ប្រសព្វនឹងនាង។ ព្រះមុនី ជាសក្យបុត្រ ទ្រង់ប្រកបដោយឈាន គង់នៅ​តែមួយព្រះអង្គឯង មានព្រះប្រាជ្ញាស្មារតី ព្រះអង្គខំស្វែងរកព្រះនិព្វាន យ៉ាងណា ម្នាលនាងសុរិយវច្ឆសា បងក៏ខំស្វែងរកនាង យ៉ាងនោះដែរ។ មួយទៀត សម្តេចព្រះមុនី ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណ ដ៏ឧត្តមហើយ ទ្រង់រីករាយព្រះហឫទ័យ យ៉ាងណាមិញ ម្នាលនាងកល្យាណី ខ្លួនបង បើបានមូលមិត្តនឹងនាងហើយ ក៏នឹង រីករាយក្នុងចិត្ត យ៉ាងនោះដែរ។ ម្នាលនាងដ៏ចំរើនអើយ បើសក្កទេវរាជ ជាធំជាងពួកទេវតា ក្នុងជាន់តាវត្តិង្ស ទ្រង់ប្រទានពរដល់បង​ បងគប្បីប្រាថ្នានាង សេចក្តីប្រាថ្នា ដែលមាំមួន (ក្នុងចិត្ត) របស់បងយ៉ាងនេះ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដ​ដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើ ដែល​ទើបនឹងមានផ្កា។

[៨៧] កាលបើបញ្ចសិខគន្ធព្វបុត្ត ច្រៀងគាថាទាំងនោះយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​បញ្ចសិខគន្ធព្វបុត្ត យ៉ាងនេះថា ម្នាលបញ្ចសិខៈ សំឡេងខ្សែពិណរបស់អ្នក សមល្មមគ្នា នឹងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏សមល្មម​គ្នានឹងសំឡេងខ្សែពិណ ម្នាលបញ្ចសិខៈ មួយទៀត សំឡេងខ្សែពិណរបស់អ្នក មិនប្រព្រឹត្ត​កន្លងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏មិនប្រព្រឹត្តកន្លងសំឡេងខ្សែពិណឡើយ ម្នាល​បញ្ចសិខៈ គាថាទាំងនេះ ដែលប្រកបដោយ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំង​ប្រកបដោយ​កាម តើអ្នកចងក្រងទុកតាំងពីកាលណាមក។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចងក្រងទុក តាំងពីសម័យ​ ដែល​ព្រះមានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ហើយទ្រង់គង់នៅក្រោម​ដើមអជបាល​និគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះ ខ្ញុំព្រះអង្គប្រាថ្នាចង់បាននូវនាងសុរិយវច្ឆសាដ៏ល្អ ដែលជាធីតា​ នៃព្រះបាទ​តិម្ពរុគន្ធព្វរាជ។ បពិត្រព្រះអង្គដ៏ចំរើន តែនាងនោះឯង មានសេចក្តីស្រឡាញ់ ចំពោះ​បុរស​ដទៃវិញ គឺចង់បាន​សិខណ្ឌិទេវបុត្រ ជាបុត្តរបស់មាតលីសង្គហកទេវបុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលដែលខ្ញុំព្រះអង្គ មិនបាននាងនោះ ដោយបរិយាយ​ណាមួយ​ហើយ ទើបខ្ញុំព្រះអង្គកាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅ​ទៅ​ត្រង់លំនៅ របស់ព្រះបាទតិម្ពរុគន្ធព្វរាជ លុះចូលទៅដល់ហើយ ក៏ដេញពិណមានសម្បុរ​លឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាមថា

ម្នាលនាងទេវធីតា ឈ្មោះសុរិយវច្ឆសាដ៏ចំរើន នាងកើតមកហើយ មានរូបល្អ បងសូម​ថ្វាយបង្គំនូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើត​មកហើយ មានលំអជាទីញុំាង​សេចក្តីត្រេកអរ ឲ្យកើតដល់បង។បេ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូប​ប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះ​អ្នកនោះ ជាបិតារបស់នាង ដូចឈើដែល​ទើបនឹងមានផ្កា។

[៨៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំច្រៀងគាថាយ៉ាងនេះហើយ នាងសុរិយវច្ឆសាដ៏ចំរើន បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំ​មិនដែល​បានឃើញព្រះមានព្រះភាគអង្គនោះ​ ក្នុងទីចំពោះព្រះភក្ត្រសោះឡើយ ប៉ុន្តែ កាលខ្ញុំចូលទៅរាំក្នុងរោងឈ្មោះសុធម្មា របស់ទេវតាទាំងឡាយ នៅក្នុងឋានតាវត្តិង្ស ក៏​បាន​ឮកិត្តិគុណរបស់ព្រះមានព្រះភាគនោះ ម្នាលអ្នកនិទ៌ុក្ខ កាលណាបើអ្នកនិយាយ​សរសើរព្រះមានព្រះភាគអង្គនោះ ការជួបគ្នាក្នុងថ្ងៃនេះ ចូរមានដល់យើងទាំងពីរនាក់។ បពិត្រព្រះអង្គដ៏ចំរើន ការស្ម័គ្រសមាគម ជាមួយនឹងនាងនោះ ក៏មានដល់ខ្ញុំព្រះអង្គ ខ្ញុំ​ព្រះអង្គក៏លែងច្រៀង (ទំនុកនេះ) តាំងពីក្រោយនោះមក។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រិះរិះយ៉ាងនេះថា បញ្ចសិខគន្ធព្វបុត្ត សាទរជាមួយនឹង​ព្រះមានព្រះភាគ ទាំងព្រះមានព្រះភាគ ក៏ទ្រង់សាទរជាមួយនឹងបញ្ចសិខគន្ធព្វបុត្ត។ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នក​បញ្ចសិខៈ អ្នកចូរទៅថ្វាយបង្គំ​ព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួល​ព្រះ​បន្ទូល​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយពាក្យថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយថ្វាយបង្គំ​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំង​បរិសទ្យ សូមក្រាបថ្វាយបង្គំ​ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ​ដោយ​ត្បូង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ សូមឲ្យ​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ បានសេចក្តីសុខ តាមសេចក្តីប្រាថ្នាចុះ ព្រោះ​ពួក​ទេវតា និងមនុស្ស អសុរ នាគ គន្ធព្វ និងសត្វដទៃៗ ជាច្រើនពួក តែងប្រាថ្នា​សេចក្តី​សុខ។

[៨៩] ធម្មតា ព្រះតថាគតរាល់ព្រះអង្គ តែងមានព្រះបន្ទូលដោយស្មោះ ចំពោះ​ទៅរក​ពួកយក្ស ដែលមានសក្តិធំ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ឯសក្កទេវរាជ ជាធំជាងពួកទេវតា លុះព្រះមានព្រះភាគ មានព្រះបន្ទូល​ដោយស្មោះ ចំពោះហើយ ក៏​ចូល​ទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ទាំងពួកទេវតានៅក្នុងជាន់តាវត្តិង្ស ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ឯបញ្ចសិខគន្ធព្វបុត្ត ក៏ចូលទៅកាន់​ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ក្នុងសម័យ​នោះឯង ឥន្ទសាលគុហា ដែលមានផ្ទៃមិនរាបស្មើ ក៏ប្រែជាមានផ្ទៃរាបស្មើវិញ មាន​ទីចង្អៀត ក៏ប្រែជាមានទីធំទូលាយវិញ ទាំងងងឹតក្នុងគុហាក៏បាត់ទៅ មានពន្លឺភ្លឺ​ព្រោងព្រាតឡើង ដោយទេវានុភាព របស់ពួកទេវតានោះឯង។

[៩០] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដូច្នេះថា នេះជាហេតុគួរអស្ចារ្យ របស់កោសិយៈមានអាយុ នេះជាហេតុ​មិនធ្លាប់កើតមាន របស់កោសិយៈមានអាយុ នេះជាដំណើរស្តេចមកក្នុងទីនេះ របស់ទេវរាជ ដែលមានកិច្ច​ច្រើន មានការងារច្រើន។ សក្កទេវរាជក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានបំណងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរណាស់ហើយ តែខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយកិច្ចការងារនីមួយ [មានសេចក្តីក្នុងអដ្ឋកថា ពន្យល់ថា ទេវតាជាកូនស្រី ឬកូនប្រុស តែងកើតលើភ្លៅនៃទេវតា។ ស្រីជាបាទបរិចារិកា តែងកើត​លើដំណេកទេវតា។ ទេវតាអ្នកធ្វើគ្រឿងប្រដាប់ដល់ស្រីជាបាទបរិចារិកានេះ តែង​កើតព័ទ្ធជុំវិញដំណេក។ ទេវតាជាអ្នកបម្រើ តែងកើតខាងក្នុងវិមាន។ ទេវតាទាំងនេះ ឥតមានដំណើរទាស់ទែងគ្នាដល់ទៅ​ក្តីក្តាំឡើយ លុះតែទេវតាណាកើតត្រង់ទីព្រំប្រទល់​ដែន ទេវតាទាំងពួង ក៏មិនអាចនឹងកាត់សេចក្តីទេវតានោះ ថាជារបស់អ្នកណាឡើយ ហើយក៏កើតទៅជាក្តីក្តាំនឹងគ្នា ក្រាបទូលដល់សក្កទេវរាជ ឯសក្កទេវរាជ ក៏វិនិច្ឆ័យ​សេចក្តីថា បើវិមានអ្នកណាជិតជាង ត្រូវបានជារបស់អ្នកនោះ បើវិមានទាំងពីរ​ស្មើគ្នា សក្កទេវរាជវិនិច្ឆ័យ​ថា បើទេវបុត្រសំឡឹងមើលទៅរកវិមានអ្នកណា ត្រូវបាន​ជារបស់​អ្នកនោះ បើឥតសំឡឹងមើលទៅក្នុងទីណាទេ ក៏សក្កទេវរាជ ទ្រង់យកទេវបុត្រនោះ មកទុក​ជារបស់ព្រះអង្គ។ សក្កទេវរាជ តែងរវល់ដោយការកាត់ក្តីនេះផង ដោយកិច្ចផ្សេង​ៗ មានក្រសាលល្បែងជាដើមផង ហេតុនោះ បានជាសក្កទេវរាជ ក្រាបបង្គំទូលព្រះអង្គ​ថា ខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយការងារនីមួយ។] របស់ពួកទេវតា នៅក្នុងជាន់​តាវត្តិង្ស ព្រោះហេតុនោះ ខ្ញុំព្រះអង្គ ក៏មិនអាចនឹង​ចូលមកគាល់ព្រះមានព្រះភាគបាន។ បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសលឡគន្ធកុដិ ជិត​ក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ខ្ញុំព្រះអង្គ បានមកកាន់ក្រុងសាវត្ថី ដើម្បីគាល់​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន តែជួនជាវេលានោះ ព្រះមានព្រះភាគ កំពុងគង់សម្ងំ ដោយសមាធិឯណាមួយ។ ឯនាង​ទេវធីតា ឈ្មោះភុជគី ជាបរិចារិការបស់វេស្សវណមហារាជ កំពុងតែឈរប្រណម្យអញ្ជលី នមស្សការ គោរព​ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ខ្ញុំព្រះអង្គផ្តាំផ្ញើនឹងនាងទេវធីតា ឈ្មោះ​ភុជគី ដូច្នេះថា ម្នាលប្អូនស្រី នាងចូរថ្វាយបង្គំព្រះមានព្រះភាគ​ តាមពាក្យយើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គផ្តាំផ្ញើ យ៉ាងនេះហើយ នាងទេវធីតាឈ្មោះ ភុជគី នោះ ឆ្លើយតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ វេលានេះ ជាកាល​មិនគួរនឹងចូលទៅគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្ងំនៅដោយ​ព្រះកម្មដ្ឋាន។ ខ្ញុំព្រះអង្គ បាននិយាយថា បើដូច្នោះ កាលណាបើព្រះមានព្រះភាគ ទ្រង់ចេញ​ចាកសមាធិនោះហើយ ចូរនាងថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន នាងនោះបានថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់​ខ្ញុំ​ដែរឬ ព្រះមានព្រះភាគ ទ្រង់រលឹកឃើញពាក្យនាងនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រទេវានមិន្ទ នាងនោះបានថ្វាយបង្គំតថាគតហើយ តថាគត ក៏រលឹកឃើញពាក្យ​នោះបាន តែតថាគត ចេញចាកសមាធិនោះ ព្រោះសូរនៃខ្នងកង់ (រាជរថ) របស់ទេវរាជ​ដ៏មានអាយុ។ សក្កទេវរាជ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានទៅ​កើតក្នុងពពួកទេវតា នៅក្នុងជាន់តាវត្តិង្ស មុនជាងខ្ញុំព្រះអង្គ ៗ បានឮចំពោះមុខ បានទទួល (ដំណឹងនោះ) ចំពោះ​មុខ នៃទេវតាទាំងនោះថា កាលណាព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើងក្នុងលោក កាលនោះ ពួកទេវតាក៏កុះករ ពួក​អសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះឯង ខ្ញុំព្រះអង្គ បានឃើញ​ជាក់ហើយ តាំងពីដួច ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងកបិលវត្ថុ​នេះឯង មានសក្យធីតាម្នាក់ ឈ្មោះ គោបិកា ជាស្ត្រីជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តែងធ្វើនូវការបំពេញកិច្ច ក្នុងសីលទាំងឡាយ នាងនឿយណាយ​ចិត្ត ក្នុងភេទ​នៃខ្លួនជា​ស្ដ្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃខ្លួនជាបុរស លុះដល់បែក​ទំលាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយ​នឹង​ទេវតា ដែល​ឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាឱរសរបស់ខ្ញុំព្រះអង្គ ពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្សនោះ ស្គាល់​ទេវបុត្តនោះយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ៣រូបដទៃទៀត ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ (លុះទំលាយរាងកាយ) ក៏ទៅកើត​ក្នុងពួកគន្ធព្វ​ដ៏ថោក​ទាប គន្ធព្វ​ទាំង៣រូបនោះ ឲ្យគេបំរើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ តែងមកកាន់ទី​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ លុះគន្ធព្វទាំង៣នោះ មកកាន់​ទី​​បំរើ​របស់​ខ្ញុំ​ព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ គោបកទេវបុត្ត ក៏និយាយ​ដាស់​តឿន រំឭកថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា បានជាឃ្វាង​នឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ អម្បាលយ៉ាងខ្លួនខ្ញុំជាស្ត្រីសោះទេ ម្តេចគង់ជា​អ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានធ្វើនូវ​ការបំពេញកិច្ច​ក្នុងសីល​ទាំងឡាយ​​ទៅ​កើត (មិនតែប៉ុណ្ណោះ) ក៏នឿយណាយចិត្តក្នុងភេទនៃស្ត្រី កើតសេចក្តី​ពេញចិត្ត ក្នុងភេទ​នៃ​បុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏មកកើត​ក្នុង​សុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បាន​មក​ជាបុត្ត​របស់​សក្កទេវរាជ ជាធំជាងពួកទេវតា ឯពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស​នេះ នាំគ្នា​ហៅខ្ញុំយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ ម្នាលអ្នកនិទ៌ុក្ខទាំង​ឡាយ ចំណែក​អ្នកទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ តែបែរ​ជាមកកើតក្នុងពួកគន្ធព្វ ដ៏ថោកទាបវិញ ឱហ្ន៎ យើងទាំងឡាយណា បានឃើញ​ពួកសហធម្មិក [ពួកជនដែលប្រព្រឹត្តធម៌ស្មើគ្នា ក្នុងពុទ្ធសាសនាតែមួយ។] ដែលកើត​ក្នុង​គន្ធព្វដ៏ថោកទាប យើងទាំងឡាយនោះ ឈ្មោះថា បានឃើញរូបដែល​មិនគួរ​ឃើញ។ បពិត្រ​ព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំង៣នាក់ ដែលគោបកទេវបុត្ត និយាយរំលឹក​ដាស់​តឿន​នោះ ទេវតាពីរនាក់ ក៏ត្រឡប់បានស្មារតី ប្រកបដោយឈាន ក្នុងបច្ចុប្បន្ន (លុះច្យុត​ចាក​អត្តភាពនោះហើយ) ក៏បាននូវកាយជាព្រហ្មបុរោហិត។ ឯទេវតា១នាក់ទៀត អាស្រ័យ​នៅក្នុងកាមភព។

[៩១] ខ្ញុំបានជាឧបាសិកា របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ឯឈ្មោះរបស់ខ្ញុំ​ ប្រាកដ​ថា គោបិកា ជាស្ត្រីមានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះពុទ្ធ និងព្រះធម៌ លុះមានចិត្ត​ជ្រះថ្លា​ហើយ បានទាំងបំរើព្រះសង្ឃផង។ ដោយអំណាចនៃព្រះពុទ្ធ​ជាម្ចាស់នោះ និង​ព្រះធម៌ដ៏ប្រពៃ ខ្ញុំក៏បានមកកើតក្នុងបុរីនៃទេវតា បានជាបុត្ររបស់​សក្កទេវរាជ ជាអ្នក​មាន​អានុភាពច្រើន មានពន្លឺច្រើន ពួកទេវតាដែលនៅក្នុងទេវលោក​នេះ តែងស្គាល់ខ្ញុំថា គោបកទេវបុត្ត ដូច្នេះ។ ខ្ញុំបានឃើញនូវពួកភិក្ខុដែលធ្លាប់ឃើញ​ហើយ មកកើត​ក្នុង​ពួក​គន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ឯភិក្ខុទាំងនោះ សុទ្ធតែជា​សាវ័ក​របស់​ព្រះគោតម មួយទៀត យើងទាំងឡាយណា បានកើតជាមនុស្សក្នុងកាលមុន យើងទាំងឡាយនោះ បានចាត់​ចែង​កិច្ច គឺលាង លាបបាទាហើយ បានទំនុកបំរុង​ដោយ​ម្ហូបចំណី និងទឹក ក្នុង​លំនៅ​របស់​ខ្លួន អ្នកទាំងឡាយដ៏ចំរើនទាំងនេះ យកមុខទៅទុកក្នុង​ទីណា បានជាមិនទទួល​យក​ព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់។ ឯធម៌ដែលវិញ្ញូជន គប្បី​ត្រាស់ដឹង​ដោយខ្លួនឯង ក៏ព្រះ​សម្មា​សម្ពុទ្ធ ទ្រង់មានចក្ខុ ទ្រង់ត្រាស់ដឹង​ហើយ សំដែង​ដោយ​ប្រពៃហើយ ឯខ្ញុំបានចូល​ទៅ​អង្គុយស្តាប់សុភាសិត របស់ព្រះអរិយៈទាំង​ឡាយ ដូចអ្នកទាំងឡាយដែរ។ ខ្ញុំបាន​មកកើតក្នុងបុរីនៃទេវតា បានជាបុត្តរបស់សក្កទេវរាជ ជាអ្នក​មានអានុភាពច្រើន មាន​ពន្លឺ​ច្រើន ឯអ្នកទាំងឡាយ បានចូលទៅអង្គុយជិត​ព្រះពុទ្ធ​ដ៏ប្រសើរ ទាំងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងព្រះពុទ្ធសាសនាដ៏ប្រសើរ។ អ្នកទាំងឡាយដ៏​ចំរើន បានមកកើតក្នុងពួកគន្ធព្វ ជាអ្នក​ថោកទាប ការកើតរបស់អ្នកទាំងឡាយដ៏ចំរើន (នេះ) មិនសមគួរសោះឡើយ យើង​បាន​ឃើញពួកសហធម្មិកៈ ដែលមកកើតក្នុងពួក​គន្ធព្វ អ្នកថោកទាប (នេះ) ឱហ្ន៎ ឈ្មោះ​ថា បានឃើញរូបដែល​មិនគួរឃើញ។ ម្នាល​អ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កើតក្នុង​ពួកគន្ធព្វ មកកាន់ទីបំរើនៃ​ទេវតាទាំងឡាយ ចូរមើលនូវគុណវិសេសនេះ របស់ខ្ញុំ​ដែលនៅក្នុងផ្ទះ។ ពីដើម ខ្ញុំជាស្ត្រី ឥឡូវនេះ ខ្ញុំបានជាទេវបុត្ត បរិបូណ៌ដោយ​កាមជា​ទិព្វ​ទាំង​ឡាយ ឯទេវបុត្តទាំងនោះ លុះ​គោបកទេវបុត្ត ជាសាវ័ករបស់ព្រះគោតម បានរំលឹក​ដាស់​តឿនហើយ ក៏ដល់នូវ​សេចក្តី​សង្វេគថា យើងទាំងឡាយ បានមកជួបនឹង​គោបកទេវបុត្ត បើដូច្នោះ យើងចូរនាំគ្នាខំប្រឹង​ប្រែងព្យាយាមទៅ កុំឲ្យបានមក​ជាអ្នក​បំរើគេទៀតឡើយ បណ្តាទេវបុត្តទាំង៣នោះ ទេវបុត្ត២អង្គ បានរលឹកនូវសាសនា [សំដៅយកបឋមជ្ឈាន។] នៃព្រះគោតមហើយ ប្រារព្ធនូវសេចក្តីព្យាយាមជានិច្ច ធ្វើចិត្តឲ្យនឿយណាយ ក្នុងទេវលោកនេះ បានឃើញ​ទោសក្នុងកាមហើយ ទេវបុត្តទាំង២អង្គនោះ បានកាត់នូវកាមសំយោជនៈ និងកាមពន្ធនៈ ជាចំណងរបស់មារ ដែលសត្វ​ប្រព្រឹត្តកន្លងបានដោយកម្រ។ ទេវបុត្តទាំងពីរអង្គនោះ បានកាត់នូវ​ចំណងដ៏​ល្អិត ដូចដំរី (ផ្តាច់ទន្លីង) ហើយប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅ​ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងអស់ ព្រមទាំង​ព្រះឥន្ទ្រាធិរាជ និង បជាបតិទេវរាជ បានចូល​ទៅក្នុងរោង ឈ្មោះសុធម្មា។ ទេវតាទាំងនោះ លុះប្រជុំគ្នាហើយ ក៏មិនប្រព្រឹត្ត​កន្លងនូវ​ទេវបុត្រទាំងពីរនោះបានឡើយ ទេវបុត្រទាំងពីរនោះ ជាអ្នកក្លៀវក្លា ប្រាសចាករាគៈ ធ្វើនូវអនាគាមិមគ្គ ដែលប្រាសចាកធូលី វាសវទេវរាជ ជាធំជាងពួកទេវតា បានឃើញនូវទេវបុត្រទាំងពីរនោះហើយ ក៏ធ្វើនូវសេចក្តីសង្វេគ ក្នុង​កណ្តាលនៃ​ពួកទេវតាថា ទេវបុត្រទាំងនេះ គឺទេវបុត្រ ដែលកើតក្នុងពួកគន្ធព្វ ជាអ្នកថោក​ទាបនោះឯង ប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ឯគោបកទេវបុត្រ លុះបានស្តាប់​ព្រះបន្ទូល នៃវាសវទេវរាជ ដែលទ្រង់កើត​សេចក្តីសង្វេគ​ហើយ ក៏ក្រាបទូលវាសវទេវរាជថា បពិត្រព្រះអង្គ ជាធំជាងជន ព្រះពុទ្ធទ្រង់កើត​ក្នុង​មនុស្ស​លោក ទ្រង់គ្របសង្កត់នូវកាមបាន អ្នកផងតែងស្គាល់ព្រះនាមថា សក្យមុនី ទេវបុត្តទាំងពីរនោះ ជាបុត្ររបស់ព្រះអង្គ សាបសូន្យចាកឈានសតិ លុះខ្ញុំព្រះអង្គ រំលឹក​ដាស់តឿនហើយ ទេវបុត្រទាំងពីរអង្គនោះ ក៏ត្រឡប់បាននូវឈានសតិវិញ។ បណ្តាជន​ទាំង៣នាក់នោះ ជនម្នាក់ អាស្រ័យនៅក្នុងពួកដ៏ថោកទាបនេះ បានចូលទៅរួមក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ជនពីរនាក់ទៀត រលឹកឃើញនូវ​ផ្លូវនៃ​សម្ពោធិញ្ញាណ គឺអនាគាមិមគ្គ ក៏ធុញទ្រាន់នឹងទេវលោក ព្រោះខ្លួន​មានចិត្ត​ប្រកប​ដោយសមាធិ។ កិរិយាប្រកាសនូវធម៌ ក្នុងសាសនានេះ មានសភាពដូច្នេះ បណ្តាសាវ័ក​ទាំង​នោះ សូម្បីសាវ័កណាមួយ ក៏មិនសង្ស័យនឹងអ្វីឡើយ យើងទាំងឡាយ សូមនមស្ការ នូវព្រះពុទ្ធ ព្រះអង្គឈ្នះមារ ព្រះអង្គជាធំជាង​ជន ទ្រង់ឆ្លងនូវឱឃៈបានហើយ កាត់បង់នូវ​សេចក្តីសង្ស័យបានហើយ។ ទេវបុត្រទាំងនោះ បានដឹងច្បាស់នូវធម៌ណា របស់ព្រះអង្គ​ ក្នុងសាសនានេះហើយ បាននូវគុណវិសេស បណ្តាគន្ធព្វទាំង៣នាក់នោះ គន្ធព្វពីរនាក់ បាននូវកាយជាព្រហ្មបុរោហិត បានដល់នូវគុណវិសេស គឺមគ្គ និងផល។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំព្រះអង្គ នាំគ្នាមក ដើម្បីដល់នូវធម៌នោះ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ បើ​ព្រះមានព្រះភាគ ទ្រង់បើក​ឱកាសហើយ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំទូលសួរនូវ​ប្រស្នា។

[៩២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា សក្កទេវរាជនេះ ទ្រង់​មានព្រះទ័យដ៏បរិសុទ្ធស្អាត [សក្កទេវរាជ មានចិត្តបរិសុទ្ធស្អាត តាំងពីកាលដែលយក​កំណើត​ជាមាណព ឈ្មោះ មាឃៈ ក្នុងអចលគ្រាម ក្នុងដែនមគធៈ មុនពុទ្ធកាល។] មកអស់​កាលយូរហើយ នឹងសួរនូវប្រស្នាណានីមួយ ចំពោះតថាគត ក៏សួរតែ​ប្រស្នា​ដែលមានប្រយោជន៍ទាំងអស់ មិនមែនសួរប្រស្នាដែលមិនមានប្រយោជន៍ឡើយ មួយទៀត សក្កទេវរាជ បានសួរតថាគត ៗនឹងដោះស្រាយចំពោះប្រស្នាណា សក្កទេវរាជ ក៏នឹងយល់​ច្បាស់នូវ​ប្រស្នានោះ ឆាប់រហ័សបាន។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​សក្កទេវរាជ ជាធំជាងពួកទេវតា ដោយបទគាថា ថា

បពិត្រ វាសវៈ មហារាជមានព្រះហឫទ័យ ប្រាថ្នានឹងសួរនូវប្រស្នាណា ចូរសួរ​នូវប្រស្នានោះ ចំពោះតថាគតចុះ តថាគត នឹងធ្វើនូវទីបំផុត នៃប្រស្នាទាំងនោះៗ​ ថ្វាយ​មហាបពិត្របាន។

ចប់ បឋមភាណវារៈ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់ប្រទានឱកាសហើយ សក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបបង្គំទូលសួរប្រស្នាជាដំបូងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានធម៌អ្វីជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាយ៉ាងនេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទូលសួរប្រស្នា ចំពោះ​ព្រះមានព្រះភាគហើយ ដោយប្រការ​ដូច្នេះ។ លុះ​សក្កទេវរាជនោះ បានទូលសួរប្រស្នាហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ព្យាករ​ថា បពិត្រ ទេវានមិន្ទ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃ​ៗ មានឥស្សា (សេចក្តីច្រណែន) និងមច្ឆរិយៈ (សេចក្តីកំណាញ់) ជាគ្រឿង​ចងរួបរឹតទុក បានជាពួកសត្វ​ទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើង​ទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយ​មិនមានពៀរនឹងគ្នា ពួកសត្វ​ទាំងនោះ​ តែង​មានសេចក្តីប្រាថ្នាដូច្នេះឯង ទោះបី​មានសេចក្តី​ប្រាថ្នាដូច្នោះ ក៏គង់​សត្វ​ទាំង​នោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយ​មាន​ពៀរ​នឹង​គ្នាដដែល។ លុះព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ក្រាបទូលសួរដោយប្រការដូច្នេះហើយ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៤] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រេកអររីករាយនឹងភាសិត របស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបសួរ​នូវប្រស្នាចំពោះ​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើប​សេចក្តីច្រណែននឹងសេចក្តីកំណាញ់ កើតមាន កាលបើអ្វី​មិនមានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មិនមានដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា បពិត្រទេវានមិន្ទ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ជាដើមហេតុ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​នាំឲ្យកើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ជាកំណើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​​បណ្តាលឲ្យកើត កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មានហើយ ទើបសេចក្តី​ច្រណែន និងសេចក្តីកំណាញ់ ក៏មានដែរ កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មិនមាន​ហើយ សេចក្តីច្រណែន និងសេចក្តីកំណាញ់ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ទើប​សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើអ្វីមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានឆន្ទៈ (សេចក្តីពេញចិត្ត) ជាដើមហេតុ មានឆន្ទៈនាំឲ្យកើត មានឆន្ទៈ​ជាកំណើត មានឆន្ទៈបណ្តាលឲ្យកើត កាលបើឆន្ទៈមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តី​ស្អប់ ក៏មានដែរ កាលបើឆន្ទៈមិនមាន​ហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះឆន្ទៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ ឆន្ទៈក៏មានដែរ កាលបើអ្វីមិនមានហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ ឆន្ទៈ មានវិតក្កៈ (សេចក្តីត្រិះរិះ) ជាដើមហេតុ មានវិតក្កៈនាំឲ្យកើត មានវិតក្កៈ​ជាកំណើត មានវិតក្កៈបណ្តាលឲ្យកើត កាលបើវិតក្កៈមានហើយ ឆន្ទៈក៏មានដែរ កាលបើវិតក្កៈមិនមាន​ហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រ​ព្រះអង្គទ្រង់និទ៌ុក្ខ ចុះវិតក្កៈ​ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើ​អ្វីមានហើយ វិតក្កៈក៏មានដែរ កាលបើ​អ្វីមិន​មានហើយ វិតក្កៈក៏មិនមានដែរ។ បពិត្រទេវានមិន្ទ វិតក្កៈមានចំណែក​នៃបបញ្ចសញ្ញា (សេចក្តីសំគាល់ប្រកបដោយធម៌ ជាគ្រឿងយឺតយូរ [សំដៅយកតណ្ហាវិបរិតទាំង១០៨]) ជាដើមហេតុ មានចំណែកនៃបបញ្ចសញ្ញា​នាំឲ្យកើត មានចំណែកនៃបបញ្ចសញ្ញា​​ជាកំណើត មានចំណែកនៃបបញ្ចសញ្ញា​បណ្តាលឲ្យកើត កាលបើចំណែកនៃបបញ្ចសញ្ញា​មានហើយ វិតក្កៈ ក៏មានដែរ កាលបើចំណែកនៃបបញ្ចសញ្ញា​មិនមាន​ហើយ វិតក្កៈ ក៏មិនមានដែរ។

[៩៥] បពិត្រ​ព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិយ៉ាងណា ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ​នូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់នូវ​ចំណែកនៃបបញ្ចសញ្ញា​។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែង​ថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខា​គួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត​សំដែង​ថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មានដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែល​តថាគតពោល​មកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តា​សោមនស្សទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ សោមនស្សបែបនេះ [សំដៅយក​គេហសិតសោមនស្ស គឺសោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណទាំង៥ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។] ភិក្ខុ​មិនគួរ​សេពគប់។ បណ្តាសោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះហើយ អកុសលធម៌ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ​ដូច្នេះ សោមនស្សបែបនេះ [សំដៅយក​នេក្ខម្មសិតសោមនស្ស គឺសេចក្តីត្រេកអរអាស្រ័យនេក្ខម្មៈ គឺការចេញចាក​កាមគុណ​ទាំង៥ របស់បុគ្គលដែលប្រកបដោយវិបស្សនា។] ភិក្ខុ​គួរ​សេពគប់។ ក្នុងសោមនស្សគួរសេពគប់នោះ សោមនស្សដែលមានវិតក្កៈ វិចារៈក៏មាន [បានដល់សោមនស្សដែលកើតដោយអំណាច​នេក្ខម្មៈ វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។] សោមនស្សដែលមិនមានវិតក្កៈ មិនមានវិចារៈក៏មាន [បានដល់​សោមនស្ស ដែលកើតដោយអំណាចទុតិយជ្ឈាន តតិយជ្ឈាន។] សោមនស្សណា ដែលមិនមានវិតក្កៈ មិនមានវិចារៈ សោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែលតថាគត​ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ទោមនស្សទាំង២នោះ ភិក្ខុដឹងច្បាស់ នូវទោមនស្សណាថា កាលបើអាត្មាអញសេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាល​ឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ទោមនស្ស​បែប​នេះ [សំដៅយក​គេហសិតទោមនស្ស គឺទោមនស្សអាស្រ័យ​នូវផ្ទះ គឺកាមគុណ​ទាំង៥​ប្រព្រឹត្ត​ទៅក្នុងទ្វារ​ទាំង​៦ របស់បុគ្គលដែលមិនបានទទួលនូវអារម្មណ៍ជាទីគាប់ចិត្ត។] ភិក្ខុ​មិនគួរ​សេព។ បណ្តាទោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវទោមនស្សណាថា កាលបើអាត្មាអញ​សេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ទោមនស្សបែបនេះ [សំដៅយក​នេក្ខម្មសិតទោមនស្ស គឺទោមនស្សអាស្រ័យនេក្ខម្មៈ ដែលកើតឡើងដល់បុគ្គល ដែលទទួល​ អន់ចិត្តព្រោះហេតុតែក្របានសម្រេចនូវអរិយភូមិ។] ភិក្ខុ​គួរ​សេព។ ក្នុងទោមនស្សគួរសេពនោះ ទោមនស្សដែលមានវិតក្កៈ វិចារៈ [បានដល់​ទោមនស្ស ដែលកើតដោយអំណាចនេក្ខម្ម វិបស្សនា អនុស្សតិ និងបឋមជ្ឈាន។]ក៏មាន ទោមនស្ស ដែលមិនមានវិតក្កៈ វិចារៈ [បានដល់​ទោមនស្ស ដែលកើតដល់បុគ្គល ដែលប្រកប​ដោយវិបស្សនា ប្រាថ្នានូវអរហត្តផល បើទុក​ជាប្រឹងប្រែងយ៉ាងណា ក៏នៅតែមិនសម្រេច​ដូច​បំណង។] ក៏មាន ទោមនស្សណា ដែលមានវិតក្កៈ វិចារៈ ទោមនស្សនោះ ប្រសើរ​ជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យដែល​តថាគត​ពោល​មក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តា​ឧបេក្ខាទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់ នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ​ដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុ​មិនគួរ​សេព [បានដល់​គេហសិតឧបេក្ខា គឺឧបេក្ខាដែលអាស្រ័យ​នូវផ្ទះ គឺកាមគុណ កើតឡើងដល់បុគ្គលដែល​ខ្លៅល្ងង់ ក៏ជាប់ស្អិតក្នុងឥដ្ឋារម្មណ៍ មិនមានត្រឡប់ថយក្រោយ​វិញ ដូចរុយដែលជាប់ចិត្តនឹងស្ករអំពៅ។]។ បណ្តាឧបេក្ខាទាំងពីរប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ​ដូច្នេះ ឧបេក្ខា​បែបនេះ ភិក្ខុ​គួរ​សេព [បានដល់​នេក្ខម្មសិតឧបេក្ខា គឺឧបេក្ខា ដែលសម្បយុត្ត ដោយវិបស្សនាញាណ មិនត្រេកអរ នឹងឥដ្ឋារម្មណ៍ មិនស្អប់អនិដ្ឋារម្មណ៍។]។ ក្នុងឧបេក្ខា ដែលគួរសេពនោះ ឧបេក្ខាដែលមានវិតក្កៈ វិចារៈ [បានដល់ឧបេក្ខា ដែលកើតដោយ​នេក្ខម្មៈវិបស្សនា អនុស្សតិ និងបឋមជ្ឈាន។] ក៏មាន ឧបេក្ខាដែលមិនមានវិតក្កៈ វិចារៈ [បានដល់ឧបេក្ខា ដែលកើតដោយអំណាចជ្ឈាន មានទុតិយជ្ឈានជាដើម។] ក៏មាន  ឧបេក្ខាណា ដែលមិនមានវិតក្កៈ វិចារៈ ឧបេក្ខានោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះ​នេះ តថាគតបានពោលហើយ ពាក្យនោះ ដែល​តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុលុះតែប្រតិបត្តិ យ៉ាងនេះឯង ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ​ ដល់សេចក្តីរំលត់ នូវ​ចំណែកនៃបបញ្ចសញ្ញា។ ព្រះមានព្រះភាគ ទ្រង់​ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាង​ពួក​ទេវតា ទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏​មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាព្យាករណ៍ របស់​ព្រះមានព្រះភាគ។

[៩៦] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបទូលសួរនូវ​ប្រស្នាតទៅទៀត ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ឈ្មោះថា​អ្នកប្រតិបត្តិ ដើម្បីសង្រួមក្នុងបាតិមោក្ខ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ (មារយាទផ្លូវកាយ) មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ (មារយាទផ្លូវវាចា) មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា (ការស្វែងរក) មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុមិនគួរសេព [ការប្រព្រឹត្តបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ និងការប្រព្រឹត្ត​កន្លងសិក្ខាបទ ជាបណ្ណត្តិវជ្ជៈ ចំពោះកាយទ្វារ ហៅថា កាយសមាចារ ដែលមិនគួរសេព។]។ បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយ​សមាចារណាថា ​កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុគួរសេព [ការវៀរចាកអំពើអម្បាលនោះ មានបាណាតិបាត​ជា​ដើម ចំពោះកាយទ្វារ ហៅថា កាយសមាចារ គួរសេព។]។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេព​ក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែល​តថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរ​សេព​ក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមក​យ៉ាង​នុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹង​ច្បាស់​នូវវចីសមាចារណាថា កាលបើអាត្មាអញ សេពនូវវចីសមាចារនេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុមិនគួរសេព [វចីទុច្ចរិត ៤យ៉ាង មានមុសាវាទជាដើម និងការប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គ ទ្រង់បញ្ញត្តហើយ​ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលមិនគួរសេព។]។ បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវវចី​សមាចារណាថា ​កាលបើ​អាត្មា​អញ សេពនូវវចីសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំង​ឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុគួរសេព [ការវៀរចាកវចីទុច្ចរិត៤យ៉ាង មិនប្រព្រឹត្តកន្លងសិក្ខាបទ ដែលព្រះអង្គទ្រង់​បញ្ញត្តហើយ ចំពោះវចីទ្វារ ហៅថា វចីសមាចារ ដែលគួរសេព។]។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត ពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ​ ព្រោះអាស្រ័យ​ហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី។ ព្រោះថា បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់​នូវបរិយេសនាណា​ថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌​ទាំងឡាយ តែងចំរើន​ដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុមិនគួរសេព [បានដល់អនរិយបរិយេសនា ការស្វែងរកមិនប្រសើរ គឺការស្វែងរកបុត្រ ភរិយា ទ្រព្យ ជាដើម។]។ បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា ​កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុគួរសេព [បានដល់អរិយបរិយេសនា ការស្វែងរកដ៏ប្រសើរ គឺការស្វែងរកព្រះនិព្វាន។]។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរ​សេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុអ្នកប្រតិបត្តិយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុង​បាតិមោក្ខ។

[៩៧] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងឥន្ទ្រិយ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែក មាន២យ៉ាង គឺរូបារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀក មាន២យ៉ាង គឺសទ្ទារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា គន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ មាន២យ៉ាង គឺគន្ធារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ផោដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត មាន២យ៉ាង គឺធម្មារម្មណ៍ ដែលគួរសេពក៏មាន មិនគួរ​សេពក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ដោយសង្ខេបនេះ ខ្ញុំព្រះអង្គអាចដឹងសេចក្តីច្បាស់ ដោយពិសារយ៉ាងនេះបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវសទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀកបែប​ណា។បេ។ កាលបើភិក្ខុសេពនូវគន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ។បេ។ កាលបើភិក្ខុសេពនូវរសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ កាលបើភិក្ខុសេពនូវផដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យទៅ ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុមិនគួរ​សេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែប​ណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុគួរ​សេព។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយសង្ខេបនេះ ខ្ញុំ​ព្រះអង្គ អាចដឹង​សេចក្តីច្បាស់ដោយពិស្តារ យ៉ាងនេះបាន សេចក្តីសង្ស័យក្នុងប្រស្នា​នុ៎ះ ខ្ញុំព្រះអង្គ បានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ក៏អស់ហើយ ព្រោះបានស្តាប់នូវ​បញ្ហា​វេយ្យាករណ៍ របស់ព្រះមានព្រះភាគ។

[៩៨] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ យ៉ាងនេះហើយ ក៏ក្រាបបង្គំទូលសួរនូវ​ប្រស្នាតទៅ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែ​ជាអ្នកមានវាទៈដូចគ្នា មានមារយាទដូចគ្នា មានឆន្ទៈ គឺលទ្ធិដូចគ្នា មានសេចក្តីចូលចិត្ត​ដូចគ្នាឬ។ បពិត្រទេវានមិន្ទ ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនមានវាទៈដូចគ្នា មិនមែនមានមារយាទដូចគ្នា មិនមែនមានឆន្ទៈ គឺលទ្ធិដូចគ្នា មិនមែនមានសេចក្តី​ចូលចិត្ត​​ដូច​គ្នាទេ។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះហេតុអ្វី បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិន​ដូចគ្នា។ បពិត្រទេវានមិន្ទ លោក គឺពួកសត្វមានធាតុ គឺអធ្យាស្រ័យច្រើនពន់ពេក មានធាតុផ្សេងៗគ្នា ក្នុងលោកដែល​មានច្រើន មានធាតុផ្សេងនោះ សត្វទាំងឡាយ ប្រកាន់​មាំនូវធាតុ គឺអធ្យាស្រ័យណាៗ ក៏ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យនោះៗ ដោយកំឡាំងចិត្ត និងការស្ទាបអង្អែល តែង​ពោលនូវពាក្យនេះថា ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឥតប្រយោជន៍ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តី​ចូលចិត្ត​មិន​ដូច​គ្នា។បេ។

[៩៩] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែមាន​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មានធម៌ជាគ្រឿងអស់ទៅនៃយោគៈពិត​ប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដឬ។ បពិត្រទេវានមិន្ទ សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដទេ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដទេ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែជាអ្នកមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មិនមែនជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គ​ទៀង​ប្រាកដ មិនមែន​ជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នា តើព្រោះហេតុអ្វី។ បពិត្រទេវានមិន្ទ ភិក្ខុទាំងឡាយណា ដែលមានចិត្តចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅ​នៃតណ្ហាហើយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វាន​ទៀង​ប្រាកដ ជាអ្នកមានធម៌ជាគ្រឿង​អស់ទៅ នៃយោគៈទៀងប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌​ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វាន​ទៀង​ប្រាកដ ព្រោះហេតុនោះឯង បានជាថា ពួក​សមណព្រាហ្មណ៍ទាំងអស់ មិនមែន​សុទ្ធតែមាន​​សេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿង​អស់ទៅ​នៃយោគៈទៀង​ប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ​ទៀង​ប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺ​ព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នាឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតាទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏ពេញព្រះហឫទ័យ ត្រេកអរ រីករាយ នឹងភាសិត​របស់ព្រះមានព្រះភាគថា បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹង​ហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់​ព្រះមានព្រះភាគ។

[១០០] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជារោគ សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាបូស សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាកូនសរ សេចក្តីញាប់ញ័រ គឺតណ្ហាតែងដឹកទាញនូវបុរសនេះ ឲ្យកើតក្នុងភពនោះៗ ព្រោះហេតុនោះឯង បុរសនេះ រមែងដល់នូវសេចក្តីខ្ពស់ទាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបាននូវ​ឱកាសកម្ម នៃប្រស្នាណា អំពីសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រស្នានោះ ព្រះមានព្រះភាគ អ្នកឃើញនូវកាលដ៏វែង បានព្យាករដល់ខ្ញុំព្រះអង្គហើយ មួយទៀត ព្រះមានព្រះភាគ បានទាំងដកនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ពីខ្ញុំព្រះអង្គ​ចេញបានហើយ។ បពិត្រទេវានមិន្ទ មហាបពិត្រ ធ្លាប់យកប្រស្នានេះទៅសួរ​ចំពោះ​ពួក​សមណព្រាហ្មណ៍ដទៃដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់នាំយកប្រស្នានេះ ទៅសួរចំពោះ​សមណព្រាហ្មណ៍​ដទៃដែរ។ បពិត្រទេវានមិន្ទ ចុះសមណព្រាហ្មណ៍ទាំងនោះ បានព្យាករថ្វាយមហាបពិត្រ ដូចម្តេចខ្លះ បើមហាបពិត្រ មិនទើសទាល់ព្រះទ័យទេ សូមមហាបពិត្រ​មានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគក្តី បុគ្គលដែលមានរូបប្រហែល​ព្រះមានព្រះភាគក្តី អង្គុយក្នុងទីណា ទីនោះមិនទើសទាល់ចិត្ត នៃខ្ញុំព្រះអង្គឡើយ។ បពិត្រទេវានមិន្ទ បើដូច្នោះ សូមមហាបពិត្រ មានព្រះបន្ទូល​ទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សំគាល់ក្នុងពួកសមណព្រាហ្មណ៍ណាថា សមណព្រាហ្មណ៍​ទាំងឡាយ ជាអ្នកនៅក្នុងអរញ្ញប្រទេស មានសេនាសនៈ​ដ៏ស្ងាត់ ដូច្នេះ ខ្ញុំព្រះអង្គ ក៏ចូលទៅរក​សមណព្រាហ្មណ៍​ទាំងឡាយនោះ ហើយសួរនូវប្រស្នាទាំងនេះ ពួក​សមណព្រាហ្មណ៍​នោះ លុះខ្ញុំព្រះអង្គសួរហើយ ក៏មិនអាចនឹងដោះស្រាយបាន កាលមិន​អាច​នឹងដោះស្រាយហើយ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គវិញថា អ្នកដ៏មានអាយុ ឈ្មោះអ្វី លុះពួក​សមណព្រាហ្មណ៍​នោះ សួរខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គបានប្រាប់ថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំឯងជាសក្កទេវរាជ ជាធំជាងពួកទេវតា ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់​សួរមកខ្ញុំព្រះអង្គតទៅទៀតថា បពិត្រទេវានមិន្ទមានអាយុ ចុះព្រះអង្គសាងនូវ​អំពើដូចម្តេច បានជាដល់នូវឋានៈនេះ ដូច្នេះ ខ្ញុំព្រះអង្គក៏សំដែងធម៌ [វត្តបទ៧យ៉ាង] ប្រាប់ដល់ពួកសមណព្រាហ្មណ៍​នោះ តាមដែលបានស្តាប់មក បានរៀនមក ពួក​សមណព្រាហ្មណ៍​នោះ ក៏មានសេចក្តីត្រេកអរ ដោយធម៌មានប្រមាណប៉ុណ្ណោះថា សក្កទេវរាជ ជាធំជាងពួកទេវតា យើងទាំងឡាយបានឃើញហើយផង យើងទាំងឡាយ​ បានសួរនូវប្រស្នាណា លោកក៏បានដោះស្រាយនូវ​ប្រស្នានោះ ដល់យើងទាំងឡាយផង ពួក​សមណព្រាហ្មណ៍​នោះ ក៏ត្រឡប់ទៅជាសាវ័ក របស់ខ្ញុំព្រះអង្គវិញ ឯខ្ញុំព្រះអង្គមិនមែន​ជាសាវ័ក របស់ពួក​សមណព្រាហ្មណ៍​នោះទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ជាសាវ័ករបស់ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់​ទៅ​ក្នុងអបាយ ជាបុគ្គលទៀត មានប្រាជ្ញាជាគ្រឿង​ត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រទេវានមិន្ទ ក្នុងកាលពីមុនអំពីកាលនេះ មហាបពិត្រធ្លាប់ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុនអំពីកាលនេះ ខ្ញុំព្រះអង្គ​ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាន​នូវ​សោមនស្សបែបនេះដែរ។ បពិត្រទេវានមិន្ទ ចុះក្នុងកាលមុនអំពីកាលនេះ មហាបពិត្រ ធ្លាប់​ទទួលការបាននូវសេចក្តី​ត្រេកអរ និងការបាននូវ​សោមនស្សបែបនេះ តើដូចម្តេច។

[១០១] បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ សង្គ្រាមនៃពួកទេវតា និងអសុរបានតទល់គ្នាហើយ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ពួកទេវតា​ឈ្នះ​ ឯពួកអសុរចាញ់។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឈ្នះសង្គ្រាមនោះហើយ បានឈ្មោះថា មានសង្គ្រាមឈ្នះស្រេចហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកទេវតាទាំងឡាយ នឹងបរិភោគនូវឱជារសទាំងពីរ គឺឱជារសរបស់ទេវតា និងឱជារស​របស់អសុរ ក្នុងទេវលោកនេះ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវសេចក្តីត្រេកអរ និងការ​បាននូវសេចក្តីសោមនស្ស របស់ខ្ញុំព្រះអង្គនោះ សឹងប្រកបដោយគ្រឿងវាយដំ ប្រកបដោយ​គ្រឿង​កាប់ចាក់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណា ដើម្បី​ការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បីការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បី​ការត្រាស់ដឹង ដើម្បីព្រះនិព្វានឡើយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាង ការបាននូវ​សេចក្តី​ត្រេកអរ និងការបាននូវសោមនស្សណា របស់ខ្ញុំព្រះអង្គ ព្រោះស្តាប់ធម៌របស់​ព្រះមានព្រះភាគ ការបាននោះ មិនប្រកបដោយគ្រឿងវាយដំ មិនប្រកបដោយគ្រឿង​កាប់ចាក់ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាករាគៈ ដើម្បី​ការរំលត់ទុក្ខ ដើម្បការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បី​ព្រះនិព្វានតែមួយយ៉ាង។ បពិត្រទេវានមិន្ទ ចុះមហាបពិត្រ ទ្រង់ឃើញ​នូវអំណាច នៃ​ប្រយោជន៍ដូចម្តេច ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវ​សោមនស្ស​មានសភាពយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញនូវអំណាច​នៃប្រយោជន៍​៦យ៉ាង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាព​យ៉ាងនេះ។

[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាដំបូង​នេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវ​អាយុ​ថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹងយ៉ាងនេះចុះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់ពីរ​នេះថា ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុមិនមែនជារបស់មនុស្ស ហើយជាអ្នកមិនវង្វេង ចូល​ទៅកាន់គភ៌ក្នុងត្រកូលនោះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៣​នេះថា ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់​មានប្រស្នា​មិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី​តំកល់ខ្ជាប់ នៅដោយ​សេចក្តីដឹងខុសត្រូវ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៥] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៤​នេះថា បើសម្ពោធិញ្ញាណ [សម្ពោធិញ្ញាណ សំដៅយក​សកទាគាមិមគ្គ (អដ្ឋកថា)] នឹងមាន​ដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្នកប្រាថ្នាដើម្បី​ដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្សលោក ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៦] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៥​នេះថា ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវ​អាយុ ជារបស់​នៃមនុស្ស ហើយបានទៅកើតជាទេវតាដ៏ឧត្តម ក្នុងទេវលោកវិញ ដូច្នេះ ហើយសំដែង​នូវការបាន​នូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៧] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ជាគំរប់៦​នេះថា ពួកទេវតានោះ ឧត្តមជាងទេវតាទាំងពួង ជាអ្នកមិនថោកថយ ជាអ្នកមានយស ឋិតនៅក្នុងលំនៅណា លំនៅនោះ មុខជានឹងមានដល់ខ្ញុំព្រះអង្គ ក្នុងភពជាទីបំផុតមិន​ខាន [អដ្ឋកថា ព្រះឥន្ទមុខជានឹងបាននូវអនាគាមិមគ្គ លុះច្យុតអំពីអត្តភាពនេះទៅ នឹងបានទៅកើតក្នុងសុទ្ធាវាស មានអវិហាជាដើម មានអកនិដ្ឋភពជាទីបំផុត។] ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍​ ទាំង​៦ប្រការ​ហ្នឹងឯង ទើបសំដែងនូវការបាននូវសេចក្តី​ត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។

[១០៨] ខ្ញុំព្រះអង្គ មានសេចក្តីប្រាថ្នា​មិនទាន់សម្រេច នៅមានសេចក្តីសង្ស័យ ងឿងឆ្ងល់ តែងត្រាច់ស្វះស្វែងរកព្រះតថាគត អស់កាលជាយូរអង្វែងមកហើយ។ ខ្ញុំព្រះអង្គ សំគាល់នូវពួកសមណៈណា ដែលជាអ្នកនៅក្នុងទីស្ងាត់ ក៏នឹកស្មានថា ជាព្រះ​សម្ពុទ្ធ ដូច្នេះហើយ ចូលទៅអង្គុយជិតពួកសមណៈនោះ។ ពួកសមណៈនោះ លុះខ្ញុំព្រះអង្គសួរថា សេចក្តីជ្រះថ្លា តើដូចម្តេច សេចក្តីមិនជ្រះថ្លា តើដូចម្តេច ដូច្នេះហើយ មិនអាចនឹងដោះស្រាយ ក្នុងមគ្គ និងបដិបទាទាំងឡាយបានឡើយ។ កាលណាដែលពួកសមណៈទាំងនោះ ស្គាល់ខ្ញុំព្រះអង្គថាជាសក្កទេវរាជ មកពីឋាន​ទេវតា ពួកសមណៈទាំងនោះ បានសួរខ្ញុំព្រះអង្គថា ទេវរាជ បានសាងកុសលដូចម្តេច ទើបបាននូវសម្បត្តិនេះ។ ខ្ញុំព្រះអង្គ ក៏សំដែងធម៌ តាមដែលបានស្តាប់មក ប្រាប់ដល់​សមណៈទាំងនោះ ឲ្យប្រាកដក្នុងទីប្រជុំជន ពួកសមណៈទាំងនោះ នាំគ្នាពេញចិត្ត ដោយហេតុនោះថា យើងទាំងឡាយ បានឃើញវាសវទេវរាជហើយ។ មួយវិញទៀត កាលណាដែលខ្ញុំព្រះអង្គ បានឃើញនូវព្រះសម្ពុទ្ធ ទ្រង់ឆ្លង​ផុតចាកសេចក្តីសង្ស័យ​ហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ជាអ្នករួចចាកភ័យហើយ បានចូលមកអង្គុយជិត​ព្រះសម្ពុទ្ធ។ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវ​ព្រះសម្ពុទ្ធ ទ្រង់ដកចោលនូវសរ គឺតណ្ហាចេញបានហើយ រកបុគ្គលប្រៀបផ្ទឹមគ្មាន ទ្រង់មានព្យាយាមច្រើន ទ្រង់ត្រាស់ដឹង (នូវចតុរារិយសច្ច) ព្រះអង្គជាពូជពង្សនៃអាទិច្ចគោត្រ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ (ក្នុងកាលមុន) ខ្ញុំព្រះអង្គ ព្រមទាំងទេវតា បានធ្វើនូវការនមស្ការណា ចំពោះព្រហ្ម ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ សូមថ្វាយ​នមស្ការនោះ ចំពោះ​ព្រះអង្គវិញ ខ្ញុំព្រះអង្គ សូមធ្វើនូវការថ្វាយបង្គំ​ចំពោះព្រះអង្គដោយ​ខ្លួនឯង។ ព្រះអង្គជាព្រះសម្ពុទ្ធពិតមែន ព្រះអង្គជាសាស្តាប្រសើរ ក្នុងលោកនេះ ព្រមទាំង​ទេវលោក នឹងរកបុគ្គលណាមួយ មកប្រៀបផ្ទឹមនឹងព្រះអង្គ គ្មានឡើយ។

[១០៩] លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅនូវ​បញ្ចសិខគន្ធព្វបុត្តថា នែអ្នកបញ្ចសិខៈ អ្នកជាបុគ្គលមានឧបការៈច្រើនដល់យើងពិត ដោយហេតុ អ្នកបានធ្វើព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុន ម្នាលអ្នក លុះអ្នកបាន​ធ្វើ​ព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុនហើយ ទើបយើងបានចូលមកគាល់​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ យើងនឹងតាំង​អ្នក ទុកក្នុងទីដូចជាបិតា អ្នកនឹងបានជាស្តេចនៃពួកគន្ធព្វ មួយវិញទៀត យើងនឹង​ឲ្យនាង​ភទ្ទាសុរិយវច្ឆសាដល់អ្នក ព្រោះថា នាងភទ្ទាសុរិយវច្ឆសានោះ អ្នកក៏ចង់បានមក​ជាយូរហើយ។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់យកព្រះហស្តទះផែនដី ហើយបន្លឺនូវឧទាន អស់វារៈ​៣ដងថា

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[១១០] ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា ក៏បានកើតដល់សក្កទេវរាជ ជាធំជាងពួកទេវតាផង ដល់ពួក​ទេវតាទាំង៨ហ្មឺនឯទៀត​ផងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញ ជាធម្មតា។ ប្រស្នាណា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា បានអារាធនា បានទូលសួរហើយ ប្រស្នានោះ ព្រះមានព្រះភាគ ទ្រង់បានព្យាករហើយ ដោយប្រការ​ដូច្នេះ។ ព្រោះហេតុនោះ ពាក្យថា សក្កបញ្ហៈដូច្នេះ ជាឈ្មោះនៃវេយ្យាករណ៍នេះឯង។

ចប់ សក្កប្បញ្ហសូត្រ ទី៨។

មហាសតិប្បដ្ឋានសូត្រ ទី៩

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​កម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជា​ផ្លូវ​មូល​តែ​មួយ [ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យ​មួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់​ព្រះនិព្វាន មិនមាន​បែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែល​ត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់​ពួកចេញ ហើយទៅសម្ងំ​នៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់​ព្រះសម្មាសម្ពុទ្ធ ព្រោះ​ព្រះអង្គប្រសើរ​ជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើត​មានឡើងផង។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវ​សេចក្តី​សោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បី​បាន​នូវ​អរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋាន​ទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញ​នូវកាយ​ក្នុង​កាយ​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹង​ខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក [អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅ​យកកាយ ព្រោះកាយនោះ ជាសភាវៈតែង​ទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុង​កាយនោះ មិនមែនត្រឹមតែក្នុងកាយ​ប៉ុណ្ណោះទេ សូម្បី​តែអភិជ្ឈា និងទោមនស្ស​ក្នុងពួក​វេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុង​គម្ពីរ​វិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។]ចេញ១ ពិចារណា​ឃើញ​នូវវេទនា ​ក្នុង​វេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជា​អ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក​ចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម​ ជា​គ្រឿង​ដុត​កំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។

ចប់ ឧទ្ទេសវារកថា។

អានាបានបព្វៈ

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មាន​សតិ​ដក​ដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាល​ដក​ដង្ហើម​ចេញ​ខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់​ដឹងច្បាស់​នូវ​កាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹង​រម្ងាប់​កាយ​សង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយ​សង្ខារ ដកដង្ហើមចូល ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្ស​នៃ​ជាង​ក្រឡឹង​ក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ទាញ​ខ្សែ​ក្រឡឹង​វែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើម​ចូល​វែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬ​កាល​ដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មា​អញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សា​ថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល​សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹង​រម្ងាប់​នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុ​ពិចារណា​ឃើញ​នូវ​កាយ​ក្នុង​កាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំ​កើត​ឡើង​ក្នុង​កាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំ​កើត​ឡើង​ក្នុង​កាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំង​ធម៌​ដែល​សូន្យ​ទៅ​ក្នុង​កាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើង​ចំពោះ​ថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់​តែ​ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ​មាន​ចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀក​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយ​ក្នុង​កាយ​ជា​ប្រក្រតី ​គ្រប់​ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ អានាបានបព្វៈ។

ឥរិយាបថបព្វៈ

[១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏​ដឹង​ច្បាស់​ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយ​អាការៈ​យ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់​ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាង​នេះ​ឯង។

ចប់ ឥរិយាបថបព្វៈ ។

សម្បជញ្ញបព្វៈ

[១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជា​ទី​សប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។] គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវ​សេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាល​ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយ​ក្នុងកាយខាង​ក្នុងជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ខាង​​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុង​កាយ​ជា​ខាង​ក្នុង ​និង​ខាង​ក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌​ដែល​ប្រជុំ​កើត​ឡើង ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំង​ធម៌​ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី​របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤​ យ៉ាង​នេះ​ឯង។

ចប់ សម្បជញ្ញបព្វៈ។

បដិកូលមនសិការបព្វៈ

[១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពី​ចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការ​ផ្សេងៗ​ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យ​មើល​ដូច្នេះ​ថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះ​សណ្តែក​រាជ​មាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុង​សក់​ចុះ​មក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះ​ថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយ​ក្នុង​កាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ បដិកូលមនសិការបព្វៈ ។

ធាតុមនសិការបព្វៈ

[១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណា​ឃើញ​ច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បី​ពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មាន​ឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែល​ឋិតនៅ​យ៉ាង​ណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះ​មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។បេ។

ចប់ ធាតុមនសិការបព្វៈ។

នវសីវថិកាបព្វៈ

[១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣​ថ្ងៃ​ក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូច​ម្តេច​មិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បី​កាយ [អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។] ​នេះ​សោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លង​នូវ​ភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់​គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុង​កកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មាន​រុយ​ជា​ដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់​នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែល​ពួកសត្វ​កំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​ធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយ​ទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។

[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃ​ជា​គ្រឿងចង។បេ។

[១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃ​ជា​គ្រឿងចង។បេ។

[១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង​ទៅ​ដោយ​ឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹង​ទ្រនុង​ខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាវៈ​ដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់​នូវសរីរៈ​ស្លាប់ ដែល​សល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែល​ប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវ​កាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

[១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈ​ស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃ​ស័ង្ខ។បេ។

[១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួស​ទៅ​មួយឆ្នាំ​ហើយ។បេ។

[១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុង​កាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជាទីប្រជុំកើត​ឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យ​ទៅ​ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត​ឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បី​ឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ នវសីវថិកាបព្វៈ។

ចប់ កាយានុបស្សនា ។

វេទនានុបស្សនា ការពិចារណានូវវេទនា

[១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាល​ទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនា​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួល​សុខវេទនា ប្រកបដោយអាមិសៈក្តី [អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវ​កាម​គុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។] ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ [អដ្ឋកថាថា បានខាង​សោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង​៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យ​នេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា ដែល​ឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ [បានខាងឧបេក្ខាវេទនា​​ ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួល​អទុក្ខមសុខវេទនា ដែលឥតអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។]ក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវ​វេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មាន​សុខ​វេទនា​ជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុង​វេទនា​ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនា​ទាំង​ឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទី​កំណត់​ដើម្បី​ឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ វេទនានុបស្សនា។

ចិត្តានុបស្សនា ការពិចារណាចិត្ត

[១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមាន​ចិត្ត​ដទៃ​ប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏​ដឹង​ច្បាស់​ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និង​ឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាក​សមាធិ​ទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ [ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុង​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថ​ទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់​ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ ចិត្តានុបស្សនា។

ធម្មានុបស្សនា ការពិចារណានូវធម៌

[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥​យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះ​កាមច្ឆន្ទៈ​មាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយ​កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុក​ក្នុង​ចិត្ត​ ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខ​ថា​សុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។] កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការ​ធ្វើ​ទុក​ក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់​ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមាន​ទ្វារគ្រប់គ្រង​ល្អ​ក្នុង​ឥន្ទ្រិយ​ទាំង​ប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈ​ជាអ្នករាប់​រក​កល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។] កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹង​ច្បាស់​នូវ​ហេតុ​នោះផង [កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះ​ព្យាបាទ​មាន​នៅក្នុង​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។] កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែល​បានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់​ដោយ​ធម៌​៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណា​ឃើញ​នូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើន​ដោយ​ការ​ពិចារណា​១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយ នូវពាក្យជាទីសប្បាយ១។] ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង [អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]។ ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅ​ក្នុង​សន្តាន​ចិត្ត​អាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិន​មាន​នៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលនាំឲ្យកើតថីនមិទ្ធៈ មាន ៥ប្រការ គឺមិនត្រេកអរ១ ច្រអូសឬទម្រន់កាយ១ មិតពត់កាយ១ ពុលបាយ១ រួញចិត្ត១។] កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ​ផង [ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ ព្យាយាមដែល​ប្រារព្ធ​ផ្តើមឡើង​ជាដំបូង១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ (សេចក្តី​ខ្ជិល)១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺ កាន់យកនិមិត្ត ក្នុងការបរិភោគហួសប្រមាណ១ ភាពនៃកិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១ ការធ្វើទុកក្នុងចិត្ត ចំពោះអាលោកសញ្ញា១ នៅក្នុងឱកាសដែលស្រឡះ១ ភាពជាអ្នករាប់រកកល្យាណមិត្ត១ ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ថីនមិទ្ធៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​មិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥត​ឧបាយ​ប្រាជ្ញា ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យ​កើត​ឧទ្ធច្ចកុក្កុច្ចៈ។] ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត ជាហេតុលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌៦​ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈ​ជា​អ្នក​ចេះដឹង​ស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន១ ភាវៈជាអ្នករាប់រក​កល្យាណ​មិត្ត១ ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ឧទ្ធច្ចៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈ​មិនកើតត​ទៅ​ទៀត ដោយសារអនាគាមិមគ្គ។]ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹង​ច្បាស់​ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅ​ក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ ដែលជាទីតាំង នៃ​សេចក្តី​សង្ស័យ ជាហេតុនាំឱ្យកើតវិចិកិច្ឆា។] ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ប្រាជ្ញា ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់​ដោយ​ធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់១ ភាវៈ​ជាអ្នករាប់រកកល្យាណមិត្ត១ ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ផង វិចិកិច្ឆា​ដែល​លះ​បង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ [វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។]ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់​ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្រៅ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាង​ក្នុង និង​ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំ​កើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើង​ចំពោះ​ថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ចប់ នីវរណៈបព្វៈ ។

ខន្ធបព្វៈ

[១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុ​ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធ​ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] វេទនា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] សញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែល​ជាដែន​កើត​ឡើង​នៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] វិញ្ញាណមានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែន​កើត​ឡើង​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។] ធម៌ដែលជាដែន​វិនាសទៅ​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យ​លក្ខណៈ​ក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួក​ខន្ធបព្វៈ​ឯណោះ​ហើយ។]។ ភិក្ខុ​ពិចារណាឃើញនូវធម៌ ក្នុង​ធម៌​ទាំង​ឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ​នូវធម៌​ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវ​ធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ខន្ធបព្វៈ។

អាយតនបព្វៈ

[១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវ​ធម៌​ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយ​វិធី​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹង​ច្បាស់​នូវ​រូប​ទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យ​នូវភ្នែក និងរូប​ទាំង​ពីរ​នោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ [អដ្ឋកថាថា កិលេសជាត ជាគ្រឿង​ចង​សត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។] ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏​ដឹង​ច្បាស់​នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។     ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹង​ច្បាស់​នូវ​សំឡេង​ទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ទាំង​ឡាយ​ផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏​ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា សំយោជនៈទាំង១០ កើតឡើង​ព្រោះ​អាស្រ័យហេតុផ្សេងគ្នា គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាច កាម​ ចំពោះអារម្មណ៍គួរប្រាថ្នា ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តី​ក្រោធ​ ចំពោះអារម្មណ៍ ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើ​ក្រៅ​តែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបានឡើយ។ ទិដ្ឋិ​សំយោជនៈ គឺសេចក្តីប្រកាន់ នូវរូបារម្មណ៍នុ៎ះថាទៀង ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា សីលព្វត្តយ៉ាងនេះ យើងអាច​សមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា សូមកុំ​ឲ្យជនដទៃ​បានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ គឺសេចក្តី​កំណាញ់លាក់​លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គល​ដទៃ។ អវិជ្ជាសំយោជនៈ គឺសេចក្តី​មិនដឹង​នូវសហជាតធម៌ទាំងអស់។] ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែល​កើតឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់​ដោយ​បហានៈ​២​យ៉ាង​គឺ តទង្គប្បហានៈ១ វិក្ខម្ភនប្បហានៈ១។]ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [សំយោជនៈទាំង៥ប្រការ គឺទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ឥស្សា១ មច្ឆរិយៈ១ ដែលមិនកើតតទៅទៀត ដោយ​សារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ ទាំងពីរដែលនៅគ្រោតគ្រាត មិន​កើត​តទៅ​ទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត មិនកើតតទៅទៀត ដោយសារ​អនាគាមិមគ្គ។ មានៈ១ ភវរាគៈ១ អវិជ្ជា១ ដែលមិនកើតតទៅទៀត ដោយសារ​អរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏ត្រូវតាមន័យនេះដែរ។]ផង។ ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌​ទាំងឡាយ ​ខាងក្នុង​ជា​ប្រក្រតី  គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿង​កំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទី​កំណត់​ ដើម្បីឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិច​តួច​ ក្នុង​លោក​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ អាយតនបព្វៈ។

ពោជ្ឈង្គបព្វៈ

[១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាន​នៅ​ក្នុង​សន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅ​ក្នុងសន្តាន​ចិត្ត​របស់​អាត្មា​អញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយ​ហេតុ​ណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។] ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃ​សតិសម្ពោជ្ឈង្គ ដែល​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើ​យោនិសោមនសិការៈ​ឲ្យច្រើន​ក្នុង​សម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬ​ដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌​ជា​ភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាក​បុគ្គល​ភ្លេច​ស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​សតិ​គ្រប់ឥរិយាបថ១។]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថា ថា ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន៧ គឺ សភាវៈ​សាក​សួរ១ ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម អោយ​ស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា១ វៀរចាក​បុគ្គល​ដែល​អាប់ឥតប្រាជ្ញា១ រាប់រកបុគ្គល ដែលមានប្រាជ្ញា១ ពិចារណា ចំពោះ​បញ្ចក្ខន្ធ​ដ៏​ជ្រៅ​ដោយញាណចរិយា១ បង្អោនចិត្តទៅ ដើម្បីកំណត់ ធម្មវិចយសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។] ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ដែលជាហេតុ នាំឱ្យ​កើត​វិរិយសម្ពោជ្ឈង្គមាន១១គឺ ពិចារណាឃើញនូវភ័យតិចតួច១ ឃើញនូវ​អានិសង្ស (នៃការព្យាយាម)១ ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះ​បិណ្ឌបាត១ ពិចារណាឃើញនូវអរិយទ្រព្យទាំង៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តា​ជាធំ១ នូវជាតិជាធំ១ នូវសព្រហ្មចារីបុគ្គលជាធំ១ វៀរចាកបុគ្គលខ្ជិលច្រអូស១ រាប់រក​បុគ្គល​មានព្យាយាម១ បង្អោនចិត្តទៅ ដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះ​បីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែល​ជាហេតុ​នាំឲ្យ​កើត​បីតិសម្ពោជ្ឈង្គមាន១១គឺ រលឹកដល់ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ បរិច្ចាគ១ ធម៌​នាំឱ្យកើតជាទេវតា១ ព្រះនិព្វាន១ វៀរចាកបុគ្គលមិនស្អាត១ រាប់រកបុគ្គលស្អាត១ ពិចារណាតាមបាសាទនីយសូត្រ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បីតិសម្ពោជ្ឈង្គ គ្រប់​ឥរិយាបថ១។] ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែល​ជាហេតុ​នាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន៧គឺ ត្រូវការភោជនថ្លៃថ្លា១ ត្រូវការ​រដូវ​សប្បាយ​១ ត្រូវការឥរិយាបថសប្បាយ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល១ វៀរចាក​បុគ្គល​អ្នក​ស្ងួនគ្រងកាយ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់១ បង្អោនចិត្តទៅ ដើម្បី​តម្កល់​បស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះសមាធិសម្ពោជ្ឈង្គ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន។បេ។ [អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គ មាន១១គឺ ធ្វើវត្ថុ​ខាង​ក្នុង និង​ខាងក្រៅឱ្យស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ ឱ្យស្មើគ្នា១ ឈ្លាសក្នុងកសិណនិមិត្ត១ ផ្គង​ចិត្ត​ឡើងតាមសម័យ១ សង្កត់សង្កិនចិត្តតាមសម័យ១ ធ្វើចិត្តអោយរីករាយ (ចំពោះ​សំវេគវត្ថុ៨ប្រការ) តាមសម័យ១ ធ្វើចិត្តឱ្យសំឡឹង (នូវអារម្មណ៍)១ វៀរចាក​បុគ្គល​ដែល​មាន​ចិត្តមិនខ្ជាប់ខ្ជួន១ រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន១ ពិចារណានូវឈានវិមោក្ខ១ បង្អោនចិត្តទៅ ដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះ​ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុង​សន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់​អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ​ផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ [ធម៌ដែលជាហេតុនាំឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ មាន៧គឺ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសត្វ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល​ ចំពោះ​សង្ខារ១ វៀរចាកបុគ្គល ដែលមានការទំនុកបំរុង ចំពោះ​សត្វ និងសង្ខារ១ រាប់រក​បុគ្គលដែលមានចិត្តជាកណ្តាល ចំពោះ​សត្វ និងសង្ខារ១ បង្អោន​ចិត្តទៅ ដើម្បី​ឲ្យកើត​ឧបេក្ខាសម្ពោជ្ឈង្គ គ្រប់ឥរិយាបទ១។] ផង។ ភិក្ខុពិចារណាឃើញ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុង​ធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណា​ឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុង​ធម៌​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌​ទាំង​ឡាយ​មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ ពោជ្ឈង្គបព្វៈ។

ចប់ បឋមភាណវារៈ។

សច្ចបព្វៈ

ទុក្ខសច្ចនិទ្ទេស

[១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះ​ជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជា​បដិបទា ឲ្យបាន​ដល់​នូវ​សភាវៈ​រំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែល​កើត​ជា​ដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តី​លំបាក​កាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​សុទ្ធ​តែ​ជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារ​ទាំងឡាយ ដែល​មិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាក​សត្វ និង​សង្ខារ​ទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គល​កាល​ចង់​បាន​នូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយា​កើត​ព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាន​នូវ​អាយតនៈ​ណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬ​ការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការ​ទ្រុឌ​ទ្រោម​ឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា​មរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តី​បែកធ្លាយ នៃ​ខន្ធ​ទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះ​ៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តី​ក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយា​យំអណ្តឺត​អណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការ​យំបម្រះ​ននៀល​ណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាល​ភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តី​មិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការ​ទទួលរង​សេចក្តី​មិន​ស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ដូច​ម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួល​អារម្មណ៍​មិន​ស្រួល​ណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តី​ទុក្ខ​ណា​មួយ​ពាល់​ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជន​ទាំង​ឡាយ​ណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជន​ទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះ​សោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យ​ក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការ​មិន​បានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹង​អារម្មណ៍​ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តី​ប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​​ឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មាន​សេចក្តី​ឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តី​ខ្លោចផ្សា​ចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​ នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធ​ទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគត​ហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។

សមុទយសច្ចនិទ្ទេស

[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហា​ណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តី​ប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា [អដ្ឋកថា ថា ភវតណ្ហានេះ ជាឈ្មោះនៃតម្រេក​ក្នុង​រូបភព និងអរូបភព ដែលប្រកបដោយសស្សតទិដ្ឋិ គឺយល់ឃើញថា សត្វទៀង លោក​ទៀង កើតឡើងព្រោះសេចក្តីប្រាថ្នាចំពោះភព។] (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)​១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ [តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេក ប្រកប​ដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។]) ១។

[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើង​ក្នុង​ទី​ណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែល​មាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​អារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុង​លោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈ​ក្នុង​លោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាល​ដែល​ជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍​ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍​ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាព​គួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​មនោសម្ផ័ស្ស​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនា​កើត​អំពី​ចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិត​សន្សំ​នូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំ​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមាន​សភាពគួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើត​ឡើង​ក្នុង​ការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង​សេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីត្រិះរិះ នូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណា​នូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណា​នូវ​គន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណា​នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​ការពិចារណា​នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។

និរោធសច្ចនិទ្ទេស

[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធ​អរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់​ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល​បុគ្គល​លះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅ​ក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក ។ ឃានៈ ក្នុងលោក ។ ជិវ្ហា ក្នុងលោក ។ កាយ ក្នុងលោក ។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហា​នុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់​ទៅក្នុងមនោនោះ ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក ។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក ។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក ។ រសារម្មណ៍ទាំងឡាយ ក្នុងលោក ។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក ។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមាន​សភាព​គួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុង​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ ។ ចក្ខុវិញ្ញាណ ក្នុងលោក ។ សោតវិញ្ញាណ ក្នុងលោក ។ ឃានវិញ្ញាណ ក្នុងលោក ។ ជិវ្ហាវិញ្ញាណ ក្នុងលោក ។ កាយវិញ្ញាណ ក្នុងលោក ។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅ​ក្នុង​មនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក ។ សោតសម្ផ័ស្ស ក្នុងលោក ។ ឃានសម្ផ័ស្ស ក្នុងលោក ។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ កាយសម្ផ័ស្ស ក្នុងលោក ។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែល​រលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​សម្គាល់នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែល​មាន​សភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុង​ការ​គិត​សន្សំនូវ ធម្មារម្មណ៍នុ៎ះ ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរ​ត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តី​ប្រាថ្នានូវ​ធម្មារម្មណ៍​នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់​ទៅ​ក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាព​គួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណា​នូវ​ធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។

ទុក្ខនិរោធគាមិនីបដិបទាសច្ចនិទ្ទេស

[១៣៧] ម្នាលភិក្ខុ​ទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនី​បដិបទា​អរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តី​យល់​ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)​១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តី​ព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹង​ត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា​ដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់​នៃ​ទុក្ខ​ណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បី​ការ​មិន​ព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំង​ឡាយ នេះ តថាគត​ហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនា​វៀរចាក​កិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាក​ការពោលពាក្យ​រោយ​រាយ​ឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វ​មានជីវិត​ឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនា​វៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។  ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំង​ព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើង​ហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាម​មាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បី​ញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី​ជា​គ្រឿង​កំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញ​នូវវេទនា ក្នុងវេទនា​ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណា​ឃើញ​នូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម​ជាគ្រឿង​ដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាក​ធម៌​ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះ​ភិក្ខុចូលទៅ​ជិត​រម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទី​ផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូល​កាន់​ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ​ខាង​ក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែល​ជា​ទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ​នូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌​ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយ​បការ​ដូច្នេះ​ឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើន​ស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌​ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចប់ សច្ចបព្វៈ ។

ចប់ ធម្មានុបស្សនា។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តា​ផល​ទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តី​ប្រាថ្នា​ដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន​សម្រេច​នូវ​ភាវៈ ជា​អនាគាមិ​បុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់​នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាម​សេចក្តី​ប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន​ទាន់​ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹង​បាន​សម្រេច​នូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបាន​សម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជា​ព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តី​ខ្សឹកខ្សួល​រំជួល​ចិត្ត​ទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែល​តថាគត​បានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋាន​ទាំង​៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុ​ទាំង​ឡាយ​នោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។

បាយាសិរាជញ្ញសូត្រ ទី១០។

[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យ​មួយ ព្រះកុមារកស្សបដ៏​មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹង​ភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប បានទៅដល់​សេតព្យនគរ របស់អ្នកកោសលទាំងឡាយ។ បានឮថា ព្រះកុមារកស្សប​ដ៏មានអាយុ គង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈនោះ។ សម័យនោះឯង ព្រះ​បាទ​បាយាសិរាជញ្ញៈ [អដ្ឋកថា ថា ស្តេចគ្រងរាជ្យ មិនទាន់បាន​អភិសេកនៅឡើយ។] គ្រប់គ្រងសេតព្យនគរ ដែលជានគរកុះករ ដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយ​ស្រូវ អង្ករ ជាស្រុកព្រះរាជទ្រព្យ ដែល​ព្រះបាទ​បសេនទិកោសល ទ្រង់ប្រទាន ជារាជរង្វាន់ ជារង្វាន់ដ៏ប្រសើរ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ កើតមានទិដ្ឋិអាក្រក់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វ ជាឱបបាតិកៈ មិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន ដោយហេតុនេះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ បានឮដំណឹង​​ហើយ (ក៏និយាយគ្នា) ថា ម្នាលគ្នាយើង សមណៈ ឈ្មោះកុមារកស្សប ជាសាវ័ករបស់​ព្រះសមណគោតម ត្រាច់ទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ក្រុងសេតព្យៈ ហើយគង់នៅក្នុងព្រៃធ្នង់ ដែលឋិតនៅជាខាង​ជើង ក្រុង​សេតព្យៈ ជិតក្រុងសេតព្យៈ។ កិត្តិស័ព្ទសរសើរព្រះកុមារកស្សប​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយទៅយ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ក៏ការដែល​បានជួប​ព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់។ លំដាប់នោះ ពួក​ព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញពីក្រុងសេតព្យៈ ទៅជាពួក ជាកង មានមុខ​ត្រសង ទៅកាន់​ទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់។

[១៤០] សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ ទ្រង់​ស្ដេច​ចូល​ទៅ​កាន់​ក្រឡា​បន្ទំ​ ក្នុង​វេលា​ថ្ងៃ ខាងលើប្រាសាទ។ ព្រះបាទបាយាសិរាជញ្ញៈ បាន​ទត​ឃើញ​ពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ កំពុង​ចេញ​ពី​ក្រុងសេតព្យៈជាពួក ជាកង មានមុខត្រសង ទៅ​កាន់​ទិស​ខាង​ជើង លុះ​​ទត​ឃើញ​ហើយ ទ្រង់ត្រាស់​សួរ​ខត្តាមាត្យ [អាមាត្យ​អ្នកអាច​ដោះស្រាយ​ប្រស្នា ​ដែល​គេ​សួរ​បាន] ថា ម្នាលខត្តៈដ៏ចំរើន ចុះ​ពួក​ព្រាហ្មណ៍ និង​គហបតី អ្នកក្រុងសេតព្យៈ ​ចេញទៅ​ពី​ក្រុង​សេតព្យៈ ជាពួក ជាកង មានមុខត្រសង ​ទៅ​ទិសខាងជើង ដើរទៅកាន់​ព្រៃ​ធ្នង់ ​ធ្វើ​អ្វី​ហ្ន៎។ ខត្តាមាត្យ​ក្រាប​ទូល​ថា សូម​ទ្រង់ព្រះ​មេត្តា​ប្រោស ដ្បិត​មាន​សមណៈ​ ឈ្មោះ ​កុមារ​កស្សបៈ ជា​សាវ័ក​នៃព្រះ​សមណ​គោតម ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន​៥០០រូប មកដល់ក្រុងសេតព្យៈ ដោយលំដាប់ ហើយ​គង់​នៅក្នុងព្រៃធ្នង់ ជាខាងជើង​ក្រុង​សេតព្យៈ ជិតក្រុងសេតព្យៈ កិត្តិស័ព្ទសរសើរកុមារកស្សប​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ​យ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ឯពួក​ព្រាហ្មណ៍ និងគហបតី​ទាំងនុ៎ះ នឹងចូលទៅរកជួប​ព្រះកុមារកស្សបដ៏ចំរើននោះ។ ព្រះ​បាទ​បាយាសិរាជញ្ញៈ មានព្រះបន្ទូលថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ ចូរ​អ្នក​ចូលទៅ​រក​ពួក​ព្រាហ្មណ៍ និង​គហបតី​ អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះ​បាទ​បាយាសិរាជញ្ញៈ បានត្រាស់​យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ព្រះបាទបាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​ដើម្បី​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ ហើយត្រាស់ដូច្នេះថា ពីមុនមក សមណៈកុមារកស្សប តែងញុំាងពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ ដែលល្ងង់ មិនវាងវៃ ឲ្យទាល់តែចូលចិត្តច្បាស់ថា លោកដទៃមាន សត្វជាឱបបាតិកៈមាន ផលនិង​វិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ម្នាល​ខត្តៈ​ដ៏ចំរើន តែបើតាមពិតនោះ លោកដទៃមិនមាន សត្វជាឱបបាតិកៈមិនមាន ផលនិង​វិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ។ ខត្តាមាត្យនោះ ទទួល​ព្រះឱង្ការរបស់ព្រះបាទបាយាសិរាជញ្ញៈថា ករុណាវិសេស ហើយក៏ចូលទៅរក​ ពួក​ព្រាហ្មណ៍ និង​គហបតី​ អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹង​ពួក​ព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះ​បាទ​បាយាសិរាជញ្ញៈ ត្រាស់​យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ដ្បិត ព្រះបាទ​បាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ។ លំដាប់នោះ ព្រះបាទបាយាសិរាជញ្ញៈ មានពួក​ព្រាហ្មណ៍ និង​គហបតី អ្នក​ក្រុង​សេតព្យៈ ហែហម​អម​អង្គ​ ក៏​ចូល​ទៅ​រក​ព្រះ​កុមារ​កស្សបៈ​ដ៏​មាន​អាយុ ដែល​​នៅ​ក្នុង​ព្រៃ​ធ្នង់ លុះចូលទៅដល់ហើយ ក៏មានបន្ទូលរាក់ទាក់ ​សំណេះ​សំណាល ជាមួយនឹង​ព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួរ​រលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ចំណែកពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ពួកខ្លះ ថ្វាយបង្គំ​ព្រះកុមារកស្សបដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​និយាយពាក្យ​រាក់ទាក់ សំណេះសំណាល ជាមួយនឹង​ព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យរាក់​ទាក់ សំណេះសំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​អង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលី ចំពោះ​ព្រះកុមារកស្សបដ៏មានអាយុ ពួកខ្លះ ប្រកាស​នាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​អង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការ នឹង​ព្រះកុមារកស្សបដ៏មានអាយុ យ៉ាងនេះថា បពិត្រ​ព្រះកស្សបៈ​ដ៏​ចំរើន ខ្ញុំតែង​និយាយ​យ៉ាង​​នេះ យល់​ឃើញ​យ៉ាង​នេះ​ថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដោយហេតុនេះ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាព​បាន​ឃើញ បាន​ឮ​បុគ្គល ​ដែល​​ធ្លាប់​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះ​ហើយ តែ​មិន​សម​បើ​បុគ្គល​នោះ ​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព​ ​នឹង​ទូលសួរ​មហា​បពិត្រ ​ក្នុង​ដំណើរ​នេះ ប្រស្នានេះ ពេញព្រះហឫទ័យ នៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះ​ច័ន្ទ និង​ព្រះ​អាទិត្យនេះ នៅ​ក្នុង​លោក​នេះ ឬ​នៅ​ក្នុង​លោក​ដទៃ ជា​ទេវតា ឬ​ជា​មនុស្ស។ ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចំរើន ព្រះ​ច័ន្ទ និង​ព្រះ​អាទិត្យនេះ ​នៅ​ក្នុង​លោក​ដទៃ មិនមែននៅក្នុងលោកនេះទេ ជា​ទេវតា ​មិនមែន​ជា​មនុស្ស​ទេ។ ព្រះកុមារ​កស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើ​តាម​បរិយាយ​នេះ សូម​មហា​បពិត្រ​បែរ​ព្រះ​យោបល់ យល់​យ៉ាង​នេះ​វិញ​ថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាល​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ។

[១៤១] ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ថា ព្រះ​កស្សបៈ​ដ៏​ចំរើន ពោល​យ៉ាង​នេះ ក៏​គួរ​ម្យ៉ាង​ដែរហើយ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​យល់​ឃើញ​ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែល​សត្វ​ធ្វើល្អ ធ្វើអាក្រក់មិន​មានទេ ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែល​នាំឲ្យ​មហាបពិត្រមានសេចក្តីយល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដូច្នេះ តើមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែល​នាំឲ្យ​ខ្ញុំមានសេចក្តីយល់​ឃើញយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន ដោយហេតុនេះ មានដែរ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួក​មិត្ត អាមាត្យ និង​ញាតិសាលោហិត​ របស់​ខ្ញុំ​ក្នុង​លោក​នេះ ជា​អ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុស ពួកមិត្រអាមាត្យជាដើមនោះ លុះ​សម័យ​ក្រោយ​មក ជាបុគ្គលមាន​អាពាធ​ ដល់នូវសេចក្តីទុក្ខ ឈឺ​ធ្ងន់ កាលដែល​ខ្ញុំ​ដឹង​ថា ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ មុខជានឹងមិន​ស្បើយ ចាកអាពាធនេះ ក្នុងកាលឥឡូវនេះទេ ខ្ញុំក៏បានចូលទៅរក​មិត្ត​អាមាត្យ​ទាំងនោះ ហើយ​និយាយ យ៉ាងនេះ​ថា នែអ្នកដ៏ចំរើន មាន​សមណព្រាហ្មណ៍ពួក​មួយ និយាយ​យ៉ាងនេះ​ យល់ឃើញយ៉ាងនេះថា ពួក​ជន​ណា ​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុស ពួកជននោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ដូច្នេះ ឯអ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែ​ជាអ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្ត​គុំគួន មានសេចក្តី​យល់ខុសហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏​ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ មុខជានឹងទៅកើត​ ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលខ្ញុំ​គួរជឿ ខ្ញុំគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាខ្ញុំ​បានឃើញ ចំពោះខ្លួនឯងដែរ ពួក​អាមាត្យ​ទាំង​នោះ ទទួលតប​ពាក្យរបស់ខ្ញុំថា ព្រះករុណា​​វិសេស ​ដូច្នេះហើយ (​ស្លាប់​ទៅ) តែ​មិន​ឃើញ​មក​ប្រាប់ ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ​ មានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៤២] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនុ៎ះវិញ ប្រស្នានេះ ពេញព្រះហឫទ័យ​មហាបពិត្រយ៉ាងណា សូម​មហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ មហា​បពិត្រ សំគាល់​ហេតុ​នេះ​ដូចម្ដេច ពួក​បុរស​របស់​មហា​បពិត្រ​ ក្នុង​ដែន​នេះ ចាប់​បាន​ចោរ ​ដែល​​ប្រព្រឹត្ត​អាក្រក់​មក​ថ្វាយ​មហា​បពិត្រ​​ រួចក្រាបបង្គំទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អ្នក​នេះ​ជា​ចោរ ប្រព្រឹត្ត​អាក្រក់នឹងព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹង (ដាក់) អាជ្ញាណា ដល់ចោរនេះ សូមទ្រង់​ដាក់​អាជ្ញានោះ​មក ទើបមហា​បពិត្រ ​មាន​បន្ទូល​នឹងបុរសទាំងនោះ យ៉ាងនេះថា ម្នាល​អ្នកដ៏ចំរើន​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នា​​ចងបុរសនេះ ឲ្យមាន​ដើមដៃ​ទៅខាងក្រោយ (ចង​ស្លាបសេក​) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ ហើយ (ត្រូវទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាល​ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នគរចុះ បុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា ព្រះកុរណាវិសេស ហើយក៏នាំគ្នា​​ចងបុរសនោះ ឲ្យមាន​ដើមដៃ​ទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ (ទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង ហើយឲ្យចោរនោះអង្គុយ ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នៃនគរ ចុះបើចោរនោះ (នឹង​អង្វរ) ​ពួក​ពេជ្ឈឃាត​ថា សូមពួក​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះ ហើយ​សឹម​​មក​វិញ ដូច្នេះ តើ​បាន​ឬ​ទេ ឬ​ក៏ពួកនាយ​ពេជ្ឈឃាត​ (ទាំង​នោះ) នឹងចេះ​តែ​កាត់​ក្បាល​​ចោរ ​ដែល​កំពុង​ទួញ​យំ ដោយ​ឥត​យោគ​យល់​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន ចោរ​នោះ (​នឹង​អង្វរ)​ពួក​ពេជ្ឈឃាតថា សូមពួក​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់ឲ្យ​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះរួច ​សឹម​​មក​វិញ ដូច្នេះ មិន​បានឡើយ តាមដែលពិតនោះ ពួក​ពេជ្ឈឃាត​ នឹងចេះ​តែ​កាត់​ក្បាល​​ចោរ ​ដែល​កំពុង​ទួញ​យំនោះ ឲ្យទាល់​តែបាន។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ អម្បាល​យ៉ាង​ចោរ​នោះ ជា​មនុស្ស​ជាតិ​ដូច​គ្នា​ត្រឡាំង ម្ដេច​គង់(​អង្វរ)​ពួក​ពេជ្ឈឃាត ​ជា​មនុស្ស​ជាតិ​ដូច​គ្នា សូមពួកនាយ​ពេជ្ឈឃាតដ៏ចំរើន ​បង្អង់ឲ្យ​សិន (ព្រោះ) ​ពួក​​មិត្រអាមាត្យ និងញាតិ​សាលោហិត (របស់​ខ្ញុំ​មាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំទៅផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះសិន រួច​សឹម​​មក​វិញ ដូច្នេះ មិន​បានទៅហើយ ចំណង់បើពួកមិត្រអាមាត្យ ញាតិសាលោហិត របស់​​មហា​បពិត្រ សុទ្ធ​តែ​ជា​អ្នកសម្លាប់សត្វ លួចទ្រព្យគេ ​ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយពាក្យញុះញង់ និយាយពាក្យត្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក​ហើយ ធ្វើ​ម្ដេច​ឡើយ ​នឹង​អង្វរពួកនាយ​និរយបាលថា សូមពួក​នាយនិរយបាល​ដ៏​ចំរើន ​បង្អង់ឲ្យ​សិន ចាំយើងទាំងឡាយ ទៅ​ក្រាបទូល ដល់ព្រះបាទបាយាសិរាជញ្ញៈថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ដូច្នេះ​បាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ បែរព្រះយោបល់ យល់មក​យ៉ាងនេះវិញថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឧបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៤៣] ព្រះ​កស្សបៈ​ដ៏​ចំរើន ពោល​យ៉ាង​នេះ ក៏​គួរ​ដែរ​ហើយ ប៉ុន្តែខ្ញុំ​នៅ​តែ​​មានសេចក្តីយល់​ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រ មានសេចក្តី​យល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ ដូច្នេះ តើនៅមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំ មានសេចក្តី​យល់ឃើញយ៉ាងនេះថា លោក​ដទៃ​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ នៅមាន។ ថ្វាយ​ព្រះពររាជញ្ញៈ បរិយាយនោះ ដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ព្រោះ​​មិត្រអាមាត្យ និងញាតិសាលោហិត ​របស់​ខ្ញុំ​ក្នុង​លោក​នេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ គ្មានអភិជ្ឈា គ្មានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះសម័យ​ខាង​ក្រោយ​មក ពួកមិត្រអាមាត្យទាំងនោះ មាន​អាពាធ​ ដល់នូវសេចក្តីទុក្ខ ឈឺ​ចាប់ជាទម្ងន់ កាលដែល​ខ្ញុំ​ដឹង​ថា ឥឡូវនេះ ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ មុខជានឹងមិន​ស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏ចូលទៅរក​ពួកមិត្ត​អាមាត្យ​ទាំងនោះ ហើយ​និយាយ យ៉ាងនេះ​ថា នែអ្នកដ៏ចំរើន មាន​សមណព្រាហ្មណ៍ពួក​មួយ និយាយ​យ៉ាងនេះ​ យល់យ៉ាងនេះថា ពួក​ជន​ណា ​វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកជននោះ លុះបែក​ធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែ​ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ហើយ បើជាពាក្យសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះពិតមែន អ្នកដ៏​ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ មុខជានឹងទៅកើតឯឋានសុគតិសួគ៌ ទេវលោកពុំខាន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតឯឋានសុគតិសួគ៌ទេវលោកមែន អ្នកទាំងឡាយ គប្បីមកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជាឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយ​ដ៏ចំរើន ជាបុគ្គល គឺយើង​គួរជឿ គួរទទួលស្តាប់ពាក្យបាន ហេតុណា​ដែលអ្នក​ដ៏ចំរើន​ទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើង​បានឃើញ ដោយខ្លួនឯងដែរ ពួក​មិត្រអាមាត្យ​ទាំង​នោះ ទទួលតប​ពាក្យខ្ញុំថា ករុណា​​វិសេស ហើយ​មិន​ឃើញ​​ត្រឡប់​មក​ប្រាប់ ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ​ មានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៤៤] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ (ដ្បិត) ពួកបុរសខ្លះ ជាអ្នកចេះដឹង ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយ​​ពាក្យឧបមាបាន បពិត្រ​រាជញ្ញៈ ប្រៀបដូចបុរសលិចចុះ ព្រមទាំងក្បាល ទៅក្នុង​រណ្តៅលាមក គ្រានោះ មហាបពិត្រ បានត្រាស់បង្គាប់រាជបុរសទាំងឡាយថា ម្នាល​អ្នក​ដ៏​ចំរើន​ បើដូច្នោះ ចូរអ្នកទាំងឡាយ ស្រង់បុរសនោះ អំពីរណ្តៅលាមកនោះ​ឡើង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា កុរណាវិសេស ហើយនាំ​គ្នាទៅ​ស្រង់បុរសនោះ ពីរណ្តៅលាមកនោះមក ឯមហាបពិត្រ ក៏មានព្រះឱង្ការ​នឹងរាជបុរស​ទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យក​ចម្រៀកឫស្សី មក​កោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាតចេញ រាជបុរសទាំងនោះ ទទួល​ព្រះ​ឱង្ការ​​នៃមហាបពិត្រ ករុណាវិសេស ហើយក៏យកចម្រៀកឫស្សី មកកោសកៀរលាមក អំពី​កាយបុរសនោះឲ្យស្អាត ទើប​មហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះ​ទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះអស់​បីដង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ​របស់មហា​បពិត្រ​ថា ករុណាវិសេស ហើយក៏យក​ដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះ អស់បីដង មហាបពិត្រ មាន​ព្រះបន្ទូល​ នឹង​រាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាល​អ្នក​ដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកប្រេង លាបបុរសនោះ ហើយយកគ្រឿង​លំអិត​ដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់​បីដង រាជបុរសទាំងនោះ ក៏បានយកប្រេង​មកលាប​បុរស​នោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង ​មហាបពិត្រ ត្រាស់​ទៅនឹង​រាជបុរស​ទាំងនោះ យ៉ាងនេះ​ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំង​ឡាយ កាត់សក់ និងពុកមាត់ របស់បុរស​នោះ​ចេញ រាជបុរសទាំងនោះ ក៏បានកាត់សក់ និង​ពុកមាត់របស់បុរសនោះ មហាបពិត្រ ត្រាស់​យ៉ាងនេះថា បើដូច្នោះ ចូរអ្នកទាំងឡាយ យកផ្កាកម្រង​ថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅ​ប្រគល់​​ឲ្យបុរសនោះចុះ រាជបុរសទាំងនោះ ក៏យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមាន​ថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់​ឲ្យបុរសនោះ មហាបពិត្រ ត្រាស់ទៅ​នឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនោះឡើងទៅលើ​ប្រាសាទ ហើយចាត់ចែងនូវ​កាមគុណ​ទាំង​៥ចុះ ឯរាជបុរសទាំងនោះ ក៏ឲ្យបុរសនោះឡើងទៅលើ​ប្រាសាទ ហើយចាត់ចែងនូវ​កាមគុណ​ទាំង៥ បពិត្ររាជញ្ញៈ ចុះមហាបពិត្រ សំគាល់ហេតុនោះថាដូចម្តេច កាលបើ​បុរស​នោះ បានងូតទឹកស្អាត ហើយលាបកាយស្រួលបួល កាត់សក់ កោរពុកមាត់ ស្រេច​ហើយ ពាក់គ្រឿងប្រដាប់​កែវមណី ស្លៀកសំពត់ពណ៌សស្រេចហើយ ឡើងទៅលើ​ប្រាសាទ​ដ៏ប្រសើរ ឲ្យគេបំរើ​ឲ្យ​ឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ហើយ តើវានៅ​តែមាន​សេចក្តីប្រាថ្នា នឹងមុជចុះ​ទៅក្នុងរណ្តៅលាមកនោះទៀតឬ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មិនត្រូវការប្រាថ្នា​ទៀតទេ។ ចុះដំណើរនោះ តើព្រោះហេតុដូចម្តេច។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន (ព្រោះ) រណ្តៅលាមក មិនជាទីពេញចិត្ត ជារបស់មិនស្អាតផង ជា​ចំណែក​នៃរបស់​មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃរបស់មានក្លិនស្អុយផង ជារបស់​គួរធុញទ្រាន់ផង ជាចំណែក នៃរបស់គួរធុញទ្រាន់ផង ជារបស់គួរខ្ពើមរអើមផង ជាចំណែក​នៃរបស់​គួរខ្ពើម​រអើមផង។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ មនុស្សទាំងឡាយ ក៏យ៉ាង​នោះ​ដែរ គឺជាបុគ្គល​មិនស្អាត​ផង ជាចំណែកនៃបុគ្គល​មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃបុគ្គល​មានក្លិនស្អុយផង ​គួរធុញទ្រាន់ផង ជាចំណែកនៃបុគ្គល​គួរធុញ​ទ្រាន់​ផង គួរខ្ពើម​រអើមផង ជាចំណែក​នៃបុគ្គល​គួរខ្ពើម​រអើមផង នៃទេវតាទាំងឡាយ បពិត្រ​រាជញ្ញៈ ក្លិនមនុស្សធុំអាក្រក់ ផ្សាយឡើងទៅកាន់​ស្ថានទេព្តា ចំនួន១០០យោជន៍ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់មហាបពិត្រ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិ​សួគ៌​ទេវលោក ហើយនឹងមក​ប្រាប់ថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ដូចម្តេចបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូម​មហាបពិត្រ បែរព្រះយោបល់ យល់មក​យ៉ាងនេះវិញថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៤៥] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ​​នៅមានទៀត។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​នោះ តើដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួក​មិត្រអាមាត្យ និងញាតិសាលោហិត ​របស់​ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះសម័យខាងក្រោយមក ពួកមិត្រ​អាមាត្យជាដើមនោះ មាន​អាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលបើខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្រអាមាត្យទាំងនេះ មុខជាមិនសះស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏​ចូល​ទៅរកពួកមិត្រអាមាត្យទាំងនោះ ហើយនិយាយ​យ៉ាងនេះថា នែអ្នកដ៏ចំរើន​​ទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញ​យ៉ាងនេះថា ពួកជនណា ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះពួកជនទាំងនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតា ជាន់​តាវត្តិង្ស (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយសោត ជាអ្នកវៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើន​ទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ គង់នឹង​ទៅកើត​ឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សពុំខាន នែអ្នកដ៏​ចំរើន​ទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅកើត​ឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សមែន អ្នកទាំងឡាយ ត្រូវ​មកប្រាប់យើងផងថា លោក​ដទៃ​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយ​ដ៏ចំរើន ជាបុគ្គលដែលយើងគួរជឿ យើងគួរទទួលស្តាប់ពាក្យបាន ហេតុណាដែល​អ្នកដ៏ចំរើន​ទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើង​បានឃើញដោយ​ខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលពាក្យ​របស់​ខ្ញុំថា ករុណា​វិសេស ហើយមិន​ឃើញ​មកប្រាប់សោះ ទាំងមិនបញ្ជូន​បម្រើមកឡើយ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានគំនិតយ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជាឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។

[១៤៦] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ត្រឡប់​សួរ​មហា​បពិត្រ ​ក្នុង​បរិយាយ​នេះ​វិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហា​បពិត្រ​ព្យាករប្រស្នានោះ យ៉ាង​នោះ​ចុះ បពិត្រ​រាជញ្ញៈ ១០០ឆ្នាំ​របស់​មនុស្ស ត្រូវ​ជា១យប់ ១ថ្ងៃ របស់​​ទេវតា​ជាន់​តាវតឹង្ស រាប់រាត្រីនោះបាន៣០រាត្រី ត្រូវ​ជា១ខែ រាប់ខែនោះបាន១២ខែ ត្រូវ​ជា១ឆ្នាំ រាប់​ឆ្នាំ​នោះបាន មួយពាន់ឆ្នាំ​ទិព្វ ជា​ប្រមាណ​នៃ​អាយុ​របស់ពួកទេវតា​ជាន់​តាវតឹង្ស ពួក​មិត្រអាមាត្យ និងញាតិសាលោហិតណា ជាអ្នកបានវៀរបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ លុះ​បែក​ធ្លាយ​រាង​កាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅ​កើតឯឋាន​សុគតិ​សួគ៌ ទេវលោក ​ជា​មួយ​នឹងពួក​ទេវតា​ជាន់​តាវតិង្ស ចុះ​បើ​ពួកមិត្រអាមាត្យ​ទាំងនោះ មានគំនិតយ៉ាងនេះថា ចាំ​យើង​ទាំងឡាយ ឲ្យ​គេ​បំរើ​ឲ្យឆ្អែត​ស្កប់​ស្កល់​ដោយ​កាមគុណ​ទាំង៥ ជា​ទិព្វអស់យប់ និងថ្ងៃ​ពីរ ឬបី​សិន រួចសិមយើង​ទៅ​ប្រាប់​ដល់​ព្រះ​បាទ​បាយាសិរាជញ្ញៈថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​​មាន ដោយហេតុនេះ ចុះពួកមិត្រ​អាមាត្យជាដើមនោះ គប្បីមកទូលមហាបពិត្រថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​​មាន ដោយហេតុនេះ តើទាន់ឬទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មកប្រាប់​មិន​ទាន់​ទេ បពិត្រព្រះកស្សបៈដ៏ចំរើន បានជាមកប្រាប់មិនទាន់ ព្រោះ​ថា ខ្ញុំ​មុខ​ជា​នឹង​ស្លាប់​បាត់ទៅមុន ​យូរណាស់​ហើយ ចុះអ្នកណា​មក​ប្រាប់ដំណឹងនេះ ដល់​ព្រះកស្សបដ៏ចំរើន​ថា ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន ឬ​ថាពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះ យើង​មិន​ទាន់​ជឿព្រះកស្សប​ដ៏​ចំរើនថា ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន ឬ​ថាពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះទេ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ប្រៀបដូចជាបុរសខ្វាក់ អំពីកំណើត មិន​ដែល​ឃើញ​រូប​ខ្មៅ ឬស មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរខៀវ មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរលឿង មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរក្រហម មិន​ដែល​ឃើញ​រូប ដែលមាន​សម្បុរហង្សបាទ មិន​ដែល​ឃើញរបស់ស្មើ និងមិនស្មើ មិនដែលឃើញ​រូបផ្កាយទាំងឡាយ មិន​ដែល​ឃើញ​ព្រះ​ចន្ទ និងព្រះ​អាទិត្យ​ទេ មនុស្ស​ខ្វាក់​នោះ​ ​មុខ​ជានឹង​និយាយ​យ៉ាង​នេះ​ថា រូប​ខ្មៅ ឬ-ស​គ្មាន​ទេ បុគ្គលអ្នកឃើញរូបខ្មៅ ឬស គ្មានទេ រូបខៀវគ្មានទេ បុគ្គលអ្នកឃើញរូប​មាន​សម្បុរខៀវគ្មានទេ រូបសម្បុរលឿង​គ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរលឿងគ្មានទេ រូបសម្បុរក្រហមគ្នាទេ បុគ្គលអ្នកឃើញរូបមានសម្បុរក្រហមគ្មានទេ រូបសម្បុរហង្សបាទ​គ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរហង្សបាទគ្មានទេ របស់ស្មើ និងមិនស្មើគ្មានទេ បុគ្គល​អ្នកឃើញរបស់ស្មើ និងមិនស្មើគ្មានទេ រូបផ្កាយគ្មាន​ទេ បុគ្គលអ្នកឃើញ​រូបផ្កាយ​គ្មានទេ ព្រះ​ចន្ទ និងព្រះ​អាទិត្យ​គ្មាន​ទេ បុគ្គល​អ្នក​ឃើញនូវ​ព្រះចន្ទ និងព្រះ​អាទិត្យ​គ្មានទេ អាត្មាអញមិនស្គាល់​របស់នុ៎ះ អាត្មាអញមិនឃើញ​របស់​នុ៎ះ ហេតុដូច្នោះ របស់នោះ​គ្មានទេ បពិត្រ​រាជញ្ញៈដ៏ចំរើន កាល​បើ​មនុស្ស​ខ្វាក់​អំពី​កំណើត និយាយ​(យ៉ាង​នោះ) ឈ្មោះ​ថា ​និយាយ​ត្រូវឬ​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន មិន​​ត្រូវ​ទេ (ព្រោះ​) រូប​ខ្មៅ ឬ​ស មាន បុគ្គល​អ្នក​ឃើញ​រូប​ខ្មៅ ឬ ស មាន រូបខៀវមាន បុគ្គលអ្នកឃើញរូបខៀវ​មាន។បេ។ របស់ស្មើ និងមិនស្មើមាន បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើមាន រូប​ផ្កាយ​មាន បុគ្គលអ្នកឃើញរូបផ្កាយមាន ព្រះចន្ទ ​ព្រះ​អាទិត្យមាន បុគ្គល​អ្នក​ឃើញព្រះ​ចន្ទ ព្រះអាទិត្យ​មាន បពិត្រព្រះកស្សបដ៏ចំរើន កាលបើ​បុរស​ខ្វាក់អំពី​​កំណើត ​និយាយ​ថា អាត្មា​អញ ​មិន​ស្គាល់​របស់​នុ៎ះ អាត្មា​អញ ​មិន​ឃើញ​របស់​នុ៎ះ ព្រោះហេតុនោះ របស់នោះ មិនមានទេ ដូច្នេះឈ្មោះថា និយាយមិនត្រូវសោះឡើយ។ ថ្វាយព្រះពររាជញ្ញៈ យ៉ាងហ្នឹង​មែន​ហើយ អង្គមហាបពិត្រ ទុកដូចមនុស្សខ្វាក់​អំពី​កំណើតប្រាកដ (បានជា) មហាបពិត្រ ត្រាស់យ៉ាងនេះថា ចុះមានអ្នកណាមកប្រាប់​ដំណឹង​នេះ ដល់ព្រះកស្សបដ៏ចំរើនថា ពួក​ទេវតា​ជាន់តាវត្តិង្សមាន ឬថា ពួកទេវតា​ជាន់​តាវត្តិង្សមានអាយុវែង យ៉ាងនេះ យើង​មិន​ជឿ (ពាក្យរបស់) ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថា ពួកទេវតាជាន់​តាវត្តិង្ស​មានអាយុវែង យ៉ាងនេះទេ បពិត្ររាជញ្ញៈ ព្រះអង្គសំគាល់យក​ដោយ​មំស​ចក្ខុ​នេះ យ៉ាងណា ឯលោកដទៃ បុគ្គល​មិនគប្បីឃើញបានយ៉ាងនោះឡើយ បពិត្ររាជញ្ញៈ ពួក​សមណ​ព្រាហ្មណ៍ណា ​អាស្រ័យ​សេព​​សេនាសនៈទាំងឡាយ ដ៏​ស្ងាត់ ដែលតាំង​នៅ​ក្នុង​ព្រៃ​តូច និងព្រៃធំ ពួកសមណព្រាហ្មណ៍​ទាំងនោះ មិនប្រមាទ មាន​ព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​ឆ្ពោះ​ទៅ​កាន់​ព្រះ​និព្វាន ជម្រះនូវ​ទិព្វ​ចក្ខុ នៅក្នុងព្រៃស្ងាត់នោះ ពួក​សមណព្រាហ្មណ៍​ទាំង​នោះឯង ទើប​ឃើញ​លោក​នេះ​ផង លោក​ដទៃ​ផង ពួក​សត្វ​ជា​ឱបបាតិកៈ​​ផង ដោយចក្ខុ​ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា បពិត្រ​រាជញ្ញៈ ឯបុគ្គលគប្បីឃើញ​លោកដទៃ​យ៉ាងនោះឯង មិនមែនដូចជា​មហាបពិត្រ សំគាល់ដោយមំសចក្ខុនេះទេ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហា​បពិត្រ បែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។

[១៤៧] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមាន(ទៀត)ឬ។បេ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយ​នោះ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ក្នុងលោកនេះ ខ្ញុំឃើញពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ចង់តែរស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រ​ព្រះកស្សប​ដ៏ចំរើន ខ្លួនខ្ញុំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើពួកសមណព្រាហ្មណ៍​ដ៏​ចំរើនទាំងនោះ មានសីល មានធម៌ល្អ គប្បីដឹង យ៉ាងនេះថា យើងទាំងឡាយ កាលបើស្លាប់​ពីលោកនេះទៅ មុខជានឹងបានសេចក្តីសុខប្រសើរ ឥឡូវនេះ ពួកសមណព្រាហ្មណ៍​ដ៏ចំរើនទាំងនេះ មានសីល មានធម៌ដ៏ល្អហើយ គួរតែស៊ីថ្នាំពិសក្តី យកកាំបិតមក (អារកខ្លួន)ឯងក្តី ចងកសម្លាប់ក្តី លោតទំលាក់ទៅក្នុងជ្រោះក្តី តែពួក​សមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ មិនដឹងយ៉ាងនេះថា យើង​កាលបើស្លាប់ ពីលោកនេះទៅ នឹងបានសេចក្តីសុខប្រសើរដូច្នេះឡើយ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ នៅតែចង់រស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។

[១៤៨] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ ព្រោះពួកបុរស ដែលជាអ្នកចេះដឹងខ្លះ ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានព្រាហ្មណ៍ម្នាក់ មានប្រពន្ធពីរនាក់ គឺប្រពន្ធម្នាក់ មានកូនប្រុស១ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធម្នាក់​ទៀត កំពុងតែមានគភ៌ ជិតនឹងសម្រាល ក្នុងពេលនោះ ព្រាហ្មណ៍ជា(ស្វាមី)នោះ ក៏ធ្វើ​មរណកាលទៅ លំដាប់នោះ មាណពជាកូននោះ បាននិយាយ​នឹងម្តាយចុង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណាគឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ ឯអ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន សូមអ្នកម្តាយ ប្រគល់ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ កាលមាណពនោះ និយាយ​យ៉ាងនេះ នាងព្រាហ្មណីនោះ បាននិយាយ​នឹងមាណពនោះ យ៉ាងនេះថា នែកូន ចូរបា​បង្អង់សិន ទំរាំអញសម្រាលកូនរួចសិន បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានធ្វើជាភរិយា​របស់អ្នក។ មាណពនោះ និយាយ​នឹងម្តាយចុង ជាគំរប់ពីរដង យ៉ាងនេះថា នែអ្នកម្តាយ​ របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ អ្នក មិនត្រូវ​បាន​ចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន ចូរអ្នក​ប្រគល់​ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ នាងព្រាហ្មណីនោះ និយាយ​នឹងមាណពនោះ ជាគំរប់ពីរដងទៀត យ៉ាងនេះថា នែបា ចូរអ្នក​បង្អង់សិន ទំរាំអញសម្រាលកូនរួច បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានជាភរិយា​របស់អ្នក។ មាណពនោះ និយាយ​នឹងម្តាយចុង ជាគំរប់បីដង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់​ខ្ញុំ អ្នកមិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយ ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់​បិតាឲ្យមកខ្ញុំ។ លំដាប់នោះ នាងព្រាហ្មណីនោះ កាន់កាំបិត ចូលទៅក្នុងបន្ទប់ ហើយវះពោះខ្លួនឯង គិតថា បើជាប្រុស ឬស្រី អាត្មាអញគង់ដឹងច្បាស់បាន នាងព្រាហ្មណីនោះ ហេតុតែល្ងង់ មិនឈ្លាសវៃ ស្វែងរកទ្រព្យមត៌ក ដោយមិនត្រូវទំនង ក៏ដល់នូវសេចក្តីវិនាស ទាំងខ្លួនផង ជីវិតផង កូនក្នុងគភ៌ផង សម្បត្តិផង ដោយពិត បពិត្ររាជញ្ញៈ ព្រះអង្គជាបុគ្គលល្ងង់ មិនឈ្លាសវៃ ស្វែងរកបរលោកដោយខុសទំនង គង់នឹង​ដល់នូវសេចក្តីវិនាស ដូចជា​ព្រាហ្មណី ដែលល្ងង់ មិនឈ្លាសវៃ ស្វែងរកសម្បត្តិដោយមិនត្រូវទំនង ក៏បានដល់​នូវ​សេចក្តីវិនាស ដូច្នោះមិនខាន។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ រមែង​មិនផ្តាច់បង់នូវអាយុ ដែលមិនទាន់អស់ទេ មួយវិញទៀត អ្នកប្រាជ្ញទាំង​ឡាយ តែងរង់ចាំកាល ឲ្យអាយុដល់កំណត់។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍​ទាំងឡាយ មានសីល មានធម៌ល្អ មានជីវិតវិសេសជាងពួក​ជនដទៃ បពិត្ររាជញ្ញៈ ពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ឋិតនៅអស់កាល​យូរអង្វែង ដោយប្រការណា ពួក​សមណព្រាហ្មណ៍ទាំងនោះ រមែងបាននូវបុណ្យច្រើន និងប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ ដោយប្រការដូច្នោះឯង។ ឱរាជញ្ញៈ បើតាម​បរិយាយ​នេះ សូមមហា​បពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន។បេ។ ផលវិបាកមាន ដោយហេតុនេះ។

[១៤៩] ព្រះ​កស្សបដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន។បេ។ ផល​វិបាក មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយមានទៀតឬ។បេ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យកមកបង្ហាញខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ ដាក់អាជ្ញាណាដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះមក ខ្ញុំក៏និយាយទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំងឡាយ ចាប់បុរសនេះទាំងរស់ បោះទៅក្នុងខ្ទះ ហើយគ្របមាត់ខ្ទះ យកស្បែកស្រស់​ពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ ហើយលើកដាក់លើចង្ក្រាន រួចដុតភ្លើង ឯរាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏ចាប់​បុរសនោះទាំង​រស់ បោះទៅក្នុងខ្ទះ គ្របមាត់ខ្ទះ យកស្បែកស្រស់​មកពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ រួចដាក់លើចង្ក្រាន ហើយដុតភ្លើង។ កាលដែលយើងដឹងថា បុរសនោះ​ស្លាប់ហើយ ទើបឲ្យពួករាជបុរស ដាក់ខ្ទះនោះចុះមក គាស់ដីស្អិត បង្ហើបមាត់សន្សឹមៗ ហើយពិនិត្យមើលដោយបំណងថា យើងនឹងចាំមើលជីវៈ (ព្រលឹង) របស់ចោរនោះ ដែលចេញទៅ តែយើងមិនឃើញជីវៈរបស់ចោរនោះចេញទៅសោះ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បរិយាយ​នេះឯង ដែលនាំឲ្យខ្ញុំមានគំនិត យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹងត្រឡប់សួរ​មហា​បពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យនៃមហាបពិត្រ យ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះយ៉ាងនោះ។ បពិត្ររាជញ្ញៈ ទ្រង់ធ្លាប់ចូលទៅកាន់​ទីព្រះបន្ទំ ក្នុងវេលាថ្ងៃ បានទ្រង់​ព្រះសុបិនឃើញសួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ (ទេសភាព) ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំធ្លាប់ចូលទៅកាន់​ដំណេក ក្នុងវេលាថ្ងៃ ធ្លាប់យល់សប្តិឃើញ​ សួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរ។ ចុះក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សាព្រះអង្គដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន អើក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សា​ខ្ញុំដែរ។ ចុះពួកស្រីទាំងនោះ ឃើញព្រលឹងរបស់មហាបពិត្រ កំពុងចូលមក ឬកំពុង​ចេញទៅដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន មិនឃើញទេ។ ឱរាជញ្ញៈ អម្បាលយ៉ាងពួក​ស្រីទាំងនោះនៅរស់ គង់មិនឃើញព្រលឹងរបស់មហាបពិត្រកំពុងរស់នៅ កាលចូលមក ឬចេញទៅ ចំណង់បើមនុស្សស្លាប់ទៅហើយ មហាបពិត្រ នឹងទតឃើញព្រលឹង កាលចូលមក ឬចេញទៅដូចម្តេចបាន។ ឱរាជញ្ញៈ បើតាម​បរិយាយ​នេះឯង សូមមហា​បពិត្រ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។

[១៥០] ព្រះ​កស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​នៅមានទៀតដែរឬ។បេ។ បពិត្រ​ព្រះកស្សប​​ដ៏ចំរើន បរិយាយ​នៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយ​នោះ តើ​ដូចម្តេច។ បពិត្រ​ព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែល​ប្រព្រឹត្តអាក្រក់ យក​មកឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ​សព្វព្រះហឫទ័យ ដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយ​នឹង​រាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន​ បើដូច្នោះ ចូរអ្នកទាំងឡាយ យកជញ្ជីង​ថ្លឹងបុរសនេះ​ទាំងរស់ ហើយយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យ​ស្លាប់ រួចយកជញ្ជីងមកថ្លឹងម្តងទៀត រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំ​ថា ករុណា​វិសេស ហើយក៏យកជញ្ជីង​មក​ថ្លឹងបុរសនេះទាំងរស់ រួចយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យ​ស្លាប់ ហើយយកជញ្ជីងមកថ្លឹងម្តងទៀត។ កាលបុរស​នោះនៅរស់ ជាបុគ្គលស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង លុះបុរសនោះស្លាប់ហើយ ក៏បែរជាធ្ងន់ជាងវិញផង រឹងជាងវិញផង មិនគួរដល់​ការងារ​អ្វីផង។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិត​យ៉ាងនេះថា លោក​ដទៃ​មិន​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​​មិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៥១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តី​ឧបមាថ្វាយ​មហាបពិត្រ បុរសអ្នក​ចេះដឹងពួកខ្លះ ក្នុងលោកនេះ រមែងយល់​​សេចក្តីនៃ​ភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ ដូចជាបុរសយកជញ្ជីងថ្លឹងដុំដែក ដែលភ្លើងឆេះរន្ទាល​ច្រាល​ឆ្អៅ មាន​អណ្តាតសន្ធោសន្ធៅ ក្តៅអស់មួយថ្ងៃ លុះសម័យ​ខាងក្រោយមក គេក៏បានយក​ជញ្ជីង​​មកថ្លឹងដុំដែក ដែលរលត់ភ្លើង ត្រជាក់អស់ហើយនោះ (ម្តងទៀត) ចុះដុំដែកនោះ ដែលទៅ​ជាស្រាលជាង ឬទន់ជាង ឬគួរដល់ការងារជាង តើក្នុងកាលណា ក្នុងកាលដែល​កំពុង​ឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅឬ ឬក្នុងកាលដែលរលត់ភ្លើង​ ត្រជាក់​ហើយ។ បពិត្រព្រះកស្សប​ដ៏ចំរើន ក្នុងកាលណា ដែលដុំដែកនោះប្រកបដោយភ្លើង ទាំង​ប្រកបដោយខ្យល់ កំពុងឆេះរន្ទាល​ច្រាលឆ្អៅ មានអណ្តាត​សន្ធោសន្ធៅ ក្នុងកាល​នោះឯង ដុំដែកនោះ ស្រាលជាងផង ទន់ជាងផង គួរដល់​ការងារជាងផង លុះតែ​កាលណា ដុំដែកនោះ មិនប្រកបដោយភ្លើង មិនប្រកបដោយខ្យល់ រលត់ភ្លើង ត្រជាក់អស់ហើយ ក្នុងកាលនោះ ដុំដែកនោះ ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរ​ដល់​ការងារជាងផង។ ថ្វាយព្រះពររាជញ្ញៈ កាយនេះឯង ក៏យ៉ាងនោះ​ដែរ កាលណាបើ​បាន​ប្រកប​ដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ទើបកាយ​នេះ ទៅជាស្រាល​ជាងផង ទន់ជាងផង គួរដល់ការងារ​ជាងផង តែបើ​កាលណា កាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយ​ភ្លើងធាតុផង មិនប្រកប​ដោយ​វិញ្ញាណផងទេ កាយនេះឯង ក៏ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរដល់ការងារ​ផង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់យ៉ាងនេះវិញថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

[១៥២] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ តែខ្ញុំនៅតែមានសេចក្តី​យល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោក​ដទៃ​​មិនមាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ​នោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់​មក​ឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន បុរសនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គ​សព្វព្រះហឫទ័យ នឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយ​យ៉ាងនេះ នឹងរាជបុរសទាំងនោះថា នែអ្នកដ៏ចំរើនទាំងឡាយ​ បើដូច្នោះ អ្នកទាំងឡាយ ចូរសម្លាប់បុរសនេះចុះ តែកុំឲ្យខូចស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង ក្រែងលោយើងនឹងបានឃើញជីវៈ (ព្រលឹង) របស់បុរសនោះចេញមក រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏សម្លាប់បុរសនោះ មិនឲ្យមានស្នាមជាំដាំ ត្រង់ស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងឡើយ។ ក្នុងកាលដែលគេ​កំពុង​ប្រុងប្រៀបនឹងសម្លាប់ចោរនោះ ខ្ញុំបាននិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ​ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្ងារឡើង ក្រែងយើងនឹង​បានឃើញ​ជីវៈរបស់វាចេញមក រាជបុរសទាំងនោះ ក៏ឲ្យបុរសនោះដេកផ្ងារឡើង។ យើងក៏​មិនឃើញជីវៈរបស់ចោរនោះចេញមកសោះ ខ្ញុំនិយាយ​នឹងរាជបុរសទាំងនោះ យ៉ាង​នេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះ​ដេកផ្កាប់ ដេកផ្អៀងទៅម្ខាងហើយ ឲ្យដេកផ្អៀងទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង លើកសំយ៉ុងក្បាលចុះ យកដៃគោះមើល យកដុំដីគោះមើល យកដំបងគោះមើល យក​គ្រឿងសស្ត្រាគោះមើល ទាញមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅ ត្រឡប់មក ក្រែងយើងនឹងបាន​ឃើញជីវៈរបស់​បុរសនេះ​ចេញទៅ​ ឯរាជបុរសទាំងនោះ ក៏ទាញ​បុរសនោះមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅត្រឡប់មក។ យើងក៏មិនបាន​ឃើញ​ជីវៈរបស់បុរសនោះ ចេញមក​សោះ។ ភ្នែកនោះឯងរបស់បុរសនោះ ក៏នៅជាភ្នែក​ដដែល រូបទាំងឡាយនោះ ក៏នៅជារូបដដែល ប៉ុន្តែបុរសនោះឯង មើលមិនឃើញ​នូវ​រូបាយតនៈនោះ (ដោយភ្នែក​នោះ)សោះ។ ត្រចៀកនោះឯង ក៏នៅជាត្រចៀក​ដដែល សម្លេងទាំងឡាយនោះ ក៏នៅជាសម្លេងដដែល ទាស់តែបុរសនោះ ស្តាប់សទ្ទាយតនៈ​នោះ​មិនឮ (ដោយត្រចៀក) សោះ។ ច្រមុះនោះឯង ក៏នៅជាច្រមុះ​ដដែល ក្លិនទាំងឡាយនោះ ក៏នៅជាក្លិនដដែល តែថាបុរសនោះ មិនធុំនូវគន្ធាយតនៈនោះ (ដោយ​ច្រមុះនោះ) សោះ។ អណ្តាតនោះឯង ក៏នៅជាអណ្តាត​ដដែល រសទាំងឡាយនោះ ក៏នៅជារសដដែល តែថាបុរសនោះ មិនដឹងច្បាស់​នូវរសាយតនៈនោះ (ដោយអណ្តាតនោះ) សោះ។ កាយនោះឯង ក៏នៅជាកាយដដែល ផោដ្ឋព្វៈទាំងឡាយនោះ ក៏នៅជាផោដ្ឋព្វៈដដែល ទាស់តែបុរសនោះ មិនដឹងច្បាស់នូវ​ផោដ្ឋព្វាយតនៈនោះ (ដោយកាយនោះ) សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មិនមាន ដោយហេតុនេះ។

[១៥៣] ថ្វាយព្រះពររាជញ្ញៈ  បើដូច្នោះ អាត្មាភាព នឹងធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ វិញ្ញូបុរសទាំងឡាយពួកខ្លះ ក្នុងលោកនេះ រមែង​យល់សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសផ្លុំស័ង្ខម្នាក់ កាន់​ស័ង្ខ ដើរទៅកាន់ជនបទ ដែលនៅចុងដែន។ បុរសនោះ ចូលទៅក្នុងស្រុកមួយ លុះចូលទៅដល់ហើយ ឈរកណ្តាលស្រុកផ្លុំស័ង្ខ៣ដង ហើយដាក់ស័ង្ខលើផែនដី រួច​អង្គុយក្នុងទីដ៏សមគួរ។ បពិត្ររាជញ្ញៈ លំដាប់នោះ ពួកមនុស្សនៅក្នុងបច្ចន្តជនបទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នែគ្នាយើងអើយ ចុះសំឡេងនោះ តើជាសំឡេងអ្វី បាន​ជាគួរ​ឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្ត​អ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ មនុស្សទាំងនោះ ប្រជុំគ្នា ហើយសួរទៅ​អ្នក​ផ្លុំស័ង្ខនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន ចុះសំឡេងនោះ ជាសំឡេងអ្វី បាន​ជាគួរ​ឲ្យយើ់ង​ត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្ត​អ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ បុរសអ្នកផ្លុំស័ង្ខ និយាយថា ម្នាលអ្នកដ៏ចំរើន សំឡេង​ដែល​គួរ​ឲ្យអ្នកផងត្រេកអរយ៉ាងនេះ គួរឲ្យចង់ស្តាប់​យ៉ាងនេះ គួរឲ្យភាន់ភាំង​យ៉ាងនេះ គួរ​ឲ្យជាប់ចិត្តយ៉ាងនេះ គួរឲ្យរសាយទុក្ខយ៉ាងនេះ សំឡេងនោះ គឺជាសំឡេង​ស័ង្ខនេះ​ឯង។ មនុស្សទាំងនោះ ក៏ផ្តេកស័ង្ខនោះ ឲ្យផ្ងារឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯង​បន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏មិន​បន្លឺ (សំឡេង)សោះ។ មនុស្សទាំងនោះ ក៏ផ្កាប់ស័ង្ខនោះ ហើយផ្តេកទៅម្ខាង ផ្តេកទៅ​ម្ខាង​ទៀត ហើយលើកបញ្ឈរឡើង សំយុងចុះ យកដៃគោះ យកដុំដីគោះ យកដំបងគោះ យក​គ្រឿងសស្ត្រាគោះ ប្រមៀលមក ប្រមៀលទៅ ប្រមៀលចុះ ប្រមៀលឡើង ហើយនិយាយ​ថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏នៅតែមិនបន្លឺ (សំឡេង)សោះ។ បពិត្ររាជញ្ញៈ លំដាប់នោះ អ្នកផ្លុំស័ង្ខនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្ស​អ្នកនៅក្នុងបច្ចន្តជនបទ​ទាំងអស់នេះ ហៅពេញជាមនុស្សល្ងង់ មិនសមបើនឹងស្វែងរក​សំឡេងស័ង្ខ ដោយខុសទំនងសោះ។ កាលពួកមនុស្ស​ទាំងនោះ កំពុងមើល បុរសផ្លុំស័ង្ខ​នោះ ក៏ចាប់ស័ង្ខផ្លុំ៣ដង ហើយកាន់ស័ង្ខដើរចៀសចេញទៅ។ បពិត្ររាជញ្ញៈ លំដាប់​នោះ មនុស្សនៅក្នុងបច្ចន្តជនបទទាំងអស់នោះ មានសេចក្តីត្រិះរិះដូច្នេះថា នែគ្នាយើង​អើយ ធម្មតា ស័ង្ខនេះ លុះតែកាលណា បានផ្សំនឹងបុរសផង ផ្សំនឹងសេចក្តីព្យាយាម​ផង ផ្សំនឹងខ្យល់ផង ទើបស័ង្ខនេះ បន្លឺ (សំឡេង) ក្នុងកាលណោះបាន កាលណាបើស័ង្ខនេះ មិនបានផ្សំនឹងបុរស មិនបានផ្សំនឹងសេចក្តីព្យាយាម មិនបានផ្សំនឹងខ្យល់ទេ ស័ង្ខនេះ ក៏​បន្លឺសំឡេង​មិនបាន។ បពិត្ររាជញ្ញៈ កាយនេះក៏ដូច្នោះដែរ កាលណាប្រកបដោយ​អាយុ​ផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ក្នុងកាលនោះ ទើបកាយនោះ ឈានទៅក៏បាន ថយក្រោយក៏បាន ឈរក៏បាន អង្គុយក៏បាន សម្រេចឥរិយាបថដេក​ក៏បាន ឃើញរូបដោយភ្នែកក៏បាន ស្តាប់សំឡេងដោយត្រចៀកក៏បាន ធុំក្លិនដោយ​ច្រមុះ​ក៏បាន លិទ្ធភ្លក្សរសដោយអណ្តាតក៏បាន ពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏បាន ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្តក៏បាន តែកាលណាកាយនេះ មិនប្រកបដោយ​អាយុ​ផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ ក្នុងកាលនោះ កាយនេះ ឈានទៅមុខក៏មិនបាន ថយក្រោយក៏មិនបាន ឈរក៏មិនបាន អង្គុយក៏មិនបាន សម្រេចឥរិយាបថដេក​ក៏មិនបាន ឃើញរូបដោយចក្ខុក៏មិនបាន ស្តាប់សំឡេង​ដោយ​ត្រចៀកក៏មិនបាន ធុំក្លិនដោយ​ច្រមុះ​ក៏មិនបាន លិទ្ធភ្លក្សរសដោយអណ្តាតក៏មិនបាន ប៉ះពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏មិនបាន ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត​ក៏មិន​បាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ ទ្រង់យល់មក យ៉ាងនេះវិញថា លោក​ដទៃ​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់​មាន ដោយហេតុនេះ។

ចប់ បឋមភាណវារៈ។

[១៥៤] ព្រះកស្សដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំ​នៅតែ​មាន​សេចក្តី​​យល់ក្នុងហេតុនុ៎ះ យ៉ាងនេះទៀតថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈ​មិនមាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្ត​អាក្រក់ មកឲ្យដល់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹង​ព្រះ​អង្គ ព្រះអង្គសព្វព្រះហឫទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូម​ព្រះអង្គដាក់អាជ្ញា​នោះ​ចុះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នក​ទាំង​ឡាយ ឆូតស្បែកក្រៅ របស់បុរសនេះមើល ក្រែងលោយើងឃើញជីវៈរបស់បុរសនេះ ពួករាជបុរសទាំងនោះ ក៏ឆូតស្បែកក្រៅរបស់​បុរសនោះ។ យើងក៏មិនបានឃើញ​ជីវៈ​របស់បុរសនោះសោះ។ ខ្ញុំនិយាយនឹងរាជបុរស​ទាំង​នោះ យ៉ាងនេះទៀតថា ម្នាលអ្នក​ដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ពន្លះស្បែកក្នុង អារសាច់ កាត់សរសៃ កាត់ឆ្អឹង ឆ្កៀល​ខួរក្នុងឆ្អឹង របស់បុរសនេះមើល ក្រែង​លោយើងបានឃើញជីវៈរបស់វា រាជបុរស​ទាំង​នោះ​ ក៏ឆ្កៀលខួរក្នុងឆ្អឹង របស់បុរស​នោះ។ យើងក៏នៅតែមិនឃើញជីវៈ​របស់បុរស​នោះ​សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំនៅមានគំនិត យ៉ាង​នេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។

[១៥៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិតនេះ ដោយពាក្យ​​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានជដិលម្នាក់ ជាអ្នកបម្រើ​ភ្លើង នៅក្នុងកុដិស្លឹក ក្នុងព្រៃរំលោង។ បពិត្ររាជញ្ញៈ ក្នុងកាលនោះឯង មានពួកឈ្មួញ​រទេះ​មួយពួក នៅក្នុងជនបទ បាននាំគ្នាចេញអំពី​ជនបទនោះ។ គ្រានោះ ពួកឈ្មួញរទេះនោះ នៅឈប់សំចត ជិតអាស្រមរបស់ជដិលអ្នកបម្រើភ្លើងនោះអស់១យប់ ទើបនាំគ្នាចៀស​ចេញទៅ។ បពិត្ររាជញ្ញៈ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាង​នេះថា គួរតែអាត្មាអញ​ចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ ក្រែង​ជួនជាបានគ្រឿង​ឧបករណ៍អ្វីមួយក្នុងទីនុ៎ះ។ ទើបជដិលអ្នកបម្រើភ្លើងនោះ ក្រោកឡើង​ពី​ព្រលឹម ចូលទៅត្រង់កន្លែង ជាទីសំណាក់​របស់ពួកឈ្មួញរទេះនោះ លុះចូលទៅដល់ហើយ ក៏បានឃើញក្មេងតូច ក្បាលត្រងោល ដេកផ្ងារ ដែលគេ​ចោល ក្នុងទីសំណាក់ របស់ពួកឈ្មួញរទេះនោះ។ ជដិលនោះ លុះឃើញហើយ ក៏​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា កាលបើអាត្មាអញមើលបំណាំ បណ្តោយឲ្យមនុស្សស្លាប់ ដោយហេតុណា ហេតុនុ៎ះ មិនសមគួរដល់​អាត្មាអញឡើយ បើដូច្នោះ គួរតែអាត្មាអញ យកទារកនេះ ទៅឯអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ទើបជដិលអ្នកបម្រើភ្លើងនោះ នាំយកទារកនោះ ទៅអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ក្នុងកាលដែលទារកនោះ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ទើបជដិលអ្នកបម្រើភ្លើងនោះ មានករណីយកិច្ចមួយ​កើតឡើង ក្នុងជនបទ។ ទើបជដិលអ្នកបម្រើភ្លើងនោះ បានផ្តាំនឹងទារកនោះ យ៉ាងនេះថា នែបា អញ​ប្រាថ្នានឹងទៅកាន់ជនបទ នែបា ត្រូវឯងបម្រើភ្លើង ប្រុង កុំឲ្យភ្លើងរបស់ឯងរលត់​ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ​ មាន ត្រូវឯង​យកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន)។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ ផ្តែ​ផ្តាំទារកយ៉ាងនេះហើយ ក៏ទៅកាន់ជនបទ។ ទារកនោះ កំពុងតែខ្វល់ខ្វាយដោយល្បែង ភ្លើងក៏រលត់អស់។ ទើបទារកនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ចូរឯងបម្រើភ្លើង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់​ឯងរលត់ហើយ កាំបិតនេះ​ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ បង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ។ កាលនោះ ទារកនោះ យកកាំបិត ចាំឈើពំនួតមើល ដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានភ្លើងនេះ។ ទារកនោះ ក៏មិនបានភ្លើងសោះ ហើយក៏ពុះឈើពំនួតជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះ​ធ្វើ​ឲ្យជាចំរៀកល្អិតៗហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់រួចហើយ រោយ​ទៅតាម​ខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងនេះ។ ទារកនោះ ក៏នៅតែមិនបានភ្លើងសោះ។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ សម្រេចកិច្ចដែល​ត្រូវធ្វើ ក្នុងជនបទនោះហើយ បានចូលទៅអាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ  បាននិយាយនឹងទារកនោះ យ៉ាងនេះថា ហៃបា ហេតុដូចម្តេច ក៏ឯង​ឲ្យភ្លើង​រលត់។ ទារកនោះនិយាយថា បពិត្របិតា ខ្ញុំកំពុងតែខ្វល់ខ្វាយ ដោយការលេងក្នុងទីនេះ ភ្លើង​ក៏រលត់ ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ត្រូវឯង​បម្រើភ្លើង នែបា ឯងកុំឲ្យភ្លើងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញបង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ បពិត្របិតា លំដាប់​នោះឯង ខ្ញុំក៏យកកាំបិតច្រាសឈើពំនួត ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹង​បានភ្លើងអេះ។ ខ្ញុំក៏មិនបានភ្លើងសោះឡើយ ខ្ញុំក៏ពុះឈើពំនួតភ្លើង ជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះ​ធ្វើ​ឲ្យជាចំរៀកតូចៗរួចហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់ហើយ ក៏រោយ​តាម​ខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើង ខ្ញុំក៏មិនបានភ្លើងសោះ។ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទារកនេះ ហៅពេញ​ជាមនុស្សខ្លៅ មិនវាងវៃមែន មិនសមបើនឹងស្វែងរកភ្លើង ដោយខុសទំនងសោះ។ កាលដែលទារកនោះ កំពុងសំឡឹងមើល ជដិលនោះ ក៏ចាប់​យកឈើពំនួតភ្លើង ហើយពួកឲ្យកើតភ្លើង រួចនិយាយនឹងទារកនោះ យ៉ាងនេះថា នែបា ភ្លើង គេត្រូវពួតឲ្យឆេះយ៉ាងនេះ មិនមែនដូចជាបាឯង ជាមនុស្សឆោត មិនវាងវៃ ស្វែងរក​ភ្លើង ដោយខុសទំនងដូច្នោះទេ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រក៏យ៉ាងនោះដែរ គឺជាមនុស្សខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង បពិត្ររាជញ្ញៈ សូម​មហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នោះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់​ទិដ្ឋិ​អាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ​អស់​កាលយូរ កុំបីមាន ដល់មហាបពិត្រឡើយ។

[១៥៦] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ព្រះបាទ​បសេនទិកោសល​ក្តី ពួកព្រះរាជាខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ។ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយ មុខជាអ្នកផង នឹងស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៥៧] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយពាក្យ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក​ មានឈ្មួញរទេះច្រើន នាំរទេះប្រមាណ១ពាន់ បរចេញ​ពីជនបទខាងកើត ទៅកាន់ជនបទខាងលិច។ ពួកឈ្មួញរទេះនោះ ទៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅ។ ក្នុងពួក​ឈ្មួញរទេះនោះឯង មាននាយឈ្មួញរទេះពីរនាក់ ម្នាក់មានរទេះ៥០០ ម្នាក់ទៀតមាន​រទេះ​៥០០។ លំដាប់នោះឯង នាយឈ្មួញរទេះទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកឈ្មួញរទេះនេះឯង មានរទេះ១ពាន់ យើងទាំងឡាយ ទៅនៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅណាស់ បើដូច្នោះ មានតែយើង​រាល់គ្នា ចែកពួកឈ្មួញរទេះនេះ ជាពីរចំណែក គឺ១ចំណែក ៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញទាំងនោះ ក៏បានចែកឈ្មួញរទេះនោះជាពីរចំណែក គឺ ១ចំណែក​៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញរទេះម្នាក់ បានផ្ទុក​ស្មៅ ឧស ទឹកជាច្រើន ហើយនាំគ្នាបររទេះតទៅ។ កាលដែលពួកឈ្មួញរទេះនោះ បរចេញទៅ អស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់​ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក បររថដ៏ល្អ មានកង់ប្រឡាក់​ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរដូច្នេះថា នែអ្នកដ៏ចំរើន អ្នកមក​ពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះក៏​សួរ​ទៀតថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀង​ជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយ​ចេញទៅ ចូរបររទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំ​បាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ប្រាប់ពួកឈ្មួញរទេះថា នែអ្នក​ដ៏​ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរ​ភ្លៀង​ជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នក​ដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរ​បររទេះទាំងឡាយ មាន​បន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ នែអ្នកដ៏​ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរនាំគ្នា​បរ​រទេះ​ទាំង​ឡាយ មានបន្ទុក​ស្រាល​ៗ ទៅចុះ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញ​រទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏ចោលស្មៅ ឧស ទឹកចាស់ចេញ ហើយនាំគ្នីគ្នា​បរ​រទេះ​ ដែល​មាន​បន្ទុកស្រាលៗ ទៅ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ឬទឹកក្នុង​ដំណាក់​ពួកឈ្មួញរទេះជាដំបូងផង ក្នុងដំណាក់ពួកឈ្មួញរទេះ​ជាគំរប់ពីរផង។ ក្នុង​ដំណាក់ពួកឈ្មួញរទេះ​ទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួក​ឈ្មួញ​រទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង ហើយក៏ដល់នូវសេចក្តីវិនាសទាំង​អស់គ្នា។ ពួក​មនុស្ស ឬពួកសត្វចិញ្ចឹម ក៏មានច្រើនក្នុងឈ្មួញរទេះនោះ។ បុរសមានសម្បុរ​ខ្មៅនោះ គឺជាយក្ស ជាអមនុស្ស [អមនុស្ស ប្រែថា សត្វមានខ្លួន​មិនដូចជាមនុស្ស ឬថា មិនមែនជាមនុស្ស។] ក៏ស៊ីពួកមនុស្ស និងសត្វចិញ្ចឹមទាំងអស់នោះ នៅសល់តែឆ្អឹងទទេ​ប៉ុណ្ណោះឯង។ កាលណានាយឈ្មួញរទេះទី២ បានដឹងថា ឥឡូវនេះ ពួកឈ្មួញរទេះនោះ ចេញទៅយូរថ្ងៃហើយ ក៏ផ្ទុកស្មៅ ឧស ទឹកជាច្រើន នាំគ្នាបររទេះចេញទៅទៀត។ លុះ​ពួក​ឈ្មួញរទេះនោះ បរទៅអស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់​ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក កំពុងបររទេះដ៏ល្អ មានកង់ប្រឡាក់​ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរ​យ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកមក​ពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះ​សួរថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀង​ជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះ​ទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំ​បាក​ឡើយ។ លំដាប់​នោះឯង នាយឈ្មួញរទេះនោះ ក៏បានប្រាប់ពួកឈ្មួញរទេះថា នែអ្នក​ដ៏​ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នក​ទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរ​បរតែ​រទេះ​ទាំងឡាយ មានបន្ទុក​ស្រាលៗ ទៅឲ្យឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ ដូច្នេះ ម្នាលអ្នកដ៏​ចំរើន បុរសនេះ មិនមែនជាមិត្រ មិនមែនជាញាតិសាលោហិតរបស់​យើងទេ យើងនឹងទៅដោយជឿ​ពាក្យ​បុរស​នេះ ដូចម្តេចបាន អ្នកទាំងឡាយ មិនត្រូវចោលស្មៅ ឧស ទឹកចាស់ឡើយ។ ចូរអ្នក​ទាំងឡាយ នាំគ្នា​បរ​រទេះទៅ យកទាំងរបស់​ដែលបានផ្ទុកមកហើយ យើងកុំចោលរបស់​ចាស់​យើងឡើយ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញ​រទេះនោះថា អើអ្នក​ដ៏ចំរើន ហើយក៏នាំគ្នា​បរ​រទេះទៅ យកទាំង​របស់ដែលបានផ្ទុកមកហើយនោះ។​ ពួក​ឈ្មួញ​រទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ទឹកក្នុងដំណាក់ពួកឈ្មួញ​រទេះជា​ដំបូង​ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះ​ទី២ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះ​ទីបីផង។ ក្នុង​ដំណាក់​ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់​ពួក​ឈ្មួញ​រទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង បានឃើញតែពួកឈ្មួញរទេះទាំងនោះ ដែល​ដល់នូវសេចក្តីវិនាសប៉ុណ្ណោះ។ ពួកមនុស្ស ឬសត្វចិញ្ចឹម ក៏មាន​ច្រើន​ក្នុង​ពួកឈ្មួញ​រទេះ​នោះ។ ពួកឈ្មួញរទេះទាំងនោះ បានឃើញ​តែ​ឆ្អឹងមនុស្ស និងសត្វចិញ្ចឹមទាំងនោះ។ ឯបុរសមានសម្បុរ​ខ្មៅនោះ គឺជាយក្ស ជា​អមនុស្ស បានស៊ីមនុស្ស និងសត្វចិញ្ចឹមនោះ (អស់ទៅ)។ លំដាប់នោះឯង នាយ​ឈ្មួញ​រទេះ​នោះ បានប្រាប់ពួកឈ្មួញរទេះថា នែ​អ្នក​ដ៏ចំរើន ពួកឈ្មួញរទេះនោះឯង ដែល​ដល់​នូវសេចក្តីវិនាស ព្រោះតែនាយឈ្មួញ​រទេះ ជា​បរិនាយក ជាមនុស្សល្ងង់នោះ។ ម្នាល​អ្នក​ដ៏ចំរើន បើដូច្នោះ ទ្រព្យរបស់ទាំងឡាយណា ក្នុងពួករទេះរបស់យើង ជារបស់មានថ្លៃតិច ចូរអ្នកទាំងឡាយ ចោលទ្រព្យរបស់ទាំងនោះ​ចេញ ហើយយកតែរបស់ទាំងឡាយ ដែល​មាន​ថ្លៃច្រើន ក្នុងពួករទេះនេះចុះ។ ពួកឈ្មួញ​រទេះទាំងនោះ ទទួលពាក្យរបស់នាយ​ឈ្មួញ​រទេះថា អើអ្នកដ៏ចំរើន ហើយក៏ចោល​ទ្រព្យ​របស់ទាំងឡាយ ដែលមានថ្លៃតិច ក្នុង​ពួករទេះខ្លួន ហើយយកតែទ្រព្យរបស់ ដែល​មានថ្លៃ​ច្រើន ក្នុងពួករទេះនោះ រួចឆ្លងផុត​អំពី​ផ្លូវ​លំបាកនោះ បានដោយសួស្តី ព្រោះតែ​នាយឈ្មួញរទេះ ជាបរិនាយកនោះឯង ជា​បណ្ឌិត ឈ្លាសវៃ។ បពិត្ររាជញ្ញៈ មហាបពិត្រ​ក៏យ៉ាងនោះឯង ជាបុគ្គលខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង គង់នឹង​ដល់​នូវសេចក្តីវិនាស ដូចបុរស ជានាយ​ឈ្មួញ​រទេះនោះ មួយទៀត ពួកជនណា សំគាល់នូវ​ពាក្យរបស់មហាបពិត្រថា ជាពាក្យគួរស្តាប់ គួរជឿ ជនទាំងនោះ មុខជានឹងដល់នូវ​សេចក្តី​វិនាស ដូចពួកឈ្មួញរទេះនោះ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះ​ចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ​លះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ​ អស់កាលយូរអង្វែង កុំបីមាន ដល់​មហាបពិត្រឡើយ។

[១៥៨] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៥៩] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសម្នាក់ ជាអ្នកចិញ្ចឹមជ្រូក បានចេញពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកដទៃ ក៏បានឃើញ​លាមកក្រៀម​ច្រើន ដែលគេចោល​ក្នុងទីនោះ។ លុះបុរសនោះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា គេចោលលាមកក្រៀមនេះ​ច្រើនណាស់ លាមកក្រៀមនេះ ត្រូវជាចំណី​ជ្រូកទាំងឡាយ​របស់​អាត្មាអញ គួរតែអាត្មាអញ យកលាមកក្រៀមពីទីនេះទៅ។ បុរសនោះ ក៏លាសំពត់បង់ក ហើយកើប​លាមកក្រៀមជាច្រើន វេចជាបង្វេច លើកទូលលើក្បាល ហើយដើរទៅ។ កាលបុរសនោះ ដើរទៅដល់ពាក់កណ្តាលផ្លូវ មហាមេឃក៏បង្អោរភ្លៀងខុសកាល។ បុរសនោះ ប្រឡាក់លាមក ដរាបដល់ចុងក្រចក ក៏នៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ ធ្លាក់សស្រាក់ដើរទៅ។ មនុស្សទាំងឡាយ ឃើញបុរសនោះហើយ បាននិយាយយ៉ាង​នេះថា នែវ៉ឺយ ឯងជាមនុស្សឆ្កួតទេឬអ្វី ឯងជាមនុស្សលលាឬអ្វី មិនសមបើឯងប្រឡាក់ ដោយលាមកដល់ចុងក្រចក ហើយនៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ​ធ្លាក់សស្រាក់សោះឡើយ។ បុរសនោះឆ្លើយថា នែវ៉ឺយ បណ្តាយើងទាំងឡាយនុ៎ះ អ្នក​រាល់គ្នាទេតើ ជាមនុស្សឆ្កួត អ្នករាល់គ្នាទេតើ ជាមនុស្សលលា បានជាអញថា ដូច្នោះ ព្រោះ​ថាលាមកនេះ ជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រទុកដូច​ជាបុរស​អ្នកទូលទ្រនូល​លាមកយ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបព៌ត្រលះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិ​ដ៏លាមក (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។

[១៦០] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំនៅតែ​មិនអាចលះបង់ទិដ្ឋិ​អាក្រក់នេះចេញបានទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេច​ខាង​ក្រៅក្តី តែងជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់​ប្រកាន់​ទិដ្ឋិ​នោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៦១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹង​ធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានអ្នកលេងបាស្កាពីរនាក់ បានលេង​ល្បែងបាស្កា។ អ្នកលេងបាស្កាម្នាក់ តែងលេបកូនបាស្កាដែលចាញ់ ដែលបាន​មក​ដល់​ខ្លួនៗ។ អ្នកលេងបាស្កា ជាគំរប់ពីរ បានឃើញនូវអ្នកលេងបាស្កានោះ កំពុងលេបកូន​បាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ លុះឃើញហើយ ក៏និយាយនឹងអ្នកលេង​បាស្កា​នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកឯងចេះតែឈ្នះយើង​ជាដរាប នែសំឡាញ់ ចូរអ្នកឯង​ឲ្យ​​បាស្កា​មកយើងចុះ យើងនឹងធ្វើការបូជាសិន។ អ្នកលេងបាស្កានោះនិយាយថា អើ​សំឡាញ់ ហើយក៏បានប្រគល់​បាស្កាទាំងឡាយ ដល់​​អ្នកលេងបាស្កា (ដែលសុំ)នោះ។ គ្រានោះ អ្នកលេងបាស្កា (ដែលចាញ់) នោះ យកថ្នាំពិស ប្រឡាក់កូនបាស្កាទាំងឡាយ ហើយនិយាយនឹងអ្នកលេងបាស្កា (វៀច)នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកចូរមក យើងនឹងលេងបាស្កា (ទៀត)។ អ្នកលេងបាស្កា(វៀច)នោះ ទទួល​ពាក្យអ្នកលេងបាស្កា​នោះថា អើសំឡាញ់។ អ្នកលេងបាស្កាទាំងនោះ បានលេងបាស្កា​លើក​ទីពីរទៀត។ អ្នកលេងបាស្កា(វៀច)នោះ នៅតែលេបកូនបាស្កាដែលចាញ់ ដែលបាន​មកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត។ អ្នកលេងបាស្កាជាគំរប់ពីរ បានឃើញអ្នកលេងបាស្កា​(វៀច) នោះ កំពុង​លេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា

[១៦២] បុរសអ្នកលេបនូវកូនបាស្កា ដែលគេលាបដោយថ្នំពិស ដ៏ក្លៀវក្លាបំផុត ក៏​នៅតែមិនដឹងខ្លួន ធម្មតា អ្នកលេងវៀចអាក្រក់ ជាអ្នកកំសត់ តែងលេប (កូនបាស្កា) សេចក្តីក្តៅក្រហាយ នឹងមានដល់អ្នកឯង។

[១៦៣] ថ្វាយព្រះពររាជញ្ញៈ មហាបពិត្រ ទុកដូចជា​អ្នកលេងបាស្កា យ៉ាងនោះ​ដែរ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូម​មហា​បពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។

[១៦៤] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំ​មិនអាចនឹង​លះបង់​ទិដ្ឋិ​អាក្រក់នេះចេញទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេច​ខាង​ក្រៅក្តី សឹងតែជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោក​ដទៃមិន​​មាន ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន ផល​វិបាក​របស់​កម្ម​ទាំងឡាយ​ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន ដោយហេតុនេះ បពិត្រ​ព្រះកស្សប​ដ៏ចំរើន បើ​ខ្ញុំនឹង​លះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែ​សេចក្តីខុស ដូច្នេះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិ​នោះ​វិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹង​ត្រឡប់​ប្រកាន់​ទិដ្ឋិ​នោះវិញ ដោយសេចក្តី​លុប​គុណ​ខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។

[១៦៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ តែងយល់​សេចក្តីនៃភាសិត ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសមួយនាក់នៅក្នុង​ជនបទ។ គ្រានោះឯង បុរសជាសំឡាញ់ បានបបួលបុរសជាសំឡាញ់ថា នែសំឡាញ់ មក យើង​នឹងទៅកាន់ជនបទនោះ ក្រែងជួនជាយើងបានទ្រព្យបន្តិចបន្តួច ក្នុងជនបទនោះ។ បុរស​ជាសំឡាញ់ បានទទួលពាក្យបុរសជាសំឡាញ់​ថា អើសំឡាញ់។ បុរសទាំងពីរនាក់នោះ បានចូលតម្រង់ទៅកាន់ស្រុកមួយ ដែលគេបោះបង់ចោល នៅក្នុងជនបទនោះ ក៏បាន​ឃើញ​សម្បកធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញ​ហើយ ក៏​ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ សម្បកធ្មៃជាច្រើននេះ គេចោលហើយ នែសំឡាញ់ បើដូច្នោះ ចូរឯង​ចងសម្បកធ្មៃមួយបាច់ ឯអញក៏ចងសម្បកធ្មៃមួយបាច់​ដែរ យើងទាំងពីរនាក់ នឹងនាំយកបាច់សម្បកធ្មៃទៅ។ បុរសជាសំឡាញ់ទទួលពាក្យ​បុរសជាសំឡាញ់ថា អើសំឡាញ់ ហើយក៏ចងសម្បកធ្មៃជាបាច់។ បុរសទាំងពីរនាក់​នោះ បាននាំយកបាច់សម្បកធ្មៃ ដើរចូលទៅកាន់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញ​សរសៃធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់​បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃ ដើម្បីប្រយោជន៍​ដល់សរសៃធ្មៃ​ណា ឥឡូវនេះ សរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ឯង ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំក៏នឹងចោលបាច់សម្បធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំ​យកបាច់សរសៃធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោល​បាច់សម្បកធ្មៃ ហើយកាន់យកបាច់សរសៃធ្មៃវិញ។ សំឡាញ់ទាំងពីរនាក់នោះ បានចូល​ទៅដល់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសំពត់ដែលគេត្បាញពីសរសៃធ្មៃ​ជាច្រើន ដែលគេចោល ក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់​បុរស​ជា​សំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីប្រយោជន៍​ដល់​សំពត់ធ្មៃ​ណា ឥឡូវនេះ សំពត់ដែលគេត្បាញ អំពីសរសៃធ្មៃនេះ គេចោល​គរគោក​ស្រាប់​ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោល​បាច់សរសៃ​ធ្មៃ​ដែរ យើងទាំងពីរនាក់ នឹងនាំ​យកផាប់សំពត់ធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយ​ថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំង​ចង​ត្រឹម​ត្រូវ​ផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ ឯបុរសជាសំឡាញ់នោះ ក៏ចោល​បាច់សរសៃធ្មៃចេញ ហើយប្រមូលយកផាប់សំពត់ ដែលគេត្បាញពីសរសៃធ្មៃវិញ។ អ្នកទាំងពីរនោះ បានចូល​ទៅដល់ស្រុកមួយទៀត ដែលគេចេញចោល ហើយបានឃើញ​សម្បកឈើជាច្រើន ដែលគេចោលក្នុងទីនោះ។ ឃើញសរសៃសម្បកឈើជាច្រើន ដែល​គេចោលហើយ។ ឃើញសំពត់សម្បកឈើជាច្រើន ដែលគេចោលហើយ។ ឃើញ​កប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសរសៃកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសំពត់ធ្វើពីកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញដែកជាច្រើន ដែលគេចោលហើយ។ ឃើញឃើញទង់ដែងជាច្រើន ដែលគេចោលហើយ។ ឃើញសំណប៉ាហាំងជាច្រើន ដែលគេចោលហើយ។ ឃើញសំណ​ភក់ជាច្រើន ដែលគេចោលហើយ។ ឃើញប្រាក់ជាច្រើន ដែលគេចោលហើយ។ ឃើញមាស​ជាច្រើន ដែលគេចោលហើយ។ លុះបុរសជាសំឡាញ់ម្នាក់ឃើញហើយ ក៏ប្រាប់​បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី សំពត់​ដែល​គេត្បាញពីសរសៃធ្មៃក្តី សម្បកឈើក្តី សរសៃសម្បកឈើក្តី សំពត់សម្បកឈើក្តី កប្បាសក្តី សរសៃកប្បាសក្តី សំពត់ដែលគេត្បាញពីសរសៃកប្បាសក្តី ដែកក្តី ទង់ដែង​ក្តី សំណប៉ាហាំងក្តី សំណភក់ក្តី ប្រាក់ក្តី ដើម្បីប្រយោជន៍​ដល់មាស​ណា ឥឡូវមាសនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នក​ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោលបង្វេចប្រាក់ដែរ យើងទាំងពីរនាក់ នឹង​យកបង្វេចមាសទៅវិញ។ សំឡាញ់​ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបានជានាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នេះ គួរដល់ខ្ញុំហើយ អ្នកឯងចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបង្វេចប្រាក់ចេញ ហើយយកបង្វេចមាសទៅ។ បុរស​ទាំង​ពីរ​នាក់​នោះ បានវិលចូល​ទៅដល់ស្រុករបស់ខ្លួនវិញ។ បណ្តាបុរសទាំងពីរនាក់នោះ បុរសជាសំឡាញ់ណា ដែលនាំយកបាច់សម្បកធ្មៃទៅ មាតាបិតារបស់បុរសជាសំឡាញ់​នោះ មិនត្រេកអរសោះ ទាំងបុត្រភរិយាក៏មិនត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏មិន​ត្រេកអរ បុរសនោះ ត្រឡប់ជាមិនបានសេចក្តីសុខ សោមនស្ស ព្រោះតែសម្បកធ្មៃ​នោះជាហេតុ។ ចំណែក​ឯបុរសជាសំឡាញ់ណា បាននាំយកបង្វេចមាសទៅ មាតា​បិតារបស់បុរសជាសំឡាញ់​នោះ ក៏ត្រេកអរ ទាំងបុត្រភរិយាក៏ត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏​ត្រេកអរ បុរសនោះ ក៏បានសេចក្តីសុខ សោមនស្ស ព្រោះមាស​នោះ​ជាហេតុ។ បពិត្ររាជញ្ញៈ មហាបពិត្រ ក៏ប្រហែលដូចជាបុរសអ្នកស្ពាយសម្បកធ្មៃ យ៉ាងនោះឯង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្ត​ទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់​ព្រះអង្គ​ឡើយ។

[១៦៦] ព្រះបាទបាយាសិរាជញ្ញៈ មានបន្ទូលថា ខ្ញុំមានចិត្តត្រេកអរជ្រះថ្លា​ហើយ ដោយសារសេចក្តីឧបមា របស់ព្រះកស្សបដ៏ចំរើន តាំងពីដម្បូងមកម្ល៉េះ ប៉ុន្តែខ្ញុំចង់ស្តាប់​បញ្ហាបដិភាណដ៏វិចិត្រនេះទៀត បានជាខ្ញុំធ្វើជាប្រកាន់ឆ្វេង ឲ្យទាស់ខុសគ្នា នឹង​ព្រះកស្សបដ៏ចំរើនយ៉ាងនេះ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់​ពីរោះ​ណាស់ បពិត្រ​ព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រ​ព្រះកស្សបដ៏ចំរើន ធម៌ដែលព្រះកស្សប បានសំដែង ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺ​ច្បាស់ណាស់) គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែល​កំបាំង ឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស​កាន់​ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងមើលឃើញ​នូវ​រូប​ទាំងឡាយបាន បពិត្រ​ព្រះកស្សបដ៏ចំរើន ខ្ញុំនេះ សូមដល់នូវ​ព្រះគោតមដ៏​មានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូម​ព្រះកស្សបដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយ​ជីវិត បពិត្រ​ព្រះកស្សបដ៏ចំរើន មិនតែប៉ុណ្ណោះទេ ខ្ញុំត្រូវការ​នឹងបូជាមហាយ័ញ្ញ សូម​ព្រះកស្សបដ៏ចំរើន ប្រៀនប្រដៅខ្ញុំផង ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជា​យូរអង្វែងដល់ខ្ញុំ។ ថ្វាយព្រះពរ​រាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀមទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់​នូវ​សេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ (អ្នកទទួល) ក៏ជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះ​រិះ​ខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មាន​សតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមាន​សេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជមិនបានដាក់គ្រាប់ មិនបានហាលឲ្យស្ងួត ទៅព្រោះក្នុងស្រែមិនល្អនោះ មានទីមិនស្មើ មិនបានគាស់រំលើងនូវដង្គត់ និងបន្លាចេញ ទាំង​ភ្លៀងសោត ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលដ៏គួរ ចុះពូជទាំងឡាយនោះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាលល្អឡើងបានដែរឬទេ អ្នកភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌ដែរឬទេ។ បពិត្រ​ព្រះកស្សបដ៏ចំរើន ការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះ មិនបានទេ។ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀម​ទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់​នូវ​សេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ ក៏សុទ្ធតែជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះ​រិះ​ខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មាន​សតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមាន​សេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ (ប្រសិនបើ) ពួក​ជនពួកមិនសម្លាប់គោទាំងឡាយក្តី មិនសម្លាប់ពពែ និងចៀមទាំងឡាយក្តី មិនសម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ មិនដល់​នូវ​សេចក្តី​វិនាស​ ទាំងពួកបដិគ្គាហកៈសោត ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះ​រិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មាន​សតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មាន​សេចក្តី​រុងរឿង​ធំដុំ ជាយញ្ញវិធីមានគុណផ្សាយទៅច្រើន។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយ ដែលមិនបែកធ្លាយ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជដាក់គ្រាប់ គេហាលស្ងួត ទៅព្រោះក្នុង​ស្រែ​ដ៏ល្អនោះ មានទីរាបស្មើ គេបានកាប់គាស់យកដង្គត់ និងបន្លាចេញដោយល្អ ទាំង​ភ្លៀង​ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលគួរ ចុះពូជទាំងឡាយនោះ នឹងដល់​នូវ​សេចក្តី​ចំរើនឡើង លូតលាស់ ដុះដាលបានឬទេ ទាំងអ្នកភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌​ដែរឬទេ។ បពិត្រ​ព្រះកស្សបដ៏ចំរើន ការនេះប្រព្រឹត្តទៅយ៉ាងនោះបាន។ ថ្វាយ​ព្រះពររាជញ្ញៈ សេចក្តីនេះ មានឧបមេយ្យដូចពួកជន មិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ ពួកសត្វមានជីវិតផ្សេងៗ មិនដល់​នូវ​សេចក្តីវិនាស ទាំងពួកបដិគ្គាហកៈ ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះ​រិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មាន​សតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មាន​សេចក្តីរុងរឿងធំដុំ ជាយញ្ញវិធី​មានគុណ​ផ្សាយ​ទៅច្រើន។

[១៦៧] គ្រានោះឯង ស្តេចបាយាសិរាជញ្ញៈ បានផ្តើមដំកល់ទាន ចំពោះ​សមណព្រាហ្មណ៍ មនុស្សកំសត់ អ្នកដើរផ្លូវ អ្នកពណ៌នាគុណ និងយាចកទាំង​ឡាយ។ ក្នុងទាននោះឯង ស្តេចបាយាសិរាជញ្ញៈ តែងឲ្យភោជនមានសភាពយ៉ាងនេះ គឺបាយ​ចុង​អង្ករ មានជ្រក់ជាគំរប់ពីរ និងសំពត់សាច់គគ្រាត មានជាយដ៏ក្រាស់។ ឯក្នុងការឲ្យនោះ មាន​មាណពម្នាក់ ឈ្មោះឧត្តរៈ ជាអ្នកចាត់ចែងទាន ឧត្តរមាណពនោះ ឲ្យទាន ហើយឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិ​រាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយ។ ស្តេច​បាយាសិរាជញ្ញៈ បានឮដំណឹងថា ឧត្តរមាណពឲ្យទានហើយ​ ក៏ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិ​រាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ។ ទើបព្រះបាទ​បាយាសិរាជញ្ញៈ ត្រាស់ឲ្យហៅ​ ឧត្តរមាណពមក ហើយមានព្រះឱង្ការយ៉ាងនេះថា នែបាឧត្តរៈ ឮថា អ្នកឯង​ឲ្យទានទាំង​ពួងហើយ តែងឧទ្ទិស​យ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួប​នឹងស្តេច​បាយាសិ​រាជញ្ញៈ​តែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ ដូច្នេះមែន​ឬ។ ឧត្តរមាណពក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណាវិសេស។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការសួរថា នែបាឧត្តរៈ ហេតុអ្វី ក៏អ្នកឲ្យទានហើយ​ ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ។បេ។ សូមកុំឲ្យជួបទៅក្នុង​លោក​ខាង​មុខ​ឡើយ ដូច្នេះ នែបាឧត្តរៈ យើងមានសេចក្តីត្រូវការដោយបុណ្យ មានសេចក្តីសង្ឃឹមយកផល របស់​ទានប៉ុណ្ណោះ ដោយពិត។ ឧត្តរមាណព ក្រាបទូលថា ខ្ញុំព្រះអង្គ តែងឲ្យភោជន មានសភាពយ៉ាងនេះ ក្នុងទានរបស់​ព្រះអង្គនោះឯង គឺបាយចុងអង្ករ មានជ្រក់ជាទំរប់​ពីរ សូម្បីតែព្រះអង្គ ក៏មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹងសោយ​ដូចម្តេច​កើត មួយទៀត សំពត់មានសាច់គគ្រាត មានជាយដ៏ក្រាស់ សូម្បីតែ​ព្រះអង្គ ក៏​មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹង​ទ្រង់ដូចម្តេចកើត ចំណែក​ខាង​ព្រះអង្គ ជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ខ្ញុំព្រះអង្គ តែខ្ញុំព្រះអង្គនឹងយករបស់​ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ទៅលាយចម្រុះ ដោយវត្ថុមិនជាទីគាប់ចិត្ត ដូចម្តេចបាន។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការថា ម្នាលបាឧត្តរៈ បើដូច្នោះ យើងធ្លាប់​បរិភោគ​ភោជនយ៉ាងណា ចូរអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះ មួយទៀត យើងធ្លាប់ស្លៀក​ដណ្តប់សំពត់យ៉ាងណា ចូរអ្នកឯងតាក់តែងសំពត់ យ៉ាងនោះចុះ។ ឧត្តរមានណព ទទួល​ព្រះឱង្ការ នៃព្រះបាទបាយាសិរាជញ្ញៈថា ព្រះករុណាវិសេស ហើយក៏​តាក់តែង​ភោជន​ដូចជាភោជន ដែលស្តេចបាយាសិរាជញ្ញៈតែងសោយ មួយទៀត តាក់តែងសំពត់ ដូចជា​ព្រះពស្ត្រ ដែលស្តេចបាយាសិរាជញ្ញៈតែងទ្រង់។ គ្រានោះឯង ព្រះបាទបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន មិនបានឲ្យដោយព្រះហស្តព្រះអង្គឯង ឲ្យទាន ដោយ​មិនផ្ចិតផ្ចង់ ឲ្យទាន​ដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាព ក៏ចូល​ទៅកើតជាមួយនឹងពួកទេវតា​ជាន់ចាតុម្មហារាជិកៈ ក្នុងសេរីសកវិមាន [អដ្ឋកថា ថា វិមាន​នោះ ជាវិមានប្រាក់ មានដើមច្រេសធំ១ ដុះនៅប្របទ្វារវិមាននោះ ព្រោះហេតុនោះ ទើប​លោកហៅថា សេរីសកវិមាន។] ជាវិមានស្ងាត់សូន្យតែឯង។ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់ស្តេច​បាយាសិរាជញ្ញៈនុ៎ះ បានឲ្យទានដោយគោរព ឲ្យ​ទាន​ដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយ​នឹងពួកទេវតាជាន់តាវត្តិង្ស។

[១៦៨] ជួន​សម័យនោះឯង ព្រះគវម្បតិដ៏មានអាយុ និមន្តទៅកាន់សេរីសកវិមាន ដែលជាវិមានស្ងាត់ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ តែរឿយៗ។ គ្រានោះឯង បាយាសិទេវបុត្រ ក៏បានចូលទៅរកព្រះគវម្បតិដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ​ព្រះគវម្បតិដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះ​បាយាសិទេវបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះគវម្បតិដ៏មានអាយុ បាន​សួរដូច្នេះ​ថា ម្នាលអ្នកដ៏មានអាយុ អ្នកជាអ្វី។ បាយាសិទេវបុត្រតបថា បពិត្រលោកដ៏ចំរើន ខ្ញុំជា​ស្តេច​បាយាសិរាជញ្ញៈ។ ព្រះគវម្បតិសួរថា ម្នាលអ្នកដ៏មានអាយុ ក្រែងអ្នកធ្លាប់យល់ឃើញ​ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាក​របស់កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះឬ។ បពិត្រលោក​ដ៏ចំរើន ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជា​ឱបបាតិកៈ​មិនមាន ផលវិបាក​របស់កម្ម​ទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះពិតមែន តែចួនគ្រោះល្អ បានលោកម្ចាស់​ព្រះនាមកុមារកស្សប បានដោះ​ខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះហើយ។ នែអ្នកដ៏មានអាយុ ចុះចំណែកឧត្តរមាណព ជាអ្នក​ចាត់ចែង​ក្នុងទានរបស់អ្នកនោះ តើទៅកើតក្នុងទីណា។ បពិត្រលោកដ៏ចំរើន ឧត្តរមាណព ដែលជាអ្នកខ្វល់ខ្វាយ ក្នុងទានរបស់ខ្ញុំ បានឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្ស បពិត្រ​លោកដ៏ចំរើន ចំណែកខាងខ្ញុំ​ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាពមក ក៏បានមកកើតក្នុង សេរីសកវិមាន ជាវិមាន​ស្ងាត់ ជាមួយ​នឹង​ពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ បពិត្រ​ព្រះគវម្បតិដ៏ចំរើន បើដូច្នោះ (ដល់)លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញ សូមប្រាប់​អស់ទាំង​ពួកមនុស្ស យ៉ាងនេះថា អ្នកទាំងឡាយ ចូរ​ឲ្យទានដោយគោរព ចូរឲ្យទាន​ដោយ​ដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយ​នឹង​ពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែក​ឯឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេច​បាយាសិរាជញ្ញៈនោះ បាន​ឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិន​បាន​បោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌​ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្សទៅហើយ។ គ្រានោះឯង ព្រះគវម្បតិដ៏មានអាយុ ត្រឡប់​មកមនុស្សលោកវិញ ហើយបានប្រាប់ (អស់​ទាំងពួក​មនុស្ស) យ៉ាងនេះថា អ្នកទាំងឡាយ ចូរ​ឲ្យទានដោយគោរព ចូរឲ្យទាន​ដោយ​ដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន​មិនបានឲ្យដោយ​ដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុង​សេរីសកវិមាន​ស្ងាត់ ជាមួយ​នឹង​ពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែក​ខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេច​បាយាសិរាជញ្ញៈនោះ បាន​ឲ្យទានដោយគោរព ឲ្យទាន​ដោយ​ដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិន​បាន​បោះឲ្យ លុះបែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌​ទេវលោក ជាមួយ​នឹង​ពួកទេវតាជាន់តាវត្តិង្សទៅហើយ។

ចប់ បាយាសិរាជញ្ញសូត្រ ទី១០។

ឧទ្ទាននៃមហាវគ្គនោះគឺ

មហាបទានសូត្រ ១ មហានិទានសូត្រ ១ មហាបរិនិព្វានសូត្រ ១ មហាសុទស្សន​សូត្រ ១ ជនវសភសូត្រ ១ មហាគោវិន្ទសូត្រ ១ មហាសមយសូត្រ ១ សក្កបញ្ហសូត្រ ១ មហាសតិប្បដ្ឋានសូត្រ ១ បាយាសិរាជញ្ញសូត្រ ១ (ទាំង១០សូត្រនេះ) លោកឲ្យឈ្មោះ​ថា មហាវគ្គ។

ចប់ ភាគ១៧ ។