សុត្តន្តបិដក

មុន |១៤|១៥|១៦|១៧|១៨|១៩|២០| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ទីឃនិកាយ តតិយភាគ

ភាគ ១៦

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គនោះ។

មហាវគ្គ

មហាបទានសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​ករេរិកុដិកា [អដ្ឋកថា ពន្យល់ថា “ករេរិ” ប្រែថា ដើមថ្ងាន់។ មណ្ឌបដែលគេ​កំណត់​ដោយដើមថ្ងាន់នោះ ឈ្មោះថា ករេរិមណ្ឌប។ ករេរិមណ្ឌបនេះឯង តាំងនៅទៀប​ទ្វារ​កុដិ​នោះ បានជាហៅថា ករេរិកុដិកា ៗនេះ ជាកុដិធំ១ ដ្បិតក្នុងវិហារជេតពន មានកុដិ​ធំៗ​៤ គឺ​ករេរិកុដិ១ កោសម្ពកុដិ១ គន្ធកុដិ១ សឡលឃរៈ១ កុដិមួយៗ ធ្វើអស់តម្លៃ១សែន​កហាបណៈ។ បណ្តាកុដិទាំងនោះ សឡលឃរៈ ព្រះបាទបសេនទិ ទ្រង់សាង។ ក្រៅ​ពីនេះ សុទ្ធតែអនាថបិណ្ឌិកគហបតីសាងទាំងអស់។] ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកពីបិណ្ឌបាត (បាន​ធ្វើភត្តកិច្ចស្រេចហើយ) ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នាក្នុងសាលាសម្រាប់​អង្គុយ ដែលគេធ្វើនៅជិតករេរិមណ្ឌល ហើយក៏កើតជាធម្មីកថា គឺការនិយាយអំពីធម៌ ប្រកប​ដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាស ដូច្នេះខ្លះ។ ព្រះមានព្រះភាគ ទ្រង់​បានឮពាក្យចរចានេះ របស់ភិក្ខុទាំងឡាយនោះ ដោយព្រះទិព្វសោតធាតុដ៏បរិសុទ្ធ កន្លង​បង់​នូវសោតៈ នៃមនុស្សសាមញ្ញ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ទ្រង់​ចូលសំដៅទៅរោងករេរិមណ្ឌល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេ​ក្រាល​ថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយពីរឿងអ្វី អន្តរាកថា [ពាក្យនិយាយពីគុណ និងទោស ហើយដាច់ទៅ។] ដូចម្តេច ដែលអ្នកទាំង​ឡាយ បញ្ឈប់ទៅវិញ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយយ៉ាងនេះ ភិក្ខុទាំង​នោះ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំ​ព្រះ​អង្គទាំងឡាយ ត្រឡប់មកពីបិណ្ឌបាត (បានធ្វើ​ភត្តកិច្ច​ស្រេចហើយ) ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងរោងករេរិមណ្ឌលនេះ ក៏កើតជាធម្មីកថា ប្រកប​ដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាស ដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចំរើន នេះឯងជាអន្តរាកថា ដែល​ខ្ញុំព្រះអង្គទាំងឡាយបញ្ឈប់ ដ្បិតព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចង់ស្តាប់ធម្មីកថា ប្រកបដោយ​បុព្វេ​និវាសដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះ ជា​កាល​​គួរ ដល់ការធ្វើធម្មីកថានុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដល់ការធ្វើ​ធម្មីកថានុ៎ះហើយ គួរព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ដែលប្រកបដោយបុព្វេនិវាស ភិក្ខុ​ទាំងឡាយ ស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ចាំស្តាប់ ចូរប្រុង ធ្វើទុក​ក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រាប់អំពីភទ្ទកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុ​ទាំង​ឡាយ រាប់អំពីភទ្ទកប្បនេះទៅ ៣១កប្ប ព្រះសិខីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​កើត​ឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក្នុងកប្ប៣១នោះដែរ ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងភទ្ទកប្ប​នេះ​ឯង ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងភទ្ទកប្បនេះដែរ ព្រះកោនាគមនៈ មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ក្នុងភទ្ទកប្បនេះដែរ ព្រះកស្សប​មានព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើង​ក្នុង​លោក ក្នុងភទ្ទកប្បនេះដែរ។

[២] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុងព្រាហ្មណត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុងព្រាហ្មណត្រកូល។ ម្នាលភិក្ខុទាំង​ឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណជាតិ ទ្រង់កើតក្នុង​ព្រាហ្មណ​ត្រកូល។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយ​ជាតិ កើតក្នុងខត្តិយត្រកូល។

[៣] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកស្សបគោត្រ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ជាគោតម​គោត្រ។

[៤] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ព្រះជន្មាយុ៨ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៧ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានព្រះជន្មាយុ៦ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៤ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ៣ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះជន្មាយុ២ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ជន្មាយុ​របស់តថាគត មានប្រមាណតិច ឆាប់រហ័ស បុគ្គល (ក្នុងសម័យនេះ) ដែលរស់នៅ យ៉ាង​យូរបានត្រឹម១០០ឆ្នាំ និងតិចជាង១០០ឆ្នាំ ឬច្រើនជាង១០០ឆ្នាំ ក៏មាន (ដោយតិច)។

[៥] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​បាដលិព្រឹក្ស (ដើមជ្រនៀង)។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ត្រាស់​ក្រោមបុណ្ឌរីកព្រឹក្ស [បុណ្ឌរីកសព្ទនេះ បើក្នុងទីឯទៀត ប្រែថា ឈូកស ក៏បាន។ តែក្នុងទីនេះ បានជាប្រែថា ស្វាយស ព្រោះអដ្ឋកថា ថា សេតម្ពរុក្ខ នឹងហៅថា សេតម្ពព្រឹក្ស ដូច្នេះវិញក៏បាន។] (ដើមស្វាយស)។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមសាលព្រឹក្ស។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមសិរីស​ព្រឹក្ស (ដើមច្រេស)។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​ឧទុម្ពរព្រឹក្ស (ដើមល្វា)។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ត្រាស់​ក្រោមនិគ្រោធព្រឹក្ស (ដើមជ្រៃ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ តថាគត អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោមអស្សត្ថព្រឹក្ស (ដើមពោធិ៍បាយ)។

[៦] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ អភិភូ១ សម្ភវៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ សោនៈ១ ឧត្តរៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ វិធូរៈ១ សញ្ជីវៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ ភិយ្យោសៈ១ ឧត្តរៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃ​សាវ័ក​ដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ តិស្សៈ១ ភារទ្វាជៈ១។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវ​នេះ តថាគត មានគូនៃ​សាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ សារីបុត្ត១ មោគ្គល្លាន១។

[៧] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវក​សន្និបាត (ប្រជុំសាវ័ក) ៣ដង គឺសាវកសន្និបាត មានភិក្ខុចំនួន​៦លាន ៨សែនរូបម្តង សាវកសន្និបាត មានភិក្ខុ១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ​៨ហ្មឺនរូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ​ចំនួន​១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ៧ហ្មឺនរូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះសិខីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះវេស្សភូ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ៧ហ្មឺនរូបម្តង សាវកសន្និបាត មានភិក្ខុ​៦ហ្មឺន​រូប​ម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវេស្សភូ​មានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជាខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ​៤ហ្មឺន​រូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកកុសន្ធៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ តែម្តងនេះ សុទ្ធតែជា​ខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈ​មាន​​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ៣ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកោនាគមនៈមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ តែម្តងនេះ សុទ្ធតែជា​ខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានសាវកសន្និបាតតែម្តង មានភិក្ខុ២ហ្មឺនរូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែម្តងនេះ សុទ្ធតែជាខីណាស្រព​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានសាវកសន្និបាតតែម្តង មានភិក្ខុ១២៥០រូប។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់តថាគត តែម្តងនេះ ក៏សុទ្ធតែជាខីណាស្រពទាំងអស់។

[៨] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុ​ឈ្មោះ អសោកៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះសិខីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ខេមង្ករៈ ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះវេស្សភូមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ ឧបសន្តៈ ជាឧបដ្ឋាក​អ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកកុសន្ធៈមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ វុឌ្ឍិជៈ ជា​ឧបដ្ឋាក​អ្នក​បំរើ​ដ៏​ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះកោនាគមនៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះ សោត្ថិជៈ ជាឧបដ្ឋាក​អ្នក​បំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុឈ្មោះ សព្វមិត្តៈ ជាឧបដ្ឋាកអ្នកបំរើ​ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត មានភិក្ខុឈ្មោះ អានន្ទ [អដ្ឋកថា ថា ក្នុងបឋម​ពោធិកាល មិនមានភិក្ខុអ្នកបំរើព្រះមានព្រះភាគជាប់ជានិច្ចទេ ជួនណាព្រះនាគសមាសត្ថេរ ជួនណា ព្រះនាគិតត្ថេរ ជួនណាព្រះឧបវាណត្ថេរ ជួនណាព្រះសុនក្ខត្តត្ថេរ ជួនណាចុន្ទសមណុទ្ទេស ជួនណាព្រះសាគតត្ថេរ ជួនណា​ព្រះមេឃិយត្ថេរ បំរើ។ លុះដល់កាលខាងក្រោយមក ទើបបានព្រះអានន្ទត្ថេរ ចូលមក​បំរើជាប់​រហូតដល់ព្រះអង្គចូលព្រះបរមនិព្វាន។] ជាឧបដ្ឋាកអ្នកបំរើដ៏ប្រសើរ។

[៩] ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាម​ពន្ធុមៈ ព្រះមាតាព្រះនាម ពន្ធុមតីទេវី ជាព្រះជនេត្តី (មាតា​បង្កើត) ព្រះនគរឈ្មោះពន្ធុមតី ជារាជធានី នៃព្រះបាទពន្ធុមៈ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះបិតារបស់ព្រះសិខីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាម​អរុណៈ ព្រះមាតាព្រះនាម បភាវតីទេវី ជាព្រះជនេត្តី  នគរឈ្មោះអរុណវតី ជារាជធានី នៃព្រះបាទអរុណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់​ព្រះវេស្សភូ​មាន​ព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមសុប្បតីតៈ ព្រះមាតាព្រះនាម យសវតីទេវី ជាព្រះជនេត្តី នគរឈ្មោះអនោមៈ ជារាជធានី នៃព្រះបាទសុប្បតីតៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រះបិតារបស់ព្រះកកុសន្ធៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាម​អគ្គិទត្ត ព្រះមាតាជាព្រាហ្មណី នាមវិសាខា ជាជនេត្តី។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ​ឯង មានព្រះរាជាព្រះនាមខេមៈ នគរឈ្មោះខេមវតី ជារាជធានីនៃព្រះបាទ​ខេមៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់​ព្រះកោនាគមនៈ​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍ នាម យញ្ញទត្ត ព្រះមាតាជា​ព្រាហ្មណីនាម ឧត្តរា ជាព្រះជនេត្តី។ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះឯង មានព្រះរាជា​ព្រះនាម សោភៈ នគរឈ្មោះសោភវតី ជារាជ​ធានី​នៃព្រះបាទ​សោភៈ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតា​របស់ព្រះ​កស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រាហ្មណ៍នាម ព្រហ្មទត្ត ព្រះមាតា ជាព្រាហ្មណី នាម ធនវតី ជាព្រះជនេត្តី។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មានព្រះរាជាព្រះនាម កិកី នគរឈ្មោះ ពារាណសី ជារាជធានីនៃព្រះបាទ​កិកី។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ព្រះបិតារបស់តថាគត ជាព្រះរាជា ទ្រង់ព្រះនាម សុទ្ធោទនៈ ព្រះមាតា ទ្រង់ព្រះនាម មាយាទេវី ជាព្រះជនេត្តី ព្រះនគរឈ្មោះ កបិលវត្ថុ ជារាជធានី។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ លុះព្រះសុគត​បានត្រាស់​ពាក្យនេះចប់ហើយ ក៏ទ្រង់ក្រោក​ចាក​អាសនៈ ស្តេចចូលទៅកាន់ព្រះវិហារ។

[១០] កាលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក្នុងលំដាប់នោះ អន្តរាកថានេះ ក៏កើតឡើង ដល់ភិក្ខុទាំងនោះថា ម្នាលលោកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលលោកមានអាយុទាំងឡាយ ហេតុនេះ មិនធ្លាប់ដែលមានឡើយ ព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ហ្ន៎ អម្បាល​ដូច​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាងសត្វឲ្យមាន​ដំណើរ​យឺតយូរ [អដ្ឋកថា ថា ធម៌ជាគ្រឿងធ្វើដំណើរសត្វដែលត្រាច់រង្គាត់ទៅក្នុង​វដ្តសង្សារឲ្យយឺតយូត ហៅថា បបញ្ចធម៌ សំដៅយកកិលេសទាំង៣ គឺតណ្ហា មានៈ ទិដ្ឋិ។] ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ [កម្មជាកុសល និងអកុសល ហៅថា កុសលាកុសលកម្មវដ្ត ជាគ្រឿងញុំាងសត្វឲ្យវិលកើត វិលស្លាប់នៅក្នុងលោក។] ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់ [ពាក្យថា គ្របសង្កត់នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ជាពាក្យផ្លាស់ប្តូរនឹងពាក្យថា ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វ​ឲ្យវិលវល់នោះដែរ បានសេចក្តីថា គ្របសង្កត់ ឬផ្តាច់ផ្តិលនូវកម្មទាំងពួង ដែលជាគ្រឿង​ញុំាងសត្វ​ឲ្យវិលកើត វិលស្លាប់។] ទ្រង់កន្លងបង់នូវទុក្ខទាំងពួង [បានដល់កន្លងបង់នូវទុក្ខ​ទាំង​អស់ ដែលជារបស់វដ្តៈ។] ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគតរលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមាន​ព្រះភាគ​ទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានព្រះនាម​យ៉ាង​នេះខ្លះ ព្រះមានព្រះភាគទាំងនោះមានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគ​ទាំងនោះ​មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមានធម៌​យ៉ាងនេះខ្លះ ព្រះមាន​ព្រះភាគទាំងនោះមានប្រាជ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ​មានវិហារធម៌​​យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះមាន​វិមុត្តិយ៉ាងនេះខ្លះ។ ម្នាលអាវុសោ​ទាំងឡាយ ធម្មធាតុណា ដែលព្រះតថាគតត្រាស់ដឹង​ហើយ ធម្មធាតុនុ៎ះ គឺព្រះតថាគតត្រាស់ដឹងមែនឬ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិល​នូវ​កិលេស ជាគ្រឿងញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាង​សត្វ​ឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខ​ទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញ​ព្រះនាម​ផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹក​ឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ឬថាទេវតាទាំងឡាយ ក្រាបបង្គំទូលនូវសេចក្តីនុ៎ះ ចំពោះព្រះតថាគត​ទេដឹង បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាង​សត្វ​ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់​គ្រប​សង្កត់​នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិ​ផង រលឹកឃើញព្រះនាមផង រលឹក​ឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមាន​ព្រះភាគ​ទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រ​យ៉ាងនេះ។ មានសីលយ៉ាងនេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​​យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ។ នេះឯង ជាអន្តរាកថា ដែលភិក្ខុទាំងនោះ (និយាយ) ហើយ បញ្ឈប់ទៅ។

[១១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ស្តេច​ចូលទៅឯកុដិករេរិមណ្ឌល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រជុំគ្នានិយាយអ្វីហ្ន៎ អម្បាញ់មិញនេះ អន្តរាកថា​ដូចម្តេច ដែលអ្នកទាំងឡាយបញ្ឈប់ទៅ។ កាលបើព្រះមានព្រះភាគ ត្រាស់សួរយ៉ាង​នេះហើយ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាល​ព្រះមានព្រះភាគ ស្តេចចេញទៅ មិនយូរប៉ុន្មាន អន្តរាកថានេះ ក៏កើតឡើង ដល់​ខ្ញុំព្រះអង្គទាំងឡាយ ក្នុងទីនេះថា ម្នាលអាវុសោ អស្ចារ្យ​ណាស់ ម្នាលអាវុសោ ហេតុមិន​ដែលមាន ក៏ទៅជាមាន ព្រះតថាគត ទ្រង់មានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ហ្ន៎ អម្បាល​ដូច​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាង​សត្វ​ឲ្យមាន​ដំណើរ​យឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់  ទ្រង់គ្រប​សង្កត់​នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញ​ព្រះគោត្រ​ផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃសាវ័កផង រលឹក​ឃើញ​សាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ ម្នាលអាវុសោទាំងឡាយ ធម្មធាតុ​ណា ដែលព្រះមានព្រះភាគត្រាស់ដឹង​ហើយដោយល្អ ធម្មធាតុនោះ ព្រះតថាគត ត្រាស់​ដឹងដោយល្អមែនឬ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជា​គ្រឿង​ញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វានទៅហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹកឃើញគូនៃ​សាវ័ក​ផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិ​យ៉ាង​នេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។ មានព្រះគោត្រយ៉ាង។ មានសីល​យ៉ាង​នេះ។ មានធម៌​យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមាន​ព្រះភាគ​ទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ឬថា ទេវតាទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះតថាគត​​ទេដឹង បានជាព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជា​គ្រឿង​ញុំាង​សត្វ​ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់​គ្រប​សង្កត់​នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់​បរិនិព្វាន​ទៅ​ហើយ ក៏ព្រះតថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង​។បេ។ រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិ​យ៉ាង​នេះ​ខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិ​យ៉ាង​នេះ​ខ្លះ បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះឯង ដែលខ្ញុំព្រះអង្គទាំងឡាយ បញ្ឈប់ទៅ ព្រោះ​​ព្រះមានព្រះភាគ ស្តេចមកដល់។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មធាតុ​ណា ដែលព្រះតថាគត ត្រាស់ដឹងហើយដោយល្អ ធម្មធាតុនុ៎ះ ព្រះតថាគត ត្រាស់ដឹង​ឯង​ដោយល្អហើយ បានជា​ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិល នូវកិលេស ជាគ្រឿង​ញុំាងសត្វឲ្យមាន​ដំណើរ​យឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់  ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់​នូវទុក្ខ​ទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញ​ព្រះនាម​ផង រលឹកឃើញព្រះគោត្រផង រលឹកឃើញប្រមាណ​នៃ​ព្រះជន្មាយុផង រលឹក​ឃើញ​​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគ​ទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ ទាំងពួកទេវតា ក៏បានប្រាប់សេចក្តីនុ៎ះ ដល់តថាគតដែរ បានជា​ព្រះអតីតពុទ្ធទាំងឡាយ ដែល​ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វឲ្យ​មាន​ដំណើរ​​យឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្រប​សង្កត់​នូវ​កម្មជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វាន​ទៅ​ហើយ ក៏តថាគត រលឹកឃើញ​ព្រះជាតិផង រលឹកឃើញព្រះនាមផង។បេ។ រលឹកឃើញ​សាវកសន្និបាត​ផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាម​យ៉ាងនេះ។បេ។ ព្រះមានព្រះភាគទាំងនោះ មាន​វិមុត្តិយ៉ាងនេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចង់ស្តាប់ធម្មីកថា ដ៏ប្រកបដោយបុព្វេនិវាស ឲ្យច្រើន​ជាងប្រមាណដែរឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ សូមព្រះមានព្រះភាគ ធ្វើនូវធម្មីកថា ដែលប្រកបដោយ​បុព្វេនិវាស ឲ្យច្រើនជាងប្រមាណចុះ ភិក្ខុទាំងឡាយ បានស្តាប់ធម្មីកថា របស់​ព្រះមាន​ព្រះភាគ​​ហើយ ក៏នឹងចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំង​ឡាយចាំស្តាប់ចុះ ចូរប្រុងធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុ​ទាំងនោះ ក៏ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមាន​ព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រាប់អំពី​ភទ្ទកប្ប​នេះ (ថយ​ក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើត​ឡើង​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាខត្តិយជាតិ ទ្រង់កើតក្នុងខត្តិយត្រកូល។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ មានព្រះជន្មាយុ ៨ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់ក្រោមដើមបាដលិព្រឹក្ស (ដើមជ្រនៀង)។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះ​ខណ្ឌៈ១ តិស្សៈ១។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​សាវកសន្និបាត៣ដង គឺសាវកសន្និបាត មានភិក្ខុ៦លាន ៨សែនរូបម្តង សាវកសន្និបាត មានភិក្ខុ១សែនរូបម្តង សាវកសន្និបាត មានភិក្ខុ៨ហ្មឺនរូបម្តង។ ម្នាលភិក្ខុទាំងឡាយ សាវកសន្និបាត របស់ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទាំង៣ដងនេះ សុទ្ធតែជា​ព្រះខីណាស្រពទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នកបំរើដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតាព្រះនាមពន្ធុមតី ជាព្រះជនេត្តី នគរឈ្មោះពន្ធុមតី ជារាជធានី នៃព្រះបាទពន្ធុមៈ។

[១២] ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីពោធិសត្វ ច្យុតចាកឋានតុសិត ទ្រង់​មានសតិសម្បជញ្ញៈ ចុះកាន់ផ្ទៃ នៃព្រះមាតា។ នេះជាធម្មតា (របស់ព្រះពោធិសត្វ) ក្នុង​វេលាដែលចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៣] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលពោធិសត្វច្យុតចាក​ស្ថាន​តុសិត ចុះកាន់ផ្ទៃនៃព្រះមាតា។ គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន ក្នុង​មនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏កើតប្រាកដឡើង​ក្នុលោក ដ៏កន្លងបង់ នូវទេវានុភាព នៃទេវតាទាំងឡាយ។ ឱកាសណាដែលចំហទទេ នៅ​ក្នុង​ទីបំផុត នៃលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត ព្រះចន្ទ ព្រះអាទិត្យទាំង​នេះ សឹងមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏ផ្សាយពន្លឺទៅ​មិនដល់​ក្នុង​ទីណា ពន្លឺភ្លឺស្វាងច្បាស់រកប្រមាណមិនបាន កន្លងនូវទេវានុភាព នៃទេវតា​ទាំងឡាយ ក៏​កើតប្រាកដឡើង ក្នុងទីទាំងនោះ។ ពួកសត្វណា ដែលកើតឡើង​ក្នុងទីទាំងនោះ សត្វ​អម្បាល​នោះ ក៏ស្គាល់​គ្នានឹងគ្នាច្បាស់ ដោយសារពន្លឺនោះថា អើហ្ន៎ មានពួក​សត្វ​ឯទៀត កើតក្នុងទីនេះដែរ។ លោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ទាំង​ពន្លឺ​ដ៏ភ្លឺ​ស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លង​នូវ​ទេវានុភាព នៃទេវតាទាំងឡាយ។ នេះជាធម្មតា (របស់ពោធិសត្វ) ក្នុងវេលាដែលចុះកាន់​ផ្ទៃនៃព្រះមាតានុ៎ះ។

[១៤] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​ព្រះមាតា មានទេវបុត្រ៤អង្គ តែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមនុស្ស​ និងអមនុស្សណានីមួយ បៀតបៀនព្រះពោធិសត្វ និងព្រះមាតានៃព្រះពោធិសត្វ​នោះ​បានឡើយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៥] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​ព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ ជាអ្នកមានសីល [អដ្ឋកថា ថា កាលដែល​ព្រះពុទ្ធ​ជាម្ចាស់មិនទាន់កើតឡើង មនុស្សទាំងឡាយតែងថ្វាយបង្គំ​ ក្នុងសំណាក់នៃពួកតាបស និងបរិព្វាជក ហើយអង្គុយច្រហោងសមាទានសីល សូម្បីព្រះមាតានៃព្រះពោធិសត្វ របស់យើងទាំងឡាយ ក៏ទ្រង់សមាទានសីល ក្នុងសំណាក់​នៃកាលទេវិលឥសីដែរ តែដល់​ពោធិសត្វ គង់នៅក្នុងផ្ទៃព្រះនាង ៗមិនគង់ជិតបាទមូលនៃអ្នកដទៃឡើយ ទ្រង់គង់​លើអាសនៈដ៏ស្មើ គ្រាន់តែពិចារណាសីលដែលសមាទានហើយប៉ុណ្ណោះ ហេតុ​ដូច្នោះ បានជាលោកថា ព្រះមាតានៃពោធិសត្វ ទ្រង់កាន់សីលដោយព្រះអង្គឯង។] ដោយប្រក្រតី ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៦] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ មិនមានចិត្តប្រកបដោយកាមគុណ ក្នុងបុរស​ទាំងឡាយ ព្រះមាតានៃព្រះពោធិសត្វ មិនដែលមានបុរសណាមួយ មានចិត្តត្រេកអរ ប្រព្រឹត្តកន្លងបានឡើយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ចុះកាន់ផ្ទៃនៃ​ព្រះមាតានុ៎ះ។

[១៧] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា ព្រះមាតានៃព្រះពោធិសត្វ តែងបាននូវកាមគុណទាំង៥ ជាប្រក្រតី។ ព្រះ​មាតានៃព្រះពោធិសត្វនោះ តែងស្កប់ស្កល់ប្រកបព្រម មានអ្នកផ្គាប់បម្រើដោយកាម​គុណ​ទាំង៥។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។

[១៨] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ ចុះកាន់​ផ្ទៃ​នៃព្រះមាតា អាពាធណានីមួយ ក៏មិនកើតឡើងដល់ព្រះមាតា នៃព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វ មានតែសេចក្តីសុខជាប្រក្រតី មានកាយមិនបានលំបាក មួយ​ទៀតមាតានៃព្រះពោធិសត្វ តែងមើលឃើញព្រះពោធិសត្វ ហាក់ដូចជាឋិតនៅក្រៅផ្ទៃ សព្វអវយវៈទាំងធំទាំងតូច មានឥន្ទ្រិយក៏មិនថោកថយ។ ម្នាលភិក្ខុទាំងឡាយ កែវមណី​ពិទូរ្យដ៏ល្អ មានកំណើតដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដ៏ថ្លាស្អាតប្រាសចាក​មន្ទិល សមរម្យដោយអាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតហើយក្នុងកែវនោះ បុរសដែលមានភ្នែក ដាក់កែវ​នោះលើដៃ ពិចារណាឃើញច្បាស់ថា កែវមណីពិទូរ្យនេះឯង ដ៏ល្អ មានកំណើត​បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ ដ៏ថ្លាស្អាតប្រាសចាក​មន្ទិល សមរម្យ​ដោយ​អាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតក្នុងកែវនោះ មានឧបមាដូចម្តេចវិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា អាពាធណានីមួយ មិនដែលកើត​ឡើង​ ដល់ព្រះមាតា ព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វ ជាអ្នកមានសេចក្តី​សុខ​ជាប្រក្រតី មានកាយមិនលំបាក មួយទៀត ព្រះមាតា នៃព្រះពោធិសត្វ តែងមើល​ឃើញ​នូវព្រះពោធិសត្វ ហាក់ដូចជាស្ថិតនៅក្រៅផ្ទៃ ទាំងអវយវៈធំតូចទាំងអស់ មានឥន្ទ្រិយ​មិន​ថោកថយ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វចុះកាន់​ផ្ទៃនៃព្រះមាតានុ៎ះ។

[១៩] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលព្រះពោធិសត្វប្រសូតមកបាន​៧ថ្ងៃ ព្រះមាតានៃព្រះពោធិសត្វ តែងធ្វើមរណកាល​ទៅកើតនៅ​ស្ថាន​តុសិត។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វ ប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២០] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងទ្រទ្រង់​គភ៌​អស់​៩ខែខ្លះ ១០ខែខ្លះ ទើបបានប្រសូតយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វ មិនប្រសូត​យ៉ាង​នោះឡើយ។ ព្រះមាតានៃពោធិសត្វ តែងទ្រង់គភ៌ពោធិសត្វ អស់១០ខែគត់ ទើប​បាន​ប្រសូត។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២១] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺស្ត្រីទាំងឡាយដទៃ តែងអង្គុយសម្រាលក៏​មាន ដេកសម្រាលក៏មានយ៉ាងណា ព្រះមាតានៃព្រះពោធិសត្វ ប្រសូតព្រះពោធិសត្វ មិនមែនយ៉ាងដូច្នោះទេ ព្រះមាតានៃព្រះពោធិសត្វ រមែងស្ថិត (ឈរ) ប្រសូតព្រះពោធិសត្វ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃ​នៃ​ព្រះមាតានុ៎ះ។

[២២] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ​ប្រសូត​​ចាក​ផ្ទៃ​នៃ​ព្រះមាតា ទេវតា [អដ្ឋកថា ថា ពួកទេវតាដែលមកទទួលពោធិសត្វនោះ គឺពួក​ព្រហ្ម​ជា​ខីណាស្រព ក្នុងជាន់សុទ្ធាវាស។] ទាំងឡាយ តែងទទួល (ព្រះពោធិសត្វ) មុន ទើប​មនុស្ស​ទាំងឡាយទទួលក្រោយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃ​ព្រះមាតានុ៎ះ។

[២៣] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃនៃព្រះមាតា ព្រះពោធិសត្វមិនទាន់ចុះដល់ផែនដី មានទេវបុត្រទាំង៤ ទទួល​ព្រះអង្គ ដម្កល់ក្នុងខាងមុខ នៃព្រះមាតាថា បពិត្រព្រះនាងទេវី សូមព្រះនាង​មានចិត្តរីករាយចុះ បុត្ររបស់ព្រះនាង ជាអ្នក​មានស័ក្តិធំ ទ្រង់កើតឡើងហើយ។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៤] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាកផ្ទៃនៃព្រះមាតា ដ៏ល្អល្អះ (ស្រស់បស់) ចេញមក មិនប្រឡាក់ដោយទឹក (ភ្លោះ) មិន​ប្រឡាក់ដោយស្លេស្ម មិនប្រឡាក់​ដោយឈាម មិនប្រឡាក់ដោយអសោចិ៍​ណានីមួយ​ឡើយ ជាអ្នកស្អាតបរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ កែវមណីដែលបុគ្គលដាក់ចុះលើ​កាសិកពស្ត្រ កែវមណី (នោះ) មិនប្រឡាក់នូវ​កាសិកពស្ត្រឡើយ កាសិកពស្ត្រក៏​មិន​ប្រឡាក់នូវកែវមណីដែរ ហេតុអ្វីបានជាថាដូច្នោះ ព្រោះសំពត់ និងកែវមណី ទាំងពីរ​ជារបស់ស្អាត មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលព្រះពោធិសត្វ​ប្រសូតចាកផ្ទៃ នៃព្រះមាតា ដ៏ល្អល្អះចេញមក មិនប្រឡាក់ដោយទឹក (ភ្លោះ) មិនប្រឡាក់​ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយអសោចិ៍ណានីមួយឡើយ ជាអ្នក​ស្អាតបរិសុទ្ធ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៥] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាក​ផ្ទៃ​នៃព្រះមាតា មានធារទឹក២ ហូរចុះមកអំពីអាកាស ធារទឹក១ត្រជាក់ ធារទឹក១ក្តៅ ធ្វើ​នូវការលាងជម្រះព្រះពោធិសត្វផង ព្រះមាតាផង។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៦] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​​មកភ្លាម ទ្រង់ប្រតិស្ឋាន (ឈរលើផែនដី) ដោយព្រះបាទជាន់ស៊ប់ ឆ្ពោះព្រះភក្ត្រទៅកាន់​ទិសឧត្តរ ទ្រង់យាងឈានទៅបាន៧ជំហាន កាលដែលមហាជន កំពុងបាំងស្វេត្រឆត្រ​ថ្វាយ ក៏រមិលមើលនូវទិសទាំងពួងផង ទ្រង់ពោលនូវ អាសភិវាចា គឺវាចាដ៏ឧត្តមផងថា អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវ​នេះ ភពថ្មី​តពីនេះទៅទៀត មិនមានឡើយ។ នេះជាធម្មតា ក្នុងវេលាដែល​ព្រះពោធិសត្វ​ប្រសូត​ចាក​ផ្ទៃនៃ​ព្រះមាតានុ៎ះ។

[២៧] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូត​ចាក​ផ្ទៃ​នៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដឡើងក្នុង​មនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស កន្លងនូវទេវានុភាព នៃ​ទេវតាទាំងឡាយ។ ឱកាសណា ដែលចំហទទេ នៅក្នុងទីបំផុតនៃលោក ឥតមានអ្វីបាំងរំាង មានតែអ័ព្ទងងឹត ព្រះចន្ទ និងព្រះអាទិត្យ មានឫទ្ធយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ក្នុងទីណា ពន្លឺភ្លឺស្វាងច្បាស់ រក​ប្រមាណ​មិនបាន ក៏កើតប្រាកដឡើងក្នុងទីទាំងនោះ កន្លងនូវទេវានុភាព នៃទេវតា​ទាំងឡាយ។ ពួកសត្វណា ដែលកើតក្នុងទីទាំងនោះ សត្វអម្បាលនោះ ក៏ស្គាល់ច្បាស់​នូវគ្នានឹងគ្នា ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃកើតក្នុងទីនេះដែរ។ លោកធាតុទាំងមួយហ្មឺននេះ ក៏កក្រើករំពើកញាប់ញ័រ ទាំង​ពន្លឺដ៏ភ្លឺស្វាងច្បាស់ ក៏រក​ប្រមាណ​មិនបាន ក៏កើតប្រាកដឡើងក្នុងលោក កន្លង​នូវ​ទេវានុភាព នៃទេវតា​ទាំង​ឡាយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។

[២៨] ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ប្រសូតមករួចហើយ រាជ​បុរស​ទាំងឡាយ ក៏ក្រាបបង្គំ​ទូលព្រះបាទពន្ធុមៈថា បពិត្រព្រះសម្មតិទេព ព្រះរាជបុត្រ​របស់​ព្រះអង្គប្រសូតហើយ សូមព្រះអង្គទ្រង់ទតព្រះរាជបុត្រនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រះបាទពន្ធុមៈ ទ្រង់ទតឃើញព្រះវិបស្សីកុមារ លុះទ្រង់ឃើញហើយ ក៏ត្រាស់បង្គាប់​ឲ្យហៅពួកព្រាហ្មណ៍ ជាហោរាមកហើយ មានព្រះរាជឱង្ការដូច្នេះថា ពួកព្រាហ្មណ៍​ ជាហោរាដ៏ចំរើន ចូរមើលកុមារ (នេះ)។ ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ ជាហោរា​ ក៏មើលនូវព្រះវិបស្សីកុមារនោះ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះបាទ​ពន្ធុមៈយ៉ាង​នេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គមានព្រះហឫទ័យរីករាយ ព្រះរាជ​បុត្ររបស់​ព្រះអង្គ​មានសក្តិ៍ធំ បានកើតឡើងហើយ បពិត្រមហារាជ ព្រះអង្គមានលាភ​ហើយ បពិត្រមហារាជ ព្រះអង្គបានដោយល្អហើយ ព្រះរាជបុត្រ ដែលមានសភាព​ដូច្នេះ កើតឡើងក្នុងត្រកូលព្រះអង្គហើយ បពិត្រ​ព្រះសម្មតិទេព ដ្បិតព្រះរាជកុមារនេះ ប្រកប​ដោយមហាបុរិសលក្ខណៈ៣២ ឯមហាបុរសដែលប្រកបដោយមហាបុរិសលក្ខណៈ៣២​ រមែងមានគតិតែ២យ៉ាង មិនមានគតិ​ដទៃទៀតទេ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ជាធម្មរាជ ប្រកបដោយធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុត​ទល់​នឹងសមុទ្រទាំង៤ មានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈទាំង​៧ប្រការ​ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍ (ចក្រកែវ) ហត្ថិរ័តន៍ (ដំរីកែវ) អស្សរ័តន៍ (សេះកែវ) មណិរ័តន៍ (កែវមណី) ឥត្ថីរ័តន៍ (ស្ត្រីកែវ) គហបតិរ័តន៍ (គហបតីកែវ) បរិនាយករ័តន៍ (នាយបរិនាយកកែវ) ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម (ក្លាហាន) អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គ​គ្របសង្កត់នូវផែនដីនេះ មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់​ប្រើអាជ្ញា មិនបាច់ប្រើសស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហស្ថាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ៣២ ដូចម្តេច​ខ្លះ មហាបុរស ដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២​ រមែងមានគតិតែ២យ៉ាង មិនមែន​មានគតិ​ដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មានទីបំផុត​ទល់​នឹងសមុទ្រទាំង៤ ព្រះអង្គ​មាន​ជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ​៧ប្រការ​ របស់ព្រះអង្គ ដូច្នេះគឺ ចក្ករ័តន៍។បេ។ ទ្រង់​ឈ្នះ គ្របសង្កត់ ប្រសិនបើ​ព្រះកុមារនេះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។

[២៩] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបាទាប្រតិស្ឋានស៊ប់ បពិត្រ​ព្រះសម្មតិទេព ព្រះរាជកុមារ ដែល​មានព្រះបាទាប្រតិស្ឋានស៊ប់នេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។ បពិត្រព្រះសម្មតិទេព ចក្រទាំងឡាយ​ កើតមានត្រង់ផ្ទៃព្រះបាទា នៃព្រះរាជកុមារនេះ ប្រដាប់ដោយកាំមួយពាន់ ព្រមទាំង​ខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ ដែល​មានរូបចក្រកើតមានត្រង់ផ្ទៃព្រះបាទាខាងក្រោម ប្រដាប់ដោយកាំមួយពាន់ ព្រមទាំង​ខ្នងកង់ និងដុំ មានចន្លោះស្មើគ្នាគ្រប់អន្លើនេះឯង ជាមហាបុរិសលក្ខណៈ របស់​មហាបុរសនោះ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបណ្ហិ គឺកែងព្រះបាទវែង [បើចែក​សរីរប្បទេសត្រង់នោះជា៤ភាគ ពីរភាគជាចុងព្រះបាទ មួយភាគ ជា​ព្រះបាទ មួយភាគ ជាព្រះបណ្ហិ។]។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះអង្គុលី គឺម្រាមព្រះហស្ត និង​ម្រាមព្រះបាទវែង [ចំណែកខាងព្រះហស្ត ម្រាមទាំង៤វែងស្មើគ្នា ព្រះបាទ​ ម្រាម​ទាំង៥ វែងស្មើគ្នា ម្រាមទាំងអស់ មូលត្រសូលរៀវល្អ ដូចជាផង់មនោសិលា ដែល​គេលាយប្រេងហើយលញ់។]។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ​ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទទន់ល្វន់ (ដូចជាដុំសំឡី ដែលគេថ្ពេចអស់មួយរយដង)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់​ដោយក្រឡាដូចជាសំណាញ់។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះបាទដូចជាអណ្តែតឡើងខាង​លើ (ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះជង្ឃា គឺស្មង (រៀវមូលត្រសូល) ស្រដៀងនឹងស្មងសត្វទ្រាយ (ពុំនោះសោត ស្រដៀងនឹងដង្ហើមស្រូវ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ កាលបើទ្រង់ព្រះសណ្ឋិត គឺទ្រង់ឈរ មិន​ឱនព្រះអង្គចុះ អាចស្ទាបព្រះជាណុ គឺជង្គង់ ដោយផ្ទៃ​ព្រះហស្តទាំង២បាន។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះអង្គាវយវៈ ដែលគប្បី​លាក់ ឲ្យ​កំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម (ប្រហែល​ដូចជាអង្គជាតនៃដំរី ឬគោ​ឈ្មោលជាដើម)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឆវីវណ្ណ គឺសម្បុរ (លឿង​ភ្លឺ​អន្លង) ដូចជាសម្បុរនៃមាស។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឆវី គឺសម្បុរល្អិត ផូរផង់ រលីង​ស្រិល រអិលធូលី ៗធ្លាក់មកត្រូវ មិនជាប់ព្រះកាយ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះលោមា គឺរោម ក្នុងរណ្តៅ​មួយៗ តែមួយសរសៃៗ រាល់រណ្តៅ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចុងព្រះលោមា ង ឡើងលើ ជា​ទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ ដូចជាពណ៌​នៃ​ផ្កា​អញ្ជ័ន។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះកាយត្រង់ ដូចជាកាយព្រហ្ម។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះមំសៈ គឺសាច់៧អន្លើពេញលេញ (គឺត្រង់ខ្នង ព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូដ គឺចង្កួយស្មាទាំង២ និង​ត្រង់ព្រះខន្ធប្បទេស គឺព្រះក សរីរប្រទេសទាំង៧អន្លើនេះ មានសាច់ពេញ​លេញ​ល្អ ឥតមានឃើញសរសៃឡើយ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចំណែកកន្លះព្រះកាយ [អដ្ឋកថា ថា សត្វសីហៈ មានកាយពាក់កណ្តាលទៅលើពេញលេញ កាយខាងក្រោម មិន​ពេញទេ ចំណែកព្រះមហាបុរស ក៏មានព្រះកាយពាក់កណ្តាល​ខាងលើ​ពេញលេញ ដូចកាយសីហៈដែរ។] ខាងដើម ស្រដៀងគ្នានឹងចំណែក​កន្លះ​កាយ​នៃរាជសីហ៍។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានចង្អួរនៃព្រះបិដ្ឋិប្រទេស ពេញបរិបូណ៌ គឺមានខ្នងពេញស្មើ ឥតមានចង្អួរផតខូង ត្រង់កណ្តាលឡើយ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានទ្រង់ទ្រាយព្រះកាយ ប្រហែលនឹង​បរិមណ្ឌលនៃដើមជ្រៃ [ដើមជ្រៃមានមែកបែកចេញពីដើម មានប្រវែង​ស្មើគ្នា ទោះបី៥០ហត្ថ ឬ១០០ហត្ថ ក៏មានប្រមាណ​ត្រូវគ្នា មិនខុស ទាំងបណ្តោយ​ ទាំង​ទទឹង ចំណែកខាងព្រះកាយ​របស់​ព្រះមានព្រះភាគ ក៏មានប្រមាណ​ត្រូវគ្នា ទាំង​ជំហរព្រះកាយ ទាំងព្យាមដែរ។] គឺមានកាយ និងព្យាមប្រវែងគ្នា (ដូច​ជា​ជ្រៃ​មានប្រវែង​ដើម និងមែកមិនលើស មិនខ្វះហួសគ្នាប៉ុន្មាន)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះខន្ធប្បទេស គឺព្រះសុរង មូលសម។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏​លើសលែង សម្រាប់ទទួល​រសអាហារ [អដ្ឋកថា ថា មានសរសៃយ៉ាង​ឆ្មារល្អិត ៧ពាន់ ប្រជុំស្រោបត្រង់ព្រះសុរង (សម្រាប់ទទួលនំារសអាហារ ឲ្យជ្រួតជ្រាប ផ្សព្វផ្សាយ ក្នុងព្រះកាយទាំងមូលបាន ឥតមានទើសទាក់) សូម្បីអាហារ​យ៉ាងតិច​ប៉ុនគ្រាប់ល្ង១ ដែលទ្រង់ដាក់ត្រង់ចុងព្រះជីវ្ហា ក៏អាច​ជ្រួតជ្រាបសព្វសព៌ាង្គកាយ​បាន។]។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះហនុ គឺចង្កា សណ្ឋាន ស្រដៀង​នឹង​ចង្ការាជសីហ៍ (ពេញបរិបូណ៌ ប្រហែលដូចព្រះចន្ទត្រង់ថ្ងៃ១២កើត)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទន្ត គឺធ្មេញ៤០គត់ (ខាងលើ​២០ ខាងក្រោម២០)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទន្តរាបស្មើ (មិនប្រជួស ឬ​ច្រពើសខ្ពស់ទាបឡើយ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានរបៀបនៃព្រះទន្តជិតស្និទ្ធល្អ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះទាឋា គឺព្រះចង្កូម (ទាំង៤) សស្អាត (ភ្លឺរុងរឿងជាងពន្លឺផ្កាយព្រឹក)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះជិវ្ហាដ៏ទន់ ល្មមល្មៃ។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះសូរសៀង គឺសូរសព្ទសំឡេង ក្រាងក្រអៅ ដូចជាសំឡេងនៃមហាព្រហ្ម កាលបើបញ្ចេញព្រះវាចា ឮពីរោះ ដូចជា​សំឡេងនៃសត្វករវិក។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះនេត្រខៀវស្រស់ [អដ្ឋកថា ថា ត្រង់កន្លែងដែលគួរខៀវ ក៏ខៀវស្រស់ ដូចជាផ្កាត្រកៀត ឬផ្កាកណ្តៀង ត្រង់កន្លែង​ដែលគួរលឿង ក៏លឿងស្រស់ ដូចជាផ្កាកណ្ណិកា… ក្រហមស្រស់ ដូចជាផ្កាច្បារ.. សថ្លាត្រចះ ដូចជាផ្កាយព្រឹក… ខ្មៅស្រស់ ដូចជាផ្លែផ្គាំ។] (ក្នុងទីដែលគួរខៀវ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានដួងព្រះនេត្រ ស្រដៀងនឹងដួង​ភ្នែក​នៃគោ (មានដួងព្រះនេត្រទាំង២ថ្លាយង់ ស្រដៀងនឹងដួងភ្នែកកូនគោសម្បុរក្រហម ដែលទើបនឹងសំរាលមួយរំពេច)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះឧណ្ណាលោម គឺរោមដុះ​ត្រង់​ចន្លោះ​ព្រះភមូ (ចិញ្ចើម) មានសម្បុរសក្បុស ទន់ល្វន់ដូចជាសំឡី។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ មានព្រះសីរ្សៈ ហាក់ដូចជាប្រដាប់​ដោយ​ក្បាំងស្រេចស្រាប់ (រុងរឿងដូចជាព្រះមហាក្សត្រិយ៍ ដែលទ្រង់​នូវក្បាំងព្រះភក្ត្រ)។

បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ដែលមានព្រះសីរ្សៈហាក់ដូច​ប្រដាប់​ដោយក្បាំងស្រេចស្រាប់ ដោយហេតុណា ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរសនោះ។

[៣០] បពិត្រព្រះសម្មតិទេព ព្រះរាជកុមារនេះ ប្រកបដោយមហាបុរិសលក្ខណៈ​៣២ប្រការនេះឯង មហាបុរសដែលប្រកបដោយ មហាបុរិសលក្ខណៈ៣២ប្រការ​ រមែង​មានគតិតែ២យ៉ាង មិនមានគតិ​ដទៃទៀតឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងបាន​ជាស្តេចចក្រពត្រ ប្រកបដោយធម៌ ជាក្សត្រិយ៍ទ្រង់ធម៌ ជាក្សត្រិយ៍ឈ្នះសង្គ្រាម មាន​ទី​បំផុត​ទល់​នឹងសមុទ្រទាំង៤ ព្រះអង្គមានជនបទដ៏មំាមួន ប្រកបដោយរតនៈ៧ប្រការ ឯរតនៈ​៧​ប្រការ​ របស់ព្រះអង្គ ដូច្នេះ គឺ ចក្រកែវ ដំរីកែវ សេះកែវ កែវមណី ស្ត្រីកែវ គហបតីកែវ នាយបរិនាយកកែវ ជាគំរប់៧ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ដ៏ក្លៀវក្លា មាន​សភាព​ជាអ្នកមានព្យាយាម អាចញាំញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គ​គ្រប​សង្កត់​នូវ​ផែន​ដីនេះ ដែលមានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ដ៏ស្មើ មិនបាច់​ប្រើអាជ្ញា មិន​បាច់​ប្រើ​សស្ត្រាវុធឡើយ ប្រសិនបើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបាន​ត្រាស់ ជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេស​បើកហើយ។

[៣១] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ឲ្យពួកព្រាហ្មណ៍​ទាំង​ឡាយ ដែលជាហោរា ស្លៀកដណ្តប់សំពត់ថ្មីៗ ហើយឲ្យឆ្អែតស្កប់ស្កល់ដោយវត្ថុ​ជាទី​ប្រាថ្នាទាំងពួង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់ត្រាស់បង្គាប់​ឲ្យមេដោះទាំងឡាយ បម្រើព្រះវិបស្សីកុមារ។ ពួកស្ត្រីខ្លះ ថ្វាយព្រះក្សីររស ស្ត្រីខ្លះថ្វាយ​ព្រះស្នាន (ផ្ងូតទឹក) ស្ត្រីខ្លះថ្នាក់ថ្នម ស្ត្រីខ្លះបីបមថ្នមព។ ម្នាលភិក្ខុទាំងឡាយ កាលដែល​ព្រះវិបស្សីកុមារ ប្រសូតមកហើយ រាជបុរសទាំងឡាយ តែងបាំងនូវស្វេត្រឆ័ត្រទាំងថ្ងៃ ទាំងយប់ ដើម្បីកុំឲ្យត្រជាក់ ឬក្តៅ ស្មៅ ឬធូលី ឬទឹកសន្សើមពាល់ត្រូវបាន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលដែលព្រះវិបស្សីកុមារប្រសូតមកហើយ រមែង​ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ ផ្កាឧប្បលក្តី ផ្កាឈូក​ក្រហមក្តី ផ្កាឈូកសក្តី តែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត​របស់ជនច្រើនគ្នា មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ រមែងជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត​របស់ជនច្រើនគ្នា ក៏មានឧបមេយ្យដូច្នោះឯង។ មានដំណាលថា ព្រះវិបស្សីកុមារនោះ គេតែងដណ្តើមបីព ផ្លាស់ប្តូរគ្នា។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារប្រសូត​មកហើយ មានសំឡេងស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់។ ម្នាលភិក្ខុទាំងឡាយ សកុណជាតិ ឈ្មោះករវិក ដែល​នៅលើភ្នំហេមពាន្ត មានសំឡេងស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ក៏មានសំឡេង​ស្រទន់ មានសំឡេងក្បោះក្បាយ មានសំឡេងផ្អែមល្ហែម មាន​សំឡេងគួរឲ្យអ្នកផង​ស្រឡាញ់ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សី​កុមារប្រសូតមកហើយ មានចក្ខុដូចជាទិព្វ កើតអំពីកម្មវិបាក កើតមានប្រាកដ អាច​មើល​ឃើញនូវ​ទីឆ្ងាយចំនួន​មួយយោជន៍ដោយជុំវិញបាន ទាំងវេលាថ្ងៃ ទាំងវេលាយប់។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ដែល​ប្រសូតមកហើយ តែងសំឡឹងមើល​មិនប៉ប្រិច​ ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែលឋិតនៅក្នុងឋានត្រៃត្រឹង្ស តែងសំឡឹងមើល​មិន​ប៉ប្រិច យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ ក៏តែងសំឡឹងមើល​មិនប៉ប្រិច​ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សី​កុមារប្រសូតមកហើយ ព្រះនាមថាវិបស្សី ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ គង់ក្នុងទីជំរះក្តី ទ្រង់ញុំាង​ព្រះវិបស្សីកុមារឲ្យគង់​លើ​ព្រះ​ឧរុ ពិភាក្សាក្តីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មានដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ គង់នៅនាព្រះឧរុព្រះបិតា ពិចារណាទៅ ក៏ដឹងច្បាស់នូវសេចក្តីទាំងឡាយ​ដោយញាណ។ ព្រះវិបស្សី​កុមារ ពិចារណាទៅហើយ ក៏ដឹងច្បាស់នូវក្តីដោយញាណ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះនាមថា វិបស្សី ក៏កើតឡើង​ដល់ព្រះវិបស្សី​កុមារ ដោយ​សុះសាយទួទៅ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ឲ្យជាង​សង់​ប្រាសាទ៣ខ្នង សម្រាប់ព្រះវិបស្សី​កុមារ (គង់) គឺប្រាសាទ១ សម្រាប់គង់​ក្នុងវស្សានរដូវ ប្រាសាទ១ សម្រាប់គង់​ក្នុងហេមន្តរដូវ ប្រាសាទ១ សម្រាប់គង់​ក្នុងគិម្ហរដូវ មានកាមគុណ​៥ ផ្គត់ផ្គង់បម្រុងទុក។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះ​វិបស្សីកុមារ មានសុទ្ធតែពួក (ស្ត្រី) ឥតមានបុរស បម្រើដោយតន្ត្រីទាំងឡាយ នៅលើ​ប្រាសាទក្នុងវស្សានរដូវអស់៤ខែ មិនដែលចុះមកខាងក្រោមប្រាសាទឡើយ។

ចប់ ភាណវារៈ ទី១។

[៣២] ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ លុះកន្លងកាលច្រើនរយ ច្រើនពាន់​ឆ្នាំ​ទៅ ក៏ត្រាស់ហៅនាយសារថីមកថា​ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចូរឯង​រៀប​ទឹមនូវយានទាំងឡាយ ដែលល្អៗ យើងនឹងទៅកាន់ទីឱទ្យានមើលទីភូមិដ៏ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ឯនាយសារថី ក៏ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារថា បពិត្រ​ព្រះសម្មតិ​ទេព ព្រះករុណាថ្លៃវិសេស ហើយក៏ទឹម​នូវយានទាំងឡាយដែលល្អៗ រួច​ហើយ ក្រាបបង្គំ​ទូល​ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយល្អៗ ខ្ញុំព្រះអង្គ​ទឹម​រួច​ហើយ ឥឡូវនេះ សូមព្រះអង្គកំណត់នូវកាលដ៏គួរចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ឡើងគង់យានដ៏ល្អ ចេញទៅកាន់ឱទ្យាន ដោយយាន​ទាំងឡាយ​ដែល​ល្អ​ៗ។ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ កាលដែលស្តេចទៅកាន់​ឱទ្យាន បាន​ទត​ទៅ​ឃើញ​បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើ​ច្រត់ជាគ្រឿង​ទប់ទល់ កំពុងញាប់ញ័រ ក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះឃើញ​ហើយ ក៏ត្រាស់​ហៅ​នាយ​សារថីមកថា ហៃ​នាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចុះ​បុរស​នេះ ធ្វើដូចម្តេច បានជាសក់គាត់ មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ ក៏មិនដូច​កាយ​អ្នកឯទៀតដែរ។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព នោះឯង​ហៅថា បុរសចាស់។ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ចុះដូចម្តេច បុរសនុ៎ះ​ បានជា​ឈ្មោះ​ថា បុរសចាស់។ បពិត្រព្រះសម្មតិទេព ឯបុរសនេះ បានជាឈ្មោះថា​ បុរស​ចាស់ តពីនេះ​ទៅ​នុ៎ះ គាត់នឹងមិនរស់នៅយូរប៉ុន្មានទេ។ ហៃនាយសារថីជាសំឡាញ់ស្មើចិត្តអើយ ទុកជាអាត្មាអញ ត្រូវមានសេចក្តី​ចាស់​ជាធម្មតា មិនកន្លងសេចក្តីចាស់ទៅបានទេ ឬដូច​ម្តេច។ បពិត្រព្រះសម្មតិទេព មនុស្សទាំងអស់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានសេចក្តីចាស់ជាធម្មតា មិនកន្លង​សេចក្តី​ចាស់ទៅបានទេ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្តអើយ បើដូច្នោះ ការទៅឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរ​ត្រឡប់អំពីទីនេះ ទៅកាន់​ខាងក្នុងបុរីវិញចុះ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ក៏ទទួល​ស្តាប់​ព្រះបន្ទូល​ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏​ចេញអំពីទីនោះ ត្រឡប់ទៅខាង​ក្នុង​បុរីវិញទៅ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តី​ដំណាល​ថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តី​ព្រួយ តូចព្រះទ័យ សញ្ជប់សញ្ជឹង ដោយ​ព្រះតម្រិះថា ថ្វឺយ អើហ្ន៎ សេចក្តីចាស់ តែងមាន​ប្រាកដ ដល់សត្វលោកដែលកើតហើយ។

[៣៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះបាទពន្ធុមៈ ត្រាស់បង្គាប់ឲ្យរាជបុរស​ហៅ​នាយសារថីមក ហើយទ្រង់មានព្រះបន្ទូលសួរថា នែនាយសារថី សំឡាញ់ស្មើចិត្តអើយ កុមារមានសេចក្តីត្រេកអរក្នុងឱទ្យានដែរឬ នែនាយសារថី សំឡាញ់ស្មើចិត្តអើយ កុមារ​មានចិត្តរីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនមានសេចក្តីត្រេកអរក្នុងឱទ្យានទេ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ​មិនមានព្រះទ័យរីករាយក្នុងឱទ្យានទេ។ នែ​នាយសារថី សំឡាញ់ស្មើចិត្ត កាលដែល​កុមារ​ចេញទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះដែរឬ។ បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជ​កុមារ​ ស្តេច​ទៅកាន់ឱទ្យាន បានទតឃើញបុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើ​ច្រត់ ជាគ្រឿង​ទប់ទល់ កំពុងញាប់ញ័រ ក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះទតឃើញ​ហើយ ក៏មានព្រះបន្ទូល​ដូច្នេះ នឹងខ្ញុំព្រះអង្គថា ហៃ​នាយសារថី សំឡាញ់​ស្មើ​ចិត្ត​ ចុះ​បុរស​នុ៎ះ ដូចម្តេចបានជាសក់គាត់ មិនដូចជាសក់​អ្នកទាំងឡាយឯទៀត ទាំង​កាយ​របស់គាត់ ក៏មិនដូច​កាយ​អ្នកទាំងឡាយឯទៀតដែរ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព នុ៎ះឯង​ហៅថា បុរសចាស់ ព្រះរាជ​កុមារ​សួរទៀតថា នែនាយសារថី សំឡាញ់ស្មើចិត្ត ចុះដូចម្តេច បុរសនុ៎ះ​ បានជាឈ្មោះថា ចាស់ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ បានជាឈ្មោះថា​ បុរស​ចាស់ តពីនេះទៅ គាត់នឹង​មិន​រស់​នៅ​យូរប៉ុន្មានទេ ព្រះរាជកុមារសួរទៀតថា ហៃនាយសារថី សំឡាញ់ស្មើចិត្ត ទុក​ជា​អាត្មា​អញ ក៏មានសេចក្តី​ចាស់​ជាធម្មតា មិនកន្លងនូវសេចក្តី​ចាស់​ទៅ​បានទេ ឬដូចម្តេច ខ្ញុំព្រះ​អង្គ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី ទោះ​យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមាន​សេចក្តី​ចាស់ជាធម្មតា មិនកន្លង​នូវសេចក្តី​ចាស់​ទៅ​បាន​ឡើយ ព្រះរាជកុមារ ក៏មានព្រះបន្ទូល​ថា ហៃនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរត្រឡប់អំពីទីនេះ ទៅកាន់​ខាង​ក្នុង​បុរី​វិញ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏​ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីទីនោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព ឯព្រះកុមារនោះ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ សេចក្តីចាស់ តែងមានប្រាកដ ដល់​សត្វលោកដែលកើតហើយ។  ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់​មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារខានសោយរាជ្យឡើយ កុំឲ្យវិបស្សីកុមារចេញ​ចាក​គេហដ្ឋានទៅបួសឡើយ កុំឲ្យពាក្យនៃពួកព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ បម្រុងកាមគុណ​៥ ឲ្យ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារបានសោយរាជ្យសម្បត្តិ ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។  ម្នាលភិក្ខុទាំងឡាយ ឮថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ឆ្អែតស្កប់ស្កល់ មានគ្រប់ព្រមដោយកាមគុណ​ទាំង​៥។

[៣៤] ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ (លុះកន្លងកាល) ច្រើនឆ្នាំទៅ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ស្តេចទៅកាន់​ឱទ្យាន បានទតឃើញ​បុរសមានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រ និងលាមក​របស់ខ្លួន មានជនទាំងឡាយដទៃលើក​ឲ្យក្រោកឡើង មានជនទាំងឡាយដទៃ​ផ្តេកឲ្យដេក លុះទតឃើញហើយ ត្រាស់សួរនាយសារថីថា ហៃ​នាយសារថី សំឡាញ់ស្មើចិត្ត ចុះ​បុរស​នេះ ធ្វើដូចម្តេច បានជាភ្នែករបស់គាត់ មិនដូច​ភ្នែកពួកជនដទៃ ទាំងក្បាលរបស់គាត់ ក៏មិនដូចក្បាលនៃពួកជនដទៃ។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ឈ្មោះថា បុរសឈឺ។ ហៃនាយសារថី សំឡាញ់​ស្មើ​ចិត្ត ចុះ​បុរសនុ៎ះ​ ព្រោះហេតុដូចម្តេច បានជាឈ្មោះថា បុរសឈឺ។ បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ធ្វើដូចម្តេច នឹងឲ្យរួចចាកជម្ងឺនោះបាន (ព្រោះហេតុនោះ) បានជាឈ្មោះថា​ បុរសឈឺ។ ហៃនាយសារថី សំឡាញ់ស្មើចិត្ត ចុះចំណែកអាត្មាអញ មានជម្ងឺ​ជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានទេ ឬដូចម្តេច។ បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី ទោះយើងខ្ញុំទាំងឡាយក្តី សុទ្ធតែជាអ្នកមានជម្ងឺជាធម្មតា មិន​កន្លង​​សេចក្តីឈឺចាប់ទៅបានឡើយ។ នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅ​ឱទ្យាន​​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរប្រញាប់ចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាងក្នុងបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​ព្រះវិបស្សី​កុមារ​ថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីឱទ្យាននោះ ត្រឡប់​មក​ខាង​ក្នុង​បុរីវិញ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ លុះទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ ដល់​សត្វលោក​ដែលកើតហើយ។

[៣៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទពន្ធុមៈ ទ្រង់​មាន​ព្រះបន្ទូល​ឲ្យហៅនាយសារថីមក ហើយត្រាស់សួរដូច្នេះថា នែនាយសារថី សំឡាញ់ស្មើចិត្ត កុមារមានសេចក្តីត្រេកអរក្នុងឱទ្យានដែរឬ នែនាយសារថី សំឡាញ់ស្មើចិត្ត កុមារ​មាន​ចិត្ត​រីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនបានត្រេកអរក្នុងឱទ្យានទេ បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ​មិនមាន​ព្រះទ័យរីករាយ ក្នុងឱទ្យានទេ។ នែ​នាយសារថី សំឡាញ់ស្មើចិត្ត ចុះកាលដែល​កុមារ​ទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះ។ បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជកុមារ​ ស្តេច​ទៅកាន់ឱទ្យាន បានឃើញបុរសមានអាពាធ ឈឺធ្ងន់ ដល់នូវសេចក្តី​ទុក្ខ ដេកនៅក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ដែលជនទាំងឡាយ​ដទៃ កំពុង​លើកឲ្យក្រោក ជនទាំងឡាយ​ដទៃ កំពុងផ្តេកឲ្យដេក លុះទតឃើញ​ហើយ ក៏ទ្រង់ត្រាស់សួរ​ខ្ញុំព្រះអង្គ​ដូច្នេះថា ហៃ​នាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត​ ចុះ​បុរសនេះ ធ្វើដូចម្តេចបានជាភ្នែករបស់គាត់ មិនដូចភ្នែកពួកជនដទៃ ទាំងក្បាល​របស់គាត់ ក៏មិនដូច​ក្បាលពួកជនដទៃដែរ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះ ឈ្មោះថា បុរសឈឺ ទើបព្រះរាជកុមារសួរទៀតថា នែនាយសារថី សំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ​ ហេតុម្តេចបានជាឈ្មោះថា បុរសឈឺ ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនុ៎ះ ធ្វើដូចម្តេចនឹងឲ្យរួច​ចាកជម្ងឺនោះបាន (ព្រោះ​ហេតុនោះ) បានជាឈ្មោះថា​ បុរសឈឺ ទើបព្រះរាជកុមារសួរទៀតថា នែនាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត ចុះចំណែក​អាត្មា​អញ មានជម្ងឺ​ជាធម្មតា មិនកន្លងសេចក្តីឈឺចាប់ទៅបានទេឬ ខ្ញុំព្រះ​អង្គ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្សទាំងឡាយគ្រប់គ្នា ទោះព្រះអង្គក្តី ទោះ​យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានជម្ងឺជាធម្មតា មិនកន្លងសេចក្តីឈឺចាប់​ទៅ​បាន​ឡើយ ឯព្រះរាជកុមារ ក៏មានព្រះបន្ទូល​ថា នែនាយសារថី សំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មមប៉ុណ្ណឹងហើយ ឯងចូរចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាង​ក្នុង​បុរី​វិញ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏ទទួលស្តាប់ព្រះបន្ទូល​ព្រះវិបស្សី​កុមារ​ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីឱទ្យាន​នោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព លុះព្រះរាជកុមារនុ៎ះ ទៅដល់​ខាង​ក្នុង​បុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែង​មាន​ប្រាកដ ព្យាធិ តែងមានប្រាកដ ដល់​សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ ​មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារ​ខាន​សោយ​រាជ្យ​ឡើយ កុំឲ្យវិបស្សីកុមារ ចេញ​ចាក​គេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យ​នៃពួក​ព្រាហ្មណ៍ ជាហោរាទៀងឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ផ្គត់ផ្គង់ បម្រុងកាមគុណទាំង​៥ ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែ​ព្រះវិបស្សីកុមារ​នៅ​សោយរាជ្យសម្បត្តិបាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ធ្វើយ៉ាងណា ឲ្យតែពាក្យនៃពួកព្រាហ្មណ៍ ជាហោរាខុសទៅវិញ។  ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ទ្រង់​ឆ្អែត​ស្កប់​ស្កល់ ប្រកបព្រមដោយកាមគុណ​ទាំង​៥។បេ។

[៣៦] ម្នាលភិក្ខុទាំងឡាយ កាលដែលព្រះវិបស្សីកុមារ ចេញទៅកាន់​ឱទ្យាន បានទតឃើញពពួកមហាជន កំពុងប្រជុំគ្នាធ្វើគ្រឿងសែង ដោយសំពត់​មានពណ៌​ក្រហម​ផ្សេងៗទាំងឡាយ លុះឃើញហើយ ក៏ត្រាស់សួរនាយសារថីថា ហៃ​នាយសារថី សំឡាញ់​ស្មើចិត្ត ចុះ​ពពួកមហាជននោះ ប្រជុំគ្នាធ្វើគ្រឿងសែង ដោយសំពត់​មានពណ៌​ក្រហម​ផ្សេងៗទាំងឡាយ ដើម្បីអ្វី។ នាយសារថីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះ ឈ្មោះថា ធ្វើមរណកាលហើយ។ ហៃនាយសារថី សំឡាញ់​ស្មើ​ចិត្ត បើដូច្នោះ ឯង​ចូរ​បររថ ទៅត្រង់ទី​ដែលបុរសធ្វើមរណកាលនោះ (ឋិតនៅ)។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់​ព្រះបន្ទូលព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណា​ថ្លៃវិសេស ហើយក៏បររថសំដៅ​ទៅត្រង់​ទីដែលបុរសធ្វើមរណកាលនោះ (ឋិតនៅ)។  ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីកុមារ បានទតទៅឃើញបុរស ដែលធ្វើមរណកាល​ទៅកាន់​បរលោកហើយ លុះទតឃើញហើយ ក៏ត្រាស់សួរនាយសារថីថា ហៃនាយ​សារថី សំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ ដូចម្តេច បានជាហៅថា ធ្វើមរណកាល។ នាយសារថី​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯង បានជាឈ្មោះថា​ ធ្វើមរណកាល (ព្រោះថា) ក្នុងកាលឥឡូវនេះ មាតាក្តី បិតាក្តី ញាតិសាលោហិតទាំងឡាយដទៃក្តី លែងឃើញ​បុរសនោះហើយ ទាំងបុរសនោះសោត ក៏លែងឃើញ​មាតាបិតា និងញាតិ​សាលោហិត​ទាំងឡាយដទៃដែរ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះចំណែក​អាត្មាអញ មានសេចក្តីស្លាប់​ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះព្រះបរម​បពិត្រ (ជាព្រះវរបិតា)ក្តី ព្រះនាងទេវី (ជាព្រះវរមាតា)ក្តី ព្រះញាតិសាលោហិតទាំងឡាយ​ដទៃ​ក្តី លែងបានឃើញនូវអាត្មាអញ ទាំងអាត្មាអញ ក៏លែងបានឃើញ​នូវព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ ឬដូចម្តេច។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំទាំងឡាយក្តី សុទ្ធតែមានសេចក្តីស្លាប់ជាធម្មតា មិន​កន្លង​​សេចក្តីស្លាប់ទៅបានឡើយ ទាំងព្រះបរមបពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី ក៏លែងបានឃើញព្រះអង្គ ទាំងព្រះអង្គសោត ក៏លែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ការទៅ​ឱទ្យាន​​ក្នុង​ថ្ងៃនេះ ល្មម​ប៉ុណ្ណឹង​ហើយ ឯងចូរចេញអំពីទីនេះ ត្រឡប់ទៅកាន់​ខាងក្នុងបុរីវិញ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សី​កុមារ ដោយពាក្យ​ថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាថ្លៃវិសេស ហើយក៏ចេញអំពីទីនោះ ត្រឡប់​មក​ខាង​ក្នុង​បុរីវិញ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សី​កុមារ លុះស្តេចទៅដល់ខាងក្នុងបុរីហើយ ក៏មានសេចក្តីទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែងមានប្រាកដ ព្យាធិ តែងមានប្រាកដ មរណៈ តែង​មានប្រាកដ ដល់​សត្វលោក​ដែលកើតហើយ។

[៣៧] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់​ត្រាស់បង្គាប់​ឲ្យ​រាជបុរសហៅនាយសារថីមក ហើយទ្រង់មានព្រះបន្ទូលសួរដូច្នេះថា នែនាយសារថី ជាសំឡាញ់ស្មើចិត្ត កុមារមានសេចក្តីត្រេកអរចំពោះឱទ្យានដែរឬ នែនាយសារថី ជាសំឡាញ់ស្មើចិត្ត កុមារ​មាន​ចិត្ត​រីករាយក្នុងឱទ្យានដែរឬ។ នាយសារថី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រះរាជកុមារ មិនបានត្រេកអរចំពោះឱទ្យានទេ បពិត្រ​ព្រះសម្មតិទេព ព្រះរាជកុមារ​មិនមាន​ព្រះទ័យរីករាយ ក្នុងឱទ្យានទេ។ នែ​នាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះកាលដែល​កុមារចេញ​ទៅកាន់ឱទ្យាន បានឃើញអ្វីខ្លះ។ នាយសារថី ក្រាបបង្គំទូល បពិត្រព្រះសម្មតិទេព កាលដែល​ព្រះរាជកុមារ​ ស្តេច​ទៅ​កាន់​ឱទ្យាន បានទតពពួកមហាជន កំពុងប្រជុំគ្នាធ្វើគ្រឿង​សែង ដោយសំពត់​ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ លុះទតឃើញ​ហើយ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹង​ខ្ញុំព្រះអង្គថា​ ហៃ​នាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត​ ពពួកមហាជននោះ ប្រជុំគ្នាធ្វើគ្រឿង​សែង ដោយ​សំពត់​​ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ ដើម្បីអ្វី ខ្ញុំព្រះអង្គក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះឯង ឈ្មោះថា ធ្វើមរណកាលហើយ ទើបព្រះរាជ​កុមារ​បង្គាប់ខ្ញុំព្រះអង្គថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ បុរសនោះធ្វើ​មរណ​កាលក្នុងទីណា ចូរបររថទៅក្នុងទីនោះ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គក៏ទទួល​ស្តាប់​ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បររថសំដៅទៅទីដែល​បុរសធ្វើមរណកាលនោះ (ឋិតនៅ) បពិត្រព្រះសម្មតិទេព ព្រះរាជកុមារក៏បានទតឃើញបុរសដែលធ្វើមរណកាលទៅកាន់លោកខាងមុខ លុះទត​ឃើញហើយ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងខ្ញុំព្រះអង្គថា ហៃនាយសារថី ជាសំឡាញ់​ស្មើចិត្ត ចុះបុរសនុ៎ះ​ ហេតុដូចម្តេច បានជាឈ្មោះថា ធ្វើមរណកាល ខ្ញុំព្រះអង្គ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះសម្មតិទេព ឯបុរសនុ៎ះ បានជាឈ្មោះថា​ ធ្វើមរណកាល (ព្រោះថា) ក្នុងកាលឥឡូវនេះ មាតាក្តី បិតាក្តី ញាតិសាលោហិតទាំងឡាយដទៃក្តី លែងបានឃើញ​បុរសនោះហើយ ទាំងបុរសនោះសោត ក៏លែងបានឃើញ​មាតាបិតា និងញាតិ​សាលោហិត​​ទាំងឡាយដទៃដែរ ទើបព្រះរាជកុមារត្រាស់សួរទៀតថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះចំណែក​អាត្មាអញ មានសេចក្តីស្លាប់​ជាធម្មតា មិនកន្លង​សេចក្តី​ស្លាប់​ទៅបាន ទោះព្រះបរម​បពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិតទាំងឡាយ​ដទៃ​ក្តី លែងបានឃើញនូវអាត្មាអញហើយ ទាំងអាត្មាអញសោត ក៏លែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរឬ ខ្ញុំព្រះអង្គ​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព មនុស្ស​ទាំងឡាយ​គ្រប់គ្នា ទោះព្រះអង្គក្តី យើងខ្ញុំ​ទាំងឡាយក្តី សុទ្ធតែមានសេចក្តីស្លាប់ជាធម្មតា មិន​កន្លង​​សេចក្តីស្លាប់ទៅបាន ទាំង​ព្រះបរមបពិត្រក្តី ព្រះនាងទេវីក្តី ព្រះញាតិសាលោហិត​ទាំងឡាយ​ដទៃ​ក្តី នឹងលែង​បាន​ឃើញ​ព្រះអង្គ ទាំងព្រះអង្គសោត ក៏នឹងលែងបានឃើញ​ព្រះបរមបពិត្រ ព្រះ​នាងទេវី និងព្រះញាតិសាលោហិតទាំងឡាយដទៃដែរ ទើបព្រះរាជកុមារមានព្រះបន្ទូលថា នែនាយសារថី ជាសំឡាញ់​ស្មើ​ចិត្ត បើដូច្នោះ ការទៅក្នុងឱទ្យាន​ក្នុង​ថ្ងៃនេះ ល្មម​ប៉ុណ្ណឹង​ហើយ ចូរចេញអំពីទីនេះ ត្រឡប់ទៅ​ខាង​ក្នុង​បុរី​វិញចុះ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ​ទទួល​ស្តាប់ព្រះបន្ទូលនៃ​ព្រះវិបស្សី​កុមារ​ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណា​ថ្លៃវិសេស ហើយក៏ចេញអំពីទី​នោះ ត្រឡប់មកខាង​ក្នុង​បុរីវិញ បពិត្រព្រះសម្មតិទេព ឯព្រះរាជកុមារនោះ លុះស្តេចទៅដល់​ខាង​ក្នុង​បុរីហើយ ក៏មាន​សេចក្តី​ទុក្ខ តូចព្រះទ័យ សញ្ជប់សញ្ជឹងថា ថ្វឺយ អើហ្ន៎ ជរា តែង​មាន​ប្រាកដ ព្យាធិ តែងមានប្រាកដ មរណៈ តែង​មានប្រាកដ ដល់​សត្វលោកដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទពន្ធុមៈ ​ទ្រង់មានព្រះតម្រិះដូច្នេះថា កុំឲ្យវិបស្សីកុមារ​ខាន​សោយ​រាជ្យ​ឡើយ កុំឲ្យវិបស្សីកុមារ បានចេញ​ចាក​គេហដ្ឋាន ទៅបួសឡើយ កុំឲ្យពាក្យ​របស់ពួក​ព្រាហ្មណ៍ ជាហោរាពិតឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទពន្ធុមៈ ទ្រង់ផ្គត់ផ្គង់ កាមគុណទាំង​៥ ​ច្រើន​ឡើងទៀត ធ្វើយ៉ាងណា ឲ្យតែ​ព្រះវិបស្សីកុមារ​សោយរាជ្យ​សម្បត្តិ​បាន ធ្វើយ៉ាងណា ឲ្យតែព្រះវិបស្សីកុមារ ខានចេញចាកគេហដ្ឋាន ទៅបួស ធ្វើយ៉ាងណា ឲ្យតែពាក្យរបស់ពួកព្រាហ្មណ៍ ជាហោរា ទៅជាពាក្យខុស។  ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះវិបស្សីកុមារ ទ្រង់​ឆ្អែត​ស្កប់​ស្កល់ ប្រកប​ព្រម​ដោយ​កាមគុណ​ទាំង​៥។

[៣៨]  ម្នាលភិក្ខុទាំងឡាយ លំដាប់តមក ព្រះវិបស្សីកុមារ លុះកន្លងឆ្នាំច្រើនរយ ច្រើន​ពាន់ទៅ ទ្រង់ហៅនាយសារថីមកថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្តចូរឯងទឹម​យានទាំងឡាយដែលល្អៗ យើងនឹងទៅកាន់ឱទ្យាន ដើម្បីមើលនូវទីល្អៗ។ ម្នាលភិក្ខុទាំងឡាយ នាយសារថីទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏ទឹមយានទាំងឡាយ ដែលល្អៗ រួចក្រាបបង្គំ​ទូល​ដល់ព្រះវិបស្សីកុមារថា បពិត្រព្រះសម្មតិទេព យានទាំងឡាយដែលល្អៗ ខ្ញុំព្រះអង្គ បានទឹមស្រេចហើយ ឥឡូវនេះ សូមទ្រង់ជ្រាបនូវកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ទ្រង់ឡើងកាន់យានដ៏ល្អ ហើយស្តេចទៅកាន់ឱទ្យាន ដោយ​យានទាំងឡាយដ៏ល្អៗ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះវិបស្សីកុមារ ស្តេចទៅកាន់ឱទ្យាន ក៏​បានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះ​ឃើញហើយ ទ្រង់សួរនាយសារថីថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះបុរសនុ៎ះ ធ្វើដូចម្តេច បានជាក្បាលរបស់គាត់ មិនដូចជាក្បាលពួកជនដទៃ ទាំងសំពត់​របស់គាត់ ក៏​មិនដូចជាសំពត់​ពួកជនដទៃដូច្នេះ។ នាយសារថី ​ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនុ៎ះឯង ឈ្មោះថា​ អ្នកបួស។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត ចុះបុរសនោះ ហេតុដូចម្តេច បានជាឈ្មោះថាអ្នកបួស។ នាយសារថី ក្រាបបង្គំទូលថា បពិត្រ​ព្រះសម្មតិទេព បុរសនោះ បានជាឈ្មោះថាអ្នកបួស ព្រោះប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសលដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ។ ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បុរសនោះ ឈ្មោះថាអ្នកបួស  ព្រោះ​ប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្ត​កុសល​ដោយ​ប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ ជាការស្រួលពិត ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ចូរអ្នកបររថទៅត្រង់ទីដែល​អ្នកបួសនោះឋិតនៅចុះ។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូលនៃព្រះវិបស្សីកុមារ ដោយពាក្យ​ថា បពិត្រព្រះអង្គ ព្រះករុណាវិសេស ហើយក៏បររថទៅ ត្រង់អ្នកបួសនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីកុមារ ទ្រង់មានព្រះបន្ទូលសួរដូច្នេះ នឹងអ្នកបួស​នោះថា នែអ្នកជាសំឡាញ់ស្មើចិត្ត ចុះអ្នកធ្វើដូចម្តេច​ បានជាក្បាល​របស់អ្នក​ មិនដូចជាក្បាលពួកជនដទៃ ទាំងសំពត់របស់អ្នក ក៏មិនដូចជាសំពត់​ពួកជនដទៃ​ដូច្នេះ។ អ្នកបួសថ្វាយព្រះពរថា បពិត្រព្រះសម្មតិទេព អាត្មាភាពហ្នឹងហើយ ដែលហៅថា​អ្នកបួស។ នែអ្នកជាសំឡាញ់ស្មើចិត្ត ព្រោះហេតុដូចម្តេច បានជាអ្នកឈ្មោះថា អ្នកបួស។ បពិត្រព្រះសម្មតិទេព អាត្មាភាព ហ្នឹងឯងបានជាឈ្មោះថា អ្នកបួស ​ព្រោះ​ប្រព្រឹត្តធម៌​ដោយ​ប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសល ដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ។ ព្រះវិបស្សីកុមារ មានព្រះរាជឱង្ការថា នែអ្នកជាសំឡាញ់​ស្មើចិត្ត អ្នកឈ្មោះថា អ្នកបួស ព្រោះប្រព្រឹត្តធម៌ដោយប្រពៃ ព្រោះប្រព្រឹត្តនូវធម៌ដ៏ស្មើ ដោយប្រពៃ ព្រោះប្រព្រឹត្តកុសលដោយប្រពៃ ព្រោះ​ធ្វើ​អំពើបុណ្យដោយប្រពៃ ព្រោះមិនបានបៀតបៀន​ដោយប្រពៃ ព្រោះអនុគ្រោះ​ ដល់​សត្វ​ដោយប្រពៃ ជាការ​ល្អណាស់។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះវិបស្សីកុមារ ទ្រង់មាន​ព្រះរាជ​ឱង្ការ​ នឹងនាយសារថីថា ហៃនាយសារថី ជាសំឡាញ់ស្មើចិត្ត បើដូច្នោះ ចូរឯងនាំយករថចេញ អំពីទីនេះ ត្រឡប់ទៅខាងក្នុងបុរីវិញចុះ ចំណែកអញ នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ លះគេហដ្ឋាន បួសក្នុងទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ នាយសារថី ទទួលស្តាប់ព្រះបន្ទូល​នៃព្រះវិបស្សី​កុមារ ដោយពាក្យ​ថា បពិត្រ​ព្រះអង្គ ព្រះករុណាវិសេស ហើយក៏នេះយករថចេញអំពីទីនោះ ត្រឡប់​ទៅ​ខាង​ក្នុង​បុរីវិញ។ ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពពួលមហាជន ក្នុងពន្ធុមតីរាជធានី ប្រមាណ​៨ហ្មឺន​៤ពាន់​នាក់ បានឮដំណឹងថា ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសហើយ។ លុះពពួលមហាជនទាំងនោះ បាន​ឮ​ដំណឹង​ហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ព្រះវិបស្សីកុមារ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ចំពោះ​ធម្ម​វិន័យ និងបព្វជ្ជាណា ធម្មវិន័យ និងបព្វជ្ជានោះ មិនថោកទាបឡើយ អម្បាល​ព្រះវិបស្សីកុមារ ម្តេច ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់កាសាវពស្ត្រ​ទាំងឡាយ លះគេហដ្ឋាន ទ្រង់ព្រះផ្នួសទៅហើយ ចុះយើងរាល់គ្នា ម្តេចក៏មិនបួស។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ ពពួកមហាជនទាំង៨ហ្មឺន ៤ពាន់នាក់ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់​កាសាយៈទាំងឡាយ ហើយបួសតាម​ព្រះវិបស្សីពោធិសត្វ ដែលចេញចាកព្រះរាជនិវេសន៍ ទ្រង់ព្រះផ្នួសក្នុងកាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ព្រះវិបស្សីពោធិសត្វ មានពួកបរិសទ្យ​ទាំង​នោះ ហែរហមស្តេចទៅកាន់ចារិក ក្នុងស្រុកនិគមជនបទរាជធានីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ ទៅគត់ក្នុងទីស្ងាត់ ទ្រង់ពួន​សម្ងំនៅ ក៏មានសេចក្តីត្រិះរិះ ក្នុងព្រះទ័យដូច្នេះថា អាត្មាអញ ដែលនៅច្របូកច្របល់​នេះ ជាការមិនសមគួរឡើយ គួរតែអាត្មាអញ ចេញចាកពួក ទៅនៅតែម្នាក់ឯង។ ម្នាលភិក្ខុទាំងឡាយ លុះសម័យជាខាងក្រោយមក ព្រះវិបស្សីពោធិសត្វ ចេញចាកពួក ទៅគង់​តែមួយព្រះអង្គ។ ឯពួកបព្វជិតទាំង៨ហ្មឺន ៤ពាន់រូបនោះ ក៏បានទៅនៅដោយ​ឡែកផ្សេង។ ព្រះវិបស្សីពោធិសត្វ ក៏ចេញទៅនៅដោយឡែកផ្សេង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ ចូលទៅគង់សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ ក្នុង​ព្រះទ័យយ៉ាងនេះថា ឱសត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់តើ រមែង​កើតហើយ​ចាស់ ៗហើយស្លាប់ ៗហើយច្យុត ៗហើយកើតឡើងទៀត ប៉ុន្តែមិនដឹងច្បាស់នូវធម៌​ ជាគ្រឿងរលាស់ខ្លួនចេញចាកទុក្ខនេះឡើយ បើមិនដឹងច្បាស់នូវធម៌ ជាគ្រឿង​រលាស់​ ចេញចាកទុក្ខ គឺជរា និងមរណៈនេះហើយ កាលណាឡើយ នឹងធ្វើនូវ​ការរលាស់ចេញ​ចាកទុក្ខ គឺជរា និងមរណៈឲ្យប្រាកដឡើងបាន។

[៣៩] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីហ្ន៎មានឡើង ទើបមានជរា និងមរណៈ ជរានិងមរណៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលបើជាតិមានហើយ ទើប​មានជរា និងមរណៈ ជរា និងមរណៈកើតមាន ព្រោះមានជាតិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះទៀតថា កាលធម្មជាតអ្វីមានហ្ន៎ ទើបកើតមានជាតិ ជាតិកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលភពមាន ជាតិក៏មាន ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ភពទើបកើតមាន ភពកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលឧបាទានកើតមាន ភពក៏កើតមាន ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ទើបឧបាទានកើតមាន ឧបាទានកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលតណ្ហាកើតមាន ឧបាទានទើបកើតមាន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ តណ្ហាទើបកើតមាន តណ្ហាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលវេទនាកើតមាន តណ្ហាទើបកើតមាន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ទើបវេទនាកើតមាន វេទនាកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះវិបស្សី​ពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលផស្សៈកើតមាន វេទនាទើបកើតមាន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ ផស្សៈទើបកើតមាន ផស្សៈកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលសឡាយតនៈកើតមាន ផស្សៈទើបកើតមាន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ សឡាយតនៈទើបកើតមាន សឡាយតនៈ កើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលនាមរូបកើតមាន សឡាយតនៈទើបកើតមាន សឡាយតនៈ កើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ នាមរូប ទើបកើតមាន នាមរូបកើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សី​ពោធិសត្វ ទ្រង់ធ្វើទុកក្នុងព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយ​ព្រះប្រាជ្ញា​ថា កាលវិញ្ញាណកើតមាន នាមរូបទើបកើតមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមានហ្ន៎ វិញ្ញាណទើបកើតមាន វិញ្ញាណ​កើតមាន ព្រោះអ្វីជាបច្ច័យ។ ម្នាលភិក្ខុ​ទាំងឡាយ លុះព្រះវិបស្សីពោធិសត្វ ទ្រង់ធ្វើ​ទុក​ក្នុង​ព្រះទ័យ ដោយព្រះយោបល់ ក៏ទ្រង់​ឈ្វេងយល់ ដោយព្រះប្រាជ្ញាថា កាលនាមរូបកើតមាន វិញ្ញាណទើបកើតមាន វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា វិញ្ញាណនេះ តែងត្រឡប់ទៅ ត្រឡប់មក មិនទៅហួសខាងនាយអំពីនាមរូបឡើយ ដោយ​ហេតុមានប្រមាណប៉ុណ្ណេះ បានជាសត្វកើតហើយចាស់ ៗហើយស្លាប់ ៗហើយច្យុត ៗហើយកើតឡើងទៀត វិញ្ញាកើតមាន ព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះ​វិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះ​សឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះ​វេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ សោកៈ បរិទេវៈ (សេចក្តីខ្សឹកខ្សួល) ទុក្ខ ទោមនស្ស និងឧបាយាសៈ (ទង្គឹះ​ក្នុងចិត្ត) ក៏កើតមានព្រម ការកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែង​មានដោយ​អាការ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ញាណ បញ្ញា វិជ្ជា ពន្លឺ ក្នុងធម៌ទាំងឡាយ ដែល​មិនធ្លាប់ឮ ក្នុងកាលមុន កើតឡើងដល់ព្រះវិបស្សីពោធិសត្វថា កើតឡើង កើតឡើងហ្ន៎។

[៤០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបជរា និងមរណៈមិនមាន ជរានិងមរណៈរលត់ទៅ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលជាតិមិនមាន ​ជរា និងមរណៈក៏មិនមាន ការរលត់ទៅនៃជរា និងមរណៈ ព្រោះរលត់ជាតិដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបជាតិ​មិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើភពមិនមាន ជាតិក៏មិនមាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភពដូច្នេះ កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបភព​មិនមាន ការរលត់ទៅនៃភព ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលឧបាទានមិនមាន ភពក៏មិនមាន ការរលត់ទៅនៃភព ព្រោះរលត់ឧបាទានដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបឧបាទាន​​មិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់ធម្មជាតិអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហាដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបតណ្ហា​មិនមាន ការរលត់ទៅនៃតណ្ហា ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលបើវេទនាមិនមាន តណ្ហា​ក៏មិនមាន ការរលត់ទៅនៃតណ្ហា ព្រោះរលត់វេទនាដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបវេទនា​មិនមាន ការរលត់ទៅនៃវេទនា ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលផស្សៈមិនមាន វេទនាក៏មិនមាន ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបផស្សៈ​មិនមាន ការរលត់ទៅនៃផស្សៈ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលសឡាយតនៈមិនមាន ផស្សៈក៏មិនមាន ការរលត់ទៅនៃផស្សៈ ព្រោះរលត់សឡាយតនៈដូច្នេះ ក៏កើតឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបសឡាយតនៈ​មិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយព្រះប្រាជ្ញាថា កាលនាមរូប​មិន​មាន សឡាយតនៈក៏មិនមាន ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូបដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបនាមរូប​មិនមាន ការរលត់ទៅនៃនាមរូប ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយ​ព្រះប្រាជ្ញាថា កាលវិញ្ញាណមិនមាន នាមរូបក៏មិនមាន ការរលត់ទៅនៃនាមរូប ព្រោះ​រលត់វិញ្ញាណដូច្នេះ ក៏កើតឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយ​ព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលធម្មជាតអ្វីមិនមានហ្ន៎ ទើបវិញ្ញាណ​មិនមាន ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់ធម្មជាតអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់នោះ សេចក្តី​ត្រាស់ដឹងដោយ​ព្រះប្រាជ្ញាថា កាលនាមរូបមិនមាន វិញ្ញាណក៏មិនមាន ការរលត់ទៅនៃវិញ្ញាណ ព្រោះរលត់នាមរូបដូច្នេះ ក៏កើតមានឡើង ដល់​ព្រះវិបស្សី​ពោធិសត្វ ព្រោះទ្រង់ពិចារណា ដោយព្រះយោបល់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ​ដូច្នេះថា វិបស្សនាមគ្គនេះ អាត្មាអញ បានត្រាស់ដឹងហើយ ការរលត់​ទៅនៃវិញ្ញាណ​ ព្រោះរលត់នាមរូប ការរលត់ទៅនៃនាមរូប ព្រោះរលត់វិញ្ញាណ ការរលត់ទៅនៃសឡាយតនៈ ព្រោះរលត់នាមរូប ការរលត់ទៅនៃផស្សៈ ព្រោះរលត់​សឡាយតនៈ ការរលត់ទៅនៃវេទនា ព្រោះរលត់ផស្សៈ ការរលត់ទៅនៃតណ្ហា ព្រោះ​រលត់​វេទនា ការរលត់ទៅនៃឧបាទាន ព្រោះរលត់តណ្ហា ការរលត់ទៅនៃភព ព្រោះ​រលត់នៃ​ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា និងមរណៈរលត់ ព្រោះ​រលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសៈ ក៏រលត់ទៅ ការរលត់ទៅនៃ​កងទុក្ខ​ទាំងអស់នេះ រមែងមានដោយអាការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ ញាណ បញ្ញា វិជ្ជា ពន្លឺ ក្នុងធម៌ទាំងឡាយ​ដែលមិនធ្លាប់ឮ ក្នុងកាលមុន ក៏កើតឡើង ដល់ព្រះវិបស្សី​ពោធិសត្វថា រលត់ រលត់ហ្ន៎។

[៤១] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ លុះសម័យជាខាងក្រោយមក ព្រះវិបស្សី​ពោធិសត្វ ទ្រង់ពិចារណានូវការកើត និងការរលត់ទៅក្នុងឧបាទានក្ខន្ធទាំង៥ថា រូប​យ៉ាង​នេះ ការកើតឡើងនៃរូបយ៉ាងនេះ ការរលត់ទៅនៃរូបយ៉ាងនេះ វេទនា​​យ៉ាង​នេះ ការកើតឡើងនៃវេទនាយ៉ាងនេះ ការរលត់ទៅនៃវេទនាយ៉ាងនេះ សញ្ញា​​យ៉ាង​នេះ ការកើតឡើងនៃសញ្ញាយ៉ាងនេះ ការរលត់ទៅនៃសញ្ញាយ៉ាងនេះ សង្ខារ​ទាំងឡាយ​យ៉ាង​នេះ ការកើតឡើងនៃសង្ខារទាំងឡាយយ៉ាងនេះ ការរលត់ទៅនៃសង្ខារទាំងឡាយ​យ៉ាងនេះ វិញ្ញាណ​​យ៉ាង​នេះ ការកើតឡើងនៃវិញ្ញាណយ៉ាងនេះ ការរលត់ទៅនៃវិញ្ញាណយ៉ាងនេះ។ កាលដែលព្រះវិបស្សីពោធិសត្វ ទ្រង់ពិចារណា​ នូវ​កិរិយាកើតឡើង និងការរលត់ទៅ ក្នុងឧបាទានក្ខន្ធទាំង៥ មិនយូរប៉ុន្មាន ព្រះទ័យ​នៃ​ព្រះអង្គ ក៏រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។

ចប់ ទុតិយភាណវារៈ។

[៤២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា គួរតែ តថាគតសំដែងធម៌។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលតថាគតត្រាស់ដឹងហើយនេះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយក្រ ត្រាស់ដឹង​តាមបានដោយក្រ ជាធម៌រម្ងាប់ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែលបុគ្គលត្រិះរិះ​យក​ឯង​មិនបាន ជាធម៌ល្អិត មានតែបណ្ឌិត ទើបដឹងបាន ក៏ពួកសត្វនេះ មានអាល័យ គឺ​កាមគុណ ជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែល​មានកាមគុណនេះជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈ ដែលពួកសត្វ​មានកាម​គុណជាទីត្រេកអរ ត្រេកអរក្នុងកាមគុណ រីករាយក្នុងកាមគុណ ឃើញបានដោយ​ក្រ ធម៌ដែលជាគ្រឿង​រម្ងាប់នូវសង្ខារទាំងពួង លះបង់នូវ​ឧបធិក្កិលេសទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាករាគៈ រលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងក៏ជាឋានៈ ដែល​ពួក​សត្វឃើញបានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃក៏មិនគប្បីដឹងច្បាស់​បាន សេចក្តីលំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀនកាយនោះ នឹង​មានដល់​តថាគត។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះ មានសេចក្តីដំណាលថា គាថា​ទាំងឡាយនេះ ដ៏ចំឡែក ដែលព្រះពុទ្ធវិបស្សី ទ្រង់មិនធ្លាប់បានឮក្នុងកាលមុន ក៏ច្បាស់​ប្រាកដ ដល់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធថា

ឥឡូវនេះ តថាគតគួរនឹងសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងដោយ​កម្រ សត្វទាំងឡាយ ដែលរាគៈ ទោសៈ គ្របសង្កត់ ក៏មិនងាយនឹងត្រាស់ដឹង​ធម៌​នេះបានឡើយ។ សត្វទាំងឡាយ អ្នកត្រេកត្រអាល ដោយរាគៈ ដែលគំនរ​នៃ​ងងឹត​ គឺអវិជ្ជា កំពុងចាក់ស្រែះ មុខជានឹងមិនឃើញធម៌ ដែល​នាំសត្វឲ្យដល់​នូវ​ព្រះនិព្វាន ជាធម៌ល្អិតសុខុម ជ្រាលជ្រៅ ដែលសត្វឃើញ​ដោយកម្រ។

[៤៣]  ម្នាលភិក្ខុទាំងឡាយ កាល​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ពិចារណាឃើញ ដោយសេចក្តីត្រិះរិះដូច្នេះហើយ ព្រះហឫទ័យ ឱនទៅរកសេចក្តី​ខ្វល់​ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ។

[៤៤] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម១រូប បានដឹងនូវបរិវិតក្កៈ ក្នុង​ព្រះហឫទ័យ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្ត​របស់ខ្លួន​ហើយ ទើប​គិតរំពឹងដូច្នេះថា ឱសត្វលោកវិនាសតើ ឱសត្វលោកវិនាសតើ ព្រោះ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានព្រះហឫទ័យឱនទៅរកសេចក្តី​ខ្វល់ខ្វាយ​តិច មិនឱនទៅរកការសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ​ មហាព្រហ្ម​នោះ ក៏បាត់អំពីព្រហ្មលោកមកប្រតិស្ឋាន ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ប្រៀបដូចបុរសមានកំឡាំង លាចេញ​នូវកំភួនដៃ ដែលបត់ចូល ឬបត់ចូលនូវ​កំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម ធ្វើនូវសំពត់បង់ក ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌល​នៃជង្គង់​ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ក្រាបបង្គំ​ទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែង​ធម៌ (ដ្បិត) សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេស ក្នុងចក្ខុ​ស្រាល​ស្តើងក៏មាន តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វដែលបម្រុង​នឹង​ត្រាស់ដឹងធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ត្រាស់ដូច្នេះ នឹង​មហាព្រហ្មនោះថា ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះថា គួរតែតថាគតសំដែង​ធម៌​ដូច្នេះដែរ។ ម្នាលព្រហ្ម តថាគតមានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលតថាគតត្រាស់​ដឹង​ហើយនេះ ជាធម៌ជ្រាលជ្រៅ សត្វឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌​រម្ងាប់​ទុក្ខ ជាធម៌ថ្លៃថ្លា ជាធម៌ដែល​បុគ្គលត្រិះរិះយកឯង​មិនបាន ជាធម៌ល្អិត មានតែ​បណ្ឌិតទើបដឹងបាន ពួកសត្វនេះ មានអាល័យ គឺកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាម​គុណ រីករាយក្នុងកាមគុណ បដិច្ចសមុប្បាទ ដែលមានកាមគុណនេះ​ជាបច្ច័យ បដិច្ចសមុប្បាទនេះ ជាឋានៈដែលពួកសត្វ មានកាមគុណជាទីត្រេកអរ ត្រេកអរក្នុងកាម​គុណ រីករាយក្នុងកាមគុណ ឃើញបានដោយក្រ ធម៌ដែល​ជាគ្រឿង​រម្ងាប់​នូវសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ (នូវកងទុក្ខ) និងព្រះនិព្វាន នេះឯងជាឋានៈ ដែលពួក​សត្វ ឃើញ​បានដោយក្រ បើទុកជាតថាគតសំដែងធម៌ ពួកសត្វដទៃ មិនគប្បីអាចដឹងច្បាស់បាន សេចក្តី​លំបាកកាយនោះ នឹងមានដល់តថាគត ការបៀតបៀននោះ នឹងមានដល់​តថាគត។ ម្នាលព្រហ្ម មិនតែប៉ុណ្ណោះ មានសេចក្តីដំណាលថា គាថាទាំងឡាយនេះ ចំឡែក​ដែរ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលមុន ក៏ច្បាស់ប្រាកដដល់តថាគត ថា

ឥឡូវនេះ តថាគតគួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹងហើយ ដោយកម្រ​។បេ។ កំពុងចាក់ស្រែះ ម្នាលព្រហ្ម កាលតថាគត​ពិចារណា​ឃើញ​ដូច្នេះ​ហើយ ចិត្តតថាគត ក៏ឱន​ទៅរក​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅរកការសំដែងធម៌ឡើយ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្ម​នោះ ក្រាបបង្គំទូលអស់វារៈ ជាគំរប់២ដងផង។បេ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្មនោះ ក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះ វារៈ​ជាគំរប់៣ដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងធម៌ សូម​ព្រះសុគតសំដែង​ធម៌ (ដ្បិត) សត្វទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺកិលេស​ស្រាល​ស្តើងក្នុងចក្ខុ តែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យមិនខាន ពួកសត្វ​ដែល​បម្រុង​​នឹង​ត្រាស់ដឹងធម៌ ក៏មានដែរ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទទួល​អារាធនានៃមហាព្រហ្មហើយ ក៏​ប្រមើលមើលនូវ​សត្វ​លោក ដោយពុទ្ធចក្ខុ ព្រោះអាស្រ័យ​នូវសេចក្តីករុណា ទៅរកសត្វ​ទាំងឡាយ។ ម្នាល​ភិក្ខុទាំងឡាយ លុះព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើល​នូវ​សត្វ​លោក ដោយពុទ្ធចក្ខុ បានឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស ស្រាលស្តើងក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសក្រាស់ ក្នុងចក្ខុ ខ្លះមានឥន្ទ្រិយក្លៀវក្លា ខ្លះមានឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះ​មានអាការ​អាក្រក់ ខ្លះពន្យល់បានដោយងាយ ខ្លះពន្យល់​បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុងបរលោក ជាសភាវៈគួរខ្លាច។ ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូកក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុង​ទឹក​នៅឡើយ ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ឋិតនៅត្រឹម​ស្មើ​នឹង​ទឹក ផ្កាជលជាតពួកខ្លះ គឺ​ផ្កា​ព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដែលដុះក្នុងទឹក ចំរើនក្នុងទឹក ដុះខ្ពស់ឡើង​ជាងទឹក មិនជាប់​ប្រឡាក់ដោយទឹក មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ប្រមើលមើល​នូវ​សត្វ​លោក ដោយពុទ្ធចក្ខុ ក៏ទ្រង់ឃើញនូវសត្វទាំងឡាយ ពួកខ្លះ មានធូលី គឺរាគាទិក្កិលេស តិចក្នុងចក្ខុ ខ្លះមានធូលី គឺរាគាទិក្កិលេសច្រើនក្នុងចក្ខុ ខ្លះមានឥន្ទ្រិយ​ក្លៀវក្លា ខ្លះមាន​ឥន្ទ្រិយទន់ ខ្លះមានអាការល្អ ខ្លះ​មានអាការ​អាក្រក់ ខ្លះពន្យល់បាន​ដោយ​ងាយ ខ្លះពន្យល់​បានដោយក្រ ខ្លះមានភ័ព ខ្លះឥតភ័ព ខ្លះជាអ្នកឃើញនូវទោស ក្នុង​បរលោក ជាសភាវៈគួរខ្លាច ក៏មានឧបមេយ្យយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រា​នោះ មហា​ព្រហ្ម បានដឹងបរិវិតក្កៈ ក្នុងហឫទ័យរបស់​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ដោយចិត្តរបស់​ខ្លួនហើយ ក៏ក្រាបបង្គំទូល​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ដោយ​គាថាទាំងឡាយថា

[៤៥] បុរសមានចក្ខុ ឈរលើកំពូលភ្នំថ្មសុទ្ធ មើលឃើញប្រជុំជន ដោយជុំវិញ មាន​ឧបមាយ៉ាងណាមិញ បពិត្រព្រះអង្គអ្នកមានប្រាជ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នក​មាន​សេចក្តីសោកទៅប្រាសហើយ សូមទ្រង់ស្តេចឡើងកាន់ប្រាសាទ គឺព្រះធម៌ ប្រមើលមើល​នូវ​ប្រជុំជនអ្នកច្របូកច្របល់ដោយសេចក្តីសោក ដែលជាតិជរា កំពុង​គ្របសង្កត់ មាន​ឧបមេយ្យយ៉ាងនោះ។ បពិត្រព្រះអង្គ អ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាម អ្នកដឹកនាំពួក​វេនេយ្យសត្វ អ្នកឥតបំណុល សូមព្រះអង្គក្រោកឡើង ត្រាច់ទៅក្នុងលោក សូមព្រះមាន​ព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយដែលបម្រុងនឹងត្រាស់​ដឹងធម៌ ក៏មានដែរ។

[៤៦] ម្នាលភិក្ខុទាំងឡាយ កាលមហាព្រហ្មក្រាបបង្គំទូល​យ៉ាងនេះហើយ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹងមហាព្រហ្មនោះ ដោយ​ព្រះគាថាដូច្នេះថា

ទ្វារនៃព្រះនិព្វាន គឺអរិយមគ្គបើកដល់អ្នកហើយ សត្វទាំងឡាយណា មានសោត​បសាទ សត្វទាំងនោះ ចូរបញ្ចេញ​នូវសទ្ធាមកចុះ ម្នាល​ព្រហ្ម តថាគត​សំគាល់​នូវ​សេចក្តីនឿយលំបាក បានជាមិនទាន់សំដែងធម៌ដ៏ឧត្តម ដែលតថាគត​ស្ទាត់​ហើយ ក្នុងសំណាក់មនុស្សទាំងឡាយ។

[៤៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម ជ្រាបថា អាត្មាអញ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បានប្រទានឱកាស ដើម្បីនឹងសំដែង​ធម៌​ដូច្នេះហើយ ក៏ថ្វាយបង្គំលាព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណ ហើយក៏បាត់អំពី​ទីនោះទៅ។

[៤៨] ម្នាលភិក្ខុទាំង​ឡាយ គ្រានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​មានសេចក្តីត្រិះរិះដូច្នេះថា តថាគតគួរសំដែងធម៌ ដល់អ្នកណាមុនហ្ន៎ អ្នកណា អាច​ដឹងធម៌នេះឆាប់រហ័សបាន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ព្រះរាជបុត្តព្រះនាមខណ្ឌៈ និងកូន​បុរោហិត ឈ្មោះតិស្សៈនេះ ជាបណ្ឌិត ជាអ្នកឈ្លាសវៃ ជាអ្នកមានប្រាជ្ញា មានធូលី គឺ​រាគាទិក្កិលេសតិចក្នុងចក្ខុ អាស្រ័យ​នៅក្នុងរាជធានី ឈ្មោះពន្ធុមតី ជាយូរ​អង្វែងហើយ បើដូច្នោះ គួរតែតថាគត​សំដែងធម៌ ដល់រាជបុត្ត ព្រះនាមខណ្ឌៈ និងកូនបុរោហិត​ឈ្មោះ តិស្សៈ ជាមុនចុះ ជនទាំងនោះ នឹងត្រាស់ដឹងធម៌នេះឆាប់រហ័សបាន។ ម្នាលភិក្ខុទាំង​ឡាយ វេលានោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​បាត់អំពី​ទីជិតនៃ​ពោធិព្រឹក្ស ទៅប្រាកដឯខេមមិគទាយវ័ន [ឥសិបតនមិគទាយវ័ន កាលគ្រានោះ ហៅថា ខេមមិគទាយវ័ន] ក្នុងនគរពន្ធុមតីរាជធានី មានឧបមាដូចជាបុរសមានកម្លាំង លា​នូវកំ​ភួន​ដៃ ដែលបត់ចូល ឬបត់ចូលនូវកំភួនដៃ ដែលលាដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់​ហៅ​ទាយបាល​មក​ថា ម្នាលសំឡាញ់ទាយបាល អ្នកចូរមកណេះ អ្នកចូរទៅកាន់​ពន្ធុមតី​រាជធានី ហើយ​និយាយ​យ៉ាងនេះ នឹងរាជបុត្ត​នាមខណ្ឌៈ និងកូនបុរោហិតឈ្មោះ​តិស្សៈ ថា ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេចមកដល់​នគរពន្ធុមតីរាជធានី​ហើយ ឥឡូវ​ទ្រង់​គង់នៅខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯទាយបាល បានទទួលព្រះពុទ្ធតម្រាស់ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណា ដូច្នេះហើយ ក៏ចូល​ទៅកាន់​ពន្ធុមតី​រាជធានី បាននិយាយនឹងព្រះខណ្ឌរាជបុត្រ និងតិស្ស​បុរោហិត​បុត្រ ដូច្នេះថា ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេច​មកដល់នគរ​ពន្ធុមតី​រាជធានីហើយ ឥឡូវ​ទ្រង់​គង់​នៅក្នុងខេមមិគទាយវ័ន ព្រះអង្គចង់ជួបនឹងអ្នក​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ក៏បង្គាប់​ឲ្យទឹម​យានល្អៗ ហើយ​ឡើង​កាន់យានល្អៗ ចេញចាក​ពន្ធុមតីរាជធានី ដោយយានល្អៗ បរ​សំដៅទៅរក​ខេមមិគទាយ​វ័ន រហូតដល់កន្លែងសម្រាប់ដាក់យាន លុះដល់​ហើយ ក៏​ចុះអំពីយាន ដើរទៅដោយជើង​ទទេ ចូលសំដៅទៅរក​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយអង្គុយក្នុងទីដ៏​សម​គួរ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងអនុបុព្វីកថា ដល់ជនទាំង២​នាក់​នោះ គឺទ្រង់​ប្រកាស​ទានកថា១ សីលកថា១ សគ្គកថា១ ទោសនៃកាមទាំងឡាយ ដ៏​លាមកសៅហ្មង១ អានិសង្សក្នុងការចេញបួស១។ លុះព្រះមានព្រះភាគ បានជ្រាបថា ជនទាំងពីរនាក់​នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្ត​ខ្ពស់ឡើង មានចិត្ត​ជ្រះថ្លា ក្នុងកាលណា ព្រះអង្គទ្រង់​ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ តែង​លើក​ឡើងសំដែង​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធ​សច្ច១ មគ្គសច្ច១ ក្នុងកាលណោះ។ ធម្មតាសំពត់ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួល​ទឹក​ជ្រលក់ ដោយ​ប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិលក៏កើតឡើង ដល់ខណ្ឌរាជបុត្រ និងតិស្សបុរោហិតបុត្រ ក្នុងទីអង្គុយ​នោះ​ថា ធម្មជាត​ណាមួយ មានកិរិយាកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ជនទាំងពីរនោះ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានត្រាស់ដឹង​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុងអរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ស្តាប់​បុគ្គលដទៃ ក្នុងសាសនានៃព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធវិញ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ ដូចជា​គេផ្ងាររបស់ដែលផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាមនុស្ស​កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែកភ្លឺ នឹងមើលឃើញនូវរូប​ទាំង​ឡាយ​បាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះអង្គទាំងនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមបាននូវបព្វជ្ជា សូមបាននូវ​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាលភិក្ខុទាំងឡាយ ខណ្ឌ​រាជបុត្រ និងតិស្សបុរោហិត​បុត្រ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​ពន្យល់​​ជន​ទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាសទោសនៃសង្ខារទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្សក្នុងបព្វជ្ជា។ កាល​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ណែនាំពន្យល់ជនទាំង២នោះ ឲ្យ​ឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់ជនទាំងពីរនោះ) ក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៤៩] ម្នាលភិក្ខុទាំងឡាយ ពួកមហាជនក្នុងនគរពន្ធុមតីរាជធានីចំនួន​៨ហ្មឺន​៤ពាន់នាក់ បានឮដំណឹងថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្តេច​មក​ដល់​ពន្ធុមតីរាជធានីហើយ ឥឡូវទ្រង់គង់នៅនាខេមមិគទាយវ័ន បានឮថា ព្រះខណ្ឌ​រាជ​បុត្ត និងតិស្សបុរោហិតបុត្ត បានដាក់កេសា និងមស្សុ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ទៅបួសក្នុងសំណាក់​នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ។ លុះពួកមហាជន​ទាំងនោះ បានឮហើយ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម្មវិន័យ និងបព្វជ្ជា ដែលព្រះខណ្ឌរាជបុត្ត និងតិស្សបុរោហិតបុត្ត ដាក់កេសា និងមស្សុ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកគេហដ្ឋាន ទៅបួសនោះជាប្រាកដ មិនមែន​ថោកទាបទេ ប៉ុនអម្បាលព្រះខណ្ឌរាជបុត្ត និងតិស្សបុរោហិតបុត្ត ម្តេច​ដាក់​កេសា និងមស្សុ ហើយស្លៀក​ដណ្តប់​សំពត់កាសាយៈ ចេញចាកគេហដ្ឋាន ទៅបួស​ ចុះពួក​យើងនៅចាំអ្វីទៀត។ ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានោះ ពួកមហាជនចំនួន​៨ហ្មឺន​៤ពាន់នោះ ចេញចាក​ពន្ធុមតីរាជធានី នាំគ្នាដើរសំដៅ​ទៅរក​ខេមមិគទាយវ័ន ជាទីដែល​ព្រះវិបស្សីមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធគង់នៅ លុះទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ រួចអង្គុយ​ក្នុងទី​សមគួរ។ ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងអនុបុព្វីកថា ដល់​ពួក​មហាជននោះ អនុបុព្វីកថា​នោះគឺ ទ្រង់ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោស​នៃ​កាមទាំងឡាយដ៏​លាមក​សៅហ្មង១ អានិសង្សក្នុងបព្វជ្ជា១។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ថា ពួកមហាជនទាំង​នោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណ​ធម៌ មានចិត្តខ្ពស់ឡើង មាន​ចិត្តជ្រះថ្លា ក្នុងកាលណា ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់​លើក​ឡើងសំដែង​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុង​កាលណោះ។ ធម្មតាសំពត់សស្អាត ដែល​ប្រាសចាក​ពណ៌​ខ្មៅ គួរទទួលទឹកជ្រលក់ ដោយ​​ប្រពៃ មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាស​ចាក​​មន្ទិលក៏កើតឡើង ដល់ពួកមហាជនទាំង​៨ហ្មឺន៤ពាន់​នាក់​នោះ ក្នុងទីអង្គុយ​នោះ​ឯងថា ធម្មជាត​ណានីមួយ មានកិរិយាកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ឯពួកមហាជនទាំងនោះ បាន​ឃើញ​អរិយសច្ច បានដល់អរិយសច្ច បានត្រាស់ដឹង​អរិយសច្ច បានចុះចិត្តស៊ប់​ក្នុងអរិយសច្ច ឆ្លងផុតសេចក្តីសង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ពាក្យ​បុគ្កលដទៃ ក្នុងសាសនា​នៃ​ព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះ​វិញ​ថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយ​អនេក​បរិយាយ ដូចជា​គេផ្ងារ​របស់​ដែល​ផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះ​ដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជា​កាន់ប្រទីបទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក​ភ្លឺ នឹងមើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ​ទាំងនោះ សូមដល់​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ សូមបាននូវបព្វជ្ជា និង​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកមហាជនទាំង​៨ហ្មឺន៤ពាន់នាក់នោះ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុង​សំណាក់​នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់​ជន​ទាំងនោះ ឲ្យឃើញជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាសទោសនៃសង្ខារដ៏លាមកសៅហ្មង និង​អានិសង្ស​ក្នុង​ព្រះនិព្វាន។ កាល​ដែលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់​ពួកមហាជនទាំងនោះ ឲ្យ​ឃើញ​ជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា​ហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់មហាជនទាំងនោះ) ក៏រួចស្រឡះ​ចាក​អាសវៈ​ធម៌​ទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៥០] ម្នាលភិក្ខុទាំងឡាយ បព្វជិតទាំង៨ហ្មឺន៤ពាន់រូបនោះ បានឮដំណឹង​ថា ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ស្តេចមកដល់ពន្ធុមតីរាជធានី ហើយទ្រង់​គង់​នៅក្នុងខេមមិគទាយវ័ន ទ្រង់សំដែងធម៌។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ បព្វជិត​ទាំង​៨ហ្មឺន៤ពាន់រូបនោះ ក៏នាំគ្នាទៅកាន់ក្រុងពន្ធុមតីរាជធានី រួចហើយក៏ដើរសំដៅទៅរក​ខេមមិគទាយវ័ន ត្រង់កន្លែងដែលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធគង់នៅ លុះ​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយអង្គុយ​ក្នុងទី​សមគួរ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់អនុបុព្វីកថា ដល់ពួក​បព្វជិតទាំងនោះ អនុបុព្វីកថានោះ គឺទ្រង់​ប្រកាសទានកថា១ សីលកថា១ សគ្គកថា១ ទោស​នៃកាមទាំងឡាយដ៏លាមកសៅហ្មង១ អានិសង្សក្នុងនេក្ខម្មៈ១។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាបថា បព្វជិតទាំងនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណា ក៏ទ្រង់​ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ទ្រង់​លើក​ឡើងសំដែង ​ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយ​សច្ច១ និរោធសច្ច១ មគ្គសច្ច១ ក្នុងកាលណោះ។ ធម្មតាសំពត់ស​ស្អាត ដែលប្រាស​ចាក​ពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយ​ប្រពៃ មានឧបមា​ដូច​ម្តេច​មិញ ធម្មចក្ខុ គឺសោតាបត្តិ​មគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិល ក៏កើតឡើង ដល់​ពួកបព្វជិតទាំង​៨ហ្មឺន៤ពាន់​នោះ ក្នុងទីអង្គុយនោះថា ធម្មជាត​ណានីមួយ មានកិរិយា​កើត​ឡើងជាធម្មតា ធម្មជាត​ទាំងអស់នោះ រមែង​រលត់​ទៅវិញ​ជាធម្មតា មានឧបមេយ្យ​ដូច្នោះឯង។ ពួកបព្វជិត​ទាំង​នោះ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានត្រាស់​ដឹង​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ ក្នុងអរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវ​ភាវៈជាបុគ្គល​ក្លាហាន មិនបាច់ជឿ​ពាក្យ​បុគ្គលដទៃ ក្នុង​សាសនា​នៃព្រះបរមសាស្តា ទើបក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ពីរោះ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយ​អនេក​បរិយាយ ដូចជា​គេផ្ងាររបស់​ដែលផ្កាប់ ឬដូចជាបើកបង្ហាញ​របស់ដែល​កំបាំង ពុំនោះ ដូចជាប្រាប់ផ្លូវ ដល់​អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេ​កាន់ប្រទីប ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត ដោយគិតថា មនុស្សដែលមាន​ភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ទាំងនេះ សូមដល់​នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គ​ដ៏​ចំរើន យើងខ្ញុំសូមបាននូវបព្វជ្ជា និង​ឧបសម្បទា ក្នុង​សំណាក់នៃព្រះមានព្រះភាគ។ ម្នាល​ភិក្ខុទាំងឡាយ ពួកបព្វជិត​ទាំង​៨ហ្មឺន៤ពាន់នោះ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់បព្វជិត​ទាំង​នោះ ឲ្យឃើញជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ប្រកាស​ទោស​របស់សង្ខារដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងនេក្ខម្មៈ។ កាល​ដែល​ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពន្យល់ពួកបព្វជិតទាំងនោះ ឲ្យ​ឃើញ​ជាក់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ មិនយូរ​ប៉ុន្មាន ចិត្ត (របស់​បព្វជិតទាំងនោះ) ក៏បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។

[៥១] សម័យនោះឯង មានភិក្ខុសង្ឃច្រើន ចំនួន៦លាន ៨សែនរូប នៅអា​ស្រ័យ​ក្នុងពន្ធុមតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់គង់ក្នុងទីស្ងាត់ សម្ងំក្នុងព្រះកម្មដ្ឋាន មានព្រះតម្រិះក្នុងព្រះហឫទ័យ​កើតឡើងយ៉ាងនេះថា ឥឡូវនេះ ពួកភិក្ខុដែលនៅអាស្រ័យក្នុងពន្ធុមតីរាជធានី ច្រើន​ដល់ទៅ៦លាន៨សែនរូប បើដូច្នោះ គួរតែតថាគតអនុញ្ញាតភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុងលោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះ តែខានស្តាប់ធម៌ហើយ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងដោយធម៌ ក៏មាន មួយទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវចូលមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្ម១អង្គ ដឹងនូវសេចក្តីត្រិះរិះ​ក្នុង​ព្រះហឫទ័យរបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដោយចិត្តរបស់ខ្លួនហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ប្រៀបដូចបុរស មានកម្លាំង លានូវកំភួនដៃ ដែលបត់ចូល ឬបត់​ចូល​នូវកំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មហាព្រហ្មនោះ ធ្វើ​សំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ថ្វាយបង្គំព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយក្រាបបង្គំទូលព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធដូច្នេះ​ថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះ បពិត្រព្រះសុគត ដំណើរនុ៎ះ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃដែលនៅអាស្រ័យ​ក្នុងពន្ធុមតីរាជធានីច្រើន​ណាស់ ចំនួន​៦លាន៨សែនរូប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ អ្នកទាំងឡាយ ចូរកុំទៅពីររូបតាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអបទដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញ បរិបូណ៌ទាំងអស់ សត្វ​ទាំងឡាយក្នុងលោកនេះ ដែលមានធូលីគឺរាគាទិក្កិលេសតិចក្នុងភ្នែកក៏មាន សត្វ​ទាំងនោះ តែខានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែល​បម្រុង​ត្រាស់​ដឹង​ធម៌ គង់មាន បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗ​ហើយ ភិក្ខុទាំងឡាយ នឹងចូលមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ យ៉ាង​ណា យើងខ្ញុំក៏នឹងធ្វើយ៉ាងនោះ។ ម្នាលភិក្ខុទាំងឡាយ មហាព្រហ្មនោះ បានពោលនូវពាក្យ​នេះ លុះពោលពាក្យនេះរួចហើយ ក៏ថ្វាយបង្គំ​លាព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[៥២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ចេញអំពីទីសម្រាក នៅវេលាសាយណ្ហសម័យ ហើយត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតចូលទៅនៅក្នុងរហោស្ថាន ជាទីសម្រាក​ មានសេចក្តីត្រិះរិះ​​ក្នុងចិត្ត​កើតឡើងយ៉ាងនេះថា ឥឡូវនេះ ភិក្ខុសង្ឃ ដែលនៅអាស្រ័យ​ក្នុង​ពន្ធុមតីរាជធានីច្រើនណាស់ ចំនួន៦លាន៨សែនរូប បើដូច្នោះ គួរតែ​តថាគត​អនុញ្ញាត​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរទៅកាន់ចារិក ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយ ក្នុង​លោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេសតិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិន​បាន​ស្តាប់​ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន មួយទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវចូលមក​កាន់​ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មាន​មហាព្រហ្ម​១​អង្គ ដឹងនូវសេចក្តីត្រិះរិះ​ ក្នុងចិត្តនៃតថាគត ដោយចិត្តរបស់ខ្លួនហើយ ក៏បាត់អំពី​ព្រហ្ម​លោក មកប្រាកដក្នុងទីចំពោះមុខតថាគត ប្រៀបដូចបុរសអ្នកមានកម្លាំង លាចេញ​នូវ​កំភួន​ដៃ ដែលបត់ចូល ឬបត់​ចូល​នូវកំភួនដៃ ដែលលាចេញ ម្នាលភិក្ខុទាំងឡាយ ក្នុង​វេលានោះ មហាព្រហ្មនោះ ធ្វើ​សំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ថ្វាយ​បង្គំ​ចំពោះតថាគត ហើយពោលពាក្យនេះនឹងតថាគតថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះ បពិត្រព្រះសុគត ដំណើរនុ៎ះ​យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុសង្ឃដែលនៅអាស្រ័យ​ក្នុងពន្ធុមតីរាជធានីច្រើន​ណាស់ ចំនួន​៦លាន​៨សែន​រូប បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វ​លោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍​ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំទៅ​ពីរ​រូប​តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមាន​លំអ​បទ​ដើម បទកណ្តាល និងបទចុង ចូរប្រកាស​ព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយអត្ថ និង​ព្យញ្ជនៈ​ដ៏ពេញ បរិបូណ៌ទាំងអស់ សត្វ​ទាំងឡាយក្នុងលោកនេះ ដែលមានធូលី គឺរាគាទិក្កិលេស​តិចក្នុងចក្ខុក៏មាន សត្វ​ទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាកមគ្គផល) ពួកសត្វដែល​បម្រុង​ត្រាស់​ដឹង​ធម៌ គង់មាន បពិត្រព្រះអង្គដ៏ចំរើន មួយ​ទៀត កាលបើ​វេលា​កន្លងទៅបាន​៦ឆ្នាំៗ​ហើយ ភិក្ខុទាំងឡាយ នឹងចូលមកកាន់​ពន្ធុមតី​រាជធានី ដើម្បី​សំដែង​បាតិមោក្ខយ៉ាង​ណា យើងខ្ញុំក៏នឹងធ្វើយ៉ាងនោះ ម្នាលភិក្ខុ​ទាំង​ឡាយ មហាព្រហ្មនោះ បានពោលពាក្យ​នេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំ​លា​តថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។ ព្រះវិបស្សីទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយទៅកាន់ចារិក ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ អ្នកទាំងឡាយ ចូរ​កុំ​ទៅ​​ពីររូប តាមផ្លូវ១ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំដែងធម៌ ឲ្យមានលំអ​បទដើម បទកណ្តាល និងបទចុង ចូរប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ប្រកបដោយ​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ទាំងអស់ ពួកសត្វក្នុងលោកនេះ ដែលមានធូលី គឺ​រាគាទិក្កិលេស​តិច ក្នុងចក្ខុក៏មាន សត្វទាំងនោះ តែមិនបានស្តាប់ធម៌ នឹងសាបសូន្យ (ចាក​មគ្គ​ផល) ពួកសត្វដែលបម្រុងត្រាស់ដឹងធម៌ គង់មាន ម្នាលភិក្ខុទាំងឡាយ តែថា កាលបើ​​កន្លងទៅបាន​៦ឆ្នាំៗហើយ អ្នកទាំងឡាយ ត្រូវមកកាន់ពន្ធុមតីរាជធានី ដើម្បី​សំដែង​បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ពួកភិក្ខុច្រើន តែចេញទៅកាន់ចារិក ក្នុង​ជនបទ​តែមួយថ្ងៃប៉ុណ្ណោះ។

[៥៣] សម័យនោះឯង ក្នុងជម្ពូទ្វីបមានអាវាសច្រើន ចំនួន​៨ហ្មឺន៤ពាន់។ ដល់​កន្លង​​ទៅបាន១ឆ្នាំ ពួកទេវតាក៏បន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន១ឆ្នាំហើយ ឥឡូវ​នៅសល់តែ៥ឆ្នាំទៀតទេ លុះអំណើះទៅ៥ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅ​បាន២ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន​២ឆ្នាំហើយ ឥឡូវ​នៅសល់តែ៤ឆ្នាំទៀតទេ លុះអំណើះទៅ៤ឆ្នាំទៀត លោកទាំងឡាយ ត្រូវ​ចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកាល​កន្លង​ទៅបាន៣ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៣ឆ្នាំ​ហើយ ឥឡូវ​នៅសល់តែ៣ឆ្នាំទៀតទេ លុះអំណើះទៅ៣ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៤ឆ្នាំ ពួកទេវតាបន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៤ឆ្នាំហើយ ឥឡូវ​នៅសល់តែ២ឆ្នាំទៀតទេ លុះអំណើះទៅ២ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូល​ទៅកាន់​ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៥ឆ្នាំ ពួកទេវតា​បន្លឺ​សូរ​ស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៥ឆ្នាំហើយ ឥឡូវ​នៅសល់​តែ១ឆ្នាំទៀតទេ លុះអំណើះទៅ១ឆ្នាំទៀត លោកទាំងឡាយ ត្រូវចូល​ទៅកាន់​ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ។ លុះកន្លង​ទៅបាន៦ឆ្នាំ ពួកទេវតា​បន្លឺសូរស័ព្ទថា បពិត្រលោកអ្នកនិទ៌ុក្ខទាំងឡាយ កាល​កន្លង​ទៅបាន៦ឆ្នាំហើយ ឥឡូវ​ដល់វេលា​ត្រូវលោកទាំងឡាយ ចូលទៅកាន់ពន្ធុមតីរាជធានី ដើម្បីសំដែងបាតិមោក្ខ​ហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ភិក្ខុទាំងនោះ មានពួកភិក្ខុខ្លះ ចូលទៅកាន់​ពន្ធុមតីរាជធានី ដោយអានុភាពនៃឫទ្ធិរបស់ខ្លួន ពួកខ្លះចូលទៅកាន់ពន្ធុមតីរាជធានី ដោយ​អានុភាពនៃឫទ្ធិទេវតាទាំងឡាយ តែមួយថ្ងៃ ដើម្បីនឹងសំដែងបាតិមោក្ខ។

[៥៤] ម្នាលភិក្ខុទាំងឡាយ​ មានសេចក្តីដំណាលថា ក្នុងសម័យនោះ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សំដែងបាតិមោក្ខក្នុងជំនុំសង្ឃ​យ៉ាងនេះថា

អធិវាសនខន្តី ពោលគឺសេចក្តីអត់ធន់ ជាតបធម៌ ដ៏ឧត្តមព្រះពុទ្ធទាំងឡាយ តែង​ត្រាស់ថា ព្រះនិព្វាន ជាធម៌ដ៏ឧត្តម បព្វជិតអ្នកសម្លាប់សត្វដទៃ បៀតបៀនសត្វ​ដទៃ មិនឈ្មោះថា សមណៈឡើយ។

ការមិនធ្វើអំពើបាបទាំងពួង ការបំពេញកុសល ការញុំាងចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំង​៣នេះ ជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

ការមិនពោលតិះដៀល ការមិនបៀតបៀន ការសង្រួមក្នុងបាតិមោក្ខ ភាវៈជាអ្នក​ដឹងប្រមាណក្នុងភត្ត ទីដេកទីអង្គុយដ៏ស្ងាត់ ការបំពេញព្យាយាម ក្នុងអធិចិត្ត​ទាំង​៦ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

[៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យមួយ តថាគតនៅទៀបដើមសាលរាជ [ឈើដែលជាធំជាងគេក្នុងព្រៃ] ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រិះរិះយ៉ាងនេះ កើតឡើងក្នុងចិត្តរបស់តថាគត ដែលនៅ​ក្នុងទីស្ងាត់ ជាទី​សម្រាកនោះថា ជាន់សុទ្ធាវាសណា ដែលតថាគត មិនធ្លាប់នៅអាស្រ័យ ជាន់សុទ្ធាវាស​នោះ បុគ្គលមិនងាយនឹងបាន លើកលែងតែពួកទេវតា ដែលនៅក្នុងជាន់សុទ្ធាវាស ជា​យូរ​អង្វែងមកហើយនេះចេញ បើដូច្នោះ គួរតែតថាគត ទៅរកពួកទេវតា ដែលនៅ​ក្នុងជាន់​សុទ្ធាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគតចៀសចេញអំពីដើមសាលរាជ ក្នុងសុភវ័ន ជិតក្រុងឧក្កដ្ឋា ទៅប្រាកដ​ក្នុងទេវលោក​ឈ្មោះអវិហា ប្រៀបដូចបុរស​មានកម្លាំង លាចេញនូវកំភួនដៃ ដែលបត់ចូល ឬបត់​ចូលនូវ​កំភួនដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ពពួកទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូល​មក​គាល់​តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹង​តថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីកប្បនេះ (ថយក្រោយទៅ) ៩១កប្ប ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើងក្នុងលោក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាកោណ្ឌញ្ញគោត្រ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​ព្រះជន្ម​៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ត្រាស់​ក្រោម​ដើមបាដលិព្រឹក្ស (ដើមច្រនៀង) បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានគូនៃសាវ័កដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​សាវកសន្និបាត៣ដង គឺសាវកសន្និបាតម្តង មានភិក្ខុ៦លាន៨សែនរូប សាវកសន្និបាតម្តងមានភិក្ខុ១សែនរូប សាវកសន្និបាតម្តងមានភិក្ខុ៨ហ្មឺនរូប បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គ​មានសាវក​សន្និបាតទាំង៣ដងនេះ សុទ្ធតែជាព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មានភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នក​បម្រើ​ដ៏ប្រសើរ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះបិតារបស់ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតាព្រះនាម ពន្ធុមតីទេវី ជា​ព្រះមាតាបង្កើត ព្រះនគរនៃ​ព្រះបាទពន្ធុមៈ ឈ្មោះពន្ធុមតី ជារាជធានី បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ចេញទៅទ្រង់​ព្រះផ្នួស​យ៉ាងនេះ បព្វជ្ជាយ៉ាងនេះ ការព្យាយាម​យ៉ាងនេះ ការបានត្រាស់យ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈយ៉ាងនេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុងកាមទាំងឡាយ ទើបបានមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ មានទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រាប់អំពីកប្បនេះឡើងទៅ ៣១កប្ប ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកខ្ញុំព្រះអង្គទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុង៣១កប្បនោះឯង ព្រះវេស្សភូ​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខយើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងភទ្ទកប្បនេះ ព្រះកកុសន្ធៈ។ ព្រះកោនាគមនៈ។ ព្រះកស្សបមានព្រះភាគ។បេ។ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ពួកខ្ញុំព្រះអង្គទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះកកុសន្ធៈ។ ក្នុងសំណាក់នៃព្រះកោនាគមនៈ។ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះកស្សបមានព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុង​កាម​ទាំង​ឡាយ ទើបបានមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ មាន​ទេវតា​ច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុង​ទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ឥឡូវនេះ ក្នុងភទ្ទកប្បនេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើតឡើង​ហើយក្នុងលោក បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាខត្តិយជាតិ ទ្រង់ព្រះសម្ភព ក្នុងខត្តិយ​ត្រកូល បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាគោតមគោត្រ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានព្រះជន្មាយុតិចតួចស្តួចស្តើងណាស់ បុគ្គល (ក្នុងសម័យ​នេះ) ដែលរស់នៅយ៉ាងយូរ បានត្រឹម១០០ឆ្នាំ និងតិចជាង​១០០ឆ្នាំ ឬលើសពី១០០ឆ្នាំ ក៏មានខ្លះ​ដែរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ត្រាស់ក្រោមដើមអស្សត្ថព្រឹក្ស [ដើមពោធិបាយ] បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានគូនៃសាវ័ក ជាគូដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះព្រះសារីបុត្ត១ ព្រះមោគ្គល្លាន១ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ព្រះអង្គមានសាវកសន្និបាតតែម្តង មានភិក្ខុ១ពាន់២រយ៥០អង្គ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តងនេះ សុទ្ធតែជា​ព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគមានភិក្ខុឈ្មោះ​អានន្ទ ជាអ្នកបម្រើ ជាអ្នកបម្រើដ៏ប្រសើរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះបិតារបស់​ព្រះមាន​ព្រះភាគ ជាព្រះរាជា ព្រះនាម សុទ្ធោទនៈ ព្រះមាតាព្រះនាម​ មាយាទេវី ជាព្រះមាតាបង្កើត មានព្រះនគរកបិលវត្ថុ ជាព្រះរាជធានី បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគមានអភិនិស្ក្រមយ៉ាងនេះ មានបព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មានការត្រាស់ដឹងយ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈ​យ៉ាងនេះ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ហើយនឿយណាយ ចាកសេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ ទើបមកកើតក្នុង​ទីនេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគតចូលទៅរកពួកទេវតា ក្នុងជាន់​អតប្បា ព្រមទាំងពួកទេវតាក្នុងជាន់អវិហា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់សុទស្សា ព្រមទាំងទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់សុទស្សី ព្រមទាំងពួកទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា និងពួក​ទេវតាក្នុងជាន់សុទស្សា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ តថាគត ចូលទៅរក​ពួកទេវតា ក្នុងជាន់អកនិដ្ឋា ព្រមទាំងទេវតាក្នុងជាន់អវិហា និងពួកទេវតា​ក្នុង​ជាន់អតប្បា និងពួក​ទេវតាក្នុងជាន់សុទស្សា និងពួកទេវតាក្នុងជាន់សុទស្សី។ ម្នាលភិក្ខុទាំងឡាយ ពួក​ទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូល​មក​ដល់​ហើយ ក៏ថ្វាយបង្គំ​តថាគត រួចឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតា​ទាំង​នោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹង​តថាគតថា បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ រាប់អំពីភទ្ទកប្បនេះឡើងទៅ ៩១កប្បនោះ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ ទ្រង់កើតហើយក្នុងលោក។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជាខត្តិយជាតិ ទ្រង់ព្រះសម្ភពក្នុងខត្តិយត្រកូល បពិត្រ​ព្រះអង្គ​​អ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាកោណ្ឌញ្ញគោត្រ បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមាន​ព្រះជន្មាយុ​៨ហ្មឺនឆ្នាំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ត្រាស់​ដឹង​ក្រោម​ដើមបាដលិព្រឹក្ស បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្ត​សម្មា​សម្ពុទ្ធ មានគូនៃសាវ័ក ជាគូដ៏ប្រសើរ ជាគូដ៏ចំរើន ឈ្មោះខណ្ឌៈ១ តិស្សៈ១ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​សាវក​សន្និបាត​៣​ដង គឺសាវកសន្និបាតម្តង មានភិក្ខុ៦លាន៨សែនរូប សាវកសន្និបាតម្តង​មាន​ភិក្ខុ​១សែន​រូប សាវកសន្និបាតម្តងមានភិក្ខុ៨ហ្មឺនរូប បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សី​មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ​មានសាវក​សន្និបាតទាំង៣ដងនេះ សុទ្ធតែជា​ព្រះខីណា​ស្រព​ទាំងអស់ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​ភិក្ខុ​ឈ្មោះអសោកៈ ជាឧបដ្ឋាក អ្នក​បម្រើ​ដ៏ប្រសើរ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះបិតា​របស់​ព្រះវិបស្សី​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ជាព្រះរាជា ទ្រង់ព្រះនាមពន្ធុមៈ ព្រះមាតា​ព្រះ​នាម ពន្ធុមតីទេវី ជា​ព្រះមាតាបង្កើត ព្រះនគរនៃ​ព្រះបាទពន្ធុមៈ ឈ្មោះពន្ធុមតី​រាជ​ធានី បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះវិបស្សីមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាន​អភិនិស្ក្រមយ៉ាងនេះ បព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មានការត្រាស់ដឹងយ៉ាង​នេះ មានព្រះធម្មចក្កប្បវត្តនៈយ៉ាងនេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ ​បាន​ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះវិបស្សីមានព្រះភាគ នឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុងកាមទាំងឡាយ ទើបមកកើតក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​ពួក​ទេវតាទាំងនោះ មានពួកទេវតាច្រើនរយ ច្រើនពាន់ ចូលមកគាល់តថាគត លុះចូល​មក​ដល់ហើយ ក៏ថ្វាយបង្គំតថាគត រួច​ឈរក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះ​ពួក​ទេវតា​ទាំងនោះ ឈរក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា បពិត្រ​ព្រះអង្គ​អ្នកនិទ៌ុក្ខ រាប់ពីភទ្ទកប្បនេះឡើងទៅ ៣១កប្បនោះ ព្រះសិខីមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​​ព្រះសិខី​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុង៣១កប្បនោះឯង ព្រះវេស្សភូ​មានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះវេស្សភូមានព្រះភាគ។បេ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ក្នុងភទ្ទកប្បនេះឯង ព្រះកកុសន្ធៈ។ ព្រះកោនាគមនៈ។ ព្រះកស្សបមានព្រះភាគ។បេ។ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំទាំងនោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះកកុសន្ធៈ។ ក្នុងសំណាក់ព្រះកោនាគមនៈ។ បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះកស្សប​មាន​ព្រះភាគ ហើយនឿយណាយចាក​សេចក្តី​ពេញចិត្តនឹងកាម​ ក្នុង​កាម​ទាំង​ឡាយ ទើប​មក​កើត​ក្នុងទីនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពួកទេវតាទាំងនោះ ពួក​ទេវតា​ច្រើនរយ ច្រើន​ពាន់ ចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឈរ​ក្នុង​ទី​ដ៏​សម​គួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឈរក្នុង​ទីដ៏សមគួរហើយ បាន​ពោល​ពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ឥឡូវនេះឯង ក្នុងភទ្ទកប្បនេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់កើត​ក្នុងលោក បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាខត្តិយជាតិ ទ្រង់ព្រះសម្ភព ក្នុងខត្តិយ​ត្រកូល បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ ជាគោតមគោត្រ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានព្រះជន្មាយុតិចតួចស្តួចស្តើងណាស់ បុគ្គលដែលរស់នៅយ៉ាងយូរ បានត្រឹម១០០ឆ្នាំ និងថយចុះពី​១០០ឆ្នាំ ឬលើសពី១០០ឆ្នាំ ក៏មានខ្លះ​ដែរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមាន​ព្រះ​ភាគ ត្រាស់ក្រោមដើមអស្សត្ថព្រឹក្ស បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានគូ​នៃ​សាវ័ក ជាគូដ៏​ប្រសើរ ជាគូដ៏ចំរើន ឈ្មោះព្រះសារីបុត្ត១ ព្រះមោគ្គល្លាន១ បពិត្រ​ព្រះអង្គ​​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តង មានភិក្ខុ​១ពាន់២រយ៥០​អង្គ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានសាវកសន្និបាតតែម្តងប៉ុណ្ណេះ សុទ្ធតែ​ជា​​ព្រះខីណាស្រពទាំងអស់ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ មានភិក្ខុឈ្មោះ​អានន្ទ ជាឧបដ្ឋាក ជាអ្នកបម្រើដ៏ប្រសើរ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះបិតា​របស់​ព្រះមាន​ព្រះភាគ ជាព្រះរាជា ព្រះនាមសុទ្ធោទនៈ ព្រះមាតាព្រះនាម មាយាទេវី ជាព្រះមាតា​បង្កើត មាននគរកបិលវត្ថុ ជាព្រះរាជធានី បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះមានព្រះភាគ​ ព្រះអង្គ​មាន​អភិនិស្ក្រមយ៉ាងនេះ មានបព្វជ្ជាយ៉ាងនេះ មានព្យាយាម​យ៉ាងនេះ មាន​ការ​ត្រាស់​ដឹងយ៉ាងនេះ មានព្រះធម្មចក្កប្បវត្តនៈ​យ៉ាងនេះ បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ យើងខ្ញុំ​ទាំង​នោះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគ នឿយណាយ ចាក​សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ ទើបមកកើតក្នុង​ទីនេះ។

[៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មធាតុនុ៎ះ តថាគតដឹងដោយប្រការ​ដូច្នេះ ព្រោះតែតថាគតដឹងច្បាស់នូវធម្មធាតុ បានជាព្រះអតីតពុទ្ធទាំងឡាយ ទ្រង់​ផ្តាច់ផ្តិល​នូវកិលេស​ ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិល​នូវ​កម្ម​ ជាគ្រឿង​ញុំាងសត្វ​ឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿង​ញុំាងសត្វឲ្យវិលវល់ ទ្រង់​កន្លងបង់​នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគតរលឹកឃើញព្រះជាតិផង រលឹក​ឃើញ​ព្រះនាមផង រលឹកឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុ​ផង រលឹកឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគ​ទាំង​នោះ មានព្រះជាតិយ៉ាងនេះ មានព្រះនាមយ៉ាងនេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីល​យ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគ​ទាំងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះផង។ ទាំងពួក​ទេវតា ក៏បាន​ប្រាប់សេចក្តីនេះ​ ចំពោះតថាគត ព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់​ផ្តិល​នូវកិលេស​ ជាគ្រឿងញុំាងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿង​ញុំាងសត្វ​ឲ្យ​វិល​វល់ ទ្រង់គ្របសង្កត់នូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់​កន្លងបង់​នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ តថាគត ក៏​រលឹក​ឃើញ​ព្រះជាតិ​ផង រលឹក​ឃើញ​ព្រះនាមផង រលឹកឃើញ​ព្រះគោត្រផង រលឹកឃើញប្រមាណ នៃព្រះជន្មាយុ​ផង រលឹកឃើញ​គូនៃសាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគ​ទាំងឡាយ​នោះ ព្រះអង្គមានព្រះជាតិយ៉ាងនេះ មាន​ព្រះនាម​យ៉ាង​នេះ។ មានព្រះគោត្រយ៉ាងនេះ។ មានសីល​យ៉ាងនេះ។ មានធម៌យ៉ាងនេះ។ មានប្រាជ្ញាយ៉ាងនេះ។ មានវិហារធម៌​យ៉ាងនេះ។ ព្រះមានព្រះភាគ​ទាំងនោះ មាន​វិមុត្តិ​យ៉ាង​នេះដូច្នេះផង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះ (ចប់)ហើយ ភិក្ខុ​ទាំងនោះ មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាបទានសូត្រទី១។

មហានិទានសូត្រ ទី២

[៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ប្រថាប់​នៅក្នុងកម្មាសទ្ធម្មនិគម របស់អ្នកកុរុ ក្នុងកុរុជនបទ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយ​ក្នុងទីដ៏​សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបដិច្ចសមុប្បាទនេះ ជ្រៅហួសប្រមាណផង ប្រាកដជាជ្រៅផង ទោះបីមានជម្រៅ​ប៉ុណ្ណោះ ក៏គត់តែប្រាកដដល់ខ្ញុំព្រះអង្គ ថាហាក់ដូចជារាក់ក្រៃពេក។ ព្រះអង្គត្រាស់ថា ម្នាល​អានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ បដិច្ចសមុប្បាទនេះជ្រៅផង ប្រាកដជាជ្រៅផង។ ម្នាលអានន្ទ ព្រោះមិនបានត្រាស់ដឹង​ ព្រោះ​មិនបានចាក់ធ្លុះនូវធម៌នុ៎ះឯង ទើបពួកសត្វនេះ កើតទៅជាស្មុគស្មាញ ដូចជាតំបាញ (ដែលកណ្តុរកាត់) ដូចជាអម្បោះត្រូវទឹកបាយរបស់​ជាងតំបាញ ឬដូចជា​សំបុកសត្វស្លាប ដូចជាស្មៅយាប្លង និងស្មៅដំណេកទន្សាយ ដែលជំពាក់គ្នាយ៉ាងនេះ ទើប​មិនកន្លង​នូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបាន។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជរានិងមរណៈ កើតមានព្រោះធម៌នេះ មានដែរឬ គប្បីឆ្លើយតបថា មាន។ បើគេសួរទៀត​ថា ជរានិងមរណៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជរានិង​មរណៈ កើតមានព្រោះជាតិជាបច្ច័យ។ ម្នាលអានន្ទ កាលបើមានគេ​សួរ​ថា ជាតិ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ជាតិ កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ភព កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ភព កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ឧបាទាន កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ឧបាទាន កើតមាន ព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា តណ្ហា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា តណ្ហា កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់​គេថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វេទនា កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វេទនា កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា វេទនាកើតមាន ព្រោះផស្សៈ​ជា​បច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា ផស្សៈ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មាន​ដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា ផស្សៈ កើតមានព្រោះអ្វីជាបច្ច័យ គប្បី​ប្រាប់គេថា ផស្សៈកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា នាមរូប កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា នាមរូប កើតមានព្រោះអ្វីជាបច្ច័យ គប្បីប្រាប់គេថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។ ម្នាលអានន្ទ បើមានគេ​សួរ​ថា វិញ្ញាណ កើតមាន ព្រោះធម៌នេះ ជាបច្ច័យ មានដែរឬ គប្បីប្រាប់គេថា មាន។ បើគេសួរទៀត​ថា វិញ្ញាណ កើតមានព្រោះអ្វី​ជា​បច្ច័យ គប្បីប្រាប់គេថា វិញ្ញាណកើតមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលអានន្ទ វិញ្ញាណកើតមានព្រោះនាមរូបជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ផស្សៈកើតមាន​ព្រោះនាមរូបជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ​កើតមាន ព្រោះជាតិ​ជាបច្ច័យ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត ក៏កើតមានព្រម ដោយប្រការដូច្នេះឯង។ កងទុក្ខទាំងអស់នេះ រមែង​កើតឡើងយ៉ាងនេះ។

[៥៨] ពាក្យថា ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះ ពិតជាតថាគត​សំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​ត្រូវដឹងតាមទំនងដែលជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើជាតិមិនមានដល់សត្វណាមួយក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈទាំងពួង [សេចក្តីនេះ ត្រូវចូលចិត្តថា សត្វទាំងអស់ក្នុងភពទាំងអស់ កាលបើ​មានជាតិហើយ ជរា មរណៈក៏មានដែរ។]ហើយ គឺថា ជាតិមិនមាន ដល់ពួក​ទេវតា ដើម្បីភាវៈជាទេវតាក្តី ដល់ពួកគន្ធព្វ ដើម្បីភាវៈជាគន្ធព្វក្តី ដល់ពួកយក្ស ដើម្បី​ភាវៈ​ជាយក្សក្តី ដល់ពួកភូត ដើម្បីភាវៈជាភូតក្តី ដល់ពួកមនុស្ស ដើម្បីភាវៈជាមនុស្សក្តី ដល់ពួកសត្វជើងបួន ដើម្បីភាវៈជាសត្វជើងបួនក្តី ដល់ពួកសត្វស្លាប ដើម្បីភាវៈជាសត្វ​ស្លាបក្តី ដល់ពួកសត្វលូនវារ ដើម្បីភាវៈជាសត្វលូនវារក្តី។ ម្នាលអានន្ទ ជាតិមិនមានដល់​សត្វ​នោះៗ ដោយប្រការដូច្នេះឯង។ កាលបើជាតិមិនមាន ដោយប្រការទាំងពួង ព្រោះ​ជាតិ​រលត់​ហើយ បើដូច្នេះ តើជរា មរណៈ គប្បីមានប្រាកដដែរឬ។ ព្រះអានន្ទក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះ​ហេតុ​ដូច្នោះឯង ជាតិនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ នៃជរា មរណៈ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលជាតិ​កើតមាន ព្រោះភពជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើភពមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមភព១ រូបភព១ អរូបភព១។ កាលបើភពមិនមានដោយប្រការទាំងពួង ព្រោះ​ភព​រលត់ហើយ បើដូច្នេះ តើជាតិគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ភពនេះទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃជាតិ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលភព​កើតមាន ព្រោះឧបាទានជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើឧបាទានមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺកាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ កាលបើឧបាទានមិនមានដោយប្រការទាំងពួង ព្រោះ​ឧបាទាន​រលត់ហើយ បើដូច្នេះ តើភពគប្បី​មានប្រាកដដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ឧបាទាននេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃភព។ ពាក្យថា ឧបាទានកើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះ​ហេតុ​នោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើតណ្ហាមិនមានហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺរូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។ កាលបើតណ្ហា​មិន​មាន​ដោយប្រការទាំងពួង ព្រោះតណ្ហា​រលត់ហើយ បើដូច្នេះ តើឧបាទានគប្បី​មាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឧបាទាន។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យនេះ ប្រាកដជាតថាគតសំដែងហើយ ដោយប្រ​ការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតត្រូវដឹងតាមទំនង ដែលតណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវេទនា​មិន​មាន​ហើយ ដល់​សត្វណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង គឺវេទនាកើតអំពីចក្ខុសម្ផ័ស្ស១ វេទនាកើតអំពីសោតសម្ផ័ស្ស១ វេទនាកើតអំពី​ឃានសម្ផ័ស្ស១ វេទនាកើតអំពីជិវ្ហា​សម្ផ័ស្ស១ វេទនាកើតអំពីកាយសម្ផ័ស្ស១ វេទនា​កើតអំពី​មនោសម្ផ័ស្ស១។  កាលបើវេទនាមិនមានដោយប្រការទាំងពួង ព្រោះ​វេទនា​រលត់ហើយ បើដូច្នេះ តើតណ្ហាគប្បី​មានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង វេទនានេះ ទើបជាហេតុ ជា​និទាន ជាសមុទ័យ ជាបច្ច័យនៃតណ្ហា។

[៥៩] ម្នាលអានន្ទ តណ្ហាកើតមាន ព្រោះអាស្រ័យ​វេទនា ការស្វែងរកកើតមាន ព្រោះ​អាស្រ័យ​តណ្ហា លាភកើតមាន ព្រោះអាស្រ័យការស្វែងរក វិនិច្ឆ័យ គឺសេចក្តី​ត្រិះរិះ​កើតមាន ព្រោះអាស្រ័យលាភ ឆន្ទរាគ គឺសេចក្តីប្រាថ្នានឹងតម្រេកកើតមាន ព្រោះអាស្រ័យវិនិច្ឆ័យ សេចក្តីចូលចិត្តមាំ​កើតមាន ព្រោះអាស្រ័យឆន្ទរាគ សេចក្តីហួង​ហែង​កើតមាន ព្រោះអាស្រ័យសេចក្តីប្រកាន់មាំ សេចក្តីកំណាញ់​កើតមាន ព្រោះអាស្រ័យសេចក្តីហួងហែង ការរក្សាមាំកើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​កើតមាន ព្រោះអាស្រ័យការ​រក្សាមាំ គឺថា មានការរក្សាមាំ ជាហេតុ ពាក្យនេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក រមែង​កើតមាន ព្រោះ​​ការ​រក្សាមាំ ជាហេតុនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការរក្សាមាំមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើមានការ​រក្សាមាំ មិនមានដោយប្រការ​ទាំងពួង ព្រោះការរក្សាមាំរលត់ហើយ បើ​ដូច្នោះ តើអកុសលធម៌ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក​ គប្បីកើតមានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ ការរក្សាមាំនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃកិរិយាកើតមាននៃ​អកុសលធម៌ ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ការឈ្លោះ​ទាស់ទែង​វិវាទ ពាក្យថា ឯងមឹង ពាក្យញុះញង់ ពាក្យកុហក។ ពាក្យថា ការរក្សាមាំ កើតមាន ព្រោះអាស្រ័យសេចក្តីកំណាញ់ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការរក្សាមាំ កើតមានព្រោះអាស្រ័យ​សេចក្តីកំណាញ់នេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីកំណាញ់មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការ​ទាំង​ពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីកំណាញ់ មិនមានដោយប្រការ​ទាំងពួង ព្រោះសេចក្តីកំណាញ់រលត់ហើយ បើ​ដូច្នោះ តើការរក្សាមាំ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីកំណាញ់នេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការរក្សាមាំ។ ពាក្យថា សេចក្តីកំណាញ់ កើតមាន ព្រោះអាស្រ័យការហួងហែង នេះប្រាកដ​ជា​តថាគត​សំដែង​ហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត គួរ​ដឹង​តាម​ទំនង​ ដែលសេចក្តីកំណាញ់ កើតមានព្រោះអាស្រ័យការហួងហែងនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការហួងហែងមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួងទេ។ កាលបើការហួងហែង មិនមានដោយប្រការ​ទាំងពួង ព្រោះការហួងហែងរលត់ហើយ បើ​ដូច្នោះ តើសេចក្តី​កំណាញ់​ គប្បីកើតមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង ការហួងហែងនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តីកំណាញ់។ ពាក្យថា សេចក្តីហួងហែង កើតមាន ព្រោះអាស្រ័យ​សេចក្តី​ប្រកាន់មាំនេះ ប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែល​ការហួងហែង កើតមានព្រោះ​អាស្រ័យ​​សេចក្តីប្រកាន់មាំនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើសេចក្តីប្រកាន់មាំ​មិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើសេចក្តីប្រកាន់មាំ មិនមានដោយ​ប្រការ​​ទាំងពួង ព្រោះសេចក្តីប្រកាន់​មាំ​រលត់ហើយ បើ​ដូច្នោះ តើការហួងហែង​ គប្បីមានប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង សេចក្តីប្រកាន់មាំនេះ ទើបជា​ហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការហួងហែង។ ពាក្យថា សេចក្តីប្រកាន់មាំ កើតមាន ព្រោះអាស្រ័យឆន្ទរាគ នេះប្រាកដជាតថាគតសំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលសេចក្តី​ប្រកាន់​មាំ កើតមានព្រោះអាស្រ័យ​ឆន្ទរាគនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើ​ឆន្ទរាគមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយ​សភាវៈ​ទាំងពួង។ កាលបើឆន្ទរាគ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះឆន្ទរាគរលត់​ហើយ បើ​ដូច្នោះ តើសេចក្តីប្រកាន់មាំ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ឆន្ទរាគនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃសេចក្តី​ប្រកាន់មាំ។ ពាក្យថា ឆន្ទរាគៈ កើតមាន ព្រោះអាស្រ័យការវិនិច្ឆ័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតត្រូវដឹងតាមទំនង​ ដែលឆន្ទរាគ កើតមានព្រោះអាស្រ័យ​ការវិនិច្ឆ័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការវិនិច្ឆ័យ​មិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការវិនិច្ឆ័យ​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការវិនិច្ឆ័យរលត់​ហើយ បើ​ដូច្នោះ តើឆន្ទរាគ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការវិនិច្ឆ័យនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃឆន្ទរាគៈ។ ពាក្យថា ការវិនិច្ឆ័យ កើតមាន ព្រោះអាស្រ័យលាភ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការវិនិច្ឆ័យ​ កើតមានព្រោះលាភនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើលាភមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើលាភ មិនមាន​ដោយ​​ប្រការ​​ទាំង​ពួង ព្រោះលាភរលត់ហើយ បើ​ដូច្នោះ តើការ​វិនិច្ឆ័យ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង លាភនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃការ​វិនិច្ឆ័យ។ ពាក្យថា លាភ កើតមាន ព្រោះអាស្រ័យការស្វែងរក នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរ​ដឹង​តាម​ទំនង​ ដែលលាភ កើតមាន​ព្រោះ​អាស្រ័យ​ការស្វែងរកនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើការស្វែងរកមិនមាន​ហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង។ កាលបើការស្វែងរក មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះការស្វែងរករលត់ហើយ បើ​ដូច្នោះ តើលាភ​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ការស្វែងរកនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃលាភ។ ពាក្យថា ការស្វែងរក កើតមាន ព្រោះអាស្រ័យតណ្ហា នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលការស្វែងរក កើតមានព្រោះអាស្រ័យ​តណ្ហានេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា​ បើតណ្ហាមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង តណ្ហានោះ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ កាលបើតណ្ហា​ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះតណ្ហារលត់ហើយ បើ​ដូច្នោះ តើការ​ស្វែងរក​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាល​អានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង តណ្ហានេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យ​នៃការស្វែងរក។

[៦០] ម្នាលអានន្ទ ធម៌២យ៉ាង (វដ្តមូលតណ្ហា១ សមុទាចារតណ្ហា១)នេះ ទុក​ជាមាន​ចំណែក២ដូច្នោះ មានទីប្រជុំដោយបច្ច័យតែ១ ដោយវេទនាជាបច្ច័យ ដោយប្រ​ការដូច្នេះឯង។ ពាក្យថា វេទនាកើតមានព្រោះផស្សៈជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិត​គួរ​ដឹង​តាម​ទំនង​ ដែលវេទនា កើតមានព្រោះផស្សៈជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តី​ពិតថា​ បើផស្សៈមិនមានហើយ ដល់សត្វ​ណាមួយ ក្នុងភពណាៗ ដោយអាការទាំងពួង ដោយសភាវៈ​ទាំងពួង ផស្សៈនោះ គឺចក្ខុសម្ផ័ស្ស១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១។ កាលបើផស្សៈ មិនមាន​ដោយ​​ប្រការ​​ទាំងពួង ព្រោះផស្សៈរលត់ហើយ បើ​ដូច្នេះ តើវេទនា​ គប្បីមាន​ប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុ​ដូច្នោះ​ឯង ផស្សៈនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវេទនា។ ពាក្យថា ផស្សៈ កើតមាន ព្រោះនាមរូបជាបច្ច័យ នេះប្រាកដ​ជា​តថាគត​សំដែងហើយ ដោយ​ប្រការ​ដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះ បណ្ឌិតគួរដឹងតាមទំនង​ ដែលផស្សៈ កើត​មាន​ព្រោះនាមរូបជាបច្ច័យនេះចុះ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមកាយ [បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។] កើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស គឺមនោសម្ផ័ស្ស គប្បីមានប្រាកដក្នុង​រូបកាយ [បានដល់រូបក្ខន្ធ] ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាល​អានន្ទ បញ្ញត្តិនៃរូបកាយ តែងកើតឡើងដោយអាការណា ដោយលិង្គណា ដោយនិមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិន​មាន​ហើយ បើដូច្នេះ តើបដិឃសម្ផ័ស្ស គឺ សម្ផ័ស្សដែលកើតឡើង ព្រោះ​ធ្វើរូបក្ខន្ធ ដែលប្រកប​ដោយ​​សេចក្តីថ្នាំងថ្នាក់ ឲ្យជាទីនៅក្នុងនាមកាយ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃ​នាមកាយ និងរូបកាយ តែងមាន​ដោយ​អាការណា ដោយលិង្គណា ដោយនិមិត្តណា ដោយឧទ្ទេស​ណា កាលបើអាការ​នោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមានហើយ បើដូច្នេះ តើអធិវចនសម្ផ័ស្ស ឬបដិឃសម្ផ័ស្ស គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ បញ្ញត្តិនៃនាមរូប តែងមានដោយអាការណា ដោយលិង្គណា ដោយ​និមិត្ត​ណា ដោយឧទ្ទេសណា កាលបើអាការនោះ លិង្គនោះ និមិត្តនោះ ឧទ្ទេស​នោះ មិនមាន​ហើយ បើដូច្នេះ តើផស្សៈ គប្បីមានប្រាកដ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិន​មាន​ទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះឯង នាមរូប​នេះទើបជាហេតុ ជានិទាន ជា​សមុទ័យ ជាបច្ច័យនៃផស្សៈ។ ពាក្យថា នាមរូប​កើត​មាន ព្រោះវិញ្ញាណជាបច្ច័យ នេះ​ប្រាកដ​ជាតថាគតសំដែងហើយ ដោយអាការដូច្នេះ។ ម្នាលអានន្ទ ព្រោះហេតុនោះ ពាក្យ​នុ៎ះ បណ្ឌិតគួរដឹងតាមទំនង ដែលនាមរូបកើត​មាន ព្រោះ​វិញ្ញាណ ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ សេចក្តីពិតថា បើវិញ្ញាណនឹងមិនចុះ​ស៊ប់ គឺមិនប្រព្រឹត្តទៅដោយអំណាច​នៃបដិសន្ធិ ក្នុងផ្ទៃនៃមាតាហើយ បើដូច្នេះ តើនាមរូប នឹង​ដាច់សូន្យទៅក្នុងផ្ទៃ​នៃមាតា​បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ​មិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណចុះ​ចាប់​បដិសន្ធិក្នុងផ្ទៃនៃមាតា ហើយរលត់ទៅវិញ នាមរូប​នឹងកើតចំពោះ​ក្នុងភាវៈនៃ​បញ្ចក្ខន្ធ ដែលបរិបូណ៌នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ចុះបើវិញ្ញាណរបស់មនុស្សក្មេង គឺក្មេងប្រុស ឬក្មេង​ស្រីរលត់ទៅដោយ​អំណាច​ចុតិ នាមរូបនឹងដល់នូវសេចក្តី​ចំរើន ដុសដាលធំធាត់ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ វិញ្ញាណនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃនាមរូប។ ពាក្យថា វិញ្ញាណកើតមាន ព្រោះ​នាមរូបជាបច្ច័យ នេះប្រាកដជាតថាគតសំដែងហើយ ដោយប្រការដូច្នេះ។ ម្នាល​អានន្ទ ព្រោះហេតុនោះ ពាក្យនុ៎ះបណ្ឌិតគួរដឹងតាមទំនង ដែលវិញ្ញាណកើត​មាន ព្រោះ​នាមរូប ជាបច្ច័យនេះចុះ។ ម្នាលអានន្ទ ចុះបើវិញ្ញាណមិនបានទីដំកល់​ក្នុងនាមរូប​ហើយ កិរិយាកើតឡើងនៃ​គំនររបស់ទុក្ខ គឺជាតិ ជរា និងមរណៈ គប្បីមាន​ប្រាកដដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នាមរូបនេះ ទើបជាហេតុ ជានិទាន ជាសមុទ័យ ជាបច្ច័យនៃវិញ្ញាណ។ ម្នាលអានន្ទ នាមរូប គប្បី​កើត​ចាស់ស្លាប់ ឬច្យុត ឬចាប់បដិសន្ធិ ដោយហេតុ​មានប្រមាណប៉ុណ្ណេះឯង។ គន្លងនៃឈ្មោះ​ក្តី គន្លងនៃភាសាក្តី គន្លងនៃបញ្ញត្តិក្តី ហេតុដែលគួរដឹងដោយបញ្ញត្តិក្តី វដ្តៈក្តី រមែង​ប្រព្រឹត្ត​​ទៅ ដោយហេតុមានប្រមាណប៉ុណ្ណេះៗឯង។ ខន្ធបញ្ចកៈ រមែង​ប្រាកដ​ដោយការ​បញ្ញត្តិ​នូវឈ្មោះ (មានវេទនា និងសញ្ញាជាដើម) នាមរូបនេះ រមែងប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​វិញ្ញាណ។

[៦១] ម្នាលអានន្ទ ចុះបុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តដោយហេតុ​មាន​ប៉ុន្មាន​ប្រការ។ ម្នាលអានន្ទ ក៏បុគ្គល​កាលបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ​មានរូប នឹងមានប្រមាណតិច [អដ្ឋកថា ថា បុគ្គលណាកាន់យកនូវ​កសិណនិមិត្ត ដែលមិនចំរើន គឺថោកថយ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនដែលមានរូប និងមានប្រមាណតិច។ ពាក្យថា រូប សំដៅយកកសិណនិមិត្ត ពាក្យថា មានប្រមាណតិច សំដៅយក​កសិណនិមិត្តដែលថោកថយ។]ក៏មាន។ ម្នាលអានន្ទ ឬក៏​បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ​មានរូប និងមិនមានទីបំផុត [បុគ្គលណាកាន់យកនូវកសិណនិមិត្តដែលចំរើន ថាជាខ្លួន​ខ្ពង់ខ្ពស់ដូច្នេះ បុគ្គលនោះ តែងបញ្ញត្តខ្លួនថា មានរូប និងមិនមានទីបំផុត ពាក្យថា រូប សំដៅយក​កសិណនិមិត្ត ពាក្យថា មិនមានទីបំផុត សំដៅយក​កសិណនិមិត្ត ដែលខ្ពង់​ខ្ពស់ថ្លៃថ្លា។] ក៏មាន។ ម្នាលអានន្ទ ក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមានប្រមាណតិចថា ខ្លួនរបស់អញមិនមានរូប និងមានប្រមាណតិច [បុគ្គល​ដែល​បានសម្រេចនូវរូបជ្ឈាន ដែលថោកថយ ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលថោកថយដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែងបញ្ញត្ត​ខ្លួនថា មិនមានរូប និងមានប្រមាណតិច ដោយអរូបជ្ឈាន ដែលថោកថយនោះឯង។] ក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គលកាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែល​មិនមាន​រូប និងមិនមានទីបំផុតថា ខ្លួនរបស់អញមិនមានរូប និងមិនមានទីបំផុត [បុគ្គល​ដែល​បាន​សម្រេចនូវរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា ហើយចំរើនរូបជ្ឈាននោះឆ្លងទៅកាន់​អរូបជ្ឈាន​ដែលខ្ពង់ខ្ពស់ថ្លៃថ្លាដែរ ក៏កាន់យកនូវអរូបជ្ឈាននោះ ថាជាខ្លួនដូច្នេះ បុគ្គលនោះ តែង​បញ្ញត្ត​​ខ្លួនថា មិនមានរូប និងមិនមានទីបំផុត ដោយអរូបជ្ឈាន ដែលខ្ពង់ខ្ពស់ថ្លៃថ្លា​នោះ​ឯង។] ក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី [ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់សំដែងដោយអំណាច​ឧច្ឆេទទិដ្ឋិ] បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី [ដោយអំណាចសស្សតទិដ្ឋិ] ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ដែលពិត​ទៅវិញក្តី [បុគ្គលជាឧច្ឆេទវាទី មានប្រាថ្នានឹងបំបែរនូវបុគ្គលជាសស្សតវាទី ឲ្យចូល​មកក្នុង​ទិដ្ឋិ​របស់ខ្លួន ចំណែកបុគ្គលដែលជាសស្សតវាទីវិញ ក៏គិតបំបែរបុគ្គល​ជាឧច្ឆេទវាទី ឲ្យចូលមកក្នុងទិដ្ឋិរបស់ខ្លួនវិញដែរ។] ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា [សំដៅយកបុគ្គលដែល​បាន​រូបកសិណ។] មានបរិត្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមានប្រមាណតិច) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤នោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិតថា អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា មានអនន្តត្តានុទិដ្ឋិ (សេចក្តីយល់ឃើញថា ខ្លួនមិនមានទីបំផុត) ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តា​បុគ្គល​ដែល​លុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានបរិត្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៤ពួកនោះ បុគ្គលណា កាល​បញ្ញត្ត​ខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះក្តី បុគ្គលនោះ កាលបញ្ញត្តខ្លួន តែងបញ្ញត្តខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅ​ក្នុងលោក​ដូច្នោះក្តី ឬក៏បុគ្គលនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា សភាវៈដែលមិនពិត អាត្មាអញនឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិត​ទៅវិញក្តី។ ម្នាលអានន្ទ កាលបើហេតុ​យ៉ាង​នេះ​មានហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា មានអនន្តត្តានុទិដ្ឋិ ដេកនៅ​មិនដាច់។ ម្នាលអានន្ទ បុគ្គល កាលបញ្ញត្តខ្លួន តែងបញ្ញត្ត​ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

[៦២] ម្នាលអានន្ទ ចុះបុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដែលមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិន​បញ្ញត្ត​ខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិចថា ខ្លួនរបស់អញ មិនមានរូប និងមានប្រមាណតិចក៏មាន។ ម្នាលអានន្ទ ឬក៏បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុតថា ខ្លួនរបស់អញ មិនមានរូប និងមិនមានទីបំផុតក៏មាន។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ក្នុងកាលឥឡូវ​នេះ​ក្តី បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោលនូវបុគ្គលដែលមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ក្នុងកាល​ឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមានប្រមាណតិច ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមាន​សេចក្តី​ត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះមានហើយ គួរនឹងពោល​នូវ​បុគ្គល​ដែលមិនមានរូបថា បរិត្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បណ្តា​បុគ្គល​ទាំង​៤​ពួកនោះ បុគ្គលណា កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត បុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែងមិនបញ្ញត្ត​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ក្នុងកាលឥឡូវ​នេះ​ក្តី ឬបុគ្គលនោះ កាល​មិនបញ្ញត្តខ្លួន តែង​មិន​បញ្ញត្ត​​ខ្លួន ដែលមិនមានរូប និងមិនមានទីបំផុត ដែលកើតនៅក្នុងលោកដូច្នោះក្តី ឬក៏បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា សភាវៈ​ដែល​មិនពិត អាត្មាអញ នឹងសម្រេច ឬបំបែរ​ឲ្យជាសភាវៈ​ពិតទៅវិញក្តី។ ម្នាលអានន្ទ កាលបើ​ហេតុយ៉ាងនេះ​មាន​ហើយ គួរនឹងពោលនូវបុគ្គលដែលមិនមានរូបថា អនន្តត្តានុទិដ្ឋិ មិនដេកនៅរឿយៗទេ។ ម្នាលអានន្ទ បុគ្គល កាលមិនបញ្ញត្តខ្លួន តែងមិនបញ្ញត្តខ្លួន ដោយហេតុ​មានប្រមាណ​ប៉ុណ្ណេះឯង។

[៦៣] ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណា​ដោយ​ហេតុ​មាន​ប៉ុន្មានប្រការ។ ម្នាលអានន្ទ បុគ្គលកាលពិចារណានូវខ្លួន តែងពិចារណាខ្លួន ដែលមានវេទនាថា វេទនាជាខ្លួនរបស់អញក៏មាន ថា វេទនាមិនមែនជាខ្លួន​របស់អញ​ ព្រោះថា ខ្លួនរបស់អញមិនបានទទួលអារម្មណ៍ក៏មាន។ ថាវេទនា មិនមែនជាខ្លួន​របស់​អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួលអារម្មណ៍ ខ្លួនរបស់អញ តែងទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញពិតក៏មាន ម្នាលអានន្ទ បុគ្គល​កាលពិចារណានូវខ្លួន តែង​ពិចារណាដោយប្រការ​ដូច្នេះឯង។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិ​ទាំង​៣​ពួកនោះ បុគ្គលណាពោលយ៉ាងនេះថា វេទនាជាខ្លួនរបស់បុគ្គលនោះ អ្នកគប្បីពោល​តប​យ៉ាងនេះថា ម្នាលអាវុសោ វេទនានេះមាន៣យ៉ាង គឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ បណ្តាវេទនាទាំង៣នេះ អ្នកពិចារណាឃើញច្បាស់នូវវេទនា​ណា​ថា​ជាខ្លួន។ ម្នាលអានន្ទ សម័យណា បុគ្គលទទួលសុខវេទនា សម័យនោះ មិនទទួលទុក្ខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួល​តែសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលទុក្ខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ រមែងទទួលតែទុក្ខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សម័យណាបុគ្គលទទួលអទុក្ខមសុខវេទនា សម័យនោះ មិនទទួលសុខ​វេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ រមែងទទួលតែអទុក្ខមសុខវេទនាមួយយ៉ាង។ ម្នាលអានន្ទ សុខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិដែលបច្ច័យតាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាសទៅ សាបរលាបទៅ រលត់​ទៅជាធម្មតា។ ម្នាលអានន្ទ ទុក្ខវេទនាក្តី ជាធម្មជាតិមិនទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មានកិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ​ រលត់ទៅជាធម្មតា។ ម្នាលអានន្ទ អទុក្ខមសុខវេទនាក្តី ជាធម្មជាតិ​មិន​ទៀង ជាធម្មជាតិ​ដែលបច្ច័យ​តាក់តែង​កើតឡើង ព្រោះអាស្រ័យ (នឹងបច្ច័យនោះៗ) មាន​កិរិយាអស់ទៅ វិនាស​ទៅ សាបរលាបទៅ ​រលត់ទៅជាធម្មតា។ កាលបុគ្គលនោះ ទទួល​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួល​ទុក្ខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើទុក្ខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹង​ច្បាស់​ថា ខ្លួនរបស់អញរលត់​ទៅហើយ។ កាលបុគ្គលនោះ ទទួលអទុក្ខម​សុខវេទនា រមែងដឹងច្បាស់ថា នេះខ្លួនរបស់អញ កាលបើអទុក្ខមសុខវេទនានោះ រលត់ទៅ​ហើយ ក៏ដឹងច្បាស់ថា ខ្លួនរបស់អញរលត់​ទៅហើយ។ បុគ្គលណា ពោលយ៉ាងនេះថា វេទនា​ជាខ្លួនរបស់អញ បុគ្គលនោះ កាលពិចារណានូវខ្លួន តែងពិចារណាខ្លួនដែលមិនទៀង លាយច្រឡំ​ដោយសុខ និងទុក្ខ មានកិរិយាកើតឡើង និងវិនាសទៅជាធម្មតា ក្នុង​បច្ចុប្បន្ន ដូចសេចក្តីដែលបានសំដែង​មកនេះឯង។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនា​ជាខ្លួនរបស់អញ ដោយឧបាយនេះ​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថា ខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ ការទទួលអារម្មណ៍ ដោយប្រការទាំងពួង រមែងមានក្នុងសុទ្ធរូបក្ខន្ធ [បានដល់រូបក្ខន្ធ ដែលប្រាសចាកវេទនា មានធាងត្នោត និងបង្អួចជាដើម។] ណា សេចក្តីដឹងខ្លួនថា អាត្មាអញមាន គប្បីមានក្នុងសុទ្ធរូបក្ខន្ធនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹងពិចារណានូវខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនទទួលអារម្មណ៍​ ដោយ​ឧបាយ​នេះ​​ឡើយ។ ម្នាលអានន្ទ បណ្តាបុគ្គលដែលលុះក្នុងទិដ្ឋិទាំង៣ពួកនោះ បុគ្គលណា ពោល​យ៉ាងនេះថា វេទនា​មិនមែនជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបានទទួល​អារម្មណ៍ទេ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួន​របស់អញ។ បុគ្គលនោះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ វេទនាទាំងឡាយ គប្បីរលត់​មិនសេសសល់ ដោយអាការទាំងពួង ដោយសភាវៈទាំងពួង កាលបើវេទនាមិនមាន ដោយប្រការទាំងពួង ព្រោះវេទនារលត់ហើយ សេចក្តីដឹង​ខ្លួនថា អាត្មាអញ មាន ដូច្នេះ គប្បីមានក្នុងរូបក្ខន្ធ​នោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុដូច្នោះ បុគ្គលក្នុង​លោកនេះ មិនគួរនឹង​ពិចារណា​នូវ​ខ្លួននេះថា វេទនាមិនមែន​ជាខ្លួនរបស់អញ ព្រោះថាខ្លួនរបស់អញ មិនបាន​ទទួល​អារម្មណ៍ទេ​ ខ្លួនរបស់អញ រមែងទទួលវេទនា ឯវេទនាធម៌ ជាខ្លួនរបស់អញពិត ដោយ​ឧបាយ​នេះ​​ឡើយ។

[៦៤] ម្នាលអានន្ទ កាលបើភិក្ខុមិនបានពិចារណានូវវេទនាថាជាខ្លួន ក៏មិនបាន​ពិចារណា​នូវខ្លួនថា មិនបានទទួលអារម្មណ៍ ក៏មិនបានពិចារណាថា ខ្លួន​ទទួល​វេទនា វេទនាធម៌ជាខ្លួនរបស់អញ ដូច្នេះឡើយ។ ភិក្ខុនោះ កាលពិចារណាយ៉ាងនេះ រមែង​មិនប្រកាន់នូវធម្មជាតនីមួយ ក្នុងលោក (មានខន្ធលោកជាដើម) កាលបើ​មិនប្រកាន់​ហើយ ក៏រមែង​មិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែង​បរិនិព្វានចំពោះខ្លួនឯង តែង​ដឹងច្បាស់ថា កំណើត​របស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្ត​គ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើ​ស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលអានន្ទ ភិក្ខុដែលរួចស្រឡះ (ចាក​អាសវៈ) យ៉ាងនេះហើយ បើបុគ្គលណា និយាយយ៉ាងនេះថា ទិដ្ឋិរបស់ភិក្ខុនោះថា សត្វខាងមុខ​អំពី​សេចក្តីស្លាប់ទៅ រមែង​កើតទៀត ពាក្យនោះរបស់បុគ្គល​នោះ មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​មិនកើតទៀត ពាក្យនោះ របស់​បុគ្គល​នោះ​មិនគួរទេ។ ថាទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតទៀតក៏មាន មិនកើតទៀតក៏មាន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ ថា​ទិដ្ឋិរបស់​ភិក្ខុនោះថា សត្វខាងមុខអំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិន​មែន ពាក្យនោះ របស់​បុគ្គល​នោះ​ក៏មិនគួរ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ ម្នាលអានន្ទ ឈ្មោះ និងគន្លងនៃឈ្មោះក្តី ភាសា និងគន្លងនៃភាសាក្តី បញ្ញត្តិនិងគន្លងនៃបញ្ញត្តិក្តី បញ្ញានិងខន្ធបញ្ចកៈ ដែលគួរដឹង​ដោយបញ្ញាក្តី វដ្តៈក្តី តែងប្រព្រឹត្តទៅ ដោយកំណត់ត្រឹមណាៗ វដ្តៈ ក៏ប្រព្រឹត្តទៅ ដោយកំណត់​ត្រឹម​ណោះៗដែរ ភិក្ខុរួចស្រឡះហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះ បើ​បុគ្គល​ណា ពោលនូវភិក្ខុដែលរួចស្រឡះ​ហើយ ព្រោះដឹងនូវសភាវៈ មានឈ្មោះជាដើមនោះថា ភិក្ខុនោះ មិនដឹង មិនឃើញ ទិដ្ឋិរបស់ភិក្ខុនោះដូច្នេះ ពាក្យនោះរបស់​បុគ្គល​នោះមិនគួរ​ទេ។

[៦៥] ម្នាលអានន្ទ វិញ្ញាណដ្ឋិតិ (ទីដំកល់នៃវិញ្ញាណ) នេះមាន៧ អាយតនៈមាន​២។ វិញ្ញាណដ្ឋិតិទាំង៧នោះ តើដូចម្តេច។ ម្នាលអានន្ទ ពួកសត្វដែលមានកាយ​ផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងសត្វ​វិនិបាតិកៈ [បានដល់​វេមានិកប្រេត ក្រៅអំពីអបាយទាំង៤។] ពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាដែលរាប់បញ្ចូល​ក្នុងពួកព្រហ្ម ដែលកើតដោយបឋមជ្ឈាន និងពួកសត្វដែលកើត​ក្នុង​អបាយភូមិទាំង​៤ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ដែលនៅក្នុងអាភស្សរភព នេះជាវិញ្ញាណដ្ឋិតិ៣។ ម្នាលអានន្ទ ពួកសត្វ​ដែលមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាដែលនៅក្នុងសុភកិណ្ហភព នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវរូបសញ្ញា [សេចក្តីសំគាល់​ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។] ដល់នូវសេចក្តី​វិនាស នៃបដិឃសញ្ញា [សេចក្តីសំគាល់ ដែលកើតឡើង​ដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នា នឹងអារម្មណ៍​ មានរូបជាដើម។] និងមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [សញ្ញា ដែល​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។] ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អាកាសមិនមានទី​បំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវអាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៦។ ម្នាលអានន្ទ ពួកសត្វ​ដែលកន្លងនូវវិញ្ញាណញ្ចាយតន​ជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិញ្ញាណដ្ឋិតិទី៧។ ឯអាយតនៈទាំងពីរ គឺអសញ្ញិសត្តាយតនៈ (ជាទី១) នេវសញ្ញា​នាសញ្ញាយតនៈជាទី២។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី១​ណា ដែលថាពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួក​ខ្លះ និងសត្វវិនិបាតិកៈពួកខ្លះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។បេ។ ម្នាលអានន្ទ បណ្តាវិញ្ញាណដ្ឋិតិទាំង៧នោះ វិញ្ញាណដ្ឋិតិទី៧ណា ដែលថា ពួកសត្វ​កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូល​ទៅកាន់​អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមានដូច្នេះ ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃវិញ្ញាណដ្ឋិតិ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​វិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់នូវ​ទោស​នៃវិញ្ញាណដ្ឋិតិនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវវិញ្ញាណដ្ឋិតិនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងវិញ្ញាណដ្ឋិតិនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ អសញ្ញិសត្តាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈនោះផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃអាយតនៈនោះផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោលនូវអាយតនៈនោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ បណ្តាអាយតនៈទាំង២នោះ នេវសញ្ញានាសញ្ញាយតនៈណា ម្នាលអានន្ទ ភិក្ខុណាដឹងច្បាស់នូវអាយតនៈនោះផង ដឹងច្បាស់នូវហេតុ ជាទីកើត​នៃអាយតនៈ​នោះ​ផង ដឹងច្បាស់នូវសេចក្តី​រលត់​នៃ​អាយតនៈនោះផង ដឹងច្បាស់នូវ​អានិសង្ស​នៃ​អាយតនៈ​នោះ​ផង ដឹងច្បាស់នូវ​ទោស​នៃអាយតនៈនោះផង ដឹងច្បាស់​នូវកិរិយា​រលាស់ចោល​នូវ​អាយតនៈ​នោះផង ភិក្ខុ​នោះ គួរត្រេកអរ​នឹងអាយតនៈនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនគួរទេ​។ ម្នាលអានន្ទ កាលណាបើភិក្ខុដឹងច្បាស់នូវហេតុជាទីកើតផង នូវសេចក្តី​រលត់ផង នូវ​អានិសង្សផង នូវ​ទោសផង ​នូវកិរិយា​រលាស់ចោលផង នូវវិញ្ញាណដ្ឋិតិទាំង​៧ និងអាយតនៈទាំង២នេះ តាមសេចក្តីពិតមែន ឈ្មោះថា រួចស្រឡះ ព្រោះមិនប្រកាន់​ ម្នាលអានន្ទ ភិក្ខុនេះឯង តថាគតហៅថា បញ្ញាវិមុត្តបុគ្គល។

[៦៦] ម្នាលអានន្ទ វិមោក្ខនេះមាន៨យ៉ាង។ វិមោក្ខទាំង៨នោះ តើដូចម្តេច។ គឺ​បុគ្គល​មានរូបជ្ឈាន [បុគ្គលនោះ បានរូបាវចរជ្ឈានទាំង៤ ព្រោះអាស្រ័យកសិណ ជាវត្ថុ​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន។] តែងឃើញរូប គឺកសិណទាំងឡាយ មាននីលកសិណ​ជាដើម នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់ក្នុងរូប​ខាងក្នុង មានសក់ជាដើមរបស់ខ្លួន [បុគ្គលដែលបានរូបាវចរជ្ឈាន មិនអាស្រ័យ​នឹងអាការ​ មានសក់ជាដើម របស់ខ្លួន។] តែងឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ [បុគ្គល​ដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លា ជាង​បុគ្គល​ទី១ ទី២។] នេះជាវិមោក្ខទី៣។ បុគ្គលដែលកន្លងនូវ​រូបសញ្ញា ដល់នូវ​សេចក្តីវិនាសនៃបដិឃសញ្ញា ទាំងមិនបានធ្វើទុកក្នុងចិត្តនូវ​នានត្ត​សញ្ញា ដោយប្រការទាំងពួង ហើយចូលទៅកាន់អាកាសានញ្ចាយតនជ្ឈាន (ដោយធ្វើទុក​ក្នុងចិត្ត) ថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤។ បុគ្គលដែលកន្លងនូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់វិញ្ញាណញ្ចាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅ​កាន់អាកិញ្ចញ្ញាយតន​ជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត)ថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតន​ជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលទៅកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខទី៨។ ម្នាលអានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។ ម្នាលអានន្ទ កាលណាបើ​ភិក្ខុ​ចូល​កាន់វិមោក្ខទាំង៨នេះ ជាអនុលោមខ្លះ បដិលោមខ្លះ ទាំងអនុលោម បដិលោមខ្លះ ចូល​បាន ចេញបាន តាមសេចក្តីប្រាថ្នា ក្នុងឱកាសណា តាមសេចក្តីប្រាថ្នានូវ​សមាបត្តិ​ណា តាមសេចក្តីប្រាថ្នានូវកំណត់ប៉ុន្មាន ក៏រមែងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអានន្ទ ភិក្ខុនេះ តថាគតហៅថា ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួច ដោយចំណែក​ពីរ [បុគ្គលនោះរួចចាករូបកាយដោយអរូបសមាបត្តិផង រួចចាក​នាមកាយដោយមគ្គផង]។ ម្នាល​អានន្ទ ឧភតោភាគវិមុត្តិ ដទៃ ដែលលើសលុបជាង ឬថ្លៃថ្លាជាង ឧភតោភាគវិមុត្តិ នេះ មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ព្រះអានន្ទ​មានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត​ របស់ព្រះមានព្រះភាគ​ជាម្ចាស់។

ចប់ មហានិទានសូត្រ ទី២។

មហាបរិនិព្វានសូត្រ ទី៣

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ [ហ្វូងត្មាតតែងនៅលើកំពូលភ្នំនោះ ឬភ្នំនោះ មានកំពូលស្រដៀងត្មាត បានជា​ហៅថា គិជ្ឈកូដ។] ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះរាជា ជាធំក្នុងដែនមគធៈ ព្រះនាមអជាតសត្តុ វេទេហីបុត្រ [ជាព្រះឱរសរបស់ព្រះនាងទេវី ព្រះនាម​វេទេហី។] មានព្រះបំណងនឹងយាត្រា ទៅញាំញីដែនវជ្ជី។ ព្រះអង្គមានព្រះបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ​យ៉ាង​នេះ អញ​ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើ​ដែន​វជ្ជី​ឲ្យដល់នូវ​សេចក្តីវិនាស។ គ្រានោះ ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ត្រាស់ហៅ​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះមានព្រះភាគ ដោយត្បូងតាមពាក្យខ្ញុំ រួចទូលសួរអំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស កម្លាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទាព្រះមាន​ព្រះភាគ ដោយព្រះសិរ្ស៍ ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីអាការ​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស ព្រះកាយពល និងការគង់នៅ​ស្រួល គ្រប់​ឥរិយាបថ មួយទៀត ចូរក្រាបទូលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណងនឹងយាត្រាទៅញាំញី​ដែន​វជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែន​វជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ប៉ុន្តែបើព្រះមានព្រះភាគ ទ្រង់​ព្យាករដល់អ្នកយ៉ាងណា ត្រូវអ្នកត្រាប់ត្រង រងព្រះពុទ្ធដីកានោះ ឲ្យជាក់ច្បាស់ ហើយមក​ប្រាប់ខ្ញុំវិញ ព្រោះតថាគតទាំងឡាយ មិនដែល​មានបន្ទូលខុសទេ។ វស្សការ​ព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ ទទួល​ព្រះរាជឱង្ការព្រះបាទអជាតសត្តុ វេទេហីបុត្រ មាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយទើបឲ្យ៣១៥ រៀបចំយានទាំងឡាយដែលល្អៗ ហើយឡើងជិះយាន ដែលល្អៗ បរចេញ​អំពីក្រុង​រាជគ្រឹះ ទៅដោយយានដែលល្អៗ បរសំដៅ​ទៅកាន់​ភ្នំគិជ្ឈកូដ ទៅដោយយាន កំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយានដើរទៅ ដោយជើង​ទទេ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រះបាទ​អជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះគោតម​ដ៏ចំរើន ដោយព្រះសិរ្ស៍ ហើយផ្តាំ​ឲ្យទូលសួរ​អំពីអាការមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើងរហ័ស ព្រះកាយពល និងការគង់នៅស្រួល គ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណង​នឹងស្តេច​​ទៅញាំញីដែនវជ្ជី ព្រះអង្គ​មានបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នក​ដែនវជ្ជី​ទាំងនេះ ដែលមានប្ញទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹង​យាត្រា​ទៅជិះជាន់) ដែនវជ្ជី នឹងបំផ្លាញ​ដែនវជ្ជី នឹងធ្វើដែនវជ្ជី​ឲ្យដល់នូវសេចក្តីវិនាស។

[៦៨] សម័យនោះឯង ព្រះអានន្ទមានអាយុ ឋិតនៅអំពីខាង​ក្រោយ​ព្រះមាន​ព្រះភាគ កំពុងពាត់ (បក់) ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកស្តេច​ក្នុង​ដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន អស់​កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុង​ដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះ​ដែរ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនបញ្ញត្តច្បាស់ (ដែល​ពួកស្តេចពីដើម) មិន​បាន​​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែន​វជ្ជី​អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ (ដែល​ពួកស្តេចពីដើម) មិនបាន​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនបញ្ញត្តច្បាប់ ដែលស្តេចពីដើមមិនបាន​បញ្ញត្តហើយ មិនដក​ច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ថាជាពាក្យគួរស្តាប់ ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែល​មាន​ព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យគួរ​ស្តាប់ របស់​ពួក​ក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែង​មាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រី​ក្នុង​ត្រកូល ពួក​កុមារី​ក្នុង​ត្រកូល ឲ្យនៅរួម ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារី​ក្នុង​ត្រកូល ឲ្យនៅ​រួម ដូច្នេះ​ដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនកំហែង បង្ខំពួកស្រីក្នុង​ត្រកូល ពួក​កុមារី ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ​ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ [ទី​កន្លែង​ទេវតា ដែលគេធ្លាប់គោរព (អដ្ឋកថា)] ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅ​ខាង​ក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា​ចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅ​នគរក្តី និង​មិន​ធ្វើ​គ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់​ចេតិយ​ទាំង​នោះ ឲ្យសាប​សូន្យទៅ ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែង​មានប្រាកដ​ ដល់​ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែង​ត្រឹម​ត្រូវ នូវការរក្សាការពារ និងការគ្រប់​គ្រង​ ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណង​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្ត​ទាំង​ឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែល​មក​ស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែនរបស់យើង ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងដោយ​ត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់​គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងចាត់ចែង​ដោយត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមាន​ប្រាកដ​ដល់​ពួក​វជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។

[៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងវស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ សម័យមួយ តថាគតនៅក្នុង​សារន្ទទ​ចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែង អបរិហានិយធម៌ ទាំង៧នេះ របស់​ពួក​វជ្ជី​ក្សត្រិយ៍ ក្នុងសារន្ទទចេតិយនោះឯង ម្នាលព្រាហ្មណ៍ អបរិហានិយធម៌ ទាំង៧នេះ តាំង​នៅក្នុងពួកវជ្ជីក្សត្រិយ៍ ឬថាពួក​វជ្ជីក្សត្រិយ៍ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ទាំង៧នេះ អស់​កាលត្រឹមណា ម្នាលព្រាហ្មណ៍ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលបើព្រះមានព្រះភាគ មាន​ព្រះបន្ទូលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បាន​ក្រាប​បង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន តែង​មានប្រាកដ សេចក្តីសាបសូន្យ មិនមានដល់​ពួកវជ្ជីក្សត្រិយ៍ ដែលប្រកបដោយ​អបរិហានិយធម៌ សូម្បីតែមួយៗ ចាំបាច់និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង​៧ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិន​គប្បី​ចាប់ពួកវជ្ជីក្សត្រិយ៍ ដោយការច្បាំងបានទេ វៀរលែងតែការលួងលោម យកចិត្ត ឬ​ការ​ធ្វើឲ្យបែកគ្នា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គសូមលាទៅឥឡូវ​នេះ ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកចូរ​សំគាល់នូវកាលគួរនឹងទៅ ក្នុងវេលានេះចុះ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ហើយ​ក្រោកចាកអាសនៈ ចេញទៅ។

[៧០] កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈចេញទៅ​មិនយូរ​ប៉ុន្មាន ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នក​ចូរ​ទៅឲ្យភិក្ខុទាំងអស់ ដែលនៅអាស្រ័យក្នុងក្រុងរាជគ្រឹះប្រជុំគ្នា ក្នុងឧបដ្ឋានសាលា [រោងឆាន់ ឬរោងសម្រាប់ប្រើប្រាស់។]។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយប្រជុំភិក្ខុសង្ឃទាំងអស់ ដែល​នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ក្នុងឧបដ្ឋានសាលា ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ។ ព្រះអានន្ទ​ដ៏មានអាយុ លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ សំគាល់នូវកាលគួរនឹងស្តេច​ទៅក្នុងកាលឥឡូវនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយស្តេចចូលទៅកាន់​ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះមានព្រះភាគ គង់នៅហើយ ក៏ទ្រង់​ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​ អបរិហានិយធម៌ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ក៏ទទួល​ព្រះបន្ទូលនៃព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកទីប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច​របស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគត​មិនបាន​បញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគត​បញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជា​ពួកភិក្ខុជាថេរៈ អ្នកដឹងរាត្រី (ច្រើន) បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយក របស់សង្ឃ (ជាអ្នកណែនាំសង្ឃ) ទាំងរាប់អានជឿពាក្យដែល​គួរស្តាប់ របស់ភិក្ខុជាថេរៈ​ទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើត​ឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែល​តាំង​នៅក្នុងព្រៃ [អដ្ឋកថា ថា ប្រទេសដែលនៅឆ្ងាយពីស្រុកកំណត់ ៥០០ជួរធ្នូឡើងទៅ។] អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី [ភិក្ខុមានព្រហ្មចារ្យស្មើគ្នា។] មានសីលធម៌ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូម​ឲ្យ​និមន្តមក ពួកសព្រហ្មចារី មានសីលធម៌ជាទីស្រឡាញ់ ដែលមកដល់ហើយ សូមឲ្យ​នៅ​ជាសុខ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនជាអ្នកមានការងារ ជាទីត្រេកអរ [សំដៅយកកិច្ចរបស់ភិក្ខុ មានដេរចីវរ​ជាដើម បើភិក្ខុណាធ្វើកិច្ចនោះអស់១ថ្ងៃទាំងមូល មិនមានពេលរៀនសូត្រសោះ ភិក្ខុ​នោះ ទើបឈ្មោះថា ត្រេកអរនឹង​ការងារ បើភិក្ខុដែលធ្វើការងារខ្លះ ប្រកបការរៀនសូត្រខ្លះ​ក្នុង​១ថ្ងៃៗ ភិក្ខុនោះ មិនឈ្មោះថាត្រេកអរនឹងការងារឡើយ។] មិនត្រេកអរ​ក្នុងការងារ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការងារ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹង​មិនជាអ្នក​មានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ មិនត្រេកអរក្នុងការនិយាយ (តិរច្ឆានកថា) មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ​នឹងមិន​ជាអ្នក​មានសេចក្តីដេកលក់ ជាទីត្រេកអរ មិនត្រេកអរក្នុងសេចក្តីដេកលក់ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានសេចក្តីដេកលក់ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នក​មានគ្នីគ្នា​ជាទីត្រេកអរ មិនត្រេកអរក្នុងការមានគ្នីគ្នា មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានសេចក្តី​ប្រាថ្នា​អាក្រក់ មិនលុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានមិត្រអាក្រក់ មិនមាន​សំឡាញ់​អាក្រក់ មិនជាអ្នកងាកទៅរកបុគ្គលអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនដល់នូវសេចក្តី​បន្ធូរបន្ថយ​ព្យាយាមក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេសត្រឹមតែជាន់ក្រោម អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ។បេ។ មានចិត្តប្រកបដោយសេចក្តី​ខ្មាស​ខ្ពើម​បាប។ មានសេចក្តី​ខ្លាចបាប។ ជាពហុស្សូត។ ប្រារព្ធសេចក្តីព្យាយាម។ ជាអ្នកមានស្មារតី​ខ្ជាប់​ខ្ជួន។ ជាអ្នកមានប្រាជ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុ​ប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចំរើនសតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ ជាគ្រឿងត្រាស់ដឹង គឺសេចក្តី​រលឹក)។បេ។ ចំរើនធម្មវិចយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺបញ្ញា ជាគ្រឿង​ពិចារណា)។ ចំរើនវីរិយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺព្យាយាម)។ ចំរើនបីតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីឆ្អែតស្កប់ក្នុងធម៌)។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីស្ងប់រម្ងាប់)។ ចំរើនសមាធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីដម្កល់ចិត្តមាំ)។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីព្រងើយក្នុងសុខនិង​ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចំរើនអនិច្ចសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនិច្ចានុបស្សនា)។បេ។ ចំរើនអនត្តសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនត្តានុបស្សនា)។ ចំរើនអសុភសញ្ញា (សេចក្តីសំគាល់នូវអាការ៣២ថាមិនស្អាត)។ ចំរើនអាទីនវសញ្ញា (សេចក្តីសំគាល់នូវកាយថាមានទោស)។ ចំរើនបហានសញ្ញា (សេចក្តី​សំគាល់ក្នុងការលះនូវអកុសលវិតក្កៈ)។ ចំរើនវិរាគសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ដែលប្រាសចាកតម្រេក)។ ចំរើននិរោធសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់​ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើ​អបរិហានិយធម៌ទាំង៧នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយ​ធម៌ទាំង៧នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​ អបរិហានិយធម៌ ៦ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងប្រុងដម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងកម្កល់វចីកម្ម ប្រកបដោយ​មេត្តា។បេ។ ប្រុងដម្កល់មនោកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើលាភទាំងឡាយណា ដែល​ប្រកប​ដោយធម៌ ដែលបានមកដោយធម៌ ហោចទៅ សូម្បីវត្ថុដែលគេដាក់ចុះក្នុងបាត្រ ពួកភិក្ខុមានការបរិភោគ ដោយមិនបាច់ចែករំលែកដោយលាភទាំងឡាយ មានសភាព​យ៉ាងនោះ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយ ដែល​មានសីល អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ សីលទាំងឡាយណាមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីល​របស់​មនុស្សអ្នកជា (មិនជាខ្ញុំតណ្ហា) អ្នកប្រាជ្ញតែងសរសើរ ជាសីលមិនបានជ្រោកជ្រាក​ដោយ​តណ្ហា និងទិដ្ឋិ ជាសីលញុំាង​សមាធិ​ឲ្យប្រព្រឹត្ត​ទៅបាន ពួកភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ មានសភាពយ៉ាងនោះ ទាំងក្នុង​ទី​ចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិណាដែលឥតទោស ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់​សេចក្តីទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ពួកភិក្ខុជាអ្នកមានទិដ្ឋិស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិមានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុង​ទី​កំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង៦នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ទាំង៦នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ កាលដែលព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្ត [សំដៅយកមគ្គចិត្ត និង​ផលចិត្ត។] ដែលអប់រំដោយបញ្ញា រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ​ពិត គឺកាមាសវៈ (ធម៌ជាគ្រឿងត្រាំ គឺកាម) ភវាសវៈ (ធម៌ជាគ្រឿងត្រាំ គឺភព) អវិជ្ជាសវៈ (ធម៌ ជាគ្រឿងត្រាំ គឺអវិជ្ជា)។

[៧៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ឱទ្យានឈ្មោះអម្ពលដ្ឋិកា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់អម្ពលដ្ឋិកាឱទ្យាន មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងរាជាគារកៈ (ព្រះរាជដំណាក់) នៅនាអម្ពលដ្ឋិកាឱទ្យាន​នោះ។ កាលព្រះមានព្រះភាគគង់ក្នុងរាជាគារកៈ ក្នុងអម្ពលដ្ឋិកាឱទ្យាននោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញា រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៧៧] លុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពលដ្ឋិកាឱទ្យាន តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ស្រុកនាឡន្ទា។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​ស្រុក​នាឡន្ទា មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុងនាឡន្ទានោះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ព្រះសារីបុត្តមានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ ព្រះមានព្រះភាគ ទ្រង់​មានព្រះ​បន្ទូលថា ម្នាលសារីបុត្ត អាសភិវាចា [សំដីអង់អាច ឥតខ្លាចញញើត។] ដែលអ្នក​និយាយ​នេះ លើសលុបពេក សីហនាទ ដែលអ្នកប្រកាន់ហើយ បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុង​សម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមាន​ក្នុង​បច្ចុប្បន្ន​កាល​នេះទេ ដូច្នេះជាសំដីដោយឡែក ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នក​បាន​កំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿង​នៅ [ធម៌​ជាគ្រឿងនៅ មាន៩ គឺរូបសមាបត្តិ៤ អរូបសមាបត្តិ៤ និងសញ្ញាវេទយិតនិរោធ១ ធម៌ទាំង​៩នេះ នឹងហៅអនុបុព្វវិហារធម៌ ដូច្នេះវិញក៏បាន។] យ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ ព្រះសារីបុត្តមានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​នឹងមាន​ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីល​យ៉ាងនេះ ដូច្នេះផង នឹងមានធម៌យ៉ាងនេះ។ នឹងមានបញ្ញាយ៉ាងនេះ។ នឹងមានធម៌ជាគ្រឿង​នៅយ៉ាងនេះ។ ព្រះមានព្រះភាគទាំងនោះ នឹងមានចិត្តរួចស្រឡះ​ហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងកាល​ឥឡូវនេះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ។ មានបញ្ញាយ៉ាងនេះ។ មានធម៌ជាគ្រឿង​នៅយ៉ាងនេះ។ ព្រះមានព្រះភាគ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ។ ម្នាលសារីបុត្ត បើអ្នកគ្មានញាណ ជាគ្រឿងកំណត់ដឹងចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលទាំងនុ៎ះទេ ម្នាលសារីបុត្ត ម្តេចឡើយ ក៏អ្នកពោលអាសភិវាចា ដ៏លើសលុបនេះ ក្នុងកាល​ឥឡូវនេះ អ្នក​ប្រកាន់​បន្លឺឡើងហើយនូវសីហនាទដោយមាំមួនថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជ្រះថ្លា​ ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុង​អតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្មានញាណជាគ្រឿងកំណត់ដឹងនូវចិត្ត​របស់​ព្រះ​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលទេ តែថា ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចទីក្រុង ដែលតាំងនៅ​ក្នុងទីបំផុត​ដែនរបស់ស្តេច ដែលមានទ្វារមាំ មានកំផែង និងក្លោងទ្វារដ៏មាំមួន មានទ្វារ​តែ​មួយ ក្នុងទីក្រុងនោះ មានអ្នកចាំយាមទ្វារ ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ឃាត់ហាម​ពួក​មនុស្សដែលមិនស្គាល់ ឲ្យតែពួក​មនុស្សដែលស្គាល់ចូលទៅ នាយទ្វារនោះ ក៏ដើរទៅតាម​ផ្លូវ ដើម្បីពិនិត្យមើលជុំវិញទីក្រុងនោះ ក៏មិនឃើញនូវទីកំផែង ឬចន្លោះកំផែង ដោយ​ហោចទៅ សូម្បីតែប្រហោងល្មមសត្វឆ្មាចេញបាន ក៏មិនឃើញឡើយ នាយទ្វារ​នោះ ក៏​មានសេចក្តីយល់យ៉ាងនេះថា ពួកសត្វណានីមួយ ដែលមានកាយធំ ចូលមកកាន់​ទីក្រុង​នេះក្តី ចេញទៅក្តី ពួកសត្វទាំងអស់នោះ គង់ចូល ឬចេញតាមទ្វារនេះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុង​អតីតកាល ព្រះមានព្រះភាគទាំងអស់នោះ បានលះនីវរណៈធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ទ្រង់ត្រាស់ដឹងហើយនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលនឹងមានក្នុង​អនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ នឹងលះនីវរណធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ ក៏លះនីវរណធម៌ទាំង៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យ​ដម្កល់​​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង៤ ចំរើនពោជ្ឈង្គទាំង៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ។ ព្រះមានព្រះភាគគង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុង​នាឡន្ទា​នោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា សីលដូច្នេះ សមាធិ​ដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្ស​ច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញាហើយ រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៧៨] គ្រាដែលព្រះមានព្រះភាគ គង់នៅក្នុងស្រុកនាឡន្ទា តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​បាដលិគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ស្តេចទៅដល់បាដលិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ ពួកឧបាសកនៅក្នុងបាដលិគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់បាដលិគ្រាមហើយ។ ទើបពួក​ឧបាសក នៅក្នុង​បាដលិគ្រាម នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគទទួលផ្ទះសំណាក់​របស់យើងខ្ញុំព្រះអង្គ​ទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ ឯពួកឧបាសក នៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ផ្ទះសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលផ្ទះសំណាក់ ឲ្យមានកម្រាលក្រាលសព្វកន្លែង ហើយ​តាក់តែង​អាសនៈ តម្កល់ក្អមទឹក រៀបចំប្រទីបប្រេង រួចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ផ្ទះសំណាក់ យើងខ្ញុំព្រះអង្គ បាន​ក្រាលកម្រាលសព្វកន្លែងហើយ អាសនៈទាំងឡាយ យើងខ្ញុំព្រះអង្គបានតាក់តែង​ហើយ ក្អមទឹក យើងខ្ញុំព្រះអង្គបានតម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំព្រះអង្គបានរៀបចំ​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាល​ឥឡូវ​នេះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់​ស្តេចចូលទៅកាន់ផ្ទះសំណាក់ ព្រមដោយភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ទ្រង់ជំរះព្រះបាទា ហើយស្តេច​ចូលទៅកាន់​ផ្ទះសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិស​ខាង​កើត ផ្អែកនឹងសសរកណ្តាល។ ឯភិក្ខុសង្ឃ ក៏លាងបាទារាល់រូប ចូលទៅកាន់ផ្ទះ​សំណាក់ ហើយអង្គុយបែរមុខទៅទិសខាងកើត អែបនឹងជញ្ជាំង​ខាងលិច គាល់​ព្រះមានព្រះភាគ។​ ពួកឧបាសក នៅក្នុងបាដលិគ្រាម បានលាងជើងរួចហើយ ចូលទៅ​កាន់ផ្ទះសំណាក់ អង្គុយបែរមុខទៅទិសខាងលិច អែបនឹងជញ្ជាំងខាងកើត គាល់​ព្រះមានព្រះភាគដែរ។

[៧៩] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់នឹង​ពួកឧបាសក នៅក្នុងបាដលិគ្រាម​ថា ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិនេះមាន៥ប្រការ។ ទោសទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីលក្នុងលោកនេះ តែងដល់នូវសេចក្តី​វិនាសនៃភោគៈដ៏ធំ មានសេចក្តីប្រមាទ​ជាហេតុ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏អាក្រក់ នៃបុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល តែងផ្សាយទៅ​សព្វទិស នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នក​មិនក្លៀវក្លា ចូលទៅ​ទាំង​អៀនអន់ នេះជាទោសទី៣ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ជាបុគ្គល​វង្វេង ធ្វើមរណកាល នេះ​ជា​ទោស​ទី៤ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គល​ទ្រុស្ត​សីល វិបត្តិ​ចាកសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតក្នុងកំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ។ ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ​មាន៥ប្រការនេះឯង។

[៨០] ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទានេះ មាន៥ប្រការ។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលមានសីល ដល់ព្រមដោយសីល ក្នុងលោកនេះ រមែងបានគំនរទ្រព្យដ៏ធំ ដែល​មាន​សេចក្តីមិនប្រមាទ​ជាហេតុ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល ដល់ព្រម​ដោយ​សីល តែងផ្សាយទៅ​សព្វទិស នេះជាអានិសង្សទី២ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយ​សីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិ​បរិសទ្យ​ក្តី សមណបរិសទ្យក្តី ជាបុគ្គលមានសេចក្តីក្លៀវក្លា ចូលទៅ​ដោយការមិន​អៀន​អន់ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ជាបុគ្គលមិន​វង្វេង ធ្វើមរណកាល នេះ​ជាអានិសង្ស​ទី៤ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមាន​សីល ដល់ព្រមដោយសីល លុះបែកធ្លាយរាងកាយទៅ ខាង​មុខ​អំពី​សេចក្តី​ស្លាប់ទៅ រមែង​កើតក្នុងលោក គឺមនុស្សសុគតិ និងឋានសួគ៌ នេះជា​អានិសង្សទី៥ នៃបុគ្គលមានសីល នៃសីលសម្បទា។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃ​បុគ្គល​មានសីល នៃសីលសម្បទា ​មាន៥ប្រការនេះឯង។

[៨១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងពួកឧបាសក អ្នកបាដលិគ្រាម ឲ្យ​ឃើញច្បាស់ ឲ្យសមាទាន ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយ​ទ្រង់បញ្ជូនទៅដោយ​ព្រះពុទ្ធដីកាថា ម្នាលគហបតីទាំងឡាយ រាត្រីអស់ហើយ ចូរអ្នក​ទាំងឡាយ សំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកឧបាសក អ្នកបាដលិគ្រាម ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កាលដែលពួក​ឧបាសក អ្នកបាដលិគ្រាម ចេញទៅមិន​យូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ទ្រង់ស្តេច​ចូលទៅកាន់ផ្ទះស្ងាត់។

[៨២] សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច ក្នុងដែនវជ្ជី។ សម័យនោះឯង ទេវតាច្រើនពួក ចំនួនមួយពាន់ៗ គន់មើលទីដីសង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួកទេវតាដែលមានស័ក្តិធំ គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិធំ ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិយ៉ាងកណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅ​ដើម្បី​​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ។ ព្រះមានព្រះភាគ បានទតឃើញពួកទេវតាទាំងនោះ ចំនួនមួយពាន់ៗ កំពុងគន់មើល​ទីដី​សង់ផ្ទះ ក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់​មនុស្ស​សាមញ្ញ។ ទើបព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយត្រាស់​ហៅ​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកណាហ្ន៎ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម។ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារ​ពួកស្តេចវជ្ជី។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សក្កទេវរាជ បានប្រឹក្សា​ជាមួយនឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស យ៉ាងណាមិញ ម្នាលអានន្ទ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច​វជ្ជី ក៏ដូច្នោះដែរ ម្នាលអានន្ទ ក្នុងទីនេះ តថាគតបានឃើញ​ពួក​ទេវតាជាច្រើន ទាំងពាន់ៗកំពុងគន់មើលទីដីសង់ផ្ទះក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្ស​សាមញ្ញ ពួកទេវតាដែលមានស័ក្តិធំ គន់មើល​ទីដី​សង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមាន​ស័ក្តិធំ ក៏​ឱនទៅដើម្បីសាងនិវេសនដ្ឋានក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិយ៉ាង​កណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ម្នាលអានន្ទ ទីប្រជុំនៃមនុស្សជាអរិយៈ មាននៅ​កំណត់​ត្រឹមណា ផ្លូវឈ្មួញមាននៅកំណត់ត្រឹមណា នគរនេះ នឹងបានជានគរ​ថ្កំថ្កើង មានឈ្មោះថា ក្រុងបាដលិបុត្រ ហាក់ជាកន្លែង​សម្រាប់​ស្រាយ​បង្វេចទ្រព្យ កំណត់​ត្រឹម​ណោះ ម្នាលអានន្ទ តែក្រុងបាដលិបុត្រ នឹងមានសេចក្តីអន្តរាយ៣យ៉ាង គឺអន្តរាយ​ដោយ​ភ្លើង១ ដោយទឹក១ ដោយការបែកគ្នា១។

[៨៣] គ្រានោះ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ នាំគ្នា​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹង​ពាក្យ​ដែលគួររលឹកហើយ ក៏បានឋិតនៅក្នុងទីសមគួរ។ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះគោតមដ៏ចំរើន ព្រមដោយ​ភិក្ខុ​សង្ឃ ទទួល​ភត្តរបស់យើងខ្ញុំទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ ទ្រង់​ទទួល​ដោយតុណ្ហីភាព។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ បានតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់​ខ្លួន រួចហើយទើបឲ្យគេក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហសម័យហើយ ស្តេច​ចូលទៅកាន់​លំនៅរបស់សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ ព្រម​ដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុង។ ទើប​សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់​ដោយ​ដៃ​ខ្លួនឯង ត្រាតែភិក្ខុសង្ឃហាមឃាត់។ លំដាប់នោះ សុនីធៈ និងវស្សការព្រាហ្មណ៍​ជា មហាមាត្រក្នុងដែនមគធៈ (កំណត់ដឹងថា) ព្រះមានព្រះភាគ​ ទ្រង់សោយស្រេចហើយ ដាក់​ព្រះហស្តចុះអំពីបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទី​សមគួរ។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់អនុមោទនា ដោយ​គាថាទាំងឡាយនេះថា

[៨៤] បុគ្គលជាបណ្ឌិតសម្រេចទីនៅក្នុងប្រទេសណា បានញុំាងបុគ្គលអ្នក​មាន​សីល​ទាំងឡាយ អ្នកសង្រួម អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគភោជនាហារក្នុង​ប្រទេស​នុ៎ះ។ បានឧទ្ទិសទក្ខិណាទាន ដល់ពួកទេវតាដែលឋិតនៅក្នុងប្រទេសនោះ ពួកទេវតា​ទាំង​នោះ ដែលបណ្ឌិតបានបូជាហើយ ក៏តែងបូជាតបវិញ ដែលបណ្ឌិតរាប់អានហើយ ក៏​តែង​រាប់អានបណ្ឌិតនោះវិញ។ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចជា​មាតា​អនុគ្រោះកូន ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ រមែង​ជួប​ប្រទះនូវ​សេចក្តី​ចំរើនសព្វកាល។

[៨៥] លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះ ដល់សុនីធៈ និង​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈហើយ ទ្រង់​ក្រោកអំពី​អាសនៈ​ចេញទៅ។ សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បានដើរតាមព្រះមានព្រះភាគអំពីខាងក្រោយៗ ដោយតាំងចិត្តថា ថ្ងៃនេះព្រះសមណ​គោតម ទ្រង់ស្តេចចេញតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថាគោតមទ្វារ ទ្រង់ស្តេច​ឆ្លង​ទន្លេគង្គាត្រង់កំពង់ណា កំពង់​នោះនឹងបានឈ្មោះថា គោតមតិត្ថៈ។ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ចេញតាមទ្វារណា ទ្វារនោះក៏បានឈ្មោះថា គោតមទ្វារ ចាប់ដើមតាំង​អំពី​នោះមក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ចូលទៅត្រង់ទន្លេគង្គានោះ។ សម័យនោះឯង ទន្លេគង្គាកំពុង​ពេញប្រៀប ល្មមសត្វក្អែកទំលើមាត់ច្រាំង​ឱនផឹក​ទឹកបាន។ មនុស្សទាំងឡាយ ដែលប្រាថ្នានឹងឆ្លងអំពីត្រើយម្ខាង ទៅកាន់ត្រើយម្ខាង ពួក​ខ្លះក៏ស្វែងរកទូក ពួកខ្លះក៏ស្វែងរកផែ ពួកខ្លះ ក៏ចងក្បូន។ លំដាប់នោះ ព្រះមានព្រះភាគ ស្រាប់តែ​បាត់ព្រះអង្គអំពីត្រើយ ទន្លេគង្គាខាងអាយ ទៅប្រាកដព្រះអង្គក្នុងត្រើយខាង​នាយ ព្រមទាំងភិក្ខុសង្ឃ ដូចជាបុរសដែល​មានកម្លាំង លាកំភួនដៃដែលបត់ហើយ ឬ​បត់​កំភួនដៃដែលលាហើយ។ ព្រះមានព្រះភាគ​ ទ្រង់ទតឃើញ​មនុស្សទាំងនោះ ពួកខ្លះ​កំពុង​ស្វែងរកទូក ពួកខ្លះកំពុងស្វែងរកផែ ពួកខ្លះ​កំពុងចងក្បូន បំណង​នឹងឆ្លងអំពីត្រើយម្ខាង ទៅត្រើយម្ខាង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវហេតុនុ៎ះហើយ ក៏ទ្រង់បន្លឺឧទាន​នេះ ក្នុងវេលានោះថា

ជនទំាងឡាយណា ឆ្លងទន្លេ និងស្ទឹង គឺតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់​ទីទំនាបដែលពេញដោយទឹក ឆ្លង​ផុតទៅបាន ចំណែក​ជនធម្មតា លុះតែចងក្បូន ទើបឆ្លងទៅបាន ឯពួកជនជា​អ្នកប្រាជ្ញ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន។

ចប់ ពុទ្ធភាណវារៈ ទី១។

[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់កោដិគ្រាម។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​កោដិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​កោដិគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបាន​ចាក់ធ្លុះនូវអរិយសច្ចទាំង៤។ អរិយសច្ចទាំង៤នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច​នោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច​​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច​ ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វ​អំពី​ភព​មួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ ព្រះសុគត លុះត្រាស់ពាក្យនេះហើយ ព្រះ​សាស្តា ទ្រង់ត្រាស់ពាក្យដូច្នេះដទៃ អំពីពាក្យនោះថា

[៨៧] ការត្រាច់រង្គាត់ទៅអស់កាលជាអង្វែង ក្នុងជាតិនោះៗឯង ក៏ព្រោះ​តែមិន​បានឃើញនូវអរិយសច្ចទាំង៤តាមពិត។ ឯអរិយសច្ចទាំង៤នោះ បើបុគ្គលបានឃើញ​ហើយ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វ​អំពីភពមួយទៅភពមួយ ក៏ដាច់ហើយ​ ឫសគល់​របស់ទុក្ខក៏ពុករលួយហើយ ភពថ្មីទៀតក្នុងកាលឥឡូវនេះ មិនមានឡើយ។

[៨៨] បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងកោដិគ្រាមនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៨៩] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុ មកថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​នាទិកគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់នាទិកគ្រាមនោះ ព្រមដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងផ្ទះសំណាក់​ដែល​ធ្វើដោយឥដ្ឋ ក្នុងនាទិកគ្រាមនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើ​មរណកាលក្នុងនាទិកគ្រាម គតិរបស់សាឡ្ហភិក្ខុនោះ ដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីឈ្មោះនន្ទា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់​ភិក្ខុនី​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុទត្ត ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសិកាឈ្មោះសុជាតា ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសិកា​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះកកុធៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះការឡិម្ភៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក​ឈ្មោះ​និកដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះ​កដិស្សហៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះតុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសក​ឈ្មោះ​សន្តុដ្ឋៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះភដៈ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាសកឈ្មោះសុភដៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សាឡ្ហភិក្ខុ បានធ្វើ​ឲ្យជាក់ច្បាស់​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុង​បច្ចុប្បន្ន ម្នាលអានន្ទ នន្ទាភិក្ខុនី ជាឱបបាតិកសត្វ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គល​លែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់​ទៅនៃសំយោជនៈ៥ ជាចំណែក​ខាងក្រោម (អនាគាមី) ម្នាលអានន្ទ សុទត្តឧបាសក ជាសកទាគាមី ត្រឡប់មកកាន់​លោក​នេះម្តងទៀត នឹងធ្វើនូវ​ទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដោយមានរាគៈ ទោសៈ មោហៈស្រាលស្តើង ម្នាលអានន្ទ សុជាតាឧបាសិកា ជាសោតាបន្នបុគ្គល ជាបុគ្គល​លែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងទៅខាងមុខ ព្រោះ​អស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ កកុធៈឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន​ក្នុង​សុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែង​វិលត្រឡប់​ចាកលោកនោះ ព្រោះអស់​ទៅនៃ​សំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ការឡិម្ភឧបាសក។បេ។ ម្នាលអានន្ទ និកដឧបាសក។ ម្នាលអានន្ទ កដិស្សហឧបាសក។ ម្នាលអានន្ទ តុដ្ឋឧបាសក។ ម្នាលអានន្ទ សន្តុដ្ឋឧបាសក។ ម្នាលអានន្ទ ភដឧបាសក។ ម្នាលអានន្ទ សុភដឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសកជាង៥០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែចាឱបបាតិក​សត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសក​៩៦​នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសកទាគាមី ត្រឡប់មក​កាន់​លោកនេះម្តង​ទៀត នឹងធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ​ស្រាលស្តើង ម្នាលអានន្ទ ពួកឧបាសក៥១០នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសោតាបន្នបុគ្គល ជាបុគ្គលលែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសេចក្តី​ត្រាស់ដឹងទៅខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ម្នាលអានន្ទ សត្វដែល​ជាមនុស្ស ធ្វើមរណកាលដោយហេតុណា ហេតុនោះ មិនជាអស្ចារ្យទេ ព្រោះកាល​បើ​មនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយមុខជានឹងមករកតថាគត ហើយសួរ​នូវ​ដំណើរនុ៎ះ ម្នាលអានន្ទ នេះជាសេចក្តីលំបាកដល់តថាគតណាស់ ម្នាលអានន្ទ ព្រោះ​ហេតុនោះ អរិយសាវ័កប្រកបដោយ​ធម្មបរិយាយណា កាលបើប្រាថ្នានឹងព្យាករ ក៏​គប្បី​ព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ តថាគត​នឹង​សំដែងធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ (ធម៌ដូចកញ្ចក់ឆ្លុះ) ម្នាលអានន្ទ អរិយ​សាវ័កប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ ចុះ​ធម្មបរិយាយ​ ឈ្មោះធម្មាទាសៈនោះ តើដូចម្តេច ម្នាលអានន្ទ អរិយសាវ័ក​ក្នុងសាសនា​នេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គ​នោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ទ្រង់ដល់នូវសុន្ទរស្ថាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់ទូន្មានបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំង​ឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត ដូច្នេះ អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ថា ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលអរិយបុគ្គល គប្បី​ឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរនឹងហៅថា អ្នកចូរចូល​មក​មើលដូច្នេះបាន ជាធម៌ ដែលអរិយបុគ្គល​ គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នកប្រាជ្ញទាំងឡាយ មានឧគ្ឈដិតញ្ញូបុគ្គលជាដើម គប្បីដឹងដោយជាក់​ច្បាស់​ក្នុងចិត្តនៃខ្លួនដូច្នេះ អរិយសាវ័កប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ​ថា ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដោយប្រពៃ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកនៃសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយសមគួរ ព្រះសង្ឃ​ទាំងអស់​នោះ បើរាប់ជាគូនៃបុរស មាន៤ បើរាប់រៀង​ជាបុរសបុគ្គល មាន៨ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគនុ៎ះ លោកគួរទទួល​នូវចតុប្បច្ច័យ ដែលគេ​នាំមកបូជា លោកគួរ​ទទួល​នូវ​អាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោក​គប្បីធ្វើ​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់​សត្វលោកដូច្នេះ អរិយសាវ័កប្រកប​ហើយដោយ​សីល ជាទីគាប់ចិត្តរបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីល​របស់មនុស្ស​អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាក​ដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន ម្នាលអានន្ទ អរិយសាវ័ក​ប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួន​ឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គល​ទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខដូច្នេះ ធម្មបរិយាយនេះឯង ហៅថា ធម្មទាសៈ ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងផ្ទះសំណាក់ ធ្វើដោយឥដ្ឋក្នុងនាទិកគ្រាមនោះ​ឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៩០] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនាទិកគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​ក្រុងវេសាលី។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់ក្រុងវេសាលី ព្រមដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលីនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុមានសតិនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាកាយក្នុងកាយជាប្រក្រតី ជាអ្នក​មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដឹងខ្លួន មានសតិ កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុ​ពិចារណាធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី ជាអ្នកមានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ដឹងខ្លួន មានសតិ កំចាប់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​សម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើនូវសេចក្តី​ដឹងខ្លួន ក្នុងកិរិយា​ឈានទៅមុខ និងការឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន​ក្នុង​កិរិយា​ក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅខាង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​អង្កុញ និងកិរិយាលាតលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ទ្រទ្រង់​សង្ឃាដិ និងបាត្រ ចីវរ​ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ស៊ី ផឹក ទំពា ក្រេបជញ្ជាប់ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​​បន្ទោបង់ឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់​ និយាយ និងការស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសម្បជញ្ញៈយ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ចំពោះ​អ្នកទាំងឡាយ។

[៩១] ស្រីផ្កាមាសឈ្មោះអម្ពបាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេច​មកដល់ក្រុងវេសាលី ហើយទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុង​វេសាលី។ ទើបស្រីផ្កាមាសឈ្មោះអម្ពបាលី ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងជិះ​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា បរ​សំដៅ​ទៅកាន់អារាមរបស់ខ្លួន ទៅដោយយានកំណត់ត្រឹម​ទីដែល​បរយានទៅបាន រួច​ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ស្រីផ្កាមាសឈ្មោះអម្ពបាលី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់​នោះ ស្រីផ្កាមាសឈ្មោះអម្ពបាលី លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំង​ភិក្ខុសង្ឃ ទទួលភត្ត​ខ្ញុំ​ម្ចាស់ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ នាង​អម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។

[៩២] ពួកស្តេចលិច្ឆវី អ្នកនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលីហើយ​ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលី។ ទើបស្តេចលិច្ឆវីទាំងនោះ ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងគង់​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា។ បណ្តាស្តេចលិច្ឆវីទាំងនោះ ស្តេចលិច្ឆវីពួកខ្លះ ជាពួកខៀវ មានសម្បុរខៀវ មានសំពត់​ខៀវ មានគ្រឿងប្រដាប់ក៏ខៀវ ស្តេចលិច្ឆវីពួកខ្លះ ជាពួកលឿង មានសម្បុរលឿង មានសំពត់លឿង មានគ្រឿងប្រដាប់ក៏លឿង ស្តេចលិច្ឆវីពួកខ្លះ ជាពួកក្រហម មានសម្បុរក្រហម មានសំពត់ក្រហម មានគ្រឿងប្រដាប់ក៏ក្រហម ស្តេចលិច្ឆវីពួកខ្លះ ជាពួកស មានសម្បុរស មានសំពត់​ស មានគ្រឿងប្រដាប់ក៏ស។​ លំដាប់នោះ នាង​អម្ពបាលីផ្កាមាស បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ ឯស្តេចលិច្ឆវីទាំងនោះ មានបន្ទូល​នឹង​នាង​អម្ពបាលីផ្កាមាស យ៉ាងនេះថា ម្នាល​មេអម្ពបាលី ហេតុអ្វីក៏នាង បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ បានជាខ្ញុំ​ម្ចាស់ធ្វើយ៉ាងនោះ ព្រោះ​ខ្ញុំម្ចាស់ បាននិមន្ត​ព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ដើម្បីឆាន់ភត្តក្នុងថ្ងៃស្អែក។ ពួក​ស្តេច​លិច្ឆវីមានបន្ទូលថា ម្នាលមេអម្ពបាលី នាងចូរឲ្យភត្តនេះមកយើងដោយតម្លៃ ​ចំនួន​១សែនកហាបណៈចុះ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ ទុកជា​ព្រះអង្គប្រទាន​ក្រុងវេសាលី ព្រមទាំងជនបទដល់ខ្ញុំម្ចាស់ ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយភត្ត​ដ៏​ប្រសើរយ៉ាងនេះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយ​ពោលថា ម្នាលគ្នាយើង ពួកយើង​ នាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួក​យើងត្រូវនាងអម្ពបាលីបញ្ឆោត​បានហើយហ្ន៎។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ក៏បរយាន​ទៅកាន់អម្ពបាលិវ័ន។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ មកអំពី​ចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនដែលឃើញពួកទេវតា នៅក្នុងឋានតាវត្តិង្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះ ចូរមើល​លិច្ឆវិបរិសទ្យ ចូរសង្កេតមើលលិច្ឆវិបរិសទ្យ ពិនិត្យមើលលិច្ឆវិបរិសទ្យ ដែលប្រហែលគ្នានឹងទេវតា នៅក្នុងឋានតាវត្តិង្ស។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះក៏​ទៅ​ដោយ​យាន កំណត់ត្រឹម​ទីដែល​បរយានទៅបាន ហើយ​ចុះអំពីយាន ស្តេចទៅ ដោយ​ព្រះបាទា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះ​ស្តេចលិច្ឆវីទាំងនោះ គង់​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ស្តេចលិច្ឆវីទាំងនោះ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំង​ព្រះភិក្ខុសង្ឃ ទទួលភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​លិច្ឆវីទាំងឡាយ តថាគតបានទទួលភត្ត របស់នាង​អម្ពបាលីផ្កាមាស ដើម្បីឆាន់​ក្នុងថ្ងៃ​ស្អែក​រួចទៅហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាម​ព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាល​គ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំង​នោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅ​ហើយ នាងអម្ពបាលីផ្កាមាស តាក់តែងខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាក្នុងអារាមរបស់​ខ្លួន ហើយ​ឲ្យបម្រើទៅក្រាបទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ​ចីវរ​អំពីព្រលឹម ស្តេចសំដៅទៅកាន់ទីអង្គាសចង្ហាន់ របស់នាងអម្ពបាលីផ្កាមាស ព្រម​ដោយ​ភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះ នាងអម្ពបាលីផ្កាមាស បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយ​ភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស កំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច​ហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈ​ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ នាងអម្ពបាលីផ្កាមាស លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាប​បង្គំទូលព្រះមានព្រះភាគថា​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​អារាមនេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនូវអារាម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងនាងអម្ពបាលីផ្កាមាស ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេច​ចេញទៅ។ បានឮថា ព្រះមានព្រះភាគ ដែលទ្រង់គង់​ក្នុងអម្ពបាលិវ័ន ទៀប​ក្រុង​វេសាលី​នោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មាន​អានិសង្ស​ច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ បានត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងចូលទៅកាន់វេឡុវគ្រាម។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់​វេឡុវគ្រាម ព្រម​ដោយ​​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុង​វេឡុវ​គ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ទៅចាំ​វស្សា​​ក្នុងទីជិត​ៗ​ក្រុង​វេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាម​បុគ្គល​ដែលស្និទ្ធស្នាល​នឹងគ្នាចុះ ចំណែកតថាគត នឹងនៅចាំវស្សា​ក្នុងវេឡុវគ្រាម​នេះឯង។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏នាំគ្នាទៅចាំ​វស្សា​ក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាល​នឹងគ្នា។ ចំណែកខាង​ព្រះមាន​ព្រះភាគ ទ្រង់ចាំវស្សា​ក្នុង​វេឡុវគ្រាមនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់គង់ចាំវស្សា ក៏មានព្រះអាពាធខ្លាំង​ក្លា​កើតឡើង វេទនាដ៏មានកម្លាំង ស្ទើរនឹងដល់មរណៈ ក៏ប្រព្រឹត្ត​ទៅ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់មានសតិ និងសម្បជញ្ញៈ មិនឲ្យ​ទុក្ខវេទនា​បៀតបៀនបាន ទ្រង់​អត់​សង្កត់ (ដោយអធិវាសនខន្តី)។ គ្រានោះ ព្រះមាន​ព្រះ​ភាគ ទ្រង់មានព្រះតម្រិះ​យ៉ាង​នេះថា តថាគតមិនបានប្រាប់ពួកភិក្ខុអ្នកបម្រើ និងមិនបាន​ប្រាប់​ភិក្ខុសង្ឃ ហើយបរិនិព្វាន​ដោយហេតុណា ហេតុនោះ មិនសមគួរដល់​តថាគត​ឡើយ បើដូច្នោះ គួរ​តែតថាគតគ្របសង្កត់អាពាធនេះ ដោយសេចក្តីព្យាយាម ហើយ​អធិដ្ឋានជីវិតសង្ខារ​ សម្រេច​ឥរិយាបថសិនចុះ។ ទើប​ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់​អាពាធនោះ ដោយ​សេចក្តីព្យាយាម ហើយទ្រង់អធិដ្ឋាននូវជីវិតសង្ខារ។ អាពាធ​នៃ​ព្រះ​មាន​ព្រះភាគនោះ ក៏​រម្ងាប់ទៅក្នុងកាលនោះឯង។ លុះព្រះមានព្រះភាគ សះស្បើយ​អំពី​អាពាធហើយ ទើប​នឹង​ស្បើយចាកពីអាពាធមិនយូរប៉ុន្មាន ទ្រង់ស្តេចចេញអំពីវិហារ ទៅគង់​លើអាសនៈ ដែលគេបានក្រាលទុក ត្រង់ម្លប់វិហារ។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគ ទ្រង់បានសេចក្តីសប្បាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគអត់ធន់បាន បពិត្រព្រះអង្គដ៏ចំរើន ក៏កាយរបស់​ខ្ញុំ​ព្រះអង្គ ហាក់​ដូច​ជា​ស្រយុតស្រយង់ពេកណាស់ សូម្បីទិសទាំងឡាយ ក៏មិនប្រាកដ​ដល់​ខ្ញុំព្រះអង្គ សូម្បី​ធម៌​ទាំងឡាយ ក៏មិនច្បាស់លាស់ ដល់ខ្ញុំព្រះអង្គ ព្រោះហេតុ​ដែល​ព្រះ​មាន​ព្រះភាគ ទ្រង់ព្រះ​អាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែខ្ញុះព្រះអង្គ មានសេចក្តី​សង្ឃឹម​ខ្លះថា ព្រះមានព្រះភាគ មិនទាន់សំដែងធម៌នីមួយដ៏ប្លែក ប្រារព្ធនឹងភិក្ខុ​សង្ឃ​ដរាបណាទេ ព្រះមានព្រះភាគ នឹងមិនទាន់បរិនិព្វានដរាបនោះ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត ម្នាលអានន្ទ ធម៌​ដែល​តថាគត​សំដែងហើយ ធ្វើមិនឲ្យមានខាងក្នុងខាងក្រៅ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិន​មានក្នុងធម៌ទាំងឡាយ របស់តថាគតទេ ម្នាលអានន្ទ អ្នកណាមានគំនិតយ៉ាងនេះថា អាត្មាអញនឹងគ្រប់គ្រង​ភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវអាត្មាអញ​ដូច្នេះក្តី ម្នាលអានន្ទ អ្នកនោះសមជាពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃមិនខាន។ ម្នាល​អានន្ទ តថាគត មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងគ្រប់គ្រងសង្ឃដូច្នេះ ឬថា ភិក្ខុសង្ឃជាអ្នកអាង នូវអាត្មាអញដូច្នេះសោះឡើយ។ ម្នាលអានន្ទ ព្រះតថាគត​ នឹង​ពោលពាក្យណាមួយ ប្រារព្ធនឹង​ភិក្ខុសង្ឃ ធ្វើអ្វីទៀត។ ម្នាលអានន្ទ ឥឡូវនេះ តថាគត​គ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់​បច្ឆិមវ័យ​ហើយ វ័យ​តថាគត បាន៨០ឆ្នាំហើយ។ ម្នាលអានន្ទ រទេះចាស់ដែលបរទៅបាន ព្រោះការ​អបដោយ​ឫស្សី​ យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នឹងប្រព្រឹត្តទៅបាន ដូចជារទេះ អបដោយ​ឫស្សីយ៉ាងនោះឯង។ ម្នាលអានន្ទ សម័យណា ដែលព្រះតថាគតចូល​ចេតោសមាធិ (សេចក្តីតាំងចិត្តមាំ) ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត​នូវ​និមិត្ត​ទាំងពួង ព្រោះរំលត់វេទនាពួកខ្លះ ម្នាលអានន្ទ សម័យនោះ កាយនៃ​ព្រះតថាគត ក៏​បាន​សេចក្តីសប្បាយគ្រាន់បើ។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរយកខ្លួន ជាទី​ពឹង យកខ្លួន​ជាទីរលឹក កុំយករបស់ដទៃជាទីរលឹក ចូរយកធម៌ជាទីពឹង យកធម៌​ជាទី​រលឹក កុំយករបស់ដទៃជាទីរលឹកឡើយ។ ម្នាលអានន្ទ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌​ជាទីពឹង យកធម៌ជាទីរលឹក មិនយក​របស់​ដទៃជាទីរលឹកនោះ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធចេញ។ ក្នុង​វេទនា​ទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម​ដុត​កំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក​ចេញ។ ម្នាលអានន្ទ យ៉ាងនេះឯង ភិក្ខុឈ្មោះថា យកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹក។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះក្តី អំណើះឥតនឹងតថាគតទៅក្តី ភិក្ខុណា​មួយ យកខ្លួនជាទីពឹង​ យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹកឡើយ ម្នាលអានន្ទ មួយទៀត ភិក្ខុ​ណាមួយ ជាអ្នកប្រាថ្នានូវសិក្ខា ភិក្ខុទាំងនោះ នឹងតាំងនៅក្នុងគុណដ៏ប្រសើរបំផុត របស់​តថាគតដែរ។

ចប់ គាមកណ្ឌ ក្នុងមហាបរិនិព្វានសូត្រ។

ចប់ ពុទ្ធភាណវារៈ ទី២។

[៩៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅទ្រង់បិណ្ឌបាត្រ ក្នុងក្រុងវេសាលី លុះទ្រង់ត្រាច់ទៅបិណ្ឌបាត្រ ក្នុង​ក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងវេលាខាងក្រោយភត្តហើយ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈ [អដ្ឋកថា ថា និសីទនៈ ក្នុងទីនេះ គឺចម្មខណ្ឌ] ទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃ​ឯបាវាលចេតិយ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់យកនិសីទនៈទៅតាមៗ ខាងក្រោយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏​គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ ចំណែកខាង​ព្រះអានន្ទមានអាយុ ក៏​ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេក​អរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គល​ណា​មួយបានចំរើនហើយ បានធ្វើ​រឿយៗហើយ ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប [កំណត់អាយុរបស់មនុស្ស ដែលពេញគ្រប់គ្រាន់តាមកាល តាមសម័យ ហៅថា អាយុកប្ប ដូច​ក្នុងសម័យ​ព្រះពុទ្ធជាម្ចាស់យើងនេះ អាយុកប្បកំណត់១រយឆ្នាំ។] ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ ព្រះតថាគត បានចំរើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បាន​តាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ តថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ទុក​ជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិក​យ៉ាង​នេះ​ហើយ ព្រះអានន្ទមានអាយុ ក៏មិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារ​ចូល​មក​ជ្រែក​គំនិត។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលជាគំរប់​២ដងផង។បេ។ ព្រះ​មាន​ព្រះភាគ ទ្រង់មានព្រះបន្ទូល​នឹងព្រះអានន្ទមានអាយុ ជាគំរប់៣ដង​ផង​ថា ម្នាល​អានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយបានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បាន​ធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១​អាយុ​កប្ប​​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ ព្រះតថាគត បានចំរើនហើយ បានធ្វើ​រឿយៗ​ហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ទុក​ជា​ព្រះមាន​ព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទ​មាន​អាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះ​មារ​​​ចូល​មកជ្រែកគំនិត។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទ​មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​អង្គុយទៀប​គល់ឈើមួយ ក្នុងទីមិនឆ្ងាយ។

[៩៥] កាលបើព្រះអានន្ទមានអាយុ ចេញទៅហើយមិនយូរប៉ុន្មាន គ្រានោះ ក្រុង​មារ​មានចិត្តបាប ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​ឋិត​នៅក្នុង​ទីដ៏សមគួរ។ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ​ មារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលខ្លួន​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយ​សំដែង​​ធម៌​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ​នេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះ​មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសក ជាសាវ័ករបស់​ព្រះមានព្រះភាគ ​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌​ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ ប្រកប​ដោយ​បាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វាន​ទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមាន​ព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ ប្រកបដោយ​បាដិហារ្យ​បាន​ហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន ​របស់​ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់​វាចា​នេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ [សំដៅយកសាសនា​ទាំងមូល ដែលសង្គ្រោះ​ដោយត្រៃសិក្ខា។] របស់តថាគត​នេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា នឹងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគនេះ ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមាន​ព្រះភាគ​ហើយ។ កាលបើក្រុងមារ​ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏បាន​ត្រាស់​ភាសិតនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តី​ខ្វល់ខ្វាយតិចចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពី​ថ្ងៃ​នេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិ​សម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់​អាយុ​សង្ខារហើយ ក៏កក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់​ឮ​ឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាន​នេះ ក្នុងវេលានោះថា

[៩៦] ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែល​នាំសត្វទៅកាន់ភពផង ទ្រង់​ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាច​វិបស្សនា) មានព្រះហឫទ័យ​តាំង​មាំ​ហើយ (ដោយអំណាចសមថៈ)ផង ទ្រង់បានទំលាយ​នូវបណ្តាញ គឺកិលេស ដែល​កើតមាននៅក្នុងខ្លួន​ ដូចជាក្រោះ។

[៩៧] លំដាប់នោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុជាអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ ការកក្រើកផែនដីនេះ ជា​យ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ។ ទើប​ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន មានហេតុជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដ៏ប្លែក បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ​ ជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែនដីនេះ ធំពេក​ណាស់ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ។

[៩៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ឯហេតុបច្ច័យ ដែលនាំឲ្យកក្រើក​ផែនដីនេះ មាន៨យ៉ាង។ ហេតុបច្ច័យទាំង៨យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ មហាប្រឹថពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាល​អានន្ទ សម័យដែលមានខ្យល់ធំបក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹក​ឲ្យកក្រើក ឯទឹក​ដែលកក្រើកមកហើយ ក៏ធ្វើផែនដីកក្រើកដែរ នេះជាហេតុ ជាបច្ច័យទី១ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ សមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ​ក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គល​នោះ បានចំរើន​បឋវីសញ្ញា ឲ្យមានកំឡាំងតិច ចំរើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែង ធ្វើ​ផែនដីនេះ ឲ្យកក្រើករំពើក រំភើបញាប់ញ័របាន នេះជាហេតុ ជាបច្ច័យទី២ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុត​ចាកពួកទេវតា ដែលឋិតនៅក្នុង​ស្ថានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់​ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៣ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៤ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើក​រំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៥ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្ត​ទៅ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៦ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើក​រំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៧ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត បរិនិព្វាន ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើករំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី៨ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ​កក្រើកផែនដីជាយ៉ាងធំ​ មាន៨យ៉ាងនេះឯង។

[៩៩] ម្នាលអានន្ទ បរិសទ្យនេះមាន៨ពួក។ បរិសទ្យទាំង៨ពួក តើដូចម្តេច។ គឺ​ខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តិង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ម្នាលអានន្ទ ចំណែក​តថាគត ចូលទៅកាន់ខត្តិយបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។ ក្នុងខត្តិយ​បរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជាមួយផង។ សម្បុររបស់ជនទាំងនោះ ក្នុងពួកបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត យ៉ាងនោះដែរ សំឡេង​របស់ជនទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត យ៉ាងនោះដែរ។ មួយទៀត តថាគតបានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ តថាគត លុះញុំាង​ជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ឯជន​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ តថាគត ចូលទៅកាន់ព្រាហ្មបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់។។បេ។ គហបតិបរិសទ្យ។បេ។ សមណបរិសទ្យ។បេ។ ចាតុម្មហារាជិកា​បរិសទ្យ។បេ។ តាវត្តិង្សបរិសទ្យ។បេ។ មារបរិសទ្យ។បេ។ ព្រហ្មបរិសទ្យ។ ក្នុងព្រហ្ម​បរិសទ្យ​នោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជា​មួយ​ផង។ សម្បុររបស់ព្រហ្មទាំងនោះ ក្នុងព្រហ្មបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាងនោះដែរ សំឡេង​របស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត ក៏​យ៉ាង​នោះដែរ។ មួយទៀត តថាគតបានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ចំណែកខាង​ព្រហ្មទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ លុះតថាគត ញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ចំណែកព្រហ្ម​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ។ ម្នាលអានន្ទ បរិសទ្យមាន៨ពួកនេះឯង។

[១០០] ម្នាលអានន្ទ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់នូវ​បច្ចនិកធម៌) នេះ មាន៨ប្រការ។ អភិភាយតនៈ ៨ប្រការ តើដូចម្តេច។ បុគ្គលពួក១ មានសេចក្តី​សំគាល់​នូវ​រូបខាងក្នុង [ដែលថា សំគាល់នូវរូបខាងក្នុងនោះ គឺបុគ្គលយកអាការក្នុងខ្លួន មានសក់​ជាដើម មកធ្វើបរិកម្ម។] ហើយឃើញនូវរូបខាងក្រៅ [ដែលថា ឃើញនូវរូបខាងក្រៅ គឺឃើញនូវនិមិត្តខាងក្រៅ ដែលខ្លួន​យកអាការ​ខាងក្នុងមកបរិកម្ម ហើយកើត​និមិត្ត​ឡើងខាងក្រៅនោះឯង។] មានប្រមាណតិច [ដែលថា មានប្រមាណតិចនោះ សំដៅ​យក​និមិត្តរបស់បុគ្គល​ដែលជាវិតក្កចរិត និមិត្តនោះ មានប្រមាណតិច។] មានពណ៌ល្អ ឬមានពណ៌​អាក្រក់ [ដែលថា មានពណ៌ល្អនោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែល​ជាទោសចរិត។ ដែលថា មានពណ៌អាក្រក់នោះ សំដៅយកនិមិត្ត របស់បុគ្គល​ដែល​ជារាគចរិត។] គ្របសង្កត់នូវរូប [ដែលថា គ្របសង្កត់នូវរូបទាំងនោះ គឺបុគ្គលបានឃើញ​នូវ​និមិត្តខាងក្រៅ ហើយកន្លងបង់នូវនិមិត្តនោះចេញ ទើបចូល​ទៅកាន់អប្បនា គឺបឋមជ្ឈាន។] ទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន [ដែលថា មានប្រមាណច្រើន​នោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែលជាមោហចរិត] មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី២។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង [បុគ្គលនោះ មិនយក​អាការខាងក្នុងមកធ្វើបរិកម្ម យកវត្ថុខាងក្រៅមកធ្វើ​បរិកម្មវិញ។] ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី៤។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កា​កប្បាសខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៥។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កា​កណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀប​ដូចសំពត់​ កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជា​រូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៦។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កា​ច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៧។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចផ្កា​យព្រឹកដែល ស មានពណ៌ស ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៨។ ម្នាលអានន្ទ អភិភាយតនៈ មាន៨ប្រការនេះឯង។

[១០១] ម្នាលអានន្ទ វិមោក្ខ (ធម៌ជាគ្រឿងរួចចាកអាសវៈ) នេះ មាន​៨ប្រការ។ វិមោក្ខ៨ប្រការ តើដូចម្តេច។ បុគ្គលបាននូវរូបជ្ឈាន [រូបាវចរជ្ឈាន ដែលកើត​អំពី​កសិណ មាននីលកសិណជាដើម ក្នុងអាការទាំង៣២ មានសក់ ជាដើម ដែលសន្មត​ថា ជាវត្ថុ​ខាងក្នុង។] រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជា​វិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់​នូវរូបខាង​ក្នុង រមែងឃើញនូវរូបខាងក្រៅ​ទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជា​វិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ [បុគ្គលដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លាជាងបុគ្គលទី១ ទី២។] នេះជា​វិមោក្ខទី៣។ បុគ្គលដែលកន្លងនូវរូបសញ្ញា [សេចក្តីសំគាល់​ក្នុង​រូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។] ដល់នូវសេចក្តី​វិនាស នៃ​បដិឃសញ្ញា [សេចក្តី​សំគាល់ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់​នឹងអារម្មណ៍​ មាន​រូប​ជាដើម។] មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [សញ្ញាដែល​ប្រព្រឹត្តទៅក្នុង​អារម្មណ៍​ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា។] ដោយប្រការទាំងពួង ហើយបាន​ដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាស​មិនមាន​ទី​បំផុតដូច្នេះ នេះ​ជា​វិមោក្ខទី៤។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយ​បាន​​ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលដែលកន្លង​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយបាន​ដល់នូវ​​អាកិញ្ចញ្ញាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួច ក៏​មិនមានដូច្នេះ នេះជាវិមោក្ខទី៦។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី៧។ បុគ្គលដែលកន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខទី៨។ ម្នាល​អានន្ទ វិមោក្ខ មាន៨ប្រការនេះឯង។

[១០២] ម្នាលអានន្ទ សម័យមួយ តថាគតបានត្រាស់ជាដំបូង បានគង់នៅ​ក្រោម​ដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេសឯណោះ។ ម្នាល​អានន្ទ គ្រានោះឯង ក្រុងមារមានចិត្តបាប ចូលទៅរកតថាគត លុះចូលដល់ហើយ បានឋិត​នៅ​ក្នុងទីដ៏សមគួរ។ ម្នាលអានន្ទ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​និយាយយ៉ាងនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយ​យ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារ​​មានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែល​កើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏មិនបាន​បរិនិព្វាន​ដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវ​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែល​សម​ហេតុ ហើយសំដែង​ធម៌​ ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់​បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃ​អាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ​ឲ្យ​ជាកិច្ចដែល​សង្កត់​សង្កិន​ដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំង​មិន​ទាន់​បានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាល​មារមានចិត្តបាប ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ម្នាលអានន្ទ ថ្ងៃនេះ ក្រុងមារមានចិត្តបាប បាន​ចូលមករកតថាគត ក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង បានឋិតនៅក្នុង​ទី​ដ៏សមគួរ។ ម្នាលអានន្ទ លុះមារមានចិត្តបាប បានឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោល​ពាក្យនេះ នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះមាន​ព្រះភាគ បានត្រាស់ព្រះវាចានេះថា ម្នាលមារមានចិត្តបាប ពួកភិក្ខុជា​សាវ័ក​របស់​តថាគត នៅមិនទាន់​មាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ។ ពួក​ភិក្ខុនី ជាសាវិការបស់តថាគត នៅមិនទាន់​មាន​ដរាបណា។ ពួកឧបាសក ជាសាវ័ក​របស់តថាគត នៅមិនទាន់​មានដរាបណា។ ពួកឧបាសិកា ជាសាវិការបស់តថាគត នៅមិនទាន់​មានដរាបណា។ ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់​ពេញ​បរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយ​ប្រពៃ ដរាបណា (តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគ បានខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ។ ម្នាលអានន្ទ កាល​បើ​ក្រុងមារ​ បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តីខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត​នឹងបរិនិព្វាន​ហើយ ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគត មានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុង​បាវាលចេតិយ​អម្បាញ់មិញនេះឯង។ កាលបើព្រះមានព្រះភាគ មានពុទ្ធតម្រាស់ យ៉ាង​នេះហើយ ព្រះអានន្ទមានអាយុ ក៏បាន​ក្រាបបង្គំទូលឃាត់​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ ឥឡូវនេះ កុំឡើយ អ្នកកុំអង្វរ​តថាគត​ឡើយ ម្នាលអានន្ទ ឥឡូវនេះ មិនមែនជាកាល​គួរអារាធនា​តថាគតទេ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ក្រាបបង្គំទូល ជាគំរប់​២ដងផង។បេ។ ព្រះអានន្ទមានអាយុ បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ ជាគំរប់បីដងផង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយ​អាយុ​កប្ប ដើម្បីប្រយោជន៍ ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីសេចក្តី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអានន្ទ អ្នកជឿពោធិញ្ញាណ​ របស់​តថាគត​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿ។ ម្នាលអានន្ទ កាលបើអ្នកជឿដែរ ហេតុអ្វី​ក៏​អ្នកនៅ​តែ​ទទូច​តថាគត ដល់ទៅ៣ដង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះពុទ្ធដីកានេះ ខ្ញុំព្រះអង្គ​បានស្តាប់ក្នុងទីចំពោះ​ព្រះភក្ត្រ បានត្រងរង ក្នុងទីចំពោះព្រះភក្ត្រថា ម្នាល​អានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យ​ដូចជា​យានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំ​ទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់​១​អាយុ​កប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគត បាន​ចំរើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​១អាយុកប្ប​ក៏​បាន។ ម្នាលអានន្ទ អ្នកជឿឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ជឿ។ ម្នាលអានន្ទ ហេតុ​ដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់​អ្នកហើយ ព្រោះ​តថាគត បានធ្វើនិមិត្ត​ជាឱឡារិក បានធ្វើឱភាស ជាឱឡារិក​យ៉ាងនេះ​ហើយ អ្នកនៅ​តែ​មិន​យល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ឋិត​នៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ​ ដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​ គប្បី​ឃាត់​វាចារបស់អ្នក ត្រឹម​តែ​ពីរលើក តែដល់​ទៅបីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុនោះ នេះ​ជា​អំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ។

[១០៣] ម្នាលអានន្ទ សម័យមួយ តថាគតគង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ​ឯណោះ ម្នាលអានន្ទ ក្នុងទីនោះឯង តថាគតបានពោលនឹងអ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ កាលបើតថាគតនោះ ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត បានធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់​បីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៤] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមនិគ្រោធ ជិតក្រុង​រាជគ្រឹះ​នោះឯង។បេ។ តថាគតនៅជិតជ្រោះ ជាទីទម្លាក់នូវចោរ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងសត្តបណ្ណគុហា (គុហាដែលសន្មត​ដោយដើម​សត្បណ្ណព្រឹក្ស) ខាង​ភ្នំ​វេភារៈ ជិតក្រុង​រាជគ្រឹះនោះឯង។ តថាគតនៅក្នុងកាឡសិលា (ថ្មខ្មៅ) ខាងភ្នំ​ឥសិគិលិ ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុងសប្បសោណ្ឌិកបព្ភារៈ (ញក​មានត្រពាំង​ទឹក​ ជាទីនៅ​នៃពស់) ក្នុងសីតវ័ន (ព្រៃត្រជាក់) ទៀបក្រុងរាជគ្រឹះនោះឯង។ តថាគតនៅក្នុង​តបោទារាម (អារាមជិតស្ទឹងឈ្មោះតបោទា) ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត​នៅក្នុង​វេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ តថាគត នៅក្នុងជីវកម្ពវ័ន ជិត​ក្រុង​រាជគ្រឹះនោះឯង។ តថាគត នៅក្នុងមទ្ទកុច្ឆិមិគទាយវ័ន ជិតក្រុងរាជគ្រឹះនោះឯង។ ម្នាល​អានន្ទ តថាគតនៅក្នុងទីអម្បាលនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ គោតមនិគ្រោធ ជាទីគួរត្រេកអរ ជ្រោះ​សម្រាប់​ទម្លាក់​នូវចោរ ជាទីគួរត្រេកអរ សត្តបណ្ណគុហា ខាងភ្នំវេភារៈ ជាទីគួរត្រេកអរ កាឡសិលា​ខាង​ភ្នំ​ឥសិគិលិ ជាទីគួរត្រេកអរ សប្បសោណ្ឌិកបព្ភារៈ ក្នុងសីតវ័ន ជាទីគួរត្រេកអរ តបោទារាម ជាទីគួរត្រេកអរ វេឡុវនកលន្ទកនិវាបស្ថាន ជាទីគួរត្រេកអរ ជីវកម្ពវ័ន ជាទីគួរត្រេកអរ មទ្ទកុច្ឆិមិគទាយវ័ន ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាល​អានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យ​ដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិត​នៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើ​តថាគត ធ្វើ​និមិត្ត​ជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែ​មិន​អាច​នឹង​យល់​សេចក្តី​ច្បាស់​លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នក​អារាធនា​តថាគត តថាគត ​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹង​ទទួល​​អារាធនា ក្នុងវារៈជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់ របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៥] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងឧទេនចេតិយ ទៀប​ក្រុង​វេសាលី​នេះឯង។ កាលតថាគត នៅក្នុងឧទេនចេតិយនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគតបានចំរើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត​ប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាល​បើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះ​ហើយ អ្នកនៅតែ​មិន​អាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនអារាធនា​តថាគត​ថា សូម​ព្រះមាន​ព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹង​ទទួល​អារាធនា ក្នុងវារៈ​ជាគំរប់៣​ដង​មិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ។

[១០៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមកចេតិយ ជិត​ក្រុងវេសាលី​នេះ​ឯង។បេ។ តថាគត នៅក្នុងសត្តម្ពចេតិយ ជិត​ក្រុងវេសាលីនេះឯង។ តថាគត​នៅ​ក្នុង​ពហុបុត្តចេតិយ ជិត​ក្រុងវេសាលីនេះឯង។ តថាគតនៅក្នុង​សារន្ទទចេតិយ ជិត​ក្រុង​វេសាលីនេះឯង។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតនៅ​ក្នុង​បាវាលចេតិយ ក្នុងថ្ងៃនេះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជា​ទី​គួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរ​ត្រេកអរ ពហុបុត្ត​ចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​៤ បើ​បុគ្គលណាមួយ បាន​ចំរើនហើយ បានធ្វើច្រើនហើយ បាន​ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បាន​សន្សំ​ទុកហើយ បានប្រារព្ធ​ដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​៤ តថាគត​បាន​ចំរើន​ហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំង​ទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើ​តថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាង​នេះ​ហើយ ក៏អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិត​នៅ​អស់​១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​ គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹងទទួល​អារាធនា ក្នុងវារៈ​ជាគំរប់៣ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ម្នាលអានន្ទ តថាគតប្រាប់អ្នកជាមុនហើយ យ៉ាងនេះ​ថា សេចក្តីព្រាត់ប្រាស សេចក្តីវិនាស សេចក្តីប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទី​ពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលគប្បី​បាននូវ​សេចក្តីទៀងទាត់ មិនព្រាត់ប្រាស ក្នុងខន្ធប្រវត្តិនេះអំពីទីណា ធម្មជាតណា កើត​ឡើងហើយ មានហើយ សង្ខារតាក់តែងហើយ តែងមានសេចក្តីវិនាស​ទៅជាធម្មតា ធម្មជាតនោះឯង បុគ្គលនឹងពោលឃាត់ថា កុំវិនាសដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះ​មិនមានឡើយ។ ម្នាលអានន្ទ មួយទៀត ធម្មជាតណា ដែលតថាគត​ទាត់ចោលហើយ ខ្ជាក់ចោលហើយ ជម្រុះចោលហើយ លះបង់ចោលហើយ បន្សាត់ចោលហើយ អាយុ​សង្ខារ​តថាគតដាក់ចុះហើយ វាចាតថាគតពោលដោយពិតថា បរិនិព្វាន​នៃតថាគត​មិន​យូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ តថាគត នឹងត្រឡប់​មក​កាន់ធម្មជាត​នោះវិញទៀត ព្រោះហេតុនៃជីវិតប៉ុណ្ណោះ (ដោយហេតុណា) ហេតុនុ៎ះ​មិនមានឡើយ ម្នាលអានន្ទ មក យើងនឹងទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន។ ព្រះ​អានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំ​ដាប់នោះ ព្រះមានព្រះភាគ ក៏ស្តេចចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន មួយ​អន្លើ​ដោយព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏​មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែលអាស្រ័យនៅ ក្នុង​ក្រុងវេសាលី ទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែល​អាស្រ័យនៅ ក្នុងក្រុងវេសាលីទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ ឋិតនៅក្នុង​ទី​ដ៏​សម​គួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់​ជ្រាបនូវកាលគួរ ក្នុងកាលឥឡូវនេះ។

[១០៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះ​ចូល​ទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះ​មាន​ព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយ​នេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការ​ដូច្នោះ។ ម្នាលភិក្ខុ​ទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅ​អស់កាល​ដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌​ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បី​រៀន​ដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការ​ដូច្នោះ ធម៌ទាំង​ឡាយ​នោះ តើដូច​​ម្តេច។ អ្វីខ្លះ។ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ អរិយមគ្គ ប្រកបដោយអង្គ៨។ ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសន​ព្រហ្មចរិយៈ​នោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​សុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយ​ណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ​នេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាស​ទៅ​ជា​ធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមានដល់តថាគត មិនយូរឡើយ កន្លង៣ខែ អំពីថ្ងៃនេះទៅ តថាគត នឹង​បរិនិព្វាន​ហើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជា​សាស្តា​ លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះ តទៅទៀតថា

[១០៨] ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ។ ភាជន៍ដី ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយា​បែក​ធ្លាយ​ជា​ទី​បំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។

ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះ តទៅទៀតថា

វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគត មានប្រមាណតិច តថាគត​នឹង​លះ​បង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មាន​តម្រិះ​តម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ។ ភិក្ខុណាមិនប្រមាទ ហើយ​នៅ​ក្នុងធម្មវិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន។

ចប់ ពុទ្ធភាណវារៈទី៣។

[១០៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់​ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះស្តេចទៅបិណ្ឌបាត ក្នុងក្រុងវេសាលី​ហើយ ទ្រង់ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ទ្រង់ងាកក្រឡេកមើល​នូវ​ក្រុង​វេសាលី ដូចជាដំរីដែលក្រឡេកបែរមើល (នូវទីខាងក្រោយ) ហើយត្រាស់នឹង​ព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ តថាគត ឃើញក្រុងវេសាលីម្តងនេះ ជាបច្ឆិមទស្សនៈ (ការ​ឃើញ​ទីបំផុត) ម្នាលអានន្ទ មកយើងនឹងទៅកាន់ភណ្ឌគ្រាម។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់​ភណ្ឌគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បាន​ឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ទាំង៤យ៉ាង។ ធម៌ទាំង៤យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសីល។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយ​សមាធិ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះឯង ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយសមាធិ ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយបញ្ញា ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ អរិយវិមុត្តិ ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាច​នាំសត្វអំពីភពមួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីទៀត ក៏មិនមានក្នុងកាល​ឥឡូវ​នេះឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះតទៅទៀតថា

[១១០] ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ដ៏ប្រសើរ ព្រះគោតម ព្រះអង្គ​មានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែង​ធម៌ប្រាប់ចំពោះភិក្ខុទាំងឡាយ ព្រះសាស្តាមានចក្ខុ ទ្រង់ធ្វើនូវ​ព្រះនិព្វាន ជាទីបំផុត នៃកងទុក្ខ ទ្រង់បរិនិព្វានហើយ។

[១១១] បានឮថា​ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាមនោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[១១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាម តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់ហត្ថិគ្រាម អម្ពគ្រាម ជម្ពុគ្រាម និងភោគនគរ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភោគនគរ ព្រមដោយ​ភិក្ខុសង្ឃជាច្រើនអង្គ។ បានឮថា​ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិត​ភោគនគរនោះ។ ក្នុងទី​នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងមហាប្រទេសទាំង៤នេះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ​ចុះ តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[១១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាល​អាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ​ថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះ គឺ​មិនមានក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះទេ ជាពាក្យដែលភិក្ខុនេះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំង​ឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលភិក្ខុនេះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាបឋមនេះចុះ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃ​នៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន  ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គ​ប្បីចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ​ទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះសង្ឃនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាគំរប់ពីរនេះចុះ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ​មុខ​ព្រះថេរៈ​ទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរនឹងភាសិត​របស់ភិក្ខុ​នោះឡើយ។បេ។ បទ និងព្យញ្ជនៈ មិនប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈ​ទាំងនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនុ៎ះចេញ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ។បេ។ ប្រាកដក្នុងព្រះវិន័យ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈទាំងនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស​ជាគំរប់៣នេះចុះ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុ​ជាថេរៈ ​នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ គប្បីរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដ​ក្នុង​ព្រះវិន័យផងទេ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះ។បេ។ ថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈនោះ រៀន​ត្រូវល្អហើយ​ដោយ​ពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចាំទុក​នូវមហាបទេស​ជាគំរប់៤នេះចុះ។  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក​នូវ​មហាបទេស​ទាំង៤នេះឯង។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អានន្ទចេតិយ ជិត​ភោគនគរនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែង​មាន​ផល​ច្រើន មានអានិសង្សច្រើន បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។

[១១៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភោគនគរ តាមសម​គួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹង​ទៅ​កាន់ក្រុងបាវា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់ក្រុងបាវា ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​អម្ពវ័ន (ព្រៃ​ស្វាយ) របស់នាយចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវានោះ។ នាយចុន្ទកម្មារបុត្ត បាន​ឮដំណឹងថា ព្រះមានព្រះភាគ ស្តេច​មកដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង​អម្ពវ័ន​របស់អាត្មាអញ ទៀបក្រុងបាវា។ គ្រានោះ នាយចុន្ទកម្មារបុត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា។ លំដាប់នោះ នាយចុន្ទកម្មារបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើ​ដោយភិក្ខុសង្ឃ ទទួលភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត ដោយ​តុណ្ហីភាព។ លុះនាយចុន្ទកម្មារបុត្ត បានដឹងច្បាស់ថា ព្រះមាន​ព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ ទើបនាយចុន្ទកម្មារបុត្ត ក៏​ឲ្យគេចាត់ចែងខាទនីយ ភោជនីយាហារ មានរសដ៏ពីសា ព្រមទាំង​សូករមទ្ទវៈ [ពាក្យថា សូករមទ្ទវៈ បានដល់សាច់ជ្រូកដែលគេចិញ្ច្រាំឲ្យល្អិតទន់ ហើយចំអិនដោយល្អ។ មួយទៀតថា សូករមទ្ទវៈនេះ ជាឈ្មោះ​ភោជន ដែលតាក់តែង​ត្រូវតាមតម្រា​នៃម្ហូប​មានរស​ឆ្ងាញ់។ អដ្ឋកថា។] ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ​ស្តេច​ចូលទៅកាន់លំនៅរបស់នាយចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់​គង់រួចហើយ ក៏ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណា ដែល​អ្នកតាក់តែងហើយ ចូរអ្នកអង្គាស​តថាគតដោយសូករមទ្ទវៈនោះចុះ ឯខាទនីយភោជនីយាហារដទៃណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាស​ភិក្ខុសង្ឃ ដោយ​ខាទនីយភោជនីយាហារនោះចុះ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏អង្គាស​ព្រះមានព្រះភាគ ដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃដោយខាទនីយ​ភោជនីយាហារ​ដទៃ ដែលខ្លួនតាក់តែងហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណារបស់អ្នក ដែលនៅសល់ អ្នកចូរ​កប់នូវ​សូករមទ្ទវៈនោះ ក្នុងរណ្តៅទៅ ម្នាលនាយចុន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែល​បរិភោគនូវសូករមទ្ទវៈនោះហើយ សូករមទ្ទវៈនោះ គប្បីដល់នូវកិរិយារលួយទៅ​ដោយ​ល្អឡើយ វៀរលែងតែតថាគតចេញ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កប់នូវសូករមទ្ទវៈ ដែលនៅសល់​នោះ​ក្នុងរណ្តៅ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ស្តេចចេញទៅ។ លុះ​ព្រះមានព្រះភាគ ទ្រង់ឆាន់ភត្តរបស់នាយចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធ ដ៏ខ្លាំង​ក៏​កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតប្បក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិត​នឹងដល់នូវមរណៈ ក៏ប្រព្រឹត្តទៅ។ បានឮថា ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ទ្រង់អត់សង្កត់​នូវវេទនានោះបាន។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់​ក្រុង​កុសិនារា។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[១១៨] ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់នាយចុន្ទកម្មារបុត្ត ហើយមានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ។ ព្យាធិដ៏ក្លា កើតដល់ព្រះ​សាស្តា ដែលសោយភត្ត ដោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់មានអាពាធ ចុះ​ព្រះលោហិតរឿយៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគត នឹងទៅកាន់​ក្រុង​កុសិនារា។

(គាថាទាំងនេះ ព្រះសង្គីតិកាចារ្យទាំងឡាយ សំដែងហើយ ក្នុងកាលធ្វើសង្គីតិ)។

[១១៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ហើយទ្រង់ចូលទៅ​កាន់​ម្លប់ឈើ១ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ចូរអ្នកក្រាលសង្ឃាដិ មានជាន់៤ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគត​ល្ហិតល្ហៃណាស់ តថាគតអង្គុយសិន។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មានជាន់៤ថ្វាយ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នុ៎ះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់ពីរដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច។ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់​ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ រទេះចំនួន៥០០ គេបរឆ្លង​ទៅ​ហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចំរើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នុ៎ះ ព្រះមានព្រះភាគ នឹង​សោយ​ទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹក​មកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់​ទឹក​បន្តិច។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់បាត្រ ដើរតម្រង់ទៅស្ទឹងនោះ។ លំដាប់នោះ ស្ទឹងតូច ដែល​កង់កិន ល្អក់​វឹកវរ ហូរមកនោះ កាលដែល​ព្រះអានន្ទមានអាយុ ចូលទៅដល់ហើយ ក៏ត្រឡប់ទៅជារងថ្លា មិនល្អក់ហូរមកវិញ។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះចំឡែកពេកណាស់ ស្ទឹងតូចនេះឯង ដែល​កង់កិន ល្អក់វឹកវរហូរមក កាលបើអាត្មាអញចូលមកដល់ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះតថាគតមាន​ឫទ្ធិធំ មានអានុភាពធំ។ ព្រះអានន្ទ ក៏ដងទឹក​ដោយបាត្រ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ស្ទឹងតូច ដែល​កង់កិន ល្អក់វឹកវរ កំពុងហូរមកនោះ កាលដែលខ្ញុំព្រះអង្គ​ចូលទៅដល់​ហើយ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះអង្គមាន​ឫទ្ធិធំ មានអានុភាពធំ សូម​ព្រះមានព្រះភាគ ទ្រង់សោយ​ព្រះសុទ្ធរស សូមព្រះសុគត ទ្រង់​សោយព្រះសុទ្ធរស។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់សោយព្រះសុទ្ធរស។

[១២០] សម័យនោះឯង មល្លបុត្ត (ព្រះរាជបុត្តនៃមល្លក្សត្រិយ៍) ព្រះនាម​បុក្កុសៈ ជាសាវ័ករបស់អាឡារតាបស កាលាមគោត្ត ចេញអំពីក្រុងកុសិនារា ដើរទៅ​តាមផ្លូវ​ឆ្ងាយ សំដៅទៅកាន់ក្រុងបាវា។ បុក្កុសមល្លបុត្ត បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់​ឈើ១ លុះឃើញហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់​ក្នុងទីសមគួរ។ បុក្កុសមល្លបុត្ត លុះគង់​ក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នេះ អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ពួកបព្វជិតតែងនៅដោយវិហារធម៌ ដ៏ស្ងប់រម្ងាប់ បពិត្រព្រះអង្គដ៏ចំរើន មានរឿង​ពីដើមថា អាឡារតាបស កាលាមគោត្ត ដើរទៅកាន់​ផ្លូវ​ឆ្ងាយ ហើយចេញអំពីផ្លូវ ចូលទៅអង្គុយ​សម្រាក នៅក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើ១ នៅ​ជិតផ្លូវ បពិត្រព្រះអង្គដ៏ចំរើន កាលនោះ មានរទេះចំនួន​៥០០ កន្លង​ហួសទៅក្បែរៗ នឹង​អាឡារតាបស កាលាមគោត្ត បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានបុរសម្នាក់​ដើរមក តាម​ក្រោយពួករទេះនោះ ចូលសំដៅទៅរកអាឡារតាបស កាលាមគោត្ត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអាឡារតាបស កាលាមគោត្តថា បពិត្រ​តាបសដ៏ចំរើន លោកម្ចាស់បានឃើញរទេះចំនួន​៥០០ កន្លងហួសទៅហើយដែរឬ (​អាឡារតាបសឆ្លើយថា) ម្នាលអាវុសោ យើងមិនបានឃើញទេ (បុរសនោះសួរទៀត​ថា) បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់បានឮសូរ​សម្លេងដែរឬ ម្នាលអាវុសោ យើង​មិនបាន​ឮសូរសម្លេងទេ បពិត្រតាបសដ៏ចំរើន ចុះលោកម្ចាស់​សិងលក់ ឬអ្វី ម្នាលអាវុសោ យើង​មិនបាន​ដេកលក់ទេ បពិត្រ​តាបសដ៏ចំរើន ចុះលោកម្ចាស់មានសញ្ញាដែរឬ ម្នាលអាវុសោ អើ​ យើងមានសញ្ញាដែរ បពិត្រតាបសដ៏ចំរើន លោកម្ចាស់មានសញ្ញានៅភ្ញាក់រលឹក មិនបានឃើញរទេះចំនួន​៥០០ កន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបាន​ឮសូរ បពិត្រលោក​ម្ចាស់ដ៏ចំរើន ចុះសង្ឃាដិរបស់លោកម្ចាស់ ប្រឡាក់ដោយធូលីដែរឬ ម្នាលអាវុសោ​ ប្រឡាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ហេតុនេះ អស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ពួកបព្វជិតតែង​នៅដោយ​វិហារធម៌ដ៏ស្ងប់រម្ងាប់ ព្រោះថា តាបសមានសញ្ញា នៅភ្ញាក់រលឹក តែ​មិនបាន​ឃើញរទេះចំនួន៥០០ កន្លងហួសទៅក្បែរៗខ្លួន។ ទាំងមិនបានឮសូរ ហើយបុរស​នោះ ក៏កើត​សេចក្តីជ្រះថ្លាក្រៃលែង ក្នុងអាឡារតាបស កាលាមគោត្ត ហើយចៀសចេញទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ អ្នកសំគាល់ហេតុនោះដូចម្តេច បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក ​មិនបាន​ឃើញរទេះចំនួន៥០០ ដែលកន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបានឮសូរ បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ [រន្ទះមាន៩យ៉ាងគឺ អសញ្ញា រន្ទះធ្វើសត្វដែលត្រូវសំឡេងរន្ទះនោះ​គ្រប​សង្កត់ឲ្យបាត់សញ្ញា១ វិចក្កា រន្ទះដែលមានសណ្ឋានមូលដូចជាកង់រទេះ១ សតេរា រន្ទះ​ដែល​មានសណ្ឋាន​ដូចជាស្លាប​ក្តោងទូក១ គគ្គរា រន្ទះដែលធ្វើសំឡេងគ្រឹកគ្រេង១ កបិសីលា រន្ទះដែល​មានអាការដូចជាស្វាញាក់ចិញ្ចើម១ មច្ឆវិលោលិកា រន្ទះ​ដែលមានអាការ​ដូចត្រីភ្លៀក១ កុក្កុដកា រន្ទះ​ដែលមានអាការដូចមាន់ទទះស្លាប១ ទណ្ឌមណិក រន្ទះដែល​មានអាការដូចផ្នៀងនង្គ័ល១ សុក្ខាសនី រន្ទះស្ងួត ធ្វើកន្លែងដែលធ្លាក់​ចុះ ឲ្យរបើកចេញទៅ។ (អដ្ឋកថា ព្រមទាំងដីកា)។] កំពុងបាញ់ ក៏មិនបាន​ឃើញ​ ទាំងមិនបានឮសូរ (បណ្តាហេតុរបស់​បុគ្គលទាំងពីរនោះ) ហេតុណា​ហ្ន៎ ដែលធ្វើ​បានដោយកម្រ ឬដែល​មានដោយកម្រជាងគេ។ បុក្កុសមល្លបុត្ត ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន រទេះ៥០០ក្តី រទេះ៦០០ក្តី រទេះ៧០០ក្តី រទេះ៨០០ក្តី រទេះ​៩០០ក្តី រទេះ១០០០ក្តី។បេ។ រទេះ១សែនក្តី នឹងធ្វើប្រយោជន៍ដូចម្តេច បុគ្គលណាមួយ មានសញ្ញា​នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ក៏មិនបាន​ឃើញ​ ទាំងមិនបានឮសូរ ហេតុនេះឯងរបស់បុគ្គលនោះ ជាហេតុដែលធ្វើបាន​ដោយកម្រ​ផង ដែល​មានដោយកម្រផង ដោយពិត។

[១២១] ម្នាលបុក្កុសៈ សម័យមួយ តថាគតនៅក្នុងរោងលានស្រូវ ទៀបក្រុង​អាតុមា​ឯណោះ។ ក៏សម័យនោះឯង ភ្លៀងកំពុងបង្អុរចុះ ភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ ​រន្ទះកំពុងបាញ់ មានអ្នកស្រែជាបងប្អូន​នឹងគ្នាពីរនាក់ និងគោ​៤ ត្រូវរន្ទះបាញ់ស្លាប់ ជិតរោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះឯង ពួកមហាជនចេញ​ចាកស្រុកអាតុមា ចូលទៅកាន់ទី នៃបុរសអ្នក​ស្រែពីរនាក់​បងប្អូន និងគោទាំង៤ ដែល​រន្ទះ​បាញ់ស្លាប់នោះ។ ម្នាលបុក្កុសៈ សម័យនោះឯង តថាគតចេញអំពីលានស្រូវ ដើរ​ចង្ក្រម​ទៅ​ក្នុងទីវាល ជិតទ្វាររោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះ មានបុរសម្នាក់​ចេញ​អំពីពួក​មហាជននោះ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឋិតនៅក្នុងទីសមគួរ។ ម្នាលបុក្កុសៈ លុះបុរសនោះឋិតនៅក្នុងទីសមគួរហើយ តថាគត ក៏​និយាយដូច្នេះថា ម្នាលអាវុសោ ពួកមហាជននោះប្រជុំគ្នាអំពីរឿងអ្វី។ បុរសនោះឆ្លើយ​ថា បពិត្រព្រះអង្គដ៏ចំរើន អម្បាញ់មិញនេះ កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀង​កំពុង​ធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ កំពុងបាញ់ ក៏បាញ់ត្រូវអ្នកស្រែពីរនាក់ ជាបងប្អូន និងគោទាំង៤ស្លាប់ទៅ ពួកមហាជននោះប្រជុំ​គ្នា ព្រោះហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គទ្រង់គង់នៅក្នុងទីណា។ តថាគត​ឆ្លើយថា ម្នាលអាវុសោ តថាគត នៅក្នុងរោងលានស្រូវនេះ។ បុរសនោះ ក្រាបបង្គំទូល​សួរថា ចុះព្រះអង្គបានទ្រង់ទតឃើញឬទេ។ តថាគតឆ្លើយថា ម្នាលអាវុសោ តថាគត​មិន​បានឃើញទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គបានឮសូរសំឡេងទេ។ ម្នាលអាវុសោ តថាគតមិនបានឮសូរសំឡេងទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គផ្ទំលក់ឬអ្វី។ ម្នាល​អាវុសោ តថាគតមិនបានលក់ទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានសញ្ញាដែរឬ។ ម្នាលអាវុសោ តថាគត មានសញ្ញាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គមានសញ្ញា នៅ​ភ្ញាក់​រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ទ្រង់មិនបាន​ឃើញ​ ទាំងមិនបានឮសូរសំឡេងទេឬ។ អើអាវុសោ។ ម្នាលបុក្កុសៈ គ្រានោះ បុរសនោះ មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ឱហ្ន៎ ហេតុនេះ ជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ឱហ្ន៎ ពួកបព្វជិត តែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់មែន ព្រោះថា បុគ្គលដែលមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ឥតបាន​ឃើញ​ ទាំងមិនបានឮសូរសោះ។ បុរសនោះ ក៏កើតសេចក្តី​ជ្រះ​ថ្លាដោយក្រៃលែង ចំពោះតថាគត ហើយធ្វើប្រទក្សិណ ដើរចេញទៅ។ លុះ​ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ បុក្កុសមល្លបុត្ត ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ដែល​កើតឡើងក្នុងអាឡារតាបស កាលាមគោត្ត ខ្ញុំព្រះអង្គនេះ រោយចោលនូវសេចក្តី​ជ្រះថ្លានោះ ក្នុងទីមានខ្យល់ច្រើនផង បណ្តែតចោលក្នុងស្ទឹង ដែលមានខ្សែទឹក ហូររហ័ស​ផង បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​ផ្ងារឡើងនូវរបស់​ដែលគេផ្កាប់ក្តី បើកឡើងនូវរបស់​ដែលគេគ្របទុកក្តី ចង្អុរប្រាប់​ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា អ្នក​មានចក្ខុ​នឹង​បានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេក​បរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ ចាប់ដើមអំពីថ្ងៃនេះតទៅ សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​សមរណគមន៍​ ស្មើ​ដោយជីវិត។ គ្រានោះ បុក្កុសមល្លបុត្ត ហៅបុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅយក​សំពត់​ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ) មក​ដោយ​ឆាប់។ បុរសនោះ ទទួលបន្ទូលបុក្កុសមល្លបុត្តថា ព្រះករុណាម្ចាស់ ហើយក៏ទៅ​យក​សំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ)នោះ។ ទើប​ បុក្កុសមល្លបុត្ត បង្អោន​នូវសំពត់ ដែលមានសាច់មដ្ឋ​១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ចំពោះ​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គីនេះ ជា​សំពត់ដែល ខ្ញុំព្រះអង្គប្រើប្រាស់ (ម្តងៗ) បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទទួលនូវសំពត់នោះ ដោយអាស្រ័យ​នូវ​សេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ បើដូច្នោះ អ្នកចូរឲ្យសំពត់១ មកតថាគត ឲ្យសំពត់១ ទៅអានន្ទចុះ។ បុក្កុសមល្លបុត្ត ទទួល​ព្រះ​បន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ថ្វាយសំពត់១ ទៅ​ព្រះមានព្រះភាគ ប្រគេនសំពត់១ ទៅព្រះអានន្ទមានអាយុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងបុក្កុសមល្លបុត្ត ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុក្កុសមល្លបុត្ត កាលដែល​ព្រះមានព្រះភាគ ទ្រង់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចេញទៅ។

[១២២] លុះបុក្កុសមល្លបុត្ត ចេញទៅមិនទាន់យូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏​យកសំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ) នោះ ទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ។ ឯសំពត់ដែលព្រះអានន្ទយកទៅបំពាក់​ព្រះកាយនៃព្រះមានព្រះភាគនោះ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាស​ចាក​អណ្តាតភ្លើង។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះឆវិវណ្ណរបស់​ព្រះតថាគត ស្អាត​បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ បពិត្រព្រះអង្គដ៏ចំរើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរ​ដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ដែលខ្ញុំព្រះអង្គ យកទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាសចាកអណ្តាត​ភ្លើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនេះយ៉ាងនេះឯង ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏​បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរ កាលទាំងពីរ តើដូចម្តេច ម្នាលអានន្ទ កាលតថាគតបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណា១ កាល​តថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា១ ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរនេះឯង ម្នាលអានន្ទ ក្នុងយាមជាទីបំផុតនៃរាត្រីនេះឯង បរិនិព្វាននឹងមានដល់តថាគត ក្នុងចន្លោះនៃដើម​សាលព្រឹក្សទាំងគូ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុង​ក្រុង​កុសិនារា ម្នាលអានន្ទ មកយើងនឹងទៅកាន់​ស្ទឹង​កកុធៈ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១២៣] បុក្កុសមល្លបុត្ត ថ្វាយនូវសំពត់មានសាច់មដ្ឋមួយគូ មានសម្បុរដូច​មាសសិង្គី (ចំពោះ​ព្រះសាស្តា) ព្រះសាស្តាដែលព្រះអានន្ទនោះថ្វាយ ឲ្យទ្រង់​សាដក​ហើយក៏មានសម្បុរដូចព្រះចន្ទល្អរុងរឿង។

[១២៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់​ស្ទឹង​កកុធៈ ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ស្តេចចុះកាន់ស្ទឹង​កកុធៈ ស្រង់ផង [អដ្ឋកថា ថា កាលព្រះមានព្រះភាគកំពុងស្រង់ ហ្វូងត្រី និងអណ្តើកក្នុងស្ទឹង​នោះក្តី ដងព្រៃនៅក្បែរច្រាំងទាំងពីរក្តី ក៏មានសម្បុរ​ហាក់ដូចជាមាសទាំងអស់។] សោយ​ផង ហើយស្តេចត្រឡប់ឡើងវិញ ក៏ចូល​ទៅរកអម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់ហៅ​ព្រះចុន្ទកៈមានអាយុ មកថា ម្នាលចុន្ទកៈ ចូរអ្នកក្រាលសង្ឃាដិមានជាន់៤ ឲ្យតថាគត​ដោយ​​ឆាប់ ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះចុន្ទកៈ​មាន​អាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មាន​ជាន់​៤ថ្វាយ។ ទើបព្រះមានព្រះភាគ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់​យក​ព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ ទ្រង់មានព្រះសតិ និងសម្បជញ្ញៈ ធ្វើទុក​ក្នុង​ព្រះទ័យនូវឧដ្ឋានសញ្ញា (សេចក្តីសំគាល់​ថានឹងក្រោកឡើងវិញ)។ ឯព្រះចុន្ទកៈ​មាន​អាយុ ក៏អង្គុយចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងទីនោះឯង។

[១២៥] ព្រះពុទ្ធ ទ្រង់ស្តេចទៅកាន់ស្ទឹងកកុធៈ ដែលមានទឹកថ្លា មានទឹកមានរស​ជាតិ មានទឹកស្អាត ព្រះតថាគតថាសាស្តា ឥតមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់មិន​លំបាកព្រះកាយ ស្តេចចុះ (កាន់ស្ទឹង)។ ព្រះសាស្តាទ្រង់ស្រង់ផង ទ្រង់សោយផង នូវ​ទឹកនោះ ហើយគង់ក្នុងទីកណ្តាលនៃពួកភិក្ខុ ដែលគាល់​ព្រះមានព្រះភាគ ជាសាស្តា ជា​មហេសី (អ្នកស្វែងរកគុណធំ) ព្រះអង្គញុំាង​ធម៌ឲ្យប្រព្រឹត្តទៅក្នុងសាសនានេះ ទ្រង់​ស្តេច​ចូលទៅកាន់អម្ពវ័ន។ ទ្រង់ត្រាស់ហៅចុន្ទកភិក្ខុមកថា អ្នកចូរក្រាលសង្ឃាដិ មានជាន់៤ ឲ្យ​តថាគតដោយឆាប់ តថាគតនឹងសិង ព្រះចុន្ទកៈភិក្ខុនោះ កាលដែលព្រះសាស្តា មាន​ព្រះអង្គចំរើនហើយ ទ្រង់ត្រាស់បង្គាប់ហើយ ក៏ក្រាលសង្ឃាដិ មានជាន់៤ ថ្វាយដោយ​ប្រញាប់ ព្រះសាស្តាមិនលំបាកព្រះកាយទ្រង់​ផ្ទំហើយ ឯព្រះចុន្ទកភិក្ខុ ក៏អង្គុយគាល់​ចំពោះ​ព្រះភក្ត្រ​ក្នុងទីនោះ។

[១២៦] គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ​ បើមានបុគ្គលណាមួយ ញុំាងសេចក្តីក្តៅក្រហាយស្តាយក្រោយ ឲ្យកើត​ឡើង ដល់​ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្សឥតលាភ អត្តភាព​ជា​មនុស្ស ក៏អ្នកបានដោយអាក្រក់ ព្រោះព្រះតថាគត សោយបច្ឆិមបិណ្ឌបាតរបស់​អ្នក​ហើយទ្រង់បរិនិព្វាន ម្នាលអានន្ទ អ្នកគប្បីបន្ទោបង់សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ របស់ចុន្ទកម្មារបុត្តយ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្ស​មានលាភ អត្តភាពជាមនុស្ស អ្នកបានដោយប្រពៃហើយ ព្រោះថាព្រះតថាគត ទ្រង់សោយ​បច្ឆិម​បិណ្ឌបាតរបស់អ្នក ហើយទ្រង់បរិនិព្វាន ម្នាលអាវុសោចុន្ទៈ ពាក្យនេះ យើងបានស្តាប់​ បានទទួលចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ដូច្នេះថា ចង្ហាន់បិណ្ឌបាតទាំងពីរ​នេះ មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ក្រៃលែង​ជាងចង្ហាន់​បិណ្ឌបាតដទៃ។ ចង្ហាន់​បិណ្ឌបាតទាំងពីរ តើដូចម្តេច។ គឺព្រះតថាគត ទ្រង់​សោយ​ចង្ហាន់​បិណ្ឌបាតណា ហើយទ្រង់បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ ព្រះតថាគត ទ្រង់សោយចង្ហាន់បិណ្ឌបាតណា ហើយទ្រង់បរិនិព្វានដោយអនុបាទិសេស​និព្វានធាតុ១ ចង្ហាន់បិណ្ឌបាតទាំងពីរនេះឯង មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មាន​ផល​ច្រើនផង មានអានិសង្សច្រើនផង ក្រៃលែងជាងចង្ហាន់​បិណ្ឌបាតដទៃ បុញ្ញកម្មដែល​ញុំាង​អាយុឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បាន​សន្សំហើយ បុញ្ញកម្មដែលញុំាង​សម្បុរ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ បុញ្ញកម្មដែលញុំាង​សេចក្តី​សុខឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងយសឲ្យប្រព្រឹត្តទៅ។បេ។ ញុំាងឋាន​សួគ៌​ឲ្យ​ប្រព្រឹត្ត​ទៅ។បេ។ ញុំាង​ភាវៈជាធំ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ ម្នាល​អានន្ទ អ្នកគប្បីបន្ទោបង់​សេចក្តីក្តៅក្រហាយ ស្តាយក្រោយរបស់ចុន្ទកម្មារបុត្ត យ៉ាងនេះ​ឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ទ្រង់បន្លឺនូវ​ឧទាន​គាថានេះ ក្នុងវេលានោះថា

[១២៧] បុណ្យ រមែងចំរើនដល់អ្នកឲ្យទាន វេរាមិនចំរើនដល់បុគ្គល​អ្នក​សង្រួម បុគ្គល​អ្នកឈ្លាស (បរិបូណ៌ដោយញាណ) រមែងលះបង់ នូវអំពើ​លាមកបាន បុគ្គល​នោះ ក៏បរិនិព្វាន ព្រោះអស់រាគៈ ទោសៈ មោហៈ។

ចប់ ពុទ្ធភាណវារៈ ទី៤។

[១២៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​មានអាយុ​មកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ត្រើយ​ខាងនាយនៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់​សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុងកុសិនារា។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ស្តេច​ទៅកាន់ត្រើយ​ខាងនាយ នៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់សាលវ័ន របស់ពួក​មល្លក្សត្រ ដែលជាទីចូលទៅ ក្នុងក្រុងកុសិនារា ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ ចូរអ្នក​រៀបចំ​គ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ឲ្យ​តថាគតដោយឆាប់ ម្នាលអានន្ទ តថាគតមានកាយល្ហិតល្ហៃណាស់ តថាគតនឹងសិង។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយ​រៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះ​ដើមសាលព្រឹក្ស​ទាំងគូថ្វាយ គ្រានោះ ព្រះមានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់សម្រេច​សីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ។

[១២៩] សម័យនោះឯង សាលព្រឹក្សទាំងគូ ក៏មានផ្ការីកស្គុះស្គាយទាំងអស់ (តាំង​ពីគល់ ដល់ចុង) ដោយអកាលបុប្ផា (ផ្កាពុំជួកាល) សាលព្រឹក្សទាំងគូនោះ ក៏រោយរាយ បាចសាច (នូវផ្កា) លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត សូម្បីមន្ទារវបុស្ប (ផ្កា​មន្ទារវៈ) ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស ផ្កាទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈ​ព្រះតថាគត ដើម្បីបូជាព្រះតថាគត។ ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ក៏ធ្លាក់ចុះមកអំពី​អាកាស លំអិតទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បី​បូជា​ព្រះតថាគត។ ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទាំង​ចម្រៀងជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត។ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ សាលព្រឹក្សទាំងគូ មាន​ផ្កា​រីក​ស្គុះស្គាយ​ទាំងអស់ (តាំង​ពីគល់ ដរាបដល់ចុង) ដោយអកាលបុប្ផា រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងផ្កា​មន្ទារវៈជាទិព្វ ធ្លាក់ចុះអំពីអាកាស ផ្កាទាំងនោះ រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំង​លំអិត​ខ្លឹម​ចន្ទន៍​ជាទិព្វ ធ្លាក់ចុះអំពី​អាកាស លំអិតទាំងនោះ រោយរាយ បាចសាច លើសរីរៈ​តថាគត ដើម្បី​បូជា​តថាគត ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ទាំង​ចម្រៀង​ជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ម្នាលអានន្ទ ព្រះតថាគត មិនបានឈ្មោះថា បរិសទ្យធ្វើសក្ការៈក្តី គោរពក្តី រាប់អានក្តី បូជាក្តី និងកោតក្រែងក្តី ដោយ​ហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអានន្ទ បុគ្គលណាមួយ ទោះបី​ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដោយ​សេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ បុគ្គលនោះ ឈ្មោះថា ធ្វើសក្ការៈ គោរព រាប់អាន បូជា​តថាគត ដោយគ្រឿង​បូជាដ៏ឧត្តម ម្នាលអានន្ទ ព្រោះហេតុនោះ បរិសទ្យ​ក្នុងសាសនា​នេះ គប្បីសិក្សាថា យើងទាំងឡាយ នឹងប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាមធម៌ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។

[១៣០] សម័យនោះឯង ឧបវាណភិក្ខុមានអាយុ ឋិតនៅចំពោះ​ព្រះភក្ត្រ​នៃ​ព្រះមាន​ព្រះភាគ កំពុងបក់ថ្វាយព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​បណ្តេញ​ឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាង​មុខ​តថាគត​ឡើយ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះឧបវាណ​មាន​អាយុនេះ ជាឧបដ្ឋាកធ្លាប់នៅជិត ដើរជិតព្រះមានព្រះភាគ ជាយូរហើយ ទើបតែក្នុង​បច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នក​ចូរ​ចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ មានហេតុដូចម្តេច មានបច្ច័យ​ដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នក​ចូរ​ចៀស​ចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ។ ទើប​ព្រះ​អានន្ទមានអាយុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧបវាណមានអាយុនេះ ជា​ឧបដ្ឋាកនៅជិត ដើរជិតព្រះមានព្រះភាគ ជា​យូរ​ហើយ ទើបតែក្នុងបច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មាន​អាយុ​ថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នក​កុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេច មាន​បច្ច័យ​ដូចម្តេច បានជា​ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិត​នៅ​ខាង​មុខ​តថាគតឡើយ ដូច្នេះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ទេវតាក្នុងលោកធាតុទាំង​១០ ប្រជុំគ្នា ដើម្បីមើលតថាគតដោយច្រើន ម្នាល​អានន្ទ សាលវ័ន​របស់ពួក​មល្លក្សត្រិយ៍ ដែល​ជាទីចូល​ទៅក្នុងក្រុងកុសិនារា មានចំនួន​១២​យោជន៍​ដោយជុំវិញ មានកំណត់​ត្រឹម​ណា ប្រទេសនោះ សូម្បីគ្រាន់តែល្មមចាក់​ដោយ​ចុង​បំផុតនៃសក់ ដែលទេវតា​មានស័ក្តិធំ មិនបានពាល់ត្រូវ មិនមានឡើយ ម្នាលអានន្ទ ពួកទេវតាពោលទោសថា ពួកយើងមក​អំពី​ចម្ងាយ ដើម្បីឃើញព្រះតថាគត ៗ ជាព្រះ​អរហន្ត សម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោក មាន​ម្តងៗ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះឯង បរិនិព្វាន នឹងមានដល់ព្រះតថាគត ក៏ភិក្ខុមានស័ក្តិធំនេះ មកឈររាំងនៅ​ចំព្រះភក្ត្រ​នៃ​ព្រះមានព្រះភាគ ពួកយើង​មិនបាន​ឃើញ​ព្រះតថាគត ក្នុងបច្ឆិមកាលឡើយ។ ព្រះអានន្ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ចុះពួកទេវតា ធ្វើទុកក្នុងចិត្ត​ដូច​ម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​អាកាស (និម្មិត​ផែនដី​ក្នុងអាកាស) រំសាយកេសា កន្ទក់កន្ទេញ ផ្គងនូវកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមាន​ព្រះភាគ នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ព្រះសុគត នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ព្រះសម្ពុទ្ធ មានចក្ខុ​ក្នុង​លោក នឹងសូន្យ​បាត់ទៅឆាប់ម្ល៉េះ ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​ផែន​ដី (និម្មិត​ផែនដី​ប្រក្រតីឲ្យជាផែនដីទិព្វ) រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ​ឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចមានជើងដាច់ហើយថា ព្រះមាន​ព្រះភាគ នឹង​បរិនិព្វាន​​ឆាប់ពេកណាស់ ព្រះសុគត នឹងបរិនិព្វាន​ឆាប់ពេកណាស់ ព្រះ​សម្ពុទ្ធ មាន​ចក្ខុក្នុងលោក នឹងសូន្យ​បាត់ទៅឆាប់ពេកណាស់ ឯពួកទេវតាណា ដែល​មិន​មាន​​រាគៈ ពួក​ទេវតានោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់សេចក្តី​សោកបាន ដោយ​គិត​ថា សង្ខារ​ទាំងឡាយ មិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុង​ខន្ធ​បវត្តិនេះអំពីណា។

[១៣១] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ពួកភិក្ខុ​នៅចាំ​វស្សា ក្នុងទិសទាំងឡាយ រួចហើយតែងមកដើម្បីគាល់​ព្រះតថាគត យើងខ្ញុំ​ព្រះអង្គ តែងបានជួបនឹងពួកភិក្ខុអ្នកចំរើនដោយចិត្ត ធ្លាប់បានចូលទៅអង្គុយជិតគ្នា បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះអំណើះឥតនឹងព្រះមានព្រះភាគទៅ យើងខ្ញុំព្រះអង្គ នឹងលែង​បាន​ជួប លែងបានចូលទៅអង្គុយ​ជិតពួកភិក្ខុ អ្នកចំរើន​ដោយចិត្តហើយ។ ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលអានន្ទ សំវេជនីយដ្ឋាន (ទីដែលគួរកើតសង្វេគ) ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធានេះ៤កន្លែង។ សំវេជនីយដ្ឋាន៤កន្លែង តើដូចម្តេច។ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់​កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ត្រាស់ដឹងនូវអនុត្តរ​សម្មាសម្ពោ​ធិញ្ញាណ ក្នុងទីដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត បានសំដែងនូវ​អនុត្តរធម្មចក្ក ក្នុងទីនេះ​ដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគតបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងទី​នេះ​ដូច្នេះ១ ម្នាលអានន្ទ នេះឯង សំវេជនីយដ្ឋាន ដែលគួរឃើញ ៤កន្លែង របស់កុលបុត្ត​អ្នក​មានសទ្ធា ម្នាលអានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកមានសទ្ធា នឹងមក​ដោយ​រឭក​ឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគតត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណក្នុងទីនេះដូច្នេះក្តី ព្រះតថាគត សំដែង​នូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះក្តី ម្នាលអានន្ទ ពួកជនណាមួយ នឹងបានដើរមកកាន់ទីចារិកនៃចេតិយ ក៏មានចិត្តជ្រះថ្លា បើប្រសិនជាធ្វើមរណកាលទៅ ពួកជនទាំងអស់នោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ នឹងចូលទៅកាន់លោក គឺមនុស្សសុគតិ និងឋានសួគ៌។

[១៣២] ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គ​ទាំង​ឡាយ ត្រូវប្រតិបត្តិក្នុងមាតុគ្រាមដូចម្តេច។ ព្រះអង្គ ត្រាស់ថា ម្នាលអានន្ទ ត្រូវកុំមើល។ បពិត្រព្រះមានព្រះភាគ កាលបើមើលហើយ គប្បីប្រតិបត្តិដូចម្តេច។ ម្នាលអានន្ទ ត្រូវ​កុំ​និយាយរក។ បពិត្រព្រះអង្គដ៏ចំរើន កាលបើនិយាយរកហើយ គប្បីប្រតិបត្តិដូចម្តេច​ទៀត។ ម្នាលអានន្ទ គប្បីតាំងសតិឲ្យមាំ។

[១៣៣] បពិត្រព្រះអង្គដ៏ចំរើន ចុះខ្ញុំព្រះអង្គទាំងឡាយ ត្រូវប្រតិបត្តិក្នុងសរីរៈ​ព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ អ្នកទាំងឡាយ កុំខ្វល់ខ្វាយ ដើម្បីបូជាសរីរៈ​តថាគត​ឡើយ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរខំព្យាយាម ក្នុងប្រយោជន៍​របស់ខ្លួនចុះ [អដ្ឋកថា ថា សំដៅយកអរហត្តផល។] ចូរខ្មីឃ្មាត សង្វាតក្នុងប្រយោជន៍របស់ខ្លួនចុះ កុំប្រមាទក្នុង​ប្រយោជន៍របស់ខ្លួន ចូរមានព្យាយាម មានចិត្តបញ្ជូនទៅ (កាន់​ព្រះនិព្វាន) ចុះ ម្នាលអានន្ទ គង់តែមានខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតីបណ្ឌិតក្តី ជ្រះថ្លា​ក្នុង​តថាគត គេនឹងធ្វើការបូជាសរីរៈតថាគតមិនខាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំង​ឡាយនោះ គប្បីប្រតិបត្តិ​ក្នុងសរីរៈព្រះតថាគតដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ តែងប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ យ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិ​ក្នុង​សរីរៈ​តថាគតយ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះជនទាំងនោះ ប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ ដូចម្តេច។ ម្នាលអានន្ទ ជនទាំងឡាយ រុំសរីរៈព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីរួចហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃចក្រពត្តិរាជ ដោយសំពត់៥០០គូ ដោយ​ទំនង​នេះ ហើយតំកល់ក្នុងមឈូសមាស [ពាក្យថា មឈូស ប្រែចេញពីបាលីថា ទោណិ ដែល​ធ្លាប់ប្រែថា ស្នូក តែដែលប្រែថាមឈូស ដូច្នេះ តាមលំនាំសេចក្តីជាខ្មែរ។ ពាក្យថា មាស ប្រែចេញពីបាលីថា អយសៈ ដែលក្នុងទីឯទៀត តែងប្រែថា ដែក តែក្នុងទីនេះ អដ្ឋកថា ប្រាប់ឲ្យប្រែថា មាស។] ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ [គ្របមឈូស​ ឬគ្របភ្ងាស] រួចធ្វើជើងថ្ករ ហើយថ្វាយព្រះភ្លើង ចំពោះសរីរៈព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើស្តូប នៃព្រះចក្រពត្តិរាជ ក្នុងផ្លូវ​ធំបែក​ជា៤ ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះរាជាចក្រពត្តិយ៉ាងនេះឯង ម្នាល​អានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះចក្រពត្តិរាជយ៉ាងណាមិញ ជនទាំងនោះ គប្បី​ប្រតិបត្តិ​ក្នុងសរីរៈ​តថាគត គប្បីធ្វើស្តូបរបស់តថាគត ក្នុងផ្លូវធំបែកជា៤យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវកម្រងផ្កាក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្ត​ឲ្យជ្រះថ្លា ក្នុងស្តូបនោះ អំពើនោះ របស់​ជនទំាងនោះ នឹងនាំមកនូវប្រយោជន៍ និង​សេចក្តីសុខអស់កាលយូរ។

[១៣៤] ម្នាលអានន្ទ ថូបារហបុគ្គល (បុគ្គលដែលគួរដល់ស្តូប) នេះ មាន៤ពួក។ ថូបារហបុគ្គល៤ពួក តើដូចម្តេចខ្លះ។ គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល​១ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល១ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល១ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល១។ ម្នាលអានន្ទ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ [អដ្ឋកថា សង្គ្រោះយកទាំងមនុស្សសុគតិចូលផង។] ឋានសួគ៌ ម្នាល​អានន្ទ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ព្រះបច្ចេកសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយ​សំគាល់​​ថា នេះជាស្តូបរបស់​ព្រះបច្ចេកពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិឋានសួគ៌ ម្នាល​អានន្ទ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជន​ជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបនៃសាវ័ក របស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះធម្មរាជ ដែលទ្រង់​ធម៌នោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង។ ម្នាល​អានន្ទ ថូបារហបុគ្គល មាន៤ពួកនេះឯង។

[១៣៥] គ្រានោះ​ ព្រះអានន្ទមានអាយុ ចូលទៅកាន់វិហារ ក៏តោងនូវឈើ មានសណ្ឋានដូចក្បាលស្វា (ត្រដោកទ្វារ) ឈរយំ រៀបរាប់ថា ឱអាត្មាអញ ជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ក៏ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះ​អានន្ទមានអាយុ ចូលទៅកាន់​រោងសម្រាប់សម្រាកកាយ តោងត្រដោកទ្វារ ឈរយំរៀប​រាប់​ឯណោះថា ឱអាត្មាអញ នៅជាសេក្ខបុគ្គល មានកិច្ច​គួរធ្វើតទៅទៀតនៅឡើយ ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុ១រូប​មកថា ម្នាលភិក្ខុ អ្នកចូរទៅ​ហៅ​អានន្ទ តាមពាក្យ​តថាគតថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹង​ព្រះអានន្ទមានអាយុ​ដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក។ ព្រះអានន្ទមានអាយុ ទទួលពាក្យរបស់ភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់​នូវ​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ​ថា ម្នាលអានន្ទ ណ្ហើយ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ តថាគត បាន​ប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ព្រោះហេតុនោះ បុគ្គល​គប្បីបាន​នូវសេចក្តី​មិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះមកអំពីណា ធម្មជាត​ណាដែលកើតហើយ ដែលមានហើយ ដែលបច្ច័យ​តាក់តែងហើយ មានសេចក្តី​ទ្រោមទ្រុឌ ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រោមទ្រុឌទៅ ដូច្នេះ (​ដោយហេតុណា) ហេតុនុ៎ះ មិនមានឡើយ ម្នាលអានន្ទ ខ្លួនអ្នកបានបម្រើតថាគត មកជា​យូរអង្វែងហើយ ដោយកាយកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍​ និងសេចក្តីសុខ មិនមានចំណែកពីរ [អដ្ឋកថា ថា បុគ្គលពួកមួយ ធ្វើការបំរើតែក្នុងទីចំពោះមុខ មិនបានធ្វើ​ក្នុងទីកំបាំងមុខ បុគ្គលពួកមួយទៀត ធ្វើការបំរើតែក្នុងទីកំបាំងមុខ មិនបានធ្វើ​ក្នុងទី​ចំពោះមុខ ឯកាយកម្មរបស់ព្រះអានន្ទ មិនដូច្នោះទេ ទើបឈ្មោះថា មិនមាន​ចំណែកពីរ។] ជាកម្មប្រមាណមិនបាន ដោយវចីកម្មប្រកបដោយមេត្តា នាំមកនូវ​ប្រយោជន៍នឹងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ដោយមនោកម្ម​ប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណ​មិនបាន ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គល​បានធ្វើបុណ្យទុកហើយ ចូរ​ប្រកប​ព្យាយាមឲ្យរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ​ទាំង​ឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុងអតីតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានមក ក្នុងអនាគតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មាន​កំណត់​ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត តែង​ដឹង​ដូច្នេះថា កាលនេះ ជាកាលគួរនឹងចូលទៅគាល់ព្រះតថាគត កាលនេះ ជាកាល​គួរ​របស់​ពួកភិក្ខុ កាលនេះ ជាកាលគួររបស់ពួកភិក្ខុនី កាលនេះ ជាកាលគួររបស់ពួក​ឧបាសក កាលនេះ ជាកាលគួររបស់ពួកឧបាសិកា កាលនេះ ជាកាលគួររបស់ព្រះរាជា និង​រាជមហាមាត្យ កាលនេះ ជាកាលគួររបស់ពួកតិរ្ថិយ កាលនេះ ជាកាលគួររបស់តិត្ថិយសាវ័ក។

[១៣៦] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ (ធម៌ជាអស្ចារ្យចំឡែក) ទាំងឡាយ​៤​យ៉ាងនេះ មាននៅក្នុងអានន្ទ។ ធម៌ទាំង៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុនីបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យនោះ រមែង​មាន​សេចក្តី​ត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសកបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤នេះឯង មាននៅក្នុងអានន្ទ។ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះ មាននៅក្នុងព្រះចក្រពត្តិរាជ ម្នាលភិក្ខុទាំងឡាយ បើខត្តិយបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ ខត្តិយបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ។ ម្នាលភិក្ខុទាំងឡាយ បើព្រាហ្មណបរិសទ្យ។ គហបតិបរិសទ្យ។ សមណបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ សមណបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​គាល់ បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ ក្នុងទីនោះ សមណបរិសទ្យនោះ មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំង​ឡាយ៤យ៉ាងនេះ មាននៅក្នុងអានន្ទដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ​ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​។ ឧបាសកបរិសទ្យ។ ឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះឯង មាន​នៅ​ក្នុង​អានន្ទ។

[១៣៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ កុំបរិនិព្វាន (ក្នុងនគរកុសិនារា) ជានគរតូច ជានគរទួល ជាសាខានគរនេះឡើយ បពិត្រព្រះអង្គដ៏ចំរើន មានមហានគរដទៃគឺ នគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី ពារាណសី សូម​ព្រះមានព្រះភាគ បរិនិព្វានក្នុងនគរទាំងនុ៎ះ ខត្តិយមហាសាល [ក្សត្រិយ៍ ដែលមានទ្រព្យកប់ទុកចំនួន១រយកោដិ ឬ១ពាន់កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១រទេះ វេលាល្ងាច មានកហាបណៈ ចំនួន​២រទេះចូលមកវិញ ហៅថា ខត្តិយមហាសាល។] ព្រាហ្មណមហាសាល [ព្រាហ្មណ៍ដែលមានទ្រព្យកប់ទុក ចំនួន​៨០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១កុម្ភៈ វេលាល្ងាច មាន​កហាបណៈ ចំនួន១រទេះចូលមកវិញ ហៅថា ព្រាហ្មណមហាសាល។] គហបតី​មហាសាល [គហបតី ដែលមានទ្រព្យកប់ទុកចំនួន​៤០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន៥អម្ពណៈ វេលាល្ងាច មានកហាបណៈ ១កុម្ភៈចូលមកវិញ ហៅថា គហបតីមហាសាល។ សំដែងរឿងរង្វាស់ថា ៤ក្តាប់ ត្រូវជា១កុឌវៈ ៤កុឌវៈ ត្រូវជា​១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ ៤ទោណៈ ត្រូវជា​១មាតិកា ៤មាតិកា ត្រូវជា​១ខារិ (អម្រែក) ២០ខារិ ត្រូវជា១សកដៈ គឺរទេះ។ មួយទៀតថា ១ទូកដៃ ហៅថា ១កុឌវៈ ៤កុឌវៈ ត្រូវជា​១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១​ទោណៈ ១១ទោណៈ ត្រូវជា​១១អម្ពណៈ ១០អម្ពណៈ ត្រូវជា​១កុម្ភៈ គឺជាឈ្មោះ​រង្វាល់ក្អម។] ជាច្រើនក្នុងនគរទាំងនោះ មានសេចក្តីជ្រះថ្លាក្នុងព្រះតថាគត គេនឹងធ្វើ​ការបូជា ព្រះសរីរៈព្រះតថាគត។ ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាល​អានន្ទ អ្នកកុំនិយាយថា នគរកុសិនារានេះ ជានគរតូច ជានគរទួល ជាសាខានគរយ៉ាងនេះ​ឡើយ ម្នាលអានន្ទ កាលពីដើម មានព្រះចក្រពត្តិរាជ ព្រះនាមមហាសុទស្សនៈ ជាធម្មរាជ ទ្រង់ធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត មានជនបទមាំមួន ប្រកបដោយរតនៈទាំង៧ប្រការ ម្នាលអានន្ទ ទីក្រុងកុសិនារានេះ​ ជារាជធានីឈ្មោះ​កុសាវតី របស់​ព្រះមហាសុទស្សនរាជ មានបណ្តោយ១២យោជន៍ អំពីទិសខាងកើតទៅ ទិសខាងលិច មានទទឹង៧យោជន៍ អំពីទិសខាងជើង ទៅទិសខាងត្បូង ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មាន​មនុស្សដេរដាស ទាំងបរិបូណ៌​ដោយភិក្ខាហារ ម្នាលអានន្ទ រាជធានី ឈ្មោះអាឡកមន្ទា របស់​ពួកទេវតា ជារាជធានីស្តុកស្តម្ភ សម្បូណ៌ពោរពាស មានជនច្រើន មានយក្ខ​ដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ក៏ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មានមនុស្សដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងនោះដែរ ម្នាលអានន្ទ កុសាវតីរាជ​ធានី មិនដែលស្ងាត់ ដោយសូរសំឡេង១០យ៉ាង​ ទាំងថ្ងៃទាំងយប់ គឺ​សូរ​សំឡេងដំរី សូរសំឡេងសេះ សូរសំឡេងរថ សូរសំឡេងស្គរ សូរសំឡេង​សំភោរ សូរ​សំឡេង​ពិណ សូរសំឡេង​ចម្រៀង សូរសំឡេង​រគាំង សូរសំឡេងរនាត និងសូរ​សំឡេង​ជាគំរប់​១០ថា អ្នកទាំងឡាយចូរស៊ី ចូរផឹក ចូរទំពា ម្នាលអានន្ទ អ្នកចូរ​ទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា​ថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាម នៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹង​បរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយ អញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្ត របស់យើង​ទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុតដូច្នេះ​ឡើយ។ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ មិនមានភិក្ខុជាគំរប់ពីរ ចូល​ទៅក្នុងក្រុងកុសិនារា។ សម័យនោះឯង ពួងមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា កំពុង​ប្រជុំគ្នាក្នុងសណ្ឋាគារដ្ឋាន (សាលាសម្រាប់បង្រៀនវិជ្ជាក្នុងរាជត្រកូល) ដោយកិច្ចនី​មួយ។ ព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រ ដែលនៅ​ក្នុងក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រ ដែល​នៅ​ក្នុងក្រុងកុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះ​តថាគតនឹងបរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅ​ក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះតថាគត ទ្រង់បរិនិព្វាន​ក្នុងគាមក្ខេត្ត របស់​យើងទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុត​ដូច្នេះឡើយ។ ពួកមល្លក្សត្រ និងពួកបុត្ររបស់មល្លក្សត្រ និងសុណិសារបស់​មល្លក្សត្រ ​និង​ភរិយារបស់មល្លក្សត្រ លុះឮពាក្យនេះ របស់ព្រះអានន្ទមានអាយុហើយ ក៏កើត​ទុក្ខ​តូច​ព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខក្នុងព្រះទ័យ ខ្លះក៏រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួនចុះបម្រះននៀលទៅមក ដូចជាមានជើងដាច់ហើយ​ថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគតនឹងបរិនិព្វានឆាប់ពេក​ណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក នឹងបាត់ទៅឆាប់ពេកណាស់។ លំដាប់នោះ ពួក​មល្លក្សត្រ និងពួកបុត្តរបស់មល្លក្សត្រ និងសុណិសា របស់មល្លក្សត្រ និងភរិយារបស់​មល្លក្សត្រ កើតទុក្ខ តូចព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខ​ក្នុងព្រះទ័យ ក៏នាំគ្នា​ចូល​ទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុង។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា បើអាត្មាអញ នឹងឲ្យពួកមល្លក្សត្រ​ ដែលនៅក្នុងក្រុងកុសិនារាថ្វាយបង្គំព្រះមានព្រះភាគ​ម្នាក់ម្តងៗ ពួកមល្លក្សត្រ ដែល​នៅក្នុង​ក្រុងកុសិនារា នឹងថ្វាយបង្គំព្រះមានព្រះភាគ មិនទាន់ហើយស្រេច រាត្រីនេះ ក៏​នឹង​ភ្លឺឡើងមិនខាន បើដូច្នោះ គួរតែអាត្មាអញ ដាក់ឲ្យពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ តាមវង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រឈ្មោះនេះ ព្រមទាំងបុត្រភរិយា បរិសទ្យ និងអាមាត្យ សូម​បង្អោន​សិរ្សៈ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ក៏ដាក់ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំ​ព្រះមានព្រះភាគ តាម​វង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន មល្លក្សត្រ​ឈ្មោះនេះ ព្រមទាំង​បុត្រ​ភរិយា បរិសទ្យ និងអាមាត្យ សូមបង្អោនសិរ្សៈ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមានព្រះភាគ។ ទើប​ព្រះអានន្ទមានអាយុ ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ ក្នុងបឋមយាមតាមទំនងនេះ។

[១៣៨] សម័យនោះឯង មានបរិព្វាជកឈ្មោះសុភទ្ទ នៅក្នុងក្រុងកុសិនារា។ សុភទ្ទបរិព្វាជក បានឮដំណឹងថា ព្រះសមណគោតម នឹងបរិនិព្វាន​ក្នុងបច្ឆិមយាមនៃ​រាត្រីថ្ងៃនេះ។ គ្រានោះ សុភទ្ទបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យនេះ អាត្មា​អញបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​អាត្មាអញ ទាំងអាត្មាអញមានសេចក្តីជ្រះថ្លា ក្នុងព្រះសមណ​គោតមដែរ អាត្មាអញ គួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់អាត្មាអញយ៉ាងនោះបាន។ គ្រានោះ សុភទ្ទបរិព្វាជក ក៏​ចូលទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រ ដែលជា​ទីចូល​ទៅ​ក្នុងស្រុក លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូម​ឲ្យ​បានគាល់​ព្រះសមណគោតមផង។ លុះសុភទ្ទបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានពោលទៅនឹងសុភទ្ទបរិព្វាជកដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ សុភទ្ទបរិព្វាជក បាននិយាយ​ជាគំរប់ពីរដងផង។បេ។ សុភទ្ទបរិព្វាជក បាននិយាយ​នឹង​ព្រះអានន្ទមានអាយុ ជាគំរប់បីដងផង ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹង​សំដែង​ធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូម​ឲ្យ​បានគាល់ចំពោះ​ព្រះសមណ​គោតមផង។ ព្រះអានន្ទមានអាយុ បានពោលទៅនឹង​សុភទ្ទបរិព្វាជក ជាគំរប់​បីដង​ទៀត ដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ ព្រះមានព្រះភាគ ទ្រង់​ព្រះសណ្តាប់​កថាសល្លាបៈនេះ របស់ព្រះអានន្ទមានអាយុ ជាមួយនឹងសុភទ្ទបរិព្វាជក។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ កុំឡើយ អ្នកកុំ​ឃាត់​សុភទ្ទ ម្នាលអានន្ទ សុភទ្ទ ចូរបានឃើញតថាគតចុះ សុភទ្ទនឹងសួរនូវ​សេចក្តីណា​មួយនឹងតថាគត គាត់ចង់ដឹង​នូវសេចក្តី​នោះមែន ទើបគាត់មកសួរតថាគត មិនមែន​គាត់​សួរចង់បៀតបៀនទេ បើសុភទ្ទនេះសួរហើយ តថាគតសំដែងធម៌ណា គាត់នឹងបាន​ដឹង​ធម៌នោះឆាប់ភ្លាម។ ទើបព្រះអានន្ទមានអាយុ ពោលទៅនឹងសុភទ្ទបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសុភទ្ទ ព្រះមានព្រះភាគ ទ្រង់បើកឱកាស​ដល់អ្នកហើយ អ្នកចូរទៅចុះ។ គ្រានោះ សុភទ្ទបរិព្វាជក​ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ពោល​ពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យ​ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសុភទ្ទបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន សមណព្រាហ្មណ៍ណា ជាពួកគណៈ ជាគណាចារ្យ ល្បីល្បាញ មានយស អ្នក​ធ្វើលទ្ធិដូចកំពង់ ដែលជនច្រើនគ្នាគេសន្មតថា ល្អ ដូចយ៉ាងគ្រូឈ្មោះ បូរណកស្សប មក្ខលិគោសាល អជិតកេសកម្ពល បកុធកច្ចាយនៈ សញ្ជយវេលដ្ឋបុត្ត និគណ្ឋនាដបុត្ត ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជាពាក្យប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ ណ្ហើយចុះ ពាក្យដែលអ្នកនិយាយថា ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជា​ពាក្យ​ប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់​ដឹង​ខ្លះ ដូច្នេះនេះ ចូរលើកទុកសិនចុះ ម្នាលសុភទ្ទ តថាគតនឹងសំដែងធម៌ដល់អ្នក អ្នកចូរ​ស្តាប់ធម៌នោះ ចូរតាំងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ សុភទ្ទបរិព្វាជក ទទួល​ព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះថា ម្នាលសុភទ្ទ អរិយមគ្គ មានអង្គ៨ មិនមានក្នុងធម្មវិន័យណា សមណៈ [សំដៅយកសោតាបន្នសមណៈ] ទី១ក្តី មិនមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី [សកទាគាមិសមណៈ] មិនមានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី [អនាគាមិសមណៈ] មិនមានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី [អរហន្តសមណៈ] ក៏មិនមានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ៨ មានក្នុងធម្មវិន័យណា សមណៈ(ទី១)ក្តី ទើបមានក្នុងធម្មវិន័យនោះ សមណៈទី២ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៣ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី៤ក្តី ក៏មានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈ(ទី១) ក៏មានតែក្នុងសាសនា សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (វាទៈនៃគ្រូដទៃ) អំពីសំណាក់នៃបុគ្គលដទៃ រមែង​សូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹង​មិនបានសូន្យ​ចាក​ពួក​អរហន្តឡើយ។

[១៣៩] ម្នាលសុភទ្ទ កាលតថាគតមានវ័យ​២៩ឆ្នាំ បានបួសហើយ ជាអ្នកស្វែង​រក​នូវកុសល (សព្វញ្ញុតញ្ញាណ) ម្នាលសុភទ្ទ កាលណាបើតថាគត បួសបានជាង៥០ឆ្នាំ​ហើយ ញុំាងប្រទេស គឺវិបស្សនាមគ្គ ឲ្យប្រព្រឹត្តទៅជាប្រក្រតី ដើម្បីធម៌ដែលគួរត្រាស់ដឹង គឺអរិយមគ្គ ព្រោះហេតុនោះ សមណៈ (ទី១) ខាងក្រៅអំពីសាសនានៃតថាគតនេះ មិនមានឡើយ។

សមណៈទី២ក្តី មិនមាន សមណៈទី៣ក្តី មិនមាន សមណៈទី៤ក្តី ក៏មិនមានដែរ បរប្បវាទអំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្ត​ឡើយ។

[១៤០] លុះព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ សុភទ្ទបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះក្តី បើក​នូវ​របស់​ដែលគេគ្របក្តី ចង្អុរប្រាប់ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ ក្នុងទី​ងងឹត​ ដោយគិតថា អ្នកមានចក្ខុ នឹងបានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ បុគ្គលណា ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម្មវិន័យ​នេះ បុគ្គលនោះ រមែងនៅបរិវាសអស់កំណត់​៤ខែសិន លុះកន្លង៤ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត (អ្នកមានចិត្តត្រេកអរ) ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈបាន តែថា សភាវៈនៃ​បុគ្គលដែល​ផ្សេងគ្នា តថាគតដឹងច្បាស់ហើយ ក្នុងរឿងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើពួកបុគ្គលធ្លាប់ជាអន្យតិរ្ថិយហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យ​នេះ រមែងនៅបរិវាសអស់កំណត់​៤ខែ លុះកន្លង៤ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុ​ភាវៈ​បាន ខ្ញុំព្រះអង្គនឹងនៅបរិវាស អស់កំណត់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមពួក​ភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំបួស​សុភទ្ទបរិព្វាជក​ផងចុះ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ។ ទើបសុភទ្ទបរិព្វាជក​ ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា នែ​អាវុសោអានន្ទ លោកម្ចាស់ពេញហៅជាមានលាភ នែអាវុសោអានន្ទ អត្តភាពជាមនុស្ស លោកម្ចាស់ក៏បានដោយល្អហើយ ព្រោះថា ព្រះសាស្តា បានអភិសេកលោកម្ចាស់ ដោយ​ការ​អភិសេកជាអន្តេវាសិក ក្នុងទីចំពោះ​ព្រះភក្ត្រក្នុងសាសនានេះ។ សុភទ្ទបរិព្វាជក​ បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ស្រេចហើយ។ ឯសុភទ្ទមានអាយុ លុះបានឧបសម្បទារួចភ្លាម ក៏ចេញទៅតែម្នាក់ឯង មិនប្រមាទ មាន​ព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែល​ចេញ​ចាកផ្ទះ មកកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់​នូវអនុត្តរធម៌នោះ ជាទី​បំផុតនៃមគ្គព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ក៏សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ ក៏បានអប់រំហើយ សោឡសកិច្ច ក៏​បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ច​នេះ មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សុភទ្ទភិក្ខុមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ សុភទ្ទភិក្ខុនោះ ជាបច្ឆិមសក្ខិសាវ័ក [អដ្ឋកថា ថា កាលព្រះមានព្រះភាគគង់នៅ ជនដែលបានបួសជាសាមណេរ​ហើយ លុះអណើះតមក ទើបបានឧបសម្បទា បានរៀនកម្មដ្ឋាន បានសម្រេច​ព្រះអរហត្តក្តី កាល​ព្រះមានព្រះភាគគង់នៅ ជនដែល​បានឧបសម្បទាហើយ លុះអណើះតមក ទើប​រៀនកម្មដ្ឋាន បានសម្រេច​អរហត្តក្តី កាលព្រះមានព្រះភាគគង់នៅ ជនដែល​បានរៀន​កម្មដ្ឋានហើយ លុះអំណើះតមក ទើបបានសម្រេចព្រះអរហត្តក្តី ជនទាំងនោះ ហៅថា បច្ឆិមសក្ខិសាវ័កទាំងអស់។ ឯសុភទ្ទភិក្ខុនេះ កាល​ព្រះមានព្រះភាគគង់នៅ បានបួសផង បាន​ឧបសម្បទាផង បានរៀន​កម្មដ្ឋានផង បានសម្រេច​ព្រះអរហត្តផង តែក្នុងថ្ងៃ​មួយ (ក៏​ហៅថា) បច្ឆិមសក្ខិសាវ័កដែរ។] របស់​ព្រះមានព្រះភាគ។

ចប់ ពុទ្ធភាណវារៈ ទី៥។

[១៤១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យប្រដៅ ដែល​មានគ្រូ​ប្រព្រឹត្ត​កន្លងទៅហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្តីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ ម្នាលអានន្ទ ធម៌ណាក្តី វិន័យណាក្តី ដែលតថាគត​សំដែង​ហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអណើះឥតអំពី​តថាគតទៅ ធម៌ និងវិន័យ​នោះ ជាគ្រូរបស់អ្នកទាំងឡាយ ម្នាលអានន្ទ ក៏ក្នុងកាលសព្វថ្ងៃនេះ ពួក​ភិក្ខុហៅគ្នានឹង​គ្នា​ ដោយពាក្យថា អាវុសោ អំណើះឥតនឹងតថាគតទៅ អ្នកទាំងឡាយ កុំហៅយ៉ាងនេះទៀត​ឡើយ ម្នាលអានន្ទ ភិក្ខុចាស់ជាង ត្រូវហៅភិក្ខុខ្ចីជាង ដោយនាមក៏បាន ដោយគោត្រក៏​បាន ដោយពាក្យថា អាវុសោ ក៏បាន ចំណែក​ភិក្ខុខ្ចីជាង ត្រូវហៅភិក្ខុចាស់ជាងថា ភន្តេ ក៏បាន ថាអាយស្មាក៏បាន ម្នាលអានន្ទ លុះអំណើះឥតនឹងតថាគតទៅ បើសង្ឃ​មានប្រាថ្នា​នឹងដកសិក្ខាបទ ចូរដកសិក្ខាបទ​ដែលតូច និងតូចដោយលំដាប់ចុះ ម្នាល​អានន្ទ អំណើះឥតនឹង​តថាគតទៅ សង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផងចុះ។ ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មទណ្ឌ តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ឆន្នភិក្ខុចង់ពោលនូវពាក្យណា ពោលនូវពាក្យនោះចុះ ប៉ុន្តែ​ពួក​ភិក្ខុមិនត្រូវនិយាយ មិនត្រូវទូន្មាន មិនត្រូវប្រដៅ ឆន្នភិក្ខុនោះឡើយ។

[១៤២] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ។ កាល​បើ​ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយជាគំរប់​ពីរដង។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយ ជាគំរប់​បីដងថា ម្នាលភិក្ខុទាំងឡាយ បើ​សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បី​មាន​សូម្បី​ដល់​ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នក​ទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាន​នៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរ​ព្រះមាន​ព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ។ ភិក្ខុទាំងនោះក៏នៅតែស្ងៀម ជាគំរប់បីដង។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើមាន​សេចក្តី​សង្ស័យ អ្នកទាំងឡាយមិនហ៊ានសាកសួរ (តថាគត) ព្រោះសេចក្តីគោរពក្នុងសាស្តា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសំឡាញ់ចូរប្រាប់ដល់ភិក្ខុជាសំឡាញ់ផងចុះ។ លុះព្រះមានព្រះភាគ មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏នៅស្ងៀម។ គ្រានោះ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងនេះ ក្នុងភិក្ខុ​សង្ឃនេះ ព្រោះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយដោយសេចក្តីជ្រះថ្លា ម្នាលអានន្ទ ញាណ​តថាគត ក៏ដឹងពិតក្នុងសេចក្តីនេះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃ​នេះ​ឡើយ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង៥០០រូបនេះ ភិក្ខុណា ដែលមានគុណធម៌​យ៉ាង​ទាបបំផុត ភិក្ខុនោះ គង់ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ចុះ​ក្នុងអបាយ ជានិយតបុគ្គល មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។

[១៤៣] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹង សង្ខារ​ទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាង​កិច្ចទាំងពួង​ឲ្យ​សម្រេច ដោយសេចក្តី​មិនប្រមាទចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពី​បឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់​តតិយ​ជ្ឈាន ចេញអំពី​តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពី​ចតុត្ថជ្ឈាន ហើយចូល​កាន់​អាកាសានញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតន​សមាបត្តិហើយ ចូល​កាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតន​សមាបត្តិ ហើយចូលកាន់​អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ​ហើយ ចូលកាន់​នេវសញ្ញា​នាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា)។ គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ​អនុរុទ្ធ​ដ៏ចំរើន ព្រះមានព្រះភាគបរិនិព្វានហើយឬ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទ​ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូល​កាន់សញ្ញាវេទយិតនិរោធ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយ​មក​ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពី​នេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពី​អាកិញ្ចញ្ញា​យតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពី​វិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិ​វិញ ចេញអំពី​អាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពី​ចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈាន​ហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់​បឋមជ្ឈាន​វិញ ចេញអំពី​បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពី​ទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពី​តតិយជ្ឈាន​ហើយ ក៏ចូល​កាន់​ចតុត្ថជ្ឈានទៀត។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់​បរិនិព្វាន​ក្នុងចន្លោះ​នោះ [អដ្ឋកថា ថា ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ពិចារណា​អង្គឈាន ហើយទ្រង់បរិនិព្វាន ដោយភវង្គចិត្ត ជាអព្យាកតទុក្ខសច្ច។]។

[១៤៥] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ [ថា ស្គរនៃទេវតាក៏បាន] ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការ​បរិនិព្វាន។

[១៤៦] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោល​នូវ​គាថា​នេះ ព្រមនឹងការបរិនិព្វានថា

ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធ​បរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វ​ទាំងអស់ មុខជានឹងដាក់ចុះនូវ​រាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១៤៧] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្ទ្រជាធំជាងទេវតា ក៏​ពោល​នូវគាថានេះ ព្រមនឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើង និងការសូន្យទៅជាធម្មតា លុះ​កើតឡើងហើយ ក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារ​ទាំងនោះបាន ទើប​នាំ​មកនូវសេចក្តីសុខ។

[១៤៨] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់ប្រារព្ធនូវអនុបាទិសេសនិព្វាន​ហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈ នៃព្រះមុនីនាថ ជាតាទិបុគ្គល ដែល​មាន​ព្រះទ័យ​ខ្ជាប់ខ្លួននោះ មិនមានហើយ។ ព្រះមុនីនាថ ទ្រង់អត់សង្កត់​វេទនា បានដោយ​ចិត្តមិនរួញរា សេចក្តី​រលត់នៃចិត្តក៏កើតមាន បីដូច​ជាការរលត់​នៃប្រទីប។

[១៤៩] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុ ប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តីញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានប្រាកដ។

[១៥០] កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែល​មិនទាន់​ប្រាសចាករាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវ​កំភួនដៃ ហើយ​កន្ទក់​កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វាន​ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ប្រញាប់​បាត់ទៅពេកណាស់។ ឯពួក​ភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់ដោយគិត​ថា សង្ខារទាំងឡាយ​មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវ​សេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។

[១៥១] លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ប្រាប់ពួកភិក្ខុថា ម្នាលអាវុសោទាំង​ឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ សេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់បានសំដែងហើយថា សេចក្តីព្រាត់ប្រាស វិនាស​ប្រែប្រួល ចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជា​ធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី​មិនព្រាត់​ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែល​បច្ច័យតាក់តែងហើយ មានសេចក្តីទ្រុឌទ្រោមជាធម្មតា ធម្មជាត​នោះឯង បុគ្គល​នឹង​ពោលឃាត់​ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះមិនមានឡើយ ម្នាលអាវុសោទាំងឡាយ ទេវតាទាំងឡាយ នឹងពោលទោស [អដ្ឋកថា ថា ពួកទេវតាពោល​ទោសថា លោកម្ចាស់ទាំងឡាយ មិនអាចអត់សង្កត់​សេចក្តី​សោក​ ចំពោះខ្លួនឯងទៅហើយ ដូចម្តេច​នឹងឲ្យជនដ៏សេស ដកដង្ហើមស្រួលបាន។] មិនខាន។ ព្រះអានន្ទសួរថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន ចុះពួកទេវតាធ្វើទុកក្នុងចិត្តដូចម្តេច។ ព្រះអនុរុទ្ធ​មានថេរវាចាថា ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់​ គឺនិម្មិតផែនដីក្នុងអាកាស រំសាយសក់ កន្ទក់កន្ទេញ ផ្គងឡើង​នូវកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួន​ចុះបម្រះននៀលទៅមក បីដូច​ជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​ប្រញាប់​បរិនិព្វាន​ពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់​បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធ​មានចក្ខុក្នុងលោក ទ្រង់ប្រញាប់​បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួក​ទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ។បេ។ បាត់ទៅ។ ពួកទេវតាណា ដែល​ប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់​សង្កត់​ដោយ​គិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គល​គប្បីបាននូវសេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទ​មាន​អាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ។ ទើប​ព្រះអនុរុទ្ធមានអាយុ ពោល​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំង​ឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវ​អ្នកទាំងឡាយ ចូរសំគាល់​នូវ​កាល​គួរចុះ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏​ស្លៀក​ស្បង់​កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅ​កាន់ក្រុងកុសិនារា។

[១៥២] ក្នុងសម័យនោះឯង ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា កំពុងប្រជុំគ្នា ក្នុង​សណ្ឋាគារដ្ឋាន ដោយកិច្ចនីមួយ។ ទើបព្រះអានន្ទមានអាយុ ចូលទៅកាន់​សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវនេះ សូមទ្រង់ទាំងឡាយ សំគាល់​នូវកាល​គួរ​ចុះ។ ពួកមល្លក្សត្រិយ៍ ពួកបុត្ររបស់មល្លក្សត្រិយ៍ ព្រះសុណិសារបស់មល្លក្សត្រិយ៍ និងភរិយា​របស់​មល្លក្សត្រិយ៍ ឮពាក្យនេះ របស់ព្រះអានន្ទមានអាយុ ហើយក៏កើតទុក្ខ តូចព្រះទ័យ ឆ្អែតដោយសេចក្តីទុក្ខក្នុងចិត្ត ខ្លះរំសាយសក់ កន្ទក់កន្ទេញ ផ្គងកំភួនដៃកន្ទក់កន្ទេញ ផ្តួល​ខ្លួនចុះ បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានឆាប់ពេកណាស់ ព្រះសុគតទ្រង់បរិនិព្វាន ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក បាត់បង់ទៅឆាប់ពេកណាស់។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់​ពួករាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រមូលគ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រីទាំងអស់ ដែលមានក្នុងក្រុងកុសិនារា។ ទើប​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំយក​គ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រី និងសំពត់​៥០០គូ ចូលទៅគាល់ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងសាលវ័ន របស់​ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុង លុះចូលទៅដល់ហើយ ក៏ធ្វើសក្ការៈគោរព រាប់អានបូជា​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំយ៉ាងនេះ ពេញអស់​១ថ្ងៃនោះ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជ្រុល​វេលាហើយ នឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងថ្ងៃនេះ​មិនទាន់​ទេ ចាំថ្ងៃស្អែក សឹមយើងនឹងថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយ​ធ្វើពិតាន​សំពត់ តាក់តែងរោងបារាំទាំងឡាយ ហើយញុំាង​ថ្ងៃជាគំរប់ពីរ ឲ្យកន្លង​ទៅទៀត ញុំាងថ្ងៃជាគំរប់​បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគំរប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគំរប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃ​ក្រុង។

[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍៨អង្គ ដែលជាប្រធាន ជម្រះសីសៈ​ហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹងលើករួចបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជា​មល្លក្សត្រិយ៍ ជាប្រធាន​ទាំង៨អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់​ថ្មី គិតគ្នា​ថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន។ ព្រះអនុរុទ្ធតបថា បពិត្រ​វាសិដ្ឋទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយផ្សេង បំណង​របស់ពួក​ទេវតាផ្សេង។ ពួកមល្លក្សត្រិយ៍ សួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណង​របស់ពួកទេវតា តើដូចម្តេច។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមាន​ព្រះភាគ អំពីខាងត្បូងនៃ​ក្រុង បពិត្រវាសិដ្ឋៈទាំងឡាយ ឯបំណង​របស់ពួកទេវតាថា យើងរាល់គ្នានឹងធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ដែលជាទិព្វ ហើយហែរទៅ​ខាងជើង តាមទិសខាងជើង​នៃក្រុង ហើយចូលទៅកាន់​ក្រុងតាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារ​ខាងកើត ហើយ​ថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ [អដ្ឋកថា ថា សាលាជាមង្គល សម្រាប់តែងព្រះអង្គរបស់ពួកមល្លរាជ ហៅថា មកុដពន្ធនៈ ហៅថា ចេតិយ ព្រោះគេធ្វើវិចិត្ររចនាក្បូរក្បាច់វិសេសណាស់។] របស់មល្លក្សត្រិយ៍ ខាងកើត​នៃ​ក្រុង។ ពួកមល្លក្សត្រិយ៍ ទូលថា បពិត្រលោកម្ចាស់ដ៏ចំរើន បំណងរបស់ពួកទេវតា​យ៉ាង​ណា ការថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេច​យ៉ាងនោះចុះ។ សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណ​ត្រឹម​ជង្គង់ រហូតដល់ទី​ជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរ​នូវគូថៈ និងកន្លែង​សម្រាប់​ចោល​នូវ​សម្រាម។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កា​កម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅ​ខាងជើង​ តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារ​ខាងជើង ហើយហែ​ទៅត្រង់កណ្តាល តាមទីកណ្តាល​នៃក្រុង ហើយចេញទៅ​តាមទ្វារ​ខាងកើត ហើយថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាង​កើតនៃក្រុង។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងទាំងឡាយ នឹងប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះតថាគតដូចម្តេច។ ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណា ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះចក្រពត្តិរាជដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន រុំសរីរៈនៃ​ព្រះចក្រពត្តិ​រាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះ​ចក្រពត្តិរាជ ដោយ​សំពត់៥០០គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើ​ព្រះស្តូប​នៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​សរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូប​របស់ព្រះតថាគត ក្នុងផ្លូវ​ធំបែក​ជា៤​យ៉ាងនោះចុះ ពួកជនណានឹងលើកឡើង​នូវផ្កាកម្រងក្តី គ្រឿង​ក្រអូបក្តី គ្រឿង​លំអិតក្តី ឬនឹងថ្វាយបង្គំ​ ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវ​ប្រយោជន៍​ និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នក​ក្រុងកុសិនារា បង្គាប់​រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡី​របស់ពួកមល្លជនមក។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា នាំគ្នារុំសរីរៈនៃ​ព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះ​រុំ​ដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយ​សំពត់៥០០គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង។

[១៥៤] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពី​ក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប។ លំដាប់​នោះ ព្រះមហាកស្សបមានអាយុ ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១។ ក៏​សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវ​ឆ្ងាយ ទៅកាន់ក្រុងបាវា។ ព្រះមហាកស្សបមានអាយុ បានឃើញ​អាជីវកនោះ ដើរមក​អំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹង​ដំណឹងព្រះសាស្តារបស់យើងខ្លះដែរ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណ​គោតម បរិនិព្វាន​ទៅ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពី​ទី​បរិនិព្វាន របស់ព្រះសមណគោតមនោះ។ បណ្តាភិក្ខុទាំងនោះ ពួក​ភិក្ខុទាំងនោះ ពួក​ភិក្ខុណា ដែលមិនទាន់​ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់​ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួក​ភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា។

[១៥៥] សម័យនោះឯង ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ អង្គុយក្នុងកណ្តាល​បរិសទ្យ​នោះ។ លំដាប់នោះ ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ ពោលទៅនឹងពួក​ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយកុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួក​យើង​នឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែង​បៀតបៀនថា អំពើ​នេះគួរដល់អ្នក អំពើនេះ មិនគួរដល់អ្នក ក៏ឥឡូវនេះ ពួក​យើងនឹងប្រាថ្នាធ្វើនូវ​អំពើណា នឹងធ្វើ​អំពើនោះបាន មិនប្រាថ្នា​ធ្វើនូវអំពើណា នឹងមិនធ្វើ​អំពើនោះបាន។ គ្រានោះ ព្រះ​មហាកស្សបហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ណ្ហើយ អ្នករាល់គ្នា កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ពាក្យនេះ​ព្រះមានព្រះភាគ បានសំដែង​ជាមុន​ហើយថា សេចក្តីព្រាត់ប្រាសវិនាស ប្រែប្រួលចាកសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះ​ហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះ មកអំពី​ណា ធម្មជាតណា ដែលកើតហើយ មានហើយ ដែលបច្ច័យតាក់តែងហើយ សឹងមាន​សេចក្តី​ទ្រុឌទ្រោម ទៅជាធម្មតា ធម្មជាតនោះ បុគ្គល​នឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (​ដោយ​ហេតុណា) ហេតុនេះមិនមានឡើយ។

[១៥៦] សម័យនោះឯង ពួកមល្លក្សត្រ៤អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាចនឹងឈួល​ឲ្យឆេះបាន។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោល​ទៅនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចំរើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង៤អង្គនេះ ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹង​ឈួល​ឲ្យឆេះបាន។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតា​ផ្សេងគ្នា។ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះបំណង​របស់ពួក​ទេវតាដូចម្តេច។ បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតាថា ព្រះមហាកស្សបមានអាយុ​នេះ កំពុង​និមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ៥០០រូប ព្រះមហាកស្សបមានអាយុ មិនទាន់​បានថ្វាយបង្គំនូវព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏​មិនទាន់​ឆេះ​ដរាបនោះ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់​ដ៏ចំរើន បំណង​របស់ពួក​ទេវតា យ៉ាងណា ការថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈនៃ​ព្រះមានព្រះភាគ ក៏សូម​ឲ្យ​សម្រេច​យ៉ាង​នោះចុះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅកាន់ជើងថ្ករនៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រ ទៀបក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ​៣ជុំហើយ បើកអំពីខាងព្រះបាទ [អដ្ឋកថា ថា ព្រះមហាកស្សបចូលចតុត្ថជ្ឈាន ចេញ​ចាកចតុត្ថជ្ឈាន ហើយអធិដ្ឋាន​ថា សូមឲ្យព្រះបាទទាំងគូទំលាយសំពត់ទាំង៥០០គូ ព្រម​ទាំងសំឡី​ និងព្រះមឈូសមាស និងជើងថ្ករធ្វើដោយខ្លឹមចន្ទន៍ ហើយលៀនចេញ​មក​ប្រតិស្ឋានលលើក្បាល​របស់ខ្ញុំ។ គ្រានោះ ព្រះបាទទាំងគូ ក៏ទំលាយ​សំពត់ទាំង៥០០គូ​ជាដើម លៀនចេញមក ដំណាលគ្នា​នឹងការអធិដ្ឋានចិត្តរបស់ព្រះមហាកស្សប ប្រៀបដូច​ព្រះចន្ទ្រពេញវង់ ចេញមកអំពីចន្លោះពពក។ ព្រះមហាកស្សបក៏លាដៃឡើង​ចាប់ព្រះបាទាលើកដាក់លើសិរ្សៈរបស់លោក។] ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ។ ឯពួក​ភិក្ខុទាំង៥០០រូបនោះ ក៏ធ្វើចីវរឆៀងស្មាម្ខាងហើយ ប្រណម្យអញ្ជលី ធ្វើប្រទក្សិណ៣ជុំ ហើយថ្វាយបង្គំ​ព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ។ កាល​ដែល​ព្រះមហាកស្សបមានអាយុ នឹងពួក​ភិក្ខុទាំង​៥០០រូបនោះ ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគរួចហើយ ជើងថ្ករព្រះមានព្រះភាគ ក៏ឆេះឯង [អដ្ឋកថា ថា ជើងថ្ករនោះឆេះឡើង ដោយអានុភាពនៃទេវតា។]។ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើង​ឆេះហើយ អាការៈណា ទោះព្រះឆវីក្តី​ ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មធ្យូងឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ [អដ្ឋកថា ថា​ នៅសល់តែព្រះអដ្ឋិធាតុ ប្រៀបដូចផ្កាម្លិះក្រពុំខ្លះ ដូច​កែវមុក្តាដ៏ស្អាតខ្លះ ដូចកំទេចមាសខ្លះ។]។ សប្បិ ឬប្រេង ដែលភ្លើងឆេះ ក៏មិនមានផែះ​កំញ៉មយ៉ាងណាមិញ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈ​ណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ ក៏យ៉ាងនោះដែរ។ បណ្តា​សំពត់ទាំង​៥០០គូនោះ សំពត់ពីរ គឺសំពត់ជាន់ក្នុងបំផុត១ សំពត់​ជាន់ក្រៅបំផុត១ ក៏​ឆេះអស់។ លុះសរីរៈ​ព្រះមានព្រះភាគ ដែលត្រូវភ្លើងឆេះហើយ ធារទឹកក៏បង្អុរ​អំពីអាកាស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ។ ទាំងមានទឹកខ្ពុរចេញ អំពី​ដើមសាលព្រឹក្ស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ។ ទើបពួក​មល្លក្សត្រ អ្នកក្រុង​កុសិនារា រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ដោយទឹកក្រអូបទាំងពួង។ គ្រានោះ ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារា ក៏ធ្វើ​នូវការបញ្ឈរ​លំពែង [អដ្ឋកថា ថា ញុំាងបុរស​អ្នកកាន់លំពែងឲ្យឈរ​ព័ទ្ធជុំវិញព្រះសរីរធាតុ។] រួចព័ទ្ធដោយកំពែងធ្នូ [ញុំាង​ពួកដំរី ពួកសេះ ពួករថ ពួកយោធា ឲ្យឈរព័ទ្ធជុំវិញព្រះសរីរធាតុ ធ្នូក៏ច្រុះព័ទ្ធជុំវិញ​ខាង​ក្រៅ​បង្អស់។] ហើយធ្វើសក្ការៈ គោរព រាប់អានបូជាព្រះសរីរធាតុ របស់​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូបទាំងឡាយ អស់៧ថ្ងៃ ក្នុង​សណ្ឋា​គារដ្ឋាន។

[១៥៧] ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានឮដំណឹងថា ព្រះមាន​ព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើប​ព្រះបាទមាគធអជាតសត្តុ​វេទេហី​បុត្ត បញ្ជូន​រាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមាន​ព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​នៃ​ប្រះសរីរធាតុ នៃព្រះមាន​ព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះ​ភាគ។ ពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ទ្រង់បានឮថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រលិច្ឆវី អ្នក​ក្រុង​វេសាលី បញ្ជូនរាជទូតទៅកាន់​សំណាក់​​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជា​ក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូប​ផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកក្សត្រសក្យៈ អ្នក​ក្រុង​កបិល​វត្ថុ ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុង​កុសិនារា។ ទើបពួក​ក្សត្រសក្យៈ អ្នក​ក្រុង​កបិលវត្ថុ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាញាតិផ្ទាល់របស់យើង យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រថូលិ អ្នក​ក្រុង​អល្លកប្បៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកនៅក្នុង​ក្រុង​កុសិនារា​ថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ។ ពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រ​កោឡិយៈ អ្នក​ក្រុង​រាមគ្រាម បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ព្រាហ្មណ៍ដែលនៅក្នុងដែនវេដ្ឋទីបៈ បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបព្រាហ្មណ៍ ដែល​នៅក្នុងដែនវេដ្ឋទីបៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាព្រាហ្មណ៍ យើងគួរបាន​ចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួកមល្ល​ក្សត្រ អ្នកក្រុងបាវា បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ លុះពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលពាក្យយ៉ាងនេះ​ហើយ  ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា បានពោលទៅនឹងពួក​គណៈទូតទាំងនោះ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងគាមក្ខេត្ត​របស់យើង យើងនឹង​មិនឲ្យ​នូវ​ចំណែក​ព្រះសរីរធាតុនៃ​ព្រះមានព្រះភាគឡើយ។

[១៥៨] កាលបើពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះហើយ ទើប​ទោណព្រាហ្មណ៍ និយាយទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា

លោកទាំងឡាយដ៏ចំរើន សូមស្តាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិន ព្រះពុទ្ធជាម្ចាស់​នៃ​យើង ព្រះអង្គជាខន្តិវាទ (អ្នកពោលសរសើរគុណនៃខន្តី) មែនពិត ការ​ប្រហារ​គ្នា (ច្បាំងគ្នា) ព្រោះតែចំណែកនៃ​ព្រះសរីរធាតុ របស់ឧត្តមបុគ្គលនេះ មិនប្រពៃ​ឡើយ។ បពិត្រលោកទាំងឡាយដ៏ចំរើន យើងទាំងអស់គ្នា (គួរតែ) ស្រុះស្រួល​គ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសរីរធាតុឲ្យជា៨ចំណែក ព្រះស្តូប​ទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើន គង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធ​ដ៏ មានចក្ខុ មិនលែង។

[១៥៩] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ អ្នកចូរ​ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា​៨ចំណែកស្មើគ្នាចុះ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើ​អ្នក​ដ៏ចំរើន អើអ្នកដ៏ចំរើន ហើយក៏ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា​៨ចំណែកស្មើ​ភាគគ្នា ហើយនិយាយ​ នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយ​ដ៏ចំរើន សូម​លោកទាំងឡាយដ៏ចំរើន ឲ្យ​តុម្ព [ជាឈ្មោះរង្វាល់​ម្យ៉ាងនៅប្រទេស​ឥណ្ឌៀក្នុងកាល​នោះ។] នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះ​តុម្ព។ ពួកក្សត្រ និង​ព្រាហ្មណ៍​ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍។

[១៦០] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា។ ទើបពួក​ក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ។ ពួកមល្លក្សត្រតបថា ចំណែក​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់​ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរ​អ្នកទាំងឡាយ នាំយក​ព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើង​នេះទៅចុះ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើង​នោះទៅ។

[១៦១] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមាន​ព្រះភាគ ក្នុងក្រុងវេសាលី។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងរាមគ្រាម។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងបាវា។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា។ ទោណព្រាហ្មណ៍ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន។ រួមព្រះស្តូប​តម្កល់ព្រះសរីរធាតុ​ទាំងអស់​មាន៨ ជាគំរប់៩នឹងព្រះស្តូប​ដែលតម្កល់​ព្រះតុម្ព ជាគំរប់១០នឹងព្រះស្តូប​ដែល​តម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ។

[១៦២] ព្រះសរីរធាតុរបស់​ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន៨ទោណៈ [បួនក្តាប់ ត្រូវជា​១កុឌវៈ ៤កុឌវៈ ត្រូវជា១បត្ថៈ (នាឡិ) ៤បត្ថៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា​១ទោណៈ គឺទោណៈ១ ត្រូវជា១៦នាឡិតូច។] ព្រះសរីរធាតុ៧ទោណៈ ជនទាំងឡាយធ្វើ​សក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុ​របស់ព្រះសម្ពុទ្ធ​ ជាបុរសដ៏ប្រសើរ​ខ្ពង់ខ្ពស់១ទោណៈ​ទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយក​ទៅ​បូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងដែនរបស់ស្តេចកាលិង្គ ព្រះទាឋា១ទៀត ពួកនាគ​រាជ​នាំយកទៅ​ធ្វើសក្ការបូជា។ ហេតុតែតេជះនៃ​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគនោះឯង មហាប្រឹឋពីនេះ ក៏បានប្រដាប់​ដោយគ្រឿងបូជាវិសេស ឯព្រះសរីរធាតុ របស់​ព្រះសម្ពុទ្ធ​មានចក្ខុនេះ គឺពួកសត្វ ដែលធ្លាប់​ធ្វើនូវ​គ្រឿង​សក្ការៈ ដ៏លើសលុបទាំងឡាយ បាន​ធ្វើ​សក្ការៈ ដោយល្អហើយយ៉ាងនេះ។ ស្តេច​ទេវតា ស្តេចនាគ​ និងស្តេច​មនុស្ស បានបូជា​ហើយ ចំពោះ​ព្រះសម្ពុទ្ធ​ជាម្ចាស់ ទាំងពួកមនុស្សអ្នកប្រសើរ ក៏​បានធ្វើ​បូជា​ព្រះអង្គ​ហើយ ដូច្នោះដែរ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរផ្គងអញ្ជលីឡើង ថ្វាយបង្គំព្រះពុទ្ធ​ជា​ម្ចាស់​នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់​ទាំងឡាយ ជាបុគ្គល​រកបានក្រ ដោយរយ​នៃ​កប្ប​ទាំង​ឡាយ។ ព្រះទន្តទាំង៤០គត់ក្តី កេសាក្តី ព្រះលោមាក្តីទាំងអស់ ពួកទេវតាដែលនៅ​ក្នុង​ចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់។

ចប់ មហាបរិនិព្វានសូត្រ ទី៣។

ចប់ ភាគ១៦។