ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

| … |៦០|៦១|៦២|៦៣|៦៤|៦៥|៦៦| … | ១១០

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ​ជាតក

ទ្វាទសមភាគ

មហានិបាតជាតក

មហានារទកស្សបជាតក ទី៨

[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុង​ដែនវិទេហៈ​ជាក្សត្រ ទ្រង់​ព្រះនាម​អង្គតិ មានយានច្រើន មានទ្រព្យ​ច្រើន មានពួក​ពលមិន​មានទី​បំផុត។ នៅពេល​បឋមយាម​ដែលមិន​ទាន់កន្លង​នៃរាត្រី​ជាគំរប់ ១៥ ជាទី​បំផុតនៃខែ​ភ្លៀង ៤ ខែ ជាទី​រីកនៃ​ផ្កាកុមុទ ព្រះអង្គ​ទ្រង់ប្រជុំ​អាមាត្យ​ទាំងឡាយ​ជាបណ្ឌិត បរិបូណ៌​ដោយការ​ស្តាប់ ជាអ្នក​ញញឹម​មុននិយាយ ជាអ្នក​មានប្រាជ្ញា ឈ្មោះ​វិជយៈ ១ ឈ្មោះ​សុនាមៈ ១ និង​សេនាបតី​ឈ្មោះ​អលាតៈ ១។ ព្រះបាទវិទេហៈ ទ្រង់សួរ​អាមាត្យ​នោះជា​លំដាប់ថា អ្នក​ទាំងឡាយ​ចូរពោល​តាមសេចក្តី​ពេញ​ចិត្ត​ផេ្សងៗគ្នា​ ថៃ្ងនេះ​ជារាត្រី​ជាទីបំផុត​នៃខែភ្លៀង ៤ ខែ ជាទី​រីក​នៃផ្កាកុមុទ​ មណ្ឌល​ព្រះចន្ទដ៏ស កំចាត់​បង់ងងឹត ថ្ងៃនេះ​យើង​ទាំងឡាយ នឹងនៅ​ដោយ​សេចក្តី​ត្រេកអរ​ដូចមេ្តច ក្នុងរាត្រីរដូវនេះ។

[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជា​ឈ្មោះអលាតៈ បានក្រាប​ទូលដូច្នេះ​ថា យើងខ្ញុំ​នឹងចាត់​ចែងយាន ពល និងសេនា​ទាំងអស់​ដែលមាន​ចិត្តរីករាយ​ហើយ។ បពិត្រ​ព្រះសម្មតិទេព យើងខ្ញុំ​មានពួកពល​មិនមាន​ទីបំផុត​ នឹងចេញ​ទៅដើម្បី​ច្បាំង ពួក​ព្រះរាជា​ណា​មិនមក​ចុះអំណាច យើងនឹង​នាំចូល​មកចុះ​អំណាច​ព្រះអង្គ​ នេះ​ជា​សេចក្តី​យល់ផ្ទាល់​ខ្លួនរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ពួកទូល​ព្រះបង្គំ​ជាខ្ញុំ នឹងផ្ចាញ់​សត្រូវ ដែលមិន​ទាន់ផ្ចាញ់។ (បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​ត្រេកអរ​ក្នុង​ចម្បាំង នេះជា​សេចក្តី​ចូលចិត្ត​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ)។

[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតី​ហើយ ក៏ក្រាប​ទូល​ដូច្នេះថា បពិត្រ​មហារាជ ពួកសត្រូវ​ទាំងអស់ មកចុះ​អំណាច​ព្រះអង្គ​ស្រាប់​ហើយតើ។ ពួក​សត្រូវ​មានគ្រឿង​សស្រ្តាដាក់​ចុះហើយ តែងប្រព្រឹត្ត​បន្ទន់​បន្ទាប មហោស្រព​ដ៏ឧត្តម​នឹងមាន​ក្នុងថ្ងៃ​នេះ ការច្បាំង ទូលព្រះបង្គំ​ជាខ្ញុំ​មិនពេញ​ចិត្តទេ។ ជនទាំងឡាយ ចូរនាំ​យកបាយ ទឹក និងបង្អែម​យ៉ាងឆាប់ មកថ្វាយ​ព្រះអង្គ បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គ​ត្រេកអរ​ក្នុងការ​រាំច្រៀង និងគ្រឿង​ប្រគុំ​ដោយកាម​ទាំងឡាយ​ចុះ។

[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាប​ទូលដូច្នេះ​ថា បពិត្រ​មហារាជ កាមទាំង​អស់ ប្រាកដ​ដល់ព្រះអង្គ​ជានិច្ច​ហើយតើ។ បពិត្រ​ព្រះសម្មតិ​ទេព កាម​ទាំងនេះ ព្រះអង្គ​មិនមែន​បានដោយ​ក្រទេ កាលបើ​ព្រះអង្គ (ប្រាថ្នា) រីករាយ​ដោយកាម​ទាំងឡាយ កាម​ទាំងឡាយ ព្រះអង្គ​បានសព្វ​ៗកាល នេះមិនមែន​ជាសេចក្តី​ពេញចិត្ត​របស់ទូល​ព្រះបង្គំ​ជាខ្ញុំទេ។ សមណ​ព្រាហ្មណ៍​ណា អ្នកដឹង​អត្ថ និងធម៌ ជាអ្នក​ស្វែង​រកគុណ គប្បី​បន្ទោបង់​សេចក្តី​សង្ស័យនៃ​យើងទាំងឡាយ​ក្នុងថ្ងៃ​នេះបាន យើង​ទាំងឡាយ នឹងចូល​ទៅរក​សមណព្រាហ្មណ៍ ជាពហុស្សូត​នោះ។​

[៥] ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យ​នៃ​វិជយាមាត្យហើយ ទ្រង់​ត្រាស់ថា ការណ៍នេះ ពេញចិត្ត​ដល់យើង​ដូច​វិជយាមាត្យ​ពោល។ សមណ​ព្រាហ្មណ៍​ណា ជាអ្នកដឹង​អត្ថ និងធម៌​ ជាអ្នកស្វែង​រកគុណ គប្បី​បន្ទោបង់​សេចក្តី​សង្ស័យ​នៃយើង​ទាំងឡាយ​បាន​ក្នុងថ្ងៃនេះ យើងទាំងឡាយ​នឹងចូល​ទៅរកសមណ​ព្រាហ្មណ៍ ជា​ពហុស្សូត​នោះ។ អ្នក​ទាំងអស់គ្នា ចូរធ្វើ​សេចក្តី​យល់ចុះ​ យើងគួរ​ចូលទៅ​រកបណ្ឌិត​ណា​ដែលជា​អ្នកដឹងអត្ថ និងធម៌ ជាអ្នក​ស្វែងរក​គុណ បន្ទោបង់​សេចក្តី​សង្ស័យ​នៃពួក​យើងបាន​ក្នុងថ្ងៃនេះ។

[៦] អលាតសេនាបតី បានស្តាប់ព្រះបន្ទូល​នៃព្រះបាទវិទេហៈ​ហើយ ក៏ក្រាប​ទូល​ដូច្នេះថា មាន​អចេលកៈ ១ អង្គនេះ ដែល​គេសន្មត​ថា ជាអ្នកប្រាជ្ញ គង់ក្នុង​មិគទាយវ័ន។ អចេលកៈ​នេះ ឈ្មោះគុណៈ ជា​កស្សបគោត្រ ជាអ្នក​ចេះដឹង ជាអ្នក​ពោលពាក្យ​ដ៏វិចិត្រ ជា​គណាចារ្យ បពិត្រ​ព្រះសម្មតិទេព យើងគួរ​ចូលទៅ​រកអចេលកៈ​នោះ លោក​នឹងបន្ទោ​បង់សេចក្តី​សង្ស័យ​នៃពួក​យើងបាន។

[៧] ព្រះរាជា ទ្រង់ព្រះសណ្តាប់ពាក្យ​នៃអលាតសេនាបតី​ហើយ ទ្រង់​បង្គាប់នាយ​សារថីថា យើងនឹង​ទៅកាន់​មិគទាយវ័ន អ្នកចូរនាំយកនូវ​យានដែល​ទឹមហើយ មកក្នុង​ទីនេះ។

[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយាន​ជាវិការៈ​នៃភ្លុក មាន​ទ្រពង​ជាវិការៈ​នៃប្រាក់ មានប្រដាប់​ជាបរិវារ​ដ៏សរលង់ ហាក់ដូច​មុខនៃរាត្រី ដែល​ប្រាសចាក​ទោស ឬដូច​ព្រះចន្រ្ទ (ពេញវង់) ក្នុងរថនោះ នាយសារថី​បានទឹម​សេះសិន្ធព ៤ មាន​សម្បុរ​ដូចផ្កាកុមុទ មានសន្ទុះ​លឿនប្រហែល​នឹងសន្ទុះ​ខ្យល់ ​ដែលបង្ហាត់​ល្អហើយ​ ប្រដាប់​ដោយ​កម្រងផ្កា ជាវិការៈ​នៃមាស។ មាន​ព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទ​វិទេហៈ​យាងទៅ (ដោយ​រថនោះ) ជាមួយ​នឹងពួក​អាមាត្យ ក៏ល្អ​ដូចជា​ព្រះចន្រ្ទ។ ពលដ៏​ច្រើន ជាអ្នក​ទ្រទ្រង់​លំពែង និងដាវ ទាំង​ពួកជន​អ្នកក្លាហាន ក៏ជិះលើ​ខ្នងសេះ ហើយ​តាមដង្ហែ​ព្រះរាជា​នោះ ដែលជា​ធំដ៏​ប្រសើរ​ជាងនរៈ។ ព្រះបាទ​វិទេហៈ​ជាក្សត្រនោះ ក៏យាង​ទៅកាន់​ឧទ្យាន​ដោយ​មួយរំពេច ទ្រង់ចុះ​ពីយាន យាងផ្ទាល់​ព្រះបាទ​ជាមួយ​នឹងអាមាត្យ ក៏យាងទៅ​រកអាជីវក ឈ្មោះ​គុណៈ។ គ្រានោះ ព្រាហ្មណ៍ និង​គហបតី​ទាំងឡាយ​ណា ដែលមក​ប្រជុំគ្នា​ក្នុង​ឧទ្យាននោះ ព្រះរាជា​ក៏មិន​បណ្តេញ​ព្រាហ្មណ៍ និង​គហបតី​ទាំងនោះ ដែល​មកកាន់​ទីដែល​មិនបាន​ធ្វើឱកាស។

[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រថាប់) លើពូក​មាន​សម្ផ័ស្ស​ទន់ លើ​កម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់​ លើទី​ដែលគេ​ក្រាលដោយ​កម្រាល​ដ៏ទន់។ ព្រះរាជា​លុះ​គង់​ហើយ ក៏រីករាយ​ (ជាមួយ) ​អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់​នូវពាក្យ​គួររលឹក​ថា​ បពិត្រ​លោកដ៏​ចំរើន​ សរីរៈ​របស់លោក អាចប្រព្រឹត្ត​ទៅបាន​ទេឬ ធាតុខ្យល់​មិន​ប្រព្រឹត្តទៅ (ស្រួល​ក្នុងសរីរៈ) ​ទេឬ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់​លោក មិន​លំបាក​ទេឬ លោកបាន​ដុំបាយ​ខ្លះដែរឬ លោកមិន​មានអាពាធ​ទេឬ ចក្ខុ​របស់​លោក​មិនសាប​សូន្យទេឬ។

[១០] អចេលកៈឈ្មោះគុណៈ បានរីករាយ​តបនឹង​ព្រះបាទ​វិទេហៈ ដែលទ្រង់​ត្រេកអរ​ក្នុងវិន័យ​ដោយពាក្យ​ថា បពិត្រ​មហារាជ អាត្មាភាព​ល្មមញុំាង​សរីរៈ​ឲ្យប្រព្រឹត្ត​ទៅបាន ខាងដើម​ដំណើរ​ទាំងអស់​នុ៎ះ ដំណើរ​ទាំងពីរ​ដែលព្រះអង្គ​ត្រាស់សួរ​ហើយនោះ (ក៏ស្រួល​ដែរ)។ បពិត្រ​ព្រះបាទ​វិទេហៈ បច្ចន្តគ្រាម​ទាំងឡាយ​របស់​ព្រះអង្គ មិនបះបោរ​ទេឬ យានរបស់​ព្រះអង្គ មិនខូច​ខាតទេឬ វាហនៈ​នៅប្រព្រឹត្ត​ទៅបាន​ទេឬ ព្យាធិ​ទាំងឡាយ​ដែលដុត​កំដៅ​សរីរៈ​របស់​ព្រះអង្គ​មិនមាន​ទេឬ។​

[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់បា្រថ្នា​ធម៌ ក៏រីករាយតប ទើបសួរ​អត្ថផង ធម៌ផង ហេតុដែល​គួរដឹង​ផងថា បពិត្រ​កស្សបគោត្រ សត្វគប្បី​ប្រព្រឹត្ត​ធម៌ក្នុង​មាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្ត​ក្នុងអាចារ្យ តើដូចម្តេច គប្បី​ប្រព្រឹត្ត​ក្នុងកូន និង​ប្រពន្ធ តើដូចម្តេច។ គប្បីប្រព្រឹត្ត​ក្នុងពួក​មនុស្សចាស់ តើដូច​ម្តេច ក្នុង​សមណ​ព្រាហ្មណ៍ តើដូចម្តេច ក្នុងពួក​ពល តើដូចម្តេច​ គប្បី​ប្រព្រឹត្តក្នុង​ជនបទ តើដូចម្តេច។ សត្វ​ទាំងឡាយ​ប្រព្រឹត្តធម៌​ដូចម្តេច​ លះលោក​នេះហើយ ទៅកាន់​សុគតិ សត្វពួក​ខ្លះឋិត​នៅក្នុង​អធម៌ មានក្បាល​សំយុងចុះ ធ្លាក់​ទៅកាន់​នរក តើដូចម្តេច។

[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូល​ព្រះបាទ​វិទេហៈ​ហើយ ក៏​ទូល​ដូច្នេះថា បពិត្រ​មហារាជ សូមព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​នូវបទ​ដែលពិត មិន​ឃ្លៀង​ឃ្លាត​របស់​អាត្មាភាព​ចុះ។​ ផលល្អ និងអាក្រក់​របស់​បុគ្គលអ្នក​ប្រព្រឹត្ត​ធម៌ មិនមានទេ បពិត្រ​ព្រះសម្មតិទេព បរលោក​ក៏មិនមាន​ដែរ​ ព្រោះថា ក្នុងលោក​នេះ មាន​នរណា​មកពី​បរលោក។ បពិត្រ​ព្រះ​សម្មតិទេព មួយទៀត មាតាបិតា មិន​មានទេ មាតា នឹងមាន​ពីណា បិតា នឹងមាន​ពីណា បុគ្គល​ដែលឈ្មោះ​ថាអាចារ្យ មិនមានទេ បុគ្គលណា នឹង​ទូន្មាន​បុគ្គល​ដែលទូន្មាន​មិនបាន។ សត្វទាំងឡាយ មាន​តុល្យភាព​ស្មើៗគ្នា សត្វ​ទាំងឡាយ​ជាអ្នក​គោរព​ចំពោះ​បុគ្គល​ចាស់ មិនមាន​ទេ កំឡាំងក្តី ព្យាយាមក្តី ក៏មិន​មានដែរ បុរស​អ្នកព្យាយាម នឹងមាន​ពីណា។ ព្រោះថា សត្វទាំងឡាយ​ទៀង ដូចទូក​តូចចង​ភ្ជាប់​នឹង​ទូកធំ សត្វរមែង​បានរបស់​ដែលត្រូវ​បាន ផលទាន​ក្នុងបរលោក​នោះ នឹងមាន​ពីណា។ បពិត្រ​ព្រះសម្មតិទេព ផលទាន​មិនមានទេ បពិត្រ​ព្រះសម្មតិទេព សេចក្តី​ព្យាយាម​មិនមាន​អំណាច​ទេ ទាន​ គឺពួក​ជនពាល​ទេតើ​បញ្ញត្តមក ពួកបណ្ឌិត​ចាំតែ​ទទួល​យកនូវ​ទាននោះ ពួកជន​ពាលជាអ្នក​មិនមាន​អំណាច សំគាល់​ខ្លួន​ថាជា​បណ្ឌិត ​រមែង​ឲ្យទាន​ដល់​បណ្ឌិត​ទាំងឡាយ។

[១៣] ភ្លើង ដី ទឹក ខ្យល់​ សុខ ទុក្ខ​ និងជីវិត​ទាំង ៧ នេះ ឈ្មោះថា ពួកទៀង ជា​សភាវៈ​ឲ្យដាច់​មិនបាន ឲ្យកំរើក​មិនបាន។ ពួកទៀង​ទាំង ៧ នេះ គប្បីរស់នៅ​ជាដរាប ដែល​បុគ្គល​កាត់ហើយ មិនឈ្មោះ​ថាកាត់ បុគ្គល​អ្នកសម្លាប់​ក្តី បុគ្គល​អ្នកកាត់​ក្តីមិនមាន អ្នកណា​ឈ្មោះថា​សម្លាប់​អ្នកណា​បាន។ គ្រឿងសស្រ្តា​ទាំងឡាយ គ្រាន់តែ​ចូលទៅ​ក្នុង​ចន្លោះ​នៃពួក (ទៀង)​ ប៉ុណ្ណោះ បុគ្គលណា​យកដាវ​ដែល​សំលៀង​ហើយ កាត់​ក្បាល​ជនដទៃ បុគ្គលនោះ​មិនឈ្មោះ​ថាកាត់​ពួក (ទៀង) ទាំង​នោះទេ​ ​ផលនៃ​បាបក្នុង​ការកាត់​នោះនឹង​មានពីណា។​ សត្វទាំងអស់ កាលអន្ទោល​អស់​មហាកប្ប​ ៨៤ ទើប​បរិសុទ្ធឯង កាលបើ​មិនទាន់​ដល់កាល​នោះ បុគ្គល​សូម្បី​សង្រួម ក៏មិន​បរិសុទ្ធ។​ កាលបើ​មិនទាន់​ដល់​កំណត់​នោះ ពួក​សត្វ​សូម្បី​ប្រព្រឹត្តល្អ​ច្រើន ក៏មិន​បរិសុទ្ធ ទុកជា​ធ្វើបាប​ច្រើន ក៏មិន​កន្លង​ហួស​នូវខណៈ​នោះដែរ។ សេចក្តី​បរិសុទ្ធ​នៃយើង​ទាំងឡាយ តាមលំដាប់​នៃកប្ប ៨៤ យើង​ទាំងឡាយ​មិនកន្លង​ហួស (កម្រិត) ដ៏ទៀង​នោះទេ ដូចសាគរ​មិនកន្លង​ហួសច្រាំង។

[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈ ជាកស្សបគោត្រ​ហើយ ក៏ពោល​ដូច្នេះ​ថា លោក​ដ៏ចំរើន​ពោល​យ៉ាងណា ពាក្យនោះ​ពេញចិត្ត​ខ្ញុំដែរ។​ខ្ញុំរលឹក​ជាតិរបស់​ខ្លួន​ក្នុងកាល​មុន ដែល​អន្ទោល​ទៅហើយ​ថា ក្នុងកាលមុន ខ្ញុំ​កើតជា​មនុស្ស​ ប្រព្រឹត្ត​អាក្រក់ ឈ្មោះ​បិង្គលៈ ជាអ្នក​សម្លាប់គោ។ ខ្ញុំបានធ្វើ​បាប​ដ៏ច្រើន ក្នុង​ក្រុង​ពារាណសី ជាក្រុង​សម្បូរ ខ្ញុំបាន​សម្លាប់សត្វ​ដ៏ច្រើន គឺក្របី ជ្រូក ពពែ។ លុះខ្ញុំច្យុត​ចាកអត្តភាព​នោះ ក៏បាន​មកកើត​ក្នុងត្រកូល​សេនាបតី​ដ៏ស្តុក​ស្តម្ភក្នុង​ទីនេះ ផលបាប​របស់ខ្ញុំ​មិនមាន​ពិត បានជា​ខ្ញុំមិន​ទៅនរក។

[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកំសត់ម្នាក់ ជាទាសៈ​ឈ្មោះ​វីជកៈ រក្សា​ឧបោសថ​ហើយ ចូលទៅ​កាន់សំណាក់​នៃអចេលកៈ​ឈ្មោះ​គុណៈ។ វីជកៈ លុះស្តាប់​ពាក្យរបស់​គុណៈ ជា​កស្សបគោត្រ​ និងពាក្យ​ដែល​អលាត​សេនាបតី​ពោលហើយ ក៏ដក​ដង្ហើមចេញ​ដ៏ក្តៅរឿយៗ យំបង្ហូរ​ទឹកភ្នែក។

[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវីជកៈ​នោះថា ម្នាល​សំឡាញ់ អ្នកយំ តើដើម្បី​អ្វី អ្នកបានឮ ឬបាន​ឃើញអ្វី អ្នកដល់​នូវទុក្ខ​វេទនា​ដូចម្តេច ចូរបា្រប់​ឲ្យយើង​ដឹងផង។

[១៧] វីជកៈបានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈ​ហើយ ក្រាបបង្គំ​ទូលថា បពិត្រ​មហារាជ ទុក្ខវេទនា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​មិនមានទេ សូមព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់ចុះ។ ទូល​ព្រះបង្គំ​ជាខ្ញុំរលឹក​ឃើញនូវ​សេចក្តី​សុខរបស់​ទូលព្រះបង្គំ​ជាខ្ញុំ ក្នុង​ជាតិមុន កាល​ដែល​​បានកើត​ជាភាវសេដ្ឋី ជាអ្នក​ត្រេកអរ​ក្នុងគុណធម៌​ក្នុង​បូរីឈ្មោះ​សាកេត។ ទូល​ព្រះបង្គំ​ជាខ្ញុំ​ត្រូវពួក​ព្រាហ្មណ៍ និងគហបតី​សរសើរ​ហើយ​ថា ជាអ្នក​ត្រេកអរ​ក្នុងការ​ចែក​រំលែក​ទាន​ ជាអ្នក​មានការងារ​ដ៏ស្អាត តែទូល​ព្រះបង្គំ​ជាខ្ញុំ​មិនហ៊ាន​នឹកនា​នូវអំពើ​អាក្រក់​របស់​ខ្លួនដែលធ្វើ​ហើយទេ។ បពិត្រ​ព្រះបាទ​វិទេហៈ ទូល​ព្រះបង្គំ​ជាខ្ញុំ​លុះច្យុត​ចាក​អត្តភាព​នោះ ក៏​មកកើត​ក្នុងគភ៌នៃ​កុម្ភទាសី ជាស្រី​ទុគ៌តក្នុង​ក្រុងមិថិលា​នេះ តាំងពី​កើតមក ទូលព្រះបង្គំ​ជា​ខ្ញុំ​ទុគ៌ត​ក្រៃពេក។ សូម្បី​ទូលព្រះបង្គំ​ជាខ្ញុំទុគ៌ត​យ៉ាងនេះ ក៏តាំង​នៅក្នុង​ការប្រព្រឹត្តិស្មើ តែងឲ្យភត្ត​ពាក់កណ្តាល ដល់បុគ្គល​អ្នកត្រូវការ។ តែងរក្សា (ឧបោសថ) អស់​ថ្ងៃទី ១៤ ​និងថ្ងៃទី ១៥ សព្វៗ កាល ទាំងមិន​បៀតបៀន​សត្វផង បាន​វៀរបង់​ការលួច​លាក់ផង។ អំពើ​ដែលសន្សំ​ល្អហើយ​ទាំងអស់នេះ ជារបស់​ឥតផល ដោយពិត ទូលព្រះបង្គំ​ជាខ្ញុំ​សំគាល់ថា សីលនេះ​មិនមាន​ប្រយោជន៍ទេ ដូចជា​អលាត​សេនាបតី​ពោល​ដែរ។ ដែលទូល​ព្រះបង្គំ​ជាខ្ញុំទទួល​ទុក្ខទោស​ដោយជាក់​ស្តែងនេះ ដូចជា​អ្នកលេង​ដែលមិន​មានសិល្បៈ ឬដូចជា​អលាតសេនាបតី ជាអ្នក​លេងស្កា​បានរៀនហើយ ក៏បាន​ទទួល​ការឈ្នះ។ ទូលព្រះបង្គំ​មិនឃើញ​ទ្វារ សម្រាប់ទៅ​សុគតិ​សោះ បពិត្រ​ព្រះរាជា ព្រោះ​ហេតុនោះ បានជា​ទូលព្រះ​បង្គំជាខ្ញុំយំទួញ ព្រោះ​បានស្តាប់​ភាសិត​នៃ​អចេលកៈ ជា​កស្សបគោត្រ។

[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យ​វីជកៈ​ហើយ ទ្រង់ត្រាស់ថា ម្នាល​វីជកៈ ទ្វារនៃ​សុគតិ​មិនមានទេ អ្នកចូរ​សង្ឃឹមការ​ដ៏ទៀងចុះ។ បានឮ​ថា សុខ ឬទុក្ខ​ជារបស់​ទៀង ដែល​ពួកសត្វ​រមែងតែ​បានសេចក្តី​បរិសុទ្ធិ ព្រោះ​សង្សារ​របស់សត្វ​ទាំងអស់ (រមែងមាន) អ្នកកុំ​ប្រញាប់​ចង់ឃើញ​ក្នុងកាល​ដែល​មិនទាន់ដល់ (កំណត់នោះ) ឡើយ។ ក្នុងកាល​មុន យើងជា​បុគ្គលល្អ បាន​ខ្វល់ខ្វាយ (បម្រើ) នូវពួក​ព្រាហ្មណ៍ និង​គហបតី កាលប្រៀន​ប្រដៅនូវ​វោហារ (រាជកិច្ច) ក៏សាបសូន្យ​ចាកសេចក្តី​ត្រេកអរ​ (ក្នុង​កាមគុណ) ជា​លំដាប់។

[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សប​គោត្រថា បពិត្រលោក​ដ៏ចំរើន ប្រសិនបើ​មានការ​ប្រជុំ យើងនឹង​ជួបគ្នា​ម្តងទៀត។ ព្រះបាទ​វិទេហៈ ទ្រង់ត្រាស់​ព្រះតម្រាស់​នេះ​ហើយ ទ្រង់ត្រឡប់​ទៅកាន់​ព្រះនិវេសន៍​របស់ព្រះអង្គ​វិញ។

[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទ​អង្គតិ ទ្រង់ប្រជុំ​ពួកអាមាត្យ​ក្នុង​ទីជាទី​បម្រើ ហើយត្រាស់​ព្រះតម្រាស់​ដូច្នេះថា អាមាត្យ​ទាំងឡាយ ចូរចាត់ចែង​កម្ម​ទាំងឡាយ​ក្នុងវិមាន​ចន្ទក៍​របស់យើង​សព្វៗកាល នាកាល​សេចក្តី​កំបាំង និង​សេចក្តី​ជាក់ស្តែង​កើតឡើង​ហើយ អាមាត្យ​ឯណា​នីមួយ កុំមករក​យើងឡើយ។ អាមាត្យ​ឈ្មោះ​វិជយៈ ១ ឈ្មោះ​សុនាមៈ ១ អលាតសេនាបតី ១ ទាំង ៣ នេះ ជាអ្នក​ឈ្លាសវៃ​ក្នុងវោហារ​ (រាជកិច្ច) ចូរអង្គុយ​ក្នុងទីជា​ទីវិនិច្ឆ័យ​សេចក្តី​នេះចុះ។ ព្រះបាទ​វិទេហៈ លុះទ្រង់​ត្រាស់​ព្រះតម្រាស់​នេះហើយ ក៏សំគាល់​កាម​ទាំងឡាយ​ដ៏ច្រើន ឈប់ខ្វល់​ខ្វាយ​ចំពោះ​ព្រាហ្មណ៍​គហបតី និងសេចក្តី​ណា​នីមួយ។

[២១] តាំងពីកាលនោះមក រហូតដល់រាត្រី ១៤ នាងរាជកញ្ញា​របស់​ព្រះបាទ​វិទេហៈ​ព្រះនាមរុចា ជាធីតា​បង្កើត ជាទីស្រឡាញ់ បានពោល​ចំពោះ​មេនំថា នែម៉ែ សូមម៉ែ​ប្រដាប់​ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រី​ជាសំឡាញ់​របស់ខ្ញុំ ក៏ចូរប្រដាប់​ស្អិតស្អាង​ដែរ ស្អែកជា​ថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅ​កាន់សំណាក់​បិតា។ ស្ត្រី​ទាំងឡាយ បាននាំ​មកនូវ​ផ្កាកម្រង ខ្លឹមចន្ទន៍ កែវមុណី ស័ង្ខ កែវមុក្តា មានដំឡៃ​ដ៏ច្រើន និង​សំពត់​អម្ពរណ៍​មានពណ៌​ក្រហម​ផ្សេងៗ ថ្វាយ​ព្រះរាជកញ្ញា​នោះ។ ពួកស្ត្រី​ដ៏ច្រើន បាន​ចោមរោម​ព្រះរាជ​កញ្ញា​ព្រះនាម​រុចានោះ ដែលមាន​សម្បុរ​ដ៏រុងរឿង កំពុង​គង់លើ​តាំងជា​វិការៈនៃ​មាស។

[២២] ឯនាងរុចានោះ ស្អិតស្អាង​ដោយគ្រឿង​អាភរណៈ​ទាំងពួង ឋិតនៅក្នុង​កណ្តាល​នៃពួកស្ត្រី​ជាសំឡាញ់ បានចូល​ទៅកាន់​វិមានចន្ទក៍ ដូចជា​ផ្លេកបន្ទោរ​អាស្រ័យ​មេឃ។ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះបាទ​វិទេហៈ ដែលទ្រង់​ត្រេកអរ​ក្នុងវិន័យ ហើយ​យាងចូល​ទៅគង់​លើតាំង ​ដែលវិចិត្រ​ដោយមាស​ក្នុងទីសមគួរ។

[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការ​ប្រជុំនោះ ដូចជាទី​ប្រជុំពួក​ស្រ្តីទេព​អប្សរ ទើបត្រាស់​ព្រះតម្រាស់​នេះនឹង​នាងរុចា ដែល​ឋិតនៅ​ត្រង់កណ្តាល​នៃពួក​ស្រ្តីជា​សំឡាញ់ថា នាងត្រេកអរ​ក្នុងប្រាសាទ ស្រះបោក្ខរណី​ខាងក្នុង​ដែរឬ ពួក​ជនបាន​នាំមក​នូវបង្អែម​មានប្រការ​ដ៏ច្រើន ដល់នាង​សព្វកាល​ដែរឬ។ នាង​ទាំងឡាយ​ជា​កុមារី បានក្រង​កម្រងផ្កា​ដ៏ច្រើន ជាស្ត្រី​នៅលេង​ល្បែង ត្រេកអរ​ដោយ​សេចក្តី​សប្បាយ បានធ្វើ​ផ្ទះតូចៗ​ទាំងឡាយ​ផ្សេងៗគ្នា​ខ្លះដែរ​ឬ។ មួយទៀត នាងខ្វះ​ខាតដោយ​វត្ថុអ្វី​ ជនទាំង​ឡាយ​បាននាំ​មកយ៉ាង​ឆាប់ ដល់នាង​ដែរឬ ម្នាលនាង​មានភក្រ្ត​ផាត់លាប​ល្អ នាងចូរធ្វើ​តាមចិត្តចុះ សូម្បី​របស់ស្មើ​ដោយ​ព្រះចន្ទ ក៏ឪពុកផ្តល់​ឲ្យនាង​ដែរ។

[២៤] នាងរុចា បានស្តាប់ព្រះរាជឱង្ការព្រះបាទ​វិទេហៈ​ហើយ ទូលតប​ព្រះបិតាថា បពិត្រ​មហារាជ របស់​ទាំងអស់​នុ៎ះ ខ្ញុំម្ចាស់​តែងបាន​ក្នុងសំណាក់​របស់​ព្រះអង្គ ជា​ឥស្សរៈ។ ស្អែក​ជាថ្ងៃទី ១៥ ជាទិព្យ សូមឲ្យ​ពួកជន​នាំកហាបណៈ​មួយពាន់​ដល់ខ្ញុំម្ចាស់ៗ នឹង​ឲ្យទាន​ចំពោះ​វណិព្វកៈ​ទាំងអស់ តាមទំនង​ដែល​ខ្ញុំម្ចាស់​ធ្លាប់ឲ្យ​ហើយ។

[២៥] ព្រះរាជាអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនាងរុចា​ហើយ ទ្រង់ត្រាស់ថា​ ទ្រព្យ​ដ៏ច្រើន ឈ្មោះថា​នាងធ្វើ​ឲ្យវិនាស ធ្វើឲ្យឥត​ប្រយោជន៍ ធ្វើឲ្យឥត​ផលហើយ។ នាង​រក្សា​ឧបោសថ មិន​បរិភោគបាយ​​ទឹកជានិច្ច ឯបាយ និងទឹក​ដែលនាង​មិន​បរិភោគ​នេះ ជារបស់​ទៀង បុណ្យ​មិនមាន​ដល់បុគ្គល​ដែលមិន​បរិភោគទេ ដូច​យ៉ាង​ទាសៈ​ឈ្មោះ​វីជកៈ បានស្តាប់​ភាសិត​អចេលកៈ ជា​កស្សបគោត្រ ក្នុងកាល​នោះ ក៏ដក​ដង្ហើម​ចេញដ៏​ក្តៅរឿយៗ យំសម្រក់​ទឹកភ្នែក។ ម្នាល​នាងរុចា នាង​កាលរស់​នៅ​ដរាបណា កុំអត់បាយ​ឡើយ ម្នាលនាង​ដ៏ចំរើន បរលោក​មិនមាន​ទេ ព្រោះ​ហេតុអ្វី នាងប្រឹង​ឲ្យលំបាក​ឥត​ប្រយោជន៍។

[២៦] នាងរុចាមានសម្បុរដ៏រុងរឿង បានស្តាប់ព្រះបន្ទូល​ព្រះបាទ​វិទេហៈ កាល​ដឹងធម៌​ខាងដើម និងខាងចុង ទើបពោល​ពាក្យនេះ​នឹងបិតាថា ពីដើម ខ្ញុំម្ចាស់​គ្រាន់​តែឮ (ថ្ងៃនេះ) រឿងនេះ ខ្ញុំម្ចាស់​ឃើញជាក់​ច្បាស់ហើយ​ថា បុគ្គលណា​សេពគប់​នឹងជនពាល បុគ្គលនោះ ទៅជា​បុគ្គលពាល​ដែរ។ ដ្បិតថា បុគ្គល​វង្វេង​អាស្រ័យ​នឹង​បុគ្គល​វង្វេង រមែង​ដល់សេចក្តី​វង្វេងដ៏​លើសលុប អលាតសេនាបតី និង​ទាសៈ​ឈ្មោះ​វីជកៈគួរវង្វេង​ទៅចុះ (តែព្រះអង្គ​កុំវង្វេង​ឡើយ)។

[២៧] បពិត្រព្រះសម្មតិទេព ព្រះអង្គប្រកបដោយ​បញ្ញា ជាអ្នក​ប្រាជ្ញ​ ឈ្លាសក្នុង​សេចក្តី​ចំរើន ហេតុអ្វី​ព្រះអង្គ​ប្រហែល​នឹងពួក​ជនពាល ហើយ​លុះទិដ្ឋិ​ថោកទាប។

ប្រសិន​បើសត្វ​បរិសុទ្ធ​ដោយគន្លង​នៃសំសារ បព្វជ្ជា​នៃអចេលកៈ​ឈ្មោះ​គុណៈ ក៏​មិនមាន​ប្រយោជន៍​ដែរ អចេលកៈ​ឈ្មោះ​គុណៈ ជាអ្នក​វង្វេង​ដោយមោហៈ ដល់​នូវភាព​ជាអ្នក​អាក្រាត ដូចជា​សត្វកណ្តូប​ទម្លាក់ខ្លួន​ក្នុងភ្លើង​កំពុងឆេះ។ ជន​ទាំងឡាយ​ច្រើននាក់ កាលមិន​ដឹង ត្រូវអចេលកៈ​ឈ្មោះ​គុណៈ​ទូន្មាន​ហើយ​ក្នុង​កាលមុន​ថា សេចក្តី​បរិសុទ្ធិ ព្រោះ​សំសារ​ដូច្នេះ ក៏បដិសេធ​នូវកម្ម​ចេញ ប្រយោជន៍​ដែលជន​កាន់មិនល្អ​ហើយ ក្នុងកាល​មុន ក៏ទៅជា​ទោស ដូចត្រី​ដែល​រួចអំពី​សន្ទូច​បានដោយ​ក្រ។

[២៨] បពិត្រមហារាជ ខ្ញុំម្ចាស់នឹងធ្វើឧបមាថ្វាយ​ព្រះអង្គ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ​ ព្រោះថា បណ្ឌិត​ពួកខ្លះ​ក្នុងលោក​នេះ រមែង​ដឹងសេចក្តី​ដោយពាក្យ​ឧបមា។ ទូក​របស់​ពួកឈ្មួញ​ផ្ទុកភារៈ​ធ្ងន់ហួស​ប្រមាណ នាំទៅ​នូវភារៈ​ធ្ងន់​លើសលុប រមែង​លិចក្នុង​សមុទ្រ​យ៉ាងណា នរជន​កាលសន្សំ​បាប​បន្តិចម្តងៗ ឈ្មោះ​ថាជា​អ្នកកាន់​យកនូវ​ភារៈ​ដ៏លើស​លុប រមែង​លិចក្នុងនរក​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​ផែនដី ភារៈ​ដ៏ធ្ងន់​របស់​អលាតសេនាបតី មិនទាន់​ពេញប្រៀប​នៅ​ឡើយ អលាត​សេនាបតី​ទៅកាន់​ទុគ្គតិ ព្រោះ​បាបណា គាត់នៅ​តែសន្សំ​បាប​នោះ។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​ផែនដី អលាត​សេនាបតី​បានធ្វើ​បុណ្យហើយ​ក្នុង​កាលមុន បពិត្រ​ព្រះសម្មតិទេព ឯអលាត​សេនាបតី​នុ៎ះ​បានសុខ ព្រោះអានិសង្ស​បុណ្យដែល​គាត់​ធ្វើហើយ ក្នុងកាល​មុននោះ​ឯង។ បុណ្យ​នោះ​របស់គាត់​អស់​ហើយ បានជាគាត់​ត្រេកអរ​ក្នុង​អកុសលកម្ម លះបង់​នូវផ្លូវ​ត្រង់ ហើយ​ដើរទៅ​តាមផ្លូវ​វៀចវិញ។ កាលវត្ថុ​ធ្ងន់ដែល​គេដាក់​ក្នុងមណ្ឌល​នៃជញ្ជីង ជញ្ជីងក៏​បះ កាល​បើភារៈ​គេដាក់​ចេញហើយ ក្បាលជញ្ជីង​ក៏ងើបឡើង យ៉ាងណា​មិញ។​ នរជនកាល​សន្សំ​បុណ្យ​សូម្បី​បន្តិច​ម្តងៗ ដូចជា​ទាសៈឈ្មោះ​វីជកៈ កាលប្រាថ្នា​ឋានសួគ៌ ត្រេកអរ​ក្នុង​កុសលកម្ម​ មាន​ផលល្អ ក៏យ៉ាង​នោះដែរ។ បាបណា​ដែល​វីជកៈ​នោះ​បានធ្វើ​ទុកក្នុង​កាលមុន ទាសៈ​ឈ្មោះវីជកៈ​ឃើញ​ទុក្ខណា ចំពោះ​ខ្លួន​ក្នុងថ្ងៃ​នេះ ព្រោះគាត់​បានធ្វើ​បាបក្នុង​ជាតិមុន បានជា​គាត់ទទួល​ទុក្ខនោះ។ បាប​របស់​គាត់នោះ​អស់ បានជា​គាត់ត្រេកអរ​ក្នុង​វិន័យ សូមព្រះអង្គ​កុំគប់រក​អចេលកៈ ឈ្មោះគុណៈ​ជា​កស្សបគោត្រ ហើយ​មកកាន់​ផ្លូវខុស​ឡើយ។

[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គល​ណាៗ ជាសប្បុរស ឬជា​អសប្បុរស មាន​សីល ឬ​មិនមាន​សីល រមែង​លុះនូវ​អំណាច​នៃបុគ្គល​នោះៗឯង។​ បុគ្គលធ្វើ​បុគ្គល​បែបណា​ឲ្យជា​មិត្រផង សេពបុគ្គល​បែបណា​ផង បុគ្គលនោះ រមែង​ប្រាកដ​ដូចបុគ្គល​នោះ​ដែរ ព្រោះថា ការនៅ​រួមគ្នា រមែង​ប្រាកដ​ដូច្នោះ។ អាចារ្យ​ដែល​កូនសិស្ស​ពាល់ត្រូវ​ហើយ រមែង​ប្រឡាក់​កូនសិស្ស ដែលមិន​ទាន់​ប្រឡាក់ កាលកូន​សិស្សពាល់​ត្រូវអាចារ្យ​ដទៃ រមែង​ប្រឡាក់ ដូចព្រួញ​លាបថ្នាំ​ពិស​ ប្រឡាក់​បំពង់ព្រួញ​​ដូច្នោះ អ្នកប្រាជ្ញ​មិនត្រូវ​មាន​សំឡាញ់ដ៏​លាមក ព្រោះខ្លាចអំពី​ការប្រឡាក់។ ជនណា​ខ្ចប់ត្រីស្អុយ​ដោយ​ស្បូវភ្លាំង ស្បូវភ្លាំង​របស់​ជននោះ ទៅជា​មានក្លិន​ស្អុយផ្សាយ​ទៅ យ៉ាងណា​មិញ ការសេព​គប់នឹង​បុគ្គលពាល ក៏យ៉ាង​នោះដែរ។ ជនណា​ខ្ចប់ក្រឹស្នា​ដោយ​ស្លឹកឈើ ស្លឹកឈើ​របស់ជន​នោះ ទៅជា​មានក្លិន​ក្រអូបផ្សាយ​ទៅ យ៉ាងណាមិញ ការសេព​បុគ្គលជា​អ្នក​ប្រាជ្ញ ក៏យ៉ាង​នោះដែរ។ ព្រោះហេតុ​នោះ បណ្ឌិត​កាលដឹង​ច្បាស់នូវ​ភាពនៃ​ខ្លួន ដែល​ប្រែប្រួលបាន ដូចជា​កញ្ចប់​នៃ​ស្លឹកឈើ មិនត្រូវ​សេព​អសប្បុរស​ទេ ត្រូវសេពតែ​ពួកសប្បុរស ព្រោះថា ពួក​អសប្បុរស​តែង​នាំទៅ​កាន់នរក ពួក​សប្បុរស តែងឲ្យ​ដល់សុគតិ។

[៣០] ខ្ញុំម្ចាស់បានរឭកឃើញនូវភាពនៃខ្លួន ដែលអន្ទោល​ទៅមក​អស់ ៧ ជាតិមក ហើយ​ និង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់​នឹងច្យុត​ចាកអត្តភាព​នេះ ទៅក្នុង​អនាគត។​ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ក្នុង​កាលមុន ជាតិណា​របស់ខ្ញុំ​ម្ចាស់ជា​គំរប់ ៧ (ក្នុង​ជាតិនោះ) ខ្ញុំម្ចាស់​បានកើត​ជាកូន​ជាងមាស​ក្នុង​រាជគហបូរី​ ក្នុងដែន​មគធៈ។ បាបដ៏ច្រើន ខ្ញុំម្ចាស់​បាន​ធ្វើហើយ ព្រោះអាស្រ័យ​សំឡាញ់​ដ៏លាមក ខ្ញុំម្ចាស់​ទាំង​ពីរ​នាក់ កាល​បៀតបៀន​​ប្រពន្ធ​នៃបុគ្គល​ដទៃ ប្រព្រឹត្ត (ខ្លួន) ដូច​មិនស្លាប់។ អំពើនោះ កប់នៅ​ដូចភ្លើង​ដែលកប់​ក្នុងផេះ បពិត្រ​មហារាជ តទៅ ខ្ញុំម្ចាស់បាន​កើតក្នុង​វំសភូមិ ក្រុង​កោសម្ពី ជាកូន​ប្រុសតែ​មួយ មានគេធ្វើ​សក្ការបូជា​ជានិច្ច​ក្នុងត្រកូល​សេដ្ឋី ជាត្រកូល​ស្តុកស្តម្ភ សម្បូរ មានទ្រព្យ​ច្រើន ដោយ​កម្មដទៃ។​ ក្នុងកាលនោះ ខ្ញុំម្ចាស់​បានសេព​គប់មិត្រ​សំឡាញ់ អ្នកត្រេកអរ​ក្នុងកុសល ​ជា​បណ្ឌិត​អ្នកបរិបូណ៌​ដោយការ​ចេះដឹង មិត្រនោះ បាន​តម្កល់​ខ្ញុំម្ចាស់​ក្នុងអំពើ​ជា​ប្រយោជន៍។ ខ្ញុំម្ចាស់​បានរក្សា​ឧបោសថ​អស់​រាត្រីទី ១៤ និងទី ១៥ ដ៏ច្រើន កម្មនោះ​នៅកប់​ដូចកំណប់​ក្នុងទឹក។ ក៏បណ្តា​បាបកម្ម​ទាំងឡាយ បរទារកកម្ម​ណា​ ដែល​ខ្ញុំម្ចាស់​បានធ្វើ​ហើយ ក្នុងដែន​មគធៈ ផល (នៃ​បរទារកកម្ម) នោះ ផ្តល់ក្នុង​កាល​ជាខាងក្រោយ ដូចបុគ្គល​អ្នក​បរិភោគ​ភោជន ដែល​លាយដោយ​ពិស​ដ៏កាច​ដូច្នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុតចាក​ត្រកូល​សេដ្ឋីនោះ​មក ក៏ឆេះ​ក្នុង​រោរុពនរក​អស់កាល​ដ៏យូរ ដោយ​កម្មរបស់​ខ្លួន ខ្ញុំម្ចាស់​កាលរឭក​ឃើញទុក្ខ​ក្នុង​នរក​នោះ រមែង​មិនបាន​សេចក្តី​សុខ។ ខ្ញុំម្ចាស់​ញ៉ាំង​សេចក្តីទុក្ខ​ដ៏ច្រើន​ឲ្យអស់​ទៅក្នុង​រោរុពនរក​នោះ អស់​ពួក​នៃឆ្នាំ​ដ៏ច្រើន បានមក​កើត​ជាពពែ គេក្រៀវអណ្ឌៈ ​ក្នុងក្រុង​ភិន្នាគតៈ។

[៣១] ខ្ញុំម្ចាស់បាននាំពួកកូនអាមាត្យដោយខ្នងផង ដោយរថ​ផង (ការឆេះ​ក្នុង​រោរុពនរក​ជាដើមនោះ) ជាផលកម្ម គឺការគប់​រកប្រពន្ធ​បុគ្គល​ដទៃនៃ​ខ្ញុំម្ចាស់​នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុតចាក​អត្តភាព​នោះ​ហើយ ក៏កើតជា​ស្វា​ក្នុងព្រៃ​ធំ ត្រូវស្វា​ជាម្ចាស់​ហ្វូង ជាសត្វ​ឃ្នើសឃ្នង​ ខាំកាត់​ពូជចេញ នេះជា​ផលកម្ម គឺ​ការគប់រក​ប្រពន្ធ​បុគ្គល​ដទៃនៃ​ខ្ញុំម្ចាស់​នោះ។​ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុត​ចាកអត្តភាព​នោះ​ហើយ បានកើត​ជាគោ​ក្នុងដែន​ទសន្នៈ ជាគោដ៏​ចំរើន មានសន្ទុះ​លឿន ត្រូវ​គេក្រៀវ ខ្ញុំម្ចាស់​បានអូស​រទេះ​អស់កាល​ដ៏យូរ នេះជា​ផលកម្ម គឺការ​គប់រក​ប្រពន្ធ​អ្នកដទៃ​នៃខ្ញុំ​ម្ចាស់​នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បានមក (កើត) ក្នុង​ត្រកូល​ក្នុងដែនវជ្ជី ក្នុងភាពជា​មនុស្ស ដែលគេ​បាន​ដោយក្រ តែមិនមែន​ស្រី​មិនមែន​ប្រុស (ខ្ទើយ) នេះជា​ផលកម្ម គឺការគប់​រកប្រពន្ធ​បុគ្គលដទៃ​នៃខ្ញុំ​ម្ចាស់នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុត​ចាក​អត្តភាព​នោះហើយ បានកើត​ជាស្រី​អប្សរ មានវណ្ណៈ​គួរប្រាថ្នា ក្នុង​នន្ទវន​ឧទ្យាន ក្នុង​ឋានតាវត្តិង្ស។ មានសំពត់ និង​គ្រឿង​អាភរណៈ​ដ៏វិចិត្រ ពាក់​កុណ្ឌល​ជាវិការៈ​នៃកែវមុណី ជាស្រី​ឈ្លាសក្នុង​ការរាំ និងច្រៀង ជាស្រី​បម្រើ​ទេវរាជ​ឈ្មោះ​សក្កៈ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ឋិតនៅ​ក្នុង​ឋានតាវត្តិង្ស​នោះ រលឹក​ឃើញ​ជាតិ ៧ ដែល​ខ្ញុំម្ចាស់​នឹងទៅ​ក្នុង​អនាគត។ កុសលណា ​ដែលខ្ញុំម្ចាស់​បានធ្វើ​ហើយក្នុង​ក្រុង​កោសម្ពី កុសល​នោះ តាមមក​ឲ្យផល ខ្ញុំម្ចាស់​ច្យុតចាក​អត្តភាព​ជាទេពធីតា​នុ៎ះ នឹង​អន្ទោល​ទៅហើយ​ក្នុងទេវលោក និង​មនុស្សលោក។​ បពិត្រ​មហារាជ ខ្ញុំម្ចាស់​ដែល​គេធ្វើ​សក្ការបូជា​ជានិច្ច​អស់​ជាតិទាំងឡាយ ៧ តែ​ខ្ញុំម្ចាស់​នឹងមិនរួច​ហើយ​ចាកភាព​ជាស្រី​អស់គតិ ៦ នេះ។ បពិត្រ​ព្រះសម្មតិទេព ក្នុងគតិ​ជាគំរប់ ៧ ខ្ញុំម្ចាស់​នឹងកើត​ជា​ទេវតា​ប្រុស ជា​ទេវបុត្រ​មានឫទិ្ធ​ច្រើនដ៏​ឧត្តម​ក្នុង​ពួកទេវតា។ ក៏ក្នុងថ្ងៃនេះ ​នាងទេពកញ្ញា​ទាំងឡាយ​ នៅកំពុង​តែក្រងផ្កា​ជា​ផ្ទាំង ក្នុង​នន្ទនវ័ន ទេវបុត្រ​ឈ្មោះជវៈ ​(ជាស្វាមី​ខ្ញុំម្ចាស់នោះ) កំពុង​ទទួល​កម្រង​ផ្កាដើម្បី​ខ្ញុំម្ចាស់។​ ១៦ ឆ្នាំ ក្នុងជាតិ​របស់ខ្ញុំ​ម្ចាស់នេះ ហាក់ដូច​ជាកាល​ទិព្វ​នោះ​មួយរំពេច​ មួយយប់ មួយថ្ងៃ​ទិព្វនោះ ជា ១០០ ឆ្នាំ​របស់​មនុស្ស។ កម្ម​ទាំងឡាយ រមែង​អន្ទោល​តាម អស់​ជាតិជា​អសង្ខេយ្យ​ដូច្នេះឯង ដ្បិតថា កម្មល្អក្តី លាមកក្តី មិន​វិនាសទេ។

[៣២] ប្រុសណាប្រាថ្នាឲ្យបានជាភេទប្រុសរាល់ៗជាតិ ត្រូវវៀរ​ប្រពន្ធ​បុគ្គល​ដទៃ​ ដូចជា​បុគ្គល​អ្នកមាន​ជើងលាង​ហើយ វៀរបង់​នូវភក់​ដូច្នោះ។​ ស្រ្តីណា​ប្រាថ្នា​ឲ្យ​បានជា​ប្រុស​រាល់ៗជាតិ ត្រូវ​គោរពប្តី ដូចជា​ពួកស្រីអប្សរ ជាអ្នក​បំរើ គោរព​ព្រះឥន្ទ​ដូច្នោះ។​ បុគ្គល​ណាចង់​បានភោគៈ​ជាទិព្វ អាយុ យស និងសុខ​ជាទិព្វ ត្រូវវៀរ​បង់​អំពើ​បាប​ទាំងឡាយ ប្រព្រឹត្ត​សុច្ចរិត​ធម៌ ៣ ​យ៉ាង។ ស្រ្តីក្តី បុរសក្តី ជាអ្នក​មិនធ្វេសប្រហែស​ដោយ​កាយ វាចា ចិត្ត មានប្រាជ្ញា​ជាគ្រឿង​ពិចារណា ឈ្មោះថា កើតមក​ដើម្បី​ប្រយោជន៍​របស់ខ្លួន។

ពួកមនុស្សណានីមួយ ក្នុងជីវលោក ជាអ្នក​មានយស មានភោគៈ​បរិបូណ៌​ទាំងអស់ ពួកមនុស្ស​ទាំងនោះ បានសន្សំ​កម្មល្អហើយ​ក្នុងកាលមុន​ ដោយឥត​សង្ស័យ សត្វទាំង​អស់ជា​ច្រើន សុទ្ធតែ​មាន​កម្មជា​របស់ខ្លួន។ បពិត្រ​ព្រះ​សម្មតិទេព សូម​ព្រះអង្គ​ទ្រង់ត្រិះរិះ​រឿយៗ ដោយ​ព្រះអង្គ​ឯងចុះ បពិត្រ​ព្រះអង្គ ជាធំ​ជាងជន ស្រ្តីទាំង​ឡាយណា របស់​ព្រះអង្គ ប្រាកដ​ស្មើដោយ​ស្រីអប្សរ មានខ្លួន​ប្រដាប់​ហើយ បិទបាំង​ដោយ​បណ្តាញ​មាស តើស្រ្តី​ទាំងនេះ​របស់ព្រះអង្គ មានអ្វី​ជាហេតុ។

ព្រះរាជកញ្ញាព្រះនាមរុចា ញ៉ាំងព្រះបាទអង្គតិ ជាព្រះបិតា​ឲ្យត្រេកអរ​យ៉ាង​នេះ ដូច្នេះ​ឯង នាងជា​អ្នកមាន​វត្តល្អ បាន​ប្រាប់ផ្លូវ (សុគតិ) ដល់​ព្រះបិតា (ដូចបុគ្គល​ប្រាប់ផ្លូវ) ដល់​មនុស្ស​វង្វេង នាងបាន​សំដែង​សុចរិតធម៌។

[៣៣] គ្រានោះ នារទព្រហ្ម មកពីព្រហ្មលោក មកកាន់​គន្លងជា​របស់មនុស្ស ប្រមើល​មើល​ជម្ពូទ្វីប ក៏បាន​ឃើញព្រះបាទ​អង្គតិ។ លំដាប់នោះ នារទព្រហ្ម​ឋិត​នៅឰដ៏​អាកាស​ក្នុង​ប្រាសាទ ខាងមុខ​នៃព្រះបាទ​វិទេហៈ នាងរុចា​បាន​ឃើញ​នារទព្រហ្ម​នោះ ដែល​មកដល់​ហើយ ក៏ថ្វាយ​បង្គំ​នារទព្រហ្ម​ដែល​តំណែងខ្លួន​ជាឥសី។

[៣៤] គ្រានោះ ព្រះរាជាមានព្រះហ្ឫទ័យតក់ស្លុត ក៏ចុះ​អំពី​អាសនៈ ហើយ​សាក​សួរ​នារទព្រហ្ម ទើបត្រាស់​ព្រះបន្ទូល​ដូច្នេះថា ​លោកមាន​វណ្ណៈដូច​ទេវតា ​ញ៉ាំង​ទិស​ទាំងអស់​ឲ្យភ្លឺដូច​ព្រះចន្ទ តើ​ទើបនឹង​មកអំពី​ទីណា យើង​សួរហើយ លោក​ចូរប្រាប់​នាម និង​គោត្រ មនុស្ស​ទាំងឡាយ​ក្នុងមនុស្ស​លោក តើគេស្គាល់​ដូចម្តេចបាន។

[៣៥] (នារទព្រហ្ម…) អាត្មាភាពទើបនឹងមកអំពីទេវលោក ក្នុងកាល​ឥឡូវនេះ ញ៉ាំង​ទិសទាំង​អស់ឲ្យ​ភ្លឺដូច​ព្រះចន្ទ អាត្មាភាព​ដែលព្រះអង្គ​សួរហើយ​ នឹងទូល​នាម និង​គោត្រថា មនុស្ស​ទាំងឡាយ​ស្គាល់​អាត្មាភាព​ថា​ ឈ្មោះនារទៈ ជា​កស្សបគោត្រ។

[៣៦] (ព្រះរាជា…) សណ្ឋានរបស់លោកប្រាកដយ៉ាងណាផង លោកកំពុង​ដើរក្តី កំពុង​ឈរក្តី ឰដ៏អាកាស​ផង (នេះ) មាន​សភាព​ជាអស្ចារ្យ បពិត្រ​នារទៈ ​ខ្ញុំសួរ​សេចក្តី​នេះនឹង​លោក តើឫទ្ធិ​របស់​លោកនេះ​ មានដោយ​ហេតុអ្វី។

[៣៧] (នារទព្រហ្ម…) សច្ចៈ ១ ធម៌ ១ ទមៈ ១ ចាគៈ ១ គុណធម៌នេះ អាត្មាភាព បានសាង​មកហើយ អំពី​ជាតិមុន អាត្មាភាព​មាន​សន្ទុះចិត្ត​ទៅតាម​ប្រាថ្នា​បាន ព្រោះធម៌​ដែល​អាត្មាភាព​សេពល្អ​ហើយទាំង​នោះឯង។

[៣៨] (ព្រះរាជា…) ឥឡូវនេះ លោកប្រាប់ការសម្រេច​នៃបុណ្យ​ជារបស់​អស្ចារ្យ​ហើយ បពិត្រ​នារទៈ ប្រសិន​បើដូច​ជាលោក​ពោល​យ៉ាងនេះ​មែន ខ្ញុំសូម​សួរសេចក្តី​នេះ​នឹង​លោកទៀត បើខ្ញុំ​សួរហើយ សូមលោក​ឆ្លើយឲ្យ​ប្រពៃចុះ។

[៣៩] (នារទព្រហ្ម…) បពិត្រព្រះរាជាជាភូមិបាល ព្រះអង្គធ្វើ​សេចក្តី​សង្ស័យ​ណា​សូម​ទ្រង់សួរ​អាត្មាភាព​ចុះ អាត្មាភាព​ជា​ប្រយោជន៍​របស់​ព្រះអង្គហើយ​ អាត្មាភាព​នឹងញ៉ាំង​ព្រះអង្គ​ឲ្យដល់​នូវភាព​ជាអ្នក​មិនមាន​សេចក្តី​សង្ស័យ ដោយន័យ ដោយញាណ និង​ដោយហេតុ​ទាំងឡាយ។

[៤០] (ព្រះរាជា…) បពិត្រនារទៈ ខ្ញុំសូមសួរសេចក្តីនេះ​នឹងលោក បពិត្រ​នារទៈ ខ្ញុំសួរ​ហើយ លោកកុំ​ពោល​មុសាវាទ​ឡើយ​ នរជន​បានសួរថា ទេវតា​មានឬ មាតា​បិតា​មានឬ បរលោក​មានឬ។

[៤១] (នារទព្រហ្ម…) នរជនបានពោលថា ទេវតាមាន មាតាបិតា​មាន បរលោក​មាន ពួកជន​ជាអ្នក​ជាប់ក្នុង​កាម ជាអ្នក​វងេ្វងប្រកប​ដោយមោហៈ​ រមែង​មិនបាន​ដឹង​នូវបរលោក​ឡើយ។

[៤២] (ព្រះរាជា…) បពិត្រនារទៈ ប្រសិនបើលោកជឿថា លំនៅ​នៃជន​ទាំងឡាយ​ដែល​ស្លាប់ទៅ​ហើយ មានក្នុង​បរលោក​មែន លោកចូរ​ឲ្យ​កហាបណៈ ​៥០០ ដល់ខ្ញុំ​ក្នុង​លោកនេះ​ចុះ ខ្ញុំនឹង​សង​កហាបណៈ​ជា ១ ពាន់ ដល់លោក​ក្នុង​បរលោក​វិញ។

[៤៣] (នារទព្រហ្ម…) ប្រសិនបើយើងដឹង (នូវអ្នក​ដ៏ចំរើន) ថា មាន​សីល ជាអ្នក​ដឹង​នូវ​ពាក្យស្មូម យើងនឹង​ឲ្យ​កហាបណៈ​ ៥០០ ដល់​អ្នកដ៏ចំរើន ប៉ុនែ្ត​បើអ្នក​ដ៏ចំរើន​នោះ ជា​មនុស្ស​អាក្រក់​ នៅក្នុង​នរក តើបុគ្គល​ណានឹង​ទារ​កហាបណៈ ១ ពាន់​ក្នុងបរលោក​បាន។ សូម្បី​ក្នុងលោក​នេះ បុគ្គលណា​មិនមាន​ធម៌ជា​ប្រក្រតី មាន​មារយាទ​ដ៏លាមក ជាអ្នក​ខ្ជិល​ច្រអូស មានការងារ​អាក្រក់ ពួកបណ្ឌិត​ក៏មិន​ឲ្យ​បុគ្គល​នោះបុល​ទ្រព្យទេ ព្រោះថា​ ការបាន (ទ្រព្យ)​ អំពី​បុគ្គល​មានប្រការ​ដូច្នោះ​ មិនមាន​ឡើយ។ ពួកមនុស្ស​ដឹងនូវ​បុរសថា ជាអ្នក​ប៉ិនប្រសប់ មាន​ព្យាយាម មានសីល ​ជាអ្នក​ដឹងពាក្យ​ស្មូម រមែង​អញ្ជើញ​ខ្លួនឯង​ដោយ​ភោគៈ​ទាំងឡាយ​ថា អ្នកធ្វើ​ការងារ​ហើយ គប្បីសង​យើងវិញ។

[៤៤] បពិត្រព្រះរាជា បើព្រះអង្គច្យុតចាកអត្តភាព​នេះទៅ នឹងទត​ឃើញខ្លួន​ព្រះអង្គ​ដែល​ហ្វូងក្អែក​កំពុង​ចឹកជញ្ជែង​ក្នុងនរក​នោះ ព្រះអង្គ​គង់ក្នុង​នរក ដែល​ហ្វូង​ក្អែក​ ត្មាត ​និងឆ្កែ​កំពុង​ទំពាស៊ី មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើបុគ្គល​ណា​នឹងទៅ​ទារ​កហាបណៈ ១ ពាន់ ក្នុង​បរលោកបាន។

[៤៥] សេចក្តីងងឹតខ្លាំង រមែងមានក្នុងនរកនោះ ព្រះចន្ទ និង​ព្រះអាទិត្យ​ក៏មិន​មាន នរក​នោះ មាន​ងងឹតដ៏​ក្រាស់​សព្វកាល មាន​សភាព​គួរខ្លាច យប់ក៏​មិនប្រាកដ ថ្ងៃ​ក៏មិន​ប្រាកដ​ នរណា​ជាអ្នក​ត្រូវការ​ដោយទ្រព្យ គប្បី​ត្រាច់ទៅ​ក្នុងនរក​ដូច្នោះ​បាន។

[៤៦] ឆ្កែពពាល និងឆ្កែលឿងទាំងពីរពួក មានកាយ​ធាត់ធំ មានកំឡាំង តែង​ខាំស៊ី​នូវសត្វ​ដែលច្យុត​អំពី​លោកនេះ ធ្លាក់ទៅ​ក្នុងបរលោក​ដោយធ្មេញ​ជា​វិការៈ​នៃដែក។ ព្រះអង្គ​កាលនៅ​ក្នុងនរក ត្រូវពួកឆ្កែ​ដ៏កាច​អាក្រក់ នាំមក​នូវ​សេចក្តី​ទុក្ខ ខាំស៊ី មាន​ខ្លួនធ្លុះធ្លាយ កំពុង​ហូរឈាម តើនរណា​នឹងទារ​កហាបណៈ​ ១ ពាន់​ក្នុងបរលោក​បាន។

[៤៧] ពួកនាយនិរយបាល ឈ្មោះកាលូបកាលៈ ក្នុងនរក​គួរខ្លាច​ដ៏ពន្លឹក ជា​បច្ចាមិត្រ តែង​សម្លាប់ ឬចាក់នរជន ដែលធ្វើ​អំពើអាក្រក់​ក្នុងកាលមុន ដោយព្រួញ និង​លំពែង​ដែលសំលៀង​មុតហើយ។ ព្រះអង្គ​កាលទៅ​ក្នុងនរក ត្រូវនាយ​និរយបាល​ ចាក់​ត្រង់ក្លៀក ត្រង់​ឆ្អឹងជំនីរ វះពោះ មានខ្លួន​ធ្លុះធ្លាយ មាន​ឈាមហូរ​ចេញ តើនរណា​នឹងទារ​កហាបណៈ ១ ពាន់ ក្នុងបរលោក​បាន។

[៤៨] ក្នុងនរកនោះ មានភ្លៀងបង្អុរចុះជាអាវុធ​ផេ្សងៗ គឺលំពែង​ព្រួញ លំពែង​ស្នែង​ក្របី និងច្បូក ភ្លៀងអាវុធ មានអណ្តាត​ដូចជា​រងើកភ្លើង រមែង​ធ្លាក់លើ​ក្បាល រន្ទះថ្ម រមែង​បង្អុរចុះ​លើបុគ្គល​អ្នកមាន​អំពើ​អាក្រក់។ ក្នុង​នរកនោះ មាន​ខ្យល់ដ៏​ក្តៅ ដែល​អត់ធន់​បានដោយ​ក្រ ព្រះអង្គ​ដែលមាន​កម្មអាក្រក់ រមែង​មិន​បាន​សេចក្តី​សុខតិចតួច​ក្នុងនរក​នោះឡើយ​ តើនរណា​នឹងទារ​កហាបណៈ ​១ ពាន់ ក្នុង​បរលោក​នឹងព្រះអង្គ​នោះ ដែលក្តៅ​ក្រហាយ​ជានិច្ច ស្ទុះទៅមក មិនមាន​ទីពួន។

[៤៩] ព្រះអង្គស្ទុះទៅស្ទុះមក ដែលនាយនិរយបាល​ទឹមក្នុងរថ ព្រះអង្គ​ជាន់ផែនដី​មានអណ្តាត​ភ្លើងសន្ធោសន្ធៅ ដែល​នាយនិរយបាល​កំពុង​ចាក់ដោយ​ជន្លួញ តើ​នរណា​​នឹងទារ​កហាបណៈ ១ ពាន់ ក្នុងបរលោក​បាន។

[៥០] ព្រះអង្គឡើងកាន់ភ្នំ ដ៏ដេរដាសដោយកាំបិត ជាភ្នំគួរស្ញើប មាន​អណ្តាត​ភ្លើង​ច្រាល​រន្ទាល​ឆ្អិនឆ្អៅ​គួរខ្លាច ព្រះអង្គ​មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើនរណា​នឹងទារ​កហាបណៈ ១ ពាន់ក្នុង​បរលោក​បាន។

[៥១] ព្រះអង្គឡើងកាន់គំនររងើកភ្លើង ប្រាកដស្មើ​ដោយភ្នំ​ដ៏ច្រាលឆ្អៅ គួរខ្លាច មានខ្លួន​ឆេះសព្វ ជាសត្វ​កំព្រា ទួញយំ តើនរណា​នឹងទារ​កហាបណៈ ១ ពាន់ ក្នុង​បរលោក​បាន។

[៥២] ដើមឈើដ៏ខ្ពស់ស្មើនឹងពពក វិចិត្រដោយបន្លា​ដ៏មុត ជាវិការៈ​នៃដែក ជាបន្លា​ផឹកឈាម​របស់​នរជន។ ពួកស្រ្តី និងបុរស ដែលក្បត់​ប្រពន្ធនៃ​បុគ្គល​ដទៃ ត្រូវពួក​នាយ​និរយបាល​មានដាវ​ក្នុងដៃ ជាអ្នកធ្វើ​តាមពាក្យ​របស់​យមរាជ​ចាក់​ហើយ រមែង​ឡើងដើម​ឈើនោះ។ ព្រះអង្គ​នឹងឡើង​ដើមរកា​ក្នុងនរក មានកាយ​រាត់រាយ ប្រឡាក់​ដោយឈាម មានស្បែក​របក ក្តៅ​ក្រហាយ​ជានិច្ច មានវេទនាដ៏​ខ្លាំង។ ដកដង្ហើម​ដ៏ក្តៅ​រឿយៗ មាន​កំហុស​ព្រោះ​បុព្វកម្ម មានខ្លួន​របកស្បែក នៅលើ​ចុង​រកា តើនរណា​នឹងទារ​ទ្រព្យ​នោះ​នឹងព្រះអង្គ​បាន។

[៥៣] ដើមឈើខ្ពស់ស្មើនឹងពពក វិចិត្រដោយស្លឹក​ជាដាវ ជាវិការៈ​នៃដែក​ដ៏មុត ជា​ស្លឹកផឹក​ឈាមនៃ​នរជន។ ព្រះអង្គ​នឹងឡើង​ដើមរកា មានស្លឹក​ជាដាវ ត្រូវ​នាយ​និរយបាល កាប់ដោយ​ដាវដ៏មុត មានខ្លួន​ធ្លុះធ្លាយ កំពុង​ហូរឈាម តើនរណា​នឹង​​ទារ​កហាបណៈ ​១ ពាន់ ក្នុងបរលោក​បាន។

[៥៤] ព្រះអង្គនឹងដើរចេញអំពីនរកមានដើមរកា មានស្លឹកជា​ដាវនោះ​ហើយ ក៏​ធ្លាក់ទៅ​ក្នុងស្ទឹង​នរកឈ្មោះ​វេត្តរណី តើនរណា​នឹងទារ​ទ្រព្យនោះ​នឹង​ព្រះអង្គ​បាន។

[៥៥] ស្ទឹងនរកឈ្មោះវេត្តរណីដ៏កាច មានទឹកផ្សាក្តៅ ឆ្លងបាន​ដោយ​កម្រ ដ៏​ដេរដាស​ដោយ​ស្លឹកឈូក​ជាវិការៈ​នៃដែក រមែងហូរ​ទៅតាម​ស្លឹកដ៏មុត។ ព្រះអង្គ​មាន​ខ្លួន​ធ្លុះធ្លាយ ប្រឡាក់​ដោយឈាម ដែលខ្សែ​ទឹកហូរ​កួចទៅ​ក្នុងស្ទឹង​នរកឈ្មោះ​វេត្តរណី​នោះ ជាស្ទឹង​មិនមាន​អ្វីតោងទេ តើនរណានឹង​ទារទ្រព្យនោះ​នឹង​ព្រះអង្គ​បាន។

[៥៦] (ព្រះរាជា…) ខ្ញុំញាប់ញ័រ ដូចជាដើមឈើបម្រុងបាក់ ខ្ញុំវង្វេង​សញ្ញា មិនដឹង​ទិស ក្តៅក្រហាយ​រឿយៗ ព្រោះភ័យ​ (នឹងបាប​ដែលខ្លួន​ធ្វើហើយ)​ បពិត្រ​ឥសី​ ភ័យ​ដ៏ធំ​កើតឡើង​ដល់ខ្ញុំ ព្រោះបាន​ស្ដាប់គាថា​ដែលលោក​សំដែងហើយ។

បពិត្រ​ឥសី សូមលោក​ជាទីពឹង​របស់ខ្ញុំ ដូចជា​បុគ្គល​កាលចុះ​ទៅកាន់ទី​ពាក់​កណ្តាល​ទឹក ព្រោះកាយ​ត្រូវភ្លើង​កំពុងឆេះ ឬដូច​ជាកោះ​របស់​ពួកជន ដែលធ្លាយ​សំពៅ ក្នុង​អន្លង់ធំ ក្នុង​មហាសមុទ្រ ឬក៏ដូច​ជាប្រទីប​របស់ពួកជន​អ្នកទៅ​ក្នុងទី​ងងឹត។

បពិត្រឥសី សូមលោកប្រៀនប្រដៅអត្ថ និងធម៌ខ្ញុំផង កំហុស​ខ្ញុំបាន​ប្រព្រឹត្ត កន្លងហើយអស់​កាលយូរ បពិត្រ​នារទៈ សូមលោក​ប្រាប់ផ្លូវ​សេចក្តី​បរិសុទ្ធិ​ដល់ខ្ញុំ កុំឲ្យខ្ញុំ​ធ្លាក់ទៅ​នរក​ឡើយ។

[៥៧] (នារទព្រហ្ម…) ព្រះបាទធតរដ្ឋ ១ វេស្សាមិត្ត ១ អដ្ឋកៈ ១ យមទគ្គិ ១ ឧសិន្នរៈ ១ (សិវិ ១) ព្រះរាជា​ទាំង ៦ អង្គនេះ នឹងពួក​ព្រះរាជា​ដទៃ ជាអ្នក​បំរើ​សមណ​ព្រាហ្មណ៍ ទៅកាន់​វិស័យ​ឋានសួគ៌​យ៉ាងណា។ បពិត្រ​ព្រះអង្គ​ជាធំ​លើផែនដី ព្រះអង្គ​ចូរវៀរ​អធម៌ ហើយ​ប្រព្រឹត្តធម៌​យ៉ាងនោះចុះ ម្យ៉ាងទៀត ពួក​រាជ​បុរស​អ្នកកាន់​យកបាយ ក្នុង​ប្រាសាទ​របស់​ព្រះអង្គក្តី ក្នុងបូរី​របស់ព្រះអង្គ​ក្តី ចូរ​ឃោសនា​ថា នរណា​ឃ្លាន​ នរណា​ស្រេក នរណា​ចង់បាន​កម្រងផ្កា នរណា​ចង់​បានគ្រឿង​លាប នរណា​អាក្រាត ចង់ស្លៀក​ដណ្តប់​សំពត់​ជ្រលក់​ពណ៌​ផេ្សងៗ។ នរណា​ចង់បាំង​ឆត្រដើរ​ក្នុងផ្លូវ នរណា​ចង់បាន​ស្បែកជើង​ដ៏​ទន់ល្អ ពួក​រាជបុរស ចូរឃោសនា​ក្នុងបូរី​របស់​ព្រះអង្គ រាល់ព្រឹក​រាល់ល្ងាច​ដូច្នេះឯង។ សូមព្រះអង្គ​កុំទឹមគោ និងសេះ​ជាសត្វ​ចិញ្ចឹមចាស់ៗ ដូចក្នុង​កាលមុន​ឡើយ (សត្វណា) មាន​កំឡាំង​ធ្វើឧបការៈ​ច្រើនដល់​ព្រះអង្គៗ ចូរប្រទាន​ការរក្សា​ (ដល់សត្វនោះ) ផង។

[៥៨] កាយរបស់ព្រះអង្គ ចូរសំគាល់ថា ដូចរថ មានចិត្ត​ជា​នាយសារថី ជាកាយ​រហ័ស​រហួន មានការ​មិនបៀត​បៀនជាភ្លៅ ដែល​គេសម្រេច​ល្អហើយ មានការ​ចែក​រំលែក​ទានជា​ផ្ទុរ មានការ​សង្រួម​ជើងជា​ខ្នងកង់ មានការ​សម្រួមដៃ​ជា​ទ្រពង មាន​ការសង្រួម​ផ្ទៃជា​ប្រេងលាប មានការ​សង្រួមវាចា​ជាសូរ​មិនលាន់ឮ។ មាន​ពាក្យពិត ជាអង្គ​នៃរថ​ដ៏បរិបូណ៌ មានការ​មិន​ញុះញុង​ជាត្រណាប់​ជិតល្អ មានវាចា​ពីរោះ ជាអង្គ​នៃរថមិន​មានទោស គឺថា​រលីង មានការ​ពោល​ល្មម​ប្រមាណ​ជាគ្រឿង​ចង។ មានសទ្ធា និង​អលោភៈ ជាគ្រឿង​ប្រដាប់រថ មានការ​បន្ទន់​បន្ទាប និង​អញ្ជលីកម្ម ជាទូក​មានការ​មិន​រឹងត្អឹង​ជាចន្ទោលរថ មានការ​សង្រួមសីល ជា​ព្រ័ត្រជ្រាម។​ មានការ​មិនក្រោធ​ជាការ​មិន​សណ្តក មាន​សុចរិតធម៌ ជាឆ័ត្រស មាន​ពាហុសច្ចៈ ជាខ្សែ​ចន្ទោល មានចិត្ត​តាំងនៅនឹង ជា​អាសនៈ មានការ​ដឹងកាល ជាឈើខ្លឹម​ដ៏វិចិត្រ​ មានសេចក្តី​ក្លៀវក្លា ជាចន្ទល់ មានការ​ប្រព្រឹត្តិ​បន្ទន់ខ្លួន​ជាខ្សែ មានការ​មិនមើលងាយ​ជានឹម​ដ៏ស្រាល។ មាន​ចិត្ត​មិនរួញរា ជា​កម្រាល មានការ​សេពសេចក្តី​ចំរើន (ដោយបញ្ញា) ជា​អំបោស សតិរបស់​ព្រះអង្គ​ជាអ្នក​ប្រាជ្ញ ទុកជា​ជន្លួញ មានព្យាយាម​ដ៏មាំ និងការប្រកប​ជាខ្សែបរ។ ចិត្តដែល​ទូន្មាន​ល្អហើយ រមែង​ទៅកាន់​ផ្លូវ (ដូចរថដែល​ទៅកាន់​ផ្លូវត្រង់) ដោយសារ​សេះទាំងឡាយ​ដែលនាយ​សារថី​ហ្វឹកហ្វឺន​ល្អហើយ ព្រោះ​សេចក្តី​ប្រាថ្នា និងសេចក្តី​លោភជា​ផ្លូវខុស ការសង្រួម​ជាផ្លូវ​ត្រង់។ បពិត្រ​ព្រះរាជា​ កាលបើរថ គឺកាយ (របស់​ព្រះអង្គ) ស្ទុះទៅ​ក្នុងរូប សម្លេង រស ក្លិន តួបញ្ញា​ជាជន្លួញ​សម្រាប់គោះ ឯខ្លួន​ព្រះអង្គ​ជានាយសារថី​ក្នុងរថនោះ។​ បពិត្រ​ព្រះរាជា ប្រសិនបើ​ការប្រព្រឹត្តិ​ស្មើនឹង​សេចក្តី​ព្យាយាម​ដ៏មាំ ដោយយាន គឺកាយ​នោះ ការបង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ក៏កើតមាន សត្វមិន​ទៅកាន់​នរកដោយ​ដាច់ខាត។

[៥៩] អលាតសេនាបតី គឺទេវទត្ត សុនាមអាមាត្យ គឺភទ្ទជិ វិជយអាមាត្យ គឺ​សារីបុត្ត វីជកទាសៈ គឺ​មោគ្គល្លាន។ អចេលកៈ​ឈ្មោះគុណៈ គឺ​សុនក្ខត្តលិច្ឆវីបុត្ត នាងរុចា​ណា បានញ៉ាំង​ព្រះរាជា​ឲ្យជ្រះថ្លា នាងរុចានោះ គឺ​អានន្ទ។ ព្រះរាជា (អង្គតិ) ដែល​មាន​ទិដ្ឋិអាក្រក់​ក្នុងកាល​នោះ គឺ​ឧរុវេលកស្សប មហាព្រហ្ម គឺ​ពោធិសត្វ អ្នកទាំង​ឡាយ ចូរចាំ​ទុកនូវ​ជាតក ដូចសំដែង​មកនេះ។

ចប់ មហានារទកស្សបជាតក ទី៨។

វិធុរជាតក ទី៩

[៦០] (វរុណនាគរាជសួរថា) នាងមានសម្បុរលឿង ស្គាំងស្គម មានកំឡាំងតិច ពីដើម​រូបសម្បុរ​របស់​នាង មិនមែន​បែបនេះ​ទេ ម្នាលនាង​វិមលា ខ្ញុំសួរ​ហើយ នាងចូរ​ប្រាប់ តើវេទនា​ក្នុងសរីរៈ​របស់នាង​ដូចម្តេច។

[៦១] (នាងវិមលាទូលថា) បពិត្រព្រះអង្គជាធំជាងនាគជន ទំនៀម​របស់​ស្រ្តីទាំង​ឡាយ​ក្នុងពួកមនុស្ស (ដែលមាន​គភ៌) គេហៅថា ចំណង់ប្លែក បពិត្រ​ព្រះអង្គ​ជាកុញ្ជរ​របស់នាគ ខ្ញុំម្ចាស់ចង់​បានដួង​ហ្ឫទ័យ​របស់​វិធុរបណ្ឌិត ​ដែលត្រូវ​នាំយក​មកដោយ​ធម៌។

[៦២] (វរុណនាគរាជ…) ម្នាលនាងវិមលា​ នាងចង់បាន (ដួងហ្ឫទ័យ​របស់វិធុរ​បណ្ឌិត​នោះ ដូចបុគ្គល​ប្រាថ្នា) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះពាយ ព្រោះថា ការ​ជួបប្រទះ​នឹង​វិធុរបណ្ឌិត​ គេគប្បី​បានដោយ​ក្រ នរណា​នឹងនាំ​ព្រះវិធុរ​បណ្ឌិតមក​ក្នុង​ពិភពនាគ​នេះបាន។

[៦៣] (នាងឥរន្ទតី…) បពិត្របិតា ហេតុអ្វីហ្ន៎ ព្រះអង្គសញ្ជប់សញ្ជឹង ព្រះភក្រ្ត​របស់​ព្រះអង្គ​ដូចជា​ផ្កាឈូក​ដែលគេ​ឈ្លីដោយដៃ បពិត្រ​ព្រះអង្គ​ជាឥស្សរៈ ព្រះអង្គតូច​ព្រះហ្ឫទ័យ​ដូចម្តេច បពិត្រ​ព្រះអង្គ​អ្នកញ៉ាំង​សត្រូវឲ្យ​ក្តៅ សូមព្រះអង្គ​កុំទ្រង់​សោយ​សោក​ឡើយ។

[៦៤] (វរុណនាគរាជ…) ម្នាលនាងឥរន្ទតី មាតារបស់នាង​ចង់បាន​ហ្ឫទ័យ​របស់​វិធុរបណ្ឌិត តែការជួប​ប្រទះនឹង​វិធុរបណ្ឌិត គេគប្បី​បានដោយ​ក្រ នរណា​នឹងនាំ​ព្រះវិធុរ​បណ្ឌិត​មកក្នុង​ពិភពនាគ​នេះបាន។

[៦៥] ភស្តាណា នាំវិធុរបណ្ឌិតមកក្នុង​ទីនេះបាន​ នាងចូរត្រាច់ទៅ​ស្វែងរក​ភស្តា​នោះចុះ។ នាង​ឥរន្ទតី​នោះ លុះបាន​ស្តាប់បន្ទូល​ព្រះបិតា​ហើយ ក៏ចេញ​ទៅ​ក្នុង​វេលា​រាត្រី ជាស្រី​ជោកជាំ (ដោយរាគៈ) បានត្រាច់​ទៅ (ស្វែងរក​ព្រះភស្តា)។

[៦៦] (នាងឥរន្ទតី…) នរណាទោះជាគន្ធព្វក្តី នរណាទោះជា​អារក្ស​ទឹក ឬជា​នាគក្តី នរណា​ទោះជា​កិន្នរ ឬជា​មនុស្សក្តី នរណា​ទោះជា​បណ្ឌិត ដែលឲ្យ​សេចក្តីប្រាថ្នា​ទាំង​ពួង​ក្តី អ្នកនោះ​នឹងជា​ភស្តារបស់​ខ្ញុំ អស់កាល​មានរាត្រី​ដ៏វែង។

[៦៧] (បុណ្ណកយក្ស…) ម្នាលនាង មានភ្នែកគេតិះដៀល​មិនបាន នាងចូរដក​ដង្ហើម​ស្រួល (ត្រេកអរ) ចុះ ខ្ញុំនឹង​ជាប្តី​របស់នាង នឹងជា​ភស្តា​របស់នាង ដោយ​សារ​បញ្ញា​របស់​ខ្ញុំមាន​សភាព​ដូច្នោះ នាងចូរ​ដកដង្ហើម​ស្រួលចុះ នាងនឹង​ជា​ភរិយា​របស់ខ្ញុំ។

[៦៨] នាងឥរន្ទតី​ ក៏មានចិត្តកួចកាន់តាមគន្លងដែលធ្លាប់​ជាប្តីក្នុង​ជាតិមុន បាន​និយាយ​​នឹង​បុណ្ណកយក្ស​ថា អ្នកចូរមក យើងនឹងនាំ​គ្នាទៅឯ​សំណាក់​បិតាខ្ញុំ បិតានោះនឹង​ប្រាប់​សេចក្តីនុ៎ះ​ដល់អ្នក។

[៦៩] (អភិសម្ពុទ្ធគាថា) នាងឥរន្ទតី តាក់តែងខ្លួន ស្លៀកដណ្តប់ល្អ ​ទ្រង់កម្រងផ្កា ប្រោះ​ព្រំ​ដោយ​ខ្លឹមចន្ទន៍ ចាប់ដៃ​បុណ្ណកយក្ស នាំចូលទៅ​កាន់សំណាក់​បិតា។

[៧០] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងពួកនាគ សូម​ព្រះអង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យរបស់​ខ្ញុំព្រះអង្គ សូមព្រះអង្គ​ទ្រង់ទទួល​សួយដ៏សមគួរ ​(ដល់​ត្រកូល និង​ប្រទេស​របស់​ព្រះអង្គ) ខ្ញុំព្រះអង្គ​ចង់បាន​នាងឥរន្ទតី​​ សូមព្រះអង្គ​ធ្វើខ្ញុំ​ព្រះអង្គ​ឲ្យមូលមិត្ត​ជាមួយ​នឹងនាង​ឥរន្ទតី​នោះ។ បពិត្រ​ព្រះអង្គដ៏​ប្រសើរ សូម​ព្រះអង្គ​​ទ្រង់​ទទួល​នូវសួយ​ទាំងនោះ គឺដំរី​ ១០០ សេះ ១០០ រថទឹម​ដោយសេះ​អស្សតរ ១០០ និងរទេះ​ដែល​ផ្ទុកពេញ​ដោយ​រតនវត្ថុ​ផ្សេងៗ ទាំងអស់ ១០០ សូម​ព្រះអង្គ​ទ្រង់ព្រះរាជ​ទានធីតា​ឈ្មោះនាង​ឥរន្ទតី​ឲ្យទាន។

[៧១] (ព្រះបាទវរុណ…) អ្នកចូររង់ចាំយើងប្រឹក្សានឹងពួកញាតិមិត្រ ឬសំឡាញ់​ដ៏​ស្និទ្ធស្នាល​សិន អំពើដែល​យើងធ្វើ​ដោយមិន​បានប្រឹក្សាណា អំពើនោះ​រមែងក្តៅ​ក្រហាយ​ក្នុងកាល​ខាងក្រោយ។

[៧២] លំដាប់នោះ វរុណនាគនោះ ចូលទៅកាន់​លំនៅ ហើយប្រឹក្សា​នឹងភរិយា ហើយ​ពោលពាក្យ​នេះថា បុណ្ណកយក្ស​នេះ​សូមនាង​ឥរន្ទតី​នឹងយើង យើងនឹង​ឲ្យ​នាង​ឥរន្ទតី​ជាទី​ស្រឡាញ់​របស់យើង​ដល់​បុណ្ណកយក្ស​នោះ ដោយការ​បានវត្ថុ​ជាទី​ត្រេកអរ​ច្រើនជា​ថ្នូរ។

[៧៣] (នាងវិមលា…) បុណ្ណកយក្សមិនត្រូវបាននាងឥរន្ទតី​ ជាធីតា​របស់យើង​ដោយ​ទ្រព្យ មិនត្រូវ​បានដោយ​វត្ថុជាទី​ត្រេកអរទេ តែបើ​បុណ្ណកយក្ស​បាន​ហ្ឫទ័យ​របស់​បណ្ឌិត​ដោយធម៌ ហើយនាំ​មកក្នុង​ពិភពនាគ​នេះ ទើបត្រូវ​បាននាង​កុមារី​ដោយ​សារវត្ថុ​ជាទី​ត្រេកអរ​នុ៎ះ យើងមិន​ចង់បាន​ទ្រព្យដទៃ​តទៅ​ទៀតទេ។

[៧៤] លំដាប់នោះ វរុណនាគនោះ ចេញអំពីលំនៅ ហៅ​បុណ្ណកយក្ស​មកនិយាយ​ពាក្យ​នេះថា អ្នកមិន​ត្រូវបាននាង​ឥរន្ទតី ជាធីតា​របស់យើង​ដោយទ្រព្យ មិនត្រូវ​បាន​​ដោយវត្ថុ​ជាទី​ត្រេកអរ ជាថ្នូរទេ បើអ្នកបាន​ហ្ឫទ័យរបស់​បណ្ឌិត​ដោយ​ធម៌ ហើយនាំមក​ក្នុង​ពិភពនាគ​នេះ ទើបអ្នក​ត្រូវបាននាង​កុមារីដោយ​សារវត្ថុ​ជាទី​ត្រេកអរ​នុ៎ះ យើង​មិនចង់​បានទ្រព្យ​ដទៃតទៅ​ទៀតទេ។

[៧៥] (បុណ្ណកយក្ស…) បពិត្រព្រះអង្គដ៏ប្រសើរ បុគ្គលពួកខ្លះ​ក្នុងលោក​នេះ ហៅ​មនុស្ស​ណា​ថា ជាបណ្ឌិត បុគ្គលឯទៀត​បែរជាហៅ​បុគ្គល​នោះថា ជា​ពាលវិញ ពួកជន​តែងជជែក​គ្នាក្នុង​រឿងនេះ សូមព្រះអង្គ​ត្រាស់ប្រាប់​ដល់ខ្ញុំ​ព្រះអង្គឲ្យ​ទាន បពិត្រនាគ ព្រះអង្គ​ត្រាស់ហៅ​អ្នកណា ថាជា​បណ្ឌិត។

[៧៦] (ព្រះបាទវរុណ…) អាមាត្រឈ្មោះវិធុរៈរបស់ធនញ្ជយកោរព្យរាជ អ្នកក៏​ធ្លាប់បាន​ឮហើយ បើអ្នក​បានបណ្ឌិត​នោះដោយ​ធម៌ ហើយនាំមក នាងឥរន្ទតី​ចូរ​បានជា​អ្នកបំរើជើង​របស់អ្នក​ចុះ។

[៧៧] ចំណែកបុណ្ណកយក្ស លុះបានស្តាប់ព្រះបន្ទូលរបស់​វរុណនាគ​នេះហើយ ក៏ក្រោក​ឡើង ត្រេកអរ​ក្រៃលែង ហើយសម្ងំ​នៅក្នុង​ទីនោះ បង្គាប់បុរស​ (អ្នក​បំរើរបស់​ខ្លួន) ថា​ អ្នកចូរ​នាំសេះ​អាជានេយ្យ ដែលបាន​សំរិតសំរាំង យកមក​ក្នុងទីនេះ។ ត្រចៀក (របស់​សេះនោះ) ប្រដាប់​ដោយមាស ក្រចក​ប្រដាប់​ដោយ​កែវមណី​មាន​ពណ៌ក្រហម គ្រឿង​បិទបាំង​ឰដ៏ទ្រូង ប្រដាប់​ដោយ​មាសឆ្អិន ឈ្មោះ​ជម្ពោនទ។

[៧៨] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សតាក់តែងខ្លួន កាត់កោរសក់ និងពុកមាត់​ស្រេច​ហើយ ក៏ឡើង​ជិះសេះដែល​ជាយាន ដូចជា​ពាហនៈ​នៃទេវតា ហោះទៅ​ឰដ៏អាកាស​វេហា។ បុណ្ណកយក្ស​នោះ ជាប់ចំពាក់​ដោយ​កាមរាគ ប្រាថ្នា​នាង​ឥរន្ទតី ជា​កញ្ញានៃនាគ បានទៅ​ក្រាបទូល​ព្រះបាទ​វេស្សវណកុវេរៈ ដ៏ទ្រង់​យស ជាម្ចាស់​ពួកយក្ស​នោះ ដូច្នេះថា មន្ទីរឈ្មោះ​ភោគវតី គេហៅថា វាសៈ (ព្រោះជា​លំនៅនៃ​ស្តេចនាគ) គេហៅថា ហិរញ្ញវតី (ព្រោះជា​ទី​ដែល​បិទបាំង​ដោយ​កំពែង​ប្រាក់) ជានគរ​សម្រេច​អំពី​មាស ដែលសាង​សម្រេច​ដល់នាគ មាន​មណ្ឌល​នៃភ្នេន។ ប៉មមាន​សណ្ឋាន​ដូចកឱដ្ឋ ធ្វើអំពី​កែវមណី​ក្រហម និងកែវមរកត ប្រាសាទ​ក្នុងពិភពនាគ​ធ្វើអំពី​កែវមណី ប្រក់​ដោយ​រតនៈ​ គឺមាស។ ដើមឈើ​ទាំងឡាយ គឺដើមស្វាយ ដើមទ្រមួច ដើមព្រីង ដើម​សត្តប័ណ្ណ (ឈើមាន​សន្លឹក ៧ ) ​ដើម​រាំងអន្លក់ ដើមកេតក៍ ដើមបិយង្គុ ដើមរាជព្រឹក្ស ព្រមទាំង​ដើម​បារិច្ឆត្តព្រឹក្ស ដើម​ឈើទាលខ្សាច់ (មានក្នុង​ពិភព​នាគនោះ)។ ដើមចម្បា ដើមខ្ទឹង ម្លិះ នួនស្រី និងដើម​ក្របៅ មានក្នុង​ក្រុង​ពិភពនាគ​នោះ ដើមឈើ​ទាំងនោះ ទន់ទោរ ល្អរុងរឿង​ក្នុងមន្ទីរ​នៃនាគ។ ព្រះបាទ​វរុណៈ ជា​ឱបបាតិកៈ​កំណើត មាន​ឫទ្ធិច្រើន នៅក្នុង​ពិភពនាគ​ណា ពួកដើម​ផ្អាវ​ជាច្រើន ដ៏ហើយ​ដោយកែវ​ឥន្ទនីល​ មានផ្កា​ជានិច្ច ជាវិការៈ​នៃមាស ក្នុងពិភព​នាគនោះ។ នាង​វិមលា​ជាភរិយា​របស់​ព្រះបាទ​វរុណនាគ​នោះ ជាស្រីនៅ​ក្មេង មានរាង​កាយភ្លឺ​ផ្លេកដូច​មាស មាន​ព្រះថនា​ដូចផ្លែស្តៅ គួរជាទី​មើលដោយ​សេចក្តី​ពេញចិត្ត ឬដូច​ត្រួយវល្លិ៍ប្រេងខ្ចី។ នាង​វិមលាមាន​សម្បុរ​ថ្ងៃក្រហម​ដូចពណ៌​ល័ខ ដូចផ្កា​កណ្ណិការ​រីកក្នុងទី​មិនមាន​ខ្យល់ ឬដូច​ស្រីអប្សរ នៅក្នុង​ឋាន​ត្រៃត្រិង្ស ឬក៏ដូច​ផ្លេកបន្ទោរ​ដាលច្រវាត់ ចេញអំពី​ស្រទាប់​ពពក។ នាងវិមលា​នោះ ជាស្រី​មានចំណង់​ប្លែកអស្ចារ្យ​ក្រៃលែង ចង់​បានហ្ឫទ័យនៃ​វិធុរបណ្ឌិត បពិត្រ​ព្រះអង្គ​ជា​ឥស្សរៈ ខ្ញុំនឹង​ឲ្យហ្ឫទ័យ​វិធុរបណ្ឌិត​នោះ ដល់នាគ​ទាំងឡាយនោះ នាគ​ទាំងនោះ នឹងឲ្យ​នាង​ឥរន្ទតី​​ដល់ខ្ញុំ ដោយ​ហេតុនោះ។

[៧៩] បុណ្ណកយក្សនោះ ទូលលា​ព្រះបាទវេស្សវណកុវេរៈ​ ជាម្ចាស់​នៃភូត ជា​ព្រះរាជា​មានយស ហើយសម្ងំ​នៅក្នុងទីនោះ បង្គាប់បុរស ​(អ្នកបំរើខ្លួន) ថា អ្នក​ចូរនាំ​សេះ​អាជានេយ្យ ដែលបាន​ស្អិតស្អាង យកមក​ក្នុងទីនេះ។ ត្រចៀក (របស់សេះ​នោះ) ប្រដាប់​ដោយមាស ក្រចកសេះ​ប្រដាប់​ដោយ​កែវមណី មានពណ៌​ក្រហម គ្រឿង​បិទបាំង​ឰដ៏ទ្រូង ប្រដាប់​ដោយ​មាសឆ្អិន ឈ្មោះថា​ជម្ពោនទ បុណ្ណកយក្ស តាក់តែង​ខ្លួន កាត់​កោរសក់ និង​ពុកមាត់​ស្រេចហើយ ក៏ឡើង​ជិះសេះ ដែលជា​យាន ដូចជា​ពាហនៈ​នៃទេវតា ហោះទៅ​ឰដ៏​អាកាស​វេហា។

[៨០] បុណ្ណកយក្សនោះ បានទៅកាន់នគររាជគ្រឹះ ជាទីរីករាយ​ដ៏ក្រៃលែង ជាក្រុង​របស់​ព្រះបាទ​អង្គរាជ ដែលសត្រូវ​ចូលមក​បានដោយ​ក្រ ជាក្រុង​មាន​ភក្សាហារ​ច្រើន មានបាយ និងទឹក​ច្រើន ដូចជា​ភពឈ្មោះ​មសក្កសារៈ​របស់​វាសវៈ។ នគរ​នោះ គឹកកង ដោយហ្វូង​នៃក្ងោក និងក្រៀល គឹកកង​ដោយសត្វ​ស្លាប ដែលពួក​សត្វស្លាប​អាស្រ័យ​នៅ មានសូរ​សំឡេង​នៃពួក​បក្សីផ្សេងៗ មាន​ព្រះលាន​ដ៏ល្អ ដេរដាស​ដោយផ្កា ដូចជា​ភ្នំហិមវន្ត។ បុណ្ណកយក្ស​នោះ ឡើងទៅ​កាន់​ភ្នំឈ្មោះ​វេបុលៈ ជាទី​អាស្រ័យនៅ​នៃពួកកិន្នរ ហើយ​ស្វែងរក​កែវមណី​ដ៏ប្រសើរ បាន​ឃើញ​កែវមណី​នោះ ត្រង់កណ្តាល​កំពូលភ្នំ។

[៨១] បុណ្ណកយក្សឃើញកែវមណី មានជាតិ (ផ្សេងៗ) ជាទីផ្សាយ​ចេញនៃរស្មី​រុងរឿង ជាកែវមណី​ដ៏ប្រសើរ អាចនាំ​មកនូវទ្រព្យ ជាកែវ​រុងរឿង ជាកែវ​មានយស​ជាងយស ភ្លឺ​រុងរឿង​ដូចផ្លេក​បន្ទោរ​ឰដ៏អាកាស ក៏បាន​កាន់យក​កែវមណី​ឈ្មោះ​មនោហរៈ​នោះ ជា​កែវពៃទូរ្យ មានដំឡៃ​ច្រើន មាន​អានុភាព​ច្រើន ជាអ្នក​មានភេទ​មិនថោកទាប ឡើង​ជិះសេះ​អាជានេយ្យ ហោះទៅ​ឰដ៏អាកាស​វេហា។

[៨២] បុណ្ណកយក្សនោះ បានទៅកាន់ក្រុងឥន្ទបត្ត ចុះ (អំពីសេះ)​ ហើយចូលទៅ​កាន់ទី​ប្រជុំនៃ​អ្នកដែនកុរុ មិនកោត​ញញើត​ព្រះរាជា ១០១ អង្គ ដែល​ព្រមព្រៀង​គ្នាមក​ប្រជុំ (នៅទីនោះ) បបួលថា បណ្តា​ពួកព្រះរាជា​ក្នុងរាជ​សមាគម​នេះ ព្រះរាជា​​អង្គណា​ឈ្នះយើង (ត្រូវយក) កែវដ៏​ប្រសើរ (របស់យើង) បើយើង​ឈ្នះ​ព្រះរាជា​អង្គ​ណាវិញ​ (ត្រូវយក) ​ទ្រព្យ​ដ៏ប្រសើរ ឬយើង​ឈ្នះព្រះរាជា​អង្គណា (នឹងយក) កែវដ៏ប្រសើរ​ថ្លៃថ្លា​ក៏បាន ចំណែក​ព្រះរាជា​អង្គណា​ឈ្នះយើង​វិញ​ (នឹងយក) ទ្រព្យដ៏​ប្រសើរ​ក៏បាន។

[៨៣] (ព្រះបាទកោរព្យៈ…) ជាតិភូមិរបស់អ្នក នៅក្នុងដែនណា ពាក្យរបស់​អ្នកនេះ មិនមែន​ជាពាក្យ​របស់អ្នក​ដែនកុរុទេ អ្នកមាន​វាចា​អង់អាច មិនកោត​ខ្លាចយើង​ទាំងអស់​គ្នា អ្នកចូរ​ប្រាប់ឈ្មោះ និង​ផៅពង្ស​ដល់យើង។

[៨៤] (បុណ្ណកយក្ស…) បពិត្រព្រះរាជា ខ្ញុំជាមាណពកច្ចាយនគោត្រ ពួកញាតិ និង​ផៅ​ពង្ស​​របស់ខ្ញុំក្នុង (កាលចម្បាកនគរ) ដែនអង្គៈ តែងហៅខ្ញុំថា មាណពមាន​ឈ្មោះ​មិន​​ថោកទាប​ បពិត្រ​ព្រះសម្មតិទេព ខ្ញុំមក​ក្នុងទីនេះ ដើម្បី​លេងល្បែង​ភ្នាល់។

[៨៥] (ព្រះបាទកោរព្យៈ…) អ្នកលេងល្បែងភ្នាល់ កាលបើ​ឈ្នះ អ្នក​គប្បីយកកែវ​ទាំង​ឡាយណា កែវ​ទាំងនោះ របស់​មាណព​ឯង មានដែរឬ ឯកែវ​របស់​ព្រះរាជា មាន​ចំនួន​ច្រើន អ្នកជា​មនុស្សទាល់ក្រ នឹងបបួល​ព្រះរាជា​ទាំងនោះ ដូចម្តេច​បាន។

[៨៦] (បុណ្ណកយក្ស…) ឯកែវមណីរបស់ខ្ញុំនេះ អាចនាំមក​នូវទ្រព្យបាន អ្នក​លេង​ល្បែងភ្នាល់​ បើលេង​ឈ្នះខ្ញុំហើយ គប្បីយក​កែវមណី​ដ៏ប្រសើរ ជាកែវ​អាច​នាំមកនូវ​ទ្រព្យនេះ ១ និង​សេះអាជានេយ្យ អាចបង្រ្កាប​សត្រូវនេះ ១ របស់​ខ្ញុំចុះ។

[៨៧] (ព្រះបាទកោរព្យៈ…) ម្នាលមាណព កែវមណីមួយ នឹងធ្វើអ្វីបាន ទាំងសេះ​អាជានេយ្យ ១ នឹងធ្វើអ្វីបាន (ព្រោះ) កែវទាំងឡាយ​របស់​ព្រះរាជា មានចំនួន​ច្រើន សេះអាជានេយ្យ​របស់ព្រះរាជា មានសន្ទុះ​ដូចខ្យល់ ក៏មាន​ចំនួន​មិនតិចទេ។

ចប់ ទោហឡកណ្ឌ។

[៨៨] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងសត្វជើងពីរ សូមព្រះអង្គ​ទ្រង់​ទត​កែវមណី​របស់ខ្ញុំ​នេះចុះ ក្នុងកែវមណី​នេះ មានរាង​កាយរបស់ស្រ្តី មានរាង​កាយ​របស់​បុរស។ មានរាង​កាយរបស់​ម្រឹគ មានរាងកាយ​របស់​បក្សី ប្រាកដ​ក្នុងកែវមណី​នេះ សូម​ព្រះអង្គ​ទ្រង់ទត​នាគរាជ និងគ្រុឌ ជារូបនិម្មិត​ក្នុងកែវមណី។

[៨៩] សូមព្រះអង្គទ្រង់ទត សេនាមានអង្គ ៤ គឺពលដំរី ១ ពលរថ ១ ពលសេះ ១ ពលថ្មើរជើង​មានគ្រឿង​គ្រោះ ១ ជា​រូបនិម្មិត​ក្នុង​កែវមណី។ សូមព្រះអង្គ​ទ្រង់​ទត​ពលដំរី និង​ពួកសេនា ពលរថ និង​ពលថ្មើរជើង គឺពួក​ពលដែល​រៀបជា​ព្យុហៈ ជារូប​និម្មិត​ក្នុងកែវ​មណី។

[៩០] សូមព្រះអង្គទ្រង់ទត នគរដ៏បរិបូណ៌ដោយ​ប៉ម​ មានកំពែង និងក្លោងទ្វារ​ដ៏ច្រើន​ជាន់ មានផ្លូវ​បែកជា ៤ និងផែនដី​ដ៏ល្អ ជារូបនិម្មិត​ក្នុង​កែវមណី។​ សូម​ព្រះអង្គ​ទ្រង់​ទត​សសរខឿន គូ រនុកទ្វារ គន្លឹះទ្វារ ប៉ម និងទ្វារប៉ម ជារូបនិម្មិត​ក្នុង​កែវមណី។

[៩១] សូមព្រះអង្គទ្រង់ទតពួកបក្សីផ្សេងៗជាច្រើន ទៀបក្លោងទ្វារ និងផ្លូវ គឺហ្វូង​ហង្ស ក្រៀល ក្ងោក ចាក្រពាក អក សូមព្រះអង្គ​ទ្រង់ទត​ទីក្រុង​ដ៏ដេរដាស​ដោយ​បក្សី​ផ្សេងៗ គឺតាវ៉ៅខ្មៅ តាវ៉ៅពព្រុស ក្ងោក និង​ប៉ោលតោក​ជាច្រើន ជា​រូបនិម្មិត ក្នុង​កែវមណី។

[៩២] សូមព្រះអង្គទ្រង់ទតទីក្រុងមានកំពែងល្អអស្ចារ្យ​ចំឡែកគួរ​ព្រឺរោម មាន​ទង់ជ័យ​លើកឡើង ក្រាលដោយ​ដីខ្សាច់​ដែលមាន​សម្បុរ​ដូចមាស គួរជាទី​រីករាយ។ សូម​ព្រះអង្គ​ទ្រង់​ទតរានផ្សា​ដ៏បរិបូណ៌​ដោយ​ទំនិញ ដែលគេ​ចែកជាជួរ ជា​សង្កាត់​តាម​ចំណែក មានផ្ទះ និងទីផ្ទះ តំណនៃផ្ទះ ច្រកទាល់ និងផ្លូវ​ទាំងឡាយ។

[៩៣] សូមព្រះអង្គទ្រង់ទតរោងសុរា អ្នកលេងសុរា អ្នកគ្រួ ផ្ទះបាយ ពួកឈ្មួញ និង​ពួកស្រីពេស្យា ជា​រូបនិម្មិត​ក្នុង​កែវមណី។ សូមព្រះអង្គ​ទ្រង់ទត​ពួកជនអ្នក​ធ្វើផ្កា​កម្រង ជាង​ជ្រលក់ អ្នកធ្វើ​គ្រឿងក្រអូប អ្នកត្បាញ​សំពត់ ជាងមាស និង​ជាង​កែវមណី ជា​រូបនិម្មិត​ក្នុង​កែវមណី។ សូមព្រះអង្គ​ទ្រង់ទត​ពួកជនអ្នកធ្វើ​សំឡ ជនធ្វើ​បាយ អ្នករបាំ នាយរបាំ អ្នកច្រៀង អ្នកច្រៀង​ទះដៃ និង​អ្នកវាយស្គរ ជារូប​និម្មិតក្នុង​កែវមណី។

[៩៤] សូមព្រះអង្គទ្រង់ទត​ស្គរ សំម្ភោរ ស័ង្ខ ខ្លុយ ស្គរជ័យ និង​គ្រឿងភ្លេង​ទាំងអស់ ជារូប​និម្មិត​ក្នុងកែវមណី។ សូមព្រះអង្គ​ទ្រង់ទត ក្រាប់ ឈឹង ពិណ​ របាំ ចម្រៀង ប្រគំ ដែល​គឹកកង​ដោយ​តូរ្យតន្រ្តី​ដ៏រងំ ជារូបនិម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពួកជន​អ្នកលោត អ្នកប្រដាល់ អ្នកធ្វើ​ខាង​កលមាយា និងស្រី ប្រុសដ៏ល្អ ក្នុងកែវមណីនេះ ទាំងពួក​អ្នកដាស់​តឿនគេ និងអ្នក​កាត់កោរសក់ ជារូប​និម្មិត​ក្នុង​កែវមណី។

[៩៥] ម្ហោស្រពទាំងឡាយ ដ៏មីរដេរដាស ដោយបុរស និងស្រ្តី ក៏មាន​ក្នុងកែវ​មណី​នេះ សូមព្រះអង្គ​ទ្រង់ទត​គ្រែតូច និងគ្រែធំ និងទី (នៃម្ហោស្រព) ជារូប​និម្មិត ក្នុង​កែវមណី។ ​សូមព្រះអង្គ​ទ្រង់ទត ពួកអ្នក​ចំបាប់ ដែល​ច្របាប់​​គ្នា​ដោយ​ដៃទាំង​ពីរ ក្នុងទីម្ហោស្រព សូមព្រះអង្គ​ទ្រង់ទត​ពួកអ្នកឈ្នះ និងអ្នកចាញ់ ជារូបនិម្មិត​ក្នុង​កែវមណី។

[៩៦] សូមព្រះអង្គទ្រង់ទត​ពួកម្រឹគផ្សេងៗ ជាច្រើន​ទៀបជើងភ្នំ គឺរាជសីហ៍ ខ្លាធំ ជ្រូកព្រៃ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន។ សត្វរមាស គោ ក្របី រមាំង ប្រើស ទ្រាយ សរភម្រឹគ ក្តាន់ ជ្រូកស្រុក។ ឈ្លូស ពួកមិត្រ​ម្រឹគជាច្រើន ខ្លាត្រី ទន្សាយ និងកង្ហែន សូមព្រះអង្គ​ទ្រង់ទត​ជើងភ្នំ​ដ៏ដេរដាស​ដោយពួក​ម្រឹគផេ្សងៗ ជារូប​និម្មិត​ក្នុង​កែវមណី។

[៩៧] ស្ទឹងទាំងឡាយ មានកំពង់រាបទាបល្អ ដែលក្រាល​ដោយខ្សាច់​មាស មាន​ទឹកថ្លា មានពួក​ត្រីអាស្រ័យ​តែងហូរ​ទៅ។ ពួកឆ្លាម មករ ក្រពើ អណ្តើក ត្រីស្លាត ត្រីសណ្តាយ ត្រីឆ្តោ ត្រីឆ្ពិន មានក្នុង​កែវមណី​នេះ។ សូមព្រះអង្គ​ទ្រង់ទត​ស្រះបោក្ខរណី​ដែលធ្វើ​ដោយ​ផែនថ្ម ជាវិការៈ​នៃកែវពៃទូរ្យ ដ៏ដេរដាស​ដោយ​ពួកសត្វ​ស្លាបផ្សេងៗ មានពួក​ឈើផ្សេងៗ​ជាជួរ ជារូប​និម្មិតក្នុង​កែវមណី។

[៩៨] សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីក្នុងកែវមណីនេះ ដែល​ចាត់ចែង​ដោយ​ល្អទាំង ៤ ទិស ដ៏ដេរដាស​ដោយពួក​សត្វស្លាប​ផ្សេងៗ ដែល​ត្រីធំអាស្រ័យ​នៅ សូម​ព្រះអង្គ​ទ្រង់ទត​ផែនដី​ដ៏បរិបូណ៌​ដោយទឹក​ព័ទ្ធជុំវិញ ជាកុណ្ឌល​នៃសាគរ​ ប្រកប​ដោយ​ជួរ​ដងព្រៃ​ទាំងឡាយ ជារូប​និម្មិតក្នុង​កែវមណី។

[៩៩] សូមព្រះអង្គទ្រង់ទតមើលទ្វីបទាំង ៤ គឺ​បុព្វវិទេហទ្វីប ខាងកើត អបរគោយានទ្វីប ខាងលិច ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ជារូបនិម្មិត​ក្នុងកែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ព្រះចន្ទ និង​ព្រះអាទិត្យ កំពុង​បំភ្លឺទិស​ទាំង ៤ សូម​ព្រះអង្គ​ទ្រង់ទត (ព្រះចន្ទ និង​ព្រះអាទិត្យ​នោះ) កំពុងដើរ​ក្រឡឹងភ្នំ​សិនេរុ ជារូបនិម្មិត​ក្នុងកែវ​មណី។ សូមព្រះអង្គ​ទ្រង់ទត​ភ្នំសិនេរុ ភ្នំហិមពាន្ត សមុទ្ទសាគរ ដែលមាន​ឫទ្ធិច្រើន និង​មហារាជ​ទាំង​ ៤ អង្គ ជារូប​និម្មិតក្នុង​កែវមណី។ សូមព្រះអង្គ​ទ្រង់​ទត​សួនច្បារ ព្រៃ គុម្ពឈើ ខ្នងថ្មភ្នំ ហាក់ដូច​ជាគេក្រាល​ដំកល់ទុកដ៏​ដេរដាស​ដោយពួក​កិន្នរ គួរជា​ទីរីករាយ ជារូប​និម្មិតក្នុង​កែវមណី។ សូមព្រះអង្គ​ទ្រង់ទត​បារុសកវ័ន ចិត្តលតាវ័ន មិស្សកវ័ន នន្ទនវ័ន និង​វេជយន្តប្រាសាទ ជារូបនិម្មិត​ក្នុងកែវ​មណី។ សូមព្រះអង្គ​ទ្រង់ទត​សុធម្មសភា ឋាន​តាវត្តិង្ស ដើមបារិច្ឆត្ត​ព្រឹក្ស មានផ្ការីក ស្តេចដំរី​ឈ្មោះ​ឯរាវ័ណ ជារូបនិម្មិត​ក្នុងកែវមណី។ សូមព្រះអង្គ​ទ្រង់ទត​ពួកស្រី​ទេពកញ្ញា ដែលភ្លឺ​ផ្លេក ដូចជា​ផ្លេកបន្ទោរ​ចេញចាក​ពពក កំពុង​ត្រាច់ទៅ​ក្នុងនន្ទនវ័ន ជារូបនិម្មិត​ក្នុងកែវមណី។ សូមព្រះអង្គ​ទ្រង់ទត​ពួកទេព​កញ្ញា​ប្រលោម​ទេវបុត្រ និងពួក​ទេវបុត្រ​កំពុងរីករាយ​ក្នុងនន្ទនវ័ន ជារូប​និម្មិតក្នុង​កែវមណី។

[១០០] សូមព្រះអង្គទ្រង់ទត​ប្រាសាទច្រើនជាងពាន់ ដែលក្រាល​ដោយផែនក្តារ​កែវពៃទូរ្យ មានសម្បុរ​រុងរឿង ជារូបនិម្មិត​ក្នុងកែវមណី។ សូមព្រះអង្គ​ទ្រង់ទត​ឋាន​តាវត្តិង្ស យាមា​ តុសិត និម្មានរតី បរនិម្មិតវសវត្តី ជារូបនិម្មិត​ក្នុងកែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ស្រះបោក្ខរណី ក្នុងជាន់នោះៗ មានទឹក​ថ្លាស្អាត ដ៏ដេរដាស​ដោយផ្កា​ចង្កុលណី ផ្កាឈូក និង​ផ្កាឧប្បល​ក្នុងឋាន​សួគ៌នុ៎ះ។

[១០១] ក្នុងកែវមណីនេះ មានឆ្នូតស ១០ ឆ្នូតក្រហម ៦ និង ១៥ (ជា៣១) ឆ្នូតលឿង ១៤ គួរជាទី​រមិលមើល ជាទីរីករាយ​នៃចិត្ត។ ឆ្នូតមាស ២០ ឆ្នូតប្រាក់ ២០ ឆ្នូត​មានពន្លឺ ដូចជា​ពណ៌នៃ​អណ្តើកមាស ៣០ ប្រាកដ​នៅក្នុង​កែវមណី​នេះ។ ឆ្នូតខ្មៅ ១៦​ ឆ្នូតហង្សបាទ ២៥ ឆ្នូតលាយ​ដោយផ្កាច្បា វិចិត្រ​ដោយផ្កា​ឧប្បលខៀវ មានក្នុង​កែវមណី​នេះ។ បពិត្រ​មហារាជ​ប្រសើរជាង​សត្វជើងពីរ សូម​ព្រះអង្គ​ទ្រង់ទត​ (កែវមណី) មានរស្មី​ជាទីផ្សាយ​ចេញ​នៃពន្លឺ ដ៏ប្រកប​ដោយអង្គ​ទាំងពួង​យ៉ាង​នេះ (អ្នកណា​លេងឈ្នះខ្ញុំ) ចំណែក​នៃសួយ (ចូរបាន​ទៅអ្នក​នោះចុះ)។

ចប់ មណិកណ្ឌ។

[១០២] (បុណ្ណកយក្ស…) បពិត្រព្រះរាជា (ការរៀបចំរោងល្បែង) សម្រេចហើយ សូមព្រះអង្គ ស្តេចចូលមកកាន់ទីជាទី​ក្រសាល​ល្បែង កែវមណី​ប្រាកដ​ដូច្នេះ របស់​ព្រះអង្គ មិនមានទេ យើងគប្បី​ឈ្នះគ្នា​ដោយធម៌ មិនបាច់​កំហែងទេ មួយទៀត ព្រះអង្គ​បើខ្ញុំ​ឈ្នះហើយ សូមសង​ឲ្យឆាប់។

[១០៣] បពិត្រព្រះបាទបញ្ចាលដ៏ល្បីល្បាញ សូមព្រះបាទ​សុរសេន ព្រះបាទមច្ឆៈ ព្រះបាទ​មទ្ទៈ ព្រមទាំង​ព្រះបាទ​កេកកៈ​ទាំងនោះ ទ្រង់ទត​ចម្បាំង​ល្បែង ដោយការ​មិន​អួតអាង​របស់​យើងចុះ ក្សត្រ​ទាំងឡាយ​សុទ្ធតែធ្វើ (ជាសាក្សី) របស់យើង​ក្នុងរោង។

[១០៤] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់អ្នកដែនកុរុ និង​បុណ្ណកយក្ស​នោះ ជា​អ្នក​ស្រវឹង​ជ្រុលជ្រប់​ក្នុងល្បែង​ភ្នាល់ ចូលមក (កាន់រោងល្បែង) ព្រះរាជា​ជ្រើស​យកកូន​បាសកា ជាទោស (ខាងចាញ់) បុណ្ណកយក្ស ចាប់យក​កូន​បាសកាខាង​ឈ្នះ ជនទាំង​ពីរនោះ បានលេង​បាសកា​រួមគ្នា ក្នុងរោង​បាសកា​នោះហើយ បុណ្ណកយក្ស​ឈ្នះព្រះរាជា មាន​ព្យាយាម​ប្រសើរ​ជាងនរៈ ក្នុងសំណាក់​នៃពួក​ព្រះរាជា​ ក្នុងកណ្តាល​នៃពួកសាក្សី សំឡេង​គឺកកង សំឡេង​ហ៊ោកញ្រ្ជៀវ ក៏កើត​មានក្នុង​ទីនោះ។

[១០៥] (បុណ្ណកយក្ស…) បពិត្រមហារាជ បណ្តាពួកយើង ដែលខំ​ប្រឹងព្យាយាម ការឈ្នះ និងការចាញ់​ គង់មានដល់​អ្នកណាមួយ បពិត្រ​ព្រះអង្គជា​ធំជាងជន ឥឡូវនេះ​ ខ្ញុំព្រះអង្គ​ឈ្នះហើយ (ត្រូវយក) ទ្រព្យ​ដ៏ប្រសើរ ព្រះអង្គ​ដែល​ខ្ញុំឈ្នះហើយ សូម​សងឲ្យ​ឆាប់។

[១០៦] (ព្រះបាទកោរព្យៈ…) ម្នាលមាណពកច្ចាយនគោត្រ ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណា​មួយរបស់ខ្ញុំ​លើផែនដី បណ្តា​ទ្រព្យទាំង (នោះ) អ្នកចូរ​យកទ្រព្យ​ណាដែល​ប្រសើរ​នោះចុះ អ្នកចូរ​កាន់យក​ទៅតាម​សេច​ក្តី​ពេញចិត្តចុះ។

[១០៧] (បុណ្ណកយក្ស…) ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណា​មួយរបស់​ព្រះអង្គ​លើផែនដី វិធុរបណ្ឌិត​អាមាត្យ​ ទុកជា​ទ្រព្យប្រសើរ​ជាង​ទ្រព្យទាំងនោះ ព្រះអង្គ​ដែលខ្ញុំ​ឈ្នះហើយ សូម​ព្រះរាជទាន​វិធុរបណ្ឌិត​នោះមកខ្ញុំ។

[១០៨] (ព្រះបាទកោរព្យៈ…) វិធុរបណ្ឌិតនោះ ទុកដូចជាខ្លួនខ្ញុំ ទាំងជាទីពឹង ជាគតិ ជាប្រទីប ជាទីពំនាក់ ជាទីបង្អែក​របស់ខ្ញុំ វិធុរបណ្ឌិត​នោះ គេមិន​គប្បីប្រៀបផ្ទឹម​ដោយ​ទ្រព្យរបស់​ខ្ញុំបាន​ទេ វិធុរបណ្ឌិត​នោះ ជាអាមាត្យ ប្រាកដ​ស្មើដោយ​ជីវិត​របស់ខ្ញុំ។

[១០៩] (បុណ្ណកយក្ស…) ការវិវាទរបស់ខ្ញុំនឹងព្រះអង្គ នាំឲ្យយូរទេ យើងត្រូវទៅ​សួរ​សេចក្តី​​ពិតនឹង​វិធុរបណ្ឌិត​នោះវិញ សូមឲ្យ​វិធុរបណ្ឌិត​នោះ ញែក​សេចក្តីនុ៎ះ​ដល់យើង បើ​វិធុរបណ្ឌិត​ពោលពាក្យ​ណា ពាក្យ (នោះ) ចូរសម្រេច​ដល់​យើង​ទាំងពីរ​នាក់ចុះ។

[១១០] (ព្រះបាទកោរព្យៈ…) ម្នាលមាណព អ្នកនិយាយនេះ ទៀងទាត់​ពិតហើយ មិនមែន​និយាយ​ទាំងគម្រាម​ទេ យើងនឹង​ទៅសួរ​វិធុរបណ្ឌិត​នោះចុះ យើង​ទាំង ២ នាក់​នឹងត្រេកអរ​តាមវិធុរ​បណ្ឌិត​នោះ។

[១១១] (បុណ្ណកយក្ស…) ពួកទេព្តាសរសើរអ្នកឈ្មោះវិធុរៈ ថាជាអាមាត្យ ឋិតនៅ​ក្នុង​ធម៌​របស់អ្នក​ដែនកុរុ ពិតមែន​ឬ អ្នកជាទាសៈ ឬជាញាតិ​របស់​ព្រះរាជា ការរាប់ (អ្នក) ថាវិធុរៈ តើអ្នក​ជាអ្វីក្នុង​លោក។

[១១២] (វិធុរបណ្ឌិត…) បុគ្គលពួកខ្លះជាទាសៈ កើតក្នុង​ផ្ទៃខ្ញុំស្រី ពួកខ្លះ​ជាទាសៈ​គេលោះ​ដោយទ្រព្យ ពួកខ្លះ​ជាទាសៈ​ចូលទៅ​នៅខ្លួន​ឯង ពួកខ្លះ​បោះបង់ (ទីលំនៅ) ព្រោះភ័យ ទៅនៅ​ជាទាសៈ​គេ ទាសៈ​របស់ជន​ទាំងឡាយ មាន ៤ ពួកនេះឯង។ ឯយើង​ពិតជា​ទាសៈកើត​អំពីកំណើត ព្រះរាជា​មានសេចក្តី​ចំរើន​ក្តី ព្រះរាជា​មាន​សេចក្តី​មិនចំរើន​ក្តី (យើងមិន​អាចនឹង​ពោលកុហក​បានទេ) យើងបើ​ទុកជាទៅ​កាន់ទីដទៃ ក៏គង់​នៅជាទាសៈ​របស់​ព្រះសម្មតិទេព ម្នាល​មាណព ព្រះរាជាគួរ​ប្រទាន​យើងដល់​អ្នក​ដោយធម៌។

[១១៣] (បុណ្ណកយក្ស…) នេះឯងជាជ័យជំនះទី ២ របស់ខ្ញុំ​ក្នុងថ្ងៃនេះ ព្រោះថា (វិធុរៈ) អាមាត្យ ដែលខ្ញុំ​សួរហើយ ក៏ញែក​ប្រស្នាហើយ ឱហ្ន៎! ព្រះរាជា​ដ៏ប្រសើរ ​មិនតាំង​នៅក្នុង​ធម៌ ទ្រង់មិន​អនុញ្ញាត​ឲ្យនូវ​វិធុរបណ្ឌិត ជាអ្នក​ពោលពាក្យ​ពីរោះ​ដល់ខ្ញុំ។

[១១៤] (ព្រះបាទកោរព្យៈ…) បើវិធុរបណ្ឌិតនោះ​ ញែកប្រស្នា​ដល់យើង​យ៉ាងនេះ​ថា ខ្ញុំជាទាសៈ មិនមែន​ជាញាតិទេ ម្នាល​កច្ចានៈ អ្នកចូរ​យកវិធុរ​បណ្ឌិត​ជាទ្រព្យ​ដ៏ប្រសើរ​ជាង​ទ្រព្យទាំង​ឡាយចុះ អ្នកចូរយក​ទៅតាម​ពេញចិត្តចុះ។

ចប់ អក្ខកណ្ឌ។

[១១៥] (ព្រះបាទកោរព្យ…) ម្នាលវិធុរៈ កាលបុគ្គលជាគ្រហស្ថ នៅគ្រប់គ្រងផ្ទះ​របស់​ខ្លួន តើគួរ​មានការ​ប្រព្រឹត្តិដ៏​ក្សេមក្សាន្ត ដោយ​ប្រការ​ដូចម្តេច គួរមានការ​សង្រ្គោះ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎។ គួរមាន​ការមិន​មានទុក្ខ ដោយ​ប្រការ​ដូចម្តេច មាណព​ឈ្មោះថា ពោលពាក្យ​ពិត តើដោយ​ប្រការ​ដូចម្តេច បុគ្គលជា​គ្រហស្ថ ចេញ​ចាក​លោកនេះ ទៅកាន់​លោកខាង​មុខ លុះទៅ​កាន់លោក​ខាងមុខ​ហើយ រមែងមិន​សោក​ស្តាយ តើដោយ​ប្រការ​ដូចម្តេច។

[១១៦] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតអ្នកមានញាណគតិ មានព្យាយាម មាន​ប្រាជ្ញា​យល់អត្ថ យល់ធម៌​ទាំងពួង បានឆ្លើយ​ប្រស្នានុ៎ះ នឹងព្រះរាជា​នោះ ក្នុងរោង​ធម្មសភា​នោះថា គ្រហស្ថ​មិនគប្បី​ជាអ្នកមាន​ប្រពន្ធ​សាធារណៈ មិនគួរ​បរិភោគ​អាហារ​មានរស​ឆ្ងាញ់តែ​ម្នាក់ឯង មិនគួរ​គប់រករឿង​ផ្តេសផ្តាស ដែលទាក់​ទងនឹង​លោក (ព្រោះ) រឿង​បែបនុ៎ះ មិនមែន​ជាគ្រឿង​ចំរើន​ប្រាជ្ញាទេ។ គ្រហស្ថ គួរជា​អ្នក​មាន​សីល បរិបូណ៌​ដោយវត្ត មិនប្រហែស មានប្រាជ្ញា​វាងវៃ ជាអ្នក​ប្រព្រឹត្ត​ឱនលំទោន មិនរឹងត្អឹង ជាអ្នក​ស្លូតបូត មានពាក្យ​ទន់ពីរោះ មានអាការដ៏​ទន់ភ្លន់។ ជាអ្នក​សង្រ្គោះ​មិត្រទាំងឡាយ ជាអ្នក​ចែករលែក​ទាន មានការ​ចាត់​ចែង​ដ៏​ល្អ ញ៉ាំង​សមណ​ព្រាហ្មណ៍​ឲ្យឆ្អែត​ស្កប់ស្កល់​ដោយបាយ និងទឹក ក្នុងកាល​ទាំង​ពួង។ ជាអ្នក​ប្រាថ្នា​សុចរិតធម៌ ទ្រទ្រង់​ការចេះដឹង ជាអ្នក​សាកសួរ ឧស្សាហ៍​​ចូល​ទៅរកអ្នក​មានសីល ជាពហុស្សូត ដោយ​គោរព។ កាលបុគ្គល​ជាគ្រហស្ថ​នៅគ្រប់គ្រង​ផ្ទះរបស់ខ្លួន គួរមាន​ការប្រព្រឹត្តិ​ដ៏ក្សេមក្សាន្ត​យ៉ាងនេះ គួរមាន​ការ​សង្រ្គោះ​យ៉ាងនេះ។ គ្រហស្ថ​គួរជាអ្នក​មិនមានទុក្ខ​យ៉ាងនេះ មាណព​ឈ្មោះថា ពោលពាក្យ​ពិតយ៉ាង​នេះ គ្រហស្ថ​ចេញចាក​លោកនេះ ទៅកាន់​លោកខាង​មុខ លុះទៅ​កាន់លោក​ខាងមុខហើយ រមែង​មិនសោក​ស្តាយយ៉ាងនេះ។

ចប់ ឃរាវាសប្បញ្ហា។

[១១៧] (បុណ្ណកយក្ស…) លោកចូរមក យើងនឹងទៅ​ឥឡូវនេះ លោក (ដែល​ព្រះបាទ​ធនញ្ជ័យ) ជាឥស្សរៈ បានព្រះរាជ​ទានដល់​ខ្ញុំហើយ ចូរប្រតិបត្តិ​ឲ្យជា​ប្រយោជន៍​ដល់ខ្ញុំ នេះជាទំនៀម​របស់អ្នក​ប្រាជ្ញ​ក្នុងកាលមុន។

[១១៨] (វិធុរបណ្ឌិត…) ម្នាលមាណព ខ្ញុំដឹងថា ខ្លួនខ្ញុំនៅ​ក្នុងកណ្តាប់​ដៃអ្នកហើយ (ព្រោះ) ខ្ញុំត្រូវ​ព្រះបាទ​ធនញ្ជ័យ​ជាឥស្សរៈ ព្រះរាជទាន​ដល់អ្នក​ហើយ តែយើង​សូមឲ្យ​អ្នកនៅ​ក្នុងផ្ទះ​យើងអស់ ៣ ថ្ងៃ ទំរាំយើង​ប្រៀនប្រដៅកូន និងប្រពន្ធ​សិន។

[១១៩] (បុណ្ណកយក្ស…) លោកពោលពាក្យណា ពាក្យនោះ​ចូរមាន​ដល់ខ្ញុំ ដោយ​ប្រការ​ដូច្នោះ យើង​គប្បីនៅ​អស់ ៣ ថ្ងៃ លោក​ដ៏ចំរើន ចូរធ្វើ​កិច្ចក្នុងផ្ទះ (របស់​លោក) ក្នុងថ្ងៃ​នេះចុះ លោកដ៏​ចំរើន ចូរប្រៀន​ប្រដៅបុត្រ និង​ភរិយា ក្នុងថ្ងៃ​នេះចុះ កាលបើ​លោក​ចេញទៅ ​(បុត្រ និងភរិយា​របស់លោក) បាន​សេចក្តី​សុខយ៉ាង​ណា (សូមប្រៀនប្រដៅ​យ៉ាងនោះ)។

[១២០] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្ស​ មានភោគៈជាគ្រឿងប្រាថ្នា​ច្រើន បាន​ពោលថា ​សាធុ ដូច្នេះ​ ក៏ចៀសចេញ​ទៅជាមួយ​នឹង​វិធុរបណ្ឌិត ឯវិធុរ​បណ្ឌិត ជាបុគ្គល​ប្រសើរ​ថ្លៃថ្លា ចូលទៅ​កាន់ខាង​ក្នុងបុរី​នោះ ដែលបរិបូណ៌​ដោយដំរី និង​សេះអាជានេយ្យ។

[១២១] បណ្តាប្រាសាទទាំងនោះ គឺកោញ្ចប្រាសាទ មយូរប្រាសាទ បិយកេត​ប្រាសាទ ព្រះមហាសត្វ (នាំ​បុណ្ណកយក្ស) ចូលទៅ​កាន់ប្រាសាទ​ជាទី​រីករាយ​ក្រៃលែង ជាប្រាសាទ​មាន​ភក្សាហារ​ច្រើន មានបាយ និងទឹក​ច្រើន ដូចជា (ភព) មសក្កសារៈ​នៃ​ព្រះវាសវៈ។

[១២២] នាងនារីទាំងឡាយ តាក់តែងខ្លួនដ៏សមរម្យល្អ រាំ​ច្រៀង ហៅរក​ដ៏ប្រសើរ​ក្រៃលែង ក្នុងប្រាសាទ​នោះ ដូចស្រី​អប្សរក្នុង​ទេវលោក។ ​ព្រះមហាសត្វ អ្នក​រក្សាធម៌ ធ្វើ​បុណ្ណកយក្ស​ឲ្យបរិបូណ៌​ដោយពួក​នារីជាទី​រីករាយ​ផង ដោយបាយ និងទឹក​ផង ហើយ​ជ្រើសរើស​តែសេចក្តី​យ៉ាង​សំខាន់ ទើបចូល​ទៅក្នុង​សំណាក់​ភរិយា​ក្នុងកាលនោះ។ មហាសត្វ​និយាយ​នឹងភរិយា ដែលមាន​ខ្លួនប្រោះព្រំ​ដោយទឹក​ក្រអូបនៃ​ខ្លឹមចន្ទន៍ មាន​សម្បុរ​ប្រាកដស្មើ​ដោយឆ្តោរ​នៃមាស​ជម្ពូនទថា ម្នាល​នាងដ៏​ចំរើន​មានភ្នែក​ក្រហម នាងចូរមក ចូរស្តាប់ខ្ញុំ ចូរហៅបុត្រ និងធីតា​មក។ នាង​អនោជា​បានស្តាប់​ពាក្យរបស់​ប្តីហើយ ក៏និយាយ​នឹង​កូនប្រសាស្រី មាន​ក្រចក​ក្រហម មានភ្នែក​ល្អថា ម្នាលនាង​មានសម្បុរ​ដូចផ្កា​រាជព្រឹក្ស នាងចូរ​ហៅបុត្រ និងធីតា ដែលទ្រទ្រង់​ប្រដាប់​ទាំងនោះ​មក។

[១២៣] ព្រះមហាសត្វ ជាអ្នករក្សាធម៌ ឥតមានញាប់ញ័រ​នឹងកូន​ទាំងឡាយ ថើប​ក្បាល​កូនទាំង​ឡាយនោះ ដែលមក​ដល់ហើយ ហៅមក​និយាយ​ពាក្យថា អញត្រូវ​ព្រះរាជា ក្នុងក្រុង​ឥន្ទបត្ត​នេះ​ ប្រទានដល់​មាណព​ហើយ។ ថ្ងៃនេះអញ​មានសេចក្តី​សុខក្នុង​ខ្លួនទេ (តអំពី ៣ ថ្ងៃទៅ) អញនឹង​ជាអ្នកបំរើ​មាណព​នោះ មាណព​នោះ នាំអញ​ទៅតាម​សេចក្តី​ត្រូវការ ចំណែក​ខាងអញ​ដែលមកនេះ ​ដើម្បីប្រៀន​ប្រដៅ​អ្នកទាំងឡាយ (ព្រោះថា) អញនឹងទៅ​ដោយមិន​បាន​ការពារ​ (មុន) ដូចម្តេច​បាន។ បើព្រះរាជា​នៅក្នុង​ដែនកុរុ ជាអ្នក​ភ្ជាប់មិត្តជន មានភោគៈ​ជាទីប្រាថ្នា​ច្រើន សួរកូន​ឯងទាំងឡាយ​ថា អ្នកទាំង​ឡាយ ដឹងច្បាស់​នូវ​ដំណើរ​បូរាណក្នុង​កាលមុន​ដែរឬ បិតា​របស់អ្នក​ទាំងឡាយ​បានប្រៀន​ប្រដៅ​ក្នុងកាល​មុនដូច​ម្តេចខ្លះ មួយទៀត ពួកអ្នក​ទាំងអស់គ្នា ចូរមាន​អាសនៈ​ស្មើនឹង​យើងចុះ (ព្រោះ) ក្នុងរាជ​ត្រកូលនេះ រកមនុស្ស​ណា​របស់ព្រះរាជា ជាអ្នក​ខ្ពង់ខ្ពស់ (ឲ្យស្មើ​នឹងពួកអ្នក) មិនមាន​ទេ ពួក​កូនឯង​គប្បី​ធ្វើអញ្ជលី ទូលព្រះរាជា​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព សូម​ព្រះអង្គ​កុំត្រាស់​យ៉ាងនេះ ព្រោះថា​ នេះមិនមែន​ជា​បវេណីធម៌​ទេ បពិត្រ​ព្រះសម្មតិទេព សត្វចចក​មានជាតិ​ថោកទាប គប្បី​មានអាសនៈ​ស្មើនឹង​កេសរសីហៈ ដូចម្តេច​បាន។

ចប់ លក្ខកណ្ឌ។

[១២៤] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតនោះ មានសេចក្តីត្រិះរិះ​ដោយចិត្ត​មិនរួញរា បាន​ពោលពាក្យ​នេះនឹង​បុត្រ អាមាត្យ ញាតិ សំឡាញ់ថា ម្នាលកូន​សំឡាញ់​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​មកអង្គុយ​ស្តាប់រាជ​វសតិធម៌ (ច្បាប់សម្រាប់​នៅ​ក្នុងរាជត្រកូល) របស់​អញ ដែលជា​ច្បាប់សម្រាប់​បុរសចូល​ទៅកាន់​រាជត្រកូល រមែងបាន​នូវយស។

[១២៥] រាជសេវកៈ ដែលចូលទាំកាន់រាជត្រកូល (មានគុណសម្បត្តិ) មិនប្រាកដ រមែង​មិនបាន​យសទេ រាជសេវកៈ​មិនត្រូវ​ជាអ្នក​ក្លៀវក្លា​ពេក មិនត្រូវ​ជាអ្នកខ្លាច​ពេក មិនត្រូវ​ធ្វេសប្រហែស​ក្នុងកាល​ណាឡើយ។ ព្រះរាជា​ជ្រាបច្បាស់​នូវអាចារ​សម្បត្តិ និង​សេចក្តី​ចេះដឹង ព្រមទាំង​សេចក្តីស្អាត​របស់​រាជសេវកៈ​នោះក្នុង​កាលណា ព្រះរាជា​ក៏រមែង​​ស្និទ្ធស្នាល​ចំពោះ​រាជសេវកៈ​នោះ ក្នុងកាល​ណោះ ទាំងមិន​លាក់នូវ​អាថ៌កំបាំង (របស់​ព្រះអង្គ) ​នឹងរាជសេវកៈ​នោះទេ។

[១២៦] រាជសេវកៈ ដែលព្រះរាជាត្រាស់ប្រើ (ក្នុងរាជកិច្ច​ណាមួយ) មិនគប្បី​​ធ្វើរាជកិច្ច​នោះឲ្យកម្រើក (ល្អៀង) ទេ ត្រូវធ្វើ​ឲ្យដូចជា​ជញ្ជីង​ដែលគេ​លើកឡើង​ហើយ មានដង​ស្មើទៀង​ល្អ។ រាជសេវកៈ​ធ្វើរាជកិច្ច​ទាំងពួង​ដូចជញ្ជីង​ដែល​គេលើក​ឡើងហើយ មានដង​ស្មើ ទៀងល្អ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។

[១២៧] រាជសេវកៈ ជាអ្នកឈ្លាសេវៃ​ក្នុងរាជកិច្ច​ទាំងឡាយ ដែលព្រះរាជា​ត្រូវប្រើ​ក្នុងវេលា​ថ្ងៃ ឬក្នុង​វេលាយប់ មិនគប្បី​ធ្វើរាជកិច្ច​នោះ​ឲ្យកម្រើក រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ​ ជាអ្នក​ឈ្លាសវៃក្នុង​រាជកិច្ច​ទាំងឡាយ ធ្វើរាជកិច្ច​គ្រប់​យ៉ាង ក្នុងវេលា​ថ្ងៃ ឬក្នុង​វេលាយប់ (ឲ្យ​សម្រេច​ដោយ​រៀបរយ) រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។​ ផ្លូវណា​ដែលគេ​ធ្វើល្អ ចាត់ចែង​ល្អសម្រាប់​ព្រះរាជា រាជសេវកៈ ដែល​ព្រះរាជា​ត្រាស់​ហើយ មិនត្រូវ​ដើរទៅតាម​ផ្លូវនោះ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។

[១២៨] រាជសេវកៈមិនគួរប្រើប្រាស់កាមភោគៈ ស្មើនឹងព្រះរាជា​ក្នុងកាល​ណា​ឡើយ ត្រូវដើរ​ខាងក្រោយ​ក្នុងកាមគុណ​គ្រប់យ៉ាង រាជសេវកៈនោះ​ ទើបគួរនៅ​ក្នុងរាជ​ត្រកូល។ រាជសេវកៈ​មិនត្រូវ​ប្រើប្រាស់​សំពត់ មិនត្រូវ​ប្រើប្រាស់​ផ្កា​កម្រង មិនត្រូវ​ប្រើប្រាស់​គ្រឿងលាប ឲ្យដូច​របស់​ព្រះរាជា មិនត្រូវ​ប្រព្រឹត្ត​កិរិយា ឬការ​និយាយស្តី ឲ្យដូច​ព្រះរាជា ត្រូវធ្វើ​អាកប្បកិរិយា​ដទៃវិញ រាជសេវកៈ​នោះ ទើបគួរនៅ​ក្នុង​រាជត្រកូល។

[១២៩] ព្រះរាជា ទ្រង់ក្រសាលនឹងរាជសេវកៈ មានស្រីស្នំ​គាល់បំរើ អាមាត្យជា​បណ្ឌិត មិនត្រូវ​ធ្វើសេចក្តី​ស្និទ្ធស្នាល ចំពោះ​ពួកស្រីស្នំ​របស់​ព្រះរាជា​ទេ។ រាជសេវកៈ ជាអ្នក​មិនឆ្មើងឆ្មៃ មិន​ឃ្នើសឃ្នង ជាអ្នក​មានប្រាជ្ញា​ខ្ជាប់ខ្ជួន​ សង្រួម​ឥន្រ្ទិយ​ដ៏ល្អ បរិបូណ៌​ដោយការ​តំកល់ចិត្ត រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។

[១៣០] រាជសេវកៈ មិនត្រូវប្រឡែង មិនត្រូវ​នៅក្នុង​ទីស្ងាត់ ប្រឹក្សា​ជាមួយ​នឹងពួក​ស្រីស្នំ​របស់​ព្រះរាជា មិនត្រូវ​លួចយក​ព្រះរាជទ្រព្យ​អំពីឃ្លាំង​របស់​ព្រះរាជានោះទេ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ មិនគប្បី​សំគាល់​ការដេកច្រើន មិនត្រូវ​ផឹកសុរា​ឲ្យស្រវឹង មិនត្រូវ​បៀតបៀន​ពួកម្រឹគ​ដែល​ទ្រង់ឲ្យ​អភ័យ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ​មិនត្រូវ​ឡើង​កាន់តាំង មិនត្រូវ​ឡើងកាន់​បល្ល័ង្ក មិនត្រូវ​ឡើងកាន់​កៅអី មិនត្រូវឡើង​កាន់​នាវា ឬកាន់​រថរបស់​ព្រះរាជា ដោយ​គិតថា ខ្លួនអញ ព្រះរាជា​ប្រោសប្រាណ​ហើយ ដូច្នេះទេ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ​ជាអ្នកវាងវៃ ត្រូវគាល់​ព្រះរាជា ក្នុងទីមិន​ឆ្ងាយពេក មិន​ជិតពេក គប្បី​ឋិតនៅ​ល្មម​តែ​ព្រះរាជា​ទតឃើញ ទាំងខ្លួន​ឯងក៏មើល​ឃើញ​ព្រះរាជា​ជាម្ចាស់។ រាជសេវកៈ (គួរគិតថា) ព្រះរាជា​មិនមែន​ជាសំឡាញ់​របស់​អញទេ។ ព្រះរាជា​មិនមែន​ជាគូកន (របស់​អញទេ) ធម្មតា ព្រះរាជា​ទាំងឡាយ រមែង​ខ្ញាល់ឆាប់ ដូចភ្នែក​ដែលត្រូវ​លំអង មាន​កន្ទុយស្រូវ (ជាដើម) ប៉ះពាល់។ ជនជា​បណ្ឌិត អ្នកមាន​ប្រាជ្ញា មិនត្រូវ​សំគាល់ថា ព្រះរាជា​បូជាអញ​ហើយ ក៏ពិត​ទូលហេតុ​អាក្រក់ ចំពោះ​ព្រះរាជា ដែលយាង​មកកាន់​បរិស័ទ។

[១៣១] រាជសេវកៈ ទុកជាបានអនុញ្ញាតទ្វារ​ហើយ ត្រូវបាន​អនុញ្ញាតទ្វារ (ទៀត សឹម​ចូល) មិនត្រូវ​ទុកចិត្ត​ចំពោះ​ព្រះរាជា​ទាំងឡាយ គប្បីប្រយ័ត្ន​ដូចភ្លើង រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ ព្រះរាជា​ជាក្សត្រិយ៍ ទ្រង់​លើកតំកើង​ព្រះរាជ​បុត្រ ឬក្សត្រិយ៍​ជាបងប្អូន​របស់​ព្រះអង្គ ដោយស្រុក ឬនិគម ដោយដែន ឬជនបទ រាជសេវកៈ​ត្រូវនៅ​ស្ងៀម រំពឹងមើល មិនត្រូវ​និយាយ​ពីគុណ ឬទោស​ឡើយ។

[១៣២] ព្រះរាជា ទ្រង់បន្ថែមបៀវត្សរ៍ដល់ពលដំរី ពលរថ ពលថ្មើរជើង​ទាំងនោះ​ ដោយការ​ប្រគល់​ឲ្យចំពោះ​ការងារ រាជសេវកៈ​មិនត្រូវ​ធ្វើឲ្យ​អន្តរាយ (លាភ) របស់ពល​ទាំងនោះ រាជសេវកៈ​នោះ ទើបគួរនៅ​ក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នក​ប្រាជ្ញ ត្រូវឱន​លំទោន​ដូចជា​ដងធ្នូ ត្រូវញាប់​ញ័រដូចជា​ឫស្សី មិនត្រូវ​ប្រព្រឹត្ត​ទទឹង​ទាស់ទេ រាជសេវកៈ​នោះ ទើបគួរនៅ​ក្នុងរាជ​ត្រកូល។ រាជសេវកៈ ត្រូវមាន​ពោះធូរ​ដូចបន្លោះធ្នូ មិនត្រូវ​មានអណ្តាត​ដូចត្រី ត្រូវស៊ីតិច មានប្រាជ្ញា​រក្សាខ្លួន ក្លៀវក្លា រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។

[១៣៣] រាជសេវកៈ មិនត្រូវប៉ះពាល់គប់ស្រី ជាហេតុ​ឲ្យអស់​តេជះខ្លាំង​ពេកទេ សេវកៈ​ដែលអស់​ប្រាជ្ញា រមែងដល់​នូវរោគក្អក ហឺត ទុរន់ទុរា មានកំឡាំង​ថយ។ រាជសេវកៈ​មិនត្រូវ​និយាយ​ហួសកម្រិត មិនត្រូវ​ស្ងៀមគ្រប់​កាលទាំង​ពួងទេ ត្រូវ​ពោលពាក្យ​មិនរោយរាយ ល្មមប្រមាណ​ក្នុងកាល​ដែលត្រូវការ។ រាជសេវកៈ គប្បីជា​អ្នក​មិនក្រោធ មិនបៀត​បៀនគេ មានពាក្យសច្ចៈ ផ្អែមល្ហែម មិនញុះញង់ មិននិយាយ​ពាក្យឥត​ប្រយោជន៍ រាជសេវកៈនោះ ទើបគួរនៅ​ក្នុងរាជត្រកូល។

[១៣៤] រាជសេវកៈត្រូវចិញ្ចឹមមាតា និងបិតា ត្រូវមាន​សេចក្តី​គោរព​ចំពោះបុគ្គល​ជាធំក្នុង​ត្រកូល មានវាចា​ផ្អែមល្ហែម ពោលពាក្យ​ម៉ត់ហ្មង រាជសេវកៈ​នោះ ទើបគួរនៅ​ក្នុងរាជត្រកូល។ សេវកៈ​ត្រូវមាន​សណ្តាប់ធ្នាប់ មាន​សិល្បសាស្ត្រ មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ មានខ្លួនធ្វើ​ហើយ (ចេះស្ទាត់) ជាអ្នក​នឹងនួន មាន​អធ្យាស្រ័យ​ទន់ភ្លន់​ មិនធ្វេស​ប្រហែស ជាអ្នកស្អាត ទាំងឈ្លាសវៃ រាជសេវកៈ​នោះ ទើបគួរនៅ​ក្នុងរាជត្រកូល។ រាជសេវកៈ​ត្រូវមាន​សេចក្តី​ប្រព្រឹត្តិ​ឱនលំទោន កោត​ក្រែងគោរព​ចំពោះ​បុគ្គល​ចំរើន (ដោយ​វយ័ជាដើម) ជាអ្នក​ស្លូតត្រង់ នៅរួម​ជាសុខ រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ គប្បីវៀរ​ឲ្យឆ្ងាយ​ចេញ​នូវ​ជន ដែលព្រះរាជា​ដទៃបញ្ជូន​មក ដើម្បីការ​ស្ងាត់កំបាំង គប្បីរំពៃ​មើល​ចំពោះ​​ព្រះរាជា​ជាម្ចាស់ (របស់ខ្លួន) មិនត្រូវ​និយាយ​ចំពោះ​ព្រះរាជា​ដទៃទេ។

[១៣៥] រាជសេវកៈ គប្បីគប់រកចំពោះសមណៈ និងព្រាហ្មណ៍ អ្នកមាន​សីល ជា​ពហុស្សូត​ដោយ​គោរព រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ គួរប្រព្រឹត្ត​តាម​​ពួក​សមណៈ និង​ព្រាហ្មណ៍​អ្នកមានសីល ជា​ពហុស្សូត​ដោយ​​គោរព រាជសេវកៈ​នោះ ទើប​គួរនៅ​ក្នុងរាជ​ត្រកូល។​ រាជសេវកៈ​គួរញ៉ាំង​សមណៈ និង​ព្រាហ្មណ៍ អ្នកមាន​សីល ជាពហុស្សូត ឲ្យឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និងទឹក ​រាជសេវកៈ​នោះ ទើបគួរ​នៅក្នុង​រាជត្រកូល។ ​រាជសេវកៈ កាលបើ​ប្រាថ្នាសេចក្តី​ចំរើន​​ដល់ខ្លួន គប្បីចូល​ទៅគប់​រកសមណៈ និង​ព្រាហ្មណ៍​អ្នកមាន​សីល​ជាពហុស្សូត ជាបណ្ឌិត។

[១៣៦] រាជសេវកៈ មិនត្រូវញ៉ាំងទានដែលព្រះរាជា​ធ្លាប់ព្រះរាជ​ទាន​ដល់​សមណៈ និង​​ព្រាហ្មណ៍ ឲ្យសាបសូន្យ​ ទាំងមិនគួរ​ឃាត់វត្ថុ​ណាមួយ​ចំពោះពួក​ស្មូមក្នុង​កាល​ជាទី​ព្រះរាជ​ទាន។ រាជសេវកៈ ជាអ្នកមាន​ប្រាជ្ញា បរិបូណ៌​ដោយឧបាយ ជាអ្នក​ឆ្លៀវឆ្លាស​ក្នុងវិធី​ចាត់ចែង ជាអ្នក​ដឹងកាល (ជាទីធ្វើ​បុណ្យ) ដឹងសម័យ (ប្រកប​ការងារ) រាជសេវកៈ​នោះ ទើប​គួរនៅ​ក្នុង​រាជត្រកូល។​ រាជសេវកៈ ជា​អ្នក​ខ្នះខ្នែង ​មិនប្រមាទ ឈ្លាសវៃ ចាត់ចែង​ការងារ​ដ៏ល្អ ក្នុងក្រសួង​ការងារ​ទាំងឡាយ ត្រូវមាន​សេចក្តី​ព្យាយាម​ចាត់ចែង​រាជកិច្ច​ឲ្យប្រព្រឹត្ត​ទៅដោយ​ស្រួល រាជសេវកៈ​នោះ ទើប​គួរនៅក្នុង​រាជត្រកូល។​

[១៣៧] រាជសេវកៈគួរទៅ (ត្រួតត្រាមើល) លានស្រូវ រោងចិញ្ចឹម​សត្វ និងស្រែ​ចំការ ​(របស់​ព្រះរាជា) ឲ្យរឿយៗ គប្បីទុក​ដាក់ស្រូវ​ដែល​វាល់​ហើយផង ឲ្យគេ​ចំអិន​អង្ករ​ ដែលវាល់​ហើយក្នុង​ផ្ទះផង។ មិនត្រូវ​លើកតំកើង​កូន ឬបងប្អូន​របស់ខ្លួន ដែលមិន​តាំងនៅ​ក្នុង​សីលាចារវត្ត ព្រោះថា​ជនទាំងនោះ ជាមនុស្ស​ពាល មិនឈ្មោះ​ថា​ជាអវយវៈ (របស់ខ្លួន)​ ជនទាំង​នោះ ទុក​ដូចជា​មនុស្សស្លាប់​ហើយ តែថា​ត្រូវឲ្យ​សំពត់ និងដុំបាយ​ដល់ជន​ទាំងនោះ ដែលមក​អង្គុយជិត​ហើយ គប្បី​តំកល់​ពួកបុរស​ជា​ទាសកម្មករ ដែលជា​អ្នកខ្ជាប់​ខ្ជួនល្អ ក្នុង​សីលាចារវត្ត ជាអ្នក​ឈ្លាសវៃ បរិបូណ៌​ដោយ​សេចក្តី​ឃ្មាតខ្មី​ក្នុងទីជា​អធិបតី (ក្នុងការងារ)។

[១៣៨] រាជសេវកៈ ត្រូវមានសីល មិនលោភ ជាអ្នកប្រព្រឹត្ត​តាមព្រះរាជា ជាគុណ​ដល់​ព្រះរាជា ​ទាំងក្នុង​ទីចំពោះ​ព្រះភក្រ្ត និងទី​កំបាំង​ព្រះភក្រ្ត រាជសេវកៈ​នោះ ទើប​គួរនៅ​ក្នុងរាជ​ត្រកូល។​ រាជសេវកៈ​ជាអ្នក​ស្គាល់បំណង​របស់ព្រះរាជា​នោះផង តាំងនៅ​ដូច​ព្រះហ្ឫទ័យរបស់​​ព្រះរាជា​នោះផង ជាអ្នក​មិនប្រព្រឹត្ត​ទទឹងទាស់នឹង​ព្រះ​រាជា​​នោះ​ផង រាជសេវកៈ​នោះ ទើប​គួរនៅក្នុង​រាជត្រកូល។​ រាជសេវកៈ​គប្បី​ឱនក្បាល​លាង​ព្រះបាទ (របស់​ព្រះរាជា) ក្នុងកាល​ជាទី​ទ្រង់ព្រះពស្ត្រ ឬក្នុងកាល​ជាទីស្រង់​ព្រះគង្គា សូម្បី​ព្រះរាជា​ទ្រង់ខ្ញាល់ ក៏មិន​គប្បីខឹង​តបវិញទេ រាជសេវកៈ​នោះ ទើប​គួរនៅក្នុង​រាជត្រកូល។​

[១៣៩] ប៉ុនអម្បាលបុរសប្រាថ្នាសេចក្តីចំរើន គង់ធ្វើ​អញ្ជលី​ចំពោះ​ក្អមទឹក ឬធ្វើបទក្សិណ​ចំពោះ​បក្សីក្អែក បុគ្គល​មិននមស្ការ​ចំពោះ​ព្រះរាជា​ជាបណ្ឌិត​ខ្ពង់ខ្ពស់ ព្រះអង្គ​ប្រទាន​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ដូចម្តេច​បាន ព្រោះព្រះអង្គ​ប្រទាន​ទីដេក សំពត់ យាន និងផ្ទះ​សំរាប់​សំណាក់​អាស្រ័យ ទ្រង់​បង្អុរភោគ​សម្ប័ទ ដូចមេឃ​បង្អុរភ្លៀង​ដល់​ពួកសត្ត។ ម្នាលកូន​សំឡាញ់​ទាំងឡាយ​ នេះ​ជា​រាជវសតិធម៌​ ដែលនរជន​ប្រព្រឹត្តតាម រមែង​ញ៉ាំង​ព្រះរាជា​ឲ្យប្រោស​ប្រាណ រមែងបាន​ការបូជា​អំពីចៅហ្វាយ​នាយទាំងឡាយ។

ចប់ រាជវសតីកណ្ឌ។

[១៤០] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតមានប្រាជ្ញាវាងវៃ ប្រៀនប្រដៅ​ពួកញាតិ​យ៉ាងនេះ​ហើយ ក៏​ចូលទៅ​គាល់ព្រះរាជា ដោយ​មានពួក​ញាតិ​ចោមរោម វិធុរ​បណ្ឌិត​ថ្វាយបង្គំ​ព្រះបាទា​ដោយត្បូង ធ្វើប្រទក្សិណ​ព្រះអង្គ ផ្គងអញ្ជលី ក្រាបបង្គំ​ទូល​ព្រះរាជាថា បពិត្រ​ព្រះអង្គ​ជាអ្នក​បង្រ្កាប​សត្រូវ មាណពនេះ មាន​ប្រាថ្នា​នឹង​ធ្វើតាម​អធ្យាស្រ័យ នឹងនាំ​ខ្ញុំព្រះអង្គ​ទៅ ខ្ញុំព្រះអង្គ​នឹងនិយាយពាក្យ​​ជាប្រយោជន៍​ដល់​ពួកញាតិ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវពាក្យ​នោះ។ សូមព្រះអង្គ​ទ្រង់ទត​មើលកូន​ទាំងឡាយ​របស់ខ្ញុំ​ព្រះអង្គ​ផង និងទ្រព្យ​ដទៃក្នុង​ផ្ទះរបស់​ខ្ញុំព្រះអង្គ​ផង កាលបើខ្ញុំ​ព្រះអង្គ​ទៅ​ហើយ សូមកុំ​ឲ្យពួក​ញាតិវិនាស ក្នុងកាល​ខាងក្រោយ​ឡើយ ប្រសិន​បើទូល​ព្រះបង្គំ​មាន​សេចក្តី​ភ្លាំងភ្លាត់ ទូលព្រះបង្គំ​នឹងឃើញ​កំហុសនោះ​វិញ ដូចជា​បុរស​ភ្លាត់ដួល​លើផែនដី​ហើយ​ឈរស៊ប់​លើផែន​ដីវិញ។

[១៤១] (ព្រះរាជា…) សេចក្តីគាប់ចិត្តខ្ញុំថា អ្នកមិនគួរ​ទៅទេ ខ្ញុំគាប់​ចិត្តថា ឲ្យអ្នក​កាប់​សំឡាប់​មាណព​កច្ចាយនៈ​ក្នុងទីនេះ ហើយនៅ​ក្នុងទីនេះ​ចុះ ម្នាលបណ្ឌិត​មាន​ប្រាជ្ញា​ឧត្តម​ដូចផែនដី​ អ្នកកុំទៅ។

[១៤២] (មហាសត្វ…) សូមព្រះអង្គកុំតំកល់ព្រះហ្ឫទ័យក្នុងភាព​មិនមែន​ជាធម៌ សូមប្រកប​ក្នុងប្រយោជន៍​ផង ក្នុងធម៌ផង ថ្វឺយ បុគ្គលធ្វើ​កម្មណា ហើយទៅ​កាន់​នរក​ក្នុងកាល​ខាងក្រោយ កម្មនោះ ជាអំពើ​អកុសល​មិនប្រសើរ។ បពិត្រ​ព្រះអង្គ​ជាធំជាង​ជន ព្រោះថា ​ធម្មតា ម្ចាស់ជាធំ​របស់ទាសៈ ចង់សំឡាប់ ចង់ដុត​រោល​បៀតបៀន​ក៏បាន តែ​នេះ​មិនមែន​ជាធម៌ ​(របស់​បុរាណបណ្ឌិត​ទេ) ទាំងមិន​មែន​ជាកិច្ច​គួរប្រព្រឹត្ត​ឡើយ សេចក្តី​ក្រោធនៃ​ខ្ញុំព្រះអង្គ​មិនមានទេ ខ្ញុំព្រះអង្គ​សូម​លាទៅ។

[១៤៣] (អភិសម្ពុទ្ធគាថា) ព្រះមហាសត្វនោះ មានព្រះនេត្រ​ពេញដោយ​ទឹកភ្នែក​ ចូលទៅ​ឱបរឹត (ធម្មបាលកុមារ) ជាបុត្តច្បង លុះបន្ទោបង់​សេចក្តី​ក្រវល់ក្រវាយ​ក្នុង​ហ្ឫទ័យ​ហើយ ក៏ចូល​ទៅកាន់​ផ្ទះធំ។

[១៤៤] ពួកបុត្រ និងភរិយា​របស់​វិធុរបណ្ឌិត​ ដេក (បម្រាស់​ននៀល​ក្នុងលំនៅ​ដូចជា​ដើមរាំង​ដែលត្រូវ​ខ្យល់បក់​បោក​ញាំញី។ ស្រ្តីជា​ប្រពន្ធ ១ ពាន់នាក់ និង ទាសី​ ៧ រយនាក់ ផ្គងដៃខ្សឹក​ខ្សួល ​កន្ទក់កន្ទេញ​ក្នុង​លំនៅនៃ​វិធុរបណ្ឌិត។ ពួកស្រីស្នំ ពួកកុមារ​ ពួកអ្នក​ជំនួញ ​និង​ពួកព្រាហ្មណ៍ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញ​ក្នុងលំនៅ​នៃ​វិធុរបណ្ឌិត។ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ក្នុងលំនៅ​នៃវិធុរ​បណ្ឌិត។ ពួកអ្នក​ជនបទ មកជួប​ជុំគ្នា ទាំងពួក​អ្នកនិគម ​ក៏មក​ជួបជុំគ្នា ផ្គងដៃ​ខ្សឹកខ្សួល ​កន្ទក់​កន្ទេញ​ក្នុងលំនៅ​នៃវិធុរ​បណ្ឌិត។ ស្រ្តីជា​ប្រពន្ធ ១ ពាន់នាក់ និង​ទាសី ៧ រយនាក់ ផ្គងដៃ​ខ្សឹក​ខ្សួល​ កន្ទក់កន្ទេញ​ថា ហេតុអ្វី​ទើបលោក​លះចោល​ពួក​យើង។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នក​ជំនួញ​ និង​ពួកព្រាហ្មណ៍​ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញ​ថា ហេតុអ្វី​ទើប​លោកលះ​ចោល​ពួកយើង។ ពួក​ពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញថា ហេតុអ្វី​ទើបលោក​លះ​ចោល​ពួកយើង។ ពួកអ្នក​ជនបទ មកជួប​ជុំគ្នា ទាំងពួក​អ្នកនិគម ក៏មកជួប​ជុំគ្នា ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា ហេតុអ្វី​ទើបលោក​លះចោល​ពួកយើង។

[១៤៥] ព្រះមហាសត្វ​ បានធ្វើកិច្ចទាំងឡាយ​ក្នុងផ្ទះ ​ប្រៀនប្រដៅ​ជនរបស់​ខ្លួន គឺពួកមិត្រ​ អាមាត្យ ជនអ្នកនៅ​អាស្រ័យ​ បុត្រ ភរិយា​ និង​ផៅពង្ស។ ព្រះមហាសត្វ ចាត់ចែង​ការងារ​ប្រាប់នូវ​ទ្រព្យក្នុងផ្ទះ​ និងកំណប់ និងការ​ឲ្យបុល ហើយ​ពោលពាក្យ​នេះនឹង​បុណ្ណកយក្សថា អ្នកបាន​ស្នាក់នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​អស់ ៣ ថ្ងៃហើយ កិច្ចក្នុង​ផ្ទះខ្ញុំ​ធ្វើហើយ ទាំងបុត្រ និងភរិយា ខ្ញុំក៏បាន​ប្រៀន​ប្រដៅហើយ អ្នកចូរ​ធ្វើកិច្ច​ទាំងឡាយ តាម​អធ្យាស្រ័យ​របស់អ្នកចុះ។

[១៤៦] (បុណ្ណកយក្ស…) បពិត្រអ្នកជាអាមាត្យ បើអ្នកបាន​ប្រៀនប្រដៅ​បុត្រ ភរិយា និងពួក​ជនអ្នក​ចិញ្ចឹមជីវិត​ដោយសារ​ហើយ អើ អ្នកចូរ​ប្រញាប់​ប្រញាល់​មក​ក្នុង​កាល​ឥឡូវនេះ​ចុះ ព្រោះថា​ផ្លូវខាង​មុខនេះ ជាផ្លូវដាច់​ស្រយាល​វែងឆ្ងាយ។ អ្នកកុំភ័យ ចូរចាប់​តោងកន្ទុយ​សេះ​អាជានេយ្យចុះ នេះជា​ការឃើញ​នូវជីវ​លោក​ជាទី​បំផុត​របស់​អ្នក។

[១៤៧] (ព្រះមហាសត្វ…) បុគ្គលទៅកាន់ទុគ្គតិដោយអំពើណា​ដែលកើត​អំពី​កាយ វាចា ចិត្ត អំពើអាក្រក់​ (នោះ) របស់ខ្ញុំ​មិនមានទេ ខ្ញុំនឹងខ្លាច​ចំពោះ​អំពើអ្វី។

[១៤៨] (អភិសម្ពុទ្ធគាថា) ស្តេចសេះនោះ នាំវិធុរបណ្ឌិតហោះ​ទៅឰដ៏​អាកាស​វេហាស៍ ឥតប៉ះ​ទង្គិចនឹង​មែកឈើ ឬភ្នំ ក៏ចូល​ទៅកាន់​កាឡាគិរី​បព៌តដោយ​ឆាប់រហ័ស។

[១៤៩] ស្រ្តីជាប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញ​ថា យក្សក្លែង​ភេទជា​ព្រាហ្មណ៍ នាំវិធុរ​បណ្ឌិតទៅ។ ពួកស្រីស្នំ ពួកកុមារ ពួកអ្នក​ជំនួញ និងពួក​ព្រាហ្មណ៍ ផ្គងដៃ​ខ្សឹកខ្សួល​ កន្ទក់​កន្ទេញថា​ យក្ស​ក្លែងភេទ​ជាព្រាហ្មណ៍ នាំ​វិធុរ​បណ្ឌិតទៅ។​ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញថា យក្សក្លែង​ភេទជា​ព្រាហ្មណ៍ នាំវិធុរ​បណ្ឌិតទៅ។ ពួកអ្នក​ជនបទ​មកជួបជុំគ្នា​ ទាំងពួក​អ្នកនិគម​ក៏មកជួប​ជុំគ្នា ផ្គងដៃ​ខ្សឹកខ្សួល​កន្ទក់កន្ទេញ​ថា យក្សក្លែង​ភេទជា​ព្រាហ្មណ៍ នាំវិធុរ​បណ្ឌិត​ទៅ។ ស្រ្តីជា​ប្រពន្ធ ១ ពាន់នាក់ និងទាសី ៧ រយនាក់ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា វិធុរបណ្ឌិត​ទៅក្នុង​ទីណាហ្ន៎។​ ពួកស្រីស្នំ ពួកកុមារ ពួកអ្នក​ជំនួញ និងពួក​ព្រាហ្មណ៍ ​ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់​កន្ទេញថា វិធុរបណ្ឌិត​ទៅ​ក្នុងទី​ណាហ្ន៎។ ពួកពលដំរី (ពលសេះ) ពលរថ ពលថ្មើរជើង ផ្គងដៃ​ខ្សឹកខ្សួល​កន្ទក់​កន្ទេញថា វិធុរបណ្ឌិត​នោះទៅ​ក្នុងទីណា​ហ្ន៎។ ពួកអ្នក​ជនបទ​មកជួបជុំគ្នា ​ទាំងពួកអ្នក​និគម​ក៏មក​ជួប​ជុំគ្នា ផ្គង​ដៃ​ខ្សឹកខ្សួល​កន្ទក់​កន្ទេញ​ថា វិធុរបណ្ឌិត​នោះទៅក្នុងទី​ណាហ្ន៎។

[១៥០] (មហាជន…) បើបណ្ឌិតនោះ នឹងមិនត្រឡប់មក​ក្នុងរវាង ៧ រាត្រីវិញទេ ពួកទូល​ព្រះបង្គំ​ជាខ្ញុំទាំង​អស់គ្នា នឹងចូល​ភ្លើង ពួកទូលព្រះបង្គំ​ជាខ្ញុំ មិនមាន​សេចក្ដី​ត្រូវការ​ដោយជីវិត​ឡើយ។

[១៥១] (ព្រះរាជា…) បណ្ឌិតជាបុគ្គលឈ្លាសវៃ អាចសំដែង (ប្រយោជន៍) និងមិន​មែន​ប្រយោជន៍ មានប្រាជ្ញា​ឈ្វេងយល់​ រមែងដោះ​ខ្លួនបាន​ដោយឆាប់ អ្នក​ទាំងឡាយ​កុំខ្លាច​ឡើយ បណ្ឌិត​នោះ គង់តែនឹង​ត្រឡប់​មកវិញ។

ចប់ អន្តរបេយ្យាលៈ។

[១៥២] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ កាលទៅលើកំពូលភ្នំ​កាឡាគិរីនោះ ក៏គិតថា គំនិត​ទាំងឡាយ រមែង​ជាធម្មជាតិ​ខ្ពស់ និងទាប អញមិន​មែនមាន​កិច្ច​តិចតួច ដោយ​ជីវិត​របស់​វិធុរបណ្ឌិត​នេះ (ក្នុងភពនាគ​នោះទេ) អញនឹង​សំឡាប់​វិធុរបណ្ឌិត​នេះ ហើយនាំយក​តែដួងហ្ឫទ័យ​ទៅ។

[១៥៣] មាណពកច្ចាយនគោត្រនោះ មានចិត្តប្រទូស្ត បានទៅ​ក្នុងចន្លោះ​ភ្នំនោះ ហើយ​ចូលទៅខាង​ក្នុងភ្នំ ចាប់​ព្រះមហាសត្វ យកក្បាល​ចុះក្រោម (គ្រវែងទៅ) ក្នុង​ប្រទេស​នៃផែនដី​ដែលមិន​មានអ្វីប៉ះ​ពាល់ឡើយ។

[១៥៤] វិធុរបណ្ឌិតនោះ ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុ កាល​សំយុងចុះ ទៅក្នុង​រណ្តៅ​ជ្រោះ ជាទីមាន​ភ័យដ៏ធំ​ គួរព្រួច​ព្រឺរោម​ ដែលលំបាក​នឹងទៅក្រៃលែង តែ​មិនតក់ស្លុត ហើយពោល​នឹង​បុណ្ណកយក្ស​យ៉ាងនេះ​ថា អ្នកជា​មនុស្ស​មិនប្រសើរ​ តែធ្វើ​ដូចជា​ប្រសើរ ជាអ្នក​មិនសង្រួម តែមាន​អាការ​ហាក់ដូច​ជាអ្នក​សង្រួម អ្នកធ្វើ​អំពើ​អាក្រក់​ឥត​ប្រយោជន៍ ចំណែក​កុសល​តិចតួច ឥតមាន​ក្នុងចិត្តនៃ​អ្នកទេ។ អ្នកចង់​ទំលាក់​ខ្ញុំទៅក្នុង​រណ្តៅ​ជ្រោះ ដោយហេតុ​ណា ប្រយោជន៍​ដូចម្តេច​ដោយ​ការសំឡាប់​ខ្ញុំនឹង​មានដល់​អ្នក ដោយ​ហេតុនោះ ក្នុងថ្ងៃ​នេះ អ្នកមាន​ភេទ​ដូចជា​មិនមែន​ភេទនៃ​មនុស្សទេ ចូរអ្នក​ប្រាប់ខ្ញុំ អ្នកជា​ទេវតា ឬជាអ្វី។

[១៥៥] (បុណ្ណកយក្ស…) ខ្ញុំនោះឈ្មោះបុណ្ណកយក្ស ជាអាមាត្យ​ព្រះបាទកុវេរៈ​ដែលអ្នក​ធ្លាប់បាន​ឮហើយ នាគរាជ​ព្រះនាម​វរុណៈ ជាអ្នក​ទ្រទ្រង់​ផែនដី​មានទំហំ​និងកំពស់ មានទ្រង់​ទ្រាយដ៏​ស្អាត បរិបូណ៌​ដោយពណ៌ និងកំឡាំង។ ម្នាលអ្នក​ប្រាជ្ញ ខ្ញុំចង់​បានធីតា ជាអនុជាតិ​នៃ​ព្រះបាទ​វរុណនាគ​នោះ នាគកញ្ញា​នោះ​ ឈ្មោះ​ឥរន្ទតី ខ្ញុំព្យាយាម​សំឡាប់អ្នក ព្រោះហេតុនាង​ឥរន្ទតី​មានចង្កេះ​ល្អ ជាទី​ស្រឡាញ់​នោះ។

[១៥៦] (ព្រះមហាសត្វ…) ម្នាលយក្ស សេចក្តីវង្វេង កុំមានដល់​អ្នកឡើយ ពួក​សត្វលោក​ជាច្រើន​វិនាស​ហើយ ព្រោះអំពើ​ដែលខ្លួន​ប្រកាន់ខុស ចុះអ្នក​មាន​កិច្ចអ្វី ដោយ​ការសំឡាប់​ខ្ញុំ (ព្រោះនាគកញ្ញា)​ មានចង្កេះ​ល្អ ​ជាទីស្រឡាញ់ សូម​អញ្ជើញប្រាប់ ខ្ញុំនឹង​ស្តាប់ការ​ទាំងអស់​មើល។

[១៥៧] (បុណ្ណកយក្ស…) ខ្ញុំចង់បានធីតា​របស់ព្រះបាទ​វរុណនាគ​ជាធំ​មាន​អានុភាព​ច្រើន ខ្ញុំជាអ្នក​ស៊ីឈ្នួល​របស់ពួកញាតិ ព្រោះហេតុ​ពួកញាតិ​ដឹងនូវ​ខ្ញុំថា ជាអ្នក​ត្រូវកាម​ទង់ទាញ​ដោយពិត (បានជា) ឪពុកក្មេក​ខ្ញុំពោល​នឹងខ្ញុំ ដែល​សូមនាង​ឥរន្ទតី​នោះថា​ យើងនឹង​ឲ្យកូនក្រមុំ​មានរាង​កាយល្អ មានភ្នែក​ល្អ មាន​ទ្រង់ទ្រាយ​ឆើតឆាយ មាន​ខ្លួន​លាបដោយ​ខ្លឹមចន្ទន៍​ដល់អ្នក បើអ្នកបាន​ដួងហ្ឫទ័យ​របស់​វិធុរបណ្ឌិត​មកដោយ​ធម៌ ហើយនាំ​មកក្នុង​ភពនាគ​នេះ។ អ្នកត្រូវ​បាននាង​កុមារី ដោយទ្រព្យ​ជាទី​ត្រេកអរ​នោះ យើងមិន​ប្រាថ្នាទ្រព្យ​ដទៃក្រៃលែង​ទេ ម្នាលបណ្ឌិត ជាអាមាត្យ ខ្ញុំមិន​វង្វេង​ដូចអ្នក​ថាទេ អ្នកចូរ​ស្តាប់ចុះ។ មួយទៀត អំពើតិចតួច​ដែលខ្ញុំ​ប្រកាន់​ខុស មិនមានទេ កាលខ្ញុំ​បាន​ហ្ឫទ័យ​របស់អ្នក​ដោយធម៌ ពួកនាគ​នឹងឲ្យ​នាគកញ្ញា​ឈ្មោះ​ឥរន្ទតី។​ ព្រោះហេតុ​នោះ ទើបខ្ញុំ​លៃលក​សំឡាប់អ្នក ខ្ញុំមាន​សេចក្តី​ត្រូវការដោយ​ការ​សំឡាប់​អ្នកយ៉ាង​នេះឯង ខ្ញុំ​នឹងទំលាក់​អ្នកក្នុង​រណ្តៅនេះ សម្លាប់​អ្នកហើយ​ នឹង​នាំយក​តែហ្ឫទ័យទៅ។

[១៥៨] (មហាសត្វ…) ម្នាលកច្ចាយនៈ បើអ្នកមានកិច្ចត្រូវការ ដោយហ្ឫទ័យ​របស់ខ្ញុំ ចូរអ្នក​លើកខ្ញុំ​ដោយឆាប់​រហ័ស ដ្បិត​សាធុនរធម៌ (ធម៌ល្អ​របស់នរៈ) របស់​ខ្ញុំ​ណាមួយ ខ្ញុំនឹង​សំដែង​សាធុនរធម៌​ទាំងអស់​នោះ ដល់អ្នក​ក្នុងថ្ងៃនេះ។

[១៥៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ដាក់វិធុរបណ្ឌិត​ជាអាមាត្យ​ដ៏ប្រសើរ របស់​អ្នកដែន​កុរុលើ​កំពូលភ្នំ​ឆាប់រហ័ស​ ឃើញវិធុរ​បណ្ឌិតជា​អាមាត្យ​មានប្រាជ្ញា​មិន​ថោកទាប អង្គុយ​ដកដង្ហើម​ស្រួល ហើយក៏​សាកសួរថា អ្នកគឺខ្ញុំ​លើកឡើង​ចាក​រណ្តៅ​ហើយ ក្នុងថ្ងៃនេះ ខ្ញុំត្រូវការ​ដោយហ្ឫទ័យ​របស់អ្នក អ្នកចូរ​សំដែង​សាធុនរធម៌​ទាំងអស់​នោះ​ដល់ខ្ញុំ​ក្នុងថ្ងៃនេះ។

[១៦០] (មហាសត្វ…) ខ្ញុំ គឺអ្នកលើកឡើងចាករណ្តៅហើយ បើអ្នកត្រូវ​ការដោយ​ហ្ឫទ័យ​របស់ខ្ញុំ ខ្ញុំនឹងសំដែង​សាធុនរធម៌​ទាំងអស់​នោះដល់​អ្នកក្នុង​ថ្ងៃនេះ។

[១៦១] ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ​ អ្នកចូរវៀរ គឺ​កុំ​ដុត​បាតដៃ​ទាំងទទឹក អ្នកកុំ​ប្រទូស្ត​មិត្រក្នុង​កាលណា​មួយ អ្នកកុំលុះ​អំណាច​នៃស្រី​ដែល​ប្រកប​ដោយ​អសទ្ធម្ម។

[១៦២] (បុណ្ណកយក្ស…) បុគ្គលដែលឈ្មោះថា ដើរទៅកាន់ផ្លូវដែល​គេដើរ​ហើយ តើដូចម្តេច គេដុត​បាតដៃ​ទាំងទទឹក តើដូចម្តេច ស្រីដូច​ម្តេចឈ្មោះ​ថា ស្រី​ប្រកប​ដោយ​អសទ្ធម្ម នរណា​ឈ្មោះថា​ជាអ្នក​ប្រទូស្តមិត្រ ខ្ញុំសួរហើយ អ្នកចូរប្រាប់​សេចក្តីនោះ។

[១៦៣] (វិធុរបណ្ឌិត…) បុគ្គលណា អញ្ជើញមនុស្សដែលមិនធ្លាប់​នៅជា​មួយគ្នា ឬមិន​ធ្លាប់​ឃើញគ្នា សូម្បី​ដោយ​អាសនៈ បុរសត្រូវ​ធ្វើប្រយោជន៍​តបស្នង ដល់​បុគ្គល​នោះឯង បណ្ឌិត​ទាំងឡាយ​ពោលថា អ្នកនោះ​ឯងជាអ្នក​ដើរតាមផ្លូវ​ដែល​គេដើរហើយ។ បុរស​ស្នាក់នៅ​ក្នុងផ្ទះ​របស់​បុគ្គលណា សូម្បីមួយ​យប់ បាន​បាយ និងទឹក​ក្នុងសំណាក់​បុគ្គល​ណា មិនត្រូវ​គិតអំពើ​អាក្រក់​ដល់បុគ្គលនោះ​សូម្បី​ដោយចិត្ត បុគ្គល​អ្នក​ប្រទូស្តមិត្រ ឈ្មោះថា​ដុតបាតដៃ​ទាំងទទឹក។ បុគ្គល​អង្គុយ ឬដេកក្នុង​ម្លប់ឈើណា មិនត្រូវ​កាច់មែក​ឈើនោះ ព្រោះថា បុគ្គល​ប្រទូស្ត​មិត្រ ជាបុគ្គល​អាក្រក់។​ បុរសណា​ឲ្យផែនដីនេះ ដែល​ពេញដោយទ្រព្យ​ដល់ស្រី​ដែលខ្លួន​សន្មតថា (ល្អ) ស្រីនោះ​បានឱកាស (ក្បត់ចិត្ត) គប្បី​មើលងាយ​បុរសនោះ​វិញ បុគ្គលមិនត្រូវ​លុះអំណាច​ស្រី ដែល​ប្រកប​ដោយ​អសទ្ធម្ម​នោះទេ។ បុគ្គល​ឈ្មោះថា​ ដើរទៅ​កាន់​ផ្លូវដែលគេដើរ​ហើយ​យ៉ាងនេះ​ ឈ្មោះថា ដុតបាតដៃ​ទាំងទទឹក​យ៉ាងនេះ ស្រីនោះ​ឈ្មោះថា​ ប្រកប​ដោយ​អសទ្ធម្ម បុរសនោះ ឈ្មោះថា ជាអ្នក​ប្រទូស្តមិត្រ អ្នកចូរ​ជាអ្នក​ប្រកប​ដោយធម៌ ចូរលះបង់​អំពើ​មិនមែនធម៌​ចេញ។

ចប់ សាធុនរធម្មកណ្ឌ។

[១៦៤] (បុណ្ណកយក្ស…) ខ្ញុំបាននៅអាស្រ័យក្នុងផ្ទះរបស់អ្នកអស់ ៣ ថ្ងៃ ដែល​អ្នកបាន​ទំនុកបំរុងខ្ញុំ ដោយបាយ និងទឹក អ្នកសូម​ជាមិត្រ​របស់ខ្ញុំ ទាំងខ្ញុំក៏លែង​អ្នកដែរ ម្នាលបណ្ឌិត​មានប្រាជ្ញា​ខ្ពង់ខ្ពស់ ចូរអ្នក​អញ្ជើញ​ទៅកាន់ផ្ទះ​របស់អ្នក​តាមប្រាថ្នាចុះ។ ទាំងសេចក្តី​ត្រូវការ​របស់​ត្រកូលនាគ ក៏សាបសូន្យ​ទៅចុះ អំពើ​ព្រោះហេតុ​នៃ​នាង​នាគកញ្ញា​ ក៏ល្មមដល់​ខ្ញុំហើយ ម្នាលអ្នក​មានប្រាជ្ញា អ្នកបាន​រួចចាក​ការសំឡាប់​របស់ខ្ញុំ​ក្នុងថ្ងៃនេះ​ ព្រោះសុភាសិត​ជារបស់ខ្លួន។

[១៦៥] (ព្រះមហាសត្វ…) ម្នាលយក្ស ណ្ហើយ អ្នកចូរនាំខ្ញុំ​ទៅកាន់​សំណាក់ឪពុក​ក្មេករបស់​អ្នកចុះ អ្នកចូរ​ប្រព្រឹត្ត​ឲ្យជា​ប្រយោជន៍​ចំពោះខ្ញុំ ដ្បិតខ្ញុំ​ចង់ឃើញ​នាគរាជ​ជា​អធិបតី និងវិមាន​របស់នាគរាជ​ដែលខ្ញុំ​មិនធ្លាប់​ឃើញ។

[១៦៦] (បុណ្ណកយក្ស…) របស់ណា ដែលប្រព្រឹត្តទៅមិនជា​ប្រយោជន៍​ដល់នរជន ជនមាន​ប្រាជ្ញា​មិនគួរ​ឃើញរបស់​នោះទេ ម្នាល​បណ្ឌិត មានប្រាជ្ញា​ខ្ពង់ខ្ពស់ កាលបើ​ដូច្នោះ អ្នកប្រាថ្នា​ទៅកាន់​ស្រុករបស់​សត្រូវ​ដោយ​ហេតុ​ដូចម្តេច។

[១៦៧] (ព្រះមហាសត្វ…) ខ្ញុំប្រាកដជាដឹងហេតុនោះ ជនមានប្រាជ្ញា​មិនគួរ​ឃើញ​សត្រូវ​នោះទេ តែអំពើ​អាក្រក់ ខ្ញុំមិនបាន​ធ្វើទុកក្នុង​ទីណា​មួយ ព្រោះ​ហេតុនោះ​ខ្ញុំមិន​រង្កៀស​ចំពោះ​សេចក្តីស្លាប់​ដែលនឹង​មកដល់​ឡើយ។

[១៦៨] (បុណ្ណកយក្ស…) ម្នាលអ្នកជាអាមាត្យ បើដូច្នោះ អ្នកនឹង​ឃើញឋានដែល​​មាន​អានុភាព​ប្រៀប​មិនបាន ជាមួយនឹងខ្ញុំ អ្នកចូរ​មកចុះ នាគរមែង​នៅដោយ​ការរាំ និងច្រៀង​ក្នុងទីណា ដូចជា​ព្រះបាទ​វេស្សវ័ណ​នៅក្នុង​រាជធានី ឈ្មោះ​និឡិញ្ញៈ។ ទីនោះ​មានពួក​នៃនាង​នាគកញ្ញា ត្រាច់ទៅ​ដោយពួក​ៗលេង​អស់ថ្ងៃ និងយប់​ជានិច្ច ជាទី​មានផ្កា​កម្រងច្រើន ដេរដាស​ដោយផ្កាឈើ​ច្រើនបែប ភ្លឺផ្លេកដូច​ផ្លេកបន្ទោរ​ឰដ៏អាកាស។ ភពនៃ​នាគនោះ មានភាព​សម្បូណ៌​ដោយបាយ និង​ទឹក និង​ការរាំ​ច្រៀងប្រគំ​ បរិបូណ៌​ដោយពួក​នាងនាគកញ្ញា​ដែលតាក់តែង​ខ្លួនដោយ​សំពត់ និងគ្រឿង​ប្រដាប់​ល្អឆើតឆាយ។

[១៦៩] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ បានអញ្ជើញ​វិធុរបណ្ឌិត ជាអាមាត្យ​ដ៏ប្រសើរ​របស់អ្នក​ដែនកុរុ​ឲ្យអង្គុយ​លើអាសនៈ អំពីខាង​ក្រោយ នាំ​វិធុរបណ្ឌិត ជា​អាមាត្យ​មានប្រាជ្ញា​មិនថោកទាប ចូលទៅ​កាន់ភព​នៃនាគរាជ។ វិធុរបណ្ឌិត​ជា​អាមាត្យ​លុះដល់ទី​ដែលមាន​អានុភាព​ប្រៀបមិនបាន ក៏ឈរ​ខាងក្រោយ​បុណ្ណកយក្ស ចំណែក​នាគរាជ​ក្រឡេក​មើលឃើញ​បុណ្ណកយក្ស មានសេចក្តី​ស្មោះសរ បានត្រាស់​នឹងកូន​ប្រសា​មុនថា

[១៧០] (នាគរាជ…) អ្នកកាលស្វែងរកហ្ឫទ័យ​របស់បណ្ឌិត បានទៅកាន់​មនុស្ស​លោក ហើយនាំ​អាមាត្យ មានប្រាជ្ញា​មិនថោកទាប​មកដល់​ក្នុងទីនេះ​ដោយ​សួស្តី​ហើយ​ឬ។

[១៧១] (បុណ្ណកយក្ស…) ព្រះអង្គប្រាថ្នាបណ្ឌិតណា បណ្ឌិតនោះ​មកដល់ហើយ បណ្ឌិត​អ្នករក្សា​ធម៌ គឺខ្ញុំ​ព្រះអង្គរក​បានមក​ដោយធម៌​ហើយ សូមព្រះអង្គ​ទ្រង់​ទត​បណ្ឌិត​នោះ ដែលកំពុង​និយាយ​ក្នុងទី​ចំពោះ​ព្រះភក្រ្ត​នៃព្រះអង្គ ការជួបជុំ​ដោយ​សប្បុរស​ទាំងឡាយ ជាហេតុ​នាំមកនូវ​សេចក្តីសុខ​ដោយពិត។

ចប់ កាលាគិរីកណ្ឌ។

[១៧២] (នាគរាជ…) អ្នកជាមនុស្សមានមច្ចុភ័យគ្របសង្កត់ តក់ស្លុត​ព្រោះឃើញ​ភពនាគ​ដែលខ្លួន​មិនធ្លាប់​ឃើញ ទើបមិន​ថ្វាយបង្គំ (ខ្ញុំ) ដំណើរនេះ មិនមែន​ជាបុគ្គល​មាន​ប្រាជ្ញាទេ។

[១៧៣] (មហាសត្វ…) បពិត្រនាគ ខ្ញុំព្រះអង្គ​មិនមែន​ជាអ្នក​តក់ស្លុតទេ មិនមាន​មច្ចុភ័យ​គ្របសង្កត់ទេ ព្រោះអ្នក​ទោសដែល​ត្រូវគេសំឡាប់ មិនគប្បី​ថ្វាយបង្គំ ​(នូវ​ពេជ្ឈឃាត) ឬ​ពេជ្ឈឃាត ក៏មិនគប្បី​ថ្វាយបង្គំ​អ្នកទោស​ដែលត្រូវ​គេ​សំឡាប់ដែរ។​ ជនប្រាថ្នា​សម្លាប់អ្នក​ណា គប្បីថ្វាយ​បង្គំ (អ្នកនោះ) ឬឲ្យ​ (អ្នកនោះ)​ ថ្វាយបង្គំ (ខ្លួន) ដូចម្តេច​កើត កម្មនោះ មិនសម្រេច​ទៅជា​អ្វីទេ។

[១៧៤] (នាគរាជ…)​ ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នកពោលមែន អ្នកពោលពាក្យ​ពិត អ្នកទោស​ដែល​ត្រូវគេសំឡាប់ មិនគប្បី​ថ្វាយបង្គំ​ពេជ្ឈឃាត ឬ​ពេជ្ឈឃាត​ក៏មិន​គប្បីថ្វាយ​បង្គំ​អ្នកទោស​ដែលត្រូវ​គេសំឡាប់​ដែរ។ នរជន​ប្រាថ្នា​សម្លាប់​អ្នកណា គប្បី​ថ្វាយបង្គំ (អ្នកនោះ) ឬ​ឲ្យ ​(អ្នកនោះ) ថ្វាយបង្គំ (ខ្លួន) ដូចម្តេច​កើត កម្មនោះ មិនកើត​ទៅជាអ្វី​ទេ។

[១៧៥] (មហាសត្វ…) វិមាននេះ ទាំងឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តី​ព្យាយាម និងការកើត (ក្នុងភពនាគ)​ របស់​ព្រះអង្គ​មិនទៀង តែដូចជា​របស់ទៀង បពិត្រ​នាគរាជ ខ្ញុំព្រះអង្គ​សូមសួរ​សេចក្តីនុ៎ះ​នឹងព្រះអង្គថា វិមាននេះ ព្រះអង្គបាន​ហើយ​ដោយ​ប្រការ​ដូច​ម្តេច។ វិមាននេះ ព្រះអង្គ​បានព្រោះ​អាស្រ័យ (ភពនាគ) ឬកើត​អំពី​រដូវ​ប្រែប្រួល ឬព្រះអង្គ​កសាង​ដោយព្រះអង្គ​ឯង ឬមួយ​ទេវតាថ្វាយ បពិត្រ​នាគរាជ វិមាននេះ ព្រះអង្គ​បានហើយ​ដោយ​ប្រការណា សូម​ព្រះអង្គ​ប្រាប់​សេចក្តីនុ៎ះ​ដល់ខ្ញុំ​ព្រះអង្គ​ដោយប្រការ​ដូច្នោះ។

[១៧៦] (នាគរាជ…) វិមាន (នេះ) មិនមែនខ្ញុំបាន​ព្រោះអាស្រ័យ (ភពនាគ) មិនមែន​​កើតអំពី​រដូវប្រែប្រួល មិនមែន​ខ្ញុំធ្វើខ្លួនឯង ទាំងមិន​មែនទេវតា​ឲ្យទេ វិមាននេះ ខ្ញុំបាន​ដោយបុញ្ញកម្ម​មិនអាក្រក់​របស់ខ្លួន។

[១៧៧] (មហាសត្វ…) អ្វីជាវត្តរបស់ព្រះអង្គ អ្វីជាព្រហ្មចរិយៈ​របស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ)​ ​ទាំងវិមានធំ​របស់​ព្រះអង្គនេះ នេះជាផល​នៃកម្មដែល​ព្រះអង្គ​សន្សំល្អ​ហើយ​ដូចម្តេច។

[១៧៨] (នាគរាជ…) ខ្ញុំ និងភរិយាទាំងពីរនាក់ (កាលនៅ) ក្នុងមនុស្សលោក ជាអ្នក​មាន​សទ្ធា ជាម្ចាស់នៃទាន ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ​ដូចជាអណ្តូង (នៃមហាជន) ទាំង​ពួកសមណៈ និងព្រាហ្មណ៍ ខ្ញុំក៏បាន​ឲ្យឆ្អែត​ស្កប់ស្កល់ ​ខ្ញុំ (កាលនៅ) ក្នុងកាលចម្បា​នគរ​នោះ បានឲ្យ​ទានដោយ​គោរព គឺឲ្យ​កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿង​ប្រទីប​ ទីដេក​ ទីសំណាក់​អាស្រ័យ សំពត់សម្រាប់​ស្លៀក​ដណ្តប់ កម្រាល​ដេក បាយ ទឹក។ នោះជាវត្ត នោះជា​ព្រហ្មចរិយៈ​របស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទិ្ធ សេចក្តី​រុងរឿង កំឡាំងកាយ សេចក្តី​ព្យាយាម និង​ការកើត (ក្នុងភពនាគ) ទាំងវិមាន​ធំរបស់​ខ្ញុំនេះ នេះ​ជា​ផលនៃកម្ម​ដែលខ្ញុំ​សន្សំល្អ​ហើយនោះ។

[១៧៩] (មហាសត្វ…) បើវិមាននេះ ព្រះអង្គបានហើយ​យ៉ាងនេះ ឈ្មោះថា ព្រះអង្គ ជ្រាបកំណើត​នៃផល​របស់បុណ្យ ព្រោះ​ហេតុនោះ ព្រះអង្គ​កុំប្រហែស សូម​ប្រព្រឹត្ត​ធម៌ ជាហេតុ​ឲ្យបាន​គ្រប់គ្រង​វិមាននេះ​តទៅទៀត។

[១៨០] (នាគរាជ…) នែបណ្ឌិតជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹក​ដល់ពួក​សមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍​នោះ មិនមាន​ក្នុងភព​នាគនេះ​ទេ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះ ដែលជា​ហេតុឲ្យ​ខ្ញុំនៅគ្រប់គ្រង​វិមានតទៅ។

[១៨១] (មហាសត្វ…) ពួកនាគ គឺបុត្រ ភរិយា និងអ្នករស់នៅ​ដោយសារ ដែល​ចូលមក​កើត​ក្នុងភពនាគ​នេះ សូមព្រះអង្គ​ជាអ្នក​មិនប្រទូស្ត​ក្នុងពួកនាគ​នោះ ​ដោយ​ពាក្យ ឬដោយ​​ការងារ អស់កាល​ជានិច្ច។ បពិត្រនាគ សូមព្រះអង្គ​រក្សាសេចក្តី​មិនប្រទូស្ត​ដោយពាក្យ ឬដោយ​ការងារ​យ៉ាងនេះចុះ​ ព្រះអង្គ​នឹងឋិត​នៅក្នុង​វិមាននេះ រហូត​អស់​ព្រះជន្មាយុ ហើយ​នឹងបាន​ទៅកាន់​ទេវលោក​ជាន់ខាងលើ អំពីភព​នាគនេះ។

[១៨២] (នាគរាជ…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជា​ដ៏ប្រសើរ​នោះ បើវៀរ​ចាកអ្នក​ហើយ រមែង​សោកស្តាយ​ដោយពិត បុរស​សូម្បីត្រូវ​សេចក្តីទុក្ខ​គ្របសង្កត់ ឬសូម្បី​មានជំងឺ​ធ្ងន់ បើបាន​ជួបនឹង​អ្នកហើយ ក៏នឹង​បានសុខ​វិញ។

[១៨៣] (មហាសត្វ…) បពិត្រនាគ ព្រះអង្គពោលធម៌របស់សប្បុរស ជាធម៌​ប្រសើរ ជាចំណែក​នៃប្រយោជន៍​ដែលសន្សំ​ល្អដោយ​ពិត ឯសេចក្តី​វិសេស​របស់​បណ្ឌិត​ទាំងឡាយ​បែបខ្ញុំ​ព្រះអង្គ រមែង​ប្រាកដ​ក្នុងអន្តរាយ​ទាំងឡាយ​បែបនេះ។

[១៨៤] (នាគរាជ…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្សនេះ បានអ្នក​មកដោយ​ទទេឬ អ្នកចូរ​ប្រាប់យើង​មកចុះ បុណ្ណកយក្ស​នេះ ឈ្នះអ្នក​ដោយល្បែង​ភ្នាល់ឬ បុណ្ណកយក្ស​នេះ​ បាននិយាយ​ថា បណ្ឌិត ខ្ញុំបាន​នាំមក​ដោយធម៌ តើអ្នក​មកនៅ​ក្នុងកណ្តាប់​ដៃនៃ​បុណ្ណកយក្ស​នេះ ដោយ​ប្រការ​ដូចមេ្តច។

[១៨៥] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុង​ក្រុងឥន្ទបត្ត ដែនកុរុ​នោះ បុណ្ណកយក្ស​នេះ បានឈ្នះ​ល្បែង​សា្កនឹង​ព្រះរាជា​នោះដោយ​ការភ្នាល់ ព្រះរាជា​ដែល​បុណ្ណកយក្ស​ឈ្នះហើយ​នោះ បានប្រទាន​ខ្ញុំព្រះអង្គ ដល់​បុណ្ណកយក្ស​នេះ បុណ្ណកយក្ស​ ឈ្មោះ​ថាបានខ្ញុំ​ព្រះអង្គ​មកដោយ​ធម៌ មិនមែន​ដោយការ​កំហែងទេ។

[១៨៦] (អភិសម្ពុទ្ធគាថា) នាគរាជដ៏ប្រសើរ មានចិត្តត្រេកអរ​រីករាយ​ហើយ ព្រោះ​បានស្តាប់​សុភាសិត​នៃវិធុរ​បណ្ឌិត​ជាអ្នកប្រាជ្ញ ក៏ចាប់​ដៃវិធុរបណិ្ឌត មានប្រាជ្ញាមិន​ថោក​ទាប នាំចូលទៅ​ក្នុងសំណាក់​នៃនាង​វិមលា​ជាភរិយា ក្នុងកាលនោះ (ត្រាស់​ថា) ម្នាល​នាងវិមលា នាងមាន​សម្បុរលឿង ដោយ​ហេតុណា ឬនាង​មិនឆ្ងាញ់​បាយដោយ​ហេតុណា គុណ (នៃវិធុរបណ្ឌិត) បែបនេះ មិនមាន (ដល់នាង) ដោយ​ហេតុនោះ​ទេ វិធុរបណ្ឌិត​នេះឯង ជាអ្នក​បន្ទោបង់​នូវងងឹត។ នាងមាន​សេចក្តីត្រូវ​ការដោយ​ហ្ឫទ័យ​របស់​វិធុរបណ្ឌិត​ណា វិធុរបណ្ឌិត​នេះ ជាអ្នក​ធើ្វពន្លឺ មកដល់​ហើយ នាងចូរ​ផ្ទៀងសា្តប់​ពាក្យ​របស់វិធុរ​បណ្ឌិត​នោះចុះ (ព្រោះ) ការជួប​ប្រទះ (នូវវិធុរ​បណ្ឌិត) ទៀត ជាកិច្ច​បានដោយ​កម្រ។

[១៨៧] ព្រះនាងវិមលា ទ្រង់ទតឃើញវិធុរបណិ្ឌត ដែលជា​អ្នកមានប្រាជា្ញ​ក្រាស់​ដូចផែនដី​នោះ ក៏មាន​ព្រះទ័យ​ត្រេកអរ​សោមនស្ស ទ្រង់លើក​ម្រាមដៃ​ទាំង ១០​ផ្គងអញ្ជលី ហើយត្រាស់​នឹង​វិធុរបណ្ឌិត​ជាអាមាត្យ​ដ៏ប្រសើរ​របស់អ្នក​​ដែនកុរុ​យ៉ាងនេះថា អ្នកជា​មនុស្សមាន​មច្ចុភ័យ​គ្របសង្កត់ ​តក់ស្លុត ព្រោះឃើញ​ភពនៃ​នាគ ដែលខ្លួន​មិនធ្លាប់​ឃើញ ទើបមិន​ថា្វយបង្គំ (ខ្ញុំ) ដំណើរ​នេះ ដូច​មិនមែនជា​អាការ​របស់បុគ្គលមាន​ប្រាជា្ញទេ។

[១៨៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ខ្ញុំព្រះអង្គមិនមែន​ជាអ្នក​តក់ស្លុតទេ មិន​មានមច្ចុភ័យ​គ្របសង្កត់​ទេ អ្នកទោស​ដែលត្រូវ​គេសំឡាប់ មិនគប្បី​ថា្វយបង្គំ (ពេជ្ឈឃាត) ឬពេជ្ឈឃាត​ ក៏មិន​គប្បីថា្វយ​បង្គំអ្នកទោស​ដែលត្រូវ​គេសំឡាប់​ដែរ។ ជន​ប្រាថា្នសម្លាប់​អ្នកណា គប្បីថា្វយ​បង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូច​មេ្តចកើត កម្មនោះ​មិនកើត​ជាអី្វទេ។

[១៨៩] (ព្រះនាងវិមលា…) ម្នាលបណ្ឌិត ដំណើរនុ៎ះ ដូចអ្នក​ពោលមែន អ្នកពោល​ពាក្យពិត អ្នកទោស​ដែលត្រូវ​គេសំឡាប់ មិនគប្បី​ថា្វយបង្គំ​ពេជ្ឈឃាត ឬពេជ្ឈឃាត​ក៏មិន​គប្បី​ថា្វយបង្គំ​អ្នកទោស​ដែលត្រូវ​គេសំឡាប់​ដែរ។ ជនប្រាថា្ន​សម្លាប់​អ្នកណា គប្បី​ថា្វយបង្គំ (អ្នកនោះ) ឬឲ្យ (អ្នកនោះ) ថា្វយបង្គំ (ខ្លួន) ដូចមេ្តចកើត កម្មនោះ​មិនកើតទេ។

[១៩០] (មហាសត្វ…) វិមាននេះ ទាំងឫទិ្ធ សេចក្តីរុងរឿង សេចក្តីព្យាយាម និងការ​កើតក្នុង​ភពនាគ​របស់​ព្រះនាង មិនទៀង តែដូចជា​របស់ទៀង បពិត្រ​នាគកញ្ញា ខ្ញុំព្រះអង្គ​សួរសេចក្តី​នុ៎ះ​នឹងព្រះនាង​ថា វិមាននេះ ព្រះនាង​បានហើយ​ដោយប្រការ​ដូចមេ្តច។ វិមាន​ដែលព្រះនាង​បាន ព្រោះ​អាស្រ័យ (ភពនាគ) ឬកើត​អំពីរដូវ​ប្រែប្រួល ឬព្រះនាង​ធើ្វខ្លួនឯង ឬមួយ​ទេវតាថា្វយ បពិត្រ​នាគកញ្ញា វិមាននេះ ព្រះនាង​បានហើយ​ដោយប្រការ​ណា សូមព្រះនាង​ប្រាប់សេចក្តី​នុ៎ះដល់ខ្ញុំ ដោយ​ប្រការនោះ។

[១៩១] (ព្រះនាងវិមលា…) វិមាននេះ មិនមែន​ខ្ញុំបាន ព្រោះអាស្រ័យ​ភពនាគ​ មិនមែន​កើតអំពី​រដូវប្រែប្រួល មិនមែន​ធើ្វខ្លួនឯង ទាំងមិន​មែនទេវតា​ឲ្យទេ វិមាននេះ ខ្ញុំបាន​ដោយ​បុញ្ញកម្ម​មិនអាក្រក់ ជារបស់ខ្លួន។

[១៩២] (មហាសត្វ…) អ្វីជាវត្ត អ្វីជាព្រហ្មចរិយៈរបស់​ព្រះនាង បពិត្រ​ព្រះនាង​នាគី ឫទ្ធិ​អំណាច សេចក្តី​រុងរឿង កំឡាំងកាយ សេចក្តី​ព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមាន​ធំរបស់​ព្រះនាង​នេះ នេះជា​ផលនៃកម្ម​ដែលព្រះនាង​សន្សំល្អ​ហើយ​ដូចមេ្តច។

[១៩៣] (ព្រះនាងវិមលា…) ខ្ញុំ និងស្វាមីទាំងពីរនាក់ ជាអ្នកមាន​សទ្ធា ជាម្ចាស់ទាន ផ្ទះរបស់ខ្ញុំ​ដូចអណ្តូង​ជាទីចុះ​ផឹកនៃ (មហាជន) ទាំង​សមណ​ព្រាហ្មណ៍ ខ្ញុំក៏បាន​ឲ្យឆ្អែត​ស្កប់ស្កល់។ ខ្ញុំ (កាលនៅ) ក្នុង​កាលចម្បានគរ​នោះ បានឲ្យទាន​ដោយគោរព គឺឲ្យ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់​អាស្រ័យ សំពត់​សម្រាប់​ស្លៀកដណ្តប់ កម្រាលដេក បាយ និងទឹក។ នោះ​ជាវត្ត នោះជា​ព្រហ្មចរិយៈ​របស់ខ្ញុំ នែអ្នក​ប្រាជ្ញ ឯឫទ្ធិ សេចក្តី​រុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុង​ភពនាគ) ទាំង​វិមានធំ​របស់​ខ្ញុំនេះ នេះជាផល​នៃកម្មដែលខ្ញុំ​សន្សំល្អ​ហើយនោះ។

[១៩៤] (មហាសត្វ…) ​បើវិមាននេះ គឺព្រះនាងបានហើយ​យ៉ាងនេះ ឈ្មោះថា ព្រះនាង​ជ្រាបកំណើត​នៃផល​របស់បុណ្យ​ទាំងឡាយ ព្រោះហេតុ​នោះ ព្រះនាង​កុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុ​ឲ្យបាន​គ្រប់គ្រង​វិមាននេះ​តទៅ។

[១៩៥] (ព្រះនាងវិមលា…) នែបណ្ឌិត ជាអាមាត្យ ខ្ញុំគប្បីឲ្យ​បាយ និងទឹក ដល់ពួក​សមណៈ និងព្រាហ្មណ៍​ណា ពួកសមណៈ និងព្រាហ្មណ៍ (ទាំងនោះ) មិនមាន​ក្នុង​ភពនាគ​នេះទេ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះ ដែលជា​ហេតុ​ឲ្យខ្ញុំនៅ​គ្រប់គ្រង​វិមានតទៅ។

[១៩៦] (មហាសត្វ…) ពួកនាគគឺ បុត្រ ស្វាមី និងអ្នករស់នៅ​ដោយសារ ដែលកើត​មានក្នុង​ភពនាគ​នេះ សូមព្រះនាង​ជាអ្នក​មិនប្រទូស្ត​ក្នុងពួក​នាគនោះ ដោយពាក្យ ឬ​ដោយ​ការងារ អស់កាល​ជានិច្ច។ បពិត្រ​ព្រះនាង​នាគី សូមព្រះនាង​រក្សា​សេចក្តីមិន​ប្រទូស្ត​ដោយពាក្យ ឬដោយ​ការងារ​យ៉ាងនេះចុះ ព្រះនាង​នឹងឋិត​នៅក្នុង​វិមាន​នេះ រហូតអស់​ជន្មាយុ ហើយនឹង​បានទៅ​កាន់ទេវលោក​ជាន់ខាងលើ​អំពីភពនាគ​នេះ។

[១៩៧] (ព្រះនាងវិមលា…) អ្នកជាអាមាត្យរបស់ព្រះរាជាណា ព្រះរាជា​ដ៏ប្រសើរ​នោះ បើវៀរចាក​អ្នកហើយ រមែង​សោកស្តាយ​ដោយពិត បុរស​សូម្បីត្រូវ​សេចក្តី​ទុក្ខ​គ្របសង្កត់ ឬសូម្បី​មានជំងឺ​ធ្ងន់ បើបាន​ជួបនឹង​អ្នកហើយ ក៏នឹង​បានសុខ​វិញ។

[១៩៨] (មហាសត្វ…) បពិត្រព្រះនាងនាគី ព្រះនាងពោលធម៌​របស់​សប្បុរស ជាធម៌​ប្រសើរ ជាចំណែក​នៃប្រយោជន៍​ដែលសន្សំ​ល្អដោយ​ពិត ឯសេចក្តី​វិសេស​របស់​បណ្ឌិត​ទាំងឡាយ​បែបខ្ញុំ​ព្រះអង្គ រមែងប្រាកដ​ក្នុងអន្តរាយ​ទាំងឡាយ​បែបនេះ។

[១៩៩] (ព្រះនាងវិមលា…) អ្នកចូរប្រាប់យើងមកចុះ បុណ្ណកយក្ស​នេះ បានអ្នក​មក​ដោយទទេ​ឬ អ្នកចូរ​ប្រាប់យើង​មកចុះ បុណ្ណកយក្ស​នេះ ឈ្នះអ្នក​ដោយល្បែង​ភ្នាល់ឬ បុណ្ណកយក្ស​នេះបាន​និយាយថា បណ្ឌិត ខ្ញុំបាន​មកដោយ​ធម៌ តើអ្នកមក​នៅក្នុង​កណ្តាប់​ដៃបុណ្ណកយក្ស​នេះ ដោយប្រការ​ដូចមេ្តច។

[២០០] (មហាសត្វ…) ព្រះរាជារបស់ខ្ញុំព្រះអង្គណា ជាធំក្នុងក្រុង​ឥន្ទបត្ត ​ដែនកុរុ​នោះ បុណ្ណកយក្ស​នេះ បានឈ្នះ​ល្បែងសា្ក​នឹងព្រះរាជា​នោះ ដោយការ​ភ្នាល់ ព្រះរាជា​ដែល​បុណ្ណកយក្ស​ឈ្នះហើយ​នោះ បានប្រទាន​ខ្ញុំព្រះអង្គ​ដល់​បុណ្ណកយក្ស​នេះ ឯបុណ្ណកយក្ស ឈ្មោះថា​បានខ្ញុំ​ព្រះអង្គ​ដោយធម៌ មិនមែន​ដោយ​កំហែងទេ។

[២០១] (អភិសម្ពុទ្ធគាថា) វរុណនាគបានសួរប្រសា្ននឹង​វិធុរបណ្ឌិត​យ៉ាងណា ព្រះនាង​នាគកញ្ញា ក៏បាន​សួរប្រស្នា​នឹងវិធុរបណ្ឌិត​យ៉ាងនោះ​ដែរ។ វិធុរបណ្ឌិត ជាអ្នក​ប្រាជ្ញ ដែល​វរុណនាគ​ត្រាស់សួរ​ហើយ ក៏បាន​ញុំាងវរុណនាគ​ឲ្យត្រេកអរ​យ៉ាងណា វិធុរបណ្ឌិត ជាអ្នក​ប្រាជ្ញ ដែលព្រះនាង​នាគកញ្ញា​សួរហើយ ក៏​បានញុំាង​ព្រះនាង​នាគកញ្ញា​ឲ្យត្រេកអរ​យ៉ាងនោះ​ដែរ។ វិធុរបណ្ឌិត ជាអ្នកប្រាជ្ញ លុះដឹង​ច្បាស់ថា នាគរាជ​ដ៏ប្រសើរ និងនាង​នាគកញ្ញា​ទាំងពីរ​ព្រះអង្គ​នោះ មានព្រះទ័យ​រីករាយ​ហើយ ក៏មិន​តក់ស្លុត មិនខា្លច មិនព្រឺរោម បានទូល​វរុណ​នាគរាជ​ដូច្នេះថា បពិត្រ​នាគ ព្រះអង្គ​កុំខ្ញាល់​ទ្បើយ ខ្ញុំនេះ​ហើយ​ ជាសេចក្តី​ត្រូវការ​របស់​ព្រះអង្គ នេះ​សរីរៈ សូមព្រះអង្គ​ធើ្វកិច្ច​ដោយសាច់​ហ្ឫទ័យ​ចុះ ខ្ញុំនឹងធ្វើតាម​អធ្យាស្រ័យ​របស់​ព្រះអង្គ​ដោយខ្លួន​ឯង។

[២០២] (នាគរាជ…) បញ្ញាហ្នឹងឯង ជាដួងហ្ឫទ័យរបស់បណ្ឌិត​ទាំងឡាយ យើង​ទាំងនោះ​ត្រេកអរ​ក្រៃលែង ដោយ​ប្រាជ្ញ​របស់អ្នក យក្សមាន​ឈ្មោះមិន​ខ្វះខាត គឺបុណ្ណកៈ ចូរបាន​ភរិយា​ក្នុងថៃ្ងនេះ​ចុះ ចូរញុំាង​អ្នកឲ្យទៅ​ដល់ដែន​កុរុ ក្នុងថៃ្ង​នេះចុះ។

[២០៣] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ មានចិត្តត្រេកអររីករាយ ព្រោះបាន​នាងនាគ​កញ្ញា ឈ្មោះ​ឥរន្ទតី មានចិត្ត​ត្រេកអរ​សប្បាយ​ហើយ បាន​ពោលនឹង​វិធុរបណ្ឌិត ជាអាមាត្យ​ដ៏ប្រសើរ របស់អ្នក​ដែនកុរុ ដូច្នេះថា

អ្នកធើ្វខ្ញុំឲ្យ​បាន​ព្រមព្រៀង​ដោយភរិយា បពិត្រ​វិធុរបណ្ឌិត ខ្ញុំសូម​ធើ្វកិច្ច (តបគុណ) ដល់​អ្នក ខ្ញុំនឹងឲ្យ​កែវមណី​នេះដល់អ្នក ទាំងញុំាង​អ្នកឲ្យដល់​ដែនកុរុ ក្នុងថៃ្ងនេះ​ឯង។

[២០៤] (មហាសត្វ…) មា្នលកច្ចានៈ មេត្រីជាគុណជាតិ គឺបុគ្គលផ្ចាញ់​មិនបាននេះ ចូរមាន​ដល់អ្នក ព្រមទាំង​ភរិយា​ជាទីស្រឡាញ់ ​អ្នកមាន​ចិត្តត្រេកអរ​ទួទៅ មានចិត្ត​ល្អ មានចិត្ត​រីករាយ​ឲ្យកែវមណី​ដល់ខ្ញុំហើយ ចូរនាំ​ខ្ញុំទៅកាន់​ឥន្ទបត្តនគរ​ចុះ។

[២០៥] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ឡើងជិះសេះ​អាជានេយ្យ មានវណ្ណៈ​មិន​ថោកទាប ហើយអញ្ជើញ​វិធុរបណ្ឌិត​ជាអាមាត្យ​ដ៏ប្រសើរ​របស់ពួក​អ្នកដែនកុរុ ឲ្យអង្គុយ​លើអាសនៈ​អំពីខាង​មុខ ហោះទៅឰដ៏​អាកាស​វេហា។ ចិត្តរបស់​មនុស្ស រមែង​ស្ទុះទៅ (កាន់អារម្មណ៍​ក្នុងទីឆ្ងាយ) យ៉ាងណា ដំណើរសន្ទុះ​របស់សេះ​អាជានេយ្យ​នោះ ក៏ឆាប់​រហ័ស​ក្រៃលែង​ជាងចិត្ត​នោះ ក៏យ៉ាង​នោះដែរ បុណ្ណកយក្ស​នោះ នាំ​វិធុរបណ្ឌិត​ជាអាមាត្យ​ដ៏ប្រសើរ របស់អ្នក​ដែនកុរុ ទៅកាន់​ឥន្ទបត្តនគរ។

[២០៦] (បុណ្ណកយក្ស…) នុ៎ះ ក្រុងឥន្ទបត្ត ដែលឃើញ​ច្បាស់​ នុ៎ះព្រៃសា្វយ​គួរជាទី​រីករាយ ដោយ​ចំណែកៗ ខ្ញុំក៏បាន​ព្រមព្រៀង​ដោយភរិយា ទាំងអ្នក​ក៏បាន​មកដល់ទី​លំនៅ​របស់ខ្លួន។

[២០៧] (អភិសម្ពុទ្ធគាថា) បុណ្ណកយក្សនោះ ញុំាងវិធុរបណ្ឌិត​ជាអាមាត្យ​ដ៏ប្រសើរ​របស់​ពួក​អ្នក​ដែនកុរុ ឲ្យចុះ​ក្នុងកណា្តល​ធម្មសភា ហើយឡើង​ជិះសេះ​អាជានេយ្យ ជាអ្នក​មានវណ្ណៈ​មិន​ថោកទាប ហោះទៅ​ឰដ៏អាកាស​វេហា។​ព្រះរាជា​ទតឃើញ​មហាសត្វ​នោះ​ហើយ ព្រះអង្គ​មានព្រះហ្ឫទ័យ​សោមនស្ស​ដ៏ក្រៃលែង ទ្រង់ក្រោក​ឡើង យកព្រះហស្ត​ស្រវាឱប ទ្រង់មិន​បានឲ្យកំរើក ហើយអញ្ជើញ​ព្រះមហាសត្វ​ឲ្យអង្គុយ​លើ​អាសនៈ​ក្នុង​កណ្តាល​ធម្មសភា ចំពោះ​ព្រះភក្ត្រ។

[២០៨] (ព្រះរាជា…) អ្នក ជាអ្នកណែនំាយើង ដូចនាយ​សារថី​នំាយក​រថដែល​បាត់ទៅ (មកឲ្យ) អ្នកដែន​កុរុទាំងឡាយ​ត្រេកអរ ព្រោះបាន​ឃើញអ្នក ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់​សេចក្តីនុ៎ះ អ្នករួច​អំពី​មាណព ដោយប្រការ​ដូចម្តេច។

[២០៩] (មហាសត្វ…) បពិត្រព្រះអង្គជាធំជាងជន មានព្យាយាម​ដ៏ប្រសើរ​ជាងជន ព្រះអង្គ​ត្រាស់ហៅ​បុរសណា​ថាមាណព បុរសនោះ​មិនមែនជា​មនុស្សទេ គឺជា​យក្ស ឈោ្មះបុណ្ណកៈ ព្រះអង្គ​ក៏ធា្លប់​បានឮ​មកហើយ បុណ្ណកយក្ស​នោះ ជាអាមាត្យ​នៃព្រះបាទ​កុវេរៈ មានស្តេច​នាគមួយ​ឈោ្មះវរុណៈ គ្រប់គ្រង​ផែនដី មានទំហំ និង​កំពស់សា្អត បរិបូណ៌​ដោយពណ៌​សម្បុរ និងកំឡាំង ឯបុណ្ណកយក្ស​នោះ​ ចង់បាន​ធីតា​ជាអនុជាត​នៃ​វរុណនាគ​នោះ (ធើ្វជា​ប្រពន្ធ) នាងនាគកញ្ញា​នោះឈោ្មះ​ឥរន្ទតី។ បុណ្ណកយក្ស ព្យាយាម​ដើម្បី​សំឡាប់ខ្ញុំ​ព្រះអង្គ ព្រោះហេតុ​នៃនាង​ឥរន្ទតីនោះ មាន​ចង្កេះល្អ​គួរជាទី​ស្រឡាញ់ ឥឡូវនេះ បុណ្ណកយក្ស​នោះ បានព្រម​ព្រៀងដោយ​ភរិយា ចំណែកខ្ញុំ​ព្រះអង្គ ក៏​បុណ្ណកយក្ស​អនុញ្ញាត​ហើយ ទាំងកែវមណី ខ្ញុំព្រះអង្គ​ក៏បានហើយ។

[២១០] (ព្រះរាជា…) ដើមឈើដុះទៀបទ្វារដំណាក់​របស់យើង មានដើម​សម្រេច​ដោយប្រាជា្ញ មែករបស់​ឈើនោះ​សម្រេច​ដោយសីល ដើមឈើ (នោះ) សម្រេច​ដោយ​ប្រាជា្ញ​ខ្ជាប់ខ្ជួន ​តាំងនៅ​ក្នុងអត្ថ និងធម៌ មានផែ្ល​ជាបញ្ចគោរស ដេរដាស​ដោយដំរី គោ និងសេះ។ កាល​ដើមឈើ​នោះ គឹកកង​ដោយការរាំ ការច្រៀង និងតន្រ្តី បុរស (ខៅ្មមា្នក់) កាត់ដើម​ឈើនោះ ហើយញុំាង​សេនា ​(ឲ្យរត់ទៅ) បណ្ឌិត​នេះ ទុក​ដូចជា​ដើមឈើ​របស់​យើងនោះ មកកាន់​លំនៅ​របស់ខ្លួន​វិញហើយ អ្នកទាំងឡាយ ចូរធើ្វ​សេចក្តី​កោតក្រែង​ដើមឈើ​នេះ។ ជនទាំងឡាយ​ណានីមួយ មានចិត្ត​ត្រេកអរ (ដោយយស) ព្រោះបច្ច័យ​នៃយើង ពួកជន​ទាំងអស់​នោះ ចូរធើ្វ (ចិត្តរបស់​ខ្លួន) ឲ្យប្រាកដ​ក្នុងថៃ្ងនេះ​ចុះ អ្នកទាំងឡាយ​ធ្វើបណ្ណាការ​ឲ្យច្រើន ចូរធ្វើ​សេចក្ដីកោត​ក្រែងដល់​ដើមឈើ​នេះចុះ។ ពួកសត្វណា​នីមួយ ដែលគេចង​ទុក​ក្នុងដែន​របស់យើង ពួកសត្វ​ទាំងអស់​នោះ ​ចូរឲ្យ​រួចចាក​ចំណង វិធុរបណ្ឌិត​នេះ រួចចាក​ចំណង​យ៉ាងណា ពួកសត្វ​ទាំងនុ៎ះ គប្បីរួច​ចាកចំណង​យ៉ាងនោះ។ ចូរពួក​ប្រជាជន​ទុកដាក់​នង្គ័ល ធើ្វ (មហោស្រព) អស់មួយ​ខែនេះ​ចុះ ពួក​ព្រាហ្មណ៍ ចូរបរិភោគ​បាយ​លាយដោយសាច់ ពួកអ្នក​មិនផឹក​ទឹកស្រឹង គួរផឹកទឹក​ស្រវឹង ចូរផឹក​ដោយភាជនៈ​ដ៏ពេញ​ហូរហៀរ។ ស្រីពេស្យា​ទាំងឡាយ (អាស្រ័យ) ផ្លូវធំ ចូរហៅ​រកបុរស​អ្នកត្រូវ​ការ អស់​កាល​ជានិច្ចចុះ មួយទៀត រាជបុរស​ទាំងឡាយ ចូរចាត់ចែង​ការរក្សា​ឲ្យមាំមួន​ក្នុង​ដែន កុំឲ្យពួក​មនុស្ស​បៀតបៀន​គា្ននឹងគា្ន អ្នក​ទាំងឡាយ ចូរធើ្វ​សេចក្តីកោត​ក្រែង​ចំពោះដើម​ឈើនេះ។

[២១១] ពួកស្នំ ពួករាជកុមារ ពួកអ្នកជំនួញ និងពួក​ព្រាហ្មណ៍ នាំយក​បាយ និងទឹក​ដ៏ច្រើន មកជូន​វិធុរបណ្ឌិត។ ពលដំរី (ពលសេះ) ពលរថ ពលថើ្មរជើង នាំយក​បាយ និងទឹក​ដ៏ច្រើន មកជូន​វិធុរបណ្ឌិត។ ពួកអ្នក​ជនបទ​មកជួបជុំគ្នា ពួកអ្នក​និគម មកជួប​ជុំគ្នា នាំយក​បាយ និងទឹក​ដ៏ច្រើន មកជូន​វិធុរបណ្ឌិត។ ប្រជាជន​ជាច្រើន ជាអ្នក​មានចិត្ត​ជ្រះថា្ល ព្រោះឃើញ​បណ្ឌិត​មកដល់ហើយ កាលបណ្ឌិត​មកដល់ ការលើក​ទង់ក៏​ប្រព្រឹត្ត​ទៅ។

ចប់ វិធុរជាតក ទី៩ ។

វេស្សន្តរជាតក ទី១០

[២១២] (ព្រះឥន្រ្ទាធិរាជ ទ្រង់ត្រាស់ថា) មា្នលនាង​ផុស្សតី​ដ៏មានពន្លឺ​នៃសម្បុរ​ដ៏ប្រសើរ មានអវយវៈ​ខាងដើម​ដ៏ល្អ នាងចូរ​ទទួលពរ ១០ ប្រការ​លើផែនដី ដែលជា​ពរពេញ​ចិត្តរបស់​នាង។

[២១៣] (នាងផុស្សតីទេវធីតា ក្រាបបង្គំទូលថា) បពិត្រទេវរាជ ខ្ញុំមា្ចស់​សូមថ្វាយ​បង្គំ​ព្រះអង្គ ចុះខ្ញុំមា្ចស់​បានធើ្វ​អំពើអាក្រក់​ដូចមេ្តច បានជា​ព្រះអង្គ​មកញុំាង​ខ្ញុំមា្ចស់​ឲ្យឃា្លត​ចាក​រមណីយដ្ឋាន ដូចជា​ខ្យល់ដែល​បក់រំលើង​ដើមឈើ​ដូច្នោះ។

[២១៤] (ព្រះឥន្រ្ទា…) នាងឥតបានធើ្វអំពើអាក្រក់ទេ មួយទៀត នាងមិន​មែនជាទី​ស្អប់នៃ​ខ្ញុំទេ តែថា​នាងអស់​បុណ្យហើយ បានជា​ខ្ញុំនិយាយ​នឹងនាង​យ៉ាងនេះ។ នាងមាន​សេចក្តី​សា្លប់កៀក​ជិតណាស់​ហើយ មុខជា​នឹងមាន​សេចក្តី​ព្រាត់ប្រាស កាលបើ​ខ្ញុំឲ្យ​នូវពរ ១០ ប្រការ​នេះ នាងចូរ​ទទួល​យកចុះ។

[២១៥] (នាងផុស្សតី…) បពិត្រសក្កទេវរាជដ៏ចំរើន ជាឥស្សរៈ​លើពួក​ទេវតា​ទាំងអស់ បើព្រះអង្គ​ទ្រង់ប្រទាន​ពរដល់​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​សូមឲ្យ​បានទៅ​ក្នុង​ព្រះរាជ​និវេសន៍​នៃព្រះបាទ​សិវិរាជ​នោះ ១ សូមឲ្យ​មាននេត្រា​ដ៏ខ្មៅ​ដូចជាកូន​ម្រឹគញី​មាន​ភែ្នកខ្មៅ ១ សូមឲ្យ​មាន​ចិញ្ចើមខ្មៅ ១ បពិត្រ​ព្រះអង្គ ទ្រង់បាន​បំពេញ​ទាន​ក្នុងកាល​មុន ខ្ញុំម្ចាស់​ទៅកើតក្នុង​ព្រះរាជ​និវេសន៍​នោះ សូមឲ្យ​មាន​ឈ្មោះថា ផុស្សតី (ដូចដើម) សូមឲ្យ​បានបុត្រ​ដ៏ប្រសើរ ដែលចូល​ចិត្ត​ឲ្យទាន ជាអ្នក​គួរដល់​ស្មូម មិនមាន​សេចក្តី​កំណាញ់ ជាបុគ្គល​ដែលព្រះរាជា​ប្រទេស​ដទៃបូជា ជាអ្នក​មានកេរ្តិ៍ឈ្មោះ មានយស ១។ កាលខ្ញុំ​ម្ចាស់​ទ្រទ្រង់គភ៌ សូមកុំឲ្យ​មានពោះ​ប៉ោងឡើង ដូចជា​ដងធ្នូដែល​គេសិត​ស្មើដូច្នោះ ១។ បពិត្រ​ព្រះវាសវៈ ខ្ញុំម្ចាស់​សូមកុំឲ្យ​មានដោះ​យារវែង ១ សក់ខ្ញុំម្ចាស់​សូមកុំ​ឲ្យមាន​ស្កូវ ១ ខ្ញុំម្ចាស់​សូមកុំ​ឲ្យធូលី​ជាប់លើ​កាយ ១ ខ្ញុំម្ចាស់​សូមដោះ​លែងចោរ ដែលមាន​កំហុសគួរគេ​សម្លាប់ ១។ បពិត្រ​ទេវរាជ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមឲ្យបាន​ជាអគ្គមហេសី ជាទី​ស្រឡាញ់​នៃ​ព្រះបាទ​សិវិ​ក្នុងព្រះរាជ​និវេសន៍នោះ ដែលជា​ទីកងរំពង ដោយ​សំឡេង​ក្ងោក និងក្រៀល ប្រកប​ដោយពួក​នាងនារី​ដ៏ប្រសើរ ដេរដាស​ដោយ​មនុស្សគម និង​មនុស្សតឿ ជាព្រះរាជ​និវេសន៍​ដែលពួក​អ្នកសូទ្រៈ និងពួកអ្នក​មគធៈ​សរសើរ​ហើយ ដ៏​គឹកកង​ដោយ​សំឡេង​នៃសន្ទះ​ទា្វរបង្អួច​ដ៏ពិចិត្រ ដែល​ជាទី​មានពួក​ជនដាស់​គ្នាឲ្យ​ផឹកសុរា និងឲ្យ​បរិភោគ​សាច់។

[២១៦] (ព្រះឥន្រ្ទា…) ម្នាលនាងមានអវយវៈទាំងអស់​ដ៏ល្អ ពរ​ ១០ ប្រការណា ដែលខ្ញុំ​ឲ្យដល់​នាងហើយ នាងនឹង​បានពរ​ទាំងអស់​នោះក្នុងដែន​នៃ​ព្រះបាទសិវិ។

[២១៧] (អភិសម្ពុទ្ធគាថា) ព្រះមឃវៈទេវរាជ សុជម្បតិ វាសវៈ លុះទ្រង់​មានព្រះ​បន្ទូល​យ៉ាងនេះ​ហើយ ក៏ប្រទាន​ពរដល់​ព្រះនាង​ផុស្សតី ហើយក៏​មាន​ព្រះហ្ឫទ័យ​រីករាយ។

ចប់ គាថាទសពរ។

[២១៨] (អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាក​ទេវលោក​នោះមក​ហើយ ក៏ទៅ​កើតក្នុង​ខត្តិយត្រកូល បាននៅ​រួមនឹង​ព្រះបាទ​សញ្ជ័យ​ក្នុងនគរ​ជេតុត្តរ។ ព្រះនាង​ទេវី ទ្រង់ព្រះនាម​ផុស្សតី​ទ្រង់គភ៌អស់ ១០ ខែ ក៏ធើ្វ​ប្រទក្សិណ​ព្រះរាជបុរី រួច​ប្រសូត​តថាគត​ត្រង់កណ្តាល​ផ្លូវនៃ​ពួកឈ្មួញ។ នាម​តថាគត​មិន​មែន​ជា​របស់​មាតា​ ទាំង​មិន​មែនកើត​មកពី​បិតាទេ តថាគត​កើត​ត្រង់​ (កណ្តាល)​ ផ្លូវនៃពួក​ឈ្មួញ ព្រោះ​ហេតុនោះ បានជា​តថាគត​ឈ្មោះ​វេស្សន្តរ។ កាល​ដែលតថាគត​នៅកេ្មង​តូច ទើបនឹង​មាន​អាយុ ៨ ឆ្នាំ​អំពីកំណើត តថាគត​បានអង្គុយ​លើប្រាសាទ រិះគិត​នឹងឲ្យ​ទានថា បើមាន​ស្មូម​ណាមួយ មកបន្លឺ​វាចាសុំ​អាត្មាអញ ៗ គួរឲ្យ​បេះដូង គួរឲ្យភ្នែក គួរឲ្យសាច់ គួរឲ្យឈាម គួរឲ្យ​រាងកាយ (ដល់ស្មូម​នោះឯង)។ កាលតថាគត​នោះ កំពុង​គិត​សភាវធម៌​ដែលមិន​កម្រើក មិនតាំង​នៅក្នុង​កាលនោះ ប្រឹថពីមាន​ភ្នំសិនេរុ និងព្រៃ​ជាគ្រឿង​ប្រដាប់ពី​ខាងលើ ក៏ញាប់ញ័រ។

[២១៩] (ព្រះបាទវេស្សន្តរ…) ពួកព្រាហ្មណ៍មានរោមក្លៀក និងក្រចក​ដុះវែង មាន​ធេ្មញ​ប្រកប​ដោយមន្ទិល មានក្បាល​ប្រឡាក់​ដោយធូលី ផ្គងដើម​ដៃខាងស្តាំ តើសុំអ្វី​នឹងអញ។

[២២០] (ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំ​សុំហត្ថិរតន៍ ដែល​ញុំាងដែន​នៃពួក​អ្នកសិវិរាស្រ្ត​ឲ្យចំរើន សូមព្រះអង្គ​ទ្រង់ប្រទាន​ដំរីដ៏ប្រសើរ ដែល​មានភ្លុក ង​ ទន្ទាំ អាចញំា​ញីសត្រូវ​បាន។

[២២១] (ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណា​នឹងអញ ជាដំរី​ចុះប្រេង ជាកុញ្ជរជាតិ មាន​ភ្លុកដ៏ល្អ ជាដំរី​ដ៏ប្រសើរ គួរជា​រាជពាហនៈ អញ​នឹងឲ្យ (ដំរីនោះ) អញ​មិនញាប់​ញ័រទេ។

[២២២] (អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាង​ពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន ទ្រង់មាន​ព្រះហ្ឫទ័យ​ប្រាថា្ន​យ៉ាងលើសលុប​ក្នុងការបរិច្ចាគ ទ្រង់ចុះ​ចាក ក នៃដំរី រួច​ទ្រង់​ប្រទាន (ដំរី) ជាទាន​ដល់ពួក​ព្រាហ្មណ៍។

[២២៣] កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដី​កំរើក​ញាប់ញ័រ ការ​កើត​ហេតុគួរខា្លច គួរព្រឺរោម ក៏មាន​ក្នុងកាល​នោះ។ កាលព្រះរាជា​ទ្រង់ប្រទាន​ដំរីដ៏​ប្រសើរ ការកើត​ហេតុគួរខា្លច គួរព្រឺរោម ក៏មាន​ក្នុងកាល​នោះ អ្នកនគរ​ក៏ជ្រួលជ្រើម​ក្នុង​កាល​នោះ។ កាលព្រះរាជា​ទ្រង់ប្រទាន​ដំរីដ៏ប្រសើរ ដែលជា​ដំរី​ញុំាង​ពួកអ្នក​សិវិរាស្រ្តឲ្យ​ចំរើន អ្នកបុរី​ក៏ជ្រួល​ច្របល់ ទាំងសំឡេង​ក៏​គឹកកង​រំពងខ្លាំង។

[២២៤] កាលព្រះរាជា ទ្រង់ប្រទាន​នូវដំរីដ៏ប្រសើរ គ្រានោះ សំឡេង​យ៉ាងខ្លាំង​ពន្លឹក ជាសំឡេង​គួរខ្លាច ក៏ប្រព្រឹត្ត​ទៅក្នុង​នគរនោះ ក្នុង​កាលនោះ អ្នកនគរ​ក៏ជ្រួល​ជ្រើម។ កាល​ព្រះរាជា ទ្រង់ប្រទាន​ដំរីដ៏ប្រសើរ ជាដំរី​ញុំាងពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន គ្រានោះ សំឡេង​យ៉ាងខ្លាំង​ពន្លឹក គួរខា្លច ប្រព្រឹត្ត​ទៅក្នុង​នគរនោះ។

[២២៥] ពួកជនអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួក​ទាហាន​ដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង អ្នកនិគម​ទាំងអស់ និងពួក​អ្នក​សិវិរាស្រ្ត ក៏មក​ប្រជុំគ្នា ពួកជន​ទាំងនោះ​បានឃើញ​ដំរី ដែលពួក​ព្រាហ្មណ៍​កំពុង​នាំទៅ ក៏ក្រាប​ទូលចំពោះ​ព្រះរាជា (ទ្រង់ព្រះនាម​សញ្ជ័យ) ថា បពិត្រ​ព្រះសម្មតិទេព ដែនរបស់​ព្រះអង្គ​សាបសូន្យ​ហើយ ព្រះវេស្សន្តរ​ជា​ព្រះរាជបុត្ត​របស់​ព្រះអង្គ មេ្តចក៏​ប្រទានដំរី​ដ៏ប្រសើរ​របស់​យើង ជាដំរី​ដែលអ្នក​ដែនបូជា​ហើយ មេ្តចក៏ប្រទាន​ដំរីកុញ្ជរ​របស់យើង ដែលជា​ដំរី​មានភ្លុក ង ទន្ទាំ អាចញំា​ញីសត្រូវ​បាន ជាសត្វ​សា្គល់ខេត្ត​ចម្បាំង​ទាំងអស់ ជាដំរី​ដ៏ឧត្តម សសុទ្ធ។ ដំរីនោះ​មាន​ខ្លួនពាស​ដោយសំពត់​កម្ពល​លឿង ជាដំរី​ចុះប្រេង ញំាញី​សត្រូវបាន មានភ្លុក​ដ៏ល្អ ប្រកប​ដោយស៊ែ ជាដំរីស ប្រហែល​នឹងភ្នំ​កៃលាស។​ ព្រះរាជបុត្ត​របស់​ព្រះអង្គ បានប្រទាន​ដំរីរាជ​ពាហនៈ ជាយាន​ដ៏ប្រសើរ ព្រមទាំង​សេ្វតច្ឆត្រ ព្រមទាំង​កម្រាល​សម្រាប់​ក្រាលលើខ្នង ព្រមទាំង​ពេទ្យ ព្រមទាំង​អ្នករក្សា​ដំរី ទៅ​ជាទាន​ដល់ពួក​ព្រាហ្មណ៍។

[២២៦] ព្រះរាជបុត្តរបស់ព្រះអង្គនោះ គួរតែឲ្យបាយ ទឹក សំពត់ និងសេនាសនៈ (ព្រោះថា) វត្ថុនុ៎ះ​ឯង ជារបស់​គួរដល់ទាន វត្ថុនុ៎ះ​ឯង ជារបស់​គួរដល់​ព្រាហ្មណ៍។ បពិត្រ​ព្រះបាទ​សញ្ជ័យ ព្រះបាទ​វេស្សន្តរ​ជាបុត្ត​របស់​ព្រះអង្គនេះ ជាព្រះឱរស កើត​ក្នុងវង្ស​របស់​ព្រះអង្គ ជាអ្នក​ញុំាងពួក​អ្នកសិវិរាស្រ្ត​ឲ្យចំរើន ម្តេចក៏ចែក​ដំរីទៅឲ្យ​ព្រាហ្មណ៍។ ថាបើ​ព្រះអង្គ នឹងមិន​ធើ្វតាម​សំដីរបស់​ពួកអ្នកដែន​សិវិនេះ​ទេ មុខជា​ពួកអ្នក​សិវិរាស្រ្ត ធើ្វព្រះអង្គ ព្រមទាំង​ព្រះរាជបុត្ត ឲ្យឋិត​នៅក្នុង​កណ្តាប់​ដៃមិនខាន។

[២២៧] (ព្រះរាជា…) ជនបទសាបសូន្យទៅចុះ ទាំងដែនទៀត ក៏វិនាស​ទៅចុះ យើង​នឹងមិន​បណេ្តញ​រាជបុត្ត ដែលជា​អ្នកមិន​ប្រទូស្ត ឲ្យចេញ​ចាកដែន​របស់ខ្លួន តាម​សំដី​ពួកអ្នក​សិវិរាស្រ្ត​ទេ ដ្បិតកូន​ប្រុសនេះ ពិតជា​កើតអំពីទ្រូង​របស់យើង។ ជនបទ​សាបសូន្យ​ទៅចុះ ទាំងដែន​ទៀត ក៏វិនាស​ទៅ​ចុះ យើងនឹង​មិន​បណេ្តញ​រាជបុត្ត ដែលជា​អ្នកមិន​ប្រទូស្ត ឲ្យចេញចាក​ដែនរបស់​ខ្លួនតាម​សំដីពួកអ្នក​សិវិរាស្រ្តទេ ដ្បិតកូន​ប្រុសនេះ ពិតជា​កើតអំពី​ខ្លួនរបស់​យើង។ មួយទៀត យើង​មិនគួរ​ប្រទូស្តចំពោះ​កូនយើង​នោះទេ ព្រោះថា កូនយើង​នោះ ជាអ្នក​មានសីល និង​វត្ត​ដ៏ប្រសើរ ដំណេះ​ដំនៀល នឹង​មានដល់​យើងផង យើងត្រូវ​សោយបាប​ច្រើនផង យើងនឹង​សម្លាប់​វេស្សន្តរ​ជាកូន ដោយ​គ្រឿង​សស្ត្រា​ដូចម្តេច​បាន។

[២២៨] (ពួកអ្នកដែន) សូមព្រះអង្គកុំសម្លាប់ព្រះរាជបុត្តនោះ​ដោយ​ដម្បង ឬ​គ្រឿង​សស្រ្តាទ្បើយ​ ព្រោះ​ព្រះរាជបុត្ត​នោះ មិនគួរ​ដល់ចំណងទេ ព្រះអង្គ​គ្រាន់តែ​បណេ្តញ​ព្រះរាជបុត្ត​នោះ ចេញ​អំពីដែន​ទៅចុះ សូមឲ្យ​ព្រះរាជបុត្ត​នោះ​ទៅគង់​នៅឯ​វង្កបព៌ត​ចុះ។

[២២៩] (ព្រះរាជា…) ថាបើពួកអ្នកដែនសិវិ មានចំណង់​បែបនេះហើយ យើងក៏​មិនអាច​បន្ទោបង់​ចំណង់​នេះបានទេ តែសូម​ឲ្យកូនយើង​នោះ នៅបរិភោគ​កាមបាន​មួយ​រាត្រី​នេះសិនចុះ។ នាកាល​រាត្រីនោះ​អស់ហើយ ព្រះអាទិត្យ​រះឡើង ទើប​សូមឲ្យ​ពួកអ្នក​សិវិរាស្រ្ត​ព្រមព្រៀង​គ្នា បណេ្តញកូន​របស់យើង​នោះ ចេញអំពី​ដែនចុះ។

[២៣០] នែអាមាត្យ អ្នកចូរក្រោកទ្បើង អ្នកចូរប្រញាប់​ទៅប្រាប់​វេស្សន្តរ​ថា បពិត្រ​ព្រះទេវៈ ពួកអ្នក​សិវិរាស្រ្ត ពួកអ្នក​និគម ពួកអ្នក​មានកេរ្តិ៍​ឈ្មោះ ពួករាជបុត្ត ពួកអ្នក​ជំនួញ និងពួក​ព្រាហ្មណ៍ មកប្រជុំគា្ន ខឹងនឹង​ព្រះអង្គ​ហើយ។ ពួកទាហាន​ដំរី ទាហាន (សេះ) ទាហានរថ និងពលថ្មើរជើង ពួកអ្នក​និគម​ទាំងអស់ និងពួកអ្នក​សិវិរាស្រ្ត ក៏មក​ប្រជុំគ្នា​ដែរ លុះរាត្រី​នេះអស់​ហើយ ព្រះ​អាទិត្យ​រះឡើង ពួក​អ្នកដែន​សិវិ​ព្រមព្រៀងគ្នា នឹង​បណ្ដេញ​ព្រះអង្គ​ចាកដែន។

[២៣១] អាមាត្យនោះ លុះព្រះបាទសិវិទ្រង់បញ្ចូន​ទៅ ក៏ប្រញាប់​ប្រញាល់​ងូតទឹក កក់ក្បាល ពាក់គ្រឿង​ប្រដាប់ដៃ ស្លៀក​សំពត់ល្អ ប្រោះព្រំដោយ​ខ្លឹមចន្ទន៍ ពាក់​កុណ្ឌល​កែវមណី ចូរទៅកាន់​ព្រះរាជ​និវេសន៍​នៃព្រះបាទ​វេស្សន្តរ​ដែលជា​បុរីរម្យ។ អាមាត្យ​នោះ បានឃើញ​ព្រះរាជកុមារ (វេស្សន្តរ) កំពុង​រីករាយ​ក្នុងបុរី​របស់​ព្រះអង្គ​នោះ ដ៏កុះករ​ដោយពួក​អាមាត្យ ដូចព្រះវាសវៈ​របស់​ទេវតាជាន់​ត្រៃត្រឹង្ស។

[២៣២] អាមាត្យនោះ ប្រញាប់ប្រញាល់ទៅក្នុងរាជបូរីនោះ ហើយ​ក្រាបទូល​​ព្រះបាទ​វេស្សន្តរ​ថា បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ទូលព្រះបង្គំ​ជាខ្ញុំនឹង​ក្រាបទូល​សេចក្តី​ទុក្ខរបស់​ព្រះអង្គ សូមព្រះអង្គ​កុំខ្ញាល់​នឹងទូល​ព្រះបង្គំ​ជាខ្ញុំ​ឡើយ។ អាមាត្យនោះ លុះថា្វយ​បង្គំហើយ ក៏យំទួញ ក្រាបបង្គំទូល​ព្រះរាជា​ថា បពិត្រ​មហារាជ ព្រះអង្គ​រមែង​នាំនូវ​រសជា​ទីប្រាថ្នា​គ្រប់យ៉ាង មកចិញ្ចឹម​ទូល​ព្រះបង្គំ ៗ នឹង​ក្រាបទូល​សេចក្តី​ទុក្ខរបស់​ព្រះអង្គ សូមល្អង​ធូលីព្រះបាទ ឲ្យទូល​ព្រះបង្គំ​ដកដងើ្ហម​ស្រួលក្នុង​ដំណើរ​ក្រាបទូល​នោះ។ បពិត្រ​ព្រះ​ទេវៈ ពួកអ្នក​សិវិរាស្រ្ត ពួកអ្នក​និគម ពួកអ្នក​មានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នក​ជំនួញ និងពួក​ព្រាហ្មណ៍ ប្រជុំគ្នា ខឹងនឹង​ព្រះអង្គហើយ។ ពួក​ទាហានដំរី ទាហាន (សេះ) ពលរថ និងពលថើ្មរជើង ព្រមទាំង​អ្នកនិគម​ទាំងអស់ និងពួក​អ្នក​សិវិរាស្រ្ត ក៏មក​ប្រជុំគ្នា​ដែរ។ លុះរាត្រី​នោះអស់ហើយ ព្រះអាទិត្យ​ក៏រះឡើង ពួកអ្នក​សិវិរាស្រ្ត ព្រមព្រៀង​គ្នានឹង​បណេ្តញ​ព្រះអង្គ​ចាកដែន។

[២៣៣] (ព្រះវេស្សន្តរ…) ព្រោះដំណើរដូចមេ្តច បានជាពួកអ្នក​សិវិរាស្រ្ត​ខឹងនឹង​យើង ដ្បិតយើង​រកមិន​ឃើញអំពើ​អាក្រក់ទេ ម្នាល​អាមាត្យ អ្នកចូរ​ប្រាប់ដំណើរ​នោះ​ដល់​យើង ព្រោះហេតុអ្វី បានជា​គេបណេ្តញ។

[២៣៤] (អាមាត្យ…) ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួក​ព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថ្មើរជើង ខឹងនឹង​ព្រះអង្គ ព្រោះតែ​ការប្រទាន​ដំរី ហេតុនោះ បានជាគេបណេ្តញ​ព្រះអង្គ។

[២៣៥] (ព្រះវេស្សន្តរ…) យើងចង់ឲ្យបេះដូង ឬភ្នែកផង ទ្រព្យជាខាង​ក្រៅរបស់​យើង គឺប្រាក់ មាស កែវមុក្តា កែវពិទូរ្យ និងកែវមណី ជាប្រយោជន៍​អ្វី បើយើង​បាន​ឃើញស្មូម​មកសុំដៃស្តាំ ឬដៃឆេ្វង គួរតែឲ្យ មិនគប្បីរំភើបទេ (ព្រោះថា) ចិត្តរបស់​យើង​រីករាយ​ក្នុងការឲ្យ (ទាន)។ ពួកអ្នក​សិវិរាស្រ្ត​ទាំងអស់​នោះ ចង់​បណេ្តញ ឬចង់​សម្លាប់​យើង​ក៏ដោយចុះ យើងនឹង​មិន​វៀរចាក​ការឲ្យ (ទាន) ទេ​ អ្នកដែន​ទាំងអស់​ចង់កាត់​យើងជា​ប្រាំពីរ​កំណាត់​ក៏ដោយចុះ។

[២៣៦] (អាមាត្យ…) ពួកអ្នកសិវិរាស្រ្ត និងពួកអ្នកនិគម​ប្រជុំគ្នា​និយាយ​អំពីព្រះអង្គ​​យ៉ាង​នេះថា ពួកអ្នក​ទោសត្រូវ​និរទេស តែងទៅ​តាមឆ្នេរទន្លេ​កោន្តិមារាណា ព្រះបាទ​វេស្សន្តរ​ដែលមាន​វត្តល្អ ចូរយាង​សំដៅទៅ​កាន់ភ្នំ​អារញ្ជរា តាមឆ្នេរទន្លេ​កោន្តិមារា​នោះចុះ។

[២៣៧] (ព្រះវេស្សន្តរ…) ពួកជនអ្នកប្រទូស្ត តែងទៅតាម​ផ្លូវណា យើង​នឹង​ទៅតាម​ផ្លូវនោះឯង តែសូម​ឲ្យអ្នក​ទាំងទ្បាយ អត់ទោស​ឲ្យយើង​បានមួយ​យប់មួយថៃ្ង ចាំយើង​ឲ្យទាន​សិន។

[២៣៨] ព្រះរាជាទ្រង់ត្រាស់ហៅ​ព្រះនាងមទ្រីទេវី ដែលមាន​អវយវៈ​ល្អទាំង​អស់​នោះ​មកប្រាប់ថា ទ្រព្យ​ស្រូវណាមួយ​ដែលយើង​ឲ្យដល់​នាង នៅ​មានក្តី ប្រាក់​មាស កែវមុក្តា កែវពិទូរ្យ​ណាដ៏ច្រើន​ក្តី ទ្រព្យណា​ជារបស់​ព្រះបិតា​នាងក្តី នាងគប្បី​កប់ទ្រព្យ​ទាំងអស់​នោះទុក​ចុះ។

[២៣៩] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី ដែលមាន​អវយវៈ​ល្អទាំងអស់ បាន​ក្រាបបង្គំ​ទូលសួរ​ព្រះរាជា​នោះថា បពិត្រ​ព្រះទេវៈ ខ្ញុំម្ចាស់​នឹងកប់​ក្នុងទីណា ខ្ញុំម្ចាស់​ក្រាបទូល​សួរហើយ សូមព្រះអង្គ​ប្រាប់ដំណើរ​នោះ។

[២៤០] (ព្រះវេស្សន្តរ…) ម្នាលនាងមទ្រី នាងគួរឲ្យទាន​ចំពោះ​អ្នកមាន​សីលទាំង​ទ្បាយ​តាមសមគួរ ព្រោះថា​ទីពឹង​របស់សព្វ​សត្វដទៃ​ក្រៅអំពី​ទាន មិនមាន​ទេ។

[២៤១] ម្នាលនាងមទ្រី នាងត្រូវមេត្តាបុត្ត ព្រះមាតាក្មេក និងព្រះបិតាក្មេក មួយ​ទៀត បើអ្នក​ណាសំគាល់​ថា នឹងធើ្វ​ជាប្តីនាង​ នាងចូរ​បំរើអ្នកនោះ​ដោយ​គោរពចុះ។ បើគ្មាន​គេសំគាល់​ថានឹងធើ្វ​ជាប្តីនាង​ទេ កាលនាង​ព្រាត់ប្រាស​អំពី​យើង​ទៅហើយ នាង​ចូរ​សែ្វងរក​ប្តីដទៃ​ទៀតចុះ កុំឲ្យ​នាងលំបាក ព្រោះព្រាត់​ប្រាស​អំពីយើង​ទ្បើយ។

[២៤២] ព្រោះយើងនឹងទៅកាន់ព្រៃ ប្រកបដោយមឹ្រគ​សាហាវ​ពន្លឹក សេចក្តី​សង្ស័យ​នឹងជីវិត រមែងមាន​ដល់យើង ដែលនៅ​ម្នាក់ឯង​ក្នុងព្រៃធំ។

[២៤៣] ព្រះរាជបុត្រី ទ្រង់ព្រះនាមមទ្រី មានអវយវៈ​ល្អទាំងអស់ នាងបាន​ក្រាបទូល​ព្រះបាទ​វេស្សន្តរ​នោះថា ថី្វក៏ព្រះអង្គ​មានព្រះបន្ទូល​នូវព្រះវាចា​ដែល​មិនធ្លាប់​មាន ព្រះអង្គ​មានព្រះបន្ទូល​នូវព្រះវាចា​ដ៏អាក្រក់​អី្វម្ល៉េះ។ បពិត្រ​មហារាជ ដំណើរនោះ មិនត្រូវ​តាមធម៌​ទេ ដ្បិតព្រះអង្គ​ទ្រង់សេ្តច​យាងទៅតែ​មួយអង្គឯង បពិត្រ​ក្សត្រិយ៍ ព្រះអង្គ​សេ្តចយាង​ទៅតាម​ផ្លូវណា ខ្ញុំម្ចាស់​នឹងទៅ​តាមផ្លូវ​នោះដែរ។ សេចក្តី​ស្លាប់ជា​មួយនឹង​ព្រះអង្គក្តី សេចក្តី​រស់នៅ តែព្រាត់​ប្រាសចាក​ព្រះអង្គក្តី សេចក្តី​ស្លាប់នោះ​ឯង​ប្រសើរជាង ខ្ញុំម្ចាស់​រស់នៅ តែព្រាត់​ប្រាសចាក​ព្រះអង្គ មិន​ប្រសើរទេ។ ម្ចាស់ខ្ញុំ​នឹងដុតភើ្លង​ឲ្យមាន​អណ្ដាត​ឆេះមូល​ទ្រលោម សេចក្តីស្លាប់​នៅក្នុងភើ្លង​នោះឯង​ប្រសើរ​ជាង​ ខ្ញុំម្ចាស់​រស់នៅ តែព្រាត់​ប្រាសចាក​ព្រះអង្គ មិន​ប្រសើរទេ។ មេដំរី តែងដើរតាមដំរី​ឈ្មោល ដែលមាន​ភ្លុកល្អ ដែលនៅ​ក្នុងព្រៃកាល​ត្រាច់ទៅ​ក្នុងជ្រោះ ជ្រលងភ្នំ​សើ្មខ្លះ មិនសើ្មខ្លះ យ៉ាងណា​មិញ។ ខ្ញុំម្ចាស់​នឹងនាំ​បុត្តទាំងទ្បាយ ដើរតាម​ក្រោយ​ព្រះអង្គ​យ៉ាងនោះ​ដែរ ខ្ញុំម្ចាស់​ជាស្រី​ដែល​ព្រះអង្គ​ចិញ្ចឹមបាន​ដោយ​ងាយ មិនមែន​ជាស្រី​ដែលព្រះអង្គ​ចិញ្ចឹម​បានដោយ​ក្រទេ។

[២៤៤] ព្រះអង្គកាលទតឃើញកុមារទាំងនេះ ដែលមាន​សំឡេង​ពីរោះ ​និយាយ​សំដីជាទី​ស្រឡាញ់ អង្គុយ​ក្បែរគុម្ពឈើ នឹងមិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាល​ទតឃើញ​កុមារ​ទាំងនេះ មាន​សំឡេង​ពីរោះ និយាយ​សំដីជាទី​ស្រឡាញ់ កំពុងលេង​ក្បែរ​គុម្ពឈើ​ នឹងមិន​រលឹករាជ​សម្បត្តិ។ ព្រះអង្គ​កាលទត​ឃើញកុមារ​ទាំងនេះ មាន​សមេ្លង​ពីរោះ និយាយ​ពាក្យពាក្យ​ជាទី​ស្រលាញ់​ក្នុងអាស្រម​ជារមណីដ្ឋាន នឹងមិន​រលឹក​រាជសម្បត្តិ។​ ព្រះអង្គ​កាលទត​ឃើញរាជ​កុមារទាំងនេះ មានសម្លេង​ពីរោះ និយាយ​ពាក្យជាទី​ស្រឡាញ់ កំពុង​លេងក្បែរ​អាស្រម​ជាទីត្រេកអរ នឹង​មិនរលឹក​រាជសម្បត្តិ។ ព្រះអង្គ​កាលទត​ឃើញកុមារ​ទាំងនេះ ពាក់​កម្រងផ្កា មានខ្លួន​ប្រដាប់ហើយ ក្នុង​អាស្រម​ជា​រមណីដ្ឋាន នឹងមិន​រលឹករាជ​សម្បត្តិ។ ព្រះអង្គ​កាលទត​ឃើញកុមារ​ទាំងនេះ ពាក់​កម្រងផ្កា មានខ្លួន​ប្រដាប់ហើយ កំពុងលេង​ក្បែរអាស្រម ដែលជា​ទីត្រេកអរ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គទត​ឃើញកុមារ​ពាក់កម្រងផ្កា កំពុងរាំ​ក្នុង​អាស្រម​ជា​រមណីដ្ឋាន នឹងមិនរលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​កុមារ​ពាក់កម្រងផ្កា កំពុង​រាំលេងក្នុង​អាស្រមជា​ទីត្រេកអរ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គទត​ឃើញ​ដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់ទៅ​ក្នុងព្រៃ​តែម្នាក់​ឯង នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ដំរីធំ ជាកុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ ត្រាច់​ទៅមក​រាល់​ល្ងាច រាល់ព្រឹក នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ដំរីធំ ជា​កុញ្ជរជាតិ មានអាយុ ៦០ ឆ្នាំ កាលដើរ​ទៅខាងមុខ​នៃហ្វូង​ដំរីញី និងហ្វូង​ដំរីឈ្មោល ហើយ​បន្លឺកោញ្ចនាទ ព្រះអង្គ​បានទ្រង់​ព្រះសណ្តាប់​ដំរី​បន្លឺ​កោញ្ចនាទ​នោះហើយ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ដងព្រៃ​សងខាងផ្លូវ ជាទីឲ្យ​សេចក្តី​ប្រាថ្នា​ក្នុងព្រៃ ដ៏ដេរដាស​ដោយម្រឹគ​សាហាវ នឹងមិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គទត​ឃើញ​ម្រឹគជា​បញ្ចមាលិនី​ដើរមក និងឃើញ​ពួកកិន្នរ ដែលកំពុង​រាំក្នុង​វេលាល្ងាច នឹង​មិនរលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ឮសូរសម្លេង​គឹកកងនៃ​ទន្លេ​កំពុង​ហូរទៅផង ឮចម្រៀង​នៃពួកកិន្នរផង នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ឮសូរសម្លេង​គឹកកង​នៃសត្វមៀម ដែលត្រាច់​ក្នុងញកនៃភ្នំ នឹង​មិនរលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ឮសូរ​សម្លេង​គឹកកង​នៃម្រឹគ​សាហាវ​ក្នុងព្រៃ គឺរាជសីហ៍ ខ្លាធំ រមាស គោព្រៃ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គទត​ឃើញកោ្ងក​ឈ្មោល ដែលមាន​ពួកកោ្ងកញី​ចោមរោម ជាសត្វ​ដេរដាស​ដោយ​សំណុំកន្ចុយ ទំលើ​កំពូលភ្នំ កំពុង​ពេនពង់ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គទត​ឃើញកោ្ងក​ឈ្មោល ដែលមាន​កោ្ងកញី​ចោមរោម ជាអណ្ឌជាតិ មានភ្នែក​ដ៏វិចិត្រ កំពុង​ពេនពង់ នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ក្ងោកឈ្មោល ដែល​មានក្ងោកញី​ចោមរោម ជាសត្វ​មានផ្នត់​កខៀវ មាន​កំប៉ោយ កំពុង​ពេនពង់ នឹង​មិនរលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ដើមឈើ​ទាំងឡាយ មានផ្ការីក ក្នុង​ហេមន្ត​រដូវ ផ្សព្វផ្សាយ​ដោយ​ក្លិនក្រអូប នឹងមិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ផែនដី មានសៅ្ម​ខៀវខ្ចី ក្នុងខែ​ខាងក្នុង​ហេមន្តរដូវ ដ៏ដេរដាស​ដោយ​មេភ្លៀង នឹងមិន​រលឹករាជ​សម្បត្តិ។ កាលណា​ព្រះអង្គ​ទតឃើញ​ដើមឈើ​ទាំងឡាយ ដែលមាន​ផ្ការីកស្គុះស្គាយ ក្នុង​ហេមន្តរដូវ​ផង ដើមខែ្លងគង់ និងឈើ​ដែលមាន​ត្រួយ មានស្លឹក​ក្រហមផង ដើមលោទ និង​ដើមឈូក​មានផ្ការីក ផ្សព្វផ្សាយ​ក្លិនក្រអូប​ផង នឹងមិន​រលឹករាជ​សម្បត្តិ។ កាល​ណាព្រះអង្គ​ទតឃើញ​ព្រៃ មានផ្ការីក​ក្នុងខែ​ខាងក្នុង​ហេមន្ត​រដូវផង ឈូក​ទាំងឡាយ​មានផ្កា​ជ្រុះហើយ​ផង នឹងមិន​រលឹករាជ​សម្បត្តិ។

ចប់ ហិមវន្ត។

[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះនាងផុស្សតី ជារាជបុត្រី មានយស បានទ្រង់​ព្រះ​សណ្តាប់​ការចរចា​នៃព្រះរាជបុត្រ និងព្រះរាជ​សុណិសា​ទាំងនោះ​ហើយ ទ្រង់​ព្រះកនែ្សង មុខគួរ​អណោច​អធម្មថា ឱ អាត្មាអញ​គួរតែ​បរិភោគ​ថ្នាំពិស ឬ​អាត្មាអញ​លោត​ទំលាក់​ខ្លួនក្នុង​ជ្រោះ… ពុំនោះ ចង (ក) នឹងខែ្ស (ឲ្យស្លាប់) ប្រសើរ​ជាង។ ម្តេចទ្បើយ​ក៏ពួក​អ្នក​សិវិរាស្រ្ត​បណេ្តញ​បាវេស្សន្តរ ជាកូនអញ​ដែលជា​អ្នកមិន​ប្រទូស្ត។ ម្តេចទ្បើយ​ក៏ពួក​អ្នក​សិវិរាស្រ្ត​បណ្តេញ​បាវេស្សន្តរ ជាកូនអញ​ដែលជា​អ្នកចេះចប់​ត្រៃវេទ ជាម្ចាស់​ទាន ជា​អ្នក​គួរដល់​ស្មូម ឥតមាន​សេចក្តី​កំណាញ់ ជាអ្នកមិន​ប្រទូស្ត។ ម្តេចឡើយ​ក៏ពួក​អ្នក​សិវិរាស្រ្ត​បណ្តេញ​បាវេស្សន្តរ​ជាកូនអញ ដែលពួក​ព្រះរាជា​ប្រទេស​ដទៃបូជា មាន​កិត្តិយស ជាអ្នក​មិនប្រទូស្ត។ ​ម្តេចឡើយ​ក៏ពួកអ្នក​សិវិរាស្រ្ត បណេ្តញ​បាវេស្សន្តរ ជាកូន​អញ ដែលជា​បុគ្គល​ចិញ្ចឹម​មាតា និងបិតា ជាអ្នក​គោរព​ចំពោះ​បុគ្គល​ជាធំ​ក្នុងត្រកូល ជា​អ្នក​មិន​ប្រទូស្ត។ ម្តេចឡើយ​ក៏ពួកអ្នក​សិវិរាស្រ្ត​បណេ្តញ​បាវេស្សន្តរ​ជាកូន​អញ ជា​ប្រយោជន៍​ដល់ព្រះរាជា ជាប្រយោជន៍​ដល់ទេវតា ជាប្រយោជន៍​ដល់ពួក​ញាតិ និងសំឡាញ់ ជាប្រយោជន៍​ដល់អ្នក​ដែន​ទាំងអស់ ជាអ្នក​មិនប្រទូស្ត។

[២៤៦] ដែនរបស់ព្រះអង្គ មុខជានឹងសាធារណ៍ដល់ជន​ទាំងឡាយ ដូចផ្លិតឃ្មុំ ដែល​មេឃ្មុំ​ហើរចោល ពុំនោះ ដូចផែ្លស្វាយ​ដែលជ្រុះ​លើផែនដី (ព្រោះ) ពួកអ្នក​សិវិរាស្រ្ត បណេ្តញ​វេស្សន្តរ​ជាអ្នក​មិនប្រទូស្ត។ ព្រះអង្គ​ដែល​ពួកអាមាត្យ​បោះបង់​ហើយ ជា​ព្រះរាជា​ម្នាក់ឯង រមែង​នឿយព្រួយ​ដូចហង្ស​ដែលអស់ស្លាប លើភក់​ដែលគ្មាន​ទឹក។ បពិត្រ​មហារាជ ព្រោះហេតុ​នោះ បានជា​ខ្ញុំម្ចាស់​ក្រាប​ទូលព្រះអង្គ កុំឲ្យ​ប្រយោជន៍​កន្លង​ផុត​ព្រះអង្គ​ឡើយ សូមព្រះអង្គ​កុំបំបរបង់​វេស្សន្តរ​ដែលជា​អ្នកមិន​ប្រទូស្តនោះ តាមសំដី​ពួកអ្នក​សិវិរាស្រ្ត​ឡើយ។

[២៤៧] (ព្រះរាជា…) យើងបណេ្តញបាវេស្សន្តរ ដែលជា​ទង់ជ័យ​នៃពួកអ្នក​សិវិរាស្រ្ត ឈ្មោះថា​ ធើ្វនូវ​សេចក្តី​គោរព​ចំពោះ​បវេណីធម៌ ទុកជា​បាវេស្សន្តរ ជាទី​ស្រឡាញ់​ដ៏លើស​ជាងជីវិត​របស់យើង ក៏យើង​នៅតែ​បណេ្តញ​បាវេស្សន្តរ ដែលជា​កូន​របស់​​យើង​មិនខាន។

[២៤៨] (ព្រះនាងផុស្សតិទេវី…) ក្នុងកាលមុន ចុងទង់ជ័យ​ទាំងឡាយ ដូចជាផ្កា​កណិការ​រីក រមែងទៅ​តាមបា​វេស្សន្តរ​ណា កាលទៅ (កាន់​ឱទ្យាន​ជាដើម) តែក្នុង​ថៃ្ង​នេះ បាវេស្សន្តរ​នោះ នឹងទៅ​តែម្នាក់ឯង។ ក្នុងកាលមុន ចុងទង់ជ័យ​ទាំងឡាយ ដូចជា​ព្រៃផ្កា​កណិការ រមែង​ទៅតាម​បាវេស្សន្តរ​ណា កាលទៅ (កាន់​ឱទ្យាន​ជាដើម) តែក្នុង​ថ្ងៃនេះ បាវេស្សន្តរ​នោះ នឹងទៅ​តែម្នាក់ឯង។ ក្នុងកាល​មុន ពលទាំងឡាយ ដូចជា​ដើម​កណិការ​រីក រមែង​ទៅតាម​បាវេស្សន្តរ​ណា កាល​ទៅ (កាន់​ឱទ្យាន​ជាដើម) តែក្នុង​ថៃ្ងនេះ បាវេស្សន្តរ​​នោះ នឹងទៅ​តែម្នាក់ឯង។ ក្នុងកាល​មុន ពលទាំងឡាយ​ដូចជា​ព្រៃផ្កា​កណិការ រមែង​ទៅតាម​បាវេស្សន្តរ​ណា កាលទៅ (កាន់ឱទ្យាន​ជាដើម) តែក្នុង​ថ្ងៃនេះ បាវេស្សន្តរ​នោះ នឹងទៅតែ​ម្នាក់ឯង។ ពួកសេនា​ស្លៀកសំពត់​កម្ពល​មានពណ៌​លឿង ដែលកើត​ក្នុង​ដែន​គន្ធារៈ មានរស្មី​ដូចជាសម្បុរ​មេភ្លៀង រមែង​ទៅតាម​បាវេស្សន្តរ​ណា កាលទៅ (កាន់​ឱទ្យាន​​ជាដើម) តែក្នុង​ថៃ្ងនេះ បាវេស្សន្តរ​នោះ នឹងទៅ​តែម្នាក់ឯង។ ក្នុងកាលមុន បា​វេស្សន្តរ​ណា ទៅដោយ​ដំរី ដោយ​សាលៀង និងរថ​ តែក្នុងថ្ងៃនេះ ព្រះរាជា​វេស្សន្តរ​នោះ នឹងដើរ​ទៅ​ដូចម្តេច​បាន។ បាវេស្សន្តរ​ដែល​មានអវយវៈ​លាបដោយ​ខ្លឹមចន្ទន៍ ធ្លាប់ភ្ញាក់​រលឹក​ដោយរបាំ និងចម្រៀង (ស្លៀក​ដណ្តប់) ស្បែកខ្លា​ទាំងក្រចក​គ្រោតគ្រាត​ផង រែក​អម្រែក​ទម្ងន់​មួយខារិ​ផង ដូចមេ្តច​កើត។ ព្រោះហេតុ​ដូចមេ្តច ក៏ជន​ទាំងឡាយ​មិននាំ​សំពត់​កាសាវៈ​ផង ស្បែកខា្ល​ផង ដើម្បី​បាវេស្សន្តរ កាលចូល​ទៅក្នុង​ព្រៃធំ ព្រោះ​ហេតុអ្វី ក៏ជន​ទាំងឡាយ​មិនត្បាញ​សំពត់​សំបកឈើ​ថ្វាយ។ ពួកជន​ជារាជ​បព្វជិត នឹងស្លៀក​សំពត់​សម្បកឈើ ដូចមេ្តច​កើត នាងមទ្រី​នឹងស្លៀក​សំពត់​ដែលក្រង​ដោយ​ស្បូវភ្លាំង​ដូចមេ្តច​កើត។ នាងមទ្រីធ្លាប់​តែស្លៀក​សំពត់​ដែលកើត​ក្នុងដែន​កាសីផង សំពត់​ដែល​កើតក្នុង​ដែនខោមៈ និងដែន​កោទុម្ពរៈ​ផង ឥឡូវនេះ មកស្លៀក​សំពត់​ដែលក្រង​ដោយ​ស្បូវភ្លាំង តើនឹង​ធើ្វអ្វី​កើត។ នាងមទ្រី​នោះ មានអវយវៈ​គួរសរសើរ ធ្លាប់ទៅ​ដោយវ ព្រះសាលៀង និងរថ ថៃ្ងនេះ នឹងដើរ​ដោយជើង​តាមផ្លូវ​ដូចមេ្តច​បាន។ នាងមទ្រី​ណា មានផ្ទៃ​ដៃដ៏ទន់ មានចិត្ត​ញាប់ញ័រ ធ្លាប់​ឋិតនៅ​ក្នុងសេចក្តី​សុខ ថៃ្ងនេះ នាងមទ្រី​មានអវយវៈ​គួរសរសើរ​នោះ នឹងដើរ​ដោយ​ជើង​តាមផ្លូវ​ដូចមេ្តច​បាន។ នាងមទ្រី​ណា មានផ្ទៃ​ជើងដ៏ទន់ មានចិត្ត​ញាប់ញ័រ ធ្លាប់ឋិតនៅ​ក្នុងសេចក្តី​សុខ នាងមទ្រី​មានអវយវៈ​គួរសរសើរ​នោះ តែងពាក់​ស្បែកជើង​មាស ហើយដើរទៅ ថ្ងៃនេះ​នឹងដើរ​ដោយជើង​ទៅតាមផ្លូវ​ដូចមេ្តច​បាន។ នាង​មទ្រីណា តែងពាក់​កម្រងផ្កា ដើរទៅ​ខាងមុខ​នៃស្ត្រី​មួយពាន់ ថ្ងៃនេះ នាង​មទ្រី​មានអវយវៈ​គួរសរសើរនោះ នឹងដើរ​ទៅព្រៃតែ​ម្នាក់ឯង​ដូចម្តេច​បាន។ នាងមទ្រី​ណា ដែលនៅ​ក្នុងបូរី គ្រាន់តែបាន​ឮសំឡេង​ចចក​លូរឿយ ៗ រមែង​តក់ស្លុត ថ្ងៃនេះ នាងមទ្រី​មានអវយវៈ​គួរ​សរសើរ​នោះ ជាស្ត្រីរន្ធត់ នឹងទៅព្រៃ​ដូច​ម្ដេច​បាន។ នាងមទ្រី​ណា គ្រាន់តែ​បានឮ​សំឡេង​មៀម ជាកោសិយគោត្រ កាលស្រែក​បន្លឺ ក៏ខា្លច​រន្ធត់ ដូច​មេមត់​ដែល​ខោ្មចចូល ថៃ្ងនេះ នាងមទ្រី​មានអវយវៈ​គួរសរសើរ​នោះ ជា​ស្រ្តីមាន​សេចក្តីរន្ធត់ នឹងដើរ​ទៅព្រៃ​ដូចមេ្តច​បាន។ ខ្ញុំម្ចាស់​លុះមកកាន់​បុរីនេះ​សូន្យទទេ​ហើយ មុខជា​នឹងឆេះ​ដោយ​សេចក្ដី​ទុក្ខអស់​កាលយូរ ដូចមេបក្សី​ដែលបាត់កូន ឃើញតែ​សំបុកសូន្យទទេ​ដូច្នោះ។ ខ្ញុំម្ចាស់​កាល​មិនឃើញ​កូន (ទាំងពីរ) ហើយ មុខជានឹង​ស្គម​ស្លេកស្លាំង ដូចជា​មេបក្សី​ដែល​បាត់កូន ឃើញតែ​សម្បុក​សូន្យទទេ​ដូច្នោះ។ ខ្ញុំម្ចាស់​កាលមិន​ឃើញ​កូន (ទាំងពីរ) ជាទី​ស្រឡាញ់​ហើយ មុខជា​នឹងស្ទុះ​ទៅ​តាមទីនោះៗ ដូចជា​មេបក្សី ដែលបាត់កូន ឃើញតែ​សម្បុក​សូន្យទទេ​ដូច្នោះ។ ខ្ញុំម្ចាស់​លុះមកកាន់​បុរី​នេះ​សូន្យទទេ​ហើយ នឹងឆេះ​ដោយសេចក្តី​ទុក្ខអស់​កាល​យូរ ដូចមេអក​ដែល​បាត់កូន ឃើញតែ​សំបុកសូន្យទទេ​ដូច្នោះ។ ខ្ញុំម្ចាស់​កាលមិន​ឃើញកូន (ទាំងពីរ) ជាទី​ស្រឡាញ់​ហើយ មុខជា​នឹងស្គម​ស្លេកស្លាំង ដូចជា​មេអក ដែលបាត់​កូន ឃើញតែសម្បុក​សូន្យទទេ​ដូច្នោះ។ ខ្ញុំម្ចាស់កាល​មិន​ឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់​ហើយ មុខជានឹង​ស្ទុះ​ទៅ​តាម​ទីនោះៗ ដូចជា​មេអក​ដែល​បាត់កូន ឃើញតែ​សម្បុកសូន្យ​ទទេដូច្នោះ។ ខ្ញុំម្ចាស់នោះ មកកាន់​បុរីនេះ​សូន្យទទេ​ហើយ មុខជានឹង​ឆេះដោយ​សេចក្តី​ទុក្ខអស់កាល​យូរ​ដោយពិត ដូចជា​មេចាក្រពាក ដែល ​(សំកុក) លើភក់​មិនមាន​ទឹក។ ខ្ញុំម្ចាស់នោះ​មិនឃើញកូន (ទាំងពីរ) ជាទី​ស្រឡាញ់​ហើយ មុខជា​នឹងស្គម​សេ្លកស្លាំង​ដោយ​ពិត ដូចជា​មេចាក្រពាក ដែល (សំកុក) នៅលើ​ភក់មិន​មានទឹក។ ខ្ញុំម្ចាស់​កាល​មិនឃើញ​កូន (ទាំងពីរ) ជាទី​ស្រឡាញ់​ហើយ មុខជា​នឹងស្ទុះ​ទៅតាម​ទីនោះៗ ដោយពិត ដូចជា​មេចាក្រពាក ដែលនៅ​លើភក់​មិនមាន​ទឹក។ កាលបើ​ខ្ញុំម្ចាស់​យំ​រៀប​រាប់​យ៉ាងនេះហើយ ព្រះអង្គនៅតែ​បណេ្តញ​រាជបុត្តនោះ ដែលជា​អ្នកមិន​ប្រទូស្ត ឲ្យចេញ​ចាកដែន ខ្ញុំម្ចាស់ទំនង​ជានឹង​លះបង់​ជីវិត​មិនខាន។

[២៤៩] (អភិសម្ពុទ្ធគាថា) ពួកកញ្ញា​របស់ព្រះបាទសិវិ​ទាំងអស់ ដែលនៅ​ក្នុងបុរី លុះបាន​ឮទំនួញ​រៀបរាប់​នៃព្រះនាង​ផុស្សតី​នោះហើយ ក៏មក​ចួបជុំគ្នា ផ្គងដើមដៃ កន្ទក់​កនេ្ទញ។​ កូន និងប្រពន្ធ​ទាំងឡាយ ក៏ដួលដេក​ក្នុងព្រះរាជ​និវេសន៍​ព្រះបាទ​វេស្សន្តរ ដូច​ដើមឈើ​ដែលត្រូវ​ខ្យល់បក់​បោក​ខេ្ទចខ្ទី។ ពួកស្រីស្នំ ពួករាជកុមារ ពួកអ្នក​ជំនួញ និងពួក​ព្រាហ្មណ៍ ផ្គងដើម​ដៃកន្ទក់​កន្ទេញ ក្នុង​ព្រះរាជ​និវេសន៍​ព្រះបាទ​វេស្សន្តរ។ ពួកពលដំរី ពល (សេះ) ពលរថ ពលថើ្មរជើង ផ្គងដើមដៃ​កន្ទក់​កន្ទេញ​ក្នុង​ព្រះរាជ​និវេសន៍​ព្រះបាទ​វេស្សន្តរ។ រាត្រីនោះ​អស់ហើយ ព្រះអាទិត្យ​រះទ្បើង គ្រានោះ ព្រះបាទ​វេស្សន្តរ​សេ្តច​ចូល​ទៅ​ដើម្បី​ឲ្យទាន។ មាន​ព្រះរាជ​បញ្ជាថា អ្នកទាំងឡាយ ចូរឲ្យ​សំពត់​ដល់ពួក​ជនដែល​ត្រូវការ​សំពត់ ឲ្យសុរា​ដល់ពួក​អ្នកលេង ឲ្យ​ភោជន​ដល់ពួក​អ្នកត្រូវ​ការដោយ​ភោជន ចូរ​ឲ្យ​ដោយ​ប្រពៃចុះ។ អ្នកទាំងឡាយ កុំបៀតបៀន​ពួកវណិព្វកៈ ដែលមក​ក្នុងទីនេះ​តិចតួច​ឡើយ អ្នក​ទាំងឡាយ ចូរញុំាង​ពួកវណិព្វកៈ​ឲ្យស្កប់ស្កល់​ដោយបាយ និងទឹក ពួក​វណិព្វកៈ​ដែលយើង​បានឲ្យ​រួចហើយ ចូរទៅចុះ។ (លំដាប់នោះ ស្រាប់តែ​សម្លេង​ក្រលួច​យ៉ាងពន្លឹក ប្រព្រឹត្ត​ទៅក្នុង​ព្រះនគរ​នោះថា ពួកអ្នក​សិវិរាស្រ្ត បានបណេ្តញ​ព្រះអង្គ ព្រោះ​តែ​ឲ្យ​ទាន ឥឡូវនេះ ព្រះអង្គ​ឲ្យទាន​ទៀតហើយ)។

[២៥០] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់យាងចេញ​ទៅ វណិព្វកៈ​ទាំងនោះ ក៏ដួលចុះ ដូចជា​បុគ្គលស្រវឹង​ ឬដូចជា​បុគ្គល​នឿយហត់​ខ្លាំង (ដោយ​ពាក្យថា) មា្នលអ្នក​ទាំងឡាយ​ដ៏ចំរើន ពួកអ្នក​សិវិរាស្រ្ត បាន​បណេ្តញ​ព្រះបាទ​វេស្សន្តរ ដែល​ជា​អ្នកមិន​ប្រទូស្ត ឲ្យចេញ​ចាកដែន ដូចគេ​កាត់ផ្ដាច់​ដើមឈើ ជាឈើឲ្យ​ផ្លែផ្សេងៗ។ ម្នាលអ្នក​ទាំងឡាយ​ដ៏ចំរើន ពួកអ្នក​សិវិរាស្រ្ត បាន​បណេ្តញ​ព្រះបាទ​វេស្សន្តរ ដែលជា​អ្នកមិន​ប្រទូស្ត ឲ្យ​ចេញចាកដែន ដូចជាគេ​កាត់ចោល​នូវដើមឈើ ជាឈើ​ទ្រទ្រង់​ផែ្លផ្សេងៗ។ ម្នាលអ្នក​ទាំងឡាយ​ដ៏ចំរើន ពួកអ្នក​សិវិរាស្រ្ត បានបណេ្តញ​ព្រះបាទ​វេស្សន្តរ ដែលជា​អ្នកមិន​ប្រទូស្ត ឲ្យចេញ​ចាកដែន ដូចជាគេ​កាត់ដើមឈើ ជាឈើឲ្យ​សេចក្តី​បា្រថ្នា​គ្រប់យ៉ាង។ មា្នលអ្នក​ទាំងឡាយ​ដ៏ចំរើន ពួកអ្នក​សិវិរាស្រ្ត បានបណេ្តញ​ព្រះបាទ​វេស្សន្តរ ដែល​ជា​អ្នកមិន​ប្រទូស្ត ឲ្យចេញ​ចាកដែន ដូចជាគេ​កាត់ដើម​ឈើ ជាឈើ​នំាមកនូវ​រស ជាទី​បា្រថ្នា​គ្រប់យ៉ាង។ ពួកជនណា​ដែលចាស់កី្ត ពួកជនណា​ដែលនៅក្មេងក្ដី ពួកជន​ណា ដែលមាន​វ័យ​កណ្តាលក្តី ជនទាំងនោះ កាលដែល​មហារាជ ព្រះអង្គ​ញុំាងដែន​របស់​ពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន ទ្រង់យាង​ចេញទៅ ក៏ផ្គង​ដៃកន្ទក់​កនេ្ទញ។ កាល​មហារាជ​ ព្រះអង្គ​ញុំាង​ដែនអ្នក​សិវិឲ្យ​ចំរើន ទ្រង់យាង​ចេញទៅ ពួកពេទ្យ​ចាប់ខោ្មច ពួកអ្នក​រក្សា​ស្រីស្នំ [អដ្ឋកថា​អធិប្បាយថា ពួកក្រុម​នោះ ត្រូវគេ​ក្រៀវពូជ​ចេញ សម្រាប់​ថែរក្សា​ពួកស្រីស្នំ​ក្នុងវាំង។] និងពួក​ស្រីស្នំ​របស់​ព្រះរាជា ក៏ផ្គង​ដើមដៃ​កន្ទក់កនេ្ទញ។ កាល​​មហារាជ ព្រះអង្គ​ញុំាងអ្នក​ដែន​សិវិឲ្យ​ចំរើន ទ្រង់​យាងចេញទៅ ពួកស្ត្រី​ដែលនៅ​ក្នុងព្រះនគរ​នោះ ក៏កន្ទក់​កនេ្ទញ។ ពួកព្រាហ្មណ៍ សមណៈ និង​វណិព្វកៈ​ដទៃៗ ផ្គង​ដើមដៃ​កន្ទក់​កន្ទេញ​ថា មា្នលគ្នាយើង​ដ៏ចំរើន បានឮថា នេះមិន​មែនជា​ធម៌ទេ។ ដូចយ៉ាង​ព្រះបាទ​វេស្សន្តរ​ កាលបូជា​ក្នុងបុរី​របស់​ព្រះអង្គ ទ្រង់យាង​ចេញចាក​ដែន​របស់ព្រះអង្គ ព្រោះហេតុ​តែសំដី​ពួកអ្នក​សិវិរាស្រ្ត។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បានប្រទាន​ដំរី​មាតង្គៈ​ប្រាំពីរ​រយ ដែល​ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង មានខ្សែ​ដង្គន់​មាស មានគ្រឿង​ប្រដាប់​ក្បាល​ជាវិការៈ​នៃមាស ដែលពួក​ហ្មដំរី មាន​លំពែង​ស្នែងក្របី និង​កងេ្វរក្នុង​ដៃ ឡើងជិះ​ហើយ ក៏យាង​ចេញទៅ​ចាកដែន​របស់ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទានសេះ អាជានីយ​ប្រាំពីររយ ជាសេះ​សិន្ធព​ដោយជាតិ ជាពាហនៈ​មានសន្ទុះ​លឿន ដែល​ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​អ្នកជិះសេះ​កាន់ស៊ែ និងធ្នូ ឡើងជិះ​ហើយ ក៏យាងចេញ​ចាកដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បានប្រទាន​រថ​ប្រាំពីររយ ដែល​ប្រដាប់​ហើយ មាន​ទង់លើក​ឡើងហើយ បិទបាំង​ដោយ​ស្បែកខ្លាដម្បង និង​សែ្បកខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​អលង្ការ​ទាំងពួង ដែលពួក​នាយ​សារថី មានធ្នូ​ក្នុងដៃ និង​ពាក់អាវក្រោះ ឡើងជិះ​ហើយ ក៏យាង​ចេញចាកដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទាន​ស្ត្រីប្រាំពីររយ ឋិតនៅលើរថ​មួយម្នាក់ ៗ ​ដែល​ស្អិតស្អាង​ហើយ ប្រដាប់​ដោយ​ខែ្សជា​វិការៈ​នៃមាសឆ្ដោរ​ មានគ្រឿង​ប្រដាប់​លឿង មានសំលៀក​បំពាក់​លឿង ស្អិតស្អាង​ដោយ​គ្រឿង​អាភរណៈ​លឿង មានថ្ពាល់ និងភែ្នកដ៏ល្អ ញញឹម​ហើយ​ទើប​និយាយ ជាស្រ្តី​មាន​ត្រគាកល្អ មានចង្កេះរៀវ ក៏យាង​ចេញចាក​ដែន​របស់ព្រះអង្គ។ ព្រះបាទ​វេស្សន្តរនុ៎ះ បាន​ប្រទាន​មេគោ​ប្រាំពីររយ ព្រមទាំង​ភាជន៍​មាស​សម្រាប់​ត្រង​ទឹកដោះ​ទាំងអស់ ហើយ​យាង​ចេញចាក​ដែនរបស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរនុ៎ះ បាន​ប្រទាន​ខ្ញុំស្រីប្រាំពីររយ ខ្ញុំប្រុស​ប្រាំពីររយ ហើយយាង​ចេញ​ចាក​ដែន​របស់​ព្រះអង្គ។ ព្រះបាទ​វេស្សន្តរ​នុ៎ះ បាន​ប្រទានដំរី សេះ រថ និងនាង​នារី ដែល​ប្រដាប់​ហើយ ក៏​យាងចេញ​ចាកដែន​របស់ព្រះអង្គ។ កាល​ដែលព្រះបាទ​វេស្សន្តរ ប្រទាន​មហាទាន ការស្ញប់ស្ញែង ការព្រឺរោម​ក៏កើតមាន​ក្នុង​កាលនោះ ផែនដី​ក៏ញប់ញ័រ។ ព្រះរាជា​ដែលមហាជន​កំពុងផ្គង​អញ្ជលី ទ្រង់យាង​ចេញ​ចាកដែន​របស់ព្រះអង្គ ដោយ​ហេតុណា ហេតុនោះ ជាការ​គួរស្ញប់សែ្ញង គួរព្រឺរោម កើតមាន​ក្នុងកាល​នោះ។

[២៥១] (អភិសម្ពុទ្ធគាថា) គ្រានោះ សម្លេង​ក្រលួច​យ៉ាងពន្លឹក ប្រព្រឹត្ត​ទៅក្នុង​ព្រះរាជ​និវេសន៍​នុ៎ះថា ពួកអ្នក​សិវិរាស្រ្ត​បណេ្តញ​ព្រះវេស្សន្តរ​នោះ ព្រោះតែ​ឲ្យទាន ព្រះវេស្សន្តរ​នោះ នៅតែឲ្យ​ទានទៀត។

[២៥២] កាលមហារាជ ព្រះអង្គញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន យាងចេញទៅ ពួក​វណិព្វកៈ​ទាំងនោះ ក៏ដួលចុះ ដូចបុគ្គល​ស្រវឹង ឬដូច​បុគ្គល​នឿយហត់​ខ្លាំង។

[២៥៣] ព្រះបាទវេស្សន្តរ បានក្រាបទូលព្រះរាជាព្រះនាម​សញ្ជ័យ ជាធម្មិករាជ​ដ៏ប្រសើរ​ថា បពិត្រ​ព្រះទេវៈ ព្រះអង្គ​ទ្រង់បណេ្តញ​ទូលព្រះបងំ្គ​ជាខ្ញុំ ទូលព្រះបងំ្គ​ជាខ្ញុំ​នឹងទៅ​ឯវង្កតបព៌ត។ បពិត្រ​មហារាជ សត្វទាំងឡាយ​ណាមួយ កើត​ហើយក្តី ទាំងសត្វ​ទាំងឡាយ​ណា នឹងកើតក្តី (ពួកសត្វ​ដែលកំពុង​កើតក្តី) សត្វ​ទាំងនោះ សុទ្ធតែ​មិនឆែ្អត​ដោយកាម​ទាំងអស់ រមែង​ទៅកាន់​ទីរបស់​យមៈ។ ទូលព្រះបង្គំ​ជាខ្ញុំនោះ កាលឲ្យ​ទានក្នុង​បុរីជា​របស់ខ្លួន ឈ្មោះថា បៀតបៀន​ពួកអ្នកដែន​របស់ខ្លួន ទូលព្រះបង្គំ​ជាខ្ញុំ កាលចេញ​ចាកដែន​របស់ខ្លួន ព្រោះហេតុ​តែសំដី​ពួក​អ្នកសិវិរាស្រ្ត ទូលព្រះបង្គំ​ក៏នឹង​រងទុក្ខ​ក្នុងព្រៃ ដែលច្របូក​ច្របល់​ដោយម្រឹគ​សាហាវ ដែល​រមាស និងខ្លាដម្បង​អាស្រ័យ​ហើយ ទូល​ព្រះបង្គំ​ជាខ្ញុំ នឹង​ធើ្វបុណ្យ​ទាំងឡាយ ឯព្រះអង្គ​លិចក្នុង​ភក់ គឺកាមចុះ។

[២៥៤] (ព្រះវេស្សន្តរ…) បពិត្រព្រះមាតា សូមទ្រង់អនុញ្ញាត​ទូលព្រះបង្គំ​ជាខ្ញុំ ទូល​ព្រះបង្គំ​​ជាខ្ញុំ​គាប់ចិត្ត​នឹងបព្វជា្ជ ទូលព្រះបង្គំ​ជាខ្ញុំនោះ កាលឲ្យ​ទានក្នុង​បុរីជា​របស់​ខ្លួន ឈ្មោះថា បៀតបៀន​ពួកអ្នក​ដែនរបស់ខ្លួន ទូលព្រះបង្គំ​ជាខ្ញុំ កាល​ចេញចាក​ដែន​របស់​ខ្លួន ព្រោះហេតុ​តែសំដី​ពួកអ្នក​សិវិរាស្រ្ត ទូលព្រះបង្គំ​ជាខ្ញុំ នឹងសោយ​ទុក្ខក្នុងព្រៃ ដែល​ច្របូក​ច្របល់​ដោយ​ម្រឹគសាហាវ ដែល​រមាស និងខ្លាដម្បង​អាស្រ័យ​ហើយ ទូល​ព្រះបង្គំ​ជាខ្ញុំ តែង​ធើ្វបុណ្យ​ទំាងឡាយ នឹងទៅ​ឯគិរីវង្កត។

[២៥៥] (ព្រះនាងផុស្សតីទេវី ) មា្នលកូន យើងអនុញ្ញាតអ្នកហើយ បព្វជ្ជា ចូរ​សម្រេច​ដល់អ្នក​ចុះ តែនាង​មទ្រីកល្យាណី​នេះ នាងមាន​ត្រគាកដ៏ល្អ មាន​ចងេ្កះរៀវ ចូរ​នៅ​ជាមួយ​នឹងកូន​ទាំងពីរ​ចុះ នាងនឹង​ធើ្វអី្វ​ក្នុងព្រៃ។

[២៥៦] (ព្រះវេស្សន្តរ) សូម្បីតែទាសី ដែលបា្រថ្នានឹងទៅ ទូល​ព្រះបង្គំ​ជាខ្ញុំ ក៏​មិនអាច​នំាទៅ​កាន់ព្រៃទេ ប្រសិន​បើនាង​មទ្រីចង់ ចូរទៅ​តាមចុះ បើមិនចង់ ចូរនៅចុះ។

[២៥៧] លំដាប់នោះ មហារាជទ្រង់យាងទៅអង្វរព្រះសុណិសាថា មា្នលនាង​មាន​រាង​កាយប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ នាងកុំ​ស្លៀកដណ្តប់​សំពត់​ឲ្យប្រឡាក់ក្អែល​ឡើយ។ នាងធ្លាប់​ស្លៀកដណ្តប់​សំពត់​អ្នក​ដែនកាសី ហើយ​ត្រឡប់​ជាស្លៀក​ដណ្តប់​សំពត់​ដែល​ក្រង​ដោយ​ស្បូវភ្លាំងវិញ ការនៅ​ក្នុងព្រៃ តែងនំា​មកនូវ​សេចក្តី​ទុក្ខ មា្នលនាង​មាន​ល័ក្ខណ៍ នាងកុំទៅ​ឡើយ។

[២៥៨] ព្រះរាជបុតី្រព្រះនាងមទ្រី មានអវយវៈទាំងអស់​ដ៏ល្អ ​បានក្រាបបង្គំ​ទូល​ព្រះបិតាក្មេក​ថា ខ្ញុំម្ចាស់ បើបា្រសចាក​ព្រះវេស្សន្តរ​របស់ខ្ញុំ​មា្ចស់ហើយ មិនចង់​បាន​សេចក្តី​សុខទេ។

[២៥៩] មហារាជជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន មានព្រះបន្ទូល​នឹងនាង​មទ្រី​នោះថា ម្នាល​នាងមទ្រី បើដូច្នោះ នាងចូរ​ស្តាប់សេចក្តី​អន្តរាយ​ទាំងឡាយ ដែល​នាងអត់​ទ្រាំបាន​ដោយក្រ ក្នុងព្រៃចុះ។ កណ្តូប របោម មូស និងឃ្មុំ​ដ៏ច្រើន សត្វទាំងនោះ គប្បី​បៀតបៀន​នាងក្នុង​ព្រៃនោះ ការបៀត​បៀននោះ មុខជា​នាំមក​នូវទុក្ខ​យ៉ាងខាំ្លង​ដល់នាង។ នាងចូរ​មើលពួក​សត្វដទៃ ដែលគួរ​ឲ្យតក់ស្លុត ដែល​អាស្រ័យ​នៅនឹងទន្លេ គឺ​ពស់ថ្លាន់ ពស់​ទាំងនោះ មិនមាន​ពិសទេ តែមានកំឡាំង​ច្រើន។ ពស់ថា្លន់​ទាំងនោះ តែងយក​ភ្នេន​រឹតមនុស្ស ឬម្រឹគ​ដែលមក​ជិតវា ហើយនាំមក​កាន់អំណាច​ខ្លួន។ ខ្លាឃ្មុំ​ដទៃទៀត មាន​សម្បុរខៅ្ម រោមរឹង ជាម្រឹគ​ឲ្យទុក្ខ បុរស​ដែលខ្លា​ទាំងនោះ​ឃើញហើយ រត់ឡើង​ដើមឈើ​ក៏មិនរួច។ ក្របីជា​សត្វប្រហារ តែងវ័ធ​នឹងសែ្នង មានចុង​ដ៏មុត តែង​ត្រាច់ទៅ​មកក្នុង​ព្រៃនោះ ជិត​ទន្លេឈោ្មះ​សោតុម្ពរា។ មា្នលនាង​មទ្រី នាង​ដូចជា​មេគោ​ដែលមាន​ចិត្តជាប់​នឹងកូន ឃើញ​គោឈោ្មល​កំពុងទៅ​តាមហ្វូង​ម្រឹគក្នុងព្រៃ នឹងធើ្វ​ដូចម្តេច។ មា្នលនាង​មទ្រី ភ័យធំ​មុខជា​នឹងមាន​ដល់នាង ដែល​ជាស្រ្តី​មិនដឹង​ទីខេត្ត ព្រោះ​ឃើញស្វា​ទំាងឡាយ​ដ៏ពន្លឹក ដែលផ្តុំ​គា្នក្បែរផ្លូវ ដែលទៅ​មកបាន​ដោយក្រ។ មា្នលនាង​មទ្រី ក្នុងបុរី នាង​គ្រាន់តែឮ (សូរសម្លេង) ចចក​ រមែងតក់ស្លុត​រឿយ ៗ ដល់ទៅ​គិរីវង្កត តើនឹង​ធើ្វដូច​មេ្តចទៅ។ កាលដែល​ពួកបក្សី​ប្រជុំគា្ន ក្នុងវេលា​ដែល​ព្រះអាទិត្យ​ឋិតនៅ​ត្រង់កណ្ដាល (ថ្ងៃត្រង់) ព្រៃធំ ក៏លាន់ឮ​សម្លេង​គឹកកង ចុះនាង​ចង់ទៅក្នុង​ព្រៃធំ​នោះធើ្វ​អ្វី។

[២៦០] ព្រះរាជបុត្រីព្រះនាមមទ្រី មានអវយវៈ​ទាំងអស់​ដ៏ល្អ បាន​ក្រាបបង្គំ​ទូលព្រះ​រាជបិតា​ក្មេកនោះថា ព្រះអង្គ​ទ្រង់ត្រាស់​ប្រាប់​ដល់ខ្ញុំម្ចាស់​នូវភ័យ ដែលមាន​ចំពោះ​មុខទាំង​ឡាយណា ក្នុងព្រៃ ឯខ្ញុំម្ចាស់​អាចទទួល​អត់ទ្រាំភ័យ ដែលមាន​ចំពោះ​មុខទាំង​អស់នោះ​បាន បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅ​ពុំខាន​ឡើយ។ ខ្ញុំម្ចាស់​នឹងយក​ទ្រូងរុលវែក​ដើមអំពៅព្រៃ ស្បូវភ្លាំង ស្មៅសសិត ស្មៅរណ្តាស ស្មៅ​យាប្លង និងស្មៅ​ដំណេកទន្សាយ (ដើរមុខ​ព្រះវេស្សន្តរ​ជាប្តី​ខ្ញុំម្ចាស់) ​ខ្ញុំម្ចាស់​នឹងនាំ​ព្រះភស្តា​ទៅមិនឲ្យ​លំបាក។ កុមារីរមែង​បានប្តីដោយ​ការប្រព្រឹត្តិ​វត្ត​ដ៏ច្រើន គឺដោយ​ការបិទពោះ (បន្ថយ​អាហារ​ឲ្យពោះតូច) ដោយការ​ដំចងេ្កះ ដោយឈើ​មានសណ្ឋាន​ដូច​ចងា្កគោ និងការ​រឹតចងេ្កះ​ខ្លួនដោយ​ឈ្នួត (ធើ្វឲ្យ​ចងេ្កះរៀវ) ដោយការ​បំរើភើ្លង (អាំងភើ្លង) និងដោយ​ការដុសលាង​សំអាត​ដោយ​ទឹក ភាព​ជាស្រ្តី​មេម៉ាយ រមែងកៅ្ត​ក្រហាយ​ក្នុង​លោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំមា្ចស់​នឹងទៅ​ពុំខាន​ឡើយ។ ម្យ៉ាងទៀត បុរសមិន​គួរបរិភោគ​របស់សំណល់​អំពីស្រ្តី​មេម៉ាយនោះ បុរសណា សូម្បី (មានជាតិ​ទាប បុរសនោះ) ក៏ចាប់​ដៃទង់ទាញ​ស្រ្តីមេម៉ាយ​នោះ ដែលមិន​បា្រថ្នាផង ភាពជា​ស្រ្តីមេម៉ាយ រមែង​កៅ្តក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅពុំ​ខានឡើយ។ បុរសតែង​ឲ្យសេចក្តី​ទុក្ខយ៉ាងច្រើន​លើសលុប ដោយការ​ចាប់សក់​កញ្ឆក់ឡើង ដោយ​ការ​ផ្តួល​លើផែនដី ហើយក៏​មិនដើរ​ចេញទៅណា (នៅឈរ​មើលព្រងើយ) ភាពជា​ស្រ្តីមេម៉ាយ​ រមែងកៅ្ត​ក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅ​មិនខាន​ឡើយ។ ពួកបុរស​ដែល​មានសម្បុរ ស ជាអ្នក​ត្រូវការ​នឹង​ស្រ្តី​មេម៉ាយ ប្រកាន់​ខ្លួន​ថា មានលំអ​ដ៏ប្រសើរ បានឲ្យ (ទ្រព្យ​បន្តិចបន្តួច)​ ហើយទង់​ទាញស្រ្តី​មេម៉ាយ​ដែលមិន​ត្រូវ​ការ​នឹងខ្លួន ដូចកែ្អក​ដែលឆាប​មៀមដូច្នោះ ភាពជា​ស្រ្តីមេម៉ាយ រមែង​ក្ដៅក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គដ៏​ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅ​ពុំខាន​ឡើយ។ ម្យ៉ាងទៀត ស្ត្រីមេម៉ាយ កាលនៅ​ក្នុងត្រកូលញាតិ​ដ៏ស្តុកស្តម្ភ រុងរឿង​ដោយ​ភាជន៍មាស ក៏នៅ​តែបាន​ពាក្យតិះដៀល​អំពីបង​ប្អូនប្រុស និងពួកស្រ្តី​ជាសំឡាញ់​ពុំខាន ភាពជា​ស្រ្តីមេម៉ាយ រមែងកៅ្ត​ក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅ​ពុំខាន​ឡើយ។ ទន្លេដែល​គ្មានទឹក ហៅថា ទន្លេស្រាត ដែនដែល​គ្មានព្រះរាជា ហៅថា ដែនស្រាត ចំណែក​​ស្រ្តីមេម៉ាយ បើទុក​ជាមាន​បងប្អូន​ប្រុសដល់ ១០ នាក់ ក៏ហៅថា ស្រ្តីស្រាត ភាពជា​ស្រ្តីមេម៉ាយ រមែង​កៅ្តក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹង​ទៅពុំខាន​ឡើយ។ ទង់ជា​គ្រឿងបា្រកដ​របស់​រថ ផ្សែងជា​គ្រឿង​ប្រាកដ​របស់ភើ្លង ព្រះរាជា​ជាគឿង​បា្រកដ​របស់ដែន ភស្តា​ជាគ្រឿង​បា្រកដ​របស់ស្រ្តី ភាពជា​ស្រ្តីមេម៉ាយ រមែងកៅ្ត​ក្រហាយ​ក្នុងលោក បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ ខ្ញុំម្ចាស់​នឹងទៅ​ពុំខាន​ឡើយ។ ស្រ្តីណា​ដែលមាន​កេរ្តិ៍ឈ្មោះ កាលស្វាមី​ទ័លក្រ ក៏ជាស្រ្តី​ទ័លក្រ (ជាមួយ) កាល​ស្វាមី​ស្តុកស្តម្ភ ក៏ជាស្ត្រី​ស្តុកស្តម្ភ (ជាមួយ) ​ពួកទេវតា​រមែងសរសើរ​ស្រ្តីនោះឯង ព្រោះថា ស្រ្តីនោះ​ធើ្វអំពើ​ដែល​គេធើ្វបាន​ដោយក្រ។ ខ្ញុំម្ចាស់​នឹងស្លៀក​សំពត់​កាសាយៈ ហើយដើរ​តាមប្តី​សព្វ ៗ កាល ភាពជា​ស្រ្តីមេម៉ាយ ទោះបី​មានផែនដី​មិនបែក (បានជា​ធំលើ​ផែនដី​ទាំងមូល) ក៏នៅតែ​ក្តៅក្រហាយ​ដែរ។ ម្យ៉ាងទៀត ខ្ញុំម្ចាស់​បើប្រាស​ព្រាត់​ព្រះវេស្សន្តរ​ជាប្តីហើយ មិនចង់​បានផែនដី​ដែលមាន​សមុទ្រ​ព័ទ្ធជុំវិញ ទ្រទ្រង់​ទ្រព្យដ៏​ច្រើន ជាផែនដី​បរិបូណ៌​ដោយ​រតនៈផេ្សង ៗ ទេ។ ពួកស្រ្តីណា ជាស្រ្តី​រឹងរូស​យ៉ាង​ក្រៃលែង កាលដែល​ស្វាមីដល់​នូវសេចក្តី​ទុក្ខហើយ ប្រាថ្នា​សេចក្តី​សុខដល់​ខ្លួនតែម្យ៉ាង ហ្ឫទ័យ​របស់ស្រ្តី​ទាំងនោះ​នឹងទៅជា​ដូចមេ្តច​ហ៎្ន។ កាលបើ​មហារាជ ដែលញុំាង​ពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន ទ្រង់ចេញ​ទៅហើយ ខ្ញុំម្ចាស់​នឹងទៅ​តាមមហារាជ​នោះ ព្រោះថា ព្រះអង្គ​ជាអ្នកឲ្យ​វត្ថុ​ជាទី​ប្រាថ្នាគ្រប់​យ៉ាង​ដល់ខ្ញុំម្ចាស់។

[២៦១] ព្រះបាទសញ្ជយមហារាជ មានព្រះរាជឱង្ការ​នឹងព្រះនាង​មទ្រី​ ​ដែល​មាន​អវយវៈ​ទាំងអស់​ដ៏ល្អនោះ​ថា ម្នាលនាង​មានល័ក្ខណ៍ នាងចូរ​ទុកកូន​តូចទាំងពីរ​របស់នាង គឺបា​ជាលី និងនាង​កណ្ហាជិនា​នេះ ហើយទៅចុះ យើងនឹង​ចិញ្ចឹម​កូន​តូចទាំង​នោះ។

[២៦២] ព្រះរាជបុត្រីព្រះនាមមទ្រី ដែលមានអវយវៈ​ទាំងអស់​ដ៏ល្អ បាន​ក្រាបទូល​ព្រះរាជា​នោះវិញ​ថា បពិត្រ​ព្រះទេវៈ កូនតូច​ទាំងពីរ គឺបាជាលី និងនាង​កណ្ហាជិនា ជាទី​ស្រឡាញ់​របស់ខ្ញុំ​ម្ចាស់ កូនតូច​ទាំងពីរ​នោះ នឹង (ញុំាង​ហឫទ័យ) នៃយើងខ្ញុំ ដែល​មិនទាន់​ប្រាសចាក​សេចក្តីសោក ឲ្យត្រេកអរ​ក្នុងព្រៃ​នោះបាន។

[២៦៣] ព្រះបាទសញ្ជយមហារាជ ទ្រង់ញុំាងពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន មាន​ព្រះបន្ទូល​នឹងព្រះនាង​មទ្រីនោះ​ថា ក្មេងទាំងពីរ​ធ្លាប់បរិភោគ​បាយអង្ករ​សាលី លាយ​ដោយសាច់​ដ៏ស្អាត នឹង​បរិភោគ​ផែ្លឈើ​ធើ្វមេ្តចកើត។ ក្មេងទាំងពីរ​ធ្លាប់​បរិភោគ​ភោជន​ក្នុង​ភាជន៍មាស​ដែលមាន​ទម្ងន់ ១០០ បល្លៈ មានស្នាម​ចំឡាក់​មួយ ១០០ នឹង​បរិភោគ​ភោជន ដែលដាក់​ក្នុងស្លឹកឈើ​ធើ្វមេ្តច​កើត។ ក្មេងទាំង​ពីរធ្លាប់​ស្លៀក​ដណ្តប់សំពត់​អ្នក​ដែន​កាសីផង សំពត់​ខោមៈផង សំពត់​កោទុម្ពរៈ​ផង នឹងស្លៀក​ដណ្តប់​សំពត់​ដែល​ក្រងដោយ​ស្បូវភ្លាំង​ធើ្វមេ្តច​កើត។ ក្មេងទាំង​ពីរធ្លាប់ទៅ​ដោយវ ដោយ​គ្រែស្នែង ដោយរថ នឹងដើរ​ទៅដោយ​ជើង​ធើ្វមេ្តច​កើត។ ក្មេងទាំងពីរ​ធ្លាប់ដេក​ក្នុងផ្ទះ​មានកំពូល មាន​សន្ទះទា្វរ និងបង្អួច​ដ៏ជិតស្និទ្ធ ខ្យល់​ចេញចូល​មិនបាន នឹង​ដេកទៀប​គល់ឈើ​ធើ្វមេ្តច​កើត។ ក្មេងទាំងពីរ​ធ្លាប់ដេក​លើបល្លង្ក លើកម្រាល​រោមវែង និងលើកម្រាល​ដ៏ពិចិត្រ នឹងដេកលើ​កម្រាលស្មៅ​ធើ្វមេ្តច​កើត។ ​ក្មេងទាំងពីរ​ធ្លាប់​លាប​ស្រឡាប​ដោយគ្រឿង​ក្រអូប គឺ​ខ្លឹមក្រឹស្នា ខ្លឹមចន្ទន៍ នឹងស្លៀក​ដណ្តប់​សំពត់​ប្រឡាក់កែ្អល​ធើ្វមេ្តចកើត។ ក្មេង​ទាំង​ពីរធ្លាប់​ឋិតនៅ​ក្នុងសេចក្តី​សុខ មានអវយវៈ​គេតែងបក់​ដោយផិ្លតរោម​ចាមរី និង​សំណុំ​កន្ទុយក្ងោក ត្រូវល្បោម​មូសប៉ះ​ពាល់ នឹងធើ្វ​ដូចមេ្តច​កើត។

[២៦៤] ព្រះរាជបុត្រីទ្រង់ព្រះនាមមទ្រី ដែលមានអវយវៈទាំងអស់​ដ៏ល្អ ក្រាបទូល​ព្រះរាជ​បិតានោះ​ថា បពិត្រ​ព្រះទេវៈ ព្រះអង្គ​កុំទ្រង់​ព្រះកនែ្សង​ឡើយ សូមព្រះអង្គ​កុំមាន​ព្រះហ្ឫទ័យ​អាក់អន់​ឡើយ ខ្ញុំម្ចាស់​ទាំងពីរ​នាក់ នឹង​រស់នៅ​យ៉ាងណា ក្មេង​ទាំងពីរ​នាក់ ក៏រស់នៅ​យ៉ាងនោះ​ដែរ។ ព្រះនាង​មទ្រី ដែលមាន​អវយវៈ​ទាំងអស់​ដ៏ល្អ ដ៏ទ្រង់​ល័ក្ខណ៍ លុះបាន​ពោលពាក្យ​យ៉ាងនេះ​ហើយ ក៏នាំ​ព្រះរាជ​បុត្រាបុត្រី​ទៅ​តាមផ្លូវ​ដែលព្រះបាទ​សិវិ (វេស្សន្តរ) ទ្រង់​សេ្តចទៅ។

[២៦៥] លំដាប់នោះ ព្រះវេស្សន្តរជាក្សត្រ ទ្រង់បានឲ្យទាន ហើយក៏ថា្វយ​បង្គំ​ព្រះបិតា​ និង​ព្រះមាតា ធើ្វប្រទក្សិណ​ព្រះបិតា និង​ព្រះមាតា​នោះ។ ព្រះវេស្សន្តរ​ឡើង​កាន់រថ ដែលទឹម​ដោយសេះ ៤ មានសន្ទុះ​ដ៏លឿន នាំបុត្រាបុត្រី និង​ព្រះជាយា សេ្តចទៅ​កាន់​គិរីវង្កត។

[២៦៦] លំដាប់នោះ ព្រះរាជាទ្រង់ព្រះនាមវេស្សន្តរ ទ្រង់បររថ​សំដៅទៅ​រកទី​ដែលមាន​ជនច្រើន ហើយត្រាស់ថា យើងសូម​លាអ្នក​រាល់គ្នា​ទៅហើយ សូមឲ្យ​ពួកញាតិ​កុំមាន​រោគឡើយ។

[២៦៧] (អភិសម្ពុទ្ធគាថា) កាលដែលព្រះបាទវេស្សន្តរ សេ្តចចេញ​អំពីព្រះនគរ ហើយ​ងាកក្រឡេក​ទតព្រះរាជ​និវេសន៍ គ្រានោះ​ឯង ផែនដី​ដែលមាន​ភ្នំសិនេរុ និង​ព្រៃជា​គ្រឿងប្រដាប់ ក៏ញាប់ញ័រ។

[២៦៨] (ព្រះវេស្សន្តរ…) នែនាងមទ្រី នាងចូរគន់មើលចុះ (នុ៎ះ) និវេសន៍​របស់​ព្រះបាទ​សិវិដ៏​ប្រសើរ (នុ៎ះ) វាំងរបស់យើង ដែល​ព្រះបិតា​ប្រទាន​ឲ្យ ប្រាកដ​ជារូប​គួរ​ត្រេកអរ។

[២៦៩] ពួកព្រាហ្មណ៍បានទៅតាមព្រះបាទវេស្សន្តរនោះ ព្រាហ្មណ៍​ទាំងនោះ​បានសុំ​សេះទាំងឡាយ​អំពីព្រះបាទ​វេស្សន្តរ​នោះ ព្រះបាទ​វេស្សន្តរ លុះពួក​ព្រាហ្មណ៍​សុំហើយ ក៏បាន​ប្រទាន​សេះទាំង ៤ ដល់​ព្រាហ្មណ៍​ទាំង ៤ នាក់។

[២៧០] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរគន់​មើលចុះ ម្រឹគទាំង​ឡាយ​មានភេទ​ជារមាំង នាំខ្ញុំទៅ ដូចសេះ​ដែលគេ​ទូន្មានល្អ​ហើយ ប្រាកដ​ជារូប​ដ៏វិចិត្រ។

[២៧១] លំដាប់នោះ ព្រាហ្មណ៍ទី ៥ ក៏មកក្នុង​ព្រៃនោះ ព្រាហ្មណ៍​នោះ បានសុំរថ​អំពី​ព្រះបាទ​វេស្សន្តរ​នោះ ព្រះបាទ​វេស្សន្តរ ក៏ប្រទាន​រថដល់​ព្រាហ្មណ៍​នោះ ព្រះហ្ឫទ័យ​របស់​ព្រះបាទ​វេស្សន្តរ មិនបាន​រួញរា​ឡើយ។

[២៧២] ព្រះបាទវេស្សន្តរទ្រង់ឲ្យជន គឺព្រះទេវី បុត្រាបុត្រី​របស់​ព្រះអង្គ (ចុះពីរថនោះ)​ រួចប្រទាន​អស្សរថ ដល់ព្រាហ្មណ៍​អ្នកសែ្វង​ទ្រព្យ។

[២៧៣] (ព្រះបាទវេស្សន្តរ…) នែមទ្រី នាងចូរពកណ្ហាចុះ ដ្បិតកណ្ហា​នុ៎ះជា​ប្អូន​នៅតូច​ស្រាល ខ្ញុំនឹង​ពជាលី ដ្បិតជាលីនោះ​ជាបង​ដ៏ធ្ងន់។

[២៧៤] ព្រះរាជាទ្រង់ពជាលីកុមារ ចំណែក​ព្រះរាជបុត្រី ទ្រង់​ពនាង​កណ្ហាជិនា ទ្រង់​យាងទៅ មានព្រះបន្ទូល​ព្រះវាចា​ជាទី​ស្រឡាញ់ សំណេះ​សំណាល​ទៅ​វិញទៅ​មក។

ចប់ ទានកណ្ឌ។

[២៧៥] (អភិសម្ពុទ្ធគាថា) (ក្សត្រទាំងនោះ មានព្រះបន្ទូល​សំណេះ​សំណាល​ថា) ប្រសិនបើ​ពួកមនុស្ស​ណាមួយ មកចួបក្នុង​ផ្លូវជា​លំដាប់ យើងនឹង​សួររក​ផ្លូវនឹង​មនុស្ស​ទាំងនោះ​ថា វង្កតបព៌ត​នៅក្នុង​ទីណា។ មនុស្ស​ទាំងនោះ បានឃើញ​យើង​ក្នុងទី​នោះ​ហើយ សមជា​ទួញយំ មុខគួរ​ឲ្យអណោច​អធម្ម មនុស្ស​ទាំងនោះ ក៏ប្រាប់​សេចក្តី​ទុក្ខថា វង្កតបព៌ត​នៅក្នុងទីឆ្ងាយ។

[២៧៦] បើក្មេងទាំងពីរ បានឃើញដើមឈើ ដែលមាន​ផ្លែក្នុងព្រៃ ក្មេងទាំង​ពីររមែង​យំទារ ព្រោះហេតុ​ចង់បាន​ផ្លែឈើ​ទាំងនោះ។​ ដើមឈើ​ទាំងឡាយ​ដ៏ខ្ពស់ ឃើញ​ក្មេង​ទាំងពីរ​កំពុងយំ ក៏ទោរទន់​មកជិត​ក្មេងទាំងពីរ ដោយខ្លួន​ឯងតែ​ម្តង។ ព្រះនាង​មទ្រីដែល​មានអវយវៈ​ទាំងអស់​ដ៏ល្អ បានឃើញ​ហេតុនេះ ជាហេតុ​អស្ចារ្យ​ចំឡែក គួរឲ្យ​ព្រឺរោម ក៏ញុំាង​សាធុការ​ឲ្យប្រព្រឹត្ត​ទៅថា​ ឱហ្ន៎ (នេះ) ​គួរអស្ចារ្យ​ណាស់ ចំឡែកណាស់ គួរឲ្យ​ព្រឺរោម​ក្នុងលោក ​ដើមឈើ​ទាំងឡាយ​ស្រាប់តែទោរ​ចុះមក​ឯង ដោយ​តេជះ​នៃព្រះវេស្សន្តរ។

[២៧៧] យក្ខទាំងឡាយ បំប្រួញផ្លូវដោយសេចក្តីអនុគ្រោះ​ចំពោះក្មេង​ទាំងពីរ​ ក្សត្រ​ទាំង​នោះ បានទៅ​ដល់ដែន​ឈ្មោះ​ចេតៈ តែមួយថៃ្ង រាប់ពី​សេ្តចចេញ​ទៅ។

[២៧៨] ក្សត្រទាំងនោះ យាងទៅកាន់ផ្លូវឆ្ងាយ ក៏បានដល់​ដែនឈ្មោះ​ចេតៈ ដែលជា​ជនបទ​ស្តុកស្ភម្ភ​ធំទូលាយ មានសាច់ សុរា និងទឹក​ច្រើន។

[២៧៩] អ្នកដែនចេតៈទាំងឡាយ បានឃើញព្រះនាងមទ្រី ដែល​ប្រកបដោយ​លក្ខណៈ សេ្តចមក​ដល់ហើយ ក៏នាំ​គ្នាចោមរោម​ចរចាថា ឱហ្ន៎ ព្រះនាង​ម្ចាស់ ជា​សុខុមាល​ជាតិ សេ្តច​សញ្ចរមក​ដោយ​ព្រះបាទ​ទទេ។ សមេ្តច​ព្រះមទ្រីនោះ ធ្លាប់សេ្តចទៅ​ដោយវ គ្រែសែ្នង និងរថ តែក្នុង​ថៃ្ងនេះ សេ្តចទៅ​ក្នុងព្រៃ​ដោយ​ព្រះបាទ​ទទេ។

[២៨០] ព្រះរាជាចេតៈទាំងឡាយ លុះបានឃើញ​ព្រះបាទ​វេស្សន្តរ​នោះហើយ ក៏ទ្រង់​ព្រះ​កន្សែង ចូលទៅ​ជិតថា បពិត្រ​ព្រះទេវៈ ព្រះអង្គ​សុខស្រួល​ទេឬ ​បពិត្រ​ព្រះទេវៈ ព្រះអង្គ​មិនមាន​ជំងឺ​ដម្កាត់​ទេឬ។ ព្រះបិតា​របស់​ព្រះអង្គ មិនមាន​រោគទេឬ ពួកអ្នក​សិវិរាស្រ្ត មិនមាន​ជំងឺដម្កាត់​ទេឬ បពិត្រ​មហារាជ ទៅណាទៅ​ពួក​ពលរបស់​ព្រះអង្គ ទៅណា​ទៅ​រថ​មណ្ឌល​របស់​ព្រះអង្គ។ ព្រះអង្គ​ទ្រង់​សេ្តច​មក​កាន់ផ្លូវឆ្ងាយ មិនមាន​សេះ មិនមាន​រថ ​ពួកបច្ចាមិត្រ​គ្របសង្កត់​ព្រះអង្គ​ឬ​ ទើបសេ្តច​យាងមក​កាន់ទិស​នេះ។

[២៨១] (ព្រះបាទវេស្សន្តរ…) ម្នាលសំឡាញ់ទំាងឡាយ យើងមាន​សេចកី្តសុខ​ស្រួលទេ មា្នលសំឡាញ់​ទំាងឡាយ យើង​មិនមាន​ជំងឺដម្កាត់​អី្វទេ ព្រះបិតា​របស់​យើង ក៏មិន​មានរោគ​ទេ ទំាំងពួក​អ្នកសិវិរាស្រ្ត​ក៏មិនមាន​ជំងឺដម្កាត់​ដែរ។ យើងបាន​ឲ្យដំរី​មានភ្លុក ង ទន្ទាំ អាចពុះពារ​សត្រូវ ស្គាល់ខែត្រ​នៃចម្បំាង​គ្រប់យ៉ាង ជាដំរី​ដ៏​ឧត្តម សសុទ្ធ បិទបាំង​ដោយសំពត់​កម្ពលលឿង ជាដំរី​ចុះបេ្រង អាចញាំញី​សត្រូវបាន មានភ្លុក (ល្អ) ប្រកប​ដោយស៊ែ​ ជាដំរី​សប្រហែល​នឹងភ្នំ​កៃលាស។ ខ្ញុំបានឲ្យដំរី​នោះ ព្រមទាំង​សេ្វតច្ឆត្រ ព្រមទាំង​កម្រាល​លើខ្នងដ៏ល្អ ព្រមទាំង​ពេទ្យ ព្រមទាំង​អ្នករក្សា ជាយាន​ដ៏ប្រសើរ ជា​រាជពាហនៈ ដល់ពួក​ព្រាហ្មណ៍។ ព្រោះដំណើរ​នោះ​ហើយ បានជា​ពួកអ្នក​សិវិរាស្រ្ត​ខឹងនឹង​ខ្ញុំ ទាំង​ព្រះបិតា ក៏មាន​ព្រះហ្ឫទ័យ​អាក់អន់​នឹងខ្ញុំ ព្រះរាជា​ទ្រង់ដេញ​ខ្ញុំ ខ្ញុំនឹង​ទៅឯភ្នំ​វង្កត នែសំឡាញ់​ទាំងឡាយ អ្នកទាំង​ឡាយចូរ​ដឹងឱកាស​ជាទីនៅ​ក្នុងព្រៃ។

[២៨២] (ពួកព្រះរាជាចេតៈ…) បពិត្រមហារាជ ព្រះអង្គទ្រង់យាងមក​ស្រួលហើយ ព្រះអង្គ​មិនមែន​យាងមក​ដោយ​អាក្រក់ទេ ព្រះអង្គ​ជាធំ ទ្រង់សេ្តច​មកដល់​ហើយ សូម​ព្រះអង្គ​មានព្រះបន្ទូល​ប្រាប់របស់​ដែលមាន​ក្នុងទីនេះ។ បពិត្រ​មហារាជ សូម​ព្រះអង្គ​ទ្រង់សោយ​អន្លក់ ក្រអៅឈូក ទឹកឃ្មុំ សាច់ និងបាយ​នៃអង្ករស្រូវ​សាលី​ដ៏សា្អត ដ្បិត​ព្រះអង្គ​យាងមក​ហើយ ទុកជា​ភ្ញៀវរបស់​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ។

[២៨៣] (ព្រះវេស្សន្តរ…) វត្ថុណា ដែលអ្នកទាំងអស់ ធើ្វឲ្យ​ជារបស់​មានតម្លៃ បានឲ្យ​ដល់​ខ្ញុំ វត្ថុនោះ ខ្ញុំក៏​បានទទួល​ហើយ​ (តែថា) ព្រះរាជា​ទ្រង់បណេ្តញ​ខ្ញុំ ខ្ញុំនឹង​ទៅឯភ្នំ​វង្កត នែសំឡាញ់​ទាំងឡាយ អ្នកទាំងឡាយ ចូរដឹង​ឱកាស​ជាទីនៅ​ក្នុងព្រៃ។

[២៨៤] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គដ៏ប្រសើរ​ក្នុងរថ សូមព្រះអង្គ​សេ្តច​គង់នៅ​ក្នុងដែន​ឈ្មោះចេតៈ​នេះសិន​ចុះ ទំរាំ​ពួកព្រះរាជា​ចេតៈ នឹងទៅកាន់​សំណាក់​ព្រះរាជា ដើម្បី​ទូលអង្វរ។ ពួកព្រះរាជា​ចេតៈ​ត្រេកអរ​បានទីពឹង​ហើយ ហែហម​ចោមរោម​ព្រះអង្គ​ទៅ ដើម្បី​ញុំាង​មហារាជ ដែលញុំាង​ពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន ឲ្យលើក​ទោស​ចោល បពិត្រ​ក្សត្រ សូមព្រះអង្គ​ទ្រង់ជ្រាប​យ៉ាងនេះ​ចុះ។

[២៨៥] (ព្រះបាទវេស្សន្តរ…) អ្នកទាំងឡាយ កុំពេញចិត្តនឹងការ​ទៅកាន់​សំណាក់​ព្រះរាជា ដើម្បីទូល​អង្វរ​មហារាជ ឲ្យលើក​ទោសចោល ព្រោះ​ព្រះរាជា​មិនជាធំ​ក្នុងការ​នោះទេ។ ព្រោះថា ពួកអ្នកសិវិរាស្រ្ត​ណា ជានាយ​ពលកី្ត ជាអ្នក​និគមកី្ត សុទ្ធតែ​ជាអ្នកខឹង ពួកអ្នក​សិវិរាស្រ្ត​នោះ ចង់បណេ្តញ​ទាំងព្រះរាជា ​ព្រោះហេតុ​តែយើង​ផង។

[២៨៦] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គអ្នកញុំាងដែនឲ្យចំរើន បើដំណើរ​ហ្នឹងមាន​ក្នុងដែន​នុ៎ះមែន សូមព្រះអង្គ​ដែលពួក​ព្រះរាជា​ចេតៈ​ចោមរោម ទ្រង់​សោយរាជ្យ​ក្នុងដែន​នេះចុះ។ ឯដែននេះ ជាដែន​ស្តុកស្តម្ភ​ទូលាយ ជនបទ​ក៏ស្តុកស្តម្ភធំ បពិត្រ​ព្រះទេវៈ សូមព្រះអង្គ ទ្រង់ធើ្វ​សេចក្តី​ពេញព្រះទ័យ ដើម្បីនឹង​គ្រប់គ្រង​រាជ្យ។

[២៨៧] (ព្រះបាទវេស្សន្តរ…) យើងដែលគេបណេ្តញអំពីដែនហើយ មិនមាន​សេចក្តី​បា្រថា្ន មិនមាន​សេចក្តី​ពេញចិត្ត ដើម្បីនឹង​គ្រប់គ្រង​រាជទេ ម្នាលពួក​ចេតបុត្រ អ្នកចូរ​សា្តប់ខ្ញុំ។ បើពួក​ព្រះរាជា​ចេតៈ​អភិសេក​យើង ដែល​គេបណេ្តញ​ចាកដែន​ក្នុងរាជ្យ​ហើយ ពួកអ្នក​សិវិរាស្រ្ត​ណា ជា​នាយពលក្តី ជាអ្នក​និគមកី្ត ពួកអ្នក​សិវិរាស្រ្ត​នោះ មិន​ត្រេកអរទេ។ ទាំងមិន​មានសេចក្តី​ស្មោះស័្មគ្រ នឹងអ្នក​ទាំងឡាយ ព្រោះ​ហេតុតែ​ខ្ញុំដោយ​ពិត ខ្ញុំមិន​គាប់ចិត្ត​នឹងការ​ប្រកួតប្រកាន់ ទាស់​ទែង​ជាមួយ​ពួកអ្នក​សិវិរាស្រ្ត។ តទៅ​ នឹងកើត​មានការ​ប្រកួត​ប្រកាន់ដ៏​ពន្លឹក ការវាយដំគ្នា​យ៉ាង​សម្បើម នឹងមាន​មិនខាន ជនជា​ច្រើនគប្បី​បៀតបៀន​គ្នា ព្រោះ​ហេតុតែ​ខ្ញុំម្នាក់ឯង។ វត្ថុណា​ដែលអ្នក​ទាំងអស់​គ្នាធើ្វឲ្យ​ជារបស់​មានតមៃ្ល បានឲ្យ​ដល់ខ្ញុំ វត្ថុនោះ​ខ្ញុំបាន​ទទួលហើយ ព្រះរាជា​ទ្រង់​បណេ្តញ​ខ្ញុំ ខ្ញុំនឹង​ទៅភ្នំវង្កត ម្នាលសំឡាញ់​ទាំងឡាយ អ្នក​ទាំងឡាយ ចូរដឹង​ឱកាស​ជាទីនៅ​ក្នុងព្រៃ។

[២៨៨] (ពួកព្រះរាជាចេតៈ…) ពួករាជបព្វជិតជាអ្នកឈ្លាស ជា​អ្នកបូជា​ភើ្លង មាន​ចិត្ត​តំកល់មាំ តែងគង់​នៅក្នុងទីណា ពួកទូល​ព្រះបង្គំ​ជាខ្ញុំ នឹងក្រាប​ទូលដល់​​ព្រះអង្គ​យ៉ាង​នោះ បពិត្រ​មហារាជ ព្រះអង្គ​គង់នៅជា​មួយព្រះរាជបុត្ត ព្រមទាំង​ព្រះអគ្គជាយា កែ្បរភ្នំ​ណា ភ្នំនោះ​ហៅថា ភ្នំគន្ធមាទន៍ ជាវិការ​នៃថ្មសទ្ធ។

[២៨៩] ពួកព្រះរាជាចេតៈ កាលយំមានមុខជោកដោយទឹកភែ្នក ក៏ក្រាប​ទូល​ព្រះបាទ​វេស្សន្តរ​នោះថា បពិត្រ​មហារាជ សូមព្រះអង្គ​ទ្រង់យាង​ទៅអំពីទីនេះ សំដៅ​ត្រង់​ទៅទិស​ខាងជើង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គ្រានោះ ព្រះអង្គ​នឹងទត​ឃើញ​ភ្នំ ឈ្មោះ​វេបុល្លៈ ជាភ្នំ​ដេរដាស​ដោយពួក​ឈើផេ្សង ៗ មានម្លប់​ត្រជាក់ ជាទី​រីករាយចិត្ត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះព្រះអង្គ​ឆ្លងផុត​ភ្នំនោះហើយ នឹងបាន​ឃើញ​ស្ទឹងមួយ ជាទី​ហូរទៅ​នៃទឹក ឈ្មោះ​កេតុម្មតី ជាស្ទឹងជ្រៅ ហូរចេញអំពី​ផ្ទៃភ្នំ។ ដេរដាស​ដោយហ្វូង​ត្រីច្រើន មានកំពង់​រាបសើ្មល្អ មានទឹក​ច្រើន ព្រះអង្គ​ស្រង់​ផង សោយផង លួងលោម​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ក្នុងស្ទឹង​នោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន តទៅ ព្រះអង្គ​នឹងទត​ឃើញដើមជ្រៃ មាន​ផែ្លផែ្អម ដុះនៅ​លើ​កំពូលភ្នំ​ជាទីត្រេកអរ មានម្លប់​ត្រជាក់ ជាទីរីករាយ​នៃចិត្ត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ព្រះអង្គ​នឹងទត​ឃើញ​ភ្នំមួយ ឈ្មោះ​នាលិកៈ ជាវិការៈនៃថ្ម ដេរដាស​ដោយពួកសត្វ​ស្លាបផេ្សងៗ កុះករ​ដោយពួក​កិន្នរ។ នៅភាគ​ខាង​ជើងឆៀង​ខាង​កើតនៃ​ភ្នំនោះ មានស្រះ​ឈ្មោះ​មុចលិន្ទ ដេរដាស​ដោយឈូក​សផង ឧប្បល​សផង ចង្កុលណី​ផង។​ ព្រះអង្គ​ចូលទៅកាន់ព្រៃ​ដូចផ្ទៃមេឃ មានស្មៅ​ចិញ្ចៀន​ខៀវ​ស្រស់​ជានិច្ច ចូលទៅ​កាន់ដង​ព្រៃ ដេរដាស​ដោយឈើ​មានផ្កា និង​ឈើមាន​ផ្លែទាំងពីរ ដូចសីហៈ​ប្រាថ្នា​ចំណី។ ក្នុងព្រៃនោះ មានបក្សី​ជាច្រើន​មានសម្បុរ​ប្លែក ៗ គ្នា មាន​សំឡេង​មូល មាន​សំឡេង​ពីរោះ ស្រែកយំ​ឆ្លងឆ្លើយ​គ្នា​ទៅមក លើដើម​ឈើមាន​ផ្ការីក​តាមរដូវ។ ព្រះអង្គ​ទ្រង់សេ្តច​ទៅកាន់​ជង្ហុកភ្នំ និងកន្លែង​កកើតនៃ​ស្ទឹង​ទាំងឡាយ នឹងបាន​ទតឃើញ​ស្រះបោក្ខរណី ដេរដាស​ដោយ​ដើមកញ្ជើបាយដាច និង​ដើមថ្ងាន់។ ជា​ស្រះ​ដេរដាស​ដោយហ្វូង​ត្រីដ៏​ច្រើន មាន​កំពង់​រាបស្មើ​ល្អ មានទឹក​ច្រើន មាន​សណ្ឋាន ៤ ជ្រុង​សើ្ម មានទឹក​មាន​រសឆ្ងាញ់ មានក្លិន​មិនគួរខើ្ពម។ សូម​ព្រះអង្គ​ទ្រង់សាង​បណ្ណសាលា​ត្រង់ទិស​ខាងជើង ឆៀង​ខាងកើត​នៃស្រះបោក្ខរណី​នោះ លុះទ្រង់​បានសាង​បណ្ណសាលា​ហើយ សូមទ្រង់​ព្យាយាម ត្រាច់សែ្វងរក​ផលាផល​ចិញ្ចឹម​ព្រះអង្គចុះ។

ចប់ វនប្បវេសន៍។

[២៩០] (អភិសម្ពុទ្ធគាថា) មានព្រាហ្មណ៍មា្នក់ឈ្មោះជូជក នៅក្នុងដែន​កលិង្គៈ ឯភរិយា​របស់គាត់​នៅក្មេង ឈ្មោះនាង​អមិត្តតាបនា។ ពួកស្រី​ជាអ្នក​ដងទឹក​ស្ទឹងក្នុង​ស្រុកនោះ បានទៅ​ស្តីថានាង​អមិត្តតាបនា​នោះ​ ផ្អើលជ្រួលជ្រើម​ចោមរោម ជេរប្រទេច​នាង​អមិត្តតាបនា​នោះថា ម្ដាយនាងជា​សត្រូវពិត ឪពុកនាង​ជាសត្រូវពិត បានជា​ឲ្យនាង​ដែលនៅ​កំពុង​ក្រមុំយ៉ាង​នេះ ដល់​ព្រាហ្មណ៍​ចាស់។ ពួកញាតិ​របស់នាង​នាំគ្នា​ទៅប្រឹក្សា​ក្នុងទី​ស្ងាត់ មិនជា​ប្រយោជន៍​ដល់នាង​ពិត​ហើយ បានជា​នាំគ្នា​លើកនាង ដែលនៅ​កំពុង​ក្រមុំ​យ៉ាងនេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ ពួកញាតិ​របស់នាង នាំគ្នាទៅប្រឹក្សា​ក្នុងទីស្ងាត់ ជាការ​អាក្រក់​របស់នាង​ប្រាកដ​ហើយ បានជា​នាំគ្នា​លើកនាង ដែលនៅ​ក្រមុំ​យ៉ាងនេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ ពួកញាតិ​របស់នាង នាំគ្នា​ទៅប្រឹក្សា​ក្នុងទីស្ងាត់ ជាការ​លាមក​របស់​នាង​ប្រាកដហើយ បានជា​នាំគ្នា​លើកនាង ដែលនៅ​ក្រមុំយ៉ាង​នេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ ពួកញាតិ​របស់នាង នាំគ្នាទៅ​ប្រឹក្សាក្នុង​ទីស្ងាត់ មិនជា​ទីគាប់​ចិត្តរបស់​នាងពិត​ហើយ បានជា​នាំគ្នា​លើកនាង ដែលនៅ​ក្រមុំយ៉ាង​នេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ នាងនៅ​ទាំងមិន​គាប់ចិត្ត ជាមួយ​នឹងប្ដីចាស់ ដ្បិតនាង​នៅក្នុង​ផ្ទះនៃ​ប្ដីចាស់​បែបនេះ នាងស្លាប់​ទៅប្រសើរ​ជាងការ​រស់នៅ។ នែនាង​មានលំអ​យ៉ាងឆើត មាតាបិតា​របស់នាង​ជាក់ជា​រកប្ដី​ដទៃឲ្យ​នាងមិនបាន បានជា​នាំគ្នា​លើកនាង​ដែល​នៅក្រមុំ​យ៉ាងនេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ នាងបាន​ធ្វើការបូជា​មិនល្អ​ក្នុងថ្ងៃទី ៩ ទាំង​មិនបាន​ធ្វើការបូជា​ព្រះអគ្គី បានជា​ពួកញាតិនាំ​គ្នាលើកនាង ដែលនៅ​ក្រមុំ​យ៉ាងនេះ ឲ្យដល់​ព្រាហ្មណ៍​ចាស់។ នាងជាក់​ជាជេរប្រទេច​ពួកសមណៈ និង​ព្រាហ្មណ៍ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ទៅខាងមុខ ជាអ្នក​មាន​សីល មានការ​ចេះដឹង​ច្រើនក្នុងលោក​ បានជា​នាងដែល​នៅក្រមុំ​យ៉ាងនេះ នៅ​ (ក្នុងផ្ទះ) ព្រាហ្មណ៍​ចាស់។ ពស់ចឹក មិនទាន់​ជាទុក្ខទេ ទាំង​លំពែងមុត ក៏មិន​ទាន់ជាទុក្ខដែរ ត្រង់នាង​ឃើញប្តី​ចាស់នោះ ទើបជា​ទុក្ខ ទាំងជា​គ្រឿងកៅ្ត​ក្រហាយ។ ល្បែង​មិនមាន តម្រេក​មិនមាន ការចរចា​ទៅមក ជាមួយ​នឹងប្តីចាស់​មិនមាន ទាំង​ការសើច ក៏មិន​សមល្អ។ ​កាលណា​ប្តីក្មេង ប្រពន្ធក្មេង ទៅប្រឹក្សា​គ្នាក្នុងទីស្ងាត់ កាលណោះ សេចក្តី​សោកគ្រប់​យ៉ាងណា​មួយ ដែល​អាស្រ័យ​នៅហ្ឫទ័យ ក៏រមែង​វិនាសបាត់​ទៅ នាងក្មេង​មានរូបល្អ រមែង​ជាទីប្រាថា្ន​នៃពួក​បុរស​ណាស់ ចូរនាង​វិលទៅ​នៅ​ឯត្រកូល​ញាតិ​វិញទៅ ព្រាហ្មណ៍ចាស់​នឹងធើ្វ​នាងឲ្យ​រីករាយ​ដូចមេ្តច​កើត។

[២៩១] (នាងអមិត្តតាបនា…) នែព្រាហ្មណ៍ ខ្ញុំមិនទៅដងទឹកស្ទឹងឲ្យ​អ្នកទេ នែ​ព្រាហ្មណ៍ ដ្បិត​ពួកស្រី ៗ ជេរប្រទេចខ្ញុំ ព្រោះតែ​អ្នកចាស់។

[២៩២] (ជូជក…) នាងកុំធើ្វកិច្ចការឲ្យអញឡើយ នាងកុំដង​ទឹកមក​ឲ្យអញឡើយ អញ​នឹងដងទឹក (ខ្លួនឯង) ម្នាលនាង​ដ៏ចំរើន នាងកុំ​ក្រេវក្រោធឡើយ។

[២៩៣] (នាងអមិត្តតាបនា) ខ្ញុំមិនមែនកើតក្នុងត្រកូល (ស្រីអ្នកប្រើបី្ត) នោះទេ អ្នកដងទឹក​ណា (ខ្ញុំមិនត្រូវ​ការទឹក​នោះទេ) នែព្រាហ្មណ៍ អ្នកចូរដឹង​យ៉ាងនេះចុះ ខ្ញុំនឹង​មិននៅ​ក្នុងផ្ទះ​អ្នកទេ។ នែព្រាហ្មណ៍ បើអ្នក​មិននាំខ្ញុំប្រុស ឬខ្ញុំ​ស្រីមកឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរ​ដឹងយ៉ាង​នេះចុះ ខ្ញុំមិននៅ​ក្នុងសំណាក់​អ្នកទេ។

[២៩៤] (ជូជក…) ម្នាលនាងព្រាហ្មណី ហេតុជាទីតាំងនៃសិល្បៈក្តី ទ្រព្យក្តី ស្រូវក្តី របស់អញ​មិនមានទេ អញ​នឹងនាំ​យកខ្ញុំប្រុស ឬខ្ញុំស្រី​មកឲ្យនាង​ដ៏ចំរើន​អំពីណា​បាន អញនឹង​បំរើនាង​ដ៏ចំរើន នាងដ៏​ចំរើនកុំ​ក្រេវក្រោធ​ឡើយ។

[២៩៥] (នាងអមិត្តតាបនា…) អ្នកចូរមក ខ្ញុំនឹងបា្រប់អ្នក តាមពាក្យ​ដែលខ្ញុំឮ​មកថា ព្រះរាជា​ទ្រង់​ព្រះនាម​វេស្សន្តរ​នោះ ស្តេចគង់​នៅនា​គិរីវង្កត។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​ទៅសុំ​ខ្ញុំប្រុស ខ្ញុំស្រី​នឹងព្រះបាទ​វេស្សន្តរ​នោះ។​ ក្សត្រនោះ ដែលអ្នក​សុំហើយ មុខជា​ប្រទាន​ខ្ញុំប្រុស ខ្ញុំស្រីដល់​អ្នកពុំខាន។

[២៩៦] (ជូជក…) អញចាស់ហើយ មានកំឡាំងថយ ទាំងផ្លូវ​ក៏ឆ្ងាយ​លំបាកទៅ​ណាស់ នាងដ៏ចំរើន កុំយំយែក​ឡើយ នាង​ដ៏ចំរើន កុំអាក់អន់​ចិត្តឡើយ អញ​នឹងបំរើ​នាង​ដ៏ចំរើន នាងដ៏​ចំរើន កុំក្រេវ​ក្រោធ​ឡើយ។

[២៩៧] (នាងអមិត្តតាបនា…) ទាហានមិនទាន់ទៅធើ្វសង្គ្រាម មិនទាន់​ច្បាំង ចាញ់​មុនទៅ​ហើយ ម្នាល​ព្រាហ្មណ៍ អ្នក​មិនទាន់​ទំាងទៅ​ផង ចាញ់យ៉ាង​នោះដែរ។ នែ​ព្រាហ្មណ៍ បើអ្នក​មិននាំ​ខ្ញុំប្រុស ខ្ញុំស្រីមក​ឲ្យខ្ញុំទេ នែព្រាហ្មណ៍ អ្នកចូរ​ដឹងយ៉ាង​នេះចុះ ខ្ញុំនឹង​មិននៅ​ក្នុងផ្ទះ​អ្នកទេ ខ្ញុំនឹង​ធើ្វអំពើ​មិនគាប់ចិត្ត​ដល់អ្នក អំពើនោះ​នឹង​ជាទុក្ខ​ដល់អ្នក​មិនខាន កាលណា​អ្នកនឹង​ឃើញខ្ញុំ​តាក់តែង (ខ្លួន) ត្រេកត្រអាល​​ជាមួយ​នឹងពួក​ប្រុសឯ​ទៀត ក្នុងថ្ងៃ​នក្ខត្តឫក្ស ក្នុងខាង​ដើមរដូវ​ទំាងឡាយ ដំណើរ​នោះនឹង​ជាទុក្ខ​ដល់អ្នក​ក្នុងកាល​នោះ។ ម្នាល​ព្រាហ្មណ៍ កាលអ្នក​ជាបុគ្គល​ចាស់ទួញ​យំរៀបរាប់ ព្រោះតែ​មិនបាន​ឃើញខ្ញុំ ខ្នងរឹតតែ​កោងទៅ សក់នឹង​ស្កូវ​ច្រើនឡើង។

[២៩៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រាហ្មណ៍នោះ ភិតភ័យ លុះក្នុងអំណាច​នាង​ព្រាហ្មណី ត្រូវកាមរាគ​គ្របសង្កត់ បានពោល​នឹងនាង​ព្រាហ្មណី​យ៉ាងនេះថា ម្នាលនាង​ព្រាហ្មណី នាងចូរ​ធើ្វទ្រាបល្ង​ផង ទ្រាបលាជ​ផង​ នំទឹកឃ្មុំ​ដែលគេ​ធើ្វល្អ​ហើយផង ភត្ត គឺសដូវផង ឲ្យជា​ស្បៀងដល់​អញ។ ​អញនឹង​នំាកុមារ​ជា​ខ្ញុំពីរ​នាក់ មានជាតិ​គោត្រ​ត្រកូល និងប្រទេស ដើម្បីនាង កុមារទាំង​នោះ​នឹងបំរើ​នាង​ទាំងយប់​ទាំងថៃ្ង មិនខ្ជិល​ច្រអូស​ឡើយ។

[២៩៩] ជូជក ជាព្រហ្មពន្ធុ លុះពោលយ៉ាងនេះហើយ ក៏ពាក់​ស្បែកជើង លំដាប់​នោះ គាត់ផ្តែផ្តាំ​ភរិយា ហើយប្រទក្សិណ ចៀសចេញ​ទៅ ព្រាហ្មណ៍នោះ មានមុខយំ​សស្រាក់ បាន​សមាទានវត្ត ត្រាច់ទៅ​កាន់នគរ​របស់ពួក​អ្នកសិវិរាស្រ្ត ជានគរធំ​ទូលាយ សែ្វងរក​ខ្ញុំប្រុសខ្ញុំស្រី។

[៣០០] ព្រាហ្មណ៍នោះ បានដើរទៅក្នុងនគរនោះ សាកសួរជន​ទាំងឡាយ ដែល​ប្រជុំ​គា្នក្នុង​នគរ​នោះថា ព្រះបាទ​វេស្សន្តរ សេ្តចយាង​ទៅក្នុងទីណា យើងគប្បី​គាល់​ក្សត្រ​អង្គនោះ ក្នុងទីណា។ ពួកជន​ដែលមក​ប្រជុំគា្ន​ក្នុងទីនោះៗ បាន​និយាយ​នឹងព្រាហ្មណ៍​នោះ​ថា មា្នលព្រាហ្មណ៍ ក្សត្រត្រូវ​ពួកអ្នក​ធើ្វឲ្យខ្ចាត់​ភ្លាត់ទៅ ព្រោះ​អតិទាន (ទានប្រសើរ) គេបំបរ​បង់ចាក​ដែនរបស់​ព្រះអង្គ ៗ ទៅ​គង់ឯគិរីវង្កត។ មា្នល​ព្រាហ្មណ៍ ក្សត្រត្រូវ​ពួកអ្នក​ធើ្វឲ្យ​ខ្ចាត់ភ្លាត់​ទៅ ព្រោះ​អតិទាន ទ្រង់នាំ​ព្រះឱរស និង​ព្រះទេវី​ទៅគង់​នៅឯគិរីវង្កត។

[៣០១] ជូជកនោះ ដែលនាងព្រាហ្មណីដាស់តឿនហើយ ជាបុគ្គល​មានសេចក្តី​ជាប់​ចំពាក់​នឹងកាម រងទុក្ខ​ក្នុងព្រៃ ដេរដាស​ដោយម្រឹគ​សាហាវ ជាទី​ដែលរមាស និង​ខ្លាដម្បង​អាស្រ័យ​នៅហើយ។ ព្រាហ្មណ៍នោះ បានកាន់​ដម្បង​មានសម្បុរដូច​ផែ្លភៅ្ន និង​វែកសម្រាប់​បូជាភើ្លង ព្រមទាំង​កុណ្ឌីរ ចូលទៅ​កាន់ព្រៃធំ ដែលគាត់​បាន​ឮថា​ជាទី​ដែល​ព្រះវេស្សន្តរ ព្រះអង្គឲ្យ​សេចក្តីបា្រថ្នា (គង់នៅ)។ ឆែ្កទាំង​ឡាយ បានចោម​រោមគាត់ កំពុង​ចូលទៅ​កាន់ព្រៃ​ធំនោះ គាត់វងេ្វង​ផ្លូវ ស្រែក​ទ្រហោយំ ស្ទុះឃា្លតទៅក្នុង​ទីឆ្ងាយ​អំពីផ្លូវ (ដែលជា​ទីទៅកាន់​គិរីវង្កត)។ លំដាប់នោះ ព្រាហ្មណ៍​ដែលលោ្មភ​ក្នុងភោគៈ មិនសង្រួម ទៅវងេ្វង​នៅក្នុងផ្លូវ​ដែលជា​ទីទៅ​កាន់គិរីវង្កត (ត្រូវពួកឆែ្ក​ទាំងឡាយ​ចោមព័ទ្ធ ក៏ឡើង​ទៅអង្គុយ​នៅលើ​ដើមឈើ) បានពោល​គាថាទាំង​នេះថា

[៣០២] ជនណាហ្ន៎ ប្រាប់ព្រះវេស្សន្តរ ដែលជារាជបុត្ត​ដ៏ប្រសើរ ឈ្នះ​សេចក្តី​កំណាញ់ មិនចាលចាញ់ ជាអ្នក​ឲ្យសេចក្តី​កេ្សម ក្នុងកាល​មានភ័យ​ដល់ខ្ញុំ។ ព្រះបាទ​វេស្សន្តរ​ណា ជាទីពឹង​នៃពួកអ្នក​ស្មូម​ ដូចជា​ផែនដី ជាទីពឹង​នៃពួកសត្វ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មានឧបមា​ដូចផែនដី​ដល់ខ្ញុំ។ ព្រះបាទ​វេស្សន្តរ​ណា ជាទីទៅ​របស់​ពួកស្មូម ដូចជា​សាគរ​ជាទីទៅ​នៃផ្លូវទឹក​ទាំងឡាយ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មាន​ឧបមាដូច​ជាសមុទ្រ​ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់ព្រះ​វេស្សន្តរ​មហារាជ មាន​ឧបមា​ដូចជា​អន្លង់ទឹក​មានកំពង់​ល្អ ងាយផឹក មានទឹក​ត្រជាក់ ជាទី​មនោរម្យ ដេរដាស​ដោយ​ផ្កាឈូកស ប្រកប​ដោយ​លំអង​ផ្កាដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មាន​ឧបមា​ដូចជា​ដើមពោធិ៍បាយ​ដែល​ដុះក្បែរផ្លូវ មានម្លប់​ត្រជាក់ ជាទី​មនោរម្យ ជាទី​សម្រាក​របស់​បុគ្គល​នឿយហត់ ជាទី​ពំនាក់នៃ​បុគ្គលដែល​លំបាក​ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មានឧបមា​ដូចជា​ដើមជ្រៃ ដែលដុះ​ក្បែរផ្លូវ មានម្លប់​ត្រជាក់ ជាទី​មនោរម្យ ជាទី​សម្រាក​នៃបុគ្គល​នឿយហត់ ជាទី​ពំនាក់​នៃបុគ្គល​ដែល​លំបាក​ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មានឧបមា​ដូចដើម​ស្វាយ មានម្លប់​ត្រជាក់ ជាទី​មនោរម្យ ជាទី​សម្រាក​នៃបុគ្គល​នឿយហត់ ជាទីពំនាក់​នៃបុគ្គល​ដែល​លំបាក​ដល់ខ្ញុំ។ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរ​មហារាជ មានឧបមា​ដូចដើម​រាំង ដែលដុះ​ក្បែរផ្លូវ មាន​ម្លប់​ត្រជាក់ ជាទីមនោរម្យ ជាទី​សម្រាកនៃ​បុគ្គល​នឿយហត់ ជាទី​ពំនាក់​នៃបុគ្គល​ដែលលំបាក ដល់ខ្ញុំ។​ នរណាហ្ន៎ ប្រាប់​ព្រះវេស្សន្តរមហារាជ មានឧបមា​ដូចដើមឈើ​ដែល​ដុះក្បែរផ្លូវ មានម្លប់​ត្រជាក់ ជាទីមនោរម្យ ជាទី​សម្រាកនៃ​បុគ្គល​នឿយហត់ ជាទី​ពំនាក់​នៃបុគ្គល​ដែល​លំបាក ដល់ខ្ញុំ។ ម្យ៉ាងទៀត បុគ្គលណា​និយាយ​ប្រាប់ថា ខ្ញុំឯង​សា្គល់​កនែ្លង​នៅនៃ​ព្រះបាទ​វេស្សន្តរ​ដូច្នេះ ដល់ខ្ញុំ ដែលចូល​មកក្នុង​ព្រៃធំ កំពុងយំ​រៀបរាប់​យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ញុំាង​សេចក្តី​ត្រេកត្រអាល​ឲ្យកើត​ដល់ខ្ញុំ។ មួយទៀត បុគ្គលណា និយាយ​ប្រាប់ថា ខ្ញុំដឹងទី​លំនៅ​នៃព្រះបាទ​វេស្សន្តរ​ដូច្នេះ ដល់ខ្ញុំ ដែល​ចូលមក​ក្នុងព្រៃធំ កំពុង​យំរៀបរាប់​យ៉ាងនេះ បុគ្គល​នោះ រមែង​ប្រទះបុណ្យ​ដ៏ច្រើន ព្រោះតែ​សំដីមួយ​ម៉ាត់នោះឯង។

[៣០៣] ចេតបុត្តព្រានព្រៃ អ្នកចូលទៅក្នុងព្រៃ បានស្រដីតប​ទៅនឹង​ជូជក​ព្រាហ្មណ៍​នោះ​ថា នែព្រាហ្មណ៍ ក្សត្រត្រូវ​ពួកអ្នកធើ្វ​ឲ្យខ្ចាត់ភ្លាត់​ទៅព្រោះ​អតិទាន ត្រូវគេ​បណេ្តញ​ចេញចាក​ដែន​របស់​ព្រះអង្គ ទៅគង់​ឯគិរីវង្កត។ ម្នាលព្រាហ្មណ៍ ក្សត្រត្រូវពួក​អ្នកធើ្វ​ឲ្យខ្ចាត់ភ្លាត់​ទៅ ព្រោះអតិទាន ទ្រង់នាំ​ព្រះរាជបុត្រ និងព្រះទេវីទៅ​គង់ឯគិរីវង្កត។ អ្នកជា​បុគ្គល​ឥតប្រាជ្ញា មិនខំប្រឹង​ធើ្វការងារ ចេញអំពី​ដែនចូល​មក​កាន់ព្រៃធំ ដើរសែ្វង​រក​ព្រះរាជបុត្រ ដូចជាកុក​សែ្វងរកត្រី​ក្នុងទឹក។ នែព្រាហ្មណ៍ យើងមុខជា​មិនឲ្យជីវិត ដល់អ្នក​នោះក្នុងទី​នេះទេ ព្រោះថា ព្រួយនេះ​ដែល​យើងបាញ់​សំដៅ​អ្នកហើយ មុខជា​ផឹកឈាម​អ្នក។ មា្នលព្រាហ្មណ៍​ យើងមុខជា​នឹងកាត់ក្បាល​អ្នក ពន្លះកាត់​យកបេះដូង ព្រម​ទាំងទង ហើយបូជា​បន្ថសកុណ​យ័ញ្ញ (បូជា​ទេវតា​ក្នុងផ្លូវ) ដោយ​សាច់របស់​អ្នក។ ម្នាល​ព្រាហ្មណ៍ យើងនឹងកាត់​យកបេះដូង​របស់អ្នក រួចផ្គង​ការបូជា​ដោយសាច់ ខា្លញ់ខាប់ និង​ក្បាលរបស់​អ្នក។ ម្នាល​ព្រាហ្មណ៍ ការបូជា​នោះ ដោយសាច់​របស់អ្នក​នោះ ឈ្មោះថា​យើងបូជា​ល្អហើយ មួយទៀត អ្នកនឹង​នាំព្រះទេពី និងព្រះរាជ​បុត្រា​បុត្រីនៃ​ព្រះរាជបុត្រ​មិនបាន​ទេ។

[៣០៤] (ជូជក…) នែចេតបុត្ត អ្នកចូរសា្តប់យើង ព្រាហ្មណទូត ​អ្នកមិន​ត្រូវសមា្លប់​ទេ ព្រោះហេតុ​នោះឯង​ បានជា​គេមិន​សមា្លប់​ទូត នេះជាធម៌​មានមក​យូរយារ​ណាស់​ហើយ ពួកអ្នក​សិវិរាស្រ្ត​ទាំងអស់ បាត់ខឹង​ហើយ ព្រះបិតា​ចង់ជួប​ព្រះបាទ​វេស្សន្តរ​នោះ ទាំង​ព្រះមាតា​ព្រះអង្គ​ក៏មាន​កំឡាំង​ថយ ពុំយូរឡើយ មុខជានឹង​ងងឹត​ព្រះនេត្រ (ដោយ​ទ្រង់​ព្រះពិលាប)។ នែចេតបុត្ត អ្នកចូរសា្តប់​ពាក្យយើង យើងជា​រាជទូត​ដែល​ក្សត្រ​ទាំងនោះ​បញ្ជូនមក​ហើយ យើង​នឹងនាំទៅនូវព្រះរាជបុត្ត បើអ្នកដឹង អ្នកចូរ​ប្រាប់យើង។

[៣០៥] (ចេតបុត្ត…) នែព្រាហ្មណ៍ អ្នកជាទូត ជាទីស្រឡាញ់​នៃព្រះបាទ​វេស្សន្តរ ដែល​ជាទី​ស្រឡាញ់​របស់យើង យើងខ្ញុំ​នឹងឲ្យ​ភាជន៍​ដ៏ពេញ​ដោយទឹក​ផង គុម្ពទឹកឃ្មុំ​នេះផង ភៅ្លម្រឹគ (ដែលចំអិន​ស្រេច) ផង ដល់អ្នក មួយទៀត ព្រះបាទ​វេស្សន្តរ ដែលជា​អ្នកឲ្យ​វត្ថុជាទី​ប្រាថា្ន​ គង់នៅ​ក្នុងប្រទេស​ណា យើងនឹង​ប្រាប់ប្រទេស​នោះ ដល់អ្នក។

ចប់ ជូជកបព្វៈ។

[៣០៦] (ចេតបុត្ត…) នែមហាព្រាហ្មណ៍ នោះហ្ន៎ ភំ្នគន្ធមាទន៍ ជាវិការៈ​នៃថ្ម ដែល​ព្រះបាទ​វេស្សន្តរ​សេ្តចគង់​នៅជាមួយ​នឹងព្រះរាជបុត្រ និង​ព្រះទេពី។ ព្រះរាជា​ទ្រ​ទ្រង់​ភេទ​​អ្នកបួស​ដ៏ប្រសើរ​ផង មានទំពក់ និងវែក​សម្រាប់​បូជាភើ្លង និងជដា​ផង ទ្រង់ស្លៀក​ដណ្តប់​ស្បែកខា្ល ផ្ទំលើ​ផែនដី នមសា្ករ​នូវភើ្លង។ ឈើទាំង​ឡាយនុ៎ះ​ដ៏ខៀវ ទ្រទ្រង់​ផែ្ល​ផេ្សងៗ ដ៏ខ្ពស់ មានកំពូល​ទើសមេឃ ដ៏ខៀវ​ដូចភ្នំ​ផ្កាអញ្ជ័ន។​ មានដើម​ត្របែកព្រៃ ដើម​ត្រចៀកប្រើស ដើមគគីរ ដើមរាំង ដើមពង្រ និងដើមជ្រៃ ទោរទន់​ទៅមក​ដោយខ្យល់ ដូចជា​មាណព ទើបផឹក (ស្រា)​ ម្តង។​ នៅខាងលើ​មែក​ឈើទាំងឡាយ ឮសូរ​ស័ព្ទដូចជា​ចម្រៀងទិព្វ (ព្រោះ) មានហ្វូង​ប៉ោលតោក និងតាវ៉ៅ ចុះទំពីឈើ​មួយទៅ​ឈើមួយ។ មែកឈើ និងស្លឹកឈើ​ទាំងឡាយ ដែលខ្យល់​បក់ត្រូវ​ហើយ ឮដូចជា​ហៅរក​ជន​កំពុង​ដើរ ដូចជា​រីករាយ​នឹងជន​ដែល​មកដល់ ត្រេកត្រអាល​នឹងជន​ដែលនៅ​អាស្រ័យ។ អ្នកនឹង​ចូលទៅក្នុង​អាស្រម ដែលជា​កនែ្លង​ព្រះបាទ​វេស្សន្តរ​ សេ្តចគង់​នៅជាមួយ​នឹងព្រះរាជ​បុត្រា​បុត្រី​ទាំងឡាយ សេ្តច​ទ្រទ្រង់ភេទ​ជាអ្នកបួស​ដ៏ប្រសើរ មាន​ទំពក់ និងវែក​សម្រាក់បូជា​ និងព្រះជដា​ ទ្រង់ស្លៀក​ស្បែកខា្ល ផ្ទំលើ​ផែនដី នមស្ការ​ភើ្លង។

[៣០៧] ក្នុងទីនុ៎ះ មានដើមស្វាយ ខិ្វត ខ្នុរ រាំង ព្រីង សម៉ពិភេទក៍ សម៉ភ្លុក កន្ទួតព្រៃ ពោធិ ពទ្រា ទន្លាប់មាស ជ្រៃ និងក្រសាំង មាក់សាង មានផែ្ល​ដ៏ផែ្អម​រុងរឿង និង​ល្វា​មានផែ្លទុំ ដើមទាបៗ មានចេក​អម្បូងភ្លុក ចេកអម្បូងសែ្នង និងចន្ទន៍ មានផែ្ល​ផែ្អមដូច​ទឹកឃ្មុំ គេតែង​យកឃ្មុំ​ឥតមេ​ក្នុងទីនោះ មកជា​របស់ខ្លួន ហើយ​បរិភោគ។ ក្នុងទីនុ៎ះ មានស្វាយខ្លះ​កំពុងផ្កា សា្វយខ្លះ​ទើបជាក្បាល​រុយ សា្វយ​ខ្លះមានផែ្ល​ខ្ចី និងទុំ ផ្លែទាំង​ពីរបែប​នោះ មានសម្បុរ​ដូចខ្នង​កញ្ចាញ់ចេក។ ក្នុងទីនុ៎ះ បុរស (ឈរ) ខាងក្រោម បេះផែ្ល​ស្វាយទុំ​ទាំងឡាយ ស្វាយ​ទាំងឡាយ ទាំងខី្ច​ទាំងទុំ មានសម្បុរ​ ក្លិន និង​រសដ៏​ឧត្តម។ ខ្ញុំតែង​មានសេចក្តី​អស្ចារ្យក្រៃពេក ទាំងការ​លាន់​ឮថា ហឹងៗ ក៏ប្រាកដ​ដល់ខ្ញុំ ប្រទេស​នោះ ឧបមា​ដោយ​នន្ទនវ័ន ល្អដូចជា​ទីនៅរបស់​ពួកទេវតា។ តោ្នត ដូង ដុះចម្រុះគ្នា ក្នុងព្រៃ​ល្ម៉ើដ៏ធំ ផ្កា​ទាំងឡាយ ដូចជា​កម្រង​ដែល​គេក្រង​ហើយ ឬប្រាកដ​ដូចជា​ជាយ​ទង់ជ័យ។ ខែ្លងគង់ គុម្ពកោដ្ឋ គុម្ពក្រឹស្នា ច្រនៀង បុន្នាគតូច បុន្នាគធំ និង​រលួស មានផ្កា​ពណ៌​ផេ្សងៗ រីកស្គុះស្គាយ ដូចផ្កាយ​ដែលភ្លឺ​ព្រោងព្រាត​ឰដ៏​អាកាស។ រាជព្រឹក្ស ខ្មួញ កំញ៉ាន រាក់ខ្មៅ ជ្រៃធំ ទន្លា និងធ្នង់​ជាច្រើន បញេ្ចញផ្កា​ក្នុងទីនោះ។​ ខែ្លងគង់ ស្រល់ សោ្មល សង្ឃ័រ ខ្នុរសម្ល ត្របែកព្រៃ និងរាំង ជ្រុះផ្កា​ក្នុងទីនោះ ដូចជា​លានចម្បើង។ ក្នុង​ភូមិភាគ​ជាទី​មនោរម្យ ជិតអាស្រម​នោះ មានស្រះ​បោក្ខរណី ដេរដាស​ដោយ​ផ្កាឈូក និងផ្កា​ព្រលិត ដូចជា​ក្នុងនន្ទនវ័ន​របស់ពួក​ទេវតា។​ មួយទៀត ពួកតាវ៉ៅ​ដែល​ស្រវឹង​ដោយរសផ្កា យំពីរោះ នៅលើឈើ​ដែលមាន​ផ្ការីកតាម​រដូវ ញុំាងព្រៃ​នោះឲ្យ​លាន់​ឮគឹកកង។ លំអង​ដែលរោយ​រាយ​ចេញអំពី​កេសរ ដែលមាន​នៅគ្រប់​ស្លឹកឈូក មាន​រស​ផែ្អម បើខ្យល់​បក់​ផាត់មក​ក្នុងទី​អាស្រមនុ៎ះ អំពីទិស​ខាងត្បូង និងខាងលិច។ អាស្រម​ក៏ដេរ​ដាស​ដោយ​លំអង​កេសរ​ផ្កាឈូក ក្នុងស្រះ​បោក្ខរណី​នុ៎ះ មានផែ្ល​ក្រចាប់ដ៏​ថ្លោស ៗ និង​ស្រូវសាលី​ជ្រុះរុះរោយ​រាយលើ​ផែនដី។ មួយទៀត មានត្រី អណើ្តក និងក្តាម ច្រើនបែប ហែបហែល​ទៅមកក្នុង​ស្រះនោះ រសដែល​ហូរចេញ​អំពី​ក្រអៅឈូក មាន​ឱជា​ដូចទឹកឃ្មុំ និងរស​ដែល​ហូរចេញ​អំពី​មើមឈូក មានឱជា​ដូចទឹកដោះ​ស្រស់ និង​ទឹកដោះថ្លា ព្រៃនោះ​មានក្លិន​ក្រអូបផេ្សងៗ ​ផ្សព្វផ្សាយកិ្លន​ឈ្ងុយ​​ឈ្ងប់។ ព្រៃនោះ ដូចជា (ញុំាងជន​ដែលមកដល់) ឲ្យរីករាយ​ដោយកិ្លន ដោយផ្កា និងមែកឈើ កន្លង់​ទាំងឡាយ​ក៏ញុំាង​ព្រៃឲ្យ​គឹកកង​ដោយ​ជុំវិញ ព្រោះតែ​កិ្លនផ្កា។ មិនតែ​ប៉ុណ្ណោះ​សោត មានសត្វ​បក្សីទ្វិជាតិ​ជាច្រើន មានសម្បុរ​ផេ្សងៗគ្នា ត្រេក​ត្រអាល​ជាមួយ​នឹងមេ យំរក​គ្នាទៅវិញ​ទៅមក ក្នុង​ស្រះនោះ។ ពួកបក្សី​ដែល​នៅក្នុង​ស្រះបោក្ខរណី គឺ​សត្វនន្ទិកា ១ [ពួក​សត្វនេះ ពោលថា បពិត្រ​ព្រះវេស្សន្តរ ព្រះអង្គ​កាលគង់​នៅក្នុង​ព្រៃនេះ ចូរត្រេក​អរចុះ។] សត្វជីវបុត្តា ១ [ពួកសត្វ​នេះពោលថា ព្រះអង្គក្តី បុត្រាបុត្រី​របស់​ព្រះអង្គក្តី ចូររស់​នៅសប្បាយ​ចុះ។] សត្វជីវបុត្តាបិយាចនោ ១ [ពួកសត្វនេះ​ពោលថា ព្រះអង្គ​ក្តី បុត្រាបុត្រី​របស់​ព្រះអង្គ​ក្តី ដែល​ជាទីស្រឡាញ់ ចូររស់នៅ​ចុះ។] សត្វបិយាបុត្តាបិយានន្ទា ១ [ពួក​សត្វ​នេះពោលថា ព្រះអង្គក្តី បុត្រាបុត្រី​របស់​ព្រះអង្គក្តី ដែលជាទី​ស្រឡាញ់ ចូរ​ត្រេកអរ។ អដ្ឋកថា។]។ ផ្កាទាំងឡាយ ដូចជាកម្រងផ្កា​ដែលគេ​ក្រងហើយ ប្រាកដ​ដូចជា​ជាយ​ទង់ជ័យ ពុំនោះ ដូច​ជា​កម្រងផ្កា​ដែល​មាលាការ​ដ៏ឈ្លាស ក្រង​យ៉ាងល្អ ដោយផ្កា​មាន​ពណ៌​ផេ្សងៗ។ ក្នុងទី​ដែល​ព្រះបាទ​វេស្សន្តរ​ទ្រង់គង់នៅ​ជាមួយ​នឹងព្រះរាជ​បុត្រាបុត្រី ព្រះអង្គ​ទ្រង់ភេទ​ជាអ្នក​បួសដ៏​ប្រសើរ មានទំពក់ និងវែក​សម្រាក់បូជា​ភើ្លងផង និងព្រះ​ជដា ទ្រង់ស្លៀក​ស្បែកខ្លា ផ្ទំនៅ​លើផែនដី នមស្ការ​ភើ្លង។

[៣០៨] (ជូជក…) ភត្ត គឺសដូវនេះ​ ដែលយើង​លាយហើយ​ដោយទឹក​ឃ្មុំ យើង​នឹងឲ្យនូវ​ទឹកឃ្មុំ​ដែលយើង​ធើ្វល្អ​ហើយផង និងភត្ត គឺសដូវ​ផងដល់អ្នក។

[៣០៩] (ចេតបុត្ត…) ស្បៀង ចូរនៅជារបស់អ្នកឯងចុះ យើងមិន​ត្រូវការ​ស្បៀងទេ នែ​ព្រាហ្មណ៍ អ្នកចូរយក​ស្បៀងអំពី​នេះទៅ នែព្រាហ្មណ៍ អ្នកចូរ​ទៅតាម​ស្រួល​ចុះ។ ផ្លូវនេះ​ជាផ្លូវល្មម​ដើរចុះ​បុគ្គលម្នាក់ ត្រង់ទៅ​កាន់អាស្រម ក្នុង​អាស្រមនោះ មាន​ឥសីឈ្មោះ​អច្ចុតៈ មានធ្មេញ​ប្រកប​ដោយមន្ទិល មានសរីរៈ​ប្រឡាក់​ដោយ​ធូលី​ ទ្រទ្រង់​ភេទជា​អ្នកបួស​ដ៏ប្រសើរ​ផង ទំពក់​ផង វែកសម្រាប់​បូជាភើ្លង​ផង ជដាផង។ ឥសី​ឈ្មោះ​អច្ចុតៈ​នោះ ជាអ្នក​ស្លៀកស្បែកខ្លា ដេកនៅ​លើកម្រាល​ស្លឹកឈើ​លើផែនដី នមស្ការភើ្លង អ្នកចូរ​ទៅសួរ​លោកចុះ លោកនឹង​ប្រាប់ផ្លូវ​ដល់​អ្នកពុំខាន។

[៣១០] ជូជកជាព្រហ្មពន្ធុ លុះបានឮ​ពាក្យនេះ​ហើយ ក៏មាន​ចិត្តរីករាយ ប្រទក្សិណ​ចេតបុត្ត​ព្រានព្រៃ រួចដើរ​តម្រង់ទៅ​កាន់​អច្ចុតឫសី។

ចប់ ចុល្លវនវណ្ណនា។

[៣១១] កាលជូជកព្រាហ្មណ៍នោះ ដើរទៅចួបឥសីឈ្មោះ​អច្ចុតៈ លុះ​ជូជកបាន​ឃើញ​ឥសីនោះ​ហើយ ក៏សំណេះ​សំណាល​ជាមួយ​នឹងឥសីថា​ លោក​ដ៏ចំរើន សុខ​សប្បាយ​ទេឬ លោក​ដ៏ចំរើន មិនមាន​រោគាពាធ​ទេឬ លោក​ចិញ្ចឹមជីវិត​ដោយ​ការសែ្វងរក (ស្រួល) ទេឬ មើមឈើ និងផែ្លឈើ​មានច្រើន​ដែរឬ។ ​ពួករបោម មូស ពស់ មានតិចទេឬ ក្នុងព្រៃ​ដេរដាស​ដោយម្រឹគ​សាហាវ មិនមាន​ការបៀតបៀន​ទេឬ។

[៣១២] (តាបស…) មា្នលព្រាហ្មណ៍ អាតា្មសុខសប្បាយទេ អាតា្មមិនមាន​រោគាពាធ​ទេ មួយទៀត អាតា្ម​ចិញ្ចឹមជីវិត​ដោយការ​សែ្វងរក (ស្រួល) ទេ ទាំងមើម​ឈើ ផែ្លឈើ​ក៏មាន​ច្រើនដែរ។ មួយវិញ​ទៀត ពួករបោម មូស ពស់ មានតិចទេ ក្នុងព្រៃ​ដ៏ដេរដាស​ដោយម្រឹគ​សាហាវ មិនមាន​ការបៀតបៀន​អាតា្មទេ។ អាតា្ម​នៅក្នុង​អាស្រម​នេះ អស់ប្រជុំ​នៃឆ្នាំជា​ច្រើន អាតា្ម​មិនដែល​សា្គល់អាពាធ មិនជា​ទី​ត្រេកអរ​នៃចិត្ត​កើត​ហើយ​ទេ។ នែមហាព្រាហ្មណ៍ អ្នកមក​ល្អហើយ អ្នកមិនមែន​មក​អាក្រក់ទេ មា្នល​ព្រាហ្មណ៍​ដ៏ចំរើន អ្នកអញ្ជើញ​ចូលមក​ខាងក្នុង អ្នកចូល​លាង​ជើងទាំងឡាយ​របស់​អ្នកចុះ។ នែព្រាហ្មណ៍ អ្នកចូរ​បរិភោគ​ផ្លែទន្លាប់ ផែ្លទ្រយឹង ផែ្លមាក់សាង ផ្លែមាក់ដោក មាន​រសឆ្ងាញ់​ពីសា​ដូចជាទឹកឃ្មុំ។ ទាំងទឹក​ត្រជាក់នេះ អាតា្មបាន​ដងមកអំពី​ជ្រោះភ្នំ នែ​មហាព្រាហ្មណ៍ អ្នកចូរផឹក​ទឹកនោះ​ចុះ ប្រសិនបើ​អ្នកត្រូវការ។

[៣១៣] (ជូជក…) វត្ថុដែលលោកបានឲ្យ ខ្ញុំបានទទួល​យកហើយ ដែលលោក​បាន​ធើ្វឲ្យ​ជាជំនូន​ដល់ខ្ញុំ​ទាំងអស់ ខ្ញុំមក​ដើម្បីចង់​ចួបនឹង​ព្រះរាជបុត្រ​បង្កើត​របស់​ព្រះបាទ​សញ្ជ័យ ដែលពួក​អ្នកសិវិរាស្រ្ត​បំបរបង់​ហើយនោះ​ ប្រសិន​បើលោក​ជ្រាប សូម​ប្រាប់ខ្ញុំ​ផង។

[៣១៤] (តាបស…) អ្នកមិនមែនមកគាល់ព្រះបាទសិវិ ដើម្បីបុណ្យទេ​ អ្នកទំនង​ជាចង់​បាន​ព្រះទេពី​របស់​ព្រះរាជា ដែលជា​ស្រ្តីប្រតិបតិ្ត​ក្នុងភសា្ត។ អ្នកទំនង​ជាចង់​បាន​កុមារី​ឈ្មោះ​កណា្ហជិនា ធើ្វជាទាសី និង​កុមារឈ្មោះ​ជាលី ធើ្វជាទាសៈ ឬក៏​អ្នកមក​ដើម្បីនាំ​យកជន​ទាំង ៣ នាក់ គឺមាតា និងបុត្រីបុត្រា ទៅអំពីព្រៃ នែព្រាហ្មណ៍ ឯ​ព្រះបាទ​វេស្សន្តរ​នោះ មិនមាន​ភោគៈ មិនមានទ្រព្យ ​មិនមាន​ធញ្ញជាតិ​ទេ។

[៣១៥] (ជូជក…) ខ្ញុំមិនមែនមានសភាពជាអ្នកខឹងនឹងលោកទេ ខ្ញុំមិន​មែនមក​ដើម្បី​សូមទេ ការចួប​ប្រទះនឹង​ពួកលោក​ដ៏ប្រសើរ ជាការល្អ ការនៅរួម នាំមក​នូវ​សេចក្តី​សុខសព្វៗ​កាល។ ព្រះបាទ​សិវិដែល​ពួកអ្នក​សិវិរាស្រ្ត​បំបរបង់​ហើយ ខ្ញុំមិន​ដែលបាន​ឃើញ បានជា​ខ្ញុំមកគាល់​ព្រះអង្គ ប្រសិនបើ​លោកជ្រាប សូម​ប្រាប់ខ្ញុំ​ផង។

[៣១៦] (តាបស…) នែមហាព្រាហ្មណ៍ នុ៎ះហ្ន៎ ភ្នំគន្ធមាទន៍ ជាវិការៈនៃថ្ម ដែល​ព្រះបាទ​វេស្សន្តរសេ្តចគង់នៅ​ជាមួយ​ព្រះរាជបុត្រ និងព្រះទេពី។ ព្រះរាជា​ទ្រទ្រង់ភេទនៃ​បព្វជិត​ដ៏ប្រសើរ មានទំពក់ និងវែក​សម្រាប់​បូជាភើ្លង សក់កណ្តាញ់ ស្លៀក​ដណ្តប់​ស្បែកខា្ល ផ្ទំផ្ទាល់​ផែនដី នមស្តារ​ភើ្លង។ ពួកឈើ​ដែលមើលទៅ​ឃើញនុ៎ះ ជាឈើ​មាន​ពណ៌​ខៀវ ទ្រទ្រង់​ផែ្លផ្សេង​ ៗ ខ្ពស់ មានចុង​សើ្មនឹង​ពពក មានពណ៌​ខៀវដូចភ្នំ​ផ្កាអញ្ជ័ន គឺ​ដើម​ត្របែកព្រៃ ត្រចៀកប្រើស គគីរ រាំងភ្នំ ពង្រ និងជ្រៃ ញ័រទ្រេត​ទ្រោតដោយខ្យល់ ដូច​ពួកមាណព​ទើបផឹក (សុរា) ម្តង។ (សំឡេង​របស់​ពួកសត្វ​សា្លបផ្សេងៗ) លើមែកឈើ​ទាំងឡាយ លាន់ឮ​ដូចចម្រៀង (ទិព្វ) ពួកសត្វប៉ោលតោក សត្វតារ៉ៅ នាំគ្នាហើរ​ឆ្វៀលឆ្វាត់​អំពី​ដើមឈើ​មួយ ទៅ​កាន់ដើម​ឈើមួយ។ អស់ទាំង​មែកឈើ​មានស្លឹក ដែល​ត្រូវខ្យល់​បក់មក ក៏​ហាក់ដូចជា​ដង្ហោយ​ហៅជន​ដែលកំពុង​ដើរ ដូចជា​ត្រេកអរ​នឹងជន​ដែលមក​ដល់ រីករាយ​នឹងជន​ដែលនៅ​អាស្រ័យ។ (អ្នកនឹង​ឃើញសម្បត្តិ​នៃអាស្រមបទ) ក្នុង​អាស្រម​ដែលព្រះបាទ​វេស្សន្តរ​សេ្តចគង់​នៅ ជាមួយ​ព្រះរាជបុត្រ និងព្រះ​ទេពី ព្រះអង្គ​ទ្រទ្រង់ភេទ​បព្វជិត​ដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់​បូជាភើ្លង និងសក់​កណ្តាញ់ ស្លៀក​ដណ្តប់​ស្បែកខ្លា ផ្ទំផ្ទាល់​ផែនដី នមសា្តរ​ភើ្លង។​ មានផ្កាទន្លា​ជ្រុះ​រោយរាយ ដេរដាស​លើភូមិភាគ​ជាទី​ត្រេកអរ​នៃចិត្ត ទាំងផៃ្ទ​ផែនដី ក៏មាន​ពណ៌ខៀវ​ស្រងាត់ ដោយ​សៅ្មចិញ្ចៀន​ ឥតមាន​ធូលីហុយ​ក្នុង​ទីនោះឡើយ។ ទាំងសៅ្មសោត ក៏មាន​ពណ៌​ដូចជា​ផ្នួត កនៃក្ងោក មានឧបមា​សើ្មដោយ​សម្ផស្ស​នៃសំឡី មិនហួស​អំពី ៤ ធ្នាប់​ដោយ​ជុំវិញ។ មាន​ស្វាយ ព្រីង ក្វិដ្ឋ ល្វា​ មានផៃ្លទុំ​ក្នុងទីទាប ព្រៃនោះ​សម្រាប់​ញុំាង​តម្រេក​ឲ្យចំរើន ដោយ​ពួក​ឈើ​សម្រាប់​បរិភោគ ទឹកស្អាត មានក្លិនក្រអូប មានសម្បុរ​ប្រហែលគា្ន​នឹងពណ៌​នៃកែវ​ពៃទូរ្យ កុះករ​ដោយហ្វូង​ត្រី រមែងហូរ​ទៅ​ក្នុងព្រៃនោះ។ ក្នុង​ទីជិតនៃ​អាស្រមបទ​នោះ មាន​ស្រះបោក្ខរណី ដ៏ដេរដាស​ដោយឈូក និងឧប្បល​ក្នុងភូមិ​ភាគ​ជាទី​ត្រេកអរ​នៃចិត្ត ដូចជា​ក្នុង​នន្ទនវ័ន​នៃពួកទេវតា។ ម្នាល​ព្រាហ្មណ៍ ក្នុងស្រះ​នោះ​សឹង​ឆ្លូកឆ្លាស់​ដោយ​ឧប្បល​ជាតបី (នេះ) គឺឧប្បលខៀវ ឧប្បល ស និង​ឧប្បលក្រហម។

[៣១៧] ក្នុងស្រះនោះ (ស) ដូចជាសំពត់សម្បកឈើ ស្រះនោះ​ឈោ្មះថា មុចលិន្ទ​ស្រះ ដេរដាស​ដោយព្រលិត និងស្គន្ធ​ទាំងឡាយ​ផង ដោយ​ត្រកួន​ទាំងឡាយ​ផង។ មួយ​ទៀត ពួកផ្កាឈូក​ក្នុងស្រះ​នោះ រីកស្គុះស្គាយ ឃើញហាក់​ដូចជា​គ្មានទីបំផុត ខ្លះក៏រីក​ក្នុងគិម្ហរដូវ ខ្លះរីក​ក្នុងហេមន្តរដូវ ឋិតនៅ​ក្នុងទឹក​ត្រឹមជង្គង់។ ផៃ្ទទឹកនោះ​សឹងវិចិត្រល្អ ដ៏ដេរដាស​ដោយផ្កា មានក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​បក់ផ្សាយ​ទៅ ពួកមេឃ្មុំ កន្លង់​ទ្រហឹង​អឹងកង​ជុំវិញ ព្រោះកិ្លនផ្កា។

[៣១៨] មា្នលព្រាហ្មណ៍ មួយទៀត មានពួកដើមឈើ គឺក្ទម្ព ច្រនៀង និង​រលួសផ្អុង មានផ្ការីក​ស្គុះស្គាយ ដុះក្បែរ​មាត់ទឹក​មុចលិន្ទ​ស្រះនុ៎ះ។ មានទាំង​ដើមព្រូស ជន្លូស ស្វាត ខ្ទឹង មានផ្ការីក​អមសង​ខាងមុចលិន្ទ​ស្រះ។ មានពួក​ជីរខៅ្ម ជីរ-ស ឈូក​ត្រាញ់ គណ្ឌីស គណ្ឌីខៅ្ម ធ្នង់ បញ្ចេញផា្ក​ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានក្លិន​ក្រអូប​បក់ផ្សាយ​ទៅ។ មានពួក​ដើមសុក្រំ ដកពរ ពពូលថ្ម ម្រុំ មានផ្ការីក ពួកដើម​កេតកៈ កណិការ ច្បាទេស មានផ្ការីក។ ពួកថ្ងាន់ស ថ្ងាន់ខ្មៅ ជន្លាត់ដៃ មានផា្ករីក មាន​ត្រួយរីក​ល្អ ដុះនៅ​ច្រាលរនា្ទល​ដូចជា​ផ្កាចារ។ ពួកដើម​សត្បា-ស សត្បាខ្មៅ ដើមចេកមាស ដើមដកគាំ (ព្រៃនោះ​រុងរឿង) ដោយផា្ក​ទឹកដោះខ្លា និង​គន្ទាផង ដោយផា្កធ្នង់ និង​ទន្លាផង។ ដើម​ដកខិម រកា អំពៅព្រៃ អង្គាសដី ក្រឹសា្ន គ្រញូង កោដ្ឋ-ស កោដ្ឋខៅ្ម មានផា្ករីក។ ព្រឹក្សា (ទាំងនោះ) ទោះខ្ចី សឹងមាន​ដើមដ៏ត្រង់ មានផា្ករីក​ក្បែរមុចលិន្ទ​ស្រះនុ៎ះ ដុះនៅ​ទាំងសង​ខាង​អាស្រម (ព័ន្ធព័ទ្ធ) ជុំវិញ​រោងភើ្លង។

[៣១៩] មួយទៀត មានទាំងស្លឹកគ្រៃ សណ្តែកបាយ សណ្តែករាជមាស​ជាច្រើន សារាយ និង​កំពីងពួយ​ជាច្រើន​ដុះក្បែរ​មាត់ទឹក​មុចលិន្ទ​ស្រះនុ៎ះ។ (ទឹកនោះ) មានច្រាំង​ជាទំនប់ ត្រូវខ្យល់​បក់មក រលក​ក៏ខ្ចាយខ្ចរ​ឡើង មានពួក​មេឃ្មុំ យំដោយ​សំឡេង​ដ៏ពីរោះ ហើរ​ឆ្វៀលឆ្វាត់ គុម្ពឈើ មាន​ម្លូភំ្ន ស្លាស្នាប់ ស្លាធំ​ក្នុងទី​ទំនាប ទៀប​មុចលិន្ទ​ស្រះនោះ មាន​ត្រកួន​ជាច្រើន។ ម្នាល​ព្រាហ្មណ៍ ពួកព្រឹក្សា​សឹង​ដ៏ដេរដាស​ដោយពួក​វល្លិឈ្មោះ​ឯឡម្ពកៈ​ដុះនៅ ក្លិនរបស់​ផ្កានៃ​វល្លិ​ទាំងនោះ ដែលគេ​ទ្រទ្រង់អស់ ៧ ថៃ្ង មិនទាន់​បាត់​ក្រអូប​ឡើយ។ ពួកផ្កា​ដុះនៅក្នុង​ចំណែក​ទាំងពីរ​នៃមុចលិន្ទ​ស្រះ ព្រៃនោះដ៏ដេរដាស​ដោយពួក​ផ្កាលំចង់​ដ៏រុងរឿង ក្លិន​របស់ផ្កា​ទាំងនោះ ដែលគេ​ទ្រទ្រង់​អស់កន្លះខែ ក៏មិន​ទាន់បាត់​ក្រអូប​ឡើយ។ រីឯអញ្ជ័នខៀវ អញ្ជ័ន-ស អញ្ជ័នលឿង មានផ្កា​រីកស្គុះស្គាយ ព្រៃនោះដ៏​ដេរដាស​ដោយម្លិះរួត ម្លិះលា។ រីឯព្រៃនោះ ដូចជា (ញុំាងជន​ដែល​មកដល់) ឲ្យរីករាយ​ដោយ​ក្លិនផង ដោយមែក​មានផ្កា​ទាំងឡាយ​ផង ឯពួក​កន្លង់​មាន​សូរសព្ទ​ទ្រហឹង​អឹងកង​ជុំវិញ​ព្រោះ​ក្លិនផា្ក។ ម្នាល​ព្រាហ្មណ៍ ក្នុង​មុចលិន្ទ​ស្រះ​នោះ មានពួក​ត្រឡាច​បីមុខ គឺមួយ​ពួកផែ្លប៉ុនក្អម ពីរពួក​ទៀតផែ្ល​ប៉ុនសម្ភោរ។

[៣២០] មួយទៀត មានសៃ្ពដ៏ច្រើន និងខ្ទឹមសលាយ​ដោយ​ខ្ទឹមក្រហម​ជាច្រើន ដើមរកា​ទាំងឡាយ ដុះនៅ​ដូចជា​ដើមតោ្នត មានទាំង​ពួកលំចង់​ដ៏ច្រើន ដែលគេ​គប្បីក្តិច ដុះនៅ​ក្បែរមុចលិន្ទ​ស្រះនុ៎ះ។ មាន​វលិ្លម្លិះរួត ម្លិះលា ក្លាំពាក់ ឈើឯម ពួក​អសោកព្រឹក្ស និង​ដើមទៀនព្រៃ លៅ្ព វលិ្លផ្តៅឆ្វាំង។ សៅ្មកន្ទុយដំរី រនោងព្រៃ ដើមខ្ទឹម ដើមម្លិះ​សឹងដ៏​មានផា្ក​រីកស្គុះស្គាយ វលិ្លចារ មានផា្ករីក ដុះព័ទ្ធព័ន្ធ​ដើម​ឈើ។ ពួក​ឈើនាងនួន មៀនព្រៃ យុថា្ក មានក្លិន​ដូចជា​ទឹកឃ្មុំ ម្លិះវលិ្ល ម្លិះ​ប្រក្រតី ច្បា បទុមុត្តរព្រឹក្ស​ សឹងដ៏រុង​រឿងល្អ។ ពួកច្រនៀង កប្បាស​សមុទ្រ កណិការសឹង​ដ៏មាន​ផា្ករីក​ស្គុះស្គាយ បា្រកដ​ដូចជា​បណា្តញ​មាស សឹងដ៏​រុងរឿង​ល្អ ដូចជា​អណ្តាតភ្លើង។ ពួកផា្កណា កើតលើ​គោក និង​កើតក្នុង​ទឹក ពួកផា្ក​ទាំង​អស់​នោះ ប្រាកដ​ក្នុងមុចលិន្ទ​ស្រះនោះ​ មុចលិន្ទ​ស្រះទ្រទ្រង់​ទឹកច្រើន គួរឲ្យ​ត្រេកអរ​យ៉ាង​នេះឯង។

[៣២១] មួយទៀត ក្នុងស្រះបោក្ខរណីនោះ មានពួកសត្វដែល​ត្រាច់ទៅ​ក្នុងទឹក​ជាច្រើន គឺ​ត្រីឆ្ពិន ត្រីរ៉ស់ ត្រីអណ្តែង ក្រពើ មករ ឆ្លាម។ មានទាំង​ផ្លិតឃ្មុំ ឈើឯម ឆ្លាំពូ ប្រយង្គុ សៅ្មក្រវាញជ្រូក សៅ្មមាត់កែ្អក ដើម​សត្តបុស្ស សម្បុរលែ្វង។ ដើមពុំ​សែន ដើមឫស​សាមសិប​ ក្រឹសា្ន វល្លិជណើ្តរស្វា ឈូកត្រាញ់ ក្រវាន់ កោដ្ឋ ព្រហូត បាយម៉ាត។ ពួករមៀត ហរតាន យ៉ាងណា ហិរិវេរព្រឹក គ្រើល សម៉ពិភេទក៍ ប្រោស កប្បូរ រង្គក្រហម។

[៣២២] មួយទៀត ក្បែរស្រះបោក្ខរណីនោះ មានពួក​រាជសីហ៍ ខ្លាធំ យក្ខិនី មានមុខ​ដូច​ជាមុខមេ​សេះ ដំរី ទ្រាយ ស្វាន រមាំង សរភម្រឹគ។ ហ្វូងចចក ទន្សាយ ឆ្មាបា​ ឆ្កែព្រៃ មានសម្បុរ​ដូចជា​ផ្កាបបុស ចាមរី ទោច ឈ្លូស ស្វាព្រាម ស្វាក្រិស ស្វាខោល។ ទន្សោង ខ្ទីង ខ្លាឃ្មុំ គោព្រៃ​ជាច្រើន ហ្វូងរមាស ជ្រូកព្រៃ ស្កា កងែ្ហន​ដោយច្រើន ក្បែរ​មុចលិន្ទ​ស្រះនុ៎ះ។ មានទាំង​ហ្វូងក្របី ឆែ្កព្រៃ ចចក មានស្នាប់​ឫស្សី​ធំព័ន្ធព័ទ្ធ​ជុំវិញ​អាស្រមបទ ទន្សង បចលាកម្រឹគ វិចិត្តម្រឹគ ខ្លាដំបង។ ហ្វូងទន្សាយ ត្មាត កេសរសីហៈ កោកនិសាតកម្រឹគ សរភៈ ក្ងោក ក្ងាន អាអូតភើ្លង។ ពួកមាន់ទឹក មាន់ព្រៃ ដំរី ស្រែកយំ​ឆើ្លយឆ្លង​រកគា្ន​ទៅវិញទៅ​មក ពួកកុកសាប់ កុកក្រក ប៉ោលតោក ត្រដេវវិច ក្រៀល រនាល។ ពួកខ្លែង ប្រមង់ ចង្កៀលខ្យង ចាបស្រុក ចចាត ទទា ខែ្វក អាអូត។ ពួកចចាតធំ ច្រឡៃ ក្រួច ទទា ចាបស្រុក ចាបព្រៃ សាលិកាកែវគោ គ្រលីងគ្រលោង។ ពួកករវិក​ផង ត្រចៀកកាំ​ផង មៀមផង អកផង (មុចលិន្ទ​ស្រះនោះ) កុះករ​ដោយ​ហ្វូងបក្សី​ផ្សេងៗ ជាទី​ទ្រហឹង​អឹងកង​ដោយ​សំឡេង​ផ្សេងៗ។

[៣២៣] មួយទៀត ក្បែរមុចលិន្ទស្រះនុ៎ះ មានសត្វស្លាប​ទាំងឡាយ គឺពួក​សាលិកា​កែវ មាន​សម្លេងពីរោះ ស្រែកយំ​ឆ្លើយឆ្លង​រកគា្ន​ទៅវិញ​ទៅមក រីករាយ​ជាមួយ​នឹងញី ​(របស់ខ្លួន)។ មួយទៀត ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានពួក​សត្វស្លាប​កើតពីរ​ដង មាន​សំឡេង​ពីរោះ មានរង្វង់​ភ្នែកល្អ កើត​ក្នុងពង មានសា្លបដ៏​វិចិត្រ។​ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះនុ៎ះ មាន​ពួកបក្សី​មានសំឡេង​ពីរោះ គឺកោ្ងក​មានកខៀវ ស្រែកយំ​ឆ្លើយឆ្លង​គា្នទៅ​វិញទៅ​មក។ អាអូតភើ្លង មាន់ព្រៃ កោដ្ឋ បក្សីពព្លាក់ ត្រចៀកកាំសមុទ្រ ខ្លែងជ្រក បក្សីប្រវឹក សេក និង​សាលិកា។ មួយទៀត ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានពួក​ហង្សច្រើន មាន​សម្បុរ​លឿង ក្រហម ស សត្វហតិ្ថលិង្គ សម្បកត្រពាំង ប្រវឹក សេក និង​តាវ៉ៅ។ ពួក​អង្កត់ខៅ្ម អង្កត់ស ហង្ស រអាដ ក្លែងស្រាក ចាកហង្ស កុកគ្រោង ប៉ោលគោក ចាបស្រុក។ ហ្វូងព្រាប គ្រលែងវែក ចាក្រពាក កែ្អកទឹក វារណបក្សី មានសំឡេង​គួរឲ្យ​ត្រេកអរ ស្រែកយំ​ហៅគា្ន​ក្នុងកាល​ទាំងពីរ គឺព្រឹកល្ងាច មួយទៀត ក្បែរ​មុចលិន្ទ​ស្រះនុ៎ះ មាន​ពួកសត្វ​សា្លបកើត​ពីរដង មានសម្បុរ​ផ្សេងៗ​ជាច្រើន ស្រែកយំឆ្លើយ​ឆ្លងគា្នទៅ​វិញទៅមក រីករាយ​ជាមួយ​នឹងញី។ មួយទៀត ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានពួក​សត្វសា្លប​មានកំណើត​ពីរដង មានសម្បុរ​ផ្សេងៗជា​ច្រើន សុទ្ធតែមាន​សំឡេង​ពីរោះ ស្រែក​ស័ព្ទស៊ាន​ត្រង់ឆ្នេរ​ទាំងសង​ខាងមុចលិន្ទ​ស្រះ។ មួយទៀត ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានពួក​ករវិក សត្វ​ទាំងនោះ​មានកំណើត​ពីរដង រមែងស្រែក​ហៅគ្នា រីក​រាយជា​មួយនឹង​ញី។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះនុ៎ះ មានពួក​ករវិក សត្វ​ទាំងនោះ​មានកំណើត​ពីរដង សុទ្ធតែ​មានសំឡេង​ដ៏ពីរោះ ស្រែកស័ព្ទស៊ាន​ត្រង់ឆ្នេរ​ទាំងសង​ខាង​មុចលិន្ទ​ស្រះ។ ព្រៃ (ជិត​ស្រះបោក្ខរណី​នោះ) ដែលពួក​ដំរីអាស្រ័យ​នៅហើយ សឹងដ៏កុះករ​ដោយទ្រាយ សា្វន ទាំង​ដេរដាស​ដោយ​ពួក​វល្លិផ្សេងៗ ដែលពួក​សត្វឈ្មុស​អាស្រ័យ​នៅហើយ។ មួយយ៉ាង​ទៀត ក្បែរមុចលិន្ទ​ស្រះនុ៎ះ មានស្រងែ​ច្រើន ស្កួយច្រើន ពោតច្រើន ស្រូវសាលី​ដុះឯង មិនបាច់​មាន​អ្នកណា​ភ្ជួររាស់​ដាំឡើយ ទាំងអំពៅ​សោត ក៏មានច្រើន ដុះក្បែរ​មុចលិន្ទ​ស្រះនុ៎ះ។ ផ្លូវដើរ​នេះចុះតែ​ជើងមួយ បុគ្គលដើរ​ទៅត្រង់​អាស្រម ដល់ទៅ​ទីនោះហើយ ក៏មិន​បាន​សម្រេក គំលាន និង​សេចក្តី​អផ្សុក​ឡើយ។ ជាអាស្រម​ដែល​ព្រះបាទ​វេស្សន្តរ​គង់នៅ ព្រមទាំង​ព្រះរាជបុត្រ និងព្រះ​រាជទេពី ព្រះអង្គទ្រទ្រង់​ភេទបុព្វជិត​ដ៏ប្រសើរ មានទំពក់ និងវែក​សម្រាប់​បូជាភ្លើង និងសក់​កណ្តាញ់ ទ្រង់ស្បែកខ្លា ផ្ទំផ្ទាល់​ផែនដី នមស្ការ​ភ្លើង។

[៣២៤] (អភិសម្ពុទ្ធគាថា) ជូជកជាផៅពង្សនៃព្រហ្ម ឮពាក្យនេះ​ហើយ ក៏ធ្វើ​ប្រទក្សិណឥសី មាន​ចិត្តត្រេកអរ ក៏ដើរចេញ​ទៅសំដៅ​ទៅអាស្រម​ដែល​ព្រះបាទ​វេស្សន្តរ​គង់នៅ។

ចប់ មហាវនវណ្ណនា។

[៣២៥] (ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរ​មករបស់​ស្មូម) ប្រាកដ​ដូចជា​ដំណើរ​មកអំពី​មុន ៗ បិតា​មើលទៅ​ឃើញ​ដូចជា​ព្រាហ្មណ៍ សេចក្តី​រីករាយ​ក៏មកស្រោច​ស្រពលើ​បិតា។

[៣២៦] (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញ​ប្រាកដ​ដូចជា​ព្រាហ្មណ៍ ដូចជា​មានអ្នក​ដំណើរ​មក និងជាភ្ញៀវ​របស់យើង។

[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយ​ទេឬ ព្រះអង្គ​មិនមាន​រោគាពាធ​ទេឬ ព្រះអង្គ​ចិញ្ចឹមជីវិត​ដោយការ​ស្វែងរក (ស្រួល) ទេឬ មើមឈើ និង​ផ្លែឈើ​មានច្រើន​ឬ។ ពួករបោម មូស​ ពស់ មានតិចទេឬ ក្នុងព្រៃ​ដ៏កុះករ​ដោយម្រឹគ​យង់ឃ្នង មិនមាន​ការបៀតបៀន​ព្រះអង្គ​ទេឬ។

[៣២៨] (ព្រះពោធិសត្វ…) ម្នាលព្រាហ្មណ៍ យើងបានសេចក្តីសុខ​សប្បាយ​ទេ ម្នាល​ព្រាហ្មណ៍ មួយទៀត យើងមិន​មានរោគាពាធ​ទេ យើងចិញ្ចឹម​ជីវិត​ដោយ​ការស្វែង​រកស្រួល​ទេ ទាំងមើមឈើ និងផ្លែឈើ ក៏មាន​ច្រើនដែរ។​ មួយវិញទៀត ពួករបោម មូស ពស់​ ក៏មាន​តិចទេ ក្នុងព្រៃ​ដ៏កុះករ​ដោយម្រឹគ​យង់ឃ្នង មិនមាន​ការបៀតបៀន​យើងទេ។ យើងនៅ​ក្នុងព្រៃអស់​ ៧ ខែហើយ រស់​នៅទាំង​ទុក្ខសោក ទើបតែ​នឹងបាន​ឃើញ​ព្រាហ្មណ៍​ឯង​ជាដំបូង​មានភេទ​ដ៏ប្រសើរ កាន់​ឈើច្រត់​មានសម្បុរ​ដូចផ្លែភ្នៅទុំ មានវែក​សម្រាប់​បូជាភ្លើង និង​កុណ្ឌី។ ហៃមហា​ព្រាហ្មណ៍ អ្នកមក​ល្អហើយ មួយទៀត អ្នកមិនមែន​មកអាក្រក់​ទេ អ្នកចូរចូល​មកខាង​ក្នុង សេចក្តី​ចំរើន (ចូរមាន) ដល់អ្នក អ្នកចូរលាង​ជើងរបស់​អ្នក។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​បរិភោគ​ផ្លែឈើដ៏​ឆ្ងាញ់ពិសា​ដូច​ទឹកឃ្មុំ គឺ​ផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែមាក់ប្រាង ផ្លែមាក់ដោក។​ ទឹកដ៏​ត្រជាក់​នេះឯង ដែលដង​មកអំពី​ជ្រោះភ្នំ ម្នាល​មហាព្រាហ្មណ៍ បើអ្នកប្រាថ្នា​ចង់ផឹក ចូរដង​យកអំពី​រោងទឹក​នោះ ហើយ​ផឹកចុះ។ អ្នកមកដល់​ព្រៃធំ​ដោយហេតុ​ដូចម្តេច ដោយ​បច្ច័យ​ដូចម្តេច យើង​សួរហើយ អ្នកចូរ​ប្រាប់ហេតុ​នោះ។

[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀប​មិនចេះអស់​ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំ​ជាខ្ញុំមក​ដើម្បីសូម​ទានព្រះអង្គ ទូល​ព្រះបង្គំ​ជាខ្ញុំ​សូមហើយ សូមប្រទាន​ព្រះរាជបុត្រ​ទាំងពីរ ក៏យ៉ាង​នោះដែរ។

[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិន​រួញរាទេ អ្នកជា​ម្ចាស់ ​(នៃពួកបុត្រ​របស់យើង)​ ចូរនាំ​យកទៅចុះ រាជបុត្រី (ជាមាតា​នៃបុត្រ​ទាំងពីរ​នុ៎ះ) បានចេញ​ទៅរក​ផលានុផល​អំពីព្រឹក នាងនឹង​ត្រឡប់មក​អំពី​ការ​ស្វែងរក ក្នុង​វេលាល្ងាច ម្នាល​ព្រាហ្មណ៍ អ្នកចូរឈប់​សម្រាកបាន​មួយយប់​សិន លុះព្រឹក​ឡើង សឹមទៅចុះ។ ម្នាល​ព្រាហ្មណ៍ អ្នកឈប់សម្រាក​បានមួយយប់ លុះព្រឹក​ឡើង (សឹមនាំយក) កុមារ​ទាំងពីរ​នោះ ដែលមាតា​នោះ​ដុសក្បាល​ហើយ ប្រដាប់​ដោយផ្កា​កម្រង ហើយទៅចុះ។ ម្នាល​ព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរ​នោះ) ដែលពាក់​ដោយផ្កា​ផ្សេង ៗ ស្អិតស្អាង​ដោយគ្រឿង​ក្រអូប​ផ្សេង ៗ​ សម្បូរ​ដោយមើមឈើ និងផ្លែឈើ​ផ្សេង ៗ ហើយទៅ​ចុះ។

[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំ​មិនគាប់​ចិត្ត​នឹងការ​នៅទេ គាប់ចិត្ត​តែនឹងការ​ទៅ ក្រែងអន្តរាយ​មានដល់​ទូលព្រះបង្គំ ឯទូល​ព្រះបង្គំ នឹងទៅ​ខានពុំ​បាន។​ ធម្មតា​ពួកស្រីនោះ មិនមែន​ជាអ្នក​គួរដល់​ស្មូមទេ តែងធ្វើ​សេចក្តីអន្តរាយ ពួកស្រី​រមែងចេះ​កិច្ចកលមាយា តែងកាន់​យកកិច្ចការ​ទាំងពួង​ដោយខាង​ឆ្វេង។ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ កាលបើ​ព្រះអង្គ​ប្រទាន​ដោយ​សទ្ធា សូមកុំឲ្យ​ទូលព្រះបង្គំ​ជាខ្ញុំ ជួបនឹង​ព្រះមាតា (របស់កុមារ​ទាំងនោះ​ឡើយ) ក្រែងព្រះនាង​នោះធ្វើ​សេចក្តី​អន្តរាយ ទូល​ព្រះបង្គំ​នឹងទៅ​ខានពុំ​បាន។​ សូម​ព្រះអង្គ​ត្រាស់​ហៅបុត្រ​ទាំងគូ​របស់​ព្រះអង្គមក កុំឲ្យបុត្រ​ទាំងនោះបាន​ឃើញ​ព្រះមាតា​ឡើយ កាលបើ​ព្រះអង្គ​ប្រទាន​ដោយសទ្ធា​ បុណ្យ​តែងចំរើន​លូតលាស់​យ៉ាងនេះ សូមព្រះអង្គ​ត្រាស់ហៅ​បុត្រទាំង​គូរបស់​ព្រះអង្គ​មក កុំឲ្យ​បុត្រ​ទាំងនោះ​បានឃើញព្រះមាតា​ឡើយ បពិត្រព្រះរាជា លុះព្រះអង្គ​ប្រទាន​ព្រះរាជទ្រព្យ ដល់​បុគ្គល​បា្រកដដូច​ជាខ្ញុំហើយ ព្រះអង្គ​នឹងយាង​ទៅកាន់​ឋានសួគ៌។

[៣៣២] (ព្រះវេស្សន្តរ…) ​បើអ្នកមិនបា្រថ្នា​ចង់ជួប​នឹងភរិយា​របស់​យើងដែល​ជាស្រ្តី​មានវ័ត​ក្នុងស្វាមី​ទេ អ្នកចូរ​ឲ្យកុមារ​ទាំងពីរ គឺជាលី និង​កណ្ហាជិនា​នេះ ដល់​ព្រះអយ្យកោ​ចុះ។ ព្រះអយ្យកោ​នោះ ទ្រង់ទត​ឃើញកុមារ​ទាំងនេះ​ដែលមាន​សំដីពីរោះ និយាយ​ពាក្យជាទី​ស្រឡាញ់ ហើយទ្រង់​សប្បាយ​រីករាយ​ត្រេកអរ​ នឹង​ប្រទាន​ទ្រព្យច្រើន​ដល់អ្នក។

[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់ (ពាក្យ) របស់​ទូល​ព្រះបង្គំ ទូលព្រះបង្គំ​ខ្លាចក្រែង​ព្រះអយ្យកោ​ដណ្តើម​យក (ព្រះរាជ​កុមារ) ព្រះអយ្យកោ​នឹងប្រទាន​ទូលព្រះបង្គំ (ដល់​ពួកអាមាត្យ) ដើម្បី​ព្រះរាជ​ទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់​ពុំខាន ទូលព្រះបង្គំ​មុខជានឹងដាច់​ចាក​ទ្រព្យផង ចាកពួក​ទាសៈផង ត្រូវនាង​ព្រាហ្មណី​តិះដៀល​ផង។

[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួក​អ្នកសិវិរាស្រ្ត​ឲ្យចំរើន ទ្រង់ទត​ឃើញកុមារ​ទាំងនេះ​ដែលមាន​សំដីពីរោះ និយាយ​ពាក្យជាទី​ស្រឡាញ់ ទ្រង់បាន​បីតិ និង​សោមនស្ស នឹងព្រះរាជទាន​ព្រះរាជទ្រព្យ​ជាច្រើន​ដល់អ្នក។

[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់​បង្គាប់​នោះទេ ទូល​ព្រះបង្គំ​សូមនាំ​យកទារក​ទាំងពីរ​ទៅឲ្យ​បំរើនាង​ព្រាហ្មណី។

[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និង​កណ្ហាជិនា លុះឮសំដី​ព្រាហ្មណ៍ឈ្លានពាន​ហើយ ក៏តក់ស្លុត នាំគ្នា​ស្ទុះរត់​ទៅតាមទី​នោះៗ។

[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសំឡាញ់ កូនចូរ​មកអាយ ចូរបំពេញ​បារមីរបស់បិតា កូនចូរ​ស្រោចស្រព​ហ្ឫទ័យ​របស់បិតា កូនចូរ​ធ្វើតាម​ពាក្យរបស់​បិតា។ កូនចូរ​ដូចជាយាន​នាវា​របស់បិតា​ឲ្យនឹងថ្កល់​ក្នុងសាគរ​ គឺភព បិតានឹង​ឆ្លង​ចាក​ត្រើយ គឺជាតិ និងចម្លង​មនុស្ស ព្រមទាំងទេវតា (ទៅកាន់​ត្រើយ គឺព្រះនិព្វាន)។ ហៃ​ធីតា​ស្ងួន​សំឡាញ់ (ឪពុក) នាងចូរមក ព្រោះទាន​បារមី​ ជាសំឡាញ់របស់​បិតា នាងចូរ​ស្រោចស្រពហ្ឫទ័យ​របស់​បិតា ចូរធ្វើតាម​ពាក្យរបស់​បិតា។ នាងចូរ​ដូចជា​យាននាវា​របស់​បិតាឲ្យនឹង​ថ្កល់ក្នុង​សាគរ គឺភព បិតានឹង​ឆ្លងចាក​ត្រើយ គឺជាតិ និងចម្លង​ពួកមនុស្ស ព្រមទាំង​ទេវតា។

[៣៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះបរមពោធិសត្វ ញ៉ាំងពួកអ្នក​សិវិរាស្រ្ត​ឲ្យចំរើន ទ្រង់នាំ​យកកុមារ​ទាំងពីរ គឺជាលី និង​កណ្ហាជិនា​ហើយ ទ្រង់ប្រទាន​ដល់​ព្រាហ្មណ៍។ ក្នុងលំដាប់នោះ ព្រះរាជា​ទ្រង់មាន​ព្រះហ្ឫទ័យ​រីករាយ នាំយក​កុមារ​ទាំងពីរ គឺ​ជាលី និង​កណ្ហាជិនា ជាបុត្រ​ឲ្យជាទាន​ដ៏ឧត្តម​ដល់ព្រាហ្មណ៍។ ហេតុដែល​គួរឲ្យ​ស្ញប់ស្ញែង ក៏កើតមាន​ក្នុងកាលនោះ ​សេចក្តី​ព្រឺព្រួចរោម ក៏កើត​មានក្នុង​កាលនោះ កាល​ដែល​ព្រះរាជា​បានប្រទាន​កុមារ​ទាំងពីរ​ហើយ ផែនដី​ក៏កំរើក​ញាប់ញ័រ។ ហេតុ​ដែលគួរ​ឲ្យស្ញប់ស្ញែង ក៏កើតមាន​ក្នុង​កាលនោះ សេចក្តី​ព្រឺព្រួចរោម ក៏កើត​មានក្នុង​កាលនោះ ព្រោះ​ព្រះរាជា ញ៉ាំងពួក​អ្នកសិវិរាស្រ្ត​ឲ្យចំរើន ទ្រង់ផ្គង​អពា្ជលី បានប្រទាន​កុមារ​ទាំងពីរ​ដ៏ចំរើន​ដោយ​សេចក្តីសុខ ឲ្យជា​ទានដល់​ព្រាហ្មណ៍។

[៣៣៩] លំដាប់នោះ ព្រាហ្មណ៍ជាអ្នកល្មោភនោះ បានខាំកាត់វល្លិ​ដោយធ្មេញ​ទាំងឡាយ ហើយចងដៃ​ទាំងឡាយ​ដោយវល្លិ ហើយយក​វល្លិវាយ​បណ្តីរ។ លំដាប់​តពីនោះមក ព្រាហ្មណ៍​នោះ​កាន់ខ្សែផង កាន់ឈើច្រត់​ផង វាយកុមារ​ទាំងពីរនោះ នាំ​បណ្តើរ​ទៅ (ក្នុងទី) ចំពោះ​ព្រះ​ភក្រ្តនៃ​ព្រះបាទសិវិ (វេស្សន្តរ)។

[៣៤០] ក្នុងកាលដែលព្រាហ្មណ៍នាំទៅនោះ កុមារទាំងពីរ​បានរបូតរួច (អំពី​ចំណង) នៃ​ព្រាហ្មណ៍ ហើយរត់​ចៀសចេញ​ទៅ កុមារនោះ​មាននេត្រា​ទាំងពីរ​ដ៏​ពោរ​ពេញ​ដោយទឹកភ្នែក ងើប​មើលព្រះបិតា។ កុមារក៏ញាប់ញ័រ​ចំប្រប់ ដូចជាស្លឹក​ពោធិ៍ ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះបិតា លុះថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះបិតា​ហើយ​ បានពោល​ពាក្យនេះថា បពិត្រ​ព្រះបិតា ព្រះមាតា​ចេញទៅព្រៃ​ហើយ បពិត្រ​ព្រះបិតា ឯ​ព្រះអង្គ​ប្រទាន​យើងខ្ញុំ បពិត្រ​ព្រះបិតា​ ចាំយើង​ខ្ញុំជួប​នឹង​ព្រះមាតា​សិន សឹមព្រះអង្គ​ប្រទាន​យើងខ្ញុំ។ បពិត្រ​ព្រះបិតា​ ព្រះមាតា​ចេញ​ទៅព្រៃហើយ បពិត្រ​ព្រះបិតា ឯព្រះអង្គ​ប្រទាន​យើងខ្ញុំ បពិត្រ​ព្រះបិតា​ ព្រះអង្គ​កុំអាល​ប្រទាន​យើងខ្ញុំ​ឡើយ រង់ចាំ​ព្រះមាតា​របស់​យើងខ្ញុំ​ត្រឡប់​មកសិន។ ក្នុងពេល​នោះ ព្រាហ្មណ៍នេះ​ចង់លក់ ឬចង់​សំឡាប់ ក៏តាម​ប្រាថ្នាចុះ​ (ជូជក​ព្រាហ្មណ៍​នេះ) មានជើង​ត្រប៉ាត ក្រចកស្អុយ មួយទៀត មានដុំ​សាច់យូរយារ បបូរមាត់​ខាងលើវែង មាន​ទឹកមាត់​ហៀរ ចេញ​ធ្មេញ​ស្ញេញ (ដូច​ខ្នាយជ្រូក) ច្រមុះបាក់។ មានពោះ​ធំកំប៉ោង ខ្នងកោង​ ភ្នែកស្រលៀង ពុកមាត់ ពុកចង្កា​ក្រហម សក់លឿង ស្បែក​ជ្រួញជ្រីវ រទុះដោយ​អាចម៍រុយ។ មាន​ភ្នែកលៀន​ខ្លោត (ដូច​ភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹង​លាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជា​ស្លៀក​ដណ្តប់ស្បែក​ខ្លា ក៏ដូចជា​អមនុស្ស​គួរស្បើម។ បពិត្រ​ព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញ​អំពីស្រុក​មកកាន់ព្រៃ សូម​ទ្រព្យ គឺកូន​នឹង​ព្រះបិតា​ទេដឹង។ បពិត្រ​ព្រះបិតា យើង​ខ្ញុំត្រូវបិសាច​កំពុងនាំទៅ ព្រះបិតា​ទ្រង់ទត​ឃើញឬទេ ព្រះហ្ឫទ័យ​របស់​ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជា​ចំណងដែក​ដ៏មាំ ព្រះអង្គ​មិនជ្រាប​យើងខ្ញុំដែល​ព្រាហ្មណ៍​ជាអ្នកស្វែង​រក​ទ្រព្យ ល្មោភ​ហួស​ប្រមាណ ចាប់ចង​ហើយវាយ​យើងខ្ញុំ​ដូចជា​គេវាយគោ។ នាងកណ្ហាជិនា ចូរ​នៅក្នុង​ទីនេះ​ចុះ ដ្បិតនាង​មិន​ទាន់​ដឹងក្តី​នៅឡើយ រមែង​កន្ទក់កន្ទញ ដូចជា​កូនម្រឹគ​នៅបៅដោះ ហើយ​ព្រាត់ប្រាស​ចាកហ្វូង។

[៣៤១] ទុក្ខដូច្នោះនេះ មិនមែនជាទុក្ខដល់អញទេ  ព្រោះទុក្ខនេះ  បុរស ​(ដែល​រង្គាត់​ទៅក្នុង​ភព) ត្រូវបាន អញមិន​ឃើញ​ព្រះមាតា​ណា  ការមិន​ឃើញ​ព្រះមាតា​នោះ ជាសេចក្តី​ទុក្ខក្រៃលែង​​​របស់អញ​ជាងសេចក្តីទុក្ខ ដែលព្រាហ្មណ៍​វាយដំនេះ​ទៅទៀត។ ទុក្ខ​ដូច្នោះនេះ  មិនមែន​ជាទុក្ខដល់​​​អញទេ ព្រោះទុក្ខ​នេះ បុរស​ត្រូវបាន អញ​មិនឃើញ​ព្រះមាតា​ណា ការមិន​ឃើញព្រះមាតា​នោះ ជាសេចក្តី​ទុក្ខក្រៃ​លែង​របស់​អញ​ជាង​សេចក្តី​ទុក្ខដែល​ព្រាហ្មណ៍​វាយដំនេះ​ទៅទៀត។ ​ព្រះមាតា​នោះ មនុស្ស​កំព្រាពិត កាល​បើ​មិនឃើញ​កុមារីឈ្មោះ​កណ្ហាជិនា ល្អគួរមើល មុខជានឹង​ទ្រង់​ព្រះកន្សែង​អស់​កាល​យូរ។ ព្រះបិតានោះ ជាមនុស្សកំព្រា​ដោយ​ពិត  កាលបើ​មិនឃើញ​កុមារី​ឈ្មោះ​កណ្ហាជិនា  ល្អគួរមើល មុខជានឹងទ្រង់​ព្រះកន្សែង​​អស់កាលយូរ។ ព្រះមាតានោះ ជា​មនុស្ស​​កំព្រាពិត  កាលបើមិន​ឃើញ​​កុមារីឈ្មោះ​កណ្ហាជិនា ល្អគួរមើល មុខជា​នឹងទ្រង់​ព្រះ​កន្សែង​ក្នុង​អាស្រមអស់កាលយូរ។​ ព្រះបិតានោះ ជាមនុស្សកំព្រាពិត  កាល​បើ​មិន​ឃើញ​កុមារីឈ្មោះ​កណ្ហាជិនា  ល្អគួរមើល មុខជានឹង​ទ្រង់ព្រះ​កន្សែង​ក្នុង​​អាស្រមអស់​កាលយូរ។​ ព្រះមាតានោះ ជាមនុស្ស​កំព្រាពិត (រឭក​ពួកយើង) ក្នុង​ពាក់​កណ្តាល​អធ្រាត្រ ឬ​ក្នុងរាត្រី​ទាំងមូល នឹងទ្រង់​ព្រះកន្សែង​អស់កាល​យូរ នឹងរីងស្ងួត​ដូចស្ទឹង។ ព្រះបិតា​នោះ ជាមនុស្ស​កំព្រាដោយ​ពិត (រឭក​ពួកយើង) ក្នុង​​កណ្តាល​អធ្រាត្រ ឬក្នុង​រាត្រី​ទាំង​មូល នឹងទ្រង់​ព្រះកន្សែង​អស់កាល​យូរ នឹងរីង​ស្ងួតដូច​ជាស្ទឹង។ រុក្ខជាតិ​ផ្សេងៗ ទាំងនេះ គឺ​ដើមព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រ​សាយ ថ្ងៃនេះ យើងនឹង​បោះបង់​ពួក​រុក្ខជាតិ​ទាំងនោះ​ចោល​ហើយ។ ពួកផលជាតិ​ផ្សេងៗទាំងនេះ គឺពោធិ ខ្នុរ ជ្រៃ ក្រសាំង ថ្ងៃនេះ​យើង​នឹងបោះបង់​ផលជាតិ​ទាំងនោះ​ចោលហើយ។ នេះសួនច្បារ  នេះស្ទឹង​មានទឹក​ត្រជាក់  ពីដើម យើង​លេងក្នុង​ទីណា  ថ្ងៃនេះ យើងនឹង​បោះបង់​ទីទាំងនោះ។ ពីដើម ពួកយើង​ទ្រទ្រង់ផ្កា​ណា ច្រើនយ៉ាង​ លើភ្នំនេះ ថ្ងៃនេះ យើងនឹង​បោះបង់​ផ្កាទាំងនោះ។ ពីដើម​ពួកយើង​បរិភោគ​ផ្លែឈើណា​ច្រើនយ៉ាង លើភ្នំនេះ ​​ថ្ងៃនេះ យើងនឹង​បោះបង់​ផ្លែឈើ​ទាំងនោះ។ នេះរូបដំរី  រូបសេះ​របស់យើង  នេះរូបគោ​របស់យើង  ពីដើម​យើង​លេងដោយ​រូបណា  ថ្ងៃនេះ​យើងនឹង​បោះបង់រូប​ទាំងនោះ។

[៣៤២] កុមារទាំងនោះ​  កាលជូជកព្រាហ្មណ៍​កំពុងនាំទៅ បានពោល​នឹង​ព្រះបិតា​ដូច្នេះថា បពិត្រ​ព្រះបិតា  សូមព្រះអង្គ​បា្រប់នូវ​ភាព (របស់​យើងខ្ញុំ) ជាបុគ្គល​មិន​មាន​រោគ ដល់​ព្រះមាតា​ផង ទាំងព្រះអង្គ​សោត ក៏សូមឲ្យ​បានសេចក្តី​សុខ។ នេះរូបដំរី រូបសេះ​របស់​យើងខ្ញុំ  នេះរូប​គោរបស់​យើងខ្ញុំ  សូមព្រះអង្គ​ប្រទាន​រូបទាំងនោះ ដល់​ព្រះមាតាៗ នឹង​បន្ទោបង់​សំណោក​ព្រោះរូប​ទាំងនោះ។ នេះរូបដំរី រូបសេះ​របស់​យើងខ្ញុំ  នេះ​រូបគោ​របស់​យើងខ្ញុំ  ព្រះមាតា​កាលបើ​ក្រឡេក​ឃើញរូប​ទាំងនោះ​ហើយ នឹង​បន្ទោបង់​សំណោក​ចេញ​បាន។

[៣៤៣] លំដាប់នោះ ព្រះបាទវេស្សន្តរជាក្សត្រិយ៍ ទ្រង់ដាក់​ទានរួច​ហើយ ក៏យាង​ចូលទៅ​កាន់​បណ្ណសាលា ហើយខ្សឹកខ្សួល​គួរឲ្យ​អាណោចអាធ័ម។ (ព្រះមហា​សត្វទ្រង់​ព្រះពិលាប​ថា) ក្នុងថ្ងៃនេះ ទារក​ទាំងពីរ​មានសេចក្តី​ស្រេកឃ្លាន​ហើយ យំទារ​នរណា អ្នកណា​ហ្ន៎ នឹងឲ្យ​ភោជនដល់​ទារកទាំង​ពីរនោះ​ ក្នុងកាលជា​ទីអង្គាស (អាហារ) ក្នុង​វេលា​ល្ងាច។ ​ក្នុងថ្ងៃនេះ ទារក​ទាំងពីរ​មានសេចក្ដី​ស្រេកឃ្លាន​ ហើយយំទារ​នរណា បពិត្រ​ព្រះមាតា យើងខ្ញុំ​មានសេចក្តី​ស្រេក​ឃ្លាន​​ហើយ សូម​ព្រះមាតា​ប្រទាន​ភោជន​ដល់យើង​ខ្ញុំក្នុង​កាលជា​ទីអង្គាស (អាហារ) ក្នុង​វេលា​ល្ងាច។ ទារក​ទាំងពីរ​ដើរទៅដោយ​ជើង​ទទេ មិនមាន​ស្បែកជើង នឿយ​ហត់ មាន​ជើង​ទាំងពីរ​ដ៏ពុរពង ទៅកាន់​ផ្លូវ​ដូចម្តេច​បាន អ្នកណា​នឹងដឹកដៃ​ទារក​ទាំងនោះទៅ។ កោតតែ​ព្រាហ្មណ៍​នោះ ​ហ៊ានវាយ​កូនទាំង​ពីរ​របស់​អញ​ជាអ្នក​មិនមាន​កំហុស ក្នុងទី​ចំពោះមុខ មិនអៀនខ្មាស ព្រាហ្មណ៍​នេះ ហៅ​ពេញ​ជាមនុស្ស​ឥត​អៀនខ្មាស។​ អ្នកណា​មានសេចក្តី​អៀនខ្មាស នឹង​វាយ​ពួកជន​សូម្បី​ជាខ្ញុំស្រី ខ្ញុំប្រុស ឬថា​អ្នកបម្រើ​ដទៃ​របស់អញ ដែល​លះឲ្យ​ហើយនោះ។ ព្រាហ្មណ៍​ហ៊ាន​ជេរ ហ៊ានវាយ​ដំកូនសំឡាញ់​របស់អញ​ដែលកំពុង​មើលឃើញ ​ដូចជាត្រី​ដែលជាប់​នៅ​ក្នុង​មាត់លប។

[៣៤៤] អញនឹងកាន់យកធ្នូ ស្ពាយព្រះខាន់លើស្មាខាងឆ្វេង ហើយនាំ​យកកូន​ទាំងពីរ​របស់ខ្លួន​មកវិញ​ឬ ព្រោះថា ការដែល​គេវាយ​ដំកូនទាំង​ពីរ នាំមកនូវ​សេចក្ដីទុក្ខ។ កុមារ​ទាំងពីរ​គប្បីលំបាក​ដោយ​ហេតុណា ហេតុនុ៎ះ​មិនមែន​ជាទី​តាំង​មានសភាព​ជាទុក្ខ​ទេ នរណា​យល់ធម៌​របស់ពួក​សប្បុរស ហើយ​ឲ្យទាន រមែងក្តៅ​ក្រហាយ​រឿយៗ។

[៣៤៥] (ជាលិកុមារ…) បានឮថា ជនពួកខ្លះក្នុងលោកនេះ​ បានពោល​ពាក្យពិត​យ៉ាងនេះថា បុគ្គលណា​មិនមាន​មាតាបង្កើត បុគ្គលនោះ​ឈ្មោះថា មិនមាន​បិតា​ដូចគ្នា​ដែរ។ នែនាង​កណ្ហាប្អូន នាងចូរមក យើងមុខ​ជានឹងស្លាប់ យើង​មិនមាន​សេចក្តី​ត្រូវការ​ដោយ​ជីវិតទេ ដោយយើង​ត្រូវព្រះជនិន្ទ​ប្រទាន​ដល់ព្រាហ្មណ៍ អ្នកស្វែង​រកទ្រព្យ ជាមនុស្ស​កំណាច​លើសលន់ វាយដំយើង ដូចជាគេវាយ​ហ្វូងគោ។ នែនាង​កណ្ហា ពួករុក្ខជាតិ​ផ្សេងៗ​នេះ គឺ​ដើមព្រីង ឈើទាលខ្សាច់ មានមែក​ត្រសុំ​ត្រសាយ យើងនឹង​បោះបង់​រុក្ខជាតិ​ទាំងនោះ នែនាង​កណ្ហា ពួក​ផលជាតិ​ផ្សេង ៗ នេះ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង យើងនឹង​បោះបង់​ផលជាតិ​ទាំងនោះ។ ហៃនាង​កណ្ហា នេះ​សួនច្បារ នេះស្ទឹង​មានទឹក​ត្រជាក់ ពីដើម យើង​លេងក្នុងទីណា យើងនឹង​បោះបង់​ទីទាំង​នោះ ហៃនាង​កណ្ហា ពីដើម យើង​ទ្រទ្រង់​ផ្កាទាំងឡាយណា​ផ្សេងៗ លើភ្នំនេះ យើងនឹង​បោះបង់​ផ្កាទាំងនោះ។ ហៃនាង​កណ្ហា ពីដើម យើងបរិភោគ​ផ្លែឈើ​ផ្សេង ៗ ទាំងឡាយ​ណា យើងនឹង​បោះបង់​ផ្លែឈើ​ទាំងនោះ។ ហៃនាង​កណ្ហា នេះរូបដំរី រូបសេះ​របស់យើង នេះរូបគោ​របស់យើង ​ជារូប​ដែលយើង​ធ្លាប់លេង យើងនឹង​បោះបង់​រូបនោះ។

[៣៤៦] (អភិសម្ពុទ្ធគាថា) កុមារទាំងពីរនោះ គឺជាលី និង​កណ្ហាជិនា កាលដែល​ព្រាហ្មណ៍​កំពុង​នាំទៅ ក៏របូត​ចេញ (អំពីចំណង) ហើយនាំ​គ្នាស្ទុះចូល​ទៅក្នុងទីនោះ ក្នុង​ខណៈ​នោះ។

[៣៤៧] លំដាប់នោះ ជូជកព្រាហ្មណ៍នោះ កាន់យកខ្សែ និងឈើច្រត់​វាយដំកុមារ​ទាំងពីរ​នោះ ហើយនាំទៅ​ក្នុងទីចំពោះ​ព្រះភក្រ្ត​នៃព្រះបាទ​សិវិ (វេស្សន្តរ)។

[៣៤៨] នាងកណ្ហាជិនាបានពោលនឹងព្រះបិតា​នោះថា បពិត្រ​ព្រះបិតា ព្រាហ្មណ៍​នេះ វាយដំ​ខ្ញុំម្ចាស់​ដោយឈើច្រត់​ដូចជា​ទាសីដែល​កើតក្នុងផ្ទះ។ ​បពិត្រ​ព្រះបិតា នេះមិន​មែនជា​ព្រាហ្មណ៍ទេ ដ្បិតពួក​ព្រាហ្មណ៍ ជាអ្នក​ប្រកប​ដោយធម៌ បពិត្រ​ព្រះបិតា យក្សក្លែង​ភេទជា​ព្រាហ្មណ៍ នាំ​យើងខ្ញុំ​យកទៅ​ស៊ីទេដឹង បពិត្រ​ព្រះបិតា យើងខ្ញុំ​ត្រូវបិសាច​កំពុង​នាំទៅ ហេតុអ្វី​ក៏ព្រះអង្គ​ទ្រង់ទត​ព្រងើយ។

[៣៤៩] ជើងទាំងឡាយរបស់យើងខ្ញុំនេះ ក៏សែនលំបាក ផ្លូវសោត ក៏ឆ្ងាយដាច់​ស្រយាល លំបាកនឹង​ដើរទៅណាស់ ព្រះសុរិយា​ក៏កាន់តែ​ទន់ទាប ជិត​អស្តង្គត​ណាស់​ហើយ ព្រាហ្មណ៍ក៏នាំ​យើងខ្ញុំទៅ​ប្រញាប់​ប្រញាល់។ យើងខ្ញុំ​សូមថ្វាយ​បង្គំ​នូវពួក​ភូតដែល​នៅអាស្រ័យ​លើភ្នំ និងព្រៃ សូមថ្វាយ​បង្គំ​ដោយសិរសា​នូវពួក​ទេវតា​ដែល​រក្សាស្រះ​ និង​ទេវតា​ដែលនៅអាស្រ័យ​ក្នុងស្ទឹង​ មាន​កំពង់​ដ៏ល្អ។ (យើងខ្ញុំ​សូមថ្វាយបង្គំ) នូវពួក​ទេវតា​ដែលនៅ​អាស្រ័យ​លើស្មៅ និងវល្លិ និងឈើ​ឱសធ និងភ្នំ​ និងព្រៃ សូម​ទេវតា​ទាំងឡាយ ទូលព្រះមាតា​នូវភាព​របស់យើងខ្ញុំ​ជាអ្នក​មិនមាន​រោគ ដ្បិត​ព្រាហ្មណ៍នេះ កំពុង​នាំយកយើង​ខ្ញុំទៅ។ សូមពួក​លោកដ៏ចំរើន ទូល​ដល់​ព្រះមទ្រី​ជាព្រះមាតា​របស់​យើងខ្ញុំថា បើលោក​ចង់អញ្ជើញមកតាម​យើងខ្ញុំ គប្បីអញ្ជើញ​មកឲ្យឆាប់។ ផ្លូវនេះ ដើរចុះ​តែជើងមួយ ត្រង់ទៅកាន់​អាស្រម ព្រះមាតា​គប្បី​ស្តេច​អញ្ជើញមក​តាម​ផ្លូវនោះ​ឯង មុខជា​នឹងឃើញ​យើងខ្ញុំភ្លាម។ បពិត្រ​ព្រះមាតា​ដ៏មាន​ជដាអើយ ទុក្ខនោះ​នឹងមាន​ដល់​លោក ដែលនាំ​មើមឈើ និងផ្លែឈើ​អំពីព្រៃមក​ ព្រោះឃើញ​អាស្រម​ស្ងាត់​ជ្រងំ។ ព្រះមាតា​បាន (មើមឈើ និងផ្លែឈើ​អំពីព្រៃ និងចំណី) ច្រើន​ដោយការ​ស្វែងរក​ហួស​វេលា មិនជ្រាប​យើងខ្ញុំ​ដែលព្រាហ្មណ៍​អ្នកស្វែង​រកទ្រព្យ​កំណាច​លើសលន់ ចងវាយដំ​យើងខ្ញុំ​ដូចជា​គេវាយ​ហ្វូងគោ ថ្ងៃនេះ យើងខ្ញុំ​សូមចួប​នឹង​ព្រះមាតា ដែល​អញ្ជើញមក​អំពីការ​ស្វែងរក​ផ្លែឈើ​ក្នុងវេលា​ល្ងាច។ ព្រះមាតាគប្បី​ប្រទាន​ផ្លែឈើ​លាយដោយ​ទឹកឃ្មុំ​ដល់​ព្រាហ្មណ៍ៗ​នេះបាន​បរិភោគ​ផ្លែឈើ​នោះឆ្អែតហើយ មុខជា​មិនបង្ខំ​នាំយើង​ខ្ញុំទៅ។ កុមារ​ទាំងពីរ មាន​សេចក្តី​ជាប់ចិត្ត​ក្នុងព្រះមាតា ពិលាប​ក្នុងកាល​នោះថា ឱហ្ន៎ បាតជើង​ទាំងឡាយ​របស់យើង​ពុរពង​អស់ហើយ ព្រាហ្មណ៍​ដឹកនាំ​យើង​ទៅប្រញាប់​ប្រញាល់​ខ្លាំង​ណាស់។

ចប់ ទារកបព្វៈ។

[៣៥០] (អភិសម្ពុទ្ធគាថា) ពួកទេវតាបានឮពិលាបនៃកុមារទាំងពីរ​នោះហើយ បាន​ពោលពាក្យ​នេះថា អ្នកទាំងឡាយ ចូរធ្វើ​ជាម្រឹគ​សាហាវ​បីក្នុងព្រៃ គឺសីហៈ ១ ខ្លាធំ ១ ខ្លាដំបង ១។ កុំឲ្យ​ព្រះរាជបុត្រី​មកអំពី​ការស្វែងរក​ផ្លែឈើ​ក្នុងវេលា​រសៀល​ឡើយ កុំឲ្យពួក​ម្រឹគក្នុង​ព្រៃជាដែន​របស់យើង​បៀតបៀន​ឡើយ។ ប្រសិន​បើសីហៈក្តី ខ្លាធំក្តី ខ្លាដំបងក្តី បៀតបៀន​នាងមទ្រី ដែល​ប្រកបដោយ​លក្ខណា​នោះហើយ ជាលិកុមារ និង​នាង​កណ្ហាជិនា នឹងរស់​នៅដូច​ម្តេចបាន នាងមទ្រី​ដែលប្រកប​ដោយ​លក្ខណា នឹង​ព្រាត់ប្រាស​ចាកចំណែក​ទាំងពីរ គឺភស្ដា និងបុត្រ​ទាំងពីរ។

[៣៥១] (ព្រះនាងមទ្រី…) ជ្រនីកធ្លាក់ចុះ (អំពីដៃ) របស់អញ ភ្នែកស្តាំ​ក៏កម្រើក ទាំង​ដើមឈើ​មាន​ផ្លែ ក៏ប្រែជា​មិនមាន​ផ្លែ អញវង្វេង​ទិស​ទាំងអស់។ កាលដែល​អញនោះ​មកកាន់​អាស្រម​ក្នុង​វេលាល្ងាច ក្នុងពេល​ដែល​ព្រះអាទិត្យ​អស្តង្គត​ហើយ ក៏មាន​ពួកម្រឹគ​សាហាវ​មកឈរ​រាំងក្នុងផ្លូវ កាលបើ​ព្រះអាទិត្យ​ទៀប​អស្តង្គត​ហើយ អាស្រម​ក៏នៅ​ឆ្ងាយ​ណាស់ អញនឹង​នាំយក​មើមឈើ និងផ្លែឈើ​ណា​អំពីទីនេះ ដើម្បីជន​ទាំងនោះ ជន​ទាំងនោះ គប្បីនាំ​គ្នាបរិភោគ​មើមឈើ និងផ្លែឈើ​នោះជា​ភោជន។ ក្សត្រិយ៍នោះ គង់នៅ​តែមួយ​អង្គឯង ក្នុង​បណ្ណសាលាពិត ម្ល៉េះសម​ឃើញអាត្មាអញ​ដែលមិន​ទាន់មកដល់ ក៏​ខំលួងលោម​ទារក​ទាំងពីរ ដែលមាន​សេចក្តី​ស្រេកឃ្លាន។​ កូនតូច​ទាំងនោះ​របស់​អញ ជាស្រ្តី​កំព្រា កំសត់​ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូន​ម្រឹគ​នៅបៅ​ទឹកដោះ ក្នុងវេលា​ល្ងាច ឬក្នុងវេលា​ដែល​បរិភោគ។ កូនតូច​ទាំងនោះ​របស់​អញ ជាស្រ្តី​កំព្រា កំសត់​ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូន​ម្រឹគបា្រថ្នា​រកទឹក​ផឹក ក្នុងវេលា​ល្ងាច ឬក្នុង​វេលា​ដែល​បរិភោគ។ កូនតូច​ទាំងនោះ​របស់អញ ជាស្រ្តី​កំព្រា កំសត់​ដោយពិត​នាំគ្នា​ឈរចាំ​ទទួល​អញ ដូចជា​ពួកកូន​គោតូច ឈរចាំ​ទទួលមេ។ កូនតូច​ទាំងនោះ​របស់អញ ជាស្រ្តី​កំព្រា កំសត់​ដោយពិត នាំគ្នាឈរ​ចាំ​ទទួល​អញ ដូចជា​ពួកហង្ស​ឈរនៅ​លើភក់។ កូនតូច​ទាំងនោះ​របស់​អញជា​ស្រ្តីកំព្រា កំសត់​ដោយពិត នាំគ្នា​ឈរចាំ​ទទួល​អញ ក្នុងទី​មិនឆ្ងាយ​អំពីអាស្រម។ ផ្លូវតែមួយ ចុះបាន​តែជើង​នៃបុគ្គល​ម្នាក់ ក្បែរ​ខាងផ្លូវ មានស្រះ មាន​ជ្រោះ អញមិន​ឃើញផ្លូវ​ដទៃសម្រាប់​ទៅកាន់​អាស្រម​បានទេ។ បពិត្រ​ម្រឹគ​ទាំងឡាយ ខ្ញុំសូម​ថ្វាយបង្គំ​លោក​ទាំងឡាយ ជាស្តេច​មានកំឡាំង​ច្រើន​ក្នុងព្រៃធំ សូម​លោកជា​បងប្អូន​នឹងគ្នា​ដោយធម៌ លោកទាំង​ឡាយ កាលបើ​ខ្ញុំអង្វរ​ហើយ ក៏សូម​ឲ្យផ្លូវ​ដល់ខ្ញុំ។ ខ្ញុំជាភរិយា​របស់​ព្រះរាជបុត្រ​ដ៏មានសិរី ដែលគេ​និរទេស ខ្ញុំមិន​ហ៊ានមើល​ងាយ​ព្រះរាជ​ស្វាមីនោះ​ ដូចនាង​សិតាជា​ស្រ្តីមានវ័ត មិនហ៊ាន​មើលងាយ​ព្រះរាម។ លោក​ទាំងឡាយ ចូរឃើញ​បុត្រទាំងឡាយ​ចុះ ចំណែកខ្ញុំ សូមឃើញ​ស្វាមី និងបុត្រ​ទាំងពីរ គឺ​ជាលី និង​កណ្ហាជិនា ក្នុងពេលល្ងាច គឺកាល​ជាទី​ទទួល​ចំណី។ មើមឈើ និងផ្លែឈើ​នេះ​សោត​ក៏ច្រើន ចំណីនេះ មិនមែន​តិចទេ ខ្ញុំនឹង​បែងចំណី​នោះពាក់​កណ្តាល​ជូនលោក​ទាំងឡាយ កាលបើ​ខ្ញុំអង្វរ​ហើយ សូមឲ្យផ្លូវខ្ញុំ។ ព្រះមាតា​របស់​យើង ជាព្រះរាជបុត្រី ព្រះបិតា​របស់​យើង ជាព្រះរាជបុត្រា លោក​ទាំងឡាយ​ចូរជា​បងប្អូន​ដោយធម៌ លោក​ទាំងឡាយ កាលបើ​ខ្ញុំអង្វរ​ហើយ សូមឲ្យផ្លូវខ្ញុំ។​

[៣៥២] (អភិសម្ពុទ្ធគាថា) ពួកម្រឹគសាហាវបានស្តាប់វាចាពីរោះ​ពិសា ជាវាចា​ប្រកប​ដោយ​សេចក្តី​ករុណាច្រើន របស់​នាងមទ្រី​នោះ ដែល​កំពុង​លួងលោម​ហើយ ក៏នាំគ្នា​ថយចេញ​អំពីផ្លូវ​បាត់ទៅ។

[៣៥៣] (ព្រះនាងមទ្រី) កូនតូចទាំងពីរប្រឡាក់ដោយអាចម៍ដី រមែង​ឈរចាំ​ទទួល​អញក្នុង​ប្រទេស​នេះ ដូចជា​ពួកកូន​គោឈរ​ចាំទទួល​មេ។ កូនតូច​ទាំងពីរ​ប្រឡាក់​ដោយ​អាចម៍ដី រមែង​ឈរចាំ​ទទួលអញ​ក្នុងប្រទេស​នេះ ដូចជា​ពួកហង្ស ឈរ​នៅលើ​ភក់។ កូនតូច​ទាំងពីរ​ប្រឡាក់ដោយ​អាចម៍ដី រមែង​ឈរចាំ​ទទួល​អញក្នុង​ប្រទេសនេះ ក្នុងទី​ជិត​អាស្រម។ កូនតូចទាំងនោះ ធ្លាប់តែ​ស្ទុះមក​ព័ទ្ធជុំវិញ មាន​សេចក្តី​ត្រេកអរ​រីករាយ នាំគ្នា​លោតមក ហាក់ដូចជា (ញ៉ាំង​ហ្ឫទ័យ​របស់​មាតា) ឲ្យកំរើក ដូចកូន​ម្រឹគ​ទាំងឡាយ (ឃើញមេ) ហើយ​ដំឡើង​ស្លឹកត្រចៀក (អើត ក ចូលទៅ​ជិតមេ រីករាយ​ត្រេកអរ ស្ទុះទៅ​ព័ទ្ធជុំវិញ) ថ្ងៃនេះ អញមិន​បានឃើញ​កូនទាំង​ពីរ គឺ​ជាលី និង​នាងកណ្ហាជិនា​នោះ។ អញ​លះបង់​កូនទាំងពីរ ហើយ​ចេញទៅ ដូចមេពពែ ឬមេម្រឹគ លះបង់​កូន ដូចមេបក្សី​ចេញអំពី (សម្បុក) ឬដូច​មេសីហៈ ប្រាថ្នា​សាច់ (លះបង់​កូនរបស់​ខ្លួន ដើរចេញ​ទៅរក​ចំណី) ថ្ងៃនេះ អញមិនបាន​ឃើញ​កូន​ទាំងពីរ គឺ​ជាលី និងនាង​កណ្ហាជិនា​នោះ។ នេះស្នាមជើង​នៃកូនទាំង​ពីរនោះ ដូច (ស្នាមជើង) នៃហ្វូង​ដំរីក្បែរភ្នំ ពំនូក​ខ្សាច់ដែល​កូនទាំងពីរ​នាំគ្នាពូន ក៏ខ្ចាត់​ខ្ចាយក្នុង​ទីជិតនៃ​អាស្រម ថ្ងៃនេះ អញ​មិនបាន​ឃើញកូន​ទាំងពីរ គឺ​ជាលី និងនាង​កណ្ហាជិនា​នោះ។ កូនតូចទាំងពីរ​រោយរាយ​ដោយខ្សាច់ ប្រឡាក់​ដោយ​អាចម៍ដី​ រមែងស្ទុះ​មកព័ទ្ធ​ជុំវិញ អញ​មិនបាន​ឃើញ​ទារក​ទាំង​នោះ។ កាលពីដើម កូនទាំងពីរ​ណា ទទួលអញ​ដែលមក​អំពីព្រៃ​ឆ្ងាយ ថ្ងៃនេះ អញ​មិនបាន​ឃើញកូន​ទាំងពីរ​នោះ គឺ​ជាលី និង​នាងកណ្ហាជិនា។ ទារក​ទាំងពីរ តែងរមិល​មើល​ផ្លូវអញ​ក្នុងទីឆ្ងាយ ដូចកូន​ម្រឹគ​ទទួលមេពពែ ឬម្រឹគ​ជាមេ។ ផ្លែព្នៅលឿងខ្ចី ដែលជ្រុះ​មក​នេះឯង ជាល្បែង​របស់ទារក​ទាំង​នោះ ថ្ងៃនេះ អញមិន​បានឃើញ​កូនទាំងពីរ គឺ​ជាលី និងនាង​កណ្ហាជិនា​នោះ។ ស្តនរបស់អញ​ទាំងពីរ​នេះ ពេញ (ដោយ​ទឹកដោះ) ទាំងទ្រូង​សោត ក៏ស្ទើតែ​នឹងធ្លាយ អញមិនបាន​ឃើញកូន​ទាំងពីរ គឺជាលី និង​នាង​កណ្ហាជិនា​នោះ។ កូនមួយ​រាវរកផ្លែឈើ​ក្នុងថ្នក់​របស់អញ កូនមួយ​តោង​ដោះទាំងគូ​របស់អញ ថ្ងៃនេះ អញមិន​បានឃើញ​កូនទាំងពីរ គឺជាលី និង​នាង​កណ្ហាជិនា​នោះ។ វេលា​ថ្ងៃល្ងាច កូនតូច​ទាំងពីរ ប្រឡាក់​ដោយ​អាចម៍ដី ននៀល​លើភ្លៅ​របស់អញ អញ​មិនបាន​ឃើញ​ទារក​ទាំងនោះ។ កាលពី​ដើម អាស្រមនេះ ប្រាកដ​ដល់អញ (ដូចជា) កន្លែង​មហោស្រព ថ្ងៃនេះ អាស្រមហាក់​ដូចវិល​ដល់អញ ដែលមិនបាន​ឃើញកូន​ទាំងនោះ។ ហេតុ​ដូចម្តេច បានជា​អាស្រមនេះ ហាក់ដូច​ជាស្ងាត់សូន្យ​ឈឹង​ប្រាកដ​ដល់អញ សូម្បី​ពួកក្អែកព្រៃ ​ក៏មិន​កញ្រ្ជៀវ ទារកទាំង​ពីររបស់​អញ ប្រាកដជា​ស្លាប់​ហើយ។ ហេតុ​ដូចម្តេច បានជា​អាស្រម​នេះហាក់​ដូចជា​ស្ងាត់សូន្យ​ឈឹង​ប្រាកដ​ដល់អញ សូម្បី​ពួក​សត្វហើរ ក៏មិនកញ្រ្ជៀវ ទារក​ទាំងពីរ​របស់អញ ប្រាកដជា​ស្លាប់ហើយ។

[៣៥៤] ហេតុនេះដូចម្តេច បានជាព្រះអង្គគង់ស្ងៀម ចិត្តរបស់ខ្ញុំម្ចាស់​ហាក់ដូច (យល់សប្តិ) ក្នុងរាត្រី សូម្បីពួក​ក្អែកព្រៃ ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំម្ចាស់ ប្រាកដ​ជាស្លាប់​ហើយ។ ហេតុ​ដូចម្តេច បានជា​ព្រះអង្គ​គង់ស្ងៀម ចិត្តរបស់ខ្ញុំ​ម្ចាស់ ហាក់ដូចជា (យល់​សប្តិ) ក្នុងរាត្រី សូម្បី​ពួកសត្វហើរ ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់ ប្រាកដ​ជាស្លាប់​ហើយ។ បពិត្រ​ព្រះអយ្យបុត្រ ពួកម្រឹគ​ស៊ីទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់ហើយ​ទេដឹង ឬនរណា​នាំយក​ទារករបស់​ខ្ញុំម្ចាស់​ទៅក្នុងព្រៃ​ដ៏ស្ងាត់​ឥតជាតិជៅ។ ព្រះអង្គ​ធ្វើទារក​ទាំងនោះ​ ឲ្យជា​ទូត ហើយ​ប្រើទៅឬ ឬក៏ទារក​ទាំងនោះ ជាអ្នក​ពោលពាក្យ​ពីរោះ ដេកលក់​អស់ហើយ ឬទារក​ទាំងនោះ ខ្វល់ខ្វាយ​ក្នុងល្បែង​ទាំងឡាយ ហើយ​នាំគ្នា​ចេញទៅ​ខាងក្រៅ។ សក់​ទាំងឡាយក្តី ដៃជើង​ទាំងឡាយក្តី ដ៏វិចិត្រ​ដោយ​បណ្តាញ​របស់​ទារក​ទាំងនោះ ក៏មិន​ឃើញសោះ ក្រែងពួក​បក្សីឆាប​នាំយក​ទៅទេដឹង ឬនរណា​នាំ​យកទារក​របស់ខ្ញុំ​ម្ចាស់ទៅ។

[៣៥៥] ការដែលព្រះអង្គមិនមានព្រះបន្ទូលនេះ ជាទុក្ខ​ក្រៃលែង​ជាងទុក្ខ​របស់ខ្ញុំ​ម្ចាស់ ដែលមិន​ឃើញកូន​ទាំងពីរ គឺជាលី និង​នាងកណ្ហាជិនា​នោះ ដូចជាដំបៅ​ដែលមុត​ដោយ​ព្រួញ។ នេះជា​ព្រួញទីពីរ គឺត្រង់ដែល​ខ្ញុំម្ចាស់​មិនឃើញ​បុត្រទាំងពីរ ១ ដែល​ព្រះអង្គ​មិនត្រាស់​ប្រាប់​ខ្ញុំម្ចាស់ ១ នាំឲ្យ​កំរើកហ្ឫទ័យ​របស់ខ្ញុំម្ចាស់។ បពិត្រ​ព្រះរាជបុត្រ បើព្រះអង្គ​មិនត្រាស់​ប្រាប់ដល់​ខ្ញុំម្ចាស់ អស់រាត្រីនេះ ក្នុងថ្ងៃ​នេះទេ ព្រះអង្គ​មុខជា​នឹង​ឃើញ​​ខ្ញុំម្ចាស់​អស់ជីវិត ស្លាប់ក្នុង​ពេល​ព្រឹកមិនខាន។

[៣៥៦] (ព្រះមហាសត្វ…) ក្រែងនាងមទ្រីមានកំពស់ និងទំហំ​ដ៏ប្រសើរ ជារាជបុត្រី មានយស​ឬ នាងទៅ​ដើម្បី​ស្វែងរក (ផ្លែឈើ​តូចធំ) តាំងពី​ពេលព្រឹក ហេតុ​ដូចម្ដេច បានជា​ដល់ពេល​ល្ងាច​ហើយ​ទើបមក។

[៣៥៧] (ព្រះនាងមទ្រី…) ក្រែងព្រះអង្គទ្រង់ព្រះសណ្តាប់​សំឡេង​ទ្រហឹង​អឺងកង​នៃសីហៈ និងខ្លា ដែលស្រែក​បន្លឺឡើង (ព្រមទាំង​ម្រឹគដទៃ មានដំរី​ជាដើម) ដែលមក​កាន់ស្រះ (នេះ) ដើម្បីផឹក​ទឹកដែរ​ឬទេ។ បុព្វនិមិត្ត​បានកើត​ឡើងដល់​ខ្ញុំម្ចាស់ ដែលដើរ​រង្គាត់​ក្នុងព្រៃធំ ជ្រនីក ក៏ធ្លាក់​អំពីដៃ​របស់ខ្ញុំម្ចាស់ ទាំង​កញ្ច្រែង​ដែលលី​លើ​ចង្កួយស្មា ក៏ធ្លាក់​អំពីស្មា។ ក្នុងពេលនោះ ខ្ញុំម្ចាស់​មានសេចក្តី​ភិតភ័យ​ក្រៃពេក ក៏​ប្រណម្យ​អញ្ជលី នមស្ការ​គ្រប់ទិស​ផ្សេងៗ សូមឲ្យ​សួស្តី​គប្បីមាន​ព្រោះការ​នមស្ការ​នេះ។ សូមកុំ​ឲ្យសីហៈ និងខ្លាដំបង​បៀតបៀន​ព្រះរាជបុត្រ​របស់​យើងបាន មួយទៀត សូមកុំ​ឲ្យខ្លាឃ្មុំ ឆ្កែព្រៃ និងខ្លារខិន​ចាប់ខាំ​ស៊ីទារក​ទាំងពីរ​បាន។ ពួក​ពាលម្រឹគ​ទាំងបី​ក្នុងព្រៃ គឺសីហៈមួយ ខ្លាធំមួយ ខ្លាដំបង​មួយ រាំងផ្លូវ​ខ្ញុំម្ចាស់ ព្រោះហេតុ​នោះ បានជា​ខ្ញុំម្ចាស់​មកក្នុង​វេលាល្ងាច។

[៣៥៨] ខ្ញុំម្ចាស់មានសក់កណ្តាញ់ ប្រព្រឹត្តធម៌ដ៏ប្រសើរ ស្រវាស្រទេញ (ផ្គត់ផ្គង់) ប្តីផង បុត្រ​ទាំងពីរផង អស់ថ្ងៃ និងយប់ ដូចជា​មាណព (ផ្គត់ផ្គង់) អាចារ្យ។ ហៃបុត្រ​កំសត់​ទាំងពីរ មាតា​ស្លៀកដណ្តប់​ស្បែកខ្លា ខំស្វែង​រកមើមឈើ និង​ផ្លែឈើ ក្នុងព្រៃ​ទាំងថ្ងៃ ទាំងយប់ ព្រោះតែ​សេចក្តី​ស្រឡាញ់​កូនឯង​ទាំងពីរ។ រមៀត​មានពណ៌​ដូចជា​មាស និងផ្លែព្នៅនេះ មាតា​បាននាំ​មកដល់​ហើយ មាតា​បាននាំ​ទាំងផ្លែឈើ​ទាំងឡាយ​ (ឯទៀតផង) ហៃបុត្រកំសត់​ទាំងពីរ ផ្លែឈើ​ទាំងនេះ ជាល្បែង​របស់កូន​ឯង​ទាំងពីរ។ មើមឈូក ក្រអៅ ឧប្បល ក្រចាប់នេះ បពិត្រ​ក្សត្រិយ៍ សូមព្រះអង្គ ព្រមទាំង​បុត្រទាំង​ពីរសោយ (វត្ថុទាំងនោះ)​ ដែលលាយ​ដោយទឹកឃ្មុំចុះ។ បពិត្រ​ព្រះបាទសិវិ សូមព្រះអង្គ​ប្រទាន​ផ្កាឈូក​ដល់ជាលី សូមព្រះអង្គ​ប្រទាន​ផ្កាកុមុទ​ដល់នាង​កុមារី សូមទត (កុមារទាំងពីរ) ដែល​ប្រដាប់​ដោយកម្រង​ផ្កា ហើយរាំ សូមព្រះអង្គ​ត្រាស់ហៅ​បុត្រទាំង​ពីរមក។​ បពិត្រ​ព្រះអង្គ ជាធំ​ក្នុងរថ បណ្តាបុត្រ​ទាំងពីរ​នោះ បុត្រីឈ្មោះ​កណ្ហាជិនា រមែងទៅ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ (សំឡេង) របស់វា ដែលពីរោះ​គួរចាប់ចិត្ត ​ពាក្យ​ពីរោះ ចូលទៅ​កាន់​អាស្រម។ បពិត្រ​ព្រះបាទសិវិ យើងទាំង​ពីរនាក់ ត្រូវគេ​និរទេស​ចាក​ដែនហើយ ជាអ្នក​រួមសុខ​រួមទុក្ខជា​មួយគ្នា ព្រះអង្គ​ឃើញ​បុត្រទាំងពីរ គឺជាលី និង​កណ្ហាជិនា​ដែរឬ។ ខ្ញុំម្ចាស់​បានជេរ​ប្រទេចពួក​ស្រមណ៍ និងព្រាហ្មណ៍​ក្នុង​លោក មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្ត​ទៅខាងមុខ មានសីល ជាពហុស្សូត​ដោយពិត បានជា​ខ្ញុំម្ចាស់​មិនឃើញ​បុត្រទាំងពីរ គឺជាលី និង​កណ្ហាជិនា​នោះក្នុង​ថ្ងៃនេះ។

[៣៥៩] នេះរុក្ខជាតិផ្សេងៗ គឺព្រីង ឈើទាលខ្សាច់ មានមែក​ត្រសុំត្រសាយ កុមារ​ទាំងនោះ​ អញ​មិនបាន​ឃើញ។ នេះជលជាតិ​ផ្សេងៗ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង កុមារ​ទាំងនោះ អញមិន​បាន​ឃើញ។ នេះសួនច្បារ​ទាំងឡាយ នេះស្ទឹង មានទឹក​ត្រជាក់ ជាទី​ដែលកុមារ​ទាំងពីរ​ធ្លាប់លេង កុមារទាំងនោះ អញមិន​បាន​ឃើញ។ ផ្កាឈើ​ច្រើនយ៉ាង លើភ្នំនេះ ជាផ្កាដែល​កុមារ​ទាំងពីរ​ធ្លាប់ទ្រទ្រង់ កុមារ​ទាំងនោះ អញ​មិនបាន​ឃើញ។ ផ្លែឈើ​ច្រើនយ៉ាង លើភ្នំនេះ ជាផ្លែ​ដែលកុមារ​ទាំងពីរធ្លាប់​បរិភោគ កុមារ​ទាំងនោះ អញ​មិនបាន​ឃើញសោះ។ រូបដំរី រូបសេះ​ទាំងនេះក្តី រូបគោ​ទាំងនេះ​ក្តី ជារូប​ដែលកុមារ​ទាំងពីរ​ធ្លាប់លេង កុមារ​ទាំងនោះ អញ​មិនបាន​ឃើញ។

[៣៦០] រូបម្រឹគមានសម្បុរពព្រុស រូបទន្សាយ  រូបមៀម  រូបម្រឹគឈ្លូសជាច្រើន​ទាំងនេះ ជារូប​ដែលកុមារ​ទាំងពីរ​ធ្លាប់លេង កុមារ​ទាំងនោះ អញមិនបាន​ឃើញ។ រូបហង្ស រូបក្រៀល រូបក្ងោក​មានស្លាប​ដ៏វិចិត្រ ជារូប​ដែលកុមារ​ទាំងពីរធ្លាប់​លេង កុមារ​ទាំងនោះ អញមិនបាន​ឃើញ។

[៣៦១] គុម្ពឈើទាំងនេះ មានផ្ការីកសព្វកាល ជាផ្កាដែល​កុមារទាំង​ពីរធ្លាប់លេង កុមារទាំង​នោះ អញមិន​បានឃើញ។ ស្រះបោក្ខរណី​ទាំងនេះ គួរជា​ទីត្រេកអរ ទ្រហឹង​អឺងកង​ដោយសត្វ​ចាក្រពាក ដេរដាស​ដោយផ្កា​មណ្ឌាលកៈ​ផង ដោយផ្កា​ឈូក និងផ្កា​ឧប្បល​ផង ជាទីដែល​កុមារ​ទាំងពីរ​ធ្លាប់លេង កុមារ​ទាំងនោះ អញ​មិនបាន​ឃើញ។

[៣៦២] ឧសទាំងឡាយ ព្រះអង្គមិនកាច់ ទឹក ព្រះអង្គមិនដង ភ្លើង ព្រះអង្គ​មិនបង្កាត់ ហេតុអ្វី​បានជា​ព្រះអង្គ​សញ្ជប់សញ្ជឹង ដូចមនុស្ស​ខ្លៅ។ (ព្រះវេស្សន្តរ) ជាទី​ស្រឡាញ់ ​(របស់​ខ្ញុំម្ចាស់) សេចក្តី​ព្រួយ តែងរសាយ​ព្រោះបាន​ជួបជុំ​ដោយព្រះអង្គ ជាទី​ស្រឡាញ់ ក្នុងថ្ងៃនេះ ខ្ញុំម្ចាស់​មិនឃើញ​បុត្រទាំង​ពីរ គឺជាលី និងនាង​កណ្ហាជិនា​នោះ។

[៣៦៣] បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្រ​របស់យើង​ទាំងពីរ​សោះ ខ្ញុំម្ចាស់​មិនដឹងជា (អ្នកណា) នាំយក​បុត្រទាំង​នោះទៅ ទាំង​ពួកក្អែកព្រៃ​សោត ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំម្ចាស់​ប្រាកដជា​ស្លាប់ហើយ។ បពិត្រ​ព្រះទេវៈ ខ្ញុំម្ចាស់​មិនឃើញ​បុត្រ​របស់យើង​ទាំងពីរ​សោះ ខ្ញុំម្ចាស់​មិនដឹងជា (អ្នកណា) នាំយក​បុត្រទាំង​នោះទៅ ទាំងពួក​សត្វស្លាប​សោត ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់​ខ្ញុំម្ចាស់ ប្រាកដជា​ស្លាប់ហើយ។។

[៣៦៤] (អភិសម្ពុទ្ធគាថា) នាងមទ្រីនោះ (បានត្រាច់ទៅ) កាន់ភ្នំ និងព្រៃ ខ្សឹកខ្សួល​ក្នុងទីនោះ ហើយ​ត្រឡប់​មកអាស្រម​វិញ ក៏ទ្រង់​ព្រះកន្សែង​ក្នុងសំណាក់​ព្រះរាជ​ស្វាមីថា បពិត្រ​ព្រះទេវៈ ខ្ញុំម្ចាស់​មិនឃើញ (បុត្រ​ទាំងពីរ) របស់យើង​សោះ ខ្ញុំម្ចាស់​មិនដឹងជា (អ្នកណា) នាំយក​បុត្រទាំង​នោះទៅ ទាំងពួក​ក្អែកព្រៃ​សោត ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់ ប្រាកដ​ជាស្លាប់​ហើយ។ បពិត្រ​ព្រះទេវៈ ខ្ញុំម្ចាស់​មិនឃើញ (បុត្រ​ទាំងពីរ) របស់​យើងសោះ ខ្ញុំម្ចាស់មិន​ដឹងជា​ (អ្នកណា) នាំយក​បុត្រទាំង​នោះទៅ ទាំងពួក​សត្វស្លាប​សោត ក៏មិន​កញ្ជ្រៀវ ទារក​ទាំងពីរ​របស់ខ្ញុំ​ម្ចាស់ ប្រាកដ​ជាស្លាប់​ហើយ។ បពិត្រ​ព្រះទេវៈ ខ្ញុំម្ចាស់មិន​ឃើញ (បុត្រទាំងពីរ) របស់​យើងសោះ ខ្ញុំម្ចាស់​មិនដឹងជា (អ្នកណា) នាំយក​បុត្រទាំងនោះ​ទៅ ម្នាលភិក្ខុ​ទាំងឡាយ នាងមទ្រី​ត្រាច់ទៅ​ក្រោម​ម្លប់ឈើ និងភ្នំ និងគុហា។ នាងមទ្រី​មានកំពស់ និងទំហំ​ដ៏ប្រសើរ ជារាជបុត្រី​មាន​យស ក៏ផ្គង​ដើមដៃ​ទាំងពីរ កន្ទក់កន្ទេញ​យ៉ាងនេះ​ហើយ ក៏ដួលទៅ​លើផែនដី​ក្នុងទី​នោះ។

[៣៦៥] ព្រះបាទវេស្សន្តរ ​ទ្រង់ស្រោចស្រពព្រះរាជបុត្រីនោះ ដែលបាន​មកដល់​សំណាក់​ព្រះអង្គ បន្ទាប់​អំពីនោះ​មក ព្រះអង្គ​ជ្រាប​ព្រះរាជ​បុត្រីនោះ ដែល​ស្រួល​ចិត្តហើយ ទើបបាន​ត្រាស់នឹង​ព្រះរាជបុត្រី​នោះ យ៉ាងនេះថា ហៃនាងមទ្រី អញ​មិនចង់​ប្រាប់​សេចក្តីទុក្ខ​ ដល់នាង​អំពី​ដំបូងទេ មានព្រាហ្មណ៍​ចាស់​កំសត់​ជាស្មូម បានមក​កាន់​លំនៅ។ ហៃនាងមទ្រី អញបាន​ឲ្យបុត្រទាំងពីរ ដល់ព្រាហ្មណ៍​នោះហើយ នាងកុំ​ភិតភ័យ​អ្វី នាងចូរ​ស្រួលចិត្តចុះ ហៃ​នាងមទ្រី នាង​ចូរមើល​មកអញ កុំមើល​បុត្រ​ទាំងពីរ កុំខ្សឹក​ខ្សួលខ្លាំង​ឡើយ កាលបើ​យើងរស់​នៅ បានសុខ​សប្បាយ ក៏គង់បាន (ចួបប្រទះ) នឹង​បុត្រវិញ។ សប្បុរស​បានឃើញ​ពួកស្មូម​មកហើយ គប្បី​ឲ្យកូន​ សត្វចិញ្ចឹម ធញ្ញជាតិ និងទ្រព្យ​ដទៃដែល​មានក្នុង​ផ្ទះជាទាន ហៃនាង​មទ្រី នាងចូរ​រីករាយ​តាមនូវ​អំណោយ​បុត្រ​ដ៏​ឧត្តម​របស់អញ។

[៣៦៦] (ព្រះនាងមទ្រី…) បពិត្រព្រះទេវៈ ខ្ញុំម្ចាស់សូមរីករាយ​តាមនូវ​អំណោយ​បុត្រដ៏ឧត្តម​របស់​ព្រះអង្គ ព្រះអង្គ​ប្រទានហើយ​​ សូមធ្វើ​ព្រះហ្ឫទ័យ​ឲ្យ​ជ្រះថ្លា​ចុះ សូមព្រះអង្គ​ទ្រង់​ឲ្យទាន​ជាភិយ្យោភាព​ចុះ។ បពិត្រ​ព្រះជនាធិបៈ កាលដែល​ពួកមនុស្ស​កំពុង​មាន​សេចក្តី​កំណាញ់ ព្រះអង្គ​ជាអ្នក​ញ៉ាំងពួក​អ្នកសិវិរាស្រ្ត​ឲ្យចំរើន ទ្រង់បាន​ដាក់ទាន​ដល់​ព្រាហ្មណ៍។

[៣៦៧] ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទ​របស់​ព្រះអង្គ​ទៅ​ដល់​ទេវលោក ផ្លេកបន្ទោរ​ពុំជួកាល ដាលច្រវាត់​ជុំវិញ​ព្រៃហេមពាន្ត ដូចជា​សំឡេង​លាន់នៃ​ភ្នំទាំង​ឡាយ។

[៣៦៨] ពួកទេវតាទាំងពីរក្រុម គឺនារទៈ និងបព្វតៈ ព្រមទាំង​ព្រះឥន្រ្ទ ព្រះព្រហ្ម និង​បជាបតិ​ទេវបុត្រ សោមទេវបុត្រ ព្រះបាទ​យមៈ និងព្រះបាទ​វេស្សវ័ណ ក៏នាំ​គ្នា​រីករាយ​តាមព្រះអង្គ​នោះ ពួកទេវតា​ទាំងអស់​ដែលកើត​ក្នុងឋាន​តាវត្តិង្ស ព្រម​ទាំង​ព្រះឥន្រ្ទ ក៏រីករាយ​តាម។ (ព្រះសាស្តា​បានត្រាស់​គាថានេះថា) ព្រះនាងមទ្រី មាន​កំពស់ និង​ទំហំដ៏ប្រសើរ ជារាជបុត្រី​មានយស បានរីករាយ​តាមនូវ​អំណោយ​បុត្រដ៏​ឧត្តម​របស់​ព្រះបាទវេស្សន្តរ​ដោយប្រការ​ដូច្នេះ។

ចប់ មទ្ទីបព្វៈ។

[៣៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ក្នុងកាលដែល​រាត្រីកន្លង​ទៅហើយ ព្រះអាទិត្យ​ក៏រះ​ឡើង សក្កទេវរាជ​មានភេទ​ជាព្រាហ្មណ៍ ប្រាកដ​ដល់ក្សត្រ​ទាំង​ពីរនោះ​ក្នុងពេល​ព្រឹក។

[៣៧០] (សក្កទេវរាជ…) ព្រះអង្គសុខសប្បាយទេឬ ព្រះអង្គ​មិនមាន​រោគាពាធ​ទេ​ឬ ព្រះអង្គ​ញ៉ាំងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ការស្វែង​រកស្រួល​ទេឬ មើម​ឈើ និងផ្លែឈើ​មាន​ច្រើន​ដែរឬ។ ពួករបោម មូស និងពស់ មានតិច​ទេឬ ក្នុងព្រៃ​ដ៏កុះករ​ដោយ​ម្រឹគយង់ឃ្នង មិនមាន​ការបៀត​បៀនទេឬ។

[៣៧១] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ ពួកយើងសុខសប្បាយទេ ម្នាល​ព្រាហ្មណ៍ មិនមាន​រោគាពាធ​អ្វីទេ មួយទៀត យើងញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ ដោយ​ការស្វែង​រកស្រួលទេ មើមឈើ និងផ្លែឈើ​ទាំងឡាយ​ដ៏បរិបូណ៌​ដែរទេ។ ទាំងពួក​របោម មូស និងពស់ មានតិចទេ​ ក្នុងព្រៃ​ដ៏កុះករ​ដោយម្រឹគ​យង់ឃ្នង មិនមាន​ការបៀតបៀន​យើង​ទេ។ យើងនៅ​ក្នុងព្រៃអស់ ៧ ខែ រស់នៅទាំង​សំណោក ទើបឃើញ​ព្រាហ្មណ៍​ជាគំរប់​ពីរនេះ មានភេទ​ដ៏ប្រសើរ កាន់ឈើច្រត់​មានពណ៌​ដូចជា​ផ្លែព្នៅទុំ ទ្រ​ទ្រង់​ស្បែកខ្លា​ទាំង​ក្រចក។ នែមហា​ព្រាហ្មណ៍ អ្នក​មកល្អហើយ មួយទៀត អ្នកមិន​មែនមក​អាក្រក់ទេ អញ្ជើញ​អ្នកចូល​ទៅខាង​ក្នុង សេចក្តីចំរើន (ចូរមាន) ដល់អ្នក អ្នកចូរ​លាងជើង​ទាំងឡាយ​របស់​អ្នក។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​បរិភោគ​ផ្លែឈើ​យ៉ាងឆ្ងាញ់ៗ​ដូចទឹកឃ្មុំ គឺ​ផ្លែទន្លាប់ ទ្រយឹង មាក់ប្រាង មាក់ដោក។ ទឹកត្រជាក់នេះ ដងមក​អំពីជ្រោះភ្នំ ម្នាលមហា​ព្រាហ្មណ៍ អ្នកចូរ​ផឹកទឹក​នេះចុះ បើអ្នក​ប្រាថ្នា​ចង់ផឹក។​ យើងសូម​សួរអ្នក អ្នកបានមក​ដល់ព្រៃធំ​ដោយ​រឿងដូចម្តេច ឬដោយ​ហេតុដូចម្តេច អ្នកកាល​បើយើង​សួរហើយ ចូរប្រាប់​រឿងនោះ។

[៣៧២] (សក្កទេវរាជ…) ផ្លូវទឹកដ៏ពេញប្រៀប មិនអស់ទៅ​សព្វកាល​យ៉ាងណា​មិញ ទូលបង្គំ​ជាខ្ញុំ មកដើម្បី​សូមទាន​ព្រះអង្គ ទូលបង្គំ​ជាខ្ញុំសូមហើយ សូម​ព្រះអង្គ​ប្រទាន​ភរិយា ក៏យ៉ាងនោះ​ដែរ។

[៣៧៣] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យរបស់​ដែលអ្នក​សូមនឹង​យើង យើង​មិនរួញរាទេ យើងមិន​លាក់លៀម​វត្ថុដែល​មាន ចិត្តរបស់​យើងត្រេកអរ​ក្នុងទាន។

[៣៧៤] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ជាអ្នកញ៉ាំង​ពួកអ្នកសិវិរាស្រ្ត​ឲ្យ​ចំរើន ចាប់ដៃ​នាងមទ្រី និងកុណ្ខីទឹក ហើយ​បានដាក់​ទានដល់​ព្រាហ្មណ៍។ កាល​ដែល​ព្រះវេស្សន្តរ ទ្រង់លះបង់​ព្រះនាង​មទ្រី ហេតុដែល​គួរស្ញប់ស្ញែង ក៏កើត​មានក្នុង​កាលនោះ សេចក្តី​ព្រឺរោម ក៏កើត​មានក្នុង​កាលនោះ ផែនដី​ក៏ញាប់ញ័រ។ ព្រះនាង​មទ្រី មិនមាន​មុខក្រញូវ មិនអៀន មិនយំ ព្រះនាងស្ងៀម​ សំឡឹង (ព្រះភក្រ្ត) របស់​ព្រះបាទ​វេស្សន្តរ​នោះ (ដោយគិតថា) ព្រះរាជា​នេះ ជ្រាបហេតុ​ដ៏ប្រសើរ។

[៣៧៥] តថាគត កាលដែលលះរាជបុត្រាឈ្មោះជាលី រាជធីតា​ឈ្មោះ​កណ្ហាជិនា និងនាង​ទេវីឈ្មោះ​មទ្រី ដែលមាន​វត័ដ៏ល្អ​ក្នុងប្តី មិនគិត (ស្តាយ) ព្រោះហេតុ​តែ​ពោធិញ្ញាណ​ដោយពិត។ បុត្រទាំងពីរ មិនមែន​ជាទីស្អប់​របស់​តថាគតទេ នាង​ទេវី​ឈ្មោះ​មទ្រី មិនមែន​មិនជា​ទីស្រឡាញ់​របស់​តថាគតទេ សព្វញ្ញុតញ្ញាណ ជាទី​ស្រឡាញ់​របស់​តថាគត ព្រោះ​ហេតុនោះ បានជា​តថាគត​ឲ្យជនទាំង ៣ ​នាក់ ជាទី​ស្រឡាញ់ (ដល់​ព្រាហ្មណ៍)។

[៣៧៦] (ព្រះនាងមទ្រី…) ខ្ញុំម្ចាស់ជាភរិយារបស់ព្រះអង្គ​អំពីក្មេង ព្រះអង្គ​ជាស្វាមី ជាឥស្សរៈ​របស់ខ្ញុំ​ម្ចាស់ស្រាប់​ហើយ ចង់ឲ្យ​ខ្ញុំម្ចាស់​ដល់អ្នកណា គប្បី​ឲ្យដល់​អ្នកនោះចុះ ចង់លក់ ឬចង់​សំឡាប់ (ក៏បាន)។

[៣៧៧] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា ជ្រាបសេចក្តី​ត្រិះរិះ​របស់​ជនទាំង​នោះហើយ ក៏បាន​ពោល​ដូច្នេះថា ពួកសត្រូវ​ទាំងអស់ ដែលឃាត់​នូវទិព្វ​សម្បត្តិ និង​មនុស្ស​សម្បត្តិ ព្រះអង្គ​ក៏បានឈ្នះ​ហើយ ព្រះអង្គ​បានញ៉ាំង​ផែនដីឲ្យ​ខ្ទរខ្ទារ កិត្តិសព្ទ​របស់​ព្រះអង្គ​ផ្សាយទៅ​ដល់ទេវលោក ផ្លេកបន្ទោរ​ក៏ដាល​ច្រវាត់​ជុំវិញ ដូចជា​សំឡេង​លាន់នៃ​ភ្នំទាំង​ឡាយ។ ​ពួកទេវតា​ទាំងពីរក្រុម គឺ​នារទៈ និងបុព្វតៈ ទាំង​ព្រះឥន្រ្ទ ព្រះព្រហ្ម និង​បជាបតិទេវបុត្រ សោមទេវបុត្រ ព្រះបាទ​យមៈ និងព្រះបាទ​វេស្សវ័ណ រីករាយ​តាមព្រះអង្គ​នោះ ពួកទេវតា​ទាំងអស់ ក៏រីករាយតាម (យ៉ាងនេះថា) ​មែនពិត ព្រះបាទ​វេស្សន្តរ​នោះ ធ្វើអំពើ​ដែលគេ​ធ្វើបាន​ដោយកម្រ។ កាលដែល​ពួកជន​កំពុងឲ្យ​វត្ថុដែល​គេឲ្យបាន​ដោយកម្រ កំពុង​ធ្វើអំពើ​ដែលគេ​ធ្វើបាន​ដោយកម្រ ពួក​អសប្បុរស​រមែង​មិនធ្វើ​តាម (អំពើនោះ) ឡើយ ធម៌​របស់ពួក​សប្បុរស គឺគេដឹង​បាន​ដោយក្រ។ ព្រោះ​ហេតុនោះ ដំណើរ​ទៅអំពី​លោកនេះ (ទៅកាន់​បរលោក) នៃពួក​សប្បុរស និងពួក​អសប្បុរស ជាដំណើរ​ផ្សេងគ្នា ពួក​អសប្បុរស ទៅកាន់នរក ពួក​សប្បុរស មានឋានសួគ៌​ប្រព្រឹត្ត​ទៅក្នុង​ខាងមុខ។ ព្រះអង្គ​កាលដែល​គង់នៅ​ក្នុងព្រៃ បាន​ប្រទាន​កុមារទាំងពីរ ទាំងបាន​ប្រទានភរិយា ទានទាំងពីរ​នោះ ឈ្មោះថា​ជាយាន​ដ៏ប្រសើរ មិននាំចុះទៅ (កាន់​អបាយភូមិ) ទេ យាន​ដ៏ប្រសើរ​នោះ សូមសម្រេច​ដល់ព្រះអង្គ​ក្នុងឋានសួគ៌។

[៣៧៨] (សក្កទេវរាជ…) ឥឡូវ ខ្ញុំសូមថ្វាយនាងមទ្រី ជាស្ត្រីមាន​សព៌ាង្គដ៏ល្អ ជា​ភរិយា​របស់​ព្រះអង្គ​វិញ ព្រះអង្គ​សមគួរ​នឹងនាង​មទ្រី​ដោយពិត នាងមទ្រី​ក៏សមគួរ​នឹងព្រះអង្គ​ដែល​ជាភស្តា​ដែរ។ វត្ថុទាំងពីរ គឺទឹកដោះ​ស្រស់មួយ ស័ង្ខមួយ មាន​សម្បុរ​ស្មើគ្នា យ៉ាងណា​មិញ ព្រះអង្គ និងនាង​មទ្រី មាន​ព្រះហ្ឫទ័យ​ស្មើគ្នា ក៏យ៉ាង​នោះដែរ។ ព្រះអង្គ​ទាំងពីរ ជាក្សត្រិយ៍​បរិបូណ៌​ដោយគោត្រ មានព្រះជាតិ​ល្អខាង​មាតា និងបិតា ត្រូវគេ​និរទេស មកគង់នៅ​ក្នុង​អាស្រម នាព្រៃនេះ ព្រះអង្គ​គប្បីធ្វើ​បុណ្យ ឲ្យទាន​តាមសម​គួរតៗ​ទៅ។

[៣៧៩] ខ្ញុំជាទេវិន្ទ ឈ្មោះសក្កៈ បានមកក្នុងសំណាក់​ព្រះអង្គ បពិត្រ​ព្រះរាជា ជាឥសី សូមព្រះអង្គ​ទទួល​យកពរចុះ ខ្ញុំសូម​ថ្វាយពរ ៨ យ៉ាង ចំពោះ​ព្រះអង្គ។

[៣៨០] (ព្រះពោធិសត្វ…) បពិត្រសក្កៈជាធំជាងទេព្តាទាំងពួង បើព្រះអង្គ​នឹង​ប្រទាន​ពរដល់ខ្ញុំ​ (ខ្ញុំ) សូម​ព្រះបិតា​ស្រុះស្រួល​ទទួល​ខ្ញុំដែល​ទៅអំពីព្រៃនេះ ដល់​ដំណាក់​របស់​ខ្លួន សូមអញ្ជើញ​ខ្ញុំ​ដោយ​​អាសនៈ (រាជសម្បត្តិ) ខ្ញុំសូម​ពរទី ១​ នេះ។ ខ្ញុំសូម​មិនចូល​ចិត្តនឹង​ការសំឡាប់​បុរស ខ្ញុំសូមដោះ​អំពីការ​សំឡាប់នូវ​មនុស្ស ដែល​គេត្រូវ​សំឡាប់ សូម្បីមនុស្ស​នោះ​ធ្វើអំពើ​មោះមៃ​ (មានកំហុស​ក្នុង​ព្រះរាជា) ក៏ដោយ ខ្ញុំសូម​ពរទី ​២ នេះ។ សូមឲ្យពួក​បុរសទាំង​ចាស់ក្មេង ទាំងកណ្តាល រស់នៅ​អាស្រ័យ​នឹងខ្ញុំ ខ្ញុំសូមពរទី ៣ នេះ។ ខ្ញុំសូម​មិនគប់​រកប្រពន្ធ​អ្នកដទៃ ខ្ញុំសូម​ជាអ្នក​ខ្វល់ខ្វាយ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន ខ្ញុំសូម​មិនលុះក្នុង​អំណាច​ពួកស្ត្រី ខ្ញុំសូម​ពរទី ៤ នេះ។ បពិត្រ​សក្កៈ បុត្ររបស់​ខ្ញុំកើតហើយ សូម​ឲ្យបុត្រ​នោះមាន​អាយុវែង សូមឲ្យ​បានត្រួតត្រា​ផែនដី​ដោយធម៌ ខ្ញុំសូម​ពរទី ៥ នេះ។ តអំពី​នោះមក នាកាល​រាត្រី​កន្លងទៅ ព្រះអាទិត្យ​រះឡើង សូមចំណី​ជាទិព្វ​ទាំងឡាយ មានប្រាកដ ខ្ញុំសូមពរទី ៦ នេះ។ កាលបើ​ខ្ញុំកំពុង​ឲ្យ សូម (ទេយ្យធម៌) កុំបី​អស់ទៅ លុះខ្ញុំ​ឲ្យហើយ សូមកុំឲ្យ​ក្តៅក្រហាយ​ស្តាយក្រោយ ខ្ញុំកំពុង​ឲ្យ សូមឲ្យ​ចិត្តជ្រះថ្លា ខ្ញុំសូម​ពរទី ៧ នេះ។ កាលបើ​ខ្ញុំច្យុតចាក​អត្តភាព​នេះ សូមឲ្យ​បានទៅ​កាន់​ឋានសួគ៌ ដល់នូវ​ឋានដ៏​វិសេស គឺកើត​ក្នុងតុសិត​បុរី (កាលបើ​ខ្ញុំច្យុត​ចាកតុសិតភព​នោះមក) សូមកុំ​ឲ្យកើត (ក្នុងភព​ថ្មីទៀត) ខ្ញុំ​សូមពរ​ទី ៨ នេះ។

[៣៨១] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា បានទ្រង់​ព្រះសណ្តាប់​ព្រះបន្ទូល​ព្រះបាទ​វេស្សន្តរ​នោះហើយ ក៏ពោល​ពាក្យយ៉ាង​នេះថា ព្រះបិតា​បង្កើត​របស់​ព្រះអង្គ មិនយូរ​ទេ នឹង​មកចួប​ព្រះអង្គ។ មឃទេវរាជ ជាប្តី​នៃនាង​សុជាតា លុះត្រាស់​ព្រះតម្រាស់​នេះហើយ ប្រទាន​ពរដល់​ព្រះបាទ​វេស្សន្តរ​ហើយ ក៏ចៀស​ចេញទៅ​កាន់ពួក​ទេវតា​ក្នុង​ឋានសួគ៌។

ចប់ សក្កបព្វៈ។

[៣៨២] (ព្រះបាទសញ្ជ័យ…) មុខអ្នកណានោះ ភ្លឺដូចមាស​ដែលគេ​រំលាយ​ដោយ​ភ្លើង ឬដូច​មាសឆ្តោរ​ភ្លឺចិញ្ចែង​ចិញ្ចាច​ក្នុងមាត់​បាវ។ កុមារ​ទាំងពីរ​មានអវយវៈ​ស្រដៀង​គ្នា កុមារ​ទាំងពីរ​មានលក្ខណៈ​ស្រដៀងគ្នា កុមារ​ម្នាក់ស្រដៀង​នឹងជាលី កុមារី​ម្នាក់ដូច​នាង​​កណ្ហាជិនា។ កុមារ​ទាំងពីរ​បរិបូណ៌​ដោយរូប​សម្បត្តិ ដូចជា​ពួកសីហៈ​ដែលចេញ​អំពីរូង ទារក​ទាំងនេះ​ប្រាកដ​ដូចរូប​ជាវិការៈ​នៃមាស។

[៣៨៣] ម្នាលភារទ្វាជៈ អ្នកនាំទារកទាំងពីរនេះមក​អំពីទី​ណាហ្ន៎ ម្នាលព្រាហ្មណ៍ អ្នកមក​ដល់ដែន​ក្នុងថ្ងៃនេះ តើអ្នក​មកអំពី​ទីណា។

[៣៨៤] (ជូជក…) បពិត្រព្រះទេវៈ ទ្រង់ព្រះនាម​សញ្ជ័យ ព្រះបាទ​វេស្សន្តរ ទ្រង់មាន​ព្រះហ្ឫទ័យ​ត្រេកអរ បាន​​ប្រទាន​ទារក​ទាំងនោះ ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ តាំងពីថ្ងៃ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​បាន​ទារក​មក ១៥ រាត្រី ក្នុងថ្ងៃ​នេះហើយ។

[៣៨៥] (ព្រះបាទសញ្ជ័យ…) អ្នកឯងធ្វើយើងឲ្យជឿដោយ​ពាក្យជាទី​ស្រឡាញ់ តាម​ហេតុត្រឹម​ត្រូវ​ដូចម្តេច​បាន នរណា​ហ៊ានលើក​បុត្រទាំងពីរ ឲ្យជា​ទានដ៏ឧត្តម ហើយ​ឲ្យដល់​អ្នក។

[៣៨៦] (ជូជក…) ព្រះបាទវេស្សន្តរណាជាទីពឹង​របស់ពួកស្មូម ដូចជា​ព្រះធរណី ជាទីពឹង​របស់​ពួកសត្វ ព្រះបាទ​វេស្សន្តរ​នោះ ទ្រង់គង់​នៅក្នុង​ព្រៃ បាន​ប្រទានបុត្រ​ទាំងពីរ ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ។ ព្រះវេស្សន្តរ​ណា ជាទី​ប្រព្រឹត្ត​ទៅនៃ​ពួកស្មូម ដូចជា​សាគរ ជាទី​ប្រព្រឹត្ត​ទៅនៃ​ស្ទឹង​ទាំងឡាយ ព្រះបាទ​វេស្សន្តរ​នោះ ទ្រង់គង់​នៅក្នុង​ព្រៃ បានប្រទាន​បុត្រទាំងពីរ​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ។

[៣៨៧] (ពួកអាមាត្យ…) ម្នាលគ្នាយើង ព្រះរាជា​កាលទ្រង់​គង់នៅ​ក្នុងព្រះរាជ​ដំណាក់ ទ្រង់​មានសទ្ធា ធ្វើអាក្រក់​ណាស់ ព្រះបាទ​វេស្សន្តរ ត្រូវគេ​និរទេស ទៅគង់​នៅក្នុង​ព្រៃ​ហើយ ម្តេចក៏​នៅតែ​ប្រទានបុត្រ​ទាំងពីរ​ទៀត។ នែអ្នក​ដ៏ចំរើន​ទាំងឡាយ អ្នកទាំង​ប៉ុន្មាន​នាក់ ដែលបាន​មកចួបជុំ​គ្នាក្នុងទីនេះ ចូរស្តាប់​រឿងនេះចុះ ហេតុ​ដូចម្តេច​បានជា​ព្រះបាទវេស្សន្តរ​ទៅគង់​នៅក្នុងព្រៃ​ហើយ ក៏ប្រទាន​បុត្រទាំងពីរ។ ព្រះអង្គ​គួរប្រ​ទាន​ទាសា ទាសី​​ សេះ​​ រថ ដែលទឹម​ដោយ​សេះអស្សតរ​ផង គួរប្រទាន​ដំរីកុញ្ជរ​ផង ហេតុ​ដូចម្តេច​បានជា​ដាក់ទាន​ទារក​ទាំងពីរ​ទៀត។

[៣៨៨] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ទាសៈ សេះ ឬរថ​ដែលទឹម​ដោយ​សេះអស្សតរ ​និង​ដំរីកុញ្ជរ មិនមាន​ក្នុងផ្ទះ​នៃបុគ្គល​ណា បុគ្គលនោះ​នឹងឲ្យ​ដូច​ម្តេចកើត។

[៣៨៩] (ព្រះបាទសញ្ជ័យ…) នែចៅ យើងសរសើរទាន​បិតារបស់​អ្នក យើងមិន​មែន​បន្តុះបង្អាប់ទេ ចុះហ្ឫទ័យ (នៃបិតា​របស់បា) តើដូចម្តេច​ បានជា​ឲ្យបា​ទាំងពីរ ដល់ស្មូម។

[៣៩០] (ជាលីកុមារ…) បពិត្រមហារាជ (ការណ៍ដែល) ព្រះបិតា​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ ទ្រង់​ប្រទាន​យើងខ្ញុំ​ដល់ស្មូម (នោះ) សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវវាចា​គួរឲ្យ​អាណោច​អាធម័​ដែលនាង​កណ្ហាជិនា​ជាប្អូន​ពោលចុះ។

[៣៩១] ហ្ឫទ័យនៃព្រះបិតារបស់ទូលព្រះបង្គំ​ជាខ្ញុំនោះ ជាទុក្ខ ​ទាំង​ទ្រង់មាន​អស្សាស​បស្សាសៈ​ដ៏ក្តៅ ព្រះបិតា​មានព្រះនេត្រ​ក្រហម ដូចជា​ផ្កាយ​រោហិណី ទ្រង់​សម្រក់​ទឹក​ព្រះនេត្រ។

[៣៩២] នាងកណ្ហាជិនា បានពោលនឹង​ព្រះបិតា​នោះថា បពិត្រ​ព្រះបិតា ព្រាហ្មណ៍​នេះ វាយខ្ញុំម្ចាស់​ដោយ​ឈើច្រត់ ដូច (ម្ចាស់) វាយ​ទាសី​ដែលកើត​ក្នុងផ្ទះ។​ បពិត្រ​ព្រះបិតា អ្នកនេះ​មិនមែន​ជាព្រាហ្មណ៍​ទេ ព្រោះពួក​ព្រាហ្មណ៍ តែងជា​អ្នកប្រព្រឹត្ត​ធម៌ បពិត្រ​ព្រះបិតា យក្សក្លែង​ភេទជា​ព្រាហ្មណ៍ នាំពួក​យើងខ្ញុំ​យកទៅ​ស៊ីទេដឹង។ បពិត្រ​ព្រះបិតា យើងខ្ញុំ​កាលបិសាច​នាំយកទៅ ហេតុអ្វី​ក៏ព្រះអង្គ​ទ្រង់ទត​ព្រងើយ។

[៣៩៣] (ព្រះបាទសញ្ជ័យ…) មាតារបស់អ្នកជាព្រះរាជបុត្រី បិតា​របស់អ្នក​ជាព្រះរាជ​បុត្រា ក្នុងកាល​ពីដើម បាទាំងពីរ​ឡើងកាន់​ភ្នែនរបស់​អញ ចុះហេតុអ្វី​បាន​ជាបា​ទាំងពីរ​ឋិតនៅ​ក្នុងទី​ឆ្ងាយ។

[៣៩៤] (ជាលីកុមារ…) ព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំ ជាព្រះរាជបុត្រី ព្រះបិតា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​ជាព្រះរាជបុត្រា ទូល​ព្រះបង្គំ​ជាខ្ញុំ​ទាំងពីរនាក់​ ជាទាសា​របស់​ព្រាហ្មណ៍ ហេតុនោះ​បានជាទូល​ព្រះបង្គំ​ជាខ្ញុំឋិត​នៅក្នុង​ទីឆ្ងាយ។

[៣៩៥] (ព្រះបាទសញ្ជ័យ…) នែចៅសំឡាញ់​ទាំងពីរ បាទាំងពីរ​កុំពោល​យ៉ាងនេះ​ឡើយ នាំឲ្យក្តៅ​ហ្ឫទ័យ​របស់​ជីតាណាស់ កាយ​របស់ជីតា​ហាក់ដូច​ជា (គេលើក​ដាក់) លើ​ជើងថ្ករ ជីតា​មិនបាន​សុខលើ​អាសនៈ​ទេ។

[៣៩៦] នែចៅសំឡាញ់ទាំងពីរ បាទាំងពីរ​កុំពោល​យ៉ាងនេះ​ឡើយ បាឯង​រឹងរឹតតែ​ញ៉ាំង​សំណោក​ឲ្យកើត​ដល់ជីតា ជីតា​នឹងលោះ​ដោះសា​បាដោយ​ទ្រព្យ មិនឲ្យបា​នៅជា​ទាសា​គេទេ។ នែបា បិតា​របស់បា​បានកាត់​ថ្លៃប៉ុន្មាន ហើយ​បានឲ្យ​បាទាំងពីរ​ដល់​ព្រាហ្មណ៍ បាចូរ​ប្រាប់ដល់​ជីតា​ឲ្យត្រង់ ពួកអាមាត្យ ចូរ​ញ៉ាំង​ព្រាហ្មណ៍​ឲ្យ​ទទួលទ្រព្យ។

[៣៩៧] (ជាលីកុមារ…) បពិត្រព្រះអយ្យកោ ព្រះបិតាបានប្រទាន​ទូលព្រះបង្គំ​ជា​ខ្ញុំដល់​ព្រាហ្មណ៍​ដោយកាត់​ថ្លៃមួយពាន់និក្ខៈ ប្រទានកញ្ញា​ឈ្មោះកណ្ហាជិនា​ជា​ប្អូនស្រី​ដោយ​កាត់ថ្លៃ​មួយរយ​នៃវត្ថុ​គ្រប់មុខ មានដំរី​ជាដើម។

[៣៩៨] (ព្រះបាទសញ្ជ័យ…) នែនាយអាមាត្យ អ្នកចូរក្រោក​ឲ្យឆាប់ ហើយចូរឲ្យ​ទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និង​មាស ១០០០ ដំឡឹង ដល់ព្រាហ្មណ៍​ឲ្យជា​ដំឡៃ​លោះ​យកចៅ​ទាំងពីរ។

[៣៩៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកនាយអាមាត្យ​ក៏ប្រញាប់​ប្រញាល់​ឲ្យ​ទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ (សេះ ១០០ និក្ខៈ ១០០) និង​មាស ១០០០ ដំឡឹង ដល់​ព្រាហ្មណ៍​ឲ្យជាដំឡៃ​លោះ​យក​ព្រះរាជនត្តា​ទាំងពីរ។

[៤០០] (នាយអាមាត្យបានឲ្យទ្រព្យទាំងអស់មួយរយ ៗ គឺទាសី ១០០ ទាសា ១០០ គោ ១០០ ដំរី ១០០ គោបា ១០០ រថទឹម​ដោយសេះ ១០០ និងមាស ១០០០ ដំឡឹង ដល់​ព្រាហ្មណ៍​ជាអ្នក​ស្វែងរក​ទ្រព្យ ជាមនុស្ស​ឈ្លានពាន​លើសលន់ ឲ្យជា​ដំឡៃ​លោះយក​ព្រះរាជនត្តា​ទាំងពីរ។

[៤០១] ក្សត្រទាំងពីរព្រះអង្គ បានលោះទារក​ទាំងពីរ ហើយផ្ងូត​ទឹក ឲ្យបរិភោគ​ភោជន ប្រដាប់​ដោយគ្រឿង​ប្រដាប់​ទាំងឡាយ រួចឲ្យ​អង្គុយ​លើភ្នែន។ ព្រះរាជា​ជា​ព្រះអយ្យកោ ដាក់ជាលី​កុមារ​លើភ្នែន ហើយសាក​សួរទារក​ទាំងពីរ ដែលកក់​សីសៈ​ហើយ មានសំពត់​ដ៏ស្អាត ស្អិតស្អាង​ដោយ​អាភរណៈ​គ្រប់យ៉ាង។ ព្រះរាជា​បាន​ដាក់​លើភ្នែន​នូវកុមារ​ទាំងពីរ​ដែលមាន​កុណ្ឌល​ឮសូរ​គឹកកង មាន​ផ្កាកម្រង ស្អិតស្អាង​ដោយ​គ្រឿង​អលង្ការ​ទាំងពួង ហើយត្រាស់​ព្រះរាជ​តម្រាស់​នេះថា នែជាលី មាតា និងបិតា​របស់បា​ទាំងពីរ​នោះ សុខសប្បាយ​ទេឬ ប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​ដោយការ​ស្វែងរក (ផលាផល) ស្រួលទេឬ ទាំងមើមឈើ និង​ផ្លែឈើ មានច្រើន​ដែរឬ ពួករបោម មូស និងពស់ មានតិចតួច​ទេឬ ក្នុងព្រៃ​ដ៏កុះករ​ដោយ​ម្រឹគ​យង់ឃ្នង មិនមាន​ការបៀត​បៀនទេឬ។

[៤០២] (ជាលីកុមារ…) បពិត្រព្រះទេវៈ មាតា និងបិតារបស់​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងពីរ​នោះ សុខសប្បាយ​ជាទេ ប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​ដោយការ​ស្វែងរក​ (ផលាផល) ​ស្រួលទេ មើមឈើ និង​ផ្លែឈើ​មានច្រើន។ ឯពួក​របោម មូស និងពស់ មានតិច​ទេ ក្នុងព្រៃ​ដ៏កុះករ​ដោយម្រឹគ​យង់ឃ្នង មិនមាន​ការបៀតបៀន​ព្រះអង្គ​ទេ។ ព្រះមាតា​នោះ ជីកយក​មើម​ដំឡូង​ស្យា ដំឡូងដូង ដំឡូងដៃខ្លា ដំឡូងទៀន ទាំងបាន​នាំយក​ផ្លែពទ្រា ផ្លែរាក់ខ្មៅ ផ្លែព្នៅ មកចិញ្ចឹម​យើង​ខ្ញុំផង។ បើព្រះមាតា​នោះ ជាអ្នក​នាំយក​មើមឈើ និងផ្លែឈើ​ក្នុង​ព្រៃ នាំយក​វត្ថុ​ណា​មក យើងខ្ញុំ​ទាំងអស់គ្នា ក៏មក​ជុំគ្នាបរិភោគ​វត្ថុនោះ តែក្នុង​វេលាយប់ មិនបាន​បរិភោគ​ក្នុងវេលា​ថ្ងៃទេ។ ព្រះមាតា​របស់យើង​ខ្ញុំ ជាស្រី​ធ្លាប់សុខ​ស្រួល ខំនាំ​យកផ្លែ​ឈើមក ​ក៏ទៅជា​មានកាយ​ស្គម ស្លេកស្លាំង​ ដោយ​ត្រូវខ្យល់ និងកំដៅថ្ងៃ ដូចជា​ផ្កាឈូក​ដែលគេ​ឈ្លីដោយ​ដៃ។ ព្រះកេសា​ទាំងឡាយ​របស់​ព្រះមាតា ក៏ជ្រុះ​ព្រោះត្រាច់​ទៅក្នុង​ព្រៃធំ ជាព្រៃ​ដ៏កុះករ​ដោយម្រឹគ​យង់​ឃ្នង ជាទីដែល​រមាស និងខ្លាដំបង​អាស្រ័យ​ហើយ។​ ព្រះបិតា​បួងភ្នួងសក់​ទាំងឡាយ​​ ទ្រទ្រង់​ញើស​ក្អែល​ឰដ៏ក្លៀក (ទ្រទ្រង់​ភេទនៃ​បុព្វជិត​ដ៏ប្រសើរ ទ្រទ្រង់​ទំពក់ ស្លាបព្រា​សម្រាប់​បូជាភ្លើង និងជដា) ស្លៀក​ពាក់ស្បែក​ខ្លា ផ្ទំលើ​ផែនដី នមស្ការ​ភ្លើង។

[៤០៣] បុត្រជាទីស្រឡាញ់នៃមនុស្សក្នុងលោក ចំឡែក​តែសេចក្តី​ស្នេហា​ក្នុងបុត្រ មិនកើត​ដល់ព្រះអយ្យកោ​របស់យើង​ខ្ញុំដោយពិត។

[៤០៤] (ព្រះបាទសញ្ជ័យ…) នែចៅ អំពើអាក្រក់ យើងបាន​ធ្វើហើយ ទាំងអំពើ​ដែល​បង្ខូច​សេចក្តី​ចំរើន យើង​ក៏បានធ្វើ​ហើយ ព្រោះជីតា​បាន​និរទេស​បុត្រ​ឥត​កំហុស តាមពាក្យ​នៃពួក​អ្នក​សិវិរាស្ត្រ។ វត្ថុណានីមួយ​របស់យើង មានក្នុង​ទីនេះ ទាំងទ្រព្យ និង​ធញ្ញជាតិ (ជីតា​ក៏នឹងឲ្យវត្ថុ​នោះ​ដល់បិតា​របស់បា)​ សូម​វេស្សន្តរ ចូលមក ចូរជា​ព្រះរាជា​ត្រួតត្រា​ក្នុងដែន​សិវិចុះ។

[៤០៥] (ជាលីកុមារ…) បពិត្រព្រះសម្មតិទេព ព្រះរាជាដ៏ឧត្តម​របស់អ្នក​សិវិរាស្ត្រ នឹង​មិនយាង​មកតាម​ពាក្យរបស់​ទូលព្រះបង្គំ​ទេ សូម​ព្រះសម្មតិទេព​ទ្រង់​ស្តេច​យាង​ទៅ​ដោយ​ព្រះអង្គ​ឯងវិញ ហើយ​ស្រោចស្រព​ព្រះរាជ​បុត្របង្កើត ដោយ​ភោគៈ​ទាំងឡាយ។

[៤០៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជាព្រះនាម​សញ្ជ័យ បានត្រាស់​នឹង​សេនាបតី​ថា ពួកសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ចូរសៀត ​(អាវុធ​ទាំងឡាយ) ពួកអ្នក​និគម ព្រាហ្មណ៍​បុរោហិត អាមាត្យ ៦០.០០០ ​និងពួក​ទាហាន ដ៏ល្អ​មើល​ចងគ្រឿង​ក្រោះ ប្រដាប់​ដោយ​គ្រឿង​ប្រដាប់ មាន​បែប​ផ្សេងៗ​ ចូរនាំ​គ្នាមក​ឲ្យឆាប់ ជូន​​អញទៅ។ ពួកទាហាន​ខ្លះ ស្លៀកពាក់​សំពត់ខៀវ ពួកទាហាន​ខ្លះ ស្លៀក​ពាក់សំពត់​លឿង ពួកទាហាន​ដទៃ ជួតឈ្នួត​ក្រហម ពួកទាហាន​ខ្លះ ស្លៀកពាក់​សំពត់ស ចង​គ្រឿងក្រោះ ប្រដាប់​ដោយគ្រឿង​ប្រដាប់​ មានបែប​ផ្សេងៗ ចូរនាំគ្នា​មកឲ្យ​ឆាប់។ ភ្នំ​ហិមពាន្ត និងភ្នំគន្ធមាទន៍​ដ៏ទ្រទ្រង់​ក្លិន ដ៏ដេរដាស​ដោយ​ពួកឈើ​ផ្សេងៗ ជាលំនៅ​នៃពួក​ភូតដ៏​ច្រើន ញ៉ាំងទិស​ទាំងឡាយ​ឲ្យភ្លឺ ផ្សាយ​ទៅដោយ​ឱសធ​ទាំងឡាយ​ជាទិព្វ​យ៉ាងណា ពួក​ទាហាន នាំគ្នា​ចងគ្រឿង​ក្រោះ ចូរមកឲ្យឆាប់ ចូរញ៉ាំង​ទិសទាំង​ឡាយ ឲ្យភ្លឺ​រុងរឿង​ផ្សាយទៅ​ យ៉ាងនោះ​ដែរ។ ពួកអ្នក​ជិះដំរី ចូររៀប​ចំដំរី ១៤ ពាន់ ជាសត្វ​មាន​សរីរៈធំ មាន​ខ្សែដង្គន់ ជាវិការៈ​នៃមាស មានសរីរៈ​ស្រោបដោយ​គ្រឿងតែងតួ ជាវិការៈ​នៃមាស។ ពួក​អ្នកបង្វឹក​ដំរី មានដៃ​កាន់ដែក​ចំពុះទុង និងកង្វេរ មានគ្រឿង​ស្អិតស្អាង​ប្រាកដ​ហើយ ចង​គ្រឿងក្រោះ​ហើយ ចូរនាំគ្នា​ឡើង​ជិះ ក ដំរីទាំងឡាយ បរមក​ឲ្យឆាប់។ ពួកអ្នក​ជិះ​សេះ ចូររៀប​ចំសេះ​ទាំង ១៤ ពាន់ ជាជាតិ​សេះសិន្ធព​អាជានេយ្យ មានសន្ទុះ​ដ៏លឿន។ ពួក​អ្នក​បង្វឹក​សេះ ទ្រទ្រង់​ស៊ែ និងធ្នូ ចងគ្រឿង​ក្រោះ ប្រដាប់លើ​ខ្នងសេះ​ ហើយ​ចូរឡើង​ជិះបរ​មកឲ្យ​ឆាប់។ លំដាប់​ពីនោះ​មក ពួកអ្នក​បររថ ចូររៀបចំ​រថទាំង ១៤ ពាន់ ជារថ​មានខ្នង​កង់ពាស​ដោយដែក​ដ៏ល្អ មានផ្ទះ​រំលេច​ដោយមាស។ ​ពួកខ្មាន់ធ្នូ​ស្ទាត់ក្នុង​ការប្រហារ ពួកជាង​រថ ចូរនាំ​គ្នាលើក​ទង់ជ័យ ខែល និង​គ្រឿង​ក្រោះ​ទាំងឡាយ​ក្នុងរថ​ទាំងនោះ ចូរ​ដំឡើង​ធ្នូ​ ចងគ្រឿងក្រោះ ហើយចូរ​បរ​រថ​ទាំងឡាយ​មកឲ្យឆាប់។

[៤០៧] អ្នកទាំងឡាយ ចូរតាក់តែងផ្កាទាំងឡាយ (មានលាជ​ជាគំរប់ ៥) និងផ្កា​សម្រាប់​រោយ​​រាយ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាបស្រឡាប និងផ្កា​ដ៏មាន​ដំឡៃ​ទាំងឡាយ ចូរឋិត​នៅត្រង់​ផ្លូវដែល​បុត្ររបស់​អញមក។ គ្រប់ទ្វារស្រុក ចូរតាក់​តែងតាំង​ទុក​ឪទិន​មេរ័យ និងសុរា​ច្រើន ត្រង់ផ្លូវ​ដែលបុត្រ​របស់​អញមក ចូរតាក់​តែងតាំងទុក​សាច់ នំ​ទ្រាបល្ង នំកុម្មាស​ដែលលាយ​សាច់ត្រី ត្រង់ផ្លូវ​ដែលបុត្រ​របស់​អញ​មក។ ​ចូរតាក់​តែងតាំង​ទុក​ទឹកដោះរាវ ប្រេង ទឹកដោះជូរ ទឹកដោះ​ស្រស់ និងសុរា​ដ៏ច្រើន ដែលធ្វើ​ដោយ​ម្សៅថ្ពៅ ត្រង់ផ្លូវ​ដែលបុត្រ​របស់អញ​មក។ ពួក​អ្នកធ្វើម្ហូប អ្នកធ្វើបាយ អ្នករាំ និងអ្នកច្រៀង អ្នកច្រៀង​ទះដៃ អ្នកវាយស្គរ អ្នកច្រៀង​ដោយ​សំឡេង​ដ៏ស្រទន់ និងពួក​អ្នក​ចាក់ត្លុក។ ពួកជន​ចូរដេញ​ពិណ​គ្រប់បែប ចូរវាយស្គរ និងមហោរធឹក​ទាំងឡាយ ចូរផ្លុំ​ស័ង្ខ និងទះស្គរ​ទាំង​ឡាយ។​ ជន​ទាំងឡាយ ចូរទះសំម្ភោរ វាយស្គរធំ ផ្លុំស័ង្ខ​ ដេញតាក់ខេ ដេញ​ពិណខ្សែ ៧ វាយ​មហោរធឹក វាយស្គរ​ទង់ដែង វាយស្គរ​មង្គល។

[៤០៨] សេនាដ៏ច្រើននោះ ជាកងទ័ព​ក្នុងដែនសិវិ លើកចេញ​ទៅ មាន​ជាលីកុមារ​ជា​មគ្គនាយក បានដើរ​សំដៅទៅ​កាន់វង្កតបព៌ត។ ដំរីដ៏​ប្រសើរ មានអាយុ ៦០ ខួប បន្លឺ​កោពា្ចនាទ ដំរីកាល​បើមាន​ខ្សែដង្គន់​ជាប់នៅ​ហើយ ក៏បន្លឺ​កោពា្ចនាទ។ សេះអាជានីយ​ទាំងឡាយ​ស្រែក​កងរំពង សំឡេង​គឹកកង​នៃខ្នងកង់ ក៏កើតមាន ក្នុងកាល​នោះ ធូលី​ក៏ហុយ​បាំងដូច​ពពក កងទ័ព​ក្នុងដែន​សិវិ បាន​លើកចេញ​ទៅ។ សេនា​ដ៏ច្រើននោះ អាចនាំ​យករបស់​ដែលគួរ​នាំយក​ទៅបាន លើកចេញ​ទៅ មាន​ជាលី​កុមារ​ជាមគ្គនាយក បានដើរសំដៅ​ទៅកាន់​វង្គតបព៌ត។ ​កងទ័ព​ទាំងនោះ បាន​ចូលទៅ​កាន់ព្រៃ​ធំ មានមែក​ឈើច្រើន មានទឹកច្រើន ដេរដាស​ដោយឈើ​មានផ្កា និងឈើ​មានផ្លែ​ទាំងសង​ខាងផ្លូវ។ ពួកសត្វ​ស្លាបដ៏​ច្រើន​ក្នុងព្រៃ​ធំនោះ មាន​សំឡេង​មូល មាន​សំឡេង​ពីរោះ មានត្រកូល​ផ្សេង ៗ ស្រែកហៅ​សត្វស្លាប ដែលកំពុង​ស្រែកលើ​ដើមឈើ​ដែល​ផ្កាតាមរដូវ។ កងទ័ព​ទាំងនោះ ទៅកាន់ផ្លូវ​ឆ្ងាយដាច់​ស្រយាល ក្នុងកាល​អំណើះ​ទៅនៃ​ថ្ងៃ និងយប់​ បានចូល​ទៅដល់​ប្រទេស ដែល​ព្រះបាទវេស្សន្តរ​ទ្រង់គង់​នៅ។

ចប់ មហារាជបព្វៈ។

[៤០៩] (អភិសម្ពុទ្ធគាថា) ព្រះបាទវេស្សន្តរ ទ្រង់ឮសំឡេង​គឹកកង​នៃកងទ័ព​ទាំងនោះ​ហើយ ក៏ភិតភ័យ ទ្រង់ឡើង​ទៅលើភ្នំ ហើយ​ទ្រង់ទតមើល​នូវពួកសេនា​ទាំង​ភិតភ័យ​ មាន​បន្ទូលថា នែនាងមទ្រី នាងចូរ​ពិចារណា​មើលសំឡេង​គឹកកង​ក្នុងព្រៃ​យ៉ាងនេះ មានទាំង​សេះ​អាជានីយ​ស្រែក​កងរំពង​ ទាំងចុង​ទង់ជ័យ​ក៏ប្រាកដ។ ​ជនទាំង​នេះ ដូចជា​ព្រានចោមព័ទ្ធ​ហ្វូងម្រឹគ​ក្នុងព្រៃ​ដោយបង្កាត់​ទាំងឡាយ​ ដេញ​ទំលាក់​ក្នុងរណ្តៅ ហើយចាក់​កាប់សំឡាប់ ពន្លះ​យកតែ​សាច់ល្អ ៗ នៃម្រឹគ​ទាំងនោះ ដោយកាំបិត​ដ៏មុត​ដោយ​ពិត។ ពួកយើង​មិនមាន​ទោស ត្រូវគេ​និរទេស​មកនៅ​ក្នុងព្រៃ ដល់នូវ​សេចក្តី​វិនាស​ក្នុងកណ្តាប់​ដៃសត្រូវ ក៏ដូច​ជា​ម្រឹគ យ៉ាងនោះ​ដែរ នាងចូរ​មើលអ្នក​សម្លាប់​បុគ្គល​ខ្សោយ។

[៤១០] (ព្រះនាងមទ្រី…) ពួកសត្រូវមិនអាចគ្របសង្កត់ (ព្រះអង្គ) បានទេ ដូចជា​ភ្លើង​មិនអាច​គ្របសង្កត់​ទឹកសមុទ្រ​បាន សូមព្រះអង្គ​ទ្រង់ព្រះចិន្តា​ដល់ពាក្យ​ដែល​សក្កទេវរាជ​ពោលហើយ​នោះឯង ទំនងជា​សួស្តី​នឹងមាន​ដល់ព្រះអង្គ ព្រោះ​ពួកពល​នេះ។

[៤១១] (អភិសម្ពុទ្ធគាថា…) លំដាប់នោះ ព្រះបាទវេស្សន្តរ​យាងចុះ​អំពីភ្នំ ទ្រង់ធ្វើ​ព្រះហ្ឫទ័យ​ឲ្យមាំ ហើយគង់​នៅក្នុង​បណ្ណសាលា។

[៤១២] ព្រះបិតាទ្រង់ឲ្យបញ្ឈប់រថ ទ្រង់ឲ្យពួកសេនា​ត្រៀមចាំ ហើយ​ទ្រង់ស្តេចចូល​​ទៅចួបនឹង​ព្រះរាជបុត្រ​ដែលគង់​នៅក្នុង​ព្រៃតែ​ម្នាក់ឯង។ លុះ​ព្រះបិតា​យាងចុះ​អំពី ក ដំរី​ហើយ ទ្រង់​ឧត្តរាសង្គៈ ឆៀងស្មា​ម្ខាង ផ្គងអញ្ជលី មានពួក​អាមាត្យ​ហែហម​ បានចូល​ទៅដើម្បី​អភិសេកបុត្រ។ ព្រះអង្គ​បានទត​ឃើញកុមារ​ មានរូប​គួរឲ្យ​ត្រេកអរ​សម្រឹង​ព្រះហ្ឫទ័យ​កំពុងត្រិះរិះ មិនមាន​ភ័យអំពី​ទីណាមួយ ដែលគង់​នៅ​ក្នុងបណ្ណសាលា​នោះ។

[៤១៣] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បានទត​ឃើញ​ព្រះបិតានោះ មាន​សេចក្តី​ជាប់ព្រះហ្ឫទ័យ​ក្នុងបុត្រ កំពុង​យាងមក ក៏ក្រោក​ទៅទទួល​ថ្វាយបង្គំ។ ចំណែក​ព្រះនាង​មទ្រី ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះសុស្សរៈ​ដោយព្រះ​សីរ្ស៍ (ហើយ​ក្រាប​ទូលថា) បពិត្រ​ព្រះសម្មតិទេព ខ្ញុំឈ្មោះ​មទ្រី ជាសុណិសា​របស់​ព្រះអង្គ សូមថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះអង្គ ព្រះបិតា​ទ្រង់ឱបរឹត​ជនទាំង​ពីរនោះ​ហើយ បបោស​អង្អែល​ដោយ​ព្រះហស្ត។

[៤១៤] (ព្រះរាជា…) នែបុត្រ អ្នកទាំងពីរសុខសប្បាយទេឬ នែបុត្រ អ្នកទាំងពីរ​មិនមាន​ជម្ងឺ​ដម្កាត់​ទេឬ អ្នកទាំងពីរ​ចិញ្ចឹម​ជីវិត​ដោយការ​ស្វែងរក​ស្រួលទេ​ឬ មើមឈើ និងផ្លែឈើ​មាន​ច្រើន​ឬទេ។​ ពួករបោម មូស ពស់ មានតិច​ទេឬ ក្នុងព្រៃ​ដ៏កុះករ​ដោយ​ម្រឹគ​យង់ឃ្នង មិនមាន​ការ​បៀតបៀន​ទេឬ។

[៤១៥] (ព្រះមហាសត្វ…) បពិត្រព្រះសម្មតិទេព ការរស់នៅរបស់​យើងខ្ញុំ ជាការ​រស់នៅ​ផ្តេសផ្ដាសទេ យើងខ្ញុំ​ជាអ្នក​រស់នៅ​ត្រដាប​ត្រដួស ព្រោះការ​រស់នៅ​ដោយ​ការស្វែង​រក (ផលាផល)។ បពិត្រ​មហារាជ (សេចក្តី​ខ្វះខាត) រមែង​ទូន្មាន (បុរស​កំសត់) ដូចជា​នាយសារថី​ទូន្មានសេះ យើងខ្ញុំ​ទាំងនោះ ជាបុគ្គល​មាន​សេចក្តី​ខ្វះខាត​ទូន្មាន​ហើយ​ សេចក្តី​ខ្វះខាត រមែង​ទូន្មាន​យើងខ្ញុំ។ បពិត្រ​មហារាជ យើងខ្ញុំត្រូវគេ​និរទេស​ហើយ មាន​សេចក្តី​រស់នៅ​ទាំងទុក្ខ​សោក​ក្នុងព្រៃ ទាំងសាច់​ឈាម​ទៀត​សោត ក៏ស្គាំងស្គម ព្រោះ​មិនបាន​ឃើញ​ព្រះមាតាបិតា។

[៤១៦] កុមារទាំងពីរ គឺជាលី និង​កណ្ហាជិនា​ណា ដែលជា​ទាយាទ (ព្រះរាជនត្តា) របស់​ព្រះអង្គ ជាបុគ្គល​ប្រសើរ​បំផុត ក្នុងដែន​សិវិ មានបំណង​មិនទាន់​បាន​សម្រេច​នៅ​ឡើយ លុះអំណាច​ព្រាហ្មណ៍ ជាបុគ្គល​ឈ្លានពាន​លើសលន់ វាយ​កុមារ​ទាំងពីរនោះ ដូចជា​គេវាយ​ហ្វូងគោ។ បើព្រះអង្គ​ជ្រាប​បុត្រ​ទាំងនោះ​របស់​រាជបុត្រី សូមប្រាប់​ដល់យើង​ខ្ញុំឲ្យ​ឆាប់ ដូចជា (ពួកពេទ្យ​ដែល​ព្យាបាល) នូវមាណព​ត្រូវ​ពស់ចឹក។

[៤១៧] (ព្រះរាជា…) កុមារទាំងពីរ គឺជាលី និង​កណ្ហាជិនា​នុ៎ះ បិតា​បានប្រគល់​ទ្រព្យ​ឲ្យ​ដល់​ព្រាហ្មណ៍លោះ​មកហើយ បាកុំភ័យ​ឡើយ បាចូរ​ស្រួល​ចិត្តចុះ។

[៤១៨] (ព្រះមហាសត្វ…) បពិត្រព្រះបិតា ព្រះអង្គសុខសប្បាយ​ទេឬ បពិត្រ​ព្រះបិតា ព្រះអង្គ​មិនមាន​រោគាពាធ​ទេឬ បពិត្រ​ព្រះបិតា ព្រះនេត្រ​របស់​ព្រះមាតា​នៃ​ខ្ញុំព្រះអង្គ មិនទាន់​ងងឹត​ទេឬ។

[៤១៩] (ព្រះរាជា…) នែបុត្រ យើងសុខសប្បាយទេ នែបុត្រ យើងមិន​មានជម្ងឺ​ដម្កាត់ទេ នែបុត្រ ចក្ខុមាតា​របស់បា​មិនទាន់​ងងឹតទេ។

[៤២០] (ព្រះមហាសត្វ) យានរបស់ព្រះអង្គ មិនទាន់ចាស់​ទេឬ វាហនៈ​រមែង​នាំទៅ​បាន​ទេឬ ជនបទ​សម្បូរ​ដែរឬ ភ្លៀងមិនដាច់​ទេឬ។

[៤២១] (ព្រះរាជា…) យានរបស់យើងមិនទាន់ចាស់ទេ ទាំងវាហនៈ​ក៏នាំ​ទៅបាន ជនបទ​ក៏សម្បូរ ទាំងភ្លៀង​ក៏មិន​ដាច់ទេ។

[៤២២] (អភិសម្ពុទ្ធគាថា) កាលដែលក្សត្រិយ៍ទាំងបីអង្គកំពុង​ចរចាគ្នា​យ៉ាងនេះ​ឯង ព្រះរាជបុត្រី​ជាព្រះមាតា ស្តេចមក​ដោយ​ព្រះបាទា ឥតមាន​សុព័ណ៌បាទ ប្រាកដ​ដល់​ក្សត្រិយ៍​ទាំងនោះ​ទៀបទ្វារភ្នំ។ ឯ​ព្រះបាទ​វេស្សន្តរ និងព្រះនាង​មទ្រី បាន​ឃើញ​ព្រះមាតា​នោះ ដែល​មាន​ព្រះហ្ឫទ័យ​ជាប់ក្នុងបុត្រ កំពុង​យាងមក ក៏ក្រោក​ទទួល ហើយ​ថ្វាយបង្គំ។ ចំណែក​ខាង​ព្រះនាងមទ្រី ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះមាតា​ក្មេក​ដោយ​ព្រះសិរ្ស៍ (ហើយក្រាប​បង្គំទូលថា) បពិត្រ​ព្រះមេម្ចាស់ ខ្ញុំ​ម្ចាស់ឈ្មោះ​នាងមទ្រី ជា​ព្រះសុណិសា​របស់​ព្រះអង្គ សូមថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះមេ។

[៤២៣] ចំណែកខាងព្រះរាជបុត្រទំាងពីរ ដែលមកអំពី​ទីឆ្ងាយ​ដោយសួស្តី បាន​ឃើញ​ព្រះនាង​មទ្រី​ហើយ ក៏ទ្រង់​ព្រះកន្សែង អួលអាក់ ​នាំគ្នា​ស្ទុះចូលទៅ​រក ដូចកូន​គោ​តូច ស្ទុះទៅ​រកមេ។ ឯព្រះនាង​មទ្រី បានឃើញ​បុត្រទាំងពីរ​ដែល​មកពី​ទីឆ្ងាយ​ដោយសួស្តី ក៏ញាប់​ញរ័ ដូចជា​ស្រីមេមត់ ទនៃទឹក​ក្សីរ ក៏ហូរ​ចេញមក។

[៤២៤] កាលពួកព្រះញាតិជួបជុំគ្នាហើយ សំឡេង​គឹកកងខ្លាំង ក៏កើត​ឡើង ភ្នំ​ទាំងឡាយ​ ក៏បន្លឺ​ឡើង ទាំងផែន​ពសុធា ក៏រំភើប​ញាប់ញ័រ។ ភ្លៀងក៏ញ៉ាំង​ធ្នារទឹក ឲ្យ​ធ្លាក់ក្នុង​ខណៈនោះ ​ព្រះបាទ​វេស្សន្តរ ក៏បានជួប​នឹងញាតិ​ទាំងឡាយ ក្នុង​ខណៈនោះ។​ ព្រះនត្តា​ទាំងពីរ ព្រះសុណិសា ព្រះរាជបុត្រ ព្រះរាជា និងព្រះទេវី បានជួប​ក្នុង​ទីជា​មួយគ្នា​ក្នុងកាល​ណា សេចក្តី​ព្រឺព្រួចរោម ក៏មាន​ក្នុងកាល​នោះ ពួកអ្នក​នគរ​ទាំងអស់ បានផ្គង​អញ្ជលី​ចំពោះ​ព្រះបាទ​វេស្សន្តរ​នោះ​ នាំគ្នា​យំក្នុងព្រៃ មុខ​គួរឲ្យ​ស្ញប់ស្ញែង​ទូល​អារាធនា។ ពួករាស្ត្រ​ទាំងអស់ ចួបជុំគ្នា (បានពោល) នឹង​ព្រះបាទ​វេស្សន្តរ​ផង និង​ព្រះនាង​មទ្រីផង​ថា ព្រះអង្គ​ជាព្រះរាជា​ឥស្សរៈ​របស់​ពួកយើង សូម​ព្រះអង្គ​ទាំងពីរ​ព្រះអង្គ​របស់​ពួកយើង​សោយរាជ​សម្បត្តិ។

ចប់ ឆក្ខត្តិយបព្វៈ។

[៤២៥] (ព្រះមហាសត្វ…) ព្រះអង្គ និងពួកអ្នក​ជនបទ អ្នកនិគម បាន​ព្រមព្រៀង​គ្នា​និរទេស​ខ្ញុំព្រះអង្គ ដែលកំពុង​សោយរាជ្យ​តាមធម៌ ចាកដែន​ហើយ។

[៤២៦] (ព្រះរាជា…) ម្នាលបុត្រ (នេះ) ពិតជាកំហុស​របស់យើង យើងបាន​ធ្វើអំពើ​បំផ្លិច​បំផ្លាញ​សេចក្តីចំរើន បាន​និរទេស​បា ដែលមិន​មានកំហុស ព្រោះ​តាមពាក្យ​ពួក​អ្នក​សិវិរាស្ត្រ។

[៤២៧] (កូន) គួរដោះទុក្ខរបស់បិតាមាតា ឬរបស់​បង​ប្អូនស្រី ដោយហេតុ​ណានី​មួយ សូម្បី​ដោយជីវិត​របស់ខ្លួន។ (ពួក​អាមាត្យ​បានពោល​ថា បពិត្រ​មហារាជ កាលនេះ ជាកាល​គួរស្រង់ទឹក សូមទ្រង់​ដុសជម្រះ​ព្រះរជោជលៈ)។

[៤២៨] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះបាទវេស្សន្តរ ក៏ដុសជម្រះ​ក្អែល លុះដុស​ជម្រះ​ក្អែលហើយ បានទ្រទ្រង់​ព្រះពស្រ្ត​មានពណ៌​ដូចស័ង្ខ។

[៤២៩] ព្រះបាទវេស្សន្តរ ទ្រង់កក់ព្រះសិរ្ស៍ មានព្រះពស្រ្ត​ដ៏ស្អាត ស្អិតស្អាង​ដោយ​អាភរណៈ​គ្រប់យ៉ាង ទ្រង់សៀត​ព្រះខាន់​ដែលដុត​កំដៅសត្រូវ ហើយ​ទ្រង់ឡើង​គង់លើ​ដំរី​ដ៏ប្រសើរ ឈ្មោះ​បច្ច័យ។ កាលនោះ ពួកទាហាន ៦០.០០០ នាក់ កើតក្នុង​ថ្ងៃជាមួយគ្នា គួរ​រមិលមើល ញ៉ាំង​ព្រះរាជា​ជា​ធំក្នុងរថឲ្យ​រីក​រាយ ចោម​រោម។ កាលនោះ ពួក​កញ្ញា​របស់​ព្រះបាទ​សិវិ បានចួបជុំ​គ្នាហើយ ញ៉ាំង​ព្រះនាង​មទ្រី​ឲ្យស្រង់ទឹក (ហើយ​ពោលថា) សូម​ព្រះបាទ​វេស្សន្តរ និងជាលី កណ្ហាជិនា ទាំងពីរ បីបាច់​ថែរក្សា​ព្រះនាង ទាំងមហារាជ​ព្រះនាម​សញ្ជ័យ ក៏សូម​ឲ្យថែរក្សា​ព្រះនាង​ដែរ។

[៤៣០] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បាននូវ​ទីពឹងនេះ (បាន​ដំកល់​ក្នុង​រាជ​សម្បត្តិ ហើយភ្នក​រឭក) នូវសេចក្តី​សៅហ្មង​របស់​ព្រះអង្គ (ដែល​ទ្រង់ធ្លាប់​នៅក្នុង​ព្រៃពីដើម) ក៏ទ្រង់​ឲ្យទួង​អានន្ទីយភេរី ត្រាច់ទៅ​ទៀបភ្នំវង្កត ដែលគួរជា​ទីរីករាយ។ ព្រះនាង​មទ្រី បរិបូណ៌​ដោយលក្ខណៈ បានទីពឹង​នេះហើយ (ក៏ភ្នករឭក) នូវ​សេចក្តី​សៅហ្មង​របស់​ព្រះនាង ដែលធ្លាប់​នៅក្នុង​ព្រៃពីដើម បានចួប​នឹងបុត្រ​ទាំងពីរ​ហើយ ក៏ត្រេកអរ​រីករាយ។ ព្រះនាង​មទ្រី បរិបូណ៌​ដោយលក្ខណៈ បាន​ទីពឹង​នេះហើយ ក៏មាន​ព្រះហ្ឫទ័យ​ភ្នករឭក​សេចក្តី​សៅហ្មង​របស់​ព្រះនាង ដែលធ្លាប់​នៅក្នុង​ព្រៃពីដើម មាន​ចិត្តត្រេកអរ រីករាយ​ជាមួយ​នឹងបុត្រ​ទាំងពីរ។

[៤៣១] (ព្រះនាងមទ្រី…) នែបុត្រទាំងពីរ កាលពីដើម មាតា​ជាអ្នក​បរិភោគ​ភត្តតែ​មួយពេល​ ដេកផ្ទាល់​នឹងផែនដី​ជានិច្ច នេះជា​វត្តរបស់​មាតា​ដូច្នេះ ព្រោះសេចក្តី​ប្រាថ្នាចង់ (ចួប) នឹងបា​ទាំងពីរ ម្នាលបុត្រ​ទាំងពីរ វត្តនោះ សម្រេច​ដល់មាតា​ក្នុង​ថ្ងៃនេះ​ហើយ ព្រោះបាន​ចួប​នឹងបា​ទាំងពីរ ម្នាលបុត្រ​ទាំងពីរ សូមឲ្យ​បុណ្យ​ដែលកើត​អំពីមាតា និង​កើតអំពី​បិតា រក្សាបា ទាំង​មហារាជ​ព្រះនាម​សញ្ជ័យ ក៏សូម​ឲ្យរក្សា​បា។ បុណ្យ​ណានីមួយ ដែល​មាតាក្តី បិតាក្តី របស់បា បានធ្វើហើយ ដោយ​កុសល​ទាំងអស់​នោះ សូម​បាកុំចាស់ កុំស្លាប់​ឡើយ។

[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះសស្សុបានបញ្ជូនកប្បាសិកពស្រ្ត កោសេយ្យពស្រ្ត ខោមពស្រ្ត និង​កោទុម្ពរពស្ត្រ ទៅថ្វាយ​ព្រះសុណ្ហា ដែលជា​សំពត់​សម្រាប់​លំអ​ព្រះនាង​មទ្រី។ លំដាប់តមក ព្រះសស្សុ បានបញ្ជូន​គ្រឿងប្រដាប់​ព្រះសុរង្គ ជាវិការៈ​នៃមាស និង​គ្រឿង​ប្រដាប់​ព្រះសុរង្គ​ជាវិការៈ​នៃកែវ ទៅថ្វាយ​ព្រះសុណ្ហា ដែលជា​គ្រឿងប្រដាប់​សម្រាប់​លំអ​របស់​ព្រះនាង​មទ្រី។ លំដាប់ត​មកទៀត ព្រះសស្សុ បានបញ្ជូន​គ្រឿងប្រដាប់​ព្រះសុរង្គ ជាវិការៈ​នៃមាស និងកន្ទ្រុំ និងខ្សែ​ក្រវាត់​ជាវិការៈ​នៃកែវមុណី​ទៅថ្វាយ​ព្រះសុណ្ហា ដែលជា​គ្រឿងប្រដាប់​​លំអ​របស់​ព្រះនាង​មទ្រី។ ព្រះសស្សុ បាន​បញ្ជូន​គ្រឿង​ប្រដាប់​នលាដៈ ជាគ្រឿង​ប្រដាប់​សម្រាប់​ព្រះភក្រ្ត​មានពណ៌​ផ្សេង ៗ ដែល​ជាវិការៈ​នៃ​កែវមណី​ទៅថ្វាយ​ព្រះសុណ្ហា ដែលជា​គ្រឿង​ប្រដាប់​លំអ​របស់​ព្រះនាង​មទ្រី។ ព្រះសស្សុ​បាន​បញ្ជូននូវ​គ្រឿងប្រដាប់​សម្រាប់​ព្រះស្តន និង​គ្រឿង​ប្រដាប់​ស្មា និង​ខ្សែក្រវាត់ កងជើង ទៅថ្វាយ​ព្រះសុណ្ហា ដែលជា​គ្រឿងប្រដាប់​លំអ​ព្រះមទ្រី។ ព្រះរាជ​បុត្រី ជាស្រ្តី​ប្រសើរ បានគយគន់​មើលគ្រឿង​ប្រដាប់​ល្បើក​ដោយអំបោះ ​និង​គ្រឿង​ប្រដាប់​វៀរចាក​អំបោះ​ដ៏ល្អ​ក្រៃពេក ហាក់ដូច​ទេវកញ្ញា​ក្នុងនន្ទន​ឧទ្យាន។ ព្រះរាជ​បុត្រី កក់​ព្រះសិរ្ស មានព្រះពស្ត្រ​ដ៏ស្អាត ស្អិតស្អាង​ដោយអាភរណៈ​គ្រប់​យ៉ាងដ៏ល្អ​ក្រៃពេក ហាក់ដូច​ស្រ្តីអប្សរ​ក្នុងឋាន​ត្រៃត្រិង្ស។ ព្រះរាជ​បុត្រី បរិបូណ៌​ដោយរបៀប​នៃ​ចិញ្ចាញ​ធ្មេញល្អ​ក្រៃពេក ហាក់ដូច​ដើមចេក​ដែលកើត​ក្នុង​ចិត្តលតាវន័ ត្រូវខ្យល់​បក់បោក​ហើយ។ ព្រះរាជបុត្រី​មានបបូរមាត់​ដូចផ្លែ​ជ្រៃទុំ និង​ផ្លែបាស​ទុំ ល្អ​ក្រៃពេក ហាក់ដូច​បក្សីមាន​សរីរៈ​សព្វគ្រប់ ដូចជាសរីរៈ​នៃមនុស្ស មានស្លាប​ដ៏វិចិត្រ (ហើរឰដ៏​អាកាស)។

[៤៣៣] ពួកអាមាត្យនាំដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំ​លំពែងបាន អត់ទ្រាំកូន​សរ​បាន មានភ្លុក ង ទន្ទាំ អាចគាស់​រំលើង​សត្រូវ​បាន មកថ្វាយ​ព្រះនាង​មទ្រីនោះ។​ព្រះនាង​មទ្រីនោះ ឡើងកាន់​ដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំ​លំពែងបាន អត់ទ្រាំ​កូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់​រំលើង​សត្រូវបាន។

[៤៣៤] ពួកម្រឹគទាំងប៉ុន្មាន ដែលមាននៅក្នុងព្រៃ​ទាំងអស់​នោះ មិនបៀត​បៀនគ្នា​នឹង​គ្នា ដោយ​តេជះ​នៃព្រះបាទ​វេស្សន្តរ។ ពួកបក្សី​ទាំងប៉ុន្មាន​ដែលមាន​នៅក្នុង​ព្រៃ​ទាំងអស់​នោះ មិនបៀត​បៀនគ្នា​នឹងគ្នា ដោយ​តេជះនៃ​ព្រះបាទ​វេស្សន្តរ។ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំងពួក​អ្នកសិវិរាស្ត្រ​ឲ្យចំរើន ទ្រង់យាង​ចេញ (អំពីព្រៃ) ពួកម្រឹគ​ទាំងប៉ុន្មាន ដែល​មាននៅ​ក្នុងព្រៃ​ទាំងអស់​នោះ បានមក​ប្រជុំក្នុង​ទីជាមួយ​គ្នា។​ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំងពួក​អ្នក​សិវិរាស្រ្ត​ឲ្យចំរើន ទ្រង់យាង​ចេញ (អំពីព្រៃ) ពួកបក្សី​ទាំងប៉ុន្មាន ដែលមាន​នៅក្នុង​ព្រៃទាំង​អស់នោះ បានមក​ប្រជុំ​ក្នុងទី​ជាមួយ​គ្នា។ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំងពួក​អ្នកសិវិរាស្ត្រ​ឲ្យចំរើន ទ្រង់​យាងចេញ (អំពីព្រៃ) ពួកម្រឹគ​ទាំងប៉ុន្មាន ដែល​មាននៅ​ក្នុងព្រៃ​ទាំងអស់​នោះ លែង​ស្រែក​សំឡេង​ពីរោះ។ កាល​ព្រះបាទ​វេស្សន្តរ​ញ៉ាំងពួក​អ្នកសិវិរាស្ត្រ​ឲ្យចំរើន ទ្រង់យាង​ចេញ (អំពីព្រៃ) ពួកបក្សី​ទាំងប៉ុន្មាន ដែល​មាននៅ​ក្នុងព្រៃ​ទាំងអស់​នោះ លែង​ស្រែក​​សំឡេង​ពីរោះ។

[៤៣៥] ពួកអាមាត្យបានរៀបចំរាជមាគ៌ា ឲ្យរំលេច​ឆ្លុះឆ្លាស់ ត្រៀបត្រា​ដោយផ្កា តាំងអំពី​ទីដែល​ព្រះបាទ​វេស្សន្តរ ទ្រង់គង់​នៅ រហូតដល់​ក្រុង​ជេតុត្តរ។ លំដាប់​នោះ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំងអ្នក​សិវិរាស្ត្រ​ឲ្យចំរើន ទ្រង់យាង​ចេញ (អំពីព្រៃ) ពួក​យោធា​ទាំង ៦០.០០០ ល្អមើល បានហែហម​ជុំវិញ។ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំង​ពួកអ្នក​សិវិរាស្ត្រ​ឲ្យចំរើន ទ្រង់យាង​ចេញ (អំពីព្រៃ) ពួកស្រី​ស្នំផង ពួករាជ​កុមារផង ពួកអ្នក​ជំនួញផង ពួក​ព្រាហ្មណ៍​ផង ហែហម​ជុំវិញ។ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំងពួក​អ្នកសិវិរាស្ត្រ​ឲ្យចំរើន ទ្រង់​យាងចេញ (អំពីព្រៃ) ពួក​ពលដំរី ពលសេះ ពលរថ ពលថ្មើរជើង ហែហម​ជុំវិញ។ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំងពួកអ្នក​សិវិរាស្ត្រ​ឲ្យ​ចំរើន ទ្រង់យាង​ចេញ​ (អំពីព្រៃ) ពួកអ្នក​ជនបទ ក៏បាន​មកជួប​ជុំគ្នា និង​អ្នកនិគម ក៏បាន​មកជួប​ជុំគ្នា ហែហម​ជុំវិញ។ កាល​ព្រះបាទ​វេស្សន្តរ ញ៉ាំងពួក​អ្នកសិវិរាស្ត្រ​ឲ្យចំរើន ទ្រង់យាង​ចេញ​ (អំពីព្រៃ) ពួក​ទាហាន​ពាក់មួក ទ្រទ្រង់​ខែល កាន់ធ្នូ ចងគ្រឿង​ក្រោះ​ដ៏ល្អ ដើរហែ​ខាងមុខ។

[៤៣៦] ក្សត្រិយ៍ទាំងនោះ បានយាងចូលទៅកាន់បុរី ជាក្រុង​គួរឲ្យ​ត្រេកអរ មានកំពែង និងទ្វារ​ខាងក្រៅ​ដ៏ច្រើន ប្រកប​ដោយគ្រឿង​ស៊ី និងគ្រឿង​ផឹក មាន​ទាំងល្បែង​ពីរយ៉ាង គឺរាំ និងច្រៀង។ កាល​រាជកុមារ​ញ៉ាំង​ពួកអ្នក​សិវិរាស្ត្រឲ្យ​ចំរើន ស្តេច​មកដល់ ពួកអ្នក​ជនបទ​ និងពួក​អ្នកនិគម បានមក​ជួបជុំគ្នា​ត្រេកអរ។ កាលព្រះ​មហាក្សត្រិយ៍ ជាអ្នក​ប្រទាន​ព្រះរាជ​ទ្រព្យ ស្តេចមក​ដល់ហើយ ពួក​មហាជន ក៏នាំ​គ្នាលើក​ទង់ជ័យ ទួង​នន្ទិភេរី ហើយ​ចូលទៅ​ព្រះនគរ ព្រះបាទ​វេស្សន្តរ ក៏ទ្រង់​ឲ្យឃោសនា​ដើម្បី​ឲ្យដោះលែង​សព្វសត្វ​ចាកចំណង។

[៤៣៧] កាលព្រះបាទវេស្សន្តរ ញ៉ាំងពួកអ្នកសិវិរាស្ត្រ​ឲ្យចំរើន ស្តេច​ចូលមក​ដល់ សក្កទេវរាជ​ដែលជា​ឧបបត្តិទេព បានបង្អុរ​ភ្លៀង ជាវិការៈ​នៃ​មាស។​ លំដាប់​នោះ ព្រះបាទ​វេស្សន្តរ​ជា​ក្សត្រិយ៍​ប្រកបដោយ​ប្រាជ្ញា ទ្រង់ឲ្យទាន លុះបែក​ធ្លាយ​រាងកាយ​នោះទៅ ក៏បាន​ស្តេចទៅ​កើត​ក្នុង​ឋាន​សួគ៌​ទេវលោក។

ចប់ នគរកណ្ឌ។

ចប់ មហាវេស្សន្តរជាតក ទី១០។

ចប់ មហានិបាត។

ចប់ ភាគ៦៣។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០