ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥៩|៦០|៦១|៦២|៦៣| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សុត្តន្តបិដក

ខុទ្ទកនិកាយ ជាតក

ទសមភាគ

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

បញ្ញាសនិបាតជាតក

នឡិនិកាជាតក ទី១

[១] (ព្រះបាទព្រហ្មទត្ត​ ត្រាស់ថា) ម្នាលនាង​នឡិនិកា ជនបទ​ក្តៅស្ងួត ទាំងដែន​ក៏វិនាស ​​ចូរនាង​មក ចូរនាង​ទៅញ៉ាំង​ព្រាហ្មណ៍ (អ្នកធ្វើ​នូវសេចក្តី​វិនាស) ដល់​អញ​នោះ ឲ្យមក​លុះអំណាច​របស់ខ្លួន។

[២] (នាងនឡិនិកា ក្រាបទូលថា) បពិត្រព្រះរាជា ខ្ញុំម្ចាស់​អត់ទ្រាំ​សេចក្តី​លំបាក​ពុំបាន ខ្ញុំម្ចាស់​មិនស្ទាត់​ផ្លូវឆ្ងាយ ខ្ញុំម្ចាស់​នឹងទៅ​កាន់ព្រៃ ដែលមាន​ដំរីនៅ​អាស្រ័យ ដូច​ម្តេចបាន។

[៣] (ព្រះរាជា…) ម្នាលនាងនឡិនិកា នាងចូរទៅកាន់​ជនបទ​ដ៏ស្តុកស្តម្ភ ហើយ​ទៅដោយ​ដំរីផង ដោយ​រថផង ដោយយាន (ទូក) ដែល​គេគាប​ដោយឈើ​ផង យ៉ាង​នេះចុះ។​ ម្នាល​ខត្តិយានី ចូរនាង​យកដំរី សេះ រថ និងពលថ្មើរជើង​ទៅចុះ ចូរនាងនាំ​ព្រាហ្មណ៍​ឥសិសង្កិៈ​នោះ មកកាន់​អំណាច (ខ្លួន) ដោយ​សម្បុរ និងរូបឆោម​របស់នាង។

[៤] (ពួកព្រានព្រៃបង្ហាញថា) នុ៎ះ ប្រាកដជាអាស្រម​របស់​តាបស ឈ្មោះ​ឥសិសិង្គៈ ជាទី​គួររីករាយ មាន​ដើមចេក​ជាទង់ ជាគ្រឿង​សំគាល់ មាន​ដើមស្មាច់​ដុះព័ទ្ធ​ជុំវិញ។ នុ៎ះ​ ភ្លើង​ដែល​ឥសិសិង្គៈ​នោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែល​ឃើញប្រាកដ ខ្ញុំ​សំគាល់​ថា ឥសិសិង្គៈ អ្នកមាន​ឫទ្ធិច្រើន មិនញ៉ាំង​ភ្លើងឲ្យ​សាបសូន្យ​ទេ។

[៥] (អភិសម្ពុទ្ធគាថា) ឥសិសិង្គៈ បានឃើញនាង​នឡិនិកានោះ ពាក់​កុណ្ឌល​កែវមណី កំពុង​ដើរមក ក៏ភិតភ័យ ចូលទៅ​កាន់អាស្រម​ដែលប្រក់​ដោយស្លឹក។ ឯនាង​នឡិនិកា​នោះ ក៏បង្ហាញ​នូវអវយវៈ​ទាំងឡាយ​ផង បញេ្ចញ​នូវកេរ្តិ៍ខ្មាសដ៏​កំបាំងផង ហើយ​​លេង​កូនឃ្លី​ ក្បែរទ្វារ​អាស្រម​នៃ​ឥសិសិង្គៈ​នោះ។

[៦] អ្នកមានជដា (ឥសិសិង្គៈ) នៅក្នុង​បណ្ណសាលា ឃើញនាង​នឡិនិកានោះ កំពុង​លេង ចេញអំពី​អាស្រម​មកនិយាយ​ពាក្យនេះ​ថា ម្នាលអ្នក​ដ៏ចំរើន ​ឈើរបស់​អ្នក​នោះ ឈ្មោះអ្វី ដែលមាន​ផ្លែបែប​នេះ សូម្បីអ្នក​បោះទៅ​ក្នុងទី​ឆ្ងាយហើយ ក៏វិល​ត្រឡប់​មក​វិញ មិនទៅ​ចោលអ្នក។

[៧] (នាងនឡិនិកា …) បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះ​នៃឈើណា សូម្បី​ខ្ញុំ​បោះទៅ​ក្នុងទីឆ្ងាយ ក៏ត្រឡប់​មកវិញ មិនទៅ​ចោល​ខ្ញុំទេ ឈើបែប​នោះ មាន​ក្នុងទីជិត​អាស្រម​នៃខ្ញុំ នា​ភ្នំគន្ធមាទន៍។

[៨] (ឥសិសិង្គៈ…) អ្នកដ៏ចំរើន ចូរមកកាន់អាស្រម​នេះចុះ ចូរបរិភោគ​អាហារ​ចុះ ចូរទទួល​ថ្នាំសម្រាប់​លាបជើង​ផង ភក្សាហារ​ផង ខ្ញុំជូន (ដល់អ្នក) នេះ​អាសនៈ អ្នក​ដ៏​ចំរើន ចូរអង្គុយ​លើអាសនៈ​នេះ អ្នកដ៏ចំរើន​ចូរពិសា​មើមឈើ​ និងផ្លែឈើ​ក្នុងទី​នេះ​ចុះ។

[៩] (ឥសិសិង្គៈ សួរថា) អ្វីនេះ កំពុងល្អ (ដូចមាត់​ខ្យងបៀ) នៅត្រង់​ចន្លោះភ្លៅ​របស់អ្នក ប្រាកដ​ដូចជា​វត្ថុមាន​ពណ៌ខ្មៅ ៗ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះ អវយវៈ​ដ៏ឧត្តម (លិង្គ) របស់​អ្នកលិចចូល​ទៅក្នុង​ស្រោម (សរីរៈ) ឬ។

[១០] (នាងនឡិនិកា…) ខ្ញុំត្រាច់ទៅកាន់ទីស្វែងរក​មើមឈើ​ផ្លែឈើ​ក្នុងព្រៃ បានចោល​ខ្លាឃ្មុំ​មានរូប​ដ៏សម្បើម ខ្លាឃ្មុំនោះ​ ស្ទុះមក​សង្រ្គុប​ខ្ញុំដោយ​រហ័ស ផ្តួលខ្ញុំ ហើយ​ខាំដក​យកអវយវៈ​ដ៏ឧត្តម​ទៅ។ ដំបៅ​នោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិន​បាន​សេចក្តី​សុខ សព្វ ៗ​ កាលទេ អ្នកដ៏ចំរើន​អាចនាំ​ចេញនូវ​រោគ​រមាស់នេះ​ចេញបាន អ្នក​ដ៏ចំរើន​ដែលខ្ញុំ​អង្វរហើយ សូមធ្វើ​នូវប្រយោជន៍​ដល់​ព្រាហ្មណ៍។

[១១] (ឥសិសិង្គៈ…) ដំបៅរបស់អ្នកមានសភាព​ដ៏ជ្រៅ មានសម្បុរ​ក្រហម មិន​ស្អុយ​ទេ គ្រាន់តែ​មានក្លិនខ្មោះ (បន្តិចៗ) ហើយថែម​ទាំងធំផង ខ្ញុំនឹង​ប្រកប​ដោយ​ថ្នាំដុស​លាប​ឲ្យអ្នក​បន្តិចមើល ដើម្បី​នឹងឲ្យអ្នក​ដ៏ចំរើន​បានសេចក្តី​សុខស្រួល។

[១២] (នាងនឡិនិកា…) បពិត្រតាបសដ៏ប្រសើរ ការប្រកប​ដោយមន្ត​ទាំងឡាយ ក៏មិន​ត្រូវ ការប្រកប​ដោយថ្នាំ​ដុសទាំងឡាយ​ក៏មិនត្រូវ ឱសថ​ទាំងឡាយ​ក៏មិនត្រូវ អវយវៈ​ណារបស់​លោកដ៏ទន់ ៗ ចូរលោក​នាំចេញ​នូវរោគ​រមាស់​ដោយ​អវយវៈ​នោះ ទើបខ្ញុំ​មានសេចក្តី​សុខស្រួល​តទៅ។

[១៣] (ឥសិសិង្គៈ…) អាស្រមរបស់អ្នកដ៏ចំរើន នៅខាង​ណាអំពី​ទីនេះ ម្នាល​អ្នកដ៏ចំរើន អ្នកអភិរម្យ​ក្នុងព្រៃដែរឬ អ្នកមាន​មើមឈើ ផ្លែឈើ​ច្រើនដែរឬ សត្វ​សាហាវ​ទាំង​ឡាយ មិនបៀតបៀន​អ្នកដ៏ចំរើន​ទេឬ។

[១៤] (នាងនឡិនិកា…) អាស្រមរបស់ខ្ញុំជាទី​គួររីករាយ (នៅ) ក្បែរ​ឆ្នេរនៃ​ស្ទឹង​ឈ្មោះ​ខេមា ដែលហូរ​ទៅអំពី​ព្រៃហិមវន្ត នាទិស​ខាងជើង​ត្រង់អំពី​ទីនេះ ធ្វើដូច​ម្តេច​ហ្ន៎ អ្នកដ៏​ចំរើនគប្បី​ឃើញ​អាស្រម​របស់ខ្ញុំ។ (ទៀប​អាស្រម​របស់ខ្ញុំ) មានដើម​ស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្កា​រីកស្គុះស្គាយ ធ្វើដូច​ម្តេចហ្ន៎ អ្នកដ៏​ចំរើន​គប្បី​ឃើញ​អាស្រម​របស់ខ្ញុំ​ដែលមាន​កិន្នរ​ច្រៀងពីរោះ​ដោយ​ជុំវិញ។ ក្នុងទី​ជិតអាស្រម​របស់​ខ្ញុំនុ៎ះ មាន​ដើមត្នោត​ទាំងឡាយ​ផង មើមឈើ​ទាំងឡាយ​ផង ផ្លែឈើ​ទាំងឡាយ​ផង ធ្វើដូច​ម្តេចហ្ន៎ ទើបអ្នក​ដ៏ចំរើន​គប្បីឃើញ​នូវ​អាស្រម​របស់ខ្ញុំ ដែល​ប្រកប​ដោយ​ពណ៌ និងក្លិន​ដែល​ប្រកប​ដោយ​ភូមិភាគ​ទាំងឡាយ (ដ៏រាបស្មើ)​ នោះ។ ផ្លែឈើទាំង​ឡាយផង មើមឈើ​ទាំងឡាយ​ផង មានគរគោក​ក្នុង​អាស្រមនេះ ប្រកប​ដោយពណ៌ ក្លិន និងរស តែពួក​ព្រានព្រៃ តែងមក​កាន់ប្រទេស​នោះ កុំឲ្យ​ពួកវាលួច​មើម​ឈើ និងផ្លែឈើ​របស់ខ្ញុំ អំពី​អាស្រម​នោះឡើយ។

[១៥] (ឥសិសិង្គៈ…) បិតារបស់ខ្ញុំ ទៅកាន់ទីស្វែង​រកមើមឈើ ផ្លែឈើ នឹងមក​ក្នុង​កាល​ល្ងាច ឥឡូវនេះ ចាំបិតា​មកអំពីទី​ស្វែងរក​មើមឈើ និងផ្លែឈើ​សិន សឹម​យើង​ទាំងពីរ​នាក់ ទៅកាន់​អាស្រមនោះ។

[១៦] (នាងនឡិនិកា…) មានពួកព្រាហ្មណ៍ជាឥសី និងពួក​ព្រះរាជា​ជាឥសី​ដទៃ​ទៀត​ជាច្រើន ដែលជា​មនុស្ស​ត្រឹមត្រូវ នៅក្បែរ​ផ្លូវជា​លំដាប់ ចូរអ្នក​សួរ​រកអាស្រម​ខ្ញុំ នឹង​ឥសី​ទាំងនោះ​ចុះ ឥសីទាំងនោះ​ នឹងនាំអ្នក​ទៅឯ​សំណាក់ខ្ញុំ (មិនខាន)។

[១៧] (ពោធិសត្វជាបិតាសួរថា) ឧសក៏អ្នកមិនពុះ ទឹកក៏អ្នក​មិនដង ទាំងភ្លើង ក៏អ្នក​មិន​បង្កាត់ ហេតុអ្វី​បានជា​អ្នកជ្រប់​ស្រពោន។ ម្នាលកូន​សព្រហ្មចារី ឧស​ទាំង​ឡាយ អ្នក​ធ្លាប់តែពុះ ភ្លើងអ្នក​ធ្លាប់តែ​បង្កាត់ ទាំងភ្លើង​សម្រាប់អាំង ក៏អ្នក​ធ្លាប់ចាត់ចែង តាំង ក៏អ្នក​ធ្លាប់រៀប​ចំសម្រាប់​អញ ទឹកក៏អ្នក​ធ្លាប់តែ​ដំកល់​ទុក​សម្រាប់អញ កាល​ពីមុន អ្នក​ជា​មនុស្ស​ប្រសើរ តែងរីករាយ (ក្នុង​អាស្រមនេះ)។ (ឥឡូវនេះ) អ្នកមិន​ពុះឧស មិន​ដងទឹក មិន​បង្កាត់​ភ្លើង មិនស្ងោរ​វត្ថុសម្រាប់​បរិភោគ នែកូន​របស់អញ ថ្ងៃនេះ​អ្នកមិន​ហៅរក​អញ អ្នកបាត់​របស់អ្វីឬ ឬក៏អ្នក​កើតទុក្ខ​ក្នុងចិត្ត​ដូចម្តេច។

[១៨] (ឥសិសិង្គៈ…) ជដិលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ​មកក្នុង​ទីនេះ ជាមនុស្ស​គួរគយ​គន់ មានដង​ខ្លួនទ្រទេស​ទ្រទន់ មិនខ្ពស់ពេក មិនទាបពេក ញ៉ាំង​អាស្រមបទ​ឲ្យភ្លឺ​សាយ​ពាសពេញ​ដោយ​សក់​ទាំងឡាយ ដែលខ្មៅ​ស្រិល​ដូចជាពណ៌​នៃ​ស្លាបកន្លង់ របស់​ជដិល​ដ៏ចំរើន (នោះ)។ (ជដិលនោះ) មិនទាន់​ដុះពុកមាត់​នៅឡើយទេ ទើបនឹង​បួស​ថ្មីៗ មាន​ទាំងរបស់​មានសណ្ឋាន​ដូចជើងបាត្រ ពាក់ត្រង់​ក​របស់គាត់ មានពក​ពីរ​ជាគូ ភ្លឺ​បំព្រង ដូចជា​ផ្លែទន្លាប់មាស ដុះក្បំ​ល្អត្រង់ទ្រូង។ មុខ​ជដិលនោះ គួរគយគន់​ក្រៃពេក មាន​កំពូលនៃ​គ្រឿង​ប្រដាប់​ត្រចៀក​ទាំងឡាយ​សំយុងចុះ ឰដ៏ត្រចៀក​ទាំងឡាយ កាល​មាណព (នោះ) ត្រាច់ទៅ គ្រឿងប្រដាប់​នៃត្រចៀក​ទាំងនោះ ក៏រុងរឿង​ផ្លេកៗផង មាន​ទាំង​ខ្សែសយ​រុំព័ទ្ធ​ផ្នួងសក់​ទាំងឡាយ​ផង។ មាណពនោះ មានគ្រឿង​ប្រដាប់​ដទៃទៀត​មាន​ពន្លឺ ៤ ពណ៌គឺ ពណ៌ខៀវ លឿង ក្រហម ស កាល​បើមាណព (នោះ) ដើរទៅ គ្រឿង​ប្រដាប់​ទាំងនោះ​ញ័រៗ ដូចជា​ពួកនៃសត្វ​មេភ្លៀង ក្នុងពេល​កំពុងភ្លៀង។ (មាណព​នោះ) មិនពាក់​សង្វារស្មៅ​យាប្លងទេ មិនប្រើ​ប្រាស់សំពត់​សំបកឈើទេ មិនប្រើ​ប្រាស់​សំពត់​ដែលត្បាញ​ដោយស្មៅ​ដំណេក​ទន្សាយទេ គ្រឿង​ប្រដាប់​ទាំងនោះ ជាប់នៅ​ត្រង់​ចន្លោះ​នៃស្មង ភ្លឺដូចជា​ផ្លេកបន្ទោរ ដែលចាំង​ឰដ៏​អាកាស។ (មាណព​នោះ មានគ្រឿង​ប្រដាប់​ដេរដោយ​សូត្រ) មិនមាន​ស្នាមគ្រោត​គ្រាតផង មិនមាន​ទង (អាចម៍ដង្កូវ) ផង ចងព័ទ្ធ​ត្រង់ចង្កេះ ពីត្រឹមផ្ចិត​ចុះទៅ​ខាងក្រោម គ្រឿងប្រដាប់​ទាំងនោះ ទុកជា​ឥតមាន​អ្វីប៉ះ​ពាល់សោះ ក៏ធ្វើនូវ​ល្បែងជានិច្ច គឺញ័រ​រវិចជា​ប្រក្រតី បពិត្រ​បិតា​ដ៏ចំរើន គ្រឿង​ប្រដាប់​ទាំងនោះ ឈ្មោះថា​ផ្លែឈើអ្វី។ ផ្នួង​សក់របស់​មាណពនោះ ក៏គួរ​ឲ្យចង់មើល​ក្រៃពេក (បើមើល) ជាងមួយ​រយដង (ក៏មិន​អស់ចិត្ត) មាន​ចុងងខ្វង់ មាន​ក្លិនក្រអូប (មាណពនោះ) មានសក់​ក្បាលញែក​ជាពីរ សិតញែក​ស្អាតបាត ធ្វើដូច​ម្តេចហ្ន៎ នឹងបាន​ឲ្យផ្នួង​សក់របស់​ខ្ញុំល្អដូច្នោះ​ផង។ មាណពនោះ ​រំសាយ​សក់ក្នុង​កាលណា ផ្នួងសក់​ទាំង​ឡាយនោះ ក៏ប្រកប​ដោយពណ៌ ដោយក្លិន ក្នុងកាល​នោះ អាស្រមនេះ ក៏ផ្សព្វផ្សាយ​ទៅ (ដោយក្លិន) ដូចជា​ផ្កាឧប្បលខៀវ ដែល​ខ្យល់បក់​ត្រូវដូច្នោះ។ សម្បុរ​របស់​មាណព​នោះ គួរឲ្យចង់​មើល​ក្រៃពេក កាយរបស់​មាណព​នោះ មិនដូច​ជាកាយ​របស់ខ្ញុំ​ឡើយ កាយ​របស់​មាណព​នោះ កាលបើ​ត្រូវខ្យល់​បក់មក ផ្សព្វផ្សាយ​ក្លិន​ដូចជា​ព្រៃឈើ ដែល​មានផ្ការីក​ស្គុះស្គាយ ក្នុង​ខាងចុង​នៃគិម្ហរដូវ។ មាណពនោះ តែងទះ​នូវផ្លែឈើ មាន​សភាព​ដ៏វិចិត្រ​ល្អរុងរឿង គួរឲ្យ​ចង់មើល បោះទៅ​លើផែនដី ផ្លែឈើនោះ រមែង​ត្រឡប់​មក រកដៃ​របស់​មាណព​នោះ​វិញ បពិត្រ​បិតា​ដ៏ចំរើន នោះជា​ផ្លែឈើអ្វី។ ធ្មេញទាំង​ឡាយ​របស់​មាណព​នោះ ក៏គួរ​ឲ្យចង់​មើលក្រៃពេក ស្អាតស្មើ​ដូចជា​ស័ង្ខ​ដែលគេខាត់​យ៉ាង​សំខាន់ កាល​ដែល​គាត់​ហាមាត់​ឡើង តែងញ៉ាំង​ចិត្តឲ្យជ្រះថ្លា ដ្បិតមាណព​នោះ មិនទំ​ពាស៊ីនូវ​បន្លែ ដោយ​ធ្មេញទាំង​ឡាយនោះ​ទេ។ សំដី​របស់​មាណពនោះ និយាយឡើង​មិនជា​សំដីអាក្រក់ មិន​ភ្លាត់ ពីរោះ ស្រទន់ត្រង់ៗ មិន​រាយមាយ មិនឮ​កោកកាក ជាសំដី​ញ៉ាំងចិត្ត​ឲ្យរីករាយ គួរ​ចាប់ចិត្ត ដូចជា​សំឡេងនៃ​សត្វករវិក​យាសយំ ចិត្តរបស់ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់។ (មាណព​នោះ) មានសំឡេង​មូល មានពាក្យ​មិនសូវក្បោះ​ក្បាយ​ពេកទេ មិនមែន​ជាអ្នក​ខ្វល់​ខ្វាយក្នុង​ការស្វាធ្យាយ (មន្ត) ដោយពិត ខ្ញុំចង់​ឃើញ​មាណពនោះ​ម្តងទៀត ដ្បិតមាណព (នោះ) ជាមិត្ត​របស់ខ្ញុំ​តាំងពីមុន​ដម្បូងមក។ ដំបៅ (ត្រង់ចន្លោះ​ភ្លៅរបស់​មាណព​នោះ) ជិតស្និទ្ធល្អ រលីងស្អាត​សព្វអន្លើ ក្រាស់ ក្បំល្អ ដូចជា​ផ្កាឈូក​ក្រពុំ មាណព (នោះ) គ្រប​សង្កត់​ខ្ញុំដោយ​ដំបៅនោះ​ឯង សើយភ្លៅ​ហើយ គាបខ្ញុំ​ដោយស្មង។ (ស្មើដូច​មាស ដែលផ្សាយ​ចេញអំពី​សរីរកាយ​នៃមាណព​នោះ) ភ្លឺត្រចះ​ត្រចង់ ភ្លឺស្វាង​រុងរឿង ភ្លឺផ្លេក ៗ ដូចជា​ផ្លេកបន្ទោរ​ឆ្វៀលឆ្វាត់​លើអាកាស ដើមដៃ​ទាំងពីរ​ទន់​ភ្លន់ មានរោម​ប្រហែល​កេសរ​ផ្កាអញ្ជ័ន មាណព​នោះ មានម្រាម​ដៃមូល ៗ ដ៏វិចត្រ​ល្អ។ ម្យ៉ាងទៀត (មាណព​នោះ) មានអវយវៈ​តូចធំ មិន​រដិបរដុប (ដោយមុន និងបូស​ជាដើម) ទេ មាន​រោមមិន​វែងពេកទេ ឯក្រចក​របស់​មាណព​នោះ វែងៗ មានចុង​ក្រហមៗ (មាណព​នោះ) មាន​រូបល្អ ឱបរិត (ខ្ញុំ) ដោយដើម​ដៃទាំងពីរ​ដ៏ទន់ល្វន់ (ផ្គាប់ផ្គុនខ្ញុំ) ឲ្យរីក​រាយ។ ដៃ​ទាំងពីរ របស់​មាណពនោះ ដូចជា​ប៉ុយឈើ មានរស្មីផ្លេកៗ មានបាត​ដៃមូល និងឆវីវណ្ណ​ស្រស់បំព្រង ដូចផ្ទៃ​កញ្ចក់ ជាវិការៈ​នៃមាស មាណព​នោះ ពាល់ខ្ញុំ​ដោយដៃ​ទាំងពីរ នោះហើយ ទៅពី​ទីនេះទៅ បពិត្របិតា មាណពនោះ ដុតរោលខ្ញុំ (ឲ្យក្តៅ​ក្រហាយ) ដោយ​សម្ជ័ស្សនៃដៃ​នោះ។ មាណពនោះ ប្រហែល​ជាមិនដែល​នាំទៅនូវ​វត្ថុមាន​ទម្ងន់​មួយខារី (មួយ​អំរែក) ទេ មាណព​នោះ មិនដែល​ពុះឧស​ទាំងឡាយ​ខ្លួនឯង​ទេ មាណព​នោះ មិនដែល​កាប់ឈើ​ទាំងឡាយ​ដោយ​កាំបិតទេ បានជា​ដៃរបស់​មាណព​នោះ មិនក្រិន​សោះ។ មានខ្លាឃ្មុំ​មួយធ្វើ​មាណព​នោះឲ្យដំបៅ គេបាន​និយាយ​នឹងខ្ញុំថា សូមឲ្យ​អ្នកធ្វើខ្ញុំ​ឲ្យបាន​សេចក្តី​សុខស្រួល ខ្ញុំក៏បាន​ធ្វើគាត់​ឲ្យបាន​សុខស្រួល ដោយអវ​យវៈ​ដ៏ឧត្តម​នោះ​របស់​​ខ្ញុំ បពិត្រ​បិតាដ៏ប្រសើរ មាណពនោះ​បាននិយាយ​ប្រាប់​ខ្ញុំថា ខ្ញុំបាន​សេចក្តី​សុខ​ស្រួល​ហើយ។ នេះ​កម្រាលនៃ​ស្លឹកឈើទាល មាន​សភាពរាត់​រាយ ដែលខ្ញុំ​ និងគេ​ដេក​ប្រកៀក​ប្រឱប​លើគ្នា យើងទាំងពីរ​នាក់នោះ​អស់កម្លាំង ក៏ចុះ​ងូតទឹក ​ហើយ​ចូលទៅ​កាន់​បណ្ណកុដិ​រឿយៗ។ បពិត្របិតា ខ្ញុំមិនបាន​ជួបនឹង​ព្រហ្មចារី​នោះ ដរាប​ណា មន្ត​ទាំងឡាយ​មិនជាក់ច្បាស់​ដល់ខ្ញុំ​ក្នុងថ្ងៃ​នេះផង ខ្ញុំមិន​ពេញ​ចិត្តនឹងការ​បូជាភ្លើង​ផង មិនពេញ​ចិត្ត​នឹងការ​បូជា​យ័ញ្ញផង ទាំងមិន​បរិភោគ​មើមឈើ និងផ្លែឈើ​របស់លោក​ផង ដរាបនោះ។ បពិត្របិតា ចំណែក​លោកជ្រាប​ច្បាស់ប្រាកដ ព្រហ្មចារី (នោះ) នៅ​ក្នុង​ទិសណា បពិត្រ​បិតា សូមលោក​ជូនខ្ញុំទៅ​ឲ្យដល់​ទិសនោះ​យ៉ាងឆាប់ កុំឲ្យ​ខ្ញុំស្លាប់​ក្នុង​អាស្រម​របស់លោក​ឡើយ ដ្បិតខ្ញុំ​បានឮថា ព្រៃ (ជាទីនៅនៃ​ព្រហ្មចារី​នោះ) មានផ្កា​រីក​ស្គុះ​ស្គាយ​ដ៏វិចិត្រ ហើយជា​ទីគឹកកង​ដោយបក្សី ជាទីដែល​ពួកបក្សី​នៅអាស្រ័យ (ជា​និច្ច) បពិត្រ​បិតា សូមលោក​ជូនខ្ញុំ​ទៅឲ្យ​ដល់ព្រៃ​នោះឆាប់ៗ មុនខ្ញុំនឹង​លះជីវិត​ក្នុង​អាស្រម​របស់​លោក។

[១៩] (ព្រះមហាសត្វ…) សេចក្តីពិតថា បុគ្គលមិនគួរដល់នូវ​សេចក្តី​អផ្សុក​បែប​នេះ ក្នុងព្រៃ​ដែលរុង​រឿងដោយ​ពន្លឺ ជាទី​គឹកកង​ដោយ​ពួកគន្ធព្វ និងស្រី​ទេពអប្សរ​ ជាទី​នៅនៃ​ឥសី​ទាំងឡាយ ជាព្រៃ​មានតាំង​ពីយូរយារ​ណាស់ហើយ​នេះឡើយ។ មិត្រទាំង​ឡាយ មានខ្លះ មិនមានខ្លះ ជនទាំងឡាយ​គួរធ្វើ​នូវសេចក្តី​ស្រឡាញ់​ចំពោះញាតិ និងមិត្រ មនុស្ស​ណាមិន​ដឹងថា អាត្មាអញ​កើតមក​ពីណា មនុស្សនេះ​គម្រក់ ត្រូវ​មាតុគ្រាម​បង្វឹក​បាន​ទាំងថ្ងៃ ដោយហេតុអ្វី។ ធម្មតាមិត្រ​ទាំងឡាយ​ រមែង​ជាប់តគ្នា ដោយការ​នៅ​រួម​រឿយៗ មិត្រនោះឯង រមែង​លាកចិត្ត​ដោយការ​មិនបាន​នៅរួមគ្នា​របស់បុរស​ដែល​មិនបាន​ទៅមក​រកគ្នា។ បើអ្នក​ឃើញនូវ​ព្រហ្មចារី (នោះទៀត) បើអ្នក​ចរចាជា​មួយនឹង​ព្រហ្មចារី (នោះទៀត) អ្នកនឹង​បំផ្លាញនូវ​តបោគុណ​នេះ​យ៉ាងឆាប់​មិនខាន ដូចជា​សន្ទូង​ដ៏ល្អ​បរិបូណ៌ ដែលទឹក​ធំបំផ្លាញ​ដូច្នោះ។ បើអ្នកនឹង​ឃើញនូវ​ព្រហ្មចារី (នោះ) ទៀត បើអ្នក​ចរចា​ជាមួយ​នឹង​ព្រហ្មចារី (នោះ) ទៀត អ្នកនឹង​បំផ្លាញ​នូវតេជះ​របស់​សមណៈ​នេះ​យ៉ាងឆាប់​មិនខាន ដូចជា​សន្ទូងល្អ​បរិបូណ៌ ដែលទឹក​ធំបំផ្លាញ​ដូច្នោះ។ នែកូន​ ភូតទាំង​ឡាយ​នេះ តែងត្រាច់​ទៅក្នុង​មនុស្សលោក ដោយ​បែបភាព​នៃរូប​ផ្សេងៗ ជន​អ្នកមាន​ប្រាជ្ញា មិនត្រូវ​គប់រក​នឹងភូត​ទាំងឡាយ​នោះឡើយ បុគ្គលជា​អ្នកប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ តែង​វិនាស​ទៅ (ព្រោះដល់) នូវការ​ជាប់ចំពាក់ (នឹងភូត​បែបនោះ​ឯង)។

ចប់ នឡិនិកាជាតក ទី១។

ឧម្មាទន្តីជាតក ទី២

[២០] (ព្រះបាទសិវិ ត្រាស់សួរសារថីថា) ហៃសុនន្ទៈ នេះជាទី​លំនៅ​របស់​នរណា​ហ្ន៎ ដែលព័ន្ធព័ទ្ធ​ដោយកំពែង ធ្វើដោយ​ឥដ្ឋពណ៌ក្រហម ស្រ្តីអ្វី​ប្រាកដ​ដូចអណ្តាត​ភ្លើង ក្នុង​ទីឆ្ងាយ ឬដូច​ជាអណ្តាត​ភ្លើង ឰដ៏អាកាស​លើ​កំពូលភ្នំ។ ម្នាល​សុនន្ទៈ ស្រ្តីនេះ​ជា​ធីតា​របស់​នរណា​ហ្ន៎ ស្រ្តីនេះជា​កូនប្រសា​របស់​នរណា​ហ្ន៎ ឬជា​ភរិយា​របស់​នរណា ប្រសិនបើ (ស្រ្តីនេះ) មិនទាន់​មានគេ​ហួងហែង​ក្តី មាន​ភស្តាក្តី ខ្ញុំសួរ​ហើយ ចូរអ្នក​ប្រាប់​យ៉ាងឆាប់ ក្នុងកាល​ឥឡូវនេះ​កុំខាន។

[២១] (សារថីក្រាបបង្គំទូលថា) បពិត្រព្រះជនិន្ទៈ ខ្ញុំព្រះអង្គ​ស្គាល់ស្រ្តីនុ៎ះ​ជាក់​លាក់ អំពី​ចំណែក​ខាង​មាតាផង អំពី​ចំណែក​ខាង​បិតាផង ទាំងស្វាមី​របស់ស្រ្តី​នោះ ក៏ខ្ញុំ​ព្រះអង្គ​ស្គាល់ បពិត្រ​ព្រះភូមិបាល ស្វាមីនោះ ជាបុរស​របស់ព្រះអង្គ​ហ្នឹងឯង ជាអ្នកមិន​ប្រហែស​ធ្វេសក្នុង​ប្រយោជន៍​របស់​ព្រះអង្គ​ទាំងយប់​ទាំងថ្ងៃ។ បពិត្រ​ព្រះជនិន្ទៈ ព្រះអង្គ​មាន​អាមាត្យ​ម្នាក់ ជាអ្នក​ស្តុកស្តម្ភ​មាំមួន​ថ្កុំថ្កើង បពិត្រ​ព្រះរាជា ស្រ្តីនោះ​ឈ្មោះនាង​ឧម្មាទន្តី ជា​ប្រពន្ធ​របស់​អាមាត្យ​ឈ្មោះ​អភិបារកៈ​នោះឯង។

[២២] (ព្រះរាជា…) វ៉ឺយ វ៉ឺយ ឈ្មោះនេះ ដែលមាតា​បិតាបាន​ឲ្យដល់​នាងនេះ ត្រូវល្អ​ណាស់ បានជាថា​ដូច្នោះ ព្រោះនាង​ឧម្មាទន្តី កាលក្រឡេក​មើលអញ ធ្វើអញឲ្យ​ឆ្កួត។

[២៣] ស្រ្តីណាមានភ្នែកស្រទន់ដូចភ្នែកម្រឹគ មានសរីរៈ​សម្បុរ​ដូចផ្កា​ឈូក​ក្រហម អង្គុយអែប (ក្បែរបង្អួច) ក្នុងរាត្រី​ដែលមាន​ព្រះចន្ទ​ពេញវង់ អញបាន​ឃើញស្រ្តី​នោះ ដែលមាន​សំលៀក​បំពាក់​ក្រហម​ដូចជា​ជើងព្រាប ក៏ស្មានថា​ជាព្រះចន្ទ​ពេញវង់​ពីរ។ (នាង​ឧម្មាទន្តី) ប្រលោមអញ​ ដោយអាការ​ទ្រទេសទ្រទន់​ល្អស្រស់ ជាប្រធាន​នៃការ​ដ៏វិសេស ម៉ឹកម៉ក់​ក្រឡេក​មើលអញ ចិត្តរបស់​អញក៏​រវើរវាយ ដូចជា​ក្នុងកាល​ដែល​កិន្នរ​ញីកើត​ក្នុង​ព្រៃភ្នំ (ហិមពាន្ត​ធ្វើ​កិន្នរឈ្មោល ឲ្យមាន​ចិត្តរវើរវាយ​ដូច្នោះ)។ ដ្បិតក្នុង​កាលនោះ នាងនារី​មានសម្បុរ​លឿង ពាក់​កុណ្ឌល​កែវមណី មាន​សំលៀក​បំពាក់តែ​មួយ ក្រឡេក​មើល (អញ) ដូចជា​មេម្រឹគផ្អើល។ កាលណាហ្ន៎ នឹងបាននារី​មានក្រចក​ក្រហមទុំ មាន​រោមល្អ មានដើម​ដៃទន់ភ្លន់ លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ មានម្រាម​ដៃមូល ប្រសប់​ខាងធ្វើ​ម្ង៉ឹកម្ង៉ក់ ល្អផុត​ចុងសក់ មក​ឱបអង្អែល​អញ។ កាល​ណាហ្ន៎ អញនឹង​បានធីតា​របស់សេដ្ឋី​ឈ្មោះ​តិរិដិ ដែលមាន​គ្រឿងប្រដាប់​ទ្រូង​ជាវិការ​នៃមាស មានដង​ខ្លួនរៀវ មក​ឱបរឹត​អញដោយ​ដើមដៃ​ទាំងពីរ​ដ៏ទន់ភ្លន់ ដូចជា​ពួរជ្រៃដែល​រួបរឹត​ដើមឈើ​ដុះក្នុង​ព្រៃធំ។ កាលណា​ហ្ន៎ អញ​នឹងបាន (នារី) ដែលមាន​សម្បុរល្អ​ស្រស់ ដូច​ជា​ទឹកល័ក្តក្រហម មាន​ដោះក្បំ​ដូចជា​ពពុះទឹក មានសរីរៈ​សម្បុរ​ដូចផ្កា​ឈូកក្រហម បង្អោន​មុខមក​ប៉ះនឹង​មុខ (អញ) ដូចជា​អ្នកលេង (ដែលហុច) កែវសុរា​ឲ្យដល់​អ្នក​លេង​ផងគ្នា។ អញ​បានឃើញ​នារីនោះ មានខ្លួន​សមរម្យ​សព្វអន្លើ ជាតម្រេក​នៃចិត្ត កំពុងឈរ​ក្នុង​កាលណា អញ​មិនបាន​ជា​ឥស្សរៈ (លើចិត្ត​របស់ខ្លួន) មិនស្គាល់​នារីនោះ ថាជា​អ្វីឡើយ ក្នុង​កាល​នោះ។ អញបាន​ឃើញនាង​ឧម្មាទន្តី ដែលពាក់​កុណ្ឌល​ជាវិការៈ​នៃកែវមណី ក៏ដេក​មិនលក់​ទាំងថ្ងៃ​ទាំងយប់ ដូចជា​គេផ្ចាញ់អស់​មួយពាន់ដង។ បើសក្ក​ទេវរាជ​ប្រទានពរ​ដល់​អញ សូមឲ្យ​អញបាន​ពរនោះថា ​អភិបារក​សេនាបតី សូម​ត្រេក​ត្រអាល​ជាមួយ​នឹងនាង​ឧម្មាទន្តី​តែមួយយប់ ពីរយប់ ប៉ុណ្ណោះចុះ តពីនោះទៅ សូម​ព្រះបាទ​សិវិរាជ (ត្រេក​ត្រអាល​ជាមួយ​នឹងនាង​ឧម្មាទន្តី​វិញ)។

[២៤] (អភិបារកសេនាបតី…) បពិត្រព្រះអង្គជាម្ចាស់​នៃជន កាលដែល​ទូល​ព្រះបង្គំ​ជាខ្ញុំ​សំពះ​ទេវតា​ទាំងឡាយ មានទេវតា (មួយអង្គ) មកពោល​ពាក្យ​ដូច្នេះ​ថា ព្រះទ័យ​របស់​ព្រះរាជា ជាប់ចំពាក់​នឹងនាង​ឧម្មាទន្តី ទូលព្រះបង្គំ​ជាខ្ញុំ សូមថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​ឲ្យនាង​ឧម្មាទន្តី​នោះបំរើ​ចុះ។

[២៥] (ព្រះរាជា…) ខ្ញុំគប្បីឃ្លាតចាកបុណ្យផង ខ្ញុំមិនមែន​ជាមិន​ស្លាប់ផង អ្នកផង​ដឹងនូវ​អំពើ​អាក្រក់​របស់ខ្ញុំ​នេះផង សេចក្តី​ចង្អៀត​ចង្អល់ចិត្ត​ គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះ​អ្នកឲ្យ (នាង​ឧម្មាទន្តី) ជាទី​ស្រឡាញ់ ​ហើយ​មិនបាន​ឃើញទៀត​ផង។

[២៦] (អភិបារក…) បពិត្រព្រះជនិន្ទៈ លើកលែង​តែព្រះអង្គ និងទូល​ព្រះបង្គំ​ជា​ខ្ញុំចេញ អ្នកទាំង​ពួងមិន​គប្បីដឹង​នូវអំពើ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​ថ្វាយនាង​ឧម្មាទន្តី ដល់​ព្រះអង្គ​ទេ បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវ​ព្រៃ គឺតណ្ហា ឲ្យខ្លាំង​ក្លាចុះ (បើ) ព្រះអង្គ (លែង​សព្វ​ព្រះរាជហឫទ័យ​ហើយ សូមលះ​បង់ចុះ)។

[២៧] (ព្រះរាជា…) មនុស្សណា ធ្វើអំពើអាក្រក់ មនុស្សនោះ តែងសំគាល់​ថា ជនទាំង​ឡាយដទៃ ពុំដឹង​នូវអំពើ​អញនេះ​ឡើយ តែពួកភូត និងពួក​នរជន​ដែលប្រកប (ដោយ​ឫទ្ធិ) លើដែនដី រមែងឃើញ​បុគ្គល​ដែលធ្វើ​បាបកម្ម​នុ៎ះ។ ជនដទៃ​ណាហ្ន៎ លើ​ផែនដីក្នុង​លោក គប្បីជឿ​ចិត្តអ្នកថា នាង (ឧម្មាទន្តី) មិនជាទី​ស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់​ហើយ មិនបាន​ឃើញទៀត។

[២៨] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាង​ឧម្មាទន្តីនុ៎ះ ជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​ដោយពិត បពិត្រ​ព្រះភូមិបាល នាងនោះ មិនមែន​មិនជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ សូមសេចក្តី​ចំរើនចូរ​មានដល់​ព្រះអង្គ សូមព្រះអង្គ​យាងទៅ​កាន់សំណាក់​នាង​ឧម្មាទន្តី​កុំខាន ដូចជា​សីហៈឈ្មោល​ចូលទៅ​កាន់​គុហាកែវមណី (ជា​លំនៅ​របស់​សីហៈញី) ដូច្នោះ។

[២៩] (ព្រះរាជា…) អ្នកប្រាជ្ញទាំងឡាយ (បើទុកជា) ត្រូវសេចក្តី​ទុក្ខក្នុង​ខ្លួន​បៀតបៀន​ហើយ ក៏មិន​លះបង់​នូវអំពើ​ដែលមាន​ផលជា​សុខឡើយ ឬទោះ​បើវង្វេង​ជ្រុល​ជ្រប់ក្តី ស្រវឹង​ដោយសេចក្តី​សុខក្តី ក៏គង់​មិនប្រព្រឹត្ត​ធ្វើ​បាបកម្មទេ។

[៣០] (អភិបារក…) ព្រះអង្គដូចជាមាតាបិតា ជាអ្នក​ចិញ្ចឹម ជាម្ចាស់ ជាអ្នក​បីបាច់​រក្សា ទាំងជា​ទេវតា​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះបាទសិវិ ខ្ញុំព្រះអង្គ ព្រមទាំង​កូន​ប្រពន្ធ ជា​ទាសៈ​របស់​ព្រះអង្គ សូមទ្រង់​ធ្វើសេចក្តី​ប្រាថ្នាតាម​សប្បាយចុះ។

[៣១] (ព្រះរាជា…) បុគ្គលណាអាងថា អាត្មាអញជាធំ​ដូច្នេះហើយ ធ្វើនូវ​អំពើ​អាក្រក់ បុគ្គលនោះ​លុះបាន​ធ្វើរួចហើយ ក៏មិន​រអែងនឹង​ពួក​ជនដទៃ ព្រោះ​អំពើនោះ បុគ្គល​នោះ មិន​រស់នៅ​អស់កាល​ជាអង្វែង ទាំងពួក​ទេវតា​ក៏តែង​រំពៃមើល​បុគ្គលនោះ ដោយ​អំពើ​អាក្រក់។

[៣២] (អភិបារក…) បុគ្គលទាំងឡាយណា តាំងនៅ​ក្នុងធម៌ ទទួលយក​នូវទាន ដែលគេ​មិនស្គាល់ ដែលម្ចាស់​ទាំងឡាយ​ប្រគល់​ឲ្យហើយ បុគ្គលជា​អ្នកទទួល​ទាំងឡាយ (នោះ) ផង អ្នកឲ្យ​ទាំងឡាយ​ផង ឈ្មោះថា​ធ្វើនូវ​អំពើមាន​ផលជា​សុខក្នុង​ហេតុនោះ។

[៣៣] (ព្រះរាជា…) បុគ្គលដទៃណាហ្ន៎ លើផែនដី​ក្នុងលោក គប្បី​ជឿអ្នកថា (នាង​ឧម្មាទន្តី) មិនមែន​ជាទីស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បី​មានដល់​អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់ ហើយមិន​បានឃើញ​ទៀតផង។

[៣៤] (អភិបារក…) បពិត្រព្រះជនិន្ទៈ នាងឧម្មាទន្តី​នុ៎ះ ជាទី​ស្រឡាញ់​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ​ដោយពិត បពិត្រ​ព្រះភូមិបាល នាងនោះ មិនមែន​មិនជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ នាង​ឧម្មាទន្តី ទូល​ព្រះបង្គំ​ជាខ្ញុំ​បានថ្វាយ​ហើយ ចំពោះ​ព្រះអង្គ​ដោយ​ហេតុណា បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវ​ព្រៃ គឺតណ្ហា ឲ្យខ្លាំង​ក្លាចុះ (បើ) ព្រះអង្គ (លែងសព្វ​ព្រះរាជហឫទ័យ) សូមលះ​បង់ចុះ។

[៣៥] (ព្រះរាជា…) បុគ្គលណាឲ្យទុក្ខដល់ជនដទៃ ដោយ​ទុក្ខរបស់​ខ្លួន ឬ​ដណ្តើម​សុខ​ដើម្បីខ្លួន អំពីសុខ (របស់​ជនដទៃ) (បុគ្គលនោះ​ឈ្មោះថា​មិនស្គាល់ធម៌) លុះតែ​បុគ្គល​ណា ដឹងច្បាស់​យ៉ាងនេះ​ថា សុខទុក្ខ​របស់អញ​នេះ​យ៉ាងណា សុខទុក្ខ​របស់​ជនដទៃ​ក៏យ៉ាង​នោះដែរ បុគ្គលនោះ​ទើបឈ្មោះ​ថា អ្នកដឹងធម៌។

[៣៦] បុគ្គលដទៃណាហ្ន៎ លើផែនដីក្នុងលោក គប្បី​ជឿអ្នកថា (នាង​ឧម្មាទន្តី) មិនមែន​ជាទី​ស្រឡាញ់​របស់អញ​ដូច្នេះ ទាំង​សេចក្តី​ចង្អៀត​ចង្អល់ចិត្ត គប្បីមាន​ដល់អ្នក​យ៉ាងខ្លាំង ព្រោះអ្នក​ឲ្យនាង​ឧម្មាទន្តី​ជាទីស្រឡាញ់​ហើយ មិនបាន​ឃើញ​ទៀតផង។

[៣៧] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គគង់​ជ្រាបថា នាង​ឧម្មាទន្តី​នុ៎ះ ជាទី​ស្រឡាញ់​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះភូមិបាល នាងនោះ​មិនមែន​មិន​ជាទី​ស្រឡាញ់​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ បពិត្រ​ព្រះជនិន្ទៈ ទូលព្រះបង្គំ​ជាខ្ញុំ សូមថ្វាយ​នាង​ឧម្មាទន្តី​ជាទី​ស្រឡាញ់​ចំពោះ​ព្រះអង្គ ដោយចិត្ត​ជាទី​ស្រឡាញ់ បពិត្រ​ព្រះសម្មតិទេព បុគ្គល​អ្នកឲ្យ​នូវវត្ថុ​ជាទី​ស្រឡាញ់​ទាំងឡាយ រមែង​បាននូវវត្ថុ​ជាទី​ស្រឡាញ់វិញ។

[៣៨] (ព្រះរាជា…) អញនោះមុខជានឹង​សម្លាប់ខ្លួន ព្រោះ​មានកាម​ជាហេតុ​ដោយពិត អញនឹង​មិនអាច​ដើម្បី​សម្លាប់នូវ​ធម៌ដោយ​អធម៌ឡើយ។

[៣៩] (អភិបារក…) បពិត្រព្រះជនិន្ទៈ ទ្រង់មានព្យាយាម​ក្នុងពួក​ជន​ដ៏ប្រសើរ បើ​ព្រះអង្គ​មិនសព្វ​ព្រះរាជហឫទ័យ​នឹងនាង​ឧម្មាទន្តី ដែលជា​របស់​ទូលព្រះបង្គំ​ជាខ្ញុំទេ ទូល​ព្រះបង្គំ​ជាខ្ញុំនឹង​លះបង់​នាងនា​កណ្តាល​ជនទាំងពួង តពី​នោះទៅ ព្រះអង្គ​គប្បី​នាំយក​នាង​ឧម្មាទន្តី​នោះ ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​លះបង់​ហើយ។

[៤០] (ព្រះរាជា…) នែអភិបារកៈ បើអ្នកលះបង់ (នាងឧម្មាទន្តី) ដែល​មិនមាន​ទោស ​នែ ​អ្នកធ្វើ (ប្រយោជន៍​ដល់ខ្ញុំ) ការលះបង់​នោះ គប្បី​មិនជា​ប្រយោជន៍​ដល់អ្នកផង ពាក្យ​តំណេះ​តំនៀល​យ៉ាងច្រើន គប្បីមាន​ដល់អ្នកផង ប័ក្ខពួក​របស់អ្នក​ក្នុងនគរ មិនគប្បី​មានផង។

[៤១] (អភិបារក…) បពិត្រព្រះភូមិបាល ទូលព្រះបង្គំ​ជាខ្ញុំ​នឹងអត់ទ្រាំ​នូវពាក្យ​តំណេះ​តំនៀល​នុ៎ះផង នូវនិន្ទាផង នូវសេចក្តី​សរសើរ​ផង និងការ​ពោលទោស​គ្រប់យ៉ាង​ថា ហេតុ​ទាំងនុ៎ះ ចូរមក​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំចុះ បពិត្រ​ព្រះបាទសីវិ សូម​ទ្រង់ធ្វើ​នូវ​សេចក្តី​ប្រាថ្នា​តាមសប្បាយ​ចុះ។

បុគ្គលណា មិនអើពើនឹងនិន្ទា មិនអើពើនឹង​សេចក្តី​សរសើរ មិនអើពើ​នឹងពាក្យ​ពោល​ទោស មិនអើពើ​នឹង​ការបូជា សិរីក្តី បញ្ញាក្តី រមែងទៅ​ប្រាសចាក​បុគ្គល​នោះដូច​ជាទឹក គឺ​ទឹកភ្លៀង​យ៉ាងស្រួល ដែលទៅ​ប្រាសចាក​ទីទួល​ដូច្នោះ។ ទូលព្រះបង្គំ​ជាខ្ញុំ​នឹងទទួល​នូវ​សេចក្តី​ទុក្ខផង នូវសេចក្តី​សុខផង នូវអំពើ​អាក្រក់​ហួសផ្លូវ​ធម៌ផង នូវសេចក្តី​ចង្អៀត​ចង្អល់ចិត្ត​គ្រប់យ៉ាង តាមតែ​យ៉ាងណា​ក៏ដោយ អំពី​ដំណើរនេះ​ដោយផ្ទាល់​ទ្រូង ដូច​ជាផែនដី (ដែលទទួល​នូវវត្ថុ​ណាមួយ) របស់​ពួកជន​អ្នកមាំមួន គឺ​ព្រះអរហន្ត និងរបស់​ពួកជន​អ្នកតក់​ស្លុត គឺបុថុជ្ជន។

[៤២] (ព្រះរាជា…) ខ្ញុំមិនប្រាថ្នាអំពើអាក្រក់ហួស​ផ្លូវធម៌ផង សេចក្តី​ទុក្ខជា​គ្រឿង​ចង្អៀត​ចង្អល់​ចិត្តផង ដល់ជន​ទាំងឡាយ​ដទៃទេ ខ្ញុំតែ​ម្នាក់ឯង ឋិតនៅ​ក្នុងធម៌ មិន​ញ៉ាំង​ប្រយោជន៍​បន្តិចបន្តួច​ឲ្យសាបសូន្យ​ទៅទេ ហើយ​នឹងឆ្លង​នូវភារៈ គឺសេចក្តី​ទុក្ខ​នេះ។

[៤៣] (អភិបារក…) បពិត្រព្រះជនិន្ទៈ ព្រះអង្គកុំធ្វើ​នូវបុញ្ញកម្ម​ ជាគ្រឿង​ញ៉ាំង​សត្វឲ្យ​កើតក្នុង​ឋានសួគ៌​របស់​ទូលព្រះបង្គំ​ជាខ្ញុំ ឲ្យអន្តរាយ​ឡើយ ទូលព្រះបង្គំ​ជាខ្ញុំ ជ្រះ​ថ្លា ថ្វាយនាង​ឧម្មាទន្តី​ចំពោះ​ព្រះអង្គ ដូចជា​ព្រះរាជា (ដែលទ្រង់​ព្រះរាជទាន) នូវទ្រព្យ​ក្នុង​ការបូជា​ដល់ពួក​ព្រាហ្មណ៍។

[៤៤] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជា​បុគ្គល​មាន​ប្រយោជន៍​ដល់ខ្ញុំ​ដោយពិត នាង​ឧម្មាទន្តី និងអ្នក​ជាសំឡាញ់​របស់ខ្ញុំ ពួកទេវតា និងទេវតា​ជាបិតា និង​អ្នកទាំង​អស់ មុខ​ជានិន្ទា ទាំងខ្ញុំ​ក៏មុខ​ជានឹង​ឃើញនូវ​បាបក្នុង​អភិសម្បរាយភព​ពុំខាន។

[៤៥] (អភិបារក…) បពិត្រព្រះបាទសិវិ ពួកអ្នកនិគម និងពួកអ្នក​ជនបទ​ទាំង​អស់គ្នា មិនគប្បី​ពោល​នូវអំពើ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ​បានថ្វាយ​នាង​ឧម្មាទន្តី​ចំពោះ​ព្រះអង្គ​​នុ៎ះ ថា​ជាធម៌ទេ បពិត្រ​ព្រះរាជា សូមព្រះអង្គ​ធ្វើនូវព្រៃ (តណ្ហា) ឲ្យ​ខ្លាំងក្លា (បើ) ព្រះអង្គ (លែងសព្វ​ព្រះរាជហ្ឫទ័យ​ហើយ) សូមលះ​បង់ចុះ។

[៤៦] (ព្រះរាជា…) ម្នាលអ្នកធ្វើនូវប្រយោជន៍ អ្នកជាបុគ្គលមានប្រយោជន៍ ដល់​ខ្ញុំដោយពិត នាងឧម្មាទន្តី និងអ្នកជាសំឡាញ់របស់ខ្ញុំ ធម៌ទាំងឡាយ ដែលពួក​សប្បុរស​បាន​​សំដែងល្អហើយ ខ្ញុំប្រព្រឹត្ត​កន្លងបាន​ដោយ​កម្រ ដូចជាសមុទ្រ និងច្រាំង។

[៤៧] (អភិបារក…) ព្រះអង្គជាអាហុនេយ្យបុគ្គល ជាអ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍ ជាអ្នក​ទ្រទ្រង់ ជាអ្នក​ចាត់ចែង (ឥស្សរិយសុខ) និងជា​អ្នករក្សា​នូវសេចក្តី​ប្រាថ្នា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ បពិត្រ​ព្រះរាជា នាង​ឧម្មាទន្តី​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ បាន​ថ្វាយ​ព្រះអង្គ នឹង​មានផលច្រើន សូមទ្រង់​ទទួល​យកនាង​ឧម្មាទន្តី តាម​សេចក្តី​ប្រាថ្នា​របស់​ទូល​ព្រះបង្គំ​ជា​ខ្ញុំ។

[៤៨] (ព្រះរាជា…) ម្នាលអភិបារកៈជាកូនរបស់​សេនាបតី ជាអ្នក​ធ្វើនូវ​ប្រយោជន៍ អ្នកមិន​មែនជា​បុគ្គល​ប្រព្រឹត្ត​នូវធម៌​ទាំងអស់​ដល់ខ្ញុំ​ដោយពិត ជនមាន​ជើង​ពីរដទៃ តើរូប​ណា​ក្នុង​ជីវលោក​នេះ ជាអ្នក​ធ្វើនូវ​សួស្តី​ដល់អ្នក​ក្នុង​ពេល​អរុណរះ។

[៤៩] (អភិបារក…) ព្រះអង្គជាបុគ្គលប្រសើរផុត ព្រះអង្គ​ជាបុគ្គល​ខ្ពង់ខ្ពស់​ផុត ព្រះអង្គ​ជាអ្នក​ដល់នូវ​ធម៌ ជ្រាបច្បាស់​នូវធម៌ មានព្រះ​ប្រាជ្ញា​ប្រពៃ ទ្រង់ជា​អ្នកគ្រប់​គ្រងនូវ​ធម៌ សូមទ្រង់​មានព្រះជន្មាយុ​អស់កាល​ដ៏អង្វែង បពិត្រ​ព្រះធម្មបាល សូមទ្រង់​សំដែង​ធម៌ដល់​ទូលព្រះបង្គំ​ជាខ្ញុំ។

[៥០] (ព្រះរាជា…) បើដូច្នោះ ម្នាលអភិបារកៈ អ្នកចូរស្តាប់​ពាក្យខ្ញុំ ខ្ញុំនឹង​សំដែង​ធម៌ដែល​ពួកសប្បុរស​ធ្លាប់សេព​ដល់អ្នក។ ព្រះរាជា​ជាអ្នក​គាប់ចិត្ត​ដោយធម៌​ទើបល្អ ជនមាន​ប្រាជ្ញា​ទើបល្អ ការមិន​ប្រទូស្តមិត្ត​ទើបល្អ កិរិយា​មិនធ្វើបាប​ទើបសុខ។ មនុស្ស​ទាំង​ឡាយ គប្បី​នៅជាសុខ​ក្នុងផ្ទះ​របស់ខ្លួន ក្នុងម្លប់​ដ៏ត្រជាក់ ​ក្នុងដែន​នៃស្តេច ដែល​មិនមាន​ក្រោធ មានច្បាប់​ឋិតថេរ។ ខ្ញុំមិនគាប់ចិត្ត​នឹងអំពើ​ដែលមិន​ពិចារណា ហើយ​ធ្វើ ដែលធ្វើ​មិនប្រពៃ​នុ៎ះទេ ម្យ៉ាងទៀត ជនទាំង​ឡាយណា​ ដឹងថា (មិនប្រពៃ) ហើយ មិនធ្វើ​ដោយ​ខ្លួនឯង (អំពើ​របស់ជន​ទាំងឡាយ​នោះ ទើបខ្ញុំ​ពេញចិត្ត) អ្នក​ស្តាប់ពាក្យ​ប្រៀបធៀប​នេះ​របស់ខ្ញុំ​ចុះ។ កាលគោ​ទាំងឡាយ​កំពុង​ឆ្លងទៅ បើគោ​បាទៅ​វៀចផ្លូវ កាលបើ​គោអ្នក​នាំផ្លូវ​ទៅវៀច​ហើយ ពួកមេគោ​ទាំងអស់​នោះ ក៏ដើរ​វៀចដែរ។ បណ្តា​មនុស្សទាំង​ឡាយ ក៏ដូច្នោះ ជនណា​ដែលអ្នក​ផងសន្មត​ថាប្រសើរ​ផុត បើ​ជននោះ ប្រព្រឹត្ត​នូវអធម៌​ទៅហើយ នឹងចាំ​បាច់និយាយ​ទៅថ្វី​ដល់ប្រជាជន​ក្រៅនេះ បើព្រះរាជា​មិន​ប្រកប​​ដោយធម៌ រាស្រ្ត​ទាំងអស់ តែងដេក​ជាទុក្ខ។ កាលបើ​គោទាំងឡាយ​កំពុងឆ្លង​ទៅ គោបា​ទៅត្រង់ កាលបើ​គោអ្នក​នាំផ្លូវទៅ​ត្រង់ហើយ ពួកមេគោ​ទាំងអស់​នោះ ក៏​ដើរទៅ​ត្រង់។ បណ្តា​មនុស្ស​ទាំងឡាយ​ក៏ដូច្នោះ ជនណា​ដែលអ្នក​ផងសន្មត​ថាប្រសើរ​ផុត បើជន​នោះ​ប្រព្រឹត្តធម៌ នឹងចាំ​បាច់ពោល​ទៅថ្វី​ដល់ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​ទ្រង់ប្រកប​ដោយធម៌ រាស្រ្ត​ទាំងអស់​រមែងដេក​ជាសុខ។ ម្នាល​អភិបារកៈ ខ្ញុំមិន​ប្រាថ្នា​នូវភាព​នៃខ្លួន​ជាទេវតា​ដោយ​អធម៌ទេ ម្យ៉ាងទៀត (ខ្ញុំមិន​ប្រាថ្នា) ដើម្បី​ឈ្នះ​នូវ​ផែនដី​ទាំងមូល​នេះ (ដោយ​អធម៌ទេ)។ ថ្វីបើក្នុង​មនុស្ស​លោកនេះ មាន​រតនវត្ថុ​ណាមួយ គឺគោ​ទាំងឡាយ ខ្ញុំ ប្រាក់ សំពត់ និងខ្លឹមចន្ទន៍​ក្រហម​ដោយ​ពិតដូច្នោះ។ ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងឡាយ​នេះ រក្សាទុក​នូវរតនៈ​ណាមួយ គឺសេះ និងស្រ្តី​ទាំងឡាយ កែវមណី បុគ្គល​មិនគួរ​ប្រព្រឹត្តនូវ​ធម៌មិនស្មើ ព្រោះហេតុ​នៃរតនវត្ថុ​នោះៗ ទេ យើងដូច​ជា​គោឧសភ កើតក្នុង​ចំណោម​នៃពួកជន​អ្នកនៅ​ក្នុង​ដែនសិវិ។ ខ្ញុំនោះ​ជាអ្នក​ដឹកនាំ ជាអ្នក​ស្វែងរក​ប្រយោជន៍ ល្បីល្បាញ​រក្សា​នូវដែន លំអុត​លំឱន​ចំពោះ​ប្រពៃណី (របស់​ស្តេច​ជាន់មុន) នៃអ្នក​សិវិរាស្រ្ត​ទាំងឡាយ ជាអ្នក​ត្រិះរិះ​តែធម៌ ព្រោះ​ហេតុនោះ ខ្ញុំមិនលុះ​ក្នុងអំណាច​នៃ​ចិត្ត​​របស់​ខ្លួនទេ។

[៥១] (អភិបារក…) បពិត្រមហារាជ ព្រះអង្គនឹងសោយ​រាជសម្បត្តិ​ទៀងទាត់ មិនវិនាស ក្សេមក្សាន្ត បានយូរយារ​ដោយពិត ដ្បិតប្រាជ្ញា​របស់​ព្រះអង្គ​ប្រាកដ​ដូច្នោះ។ ព្រះអង្គ​មិនប្រមាទ​ចំពោះ​ធម៌ណា ទូល​ព្រះបង្គំ​ជាខ្ញុំ​សូម​អនុមោទនា​ចំពោះ​ធម៌នុ៎ះ​របស់​ព្រះអង្គ ក្ស័ត្រ​ជាឥស្សរៈ​ ប្រមាទ​ចំពោះធម៌​ហើយ រមែង​ឃ្លាត​ចាកដែន។ បពិត្រ​ខត្តិយ មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​មាតាបិតា​ទាំងឡាយ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្ត​ធម៌ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូម​ទ្រង់ប្រព្រឹត្ត​ធម៌ ក្នុងព្រះរាជបុត្ត និង​អគ្គមហេសី បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុង​លោកនេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​ពួកមិត្រ និងអាមាត្យ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុង​ពួកវាហនៈ​ផង ក្នុងពួក​ពលផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងពួក​អ្នកស្រុកផង ក្នុងពួក​អ្នកនិគមផង បពិត្រ​ព្រះរាជា ព្រះអង្គប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងពួក​អ្នកដែនផង ក្នុងពួក​អ្នក​ជនបទផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្ត​ធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់ឋាន​សួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ក្នុងសមណៈ​ផង ក្នុងពួក​ព្រាហ្មណ៍ផង បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌ ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​ខត្តិយ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌ ក្នុងពួក​ម្រឹគ និងបក្សី បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្តធម៌​ចុះ (ដ្បិត) ធម៌ដែល​គេសន្សំ​ហើយ តែងនាំ​មកនូវ​​សេចក្តីសុខ បពិត្រ​ព្រះរាជា ព្រះអង្គ​ប្រព្រឹត្តធម៌​ក្នុងលោក​នេះ​ហើយ នឹងទៅ​កាន់​ឋានសួគ៌។ បពិត្រ​មហារាជ សូមទ្រង់​ប្រព្រឹត្ត​ធម៌ចុះ (ដ្បិត) ព្រះ​ឥន្រ្ទ​ទាំងឡាយ ទេវតា​ទាំងឡាយ ព្រម​ទាំងព្រហ្ម បានដល់​នូវអត្តភាព​ជាទិព្វ ដោយសារ​ធម៌ ដែលគេ​បានសន្សំ​ទុកល្អហើយ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំប្រមាទ​ចំពោះ​ធម៌ឡើយ។

ចប់ ឧម្មាទន្តីជាតក ទី២។

មហាពោធិជាតក ទី៣

[៥២] (ព្រះបាទព្រហ្មទត្តត្រាស់សួរថា) បពិត្រព្រាហ្មណ៍ ហេតុអ្វី​ក៏លោក​ប្រញាប់​ប្រញាល់​កាន់យក​ឈើច្រត់ផង ស្បែក​ខ្លាឃ្មុំផង ឆ័ត្រផង ស្បែកជើង​ផង ទំពក់​ផង បាត្រផង សង្ឃាដិផង លោក​ប្រាថ្នា (ដើម្បីទៅ) កាន់ទិសណាហ្ន៎។

[៥៣] (ព្រះមហាសត្តឆ្លើយថា) អាត្មាភាពនៅក្នុងសំណាក់​ព្រះអង្គ​អស់ ១២ ឆ្នាំ​នេះ​ហើយ មិនដែល​ស្គាល់សំឡេង​ដែលឆ្កែ​ក្រហម​ព្រុះម្តង​ឡើយ។ ឆ្កែនោះបញ្ចេញ​ចង្កូម​សស្ងាច ព្រុះដូចជា​សាហាវ​ ព្រោះឮ (ព្រះបន្ទូល) របស់​ព្រះអង្គ ព្រមទាំង​អគ្គមហេសី ដែល​មានជំនឿ​ទៅប្រាសហើយ ក្នុងរវាង​អាត្មាភាព។

[៥៤] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ទោសនុ៎ះខ្ញុំបាន​ធ្វើហើយ ដូចជា​លោក​ពោល ខ្ញុំនោះ ជ្រះថ្លា​លើសដើម បពិត្រ​ព្រាហ្មណ៍ សូមលោក​គង់នៅ ចូរកុំទៅ។

[៥៥] (ព្រះមហាសត្វ…) កាលពីដើម បាយសសុទ្ធ តពីនោះមក បាយពព្រុះ ឥឡូវ​នេះ បាយក្រហម​សុទ្ធ (កាលនេះ) ជាកាល​គួរ អាត្មាភាព​ចៀសចេញ​ទៅហើយ។ ពីដើម អាសនៈ​របស់ (អាត្មាភាព) នៅខាង​ក្នុង (ប្រាសាទ) តមក​នៅកណ្តាល (ក្បាល​ជណ្តើរ) តពីនោះ​មកទៀត នៅខាងក្រៅ អាត្មាភាព​នឹងចេញ​ទៅខ្លួនឯង មុនការ​បណ្តេញ។ បុគ្គល​មិនត្រូវ​សេពគប់​បុគ្គល​ប្រាសចាក​សទ្ធា ដែលទុក​ដូចអណ្តូង​មិន​មាន​ទឹក ប្រសិនបើ​បុគ្គល​កកាយ​អណ្តូងនោះ (ទឹកដែល​ចេញអំពី​អណ្តូងនោះ) មុខជា​ប្រកប​ដោយ​ក្លិនភក់​ពុំខាន។ បុគ្គល​ត្រូវសេពគប់​ចំពោះ​តែជនដែល​ជ្រះថ្លា ត្រូវវៀរ​ចាកជន​ដែល​មិនជ្រះថ្លា ត្រូវចូល​ទៅអង្គុយ​ជិតជន​ដែលជ្រះថ្លា ដូចជា​បុគ្គល​ត្រូវការ​ដោយទឹក (ចូលទៅរក) អន្លង់​ទឹក​ដូច្នោះ។ បុគ្គល​គួរគប់រក​បុរសដែល​គប់រក (ខ្លួន) មិនគួរ​គប់រក​បុរស​ដែល​មិនគប់រក (ខ្លួន) ទេ បុគ្គល​ណា មិនគប់​រកបុគ្គល​ដែលគប់​រក (ខ្លួន) បុគ្គលនោះ​ឈ្មោះថា​កាន់ធម៌​របស់​អសប្បុរស។ បុគ្គលណា មិនគប់​រកបុគ្គល​ដែលគប់​រក (ខ្លួន) មិនសេព​គប់ចំពោះ​បុគ្គល​ដែល​សេពគប់ (នឹងខ្លួន) បុគ្គល​នោះឯង ជាមនុស្ស​អាក្រក់ផុត ដូចជា​ម្រឹគ ដែលអាស្រ័យ​នៅលើ​មែកឈើ (ស្វា)។ មិត្តទាំង​ឡាយ លាកចិត្ត​ពីគ្នាដោយ​ហេតុនេះ គឺ​ដោយនៅ​ច្រឡូក​ច្រឡំ​គ្នាញឹកពេក ១ ដោយ​ការមិន​ជួបគ្នា​សោះ ១ ដោយការ​សូមក្នុង​កាល​មិនគួរ ១។ ព្រោះ​ហេតុនោះ បុគ្គល​មិនត្រូវ​ទៅញឹកៗ ផង មិនត្រូវ​ទៅ (ឃ្លាតគ្នា) យូរ​ពេកផង គប្បីសូម​នូវរបស់​ដែលគួរ​សូម​តាម​កាលផង យ៉ាងនេះ ​ទើបមិត្រ​ទាំងឡាយ ​មិន​លាកចិត្ត​ពីគ្នា។ បុគ្គល​ធ្លាប់ជា​ទីស្រឡាញ់ ទៅជាមិន​ជាទី​ស្រឡាញ់​វិញ ព្រោះនៅ​រួមគ្នា​យូរពេក អាត្មាភាព​សូមលា​ព្រះអង្គ​ទៅមុន យើង​ទាំងឡាយ​នោះ​ មិនជាទី​ស្រឡាញ់​គ្នាទេ។

[៥៦] (ព្រះរាជា…) បើលោកម្ចាស់​មិនទទួលដឹង​នូវអញ្ជលី​របស់​យើងទាំង​ឡាយ ដែល​អង្វរ​យ៉ាងនេះ មិនធ្វើ​តាមពាក្យ​យើង ដែលជា​សត្វបំរើ​ទេ យើងខ្ញុំ​សូម​អង្វរ​លោកម្ចាស់​​យ៉ាងនេះ សូមលោកម្ចាស់​ធ្វើនូវ​សេចក្តី​ប្រាថ្នា (ដើម្បីមក​ក្នុងទីនេះ) ម្តងៗ។

[៥៧] (ពោធិសត្ត…) បពិត្រមហារាជ ទ្រង់មានសេចក្តី​ចំរើន​ក្នុងដែន កាលបើ​យើង​ទាំងឡាយ​នៅ (ផ្សេងគ្នា) យ៉ាងនេះ អន្តរាយ​នឹងមាន​ដល់​ព្រះអង្គផង ដល់​អាត្មាភាព​ផង សូម​យើងទាំងឡាយ ជួបគ្នា​ក្នុងកាល​កន្លងទៅ​មួយថ្ងៃ​មួយយប់។

[៥៨] (ព្រះមហាសត្វទំលាយនូវវាទៈរបស់អាមាត្យជាអហេតុកវាទីថា) បើពាក្យ (របស់​អ្នកថា) សត្វប្រព្រឹត្ត​ទៅតាម​សង្គតិ [នេះជា​សេចក្តី​យល់របស់​ជនជា​អហេតុក​វាទី។ ក្នុងអដ្ឋកថា​សាមញ្ញផលសូត្រ មានសេចក្តី​ពន្យល់ថា អភិជាតិ​ទាំង៦​នោះគឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់​ព្រានម្រឹគ ព្រានបក្សី ជាដើម១ នីលាភិជាតិ (ជាតិខៀវ) បានដល់​ភិក្ខុ​ក្នុង​ព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់​ពួកនិគ្រន្ថ១ ហលិទ្ទាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់​ពួកអចេលកសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់​ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់​ពួក​ជនជា​នន្ទគោត្រ និងវច្ឆគោត្រជាដើម១។ ការត្រាច់ទៅ​ក្នុង​អភិជាតិ​ទាំង៦ ឈ្មោះថា សង្គតិ។ ធម្មតាដែល​កើតឡើង​ដូចៗគ្នា ឈ្មោះថា សភាវៈ​ប្រៀបដូច​បន្លាដែល​ស្រួចឯង ផ្លែខ្វិត​មាន​សណ្ឋាន​មូលដោយ​ខ្លួនឯង សត្វម្រឹគ​បក្សី មានសណ្ឋាន​រូបរាង​វិចិត្រ​ផ្សេង ដោយ​ធម្មតា​ឯង​យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តី​ប្រែប្រួល​ទៅជាយ៉ាង​ដូច្នោះ មិនបាច់​អាស្រ័យ​ហេតុ​បច្ច័យឡើយ ប្រៀបដូចបន្លា​ជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។] (នៃ​អភិជាតិទាំង ៦) និង​សភាវៈ សត្វធ្វើ​នូវអំពើ​ដែលមិន​គួរធ្វើ (បាប) ឬអំពើ​ដែលគួរធ្វើ (បុណ្យ) តើនរណា ក្នុង​លោកនេះ ប្រឡាក់​ដោយ​បាប ព្រោះអំពើ​ដែលធ្វើ​ដោយ​ការ​មិនចង់។ បើ (សេចក្តីនៃ​ភាសិតរបស់​អ្នក គឺ​អហេតុកវាទ) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិន​អាក្រក់​ទេ បើ​ពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះថា​អាត្មា​សម្លាប់​ត្រូវ​ហើយ។ បើ​អ្នកដឹង​នូវកំហុស​នៃ​វាទៈ​របស់ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់​អ្នកដ៏​ចំរើន​បែបនោះ។

[៥៩] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យ ជាឥស្សរករណវាទីថា) ប្រសិន​បើ​ព្រះឥសូរ ចាត់ចែង​ជីវិត​របស់សត្វ​លោក​ទាំងអស់​ផង ចាត់ចែង​នូវឫទ្ធិ គឺ​ឥស្សរិយ​យស​ផង នូវភាព​នៃសេចក្តី​វិនាសផង នូវកម្មល្អ និង​អាក្រក់ផង មានបុរស (ណាមួយ) ជាអ្នក​ធ្វើតាម​បង្គាប់ (របស់​ព្រះឥសូរ​នោះ) ព្រះឥសូរ​ទេតើ តែង​ប្រឡាក់​ដិតដាម​ដោយ​អំពើ​អាក្រក់​នោះ (ដោយ​ខ្លួនឯង)។ បើ (សេចក្តី​នៃភាសិត​របស់អ្នក) នោះ ជាអត្ថផង ជាធម៌​ផង ល្អ មិនអាក្រក់​ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះ​ថា អាត្មា​សម្លាប់​ត្រូវហើយ។ បើអ្នក​ដឹងច្បាស់​នូវកំហុស​នៃវាទៈ​របស់ខ្លួន អ្នក​មិនត្រូវ​តិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦០] (ព្រះមហាសត្តទម្លាយនូវវាទៈ នៃអាមាត្យដែលជាបុព្វេកតហេតុវាទីថា) បើបុគ្គល​ដល់នូវ​សុខទុក្ខ ព្រោះហេតុ​នៃអំពើ​ដែលខ្លួន​ធ្វើក្នុង​កាលមុន បុគ្គល​នោះឯង រមែង​រួច​ចាកបំណុល​នោះ ដែលជា​អំពើអាក្រក់ គឺខ្លួន​ធ្វើពី​ដើមមក (កាលបើ​យ៉ាងនេះ) អាត្មា​ក៏​ឈ្មោះថា បានរួច​ចាកបំណុល​ចាស់ តើនរណា​ក្នុងលោកនេះ ប្រឡាក់​ដោយ​បាប។ បើ (សេចក្តីនៃ​ភាសិត​របស់អ្នក) នោះ ជាអត្ថផង ជាធម៌ផង ល្អ មិនអាក្រក់ទេ បើពាក្យ​របស់​អ្នកដ៏ចំរើន​ជាពាក្យពិត ពានរ​ក៏ឈ្មោះថា អាត្មាសម្លាប់​ត្រូវហើយ។ បើ​អ្នកដឹង​ច្បាស់​នូវកំហុស​នៃវាទៈ​របស់ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦១] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាឧច្ឆេទវាទីថា) រូបក្ខន្ធ​របស់​សត្វ​ទាំងឡាយ តែង​កកើត​ឡើង ព្រោះ​អាស្រ័យ​នូវភូតរូប​ទាំង ៤ (មានដី​ជាដើម) ឯរូប (នោះ) កកើត​ឡើងអំពី​ភូតរូប​ណា (ដល់​ពេល​រលត់) ក៏ត្រឡប់​ទៅក្នុង​ភូត​រូបនោះ​វិញ។ ជីវៈ​រស់នៅ​ក្នុង​លោកនេះ លុះ​រំលាង​ខន្ធទៅ​ហើយ នឹង​សាបសូន្យ​ក្នុង​បរលោក លោក​នេះ​ដាច់សូន្យ ជនទាំង​ឡាយ ទាំងពាល ទាំងបណ្ឌិត (រមែងសូន្យ​ដូចគ្នា) កាលបើ​លោកនេះ​ដាច់​សូន្យហើយ តើ​នរណា ក្នុង​លោកនេះ ប្រឡាក់​ដោយ​បាប។ បើ (សេចក្តី​នៃភាសិត​របស់​អ្នក) នោះ ជា​អត្ថផង ជាធម៌​ផង ល្អ មិន​អាក្រក់ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យ​ពិត ពានរ​ក៏ឈ្មោះថា​អាត្មាសម្លាប់​ត្រូវហើយ។ បើអ្នកដឹង​ច្បាស់នូវ​កំហុស​នៃវាទៈ​របស់​ខ្លួន អ្នកមិន​ត្រូវតិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់​អ្នកដ៏​ចំរើន​បែបនោះ។

[៦២] (ព្រះមហាសត្តទំលាយនូវវាទៈរបស់អាមាត្យជាខត្តវិជ្ជវាទីថា) ជនទាំង​ឡាយអ្នក​មានខត្តវិជ្ជា (វិជ្ជាខាង​ការគាស់​រំលើង) ក្នុង​លោក ជា​ជនពាល​សោះទេ តែ​មាន​មានះ ថាជា​បណ្ឌិត ពោលថា​បុគ្គល​សម្លាប់​មាតាក៏​បាន បិតាក៏បាន ពុំនោះ​សោតទេ សម្លាប់​បងប្អូន ឬកូន​ប្រពន្ធ​ក៏បាន ប្រសិន​បើមាន​ប្រយោជន៍​បែបនោះ។

[៦៣] (មហាសត្តប្រកាសនូវលទ្ធិរបស់ខ្លួនថា) បុគ្គល​អង្គុយក្តី ដេកក្តី ក្រោម​ម្លប់​ឈើណា មិនត្រូវ​កាច់មែកឈើ​នោះទេ ដ្បិតបុគ្គល​ប្រទូស្តមិត្រ ជាមនុស្ស​អាក្រក់។ (ចំណែក​ខាងអ្នក ពោលថា) កាលបើ​ប្រយោជន៍​កើតឡើង (ចំពោះ​ខ្លួន) ហើយ បុគ្គល​គប្បី​គាស់រំលើង សូម្បី​ទាំងឫស​ក៏បាន (ដូច្នេះ) ពានរ ក៏ឈ្មោះថា អាត្មា​សម្លាប់ត្រូវ​ហើយ ព្រោះអាត្មា​ត្រូវការ​ដោយស្បៀង។ បើសេចក្តី​នៃភាសិត​របស់​អ្នកនោះ ជាអត្ថ​ផង ជាធម៌​ផង ល្អ មិនអាក្រក់​ទេ បើពាក្យ​របស់អ្នក​ដ៏ចំរើន​ជាពាក្យ​ពិត ពានរ ក៏ឈ្មោះ​ថា អាត្មា​សម្លាប់​ត្រូវហើយ។ បើអ្នក​ដឹងច្បាស់​នូវកំហុស​នៃវាទៈ​របស់​ខ្លួន អ្នក​មិនត្រូវ​តិះដៀល​អាត្មាទេ ដ្បិតវាទៈ​របស់អ្នក​ដ៏ចំរើន​បែបនោះ។

[៦៤] (ព្រះមហាសត្ត សំដែងធម៌ដល់ព្រះរាជាថា) (បុរសអ្នក​លុះក្នុង​អំណាច​នៃទិដ្ឋិ ៥ នាក់គឺ) បុរស​ជា​អហេតុវាទ ១ ជា​ឥស្សរកតវាទ ១ ជា​បុព្វេកតវាទ ១ ជា​ឧច្ឆេទ​វាទ ១ ជា​ខត្តវិជ្ជវាទ ១ នេះជា​អសប្បុរស​ក្នុងលោក ជា​មនុស្សពាល តែប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុរស​បែបនោះ​ ធ្វើបាប (ខ្លួនឯង) ថែមទាំង​ញ៉ាំងអ្នក​ដទៃឲ្យ​ធ្វើបាប​ទៀតផង ការនៅ​ច្រឡូកច្រឡំ​នឹង​អសប្បុរស មានទុក្ខ​ជាទី​បំផុត មាន​សេចក្តីក្តៅ​ក្រហាយ​ជា​កម្រៃ។

[៦៥] កាលពីដើម មានសត្វកុកមួយមាន​រូបដូចចៀម​ កាលបើ​ឥត​គេសង័្សយ ក៏ចូល​ទៅរក​ហ្វូងពពែ សម្លាប់​មេចៀមផង មេ​ពពែផង ពពែឈ្មោល​ផង លុះ​សម្លាប់​បាន​ហើយ ក៏ហើរ​ទៅតាម​បំណង​របស់ខ្លួន។ សមណ​ព្រាហ្មណ៍​ពួកខ្លះ ក៏បែប​នោះដែរ ធ្វើ​នូវគ្រឿង​បិទបាំង ហើយ​បញ្ឆោតមនុស្ស​ទាំងឡាយ (ពួកខ្លះ) ជាអ្នក​មិនបរិភោគ​អាហារ (ពួកខ្លះ) ជាអ្នក​ដេកលើ​ផែនដី (ពួកខ្លះ) ទុកក្អែល (ពួកខ្លះ) ព្យាយាម​អង្គុយ​ច្រហោង (ពួកខ្លះ) បរិភោគ​បាយ​ដោយ​កំណត់ថ្ងៃ (ពួកខ្លះ) មិន​ផឹកទឹក មាន​មារយាទ​អាក្រក់ នាំគ្នា​ពោលថា ខ្លួនជា​អរហន្ត។ ជនទាំងនុ៎ះ ជាអសប្បុរស​ក្នុងលោក ជា​មនុស្សពាល តែ​ប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុគ្គល​បែបនោះ ​ធ្វើបាប (ខ្លួនឯង) ផង ថែមទាំង​ញ៉ាំង​អ្នកដទៃ​ឲ្យ​ធ្វើបាប​ទៀតផង ការនៅ​ច្រឡូក​ច្រឡំ​ដោយ​អសប្បុរស មានទុក្ខ​ជាទី​បំផុត មាន​សេចក្តី​ក្តៅក្រហាយ​ជាកម្រៃ។ ពួក​ជនណា​ពោលថា ព្យាយាម​ឥតអំពើផង មិនពោល​អាង​ហេតុផង ពណ៌នា​នូវអំពើ​របស់​បុគ្គលដទៃ និង​អំពើ​របស់​ខ្លួន ថា​ជាអំពើ​សូន្យ​ទទេផង។ ពួកជននុ៎ះ ជា​អសប្បុរស​ក្នុង​លោក ជា​មនុស្ស​ពាល តែ​ប្រកាន់​ខ្លួនថា​ជា​បណ្ឌិត បុរស​បែបនោះ ​ធ្វើបាប (ខ្លួនឯង) ផង ថែមទាំង​ញ៉ាំង​អ្នកដទៃ​ឲ្យធ្វើ​បាបទៀត​ផង ការនៅ​ច្រឡូក​ច្រឡំ​ដោយ​អសប្បុរស មានទុក្ខ​ជាទីបំផុត មាន​សេចក្តី​ក្តៅក្រហាយ​ជា​កម្រៃ ប្រសិន​បើការព្យាយាម​ឥតអំពើ មិនមាន​អំពើ​ល្អ និង​អាក្រក់ទេ ព្រះរាជា​មិនគប្បី​ចិញ្ចឹម​នូវ​ជាងឈើ ទាំងមិន​គប្បីឲ្យ​គេធ្វើ​នូវយន្ត​ទាំង​ឡាយ​ឡើយ។ ព្រោះ​ហេតុតែ​ការព្យាយាម​មានផង អំពើល្អ និង​អាក្រក់​មានផង បានជា​ព្រះរាជា​តែងចាត់​ឲ្យធ្វើ​នូវយន្ត​ទាំងឡាយ តែង​ចិញ្ចឹមនូវ​ជាងឈើ។ ប្រសិន​បើភ្លៀង​ខាន​បង្អុរចុះ រហូត​មួយរយឆ្នាំ ទាំង​ទឹកសន្សើម ក៏មិនធ្លាក់​ចុះសោះ មុខជា​លោកនេះ នឹងសូន្យ​ឈឹង ពពួក​សត្វនេះ នឹង​វិនាស។ ព្រោះ​ហេតុ​​តែភ្លៀង​បង្អុរចុះ​ផង ទាំងទឹក​សន្សើម ក៏​ផ្សើម​រឿយៗ ផង បានជា​សន្ទូង​ទាំងឡាយ​លូតលាស់​ល្អ ទាំង​អ្នកដែន ក៏​ព្រះរាជា​ទ្រង់​រក្សា​អស់កាល​ជាអង្វែង​ផង។ កាល​ពួកគោ កំពុង​ឆ្លងទៅ (កាន់ទីណា​មួយ) បើ​គោបា​ទៅវៀច កាលបើ​គោបា​នាំពួក​គោទៅ​វៀច មេគោ​ទាំងអស់​នោះក៏​ទៅវៀច។ បណ្ដា​ពួកមនុស្ស​ក៏ដូច្នោះ​ដែរ បុគ្គល​ណាដែល​អ្នកផង​សន្មតថា ប្រសើរផុត បើបុគ្គល​នោះ​ប្រព្រឹត្ត​អធម៌​ហើយ នឹងចាំ​បាច់​និយាយ​ថ្វី ដល់​ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​មិន​ប្រកប​ដោយធម៌ អ្នកដែន​ទាំងអស់​ក៏ដេក​ជាទុក្ខ។ កាល​ពួកគោ​កំពុងឆ្លងទៅ បើគោបា​ទៅត្រង់ កាលបើ​គោបា​នាំគេ​ទៅត្រង់ មេគោ​ទាំងអស់​នោះក៏​ទៅត្រង់។ ពួក​មនុស្សក៏​ដូច្នោះ​ដែរ បុគ្គល​ណាដែល​អ្នកផង​សន្មត​ថា ប្រសើរ​ផុត ប្រសិនបើ​បុគ្គលនោះ​ប្រព្រឹត្ត​ធម៌ នឹងចាំ​បាច់​និយាយថ្វី ដល់​ប្រជាជន​ក្រៅនេះ បើ​ព្រះរាជា​​ប្រកប​ដោយ​ធម៌ អ្នកដែន​ទាំងអស់​ក៏ដេក​ជាសុខ។ បុគ្គល​ណា បេះ​ផ្លែខ្ចី​នៃឈើធំ​ដែលមាន​ផ្លែ (បុគ្គលនោះ) រមែង​មិនដឹង​នូវរស​នៃផ្លែឈើ​នោះផង ទាំងពូជ​នៃផ្លែឈើ​នោះ ក៏វិនាស​ទៅ​ផង។ ព្រះរាជាណា គ្រប់គ្រង​ដែនដែល​ប្រៀបដូច​ដើមឈើធំ ដោយ​អធម៌ (ព្រះ​រាជានោះ) ឈ្មោះថា មិនជ្រាបនូវ​រសរបស់​ដែននោះ​ផង ទាំងដែន​របស់​ព្រះរាជា​នោះក៏​វិនាសផង។ បុគ្គល​ណា បេះផ្លែឈើទុំ​នៃដើម​ឈើធំ ដែល​មានផ្លែ បុគ្គល​នោះ រមែងដឹង​នូវរសនៃ​ផ្លែឈើ​នោះផង ទាំង​ពូជរបស់​ផ្លែឈើនោះ​ ក៏មិន​វិនាសផង។ ព្រះរាជា​ណា គ្រប់គ្រង​ដែន​ដែល​ប្រៀបដូច​ជាដើមឈើ​ធំដោយ​ធម៌ (ព្រះរាជានោះ) ឈ្មោះថា​បាន​ជ្រាបនូវ​រសរបស់​ដែននោះ​ផង ទាំងដែន​របស់​ព្រះរាជា​នោះ ក៏​មិន​វិនាស​ផង។ ព្រះរាជា​ណាមួយ គ្រប់គ្រង​ជនបទ​ដោយ​អធម៌ (លុះ​អំណាច​អគតិ) ព្រះរាជា​ជា​ខត្តិយៈ​នោះ ឈ្មោះថា សាបសូន្យ​ចាក​ដើមឈើ ដែលត្រូវ​ជាឱសធ​ទាំងអស់។ មួយ​ទៀត (ព្រះរាជា​អង្គណា) បៀតបៀន​ពួក​កុដុម្ពិក៍ ដែល​នៅ​ក្នុង​និគម (ផង) បៀតបៀន​ពួកពាណិជ ដែលប្រកប​ក្នុងការ​លក់ចេញ​ទិញចូល ជាអ្នក​ធ្វើនូវ​ការថ្វាយ​ពន្ធដារ និង​ពលិការ (ផង) ព្រះរាជា​នោះ ឈ្មោះថា​សាបសូន្យចាក​ឃ្លាំង។ ព្រះរាជា​ណា បៀតបៀន​នូវខ្មាន់ធ្នូ ដែលជា​អ្នកដឹង​នូវកន្លែង​យ៉ាងតំណំ ដែល​គួរ​ប្រហារ និងពួក​ទាហានធំ ដែលជា​អ្នកពិចារណា​ធ្វើការ​ក្នុងសង្គ្រាម និង​មហាមាត្យ ដែល​មាន​ស័ក្តិធំៗ ព្រះរាជា​នោះ ឈ្មោះថា​សាបសូន្យ​ចាកពល។ ក្ស័ត្រ​ណា​ប្រព្រឹត្ត​នូវអធម៌ បៀតបៀន​ពួកឥសី អ្នក​សង្រួម​ប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ដូចជា​បៀតបៀន​នូវពួក​អ្នក​និគម​ដូច្នោះ ក្ស័ត្រនោះ ឈ្មោះថា សាបសូន្យ​ចាក​ឋានសួគ៌។ ម្យ៉ាងទៀត ព្រះរាជា​ណា មិន​ឋិតនៅ​ក្នុងធម៌ សម្លាប់​អគ្គមហេសី​ដែលជា​អ្នក​មិនប្រទូស្ត ព្រះរាជា​នោះ ​ឈ្មោះថា​បានចួប​ប្រទះនូវ​ឋាន:​ដ៏អាក្រក់​ផង ឈ្មោះថា​សាបសូន្យ​ចាកកូន​ទាំងឡាយ​ផង។ ព្រះរាជា​ត្រូវតែ​ប្រព្រឹត្តធម៌​ផង មិនត្រូវ​បៀតបៀន​អ្នកជនបទ និងអ្នក​និគម​ផង ពួក​ពលផង ពួក​ឥសីផង គប្បី​ប្រព្រឹត្ត​ស្មោះស្មើ​ចំពោះកូន និង​ប្រពន្ធផង។ ព្រះរាជា​នោះ ទើបឈ្មោះ​ថាជា​ម្ចាស់នៃ​ផែនដី ឈ្មោះ​ថា អ្នកគ្រប់គ្រង​នូវដែន ឈ្មោះថា​ជាអ្នក​មិនក្រោធ រមែង​ញ៉ាំង​ពួកអ្នក​ដែនជិត​ខាងឲ្យ​រំភើប​ញាប់ញ័រ ដូច​ព្រះឥន្ទ ជាធំ​ជាង​អសុរ។

ចប់ មហាពោធិជាតក ទី៣។

ឧទ្ទាននៃបញ្ញាសនិបាតនោះ គឺ

និទ្ទេសទី ១ ប្រកបដោយ​នាងរាជធីតា​ព្រះនាម នឡិនិកា ១ និទ្ទេសទី ២ ប្រកប​ដោយ​សេដ្ឋីធីតា​ឈ្មោះ​ឧម្មាទន្តី​ដ៏ប្រសើរ ១ និទ្ទេសទី ៣ ប្រកប​ដោយ​តាបស​មាន​សិរី​ឈ្មោះ ពោធិ ១ និទ្ទេស​ទាំង ៣ ដ៏ល្អ (នេះ) ព្រះជិនស្រី​ទ្រង់សំដែង​ទុកមក​ហើយ។

ចប់ បញ្ញាសនិបាត។

សដ្ឋិនិបាត សោណកជាតក ទី១

សដ្ឋិនិបាតជាតក

សោណកជាតក ទី១

[៦៦] (ព្រះរាជាព្រះនាមអរិន្ទមៈ ទ្រង់ត្រាស់ថា) អ្នកណា​បានឮ អញនឹងឲ្យ​ទ្រព្យ​មួយ​រយ អ្នកណា​បានឃើញ​សោណកៈ អញនឹង​ឲ្យទ្រព្យ​មួយពាន់ អ្នកណា​នឹង​ប្រាប់​អញនូវ​សោណកៈ​ជាសំឡាញ់​ដែលលេង​ដីជាមួយ​គ្នា។

(អភិសម្ពុទ្ធគាថា) គ្រានោះ មាណពក្មេង​មានជុក ៥ បាន​ក្រាបបង្គំ​ទូលថា ទូល​ព្រះបង្គំ​ជាខ្ញុំ​បានឮ សូម​ព្រះអង្គ​ប្រទាន​ទ្រព្យមួយរយ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឃើញ​សោណកៈ សូមព្រះអង្គ​ប្រទាន​ទ្រព្យ​មួយពាន់ ទូលព្រះបង្គំ​ជាខ្ញុំ​នឹងក្រាប​ទូលដល់​ព្រះអង្គ​នូវ​សោណកៈ​ជាសំឡាញ់ ដែលលេងដី​ជាមួយគ្នា។

[៦៧] (ព្រះរាជា…) សោណកៈនោះ នៅក្នុង​ជនបទណា ក្នុងដែន​ណា ក្នុងនិគម​ណា ឯង​បានឃើញ​សោណកៈ​ក្នុងទីណា អញ​សួរហើយ ឯងចូរ​ប្រាប់ពី​សោណកៈ​នោះ។

[៦៨] (កុមារ…) បពិត្រព្រះសម្មតិទេព ត្រង់ទីឧទ្យាន​របស់​ព្រះអង្គ ក្នុងដែន​របស់​ព្រះអង្គ​ហ្នឹងឯង មាន​ពួកឈើធំ មាន​ដើមត្រង់ មាន​ពន្លឺខៀវ ជា​តម្រេក​នៃចិត្ត ពួកឈើ​ទាំង​នោះ មានពណ៌​ដូចផ្ទៃមេឃ គួរឲ្យ​ត្រេកអរ ដុះទាក់​ទងគ្នា​ទៅវិញ​ទៅមក កាលពួក​សត្វលោក​មានគ្រឿង​ឆេះ កំពុង​ត្រូវភ្លើង​ឆេះ សោណកៈ មិនមាន​គ្រឿងឆេះ ជា​បុគ្គល​រលត់​ហើយ កំពុង​ចំរើនឈាន​ជិតគល់ឈើ​ទាំងនោះ។

[៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជា​ទ្រង់ប្រើ​បំរើឲ្យ​ចាត់ចែងធ្វើ​ផ្លូវ​រាប​ស្មើ យាងចេញ​ទៅដោយ​សេនា​មានអង្គ ៤ សំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះបច្ចេកពុទ្ធ​ព្រះ​នាម​សោណកៈ​គង់នៅ។ លុះ​ព្រះរាជា​ទ្រង់យាង​ទៅដល់​ទី​ឧទ្យាន​ហើយ ទ្រង់​ត្រាច់​ទៅក្នុង​ព្រៃធំ បាន​ទតឃើញ​ព្រះសោណក​បច្ចេកពុទ្ធ កាលដែល​ពួកសត្វ​លោក​កំពុង​ត្រូវភ្លើង​ឆេះ លោកជា​បុគ្គល​រលត់ គង់នៅ​ហើយ។

[៧០] (ព្រះរាជា…) ភិក្ខុត្រងោលដណ្តប់សង្ឃាដិ មិនមាន​មាតានេះ កំព្រា​ណាស់​តើ ស្ងួត​ស្ងប់ជិត​គល់ឈើ។

[៧១] (អភិសម្ពុទ្ធគាថា) ព្រះសោណកបច្ចេកពុទ្ធ ស្តាប់​ព្រះបន្ទូល​នេះហើយ បាន​ថ្វាយ​ព្រះពរ​យ៉ាងនេះថា​ បពិត្រ​ព្រះរាជា បុគ្គល​ដែលពាល់​ត្រូវនូវ​ធម៌ដោយ​កាយ មិន​មែន​ឈ្មោះថា កំព្រាទេ។ បុគ្គលណា ក្នុង​លោកនេះ លះធម៌​ចោល​ហើយ ប្រព្រឹត្ត​តាម​អធម៌​វិញ បពិត្រ​ព្រះរាជា បុគ្គល​នោះ ទើប​ឈ្មោះថា កំព្រា ជាបុគ្គល​អាក្រក់ ជាទី​សង្ឃឹម​របស់​បុគ្គល​អាក្រក់។

[៧២] (ព្រះរាជា…) ខ្ញុំឈ្មោះអរិន្ទមៈ អ្នកផង​ស្គាល់ខ្ញុំ​ថា​កាសិរាជ បពិត្រ​ព្រះ​សោណកៈ លោក​ដ៏ចំរើន​មកដល់​ក្នុងទីនេះ សិងនៅ​ជាសុខទេ​ឬ។

[៧៣] (ព្រះបច្ចេកពុទ្ធ…) សេចក្តីចំរើន (តែងមាន) ដល់​ភិក្ខុមិន​មានទ្រព្យ មិន​មានផ្ទះ សព្វកាល គឺ (ទ្រព្យ និងធញ្ញជាតិ​ទាំងឡាយ) របស់​ភិក្ខុ​ទាំងនោះ លែង​ចូលទៅ​ក្នុង​ជង្រុក លែងចូល​ទៅក្នុង​ឆ្នាំង លែងចូល​ទៅក្នុង​ក្រឡោបិ៍​ទៀតហើយ លោក​មានវត្ត​ល្អ មាន​ការស្វែង​រកសម្រេច​ហើយ រមែង​ញ៉ាំងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​បិណ្ឌបាត​នោះ។ សេចក្តី​ចំរើន​ទីពីរ (តែងមាន) ដល់ភិក្ខុ​មិនមាន​ទ្រព្យ មិនមាន​ផ្ទះ គឺ​បរិភោគ​ដុំបាយ ដែល​មិនមាន​ទោស កិលេស​ណាមួយ​បៀតបៀន​មិនបាន​ទេ។ សេចក្តីចំរើន​ទីបី (តែងមាន)​ដល់ភិក្ខុ​មិនមាន​ទ្រព្យ មិនមាន​ផ្ទះ គឺឆាន់ដុំ​បាយដ៏​ត្រជាក់ (មិន​ជា​ថេយ្យបរិភោគ​ជា​ដើម) កិលេស​ណាមួយ​បៀតបៀន​មិនបាន​ទេ។ សេចក្តីចំរើន​ទីបួន (តែងមាន) ដល់​ភិក្ខុ​មិនមាន​ទ្រព្យ មិនមាន​ផ្ទះ គឺសេចក្តី​ជាប់ចំពាក់ មិនមាន​ដល់ភិក្ខុ​ដែល​ផុតស្រឡះ (ចាក​ត្រកូល) ត្រាច់ទៅ​ក្នុងដែន។ សេចក្តី​ចំរើន​ទីប្រាំ (តែងមាន) ដល់ភិក្ខុ​មិនមាន​ទ្រព្យ មិនមាន​ផ្ទះ គឺកាល​បើនគរ​កំពុង​ត្រូវភ្លើងឆេះ វត្ថុបន្តិច​បន្តួច​របស់​ភិក្ខុនោះ ភ្លើងមិន​ឆេះទេ។ សេចក្តី​ចំរើន​ទីប្រាំមួយ (តែងមាន) ដល់ភិក្ខុ​មិនមានទ្រព្យ មិនមាន​ផ្ទះ កាល​បើដែន​កំពុង​ត្រូវ​ចោរប្លន់ វត្ថុបន្តិច​បន្តួច​របស់​ភិក្ខុនោះ ចោរមិន​លួចទេ។ សេចក្តីចំរើន​ទីប្រាំពីរ (តែងមាន) ដល់ភិក្ខុ​មិនមាន​ទ្រព្យ មិនមានផ្ទះ គឺភិក្ខុ​មានវត្តល្អ នាំយក​បាត្រ និង​ចីវរ​ដើរទៅ​កាន់ផ្លូវ​ដែល​ពួកចោរ និងពួក​គយដទៃ​រក្សា​ដោយស្រួល។ សេចក្តី​ចំរើន​ទីប្រាំបី (តែងមាន) ដល់ភិក្ខុ​មិនមាន​ទ្រព្យ មិនមាន​ផ្ទះ គឺភិក្ខុនោះ​ដើរទៅ​កាន់​ទិសណាៗ ទៅបាន​ដោយមិន​មាន​នឹកនា។

[៧៤] (ព្រះរាជា…) បពិត្រភិក្ខុ លោកសរសើរ​នូវសេចក្តី​ចំរើន​របស់​ភិក្ខុទាំង​នោះ​ច្រើន​មែន បពិត្រ​ព្រះសោណកៈ តែខ្ញុំជក់ចិត្ត​ក្នុងកាម​ទាំងឡាយ តើនឹង​ធ្វើយ៉ាង​ណា។ ​កាម​ទាំងឡាយ​ជារបស់​មនុស្ស ជាទី​ស្រឡាញ់​របស់ខ្ញុំ មួយទៀត កាម​ជាទិព្វ ក៏ជាទី​ស្រឡាញ់​​របស់ខ្ញុំ បើដូច្នេះ តើយើង​នឹងបាន​នូវកាម​ទាំងពីរ​ក្នុងលោក​ដោយហេតុ​ដូចម្តេច។

[៧៥] (ព្រះបច្ចេកពុទ្ធ…) ពួកជនអ្នកជក់ចិត្ត​ក្នុងកាម ត្រេកអរ​ក្នុង​កាម ងប់​ក្នុង​កាម រមែង​ធ្វើបាប​ទាំងឡាយ ហើយ​ទៅកាន់​ទុគ្គតិ។ ចំណែក​ពួកជនណា លះបង់កាម ហើយ​​ចេញ​ទៅ មិនមាន​ភ័យអំពី​កិលេស​ណាមួយ បាននូវ​ភាពជា​បុគ្គលឯក ពួកជន​នោះ មិនទៅ​កាន់ទុគ្គតិ។ បពិត្រ​ព្រះអរិន្ទមៈ អាត្មាភាព​នឹងធ្វើ​សេចក្តី​ឧបមាថ្វាយ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​សេចក្តី​ឧបមា​នោះ ព្រោះ​ពួកបណ្ឌិត​ខ្លះក្នុង​លោកនេះ តែង​យល់​សេចក្តី​ដោយ​សារឧបមា។ ក្អែកឥត​ប្រាជ្ញា ឥតសេចក្តី​គ្នេរគ្នាន់ ឃើញ​សាកសព (ដំរី) កំពុង​អណ្តែត​តាម​ទន្លេគង្គា​ទៅក្នុង​សមុទ្រ ហើយ​គិតថា អៃយ៉ា! អញបាន​យាននេះ​ហើយ​ផង ដំរីនេះ នឹងបាន​ជាចំណី​អញ​យ៉ាងច្រើន​ផង ចិត្ត​របស់​ក្អែកនោះ ក៏ត្រេកអរ​ក្នុង​ដំរីនោះ​ទាំងថ្ងៃ​ទាំងយប់។ ក្អែកចឹកស៊ី​សាច់ដំរី ផឹកទឹក​ទន្លេគង្គា ឃើញ​ព្រៃដែល​គេសន្មត​ថា ចេតិយ ក៏មិន​ហើរទៅ។ ទន្លេគង្គា​ហូរទៅ បាននាំ​ក្អែកនោះ ដែល​ប្រហែស​ធ្វេស​ ត្រេកអរ​ក្នុងសាកសព ទៅកាន់​សមុទ្រ​ដែលមិន​មែនជា​ទីទៅ​នៃបក្សី។ សត្វហើរ​នោះ​អស់ចំណី​រលីង​ហើយ ក៏ហើរ​ឡើងទៅ​ទិសខាង​លិចមិនរួច ទៅទិស​ខាងកើត​មិនរួច ទៅទិស​ខាង​ជើង​មិនរួច ទៅទិស​ខាងត្បូង​មិនរួច។ ក្អែកនោះ​ទៅកាន់​សមុទ្រ ដែល​មិនមែន​ជាទីទៅ​នៃពួកបក្សី ក៏មិន​បាននូវ​ទីពឹង ធ្លាក់ទៅ​ក្នុងសមុទ្រ​នោះឯង ដូចជា​បុគ្គល​មាន​កំឡាំង​ថយ។ ពួកត្រី ក្រពើ មករ ឆ្លាម ដែលកើត​ក្នុងសមុទ្រ កំហែង​ខាំក្អែកនោះ ដែល​មាន​ស្លាបរបោច​ហើយ កំពុង​បម្រះ (យ៉ាងណា​មិញ)។ បពិត្រ​ព្រះរាជា ព្រះអង្គ និង​ពួកជន​ដទៃ​អ្នក​បរិភោគ​កាម ក៏យ៉ាង​នោះដែរ បើ​ពួកជន​ដែលជក់ចិត្ត​ហើយ​មិនខ្ជាក់ (កាម) ចោល​ចេញទេ បណ្ឌិត​ទាំងឡាយ (ស្គាល់) ពួក​ជននោះ (ថាមាន​ប្រាជ្ញាស្មើ) ដោយ​ប្រាជ្ញា​របស់​ក្អែក។ បពិត្រ​ព្រះរាជា ឧបមា​ជា​គ្រឿងបំភ្លឺ​នូវសេចក្តី​នេះ អាត្មាភាព​បាន​ធ្វើថ្វាយ​ព្រះអង្គ​ហើយ បើព្រះអង្គ​ធ្វើ ឬមិនធ្វើ ព្រះអង្គ​នឹងប្រាកដ​តាម​ហេតុនោះ។

[៧៦] បុគ្គលអ្នកឈឺឆ្អាល គប្បីនិយាយត្រឹមតែមួយម៉ាត់ ឬពីរម៉ាត់ មិនគប្បី​និយាយ​ឲ្យលើស​ហួសពី​នោះទៅ ដូចទាសៈ​និយាយ​ក្នុងសំណាក់​នៃម្ចាស់។

[៧៧] (អភិសម្ពុទ្ធគាថា) លុះព្រះសោណកបច្ចេកពុទ្ធ មានប្រាជ្ញា​រាប់​មិនបាន ពោលពាក្យ​នេះ​ប្រៀនប្រដៅ​ក្សត្រិយ៍​ហើយ ទើបចៀស​ចេញទៅ​ឰដ៏អាកាស​វេហាស៍។

[៧៨] (ព្រះរាជា…) ពួកជនអ្នករៀបចំអភិសេកបុគ្គល ដែលគួរ​ដល់រាជ្យ ជាអ្នក​បង្កក់​ប្រសិទ្ធនេះ​ ចាំស្ទាត់ នៅក្នុងទីណា អញ​នឹងប្រគល់​រាជ្យឲ្យ អញ​មិនត្រូវ​ការដោយ​រាជ្យទេ។ អញ​នឹង​បួសក្នុង​ថ្ងៃនេះឯង អ្នកណា​គប្បី​ដឹងថា សេចក្តី​ស្លាប់នឹងមាន​ក្នុង​ថ្ងៃស្អែក អញ​លែងលុះ​ក្នុងអំណាច​នៃកាម​ទាំងឡាយ ដូចជា​ក្អែកឆោត​ហើយ។

[៧៩] (ពួកអាមាត្យ…) ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម​ទីឃាវុ​នៅក្មេង ជាអ្នកញុំាង​​ដែនឲ្យ​ចំរើន សូមព្រះអង្គ​អភិសេក​ព្រះរាជបុត្រ​នោះ​ក្នុងរាជ្យ​ចុះ ព្រះរាជ​បុត្រ​នោះ​ នឹង​បានជា​ព្រះរាជា​របស់​យើងខ្ញុំ។

[៨០] (ព្រះរាជា…) អ្នកទាំងឡាយ ចូរនាំយកកុមារ​ឈ្មោះ​ទីឃាវុ អ្នកញ៉ាំង​ដែនឲ្យ​ចំរើន​មកឲ្យ​ឆាប់ អញ​នឹង​អភិសេក​កុមារនោះ​ក្នុងរាជ្យ កុមារនោះ​ នឹងជា​ព្រះរាជា​របស់​អ្នក​ទាំងឡាយ។

[៨១] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ពួកអាមាត្យ​ក៏បាន​នាំកុមារ​ឈ្មោះ​ទីឃាវុ អ្នកញ៉ាំង​ដែន​ឲ្យចំរើន​មកថ្វាយ ព្រះរាជា​ទតឃើញ​ទីឃាវុកុមារ​នោះ ជាបុត្រ​តែមួយ ជា​ទី​ត្រេកអរ ពេញព្រះទ័យ​ហើយ ទ្រង់​ត្រាស់ថា នែបុត្រ ស្រុក​ទាំង ៦០,០០០ បរិបូណ៌​ដោយ​វត្ថុ​ទាំងពួង ចូរបា​ថែទាំ​ស្រុកទាំង​នោះចុះ អញនឹង​ប្រគល់​រាជ្យដល់​បា។ អញ​នឹងបួស​ក្នុង​ថ្ងៃនេះ​ឯង អ្នកណា​គប្បី​ដឹងថា សេចក្តី​ស្លាប់នឹង​មានក្នុង​ថ្ងៃស្អែក កុំឲ្យ​អញ​លុះក្នុង​អំណាច​នៃកាម​ទាំងឡាយ ដូចជា​ក្អែកឆោត​ឡើយ។ ដំរី ៦០,០០០ ស្អិតស្អាង​ដោយ គ្រឿង​ប្រដាប់​គ្រប់យ៉ាង មានខ្សែ​ដង្គន់ធ្វើ​អំពីមាស បិទបាំង​ដោយ​កម្រាល​ដែលធ្វើ​អំពី​មាស ជាដំរី​កើតក្នុង​ព្រៃមាតង្គៈ។ ដំរីណា​ដែល​ពួកហ្មដំរី​មានដៃ​កាន់អាវុធ និងកង្វេរ ឡើងជិះ នែបុត្រ អ្នកចូរ​ថែទាំ​ពួកដំរីទាំង​នោះចុះ អញ​ប្រគល់​រាជ្យដល់អ្នក។ អញ​នឹងបួស​ក្នុងថ្ងៃ​នេះ​ឯង អ្នកណា​គប្បីដឹង​ថា សេចក្តី​ស្លាប់នឹង​មានក្នុង​ថ្ងៃស្អែក កុំឲ្យ​អញ​លុះ​ក្នុង​អំណាច​នៃ​កាម​ទាំងឡាយ ដូចជា​ក្អែកឆោត​ឡើយ។ សេះ ៦០,០០០ ស្អិតស្អាង​ដោយ​គ្រឿង​ប្រដាប់​គ្រប់យ៉ាង ជាសេះ​អាជានីយ​ដោយ​កំណើត ជាសេះ​សិន្ធវៈ ជា​ពាហនៈ​យ៉ាង​លឿន ដែលពួក​សារថី​កាន់ស៊ែ និងធ្នូជិះ នែបុត្រ បាចូរ​ថែទាំ​សេះទាំង​នោះចុះ អញ​ប្រគល់​រាជ្យដល់​បា។ អញនឹង​បួសក្នុងថ្ងៃ​នេះ​ឯង អ្នកណា​គប្បីដឹងថា សេចក្តី​ស្លាប់​នឹង​មាន​ក្នុង​ថ្ងៃ​ស្អែក កុំឲ្យអញ​លុះក្នុង​អំណាច​នៃ​កាមទាំង​ឡាយ ដូចជា​ក្អែកឆោត​ឡើយ។ រថ ៦០,០០០ ដែលគេ​ទឹមហើយ ដោត​ទង់ជ័យ ស្រោប​ដោយ​ស្បែក​ខ្លាដំបង ស្រោប​ដោយ​ស្បែកខ្លាធំ ស្អិតស្អាង​ដោយគ្រឿង​ប្រដាប់​គ្រប់យ៉ាង។ អ្នក​បររថ មាន​ដៃកាន់ធ្នូ សៀត​ខែល ហើយ​ឡើងជិះ នែបុត្រ បាចូរថែ​ទាំរថ​ទាំងនោះចុះ អញ​ប្រគល់​​រាជ្យ​ដល់បា។ អញ​នឹងបួស​ក្នុងថ្ងៃ​នេះ​ឯង អ្នកណា​គប្បីដឹងថា សេចក្តី​ស្លាប់នឹង​មាន​ក្នុងថ្ងៃស្អែក កុំឲ្យ​អញ​លុះក្នុង​អំណាច​នៃ​កាមទាំងឡាយ ដូចជា​ក្អែកឆោត​ឡើយ។ មេគោ ៦០,០០០ ជា​មេគោ​ក្រហម ប្រកប​ដោយ​គោខ្លោង (គោបា) នែបុត្រ បាចូរ​ថែទាំ​មេគោ​ទំាំងនោះចុះ អញ​ប្រគល់​រាជ្យដល់​បា។ អញនឹង​បួសក្នុងថ្ងៃ​នេះ​ឯង អ្នកណា​គប្បី​ដឹងថា សេចក្តី​ស្លាប់​នឹងមាន​ក្នុងថ្ងៃស្អែក កុំឲ្យ​អញលុះ​ក្នុង​អំណាច​នៃ​កាមទាំង​ឡាយ​ដូចជា​ក្អែកឆោត​ឡើយ។ ស្ត្រី ១៦,០០០ ស្អិតស្អាង​ដោយគ្រឿង​ប្រដាប់​គ្រប់​យ៉ាង មាន​សំពត់ និង​អាភរណៈ​ដ៏​វិចិត្រ ពាក់​កុណ្ឌល​កែវមណី នែបុត្រ បាចូរ​ថែទាំស្រ្តី​ទាំងនោះ​ចុះ អញប្រគល់​រាជ្យ​ដល់បា។ អញ​នឹងបួស​ក្នុងថ្ងៃ​នេះ​ឯង អ្នកណា​គប្បីដឹង​ថា សេចក្តី​ស្លាប់នឹង​មានក្នុង​ថ្ងៃស្អែក កុំឲ្យ​អញ​លុះក្នុង​អំណាច​នៃ​កាមទាំងឡាយ​ដូច​ជា​ក្អែក​ឆោត​ឡើយ។

[៨២] (ព្រះរាជកុមារ…) បពិត្រព្រះវរបិតា កាលដែលទូល​ព្រះបង្គំ​ជាខ្ញុំ​នៅក្មេង​នៅ​ឡើយ ទូលព្រះបង្គំ​ជាខ្ញុំ​បានឮថា ព្រះវរមាតា​ទ្រង់​សោយវិលាល័យ​ទៅហើយ បពិត្រ​ព្រះវរបិតា ទូល​ព្រះបង្គំ​ជាខ្ញុំ​ព្រាត់ប្រាស​ចាកព្រះអង្គ​ហើយ មិនអាច​នឹងរស់​នៅបានទេ។ កូនដំរី​រមែង​ទៅតាម​ក្រោយដំរី​ដែលនៅ​ក្នុងព្រៃ ដើរទៅ​ក្នុងជង្ហុក​នៃភ្នំ​ទាំងឡាយ ដែល​រាប​ស្មើ និង​មិនរាបស្មើ យ៉ាង​ណាមិញ។ ទូល​ព្រះបង្គំ​ជាខ្ញុំ នាំយក​កូនទៅ​តាមព្រះអង្គ ក៏​យ៉ាងនោះ​ដែរ ទូលព្រះបង្គំ​ជាខ្ញុំ ជាបុគ្គល​ព្រះអង្គ​ចិញ្ចឹម​ងាយ ពុំមែន​ព្រះអង្គ​ពិបាក​ចិញ្ចឹម​ឡើយ។

[៨៣] (ព្រះរាជា…) សត្រូវជាអ្នកបំផ្លាញ គប្បីចាប់សំពៅ​ដែលដើរ​ក្នុងសមុទ្រ​របស់​ពួក​ពាណិជ​ដែលស្វែង​រកទ្រព្យ​ក្នុង​សមុទ្រនោះ ពួកពាណិជ​ត្រូវវិនាស​យ៉ាងណា​មិញ នែ​កូន​លាមក ឯងនេះ​ធ្វើ​សេចក្តី​អន្តរាយ​ដល់អញ ក៏យ៉ាង​នោះដែរ។

[៨៤] អ្នកទាំងឡាយ ចូរញុំាងកុមារនេះឲ្យដល់​ប្រាសាទ ដែលញ៉ាំង​តម្រេក​ឲ្យចំរើន ក្នុង​ប្រាសាទ​នោះ មានពួកស្រ្តី​មានដៃ​ស្អិតស្អាង​ដោយ​គ្រឿង​អាភរណៈ​ធ្វើ​អំពីមាស ស្រ្តី​ទាំងនោះ​នឹងត្រេកអរ​ចំពោះ​កុមារនោះ​ក្នុង​ប្រាសាទ​នោះ ដូចជា​ពួក​ស្រ្តី​អប្សរ​ត្រេកអរ​នឹង​សក្កទេវរាជ កុមារនុ៎ះ នឹង​ត្រេកអរ​ដោយស្រ្តី​ទាំងនោះ។

[៨៥] (អភិសម្ពុទ្ធគាថា) លំដាប់អំពីនោះមក ពួកអាមាត្យបាន​ញ៉ាំង​កុមារឲ្យ​ដល់​ប្រាសាទ ដែលញ៉ាំង​តម្រេក​ឲ្យចំរើន ឯពួក​នាងកញ្ញា​ឃើញ​ទីឃាវុកុមារ​នោះ ជា​អ្នក​ញ៉ាំង​ដែនឲ្យ​ចំរើន​ហើយ ក៏បាន​ពោលថា លោក​ជាទេវតា ឬជា​គន្ធព្វ ឬក៏ជា​ព្រះឥន្ទ្រ ឈ្មោះ​បុរិន្ទទៈ លោកជា​អ្វី ជាបុត្រ​នៃអ្នក​ណា ធ្វើ​ដូចម្តេច យើង​នឹងអាច​ស្គាល់​លោកបាន។

[៨៦] (ព្រះរាជកុមារ…) យើងមិនមែនជាទេវតា មិនមែន​ជាគន្ធព្វ ទាំង​មិនមែន​ជា​ព្រះឥន្ទ្រ​ឈ្មោះ​បុរិន្ទទៈ​ទេ យើងជា​កូននៃ​ព្រះរាជា​ក្នុងដែន​កាសី ឈ្មោះ​ទីឃាវុ ជាអ្នក​ញ៉ាំងដែន​ឲ្យចំរើន នាង​ទាំងឡាយ ចូរប្រាថ្នា​យើងចុះ សេចក្តី​ចំរើននឹង​មាន​ដល់ពួក​នាង​​ទាំងឡាយ យើងជា​ភស្តា​របស់ពួក​នាង។

[៨៧] (អភិសម្ពុទ្ធគាថា) ពួកនាងកញ្ញា បានទូល​សួរ​ទីឃាវុកុមារ​នោះ​ដែល​ញ៉ាំង​ដែន​ឲ្យចំរើន ក្នុង​ប្រាសាទ​នោះថា ព្រះរាជា​សេ្តចយាង​ទៅក្នុង​ទីណា ព្រះរាជា​ស្តេច​ចេញ​អំពី​ទីនេះ ទៅ​ក្នុងទីណា។

[៨៨] (ព្រះរាជកុមារ…) ព្រះរាជាទ្រង់បានឈានកន្លងភក់ (រាគាទិកិ្កលេស) ព្រះរាជា ទ្រង់បាន​ឋិតនៅ​ស៊ប់​លើគោក (ផ្នួស) ទ្រង់យាង​ទៅកាន់​ផ្លូវធំ (ជាទី​ទៅកាន់​សួគ៌ និង​ព្រះនិព្វាន) ដែល​មិនមាន​បន្លា មិនមាន​ព្រៃញាតស្បាត (រាគៈ)។ ចំណែក​យើងជា​អ្នកដើរ​ទៅកាន់​ផ្លូវជា​ទីទៅ​កាន់​ទុគ្គតិ ប្រកប​ដោយបន្លា ប្រកប​ដោយព្រៃ​ញាតស្បាត សម្រាប់​ទៅកាន់​ទុគ្គតិ​របស់​ពួកសត្វ។

[៨៩] (ពួកនាងកញ្ញា…) បពិត្រព្រះរាជា ព្រះអង្គនោះ​យាងមក​ល្អហើយ ហាក់​ដូចជា​សីហៈដែល​មកកាន់​គិរិព្វជៈ (គុហាមាស) បពិត្រ​មហារាជ សូម​ព្រះអង្គ​គ្រប់គ្រង​ចុះ ព្រះអង្គ​ជាម្ចាស់​របស់​ពួកខ្ញុំម្ចាស់​ទាំងអស់គ្នា។

ចប់ សោណកជាតក ទី១។

សង្កិច្ចជាតក ទី២

[៩០] (អភិសម្ពុទ្ធគាថា) (ឧយ្យានបាលនោះ) ឃើញព្រះរាជា​ទ្រង់​ព្រះនាម​ព្រហ្មទត្ត ប្រសើរ​ក្នុងរថ​ហើយ ក្រាបទូល​ព្រះរាជា​នោះ​ក្នុងគ្រា​នោះថា ព្រះអង្គ​ជាបុគ្គល​ឈឺ​ឆ្អាល​ដល់​ឥសីណា។ ឥសីឈ្មោះ​សង្កិច្ចនេះ ដែល​គេសន្មត​ថា​ជាសប្បុរស​របស់ពួក​ឥសី មក​ដល់ហើយ​ សូមព្រះអង្គ​ប្រញាប់​ប្រញាល់ យាងចេញ​ទៅជួប​នឹង​មហាឥសី​ឲ្យ​ឆាប់។ លំដាប់នោះ ព្រះរាជា​ប្រសើរ​ក្នុងរថ មានមិត្រ​ និងអាមាត្យ​ហែហម ទ្រង់​ប្រញាប់​ឡើង​កាន់រថ ដែល​គេទឹម​ហើយ ទ្រង់យាង​ទៅ។ ព្រះរាជា​ញ៉ាំងដែន​នៃពួក​កាសី​ឲ្យ​ចំរើន​ទ្រង់​ដាក់គ្រឿង​កកុធៈ ៥ យ៉ាង គឺ ផ្លិតរោមសត្វ ១ មកុដ ១ ព្រះខាន់ ១ ឆ័ត្រ ១ សុពណ៌បាទុកា ១។ លុះព្រះរាជា​ទ្រង់យាង​ចុះអំពី​យាន ទុកគ្រឿង​កកុធៈ​ហើយ ទើប​យាង​ចូលទៅ​រក​សង្កិច្ចឥសី ដែល​អង្គុយ​ក្នុង​ឧទ្យាន​ឈ្មោះ​ទាយបស្សៈ។ ព្រះរាជា​នោះ ចូលទៅ​សំណេះ​សំណាល​ជាមួយ​នឹងឥសី លុះ​បញ្ចប់​ពាក្យនោះ​ហើយ ក៏គង់​ក្នុងទីដ៏​សមគួរ។ ព្រះរាជា​គង់ស៊ប់​ក្នុងទី​សមគួរ​ហើយ ទើបទ្រង់​ជ្រាបនូវ​កាលគួរ​ប្រតិបត្តិ ដើម្បី​សួរ​នូវ​បាបកម្ម​ទាំងឡាយ​ក្នុងពេល​នោះ។ យើងសូម​សួរ​សង្កិច្ចឥសី ដែលគេ​សន្មត​ថាជា​សប្បុរស​របស់​ពួកឥសី ដែលពួក​ឥសី​ចោមរោម​ហើយ គង់ក្នុង​ទាយបស្ស​ឧទ្យាន។ ពួកជន​អ្នកប្រព្រឹត្ត​រំលងធម៌ លុះស្លាប់​ទៅវិញ ទៅកាន់​គតិណា ធម៌ គឺបិតុឃាតកម្ម ខ្ញុំបាន​ប្រព្រឹត្ត​កន្លង​ហើយ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​សេចក្តី​នោះដល់ខ្ញុំ។

[៩១] សង្កិច្ចឥសី បានពោលនឹងព្រះរាជាអ្នកញ៉ាំង​ដែនកាសី​ឲ្យចំរើន គង់ក្នុង​ទាយបស្ស​ឧទ្យានថា បពិត្រ​មហារាជ សូម​ព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យរបស់​អាត្មា​ភាព។ អ្នកណា​ប្រាប់ផ្លូវ​ដល់បុគ្គល​អ្នកដើរ​ផ្លូវខុស បើបុគ្គល​នោះ ធ្វើតាម​ពាក្យរបស់​អ្នកប្រាប់​នោះ បន្លា (ចោរ) មិនគប្បី​ជួបនឹង​បុគ្គលអ្នក​ធ្វើតាម​នោះទេ។ អ្នកណា​ប្រៀន​ប្រដៅ​ធម៌​ដល់បុគ្គល​ប្រតិបត្តិ​អធម៌ បើបុគ្គល​នោះធ្វើ​តាមពាក្យ​របស់​អ្នកប្រដៅ​នោះ បុគ្គល​នោះ​មិនគប្បី​ទៅកាន់​ទុគ្គតិទេ។

[៩២] បពិត្រមហារាជ ធម៌ជាផ្លូវត្រូវ ឯអធម៌​ជាផ្លូវខុស អធម៌​នាំសត្វទៅ​កាន់នរក ធម៌ញ៉ាំង​សត្វឲ្យ​ដល់​សុគតិ។ បពិត្រ​ព្រះរាជា ពួកជន​អ្នកមិន​ប្រព្រឹត្តធម៌ ចិញ្ចឹម​ជីវិត​ខុស​គន្លងធម៌ លុះស្លាប់​ទៅវិញ​ហើយ រមែង​ទៅកាន់​គតិ (នរក) ណា សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ពាក្យ​អាត្មាភាព (ដែល​សំដែង​អំពីនរក) ទាំងនោះ។ សញ្ជីវនរក ១ កាឡសុត្តៈ ១ សង្ឃាដៈ ១ រោរុវៈ ២ នរកដទៃ​ទៀត គឺ​មហាអវីចិ ១ តាបនៈ ១ បតាបនៈ ១។ នរក​ទាំង ៨ នុ៎ះ ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​បាន​សំដែងហើយ​ដោយ​ប្រការ​ដូច្នេះ កម្រ​មាន​បុគ្គលណា​កន្លង​រំលង​បាន តាន់តាប់​ដោយពួក​សត្វដែល​មានកម្ម​អាក្រក់ ចំពោះ​មហានរក​មួយៗ មាន​ឧស្សទនរក ១៦។ (នរក​ទាំងនោះ) ជាទី​កំដៅអ្នក​កំណាញ់​ស្វិត​ស្វាញ ជា​នរក​ដ៏ពន្លឹក មាន​អណ្តាតភ្លើង មាន​ភ័យធំ មាន​សភាព​ជាទី​ព្រឺរោម គួរឲ្យ​ស្បើម បណ្តាល​ឲ្យ​ខ្លបខ្លាច ជាទុក្ខ។ (នរក​ទាំងនោះ) មានមុំ ៤ មានទ្វារ ៤ ដែល​បាបកម្ម​ចែកវាស់​ដោយ​ចំណែក មាន​កំពែងដែក​ព័ទ្ធជុំវិញ ប្រក់ដោយ​ក្បឿងដែក។ ភូមិ​របស់​នរក​ទាំងនោះ​ជាវិការៈ​នៃដែក​ឆេះឡើង ប្រកប​ដោយកំដៅ (នរក​ទាំងអស់​នោះ) ផ្សាយ​ទៅ​អស់ទី ១០០ យោជន៍​ជុំវិញ ឋិតនៅ​សព្វៗ កាល។ ពួកជន​អ្នកតិះដៀល​ពួក​ឥសី ជាអ្នក​សង្រួម មានតបៈ​នុ៎ះ រមែងធ្លាក់​ទៅក្នុង​នរក មានជើង​ឡើងលើ មានក្បាល​ចុះ​ក្រោម។ ពួកជន​អ្នកធ្វើ​អំពើ​អាក្រក់ ជាអ្នក​បំផ្លិចបំផ្លាញ​សេចក្តី​ចំរើននោះ ត្រូវពួក​និរយបាល​ដុត ដូចជា​ពួកត្រី​ដែលគេ​ធ្វើឲ្យជា​ចំណែក (ដោតអាំង) អស់ឆ្នាំ​រាប់មិន​អស់។ ពួក​សត្វនរក​មានខ្លួន​ត្រូវភ្លើង​ឆេះហើយ ទាំងខាង​ក្នុង​ខាងក្រៅ​ជានិច្ច ស្វែង​រកនូវទី​ចេញ​អំពី​នរក តែមិន​បាននូវ​ទ្វារ។ ពួក​សត្វនរក​នោះស្ទុះ​ទៅទិស​ខាងកើត ស្ទុះអំពី​ទិសខាង​កើតនោះ ទៅទិស​ខាងលិច ស្ទុះទៅ​ទិសខាង​ជើង ស្ទុះអំពី​ទិសខាង​ជើង ទៅទិសខាង​ត្បូង សត្វនរក​ទាំងនោះ​ទៅដល់​ទ្វារណាៗ ទ្វារនោះៗ ឯង ក៏បិទ​ជិត។ ពួក​ជនដែល​ទៅ​កាន់នរក រង​ទុក្ខច្រើន ផ្គងដើម​ដៃកន្ទក់​កន្ទេញ​អស់សែន​នៃឆ្នាំ​ជាច្រើន។ បុគ្គលមិន​គប្បី​ចូលទៅ​បៀតបៀន​នូវពួក​ឥសី ដែល​មាន​សភាព​ជាសប្បុរស ដូចជា​បុគ្គល​មិនគួរ​ចូល​ទៅជិត​អាសីរពិស​ដែលខឹង មានតេជះ​គេកន្លង​រំលង​បាន​ដោយក្រ (ជនទាំង​នោះ រមែង​ធ្លាក់ទៅ​ក្នុងនរក ព្រោះតែ​បៀតបៀន) នូវពួក​ឥសីអ្នក​សង្រួម​មានតបៈ។ ព្រះ​រាជា​ព្រះនាម​អជ្ជុនៈ មាន​ខ្មាន់ធ្នូ​ដ៏ប្រសើរ មានពួក​ពល​ដ៏ច្រើន ជា​អធិបតី​ក្នុងដែន​ឈ្មោះ​កេតកៈ អាចលើក​ធ្នូ​ដែល​ពួកខ្មាន់ធ្នូ ៥០០ លើកឡើង​បានដោយ​ដើមដៃ ១,០០០ បៀតបៀន​ឥសី​ឈ្មោះ​គោតមៈ ហើយ​វិនាស។ ព្រះរាជា​ទណ្ឌកី បានបាច​រោយធូលី (ស្តោះ) លើ​តាបស​ឈ្មោះ​កីសវច្ឆៈ មិនមាន​ធូលី (កិលេស) ព្រះរាជា​នោះ ក៏ដល់នូវ​សេចក្តី​វិនាស ដូចជា​ដើមត្នោត ដែលគេ​កាត់​ត្រង់គល់។ ព្រះរាជា​ព្រះនាម​មេជ្ឈៈ ព្រមទាំង​បរិស័ទ ញ៉ាំងចិត្ត​ឲ្យប្រទូស្ត​ក្នុងតាបស​ឈ្មោះ​មាតង្គបណ្ឌិត មានយស ហើយក៏ដល់​នូវសេចក្តី​វិនាស ក្នុងកាល​នោះ ដែន​ឈ្មោះ​មេជ្ឈៈ​ក៏ទៅ​ជាព្រៃ។ ពួកព្រះ​រាជា ជាផៅពង្ស​អន្ធគវេន្ទុ បៀតបៀន​នូវឥសី​ឈ្មោះ​កណ្ហទីបាយនៈ​ កាន់យក​អង្រែ​សំឡាប់​គ្នានឹងគ្នា ហើយ​ក៏ធ្លាក់​ទៅក្នុង​នរក។ ព្រះរាជា​ព្រះនាម​ចេតិយៈ​នេះ កាលពី​ដើម ហោះលើ​អាកាស​បាន ដល់មក​ខាងក្រោយ ត្រូវ​កបិលឥសី​ផ្តាសា​ហើយ មាន​អត្តភាព​សាបសូន្យ ចូលទៅ​កាន់​ផែនដី ដល់នូវ​សេចក្តី​ស្លាប់ ព្រោះ​ហេតុនោះ បានជា​ពួកបណ្ឌិត​មិនសរសើរ​អគតិ ៤ មាន​ឆន្ទាគតិ​ជាដើម​ឡើយ បុគ្គល​មានចិត្ត​មិនប្រទូស្ត គប្បី​ពោលពាក្យ​ប្រកប​ដោយសច្ចៈ បើ​នរណា​មានចិត្ត​ប្រទូស្ត​ហើយ សំឡក់​ទៅរក​អ្នកប្រាជ្ញ ដែល​បរិបូណ៌​ដោយវិជ្ជា និង​ចរណៈ នរៈនោះ នឹងធ្លាក់​ទៅក្នុង​នរក​ខាងក្រោម។ ពួកជន​ណា មានសេចក្តី​ព្យាយាម​អាក្រក់ ជេរ​ប្រទេច​ពួកចាស់​ព្រឹទ្ធាចារ្យ ពួក​ជននោះ (លុះទៅ​កើតក្នុង​ភពខាង​មុខ) រកកូន​គ្មាន រកញាតិ​គ្មាន ដូចត្នោត​កំបុត​គល់។ ជនណា សម្លាប់​បព្វជិត​ដែលមាន​កិច្ច​ធ្វើហើយ អ្នកស្វែង​រកនូវ​គុណដ៏ធំ ជននោះ រមែង​ឆេះនៅក្នុង​កាឡសុត្តនរក​អស់កាល​ជាយូរ​អង្វែង។ ព្រះរាជា​ណា មិនតាំង​នៅក្នុង​ធម៌ កំចាត់​កំចាយ​អ្នកដែន ដុត​កំដៅអ្នក​ជនបទ ព្រះរាជា​នោះ លុះទ្រង់​ទីវង្គត​ទៅ រមែង​ឆេះនៅ​ក្នុង​តាបននរក។ ព្រះរាជា​នោះ ក៏​ឆេះអស់​សែននៃ​ឆ្នាំទិព្វ ព្រះរាជា​នោះ​ត្រូវ​គំនរ​អណ្តាតភ្លើង​ហ៊ុំជុំវិញ​ហើយ ក៏រងទុក្ខ​វេទនា​ខ្លាំង។ អណ្តាត​ភ្លើងទាំង​ឡាយ​ដ៏រន្ទាល​ច្រាល​ឆ្អៅ ផ្សាយចេញ​អំពីកាយ​របស់​សត្វ​នរក​នោះ ខ្លួនរបស់​សត្វនរក​ដែលមាន​ភ្លើង​ជា​អាហារ (មាន​អណ្តាតភ្លើង​តែមួយជា​មួយគ្នា) នឹងចុង​រោម​ទាំងឡាយ​ផង នឹងក្រចក​ទាំងឡាយ​ផង។ សត្វ​នរកមាន​ខ្លួនត្រូវ​ភ្លើងឆេះ​ហើយ ទាំង​ខាងក្នុង ខាងក្រៅ​ជានិច្ច ត្រូវ​សេចក្តី​ទុក្ខចាក់​ដោតហើយ ក៏រោទ៍​ដូចជាដំរី ដែល​គេចាក់​ដោយ​ងៀងកង្វេរ។ បុរស​លាមក​ណា សម្លាប់បិតា ព្រោះតែ​លោភៈ ឬព្រោះ​ទោសៈ បុរស​លាមក​នោះ រមែង​ឆេះនៅ​ក្នុង​កាឡសុត្តនរក អស់កាល​ជាយូរ​អង្វែង។ បុរស​បែបនោះ រមែងឆេះ​នៅក្នុង​លោហកុម្ភីនរក ពួក​និរយបាល (នាំ​ចេញ) នូវសាច់​ដ៏ឆ្អិន ធ្វើមិន​ឲ្យមាន​ស្បែក ហើយ​ចាក់ដោយ​លំពែង​ទាំងឡាយ ធ្វើឲ្យ​ខ្វាក់ ឲ្យស៊ី​នូវមូត្រ និងលាមក ហើយ​ជ្រមុជ​ជនបែប​នោះ​ទៅ​ក្នុង​ទឹកខារ (ទឹកទង់ដែង)។ ពួក​និរយបាល (ញ៉ាំង​សត្វនរក​ឲ្យស៊ី​នូវលាមក) កំពុង​ពុះ និង​ដុំដែក​ដ៏ក្តៅ ហើយយក​បណ្តាញ​ដ៏វែង ដែល​កំដៅ​អស់កាល​យូរ មក​បើកមាត់ (ហើយ​បោះសន្ទូចដែក) ដែល​ចងដោយ​ខ្សែ (ទាញ​អណ្តាត​ចេញ ហើយ​បោះ​ដុំដែក) ទៅក្នុង​មាត់ ដែល​ច្រហ​នោះ។ ពួក​ឆ្កែក្រហម ឆ្កែពពាល ពួកត្មាត ពួក​ក្អែក និងពួក​សត្វស្លាប (ឯទៀត​ច្រើនពួក) មាន​ចំពុះដែក នាំគ្នា​មកចោម​រោមចឹក​ជញ្ជែង​ស៊ីនូវ​អណ្តាត (នៃពួក​សត្វនរក) ដែល​ញាប់​ញ័រ (ដូចជាស៊ី) នូវ​រំពា ព្រមទាំង​ឈាម មានឈាម​កំពុង​ហូរ​ចេញ។ ពួកនិរយបាល វាយសំពង​សត្វនរក​នោះ ដែល​ភ្លើងកំពុង​ឆេះ មានខ្លួន​រយះរយាយ ដោយ​តម្រេក​របស់​ពួកនិរយបាល​នោះ ចំណែក​ខាង​សត្វនរក​ទាំងឡាយ​ក្រៅនេះ ក៏ដល់​នូវសេចក្តី​ទុក្ខវេទនា ពួកជន​ណានីមួយ​ក្នុងលោកនេះ ជាអ្នក​សម្លាប់បិតា ពួក​ជននោះ តែង​ទៅនៅ​ក្នុងនរក​បែបនុ៎ះ។ កូន​សម្លាប់មាតា លុះទៅ​អំពី​លោកនេះ ទៅកាន់​លំនៅ​របស់​យមរាជ កាន់យក​នូវផល​នៃកម្ម​របស់ខ្លួន ក៏ដល់នូវ​សេចក្តី​ទុក្ខ​យ៉ាងខ្លាំង។ ពួក​អមនុស្ស (និរយបាល) ព្រហើន​ក្រៃលែង យក​សរសៃដែក (មករុំ) នូវ​បុគ្គល​អ្នកសម្លាប់​មាតា ហើយ​គាប (ដោយ​ឃ្នាបដែក) រឿយៗ។ ពួកនិរយ​បាល ញ៉ាំងបុគ្គល​អ្នកសម្លាប់​មាតា​នោះ ឲ្យផឹក​នូវឈាម​ដ៏ក្តៅ ដែលហូរ​ចេញអំពី​កាយ​របស់ខ្លួន ដូចជា​ទឹកទង់ដែង​រលាយ។ បុគ្គល​អ្នកសម្លាប់​មាតា​នោះ ចុះទៅឋិត​នៅក្នុង​រណ្តៅ​គួរខ្ពើម ដូចជា​អសុភ​មានក្លិន​ស្អុយ មានលាមក ជាភក់ មានក្លិន​អាក្រក់ ប្រហែលគ្នា​ដោយ​ខ្ទុះ និង​ឈាម។ ក្នុង​នរកនោះ មាន​ពួកដង្កូវ​មាន​ខ្លួនធំ មានមាត់​ដូច​ម្ជុលដែក រុកត្បុល​ចូលទៅ​ក្នុងសាច់ និង​ឈាម ទំលាយ​ស្បែកសម្បុរថ្ងៃ ហើយ​ស៊ីសត្វ​នរក​នោះ (ទាំង​ខួរក្នុងឆ្អឹង)។ បុគ្គល​អ្នក​សម្លាប់​មាតា​នោះ ឆ្លាក់ទៅ​ក្នុងនរក​នោះ ជ្រមុជ (ក្បាល) ចុះទៅ ចំនួន​មួយរយ​ជួរបុរស សាកសព​ដ៏ស្អុយ ក៏ផ្សាយ​ទៅកាន់​ទីចម្ងាយ​មួយរយយោជន៍​ជុំវិញ។ ព្រោះថា សូម្បី​ជនមានចក្ខុ ធុញទ្រាន់​ដោយក្លិន​នោះ ព្រោះ​អាស្រ័យ​ចក្ខុ បពិត្រ​ព្រះបាទ​ព្រហ្មទត្ត បុគ្គល​អ្នកសម្លាប់​មាតា តែងបាន​សេចក្តីទុក្ខ​បែបនេះ។ ពួកស្តី្រ​រំលូត​គភ៌ កន្លងនូវ​ខុរធារនរក​ដ៏មុត ដែលគេ​គ្របសង្កត់​បាន​ដោយក្រ ធ្លាក់ទៅ​ក្នុងស្ទឹង​ឈ្មោះ​វេត្តរណី ដែលមិន​រាបស្មើ។ ដើមរកា​ទាំងឡាយ ជាវិការៈ​នៃដែក មាន​បន្លាប្រវែង ១៦ ធ្នាប់ សំយុង​ចុះមក​ត្រង់ត្រើយ​ទាំងពីរ​ខាង​នៃស្ទឹង​ឈ្មោះ​វេត្តរណី ដែលមិន​រាបស្មើ។ ដើមរកា​ទាំងនោះ ត្រូវភ្លើង​ឆេះ មានអណ្តាត​ខ្ពស់ឡើង​ទៅលើ ១ យោជន៍ ដូចជា​គំនរភ្លើង​អំពី​ឆ្ងាយ។ ពួកស្រី​ប្រព្រឹត្ត​ក្បត់ចិត្តប្តី និងពួក​ប្រុស​ដែលគប់​រកប្រពន្ធ​គេ ជន​ទាំងនុ៎ះ រមែង​ធ្លាក់ទៅ​ក្នុង​សិម្ពលីនរក​ដែលក្តៅ ​មាន​បន្លាស្រួច។ ពួកសត្វ​នរកទាំង​នោះ មានក្បាល​ចុះក្រោម ត្រូវពួក​និរយបាល​ចាក់ (ដោយអាវុធ) ច្រើនដង ក៏វិល​ធ្លាក់មក​វិញ មានខ្លួន​ធ្លុះធ្លាយ រមែងដេក រមែងភ្ញាក់ អស់កាល​ជាយូរ​អង្វែងសព្វៗ កាល។ (ពួក​សត្វនរក ត្រូវពួក​និរយបាល​ចាប់បោះ​ទៅ) ក្នុងនរក​ឈ្មោះ​លោហកុម្ភី មាន​ឧបមា​ដោយ​ភ្នំដ៏ធំ មានទឹក​ស្មើនឹងភ្លើង​ដ៏ក្តៅ រមែង​ឆេះអស់​កាល​​កន្លលទៅ​នៃរាត្រី​ជាយូរ​អង្វែង។ ពួក​មនុស្ស​​ទ្រុស្តសីល (គប់​រកប្រពន្ធគេ) ដែលមោហៈ​គ្របសង្កត់​ហើយ រមែង​រងកម្ម​របស់​ខ្លួន ដែល​ខ្លួនធ្វើ​អាក្រក់​ក្នុងកាលមុន ទាំង​ថ្ងៃ​ទាំងយប់​យ៉ាងនេះ។ ប្រពន្ធណា ដែលគេ​ទិញមក​ដោយ​ទ្រព្យ មើល​ងាយប្តី ម្តាយក្មេក ឪពុកក្មេក បងថ្លៃប្រុស បងថ្លៃស្រី ពួក​និរយបាល តែង​ទាញដក​អណ្តាត​ព្រម​ទាំងគល់ របស់​នាងនោះ ព្រមទាំង​ចំណង​ដោយ​សន្ទូច។ សត្វនរក​នោះ ឃើញ​អណ្តាត​របស់ខ្លួន​ប្រមាណ​មួយព្យាម​ ពេញ​ដោយ​ដង្កូវ មិនអាច​អង្វរ (ពួកនិរយបាល) បាន លុះស្លាប់​ទៅ រមែងឆេះ​នៅក្នុង​តាបននរក​ទៀត។ ពួក​អ្នក​សម្លាប់ចៀម សម្លាប់​ជ្រូក សម្លាប់ត្រី ទាក់ម្រឹគ ពួកចោរ ពួកអ្នក​សម្លាប់គោ ពួកព្រាន ពួកអ្នក​ធ្វើ​គុណ​ក្នុងទោស (អ្នកញុះញង់)។ ពួក​សត្វនរក​នោះ ត្រូវពួក​និរយបាល​បៀតបៀន​ដោយ​លំពែង ដោយ​ញញួរ​លោហៈ ដោយ​សំសែ ដោយ​ព្រួញ​ទាំង​ឡាយ មានក្បាល​សំយុងចុះ ធ្លាក់ទៅ​ក្នុង​ស្ទឹងខារ។ អ្នកធ្វើ​អំពើវៀច ត្រូវពួក​និរយបាល​ដំដោយ​ញញួរ​ដែកទាំង​ឡាយទាំង​ល្ងាចទាំងព្រឹក ហើយស៊ី​នូវកំអួត​របស់​ពួកសត្វ​នរក​ដទៃ ដែល​មាន​អត្តភាព​អាក្រក់​នោះ​សព្វៗ កាល។ ពួកក្អែក ចចក ត្មាត ក្អែកព្រៃ មានចំពុះ​ដែក នាំគ្នា​ចឹក​ប្រជែង​នូវជន​អ្នកធ្វើ​អំពើអាក្រក់​កំពុង​ញាប់ញ័រ។ ពួកជនណា​សម្លាប់ម្រឹគ [យកម្រឹគ ឬបក្សីផងគ្នាធ្វើធ្នាក់។] ដោយ​ម្រឹគ សម្លាប់បក្សី [យកម្រឹគ ឬបក្សីផងគ្នាធ្វើធ្នាក់។] ដោយបក្សី ពួកជន​នោះ​ជាអសប្បុរស បិទបាំង​ដោយ​ធូលី គឺរាគាទិក្កិលេស រមែងទៅ​កាន់​ឧស្សទនរក។

[៩៣] ពួកសប្បុរសក្នុងលោកនេះ មានកម្មសន្សំ​ល្អហើយ តែង​ទៅកាន់​លោក​ខាងលើ សូមព្រះអង្គ​ទតមើល​ផលនៃ​អំពើដែល​គេបាន​សន្សំល្អ ដូចពួក​ទេវតា ព្រមទាំង​ព្រះឥន្ទ្រ ព្រមទាំង​ព្រះព្រហ្ម បពិត្រ​មហារាជ អាត្មាភាព​ពោលហេតុ​នោះនឹង​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃដែន សូមព្រះអង្គ​ប្រព្រឹត្តធម៌ បពិត្រ​ព្រះរាជា អំពើ​ដែលព្រះអង្គ​ប្រព្រឹត្ត​ល្អនោះ មិនគប្បី​ដុតកំដៅ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ​យ៉ាងណាៗ សូម​ព្រះអង្គ​ប្រព្រឹត្តធម៌​យ៉ាងនោះៗ ចុះ។

ចប់ សង្កិច្ចជាតក ទី២។

ឧទ្ទាននៃសដ្ឋិនិបាត

អ្នកទាំងឡាយ ចូរស្តាប់ភាសិតរបស់ខ្ញុំ ក្នុង​សដ្ឋិនិបាត បន្ទាប់​អំពី​បញ្ញាសនិបាត​នោះ​គឺ និយាយ​អំពីឈ្មោះ​ជាតក​ដ៏ប្រសើរ ដែលហៅ​ថា​សោណកតាបស និង​ព្រះរាជា​ទ្រង់​ព្រះនាម​អរិន្ទមៈ ១ ព្រះរាជា​ដ៏ប្រសើរ ក្នុង​រថដែល​យើងពោល​ហើយ​ដូច្នោះ និង​សង្កិច្ចឥសី ១។

ចប់ សដ្ឋិនិបាត។

សត្តតិនិបាតជាតក

កុសជាតក ទី១

[៩៤] (ព្រះបាទកុសរាជពោធិសត្វ ត្រាស់ថា) បពិត្រ​ព្រះមាតា​ ដែនរបស់​ព្រះ​មាតា​នេះ ប្រកប​ដោយទ្រព្យ ប្រកប​ដោយយាន ប្រកប​ដោយគ្រឿង​សំរាប់រាជ្យ បរិបូណ៌​ដោយ​កាម​គ្រប់យ៉ាង សូម​ព្រះមាតា​ត្រួតត្រា​ដែន​របស់​ព្រះមាតា​នេះចុះ ខ្ញុំនឹង​ទៅកាន់​នគរ ជាទីនៅ​របស់​នាងបភាវតី​ជាទី​ស្រឡាញ់។

[៩៥] (នាងបភាវតី ពោលថា) ព្រះអង្គមានព្រះទ័យ​មិនត្រង់ នាំយក​អម្រែកធំ (រងទុក្ខ) ទាំងថ្ងៃ​ទាំងយប់ ទាំង​ពេល​អធ្រាត្រ សូមព្រះអង្គ​ត្រឡប់ទៅ​ក្រុង​កុសាវតី​វិញ​ឲ្យឆាប់ ខ្ញុំម្ចាស់​មិនចង់​បាន​ព្រះអង្គ ដែលមាន​រាងរៅ​អាក្រក់ មកនៅ (ក្នុងទីនេះ) ទេ។

[៩៦] (ព្រះពោធិសត្វ …) ហៃនាងបភាវតី អញនឹង​មិនទៅ​អំពីទីនេះ កាន់ក្រុង​កុសាវតី​ទេ ព្រោះអញ​ជាប់ចិត្ត​នឹងវណ្ណៈ​របស់​នាង ទើបត្រេកអរ​ក្នុងដំណាក់​ជាទី​ត្រេកអរ​របស់​ព្រះ​បាទមទ្ទៈ ស៊ូលះបង់​ដែន មកត្រេកអរ​ក្នុងការ​ឃើញនាង។ ហៃនាង​បភាវតី អញជាប់​ចិត្តនឹង​វណ្ណៈ​របស់នាង មាន​សភាព​វង្វេង ត្រាច់រង្គាត់​ទៅកាន់​ផែនដី មិនស្គាល់​ទិសថា អញ​មកអំពី​ទីណា ហៃនាង​មានភ្នែកថ្លា​ដូចភ្នែកម្រឹគ អញ​ជាមនុស្ស​វក់ចិត្ត​ក្នុង​នាង។ ហៃនាង​មានគ្រឿង​សម្លៀក​រំលេច​ដោយមាស មានខ្សែ​ក្រវាត់ល្អ​ជាវិការៈ​នៃ​មាស មាន​ចង្កេះល្អ អញ​មិនត្រូវ​ការដោយ​រាជសម្បត្តិ ព្រោះតែ​សេចក្តី​ប្រាថ្នាចំពោះ​នូវ​នាង។

[៩៧] (នាងបភាវតី…) បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​មិនចំរើន​តែង​មានដល់​បុគ្គល​ដែល​ប្រាថ្នា បុគ្គល​កាលមិន​ប្រាថ្នា (ខ្លួន) បពិត្រ​ព្រះរាជា ព្រះអង្គ​មិនជាទី​ស្រឡាញ់ ចង់បាន​ស្រ្តីជាទី​ស្រឡាញ់ ដែល​មិនមាន​សេចក្តី​ប្រាថ្នា​ដោយ​កាមទាំងឡាយ។

[៩៨] (ព្រះពោធិសត្វ…) ជនណាបាននាងជាទីស្រឡាញ់ ទោះមិន​មាន​សេចក្តី​ប្រាថ្នា​ក្តី មានសេចក្តី​ប្រាថ្នាក្តី យើង​សរសើរ​នូវការ​បានរបស់​ជននុ៎ះ បណ្តាការ​បាន និងមិន​បាន​នោះ ឯការ​មិនបាន ចាត់ថា​ជារបស់​លាមក។

[៩៩] (នាងបភាវតី…) ព្រះអង្គចង់បានស្ត្រីដែលគេមិនចង់បាន ព្រះអង្គ​ដូចជា​គេ​ជីកខ្លឹមថ្ម​ដោយ​ដើមកណិការ ឬដូច​ជាគេទាក់​ខ្យល់ដោយ​សំណាញ់។

[១០០] (ព្រះពោធិសត្វ…) ហៃនាងមានលក្ខណៈទន់ភ្លន់ អញ​មកអំពី​ជនបទ​ខាងក្រៅ មិនបាន​សេចក្តី​ស្រួល (ក្នុងសំណាក់) របស់នាង​ ឈ្មោះថា នាង​យកថ្ម​សង្កត់​លើ​ហ្ឫទ័យ (នៃអញ) ដោយពិត។ ព្រះរាជបុត្រី​ធ្វើមុខ​ក្រញូវ ហើយសំឡឹង​មើលមក​អញ ក្នុង​វេលាណា អញ​ក៏នៅជា​នាយពិសេស​ក្នុងវាំង​របស់​ព្រះបាទមទ្ទៈ​ក្នុងវេលា​នោះ។ ព្រះ​រាជបុត្រី ញញឹម​ញញែម ក្រឡេក​មើលអញ​ក្នុង​វេលាណា អញ​មិននៅ​ជានាយ​ពិសេស ក្នុងវេលា​នោះទេ អញ​នឹងជា​ព្រះបាទកុសៈ​ក្នុងវេលា​នោះវិញ។

[១០១] (នាងបភាវតី…) ប្រសិនបើពាក្យរបស់ហោរ​ពិតមែន ព្រះអង្គ​មិនត្រូវ​បាន​ជាភស្តា​របស់ខ្ញុំ​ម្ចាស់ទេ ស៊ូឲ្យ​គេកាត់ (ខ្ញុំម្ចាស់) ជាប្រាំពីរ​កំណាត់ចុះ។

[១០២] (ព្រះពោធិសត្វ…) ប្រសិនបើពាក្យរបស់ហោរដទៃ ឬរបស់​អញពិត​មែន ភស្តា​របស់នាង​ក្រៅអំពី​ព្រះបាទកុសៈ ដែលមាន​ព្រះសូរស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ ក៏មិន​មានទេ។

[១០៣] នែនាងគម បើនាងបភាវតីមានភ្លៅដូចជា​ប្រមោយដំរី គប្បី​ក្រឡេក​មើល​អញ លុះ​អញទៅ​ដល់ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈនៃ​មាសឆ្តោរ​ដល់នាង។ នែនាងគម បើនាង​បភាវតី​មានភ្លៅ​ដូចជា​ប្រមោយដំរី គប្បី​ហៅ​រកអញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់ ក ជា​​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។ នែនាងគម បើនាងបភាវតី​មានភ្លៅ​ដូចជា​ប្រមោយ​ដំរី គប្បី​ញញឹម​ញញែម​រកអញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិកា​រៈនៃមាស​ឆ្តោរ​ដល់នាង។ នែនាងគម បើនាង​បភាវតី​មាន​ភ្លៅ​ដូច​ជា​ប្រមោយដំរី គប្បី​សើចក្អាក​ក្អាយរក​អញ លុះអញ​ទៅដល់​ក្រុង​កុសាវតី នឹង​ឲ្យគេធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។ នែនាង​គម បើនាង​បភាវតី​មានភ្លៅ​ដូចជា​ប្រមោយ​ដំរី គប្បី​មកប៉ះ​ពាល់អញ​ដោយ​ដៃទាំង​ឡាយ លុះអញទៅ​ដល់​ក្រុង​កុសាវតី នឹងឲ្យ​គេធ្វើ​គ្រឿងប្រដាប់​សម្រាប់​ពាក់ក ជា​វិការៈ​នៃ​មាសឆ្តោរ​ដល់នាង។

[១០៤] (ស្រ្តីគម…) ព្រះរាជបុត្រីនេះ មិនបាននូវសេចក្តី​ស្រួលចិត្ត​​ទៅរក​ព្រះបាទ​កុសៈ ជាបុរស​នាយពិសេស​អ្នកស៊ី​ឈ្នួល​មិនត្រូវ​ការដោយ​ថ្លៃឈ្នួលទេ។

[១០៥] (នាងបភាវតី…) ស្រ្តីគមនេះ​ មិនហ៊ាន​កាត់អណ្តាត​ដោយ​កាំបិត​ដ៏មុត​ដោយពិត តែហ៊ាន​និយាយ​ពាក្យជា​ទុព្ភាសិត​យ៉ាងនេះ។

[១០៦] (ស្រ្តីគម…) បពិត្រព្រះនាងបភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទកុសៈ​នោះ ដោយរូប ដោយកំពស់ (និងទំហំ​របស់​ខ្លួននាង) ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះ​នាង​សូមធ្វើ​ទុក (ក្នុង​ហ្ឫទ័យ​ថា ព្រះបាទ​កុសៈ​នោះ) មាន​យសធំ ហើយធ្វើនូវ​សេចក្តី​ស្រឡាញ់ (ចំពោះ​ព្រះបាទ​កុសៈនោះ) ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​ទ្រព្យច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​កម្លាំងច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​ដែនធំ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយកំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) ជាព្រះ​រាជាធំ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹម​នូវ​ព្រះបាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​ស្មើនឹង​សំឡេង​នៃ​សីហៈ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះ​បាទ​កុសៈ​នោះ ដោយរូប ដោយ​កំពស់ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មានសំឡេង​ដ៏ពីរោះ ហើយ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈ​​នោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​មូល ហើយ​ធ្វើនូវ​សេចក្តី​ស្រ​ឡាញ់​​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេងល្អ ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើ​ទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) មាន​សំឡេង​ដ៏ផ្អែមល្ហែម ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះ​នាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះ​បាទកុសៈ​នោះ ដោយរូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូម​ធ្វើទុក (ក្នុង​ហ្ឫទ័យ​​ថា​ ព្រះបាទ​កុសៈនោះ) មានសិល្បៈ​ច្រើន ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹម​នូវ​ព្រះបាទ​កុសៈនោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុងហ្ឫទ័យ​ថា​ ព្រះបាទ​កុសៈនោះ) ជា​ក្សត្រិយ៍ (សុទ្ធ) ហើយធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ចុះ។ បពិត្រ​ព្រះនាង​បភាវតី ព្រះនាង​កុំប្រៀប​ផ្ទឹមនូវ​ព្រះបាទ​កុសៈនោះ ដោយ​រូប ដោយ​កំពស់​ឡើយ បពិត្រ​ព្រះនាង​ស្រស់​ប៉ប្រៃ ព្រះនាង​សូមធ្វើទុក (ក្នុង​ហ្ឫទ័យថា​ ព្រះបាទ​កុសៈនោះ) ជា​ព្រះរាជា​មាន​នាម​ស្មើ​នឹង​ស្បូវភ្លាំង (ដែល​ព្រះឥន្ទ្រ​ប្រទាន) ហើយ​ធ្វើនូវ​សេចក្តី​ស្រឡាញ់​ចុះ។

[១០៧] (អាមាត្យទាំងឡាយ…) ព្រះរាជាដ៏ប្រសើរទាំងអស់នុ៎ះ ជា​ព្រះរាជា​គឃ្លើន មក​ហើយ ប្រដាប់​ដោយ​គ្រឿងក្រោះ (សូមព្រះអង្គ​ផ្ញើ​ព្រះរាជសារ​ទៅថា) អ្នក​ទាំងឡាយ ចូរនាំ​ព្រះនាង​បភាវតី​នុ៎ះមក (បញ្ជូន​ទៅថ្វាយ​ព្រះរាជា​ទាំងនោះ) កុំឲ្យ​ទំលាយ​កំពែង​មុនទាន់។

[១០៨] (ព្រះរាជា…) អញនឹងធ្វើនាងបភាវតីនុ៎ះ ឲ្យជា ៧ កំណាត់ ហើយ​ឲ្យដល់​ពួក​ក្សត្រិយ៍​ដែលមក​ក្នុងទីនេះ​ដើម្បី​សម្លាប់​អញ។

[១០៩] (អភិសម្ពុទ្ធគាថា) ព្រះរាជបុត្រីមានសម្បុរលឿង ទ្រង់​ព្រះពស្ត្រ ជាវិការៈ​នៃ​សូត្រ (រំលេច​ដោយ​មាស) ដែល​ពួកទាសី​ហែហម មាននេត្រា​ដ៏ពេញ​ដោយ​ព្រះ​អស្សុជល បានក្រោក (ចាកអាសនៈ)។

[១១០] (នាងបភាវតី…) បពិត្រព្រះមាតា មុខ (របស់ខ្ញុំ) នោះ ធ្លាប់លាប​ស្រឡាប​គ្រឿង​លំអិត ឆ្លុះកញ្ចក់​មានក្រប​ជាវិការៈ​នៃភ្លុក ជាមុខ​ល្អ មាន​ភ្នែកល្អ រលីង​រាបធេង ត្រូវ​ពួក​ក្សត្រិយ៍​លះចោល​ហើយ នឹង​តាំងនៅ​ក្នុងព្រៃ។ ពួកត្មាត​នឹងលើក​ជើង​ទាំងឡាយ កកាយ​នូវសក់​ទាំងនោះ​របស់ខ្ញុំ ជាសក់​ខ្មៅមាន​ចុងង ទន់ លាប​ដោយខ្លឹម​ចន្ទន៍ ឲ្យ​ច្របូក​ច្របល់ ក្នុងកណ្តាល​ព្រៃស្មសាន ក្អែក​ចឹកដៃ​របស់​ខ្ញុំនោះ ដែល​មាន​ក្រចក​ក្រហម មាន​រោមល្អ ទន់ លាបដោយ​ខ្លឹមចន្ទន៍ ដាច់​ខ្ចាត់ខ្ចាយ ដែល​ពួកក្សត្រិយ៍​ចោល​ក្នុងព្រៃ ហើយ​ហើរទៅ​តាម​ប្រាថ្នា។ ចចក (ឃើញ​ស្តន​របស់ខ្ញុំ) នោះ ស្រដៀង​គ្នានឹង​ផ្លែត្នោត មិនយារ លាបដោយ​ខ្លឹមចន្ទន៍​ដ៏ល្អិត ហើយ​បៀម​នូវស្តន​របស់ខ្ញុំ​នោះ ដូចជា​កូនខ្ចី​បង្កើត ដែល​បៀម​នូវស្តន​របស់​មាតា។ ហ្វូងចចក​ជញ្ជែងត្រគាក (របស់ខ្ញុំ) នោះ ជាអវយវៈ​ទូលាយ ដែល​គេដំ​ល្អហើយ ពាក់ដោយ​ខ្សែក្រវាត់​មាស​ទាំងឡាយ ដាច់​ខ្ចាត់​ខ្ចាយ ដែល​ពួក ក្សត្រិយ៍​ចោល​ក្នុងព្រៃ។ ពួកឆ្កែ ក្អែក ចចក និង​សត្វឯ​ទៀត ដែល​មានចង្កូម ស៊ីនាង​បភាវតី មុខជា​នឹងមិន​ចាស់គ្រាំគ្រា​ដោយពិត។ ប្រសិន​បើពួក​ក្សត្រិយ៍ ដែល​ទៅឆ្ងាយ នាំ យក​សាច់ទាំង​ឡាយ (របស់ខ្ញុំ) ទៅ បពិត្រ​ព្រះមាតា ចូរ​ព្រះអង្គ​សូម​យកឆ្អឹង​ទាំងឡាយ ហើយ​ដុតឆ្អឹង​នោះ ក្នុងទី​បន្ទាប់ផ្លូវ (ក្នុង​ចន្លោះ​នៃផ្លូវ​ដើរ និងផ្លូវធំ)។ បពិត្រ​ព្រះមាតា សូម​ព្រះមាតា​ប្រើគេ​ធ្វើសួនច្បារ ហើយ​ដាំដើម​កណិការក្នុង​សួនច្បារ​នុ៎ះ ក្នុង​វេលាណា​ដែលដើម​កណិការ​ទាំងនោះ​មានផ្កា ក្នុង​អំណើះ​ទៅ​នៃកាល​ជាទី​ធ្លាក់នៃ​ទឹក​សន្សើម​ក្នុង​ហេមន្តរដូវ បពិត្រ​ព្រះមាតា សូម​ព្រះមាតា រឭកខ្ញុំថា នាង​បភាវតី មាន​វណ្ណៈ​យ៉ាងនេះ។

[១១១] (អភិសម្ពុទ្ធគាថា) ក្សត្រិយ៍មានវណ្ណៈដូច​វណ្ណៈ​ទេវតា ជាមាតា​របស់​នាង​បភាវតីនោះ ក្រោកចាក​អាសនៈ​ទៅកាន់សំណាក់​ព្រះរាជា​ហើយ បានឃើញ​ដាវ និង​ជ្រញ់ ក្នុង​ព្រះរាជវាំង​ព្រះបាទមទ្ទៈ។

[១១២] (ព្រះមាតា…) បពិត្រព្រះបាទមទ្ទៈ ព្រះអង្គ​នឹងសម្លាប់​ធីតាដែល​គេ​ចំណាំ​បាន​​ដោយងាយ មានចង្កេះរៀវ ដោយប៉ូវថៅនេះ ហើយ​ប្រទាន​ដល់ពួក​ក្សត្រិយ៍​ដោយ​ពិត។

[១១៣] ហៃបុត្រី នាងមិនបានធ្វើតាមពាក្យរបស់អញ​ដែលប្រាថ្នា​ប្រយោជន៍ នាង​មុខជា​នឹងពេញ​ពាស​ដោយឈាម ហើយទៅ​កាន់ភព​របស់​មច្ចុរាជ​ក្នុងថ្ងៃនេះ។ បើសត្វ​ដែល​មិនធ្វើ​តាមពាក្យ​របស់ពួក​ជនដែល​បង្ហាញ​សេចក្តី​ចំរើន បង្ហាញ​ប្រយោជន៍​ហើយ តែង​ប៉ះ​ទង្គិចយ៉ាង​នេះផង តែងជួប​ប្រទះនូវ​សេចក្តី​អាក្រក់ជាង (នេះ) ផង។ បើ​ក្នុង​ថ្ងៃ​នេះ នាង​នឹងបាន​ទ្រទ្រង់​កុមារ​ស្រស់ប៉ប្រៃ ជាក្សត្រិយ៍​ដែលកើត​ព្រោះ​ព្រះបាទ​កុសៈ មាន​ខ្សែ​ក្រវាត់ជាវិការៈ​នៃមាស និងកែវមណី​ដែលពួក​ញាតិបូជា​ហើយ នាងនឹង​មិន​ទៅ​កាន់​លំនៅ​យមរាជ​ទេ នែនាង​ដ៏ចំរើន​ ស្គរលាន់ឮក្តី ដំរីស្រែកក្តី ក្នុង​ខត្តិយ​ត្រកូល​ណា (នាងឃើញ) អ្វី​ដែល​ជាសុខ​ក្រៃលែង​ជាងខត្តិយ​ត្រកូលនោះ (បានជានាង​មក​ក្នុងទី​នេះ)។ សេះក្លា​ប្រធីប្របទ្វារ កុមារ​អ្នករបាំ​ប្រគំ​ក្នុងខត្តិយ​ត្រកូលណា នែនាង​​ដ៏ចំរើន (នាងឃើញ) អ្វី ដែលជាសុខ​ក្រៃលែងជាង​ខត្តិយត្រកូលនោះ។ កាល​បើក្ងោក និងក្រៀល​យំ និងតាវ៉ៅ​យំឮទ្រហឹង​អឹងកង​ក្នុងខត្តិយ​ត្រកូលណា នែនាង​ដ៏​ចំរើន ​​​​(នាង​ឃើញ) អ្វី ដែល​ជាសុខ​ក្រៃលែង​ជាងខត្តិយត្រកូលនោះ។

[១១៤] ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញី​ដែនរបស់​ព្រះរាជា​ដទៃ មាន​ប្រាជ្ញាឆើត គប្បីដោះ​យើងឲ្យរួចចាកទុក្ខបាន តើនៅក្នុងទីណា។

[១១៥] (នាងបភាវតី…) ព្រះបាទកុសៈជាអ្នកញាំញីខ្មាំងសត្រូវ ញាំញីដែន​របស់​ព្រះរាជា​ដទៃ មានប្រាជ្ញាឆើត សម្លាប់ក្សត្រិយ៍​ទាំងអស់​នោះ នៅក្នុង​ទីនេះឯង។

[១១៦] (ព្រះមាតា…) នាងជាស្រីឆ្កួត ជាស្រីអន្ធពាល ចេះតែ​និយាយ (ឲ្យរួចតែ​ពីមាត់) បើព្រះបាទ​កុសៈគប្បីមក ពួកយើង​ធ្វើដូចម្តេច​នឹងស្គាល់​ព្រះបាទកុសៈ​នោះបាន។

[១១៧] (នាងបភាវតី…) (ព្រះបាទកុសៈ) គឺបុរសនាយពិសេស​នុ៎ះ ចងក្បិន​យ៉ាងមាំ​ឱន​លាងឆ្នាំង (សូមព្រះមាតាទត) ត្រង់ចន្លោះ​ដំណាក់កុមារី។

[១១៨] (ព្រះមាតា…) នាងជាស្រីនៃត្រកូលជាងចាំង ជាស្រី​ចណ្ឌាល ឬជាស្រី​ទ្រុស្ត ត្រកូលទេឬ នាងកើត​ក្នុងត្រកូល​ព្រះបាទមទ្ទៈ គួរធ្វើ​ស្វាមី (របស់ខ្លួន) ឲ្យជា​ទាសៈ ដូម្តេច​កើត។

[១១៩] (នាងបភាវតី…) ខ្ញុំមិនមែនជាស្រីត្រកូលជាងចាំង មិនមែន​ស្រី​ចណ្ឌាល មិន​មែនជា​ស្រីទ្រុស្ត​ត្រកូលទេ បពិត្រព្រះមាតា (ព្រះបាទ​កុសៈនោះ) ជាបុត្រ​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថា​ជាទាសៈ​ទៅវិញ។

[១២០] ព្រះបាទកុសៈណា​ ញ៉ាំងពួកព្រាហ្មណ៍​ទាំងម្ភៃពាន់ ឲ្យបរិភោគ​សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈនោះ ជាបុត្រ​របស់​ព្រះបាទឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថាជាទាសៈ​ទៅវិញ។ ពួកជន​តែងទឹម​ដំរីទាំង​ម្ភៃពាន់របស់​ព្រះបាទ​​​កុសៈ​ណាសព្វកាល បពិត្រព្រះមាតា ព្រះបាទ​កុសៈនោះ ជាបុត្រ​របស់ព្រះបាទ ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតាទេតើ សំគាល់ថាជាទាសៈ​ទៅវិញ។ ពួកជនតែង​ទឹម​សេះ​ទាំងម្ភៃពាន់​របស់​ព្រះបាទ​កុសៈណា សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈ​នោះ ជា​បុត្រ​​របស់​ព្រះបាទឱក្កាកៈ (ចំណែកខាង) ព្រះមាតា​ទេតើ សំគាល់​ថាជា​ទាសៈ​ទៅ​វិញ។ ពួកជន​តែងទឹម​រថទាំងម្ភៃពាន់​របស់​ព្រះបាទ​កុសៈណា សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទ​កុសៈនោះ ជា​បុត្រ​​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែក​ខាង) ព្រះមាតា​ទេតើ សំគាល់​ថាជា​ទាសៈទៅវិញ។ ពួកជន​តែងរឹត​ទឹកដោះមេគោ​ទាំងម្ភៃពាន់​របស់​ព្រះ​បាទ​កុសៈ​ណា​សព្វកាល បពិត្រ​ព្រះមាតា ព្រះបាទកុសៈ​នោះ ជា​បុត្រ​​របស់​ព្រះបាទ​ឱក្កាកៈ (ចំណែកខាង) ព្រះមាតា​ទេតើ សំគាល់​ថាជាទាសៈទៅវិញ។

[១២១] (ព្រះរាជា…) ម្នាលស្រីពាល ហងឯងធ្វើខ្ជីខ្ជាដល់ក្សត្រិយ៍​ដែលមាន​កម្លាំង​ច្រើន ដូចជាដំរី ដោយ​ភេទនៃ​កង្កែប នាងមិនបាន​ប្រាប់ក្សត្រិយ៍​នោះ ដែល​យាងមក​ហើយ។

[១២២] បពិត្រមហារាជ ជាបុគ្គលប្រសើរលើរថ សូមព្រះអង្គ​ទ្រង់អត់​កំហុស ដល់​យើង ព្រោះយើង​មិនបាន​ដឹងថា ទ្រង់យាង​មកក្នុងទីនេះ ដោយ​ក្លែងភេទសោះ។

[១២៣] (ព្រះមហាសត្ត…) បពិត្រព្រះសម្មតិទេព ដំណើរ​ដែលទូល​ព្រះបង្គំ​ជាខ្ញុំ ធ្វើជា​​នាយពិសេសនោះ មិនកំបាំង​ដល់ជន​ដូចទូល​ព្រះបង្គំ​ជាខ្ញុំទេ សូមព្រះអង្គ​ជ្រះថ្លា​នឹង​ទូល​បង្គំជា​ខ្ញុំចុះ អំពើ​ខ្ជីខ្ជារបស់​ព្រះអង្គ​មិនមានទេ។

[១២៤] (ព្រះរាជា…) ម្នាលស្រីពាល នាងឯង​ចូរទៅសូម​ខមាលទោស​នឹង​ព្រះបាទកុសៈ ដែលមាន​កម្លាំងច្រើន ​ព្រះបាទ​កុសៈនោះ​ កាល​បើនាង​សូម​ខមាលទោស​ហើយ ​នឹង​ប្រទានជីវិត​ដល់នាង។

[១២៥] (អភិសម្ពុទ្ធគាថា) នាងបភាវតី មានវណ្ណៈ​ដូចជាវណ្ណៈ​នៃទេវតា ឮ​ព្រះឱង្ការ របស់ព្រះបិតា (ក៏ក្រាប) ដោយ​សីសៈ អាចចាប់​ព្រះបាទកុសៈ​ដ៏មាន​កម្លាំង​ច្រើន ត្រង់ព្រះបាទា​បាន។

[១២៦] (នាងបភាវតី…) បពិត្រព្រះសម្មតិទេព រាត្រី​ទាំងនោះ វៀរចាក​ព្រះអង្គ​កន្លងទៅ បពិត្រ​ព្រះអង្គ​ជាបុគ្គល​ប្រសើរលើរថ ខ្ញុំម្ចាស់​សូម (ក្រាប) ដោយក្បាល ថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូរ​របស់​ព្រះអង្គ សូមព្រះអង្គ​កុំខ្ញាល់​នឹងខ្ញុំម្ចាស់។ បពិត្រ​មហារាជ ខ្ញុំម្ចាស់​សូមប្តេជ្ញា​ពាក្យពិត​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​ទ្រង់ព្រះ​សណ្តាប់​ពាក្យរបស់ខ្ញុំ ម្ចាស់ៗ លែង​ធ្វើនូវការ​មិនស្រឡាញ់​ព្រះអង្គ​ទៀតហើយ។ កាលបើ​ខ្ញុំម្ចាស់អង្វរករ យ៉ាង​នេះ​ហើយ បើព្រះអង្គ​នឹងមិនធ្វើ​តាមពាក្យ​ខ្ញុំម្ចាស់ទេ ព្រះរាជ​បិតាមុខ​ជានឹង​​សម្លាប់​ខ្ញុំម្ចាស់​ឥឡូវនេះ ហើយប្រទាន​ដល់ពួកក្សត្រិយ៍​មិនខាន។

[១២៧] (ព្រះមហាសត្ត…) កាលបើនាងអង្វរករយ៉ាងនេះហើយ យើងនឹង​មិនធ្វើ​តាម​ពាក្យរបស់​នាងឯណា​បាន នែនាង​បភាវតី​ស្រីកល្យាណី បងលែង​ខឹងនឹង​នាង​ហើយ នាងកុំ​ភ័យឡើយ។ នែ​រាជបុត្រី យើង​សូមប្តេជ្ញា​ពាក្យពិត​ចំពោះនាងៗ ចូរស្តាប់​ពាក្យ​របស់​​យើងៗ លែងធ្វើ​នូវសេចក្តី​មិនជាទី​ស្រឡាញ់​នាងទៀត។ នែនាង​បភាវតី ជាស្រី​មាន​ចង្កេះរៀវ យើងអត់​ទ្រាំសេចក្តីទុក្ខ​ច្រើនដង ព្រោះតែ​ចង់បាន​នាង យើង​​ហ៊ាន​សម្លាប់​ត្រកូល​របស់​ព្រះបាទមទ្ទៈ​ជាច្រើន ហើយនាំ​យកនាង​ទៅបាន។

[១២៨] ពួកជនទាំងឡាយ ចូរទឹមសេះដ៏រំលេច​ដោយគ្រឿង​ប្រដាប់​ផ្សេងៗ ជា​សត្វ​រៀបរយ​ក្នុងរថ កាលបើ​ទឹមហើយ អ្នកទាំងឡាយ​មុខជា​នឹងឃើញ​កម្លាំង​របស់ខ្ញុំ ដែល​​​កំចាត់​ពួកខ្មាំងបាន។

(អភិសម្ពុទ្ធគាថា) ពួកស្រីក្នុងព្រះរាជវាំង​របស់​ព្រះបាទមទ្ទៈ (នាំគ្នា​បើកបង្អួច) អើត​មើលព្រះបាទ​កុសៈនោះ ដែលកំពុង​មិតពត់ កំពុងទង្គិច​ដើមដៃ​ទាំងពីរខាង ដូចជា​សីហៈ​ ក្នុងទីនោះ។

[១២៩] ព្រះបាទកុសៈ លើកព្រះនាងបភាវតី ឡើងកាន់​កដំរី លុកលុយ​ចូល​ទៅ​ក្នុង​​សង្គ្រាម ហើយក៏​បន្លឺនូវ​សីហនាទ។ ពួកក្សត្រិយ៍​ឮព្រះបាទ​កុសៈនោះ​បន្លឺ​សីហនាទ​នោះ​ ​ត្រូវភ័យ​អំពីសំឡេង​គម្រាម​នៃព្រះបាទ​កុសៈ​បៀតបៀនហើយ ក៏នាំគ្នា​រត់បែក​ខ្ញែក​ដូច​ជាពួក​ម្រឹគដទៃ (ដែលភ័យ​នឹងសម្រែក) នៃសីហៈ។ ពួកទាហាន​ដំរី ទាហានសេះ ទាហាន​រ​ថ ទាហាន​ថ្មើរជើង ត្រូវភ័យ​អំពីសំឡេង​នៃព្រះបាទ​កុសៈបៀត​បៀនហើយ ក៏រត់​ជាន់​គ្នា​ទៅវិញ​ទៅមក។ ទេវរាជ​ជាធំជាង​ទេវតា បានឃើញហើយ ក៏មាន​ព្រះហ្ឫទ័យ​រីករាយ បានប្រទាន​កែវមណី​ឈ្មោះ​វិរោចនៈ ដល់​ព្រះបាទកុសៈ​ក្នុងប្រធាន​នៃសង្គ្រាម​នោះ។ ព្រះរាជា​នោះ លុះឈ្នះសង្គ្រាម​នោះ បានកែវមណី​ឈ្មោះ​វេរោចនៈ ហើយ​គង់​លើ ក ដំរី ក៏យាង​ចូលទៅ​កាន់បូរី។ ព្រះបាទកុសៈ បានចាប់​យក​ក្សត្រិយ៍​ទាំង ៧ អង្គ​​ទាំង​រស់ ចងនាំ​មកថ្វាយ​ដល់ព្រះបិតា​ក្មេកថា បពិត្រ​ព្រះសម្មតិទេព ក្សត្រិយ៍​ទាំង ៧ នេះ​ហើយ​​ជា​សត្រូវ​របស់​ព្រះអង្គ។ ពួកក្សត្រិយ៍​ជាសត្រូវ​ទាំងអស់ ជាអ្នក​បៀតបៀន​ព្រះអង្គ លុះ​ក្នុង​អំណាច​របស់ព្រះអង្គ​ហើយ សូមព្រះអង្គ​ធ្វើតាមបំណង​របស់​ព្រះអង្គចុះ ទោះ​ព្រះអង្គ​លែង​ក្សត្រិយ៍​ទាំងនោះ ឬសម្លាប់​នូវក្សត្រិយ៍​ទាំងនោះ​ចុះ។

[១៣០] (ព្រះរាជា…) បពិត្រមហារាជ ព្រះរាជាទាំងនុ៎ះ ជាសត្រូវ​របស់​ព្រះអង្គ ព្រះរាជា​ទាំងនោះ មិនមែន​ជាសត្រូវ​របស់ខ្ញុំទេ ព្រះអង្គ (ជាឥស្សរៈ) របស់​ពួកយើង​ស្រាប់​ហើយ ទោះលែង​ក្សត្រិយ៍​ទាំងនោះ ឬសម្លាប់​នូវក្សត្រិយ៍​ទាំងនោះចុះ។

[១៣១] (ព្រះមហាសត្ត…) ធីតាទាំងឡាយ​របស់ព្រះអង្គ​ទាំង ៧ នេះ ល្អ មាន​ឧបមា​ដោយ​ទេវកញ្ញា សូមព្រះអង្គ​ប្រទានធីតា​មួយអង្គៗ ដល់​ព្រះរាជា​ទាំងនោះៗ ចូរជា​កូនប្រសារ របស់ព្រះអង្គចុះ។

[១៣២] (ព្រះបាទមទ្ទៈ…) បពិត្រមហារាជ ព្រះអង្គ​ជាឥស្សរៈ​របស់ពួកយើង​ទាំងអស់គ្នា គឺ (ព្រះរាជា​ទាំង ៧ នេះផង) ខ្ញុំផង ធីតា​ទាំងនោះ​ផង ព្រះអង្គ​ប្រាថ្នានឹង (ប្រទាន) ធីតា ណា (ដល់​ព្រះរាជា​ណា) សូម​ប្រទាន (ធីតានោះ) ដល់​ព្រះរាជា​នោះ​ចុះ។

[១៣៣] (អភិសម្ពុទ្ធគាថា) ព្រះបាទកុសៈ មានព្រះវាចាស័ព្ទ​ស្មើនឹង​សំឡេង​សីហៈ បាន​ប្រទាន​ពួកធីតា​របស់​ព្រះបាទ​មទ្ទៈមួយអង្គៗ ដល់ក្សត្រិយ៍​ទាំងនោះ​មួយអង្គៗ។ ពួក​ក្សត្រិយ៍​ទាំង ៧ អង្គ មាន​ព្រះហ្ឫទ័យ​ស្កប់ស្កល់​ដោយលាភ​នោះហើយ ក៏ត្រេក​អរ ចំពោះ​ព្រះបាទកុសៈ ដែលមាន​ព្រះសូរវាចា​ស្មើនឹង​សំឡេងសីហៈ បានទៅ​កាន់ដែន​​ទាំង​ឡាយ​រៀង​ខ្លួនក្នុង​លំដាប់​នោះឯង។ ចំណែក​ឯព្រះបាទ​កុសៈ​មានកម្លាំង​ច្រើន បាន​នាំយក​នាង​បភាវតី និង​កែវមណី ឈ្មោះវេរោចនៈ​ដ៏ល្អ ហើយទ្រង់​ស្តេចវិល​ត្រឡប់​ទៅ​កាន់​ក្រុង​កុសាវតី​វិញ។ ក្សត្រិយ៍ទាំងនោះ គង់លើ​រថជា​មួយគ្នា បរសំដៅ​ចូលទៅ​​កាន់​ក្រុងកុសាវតី ស្មើគ្នា​ដោយវណ្ណៈ និងរូប មិនរុងរឿង​ជាងគ្នាង​ប៉ុន្មានទេ។ ព្រះ​មាតា​បាន​ជួបជុំដោយបុត្រ ចំណែក​អគ្គមហេសី និងព្រះរាជស្វាមី​ទាំងពីរ​ព្រះអង្គ​នោះ បានព្រម​ព្រាងគ្នា នៅគ្រប់​គ្រង​រាជធរណី​ដ៏សម្បូណ៌​សប្បាយ​ក្នុងកាលនោះ។

ចប់ កុសជាតក ទី១។

សោណនន្ទជាតក ទី២

[១៣៤] (ព្រះរាជាព្រះនាម​មនោជៈ ត្រាស់សួរថា) លោកជា​ទេវតា ឬជា​គន្ធព្វ ជា​សក្ក​បុរិន្ទទៈ ឬជា​មនុស្ស​មានឫទ្ធិ ធ្វើដូចម្តេច យើងនឹង​ស្គាល់លោកបាន។

[១៣៥] (តាបសឈ្មោះនន្ទបណ្ឌិតពោលថា) អាត្មាភាព មិនមែន​ជាទេវតា មិន​មែនជា​គន្ធព្វ មិនមែន​ជាសក្កបុរិន្ទទៈ​ទេ អាត្មាភាព​ជាមនុស្ស​មានឫទ្ធិ បពិត្រ​ព្រះរាជា ទ្រទ្រង់​នូវភារៈ (ដែន) សូមព្រះអង្គ​ជ្រាបយ៉ាងនេះចុះ។

[១៣៦] (ព្រះបាទមនោជៈ…) ការខ្វល់ខ្វាយបំរើ មានភាព​ដែល​លោកដ៏​ចំរើន​ធ្វើហើយ នេះជា​ការមិនមែនតិច កាលដែល​ភ្លៀងកំពុងធ្លាក់​ចុះ លោកដ៏ចំរើនអាច​​ធ្វើ​មិន​ឲ្យមាន​ភ្លៀងបាន។ តអំពី​នោះមក លោកដ៏ចំរើន​អាចធ្វើ​ឲ្យម្លប់​ដ៏ត្រជាក់​បាន ក្នុងទី​មាន​ខ្យល់ និងកំដៅ​ថ្ងៃដ៏ខ្លាំង តពីនោះមក លោកដ៏ចំរើន​អាចធ្វើ​គ្រឿង​ការពារព្រួញ ក្នុង​កណ្តាល​នៃសត្រូវ​ទាំងឡាយបាន។ តពីនោះមក លោកដ៏ចំរើន​អាចធ្វើ​ដែន​ទាំង​ឡាយ ដ៏សម្បូណ៌ (និង) អ្នកដែន​ទាំងនោះ​ឲ្យលុះ​ក្នុងអំណាច (របស់យើងខ្ញុំ) តពី​នោះ​មក លោកដ៏ចំរើន​អាចធ្វើ​ក្សត្រិយ៍ ១០១ ឲ្យជា​ចំណុះ (នៃយើង​ខ្ញុំបាន)។ យើងខ្ញុំ​ត្រេក​អរ​​​​​​នឹងលោក​ដ៏ចំរើន លោកចង់​បានរតនៈ (ណា) ចូរទទួល​យករតនៈ​នោះចុះ យើងខ្ញុំ​ប្រគេន​យានដំរី រថ សេះ ពួកនាង​នារី​ដែលប្រដាប់​ស្រេច ទាំងលំនៅ​គួរឲ្យ​ត្រេកអរ​ទាំង​ឡាយ​ដល់លោក​ដ៏ចំរើន។ មួយទៀត យើងខ្ញុំប្រគេន​ដែនអង្គៈ ឬមគធៈ ដល់​លោកដ៏​ចំរើន មួយ​ទៀត យើងខ្ញុំ​សប្បាយចិត្ត ប្រគេនដែន​អស្សកៈ ឬដែន​អវន្តិដល់​លោក។ យើងខ្ញុំ​ប្រគេន​រាជ្យពាក់​កណ្តាល ដល់លោក​ដ៏ចំរើន បើលោក​ត្រូវការ​ដោយរាជ្យ លោក​​ចង់បាន​របស់ណា សូមត្រួតត្រា​របស់នោះចុះ។

[១៣៧] (នន្ទបណ្ឌិតតាបស…) អាត្មាភាព​ មិនត្រូវការ​ដោយរាជ្យ ដោយនគរ ឬ​ដោយ​​ទ្រព្យ ទាំងមិនត្រូវ​ការដោយ​ជនបទទេ។

[១៣៨] ក្នុងព្រៃក្នុងដែនជាអាណាខែត្ររបស់ព្រះអង្គ​ដ៏ចំរើន មានអាស្រម​មួយ បិតាមាតា​​របស់អាត្មាភាព​ទាំងពីរ​នាក់ នៅក្នុង​អាស្រមនោះ។ អាត្មាភាព​មិនបានធ្វើ​បុណ្យ ចំពោះ​បុព្វាចារ្យ​ទាំងនោះ យើងធ្វើ​ព្រះអង្គដ៏ចំរើន​ឲ្យប្រសើរ​លើសលុប ឲ្យសូម​នូវការ​រួបរួម​ជាមួយ​នឹង​សោណបណ្ឌិតតាបស។

[១៣៩] (ព្រះរាជា…) បពិត្រព្រាហ្មណ៍ ខ្ញុំធ្វើតាមពាក្យរបស់លោក​ដែលលោក​ពោល​​នឹងខ្ញុំ សូមលោក​ប្រាប់ហេតុនោះ ដល់​យើងខ្ញុំ តើឲ្យ​ពួកជន​ប៉ុន្មាននាក់ ជាអ្នកជួយ អង្វរ​ករ។

[១៤០] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល​ជាងមួយរយ ពួក​ព្រាហ្មណ៍​មហាសាលជាងមួយរយ និងពួកក្សត្រិយ៍​ទាំងអស់ ដែលមាន​ជាតិដ៏ខ្ពស់ មាន​យសនេះ ទាំងព្រះបាទមនោជៈ​ដ៏ចំរើន ទើបល្មម​ជាអ្នក​ជួយអង្វរករ។

[១៤១] (ព្រះរាជា…) ពួកអ្នករក្សាដំរី ពួកអ្នក​រក្សាសេះ ចូរនាំគ្នា​ចាត់ចែង​នូវ​ពួកដំរី ពួក​សេះ ម្នាលសារថី អ្នកចូរ​ជ្រាមរថ អ្នកទាំងឡាយ ចូរយក​គ្រឿងប្រដាប់​សម្រាប់ចង (ឯដំរី​សេះរថ) ជនទាំងឡាយ ចូរលើកទង់ជ័យ ត្រង់ជើង​ទង់ជ័យដែល​ដំកល់លើរថ អញនឹង​ទៅកាន់​អាស្រម​ជាទីនៅ​នៃ​កោសិយគោត្ត។

[១៤២] (អភិសម្ពុទ្ធគាថា) លំដាប់ពីនោះមក ព្រះរាជាបានយាងទៅដោយ​សេនា​ប្រកប​​ដោយអង្គ ៤ ទ្រង់ស្តេច​ទៅកាន់​អាស្រម ជាទីរីករាយ ជាទីនៅ​នៃ​កោសិយគោត្ត។

[១៤៣] (ព្រះបាទមនោជៈ…) ដងរែក ជាវិការៈ​នៃឈើក្ទម្ព​របស់​អ្នកណា ដែល​ទៅ​​​ដង​ទឹក ហើយមិន​ប៉ះពាល់ស្មា ទៅលើ​អាកាស​ចំនួន ៤ ធ្នាប់។

[១៤៤] (ព្រះមហាសត្ត…) បពិត្រមហារាជ អាត្មាភាព​ជាតាបស​ឈ្មោះសោណៈ ប្រកប​ដោយវត្ត មិនខ្ជិលច្រអូស ចិញ្ចឹម​មាតាបិតា ទាំងយប់​ទាំងថ្ងៃ។ បពិត្រ​ព្រះអង្គ​​ជា​ម្ចាស់​នៃទិស អាត្មាភាព រលឹកឃើញ​ឧបការៈ​ដែលមាតា​បិតាធ្វើ​ក្នុងកាល​មុន ហើយ​ក៏​យក​ផ្លែ​ឈើ និងមើមឈើ​ក្នុងព្រៃ មកចិញ្ចឹម​មាតាបិតា។

[១៤៥] (ព្រះរាជា…) យើងខ្ញុំចង់ទៅកាន់អាស្រម ជាទីនៅរបស់​កោសិយគោត្ត បពិត្រ​ព្រះសោណៈ សូមលោកម្ចាស់​ប្រាប់ផ្លូវ​ដល់យើង យើងនឹង​ទៅកាន់​អាស្រម។

[១៤៦] (ព្រះមហាសត្ត…) បពិត្រព្រះរាជា ផ្លូវដើរចុះ​តែជើង ១ នេះ មាន​ព្រៃ មាន​ពណ៌​ដូច​ជាផ្ទៃមេឃ ដ៏ដេរដាស​ដោយ​ដើមរលួស​ផ្អុងនុ៎ះ ជាទីនៅ​របស់​កោសិយគោត្ត។

[១៤៧] (អភិសម្ពុទ្ធគាថា)​ លុះមហាឥសីពោលពាក្យនេះ​ទូលប្រាប់​ពួក​ក្សត្រិយ៍​ហើយ ប្រញាប់​ប្រញាល់​ចៀសចេញទៅ (កាន់​ស្រះអនោតត្ត) តាមអាកាស​វេហាស៍ មហា​ឥសី ក៏បោស​សំអាត​អាស្រម រៀបចំអាសនៈ ចូលទៅ​កាន់​បណ្ណ​សាលា​ហើយ​ជំរាប​បិតា​ឲ្យជ្រាបថា បពិត្រ​មហាឥសី ព្រះរាជា​ទាំងនេះ មានជាតិខ្ពស់ មានយស យាង​មក សូម​ព្រះបិតា​ចេញអំពី​អាស្រម​មកគង់​ចាំទទួល។ មហាឥសី ឮពាក្យនោះ​របស់កូន​នោះ​ហើយ ក៏ប្រញាប់​ប្រញាល់ ចេញអំពី​អាស្រម មកអង្គុយ​ជិតទ្វារ។

[១៤៨] កោសិយគោត្តតាបស បានឃើញស្តេចនោះ ដូចជា​រុងរឿង​ដោយតេជះ មាន​​ពួកក្សត្រិយ៍​ហែហម កំពុង​យាងមក ហើយ​បានពោល​ពាក្យនេះថា ស្គរ សម្ភោរ ស័ង្ខ ស្គរតូច និងមហោរធិក​របស់អ្នកណា​ញ៉ាំងសេ្តច​ជាបុគ្គល​ប្រសើរលើរថ ឲ្យ​រីករាយ​ទៅ​ខាង​មុខ។ (ទីបំផុតថ្ងាស) នៃអ្នកណា (បិទបាំង) ដោយ​ដំបារមាស​ដ៏ធំ មានព័ណ៌​ដូច​ជា​ផ្លេកបន្ទោរ ប្រុស​កំឡោះណា សៀតបំពង់​ព្រួញ រុងរឿង​ដោយសិរី ហើយដើរ​មក។ អ្នក​ណា​មានមុខរុងរឿង​ភ្លឺចាំង ដូចជា​មាសភ្លឺ​ចិញ្ចាច​ត្រង់មាត់បាវ ស្រដៀងនឹង​រងើក​ភ្លើង​នៃ​ឧសគគីរ រុងរឿង​ដោយសិរី ហើយដើរមក។ អ្នកណា​បាំងឆ័ត្រ ព្រមទាំង​ឆ្អឹង ជា​ទីរីក​រាយ​នៃចិត្ត ការពារ​រស្មីព្រះអាទិត្យ អ្នកណា​រុងរឿង​ដោយសិរី ហើយ​ដើរ​មក។ ពួក​ជនបិទ​បាំង​ជុំវិញខ្លួន​នៃអ្នកណា ដែល​មានបុណ្យ​ដ៏ប្រសើរ កំពុង​ជិះលើ ក​ នៃដំរី ដោយ​ផ្លិត​រោមសត្វ​ដ៏ឧត្តម ហើយ​ដើរទៅ។ ពួកឆ័ត្រស និងពួក​អាជានេយ្យ ប្រដាប់​​ដោយ​ក្រោះ​ខ្នាន់ខ្នាប់​ជុំវិញ​នៃអ្នកណា អ្នកណា​រុងរឿង​ដោយសិរី ហើយដើរ​មក​។ ពួកក្សត្រិយ៍​​មួយរយមួយ សុទ្ធតែ​មានយស​ជាស្តេចចំណុះ ដើរហែហម​ជុំវិញនៃ​អ្នកណា អ្នកណា​​រុងរឿង​ដោយសិរី ដើរមក។ ពួកសេនា​ប្រកប​ដោយអង្គ ៤ គឺដំរី ១ សេះ ១ រថ ១ ពល​ថ្មើរជើង ១ ដើរ​ហែហម​ជុំវិញ (នៃអ្នក​ណា) អ្នកណា​រុងរឿង​ដោយ​សិរី ដើរមក​។ សេនា​​ដ៏ធំនេះ មិនមាន​អ្នកណា​មួយឲ្យ​រំភើបបាន មិនមាន​ទីបំផុត ដូចជា​​រលកនៃ​សាគរ ប្រព្រឹត្ត​ទៅតាម​ខាងក្រោយ​នៃអ្នកណា។

[១៤៩] (ព្រះមហាសត្ត…) ព្រះបាទមនោជៈ ជាព្រះរាជា​ប្រសើរ​ជាងពួក​ព្រះរាជា ដូចជា​ព្រះឥន្ទ្រ​ជាធំជាង​ពួកទេវតា ក្នុងឋាន​ត្រៃត្រឹង្ស ដែល​មានជ័យ​ជំនះ បានដល់​នូវ​ភាពជា​បរិស័ទ​នៃនន្ទតាបស ​មកកាន់​អាស្រម​នៃពួក​ព្រហ្មចារីបុគ្គល (ដើម្បី​ខមា​ទោស​​នឹង​យើង)។ សេនា​ដ៏ធំនេះ មិនមាន​អ្នកណា​មួយ​ឲ្យរំភើបបាន មិនមាន​ទីបំផុត​​ដូចជារលក នៃសាគរ ប្រព្រឹត្ត​ទៅតាម​ខាងក្រោយនៃព្រះបាទមនោជៈ​នោះ។

[១៥០] (អភិសម្ពុទ្ធគាថា) ពួកព្រះរាជាទាំងអស់ លាបស្រឡាប​ដោយ​ខ្លឹមចន្ទន៍ ទ្រង់​កាសិកព័ស្រ្តដ៏​ឧត្តម បានផ្គង​អញ្ជលី​ចូលទៅ​រកពួកឥសី។

[១៥១] (ព្រះបាទមនោជៈ…) លោកដ៏ចំរើន​មានសេចក្តី​សុខស្រួលទេឬ លោក​ដ៏ចំរើន​មានអនាម័យ​ទេឬ លោកទាំងឡាយ​ចិញ្ចឹមជីវិត​ដោយការស្វែង​រកឬ មើមឈើ និង​ផ្លែឈើ មានច្រើន​ដែរឬ។ ពួករបោម មូស ពស់ មានតិច​តួចដែរឬ ក្នុងព្រៃ​​ដ៏ដេរដាស​ដោយ​ម្រឹគ​សាហាវ មិនបៀត​បៀនទេឬ។

[១៥២] (កោសិយគោត្ត…) បពិត្រព្រះរាជា អាត្មាភាព មានសេចក្តី​ស្រួលទេ បពិត្រ​ព្រះរាជា មួយទៀត អាត្មាភាព មិនមាន​សេចក្តី​ឈឺចាប់ទេ អាត្មាភាព ចិញ្ចឹម​ជីវិត​ដោយ​ការ​ស្វែងរក (ផលាផល) ស្រួលទេ ទាំងមើមឈើ និងផ្លែឈើ​ក៏មានច្រើន។ មួយ​ទៀត ពួករបោម មូស ពស់ ក៏មាន​តិចតួចទេ ក្នុងព្រៃ​ដ៏ដេរដាស​ដោយ​ម្រឹគ​សាហាវ ក៏​មិនបៀត​បៀន​អាត្មាភាពទេ។ អាត្មាភាព មកនៅក្នុង​អាស្រមនេះ អស់​ប្រជុំ​នៃឆ្នាំ​ជា​ច្រើន មិនដែល​ស្គាល់អាពាធ មិនជាទី​ត្រេកអរ​នៃចិត្ត​កើតឡើងទេ។ បពិត្រមហារាជ ព្រះអង្គ​យាងមក​ល្អហើយ មួយទៀត ព្រះអង្គ​មិនមែន​យាងមក​​អាក្រក់ទេ ព្រះអង្គជា​ឥស្សរៈ យាងមក​ដល់ហើយ វត្ថុមាន​ក្នុងទីនេះ សូមព្រះអង្គ​មាន​ព្រះបន្ទូល។ បពិត្រ​​ព្រះរាជា​ សូមព្រះអង្គ​សោយ​ផ្លែទន្លាប់ ផ្លែទ្រយឹង ផ្លែស្រគំ ផ្លែ​មាក់ដោក មាន​រសឆ្ងាញ់​​ពិសា ដូចជា​ទឹកឃ្មុំ។ ទឹកត្រជាក់​នេះ អាត្មាភាព បាន​ដងមក​អំពីជ្រោះភ្នំ បពិត្រ​​មហារាជ សូមព្រះអង្គ​សោយទឹក​នោះចុះ ប្រសិនបើ​ទ្រង់ត្រូវការ។

[១៥៣] (ព្រះរាជា…) របស់ណាដែលលោក​ឲ្យហើយ (របស់នោះ) ឈ្មោះថា យើង​ខ្ញុំ​ទទួល​ហើយ ទាំងបាន​ធ្វើឲ្យជា​ជំនូន​ដល់ជន​ទាំង​ពួង លោកទាំងឡាយ ចូរស្តាប់​​ពាក្យ​នន្ទ​បណ្ឌិត​តាបស លោកនឹង​និយាយ​ឥឡូវនេះ ពួកយើង​ជាបរិស័ទ​នៃនន្ទបណ្ឌិត​​តាបស បានមក​កាន់សំណាក់​នៃលោក​ដ៏ចំរើន សោណបណ្ឌិត​ដ៏ចំរើន ចូរស្តាប់ពាក្យ​នៃ​ខ្ញុំផង នៃ​បរិស័ទ​របស់នន្ទបណ្ឌិត​តាបសផង។

[១៥៤] (នន្ទបណ្ឌិតតាបស…) ពួកគហបតីមហាសាល ជាងមួយរយ ពួក​ព្រាហ្មណ៍​មហាសាល​ជាងមួយរយ និងពួក​ក្សត្រិយ៍​ទាំងអស់ ដែលមាន​ជាតិខ្ពស់ មាន​យសនេះ ទាំងព្រះបាទ​មនោជៈ​ដ៏ចំរើន សូមជ្រាប​តាមសំដី​របស់​អាត្មាភាពចុះ។ ពួក​ជនដែល​មក​ជួបជុំគ្នា ពួកយក្ស ពួកភូត និងទេវតា ក្មេងមាន​ក្នុងអាស្រម​ក្នុងព្រៃនេះ ចូរ​ស្តាប់​នូវ​​ពាក្យ​របស់អាត្មា។ អាត្មាធ្វើ​នមស្ការ​ដល់ពួកភូតហើយ នឹងនិយាយ​ចំពោះ​ឥសី (ឈ្មោះ​សោណបណ្ឌិត) ដែលមាន​វត្តល្អថា​ ខ្ញុំនោះ​ហើយ ដែលកោសិយគោត្ត​សន្មតថា ជាដើម​ដៃស្តាំ​របស់លោក។ បពិត្រ​អ្នកមាន​ព្យាយាម ការទំនុក​បំរុងមាតាបិតា​នេះ ជា​បុណ្យរបស់​ខ្ញុំដែលជា​អ្នកប្រាថ្នា​ចិញ្ចឹមមាតា និងបិតារបស់ខ្ញុំ បពិត្រ​ព្រះកោសិយៈ សូម លោក​កុំ​ឃាត់ខ្ញុំឡើយ។ ការទំនុក​បំរុងមាតាបិតា​នុ៎ះ ពួកសប្បុរស​បានដឹងហើយ សូម លោកលះ​នូវការទំនុក​បំរុង​មាតាបិតា​នេះ​ឲ្យដល់ខ្ញុំ លោក​បានធ្វើ (កុសល) ដោយការ ខ្នះខ្នែង​នឹងការ​បំរើ​យូរយារ​ណាស់​មកហើយ (ឥឡូវនេះ ខ្ញុំចង់ធ្វើ) បុណ្យ​ទាំងឡាយ ដល់​មាតា​ និងបិតា សូមលោក​ប្រគល់​សួគ៌ទេវលោក​ដល់ខ្ញុំ។ បពិត្រឥសី លោក​ដឹងផ្លូវ​ទៅកាន់​សួគ៌ទេវលោក​យ៉ាងណា ពួកមនុស្ស​ក៏ដឹងចំណែក​ធម៌​ក្នុងធម៌ ក៏យ៉ាង​​នោះដែរ។ កិរិយា​នាំមកនូវ​សេចក្តីសុខ​ដល់មាតាបិតា ដោយការ​ខ្នះខ្នែងនឹងការ​បំរើ ឥឡូវនេះ ជន ​(សោណបណ្ឌិត) ហាមឃាត់​ខ្ញុំនោះ​ចាកបុណ្យ ឈ្មោះថា ជាអ្នក​រារាំង​​ផ្លូវដ៏ប្រសើរ (ឋានសួគ៌)។

[១៥៥] (ព្រះមហាសត្ត…) លោកដ៏ចំរើន​ទាំងឡាយ ដែលជា​បរិស័ទ​នៃ​ប្អូនរបស់ខ្ញុំ សូមស្តាប់​ពាក្យរបស់ខ្ញុំ បពិត្រ​មហារាជ អ្នកណា​មិនប្រព្រឹត្តធម៌ ចំពោះ​​បុគ្គល​ជាច្បង​ទាំងឡាយ ញ៉ាំងប្រវេណីពីបុរាណ​ឲ្យសាបសូន្យ អ្នកនោះ​រមែងទៅ​កើតក្នុង​នរក។ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃទិស ពួកជនណា​ឈ្លាសវៃ​ក្នុងធម៌ (ជេដ្ឋាបចាយន​ធម៌) ជា​ប្រវេណី​អំពី​បុរាណ ព្រមទាំង​បរិបូណ៌​ដោយ​សណ្តាប់ធ្នាប់ ពួកជននោះ រមែង​មិន​ទៅ​កាន់ទុគ្គតិទេ។ បពិត្រ​ព្រះអង្គ​ជាអ្នក​ទ្រទ្រង់​នូវបន្ទុក (ដែន) សូមព្រះអង្គ​ជ្រាប​យ៉ាង​នេះថា មាតាបិតា​បងប្អូន​ប្រុសស្រី ញាតិ និងផៅពង្ស​ទាំងអស់​នោះ ជាភារៈ​របស់កូនច្បង។ បពិត្រ​ព្រះអង្គ​ជាបុគ្គល​ប្រសើរលើរថ អាត្មាភាព​ដូចជា​នាយសំពៅ អាចនាំ​យកនូវ​ភារៈ​​ដ៏​​ធ្ងន់ អាត្មាភាព​ពុំប្រមាទ​នូវ​ជេដ្ឋាបចាយនធម៌​ទេ ព្រោះអាត្មាភាព​ជាច្បង។

[១៥៦] (ព្រះរាជាទាំងឡាយ…) ពួកយើងបានញាណ​ដូចបុគ្គល​បានអណ្តាត​ភ្លើង​អំពី​ភ្លើង ក្នុងទីងងឹត កោសិយតាបស​ដ៏ចំរើន​បានឆ្លុះបញ្ចាំង​ធម៌ដល់​ពួកយើង យ៉ាង​នេះ​ឯង។ ព្រះអាទិត្យ​ដែលបំភ្លឺ​នូវទ្រព្យ ធ្វើពន្លឺ​កាលរះឡើង តែងឆ្លុះ​បញ្ចាំង​នូវរូបល្អ អាក្រក់ ដល់​សត្វទាំងឡាយ​យ៉ាងណា កោសិយៈ​ដ៏ចំរើន​បានឆ្លុះ​បញ្ចាំង​នូវធម៌​ដល់ពួក​យើង ក៏​យ៉ាង​នោះដែរ។

[១៥៧] (នន្ទបណ្ឌិតតាបស…) កាលបើខ្ញុំអង្វរយ៉ាង​នេះហើយ លោក​នៅតែមិន​ទទួល​អញ្ជលី ខ្ញុំនឹង​ជាអ្នក​ប្រព្រឹត្ត​តាមពាក្យ ជាអ្នក​ប្រឹងបំរើលោក។

[១៥៨] (ព្រះមហាសត្ត…) ម្នាលនន្ទ អ្នកស្គាល់ច្បាស់​នូវព្រះសទ្ធម្ម​ដែលពួក​សប្បុរស​សំដែងហើយមែន អ្នកជា​មនុស្សល្អ មានឫកពាល្អ ត្រូវចិត្ត​យើងហើយ។ ខ្ញុំសូម​និយាយ​នឹងបិតា​ដ៏ចំរើន នឹងបិតា​ដ៏ចំរើន សូមលោក​ទាំងឡាយ​ស្តាប់ពាក្យ​របស់​ខ្ញុំ ភារៈ​នេះ មិនមែន​គ្រាន់តែ​ជាភារៈ​របស់​ខ្ញុំក្នុងកាល​ម្តងៗ ទេ។ នន្ទៈ​ធ្វើនូវ​ខ្ញុំដែលជា​អ្នក​បំរើ នាំ​ម​ក​នូវសេចក្តី​សុខដល់​មាតា និងបិតា​នោះ ឲ្យជា​ធំ ហើយសូម​ដើម្បី​ការបំរើ​​ដែរ។ បណ្តា (មាតា និងបិតា) ជាព្រហ្មចារី បើលោក​ណាម្នាក់​ចង់បាន សូមលោក​​ទទួល​យក​នន្ទៈ តាម​ប្រាថ្នាចុះ តើឲ្យ​នន្ទៈបំរើ​លោកណា។

[១៥៩] (មាតា…) នែសោណៈកូន យើងអាស្រ័យនឹងអ្នក អ្នកអនុញ្ញាត​ហើយ គួរ​បាន​ដើម្បីចូល​ទៅថើប​ក្បាលនន្ទៈ ជា​ព្រហ្មចារី​។

[១៦០] ដួងហ្ឫទ័យ​របស់ម្តាយ​រំជួល ព្រោះខាន​ឃើញនន្ទៈ​អស់កាល​យូរហើយ ដូចជា​ស្លឹកខ្ចី​របស់​អស្សត្ថព្រឹក្ស​ដែលត្រូវ​ខ្យល់បក់។ វេលាណា ម្តាយ​ដេកលក់ យល់​សប្តិ​ឃើញ​នន្ទៈ​មក ក៏មាន​ចិត្តត្រេកអរ មាន​ចិត្តរីករាយ (ដោយ​គិតថា) នន្ទៈរបស់​​យើងនេះ មកហើយ។ វេលាណា ម្តាយភ្ញាក់ឡើង មិនឃើញ​នន្ទៈមកទេ សេចក្តី​សោក​ និង​ទោមនស្ស​ជាច្រើន រឹងរឹត​តែបណ្តាល​ឡើង។ យូរណាស់​ហើយ ស្រាប់តែ​ក្នុងថ្ងៃនេះ ម្តាយនោះ​ឃើញនន្ទៈ​មកដល់ នន្ទៈ​ជាទីស្រឡាញ់​នៃស្វាមី​របស់​ម្តាយផង នៃម្តាយ​ផង បាន​ចូល​មកកាន់​ផ្ទះរបស់​ពួកយើង។ នន្ទៈជាទី​ស្រឡាញ់​ក្រៃលែង​របស់បិតា កុំឲ្យនន្ទៈ ទៅ​​បា្រសចាក​អំពីផ្ទះ នែកូន ឯនន្ទៈ (ចង់បាន​អ្នកណា) ចូរបាន​អ្នកនោះ​ចុះ នន្ទៈ​ចូរបំរើ​នូវ​​អញចុះ។

[១៦១] (ព្រះមហាសត្ត…) ម្នាលឥសី មាតាជាអ្នកឈឺឆ្អាល ជាទីពឹង ជាអ្នក​​ឲ្យរស (ទឹកក្សីរ) ដល់ពួក​យើង​ជាមុន ជាផ្លូវ​នៃសួគ៌​ទេវលោក ចង់បាន​អ្នក។ មាតា​ជា​អ្នកឲ្យ​រស​ជាមុន ជាអ្នក​គ្រប់គ្រង ដែលយើង​ចូលទៅ​អាស្រ័យ​បុណ្យ ជាផ្លូវ​នៃសួគ៌​​ទេវ​លោក ម្នាល​ឥសី មាតា​ចង់បានអ្នក។

[១៦២] មាតា កាលប្រាថ្នាចង់បានផ្លែ គឺកូន រមែង​នមស្ការ​ទេវតា​ សួរ​នក្ខត្តឫក្ស​ទាំង​ឡាយផង សួររដូវ និងឆ្នាំ​ទាំងឡាយផង។ កាល​មាតានោះ មានរដូវ​លាង​ស្អាត​​ហើយ សត្វក៏ចុះ​មកកាន់​គភ៌ស៊ប់ មាតា​ជាស្ត្រីមាន​សេចក្តី​ចាញ់ផ្ទៃ​ដោយហេតុនេះ ព្រោះ​ហេតុ​នោះ បានជា​បណ្ឌិត​ហៅថា សុហទា (មានដួង​ហ្ឫទ័យល្អ)។ មាតារក្សា (ផ្ទៃ) អស់​មួយឆ្នាំ ឬថយ​ពីមួយឆ្នាំ ហើយ​ប្រសូត​បុត្រមក ព្រោះ​ហេតុនោះ បានជា​បណ្ឌិត​ហៅ​មាតា​នោះថា ជនយន្តីផង ជនេត្តីផង (អ្នកបង្កើតកូន)។ មាតាញ៉ាំងកូន​ដែល​កំពុង​​យំឲ្យត្រេកអរ ដោយ​ទឹកក្សីរ​ផង ដោយការ​បំពេ​ផង ដោយការ​ឱបក្រសោប​ផង ព្រោះ​​ហេតុនោះ បានជា​បណ្ឌិត​ហៅថា តោសេន្តី (អ្នកញ៉ាំង​កូនឲ្យ​ត្រេកអរ)។ តពីនោះ​មក មាតា​ធ្វើនូវ​សេចក្តី​ស្រឡាញ់​រាប់អាន ហើយក្រឡេក​មើលទារក​ដែល​នៅពុំទាន់​ដឹងក្តី ក្នុងទី​មានខ្យល់ និង​កំដៅ​ថ្ងៃដ៏​ពន្លឹក ព្រោះ​ហេតុនោះ បានជា​បណ្ឌិត​ហៅថា បោសេន្តី (អ្នក​​ចិញ្ចឹមកូន)។ ទ្រព្យ​ណាខាង​មាតាផង ទ្រព្យណាខាង​បិតាផង មាតា​ក៏​គ្រប់គ្រង​ទ្រព្យ​ទាំងពីរ​ចំណែក​ដើម្បី​កូននោះ (ដោយ​បំណងថា ទ្រព្យនេះ) ត្រូវ​មានដល់​កូនរបស់​យើង។ មាតា​រមែង​លំបាក​ដោយការ​បង្ហាត់បង្រៀន​កូនដូច្នេះថា ម្នាលកូន (ឯងចូរ​កុំប្រមាទ​ក្នុង​រាជ​ត្រកូល​ជាដើម) យ៉ាងនេះ ម្នាលកូន (ឯងចូរ​ធ្វើការ) ឯណោះ។ កាលបើ​កូនមាន​វ័យ​ចំរើន​ឡើង​ហើយ មាតា (បានដឹង) កូននោះ​ប្រមាទ​ក្នុង​ប្រពន្ធរបស់​អ្នកដទៃ​ក្នុង​ពេល​​អធ្រាត្រ ហើយ​មិនមក​ក្នុងវេលា​ល្ងាច ក៏រមែង​លំបាក​ចិត្ត​ដូច្នេះ។ សត្វ​ដែលមាតា​ចិញ្ចឹម​ដោយ​ត្រដាប​ត្រដួស​យ៉ាងនេះ ហើយ​មិនបំរើ​មាតា ប្រព្រឹត្តខុស​ក្នុងមាតា​នោះ​ តែងទៅ​កើត​ក្នុងនរក។ សត្វដែល​បិតាចិញ្ចឹម​ដោយត្រដាប​ត្រដួស​​យ៉ាងនេះ ហើយ​មិន​បំរើ​បិតា ប្រព្រឹត្ត​ខុសក្នុង​បិតា​នោះ តែងទៅ​កើតក្នុង​នរក។ យើង​បានឮមក​ថា សូម្បី​តែទ្រព្យ​របស់កូន​អ្នកចង់​បានទ្រព្យ តែង​វិនាស​ទៅវិញ ឬកូននោះ ​រមែង​ក្រីក្រ​លំបាក​ ព្រោះ​​មិនបំរើ​មាតា។ យើង​បានឮ​មកថា សូម្បី​តែទ្រព្យ​របស់កូន​អ្នក​ចង់​បានទ្រព្យ តែង​​វិនាស​ទៅវិញ ឬកូននោះ ​រមែង​ក្រីក្រ​លំបាក​ព្រោះ​មិនបំរើ​បិតា។ បណ្ឌិត​បំរើ​មាតា គប្បី​បាននូវ​សុខនុ៎ះ គឺសេចក្តី​ត្រេកអរ​រីករាយ ការសើច​លេងសព្វ​ៗ​កាល។ បណ្ឌិត​បំរើ​បិតា គប្បីបាន​នូវសុខនុ៎ះ គឺសេចក្តី​ត្រេកអរ​រីករាយ ការសើច​​លេង​សព្វៗ​ កាល។ ទាន ១ វាចា​ជាទី​ស្រឡាញ់ ១ ការប្រព្រឹត្តិ​ជាប្រយោជន៍​ក្នុងលោក​នេះ ១ ភាពនៃ​បុគ្គល​មានខ្លួន​ប្រព្រឹត្ត​ស្មើ​ក្នុង​ជេដ្ឋាបចាយនធម៌​នោះៗ តាម​សមគួរ ១។ សង្គហធម៌​ទាំង ៤ នុ៎ះ​ឯង រមែង​ប្រព្រឹត្ត​ទៅ​ក្នុងលោក ដូចជា​ភ្លៅនៃកង់​រថដែល​វិលទៅ បើ​សង្គហធម៌ទាំង​នុ៎ះ​មិនមាន​ទេ មាតា​មិន​ត្រូវបាន​នូវសេចក្តី​រាប់អាន និងការបូជា ព្រោះ​​ហេតុ​នៃកូន ទាំងបិតា ក៏មិន​ត្រូវ​បាននូវ​សេចក្តី​រាប់អាន និងការបូជា ព្រោះ​ហេតុនៃកូន។ ពួក​បណ្ឌិត រមែង​ឃើញ​ដោយល្អ​នូវសង្គហធម៌​ទាំងនុ៎ះ ព្រោះហេតុនោះ បណ្ឌិតទាំង​នោះ រមែង​​ដល់នូវ​ភាពជាធំ ទាំងជា​អ្នក​គួរសរសើរ។ មាតា​បិតា ជាអ្នក​អនុគ្រោះ​ដល់​ពួក​​សត្វ ​គឺបុត្រ បណ្ឌិតហៅថា ព្រហ្មផង បុព្វាចារ្យ​ផង អាហុនេយ្យៈ​ផង របស់កូន​​ទាំងឡាយ។ ព្រោះ​ហេតុនោះ បណ្ឌិត​គប្បីនមស្ការ ធ្វើសក្ការៈ​ចំពោះ​មាតាបិតា​នោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងអប់ ដោយ​ការផ្ងូត និងការ​លាងជើង។ បណ្ឌិត​ទាំងឡាយ រមែង​​សរសើរ​​នូវបុគ្គលនោះ ព្រោះតែ​ការបំរើ​ចំពោះ​មាតាបិតា​នោះ លុះបុគ្គល​នោះ លះ​លោក​​នេះទៅ រមែង​រីករាយ​ក្នុងឋានសួគ៌។

ចប់សោណនន្ទជាតក ទី២។

ឧទ្ទាននៃសត្តតិនិបាតនោះ គឺ

រឿងព្រះរាជាប្រសើរក្នុងក្រុងកុសាវតី ក្នុងនិបាតដ៏ប្រសើរ​គំរប់ចិតសិប និងរឿង​សោណ​តាបស និងនន្ទតាបសដ៏ប្រសើរ ក្នុងសូត្រ​គំរប់ចិតសិប។

ចប់ សត្តតិនិបាត។

អសីតិនិបាតជាតក

ចុល្លហំសជាតក ទី១

[១៦៣] (រាជហង្សឈ្មោះ​ធតរដ្ឋៈ​ពោលថា) ម្នាលហង្ស​ឈ្មោះ​សុមុខៈ​ ពួកបក្សី កាលមិន​គយ​គន់មើល ហើរចេញទៅ អ្នកចូរ​ទៅចុះ កុំប្រាថ្នា (នៅក្នុង​ទីនេះ​ឡើយ ព្រោះ​ថា) ភាព​នៃអ្នក​ជា​សំឡាញ់​នឹងយើង​ដែលជាប់​ចំណង មិនមានទេ។

[១៦៤] (ហង្សសេនាបតីឈ្មោះ​សុមុខៈ ក្រាបបង្គំ​ទូលថា) ទូលព្រះបង្គំ​ជាខ្ញុំ​ទៅក្តី មិន​ទៅក្តី ទូលព្រះបង្គំ​ជាខ្ញុំ​មិនមែន​មិនស្លាប់​ដោយការ​ទៅ ឬការ​មិនទៅ​នោះទេ ទូលព្រះ​បង្គំ​ជាខ្ញុំ​ចូលទៅ​រកព្រះអង្គ​ដែលដល់​នូវសេចក្តី​សុខហើយ នឹងលះ​ព្រះអង្គ​ដែលដល់​នូវ​សេចក្តី​ទុក្ខ​ដូចម្តេច​កើត។ សេចក្តី​ស្លាប់ជា​មួយនឹង​ព្រះអង្គ​ក្តី ការរស់​នៅវៀរចាក​ព្រះអង្គ​ក្តី សេចក្តី​ស្លាប់នោះ​ប្រសើរ​ជាង ទូល​ព្រះបង្គំ​ជាខ្ញុំ​តែវៀរចាក​ព្រះអង្គ​ហើយ រស់​នៅ មិន​ប្រសើរ​សោះ​ឡើយ។ បពិត្រ​មហារាជ ទូលព្រះបង្គំ​ជាខ្ញុំ​លះចោល​ព្រះអង្គ​ដែល​ដល់ (នូវ​សេចក្តី​ទុក្ខ) យ៉ាងនេះ ដោយ​សភាវៈ​ណា សភាវៈនោះ មិនមែន​ជាធម៌ទេ បពិត្រ​ព្រះអង្គ​ជាធំ​លើបក្សី ដំណើរ​ណា របស់​ព្រះអង្គ ដំណើរនោះ​ទូលព្រះបង្គំ​ជាខ្ញុំ​ក៏គាប់​ចិត្តដែរ។

[១៦៥] (រាជហង្ស…) ដំណើរដូចម្តេចរបស់ខ្ញុំ ដែលជាប់​អន្ទាក់ហើយ ដទៃអំពី​រោងគ្រួ ដំណើរនោះ ទៅជា​ពេញចិត្ត​ដល់អ្នក​ដែលមាន​ប្រាជ្ញា ជាអ្នក​ផុតអំពី​អន្ទាក់ដូច​ម្តេច។ ម្នាល​អ្នកជា​បក្សី កាលបើ​យើងទាំងពីរ​នាក់អស់​ជីវិតហើយ អ្នក​ឃើញនូវ​ប្រយោជន៍​ដូចម្តេច​របស់ខ្ញុំ​ផង របស់​អ្នកផង របស់​ពួកញាតិ​ដ៏សេស​ផង។ ម្នាលអ្នក​មាន​ស្លាប​ទាំងពីរ​ដូចជា​មាស ការលះបង់​នូវជីវិត​របស់អ្នក​ណា ការលះបង់​នូវជីវិត​របស់អ្នក​នោះ ហាក់ដូច​ជាធ្វើក្នុង​ទីងងឹត​ដោយ​សេចក្តី​ល្ងិតល្ងង់ អ្នកកាល​លះបង់​នូវ​ជីវិត ព្រោះ​គុណ​ដែលមិន​ជាក់ច្បាស់​ដូច្នោះ តើព្រោះ​ឆ្លុះឃើញ​នូវ​ប្រយោជន៍អ្វី។

[១៦៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរផុត ព្រះអង្គ​មិនជ្រាប​នូវ​ប្រយោជន៍​ដែល​ធ្លាក់ចុះ​ក្នុងធម៌​ដូចម្តេច ដ្បិតធម៌​ដែលពួក​សត្វគោរព​ហើយ រមែង​បង្ហាញ​នូវ​សេចក្តី​ចំរើន​ដល់សត្វ​ទាំងឡាយ។ ទូលព្រះបង្គំ​ជាខ្ញុំនោះ កាល​ឃើញនូវ​ធម៌​ផង នូវប្រយោជន៍​ដែលកើត​អំពីធម៌​ផង ពិចារណា​ឃើញនូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ​ផង បានជា​មិនប្រាថ្នា​ជីវិតទេ។ មិត្តណា កាលរឭក​ឃើញនូវធម៌ ហើយមិន​លះបង់​មិត្រក្នុង​កាលដែល​មាន​សេចក្តី​អន្តរាយ ព្រោះហេតុ​នៃជីវិត ធម៌របស់​មិត្រនោះ ឈ្មោះ​ថា ជាធម៌របស់​សប្បុរស​ទាំងឡាយ​ដោយពិត។

[១៦៧] (រាជហង្ស…) ធម៌នោះ អ្នកបានសន្សំហើយ ទាំងសេចក្តី​ស្រឡាញ់​ចំពោះ​យើង ៗ ក៏បាន​ដឹងច្បាស់​ហើយ អ្នកចូរ​ធ្វើតាម​សេចក្តី​ប្រាថ្នារបស់​យើងនុ៎ះ អ្នក គឺយើង​បាន​អនុញ្ញាត​ហើយ ចូរទៅចុះ។ ម្នាលអ្នក​បរិបូណ៌​ដោយប្រាជ្ញា មួយទៀត ការបែក​បាក់​នៃ​ពួកញាតិ​ណា ដែលយើង​បានបិទបាំង​ហើយ ក្នុងកាល​ដែលប្រព្រឹត្ត​ទៅយ៉ាងនេះ ការ​បែក​បាក់នៃ​ពួកញាតិ​នោះ អ្នកគួរ​បិទបាំង​ទុកឲ្យល្អចុះ។

[១៦៨] (អភិសម្ពុទ្ធគាថា) កាលដែលអរិយហង្សទាំងឡាយ ជាសត្វ​មានការ​ប្រព្រឹត្តិ​ដ៏ប្រសើរ កំពុង​តែប្រឹក្សា​គ្នាយ៉ាងនេះ ស្រាប់តែ​នាយនេសាទ​មកប្រាកដ​ដូចជា​សេចក្តី​ស្លាប់ ដែលប្រាកដ​ដល់បុគ្គល​ឈឺ។ ហង្ស​ទាំងពីរនោះ មានប្រយោជន៍ (ដល់គ្នា​នឹងគ្នា) យូរ​អង្វែង​ហើយ បានឃើញ​ច្បាស់នូវ​សត្រូវ ក៏ទំនៅ​ស្ងៀមទាំង​ពីរនាក់ មិន​កក្រើក​ចាក​ទ្រនំ​ឡើយ។ ព្រានព្រៃ​ជាសត្រូវ​នៃសត្វស្លាប បានឃើញ​ហង្សឈ្មោះ​សុមុខៈ និង​រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ​ជាស្តេច​នៃបក្សី កាលខិត​ចូលមក​រកគ្នា​អំពី​ទីនោះ ៗ ក៏ស្ទុះទៅ​ដោយ​ប្រញាប់។ លុះនាយ​នេសាទ​នោះ​ស្ទុះដោយ​ប្រញាប់ ទៅជិត​ពួកបក្សី​ប្រសើរ​ហើយ ក៏គិត​ថា សត្វហង្ស​ទាំងពីរ​នេះជាប់​ហើយ ញាប់ញ័រ។ ក៏នាយ​នេសាទ បានឃើញ​សត្វហង្ស​មួយ ជាប់អន្ទាក់​ហើយទំនៅ និង​សត្វហង្ស​មួយទៀត ដែល​មិនជាប់​អន្ទាក់ ចូល​មករក​សត្វហង្ស​ដែលជាប់​អន្ទាក់​ហើយទំនៅ សំឡឹង​មើលនូវ​ហង្សដែល​មាន​ទោស។ លំដាប់​អំពី​នោះទៅ នាយនេសាទ​នោះ មានសេចក្តី​សង្ស័យ ក៏បានសួរ​នូវសត្វហង្ស​មានពណ៌ស មាន​កាយដ៏ធំ ជា​អធិបតី​លើហ្វូងនៃ​បក្សីថា សត្វហង្ស​ដែល​ជាប់​អន្ទាក់ដ៏​ធំដល់ម៉្លោះ មិន​ធ្វើនូវទិស (ដើម្បី​ហើរទៅ) ដោយ​ហេតុណា (ហេតុនោះ គួរ​ហើយ) ម្នាល​សត្វស្លាប ចុះអ្នក មិនជាប់​អន្ទាក់ទេ ជាសត្វ​មានកំឡាំង ហេតុអ្វី​ក៏មិន​ហើរទៅ។ សត្វបក្សី​នេះ ត្រូវជា​អ្វីនឹង​អ្នក អ្នករួច (អំពី​អន្ទាក់​ហើយ) ចូលមក​រកបក្សី ដែល​ជាប់អន្ទាក់​វិញ បក្សី​ទាំងឡាយ​នាំគ្នា​ហើរចោល​ទៅអស់​ហើយ ថ្វីក៏អ្នក​ក្រាញនៅ​តែ​ម្នាក់ឯង។

[១៦៩] (ហង្សសេនាបតី…) បពិត្រនាយនេសាទ​ជាសត្រូវនៃ​សត្វបក្សី ឯហង្ស​នោះ ជា​ព្រះរាជា​នៃខ្ញុំផង ជាសំឡាញ់​ស្មើដោយ​ជីវិតនៃ​ខ្ញុំផង ខ្ញុំនឹង​មិនលះបង់​នូវហង្សនោះ ដរាប​ដល់សេចក្តី​ស្លាប់មកដល់។

[១៧០] (នាយនេសាទ…) ចុះហេតុអ្វី ហង្សនេះ​ក៏មិនឃើញ​នូវអន្ទាក់​ដែលគេ​ដាក់ហើយ ដំណើរ​នេះហើយ ដែល​ជាដំណើរ​សម្រាប់​ពួកសត្វធំៗ ពួក​សត្វធំៗ គួរដឹង​នូវសេចក្តី​អន្តរាយ។

[១៧១] (ហង្សសេនាបតី…) កាលណាដែលសត្វជាអ្នកមានសេចក្តីវិនាស ក្នុង​កាល​ជា​ទីអស់ទៅនៃ​ជីវិត កាលនោះ សត្វនោះ សូម្បីចូល​មកជិត​ដល់​សំណាញ់ និង​អន្ទាក់ ក៏នៅ​តែ​មិនដឹង​ឡើយ។

[១៧២] (នាយនេសាទ…) ម្នាលសត្វមានប្រាជ្ញាច្រើន មែនហើយ អន្ទាក់ទាំង​ឡាយ យើងបាន​ដាក់ហើយ​ជាច្រើន កាលបើ​សត្វមាន​ជីវិត​អស់ទៅ​យ៉ាងនេះ សត្វស្លាប​ទាំងឡាយ តែង​ចូលមក​ជាប់នឹង​អន្ទាក់ដ៏​កំបាំង។

[១៧៣] (ហង្សសេនាបតី…) សូមឲ្យការនៅរួមជាមួយ​នឹងអ្នកនេះ មាន​សុខជា​កម្រៃ សូមអ្នក​អនុញ្ញាត​យើងខ្ញុំ សូមអ្នក​ឲ្យជីវិត​ដល់យើងខ្ញុំ។

[១៧៤] (នាយនេសាទ…) ឯងមិនជាប់ (អន្ទាក់) អញទេ ទាំងអញ​ទៀតសោត ក៏​មិន​ប្រាថ្នា​សម្លាប់​ឯងដែរ ចូរឯង​ទៅអំពី​ទីនេះតាម​ប្រាថ្នា​យ៉ាងឆាប់ ហើយរស់​នៅមិនមាន​ទុក្ខ​អស់កាល​ជាអង្វែង​ចុះ។

[១៧៥] (ហង្សសេនាបតី…) ខ្ញុំប្រាសចាកជីវិតនៃបក្សី​នោះហើយ មិនប្រាថ្នា​ជីវិត​ទេ។ បើអ្នក​ត្រេកអរ​ដោយហង្ស​មួយ ចូរអ្នក​លែងនូវ​ហង្សនេះទៅ ចូរ​បរិភោគ​នូវ​ខ្ញុំ​វិញចុះ។ យើងទាំង​ពីរអ្នកនោះ មានកំពស់ ទំហំ និងវ័យ​ស្មើៗ គ្នា អ្នក​មិនមែន​សាប​សូន្យ​ចាក​លាភទេ សូមអ្នក​ប្តូរយកខ្ញុំ​ដោយ​ហង្សនេះ។ ចូរអ្នក​សង្កេតមើល​ដំណើរ​នេះ​ចុះ សេចក្តី​ជាប់ចិត្ត​របស់អ្នក​ចំពោះ​យើង​ទាំងឡាយ សូមលើក​ទុកសិន ចូរអ្នក​យក​អន្ទាក់​ចងខ្ញុំ​មុនសិន​ចុះ រួចសឹម​លែង​ស្តេចបក្សី​ជាខាង​ក្រោយ។ លាភ​របស់អ្នក​ក៏​នៅដដែលផង សេចក្តី​អង្វរនេះ​ក៏ឈ្មោះថា អ្នកបាន​ធ្វើតាមផង សេចក្តី​រាប់អាន​ដោយ​រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ គប្បីមាន​ដល់អ្នក ដរាប​ដល់អស់​ជីវិតផង។

[១៧៦] (នាយនេសាទ…) ពួកសត្វបក្សីជាច្រើន ដែលជា​មិត្រអាមាត្យ​ក្តី មាតា​បិតា​ក្តី កូនប្រពន្ធ​ក្តី ជាផៅពង្ស​ក្តី ចូរចួបនូវ​រាជហង្ស​នេះ ដែលរួច​ហើយ​ព្រោះ​អ្នក ហើរ​ទៅអំពី​ទីនេះ។ ពួកមិត្រ​របស់ពួក​សត្វដទៃ​ជាច្រើន ដែល​ប្រហែល​គ្នានឹង​មិត្រ​របស់អ្នក ដូច​អ្នកជា​សំឡាញ់​ស្មើជីវិត​នឹង​រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ​នេះ មិនមាន​ក្នុងទីនេះទេ។ ខ្ញុំ​នោះ បានលែង​នូវ​រាជហង្ស​ជាសំឡាញ់​របស់អ្នក ព្រះរាជា​របស់អ្នក ចូរទៅតាម​អ្នកចុះ អ្នក​ទាំងឡាយ ចូរហើរ​ទៅអំពី​ទីនេះ​តាមប្រាថ្នា​ជាឆាប់ ហើយរុងរឿង​ក្នុងកណ្តាល​ពួក​ញាតិចុះ។

[១៧៧] (អភិសម្ពុទ្ធគាថា) ហង្សឈ្មោះ​សុមុខៈ​នោះ មានចិត្ត​ត្រេកអរ ព្រោះ​ម្ចាស់ផុត​ចាក​ចំណង ជាសត្វ​គោរពម្ចាស់ កាលពោល​នូវវាចា​ដ៏ស្រួល​ដល់​ត្រចៀក ទើប​ពោលថា បពិត្រ​នាយនេសាទ យើង​ត្រេកអរ​ព្រោះបាន​ឃើញនូវ​សេ្តចបក្សី ដែល​រួចចាក​អន្ទាក់​ក្នុងថ្ងៃនេះ យ៉ាងណា លោកចូរ​ត្រេកអរ​ជាមួយ​នឹងពួក​ញាតិទាំង​អស់យ៉ាងនោះ​ចុះ។

[១៧៨] លោកចូរមកនេះ ខ្ញុំប្រៀនប្រដៅលោកឲ្យបានលាភ រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ​នេះ ឥតឃើញ​សេចក្តី​អាក្រក់​របស់លោក​តិចតួចទេ។ លោកចូរ (នាំ​យើងខ្ញុំ) ទៅ​ក្នុង​រាជបូរី​ជាឆាប់ ហើយ​បង្ហាញ​ចំពោះ​ព្រះរាជា នូវយើងខ្ញុំ​ទាំងពីរ​នាក់ ដែល​មិនជាប់​ចំណង មាន​សភាព​ជាប្រក្រតីឋិត​នៅលើ​អម្រែក​ទាំងពីរខាង។ (លោក​ក្រាបទូលថា) បពិត្រ​មហារាជ ហង្សទាំង​ពីរនេះ កើតក្នុង​ត្រកូល​ធតរដ្ឋៈ ជា​អធិបតី​លើពួក​ហង្ស ឯ​ហង្សនេះ ជា​ព្រះរាជា​របស់ហង្ស​ទាំងឡាយ ហង្សមួយ​ទៀតនេះ ជា​សេនាបតី។ ព្រះរាជា ជា​អធិបតី​លើពួក​ជន ទ្រង់បាន​ទតឃើញ​រាជហង្ស​នេះហើយ មុខជា​ទ្រង់មាន​ព្រះរាជ​ហឫទ័យ​ត្រេកអរ​រីករាយ នឹងប្រទាន​នូវទ្រព្យ​ជាច្រើន​ដល់អ្នក ឥតសង្ស័យ។

[១៧៩] នាយនេសាទ លុះបានស្តាប់ពាក្យហង្ស​ឈ្មោះ​សុមុខៈ​នោះហើយ ក៏​បង្ហើយ​កិច្ចការ រួច (នាំហង្ស​ទាំងពីរ) ទៅខាង​ក្នុងបុរី​យ៉ាងឆាប់ ហើយ​បង្ហាញ​ចំពោះ​ព្រះរាជា នូវហង្ស​ទាំងពីរ​ដែលមិន​ជាប់អន្ទាក់ មាន​សភាព​តាម​ប្រក្រតី ឋិតនៅ​លើ​អម្រែក​ទាំង​ពីរខាង​ថា បពិត្រ​មហារាជ ហង្សទាំង​ពីរនេះ កើតក្នុង​ត្រកូល​ធតរដ្ឋៈ ជា​អធិបតី​លើពួក​ហង្ស ឯហង្ស​នេះ ជាព្រះរាជា​របស់ហង្ស​ទាំងឡាយ ហង្ស​មួយទៀត​នេះ ជា​សេនាបតី។

[១៨០] (ព្រះរាជា…) ហង្សទាំងនេះ មកឋិតនៅក្នុង​កណ្តាប់ដៃ​របស់អ្នក តើ​ដោយ​ហេតុ​ដូចម្តេច អ្នកជា​នាយព្រាន បានដល់​នូវភាព​ជាធំជាង​សត្វហង្ស​ដ៏ធំៗ ទាំងឡាយ ក្នុង​ទីនេះ ដោយហេតុ​ដូចម្តេច។

[១៨១] (ព្រានព្រៃ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំជា​ខ្ញុំ ស្គាល់នូវ​កន្លែង​ជាទី​ប្រជុំនៃ​ពួកសត្វ​ស្លាបណាៗ ជាទី​ធ្វើឲ្យអស់​ទៅនៃជីវិត​នៃពួក​សត្វស្លាប ទូល​ព្រះបង្គំ​ជាខ្ញុំ បានដាក់​អន្ទាក់​ទាំងនេះ​លើភក់​ទាំងឡាយ (ក្នុង​កន្លែងនោះៗ)។ រាជហង្ស បានមក​ជាប់អន្ទាក់​ប្រាកដ​ដូច្នោះ ចំណែក​ហង្សជា​សេនាបតី​នេះ មិនជាប់​អន្ទាក់ទេ តែ​ចូលទៅ​ទំជិត​នឹង​រាជហង្សនោះ​ ហើយបាន​និយាយនឹង​ទូលព្រះបង្គំ​ជាខ្ញុំ។ ហង្សជា​សេនាបតី​នេះ (បានធ្វើ) នូវអំពើ​ដែលពួក​ជនមិន​មែនជា​អរិយៈ​ធ្វើបាន​ដោយក្រ ជាសត្វ​ប្រកប​ដោយ​ធម៌ សង្វាត​ក្នុង​ប្រយោជន៍​របស់ម្ចាស់ បាន​ប្រកាស​នូវភាព​នៃខ្លួន​ជាសត្វ​ដ៏ឧត្តម។ ហង្សជា​សេនាបតី​នេះ ជាសត្វគួរ​នឹងរស់នៅ តែ​ស៊ូលះបង់​នូវជីវិត​នៃខ្លួន កាល​សរសើរ (នូវគុណ​នៃម្ចាស់) ហើយ​ទំនៅ បានសុំ​នូវ​ជីវិតម្ចាស់។ ទូលព្រះបង្គំ​ជាខ្ញុំ បាន​ស្តាប់​ពាក្យនោះ​របស់​ហង្ស​សេនាបតី​នោះហើយ ទើបដល់​នូវសេចក្តី​ជ្រះថ្លា លំដាប់​នោះ ទូលព្រះបង្គំ​បានដោះ​រាជហង្ស​នោះ​ចាកអន្ទាក់ ទាំងបាន​អនុញ្ញាត​ឲ្យទៅ​ដោយស្រួល។ ហង្សជា​សេនាបតី​នោះ ក៏មាន​ចិត្តរីករាយ ព្រោះម្ចាស់​បានរួច​ហើយ ជាសត្វគោរព​ម្ចាស់​ កាល​នឹងពោល​វាចាដ៏ស្រួល​ដល់ត្រចៀក បាន​ពោល​យ៉ាងនេះថា​ បពិត្រ​ព្រាន​ព្រៃ ថ្ងៃនេះ ខ្ញុំរីករាយ ព្រោះបាន​ឃើញស្តេច​បក្សីដែល​រួចហើយ​យ៉ាងណា សូមឲ្យ​លោក​រីករាយ ជាមួយ​នឹងពួក​ញាតិទាំង​អស់​យ៉ាងនោះ។ លោកចូរ​មកនេះ ខ្ញុំនឹង​ប្រៀន​ប្រដៅ​ឲ្យបាន​នូវលាភ រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ​នេះ ឥតឃើញ​សេចក្តី​អាក្រក់​តិចតួច​របស់​លោកទេ។ លោកចូរ​នាំយើងខ្ញុំ​ទៅក្នុង​បុរីជាឆាប់ ហើយ​បង្ហាញ​ព្រះរាជា​នូវ​យើងខ្ញុំ​ទាំងពីរ​នាក់ ដែល​មិនជាប់​ចំណង មានសភាព​ជាប្រក្រតី ឋិតនៅ​លើអម្រែក​ទាំង​ពីរខាង។ (លោក​ក្រាប​ទូលថា) បពិត្រ​មហារាជ ហង្សទាំង​នេះ កើតនៅ​ក្នុង​ត្រកូល​ធតរដ្ឋៈ ជា​អធិបតីលើ​ពួកហង្ស ឯហង្សនេះ ជា​ព្រះរាជា​របស់​ហង្ស​ទាំងឡាយ ហង្ស​មួយ​ទៀត​នេះ ជា​សេនាបតី។ ព្រះរាជា​ជាធំលើ​ពួកជន​ បានទត​ឃើញ​រាជហង្ស​នេះ​ហើយ មុខជា​នឹងមាន​ព្រះទ័យ​ត្រេកអរ សោមនស្ស​រីករាយ និង​ព្រះរាជទាន​នូវទ្រព្យដ៏​ច្រើន ដល់​លោក​ដោយ​ពិត។ ទូលព្រះបង្គំ​ជាខ្ញុំ បាននាំ​ហង្សទាំង​ពីរនេះមក តាម​ពាក្យហង្ស​ជា​សេនាបតី​នេះ​យ៉ាងនេះ ព្រោះថា ទូល​ព្រះបង្គំ​ជាខ្ញុំ បានបើក​លែង​ហង្សទាំងពីរ​នេះ ក្នុងទី​នោះរួច​ទៅហើយ។ សត្វបក្សី​នោះ ជាទ្វិជាត មានដំណើរ​យ៉ាងនេះ ប្រកប​ដោយធម៌​ដ៏ក្រៃលែង ព្រោះថា សត្វបក្សីនោះ បានញ៉ាំង​ចិត្តដ៏ទន់​ឲ្យកើត​ដល់​ព្រានព្រៃ ប្រាកដ​ដូចជា​ទូលព្រះបង្គំ​ជាខ្ញុំ។ បពិត្រ​ព្រះសម្មតិទេព ទូល​ព្រះបង្គំ​ជាខ្ញុំ មិនឃើញ​ដង្វាយ​ដទៃ ក្នុង​ស្រុក​នៃព្រានបក្សី​ដ៏សមគួរ​ដល់​ព្រះអង្គ​ឡើយ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ពួកមនុស្ស សូម​ព្រះអង្គ​ទតមើល​នូវដង្វាយនោះ។

[១៨២] រាជហង្សបានឃើញព្រះរាជា ទ្រង់គង់នៅលើតាំងជាវិការៈ​នៃមាស​ដ៏​ស្អាត កាលនឹង​ពោលនូវ​វាចាឲ្យ​ស្រួលដល់​ត្រចៀក បានពោលថា ព្រះអង្គ​បាន​សេចក្តី​សុខ​ស្រួល​ទេឬ ព្រះអង្គ​មិនមាន​ជម្ងឺអ្វីទេឬ មួយទៀត ព្រះអង្គ​គ្រប់គ្រង​ដែនដ៏ធំ​ទូលាយ​នេះ តាម​ធម៌ដែរឬ។

[១៨៣] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តី​សុខស្រួល​ទេ ម្នាលហង្ស យើង​មិន​មានជម្ងឺ​អ្វីទេ ម្យ៉ាងទៀត យើងគ្រប់​គ្រងដែន​ដ៏ធំទូលាយ​នេះ តាមធម៌​ហើយ។

[១៨៤] (រាជហង្ស…) កំហុសបន្តិចបន្តួចរបស់ព្រះអង្គ មិនមាន​ក្នុងពួក​អាមាត្យ​ទេឬ ពួក​អាមាត្យ​ទាំងនោះ មិនអាល័យ​ជីវិត​ព្រោះ​ប្រយោជន៍​ទាំងឡាយ​របស់ព្រះអង្គ​ទេឬ។

[១៨៥] (ព្រះរាជា…) កំហុសបន្តិចបន្តួចរបស់យើង មិនមាន​ក្នុងពួក​អាមាត្យទេ អាមាត្យ​ទាំងនោះ មិន​អាល័យ​ជីវិត​ព្រោះ​ប្រយោជន៍​ទាំងឡាយ​របស់យើង​ទេ។

[១៨៦] (រាជហង្ស…) អគ្គមហេសីរបស់ព្រះអង្គដែលមានជាតិ​ស្មើគ្នា ជាស្រី​ស្តាប់​បង្គាប់ ពោលពាក្យ​ជាទី​ស្រឡាញ់ ប្រកប​ដោយបុត្រ រូប និងយស លុះ​អំណាច​សេចក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ដែរឬ។

[១៨៧] (ព្រះរាជា…) អគ្គមហេសីរបស់យើង ដែលមានជាតិស្មើគ្នា ជាស្រីស្តាប់​បង្គាប់ ពោលនូវ​ពាក្យជាទី​ស្រឡាញ់ ប្រកប​ដោយបុត្រ រូប និងយស លុះ​អំណាច​សេចក្តី​ប្រាថ្នា​របស់យើង។

[១៨៨] អ្នកដ៏ចំរើន លុះក្នុងកណ្តាប់​ដៃសត្រូវ​ដ៏ធំ ដល់នូវ​សេចក្តី​ទុក្ខដ៏ធំ ក្នុង​អន្តរាយ​ទីមួយ​នោះដែរឬ។ ព្រានព្រៃ​បានស្ទុះ​ចូលទៅ​សំពងអ្នក​ដោយ​ដម្បង​ដែរឬ ដ្បិតអំពើ​យ៉ាងនេះ តែងមាន​ជាធម្មតា ដល់ពួក​អ្នកធ្វើ​អំពើអាក្រក់​ក្នុងខណៈ​នោះ។

[១៨៩] (រាជហង្ស…) បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ​បាន​សេចក្តី​ក្សេមក្សាន្ត​ទេ កាលបើ​មានហេតុ​យ៉ាងនេះ ព្រានព្រៃនេះ មិនដល់ (នូវភាព​នៃខ្លួន) ដូចជា​សត្រូវ​ចំពោះ​ទូលព្រះបង្គំ​ជាខ្ញុំ​តិចតួច​ឡើយ។ ព្រានព្រៃនេះ ថយបន្តិចៗ ក៏បាន​សាកសួរ​ទូល​ព្រះបង្គំ​ជាមុន គ្រានោះ ហង្សឈ្មោះ​សុមុខៈ ជាបណ្ឌិត​បាននិយាយ​តបវិញ។ ព្រានព្រៃ​បាន​ស្តាប់ពាក្យ​ហង្សឈ្មោះ​សុមុខៈ​នោះហើយ ក៏បាន​ដល់នូវ​សេចក្តី​ជ្រះថ្លា លំដាប់នោះ ព្រានព្រៃ​បានដោះ​ទូលព្រះបង្គំ​ជាខ្ញុំ​អំពីអន្ទាក់ ទាំងបាន​អនុញ្ញាត​ឲ្យទៅ​ដោយស្រួល​ផង។ ដំណើរ​មកក្នុងសំណាក់​នៃព្រះអង្គ​នេះ គឺ​ហង្សឈ្មោះ​សុមុខៈ ចង់បាន​ទ្រព្យ​ដល់​ព្រានព្រៃ​នុ៎ះ បាន​គិត​ហើយ​ដើម្បី​ប្រយោជន៍​ដល់​ព្រានព្រៃនុ៎ះ។

[១៩០] (ព្រះរាជា…) ដំណើរមករបស់អ្នកដ៏ចំរើនទាំងឡាយ ជាការ​ស្រួល​ណាស់​ហើយ យើងមាន​ចិត្តត្រេកអរ​ព្រោះការ​បាន​ឃើញអ្នក ឯ​ព្រានព្រៃ​នេះ ចូរបាន​ទ្រព្យ​ជាច្រើន​ដរាប​ទល់អស់​ចំណង់ចុះ។

[១៩១] (អភិសម្ពុទ្ធគាថា) ព្រះរាជាជាធំជាងមនុស្ស បានញ៉ាំង​នាយនេសាទ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយភោគៈ​តាមដំណើរ​ដែល​សត្វបក្សីហង្ស​និយាយ​នូវពាក្យ​ដ៏សុខ​ស្រួល​​ដល់ត្រចៀក បានពោល​ហើយ។

[១៩២] (ព្រះរាជា…) អំណាច (របស់យើង) ប្រព្រឹត្តទៅ​អស់ទី​ជាទីទ្រង់ទុក​នូវ​ធម៌​ (ច្បាប់) ណា អ្នកដ៏ចំរើន ចូរជាធំ​ក្នុងទីទាំង​អស់នោះ សូម្បី​តិចតួច ចូរគ្រប់​គ្រងនូវ​ទីជាទី​ប្រាថ្នា​ចុះ។ ម្យ៉ាងទៀត ទ្រព្យណា ដទៃអាច​សម្រេច​ដើម្បី​នឹងឲ្យទាន ឬជា​គ្រឿង​ប្រើ​ប្រាស់ យើងឲ្យ​នូវទ្រព្យ​នោះដល់អ្នក យើងនឹង​លះនូវ​ភាវៈជា​ធំដល់អ្នក។

[១៩៣] ប្រសិនបើហង្សឈ្មោះសុមុខៈ ជាបណ្ឌិត បរិបូណ៌​ដោយប្រាជ្ញា​នេះ ពោល​នូវ​ពាក្យដល់​យើងតាម​សេចក្តី​ប្រាថ្នា ពាក្យនោះ ជាទី​ស្រឡាញ់​របស់យើង​ក្រៃពេក។

[១៩៤] (ហង្សសេនាបតី…) បពិត្រព្រះមហារាជ ទូលព្រះបង្គំជាខ្ញុំ ដូចជា​នាគរាជ (ចូលទៅ) កាន់ចន្លោះ (នៃភ្នំ) មិនអាច​នឹងក្រាប​ទូលតប​បានទេ ដ្បិត​ការក្រាបទូល​តបនោះ មិនមែន​ជាច្បាប់​សម្រាប់​ទូលព្រះបង្គំ​ជាខ្ញុំឡើយ។ រាជហង្ស​ប្រសើរ​បំផុតជាង​ពួក​ទូលព្រះបង្គំ​ជាខ្ញុំនោះ​ផង ព្រះអង្គ​ជាសត្វ​ដ៏ឧត្តម រក្សាផែនដី​ជាធំ​ជាង​មនុស្សផង គួរ​ទូល​ព្រះបង្គំជាខ្ញុំ​​ បូជាដោយ​ហេតុ​ដ៏ច្រើន។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងមនុស្ស កាលដែល​ការ​វិនិច្ឆ័យ​កំពុង​ប្រព្រឹត្ត​ទៅ អាមាត្យជា​អ្នកបំរើ មិនគប្បី​ក្រាបទូល​ក្នុងចន្លោះ​នៃព្រះអង្គ​ទាំងពីរ​កំពុង​មាន​ព្រះបន្ទូល​នោះឡើយ។

[១៩៥] (ព្រះរាជា…) បានឮថា នាយព្រាន បានសរសើរ​អ្នកដោយ​ធម៌ថា អ្នកជា​បក្សី​បណ្ឌិត ​ប្រាជ្ញា​បែបនេះ មិនគប្បី​មានដល់​សត្វដែល​មានអត្តភាព​មិនទាន់​សម្រេច។ អ្នក​មាន​ប្រក្រតី​ដ៏ប្រសើរ​យ៉ាងនេះ ជាសត្វ​ខ្ពង់ខ្ពស់​យ៉ាងនេះ សត្វ​ទាំងឡាយ​ទាំងប៉ុន្មាន​ដែល​យើងបាន​ឃើញហើយ យើងមិន​ដែលឃើញ​នូវសត្វ​ដទៃ​បែបនេះ។ យើង​ត្រេកអរ​ដោយ​បានឃើញ​អ្នកទាំងពីរ​ជាដំបូង​ផង ដោយពាក្យ​ដ៏ពីរោះផង នុ៎ះជា​សេចក្តី​ពេញចិត្ត​របស់​យើង យើង​គប្បីចួប​នូវអ្នក​ទាំងពីរ​អស់កាល​ជាអង្វែង។

[១៩៦] (រាជហង្ស…) អំពើណា ដែលត្រូវធ្វើ​ចំពោះមិត្ត​ដ៏ប្រសើរ អំពើនោះ ​ព្រះអង្គ​បានធ្វើ​ហើយ​ចំពោះ​ទូលព្រះបង្គំ​ទាំងពីរ សេចក្តី​រាប់អាន​ណា របស់​ព្រះអង្គ​ចំពោះ​ទូលព្រះ​បង្គំ​ទាំងពីរ ទូល​ព្រះបង្គំ​ទាំងពីរ​ឃ្លាតហើយ​ចាកព្រះអង្គ ដោយឥត​សង្ស័យ។ សេចក្តី​ទុក្ខឯណោះ បានកើត​ឡើងហើយ​ក្នុង​បក្សីជា​ច្រើន ព្រោះមិន​ឃើញ​នូវទូល​ព្រះ​បង្គំជាខ្ញុំ​ទាំងពីរ​ក្នុងចន្លោះ​នៃពួក​ញាតិជា​ច្រើន​ដោយពិត។ យើងទាំង​ពីរដែល​ព្រះអង្គ​​អនុញ្ញាត​ហើយ ដើម្បី​កំចាត់បង់​នូវសេចក្តី​សោក​របស់បក្សី​ទាំងនោះ បពិត្រ​ព្រះអង្គជា​អ្នក​ទូន្មាន​នូវសត្រូវ ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងពីរ សូមធ្វើ​ប្រទក្សិណ​ព្រះអង្គ ហើយ​ទៅចួប​នឹង​ពួកញាតិ។ ទូលព្រះបង្គំ​ជាខ្ញុំ បាន​សេចក្តី​ត្រេកអរ​ដ៏ធំទូលាយ ព្រោះបាន​ជួបព្រះអង្គ​ដោយ​ពិត ម្យ៉ាងទៀត ប្រយោជន៍​ធំនេះ កើតមាន​ព្រោះតែ​សេចក្តី​ស្និទ្ធស្នាល​ចំពោះ​ញាតិ។

[១៩៧] (អភិសម្ពុទ្ធគាថា) លុះរាជហង្សឈ្មោះ​ធតរដ្ឋៈ (និងហង្សឈ្មោះ​សុមុខៈ) បាន​ពោល​ពាក្យនេះ ចំពោះ​ព្រះរាជា​ជាធំ​លើជន​រួចហើយ ក៏ហើរ​សំដៅទៅ​រកពួកញាតិ អាស្រ័យ​នូវសន្ទុះ​ដ៏ឧត្តម។ សត្វហង្ស​ទាំងឡាយ បានឃើញ​នូវហង្ស​ដ៏ឧត្តម​ទាំងពីរនោះ​មិន​មានរោគ​មកដល់​ហើយ ក៏បាន​ធ្វើនូវ​សម្លេងថា កេកា ៗ សូរសំឡេង​យ៉ាងខ្លាំង ក៏​កើតមាន​ឡើង។ បក្សី​ទាំងនោះ មាន​សេចក្តី​ត្រេកអរ ព្រោះម្ចាស់​រួចហើយ ជាសត្វ​គោរព​ចំពោះ​ម្ចាស់ ជាសត្វ​បាននូវ​ទីពឹង ហើយហើរ​ក្រឡឹង​ជុំវិញ។

[១៩៨] ប្រយោជន៍ទាំងអស់ របស់ពួកជនអ្នក​មានមិត្ត រមែង​សម្រេច​សេចក្តី​សុខយ៉ាង​នេះ ដូចជា​ហង្សឈ្មោះ​ធតរដ្ឋៈ និងហង្ស​ឈ្មោះ​សុមុខៈ បានហើរ​ចូលទៅ​រកពួក​ញាតិ​ដូច្នោះ។

ចប់ ចុល្លហង្សជាតក ទី១។

មហាហំសជាតក ទី២

[១៩៩] (រាជហង្សពោលថា) ហង្សទាំងឡាយនេះ ត្រូវភ័យ​គំរាម​ហើយ នាំគ្នា​ហើរទៅ ម្នាល​សុមុខៈ អ្នកមាន​ស្បែកដូចមាស មាន​សម្បុរ​ដូចមាស អ្នកចូរ​ហើរទៅ​តាម​ប្រាថ្នាចុះ។ ពួកបក្សី​ជាញាតិ​បានលះ​ចោលនូវ​យើង ដែលលុះ​អំណាច​នៃអន្ទាក់​តែ​ម្នាក់ឯង មិនអាល័យ​ហើរទៅ អ្នកក្រាញ​នៅតែម្នាក់​ឯង​ដូចម្តេច។ ម្នាល​អ្នកដ៏​ប្រសើរ​ជាង​ពួកបក្សី អ្នកចូរ​ហើរទៅ​ចុះ ព្រោះថា ភាពជា​សំឡាញ់​នឹងយើង​ដែលជាប់​ចំណង មិន​មានទេ អ្នកកុំ​ធ្វើខ្លួន​ឲ្យសាបសូន្យ​ចាកសេចក្តី​សុខឡើយ ម្នាល​សុមុខៈ អ្នកចូរ​ហើរទៅ​តាម​ប្រាថ្នាចុះ។

[២០០] (ហង្សសេនាបតីឈ្មោះសុមុខៈពោលថា) បពិត្រព្រះបាទ​ធតរដ្ឋៈ ទូល​ព្រះបង្គំ​ជា​ខ្ញុំ សូម្បី​សេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ ក៏មិន​គប្បីលះចោល​ព្រះអង្គ ជីវិត ឬ​សេចក្តី​ស្លាប់​របស់​ទូលព្រះបង្គំ​ជាខ្ញុំ​ នឹងមាន​ជាមួយ​ព្រះអង្គ។ បពិត្រ​ព្រះបាទ​ធតរដ្ឋៈ ទូល​ព្រះ​បង្គំជាខ្ញុំ សូម្បី​សេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ ក៏មិន​គប្បីលះ​ចោលព្រះអង្គ ទាំង​ព្រះអង្គ ក៏មិន​គួរប្រកប​ទូលព្រះបង្គំ​ជាខ្ញុំ ក្នុង​អំពើមិន​ប្រសើរទេ។ ទូលព្រះបង្គំ​ជាខ្ញុំ ជាកុមារ​មាន​វ័យស្មើគ្នា ជាសំឡាញ់​នឹងព្រះអង្គ ឋិតនៅក្នុង​អំណាច​ចិត្ត​របស់ព្រះអង្គ ដែល​ជាចិត្ត​ប្រព្រឹត្ត​ទៅដោយ​ប្រពៃ បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ខ្ពង់ខ្ពស់​ជាងពួក​នៃហង្ស ទូលព្រះ​បង្គំ​ជាខ្ញុំ ប្រាកដ​ជាសេនាបតី​របស់​ព្រះអង្គ លុះទូល​ព្រះបង្គំ​ជាខ្ញុំ​ហើរទៅ​អំពីទីនេះ នឹង​ថ្លែង​សេចក្តី​ក្នុង​កណ្តាល​ញាតិ​ដោយប្រការ​ដូចម្តេច បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ជាងពួកបក្សី ទូលព្រះ​បង្គំ​លះចោល​ព្រះអង្គ ហើយទៅ​អំពីទីនេះ នឹងប្រាប់ (ដំណឹង) របស់​ព្រះអង្គ​ដូចម្តេច ទូល​ព្រះបង្គំ​នឹងលះបង់​ជីវិតក្នុង​ទីនេះ មិនអាច​នឹងធ្វើ​អំពើ​មិនប្រសើរទេ។

[២០១] (រាជហង្ស…) ម្នាលសុមុខៈ នុ៎ះជាធម៌ (របស់​បោរាណកបណ្ឌិត​ទាំង​ឡាយ) ព្រោះថា អ្នកឋិតនៅ​ក្នុងគន្លង​របស់ជន​ដ៏ប្រសើរ មិនអាច​លះបង់​នូវយើង​ដែល​ជា​ម្ចាស់ផង ជា​សំឡាញ់​ផង។ ដ្បិតថា កាលយើង​សំឡឹង​មើលអ្នក សេចក្តី​ភ័យ​ក៏មិន​កើត​សោះទេ អ្នកបាន​ញ៉ាំងយើង ដែលមាន​សភាព​យ៉ាងនេះ ឲ្យបាន​នូវជីវិត។

[២០២] (អភិសម្ពុទ្ធគាថា) កាលដែលហង្ស​ដ៏ប្រសើរ (ពីរ) មានការប្រព្រឹត្តិ​ដ៏​ប្រសើរ កំពុង​ប្រឹក្សាគ្នា យ៉ាងនេះ​ដូច្នេះ នាយនេសាទ​កាន់ដម្បង​ប្រញាប់​មកដល់ភ្លាម។​ ហង្ស​ឈ្មោះ​សុមុខៈ លុះបាន​ឃើញ​នាយនេសាទ​នោះ​មកដល់ ក៏ឋិតនៅ​ខាង​មុខរាជហង្ស ហើយ​លួងលោម​រាជហង្ស​ដែល​កំពុងភ័យ រួចបាន​ស្រែកថា បពិត្រ​ព្រះអង្គ​ដ៏​ប្រសើរ​ជាង​សត្វស្លាប ព្រះអង្គ​កុំភ័យឡើយ ព្រោះថា​បក្សី​ទាំងឡាយ​ប្រហែល​ព្រះអង្គ រមែង​មិន​ភ័យទេ ទូល​ព្រះបង្គំ​ជាខ្ញុំ នឹងប្រកប​សេចក្តី​ព្យាយាម​ដ៏សមគួរ ដែល​អាស្រ័យ​នូវ​ធម៌ ព្រះអង្គ​នឹងរួច​ចាកអន្ទាក់​ជាឆាប់ ដោយ​សេចក្តី​ព្យាយាម​នោះមិនខាន។

[២០៣] នាយនេសាទ​ បានឮសុភាសិត​របស់ហង្ស​ឈ្មោះ​សុមុខៈ​នោះហើយ ក៏​ព្រឺរោម បង្អោននូវ​អញ្ជលី ចំពោះ​ហង្សឈ្មោះ​សុមុខៈ​នោះថា អ្នកជា​បក្សីពោល​នូវភាសា​របស់​មនុស្ស ពោលពាក្យ​ដ៏ប្រសើរ បញ្ចេញ​នូវវាចា​ជារបស់​មនុស្ស ដែលអញ​មិន​ធ្លាប់​ឮ មិនធ្លាប់​ឃើញ។ បក្សីនេះ​ត្រូវជាអ្វី​នឹងអ្នក អ្នកជា​សត្វរួចហើយ​ ចូលមករក​សត្វជាប់ ពួកបក្សី​ហើរចោល​អស់ទៅ​ហើយ ម្តេចក៏​អ្នកក្រាញ​នៅតែ​ម្នាក់ឯង។

[២០៤] (ហង្សសេនាបតី…) ឱព្រានព្រៃជាសត្រូវនឹងបក្សី ឯរាជហង្ស​នោះជា​ព្រះរាជា​របស់ខ្ញុំ ខ្ញុំជា​សេនាបតី​របស់​រាជហង្ស​នោះ ខ្ញុំមិន​អាចលះ​ចោល​ស្តេចបក្សី​នោះ ក្នុងកាល​មានសេចក្តី​អន្តរាយ​ទេ។ ព្រះរាជា​របស់ខ្ញុំ​នេះ ជាម្ចាស់​នៃពួក​ហង្សដ៏ច្រើន កុំ​ដល់នូវ​សេចក្តី​វិនាស​តែម្នាក់​ឯងឡើយ បពិត្រ​នាយនេសាទ​ជាសំឡាញ់​ ព្រោះថា រាជ​ហង្សនេះ​ជាម្ចាស់ ខ្ញុំតែង​ត្រេកអរ​រីករាយ (ក្នុងសំណាក់​រាជហង្ស​នោះ)។

[២០៥] (ព្រានព្រៃ…) ម្នាលសត្វហង្ស អ្នកណា​ បានគោរព​ដុំអាហារ (ដែលបាន​អំពីម្ចាស់) អ្នកនោះ​ឈ្មោះថា ប្រព្រឹត្តធម៌​ដ៏ប្រសើរ យើងនឹង​លែងនូវម្ចាស់​របស់អ្នក​នោះ អ្នកទាំង​ពីរ ចូរទៅតាម​ស្រួលចុះ។

[២០៦] (ហង្សសេនាបតី…) នែសំឡាញ់ បើលោកដាក់​អន្ទាក់ពួក​ហង្ស និងបក្សី​ដ៏សេស ដោយ​សេចក្តី​ព្យាយាម​របស់ខ្លួន យើងខ្ញុំ​នឹងទទួល​នូវ​អភយទាន​នេះ របស់​លោក បើ​លោក​មិនដាក់​អន្ទាក់​ពួកហង្ស និង​បក្សី​ដ៏សេស ដោយ​សេចក្តី​ព្យាយាម​របស់​ខ្លួនទេ បពិត្រ​នាយនេសាទ លោក​មិនមែន​ជាធំ កាល​លែងនូវ​យើងខ្ញុំ ឈ្មោះថា ធ្វើនូវការ​លួច។

[២០៧] លោកជាបុគ្គលស៊ីឈ្នួលរបស់ព្រះរាជាណា លោកចូរ​នាំយើងខ្ញុំ ឲ្យ​ដល់​​ទៅ​ព្រះរាជា​នោះតាម​ប្រាថ្នាចុះ ព្រះរាជា​ព្រះនាម​សំយមៈ នឹងធ្វើ​តាមគាប់​ព្រះទ័យ​ក្នុង​ព្រះរាជ​និវេសន៍​នោះ។

[២០៨] (អភិសម្ពុទ្ធគាថា) លុះហង្សឈ្មោះ​សុមុខៈ​ និយាយ​យ៉ាងនេះ​ហើយ នាយ​នេសាទ ក៏យក​ដៃស្ទួយ​នូវ​ហង្សទាំងពីរ ដែលមាន​សម្បុរ និងស្បែក​ដូចមាស ហើយ​ដាក់ទៅ​ក្នុងទ្រុង។ ព្រានព្រៃ​បាននាំ​យកបក្សី​ឈ្មោះ​សុមុខៈ ១ ឈ្មោះ​ធតរដ្ឋៈ ១ ទាំងពីរ មានសម្បុរ​ដ៏ភ្លឺផ្លេក ទំនៅ​ក្នុងទ្រុង​នោះហើយ​ចៀសចេញទៅ។

[២០៩] រាជហង្សឈ្មោះធតរដ្ឋៈ ដែលព្រានព្រៃ​កំពុងនាំទៅ បាន​ពោលពាក្យ​នេះ នឹង​ហង្សឈ្មោះ​សុមុខៈថា ម្នាលសុមុខៈ​ ខ្ញុំខ្លាច (សេចក្តីស្លាប់) នែនាង​បក្សីឈ្មោះ​សុហេមា ដែលមាន​សម្បុរ​ដូចមាស មានភ្លៅ​ប្រកប​ដោយលក្ខណៈ​ខ្លាំងណាស់ តែនាង​សុហេមា​បានដឹង​ថា គេសម្លាប់​នូវយើង​ទាំងពីរ​ហើយ មុខជា​នឹងសម្លាប់​នូវខ្លួន​ដែរ។ ម្នាល​សុមុខៈ នាងបក្សី​ឈ្មោះ​សុហេមា ជាធីតា​នៃ​បាកហង្ស ដែលមាន​ស្បែកល្អ​ដូចមាស ជាសត្វ​កំព្រា ទួញយំ​ដោយពិត ដូចជា​ក្រៀលញី ទួញយំ​ប្រប​ឆ្នេរសមុទ្រ​ដូច្នោះ។

[២១០] (ហង្សសេនាបតី…) ព្រះអង្គជាធំជាងហង្ស មានគុណ​ប្រមាណ​មិនបាន ជាម្ចាស់​នៃហ្វូង​ហង្ស​ជាច្រើន​យ៉ាងនេះ​ហើយ សោកស្តាយ​នូវមេហង្ស​មួយ ការយំនេះ ហាក់ដូច​ជាមិន​សមគួរ​ដល់ព្រះអង្គ​ដែលមាន​ប្រាជ្ញា​ឡើយ។ ព្រះអង្គ​សោកស្តាយ ព្រោះ​តែស្រ្តី​ទាំងឡាយ ធម្មតា ស្រ្តីទាំងឡាយ​ដូចជា​ខ្យល់កួច​យក​នូវក្លិន​ទាំងល្អ ទាំង​អាក្រក់​ទាំង​ពីរ ឬដូច​ជាក្មេង​ល្ងង់ ចាប់យក​ផ្លែឈើ​ទាំងខ្ចី​ទាំងទុំ ពុំនោះ​សោត ដូចមនុស្ស​ខ្វាក់ ជា​អ្នក​ស្រេកឃ្លាន កាន់​យក​អាមិសៈ (ទាំងល្អ ទាំងអាក្រក់)។ ព្រះអង្គ​មិនដឹង​នូវការ​វិនិច្ឆ័យ​ក្នុង​ប្រយោជន៍​ទាំងឡាយ ដូចជា​មនុស្ស​ល្ងង់ ប្រាកដ​ដល់​ទូលព្រះបង្គំ លុះ​ដល់​កាល​ជាទីស្លាប់ នៅតែ​មិនដឹង​អំពើ​ដែលគួរ​ធ្វើ និងមិន​គួរធ្វើ​ឡើយ។ ព្រះអង្គ​ជាបុគ្គល​ឆ្កួត​ពាក់​កណ្តាល និយាយ​ផ្តេសផ្តាស ព្រោះថា ព្រះអង្គ​សំគាល់​នូវស្រី្ត​ទាំងឡាយ​ថា​ប្រសើរបំផុត ព្រោះថា ស្ត្រីទាំងនេះ​ជាសាធារណៈ​ដល់​ជនច្រើន ដូចជា​រោងសុរា ជា​សាធា​រណៈ​ដល់ពួក​អ្នកលេង។ មួយទៀត ស្ត្រីទាំងនេះ មាន​មាយា​ដូចជា​ថ្ងៃបណ្តើរ​កូន ជាទី​សោយ​សោក ជាទីកើត​នៃរាគ ជាទី​ឧបទ្រព ស្រ្តីទាំងនេះ មាន​អធ្យាស្រ័យ​ដ៏រឹងរូស ជាចំណង​សម្រាប់​ចង ជាអន្ទាក់​នៃសេចក្តី​ស្លាប់ ជាគុហា​សម្រាប់នៅ (របស់​មច្ចុរាជ) បុរសណា ទុកចិត្ត​ក្នុងស្រ្តី​ទាំងនោះ បណ្តា​បុរស​ទាំងឡាយ បុរស​នោះ​ឈ្មោះថា បុរស​ថោកទាប។

[២១១] (រាជហង្ស…) (វត្ថុ គឺស្រី្ត) ណា ដែលពួក​ជនអ្នកចំរើន​ដោយបា្រជ្ញា បញ្ញត្ត​ហើយ បុគ្គលណា គួរ​តិះដៀល​នូវស្រ្តី​នោះបាន ធម្មតា ស្រ្តីទាំងឡាយ​មានគុណ​ច្រើន ហើយ​កើតឡើង​ក្នុងលោក (មុនគេ)។ ល្បែង​គេតាំង​ទុក​ក្នុងស្រ្តីទាំង​នោះ​ សេចក្តី​ត្រេកអរ​ក៏តាំង​នៅក្នុង​ស្រ្តីទាំង​នោះដែរ ពូជទាំងឡាយ​រមែង​លូតលាស់​ឡើង​ក្នុង​ស្រ្តីទាំងនោះ គឺ​ពួកសត្វ​ទាំងអស់ តែងកើត (ត្រូវអាស្រ័យ​ស្ត្រីទាំងនោះ) បុរស​ដូចម្តេច ប្តូរ​ជីវិតដោយ​ជីវិត​ហើយ គប្បី​នឿយណាយ​ក្នុងស្រី្ត​ទាំងនោះ។ ម្នាល​សុមុខៈ អ្នកឯង​ហ្នឹងហើយ មិន​មែនជា​អ្នកដទៃ រមែង​ប្រកប​ក្នុងប្រយោជន៍​ចំពោះ​ពួកស្រ្តី ភ័យ​កើត​ឡើង​ដល់អ្នក​ក្នុងថ្ងៃនេះ គំនិត​របស់អ្នក​ក៏កើតឡើង​ដោយ​សេចក្តី​ភ័យ។ ជន​ទាំងអស់ ដល់​នូវសេចក្តី​សង្ស័យ ក្នុងជីវិត ហើយជា​អ្នករន្ធត់ ប្រឹងអត់​ទ្រាំនូវ​សេចក្តីខ្លាច ចំណែក​ពួកបណ្ឌិត ជាអ្នក​ឋិតនៅ​ក្នុងទី​ដ៏ប្រសើរ តែងប្រកប​ក្នុងប្រយោជន៍​ដែលគេ​ប្រកប​បាន​ដោយក្រ។ ព្រះរាជា​ទាំងឡាយ តែងប្រាថ្នា​នូវមន្ត្រី​ដែលមាន​សេចក្តី​ក្លៀវក្លា ដើម្បី​ប្រយោជន៍​ការពារ​នូវ​អន្តរាយ​នេះ ព្រោះមន្ត្រី​ដែលក្លៀវក្លា រមែង​ឃាត់នូវ​សេចក្តី​អន្តរាយ និង​ការពារ​នូវខ្លួន​បាន។ ពួកពិសេស​របស់​ព្រះរាជា កុំវះនូវ​យើងក្នុង​រោងគ្រួ ក្នុងថ្ងៃនេះ យ៉ាងណា (អ្នក​ចូរធ្វើ) យ៉ាង​នោះចុះ ដ្បិត​សម្បុរស្លាប​សម្លាប់អ្នក (និង) យើង ដូច​ផ្លែឫស្សី​សម្លាប់​នូវដើម​ឫស្សី។ អ្នករួច (ជាមួយ​នឹងយើង) ហើយ​មិន​ចង់ហើរ​ទៅ ចូលមក​រកចំណង​ដោយខ្លួន​ឯងវិញ​ ថ្ងៃនេះ អ្នកនោះ​ដល់នូវ​សេចក្តី​សង្ស័យ (ក្នុង​ជីវិត) អ្នកចូរ​កាន់យក​នូវ​ប្រយោជន៍​ចុះ កុំបានតែ​មាត់ឡើយ។

[២១២] អ្នកនោះ ចូរប្រកបព្យាយាមដ៏សមគួរ ប្រកប​ដោយធម៌ ប្រព្រឹត្ត​នូវការ​ស្វែងរក​នូវជីវិត​ឲ្យដល់យើង ដោយ​ព្យាយាម​របស់​អ្នកចុះ។

[២១៣] (ហង្សសេនាបតី…) បពិត្រព្រះអង្គដ៏ប្រសើរជាង​សត្វស្លាប ព្រះអង្គ​កុំខ្លាច​ឡើយ ដ្បិត​សត្វទាំងឡាយ​ប្រហែល​ព្រះអង្គ រមែង​មិនខ្លាច ទូលព្រះបង្គំ​ជាខ្ញុំនឹង​ប្រកបនូវ​ព្យាយាម​ដ៏សមគួរ ប្រកប​ដោយធម៌ ព្រះអង្គ​នឹងរួច​ចាកអន្ទាក់​យ៉ាងឆាប់​ដោយ​ព្យាយាម​របស់​ទូលព្រះបង្គំ​ជាខ្ញុំ។

[២១៤] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានចូលទៅកាន់​ទ្វារព្រះរាជ​វាំងទាំង​អម្រែក​ ហង្ស (ពោលថា) អ្នកទាំងឡាយ ចូរក្រាប​ទូល​ព្រះរាជា​ថា ខ្ញុំជា​រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ​​នេះមក​ហើយ។

[២១៥] ព្រះរាជា ព្រះនាមសំយមៈ ទតឃើញហង្ស​ទាំងពីរ​នោះ ប្រាកដ​ស្មើដោយ​បុណ្យ​ដែល​សន្មតថា មាន​លក្ខណៈ​ល្អ ទ្រង់ត្រាស់​ទៅ​នឹងពួក​អាមាត្យ​ថា អ្នកទាំងឡាយ ចូរ​ឲ្យសំពត់ បាយ ទឹក និងភោជន ដល់នាយ​ពា្រន ចូរបំពេញ​សេចក្តី​ប្រាថ្នា​ដោយ​ប្រាក់​ដែល​ព្រាននេះ​ប្រាថ្នាចុះ។

[២១៦] ព្រះរាជាក្នុងដែនកាសី ទ្រង់បានទតឃើញព្រានព្រៃ​មានចិត្ត​រីករាយ ទ្រង់​ត្រាស់​យ៉ាងនេះ​ថា ម្នាល​ខេមកៈ​ជាសំឡាញ់ បើ​ស្រះបោក្ខរណី​ពេញពាស​ដោយពួក​ហង្ស។ អ្នកមានដៃ​កាន់អន្ទាក់ ចូលទៅ​រកហង្ស​ដែលឋិត​នៅក្នុង​កណ្តាល​នៃពួកហង្ស​ដ៏រុង​រឿង ដោយ​ប្រការ​ដូចម្តេច អ្នក​ចាប់ហង្ស​ដ៏ឧត្តម​ដែលនៅ​លាយឡំ​ដោយ​ពួកហង្ស​ជាញាតិ ដោយ​ប្រការ​ដូចម្តេច។

[២១៧] (ព្រានព្រៃ…) កាលទូលព្រះបង្គំជាខ្ញុំ ចូលទៅ​កាន់ទី​ជាទី​កាន់យក​នូវ​ចំណី (របស់ហង្ស) ថ្ងៃនេះ ជារាត្រីគំរប់ ៧ ទូលព្រះបង្គំ​ជាខ្ញុំ ស្វែងរក​នូវស្នាមជើង​នៃហង្ស​នោះ ឥតមាន​ធ្វេសប្រហែស អាស្រ័យ​នៅតែ​ក្នុងពាង។ លុះទូល​ព្រះបង្គំ​ជាខ្ញុំ បាន​ឃើញស្នាម​ជើងនៃ​រាជហង្ស​នោះ ត្រាច់ស្វែង​រកទី​ជាទីកាន់​យកចំណី​ហើយ ទើបទូល​ព្រះបង្គំ​ជាខ្ញុំ បាន​ដាក់អន្ទាក់​ក្នុងទីនោះ រួច​ចាប់យក​រាជហង្ស​នោះ ដោយ​ឧបាយ​យ៉ាងនេះ។

[២១៨] (ព្រះរាជា…) ម្នាលនាយព្រាន បក្សីនេះ ចុះហេតុអ្វី​ក៏បានជា​អ្នកពោលថា បក្សី​មួយ ចិត្តរបស់​អ្នក​ប្រែប្រួល​ឬ ឬមួយ​អ្នកប្រាថ្នា​ដូចម្តេច​វិញ។

[២១៩] (ព្រានព្រៃ…) ឆ្នូតក្រហមល្អ ភ្លឺរុងរឿង ឋិតនៅ​ផ្ទាល់នឹង​ទ្រូង​នៃហង្ស​ណា ហង្សនោះ បានចូល​មកជាប់​អន្ទាក់​របស់ទូល​ព្រះបង្គំ​ជាខ្ញុំ ចំណែក​បក្សី​ដែល​ភ្លឺផ្លេកនេះ មិនបាន​ជាប់​អន្ទាក់ទេ ចំរើននូវ​អរិយធម៌ បានឈរ​និយាយ​វាចាជា​របស់​មនុស្ស​នឹងបក្សី​ដែល​ជាប់ចំណង​កំពុងតែ​ក្តៅក្រហាយ (ដោយទុក្ខ)។

[២២០] (ព្រះរាជា…) ម្នាលសុមុខៈ ឥឡូវនេះ អ្នកឈរ​ទល់ចង្កា (បិតមាត់) តើ​ព្រោះ​ហេតុអ្វី ឬក៏អ្នក​មកកណ្តាល​បរិស័ទ​របស់​យើងហើយ មាន​សេចក្តី​ភ័យខ្លាច ទើប​មិនពោល។

[២២១] (ហង្សសេនាបតី…) បពិត្រព្រះអង្គ ជាធំក្នុងដែនកាសី ទូលព្រះបង្គំ​ជាខ្ញុំ មិនមែន​ខ្លាច ព្រោះ​តែចូល​មកកាន់​បរិស័ទ​របស់​ព្រះអង្គទេ ទូលព្រះបង្គំ​ជាខ្ញុំ មិនមែន​ជា​នឹងមិន​និយាយ​ព្រោះខ្លាចទេ កាលបើ​មានហេតុ​ប្រាកដ​ដូច្នោះ​ហើយ ទូលព្រះបង្គំ​ជាខ្ញុំ មុខជា​នឹង (បញ្ចេញ) នូវវាចា។

[២២២] (ព្រះរាជា…) យើងមិនឃើញទាហាន មិនឃើញ​ពលរថ មិនឃើញ​ពល​ថ្មើរជើង មិនឃើញ​ខែល មិនឃើញ​ជនអ្នក​កាន់អម្បែង មិនឃើញ​ជនអ្នក​ពាក់អាវក្រោះ មិនឃើញ​អ្នកកាន់​ធ្នូ​របស់អ្នក​ឡើយ។ ម្នាលសុមុខៈ យើងមិន​ឃើញប្រាក់ ឬមាស ឬ​នគរ ដែលគេ​សាងល្អ​ហើយ ជានគរ​មានគូ​ដ៏ដេរដាស មិនងាយ​ទៅមកបាន ជានគរ​មាន​ប៉ម និងក្លោងទ្វារ​ដ៏មាំទេ ជាកន្លែង​ដែលអ្នក​ចូលទៅ​ហើយ មិនខ្លាច​នូវហេតុ​ដែល​គេគួរខ្លាច។

[២២៣] (ហង្សសេនាបតី…) ទូលព្រះបង្គំជាខ្ញុំ មិនត្រូវ​ការដោយ​ទាហាន ដោយ​នគរ ឬ​ដោយ​ទ្រព្យទេ ពួកទូល​ព្រះបង្គំ​ជាខ្ញុំ តែងទៅ​កាន់ផ្លូវ​តាមផ្លូវ មិនមែន​ជាផ្លូវដែល​ព្រះអង្គ​ទៅបាន​ទេ ទូលព្រះបង្គំ​ជាខ្ញុំ ត្រាច់ទៅ​ឰដ៏អាកាស។ ព្រះអង្គ​បានទ្រង់​ឮហើយថា ពួកទូល​ព្រះបង្គំ​ជាខ្ញុំ ជាបណ្ឌិត មានប្រាជ្ញា​ដ៏ល្អិត ជាអ្នក​គិតនូវ​អាថ៌កំបាំង បើព្រះអង្គ​ប្រតិស្ថាន​ក្នុងសច្ចៈ ពួកទូល​ព្រះបង្គំ​ជាខ្ញុំ​នឹងពោល​នូវវាចា​ដែលមាន​ប្រយោជន៍។ ឯវាចា​ជា​​សុភាសិត ដែល​ព្រះអង្គ​មិនមាន​សច្ចៈ ជាបុគ្គល​មិនប្រសើរ​បានពោល​ដល់​ព្រានព្រៃ ជា​អ្នក​ល្មោភ​និយាយ​កុហកដែរ នឹងធ្វើ​ដូចម្តេច។

[២២៤] ព្រះអង្គបានឲ្យគេធ្វើស្រះបោក្ខរណីឈ្មោះ​ខេមានោះ តាម​សំដីនៃ​ពួក​ព្រាហ្មណ៍ ម្យ៉ាងទៀត ព្រះអង្គ​ឲ្យគេ​ឃោសនា​នូវអភ័យ​គ្រប់ទិស​ទាំង ១០ នេះ។ ថាបើក​ឲ្យសត្វ​បក្សីចុះកាន់​ស្រះបោក្ខរណី​ដែលមាន​ទឹកដ៏​ថ្លាស្អាត​ចុះ ដ្បិតមានវត្ថុ​សម្រាប់​ទំពាស៊ី ក្នុង​ស្រះនោះ​ជាច្រើន ទាំងមិន​មានការ​បៀតបៀន​នូវពួក​សត្វបក្សី​ក្នុងស្រះ​នោះទេ។ ពួកទូល​ព្រះបង្គំ​ជាខ្ញុំ​បានឮ​នូវអភ័យ​នេះ ដែលព្រះអង្គ​ឲ្យ​ឃោសនា​ហើយ បានជា​មកក្នុង​សំណាក់​នៃព្រះអង្គ ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងនោះ ជាប់​ដោយ​អន្ទាក់​របស់​ព្រះអង្គ នេះហើយ​ជាសំដី​កុហក​របស់​ព្រះអង្គ។ បុគ្គល​ធ្វើនូវ​មុសាវាទ​ផង នូវសេចក្តី​លោភ គឺសេចក្តី​ប្រាថ្នាដ៏​លាមក​ផង ឲ្យជាប្រធាន​ រមែង​កន្លងនូវ​បដិសន្ធិ​ក្នុងលោក​ទាំងពីរ ហើយចូល​ទៅកាន់​ទីមិនមាន​សេចក្តី​ត្រេកអរ (នរក)។

[២២៥] (ព្រះរាជា…) ម្នាលសុមុខៈ យើងមិនមែនប្រទូស្ត​អ្នកទេ យើង​មិនមែន​ចាប់អ្នក ព្រោះសេចក្តី​លោភទេ យើងបាន​ឮថា អ្នកទាំងឡាយ ជាបណ្ឌិត មានប្រាជ្ញាដ៏​ល្អិត ជា​អ្នកគិតនូវ​អាថ៌កំបាំង។ ធ្វើម្តេចហ្ន៎ ហង្សទាំង​ឡាយបាន​មកក្នុង​ទីនេះ ពោលនូវ​វាចា​មានប្រយោជន៍ ម្នាល​សុមុខៈ​ជាសំឡាញ់ ព្រោះហេតុនោះ បានជា​យើងប្រាប់នាយ​នេសាទ​នេះ ឲ្យចាប់ (អ្នក)។

[២២៦] (ហង្សសេនាបតី…) បពិត្រព្រះអង្គជាធំក្នុងដែនកាសី យើងទាំងឡាយ ជាសត្វ កាលបើ​ជីវិតចូល​ទៅរក (សេចក្តីស្លាប់) ហើយ ដល់​នូវកាល​កំណត់​ដែល​ត្រូវ​ស្លាប់​​ហើយ ពោលនូវ​ពាក្យដែល​មាន​ប្រយោជន៍​មិនបានទេ។ បុគ្គលណា សម្លាប់​ម្រឹគដោយ​ម្រឹគ ឬបក្សី​ដោយបក្សី ម្យ៉ាងទៀត បៀតបៀន​នូវបុគ្គល​ដែលមាន​ឈ្មោះល្បី ដោយរបស់​ដែលមាន​ឈ្មោះល្បី អំពើអ្វី​ដែលអាក្រក់​ជាងអំពើ​របស់បុគ្គល​នោះទៅ​ទៀត។ បុគ្គល​ណា និយាយ​សំដីដ៏​ប្រសើរ ប៉ុន្តែជា​បុគ្គលមិន​ប្រព្រឹត្តធម៌​ដ៏ប្រសើរ បុគ្គលនោះ រមែង​ឃ្លាតចាក​លោកទាំង​ពីរ គឺលោកនេះ និង​លោកខាង​មុខ។ បុគ្គល​ដែលបាន​​នូវយស មិនគួរ​ស្រវឹង ដល់នូវ​ការសង្ស័យ​ក្នុងជីវិត មិនគួរ​ទុក្ខលំបាក​ឡើយ គួរព្យាយាម​ក្នុង​កិច្ច​ទាំងឡាយ​ផង គួរបិទ​នូវប្រហោង គឺ (ទោស) ទាំងឡាយ​ផង។ ពួកបុគ្គល​ណា ចំរើនដោយ​គុណ ដល់កាល​កំណត់​ដែលត្រូវ​ស្លាប់ មិនល្មើស​ធម៌ ទាំងបាន​ប្រព្រឹត្តធម៌ ក្នុងលោកនេះ ពួកបុគ្គល​នោះ រមែងទៅកើត​ក្នុងត្រៃត្រឹង្ស​យ៉ាងនេះ។​ បពិត្រ​ព្រះអង្គជា​ធំក្នុង​ដែនកាសី ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវពាក្យ​នេះហើយ សូមរក្សា​នូវធម៌​ក្នុងព្រះអង្គ​ចុះ ម្យ៉ាងទៀត សូមព្រះអង្គ​ទ្រង់ដោះលែង​នូវរាជហង្ស​ឈ្មោះ​ធតរដ្ឋៈ ដ៏ប្រសើរ​លើស​ជាងពួក​ហង្ស។

[២២៧] (ព្រះរាជា…)​ ពួកអ្នកបំរើ ចូរនាំមកនូវទឹក (សម្រាប់​លាងជើង) ផង នូវប្រេង​សម្រាប់​លាបជើងផង នូវអាសនៈ​ដែលមាន​ថ្លៃច្រើនផង យើងនឹង​ដោះនូវរាជ​ហង្ស​ឈ្មោះ​ធតរដ្ឋៈ​ដ៏មានយស​ចេញអំពី​ទ្រុង។ ម្យ៉ាងទៀត ហង្សណា កាលបើ​ព្រះរាជា​បាន​សេចក្តីសុខ ខ្លួនក៏​បានសេចក្តី​សុខដែរ ព្រះរាជា​បានសេចក្តី​ទុក្ខ ខ្លួនក៏បាន​សេចក្តីទុក្ខ​ដែរ យើងនឹង​លែងនូវ​ហង្សនោះ ជា​សេនាបតី ជាអ្នក​ប្រាជ្ញ មានប្រាជ្ញា​ល្អិត អ្នកគិត​នូវ​អាថ៌កំបាំង។ បុគ្គល​បែបនេះ ទើបគួរ​បរិភោគ​ដុំបាយ​របស់ម្ចាស់​បាន ដូចជាហង្ស​សេនា​បតី​ឈ្មោះ​សុមុខៈ​នេះ ជាសំឡាញ់​មានជីវិត​ស្មើនឹង​ស្តេច។

[២២៨] (អភិសម្ពុទ្ធគាថា) រាជហង្សឈ្មោះ​ធតរដ្ឋៈ បានចូល​ទៅទំ​លើតាំង ជាវិការៈ​នៃ​មាសសុទ្ធ​មានជើងប្រាំ ជាទី​រីករាយ​នៃចិត្ត ជាតាំង​ដ៏រលីង ក្រាលដោយ​សំពត់​អ្នក​ដែនកាសី។ ចំណែក​ហង្សសេនាបតី ឈ្មោះ​សុមុខៈ បានចូល​ទៅទំ​លើ​កៅអី​ជាវិការៈ​នៃ​មាសសុទ្ធ ដែលពាស​ដោយស្បែក​ខ្លា ក្នុងទីជា​លំដាប់​នៃ​រាជហង្ស​ឈ្មោះ​ធតរដ្ឋៈ។ ពួកអ្នក​ដែនកាសី​ជាច្រើន បាននាំយក​នូវភោជន​មានរស​ដ៏ប្រសើរ ដែលគេ​បញ្ជូន​ទៅថ្វាយ​ព្រះរាជា ដោយ​ភាជន៍​ជាវិការៈ​នៃមាស​ទាំងឡាយ ហើយក៏​បង្អោនទៅ​ដល់​ហង្សទាំង​នោះ។

[២២៩] រាជហង្សឈ្លាសវៃក្នុងបដិសណ្ឋារធម៌ លុះបានឃើញ​ទឹក និង​ភោជន​ដ៏​ប្រសើរ​ដែលគេ​នាំមក ដែល​ព្រះរាជា​ក្នុងដែន​កាសី​ទ្រង់បញ្ជូន​មកហើយ សួរក្នុង​កាល​ជា​លំដាប់​នោះថា ព្រះអង្គ​ទ្រង់បាន​សេចក្តីសុខ​ស្រួលដែរឬ ព្រះអង្គ​មិនមាន​ជម្ងឺដម្កាត់​អ្វី​ទេឬ ព្រះអង្គ​គ្រប់គ្រង​ដែនដ៏​ធំទូលាយ​នេះ ដោយ​ធម៌ដែរឬ។

[២៣០] (ព្រះរាជា…) ម្នាលហង្ស យើងមានសេចក្តីសុខ​ស្រួលដែរ ម្នាលហង្ស យើង​មិនមាន​ជម្ងឺដម្កាត់អ្វីទេ យើងគ្រប់គ្រង​ដែនដ៏ធំ​ទូលាយ​នេះ​ត្រឹមត្រូវ​ដោយធម៌​ហើយ។

[២៣១] (រាជហង្ស…) ទោសតិចតួចរបស់ព្រះអង្គ​មិនមាន​ក្នុងពួក​អាមាត្យទេ​ឬ អាមាត្យ​ទាំងនោះ មិនអាល័យ​ក្នុងជីវិត​ចំពោះ​ប្រយោជន៍​ទាំងឡាយ​របស់ព្រះអង្គ​ទេឬ។

[២៣២] (ព្រះរាជា…) ទោសតិចតួចរបស់យើង មិនមាន​ក្នុងពួក​អាមាត្យទេ អាមាត្យ​ទាំងនោះ មិនអាល័យ​ក្នុងជីវិត​ចំពោះ​ប្រយោជន៍​ទាំងឡាយ​របស់​យើងទេ។

[២៣៣] (រាជហង្ស…) អគ្គមហេសីដែលមានជាតិស្មើនឹង​ព្រះអង្គ ជាស្រ្តី​ស្តាប់​បង្គាប់ ពោលនូវ​ពាក្យជាទី​ស្រឡាញ់ ប្រកប​ដោយបុត្ត រូប និងយស ជាស្រ្តី​លុះ​អំណាច​សេចក្តី​ប្រាថ្នារបស់​ព្រះអង្គទេឬ។

[២៣៤] (ព្រះរាជា…) អគ្គមហេសីដែលមានជាតិស្មើនឹងយើង ជាស្រ្តីស្តាប់​បង្គាប់ ពោល​នូវពាក្យ​ជាទី​ស្រឡាញ់ បានប្រកប​ដោយបុត្ត រូប និងយស ជាស្រ្តី​លុះ​អំណាច​សេចក្តី​ប្រាថ្នារបស់​យើង។

[២៣៥] (រាជហង្ស…) ព្រះអង្គមិនបៀតបៀនអ្នកដែន ដែលមិនមាន​ឧបទ្រព​អំពី​ទីណា គ្រប់គ្រង​ដោយ​អាការ​មិនរួសរាន់​តាមធម៌​ដ៏ស្មើទេឬ។

[២៣៦] (ព្រះរាជា…) យើងមិនបានបៀតបៀនអ្នកដែន ដែលមិន​មាន​ឧបទ្រព​អំពី​ទីណា គ្រប់គ្រង​ដោយការ​មិនរួសរាន់​តាមធម៌​ដ៏ស្មើ។

[២៣៧] (រាជហង្ស…) ព្រះអង្គទ្រង់បានគោរពពួកសប្បុរស វៀរបង់​ពួក​អសប្បុរស មិន​លះបង់​នូវធម៌ ហើយ​ប្រព្រឹត្ត​នូវអធម៌​ទេឬ។

[២៣៨] (ព្រះរាជា…) យើងបានគោរពនូវពួកសប្បុរស វៀរបង់​នូវពួក​អសប្បុរស យើងបាន​លះបង់​នូវអធម៌ ហើយ​ប្រព្រឹត្តតាម​ធម៌តែម្យ៉ាង។

[២៣៩] (រាជហង្ស…) បពិត្រក្សត្រ ព្រះអង្គទ្រង់រំពឹង​នូវកាល​ជា​អនាគត​ដ៏វែង​ដែរឬ ព្រះអង្គ​ស្រវឹង​ក្នុងអារម្មណ៍ ជាទីតាំង​នៃសេចក្តី​ស្រវឹងហើយ មិនតក់​ស្លុតនឹង​បរលោក​ទេឬ។

[២៤០] (ព្រះរាជា…) ម្នាលបក្សី យើងតែងប្រមើលមើល​នូវកាល​អនាគត​ដ៏វែង យើង​ឋិតនៅ​ក្នុងធម៌ ១០ ប្រការ មិនតក់ស្លុត​នឹងបរលោក​ឡើយ។ (ធម៌ ១០ ប្រការ គឺ) ទាន ១ សីល ១ បរិច្ចាគ ១ ភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ តបៈ គឺឧបោសថសីល ១ ការមិនក្រោធ ១ ការមិនបៀតបៀន ១ ខន្តី ១ កិរិយាមិនភា្លត់ ១។ យើងឃើញ​នូវ​កុសលធម៌​ទាំងនេះ ឋិតនៅ​ក្នុងខ្លួន លំដាប់នោះ បីតិ និង​សោមនស្ស​ជាច្រើន កើត​ឡើងដល់​យើង ដោយ​ប្រការ​ដូច្នេះ។ ឯបក្សី​ឈ្មោះសុមុខៈ មិនបានគិត ហើយ​បញ្ចេញ​នូវវាចា​ដ៏​ទ្រគោះ ព្រោះ​តែមិនបាន​ដឹងច្បាស់​នូវការប្រទូស្ត​ក្នុងចិត្ត​របស់យើង។ បក្សីនោះ លុះខឹង​ហើយ ក៏បញ្ចេញ​នូវវាចា​ដ៏ទ្រគោះ ដោយ​ឥតគំនិត (ពោល) នូវទោស​ទាំងឡាយ​ដែល​មិនមាន​ក្នុងពួក​យើង ពាក្យនេះ​មិនមែនដូច​ពាក្យនៃ​បុគ្គល​មានប្រាជ្ញា (ពោលហើយ) ទេ។

[២៤១] (ហង្សសេនាបតី…) បពិត្រព្រះអង្គជាធំជាងពួកមនុស្ស ទូលព្រះបង្គំ​ជាខ្ញុំ មាន​សេចក្តី​ភ្លាំងភ្លាត់​នោះ ព្រោះពោល​ពាក្យដោយ​រួសរាន់ពេក ដ្បិតកាល​ដែល​រាជហង្ស ឈ្មោះ​ធតរដ្ឋៈ ជាប់ចំណង ទូលព្រះបង្គំ​ជាខ្ញុំ​មានសេចក្តី​ទុក្ខដ៏ធំ។ បពិត្រ​ព្រះអង្គ​ជា​រាជកុញ្ជរ ព្រះអង្គ (ជាទីពឹង) នៃពួក​ទូលព្រះបង្គំ​ជាខ្ញុំ ដូចជាបិតា (ជាទីពឹង) នៃកូន ឬដូច​ធរណី (ជាទីពឹង) នៃ​ពួកភូត សូមព្រះអង្គ​អត់ទោស​ដល់ទូល​ព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ ដែល​ត្រូវសេចក្តី​ខុសគ្រប​សង្កត់។

[២៤២] (ព្រះរាជា…) យើងរីករាយចំពោះអ្នកយ៉ាងនេះ ព្រោះថា អ្នកមិនលាក់​នូវភាវៈ​នៃចិត្ត​ដ៏កំបាំង​របស់ខ្លួន ម្នាលបក្សី អ្នកបាន​ទំលាយ​ចោលនូវ​ចិត្តរឹងត្អឹង ម្នាល​បក្សី អ្នក​ជាសត្វមាន​ចិត្តត្រង់។

[២៤៣] រតនៈណាមួយ គឺប្រាក់ មាស កែវមុក្តា កែវពៃទូរ្យ​ជាច្រើន មាននៅ​ក្នុង​ព្រះរាជ​និវេសន៍​ក្នុងដែនកាសី។ មួយទៀត កែវមណី ស័ង្ខ (ជា​ទក្ខិណាវដ្ត) កែវមុក្តា (មាន​សណ្ឋាន​មូលដូច​ផ្លែកន្ទួតព្រៃ) សំពត់​ខ្លឹមចន្ទន៍​ក្រហម ស្បែកខ្លាឃ្មុំ ភណ្ឌៈ​ជាវិការៈ​នៃភ្លុក លោហៈក្រហម និង​លោហៈខ្មៅ​ដ៏ច្រើន យើងឲ្យ​នូវទ្រព្យ​ទាំងនេះ​ដល់អ្នក យើង​នឹង​លះបង់​នូវភាវៈ​ជាធំដល់​អ្នក។

[២៤៤] (រាជហង្ស…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ ព្រះអង្គ​បានគោរព ធ្វើ​សក្ការៈ (ដល់យើង​ទាំងឡាយ) ដោយពិត សូមព្រះអង្គ​ជាអាចារ្យ​របស់យើង ដែលជា​អ្នក​ប្រព្រឹត្ត​ក្នុងធម៌​ទាំងឡាយ។ បពិត្រ​ព្រះអង្គ​ជាអាចារ្យ ព្រះអង្គ​បាន​អនុញ្ញាត បើក​យើងទាំង​ឡាយឲ្យ​ទៅដោយ​ស្រួលហើយ បពិត្រ​ព្រះអង្គ​ជាអ្នក​ទូន្មាននូវ​សត្រូវ យើង​ទាំង​ឡាយ សូមធ្វើ​ប្រទក្សិណ​នូវព្រះអង្គ ហើយទៅ​ជួបនឹង​ពួកញាតិ។

[២៤៥] (អភិសម្ពុទ្ធគាថា) ព្រះរាជាក្នុងដែនកាសី ទ្រង់បានគិត បានប្រឹក្សា​នូវ​ហេតុដ៏​គួរតាម​ពិត ពេញ​មួយរាត្រី ហើយទ្រង់​អនុញ្ញាត​ឲ្យរាជហង្ស​ដ៏ប្រសើរ​ខ្ពង់ខ្ពស់​ជាង​ពួកហង្ស​ហើរទៅ។

[២៤៦] លំដាប់នោះ កាលដែលរាត្រីនោះអស់ហើយ ព្រះអាទិត្យ​ក៏រះឡើង កាល​ព្រះរាជា​ក្នុងដែនកាសី ទ្រង់កំពុង​ទតមើល សត្វហង្ស​ទាំងពីរ​ក៏ហើរ​ចេញទៅ​អំពី​ទីនៅ​របស់​ព្រះរាជា។

[២៤៧] ហង្សទាំងឡាយ លុះបានឃើញបក្សីហង្ស​ដ៏ប្រសើរ​ទាំងពីរនោះ មិនមាន​រោគ មកដល់​ហើយ ក៏ធ្វើនូវ​សម្លេងថា កេកាៗ ដូច្នេះ សូរសព្ទ​រំពងក៏​កើតឡើង។ បក្សី​ហង្សជា​អណ្ឌជាតិ​ទាំងនោះ មានចិត្ត​រីករាយ ព្រោះម្ចាស់​រួចហើយ ជាសត្វ​គោរព​ម្ចាស់ ជា​សត្វបាននូវ​ទីពឹង ក៏ចោមរោម​ម្ចាស់ដោយ​ជុំវិញ។

[២៤៨] ប្រយោជន៍គ្រប់យ៉ាងរបស់ពួកជនអ្នកមានមិត្តល្អ រមែង​ជា​ប្រយោជន៍​គួរ​ចំរើន ដូចហង្ស​ឈ្មោះ​ធតរដ្ឋៈ និង​ហង្សឈ្មោះ​សុមុខៈ បានចូល​ទៅចួបនឹង​ពួកញាតិ។

ចប់ មហាហង្សជាតក ទី២។

សុធាភោជនជាតក ទី៣

[២៤៩] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនមែនទិញ មិនមែន​លក់ទេ មួយទៀត ការសន្សំ​ទុករបស់​ខ្ញុំ ក៏មិនមាន​ក្នុងទី​នេះដែរ របស់នេះ មាន​ប្រមាណតិច មាន​សភាព​ដ៏ក្រ​ណាស់ បាយចំនួន​អង្ករមួយ​នាឡិនេះ មិនល្មម​ដល់ជន​ពីរនាក់ទេ។

[២៥០] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុតិច​អំពីវត្ថុតិច គួរឲ្យ​វត្ថុពាក់​កណ្តាល​អំពីវត្ថុ​ពាក់កណ្តាល គួរឲ្យ​វត្ថុច្រើន​អំពីវត្ថុ​ច្រើន ការមិនឲ្យ មិន​កើតទេ។ ម្នាល​កោសិយៈ ព្រោះហេតុ​នោះ យើងនិយាយ​នឹងអ្នក ចូរអ្នក​ឲ្យនូវ​ទានផង ចូរ​បរិភោគ​ផង អ្នកចូរ​ឡើងកាន់​អរិយមគ្គ ព្រោះថា បុគ្គល​អ្នកបរិភោគ​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[២៥១] (ចន្ទទេវបុត្រ…) បុគ្គលណា កាលបើភ្ញៀវ​អង្គុយហើយ បរិភោគនូវ​ភោជន​ម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ជាការ​ឥតអំពើ ទាំងការ​ព្យាយាម​ជាហេតុ​ឲ្យកើត​ទ្រព្យ (របស់​បុគ្គលនោះ) ក៏ឥត​អំពើដែរ។ ម្នាល​កោសិយៈ ព្រោះ​ហេតុនោះ យើង​និយាយ​នឹងអ្នក ចូរអ្នក​ឲ្យទាន​ផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ ព្រោះថា បុគ្គល​អ្នកបរិភោគ​ម្នាកឯង មិនបាន​សេចក្តី​សុខទេ។

[២៥២] (សុរិយទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយ​ហើយ មិន​បរិភោគ​នូវ​ភោជន​ម្នាក់ឯង ការបូជា​របស់បុគ្គល​នោះ ជាការ​បូជា​ពិតមែន ទាំងការ​ព្យាយាម​ជា​ហេតុឲ្យ​កើតទ្រព្យ (របស់​បុគ្គលនោះ) ក៏ជា​ការព្យាយាម​ពិតមែន។ ម្នាល​កោសិយៈ ព្រោះ​ហេតុនោះ​ យើងនិយាយ​នឹងអ្នក ចូរអ្នក​ឲ្យទាន​ផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ ព្រោះថា បុគ្គល​អ្នកបរិភោគ​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[២៥៣] (មាតលិទេវបុត្រ…) បុរសបូជាស្រះក្តី ទន្លេឈ្មោះ​ពហុកា ឬ​ស្រះបោក្ខរណី​ឈ្មោះ​គយាក្តី កំពង់ឈ្មោះ​ទោណៈ ឬកំពង់​ឈ្មោះ​តិម្ពរុក្តី ទន្លេដ៏​ធំមាន​ខ្សែទឹក​ដ៏រហ័ស​ក្តី។ ការបូជា​របស់បុរស​នោះក្នុង​ទីនោះ រមែងមាន (ផល) ទាំងការ​ព្យាយាម​ជា​ហេតុ​ឲ្យកើត​ទ្រព្យរបស់​បុរសនោះ ក្នុងទី​ទាំងនោះ ក៏មាន​ផលដែរ ព្រោះថា បុរស​នោះ កាល​បើភ្ញៀវ​អង្គុយ​នៅហើយ មិនគួរ​បរិភោគ​ភោជន​ម្នាក់ឯងទេ។ ម្នាល​កោសិយៈ ព្រោះ​ហេតុនោះ យើងនិយាយ​នឹងអ្នក ចូរអ្នក​ឲ្យទានផង បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ ព្រោះថា បុគ្គល​អ្នកបរិភោគ​ភោជន​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[២៥៤] (បញ្ចសិក្ខទេវបុត្ត…) បុគ្គលណា កាលបើភ្ញៀវអង្គុយនៅហើយ បរិភោគ​ភោជន​ម្នាក់ឯង បុគ្គលនោះ​ឈ្មោះថា​លេបសន្ទូច​ដែលមាន​ខ្សែដ៏វែង ព្រមទាំង​ចំណង។ ម្នាល​កោសិយៈ ព្រោះ​ហេតុនោះ យើងនិយាយ​នឹងអ្នក ចូរអ្នក​ឲ្យទាន​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ ព្រោះថា បុគ្គល​អ្នកបរិភោគ​ម្នាក់ឯង មិនបាន​សុខទេ។

[២៥៥] (កោសិយសេដ្ឋី…) អើហ្ន៎ ព្រាហ្មណ៍ទាំងនេះ ពេញជា​មាន​សម្បុរល្អ​លើសលុប ចុះឆ្កែនេះ​របស់ពួកអ្នក ក្លែងខ្លួន​ឲ្យមាន​ពណ៌រុង​រឿងប្លែកៗ ព្រោះ​ហេតុអ្វី ម្នាល​ព្រាហ្មណ៍​ទាំងឡាយ អ្នកទាំង​ឡាយ​ចូរប្រាប់​យើង អ្នកទាំងឡាយ​ជាអ្វី។

[២៥៦] (ព្រះឥន្ទ្រ…) ព្រាហ្មណ៍ទាំងពីរនាក់ដែលមកក្នុងទីនេះ គឺ​ចន្ទទេវបុត្ត និង​សុរិយ​ទេវបុត្ត ចំណែក​ព្រាហ្មណ៍​នេះ គឺ​មាតលិទេវបុត្ត ដែលជា​ទេវសារថី ឯយើង​ជា​សក្កៈ ជាធំជាង​ពួកទេវតា​ក្នុងជាន់​តាវត្តឹង្ស ឯព្រាហ្មណ៍​នេះ គេហៅ​ថា​បញ្ចសិខៈ។

[២៥៧] ល្បែងទះដៃក្តី ស្គរសំភោរក្តី ស្គរតូច និងស្គរធំក្តី តែងញ៉ាំង​បញ្ចសិខ​ទេវបុត្ត​នេះ​ដែលដេក​លក់ ឲ្យភ្ញាក់​ឡើងបាន លុះ​បញ្ចសិខទេវបុត្ត​នោះ​ភ្ញាក់ឡើង​ហើយ រមែង​រីករាយ។

[២៥៨] ពួកជនណានីមួយ មានសេចក្តីកំណាញ់​ស្វិតស្វាញ ជាអ្នក​ប្រទេច​ផ្តាសានូវ​សមណ​ព្រាហ្មណ៍ ពួកជននោះ ដាក់ចុះ​នូវរាងកាយ គឺសរីរៈ​ក្នុង​លោកនេះ លុះ​បែក​ធ្លាយរាង​កាយហើយ រមែង​ទៅកើត​ក្នុងនរក។ ពួកជន​ណានីមួយ កាល​ប្រាថ្នានូវ​សុគតិ ឋិតនៅ​ក្នុងធម៌ គឺការ​សង្រួម និងការ​ចែករំលែក​នូវទាន ពួកជននោះ ដាក់ចុះ​នូវ​រាងកាយ គឺសរីរៈ​ក្នុងលោក​នេះ លុះបែក​ធ្លាយរាង​កាយ រមែងទៅ​កាន់សុគតិ។

[២៥៩] អ្នកជាញាតិរបស់យើងក្នុងជាតិមុន អ្នកនោះ​ឈ្មោះ​កោសិយៈ ជាបុគ្គល​កំណាញ់ មានធម៌​ដ៏លាមក យើងមក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់អ្នក​តែម្យ៉ាងថា ញាតិ​របស់យើង​ដែលមាន​ធម៌ដ៏​លាមក កុំទៅកាន់​នរក​ឡើយ។​

[២៦០] (កោសិយៈសេដ្ឋី…) អ្នកទាំងឡាយនោះ ជាអ្នកប្រាថ្នានូវ​ប្រយោជន៍​ដល់​ខ្ញុំដោយ​ពិត ព្រោះថា អ្នកទាំងឡាយ​បានប្រៀន​ប្រដៅ​ខ្ញុំដោយ​ល្អ ខ្ញុំនោះ​នឹងធ្វើ​តាមពាក្យ​ទាំង​អស់ ដែលអ្នក​ទាំងឡាយ​ជាអ្នក​ស្វែងរក​ប្រយោជន៍ បាន​ពោលហើយ​ដូច្នោះ។ ខ្ញុំនោះ​វៀរចាក​សេចក្តី​កំណាញ់ ក្នុងថ្ងៃ​នេះឯង ខ្ញុំមិន​ធ្វើអំពើ​អាក្រក់​តិចតួច ខ្ញុំមិន​មែន​ជាមិនឲ្យ​វត្ថុតិច​តួចទេ បើខ្ញុំមិន​ទាន់បាន​ឲ្យ​ទានទឹក មិនផឹក​នូវទឹកទេ។ បពិត្រ​ព្រះវាសវៈ កាលខ្ញុំ​ឲ្យទាន​សព្វកាល​យ៉ាងនេះ ភោគៈ​ទាំងឡាយ​របស់ខ្ញុំ មុខជា​នឹង​អស់ទៅ បពិត្រ​សក្កៈ តអំពី​នេះទៅ ខ្ញុំនឹង​លះនូវ​កាម​ទាំងឡាយ តាមចំណែក ហើយ​បួស។

[២៦១] (អភិសម្ពុទ្ធគាថា) ពួកទេវធីតានោះ ដែលទេវរាជ​រក្សាហើយ ក៏រីករាយ​លើភ្នំ​គន្ធមាទន៍​ដ៏ប្រសើរ ដែលជា​ភ្នំខ្ពង់ខ្ពស់ គ្រានោះ ឥសីដ៏​ប្រសើរ ជាអ្នក​អាចទៅកាន់​លោក​ទាំងអស់ បានកាន់យក​នូវផ្កា​ទុមវរសាខា ដែល​រីកស្គុះស្គាយ និមន្តមក។ ផ្កានោះ ជាផ្កា​ស្អាត មានក្លិន​ក្រអូប ដែលពួក​ទេវតាក្នុង​ជាន់​ត្រៃត្រឹង្ស​ធ្វើសក្ការៈ​ហើយ ជាផ្កាដ៏​ឧត្តម ដែលពួក​ទេវតាដ៏​ប្រសើរ​សេពហើយ ពួកមនុស្ស​ដទៃក្តី ពួក​អសុរក្តី វៀរលែងតែ​ពួកទេវតា មិនដែល​បានឡើយ ព្រោះថា ផ្កានោះ ជាប្រយោជន៍​ដ៏សមគួរ​ដល់ (ពួកទេវតា​ទាំងនោះ)។ លំដាប់នោះ នារីទាំងបួន ដែលជា​ធំលើស​អស់ពួកស្រី មានស្បែក​ភ្លឺដូច​មាស ឈ្មោះ​អាសា ១ សទ្ធា ១ សិរី ១ ហិរី ១ បាន​ក្រោកឡើង ហើយទូល​សួរនារទ​តាបស ជាអ្នក​ប្រាជ្ញ ទាំងជា​ព្រាហ្មណ៍​ដ៏ប្រសើរ​ដូច្នេះថា បពិត្រ​មហាមុនី​ដ៏ប្រសើរ បើផ្កា​បរិច្ឆត្តព្រឹក្ស​នេះ លោកមិន​ឧទ្ទិស (អ្នកណាទេ) សូមលោក​ឲ្យដល់​ពួកយើង គតិ (នៃចិត្ត) ទាំងពួង សូម​សម្រេច​ដល់លោក ទោះបី​លោក ក៏សូម (ឲ្យមាន​មេត្តា) ចំពោះ​ពួកយើង ដូចជា​ព្រះវាសវៈ​ដែរ។ នារទតាបស បានឃើញ​ពួកនារី​មកសុំ​នូវផ្កានោះ ក៏ពោលថា នាងនិយាយ​នូវពាក្យ​នាំឲ្យ​បង្កជំលោះ ប្រយោជន៍​តិចតួច​ដោយផ្កាឈើ​ទាំងនេះ មិន​មាន​ដល់យើង​ទេ នាងណា ដែល​ចម្បងជាង​នាងទាំងឡាយ នាងនោះ ចូរប្រដាប់​ផ្កានេះ​ចុះ។

[២៦២] (ពួកទេវធីតា…) បពិត្រនារទតាបស​ដ៏ឧត្តម សូមលោក​រមិលមើល​នូវពួក​យើងចុះ បើលោក​ប្រាថ្នានឹង​ឲ្យដល់​នាងណា សូមលោក​បោះផ្កា​នោះសំដៅ​ទៅ​នាងនោះ បពិត្រ​នារទតាបស ព្រោះថា​ បណ្តាពួកយើង បើលោក​ឲ្យដល់​នាងណា នាង​នោះឯង យើង​សន្មតថា ប្រសើរ​បំផុត​ជាងគេ។

[២៦៣] (នារទតាបស…) នែនាងមានខ្លួនដ៏ល្អ សំដីនេះ​មិនគួរទេ បុគ្គល​ដូចម្តេច ដែល​ហៅថា​ព្រាហ្មណ៍ បុគ្គល​ដូចម្តេច គួរពោល​ពាក្យដែល​នាំបង្ក​ជំលោះ បើនាងទាំង​ឡាយ​មិនដឹង​ធម៌ដ៏ខ្ពង់ខ្ពស់​ក្នុងលោក​នេះទេ ចូរទៅ​សួរព្រះឥន្ទ្រ ដែលជា​ធំជាងពួក​ទេវតា​ចុះ។

[២៦៤] ពួកទេវធីតាទាំងនោះ ដែលនារទតាបស​បានពោល​យ៉ាងនេះ​ហើយ ក៏មាន​ចិត្តក្រេវក្រោធ​យ៉ាង​ក្រៃលែង ជាស្រ្តីស្រវឹង​ដោយសេចក្តី​ស្រវឹង​នឹងសម្បុរ ហើយ​បាន​ទៅកាន់សំណាក់​ព្រះឥន្ទ្រ ជា​សហស្សចក្ខុ រួចសួរនូវ​ព្រះឥន្ទ្រ​ដែលជា​ធំជាងពួក​ទេវតាថា (បណ្តាពួកយើង) នាងណា​ប្រសើរ​ជាងគេ។

[២៦៥] ព្រះឥន្ទ្រដ៏ប្រសើរជាងពួកទេវតា ដែលពួកទេវតា​តែង​ប្រណម្យ​អញ្ជលី លុះ​បានឃើញ​នូវពួក​ទេវធីតា​ទាំងនោះ មានចិត្ត​ខ្វល់ខ្វាយ ក៏បាន​ពោលតប​ដូច្នេះថា នែនាង​មានជោគ​ល្អ នាងទាំង​អស់​ប្រហែលៗ គ្នាទេ ម្នាលនាង​ដ៏ចំរើន ចុះបុគ្គល​ណា​ហ្ន៎ បាន​ពោលពាក្យ​ដែលនាំ​បង្កជំលោះ។

[២៦៦] (ពួកទេវធីតា…) នារទតាបសណា ជាមហាមុនី អាចត្រាច់​ទៅក្នុង​លោកទាំង​អស់បាន ឋិតនៅ​ក្នុងធម៌ មានព្យាយាម​ដ៏ទៀងទាត់ នារទ​តាបស​នោះ បាន​ពោលនឹង​ពួកយើង​លើភ្នំដ៏​ប្រសើរ ឈ្មោះ​គន្ធមាទន៍​ថា បើនាងទាំង​ឡាយ មិនដឹង​នូវធម៌​ដ៏ឧត្តម​ក្នុងលោក​នេះទេ ចូរទៅ​សួរព្រះឥន្ទ្រ ដែលជា​ធំជាង​ពួកទេវតា​ចុះ។

[២៦៧] (ព្រះឥន្ទ្រ…) ម្នាលនាងមានខ្លួនដ៏ប្រសើរ តាបស​ឯណោះ ជា​មហាមុនី ជាអ្នក​ត្រាច់ទៅ​ក្នុងព្រៃធំ បើមិន​ទាន់ឲ្យ​ទាន មិនបរិភោគ​នូវភត្តទេ កោសិយ​តាបសនោះ ពិចារណា​ហើយ ទើបឲ្យ​នូវទាន​ទាំងឡាយ ព្រោះថា តាបសនោះ នឹងឲ្យផ្កា​ដល់នាង​ណា នាងនោះ​ឯង ពេញជា​ប្រសើរ​ជាងគេ។

[២៦៨] តាបសឯណោះនោះ គង់នៅក្នុងទិសខាងត្បូង​នៃភ្នំ​ហិមវ័ន្ត ប្របឆ្នេរ​ទន្លេគង្គា កោសិយតាបស​នោះ បានទឹក និងភោជន​ដោយកម្រ ម្នាល​មាតលិទេវបុត្ត ជា​ទេវសារថិ អ្នកចូរ​ញ៉ាំង​សុធាភោជន ឲ្យសម្រេច​ដល់​កោសិយតាបស​ចុះ។

[២៦៩] មាតលិទេវបុត្តនោះ លុះព្រះឥន្ទ្រប្រសើរជាង​ទេវតា​ប្រើហើយ ក៏ឡើងជិះ​ទេវរថ ដែល​ទឹមដោយ​សេះមួយពាន់ ហើយ​ចូលទៅកាន់​អាស្រម​យ៉ាងរហ័ស មិន​បង្ហាញ​កាយឲ្យ​ឃើញ ស្រាប់តែ​ប្រគេននូវ​សុធាភោជន ដល់​តាបសជា​អ្នកប្រាជ្ញ។

[២៧០] (កោសិយតាបស…) កាលដែលអាត្មាអញបំរើ​នូវការ​បូជាភ្លើង និង​ព្រះអាទិត្យ​ដ៏ឧត្តម ដែល​បន្ទោបង់​នូវងងឹត​ក្នុងលោក​ អ្នកណាហ្ន៎ ដូចព្រះវាសវៈ កន្លង​នូវពួក​ទេវតា​ទាំងអស់ ដាក់​សុធាភោជន​លើដៃទាំង​ពីររបស់​អញឬ។ សុធាភោជន​នោះ ដ៏ស​ដូចជា​ស័ង្ខ គួររមិល​មើល រកអ្វី​ប្រៀបគ្មាន ជា​ភោជន​ស្អាត មានក្លិន​ក្រអូប មាន​សភាព​គួរពេញ​ចិត្ត​យ៉ាងចំឡែក ភ្នែក​របស់អញ​តាំងអំពី​កើតមក មិនដែល​ឃើញ​សោះ​ឡើយ ទេវតា​ណាហ្ន៎ ដាក់នូវ​សុធាភោជន​លើដៃ​ទាំងពីរ​របស់អញឬ។

[២៧១] (មាតលិទេវបុត្ត…) បពិត្រលោកជាមហាមុនី អ្នកស្វែង​រកនូវ​គុណដ៏ធំ ខ្ញុំដែល​ព្រះឥន្ទ្រ​ជាធំ​បានប្រើមក ខ្ញុំក៏​បាននាំ​សុធាភោជន​យ៉ាងរួសរាន់ លោក​បានស្គាល់​នូវខ្ញុំ​ថាឈ្មោះ​មាតលិទេវបុត្ត ជា​ទេវសារថិ សូមលោក​ឆាន់នូវ​ភត្តដ៏ឧត្តម​ចុះ លោកកុំ​ប្រកែក​រារាំងឡើយ។ ឯ​សុធាភោជន​នោះ​ លុះលោក​បរិភោគ​ហើយ រមែង​កំចាត់បង់​បាបធម៌ ១២ យ៉ាងបាន គឺ​សេចក្តីឃ្លាន ១ ការស្រេក ១ សេចក្តីអផ្សុក ១ ក្រវល់ក្រវាយ កាយ ១ លំបាកកាយ ១ ក្រោធ ១ ចងសេចក្តី​ក្រោធក្នុងចិត្ត ១ ឈ្លោះប្រកែក ១ ញុះញង់ ១ ត្រជាក់ ១ ក្តៅ ១ ខ្ជិល ១ ដ្បិតភោជន​នេះ មានរស​ដ៏ឧត្តម។

[២៧២] (កោសិយៈ…) ម្នាលទេវបុត្តឈ្មោះ​មាតលិ ការដែល​អាត្មាមិន​បានឲ្យ​ទានជា​មុន​សិន ហើយបរិភោគ មិនគួរទេ ព្រោះ​វត្ថុនេះ ជាវត្ថុ​ឧត្តម​របស់អាត្មា ឯការ​បរិភោគ​តែម្នាក់​ឯង ជាអំពើ​ដែល​ព្រះអរិយៈ​មិនបូជា​ឡើយ មួយទៀត បុគ្គល​អ្នកមិន​បានចែក​រំលែក រមែង​មិនបាន​នូវសេចក្តី​សុខទេ។

[២៧៣] ពួកជនណាមួយ ជាអ្នកសម្លាប់ស្រ្តី ជាអ្នកប្រព្រឹត្ត​បរទារកកម្ម ឬក៏ពួក​ជនណា ជាអ្នក​ប្រទូស្តមិត្ត ជេរប្រទេច​ពួកបុគ្គល​អ្នកមាន​វត្តល្អ ជនទាំង​អស់នោះ សុទ្ធ​តែមាន​សេចក្តី​កំណាញ់​ដ៏ថោកទាប​ជាគំរប់​ប្រាំ ព្រោះ​ហេតុនោះ អាត្មា​បើមិន​បានឲ្យ សូម្បី​នូវ​ទឹក ក៏មិន​បរិភោគ​ទេ។ មួយទៀត អាត្មានោះ ត្រូវតែ​ឲ្យទាន​ដែលអ្នក​ប្រាជ្ញ​សរសើរ​ហើយ ដល់ស្រ្តី ឬបុរស ដ្បិតបុគ្គល​អ្នកមាន​សទ្ធា អ្នកដឹង​នូវពាក្យស្មូម ប្រាស​ចាក​សេចក្តី​កំណាញ់​ទាំងនុ៎ះ លោកសន្មត​ថា ជាអ្នក​មានសច្ចៈ​ដ៏ស្អាត​ក្នុងលោក​នេះ។

[២៧៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាងកញ្ញាទាំង ៤ នាក់ ដែល​មានស្បែក​ដូចជា​មាសឈ្មោះ អាសា ១ សទ្ធា ១ សិរី ១ ហិរី ១ ដែល​ព្រះឥន្ទ្រ​ប្រសើរ​ជាងទេវតា បាន​​យល់​ព្រមប្រើ​ទៅហើយ នាងក៏​មកកាន់​អាស្រម​ជាទីនៅ​នៃ​កោសិយតាបស​នោះ។ កោសិយ​តាបស បានឃើញ​នាងកញ្ញា​ទាំង ៤ នោះ ដែល​មានចិត្ត​ត្រេកអរ​យ៉ាងលើស​លុប​​ទាំងអស់គ្នា មានវណ្ណៈ​ដ៏ល្អដូច​អណ្តាតភ្លើង​ឋិតនៅ​ក្នុងទិស​ទាំងបួន ហើយបាន​ពោល​​ដូច្នេះ​ក្នុងទី​ចំពោះ​មុខនៃ​មាតលិទេវបុត្ត​ថា ម្នាល​ទេវតា នាងជាអ្វី មានកាយ​ប្រដាប់​ហើយ បានញ៉ាំង​ទិសខាង​កើតឲ្យភ្លឺ ដូចជា​ផ្កាយព្រឹក​ដ៏ប្រសើរ ម្នាល​នាងមាន​រាងកាយ​ដូចជា​រូបប្រៀប ជាវិការៈ​នៃមាស អាត្មា​សូមសួរ​នាង ចូរនាង​ប្រាប់អាត្មា នាងជា​ទេវតា​ឈ្មោះអ្វី។

[២៧៥] (នាងសិរី…) ខ្ញុំជាទេវធីតាឈ្មោះ​សិរី ដែលគេ​បូជាក្នុង​ពួកមនុស្ស មិនចូល​ទៅ​គប់រកនូវ​សត្រូវ​លាមក​គ្រប់កាល មកកាន់​សំណាក់​លោក ព្រោះ​ទាស់ទែង​គ្នាអំពី​សុធាភោជន បពិត្រ​លោកមាន​ប្រាជ្ញា​ដ៏ប្រសើរ ព្រោះ​ហេតុនោះ សូមលោក​ចែក​នូវ​សុធាភោជន​ដល់ខ្ញុំ។ បពិត្រ​លោកជា​មហាមុនី ខ្ញុំប្រាថ្នា​សុធាភោជន​របស់​ជនណា ជននោះ​ឯង រមែងរីករាយ​ដោយកាម​គ្រប់យ៉ាង បពិត្រ​លោកដ៏​ខ្ពង់ខ្ពស់​ជាងពួក​ជនអ្នក​បូជាភ្លើង សូមលោក​ដឹងនូវខ្ញុំ​ថាជា​ទេវធីតា​ឈ្មោះសិរី បពិត្រ​លោកអ្នក​មានប្រាជ្ញា​ដ៏​ប្រសើរ ព្រោះ​ហេតុនោះ សូមលោក​ចែកនូវ​សុធាភោជន​ដល់ខ្ញុំ។

[២៧៦] (កោសិយៈ…) ពួកជនដែលប្រកបដោយសិល្បៈវិជ្ជាសរណៈ និងប្រាជ្ញា ជាអ្នក​ស្ទាត់ជំនាញ​ដោយអំពើ​របស់ខ្លួន ត្រឡប់​ជាថោកទាប​ជាងនាង​វិញ មិនបានយស ឬ​សេចក្តី​សុខនោះ​តិចតួច​សោះឡើយ អំពើណា ដែលនាង​បានធ្វើហើយ អំពើនោះ មិន​ប្រពៃទេ។ អាត្មាបាន​ឃើញនូវ​ជនខ្ជិល​ច្រអូស បរិភោគ​ច្រើន ទាំងមាន​ត្រកូល​ថោកទាប មានរូប​អាក្រក់ បុរសនោះ ដែលនាង​បានរក្សា​ហើយ ក៏បែរ​ទៅជា​អ្នកមាន​សិរី អាចប្រើ​នូវជន​ដែលមាន​ជាតិខ្ពស់ ដូចជន​អ្នកមាន​ភោគៈ មាន​សេចក្តីសុខ ប្រើនូវ​ខ្ញុំកំដរ។ ព្រោះ​ហេតុនោះ យើងដឹង​នូវនាងជា​ស្រីមិន​មានសច្ចៈ គប់រក​ឥតរើសមុខ ជាស្រី​ល្ងង់ បៀត​បៀនអ្នក​ប្រាជ្ញ ស្រីប្រហែល​ដូចនាង មិនគួរ​ទទួល​អាសនៈ និងទឹកទេ សុធាភោជន នឹង​មាន​ពីណា នាងចូរ​ទៅចុះ អាត្មាមិន​ពេញចិត្ត​នឹងនាងទេ។

[២៧៧] នាងជាអ្វី មានចង្កូមស ពាក់កុណ្ឌល មានគ្រឿង​ប្រដាប់ដើម​ដៃដ៏វិចិត្រ ទ្រទ្រង់​គ្រឿងប្រដាប់​មាសដ៏​រលីងស្អាត ស្លៀក​ដណ្តប់​សំពត់មាន​ពណ៌ដូច​ទនៃទឹក ដែល​គេស្រោច​ចុះ សៀត​ត្រួយឈើ មានពណ៌​ក្រហម​ដូចភ្លើង​ឆេះស្បូវ ល្អរុងរឿង។ នាងដូច​មេម្រឹគ​ដែលព្រាន​ព្រៃបាញ់​ខុសហើយ ក៏ភ្ញាក់ផ្អើល​ក្រឡេក​មើលភ្លៀកៗ ដូច្នោះ​មា្នលនាង​មានភ្នែក​ស្រទន់ បុគ្គលណា​ជាគំរប់​ពីរនឹងនាង ក្នុងទីនេះ នាង​តែម្នាក់ឯង នៅក្នុង​ព្រៃធំ មិនខ្លាច​ទេឬ។

[២៧៨] (នាងអាសា…) បពិត្រកោសិយតាបស ក្នុងទីនេះ មិនមាន​បុគ្គល​ជាគំរប់​ពីរនឹង​ខ្ញុំទេ ខ្ញុំជា​ទេវតា​ឈ្មោះ​អាសា កើតក្នុង​ភពតាវត្តឹង្ស មកកាន់​សំណាក់​លោកដោយ (សេចក្តី​ប៉ុនប៉ង) នូវ​សុធាភោជន បពិត្រ​លោកអ្នក​មានប្រាជ្ញា​ដ៏ប្រសើរ ព្រោះ​ហេតុនោះ សូមលោក​ចែកនូវ​សុធាភោជន​ដល់ខ្ញុំ។

[២៧៩] (កោសិយៈ…) ពួកពាណិជអ្នកស្វែងរកទ្រព្យ ឡើងសំពៅ​ទៅក្នុង​សមុទ្រ ព្រោះ​សេចក្តី​ប្រាថ្នា ពាណិជ​ទាំងនោះ ជួនកាល​លិចចុះ​ក្នុងសមុទ្រ​នោះ ជួន​កាល សាបសូន្យ​ចាកទ្រព្យ បាត់ទាំង​ដើមទុន។ ពួកភ្ជួររាស់​បានភ្ជួរស្រែ​ទាំងឡាយ ព្រោះ​នូវពូជ​ទាំងឡាយ ធ្វើ (កិច្ចនោះៗ) ដោយឧបាយ ក៏មិន​បាននូវ​ផលិតផល​បន្តិច​បន្តួចអំពី​សន្ទូង​នោះ ដោយ​សេចក្តី​អន្តរាយ ឬគ្មានភ្លៀង ព្រោះតែ​សេចក្តី​ប្រាថ្នា។ ពួកជនអ្នក​ស្វែងរក​សេចក្តី​សុខ បានធ្វើ​នូវសេចក្តី​ប្រាថ្នាជា​ប្រធាន ទើបធ្វើ​នូវសេចក្តី​ព្យាយាម​ក្នុងទី​យុទ្ធភូមិ ដើម្បី​ម្ចាស់ ជនទាំងនោះ​ធ្វើនូវ​ប្រយោជន៍​ដល់ម្ចាស់ ត្រូវពួក​បច្ចាមិត្ត​បៀតបៀន​យ៉ាងខ្លាំង មិន​បាននូវ​ឥស្សរិយយស​នោះ​តិចតួច ក៏រត់ទៅ​កាន់ទិស​ទាំងឡាយ។ ពួកជន​អ្នកចង់ទៅ​កាន់​ឋានសួគ៌ ស្វែងរក​សេចក្តី​សុខ ក៏លះបង់​នូវស្រូវ ​ទ្រព្យ និងពួកញាតិ ហើយ​ដុតកំដៅ​នូវតបៈ​ដ៏សៅហ្មង​អស់កាល​យូរអង្វែង តែបែរ​ជាឡើងកាន់​ផ្លូវខុស ត្រឡប់​ទៅកាន់​ទុគ្គតិ ព្រោះតែ​សេចក្តី​ប្រាថ្នា។ នែនាង​អាសា នាងឯង​ដែលឈ្មោះ​ថា អាសា គេ​សន្មតថា​ជាស្រី​បោកប្រាស់​នូវជន​ទាំងនេះ (ហេតុនោះ) នាងចូរ​បន្ទោបង់​នូវ​សុធាភោជន ចំពោះ​ខ្លួនឯង​ចុះ ស្រីប្រហែល​នាង មិនគួរ​ទទួល​អាសនៈ និងទឹកទេ សុធាភោជន នឹង​មានអំពីណា នាងចូរ​ទៅចុះ អាត្មាមិន​ពេញចិត្ត​នឹងនាងទេ។

[២៨០] នាងជាស្រីមានយស រុងរឿង​ដោយយស ជាធំ​ក្នុងទិស គេហៅ​ដោយ​ឈ្មោះ​ថោកទាប ម្នាលនាង​មានរាង​កាយដូច​រូបប្រៀប ជាវិការ​នៃមាស អាត្មា​សួរនាង នាង​ចូរប្រាប់​ដល់អាត្មា នាងជា​ទេវតា​ឈ្មោះអ្វី។

[២៨១] (នាងសទ្ធា…) ខ្ញុំជានាងទេវីឈ្មោះសទ្ធា ដែលគេបូជា​ក្នុងពួកមនុស្ស មិន​សេព​គប់នូវ​សត្វដ៏លាមក​សព្វៗកាល មកកាន់​សំណាក់​លោកដោយ​ការឈ្លោះ​ប្រកែក ព្រោះ​សុធាភោជន បពិត្រ​លោកអ្នក​មានប្រាជ្ញា​ដ៏ប្រសើ ព្រោះ​ហេតុនោះ សូមលោក​ចែក​រំលែក​នូវសុធាភោជន​ដល់ខ្ញុំ។

[២៨២] (កោសិយៈ…) ជួនកាល មនុស្សទាំងឡាយ​ពឹងផ្អែក​លើសទ្ធា ទើបធ្វើ​នូវ​ទាន នូវ​ការទូន្មាន​ឥន្ទ្រិយ នូវការ​បរិច្ចាគ និងការ​សង្រួម​ក៏មាន មនុស្ស​ពួកខ្លះ ដែលឃ្លាត​អំពីនាង (សទ្ធា) វិញ ក៏ធ្វើ​នូវការលួច កុហក បន្លំ និងញុះញង់​ក៏មាន។ បុរសអ្នក​ប្រាថ្នា​ក្នុង​ភរិយា​ទាំងឡាយ ដែល​មានគុណ​សម្បតិ្តស្មើគ្នា ជាស្រី​បរិបូណ៌​ដោយសីល មានវត្ត​ចំពោះ​ប្តី តែលះបង់​នូវសេចក្តី​ប្រាថ្នា​ក្នុងពួកស្រី​ដែលមាន​ត្រកូលល្អ ហើយធ្វើ​នូវ​ការ​ជឿចំពោះ​កុម្ភទាសី​វិញក៏មាន។ ម្នាល​នាងសទ្ធា នាងឯង​គប់រកនូវ​ប្រពន្ធ​របស់ជន​ដទៃ ហើយធ្វើ​នូវអំពើ​ដ៏លាមក លះចោល​នូវកុសល ស្រីប្រហែល​នាង មិនគួរ​ទទួលនូវ​អាសនៈ និងទឹក​ទេ សុធាភោជន​នឹងមាន​អំពីណា នាងចូរ​ទៅចុះ អាត្មា​មិនពេញ​ចិត្តនឹង​នាង​ទេ។

[២៨៣] ទិសខាងកើតឯណា មានសម្បុររូប​ដ៏ឧត្តម ប្រាកដ​ច្បាស់​ក្នុងវេលា​អរុណរះ​ឡើង ក្នុងទី​បំផុត​នៃរាត្រី ម្នាលនាង​ទេវធីតា នាងប្រាកដ​ច្បាស់​ដល់អាត្មា ដូច​ជាទិស​ខាងកើត​នោះដែរ នាងចូរ​ប្រាប់អាត្មា នាងជា​ស្រីអប្សរ​អ្វី។ នាងឈ្មោះអ្វី ដូច​ជាវល្លិ៍​ប្រេង ដែលត្រូវ​ខ្យល់ មាន​របៀបនៃ​ស្លឹកដ៏ក្រហម​ក្នុង​និទាឃរដូវ ឬដូចជា​អណ្តាត​ភ្លើង ពុំនោះសោត ដូច​ម្រឹគស្ទាវ កាលក្រឡេក​មើល នាង​ហាក់ដូច​ជាមាន​ប្រាថ្នា​នឹង​និយាយ តែមិន​បញ្ចេញនូវ​វាចា​ទៅវិញ។

[២៨៤] (នាងហិរី…) ខ្ញុំជានាងទេវីឈ្មោះ​ហិរី ដែលគេបូជា​ក្នុងពួកមនុស្ស ជាស្រី​មិនសេព​គប់នូវសត្វ​ដ៏លាមក​សព្វៗកាល មកកាន់​សំណាក់លោក​ដោយការ​ឈ្លោះ​ប្រកែក ព្រោះ​សុធាភោជន តែខ្ញុំនោះ​មិនអាច​នឹងសុំ​នូវ​សុធាភោជន​ទេ ធម្មតា​ការសុំ​គេនៃស្រី ដូចជា​ការបើក​បង្ហាញ​កេរ្តិ៍ខ្មាស។

[២៨៥] (កោសិយៈ…) ម្នាលនាងមានរាងកាយល្អ នាងនឹងបាន (នូវសុធាភោជន) តាម​សភាព​តាមហេតុ នេះពិត​ជាធម៌​ហើយ ដ្បិតថា សុធាភោជន គេមិន​បាន​ព្រោះការ​សុំទេ ព្រោះ​ហេតុនោះ អាត្មា​នឹងអញ្ជើញ​នាងដែល​មិនសុំ នាង​ប្រាថ្នា​នូវ​សុធាភោជន​ណាៗ អាត្មានឹង​ឲ្យនូវ​សុធាភោជន​នោះៗ ដល់នាង។ ម្នាលនាង​មានរាង​កាយដូច​រូបប្រៀប ជាវិការៈ​នៃមាស នាងនោះ​អាត្មានឹង​អញ្ជើញ​ទៅក្នុង​អាស្រម​របស់​អាត្មា​ក្នុង​ថ្ងៃនេះ នាងជា​ស្រីគួរ​អាត្មា​បូជាដោយ​វត្ថុមាន​រសគ្រប់យ៉ាង អាត្មា​លុះបូជា​នាងហើយ ទើបនឹង​បរិភោគ​នូវ​សុធាភោជន​ដែរ។

[២៨៦] (អភិសម្ពុទ្ធគាថា) នាងហិរីនោះ ជាស្រីមិនសេពគប់​នូវសត្វ​លាមក​សព្វៗកាល ដែល​កោសិយតាបស​មានអានុភាព​ដ៏រុងរឿង​អនុញ្ញាត​ហើយ ក៏ចូលទៅ​កាន់​អាស្រម ជាទី​រីករាយ ជាអាស្រម​មានទឹក មានផ្លែឈើ ដែលពួក​អរិយជន​បូជា​ហើយ។ ជិត​អាស្រមនោះ មានព្រៃឈើ​ស៊ុមទ្រុម​ដ៏ច្រើន មានផ្កា​រីកហើយ ដើមស្វាយ ដើមទ្រយឹង ដើមខ្នុរ ដើមចារ ដើមម្រុម ដើមលោទ ដើមភ្លៅកង្កែប ដើមលំចេក ដើមចន្ទន៍ ដើម​ត្រមួច មានផ្កា​រីកហើយ។ ជិត​អាស្រម​នោះ មានដើមឈើ​ច្រើន គឺ​ដើមរាំង ដើមថា្លន់ ដើមព្រីង ដើមពោធិ៍បាយ ដើមជ្រៃ ដើមស្រគំ មានមែក​ទោរទន់​ចុះ និង​ដើមរាជព្រឹក្ស ដើម​ច្រនៀង ដើមជ្រៃពួរ ដើម​រាំងអន្លក់ និងដើម​លំចេក មានក្លិន​ផ្សព្វផ្សាយ​គួរគាប់​ចិត្ត។ ជិត​អាស្រម​នោះ មាន​អបរណ្ណជាតិ អំពៅខ្មៅ សណ្តែកព្រៃ ដើមទន្លាប់ ស្រងែ និង​គែលលក សណ្តែក​រាជមាស ចេក​មានគ្រាប់ និង​ស្រូវស ស្រូវក្រហម​ជាច្រើន ផ្លែចេញ​ជាអង្ករ​គួរបរិភោគ​បាន។ នៅខាងជើង​នៃទី​អាស្រម​នោះ មាន​ជាតស្រះ​បោក្ខរណី​ដ៏ក្សេម មិនមាន​វត្ថុអាក្រក់ មានកំពង់​មិនចោទ ជា​ស្រះដ៏ស្អាត​ប្រកប​ដោយ​ទឹក​មានក្លិន​មិនគួរខ្ពើម។ ក្នុងស្រះនោះ មានពួក​ត្រី ត្រេក​ត្រអាល ជាសត្វ​មានសេចក្តី​ក្សេម មានគ្រឿង​បរិភោគ​ដ៏ច្រើន គឺត្រីផ្ទក់ ត្រីខ្ជឹង ត្រីក្រាយ បង្កង ត្រីឆ្ពិន ត្រីស្លាត និង​ត្រីក្អែក ក៏​ហែបហែល​ទៅមក​ដេរដាស។ ក្នុងស្រះនោះ មានពួក​សត្វស្លាប​ត្រេក​ត្រអាល ជាសត្វ​មាន​សេចក្តីក្សេម មានគ្រឿង​បរិភោគ​ដ៏ច្រើន គឺហង្ស ក្រៀល ក្ងោក ចាកក្រពាក អក តាវ៉ៅ ក្ងោកមាស ទោម ព្រហីត ដ៏ច្រើន។ មានពួក​សត្វ គឺហ្វូងនៃ​ម្រឹគផ្សេងៗ ជាច្រើន គឺ​សីហៈ ខ្លាធំ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន រមាស គោព្រៃ ក្របី រមាំង ប្រើស ទ្រាយ ជ្រូកព្រៃ ក្តាន់ និង​ជ្រូកស្រុក មកប្រជុំ​គ្នាក្បែរ​ស្រះនោះ។ មាន​ឈ្លូស ឆ្មា ទន្សាយ និង​ខ្ទីង​ជាច្រើន ផែនដី និង​ភ្នំ ពេញពាស​ដោយ​ផ្កាដ៏វិចិត្រ កងរំពង​ដោយ​សម្លេង​នៃសត្វ​បក្សី មាន​ហ្វូងបក្សី​គប់រក​ជានិច្ច​ក្បែរ​ស្រះនោះ។

[២៨៧] នាងហិរីនោះ មានស្បែកដ៏ល្អ តោងដើមឈើ​មាន​ពណ៌ដ៏ខៀវ បាន​ចូលទៅ (កាន់អាស្រម) ហាក់ដូច​ជាផ្លេកបន្ទោរ​របស់​មហាមេឃ កោសិយតាបស បាន​រៀបចំ​កៅអី ដែលមាន​បណ្តាញ​ប្រទាក់​គ្នាដ៏ល្អ ជាវិការៈ​នៃស្បូវភ្លាំង​ដ៏ស្អាត មានក្លិន​ដ៏ល្អ ពាស​ដោយ​ស្បែកខ្លាឃ្មុំ បម្រុង​នាងហិរីនោះ បានពោល​ពាក្យនេះ​នឹងនាង​ហិរីថា ម្នាល​នាង​មានលំអ នាងចូរ​អង្គុយ​ឲ្យស្រួលចុះ នេះជា​អាសនៈ។ កាល​ដែលនាង​ហិរី​នោះ​ឋិតនៅ​លើកៅអី ប្រាថ្នានូវ​សុធាភោជន​ណា គ្រានោះ កោសិយតាបស អ្នកទ្រទ្រង់​នូវផ្នួង​សក់​ដ៏រុងរឿង ជា​មហាមុនី ប្រញាប់​ប្រញាល់ បាន​នាំមកនូវ​សុធាភោជន​នោះ ព្រម​ទាំង​ទឹក​ដោយស្លឹក​ឈូកថ្មីៗ ដោយខ្លួន​ឯង។ នាងហិរីនោះ មានចិត្ត​ត្រេកអរ បានទទួល​នូវ​សុធាភោជន​នោះ ដោយដៃ​ទាំងពីរ ហើយពោល​នឹង​កោសិយតាបស អ្នក​ទ្រទ្រង់នូវ​ផ្នួង​សក់​ដូច្នេះថា បពិត្រ​ព្រហ្ម ឥឡូវនេះ ខ្ញុំដែល​លោក​បូជាហើយ ជាបុគ្គល​មានជ័យ​ជំនះ សូមទៅ​កាន់ភព​ត្រៃត្រឹង្ស​វិញ។ នាង​ហិរីនោះ ដែល​កោសិយតាបស​មានអានុភាព​ដ៏រុងរឿង បាន​អនុញ្ញាត​ហើយ ជាស្រី​ស្រវឹងដោយ​ការស្រវឹង​នឹងវណ្ណៈ ក៏ទៅ​ក្នុងសំណាក់​ព្រះឥន្ទ្រ​ជា​សហស្សចក្ខុ រួចក្រាប​ទូលថា បពិត្រ​ព្រះវាសវៈ នេះជា​សុធាភោជន សូម​ព្រះអង្គ​ទ្រង់ប្រទាន​នូវជ័យ​ជំនះ​ដល់ខ្ញុំ។ នាងហិរីនោះ ដែលពួក​ទេវតា និង​មនុស្សផ្គង​អញ្ជលី​បូជាហើយ ក៏ចូលទៅ​អង្គុយលើ​កៅអី​ដ៏ថ្មីក្នុង​កាលណា ព្រះឥន្ទ្រ ព្រមទាំងពួក​ទេវតា ក៏បូជា​នាងហិរី​នោះ ជាទេវធីតា​ដ៏ឧត្តម​ក្នុងកាលនោះ។

[២៨៨] សហស្សនេត្ត ជាធំជាងពួកទេវតាជាន់​ត្រៃត្រឹង្ស ទ្រង់បាន​ត្រាស់នឹង​មាតលិ​ទេវបុត្ត​នោះម្តង​ទៀតថា អ្នកចូរ​ទៅសួរ​កោសិយតាបស តាមពាក្យ​របស់​យើងថា បពិត្រ​កោសិយៈ នាងហិរី ដទៃអំពី​នាងអាសា នាងសទ្ធា នាងសិរី បាននូវ​សុធាភោជន ដោយ​ហេតុអ្វី។

[២៨៩] មាតលិទេវបុត្ត បានឡើងជិះរថនោះ អណ្តែត​ទៅដោយ​ស្រួល​ដ៏រុងរឿង​ប្រហែល​នឹងគ្រឿ​ឧបករណ៍ មានចន្ទោល​ជាវិការៈ​នៃមាស​ជម្ពូនទ ភ្លឺដូចជា​អណ្តាត​ភ្លើង ដែល​បុញ្ញឫទ្ធិ​ប្រដាប់​ស្រស់ល្អ ប្រកប​ដោយ​កម្រាល​ជាវិការៈ​នៃមាស វិចិត្រ​ដោយកែវ ៧ ប្រការ។ ក្នុងរថ​នុ៎ះ មានរូប​ព្រះចន្ទ​ជាវិការៈ​នៃមាស រូបដំរី គោ សេះ កិន្នរ ខ្លាធំ ខ្លា​ដម្បង ទ្រាយ​ជាច្រើន​ក្នុងរថនោះ មានរូប​បក្សីជាវិការៈ​នៃកែវផ្សេងៗ ក្នុង​រថនោះ មានទាំង​រូបម្រឹគ​ប្រកប​ដោយហ្វូង​ជាវិការៈ​នៃកែវពៃទូរ្យ​ក្នុងរថនោះ។ ពួក​ទេវតា បានទឹម​នូវស្តេច​សេះ មាន​សម្បុរលឿង​មួយពាន់​ក្នុងរថ​នោះ ជាសេះ​មាន​សម្បុរដូច​មាស ប្រហែល​នឹង​ដំរីស្ទាវ ប្រដាប់​ដោយគ្រឿង​អលង្ការ មានគ្រឿង​ប្រដាប់ទ្រូង​ជា​វិការៈនៃ​បណ្តាញមាស មាន​គ្រឿងប្រដាប់​ពាក់ត្រចៀក ស្ទុះទៅ​ដោយ​គ្រាន់តែឮ​សម្លេង ជាសេះ​មាន​សន្ទុះដ៏​លឿន។ មាតលិទេវបុត្ត​បានឡើង​ជិះរថនោះ ជាយាន​ដ៏​ប្រសើរ ហើយញ៉ាំង​ទិសទាំង ១០ នេះ ឲ្យគឹក​កងរំពង ទាំងញ៉ាំង​អាកាសភ្នំ ឈើម្ចាស់ព្រៃ សាគរ និងផែនដី​ឲ្យរំភើប​ញាប់​ញ័រ។ មាតលិទេវបុត្ត​នោះ ចូលទៅ​កាន់អាស្រម​ជាឆាប់ ពានា​សំពត់​ទិព្វជា​ស្រេច រួច​ផ្គងអញ្ជលី​ពោលទៅ​នឹង​កោសិយ​តាបស ជាទេវ​ព្រាហ្មណ៍ ដែលជា​ពហុស្សូត ជាអ្នក​ចំរើន​ដោយគុណ មាន​អាចរិយវត្ត​ទូន្មាន​ហើយ ដូច្នេះថា បពិត្រ​កោសិយៈ សូមលោក​ស្តាប់ពាក្យ​ព្រះឥន្ទ្រ ខ្ញុំឯង​ជាទូត​ព្រះឥន្ទ្រ សូមសួរ​លោក​ថា បពិត្រ​កោសិយៈ ចុះនាង​ហិរី ដទៃអំពី​នាងអាសា នាងសទ្ធា និងនាង​សិរី តើ​បាននូវ​សុធាភោជន​ដោយ​ហេតុអ្វី។

[២៩០] (កោសិយ…) ម្នាលមាតលិ ជាទេវសារថី នាងសិរី​ប្រាកដ​ច្បាស់ដល់​អាត្មា ថា​ជាស្រ្តី​ស្តុកស្តម្ភ​ស្រាប់ហើយ ចំណែក​នាងសទ្ធា ប្រាកដ​ដល់អាត្មា​ថាជាស្រ្តី មិនទៀង នាង​អាសា ក៏ប្រាកដ​ដល់អាត្មា ថាជា​ស្រីដែល​គេសន្មត ថាជា​ស្រ្តី​បោកប្រាស់ ឯនាង​ហិរី តាំងនៅ​ស៊ប់ក្នុងគុណ​ដ៏ប្រសើរ។

[២៩១] ពួកនាងកុមារីណា ដែលត្រកូល​រក្សា​ហើយក្តី ពួកស្រី្ត​ចាស់ៗ (ស្រ្តីមេម៉ាយ) ណាក្តី ពួកស្ត្រីណា ដែលមាន​ប្តីក្តី ស្រ្តី​ទាំងនោះ (ដឹងច្បាស់) នូវ​ឆន្ទរាគ​ដែល​កើតឡើង​ក្នុង​ពួកបុរស ហើយ​រារាំងនូវ​ចិត្តរបស់​ខ្លួនដោយ​ហិរិ។ កាលជន​ទាំងឡាយ បរាជ័យ ក្នុងប្រធាន​នៃសង្គា្រម ដែល​ប្រកប​ដោយព្រួញ និង​លំពែង ស្ទុះរត់​ទៅ ជនទាំង​នោះ បានលះ​បង់នូវ​ជីវិត ក៏ត្រឡប់​វិលវិញ​ដោយហិរិ មានចិត្ត​ប្រកប​ដោយហិរិ ទទួល​យក (ម្ចាស់) វិញ។ ច្រាំងជា​គ្រឿងរារាំង​នូវកំឡាំង​នៃរលក​ទឹក​ក្នុងសមុទ្រ​យ៉ាងណា ហិរិនេះ ក៏ឃាត់​នូវជន​ចាកបាប យ៉ាង​នោះដែរ។ ម្នាល​ទេវសារថី ព្រោះ​ហេតុនោះ អ្នកចូរ​ក្រាបទូល​ព្រះឥន្ទ្រ​ថា ហិរិនោះ ត្រូវ​អរិយជន​បូជាហើយ​ក្នុងលោក​ទាំងពួង។

[២៩២] (មាតលិទេវបុត្ត…) បពិត្រកោសិយៈ បុគ្គលណា​ជាព្រហ្ម ឬព្រះឥន្ទ្រ ឬបជាបតិ ប្រកាន់​តាមសេចក្តី​យល់របស់​លោកនេះថា ធីតា​របស់​ព្រះឥន្ទ្រ ជាស្ត្រី​ស្វែងរក​នូវគុណ​ដ៏ប្រសើរ ដែល​គេសន្មត​ថាជាស្រ្តី​ប្រសើរ​បំផុតក្នុង​ពួកទេវតា ព្រោះ​តែ​ហិរិ។

[២៩៣] បើដូចនោះ ឥឡូវនេះ សូមលោកមក សូមលោក​ទៅកាន់​ឋាន​ត្រៃត្រឹង្ស សូម​លោកឡើង​ជិះរថ ដែលជា​ទីគាប់​ចិត្តនេះ បពិត្រ​លោកអ្នក​មានគោត្រ​ស្មើដោយ​ព្រះឥន្ទ្រ ព្រះឥន្ទ្រ​ទន្ទឹងលោក សូមលោក​ទៅនៅ​រួមជាមួយ​នឹងព្រះឥន្ទ្រ​ក្នុងថ្ងៃនេះ។

[២៩៤] (អភិសម្ពុទ្ធគាថា) ពួកសត្វអ្នកមិនធ្វើនូវអំពើបាប រមែង​បរិសុទ្ធ​យ៉ាងនេះ មួយ​ទៀត ផលនៃ​កុសល ដែលបុគ្គល​បានសន្សំ​ល្អហើយ រមែង​មិន​សាបសូន្យ​ទេ ពួក​សត្វណា​មួយ បានឃើញ​នូវ​សុធាភោជន (ក្នុង​កាលនោះ) សត្វទាំង​អស់នោះ​ឯង រមែង​ដល់​នូវការ​នៅរួម​ជាមួយ​នឹង​ព្រះឥន្ទ្រ។

[២៩៥] នាងហិរីទេវធីតា គឺនាង​ឧប្បលវណ្ណា​ភិក្ខុនី កោសិយតាបស គឺ​ភិក្ខុជា​ម្ចាស់​ទាន បញ្ចសិខទេវបុត្ត គឺ​អនុរុទ្ធភិក្ខុ មាតលិទេវបុត្ត គឺ​អានន្ទ សុរិយទេវបុត្ត គឺ​កស្សបភិក្ខុ ចន្ទទេវបុត្ត គឺ​មោគ្គល្លាន នារទតាបស គឺ​សារីបុត្ត ឯព្រះវាសៈ គឺតថាគត​ជា​ព្រះសម្ពុទ្ធ។

ចប់ សុធាភោជនជាតក ទី៣។

កុណាលជាតក ទី៤

[២៩៦] ហេមវន្តប្រទេស ដែលគេតែងពោល​យ៉ាងនេះ តែងឮ​យ៉ាងនេះ មាន​សេចក្តី​តំណាល​ថា បក្សីកុណាល (តាវ៉ៅ) មានសម្បុរ​ដ៏វិចិត្រ​ក្រៃលែង មាន​ស្លាបជា​គ្រឿង​បិទបាំង​ដ៏វិចិត្រ​ក្រៃលែង តែង​នៅអាស្រ័យ​ក្នុងដង​ព្រៃជាទី​រីករាយ មានសភាព​យ៉ាង​នេះ ជាប្រទេស​ទ្រទ្រង់​នូវធរណី ប្រកប​ដោយឱសធ​គ្រប់យ៉ាង រយោងរយាន​ដោយ​ចង្កោម​ផ្កាជាច្រើន ជាប្រទេស​ជាទីចរ​ទៅមក​រឿយៗ នៃដំរី គោ ក្របី ប្រើសមាស ចាមរី ក្តាន់ រមាស ខ្ទីង សីហៈ ខ្លាធំ ខ្លាដម្បង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ភេ ឈ្លូស ខ្លាត្រី ទន្សាយ រមាំង ជាទីអាស្រ័យ​នៅនៃហ្វូង​ដំរីតូចៗ និង​ដំរីធំ និងមេដំរី​ក្នុង​នាគត្រកូល ដ៏ដេរ​ដាស ជាទី​អាស្រ័យ​នៅនៃ​ខ្លាឃ្មុំ ស្វាសរភៈ ម្រឹគ ទ្រាយ ក្តាន់បុរិសាលុ (យក្ខិនី​មានមុខ​ដូចសេះ) កិន្នរ យក្ស អារក្សទឹក ជាព្រៃ​ដ៏ដេរដាស​ដោយពួក​ឈើជាច្រើន​យ៉ាង គឺ​ឈើ​មានផ្កាក្រពុំ ឈើមាន​ត្រួយលាស់​រហង់ សឹងដ៏​ខ្ញៀវខ្ញារ​ដោយហ្វូង​បក្សីជា​ច្រើន គឺសត្វ​អក លលក​ទ្រាំង ហត្ថិលិង្គ ក្ងោក ទីទុយ ប៉ោលតោក ចាប កុកក្រក សម្បកត្រពាំង ករវិក ជាប្រទេស​ដ៏ប្រដាប់​ដោយវត្ថុ​ជាទី​ត្រេកអរ​ច្រើនយ៉ាង គឺ​ថ្មមនោសិលា​មានពណ៌​ខៀវ​ដូចផ្កាអញ្ជ័ន ជាតិហិង្គុល មាស ប្រាក់ មាសស្រួយ និងលោហ​ធាតុជា​ច្រើនយ៉ាង។ បក្សី​តាវ៉ៅនោះ​ឯង មាន​បក្សីញី​ចំនួន ៣៥០០ សុទ្ធតែ​បក្សីជំទង់​ចាំបំរើ។ មានសេចក្តី​ដំណាលថា គ្រានោះ បក្សីញី​ជំទង់ពីរ ពាំមែកឈើ​ដោយចំពុះ ឲ្យ​បក្សីតាវ៉ៅ​ឈ្មោល​នោះទំ​ត្រង់កណ្តាល​មែកឈើ ហើរឡើង​ទៅដោយ​គិតថា សូមកុំ​ឲ្យមាន​សេចក្តី​លំបាក​ក្នុងផ្លូវឆ្ងាយ​បៀតបៀន​បក្សីតាវ៉ៅ​ឈ្មោលនោះ​ឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០០ ក៏ហើរ​ពីខាង​ក្រោមៗ ដោយ​គិតថា បើបក្សីតាវ៉ៅ​នេះធ្លាក់​ពីបង្គង យើងនឹង​ទទួលបក្សី​តាវ៉ៅនោះ​ដោយស្លាប​ទាំង​ឡាយ។ ពួកបក្សីកញ្ញា​ចំនួន ៥០០ ហើរ អំពី​ខាងលើៗ ដោយ​គិតថា សូមកុំ​ឲ្យកំដៅ​ក្តៅដល់​បក្សីតាវ៉ៅ​ឈ្មោលនោះ​ឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០០ ម្ខាងៗ ហើរអម​អំពីខាង​ទាំងពីរ ដោយ​គិតថា សូមកុំឲ្យ​ត្រជាក់ ក្តៅ ស្មៅធូលី ខ្យល់ ឬទឹកសន្សើម​ប៉ះពាល់​ត្រូវបក្សី​តាវ៉ៅឈ្មោល​នោះឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០០ ហើរទៅ​អំពីខាង​មុខៗ ដោយ​គិតថា សូមកុំឲ្យ​គង្វាលគោ គង្វាល​សត្វចិញ្ចឹម អ្នក​នាំស្មៅ អ្នកនាំឧស អ្នកធ្វើ​ការងារ​ក្នុងព្រៃ ប្រហារ​នូវបក្សី​តាវ៉ៅឈ្មោល​នោះ ដោយ​កំណាត់ឈើ ដោយអម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយ​ដម្បង ដោយ​សាស្ត្រាវុធ ឬដោយ​ដុំក្រួស​ទាំងឡាយ​ឡើយ សូមកុំ​ឲ្យបក្សី​តាវ៉ៅ​នោះប៉ះទង្គិចនឹង​គុម្ពឈើ វល្លិ៍ ដើមឈើ មែកឈើ សសរ ថ្មភ្នំ ឬពួកបក្សី​មានកម្លាំងឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០០ ហើរអម​អំពីខាង​ក្រោយៗ និយាយ​ឆ្លើយឆ្លង​គ្នា ដោយ​ពាក្យស្រទន់​ផូរ​ផង់ពីរោះ​ផ្អែមល្ហែម ដោយគិតថា សូមកុំ​ឲ្យបក្សី​តាវ៉ៅនេះ អផ្សុក​នៅលើ​ទ្រនំឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០០ ហើរទៅ​គ្រប់ទិស នាំយក​ផ្លែឈើ​ផ្សេងៗ ចំឡែក​ជាច្រើន ដោយគិតថា សូមកុំ​ឲ្យបក្សី​តាវ៉ៅនេះ លំបាក​ដោយការ​ស្រេក ឃ្លានឡើយ។ គ្រានោះ ពួកហ្វូង​បក្សីកញ្ញា​ទាំងនោះ ហើរនាំ​បក្សីតាវ៉ៅ​នោះអំពី​សួន​ច្បារទៅកាន់​សួនច្បារ អំពី​ឧទ្យាន ទៅកាន់​ឧទ្យាន អំពី​កំពង់​ស្ទឹងទៅ​កាន់កំពង់​ស្ទឹង អំពីកំពូល​ភ្នំទៅកាន់​កំពូលភ្នំ អំពីព្រៃ​ស្វាយទៅ​កាន់ព្រៃស្វាយ អំពី​ព្រៃព្រីង​ទៅកាន់​ព្រៃព្រីង អំពី​ព្រៃខ្នុរ​សម្លទៅ​កាន់ព្រៃ​ខ្នុរសម្ល អំពី​ព្រៃដូង​ទៅកាន់​ព្រៃដូង ដើម្បីសេចក្តី​សប្បាយ​រីករាយ​ដោយ​ឆាប់រហ័ស។ គ្រានោះឯង បក្សីតាវ៉ៅ​នោះ ដែលពួក​បក្សីកញ្ញា​ទាំងនោះ​ចោមរោម​ហើយ​ពេញមួយថ្ងៃ ក៏បណ្តេញ​យ៉ាងនេះថា នែ​មេចង្រៃ ហងឯង​ទាំងឡាយ ចូរចៀស​ចេញទៅ នែមេចង្រៃ​ជាចោរ ជាស្រី​អ្នកលេង​ហីនហោច មានចិត្ត​ស្រាល មិនធ្វើ​តបចំពោះ​ឧបការគុណ​ដែល​គេធ្វើហើយ ជាអ្នក​រហើរហាច​ក្នុងកាម​ដូចជា​ខ្យល់ ហងឯង​ទាំងឡាយ​ចូរវិនាសទៅ។

[២៩៧] មានសេចក្តីដំណាលថា ក្នុងភាគទិស​ខាងកើត​នៃស្តេចភ្នំ​ហិមវន្ត​នោះឯង មាន​ស្ទឹងហូរ​នាំយក​នូវស្មៅ​ខៀវខ្ចី​អំពីភ្នំ​ដែលមាន​ទឹកដ៏ល្អ​សុខុម​ថ្លាឈ្វេង។ មានសេចក្តី​ដំណាល​ថា តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ មានសម្លេង​ដ៏ពីរោះ​ក្រលួច មានភ្នែក​ក្រឡែត ដូចភ្នែក​អ្នកស្រវឹង តែងអាស្រ័យ​នៅក្នុង​ដងព្រៃ​ជាទី​សប្បាយ​រីករាយ មាន​សភាព​យ៉ាងនេះ គឺប្រទេស​ជាទីពេញ​ចិត្តរីករាយ​ដោយ​ផ្កាឧប្បល ឈូកក្រហម​ កុមុទ ឈូកស ឈូកមាន​ស្រទាប់​ជាច្រើន ចង្កុល្លណី​មានក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ ទើបនឹងដុះ​ឡើងថ្មីៗ ជា​ព្រៃដេរដាស​ដោយ​កុរវកព្រឹក្ស រាំងអន្លក់ ​កេតកព្រឹក្ស ​វេទិសព្រឹក្ស ដើមជ្រៃ ដើមបុន្នាគ ពកុល ទ្រមួច ទ្រមូង ក្ទម្ព ធ្នង់រាំងភ្នំ ស្រឡៅ ចម្បក អសោកព្រឹក្ស ខ្ទឹង ស្មាច់ លោទ្ទ និង​ចន្ទក្រហម​ ជា​ព្រៃញាតស្បាត​ដោយ​ដើមឈើខ្មៅ បិយង្គុ​មានពណ៌​ក្រហម ទេពទារូ ចេកមានគ្រាប់ ជាព្រៃទ្រទ្រង់​នូវ​ដើមថ្ងាន់ ខ្លែងគង់ ព្រូស ម៉ៃសាក់ កណិការ ដើមច្បារ ដើមប្រមោយដំរី ដើមរលួសផ្អុង ដើមចារ ដើមយុថ្កា និងចង្កោម​ផ្កាម្លិះព្រៃ ក្តាំងងា ចម្បា ចម្បី នួនស្រី ជាព្រៃ​ដ៏ដេរដាស​ដោយ​ម្លិះរួត ចេកទេស ច្រនៀង ដើមទ្រាំង ក្រឹស្នា ស្បូវភ្លាំង និងគុម្ពឈើ​ជាពួកៗ ជាប្រទេស​ដ៏​ប្រដាប់​ដោយ​ដើមឈើ​ដ៏ដេរដាស គឺ​ដើមរំដួល និងវល្លិ៍​មានផ្កាដ៏ល្អ ជាព្រៃ​ឮសូរ​សម្រែកនៃ​សត្វ​ហង្ស ទុង ប្រវឹក ក្អែកទឹក ជាទី​ដែលពួក​វិទ្យាធរ សមណៈ និង​តាបសឥសី​ស័ក្តសិទ្ធ នៅ​អាស្រ័យ​ ជាប្រទេស​ដែលនរជន ទេវតា យក្ស អារក្សទឹក អសុរ គន្ធព្វ និងកិន្នរ​អាស្រ័យ​នៅជា​ច្រើន។ មាន​សេចក្តី​ដំណាល​ថា សត្វតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះឯង មាន​បក្សីកញ្ញា​ចំនួន ៣៥០ ជាអ្នក​បម្រើ។ មានសេចក្តី​ដំណាលថា គ្រានោះឯង មាន​បក្សីកញ្ញាពីរ ពាំមែកឈើ​ដោយមាត់ ហើយឲ្យ​សត្វតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះទុំ​ត្រង់​កណ្តាល ហើរទៅ​ដោយគិតថា កុំឲ្យ​មានសេចក្តី​លំបាក​ក្នុងផ្លូវ​ឆ្ងាយ​ប៉ះពាល់​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះឡើយ។ ពួក​បក្សីកញ្ញាចំនួន ៥០ ក៏ហើរ​ពីខាង​ក្រោមៗ ដោយ​គិតថា បើតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នេះ នឹង​ធ្លាក់អំពី​បង្គង ពួកយើង​នឹងទទួល​តាវ៉ៅស​នោះ ដោយ​​ស្លាប​ទាំងឡាយ។ ពួក​បក្សីកញ្ញា​ចំនួន ៥០ ​ក៏ហើរ​អំពី​ខាងលើៗ ដោយគិតថា សូមកុំ​ឲ្យកំដៅ​ក្តៅដល់​តាវ៉ៅ​សឈ្មោះ​បុណ្ណមុខៈ​នោះឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០ (ម្ខាង) ក៏ហើរអម​អំពីខាង​ទាំងពីរ ដោយ​គិតថា សូមកុំឲ្យ​ត្រជាក់​ ក្តៅ ស្មៅ ធូលី ខ្យល់ ឬទឹកសន្សើម ប៉ះពាល់​ត្រូវតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះឡើយ។ ពួក​បក្សីកញ្ញា​ចំនួន ៥០ ហើរទៅ​អំពី​ខាងមុខៗ ដោយ​គិតថា សូមកុំឲ្យ​គង្វាលគោ គង្វាល​សត្វចិញ្ចឹម អ្នក​នាំស្មៅ អ្នកនាំ​ឧស អ្នកធ្វើ​ការងារ​ក្នុងព្រៃ ប្រហារ​ស្តេចសត្វ​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះ​ដោយកំណាត់​ឈើ ដោយ​អម្បែង ដោយដៃ (ដោយដុំថ្ម) ដោយដុំដី ដោយដម្បង ដោយ​សាស្ត្រាវុធ ដោយដុំក្រួស​ទាំង​ឡាយ សូមកុំ​ឲ្យតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នេះ ប៉ះទង្គិច​នឹង​គុម្ពឈើ វល្លិ៍ ដើមឈើ​ មែកឈើ សសរ ដុំថ្មភ្នំ ឬក៏ពួកបក្សី​មានកម្លាំង​ឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០ ហើរអំពី​ខាង​ក្រោយៗ និយាយ​ឆ្លើយឆ្លង​គ្នា​ដោយ​ពាក្យដ៏ស្រទន់​ផូរផង់​ពីរោះ​ផ្អែមល្ហែម ដោយ​គិតថា សូមកុំ​ឲ្យតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ អផ្សុកលើ​ទ្រនំឡើយ។ ពួកបក្សី​កញ្ញាចំនួន ៥០ ហើរទៅ​គ្រប់ទិស នាំ​យកផ្លែឈើ​ផ្សេងៗ ចំឡែក​ជាច្រើន​យ៉ាង ដោយគិតថា សូមកុំ​ឲ្យតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នេះ លំបាក​ដោយ​ការស្រេកឃ្លាន​ឡើយ។ គ្រានោះ ពួកហ្វូង​បក្សីកញ្ញា​ទាំង​នោះ ហើរនាំ​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​អំពី​សួនច្បារ ទៅកាន់​សួនច្បារ​ អំពី​ឧទ្យាន​ទៅ​កាន់ឧទ្យាន អំពី​កំពង់ស្ទឹង ទៅ​កាន់កំពង់​ស្ទឹង អំពី​កំពូលភ្នំ ទៅកាន់​កំពូលភ្នំ អំពីព្រៃ​ស្វាយ ទៅកាន់​ព្រៃស្វាយ អំពីព្រៃ​ព្រីង ទៅកាន់​ព្រៃព្រឹង អំពី​ព្រៃខ្នុរសម្ល ទៅកាន់​ព្រៃខ្នុរសម្ល អំពី​ព្រៃដូង ទៅកាន់​ព្រៃដូង ដើម្បី​សេចក្តី​សប្បាយ​រីករាយ​ដោយ​ឆាប់រហ័ស។ គ្រានោះឯង តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ ដែលពួកបក្សី​កញ្ញា​ទាំងនោះ បំរើឈូឆរអស់​ថ្ងៃមួយ សរសើរយ៉ាង​នេះថា ម្នាលនាង​ទាំងឡាយ ប្រពៃណាស់ៗ នាង​ទាំងឡាយ បំរើ​ប្តីដោយ​ហេតុណា ម្នាលនាង​ទាំងឡាយ ហេតុនោះ​ឯង ជាកិច្ច​ដ៏សមគួរ​ដល់នាង​ទាំង​ឡាយ ជាធីតា​ក្នុងត្រកូល​ហើយ។

[២៩៨] គ្រានោះ តាវ៉ៅសឈ្មោះបុណ្ណមុខៈ ចូលទៅ​រក​កុណាលសកុណៈ (តាវ៉ៅខ្មៅ)។ បក្សីកញ្ញាជាអ្នកបំរើ​កុណាលសកុណៈ បានឃើញ​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះមក​ពី​ចម្ងាយ លុះឃើញ​ហើយ នាំចូល​ទៅរក​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ លុះចូល​ទៅដល់​ហើយ និយាយពាក្យ​នេះនឹង​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះថា បពិត្រ​បុណ្ណមុខៈ​សម្លាញ់ កុណាលសកុណៈ​នេះ អាក្រក់​ក្រៃលែង មានសំដី​អាក្រក់​ក្រៃលែង ពួកយើង​សូមពឹង​ផ្អែកនូវ​លោក ក្រែងបាន​វាចាជា​ទីស្រឡាញ់ (អំពីកុណាលៈ)។ តាវ៉ៅស ឆ្លើយ​តបថា ឱប្អូន​ស្រីទាំងឡាយ យ៉ាងនោះឬ ហើយ​ក៏ចូលទៅ​រកកុណាល​សកុណៈ លុះចូល​ទៅ​ដល់ហើយ ក៏និយាយ​សំណេះ​សំណាល ជាមួយ​នឹងកុណាល​សកុណៈ ហើយ​ទំក្នុង​ទីដ៏សម​គួរ។ លុះតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ ទំក្នុងទី​ដ៏សមគួ​រ​ហើយ និយាយ​ពាក្យនេះ​នឹង​កុណាល​សកុណៈ​នោះថា នែកុណាលៈ​សម្លាញ់ ហេតុអ្វី អ្នកប្រតិបត្តិ​ខុសចំពោះ​តាវ៉ៅញី ដែលមាន​ជាតិល្អ ជាធីតា​ក្នុងត្រកូល ជាអ្នក​ប្រតិបត្តិល្អ នែកុណាលៈ​សម្លាញ់ ឮថា អ្នកគួរ​និយាយ​សំដី​ជាទី​ពេញចិត្ត ទៅរកពួក​តាវ៉ៅញី សូម្បីនិយាយ​សំដីមិន​ជាទី​គាប់ចិត្ត នឹងបាច់​និយាយថ្វី​ដល់ពួក​តាវ៉ៅញី ជាសត្វ​និយាយ​សំដីជាទី​ពេញចិត្ត។ កាលបើ​តាវ៉ៅស​និយាយ​យ៉ាងនេះ​ហើយ កុណាល​សកុណៈ ក៏បណ្តេញ​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះថា នែ​សំឡាញ់ ជាសត្វ​អាក្រក់ចង្រៃ អ្នកចូរ​ចៀស​ចេញ នែសឡាញ់​ជាសត្វ​អាក្រក់ចង្រៃ អ្នកចូរ​វិនាសទៅ នរណា​ឡើយ ជាអ្នក​ឈ្លាសវៃ​ជាងអ្នក ជាអ្នក​ចាញ់ស្រី។ ចំណែក​ខាងតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ ត្រូវ​កុណាល​សកុណៈ បណ្តេញ​យ៉ាងនេះហើយ ក៏ត្រឡប់​មកអំពី​ទីនោះ​វិញ។

[២៩៩] គ្រានោះឯង លុះសម័យខាងក្រោយមក កន្លងទៅ​មិន​យូរប៉ុន្មាន តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ មានជម្ងឺ​ជាទម្ងន់។ មានវេទនា​យ៉ាងខ្លាំង គឺរោគ​ធ្លាក់ឈាម រៀប​ដល់​នូវ​មរណៈ។ គ្រានោះ ពួកបក្សីកញ្ញា ជាអ្នក​បំរើតាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះថា តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នេះ មាន​ជម្ងឺជាខ្លាំង ធ្វើ​ដូចម្តេច លោកនឹង​បានសះ​ស្បើយ​ចាកជម្ងឺនេះ។ ពួកបក្សី​កញ្ញា​បោះបង់​តាវ៉ៅស​នោះ ឲ្យនៅ​តែម្នាក់ឯង មិនឲ្យ​មានគ្នា​ជាគំរប់ពីរ ហើយនាំ​គ្នាចូលទៅ​រកកុណាល​សកុណៈ។ កុណាល​សកុណៈ​នោះ បានឃើញ​ពួកបក្សី​កញ្ញា​ទាំងនោះ កំពុង​មកពីចម្ងាយ លុះ​ឃើញ​ហើយ និយាយ​ពាក្យនេះ​នឹងពួកបក្សី​កញ្ញានោះ​ថា នែមេចង្រៃ​រាល់គ្នា ចុះប្តីរបស់​ហងឯង ទៅក្នុង​ទីណា។ ពួកបក្សី​កញ្ញាទាំង​នោះតបថា បពិត្រ​កុណាលៈ​ជាម្ចាស់ តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ មាន​ជម្ងឺជាខ្លាំង ធ្វើដូចម្តេច​លោកនឹង​បានសះស្បើយ​ចាកជម្ងឺនោះ។ កាលពួក​បក្សីកញ្ញា​ឆ្លើយតប​យ៉ាងនេះ​ហើយ កុណាលសកុណៈ ក៏បណ្តេញ​ពួកបក្សី​កញ្ញា​ទាំងនោះ​យ៉ាងនេះថា នែពួក​មេចង្រៃ ហងឯង​ចូរចៀស​ចេញទៅ នែមេ​ចង្រៃជា​ចោរ ជាស្រី​អ្នកលេង ហីនហោច មានចិត្តស្រាល មិនធ្វើ​តបចំពោះ​ឧបការ​គុណ​ដែលគេ​ធ្វើហើយ ជាអ្នក​រហើរហាច​ក្នុងកាម​ដូចជាខ្យល់ ហងឯង​ទាំងឡាយ ចូរវិនាស​ទៅ លុះពោល​ដូច្នេះហើយ ក៏ចូល​ទៅរក​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ លុះចូលទៅ​ដល់ហើយ ទើប​និយាយពាក្យ​នេះនឹង​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះថា នែបុណ្ណមុខៈ​សំឡាញ់ ម្តេច​ទៅហ៏។ តាវ៉ៅស​ឆ្លើយថា ឱកុណាលៈ​សំឡាញ់។ គ្រានោះ កុណាល​សកុណៈ​ជួយ​គ្រាហ៍​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះ ដោយស្លាប​ទាំងឡាយ​ផង ដោយ​ចំពុះផង ឲ្យ​ក្រោកឡើង ទើបឲ្យ​ផឹកថ្នាំ​ផ្សេងៗ។ គ្រានោះ ជម្ងឺរបស់​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ​នោះ ក៏ជាសះ​ស្បើយ។

[៣០០] គ្រានោះ កុណាលសកុណៈ បាននិយាយពាក្យ​នេះនឹង​តាវ៉ៅស​ឈ្មោះ​បុណ្ណមុខៈ ដែលសះ​ស្បើយ​ចាកជម្ងឺ ដែលស្រាក​ស្រាន្តចាក​ភាពនៃ​ខ្លួនជា​អ្នកឈឺ មិនយូរ​ប៉ុន្មានថា នែបុណ្ណមុខៈ​សំឡាញ់ កុមារីឈ្មោះ​នាង​កណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់​ចំពាក់​ចិត្តក្នុង​បុរសទី ៦ គឺក្នុង​បុរសខ្វិនគម (ដូចខ្មោចកំបុតក) ក៏ខ្ញុំ​បានឃើញ​ហើយ។ ពាក្យក្នុង​រឿងនោះ មានដូច​តទៅនេះ

ស្ត្រីប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមា ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវ​អំពើដ៏​លាមក​គឺ សេពមេថុនធម្ម​ជាមួយ​បុរស​គម​ទាបតឿ។

នែបុណ្ណមុខៈសំឡាញ់ នាងសមណីឈ្មោះ​បញ្ចតបាវី កាលនៅ​កណ្តាល​ព្រៃស្មសាន រំលងចោល​នូវបាយ ៤ ដង បានធ្វើ​នូវ​អំពើ​ដ៏លាមក​ជាមួយ​នឹងអ្នក​លេង​សុរា ខ្ញុំបាន​ឃើញ​ហើយ។ នែបុណ្ណមុខៈ​សំឡាញ់ នាងទេវីឈ្មោះ​កាកវតី កាលនៅ​កណ្តាល​សមុទ្រ ជា​ភរិយារបស់​វេនតេយ្យ បាន​ធ្វើនូវអំពើ​ដ៏លាមក ជាមួយ​នឹងបុរស​ឈ្មោះ​នដកុវេរៈ ខ្ញុំក៏បាន​ឃើញហើយ។ នែបុណ្ណមុខៈ​សំឡាញ់ ព្រះអគ្គមហេសី​មានព្រះ​លោមា​ល្អ ព្រះនាម​កុរុង្គទេវី កាលចង់​បាន​ឯឡកកុមារ ធ្វើនូវ​អំពើដ៏​លាមក​ជាមួយ​នឹង​បុរស​អ្នកនៅ​ដោយ​ទ្រព្យ (របស់ខ្ញុំគេ) ឈ្មោះ​ឆឡង្គកុមារ ខ្ញុំក៏បាន​ឃើញហើយ។ សេចក្តី​ពិត រឿងដូច​គ្នានេះ ខ្ញុំដឹងហើយ​យ៉ាងនេះថា ព្រះវរមាតា​របស់​ព្រះបាទ​ព្រហ្មទត្ត លះបង់​ព្រះបាទ​កោសល ទៅធ្វើ​អំពើដ៏​លាមក​ជាមួយនឹង​ព្រាហ្មណកុមារ​ឈ្មោះ​បញ្ចាលចណ្ឌៈ។

ពួកស្រ្តីទាំងនុ៎ះក្តី ពួកស្ត្រីឯទៀតក្តី បានធ្វើនូវ​អំពើដ៏លាមក ព្រោះហេតុនោះ ទើបខ្ញុំ​មិន​ទុកចិត្ត មិន​សរសើរស្រ្តី​ទាំងឡាយទេ ពួកស្រ្តី​ដូចផែនដី ជាទីដើរ​ទៅ ជា​ទី​ទ្រទ្រង់ មាន​សេចក្តី​ត្រេកអរ​ស្មើ ជាទីតំកល់​ទុកនៃវត្ថុ​គ្រប់យ៉ាង អត់ធន់​ចំពោះ​អារម្មណ៍​ទាំងពួង មិន​ញាប់ញ័រ មិន​កម្រើក នរជន​មិនគប្បី​ទុកចិត្ត​ស្រ្តីទាំង​នោះទេ សីហៈ​ជាម្រឹគ​សាហាវ ជាសត្វ​ស៊ីឈាម និងសាច់ មានអាវុធ ៥ សាហាវ​ក្រៃលែង ត្រេកអរ​ក្នុងការបៀត​បៀន​សត្វដទៃ កំហែង​ខាំស៊ីយ៉ាង​ណាមិញ ពួកស្ត្រី​ទាំងនោះ​ក៏ដូច្នោះ​ដែរ នរជន​មិនត្រូវ​ទុកចិត្ត​ឡើយ។

នែបុណ្ណមុខៈសំឡាញ់ ស្រីទាំងឡាយ​មិនមែន​ឈ្មោះថា​ពេស្យា ថានារី ថាជា​ទីគប់​រកទេ ស្រី​ទាំងនុ៎ះ មិនមែន​គ្រាន់តែ​ឈ្មោះថា អ្នកកោងកាច អ្នកចងទុក (នូវបុរស) ទេ ស្រី​ទាំងនុ៎ះ គឺ​ស្រីពេស្យា នារី​ជាទីគប់រក ឈ្មោះថា ស្រីសម្លាប់ (ប្តី)។ ពួកស្រី​ស្អិតស្អាង​ផ្នួងសក់​ដូចចោរ ដូចគ្រឿង​ស្រវឹង​ដែលលាយ​ដោយថ្នាំពិស បិទបាំង​ដោយវាចា ដូច​ពាណិជ មានអាការ​ប្រែប្រួល ​ដូចកុយរមាស មាន​អណ្តាតពីរ​ដូចពស់ បិទបាំង (នូវ​កាយ) ដូច​ជាគេបិទ​បាំងរណ្តៅ បំពេញ​បាន​ដោយក្រ ដូចសមុទ្រ ត្រេកអរ​បាន​ដោយក្រ ដូច​អារក្ស​ទឹក នាំទៅដោយ​ដាច់ខាត​ដូចយមបាល ស៊ីនូវ​វត្ថុគ្រប់មុខ​ដូចភ្លើង នាំយក​នូវ​វត្ថុគ្រប់​យ៉ាង​ដូចស្ទឹង ប្រព្រឹត្ត​រហើរហាច​ដូចខ្យល់ ធ្វើនូវ​វត្ថុមិន​ឲ្យប្លែកគ្នា​ដូចភ្នំនេរុ ផ្លែជានិច្ច ដូចឈើ​មានពិសពុល។ ពាក្យ​ក្នុងរឿងនេះ​ មានតទៅ​ទៀតថា

ពួកស្រីមានកលមាយាដូចចោរ មានពិសខ្លាំង​ដូចសុរា​ដែល​លាយថ្នាំពិស និយាយ​បិទ​បាំងទោស​ដូច​ពាណិជ មានអាការ​ប្រែប្រួល​ដូចកុយរមាស មានអណ្តាត​ពីរដូចពស់។ ពួកស្រី​បិទបាំង (នូវកាយ) ដូចជាគេ​បិទបាំង​រណ្តៅ បំពេញ​បានដោយ​ក្រដូច​សមុទ្រ ត្រេកអរ​បានដោយ​ក្រ​ដូចអារក្សទឹក​ នាំ​យកទៅ​ដោយ​ដាច់​ខាតដូច​យមបាល។ ពួកស្រីដូចភ្លើង នាំយកនូវ​វត្ថុគ្រប់យ៉ាង​ដូចស្ទឹង មាន​អាការ​រហើរហាច​ក្នុង​កាមដូច​ខ្យល់ មិនឲ្យមាន​ប្លែក​ដូចភ្នំនេរុ មានផ្លែជានិច្ច ដូចឈើ​មានពិសពុល​ ពួកស្រី​តែងញ៉ាំង​ភោគៈ​ក្នុងផ្ទះ​ឲ្យវិនាស ធ្វើសេចក្តី​អន្តរាយ​នូវរតនវត្ថុ​ទាំងឡាយ។

[៣០១] នែបុណ្ណមុខៈសំឡាញ់ ទ្រព្យណា ដែលបុគ្គល​មិនត្រូវឲ្យ​នៅក្នុង​ត្រកូល​នៃ​ជន​ដទៃ ទ្រព្យទាំង​នេះ មាន ៤ យ៉ាងគឺ គោឈ្មោល ១ មេគោ ១ យាន ១ ភរិយា ១ បណ្ឌិត​មិនត្រូវ​ញ៉ាំង​ទ្រព្យទាំង ៤ យ៉ាងនេះ ឲ្យនៅ​បា្រសចាក​ផ្ទះឡើយ។

បុគ្គលមិនគប្បីញ៉ាំងគោឈ្មោល ១ គោញី ១ យាន ១ ភរិយា ១ ឲ្យនៅក្នុង​ត្រកូល​ញាតិទេ (ព្រោះថា) ពួកបុគ្គល មិនមាន​រទេះ រមែងប្រើបា្រស់រទេះ បៀតបៀន​នូវគោ​ឈ្មោល ដោយការ​ដឹក​នាំហួស​កម្លាំង បៀតបៀន​មេគោ ដោយការ​រូតទឹកដោះ ភរិយា​រមែង​ប្រព្រឹត្ត​ខូច (ក្បត់ចិត្តប្តី) ក្នុងត្រកូល​នៃញាតិ។

[៣០២] នែបុណ្ណមុខៈសំឡាញ់ វត្ថុ ៦ យ៉ាងនេះ រមែង​មិនបាន​ជាប្រយោជន៍​ចំពោះ​កិច្ចការ ដែលកើត​ឡើងទេ (វត្ថុ ៦ យ៉ាង) គឺ ធ្នូគ្មានបន្លោះ ១ ភរិយា (ដែលនៅ) ក្នុង​ត្រកូល​ញាតិ ១ ទូកនៅឯ​ត្រើយម្ខាង ១ រទេះ​បាក់ភ្លៅ ១ មិត្តនៅ​ក្នុងទីឆ្ងាយ ១ សំឡាញ់​ដ៏​លាមក ១ (ទាំងនេះ) រមែង​មិនបានជា​ប្រយោជន៍​ចំពោះ​កិច្ចការ​ដែល​កើត​ឡើងទេ។

[៣០៣] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងមើលងាយប្តី​ដោយហេតុ ៨ យ៉ាងគឺ សេចក្តី​ទ័លក្រ ១ សេចក្តី​ឈឺចាប់​ជានិច្ច ១ សេចក្តី​ចាស់​គ្រាំគ្រា ១ ភាពជា​អ្នកលេងផឹក​សុរា ១ ភាព​ល្ងង់ខ្លៅ ១​ សេចក្តីធ្វេស​ប្រហែស ១ ការមិន​ប្រព្រឹត្ត​ធ្វើរឿយៗ ក្នុងកិច្ចការ​ទាំង​ពួង​ ១ ការមិន​ញ៉ាំងទ្រព្យ​សម្បត្តិគ្រប់​យ៉ាងឲ្យកើត​មាន ១ នែបុណ្ណមុខៈ​សំឡាញ់ ស្រី​រមែងមើល​ងាយប្តី​ដោយហេតុ ៨ យ៉ាងនេះឯង។ ពាក្យក្នុង​រឿងនេះ មាន​តទៅទៀត

ស្រីមើលងាយប្តី (ដោយហេតុ ៨ យ៉ាង) គឺ ប្តីទ័លក្រ ១ ប្តីឈឺជានិច្ច ១ ប្តី​ចាស់​គ្រាំគ្រា ១ ប្តីជា​អ្នកលេង​ផឹកសុរា ១ ប្តីធ្វេស​ប្រហែស ១ ប្តីដល់នូវភាព​ល្ងង់ខ្លៅ ១ ប្តីខ្ជិល​ច្រអូស​ក្នុង​កិច្ចការ ១ ប្តីញ៉ាំង​សេចក្តី​ប្រាថ្នាក្នុង​វត្ថុ​ដែលគួរ​ប្រាថ្នាគ្រប់​យ៉ាង​ឲ្យវិនាស ១។

[៣០៤] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងនាំមកនូវការប្រព្រឹត្តិខូច​ដោយ​ហេតុ ៩ យ៉ាងគឺ ស្រីទៅកាន់​សួនច្បារ​រឿយៗ ១ ទៅកាន់​ឧទ្យាន​រឿយៗ ១ ទៅកាន់​កំពង់ស្ទឹង​រឿយៗ ១ ទៅកាន់​ត្រកូល​ញាតិរឿយៗ ១ ទៅកាន់​ត្រកូល​ដទៃរឿយៗ ១ ប្រកប​រឿយៗ​ ក្នុងការ​លៃលក​តែខាង​កញ្ចក់ និងសំពត់ និងគ្រឿង​ស្អិតស្អាង​ជាប្រក្រតី ១ ផឹកនូវទឹក​ស្រវឹង​ជាប្រក្រតី ១ មានការ​លបមើល​បុរស​មិនដាច់​ជាប្រក្រតី ១ ឈរបង្ហាញ​ខ្លួនទៀប​មាត់​ទ្វារជា​ប្រក្រតី ១ នែបុណ្ណមុខៈ​សំឡាញ់ ស្រីរមែង​នាំមកនូវ​ការខូចកាច​ដោយហេតុ ៩ យ៉ាងនេះឯង។ ពាក្យក្នុង​រឿងនេះ មានតទៅទៀត

ពួកស្រី តែងនាំមកនូវការខូច ដោយហេតុ ៩ យ៉ាង គឺ​ជាអ្នកទៅ​កាន់សួនច្បារ​រឿយៗ ១ ទៅកាន់​ឧទ្យាន ១ ទៅកាន់​ស្ទឹង ១ ទៅកាន់​ត្រកូលញាតិ ១ ទៅកាន់​ត្រកូល​ដទៃ ១ ប្រកប​រឿយៗ តែខាង​សំពត់ និង​គ្រឿង​ស្អិតស្អាង ១ ជាស្រី​ផឹកទឹក​ស្រវឹង ជា​ប្រក្រតី​ ១ មានការ​លបមើល​បុរសមិន​ដាច់​ជាប្រក្រតី ១ ឈរបង្ហាញ​ខ្លួនទៀប​មាត់​ទ្វារជា​ប្រក្រតី ១។

[៣០៥] នែបុណ្ណមុខៈសំឡាញ់ ស្រីរមែងចែចង់បុរស​ដោយហេតុ ៤០ យ៉ាងគឺ កាច់រាង ១ បន្ទន់ខ្លួន ១ កែក្រាយ ១ ក្រអិមក្រអៀម ១ យក​ក្រចក​ផ្ទាត់ក្រចក ១ យក​ជើងជាន់​ជើង ១ យកកំណាត់​ឈើគូស​ផែនដី ១ លើកកូន​ក្មេងដោយ​ខ្លួនឯង ១ ឲ្យកូន​ក្មេងលើក​ខ្លួនវិញ ១ លេងកូនក្មេង​ដោយ​ខ្លួនឯង ១ ញ៉ាំង​កូនក្មេង​ឲ្យលេង ១ ថើបកូន​ក្មេង​ដោយ​ខ្លួនឯង ១ ញ៉ាំង​កូនក្មេង​ឲ្យថើបវិញ ១ ស៊ីខ្លួនឯង ១ ញ៉ាំងកូន​ក្មេងឲ្យស៊ី ១ ឲ្យ​វត្ថុទៅ​កូនក្មេង ១ សុំលួង​លោមយក​មកវិញ ១ ធ្វើ​ត្រាប់តាម (ក្មេង) ដែល​វាធ្វើ ១ និយាយ​ខ្លាំង ១ និយាយ​តិច ១ និយាយ​បើក​ចំហមាត់ ១ និយាយ​លាក់លៀម ១ (ធ្វើនូវ​និមិត្ត) ដោយ​អាការ​រាំច្រៀង​ប្រគំ យំរាប់​រៀប​ម្ញិកម៉្ញក់​ស្អិតស្អាង ១ សើចក្អាកក្អាយ ១ សំឡឹង​សំឡក់ ១ ញាក់ចង្កេះ ១ ញ៉ាំងទ្រព្យ​កំបាំង​ឲ្យកំរើក ១ បើក​បង្ហាញភ្លៅ ១ បិទភ្លៅ​ទៅវិញ ១ បង្ហាញដោះ ១ បង្ហាញក្លៀក ១ បង្ហាញផ្ចិត ១ មិចភ្នែក ១ ញាក់ចិញ្ចើម ១ ខាំបបូរ​មាត់ ១ លៀនអណ្តាត ១ ច្បូតសំពត់ ១ ស្លៀក​សំពត់វិញ ១ រំសាយសក់ ១ បួងសក់​វិញ ១ នែបុណ្ណមុខៈ​សំឡាញ់ ស្រីរមែង​ចែចង់​បុរសដោយ​ហេតុ ៤០ យ៉ាង​នេះឯង។

[៣០៦] នែបុណ្ណមុខៈសំឡាញ់ ស្រីដែលខូច បណ្ឌិតគប្បី​ដឹងដោយ​ហេតុ ២៥ យ៉ាង គឺស្រី​សរសើរការ​នៅឃ្លាត​អំពីប្តី ១ មិនរឭកប្តី​ដែលនៅ​ឃ្លាតគ្នា ១ មិន​ត្រេកអរ​នឹងប្តី​ដែលទើប​មកដល់ ១ ពោលទោស​ប្តីនោះ ១ មិន​និយាយ​សរសើរ​គុណប្តីនោះ ១ ប្រព្រឹត្ត​នូវសេចក្តី​វិនាស​ដល់ប្តីនោះ​ ១ មិនប្រព្រឹត្ត​សេចក្តី​ចំរើនដល់​ប្តីនោះ ១ ធ្វើតែ​អំពើ​ដែល​មិនគួរធ្វើ​ដល់ប្តីនោះ ១ មិនធ្វើ​អំពើដែល​គួរធ្វើ​ដល់ប្តីនោះ ១ ស្លៀក​ជាប់មាំ​មួនដេក ១ លបដេក​កំបាំងមុខ ១ ដេកបម្រះ​ននៀល ១ បង្កជម្លោះ ១ ដកដង្ហើម​ចេញវែង (ដូចជា)​ រងទុក្ខ ១ ទៅកាន់​ទីឧច្ចារៈ បស្សាវៈ​រឿយៗ ១ ប្រព្រឹត្ត​ទទឹងទាស់ ១ ឮសម្លេង​ប្រុស​ឯទៀត ខំផ្ទៀង​ត្រចៀក​ស្តាប់ ១ ជាស្រី​បំផ្លាញ​ទ្រព្យ ១ ធ្វើនូវ​សន្ថវកិច្ច​នឹងប្រុសទាំង​ឡាយ​ដែល​ស្និទ្ធស្នាល​ ១ បានតែ​ខាងជើង​ចេញដើរ ១ ជាស្រី​ប្រព្រឹត្តដើរ​លេងរឿយៗ ក្នុង​វេលាយប់ ប្រព្រឹត្ត​កន្លង​ចិត្តប្តី ១ មិន​គោរពប្តី ១ មានចិត្ត​គំនិត​ខូចកាច ១ ឈរ​ទៀបមាត់​ទ្វារញយៗ ១ បង្ហាញក្លៀក រាងកាយ ដោះ ដើរទៅ​កាន់ទិស​ទាំងពួងហើយ​ក្រឡេក​មើល ១ នែបុណ្ណមុខៈ​សំឡាញ់ ស្រីដែលខូច បណ្ឌិត​គប្បីដឹង​ដោយ​ហេតុ ២៥ យ៉ាង​នេះឯង។ ពាក្យក្នុង​រឿងនុ៎ះ ដូចមាន​តទៅទៀត

ស្រីសរសើរនូវការនៅឃ្លាតអំពីប្តីនោះ ១ មិននឹក​ស្រណោះ​រកប្តី​ដែលទៅហើយ ១ ឃើញ​ប្តីមកដល់ មិនត្រេកអរ ១ មិនពោល​សរសើរគុណ​ប្តី​ក្នុង​កាល​ណាម្តង ១ ទាំង​នេះជា​លក្ខណៈ​របស់​ស្រីខូច។ ស្រីជា​អ្នកមិន​សង្រួម ប្រព្រឹត្តនូវ​សេចក្តី​វិនាស​ដល់ប្តីនោះ ១ ញ៉ាំង​ប្រយោជន៍​ឲ្យវិនាស ១ ជាអ្នកធ្វើ​នូវកិច្ចដែល​មិនគួរធ្វើ ១ ស្លៀកជាប់​មាំមួនដេក ១ ដេកក្នុង​ទីកំបាំង​មុខ ១ ទាំង​នេះជាលក្ខណៈ​របស់ស្រីខូច។ ស្រីដេកបម្រះ​ននៀល ១ បង្កជម្លោះ ១ ដក​ដង្ហើមវែង (ហាក់ដូចជា) រងទុក្ខវេទនា ១ ទៅកាន់​ទីឧច្ចារៈ បស្សាវៈ​រឿយៗ ១ ទាំងនេះ​ជាលក្ខណៈ​របស់​ស្រីខូច។ ស្រីជា​អ្នកមិន​ធ្វើការងារ តែង​ប្រព្រឹត្ត​ទទឹង​ទាស់ ១ ផ្ទៀងស្តាប់​សម្លេងរបស់​បុរសដទៃ​និយាយ ១           បំផ្លាញ​ទ្រព្យ ១ ធ្វើសន្ថវកិច្ច (នឹង​បុរស​ដទៃ) ១ ទាំងនេះ​ជាលក្ខណៈ​របស់ស្រីខូច។ បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ប្តីបាន​មកដោយ​ក្រ នាំមកដោយ​លំបាក បាន​មកដោយ​ទុក្ខ ១ ធ្វើ​សន្ថវកិច្ច​នឹងពួក​បុរស​អ្នក​ស្និទ្ធស្នាល ១ ទាំងនេះ​ជា​លក្ខណៈ​របស់ស្រីខូច។ ស្រីបាន​តែខាង​ជើងចេញ​ដើរ ១ ដើរ​លេង​រឿយៗ ក្នុង​វេលាយប់ ១ មានចិត្ត​ប្រទូស្ត​ចំពោះប្តី​ជានិច្ច ១ ប្រព្រឹត្ត​កន្លង​ចិត្តប្តី ១ ប្រាសចាក​សេចក្តី​គោរព ១ ទាំងនេះ​ជាលក្ខណៈ​របស់​ស្រីខូច។ ស្រីឈរ​​ទៀប​មាត់​ទ្វារ​ញយៗ ១ បង្ហាញដោះ និងក្លៀក ១ មានចិត្ត​ភ្ញាក់ផ្អើល ក្រឡេកមើល​ទិស​ទាំងពួង ១ ទាំង​នេះជា​លក្ខណៈ​របស់​ស្រីខូច។ ស្ទឹង​ទាំងអស់ មាន​ដំណើរវៀច ព្រៃទាំងអស់​សម្រេច​អំពី​ឈើ (យ៉ាង​ណាមិញ) ពួកស្រី​ទាំង​អស់ (វៀរលែង​តែស្រី​ដែលមាន​កិលេស​ស្តើង) កាលបើ​មានបុគ្គល​អ្នក​ខ្សឹប​ខ្សៀវ ក៏តែងធ្វើ​នូវអំពើ​លាមកបាន (យ៉ាងនោះដែរ)។ ពួកស្រី បាន​នូវឱកាស ឬទីកំបាំង ឬក៏បាននូវ​បុគ្គល​ខ្សឹបខ្សៀវ​បា្រកដ​ដូច្នោះ ពួកស្រី​ទាំង​អស់ មិន​បាន​នូវបុរសដទៃ ក៏គប្បី​ធ្វើនូវ​អំពើ​លាមក ជាមួយបុរស​ខ្វិន​បាន។ ពួក​បុរស ទោះបីធ្វើនូវ​អំណរ​ចំពោះ​នារី​ទាំងឡាយ ជាអ្នក​ធ្វើនូវសេចក្តី​ត្រេកអរ​​ដល់​ពួក​បុរស ជាស្រី​មានចិត្ត​ច្រើន ដែលគេ​ផ្ទញ់ផ្ទាល់​មិនបាន​ដោយ​ប្រការ​ទាំងពួង បុគ្គល​មិនត្រូវ​ស្និទ្ធស្នាល​ទេ ព្រោះថា ស្រីទាំងឡាយ ស្មើ​ដោយ​កំពង់ទឹក។

[៣០៧] បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់​ព្រះរាជា​ព្រះនាម​កិន្នរៈ និង​ព្រះនាងកិន្នរី (គប្បី​ដឹងចុះ) ពួកស្រី​ទាំងអស់ រមែង​មិនត្រេកអរ​ក្នុងផ្ទះ (របស់​ស្វាមីទេ) ដូចជា​ភរិយា (របស់​ព្រះរាជាកិន្នរៈ) លះបង់​នូវសត្វគឺ (ស្វាមី) បែប​នោះ ព្រោះ​ឃើញនូវ​បុរស​ផ្តេសផ្តាស​ដទៃជា​បុរសខ្វិន។

[៣០៨] ភរិយារបស់ព្រះបាទពកៈ និងព្រះបាទ​ពាវរិយៈ ជាព្រះរាជា​ល្មោភកាម​ដ៏ក្រៃ​លែង បានប្រព្រឹត្ត​ក្បត់ចំពោះ​បុរស​អ្នកលុះ​ក្នុងអំណាច​ដែល​ខ្លួនប្រាថ្នា ស្រីមិន​ប្រព្រឹត្ត​កន្លងស្វាមី​នឹង​បុរសដទៃ​នោះឯណា​កើត។

[៣០៩] នាងបិង្គិយានី ជាភរិយា​ជាទីស្រឡាញ់​នៃ​ព្រះបាទព្រហ្មទត្ត ព្រះអង្គ​ជាធំ​ក្នុង​លោក​ទាំងមូល បានប្រព្រឹត្ត​ក្បត់ចំពោះ​បុរសអ្នក​លុះក្នុង​អំណាច​ដែល​ខ្លួនប្រាថ្នា នាង​បិយង្គិយានី ជាអ្នក​ល្មោភក្នុង​កាមនោះ មិនបាន​នូវបុរស​គង្វាលសេះ​នោះផង (នូវទី​អគ្គមហេសី​ផង)។

[៣១០] បុរសដែលមិនមែនខ្មោចចូល មិនគួរជឿពួក​ស្រីដែល​អាក្រក់ មានចិត្ត​រហ័ស ជាស្រី​មិនដឹងគុណ​ដែលគេ​ធ្វើដល់ខ្លួន ជាស្រី​ប្រទូស្ត (ប្តី) ទេ។ ពួកស្រី​ទាំង​នោះ មិន​ដឹងនូវ​ឧបការៈ​ដែលគេ​ធ្វើហើយ (ដល់ខ្លួន) មិនដឹង​នូវកិច្ចការ​ដែលគួរធ្វើ មិន​ស្គាល់​ម្តាយ មិនស្គាល់​ឪពុក មិនស្គាល់​បងប្អូន មិនមាន​អរិយធម៌ មានការ​ប្រព្រឹត្តិ​កន្លង​ជា​ធម្មតា តែងលុះ​អំណាច​ចិត្តរបស់ខ្លួន។ ពួកស្រី​តែងលះបង់​ប្តីជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត ជាអ្នក​អនុគ្រោះ​ស្មើដោយ​ជីវិត ដែលភប់​ប្រសព្វអស់​កាលដ៏យូរ ឬលះ​បង់​នូវប្តី ក្នុងកិច្ច​មានអន្តរាយ ព្រោះ​ហេតុនោះ ខ្ញុំមិន​ទុកចិត្ត​ចំពោះ​ស្រីទាំង​ឡាយទេ។ ព្រោះថា ចិត្តរបស់​ស្រីដូចគ្នា​នឹង​ចិត្តពានរ ហឫទ័យ​របស់ពួក​ស្រី ចុះឡើង​ញាប់ញ័រ​ដូចជា​ម្លប់ឈើ តែង​វិលទៅ ដូចកង់​រទេះ។ ពួកស្រី​ទាំងនោះ កាលក្រឡេក​មើលឃើញ​ទ្រព្យ​របស់ប្រុស ដែលគួរ​កាន់យក​ក្នុងកាល​ណា ក៏កៀរគរ​ប្រុសនោះ ដោយ​សំដីដ៏ផ្អែម​ល្ហែម​ក្នុងកាល​ណោះ ដូចពួក​ជនអ្នក​កម្ពោជៈ បញ្ឆោត​ចាប់សេះ​ដោយ​សារាយ។ ពួក​ស្រីកាល​បើក្រឡេក​មើល មិនឃើញ​ទ្រព្យរបស់​បុ្រស​ដែលគួរ​កាន់យក​ក្នុងកាលណា ក៏វៀរ​បុ្រសនោះ​ដោយ​ជុំវិញ​ក្នុងកាល​ណោះ ដូចគេ​ឆ្លងទៅ​ដល់​ត្រើយស្ទឹង ហើយលះ​បង់នូវ​ក្បូន។ ពួកស្រី​ឧបមាដូចជ័រ (ជាទីជាប់​ស្អិតនៃ​ចិត្តបុរស) ដូចភ្លើង​ស៊ីនូវវត្ថុគ្រប់​យ៉ាង មានមាយា​ដ៏រហ័ស ដូចស្ទឹង​មានខ្សែ​ទឹកដ៏រហ័ស ពួកស្រី​ទាំងនេះ តែង​សេពគប់​បុរស ទាំងជាទី​ស្រឡាញ់ ទាំងមិន​ជាទី​ស្រឡាញ់ ដូចទូក​តែងជួប​ប្រទះ​ទាំងច្រាំង​ខាង​អាយ និងច្រាំង​ខាងនាយ។ ពួកស្រី​ទាំងនោះ មិនមែន​ជារបស់​ប្រុសម្នាក់ ឬពីរ​នាក់ទេ ដូចជា​រានផ្សារ​ដែលបើក​ហើយ បុគ្គលណា សំគាល់នូវ​ពួកស្រី​ទាំងនោះ ថាជា​របស់អញ បុគ្គលនោះ​ ដូចគេ​យក​សំណាញ់​ខ្ចប់ខ្យល់។ ស្ទឹង ផ្លូវ រោងសុរា រោងជា​ទីប្រជុំ និង​អណ្តូងទឹក យ៉ាងណា ធម្មតា​ពួកស្រី​ក្នុងលោក ក៏យ៉ាង​នោះដែរ វេលា (នៃសេចក្តី​ស្រើប​ក្នុងកាម) របស់ពួក​ស្រីទាំងនោះ មិនមាន​ឈប់ឈរ​ទេ។ ពួកស្រី​ទាំងនេះ ស្មើ​ដោយ​អណ្តាភ្លើង មាន​ឧបមា​ដូចក្បាល​ពស់វែក ដូចពួក​គោស៊ីនូវ​ស្មៅដ៏ល្អៗ ខាង​ក្រៅ។ នរៈគប្បី​គប់រក​ដោយការ​ប្រយ័ត្ន​នូវវត្ថុ​ទាំងនេះ គឺភ្លើង ១​ ដំរី ១ ពស់វែក ១ ព្រះរាជា​ដែល​គេអភិសេក​ហើយ ១ ពួកស្រី​ទាំងអស់ ១ ព្រោះ​ភាពទៀង​ទាត់នៃវត្ថុ​ទាំងនោះ ដឹង​បាន​ដោយ​ក្រណាស់។ ពួកស្រី​មានពណ៌​សម្បុរដ៏​ល្អលើស​លុបពេក បុគ្គល​មិនត្រូវ​សេព​គប់ ១ ស្រីជាទី​ស្រឡាញ់​ពេញចិត្ត​របស់ពួក​ជនច្រើន បុគ្គល​មិនត្រូវ​សេពគប់ ១ ស្រីឆ្លៀវ​ឆ្លាសក្នុង​ការរាំ និងច្រៀង បុគ្គល​មិនត្រូវ​សេពគប់ ១ ប្រពន្ធ​អ្នកដទៃ បុគ្គល​មិនត្រូវ​សេព​គប់ ១ ស្រី (សេពគប់) ព្រោះ​ហេតុនៃ​ទ្រព្យ បុគ្គល​ក៏មិនត្រូវ​សេពគប់ ១ ស្រី ៥ ពួកនេះ បុគ្គល​មិនត្រូវ​សេពគប់​ទេ។

[៣១១] ដំណាលថា គ្រានោះ ស្តេចត្មាតឈ្មោះ​អានន្ទ បានដឹង​នូវគាថា​ជាខាង​ដើម កណ្តាល និងខាងចុង របស់​កុណាល​សកុណៈ ហើយបាន​ពោលគាថា​នេះ ក្នុង​វេលា​នោះថា

បុរស ទោះបីឲ្យ​នូវផែនដី ដែលពេញ​ដោយទ្រព្យ ដល់ស្ត្រី​ដែល​សន្មត​ហើយ ស្រីនោះ​លុះបាន​ឱកាស រមែង​មើលងាយ​ប្រុសនោះ​វិញ (ព្រោះហេតុនោះ) បុរស​មិន​ត្រូវលុះ​អំណាច​នៃស្រីទាំង​នោះឡើយ។ ពួកស្រី​រមែងលះបង់​នូវប្តីក្មេង ដែល​ជាអ្នក​មាន​ព្យាយាម​ក្រោកឡើង មានការ​ប្រព្រឹត្តិមិន​រួញរា គួរជាទី​ស្រឡាញ់​ពេញចិត្ត​ផង លះបង់​នូវប្តី​នោះ ព្រោះកិច្ច​ដែលមាន​អន្តរាយ​ផង ព្រោះ​ហេតុនោះ ខ្ញុំមិន​ទុកចិត្ត​ចំពោះស្រី​ទាំងឡាយ​ទេ។ បុរស​មិនត្រូវ​ទុកចិត្ត​ស្រីដោយ​គិតថា ស្រីនោះ​ចង់បាន​អញ មិនត្រូវ​ទុក​ចិត្តស្រី​ដោយ​គិតថា ស្រីនោះ យំរំជែ​ចំពោះអញ (ដូច្នេះទេ) ព្រោះថា ស្រីទាំងនោះ រមែង​គប់រក​នូវ​បុរស ទាំងជាទី​ស្រឡាញ់ ទាំងមិន​ជាទី​ស្រឡាញ់ ដូចទូក​ជួបប្រទះ​ទាំងច្រាំង​ខាងអាយ និងច្រាំង​ខាងនាយ។ បុគ្គលមិន​ត្រូវទុកចិត្ត​មែកឈើ​ចាស់ ដែលគេ​ក្រាល​ទុកទេ មិនត្រូវ​ទុកចិត្ត​ចោរជើង​ចាស់ជា​មិត្តទេ មិនត្រូវ​ទុកចិត្តថា ព្រះរាជា ជាសំឡាញ់​របស់​អញ​ដូច្នេះទេ មិនត្រូវ​ទុកចិត្ត​ស្រីជាមាតា​របស់បុត្ត ១០ នាក់ (យាយចាស់) ទេ។ បុគ្គល​មិនត្រូវ​ទុកចិត្ត​ចំពោះពួក​នារីអ្នក​ធ្វើនូវ​សេចក្តី​ត្រេកអរ អ្នកកន្លង​សីលធម៌ មិន​សង្រួមទេ មិនត្រូវ​ទុកចិត្ត​ភរិយា ដែលមាន​សេចក្តី​ស្រឡាញ់​ក្រៃពេក ព្រោះថា​នារី​ទាំង​ឡាយទុក​ស្មើកំពង់​ទឹក។ ពួកស្រី រមែង​សម្លាប់ (ប្រុស) ខ្លះ កាត់ (កប្រុស) ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យកាត់ខ្លះ កាត់ក​ហើយផឹក​ឈាមខ្លះ បុគ្គល​កុំធ្វើសេចក្តី​ស្នេហា​ចំពោះ​ពួកស្រី ដែលមាន​សេចក្តី​ប្រាថ្នា​ថោកទាប ជាអ្នក​មិនសង្រួម មានចិត្ត​ដូចកំពង់​ទឹក។ ពាក្យកុហក​របស់​ពួកស្រី​ទាំងនោះ ក៏ដូច​ជាពាក្យពិត ឯពាក្យពិត​របស់ពួក​ស្រីទាំងនោះ ក៏ដូចជា​ពាក្យកុហក (ពួកស្រី) ដូចគោ ស៊ីច្បិច​តែស្មៅល្អៗ ខាងក្រៅ។ ពួកស្រី​ទាំងនោះ តែង​ប្រឡោម (ប្រុស) ដោយ​ដំណើរផង ដោយ​អាការដែល​ក្រឡេក​មើលផង ដោយ​សំណើច​​ផង ឬដោយ​សំពត់ដែល​ស្លៀកអាក្រក់​ផង ដោយពាក្យ​ពីរោះផង។ ពិតណាស់ ស្រីទាំងនេះ​ដូច​ចោរ មានចិត្ត​រឹងត្អឹង ខូចកាច តែមាន​សំដីផ្អែម​ដូចស្ករ​ ការ​បញ្ឆោត​ណាក្នុង​ពួកមនុស្ស ពួកស្រី​ទាំងនោះ មិនមែន​ជាមិនដឹង​ការបញ្ឆោត​ណាមួយ (នោះ) ទេ។ ធម្មតា ពួកស្រី​ក្នុងលោក (ច្រើនតែ) លាមក វេលា​របស់ពួក​ស្រីទាំងនោះ​មិនមានទេ ពួកស្រី​ជាអ្នក​ស្រើបស្រាល​ផង ឃ្នើសឃ្នងផង ដូច​ភ្លើង​ស៊ីវត្ថុគ្រប់​យ៉ាង។ ប្រុស ឈ្មោះ​ថាជាទី​ស្រឡាញ់​របស់ពួកស្រី មិនមាន ទាំងមិន​ជាទី​ស្រឡាញ់​ក៏មាន ព្រោះថា ពួកស្រី​ទាំងនេះ តែង​គប់រកបុរស​ជាទី​ស្រឡាញ់ ទាំង​មិន​ស្រឡាញ់ ដូចទូក​តែងចួប​ប្រទះទាំង​ច្រាំង​ខាងអាយ និងច្រាំង​ខាងនាយ។ ប្រុស ឈ្មោះ​ថាជាទី​ស្រឡាញ់​របស់ពួក​ស្រីមិន​មាន ទាំងមិន​ជាទី​ស្រឡាញ់​ក៏មិនមាន ពួកស្រីតែង​រួបព័ទ្ធ (ប្រុស) ដើម្បី​ទ្រព្យសម្បត្តិ ដូចវល្លិ៍ តោង​ដើមឈើ។ ស្រីទាំងឡាយ តែង​រត់​តាមប្រុស​ឃ្វាលដំរី ឃ្វាលសេះ ឃ្វាល​គោ ប្រុសចណ្ឌាល អ្នក​ដុតខ្មោច និងអ្នក​ចោលសម្រាម​ដែលមាន​ទ្រព្យ។ ស្រីទាំង​ឡាយ តែងលះបង់​នូវកូន​អ្នកមាន​ត្រកូល ដែល​មិនមាន​ទ្រព្យ​តិចតួច ទុកស្មើ​សាកសព នារី​ទាំងឡាយ (ច្រើនតែ) គប់រកប្រុស ព្រោះហេតុ​តែទ្រព្យ។

[៣១២] សេចក្តីដំណាលថា គ្រានោះ ទេវពា្រហ្មណ៍​ឈ្មោះនារទៈ បានដឹងនូវ​គាថា​ជា​ខាងដើម កណ្តាល និងទីបំផុត របស់​ស្តេចត្មាត​ឈ្មោះ​អានន្ទ​ហើយ ក៏ពោល​គាថា​ទាំងឡាយ​នេះ​ក្នុងវេលានោះថា

បពិត្រលោកជាម្ចាស់នៃបក្សី សូមលោកស្តាប់ពាក្យ​ដែលខ្ញុំ​នឹង​និយាយដូច​តទៅ​នេះ ជន ៤ ពួកនេះ​គឺ សមុទ្រ ១ ព្រាហ្មណ៍ ១ ព្រះរាជា ១ ស្រី ១ រមែង​មិនពេញ។ ស្ទឹង​ណា​មួយ​ដែលអាស្រ័យ​នូវប្រឹថពី​ដែលហូរ​ទៅកាន់​សាគរ ស្ទឹងទាំង​នោះ ក៏ញ៉ាំង​សមុទ្រ​ឲ្យពេញ​មិនបាន ព្រោះថា សមុទ្រ​រមែងមិន​ពេញ ចេះតែនៅ​ខ្វះខាត។ ព្រាហ្មណ៍​រៀន​នូវវេទ មាន​គម្ពីរឈ្មោះ​ឥតិហាសៈ ជាគំរប់ ៥ ហើយ​តែងប្រាថ្នា​នូវការ​ចេះដឹងឲ្យ​ក្រៃលែង ព្រោះថា ព្រាហ្មណ៍​នោះ រមែង​មិនពេញ ចេះតែ​ខ្វះខាត។ ចំណែក​ព្រះរាជា​ឈ្នះគ្រប់​គ្រងផែនដី​ទាំងអស់ ព្រមទាំង​សមុទ្រ និងភ្នំហើយ តែង​ប្រាថ្នា​រកច្រាំង​សមុទ្រ និងផ្ទៃ​សមុទ្រ ដែល​សម្បូរ​ដោយរតនៈ មិនមាន​ទីបំផុត ព្រោះថា​ព្រះរាជា​នោះ រមែង​មិន​គ្រប់គ្រាន់ ចេះតែ​ខ្វះខាត។ ស្រីម្នាក់ៗ មានប្តី​ប្រាំបីៗ ហើយ​ប្តីនោះ ជាអ្នក​ក្លៀវក្លាផង មាន​កម្លាំងផង នាំមក​នូវរស​នៃសេចក្តី​ប្រាថ្នា​គ្រប់យ៉ាង ក៏គង់​ធ្វើនូវ​សេចក្តី​ប្រាថ្នា​ក្នុងប្តីទី ៩ ទៀត ព្រោះថា​ស្រីនោះ រមែង​មិនគ្រប់គ្រាន់ ចេះតែ​ខ្វះខាត។ ពួកស្រី​ទាំងអស់ ដូចភ្លើង​ស៊ីនូវវត្ថុ​គ្រប់យ៉ាង ពួកស្រី​ទាំងអស់ ដូចស្ទឹង​នាំទៅនូវ​វត្ថុគ្រប់​យ៉ាង ពួកស្រី​ទាំងអស់ ដូចមែក​ឈើមាន​បន្លា ពួកស្រី​ទាំងអស់ គប់រក (ប្តី) ព្រោះ​ហេតុតែ​ទ្រព្យ។ នរជនណា ផ្ទុកផ្តាក់​នូវភាព គឺការងារ​ទាំងពួង​លើពួកស្រី នរជននោះ ទុកដូច​គេយក​បណ្តាញ​ចាប់ខ្យល់ ឬដូច​គេបាច​ទឹកសមុទ្រ​ដោយដៃម្ខាង ពុំនោះ ដូចគេយក​ដៃមួយ ទះឲ្យ​ឮសូរ​គឹកកង។ ពួកស្រី​ដែលដូច​ជាចោរ មាន​ពុតត្បុត​ច្រើន មានពាក្យ​សច្ចៈ គេ​រកបាន​ដោយ​កម្រ​ណាស់ ភាពនៃស្រី​ទាំងឡាយ គេដឹង​បានដោយ​ក្រ ដូចដំណើរ​នៃត្រី​ក្នុងទឹក។ ពួកស្រី​ទាំងនោះ មានមារយាទ​របិញរបុញ មានសំដី​ទន់ ទុកស្មើដោយ​ស្ទឹង បំពេញ​បាន​ដោយក្រ តែង​លិចចុះ (ក្នុងអបាយ ព្រោះហេតុ​តែកាម) បុគ្គលដឹង​ច្បាស់នូវ​ដំណើរ​នោះ​ហើយ គប្បី​វៀរឲ្យ​ឆ្ងាយចេញ។ ពួកស្រី​ជាអ្នក​ញ៉ាំងចិត្ត​ប្រុសឲ្យ​ត្រឡប់​ត្រឡិន មាន​មាយាច្រើន ញ៉ាំង​ព្រហ្មចរិយធម៌​ឲ្យកម្រើក តែង​លិចចុះ (ក្នុង​អបាយ) បុគ្គល​ដឹងច្បាស់​នូវដំណើរ​នោះហើយ គប្បី​ចៀសឲ្យ​ឆ្ងាយ​ចេញ។ ពួកស្រីទាំង​នោះ ចូលទៅ​គប់រក​ប្រុសណា ដោយ​សេចក្តី​ប្រាថ្នា ឬដោយ​ទ្រព្យសម្បត្តិ រមែងដុត​កំដៅ​ប្រុសនោះ​ដោយ​ឆាប់​រហ័ស ដូចភ្លើង​ឆេះនូវ​ទីរបស់​ខ្លួន។

[៣១៣] សេចក្តីដំណាលថា គ្រានោះ កុណាលសកុណៈ ដឹងនូវ​គាថាជា​ខាងដើម កណ្តាល និងទីបំផុត នៃទេវព្រាហ្មណ៍​ឈ្មោះនារទៈ ហើយក៏​ពោល​គាថានេះ ក្នុងវេលា​នោះថា

បណ្ឌិត គួរចរចា (ជាមួយ) នឹងបុគ្គល​មានដៃ​កាន់ដាវ​សម្លៀង​ហើយ (ជាមួយ) នឹង​បុគ្គល​ប្រទូស្ត​ដូចជា​បិសាច ឬក៏ចូល​ទៅរកពស់ ដែល​មានពិស​ដ៏ពន្លឹក (ប្រសើរជាង) ប្រុស​ម្នាក់ឯង មិនគួរ​និយាយ​ចរចា ចំពោះ​ស្រីម្នាក់​ឯងទេ។ ព្រោះថា នារី​ទាំងឡាយ ជាអ្នក​ញាំញី​នូវចិត្តនៃ​មនុស្សលោក ជាអ្នក​មាន​ការរាំ​ច្រៀង និយាយ សើច ញញឹម ជាអាវុធ តែង​បៀតបៀន​នូវប្រុស​ដែលមិន​បានតម្កល់​ស្មារតី ដូចពួក​ស្រីអារក្សទឹក ក្នុង​កោះ​បៀតបៀន​ពួកពាណិជ។ ពួកស្រី​ទាំងនោះ​មិនមាន​វិន័យ មិនមាន​សំវរៈ ពួក​ស្រី​ទាំងនោះ ជាអ្នក​ល្មោភទឹក​ស្រវឹង និងសាច់ ជាអ្នក​មិន​សង្រួម តែង​លេបទ្រព្យ​សម្បត្តិ​របស់​បុរស ដូចត្រី​ធំឈ្មោះ​តិមិង្គល លេបនូវ​មករក្នុង​សាគរ។ ពួកស្រី​មាន​សេចក្តី​ត្រេកអរ​ក្នុង​បញ្ចកាមគុណ​ជាអារម្មរណ៍ មាន​អាការ​ឆ្មើងឆ្មៃ មិនទៀង មិន​សង្រួម ឃ្លាំរក​តែ​បុរស​អ្នក​ប្រមាទ ដូចទឹកស្ទឹង តែងហូរ​ចុះទៅរក​ទីមាន​ទឹកប្រៃ (សមុទ្រ)។ នារី​ទាំងឡាយ រមែង​និយាយ​ស្រស់ស្រាយ​រកជនណា ដោយ​សេចក្តី​ស្រឡាញ់ ឬដោយ​តម្រេក ឬក៏​ដោយ​ទ្រព្យ ជាស្រី​សម្លាប់ប្រុស​ដោយ​រាគៈ និងទោសៈ រមែង​ដុតរោល​នរជន​នោះ សូម្បី​ប្រុស​រុងរឿង​ដូចភ្លើង​ជាអ្នក​នឹងនួន។ ពួកស្រី​ដឹងថា បុរស​អ្នកស្តុកស្តម្ភ មានទ្រព្យ​ច្រើន រមែង​ក្រវែល​រកប្រុស​ដែល​មានទ្រព្យ​ដោយខ្លួនឯង រួបរុំ​បុរស​ដែលមាន​ចិត្តត្រេកអរ ដូចពួរជ្រៃ​ក្នុងព្រៃ​រួបព័ទ្ធ​ដើមរាំង។ នារី​ទាំងឡាយ​នោះ មានខ្លួន និងមុខ​ដ៏វិចិត្រ​តាក់តែង​ហើយ ផ្គាប់ផ្គុន (បុរស) ដោយ​សេចក្តី​ប្រាថ្នាផ្សេងៗ ជាអ្នក​យល់​កលមាយា​ទាំងរយ រមែងសើច រមែង​ញញឹម តែហាក់​ដូចជា​សង្រួម។ នារី​ទាំងឡាយ ស្អិតស្អាង​ខ្លួន​ដោយមាស កែវមណី និង​កែវមុក្តា ដែលគេ​ធ្វើសក្ការៈ​ក្នុងត្រកូល​របស់ប្តី ដែលគេ​រក្សាហើយ ក៏នៅ​តែប្រព្រឹត្ត​ក្បត់ស្វាមី​បាន ដូច​ជាប្រពន្ធ​ដែល​អាស្រ័យ​នៅក្នុង​ចន្លោះ​ហឫទ័យ ប្រព្រឹត្ត​ក្បត់​អសុរ​វិញ​បាន។ នរជន សូម្បីមាន​តេជះ មានប្រាជ្ញា​វាងវៃ ដែល​អ្នក​ផងច្រើនគ្នា​ធ្វើ​សក្ការបូជា លុះក្នុង​អំណាច​នៃ​ស្រីទាំង​ឡាយហើយ​ រមែងមិន​រុងរឿង ដូចព្រះចន្ទ្រ​ដែលត្រូវ​រាហូ​ចាប់។ ចោរអ្នក​ក្រោធមាន​ចិត្តអាក្រក់ (ឃើញ) ចោរជា​សត្រូវ (នឹងខ្លួន) មកប្រទះ​គ្នាហើយ ធ្វើនូវ​សេចក្តី​វិនាស​ណា បុគ្គលអ្នក​មានតណ្ហា លុះក្នុង​អំណាច​នៃស្រី​ទាំងឡាយ រមែង​ដល់នូវ​សេចក្តីវិនាស​ក្រៃលែង​ជាងសេចក្តី​វិនាស​នោះ​ទៅ​ទៀត។ នារី​ទាំងឡាយ ដែល​មាន​​សក់របោច មានស្នាម​ដាច់ដោយ​ក្រចក ដែលត្រូវ​គេវាយ គេធាក់​ដោយជើង ដៃ និង​ដំបង ក៏នៅតែ​ចូលទៅកាន់​អាការ​ថោកទាប​វិញ នៅ​តែ​ត្រេកអរ (ក្នុង​កាមទៀត) ដូចរុយ​ត្រេកអរ​នឹងសាកសព។ បុរសអ្នក​មានបញ្ញាចក្ខុ ត្រូវការ​ដោយ​សេចក្តី​សុខ គប្បី​វៀរស្រី​ទាំង​ឡាយនោះ (ដែលនៅ) ក្នុងត្រកូល​ទាំង​ឡាយ​ក្តី ក្នុងចន្លោះ​ច្រកក្តី ក្នុង​រាជធានី​ក្តី ក្នុង​និគមក្តី ឬក៏វៀរ​នូវ​អារម្មណ៍​ដូចជា​អន្ទាក់ និង​បង្កាត់​របស់មារ ដែល​កិលេសមារ​ដាក់​ហើយក្តី។ បុគ្គលណា លះបង់នូវ​តបោគុណ (គុណ គឺសេចក្តី​ព្យាយាម) ជាកុសល​ហើយ ប្រព្រឹត្ត​នូវចរិត​មិនប្រសើរ បុគ្គលនោះ (លុះច្យុត) ចាកទេវតា​ហើយ នឹងមកកាន់​នរកវិញ ដូច​ពាណិជ (មានទ្រព្យ​ច្រើន ដូរយក) ក្អមកំបែក។ ប្រុស (ដែល​លុះក្នុង​អំណាចស្រី) នោះ ត្រូវគេ​តិះដៀល​ក្នុងលោក​នេះផង ក្នុងលោក​ខាងមុខផង ជាមនុស្ស​មានគំនិត​អាក្រក់ ត្រូវកម្ម​របស់ខ្លួន​បៀតបៀន ជា​បុគ្គល​មិនទៀង តែងភា្លត់​ទៅកាន់​អបាយភូមិ ដូចរថ​ដែលទឹម​លាកាច ដើរទៅក្នុង​ទីខុស​ផ្លូវ។ ប្រុសនោះ រមែង​ចូលទៅ​កាន់នរក ជាទីញ៉ាំង​សត្វឲ្យក្តៅ នៅអាស្រ័យ​នឹងព្រៃរកា មានបន្លា​ដូចលំពែង ធ្វើអំពី​ដែកផង កំណើត​តិរច្ឆាន​ផង វិស័យ​នៃប្រេត និងអសុរ​កាយ​ផង រមែង​មិនអាច​រួចបានទេ។ ស្រីទាំង​ឡាយ រមែងញ៉ាំង​ល្បែងជា​ទិព្វ ឬញ៉ាំង​តម្រេក ក្នុង​ទីជាទីរីករាយ ឬញ៉ាំង​សម្បត្តិ​ចក្រពត្តិ ក្នុងទី​ជា​របស់មនុស្ស​នៃបុគ្គល​អ្នកប្រមាទ ឲ្យ​វិនាស ពួកស្រី រមែងញ៉ាំង​ប្រុសនោះ ឲ្យដល់​នូវទុគ្គតិ។ ល្បែងជា​តម្រេកទិព្វ សម្បតិ្ត​ស្តេចក្រពត្តិ ក្នុងទីជា​របស់មនុស្ស និងពួក​ស្រីអប្សរ មានវិមាន​មាសជា​លំនៅ ជាសម្បតិ្ត​ដែល​បុគ្គល​មិនត្រូវការ​ដោយពួកស្ត្រី ហើយ​ប្រព្រឹត្ត (ព្រហ្មចរិយធម៌) មិនមែន​បាន​ដោយ​ក្រទេ។ គតិ​ជាទីកន្លង​ផុតចាក​កាមធាតុ គឺការកើត​ក្នុងរូបធាតុ និងការ​កើតក្នុង​សុទ្ធាវាស ជា​វិស័យ​របស់អ្នក​ប្រាសចាករាគៈ ជាសម្បត្តិ​ដែលបុគ្គល​មិនត្រូវការ ដោយ​ពួក​ស្រី​ ហើយប្រព្រឹត្ត (ព្រហ្មចរិយធម៌) មិនមែន​បានដោយ​ក្រទេ។ គុណជាតិ​ដ៏ក្សេមក្សាន្ត គឺ​ព្រះនិព្វាន ជាទីកន្លង​ផុតចាក​ទុក្ខទាំងពួង​ ជាអច្ចន្តសុខ មិនកម្រើក មិនមាន​បច័្ចយតាក់​តែង បុគ្គល​មិនត្រូវ​ការដោយ​ស្រី ហើយ​ប្រព្រឹត្ត (ព្រហ្មចរិយធម៌) ជាអ្នក​ស្អាត មានកិលេស​រលត់ មិនមែន​បានដោយ​ក្រទេ។

[៣១៤] (ព្រះសាស្តា ទ្រង់ប្រជុំជាតកនេះថា) ក្នុងកាលណោះ កុណាលបក្សី បាន​មកជា​តថាគត បុស្សកោកិលបក្សី បានមក​ជា​ឧទាយិភិក្ខុ ស្តេចត្មាត បានមក​ជាអានន្ទ នារទព្រាហ្មណ៍ បានមក​ជាសារីបុត្ត ពួកបរិស័ទ​បានមក​ជា​ពុទ្ធបរិស័ទ អ្នកទាំងឡាយ​ចូរ​ចាំទុក​ជាតក​យ៉ាងនេះ។

ចប់ កុណាលជាតក ទី៤។

មហាសុតសោមជាតក ទី៥

[៣១៥] (សេនាបតី សួរថា) ម្នាលរសកៈ (នាយពិសេស) ព្រោះ​ហេតុអ្វី អ្នកធ្វើ​នូវអំពើ​ដ៏លាមក​ក្រៃលែង​ប្រាកដ​ដូច្នេះ អ្នកជា​បុគ្គលវង្វេង សម្លាប់​ពួកស្រី និងប្រុស ព្រោះហេតុ​សាច់ ឬព្រោះ​ហេតុទ្រព្យ។

[៣១៦] (នាយពិសេស ជំរាបថា) ខ្ញុំសម្លាប់ មិនមែន​ព្រោះហេតុ​ខ្លួនឯង មិនមែន​ព្រោះ​ហេតុទ្រព្យ មិនមែន​ព្រោះហេតុ​កូនប្រពន្ធ ឬសំឡាញ់ និងញាតិទេ បពិត្រ​លោកដ៏​ចំរើន ព្រោះថា ព្រះភូមិបាល​អ្នកមាន​បុណ្យ ជាម្ចាស់​នៃខ្ញុំ ទ្រង់សោយ​នូវសាច់​ប្រាកដ​ដូច្នេះ។

[៣១៧] (សេនាបតី…) បើអ្នកឯងខ្វល់ខ្វាយ​ក្នុងកិច្ចរបស់​ព្រះរាជា​ជាម្ចាស់ ហើយ​ធ្វើនូវ​អំពើដ៏​លាមក​ក្រៃលែង អ្នកឯង​លុះព្រឹក​ឡើង ចូលទៅ​ខាងក្នុង​ព្រះរាជវាំង​ហើយ គប្បី​និយាយ​នូវដំណើរ​នោះប្រាប់​ខ្ញុំ ក្នុងទី​ចំពោះ​ព្រះភក្រ្ត​នៃព្រះរាជា។

[៣១៨] (នាយពិសេស…) បពិត្រសេនាបតីឈ្មោះ​កាឡហត្ថី​ដ៏ចំរើន លោក​និយាយ​យ៉ាងណា ខ្ញុំនឹង​ធ្វើយ៉ាងនោះ ព្រឹកឡើង​ខ្ញុំនឹងចូល​ទៅខាង​ក្នុងព្រះរាជ​វាំង ហើយ​ថ្លែង​សេចក្តីនោះ ជំរាបលោក​ក្នុងទី​ចំពោះ​ព្រះភក្រ្ត​នៃព្រះរាជា។

[៣១៩] (អភិសម្ពុទ្ធគាថា) គ្រានោះ កាលដែលវេលា​រាត្រីភ្លឺច្បាស់ ព្រះអាទិត្យ​រះឡើង​ប្រាកដ សេនាបតី​ឈ្មោះ​កាឡហត្ថី បាននាំ​រសកៈ​ចូលទៅគាល់​ព្រះរាជា លុះ​ចូលទៅ​ដល់ហើយ ក៏ក្រាប​ទូលពាក្យ​នេះ ចំពោះ​ព្រះរាជាថា បពិត្រ​មហារាជ បានឮថា ព្រះអង្គ​ប្រើរសកៈ​ឲ្យទៅ​សម្លាប់​ស្រីប្រុស ព្រះអង្គ​ទ្រង់សោយ​សាច់មែនឬ។

[៣២០] (ព្រះរាជា…) ម្នាលកាឡហត្ថី ខ្ញុំបានប្រើរសកៈ​ដូច្នោះមែន ហេតុអ្វី​អ្នក​ជេរ​ប្រទេច​រសកបុរស ដែលធ្វើ​ប្រយោជន៍​ឲ្យខ្ញុំនុ៎ះ។

[៣២១] (កាឡហត្ថី…) ត្រីឈ្មោះអានន្ទ ជាប់ចិត្ត​នឹងរស ស៊ីនូវពួក​ត្រីទាំងពួង កាលបើ​ត្រីជា​បរិវារ​អស់ហើយ ក៏ខាំ​ស៊ីកន្ទុយ​ខ្លួនឯង​ស្លាប់ទៅ។ ព្រះអង្គ​ជាអ្នក​ប្រមាទ ត្រេកអរ​​ក្នុងរស​ដែលគួរ​គោរព បើព្រះអង្គ​នៅជា​បុគ្គលពាល មិនយល់​ហេតុអ្វីតទៅ​យ៉ាងនេះ​ទេ ព្រះអង្គ​នឹងឃ្លាត​បោះបង់​នូវបុត្រ​ទាំងឡាយ​ផង នូវពួក​ញាតិផង ដូចត្រី​ឈ្មោះ​អានន្ទ​ត្រឡប់ស៊ី​ខ្លួនឯង។ បពិត្រ​ព្រះរាជា សូមសេចក្តី​ប្រាថ្នា​របស់ព្រះអង្គ​ប្រាស​ចេញទៅ ព្រោះបាន​ទ្រង់​ព្រះសណ្តាប់​នូវពាក្យនេះ សូមព្រះអង្គ​កុំសោយ​សាច់​មនុស្ស បពិត្រ​ព្រះអង្គ​ជាធំជាង​សត្វជើងពីរ សូមព្រះអង្គ​កុំធ្វើដែន​នេះឲ្យ​សោះសូន្យ ដូចត្រី​ឈ្មោះ​អានន្ទ ធ្វើមហា​សមុទ្រទាំង​មូលនេះ​ឲ្យសូន្យ (ចាកត្រី)។

[៣២២] (ព្រះរាជា…) កូនបង្កើតរបស់សុជាតកុដុម្ពីនោះ ឈ្មោះ​សុជាត​ដោយ​ឈ្មោះ មិនបាន​សាច់ព្រីង​ហើយ​ស្លាប់ទៅ ព្រោះអស់​សាច់ព្រីងនោះ (យ៉ាងណា) ម្នាល​កាឡហត្ថី ខ្ញុំបរិភោគ​នូវអាហារ​មានរស​ដ៏ឧត្តម បើមិន​បានសាច់​មនុស្សទេ ប្រហែល​ជានឹង​លះបង់​នូវជីវិត ក៏យ៉ាង​នោះដែរ។

[៣២៣] (កាឡហត្ថីនាំរឿងព្រាហ្មណ៍ថា) ម្នាល​មាណពកូន អ្នកមានរូប​ស្រស់បស់ កើតក្នុង​ត្រកូល​សោត្ថិយៈ ម្នាលកូន អ្នកមិន​គួរស៊ីនូវ​អាហារ​ដែលមិនគួរ​ស៊ីទេ។

[៣២៤] (មាណព…) បណ្តារសទាំងឡាយ ទឹកសុរានេះ រាប់ថា​ជាទឹកមាន​រសមួយ​ដែរ ព្រោះហេតុ​អ្វី ទើបលោក​ឪពុក​ឃាត់ខ្ញុំ ខ្ញុំបាន​នូវទឹកសុរា​នេះក្នុង​ទីណា ខ្ញុំ​នឹងទៅ​ក្នុងទី​នោះ។ បពិត្រ​ព្រាហ្មណ៍​ឪពុក បើលោក​ឪពុកមិន​ត្រេកអរ​នឹងការ​ឃើញ​ខ្ញុំណា ខ្ញុំនោះ នឹងគេច​ចេញ (អំពីស្រុក) ខ្ញុំមិននៅ​ក្នុងសំណាក់​លោកឪពុកទេ។

[៣២៥] (ព្រាហ្មណ៍…) នែមាណពកូន យើងនឹងបាននូវកូន​ទាំងឡាយ​ឯទៀត ទទួល​មត៌ក​ដោយពិត នែកូន​ជួជាតិ ឯងចូរ​វិនាសចុះ លំនៅ​ដែលកូន​ទៅដល់​ក្នុងទីណា សូមកុំឲ្យ​អញឮ​នូវទីនោះ។

[៣២៦] (កាឡហត្ថី…) បពិត្រព្រះមហាក្សត្រិយ៍ ជាធំជាង​សត្វជើងពីរ សូម​ព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​ខ្ញុំ ពួក​ប្រជាជន នឹងបណ្តេញ​ព្រះអង្គ​ចាកដែន ដូច​មាណព អ្នកលេង​ស៊ីផឹក​ដូច្នោះ។

[៣២៧] (ព្រះរាជា…) សាវ័ករបស់ពួកឥសី អ្នកមាន​ខ្លួនអប់រំ​ហើយ ជាសាវ័ក​ឈ្មោះ​សុជាតៈ ប្រាថ្នា​នូវស្រីអប្សរ ទើប​សាវ័កនោះ​ មិនស៊ី មិនផឹកទេ។ បុគ្គល​យកទឹក​ដោយ​ចុងស្មៅ​មកប្រៀបផ្ទឹម​នឹងទឹក​ក្នុង​សមុទ្រ​យ៉ាងណា កាមទាំងឡាយ​ជារបស់​មនុស្ស (ប្រៀបផ្ទឹម) ក្នុងសំណាក់​នៃកាម​ជាទិព្វ ក៏យ៉ាង​នោះដែរ។ ម្នាល​កាឡហត្ថី ខ្ញុំបរិភោគ​នូវ​អាហារ​មានរស​ដ៏ឧត្តម បើមិន​បានសាច់​មនុស្សទេ ប្រហែលជា​លះបង់​ជីវិត យ៉ាង​នោះឯង។

[៣២៨] (កាឡហត្ថី…) ដូចយ៉ាងពួកបក្សីហង្សឈ្មោះ​ធតរដ្ឋៈ​ទាំងនោះ ជាសត្វ​ហើរឰដ៏​អាកាស ដល់នូវ​សេចក្តី​វិនាស​ទាំងអស់គ្នា ព្រោះស៊ី​នូវចំណី​មិនគួរ។ បពិត្រ​ព្រះរាជា ជាធំជាង​សត្វជើងពីរ សូម​ព្រះអង្គទ្រង់​ព្រះសណ្តាប់​ខ្ញុំ បពិត្រ​ព្រះរាជា ព្រះអង្គ​កុំ​សោយ​អាហារ ដែល​មិនគួរ​សោយ ក៏យ៉ាង​នោះឯង ពួកប្រជាជន​នឹងបណ្តេញ​ព្រះអង្គ (ចាកដែន) ក៏យ៉ាង​នោះដែរ។

[៣២៩] (ព្រះរាជា…) អ្នកកាលដែលខ្ញុំនិយាយថា អ្នកឈប់សិន ហើយចេះតែ​ដើរទៅមុខ ម្នាល​អ្នកជា​ព្រហ្មចារិនី អ្នកមិន​ឈប់ តែនិយាយ​ថា ខ្ញុំឈប់​ហើយ ពាក្យនេះ​មិនគួរ​ដល់​អ្នកជា​សមណៈ​ទេ អ្នកសំគាល់​នូវដាវ​របស់ខ្ញុំ គួរដល់​សេចក្តី​សង្ស័យ​ដែរឬ។

[៣៣០] (ទេវតា…) បពិត្រព្រះរាជា អាត្មាជាអ្នកឈប់ ក្នុងព្រះសទ្ធម្ម​ទាំងឡាយ មិន​ត្រឡប់​ប្រែនាម និងគោត្រទេ អ្នកប្រាជ្ញ​ទាំងឡាយ តែងពោល​នូវចោរថា​មិនឈប់ក្នុង​លោក ដែល​ច្យុតអំពី​លោកនេះទៅ ជាអ្នក​ទៅកាន់​អបាយ កាន់នរក។ បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ជឿ ចូរព្រះអង្គ​ចាប់​សុតសោម​ជាក្សត្រិយ៍ មកបូជា​យ័ញ្ញ ព្រះអង្គ​នឹងទៅ​កាន់ឋាន​សួគ៌ ដោយការ​បូជានោះ។

[៣៣១] (ព្រះរាជាសុតសោម…) ជាតិភូមិរបស់អ្នក ក្នុងដែន​ណា មួយទៀត អ្នក​មកដល់​ក្នុងទីនេះ ដោយ​ប្រយោជន៍​ដូចម្តេច ម្នាលព្រាហ្មណ៍ អ្នកចូរ​ប្រាប់សេចក្តី​នុ៎ះដល់ខ្ញុំ អ្នកប្រាថ្នា​របស់អ្វី ខ្ញុំនឹង​ឲ្យនូវ​របស់នោះ តាមដែល​អ្នកប្រាថ្នា​ក្នុងថ្ងៃនេះ។

[៣៣២] (នន្ទព្រាហ្មណ៍…) បពិត្រព្រះអង្គជាមហិស្សរៈ​លើដែនដី គាថា​ទាំងឡាយ ៤ បទ មានអត្ថ​ដ៏ជ្រៅ ប្រសើរ​ក្រៃលែង ប្រៀបដូច​ជាសាគរ ខ្ញុំមក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់ព្រះអង្គ​តែម្យ៉ាង សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវគាថា ដែល​ប្រកប​ដោយ​ប្រយោជន៍​ដ៏ប្រសើរ។

[៣៣៣] (ព្រះបាទបោរិសាទ…) បណ្ឌិតទាំងឡាយណា ជាអ្នកមាន​យោបល់​ប្រកប​ដោយបញ្ញា ជា​ពហុស្សូត្រ គិតនូវ​ហេតុបាន​ច្រើនយ៉ាង រមែង​មិនយំទេ បណ្ឌិត​ទាំង​ឡាយនោះ ជាអ្នក​បន្ទោបង់​នូវសេចក្តី​សោក ដោយហេតុ​ណាពិត ហេតុនុ៎ះ​ជាទី​ពឹងដ៏​ក្រៃលែង របស់ជន​ទាំងឡាយ។ បពិត្រ​ព្រះបាទ​សុតសោម ព្រះអង្គ​សោកស្តាយ​ចំពោះ​ខ្លួន ញាតិ ឬកូនប្រពន្ធ ស្រូវ ទ្រព្យ ប្រាក់ មាស ឬអ្វី បពិត្រ​ព្រះបាទ​កោរព្យៈ​ដ៏ប្រសើរ យើងនឹង​ស្តាប់ពាក្យ​របស់លោក។

[៣៣៤] (ព្រះបាទសុតសោម…) ខ្ញុំមិនសោកស្តាយចំពោះខ្លួន មិន​សោកស្តាយ​ចំពោះកូន ប្រពន្ធ មិនសោក​ស្តាយចំពោះ​ទ្រព្យ មិនសោកស្តាយ​ចំពោះ​ដែនទេ (មាន) បុរាណធម៌ ជាចរិត​របស់​សប្បុរស​ទាំងឡាយ ខ្ញុំសោកស្តាយ​នឹងការ​ប្តេជ្ញានោះ ចំពោះ​ព្រាហ្មណ៍។ ការប្តេជ្ញា​នឹងព្រាហ្មណ៍ ដែលខ្ញុំ​ឋិតនៅ​ក្នុងឥស្សរភាព​ក្នុងដែន​របស់ខ្លួន បាន​ធ្វើហើយ ខ្ញុំជាអ្នក​រក្សាខ្ជាប់​នូវសច្ចៈ និងដោះ​នូវការប្តេជ្ញា​នោះ​របស់ព្រាហ្មណ៍ ហើយនឹង​ត្រឡប់​មកវិញ។

[៣៣៥] (ព្រះបាទបោរិសាទ…) ខ្ញុំមិនជឿនូវពាក្យនុ៎ះថា ជនមាន​សេចក្តីសុខ បាន​រួចអំពី​មាត់នៃមច្ចុ​ហើយ ត្រឡប់​មករកដៃ​នៃសត្រូវ​វិញដូច្នេះ​ទេ បពិត្រ​ព្រះបាទ​កោរព្យៈ​ដ៏​ប្រសើរ ទ្រង់នឹង​មិនមក​រកខ្ញុំទេ។ បពិត្រ​ព្រះរាជា ទ្រង់បាន​រួចអំពី​ដៃនៃព្រះបាទ​បោរិសាទ​ហើយ មានប្រាថ្នា​ទៅកាន់​មន្ទីររបស់​ខ្លួន ហើយបាន​នូវជីវិត​ជាទី​ស្រឡាញ់​ពេញ​ចិត្ត កាលណា ទ្រង់នឹង​មកកាន់​សំណាក់​របស់ខ្ញុំវិញ។

[៣៣៦] (ព្រះបាទសុតសោម…) បុគ្គលអ្នកមាន​សីលបរិសុទ្ធ រមែង​ប្រាថ្នា​នូវសេចក្តី​ស្លាប់ ឯបុគ្គល​អ្នកមាន​ធម៌ដ៏លាមក ដែលគួរ​អ្នកផង​តិះដៀល មិនគួរ​ចង់រស់​ឡើយ បុគ្គល​ទ្រុស្តសីល ពោលនូវ​ពាក្យមិនពិត ព្រោះហេតុ​ខ្លួនណា ខ្លួននោះ រមែងមិន​រក្សានូវ​ជននោះ​ចាកទុគ្គតិ​បានឡើយ។ បើទុក​ជាខ្យល់​បក់ភើច​ភ្នំបានក្តី​ ព្រះចន្ទ្រ និង​ព្រះអាទិត្យ ធ្លាក់មក​លើផែនដី​ក្តី ទឹកស្ទឹង​ទាំងអស់ ហូរច្រាស​ខ្សែទឹកក្តី បពិត្រ​ព្រះរាជា ​ខ្ញុំក៏មិន​ពោលពាក្យ​កុហកទេ។

[៣៣៧] មេឃបែកធ្លាយ ទឹកសមុទ្ររីងស្ងួត ឬផែនដីជាទី​ទ្រទ្រង់​នូវសត្វ​ប្រែ​ត្រឡប់ ឬ​ក៏ភ្នំឈ្មោះ​មេរុ រលើង​ទាំងឫស ខ្ញុំក៏មិនពោល​ពាក្យ​កុហកទេ។

[៣៣៨] ខ្ញុំចាប់ដាវ និងលំពែង បពិត្រទ្រង់​ជាសំឡាញ់ ខ្ញុំនឹងធ្វើ​នូវសម្បថ​ចំពោះ​ទ្រង់ ខ្ញុំ​រួចចេញ​អំពីទ្រង់ ជាអ្នក​មិនមាន​បំណុល រក្សា​នូវសច្ចៈ នឹងត្រឡប់​មកវិញ។

[៣៣៩] (ព្រះបាទបោរិសាទ…) ការប្តេជ្ញាណា ជាមួយ​នឹងព្រាហ្មណ៍​ដែល​ព្រះអង្គ​ឋិតនៅ​ក្នុងឥស្សរភាព ក្នុងដែន​របស់ខ្លួន បានធ្វើ​ហើយ សូមព្រះអង្គ​ជាអ្នករក្សា​នូវសច្ចៈ ដោះនូវ​ការប្តេជ្ញា​នោះ​នឹងព្រាហ្មណ៍​ហើយ ចូរត្រឡប់​មកវិញ។

[៣៤០] (ព្រះបាទសុតសោម…) ការប្តេជ្ញាណា ជាមួយនឹង​ព្រាហ្មណ៍ ដែលខ្ញុំ​ឋិត​នៅក្នុង​ឥស្សរភាព ក្នុងដែន​របស់ខ្លួន បានធ្វើ​ហើយ ខ្ញុំជាអ្នក​រក្សានូវសច្ចៈ នឹងដោះ​នូវការ​ប្តេជ្ញានោះ​នឹងព្រាហ្មណ៍​ហើយ នឹងត្រឡប់​មកវិញ។

[៣៤១] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោមនោះ រួចពី​ព្រះហស្ត​នៃព្រះបាទ​បោរិសាទ ហើយទៅ​ បានពោល​ពាក្យនេះ​នឹងព្រាហ្មណ៍​នោះថា ម្នាល​ព្រហ្ម ខ្ញុំសូម​ស្តាប់​នូវគាថា​ទាំងឡាយ ដែលគួរ​ដល់ថ្លៃ ១០០ កហាបណៈ ជាគាថា​ដែលខ្ញុំ​ស្តាប់ហើយ មាន​ប្រយោជន៍។

[៣៤២] (ព្រាហ្មណ៍…) បពិត្រព្រះបាទសុតសោម ការចួបប្រទះ​ដោយ​សប្បុរស​ទាំង​ឡាយ អស់វារៈ​តែម្តង ការជួប​ប្រទះនោះ រមែងរក្សា​នូវបុគ្គល​នោះបាន ឯការ​ចួបជុំ​ដោយ​ពួកអសប្បុរស​ជាច្រើន​ដង រមែង​មិនរក្សា​នូវបុគ្គល​នោះបានទេ។ បុគ្គល​គប្បីគប់​រកនឹង​ពួកសប្បុរស គប្បីធ្វើ​នូវការ​ស្និទ្ធស្នាល​នឹងពួក​សប្បុរស គុណធម៌​ដ៏ប្រសើរ រមែង​កើតមាន ព្រោះដឹង​នូវ​ព្រះសទ្ធម្ម​របស់ពួក​សប្បុរស មិនមែន​ជាទោស​ដ៏លាមក​ឡើយ។ រាជរថ​ទាំងឡាយ ដែលគេ​រចនា​ល្អហើយ រមែង​គ្រាំគ្រា​ទៅវិញ សូម្បី​សរីរៈ (នៃពួក​សត្វ) ក៏រមែង​ដល់នូវ​សេចក្តី​គ្រាំគ្រា​ដោយពិត ឯធម៌​របស់សប្បុរស​ទាំងឡាយ រមែង​មិនដល់​នូវសេចក្តី​គ្រាំគ្រាទេ ពួក​សប្បុរស រមែង​ចរចាដោយ​ពួកសប្បុរស។ អាកាស និងដី ឋិត​នៅក្នុង​ទីឆ្ងាយ​ពីគ្នា អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវច្រាំង​សមុទ្រ​ថាឆ្ងាយ បពិត្រ​ព្រះរាជា អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវធម៌​របស់ពួក​សប្បុរស និងពួក​អសប្បុរស​ថា ឆ្ងាយ​ជាងនោះ​ទៅទៀត។

[៣៤៣] (ព្រះបាទសុតសោម…) គាថាទាំងនេះ គួរដល់ថ្លៃ ១ ពាន់​កហាបណៈ គាថា​ទាំងនេះ មិនគួរ​ដល់ថ្លៃត្រឹម ១០០ កហាបណៈ​ទេ ម្នាល​ព្រាហ្មណ៍ លោកចូរ​ទទួលយក​កហាបណៈ ៤ ពាន់​ជាប្រញាប់​ចុះ។

[៣៤៤] (ព្រះវរបិតា…) គាថាមានថ្លៃ ៨០ កហាបណៈ ៩០ កហាបណៈ និង​គាថា​គួរដល់​ថ្លៃ ១០០ កហាបណៈ ម្នាល​សុតសោម អ្នកចូរ​ដឹងដោយ​ខ្លួនឯងចុះ គាថាដូច​ម្តេច ដែល​ឈ្មោះថា​គួរដល់ថ្លៃ ១ ពាន់កហាបណៈ។

[៣៤៥] (ព្រះបាទសុតសោម…) ខ្ញុំព្រះអង្គប្រាថ្នានូវសេចក្តី​ចំរើន​ដោយសុតៈ គឺការ​ចេះ​ដឹង​ដើម្បីខ្លួន សប្បុរស​ទាំងឡាយ អ្នកមាន​ចិត្តស្ងប់ គប្បីគប់​រកនូវខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះបិតា ខ្ញុំព្រះអង្គ មិនឆ្អែត​ដោយ​សុភាសិត ដូចជា​មហាសមុទ្រ​មិនឆ្អែត​ដោយ​ទឹកស្ទឹង ដែលហូរ​ចូលទៅ។ ភ្លើងកាល​ឆេះស្មៅ និងឈើ រមែង​មិនឆ្អែត សាគរ​រមែង​មិនឆ្អែត​ដោយទឹកស្ទឹង​យ៉ាងណា បពិត្រ​ព្រះរាជា​ដ៏ប្រសើរ បណ្ឌិត​ទាំងឡាយ​នោះ បាន​ស្តាប់​ហើយ ក៏មិនឆ្អែត​ដោយសុភាសិត​ក៏យ៉ាង​នោះដែរ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ខ្ញុំព្រះអង្គ​ស្តាប់នូវគាថា​ដែលមាន​ប្រយោជន៍​របស់ទាសៈ​នៃខ្លួន ក្នុងកាល​ណា ក្នុងកាល​ណោះ ខ្ញុំព្រះអង្គ​តែងផ្ទៀង​ស្តាប់នូវគាថា​នោះឯង​ដោយគោរព បពិត្រ​ព្រះបិតា ខ្ញុំព្រះ​អង្គ មិនមាន​សេចក្តីឆ្អែត​ក្នុងធម៌​ទាំងឡាយ​ទេ។

[៣៤៦] ដែនរបស់ព្រះអង្គនេះ ព្រមទាំងទ្រព្យ ព្រមទាំងយាន ព្រមទាំង​គ្រឿង​ប្រដាប់​កាយ បរិបូរណ៌​ដោយវត្ថុ​គួរប្រាថ្នា​គ្រប់យ៉ាង ព្រះអង្គ​ជេរប្រទេច​ខ្ញុំព្រះអង្គ ព្រោះ​ហេតុ​នៃសេចក្តី​ប្រាថ្នា​ដូចម្តេច ខ្ញុំព្រះអង្គ​នឹងទៅ​កាន់សំណាក់​នៃ​ព្រះបាទ​បោរិសាទ។

[៣៤៧] (ព្រះបិតា…) ដ្បិតពួកពលទាំងនុ៎ះ គឺ​ពលដំរី ពលរថ ពលថ្មើរជើង ពលសេះ និង​ខ្មាន់ធ្នូ ក៏មាន​សម្រាប់​រក្សាខ្លួន យើងនឹង​លើកពល​សេនាទៅ​សម្លាប់​សត្រូវ។

[៣៤៨] (ព្រះបាទសុតសោម…) ព្រះបាទបោរិសាទ បានធ្វើនូវ​អំពើ​ដ៏កម្រ​ក្រៃលែង ចាប់ខ្ញុំ​ព្រះអង្គ​ទាំងរស់ ហើយ​លែងវិញ បពិត្រ​ព្រះអង្គ​ជាធំជាង​ជន ខ្ញុំព្រះអង្គ រឭកឃើញ​នូវ​ឧបការ​គុណ​ក្នុងកាល​មុនប្រាកដ​ដូច្នោះ ខ្ញុំនឹង​ប្រទូស្ត​ចំពោះ​ស្តេច​បោរិសាទ​នោះដូចម្តេច​កើត។

[៣៤៩] (អភិសម្ពុទ្ធគាថា) ព្រះបាទសុតសោម ក្រាបថ្វាយ​បង្គំលា​ព្រះបិតា​មាតា ប្រៀន​ប្រដៅ​អ្នកនិគម និង​ពលសេនា ព្រះអង្គ​ពោលនូវ​ពាក្យសច្ចៈ រក្សា​នូវពាក្យ​សច្ចៈ ហើយក៏​ទៅកាន់​សំណាក់​នៃព្រះបាទបោរិសាទ។

[៣៥០] (ព្រះបាទសុតសោម…) កាប្តេជ្ញានឹងព្រាហ្មណ៍ ដែល​ខ្ញុំឋិត​នៅក្នុង​ឥស្សរភាព ក្នុងដែន​របស់ខ្លួន​បានធ្វើ​ហើយ ខ្ញុំជា​អ្នករក្សា​នូវសច្ចៈ ដោះប្តេជ្ញា​នឹងព្រាហ្មណ៍ ហើយ​ត្រឡប់​មកវិញ បពិត្រ​ព្រះបាទ​បោរិសាទ ចូរព្រះអង្គ​បូជាយ័ញ្ញ សូម​ព្រះអង្គ​សោយ​នូវខ្ញុំចុះ។

[៣៥១] (ព្រះបាទបោរិសាទ…) ទ្រង់មិនបាត់ទេ ចាំខ្ញុំស៊ីជាខាង​ក្រោយចុះ ព្រោះ​ជើងថ្ករ​នេះ ប្រកប​ដោយផ្សែង​នៅឡើយ សាច់​ដែលចំអិន​លើភ្លើង​ឥតផ្សែង ជាសាច់​ឆ្អិនល្អ ហើយ​នឹងស្តាប់​នូវគាថា​របស់ទ្រង់ ដែលគួរ​ដល់ថ្លៃ ១០០ កហាបណៈ​សិន។

[៣៥២] (ព្រះបាទសុតសោម…) ព្រះអង្គជា​អធម្មិករាជ ជាអ្នកស៊ី​នូវបុរស ខ្ចាត់​ភ្លាត់អំពី​ដែន ព្រោះហេតុ​តែពោះ គាថា​ទាំងឡាយនេះ រមែងប្រកាស​សុចរិតធម៌ ចំណែក​ធម៌ និង​អធម៌ ស្របគ្នា​ក្នុងទី​ណាកើត។ ព្រះអង្គ​ជា​អធម្មិករាជ ព្រះហស្ត​ប្រឡាក់​ឈាម​ជានិច្ច មិនមាន​សច្ចៈ ធម៌នឹង​មានមក​អំពីណា ព្រះអង្គ​នឹងធ្វើ​អ្វីដោយ​ការស្តាប់។

[៣៥៣] (ព្រះបាទបោរិសាទ…) បុគ្គលណាត្រាច់ទៅកាន់​ទីសម្លាប់ម្រឹគ ព្រោះ​ហេតុតែ​សាច់ ឬសម្លាប់​បុរស ព្រោះហេតុ​តែខ្លួន បុគ្គល​ទាំងពីរនោះ ស្មើគ្នា​ក្នុងលោក​ខាងមុខ ហេតុអ្វី​ព្រះអង្គ​ហៅខ្ញុំថា​ជា​អធម្មិករាជ។

[៣៥៤] (ព្រះបាទសុតសោម…) ក្សត្រិយ៍ជាអ្នកចេះដឹង មិនគួរ​សោយ​នូវពួក​សត្វ ៥ នឹង ៥ ទេ បពិត្រ​ព្រះរាជា ព្រះអង្គ​សោយនូវ​សាច់ដែល​មិនគួរសោយ ព្រោះហេតុ​នោះ ទើបព្រះអង្គ​ឈ្មោះថា​ជា​អធមិ្មករាជ។

[៣៥៥] (ព្រះបាទបោរិសាទ…) លោកបានរួចអំពីដៃ​បោរិសាទ​ហើយ ទៅកាន់​មន្ទីររបស់​ខ្លួនតាម​សេចក្តី​ប្រាថ្នា ហើយ​ត្រឡប់​មករកដៃ​របស់​សត្រូវវិញ បពិត្រ​ព្រះរាជា ព្រះអង្គ​ជាបុគ្គល​មិនឈ្លាស​ក្នុង​ខត្តិយធម៌​ទេ។

[៣៥៦] (ព្រះបាទសុតសោម…) ពួកបុគ្គលណា ជាអ្នកឈ្លាស​ក្នុង​ខត្តិយធម៌ ពួក​បុគ្គលនោះ ច្រើន​តែធ្លាក់ទៅ​ក្នុងនរក ព្រោះ​ហេតុនោះ បានជា​ខ្ញុំ​លះបង់​នូវ​ខត្តិយធម៌ ជាអ្នក​រក្សានូវ​សច្ចៈ ត្រឡប់​មកវិញ បពិត្រ​ព្រះបាទបោរិសាទ សូម​ព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយ​នូវខ្ញុំចុះ។

[៣៥៧] (ព្រះបាទបោរិសាទ…) ប្រាសាទជាទីនៅលើ​ផែនដី គោ និងសេះ ពួកស្រី​ដែល​គួរប្រាថ្នា និងខ្លឹមចន្ទន៍​ក្នុងដែនកាសី ទ្រង់បាន​នូវវត្ថុ​ទាំងអស់​ក្នុងទីនោះ ដោយ​ភាពជា​ម្ចាស់ ចុះទ្រង់​ឃើញនូវ​អានិសង្ស​នៃពាក្យ​សច្ចៈ​ដូចម្តេច។

[៣៥៨] (ព្រះបាទសុតសោម…) រសឯណានីមួយ មាននៅ​លើផែនដី សច្ចៈ ជា​រសល្អ​ក្រៃលែង​ជាងរស​ទាំងឡាយ​នោះ ពួកសមណៈ និង​ព្រាហ្មណ៍ ដែលតាំង​នៅក្នុង​សច្ចៈ រមែងឆ្លង​ទៅកាន់​ត្រើយនៃ​ជាតិ និងមរណៈ​បាន។

[៣៥៩] (ព្រះបាទបោរិសាទ…) ទ្រង់បានរួចអំពីដៃ​បោរិសាទ​ហើយ បានទៅ​កាន់មន្ទីរ​របស់​ខ្លួនវិញ តាម​សេចក្តី​ប្រាថ្នា ត្រឡប់​មករកដៃ​សត្រូវវិញ បពិត្រ​ទ្រង់ជាធំ​ជាងជន ភ័យអំពី​សេចក្តីស្លាប់ មិនមាន​ដល់ទ្រង់​ដោយពិត ទ្រង់ជា​អ្នកពោល​នូវ​ពាក្យ​សច្ចៈ ទាំងមាន​ចិត្តក៏មិន​រួញរា។

[៣៦០] (ព្រះបាទសុតសោម…) យ័ញ្ញ (ការបូជា) មាន​ច្រើនប្រការ ជា​កល្យាណធម៌ ដែលខ្ញុំ​បានធ្វើ​ហើយ បូជាហើយ ជាបូជា​ដ៏ធំទូលាយ ដែល​អ្នកប្រាជ្ញ​តែង​សរសើរ​ ផ្លូវ​សម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ យ័ញ្ញមាន​ច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំ​បានធ្វើហើយ បូជាហើយ ជា​បូជាដ៏ធំ​ទូលាយ ដែលអ្នក​ប្រាជ្ញតែង​សរសើរ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅ​កាន់​បរលោក​ទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយ​ខ្ញុំចុះ។ មាតា​ និងបិតា ខ្ញុំបាន​បំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ផ្លូវ​សម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​សា្លប់។ បិតា និងមាតា​ ខ្ញុំក៏បាន​បំរើហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ខ្ញុំមិន​ក្តៅក្រហាយ​នឹង​ទៅ​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូម​ព្រះអង្គ​សោយខ្ញុំចុះ។ ខ្ញុំបានធ្វើ​ឧបការកិច្ច​ចំពោះ​ពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ផ្លូវសម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌​ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ ខ្ញុំបានធ្វើ​ឧបការកិច្ច​ចំពោះ​ពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រង​ហើយ​តាមធម៌ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅកាន់​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមព្រះអង្គ​បូជាយ័ញ្ញ សូមព្រះអង្គ​សោយខ្ញុំចុះ។ ការឲ្យ​ទានដល់​ពួកជន​ជាច្រើន ដោយ​អាការ​ច្រើនយ៉ាង ខ្ញុំក៏បាន​ឲ្យហើយ ទាំងពួក​សមណ​ព្រាហ្មណ៍ ខ្ញុំក៏បាន​ផ្គត់ផ្គង់ហើយ ផ្លូវសម្រាប់​បរលោក ខ្ញុំក៏បាន​ជម្រះហើយ អ្នកណា​ឋិតនៅ​ក្នុងធម៌ហើយ នឹងខ្លាច​សេចក្តី​ស្លាប់។ ការឲ្យ​ទានដល់​ពួកជន​ជាច្រើន ដោយ​អាការ​ច្រើនយ៉ាង ខ្ញុំក៏បាន​ឲ្យហើយ ទាំង​សមណ​ព្រាហ្មណ៍ ខ្ញុំក៏បាន​ផ្គត់ផ្គង់ហើយ ខ្ញុំមិនក្តៅ​ក្រហាយ​នឹងទៅកាន់​បរលោកទេ បពិត្រ​ព្រះបាទ​បោរិសាទ សូមទ្រង់​បូជាយ័ញ្ញ សូមទ្រង់​សោយខ្ញុំ​ចុះ។

[៣៦១] (ព្រះបាទបោរិសាទ…) បុគ្គលណា ស៊ីនូវជនអ្នកពោល​ពាក្យសច្ចៈ ប្រាកដ​ដូច្នោះ ក្បាលរបស់​បុគ្គលនោះ នឹងបែកជា ៧ ភាគ ដូចបុរស​ស្គាល់នូវ​ថ្នាំពិស ហើយស៊ី​នូវថ្នាំពិស (ឬដូច​គេចាប់) ពស់អាសីរពិស​ដែលមាន​ពិសកាច​មានតេជះ​ខ្លាំង។

[៣៦២] ជនទាំងឡាយ បានស្តាប់ធម៌ហើយ រមែងដឹងច្បាស់​នូវបុណ្យ និងបាប ប៉ុន​អម្បាលចិត្ត​របស់ខ្ញុំ គង់ត្រេកអរ​ក្នុងធម៌ ព្រោះបាន​ស្តាប់នូវគាថា​ទាំងឡាយ។

[៣៦៣] (ព្រះបាទសុតសោម…) បពិត្រមហារាជ ការចួបប្រទះ​ដោយសប្បុរស​ទាំងឡាយ​អស់វារៈ​តែម្តង ការចួប​ប្រទះនោះ រមែង​រក្សានូវ​បុគ្គល​នោះបាន ការចួបជុំ​ដោយ​ពួកអសប្បុរស​ច្រើនដង រមែង​មិនរក្សា​បុគ្គល​បានទេ។ បុគ្គល​គប្បីគប់រក​នឹងពួក​សប្បុរស គប្បីធ្វើ​នូវការ​ស្និទ្ធស្នាល​នឹងពួក​សប្បុរស គុណធម៌​ដ៏ប្រសើរ រមែង​កើតមាន ព្រោះដឹង​នូវ​ព្រះសទ្ធម្ម​របស់ពួក​សប្បុរស មិនមែន​ជាទោស​ដ៏លាមកទេ។ រាជរថ​ទាំងឡាយ ដែលគេ​រចនាល្អ​ហើយ រមែងគ្រាំគ្រា សូម្បី​សរីរៈ (របស់​ពួកសត្វ) ក៏រមែង​ដល់នូវ​សេចក្តី​គ្រាំគ្រា​ដោយពិត ឯធម៌​របស់​សប្បុរស មិនដល់​នូវសេចក្តី​គ្រាំគ្រាទេ សប្បុរស​ទាំងឡាយ រមែង​ចរចា​ដោយពួក​សប្បុរស​បាន។ អាកាស និងដី ឋិតនៅក្នុង​ទីឆ្ងាយពីគ្នា អ្នកប្រាជ្ញ​ទាំងឡាយ​បានពោល​នូវច្រាំង​សមុទ្រ​នោះថាឆ្ងាយ បពិត្រ​ព្រះ​រាជា បណ្ឌិត​ទាំងឡាយ រមែង​ពោលថា ធម៌របស់​ពួកសប្បុរស និងពួក​អសប្បុរស ឆ្ងាយជាង​នោះទៅទៀត។

[៣៦៤] (ព្រះបាទបោរិសាទ…) បពិត្រទ្រង់ជាធំជាងជន គាថា​ទាំងឡាយ​នេះ មាន​អត្ថ មានព្យញ្ជនៈ​ដ៏ល្អ ទ្រង់សំដែង​ពីរោះណាស់ ខ្ញុំបាន​ស្តាប់ហើយ ក៏ត្រេកអរ​រីករាយ មាន​ចិត្តល្អ​ជ្រះថ្លា បពិត្រ​ទ្រង់ជា​សម្លាញ់ ខ្ញុំសូម​ថ្វាយពរ ៤ ប្រការ​ដល់ទ្រង់។

[៣៦៥] (ព្រះបាទសុតសោម…) ទ្រង់មិនដឹងនូវសេចក្តីស្លាប់​របស់ខ្លួន ទាំងអំពើ​មាន​ប្រយោជន៍ និងឥត​ប្រយោជន៍ ទាំងនរក និង​ឋានសួគ៌ទេ បពិត្រ​ព្រះអង្គ​មានធម៌ដ៏​លាមក ព្រះអង្គ​ជាប់ចំពាក់​ក្នុងរស (នៃសាច់​មនុស្ស) តាំងនៅ​ស៊ប់ក្នុង​ទុច្ចរិតធម៌ ធ្វើម្តេចនឹង​ឲ្យពរ​កើត។ បើខ្ញុំ​ពោលថា សូមព្រះអង្គ​ប្រទានពរ​នោះ ព្រះអង្គ​ប្រទានហើយ ត្រឡប់ជា​មិនប្រទាន​វិញ តើបណ្ឌិត​ណាកាលដឹង នឹងហ៊ាន​ចូលទៅរក​ជំលោះ និងវិវាទ​ដ៏ជាក់​ស្តែងនេះ។

[៣៦៦] (ព្រះបាទបោរិសាទ…) ជនឲ្យនូវពរណា ហើយត្រឡប់​ជាមិនឲ្យវិញ មិនគួរ​ឲ្យពរ​នោះទេ បពិត្រ​ទ្រង់ជា​សម្លាញ់ សូមទ្រង់​កុំញាប់ញ័រ សូម​ទទួល (ពរ) ចុះ ខ្ញុំ​សូម្បី​លះបង់​ជីវិត ក៏នៅតែ​ថ្វាយទ្រង់។

[៣៦៧] (ព្រះបាទសុតសោម…) ធម៌ជាបន្ទាល់សាក្សី​របស់អរិយៈ រមែង​ស្រប​គ្នានឹង​អរិយៈ ​របស់បុគ្គល​មានប្រាជ្ញា រមែង​ស្របគ្នា​នឹងបុគ្គល​មានប្រាជ្ញា ខ្ញុំសូម​ឃើញ​ព្រះអង្គ​មាន​ជន្មាយុ ១០០ ឆ្នាំ ឥតមាន​រោគ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​នូវពរទី ១ នុ៎ះ។

[៣៦៨] (ព្រះបាទបោរិសាទ…) ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែង​ស្របគ្នា​នឹង​អរិយៈ របស់បុគ្គល​មានប្រាជ្ញា រមែងស្របគ្នា​នឹងបុគ្គល​មានប្រាជ្ញា ទ្រង់សូមឃើញ​នូវខ្ញុំ មាន​អាយុ ១០០ ឆ្នាំ ឥតមាន​រោគ បណ្តាពរ​ទាំងឡាយ ខ្ញុំនឹង​ថ្វាយពរទី ១ នេះ។

[៣៦៩] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ណា រក្សាផែនដី​ក្នុងទ្វីបនេះ បាន​មុទ្ធាភិសេក​ហើយ មានព្រះនាម​សម្រេច​ហើយ ព្រះអង្គ​ជាម្ចាស់​ផែនដី កុំសោយ​នូវពួក​ក្សត្រិយ៍​ទាំងនោះ​ឡើយ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​នូវពរទី ២ នេះ។

[៣៧០] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ណា រក្សាផែនដី​ក្នុងទ្វីបនេះ បាន​មុទ្ធាភិសេក​ហើយ​ មានព្រះនាម​សម្រេចហើយ ខ្ញុំជា​ម្ចាស់ផែនដី ក៏លែង​ស៊ីនូវ​ពួក​ក្សត្រិយ៍​ទាំងនោះ​ដែរ បណ្តាពរ​ទាំងឡាយ ខ្ញុំនឹងថ្វាយ​នូវពរទី ២ នេះ។

[៣៧១] (ព្រះបាទសុតសោម…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលព្រះអង្គ​ចាប់​ដោតបាត​ដៃ មានមុខ​ជោកដោយ​ទឹកភ្នែក កំពុង​ទួញយំ សូមព្រះអង្គ​ឲ្យក្សត្រិយ៍​ទាំង​នោះ ត្រឡប់ទៅ​​ក្នុងដែន​របស់ខ្លួន​វិញ បណ្តាពរ​ទាំងឡាយ ខ្ញុំប្រាថ្នា​ពរទី ៣ នេះ។

[៣៧២] (ព្រះបាទបោរិសាទ…) ពួកក្សត្រិយ៍ជាងរយនាក់ ដែលខ្ញុំចាប់ដោត បាតដៃ មាន​មុខជោកដោយទឹកភ្នែក កំពុងទួញយំ ខ្ញុំនឹងឲ្យពួកក្សត្រិយ៍ទាំងនោះ ត្រឡប់ នៅក្នុងដែន​របស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី ៣ នេះ។

[៣៧៣] (ព្រះបាទសុតសោម…) ដែនរបស់ព្រះអង្គ ជាដែន​ប្រហោង (មិនសូវ​មាន​ប្រជា​ជន) ព្រោះពួក​ប្រជាជន​ជាច្រើន​ញាប់ញ័រ​ហើយ ព្រោះភ័យ​គ្របសង្កត់ ហើយ​រត់ចូល​ទៅកាន់​ទីពឹងពួន បពិត្រ​ព្រះរាជា សូមព្រះអង្គ​វៀរសាច់​មនុស្សទៅ បណ្តាពរ​ទាំង​ឡាយ ខ្ញុំប្រាថ្នា​ពរទី ៤ នេះ។

[៣៧៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីពេញចិត្ត​របស់ខ្ញុំ​ដោយពិត ខ្ញុំចូល​ព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនុ៎ះ​ឯង នឹងវៀរ​ចាកសាច់​មនុស្សនុ៎ះ ដូចម្តេច​បាន បណ្តាពរ​ទាំងឡាយ សូមទ្រង់​ប្រាថ្នា​នូវពរទី ៤ ដទៃវិញ។

[៣៧៥] (ព្រះបាទសុតសោម…) បពិត្រព្រះអង្គ ជាធំជាងជន បុគ្គល​ប្រហែល​ដូច​ព្រះអង្គ លះបង់​នូវខ្លួន​ចោល ដោយគិតថា នេះជា​ទីស្រឡាញ់​របស់អញ​ដូច្នេះ រមែង​មិនបាន​គប់រក​នូវវត្ថុ​ជាទី​ស្រឡាញ់ទេ ខ្លួនហ្នឹង​ហើយ ជាសភាវៈ​ប្រសើរ ឈ្មោះថា ប្រសើរ​ក្រៃលែង បុគ្គល​អ្នកមាន​ចិត្តសន្សំ​ហើយ គប្បីបាន​នូវគុណ​ជាទី​ស្រឡាញ់ ក្នុងកាល​ជា​ខាង​ក្រោយ។

[៣៧៦] (ព្រះបាទបោរិសាទ…) បពិត្រព្រះបាទសុតសោម សូមទ្រង់​ជ្រាបនូវ​សាច់មនុស្ស ថាជា​ទីស្រឡាញ់​របស់ខ្ញុំ ទ្រង់​មិនអាច​ឃាត់ខ្ញុំ​បានទេ បពិត្រ​ទ្រង់ជា​សម្លាញ់ សូមទ្រង់​ប្រាថ្នាពរ​ឯទៀតវិញ។

[៣៧៧] (ព្រះបាទសុតសោម…) បុគ្គលណា ជាអ្នករក្សា​នូវវត្ថុជាទី​ស្រឡាញ់ ដោយ​គិត​ថា វត្ថុនេះ​ជាទីស្រឡាញ់​របស់អញ​ដូច្នេះ លះបង់​ខ្លួន ហើយនៅ​សេពគប់វត្ថុ​ជាទី​ស្រឡាញ់ បុគ្គលនោះ រមែងជា​ទុក្ខក្នុងកាល​ខាងមុខ ព្រោះ​អំពើ​នោះឯង ដូចជា​អ្នក​លេងសុរា ផឹកទឹកសុរា​ដែលលាយ​ដោយ​ថ្នាំពិស។ ចំណែក​ខាងបុគ្គល​ណា ក្នុង​លោកនេះ បាន​ពិចារណា លះបង់​នូវវត្ថុជាទី​ស្រឡាញ់ ហើយបែរ​មកគប់​រកនូវអរិយ​ធម៌ សូម្បី​ដោយ​លំបាក បុគ្គលនោះ រមែង​បានសុខ​ក្នុងកាល​ខាងមុខ ព្រោះអំពើ​នោះឯង ដូចបុគ្គល​ដល់នូវ​សេចក្តីទុក្ខ ព្រោះផឹក​នូវឱសធ។

[៣៧៨] (ព្រះបាទបោរិសាទ…) ខ្ញុំលះបង់បិតាមាតា និង​បញ្ចកាមគុណ ជាទី​ពេញចិត្ត ហើយ​ចូលព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនោះ ខ្ញុំនឹងថ្វាយ​នូវពរនោះ​ដល់ទ្រង់ ដូចម្តេច​បាន។

[៣៧៩] (ព្រះបាទសុតសោម…) បណ្ឌិតទាំងឡាយ​ជាសប្បុរស ជាអ្នក​ប្តេជ្ញា​ដោយពាក្យ​សច្ចៈ មិនពោល​នូវពាក្យ​ពីរជាន់ទេ ព្រះអង្គ​បានពោល​នឹងខ្ញុំថា បពិត្រ​ទ្រង់ជា​សំឡាញ់ សូមទ្រង់​ទទួល​ពរចុះ ព្រះអង្គ​បានពោល​ដូច្នេះហើយ (តែពាក្យនោះ) របស់​ព្រះអង្គ មិន​ស្របគ្នាទេ។

[៣៨០] (ព្រះបាទបោរិសាទ…) ខ្ញុំដល់នូវភាពជាអ្នកមិនមាន​បុណ្យ មិនមាន​យស មិនមាន​កេរិ៍្តឈ្មោះ មានបាប មានទុច្ចរិត​សៅហ្មង​ជាច្រើន ក៏ព្រោះហេតុ​តែសាច់​មនុស្ស ខ្ញុំនឹង​ថ្វាយនូវ​ពរនោះ​ដល់ទ្រង់ ដូចម្តេច​កើត។

[៣៨១] (ព្រះបាទសុតសោម…) (ទ្រង់មានបន្ទូលហើយថា) ជនឲ្យ​នូវពរណា ហើយ​ត្រឡប់​ជាមិន​ឲ្យវិញ មិនគួរ​ឲ្យពរនោះ​ទេ បពិត្រ​ទ្រង់ជា​សំឡាញ់ សូមទ្រង់​កុំញាប់​ញ័រ សូមទទួល​យក (ពរ) ចុះ ខ្ញុំសូម្បី​លះបង់​ជីវិត ក៏នៅតែ​ថ្វាយ​ទ្រង់ដែរ។

[៣៨២] នុ៎ះជាធម៌របស់ពួកសប្បុរស ធម្មតា ពួកសប្បុរស ជាអ្នកប្តេជ្ញា​ដោយ​ពាក្យសច្ចៈ តែងលះបង់​នូវជីវិត ព្រះអង្គ​ឲ្យពរហើយ ចូរឲ្យរហ័ស បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ សូមព្រះអង្គ​សម្រេច​ដោយធម៌ និងពាក្យ​សច្ចៈ​នុ៎ះចុះ។ ជនគប្បី​លះបង់​នូវទ្រព្យ ព្រោះហេតុ​នៃអវយវៈ​ដ៏ប្រសើរ កាលបើ​រក្សានូវជីវិត ក៏គប្បី​លះបង់​នូវអវយវៈ កាលបើ​រឭក​ឃើញ​នូវធម៌ គប្បីលះបង់​ទាំងអវយវៈ ទ្រព្យ និងជីវិត​ទាំងអស់។

[៣៨៣] បុរសចេះដឹង នូវធម៌អំពីបុគ្គលណា​ ឬក៏ពួក​សប្បុរស​ណា បន្ទោបង់​នូវសេចក្តី​សង្ស័យ​របស់បុគ្គល​នោះបាន ដំណើរនោះ ឈ្មោះថា​ជាទីពឹង ជាទីពំនាក់​របស់​បុគ្គលនោះ បុគ្គល​អ្នកមាន​ប្រាជ្ញា មិនត្រូវ​បំបាត់មេត្រី​ចិត្តអំពី​បុគ្គល​នោះទេ។

[៣៨៤] (ព្រះបាទបោរិសាទ…) អាហារនោះ ជាទីគាប់ចិត្ត​របស់ខ្ញុំ​ដោយពិត ខ្ញុំចូល​ព្រៃ ព្រោះហេតុ​តែសាច់​មនុស្សនុ៎ះ បើទ្រង់​ទទូចសូម​សេចក្តីនុ៎ះ​នឹងខ្ញុំ បពិត្រ​ទ្រង់​ជាសំឡាញ់ ខ្ញុំក៏ឲ្យពរ​នោះ​ដល់ទ្រង់។

[៣៨៥] ព្រះអង្គជាសាស្តារបស់ខ្ញុំផង ជាសំឡាញ់​របស់ខ្ញុំផង បពិត្រ​ព្រះអង្គជា​សំឡាញ់ ខ្ញុំនឹងធ្វើ​តាម​ព្រះឱង្ការ​របស់​ព្រះអង្គ ព្រះអង្គ​ក៏ចូរធ្វើ​តាមពាក្យ​របស់ខ្ញុំដែរ យើង​ទាំងពីរ​នាក់ ទៅដោះ​លែង (ពួកក្សត្រិយ៍​ទាំងនោះ​ជាមួយគ្នា)។

[៣៨៦] (ព្រះបាទសុតសោម…) ខ្ញុំជាសាស្តារបស់​ព្រះអង្គផង ជាសំឡាញ់​របស់​ព្រះអង្គ​ផង បពិត្រ​ព្រះអង្គ​ជាសំឡាញ់ បើព្រះអង្គ​ធ្វើតាម​ពាក្យខ្ញុំ ទាំងខ្ញុំ​ក៏ធ្វើតាម​ពាក្យ​ព្រះអង្គ​ដែរ យើងទាំងពីរ​នាក់ទៅ​ដោះលែង (ពួកក្សត្រិយ៍​ទាំងនោះ​ជាមួយគ្នា)។

[៣៨៧] ពួកយើងដែលត្រូវព្រះរាជាជើងពពាល បៀតបៀន​ដោតបាតដៃ មានមុខ​ជោក​ដោយ​ទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) អ្នក​ទាំងឡាយ លែងប្រទូស្ត​នឹង​ព្រះរាជា​នេះ​ចុះ អ្នកទាំងឡាយ​ចូរទទួល​ស្តាប់ពាក្យ​ប្តេជ្ញាដ៏​ទៀងទាត់​របស់ខ្ញុំចុះ។

[៣៨៨] (ពួកក្សត្រិយ៍…) ពួកយើងដែលត្រូវព្រះរាជាជើងពពាល​បៀតបៀន​ដោត​បាតដៃ មានមុខ​ជោកដោយ​ទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) ពួកយើ​មិនប្រទូស្ត​ចំពោះ​ព្រះរាជា​នេះទេ ពួកយើង​នឹងទទួល​ស្តាប់ពាក្យ​ប្តេជ្ញាដ៏​ទៀងទាត់​របស់ព្រះអង្គ។

[៣៨៩] (ព្រះបាទសុតសោម…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នា​នូវសេចក្តី​ចំរើន​ដល់បុត្រ​ទាំងឡាយ យ៉ាងណាមិញ ចំណែក​ព្រះរាជា​នេះ ចូរមាន​ដល់លោក​ទាំង​ឡាយ ក៏យ៉ាងនោះដែរ​ ទាំងលោក​ទាំងឡាយ ក៏សូម​ដូចជាបុត្ត។

[៣៩០] (ពួកក្សត្រិយ៍…) បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវ​សេចក្តីចំរើន​ដល់បុត្ត​ទាំងឡាយ យ៉ាង​ណាមិញ ចំណែក​ខាងព្រះរាជា​នេះ ចូរមាន​ដល់យើង​ទាំងឡាយ យ៉ាង​នោះដែរ ទាំងពួក​យើងក៏​ដូចបុត្តដែរ។

[៣៩១] (ព្រះបាទសុតសោម…) ព្រះអង្គធ្លាប់សោយនូវសាច់នៃ​សត្វជើង ៤ ឬ​សត្វបក្សី ដែលពួក​នាយពិសេស​ចាត់ចែងល្អ សម្រេច​ដោយល្អ ជាទី​ត្រេកអរ ដូច​ព្រះឥន្ទ្រ សោយនូវ​សុធាភោជន ព្រះអង្គ​លះបង់​ចោល ហើយ​ត្រេកអរ​ក្នុងព្រៃ​តែម្នាក់ឯង ដូចម្តេច​កើត។ ពួកនាង​ខតិ្តយានី​នោះ មានគ្រឿង​ប្រដាប់​ភ្លឺផ្លេក និងចង្កេះ​ដ៏រៀវ តាក់​តែង​ខ្លួនគាល់​ត្រៀបត្រា ញ៉ាំងព្រះអង្គ​ឲ្យរីករាយ ដូចជា​ស្ត្រីអប្សរ​បំរើព្រះឥន្ទ្រ​ក្នុង​ទេវលោក ព្រះអង្គ​លះបង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេច​កើត។ ព្រះអង្គផ្ទំ​លើព្រះបន្ទំ មានខ្នើយ​ពណ៌ក្រហម មានព្រំ​មានរោមច្រើន ដែលតាក់​តែងក្នុងទី​ព្រះបន្ទំ​ទាំងអស់​ដ៏ល្អ ជាសុខសប្បាយ ក្នុងទី​ពាក់កណ្តាល​នៃព្រះបន្ទំ ហើយ​លះបង់​ចោល ត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេចកើត។ ក្នុង​វេលារាត្រី មានសូរ​សំឡេងគង និងស្គរ ទាំង​តូរ្យតន្ត្រី ឥតមាន​បុរស​នៅលាយ មានទាំង​ចម្រៀង​ដ៏ពីរោះ និងប្រគំក៏​ពីរោះជា​ច្រើន​យ៉ាង ព្រះអង្គ​លះបង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​ម្នាក់ឯង ដូចម្តេច​កើត។ ឧទ្យាន (ឈ្មោះ​មិគាជិន) ក៏មានផ្កា​ច្រើន​បរិបូណ៌ បុរីប្រកប​ដោយឈ្មោះ​តាម​ឧទ្យាន​មិគាជិន ជាបុរី​គួរជាទី​សប្បាយ​ក្រៃពេក សម្បូរ​ដោយ​ពាហណៈ សេះ ដំរី រថ ព្រះអង្គ​លះ​បង់​ចោល ហើយត្រេកអរ​ក្នុងព្រៃ​តែម្នាក់ឯង ដូចម្តេច​កើត។

[៣៩២] (ព្រះបាទបោរិសាទ…) ព្រះចន្ទក្នុងកាឡប័ក្ខ (រនោច) រមែង​អស់ទៅ​រាល់ៗថ្ងៃ យ៉ាងណាមិញ បពិត្រ​ព្រះរាជា ការសមាគម​នឹងពួក​អសប្បុរស ឧបមា​ដូចព្រះចន្ទ្រ​ក្នុងកាឡប័ក្ខ។ ដូចយ៉ាងខ្ញុំ អាស្រ័យ​រសកៈ​អ្នកស្លដណ្តាំ ជាបុរស​អាក្រក់​លាមក ហើយ​បានធ្វើ​នូវកម្ម​អាក្រក់ ជាហេតុ​ទៅកាន់​ទុគ្គតិ។ ព្រះចន្ទ្រក្នុង​សុក្កប័ក្ខ រមែង​ចំរើន​ឡើងរាល់ៗ ថ្ងៃ យ៉ាងណា​មិញ បពិត្រ​ព្រះរាជា ការចួបប្រទះ​នឹងពួក​សប្បុរស ឧបមា​ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កប័ក្ខ។ បពិត្រ​ព្រះបាទ​សុតសោម សូម​ព្រះអង្គ​ជ្រាបចុះ ដូច​យ៉ាងខ្ញុំ អាស្រ័យ​ព្រះអង្គ ហើយធ្វើ​ការកុសល ជាហេតុ​ទៅកាន់​សុគតិ។

បពិត្រព្រះអង្គជាធំជាងជន ទឹកដែលបង្អុរចុះ​លើទីទួល មិនដក់នៅ មិនឋិត​នៅ​អស់​កាល​យូរ យ៉ាងណាមិញ ការសមាគម​នឹងពួក​អសប្បុរស​របស់ខ្ញុំ មិន​តាំង​នៅ អស់​កាលយូរ ដូចទឹក​លើទីទួល​យ៉ាងនោះ​ដែរ។ បពិត្រ​ព្រះអង្គ​ជា​ធំ​ជាងជន មានព្យាយាមដ៏​ប្រសើរ​ជាងជន ទឹកដែល​បង្អុរចុះ​ក្នុងស្រះ ឋិតនៅ​អស់​កាលយូរ យ៉ាងណាមិញ ការ​សមាគម​នឹងពួក​សប្បុរស​របស់ខ្ញុំ ឋិតនៅ​អស់កាល​យូរ ដូចទឹក​ក្នុងស្រះ យ៉ាងនោះ​ដែរ។ សមាគម​នឹងពួក​សប្បុរស រមែង​មិនឃ្លាត​ចេញទេ គប្បី​ឋិតនៅ​ដរាប​អស់ជីវិត ការ​សមាគម​នឹង​ពួកអសប្បុរស រមែង​វិនាស​ទៅឆាប់ ដោយ​ប្រការ​ដូច្នេះឯង ព្រោះហេតុ​នោះ ធម៌​របស់ពួក​សប្បុរស រមែងឆ្ងាយ​អំពីពួក​អសប្បុរស។

[៣៩៣] (ព្រះបាទសុតសោម…) ព្រះរាជាណា ផ្ចាញ់នូវបុគ្គល​មិនគួរផ្ចាញ់ (មាតា បិតា) ព្រះរាជា​នោះ មិនមែន​ជាព្រះរាជា​ទេ សំឡាញ់​ណា ផ្ចាញ់នូវ​សំឡាញ់ សំឡាញ់នោះ មិន​មែនជាសំឡាញ់​ទេ ភរិយាណា មិន​ខ្លាចប្តី ភរិយានោះ​មិនមែន​ជាភរិយា​ទេ ពួកបុត្រ​ណា មិនចិញ្ចឹម​មាតាបិតា​ជាបុគ្គល​ចាស់ទុំ ពួកបុត្រ​នោះ មិនមែន​ជា​កូនទេ។ ពួក​សប្បុរស មិនមាន​ក្នុងទី​ប្រជុំណា ទីនោះ មិនមែន​ទីប្រជុំទេ ពួកជន​ណាមិន​ពោល​នូវធម៌ ពួកជន​នោះ មិនមែន​ជា​សប្បុរសទេ លុះតែ​ពួកជន​លះបង់​នូវរាគៈ ទោសៈ និង​មោហៈ​ហើយ ពោល​នូវធម៌ ទើបឈ្មោះថា សប្បុរស។ បណ្ឌិត​កាលបើ​មិនពោល (នូវធម៌) ជា​អ្នកច្រឡូក​ច្រឡំ​ដោយពួកជនពាល ពួកអ្នក​ផង រមែង​ស្គាល់​មិនបាន លុះតែ​ពោល សំដែង​នូវអមតបទ ទើបពួក​អ្នកផង​ស្គាល់បាន។ បណ្ឌិត​គប្បីពោល​បំភ្លឺនូវធម៌ ផ្គង​ឡើងនូវធម៌ ជាទង់ជ័យ​នៃពួកឥសី ពួក​ឥសីមាន​សុភាសិត​ជាទង់ជ័យ ព្រោះជា​ធម៌ ទុក​ដូច​​ជាទង់ជ័យ​នៃពួកឥសី។

ចប់ សុតសោមជាតក ទី៥។

ឧទ្ទាននៃជាតកនោះគឺ

ចុល្លហង្សឈ្មោះសុមុខៈ ១ មហាហង្សដ៏ប្រសើរ ១ តាបស​ឲ្យនូវ​សុធាភោជន​ដ៏​ប្រសើរ​ដទៃ ១ ស្តេចបក្សីឈ្មោះ​កុណាល ១ ព្រះរាជា​ដ៏ប្រសើរ​ព្រះនាម​សុតសោម ១។

ចប់ អសីតិនិបាត។

ចប់ ភាគ៦១។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០