ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥៧|៥៨|៥៩|៦០|៦១| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ជាតក

អដ្ឋមភាគ

បព្ចាកនិបាតជាតក

មណិកុណ្ឌលវគ្គ ទី១

មណិកុណ្ឌលជាតក ទី១

[១] (ព្រះរាជាកោសលពោលថា) ព្រះអង្គ​សាបសូន្យចាកដែនសេះ កែវមណី និង​កុណ្ឌល សាបសូន្យ​ចាកបុត្ត និងភរិយា ដូច្នោះដែរ កាលបើ​ភោគៈទាំងអស់ មិនមាន​សេសសល់​ទេ តើហេតុអ្វី ទើបព្រះអង្គ​​មិនក្តៅក្រហាយ ក្នុងកាល​ដែលគួរ​សោក​ស្តាយ។

[២] (ព្រះរាជាពោធិសត្វពោលថា) ភោគៈទាំងទ្បាយ​លះបង់សត្វ​មុនក៏មាន​ សត្វ លះបង់​ភោគៈទាំង​នោះមុន​ក៏មាន បពិត្រ​ព្រះអង្គ​ទ្រង់ប្រាថ្នាកាម ជនអ្នកមាន​ភោគៈ​ទាំង​ទ្បាយ មិនទៀងទេ ព្រោះហេតុនោះ ទើបខ្ញុំមិន​សោកស្តាយ​ក្នុងកាល​ដែល​គួរ​សោក​ស្តាយ។

[៣] ព្រះចន្ទ្ររមែងរះឡើង ពេញវង់ រួចអស់ទៅ ព្រះអាទិត្យ​ក៏អស្តង្គត​ទៅដូចគ្នា បពិត្រ​សេ្តចជា​សត្រូវ ពួកលោកធម៌ ខ្ញុំឈ្នះ​ហើយ ព្រោះហេតុនោះ ទើបខ្ញុំ​មិនសោក​ស្តាយ ក្នុង​កាលដែល​គួរសោកស្តាយ។

[៤] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនល្អ បព្វជិត​មិនសង្រួម មិនល្អ ព្រះរាជា​មិនបាន​ពិចារណាមុន ​ហើយធ្វើ មិនល្អ បណ្ឌិត​អ្នកច្រើន​ក្រោធ មិនល្អទេ។

[៥] បពិត្រព្រះអង្គជា​ម្ចាស់នៃទិស ក្សត្រិយ៍​គប្បីពិចារណា​ហើយសឹមធ្វើ មិន​គប្បី​ធើ្វ​ទាំង​មិនបាន​ពិចារណាទេ យសក្តី កិត្តិគុណក្តី រមែង​ចំរើនដល់​ព្រះរាជា ដែល​ពិចារណា​ហើយទើបធ្វើ។

ចប់ មណិកុណ្ឌលជាតក ទី១។

សុជាតជាតក ទី២

[៦] (បិតារបស់ពោធិសត្វ ពោលថា) អ្នករលះរលាំងទៅច្រូតស្មៅស្រស់ ហើយ​និយាយ​នឹង​គោចាស់ ដែលមាន​ជីវិតបាត់បង់​ទៅ​ហើយថា ឯងស៊ីទៅ ឯងស៊ីទៅ ដូចម្តេចកើត គោ​ស្លាប់​ហើយ មិនគប្បី​ក្រោកឡើងបាន​ ព្រោះគ្រឿងស៊ី ​និងគ្រឿង​ផឹកទេ អ្នករវើរវាយ​ទទេ ដូចជា​មនុស្ស​ល្ងង់ខ្លៅ។

[៧] (សុជាតមាណពជាបុត្រ ពោលថា) ក្បាលក៏តាំងនៅដដែល ដៃជើង កន្ទុយ និងត្រចៀក ក៏តាំងនៅ​ដដែលដែរ ខ្ញុំសំគាល់ថា គោនៅក្រោក​ឡើងបាន​ ត្រង់ក្បាល​ដៃ​ជើងរបស់​ជីតា មិនប្រាកដ​ទេ ឪពុកយំ​ទួញជិតស្តូប​ដែលធ្វើដោយ​ដីស្អិត មិនមែនជា​អ្នក​ល្ងង់ខ្លៅ​ទេឬ។

[៨] (បិតាពោលថា) អ្នកបានស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តីសោក​កំពុង​​ឆេះ ឲ្យស្ងប់រម្ងាប់ ញុំាងសេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យរលត់ ដូចបុគ្គល​ស្រោច​ភ្លើង​ដែលឆេះ​ឆ្នាំងខ្លាញ់​ដោយទឹក សរ គឺសេចក្តីសោក ដែលអាស្រ័យ​នូវ​ហឫទ័យ​របស់​យើង អ្នក​ដក​ចេញ​ហើយ អ្នកបាន​បន្ទោបង់​នូវសេចក្តី​សោក​ក្នុងបិតា​នៃយើង ដែល​មាន​សេចក្តីសោក​បៀត​បៀន​ហើយ។

[៩] ខ្ញុំនោះមានសរដកចេញហើយ ជាអ្នកប្រាសចាក​សេចក្តីសោក មានចិត្តមិន​ល្អក់ ម្នាល​មាណព ខ្ញុំលែង​សោក លែងយំ ព្រោះបាន​ស្តាប់ពាក្យ​របស់អ្នក។

[១០] ពួកជនណា ប្រកបដោយប្រាជ្ញា ជាអ្នកអនុគ្រោះ (ដោះទុក្ខ) រមែង​ធ្វើ​យ៉ាង​នេះ រមែង​ដោះ (បុគ្គលដទៃ) ចេញចាក​សេចក្តីសោក ដូច​សុជាត​មាណព ​ដោះបិតា​ចាកសេចក្តី​ទុក្ខសោក។

ចប់ សុជាតជាតក ទី២។

វេនសាខជាតក ទី៣

[១១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ម្នាលព្រហ្មទត្តកុមារ សេចក្តី​កេ្សមក្សាន្ត​ក្តី ភិក្ខាដ៏សម្បូរក្តី សេចក្តីសុខ​ក្នុងកាយក្តី នេះ មិនគប្បីមាន​ជានិច្ចទេ (កាល​បើ​ឥស្សរភាព​វិនាស) ក្នុងកាលជា​ទីកន្លង​នៃប្រយោជន៍ អ្នកកុំ​វងេ្វងជ្រប់ ដូចបុគ្គល​ដែល​បែក​ធ្លាយ​នាវា ក្នុងកណ្តាល​សាគរ។

[១២] បុរសធ្វើនូវអំពើទាំងឡាយណា រមែង​ឃើញនូវ​អំពើនោះ​ចំពោះ​ខ្លួនវិញ បុរស​អ្នក​ធ្វើល្អ រមែង​បាន​ផងល្អ អ្នកធ្វើអាក្រក់ រមែង​បាន​ផលអាក្រក់ បុរសអ្នកសាប​ព្រោះពូជ​បែប​ណា ផលបែបនោះ ក៏រមែង​ដុះឡើង។

[១៣] (សេ្តចព្រហ្មទត្ត ពោលថា) អាចារ្យបារាចរិយគោត្រ បាន​ពោលនូវ​ពាក្យ​ណា នេះ​ជា​ពាក្យរបស់​អាចារ្យនោះថា បាបណា ដែលអ្នកធ្វើ​ហើយ គប្បីក្តៅ​ក្រហាយ​ក្នុង​កាលជា​ខាងក្រោយ អ្នកកុំធ្វើ​បាបនោះឡើយ។

[១៤] ខ្ញុំ និងបិងិ្គយបុរោហិត សម្លាប់នូវពួកក្សត្រិយ៍​មួយពាន់នាក់ ដែល​ប្រដាប់​លាប​ដោយ​ខ្លឹមចន្ទន៍ ទៀបដើម​ឈើណា ដើមឈើ​នេះឯង ជាដើម​ជ្រៃ មានមែក​ត្រសាយ​ត្រសុំ (មិនអាច​ជួយអញបាន) សេចកី្តទុក្ខ​នោះឯង ត្រឡប់មក​ត្រូវខ្ញុំវិញ។

[១៥] (អគ្គមហេសីរបស់ខ្ញុំ) ឈ្មោះនាងឧព្វរី មានខ្លួនលាប​ដោយខ្លឹមចន្ទន៍ មាន​សម្បុរ​ដូច​មាស ស្រលួតស្រឡៅ ដូចជា​លំពង់​ឈើម្រំ ត្រូវខ្យល់​បក់ល្អ ខ្ញុំមិនបាន​ឃើញ​នាងឧព្វរី នឹង​ធ្វើ​មរណកាល ការមិនបាន​ឃើញនាង​ឧព្វរីនោះ ជាទុក្ខដ៏​លើស​លុប​ដល់ខ្ញុំ ជាងទុក្ខ​ព្រោះសេចក្តី​ស្លាប់នេះ​ទៅទៀត។

ចប់ វេនសាខជាតក ទី៣។

ឧរគជាតក ទី៤

[១៦] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) កូនរបស់ខ្ញុំ លះបង់​នូវសរីរៈ​ហើយទៅ ដូចជា​ពស់លះបង់​នូវ​សំណកចាស់ កាលបើ​សរីរៈប្រើប្រាស់​មិនបាន​ ធ្វើកាល​កិរិយា ទៅកាន់​លោក​ខាង​មុខយ៉ាងនេះ រាងកាយ​កាលត្រូវគេដុត រមែង​មិនដឹងនូវ​សេចក្តី​ខ្សឹក​ខ្សួលនៃញាតិ​ទាំងឡាយ ព្រោះហេតុនោះ ទើបខ្ញុំ​មិនសោកស្តាយ ចំពោះ​កូន​នុ៎ះ គតិណា​ជារបស់គេ គេក៏ទៅកាន់​គតិនោះ។

[១៧] (នាងព្រាហ្មណី ពោលថា) កូន (របស់ខ្ញុំ) ដែលមកអំពី​បរលោក ខ្ញុំក៏មិន​បាន​អង្វរ គេ​ទៅអំពី​លោកនេះ ក៏ខ្ញុំមិន​អនុញ្ញាត គេមក​យ៉ាងណា គេក៏ទៅយ៉ាង​នោះ ខ្សឹកខ្សួលធ្វើអ្វី ព្រោះ​ការ​ដែលគេ​ទៅនោះ រាងកាយកាល​ត្រូវគេដុត រមែង​មិនដឹង​នូវ​សេចក្ដី​ខ្សឹកខ្សួល​នៃញាតិ​ទាំងឡាយ​ទេ ព្រោះហេតុនោះ ទើបខ្ញុំ​មិនសោក​នឹង​កូននុ៎ះ គតិ​ណាជា​របស់គេ គេក៏ទៅ​កាន់គតិ​នោះ។

[១៨] (នាងព្រាហ្មណីជាប្អូន ពោលថា) បើខ្ញុំយំទួញ ខ្ញុំនឹងស្គាំងស្គម កាលខ្ញុំនោះ​យំ​ទួញ នឹងមាន​ផលដូចម្តេច សេចក្តី​មិនត្រេកអរ​របស់ពួក​ញាតិមិត្រ និងសំឡាញ់​របស់​យើង គប្បីមាន​ដោយក្រៃលែង រាងកាយ​កាលត្រូវគេដុត រមែង​មិនដឹងនូវ​សេចក្តី​​ខ្សឹកខ្សួល នៃ​ញាតិ​ទាំងឡាយទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោក​នឹងបងនោះ គតិណាជា​របស់គេ គេក៏ទៅកាន់​គតិនោះ។

[១៩] (ភរិយាពោលថា) ទារកយំទារព្រះចន្ទ្រ​ដែលកំពុងចរទៅ យ៉ាងណា បុគ្គល​ដែលសោក​រកអ្នកស្លាប់​ទៅកាន់លោក​ខាងមុខ​នេះឯង ជាគ្រឿង​ប្រៀបធៀប យ៉ាង​នោះដែរ រាងកាយ​កាលត្រូវ​គេដុត រមែង​មិនដឹងនូវ​សេចក្តីខ្សឹកខ្សួល​នៃពួក​ញាតិ​ទេ ព្រោះហេតុនោះ ទើបខ្ញុំមិន​សោកនឹង​ប្តីនុ៎ះ គតិណា​ជារបស់គេ គេក៏ទៅ​កាន់​គតិនោះ។

[២០] (ទាសីពោលថា) ក្អមទឹកដែល​បែកធ្លាយ តវិញ​មិនជាប់​យ៉ាងណា បុគ្គល​សោកស្តាយ​នឹងអ្នកស្លាប់ ទៅកាន់​លោកខាងមុខ នេះឯង​ជាគ្រឿង​ធៀប ក៏យ៉ាង​នោះដែរ រាងកាយ​កាលត្រូវ​គេដុត រមែង​មិនដឹងនូវ​សេចក្តី​ខ្សឹកខ្សួល​នៃញាតិ​ទាំង​ឡាយ​ទេ ព្រោះ​ហេតុនោះ ទើបខ្ញុំមិន​សោកនឹងម្ចាស់​នុ៎ះ គតិណា​ជារបស់គេ គេក៏​ទៅកាន់​គតិនោះ។

ចប់ ឧរគជាតក ទី៤។

ធង្កជាតក ទី៥

[២១] (សេ្តចធង្កៈ សួរព្រះរាជាពោធិសត្វថា) ពួកជនឯទៀត តែងសោក​យំទួញ ពួកជន​ឯទៀត មានមុខ​ជោកដោយ​ទឹកភ្នែក ម្នាល​ឃដកុមារ អ្នកមាន​សម្បុរមុខ​ស្រស់​បស់ អ្នកមិន​សោកសៅ​ព្រោះហេតុអ្វី។

[២២] (ពោធិសត្វ ឆ្លើយថា) សេចក្តីសោក នាំមកនូវ​សេចក្តីសុខ ដែលកន្លងទៅ​ហើយ​មិនបាន​ទេ នាំមកនូវ​សេចក្តីសុខ​ដែលមិនទាន់​មក មិនបាន​ទេ បពិត្រ​ស្តេចធង្កៈ ព្រោះ​ហេតុនោះ ទើបខ្ញុំ​មិនសោក ភាពជា​សំឡាញ់​ក្នុងសេចក្តីសោក មិនមានទេ។

[២៣] បុគ្គលកាលសោក រមែង​ជាអ្នកមាន​រោគលឿង ស្គាំងស្គម ទាំងបាយ រមែង​មិនពេញ​ចិត្តដល់​បុគ្គលនោះ បុគ្គល​ដែលត្រូវ​សរ គឺសេចក្តី​សោកមុត​ហើយ ក៏ទុក្ខ​ព្រួយ ពួកជន​ជាសត្រូវ រមែង​មានចិត្ត​ត្រេកអរ។

[២៤] សេចក្តីវិនាសនឹងមករកខ្ញុំ ដែលឋិត​នៅក្នុងស្រុក ឬក្នុងព្រៃ ក្នុងទីទាប ឬទី​ទួល មិនបាន​ទេ (ព្រោះ) ខ្ញុំឃើញច្បាស់​ផ្លូវធម៌​យ៉ាងនេះ​ហើយ។

[២៥] បុគ្គលណា មានខ្លួនតែមួយ មិនអាចជា​អ្នកនាំយកនូវ​រសនៃសេចក្តី​ប្រាថ្នា គឺ​សុខក្នុង​ឈានទាំងពួង​បាន​ សូម្បីផែនដី​ទាំងមូល ក៏មិនអាច​នាំមកនូវ​សេចក្តីសុខ ដល់​បុគ្គល​នោះបាន។

ចប់ ធង្កជាតក ទី៥។

ការន្ទិយជាតក ទី៦

[២៦] (អាចារ្យសួរថា) អ្នកតែម្នាក់ឯង រលះរលាំងលើកដុំថ្មធំ ៗ បោះទៅក្នុង​ជ្រោះ​ភ្នំ ក្នុង​ព្រៃរឿយ ៗ ម្នាល​ការន្ទិយៈ អ្នកមាន​ប្រយោជន៍​ដូចម្តេច​ក្នុងជ្រោះនេះ។

[២៧] (ពោធិសត្វឆ្លើយថា) ខ្ញុំនឹងធ្វើនូវផែនដីនេះ ដែលមាន​សាគរជា​ទីបំផុត ឲ្យ​ស្មើ​​ដូចជា​ផ្ទៃបាតដៃ ព្រោះហេតុ​នោះ បាន​ជាខ្ញុំពង្រាប​ភ្នំដី និងភ្នំថ្ម ​ហើយបោះថ្ម​ទៅក្នុង​ជ្រោះ។

[២៨] (អាចារ្យពោលថា) មនុស្សម្នាក់ មិនគួរដើម្បីធ្វើផែនដីធំនេះ ឲ្យរាប​ស្មើ​ ដូចបាតដៃ​បាន​ទេ ម្នាល​ការន្ទិយៈ ខ្ញុំសំគាល់នូវអ្នក ដែលស្វែងរក​ថ្មភ្នំនេះឯង (ដើម្បី​បំពេញ​ជ្រោះ) អ្នកនឹង​លះបង់នូវ​ជីវលោក (ស្លាប់ខ្លួន)។

[២៩] (ពោធិសត្វពោលថា) បើមនុស្សម្នាក់នេះ មិនអាចដើម្បី​ធ្វើនូវផែនដី​ធំនេះ ឲ្យរាបស្មើ​បាន​ទេ យ៉ាងណា ម្នាលព្រាហ្មណ៍ អ្នកនឹងដឹក​នាំពួកមនុស្ស​ទាំងនេះ ដែល​មាន​ទិដ្ឋិផេ្សង ៗ គ្នា មិនបាន​ ក៏យ៉ាង​នោះដែរ។

[៣០] (អាចារ្យពោលថា) ម្នាលការន្ទិយៈ អ្នកដ៏ចំរើន​ពោលនូវពាក្យនេះ​ដោយ​សងេ្ខប ជាពាក្យ​មានប្រយោជន៍​ដល់ខ្ញុំ​យ៉ាងនេះ ផែនដីនេះ គេមិនអាច​ធ្វើឲ្យរាបស្មើ យ៉ាងណា ពួក​មនុស្ស ក៏មនុស្ស​មិនអាចធ្វើបាន យ៉ាងនោះដែរ។

ចប់ ការន្ទិយជាតក ទី៦។

លដុកិកជាតក ទី៧

[៣១] (ចាបចៀបកប្បាស ពោលនឹង​ដំរីពោធិសត្វ​ថា) ខ្ញុំសូមថ្វាយ​បង្គំលោក ជា​ដំរីមាន​កំឡាំងខ្សោយ ក្នុងកាលមានអាយុ ៦០ ជាអ្នកនៅ​ក្នុងព្រៃ ជាម្ចាស់ហ្វូង មាន​យស ខ្ញុំសូមធ្វើនូវ​អព្ជាលិកម្ម​ចំពោះលោក ដោយស្លាប​ទាំងឡាយ សូមកុំឲ្យ​លោក​សម្លាប់​កូន​របស់ខ្ញុំ ជាសត្វមាន​កំឡាំង​ខ្សោយ។

[៣២] (ចាបចៀបកប្បាស ពោលនឹង​ដំរីទេវទត្ត​ថា) ខ្ញុំសូមថ្វាយ​បង្គំលោក ជាដំរី​ត្រាច់ទៅ​តែម្នាក់ឯង ជាអ្នកនៅ​ក្នុងព្រៃ ដើរទៅតាម​ញកភ្នំ ខ្ញុំសូមធ្វើ​អព្ជាលិកម្ម ដោយ​ស្លាប​ទាំងឡាយ សូមលោក​កុំសម្លាប់​កូនខ្ញុំ ជាសត្វ​មានកំឡាំង​ខ្សោយ។

[៣៣] (ដំរីទេវទត្តពោលថា) នែមេចាបចៀបកប្បាស អញនឹងសម្លាប់​នូវកូននាង នាង​ជាសត្វ​មានកំឡាំង​ខ្សោយ នឹងធ្វើអ្វី​ដល់អញ អញនឹង​ជាន់នូវចាប សូម្បី​មួយសែន ប្រហែល​នឹងនាង​ឯង ដោយជើង​ឆ្វេង។

[៣៤] (ចាបចៀបកប្បាសពោលថា) កិច្ចដោយកំឡាំងកាយ មិនមែន​ប្រើបាន​គ្រប់​កន្លែង​ទេ ព្រោះកំឡាំងកាយ សម្លាប់បាន​តែអ្នកល្ងង់ទេ នែសេ្តចដំរី អ្នកណា​សម្លាប់​កូន​របស់ខ្ញុំ ជាសត្វមាន​កំឡាំងថយ ខ្ញុំនឹងធ្វើនូវ​សេចក្តីវិនាស​ដល់អ្នក​នោះវិញ។

[៣៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) អ្នកចូរមើលនូវក្អែក ចាបចៀបកប្បាស កង្កែប និង​រុយខៀវ សត្វទាំងនុ៎ះ សម្លាប់នូវ​ដំរីបាន​ អ្នកចូរមើល (នូវគតិ) នៃពៀររបស់​ពួក​សត្វមានពៀរ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ កុំធ្វើនូវពៀរ​នឹងជនណាមួយ សូម្បីមិន​ជាទី​ស្រឡាញ់​ឡើយ។

ចប់ លដុកិកជាតក ទី៧។

ចុល្លធម្មបាលជាតក ទី៨

[៣៦] (ព្រះនាងចន្ទាទេវី ពោលថា) ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវ​សេចក្តី​ចំរើន ដល់​សេ្តចឈ្មោះ​មហាបតាបៈ បពិត្រ​ព្រះសម្មតិទេព សូម​លែងនូវ​ធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវ​ដៃទាំងឡាយ​របស់ខ្ញុំម្ចាស់​វិញចុះ។

[៣៧] ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចំរើន​ដល់សេ្តចឈ្មោះ​មហា​បតាបៈ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​​លែងនូវធម្មបាល​នេះចេញ សូមកាត់​នូវ​ជើង​ទាំងឡាយ​របស់ខ្ញុំវិញចុះ។

[៣៨] ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចំរើន​ដល់សេ្តចឈ្មោះ​មហា​បតាបៈ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​លែងនូវធម្មបាល​នេះចេញ សូមកាត់​នូវក្បាល​របស់ខ្ញុំម្ចាស់វិញចុះ។

[៣៩] ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ​របស់សេ្តចនេះ មិនមានទេឬ បាន​ជាមិន​និយាយឃាត់​សេ្តចថា សូមព្រះអង្គ​ កុំសម្លាប់បុត្តជាឱរស។

[៤០] ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ​របស់សេ្តចនេះ មិនមានទេឬ បាន​ជាមិន​និយាយឃាត់​សេ្តចថា សូមព្រះអង្គ​កុំសម្លាប់បុត្ត​ដែលកើតអំពីខ្លួន។

[៤១] ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍​របស់ធម្មបាល អ្នកជាទាយាទ​ផែនដីដាច់ បពិត្រ​ព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់​នឹងរលត់។

ចប់ ចុល្លធម្មបាលជាតក ទី៨។

សុវណ្ណមិគជាតក ទី៩

[៤២] (ម្រឹគញីជាប្រពន្ធពោលថា) បពិត្រ​មហាម្រឹគ អ្នកចូរខំប្រឹង បពិត្រ​ម្រឹគ​មាន​ជើងដូចមាស អ្នកចូរខំប្រឹង ចូរកាត់នូវអន្ទាក់​ដែលធ្វើដោយ​ព្រ័ត្រ ខ្ញុំជាម្រឹគ​ញីម្នាក់ឯង មិនអាច​ត្រេកអរ​ក្នុងព្រៃបាន​ទេ។

[៤៣] (ម្រឹគពោធិសត្វជាប្តី ពោលថា) អញខំប្រឹងមិនរួចទេ អញនឹងកកាយ​ផែនដី ដោយ​កំឡាំង អន្ទាក់ដែលគេធ្វើ​ដោយព្រ័ត្រ ជាប់មាំមួន រឹតកួត​ជើងរបស់អញ។

[៤៤] (ម្រឹគញីពោលថា) បពិត្រ​អ្នកព្រាន អ្នកចូរក្រាលនូវ​ស្លឹកឈើ អ្នកចូរហូត​ដាវ (អំពីស្រោម) អ្នកសម្លាប់ខ្ញុំមុន ​ហើយសឹមសម្លាប់​មហាម្រឹគ ជាខាងក្រោយ។

[៤៥] (ព្រាន ពោលថា) អញមិនដែលឮ ឬឃើញមេម្រឹគ ចេះនិយាយភាសា​មនុស្ស​ទេ ម្នាលមេម្រឹគ​ដ៏ចំរើន នាងឯងចូរ​នៅជាសុខចុះ ទាំង​មហាម្រឹគនុ៎ះ ក៏សូមឲ្យ​នៅ​ជាសុខចុះ។

[៤៦] (ម្រឹគញី ពោលថា) បពិត្រ​អ្នកព្រាន ខ្ញុំត្រេកអរ ព្រោះឃើញនូវ​មហាម្រឹគ ដែលរួច (ចាកអន្ទាក់) ក្នុងថៃ្ងនេះ យ៉ាងណា សូមអ្នក​ត្រេកអរ ជាមួយនឹង​ពួកញាតិ​ទាំងអស់ យ៉ាងនោះដែរ។

ចប់ សុវណ្ណមិគជាតក ទី៩។

សុសនី្ធជាតក ទី១០

[៤៧] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) ក្លិននៃផ្កាតិមិរព្រឹក្ស [តិមិរព្រឹក្សនេះ ជាឈ្មោះឈើ​មួយបែប ក្នុងអដ្ឋកថា​ពន្យល់​ថា ឈើនេះច្រើន​ដុះចោមរោម​ដើមជ្រៃ ឈើនេះ ប្រហែល​ជាស្អំ ឬខ្សួស ឬក៏​សំបួរមាស​ទេដឹង។ អ្នកពិនិត្យ។] រមែង​ផ្សាយទៅ សមុទ្រ​ដែលពេញ​ដោយទឹក មានសំឡេង​គឹកកង បពិត្រ​ស្តេចតម្ពៈ ព្រោះថា នាងសុសនី្ធ (នៅ) ក្នុងទីឆ្ងាយ​ពីនគរ​នេះ កាមទាំងឡាយ តែងចាក់​ដោតខ្ញុំ។

[៤៨] (សេ្តចគ្រុឌ ពោលថា) អ្នកឆ្លងសមុទ្របាន​ ដោយប្រការដូចម្តេច អ្នកឃើញ​កោះឈ្មោះ​សេរុម ដោយប្រការ​ដូចម្តេច ម្នាលអគ្គៈ ការជួប​ប្រសព្វ​នាងសុសន្ធី​ និង​អ្នក បាន​មាន​មកដោយ​ប្រការដូចម្តេច។

[៤៩] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) នាវារបស់ពួកឈ្មួញ អ្នកស្វែង​រកទ្រព្យ ចេញទៅ​អំពី​កំពង់​ភរុកច្ឆា បែកធ្លាយ​ដោយមង្ករ ខ្ញុំក៏ឆ្លង​សមុទ្រ​ដោយផែនក្តារ។

[៥០] នាងសុសនី្ធនោះ ជាស្រ្តីមានវាចា​ទន់ពីរោះ មានក្លិន​ដូចខ្លឹមចន្ទន៍ អស់កាល​ជា​និច្ច ជាស្រ្តីចំរើន ស្រង់ខ្ញុំដោយ​អវយវៈ ដូចមាតា​ត្រកងនូវបុត្ត​ដែលកើត​អំពីទ្រូង។

[៥១] នាងជាស្រ្តីមានភ្នែកទន់ បាន​ផ្គត់ផ្គង់ខ្ញុំ​ដោយបាយ ទឹក សំពត់ និងទីដេក ព្រមទាំង​ខ្លួន បពិត្រ​ស្តេចតម្ពៈ សូមព្រះអង្គ​ជ្រាបយ៉ាង​នេះចុះ។

ចប់ សុសន្ធីជាតក ទី១០។

ចប់ មណិកណ្ឌលវគ្គ ទី១។

ឧទ្ទាននៃជាតកនោះគឺ

និយាយអំពីដែន និងកែវមណីដ៏ប្រសើរ​ដែលសាបសូន្យ ១ អ្នកច្រូតស្មៅ យកស្មៅខ្ចី (ឲ្យគោស្លាប់) ១ បុគ្គលវងេ្វង ដូចបុគ្គល​ធ្លាយសំពៅ ១ បុគ្គល​លះបង់សរីរៈ ដូចពស់​លះបង់ សំណក ១ ព្រះរាជា​ឈ្មោះ​ឃដកុមារ ១ ជ្រោះភ្នំ ១ កុញ្ជរ ១ មហេសី​អ្នកបំផ្លាញ​នូវសេចក្តី​ចំរើន ១ ម្រឹគ ១ ការត្រកង​នូវកូន ១ រួមជា ១០។

វណ្ណារោហវគ្គ ទី២

វណ្ណារោហជាតក ទី១

[៥២] (ខ្លាឈ្មោះសុពាហុ ពោលថា) អ្នកឈ្មោះ​សុទាឋៈ និយាយថា ខ្លាឈ្មោះ​សុពាហុ មិនប្រសើរ​ជាងអញ ដោយទំហំ កំពស់ ជាតិ កំឡាំងកាយ និងសេចក្តី​ព្យាយាម ដូច្នេះឬទេ។

[៥៣] (សីហៈឈ្មោះសុទាឋៈ ពោលថា) អ្នកឈ្មោះ​សុពាហុ និយាយថា សីហៈ​ឈ្មោះ​សុទាឋៈ មិនប្រសើរ​ជាងអញ ដោយទំហំ កំពស់ ជាតិ កំឡាំងកាយ និងសេចក្តី​ព្យាយាម ដូច្នេះ​ឬទេ។

[៥៤] ម្នាលសុពាហុសំឡាញ់ បើអ្នកប្រទូស្តចំពោះខ្ញុំ​ដែលកំពុង​នៅយ៉ាងនេះ ឥឡូវនេះ ខ្ញុំមិន​ពេញចិត្ត​ចំពោះការនៅ​រួមជាមួយ​អ្នកទេ។

[៥៥] អ្នកណាជឿនូវពាក្យនៃជនដទៃ​ដ៏ផេ្តសផ្តាស អ្នកនោះ គប្បីបែក​ធ្លាយចាកមិត្ត ឆាប់​រហ័ស ទាំងបាន​នូវពៀរជាច្រើន។

[៥៦] មិត្តណាជាអ្នកប្រយ័ត្ន រង្កៀសក្នុងការ​បែកធ្លាយ (ចំពោះមិត្ត) ឃើញ​តែ​ទោស​សព្វកាល អ្នកនោះ មិនឈ្មោះថា​មិត្តឡើយ មួយទៀត បុគ្គលណា​ដែលពួក​ជនដទៃ​បំបែក​មិនបាន រមែង​ដេកនៅរួម ដូចជាកូន​ដែលកើតអំពី​ទ្រូង បុគ្គលនោះឯង ទើប​ឈ្មោះថាមិត្ត។

ចប់ វណ្ណារោហជាតក ទី១។

សីលវីមំសជាតក ទី២

[៥៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) ខ្ញុំមានសេចក្តីសង្ស័យ​ថា សីលជា​របស់​ប្រសើរ ឬសុតៈ​ជារបស់​ប្រសើរ សីល (មារយាទ) ជារបស់​ប្រសើរជាងសុតៈ (ការចេះដឹង) ខ្ញុំមិនមាន​សេចក្តីសង្ស័យ ដូច្នោះឡើយ។

[៥៨] ជាតិ និងវណ្ណៈ ឥតអំពើ សីលហ្នឹងឯង ទើបឧត្តម បុគ្គល​កាលបើប្រាស​ចាកសីល​ហើយ ប្រយោជន៍​ដោយសុតៈ មិនមានទេ។

[៥៩] ក្សត្រិយ៍មិនឋិតនៅក្នុងធម៌ (ច្បាប់) វេស្សៈ មិនអាស្រ័យធម៌ ពួកជន​ទំាងនោះ រមែង​លះបង់លោក​ទាំងពីរ ទៅកាន់​ទុគ្គតិ។

[៦០] ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល និងបុក្កុសជន ប្រព្រឹត្តធម៌​ក្នុង​លោកនេះ រមែង​ស្មើគ្នា ក្នុងទេវលោក។

[៦១] វេទ ក៏មិនមែនឲ្យសុខ​ក្នុងបរលោក ជាតិ ក៏មិនមែន​ឲ្យសុខ​ក្នុងបរលោក ផៅពង្ស ក៏មិន​មែនឲ្យសុខ​ក្នុងបរលោក មានតែសីល​ដ៏បរិសុទ្ធ​របស់ខ្លួន ទើបនាំមកនូវ​សេចក្តីសុខ ក្នុងបរលោក។

ចប់ សីលវីមំសជាតក ទី២។

ហិរិជាតក ទី៣

[៦២] (ពារាណសីសេដ្ឋី ពោលថា) បណ្ឌិត​គប្បីដឹងច្បាស់​នូវបុគ្គល​ដែលលះបង់​នូវសេចក្តី​ខ្មាស គួរខ្ពើមរអើម (ដោយមេត្តាភាវនា) ដែលគ្រាន់​តែពោលថា ខ្ញុំ (ជាមិត្ត) របស់អ្នក តែមិនកាន់​យកនូវអំពើ​ដ៏ប្រសើរថា អ្នកនុ៎ះ មិនមែន​ជាមិត្ត​របស់​អញ។

[៦៣] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គួរនិយាយចំពោះ​អំពើនោះ បុគ្គល​មិនធ្វើ​នូវអំពើ​ណា មិនគួរនិយាយ​ចំពោះអំពើនោះ ពួកបណ្ឌិត​តែងស្គាល់​ច្បាស់នូវ​បុគ្គល​ដែល​មិន​ធ្វើ គ្រាន់តែ​និយាយ។

[៦៤] បុគ្គលណា ជាអ្នកប្រយ័ត្ន​ក្នុងកាលទាំងពួង រង្កៀសក្នុង​ការបែកធ្លាយ (ចំពោះ​មិត្ត) សំឡឹងរំពៃ​រកទោសតែម្យ៉ាង អស់កាល​ជានិច្ច អ្នកនោះ មិនឈ្មោះថា​មិត្ត​ឡើយ មួយទៀត បុគ្គលណា ដែលពួក​ជនដទៃ​បំបែកមិនបាន​ រមែង​ដេកនៅរួម ដូចជា​កូន​ដែល​កើត​អំពីទ្រូង បុគ្គលនោះ ទើបឈ្មោះថា មិត្តដោយពិត។

[៦៥] កុលបុត្តអ្នកមានផលានិសង្ស កាលនាំទៅនូវធុរៈ [ធុរៈរបស់បុរស មាន៤យ៉ាង គឺ ទាន ១ សីល ១ ភាវនា ១ មិត្តភាព ១។ អដ្ឋកថា។] ជារបស់​បុរស រមែង​ចំរើន​នូវហេតុ​ជាគ្រឿង​ធ្វើនូវ​បាមោជ្ជៈ ជាគ្រឿងនាំ​មកនូវសេចក្តី​សរសើរ​ជាសុខ។

[៦៦] បុគ្គលផឹកនូវរសនៃវិវេកធម៌ផង នូវរសនៃ​សេចក្តី​ស្ងប់រម្ងាប់ផង ផឹកនូវរស​នៃ​ធម្មបីតិផង ទើបជាអ្នក​មិនមានកង្វល់ មិនមានបាប។

ចប់ ហិរិជាតក ទី៣។

ខជ្ជោបនកជាតក ទី៤

[៦៧] (ទេវតាពោលថា) នរណាហ្ន៎ កាលបើពន្លឺមាន ត្រាច់ទៅ​ស្វែងរកភ្លើង បាន​ឃើញនូវ​អំពិលអំពែក​ក្នុងវេលាយប់ ក៏សំគាល់ថាភ្លើង។

[៦៨] បុរសនោះ ក៏ច្របាច់ឈ្លី​នូវលំអិតនៃ​អាចម៍គោ និងស្មៅ ដោយសេចក្តី​សំគាល់​ខុស មិនអាច​នឹងបង្កាត់ភ្លើង​ឲ្យឆេះឡើងបាន​ទេ។

[៦៩] បុគ្គលកាលរូតទឹកដោះមេគោ អំពីស្នែង រមែង​មិនបាន​នូវទឹកដោះ យ៉ាងណា​បុគ្គល​អន្ធពាល ក៏មិនបាន​នូវប្រយោជន៍ ដោយហេតុ​មិនមែនឧបាយ យ៉ាងនោះដែរ។

[៧០] ជនទាំងឡាយ តែងបាន​នូវប្រយោជន៍ ដោយឧបាយ​ទាំងឡាយ​ផ្សេង ៗ គឺការ​ផ្ទញ់ផ្ទាល់​សត្រូវទាំងឡាយ​ផង គឺការ​ទំនុកបម្រុង​ចំពោះមិត្ត​ទាំងឡាយ​ផង។

[៧១] ពួកអ្នករក្សាផែនដី រមែង​គ្រប់គ្រង​នូវផែនដី​ដែលទ្រទ្រង់​នូវទ្រព្យសម្បត្តិ ដោយ​ការបំពេញ​បាន​ ចំពោះសេនា​ជាប្រធានផង ដោយការ​ណែនំា​របស់ពួកមន្រ្តី​ដែល​ជា​អ្នកស្និទ្ធ​ស្នាលផង។

ចប់ ខជ្ជោបនកជាតក ទី៤។

អហិតុណ្ឌិកជាតក ទី៥

[៧២] (អហិតុណ្ឌិកបុរស​អ្នកចាប់ពស់ និយាយនឹងស្វាថា) ម្នាលសម្លាញ់​មានមុខល្អ ខ្ញុំជាអ្នក​លេងលែ្បង ចាញ់ហើយ​ដោយលែ្បងភ្នាល់ អ្នកចូរ​ទំលាក់​នូវផ្លែ​ស្វាយទុំ យើងស៊ី​ដោយសារ​សេចក្តី​ព្យាយាម​របស់អ្នក។

[៧៣] (ស្វានិយាយថា) ម្នាលសម្លាញ់ ពាក្យនេះ ពេញជាកុហក អ្នកសរសើរខ្ញុំ ដោយពាក្យ​មិនពិត ស្វាណាឈ្មោះថា មានមុខល្អ ដែលអ្នក​ធ្លាប់ឮ ឬធ្លាប់​ឃើញ។

[៧៤] ម្នាលអហិតុណ្ឌិកៈ អ្នក (ធ្វើ) នូវអំពើណា ចំពោះខ្ញុំ អំពើនោះ (មាន) ក្នុងចិត្ត​អញ ក្នុងថៃ្ងនេះឯង អ្នកចូរទៅឯផ្សារ​លក់ស្រូវ ជាអ្នកស្រវឹង ​ហើយវាយខ្ញុំ​ដែល​កំពុង​ស្រេកឃា្លន។

[៧៥] ខ្ញុំកាលនឹកឃើញហេតុនោះ ដេកជាទុក្ខ ទោះបីអ្នក​ឲ្យខ្ញុំសោយរាជ្យ ហើយ​អ្នក​សុំស្វាយ​ខ្ញុំ ខ្ញុំក៏មិនឲ្យ ព្រោះខ្ញុំត្រូវ​ភ័យគំរាម​ហើយ។

[៧៦] អ្នកប្រាជ្ញស្គាល់នូវបុគ្គលណា ដែលកើតក្នុងត្រកូល ជាអ្នកឆ្អែត​ស្កប់ស្កល់​ក្នុងគភ៌ ជាអ្នក​មិនកំណាញ់ គួរចងសម្លាញ់ ចងមិត្ត​នឹងបុគ្គលនោះ។

ចប់ អហិតុណ្ឌិកជាតក ទី៥។

គុម្ភិយជាតក ទី៦

[៧៧] (ព្រះសម្ពុទ្ធ ទ្រង់ពោលថា) ថ្នាំពិស មានពណ៌ល្អ មានរសឆ្ងាញ់ មានក្លិនក្រអូប យក្ខឈ្មោះគុម្ភិយៈ ស្វែងរក​អាហារ បាន​ដាក់ថ្នាំពិស (ទុកនៅ) ក្នុងព្រៃ។

[៧៨] ជនទាំងឡាយណា សំគាល់ថ្នាំពិស ថាជាវត្ថុផ្អែម ក៏លិទ្ធភ្លក្ស​នូវថ្នាំពិស​នោះ ជនទាំង​ឡាយនោះ ក៏ពុលដល់​នូវសេចក្តីស្លាប់​ដោយថ្នាំ​ពិស​នោះ។

[៧៩] ជនទំាងឡាយណា ពិចារណាឃើញច្បាស់ ថាជាថ្នាំពិស ​ហើយវៀរចេញ ជន​ទាំងឡាយ​នោះ ដល់នូវ​សេចក្តីសុខ​ក្នុងពួកជន​កំពុងក្តៅ​ក្រហាយ ជាអ្នក​ត្រជាក់ចិត្ត ក្នុងពួក​ជនកំពុង​ក្តៅរោលរាល។

[៨០] ថ្នាំពិស តែងប្រជុំចុះទៀបផ្លូវធំ យ៉ាងណាមិញ កាមទាំងឡាយ ​ដូចជាពិស​ តែង​ប្រជុំចុះ​ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ កាមគុណនេះ ជានុយ ជាចំណង ជាអំណាចនៃ​មច្ចុ ​ជាគូហា ជាទីអាស្រ័យ​នៅនៃមច្ចុ។

[៨១] ជនទាំងឡាយ ជាអ្នកក្តៅក្រហាយ លះវៀរនូវ​កាមទំាងនេះ ដែលជា​គ្រឿង​ប្រើប្រាស់ អស់កាល​ទាំងពួង ជនទាំងឡាយ​នោះ ក៏រមែង​កន្លងនូវ​កិលេស ជា​គ្រឿងជាប់​ក្នុង​លោកបាន។

ចប់ គុម្ភិយជាតក ទី៦។

សាលិយជាតក ទី៧

[៨២] (ពោធិសត្វពោលថា) បុរសណា ឲ្យគេចាប់នូវពស់វែក ដោយ​បញ្ឆោតថា កូន​សាលិកា បុរសអ្នក​ប្រៀនប្រដៅ​អាក្រក់នេះ ត្រូវពស់នោះ​ចឹកស្លាប់​ហើយ។

[៨៣] ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គល ប៉ុនែ្ត​មិនបាន​ប្រហារ មិនបាន​សម្លាប់​វិញ ជននោះ ក៏ត្រូវដេកស្លាប់ យ៉ាងនេះ ដូចជាបុរស​ដែលស្លាប់នេះ។

[៨៤] ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គល អ្នកមិនបាន​បៀតបៀន មិនបាន​សម្លាប់​វិញ ជននោះ ក៏ត្រូវដេកស្លាប់ យ៉ាងនេះ ដូចជា​បុរសដែល​ស្លាប់នេះ។

[៨៥] បុរសអ្នកក្តាប់នូវអាចម៍ដី បាចទៅកាន់ទី​ច្រាសខ្យល់ ធុលីនោះ រមែង​វិលមក ប៉ះបុរស​នោះវិញ ដូចជា​បុរសដែល​ស្លាប់នេះ។

[៨៦] បុគ្គលពាលណា ប្រទូស្តចំពោះជន​ដែលមិនបាន​ប្រទូស្ត​តបវិញ ជាបុគ្គល​បរិសុទ្ធ មិនមាន​ទីទួល គឺកិលេស បាបរមែង​វិលត្រឡប់​មករកបុគ្គល​ពាលនោះវិញ ដូចជា​ធុលី​ដ៏ល្អិត ដែលបុគ្គល​បាចទៅកាន់ទី​ច្រាសខ្យល់។

ចប់ សាលិយជាតក ទី៧។

តចសារជាតក ទី៨

[៨៧] (ស្តេចព្រហ្មទត្ត សួរថា) អ្នកទាំងឡាយ នៅក្នុងកណ្តាប់​ដៃសត្រូវ ជាប់​ដោយ​ឃ្នាងឫស្សី តែនៅមាន​សម្បុរមុខ​ស្រស់បស់ ព្រោះហេតុអ្វី ទើបអ្នក​ទំាងឡាយ មិន​សោយសោក។

[៨៨] ពោធិសត្វ ទូលតបថា សេចក្តីចម្រើន សូម្បីមានប្រមាណតិច ក៏គេមិន​ដែលបាន​ ព្រោះសេចក្តី​សោកខ្សឹកខ្សួលទេ ជនជា​សត្រូវទំាងឡាយ ដឹងច្បាស់​នូវបុរសនេះ ដែលកំពុង​សោក ដល់នូវទុក្ខ​ហើយ រមែង​ជាអ្នកមាន​ចិត្តត្រេកអរ។

[៨៩] កាលណា បណ្ឌិត​អ្នកឈ្លាស ក្នុងការវិនិច្ឆ័យ​នូវប្រយោជន៍ មិនញាប់ញ័រ ក្នុង​អន្តរាយ​ទាំងឡាយ កាលនោះ បុគ្គលជា​សត្រូវជាទុក្ខ ព្រោះឃើញ​នូវមុខរបស់​បណ្ឌិត​នោះ មិនប្រែប្រួល នៅដូច​អំពីដើម។

[៩០] បុគ្គលបាននូវប្រយោជន៍ ព្រោះការរាយមន្តក្តី ការប្រឹក្សាក្តី ពោលពាក្យពីរោះ​កី្ត ការឲ្យ​សំណូកក្តី ប្រវេណីក្តី ក្នុងទីណា​យ៉ាងណា ៗ ត្រូវប្រឹងប្រែង​ក្នុងទីនោះ យ៉ាងនោះ ៗ។

[៩១] កាលណាបុគ្គលដឹងថា ប្រយោជន៍នុ៎ះ ទោះបីអញ ឬបុគ្គលដទៃ មិនគប្បីបាន​ បណ្ឌិត​មិនសោកស្តាយ ត្រូវអត់ធន់ ដោយគិតថា កម្មមានកំឡាំងមាំ ឥឡូវនេះ អាត្មាអញ​នឹងធ្វើ​ដូចមេ្តច។

ចប់ តចសារជាតក ទី៨។

មិត្តវិន្ទុកជាតក ទី៩

[៩២] (មិត្តវិន្ទុកៈ ពោលថា) ខ្ញុំបានធ្វើអំពើដូចមេ្តច ដល់ពួកទេវតា ខ្ញុំបាន​ធ្វើបាប​ដូច​ម្តេច ទើបចក្រ​សង្កត់​លើក្បាល វិលកិន​អំបែងក្បាល​របស់ខ្ញុំ ដោយ​បាបណា (បាបនោះ ដូចមេ្តច​ខ្លះ)។

[៩៣] (ទេវបុត្រពោធិសត្វ ពោលថា) អ្នកឯងកន្លង​ផុតនូវប្រាសាទ​កែវផលិក ប្រាសាទប្រាក់ ប្រាសាទកែវមណី ប្រាសាទមាស ហើយមក​ក្នុងទីនេះ ដោយ​ហេតុអ្វី។

[៩៤] (មិត្តវិន្ទុកៈ ពោលថា) អ្នកចូរមើលខ្ញុំ​ដល់នូវសេចក្តីវិនាស ដោយសេចក្តី​សំគាល់​នេះថា ភោគៈ​ទាំងឡាយ​ច្រើនជាងភោគៈ​ទាំងឡាយក្នុងទីនេះ ប្រហែលជា​នឹងមាន​ក្នុង​ទីនោះ។

[៩៥] (ពោធិសត្វពោលថា អ្នកចេញ) អំពីវេមានិកប្រេត ៤ នាក់ទៅ ក៏បាន​នូវ​វេមានិកប្រេត ៨ នាក់ (ចេញ) អំពីវេមានិកប្រេត ៨ នាក់ទៅ ក៏បាន​នូវវេមានិកប្រេត ១៦ នាក់ (ចេញ) អំពីវេមានិកប្រេត ១៦ នាក់ទៅ ក៏បាន​នូវវេមានិកប្រេត ៣២ នាក់ អ្នក​កាល​ប្រាថ្នា​ខ្លាំងពេក ទើបមក​ប្រទះនឹងចក្រ ចំណែកខាង​ចក្រ ក៏​វិលកិនអម្បែងក្បាល​របស់​សត្វ ដែលត្រូវ​សេចក្តី​ច្រណែន​បៀតបៀន។

[៩៦] តណ្ហា ជាធម្មជាតិដ៏ទូលាយក្នុងខាងលើ ដែលសត្វ​បំពេញបាន​ដោយក្រ ជាដំណើរ​ដ៏រវះរវាម ដោយអំណាច​នៃសេចក្តី​ប្រាថ្នា ពួកជន​ណាជាប់​ចំពាក់​ដោយ​តណ្ហា​នោះ ពួកជននោះ រមែង​ទ្រទ្រង់នូវចក្រ។

ចប់ មិត្តវិន្ទុកជាតក ទី៩។

បលាសជាតក ទី១០

[៩៧] (ព្រះសម្មាសម្ពុទ្ធ សំដែងថា) សេ្តចហង្ស បាន​និយាយនឹង​បលាសទេវតា (ថា) មា្នល​សំឡាញ់ ដើមជ្រៃដុះ ដើមជ្រៃនោះ ដូចសត្រូវ​អង្គុយលើ​ភ្លៅរបស់អ្នក នឹង​កាត់​បង់​នូវជីវិត​សង្ខារ​របស់អ្នក។

[៩៨] (បលាសទេវតា និយាយថា) ខ្ញុំជាទីពឹង​របស់ដើមជ្រៃនុ៎ះ ដូចជា​មាតាបិតា ដើមជ្រៃនុ៎ះ​នឹងជាទីពឹង (របស់ខ្ញុំ) ក្នុងកាល​ដែលវា​ចំរើនឡើង យ៉ាងនោះ​ដែរ។

[៩៩] (ស្តេចហង្ស និយាយថា) អ្នកបណ្តុះនូវ​ឈើមានជ័រ ដូចទឹកដោះ ​ជ្រៃដែល​គួរខ្លាច ដូចសត្រូវ​នៅលើភ្លៅ ដោយហេតុណា ហេតុនោះ ទើបយើង​ប្រាប់អ្នក​ហើយនឹងទៅ ការចំរើន​ឡើងនៃដើមជ្រៃ​នោះ មិនពេញចិត្ត (ខ្ញុំ) ទេ។

[១០០] (បលាសទេវតា និយាយថា) ឥឡូវនេះ ដើមជ្រៃញុំាង​អញឲ្យភ័យ ភ័យ​ដ៏ធំមក​ដល់អញ ព្រោះមិនយល់​ពាក្យនៃស្តេចហង្ស ជាពាក្យដូច​ជាភ្នំសិនេរុ​ដ៏ធំ។

[១០១] (ព្រះសម្មាសម្ពុទ្ធ សំដែងថា) អន្តរាយណា កាលចំរើន​ឡើង រមែង​បំផ្លាញ​នូវទីពឹង សេចក្តីចំរើន​នៃអន្តរាយនោះ ជនអ្នក​ឈ្លាសវៃ មិនសរសើរ​ឡើយ អ្នកប្រាជ្ញ​កាលរង្កៀស​នឹងសេចក្តី​វិនាស រមែង​ព្យាយាម ដើម្បីសម្លាប់​នូវមូលហេតុ នៃ​សេចក្តី​អន្តរាយ​នោះ។

ចប់ បលាសជាតក ទី១០។

ចប់ វណ្ណារោហវគ្គ ទី២។

អឌ្ឍវគ្គ ទី៣

ទីឃីតិកោសលជាតក ទី១

[១០២] (ទីឃាវុកុមារ ពោលថា) បពិត្រ​ព្រះរាជា ព្រះអង្គ​ធ្លាក់មកក្នុងអំណាច​របស់ខ្ញុំ យ៉ាងនេះ បរិយាយណា ញុំាងព្រះអង្គ​ឲ្យរួចចាកទុក្ខ បរិយាយណា​មួយនោះ មានដែរឬ។

[១០៣] (ព្រះរាជា ពោលថា) ម្នាលអ្នក ខ្ញុំធ្លាក់មកក្នុង​អំណាច​របស់អ្នក ប្រាកដ​យ៉ាង​នេះ បរិយាយណា ញុំាងខ្ញុំ​ឲ្យរួចចាកទុក្ខ បរិយាយ​ណាមួយនោះ របស់យើង​មិនមាន​ទេ។

[១០៤] (ទីឃាវុកុមារ ពោលថា) បពិត្រ​ព្រះរាជា គុណជាតដទៃ​អំពីសុចរិត ទីពឹង​មិនបាន​​ទេ បពិត្រ​ព្រះរាជា គុណជាត​ដទៃអំពី​សុភាសិត ទីពឹង​មិនបាន​ទេ ទ្រព្យ​ក្រៅ​ពីនេះ ក៏យ៉ាង​នោះដែរ។

[១០៥] បុគ្គលទាំងឡាយណា ចងនូវពៀរនោះ (ដោយគិតថា) អ្នកឯណោះ បាន​ជេរ​អញ បាន​វាយអញ បាន​ផ្ចាញ់អញ បាន​លួចយក (ទ្រព្យ) របស់អញ ពៀររបស់​បុគ្គល​ទាំងឡាយ​នោះ រមែង​មិនរម្ងាប់ទេ លុះតែបុគ្គល​ទាំងឡាយ​ណា មិនចង​នូវ​ពៀរ​នោះ (ដោយគិតថា) អ្នកឯណោះ បាន​ជេរអញ បាន​វាយអញ បាន​ផ្ចាញ់អញ បាន​លួចយក (ទ្រព្យ) របស់អញ ពៀររបស់បុគ្គល​ទាំងឡាយនោះ ទើប​រម្ងាប់បាន។

[១០៦] តំាងពីកាលណាមក ពៀរទាំងឡាយ​ក្នុងលោកនេះ រមែង​មិនរម្ងាប់ដោយ​ពៀរទេ ពៀរទាំងឡាយ រមែង​រម្ងាប់បាន​ដោយមិនមាន​ពៀរ នេះជា​បុរាណធម៌។

ចប់ ទីឃីតិកោសលជាតក ទី១។

មិគបោតកជាតក ទី២

[១០៧] (ព្រះឥន្រ្ទពោលថា) លោកចេញចាកផ្ទះ ជាបុគ្គលមិន​មានផ្ទះ ជាសមណៈ លោកសោក​ស្តាយចំពោះសត្វ​ដែលទៅកាន់​លោកខាងមុខណា សេចក្តី​សោកស្តាយ​នោះ មិន​ប្រពៃទេ។

[១០៨] (តាបស តបថា) បពិត្រសក្កៈ សេចក្តីស្រឡាញ់ រមែង​កើតឡើង​ក្នុង​ហឫទ័យ ដោយការ​នៅរួមរបស់​មនុស្ស ឬរបស់ម្រឹគ ខ្ញុំមិនអាច​មិនសោយសោក​នឹង​ម្រឹគនោះ​បាន​ទេ។

[១០៩] (សក្កទេវរាជ ពោលថា) ពួកជនណា យំនឹងបុគ្គល​ដែលស្លាប់ទៅ​ហើយ ឬនឹង​ស្លាប់ បុគ្គលនោះ រមែង​យំ រមែង​រវើរវាយ (ឥតឈប់) បពិត្រឥសី ព្រោះហេតុនោះ លោកកុំ​យំឡើយ ព្រោះថា ពួកសប្បុរស បាន​ពោលនូវការយំ ថាជាការឥតអំពើ។

[១១០] បពិត្រព្រហ្ម ប្រសិនបើបុគ្គលដែលស្លាប់​ លះលោកនេះទៅ​ហើយ គប្បី​ក្រោក​ឡើងបាន​ ដោយការយំ យើងទាំងអស់ ចូរប្រជុំគ្នាយំនឹងពួកញាតិ​នៃគ្នានឹងគ្នា។

[១១១] (តាបស ពោលថា) អ្នកបាន​ស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តីសោក​កំពុង​ឆេះ ឲ្យស្ងប់រម្ងាប់ ញុំាសេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យរលត់ ដូចបុគ្គល​ស្រោច​នូវភ្លើង​ដែលឆេះ​ឆ្នាំងខ្លាញ់​ដោយទឹក សរ គឺសេចក្តី​សោកណា ដែល​អាស្រ័យក្នុង​ហឫទ័យ សរ គឺ​សេចក្តី​សោកនោះ ខ្ញុំបាន​ដកចេញ​ហើយ អ្នកណា​បាន​បន្ទោបង់សេចក្តី​សោក ព្រោះបុត្ត​ដល់ខ្ញុំ ដែលត្រូវ​សេចក្ដី​សោកបៀតបៀន ​ខ្ញុំ​នោះ ជាអ្នកមាន​សរ គឺ​សេចក្តី​​សោកដកចេញ​ហើយ ជាអ្នកប្រាសចាក​សេចក្តីសោក មានចិត្ត​មិនល្អក់ មា្នលវាសវៈ ខ្ញុំលែង​សោកស្តាយ លែង​យំទួញ ព្រោះបាន​ស្តាប់​ពាក្យរបស់​អ្នក (នោះ)។

ចប់ មិគបោតកជាតក ទី២។

មូសិកជាតក ទី៣

[១១២] (ព្រះរាជាពោលថា) អ្នកផងនិយាយរវើរវាយថា នាង​មូសិកាទាសី​ទៅ​ឯណា ទៅក្នុង​ទីណា អញតែមា្នក់​ឯងដឹងថា នាង​មូសិកាទាសី ត្រូវគេសម្លាប់ (ទម្លាក់ទៅ) ក្នុងស្រះ។

[១១៣] (ព្រះរាជា ពោលថា) អ្នកគិតរកនូវឱកាស​នៃការប្រហារ​ដូច្នេះ បែរងីកងាក ដូច​សត្វលា ព្រោះហេតុ​ណា ហេតុនោះ អ្នកសម្លាប់​នូវនាង​មូសិកាទាសី (ទម្លាក់ទៅ) ក្នុងស្រះ ប្រាថា្ន​ដើម្បីស៊ី​នូវបាយ​ដំណើបឬ។

[១១៤] (ព្រះរាជា ពោលតទៅទៀតថា) មា្នលអ្នកឥតប្រាជ្ញា អ្នកជា​បុគ្គលនៅ​ក្មេងតូច តំាងនៅ​ក្នុងបឋមវ័យ កាន់យក​នូវគ្រឿង​ប្រហារ មានដង​ដ៏វែងនេះ យើងមិន​ឲ្យ​ជីវិត​ដល់​អ្នក​ទេ។

[១១៥] (ព្រះរាជា ពោលគាថាដ៏ពិសេសថា) អញមិនមែនរួច (អំពីសេចក្តីស្លាប់) ព្រោះ​វិមាន​លើអាកាស ឬព្រោះបុត្រ​ប្រាកដស្មើ​ដោយអវយវៈ​បាន​ទេ ព្រោះថា​អញត្រូវ​កូនប្រាថា្ន (នឹងសម្លាប់) បាន​រួចខ្លួន ព្រោះគាថា​ទាំងឡាយ។

[១១៦] បុគ្គលគប្បីសិក្សានូវសុតៈទាំងពួង ទោះបី​ថោកទាប ឧក្រិដ្ឋ ឬយ៉ាង​កណ្តាល គប្បីដឹង​នូវប្រយោជន៍​នៃសុតៈ​ទាំងអស់ តែមិនគប្បី​ប្រកបនូវ​សុតៈទាំង​អស់ទេ សុតៈ​នាំមក​នូវ​ប្រយោជន៍​ក្នុងកាលណា កាលប្រាកដ​ដូច្នោះ រមែង​មានប្រាកដ។

ចប់ មូសិកជាតក ទី៣។

ចុល្លធនុគ្គហជាតក ទី៤

[១១៧] (ស្រ្តីនោះនិយាយថា) មា្នលព្រាហ្មណ៍ អ្នកនាំយក​ទ្រព្យទាំងអស់ ឆ្លងទៅកាន់​ត្រើយនាយ ម្នាលអ្នក​ដ៏ចំរើន អ្នកចូរត្រឡប់​មកវិញយ៉ាង​ឆាប់រួសរាន់ សូមអ្នក​ចម្លងខ្ញុំ​ឥឡូវ​នេះផង។

[១១៨] (ចោរនិយាយថា) នាងផ្លាស់ប្តូរយកអញ អ្នកមិនស្និទស្នាល ដោយប្តី​ដែល​ស្និទស្នាល​អស់កាល​យូរ ផ្លាស់ប្តូរ​យកអញដែល​មិនមែនជា​ប្តីទៀងទាត់ ដោយ​ប្តីទៀង​ទាត់ នាងនឹង​ផ្លាស់ប្តូរ​យកប្រុស​ឯទៀតនឹង​អញមិនខាន អញនឹង​ទៅកាន់​ទី​ឆ្ងាយជាង​ទីនេះ។

[១១៩] (ចចក និយាយថា) ស្រ្តីនេះជាអ្វី ទើបធ្វើនូវ​សំណើចយ៉ាង​ខ្លាំងទៀប​គុម្ពរៃទឹក ការរាំក្តី ច្រៀងក្តី ប្រគំក្តី ដែលគេតាំង​ទុកដោយល្អ​ក្នុងទីនេះ មិនមានទេ ម្នាលស្ត្រី មាន​ទ្រគាកល្អ មានរូបល្អ ហេតុដូចម្តេច ទើបនាង​សើចក្អាកក្អាយ​ក្នុងកាល​គួរយំ។

[១២០] (នាងនោះ និយាយថា) ម្នាលចចកជម្ពុកៈ​ពាលឥតប្រាជ្ញា ឯងជាសត្វគ្មាន​ប្រាជ្ញា ឯងសាបសូន្យ​ចាកត្រី និងដុំសាច់ សព្ជាប់​សញ្ជឹងដូច​សត្វកំព្រា។

[១២១] (ចចក និយាយថា) ទោសរបស់ជនទាំងឡាយ​ឯទៀត ឃើញបាន​ដោយ​ងាយ ចំណែក​ខាងទោស​របស់ខ្លួន ឃើញបាន​ដោយក្រណាស់ នាងឯង​ជាស្រ្តី​សាបសូន្យ​ចាកប្តី និង​សហាយ សព្ជាប់​សញ្ជឹង​ជាងអញទៅទៀត។

[១២២] (នាងនោះ និយាយថា) មា្នលសេ្តចម្រឹគ​ជម្ពុកៈ អ្នកនិយាយ​យ៉ាងណា ពាក្យនុ៎ះ យ៉ាងហឹ្នង​ហើយ ខ្ញុំនោះ​ទៅអំពីទីនេះ នឹងលុះ​អំណាចប្តី​ដោយពិត។

[១២៣] (សក្កទេវរាជ ពោលថា) អ្នកណាហ៊ានលួច​ភាជន៍ដី អ្នកនោះ គង់ហ៊ាន​លួច​ភាជន៍​សម្រិទ្ធិទៀត បាបដែល​នាងបាន​ធ្វើរួច​ហើយ នាងនឹងធ្វើ​យ៉ាងនេះទៀត​មិន​លែង​ឡើយ។

ចប់ ចុល្លធនុគ្គហជាតក ទី៤។

កបោតកជាតក ទី៥

[១២៤] (ក្អែក និយាយថា) ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមាន​សត្រូវ ដូច​បន្លា (ព្រោះ) ព្រាបហើរ​ចេញទៅ​ហើយ ឥឡូវនេះ អញនឹងធ្វើ​នូវសេចក្តី​ត្រេកអរ​នៃចិត្ត ព្រោះ​ថា​សាច់ និងអន្លក់ រមែង​ញុំាងអញ​ឲ្យមានកំឡាំង។

[១២៥] (ព្រាប និយាយចំអកថា) នេះជាកុកអ្វី ជាសត្វមាន​កំប៉ោយ ជាចោរ មានពពក​ជាជីតា នែនាងកុក នាងចូរមក​ខាងអាយ ក្អែកជា​សម្លាញ់របស់​ខ្ញុំ កាច។

[១២៦] (ក្អែក និយាយថា) អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវ​សេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវ​កូនអ្នកគ្រួ ដកស្លាប​ប្រឡាក់ដោយ​ម្សៅម៉ត់។

[១២៧] (ព្រាបនិយាយថា) អ្នកមានខ្លួនងូតស្អាត ស្រលាប​ដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមាន​កែវពៃទូរ្យ​ឰដ៏ក នឹងទៅកាន់​នគរកជង្គលៈឬ។

[១២៨] (ក្អែក និយាយថា) សត្វជាមិត្ត ឬជាសត្រូវ​របស់អ្នក កុំទៅកាន់​នគរ​កជង្គលៈ​ឡើយ ពួកជន​ក្នុងនគរនោះ បាន​បោចរោម​ហើយចង​ប្រឡៅត្រង់ក។

[១២៩] (ព្រាប និយាយថា) ម្នាលសម្លាញ់ អ្នកនឹងដល់នូវ​អំពើយ៉ាង​នេះទៀត ព្រោះ​មារយាទ​របស់អ្នក​តែយ៉ាងហ្នឹង ភោគៈ​ទាំងឡាយ​របស់មនុស្ស មិនមែន​សត្វស្លាប​បរិភោគ​បានទេ។

ចប់ កបោតកជាតក ទី៥។

ចប់ អឌ្ឍវគ្គ ទី៣។

ឧទ្ទាននៃជាតកនោះគឺ

និយាយអំពីវណ្ណារោហជាតក ១ សីលវិមំសជាតក ១ ហិរិជាតក ១ ខជោ្ជបនកជាតក ដែល​បុគ្គលបាន​ប្រយោជន៍ ១ ស្វាមានមុខល្អ ១ (គុម្ភិយជាតក ១) សាលិយជាតក ១ មិត្តដ៏​ប្រសើរ ១ ចក្ក ១ បលាសជាតក ១ ព្រះរាជកុមារ (ព្រះនាមទីឃិតិ) ១ មិគបោតកជាតក ១ បាយដំណើប ១ ចចកពាល ១ កបោតកជាតក ១ រួមជា ១៥ ជាតក។

ឧទ្ទានវគ្គ មានក្នុងបព្ចាកនិបាតនោះគឺ

អំពីមណិកុណ្ឌលវគ្គ (និយាយអំពីបុគ្គលសាបសូន្យចាក​ដែនជាដើម) វណ្ណារោហវគ្គ អំពីវគ្គ​ខាងលើ មិនស្មើគ្នា វគ្គទំាងឡាយ ២០ ដែល​ព្រះសុគត​សំដែងទុកល្អ​ហើយ ហៅថា ជាតក ព្រះសង្គីតិកាចារ្យ បាន​សំដែងនូវ​ភាពនៃ​ព្រហ្មចរិយធម៌​ដ៏ប្រសើរ របស់ព្រះគាថា​ទាំងឡាយ មានអត្ថ ព្រមទាំង​ព្យព្ជានៈ (បរិបូណ៌)។

ចប់ បញ្ចកនិបាត។

ឆក្កនិបាតជាតក

អាវារិយវគ្គ ទី១

អាវារិយជាតក ទី១

[១៣០] (ព្រះពោធិសត្វ ទូន្មានថា) បពិត្រ​ម្ចាស់ផែនដី សូមព្រះអង្គ​កុំខ្ញាល់ បពិត្រ​ព្រះអង្គ​ប្រសើរលើរថ សូមព្រះអង្គ​កុំខ្ញាល់ ព្រះរាជា​កាលមិន​ខ្ញាល់តប​ចំពោះបុគ្គល​ដែល​ខឹង រាស្រ្តតែង​បូជា អាត្មារមែង​ប្រៀនប្រដៅ​មនុស្សក្នុង​ទីទាំងពួង គឺក្នុងស្រុក ឬក្នុងព្រៃ ទីទាប ឬទីទួល បពិត្រ​ព្រះអង្គ​ប្រសើរលើរថ សូមព្រះអង្គ​កុំខ្ញាល់។

[១៣១] (ព្រះសាស្តា ត្រាស់ថា) នាយទូក​ក្នុងទន្លេគង្គា ឈ្មោះ​អាវារិយបិតា តែង​ចម្លង​នូវជនមុន ​ហើយទើប​សុំយកនូវ​ថ្លៃឈ្នួល​ក្នុងកាលខាងក្រោយ ហេតុនោះ ការឈ្លោះ​ប្រកែក ក៏រមែង​មានដល់​គាត់ គាត់ក៏​មិនចម្រើន​ដោយ​ភោគសម្បត្តិ​ទាំងឡាយ។

[១៣២] (តាបសពោធិសត្វ ទូន្មានថា) ម្នាលនាយទូក ចូរអ្នកសុំ​យកថ្លៃ​ចំពោះ​មនុស្ស ដែលមិន​ទាន់ឆ្លងទៅ​កាន់ត្រើយ​នាយ​ឲ្យ​ហើយសិន ព្រោះថា​ចិត្តមនុស្ស​ដែលឆ្លង​ហើយ​ផ្សេង ចិត្តរបស់​មនុស្សអ្នក​ស្វែងរកត្រើយ (ត្រូវការឆ្លង) ផ្សេង។

[១៣៣] អាត្មាតែងប្រៀនប្រដៅមនុស្ស​ក្នុងទីទាំងពួង គឺក្នុងស្រុក ឬក្នុងព្រៃ ទីទាប ឬទីទួល ម្នាល​នាយទូក ចូរអ្នក​កុំខឹង។

[១៣៤] (ព្រះសាស្តា ត្រាស់ថា) ព្រះរាជា បានប្រទាន​ស្រុកសួយ​ ដោយពាក្យ​ប្រៀន​ប្រដៅ​ណា នាយទូក​ក៏ទះមាត់ (ឥសី) ដោយពាក្យ​ប្រៀនប្រដៅ​នោះដែរ។

[១៣៥] ភាជន៍បាយក៏បែក ភរិយាក៏ត្រូវ​ខ្លួនប្រហារ គភ៌របស់​ភរិយាក៏ធា្លក់ចុះ​ទៅលើ​ផែនដី មនុស្សពាល​មិនញុំា​ប្រយោជន៍​ឲ្យចំរើន​ដោយឱវាទនោះ ដូចជាម្រឹគ​មិនចម្រើន​ដោយ​មាសប្រាក់។

ចប់ អាវារិយជាតក ទី១។

សេតកេតុជាតក ទី២

[១៣៦] (អាចារ្យទិសាបាមោក្ខ ទូន្មានសេតកេតុព្រាហ្មណ៍ថា) ម្នាលអ្នក ចូរអ្នក​កុំខឹង ព្រោះថា​ការខឹង ជាការមិន​ល្អទេ អ្នកមិន​ដែលឃើញ មិនដែលឮ នូវទិស​ជា​ច្រើនទេ ម្នាល​អ្នក​ឈ្មោះ​សេតកេតុ មាតាបិតា ទុកជាទិស (ខាងដើម អ្នកប្រាជ្ញ​ទាំងឡាយ) ពោលថា អាចារ្យទុកជា (ទិសខាងស្តំា) ប្រសើរជាង​ទិសទំាងឡាយ។

[១៣៧] ពួកជនជាគ្រហស្ថ ជាអ្នកឲ្យបាយ ទឹក និងសំពត់ ជាអ្នកហៅរក (នូវអ្នក​ទទួល​ទាន) ណា អ្នកប្រាជ្ញ​ទាំងឡាយ មានព្រះពុទ្ធ​ជាដើម ពោលនូវ​បុគ្គលនោះ​ថា ជាទិស (ខាងលើ) មា្នល​សេតកេតុ បុគ្គលមាន​ទុក្ខ ត្រឡប់ជាបាន​សេចក្តីសុខ​វិញ​ព្រោះដល់​នូវទិស (និព្វាន) ណា ទិសនុ៎ះ ជាទិស​ដ៏ប្រសើរ។

[១៣៨] (ព្រះរាជា សួរបុរោហិតថា) ជដិលទាំងឡាយណា ទ្រទ្រង់ស្បែក​ខ្លាឃ្មុំទាំង​ក្រចក មានធេ្មញ​ប្រកបដោយ​មន្ទិល មានសភាព​ដ៏សៅហ្មង តែង​ស្វាធ្យាយ​នូវ​មន្ត​ទាំង​ឡាយ ជដិល​ទាំងនោះ (ឋិតនៅ) ក្នុងសេចក្តី​ព្យាយាម​ជារបស់​មនុស្ស ដឹង​ច្បាស់នូវ​លោក​នេះ បាន​រួចចាក​អបាយឬទេ។

[១៣៩] (បុរោហិត ទូលតបថា) បពិត្រ​ព្រះរាជា បុគ្គលជា​ពហុស្សូត ធ្វើបាបកម្មទាំង​ឡាយ មិនប្រព្រឹត្តធម៌ សូម្បីចេះ​ដឹងច្រើន ​ហើយអាស្រ័យ​ការចេះដឹង​នោះ មិនបាន​ដល់​នូវ​ការ​ប្រព្រឹត្តិ ក៏រមែង​មិនបាន​រួចចាកទុក្ខឡើយ។

[១៤០] (ព្រះរាជា ពោលថា) បុគ្គលអ្នកចេះច្រើន អាស្រ័យនូវ​ការចេះដឹង​នោះ តែមិន​បាន​ដល់នូវ​ការ​ប្រព្រឹត្តិ ក៏រមែង​មិនរួច​ចាកទុក្ខ ខ្ញុំសំគាល់ថា ការចេះដឹង មិនមានផល​ទេ ការប្រព្រឹត្តិ ព្រមទាំង​ការសង្រួម​ទៀងទាត់ ទើបមាន​ផល។

[១៤១] (បុរោហិតទូលថា) ការចេះដឹង មិនមែនឥតផលទេ ការប្រព្រឹត្តិ ព្រម​ទាំង​ការសង្រួម​នោះឯង ក៏មិន​ទៀងទាត់​ដែរ បុគ្គលដល់​នូវកិត្តិសព្ទ ព្រោះ​អាស្រ័យ​ការ​ចេះដឹង បុគ្គល​មានខ្លួន​ទូន្មានបាន​ហើយ ដល់នូវ​ព្រះនិព្វាន ព្រោះការ​ប្រព្រឹត្តិ។

ចប់ សេតកេតុជាតក ទី ២។

ទរីមុខជាតក ទី៣

[១៤២] (ព្រះបចេ្ចកពុទ្ធទរីមុខ ឲ្យឱវាទដល់ព្រះរាជាព្រហ្មទត្តថា) កាមទាំងឡាយ ដូច​ភក់​ផង កាមទាំងឡាយ ដូចគ្រឿង​ស្អិតផង នេះជា​ភ័យមាន​ឫសគល់ ៣ យ៉ាង ដែល​ព្រះសម្ពុទ្ធ​ពោលទុក​ហើយ កាម​ទាំងឡាយ ដូចធូលីផង ដូចផ្សែងផង ដែល​អាត្មា​ប្រកាស​ហើយ បពិត្រ​ព្រះរាជា​ព្រហ្មទត្ត សូមព្រះអង្គ​លះបង់ (កាមទាំងនោះ) ​ហើយ​បួសចុះ។

[១៤៣] (ព្រះរាជាព្រហ្មទត្ត ពោលថា) បពិត្រ​ព្រាហ្មណ៍ ខ្ញុំជាអ្នក​ជាប់ចំពាក់ ត្រេកអរ​ជ្រុល​ជ្រប់ក្នុង​កាម​ទាំងឡាយ ជាអ្នកត្រូវ​ការដោយ​ជីវិត មិនអាច​ដើម្បី​លះនូវកាម មាន​សភាព​គួរខ្លាច​នោះបាន​ទេ ខ្ញុំនឹងធ្វើ​បុណ្យទាំង​ឡាយច្រើន។

[១៤៤] (ព្រះបចេ្ចកពុទ្ធ ពោលថា) បុគ្គលណា កាលគេប្រាថ្នា​សេចក្តីចំរើន អនុគ្រោះ​ដោយ​ប្រយោជន៍ ប្រៀនប្រដៅ តែមិនធ្វើ​តាមពាក្យ​ប្រៀនប្រដៅ សំគាល់ថា នេះឯង​ប្រសើរ ជា​មនុស្ស​ល្ងង់ខ្លៅ រមែង​ចូលទៅ​កាន់គភ៌​ញយ ៗ។

[១៤៥] បុគ្គលល្ងង់ខ្លៅនោះ រមែងចូលទៅកាន់នរក មានសភាព​ដ៏ពន្លឹក ជាទីមិន​ស្អាត​ដល់ពួក​កុលបុត្ត​អ្នកស្អាត ពេញ​ដោយមូត្រ និងករីស សត្វទាំង​ឡាយណា ជាអ្នកមិន​ទាន់​ប្រាស​ចាករាគៈ ជាប់ចំពាក់​ក្នុងកាម​ទាំងឡាយ សត្វទាំង​ឡាយនោះ រមែង​មិនលះបង់នូវ​សកាយៈ (ការនៅ​ក្នុងគភ៌)។

[១៤៦] សត្វទាំងឡាយ ប្រសូត (ចាកគភ៌នៃមាតា) រមែង​ជាប់ដោយ​លាមក ប្រឡាក់​ដោយ​ឈាម ជាប់ដោយ​រំអិល ប៉ះពាល់​នូវទ្វារជា​ទីប្រសូតណា ៗ ដោយកាយ ក្នុង​ខណៈ​នោះ ទ្វារទាំង​អស់នោះ ជារបស់​មិនស្អាត សុទ្ធតែ​ជាទុក្ខ​ទាំងអស់។

[១៤៧] អាត្មាឃើញទើបពោល មិនមែនស្តាប់អំពីបុគ្គល​ដទៃទេ អាត្មារលឹក​ឃើញ នូវ​បុព្វេនិវាស​ច្រើន។ (ព្រះសម្មាសម្ពុទ្ធ ត្រាស់ថា) ព្រះបចេ្ចកពុទ្ធ ព្រះនាមទរីមុខៈ ពន្យល់​សេ្តច​ព្រហ្មទត្ត មានប្រាជ្ញាល្អ ដោយគាថា​ទាំងឡាយ​ដ៏វិចិត្រ​ដែលសំដែង​ហើយដោយល្អ។

ចប់ ទរីមុខជាតក ទី ៣។

នេរុជាតក ទី៤

[១៤៨] (សុវណ្ណហង្សជាប្អូន និយាយថា) ហ្វូងក្អែកព្រៃ ក្អែកស្រុក និងយើង ជាសត្វ​ប្រសើរ​ជាងពួក​សត្វស្លាប មកដល់​ភ្នំនេះ មានសម្បុរ​ប្រហែលគា្ន​ទាំងអស់។

[១៤៩] ពួកសីហៈ ខ្លាធំ សត្វសា្លប ម្រឹគថោកទាប​ក្នុងទីនេះ មានសម្បុរ​ប្រហែលគ្នា​ទាំងអស់ តើភ្នំនេះ ឈ្មោះអ្វី។

[១៥០] (សុវណ្ណហង្សពោធិសត្វ ពោលថា) មនុស្សទាំងឡាយ ដឹងថាភ្នំ​ដ៏ឧត្តមនេះ​ឈ្មោះនេរុ សព្វសត្វ​ទាំងឡាយ​នៅក្នុង​ទីនេះ ជាសត្វ​បរិបូណ៌​ដោយពណ៌​សម្បុរ។

[១៥១] (សុវណ្ណហង្សជាប្អូន ពោលថា) ការមិនរាប់អាន ឬការមើលងាយ​នូវពួក​សប្បុរស ឬក៏ការ​រាប់អាន​បុគ្គល​ថោកទាប មានក្នុង​ទីណា បុគ្គល​មិនគប្បី​នៅក្នុង​ទីនោះទេ។

[១៥២] មនុស្សខ្ជិល និងមនុស្សឧស្សាហ៍ មនុស្សក្លៀវក្លា និងមនុស្សខ្លាច គេបូជា​ស្មើគ្មា ក្នុង​ទីណា សប្បុរស​ទាំងឡាយ រមែង​មិននៅ​ក្នុងទីនោះ ជាភ្នំមិន​ធ្វើឲ្យ​ប្លែក​បាន​។

[១៥៣] ភ្នំនេរុនេះ មិនចែកនូវសត្វឲ្យថោកទាប ឲ្យខ្ពង់ខ្ពស់ ឲ្យជាកណ្តាល ភ្នំនេរុ​មិន​ធ្វើ​ឲ្យប្លែកគ្នា​បាន​ បើដូច្នោះ យើង​ទាំងឡាយ លះបង់នូវ​ភ្នំនេរុចោល។

ចប់ នេរុជាតក ទី៤។

អាសង្កជាតក ទី៥

[១៥៤] (នាងអាសង្កាកុមារិកា ពោលថា) វល្លិឈ្មោះអាសាវតី កើតក្នុង​ឧទ្យាន​ឈ្មោះចិត្តលតាវ័ន វល្លិនោះ ក្នុងមួយពាន់ឆ្នាំ ទើបកើតផ្លែ ១។

[១៥៥] ទោះបើផ្លែមាននៅក្នុងទីឆ្ងាយដល់ម្ល៉ោះ ពួកទេវតា​នៅតែចូល​ទៅរកវល្លិនោះ បពិត្រ​ព្រះរាជា សូមព្រះអង្គ​ប្រាថ្នាចុះ សេចក្តី​ប្រាថ្នារមែង​មានផល នាំមកនូវ​សេចក្តី​សុខ។

[១៥៦] អំបាលសត្វស្លាបនោះ (កុក) នៅប្រាថ្នាបាន​ អំបាលសត្វ​មានកំណើតពីរ គង់​ប្រាថ្នាបាន​ ថ្វីបើទន្លេ​មាននៅ​ក្នុងទីឆ្ងាយ សេចក្តីប្រាថ្នា​របស់កុកនោះ គង់​សម្រេច​មិនខាន បពិត្រ​ព្រះរាជា សូមព្រះអង្គ​ប្រាថ្នាចុះ សេចក្តី​ប្រាថ្នារមែង​មានផល​ជាសុខ។

[១៥៧] (ព្រះរាជាព្រហ្មទត្ត ពោលថា) នាងបានញុំាងខ្ញុំ​ឲ្យឆ្អែតដោយវាចា មិនឆ្អែត​ដោយ​​ការងារ ដូចជា​ផ្កាកម្រង​នៃឈើសោរេយ្យកៈ មានតែពណ៌ មិនមានក្លិន។

[១៥៨] បុគ្គលណា មិនឲ្យ មិនលះបង់ភោគៈ គ្រាន់តែធ្វើ​នូវវាចា​ដ៏ពីរោះ ជាវាចា​ឥត​ផល ចំពោះមិត្ត​ទាំងឡាយ តំណ (នៃសេចក្តី​ស្និទ្នសាល) របស់​បុគ្គលនោះ រមែង​សាបសូន្យ​ទៅ ដោយហេតុ​នោះឯង។

[១៥៩] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គប្បីនិយាយ​នូវអំពើនោះ មិនធ្វើ​នូវអំពើ​ណា មិន​គប្បីនិយាយ​នូវអំពើនោះ បណ្ឌិត​ទាំងឡាយ រមែង​កំណត់​ដឹងនូវ​បុគ្គលអ្នក​មិនធ្វើ គ្រាន់​តែ​​និយាយ។

[១៦០] ពលរបស់ខ្ញុំអស់ហើយ ទាំងស្បៀងអាហារក៏មិនមាន ខ្ញុំរង្កៀស​ចំពោះ​ការ​វិនាស​​នៃជីវិត បើដូច្នោះ ខ្ញុំនឹងទៅ​ឥឡូវនេះ។

[១៦១] (នាងអាសង្កា ទូលថា) បពិត្រព្រះអង្គ ទ្រង់ប្រសើរលើរថ ពាក្យណា​ដែល​មាន​ក្នុង​ឈ្មោះ ពាក្យនុ៎ះឯង ជាឈ្មោះ​របស់ខ្ញុំព្រះអង្គ​ បពិត្រ​មហារាជ សូមព្រះអង្គ​រង់ចាំ​ចុះ ខ្ញុំព្រះអង្គ​នឹងអញ្ជើញ​បិតាសិន។

ចប់ អាសង្កជាតក ទី ៥។

មិគលោបជាតក ទី៦

[១៦២] (ត្មាតពោធិសត្វ និយាយនឹងកូនថា) ម្នាលមិគលោបៈ ដំណើររបស់​អ្នកប្រាកដ​ដូច្នោះ មិនពេញ​ចិត្តអញទេ ម្នាលកូន ដ្បិតអ្នក​ហើរទៅ​ខ្ពស់ពេក ម្នាលកូន អ្នកសេពគប់​នូវទី​មិនមែន​ផែនដី។

[១៦៣] ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នក​ត្រឡប់អំពី​ទីនោះ​មកវិញ កុំទៅហួស​អំពីទីនេះ​ឡើយ។

[១៦៤] ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់​អាកាស ពួក​សត្វ​ទាំង​នោះ សំគាល់​ខ្លួនថា ស្មើដោយ​វត្ថុដ៏ទៀងទាត់ ត្រូវកំឡាំង​ខ្យល់បក់​បោកវិនាស។

[១៦៥] (ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងថា) មិគលោបៈ មិនធ្វើតាម​ពាក្យប្រដៅ​របស់​បិតាចាស់ ឈ្មោះ​អបរណ្ណៈ ហើរកន្លង​នូវខ្យល់​រដូវកាល បាន​ទៅដល់​អំណាច​នៃខ្យល់ព្យុះ។

[១៦៦] កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត​តាមមិគលោបៈ​នោះ ពួកសត្វ​ស្លាបទំាងអស់ ក៏ដល់នូវ​សេចក្តីវិនាស ព្រោះ​ទិជជាតិ (មិគលោបៈ) មិន​ធ្វើតាមឱវាទ។

[១៦៧] បុគ្គលណា មិនយល់នូវពាក្យ​របស់បុគ្គល​ចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់​នូវសេចក្តី​វិនាស) ដូចជា​ត្មាតកន្លង​ពាក្យប្រៀន​ប្រដៅ ជាសត្វ​ភ្លើតភ្លើន​ត្រាច់ទៅ​កាន់ទី​ហួសដែន ជនទាំងអស់​ដល់នូវ​សេចក្តីវិនាស ព្រោះមិន​ធ្វើតាម​ពាក្យប្រដៅ​របស់ព្រះពុទ្ធ។

ចប់ មិគលោបជាតក ទី៦។

សិរិកាឡកណ្ណិជាតក ទី៧

[១៦៨] (សុចិបរិវារសេដ្ឋីពោធិសត្វ សួរនាងទេវធីតាឈ្មោះ​កាឡកណ្ណិថា) នាងជា​អ្វី មាន​វណ្ណៈខ្មៅ ទាំងមិន​មានគ្រឿង​មើលជា​ទីស្រឡាញ់ នាងជាអ្វី ឬជាធីតា​របស់​អ្នកណា យើង​ស្អាល់នាង​ដូចម្តេច​បាន។

[១៦៩] (នាងកាឡកណ្ណី ឆ្លើយថា) ខ្ញុំឈ្មោះ​ចណ្ឌិយា ជាធីតានៃ​មហារាជ ឈ្មោះ​វិរូបក្ខៈ ខ្ញុំមាន​សម្បុរខ្មៅ ជាស្រ្តី​ឥតបុណ្យ ពួកទេវតា​រមែង​ស្គាល់ខ្ញុំថា ជាកាឡកណ្ណី អ្នកកាល​បើខ្ញុំ​សូម​ឱកាស សូមឲ្យ​ យើងនឹងនៅ​ក្នុងសំណាក់​នៃអ្នក។

[១៧០] (សេដ្ឋីពោធិសត្វ សួរថា) នាងដំកល់ចិត្តចំពោះបុរស​មានសីលធម៌​ដូចម្តេច មាន​សមាចារ​ដូចម្តេច ម្នាលនាង​កាឡី នាង ខ្ញុំសួរ​ហើយ ក៏ចូរប្រាប់មក យើងនឹង​ស្គាល់នាង ដូចម្តេច​បាន។

[១៧១] (នាងកាឡកណ្ណី ឆ្លើយប្រាប់ថា) បុរសណា ជាអ្នកលុបគុណ ប្រឡង​វាសនា ប្រណាំង​ប្រជែង ច្រណែន កំណាញ់ ជាអ្នក​អួតអាង បាន​ទ្រព្យ​ហើយបំផ្លាញ​ទៅវិញ បុរសនោះ ជាទីត្រេកអរ​របស់ខ្ញុំ។

[១៧២] បុរសណា ច្រើនក្រោធ ចងសេចក្តី​ក្រោធទុក ញុះញង់​បំបែកមិត្ត ពោល​ពាក្យ​ចាក់ដោត​ដូចបន្លា ពោលពាក្យ​ទ្រគោះ បុរសនោះ ជាទីត្រេកអរ​ក្រៃលៃង របស់​ខ្ញុំជាង​នោះ​ទៅ​ទៀត។

[១៧៣] បុរសមិនយល់ប្រយោជន៍របស់ខ្លួនថា (កិច្ចនេះ​ត្រូវធ្វើ) ក្នុងថ្ងៃនេះ ឬក្នុង​ថ្ងៃស្អែក កាលបើ​គេទូន្មាន ក៏ខឹងតប មើលងាយ​នូវបុគ្គល​ប្រសើរ។

[១៧៤] បុរសណា ជាប់ចិត្តក្នុងល្បែង គឺកាមគុណ រមែង​ឃ្លាតចាក​មិត្តទាំងពួង បុរស​នោះ ជាទី​ត្រេកអរ​របស់ខ្ញុំ ទាំងខ្ញុំ​ក៏មិនមាន​មោះមៃ ចំពោះបុរស​នោះទេ។

[១៧៥] (ពោធិសត្វ តិះដៀលថា) ម្នាលនាងកាឡី នាងចូរចៀស​ចេញអំពី​ទីនេះទៅ អំពើ​អាក្រក់នេះ មិនមាន​ក្នុងយើង​ទាំងឡាយទេ នាងចូរ​ទៅកាន់​ជនបទ ឬ​និគម​រាជធានី ដទៃចុះ។

[១៧៦] (នាងកាឡកណ្ណី ពោលថា) ខ្ញុំក៏បាន​ដឹងហេតុនោះដែរ អំពើនោះ មិនមាន​ក្នុង​អ្នកទេ ពួកជនជា​អ្នកឥតបុណ្យ​ក្នុងលោក រមែង​ប្រមូល​នូវទ្រព្យច្រើន ខ្ញុំនិង​ទេវតាជា​បង​របស់ខ្ញុំ ទាំងពីរ​នាក់ តែងបំផ្លាញ​នូវទ្រព្យនុ៎ះ។

[១៧៧] (ពោធិសត្វ សួរថា) នាងជាអ្វី មានវណ្ណៈជាទិព្វ មកឋិតលើ​ផែនដី នាងជាអ្វី ឬជា​ធីតារបស់​នរណា យើងនឹង​ស្គាល់នាង ដូចម្តេចបាន។

[១៧៨] (នាងសិរីទេវធីតា ពោលថា) ខ្ញុំជាធីតានៃ​មហារាជ ឈ្មោះធតរដ្ឋ​ដ៏មានសិរី ខ្ញុំជាស្រ្តី​ឈ្មោះសិរី​ផង លក្ខីផង ពួកទេវតា​រមែង​ស្គាល់ខ្ញុំថា ជាស្រ្តី​មានប្រាជា្ញ​ដូច​ផែនដី លោក ខ្ញុំ​សូមឱកាស​ហើយ សូមឲ្យ យើង​នឹងសូម​នៅក្នុង​សំណាក់​លោក។

[១៧៩] (ពោធិសត្វ សួរថា) នាងនឹងដំកល់ចិត្ត​ចំពោះបុរស​មានសីលធម៌​ដូចម្តេច មាន​សមាចារៈ​ដូចម្តេច ម្នាលនាង​លក្ខី ខ្ញុំសួរ​ហើយ នាងចូរប្រាប់ យើងស្គាល់នាង​ដូចម្តេច។

[១៨០] (នាងសិរីទេវធីតា ពោលថា) បុរសណា គ្របសង្កត់នូវ​ត្រជាក់ក្តី ក្តៅក្តី ខ្យល់ និង​កំដៅ​ថ្ងៃក្តី របោម ពស់តូច ពស់ធំក្តី ឃ្លានក្តី ស្រេកក្តី ទាំងអស់ ​ហើយប្រកប​ព្យាយាម​រឿយ ៗ ក្នុង​វេលាយប់ និងថ្ងៃ រមែង​មិនញុំាង​ប្រយោជន៍​ដែលតាំង​នៅក្នុងកាល​គួរ ឲ្យវិនាស បុរស​នោះ ជាទីពេញ​ចិត្តរបស់ខ្ញុំ ខ្ញុំគប្បីស៊ប់​ចិត្ត​ក្នុងបុរស​នោះឯង។

[១៨១] បុរសណា ជាអ្នកមិនក្រោធ មានកល្យាណមិត្ត មានការបរិច្ចាគ ជាអ្នក​បរិបូណ៌​ដោយ​សីល មិនមែន​ជាអ្នកលេង​បោកប្រាស់ ជាអ្នកត្រង់ ជាអ្នកមាន​សង្គហ​ធម៌ មាន​វាចាទន់ភ្លន់ មានវាចា​ពីរោះ សូម្បីដល់​នូវភាព​ជាអ្នកធំ ក៏ប្រព្រឹត្ត​ឱនលំទោន ខ្ញុំជាអ្នក​មានចិត្ត​ធំទូលាយ​ចំពោះ​បុរសនោះ ដូចជារលក (ប្រាកដជា​របស់ធំ​ទូលាយ ដល់​បុគ្គល​ដែល​សំឡឹងមើល) នូវពណ៌​របស់សមុទ្រ។

[១៨២] បុគ្គលណា ប្រព្រឹត្តនូវសេចក្តីសង្រ្គោះ​ក្នុងចំពោះមុខ កំបាំងមុខ ចំពោះ​ពួក​មិត្តក្តី សត្រូវក្តី បុគ្គល​ប្រសើរក្តី ស្មើគ្នាក្តី ថោកទាបក្តី បុគ្គល​អ្នកប្រព្រឹត្ត​នូវ​ប្រយោជន៍ក្តី មិនមែន​ជាប្រយោជន៍​ក្តី មិនពោល​ពាក្យអាក្រក់​ក្នុងកាល​ណាម្តង ខ្ញុំជាអ្នក​គប់រកចំពោះ​បុរស​នោះ ទោះបីស្លាប់ក្តី រស់ក្តី។

[១៨៣] បណ្តាគុណទាំងនុ៎ះ បុរសណាមួយ ជាអ្នកគ្មានបញ្ញា បាន​នូវសិរី ជាទី​ត្រេកអរ​ណាមួយ ​ហើយស្រវឹង ខ្ញុំវៀរនូវ​បុរសនោះ​អ្នកប្រព្រឹត្ត​មិនស្មើ មានសភាពដ៏​ក្តៅ​​ក្រហាយ ដូចជា​បុគ្គលវៀរ​បង់នូវរណ្តៅ​លាមក។

[១៨៤] បុគ្គលធ្វើនូវគុណសម្បត្តិ គឺបុណ្យដោយ​ខ្លួនឯង ធ្វើនូវ​អំពើមិន​មែនជាបុណ្យ ក៏ដោយ​ខ្លួនឯង ព្រោះថា បុគ្គលដទៃ ធ្វើនូវ​គុណសម្បត្តិ គឺបុណ្យក្តី មិនមែន​បុណ្យក្តី ដល់​បុគ្គល​ឯទៀត​មិនបាន​ទេ។

ចប់ សិរិកាឡកណ្ណីជាតក ទី៧។

កុក្កុដជាតក ទី៨

[១៨៥] (សំពោចញី និយាយថា) នែអ្នកមានខ្លួនបិទបាំង​ដោយស្លាប​ដ៏វិចិត្រល្អ ជាសត្វ​មាន​សិរ្ស៍ក្រហម ទៅកាន់​អាកាសបាន​ ចូរអ្នកចុះ​អំពីមែក​ឈើមក ខ្ញុំនឹងជា​ប្រពន្ធ​របស់អ្នក​ដោយទទេ។

[១៨៦] (មាន់ពោធិសត្វ ឆ្លើយថា) ម្នាលនាងដ៏ល្អ ជាទីត្រេកអរ​នៃចិត្ត នាង​ជាសត្វ​ជើងបួន ខ្ញុំជា​សត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិន​សមគ្នាទេ នាងចូរ​ស្វែងរក​សត្វ​ឯទៀត ធ្វើជា​ស្វាមីចុះ។

[១៨៧] (សំពោចញី និយាយថា) ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយ​ពីរោះ ពោលពាក្យ​ជាទី​ស្រឡាញ់ នឹងបាន​ជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាន​នូវខ្ញុំ ជាស្រ្តីល្អ ជា​ព្រហ្មចារិនី ដោយ​ការបាន​ដ៏ប្រសើរ។

[១៨៨] (មាន់ពោធិសត្វ តិះដៀលថា) នែនាងជាសត្វ​ស៊ីនូវសាកសព ផឹកនូវ​ឈាម ជាចោរ​បៀតបៀន​នូវមាន់ នាងឯង​មិនមែន​ចង់បាន​នូវអញ​ធ្វើជាប្តី​ដោយការ​បាន​​ប្រសើរ​ទេ។

[១៨៩] (ព្រះសម្ពុទ្ធសំដែងថា) នារីទាំងឡាយ ដែលមានការវាងវៃ ឃើញ​នូវ​បុរស​ដ៏ប្រសើរ​ហើយ រមែង​ដឹកនំា ដោយវាចា​ដ៏ពីរោះ​យ៉ាងនេះឯង ដូចជា​សំពោចញី ប្រលោម​នូវ​មាន់ឈ្មោល (មកធ្វើជា​ប្តីរបស់ខ្លួន)។

[១៩០] បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍​ដែលកើតឡើង បុគ្គលនោះ រមែង​លុះអំណាច​នៃសត្រូវ​ផង រមែង​ក្តៅក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

[១៩១] លុះតែបុគ្គលណា ឆាប់យល់ច្បាស់​នូវប្រយោជន៍​ដែលកើតឡើង បុគ្គលនោះ រមែង​រួចចាក​ការបៀតបៀន​អំពីសត្រូវ ដូច​មាន់ឈ្មោល រួចអំពី​សំពោចញី។

ចប់ កុក្កុដជាតក ទី៨។

ធម្មទ្ធជជាតក ទី៩

[១៩២] (ក្អែក និយាយនឹងពួកសត្វស្លាបថា) ម្នាលញាតិទាំងឡាយ អ្នកទាំងឡាយ ចូរ​ប្រព្រឹត្តធម៌ អ្នកទាំងឡាយ ចូរប្រព្រឹត្តធម៌ សេចក្តីចំរើន (នឹងមាន) ដល់អ្នក​ទាំងឡាយ អ្នក​ប្រព្រឹត្តធម៌ រមែង​ដេកជាសុខ​ក្នុងលោកនេះ និងលោកខាងមុខ។

[១៩៣] (ពួកសត្វស្លាប សរសើរថា) សត្វស្លាបមានកំណើតពីរ​នេះ ​ប្រសើរ​ណាស់តើ ជាអ្នក​ប្រកបដោយ​ធម៌ដ៏ក្រៃលែង ឈរតែ​ជើងម្ខាង ប្រៀនប្រដៅ​តែធម៌។

[១៩៤] (បក្សីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនស្គាល់ច្បាស់​នូវមារយាទ​នៃក្អែក​នោះទេ អ្នកទាំង​ឡាយសរសើរ ព្រោះមិនដឹង (ចំណែក​ខាងក្អែក​អាក្រក់) ស៊ីទំាងពង​ទាំងកូន (របស់​ពួកយើង) ​ហើយ​ពោលថា ធម៌ ៗ ដូច្នេះ។

[១៩៥] បុគ្គលអាក្រក់ និយាយដោយវាចាផ្សេង ធ្វើដោយ​កាយផ្សេង វាប្រព្រឹត្ត​ធម៌តែ​សំដី មិនមែន​ទាំងកាយ​ផងទេ មិនដំកល់​ខ្លួនទុក​ក្នុងធម៌នោះ។

[១៩៦] បុគ្គលអ្នកទន់ភ្លន់ដោយវាចា តែគេស្គាល់​ចិត្តបាន​ដោយក្រ ​ដូចជា​ពស់វែក​បិទបាំងខ្លួន អាស្រ័យនៅ​ក្នុងរូង បុគ្គលមាន​ធម៌ជាទង់ជ័យ គេសន្មតថា​ល្អក្នុង​ស្រុក និង​និគម​ទាំងឡាយ បុគ្គល​បែបនេះ បុរសអ្នក​ល្ងង់ខ្លៅ ស្គាល់បាន​ដោយក្រ។

[១៩៧] អ្នកទាំងឡាយ ចូរបៀតបៀនក្អែកនេះ​ដោយចំពុះផង ចូរបៀតបៀន​ក្អែកនេះ ដោយ​ជើងផង ចូរញុំាង​ក្អែកលាមក​នេះ ឲ្យវិនាសទៅ ក្អែកនេះ មិនគួរឲ្យ​នៅជា​មួយទេ។

ចប់ ធម្មទ្ធជជាតក ទី៩។

នន្ទិយមិគរាជជាតក ទី១០

[១៩៨] (ម្រឹគមាតាបិតា និយាយផ្តំាថា) ម្នាលព្រាហ្មណ៍ បើអ្នកទៅកាន់ឧ​ទ្យាន​ឈ្មោះអញ្ជ័ន ក្នុងក្រុងសាកេត និយាយប្រាប់កូនឈ្មោះនន្ទិយៈ ជាឱរសរបស់ខ្ញុំថា មាតាបិតាទាំងឡាយ របស់អ្នកចាស់​ហើយ គាត់ចង់ឃើញអ្នក។

[១៩៩] (នន្ទិយម្រឹគ និយាយថា) បន្លែទាំងឡាយ ទឹក និងភោជន​របស់​ព្រះរាជា ខ្ញុំបាន​បរិភោគ​ហើយ ម្នាលព្រាហ្មណ៍ ខ្ញុំមិន​អាចបរិភោគ​ទទេ នូវដុំភោជន​ជាអំណោយ របស់​ព្រះរាជា​នោះទេ។

[២០០] ខ្ញុំនឹងបែរនូវចំហៀងខ្លួន​ដល់ព្រះរាជា មានសរក្នុងដៃ ក្នុងកាល​ណោះ ខ្ញុំក៏ដល់​នូវ​សេចក្តី​សុខ រួចចាក (មរណៈ) ​ហើយ​ប្រហែល​នឹងបាន​ឃើញនូវមាតា។

[២០១] (ព្រះសាសា្ត ទ្រង់ត្រាស់ថា) កាលពីដើម តថាគតជា​សត្វជើង ៤ មានរូបល្អ ជាស្តេច​ម្រឹគ ឈ្មោះនន្ទិយៈ​ដោយឈ្មោះ នៅក្នុង​លំនៅ​នៃសេ្តចកោសល។

[២០២] ព្រះរាជាកោសល ផ្ទាប់ព្រួញយិតធ្នូមក ដើម្បីសម្លាប់​នូវតថាគត​នោះ ក្នុង​ឧទ្យាន​ឈ្មោះ​អញ្ជ័ន ជាទីដែល​ពួកជនថា្វយ។

[២០៣] តថាគតក៏បែរនូវចំហៀងខ្លួន ដល់ព្រះរាជា​នោះ ដែលមាន​កូនសរ​ក្នុងដៃ ក្នុង​កាល​​ណោះ តថាគតក៏​ដល់នូវ​សេចក្តី​សុខ រួចចាក (មរណៈ) ​ហើយបាន​មក​ឃើញមាតា។

ចប់ នន្ទិយមិគរាជជាតក ទី១០។

ចប់ អាវារិយវគ្គ ទី១។

ឧទ្ទាននៃអាវារិយវគ្គនោះគឺ

(អំពីអាវារិយជាតក) មានពាក្យថា បពិត្រព្រះអង្គ​ប្រសើរលើរថ សូមព្រះអង្គ​កុំខ្ញាល់ ១ សេតកេតុជាតក​ដ៏ប្រសើរ ១ ទរីមុខជាតក ១ នេរុជាតក ១ (អាសង្កជាតក) ១ ទៀត ការមិន​ត្រេកអរ ១ សិរីទេវធីតា ១ មាន់មានស្លាប​ដ៏ប្រសើរវិចិត្រ ១ ក្អែកសំដែងធម៌ ១ ម្រឹគឈ្មោះ​នន្ទិយៈ ១ ត្រូវជា ១០។

ខុរបុត្តវគ្គ ទី២

ខុរបុត្តជាតក ទី១

[២០៤] (សេះសិន្ធវៈ និយាយថា) ឮថា បណ្ឌិតទាំងឡាយ បាន​ពោលនូវ​សត្វពពែ​ថា ជាសត្វ​ពាល​ដោយពិត អ្នកចូរមើលចុះ សត្វពាល​មិនដឹងនូវ​អំពើ​ដែលគួរធ្វើ ក្នុងទី​កំបាំង ទៅ​ធ្វើ​ក្នុងទីវាល។

[២០៥] (ពពែ និយាយថា) ម្នាលសម្លាញ់ អ្នកទេឬ ជាសត្វពាល ម្នាលខុរបុត្រ អ្នកចូរ​ដឹងចុះ អ្នកជាសត្វ​ដែលត្រូវ​គេរួបរឹត​ដោយខ្សែ មាន​បបូរមាត់វៀច មានមុខ​ឱនចុះ។

[២០៦] ម្នាលសំឡាញ់ អ្នកណាបាន​រួចចេញ (អំពីរថ) មិនរត់ទៅ អ្នកនោះ ពេញជា​ពាល​ទៅទៀត ម្នាលសំឡាញ់ អ្នកនំានូវ​សេ្តចសេនកៈ​ណា សេ្តចសេនកៈ​នោះ ចាត់ជា​មនុស្ស​ពាល​បំផុត។

[២០៧] (សេះសិន្ធវៈ និយាយថា) មា្នលសំឡាញ់ បើខ្ញុំ​ជាសត្វពាល​ដោយហេតុណា ម្នាល​អជរាជ អ្នកចូរដឹង​នូវហេតុ​នោះចុះ តែថា ស្តេចសេនកៈ ជាមនុស្សពាល ដោយ​ហេតុ​ដូចម្តេច អ្នកដែលខ្ញុំសួរ​ហើយ ចូរប្រាប់​ហេតុនោះ។

[២០៨] (ពពែ ប្រាប់ថា) បុគ្គលណា បាននូវមន្ត​ជាប្រយោជន៍​ដ៏ឧត្តម​ហើយ ប្រគល់​ឲ្យ​ប្រពន្ធ (បុគ្គលនោះ) នឹងលះបង់​នូវខ្លួន ដោយការ​ឲ្យមន្តនោះ ទាំងប្រពន្ធ​នោះ នឹងមិន​មានដល់​បុគ្គលនោះ​ឡើយ។

[២០៩] (ពពែ ពោលថា) បពិត្រព្រះអង្គ​ជាធំជាងជន បុគ្គលបែបនោះ ​លះបង់ចោល​នូវខ្លួន មិនសេពគប់​នូវវត្ថុជាទី​ស្រឡាញ់ ដោយគិតថា (វត្ថុនេះ) ជាទីស្រឡាញ់​របស់អញ ខ្លួនឯង តើប្រសើរជាង​របស់​ដែលប្រសើរ​ទៅទៀត ព្រោះបុរស​ដែល​មានខ្លួនអប់រំ​ហើយ គប្បីបាន​នូវជនជា​ទីស្រឡាញ់​ក្នុងកាល​ជាខាងក្រោយ។

ចប់ ខុរបុត្តជាតក ទី១។

សូចិជាតក ទី២

[២១០] (កុមារបុត្រពោធិសត្វ ពោលថា) នរណាចង់ទិញម្ជុល (របស់ខ្ញុំ) ជាម្ជុល​មិន​គ្រោត​គ្រាត មិនអាក្រក់ ដែលសំលៀង​ដោយថ្ម មានច្បោះ​ដ៏ល្អ មាន​ចុងដ៏​ស្រួចឆ្មារ។

[២១១] នរណាចង់ទិញម្ជុល ជាម្ជុលដែល​ដុសខាត់ល្អ មានច្បោះល្អ ដែលប្រព្រឹត្ត​ទៅ​ដោយល្អ​តាមលំដាប់ (រៀវតូច) ចាក់ទម្លុះ​នូវរបស់​ក្រាស់បាន។

[២១២] (នាងកុមារី ពោលថា) ម្ជុល និងសន្ទូច តែងចេញអំពី​ស្រុកនេះ ក្នុង​កាល​ឥឡូវ​នេះ ចុះបុរស​នេះជាអ្វី ចង់លក់​ម្ជុលក្នុងស្រុក​របស់ជាង។

[២១៣] គ្រឿងសស្រ្តា និងការងារផ្សេង ៗ ជាច្រើន តែងចេញទៅ​អំពីស្រុកនេះ ចុះ​បុរស​នេះជាអ្វី ក៏មកលក់ម្ជុល​ក្នុងស្រុក​ជាងលោហៈ។

[២១៤] (ពោធិសត្វ ពោលថា) ជនអ្នកចេះដឹង ត្រូវលក់ម្ជុល​ក្នុងស្រុក​ជាងលោហៈ អាចារ្យ​ទំាងឡាយ រមែង​ដឹងច្បាស់​នូវការងារ​ដែលគេធ្វើល្អ និងអាក្រក់។

[២១៥] ម្នាលនាង បើបិតារបស់នាង​ស្គាល់នូវម្ជុល​ដែលខ្ញុំធ្វើ​ហើយនេះ គាត់នឹង​អញ្ជើញ (ផ្សំផ្គុំ) ខ្ញុំ ជាមួយនាង ព្រមទាំង​ទ្រព្យដទៃ​ដែលមាន​នៅក្នុងផ្ទះ។

ចប់ សុចិជាតក ទី២។

តុណ្ឌិលជាតក ទី៣

[២១៦] (ចូឡតុណ្ឌិលសុករៈ ពោលថា) ម្ចាស់យើងធ្លាប់ឲ្យ (បបរកណ្ឌក និងបាយក្តាំង) ឥឡូវ​នេះ គាត់ឲ្យ​បន្លែស្រស់វិញ ស្នូកនេះ ពេញ (ដោយ​បាយស​ស្អាត) ស្រ្តីជាម្ចាស់​យើង ក៏ឈរ​នៅ (ជិតស្នូក​នោះដែរ) អ្នកផង​ច្រើនគ្នា មាន​ដៃកាន់​អន្ទាក់ ខ្ញុំមិនចង់​ស៊ីទេ។

[២១៧] (មហាតុណ្ឌិលៈ ពោលថា) អ្នកតក់ស្លុត ស្លន់ស្លោ ប្រាថា្នរក​ទីពឹងពួន អ្នក​ឥត​ទីពឹងទេ អ្នកនឹងទៅ​ក្នុងទីណា ម្នាលតុណ្ឌិលៈ អ្នកចូរមាន​សេចក្តី​ខ្វល់ខ្វាយ បរិភោគចុះ យើង​ដែលគេ​ចិញ្ចឹម ដើម្បីប្រយោជន៍​តែសាច់ (ប៉ុណ្ណោះ)។

[២១៨] (បើអ្នកខ្លាចសេចក្តីស្លាប់) អ្នកចូរចុះទៅកាន់​ស្រះ​ដែលមិនមានភក់ អ្នក​ចូរជម្រះ​នូវញើស និងក្អែល​ទាំងអស់​ចេញ ក្លិននៃគ្រឿង​លាបណា មិនដាច់ ក្នុង​កាល​ណាមួយ អ្នកចូរកាន់​យកនូវ​គ្រឿងលាប​ដ៏ថ្មីនោះចុះ។

[២១៩] (ចូឡតុណ្ឌិលៈ សួរថា) ស្រះមិនមានភក់ តើដូចម្តេច អ្វីហ្ន៎ ដែលលោក​ហៅថា ញើស និងក្អែល មួយទៀត គ្រឿងលាបដ៏ថ្មី តើដូចម្តេច ទាំងក្លិន​របស់វា ក៏មិនដាច់​ក្នុងកាល​ណាមួយ។

[២២០] (មហាតុណ្ឌិលៈ ឆ្លើយថា) ធម៌ ទុកជាស្រះ​មិនមានភក់ បាប លោកពោលថា ញើស និងក្អែល សីល ទុកជាគ្រឿង​លាបដ៏ថ្មី ទាំងក្លិន​របស់​សីលនោះ មិនដាច់ ក្នុងកាល​ណាម្តង។

[២២១] ពួកជន អ្នកសម្លាប់នូវសរីរៈ (នៃសត្វទាំងឡាយ) រមែង​ត្រេកអរ ចំណែកខាង ពួកសត្វ អ្នកទ្រទ្រង់នូវសរីរៈ រមែង​មិនត្រេកអរ​ឡើយ ពួកសត្វ​ទាំងឡាយ (ប្រាកដ​ដូចជា​យើង) រមែង​ត្រេកអរ លះបង់​នូវជីវិត ក្នុងខែពេញ មានព្រះចន្ទ​ពេញវង់។

ចប់ តុណ្ឌិលជាតក ទី៣។

សុវណ្ណកក្កដកជាត ទី៤

[២២២] (ក្អែក ពោលថា) ម្រឹគមានពណ៌ដូចមាស (ក្តាម) មានភ្នែកលៀន មានស្បែក​ដូចឆ្អឹង អាស្រ័យ​នៅក្នុង​ទឹក ជាសត្វ​មិនមាន​រោម ខ្ញុំត្រូវក្តាមនោះ​គ្រប​សង្កត់ ទើបយំ កំព្រា (តែមា្នក់​ឯង) ម្នាលសំឡាញ់អើយ ហេតុអ្វី ទើបអ្នក​បោះបង់​ខ្ញុំចោល។

[២២៣] ពស់នោះ កាលជួយ (ក្អែកនោះ) បើកពពាដ៏ធំ លូនចូលទៅ​ជិតក្តាម យក​អាសាការពារ​សំឡាញ់ដ៏ស្និទ្ធស្នាល ក្តាមក៏ចាប់​ពស់ទៀត។

[២២៤] (ពស់ ពោលថា) ចំណែកខាងក្តាម ជាសត្វត្រូវការ​ដោយចំណី មិន​គួរចាប់ក្អែក មិនគួរ​ចាប់ពស់​ទេ ម្នាលអ្នក​មានភ្នែកលៀន ខ្ញុំសូម​សួរអ្នក ហេតុអ្វី ក៏អ្នក​មកចាប់​យើងទាំង​ពីរនាក់។

[២២៥] (ក្តាមនិយាយថា) បុរសនេះ ជាអ្នកប្រាថ្នានូវ​ប្រយោជន៍​ដល់ខ្ញុំ អ្នកណា ចាប់ខ្ញុំ​នាំទៅ​ក្នុងទឹក កាលបើ​អ្នកនោះ​ស្លាប់ ខ្ញុំ (នឹងមាន) សេចក្តី​ទុក្ខច្រើន (ព្រោះ) ខ្ញុំនឹង​បុរសនេះ ទាំងពីរ​នាក់ នឹងមិននៅ​ជាមួយគ្នា។

[២២៦] ឯអ្នកផងឃើញខ្ញុំមានកាយចំរើន (ធំ) គប្បីប្រាថា្ន ដើម្បីបៀតបៀន​តែប៉ុណ្ណោះ សូម្បី​ពួកក្អែក បាន​ឃើញខ្ញុំ មានសាច់​ឆ្ងាញ់ក្រាស់ ទន់ ក៏គប្បី​បៀតបៀន​ដែរ។

[២២៧] (ពស់ ពោលថា) បើអ្នកចាប់យើង​ទាំងពីរនាក់ ព្រោះហេតុ​តែបុរសនោះ បុរស​ចូរក្រោក​ឡើង ខ្ញុំនឹងស្រូប​យកពិស​ចេញ អ្នកចូរ​លែងខ្ញុំ និងក្អែក​ឲ្យឆាប់ ព្រោះកាល​ពីដើម ពិស​ដ៏ក្លៀវក្លា​ជ្រាបចូល​ក្នុងសត្វ។

[២២៨] (ក្តាម និយាយថា) អញលែងពស់ តែមិនលែង​ក្អែកទេ ព្រោះថា ក្អែកទុក​ជាអ្នក​ធានា​សិន អញលុះ​ឃើញនូវ​បុរសមាន​សេចក្តីសុខ មិនមាន​រោគ ទើប​លែង​ក្អែក ដូចយ៉ាង​ពស់ដែរ។

[២២៩] ក្អែកក្នុងកាលណោះ បាន​មកជាទេវទត្ត ចំណែក​ខាងពស់វែក បាន​មកជាដំរី ក្តាមបាន​មកជា​អានន្ទ​ដ៏ចំរើន ព្រាហ្មណ៍ក្នុង​កាលណោះ បាន​មកជា​តថាគត ជា​សាសា្ត។

ចប់ សុវណ្ណកក្កដកជាតក ទី៤។

មយ្ហកសកុណជាតក ទី៥

[២៣០] (តាបសពោធិសត្វ ពោលថា) សត្វស្លាប​ឈ្មោះមយ្ហកៈ [ពាក្យថា មយ្ហកៈ​នេះ ជាឈ្មោះ​នៃសត្វបក្សី ១ ពួក ដែល​ហួងហែង​ផ្លែលៀប​ថា របស់​អញ ៗ មិនឲ្យ​ពួកសត្វ​បក្សី​ឯទៀត មកស៊ីផង មយ្ហកៈ​បក្សីនេះ ប្រហែលជា​សត្វពពូល ឬកំផ្លុក ព្រោះជា​សត្វស៊ី​ផ្លែលៀប។ មតិអ្នកពិនិត្យ។] ហើរទៅ​តាមញក និង​ច្រកភ្នំ ទៅទំ​ដើមលៀប ដែលមាន​ផ្លែទុំ យំកន្ទក់​កន្ទេញថា របស់អញ ៗ ដូច្នេះ។

[២៣១] កាលសត្វមយ្ហកៈនោះ ស្រែកយំការពារ​យ៉ាងនេះ ពួកសត្វ​ទិជជាតិ ក៏​មក​ប្រជុំ​គ្នា ស៊ីផ្លែលៀប​ហើយហើរទៅ សត្វនោះ ក៏នៅតែស្រែក​យំការពារ។

[២៣២] ដូចយ៉ាងជនពួកខ្លះ​ក្នុងលោកនេះ ប្រមូលមក​នូវទ្រព្យ មានប្រមាណ​ច្រើន ​ហើយ​មិនចាត់​ចែងនូវទ្រព្យ ឲ្យសមគួរ​ដល់​ចំណែក ដើម្បីខ្លួន មិនទំនុក​បម្រុងដល់​ញាតិ​ទាំងឡាយ។

[២៣៣] បុគ្គលនោះ រមែងមិនបានប្រើប្រាស់​នូវគ្រឿង​ស្លៀកពាក់ និងបាយ មិន​បាន​ទ្រទ្រង់​នូវ​កម្រងផ្កា មិនបាន​លាបនូវគ្រឿង​លាប (ដ៏ល្អទេ) មិនបាន​ប្រើប្រាស់​នូវវត្ថុ​ណាមួយ​ជារបស់​ខ្លួនទេ ទាំងមិនបាន​សង្រ្គោះ​នូវញាតិ​ទាំងឡាយ​ឡើយ។

[២៣៤] កាលបើបុគ្គលនោះ ពោលរៀបរាប់ ហួងហែងថា របស់អញ ៗ យ៉ាងនេះ ស្រាប់តែ​ពួកព្រះរាជា ឬពួកចោរ និងពួកជន​អ្នកត្រូវ​ទទួលមត៌ក មិនជាទី​ស្រឡាញ់ នំាយក​ទ្រព្យ​នោះទៅ បុគ្គលនោះ ក៏នៅតែ​និយាយ​រៀបរាប់។

[២៣៥] ឯអ្នកប្រាជ្ញ បាននូវភោគៈហើយ រមែង​សង្រ្គោះញាតិ​ទាំងឡាយ អ្នកប្រាជ្ញ​នោះ រមែង​បាន​នូវសេចក្តី​សរសើរ ដោយការ​សង្រ្គោះ​ញាតិនោះ លុះលះ​លោកនេះ​ទៅ​ហើយ រមែង​រីករាយ​ក្នុងឋានសួគ៌។

ចប់ មយ្ហកសកុណជាតក ទី៥។

បព្វជិតវិហេឋកជាតក ទី៦

[២៣៦] (ព្រះរាជាពារាណសី ត្រាស់ថា) អ្នកមានពណ៌​ទ្រង់ទ្រាយដ៏ល្អ ​ផ្គង​អព្ជាលី​នមស្ការ តម្កល់នូវ​បុគ្គលមាន​រូបអាក្រក់ អំពីខាងមុខ តើបុរសនោះ ប្រសើរ​ជាងអ្នក ឬប្រហែល​គ្នា អ្នកចូរ​ប្រាប់នូវឈ្មោះ​នៃអ្នក​ឯទៀតផង នៃខ្លួនផង។

[២៣៧] (ព្រះឥន្រ្ទពោលថា) បពិត្រព្រះរាជា ទេវតាទាំងឡាយ មិនកាន់​យកនូវនាម​និង​គោត្រ ព្រះខីណាស្រព អ្នកដល់​នូវការស្ងប់ ទាំងប្រព្រឹត្ត​តាមផ្លូវត្រង់ ប៉ុន្តែ​ខ្ញុំ​នឹងសូម​ប្រាប់​ឈ្មោះ (ខ្លួនខ្ញុំ) ដល់​ព្រះអង្គ ខ្ញុំជាសក្កៈ ជាធំជាង​ទេវតា​ជាន់តាវត្តិង្ស។

[២៣៨] (ព្រះរាជា សួរថា) បុគ្គលណា ឃើញនូវភិក្ខុ អ្នកបរិបូណ៌​ដោយចរណៈ ហើយផ្គង​អព្ជាលី​នមស្ការ តម្កល់​ទុកក្នុង​ខាងមុខ បពិត្រ​ទេវរាជ ខ្ញុំសូមសួរនូវ​ដំណើរនុ៎ះ ចំពោះ​ព្រះអង្គ បុគ្គលនោះ លុះច្យុតចាក​លោកនេះទៅ រមែង​បាន​សេចក្តី​សុខ​ដូចម្តេច។

[២៣៩] (ព្រះឥន្រ្ទ ឆ្លើយថា) បុគ្គលណា ឃើញនូវភិក្ខុ ដែលបរិបូណ៌​ដោយចរណៈ ​ហើយផ្គង​អព្ជាលី​នមស្ការ តម្កល់ទុក​ក្នុងខាងមុខ បុគ្គលនោះ រមែង​បាន​នូវសេចក្តី​សរសើរ ក្នុង​បច្ចុប្បន្ន លុះបុគ្គល​នោះ​បែកធ្លាយ​សរីរកាយ រមែង​ទៅកាន់​ឋានសួគ៌។

[២៤០] (ព្រះរាជា ត្រាស់ថា) ឱហ្ន៎ សិរីរបស់​អញកើតឡើង​ក្នុងថ្ងៃនេះ ព្រោះអញ​បាន​ ឃើញ​នូវវាសវៈ ជាម្ចាស់នៃភូត បពិត្រ​សក្កៈ ខ្ញុំនឹងធ្វើ​នូវបុណ្យ​ជាច្រើន ព្រោះ​បាន​ឃើញ​នូវភិក្ខុ​ផង ព្រះអង្គ​ផង។

[២៤១] (ព្រះឥន្រ្ទ ពោលថា) បុគ្គលណា ប្រកបដោយបញ្ញា ជាពហុស្សូត អាច​គិតឃើញ​នូវហេតុ​ជាច្រើន (ព្រះអង្គ) គប្បីសេពគប់ (បុគ្គលនោះ) ដោយពិត បពិត្រ​ព្រះរាជា ព្រោះ​ព្រះអង្គ​បាន​ឃើញភិក្ខុ និងខ្ញុំ សូមធ្វើបុណ្យ​ជាច្រើនចុះ។

[២៤២] (ព្រះរាជា ត្រាស់ថា) បពិត្រព្រះអង្គជាធំជាងទេវតា ខ្ញុំនឹងជា​អ្នកមិនមាន​សេចក្តី​ក្រោធ មានចិត្ត​ជ្រះថ្លាជានិច្ច ជាអ្នក​គួរដល់អ្នក​ដំណើរ និងស្មូម​ទាំងអស់ សង្កត់​សង្កិន​នូវមានះ ថ្វាយបង្គំ ព្រោះបាន​ស្តាប់នូវ​សុភាសិត (របស់​ព្រះអង្គ)។

ចប់ បព្វជិតវិហេឋកជាតក ទី៦។

ឧបសិង្ឃបុប្ផជាតក ទី៧

[២៤៣] (នាងទេវធីតា ពោលថា) បពិត្រលោក លោកស្រងក្លិនផ្កា​កើតអំពីទឹក (ផ្កាឈូក) ដែលគេ​មិនបាន​ឲ្យ នុ៎ះជា​ចំណែកមួយ​នៃការលួច លោកជា​អ្នកលួចក្លិន។

[២៤៤] (តាបសពោធិសត្វ ពោលថា) អាត្មាមិនលួចទេ មិនកាច់យកទេ អាត្មា​គ្រាន់តែ​ស្រងក្លិន​ផ្កាឈូក អំពីចម្ងាយ កាលបើដូច្នេះ ហេតុអ្វី ទើបអ្នក​ពោលថា លោកជា​អ្នកលួច​ក្លិន។

[២៤៥] បុរសណា ជីកយកក្រអៅឈូក កាច់យក​ផ្កាឈូកស បុរសនោះ ដែល​មាន​ការងារ​អាក្រក់​យ៉ាងនេះ ព្រោះហេតុអ្វី​ក៏អ្នកមិនថា។

[២៤៦] (នាងទេវធីតា ពោលថា) ពាក្យសំដីរបស់ខ្ញុំ មិនមាន​ចំពោះបុរស​ដែលជា​អ្នក​ល្មោភ​អាក្រក់ ប្រឡាក់ (ដោយ​បាបធម៌) ដូចជា​សំពត់​មេនំទេ ខ្ញុំគួរនិយាយ​តែនឹងលោក។

[២៤៧] បាបរបស់បុរស អ្នកមិនមានទីទួល គឺកិលេស អ្នកស្វែង​រកនូវ​អំពើដ៏ស្អាត​ជានិច្ច ប្រមាណ​ប៉ុនចុង​នៃរោមកន្ទុយ​សត្វ រមែង​ប្រាកដ​ដូចប៉ុនមេឃ។

[២៤៨] (តាបសពោធិសត្វ ពោលថា) ម្នាលយក្ខ នាងស្គាល់នូវ​អាត្មាដោយពិត មួយ​ទៀត នាងឈ្មោះ​ថា អនុគ្រោះ​នូវអាត្មា ម្នាលយក្ខ បើនាង​ឃើញទោស​នេះ ក្នុងកាលណា នាង​គប្បីប្រាប់ (ដល់អាត្មា) ទៀត ក្នុងកាលនោះ។

[២៤៩] (នាងទេវធីតា ពោលថា) ខ្ញុំមិនមែន​រស់នៅ​ព្រោះអាស្រ័យ​លោកទេ ទាំង​មិនមែន​ជាអ្នកធ្វើ​ការឈ្នួល​របស់លោកទេ បពិត្រ​ភិក្ខុ លោកទៅ​កាន់សុគតិ ដោយ​អំពើណា លោក​គប្បីដឹង (នូវអំពើ​នោះចុះ)។

ចប់ ឧបសិង្ឃបុប្ផជាតក ទី៧។

វិឃាសាទជាតក ទី៨

[២៥០] (ព្រះឥន្រ្ទក្លែងខ្លួនជាសេក និយាយថា) ពួកជនណា ជាអ្នកស៊ី​វត្ថុសល់​ដែល​ជននោះ​រមែង​រស់នៅជា​សុខស្រួល សេចក្តី​សរសើរ​ក្នុងបច្ចុប្បន្ន និងសុគតិ ក្នុងបរលោក រមែង​មាន។

[២៥១] (ឥសីមួយរូប ពោលថា) អ្នកទាំងឡាយ ជាបណ្ឌិត ចូរកុំផ្ទៀងស្តាប់ (នូវសំដី) របស់​សេក​និយាយ ម្នាលអ្នក​មានពោះ​ដ៏ស្មើ​ទាំងឡាយ ពួកអ្នក​ចូរស្តាប់​ពាក្យខ្ញុំនេះ​វិញ សេកនេះ បញ្ជោរ​នូវពួកយើងទេ។

[២៥២] (សេក និយាយថា) ខ្ញុំមិនបញ្ជោរលោកទាំងឡាយ​ទេ បពិត្រ​លោកអ្នក​បរិភោគ​នូវ​សាកសព លោក​ទាំងឡាយ ចូរស្តាប់ខ្ញុំ លោកទាំងឡាយ ជាអ្នក​បរិភោគ​នូវភោជន​សល់ លោក​ទាំងឡាយ មិនមែន​ជាអ្នក​បរិភោគ​នូវវត្ថុសល់​ដែលទេ។

[២៥៣] (ពួកឥសី និយាយថា) យើងទាំងឡាយ បួសបានវស្សា ៧ ហើយ ជាអ្នក​មាន​កំបោយសក់ នៅក្នុង​កណ្តាលព្រៃ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ​ដោយវត្ថុ​ដ៏សល់​ប៉ុណ្ណោះ បើពួក​យើងត្រូវ​អ្នកដ៏ចំរើន​តិះដៀល​ហើយ តើពួកជនណា គួរ​ជា​ទីសរសើរ​របស់​លោក​ដ៏ចំរើន។

[២៥៤] (សេកពោធិសត្វ ពោលថា) លោកទាំងឡាយ បរិភោគនូវ​ភោជនសល់ របស់​សត្វសាហាវ គឺសីហៈ និងខ្លា ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ​ដោយរបស់សល់ ទើប​គេសំគាល់​ថា ជាអ្នក​បរិភោគ​របស់​សល់ដែល។

[២៥៥] ពួកជនណា ឲ្យដល់ព្រាហ្មណ៍ សមណៈ និងអ្នក​សូមឯទៀត ហើយទើប​បរិភោគ​នូវភោជន​ដ៏សេសសល់ ពួកជននោះ ហៅថា​ជាអ្នក​បរិភោគ​នូវវត្ថុសល់ដែល។

ចប់ វិឃាសាទជាតក ទី៨។

វដ្តកជាតក ទី៩

[២៥៦] (ចាបពោធិសត្វ សួរថា) បពិត្រឪពុកធំ លោកបរិភោគ​នូវបាយ ទឹកដោះរាវ និង​ប្រេង​ដ៏ប្រណីត បពិត្រ​ក្អែក កាលបើដូច្នេះ ហេតុអ្វីបាន​ជាអ្នកស្គាំង​ស្គមម្ល៉េះ។

[២៥៧] (ក្អែកឆ្លើយថា) បណ្តាពួកក្អែកទាំងនោះ សត្វក្អែក​នៅក្នុង​កណ្តាល​សត្រូវ ស្វែង​រកចំណី មានសេចក្តី​តក់ស្លុត​ជានិច្ច តើនឹង​មានសេចក្តី​មាំមួន អំពីណាកើត។

[២៥៨] ពួកក្អែក ជាសត្វមានពុកត្បុត តក់ស្លុត​អស់កាល​ជានិច្ច បាន​ដុំបាយ​ដោយ​អំពើ​អាក្រក់ មិនដែល​ឆ្អែតស្កប់​ស្កល់ទេ ម្នាល​សត្វចាប ព្រោះហេតុនោះ ទើបខ្ញុំ​ស្គំាងស្គម។

[២៥៩] ម្នាលចាប អ្នកបរិភោគនូវពូជស្មៅ​ដ៏សៅហ្មង មានឱជារស​តិច កាល​បើដូច្នេះ ហេតុអ្វី ទើបអ្នក​មានសរីរៈ​ធាត់ម្ល៉េះ។

[២៦០] (ចាបពោធិសត្វ ពោលថា) ម្នាលក្អែក ខ្ញុំញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយ​វត្ថុដែល​ខ្ញុំបាន និងមិនបាន ព្រោះខ្ញុំជា​អ្នកប្រាថ្នា​តិច គិតតិច ទាំងត្រាច់ទៅ​កាន់ទី​មិនឆ្ងាយ ព្រោះ​ហេតុនោះ ទើបខ្ញុំ​ជាអ្នកមាន​សរីរៈធាត់។

[២៦១] សេចក្តីពិតថា ការប្រព្រឹត្តិចិញ្ចឹមជីវិត​របស់បុគ្គល​អ្នកប្រាថ្នា​តិចផង មាន​សេចក្តី​សុខព្រោះ​ការគិត​តិចផង ដឹងប្រមាណ​ក្នុងអាហារ​ដែលខ្លួន​កាន់យក​ដោយ​ល្អផង រមែង​ប្រព្រឹត្ត​ទៅបាន​ដោយស្រួល។

ចប់ វដ្តកជាតក ទី៩។

មណិជាតក ទី១០

[២៦២] (ព្រាបពោធិសត្វ និយាយថា) យូរណាស់ហើយតើ ខ្ញុំទើបឃើញ​សំឡាញ់ ពាក់នូវ​កម្រង​កែវមណី សំឡាញ់​របស់ខ្ញុំល្អមែន ព្រោះល្អ​ដោយការ​លេងពុកមាត់។

[២៦៣] (ក្អែក និយាយតបថា) ខ្ញុំមានការខ្វល់ខ្វាយច្រើន​ក្នុងការងារ មានក្រចក​និង​រោម​ក្លៀកដុះ​ទ្រុបទ្រុល យូរណាស់​ហើយ គេទើបតែ​នឹងបោច​រោមអាក្រក់​ចេញ​ក្នុងថ្ងៃនេះ ព្រោះបាន​ជាងកោរកាត់។

[២៦៤] (ព្រាបពោធិសត្វ និយាយថា) អ្នកបានឲ្យជាងកោរកាត់ ដែលគេរក​បាន​ដោយក្រ ឲ្យបោច​នូវរោមណា​មែនឬ ម្នាលសម្លាញ់ កាលបើដូច្នេះ រោមបន្តិចបន្តួច ត្រង់ក​របស់អ្នក (នោះ) ទុកនៅវែង​អន្លាយធ្វើអ្វី។

[២៦៥] (ក្អែក និយាយតបថា) កែវមណី តែងសំយុងចុះឰដ៏ក នៃមនុស្ស​សុខុមាលជាតិ ខ្ញុំយក​តម្រាប់​តាមពួក​មនុស្ស​ទាំងនោះ អ្នកកុំសំគាល់​ថា (ខ្ញុំ) ធ្វើ​ដោយល្បែង​ឡើយ។

[២៦៦] បើអ្នកពេញចិត្តនឹងការលេងពុកមាត់ ដែលឲ្យ​នាយជាងធ្វើ​យ៉ាងល្អនេះ ម្នាល​សម្លាញ់ ខ្ញុំនឹងឲ្យជាង​ធ្វើដល់អ្នកផង ឲ្យនូវ​កែវមណី​ដល់អ្នកផង។

[២៦៧] (ព្រាបពោធិសត្វ និយាយថា) អ្នកឯងយក​កែវមណី​ផង យកពុកមាត់ ដែលគេ​ធ្វើឲ្យល្អ​ផង មកបិទបាំង ទើបខ្ញុំហៅ​អ្នកមក​ហើយនឹងទៅ ការបាន​ជួបប្រទះ​នឹងអ្នក រមែង​ជាទី​ពេញចិត្ត​របស់ខ្ញុំ។

ចប់ មណិជាតក ទី១០។

ចប់ ខុរបុត្តវគ្គ ទី២។

ឧទ្ទាននៃខុរបុត្តវគ្គនោះគឺ

និយាយអំពីអ្នកចូរមើលចុះ (ជាដើម) ១ ព្រមទាំងម្ជុល ១ តុណ្ឌិលជាតក ១ ម្រឹគក្តាម ១ សត្វស្លាប​ដ៏ប្រសើរ ឈ្មោះ មយ្ហកៈ ជាគំរប់ ៥ ផ្គងអញ្ជលី ១ ផ្កាឈូក ១ កណ្តាលព្រៃ ១ សត្វចាប ១ ព្រាប​ដ៏ប្រសើរ ១ រួមជា ១០។

ឧទ្ទាននៃវគ្គ ក្នុងឆក្កនិបាតនោះគឺ

ខ្ញុំនឹងសំដែងនូវវគ្គ ក្នុងឆក្កនិបាត ដ៏ប្រសើរថ្លៃថ្លា វគ្គទាំងពីរ គឺ​អាវារិយវគ្គ និងខុរបុត្តវគ្គ មាន​ពាក្យថា សូចិជាតក មាន​ព្យព្ជានៈ​ដ៏ល្អ ដែលព្រះដ៏មានព្រះភាគ​សំដែង​ហើយ។

ចប់ ឆក្កនិបាត។

សត្តកនិបាតជាតក

កុក្កុវគ្គ ទី១

កុក្កុជាតក ទី១

[២៦៨] (ព្រះរាជាព្រហ្មទត្ត សួរអាមាត្យពោធិសត្វថា) កំពូល (ជហ្វា) មួយហត្ថកន្លះ រង្វង់​ជុំវិញ​កំពូលនោះ ៨ ចំអាម កំពូលនោះ ជាឈើធ្នង់​ខ្លឹមសុទ្ធ ឥតមានស្រាយ ឋិតនៅ​លើអ្វីហ្ន៎ បាន​ជាមិនជ្រុះ​អំពីខាង​លើមក។

[២៦៩] (ពោធិសត្វ ពោលតបថា) បង្កង់ទាំងឡាយណា ចំនួន ៣០ ខ្លឹមសុទ្ធ ឥត​មានស្រាយ ឋិតនៅ​តំរៀបគ្នា​ជុំវិញ (កំពូលនោះ) បង្កង់ទំាងឡាយ​នោះ ទល់​ទ្រ​ផង គាបដោយ​កំឡាំង​ផង ឋិតនៅ​ស្មើភាគគ្នា ទើបមិន​ធ្លាក់របូត​អំពីខាង​លើមក។

[២៧០] បណ្ឌិតបានពួកមិត្រដ៏មាំមួន មានសភាព​មិនបែកចិត្តគ្នា មាន​ប្រាជ្ញាដ៏ស្អាត ជួយ​ទល់ទ្រ​ហើយ រមែង​មិនសាបសូន្យ​ចាកសិរី ដូចជា​កំពូល (ជហា្វ) ដែល​បង្កង់​នាំទៅ​នូវភារៈ​យ៉ាងនេះឯង។

[២៧១] បុគ្គលដែលមានកាំបិតក្នុងដៃ កាលបើមិន​ចិតផ្លែក្រូចឆ្មារ ដែលមាន​សម្បក​រឹង​ចេញទេ រមែង​ធ្វើ (ផ្លែនេះ) ឲ្យមាន​រសល្វីង បពិត្រ​ម្ចាស់ផែនដី បុគ្គល​កាលនាំ​យក (សម្បក​ក្រៅចេញ) រមែង​ធ្វើឲ្យមាន​រសឆ្ងាញ់ កាលបើ​ចិតសម្បកសើ ៗ ទេ រមែង​ធ្វើឲ្យ​មានរស​មិនឆ្ងាញ់ មានឧបមា​យ៉ាងណាមិញ។

[២៧២] ព្រះរាជាជាបណ្ឌិត វៀរ មិនលុះអំណាចកម្ម​ដ៏ក្លៀវក្លា វៀរ (អគតិ) ក្នុង​ពួក​អ្នកស្រុក អ្នកនិគម ប្រមូល​មកនូវ​ទ្រព្យ​ទាំងឡាយ ជាអ្នក​ប្រព្រឹត្ត ប្រតិបត្តិ​តាម​ធម៌ មិន​បៀតបៀន​បុគ្គលដទៃ គប្បីធ្វើ​ឲ្យសម្រេច​បាន ក៏មានឧបមេយ្យ​យ៉ាង​នោះដែរ។

[២៧៣] ផ្កាឈូក ជាអម្ពុជជាតិ មានឫសស កើតក្នុងទឹក​ដ៏ស្អាត ក្នុងស្រះ​បោក្ខរណី រីកស្គុះស្គាយ​ដោយសារ​ព្រះអាទិត្យ មិនជាប់​ដោយភក់ មិនជាប់​ដោយធុលី មិនជាប់​ដោយទឹក មានឧបមា​យ៉ាងណាមិញ។

[២៧៤] កម្មក្កិលេសប្រាកដដូច្នោះ មិនប្រឡាក់ (ចំពោះសេ្តច) ដែលមាន​វោហារ (សម្រាប់​វិនិច្ឆ័យ) ដ៏ស្អាត មិនមានកម្ម​ជាសាហ័ស មានការងារ​ដ៏ស្អាត មានបាបកម្ម​ប្រាសចេញ​ហើយ ដូចជា​ផ្កាឈូក​ដែលដុះក្នុង​ស្រះបោក្ខរណី ក៏មាន​ឧបមេយ្យ​យ៉ាង​នោះដែរ។

ចប់ កុក្កុជាតក ទី១។

មនោជជាតក ទី២

[២៧៥] (ចចកឮសំឡេងសីហៈ និងសំឡេងបន្លោះធ្នូ ហើយក៏ពោលគាថា​ពីរនេះថា) ធ្នូទន់ខ្លប​ទៅផង បន្លោះលាន់​ឮផង ដោយហេតុណា មិគរាជ ឈ្មោះមនោជៈ ជាសំឡាញ់​របស់​អញ ត្រូវគេសម្លាប់​ដោយពិត (ដោយ​ហេតុនោះ)។

[២៧៦] បើដូច្នោះ មានតែអញនឹងចៀសចេញ ទៅកាន់ព្រៃជា​ទីពឹងតាម​សេចក្តី​សប្បាយ ក្នុងពេល​ឥឡូវនេះ សត្វស្លាប់​បែបនេះ នឹងយកធ្វើ​ជាសំឡាញ់​មិនកើត កាលបើ​អញរស់នៅ គង់បាន​សំឡាញ់​ទៀត។

[២៧៧] (មាតាបិតា បងប្អូនស្រី ប្រពន្ធ ពោលគាថាទាំង ៤ នេះថា) បុគ្គល​ដែល​សេពគប់​ជាមួយ​នឹងជនបាប មិនបាន​សេចក្តីសុខ​ដ៏ទៀងទាត់​ឡើយ អ្នកចូរមើល​សីហៈ ឈ្មោះ​មនោជៈ កំពុងដេក (ស្លាប់នេះ ព្រោះតែ​ជឿតាម) ពាក្យ​ប្រៀនប្រដៅ​របស់​ចចក​ឈ្មោះ​គិរិយៈ។

[២៧៨] មាតា មិនបានរីករាយជាមួយនឹងកូន ព្រោះតែ​គប់រកសំឡាញ់​អាក្រក់ អ្នក​ចូរមើល​សីហៈ​ឈ្មោះ​មនោជៈ ដេកត្រាំ​នៅក្នុងឈាម​របស់ខ្លួន។

[២៧៩] សត្វណាមិនធ្វើតាមពាក្យនៃជនទាំងឡាយ​អ្នកប្រាថ្នា​នូវសេចក្តី​ចំរើន អ្នក​ឃើញនូវ​ប្រយោជន៍ (ទៅក្នុង​អនាគត) សត្វនោះ​រមែង​ដល់ (នូវសេចក្តីទុក្ខ) យ៉ាងនេះផង តែង​ចួបប្រទះ​នូវទោស​ដ៏លាមក​ក្រៃលែង​ផង។

[២៨០] បុគ្គលដ៏ឧត្តមណា សេពគប់នឹងអធម្មជន (ជនដ៏លាមក) បុគ្គលនោះ អាក្រក់​ក្រៃលែង​ជាងអធម្មជន​នោះទៅ​ទៀត យ៉ាងនេះ អ្នកចូរ​មើលនូវ​សេ្តចនៃម្រឹគ​ដ៏ឧត្តម ដែល​សេពគប់​នឹង​អធម្មជន ត្រូវកំឡាំង​នៃព្រួញ​ដ៏ប្រសើរ មុត​ហើយ។

[២៨១] (ព្រះសាសា្ត ទ្រង់ត្រាស់នូវអភិសម្ពុទ្ធគាថា ក្រោយ​បំផុតថា) បុរស​អ្នក​គប់រក​នូវជន​ថោកទាប រមែង​សាបសូន្យ បុគ្គលគប់​រកនូវ​ជនស្មើ ៗ គ្នា រមែង​មិន​សាបសូន្យ ក្នុង​កាលណា​ឡើយ គប់រកនូវ​ជនដែល​ប្រសើរជាង រមែង​ចំរើន​ឆាប់រួសរាន់ ព្រោះហេតុ​នោះ បុគ្គល​គួរតែ​គប់រក​នូវបុគ្គល​ដែលប្រសើរ​ជាងខ្លួន។

ចប់ មនោជជាតក ទី២។

សុតនជាតក ទី៣

[២៨២] (ពោធិសត្វ ពោលថា) ស្តេចបានបញ្ជូនភត្ត ដែលលាយ​ដោយសាច់​ដ៏ស្អាត មកឲ្យ​អ្នក ម្នាលទេវតា​អ្នកអាស្រ័យ​នៅលើដើម​ជ្រៃក្រឹម អ្នកចូរ​ចេញមក ចូរ​បរិភោគ​ចុះ។

[២៨៣] (យក្ខ ពោលថា) នែមាណព អ្នកចូរមក ចូរអ្នកយក​បាយ ព្រមទាំង​សម្ល​ដាក់​ចុះមក ម្នាលមាណព អ្នកនឹងបាន​ជាចំណី (នៃយើង) អ្នកទាំង​ពីរនឹងបាន​ជាចំណី។

[២៨៤] (ពោធិសត្វ ពោលថា) ម្នាលយក្ខ អ្នកនឹងលះបង់​នូវ​ប្រយោជន៍​ធំ ព្រោះតែ​ហេតុ​បន្តិច​បន្តួច ពួកជន​អ្នករង្កៀស​នឹងសេចក្តី​ស្លាប់ នឹងលែង​យកអាហារ​មកឲ្យ​អ្នកទៀត​ហើយ។

[២៨៥] ម្នាលយក្ខ អ្នកនឹងបាននូវនិច្ចភត្តដ៏ស្អាតថ្លៃថ្លា ប្រកបដោយ​រសដ៏ឧត្តម កាលបើ​អ្នកទំពា​ស៊ីយើង​ហើយ ជនអ្នក​នាំយកអាហារ​មកឲ្យអ្នក មុខជា​មិនងាយ​នឹងរកបាន ក្នុងទីនេះ​ទៀតឡើយ។

[២៨៦] (យក្ខមានចិត្តជ្រះថ្លាហើយ បានពោលថា) ម្នាល​សុតនមាណព អ្នកនិយាយ (បែប​នេះ) ជាប្រយោជន៍​ដល់ខ្ញុំមែន​ហើយ ខ្ញុំព្រមបើក​លែងអ្នកទៅ​ហើយ ចូរអ្នក​ចួប​នឹងមាតា​ដោយ​សួស្តីចុះ។

[២៨៧] ម្នាលមាណព ចូរអ្នកកាន់យកព្រះខាន់ ឆ័ត្រ និង​ភាជន៍ទៅចុះ សូម​ឲ្យមាតា​របស់​អ្នក ឃើញអ្នក​ដោយសួស្តី អ្នកសោត​ក៏ចូរទៅចួប​នឹងមាតាចុះ។

[២៨៨] (ពោធិសត្វ ពោលថា) ម្នាលយក្ខ កាលបើយ៉ាងនេះ សូមឲ្យអ្នកបាន​សេចក្តីសុខ ព្រម​ទំាងពួក​ញាតិទាំង​អស់ ទ្រព្យក៏ខ្ញុំបាន​ហើយ ទាំងព្រះឱង្ការ របស់​ព្រះរាជា ខ្ញុំបាន​ធ្វើរួច​ហើយ។

ចប់ សុតនជាតក ទី៣។

មាតុបោសកគិជ្ឈជាតក ទី៤

[២៨៩] (ត្មាតពោធិសត្វ ពោលថា) មាតាបិតាទាំងនោះចាស់ អាស្រ័យនៅឰដ៏ច្រក​នៃភ្នំ នឹងធ្វើ​ដូចម្តចហ្ន៎ អាត្មាអញ​ជាប់អន្ទាក់ លុះអំណាច​នេសាទបុត្ត ឈ្មោះ​និលិយៈ​ហើយ។

[២៩០] (នេសាទបុត្ត ពោលថា) ម្នាលត្មាត ហេតុដូចម្តេច ក៏បាន​ជាអ្នក​ខ្សឹកខ្សួល ការខ្សឹកខ្សួល​របស់អ្នក​ដូចម្តេចហ្ន៎ បក្សីចេះ​និយាយ​សំដីមនុស្ស យើងមិន​ដែលឮ មិនដែល​ឃើញសោះ​ឡើយ។

[២៩១] (ពោធិសត្វ ពោលថា) យើងចិញ្ចឹមមាតាបិតាចាស់ អាស្រ័យ​នៅ​ឰដ៏​ច្រកនៃភ្នំ យើងលុះ​ក្នុងអំណាច​អ្នក​ហើយ មាតាបិតា​ទាំងនោះ នឹងធ្វើ​ដូចម្តេចហ្ន៎។

[២៩២] (នេសាទបុត្ត ពោលថា) ក្រែងត្មាត រមែង​មើលឃើញ​សាកសព ចម្ងាយ ១០០ យោជន៍ បាន​ឬ ចុះហេតុអ្វី បាន​ជាអ្នកមក​ជាប់លប់ និងអន្ទាក់ ក៏មិនភ្ញាក់​ខ្លួនសោះ។

[២៩៣] (ពោធិសត្វ ពោលថា) ពេលណាដែលមានសេចក្តី​វិនាស (មកដល់) ពេលនោះ សត្វ​ដែលនឹង​អស់ជីវិត បើទុក​ជាមក​ជាប់លប់ និងអន្ទាក់ ក៏គង់​មិនអាច​ភ្ញាក់ខ្លួនបាន។

[២៩៤] (នេសាទបុត្ត ពោលថា) អ្នកចូរទៅចិញ្ចឹមមាតាបិតា​ចាស់ជរា ដែល​អាស្រ័យ​នៅឰដ៏​ច្រកនៃភ្នំចុះ យើងបាន​បើកលែងអ្នក​ហើយ ចូរអ្នកទៅ​ចួបនឹងពួក​ញាតិសន្តាន ដោយ​សួស្តីចុះ។

[២៩៥] (ពោធិសត្វ ពោលថា) ម្នាលព្រាន អ្នកចូររីករាយជាមួយនឹង​ពួកញាតិ​ទាំងអស់ យ៉ាង​នេះចុះ យើងនឹង​ចិញ្ចឹមមាតា​បិតាចាស់ ដែលអាស្រ័យ​នៅឰដ៏​ច្រក​នៃភ្នំ។

ចប់ មាតុបោសកគិជ្ឈជាតក ទី៤។

ទព្វបុប្ផជាតក ទី៥

[២៩៦] (ភេដែលត្រាច់ទៅក្នុងទឹកជ្រៅ ពោលថា) ម្នាលសំឡាញ់ អ្នកត្រាច់​ទៅតាម​ឆ្នេរដ៏ចំរើន សូមអ្នកស្ទុះ​មកជួយខ្ញុំ ខ្ញុំចាប់បាន​ត្រីធំ វានំាខ្ញុំទៅ ដោយ​កំឡាំង​ដ៏ខ្លាំង។

[២៩៧] (ភេត្រាច់ទៅតាមឆ្នេរក្រៅនេះ ពោលថា) ម្នាលអ្នកត្រាច់​ទៅក្នុងទឹក​ជ្រៅ​ដ៏ចំរើន អ្នកចូរចាប់​ដោយកំឡាំង​យ៉ាងមាំ ខ្ញុំនឹងជួយយោង​យកត្រីនោះ ដូច​គ្រុឌដែល​ស្រង់ឡើង​នូវពស់។

[២៩៨] (ភេទាំងពីរឃើញចចកហើយ ពោលថា) ម្នាលចចក​ទព្វបុប្ផៈ ចូរ​អ្នកស្តាប់​ពាក្យ​យើង វិវាទកើតដល់​យើង​ហើយ ម្នាលសំឡាញ់ អ្នកចូរ​រម្ងាប់នូវ​ជំលោះ ឲ្យវិវាទ (របស់យើង) ស្ងប់​រម្ងាប់​ទៅ។

[២៩៩] (ចចក ពោលថា) កាលពីដើម យើងជាអ្នកឋិត​នៅក្នុង​តំណែង​ជម្រះក្តី បាន​កាត់ក្តី​ឲ្យគេជា​ច្រើនមក​ហើយ ម្នាលសំឡាញ់ យើងនឹងរម្ងាប់​នូវជំលោះ (របស់​អ្នក​ទាំងឡាយ) សូមឲ្យវិវាទ (របស់អ្នក​ទាំងឡាយ) ស្ងប់រម្ងាប់​ទៅ។

[៣០០] ម្នាលភេអ្នកត្រាច់ទៅតាមឆ្នេរ (អ្នកត្រូវបាន) កន្ទុយ ភេដែល​ត្រាច់ទៅ​ក្នុង​ទឹកជ្រៅ (ត្រូវបាន) ក្បាល ដុំជាកណ្តាល​ក្រៅអំពី​ចំណែក​ពីរនេះ ត្រូវបាន (យើង) អ្នកឋិត​នៅក្នុង​តំណែង​ជម្រះក្តី។

[៣០១] (ភេទាំងពីរ ត្អូញថា) ប្រសិនបើ​យើងកុំទាស់គ្នា (ត្រីនេះ) នឹងបាន​ជា​អាហារ​អស់កាល​ដ៏យូរ ចចកពាំ​យកត្រីឆ្ពិន ឥតក្បាល​ឥតកន្ទុយ​ទៅព្រងើយ។

[៣០២] (មេចចក ពោលថា) ខត្តិយរាជ បាន​នូវរាជសម្បត្តិ​ហើយរីករាយ យ៉ាង​ណាមិញ ក្នុងថ្ងៃនេះ ខ្ញុំឃើញប្តី​ដែលមាន​មុខរីក​ហើយ ក៏មាន​ចិត្តរីករាយ យ៉ាងនោះ​ដែរ។

[៣០៣] អ្នកជាសត្វកើតលើគោកទេ ម្តេចក៏ចាប់ត្រី​ក្នុងទឹកបាន ម្នាលសំឡាញ់ ខ្ញុំសួរ​ហើយ សូមអ្នកប្រាប់ អ្នកចាប់ (ត្រី) បាន​ដោយហេតុ​ដូចម្តេច។

[៣០៤] (ចចក ពោលថា) សត្វទាំងឡាយស្គាំងស្គម ព្រោះតែការ​ទាស់ទែងគ្នា ការអស់​ទ្រព្យ​សម្បត្តិ ក៏ព្រោះ​តែទាស់ទែង​គ្នាដែរ ភេ (ទាំងពីរ) សាបសូន្យ (ចាកត្រី) ព្រោះតែ​ទាស់ទែង​គ្នា នែនាង​មាយាវី នាងចូរ​បរិភោគនូវ​ត្រីឆ្ពិនចុះ។

[៣០៥] (អភិសម្ពុទ្ធគាថា) ក្នុងទីណា វិវាទកើតឡើង​ក្នុងពួកមនុស្ស (មនុស្ស​ទាំងឡាយ) រមែង​ស្ទុះស្ទា​ទៅពឹង​ចៅក្រម​អ្នកកាត់ក្តី ដ្បិត​ចៅក្រមនោះ ជាអ្នក​ដឹកនាំ​មនុស្ស​ទាំងនោះ មនុស្ស​ទាំងនោះ រមែង​សាបសូន្យ​ចាកទ្រព្យ (របស់ខ្លួន) ក្នុងទីនោះ ឃ្លាំង​ព្រះរាជា រមែង​ចំរើន ក៏យ៉ាង​នោះដែរ។

ចប់ ទព្វបុប្ផជាតក ទី៥។

ទសណ្ណកជាតក ទី៦

[៣០៦] (ព្រះរាជា ទ្រង់សួរអាមាត្យឈ្មោះអាយុរៈថា) បុរស​លេបដាវ​មានមុខ​ដ៏មុត ដែលកើត​ក្នុងដែន​ឈ្មោះ​ទសណ្ណកៈ ជាដាវ​ផឹកឈាមឆ្អែត​ហើយ ក្នុងកណ្តាល​បរិស័ទ ចុះ​អំពើអ្វី ដែលគេ​ធ្វើបាន​ដោយកម្រ ជាងកិរិយា​លេបនូវដាវ​នោះទៅ​ទៀត ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់នូវ​ហេតុដទៃ ដែលគេ​ធ្វើបាន​ដោយកម្រនោះ។

[៣០៧] (អាយុរាមាត្យ ពោលថា) បុរសលេបដាវ​ដែលផឹកឈាមឆ្អែត​ហើយ ព្រោះតែ​លោភៈ បើបុគ្គល​ណា ពោលថា យើង​នឹងឲ្យ (នូវវត្ថុនោះ​ដល់អ្នក) ដូច្នេះ ពាក្យរបស់​បុគ្គល​នោះ ពិបាកធ្វើ​ក្រៃលែង ជាង​ការលេបដាវ​នោះទៅ​ទៀត បពិត្រ​ព្រះមាគធរាជ ហេតុ​ដទៃ​ទាំងអស់ (ក្រៅអំពី​ពាក្យនេះ) គេធ្វើបាន​ដោយងាយ​ទេ សូមព្រះអង្គ​ទ្រង់ជ្រាប យ៉ាងនេះ​ចុះ។

[៣០៨] (ព្រះរាជា ទ្រង់ចរចាជាមួយនឹងបុក្កុសាមាត្យថា) អាយុរបណ្ឌិត ជាអ្នកឈ្លាស​វៃ​ក្នុងធម៌ បាន​ដោះស្រាយ​នូវសេចក្តី​នៃប្រស្នា ឥឡូវនេះ យើងនឹង​សាកសួរ ចំពោះ​បុក្កុសបណ្ឌិត​វិញ អំពើអ្វី​ដែលបុគ្គល​ធ្វើបាន​ដោយកម្រ ជាងពាក្យនោះ​ទៅ​ទៀត យើងសួរ​ហើយ អ្នកចូរ​ប្រាប់នូវ​ហេតុដទៃ ដែលបុគ្គល​ធ្វើបាន​ដោយកម្រ​នោះ (ដល់យើង)។

[៣០៩] (បុក្កុសបណ្ឌិត ពោលថា) ពួកមនុស្សរស់នៅ (ព្រោះអាស្រ័យ) នូវវាចា​ឥតផល ជាសំដី​ដែលគេ​ពោលឥត​អង្គឺមាន​ឡើយ បុគ្គលណា បាន​ឲ្យ (ពាក្យប្តេជ្ញា) ​ហើយក៏បាន​កាត់ផ្តាច់​ចោល (នូវលោភៈ) ពាក្យប្តេជ្ញា​នោះ ជាការធ្វើ​ដោយលំបាក ជាងការ​លេបដាវ និងជាង​ពាក្យនោះ​ទៅទៀត បពិត្រ​ព្រះបាទ​មាគធរាជ ហេតុដទៃ​ទាំងអស់ គេធ្វើបាន​ដោយ​ងាយទេ សូមព្រះអង្គ​ទ្រង់ជ្រាប​យ៉ាងនេះចុះ។

[៣១០] (ព្រះរាជា ទ្រង់សួរសេនកបណ្ឌិតថា) បុក្កុសបណ្ឌិត ជាអ្នកឈ្លាសវៃ​ក្នុងធម៌ បាន​ឆ្លើយនូវ​សេចក្តី​នៃប្រស្នារួច​ហើយ ឥឡូវនេះ យើងនឹង​សួរចំពោះ​សេនកបណ្ឌិត អ្វីអេះ ដែល​បុគ្គលធ្វើបាន​ដោយលំបាក ជាងពាក្យ​ប្តេជ្ញានោះ​ទៅទៀត យើងសួរ​ហើយ អ្នកចូរ​ប្រាប់នូវ​ហេតុដទៃ ដែលបុគ្គល​ធ្វើបាន​ដោយលំបាក​នោះ (ដល់យើង)។

[៣១១] (សេនកបណ្ឌិត ពោលថា) បុរសគួរឲ្យនូវទាន ទោះបីតិចក្តី ច្រើនក្តី បើបុគ្គល​ណាបាន​ឲ្យ​ហើយ មិនក្តៅ​ក្រហាយ​ស្តាយក្រោយ អំពើនោះ ជាការធ្វើ​បាន​ដោយ​លំបាក ជាងការ​លេបដាវ​ជាដើម​នោះទៅ​ទៀត បពិត្រ​ព្រះបាទ​មាគធរាជ ហេតុ​ដទៃទាំង​អស់ គេធ្វើបាន​ដោយងាយ​ទេ សូមព្រះអង្គ​ទ្រង់ជ្រាប​យ៉ាងនេះចុះ។

[៣១២] (ព្រះរាជា សរសើរពោធិសត្វ ហើយពោល​គាថា​ទីបំផុតថា) អាយុរបណ្ឌិត បាន​ឆ្លើយប្រស្នារួច​ហើយ ទាំង​បុក្កុសបុរស​ក៏ដូចគ្នា សេនកបណ្ឌិត និយាយ​ដោះ​ស្រាយ​ប្រស្នា​ទាំងអស់ តាមសមគួរ។

ចប់ ទសណ្ណកជាតក ទី៦។

សេនកជាតក ទី៧

[៣១៣] (សេនកបណ្ឌិតពោធិសត្វ ពោលថា) អ្នកមានចិត្តក្រឡក មានចក្ខុន្ទ្រិយ​កម្រើក ដំណក់ទឹកហូរ​ចេញអំពីភ្នែក​របស់អ្នក ម្នាលព្រាហ្មណ៍ អ្នកបាត់​របស់អ្វី ឬក៏​អ្នកប្រាថា្ន​ចង់បាន​របស់អ្វី បាន​ជាមកក្នុង​ទីនេះ ចូរអ្នកប្រាប់​មកមើល។

[៣១៤] (ព្រាហ្មណ៍ ពោលថា) យក្ខពោលថា កាលបើខ្ញុំទៅដល់ (ផ្ទះ) ក្នុងថ្ងៃនេះ ប្រពន្ធ (របស់ខ្ញុំ) នឹងស្លាប់ កាលបើខ្ញុំ​ទៅមិនដល់ (ផ្ទះ) ទេ ខ្ញុំនឹងស្លាប់ ដោយ​សេចក្តី​ទុក្ខនេះ បាន​ជាខ្ញុំ​រន្ធត់ចិត្ត បពិត្រ​សេនកៈ សូមលោកប្រាប់​សេចក្តីនេះ​ដល់ខ្ញុំ។

[៣១៥] (ពោធិសត្វ ពោលថា) យើងរិះគិតនូវហេតុ​ច្រើនយ៉ាង បណ្តាហេតុ​ទាំងនោះ យើងនឹង​ប្រាប់ហេតុ​ណាមួយ ហេតុនោះ​ឯង ជារបស់ពិត មា្នលព្រាហ្មណ៍ យើង​យល់ថា អ្នកមិនបាន​ដឹងទេ មានពស់វែក​លូនចូល​ក្នុងទៃសដូវ។

[៣១៦] (ពោធិសត្វ ពោលថា) អ្នកចូរយកដំបង​គោះទៃមើល អ្នកចូរ​មើលពស់ ដែលមាន​អណ្តាតពីរ ហៀរទឹកមាត់​ចេញមក អ្នកចូរ​កាត់បង់​នូវសេចក្តី​សង្ស័យផង នូវ​សេចក្តី​ងឿងឆ្ងល់ផង ក្នុងថ្ងៃនេះ អ្នកចូរ​មើលពស់ អ្នកចូរ​ទំលាក់ទៃ​ចោលទៅ។

[៣១៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ មានសភាព​តក់ស្លុត ក្នុងកណ្តាល​បរិស័ទ ហើយក៏​បោះទៃនៃ​សដូវចោល ទើបពស់​ជាសត្វ​អាសីពិស លូនទៅ​ដោយទ្រូង មាន​តេជះក្លា ក៏បើក​ពពារ​លូនចេញមក។

[៣១៨] (ព្រាហ្មណ៍ ពោលថា) ព្រះរាជាជនកៈអង្គណា បាន​ជួបនឹង​សេនកបណ្ឌិត អ្នកមាន​ប្រាជ្ញាឆើត ព្រះរាជាជនកៈ (អង្គនោះ) ឈ្មោះថា មានលាភបាន​ហើយ​ដោយប្រពៃ (ព្រាហ្មណ៍​លុះសរសើរ​ព្រះរាជា​ហើយ ក៏សរសើរ​ពោធិសត្វថា) បពិត្រ​ព្រាហ្មណ៍​អ្នកមាន​ធម៌​កំបាំង (ញេយ្យធម៌) បើក​ហើយ ជាអ្នកឃើញនូវ​ធម៌ទាំងអស់ឬ បាន​ជាញាណ​របស់អ្នក​គួរ​ស្ញប់ស្ញែង​ម្ល៉េះ ខ្ញុំមាន​កហាបណៈ​ប្រាំពីរ​រយនេះ សូមអ្នក​យកទាំង​អស់ចុះ ខ្ញុំជូនអ្នក ដ្បិត​ខ្ញុំបាន​ជីវិតក្នុង​ថ្ងៃនេះ ដោយសារអ្នក មិនតែ​ប៉ុណ្ណោះ​សោត ថែមទាំង​អ្នកបាន​ធ្វើសួស្តី ដល់​ភរិយា (របស់ខ្ញុំ) ទៀតផង។

[៣១៩] (ពោធិសត្វ ពោលថា) បណ្ឌិតទាំងឡាយ មិនបាន​ទទួលយក​រង្វាន់ដោយ​ពោល​គាថាទាំងឡាយ​ដ៏វិចិត្រ​ទេ ម្នាលព្រាហ្មណ៍ (ជនទាំងឡាយ) ឲ្យទ្រព្យអំពី​បាទមូល​របស់​យើងនេះ ដល់អ្នក អ្នកចូរយក ហើយចូរទៅ​កាន់លំនៅ​របស់ខ្លួនចុះ។

ចប់ សេនកជាតក ទី៧។

អដ្ឋិសេនជាតក ទី៨

[៣២០] (ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបស ព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែល​ស្គាល់ពួក​ស្មូមណា ពួកស្មូមនោះ ប្រជុំគ្នា​មករកខ្ញុំ ហើយសូម (នូវវត្ថុ​ដែល​ខ្លួន​ត្រូវការ) ហេតុអ្វីក៏​លោកមិន​សូមខ្ញុំ។

[៣២១] (តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែង​មិនជាទីស្រឡាញ់ (នៃអ្នក​ឲ្យ) បុគ្គលអ្នក​មិនឲ្យនូវ​របស់ដែល​គេសូម រមែង​មិនជាទី​ស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បាន​ជាអាត្មា​មិនសូម​មហារាជ កុំឲ្យមហារាជ​ស្អប់អាត្មាឡើយ។

[៣២២] (ព្រះរាជា ត្រាស់ថា) សមណព្រាហ្មណ៍ណា រស់ដោយ​ការសូម តែមិនសូម​វត្ថុដែល​ខ្លួនត្រូវសូម ក្នុងកាលគួរ (សមណ​ព្រាហ្មណ៍នោះ) ឈ្មោះថា ញុំាង​បុគ្គលដទៃ ឲ្យខូច​បុណ្យផង ឈ្មោះថា​មិនបាន​រស់ស្រួល ដោយខ្លួន​ឯងផង។

[៣២៣] សមណព្រាហ្មណ៍ណា រស់ដោយការសូម ​ហើយសូមនូវវត្ថុ​ដែលខ្លួន​ត្រូវការ​សូម ក្នុងកាលគួរ (សមណ​ព្រាហ្មណ៍នោះ) ឈ្មោះថា ញុំាងបុគ្គលដទៃ​ឲ្យបាន​បុណ្យផង ឈ្មោះថា រស់នៅស្រួល​ដោយខ្លួន​ឯងផង។

[៣២៤] បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូមមកដល់​ហើយ មិនដែល​ប្រទូស្ត លោកជា​ព្រហ្មចារីបុគ្គល ជាទីស្រឡាញ់​នៃខ្ញុំ លោកប្រាថ្នា​របស់ណា ដែល​ត្រូវនិយាយ​សូម លោកចូរ​សូមចុះ។

[៣២៥] (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែ​នឹង (ឧបដ្ឋាក) អ្នកមាន​ប្រាជ្ញា គួរដឹង (ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់​តែឈរ​ឧទ្ទិសស្ងៀម ៗ ប៉ុណ្ណោះ នុ៎ះជាការ​សូម​របស់ពួកអរិយៈ។

[៣២៦] (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោ​មានសម្បុរ​ក្រហម ១ ពាន់ ព្រមទាំង​គោឈ្មោល ដល់លោកម្ចាស់ ដ្បិតថា បុគ្គលមាន​មារយាទ​ដ៏ប្រសើរ បាន​ស្តាប់​គាថារបស់​លោក ដែលប្រកប​ដោយធម៌​ហើយ មិន​ឲ្យដល់បុគ្គល​មានអាចារៈ​ដ៏ប្រសើរ (ដូចគ្នា) ដូចម្តេច​បាន។

ចប់ អដ្ឋិសេនជាតក ទី៨។

កបិជាតក ទី៩

[៣២៧] (ពានរពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យនៅ​ក្នុងទីណា បណ្ឌិត​មិនគប្បី​នៅក្នុង​ទីនោះទេ (ព្រោះ) នៅក្នុងពួក​បុគ្គល​មានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ។

[៣២៨] បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នក​ប្រព្រឹត្ត​តាម សេចក្តី​មិន​ចំរើន​ដែលព្រាហ្មណ៍​ធ្វើ​ហើយ ដល់ហ្វូងស្វា ព្រោះហេតុ​តែស្វាមួយ។

[៣២៩] បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សា​ពួកក្រុម ជាអ្នកលុះ​អំណាច​ចិត្តរបស់​ខ្លួន រមែង​ដេក (ស្លាប់) ដូចស្វា​នេះឯង។

[៣៣០] បុគ្គលល្ងង់មានកំឡាំង ជាអ្នករក្សាពួក​ក្រុម មិនប្រពៃទេ មិនមាន​សេចក្តី​ចំរើន​ដល់ពួក​ញាតិ ដូចទទាធា្នក់ មិនជា​ប្រយោជន៍​ដល់ពួក​សត្វស្លាប (ដែលជា​ញាតិ)។

[៣៣១] ឯបុគ្គលមានប្រាជា្ញ មានកំឡាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែង​ចំរើន​ដល់ពួក​ញាតិ ដូចជាវាសវៈ​ទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតា​ក្នុងឋាន​ត្រៃត្រឹង្ស។

[៣៣២] បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈ​ផង (បុគ្គល​នោះ) តែងប្រព្រឹត្ត​ប្រយោជន៍​ដើម្បីខ្លួន និងអ្នក​ដទៃ​ទាំងពីរ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើ​គ្នេរគ្នាន់​មើលខ្លួន មានសីល មានបញ្ញា និងសុតៈ​ហើយ គប្បី​ថែរក្សា​ពួកក្រុម​ក៏បាន គប្បីប្រព្រឹត្ត​នៅតែម្នាក់​ឯងក៏បាន។

ចប់ កបិជាតក ទី៩។

ពកព្រហ្មជាតក ទី១០

[៣៣៣] (ពកព្រហ្ម ពោលថា) បពិត្រព្រះគោតម ពួកយើង ៧២ រូប មាន​អំពើជា​បុណ្យ ជាអ្នក​មានអំណាច​ប្រព្រឹត្តទៅ កន្លង​ផុតជាតិ និងជរាបាន នេះជា​ការដល់​នូវវេទ ជាកំណើត​ដ៏ប្រសើរ មានក្នុង​ទីបំផុត (របស់ពួកយើង) ពួកជន​ច្រើនរូប តែង​ប្រាថ្នា​ទីនេះ។

[៣៣៤] (ព្រះសាស្តា ត្រាស់ថា) នែពកៈ អ្នកសំគាល់ថា អាយុណា​ជាធម្មជាត​វែង អាយុ​នុ៎ះខ្លីទេ មិនមែន​វែងឡើយ ម្នាលព្រហ្ម តថាគត​ដឹងអាយុ​របស់អ្នក​មួយសែន​និរព្វុទៈ (ប៉ុណ្ណោះ​ឯង)។

[៣៣៥] (ពកព្រហ្ម ថា) បពិត្រព្រះមានព្រះភាគ ព្រះអង្គ​មានព្រះបន្ទូល​ថា តថាគត​ជាអ្នក​ឃើញមិន​មានទី​បំផុត កន្លងផុត​ស្រឡះ​នូវជាតិ និងជរាផង នូវសេចក្តី​សោកផង តើវ័ត និង​សីលវត្ត​របស់ខ្ញុំ ពីដើម​ដូចម្តេច​ខ្លះ សូមព្រះអង្គ​ប្រាប់នូវវ័ត និងសីលវត្ត ដែលខ្ញុំ​គួរដឹងនុ៎ះ ដល់ខ្ញុំ។

[៣៣៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកបានញុំាងពួក​មនុស្ស​ច្រើន ដែល​ស្រេកទឹក លំបាក​ដោយកំដៅថ្ងៃ ឲ្យផឹក​ហើយ នោះឯង ជាវត្តសមាទាន និង​សីលវត្ត របស់​អ្នក​ពីដើម តថាគត​រឭកឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់ឡើង។

[៣៣៧] អ្នកបានដោះលែងនូវពួកជនឈ្លើយ ដែលចោរចាប់​នំាយក​ទៅទៀប​ឆ្នេរ​នៃស្ទឹង​ឈ្មោះ​ឯណី​ នោះឯង ជាវត្ត​សមាទាន និង​សីលវត្ត​របស់​អ្នកពីដើម តថាគត​រឭក​ឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយភ្ញាក់​ឡើង។

[៣៣៨] អ្នកបានគំរាមដោយកំឡាំង​ ហើយដោះលែង​នូវទូក​ដែល​នាគរាជ​អាក្រក់​បំរុង​នឹងពន្លិច​ចោល ក្នុងខ្សែនៃ​ទឹកស្ទឹង ព្រោះវា​ចង់ធ្វើ​មនុស្សឲ្យ​វិនាស នោះឯង ជាវត្តសមាទាន និង​សីលវត្ត​របស់អ្នក​ពីដើម តថាគត​រឭកឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់ឡើង។

[៣៣៩] តថាគតឈ្មោះកប្បៈ ធ្លាប់ជាកូនសិស្ស​របស់អ្នក តថាគតបាន​សំគាល់ថា អ្នកជា​បុគ្គល​មានប្រាជា្ញ មាន​វត្តប្រតិបត្តិ នោះឯង ជាវត្តសមាទាន និង​សីលវត្ត របស់​អ្នក​ពីដើម តថាគត​រឭកឃើញ​ ដូចជា​បុគ្គល​ដេកលក់​ហើយភ្ញាក់​ឡើង។

[៣៤០] (ពកព្រហ្ម ពោលថា) ព្រះអង្គជា្របច្បាស់នូវ​អាយុ​របស់​ខ្ញុំនុ៎ះ​ដោយ​ពិតផង ជ្រាបច្បាស់​នូវហេតុ​ដទៃផង ព្រះអង្គ​ជាព្រះពុទ្ធមែន នេះជា​អានុភាព​ដ៏រុងរឿង​របស់​ព្រះអង្គ​ ដែលញុំាង​ព្រហ្មលោក​ឲ្យភ្លឺរុងរឿង។

ចប់ ពកព្រហ្មជាតក ទី១០។

ចប់ កុក្កុវគ្គ ទី១។

ឧទ្ទាននៃជាតក ក្នុងកុក្កុវគ្គនោះគឺ

និយាយអំពីកំពូលដ៏ប្រសើរ ១ បំពង់ព្រួញដ៏ប្រសើរ ១ សុតនជាតក ១ ត្មាត ១ ត្រីឆ្ពិន ១ ដាវកើតក្នុងស្រុកទសណ្ណកៈ ១ សេនកបណ្ឌិត ១ យាចក ១ បុគ្គល​មានពៀរ ១ ពកព្រហ្ម ១ រួមត្រូវជា ១០។

គន្ធារវគ្គ ទី២

គន្ធារជាតក ទី១

[៣៤១] (តាបសពោធិសត្វ ពោលថា) អ្នកលះបង់នូវស្រុក​ចំណុះ ១ ពាន់ និងឃ្លំាង ១៦ ដ៏ពេញ​បរិបូណ៌ (ដោយទ្រព្យ) ធ្វើនូវ​ការសន្សំ​ក្នុងកាល​ឥឡូវនេះ។

[៣៤២] (វិទេហតាបស ពោលថា) អ្នកលះបង់នូវដែន​គន្ធារៈ ដែលជា​ដែនសម្បូណ៌​ដោយ​ទ្រព្យ និងទឹក ហើញចេញ​ផុតអំពីទី​ជាទីឲ្យ​នូវពាក្យ​ប្រៀនប្រដៅ (ដូចខ្ញុំដែរ) ឥឡូវនេះ (ហេតុអ្វី​ក៏មក) ប្រៀនប្រដៅ (យើង) ក្នុងព្រៃ​នេះ។

[៣៤៣] (ពោធិសត្វ ពោលថា) ម្នាលវិទេហៈ ខ្ញុំនិយាយ​ចំពោះ​តែធម៌ សភាវៈ​មិនមែន​ជាធម៌ មិនគាប់​ចិត្តខ្ញុំទេ កាលបើ​ខ្ញុំនិយាយ​ធម៌ បាបឥត​ប្រឡាក់​បាន​ទេ។

[៣៤៤] (វិទេហតាបស ពោលថា) បុគ្គលដទៃបាន​នូវសេចក្តី​ក្រោធ ព្រោះពាក្យ​ណានី​មួយ បណ្ឌិត​មិនគប្បី​ពោលនូវ​ពាក្យនោះ​ឡើយ បើទុក​ជាពាក្យ​មាន​ប្រយោជន៍​ដ៏ធំក៏​ដោយ។

[៣៤៥] (ពោធិសត្វ ពោលថា) បុគ្គលទោះខឹងក៏ដោយ មិនខឹង​ក៏ដោយ ទោះ​រោយរាយ​ដូចអង្កាម​ក៏ដោយ កាលបើ​ខ្ញុំនិយាយ​ធម៌ បាបមិន​ប្រឡាក់​បាន​ទេ។

[៣៤៦] ប្រសិនបើប្រាជ្ញារបស់ខ្លួនក្តី វិន័យដែល​សិក្សា​ល្អក្តី មិនមានទេ ជន​ច្រើន​គ្នាតែង​ប្រព្រឹត្ត​ដូចជា​ក្របីខ្វាក់​ក្នុងព្រៃ។

[៣៤៧] មួយទៀត ជនពួកខ្លះ​ក្នុងលោកនេះ បាន​សិក្សាល្អ ក្នុង​អាចារប្បញ្ញត្តិ ព្រោះ​ហេតុ​នោះ (ធីរជន) អ្នកមាន​វិន័យ​ទូន្មាន​ហើយ រមែង​មានចិត្ត​តាំងមាំល្អ។

ចប់ គន្ធីរជាតក ទី១។

មហាកបិជាតក ទី២

[៣៤៨] (ព្រះរាជាពារាណសី ត្រាស់សួរថា) ម្នាលស្វាដ៏ប្រសើរ អ្នកបាន​ធ្វើខ្លួន​ឲ្យជាស្នួរ ​ហើយចម្លង (ពួកស្វា​ទាំងនេះ) ឲ្យឆ្លង​ទៅដល់​ទីសួស្តី តើអ្នកត្រូវជា​អ្វី​នឹងពួកស្វា​ទាំងនោះ ឯស្វា​ទាំងនោះ ត្រូវជាអ្វី​នឹងអ្នក។

[៣៤៩] (ស្តេចស្វាពោធិសត្វ ទូលតបថា) បពិត្រព្រះបាទ​អរិន្ទមៈ (អ្នក​បង្រ្កាបសត្រូវ) ខ្ញុំជា​ស្តេច ជាឥស្សរៈ​លើស្វា​ទាំងនោះ ជាអ្នក​គ្រប់គ្រង​ហ្វូងស្វា​ទាំងនោះ ដែលត្រូវ​សេចក្តី​សោក​គ្របសង្កត់ ជាអ្នក​ខ្លាចព្រះអង្គ។

[៣៥០] ខ្ញុំលោតខ្លួនអំពីឈើនេះ ទៅកាន់ទីប្រមាណ ១ រយជួរធ្នូ ដែលគេ​លើកឡើង ហើយចង​វល្លិផ្តៅ​ដ៏មាំ ត្រង់សរីរៈ​ជាខាងក្រោយ​នៃជើង (ចង្កេះ)។

[៣៥១] ខ្ញុំលោតទៅកាន់ដើមឈើ​ដោយខ្យល់ ដូចជា​ពពក​ដែល​ខ្យល់ផ្តាច់​ហើយ ខ្ញុំនោះ​ទៅមិនដល់ ក៏លូកដៃ​ទៅចាប់មែក (នៃឈើ) ឰដ៏អាកាសប្បទេស​នោះ។

[៣៥២] ពួកស្វាលើកជើងជាន់លើខ្ញុំនោះ ដែលដេកសន្ធឹង​ដូចខ្សែចាប៉ី ​ដោយមែកឈើ​ផង ដោយ​វល្លិផ្តៅផង ហើយនាំ​គ្នាទៅដោយ​សួស្តី។

[៣៥៣] ខ្ញុំនោះមិនក្តៅក្រហាយនឹងការចង ខ្ញុំនឹងមិន​ក្តៅក្រហាយ​នឹងការសម្លា​ប់​ឡើយ (ព្រោះ) ខ្ញុំសោយរាជ្យ (ត្រួតត្រា) លើពួក​ស្វាណា សេចក្តីសុខ ខ្ញុំបាន​នំាមកឲ្យ​ពួកស្វានោះ​ហើយ។

[៣៥៤] បពិត្រព្រះបាទអរិន្ទមៈ នេះជាសេចក្តីប្រៀបធៀប​ចំពោះ​ព្រះអង្គ សូមព្រះអង្គ​ស្តាប់នូវ​ឱវាទ​នោះ ខត្តិយរាជ​មានប្រាជា្ញ ត្រូវផ្តល់​សេចក្ដីសុខ​ដល់ពួក​ជនទាំងអស់ គឺអ្នក​ដែនផង យាន (វាហនៈ​សម្រាប់ទឹម) ផង ពលថ្មើរជើង​ផង អ្នកនិគមផង។

ចប់ មហាកបិជាតក ទី២។

កុម្ភការជាតក ទី៣

[៣៥៥] (ព្រះបច្ចេកពុទ្ធ ៤ អង្គ ពោលគាថាមួយ ៗ ថា) អាត្មាបាន​ឃើញដើមស្វាយ​ដុះលូតលាស់​ក្នុងកណ្តាល​ព្រៃ​ស្វាយ មានពណ៌ខៀវ មានផ្លែ អាត្មាឃើញ​ស្វាយនោះ​បាក់ខ្ទេចខ្ទី ព្រោះហេតុ​តែផ្លែ លុះឃើញ​ស្វាយនោះ​ហើយ ទើបអាត្មា​ប្រព្រឹត្តនូវ​ភិក្ខាចារ (ទៅបួស)។

[៣៥៦] នាងនារី (ម្នាក់) ពាក់កងជាវិការៈនៃកែវមណី ១ គូ ដ៏ស្អាត​រលោង ដែល​ជនអ្នក​ចេះធ្វើ​ឲ្យសម្រេច​ហើយ ឥតឮ​សូរសំឡេង (ទង្គិចគ្នា​ឡើយ) លុះដល់​អាស្រ័យ​យក​មកពាក់​ជាមួយគ្នា​នឹងកងទី ២ ក៏ (ទង្គិចគ្នា) ឮសូរសំឡេង អាត្មា​បាន​ឃើញនូវ​កងនោះ​ហើយ ទើបប្រព្រឹត្ត​នូវភិក្ខាចារ។

[៣៥៧] ពួកបក្សីច្រើនចោមរោម ដេញចឹកបក្សី ១ កំពុងពាំដុំសាច់ ​ព្រោះ​ហេតុតែ​អាហារ អាត្មាបាន​ឃើញបក្សីនោះ​ហើយ ទើបប្រព្រឹត្ត​នូវភិក្ខាចារ។

[៣៥៨] អាត្មាឃើញគោឧសភៈ (មួយ) កណ្តាលហ្វូង មានបូកជ្រួញ ៗ បរិបូណ៌​ដោយ​សម្បុរ និងកំឡាំង អាត្មាបាន​ឃើញ​គោឧសភៈ​នោះ ត្រូវគោឧសភៈ​ដទៃ បុះមុត (ធ្លាយពោះវៀន) ព្រោះហេតុ​តែកាម លុះបាន​ឃើញគោឧសភៈ​នោះ​ហើយ ទើប​ប្រព្រឹត្ត​នូវភិក្ខាចារ។

[៣៥៩] (ពោធិសត្វ ពោលថា) ព្រះរាជារបស់អ្នក​ដែនកលិង្គៈ ព្រះនាម​ករណ្ឌកៈ ព្រះរាជា​របស់អ្នក​ដែនគន្ធារៈ ព្រះនាម​នគ្គជិ ព្រះរាជា​របស់អ្នក​ដែនវិទេហៈ ព្រះនាម​និមិរាជ ព្រះរាជា​របស់អ្នក​ដែនបញ្ចាលៈ ព្រះនាម​ទុម្មុខៈ ព្រះរាជា​ទាំង ៤ ព្រះអង្គ​នុ៎ះ លះបង់​នូវដែន​ទាំងឡាយ ជាអ្នក​ឥតកង្វល់ បួស​ហើយ។

[៣៦០] ព្រះរាជាទាំងអស់អង្គនេះ ប្រហែលគ្នានឹងវិសុទ្ធិទេវតា បាន​មកចួបគ្នា​ហើយ ព្រះរាជា​ទាំងនេះ (រុងរឿង​ដោយគុណ​ទាំងឡាយ មាន​សីលគុណ​ជាដើម) ដូចជាភ្លើង​ដែលភ្លឺ​រុងរឿង​ដូច្នោះឯង ម្នាលនាង​មានភក្រ្ត ចំណែក​ខាងបង ក៏នឹង​លះបង់នូវ​កាម​ទាំងឡាយ ជាចំណែក​ដែលខ្លួន​នឿយណាយ​ហើយ ប្រព្រឹត្ត​តែម្នាក់ឯង។

[៣៦១] (ភរិយានោះ ពោលថា) កាលនេះ ជាកាលគួរ (នឹងបួស​ហើយ) ឥត​មាន​កាលដទៃ​ទៀតឡើយ (ព្រោះ) ដល់ទៅ​ពេលក្រោយ បុគ្គលជា​អ្នកប្រៀន​ប្រដៅខ្ញុំ មិនមានទេ បពិត្រ​អ្នកមានភក្រ្ត ខ្ញុំនឹង​ប្រព្រឹត្តតែ​ម្នាក់ឯង ដូចជា​មេបក្សី​ដែលរួច​អំពីដៃ​នៃបុរស។

[៣៦២] (ព្រះមហាសត្វ ពោលថា ទារកទាំងឡាយនោះ) ស្គាល់បាយឆៅ បាយឆ្អិន ទាំងស្គាល់​បាយប្រៃ និងបាយសាប​ហើយ លុះយើង​ឃើញកិរិយា​របស់ទារកនោះ​ហើយ ទើបបួស នាងចូរប្រព្រឹត្ត​ស្វែងរកនូវ​ភិក្ខាចារចុះ យើងក៏នឹង​ប្រព្រឹត្ត​ស្វែងរក​នូវភិក្ខាចារ​ដែរ។

ចប់ កុម្ភការជាតក ទី៣។

ទឡ្ហធម្មជាតក ទី៤

[៣៦៣] (មេដំរីឈ្មោះ​ឱដ្ឋិព្យាធិ បានពោលនឹង​អាមាត្យ​ពោធិសត្វ​ថា) ខ្ញុំកាល​នាំទៅ (នូវកិច្ច) របស់​ព្រះបាទ​ទឡ្ហធម្មៈ នាំទៅនូវសរ (ដែលគេចង) ត្រង់ទ្រូង​ ហើយ​ត្រាច់ទៅ​ក្នុងទី​ចម្បាំង ដោយ​សេចក្តី​ប្រឹងប្រែង ក៏គង់ញុំាង​ព្រះអង្គ​ឲ្យសព្វ​ព្រះរាជហឫទ័យ​មិនបាន។

[៣៦៤] ព្រះរាជាមិនជា្របនូវសេចក្តីប្រឹងប្រែង​របស់​បុរស​ដែលខ្ញុំបាន​ធ្វើដោយពិត ទាំងការ​នំាសំបុត្រ​ចុះឡើង​ក្នុងសង្រ្គាម ក៏ខ្ញុំបាន​ធ្វើល្អ​ហើយ។

[៣៦៥] ខ្ញុំនោះជាអ្នកឥតផៅពង្ស ឥតទីពំនាក់ មុខជា​នឹងស្លាប់​មិនខាន ព្រោះ​ក្នុងពេល​នោះ ព្រះរាជាបាន​ទ្រង់ប្រទាន​ខ្ញុំ​ឲ្យជាអ្នក​នំានូវ​អាចម៍គោ​ដល់ស្មូនឆ្នាំង។

[៣៦៦] (ពោធិសត្វទូលព្រះរាជាថា) បុរសប្រាថា្ន (ប្រយោជន៍) ដរាបណា រមែង​គប់រក (នឹងគេ) ដរាបនោះ ជនទាំង​ឡាយ រមែង​លះបង់​ចោលគេ​ក្នុងពេល​ដែល​គេសាបសូន្យ​ចាក​សេចក្តី​ចំរើន​ដូចជា​ក្ស័ត្រ (លះបង់​ចោល) នូវមេដំរី ឈ្មោះ​ឱដ្ឋិព្យាធិ​នោះ។

[៣៦៧] បុគ្គលណា នឹកមិនឃើញនូវអំពើល្អ​ដែលអ្នក​ដទៃធ្វើ​ហើយ និងប្រយោជន៍​ដែលអ្នក​ដទៃធ្វើ​ហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍​ទាំងឡាយ ដែលបុគ្គល​នោះ​ប្រាថ្នា រមែង​សាបសូន្យ។

[៣៦៨] បុគ្គលណានឹកឃើញនូវអំពើល្អ​ដែលអ្នកដទៃធ្វើ​ហើយ និងប្រយោជន៍​ដែលអ្នក​ដទៃធ្វើ​ហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍​ទាំងឡាយណា ដែល​បុគ្គល​នោះប្រាថ្នា​ហើយ រមែង​ចំរើន។

[៣៦៩] ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក​ទាំងឡាយ សូមសេចក្តីចំរើន (កើត​មាន) ដល់អ្នក​ទាំងឡាយ ដែលបាន​អញ្ជើញមក​ជួបជុំ​ក្នុងទីនេះ​ទាំង​អម្បាល​ម៉ាន អ្នកទាំង​អស់គ្នា ចូរជា​អ្នកដឹង​នូវ​ឧបការៈ​ដែលអ្នក​ដទៃបាន​ធ្វើ​ហើយ (ដល់ខ្លួន) អ្នក​ទាំងឡាយ​នឹងបាន​ឋិតនៅ​ក្នុងឋានសួគ៌​អស់កាល​យូរ។

ចប់ ទឡ្ហធម្មជាតក ទី៤។

សោមទត្តជាតក ទី៥

[៣៧០] (តាបសយំទួញរកដំរីថា) កាលពីមុន ដំរីណា​មកអំពី​ចម្ងាយ ទទួល​អាត្មាអញ​ក្នុងព្រៃ (ឥឡូវនេះ) ដំរីឈ្មោះ​សោមទត្ត​នោះ ទៅក្នុងទីណា បាន​ជាបាត់ មិនឃើញមក។

[៣៧១] (តាបសនោះ ឃើញដំរីនោះដួលស្លាប់ ហើយពោលថា) ដំរីដេក​ស្លាប់នេះ គឺដំរី​នេះឯង ដំរីសោមទត្ត​ដួលដេក​លើផែនដី ដូចជា​ត្រួយជ្រៃ​ដែល​បុគ្គលក្តិច​ហើយ ដំរី (នោះ) មិនទាន់​ស្លាប់ទេហ្ន៎។

[៣៧២] (ខណៈនោះ សក្កទេវរាជពោលថា) លោកសោកស្តាយ​ដំរីណា ដែល​ស្លាប់​បាត់ទៅ​ហើយ ការសោក​ស្តាយដំរីនោះ មិនសមគួរ​ដល់លោក​ដែលចូល​មកកាន់ផ្នួស ជាសមណៈ​មានចិត្ត​រួចស្រឡះ​សោះឡើយ។

[៣៧៣] (តាបស ពោលថា) បពិត្រសក្កៈ សេចក្តីស្រឡាញ់ រមែង​កើតក្នុង​ហឫទ័យ​របស់​មនុស្សក្តី ម្រឹគក្តី ដោយសារ​ធ្លាប់នៅ​ជាមួយគ្នា អាត្មា​មិនអាច​មិនសោក​ស្តាយ​ដំរីនោះ​បាន​ឡើយ។

[៣៧៤] (សក្កទេវរាជពោលថា) សត្វទាំងឡាយណា យំទួញ​រៀបរាប់ សត្វ​ទាំងឡាយ​នោះ តែងយំរក​សត្វដែលស្លាប់​បាត់ទៅ​ហើយ ឬក៏សត្វ​ដែលបម្រុង​នឹង​ស្លាប់ នែឥសី ព្រោះ​ហេតុនោះ លោកកុំ​យំឡើយ ពួកសប្បុរស​ពោលថា ការយំ ជាធម្មជាត​ឥតអំពើទេ។

[៣៧៥] បពិត្រព្រហ្ម ប្រសិនបើបុគ្គលដែលស្លាប់ទៅកាន់​បរលោក​ហើយ គប្បី​រស់ឡើង​វិញ​ដោយការ​យំទួញ ពួកយើង​ទាំងអស់​ក៏គួរប្រជុំ​គ្នាយំរក​ពួកញាតិ​នៃគ្នា​នឹងគ្នាដែរ។

[៣៧៦] (តាបសពោលថា) អ្នកបានស្រោចខ្ញុំ​ដែលត្រូវភ្លើង គឺសេចក្តី​សោក កំពុង​ឆេះសព្វ ឲ្យត្រជាក់​ត្រជំ រំលត់នូវ​ក្រវល់​ក្រវាយ​ទាំងអស់បាន ដូចជា​បុគ្គល​យកទឹក​ស្រោចលត់​នូវភ្លើង​ដែលកំពុង​ឆេះនូវ​ឆ្នាំងខ្លាញ់។ អ្នកបាន​បន្ទោបង់​សេចក្តី​សោក ព្រោះកូន​របស់ខ្ញុំ ដែលត្រូវ​សេចក្តី​សោក​កំពុង​គ្របសង្កត់ ឈ្មោះថា​បាន​ដកចោល​នូវសរ គឺ​សេចក្តី​សោក​ដែល​អាស្រ័យ​នៅក្នុង​ហឫទ័យ​នៃខ្ញុំបាន។ បពិត្រ​វាសវៈ ខ្ញុំនោះ​ឈ្មោះថា មាន​សរដកចោល​ហើយ ប្រាសចាក​សេចក្តីសោក​ហើយ ឥតមាន​ចិត្តល្អក់ ខ្ញុំលែង​សោកស្តាយ លែងយំ ព្រោះបាន​ស្តាប់ (នូវពាក្យ​របស់អ្នក)។

ចប់ សោមទត្តជាតក ទី៥។

សុសីមជាតក ទី៦

[៣៧៧] (ព្រះរាជាពោធិសត្វ ពោលថា) ម្នាលសុសីមៈ កាលពីដើម សក់​ទាំងឡាយ​ខ្មៅ ដុះ​លើក្បាល ជាប្រទេស​ដ៏សមគួរ ថ្ងែនេះ​អ្នកឃើញ​សក់ទាំងនោះ​ស​ហើយ ចូរ​ប្រព្រឹត្ត​ធម៌ចុះ (ព្រោះកាលនេះ) ជាកាលគួរ​ដល់​ព្រហ្មចរិយធម៌​ហើយ។

[៣៧៨] (អគ្គមហេសី ពោលថា) បពិត្រព្រះសម្មតិទេព សក់ស្កូវ​របស់ខ្ញុំ​មិនមែន​របស់​ព្រះអង្គ​ទេ ស្កូវក្បាល​របស់ខ្ញុំ ស្កូវត្បូង​របស់ខ្ញុំ​ទេតើ បពិត្រ​ព្រះរាជសេដ្ឋៈ ខ្ញុំនិយាយ​កុហកទេ ដោយ​បំណងថា អាត្មាអញ​នឹងធ្វើនូវ​សេចក្តីចំរើន (ដល់ខ្លួន) សូមព្រះអង្គ​ទ្រង់​ព្រះមេត្តា​ប្រោស អភ័យទោស​កំហុសម្តង (ដល់ខ្ញុំ)។

[៣៧៩] បពិត្រព្រះរាជា ព្រះអង្គនៅក្មេង ឋិតនៅក្នុង​បឋមវ័យ​នៅឡើយ មុខគួរ​ឲ្យ​អ្នកផង​ពិតពិល​រមិល​មើល ដូចជា​ទំពាំង (ខ្ចី មានសម្បុរ​ដ៏សិ្នទ្ធ) សូមទ្រង់​សោយរាជ្យ​ផង សូមទ្រង់​ទតខ្ញុំ​ព្រះអង្គ​ផង បពិត្រ​ព្រះជនិន្ទៈ សូមព្រះអង្គ​កុំស្ទុះ​ទៅតាម​កាលិកៈ​ឡើយ [ការ​ប្រព្រឹត្តិ​ព្រហ្មចរិយៈ ឈ្មោះថា កាលិកៈ ព្រោះអាច​ឲ្យផល​ក្នុងអត្តភាព​ទី២ ឬទី៣។ អដ្ឋកថា។]។

[៣៨០] (ពោធិសត្វ ពោលថា) យើងឃើញកុមារីក្រមុំ មានសម្បុរ​ស្បែកដ៏​ផូរផង់​ក្នុងខាង​ទាំងអស់ មានដង​ខ្លួនសមរម្យ ត្រង់ពាក់​កណ្តាលខ្លួន សណ្ឋិត​ដោយល្អ (កុមារីនោះ) ធ្វើដំណើរ​ញ៉ែងញ៉ង ដូចជា​វល្លិប្រេង មានស្លឹកខ្ចី (ដែលទន់ល្វន់) ​ហើយ​ប្រលោម​ពួកបុរស។

[៣៨១] លុះដល់សម័យខាងក្រោយមក យើងឃើញ​នារីនុ៎ះ កើតបាន ៨០ ឆ្នាំ ឬ ៩០ ឆ្នាំ អំពី​កំណើត កាន់ឈើ​ច្រត់ ញ័រទទ្រើត ត្រាច់ទៅ​កោង ៗ ដូចជា​បង្កង់ផ្ទះ។

[៣៨២] យើងនោះត្រិះរិះឃើញនូវសេចក្តីរីករាយ និងទោស​របស់រូបនោះ ដេកម្នាក់​ឯង ពាក់កណ្តាល​នៃដំណេក ក៏ត្រិះរិះ​ឃើញថា អាត្មាអញ មុខជា​យ៉ាងនោះ​ដែរ ដូច្នេះ​ហើយ ក៏លែង​រីករាយ​ក្នុងផ្ទះ (កាលនេះ) ជាកាល​គួរនៃ​ព្រហ្មចរិយៈ។

[៣៨៣] សេចក្តីត្រេកអរ (ក្នុងកាម) របស់បុគ្គល​អ្នកនៅ​ក្នុងផ្ទះ​នុ៎ះ ដូចជាខ្សែ​សម្រាប់​តោង (របស់បុរស​ដែលមាន​ជំងឺ) អ្នកប្រាជ្ញ​ទាំងឡាយ កាត់ផ្តាច់​នូវខ្សែ​នុ៎ះ​ហើយ លែង​នឹកនា លះបង់​ចោលនូវ​កាមសុខ ទៅបួស។

ចប់ សុសីមជាតក ទី៦។

កោដសិម្ពលិជាតក ទី៧

[៣៨៤] (សេ្តចគ្រុឌឃើញដើមរកានោះកំពុងកក្រើក​ញាប់ញ័រ ក៏សួរ​​រកហេតុថា) យើង​ចាប់នាគ​មានប្រវែង ១ ពាន់ព្យាម យកមក (ក្នុងទីនេះ) អ្នកទ្រនូវ​នាគនោះ​ផង នូវយើង​ផង សុទ្ធតែ​មានកាយ​ដ៏ធំ មិនកម្រើក។

[៣៨៥] មា្នលកោដសិម្ពលិ លុះដល់អ្នកមកទ្របក្សីតូច​នេះ ដែលមាន​សាច់តិច​ជាង​យើងទេ ហេតុអ្វី​ក៏ភ័យ​ញ័ររន្ធត់។

[៣៨៦] (ទេវបុត្ត ពោលថា) បពិត្រព្រះរាជា ព្រះអង្គមានសាច់ជា​អាហារ ឯបក្សីនេះ​មាន​ផ្លែឈើ​ជាអាហារ បក្សីនេះ​នឹងស៊ី​នូវពូជជ្រៃ ពូជលៀប ពូជល្វា​ទាំងឡាយ ពូជ​ពោធិ៍បាយ​ទាំងឡាយ ហើយមក​ជុះដាក់លើ​ដើមឈើ​របស់យើង។

[៣៨៧] ឈើទាំងឡាយនោះ ដុះក្នុងទីបាំងខ្យល់ ក្បែរខាង​យើង លូតលាស់ល្អ ឈើ​ទាំង​ឡាយនោះ មុខជា​នឹងរួបរឹត​យើង ធ្វើយើង​មិនឲ្យនៅ​ជាដើមឈើ។

[៣៨៨] មានឈើដទៃទៀត ដែលជាឈើបរិបូណ៌ដោយ​ឫស បរិបូណ៌​ដោយដើម ត្រូវ​សកុណជាតិ​នេះ ពាំយក​ពូជមកបំផ្លាញ​ហើយដែរ។

[៣៨៩] ដ្បិត (ឈើទាំងឡាយ មានជ្រៃជាដើម) រមែង​ដុះសង្កត់​នូវឈើ​ជាធំ​ក្នុងព្រៃ សូម្បីធំ​ចំរើន បពិត្រ​ព្រះរាជា ព្រោះហេតុនោះ យើងឃើញ​ភ័យទៅ​អនាគត បាន​ជា​ញាប់ញ័រ។

[៣៩០] (សុបណ្ណរាជ ឮពាក្យរុក្ខទេវតា ហើយពោលថា) អ្នកប្រាជ្ញ​គប្បីរង្កៀស​ចំពោះ​ហេតុ​ទាំងឡាយ ដែលគួរ​រង្កៀស គប្បីរក្សា (ប្រយ័ត្ន) នូវភ័យ​ជាអនាគត ទើប​ឈ្មោះថា រមិល​មើល​នូវ​លោក​ទាំងពីរ ព្រោះហេតុ​នៃភ័យ​ជាអនាគត។

ចប់ កោដសិម្ពលិជាតក ទី៧។

ធូមការិជាតក ទី៨

[៣៩១] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រះរាជាទ្រង់ព្រះនាម​យុធិដ្ឋិលៈ ព្រះអង្គ​ពេញ​ព្រះទ័យ​នឹងសុចរិតធម៌ បាន​ត្រាស់សួរ​វិធូរបណ្ឌិត​ថា មា្នលព្រាហ្មណ៍ អ្នកដឹង​ឬទេ អ្នកណា​តែម្នាក់​ឯង សោក​ស្តាយច្រើន។

[៣៩២] (វិធូរបណ្ឌិតពោធិសត្វ ពោលថា) ព្រាហ្មណ៍ជា​វសិដ្ឋគោត្ត មាន​រំកាច់​ឧស​ច្រើន នៅក្នុង​ព្រៃជាមួយ​នឹងហ្វូងពពែ ជាអ្នក​មិនខ្ជិល​ច្រអូស ទាំងយប់​ទាំងថ្ងៃ បាន​បង្ហុយ​ផ្សែង (ដើម្បីការពារ​កុំឲ្យមូសខាំ)។

[៣៩៣] ពួកម្រឹគឈ្មោះសរភៈ[ឈ្មោះម្រឹគ​មានក្រចក ៨ ចួនកាលអាច​សម្លាប់​សីហៈ​ក៏បាន។ អភិធានប្បទីបិកាសូចិ។] ត្រូវមូសខាំ ធុំក្លិនផ្សែង​នោះ ក៏ចូលទៅ​នៅក្នុង​សំណាក់​នៃ​ព្រាហ្មណ៍ ជាអ្នកធ្វើ​ផ្សែងនោះ ​ក្នុងពេល​ដែលមាន​ភ្លៀងធា្លក់​ជោកជាំ។

[៣៩៤] ព្រាហ្មណ៍នោះ ចំពាក់ចិត្តនឹងពួកសរភៈ លែងរវល់​នឹកដល់​ពួកពពែ​ថា (ពពែ​ប៉ុណ្ណោះ) មកកាន់​ក្រោល​ហើយ ឬថា (ពពែប៉ុណ្ណោះ ចេញអំពី​ក្រោលទៅ​ព្រៃ) ពួកពពែ​ទាំងនោះ​របស់គាត់ ក៏វិនាស​អស់ទៅ។

[៣៩៥] លុះដល់ក្នុងសរទកាល ពួកសរភៈម្រឹគ ក៏ចូលទៅ​កាន់ជើង​ភ្នំផង កាន់​ដងស្ទឹង​ផង ក្នុងព្រៃ​ដែលគ្មាន​មូស។

[៣៩៦] ចំណែកខាងព្រាហ្មណ៍ ក៏កើតរោគលឿង​ស្គម មានសម្បុរ​អាក្រក់ ព្រោះ​ឃើញ​ពួក​​សរភៈម្រឹគ​ទៅបាត់ផង ឃើញពួក​ពពែ​វិនាសផង។

[៣៩៧] បុគ្គលណា លះបង់អជ្ឈត្តិកជន (បុរាណ) របស់ខ្លួន​ចោល​យ៉ាងនេះ ហើយ​បែរ​ជា​ធ្វើសេចក្តី​រាប់អាន​ចំពោះ​អាគន្តុកជន​វិញ បុគ្គលនោះ តែម្នាក់ឯង តែង​សោកស្តាយ​ច្រើន ដូចព្រាហ្មណ៍​ជាអ្នក​ធ្វើផ្សែង។

ចប់ ធូមការិជាតក ទី៨។

ជាគរជាតក ទី៩

[៣៩៨] (រុក្ខទេវតា សួរប្រស្នាថា) កាលសត្វទាំងឡាយ​កំពុងភ្ញាក់ អ្នកណា​ជាអ្នក​ដេកលក់ ក្នុងលោកនេះ កាលសត្វ​ទាំងឡាយ​កំពុងដេកលក់ អ្នកណា​ជាអ្នកភ្ញាក់ ក្នុង​លោក​នេះ អ្នកណាហ្ន៎ ដឹងច្បាស់​នូវប្រស្នា​របស់យើង​នុ៎ះបាន អ្នកណា​ឆ្លើយតប​ប្រស្នា​យើង​នោះ​បាន។

[៣៩៩] (តាបសពោធិសត្វ ពោលថា) កាលសត្វទាំងឡាយ​កំពុងភ្ញាក់ ខ្ញុំជា​អ្នក​ដេក​លក់ កាលសត្វ​ទាំងឡាយ​កំពុង​ដេកលក់ ខ្ញុំជា​អ្នកភ្ញាក់ ខ្ញុំដឹងច្បាស់​នូវប្រស្នា​របស់​អ្នកនុ៎ះ ខ្ញុំឆ្លើយតប (ប្រស្នានុ៎ះ) របស់​អ្នកបាន។

[៤០០] (រុក្ខទេវតានោះ សួរទៀតថា) កាលសត្វទាំងឡាយ​កំពុងភ្ញាក់ អ្នកដេកលក់ តើដូច​ម្តេច កាលសត្វ​ទាំងឡាយ​កំពុង​ដេកលក់ អ្នកភ្ញាក់​ តើដូចម្តេច អ្នកដឹងច្បាស់​នូវ​ប្រស្នា​របស់​ខ្ញុំនុ៎ះ ដូចម្តេច អ្នកឆ្លើយ​តបខ្ញុំ​ដូចម្តេច។

[៤០១] (ពោធិសត្វ ពោលថា) សត្វទាំងឡាយណា មិនដឹងច្បាស់​នូវធម៌ផង មិន​ដឹងថា (នេះ) ជាសញ្ញមៈផង (នេះ) ជាទមៈផង កាលបើសត្វ​ទាំងឡាយ​នោះ​ដេក​លក់ទាំង​សេចក្តី​ប្រមាទ​ហើយ ម្នាលទេវតា ខ្ញុំរមែង​ភ្ញាក់។

[៤០២] ពួកសត្វណា លះបង់នូវរាគៈ ទោសៈ និងអវិជា្ជបាន កាលបើ​ពួកសត្វ​នោះ​កំពុង​ភ្ញាក់ ម្នាលទេវតា ខ្ញុំជាអ្នក​ដេកលក់។

[៤០៣] កាលបើពួកសត្វកំពុងភ្ញាក់ ខ្ញុំជាអ្នកដេកលក់​យ៉ាងនេះ កាលបើ​ពួកសត្វ​កំពុង​ដេក​លក់ ខ្ញុំជាអ្នក​ភ្ញាក់យ៉ាងនេះ ខ្ញុំដឹងច្បាស់​នូវប្រស្នា​របស់អ្នកនុ៎ះ យ៉ាងនេះ ខ្ញុំឆ្លើយ​តបអ្នក​យ៉ាងនេះ។

[៤០៤] (រុក្ខទេវតា មានចិត្តត្រេកអរ ពោលសរសើរថា) ត្រូវ​ហើយ កាល​បើពួកសត្វ​កំពុងភ្ញាក់ អ្នកជា​បុគ្គល​ដេកលក់ ត្រូវ​ហើយ កាលបើពួកសត្វ​កំពុងដេកលក់ អ្នកជា​បុគ្គល​ភ្ញាក់ ត្រូវ​ហើយ អ្នកដឹងច្បាស់​នូវប្រស្នា​របស់ខ្ញុំនុ៎ះ អ្នកឆ្លើយ​តបខ្ញុំត្រូវ​ហើយ។

ចប់ ជាគរជាតក ទី៩។

កុម្មាសបិណ្ឌជាតក ទី១០

[៤០៥] (ព្រះរាជាពោធិសត្វ បានពោលថា) បានឮថា ការបំរើ​ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ដែល​លោកមាន​ពោធិញ្ញាណ​មិនថោកថយ មិនមែន​មាន​ផលានិសង្ស​តិចតួច​ឡើយ អ្នកចូរ​មើល​ផលនៃ​ដុំនំកុម្មាសៈ ដែល​សោះកក្រោះ​ឥតរសប្រៃ។ ដំរី គោ និង​សេះ​ដ៏ច្រើន​ទាំងនេះ​ផង ទ្រព្យ ស្រូវ និងផែនដី​ទាំងអស់​ផង នាងនារី​ទាំងឡាយ ដែល​ប្រៀប​ដូចជា​ស្រ្តីអប្សរ​ទាំង​នេះ​​ផង សុទ្ធតែ​ជារបស់ខ្ញុំ អ្នកចូរ​មើលនូវ​ផល​នៃដុំ​នំកុម្មាសៈ។

[៤០៦] (នាងទេវី បានពោលថា) បពិត្រព្រះរាជកុព្ជារ មានព្រះអធ្យាស្រ័យ​ជា​កុសល ទ្រង់ញុំាង​ដែនឲ្យ​ចំរើន ព្រះអង្គ​ត្រាស់គាថា​ទាំងឡាយ​រឿយ ៗ ខ្ញុំព្រះអង្គ​សូម​ក្រាបបង្គំ​ទូល​សួរ​ទ្រង់ ព្រះអង្គ​មានព្រះទ័យ​ប្រកប​ដោយ​បីតិក្រៃពេក ហើយទ្រង់​ត្រាស់ (គាថា​ទាំងនុ៎ះ)។

[៤០៧] (ព្រះមហាសត្ត បានត្រាស់គាថាទាំងនេះថា) យើងបាន​កើតក្នុង​ត្រកូលមួយ ក្នុងក្រុង​នេះដែរ ជាអ្នក​ស៊ីឈ្មួល​ធ្វើការងារ​របស់បុគ្គល​ដទៃ ជាអ្នក​សង្រួម​ក្នុងសីល យើងចេញ​ទៅធ្វើ​ការងារ បាន​ជួបនឹង​សមណៈ ៤ អង្គ លោក​បរិបូណ៌​ដោយអាចារៈ និង​សីល មានសេចក្តី​ត្រជាក់ ទាំងឥត​មានអាសវៈ​ឡើយ។ យើងបាន​ញុំាងចិត្ត​ឲ្យជ្រះថា្ល ចំពោះ​សមណៈ​ទាំងនោះ បាន​និមន្ត​លោកឲ្យ​គង់លើ​កម្រាល​ស្លឹកឈើ លុះយើង​មានចិត្ត​ជ្រះថា្ល​ហើយ បាន​ប្រគេន​នំកុម្មាសៈ ដល់​ព្រះបច្ចេកពុទ្ធ​ទាំងឡាយ​ដោយដៃ​របស់ខ្លួន។ ឯផល​របស់​យើង​ប្រាកដ​ដូច្នេះនេះ ជាផល​របស់កម្ម​ជាកុសល​នោះ យើង​សោយរាជ្យ​ដ៏ស្តុកស្តម្ភ ប្រសើរ​លើ​ធរណី​នេះ។

[៤០៨] (នាងទេវី ពោលថា) បពិត្រព្រះអង្គ​មានព្រះអធ្យាស្រ័យ​ជាកុសល សូម​ព្រះអង្គ​ទ្រង់​ព្រះរាជទាន ហើយសឹម​ទ្រង់សោយ សូមព្រះអង្គ​កុំប្រមាទ (ក្នុងបុណ្យ​ទាំងឡាយ) សូម​ព្រះអង្គ​ញុំាង​ចក្រធម៌ [ចក្រធម៌ មាន៤យ៉ាងគឺ បដិរូបទេសវាសៈ ១ សប្បុរិសូបសំសេវៈ ១ អត្តសម្មាបណិធិ ១ បុព្វេកតបុញ្ញតា ១។] ឲ្យប្រព្រឹត្តទៅ បពិត្រ​ព្រះរាជា មាន​ព្រះអធ្យាស្រ័យ​ជាកុសល ព្រះអង្គ​កុំជាអ្នក​មិនប្រកប​ដោយធម៌ សូមទ្រង់​រក្សានូវ​អនុធម៌ [រាជធម៌​ទាំង១០ប្រការ មានទានជាដើម។ អដ្ឋកថា។]។

[៤០៩] (ព្រះមហាសត្ត ទ្រង់ត្រាស់ថា) ម្នាលនាងមានឆោមល្អ យើងនោះ​នឹងដើរ​តាម​តម្រាយ​ដែល​ព្រះអរិយៈ​ធ្លាប់​ប្រព្រឹត្ត​រឿយ ៗ មកនោះ​ឯង ម្នាលនាង​ដ៏ល្អ​ជាធីតា​របស់​ព្រះបាទ​កោសល ការបាន​ចួបប្រទះ​នូវ​ព្រះអហរន្ត​ទាំងឡាយ ជាទីគាប់ចិត្ត​របស់​យើង​ពន់ពេក។

[៤១០] (ព្រះរាជា ទ្រង់សួរនាងទេវីថា) ម្នាលនាងសុកោសលធីតា នាងប្រៀប​ដូចជា​ស្រ្តីទេព​អប្សរ ជាទេវធីតា (របស់​សក្កទេវរាជ) ឆើតឆាយ​ក្នុងកណ្តាល​នៃពួកនាង​នារី នាង​បាន​ធ្វើនូវកម្ម​ដ៏ចំរើន​ដូចម្តេច នាងមាន​សម្បុរល្អ​ដោយហេតុអ្វី។

[៤១១] (នាងទេវី ឆ្លើយថា) បពិត្រក្សត្រិយ៍ ខ្ញុំម្ចាស់ជា​ទាសី​បម្រើ​អ្នកដទៃ​របស់​ត្រកូល​អម្ពដ្ឋៈ ជាស្ត្រី​សង្រួម ចិញ្ចឹម​ជីវិត​ដោយធម៌ មាន​សីលធម៌ មានការ​ឃើញ​មិនអាក្រក់។ កាលនោះ ខ្ញុំជាស្ត្រី​មានចិត្ត​ត្រេកអរ​រីករាយ​ខ្លួនឯង បាន​ប្រគេន​ភត្ត​ដែល​គេដួស (ទុកបម្រុងខ្ញុំ) ដល់ភិក្ខុ (ព្រះបច្ចេកពុទ្ធ) ដែល​ត្រាច់ទៅ (ដើម្បី​បិណ្ឌបាត) ផល​ប្រាកដ​ដូច្នេះ​នេះ គឺជាផល​នៃបុញ្ញកម្ម​នោះ។

ចប់ កុម្មាសបិណ្ឌជាតក ទី១០។

បរន្តបជាតក ទី១១

[៤១២] (បរន្តបទាសៈ ពោលថា) អំពើលាមក​នឹងមាន​មកដល់ខ្ញុំ ភ័យ​នឹងមាន​មក​ដល់ខ្ញុំ ដ្បិតក្នុង​កាលនោះ មែកឈើ​កម្រើក ព្រោះមនុស្ស ឬម្រឹគ។

[៤១៣] (បុរោតហិត ពោលថា) កាមរបស់ខ្ញុំ (កើតចំពោះនាង​ព្រាហ្មណី) ជាស្ត្រី​ខ្លាច​ច្រើន ដែលនៅ​ក្នុងទី​មិនឆ្ងាយ វានឹង​ធ្វើខ្ញុំ​ឲ្យជាបុគ្គល​ស្គមលឿង ដូច​ជាមែកឈើ​នោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គល​ស្គមលឿង)។

[៤១៤] (ថ្ងៃក្រោយ បុរោហិតនោះ​ពោលថា) ភរិយាជា​ទីពេញចិត្ត កាលនៅក្នុង​ស្រុក ឥតមាន​អ្នកផង​តិះដៀលបាន នឹងធ្វើខ្ញុំ​ឲ្យរីងស្ងួត នឹងធ្វើខ្ញុំ​ឲ្យស្គមលឿង ដូចជា​មែកឈើ​នោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គល​ស្គមលឿង)។

[៤១៥] (ថ្ងៃក្រោយទៀត បុរោហិតពោលថា) នែភ្នែក ការញញឹម​ញញែម ឬសំដី (ដ៏ពីរោះ) ដែលនាង (ឲ្យប្រព្រឹត្តទៅ​ហើយ) នឹងធ្វើខ្ញុំ​ឲ្យជា​បុគ្គលស្គម​លឿង ដូចជា​មែកឈើ​នោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គល​ស្គម​លឿង)។

[៤១៦] (បរន្តបទាសៈ ពោលថា) សំឡេង (នៃមែកឈើ) នោះ ប្រព្រឹត្តទៅ​ហើយនោះ ដូចជា​ប្រាប់អ្នក​ហើយ សត្វណា​ញុំាងមែកឈើ​នោះឲ្យ​កំរើក សត្វនោះប្រាប់​ហេតុ​នោះ​ហើយ។

[៤១៧] គំនិតណាដែលខ្ញុំជាបុគ្គលល្ងង់ គិតថា ក្នុងកាលនោះ មែកឈើកំរើក ព្រោះ​មនុស្ស ឬម្រឹគ គំនិតនេះឯង មកដល់ខ្ញុំ​ហើយ។

[៤១៨] (លំដាប់នោះ រាជកុមារពោលថា) អ្នកបាន​ដឹងពិត​ដូច្នោះ​មែន ព្រោះអ្នក​បាន​សម្លាប់​នូវបិតា​របស់ខ្ញុំ បិទបាំង​ដោយ​មែកឈើ​ទាំងឡាយ លាក់លៀម​ដោយ​គិតថា (ភ័យ​នឹងមាន​មកដល់​អ្នក)។

ចប់ បរន្តបជាតក ទី១១។

ចប់ គន្ធារវគ្គ ទី២។

ឧទ្ទាននៃជាតកនោះ គឺ

និយាយអំពីការលះស្រុកដ៏ប្រសើរ ១ ស្វាធំ ១ ភគ្គវៈស្មូនឆ្នាំង ១ សេ្តចព្រះនាម​ទឡ្ហធម្មៈ ១ ដំរី ១ សក់ដ៏ប្រសើរ ១ នាគ ១ វិធូរបណ្ឌិត ១ កាលជន​ភ្ញាក់រលឹក ១ ព្រះរាជា​មាន​អធ្យាស្រ័យ​ជាកុសល ១ បរន្តបទាសៈ ១។

ក្នុងសត្តកនិបាតនោះ មានឧទ្ទាននៃវគ្គ (ដូច្នេះ) កាលខ្ញុំសូម​ពោល​នូវវគ្គ ក្នុង​សត្តកនិបាត ចូរអ្នកស្តាប់​វគ្គពីរ គឺ​កុក្កុវគ្គ ១ គន្ធារវគ្គ ១ ដែល​ព្រះសម្ពុទ្ធ ព្រះអង្គ​ស្វែងរក​នូវគុណ​ដ៏ធំ ទ្រង់ត្រាស់​ទុក​ហើយ។

ចប់ សត្តកនិបាត។

អដ្ឋកនិបាតជាតក

កច្ចានិវគ្គ

កច្ចានិជាតក ទី១

[៤១៩] (ព្រះឥន្ទពោធិសត្វ បានពោលថា) ម្នាលនាង​កច្ចានី ថ្វីក៏បាន​ជា​នាង​ស្លៀក​ដណ្តប់​សំពត់​សស្អាត មានសក់​ទទឹក ហើយដាំឆ្នាំង លាងម្សៅល្ង និងអង្ករ បាយលាយ​ដោយ​ល្ង កើតមាន​ឡើង តើព្រោះ​ហេតុ​ដូចម្តេច។

[៤២០] (នាងកច្ចានី បានពោលថា) ម្នាលព្រាហ្មណ៍ បាយលាយ​ដោយល្ង ដែល​ខ្ញុំចំអិន​ដោយ​ប្រពៃនេះ មិនមែន​បម្រុង​នឹងបរិភោគ​ខ្លួនឯងទេ (ព្រោះថា) ធម៌ស្លាប់បាត់​ទៅ​ហើយ ថ្ងៃនេះ ខ្ញុំនឹង​ធ្វើការ​បូជាចំពោះ​ធម៌នោះ ក្នុងកណ្តាល​ព្រៃស្មសាន។

[៤២១] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាង​កច្ចានី នាងចូរ​ពិចារណា​សិន ហើយ​សឹមធ្វើ​នូវកិច្ច​ដែលត្រូវ​ធ្វើចុះ អ្នកណា​ប្រាប់នាង​ថា ធម៌ស្លាប់ទៅ​ហើយ ព្រះសហស្សនេត្ត គឺព្រះឥន្ទ មាន​អានុភាព​រកអ្វី​ថ្លែងថ្លឹង​ពុំបាន ជាបុគ្គល​មាន​ធម៌​ដ៏ប្រសើរ មិន​ដែលស្លាប់​ក្នុងកាល​ណា​ម្តង​ឡើយ។

[៤២២] (នាងកច្ចានី ពោលថា) ម្នាលព្រហ្ម ការណ៍​ប្រមាណ​ដ៏មាំរបស់​ខ្ញុំក្នុង​ហេតុនេះ ធម៌ស្លាប់​បាត់ទៅ​ហើយ ខ្ញុំមិន​មានសង្ស័យ​ក្នុងហេតុ​នេះទេ ឥឡូវនេះ ពួកជនណា ៗ ដែល​ជាបុគ្គល​លាមក ពួកជននោះ ៗ បែរជា​បាន​សុខ​ក្នុងកាល​ឥឡូវនេះ។

ដ្បិតកូនប្រសាស្រីខ្ញុំ ជាស្រីអារ វាបណ្តេញខ្ញុំ ហើយសម្រាល​កូនប្រុស ឥឡូវ​នេះ វាបាន​ជាធំលើ​ត្រកូល​ទាំងអស់ ខ្ញុំជាស្ត្រី​មិនមាន​ទីពឹង នៅតែ​ម្នាក់ឯង។

[៤២៣] (ព្រះឥន្ទ្រ ពោលថា) យើងនៅរស់ យើងមិនទាន់​ស្លាប់នៅ​ឡើយទេ យើង​មកក្នុង​ទីនេះ ក៏ដើម្បី​ជា​ប្រយោជន៍​ដល់នាង​ឯង កូនប្រសា​ស្រីណា ដែលបាន​បណ្តេញនាង ហើយ​បាន​កូនប្រុស យើងនឹង​ធ្វើកូន​ប្រសានោះ ឲ្យខ្ទេច​ជាផែះ ព្រម​ទាំងកូន​ប្រុស​មិនខាន។

[៤២៤] (នាងកច្ចានី ពោលថា) បពិត្រទេវរាជ លោកគាប់​ចិត្តយ៉ាងនេះ លោក​អញ្ជើញ​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ តែសូមឲ្យខ្ញុំ និងកូនប្រុស កូនប្រសាស្រី ចៅ ជាបុគ្គល​មាន​សេចក្តី​រីករាយ​រកគ្នា ហើយនៅ​គ្រប់គ្រង​ផ្ទះវិញ។

[៤២៥] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាងកច្ចានី បើនាងគាប់ចិត្ត​យ៉ាងនេះ នាង​ សូម្បី​កូន​ប្រសាស្រី​បៀតបៀន​ហើយ ក៏នៅតែ​មិនលះបង់​នូវធម៌ឡើយ (ហេតុនេះ) សូម​ឲ្យនាង និង​កូន​ប្រុស កូនប្រសាស្រី ចៅ ចូរជា​បុគ្គល​មានសេចក្តី​រីករាយ​រកគ្នា ហើយ​នៅគ្រប់​គ្រង​ផ្ទះចុះ។

[៤២៦] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) នាងកច្ចានី មានសេចក្តី​រីករាយ​រកគ្នា ជា​មួយនឹង​កូន​ប្រសាស្រី ​ហើយនៅ​គ្រប់គ្រងផ្ទះ ទាំងកូនប្រុស និងចៅ ត្រូវព្រះឥន្ទ្រ​ជាធំជាង​ពួកទេវតា ជួយ​​អនុគ្រោះ​ហើយ ក៏បាន​នាំគ្នាបំរើ​មាតានោះ​វិញ។

ចប់ កច្ចានិជាតក ទី១។

អដ្ឋសទ្ទជាតក ទី២

[៤២៧] (តាបសពោធិសត្វ ទូលព្រះរាជា អំពីពាក្យកុកថា) ស្រះបោក្ខរណី​នេះ ពីដើម​ជាទី​ទំនាប មានត្រី​ច្រើន មានទឹកច្រើន ជាទី​លំនៅ​របស់​ស្តេចកុក ជាកេរិ៍្ត​ដំណែល​ខាងបិតា ជាទី​លំនៅ​របស់យើង ថៃ្ងនេះ ពួកយើងនោះ ចិញ្ចឹមជីវិត​ដោយ​សត្វកង្កែប នៅតែ​មិន​លះបង់​​ទីលំនៅ​ចោលឡើយ។

[៤២៨] (ទូលអំពីពាក្យក្អែកថា) អ្នកណាហ្ន៎ បំបែកភ្នែក​ជាគំរប់ពីរ របស់​ទ្រម័កដំរី ឈ្មោះ​ពន្ធុរៈ ជាបុគ្គល​ទ្រុស្តសីល អ្នកណាហ្ន៎ នឹងធ្វើ​នូវកូន​ទាំងឡាយ និងសម្បុក​របស់យើង ព្រមទាំង​យើង ឲ្យមានសួស្តី។

[៤២៩] (ទូលអំពីពាក្យដង្កូវដួងថា) ការប្រព្រឹត្តិទៅនៃឈើស្រាយ​នោះ មាន​នៅ​ត្រឹម​ណា ឈើស្រាយ​ទាំងអស់ អស់រលីង​ហើយ បពិត្រ​មហារាជ ដង្កូវដួង​អស់​អាហារ​ហើយ លែង​ត្រេកអរ​ក្នុង​ឈើខ្លឹម។

[៤៣០] (ទូលអំពីពាក្យមេតាវ៉ៅថា) លុះអាត្មាអញនោះ បាន​ទៅផុត​អំពី​ព្រះរាជ​និវេសន៍​​នេះ​ហើយ នឹងតាំង​ទីលំនៅ​លើមែកឈើ ធ្វើខ្លួន​ឲ្យរីករាយ។

[៤៣១] (ទូលអំពីពាក្យម្រឹគថា) លុះអាត្មាអញនោះ បាន​ទៅផុត​អំពី​ព្រះរាជ​និវេសន៍​នេះ​ហើយ នឹងដើរ​មុខហ្វូង ​ហើយផឹក​នូវទឹក​ទាំងឡាយ​ដ៏ប្រសើរ។

[៤៣២] (ទូលអំពីពាក្យស្វាថា) ព្រានព្រៃឈ្មោះ​ភរតៈ អ្នកនៅ​ក្នុងដែន​ពាហិកៈ បាន​នាំយើង​ដែលកំពុង​ស្រវឹង​ដោយ​កាម​ទាំងឡាយ ត្រេកត្រអាល​ជ្រប់នៅ​ក្នុងកាម​ទាំងឡាយ​នោះមក សូមសេចក្តី​ចំរើន ចូរមាន​ដល់អ្នក។

[៤៣៣] (ទូលអំពីពាក្យកិន្នរថា) ខាងលើបព៌ត​មានថ្មស្រួច ៗ មាន​ងងឹតចុះអ័ព្ទ ប្រពន្ធ​របស់​យើងនោះ បាន​និយាយ​នឹងយើង​ដោយពាក្យ​ដ៏ទន់​ពីរោះថា អ្នកប្រយ័ត្ន កុំឲ្យ​ចំពប់​ជើងលើថ្ម។

[៤៣៤] (ទូលអំពីឧទានព្រះបច្ចេកពុទ្ធថា) អាត្មាអញ ជាអ្នកឃើញ​នូវទីបំផុត គឺ​ព្រះនិពា្វន ជាទី​អស់ទៅ​នៃជាតិ ដោយ​មិនមាន​សង្ស័យ នឹងមិន​វិលត្រឡប់​មកដេកនៅ​ក្នុង​គភ៌ទៀត ការដេក​នៅក្នុង​គភ៌នេះ ជាទីក្រោយ​បំផុត​ត្រឹមនេះ​ហើយ ការរង្គាត់​ទៅក្នុង​ភពថ្មី​ទៀត​របស់​អាត្មាអញ ​អស់​ហើយ។

ចប់ អដ្ឋសទ្ទជាតក ទី២។

សុលសាជាតក ទី៣

[៤៣៥] (នាងសុលសា ពោលទៅនឹងស្វាមីថា) គ្រឿងប្រដាប់​ជាវិការៈ​នៃមាស​នេះ ​និង​កែវមុក្តា កែវពៃទូរ្យ​ទាំងឡាយ​ជាច្រើន បពិត្រ​អ្នកដ៏ចំរើន អ្នកចូរនាំ​យក​នូវ​ភណ្ឌៈ​ទាំងអស់​ចុះ មួយទៀត ចូរហៅរកខ្ញុំថា ជាទាសីចុះ។

[៤៣៦] (ចោរឈ្មោះសត្តុកៈ ជាស្វាមី ពោលនឹងភរិយាថា) នាងចូរដោះ​គ្រឿង​ប្រដាប់ ជាលំអ​ចេញទៅ កុំយំ​រៀបរាប់​ច្រើន ដ្បិតអញ​ទើបនឹង​មក មិនដែល​ស្គាល់ទ្រព្យ ដែល​នាង​នាំ​មកឡើយ។

[៤៣៧] (នាងសុលសា ពោលថា) តាំងពីកាលដែលខ្ញុំ​រលឹកឃើញ​ខ្លួនដរាបមក តាំង​ពីខ្ញុំបាន​ដល់នូវ​ភាពជា​អ្នកដឹង​ក្តីដរាប​មក ខ្ញុំមិន​ដែលស្គាល់​បុរសដទៃ ដែល​ជា​ទីស្រឡាញ់​លើសលុប​ជាងអ្នកទេ។

[៤៣៨] អ្នកចូរអញ្ជើញមក ខ្ញុំនឹងកៀកឱបនូវអ្នក ​ហើយនឹង​ធ្វើប្រទក្សិណ ដ្បិត​តាំងពី​ថ្ងៃនេះ ខ្ញុំ និងអ្នក ​លែងបាន​ជួបគ្នាទៀត​ហើយ។

[៤៣៩] (ទេវតាលើភ្នំ ពោលថា) មិនមែនតែបុរសទេ ដែលជា​បណ្ឌិត​​ក្នុង​ហេតុទាំងពួង សូម្បី​ស្រ្តី​ក៏ជាបណ្ឌិត​ ឃើញច្បាស់​ក្នុងហេតុ​នោះ ៗ បាន​ដែរ។

[៤៤០] មិនមែនតែបុរសទេ ដែលជាបណ្ឌិត​ ក្នុងហេតុទាំងពួង សូម្បីតែស្រ្តី ក៏​ជាបណ្ឌិត​ គង់​គិត​ឃើញ​សេចក្តី​រហ័សបាន​ដែរ។

[៤៤១] នាងសុលសា បាន​គិតឃើញឆាប់រហ័ស ក្នុងកាល​ដែលមាន​ហេតុយ៉ាង​កៀក​ជិត បាន​សម្លាប់​ចោរសត្តុកៈ ដូចជា​គេសម្លាប់​ម្រឹគនឹងធ្នូ ដែលមាន​គ្រឿងផ្សំ​គ្រប់គ្រាន់។

[៤៤២] បុគ្គលណា ក្នុងលោកនេះ មិនដឹងឆាប់​នូវហេតុ​ដែលកើត​ឡើង​ បុគ្គល​អ្នកមាន​ប្រាជ្ញា​តិចនោះ រមែង​ត្រូវគេ​សម្លាប់ ដូចជា​ចោរដែល​នាងសុលសា ច្រាន​ទម្លាក់​ក្នុងជ្រោះភ្នំ។

[៤៤៣] បុគ្គលណា ក្នុងលោកនេះ ដឹងឆាប់នូវ​ហេតុដែល​កើតឡើង បុគ្គលនោះ រមែង​រួចចាក​ការ​បៀតបៀន​របស់សត្រូវ ដូចជា​នាងសុលសា រួចអំពី​កណ្តាប់ដៃ​នៃចោរសត្តុកៈ។

ចប់ សុលសាជាតក ទី៣។

សុមង្គលជាតក ទី៤

[៤៤៤] បុគ្គលជាធំ បើបានដឹងថា អាត្មាអញ​ជាអ្នក​ក្រោធខ្លាំង ដូច្នេះ​ហើយ មិនគប្បី​ដាក់អាជ្ញា​តែម្តង ដ្បិត​បុគ្គល​អ្នកក្រោធ គប្បី (ធ្វើ) ទោស ដែលមិន​សមគួរ​ដល់ខ្លួនជា (ស្តេច) ​ហើយ​ពោលបង្កាច់​នូវកម្ម​ជាទុក្ខ​ដ៏ខ្លាំង ​ដល់បុគ្គល​ដទៃ​ដោយ​ឥតហេតុ។

[៤៤៥] កាលណា បើបុគ្គលគប្បីដឹងនូវសេចក្តីជ្រះថា្ល​របស់ខ្លួន ទើបគួរ​ពិចារណា​នូវ​សេចក្តី​ដែលជា​អំពើអាក្រក់​របស់​ជនដទៃ មួយទៀត គួរ​ពិចារណា​ឲ្យឃើញច្បាស់​ខ្លួនឯង​ថា នេះជា​សេចក្តី ​ហើយសឹម​ដាក់អាជ្ញា​ដ៏សមគួរ​ដល់បុគ្គល​ដទៃនោះ​ ក្នុងកាល​នោះចុះ។

[៤៤៦] បុគ្គលណាមិនជ្រប់ដោយកិលេស (អគតិ) ពិចារណា​នូវហេតុ​ដែល​ជាទំនង និងមិន​ទំនង បុគ្គលនោះ រមែង​មិនញុំាង​ខ្លួន និងមិន​ញុំាង​បុគ្គលដទៃ ឲ្យក្តៅ​ក្រហាយទេ បុគ្គល​ជាធំណា​ក្នុងលោកនេះ ជាអ្នក​ទ្រទ្រង់​នូវអាជា្ញ បុគ្គលនោះ រមែង​មានគេ​គ្រប់គ្រង ដោយ​ការសរសើរ​គុណ មិនសាប​សូន្យចាក​សិរីឡើយ។

[៤៤៧] ពួកក្ស័ត្រណា ជាបុគ្គលមិនទាន់ពិចារណាសិន​ហើយធ្វើ ជាអ្នកជ្រប់​នៅដោយ​កិលេស ប្រញាប់​ដាក់អាជ្ញា​ដល់អ្នក​ដទៃ​ដោយរួសរាន់ ពួកក្ស័ត្រនោះ រមែង​ជាអ្នកប្រកប​ដោយ​ពាក្យ​តិះដៀល លះបង់​ជីវិត​ចេញផុត​អំពីលោក​នេះទៅ រមែង​ទៅកាន់ទុគ្គតិ។

[៤៤៨] បុគ្គលពួកណា ត្រេកអរក្នុងធម៌​ដែលព្រះអរិយៈ​សំដែង​ហើយ បុគ្គលពួកនោះ ជាអ្នក​ប្រសើ​ដោយ​កាយកម្ម វចីកម្ម និងមនោកម្ម ពួកបុគ្គល​បែបនោះ ជាអ្នក​ឋិតនៅ​ក្នុងខន្តិ សោរច្ចៈ និង​សមាធិ រមែង​ទៅកាន់​លោក​ទំាងពីរ គឺមនុស្ស​លោក និងទេវលោក។

[៤៤៩] ខ្លួនយើងជាស្តេចធំលើពួកជនប្រុសស្រី បើយើងខឹង យើងទប់ខ្លួន យើង​ហាម​ឃាត់នូវ​ប្រជុំជន​បែបនោះ ​ហើយដាក់​អាជ្ញា​ដោយ​ឧបាយប្រាជ្ញា ព្រោះអនុគ្រោះ។

[៤៥០] (ឧយ្យានបាល ទូលថា) បពិត្រក្សត្រិយ៍ ជាធំជាងជន សិរី​ គឺបរិវារ​សម្បត្តិ និង​ប្រាជ្ញា កុំលះបង់​ព្រះអង្គ​ក្នុងកាលណា ៗ ឡើយ សូមព្រះអង្គ​ជាបុគ្គលមិន​ក្រោធ មានចិត្ត​ជ្រះថា្ល​ជានិច្ច ជាអ្នក​មិនមាន​ទុក្ខ ​ហើយថែ​រក្សា​ផែនដី​ឲ្យអស់រយឆ្នាំ។

[៤៥១] បពិត្រក្សត្រិយ៍ សូមព្រះអង្គទ្រង់ប្រកបដោយគុណ​ទាំងឡាយ​នុ៎ះ សូមឲ្យ​ព្រះអង្គ​ឋិតនៅមាំ ក្នុងការ​ប្រព្រឹត្តិ​ដ៏ប្រសើរ ជាបុគ្គល​ប្រដៅងាយ មិនមាន​សេចក្តី​ក្រោធ ជាបុគ្គល​បាន​សេចក្តីសុខ កុំបៀត​បៀនសត្វ ​ហើយរក្សា​ផែនដី លុះព្រះអង្គ​​ចេញផុត​អំពី​លោក​នេះទៅ សូមឲ្យ​សេ្តចយាង​ទៅកាន់​សុគតិ។

[៤៥២] សេ្តចទ្រង់ធម៌ រមែងប្រើឧបាយណែនាំ​ពួកជន ដោយពាក្យ​ជាសុភាសិត ជាគ្រឿង​ណែនាំ​ដ៏ល្អ តាមហេតុ​ដ៏ប្រកប​ដោយធម៌ ​ហើយញុំាង​មហាជន ដែល​រជើបរជោ ឲ្យ​ត្រជាក់​ស្រួល ដូចជា​មហាមេឃ​ដែលញុំាង​ផែនដី​ឲ្យត្រជាក់​ដោយ​ទឹក។

ចប់ សុមង្គលជាតក ទី៤។

គង្គមាលជាតក ទី៥

[៤៥៣] (សេ្តចទ្រង់ត្រាស់សួរភតិកបុរសថា) ប្រថពី ជាផែនដីក្តៅ ដូចរងើកភ្លើង​ប្រកប​ដោយ​ដីខ្សាច់ (ក្តៅ) ដូចផែះ (ដែល​ភ្លើងឆេះ) អ្នកច្រៀង​នូវទំនុក​ទាំងឡាយ កំដៅថ្ងៃ មិន​ដុតកំដៅ​អ្នកទេឬ។ ព្រះអាទិត្យ​ក្តៅខាង​លើ ដីខ្សាច់ក្តៅ​ខាង​ក្រោម អ្នក​ច្រៀងនូវ​ទំនុក​ទាំងឡាយ កំដៅថ្ងៃ មិនដុត​កំដៅ​អ្នកទេឬ។

[៤៥៤] (ភតិកបុរស ក្រាបទូលថា) កំដៅថ្ងៃ មិនដុតកំដៅខ្ញុំព្រះអង្គ​បាន​ទេ កំដៅ គឺ​កាម​ទាំងឡាយ ទើបញុំាង​ខ្ញុំព្រះអង្គ​ឲ្យក្តៅបាន​ បពិត្រ​ព្រះរាជា ប្រយោជន៍​ទាំងឡាយ មាន​ប្រការ​ផ្សេង ៗ ប្រយោជន៍​ទាំងនោះ តែងដុតកំដៅ ឯកំដៅថ្ងៃ មិនដុត​កំដៅទេ។

[៤៥៥] ម្នាលកាម យើងបានឃើញឫសគល់របស់អ្នក​ហើយ ម្នាលកាម អ្នកកើត​អំពី​សេចក្តី​ត្រិះរិះ យើងលែង​ត្រិះរិះ​អ្នកទៀត​ហើយ ម្នាលកាម កាលបើ​យ៉ាងនេះ អ្នក​នឹងមិន​កើតមាន (តទៅ​ទៀតទេ)។

[៤៥៦] កាមទាំងឡាយសូម្បីតិច ក៏នៅតែមិនល្មម សូម្បីច្រើន ក៏នៅតែ​មិនស្កប់ស្កល់ ឱ មុខគួរ​សង្វេគ នឹងការ​ចរចា​របស់ពួក​ជនពាល បុគ្គល​លុះតែ​ប្រឹង​ប្រកប​ព្យាយាម ទើបត្រាស់​ដឹងបាន។

[៤៥៧] (ព្រះរាជាឧទយៈ ត្រាស់ថា) នេះជាផលកម្ម មានប្រមាណ​តិចរបស់​យើង ឧទយៈ បាន​សម្រេច​នូវភាព​ជាធំ ឱហ្ន៎ មាណព​ណា បាន​លះនូវតម្រេក​ក្នុង​កាម ​​ហើយបួស មាណព​នោះ ឈ្មោះ​ថា បាន​ល្អ​ហើយ។

[៤៥៨] (ព្រះវររាជមាតា ត្រាស់សួរថា) ពួកសត្វតែងលះបង់​នូវបាបកម្ម (របស់ខ្លួន) ដោយ​តបៈ លះបង់​នូវភាវៈ​នៃខ្លួនជា​ខ្មាន់ព្រះកេស និងស្មូនឆ្នាំង ដោយតបៈ នែគង្គមាល ក្នុងថ្ងៃ​នេះ អ្នកហ៊ាន​រំលោភ ហៅព្រហ្មទត្ត (កូនអញ) ដោយ​ចំឈ្មោះ ព្រោះអាង​មាន​តបៈ​ឬ។

[៤៥៩] (ព្រះរាជា ទ្រង់ត្រាស់ថា) បពិត្រព្រះមាតា សូមទ្រង់​ទតនូវ​ផលនៃខន្តិ និង​សោរច្ចៈ ដែលអាច​ឃើញ​ជាក់ច្បាស់​ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាល​បច្ចេកពុទ្ធ​នោះ ជាបុគ្គល​ដែលជន​ទាំងអស់​ត្រូវថា្វយ​បង្គំ យើងព្រម​ទាំងស្តេច ​និង​អាមាត្យ នាំគ្នាថ្វាយ​បង្គំនូវ​ព្រះបច្ចេកពុទ្ធ​នោះ។

[៤៦០] អ្នកទាំងឡាយ កុំនិយាយពាក្យតិចតួច​នឹងព្រះបច្ចេកពុទ្ធ​ឈ្មោះ​គង្គមាល ដែល​ជា​​អ្នកសិក្សា​ក្នុងគន្លង​នៃប្រាជ្ញា របស់ពួក​អ្នកប្រាជ្ញ​ឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធ​នេះ បាន​ឆ្លងនូវ​អន្លង់ គឺវដ្តសង្សារ ដែលពួក​បុគ្គលអ្នក​ប្រាសចាក​សោក តែងឆ្លង​ហើយ​ត្រាច់ទៅ។

ចប់ គង្គមាលជាតក ទី៥។

ចេតិយរាជជាតក ទី៦

[៤៦១] (តាបស និយាយថា) [ក្នុងទីនេះ សំដៅយក​ជេដ្ឋាបបាយនធម៌។ អដ្ឋកថា។] ធម៌ដែល​បុគ្គលសម្លាប់​ហើយ រមែង​សម្លាប់វិញ​ដោយពិត ធម៌ដែល​បុគ្គលមិនបាន​សម្លាប់ រមែង​មិន​សម្លាប់វិញ​តិចតួច​ឡើយ។ ព្រោះហេតុ​នោះ ព្រះអង្គ​មិនត្រូវ​សម្លាប់ធម៌ ព្រះអង្គ​កុំឲ្យធម៌​ដែល​ព្រះអង្គ​សម្លាប់​ហើយ ត្រឡប់​សម្លាប់ព្រះអង្គ​វិញបាន​ឡើយ។

[៤៦២] កាលបើសេ្តចពោលពាក្យកុហក ពួកទេវតារមែង​គេចចេញ (លែងរក្សា) សេ្តចណា​ជា្រប កាល​គេសួរប្រស្នា ​ហើយព្យាករ​ប្រស្នានោះ ដោយប្រការ​ដទៃវិញ ព្រះឱស្ឋ​សេ្តចនោះ រមែង​មានក្លិនស្អុយ​ផ្សាយចេញទៅ ទាំងសេ្តច​នោះទៀត រមែង​ឃ្លាតចាក​កនែ្លង​របស់ខ្លួន បពិត្រ​ព្រះរាជា បើប្រសិន​ជាព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើព្រះអង្គ​ទ្រង់ពោលពាក្យ​កុហក សូមឲ្យព្រះអង្គ​ឋិតនៅ​លើផែនដី។

[៤៦៣] សេ្តចណាជា្រប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយ​ប្រការ​ដទៃវិញ ភ្លៀងរមែង​ធ្លាក់ចុះ​ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀង​រមែង​មិនធ្លាក់​ចុះ​ក្នុងកាលគួរ (ក្នុងដែន​របស់សេ្តច​នោះ) បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ទ្រង់ពោល​នូវ​ពាក្យពិត សូមឲ្យ​ព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ទ្រង់ពោល​ពាក្យ​កុហក សូមឲ្យព្រះអង្គ​ចូលទៅ​កាន់ផែនដី (ត្រឹម​ព្រះជាណុ)។

[៤៦៤] បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្រប ​កាលគេ​សួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយប្រការ​ដទៃវិញ អណ្តាត​របស់សេ្តច​នោះ រមែង​បែកជាពីរ ដូចជា​អណ្តាត​នៃពស់ បពិត្រ​ព្រះរាជា បើព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ឋិតនៅដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក ​សូមឲ្យព្រះអង្គ​ចូលទៅ​កាន់​ផែនដី​​ក្រៃលែង (ជាងនេះ គឺត្រឹមចង្កេះ)។

[៤៦៥] បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប ​កាលគេ​សួរប្រស្នា​ហើយ ក៏​ព្យាករ​ប្រស្នានោះ​ដោយប្រការ​ដទៃវិញ ស្តេចនោះ មិនមាន​អណ្តាត ដូចត្រី បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក សូមឲ្យព្រះអង្គ​ចូលទៅ​កាន់ផែនដី​ក្រៃលែង (ជាងនេះ គឺ​ត្រឹមផ្ចិត)។

[៤៦៦] សេ្តចណាជ្រាប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ​ដោយ​ប្រការ​ដទៃវិញ ក្នុងត្រកូល​ស្តេចនោះ កើតតែ​កូនស្រី កូនប្រុស​មិនកើតទេ បពិត្រ​ព្រះរាជា បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់ឋិតនៅ​ដូចដើម បពិត្រ​ព្រះបាទចេតិយៈ បើ​ព្រះអង្គ​ទ្រង់ពោល​ពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់​ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ)។

[៤៦៧] សេ្តចណាជា្រប កាលគេសួរប្រស្នា​ហើយ ក៏ព្យាករ​ប្រស្នានោះ ​ដោយ​ប្រការ​ដទៃវិញ កូនប្រុស​របស់សេ្តច​នោះ រមែង​មិនមានឡើយ បើជាមាន រមែង​​គេចចេញ​ទៅកាន់​ទិសតូច​ទិសធំ​បាត់អស់ បពិត្រ​ព្រះរាជា បើព្រះអង្គ​ទ្រង់ពោល​ពាក្យពិត សូមឲ្យព្រះអង្គ​ទ្រង់​ឋិត​នៅដូចដើម បពិត្រ​ព្រះបាទ​ចេតិយៈ បើព្រះអង្គ​ ទ្រង់ពោល​ពាក្យកុហក សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដីក្រៃលែង (ជាងនេះទៅ​ទៀត គឺលិចផុត)។

[៤៦៨] (អភិសម្ពុទ្ធគាថា) សេ្តចនោះ កាលពីដើម ត្រាច់ទៅ​ក្នុងអាកាស​បាន​ (ដល់​មក​ខាង​ក្រោយ) ត្រូវឥសីផ្តាសា​ហើយ ក៏បែរ​ជាមាន​សភាព​សាបសូន្យ ដល់​វេនរបស់ខ្លួន​ចូល​ទៅ​កាន់ផែនដី ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​ទាំងឡាយ ទើបមិន​សរសើរ​នូវការលុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា បុគ្គលគួរ​ជាអ្នកមាន​ចិត្ត​មិន​ប្រទូស្ត ​​ហើយពោល​នូវវាចា​ដ៏ប្រកប​ដោយសច្ចៈ។

ចប់ ចេតិយរាជជាតក ទី៦។

ឥន្រ្ទិយជាតក ទី៧

[៤៦៩] (គ្រូឈ្មោះសរភង្គ ពោលថា) ម្នាល​នារទៈ បុគ្គលណា លុះអំណាច​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ព្រោះកាម បុគ្គលនោះ លះបង់នូវ​លោកទាំងពីរ (ហើយកើតក្នុង​នរក) សូម្បី​រស់​នៅ រមែង​រីងស្ងួត។

[៤៧០] ទុក្ខជាលំដាប់នៃសុខ សុខលំដាប់នៃទុក្ខ សូម្បីអ្នក​ដល់​នូវទុក្ខ ព្រោះសាបសូន្យ​ចាក​ឈានសុខ​ក៏ដោយ អ្នកចូរ​ប្រាថ្នានូវ​សុខដ៏ប្រសើរ​វិញចុះ។

[៤៧១] បុគ្គលណា ជាអ្នកអត់ទ្រាំនូវសេចក្តីលំបាក ក្នុងវេលា​មានលំបាក មិន​ប្រព្រឹត្ត​កន្លងនូវ​សេចក្តី​លំបាក បុគ្គលនោះ ជាអ្នកប្រាជ្ញ រមែង​បាន​នូវសេចក្តី​សុខ ជាទីបំផុត​នៃ​សេចក្តី​​លំបាក ដែលកើត​អំពី​សេចក្តី​ព្យាយាម។

[៤៧២] ខ្លួនអ្នកមិនគួរឲ្យឃា្លតចាកធម៌ ព្រោះការប្រាថ្នា​កាម ព្រោះការវិនាស ព្រោះ​ហេតុ​​នៃប្រយោជន៍ ទាំងព្រោះ​លះបង់​ឈាន​ដែលខ្លួនធ្វើបាន​ហើយទេ។

[៤៧៣] (កាលទេវិលតាបស ពោលថា) សេចក្តីឈ្លាសវៃ ១ ការបែងចែកភោជន ១ មិនរីករាយ​ក្នុងការបាន​នូវប្រយោជន៍ ១ មិនលំបាក​ចិត្តក្នុង​កាលវិនាស​ចាក​ប្រយោជន៍ (នេះ) ជាការ​ប្រពៃ​របស់គ្រហស្ថ។

[៤៧៤] (អភិសម្ពុទ្ធគាថា) អសិតទេវិលតាបស បាន​ពោលនូវ​ភាពនៃ​បុគ្គល​ជាបណ្ឌិត​នុ៎ះ ដោយ​ហេតុមាន​ប្រមាណ​ប៉ុណ្ណោះថា មិនមាន​បុគ្គល​ណាមួយ ដែល​លាមក​ជាងបុគ្គល​ជា​អ្នក​លុះអំណាច​នៃឥន្ទ្រិយ​ទាំងឡាយ​នេះឡើយ។

[៤៧៥] (មនុស្សប្រេត និយាយថា) បពិត្រព្រះបាទ​សិវិ បុគ្គលបា្រកដ​ស្មើនឹងខ្ញុំ រមែង​ដល់នូវ​សេចក្តី​វិនាស (ដោយអំពើ​របស់ខ្លួន) ដូចបុគ្គល​ដល់នូវ​សេចក្តីវិនាស​ក្នុងកណ្តាប់ដៃ​នៃសត្រូវ ខ្លួនខ្ញុំព្រោះ​តែញុំាង​យសទាំង​នុ៎ះ គឺ​កសិកម្មវិជា្ជ ភាព​ជាអ្ន​ក​ឈ្លាសវៃ វិវាហមង្គល សីល និងភាព​នៃចិត្តទន់ ឲ្យសាបសូន្យ ទើបមកកើត (ជា​មនុស្សប្រេត) ដោយ​អំពើជា​របស់​ខ្លួន។

[៤៧៦] ខ្លួនខ្ញុំនោះ ជាបុគ្គលមិនមានផៅពង្ស មិនមាន​ទីពំនាក់​តទៅ ដូច​គេសាបសូន្យ ចាក​ទ្រព្យ​រាប់ពាន់ ខ្លួនខ្ញុំ ជាអ្នក​ប្រាសចាក​អរិយធម៌ ដូចប្រេត។

[៤៧៧] ខ្លួនខ្ញុំ ញុំាងពួកសត្វដែលជាអ្នកប្រាថ្នា​នូវសុខ ឲ្យដល់​នូវទុក្ខ ទើបដល់​នូវ​គន្លង​នៃទុក្ខ​នេះ ខ្លួនខ្ញុំនោះ មិនបាន​នូវសេចក្តី​សុខឡើយ ឋិតនៅ (ទាំងក្តៅក្រហាយ) ដូច​គេ​រោយ​ដោយ​រងើកភ្លើង។

ចប់ ឥន្រិ្ទយជាតក ទី៧។

អាទិត្តជាតក ទី៨

[៤៧៨] (ព្រះបច្ចេកពុទ្ធ ជាសង្ឃត្ថេរ សំដែងថា) កាលបើផ្ទះត្រូវភ្លើងឆេះ​ហើយ បុគ្គល​នាំចេញ​នូវភាជន៍​ណាទាន់ ភាជន៍នោះ រមែង​បាន​ជាប្រយោជន៍​នៃបុគ្គលនោះ ភាជន៍ណា​ដែល​ភ្លើងឆេះ​ក្នុងផ្ទះ​នោះ ភាជន៍នោះ មិនបាន​ជាប្រយោជន៍​នៃបុគ្គល​នោះ​ឡើយ។

[៤៧៩] សត្វលោក កាលបើត្រូវជរា និងមរណៈ ឆេះយ៉ាងនេះ​ហើយ ​បុគ្គលគួរ​តែនាំ​ចេញនូវ​ទ្រព្យ ដោយកាឲ្យទាន (ព្រោះ) ទ្រព្យដែល​បុគ្គលបាន​ឲ្យ​ហើយ ឈ្មោះ​ថានាំចេញ​ហើយ​ដោយប្រពៃ។

[៤៨០] (ព្រះបច្ចេកពុទ្ធដ៏សេស សំដែងថា) សត្វណា បាន​ឲ្យទាន​ដល់បុគ្គល​អ្នក​បាន​ធម៌ បាន​ត្រាស់ដឹង​ធម៌ ដោយសេចក្តី​ព្យាយាម គឺការ​ប្រឹងប្រែង សត្វនោះ រមែង​ប្រព្រឹត្ត​កន្លង​នូវ​វេតរណី​របស់យមៈ (នរក) បាន​ហើយ ​ចូលទៅ​កាន់ទី​ទាំង​ឡាយ​ជាទិព្វ។

[៤៨១] អ្នកប្រាជ្ញទាំងឡាយពោលថា ទាន និងចម្បាំង ជារបស់ស្មើគ្នា ពួកជន​សូម្បី​តិចគ្នា តែជា​អ្នកស៊ូ​លះបង់​ជីវិត រមែង​ឈ្នះជន​ច្រើននាក់បាន​ បុគ្គលណា​កាលបើជឿ ហើយ​ឲ្យទាន​សូម្បី​បន្តិចបន្តួច បុគ្គលនោះ រមែង​បាន​នូវសេចក្តី​សុខ​ក្នុងលោក​ខាងមុខ ដោយ​ទេយ្យវត្ថុ​មានប្រមាណ​តិចនោះ។

[៤៨២] ការពិចារណាសិន ហើយទើបឲ្យ ព្រះសុគត​ទ្រង់សរសើរ​ហើយ ពួក​ទក្ខិណេយ្យ​បុគ្គល​ណា មាននៅ​ក្នុងជីវលោក​នេះ ទានដែល​បុគ្គលឲ្យ​ហើយ ដល់​ពួក​ទក្ខិណេយ្យ​បុគ្គល​នុ៎ះ មានផល​ច្រើន ដូចជាពូជ ដែលគេ​សាបព្រោះ​ក្នុងស្រែដ៏ល្អ។

[៤៨៣] បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើ​នូវបាប ព្រោះ (ខ្លាច) ការ​តិះដៀល​អំពីអ្នក​ដទៃ អ្នកប្រាជ្ញ​ទាំងឡាយ តែងសរសើរ​នូវបុគ្គល​អ្នកខ្លាចបាប មិនសរសើរ​នូវ​បុគ្គល​អ្នកក្លៀវក្លា​ក្នុងការ​ធ្វើបាប​នោះឡើយ ដ្បិត​សប្បុរស​ទាំងឡាយ តែង​មិនធ្វើបាប ព្រោះខ្លាច (ពាក្យ​ដំណេះ​ដំនៀល​នោះ)។

[៤៨៤] បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌​ដ៏ថោកទាប បុគ្គល​ចូល​ទៅ​កាន់ភាព​ជាទេវតា ដោយ​ព្រហ្មចរិយធម៌​យ៉ាងកណ្តាល បុគ្គលបរិសុទ្ធ​ដោយ​ព្រហ្មចរិយធម៌​ដ៏ឧត្តម។

[៤៨៥] ការឲ្យទាន ពិតជាអ្នកប្រាជ្ញសរសើរ​ដោយចំណែកច្រើន ក៏មែន​ហើយ តែថា ចំណែក​ធម៌ប៉ុណ្ណោះ ប្រសើរ​ជាងទាន ព្រោះ​ពួកសប្បុរស​អ្នកមាន​ប្រាជ្ញា​ក្នុងកាលមុន និង​កាល​មុនទៅ​ទៀត បាន​ត្រាស់ដឹង​នូវនិព្វានធម៌។

ចប់ អាទិត្តជាតក ទី៨។

អដ្ឋានជាតក ទី៩

[៤៨៦] (មហាធនតាបស និយាយថា) ក្នុងកាលណា ទន្លេគង្គា​បែរជា​មានផ្កាកុមុទ ទាំង​មានទឹក និង​សត្វតាវ៉ៅ បែរជា​មានសម្បុរ​ដូចស័ង្ខ ដើមព្រីង បែរជា​បព្ចោញ​ផ្លែត្នោត កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា ក្នុងកាលនោះ​ដោយពិត។

[៤៨៧] ក្នុងកាលណា សំពត់បាវារៈ ៣ យ៉ាង គឺសំពត់ដែល​ធ្វើដោយ​ផ្កា​ស្រកាអណ្តើក ១ សំពត់ដែល​ធ្វើដោយ​ប៉ុយ ១ សំពត់​ដែលធ្វើ​ដោយលាយ​គ្នាទាំង​ពីរមុខ ១ ប្រែជា​សំពត់​សម្រាប់​ដណ្តប់​ក្នុងរដូវ​រងាបាន​ កាលបើ​យ៉ាងនេះ ទើប (យើង​និងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៨៨] ក្នុងកាលណា គេយកជើងសត្វមូសទាំងឡាយ មកធ្វើជា​សើនយ៉ាង​ល្អឲ្យមាំ មិនឲ្យ​កក្រើកបាន​ កាលបើ​យ៉ាងនេះ ទើប (យើង​និងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៨៩] ក្នុងកាលណា គេយកស្នែងទន្សាយ មកធ្វើជាបង្អោង​សម្រាប់ឡើងកាន់​ឋានសួគ៌​បាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩០] ក្នុងកាលណា ពួកកណ្តុរ ឡើងតាមបង្អោង​ទៅទំពាស៊ី​នូវដួងព្រះចន្ទ ទាំង​ដេញ​​រាហូ​ឲ្យរត់ទៅបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩១] ក្នុងកាលណា ពួករុយ​ហើរទៅទាំងហ្វូង ក្រេបផឹក​នូវសុរា​ក្នុងក្អម​ ហើយ​សម្រេច​​ការនៅ​ក្នុងរងើក​ភ្លើងបាន​ កាលបើ​យើងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩២] ក្នុងកាលណា សត្វលា មានបបូរមាត់​ដ៏រលីងល្អ មានមុខ​ដ៏ល្អ ជាសត្វ​ឈ្លាសវៃ​ក្នុង​ការរាំ និងការ​ច្រៀងបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៩៣] ក្នុងកាលណា ពួកក្អែក និងមៀម នាំគ្នាទៅ​ក្នុងទីស្ងាត់ ​ហើយគប្បី​ប្រឹក្សាគ្នា គប្បី​ស្រឡាញ់គ្នា​ទៅវិញ​ទៅមកបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

[៤៩៤] ក្នុងកាលណា ស្លឹកឈូកទាំងឡាយ បែរទៅជាឆ័ត្រ​យ៉ាងមាំ ដើម្បី​ការពារ​ភ្លៀង​បាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយ​ពិត។

[៤៩៥] ក្នុងកាលណា សត្វបក្សីតូចឈ្មោះ​កុលកៈ ពាំភ្នំ​គន្ធមាទន៍​ដោយ​ចំពុះបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាលនោះ​ដោយពិត។

[៤៩៦] ក្នុងកាលណា កូនក្មេងតូច អាចកាន់​យកសំពៅ​សម្រាប់​ដើរសមុទ្រ ព្រម​ទាំង​គ្រឿង​យន្ត និងចង្កូត​ទៅបាន​ កាលបើ​យ៉ាងនេះ ទើប (យើងនិងនាង) បាន​ចួបគ្នា​ក្នុងកាល​នោះ​ដោយពិត។

ចប់ អដ្ឋានជាតក ទី៩។

ទីបិជាតក ទី១០

[៤៩៧] (មេពពែ និយាយនឹងខ្លាថា) បពិត្រឪពុកធំ លោកល្មម​អត់ធន់បាន​ ល្មមញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន​ដែរឬ លោកបាន​សេចក្តី​សុខទេឬ ម្តាយខ្ញុំ​បាន​​និយាយ​សួរសេចក្តី​សុខ​របស់លោក ព្រោះថា​យើង​ទាំងឡាយ ជាអ្នកប្រាថា្ន​សេចក្តី​សុខ​ដល់លោក។

[៤៩៨] (ខ្លាឆ្លើយតបថា) ម្នាលមេពពែ នាងឯងបាន​ដើរជាន់​កន្ទុយ​របស់អញ ធ្វើឲ្យ​អញលំបាក ថ្ងៃនេះ នាងឯង​ស្មានថា អាត្មាអញ​នឹងរួចទោស ដោយ​សារការ​ហៅអញថា ឪពុកធំ ដូច្នេះឬ។

[៤៩៩] (មេពពែ និយាយថា) អ្នកអង្គុយបែរមុខទៅទិស​ខាងកើត ចំណែកខ្ញុំ ក៏បាន​ដើរមក​ចំមុខ​របស់អ្នក កន្ទុយ​របស់អ្នក​នៅពីខាង​ក្រោយទេ ចុះខ្ញុំ​ជាន់កន្ទុយ​របស់អ្នក ដោយ​ប្រការ​ដូចម្តេច​បាន។

[៥០០] (ខ្លានិយាយថា) ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅ​ត្រឹមណា កន្ទុយ​របស់​អញ ក៏មាននៅ​ត្រឹមណោះ​ដែរ ហងឯង​នឹងវៀរឲ្យផុត (ពីកន្ទុយ​របស់អញ) ដូចម្តេចបាន។

[៥០១] (មេពពែ និយាយថា) អំពីដើមមក មាតាបិតា និងបងឈ្មោល​របស់ខ្ញុំ ក៏បាន​ប្រាប់​ហេតុនុ៎ះ​ហើយថា កន្ទុយ​សត្វសាហាវ​វែងណាស់ (ព្រោះហេតុ​នោះ បានជា) ខ្ញុំហោះ​មកតាម​អាកាស។

[៥០២] (ខ្លា និយាយថា) នែមេពពែ ហ្វូងម្រឹគរត់បាត់​អស់ទៅ ព្រោះឃើញ​ហងឯង ហោះមក​ក្នុងអាកាស ហងឯង​បំផ្លាញ​ចំណី​របស់​អញអស់។

[៥០៣] (អភិសម្ពុទ្ធគាថា) កាលដែលមេពពែ​កំពុងតែ​និយាយ​រៀបរាប់​យ៉ាងនេះ ខ្លាដំបង​ដែលជា​សត្វស៊ីឈាម ក៏ស្ទុះទៅ​ចាប់កាច់​កនៃពពែ​សម្លាប់ទៅ ឱសំដី​ល្អ​មិនមាន​ក្នុង​បុគ្គល​អាក្រក់​ឡើយ។

[៥០៤] ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមាន​ក្នុងបុគ្គល​អាក្រក់ទេ បុគ្គល គួរគេចវាង​ពួកបុគ្គល​អាក្រក់ ​ហើយប្រឹង​ប្រកប​ព្យាយាម ព្រោះពួក​បុគ្គលអាក្រក់​នោះ មិន​ត្រេកអរ​នឹងពួក​សប្បុរស​ឡើយ។

ចប់ ទីបិជាតក ទី១០។

ចប់ កច្ចានិវគ្គ។

ឧទ្ទាននៃកច្ចានិវគ្គនោះគឺ

និយាយអំពីកច្ចានីបរិសុទ្ធ មិនមានមន្ទិល ទ្រទ្រង់សំពត់ ១ សម្រែក​ស្តេចកុក ១ គ្រឿង​ប្រដាប់​មាស ១ ការទ្រទ្រង់​នូវអាជ្ញា ១ ផែនដីដូច​រងើកភ្លើង ១ សេ្តចចេតិយៈ ១ កាលទេវិល​តាបស ១ ផ្ទះត្រូវភ្លើងឆេះ ១ ទន្លេគង្គា ១ មេពពែ ១ រួមត្រូវជា ១០។

ចប់ អដ្ឋកនិបាត។

នវកនិបាត

គិជ្ឈជាតក ទី១

[៥០៥] (អភិសម្ពុទ្ធគាថា) មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះ​បរិសង្កុបថៈ ជាផ្លូវ​មានមក​តាំង​អំពី​បុរាណ ត្មាតមួយ​ចិញ្ចឹម​មាតាបិតា​ដែលចាស់ជរា​នៅក្នុង​ផ្លូវនោះ។

[៥០៦] ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹម​មាតាបិតា​ទាំង​នោះ​ដោយច្រើន ចំណែក​ត្មាតជាបិតា កាលបើ​ដឹងថា ត្មាតឈ្មោះ​សុបត្តៈ​ជាកូន មាន​ស្លាប​បរិបូណ៌ មានតេជះ ហើរទៅ​កាន់ទីខ្ពស់ ទាំងហើរ​ទៅកាន់​ទីឆ្ងាយ​បាន​ ក៏និយាយ​ដាស់​តឿន។

[៥០៧] នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជា​ស្លឹកឈូក) មាន​សាគរ​ព័ទ្ធជុំវិញ​មូលដូចកង់ វេលាណា​ហើយ នែបា ចូរអ្នក​ត្រឡប់មក​អំពីទី​នោះវិញ អ្នកកុំ​ទៅឲ្យ​ហួសទៅ​នាយ​អំពីទី​នេះឡើយ។

[៥០៨] (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកំឡាំង​ដ៏ប្រសើរ​ជាង​ទិជជាតិ ហើរស្ទុះ​ឡើង ដោយសន្ទុះ​ដ៏ខ្លាំង រមិល​មើលនូវ​ភ្នំ និងព្រៃ​ទាំងឡាយ។

[៥០៩] (ត្មាតឈ្មោះសុបត្តៈនោះ) បានឃើញផែនដី​មាន​សាគរព័ទ្ធ​ជុំវិញ ​មូល​ដូចជា​កង់ សមដូច​ពាក្យប្រដៅ​របស់បិតា​ដែលខ្លួន​បាន​ឮមក​ហើយ។

[៥១០] ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់​ទីខាងនាយ ស្រាប់​តែមាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង បក់កួច​ត្មាតដ៏​មានកំឡាំងនោះ ខ្ទេចខ្ទី​អស់ទៅ។

[៥១១] បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយ​ហើយ ក៏មិន​អាចហើរ​ត្រឡប់​មក​វិញ​បាន​ លុះក្នុង​អំណាច​ខ្យល់ព្យុះ ក៏ដល់​នូវសេចក្តី​វិនាសទៅ។

[៥១២] ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃ​ដែលរស់នៅ​ដោយ​សារត្មាត​នោះ (បរិវារ) ក្តី ក៏ដល់​នូវសេចក្តី​វិនាស​ទាំងអស់គ្នា ព្រោះតែ​ត្មាតសុបត្តៈ​នោះ មិនធ្វើ​តាមឱវាទ។

[៥១៣] ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅ​របស់បុគ្គល​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​ឡាយ យ៉ាងនេះ​ហើយ ពួកជន​ទាំងអស់​នោះ រមែង​ដល់នូវ​សេចក្តីវិនាស ព្រោះតែ​មិនធ្វើ​តាមពាក្យ​ប្រដៅ​របស់បុគ្គល​ចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាត​ដ៏មានកំឡាំង ប្រព្រឹត្ត​ល្មើស​ពាក្យ​​ប្រដៅ ហើរហួស​ទីព្រំប្រទល់។

ចប់ គិជ្ឈជាតក ទី ១។

កោសម្ពិយជាតក ទី២

[៥១៤] (ព្រះសាស្តា ត្រាស់ថា) ជនសុទ្ធតែមានសម្លេងខ្លាំងស្មើគ្នា មិនមាន​ជនណា​មួយ​ដឹងថា អាត្មាអញ​ជាបុគ្គល​ពាលឡើយ កាលបើ​សង្ឃកំពុង​បែកគ្នា ក៏មិន​មានជន​ណាមួយ ដឹងនូវ​ហេតុ​ដទៃ ឲ្យក្រៃលែង​ជាងនេះ​ទៅទៀត។

[៥១៥] ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត​ មានវាចា​ជា​អារម្មណ៍ ចេះតែ​ល្មោភ​និយាយ តាមដែល​ខ្លួនចង់​និយាយ​ឲ្យតែរួច​ពីមាត់ មានគេ​ដឹកនាំ ដោយ​ជំលោះ​ណា ក៏នៅតែ​មិនស្គាល់​នូវជំលោះ​នោះឡើយ។

[៥១៦] ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បាន​ជេរអញ បាន​វាយអញ បាន​ផ្ចាញ់អញ បាន​លួចយក (ទ្រព្យ) អញដូច្នេះ ពៀរ​របស់​ជនទាំង​នោះ រមែង​មិនស្ងប់​រម្ងាប់បាន​ឡើយ។

[៥១៧] លុះតែពួកជនណា មិនចងសេចក្តីក្រោធ​នោះទុក ដោយគិតថា ជនឯណោះ បាន​ជេរអញ បាន​វាយអញ បាន​ផ្ចាញ់អញ បាន​លួចយក (ទ្រព្យ) អញដូច្នេះ ទើប​ពៀរ​របស់​ជននោះ ស្ងប់រម្ងាប់​បាន។

[៥១៨] ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់​ដោយពៀរ​ក្នុងកាលណា​ម្តង​ឡើយ មានតែ​ស្ងប់រម្ងាប់​ដោយ​មិនមាន​ពៀរ នេះជា​ធម៌មាន​មកតាំង​អំពីដើម។

[៥១៩] ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើង​នឹងដល់​នូវសេចក្តី​វិនាស ក្នុង​កណ្តាល​សង្ឃនេះ​ទេ បណ្តាជន​ទាំងនោះ លុះតែ​ពួកជនណា​ដឹងច្បាស់ (យ៉ាងនេះ​ថា ពួកយើង​នឹងដល់​នូវសេចក្តី​វិនាស) ទើប​កលហធម៌ គឺការ​ឈ្លោះ​ប្រកែក​ទាំង​ឡាយ ស្ងប់រម្ងាប់​អំពីសំណាក់​ពួកជន​នោះទៅបាន។

[៥២០] អំបាលពួកជនដែលបានកាត់ឆ្អឹងគ្នា បាន​សម្លាប់គ្នា បាន​លួចយកគោ សេះ និងទ្រព្យ ប្លន់យក​ទាំងដែន គេគង់​រួមគ្នាបាន​ ហេតុអ្វី​ក៏ពួកអ្នក ​រួមគ្នា​មិនបាន។

[៥២១] បើបុគ្គលបានសំឡាញ់ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន​ ជាអ្នកប្រាជ្ញ​ត្រាច់ទៅ​ជាមួយ មាន​វិហារធម៌​ដ៏ប្រពៃ គប្បីគ្រប​សង្កត់​នូវសេចក្តី​អន្តរាយ​ទាំងឡាយ​ទាំងពួង ​ហើយមាន​ចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅ​ជាមួយ​នឹងសំឡាញ់​នោះចុះ។

[៥២២] បើបុគ្គលមិនបានសំឡាញ់ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នក​ប្រាជ្ញ​ ត្រាច់ទៅ​ជាមួយគ្នា មានវិហារធម៌​ដ៏ល្អទេ គប្បីត្រាច់​ទៅតែ​ម្នាក់ឯង ដូចជា​ព្រះរាជា​លះបង់​ដែនដែល​ឈ្នះ​ហើយ (ពុំនោះសោត) ដូចដំរី​ដ៏ប្រសើរ​ដែលត្រាច់​ទៅតែម្នាក់​ឯងក្នុងព្រៃ។

[៥២៣] ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណ​ មិនមាន​ក្នុងបុគ្គល​ពាលទេ បុគ្គលគួរ​ត្រាច់ទៅ​តែម្នាក់ឯង តែថា​ត្រូវជា​អ្នកខ្វល់​ខ្វាយ​តិច កុំធ្វើ​បាបទាំង​ឡាយ​ឡើយ ដូចជា​ដំរីដ៏ប្រសើរ​ដែលត្រាច់​ទៅក្នុងព្រៃ។

ចប់ កោសម្ពិយជាតក ទី២។

មហាសុវរាជជាតក ទី៣

[៥២៤] (សេ្តចហង្ស និយាយនឹងសេ្តចសេកថា) កាលណា​ឈើមានផ្លែ​បរិបូណ៌ ពួកសត្វ​ស្លាបក៏​ហើរសំដៅ​ទៅ​បរិភោគ​ផ្លែឈើ​នោះ លុះពួក​សត្វស្លាបបាន​ដឹងថា ឈើអស់ផ្លែ​ហើយ ក៏ហើរ​ចេញអំពី​ដើមឈើ​នោះ ទៅកាន់​ទិសផ្សេង ៗ ក្នុងវេលា​ជាទី​អស់ទៅ​នៃផ្លែ។

[៥២៥] ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅ​កាន់ចារិក កុំឲ្យ​ខ្លួនអ្នកស្លាប់​ឡើយ ម្នាល​សេក ម្តេចក៏អ្នក​នៅសញ្ជប់​សញ្ជឹង​លើដើម​ឈើងាប់ (នេះ) ​ម្នាល​សេកមាន​សម្បុរខៀវ​ស្រដៀង​នឹងឈើ​ក្នុងវស្សន្តរដូវ យើងសូម​ដាស់តឿន​អ្នក អ្នកចូរ​ថា​មកមើល ព្រោះហេតុអ្វី ក៏បាន​ជាអ្នក​មិនលះបង់​នូវឈើ​ងាប់នេះ។

[៥២៦] (សេ្តចសេក តបថា) ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវ​ធម៌​របស់​ពួក​សប្បុរស លោកជា​សំឡាញ់​នឹង​ពួក​សំឡាញ់ (ទៅវិញទៅមក​ហើយ) ពួកសប្បុរសនោះ សូម្បី​ដល់នូវ​ការអស់​ទៅនៃ​ជីវិត ក៏មិន​លះបង់​សំឡាញ់​នោះចោល ដោយ​គិតថាអស់ ឬមិនអស់ ក្នុងកាល​ដែលបាន​សុខ និងទុក្ខឡើយ។

[៥២៧] ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសំឡាញ់​របស់​ខ្ញុំក៏បាន​ ខ្ញុំជាអ្នក​ត្រូវការ​ដោយជីវិត ក៏មិនអាច​នឹងលះបង់​នូវដើម​ឈើនោះ​ចោល​ឡើយ (បើខ្ញុំ​ដឹងថា ឈើនោះ​អស់​ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែន​ជា​ធម៌របស់​សប្បុរស​ទេ។

[៥២៨] (សេ្តចហង្ស…) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និង​សេចក្តី​ស្និទ្ធស្នាល ដែលអ្នក​បាន​ធ្វើ​ហើយ ជាការ​ប្រពៃណាស់ បើអ្នក​ពេញចិត្ត​នឹងធម៌​នោះ អ្នកនឹងបាន​ជាទី​សរសើរ​នៃពួក​វិញ្ញូជន។

[៥២៩] ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅឰដ៏​អាកាស យើងឲ្យ​ពរដល់អ្នក ម្នាល​បក្សី បើអ្នក​មានចិត្ត​ប្រាថ្នានូវ​ពរណា​មួយ ចូរទទួល​យកនូវ​ពរនោះចុះ។

[៥៣០] (សេ្តចសេក…) ម្នាលហង្ស អ្នកគប្បីឲ្យ​នូវពរដល់ខ្ញុំ សូមឲ្យ​ដើមឈើ​នេះ ត្រឡប់​មានអាយុ​រស់វិញ សូមឲ្យ​ដើមឈើ​នោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែ​មានរស​ផ្អែមល្អ។

[៥៣១] (សេ្តចហង្ស…) ម្នាលសំឡាញ់ អ្នកចូរមើលដើមឈើ​ដែលមាន​ផ្លែដ៏​លើសលុប​នេះចុះ ទីលំនៅ​របស់អ្នក ចូរកើត​ជាមួយ​នឹងដើមល្វា ដើមល្វានោះ ​ចូរមាន​មែក មាន​ផ្លែលូត​លាស់ល្អ មានផ្លែ​មានរសផ្អែមល្អ។

[៥៣២] (សេ្តចសេក…) បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គ​បាន​​សេចក្តីសុខ ព្រមទាំង​ពួកញាតិ​ទាំងអស់ ឲ្យដូចខ្ញុំ​ដែលបាន​សេចក្តីសុខ ព្រោះបាន​​ឃើញ​ដើមឈើ ប្រកប​ដោយផ្លែ​ក្នុងថ្ងៃ​នេះឯង។

[៥៣៣] (អភិសម្ពុទ្ធគាថា) ព្រះឥន្ទបានឮពាក្យសេក​ហើយ ក៏ធ្វើ​នូវដើមឈើ​នោះ ឲ្យមាន​ផ្លែ រួចចៀសចេញ​ទៅកាន់​នន្ទនវនឧទ្យាន​របស់​ពួកទេវតា ជាមួយ​នឹងប្រពន្ធ។

ចប់ មហាសុវរាជជាតក ទី៣។

ចុល្លសុវករាជជាតក ទី៤

[៥៣៤] (សេ្តចហង្ស និយាយនឹងសេ្តចសេកថា) ដើមឈើទាំងឡាយ​ច្រើនណាស់ ដែល​មាន​ស្លឹកខៀវ មានផ្លែ​ជាអនេក ព្រោះហេតុ​អ្វីហ្ន៎ បាន​ជាសេក​នេះ មានចិត្ត​រីករាយ​ជានិច្ច តែនឹង​ដង្គត់ឈើ​ពុកស្ងួត។

[៥៣៥] (សេ្តចសេក និយាយតបវិញថា) យើងបាន​ចូលទៅ​បរិភោគ​ផ្លែឈើនោះ រាប់​ដោយឆ្នាំ​ច្រើនជា​អនេក ទោះបី​យើង​ដឹងថា ឈើនោះ មិនមានផ្លែ​ហើយ ការ​មេត្រីនោះ ក៏​នៅ​ដូចដើម។

[៥៣៦] (ស្តេចហង្ស និយាយថា) សត្វស្លាបទាំងឡាយ តែង​លះបង់​នូវដើមឈើ​ដែល​ពុកស្ងួត ជ្រុះស្លឹក​អស់ មិនមានផ្លែ ​ហើយ​ហើរទៅ ម្នាលអ្នក​ជាទ្វិជាតិ អ្នក​សំគាល់​ឃើញ​ទោស (ក្នុងការ​លះចោល​នោះ) ដូចម្តេច។

[៥៣៧] (សេ្តចសេក និយាយថា) ពួកសត្វណា មានសេចក្តី​ត្រូវការ​ដោយផ្លែ ​ហើយ​គប់រក​នូវដើម​ឈើ លុះដឹងថា មិនមានផ្លែ ក៏លះ​ចោលនូវ​ដើមឈើ​នោះ ពួក​សត្វស្លាបនោះ ឈ្មោះថា​មានប្រាជ្ញា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មានប្រាជ្ញា​មិនល្អ រមែង​ញុំាង​ចំណែក​នៃ​សេចក្តី​រាប់អាន​ឲ្យវិនាស។

[៥៣៨] (ស្តេចហង្ស និយាយថា) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ​ និងសេចក្តី​ស្និទ្ធស្នាល ដែលអ្នក​បាន​ធ្វើ​ហើយ ជាការ​ប្រពៃណាស់ បើអ្នកពេញ​ចិត្តនឹងធម៌នេះ អ្នកនឹង​បាន​​ជាទី​សរសើរ​នៃពួកវិញ្ញូជន។

[៥៣៩] មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរ​ដល់អ្នក ម្នាល​បក្សី បើអ្នក​មានចិត្ត​ប្រាថ្នានូវ​ពរណា​នីមួយ ចូរទទួល​យកពរ​នោះចុះ។

[៥៤០] (សេ្តចសេក និយាយថា) ខ្ញុំសូមឲ្យបាន​ឃើញនូវ​ដើមឈើ​នោះ មាន​ស្លឹក និងផ្លែ​ឡើងវិញ​ដូចដើម ខ្ញុំគប្បី​រីករាយ​រឿយ ៗ ដូចមនុស្ស​កំសត់ បាន​កំណប់​ទ្រព្យ។

[៥៤១] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះឥន្ទបានយក​ទឹកអម្រឹត មកស្រោច​នូវឈើ​ដុះលើ​ផែនដី ដើមឈើនោះ មានមែក​លូតលាស់​ត្រសាយ​ត្រសុំ មានម្លប់ដ៏​ត្រជាក់ ជាទី​រីករាយ​នៃចិត្ត។

[៥៤២] (ស្តេចសេក និយាយថា) បពិត្រសក្កៈ កាលបើយ៉ាង​នេះ សូមឲ្យ​ព្រះអង្គ​​បាន​សេចក្តី​សុខ ព្រមទាំង​ពួកញាតិ​ទាំងអស់ ឲ្យដូច​ជាខ្ញុំដែល​បាន​សេចក្តីសុខ ព្រោះ​ឃើញ​នូវដើមឈើ​ដ៏ប្រកប​ដោយផ្លែ​ក្នុងថ្ងៃនេះ។

[៥៤៣] (អភិសម្ពុទ្ធគាថា) ព្រះឥន្ទបានឮពាក្យសេក​ហើយ ក៏ធ្វើនូវ​ឈើនោះ​ ឲ្យមានផ្លែ រួចក៏​ចៀសចេញ​ទៅកាន់​នន្ទនវនឧទ្យាន​នៃទេវតា​ទាំងឡាយ ជាមួយនឹង​ភរិយា។

ចប់ ចុល្លសុវករាជជាតក ទី៤។

ហរិតចជាតក ទី៥

[៥៤៤] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់សួរតាបសថា) បពិត្រមហាព្រហ្ម ខ្ញុំបាន​ឮថា ព្រះហរិត​តាបស​បរិភោគ​កាម ពាក្យនុ៎ះ ទទេទេឬ លោកជា​បុគ្គល​បរិសុទ្ធ​ទេឬ។

[៥៤៥] (ហរិតតាបសពោធិសត្វ តបថា) បពិត្រមហារាជ ពាក្យដែល​ទ្រង់បាន​​ព្រះសណ្តាប់​មកយ៉ាង​ណា ពាក្យនុ៎ះ ពិត​យ៉ាងនោះ​ហើយ អាត្មាភាព​ជាបុគ្គល​បាន​ដើរ ទៅកាន់​ផ្លូវខុស ជ្រប់នៅ​ក្នុងអារម្មណ៍​ដែលជា​ទីតាំងនៃ​សេចក្តី​វង្វេង។

[៥៤៦] (ព្រះរាជា…) បើបុគ្គលមិនអាច​ដើម្បីបន្ទោបង់​នូវគំនិត​មិនល្អ គឺរាគៈ ដែល​កើត​ឡើង ដោយ​ប្រាជ្ញា​ណាបាន​ទេ ប្រាជ្ញា​នោះ នឹងចាត់​ថាមាន​ប្រយោជន៍ ជាគុណជាតិ​ដ៏ល្អិត អាចគិត​ឃើញនូវ​របស់ល្អ​ដូចម្តេចបាន។

[៥៤៧] (តាបស…) បពិត្រមហារាជ ធម៌ទាំង ៤ ប្រការនេះ គឺរាគៈ ទោសៈ មទៈ និង​មោហៈ ជាកិលេស​មានកំឡាំង​ក្លៀវក្លា​បំផុត​ក្នុងលោក ប្រាជ្ញា​មិនបាន​ទីពំនាក់ ព្រោះ​តែកិលេស​ទាំងនោះ។

[៥៤៨] (ព្រះរាជា…) លោកដ៏ចំរើន ពួកយើងសន្មតថា ព្រះហរិតតាបស ជា​ព្រះអរហន្ត បរិបូណ៌​ដោយ​សីល ជាបុគ្គល​បរិសុទ្ធ ជាអ្នក​ប្រាជ្ញ មាន​ប្រាជ្ញា​សម្រាប់​ទំលុះ​ទំលាយ​កិលេស។

[៥៤៩] (តាបស…) បពិត្រព្រះរាជា វិតក្កៈទាំងឡាយ​ដ៏លាមក ប្រកប​ដោយ​សុភនិមិត្ត និង​ប្រកប​ដោយ​រាគៈ តែងបៀត​បៀនអ្នក​ប្រាជ្ញ ដែលជា​អ្នកត្រេកអរ​ក្នុងគុណធម៌​របស់ឥសី។

[៥៥០] (ព្រះរាជា…) រាគៈនេះ ជាសភាពកើតអំពី​សរីរៈ តែកើត​ឡើង​ហើយ រមែង​ប្រទូស្ត​នូវគុណ​ឲ្យខូច សូមលោក​លះរាគៈ​របស់លោក​នោះចេញ សេចក្តី​ចំរើន ទើប​កើត​មាន​​ដល់លោក ដ្បិតជន​ច្រើននាក់ សន្មត​លោកថា ជាអ្នក​ប្រាជ្ញ។

[៥៥១] (តាបស…) កាមទាំងឡាយនោះ ជាគ្រឿង​ធ្វើឲ្យងងឹត នាំមក​នូវទុក្ខច្រើន មាន​ពិសច្រើន អាត្មាភាព​នឹងស្វែង​រកនូវឫស​នៃកាម​ទាំងឡាយ​នោះ នឹងកាត់​ផ្តាច់នូវរាគៈ ព្រម​ទាំង​ចំណង។

[៥៥២] (អភិសម្ពុទ្ធគាថា) ឥសីឈ្មោះ​ហរិតៈ ជាអ្នកខំ​ប្រឹងព្យាយាម ដោយសច្ចៈ លុះ​ពោលពាក្យ​នេះរួច ក៏លះបង់​កាមរាគ ​ហើយបាន​ចូលទៅកើត​ក្នុងព្រហ្មលោក។

ចប់ ហរិតចជាតក ទី៥។

បទកុសលមាណវជាតក ទី៦

[៥៥៣] (ភរិយា និយាយថា) ទឹកទនេ្លគង្គាកួចយកទៅ​នូវបុរស​ឈ្មោះ​បាដលិ ជាអ្នក​ចេះដឹង​ច្រើន ពោលនូវ​ពាក្យដ៏វិចិត្រ នែអ្នក​ដ៏ចំរើន​ដែលទឹក​កួចយកទៅ សូមអ្នក​ឲ្យនូវ​ចំរៀង​​យ៉ាងខ្លី​មួយ​ដល់ខ្ញុំ។

[៥៥៤] (ស្វាមី និយាយតបថា) ពួកជនតែងស្រោចនូវបុគ្គល​មានទុក្ខ ដោយទឹក​ណា តែង​ស្រោចនូវ​បុគ្គល​ដែលមាន​សេចក្តី​ក្រវល់ក្រវាយ ដោយទឹកណា យើង​គង់នឹង​ស្លាប់ក្នុង​កណ្តាល​ទឹកនោះ ភ័យកើត​មកអំពី​វត្ថុជាទីពឹង​ហើយ។

[៥៥៥] (នាយស្មូនឆ្នាំង និយាយថា) ពូជទាំងឡាយ​តែងដុះ​ឡើងលើ​ផែនដី​ណា ពួក​សត្វ​ឋិតនៅ​លើផែនដី​ណា ផែនដីនោះ បៀតបៀន​នូវក្បាលអញ ភ័យកើត​អំពីវត្ថុ​ជាទី​ពឹង​ហើយ។

[៥៥៦] (បុរសម្នាក់ និយាយថា) ពួកជន គេចំអិនបាយ​ដោយភ្លើង​ណា ​គេកំចាត់​បង់នូវ​រងា​ដោយ​ភ្លើងណា ភ្លើងនោះ​ ឆេះនូវកាយ​របស់អញ ភ័យកើតអំពី​វត្ថុជាទីពឹង​ហើយ។

[៥៥៧] (បុរសម្នាក់ និយាយថា) ពួកព្រាហ្មណ៍ និងក្សត្រិយ៍​ជាច្រើន តែង​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយភត្តណា ភត្តនោះ ដែលអាត្មាអញ​បរិភោគ​ហើយនោះ សម្លាប់​នូវអញ ភ័យកើត​អំពីវត្ថុ​ជាទីពឹង​ហើយ។

[៥៥៨] (បុរសម្នាក់ និយាយថា) ពួកអ្នកប្រាជ្ញ តែងប្រាថា្នខ្យល់​ក្នុងខែ​ជាទី​បំផុត​នៃ​គិម្ហរដូវ (ឥឡូវ) ខ្យល់នោះ កាច់បំបាក់​ខ្លួនខ្ញុំ ភ័យកើត​អំពីវត្ថុ​ជាទីពឹង​ហើយ។

[៥៥៩] (បក្សីជាធំ និយាយថា) ពួកបក្សី តែងអាស្រ័យដើមឈើ​ណា ដើមឈើនោះ បព្ចោញ​នូវភ្លើង បក្សីទាំងឡាយ ចូរគប់​នូវទិស​ទាំងឡាយ​ផ្សេង ៗ ភ័យ​កើត​អំពី​វត្ថុជា​ទីពឹង​ហើយ។

[៥៦០] (មាតា និយាយថា) អញមានចិត្តសោមនស្ស ​ហើយនាំមក​នូវ​កូនប្រសា​ស្រីណា ដែល​ប្រដាប់​ដោយ​កម្រងផ្កា និង​ប្រស់ព្រំ​ដោយខ្លឹមចន្ទន៍ (ឥឡូវ) កូន​ប្រសាស្រី​នោះ បណ្តេញ​អញចេញ​អំពីផ្ទះ ភ័យកើត​អំពី​វត្ថុជាទីពឹង​ហើយ។

[៥៦១] (បុរសម្នាក់ និយាយថា) អញត្រេកត្រអាល​នឹងកូន​ប្រុសណា ​ដែល​កើត​ហើយ និង​ប្រាថ្នា​សេចក្តី​ចំរើន​ដល់កូន​ប្រុសណា (ឥឡូវ) កូនប្រុស​នោះ បណ្តេញ​អញចេញ​អំពីផ្ទះ ភ័យ​កើត​អំពី​វត្ថុជាទីពឹង​ហើយ។

[៥៦២] (ពោធិសត្វ ពោលថា) សូមឲ្យពួកអ្នកជនបទ និងអ្នកនិគម ​ដែលបាន​មក​ប្រជុំ​ស្តាប់ខ្ញុំ (ឥឡូវ) វត្ថុណា​ជាទឹក វត្ថុនោះ ក្លាយទៅ​ជាភ្លើង​ហើយ សេចក្តី​ក្សេម កើតមក​អំពី​ព្រះរាជា​ណា ភ័យកើត​មកអំពី​ព្រះរាជានោះ​ហើយ ព្រះរាជា និង​ព្រាហ្មណ៍​បុរោហិត ប្លន់​ជនអ្នក​នៅក្នុង​ដែន អ្នកទាំងឡាយ ចូររក្សាខ្លួន ដ្បិតភ័យ​កើត​អំពីវត្ថុជាទីពឹង​ហើយ។

ចប់ បទកុសលមាណវជាតក ទី៦។

លោមសកស្សបជាតក ទី៧

[៥៦៣] (ព្រះឥន្ទ និយាយនឹងព្រះបាទព្រហ្មទត្តថា) បពិត្រព្រះរាជា បើព្រះអង្គ​ញុំាង​ឥសីឈ្មោះ​លោមសកស្សបៈ ឲ្យបូជាយ័ញ្ញ ព្រះអង្គ​នឹងបាន​ទៅជាបុគ្គល​មិន​ចាស់ មិន​ស្លាប់ ស្មើនឹង​ព្រះឥន្ទ​ដោយពិត។

[៥៦៤] (តាបសពោធិសត្វ ពោលនឹងអាមាត្យថា) បុគ្គលមិនគួរ​ប្រាថ្នានូវ​ផែនដី ដែលមាន​សមុទ្រព័ទ្ធ​ជុំវិញ ដូចជា​កុណ្ឌល​ក្នុងសាគរ ព្រមទាំង​ពាក្យតិះ​ដៀលទេ ម្នាល​សេយ្ហាមាត្យ អ្នកចូរ​ដឹងយ៉ាង​នេះចុះ។

[៥៦៥] ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) ណា ដោយកិរិយា​បំផ្លាញ​ជីវិតគេ ឬដោយ​ការប្រព្រឹត្តិ​មិនត្រូវ​តាមធម៌ មុខគួរ​ឲ្យតិះដៀល​នូវការបាន​យស និងការបាន​នូវ​ទ្រព្យ ដោយការ​ប្រព្រឹត្តិនោះ។

[៥៦៦] បុគ្គលបួសដើរបិណ្ឌបាត ការចិញ្ចឹមជីវិតនោះ ប្រសើរជាង​ការស្វែង​រកខុស​ធម៌។

[៥៦៧] បុគ្គលបួសដើរបិណ្ឌបាត មិនបៀតបៀន​ជនដទៃ​ក្នុងលោក ការនោះ​ប្រសើរ​ជាង​រាជសម្បត្តិ​ទៅទៀត។

[៥៦៨] (មហាជន និយាយថា) ព្រះចន្ទមានកំឡាំង ព្រះអាទិត្យមាន​កំឡាំង ពួក​សមណ​ព្រាហ្មណ៍​មាន​កំឡាំង ច្រាំង​សមុទ្រមាន​កំឡាំង ឯពួកស្រី្ត​មាន​កំឡាំង​លើសលុប​ជាង​កំឡាំង (នោះ ៗ ទៅទៀត)។

[៥៦៩] ដូចជារាជធីតាឈ្មោះ​ចន្ទវតី បាន​ញុំាងឥសី​ឈ្មោះ​លោមសកស្សបៈ​មាន​តបៈ​ដ៏ខ្ពង់ខ្ពស់ ឲ្យបូជា​នូវការបូជា​ឈ្មោះ​រាជបេយ្យៈ គឺបូជា​ដោយការ​សម្លាប់​សត្វចិញ្ចឹម ដើម្បី​ប្រយោជន៍​ដល់បិតា។

[៥៧០] (តាបស…) អំពើដែលធ្វើដោយសេចក្តីលោភនោះ ជាអំពើ​ក្តៅ​ក្រហាយ មាន​កាមជា​ហេតុ អាត្មា​នឹងស្វែង​រកឫស​នៃអំពើ​នោះ នឹងកាត់​នូវរាគៈ ព្រមទាំង​ចំណង។

[៥៧១] មុខគួរតិះដៀលនូវកាមទាំងឡាយ​ដ៏ច្រើនក្រៃពេក​ក្នុងលោក បពិត្រ​ព្រះរាជា ការព្យាយាម​ដុតបំផ្លាញ​កិលេស ប្រសើរបំផុត ជាង​កាមគុណ​ទាំងឡាយ អាត្មា​នឹង​លះបង់​កាម ​ហើយធ្វើ​ព្យាយាម​បំផ្លាញ​កិលេស ឯដែន និងនាង​ចន្ទវតី ចូរជា​របស់​ព្រះអង្គ​វិញចុះ។

ចប់ លោមសកស្សបជាតក ទី៧។

ចក្កវាកជាតក ទី៨

[៥៧២] (ក្អែកនិយាយនឹងចាក្រពាកថា) ខ្ញុំសូមសួរនូវពួក​សត្វបក្សី មាន​សម្បុរ​ដូច​សំពត់​ដែល​ជ្រលក់​ដោយ​ទឹកអម្ចត់ ជាសត្វ​មានចិត្ត​រីករាយ ត្រាច់ទៅ​ទាំងគូ ៗ ចុះក្នុង​ពួកកំណើត​ជា​អណ្ឌជៈ និងមនុស្ស​ទាំងឡាយ តើគេ​សរសើរ​នូវកំណើត​អណ្ឌជៈ​ណា អ្នកចូរ​ពោលនូវ​ហេតុនោះ​មកមើល។

[៥៧៣] (ចាក្រពាក តបថា) ម្នាលក្អែក ជាសត្វបៀតបៀន​មនុស្ស ពួកគេ​តែង​ពោល​សរសើរ​យើង​ជា​ចាក្រពាក​ថា ជាសត្វ​ប្រព្រឹត្ត​សមគួរ​ក្នុងចំណោម​នៃ​មនុស្ស​ទាំងឡាយ ទាំង​គេបាន​សន្មត​យើងថា ជាសត្វមាន​ភាពល្អ ក្នុងចំណោម​នៃសត្វស្លាប​ទាំងឡាយ (ពួក​យើង​មាន​សភាព​ជាសត្វ​ឥតភ័យ ត្រាច់ទៅ​ផ្សេង ៗ ក្នុង​ស្រះឈូក) ពួកយើង​មិនធ្វើបាប ព្រោះ​ហេតុតែ​ចំណី​ឡើយ។

[៥៧៤] (ក្អែក…) ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិន​ថោកទាប អ្នកទាំងឡាយ​បរិភោគ​ផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគ​ភោជន​អ្វីក្នុងស្រះ បាន​ជាកំឡាំង និងសម្បុរ មាន​សភាព​មិនតិច។

[៥៧៥] (ចាក្រពាក…) ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមាន​ក្នុងស្រះទេ ពួក​ចាក្រពាក​បាន​សាច់បរិភោគ​អំពីណា ពួកយើង​ជាអ្នក​បរិភោគ​សារាយ បរិភោគ​តែទឹក​មិនល្អក់ (ពួក​យើង​មិនធ្វើ​បាប ព្រោះហេតុ​តែចំណី​ឡើយ) ពួកយើងមាន​សភាព​ជាអ្នក​ឥតភ័យ ត្រាច់ទៅ​ផ្សេង ៗ ក្នុងស្រះ។

[៥៧៦] (ក្អែក…) ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្ត​យើងទេ​ ខ្លួនអ្នក​មាន​សភាព​ប្រហែល​នឹងភោជន​ក្នុងលំនៅ​នេះ កាលដើម ខ្ញុំមាន​សេចក្តី​ត្រិះរិះ (យ៉ាង​នេះ) ខាង​ក្រោយមក ខ្ញុំមាន​សេចក្តី​ត្រិះរិះ​ផ្សេង សេចក្តី​សង្ស័យ​របស់ខ្ញុំ ក៏កើត​មានក្នុង​ហេតុនុ៎ះ ដោយ​ប្រការ​ដូច្នេះ​ឯង។

[៥៧៧) ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើ​ទាំងឡាយ​ផង នូវចំណី​អាហារ​ដែល​លាយ​អំបិល និងប្រេង​ទាំងឡាយ​ផង ខ្លួនយើង​តែងបាន​បរិភោគ​នូវរស​ក្នុង​ពួកមនុស្ស ដូច​បុគ្គល​ក្លៀវក្លា​បាន​ឈ្នះនូវ​ប្រធាន​នៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុរ​របស់ខ្ញុំ មិនដូច​ជាសម្បុរ​របស់​អ្នកទេ។

[៥៧៨] (ចាក្រពាក…) អ្នកជាសត្វមានអាហារ​មិនស្អាត តែងលប​ឆក់ក្នុង​ខណៈ (ដែល​គេធ្វេស​ប្រហែល) អ្នកឯង តែងបាន​នូវចំណី​អាហារ និងទឹកផឹក​ដោយ​លំបាក ម្នាលក្អែក អ្នកឯង មិនត្រេកអរ​ដោយ​ផ្លែឈើ​ទាំងឡាយ មួយទៀត សាច់​ទាំង​ឡាយណា ដែល​មាននៅ​ក្នុង​កណ្តាល​នៃ​ព្រៃស្មសាន អ្នកមិន​ត្រេកអរនឹង​សាច់​នោះឡើយ។

[៥៧៩] ម្នាលក្អែក បុគ្គលណា ជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេ​ធ្វេស​ប្រហែស) បាន​នូវភោគៈ​ទាំងឡាយ ដោយអំពើ​ដ៏អាក្រក់ ​ហើយបរិភោគ ដល់មក​ខាងក្រោយ អ្នកផង​នឹង​តិះដៀល​បុគ្គល​នោះ បុគ្គលដែល​ត្រូវគេ​តិះដៀល​នោះ រមែង​សាបសូន្យ ចាកសម្បុរ និងកំឡាំង។

[៥៨០] បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បី​តិចតួច​តែជាអ្នក​មិន​បៀតបៀន​ជនដទៃ ដោយអំពើ​អាក្រក់ កំឡាំង និងសម្បុរ រមែង​កើតមាន​ដល់បុគ្គល​នោះ ព្រោះថា សម្បុរ​ទាំងអស់ មិនមែន​សុទ្ធតែ​សម្រេច​មក​អំពីអាហារ​ទេ។

ចប់ ចក្កវាកជាតក ទី៨។

ហលិទ្ទរាគជាតក ទី៩

[៥៨១] (នាងកុមារិកា និយាយនឹងតាបសកុមារថា) ការដែល​លោក​អត់ទ្រាំ​ក្នុងព្រៃ ជា​សេនាសនៈ​ដ៏ស្ងាត់ ជាការប្រពៃ​ហើយ តែថាពួក​ជនណា អត់ទ្រាំ​នៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរ​លើសលុប​ជាងលោក​ទៅទៀត។

[៥៨២] (តាបសកុមារ សួរតាបសពោធិសត្វ​ជាបិតា​ថា) បពិត្រ​បិតា ​លុះដល់​ខ្ញុំចេញ​អំពីព្រៃ​មកកាន់​ស្រុក តើគួរ​សេពគប់​បុរស​មាន​សីល​ដូចមេ្តច មាន​វត្តដូចម្តេច ខ្ញុំសួរ​ហើយ សូម​បិតាប្រាប់​ហេតុនោះ។

[៥៨៣] (តាបសពោធិសត្វ…) នែបា បើបុគ្គលណា​ស្និទ្ធស្នាល​នឹងអ្នក ថែម​ទាំង​គាប់​ចិត្ត​នឹង​សេចក្តី​ស្និទ្ធស្នាល​របស់អ្នក ​ហើយស្តាប់​បង្គាប់ និងអត់ទ្រាំ (នូវពាក្យ​សំដី) អ្នក​ចេញ​អំពីព្រៃ​នេះទៅ ចូរសេពគប់​បុគ្គល​នោះចុះ។

[៥៨៤] បុគ្គលណាមិនមានអំពើអាក្រក់ ដោយ​កាយវាចា​ចិត្ត អ្នកចេញអំពី​ព្រៃ​នេះទៅ ចូរតាំង​ខ្លួន​ដូចជាកូន ​ហើយ​សេពគប់​បុគ្គល​នោះចុះ។

[៥៨៥] មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុង​ប្រព្រឹត្ត ក៏មិន​ប្រកាន់ខ្លួន លុះ​ដល់អ្នក​ចេញអំពី​ព្រៃនេះ​ទៅ ចូរសេពគប់​នូវបុគ្គល​ដែលជា​អ្នកធ្វើ​អំពើ​ដ៏បរិសុទ្ធ ប្រកប​ដោយ​ប្រាជ្ញា​នោះចុះ។

[៥៨៦] នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់រមៀត មានចិត្តដូចស្វា ត្រេកអរ​ហើយ បែរជាមិន​ត្រេកអរ​វិញ បើទុកជា (ក្នុង​ជម្ពូទ្វីបនេះ) មិនមាន​មនុស្ស​សោះ អ្នកកុំ​គប់រក​បុរស​បែបនោះ​ឡើយ។

[៥៨៧] អ្នកចូរចៀសវាង (បុគ្គលបែបនោះ) អំពីចម្ងាយ ឲ្យដូច​បុគ្គល​ចៀសវាង​អាសីពិស​ដែល​ក្រោធ ឬចៀសវាង​ផ្លូវធំ ដែលប្រឡាក់​ដោយ​លាមក ឬដូច​បុគ្គល​អ្នកទៅ​ដោយ​យាន ចៀសវាង​ផ្លូវមិន​ស្មើ។

[៥៨៨] នែបា អំពើមិនជាប្រយោជន៍ទាំងឡាយ តែងចំរើន​ដល់​បុគ្គល​ដែលគប់រក​បុគ្គល​ពាល អ្នកកុំ​គប់រក​បុគ្គល​ពាល ដែលដូច​ជាសត្រូវ​សព្វ ៗ កាល​ឡើយ។

[៥៨៩] នែបា ព្រោះហេតុនោះហើយ បាន​ជាយើងសូម​អង្វរអ្នក ចូរអ្នក​ធ្វើតាម​ពាក្យ​យើង ចូរអ្នកកុំ​គប់រក​បុគ្គល​ពាលឡើយ (ព្រោះ) ការគប់​រកនូវ​បុគ្គលពាល​ទាំងឡាយ តែងនាំ​មកនូវ​សេចក្តី​ទុក្ខ។

ចប់ ហលិទ្ទរាគជាតក ទី៩។

សមុគ្គជាតក ទី១០

[៥៩០] (តាបសពោធិសត្វ សួរអារក្សទឹកថា) នែអ្នកទាំងឡាយដ៏ចំរើន ចុះអ្នកទាំង ៣ នាក់ មកអំពី​ទីណា អ្នកមកស្រួល​ហើយ ចូរមក​អង្គុយលើ​អាសនៈ​ទៅ នែអ្នក​ដ៏ចំរើន អ្នកមាន​សេចក្តី​សុខស្រួល មិនមាន​ជម្ងឺដម្កាត់​ទេឬ ព្រោះយូរ​ណាស់​ហើយ អ្នកទាំងឡាយ​ទើបមក​ក្នុងទីនេះ។

[៥៩១] (ទានវៈ [អសុរៈ សាម័ញ្ញ។] តបនឹងតាបសថា) ខ្ញុំមកក្នុងទីនេះ​តែម្នាក់ឯងទេ ខ្ញុំមិនមាន​អ្នក​ណាមួយ​ជាគំរប់ពីរ​ទេ បពិត្រ​ឥសី លោកសំដៅ​ហេតុអ្វី បាន​ជាពោល​ថា នែអ្នក​ដ៏ចំរើន ចុះអ្នកទាំង ៣ នាក់មក​អំពីទីណា។

[៥៩២] (តាបស..) ខ្លួនអ្នកឯងម្នាក់ផង ភរិយាជាទីស្រឡាញ់​របស់អ្នក​ដែលអ្នក​ដាក់​ក្នុង​ស្មុគ្រ ​ហើយលេប​ចូលទៅ​ក្នុងពោះ​ផង ភរិយានោះ ដែលអ្នក​រក្សា​ហើយ​នៅក្នុងពោះ​សព្វ​កាល ត្រេកអរ​ជាមួយ​នឹង (វិជា្ជធរ) ជា​វាយុបុត្ត ក្នុងស្មុគ្រ​នោះផង។

[៥៩៣] ទានវៈនោះ លុះឥសីព្យាករហើយ ក៏មានសភាព​តក់ស្លុត ​​ហើយខ្ជាក់​ស្មុគ្រចេញ​ក្នុងទីនោះ ក៏បាន​ឃើញ​ភរិយា​មានរូប​យ៉ាងស្អាត ទ្រទ្រង់​នូវផ្កាកម្រង ត្រេកអរ​ជាមួយ​នឹង​វិជា្ជធរ ជា​វាយុបុត្ត​ក្នុងស្មុគ្រនោះ។

[៥៩៤] ព្រះករុណាដែលជាអ្នកប្រព្រឹត្តតបៈដ៏ខ្ពង់ខ្ពស់ បាន​ឃើញ​ហេតុត្រឹមត្រូវ​មែន​ហើយ ពួកជនណា ជាបុគ្គល​ថោកទាប ពួកជននោះ រមែង​លុះអំណាច​ស្ត្រី ដូចខ្ញុំ​ដែលបាន​រក្សា​ទុកនូវស្ត្រី ដូចជា​ជីវិតក្នុង​ទីនេះ ស្រ្តីនោះ ប្រទូស្តនឹងខ្ញុំ ​ហើយ​រីករាយ​នឹងបុរស​ដទៃវិញ។

[៥៩៥] ខ្ញុំបានទំនុកបម្រុងស្ត្រីនោះ ទាំងយប់ទាំងថ្ងៃ ដូចជាភ្លើង​ដែល​លោកមានតបៈ នៅក្នុង​ព្រៃបូជា​ហើយ ស្ត្រីនោះ ប្រព្រឹត្តកន្លងធម៌ ​ហើយប្រព្រឹត្ត​អធម៌វិញ ការ​ស្និទ្ធស្នាល​ជាមួយ​នឹងពួកស្ត្រី ជាសភាព​មិនគួរ​ធ្វើសោះ​ឡើយ។

[៥៩៦] ខ្ញុំសំគាល់ស្ត្រី ដែលជាអសប្បុរស មិនសង្រួមថា (ស្ត្រីនេះ) ឋិតនៅ​ក្នុង​កណ្តាល​សរីរៈ ស្ត្រីនេះ​ជារបស់​អញដូច្នេះ ស្ត្រីនោះ ប្រព្រឹត្ត​កន្លងធម៌ ​ហើយ​ប្រព្រឹត្ត​អធម៌​វិញ ការ​ស្និទ្ធស្នាល​ជាមួយ​នឹងពួកស្ត្រី ជាសភាព​មិនគួរ​ធ្វើសោះ​ឡើយ។

[៥៩៧] ចុះបុគ្គលគួរទុកចិត្តថា អាត្មាអញបាន​រក្សាស្ត្រី​ទុកល្អ​ហើយដូច្នេះ​ដោយ​បការ​ដូចម្តេច​បាន ព្រោះមិន​មានវិធី​រក្សាទុក​នូវពួកស្ត្រី​ ដែលមាន​ចិត្តរាយ​មាយនេះ​បាន​ទេ ដ្បិតពួក​ស្ត្រីទាំងនុ៎ះ ប្រហែល​នឹងអន្លង់​ក្នុង​បាតសមុទ្រ បុគ្គលតែ​ប្រហែស​ក្នុងពួកស្ត្រី​ទាំងនោះ​ហើយ រមែង​ដល់នូវ​សេចក្តី​វិនាស។

[៥៩៨] ព្រោះហេតុនោះឯង បុគ្គលពួកណា ជាអ្នកប្រព្រឹត្ត​រលាស់​ខ្លួនចេញចាក​ពួក​មាតុគ្រាម បុគ្គល​ពួកនោះ តែងបាន​សុខ ប្រាសចាក​សេចក្តីសោក បុគ្គល​កាល​បើប្រាថ្នា​សេចក្តី​ក្សេមដ៏​ឧត្តមនុ៎ះ មិនគួរធ្វើ​នូវសេចក្តី​ស្និទ្ធស្នាល​នឹងពួក​មាតុគ្រាម​ឡើយ។

ចប់ សមុគ្គជាតក ទី១០ ។

បូតិមំសជាតក ទី១១

[៥៩៩] (មេពពែ និយាយនឹងមេចចកថា) នែសំឡាញ់ ការក្រឡេក​មើល​នៃចចក​ឈ្មោះ​បូតិមំសៈ មិនគាប់​ចិត្តយើងទេ បុគ្គល​គួរវៀរ​ឲ្យឆ្ងាយ អំពី​សំឡាញ់បែប​នេះ។

[៦០០] (ចចកឈ្មោះបូតិមំសៈ ពោលតិះដៀលមេចចក​ជាប្រពន្ធ​ខ្លួនថា) មេ​ចចក​ឈ្មោះ​វេណិនេះ ជាសត្វឆ្កួត ពោល​សរសើរ​នូវសំឡាញ់ ប្រាប់ដល់​អញជាប្តី ​ហើយ​បែរជា​សោក​ស្រណោះ នូវ​មេពពែ​ដែល​ទើបនឹងមក ​ហើយត្រឡប់​ថយទៅ​វិញ។

[៦០១] (មេចចក និយាយតបថា) នែសំឡាញ់ អ្នកឯងទេតើ ជាសត្វ​ឆ្កួតខ្លៅ មិនចេះ​ពិចារណា​អ្វីសោះ អ្នកឯង​ធ្វើពុត​ជាស្លាប់ ​ហើយក្រឡេក​មើលខុស​កាល។

[៦០២] (អភិសម្ពុទ្ធគាថា) អ្នកប្រាជ្ញមិនគប្បីក្រឡេកមើល​ក្នុងកាល​មិនគួរទេ គប្បី​ក្រឡេក​មើលតែ​ក្នុងកាល​ដ៏គួរ បុគ្គលណា ក្រឡេក​មើលក្នុង​កាលមិន​គួរ បុគ្គលនោះ រមែង​សោក​ស្រណោះ ដូចចចក​ឈ្មោះ​បូតិមំសៈ។

[៦០៣] (មេចចក និយាយនឹងមេពពែថា) ម្នាលសំឡាញ់ សេចក្តី​ស្រឡាញ់​របស់​យើង សូមឲ្យ​មាននៅ​ដដែល សូមនាង​ឲ្យរង្វាន់​ដល់យើង ប្តីរបស់​យើងរស់ដោយ​ខ្លួនឯងវិញ​ហើយ កាលបើ​ខ្ញុំសួរ​អំពី​សេចក្តី​ស្រឡាញ់​ហើយ (គប្បីមក​ជាមួយនឹង​យើង)។

[៦០៤] (មេពពែ…) នែសម្លាញ់ របស់ជាទីស្រឡាញ់ ចូរមាន​ដល់នាង​ដូចដែល​ចុះ ឥឡូវ​យើងឲ្យ​រង្វាន់​ដល់នាង​ហើយ (តែថា) យើង​នឹងមក​ជាមួយនឹង​បរិវារច្រើន (បើ​ដូច្នោះ) នាង​ចូររៀប​ភោជន​ទទួលផង។

[៦០៥] (មេចចក…) បរិវាររបស់នាង ដូចម្តេចទៅ ខ្ញុំនឹងរៀប​ភោជនចាំ​ទទួលពួក​បរិវារ​របស់​នាង បរិវារ​នាងទាំង​អស់នោះ តើមាន​ឈ្មោះ​ដូចម្តេច យើងសួរ នាងចូរ​ប្រាប់នូវ​បរិវារនោះ។

[៦០៦] (មេពពែ…) (ឆ្កែ ៤ ពួក) គឺឆ្កែឈ្មោះ​មាលិយៈ ១ ឆ្កែឈ្មោះ​ចតុរក្ខៈ ១ ឆ្កែឈ្មោះ​បិង្គិយៈ ១ ឆ្កែឈ្មោះ​ជម្ពុកៈ ១ ឆ្កែ​បែបនេះ ជាបរិវារ​របស់យើង នាងចូរ​រៀប​ភោជន​បម្រុងឆ្កែ​ទាំងនោះ​ចុះ។

[៦០៧] (មេចចក…) កាលបើនាងចេញទៅអំពីផ្ទះ ទ្រព្យរបស់​មុខជា​វិនាស​មិនខាន ចាំយើង​ប្រាប់សេចក្តី​មិនមាន​រោគដល់​សំឡាញ់ នាងចូរនៅ​ក្នុងទីនេះ​ចុះ នាងកុំ​បាច់ទៅ​ឡើយ។

ចប់ បូតិមំសជាតក ទី១១។

ទទ្ទរជាតក ទី១២

[៦០៨] (រុក្ខទេវតា និយាយនឹងមេទន្សងថា) តាបសណា ដែលនាងបាន​ឲ្យអាហារ ​ហើយ​ស៊ីកូនតូច ៗ ដែល​មិនបាន​ប្រទូស្ត (ដល់ខ្លួន) នាងចូរ​ខាំនូវ​តាបស​នោះ​នឹងចង្កូម កុំឲ្យ​តាបស​នោះរួច (អំពីដៃ) នាង មានជីវិត​តទៅឡើយ។

[៦០៩] (មេទន្សង តបនឹងទេវតាថា) បុរសដែលមាន​សេចក្តី​ល្មោភខ្លាំង ដ៏​ប្រឡាក់​ប្រឡូស ដូចជា​កំណាត់​សំពត់​របស់មេនំ ខ្ញុំរមែង​មិនឃើញ​នូវប្រទេស​ដ៏គួរ ​ហើយ​ខាំដោយ​ចង្កូមនោះ​បាន​ឡើយ។

[៦១០] បុគ្គលបើទុកជាឲ្យនូវសម្បត្តិលើផែនដីទាំងអស់ ដល់បុរស​អកតញ្ញូ ដែល​សំឡឹង​ឃើញទោស​ជានិច្ច ក៏នៅតែ​ធ្វើបុរស​នោះ ឲ្យត្រេកអរ​មិនបាន។

[៦១១] (សីហៈ សួរថា) នែអ្នកមានដើមដៃល្អ ចុះដូចម្តេច បាន​ជាអ្នក​ប្រញាប់​ប្រញាល់​ត្រឡប់​មក ជាមួយ​នឹងមាណព​នេះ អ្នកមាន​កិច្ចជា​ប្រយោជន៍ (ដោយមាណព​នេះ) ដូចម្តេច ក្នុងទីនេះ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់​សេចក្តីនុ៎ះ។

[៦១២] (ខ្លា…) ទទាណា ដែលជាសំឡាញ់​របស់​លោក មាន​សភាព​ជាសប្បុរស ខ្ញុំថប់​តែបុរស​នេះ សម្លាប់​ទទានោះ ក្នុងថ្ងៃនេះឯង ខ្ញុំឆ្លាប់បាន​ឮអំពើ​របស់បុរស​នេះ​​ហើយ ទើប​មិនសំគាល់​ថា ទទាបាន​សេចក្តីសុខ ក្នុងថ្ងៃនេះ​ឡើយ។

[៦១៣] (សីហៈ…) អ្នកធ្លាប់បានឮអំពើសម្រាប់​ផ្គុំនូវជីវិត​ឲ្យប្រព្រឹត្ត​ទៅ របស់​បុរស​នេះ ដូចម្តេច មួយទៀត អ្នកធ្លាប់​បាន​ឮនូវពាក្យ​ប្តេជ្ញា​របស់​បុរស​នេះ ដូចម្តេច បាន​ជាអ្នក​ថប់ ក្រែងតែ​មាណព​នេះ​សម្លាប់ទទា។

[៦១៤] (ខ្លា…) បុរសនេះធ្លាប់សន្សំ ធ្វើជំនួញក្នុងដែន​កលិង្គៈ ទាំងធ្លាប់​ដើរទៅ​មក​តាមផ្លូវ​មានដង្គត់​សម្រាប់​ចរទៅមក​តាមខ្សែផ្តៅ ធ្លាប់​សន្សំជា​មួយនឹង​ពួករបាំ​ និង​ដាក់​បង្កាត់ ធ្លាប់លេង​គុណដំបង​ក្នុងកណ្តាល​មហោស្រព។

[៦១៥] បុរសនេះ ធ្លាប់ទាក់ពួកសត្វបក្សី ធា្លប់វាល់ដោយរង្វាល់​អាឡ្ហកៈ ធា្លប់ដាក់​ខ្នាច់ (ឲ្យអ្នក​លេងស្កា) មានកិរិយា​ជាអ្នក​សង្រួម តែប្រព្រឹត្ត​កន្លងនូវ​សីល ធ្លាប់ (រកស៊ី​សម្លាប់​អ្នកទោស) ធ្វើមិន​ឲ្យឈាមហូរ​ចេញមួយ​ដំណក់ ក្នុងកណ្តាល​រាត្រី មានដៃ​រលាក​ដោយការ​ទទួល​នូវ​បិណ្ឌបាត​ដ៏ក្តៅ (ក្នុងកាល​ដែលខ្លួន​នៅបួស)។

[៦១៦] ខ្ញុំបានឮនូវអំពើសម្រាប់ផ្គុំជីវិត ឲ្យប្រព្រឹត្ត​ទៅរបស់​បុរសនេះ (បែប​នេះឯង) នេះដូច​ជាដុំនៃ​រោម (ទទានៅ​លើភ្នួងសក់​បុរសនេះ) បុរសនេះ សម្លាប់នូវគោ​ទាំងឡាយ​បាន​ទៅ​ហើយ ណាក៏មិន​ហ៊ានសម្លាប់​នូវសត្វទទា។

ចប់ ទទ្ទរជាតក ទី១២។

ឧទ្ទាននៃនវកនិបាតនោះគឺ

និយាយអំពីត្មាតដ៏ប្រសើរ ១ ជនស្មើគ្នា ១ ហង្សដ៏ប្រសើរ ១ កំណប់ទ្រព្យ ១ ហរិតច​កុមារ ១ អ្នក​របាំឈ្មោះ​បាតលិកៈ ១ បុគ្គល​មិនចាស់​មិនស្លាប់ ១ ក្អែក ១ ការអត់ទ្រាំ ១ (អ្នក​ទាំង ៣ នាក់មក) ពីណា ១ ការក្រឡេក​មើល ១ ទទា ១ រួមត្រូវ​ជា ១២។

ចប់ នវកនិបាត។

ទសកនិបាតជាតក

ចតុទ្វារជាតក ទី១

[៦១៧] (មិត្តវិន្ទុកៈ សួររុក្ខទេវតាថា) ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មាន​កំពែង​ដ៏មាំ ខ្ញុំត្រូវ​កំពែង​ព័ទ្ធជាប់​ជុំវិញ តើខ្ញុំបាន​ធ្វើបាបអ្វី។

[៦១៨] ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រ​យក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវ​ចក្រវិលសង្កិន។

[៦១៩] (រុក្ខទេវតា…) អ្នកបានទ្រព្យជាង ២០ សែន មិនធ្វើតាម​ពាក្យរបស់ញាតិ​ទាំងឡាយ ដែលជា​អ្នកជួយ​អនុគ្រោះ​ដោយល្អ។

[៦២០] អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តត​ទៅកាន់​សមុទ្រសាគរ ជាទី​សម្រេច​ប្រយោជន៍​តិច បាន​នាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះ​ចេញ​អំពី​វេមានិកប្រេត ៨ នាក់ ក៏បាន​នាងវេមានិកប្រេត ១៦ នាក់។

[៦២១] អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាន​នាង​វេមានិកប្រេត ៣២ នាក់ អ្នកជា​មនុស្ស​មានសេចក្តី​ប្រាថ្នាដ៏​លើសលុប បាន​មកប្រទះ​នឹងចក្រ ទាំងចក្រក៏​វិលកិន​នូវ​អំបែង​ក្បាលនៃ​បុរស​ដែលមាន​សេចក្តី​ប្រាថ្នា​គ្របសង្កត់។

[៦២២] សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយលើសលុប ដែលគេ​បំពេញបាន​ដោយ​ក្រ ជាផ្លូវ​ដល់នូវ​សេចក្តី​វិបត្តិ ព្រោះសេចក្តី​ប្រាថ្នា ពួកជនណា ត្រេកអរតាម​សេចក្តីប្រាថ្នា​នោះ ពួកជន​នោះ រមែង​ជាអ្នកទ្រ​ទ្រង់នូវចក្រ។

[៦២៣] ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជា​អ្នកលះបង់​នូវទ្រព្យច្រើន មិន​ពិចារណា​នូវផ្លូវ (ដែលខ្លួន​ត្រូវដើរ​ទៅ) ពួកជននោះ រមែង​ជាអ្នក​ទ្រទ្រង់​នូវចក្រ។

[៦២៤] បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈ​ដ៏ច្រើន ​ហើយមិន​គប្បីគប់​រកនូវ​សេចក្តី​ប្រាថ្នា ដែលមិន​ប្រកប​ដោយ​ប្រយោជន៍ ធ្វើតាម​ពាក្យរបស់​ពួក​ជនអ្នក​អនុគ្រោះ ចក្រមិន​គប្បីវិល​សង្កិន​បុគ្គល​បែបនោះ​បាន។

[៦២៥] (មិត្តវិន្ទុកៈ …) បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាលរបស់ខ្ញុំ​អស់កាល​យូរ​ប៉ុនា្មន​ហ្ន៎ ប៉ុន្មាន​ពាន់ឆ្នាំ ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់ហេតុ​នោះ។

[៦២៦] (រុក្ខទេវតា…) ម្នាលមិត្តវិន្ទុកៈ អ្នកចូរនឹករលឹកឲ្យ​ក្រៃលែង នឹករលឹក​ឲ្យខ្ជាប់ ​ហើយ​ចូរស្តាប់​នូវពាក្យ​យើង ចក្រ (នេះ) វិលកិន​ក្បាល​របស់អ្នក អ្នកកាល​រស់នៅ រមែង​មិនទាន់​រួចទេ។

ចប់ ចតុទ្វារជាតក ទី១។

កណ្ហជាតក ទី២

[៦២៧] (សក្កទេវរាជ ពោលថា) ឱហ្ន៎ បុរសនេះ មានសម្បុរខ្មៅ បរិភោគ​ភោជនខ្មៅ នៅក្នុង​ភូមិប្រទេស​ក៏ខ្មៅ មិនជា​ទីពេញចិត្ត​របស់​យើងឡើយ។

[៦២៨] (កណ្ហឥសីពោធិសត្វ ពោលថា) ម្នាលសុជម្បតិ មនុស្សមិន​ឈ្មោះថា​ខ្មៅ ដោយ​តបធម៌​ទេ ព្រោះថា មនុស្ស​មានធម៌​ជាខ្លឹម​ខាងក្នុង ឈ្មោះថា​ជាព្រាហ្មណ៍ ឯបាបកម្ម​មាននៅ​ក្នុងមនុស្ស​ណា មនុស្ស​នោះឯង ឈ្មោះថាខ្មៅ។

[៦២៩] (សក្កទេវរាជ…) ពាក្យនោះ អ្នកពោលល្អហើយ ជាសុភាសិត​ដ៏គួរ លោក​ប្រាថ្នា​ក្នុងចិត្ត​ចំពោះ​ពរណា​មួយ ខ្ញុំនឹង​ឲ្យពរ (នោះ) ដល់លោក។

[៦៣០] (កណ្ហឥសី…) បពិត្រសក្កៈ​ជាធំជាងពួកភូត​ទាំងពួង បើព្រះអង្គ​នឹងឲ្យពរ​ដល់​អាត្មា អាត្មា​ប្រាថ្នានូវ​សេចក្តី​ប្រព្រឹត្ត​ចំពោះខ្លួន គឺការ​មិនមាន​កោធៈ ១ មិនមាន​ទោសៈ ១ មិនមាន​លោភៈ ១ មិនមាន​ស្នេហា ១ សូមព្រះអង្គ​ឲ្យនូវពរ ៤ នេះដល់​អាត្មា។

[៦៣១] (សក្កទេវរាជ….) បពិត្រព្រាហ្មណ៍ លោកពិចារណាឃើញ​ច្បាស់​នូវទោស​ដូចម្តេច ក្នុងកោធៈ ទោសៈ លោភៈ និងស្នេហា ខ្ញុំសួរ​ហើយ លោកចូរ​ប្រាប់ហេតុ​នោះ។

[៦៣២] (កណ្ហឥសី….) សេចក្តីក្រោធ មានប្រមាណតិច រមែង​ទៅជាច្រើន សេចក្តី​ក្រោធ​នោះ ដែលកើត​អំពីសេចក្តី​មិនអត់ធន់ រមែង​ចំរើន សេចក្តី​ក្រោធ ជាហេតុ​ឲ្យជាប់​ចំពាក់ ឲ្យមាន​សេចក្តី​ចង្អៀត​ចង្អល់ច្រើន ព្រោះហេតុនោះ អាត្មា​មិន​ពេញចិត្ត​នឹង​សេចក្តី​ក្រោធ​ឡើយ។

[៦៣៣] វាចារបស់អ្នកប្រកបដោយទោសៈ ជាវាចាអាក្រក់ ការប្រចាប់ (ប្រទាញ​ទៅមក ក៏កើតឡើង) ជាលំដាប់ បន្ទាប់អំពី​នោះ ដៃបន្ទាប់​អំពីដៃ ដំបង​មានដំណើរ​នៃ​គ្រឿង​សាស្រ្តា ជាទីបំផុត ទោសៈ​កើតអំពី​សេចក្តី​ក្រោធ ព្រោះ​ហេតុនោះ​ អាត្មា​មិនពេញ​ចិត្តនឹង​ទោសៈ​ទេ។

[៦៣៤] ការប្លន់ និងអាការកំហែង ការបោកប្រាស់ និងការបញ្ឆោត រមែង​ប្រាកដ ក្នុង​ពួក​បុគ្គល​អ្នកមាន​សេចក្តី​លោភជា​ធម្មតា ព្រោះហេតុនោះ អាត្មា​មិនពេញ​ចិត្តនឹង​លោភៈទេ។

[៦៣៥] កិលេសគ្រឿងចាក់ស្រែះ ដែលសេចក្តីស្នេហា​រួបរឹត ជាកិលេស​ក្រាស់ កើត​អំពីចិត្ត រមែង​ដេកនៅ (ក្នុងអារម្មណ៍​នោះ ៗ) កិលេស​ទាំងនោះ រមែង​ធ្វើបុគ្គល​ឲ្យក្តៅ​ក្រហាយ​ដោយ​ក្រៃលែង ព្រោះហេតុ​នោះ អាត្មា​មិនពេញ​ចិត្ត​នឹងសេចក្តី​ស្នេហា​ទេ។

[៦៣៦] (សក្កៈ …) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិត​ដ៏គួរ ម្នាល​ព្រាហ្មណ៍ លោក​ប្រាថ្នាក្នុង​ចិត្ត ចំពោះពរ​ណាមួយ ខ្ញុំនឹងឲ្យពរ (នោះ) ដល់លោក។

[៦៣៧] (កណ្ហៈ…) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គ​នឹងឲ្យ​ពរ​ដល់អាត្មា ៗ សូមកុំឲ្យ​អាពាធ​ដ៏ក្លៀវក្លា ធ្វើអន្តរាយ​កើតឡើង​ដល់អាត្មា ដែល​នៅក្នុង​ព្រៃតែ​ម្នាក់ឯង​ជានិច្ចឡើយ។

[៦៣៨] (សក្កៈ …) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិត​ដ៏គួរ លោកប្រាថ្នា​ក្នុង​ចិត្ត ចំពោះពរ​ណាមួយ ម្នាលព្រាហ្មណ៍ យើងនឹង​ឲ្យពរ (នោះ) ដល់លោក។

[៦៣៩] (កណ្ហៈ…) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គ​នឹងឲ្យ​ពរដល់​អាត្មា ៗ សូមកុំឲ្យ​ចិត្ត ឬសរីរៈ (របស់អាត្មា) បៀតបៀន​ចំពោះ​អ្នកណា​មួយ ព្រោះហេតុ​នៃអាត្មា​ក្នុងកាល​ណាឡើយ បពិត្រសក្កៈ សូមព្រះអង្គ​ឲ្យនូវពរ​នេះ។

ចប់ កណ្ហជាតក ទី២។

ចតុប្បោសថជាតក ទី៣

[៦៤០] (ព្រះបាទវរុណនាគរាជ ពោលថា) បុគ្គលណា ជាសប្បុរស មិនធ្វើនូវ​សេចក្តី​ក្រោធ​ក្នុងបុគ្គល​គួរក្រោធ និងមិនក្រោធ ក្នុងកាល​ណាមួយ បុគ្គលជា​សប្បុរស​នោះ បើទុក​ជាក្រោធ ក៏មិន​ធ្វើសេចក្តី​ក្រោធឲ្យ​ប្រាកដ បណ្ឌិត​ទាំងឡាយ ហៅជន​នោះឯង​ថាជា​សមណៈ​ក្នុងលោក។

[៦៤១] (ព្រះបាទសុបណ្ណរាជ ពោលថា) ជនណា មានពោះធូរ អត់ទាំ្រ​នូវសេចក្តី​ស្រេក​ឃ្លានបាន​ ទូន្មាន​នូវឥន្ទ្រិយ ជាអ្នក​មាន​តបធម៌ មានទឹក និងភោជន​ល្មម​ប្រមាណ មិនធ្វើ​នូវបាប ព្រោះហេតុ​នៃអាហារ​ឡើយ បណ្ឌិត​ទាំងឡាយ ហៅជននោះ​ថាជា​សមណៈ ក្នុងលោក។

[៦៤២] (សក្កទេវរាជ ពោលថា) ជនណា លះបង់នូវល្បែង (ដោយកាយ និងវាចា) និង​សេចក្តី​ត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោល​នូវពាក្យ​លេះលោះ​តិចតួច​ក្នុងលោក វៀរចាក​ហេតុជា​ទីតាំង​នៃការ​ស្អិតស្អាង និង​មេថុនធម្ម បណ្ឌិត​ទាំងឡាយ​ហៅ​ជននោះ​ឯង​ថាជា​សមណៈ​ក្នុងលោក។

[៦៤៣] (ព្រះបាទធនព្ជា័យ ពោលថា) ជនណា កំណត់ដឹង ហើយលះបង់​នូវទ្រព្យ​សម្បត្តិ​ផង លោភៈ​ទាំងពួង​ផង បណ្ឌិត​ទាំងឡាយ ហៅជន​ដែលមាន​ខ្លួនទូន្មាន មាន​សភាព​ខ្ជាប់ខ្ជួន មិនមាន​សេចក្តី​ប្រកាន់ថាអញ មិន​មានសេចក្តី​ប្រាថ្នា​នោះឯង ថាជា​សមណៈ​ក្នុងលោក។

[៦៤៤] (ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) ម្នាលអ្នកមាន​ប្រាជ្ញា​មិន​ថោកថយ យើង​ទាំងឡាយ សូមសួរ​ចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុ​ដែលគួរធ្វើ) ការ​ជជែក​ចំពោះ​ពាក្យ​ទាំងឡាយ កើតមាន​ដល់យើង សូមអ្នក​កាត់នូវ​សេចក្តី​ងឿងឆ្ងល់ និង​សេចក្តី​សង្ស័យ​ចេញ ក្នុងថ្ងៃនេះ យើងទាំង​អស់គ្នា គប្បីឆ្លងនូវ​សេចក្តី​សង្ស័យនោះ ក្នុងថ្ងៃនេះ។

[៦៤៥] (វិធូរបណ្ឌិតពោធិសត្វ ពោលថា) បណ្ឌិតណា ជាអ្នកយល់​សេចក្តី បណ្ឌិត​នោះ រមែង​ពោលដោយ​ឧបាយ​នៃប្រាជ្ញា​ក្នុងកាលគួរ ក្នុងពាក្យ​ជជែកនោះ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន​ទាំងឡាយ ពួកជន​អ្នកឈ្លាស គប្បីយល់​នូវសេចក្តី​នៃ​ពាក្យពោល​ដែលគេ​មិនទាន់​និយាយ ដោយ​ប្រការ​ដូចម្តេចបាន។

[៦៤៦] ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌ​វេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោល​ដូចម្តេច ស្តេចដ៏​ប្រសើរ​របស់អ្នក​ដែនកុរុ​ពោល​ដូចម្តេច។

[៦៤៧] (ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) ស្តេចនាគ ពោលចំពោះ​ខន្តិធម៌​តែម្យ៉ាង សេ្តចគ្រុឌ​វេនតេយ្យ ពោល​ចំពោះ​អាហារតិច ស្តេចគន្ធព្វ ពោល​ចំពោះការ​លះបង់​សេចក្តី​ត្រេកអរ ស្តេចដ៏​ប្រសើរ​របស់អ្នក​ដែនកុរុ ពោល​ចំពោះការ​មិនមាន​កង្វល់។

[៦៤៨] (ព្រះពោធិសត្វ ពោលថា) ពាក្យទាំង​អស់នេះ ជាសុភាសិត ពាក្យជា​ទុពា្ភសិត សូម្បី​បន្តិច​បន្តួច ក៏មិនមាន​ក្នុងប្រស្នា​នេះទេ ម្យ៉ាងទៀត ពាក្យ​ទាំងនេះ តាំងនៅ​ស៊ប់ ប្រជុំ​ចុះដោយ​ល្អ​ក្នុងបុគ្គល​ណា ដូចជា​កាំរទេះ​ដែលគេ​បញ្ចុះស៊ប់​ក្នុងដុំ បណ្ឌិត​ទាំងឡាយ ហៅបុគ្គល​ដែលព្រម​ព្រៀង​ដោយធម៌ ៤ យ៉ាងនោះ​ឯង ថា​ជាសមណៈ​ក្នុងលោក។

[៦៤៩] (ព្រះរាជាទាំង ៤ ព្រះអង្គ…) អ្នកជាបុគ្គល​ប្រសើរ អ្នកជា​បុគ្គល​មិនមាន​អ្នកណា​វិសេស​ជាង អ្នកជា​បុគ្គល​ដល់នូវ​ត្រើយនៃ​ធម៌ ចេះដឹង​នូវធម៌ មានយោបល់​ដ៏ល្អ កំណត់​ដឹងនូវ​ប្រស្នា​ដោយប្រាជ្ញា អ្នកជា​អ្នកប្រាជ្ញ បាន​ផ្តាច់សេចក្តី​សង្ស័យចេញ​ហើយ អ្នកបាន​កាត់នូវ​សេចក្តី​សង្ស័យ និងសេចក្តី​ងឿងឆ្ងល់ ដូចជាគេ​កាត់​នូវភ្លុក​នៃដំរី​ដោយ​រណារ។

[៦៥០] (សក្កទេវរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការ​ដោះនូវប្រស្នា ​ហើយ​ជូន​សំពត់​នេះ មានពន្លឺ​ដូចផ្កា​ឧប្បលខៀវ មិនមាន​មន្ទិល ជាសំពត់​កាត់ថ្លៃ​មិនបាន​ មានពណ៌​ស្មើដោយ​ផ្សែង ដើម្បី​បូជានូវ​ធម៌របស់អ្នក។

[៦៥១] (សុបណ្ណរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះ​នូវប្រស្នា ​ហើយ​ជូននូវ​កម្រង​ផ្កាមាស​ដែលរីក​សំពោង ដោយ​ត្របក​ច្រើនស្រទាប់ ប្រកប​ដោយ​លំអង​ដ៏ប្រដាប់​ដោយ​កែវដ៏​ច្រើន ដើម្បីបូជា​នូវធម៌​របស់អ្នក។

[៦៥២] (វរុណនាគរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយ​នូវ​ប្រស្នា ​ហើយ​ជូននូវ​កែវមណី ដែល​កាត់ថ្លៃ​មិនបាន​ ជាកែវ​ដ៏រុងរឿង មានពន្លឺ​ផ្លេក ៗ សម្រាប់​ពាក់​ឰដ៏ក ដែលស្អិត​ស្អាងដោយ​កែវមណី ដើម្បីបូជា​នូវធម៌​របស់អ្នក។

[៦៥៣] (ព្រះរាជា…) ខ្ញុំត្រេកអរនឹងការដោះស្រាយ​នូវ​ប្រស្នា ​ហើយជូន​នូវគោ​មួយពាន់ ទាំង​គោឧសភៈ​ផង ដំរីផង រថ ១០ ដែល​ទឹមដោយ​សេះ​អាជានេយ្យ​នេះផង ស្រុក​សួយ ១៦ ផង ដល់អ្នក។

[៦៥៤] អ្នកទាំងឡាយ ចូរចាំទុកនូវជាតក​យ៉ាងនេះថា សេ្តចនាគ​ក្នុងកាល​ណោះ បាន​មកជា​ព្រះសារីបុត្ត សេ្តចគ្រុឌ បាន​មកជា​កោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បាន​មក​ព្រះអនុរុទ្ធ សេ្តចបាន​មកជា​អានន្ទបណ្ឌិត​ វិធុរពោធិសត្វ គឺតថាគត។

ចប់ ចតុប្បោសថជាតក ទី៣។

សង្ខជាតក ទី៤

[៦៥៥] (អ្នកបំរើ ពោលថា) បពិត្រសង្ខព្រាហ្មណ៍ អ្នកជាពហុស្សូត ធ្លាប់បាន​ស្តាប់ធម៌ ទាំង​​សមណ​ព្រាហ្មណ៍ អ្នកក៏បាន​ជួប​ហើយ កាលបើ​ដូច្នេះ (ហេតុអ្វី) ទើបអ្នក​សំដែងនូវ​ពាក្យ​​រវើរវាយ ក្នុងកាល​មិនមែន​ជាខណៈ អ្នកណា​ទៀតហ្ន៎ ជា​អ្នកប្រឹក្សា​ចំពោះអ្នក ក្រៅ​អំពី​ខ្ញុំ។

[៦៥៦] (សង្ខព្រាហ្មណ៍ ពោលថា) ទេវធីតា មានមុខល្អ មានរូបល្អ​ មានមាស​ពាក់​ដោយ​ល្អ កាន់នូវ (ភត្ត) ដោយ​ភាជន៍មាស មានសទ្ធា មានចិត្ត​រីករាយ និយាយ​នឹងយើងថា អ្នក​ចូរ​បរិភោគ​នូវភត្តចុះ យើងនិយាយ​នឹងទេវតា​នោះថា យើងមិន (បរិភោគ) ទេ។

[៦៥៧] (លំដាប់នោះ អ្នកបម្រើពោលថា) ម្នាលព្រាហ្មណ៍ ធម្មតា​បុរស​អ្នកប្រាថ្នា​សេចក្តី​សុខ កាលបាន​ឃើញយក្ខ​ប្រាកដ​ដូច្នោះ​ហើយ គួរណាស់​តែសួរ (ឲ្យដឹង) អ្នក​ចូរ​ក្រោក​ឡើង ​ហើយ​ប្រណម្យដៃ សួរយក្ខ​នោះថា នាងជា​ទេវធីតា ឬជា​មនុស្ស។

[៦៥៨] (សង្ខព្រាហ្មណ៍ពោធិសត្វ ពោលថា) នាងបាន​គយគន់​មើលយើង​ដោយ​សេចក្តីសុខ និយាយ​នឹងយើងថា អ្នកចូរ​បរិភោគ​នូវភត្តចុះ ម្នាល​នាងនារី អ្នក​មាន​អានុភាព​ធំ យើងសូម​សួរនាង តើនាង​ជាទេវធីតា ឬជា​មនុស្ស។

[៦៥៩] (ទេវធីតា ពោលថា) បពិត្រសង្ខព្រាហ្មណ៍ ខ្ញុំជាទេវធីតា​មាន​អានុភាពធំ មកក្នុង​កណ្តាល​សាគរ​នេះ ព្រោះខ្ញុំ​មានសេចក្តី​អនុគ្រោះ មិនមែន​មានចិត្ត​ប្រទូស្តទេ ទើប​មក​​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ចំពោះអ្នក​តែម្យ៉ាង។

[៦៦០] បពិត្រសង្ខព្រាហ្មណ៍ ក្នុងសមុទ្រនេះ មានបាយ ទឹក ទីដេក ទីអង្គុយ និង​យាន​ផ្សេង ៗ ជាច្រើន អ្នកមាន​ចិត្តប្រាថ្នា​ចំពោះ​របស់​ណាមួយ ខ្ញុំនឹង​ប្រគល់​ឲ្យរបស់​ទាំងអស់​នោះ​​ដល់អ្នក។

[៦៦១] (ព្រះពោធិសត្វ ពោលថា) បពិត្រនាងទេវធីតា​មានរាងខ្លួនល្អ មានភ្លៅល្អ មាន​វង់ចិញ្ចើម​ល្អ មាន​អវយវៈ​ពាក់កណ្តាល​ខ្លួនល្អ ការបូជា​ធំក្តី បូជា​តូចក្តី ណាមួយ​របស់ខ្ញុំ នាង​​ជាឥស្សរៈ​នៃបុញ្ញកម្ម​របស់យើង​នោះ​ទាំងអស់ នេះជា​ផលនៃ​កម្ម​របស់ខ្ញុំ​ដូចម្តេច។

[៦៦២] (នាងទេវធីតា ពោលថា) បពិត្រសង្ខព្រាហ្មណ៍ អ្នកបាន​ប្រគេន​ស្បែក​ជើង​ចំពោះ​ភិក្ខុ ១ អង្គ (ព្រះបច្ចេកពុទ្ធ) ដែលមាន​ជើងកំពុង​រលាក ស្រេកឃ្លាន លំបាក​ក្នុងផ្លូវ​ដ៏ក្តៅ ទក្ខិណាទាន​នោះ ឲ្យនូវ​សេចក្តី​ប្រាថ្នាដល់​អ្នក​ក្នុងថ្ងៃនេះ។

[៦៦៣] (ព្រះពោធិសត្វ ពោលថា) សូមឲ្យកើតសំពៅ​ដែលពាស​ដោយ​ផែនក្តារ ជាសំពៅ​មិន​លិចទឹក ប្រកប​ដោយក្តោង និងខ្យល់ ព្រោះថា ក្នុង​សមុទ្រនេះ មិនមែន​ជាភូមិ​នៃយាន​ដទៃ​ឡើយ សូមនាង​ចម្លងខ្ញុំ ឲ្យដល់​នូវក្រុង​មោលិនី​ក្នុងថ្ងៃនេះ។

[៦៦៤] (អភិសម្ពុទ្ធគាថា) ទេវតានោះ មានចិត្តត្រេកអររីករាយ​សប្បាយ និម្មិត​សំពៅ​ដ៏វិចិត្រ​ល្អ ​ហើយនាំ​សង្ខព្រាហ្មណ៍ ព្រមទាំង​បុរស​ឧបដ្ឋាក ចូលទៅ​កាន់ក្រុង​ជាទី​សុខសាន្ត។

ចប់ សង្ខជាតក ទី៤។

ចុល្លពោធិជាតក ទី៥

[៦៦៥] (ព្រះរាជាពារាណសី ពោលថា) បើបុគ្គលណា ចាប់យកនាង​បរិព្វាជិកា មានភ្នែក​ទូលាយ ជាទី​ស្រឡាញ់ មានមុខ​ញញឹម​នេះរបស់​អ្នក ទៅដោយ​ការកំហែង ម្នាល​ព្រាហ្មណ៍ តើអ្នក​នឹងធ្វើអ្វី (ដល់បុគ្គល​នោះ)។

[៦៦៦] (ព្រះពោធិសត្វ ពោលថា) សេចក្តីក្រោធកើត​ដល់អាត្មា ក៏ចេញ​មកមិនបាន​ អាត្មា​កាល​រស់នៅ ចេញមក​មិនបាន​ទេ អាត្មាឃាត់​ឆាប់រហ័ស ឲ្យដូច​ជាភ្លៀង​ដ៏ធំ​ឃាត់នូវ​ធូលី។

[៦៦៧] (ព្រះរាជា…) ក្នុងកាលពីដើម លោកនិយាយអួត ឥឡូវនេះ ថ្ងៃនេះ លោកនោះ​ដូចអាង​កំលាំង នៅស្ងៀម​សម្ងំ​ដេរសង្ឃាដិ​វិញ។

[៦៦៨] (ព្រះមហាសត្វ…) សេចក្តីក្រោធកើតដល់អាត្មា ក៏ចេញមក​មិនបាន​ អាត្មា​កាល​រស់នៅ ចេញមក​មិនបាន​ទេ អាត្មាឃាត់​ឆាប់រហ័ស ឲ្យដូច​ជាភ្លៀង​ធំឃាត់នូវ​ធូលី។

[៦៦៩] (ព្រះរាជា…) អ្វីកើតឡើងដល់លោក ចេញមកមិនបាន​ លោកកាល​រស់នៅ​អ្វីចេញ​មកបាន​ លោកឃាត់អ្វី ដូចភ្លៀងធំ​ឃាត់​នូវធូលី។

[៦៧០] (ព្រះពោធិសត្វ ពោលថា) កាលសភាវៈណាកើតឡើង បុគ្គលមើល​មិនឃើញ កាល​មិន​កើតឡើង ទើបឃើញ​ងាយ សភាវៈនោះ គឺសេចក្តី​ក្រោធ​ជាអារម្មណ៍​របស់​បុគ្គល​ល្ងង់ កើតឡើង​ដល់អាត្មា ចេញមក​មិនបាន​ទេ។

[៦៧១] បុគ្គលទាំងឡាយ ជាសត្រូវ អ្នកស្វែងរកនូវ​សេចក្តីទុក្ខ រមែង​ត្រេកអរ ដោយ​សភាវៈណា ដែលកើត​ហើយ សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍​របស់​បុគ្គលល្ងង់ កើតឡើង​ដល់អាត្មា ចេញមក​មិនបាន​ទេ។

[៦៧២] កាលសភាវៈណាកើតឡើង បុគ្គលរមែង​មិនយល់​នូវប្រយោជន៍​របស់ខ្លួន សភាវៈ​នោះ គឺសេចក្តី​ក្រោធ ជាអារម្មណ៍​របស់បុគ្គល​ល្ងង់ កើតឡើង​ដល់អាត្មា​មិនបាន​ទេ។

[៦៧៣] បពិត្រមហារាជ បុគ្គលត្រូវសេចក្តីក្រោធណាគ្រប​សង្កត់​ហើយ រមែង​​លះបង់​នូវកុសលផង ធ្វើប្រយោជន៍​ដ៏ធំទូលាយ​ឲ្យសាប​សូន្យផង សេចក្តី​ក្រោធនោះ មានសេនា គឺ​កិលេស​​ដែលគួរ​ខ្លាច មានកំឡាំង​អាចញាំញី​សត្វបាន​ សេចក្តីក្រោធ​ចេញពី​អាត្មា​មិនបាន​ទេ។

[៦៧៤] ធម្មតាភ្លើង រមែងកើតក្នុងឈើដែលពួត ភ្លើងនោះ កើតអំពី​ឈើណា ឆេះនូវ​ឈើ​នោះ​វិញ។

[៦៧៥] កាលបុរសល្ងង់ខ្លៅ អាប់ឥតប្រាជ្ញា មិនចេះដឹង​យ៉ាងនេះ សេចក្តី​ក្រោធ រមែង​កើតអំពី​ការប្រណាំង​ប្រជែង បុរសនោះ រមែង​ត្រូវភ្លើង គឺសេចក្តី​ក្រោធ​នោះឆាបឆេះ។

[៦៧៦] សេចក្ដីក្រោធ​របស់បុគ្គលណា ចម្រើនឡើង ដូចភ្លើង​កាល​ចម្រើនឡើង ក្នុង​គំនរស្មៅ និងឈើ យសរបស់​បុគ្គលនោះ រមែង​សាបសូន្យ ដូចព្រះចន្ទ្រ​ក្នុងកាឡបក្ខ។

[៦៧៧] សេចក្តីក្រោធរបស់បុគ្គលណា ស្ងប់រម្ងាប់ ដូចភ្លើងមិន​មានកំញ៉ម យស​របស់​បុគ្គល​នោះ រមែង​បរិបូណ៌ ដូចព្រះចន្ទ្រ​ក្នុងសុក្កបក្ខ។

ចប់ ចុល្លពោធិជាតក ទី៥។

មណ្ឌព្យជាតក ទី៦

[៦៧៨] (កណ្ហទីបាយនតាបស ធ្វើសច្ចកិរិយាថា) យើងមាន​ចិត្តជ្រះថ្លា ត្រូវការ​ដោយ​បុណ្យ បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​អស់ ៧ ថ្ងៃគត់ មួយទៀត ព្រហ្មចរិយៈ​ណា លើសទៅទៀត ដែល​យើងបាន​ប្រព្រឹត្ត​ហើយ ព្រហ្មចរិយៈ​នេះ ជារបស់​នៃយើង យើងជា​អ្នកមិន​ប្រាថ្នា (ចំពោះ​បព្វជា្ជ) អស់ជាង ៥០ ឆ្នាំមក​ហើយ តែឥឡូវនេះ យើងខំ​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយ​ពាក្យសច្ចៈ​នេះ សូមសួស្តី​កើតមាន (ដល់​យញ្ញទត្ត​កុមារ) ពិសចូរ​សាបរលាប​បាត់ទៅ យញ្ញទត្តកុមារ ចូររស់ឡើង។

[៦៧៩] (បិតាយញ្ញទត្តកុមារ ធ្វើសច្ចកិរិយាថា) ក្នុងកាលខ្លះ ខ្ញុំឃើញភ្ញៀវ​ក្នុងវេលា​ដែលមក​ដល់​លំនៅ ក៏មិន​ត្រេកអរ​នឹងឲ្យ​ទានទេ តែខ្ញុំ​មិនឲ្យពួក​សមណ​ព្រាហ្មណ៍ ទោះជា​ពហុស្សូត បាន​ដឹងថា ខ្ញុំមិន​ស្រឡាញ់​ទេ មួយទៀត ខ្ញុំ​ទោះបី​មិនប្រាថ្នា (ក្នុងទាន) ក៏នៅ​តែឲ្យ ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន (ដល់​យញ្ញទត្តកុមារ) ពិសចូរ​សាបរលាប​បាត់ទៅ សូម​យញ្ញទត្តកុមារ​រស់ឡើង។

[៦៨០] (មាតាយញ្ញទត្តកុមារ ពោលថា) ម្នាលកូន អាសីរពិសណា មាន​តេជះច្រើន បាន​លូនចេញ​ពីរន្ធមក​ចឹកអ្នក​ក្នុងថ្ងៃនេះ ខ្ញុំនិង​បិតាអ្នក មិនមាន​សេចក្តី​ប្លែកគ្នា​ណាមួយ ក្នុង​អាសីរពិស​នោះទេ (ព្រោះជា​អ្នកមិន​ស្រឡាញ់​អាសីរពិស​ដូចគ្នា) ដោយពាក្យ​សច្ចៈនេះ សូមសួស្តី​កើតមាន ពិសចូរ​សាបរលាប​បាត់ទៅ សូម​យញ្ញទត្តកុមារ​រស់ឡើង។

[៦៨១] (នាយមណ្ឌព្យៈជាសំឡាញ់ សួរថា) ពួកជនណាបួស ជាអ្នក​ស្ងប់រម្ងាប់ ទូន្មាន​ឥន្ទ្រិយ ពួកជននោះ ប្រាកដជា​អ្នកប្រាថ្នា (នឹងបួស) មែន វៀរលែង​តែ​កណ្ហទីបាយនតាបស​ចេញ បពិត្រ​ទីបាយនតាបស លោកស្អប់​ខ្ពើមអ្វី បាន​ជាមិន​ចង់បួស ​ហើយ​ទ្រាំប្រព្រឹត្ត​ព្រហ្មចារ្យ​ទៅវិញ។

[៦៨២] (ទីបាយនតាបស ពោលថា) បុគ្គលណាចេញ (ចាកផ្ទះបួស) ដោយសទ្ធា ​ហើយ​ត្រឡប់​មក (កាន់ផ្ទះ) វិញ បុគ្គល​នោះឯង ឈ្មោះថា ជាមនុស្ស​ល្ងីល្ងើ មិន​នឹងនួន យើងស្អប់​ខ្ពើមវាទៈ​នេះ (សូម្បី) ជាអ្នក​មិនប្រាថ្នា (បួស) ក៏ទាំ្រ​ប្រព្រឹត្ត​ព្រហ្មចារ្យ ដែលវិញ្ញូជន​សរសើរ​ផង ជាឋានៈ​របស់ពួក​សប្បុរស​ផង យើងជាអ្នក​ធ្វើនូវបុណ្យ​យ៉ាងនេះ។

[៦៨៣] ចំណែកអ្នក បានញុំាងពួកសមណព្រាហ្មណ៍ និងអ្នក​ដំណើរ​ឲ្យឆ្អែត​ស្កប់ស្កល់​ដោយ​បាយ ទឹក និងភិក្ខាហារ ឯផ្ទះ​របស់​អ្នកនេះ មានភិក្ខាហារ (ដ៏សម្បូណ៌) ដូច​ជាស្រះ​សម្រាប់​ជនចុះផឹក កាលបើ​ដូច្នេះទេ ចុះអ្នក​ស្អប់ខ្ពើម​ពាក្យអ្វី បាន​ជាអ្នក​មិនប្រាថ្នា​នឹង​ឲ្យ​ទាន តែនៅ​តែឲ្យនូវ​ទាននេះ​វិញ។

[៦៨៤] (មណ្ឌព្យៈ…) មាតាបិតា និងជីដូនជីតារបស់ខ្ញុំ ជាអ្នកមានសទា្ធ ជាម្ចាស់​នៃទាន ជាអ្នកដឹង​នូវពាក្យ​ស្មូម ខ្ញុំប្រព្រឹត្ត​តាមវត្ត​របស់​ត្រកូលនោះ ដោយ​តាំងចិត្តថា អាត្មាអញ​កុំជាអ្នក​មានក្នុង​ទីបំផុត និងជា​អ្នកកាត់​នូវវង្សត្រកូល ក្នុង​ត្រកូល​ឡើយ អាត្មាអញ​ស្អប់ខ្ពើម​ចំពោះ​ពាក្យនោះ (ទោះបី) ជាអ្នក​មិនមាន​ប្រាថ្នានឹង​ឲ្យទាន ក៏​នៅតែ​ឲ្យនូវ​ទាននេះ។

[៦៨៥] ម្នាលនាងមានសរីរកាយដ៏ល្អ យើងបាន​នាំនាង​មកអំពី​ត្រកូល​នៃញាតិ តាំង​ពីកាល​នាងនៅ​ជាកុមារី​ក្មេង មានប្រាជា្ញ​មិនទាន់​អង់អាច​ម្ល៉េះ នាងបំរើ​អញ​ទាំងមិន​ចង់ តែមិន​ឲ្យដឹងថា មិន​ស្រឡាញ់​អញ ម្នាលនាង កាលបើ​ដូច្នេះ ការនៅ​រួមជា​មួយយើង មាន​សភាព​យ៉ាងនេះ តើដោយ​ហេតុ​ដូចម្តេច។

[៦៨៦] (ភរិយា…) យូរណាស់មកហើយ ក្នុងកាលណា​ក៏ដោយ ការផ្លាស់​ប្តូរប្តី មិនមាន​ក្នុងត្រកូល​នេះទេ ខ្ញុំប្រព្រឹត្ត​តាមវត្ត​របស់​ត្រកូល​នោះ ដោយ​តាំងចិត្តថា អាត្មាអញ កុំជា​អ្នកមាន​ក្នុងទី​បំផុត និងជា​អ្នកកាត់​នូវវង្ស​ត្រកូល​ក្នុងត្រកូល​ឡើយ ខ្ញុំស្អប់ខ្ពើម​ពាក្យនេះ ទោះបី​ជាអ្នក​មិនមាន​ប្រាថា្ន​នឹងបំរើ ក៏ប្រព្រឹត្ត​បំរើ​មិនដាច់​ចំពោះអ្នក។

[៦៨៧] បពិត្រមណ្ឌព្យៈ ខ្ញុំនិយាយនូវពាក្យ​ដែលមិនគួរ​និយាយ សូមអ្នក​អត់ទោស​ចំពោះ​ពាក្យនោះ​ដល់ខ្ញុំ​ក្នុងថ្ងៃនេះ ព្រោះហេតុ​នៃកូន ចុះរបស់​ណាមួយ​ឯទៀត ក្នុង​លោកនេះ រមែង​មិនមាន​ជាង​សេចក្តី​ស្រឡាញ់​ក្នុងកូន​ឡើយ យញ្ញទត្តកុមារ​របស់​យើងនេះ​រស់វិញ។

ចប់ មណ្ឌព្យជាតក ទី៦។

និគ្រោធជាតក ទី៧

[៦៨៨] (បោតិកបុរស ពោលថា) បពិត្រនិគ្រោធ សាខសេនាបតី បាន​និយាយ​ថា អញ​មិន​​ស្គាល់អ្នក​នុ៎ះទេ អ្នកនេះ​ជាអ្វី ឬជាអ្នក​បម្រើ​របស់​អ្នកណា (ដូច្នេះ) យ៉ាង​ណា តើព្រះអង្គ​ទ្រង់​យល់​យ៉ាងនោះ ដែរឬ។

[៦៨៩] កាលនោះ ពួកបុរសអ្នកធ្វើតាមពាក្យ​សាខបុរស ក៏ទះតប់មាត់​ បណ្តេញ​ខ្ញុំ​ព្រះអង្គ​ ដោយការ​អូសកចេញ។

[៦៩០] បពិត្រព្រះអង្គជាធំជាងជន អំពើមិនប្រសើរ​ប្រាកដ​ដូច្នេះ សាខៈជា​សំឡាញ់​របស់​ព្រះអង្គ​ ជាមនុស្ស​មានគំនិត​អាក្រក់ ជា​អកតញ្ញូ ទ្រុស្តមិត្រ បាន​ធ្វើ​ហើយ។

[៦៩១] (ព្រះបាទនិគ្រោធ…) ម្នាលសំឡាញ់ អ្នកប្រាប់នូវ​ការទង់​ទាញណា ដែល​សាខៈ​ធ្វើ​ហើយ​ដល់ខ្ញុំ ខ្ញុំមិនដឹង​នូវដំណើរ​នុ៎ះទេ ទាំងអ្នក​ណាមួយ ក៏មិនបាន​ប្រាប់​ដល់ខ្ញុំដែរ។

[៦៩២] អ្នកបានធ្វើនូវការចិញ្ចឹមជីវិតងាយ ដល់សំឡាញ់​ទាំង ២ នាក់ គឺខ្ញុំ និងសាខៈ ជាអ្នក​ឲ្យ​ឥស្សរិយយស គឺភាព​ជាធំ​ក្នុងមនុស្ស​ដល់យើង យើងបាន​សេចក្តី​សំរេច ក៏ព្រោះ​អ្នក សេចក្តី​សង្ស័យ​ក្នុងហេតុ​នុ៎ះ មិនមាន​ដល់ខ្ញុំទេ។

[៦៩៣] ពូជ (ដែលដាក់) ក្នុងភ្លើង រមែងឆេះ មិនដុះ​យ៉ាង​ណាមិញ ឧបការគុណ​ដែល​បុគ្គលធ្វើ​ហើយ ក្នុង​អសប្បុរស រមែង​វិនាស មិនលូតលាស់​យ៉ាងនោះដែរ។

[៦៩៤] ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងបុរស​ជាកតញ្ញូ មាន​សីលធម៌ មាន​សេចក្តី​ប្រព្រឹត្ត​ប្រសើរនោះ រមែង​មិន​វិនាសទេ ដូចពូជ (ដែលព្រោះ) ក្នុង​ស្រែល្អ។

[៦៩៥] រាជបុរសទាំងឡាយ ចូរយកលំពែងសម្លាប់​នូវ​សាខៈនេះ ជាមនុស្ស​លាមក របិញ​របុញ មានគំនិត​ជា​អសប្បុរស​ចុះ យើងមិន​ប្រាថា្នឲ្យវា​រស់នៅទេ។

[៦៩៦] (បោតិកៈ…) បពិត្រមហារាជ សូមព្រះអង្គអត់ទោស ចំពោះ​បុរសនេះ (ព្រោះថា) ជីវិត (របស់សត្វ​ដែលស្លាប់​ហើយ) មិនអាច​នាំត្រឡប់​មកវិញបាន​ទេ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​អត់ទោស​ដល់​អសប្បុរស ខ្ញុំព្រះអង្គ​មិនប្រាថ្នា​ការ​សម្លាប់​បុរស​នេះទេ។

[៦៩៧] បុគ្គលគប្បីសេពគប់នូវសេ្តចនិគ្រោធប៉ុណ្ណោះ កុំនៅ​ជាមួយ​សាខៈ​ឡើយ សេចក្តី​ស្លាប់ ក្នុងសំណាក់​ស្តេច​និគ្រោធ​ប្រសើរ​ជាង ឯការ​រស់នៅ​ក្នុងសំណាក់​សាខៈ ពុំ​ប្រសើរ​​ឡើយ។

ចប់ និគ្រោធជាតក ទី៧។

តក្កលជាតក ទី៨

[៦៩៨] (កុមារពោធិសត្វ ពោលថា) បពិត្របិតា ដំឡូងឈាមមាន់ មិនមាន ដំឡូងជា្វ មិនមាន ដំឡូងដៃខ្លា មិនមាន ដំឡូងត្នោត មិនមាន (ក្នុងទីនេះទេ) បិតា មាន​ប្រយោជន៍​អ្វី ទើបមក​ជីករណ្តៅ ក្នុងទីកណ្តាល​ស្មសាន ក្នុងព្រៃ​តែម្នាក់ឯង។

[៦៩៩] (បិតា ពោលថា) ម្នាលកូន ជីតារបស់អ្នក មានកំឡាំង​ថមថយ​ណាស់​ហើយ ត្រូវ​ព្យាធិទុក្ខ​ច្រើនយ៉ាង​ប៉ះពាល់ ថ្ងៃនេះ អញ​នឹងកប់​គាត់ចោល​ក្នុងរណ្តៅ ព្រោះ​មិនចង់​ឲ្យគាត់​រស់នៅ​ទេ។

[៧០០] (កុមារ…) សេចក្តីត្រិះរិះនោះ ជាអំពើដ៏លាមក ដែលបិតាបាន​ហើយ បិតា​ធ្វើនូវ​កម្មមិន​ជា​ប្រយោជន៍​ក្រៃពេក ជាអំពើ​អាក្រក់ បពិត្រ​បិតា អ្នកកាល​បើជរា ចូល​គ្រប​សង្កត់ រមែង​បាន​ទទួល​នូវកម្ម​ប្រាកដ​ដូច្នេះ អំពីខ្ញុំវិញ សូម្បី​ខ្ញុំកាល​ប្រព្រឹត្ត​តាមវត្ត​របស់​ត្រកូល​នោះ នឹង​កប់បិតា​ក្នុងរណ្តៅ​វិញ។

[៧០១] (បិតា…) ម្នាលកុមារ អ្នកគ្របសង្កត់ និយាយ​ខ្ទាំងខ្ទប់​អញ​ដោយសំដី​អាក្រក់ នែកូន អ្នកជា​កូនកើត​អំពីទ្រូង​នៃអញ អនុគ្រោះ​ដោយ​អំពើ​មិនមែន​ជា​ប្រយោជន៍​ដល់​អញ។

[៧០២] (កុមារ…) បពិត្របិតា ខ្ញុំមិនមែនអនុគ្រោះលោក​ដោយឥត​ប្រយោជន៍​ទេ បពិត្រ​បិតា ពិតណាស់ ខ្ញុំអនុគ្រោះ​ដោយ​ប្រយោជន៍​ដល់លោក​ដោយពិត ប៉ុន្តែខ្ញុំមិន​គួរ​ដើម្បី​​នឹង​ហាមលោក ដែល​កំពុង​ធ្វើកម្ម​អាក្រក់​ដោយ​ហេតុ​នោះទេ។

[៧០៣] បពិត្រសវិដ្ឋៈ បុគ្គលណា មានធម៌ដ៏លាមក បៀតបៀន​នូវ​មាតាបិតា ដែល​ជាអ្នក​មិន​ប្រទូស្ត បុគ្គលនោះ លុះបែក​ធ្លាយរាង​កាយទៅ​ក្នុងភព​ខាងមុខ រមែង​កើតក្នុង​នរក ឥត​សង្ស័យ។

[៧០៤] បពិត្រសវិដ្ឋៈ បុគ្គលណា ទំនុកបំរុង​មាតាបិតា​ដោយបាយ និងទឹក បុគ្គលនោះ លុះបែក​ធ្លាយរាង​កាយ ទៅក្នុង​ភពខាង​មុខ រមែង​កើតក្នុង​សុគតិ ឥត​សង្ស័យ។

[៧០៥] (បិតា…) ម្នាលកូន អ្នកមិនមែនអនុគ្រោះដោយ​ឥត​ប្រយោជន៍​ដល់​យើងទេ ម្នាល​កូន អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់យើង​ពិត ចំណែក​ខាងយើង ត្រូវ​មាតា​របស់​អ្នក​ប្រើ ទើបមក​ធ្វើនូវ​កម្មអាក្រក់​ប្រាកដ​ដូច្នេះ។

[៧០៦] (កុមារ…) ស្ត្រីណា ជាភរិយារបស់បិតា មានសភាព​មិន​ប្រសើរ ស្ត្រីនោះ ជាមាតា​បង្កើត​របស់​ខ្លួនខ្ញុំ បិតា​គប្បី​បណ្តេញ​មាតា​នោះ ចេញចាក​ផ្ទះរបស់​ខ្លួន ព្រោះ​ថា មាតា​នោះ គង់នឹង​នាំទុក្ខ​ឯទៀត​មកឲ្យ​បិតា​មិនខាន។

[៧០៧] ស្ត្រីណា ជាភរិយារបស់បិតា មានសភាពមិន​ប្រសើរ ស្ត្រីនោះ ​ជាមាតា​បង្កើត​របស់​ខ្លួនខ្ញុំ មាតា​មានធម៌​ដ៏លាមក​នោះ បាន​ទូន្មាន​ខ្លួន ចុះអំណាច ដូចជា​មេដំរី ចូល​ត្រឡប់​មក (កាន់ផ្ទះ) វិញ។

ចប់ តក្កលជាតក ទី៨។

មហាធម្មបាលជាតក ទី៩

[៧០៨] (អាចារ្យ សួរថា) អ្វីជាវត្តរបស់អ្នក អ្វីជា​ព្រហ្មចរិយៈ​របស់អ្នក នេះជា​ផល​សុចរិតធម៌​ដូចម្តេច ដែលអ្នក​សន្សំល្អ​ហើយ ម្នាល​ព្រាហ្មណ៍ អ្នកចូរប្រាប់​សេចក្តី​នុ៎ះដល់ខ្ញុំ ព្រោះ​ហេតុអ្វី ទើបពួកជន​នៅក្មេង (ក្នុងត្រកូល) របស់អ្នក មិនស្លាប់។

[៧០៩] (បិតារបស់ធម្មបាល តបថា) ពួកយើងប្រព្រឹត្ត​ធម៌ មិននិយាយ​កុហក វៀរនូវ​អំពើ​ដ៏លាមក វៀរនូវ​អំពើមិន​ប្រសើរ​គ្រប់យ៉ាង ព្រោះហេតុ​នោះឯង ទើប​ពួកជន​នៅ​ក្មេង (ក្នុងត្រកូល) របស់​ពួកយើង​មិនស្លាប់។

[៧១០] ពួកយើងស្តាប់ធម៌របស់អសប្បុរសផង សប្បុរសផង ប៉ុន្តែពួកយើង មិន​ពេញចិត្ត​នឹងធម៌​របស់ពួក​អសប្បុរស​ទេ ពួកយើង​លះបង់​អសប្បុរស មិនលះបង់​សប្បុរសទេ ព្រោះហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុងត្រកូល) របស់​ពួកយើង​មិនស្លាប់។

[៧១១] ពួកយើង មានចិត្តល្អ​ក្នុងកាលមុនឲ្យ កាលកំពុងឲ្យ ក៏មានចិត្ត​ត្រេកអរ លុះឲ្យ​ហើយ មិនក្តៅ​ក្រហាយ​ក្រោយ ព្រោះហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុងត្រកូល) របស់​ពួកយើង​មិនស្លាប់។

[៧១២] ពួកយើង បានញុំាងពួកសមណព្រាហ្មណ៍ អ្នកដំណើរ ស្មូម យាចក និង​អ្នក​កំសត់ ឲ្យឆ្អែត​ស្កប់ស្កល់​ដោយបាយ និងទឹក ព្រោះ​ហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុង​ត្រកូល) របស់​យើង​មិនស្លាប់។

[៧១៣] ពួកយើង មិនប្រព្រឹត្តកន្លងចិត្តភរិយាទេ ទាំងពួកភរិយា ក៏មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​យើង ពួកយើង​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ លើកលែង​តែភរិយា​ទាំងនោះ​ចេញ ព្រោះ​ហេតុ​នោះឯង ទើបពួក​ជននៅក្មេង (ក្នុងត្រកូល) របស់​ពួកយើង​មិនស្លាប់។

[៧១៤] យើងទាំងអស់គ្នា វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន​ក្នុងលោក មិន​ផឹកទឹក​ស្រវឹង មិននិយាយ​ពាក្យកុហក ព្រោះហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុង​ត្រកូល) របស់ពួក​យើង​មិនស្លាប់។

[៧១៥] កូនទាំងឡាយ (របស់យើង) កើតក្នុងពួកស្ត្រីដ៏ឧត្តម រមែង​ជាអ្នក​ប្រាជ្ញ មាន​ប្រាជ្ញា​ច្រើន ជា​ពហុស្សូត ដឹងនូវ​វេទ ព្រោះហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុងត្រកូល) របស់​យើង​មិនស្លាប់។

[៧១៦] មាតាបិតា បងប្អូនស្ត្រី បងប្អូនប្រុស កូន ប្រពន្ធ និងយើង​គ្រប់គ្នា ប្រព្រឹត្តធម៌ ដើម្បី​ជា​ប្រយោជន៍​ក្នុងលោក​ខាងមុខ ព្រោះហេតុ​នោះឯង ទើបពួក​ជននៅ​ក្មេង (ក្នុង​ត្រកូល) របស់​ពួកយើង​មិនស្លាប់។

[៧១៧] ពួកខ្ញុំប្រុស ពួកខ្ញុំស្ត្រី អ្នកចិញ្ចឹមជីវិត​ដោយសារ​ អ្នកបម្រើ និងអ្នក​ធ្វើនូវ​ការងារ​​ទាំងអស់ ប្រព្រឹត្តធម៌​ ដើម្បី​ប្រយោជន៍​ក្នុង​លោក​ខាងមុខ ព្រោះហេតុ​នោះឯង ទើប​ពួកជន​នៅក្មេង (ក្នុង​ត្រកូល) របស់​យើង​មិនស្លាប់។

[៧១៨] ធម៌ រមែងរក្សាអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែល​សន្សំល្អ​ហើយ រមែង​នាំសុខ​មកឲ្យ នេះជា​អានិសង្ស​ក្នុងធម៌​ដែល​សន្សំល្អ​ហើយ បុគ្គល​អ្នក​ប្រព្រឹត្តធម៌ រមែង​មិនទៅ​កាន់​ទុគ្គតិ។

[៧១៩] ធម៌ រមែងរក្សាអ្នកប្រព្រឹត្តធម៌ដោយពិត ដូចឆត្រធំ (ការពារ) ក្នុង​កាល​ដែល​ភ្លៀង ធម្មបាល​ជាបុត្រ​របស់​យើង ធម៌គ្រប់គ្រង​ហើយ ឆ្អឹង (ដែលអ្នក​នាំមក​នេះ) ជាឆ្អឹង​សត្វ​ដទៃ កុមារ (ជាបុត្រ​របស់​យើង) មានសេចក្តី​សុខនៅឡើយ។

ចប់ មហាធម្មបាលជាតក ទី៩។

កុក្កុដជាតក ទី១០

[៧២០] (មាន់ពោធិសត្វ ពោលថា) បុគ្គលមិនគប្បីស្និទ្ធស្នាល​នឹងបុគ្គល​ដែល​ធ្វើបាប​ម្តង​ហើយ មិនគប្បី​ស្និទ្ធស្នាល​នឹងបុគ្គល​ដែល​ពោលពាក្យ​លេះលោះ មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​ដែលមាន​ប្រាជ្ញា​គិតតែ​ប្រយោជន៍​ខ្លួន មិនគប្បី​ស្និទ្ធស្នាល​នឹងបុគ្គល (មានពុតត្បុត) ដែល​ធ្វើហាក់​ដូចជា​ស្ងប់ស្ងាត់​ក្រៃលែង។

[៧២១] បុរសពួកខ្លះ ប្រកបដោយជាតិ ហាក់ដូចជា​គោស្រេកទឹក ស៊ីនូវ​មិត្ត​ដោយវាចា តែមិន (សង្គ្រោះ​ដោយ​ការងារ)។

[៧២២] បុរសពួកខ្លះ ផ្គងអព្ជាលីទទេឡើង ហើយបិទបាំង​ដោយ​វាចា​ជាមនុស្ស​ស្រាយ កតញ្ញុតាធម៌ មិនមាន​ក្នុង​បុគ្គល​ណា សប្បុរស​មិនគប្បី​ចូលទៅជិត​នូវ​បុគ្គល​នោះទេ។

[៧២៣] បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងស្ត្រី ឬបុរស​ដែលមាន​ចិត្តប្រែប្រួល (អ្នកណា) ធ្វើនូវ​សេចក្តី​ស្និទ្ធស្នាល​ឲ្យច្បាស់​ដោយ​អំពើផ្សេង ៗ (ហើយធ្វើ​នូវសេចក្តី​អន្តរាយ ក្នុង​កាល​ខាងក្រោយ) បុគ្គល​មិនគប្បី​ស្និទ្នស្នាល​នឹងបុគ្គល​បែបនោះទេ។

[៧២៤] អ្នកដែលលោ្មភនឹងអំពើមិនប្រសើរ មានវាចា​មិនខ្ជាប់ខ្ជួន បៀតបៀន​នូវជន​ទាំងពួង ដូចជា​ដាវដែល​សំលៀង ​ហើយបិទ​បាំងទុក បុគ្គល​មិនគប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​បែបនោះ​ទេ។

[៧២៥] បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅជិតដោយ​ឧបាយ​ផ្សេង ៗ គឺដោយ​អំណាច ធ្វើហាក់​ដូចជាមិត្ត (ដ៏ស្និទ្ធ) មានពាក្យ​ដ៏ស្អាត​ផូរផង់ តែមិន​មានចិត្ត (ស្អាតល្អ) បុគ្គល​មិនគប្បី​ស្និទ្ធស្នាល​នឹងបុគ្គល​បែបនោះ​ទេ។

[៧២៦] ជនឥតប្រាជ្ញាបែបនោះ ឃើញនូវអាមិសៈ ឬទ្រព្យ​ក្នុងផ្ទះ​សម្លាញ់ណា រមែង​ធ្វើនូវ​សេចក្តី​ប្រទូស្ត បៀតបៀន​នូវជននោះ ​ហើយចៀស​ចេញទៅ។

[៧២៧] (អភិសម្ពុទ្ធគាថា) សត្រូវច្រើនបិទបាំង​ដោយសភាព​ហាក់ដូច​ជាមិត្ត​មក​គប់រក បុគ្គល​គប្បី​លះបង់​នូវបុរស​អាក្រក់​នោះចោល​ចេញ ដូចមាន់​លះបង់​ខ្លែង។

[៧២៨] បុគ្គលណា មិនឆាប់យល់នូវហេតុដែលកើតឡើង បុគ្គលនោះ រមែង​លុះ​អំណាច​សត្រូវ រមែង​ក្តៅក្រហាយ​រឿយ ៗ ក្នុងកាល​ជាខាង​ក្រោយ។

[៧២៩] បុគ្គលណា យល់ទាន់នូវហេតុដែលកើត​ឡើង បុគ្គលនោះ រមែង​រួចផុត​ចាក​ការ​បៀតបៀន​របស់​សត្រូវ ដូចជា​មាន់រួច​អំពីខ្លែង។

[៧៣០] ជនមានប្រាជ្ញាវាងវៃង គប្បីវៀរអំពីចម្ងាយ នូវបុគ្គល​មិនប្រកប​ដោយធម៌ ជាអ្នក​កំចាត់​នូវគុណ​របស់​បុគ្គល​ដទៃជានិច្ច ប្រាកដ​ដូចជា​អន្ទាក់​បញ្ឆោត ដែលគេ​ដាក់​ក្នុងព្រៃ ដូចជា​មាន់វៀរ​ខ្លែង​ក្នុងព្រៃឫស្សី។

ចប់ កុក្កុដជាតក ទី១០។

មដ្ឋកុណ្ឌលិជាតក ទី១១

[៧៣១] (ព្រាហ្មណ៍ សួរថា) អ្នកស្អិតស្អាងដោយគ្រឿងប្រដាប់ មាន​កុណ្ឌល​ដ៏រលីង ទ្រទ្រង់​នូវ​កម្រងផ្កា ប្រស់ព្រំ​ដោយខ្លឹម​ចន្ទន៍ក្រហម ផ្គងដៃ​កន្ទក់​កន្ទេញ ក្នុង​កណ្តាល​នៃព្រៃ​ស្មសាន តើអ្នកដល់​នូវសេចក្តី​ទុក្ខ​ដូចម្តេច។

[៧៣២] (មាណព ឆ្លើយថា) គ្រោងនៃរថ ធ្វើដោយមាស មានរស្មីភ្លឺផ្លេក កើតឡើង​​ហើយ​ដើម្បីខ្ញុំ (បើ) ខ្ញុំមិនបាន​នូវគូនៃកង់​របស់​រថនោះទេ ខ្ញុំនឹង​លះបង់​ជីវិត ព្រោះសេចក្តី​ទុក្ខនោះ។

[៧៣៣] (ព្រាហ្មណ៍….) អ្នកចូរប្រាប់នូវរថដែលធ្វើដោយមាស ធ្វើដោយ​កែវមណី ធ្វើដោយ​ទង់ដែង ឬធ្វើ​ដោយ​ប្រាក់ចុះ ខ្ញុំនឹង​ធ្វើរថ (នោះ) ឲ្យ​ដល់អ្នក ខ្ញុំនឹង​ញុំាងអ្នក ឲ្យបាន​នូវគូ​នៃកង់ (នោះ)។

[៧៣៤] លំដាប់នោះ មាណពប្រាប់ព្រាហ្មណ៍នោះថា ព្រះចន្ទ និងព្រះអាទិត្យ រុងរឿង​ក្នុងវិថី​ទាំងពីរ រថរបស់ខ្ញុំ​ដែលធ្វើ​ដោយមាស ទើបសម​ដោយ​គូនៃកង់ គឺ​ព្រះចន្ទ និង​ព្រះអាទិត្យ​នោះ។

[៧៣៥] (ព្រាហ្មណ៍….) ម្នាលមាណព អ្នកណាបា្រថ្នា​របស់ដែល​មិនគួរ​បា្រថ្នា អ្នកនោះ​ចំជា​ល្ងង់មែន ខ្ញុំសំគាល់​ថា អ្នកនឹងស្លាប់ អ្នកពិត​ជាមិនបាន​នូវព្រះចន្ទ និង​ព្រះអាទិត្យ​ឡើយ។

[៧៣៦] (មាណព….) ការចរទៅ និងចរមក (នៃព្រះចន្ទ និងព្រះអាទិត្យ​ទាំងពីរ) ក៏ប្រាកដ វណ្ណធាតុ (រស្មី) ក៏ប្រាកដ វិថីទាំង​ពីរឰដ៏​អាកាសនុ៎ះ ក៏ប្រាកដ ចំណែក​ខាងជន​ធ្វើ​មរណកាល ទៅកាន់​លោកខាងមុខ​ហើយ មិនប្រាកដ​ទេ បណ្តា​យើង​ទាំងពីរនាក់ ដែល​កំពុង​កន្ទក់កន្ទេញ តើអ្នក​ណាល្ងង់​ជាង។

[៧៣៧] (ព្រាហ្មណ៍….) មា្នលមាណព អ្នកនិយាយត្រូវមែន បណ្តា​យើងទាំងពីរ​នាក់ កំពុង​កន្ទក់កន្ទេញ ខ្ញុំនឹងឯង​ជាបុគ្គល​ល្ងង់ជាង ខ្ញុំប្រាថ្នា​នូវកូន​ដែលធ្វើ​មរណកាល ទៅកាន់​លោក​ខាងមុខ ដូចជា​ទារក យំ​ទារនូវព្រះចន្ទ។

[៧៣៨] អ្នកបានស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តី​សោក​កំពុងឆេះ ឲ្យស្ងប់​រម្ងាប់ ញុំាង​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់​ឲ្យរលត់ ដូចបុគ្គល​យកទឹក​ស្រោចនូវ​ភ្លើង ដែលឆេះ​នូវឆ្នាំង​ខ្លាញ់។

[៣៧៩] សរ គឺសេចក្តីសោកណា ដែលអាស្រ័យ​ក្នុងហឫទ័យ សរ គឺសេចក្តីសោក​នោះ ខ្ញុំបាន​ដកចេញ​ហើយ ខ្ញុំកាល​ត្រូវសេចក្តី​សោកគ្រប​សង្កត់ អ្នកបាន​បន្ទោបង់​សេចក្តី​សោក ព្រោះបុត្រនោះ​ហើយ។

[៧៤០] ម្នាលមាណព ខ្ញុំនោះ ជាអ្នកមានសរ គឺសេចក្តី​សោកដកចេញ​ហើយ ​ជាអ្នក​ប្រាសចាក​សេចក្តីសោក មានចិត្ត​មិនល្អក់ ម្នាលមាណព ខ្ញុំលែង​សោកស្តាយ លែងយំទួញ ព្រោះបាន​ស្តាប់ពាក្យ​របស់អ្នក។

ចប់ មដ្ឋកុណ្ឌលិជាតក ទី១១។

ពិលារកោសិយជាតក ទី១២

[៧៤១] (ឥន្ទ្រព្រាហ្មណ៍ ពោលថា) សប្បុរសទាំងឡាយ ទោះបី​មិនបាន​ចំអិន តែបើ​បាន​ភោជន​ហើយ ក៏ប្រាថ្នា​ឲ្យដែរ អ្នកកាលចំអិន មិនឲ្យ​ភោជនណា ការ​មិនឲ្យ​ភោជននោះ មិន​សមគួរទេ។

[៧៤២] បុគ្គលមិនឲ្យទាន (ដោយហេតុ ២ យ៉ាង គឺ) សេចក្តីកំណាញ់ ១ សេចក្តី​ប្រហែស ១ បុគ្គល​អ្នកចេះដឹង កាលប្រាថ្នា​នូវបុណ្យ រមែង​ឲ្យទាន។

[៧៤៣] (ចន្ទព្រាហ្មណ៍ ពោលថា) បុគ្គលកំណាញ់ ខ្លាចចំពោះ​សេចក្តីឃា្លន និងការ​ស្រេកណា​ហើយ រមែង​ឲ្យទាន​មិនកើតទេ សេចក្តីឃា្លន និងការ​ស្រេកនោះ ជាភ័យ​របស់​បុគ្គល​អ្នកមិនឲ្យ បុគ្គល​កំណាញ់ រមែង​ខ្លាចអំពី​សេចក្តីឃា្លន និង​ការស្រេក​ណា សេចក្តី​ឃា្លន និងការ​ស្រេកនោះ រមែង​ប៉ះពាល់​នូវបុគ្គល​ពាល​នោះឯង ក្នុងលោក​នេះផង ក្នុង​លោកខាង​មុខផង។

[៧៤៤] ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់​នូវសេចក្តី​កំណាញ់​ចេញ គប្បីគ្រប​សង្កត់​នូវមន្ទិល គឺសេចក្តី​កំណាញ់ ​ហើយឲ្យ​នូវទាន ព្រោះថា​បុណ្យ រមែង​បាន​ជាទីពឹង របស់​សត្វ​ទាំងឡាយ​ក្នុងលោក​ខាងមុខ។

[៧៤៥] (សុរិយព្រាហ្មណ៍ ពោលថា) ពួកជនជាសប្បុរស ឲ្យនូវវត្ថុ​ដែលគេឲ្យ​បាន​ដោយ​ក្រ ធ្វើនូវ​អំពើដែល​គេធ្វើបាន​ដោយក្រ ឯពួក​អសប្បុរស រមែង​មិនធ្វើ​តាម​ឡើយ ធម៌​របស់​សប្បុរស គឺ​អសប្បុរស​យល់បាន​ដោយក្រ។

[៧៤៦] ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែង​បែកផ្សេង​គ្នាអំពី​លោកនេះ គឺពួក​អសប្បុរស រមែង​ទៅកាន់​នរក ពួកសប្បុរស រមែង​មានឋានសួគ៌​ប្រព្រឹត្ត​ទៅ​ក្នុង​ខាងមុខ។

[៧៤៧] (មាតលិព្រាហ្មណ៍ ពោលថា) បណ្ឌិតបុរសពួកខ្លះ សូម្បីមាន​ទេយ្យធម៌​បន្តិច​បន្តួច ក៏រមែង​ឆ្លៀតឲ្យបាន​ តែបុរស​ពួកខ្លះ (សូម្បី​បរិបូណ៌) ​ដោយទេយ្យធម៌​ដ៏ច្រើន ក៏ឲ្យ​មិនបាន ទក្ខិណាទាន​ដែលបុគ្គល (រំលែក) អំពីវត្ថុ​មានប្រមាណ​តិច​ហើយឲ្យ រាប់ស្មើ​ដោយ​ទាន​​មានប្រមាណ​ច្រើន។

[៧៤៨] (បព្ចាសិខព្រាហ្មណ៍ ពោលថា) បុគ្គលណា ប្រព្រឹត្តស្វែង​រកអាហារ​មក​ចិញ្ចឹម​នូវកូន និងប្រពន្ធ​ផង ឲ្យទាន​សូម្បី​បន្តិចបន្តួច​ផង បុគ្គលនោះ ឈ្មោះថា ប្រព្រឹត្តធម៌ បុគ្គល​ជា​ឥស្សរៈ​ទាំងសែន​នាក់ ជាអ្នក​បូជាទាំង​ពាន់នោះ មិនដល់​នូវ​ចំណិត​របស់អ្នក​កំសត់ ដែល​ឲ្យ​ទានដោយ​ធម៌ មានបការៈ​ដូច្នោះឡើយ។

[៧៤៩] (ពិលារកោសិយសេដ្ឋី សួរថា) យញ្ញៈ គឺការបូជានុ៎ះ ជាបូជាដ៏​ទូលាយ មានថ្លៃ​ក៏ច្រើន ហេតុអ្វី ទើបមិន​ដល់នូវ​ថ្លៃនៃទាន ដែលបុគ្គល​ឲ្យ​ហើយ តាមធម៌ដ៏​ត្រឹមត្រូវ ហេតុអ្វី បុគ្គល​ជាឥស្សរៈ​ទាំង​សែននាក់ ជាអ្នកបូជា​ទាំងពាន់នោះ មិន​ដល់នូវ​ចំណិត​របស់​អ្នកកំសត់ ដែលឲ្យ​ទានដោយ​ធម៌ មានបការៈ​ដូច្នោះ។

[៧៥០] (បព្ចាសិខៈ…) ព្រោះថា បុគ្គលពួកខ្លះ តាំងនៅក្នុង​កាយកម្ម​ជាដើម មិន​ស្មើគ្នា បៀតបៀន សម្លាប់ ឬក៏ធ្វើគេ​ឲ្យសោកសៅ ​ហើយទើបឲ្យ (នូវ​ទក្ខិណាទាន) ទក្ខិណាទាន​នោះ ឈ្មោះថា មានមុខ​ជោកដោយ​ទឹកភ្នែក ប្រកប​ដោយអាជ្ញា រមែង​​មិនដល់​នូវតម្លៃ​នៃ​ទាន​​ដែល​បុគ្គលឲ្យ​ដោយធម៌​ដ៏ត្រឹមត្រូវ​ទេ បុគ្គល​ជាឥស្សរៈ​ទាំងសែននាក់ ជាអ្នក​បូជាទាំង​ពាន់នោះ មិនដល់​នូវចំណិត​របស់អ្នក​កំសត់ ដែល​ឲ្យទាន​ដោយធម៌ មានបការៈ​ដូច្នោះ។

ចប់ ពិលារកោសិយជាតក ទី១២។

ចក្កវាកជាតក ទី១៣

[៧៥១] (ក្អែក សួរថា) ម្នាលចាក្រពាក អ្នកមានសរីរៈ​ដ៏មាំមួន មានសម្បុរ និងរូប​ដ៏ល្អ មាន​សម្បុរក្រហម​អំពីកំណើត មានរូប​ដ៏សមរម្យ មានឥន្ទ្រិយ គឺមុខថា្ល​ផូរផង់។

[៧៥២] អ្នកទំនៅឰដ៏ឆ្នេរស្ទឹងគង្គា ប្រហែលជា​ស៊ីនូវភោជន គឺត្រីក្អែក ត្រីសណ្តាយ ត្រីក្បក ត្រីបា្រ និងត្រីឆ្ពឹន​យ៉ាងនេះឬ។

[៧៥៣] (ចាក្រពាក ឆ្លើយថា) ម្នាលសម្លាញ់ ខ្ញុំមិនបរិភោគ​នូវសាច់​របស់សត្វ​គោក និង​សត្វទឹក វៀរលែង​តែសារាយ និងចក​ចេញ វត្ថុដទៃ (ក្រៅអំពី​សាច់) ជាភោជន​របស់ខ្ញុំ។

[៧៥៤] (ក្អែក….) ម្នាលសម្លាញ់ ខ្ញុំមិនជឿថា សារាយ និងចកនោះ ជាភោជន​របស់​ចាក្រពាក​ទេ ចំណែក​ខាងខ្ញុំ បរិភោគ​អាហារ​ភោជន​ដែលលាយ​ដោយអំបិល និង​ប្រេង​ក្នុងស្រុក។

[៧៥៥] (ខ្ញុំបរិភោគ) នូវបាយ លាយដោយ​សាច់ដ៏ស្អាត ដែលគេធ្វើ​ក្នុង​ពួកមនុស្ស ម្នាល​ចាក្រពាក អ្នកមាន​សម្បុរ​យ៉ាងណា ខ្ញុំមិនមាន​សម្បុរ​ប្រាកដ​ដូច្នោះទេ។

[៧៥៦] (ចាក្រពាក….) អ្នកបៀតបៀននូវពួកមនុស្ស សត្វ ឃើញនូវ​ពៀរក្នុងខ្លួន ស៊ីទាំង​តក់ស្លុត ភិតភ័យ ព្រោះហេតុ​នោះ ទើបពណ៌​សម្បុរ​របស់អ្នក​ប្រាកដ​ដូច្នោះ។

[៧៥៧] ម្នាលក្អែក អ្នកត្រូវសត្វលោកទាំងពួងខឹង បិណា្ឌហារ​ដែលអ្នក​បាន​មក ដោយ​អំពើដ៏​អាក្រក់ បាន​ជាមិន​ស្កប់ស្កល់ (ដល់អ្នក) ព្រោះហេតុនោះ ពណ៌សម្បុរ​របស់អ្នក​ប្រាកដ​ដូច្នោះ។

[៧៥៨] ម្នាលសម្លាញ់ ខ្លួនខ្ញុំមិនបៀតបៀនពួកសត្វ​ទាំងពួង​មកស៊ីទេ ខ្ញុំមាន​សេចក្តី​ខ្វល់ខ្វាយ​តិច ប្រាសចាក​សេចក្តី​រង្កៀស មិនមាន​សេចក្តី​សោកភ័យ​អំពីទី​ណាទេ។

[៧៥៩] អ្នកនោះ ចូរធ្វើនូវអានុភាព គឺសេចក្តីព្យាយាម ចូរផ្លាស់​មារយាទ​ចេញ កាលបើ​អ្នកប្រព្រឹត្ត​នូវការ​មិនបៀតបៀន​គេ នឹងបាន​ជាទី​ស្រឡាញ់ (របស់សត្វ​លោក) ដូចជា​ខ្ញុំដែរ។

[៧៦០] អ្នកណា មិនបៀតបៀនគេ​ដោយខ្លួនឯង មិនប្រើ​គេឲ្យ​បៀតបៀន មិន​បំផ្លាញ​គេ​ដោយខ្លួនឯង មិនប្រើ​គេឲ្យបំផ្លាញ ជាបុគ្គល​មានចំណែក​នៃមេត្រី​ចិត្ត ក្នុងពួក​សត្វ​ទាំងពួង ពៀររបស់​អ្នកនោះ នឹងមិនមាន មួយ​អន្លើដោយ​សត្វណា​នីមួយ​ឡើយ។

ចប់ ចក្កវាកជាតក ទី១៣។

ភូរិបញ្ហាជាតក ទី១៤

[៧៦១] (អាមាត្យពួកខាងអាចារ្យសេនកៈ សួរថា) បពិត្រ​អ្នកមាន​បញ្ញាក្រាស់​ដូច​ផែនដី សិរី សេចក្តី​ព្យាយាម និងប្រាជា្ញ​ប្រាកដ​ដូច្នោះ រមែង​មិនរក្សា​នូវអ្នក​ដែលជា​មនុស្សធ្លាក់ចុះ ទៅកាន់​អំណាច​នៃសេចក្តី​មិនចំរើន ព្រោះហេតុ​តែ​អ្នក​បរិភោគ​នូវ​បាយដំណើប មាន​សម្ល​តិច តើការណ៍​នោះ ពិតមែនឬ។

[៧៦២] (ព្រះមហោសថពោធិសត្វ ពោលថា) ខ្ញុំញុំាងសេចក្តីសុខ (ចាស់​របស់ខ្លួន) ឲ្យចំរើន​ដោយសេចក្តីទុក្ខ ពិនិត្យ​មើលនូវ​កាលគួរ និងកាល​មិនគួរ ​ហើយបិទ​បាំង តាម​សេចក្តី​ពេញចិត្ត (របស់ខ្លួន) បើកនូវ​ទ្វារនៃ​ប្រយោជន៍ ព្រោះហេតុនោះ ទើប​ត្រេកអរ​ដោយ​បាយដំណើប។

[៧៦៣] មួយទៀត ខ្ញុំដឹងនូវកាលគួរ ហើយញ៉ាំង​ប្រយោជន៍​ឲ្យចំរើន​ដោយ​ប្រាជ្ញា (របស់ខ្លួន) ព្រោះសេចក្តី​ព្យាយាម​ដ៏ក្លៀវក្លា ដូចសត្វសីហៈ​ធ្វើសេចក្តី​ព្យាយាម​ដ៏រឹងប៉ឹង អ្នក​គង់​​នឹងឃើញ​ខ្ញុំម្តងទៀត ដោយឫទ្ធិនោះ​មិនខាន។

[៧៦៤] (ព្រះរាជា ត្រាស់សួរថា) ជនពួកខ្លះ ជាអ្នកមាន​សេចក្តីសុខ ទើប​មិនធ្វើបាប ជនពួក​ខ្លះទៀត (មិនធ្វើបាប) ព្រោះខ្លាច​អំពីការ​ជាប់ចំពាក់​ដោយតំណេះ​ដំនៀល អ្នកជា​បុគ្គល​អាចមាន​គំនិតគិត​នូវ​ប្រយោជន៍​ដ៏ទូលាយបាន​ ហេតុអ្វី ក៏មិន​ធ្វើសេចក្តី​លំបាក​ដល់​យើង។

[៧៦៥] (ព្រះពោធិសត្វ….) បណ្ឌិតទាំងឡាយ រមែង​មិនប្រព្រឹត្ត​នូវអំពើ​ដ៏លាមក ព្រោះ​ហេតុ​នៃសេចក្តី​សុខផ្ទាល់​ខ្លួនទេ ទោះបី​ត្រូវសេចក្តី​ទុក្ខប៉ះពាល់ ឬឃា្លតចាក (សម្បត្តិ) ក៏​រមែង​មិនលះបង់​នូវធម៌ ព្រោះសេចក្តី​ស្រឡាញ់ និងសេចក្តី​ស្អប់ឡើយ។

[៧៦៦] (ព្រះរាជា….) បុគ្គលគប្បីលើកតំកើងនូវខ្លួន​ដ៏ក្រក្សត់ (ឲ្យតាំង​នៅក្នុង​សម្បត្តិ) ដោយ​ពាក្យ​សរសើរ ឬដោយ​ពាក្យដ៏ទន់ ឬក៏ដោយ​ពាក្យទ្រគោះ​ណានីមួយ ហើយ​សឹម​ប្រព្រឹត្ត​ធម៌​ដោយប្រពៃ ក្នុងកាល​ជាខាង​ក្រោយ។

[៧៦៧] (ពោធិសត្វ…) បុគ្គលអង្គុយ ឬដេក ក្នុងម្លប់នៃ​ឈើណា​ មិនត្រូវ​កាច់នូវ​មែកនៃ​ឈើនោះទេ ព្រោះបុគ្គល​អ្នកទ្រុស្តមិត្ត ជាមនុស្ស​អាក្រក់។

[៧៦៨] បុរសចេះដឹងនូវធម៌ (អំពីសំណាក់) នៃអាចារ្យណា មួយទៀត សប្បុរស​ទាំងឡាយ​ណា បន្ទោបង់​នូវសេចក្តី​សង្ស័យ​របស់អ្នក​នោះ ការដឹង និង​ការបន្ទោបង់​នោះ ឈ្មោះថា ជាទីពឹង ជាទី​ប្រព្រឹត្តទៅ​របស់​បុរសនោះ បុគ្គល​អ្នកមាន​ប្រាជ្ញា មិន​ត្រូវញុំាង​មេត្រី​ចិត្ត​ឲ្យសាបសូន្យ​អំពីអាចារ្យ​នោះទេ។

[៧៦៩] គ្រហស្ថអ្នកបរិភោគកាម ខ្ជិលច្រអូស មិនល្អ បព្វជិត​មិនសង្រួម មិនល្អ ព្រះរាជា​​ធ្វើការមិន​ពិចារណា មិនល្អ នរណា​ជាបណ្ឌិត ច្រើនក្រោធ សេចក្តី​ក្រោធ​នោះ មិនល្អ។

[៧៧០] បពិត្រព្រះអង្គជាធំក្នុងទិស ក្សត្រិយ៍គប្បី​ពិចារណា​ហើយ សឹមធ្វើ ​មិនគប្បី​មិន​បាន​ពិចារណា​ហើយ​ធ្វើទេ បពិត្រ​ព្រះរាជា យសបរិវារក្តី កេរ្តិ៍ឈ្មោះក្តី រមែង​ចំរើន​ដល់​ព្រះរាជា​អ្នកពិចារណា​ហើយធ្វើ។

ចប់ ភូរិបញ្ហាជាតក ទី១៤។

មហាមង្គលជាតក ទី១៥

[៧៧១] (តាបសជាសិស្សច្បងរបស់ពោធិសត្វ សួរថា) ក្នុងកាល (ជា​ទីប្រាថ្នា​នូវមង្គល) នរជន​សែកមន្ត​ដូចម្តេច អាស្រ័យនូវ​វិជ្ជាដូចម្តេច ឬ (នូវ​បរិយត្តិ) នៃសូត្រ​ទាំងឡាយ​ដូចម្តេច ជននោះ ទើបឈ្មោះថា គ្រប់គ្រង​ខ្លួនដោយ​សួស្តី ក្នុង​លោកនេះ និងលោក​ខាងមុខ។

[៧៧២] (ពោធិសត្វ ពោលថា) ពួកទេវតាក្តី ពួកបិតា (ព្រហ្ម) ទាំងអស់ក្តី ពួក​ទីឃជាតិក្តី ពួកសត្វ​ទាំងអស់ក្តី ដែលបុគ្គល​ណាកោតក្រែង​ដោយ​មេត្តាចិត្ត អស់កាល​ជានិច្ច បណ្ឌិត​ទាំងឡាយ ពោលនូវ​មេត្តាចិត្ត​ក្នុងពួក​សត្វនោះ ថាជា​សួស្តីរបស់​បុគ្គលនោះ​ដោយពិត។

[៧៧៣] បុគ្គលណា ប្រព្រឹត្តឱនលំទោន​ចំពោះសត្វ​លោក​ទាំងអស់ ជាអ្នកអត់​ទ្រាំនូវ​ពាក្យ​នៃស្រីប្រុស និងក្មេង​ទាំងឡាយ​ដែលពោល​អាក្រក់ ជាអ្នក​ពោលពាក្យ​មិនជាទីខ្ពើម បណ្ឌិត​ទាំងឡាយ ពោលនូវ​ការអត់​ទ្រាំនោះ ថាជាសួស្តី (របស់បុគ្គល​នោះ)។

[៧៧៤] បុគ្គលណា មានប្រាជ្ញាភ្លឺថ្លា មានបញ្ញាវាងវៃ​ក្នុងកាល​ដែលកើត​ឡើងនៃ​ហេតុ មិនមើល​ងាយនូវ​សម្លាញ់ និងមិត្ត ដោយសិល្បវិជា្ជ ដោយ​កុលសម្បត្តិ ដោយ​ទ្រព្យ ដោយជាតិ បណ្ឌិត​ទាំងឡាយ បាន​ពោលនូវ​ការមិន​មើលងាយ​ក្នុងពួក​សម្លាញ់​នោះ ថាជា​សួស្តី (របស់បុគ្គល​នោះ)។

[៧៧៥] ពួកជនណា ជាអ្នកមិនពោលបង្ខុស ជាសប្បុរស ជាមិត្ត​ស្និទ្ធស្នាល ជាអ្នក​មិន​ទ្រុស្តមិត្ត ចែករលែក​ដោយទ្រព្យ បណ្ឌិត​ទាំងឡាយ បាន​ពោលនូវ​ការស្និទ្ធ​ស្នាល ក្នុងមិត្ត​ទាំងឡាយ​នោះ ថាជាសួស្តី (របស់ជននោះ)។

[៧៧៦] បុគ្គលណា មានភរិយា​មានវ័យ​ប្រហែលគ្នា មានសេចក្តី​ព្រមព្រៀងគ្នា ជាអ្នក​ប្រព្រឹត្ត​តាម ប្រាថ្នាធម៌ ជាស្រី​មានកូន មានសីលធម៌ ដោយគួរ​ដល់​ត្រកូល មានវត្ត​ដល់ប្តី ពួកបណ្ឌិត​ បាន​ពោលនូវ​ចរិយា​នៃភរិយា​ទាំងឡាយនោះ ថាជាសួស្តី (របស់​ស្វាមីនោះ)។

[៧៧៧] ព្រះរាជាជាម្ចាស់របស់សត្វ មានយស តែងជ្រាបនូវ​សេចក្តីស្អាត និង​សេចក្តី​ព្យាយាម​របស់​រាជសេវកាមាត្យ​ណា​ថា (សេវកាមាត្យ​នោះ) មិនបែក​ចិត្ត (អំពីអញ) ជាអ្នក​មានចិត្ត​ល្អចំពោះ​អញ បណ្ឌិត​ទាំងឡាយ បាន​ពោលនូវ​សេចក្តីល្អ ក្នុង​ព្រះរាជា​ទាំងឡាយ​នោះ ថាជាសួស្តី (របស់​រាជសេវកាមាត្យ)។

[៧៧៨] បុគ្គលណា មានសទ្ធា មានចិត្តជ្រះថ្លា ត្រេកអរ ឲ្យបាយ ទឹក ផ្កាកម្រង គ្រឿង​ក្រអូប និងគ្រឿងលាប បណ្ឌិត​ទាំងឡាយ បាន​ពោលនូវ​សេចក្តីល្អនោះ ថា​ជាសួស្តី ក្នុង​ឋាន​សួគ៌​​ទាំងឡាយ (របស់​បុគ្គលនោះ)។

[៧៧៩] ពួកបុគ្គលណា ដឹងច្បាស់ដោយញាណ រមែង​ញុំាង​បុគ្គលណា ឲ្យស្អាត ដោយ​​អរិយធម៌ ជាអ្នក​ត្រេកអរ​ក្នុងការប្រព្រឹត្តិល្អ ជាអ្នករៀន​សូត្រច្រើន ជា​អ្នក​ស្វែង​រក​គុណ ជាអ្នក​មានសីល បណ្ឌិត​ទាំងឡាយ បាន​ពោលនូវ​សេចក្តីល្អ ក្នុង​កណ្តាល​នៃ​ព្រះអរហន្ត​នោះ ថាជាសួស្តី (របស់បុគ្គល​នោះ)។

[៧៨០] សួស្តីមង្គលទាំងឡាយនេះឯង វិញ្ញូជនតែង​សរសើរ មានសេចក្តី​សុខ​ជាកម្រៃ​ក្នុង​លោក នរជន​អ្នកប្រកប​ដោយប្រាជ្ញា​ក្នុងលោកនេះ គប្បីសេព​គប់នូវសួស្តី មង្គល​ទាំង​ឡាយ​​នោះ វត្ថុណាមួយ​ក្នុងមង្គល (មានទិដ្ឋមង្គល​ជាដើម) មិនឈ្មោះ​ថាជា​សច្ចៈទេ។

ចប់ មហាមង្គលជាតក ទី១៥។

ឃតបណ្ឌិតជាតក ទី១៦

[៧៨១] (អាមាត្យឈ្មោះរោហិនេយ្យ ពោលថា) បពិត្រព្រះអង្គ​ជា​កណ្ហាយនគោត្រ សូម​ព្រះអង្គ​ក្រោកឡើង ព្រះអង្គ​នៅផ្ទំ​ធ្វើអ្វី ប្រយោជន៍អ្វី​របស់​ព្រះអង្គ​ដោយការផ្ទំ ក្សត្រិយ៍​ណា ជា​ព្រះកនិដ្ឋភាតា​របស់ខ្លួន​ព្រះអង្គ​ (ស្មើដោយ) ហឫទ័យ និង​ព្រះនេត្រ​ខាងស្តាំ ខ្យល់ចាប់​រួមរឹត​នូវហឫទ័យ​របស់​ក្សត្រិយ៍ ជា​ព្រះកនិដ្ឋភាតា​នោះ បពិត្រ​ព្រះកេសវៈ ឃតបណ្ឌិត​ រមែង​អំពាវនាវ​ថា (អ្នកទាំងឡាយ ចូរឲ្យ​ទន្សាយដល់​យើង)។

[៧៨២] (ព្រះសាស្តា ត្រាស់ថា) ព្រះបាទកេសវៈ ទ្រង់ព្រះសណ្តាប់​ពាក្យ​របស់​អាមាត្យ​ឈ្មោះ​រោហិនេយ្យ​នោះ​ហើយ ក៏ទ្រង់​ក្រោកឡើង រលះរលាំង ត្រូវសេចក្តី​សោកក្នុង​ព្រះកនិដ្ឋភាតា​គ្របសង្កត់។

[៧៨៣] (ព្រះបាទកេសវៈ សួរថា) អ្នកហេតុអ្វី ក៏មាន​សភាព​ហាក់ដូច​ជាឆ្កួត (ត្រាច់ទៅ) កាន់​នគរទ្វារវតី​ទាំងមូល​នេះ និយាយ​រវើរវាយ​ថា ទន្សាយ ៗ អ្នកណា​លួចយក​ទន្សាយ​របស់​អ្នកទៅឬ។

[៧៨៤] អ្នកប្រាថ្នានូវទន្សាយមាស កែវមណី (លោហៈ) ឬប្រាក់ ឬក៏​ទន្សាយ​ធ្វើដោយ​ស័ង្ខ ដោយសិលា ដោយ​កែវប្រពាឡ យើងនឹង​ឲ្យគេធ្វើ​ទន្សាយនោះ​ដល់​អ្នក (បើអ្នក​មិនពេញ​ចិត្តទន្សាយ​នោះទេ) ទន្សាយ​ឯទៀត​ក្នុងព្រៃ រកស៊ី​ក្នុងព្រៃ យើងនឹង​ឲ្យគេនាំ​ទន្សាយ​ទាំងនោះមកឲ្យអ្នក អ្នកត្រូវ​ការទន្សាយ​បែបណា (ចូរប្រាប់យើង​ក្នុងកាល​ឥឡូវ​នេះ)។

[៧៨៥] (ឃតបណ្ឌិត ឆ្លើយថា) ពួកទន្សាយណា ដែលអាស្រ័យ​នៅលើផែនដី ខ្ញុំមិន​ចង់បាន​ទន្សាយ​នោះទេ ខ្ញុំចង់បាន​ទន្សាយ​អំពីដួង​ព្រះចន្ទ បពិត្រ​ព្រះកេសវៈ សូមព្រះអង្គ​ញុំាង​ទន្សាយនោះ​ឲ្យចុះមក​ដើម្បីខ្ញុំ។

[៧៨៦] (ព្រះបាទកេសវៈ ….) អ្នកណាប្រាថ្នានូវរបស់​ដែលមិន​គួរប្រាថ្នា (ដូចជា) អ្នកប្រាថ្នា​នូវទន្សាយ​អំពី​ដួងព្រះចន្ទ ម្នាលអ្នក​ជាញាតិ អ្នកនោះ នឹង​លះបង់​ជីវិត ជាទី​ស្រឡាញ់​ដោយពិត (ក៏មិនបាន​ទន្សាយ​នោះដែរ)។

[៧៨៧] (ឃតបណ្ឌិត….) បពិត្រព្រះកណ្ហាយនគោត្រ បើព្រះអង្គ​ទ្រង់ជា្រប​យ៉ាងនោះ ព្រះអង្គ​ទ្រង់ប្រៀន​ប្រដៅ​បុគ្គលដទៃ ហេតុអ្វី ព្រះអង្គ​សោកស្តាយ​នឹងបុត្រ​ដែល​ទទួល​មរណភាព​ក្នុងកាល​មុន រហូតមក​ក្នុងថ្ងៃនេះ។

[៧៨៨] របស់ណា ដែលមនុស្ស ឬអមនុស្ស មិនគប្បីបាន​វិញ ដោយ​ប្រាថ្នាថា (ព្រះអង្គ​ប្រាថ្នា​នូវរបស់​នោះថា) បុត្តរបស់​អញ​កើត​ហើយ កុំស្លាប់ឡើយ ដូច្នេះ ព្រះអង្គ​នឹងគប្បីបាន​របស់​ដែលមិន​គប្បីបាន​អំពីទី​ណាកើត។ បពិត្រ​ព្រះកណ្ហាយនគោត្រ ព្រះអង្គ​សោកស្តាយ​នឹង​បុត្តណា ដែលទៅកាន់​បរលោក​ហើយ ព្រះអង្គ​អាច​នាំបុត្តនោះ​មកវិញ​ដោយមន្ត ដោយ​ថ្នាំ ដែលធ្វើ​ដោយ​ឫសឈើ ដោយ​ឱសថ ឬក៏ដោយ​ទ្រព្យ​មិនបាន​ឡើយ។

[៧៨៩] (ព្រះបាទកេសវៈ សរសើរថា) ពួកបុរសជាបណ្ឌិត​ប្រាកដ​ដូច្នោះ ជា​អាមាត្យ​របស់​ព្រះរាជា​ណា ដូចយ៉ាងអ្នក ជាបណ្ឌិត​បុរស ឈ្មោះឃតៈ បាន​ពន្យល់ (ខ្ញុំ) ក្នុងថ្ងៃនេះ (សោក​របស់​ព្រះរាជា​នោះ នឹងមាន​មកពីណា)។ អ្នកបាន​ស្រោច​ស្រពនូវយើង​ដែលភ្លើង គឺ​សេចក្តី​សោក​កំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញុំាង​សេចក្តី​ក្រវល់ក្រវាយ​ទាំងអស់ ឲ្យរលត់ ដូចបុគ្គល​យក​ទឹកស្រោច​នូវភ្លើង​កំពុងឆេះ​ឆ្នាំង​ខ្លាញ់។ សរ គឺសេចក្តី​សោកណា ដែល​អាស្រ័យ​ក្នុង​ហឫទ័យ សរ គឺសេចក្តី​សោកនោះ យើងបាន​ដកចេញ​ហើយ អ្នកឈ្មោះថា បាន​បន្ទោបង់​នូវសេចក្តី​សោក​ព្រោះបុត្ត​របស់យើង ដែល​ត្រូវសេចក្តី​សោក​គ្របសង្កត់។ ម្នាល​មាណព យើងនោះ ជាអ្នក​មានសរ គឺសេចក្តី​សោក​ដកចេញ​ហើយ ជាអ្នក​ប្រាសចាក​សេចក្តី​សោក ម្នាល​មាណព យើងលែង​សោកស្តាយ លែងយំទួញ ព្រោះបាន​ស្តាប់​នូវពាក្យ​របស់​អ្នក។

[៧៩០] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនណា ប្រកបដោយប្រាជ្ញា ជាអ្នក​អនុគ្រោះ រមែង​ធ្វើ​យ៉ាងនេះ ទើបញុំាង​ជនឲ្យ​ឃ្លាតចាក​សេចក្តី​សោក ដូច​ឃតបណ្ឌិត​ ញុំាង​ព្រះជេដ្ឋា (ឲ្យរួច​ចាកសេចក្តី​សោក)។

ចប់ ឃតបណ្ឌិតជាតក ទី១៦។

ឧទ្ទាននៃជាតកនោះ គឺ

និយាយអំពីកំពែងនៃនគរដ៏មាំមួន ១ កណ្ហតាបស ១ សេ្តចធនព្ជា័យ ១ សង្ខព្រាហ្មណ៍ ១ ព្រះរាជា​ពារាណសី ១ តាបស​ជ្រះថ្លាចំពោះ​ព្រហ្មចរិយធម៌​អស់ ៧ ថ្ងៃ ១ សាខកុមារ ១ តក្កលជាតក ១ មហាធម្មបាលជាតក ១ កុក្កុដជាតក ១ មដ្ឋកុណ្ឌលិជាតក ១ អ្នកឲ្យ​នូវ​ភោជន ១ ចក្កវាកជាតក ១ ភូរិបញ្ហាជាតក ១ ប្រកប​ដោយ​សេចក្តីសួស្តី ១ ឃតបណ្ឌិត​ជាតក ១។

ចប់ ទសកនិបាត។

ឯកាទសកនិបាតជាតក

មាតុបោសកជាតក ទី១

[៧៩១] (ដំរីជាមាតារបស់ព្រះពោធិសត្វ ពោលថា) ដើមពោនស្វាផង ដើមខ្លែងគង់​ផង ដើម​ទទឹម និងស្មៅធំ ឈ្មោះ​ករវរៈ​ផង ក្រអៅឈូក និងស្រងែផង ដុះ​ទ្រុបទ្រុល​ហើយ ទាំងដើម​កណិការ​ជិតជើងភ្នំ ក៏ចេញ​ផ្កាដែរ ព្រោះតែ​ដំរីនោះ​មិននៅ។

[៧៩២] ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជ​កុមារណា​មួយ មាន​គ្រឿង​អាភារណៈ ជាវិការ​នៃមាស រមែង​ចិញ្ចឹម​សេ្តចដំរី​ដោយដុំ​នៃភោជន ដ្បិតដំរី​ដែល​ព្រះរាជា ឬ​ព្រះរាជកុមារ (គង់​ហើយ) មិនតក់ស្លុត (ក្នុង​សង្គ្រាម) អាច​នឹងទំលុះទំលាយ​នូវក្រោះ (នៃ​ពួក​បច្ចាមិត្រ​បាន)។

[៧៩៣] (ព្រះរាជា…) ម្នាលដំរី អ្នកចូរទទួលពំនូតភោជន​ចុះ ម្នាលដំរី អ្នកកុំស្គម​ឡើយ ម្នាល​ដំរី រាជកិច្ច​ទាំងឡាយ​មានច្រើន អ្នកនឹង​ធ្វើនូវ​រាជកិច្ច​ទាំងនោះ។

[៧៩៤] (ព្រះពោធិសត្វ…) មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមាន​គេដឹកនាំ ទង្គិច​ជើង​នឹង​ដង្គត់ឈើ ​ហើយបែរ​មុខទៅរក​ភ្នំចណ្ឌោរណៈ ដួលនៅ។

[៧៩៥] (ព្រះរាជា….) មា្នលដំរីដ៏ប្រសើរ មេដំរីខ្វាក់ភ្នែក មិនមាន​គេដឹកនាំ ទង្គិច​ជើងនឹង​ដង្គត់ឈើ បែរមុខ​ទៅរកភ្នំ​ចណ្ឌោរណៈ ដួលនៅ​នោះ តើត្រូវជាអ្វី​នឹងអ្នកឯង។

[៧៩៦] (ព្រះពោធិសត្វ…) បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមាន​គេដឹកនាំ ទង្គិច​ជើងនឹង​ដង្គត់ឈើ បែរមុខទៅ​រកភ្នំ​ចណ្ឌោរណៈ ដួលនៅនោះ ត្រូវជា​មាតា​របស់​ទូល​ព្រះបង្គំ​ជាខ្ញុំ។

[៧៩៧] (ព្រះរាជា….) អ្នកទាំងឡាយចូរលែង​នូវដំរីប្រសើរ​នុ៎ះ ជាសត្វ​ចិញ្ចឹម​នូវមាតា ចូរឲ្យ​ដំរីបាន​ជួបជុំ​នឹងមាតា ព្រមទាំង​ញាតិ​ទាំងពួងចុះ។

[៧៩៨] (អភិសម្ពុទ្ធគាថា) ដំរីគ្រាន់តែរួចចាកចំណង​ដែលព្រះរាជាកាសី បាន​បញ្ចូន​ទៅ សម្រាក​ខ្លួនតែ​មួយរំពេច ក៏ដើរសំដៅ​ទៅរកភ្នំ ដំរីនោះ ចេញទៅ​អំពីភ្នំនោះ ដើរទៅ​កាន់ព្រៃ ជាទីពួន​សម្ងំដ៏​ត្រជាក់​ដែលដំរី​ធ្លាប់សេព (នៅ) ហើយដងទឹក ដោយ​ប្រមោយ យកមក​ស្រោចស្រព​មាតា។

[៧៩៩] (មាតាពោធិសត្វ…) ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ​ពុំជួកាល​សោះ កូន​បង្កើត​របស់អញ​ដែលជា​អ្នកបម្រើ​អញ ទៅបាត់​ហើយតើ។

[៨០០] (ពោធិសត្វ….) បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូន​បង្កើត​របស់​លោក​ដែល​ព្រះរាជាកាសី​ទ្រង់ប្រកប​ដោយ​ប្រាជ្ញា មានយស បាន​លែងមកវិញ​ហើយ។

[៨០១] (មាតាពោធិសត្វ…) ព្រះរាជាណា បាន​លែងកូន​របស់ខ្ញុំ ជាអ្នក​កោតក្រែង​ចំពោះ​បុគ្គល​ចាស់សព្វ ៗ កាល សូមព្រះរាជា​នោះ ញុំាងដែន​របស់​ពួកអ្នកកាសី​ឲ្យចំរើន គង់​ព្រះជន្ម​នៅអស់កាល​យូរអង្វែងចុះ។

ចប់ មាតុបោសកជាតក ទី១។

ជុណ្ហជាតក ទី២

[៨០២] (ព្រាហ្មណ៍ បានពោលថា) បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គ​ស្តាប់​ពាក្យ របស់​ខ្ញុំព្រះអង្គ​ ខ្ញុំព្រះអង្គ​ មកក្នុងទីនេះ ដោយសេចក្តី​ត្រូវការ​ចំពោះ​ព្រះអង្គ​ ទ្រង់​ព្រះនាម​ជុណ្ហៈ បពិត្រ​ព្រះអង្គ​ប្រសើរបំផុត​ជាងពួក​សត្វជើងពីរ បណ្ឌិត​ទាំងឡាយ ពោលថា កាល​ព្រាហ្មណ៍ ជាអ្នក​ដំណើរ កំពុងឈរ (សូម) បុគ្គល​មិនត្រូវ​ដើរ (ហួស) ទេ។

[៨០៣] (ព្រះរាជា ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ យើងឮ យើង​ឈប់នៅ អ្នកចូរ​និយាយ​ចុះ អ្នកមក​ក្នុងទីនេះ ដោយ​ប្រយោជន៍ណា ឬប្រាថ្នា​នូវប្រយោជន៍​អ្វី ចំពោះយើង ទើប​មកក្នុង​ទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរ​ប្រាប់នូវ​ប្រយោជន៍​នោះចុះ។

[៨០៤] (ព្រាហ្មណ៍….) សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និង​មាសឆ្តោរ ជាង ១០០០ ដល់ទូល​ព្រះបង្គំ សូមប្រទាន​ភរិយា ២ នាក់ មានរូប​សណ្ឋាន​ដូចគ្នា ដល់​ទូលព្រះបង្គំ​ផង។

[៨០៥] (ព្រះរាជា…) ម្នាលព្រាហ្មណ៍ ក្រែងអ្នកមាន​តបៈដ៏ខ្លាំងដែរ​ឬ ម្នាល​ព្រាហ្មណ៍ ក្រែងអ្នក​មានមន្ត​ទាំងឡាយ មាន​សភាព​ដ៏វិចិត្រ​ដែរឬ ក្រែងអ្នក​មានពួក​យក្សខ្លះ ជាអ្នក​ស្តាប់ដែរ​ឬ ម្យ៉ាងទៀត អ្នកដឹង​ច្បាស់នូវ​ប្រយោជន៍​ដែល​អ្នកធ្វើ​ហើយ ចំពោះយើងឬ។

[៨០៦] (ព្រាហ្មណ៍….) ទូលព្រះបង្គំជាខ្ញុំ មិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំ​ជាខ្ញុំ មិនមាន​ពួកយក្ស​ខ្លះ​ជាអ្នក​ស្តាប់ទេ ទូលព្រះបង្គំ​ជាខ្ញុំ មិនដឹង​ច្បាស់នូវ​ប្រយោជន៍ ដែល​ទូលព្រះបង្គំ​ជាខ្ញុំធ្វើ​ហើយ​ចំពោះ​ព្រះអង្គ​ទេ ក្នុងកាល​មុន (ទូលព្រះបង្គំ​ជាខ្ញុំ និង​ព្រះអង្គ​) គ្រាន់តែ​បាន​ជួបគ្នា​ប៉ុណ្ណោះ។

[៨០៧] (ព្រះរាជា…) តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិន​ស្គាល់អ្នកមុន អំពី​កាល​នេះទេ យើងសួរ​ហើយ អ្នកចូរ​ប្រាប់​សេចក្តីនុ៎ះ យើងបាន​ជួបគ្នា ក្នុង​កាលណា ឬក្នុង​ទីណា។

[៨០៨] (ព្រាហ្មណ៍….) បពិត្រព្រះសម្មតិទេព ពួកយើង​នៅក្នុង​ក្រុងតក្កសិលា ជាបុរី​គួរឲ្យ​ត្រេកអរ​របស់សេ្តច​គន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បាន​ទង្គិចស្មា​នឹងស្មា ក្នុងទីងងឹត ក្នុងរាត្រី​មានអ័ព្ទ​ដ៏ក្រាស់ បពិត្រ​ព្រះអង្គ​ជាធំជាងជន យើងខ្ញុំ​ទាំងពីរ​នាក់នោះ ឈរក្នុង​ទីនោះ បាន​បព្ចាប់​ពាក្យគួរ​ឲ្យរឭក ក្នុងទីនោះ នោះឯង​ឈ្មោះថា ការជួបគ្នា​នៃយើងខ្ញុំ (ឯការ​ចួបគ្នា) ខាងក្រោយ និងខាង​មុខ​អំពី​កាលនោះ មិន​មានឡើយ។

[៨០៩] (ព្រះរាជា…) មា្នលព្រាហ្មណ៍ ការចួបនឹងសប្បុរស​ក្នុងពួកមនុស្ស ក្នុង​កាលណា ពួកបណ្ឌិត​មិនដែល​បំបាត់​ការចួប និងសេចក្តី​ស្និទ្ធស្នាល ឬគុណដែល​គេធ្វើ​ហើយ ក្នុងកាល​មុនទេ។

[៨១០] ចំណែកខាងពួកពាល តែងបំបាត់ការចួប និងសេចក្តី​ស្និទ្ធស្នាល ឬគុណ​ដែល​គេធ្វើ​ហើយក្នុង​កាលមុន គុណ​សូម្បីច្រើន ដែលគេធ្វើ​ហើយ ចំពោះ​ពួកពាល រមែង​បាត់ទៅ ពិត​ដូច្នោះមែន ពួកពាល​មានសភាព​ជាមនុស្ស​អកតញ្ញូ។

[៨១១] ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការចួប និងសេចក្តី​ស្នទិ្ធស្នាល​ ឬគុណ​ដែលគេ​ធ្វើ​ហើយ​ក្នុងកាល​មុនទេ គុណ​សូម្បីតិច ដែលគេធ្វើ​ហើយ​ចំពោះពួក​បណ្ឌិត​ រមែង​មិនបាត់ ពិតដូច្នោះ​មែន ពួកបណ្ឌិត​មានសភាព​ជាមនុស្ស​កតញ្ញូល្អ យើងនឹង​ឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរ​ជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹង​ឲ្យភរិយា​ពីរ ដែលមាន​រូបសណ្ឋាន​ដូចគ្នា​ដល់អ្នក។

[៨១២] (ព្រាហ្មណ៍….) បពិត្រព្រះរាជា ការចួបជុំសប្បុរស តែងមាន​យ៉ាងនេះ បពិត្រ​ព្រះអង្គ​ជាម្ចាស់​នៃដែន​កាសី ដូចយ៉ាង (ព្រះចន្ទ​ឋិតនៅក្នុង​កណ្តាល) នៃពួក​ផ្កាយ រមែង​ពេញ​ឡើង យ៉ាងណា​មិញ ទូលព្រះបង្គំ​ជាខ្ញុំ (ពេញព្រៀប ដោយ​ស្រុកសួយ​ជាដើម ដែល​ព្រះអង្គ​​ប្រទាន​ក្នុងថ្ងៃនេះ ក៏យ៉ាង​នោះដែរ) ព្រោះការចួបនឹង​ព្រះអង្គ ​ខ្ញុំបាន​ហើយ ក្នុង​ថ្ងៃនេះ។

ចប់ ជុណ្ហជាតក ទី២។

ធម្មទេវបុត្តជាតក ទី៣

[៨១៣] (ធម្មទេវបុត្រ ពោលថា) ម្នាល​អធម្មទេវបុត្រ ខ្ញុំឈ្មោះ​ធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំ ដែល​ពួកសមណ​ព្រាហ្មណ៍​សរសើរ​ជានិច្ច ដែលទេវតា និងមនុស្ស​បូជា​ហើយ គួរបាន​ផ្លូវ អ្នកចូរ​ឲ្យផ្លូវ។

[៨១៤] (អធម្មទេវបុត្រ ពោលថា) ម្នាលធម្មៈ ខ្ញុំជិះរថ​ឈ្មោះ​អធម្មយាន​ដ៏មាំ ជាអ្នក​មិន​តក់ស្លុត មានកម្លាំង ខ្ញុំនោះ​នឹងឲ្យ​ផ្លូវដល់អ្នក ដែលមិន​ធ្លាប់ឲ្យ​ហើយ​ក្នុង​ថ្ងៃនេះ ព្រោះ​ហេតុអ្វី។

[៨១៥] (ធម្មទេវបុត្រ…) ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជា​ច្បងផង ប្រសើរ​ជាងផង មានតាំង​ពីព្រេងនាយ​ផង ម្នាលប្អូន អ្នកចូរ​ចៀសចេញ​អំពីផ្លូវ​របស់បង។

[៨១៦] (អធម្មទេវបុត្រ…) ខ្ញុំមិនត្រូវឲ្យផ្លូវដល់​អ្នក​ដោយ​សេចក្តីអង្វរ មិនត្រូវឲ្យ​ដោយ​ពាក្យសមគួរ មិនត្រូវឲ្យ​ព្រោះខ្ញុំ​គួរបាន​ផ្លូវ យើងទាំង​ពីរនាក់ ចូរច្បាំងគ្នា​ក្នុងថ្ងៃនេះ អ្នកណា​ឈ្នះក្នុង​ចម្បាំង ផ្លូវជារបស់​អ្នកនោះ។

[៨១៧] (ធម្មទេវបុត្រ…) មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បី​ល្បាញ​សព្វទិស មានកំឡាំង​ច្រើន មានយស​រាប់មិនអស់ មិនមាន​អ្នកណា​ផ្ទឹមបាន មានសភាព​ជា​អ្នក​ប្រកប​ដោយគុណ​គ្រប់យ៉ាង អ្នក​នឹងឈ្នះ (ខ្ញុំ) ដូចម្តេច​បាន។

[៨១៨] (អធម្មទេវបុត្រ…) គេតែងដំមាស​ដោយដែក គេមិនដែល​ដំដែក​ដោយ​មាសទេ បើ​អធម្មៈ ដំធម្មៈ​ក្នុងថ្ងៃនេះ ដូចជា​ដែកដំមាស បុគ្គល​គួរមើលដែរ។

[៨១៩] (ធម្មទេវបុត្រ…) ម្នាលអធម្មៈ បើអ្នកមានកំឡាំងនឹងច្បាំង បុគ្គលចាស់ និង​បុគ្គលជាគ្រូ មិនមាន​ដល់អ្នក ខ្ញុំនឹងឲ្យ​នូវផ្លូវ​ដល់អ្នក ដោយពាក្យ​ជាទី​ស្រឡាញ់ និង​មិនជាទី​ស្រឡាញ់​ផង ខ្ញុំនឹង​អត់ទ្រាំនូវ​ពាក្យទ្រគោះ​បោះបោក​របស់​អ្នកផង។

[៨២០] (ព្រះភគវា បានត្រាស់ថា) អធម្មទេវបុត្រ ឮពាក្យនេះ​ហើយ មានក្បាល​សំយុង​ចុះ មានជើង​ឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវ​ការដោយ​ចម្បាំង តែ​មិនបាន​នូវ​ការ​ច្បាំង​ឡើយ អធម្មទេវបុត្រ ក៏ស្លាប់​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះឯង។

[៨២១] ធម្មទេវបុត្រ មានខន្តិធម៌ ជាកំឡាំង មានចិត្ត មានកំឡាំង​ក្រៃពេក​ មាន​ព្យាយាម​ដ៏ទៀតទាត់ បានផ្ចាញ់ បាន​សម្លាប់នូវ​អធម្មទេវបុត្រ​ដែលមាន​ចម្បាំង​ជាកំឡាំង ទំលាក់​ទៅលើ​ផែនដី ​ហើយឡើង​កាន់រថ (របស់ខ្លួន) បរទៅ​តាមផ្លូវ​ដដែល។

[៨២២] បុគ្គលណា មិនបានធ្វើសក្ការៈ​ដល់មាតាបិតា និង​សមណ​ព្រាហ្មណ៍ ក្នុងផ្ទះ​របស់ខ្លួន បុគ្គលនោះ លុះដាក់​ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយ​រាងកាយ​ក្នុងលោកនេះ រមែង​ទៅកាន់​នរក ដូចជា​អធម្មទេវបុត្រ​ដែលសំយុង​ក្បាលធ្លាក់ចុះ។

[៨២៣] បុគ្គលណា បានធ្វើសក្ការៈ​ដល់មាតាបិតា និងសមណ​ព្រាហ្មណ៍ ក្នុង​ផ្ទះ​របស់ខ្លួន បុគ្គលនោះ លុះដាក់ចុះ​នូវរាងកាយ គឺសរីរៈ បែកធ្លាយ​រាងកាយ​ក្នុង​លោកនេះ រមែង​ទៅកាន់​សុគតិ ដូចជា​ធម្មទេវបុត្រ ឡើងកាន់​រថរបស់​ខ្លួន ដូច្នោះ។

ចប់ ធម្មទេវបុត្តជាតក ទី៣។

ឧទយជាតក ទី៤

[៨២៤] (សក្កទេវរាជពោធិសត្វ ពោលថា) ម្នាលនាង​មានចក្ខុ​ប្រាកដស្មើ​ដោយ​ភ្នែកនៃ​កិន្នរ នាងស្លៀក​សំពត់​ដ៏ស្អាត មានភ្លៅ​រៀបស្រួល​បួល មានអវយៈ​តិះដៀល​មិនបាន​ ឡើង​កាន់​ប្រាសាទ អង្គុយតែ​ម្នាក់ឯង បងសូម​អង្វរនាង សូម​យើងទាំង​ពីរនាក់នៅ (ជាមួយគ្នា) អស់​មួយ​យប់នេះ។

[៨២៥] (ព្រះរាជធីតា ពោលថា) បុរីនេះ មានគូខាន់ ជាសង្កាត់ ៗ មានប៉ម​និង​ខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់​ព្រះខាន់​គ្រប់ដៃ រក្សា​ហើយ ចូលបាន​ដោយក្រ។ មិនមាន​ប្រុសជំទង់ ឬប្រុស​កម្លោះមក (ក្នុងទីនេះ ទាំងថ្មើរ​ណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បាន​ជាអ្នកចង់​មកជួបនឹងខ្ញុំ (ទាំង​ថ្មើរណេះ)។

[៨២៦] (សក្កទេវរាជ….) ម្នាលនាងកល្យាណី យើងជាយក្ខ មកក្នុង​សំណាក់​នាង ម្នាល​នាងដ៏ចំរើន នាងចូរត្រេកអរ​នឹងយើង យើងនឹង​ឲ្យភាជន៍មាស​ដ៏ពេញ​ដោយ​មាស ដល់​នាង។

[៨២៧] (ព្រះរាជធីតា…) ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នា​បុគ្គលដទៃ ទោះ​បី​ជាទេវតា យក្ស ឬមនុស្ស លើសជាង​ព្រះបាទឧទយៈទេ អ្នកចូរ​ទៅចុះ លុះ​អ្នកទៅ​ហើយ កុំត្រឡប់​មកវិញ​ឡើយ។

[៨២៨] (សក្កទេវរាជ….) សេចក្តីត្រេកត្រអាលណា ដ៏ឧត្តម​របស់​ពួកសត្វអ្នក​បរិភោគ​កាម ពួកសត្វ​ប្រព្រឹត្ត​មិនស្មើ ព្រោះហេតុ​នៃសេចក្តី​ត្រេកត្រអាល​ណា នាង​កុំផ្ចាញ់​សេចក្តី​ត្រេកត្រអាល​នោះ ក្នុងធម្មជាតិ​ស្អាតរបស់នាង យើង​នឹងឲ្យភាជន៍​បា្រក់ ដ៏ពេញ​ដោយមាស​ដល់នាង។

[៨២៩] (ព្រះរាជធីតា…) បុរសកាលលួងលោមស្ត្រី​ដោយទ្រព្យ ធ្វើនូវ​សេចក្តី​ពេញចិត្ត​ក្នុងស្ត្រីណា ក៏លើក​តម្កើងស្ត្រីនោះ ទេវធម៌​របស់អ្នក​ខុស​នឹងគេ (ព្រោះថា) អ្នកមក​ដោយវត្ថុ​រឹតតែតិច​ដោយពិតប្រាកដ។

[៨៣០] (សក្កទេវរាជ….) ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈ​របស់​ពួកមនុស្ស ក្នុង​មនុស្សលោក រមែង​សាបសូន្យ​ទៅ ព្រោះហេតុ​នោះឯង បាន​ជាទ្រព្យ​របស់នាង​ក៏​សាបសូន្យ​ដែរ នាងរឹត​តែចាស់ទៅ​ក្នុងថ្ងៃនេះ។ ម្នាល​រាជបុត្រី​មានយស កាល​យើង​រមិលមើល​យ៉ាង​នេះ ពណ៌សម្បុរ​របស់នាង​ក៏សាបសូន្យ​ទៅ ក្នុងកាល​កន្លងទៅ​នៃថ្ងៃ​ និងយប់​ទាំងឡាយ ម្នាល​​រាជបុត្រី មានប្រាជ្ញា​ល្អ នាងគប្បី​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដោយ​វ័យនេះ នាងមុខ​ជានឹង​មានពណ៌សម្បុរ​ដ៏ក្រៃលៃង។

[៨៣១] (ព្រះរាជធីតា…) ទេវតាទាំងឡាយ មិនចាស់ដូច​ពួកមនុស្សទេ ការជ្រួញជ្រីវ​ក្នុងខ្លួន​របស់​ទេវតា​ទាំងនោះ មិនមានទេឬ បពិត្រ​យក្ខ ខ្ញុំសូម​សួរលោក ដែល​មាន​អានុភាព​ច្រើន រាងកាយ គឺសរីរៈ​របស់ទេវតា​ទាំងឡាយ (មិនចាស់) តើដោយ​ហេតុអ្វី។

[៨៣២] (សក្កទេវរាជ….) ទេវតាទាំងឡាយ មិនចាស់ ដូចពួកមនុស្ស​ទេ ​ការ​ជ្រួញជ្រីវ​ក្នុងខ្លួន​របស់​ទេវតា​ទាំងនោះ មិនមានឡើយ ពណ៌សម្បុរ​ជាទិព្វ និងភោគៈ​ដ៏ច្រើន របស់​ទេវតា​ទាំងឡាយ​នោះ រឹងរឹត​តែចំរើន​ឡើង​រាល់ ៗ ថ្ងៃ។

[៨៣៣] (ព្រះរាជធីតា…) ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិន​ទៅកាន់​ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅ​ទេវលោក) បណ្ឌិត​សំដែង​ដោយអណ្តូង ​គឺ​កំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅ​ទេវលោក) បពិត្រ​យក្ខ មានអានុភាព​ច្រើន ខ្ញុំសូម​សួរលោក បុគ្គល (កាលទៅ) កាន់​បរលោក តើឋិត​នៅក្នុង​ផ្លូវណា ទើប​មិនខ្លាច។

[៨៣៤] (សក្កទេវរាជ….) បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹម​ត្រូវ មិនធ្វើបាប​ទាំងឡាយ​ដោយ​កាយ នៅគ្រប់​គ្រងផ្ទះ​ដែលមានបាយ និងទឹក​ដ៏ច្រើន ជាអ្នក​មាន​សទ្ធា មាន​ចិត្តទន់ បាន​ចែករំលែក​នូវទាន ជាអ្នកដឹង​នូវពាក្យស្មូម ជាអ្នក​សង្គ្រោះ​គេ មាន​វាចាផ្អែម មានវាចា​ល្អិតល្អ បាន​ឋិតនៅ​ក្នុងគំនរ​នៃគុណ​នេះ​ហើយ (កាលនឹង​ទៅ) កាន់​បរលោក មិនខ្លាច​ឡើយ។

[៨៣៥] (ព្រះរាជធីតា….) បពិត្រទេវបុត្រ លោកប្រៀន​ប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រ​លោកមាន​សម្បុរដ៏​លើសលុប ខ្ញុំសូមសួរ លោកមាន​សរីរៈ​សមរម្យល្អ លោកជាអ្វី។

[៨៣៦] (ព្រះពោធិសត្វ…) ម្នាលនាងកល្យាណី យើងឈ្មោះ​ឧទយៈ បាន​មកក្នុងទី​នេះ ដើម្បីដោះ​ពាក្យប្តេជា្ញ យើងបា្រប់​នាង​ហើយទៅ យើងរួច​ចាកពាក្យប្តេជ្ញា​របស់​នាង​ហើយ។

[៨៣៧] (ព្រះរាជធីតា….) បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ​ ព្រះនាមឧទយៈ បាន​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់ពាក្យ​ប្តេជា្ញ សូមព្រះអង្គ​ប្រៀនប្រដៅ​ខ្ញុំ ឲ្យបាន​​ចួប​គា្ន​ទៀត។

[៨៣៨] (ព្រះមហាសត្វ….) វ័យកន្លងទៅឆាប់ ខណៈចិត្ត​ក៏កន្លង​ទៅឆាប់​ដូចគ្នា ការតាំង​នៅ (នៃសង្ខារ​ទាំងឡាយ) មិនមាន ពួកសត្វតែង​ច្យុតទៅ​ដោយពិត សរីរៈ​មិនទៀង តែង​ទ្រុឌទ្រោម​ទៅ ម្នាលនាង​ឧទយភទ្ទា នាងកុំ​ប្រមាទ ចូរ​ប្រព្រឹត្ត​ធម៌ចុះ។ ផែនដី​ទាំងមូល​របស់សេ្តច​តែមួយ​ព្រះអង្គ​ ដ៏ពេញ​ដោយទ្រព្យ ជាផែនដី​ដែលអ្នក​ដទៃទ្រទ្រង់​មិនបាន​ ឯបុគ្គល​ដែលមិន​ទាន់ប្រាស​ចាករាគៈ រមែង​លះបង់​នូវទ្រព្យ​នោះ ម្នាលនាង​ឧទយភទ្ទា នាងកុំ​ប្រមាទ ចូរប្រព្រឹត្ត​ធម៌ចុះ។ មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំង​ទ្រព្យ ឯជន​ទាំងនោះ រមែង​លះបង់​នូវគ្នានឹងគ្នា ម្នាលនាង​ឧទយភទ្ទា នាង​កុំប្រមាទ ចូរប្រព្រឹត្ត​ធម៌ចុះ។

ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណី​នៃពួក​សត្វដទៃ ដឹងថា សុគតិ​ និង​ទុគ្គតិ​ក្នុងសង្សារ ជាលំនៅ​របស់សត្វ​ថោកទាប ដូច្នេះ​ហើយ កុំប្រមាទ ចូរប្រព្រឹត្ត​ធម៌ចុះ។

[៨៣៩] (ព្រះរាជធីតា….) យក្ខនេះ ពោលពីរោះណាស់ ជីវិត​របស់​ពួកសត្វខ្លី លំបាក​ផង តិចផង ព្រោះ​ជីវិតនោះ​ប្រកប​ដោយទុក្ខ ខ្ញុំនោះ​នឹងលះ​ដែនកាសី និង​ក្រុង​សុរុន្ធនៈ បួស​តែម្នាក់​ឯង។

ចប់ ឧទយជាតក ទី៤។

បានីយជាតក ទី៥

[៨៤០] (ព្រះបច្ចេកពុទ្ធ ទី១ បាន​សំដែងថា) អាត្មាភាព​ជាមិត្រ (នៃមិត្រម្នាក់) បាន​ប្រើប្រាស់​ទឹក​ដែលមិត្រនោះ​មិនឲ្យ​ហើយ ហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បាន​ធ្វើបាបនោះ​ហើយ អាត្មាភាព​លែងធ្វើបាប​ទៀត​ហើយ ព្រោះ​ហេតុនោះ បាន​ជាអាត្មាភាព​បួស។

[៨៤១] (ព្រះបច្ចេកពុទ្ធ ទី២….) សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើង​ដល់​អាត្មាភាព ព្រោះឃើញ​នូវប្រពន្ធ​របស់​បុគ្គលដទៃ ព្រោះ​ហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បាន​ធ្វើបាបនោះ​ហើយ អាត្មាភាព លែងធ្វើ​បាបទៀត​ហើយ ព្រោះ​ហេតុនោះ បាន​ជាអាត្មាភាព​បួស។

[៨៤២] (ព្រះបច្ចេកពុទ្ធ ទី៣….) បពិត្រមហារាជ ពួកចោរបាន​ចាប់​បិតា​របស់​អាត្មាភាព​ក្នុងព្រៃ អាត្មាភាព ដែលពួក​ចោរនោះ​សួរ​ហើយ ទុកជាដឹង ក៏បា្រប់​ហេតុនោះ ដោយ​ចំណែក​ដទៃវិញ ព្រោះ​ហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បាន​ធ្វើបាបនោះ​ហើយ អាត្មាភាព​លែង​ធ្វើ​បាប​ទៀត​ហើយ ព្រោះហេតុ​នោះ បាន​ជាអាត្មាភាព​បួស។

[៨៤៣] (ព្រះបច្ចេកពុទ្ធ ទី៤…) ការសែនព្រេន ឈ្មោះ​សោមយាគ តាំងឡើង​ហើយ ពួកមនុស្ស​បាន​ធ្វើបាណាតិបាត អាត្មាភាព​ក៏អនុញ្ញត​ឲ្យពួក​មនុស្សនោះ ព្រោះហេតុ​នោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បាន​ធ្វើបាបនោះ​ហើយ អាត្មាភាព​លែងធ្វើ​បាបទៀត​ហើយ ព្រោះហេតុ​នោះ បាន​ជាអាត្មាភាព​បួស។

[៨៤៤] (ព្រះបច្ចេកពុទ្ធ ទី៥…) ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសំគាល់​សុរា និង​មេរ័យ ថាដូច​ទឹកឃ្មុំ ជាជន (មានសភាព​យ៉ាងនេះ) ជាដំបូង ពួកជននោះ បាន​ចាត់ចែង​ទឹកស្រវឹង ដើម្បី​សេចក្តី​វិនាសដល់​ពួកជនច្រើន អាតា្មភាពបាន​អនុញ្ញាត​ឲ្យពួកជននោះ ព្រោះ​ហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បាន​ធ្វើបាបនោះ​ហើយ អាត្មាភាព​លែងធ្វើ​បាបទៀត​ហើយ ព្រោះហេតុ​នោះ បាន​ជាអាត្មាភាព​បួស។

[៨៤៥] (ព្រះរាជា…) គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមាន​ក្លិនអាក្រក់ មាន​សត្រូវ​ច្រើន ព្រោះថា អាត្មាអញ​បាន​សេព​ហើយ ក៏មិន​បាន​សេចក្តីសុខ (ក្នុងឈាន) បា្រកដ​ដូច្នោះ។

[៨៤៦] (អគ្គមហេសី…) កាមទាំងឡាយ មានសេចក្តីរីករាយ​ច្រើន ជាសុខ សេចក្តី​សុខក្រៅ​អំពីកាម មិនមានទេ ពួកជន​ណាបាន​សេពកាម​ទាំងឡាយ ពួកជននោះ តែងកើត​ក្នុង​ឋានសួគ៌។

[៨៤៧] (ព្រះរាជា…) កាមទាំងឡាយ មានសេចក្តី​រីករាយតិច ជាទុក្ខ សេចក្តីទុក្ខ​ក្រៅអំពី​កាម មិនមានទេ ពួកជនណា សេពកាម​ទាំងឡាយ ពួកជន​នោះ តែង​កើត​ក្នុងនរក។

[៨៤៨] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ​ដែល​សំលៀង​ហើយ ជាង​ព្រះខាន់​ដែល​លាបដោយ​ថ្នាំពិស ទាំងជាង​លំពែង​ដែលពួយ​ត្រង់ទ្រូង។

[៨៤៩] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាង​រងើកភ្លើង​ដ៏ច្រាលឆ្អៅ ជាង​រណ្តៅ​រងើកភ្លើង មានជម្រៅ​មួយទទូង ឬអណ្តាត​ភ្លើង​ដែលក្តៅ​ពេញមួយថ្ងៃ។

[៨៥០] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាង​ថ្នាំពុល​ដ៏ក្លៀវក្លា ឬប្រេង​កំពុងពុះ ឬក៏ទង់ដែង​រលាយ។

ចប់ បានីយជាតក ទី៥។

យុធព្ជាយជាតក ទី៦

[៨៥១] (ព្រះរាជាកុមារពោធិសត្វ ពោលថា) បពិត្រព្រះរាជា ជាធំក្នុងរថ ខ្ញុំព្រះអង្គ សូមថា្វយ​បង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រ​ចោមរោម​ហើយ ខ្ញុំព្រះអង្គ​នឹងបួស សូម​ព្រះសម្មតិទេព អនុញ្ញាត​ផ្នួសនោះ (ដល់ខ្ញុំព្រះអង្គ)។

[៨៥២] (ព្រះរាជា ទ្រង់តា្រស់ថា) បើកូនឯងខ្វះកាម​ទាំងឡាយ ឪពុក​នឹងបំពេញ​ឲ្យគ្រប់​គ្រាន់​ដល់អ្នក បុគ្គលណា​បៀតបៀនអ្នក ឪពុក​នឹងឃាត់ (បុគ្គលនោះ) ម្នាល​យុធព្ជា័យ អ្នកកុំបួស​ឡើយ។

[៨៥៣] (ព្រះរាជកុមារ…) ខ្ញុំព្រះអង្គ​មិនមានសេចក្តី​ខ្វះកាម​ទាំងឡាយ​ទេ បុគ្គល​នីមួយ បៀតបៀន​នូវខ្ញុំព្រះអង្គ​ ក៏មិន​មានដែរ តែថា ខ្ញុំព្រះអង្គ​ប្រាថ្នា​នឹងធ្វើនូវ​ទីពឹង (ដល់​ខ្លួន) ដែល​ជរាកំចាត់​បង់មិនបាន។

[៨៥៤] (ព្រះសាស្តា…) បុត្រអង្វរនូវបិតា បិតាក៏អង្វរ​នូវបុត្តឱរស​ដែរ​ព្រះរាជា​ទ្រង់ត្រាស់​ថា ម្នាលកូន ជនអ្នក​នៅក្នុង​និគម អង្វរអ្នក ម្នាល​យុធព្ជា័យ អ្នកកុំ​បួសឡើយ។

[៨៥៥] (ព្រះរាជកុមារ…) បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គ​កុំឃាត់​ផ្នួស​ខ្ញុំព្រះអង្គ​នោះ កុំឲ្យ​ខ្ញុំព្រះអង្គ​ពោរពេញ​ដោយកាម​ទាំងឡាយ ឲ្យលុះ​ក្នុងអំណាច​ជរាឡើយ។

[៨៥៦] (ព្រះមាតា….) ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូម​ឃាត់អ្នក យើងចង់​ឃើញអ្នក​អស់​កាលយូរ ម្នាល​យុធព្ជា័យ ចូរអ្នក​កុំបួស​ឡើយ។

[៨៥៧] (ព្រះរាជកុមារ…) ទឹកសន្សើមលើ​ចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាល​ព្រះអាទិត្យ​រះឡើង យ៉ាង​ណាមិញ អាយុ​របស់មនុស្ស​ទាំងឡាយ ក៏យ៉ាង​នោះដែរ បពិត្រ​ព្រះមាតា សូមព្រះមាតា​កុំឃាត់​ខ្ញុំឡើយ។

[៨៥៨] បពិត្រព្រះបិតាជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំ​ព្រះអង្គ) ឲ្យឡើង​កាន់​ព្រះរាជយាន​នេះ កុំឲ្យព្រះមាតា​ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់ខ្ញុំ​ព្រះអង្គ​ ដែល​កំពុងឆ្លង។

[៨៥៩] (ព្រះមាតា….) នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចំរើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជា​នឹងសូន្យ (ព្រោះថា) យុធព្ជាយកុមារ ព្រះរាជា​សព្វទត្ត អនុញ្ញាត (ឲ្យបួស​ហើយ)។

[៨៦០] ព្រះរាជកុមារណា នៅក្មេង មានសម្បុរ​ផ្ទឹមនឹងមាស ប្រសើរ​បំផុត​ជាង​ព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកំឡាំង ស្លៀកសំពត់​កាសាយៈ បួស​ហើយ។

[៨៦១] (ព្រះសាស្តា…) កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់​នូវ​ព្រះមាតា និងព្រះបិតា ផ្តាច់ចោល​នូវគ្រឿងជាប់​ចំពាក់​របស់មច្ចុមារ បួស​ហើយ។

ចប់ យុធព្ជាយជាតក ទី៦។

ទសរថជាតក ទី៧

[៨៦២] (រាមបណ្ឌិតកុមារ បានពោលថា) ម្នាលលក្ខណៈ និងនាងសីតា អ្នក​ទាំងឡាយ​ចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ភរតកុមារ បាន​និយាយ​យ៉ាងនេះ​ថា ព្រះបាទ​ទសរថ ទ្រង់​ទីវង្គត​ហើយ។

[៨៦៣] (ភរតកុមារ…) បពិត្រព្រះរាម ដោយអានុភាព​អ្វី ទើបទ្រង់​បាន​ឮថា ព្រះបិតា​ទិវង្គត​ហើយ មិន​សោកសា្តយ របស់ដែល​គួរសោក​ស្តាយ សេចក្តីទុក្ខ​មិនគ្រប​សង្កត់ទ្រង់។

[៨៦៤] (រាមបណ្ឌិតកុមារ….) ជីវិតណា (របស់ពួកសត្វ) បណ្តា​ពួកបុរស​ដែល​រវើរវាយ បុរស (សូម្បីតែមា្នក់) ក៏មិនអាច​ដើម្បីរក្សា​ជីវិតច្រើន​នោះ​បាន​ទេ វិញ្ញូជន ជាមេធាវី​នោះ ធ្វើខ្លួនឲ្យ​ក្តៅក្រហាយ​ដើម្បីអ្វី។

[៨៦៥] សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នក​មាន ទាំងអ្នកក្រ ជនទាំង​អស់នោះ សុទ្ធតែ​មានសេចក្តី​ស្លាប់​នៅខាងមុខ។

[៨៦៦] ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច​អំពីកិរិយា​ជ្រុះជានិច្ច យ៉ាង​ណាមិញ ពួក​សត្វកើត​ហើយ ក៏មាន​សេចក្តីខ្លាច​អំពី​សេចក្តី​ស្លាប់​ជានិច្ច យ៉ាងនោះដែរ។

[៨៦៧] ជនទាំងឡាយច្រើន ពួកខ្លះ គេឃើញ​ក្នុងវេលាព្រឹក វេលាល្ងាច​មិនឃើញ ជនទាំង​ឡាយច្រើន ពួកខ្លះ គេឃើញ​ក្នុង​វេលាល្ងាច វេលាព្រឹក​មិនឃើញ។

[៨៦៨] បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ​ហើយ​គប្បីនាំ​មកនូវ​ប្រយោជន៍​បន្តិច​បន្តួចបាន​ អ្នកប្រាជ្ញ ក៏គប្បី​ធ្វើសេចក្តី​ខ្សឹកខ្សួល​នោះដែរ។

[៨៦៩] (បុគ្គលខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់​ខ្លួន ជាអ្នក​ស្គម មិនមាន​ពណ៌សម្បុរ ពួកសត្វ​ដែលទៅ​កាន់​បរលោក មិនមែន​ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅ​ដោយសេចក្តី​ខ្សឹកខ្សួល​នោះឡើយ ព្រោះថា សេចក្តី​ខ្សឹកខ្សួល មិនមាន​ប្រយោជន៍​ទេ។

[៨៧០] (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះ​ឲ្យរលត់ ដោយ​ទឹកបាន​យ៉ាងណា​មិញ ធីរជន ជាមេធាវី​បណ្ឌិត​ បាន​ស្តាប់​ហើយ គប្បីញុំាង​សេចក្តីសោក ដែលកើត​​ហើយឲ្យ​រលត់​ឆាប់ ដូចខ្យល់​បក់ផាត់​នូវប៉ុយ យ៉ាងនោះដែរ។

[៨៧១] សត្វរមែងទៅកាន់បរលោកតែម្នាក់​ឯង កើតក្នុង​ត្រកូល​ក៏តែម្នាក់​ឯង ការ​សមគប់​នៃពួកសត្វ​ទាំងអស់ គឺមាន​ការចួបជុំ ជាការ​ប្រសើរ​បំផុត។

[៨៧២] ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុត​កំដៅនូវ​ហទយវត្ថុ និងចិត្ត​របស់អ្នក​ប្រាជ្ញ ជាពុហស្សូត ដែលឃើញ​ច្បាស់នូវ​លោកនេះ និងលោក​ខាងមុខ ព្រោះដឹងច្បាស់​នូវធម៌។

[៨៧៣] យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយា​ទាំងឡាយផង ញាតិ​ទាំងឡាយ​ផង និងជន​ដ៏វិសេស​ផង នេះជាកិច្ច​របស់អ្នក​ប្រាជ្ញ។

[៨៧៤] ព្រះសាស្តា ទ្រង់តា្រស់ថា ព្រះបាទរាមៈ មានព្រះសុរង្គ ដូចជា​រូបសំណាក​មាស មាន​ព្រះពាហុធំ បាន​សោយរាជ្យ​អស់ ១៦ ០០០ ឆ្នាំ។

ចប់ ទសរថជាតក ទី៧។

សំវរជាតក ទី៨

[៨៧៥] (ឧបោសថកុមារ បានពោលថា) បពិត្រមហារាជ ព្រះជនាធិបៈ (ជាព្រះបិតា) ប្រហែល​ទ្រង់ជ្រាប​នូវសីល​របស់ព្រះអង្គ​​ហើយ ​បាន​ជាព្រះអង្គ​បូជានូវ​ព្រះរាជកុមារ​ទាំងនេះ (ដោយ​ជនបទ​នោះ ៗ) មិនសំគាល់​នូវព្រះអង្គ​ ដោយ​ជនបទ​ណាមួយ​ឡើយ។

[៨៧៦] កាលដែលមហារាជ គង់ព្រះជន្មនៅ ឬកាល​ដែលព្រះអង្គ (ជាបិតា​របស់​ពួកយើង) ទិវង្គត​ហើយ ពួកញាតិ កាលឃើញ​សេចក្តី​ចំរើន​របស់ខ្លួន បាន​យល់​ព្រមឲ្យ​ព្រះអង្គ​ (សោយរាជ្យ)។

[៨៧៧] បពិត្រព្រះបាទសំវរៈ ព្រះអង្គ​ទ្រង់គ្រប​សង្កត់ (នូវបង ៩៩ ព្រះអង្គ) ដែលកើត​ជាមួយ តើដោយ​វត្តដូចម្តេច ឯពួកញាតិ​ដែលមក​ប្រជុំគ្នា​ហើយ ក៏មិន​គ្របសង្កត់​នូវព្រះអង្គ​ តើដោយ​វត្តដូចម្តេច។

[៨៧៨] (ព្រះបាទសំវរៈ….) បពិត្ររាជបុត្រ ខ្ញុំមិនច្រណែន ខ្ញុំថ្វាយ​បង្គំព្រះបាទ​ទាំងឡាយ របស់ពួក​សមណៈ ជាតាទិបុគ្គល បាន​នមស្ការ​ពួកសមណៈ​ទាំងនោះ​ដោយ​គោរព។

[៨៧៩] សមណៈទាំងនោះ ជាអ្នកត្រេកអរ​ក្នុងធម្មគុណ​របស់ឥសី បាន​ប្រៀន​ប្រដៅខ្ញុំ ឲ្យប្រកប​ក្នុងធម្មគុណ ឲ្យជាអ្នក​ត្រងត្រាប់ មិនច្រណែន។

[៨៨០] ខ្ញុំបានស្តាប់ពាក្យរបស់ពួកសមណៈ អ្នកស្វែង​រកនូវ​គុណនោះ​ហើយ មិនមើល​ងាយបន្តិច​បន្តួចសោះ ចិត្តរបស់ខ្ញុំ​ក៏ត្រេកអរ​ក្នុងធម៌ជានិច្ច។

[៨៨១] ពួកទាហានជិះដំរី ពួកទាហាន​ដែលឋិតនៅ​ក្នុងក្បួនទ័ព ពួកទាហាន​ជិះរថ ពួក​ពលថ្មើរជើង ខ្ញុំមិន​បន្ថយ​នូវបាយ និងថ្លៃឈ្នួល​ដែលពួក​ទាហាននោះ​ចាត់ចែង​ហើយ។

[៨៨២] ពួកមហាមាត្យ ពួកមន្ត្រី ពួកអ្នក​បម្រើរបស់ខ្ញុំមាន ពួកជនបាន​ចាត់​ចែងនូវ​សាច់ និងទឹកសុរា​ដ៏ច្រើន ក្នុងក្រុង​ពារាណសី។

[៨៨៣] មួយទៀត សូម្បីពួកពាណិជ ដែលមកអំពី​ដែនផ្សេង ៗ ក៏សម្បូណ៌ ខ្ញុំបាន​ចាត់ចែង​ការរក្សា ចំពោះពួក​ពាណិជ​ទាំងនោះ បពិត្រ​ឧបោសថ​ជាបង សូម​ព្រះបង ជ្រាបយ៉ាង​នេះចុះ។

[៨៨៤] (ឧបោសថកុមារ….) បពិត្រព្រះបាទសំវរៈ ឮថាព្រះអង្គ​ (គ្របសង្កត់​អានុភាព) របស់​ពួកញាតិ (បង ៩៩ ព្រះអង្គ) ដោយធម៌ សូមព្រះអង្គ​សោយរាជ្យ​ចុះ ព្រះអង្គ​ជាអ្នក​មានប្រាជ្ញា​ផង ជាបណ្ឌិត​ផង ទាំងជា​ប្រយោជន៍​ដល់ពួកញាតិផង។

[៨៨៥] ពួកសត្រូវ មិនអាចគ្របសង្កត់​ព្រះអង្គ​ ដែលពួក​ញាតិចោម​រោម​ហើយ ជាអ្នក​កុះករ​ដោយ​រតនវត្ថុ​ផ្សេង ៗ ដូចជា​សេ្តចអសុរ មិនអាច​គ្របសង្កត់​ព្រះឥន្ទ្រ ដូច្នោះដែរ។

ចប់ សំវរជាតក ទី៨។

សុប្បារកជាតក ទី៩

[៨៨៦] (ពួកពាណិជ បានពោលថា) មនុស្សទាំងឡាយ មានច្រមុះ​ដូចកាំបិតកោរ ងើបមុជ (ក្នុង​សមុទ្រនេះ) ពួកយើង សូមសួរ​លោកឈ្មោះ​សុប្បារកៈ សមុទ្រនេះ តើឈ្មោះ​អ្វី។

[៨៨៧] (ព្រះមហាសត្វ បានពោលថា) កាលសំពៅ​របស់ពួក​ពាណិជ អ្នកសែ្វង​រកទ្រព្យ​ចេញទៅ​អំពីកំពង់​ភរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា ខុរមាលី។

[៨៨៨] (ពួកពាណិជ បានពោលថា) សមុទ្រដែលប្រាកដ​ចំពោះ​មុខ ហាក់​ដូចជា​ភ្លើង និង​ព្រះអាទិត្យ ពួកយើង​សូមសួរ​លោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។

[៨៨៩] (ព្រះមហាសត្វ…) កាលសំពៅរបស់​ពួកពាណិជ អ្នកស្វែង​រកទ្រព្យ ចេញ​ទៅអំពី​កំពង់​ភរុកច្ឆៈ លឿនទៅកាន់​ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី។

[៨៩០] (ពួកពាណិជ…) សមុទ្រដែលប្រាកដ​ចំពោះមុខ ហាក់ដូច​ជាទឹកដោះជូរ​និងទឹកដោះ​ស្រស់ ពួកយើង​សូម​សួរលោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។

[៨៩១] (ព្រះមហាសត្វ…) កាលសំពៅ​របស់ពួកពាណិជ អ្នកស្វែង​រកទ្រព្យ ចេញ​ទៅអំពី​កំពង់​ភរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា ទធិមាលី។

[៨៩២] (ពួកពាណិជ….) សមុទ្រដែលប្រាកដ​ចំពោះមុខ ហាក់ដូច​ជាស្បូវភ្លាំង និង​សំទូង ពួកយើង​សូមសួរ​លោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។

[៨៩៣] (ព្រះមហាសត្វ….) កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅ​អំពីកំពង់​ភរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា កុសមាលី។

[៨៩៤] (ពួកពាណិជ….) សមុទ្រដែលប្រាកដ​ចំពោះ​មុខ ហាក់ដូច​ជាបបុស និងឫស្សី ពួកយើង​សូមសួរ​លោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។

[៨៩៥] (ព្រះមហាសត្វ…) កាលសំពៅពួក​ពាណិជ អ្នកស្វែងរកទ្រព្យ ចេញ​ទៅ​អំពីកំពង់​ភរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា នឡមាលី។

[៨៩៦] (ពួកពាណិជ…) សំឡេងរបស់អមនុស្ស គួរឲ្យ​ភ័យខ្លាំង គួរឲ្យ​ស្បើម ដែលពួក​យើង​បាន​ឮជាក់ សមុទ្រ​ដែលបា្រកដ​ចំពោះ​មុខ ហាក់ដូច​ជារណ្តៅ និងជ្រោះ ពួកយើង​សូមសួរ​លោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។

[៨៩៧] (ព្រះមហាសត្វ….) កាលសំពៅពួក​ពាណិជ អ្នកស្វែង​រកទ្រព្យ ចេញទៅ​អំពី​កំពង់​ភរុកច្ឆៈ លឿទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី។

[៨៩៨] (ព្រះមហាសត្វ ធ្វើសច្ចកិរិយាថា) តាំងពី​កាលដែល​ខ្ញុំរលឹក​ឃើញនូវខ្លួន តាំងពី​កាលដែល​ខ្ញុំដល់នូវ​ភាពជា​អ្នកដឹងក្តី ខ្ញុំមិន​ចេះក្លែង ដើម្បី​បៀតបៀន​សត្វ សូម្បី​តែមួយ​ឡើយ សូមឲ្យ​សំពៅ​ត្រឡប់ទៅ​កាន់ទី​មានសួស្តី ដោយ​ការពោល​ពាក្យសច្ចៈ​នេះចុះ។

ចប់ សុប្បារកជាតក ទី៩។

ឧទ្ទាននៃជាតកនោះ គឺ

និយាយអំពីដំរីដ៏ប្រសើរ ចិញ្ចឹមមាតា ១ ព្រះរាជាព្រះនាមជុណ្ហៈ ១ ធម្មទេវបុត្ត ១ ព្រះរាជា​ព្រះនាម​ឧទយៈ ១ ទឹកផឹក ១ ព្រះរាជា​ព្រះនាម​យុធព្ជា័យ ១ ព្រះរាជា​ព្រះនាម​ទសរថ ១ ព្រះរាជា​ព្រះនាម​សំវរៈ ១ សំពៅ​ត្រឡប់កាន់​ត្រើយ ១ ត្រូវជា ៩ ជាតក។

ចប់ ឯកាទសកនិបាត។

ទ្វាទសនិបាតជាតក

ចុល្លកុណាលជាតក ទី១

[៨៩៩] (សត្វតាវ៉ៅ បានពោលថា) បុរសដែល​មិនជាប់​ចំពាក់​ដោយទេវតា (ខ្មោច​មិនចូល) មិនគួរជឿ (នូវសីល និងវត្ត) របស់​ពួកស្ត្រី​ជាអ្នក​ឈ្លានពាន មានចិត្ត​រហ័ស មិនដឹង​នូវ​​ឧបការគុណ​ដែលគេធ្វើ​ហើយ ជាអ្នក​ប្រទូស្តមិត្រ​ទេ។

[៩០០] ស្ត្រីទាំងនោះ មិនដឹងនូវឧបការគុណ​ដែលគេធ្វើ​ហើយ​ដល់ខ្លួន មិន​ដឹង​ច្បាស់​នូវកិច្ច (ដែលខ្លួន​ត្រូវធ្វើ) មិនដឹងច្បាស់​នូវ​មាតាបិតា ឬបងប្អូន មិន​អៀនខ្មាស តែង​ប្រព្រឹត្ត​កន្លង​ច្បាប់​ជាធម្មតា លុះក្នុង​អំណាចនៃ​ចិត្តរបស់​ខ្លួន។

[៩០១] ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទី​ស្រឡាញ់ ជាទី​គាប់ចិត្ត សូម្បីនៅ​ជាមួយ​គ្នាអស់​កាលយូរ ជាអ្នក​អនុគ្រោះ​សូម្បីស្មើ​ដោយជីវិត ក្នុង​គ្រោះ​ថា្នក់​ទាំង​ឡាយ​ផង ក្នុងកិច្ចការ​ទាំងឡាយ​ផង ព្រោះ​ហេតុនោះ ខ្ញុំមិន​ស្និទ្ធស្នាល​នឹង​ស្ត្រីទាំងឡាយ​ឡើយ។

[៩០២] ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល​ដូចជា​សត្វស្វា ឬដូចជា​ម្លប់ឈើ ចិត្តរបស់​ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជា​ខ្នងកង់​កាលវិល​ទៅដូច្នោះ។

[៩០៣] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងឃើញ​ទ្រព្យ​របស់​បុរស មានសភាព​គួរយក​បាន​ ក៏នាំ​បុរស​នុ៎ះទៅ (កាន់អំណាច​ខ្លួន) ដោយសំដី​ដ៏ផ្អែមល្ហែម​ទាំងឡាយ ដូចជា​ពួកជន​អ្នកនៅ​ក្នុងដែន​កម្ពោជៈ កាលនាំ​សេះទៅ​កាន់អំណាច​ខ្លួន​ដោយស្លែ​ដូច្នោះ។

[៩០៤] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងមើល​មិនឃើញ​ទ្រព្យ​របស់បុរស មាន​សភាព​គួរយក​បាន​ទេ ក៏គេច​ចៀស​បុរសនុ៎ះ​ដោយជុំវិញ ដូចជា​បុគ្គល​អ្នកឆ្លង​ទៅដល់​ត្រើយស្ទឹង​ហើយ ក៏វៀរ​បង់នូវ​ក្បូនដូច្នោះ។

[៩០៥] ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀប​ដោយជ័រ ដូចជា​ភ្លើង​ដែលស៊ី​នូវវត្ថុ​គ្រប់យ៉ាង មានមាយា​ដ៏ក្លៀវក្លា ដូចជា​ស្ទឹងមាន​ខ្សែទឹក​ដ៏រហ័ស ព្រោះថា ស្ត្រីទាំង​នុ៎ះ តែងសេព​នូវបុរស​ជាទី​ស្រឡាញ់ និងមិន​ជាទី​ស្រឡាញ់ ដូចជាទូក​ដែល​អែបនូវ​ច្រាំងទាំង​ខាងអាយ ទាំងច្រាំង​ខាងនាយ​ដូច្នោះ។

[៩០៦] ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែន​របស់​បុរស​ពីរនាក់ទេ ដូច​ជា​រានផ្សារ ដែល​គេរៀប​ហើយ បុរសណា សំគាល់​នូវស្ត្រី​ទាំងនោះ ថាជា​របស់អញ បុរសនោះ គប្បីចង​ខ្យល់ដោយ​សំណាញ់​បាន។

[៩០៧] ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រី​ទាំងឡាយ​ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលា​របស់ស្ត្រី​ទាំងនោះ មិនមាន​ឡើយ។

[៩០៨] ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះ​ឆ្នាំងខ្លាញ់ ឧបមា​ដោយក្បាល​ពស់វែក ឬដូច​ជាពួក​គោស៊ីច្បិច​តែចុង​ស្មៅដ៏ប្រសើរ ៗ ខាងក្រៅ។

[៩០៩] នរជនគប្បីសង្រួមជានិច្ច ​ហើយគប់រកនូវ​ជន​ទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តច​ដែល​បាន​មុទ្ធាភិសេក​ហើយ ១ ពួកស្ត្រី​ទាំងអស់ ១ ភាវៈ​ទៀងទាត់​របស់​ជនទាំងនោះ គេស្គាល់​បាន​ដោយក្រ។

[៩១០] ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរ​សេពទេ ស្ត្រីជាទី​ស្រឡាញ់​នៃបុរស​ច្រើនគ្នា បុរស​មិនគួរ​សេពទេ ស្ត្រីប្រសប់​រាំច្រៀង បុរស​មិនគួរ​សេពទេ ស្ត្រីជា​ប្រពន្ធ​របស់​បុគ្គលដទៃ បុរស​មិនគួរ​សេពទេ ស្រ្តី (គប់រក​បុរស) ព្រោះហេតុ​តែទ្រព្យ បុរស​មិនគួរ​សេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរស​មិនគួរ​សេពឡើយ។

ចប់ ចុល្លកុណាលជាតក ទី១។

ភទ្ទសាលជាតក ទី២

[៩១១] (ព្រះរាជា ទ្រង់ត្រាស់ថា) អ្នកជាអ្វី ដែលមានសំពត់​ទាំងឡាយ​ដ៏ស្អាត បាន​ឋិតនៅ​លើ​អាកាសវេហាស៍ ទឹកភ្នែក​ទាំងឡាយ​របស់អ្នក​ហូរចេញ តើដោយ​ហេតុអ្វី ភ័យមក​ចំពោះអ្នក ព្រោះអ្វី។

[៩១២] (ទេវរាជ ត្រាស់ថា) បពិត្រព្រះសម្មតិទេព ជនទាំងឡាយ​ក្នុងដែន​របស់ព្រះអង្គ​ ស្គាល់ច្បាស់​នូវខ្ញុំថា ជា​ភទ្ទសាលព្រឹក កាលខ្ញុំ​ឋិតនៅ (ក្នុងឧទ្យាននេះ) អស់ ៦ ម៉ឺនឆ្នាំ ជន​ទាំងឡាយ បាន​បូជា​ហើយ។

[៩១៣] បពិត្រព្រះអង្គជាម្ចាស់ទិស (ព្រះរាជា​ទាំងឡាយ ពីដើមក្នុង​នគរនេះ) កាលឲ្យ​គេសាង​ទីក្រុង​ទាំងឡាយ​ផង ដំណាក់​ទាំងឡាយផង ប្រាសាទផ្សេង ៗ ផង មិនដែល​បៀត​បៀន​ខ្ញុំឡើយ ព្រះរាជា​ទាំងនោះ បូជាខ្ញុំ​យ៉ាងណា សូមព្រះអង្គ​បូជាខ្ញុំ យ៉ាងនោះដែរ។

[៩១៤] (ព្រះរាជា…) ខ្ញុំមិនធ្លាប់ឃើញអ្នក​ជាដើមឈើធំ ដោយ​កាយរបស់​អ្នកទេ អ្នកជា​ឈើមាន​ទ្រង់ទ្រាយ​ដ៏ល្អ​ដោយកំពស់ និងទំហំ និងកំណើត។

[៩១៥] ម្នាលយក្ខ ខ្ញុំនឹងឲ្យគេធ្វើប្រាសាទ​មានសសរតែមួយ ជាទី​រីករាយ​នៃចិត្ត ខ្ញុំ​នឹងនាំ​យកអ្នក​ចូលទៅក្នុង​ប្រាសាទនោះ ជីវិត​របស់អ្នក (នឹងមាន) អស់​កាលយូរ។

[៩១៦] (ទេវរាជ…) (បើ) ព្រះទ័យ (របស់ទ្រង់) កើតឡើង​យ៉ាងនេះ​ សេចក្តី​ព្រាត់ប្រាស (ចាក​ភទ្ទសាលព្រឹក្ស) ជាសរីរៈ (របស់ខ្ញុំ​នឹងមាន​ប្រាកដ) (កាលបើ​យ៉ាងនេះ) សូមព្រះអង្គ​ កាត់ខ្ញុំ​ជាច្រើន​កំណាត់ កាត់ជា​កំណាត់​តូចធំចុះ។

[៩១៧] តែសូមព្រះអង្គកាត់ត្រង់ចុង និងកណ្តាល (មុន) រួចកាត់​ត្រង់គល់​ ក្នុង​កាលជា​ខាងក្រោយ កាលបើ​ខ្ញុំត្រូវព្រះអង្គ​កាត់យ៉ាងនេះ សេចក្តី​ស្លាប់ មិនគប្បី​ជាទុក្ខទេ។

[៩១៨] (ព្រះរាជា…) ដូចយ៉ាងបុគ្គលកាត់ដៃ និងជើងផង ត្រចៀក និងច្រមុះ​ផង ឲ្យ​ស្លាប់​បាត់ជីវិត តពីនោះ គេកាត់​នូវក្បាល​ក្នុងកាល​ខាងក្រោយ សេចក្តី​ស្លាប់នោះ ក៏ជា​ទុក្ខ​ដែរ។

[៩១៩] ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ ការកាត់​ជាកំណាត់​ស្រួល​ឬ ព្រោះហេតុអ្វី ប្រារព្ធ​ហេតុអ្វី បាន​ជាអ្នកចង់​ឲ្យគេកាត់​ជាកំណាត់។

[៩២០] (ទេវរាជ…) បពិត្រមហារាជ ខ្ញុំចង់ឲ្យគេកាត់ជា​កំណាត់ ព្រោះ​អាស្រ័យ​ហេតុ​ដែល​ប្រកប​ដោយ​ហេតុណា សូមព្រះអង្គ​ទ្រង់ស្តាប់​នូវហេតុនោះ​របស់ខ្ញុំចុះ។

[៩២១] ពួកឈើជាញាតិរបស់ខ្ញុំ ចំរើនដុះដាល​ដោយ​សេចក្តីសុខ កើតក្នុង​ទីមិនមាន​ខ្យល់ នៅជិត​ខាងខ្ញុំ (កាលបើ​ទ្រង់កាប់​រំលំខ្ញុំ) ខ្ញុំមុខ​ជានឹងរលំ​សង្កត់ពួកឈើ​ជា​ញាតិនោះ សេចក្តី​ទុក្ខនឹង​កើតមាន​ដល់ពួក​ឈើជា​ញាតិដទៃ​ទៀត។

[៩២២] (ព្រះរាជា….) ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់​នៃព្រៃ អ្នកគិត​នូវហេតុ​ដែលមាន​សភាព​គួរគិត អ្នកជា​ឈើប្រាថ្នា​នូវប្រយោជន៍​ដល់ពួក​ឈើជាញាតិ ម្នាល​សំឡាញ់ ខ្ញុំឲ្យ​អភ័យ​ដល់អ្នក។

ចប់ ភទ្ទសាលជាតក ទី២។

សមុទ្ទវាណិជជាតក ទី៣

[៩២៣] (ព្រះសាសា្ត ទ្រង់សំដែងនូវឧទានរបស់បុរសម្នាក់ថា) ពួកមនុស្ស​ជន (ក្នុង​ជម្ពូទ្វីប) ទាំងនោះ អាស្រ័យ​ចិញ្ចឹមជីវិត​ដោយ​ផលនៃ​ការងារ រមែង​សាបព្រោះ ក៏មិនបាន​មួយ​ចំណែក​នៃកោះ​នេះឡើយ ឯកោះ​របស់យើង​នេះ ប្រសើរ​ជាង​ជម្ពូទ្វីប។

[៩២៤] (ធម្មិកទេវបុត្រ បានពោលថា) កាលបើព្រះចន្ទ ដើរដល់រាត្រី ១៥ កើត សន្ទុះ​នៃ​សាគរដ៏ធំ នឹងជោរ​លិចកោះដ៏​ថ្កុំថ្កើងនេះ សន្ទុះ​នៃសាគរ​នោះ កុំសម្លាប់​អ្នក​ទាំងឡាយ​ឡើយ អ្នក​ទាំងឡាយ ចូរទៅ​រកទី​ជ្រកកោន​ដទៃចុះ។

[៩២៥] (អធម្មិកទេវបុត្រ បានពោលថា) សន្ទុះនៃទឹក​ក្នុងសាគរនេះ មិនមែន​ជោរ​លិច​កោះ​ដ៏ថ្កុំថ្កើង​នេះទេ ដំណើរនោះ យើងឃើញ​ដោយ​និមិត្តដ៏​ច្រើន អ្នក​ទាំងឡាយ​កុំខ្លាច​សោយសោក ព្រោះហេតុ​អ្វី ចូររីករាយ​ចុះ។

[៩២៦] អ្នកទាំងឡាយ បានដល់លំនៅដ៏ថ្កុំថ្កើង​នេះ ជាកន្លែង​មានចំណី​ដ៏ច្រើន មានបាយ និងទឹក​ដ៏ច្រើន យើងមិន​ឃើញភ័យ​បន្តិចបន្តួច​នៃអ្នកទាំង​ឡាយឡើយ អ្នក​ទាំងឡាយ ចូររីករាយ​ជាមួយ​នឹងកូន និងចៅ​ទាំងឡាយ​ចុះ។

[៩២៧] ជាងឈើជាមនុស្សពាល បានពោលថា ទេវតាណា​ឋិតក្នុង​ទិសខាងត្បូង និយាយ​ប្រាប់​សេចក្តី​ក្សេម ពាក្យរបស់​ទេវតា​នោះពិត ទេវតាដែល​ឋិតក្នុង​ទិសខាង​ជើង មិនដឹង​នូវហេតុ​ដែលគួរខ្លាច និងមិន​គួរខ្លាចទេ អ្នកទាំងឡាយ កុំខ្លាច​ឡើយ សោយសោក​ធ្វើអ្វី ចូរនាំគ្នា​រីករាយចុះ។

[៩២៨] (ជាងឈើជាបណ្ឌិត បានពោលថា) យក្ខទាំងនេះ ពោល​ខុសគ្នា យក្ខ​ម្នាក់​ប្រាប់នូវ​ភ័យ យក្ខម្នាក់​ប្រាប់នូវ​សេចក្តីក្សេម ណ្ហើយចុះ អ្នកទាំងឡាយ​ចូរស្តាប់​នូវពាក្យ​របស់​យើងចុះ យើងទាំង​អស់គ្នា កុំវិនាស​ឆាប់រួសរាន់​ឡើយ។

[៩២៩] យើងទាំងអស់គ្នា ចូរប្រជុំគ្នា​ធ្វើទូក គឺទូក​កំរោលមាំ ប្រកប​ដោយយន្ត​គ្រប់យ៉ាង បើទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូងនេះ​និយាយពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង​និយាយ​ប្រាប់នេះ មិនពិត​ឡើយ។

[៩៣០] ទូករបស់យើងនោះ នឹងមាន​ប្រយោជន៍​ដល់​សេចក្តី​អន្តរាយ (ដែលកើត​ខាងក្រោយ) ពួកយើង​មិនលះបង់​នូវកោះ​នេះទេ បើទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង និយាយ​ពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូងនេះ និយាយ​មិនពិតទេ។

[៩៣១] យើងទាំងអស់គ្នា ឡើងជិះទូក​នោះឯង ហើយគប្បី​ឆ្លងទៅ​រកត្រើយ​ខាងនាយ ដោយ​សួស្តីយ៉ាងនេះ បុគ្គល​មិនគប្បី​ជឿដោយ​ងាយថា ពាក្យ​ដែលបុគ្គលទី ១ ពោល​ហើយ ជាពាក្យ​ប្រសើរ​ដូច្នេះទេ នរជនណា ក្នុង​លោកនេះ កាន់យក​នូវពាក្យ​នៃបុគ្គល​ទី ២ ដែល​ដល់នូវ​គន្លងនៃ​ត្រចៀក ហើយ​ពិចារណា (នូវពាក្យ​ខាងដើម​ និងពាក្យ​ខាង​ចុង) ​ហើយជឿ​នូវពាក្យ​ជាកណ្តាល នរជននោះ រមែង​ដល់នូវទី​ដ៏ប្រសើរ។

[៩៣២] (អភិសម្ពុទ្ធគាថា) ពាណិជទាំងនោះ បាន​ទៅដោយ​សួស្តី ក្នុងកណ្តាល​នៃទឹក​សមុទ្រ ដោយកម្ម​របស់ខ្លួន យ៉ាងណាមិញ កុលបុត្រ​មានបា្រជ្ញា​ដូចផែនដី បាន​ដឹងច្បាស់​នូវ​ប្រយោជន៍ ជាអនាគត ​ហើយមិន​ប្រព្រឹត្ត​កន្លងនូវ​ប្រយោជន៍ (របស់​ខ្លួន) សូម្បី​តិច ក៏យ៉ាង​នោះដែរ។

[៩៣៣] ពួកជនពាលដែលជាប់ក្នុងរស​ដោយមោហៈ មិនបាន​ដឹងច្បាស់នូវ​ប្រយោជន៍​ជា​អនាគត ក៏លិច​ចុះក្នុង​ប្រយោជន៍​ជាបច្ចុប្បន្ន ដូចជា​មនុស្ស​ទាំងនោះ (ដល់​នូវសេចក្តី​វិនាស) ក្នុង​កណ្តាល​សមុទ្រ។

[៩៣៤] បុគ្គលគប្បីគ្រោងទុកនូវកិច្ចជាអនាគត (ដោយ​បំណងថា) កិច្ច​កុំបៀតបៀន​អញ ក្នុងកាល​ដែលមាន​កិច្ចឡើយ ឯកិច្ចនោះ មិនបាន​បៀតបៀន​នូវបុគ្គល​នោះ ជាអ្នក​ធ្វើកិច្ច​ដែលខ្លួន​បាន​គ្រោងទុក​ហើយ បា្រកដ​ដូច្នោះ ក្នុងកាល​ជាទី​ធ្វើកិច្ច។

ចប់ សមុទ្ទវាណិជជាតក ទី៣។

កាមជាតក ទី៤

[៩៣៥] (ព្រះមហាសត្វ បានពោលថា) កាលបុគ្គល​បា្រថ្នានូវកាម បើកាម​នោះ​សម្រេច​ដល់​បុគ្គល​នោះ សត្វប្រាថ្នា​កាមណា បាន​ហើយ រមែង​ជាអ្នក​មានចិត្ត​រីករាយ​ក្នុងវត្ថុនោះ ដោយ​ពិត។

[៩៣៦] កាលបុគ្គលប្រាថ្នាកាម បើកាមនោះ​សម្រេចដល់​បុគ្គលនោះ បុគ្គលនោះ រមែង​បាន​នូវចំណង់​ដទៃជាង​នោះទៅ​ទៀត ដូចជា (បុគ្គល​ហត់នឿយ) បាន​នូវចំណង់ (ស្រេក) ក្នុង​រដូវក្តៅ។

[៩៣៧] កាលគោជាសត្វមានស្នែង កំពុងចំរើន ស្នែងរមែង​ចំរើនដែរ យ៉ាងណា កាល​សត្វអ្នក​មាន​បញ្ញាទន់ ល្ងង់ខ្លៅ មិនដឹងអ្វី កំពុងចំរើន តណ្ហា ​និងសេចក្តី​ស្រេក​ឃ្លាន រមែង​រឹងរឹត​ចំរើនឡើង​យ៉ាងនោះដែរ។

[៩៣៨] ប្រសិនបើ (មាណពនោះ) ឲ្យស្រែស្រូវខ្សាយ ឲ្យស្រែស្រូវ​ដំណើប ឲ្យគោ សេះ និង​បុរស​ជាខ្ញុំប្រុស លើផែនដី (ដល់បុគ្គល​ណាមួយ វត្ថុទាំង​ប៉ុណ្ណេះនេះ) ក៏មិន​ល្មមដល់​បុគ្គល​ម្នាក់ឡើយ បុរស​ដឹងយ៉ាងនេះ​ហើយ គប្បីប្រព្រឹត្ត​ឲ្យស្មើ។

[៩៣៩] សេ្តចកំហែងច្បាំងឈ្នះនូវផែនដី ​ហើយគ្រប់គ្រង​ផែនដី មានសាគរ​ជាទីបំផុត មាន​សភាព​ជាអ្នក​មិនឆ្អែត​នឹងត្រើយ​សមុទ្រ​ខាងអាយ ក៏ចង់បាន​នូវត្រើយ​សមុទ្រ​ខាង​នាយទៀត។

[៩៤០] បុរសកាលនឹកស្រណោះនូវកាម​ទាំងឡាយ ដោយចិត្ត (ដរាបណា) ក៏មិន​ដល់នូវ​សេចក្តីឆ្អែត​ដរាបនោះ ពួកសត្វ​ណាត្រឡប់​ចិត្តចេញ គេចខ្លួន​ថយ​អំពីកាមនោះ ​ហើយ​ឃើញ (ទោសកាម ដោយញាណ) ជាអ្នកឆ្អែត​ដោយបា្រជ្ញា ពួក​សត្វនោះ ទើប​ឈ្មោះថា ឆ្អែត​ពិតមែន។

[៩៤១] បុរសនោះ មិនក្តៅក្រហាយ​ដោយកាម​ទាំងឡាយ (នេះ) ជាអំពើ​ដ៏ប្រសើរ របស់​ពួកជន​អ្នកឆ្អែត​ដោយប្រាជ្ញា តណ្ហា​មិនធ្វើបុរស​ដែលឆ្អែត​ដោយប្រាជ្ញា ឲ្យ​លុះក្នុង​អំណាច​បាន​ទើ្បយ។

[៩៤២] សូមព្រះអង្គកំចាត់បង់នូវកាមទាំង​ឡាយ​ចេញ បុរសអ្នក​មានប្រាជ្ញា​ប៉ុនសមុទ្រ អ្នក​មានសេចក្តី​ប្រាថ្នាតិច អ្នកមិន​លោភលន់ បុរសនោះ រមែង​មិន​ក្តៅ​ក្រហាយ​ដោយ​កាម​ទាំងឡាយ។

[៩៤៣] បុគ្គលលះបង់នូវចំណែកនៃកាមទាំងឡាយ​ណា ៗ សេចក្តី​សុខក៏​សម្រេច (ដល់​បុគ្គលនោះ) ព្រោះចំណៃក​នៃកាម​ទាំងឡាយ​នោះ ៗ ដូចជាង​ស្បែក កាលកាត់​ស្បែកជើង (តែងចៀរ​នូវចំនៀរ) នៃស្បែក​ចោល (ក៏បាន​នូវថ្លៃ​ស្បែកជើង ឈ្មោះ​ថា ជាអ្នក​បាន​សេចក្តីសុខ) បើបុគ្គល​ប្រាថ្នានូវ​សេចក្តីសុខ​គ្រប់យ៉ាង ត្រូវលះកាម​ទាំងអស់​ចេញ។

[៩៤៤] (ព្រះរាជា ទ្រង់ត្រាស់ថា) គាថាទាំងអស់ ៨ ដែលអ្នក​ពោល​ហើយ គួរដល់​ថ្លៃ ១.០០០ កហាបណៈ ម្នាល​មហាព្រហ្ម អ្នកចូរ​ទទួលយក (នូវ​កហាបណៈ​ទាំងនេះ) ចុះ ភាសិត​របស់អ្នក​នេះ ប្រពៃណាស់។

[៩៤៥] (ព្រះមហាសត្វ…) ខ្ញុំព្រះអង្គមិនត្រូវការ​ដោយកហាបណៈ​ទាំងរយ ទាំងពាន់ ទាំង​ហ្មឺនទេ កាលដែល​ខ្ញុំព្រះអង្គ​កំពុង​ពោលគាថា​ខាងចុង ចិត្តរបស់​ខ្ញុំព្រះអង្គ​ មិន​ត្រេកអរ​ក្នុងកាម​ឡើយ។

[៩៤៦] (ព្រះរាជា….) អ្នកប្រាជ្ញណា កំណត់ដឹង​នូវតណ្ហា​ដែលញុំាង​សេចក្តី​ទុក្ខឲ្យ​កើតឡើង អ្នកប្រាជ្ញនោះ គឺមាណព​ដ៏ចំរើន ដែលជាអ្នក​ដឹងនូវលោក​ទាំងមូលនេះ​ទេតើ។

ចប់ កាមជាតក ទី៤។

ជនសន្ធជាតក ទី៥

[៩៤៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រះបាទ​ជនសន្ធៈ ទ្រង់មាន​ព្រះឱង្ការ​ថា បុគ្គល​ណា មិនបាន​ធ្វើហេតុ​ទាំង ១០ នេះ ទុកជា​មុនទេ បុគ្គលនោះ តែងក្តៅ​ក្រហាយ ក្នុងកាល​ជាខាង​ក្រោយ។

[៩៤៨] បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបាន​ឲ្យកើត​ឡើង​ក្នុងកាល​មុន រមែង​ក្តៅ​ក្រហាយ តែងក្តៅ​ក្រហាយ​រឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អាត្មាអញ​មិនបាន​ស្វែង​រកទ្រព្យ​ទុកក្នុងកាល​មុន។

[៩៤៩] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា សិល្បៈ ជាគុណ​មាន​សភាព​អង់អាច អាត្មាអញ​មិនបាន​រៀនទុក​ក្នុងកាលមុន ការចិញ្ចឹម​ជីវិត​នៃបុគ្គល​អ្នកមិន​មានសិល្បៈ លំបាក។

[៩៥០] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា កាលពីដើម អាត្មាអញ​ជាអ្នក​ប៉ិនប្រសប់​ក្នុងអំពើ​កោងផង ជាអ្នក​ញុះញង់​ផង ស៊ីសាច់​ខ្នងគេ គឺស៊ី​សំណូក​ផង ជាអ្នក​កាចផង អាក្រក់ផង។

[៩៥១] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា កាលពីដើម អាត្មាអញ​ជាអ្នក​សំឡាប់​សត្វផង កាច​អាក្រក់ផង ជាអ្នក​មិនប្រសើរ​ផង មិន​កោត​ក្រែង​ចំពោះពួក​សត្វផង។

[៩៥២] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អើហ្ន៎ កាល​ដែលពួក​ស្ត្រីមានច្រើន​គរគោក ជាស្ត្រី​មិនមាន​អន្តរាយ (មិនមាន​គេកាន់​កាប់សោះ) អាត្មាអញ​សេព​នឹង​ប្រពន្ធគេ។

[៩៥៣] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អើហ្ន៎ កាលពី​ដើម អាត្មាអញ​មានបាយ និងទឹក​ច្រើន​គរគោក តែមិន​បាន​ឲ្យទានសោះ។

[៩៥៤] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាង​ក្រោយថា កាល​អាត្មាអញ មាន​ទ្រព្យ​ច្រើន មិនបាន​ចិញ្ចឹម​មាតា និងបិតា​ដែលចាស់ មានវ័យកន្លង​ហើយ។

[៩៥៥] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាង​ក្រោយថា អាត្មាអញ បាន​មើល​ងាយ​បិតា ដែលជា​អាចារ្យ អ្នកប្រៀន​ប្រដៅ ជាអ្នក​នាំមក​នូវរសគ្រប់​យ៉ាង។

[៩៥៦] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា ក្នុងកាលមុន អាត្មាអញ​មិនបាន​ចូលទៅ​ជិតពួក​សមណៈ និងព្រាហ្មណ៍ អ្នកមាន​សីល ជា​ពហុស្សូត​ឡើយ។

[៩៥៧] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា តបៈ គឺ​សុចរិតធម៌ ដែល​គេសន្សំ​ហើយ​ផង បុគ្គល​អ្នកស្ងប់​ដែលគេ​ចូលទៅ​អង្គុយជិត​ផង ជាការ​ប្រពៃ តបៈ (មាន​សភាព​យ៉ាងនេះ) អាត្មាអញ មិនបាន​សន្សំ​ហើយ ក្នុង​កាលពីដើម។

[៩៥៨] ចំណែកខាងបុគ្គលណា កាលធ្វើកិច្ចរបស់បុរស​ទាំងឡាយ ​ហើយ​ប្រតិបត្តិ​នូវហេតុ​ទាំងនេះ​ដោយ​យោបល់ បុគ្គលនោះ រមែង​មិនក្តៅ​ក្រហាយ​រឿយ ៗ ក្នុង​កាលជា​ខាងក្រោយ​ឡើយ។

ចប់ ជនសន្ធជាតក ទី៥។

មហាកណ្ហជាតក ទី៦

[៩៥៩] (ព្រះរាជា ត្រាស់សួរថា) ម្នាលអ្នកមានព្យាយាម ឆ្កែរបស់អ្នក​ខ្មៅណាស់ គួរ​ស្បើម មានចង្កូម​សស្ងាច អ្នកចង​ដោយខ្សែ ៥ តើវា​មាន​ប្រយោជន៍​អ្វីដល់អ្នក។

[៩៦០] (សក្កទេវរាជ ពោលថា) បពិត្រព្រះបាទ​ឧសិន្នរៈ ឆ្កែនេះ មិនមក​ដើម្បី​ប្រយោជន៍​ដល់ពួក​ម្រឹគទេ ឆ្កែខ្មៅ​បំផ្លិចបំផ្លាញ​នូវពួក​មនុស្ស​ក្នុងកាលណា នឹង​របូតទៅ (អំពី​ដៃខ្ញុំ) ក្នុងកាល​នោះ។

[៩៦១] ពួកសមណៈត្រងោល មានបាត្រក្នុងដៃ ឃ្លុំសង្ឃាដិ និងភ្ជួររាស់​ដោយនង្គ័ល​ទាំង​ឡាយ (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវសមណៈ​ទាំងនោះ) ក្នុង​កាល​នោះ។

[៩៦២] ពួកភិក្ខុនី មានតបៈ ជាអ្នកបួស​ត្រងោល ឃ្លុំសង្ឃាដិ នឹងទៅ (បរិភោគកាម) ក្នុង​លោក​ក្នុងកាល​ណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវនាង​ភិក្ខុនី​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៣] ពួកជដិល មានបបូរមាត់ខាង​លើវែង មានធ្មេញ​ប្រកប​ដោយមន្ទិល មាន​ធូលី​លើក្បាល នឹងទៅ​ទារបំណុល (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ីនូវ​ជដិល​ទាំងនោះ) ក្នុងកាល​នោះ។

[៩៦៤] ពួកព្រាហ្មណ៍ បានរៀនវេទទាំងឡាយ​ផង សាវិត្តិសាស្រ្ត​ផង យញ្ញសូត្រ ក្នុង​សាវិត្តិសាស្រ្ត​នោះផង នឹងបូជា​ដើម្បី​ថ្លៃឈ្នួល (ក្នុងកាល​ណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​ព្រាហ្មណ៍​ទាំងនោះ) ក្នុង​កាលនោះ។

[៩៦៥] ពួកជនអ្នកមានទ្រព្យច្រើន នឹងមិនចិញ្ចឹម​មាតាបិតា​ដែលជរា មាន​វ័យ​កន្លង​ហើយ (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​អ្នក​មានទ្រព្យ​ទាំងនោះ) ក្នុង​កាលនេះ។

[៩៦៦] ពួកជននឹងនិយាយទៅកាន់មាតាបិតា​ដែលជរា មានវ័យកន្លង​ហើយថា អ្នក​ទាំងឡាយ ជាមនុស្ស​ពាលដូច្នេះ (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវជន​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៧] ពួកជនប្រព្រឹត្ត (សេវនកិច្ច) នឹងភរិយា​របស់អាចារ្យ ភរិយា​របស់​សំឡាញ់ មា្តយធំ ម្តាយមីង​ខាងម្តាយ ​ម្តាយធំ ម្តាយមីង​ខាងឪពុក ក្នុងលោក ក្នុងកាលណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៨] ពួកព្រាហ្មណ៍កាន់ដាវ និងខែល ងាព្រះខាន់ ធ្វើនូវ​ការសំឡាប់​នូវអ្នក​ដើរផ្លូវ ក្នុង​កាលណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវពួក​ព្រាហ្មណ៍​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៩] ពួកបុរសមានស្បែកសម្បុរថ្ងៃសស្អាត មានដើម​ដៃថ្លោស មានអាជីវៈ​មិន​ប្រាកដ មាន​ពំនៀរ​នឹងស្ត្រី​មេម៉ាយ នឹងធ្វើ​នូវការ​បំបែកមិត្រ [ពួកអ្នកលេង​តែងខ្លួន​មិនរកស៊ី​អ្វី យកស្ត្រី​មេម៉ាយ​អ្នកមានទ្រព្យ ចាយទ្រព្យ​អស់ហើយ រករឿង​បំបែក​លែងស្ត្រី​នោះចោល ទៅរក​ស្ត្រីមេម៉ាយ​ស្តុកដទៃទៀត។ តាមន័យ​ក្នុង​អដ្ឋកថា។] (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​បុរសនោះ) ក្នុង​កាលនោះ។

[៩៧០] ពួកជនអ្នកមានមាយា ជាអ្នកបោកប្រាស់ មានគំនិត​ជាអសប្បុរស នឹងមាន​ក្នុងលោក (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​មានមាយា​ទាំងនោះ) ក្នុង​កាល​នោះ។

ចប់ មហាកណ្ហជាតក ទី៦។

កោសិយជាតក ទី៧

[៩៧១] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនទិញ មិនលក់ទេ ម្យ៉ាងទៀត ការសន្សំ (នូវទ្រព្យ) របស់ខ្ញុំ ក៏មិនមាន​ក្នុងទីនេះដែរ បាយនេះ​តិច មានសភាព​ក្រក្រៃពេក បាយអង្ករ ១ កំបង់​នេះ មិនល្មម​ដល់ជន​ពីរនាក់ទេ។

[៩៧២] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុ​តិច អំពីវត្ថុតិច គប្បីឲ្យ​វត្ថុ​ពាក់​កណ្តាល អំពីវត្ថុ​ពាក់កណ្តាល គប្បីឲ្យ​វត្ថុច្រើន អំពី​វត្ថុច្រើន ការមិនឲ្យ មិន​កើតទេ។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៣] (ចន្ទទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ បរិភោគ​ភោជន​តែ​ម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា ឥតអំពើផង ការ​ព្យាយាម​ញុំាង​ទ្រព្យឲ្យ​កើតរបស់​បុគ្គល​នោះ ឈ្មោះថា ឥត​អំពើផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរឲ្យ​ទានទាំង​ឡាយផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៤] (សុរិយទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ មិន​បរិភោគ​ភោជន​តែម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា សច្ចៈផង ការ​ព្យាយាម​ញុំាងទ្រព្យ​ឲ្យកើត របស់បុគ្គល​នោះ ឈ្មោះថា សច្ចៈផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គល​ស៊ីម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៥] (មាតលិទេវបុត្រ ពោលថា) បុរស (ចូលទៅរក) ស្រះ ហើយបូជា​ក្នុងទនេ្លផង ក្នុង​ស្រះបោក្ខរណីផង ក្នុងកំពង់​ឈ្មោះ​ទោណៈផង ក្នុងកំពង់​ឈ្មោះ​តិម្ពរុ​ផង ក្នុងស្ទឹង​ធំមានខ្សែទឹក​ដ៏រហ័ស​ផង។ បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ មិន​បរិភោគ​ភោជន​តែម្នាក់​ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា ​មានក្នុង​ទីនោះផង ការ​ព្យាយាម​ញុំាង​ទ្រព្យឲ្យកើត របស់​បុគ្គល​នោះ ឈ្មោះថា មានក្នុង​ទីនោះផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គផង បុគ្គល​ស៊ីមា្នក់ឯង មិន​បាន​សេចក្តី​សុខទេ។

[៩៧៦] (បព្ចាសិខទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ បរិភោគ​ភោជន​តែម្នាក់ឯង បុគ្គលនោះ ឈ្មោះថា លេប​នូវ​សន្ទូច​មានខ្សែវែង ព្រម​ទាំង​រនង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៧] (កោសិយសេដ្ឋី…) ឱហ្ន៎ ព្រាហ្មណ៍ទាំងនេះ មានវណ្ណៈ​ដ៏លើសលុប ទាំង​ឆ្កែរបស់​ពួកគាត់នេះ ក៏បញ្ចេញ​នូវពន្លឺ​នៃវណ្ណៈ​ផ្សេង ៗ តើព្រោះ​ហេតុអ្វី ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​ទាំងឡាយ ចូរប្រាប់​ដល់យើងចុះ តើពួក​អ្នកជាអ្វី។

[៩៧៨] (សក្កទេវរាជ…) ទេវបុត្រទាំងពីរអង្គ គឺ​ចន្ទទេវបុត្រ ១ សុរិយទេវបុត្រ ១ មកក្នុង​ទីនេះ ឯទេវបុត្រ​នេះ ឈ្មោះ​មាតលិ ជាសារថី​របស់ទេវតា យើង​ឈ្មោះសក្កៈ ជាធំជាង​ពួកទេវតា​ជាន់​ត្រៃត្រិង្ស ឯទេវបុត្រ​នេះ គេហៅថា បព្ចាសិខៈ។

[៩៧៩] សំឡេងទះដៃទាំងឡាយផង សម្ភោរតូចទាំងឡាយ​ផង សម្ភោរធំ និងស្គរធំ​ទាំង​ឡាយផង រមែង​ញុំាង​បព្ចាសិខ​ទេវបុត្រ​នេះ ដែលដេក​លក់ ឲ្យភ្ញាក់ឡើង ឯ​បព្ចាសិខ​ទេវបុត្រ​នេះ លុះភ្ញាក់​ហើយក៏​ត្រេកអរ។

[៩៨០] ពួកជនណានីមួយ ជាអ្នកកំណាញ់​ស្វិតស្វាញ ប្រទេច​ផ្តាសា​នូវសមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ លុះទំលាក់​ចោលនូវ​រាងកាយ គឺសរីរៈ ក្នុងលោក​នេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅ​កាន់នរក។

[៩៨១] ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅ​ក្នុងធម៌ ក្នុងសេចក្តី​សង្រួម ក្នុងការ​ចែករំលែក លុះទំលាក់​ចោលរាងកាយ គឺសរីរៈ ក្នុងលោក​នេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅកាន់​សុគតិ។

[៩៨២] អ្នកជាញាតិរបស់ពួកយើងក្នុងជាតិមុន អ្នកនោះ ឈ្មោះ​កោសិយៈ ជាអ្នក​មានសេចក្តី​កំណាញ់ មានធម៌​ដ៏លាមក ពួកយើង​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់អ្នក (ដោយ​គិតថា) កុំឲ្យអ្នក​មានធម៌​ដ៏លាមក ទៅកាន់​នរកឡើយ។

[៩៨៣] (កោសិយសេដ្ឋី…) ពួកលោកឈ្មោះថា ប្រាថ្នានូវ​ប្រយោជន៍​ដល់ខ្ញុំ​ដោយពិត ព្រោះពួក​លោកបាន​ប្រៀនប្រដៅ​ខ្ញុំ ខ្ញុំនោះនឹង​ធ្វើតាម​ពាក្យទាំងអស់​ដែល​ពួក​លោកជា​អ្នកប្រាថ្នា​នូវប្រយោជន៍ បាន​ពោល (រំលឹក) ហើយ ដោយ​បការៈដូច្នោះ។ ខ្ញុំនេះ​នឹងវៀរលែង (ចាក​សេចក្តី​កំណាញ់) នេះឯង ខ្ញុំនឹង​ឈប់ធ្វើ​បាបតិចតួច​ហើយ ទាំងវត្ថុ​តិចតួច​ដែលខ្ញុំ​មិនគប្បីឲ្យ មិនមាន ខ្ញុំបើ​មិនបាន​ឲ្យទានទឹក នឹងមិន​ផឹកឡើយ។ បពិត្រ​វាសវៈ កាលបើ​ខ្ញុំឲ្យទាន អស់កាល​ទាំងពួង​យ៉ាងនេះ ភោគៈ​ទាំងឡាយ​ ក្នុងទី​នេះនឹង​អស់ទៅ បពិត្រ​សក្កៈ តពី​នោះទៅ ខ្ញុំនឹង​លះបង់​កាម​ទាំងឡាយ តាម​សមគួរ​ដល់ចំណែក ​ហើយ​នឹងបួស។

ចប់ កោសិយជាតក ទី៧។

មេណ្ឌកប្បញ្ហាជាតក ទី៨

[៩៨៤] (ព្រះបាទវិទេហរាស្រ្ត ទ្រង់ត្រាស់សួរពួក​អ្នកប្រាជ្ញ​ថា) តាំងពី​កាលណា​មកក្នុង​លោកនេះ មិនធ្លាប់​មានពួក​សត្វណា​មានជើង ៧ [ពពែ និងឆ្កែ សត្វទាំងពីរ​នេះ មានជើងបួន ៗ តែឆ្កែ​ខូចជើង​មួយ។] យកគ្នា​ជាសំឡាញ់​ឡើយ សត្វទាំង​ពីរនោះ ជាសត្រូវ​នឹងគ្នាទេ (តែឥឡូវ) ត្រឡប់​ជាយក​គា្ន​ធ្វើជា​សំឡាញ់ ប្រព្រឹត្ត​រាប់អានគ្នា តើ​ព្រោះហេតុ​ដូចម្តេច។

[៩៨៥] ប្រសិនបើអ្នកទាំងឡាយ មិនអាចដោះប្រស្នា​យើងនុ៎ះ ក្នុងពេល​បាយព្រឹក ក្នុង​ថ្ងៃនេះ​បាន​ទេ យើងនឹង​បំបរបង់​អ្នកទាំង​អស់គ្នា​អំពីដែន ព្រោះយើង​មិនត្រូវការ​នឹង​ពួកមនុស្ស​ឥតប្រាជ្ញា​ឡើយ។

[៩៨៦] (អាចារ្យសេនកៈ បែរមើលទៅពោធិសត្វ ហើយក្រាប​ទូលព្រះបាទ​វិទេហរាស្រ្ត​ថា) កាលបើ​មានការ​ប្រជុំនៃ​មហាជន គគ្រឹក​គគ្រេង កាលបើ​មានការ​ជួបជុំ​រជើបរជួល​នៃជន កើតឡើង​ហើយ (យ៉ាងនេះ) យើងខ្ញុំ​មានចិត្ត​រវើរវាយ មាន​ចិត្តមិន​នឹងនៅ​ក្នុង​អារម្មណ៍​តែមួយ មិនអាច​ឆ្លើយប្រស្នា​នុ៎ះ​បាន​ទេ។

[៩៨៧] បពិត្រព្រះបាទជនិន្រ្ទាធិរាជ អ្នកប្រាជ្ញទាំងឡាយ ម្នាក់ ៗ មានចិត្ត​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ ទៅក្នុងទីស្ងាត់​ហើយ គិតនូវ​សេចក្តី​ទាំងឡាយ ពិចារណា​នូវ​កាយវិវេក និង​ចិត្តវិវេក ទើបក្រាប​ទូលសេចក្តី​នុ៎ះ ក្នុងកាល​ជាខាង​ក្រោយបាន។

[៩៨៨] (អាចារ្យសេនកៈ ក្រាបទូលថា) សាច់ពពែ ជាទីពេញចិត្ត ជាទីគាប់ចិត្ត​របស់​កូន​អាមាត្យ និងព្រះរាជបុត្រ​ទាំងឡាយ ពួកកូន​អាមាត្យ និង​ព្រះរាជបុត្រ​ទាំង​នោះ មិន​បរិភោគ​សាច់ឆ្កែទេ បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៨៩] (អាចារ្យបុក្កុសៈ ទូលថា) ពួកជនតែងពន្លះស្បែកពពែ សម្រាប់​ក្រាលលើ​ខ្នង​សេះ ព្រោះហេតុ​ចង់ឲ្យស្រួល តែពួក​ជនទាំង​នោះ មិនក្រាល​ស្បែកឆ្កែទេ បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៩០] (អាចារ្យកាមិន្ទ ទូលថា) ពពែមានស្នែង​ជារង្វង់ ឯឆ្កែគ្មាន​ស្នែងទេ ពពែ​ស៊ីស្មៅ ឆ្កែ​ស៊ីសាច់ បាន​ជាពពែ និងឆ្កែ​យកគ្នាជា​សំឡាញ់។

[៩៩១] (អាចារ្យទេវិន្ទ ទូលថា) ពពែស៊ីស្មៅ ស៊ីស្លឹកឈើ ឯឆ្កែមិន​ស៊ីស្មៅ មិន​ស៊ី​ស្លឹកឈើទេ ឆ្កែខាំ​តែទន្សាយ និង​សំពោច បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៩២] (ព្រះមហោសធ ទូលថា) សត្វជើង ៧ កន្លះ គឺឆ្កែមាន​ជើងបីកន្លះ ពពែ​មាន​ជើង ៤ មាន​ក្រចក ៨ បន្លំលួច​សាច់ ឯឆ្កែនេះ លួច (ស្មៅ) ឲ្យពពែ​នេះ ពពែនេះ លួចសាច់​ឲ្យឆ្កែ​ឯនោះ។

[៩៩៣] ឮថា ព្រះបាទវិទេហរាស្រ្ត ជាស្តេចដ៏ប្រសើរ ជាធំ​ជាងជន សេ្តច​គង់នៅលើ​ប្រាសាទ​ដ៏ប្រសើរ ទ្រង់ទត​ឃើញ​ជាក់ច្បាស់​នូវការ​ផ្លាស់ប្តូរភោជន​ដល់គ្នា​នឹងគ្នានុ៎ះ របស់ឆ្កែ និងពពែ ដែលដើរ​ទៅលួច​អាហារ​ពេញមាត់ មកឲ្យគ្នា​បរិភោគ។

[៩៩៤] (ព្រះបាទវិទេហរាស្ត្រ ទ្រង់មានព្រះរាជឱង្ការថា) យើងហៅ​ពេញជា​មាន​លាភ មាន​សភាព​មិនតិចទេ ព្រោះអ្នក​ប្រាជ្ញទាំង​ឡាយ​បែបនេះ មាននៅ​ក្នុងត្រកូល​របស់យើង អ្នក​ប្រាជ្ញ​ទាំងនេះ យល់អាថ៌​ប្រស្នាដ៏​ជ្រាលជ្រៅ​ល្អិត ដោយ​សុភាសិត​បាន។

[៩៩៥] យើងមានចិត្តត្រេកអរដ៏ក្រៃលែង យើងឲ្យសេះ​អស្សតរ និង​រថមួយ ៗ ម្នាក់ ឲ្យស្រុក​សួយដែល​បរិបូណ៌​មួយ ៗ ម្នាក់ ដល់អ្នក​ទាំងអស់គ្នា ជាអ្នក​ប្រាជ្ញ ព្រោះ​សុភាសិត។

ចប់ មេណ្ឌកប្បញ្ហាជាតក ទី៨។

មហាបទុមជាតក ទី៩

[៩៩៦] (ពួកជន ក្រាបទូលថា) ព្រះរាជាជាឥស្សរៈ បើមិនទាន់​ឃើញទោស​តូចធំ ដោយ​សព្វគ្រប់ អំពីសំណាក់​បុគ្គលដទៃ ទាំង​មិនទាន់​ពិចារណា​ឲ្យឃើញ​ច្បាស់ដោយ​ខ្លួន​ឯងទេ មិនគប្បី​ដាក់អាជ្ញា​ឡើយ។

[៩៩៧] បើក្សត្រិយ៍ណា មិនទាន់ពិចារណា ​ហើយ​ធ្វើអាជ្ញា ក្សត្រិយ៍នោះ ឈ្មោះថា លេប​ភោជន​ប្រកប​ដោយបន្លា ប្រកប​ដោយ​រុយ ដូចជា​មនុស្សខ្វាក់។

[៩៩៨] ព្រះរាជាណា ដាក់អាជ្ញាដល់បុគ្គល​ដែលមិន​គួរដាក់​អាជ្ញា មិនដាក់​អាជ្ញា​ដល់​បុគ្គល​ដែលគួរ​ដាក់អាជ្ញា ព្រះរាជា​នោះ ឈ្មោះថា មិនដឹង​ការស្មើ និង​មិនស្មើ ដូចជា​មនុស្ស​ខ្វាក់ ដើរតាម​ផ្លូវមិន​រាបស្មើ។

[៩៩៩] ព្រះរាជាណា ឃើញនូវហេតុទាំងឡាយ​តូច និងធំនុ៎ះ ដោយសព្វ​គ្រប់ ជាហេតុ​ដែល​ឃើញ​ត្រឹមត្រូវ​ហើយ សឹមប្រៀន​ប្រដៅ​ ព្រះរាជា​នោះ ទើបគួរ​ហៅថា ព្រះរាជា​បាន។

[១០០០] ព្រះរាជា ដែលមានព្រះទ័យទន់ពេក មានព្រះទ័យ​រឹងពេក ក៏មិន​អាចតាំង​ខ្លួន ក្នុង​ភាពជា​ធំបាន​ទេ ហេតុនោះ ព្រះរាជា​គួរប្រព្រឹត្ត​នូវហេតុ​ទាំងពីរ។

[១០០១] (ព្រោះ) ព្រះរាជា ដែលមានព្រះទ័យទន់ ត្រូវពួក​រាស្រ្ត​មើលងាយ ឯ​ព្រះរាជា​មាន​ព្រះទ័យ​រឹងពេក រមែង​មាន​ពំនៀរ ព្រះរាជា​ជ្រាបហេតុ​ទាំងពីរនោះ​ហើយ ត្រូវ​ប្រព្រឹត្ត​ជា​កណ្តាល។

[១០០២] បុគ្គលត្រេកអរហើយ និយាយច្រើនក៏មាន បុគ្គល​ខឹង​ហើយ និយាយ​ច្រើ​ក៏មាន បពិត្រ​មហារាជ ព្រះអង្គ​មិនគួរ​សម្លាប់​ព្រះរាជបុត្រ ព្រោះហេតុ​តែស្ត្រីទេ។

[១០០៣] (ព្រះរាជា…) មនុស្សលោកទាំងអស់ (ជាបក្ខពួក​ខាងកុមារ) ឯស្ត្រីនេះ​តែម្នាក់​ឯងទេ ព្រោះ​ហេតុនោះ យើងនឹង​ប្រតិបត្តិ (តាមពាក្យ​នាងនេះ​វិញ) អ្នកឯងចូរ​ទៅទម្លាក់​វា (ក្នុង​ជ្រោះភ្នំទៅ)។

[១០០៤] យើងជាបិតា បានឲ្យគេយកកូន​ឯង ទៅបោះ​ក្នុងជ្រោះ​ភ្នំដ៏ជ្រៅ ច្រើន​ជួរត្នោត មិនងាយ​ឡើងមក​រួចទេ ហេតុអ្វីបាន​ជាកូនឯង​មិនស្លាប់​ក្នុង​ជ្រោះនោះ។

[១០០៥] (មហាបទុមតាបសថា…) ក្នុងវេលានោះ នាគរាជ​មានកំឡាំង​ដ៏ខ្លាំងពូកែ អាស្រ័យ​នៅនឹងភ្នំ បាន​ទទួល​ទ្រអាត្មាភាព ដោយភ្នេន​ទាំងឡាយ ហេតុនោះ​ បាន​ជាអាត្មា​ភាព មិនស្លាប់​ក្នុងជ្រោះ​នោះ។

[១០០៦] (ព្រះរាជា…) ម្នាលរាជបុត្រ សូមលោក​និមន្តមក យើងនឹង​នាំលោក​ទៅកាន់​ផ្ទះរបស់​ខ្លួនវិញ ម្នាលលោក​ដ៏ចំរើន សូមលោក​គ្រប់គ្រង​រាជសម្បត្តិ​ចុះ លោកនៅ​ធ្វើអ្វី​ក្នុងព្រៃ។

[១០០៧] (មហាបទុមតាបស…) បុគ្គលលេបផ្លែសន្ទូច ​ហើយទាញ​ចេញមក លុះ​ទាញ​ចេញមក ព្រមទាំង​ឈាម គប្បីជាសុខ​យ៉ាងណា អាត្មាភាព​ឃើញច្បាស់​ដោយខ្លួនឯង ក៏យ៉ាង​នោះដែរ។

[១០០៨] (ព្រះរាជា…) លោកពោលថា អ្វីជាផ្លែសន្ទូច លោកពោលថា អ្វីជាឈាម លោក​ពោលថា អ្វីទាញ​ចេញមក កាលបើ​យើងសួរ​ហើយ លោកចូរ​ប្រាប់រឿង​នោះ។

[១០០៩] (មហាបទុមតាបស…) អាត្មាភាព ពោលនូវកាមថា​ជាផ្លែសន្ទូច ពោលនូវ​ដំរី និង​សេះថា​ជាឈាម ពោលនូវ​ការលះ​ចោល ថា​ជាគ្រឿង​ទាញ​ចេញមក បពិត្រ​ក្សត្រិយ៍ សូម​ព្រះអង្គ​ជា្របយ៉ាង​នេះចុះ។

[១០១០] (ប្រជុំជាតក) មាតាចុងនៃតថាគត គឺនាង​ចិញ្ចមាណវិកា បិតា​តថាគត គឺ​ទេវទត្ត នាគរាជ គឺ​អានន្ទ​ជាអ្នកប្រាជ្ញ ទេវតា គឺសារីបុត្រ រាជបុត្រ ក្នុងកាល​នោះ គឺតថាគត អ្នក​ទាំងឡាយ ចូរចាំទុក​នូវជាតក​ដោយប្រការ​យ៉ាងនេះចុះ។

ចប់ មហាបទុមជាតក ទី៩។

មិត្តាមិត្តជាតក  ទី១០

[១០១១] (ព្រះបាទព្រហ្មទត្ត សួរមហាសត្វថា) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮ​ពួក​ជន កំពុងធ្វើនូវអំពើ​អ្វី ៗ គប្បី​ដឹងថា ជាអមិត្រ​បាន តើវិញ្ញុជន គប្បី​ព្យាយាម​ដូចម្តេច។

[១០១២] (ព្រះមហាសត្វ សំដែងនូវលក្ខណៈនៃបុគ្គលជា​សត្រូវ​នោះថា) បុគ្គល​ជាសត្រូវ ឃើញ​បុគ្គលនោះ​ហើយ មិន​ញញឹម ១ មិនទទួល​ត្រេកអរ​នឹងសំដី​បុគ្គលនោះ ១ មិនឲ្យ​ភ្នែកដល់​បុគ្គលនោះ ១ ប្រព្រឹត្ត​ទទឹងទាស់ ១។

[១០១៣] បុគ្គលអែបអបនឹងពួកសត្រូវ របស់បុគ្គល​នោះ ១ មិនសេពគប់​នឹងពួកមិត្រ​របស់​បុគ្គលនោះ ១ រារាំង​ពួកជន​អ្នកនិយាយ​សរសើរ ១ សរសើរ​ពួកជន​អ្នកជេរ ១។

[១០១៤] មិនប្រាប់សេចក្តីកំបាំង ដល់បុគ្គលនោះ ១ មិនលាក់​សេចក្តី​កំបាំង​របស់​បុគ្គល​នោះ ១ មិនសរសើរ​ការងារ​របស់បុគ្គល​នោះ ១ មិនសរសើរ​ប្រាជ្ញា​របស់​បុគ្គលនោះ ១។

[១០១៥] ត្រេកអរនឹងសេចក្តីវិនាស​របស់បុគ្គលនោះ ១ មិនត្រេកអរ​នឹងសេចក្តី​ចំរើន​របស់​បុគ្គលនោះ ១ បាន​ភោជន​ចំឡែក មិននឹកនា​ដល់បុគ្គល​នោះ ១ មិន​អនុគ្រោះ​បុគ្គល​នោះ អំពី​របស់នោះ​ថា ឱមិត្រនោះ គប្បីបាន​របស់នេះ​ខ្លះ ១។

[១០១៦] បណ្ឌិតឃើញ ឬឮ ហើយស្គាល់ថា ជាអមិត្របាន​ ដោយអាការ​ទាំង ១៦ នេះ ដែល​ដំកល់នៅ​ក្នុង​អមិត្រ​ដោយ​ប្រការៈ​ដូច្នេះ។

[១០១៧] (ព្រះបាទព្រហ្មទត្ត…) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮ​ពួកជន កំពុង​ធ្វើការងារ​អ្វី ៗ គប្បី​ដឹងថា ជាមិត្របាន​ តើវិញ្ញុជន គប្បី​ព្យាយាម​ដូចម្តេច។

[១០១៨] (មហាសត្វ…) បុគ្គលជាមិត្រ តែងនឹករលឹក​ដល់មិត្រ​ដែលនៅ​បែកគ្នា ១ ត្រេកអរ​នឹងមិត្រ​ដែល​មកដល់ ១ ជាអ្នក​រាប់អាន​ចំពោះ​មិត្រនោះ ១ ទទួល​រីករាយ​ដោយវាចា ១។

[១០១៩] គប់រកនឹងពួកមិត្រ​របស់មិត្រនោះ ១ មិនសេពគប់​នឹងពួក​អមិត្រ​របស់​មិត្រ​នោះ ១ ហាមឃាត់​នូវពួក​អ្នកជេរ ១ សរសើរ​ពួកជន​ដែលនិយាយ​សរសើរ ១។

[១០២០] ប្រាប់សេចក្តីកំបាំង​ដល់មិត្រនោះ ១ បិទបាំង​សេចក្តី​កំបាំង​របស់មិត្រ​នោះ ១ សរសើរ​ការងារ​របស់មិត្រនោះ ១ សរសើរ​ប្រាជ្ញា​របស់​មិត្រនោះ ១។

[១០២១] ត្រេកអរនឹងសេចក្តីចំរើន​របស់មិត្រនោះ ១ មិនត្រេកអរ​នឹងសេចក្តី​វិនាស​របស់​មិត្រនោះ ១ បាន​ភោជន​ចំឡែក តែងនឹកនា​ដល់មិត្រនោះ ១ អនុគ្រោះ​មិត្រនោះ​អំពី​របស់​នោះថា ឱមិត្រនោះ គប្បីបាន​របស់នេះ​ខ្លះ ១។

[១០២២] បណ្ឌិតឃើញ ឬឮ​ហើយ ស្គាល់ថា​ជាមិត្រ ដោយ​អាការទាំង ១៦ នេះ ដែល​ដំកល់​នៅក្នុង​មិត្រ​ដោយ​បការៈ​ដូច្នេះ។

ចប់ មិត្តាមិត្តជាតក ទី១០។

ឧទ្ទាននៃទ្វាទសនិបាតនោះគឺ

និយាយអំពីស្ត្រីចិត្តស្រាល ១ រុក្ខទេវតាឈ្មោះ​ភទ្ទសាល ១ ពួកជនភ្ជួររាស់ ១ កាម ១ ហេតុ ១០ យ៉ាង ១ ឆ្កែខ្មៅ ១ កោសិយសេដ្ឋី ១ ពពែដ៏ប្រសើរ ១ មហាបទុមកុមារ ១ មិត្រ​ដ៏ប្រសើរ ១ រួមត្រូវ​ជា ១០។

ចប់ ទ្វាទសនិបាត។

តេរសនិបាតជាតក

អម្ពជាតក ទី១

[១០២៣] (ព្រះបាទពារាណសី ត្រាស់សួរថា) នែអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ កាលពីដើម អ្នក​បាន​យកផ្លែស្វាយ​ទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើ​ទាំងឡាយ មិនកើត​ប្រាកដ​ដោយមន្ត​ទាំងឡាយ​របស់អ្នកនោះ។

[១០២៤] (ព្រាហ្មណ៍មាណព ក្រាបទូលថា) ខ្ញុំព្រះអង្គ​រាប់អាន នូវការប្រកប​នូវ​នក្ខត្តឫក្ស ខ្ញុំព្រះអង្គ​មើលឃើញ​ដោយមន្ត​តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គ​បាន​នូវការ​ប្រកប​នូវ​នក្ខត្តឫក្ស និងពេល​ហើយ សឹមខ្ញុំ​ព្រះអង្គ​នាំយកផ្លែស្វាយ​ឲ្យបាន​ច្រើន មកថា្វយ​ព្រះអង្គ​ពុំខានឡើយ។

[១០២៥] (ព្រះរាជា….) កាលពីដើម អ្នកមិនបាន​និយាយ​អាងនូវ​ការប្រកប​នូវ​នក្ខត្តឫក្ស ពីដើម​មិនឃើញ​រកពេល រកស្របក់ តែអ្នក​បាន​យកផ្លែស្វាយ​ដ៏ច្រើន ដែល​បរិបូណ៌​ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង)។

[១០២៦] នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែង​កើតប្រាកដ​ដោយការ​សូធ្យ​សែកមន្ត​របស់អ្នក ថ្ងៃនេះ អ្នកមិន​សូធ្យសែកមន្ត តើធម្មតា​របស់អ្នក​ក្នុងថ្ងៃ​នេះ​ដូចម្តេច។

[១០២៧] (មាណព…) កូនចណ្ឌាលបានឲ្យមន្ត​ទាំងឡាយ​ដល់ខ្ញុំព្រះអង្គ​ដោយធម៌ ទាំងបាន​និយាយប្រាប់​នូវប្រក្រតី គឺសេចក្តី​វិនាសនៃ​មន្តទាំង​ឡាយថា បើមាន​គេសួរ​អ្នក​កុំលាក់នាម នឹងគោត្រ​របស់ខ្ញុំ កុំឲ្យ​មន្តលះបង់​អ្នកបាន។

[១០២៨] ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរ ក្នុងប្រជុំ​ជននោះ មាន​សេចក្តីលុប​គុណ​គេ​​គ្របសង្កត់ បាន​ក្រាបទូល​ពាក្យកុហក ជាពាក្យ​ខុសថា មន្ត​ទាំងឡាយ​នេះ ជារបស់​ព្រាហ្មណ៍ ខ្ញុំព្រះអង្គ​មានមន្ត​សាបសូន្យ ជាបុគ្គល​កំព្រាយំទួញ។

[១០២៩] (ព្រះរាជា…) បុរសអ្នកត្រូវការដោយ​ទឹកឃ្មុំ ទោះបាន​ទឹកឃ្មុំ​អំពីដើមល្ហុង​ខ្ញែរក្តី អំពី​ដើមស្តៅក្តី ឬក៏អំពី​ដើម​រលួសបាយ​ក្តី ឯដើមឈើ​នោះ ឈ្មោះថា​ ជា​ឈើដ៏​ប្រសើរ​របស់​បុរសនោះ។

[១០៣០] បុគ្គលចេះដឹងធម៌អំពីជនណា ទោះក្សត្រិយ៍​ក្តី ព្រាហ្មណ៍ក្តី អ្នក​ជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោល​សំរាមក្តី ជននោះ ឈ្មោះថា ជាជន​ដ៏ប្រសើរ​របស់​បុគ្គលនោះ។

[១០៣១] បុរសណា ញុំាងប្រយោជន៍ដ៏ឧត្តម​ដែលខ្លួន​បាន​មក​ហើយ​ដោយ​លំបាក ឲ្យវិនាស​ទៅ ដោយមានះ និង​អតិមានះ អ្នកទាំង​ឡាយ ចូរឲ្យនូវ​អាជ្ញាផង នូវការ​សម្លាប់ផង ដល់ជន​អាក្រក់នេះ ​ហើយចាប់​បុរស​ដ៏លាមក​នេះ ត្រង់ក ​ហើយ​ញាំញី។

[១០៣២] (មាណព…) បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅ​កាន់ត្រពាំង គុហា ជ្រោះ និងឈើ​មាន​ឫសស្អុយក្តី ដើរជាន់​លើពស់វែក ដោយ​ស្មានថា ខ្សែក្តី បុគ្គល​ខ្វាក់ដើរ​ជាន់​ភ្លើងក្តី យ៉ាងណា ៗ បពិត្រ​លោក​ប្រកប​ដោយ​ប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជា​អ្នក​ភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ​ហើយចែក​មន្តឲ្យខ្ញុំ ដែលជា​អ្នកមាន​មន្តសាប​រលាបអស់​ហើយ ម្តងទៀត។

[១០៣៣] (ពោធិសត្វ…) យើងបានឲ្យមន្តទាំងឡាយ ដល់អ្នក​ដោយធម៌​ហើយ គឺមិន​យករង្វាន់​អ្វីឡើយ ទាំងអ្នក​ក៏បាន​ទទួលរៀន​យកមន្ត​ដោយធម៌​ហើយដែរ យើង​មានចិត្ត​ត្រេកអរ បាន​ទាំង​ប្រាប់នូវ​ប្រក្រតី (នៃមន្ត) ដល់អ្នក​ហើយ បើអ្នកតាំង​នៅក្នុងធម៌ មន្តមិន​លះបង់​អ្នកបាន​ទេ។

[១០៣៤] ម្នាលបុគ្គលពាល អ្នកនោះ ធ្វើមន្តដែលខ្លួនបាន​ហើយ​ដោយ​លំបាក បាន​មក​ដោយកម្រ ក្នុង​មនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងៃនេះ អ្នកនោះ ជាអ្នក​ឥត​ប្រាជ្ញា ពោល​ពាក្យកុហក ឈ្មោះថា ញុំាង​ជីវិត​ដែលខ្លួន​បាន​ដោយកម្រ ឲ្យវិនាស។

[១០៣៥] យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្ស​ល្ងង់ខ្លៅ​វងេ្វង ជា​អកតញ្ញូ ពោល​ពាក្យ​កុហក មិនសង្រួម ឯមន្ត​ទាំងឡាយ មានមក​ពីណា​ទៀត អ្នកឯងចូរ​ចេញទៅ អ្នកឯង​មិនគាប់​ចិត្តយើងទេ។

ចប់ អម្ពជាតក ទី១។

ផន្ទនជាតក ទី២

[១០៣៦] (កាឡសីហៈ សួរថា) អ្នកជាបុរសមានដឹងក្នុងដៃ ចូលមក​ឈរនៅ​ក្នុងព្រៃ នែសំឡាញ់ ខ្ញុំសួរ​ហើយ ចូរអ្នកប្រាប់ តើអ្នក​ចង់កាប់​ឈើអ្វី។

[១០៣៧] (វឌ្ឍកីព្រាហ្មណ៍ តបថា) អ្នកជា​កាឡសីហៈ ត្រាច់ទៅកាន់​ព្រៃស្មើ និង​មិនស្មើ ម្នាល​សំឡាញ់ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់ ឈើអ្វី ធ្វើខ្នងកង់​ជាប់មាំ។

[១០៣៨] (កាឡសីហៈ…) ដើមរាំងក៏មិនជាប់ ដើមគគីរ​ក៏មិនជាប់ ដើមត្រចៀកប្រើស​ក៏មិនជាប់ ដើមត្របែក​ក៏មិនជាប់ មានតែ​ដើមពង្រ ឈើនោះ ធ្វើកង់​រទេះជាប់មាំ។

[១០៣៩] (វឌ្ឍកី…) ស្លឹកពង្រនោះ បែបដូចម្តេច ដើមពង្រនោះ បែប​ដូចម្តេច ម្នាល​សម្លាញ់ យើងសួរ​ហើយ អ្នកចូរប្រាប់ យើងគប្បី​ស្គាល់​ដើមពង្រ យ៉ាងណា។

[១៩៤០] (កាឡសីហៈ….) មែកឈើណា សំយុងចុះផង មិនទន់ទោរផង មិនបាក់ផង ខ្ញុំឈរ​ក្បែរគល់​ឈើណា ឈើនោះ​ហើយ ជាដើមពង្រ។

[១០៤១] ដើមពង្រនេះ គួរដល់ការងាររបស់អ្នក ដើម្បី​កាំរទេះ​ទាំងឡាយ ដើម្បីកង់ និង​ដុំរទេះ​ទំាងឡាយ ដើម្បី​ចន្ទោលរទេះ និង​ខ្នងកង់រទេះ និងរបស់​សព្វគ្រប់ ក្រៅពីនេះ​ទាំង​អស់។

[១០៤២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ ទេវតាអាស្រ័យ​នៅលើ​ដើមពង្រ បាន​និយាយ​ថា ពាក្យរបស់​ខ្ញុំក៏មាន​ដែរ ម្នាល​ភារទ្វាជព្រាហ្មណ៍ អ្នកឯង​ចូរស្តាប់​ពាក្យខ្ញុំសិន។

[១០៤៣] អ្នកចូរអារយកស្បែកខ្លាឃ្មុំនេះ ត្រង់ក ចំនួន ៤ ធ្នាប់ ហើយយក​ស្បែកនោះ​មកទ្រាប់​ខ្នងកង់រទេះ ធ្វើយ៉ាងនេះ ទើបជាប់​មាំមួន។

[១០៤៤] ទេវតាដែលអាស្រ័យនៅលើដើមពង្រ បាន​សម្រេចពៀរ​ហើយ បាន​នាំ​យក​សេចក្តី​ទុក្ខមកឲ្យ ដល់ខ្លាឃ្មុំទាំងឡាយ ដែលកើត​ហើយផង ដែលមិន​ទាន់កើត​ហើយផង ដោយ​ប្រការ​ដូច្នេះ។

[១០៤៥] ដើមពង្រចងពៀរនឹងខ្លាឃ្មុំ ឯខ្លាឃ្មុំចងពៀរនឹងដើមពង្រ ហើយ​បាន​សម្លាប់​គ្នាទៅ​វិញទៅមក ដោយ​ការទាស់​ទែងគា្នទៅ​វិញទៅមក ដោយ​ប្រការ​ដូច្នេះឯង។

[១០៤៦] ខ្លាឃ្មុំ និងដើមពង្រនោះ ចងពៀរវេរា​យ៉ាងណា ការទាស់ទែង​របស់មនុស្ស​ទាំងឡាយ កើតមាន​ក្នុងទីណា មនុស្ស​ទាំងនោះ ឈ្មោះថា រាំដូចជា​ក្ងោកពង់ [ធម្មតា ក្ងោកទាំងឡាយ តែពង់កន្ទុយ​ឡើងកាលណា ក៏បញ្ចេញ​កេរ្តិ៍ខ្មាស​របស់វា​ឲ្យឃើញ​ប្រាកដ យ៉ាងណាមិញ ពួកមនុស្ស កាលបើ​កើតវិវាទ​ឈ្លោះទាស់​ទែងគ្នាហើយ ក៏ប្រកាស​ទោស​ដល់គ្នានឹងគ្នា គឺជេរប្រទេច រំលើក បើកកកាយ​កេរ្តិ៍ខ្មាសទៅ​វិញទៅមក ឥតមាន​កោតញញើត ក៏យ៉ាងនោះ​ដែរ។ អដ្ឋកថា។] ក្នុងទី​នោះ ក៏យ៉ាង​នោះដែរ។

[១០៤៧] តថាគតនឹងសំដែងនូវហេតុនោះ ថា្វយមហារាជ ពួកមនុស្ស ​ដែលមក​ប្រជុំក្នុង​ទីនេះ មានចំនួន​ប៉ុន្មាន សូមសេចក្តី​ចំរើន​មានដល់​មហាបពិត្រ​ មានចំនួន​ប៉ុណ្ណោះ សូម​មហាបពិត្រ​ ព្រមព្រៀងគ្នា កុំទាស់​ទែងគា្ន កុំឲ្យ​ដូចខ្លាឃ្មុំ​ និងដើម​ពង្រ​ឡើយ។

[១០៤៨] សូមមហាបពិត្រ សិក្សានូវសេចក្តី​ព្រមព្រៀង​គ្នាតែម៉្យាង ព្រោះ​សេចក្តី​ព្រមព្រៀង​គ្នានោះ ព្រះពុទ្ធ​ទាំងឡាយ សរសើរ​ហើយ បុគ្គលអ្នក​ត្រេកអរ​ក្នុងសេចក្តី​ព្រមព្រៀង​គ្នា អ្នកតាំង​នៅក្នុងធម៌ រមែង​មិនសាប​សូន្យចាក​ព្រះនិព្វាន​ជាទីក្សេម ចាកយោគៈ​ទាំងឡាយ​ឡើយ។

ចប់ ផន្ទនជាតក ទី២។

ជវនហំសជាតក ទី៣

[១០៤៩] (ព្រះបាទពារាណសី មានព្រះរាជឱង្ការថា) នែហង្ស ឯងចូរ​ទំលើ​តាំង​មាសនេះចុះ ការឃើញឯង ជាទីពេញ​ចិត្តរបស់​អញ ឯងសមគួរ​ជាធំ​ហើយ របស់​ណាមាន​ក្នុងទីនេះ ឯងចូរ​ប្រាប់មកចុះ។

[១០៥០] (រាជហង្ស…) បុគ្គលខ្លះ គ្រាន់តែឮ​ហើយស្រឡាញ់ ក៏មាន ខ្លះគ្រាន់តែ​ឃើញគ្នា​ហើយ អស់សេចក្តី​ស្រឡាញ់​ក៏មាន ខ្លះឃើញ​ផង ឮផង ទើប​ស្រឡាញ់​ក៏មាន ចុះ​ព្រះអង្គ​គ្រាន់តែឃើញ តើស្រឡាញ់​ខ្ញុំដែរឬទេ។

[១០៥១] (ព្រះរាជា….) អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅ​ហើយ លុះបាន​ឃើញ អញរឹត​តែស្រឡាញ់​ឡើង នែហង្ស ឯង អញឃើញ​ហើយស្រឡាញ់​យ៉ាងនេះ ឯង​ចូរនៅ​ក្នុងសំណាក់​អញចុះ។

[១០៥២] (រាជហង្ស…) ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គ​ធ្វើសក្ការ​បូជា អស់កាល​ជានិច្ច​ហើយ តែក្រែងពេល​ណាមួយ ព្រះអង្គ​ស្រវឹងដោយ​ទឹកស្រវឹង​ហើយ ទ្រង់ត្រាស់​បង្គាប់ថា នាយពិសេស ចូរចំអិន​សាច់សេ្តចហង្ស យកមក​ឲ្យយើង។

[១០៥៣] (ព្រះរាជា…) ថ្វឺយ ! ខ្ពើម ការផឹកទឹកស្រវឹង ដែលជាទី​ស្រឡាញ់​របស់អញ​ជាង​ឯង បើឯងនៅ​ក្នុងដំណាក់​អញ​ដរាបណា អញនឹង​មិនផឹកទឹក​ស្រវឹង​ដរាបនោះ។

[១០៥៤] (រាជហង្ស…) សំដីរបស់ពួកចចក និងពួកបក្សី យល់បាន​ងាយ បពិត្រ​មហារាជ សំដីរបស់​ពួកមនុស្ស កម្រដឹងបាន​ ជាងសំដី​សត្វនោះទៅទៀត។

[១០៥៥] មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសំគាល់ថា​ជាញាតិ ជា​មិត្រ ឬជាសម្លាញ់ តែលុះដល់​ពេលខាង​ក្រោយមក បុរសនោះ ត្រឡប់​ជាសត្រូវ​នឹងគ្នា​ទៅវិញ ក៏មាន។

[១០៥៦] បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តី​ស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជា​មួយគ្នា បុគ្គលណា មានចិត្ត​មិនស្មោះស្មើ បុគ្គលនោះ​ ទោះនៅ​ក្នុងទីជិត ក៏ហាក់​ដូចជា​នៅក្នុង​ទីឆ្ងាយ។

[១០៥៧] សំឡាញ់ណា ជាអ្នកមានចិត្តជ្រះថា្ល​រកគ្នា បើទុកជា​នៅឯត្រើយ​សមុទ្ទ​ខាងនាយ សំឡាញ់​ដែលមាន​ចិត្តជ្រះថា្ល​រកគ្នានោះ ក៏ឈ្មោះថា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា សម្លាញ់ណា មានចិត្ត​ប្រទូស្ត​រកគ្នា បើទុកជា​នៅក្នុង​សមុទ្ទ​ជាមួយគ្នា សម្លាញ់​ដែលមាន​ចិត្តប្រទូស្ត​គ្នានោះ ក៏ឈ្មោះថា នៅត្រើយ​សមុទ្ទ​ខាងនាយវិញ។

[១០៥៨] បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គល​ទាំងឡាយ​ណាជា​សត្រូវ​នឹងគ្នា បើទុក​ជានៅជា​មួយគ្នា បុគ្គល​ទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រ​ព្រះអង្គ ជាបុគ្គល​ចំរើន​ក្នុងដែន ពួកសប្បុរស​ទោះបីនៅ​ក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទី​ជាមួយ​ដោយចិត្ត។

[១០៥៩] បុគ្គលជាទីស្រឡាញ់ រមែង​មិនស្រឡាញ់វិញ ព្រោះតែនៅ​ជាមួយ​គ្នាយូរពេក ខ្ញុំសូម​ថា្វយបង្គំ​លាព្រះអង្គ​ទៅវិញ មុនពេល​ដែលខ្ញុំ​មិនជាទី​ស្រឡាញ់​របស់​ព្រះអង្គ។

[១០៦០] (ព្រះរាជា…) កាលបើយើងអង្វរយ៉ាងនេះ អ្នកមិន​ទទួលដឹង​នូវអញ្ជលី មិនធ្វើ​តាមពាក្យ​យើង ជាអ្នក​បម្រើទេ យើងសូម​អង្វរអ្នក​យ៉ាងនេះថា អ្នកគប្បី​ធ្វើនូវ​ការត្រឡប់​មកទៀត។

[១០៦១] (រាជហង្ស…) បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើន​ក្នុងដែន កាលបើ​យើងនៅ​យ៉ាងនេះ សេចក្តី​អន្តរាយ​នឹងមិន​មានដល់ព្រះអង្គ​ ទាំងដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ សូមឲ្យ​យើង​បាន​ជួបគ្នា​ក្នុងកាល​កន្លងទៅ​នៃថ្ងៃ និងយប់។

ចប់ ជវនហំសជាតក ទី៣។

ចុល្លនារទកស្សបជាតក ទី៤

[១០៦២] (តាបសពោធិសត្វ សួរថា) អុស កូនឯងមិនពុះ ទឹក កូនឯងមិនដង ភ្លើង ក៏កូនឯង​មិនបង្កាត់ កូនឯង​ជាមនុស្ស​ល្ងង់ខ្លៅឬ បាន​ជានៅ​សញ្ជប់​សញ្ជឹង។

[១០៦៣] (តាបសកុមារ តបថា) ខ្ញុំមិនអាចនៅក្នុង​ព្រៃបាន​ទេ បពិត្រ​កស្សបៈ ខ្ញុំសូម​លាលោក ការនៅក្នុង​ព្រៃពិបាក ខ្ញុំចង់ទៅ​ដែនវិញ។

[១០៦៤] ខ្ញុំចេញទៅពីព្រៃនេះ ហើយនៅក្នុង​ជនបទណា បពិត្រ​តាបស​ដ៏ប្រសើរ បុគ្គល​គប្បីសិក្សា​ឫកពា​យ៉ាងណា សូម​ព្រះបិតា​ប្រៀន​ប្រដៅ​ទំនៀម​ទម្លាប់​នោះ ដល់ខ្ញុំ។

[១០៦៥] (តាបស…) បើបាឯងលះបង់ព្រៃ និងមើមឈើ ផ្លែឈើ ​ហើយពេញ​ចិត្តនឹង​ការនៅ​ក្នុងដែនវិញ បាឯង​ចូរស្តាប់​ទំនៀម​ទម្លាប់នោះ របស់អញ។

[១០៦៦] បាឯង ចូរកុំសេពថ្នាំពិស ចូរចៀសវាង​អណ្តូង កុំឲ្យ​លិចទៅ​ក្នុងភក់ឡើយ ចូរប្រព្រឹត្ត​ប្រយ័ត្ន​នឹងពួក​អាសីពិស។

[១០៦៧] (តាបសកុមារ…) អ្វីជាថ្នាំពិស ជាអណ្តូង ជាភក់ របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ លោកពោល​នូវអ្វីថា ជា​អាសីពិស ខ្ញុំសួរ​ហើយ សូមលោក​ប្រាប់​រឿងនោះ ដល់ខ្ញុំ។

[១០៦៨] (តាបសពោធិសត្វ…) នែបា គ្រឿងត្រាំក្នុងលោក គេហៅថា ស្រា ជារបស់​ពេញចិត្ត ជារបស់​ឈ្ងុយឈ្ងប់ ឆ្ងាញ់ពិសា មាន​ឧបមា​ដូចរសផ្អែម​តូចមួយ ម្នាល​នារទៈ ព្រះអរិយ​ទាំងឡាយ បាន​ពោលថា ស្រានោះ ជាថ្នាំពិស​របស់បុគ្គល​អ្នកប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៦៩] នែបា ស្ត្រីទាំងឡាយក្នុងលោក រមែង​ញាំញីនូវបុរស​ដែលស្រវឹង​ហើយ ពួកស្ត្រី​ទាំងនោះ តែងផ្សាយ​ចិត្តទៅ​រកប្រុស​កំលោះ ដូចជា​ខ្យល់ផាត់​នូវប៉ុយគរ ដែល​ជ្រុះអំពី​ដើម ម្នាលនារទៈ នោះ​ហើយ ដែលលោក​ហៅថា អណ្តូង​របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧០] លាភ សេចក្តីសរសើរ សក្ការៈ និងការបូជា​ក្នុងត្រកូល​អ្នកដទៃ ម្នាលនារទៈ នោះឯង​ដែលលោក​ហៅថា ភក់ល្បាប់​របស់អ្នក​ប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧១] នែបា ពួកស្តេចធំ ៗ គ្រប់គ្រងផែនដី​នេះ នែនារទៈ​កូន បាឯង (ចូរគោរព) ពួកសេ្តច​ទាំងនោះ ដែលជា​ធំជាង​មនុស្ស​ដ៏ប្រសើរ ប្រាកដ​ដូច្នោះ។

[១០៧២] ចូរបាកុំប្រព្រឹត្តនៅផ្ទាល់ព្រះបាទានៃពួកសេ្តច​ជាឥស្សរៈ ជា​អធិបតី​ទាំង​នោះ​ឡើយ នែនារទៈ (នោះឯង) ដែលគេ​ហៅថា​អាសីពិស​របស់​អ្នកប្រព្រឹត្ត​ព្រហ្មចារ្យ។

[១០៧៣] បើបាត្រូវការភត្ត ក្នុងពេលភត្ត គប្បីចូលទៅ​កាន់ផ្ទះណា ដែលបា​ដឹងថា ត្រកូល​ណាមិន​មានទោស ក្នុងស្រុកនោះ គប្បី​ប្រព្រឹត្ត​ស្វែង​រកអាហារ​ក្នុងផ្ទះនោះចុះ។ លុះ​ចូលទៅ​កាន់ត្រកូល​ដទៃ ដើម្បីទឹកក្តី ដើម្បីភោជនក្តី គប្បី​ទំពាស៊ី​ឲ្យល្មម​ប្រមាណ គប្បី​បរិភោគ​ឲ្យល្មម​ប្រមាណ តែបា​កុំគប្បី​ពេញចិត្ត​នឹងរូប (ស្ត្រី) ទាំងឡាយ​ឡើយ។

[១០៧៤] បាចូរចៀសវាងចេញឲ្យឆ្ងាយ​នូវទីគោឈរ តៀមស្រា មនុស្ស​អ្នកលេង មនុស្ស​អ្នកឆបោក កន្លែង​ប្រជុំមនុស្ស​ច្រើន និងកន្លែង​ដែលគេទុក​ដាក់ប្រាក់មាស ឲ្យដូច​ជាបុគ្គល​ទៅដោយ​យាន (ដែលផ្ទុក​ដោយសប្បិ និងប្រេង) វៀរនូវ​ផ្លូវមិន​រាបស្មើ។

ចប់ ចុល្លនារទកស្សបជាតក ទី៤។

ទូតជាតក ទី៥

[១០៧៥] (ព្រះរាជា ត្រាស់សួរថា) ម្នាលព្រហ្ម យើងបាន​បញ្ជូនពួក​ទូតមក​ក្នុង​សំណាក់​អ្នក ដែលកំពុង​សុបសៅ ក្បែរច្រាំងគង្គា ពួកទូត​ទាំងនោះ បាន​សួរ​ហើយ តែអ្នក​មិនឆ្លើយ​បា្រប់សោះ សេចក្តីទុក្ខ (ណា) ដែលកើត​ឡើងដល់​អ្នក សេចក្តី​ទុក្ខនោះ ដឹងបាន​តែអ្នកទេឬ។

[១០៧៦] (មហាសត្វ ទូលថា) បពិត្រព្រះអង្គ​ជាបុគ្គលចំរើន​ក្នុងដែន​របស់​អ្នកកាសី បើ​សេចក្តី​ទុក្ខ គប្បីកើតឡើង​ដល់ព្រះអង្គ​ បុគ្គលណា​ដោះទុក្ខនោះ​មិនបាន​ទេ សូមព្រះអង្គ​កុំប្រាប់​សេចក្តី​ទុក្ខនោះ​ដល់បុគ្គល​នោះឡើយ។

[១០៧៧] បុគ្គលណាគប្បីដោះទុក្ខព្រះអង្គនោះបាន​ដោយធម៌ ជាចំណែក​នៃសេចក្តី​សុខតែ​ម្យ៉ាង សូមព្រះអង្គ​ប្រាប់ដល់​បុគ្គលនោះ​ដោយពិត។

[១០៧៨] សំឡេងពួកឆ្កែចចកក្តី ពួកសត្វក្រៀលក្តី ដឹងបាន​ដោយងាយ បពិត្រ​មហារាជ ឯសំដី​របស់មនុស្ស ដឹងបាន​ដោយកម្រ​ជាង​សម្លេងនោះ​ទៅទៀត។

[១០៧៩] មួយទៀត កាលពីមុន បុរសណា មានចិត្តល្អ គេសំគាល់ថា​ជាញាតិ​សន្តាន ឬមិត្រ​សម្លាញ់ តែដល់មក​ខាងក្រោយ បុរសនោះ ត្រឡប់ទៅ​ជាសត្រូវ​នឹងគ្នា​វិញ​ក៏មាន។

[១០៨០] ជនណា មានគេសាកសួរសេចក្តីទុក្ខរបស់ខ្លួន ​ហើយ​និយាយ​ប្រាប់ (នូវ​សេចក្តី​កំបាំង​របស់ខ្លួន) ក្នុងកាល​មិនគួរ មិត្រទាំងឡាយ ជាអ្នកមិន​ត្រេកអរ​ចំពោះ​ជន​នោះក៏មាន ជាអ្នក​ស្វែងរកនូវ​ប្រយោជន៍ មានសេចក្តី​ទុក្ខចំពោះ​ជននោះ ក៏មាន។

[១០៨១] អ្នកប្រាជ្ញដឹងនូវកាលគួរ (នឹងនិយាយប្រាប់) ផង ដឹងនូវ​មេធាវិជន​ថា មាន​ចិត្តតែ​មួយជាមួយ​នឹងខ្លួនផង ទើបគួរ​ប្រាប់នូវ​សេចក្តី​ទុក្ខទាំងឡាយ ដល់ជន​ឯទៀត មាន​ប្រការ​ដូច្នោះ ​ហើយគប្បី​បញ្ចេញ​នូវពាក្យ​ដ៏ពីរោះ ជាពាក្យមាន​ប្រយោជន៍។

[១០៨២] អ្នកប្រាជ្ញកាលបើសំឡឹងរំពឹងឃើញនូវហិរិ និងឱត្តប្បៈ ជាក់ច្បាស់​ហើយ រមែង​ដឹងនូវទុក្ខ ដែលខ្លួន​ពិបាក​ទ្រាំថា សេចក្តីសុខ ដែល​នឹងមាន​ដល់អាត្មាអញ មិនមែន​មាន (ព្រោះការ​លើកធុរៈ ដាក់​ទម្ងន់ទៅ​លើអ្នក​ដទៃទេ) ​ហើយក៏​អត់ទ្រាំទុក្ខ​ដ៏ខ្លាំងក្លា​តែម្នាក់​ឯង។

[១០៨៣] បពិត្រមហារាជ ទូលព្រះបង្គំជាអ្នកត្រូវការ​ដោយ​ទ្រព្យ (យកទៅបូជា) ដល់​អាចារ្យ ទើបដើរ​សូមគេ​ក្នុងដែន និគម និង​រាជធានី។

[១០៨៤] បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គ (សូមឲ្យ) ពួកគហបតី ពួករាជបុរស ពួក​ព្រាហ្មណ​មហាសាល បាន​ឆ្តោរមាស ៧ បពិត្រ​មហារាជ ឆ្តោរ​មាស​របស់ខ្ញុំ​ព្រះអង្គ​នោះបាត់ ហេតុនោះ បាន​ជាខ្ញុំ​ព្រះអង្គ​សោកដ៏​ក្រៃលែង។

[១០៨៥] បពិត្រមហារាជ ពួករាជបុរសរបស់ព្រះអង្គ​ ខ្ញុំព្រះអង្គ​បាន​ត្រិះរិះ​ដោយចិត្ត​ថា មិនអាច​ដើម្បីជួយ​ដោះខ្ញុំព្រះអង្គ​ ឲ្យរួចចាក​ទុក្ខបាន​ទេ ហេតុនោះ ខ្ញុំព្រះអង្គ​ មិនប្រាប់​ដល់រាជបុរស​ទាំងនោះ​ឡើយ។

[១០៨៦] បពិត្រមហារាជ ចំណែកព្រះអង្គ ខ្ញុំព្រះអង្គ​បាន​ត្រិះរិះ​ដោយចិត្តថា ព្រះអង្គ​អាចជួយ​ដោះទុក្ខបាន​ ហេតុនោះ ខ្ញុំព្រះអង្គ​ទើបក្រាប​ទូលដល់​ព្រះអង្គ។

[១០៨៧] (អភិសម្ពុទ្ធគាថា) ព្រះបាទពារាណសី ជាអ្នកចំរើន​ក្នុងដែន​របស់​អ្នក​កាសី មាន​ព្រះហឫទ័យ​ជ្រះថា្ល បាន​ប្រទាន​ឆ្តោរមាសសុទ្ធ ចំនួន ១៤ ដុំ ដល់​មហាសត្វ​នោះ។

ចប់ ទូតជាតក ទី៥។

កាលិង្គពោធិជាតក ទី៦

[១០៨៨] (អភិសម្ពុទ្ធគាថា) ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រង​មនុស្ស​លើ​ផែនដី​ដោយធម៌ សេ្តចបាន​មកដល់ទី​ជិតពោធិព្រឹក្ស​ដោយដំរី​មានអានុភាព​ធំ។

[១០៨៩] ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែន​កាលិង្គ លើកកម្បង់​អញ្ជលី​ចំពោះ​ព្រះរាជា​ចក្រពត្តិ ដែលទ្រង់​ប្រសូតចាក​ត្រកូល​សមណៈ ព្រះនាម​ចុល្លកាលិង្គ ក្រាបទូល​ពាក្យនេះថា

[១០៩០] បពិត្រមហារាជ សូមព្រះអង្គ​សេ្តចចុះមក ចំណែកនៃ​ផែនដីនេះ ជាប្រទេស​ដែល​សមណៈ​សរសើរ​ហើយ ព្រះពុទ្ធ​ទាំងឡាយ មានគុណ​ថ្លឹងមិនបាន​ តែងត្រាស់​ដឹង​ហើយ រុងរឿង​ក្នុងទីនេះ។

[១០៩១] បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិ​ទាំងឡាយ ក្នុង​ចំណែក​នៃផែនដី​នេះ វិលកួច​ទៅខាងស្តាំ នេះជា​ផ្ចិតនៃ​ផែនដី។

[១០៩២] ផ្ចិតនៃផែនដីនេះ ដែលមាន​សមុទ្រសាគរ​ជាទីបំផុត ជាទី​ទ្រទ្រង់​នូវ​សត្វ​ទាំងពួង សូមព្រះអង្គ​សេ្តចចុះ​មក​ធ្វើនមស្ការ។

[១០៩៣] ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរី​ប្រសើរ ដំរីទាំង​នោះ រមែង​មិនហ៊ាន​ចូលទៅកាន់​ប្រទេស មានប្រមាណ​ប៉ុណ្ណោះទេ។

[១០៩៤] ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិត​ហើយ តែថា ប្រទេស​ប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ាន​ចូលទៅ​ជិតទេ សូមព្រះអង្គ​យក​កង្វេរពេជ្រ (កាប់) បញ្ជូនដំរី​ដ៏ប្រសើរ ដែល​គេបាន​បង្វឹក​ហើយ(ឲ្យចូលទៅ​លមើល)។

[១០៩៥] ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍​បុរោហិត​នោះ​ហើយ ទ្រង់​ពិចារណា​តាមពាក្យ​បុរោហិត ជាអ្នក​មើល​លក្ខណៈ ទើបបង្ខំ​ដំរីដ៏ប្រសើរ ដែល​កើតក្នុង​ឧបោសថ​ត្រកូល ដោយ​គិតថា យើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យ​បុរោហិតនេះ​លមើល។

[១០៩៦] ឯដំរីដែលស្តេចបរចូលទៅ ក៏មិន​អាចទទួល​ភារៈ​ដ៏ធ្ងន់បាន ហើយស្រែក​ដូចជា​សត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស)។

[១០៩៧] ភារទ្វាជព្រាហ្មណ៍ក្នុងដែនកាលិង្គដឹងថា ដំរីនោះ អស់អាយុ​ហើយ ក៏ប្រញាប់​ក្រាបទូល​ព្រះបាទ​កាលិង្គថា បពិត្រ​មហារាជ សូមព្រះអង្គ​គង់ដំរី​ដទៃវិញ ព្រោះ​ដំរីនេះ អស់អាយុ​ហើយ។

[១០៩៨] ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់​ប្រញាប់​ទៅកាន់ដំរី (ដទៃ) កាល​បើសេ្តច​ទ្រង់ឈាន​ផុតទៅ​ហើយ ដំរីក៏ដួល​ធា្លក់មកលើ​ផែនដី ក្នុងទី​នោះឯង ពាក្យ​ព្រាហ្មណ៍​បុរោហិត​អ្នកទាយ​លក្ខណៈ​យ៉ាងណា ដំរីក៏យ៉ាងនោះ។

[១០៩៩] ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះ​នឹងកាលិង្គភារទ្វាជ​ព្រាហ្មណ៍ថា អ្នកឯង​ជាមនុស្ស​ចេះដឹង​ដោយប្រពៃ ជាសព្វញ្ញូ​ឃើញការ​សព្វគ្រប់។

[១១០០] កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរ​នោះ ក៏ក្រាប​បង្គំទូល​ដូច្នេះ​ថា បពិត្រ​មហារាជ ទូលព្រះ​បង្គំជាខ្ញុំ គ្រាន់តែ​ជាអ្នក​ទាយលក្ខណៈ ព្រះពុទ្ធ​ទាំងឡាយ ទើប​ព្រះអង្គ​ជាសព្វញ្ញូ។

[១១០១] ព្រះពុទ្ធទាំងឡាយ ព្រះអង្គ​ដឹងសព្វ ជ្រាបសព្វ តែងដឹង​ដោយ​លក្ខណៈ ចំណែក​យើងខ្ញុំ (ចេះដឹង) ដោយ​សាកំឡាំង​សិល្បសាស្រ្ត ព្រះពុទ្ធ​ទាំងឡាយ ទើប​ព្រះអង្គ​ទ្រង់ជា្រប​សព្វ។

[១១០២] ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ​ហើយនាំ​យកផ្កាកម្រង ​និង​គ្រឿង​ក្រអូប គ្រឿងលាប ព្រមទាំង​តូរ្យតន្ត្រី​ទាំងឡាយ​ផ្សេង ៗ ទ្រង់ឲ្យ​ធ្វើកំពែង​ព័ទ្ធជុំវិញ ​ហើយទើប​ទ្រង់យាង​ចេញទៅ។

[១១០៣] ព្រះបាទកាលិង្គ បានឲ្យរាជបុរស​បេះផ្កាឈើ​ទាំងឡាយ ចំនួនប្រាំមួយ​ហ្មឺន​រទេះ មកបូជា​កន្លែងដាំ​ពោធិព្រឹក្ស​ដ៏ប្រសើរ​បំផុត (នោះ)។

ចប់ កាលិង្គពោធិជាតក ទី៦។

អកិត្តិជាតក ទី៧

[១១០៤] (អភិសម្ពុទ្ធគាថា) សក្កទេវរាជ ជាម្ចាស់នៃសត្វ លុះឃើញ​អកិត្តិបណ្ឌិត​ កំពុង​គង់នៅ ទើបសួរថា បពិត្រ​មហាព្រហ្ម លោកប្រាថ្នា​ចង់បាន​អ្វី បាន​ជាមក​អង្គុយ នៅក្នុង​ទីក្តៅម្នាក់​ឯង។

[១១០៥] (អកិត្តិតាបស ឆ្លើយថា) បពិត្រ​សក្កៈ ការកើតក្នុង​ភពថ្មីទៀត នាំមកនូវ​សេចក្តី​ទុក្ខ ការបែកធ្លាយ​នៃសរីរៈ នាំមកនូវ​សេចក្តីទុក្ខ ការស្លាប់​ព្រោះតែវង្វេង ក៏នាំ​មកនូវ​សេចក្តី​ទុក្ខ បពិត្រ​វាសវៈ ហេតុនោះ បាន​ជាអាត្មា (អង្គុយ​បា្រថ្នា​ព្រះនិព្វាន)។

[១១០៦] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​កស្សបៈ លោកមាន​ចិត្តប្រាថា្ន​ចង់បាន​ពរណា ខ្ញុំប្រគេនពរ​នោះ ដល់លោក។

[១១០៧] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វ​ទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា នរជន​បាន​កូន ប្រពន្ធ ទ្រព្យស្រូវ និងវត្ថុដទៃ​ជាទី​ស្រឡាញ់ រមែង​មិន​ឆ្អែត​ស្កប់ស្កល់ ដោយ​លោភៈណា សូមកុំ​ឲ្យលោភៈ​នោះ នៅក្នុង​សន្តានរបស់​អាត្មា​បាន​ឡើយ។

[១១០៨] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​កស្សបៈ លោកមាន​ចិត្តបា្រថា្ន​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១០៩] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា ពួកជន​រមែង​ញុំាង​ស្រែចម្ការ ប្រាក់មាស គោសេះ និង​ទាសបុរស ដោយ​ទោសៈ​ណា ដែលកើត​ហើយ សូមកុំឲ្យ​ទោសៈនោះ នៅក្នុង​សន្តាន​អាត្មាបាន​ឡើយ។

[១១១០] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១១១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់អាត្មា អាត្មាសូម​កុំឲ្យជួប​នឹងមនុស្ស​ពាល សូមកុំឲ្យ​ឮដំណឹង​មនុស្សពាល សូមកុំ​ឲ្យនៅរួម​នឹង​មនុស្សពាល សូមកុំឲ្យបាន​ធ្វើ ទាំងកុំឲ្យ​ពេញចិត្ត​នឹងការ​ចរចា​ទៅមក​នឹងមនុស្ស​ពាល។

[១១១២] (សក្កៈ…) មនុស្សពាលបានធ្វើអ្វីដល់លោក បពិត្រ​កស្សបៈ សូមលោក​ប្រាប់​ហេតុ បពិត្រ​កស្សបៈ ហេតុអ្វី បាន​ជាលោក​មិនប្រាថ្នាជួប​មនុស្សពាល។

[១១១៣] (អកិត្តិ…) បុគ្គលពាល រមែង​ណែនាំនូវអំពើ​មិនគួរ​ណែនាំ រមែង​ប្រកប​ក្នុងកិច្ច​មិនមែន​ជាធុរៈ ការណែនាំ​ទៅរក​អាក្រក់ ជាការ​ប្រសើរ (របស់បុគ្គល​ពាល​នោះ) បុគ្គល​ពាល បើទុកជា​គេនិយាយ​ត្រូវ ក៏នៅ​តែខឹង បុគ្គលពាល រមែង​មិន​ដឹងច្បាប់​អ្វីទេ ការមិន​ជួបប្រទះ​នឹងបុគ្គល​ពាលនោះ ជាការ​ប្រពៃ។

[១១១៤] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថា្ន​ពរណា ខ្ញុំប្រគេន​ពរនោះ ដល់លោក។

[១១១៥] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​នឹងប្រទានពរ​ដល់អាត្មា អាត្មាសូម​ឲ្យជួបប្រទះ​អ្នកប្រាជ្ញ សូមឲ្យ​ស្តាប់អ្នក​ប្រាជ្ញ សូមឲ្យ​នៅរួម​ជាមួយ​នឹង​អ្នកប្រាជ្ញ សូមឲ្យបាន​ធ្វើ ទាំងសូម​ឲ្យបាន​ចូលចិត្ត នឹងការ​ចរចា​ទៅមក ជាមួយ​នឹងអ្នក​ប្រាជ្ញនោះ។

[១១១៦] (សក្កៈ….) អ្នកប្រាជ្ញបានធ្វើប្រយោជន៍អ្វី​ដល់លោក បពិត្រ​កស្សបៈ សូមលោក​ប្រាប់ហេតុ បពិត្រ​កស្សបៈ ហេតុអ្វីបាន​ជាលោក​ចង់ជួប​ប្រទះ​អ្នកប្រាជ្ញ។

[១១១៧] (អកិត្តិ….) អ្នកប្រាជ្ញ រមែង​ណែនាំនូវហេតុ ដែលគួរដឹកនាំ រមែង​មិន​ប្រកប​ក្នុងកិច្ច ដែលមិន​មែនជាធុរៈ ការដឹក​នាំល្អ ជាការ​ប្រសើរ (របស់​អ្នកប្រាជ្ញ​នោះ) អ្នកប្រាជ្ញ បើគេ​និយាយ​ត្រូវ​ហើយ រមែង​មិនក្រោធ អ្នកប្រាជ្ញនោះ រមែង​ចេះ​ដឹងច្បាប់ ការសេព​គប់ជាមួយ​នឹងអ្នក​ប្រាជ្ញនោះ ជាការប្រពៃ។

[១១១៨] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ ​បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំនឹងប្រគេន​ពរនោះ ដល់លោក។

[១១១៩] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា នាកាល​រាត្រីនោះ​អស់​ហើយ ព្រះអាទិត្យ​ក៏រះឡើង សូមឲ្យ​ទិព្វភោជន​កើតប្រាកដ ទាំង​ពួកយាចក​អ្នកមាន​សីល (ក៏ឲ្យមក) កាលបើ​អាត្មាឲ្យ សូម​ទិព្វភោជន​កុំឲ្យអស់ លុះឲ្យ​ហើយ សូមកុំ​ឲ្យក្តៅ​ក្រហាយ​ក្រោយ កាលបើ​កំពុងឲ្យ គប្បីឲ្យ​មានចិត្ត​ជ្រះថ្លា បពិត្រ​សក្កៈ សូមព្រះអង្គ​ប្រទានពរនុ៎ះ​ចុះ។

[១១២០] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបាន​ពោលល្អ​ហើយ បពិត្រ​​កស្សបៈ លោកមាន​ចិត្តប្រាថ្នា​ពរណា ខ្ញុំនឹង​ប្រគេនពរ​នោះ ដល់លោក។

[១១២១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គ​ប្រទានពរ​ដល់​អាត្មា ព្រះអង្គ​កុំចូលមក​រកអាត្មា​ទៀតឡើយ បពិត្រ​សក្កៈ សូមព្រះអង្គ​ប្រទានពរ​នុ៎ះចុះ។

[១១២២] (សក្កៈ…) ពួកជនប្រុសស្រី តែងចង់ឃើញ (ខ្ញុំ) ដោយការ​ប្រព្រឹត្តិ​វត្តដ៏​ច្រើនចុះ ភ័យក្នុង​ការឃើញខ្ញុំ (មាន​ដល់លោក)។

[១១២៣] (អកិតិ្ត….) អាត្មាឃើញព្រះអង្គ មានភេទជាទេវតា​ប្រាកដ​ដូច្នោះ មាន​សេចក្តី​ប្រាថ្នា​ទាំងពួង​សម្រេច​ហើយ គប្បី​ប្រហែស​ក្នុង​តបធម៌ ភ័យក្នុង​ការឃើញ​ព្រះអង្គ​នុ៎ះ មានដល់ (អាត្មា)។

ចប់ អកិត្តិជាតក ទី៧។

តកា្ករិយជាតក ទី៨

[១១២៤] (ព្រាហ្មណ៍បុរោហិត និយាយថា) ខ្ញុំឯង ជាមនុស្សល្ងង់ និយាយ​សំដីទាស់ ដូចជា​កង្កែប​ហៅពស់​ក្នុងព្រៃ ម្នាល​តក្ការិយៈ ខ្ញុំធ្លាក់ក្នុង​រណ្តៅនេះ ព្រោះឮថា បុគ្គល​និយាយ​ហួសប្រមាណ មិនប្រពៃ​ឡើយ។

[១១២៥] (តក្ការិយពោធិសត្វ តបថា) បុគ្គលអ្នកនិយាយ​ហួសប្រមាណ​ តែង​ដល់នូវ​ការចង ការសម្លាប់ សោក និងខ្សឹកខ្សួល លោក​តិះដៀល​ខ្លួនលោក ព្រោះ​តែហេតុនោះ បពិត្រ​លោក​អាចារ្យ ពួកជន​កប់លោក​ក្នុងរណ្តៅ​ឥឡូវនេះ។

[១១២៦] (មហាសត្វ ដំណាលពីសេដ្ឋីបុត្រ និយាយថា) ថ្វីបាន​ជាអញសួរ អញយក​អាសាតុណ្ឌិលៈ ជាបង​នាងកាលី បាន​ជាអញ​ត្រូវគេ​ដណ្តើម​យកសំពត់​ទាំងគូ ​ហើយ​ជា​មនុស្ស​អាក្រាត ដំណើរ​នេះឯង ប្រហែលគ្នា​នឹងលោក​ច្រើនប្រការ។

[១១២៧] (ដំណាលរឿងកុកសថា) កាលពពែទាំងពីរ កំពុងតែ​ជល់គ្នា កុកសណា ចូលទៅ​ត្រង់ចន្លោះ​ពពែ កុកសនោះ ត្រូវក្បាល​ពពែទាំងពីរ ទង្គិចខ្ទេច​ក្នុងទីនោះ ដំណើរ​នេះ ប្រហែលគ្នា​នឹងលោក​ច្រើនយ៉ាង។

[១១២៨] (ដំណាលរឿងជន ៤ នាក់ ថា) ជន ៤ នាក់ កាន់ជាយ​ក្រមា ចាំ​ត្រង​បុរសម្នាក់ (ដែលលោត​ពីចុងត្នោត) ជនទាំង ៤ នាក់នោះ បែកក្បាល​ដួលស្លាប់ ដំណើរនេះ ប្រហែល​គ្នានឹងលោក​ច្រើនយ៉ាង។

[១១២៩] (ដំណាលរឿងពពែថា) ដូចជាមេពពែ ដែលចោរចង​ទុកក្បែរ​គុម្ពឫស្សី ទធាក់​ជើងក្រោយ​លេង បាន​ជាន់កាំបិត ហេតុនោះ បាន​ជាចោរ អារបំពង់​កមេពពែ​នោះ ដំណើរ​នេះឯង ​ប្រហែលគ្នា​នឹងលោក​ច្រើនយ៉ាង។

[១១៣០] (ដំណាលរឿង ព្រះរាជាពារាណសី ត្រាស់ថា) កិន្នរ​ទាំងពីរនេះ មិនមែន​ជាទេវតា មិនមែន​ជាគន្ធព្វបុត្ត​ទេ កិន្នរ​ទាំងនេះ ជាម្រឹគទេ កិន្នរ​ទាំងនេះ ព្រាន​ព្រៃបាន​នាំមក​ដោយ​អំណាច​ប្រយោជន៍ ពួកអ្នកធ្វើ​ក្រយាស្ងោយ ចូរ​ចំអិន​កិន្នរ​មួយ​នោះ ក្នុងពេល​បាយល្ងាច ចូរចំអិន​កិន្នរ​មួយទៀត ក្នុងពេល​បាយព្រឹក។

[១១៣១] (រឿងកិន្នរី ទូលព្រះរាជាថា) ពាក្យជាទុព្ភាសិត​មួយសែនម៉ាត់ ក៏មិន​ដល់មួយ​ចំណិត​នៃពាក្យ​ជាសុភាសិត​ឡើយ បុគ្គល​កាលរង្កៀស​នឹងពាក្យជា​ទុព្ភាសិត រមែង​លំបាក ព្រោះ​ហេតុនោះ កិន្នរ​នៅស្ងៀម មិនមែន​ព្រោះល្ងង់ទេ។

[១១៣២] (ព្រះរាជា ត្រាស់ថា) កិន្នរីណា បាន​ដោះសា​នឹងអញ អ្នកទាំងឡាយ ចូរលែង​កិន្នរី​នុ៎ះចុះ ចូរនាំ​កិន្នរនោះ ទៅភ្នំ​ហិមពាន្ត អ្នក​ទាំងឡាយ ចូរប្រគល់​កិន្នរនេះ ដើម្បី​រោងគ្រួ ចូរចំអិនវា​ក្នុងពេល​បាយព្រឹក អំពីព្រលឹម។

[១១៣៣] (កិន្នរ ក្រាបទូលថា) ពួកសត្វចិញ្ចឹម មានមេឃ​ជាទីពឹង ​ពួកមនុស្សមាន​សត្វចិញ្ចឹម​ជាទីពឹង បពិត្រ​មហារាជ ខ្ញុំមាន​ព្រះអង្គ​ជាទីពឹង ឯភរិយា​របស់ខ្ញុំ មាន​ខ្លួនខ្ញុំ​ជាទីពឹង ក្នុងរវាង​យើងខ្ញុំ​ទាំងពីរនាក់ សូមឲ្យ​អ្នកដែលរួច (អំពីសេចក្តី​ស្លាប់) ដឹងថា អ្នកណា​មួយ (ស្លាប់) ​ហើយសឹម​ទៅភ្នំ។

[១១៣៤] បុគ្គលមិនងាយចៀសនិន្ទាទេ បពិត្រ​ព្រះជនិន្ទ ព្រះអង្គ​គប្បីសេពគប់ រាប់រក​នូវពួកជន អ្នកមាន​សេចក្តី​ប្រាថា្ន​ផ្សេង ៗ គ្នា (លមើល) បុគ្គល​ពួកមួយ បាន​នូវសេចក្តី​សរសើរ​ដោយគុណ មានសីលគុណ​ជាដើម​ណា បុគ្គលឯទៀត បាននូវ​ពាក្យនិន្ទា ដោយ​គុណ មានសីលគុណ​ជាដើម​នោះ​ទៅវិញ។

[១១៣៥] សត្វលោកទាំងអស់ មានចិត្តក្លៀវក្លា ដោយចិត្ត​ផ្សេងគ្នា សត្វលោក​ទាំង​អស់ មានចិត្ត​ប្រព្រឹត្តទៅ​ក្នុងចិត្ត​របស់ខ្លួន ពួកសត្វ​ទាំងអស់ មានចិត្តផ្សេង ៗ គ្នា មាន​ប្រភេទ​ដ៏ច្រើន ឯក្នុង​លោកនេះ បុគ្គល​មិនលុះ​អំណាចចិត្ត​របស់បុគ្គល​ណាបាន​ឡើយ។

[១១៣៦] (ព្រះរាជា…) កិន្នរណា ព្រមទាំងភរិយានៅស្ងៀម ឥឡូវនេះ ភ័យ​ហើយ បាន​ដោះសា កិន្នរនោះ ចូររួច​អំពីភ័យ ដល់នូវ​សេចក្តីសុខ មិនមាន​រោគក្នុង​កាលឥឡូវ​នេះចុះ វាចារបស់​ជនទាំង​ឡាយ ជាវាចា​មានប្រយោជន៍។

ចប់ តកា្ករិយជាតក ទី៨។

រុរុមិគជាតក ទី៩

[១១៣៧] (ព្រះបាទព្រហ្មទត្ត ប្រកាសថា) នរណា ប្រាប់ម្រឹគនោះ ជាម្រឹគ​ដ៏ឧត្តម​ជាងម្រឹគ​ទាំងឡាយ ដល់យើង យើងនឹង​ឲ្យស្រុកសួយ និងនាង​នារី​ដែលស្អិតស្អាង​ហើយ ដល់​អ្នកនោះ។

[១១៣៨] (សេដ្ឋីបុត្ត ក្រាបទូលថា) សូមព្រះអង្គ​ប្រទានស្រុកសួយ និងពួក​នាងនារី ដែល​ស្អិតស្អាង ដល់ទូល​ព្រះបង្គំ​ជាខ្ញុំចុះ ទូលព្រះបង្គំ​ជាខ្ញុំ នឹងក្រាប​ទូលម្រឹគនោះ ជាម្រឹគ​ដ៏ឧត្តម​ជាងម្រឹគ​ទាំងឡាយ​ដល់ព្រះអង្គ។

[១១៣៩] ដើមស្វាយ និងដើមសាលព្រឹក្ស ក្នុងដងព្រៃនុ៎ះ មានផ្ការីក (ផែនដី)​ ដ៏​ដេរដាស​ដោយស្មៅ មាន​សម្ផ័ស្សស្រួល មានពណ៌​ក្រហមដូច​ជាសម្បុរ​នៃសត្វ​មេភ្លៀង ម្រឹគនុ៎ះ ឋិតទៅ​ក្នុងដងព្រៃនុ៎ះ។

[១១៤០] (អភិសម្ពុទ្ធគាថា) ព្រះបាទព្រហ្មទត្ត ទ្រង់យិតព្រះទម្រង់​កៅទណ្ឌ ផ្ទាប់កាំសរ ​ហើយស្តេច​ចូលតម្រង់​ទៅ ឯម្រឹគ​ក្រលេក​ឃើញ​ព្រះរាជា​ហើយ ក៏ទូល​អង្វរពី​ចម្ងាយថា បពិត្រ​មហារាជ សូមព្រះអង្គ​ឈប់សិន បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងរថ សូមព្រះអង្គ​កុំបាញ់​ទូលព្រះបង្គំ​ជាខ្ញុំឡើយ នរណាអេះ បាន​ក្រាបទូល​ដំណើរ​នេះ​ដល់ព្រះអង្គ​ថា ម្រឹគនុ៎ះ ឋិតនៅ​ក្នុងដង​ព្រៃនុ៎ះ។

[១១៤១] (ព្រះរាជា….) នែសំឡាញ់ បុរសជាអ្នកប្រព្រឹត្តអំពើលាមក​នុ៎ះ ឋិតនៅ​អំពី​ចម្ងាយ បុរសនោះ បាន​ប្រាប់ដំណើរ​នេះ​ដល់យើងថា ម្រឹគនុ៎ះ ឋិតនៅ​ក្នុងទីនុ៎ះ។

[១១៤២] (ប្រើសមាសពោធិសត្វ…) បានឮមកថា នរជនពួកខ្លះ ក្នុងលោកនេះ បាន​ពោលពាក្យ​ពិតយ៉ាង​នេះថា កំណាត់​ឈើដែល​គេស្រង់​ឡើង ប្រសើរជាង ឯ​នរជនពួកខ្លះ ដែលគេ​ស្រង់ឡើង មិនប្រសើរ​ទេ។

[១១៤៣] (ព្រះរាជា…) ម្នាលម្រឹគ អ្នកតិះដៀលម្រឹគ​ទាំងឡាយ ឬបក្សីទាំងឡាយ ឬក៏មនុស្ស​ទាំងឡាយ យើងមាន​ភ័យច្រើន ព្រោះតែ​ឮអ្នកនិយាយ​ជាភាសា​មនុស្ស។

[១១៤៤] (ប្រើសមាស…) ខ្ញុំបានស្រង់មនុស្សណា ដែលរសាត់​ទៅក្នុងផ្លូវទឹក មាន​ទឹកច្រើន ទឹកជ្រៅ មានខ្សែ​ទឹកហូរ​រហ័ស (ឥឡូវ) ភ័យមាន​មកដល់​ទូលព្រះបង្គំ​ជា​ខ្ញុំ​ហើយ ព្រោះហេតុ​តែស្រង់​មនុស្សនោះ បពិត្រ​មហារាជ ការរួបរួម​នឹងអសប្បុរស​តែងនាំ​មកនូវ​សេចក្តីទុក្ខ។

[១១៤៥] (ព្រះរាជា…) យើងនឹងបាញ់ព្រួញនេះ ទៅតាមអាកាស ជាព្រួញមាន​ស្លាបកន្ទុយ ៤ ផ្តាច់​នូវសរីរៈ (បុរសនោះ) ចំដើមទ្រូង យើងនឹង​សម្លាប់​មនុស្សនោះ ជាមនុស្ស​ទ្រុស្តមិត្ត ជាអ្នក​ធ្វើកិច្ចដែល​មិនគួរធ្វើ មិនដឹង​នូវឧបការគុណ ដែល​ធ្វើ​​ហើយ​ប្រាកដ​ដូច្នោះ។

[១១៤៦] (ប្រើសមាស…) បពិត្រព្រះជនិន្ទ្រ សប្បុរសទាំងឡាយ រមែង​មិន​សរសើរ​នូវការ​សម្លាប់​របស់​អ្នកប្រាជ្ញ ឬមនុស្ស​ពាល ដោយពិត ​សូមឲ្យ​មនុស្ស​អ្នកមាន​បាបធម៌​ទៅផ្ទះ តាមសេចក្តី​ប្រាថ្នាចុះ ភត្តណា (ដែលព្រះអង្គ​ត្រូវប្រទាន) ដល់​បុរសនុ៎ះ សូមព្រះអង្គ​ ប្រទាន​ភត្តនោះ ដល់បុរស​នុ៎ះចុះ ចំណែក​ខ្ញុំ សូមធ្វើ​តាមសេចក្តី​ប្រាថា្ន​របស់ព្រះអង្គ​ចុះ។

[១១៤៧] (ព្រះរាជា…) ម្នាលប្រើសមាស បណ្តាសប្បុរស​ទាំងឡាយ ​អ្នកដែលមិន​ប្រទូស្ត​ចំពោះ​មនុស្ស​ដែល​ប្រទូស្តនោះ ក៏ចាត់ថា​ជាសប្បុរស​មួយ​ដោយពិត មនុស្ស​មាន​បាបធម៌ ចូរទៅ​ផ្ទះរបស់​ខ្លួនតាម​សេចក្តី​ប្រាថ្នាចុះ ភត្តណា (ដែលយើង​ត្រូវឲ្យ) ដល់បុរសនុ៎ះ យើងនឹង​ឲ្យភត្តនោះ​ដល់បុរសនុ៎ះ មួយទៀត យើងនឹងឲ្យ​ស្រុកសួយ​ដល់អ្នក។

[១១៤៨] (ប្រើសមាស…) បពិត្រមហារាជ សំឡេងរបស់ចចក និងក្រៀល គេដឹង​បាន​ដោយ​ងាយ ឯសំដី​របស់មនុស្ស គេដឹង​បាន​ដោយកម្រ ជាងសំដី​សត្វនោះ​ទៅទៀត បុរសណា មានចិត្តល្អ គេសំគាល់ថា ជាញាតិ ជាមិត្រ ជាសំឡាញ់​ក្នុងកាលមុន បុរសនោះ រមែង​ជាសត្រូវ​វិញ ក្នុងកាល​ជាខាង​ក្រោយ។

[១១៤៩] (អភិសម្ពុទ្ធគាថា) ពួកអ្នកជនបទ ក៏មកប្រជុំគ្នា ពួកអ្នកនិគម ក៏មកប្រជុំ​គ្នា (ហើយក្រាប​ទូសស្តេច) ថា ពួកម្រឹគ​ស៊ីស្រូវអស់​ហើយ សូម​ព្រះសម្មតិទេព កំចាត់​ពួកម្រឹគ​នោះចេញ។

[១១៥០] (ព្រះរាជា…) ចូរកុំឲ្យមានជនបទ ទាំងដែន​ក៏ចូរវិនាស​ទៅដោយ​ពិតចុះ យើង​ឲ្យអភ័យ​ដល់ពួកបក្សី​ហើយ មិនប្រទូស្ត​ប្រើសមាសទេ។

[១១៥១] យើងមិនមានជនបទក្តី ជនបទមិនមាន​ដល់យើងក្តី យើងឲ្យ​ពរដល់​មិគរាជ​​ហើយ មិន​និយាយ​ពាក្យកុហក​ទេ។

ចប់ រុរុមិគជាតក ទី៩។

សរភជាតក ទី១០

[១១៥២] (ព្រះបាទព្រហ្មទត្ត បន្លឺឧទានថា) បុរសជាបណ្ឌិត​ ត្រូវតែប្រាថ្នា មិន​គប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា។

[១១៥៣] បុរសជាបណ្ឌិត​ ត្រូវតែប្រាថ្នា មិនគប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន ដែលគេ​ស្រង់អំពី​ទឹកមក​លើគោក។

[១១៥៤] បុរសជាបណ្ឌិត​ ត្រូវតែព្យាយាម មិនគប្បី​នឿយណាយ​ទេ អាត្មាអញ​ឃើញខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា។

[១១៥៥] បុរសជាបណ្ឌិត​ ត្រូវតែព្យាយាម មិនគប្បី​នឿយណាយទេ​ អាត្មាអញ​ឃើញខ្លួន​ដែលសរភម្រឹគ​ស្រង់អំពី​ទឹកមក​លើគោក។

[១១៥៦] នរជនដែលប្រកបដោយប្រាជ្ញា សូម្បីដល់​សេចក្តីទុក្ខ ក៏មិន​កាត់បង់​សេចក្តី​ប៉ុនប៉ង ដើម្បីឲ្យបាន​សុខ ព្រោះថា ផស្សៈ [ផស្សៈ ប្រែថា ការប៉ះពាល់ មាន៤ គឺការ​ប៉ះពាល់​នឹងទុក្ខ សុខ មរណៈ និងជីវិត។ ការប៉ះពាល់​ទុក្ខ និងមរណៈ មិនជា​ប្រយោជន៍​របស់​សត្វ។ ការប៉ះ​ពាល់​សុខ និងជីវិត ជាប្រយោជន៍។ អដ្ឋកថាន័យ។] ទាំងឡាយ មានច្រើន មិនជា​ប្រយោជន៍​ក៏មាន ជាប្រយោជន៍​ក៏មាន ពួកជន​អ្នកមិន​ត្រិះរិះ រមែង​ចូលទៅរក​សេចក្តី​ស្លាប់។

[១១៥៧] ហេតុដែលយើងមិនបាន​គិត ក៏ប្រែជាមាន ហេតុដែល​យើងបាន​គិត​ហើយ ក៏ប្រែជា​វិនាស​ទៅវិញ ភោគៈ​ទាំងឡាយ របស់ស្ត្រីក្តី របស់​បុរសក្តី មិនមែន​សម្រេច​មកពី​ការគិត​ឡើយ។

[១១៥៨] (បុរោហិត ក្រាបបង្គំទូលថា) ពីដើម ព្រះអង្គ​ជាប់តាម​សរភម្រឹគ ក្នុងដងភ្នំ ព្រះអង្គ​បាន​រស់រួចព្រះជន្ម ដោយសារ​សេចក្តីព្យាយាម​របស់សរភម្រឹគ ដែលមាន​ចិត្ត​មិន​រួញរា។

[១១៥៩] សរភម្រឹគណា ធ្វើនូវការប្រតោងថ្ម បាន​ស្រង់ព្រះអង្គ​ឡើងអំពី​រណ្តៅ ដែលមិន​ងាយ​ឡើងរួច ​ហើយបាន​ដោះព្រះអង្គ​ ដែលដល់​នូវសេចក្តី​ទុក្ខ ឲ្យរួចពី​មាត់​សេចក្តី​សា្លប់ ព្រះអង្គ​ពណ៌នា​សរសើរ​សរភម្រឹគ ដែលជា​សត្វមាន​ចិត្តមិនរួញរា​នោះឯង។

[១១៦០] (ព្រះរាជា…) ក្នុងពេលនោះ អ្នកឯងបាន​នៅក្នុងទីនោះ​ដែរឬ ឬនរណា​មួយ​ប្រាប់​ដំណើរនោះ​ដល់អ្នក ឬក៏អ្នកជា​បុគ្គល​មានដម្បូល គឺកិលេស​បើក​ហើយ ជាអ្នក​ឃើញហេតុ​សព្វ ម្នាល​ព្រាហ្មណ៍ អ្នកមាន​ញាណ​ដ៏មាន​កំឡាំង​ក្លៀវក្លាឬ។

[១១៦១] (បុរោហិត…) ក្នុងពេលនោះ ទូលព្រះបង្គំជាខ្ញុំ មិនបាន​នៅក្នុង​ព្រៃនោះទេ ទាំងគ្មាន​នរណា​មួយ ប្រាប់ដំណើរ​នោះ​ដល់ទូល​បង្គំជា​ខ្ញុំឡើយ បពិត្រ​ព្រះជនិន្ទ អ្នក​ប្រាជ្ញ​ទាំងឡាយ តែង​ពិចារណា​សេចក្តីនៃ​បទនៃគាថា និង​សុភាសិត​ទាំងឡាយ​នោះ។

[១១៦២] (ព្រះឥន្ទ្រ ជ្រែកចូលក្នុងសរីរៈបុរោហិត ​ហើយ​និយាយថា) ព្រះអង្គ​ផ្ទាប់​ព្រះទម្រង់​កាំសរ មានស្លាបកន្ទុយ​ជាគ្រឿង​សម្លាប់​បុគ្គលដទៃ​ដោយសេចក្តី​ព្យាយាម ឰដ៏​ព្រះទម្រង់​កៅទណ្ឌ​ហើយ នៅអល់​អែកអ្វីទៀត ចូរឲ្យ​ព្រះទម្រង់​កាំសរ ដែល​ព្រះអង្គ​បាញ់​ទៅ​ហើយ សម្លាប់​សរភម្រឹគ​ឲ្យឆាប់ទៅ បពិត្រ​មហារាជ​មាន​ប្រាជ្ញាដ៏ប្រសើរ ព្រោះ​សរភម្រឹគ​នុ៎ះ នឹងបាន​ជាក្រយាស្ងោយ​របស់ព្រះរាជា។

[១១៦៣] (ព្រះរាជា…) ម្នាលព្រាហ្មណ៍ យើងដឹងថា សរភម្រឹគនោះ ជាក្រយាស្ងោយ​របស់​ក្សត្រិយ៍ ពិតមែន​ហើយ តែយើង​គោរពគុណ ដែល​សរភម្រឹគ ធ្វើ​ហើយ​ក្នុងកាលមុន ហេតុនោះ យើងមិន​សម្លាប់​សរភម្រឹគ​ទេ។

[១១៦៤] (សក្ក…) បពិត្រមហារាជ នុ៎ះមិនមែនជា​សរភម្រឹគទេ នុ៎ះជា​ព្រះឥន្ទ្រ​ជាធំជាង​អសុរ បពិត្រ​ព្រះអង្គ​ជាធំជាង​មនុស្ស ព្រះអង្គ​សម្លាប់​ព្រះឥន្ទ្រនោះ​ហើយ ចូរបាន​ជាស្តេច​ទេវតា។

[១១៦៥] បពិត្រមហារាជ បើព្រះអង្គ​នៅអល់អែក​នឹងការ​សម្លាប់សរភម្រឹគ ដែលជា​សំឡាញ់​ហើយ បពិត្រ​ព្រះអង្គ​ប្រសើរ​ដោយការ​ព្យាយាម​ជាងនរជន ព្រះអង្គ​​ព្រម​ទាំង​ព្រះរាជបុត្រ ព្រះរាជ​ទេពី នឹងធ្លាក់​ទៅក្នុង​វេតរណីនរក​នៃព្រះយមរាជ។

[១១៦៦] (ព្រះរាជា…) យើងផង ពួកអ្នកជនបទទាំង​អស់ផង បុត្រា​បុត្រីផង អគ្គមហេសី​ផង ពួកសំឡាញ់​ផង ចូរធ្លាក់​ទៅក្នុង​វេតរណីនរក​នៃព្រះយមរាជ ដោយ​ពិតចុះ យើងមិន​ត្រូវសម្លាប់​សត្វ​ដែលឲ្យ​ជីវិត​យើងឡើយ។

[១១៦៧] សរភម្រឹគនេះ ជាអ្នកឲ្យជីវិតដល់យើង ដែលដល់​នូវសេចក្តី​លំបាក​ម្នាក់ឯង ក្នុងព្រៃ​ដ៏ពន្លឹក បពិត្រ​មហាព្រហ្ម យើងរលឹក​ដឹងនូវកិច្ច​ការខាងដើម បែបនោះ​​ហើយ គប្បី​សម្លាប់​ដូចម្តេច​បាន។

[១១៦៨] (សក្កៈ…) សូមព្រះអង្គ​ ជាអ្នកញុំាង​មិត្រឲ្យត្រេកអរ គង់ព្រះជន្ម​អស់​កាល​យូរអង្វែង សូមព្រះអង្គ​សោយរាជ​សម្បត្តិនេះ​ក្នុងធម្មគុណ សូមឲ្យមាន​ពួកនាង​នារី​ចោមរោម ​ហើយត្រេកអរ​ក្នុងដែន​របស់​ព្រះអង្គ​ចុះ ដូចជា​វាសវៈ ត្រេកអរ ក្នុងឋាន​ត្រៃត្រិង្ស។

[១១៦៩] ព្រះអង្គជាបុគ្គលមិនក្រោធ មានព្រះទ័យ​ជ្រះថ្លា​ជានិច្ច យកសមណ​ព្រាហ្មណ៍ ប្រកប​ដោយធម៌​ទាំងអស់ ជាភ្ញៀវ ព្រះអង្គ​គួរគេសូមបាន​ ឲ្យទាន និង​ប្រើប្រាស់​ខ្លួនឯង តាម​សមគួរ សត្វលោក​មិនតិះដៀល​បាន​ សូមព្រះអង្គ​ទៅកើត​ក្នុងឋានសួគ៌ចុះ។

ចប់ សរភជាតក ទី១០។

ឧទ្ទាននៃតេរសនិបាតនោះគឺ

និយាយអំពីស្វាយដ៏ប្រសើរ ១ ដឹង ១ ហង្សដ៏ប្រសើរ ១ ការនៅ​ក្នុងព្រៃ ១ ទូតជា​គំរប់ ៥ កាលិង្គពោធិព្រឹក្ស ១ អកិត្តិតាបស ១ តក្ការិយបុរោហិត ១ ម្រឹគមាស ១ សរភម្រឹគ ១។

ចប់ តេរសនិបាត។

ចប់ ភាគ៥៩។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០