ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥៥|៥៦|៥៧|៥៨|៥៩| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ថេរគាថា ថេរីគាថា

ឆដ្ឋភាគ

ភាគ ៥៧

ថេរគាថា សត្តកនិបាត

[២២៥] ស្រីផ្កាមាសតាក់​តែង ស្លៀកពាក់ល្អ ទ្រទ្រង់​កម្រងផ្កា ស្អិតស្អាង​ហើយ មាន​ជើង​ស្រឡាប​ដោយ​ទឹកល័ខ ពាក់ស្បែក​ជើង លុះដោះ​ស្បែក​ជើងចេញ​​ហើយ ក៏ធ្វើ​​អព្ជាលី​ចំពោះ​មុខ ស្រីផ្កាមាសនោះ​ និយាយនូវ​ពាក្យ​ជាប្រធាន​នៃ​មិត្ត [ពាក្យ​ចែចង់។] ​នឹងខ្ញុំ ​ដោយ​សំដី​ដ៏​ទន់ពីរោះថា លោកនៅ​កំឡោះ​ហើយបួស លោកចូរ​ឋិតនៅ​ក្នុង​ពាក្យ​ប្រដៅ​របស់​ខ្ញុំ លោកចូរ​បរិភោគកាម​ជារបស់​មនុស្សចុះ ខ្ញុំ​នឹងឲ្យ​សម្បត្តិ​ដ៏ពេញ​ចិត្ត​ដល់​លោក។ ខ្ញុំប្តេជ្ញា​ពាក្យ​ពិត​ដល់​លោក ឬ​នឹងនាំ​ភ្លើងដល់​លោក [ស្បថ​នឹងភ្លើង]។ កាល​ណា​យើង​ទាំង​ពីរនាក់ ជាមនុស្សចាស់​កាន់ឈើច្រត់​ហើយ យើង​នឹងបួស​ទាំងពីរ​នាក់ ​នឹង​កាន់យក​នូវ​ជ័យជំនះ​ក្នុង​លោក​ទាំងពីរ។ ខ្ញុំបាន​ឃើញ​ស្រីផ្កាមាស​នោះ​ មក​ធើ្វ​អព្ជាលី តាក់​តែង ស្លៀកពាក់ល្អ ​ដូច​ជាជាប់​អន្ទាក់មច្ចុ លំដាប់​នុ៎ះ ខ្ញុំក៏បាន​ធើ្វ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​​​នៃបញ្ញា។បេ។ [គប្បី​មើល​ក្នុង​ចតុក្កនិបាត។] សុន្ទរសមុទ្ទត្ថេរ។

 

[២២៦] ព្រះភទ្ទិយត្ថេរ នៅ​ក្នុងអម្ពាដការាម​ដ៏​ប្រសើរ ក្បែរដងព្រៃ ​បាន​ដក​តណ្ហា ព្រម​​ទាំង​ឫស​ចោលអស់ហើយ ជាអ្នក​ប្រសើរ ចំរើន​ឈាន​ក្នុងអារាមនោះ​។

ជនពួកខ្លះ ត្រេកអរ​ដោយសម្ភោរ ​ដោយពិណ ​ដោយស្គរជ័យ​ក៏មាន​ ចំណែក​ខ្ញុំ​នៅ​​ទៀបគល់ឈើ ត្រេកអរ​តែ​ក្នុង​ពុទ្ធសាសនា។ មួយទៀត ព្រះពុទ្ធ​​ទ្រង់​ប្រទាន​ពរ​ដល់​ខ្ញុំ ៗ បាន​នូវ​ពរនោះ​ ខ្ញុំកាន់យក​នូវ​កាយគតាសតិ​ជានិច្ច ដើម្បី​លោក​ទាំងអស់។ ពួក​ជន​ណា មើលងាយ​ខ្ញុំ​ដោយរូបក្តី​ ពួកជនណា តាមខ្ញុំទៅ​​ដោយ​សំឡេង [ឃោសនា។] ក្តី​ ពួក​ជន​ទាំង​នុ៎ះ សុទ្ធ​តែលុះ​អំណាច​នៃ​ឆន្ទរាគ មិនស្គាល់ខ្ញុំទេ។ បុគ្គល​ណា មិនដឹង​ធម៌​ខាង​ក្នុង ​ទាំង​មិនឃើញ​ធម៌ខាងក្រៅ​ បុគ្គលនោះ​ឯង ជាមនុស្ស​ពាល មាន​ធម៌​ជាគ្រឿង​រាំងរា​ជុំវិញ​ ​តែងត្រូវ​សំឡេងនាំ​បន្សាត់​ទៅ​។ បុគ្គល​ណា មិនដឹងធម៌​ខាង​ក្នុង ប៉ុន្តែឃើញ​ច្បាស់​នូវ​​ធម៌ខាង​ក្រៅ បុគ្គលនោះ​ ឈ្មោះ​ថា ឃើញផល​ខាងក្រៅ ក៏ត្រូវ​សំឡេងបន្សាត់​ទៅ​ដែរ។ បុគ្គលណា ​ដឹងច្បាស់នូវ​ធម៌​ខាង​ក្នុង ​ទាំងឃើញ​ច្បាស់​នូវ​ធម៌ខាងក្រៅ បុគ្គល​នោះ​ ឈ្មោះ​​ថា ជាអ្នក​ឃើញ​ធម៌​ដែលគ្មាន​អ្វីរាំងរា ​តែងមិន​ត្រូវ​សំឡេង​បន្សាត់ទៅ​ឡើយ។ លកុណ្តកត្ថេរ។

 

[២២៧] ខ្ញុំជាកូនប្រុស​តែមួយ ជាទីស្រឡាញ់​របស់​មាតា ជាទីស្រឡាញ់​របស់​បិតា ​ដែល​​មាតាបិតា​បាន​ហើយ ​ដោយការ​ប្រព្រឹត្តិ​វ័ត​ដ៏ច្រើនផង ​ដោយការ​បន់​ស្រន់​ផង។ ឯ​មាតា និងបិតា​ទាំងពីរនោះ​ ជាអ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ស្វែងរក​ប្រយោជន៍ ទើប​នាំខ្ញុំទៅ​ថ្វាយ​​ព្រះពុទ្ធ ព្រោះសេចក្តី​អនុគ្រោះ (ដោយពាក្យ​ថា) កូន​នេះ​ ​ធ្លាប់សុខ ចំរើន​​ដោយ​សេចក្តី​សុខ ខ្ញុំព្រះអង្គ​បាន​ដោយ​លំបាក បពិត្រ​ព្រះលោកនាថ យើងខ្ញុំសូម​ថ្វាយ​កូននេះ​ ឲ្យ​ជាអ្នក​បំរើ​ព្រះអង្គ អ្នក​ទ្រង់​ឈ្នះមារ។ ទើបព្រះសាស្តាទទួលខ្ញុំ ហើយ​ត្រាស់​ពាក្យ​នេះ​​នឹងព្រះអានន្ទ​ថា អ្នក​ចូរ​បំបួស​កុមារនេះ​ឲ្យឆាប់ កុមារនេះ​​នឹងបាន​ជាបុរសអាជានេយ្យ។ លុះ​ព្រះសាស្តាអ្នក​ឈ្នះមារ ទ្រង់​ឲ្យបំបួស​ខ្ញុំរួច​ហើយ ក៏ស្តេច​ចូល​ទៅ​កាន់​វិហារ នាកាល​ព្រះអាទិត្យ​មិនទាន់លិច លំដាប់នោះ​ ចិត្ត​របស់​ខ្ញុំ​ក៏ផុត​ចាក​អាសវៈ​។ តពីនោះ​មក ព្រះសាស្តា ទ្រង់​ចេញ​​ចាក​ទីសម្ងំ លះបង់ហើយ ត្រាស់​នឹងខ្ញុំថា ម្នាលភទ្ទៈ អ្នក​ចូរមក ព្រះវាចានោះ​ បាន​ជាឧបសម្បទា​របស់​ខ្ញុំ។ ខ្ញុំបាន​ឧបសម្បទា ​ក្នុង​អាយុ ៧ ឆ្នាំ ​អំពី​កំណើត ខ្ញុំបាន​សម្រេច​វិជ្ជា ៣ ហើយ ឱ! ព្រះធម៌​ល្អណាស់តើ។​ ភទ្ទត្ថេរ។

 

[២២៨] ខ្ញុំបាន​ឃើញព្រះសាស្តា ព្រះអង្គឧត្តម​ជាងជន ​ដែលកំពុង​ចង្ក្រម ឰ​ដ៏ម្លប់​ប្រាសាទ គឺគន្ធកុដិ ក៏បាន​ចូល​ទៅ​គាល់​ព្រះសាស្តានោះ​​ក្នុងទីនោះ​ ហើយ​ថ្វាយ​បង្គំ​នូវ​ព្រះ​អង្គ​ជាបុរស​ដ៏ឧត្តម។ ខ្ញុំធើ្វនូវ​ចីវរ​ឆៀងស្មាម្ខាង ហើយផ្គុំដៃ បាន​ដើរចង្ក្រម​តាម​ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី គឺរាគៈ ឧត្តម​ជាង​សព្វ​សត្វ។ លំដាប់​នោះ​ ព្រះសាស្តា ព្រះអង្គ​ទ្រង់​ឈ្លាសវៃ ជ្រាបនូវ​ប្រស្នា បាន​សួរ​ប្រស្នា​​ចំពោះ​ខ្ញុំ ៗ ក៏មិន​តក់ស្លុត មិន​ភិត​ភ័យ បាន​ឆ្លើយ​ប្រស្នា​ថ្វាយ​ព្រះសាស្តា។ កាល​ដែល​ខ្ញុំឆ្លើយ​ប្រស្នា​​ចប់ហើយ ព្រះតថាគត​ ក៏ទ្រង់​អនុមោទនា ហើយទ្រង់​​ទតមើល​​ភិក្ខុ​សង្ឃ បាន​ត្រាស់​​សេចក្តី​នេះ​ថា។ សោបាកៈ​នេះ​ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេក និងទីអង្គុយ ​របស់​ពួកអ្នកដែន​អង្គៈ មគធៈ​ណា ពួកជន​អ្នក​ដែនអង្គៈ មគធៈ​នោះ​ ហៅពេញ​​ជាមាន​លាភ។ មួយទៀត ព្រះសាស្តា ​ត្រាស់​នូវ​ការ​ក្រោកទទួល និងការ​ប្រព្រឹត្តិ​សមគួរ ថាជាលាភ​របស់​ពួកជនអ្នក​ដែនអង្គៈ មគធៈ​នោះ​។ (ព្រះសាស្តាត្រាស់ថា) ម្នាលសោបាកៈ តាំងពីថ្ងៃនេះ​ជាដើមទៅ​ អ្នក​ចូរមក​ចួប​​នឹង​តថាគត​​ចុះ ម្នាល​សោបាកៈ ការ​ដោះស្រាយ​​ប្រស្នានេះ​ឯង ចូរជាឧបសម្បទា​របស់​​អ្នក​ចុះ។ ខ្ញុំមាន​អាយុ ៧ ឆ្នាំ ​អំពីកំណើត ក៏បាន​ឧបសម្បទា​ ទ្រទ្រង់​រាងកាយ​ជាទី​បំផុត ឱ! ព្រះធម៌ល្អ​ណាស់តើ។ សោបាកត្ថេរ។

 

[២២៩] ខ្ញុំ (កាលនៅ​ជាតាបស) បាន​ច្រូតស្បូវ​ដោយដៃឯង ធើ្វកុដិ​សម្រាប់​នៅ​ ព្រោះហេតុ​នោះ​ បាន​ជាឈ្មោះ​​របស់​ខ្ញុំថា សរភង្គ ​ដោយ​សម្មតិ។ ការ​ច្រូតស្បូវ​ដោយដៃ មិនគួរ​ដល់​ខ្ញុំ​ក្នុងថ្ងៃនេះ​ទេ ព្រោះសិក្ខាបទ​ទាំងឡាយ​ ព្រះគោតម​ដ៏មាន​យស បាន​បញ្ញត្ត​ហើយ​ដល់​យើង។ ខ្ញុំឈ្មោះ​សរភង្គ មិនបាន​ឃើញរោគ ​ដែលពេញ​ពោរ​ទាំង​អស់ ​ក្នុង​កាលមុន រោគនោះ​ ​ដែល​សរភង្គ អ្នក​ធើ្វ​តាមឱវាទ​នៃព្រះសម្មាសម្ពុទ្ធ ជាទេវតា​ដ៏ប្រសើរ បាន​ឃើញ​ហើយ។

ព្រះវិបស្សី ទ្រង់​យាង​ទៅ​ហើយ​តាមផ្លូវណា ព្រះសិខី ព្រះវេស្សភូ ព្រះកកុសន្ធៈ ព្រះកោនាគមនៈ និង​ព្រះកស្សបៈ ទ្រង់​យាង​ទៅ​តាម​ផ្លូវណា ព្រះគោតម ទ្រង់​យាង​ទៅ​តាម​ផ្លូវ​នោះ​ដែរ។

ព្រះពុទ្ធ​ទាំងឡាយ​ ៧ ព្រះអង្គ ប្រាសចាក​តណ្ហា មិនមាន​សេចក្តី​ប្រកាន់ យាង​ចុះ​កាន់​ព្រះនិព្វាន​ ព្រះអង្គ​មាន​ធម្មកាយ​កើតហើយ ប្រកប​​ដោយ​តាទិគុណ ទ្រង់​សំដែង​នូវ​ធម៌នេះ​ គឺ​អរិយសច្ចៈ ៤ បាន​ដល់​ទុក្ខ សមុទ័យ មគ្គ និរោធ ជាទីអស់​ទៅ​នៃទុក្ខ ដើម្បី​អនុគ្រោះ​ដល់​ពួកសត្វ។ ទុក្ខ​ក្នុង​សង្សារ មិនមាន​ទី​បំផុត ប្រព្រឹត្ត​ទៅ​​ក្នុងកាយណា ​អំពី​ការ​បែកធ្លាយ​នៃកាយនេះ​ក្តី​ ការ​អស់ទៅ​​នៃជីវិតក្តី​ ​ភពថ្មី​ដទៃទៀត​មិនមាន​ ខ្ញុំផុត​ស្រឡះ​ហើយ​ចាក​កិលេស​ទាំងអស់។ សរភង្គត្ថេរ។

ឧទ្ទាន

ព្រះថេរៈ ៥ អង្គ គឺ​សុន្ទរសមុទ្ទត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ ភទ្ទត្ថេរ ១ សោបាកត្ថេរ ១ សរភង្គមហាឥសី ១ ​ពោលនូវ​គាថា ៣៥ ​ក្នុង​សត្តកនិបាត។

ចប់ សត្តកនិបាត។

ថេរគាថា អដ្ឋកនិបាត

 

[២៣០] បព្វជិតមិនគប្បី​ធើ្វនូវ​កម្មច្រើនទេ គប្បី​លះបង់ជន (បាបមិត្ត) មិនគប្បី​ខ្វល់ខ្វាយ (ដើម្បី​លាភទេ) ព្រោះបព្វជិត​អ្នក​ខ្វល់ខ្វាយ ជាប់ចិត្ត​ក្នុងរស រមែង​លះបង់​ប្រយោជន៍​ដែលនាំមក​នូវ​សេចក្តី​សុខ។ ការ​ថ្វាយបង្គំ និងការ​បូជាណា ​ក្នុង​ត្រកូល​ទាំង​ឡាយ​ ពួក​ព្រះអរិយៈ ដឹងច្បាស់​នូវ​ការ​ថ្វាយបង្គំ និងការ​បូជានោះ​ថា ​ដូចជាភក់ ​ទាំង​ដឹងថា ​ជាសរ​ដ៏ឆ្មារ គេ​កម្រ​ដកបាន​ ជាគ្រឿង​សកា្ករៈ​ដែលបុរស​អាក្រក់ លះបង់​បាន​ដោយ​កម្រ។

បុគ្គលមិនគប្បី​សេពនូវ​អំពើអាក្រក់​ដោយ​ខ្លួន​ឯង ព្រោះបំពេញ​ (ទុក្ខ) ដល់​សត្វ​ដទៃ (ទាំង​មិនញ៉ាំង​បុគ្គលដទៃ ឲ្យសេព​នូវ​អំពើ​អាក្រក់នោះ​) ព្រោះថា សត្វ​ទាំងឡាយ​ មាន​កម្មជាផៅពង្ស។ បុគ្គលជាចោរ ព្រោះពាក្យ​អ្នក​ដទៃក៏ទេ បុគ្គលជាអ្នក​ប្រាជ្ញ ព្រោះពាក្យ​អ្នក​ដទៃ​ក៏ទេ បុគ្គលដឹង​ខ្លួន​ឯង​យ៉ាងណា សូម្បីពួក​ទេវតា ក៏ដឹងបុគ្គល​នោះ​ ​ដូច្នោះ​ដែរ។ ពួកជន​ផ្តេសផ្តាស​ រមែង​មិន​ដឹងច្បាស់ថា យើង​ទាំងឡាយ​​នឹងលំបាក​ក្នុង​លោកនេះ​ ​តែពួក​ជនណា ដឹងច្បាស់​ក្នុងដំណើរ​នោះ​ ​ការ​ជំលោះ ​តែងស្ងប់​រម្ងាប់ទៅ​ ​អំពីសំណាក់​ពួកជននោះ​។ បុគ្គលប្រកប​​ដោយបញ្ញា បើទុកជាអស់សម្បត្តិ​រលីងធេង ក៏ឈ្មោះ​ថា​រស់នៅ​ ឯបុគ្គល​មាន​សម្បត្តិ ឈ្មោះ​ថា​មិនរស់នៅ​ ព្រោះការ​មិនបាន​នូវ​បញ្ញា។ បុគ្គល​រមែង​ស្តាប់​នូវ​សំឡេង​ទាំងអស់​បាន​​ដោយសារ​ត្រចៀក បុគ្គលមាន​ចក្ខុ ​រមែង​ឃើញ​​រូបគ្រប់​យ៉ាង ចំណែក​អ្នក​ប្រាជ្ញ មិនគួរលះចោល (ឬប្រកាន់) នូវ​អារម្មណ៍​ទាំងពួង​ ​ដែលខ្លួន​ឃើញហើយ ឮហើយឡើយ។ បុគ្គលអ្នក​មាន​ភ្នែក គប្បី​ធើ្វ​ដូចជាខ្វាក់ បុគ្គល​អ្នក​មាន​ត្រចៀក គប្បី​ធើ្វ​ដូចជាថ្លង់ បុគ្គលអ្នក​មាន​បញ្ញា គប្បី​ធើ្វ​ដូចជាគ បុគ្គលអ្នក​មាន​កំឡាំង គប្បី​ធើ្វ​ដូចជាអ្នក​ខ្សោយ​កំឡាំង ​តែកាលបើហេតុ (មិន​គួរធើ្វ) កើតឡើង​ហើយ ត្រូវដេក​ដូចជាដេកស្លាប់។ មហាកច្ចាយនត្ថេរ។

 

[២៣១] ភិក្ខុ​ណា គ្មានសេចក្តី​ក្រោធ មិនចងសេចក្តី​ក្រោធទុក មិនមាន​មាយា ប្រាស​ចាក​សេចក្តី​ញុះញង់ ភិក្ខុ​មាន​សភាពដូច្នោះ​នោះ​ឯង រមែង​មិនសោយ​សោក​ក្នុង​ខាងមុខ ​ដោយសេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។ ភិក្ខុ​ណា គ្មានសេចក្តី​ក្រោធ មិនចង​សេចក្តី​ក្រោធទុក មិនមាន​មាយា ប្រាសចាក​សេចក្តី​ញុះញង់ មាន​ទ្វារ​រក្សាហើយ​គ្រប់​កាល ភិក្ខុ​នោះ​ រមែង​មិន​សោយសោក​ក្នុងខាងមុខ ​ដោយសេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។ ភិក្ខុ​ណា គ្មាន​សេចក្តី​ក្រោធ មិនចង​សេចក្តី​ក្រោធទុក មិនមាន​មាយា ប្រាសចាក​សេចក្តី​ញុះញង់ មាន​សីលល្អ ភិក្ខុ​នោះ​ រមែង​មិន​សោយសោក​ក្នុងខាងមុខ​ ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។ ភិក្ខុ​ណា គ្មានសេចក្តី​ក្រោធ មិនចង​សេចក្តី​ក្រោធ​ទុក មិនមាន​មាយា ប្រាសចាក​សេចក្តី​ញុះញង់ មាន​មិត្តល្អ ភិក្ខុ​នោះ​ រមែង​មិនសោក​ស្តាយ ​ក្នុងកាល​ខាងមុខ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។ ភិក្ខុ​ណា គ្មានសេចក្តី​ក្រោធ មិនចង​សេចក្តី​ក្រោធ​ទុក មិនមាន​មាយា ប្រាសចាក​សេចក្តី​ញុះញង់ មាន​បញ្ញា​ល្អ ភិក្ខុ​នោះ​ រមែង​មិន​សោកស្តាយ ​ក្នុងកាល​ខាងមុខ ​ដោយសេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។ បុគ្គលណា មាន​សទ្ធា​មិនញាប់ញ័រ បាន​ដំកល់​ស៊ប់​ក្នុង​ព្រះតថាគត​ផង បុគ្គលណា មាន​សីល​ល្អ ជាទីត្រេកអរ​នៃព្រះអរិយៈ ​ដែល​​ព្រះអរិយៈ​សរសើរ​ហើយផង បុគ្គល​ណា មាន​សេចក្តី​ជ្រះថ្លា​ក្នុង​សង្ឃផង បុគ្គល​ណា មាន​ការ​យល់ឃើញ​ត្រង់ផង អ្នក​ប្រាជ្ញ​ទាំងឡាយ​ ហៅបុគ្គល​នោះ​ ថាជាអ្នក​មិន​ខ្សត់ ជីវិត​របស់​បុគ្គលនោះ​ មិនមែន​​ជាមោឃៈ​​ទេ។ ព្រោះហេតុនោះ​ មេធាវី​បុគ្គល កាល​រលឹក​​នូវ​ពាក្យ​ប្រដៅ​របស់​​ព្រះពុទ្ធ​ទាំងឡាយ​ គួរប្រកប​រឿយ ៗ នូវ​សទ្ធាផង សីលផង សេចក្តី​​ជ្រះថ្លា​ផង ការ​យល់​​ធម៌​ផង។ សិរិមិត្តត្ថេរ។

 

[២៣២] កាលណាខ្ញុំឃើញព្រះសាស្តា ព្រះអង្គគ្មាន​ភ័យ​អំពីទី​ណាជាដំបូង ​ក្នុង​កាលនោះ​ សេចក្តី​សង្វេគ​ក៏មាន​ដល់​ខ្ញុំ ព្រោះឃើញ​ព្រះសាស្តាជាឧត្តម​បុរស។ អ្នក​ណា ច្រាន​សិរី​ដែល​មក (រកខ្លួន​) ​ដោយដៃ ឬជើង អ្នក​នោះ​ ឈ្មោះ​ថា ញ៉ាំងព្រះ​សាស្តា​បែប​នេះ​ ឲ្យត្រេកអរ ហើយឲ្យ​ប្រាសចាក​​សេចក្តី​ត្រេកអរ​​វិញ​។ ​ក្នុងកាលនោះ​ ខ្ញុំលះ​ចោលកូន និងប្រពន្ធផង ទ្រព្យ និងស្រូវផង កោរសក់ និងពុកចង្កា ហើយ​ចូលទៅ​កាន់ផ្នួស។ ខ្ញុំ​បរិបូណ៌​ដោយសិក្ខា និង​សាជីវៈ សង្រួមនូវ​ឥន្រ្ទិយ​ទាំងឡាយ​ ជាអ្នក​មិនចាលចាញ់​កិលេស ​តែង​នមស្ការ​ព្រះសម្ពុទ្ធ សម្រាន្តនៅ​។ ខណៈនោះ​ សេចក្តី​តាំងចិត្ត ខ្ញុំបាន​តម្កល់​ហើយថា កាលបើខ្ញុំ​មិនទាន់​ដកសរ គឺតណ្ហា​បាន​ទេ ខ្ញុំមិន​អង្គុយ​សូម្បីមួយរំពេច។ អ្នក​ចូរ​មើល​សេចក្តី​ព្យាយាម និងការ​ប្រឹងប្រែង​របស់​ខ្ញុំនោះ​យ៉ាងនេះ​ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំបាន​ធើ្វហើយ។ ខ្ញុំដឹងនូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំក៏បាន​ជម្រះហើយ ខ្ញុំជាព្រះអរហន្ត គួរទទួល​នូវ​ទក្ខិណាទាន មាន​​ចិត្តរួច​​ស្រឡះ​ហើយ មិនមាន​​ឧបធិ។ លំដាប់​នោះ​ ​ក្នុងកាល​រាត្រី​អស់ទៅ​ ព្រះអាទិត្យ​​ក៏រះឡើង​ ខ្ញុំបាន​ធើ្វ​តណ្ហា​ទាំងអស់​ឲ្យរីងស្ងួត ហើយអង្គុយ​​ដោយភ្នែន។ មហាបន្ថកត្ថេរ។

ឧទ្ទាន

ព្រះថេរៈ ៣ អង្គ គឺ​មហាកច្ចាយនត្ថេរ ១ សិរីមិត្តត្ថេរ ១ មហាបន្ថកត្ថេរ ១ បាន​សំដែង​​គាថា​ទាំងឡាយ​ ២៤ ​ក្នុង​អដ្ឋកនិបាត។

ចប់ អដ្ឋកនិបាត។

ថេរគាថា នវកនិបាត

 

[២៣៣] ពួកបុថុជ្ជន មិនដឹងថា​ ជរា មរណៈជាទុក្ខ ហើយជាប់​ចំពាក់​ក្នុង​ឧបាទានក្ខន្ធ​ណា អ្នក​ប្រាជ្ញ​មាន​ស្មារតី បាន​កំណត់ដឹង (នូវ​ឧបាទានក្ខន្ធ​នោះ​) ថាជាទុក្ខ ហើយ​ចំរើន​ឈាន ​ក្នុងកាលណា កាលនោះ​ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ លើ​ស​លុប​ជាង​​ឈាននោះ​ឡើយ។ បណ្ឌិត លុះលះបង់​នូវ​តណ្ហា ​ដែលនាំ​មកនូវ​សេចក្តី​ទុក្ខ ជា​ធម្មជាតិ​​ផ្សាយទៅ​ក្នុង​អារម្មណ៍​ផ្សេង ៗ នាំមកនូវ​កិលេស​ ជាគ្រឿង​នាំសត្វឲ្យ​យឺតយូរ និង​​សេចក្តី​ទុក្ខ ​ដូចជាឃ្នាប មាន​ស្មារតី​ចំរើន​ឈាន ​ក្នុង​កាលណា កាលនោះ​ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​លើ​សលុប​ជាង​ឈាន​នោះ​ឡើយ។ បុគ្គល​ពាល់ត្រូវ​មគ្គ​ដ៏​ឧត្តម ប្រកប​​ដោយអង្គ ៤ ពីរដង​ដ៏ក្សេម ជាគ្រឿង​ជម្រះនូវ​កិលេស​ទាំងអស់​ដោយបញ្ញា ជាអ្នក​មាន​ស្មារតី ចំរើន​ឈាន ​ក្នុងកាលណា កាលនោះ​ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែងជាង​ឈាននោះ​ឡើយ។ បុគ្គល​ចំរើន​នូវ​សន្តបទ ​ដែលឥត​មាន​សោក ប្រាស​ចាក​ធូលី គឺកិលេស ឥតមាន​បច្ច័យតាក់​តែង ជាគ្រឿង​ជម្រះនូវ​កិលេស​ទាំងអស់ ផ្តាច់នូវ​ចំណង គឺ​សញ្ញោជនៈ ​ក្នុងកាលណា កាលនោះ​ រមែង​មិនបាន​នូវ​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង ជាងការ​ចំរើន​នូវ​សន្តបទ​​នោះ​​ឡើយ។ ផ្គរលាន់​ក្នុងអាកាស ទទឹកភ្លៀង​ពាស​ពេញ​​​ដោយជុំវិញ​​ឰ​ដ៏អាកាស ​ក្នុង​កាលណា កាល​នោះ​ ភិក្ខុ​ចូល​ទៅ​នៅ​ក្នុង​ញកភ្នំ ចំរើន​ឈាន រមែង​មិន​បាន​នូវ​​សេចក្តី​ត្រេកអរ​​ជាងឈាន​​នោះ​ឡើយ។ ភិក្ខុ​អង្គុយ​ក្បែរ​ឆ្នេរស្ទឹង​ទាំងឡាយ​ ​ដ៏ដេរដាស​​ដោយ​ផ្កា មាន​ផ្កាឈើ​ក្នុង​ព្រៃ​ដ៏វិចិត្រ ជាគ្រឿង​ប្រដាប់ មាន​ចិត្តល្អ ចំរើន​ឈាន ​ក្នុង​កាលណា កាលនោះ​ រមែង​មិន​បាន​នូវ​សេចក្តី​​ត្រេកអរ​ដ៏លើ​សលុប​​ជាង​ឈាន​នោះ​ឡើយ។ កាលបើភ្លៀង​ធ្លាក់ចុះ​ក្នុង​ព្រៃស្ងាត់ ពេលយប់ ពួកសត្វ​​មាន​ចង្កូម បន្លឺឡើង​ ចំណែក​​ភិក្ខុ​ចូលទៅ​​កាន់​ញកភ្នំ ហើយ​ចំរើន​ឈាន ​ក្នុងកាល​ណា កាលនោះ​ រមែង​​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​​ដ៏លើ​សលុប ជាង​ឈាន​នោះ​ឡើយ។ ភិក្ខុ​អាស្រ័យ​នៅ​ចន្លោះ​ភ្នំ​ ​ក្នុង​កណ្តាល​នៃភ្នំ បិទ​នូវ​វិតក្កៈ​​ទាំងឡាយ​​​របស់​ខ្លួន​ ប្រាសចាក​​សេចក្តី​ខ្វល់ ប្រាស​ចាក​​​សេចក្តី​រឹងត្អឹង​នៃចិត្ត ហើយចំរើន​ឈាន ​ក្នុងកាលណា កាលនោះ​ រមែង​មិន​បាន​នូវ​​សេចក្តី​ត្រេកអរ​​ដ៏​លើ​សលុប​​ជាងឈាន​នោះ​ឡើយ។

(ភិក្ខុ​) ជាអ្នក​មាន​សេចក្តី​សុខ ជាអ្នក​ធើ្វ​សេចក្តី​រឹងត្អឹង​ជាមន្ទិល និង​សេចក្តី​សោក​ឲ្យវិនាស ជាអ្នក​គ្មានសន្ទះទ្វារ គឺអវិជ្ជា គ្មានតណ្ហា ប្រាសចាក​សរ គឺ​​រាគាទិក្កិលេស ធើ្វនូវ​អាសវៈ​​ទាំងអស់​ឲ្យវិនាស ចំរើន​ឈាន ​ក្នុងកាលណា កាល​នោះ​ រមែង​មិន​បាន​នូវ​សេចក្តី​ត្រេកអរ​ដ៏លើ​សលុប ជាងឈាន​នោះ​ឡើយ។ ភូតត្ថេរ។

ឧទ្ទាន

ព្រះភូតត្ថេរ ​តែមួយអង្គឯង ​ដូចជាកុយរមាស ជាអ្នក​ឃើញ​ពិត បាន​សំដែង​គាថា ៩ ​ដែលមក​ក្នុង​នវកនិបាត។

ចប់ នវកនិបាត។

ថេរគាថា ទសកនិបាត

 

[២៣៤] បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ ឥឡូវនេះ​ ពួកឈើមាន​ពណ៌​ដូច​រងើកភ្លើង ជិត​ផ្លែហើយ ជម្រុះស្លឹក​ចាស់ចោល ឈើ​ទាំង​នោះ​រុងរឿង ​ដូចជាអណ្តាត​ភ្លើង បពិត្រ​ព្រះអង្គ​​មាន​ព្យាយាម​ធំ កាលនេះ​ ជាកាលគួរ​បាន​ចំណែក​ធម្មរស​ហើយ។ ឈើ​ទាំង​ឡាយ​ ជាទីរីករាយ​នៃចិត្ត មាន​ផ្លែ ផ្សាយក្លិន​សព្វទិស​ដោយជុំវិញ​ ជម្រុះ​ស្លឹកចាស់​ចោល ប្រុង​នឹង​ចេញ​ផ្លែ​ថ្មីទៀត បពិត្រ​ព្រះអង្គ​មាន​ព្យាយាម កាលនេះ​ ជាកាល​គួរដើម្បី​ចេញ​​ទៅ​អំពី​ទីនេះ​។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ រដូវ​ដែល​មិន​ត្រជាក់​ពេក មិនក្តៅពេក ជាសុខ​ស្រួល គួរដើរទៅ​កាន់ផ្លូវ​ឆ្ងាយបាន​ ពួកសក្យៈ និងពួក​កោឡិយៈ សូមជួប​ព្រះអង្គ ​ដែល​មាន​ព្រះភក្រ្ត​បែរត្រឡប់​មកខាង​ក្រោយ កំពុងឆ្លង​ស្ទឹងរោហិណី។

អ្នក​ស្រែ ភ្ជួរស្រែ​ដោយសេចក្តី​ប្រាថ្នា​ ក៏ព្រោះពូជ​ដោយសេចក្តី​ប្រាថ្នា​ ពួក​ឈ្មួញ អ្នក​រក​ទ្រព្យ ឆ្លង​សមុទ្រ​ដោយ​សេចក្តី​ប្រាថ្នា​។ ខ្ញុំព្រះអង្គ ឋិតនៅ​​ដោយ​សេចក្តី​ប្រាថ្នា​ណា សេចក្តី​ប្រាថ្នា​របស់​ខ្ញុំព្រះអង្គ​នោះ​ សូមឲ្យ​សម្រេច​។

អ្នក​ស្រែ​ទាំងឡាយ​ ព្រោះពូជរឿយ ៗ [បាលីថា បុនប្បុនំ ប្រែថា រឿយៗ ញយៗ ដដែលៗ ញឹកញាប់ ប៉ុកប៉ុន។] ទេវរាជ បង្អុរភ្លៀង​ក៏រឿយៗ ពួកអ្នក​ស្រែ​ភ្ជួរស្រែ​រឿយ ៗ ពួកអ្នក​ស្រែនោះ​ នាំស្រូវចូល​ទៅ​កាន់ដែន​ក៏រឿយ ៗ។ ពួកស្មូម​ត្រាច់​សូមរឿយ ៗ អ្នក​ម្ចាស់ទាន ​តែងឲ្យ​ក៏រឿយៗ ពួកម្ចាស់ទាន លុះឲ្យរឿយ ៗ ហើយ ​តែង​ទៅ​កាន់​ឋានសួគ៌​ក៏រឿយ ៗ ដែរ។ អ្នក​ប្រាជ្ញ​មាន​បញ្ញា​ដូចផែនដី កើត​ក្នុងត្រកូល​ណា រមែង​ញ៉ាំង​គូ​នៃបុរស ៧ ជួរ ​ក្នុង​ត្រកូលនោះ​ ឲ្យស្អាត ខ្ញុំព្រះអង្គ​សំគាល់ថា​ (ព្រះមាន​ព្រះភាគ) ជាទេវតា​ប្រសើរ​ជាងទេវតា អាច (ធើ្វសត្វដទៃ​ឲ្យស្អាតបាន​) ព្រោះ​អ្នក​ប្រាជ្ញ ​មាន​ព្រះនាម​​ដ៏ពិត កើតហើយ​អំពី​ព្រះអង្គ។ ព្រះបាទ​សុទោ្ធទនៈ ជាបិតា​របស់​ព្រះពុទ្ធ ព្រះអង្គ​ស្វែងរកនូវ​គុណ​ដ៏ធំ ឯព្រះមហេសី ព្រះនាម​មាយា ជាពុទ្ធមាតា ​ដែល​រក្សា​ព្រះពោធិសត្វ​ដោយផ្ទៃ លុះរំលាយ​ខន្ធទៅ​ ត្រេកអរ​ក្នុងតុសិត​ទេវលោក។

ព្រះនាងទេវីនោះ​ ជាគោតមគោត្រ លុះ​ទិវង្គត​ច្យុតចាក​លោក​នេះ​ទៅ​ បាន​ស្កប់​ស្កល់​ដោយកាម​ជាទិព្វ​ទាំងឡាយ​ ព្រះនាង​ទ្រង់​រីករាយ​ដោយ​កាមគុណ​ទាំង ៥ មាន​ពពួក​ទេវតា​ទាំងនោះ​ ចោមរោម​ហើយ។ ខ្ញុំព្រះអង្គ​ជាបុត្រ​នៃ​ព្រះពុទ្ធ ព្រះអង្គ​មិនមាន​បុគ្គល​ដទៃគ្រប​សង្កត់បាន​ ព្រះនាម​អង្គីរសៈ មិនមាន​បុគ្គលដទៃ​ប្រៀប​បាន​ ប្រកប​​ដោយ​តាទិគុណ បពិត្រ​ព្រះអង្គ​ជាសក្យៈ​ ព្រះអង្គ​ជាបិតា​នៃបិតា​របស់​ខ្ញុំ​ព្រះអង្គ បពិត្រ​ព្រះគោតម ព្រះអង្គ​ជាជីតា​របស់​ខ្ញុំ​ព្រះអង្គ​ដោយធម៌។ កាឡុទាយិត្ថេរ។

 

[២៣៥] បើបុគ្គលដទៃ​មិនមាន​អំពីមុខក្តី​ ក្រោយក្តី​ សេចក្តី​សប្បាយ​ក្រៃពេក រមែង​មាន​ដល់​បុគ្គល​ម្នាក់ឯង​នៅ​ក្នុងព្រៃ។ បើដូច្នោះ អាត្មាអញ​តែម្នាក់ឯង ​នឹងទៅ​កាន់ព្រៃ ​ដែល​ព្រះពុទ្ធទ្រង់​សរសើរ​ហើយ ជាទីសប្បាយ​របស់​ភិក្ខុ​អ្នក​មាន​ចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន​ ជាអ្នក​នៅ​តែម្នាក់​ឯង។ អាត្មាអញ​តែម្នាក់ឯង ជាអ្នក​ស្ទាត់​ក្នុង​ប្រយោជន៍ ​នឹង​ចូលយ៉ាង​ឆាប់ទៅ​កាន់​ព្រៃ ជាទីធើ្វ​ឲ្យកើតបីតិ​ដល់​យោគាវចរ ជាទីរីក​រាយ​ដែលដំរី​ចុះប្រេង​​សេពគប់​ហើយ។ អាត្មាអញ ម្នាក់ឯង ​នឹងស្រោច​ស្រប់ខ្លួន​ ហើយចង្ក្រម​ក្នុងព្រៃ​ត្រជាក់ មាន​ផ្ការីក​ស្គុះស្គាយ ក្បែរជ្រោះ​ភ្នំ​ដ៏​ត្រជាក់។ អង្កាល់ណា អាត្មាអញ​នឹងទៅ​ជាបុគ្គលម្នាក់​ឯង មិនមាន​បុគ្គល​ជាគំរប់​ពីរ មាន​សោឡសកិច្ច​ធើ្វហើយ ជាអ្នក​មិនមាន​អាសវៈ​ នៅ​ក្នុង​ព្រៃធំ ​ដែល​គួររីករាយ។ សូម​សេចក្តី​ប៉ុនប៉ង​របស់​អាត្មាអញ ​ដែលប្រាថ្នា​ដើម្បី​ធើ្វ​សេចក្តី​ព្យាយាម​​យ៉ាងនេះ​ បាន​សម្រេច​ អាត្មាអញ​នឹងធើ្វឲ្យ​សម្រេច​ (ព្រោះថា) អ្នក​ដទៃ​ធើ្វជួស​អ្នក​ដទៃ​ពុំបាន​ទេ។ ឥឡូវនេះ​ អាត្មាអញនោះ​ ​នឹងចងក្រោះ គឺ​ព្យាយាម ហើយចូល​ទៅ​កាន់ព្រៃ បើ​អាត្មាអញ មិនទាន់​សម្រេច​នូវ​ធម៌ជាគ្រឿង​អស់អាសវៈ​ទេ ​នឹង​មិនចេញ​​ពីព្រៃ​នោះ​ឡើយ។ កាលបើខ្យល់​ត្រជាក់ មាន​ក្លិន​ក្រអូប​បក់​ផ្សាយទៅ​ អាត្មា​អញ​​នឹងអង្គុយ​​លើ​កំពូល​ភ្នំ ហើយទំលាយ​​អវិជ្ជាឲ្យ​បាន​។ អាត្មាអញ​​ទទួល​​សេចក្តី​សុខ ​ដោយ​​វិមុត្តិសុខ​​ក្នុងព្រៃ មាន​ផ្កា​ដេរដាស ក្បែរញកភ្នំ​ដ៏ត្រជាក់ រួច​ហើយ​នឹង​ត្រេកអរ​​ក្នុង​ក្រុងរាជគ្រឹះ មាន​ភ្នំ​ព័ទ្ធជុំវិញ​​ដូចក្រោលគោ។ អាត្មាអញ​នោះ​ មាន​តម្រិះ​​គ្រប់គ្រាន់ ​ដូច​ព្រះចន្ទ​​ក្នុងថ្ងៃ ១៥ កើត អស់អាសវៈ​​ទាំងពួង​ហើយ ឥឡូវនេះ​ ភពថ្មី​មិនមាន​ទេ។ ឯកវិហារិយត្ថេរ។

 

[២៣៦] បុគ្គលណា ពិចារណាឃើញ​នូវ​កិច្ចជាប្រយោជន៍ និងមិន​ជាប្រយោជន៍​ទាំងពីរ​នោះ​ ​ដែលមិនទាន់​មកដល់ ​ទុកជាមុន ជន​ទាំងឡាយ​ ជាសត្រូវ​ក្តី​ ជាអ្នក​ស្វែងរក​ប្រយោជន៍​ក្តី​ កាលគយ​គន់មើល រមែង​មិន​ឃើញ​នូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ។ អានាបាន​ស្សតិ ​ដែល​ព្រះយោគាវចរ​ណា បាន​ចំរើន​ល្អគ្រប់គ្រាន់​ហើយ បាន​សន្សំ​ហើយ តាម​លំដាប់ ​ដូច​ព្រះពុទ្ធ​ទ្រង់​សំដែង​មក ព្រះយោគាវចរ​នោះ​ រមែង​ញ៉ាំងលោក​នេះ​ ឲ្យភ្លឺច្បាស់ ​ដូចព្រះចន្ទ​ផុតចាក​ពពក។ ឱ ចិត្ត​របស់​អញ ស រកប្រមាណ​មិនបាន​ អាត្មាអញ បាន​អប់រំ​ល្អហើយផង បាន​ផ្គង​ជានិច្ចផង ញ៉ាំង​ទិស​ទាំងពួង​ឲ្យភ្លឺផង។ បុគ្គល​ប្រកប​ដោយ​ប្រាជ្ញា បើទុកជាអស់ទ្រព្យរលីង ក៏​ឈ្មោះ​ថា រស់នៅ​ ឯបុគ្គលអ្នក​មាន​ទ្រព្យ មិនឈ្មោះ​ថា រស់នៅ​ ព្រោះកិរិយា​មិនបាន​នូវ​ប្រាជ្ញា។ ប្រាជ្ញាជាគ្រឿង​វិនិច្ឆ័យនូវ​សុតៈ ប្រាជ្ញាជាគ្រឿងញ៉ាំង​កិត្តិសព្ទ និងសេចក្តី​សរសើរ​ឲ្យចំរើន​ នរជន​ប្រកប​ដោយ​ប្រាជ្ញា រមែង​បាន​នូវ​សេចក្តី​សុខ សូម្បី​ក្នុង​សភាវៈ​ដែលជាទុក្ខ។ ធម៌នេះ​ មិនមែន​ជាធម៌​ទើប​នឹង​មាន​​ក្នុងថ្ងៃ​នេះ​ទេ ជាធម៌​មិនអស្ចារ្យ មិនមែន​ជាធម៌ចំឡែក​ទេ សត្វកើត​ស្លាប់ ​ក្នុងលោក​ណា ហេតុតិចតួច​ក៏មិនចំឡែក​ក្នុងលោកនោះ​។ សេចក្តី​ពិតថា បន្ទាប់​អំពីការ​កើតមក មាន​សេចក្តី​ស្លាប់ចាក​ជីវិត​ ជាធម្មជាត​ទៀងទាត់ សត្វ​ទាំង​ឡាយ​ ​ដែល​កើតហើយ ៗ រមែង​ស្លាប់​ក្នុងលោកនេះ​ ព្រោះថា សត្វ​ទាំងឡាយ​ មាន​សភាព​យ៉ាងនេះ​ឯង។ សេចក្តី​សោកស្តាយ​ណា ​របស់​បុរស​បុគ្គល​ទាំងឡាយ​ដទៃ ដើម្បី​ជីវិត សេចក្តី​សោកស្តាយនុ៎ះ​ មិនមែន​ដើម្បី​ប្រយោជន៍​ដល់​សត្វ​ដែលស្លាប់​ទៅ​ហើយ​ទេ ការ​យំ​ចំពោះ​សត្វ ​ដែល​ស្លាប់​ហើយ មិនមែន​ជាយស មិនមែន​ជាការ​ល្អទេ សមណ​ព្រាហ្មណ៍​ទាំងឡាយ​ មិនសរសើរ​ការ​យំឡើយ។ ការ​យំ រមែង​បៀត​បៀននូវ​ចក្ខុ និងសរីរៈ (របស់​បុគ្គល​អ្នក​យំ) ពណ៌​សម្បុរ​ក្តី​ កំឡាំង​ក្តី​ ប្រាជ្ញាក្តី​ ​នៃអ្នក​យំ ​រមែង​សាបសូន្យ ពួកសត្រូវ​របស់​បុគ្គល​អ្នក​យំ​នោះ​ ក៏មាន​សេចក្តី​ត្រេកអរ ពួកបុគ្គល​អ្នក​ស្វែងរក​ប្រយោជន៍​ឲ្យបុគ្គល​អ្នក​យំនោះ​ បាន​នូវ​សេចក្តី​ទុក្ខ។ ព្រោះហេតុ​នោះ​ ពួកជន​ឆ្លងនូវ​កិច្ច (របស់​ខ្លួន​) ​ដោយ​កំឡាំង​ប្រាជ្ញា ​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ណា ​ដូចពួក​ជនឆ្លងនូវ​ទន្លេមាន​ទឹក​ពេញ​ដោយ​ទូក បុគ្គល​គប្បី​ប្រាថ្នា​នូវ​​អ្នក​ប្រាជ្ញ ជាពហុស្សូត​នោះ​ ឲ្យនៅ​​ក្នុងត្រកូល (របស់​ខ្លួន​)។ មហាកប្បិនត្ថេរ។

 

[២៣៧] ញាណគតិ​របស់​អាត្មាអញ​ទន់ខ្សោយ​ក្នុងកាលមុន អាត្មាអញ​ភ្លេច​ភ្លាំង​ស្មារតី ថែម​ទាំង​បងប្រុស ក៏បណ្តេញ​អាត្មាអញថា ឥឡូវនេះ​ អ្នក​ចូរទៅ​ផ្ទះ​ចុះ។ អាត្មាអញ​នោះ​ ត្រូវបង​បណ្ដេញហើយ ក៏តូចចិត្ត ​តែនៅ​មាន​អាឡោះ​អាល័យ ​ក្នុង​សាសនា​ ក៏ឈរនៅ​ជិតក្លោងទ្វារ​នៃអារាម​របស់​សង្ឃនោះ​។ ព្រះមាន​ព្រះភាគ ទ្រង់​យាង​មក​ក្នុង​ទីនោះ​ បាន​ស្ទាប​អង្អែលក្បាល​របស់​អាត្មា​អញ ហើយក៏​ចាប់អាត្មា​អញត្រង់​ដើមដៃ ឲ្យចូលទៅ​កាន់អារាម​នៃសង្ឃ។ ព្រះសាស្តាទ្រង់​ប្រទាន​នូវ​សំពត់​សម្រាប់​ជូត​ជើង​ ​ដោយសេចក្តី​អនុគ្រោះ ​ដល់​អាត្មាអញ​ថា អ្នក​ចូរ​អធិដ្ឋាន​នូវ​សំពត់​ស្អាតនេះ​ ធើ្វឲ្យ​ជា​សំពត់​ដែល​ខ្លួន​អធិដ្ឋាន​ល្អហើយ ​ក្នុងទី​ដ៏សម​គួរចុះ។ លុះអាត្មា​អញបាន​ស្ដាប់​ព្រះបន្ទូល​​របស់​ព្រះ​មាន​ព្រះភាគ​នោះ​ហើយ ក៏ត្រេកអរ​ក្នុងសាសនា បាន​ញ៉ាំង​សមាធិ​ឲ្យ​​សម្រេច​ ដើម្បី​បាន​នូវ​ប្រយោជន៍​ដ៏ឧត្តម អាត្មាអញ​ដឹងនូវ​បុព្វេនិវាស ទិព្វចក្ខុ អាត្មា​អញ​​បាន​ជម្រះហើយ ត្រៃវិជ្ជា អាត្មាអញ​បាន​ដល់​​ដោយ​លំដាប់ហើយ ព្រះពុទ្ធសាសនា អាត្មាអញ​បាន​ធើ្វ​ហើយ។ បន្ថកភិក្ខុ​ និម្មិតខ្លួន​ជាមួយពាន់ ហើយអង្គុយ​ក្នុង​អម្ពវ័ន​ ជាទីរីករាយ ដរាបដល់​ការ​ប្រាប់នូវ​ភត្តកាល។ លំដាប់​នោះ​ ព្រះសាស្តាទ្រង់​ប្រើ​ទូតឲ្យទៅ​ប្រាប់​ភត្តកាល​ដល់​អាត្មាអញ កាលទូត​មកប្រាប់​ភត្តកាល អាត្មាអញ​ក៏មក​តាម​អាកាស។ អាត្មាអញ​ថ្វាយបង្គំ​ព្រះបាទា​នៃព្រះសាស្តា រួច​ហើយ​អង្គុយ​ក្នុងទី​សមគួរ គ្រានោះ​ ព្រះសាស្តាទ្រង់​ជ្រាបថា អាត្មាអញ​អង្គុយហើយ ទើបបាន​ទ្រង់​ទទួល (ទក្ខិណោទក)។ ព្រះអង្គ ជាទីបូជា​របស់​សត្វ​លោក ជាបដិគ្គាហកៈ​របស់​បុគ្គល​អ្នក​បូជា​ទាំងឡាយ​ ជាបុញ្ញក្ខេត្ត​របស់​មនុស្ស​ទាំងឡាយ​ ទ្រង់​ទទួល​នូវ​ទក្ខិណាទាន។ ចូឡបន្ថកត្ថេរ។

 

[២៣៨] កាយ​ដ៏ពេញ​​ដោយមន្ទិល មាន​ចំណែក​ផ្សេង ៗ កើត​ក្នុង​រណ្ដៅលាមក​ធំ គឺផ្ទៃ​មាតា ​ដូចជ្រាំ​ចាស់​ដែលអាប់អួយូរ ឬ​ដូច​បូសធំ ដំបៅធំ ជាកាយ​ដ៏ពេញ​​ដោយខ្ទុះ និងឈាម ពេញ​ព្រៀប​ក្នុងរណ្តៅលាមក ជាទីហូរ​ចេញ​​នៃទឹក រមែង​ហូរចេញ​​នូវ​វត្ថុ​មិន​ស្អាត​សព្វ ៗ កាល​។ កាយ​ដែលចង​ភ្ជាប់​ដោយ​សរសៃ​ធំ ៦០ លាប​ដោយ​គ្រឿង​លាប គឺសាច់ ប្រដាប់​ដោយអាវ គឺស្បែក ជាកាយស្អុយ រក​ប្រយោជន៍គ្មាន តភ្ជាប់គ្នា​ដោយ​រាងឆ្អឹង ចងស្រាក់​ដោយចេស គឺសរសៃ សម្រេច​​ឥរិយាបថ​បាន​ ព្រោះប្រជុំ​នៃ​អាការ​មិន​តែ​មួយ។ កាយមាន​ដំណើរ​ទៅ​រក​សេចក្តី​ស្លាប់​ដ៏ទៀងទាត់ (ឋិតនៅ​) ​ក្នុង​សំណាក់​នៃមច្ចុរាជ ឯនរជន​តែង​ទំលាក់​ចោលនូវ​កាយ​ក្នុងលោកនេះ​ ហើយទៅ​តាម​យថាកម្ម។ កាយ​ត្រូវអវិជ្ជា​ដោតក្រង​ហើយ ត្រូវគ្រឿង​ចាក់ស្រែះ ៤ យ៉ាង ចាក់ស្រែះ​ហើយ កាយក៏​លិចចុះ​ក្នុងឱឃៈ ត្រូវបណ្ដាញ​នៃអនុសយៈ​គ្របសង្កត់​ហើយ ប្រកប​​ក្នុង​នីវរណៈ ៥ ពេញ​ដោយ​មិច្ឆាវិតក្កៈ ជាប់​ដោយ​មូល​នៃភព គឺតណ្ហា ត្រូវដំបូល គឺមោហៈ​បិទ​បាំង​ហើយ កាយនេះ​រមែង​ប្រព្រឹត្ត​ទៅ​ដូច​ពោលមក​នេះ​ អន្ទោល​ទៅ​តាម​យន្ដ​ គឺកម្ម។ ធម្មតា​សម្បត្តិ ​តែងមាន​វិបត្តិជាទីបំផុត ការ​កើត​ផ្សេង ៗ រមែង​វិនាស​ទៅ​វិញ​។ ពួកជន​ណា ជាអន្ធពាល​បុថុជ្ជន រាប់អាន​កាយនេះ​ ពួកជននោះ​ រមែង​ញ៉ាំង​សង្សារ​ដ៏ពន្លឹក​ឲ្យចំរើន​ ​តែងកាន់​យកនូវ​ភពថ្មីទៀត។ ពួកជនណា វៀរ​បង់​នូវ​កាយនេះ​ ​ដូច​បុគ្គល​​វៀរបង់​នូវ​អាសិរពិស ​ដែលប្រឡាក់​ដោយលាមក ពួកជននោះ​ រមែង​ខ្ជាក់​ចោលនូវ​អវិជ្ជា និង​តណ្ហា ​ដែលជាមូល​នៃភព ជាអ្នក​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ កប្បត្ថេរ។

 

[២៣៩] ភិក្ខុ​គប្បី​សេពនូវ​សេនាសនៈស្ងាត់ ​ដែលមាន​សំឡេងគឹក​កងតិច ​ដែល​ម្រឹគ​សាហាវ​អាស្រ័យ​នៅ​ហើយ ព្រោះហេតុ​នៃការ​ពួនសម្ងំ។ ភិក្ខុ​គប្បី​នាំមក (នូវ​កំណាត់​សំពត់) ​អំពី​គំនរ​នៃ​សំរាម ឬព្រៃស្មសាន ឬចន្លោះ​នៃថ្នល់ ធ្វើ​​ជាសង្ឃាដី ​ដោយ​កំណាត់​សំពត់​ដែលខ្លួន​នាំមកនោះ​ ហើយទ្រទ្រង់​នូវ​ចីវរ​ដ៏​សៅហ្មង។ ភិក្ខុ​គប្បី​ធើ្វចិត្តឲ្យទាប គ្រប់គ្រង​​នូវ​ទ្វារ សង្រួម​ដោយ​ប្រពៃ ហើយ​ត្រាច់​ទៅ​កាន់ផ្ទះ​ជាលំដាប់ គឺចេញ​​អំពីត្រកូល ១ ទៅ​កាន់​ត្រកូល ១ ដើម្បី​បិណ្ឌបាត។ ម្យ៉ាងទៀត ភិក្ខុ​ត្រូវ​សន្ដោស​ដោយវត្ថុ​សៅហ្មង មិនគប្បី​ប្រាថ្នា​នូវ​រស​ឯទៀត​ឲ្យច្រើនទេ ចិត្ត​របស់​ភិក្ខុ​អ្នក​ជាប់ញ៉ាម​ក្នុងរស​ទាំងឡាយ​ រមែង​មិន​ត្រេកអរ​ក្នុងឈាន។ មុនីគប្បី​ជាអ្នក​មាន​សេចក្តី​ប្រាថ្នា​តិច ជាអ្នក​សន្ដោស ជាអ្នក​ស្ងប់​ស្ងាត់ នៅ​មិន​ច្រឡូកច្រឡំ​ដោយបុគ្គល​ពីរពួក គឺគ្រហស្ថ និងបព្វជិត។ មនុស្ស​ល្ងេល្ងើ និងមនុស្សគ យ៉ាង​ណា បណ្ឌិតគប្បី​សំដែងខ្លួន​យ៉ាងនោះ​ មិន​គប្បី​ពោល​ឲ្យ​ហួស​​ប្រមាណ​ក្នុង​កណ្ដាល​សង្ឃ។ បណ្ឌិត​នោះ​ មិនគប្បី​តិះដៀល​បុគ្គលណាមួយ គប្បី​វៀរ​បង់នូវ​ការ​បៀតបៀន​ផង សង្រួម​ក្នុង​បាតិមោក្ខផង ដឹង​ប្រមាណ​ក្នុងភោជន​ផង។ បណ្ឌិត​គប្បី​ជាអ្នក​ឈ្លាសវៃ ​ក្នុងការ​កើតឡើង​​នៃចិត្ត ​ដែលមាន​និមិត្ត​កំណត់​ល្អហើយ គប្បី​ប្រកប​​រឿយ ៗ នូវ​សមថៈ និងវិបស្សនា តាម​កាលគួរ គប្បី​ជាអ្នក​បរិបូណ៌​ដោយព្យាយាម ប្រព្រឹត្តទៅ​រឿយ ៗ ប្រកប​​ក្នុងធម៌​ដ៏​គួរសព្វ ៗ កាល បើមិនទាន់​ដល់​នូវ​ព្រះនិព្វាន​ ជា​ទីបំផុត​​នៃទុក្ខ​ក្នុងវដ្តៈទេ ​កុំ​អាល​ដល់​នូវ​សេចក្តី​ទុកចិត្តឡើយ។ កាលភិក្ខុ​ប្រាថ្នា​នូវ​សេចក្តី​បរិសុទ្ធ សម្រាន្ត​នៅ​យ៉ាងនេះ​ អាសវៈ​​ទាំងពួង​រមែង​អស់ទៅ ភិក្ខុ​នោះ​ រមែង​ដល់​នូវ​ការ​រលត់​ទុក្ខ។ ឧបសេនវង្គន្ដបុត្តត្ថេរ។

 

[២៤០] បុរសគប្បី​ដឹងច្បាស់នូវ​ប្រយោជន៍​របស់​ខ្លួន​ គប្បី​រមិល​មើលនូវ​ពាក្យ​ជា​ប្រធាន គឺសាសនា មួយទៀត អំពើណា ​របស់​កុលបុត្រ​អ្នក​ចូល​កាន់ផ្នួស​ជាសមណ​ភាព ជាអំពើ​មាន​សភាព​ដ៏សមគួរ ​ក្នុងសាសនា​នេះ​ (បុគ្គលគប្បី​រមិល​មើល​នូវ​អំពើ​នោះ​ផង)។ ​ក្នុង​សាសនានេះ​ (ការ​សេពគប់) នូវ​កល្យាណមិត្រ ១ ការ​សមាទាន​នូវ​សិក្ខា​ដ៏ធំទូលាយ ១ ការ​ប្រុងស្ដាប់ (នូវ​ឱវាទ) ​នៃគ្រូ​ទាំងឡាយ​ ១ ​ទាំង ៣ យ៉ាងនេះ​ ជាអំពើ​សមគួរ​ដល់​សមណៈ។ សេចក្តី​គោរព​ក្នុងព្រះពុទ្ធ​ទាំងឡាយ​ ១ ការ​កោតក្រែង​ក្នុង​ព្រះធម៌គួរ​តាមពិត ១ ការ​កោតក្រែង​ក្នុង​ព្រះសង្ឃ ១ ​ទាំង ៣ យ៉ាងនេះ​ ជាអំពើ​សមគួរ​ដល់​សមណៈ។ ភិក្ខុ​ប្រកប​​ក្នុង​អាចារៈ និងគោចរៈ ១ មាន​អាជីវៈ​ដ៏បរិសុទ្ធ ​ដែលអ្នក​ប្រាជ្ញមិន​គប្បី​តិះដៀល​បាន​ ១ ការ​តំកល់​ចិត្តទុក​ដោយ​ប្រពៃ ១ ​ទាំង ៣ យ៉ាងនេះ​ ជាអំពើសម​គួរដល់​សមណៈ។ ចារិតសីល ឬវារិតសីល ១ សម្បជញ្ញៈ ​ដែលអាស្រ័យ​នឹង​ឥរិយាបថ​ជាទីនាំមក​នូវ​សេចក្តី​ជ្រះថ្លា ១ ការ​ប្រកប​រឿយ ៗ ​ក្នុងអធិចិត្ត ១ ​ទាំង ៣ ​យ៉ាងនេះ​ ជាអំពើ​សមគួរ​ដល់​សមណៈ។ សេនាសនៈ​តាំងនៅ​ក្នុង​ព្រៃស្ងាត់ មាន​សំឡេង​តិច ​ដែលអ្នក​ប្រាជ្ញគប្បី​គប់រក នេះ​ជាទីសម​គួរដល់​សមណៈ។ សីល ១ ភាព​ជាពហុស្សូត ១ ការ​ពិចារណានូវ​ធម៌​ទាំងឡាយ​គួរតាមពិត ១ ការ​ត្រាស់​ដឹងនូវ​សច្ចៈ​ទាំងឡាយ​ ១ ​ទាំង​ ៤ យ៉ាងនេះ​ ជាអំពើសម​គួរដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​អនិច្ចសញ្ញា​ផង អនត្តសញ្ញា​ផង អសុភសញ្ញា​ផង អនភិរតិសញ្ញា​ក្នុង​លោកនេះ​ផង ​ទាំង ៤ យ៉ាងនេះ​ ជាអំពើ​សមគួរ​ដល់​សមណៈ។ ភិក្ខុ​គប្បី​ចំរើន​នូវ​ពោជ្ឈង្គ​ទាំងឡាយ​ផង ឥទ្ធិបាទ​ទាំងឡាយ​ផង ឥន្រ្ទិយ និងពលៈ​ទាំងឡាយ​ផង អរិយមគ្គ​មាន​អង្គ ៨ ផង ​ទាំង ៥ យ៉ាងនេះ​ ជាអំពើ​សមគួរ​ដល់​សមណៈ។ មុនី​គប្បី​លះបង់​នូវ​តណ្ហា គប្បី​ទំលុះទំលាយ​នូវ​អាសវៈ​​ទាំងឡាយ​ ព្រម​ទាំង​ឫសគល់ គប្បី​ជាអ្នក​រួច​ស្រឡះ​ (ចាក​កិលេស​ទាំងពួង) ហើយសម្រេច​សម្រាន្ដនៅ​ នេះ​ជាអំពើ​ដ៏​សមគួរ​ដល់​សមណៈ។ គោតមត្ថេរ។

ឧទ្ទាន

ព្រះថេរៈ​ទាំងឡាយ​ ៧ អង្គនេះ​ គឺ​កាឡុទាយិត្ថេរ ១ ឯកវិហារិត្ថេរ ១ មហាកប្បិនត្ថេរ ១ ចូឡបន្ថកត្ថេរ ១ កប្បត្ថេរ ១ ឧបសេនវង្គន្តបុត្តត្ថេរ ១ គោតមត្ថេរ ១ (បាន​​ពោល) នូវ​គាថា​ទាំងឡាយ​ ៧០ ​ក្នុង​ទសកនិបាតនេះ​។

ចប់ ទសកនិបាត។

ថេរគាថា ឯកាទសកនិបាត

 

[២៤១] ម្នាលសាមណេរ ប្រយោជន៍អី្វ​ដល់​អ្នក​ (ដែលនៅ​) ​ក្នុងព្រៃ​ភ្នំឈ្មោះ​ឧជ្ជុហានៈ (មិនជាទីសប្បាយ) ​ក្នុងរដូវ​ភ្លៀង ខ្យល់ឈ្មោះ​វេរម្ពៈ (ខ្យល់ព្យុះ) ជាទី​រីករាយ​ដល់​អ្នក​ឬ ព្រោះថា​សេចក្តី​ស្ងប់​ស្ងាត់ រមែង​មាន​ដល់​បុគ្គល​ទាំងឡាយ​អ្នក​មាន​ឈាន។ ខ្យល់​ឈ្មោះ​វេរម្ពៈ រមែង​បក់​ផាត់នូវ​ពពក​ទាំងឡាយ​​ក្នុងរដូវ​ភ្លៀង​យ៉ាងណា សញ្ញា​របស់​ខ្ញុំ ​ដែលប្រកប​​ដោយវិវេក ក៏រមែង​រាយមាយ​យ៉ាង​នោះ​ដែរ។ សត្វ​ដែលកើត​អំពី​ពង មាន​សម្បុរខ្មៅ (ក្អែក) ត្រាច់ទៅ​កាន់លំនៅ​​ក្នុងទីស្មសាន ក៏ញ៉ាំង​សតិ​នៃខ្ញុំ ​ដែល​អាស្រ័យ​នូវ​ការ​ប្រាសចាក​តម្រេក​ក្នុងរាង​កាយ ឲ្យកើតឡើង​។ ជន​ទាំងឡាយ​ដទៃ មិនរក្សា​នូវ​ភិក្ខុ​ណា ភិក្ខុ​ណា មិនរក្សា​នូវ​ជន​ទាំងឡាយ​ដទៃ ភិក្ខុ​នោះ​ ជាអ្នក​មិនមាន​សេចក្តី​អាឡោះ​អាល័យ​ក្នុងកាម​ទាំងឡាយ​ រមែង​ដេក​ជាសុខ។ ភ្នំថ្ម​ទាំងឡាយ​នោះ​ មាន​ទឹកថ្លា មាន​ថ្ម​ក្រាស់ ប្រកប​​ដោយសត្វ​មាន​កន្ទុយ​ដូចគោ មាន​ទឹក​ដេរដាស​ដោយ​សារាយ រមែង​ញ៉ាំង​អាត្មាឲ្យ​រីករាយ។ អាត្មាក៏ធ្លាប់​នៅ​ក្នុងព្រៃ​ទាំងឡាយ​ផង ​ក្នុង​ច្រកភ្នំ​ទាំងឡាយ​ផង ​ក្នុង​គុហា​​ទាំងឡាយ​ផង ​ក្នុង​សេនាសនៈ​ទាំងឡាយ​​ដ៏ស្ងាត់ផង ​ក្នុងព្រៃ​ដែល​សត្វម្រឹគ​សាហាវ​អាស្រ័យ​នៅ​ផង។ អាត្មាមិនធ្លាប់​ដឹងនូវ​សេចក្តី​ត្រិះរិះ​មិន​ប្រសើរ ប្រកប​​ដោយ​ទោស​យ៉ាងនេះ​ថា ពួកសត្វ​ទាំងនេះ​ ចូរលំបាក ចូរស្លាប់ ចូរ​ដល់​នូវ​សេចក្តី​ទុក្ខ (ដូច្នេះ​ឡើយ)។ ព្រះសាស្តា អាត្មាបាន​បម្រើហើយ ព្រះពុទ្ធ​សាសនា អាត្មាបាន​ធើ្វហើយ ភារៈ​ដ៏ធ្ងន់ គឺខន្ធ អាត្មាបាន​ដាក់​ចុះ​ហើយ តណ្ហា ជាគ្រឿង​នាំទៅ​កាន់ភព អាត្មាក៏​បាន​ដក​ចោលហើយ។ បព្វជិត​ចេញ​ចាក​ផ្ទះ ចូលកាន់​ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​ជាគ្រឿង​អស់ទៅ​​នៃសំយោជនៈ​ទាំងពួងនោះ​ អាត្មាក៏បាន​ដល់​ហើយ។ អាត្មាមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹងការ​រស់នៅ​ អាត្មា​រង់ចាំ​តែ​កាល​នឹង​បរិនិព្វាន​ ​ដូចជាអ្នក​ស៊ីឈ្នួល ទន្ទឹង​តែអស់ថ្ងៃ។ អាត្មាមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ មិនត្រេកអរ​នឹងការ​រស់​នៅ​ អាត្មាជាអ្នក​ដឹងខ្លួន​ មាន​ស្មារតី​តាំងមាំ រង់ចាំ​តែកាល​នឹងបរិនិព្វាន​។ សង្កិច្ចត្ថេរ។

ឧទ្ទាន

​អំពីសង្កិច្ចត្ថេរ ​តែមួយអង្គឯង លោកមាន​កិច្ចធើ្វ​ស្រេចហើយ មិនមាន​អាសវៈ​ ​ពោលនូវ​គាថា ១១ នោះ​ ​ក្នុង​ឯកាទសកនិបាត។

ចប់ ឯកាទសកនិបាត។

ថេរគាថា ទ្វាទសកនិបាត

 

[២៤២] បុគ្គលគប្បី​សិក្សានូវ​សីល ឲ្យជាសីល​ដែលខ្លួន​សិក្សាល្អហើយ ​ក្នុង​លោក​នេះ​ ព្រោះថា សីល​ដែល​បុគ្គលសេព​ហើយ រមែង​បង្អោនមក​នូវ​សម្បត្តិ​ទាំងពួង​។ ជនអ្នក​មាន​ប្រាជ្ញា កាលចង់​បាន​នូវ​សេចក្តី​សុខ ៣ យ៉ាង គឺសេចក្តី​សរសើរ ១ ការ​បាន​នូវ​សេចក្តី​ត្រេកអរ​មួយ ១ ការ​លះលោក​នេះ​ទៅ​ហើយ រីករាយ​ក្នុងឋានសួគ៌ ១ គប្បី​រក្សា​នូវ​សីល។ ពិតណាស់ បុគ្គលអ្នក​មាន​សីល រមែង​បាន​នូវ​មិត្ត​ទាំងឡាយ​ច្រើន ​ដោយ​ការ​សង្រួម ចំណែក​បុគ្គល​ទ្រុស្តសីល កាលប្រព្រឹត្ត​អាក្រក់ រមែង​ឃ្លាត​ចាក​មិត្ត​ទាំងឡាយ​។ ជន​ទ្រុស្តសីល រមែង​បាន​នូវ​ទោសផង នូវ​ដំណេះ​ដំណៀលផង ឯជន​អ្នក​មាន​សីល រមែង​បាន​​នូវ​គុណផង នូវ​កិត្តិសព្ទ​ផង នូវ​សេចក្តី​សរសើរ​ផង សព្វ ៗ កាល។ សីល ជាខាងដើម ជាទី​តាំង ជាមេ​នៃកល្យាណធម៌ និងជាប្រធាន​នៃ​ធម៌​ទាំង​ពួង ព្រោះ​ហេតុនោះ​ បុគ្គល​គប្បី​ជម្រះសីល។ សីលជាច្រាំង ជាទំនប់ ជាគ្រឿងញ៉ាំង​ចិត្តឲ្យ​រីករាយ ​ទាំងជាកំពង់​របស់​ព្រះពុទ្ធ​គ្រប់ព្រះអង្គ ព្រោះហេតុនោះ​ បុគ្គលគប្បី​ជម្រះ​នូវ​សីល។ សីល​​ជាកំឡាំង​រកអ្វីប្រៀប​ផ្ទឹមមិនបាន​ សីលជាអាវុធ​ដ៏ឧត្តម សីល​ជាគ្រឿង​អាភរណៈ​ដ៏ប្រសើរ សីលជា​គ្រឿង​ក្រោះ​យ៉ាងអស្ចារ្យ។ សីលជាស្ពាន​មាន​សក្តិធំ សីលជា​គ្រឿងក្រអូប​ដ៏ប្រសើរ សីលជាគ្រឿងលាប​ដ៏ប្រសើរ ​តែងបក់​ទៅ​​សព្វ ៗ ទិស។ សីល​ជាកញ្ចប់​បាយ​ដ៏ប្រសើរ សីលជាស្បៀង​ដ៏ឧត្តម សីលជាវាហនៈ​ដ៏ប្រសើរ សម្រាប់​ទៅ​កាន់​​ទិស​ទាំង​ពួង។ បុគ្គល​ពាល មាន​ចិត្ត​អាក្រក់​ក្នុងទី​ទាំងពួង មិនតាំងមាំ​ក្នុងសីល​ទាំង​ឡាយ​ រមែង​បាន​នូវ​សេចក្តី​និន្ទា​ក្នុងលោក​នេះ​ផង លុះលះ​លោកនេះ​ទៅ​ហើយ រមែង​មាន​ចិត្តជាទុក្ខ​ក្នុង​អបាយ​ផង។ អ្នក​ប្រាជ្ញ​មាន​ចិត្តល្អ ​ក្នុង​ទី​ទាំងពួង តាំងមាំ​ក្នុងសីល​ទាំងឡាយ​ រមែង​បាន​នូវ​កិត្តិសព្ទ​​ក្នុងលោក​នេះ​ផង លុះលះ​លោកនេះ​ទៅ​ រមែង​មាន​ចិត្ត​រីករាយ​ក្នុង​ឋានសួគ៌​ផង។ សីលជាកំពូល​ក្នុង​លោកនេះ​ ចំណែក​បុគ្គល​មាន​​ប្រាជ្ញា ​ក៏ឧត្តមដែរ ជ័យជំនះ​ក្នុង​មនុស្សលោក និងទេវលោក ព្រោះសីល និង​បញ្ញា។ សីលវត្ថេរ។

 

[២៤៣] ខ្ញុំកើត​ក្នុងត្រកូលទាប ជាអ្នក​ក្រីក្រ មាន​ភោជនតិច ការ​ងារ​របស់​ខ្ញុំ ក៏​ថោកទាប ខ្ញុំជាអ្នក​ចាក់ចោល​នូវ​ផ្កា គឺលាមក។ មនុស្ស​ទាំងឡាយ​ស្អប់ខ្ពើម មើល​ងាយ​ បន្តុះបង្អាប់ខ្ញុំ ៗ បាន​ធើ្វចិត្ត​ឲ្យទាប សំពះនូវ​ជនជាច្រើន។ គ្រានោះ​ ខ្ញុំបាន​ឃើញ​នូវ​ព្រះសម្ពុទ្ធ មាន​ភិក្ខុ​សង្ឃ​ហែហម​ហើយ ព្រះអង្គមាន​ព្យាយាមធំ កំពុងយាង​ចូលទៅ​កាន់​បូរី​ដ៏ឧត្តម​របស់​ជន​អ្នក​មគធៈ។ ខ្ញុំក៏ដាក់​នូវ​អម្រែក ចូល​ទៅ​ដើម្បី​ថ្វាយ​បង្គំព្រះសម្ពុទ្ធ​ជាបុរស​ដ៏ខ្ពង់ខ្ពស់ ទ្រង់​ឋិតនៅ​ដើម្បី​អនុគ្រោះខ្ញុំ។ ខ្ញុំថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះសាស្តា ហើយឋិត​នៅ​ក្នុងទី​សមគួរ គ្រា​នោះ​ ខ្ញុំសូមបព្វជ្ជា​នឹងព្រះសម្ពុទ្ធ ព្រះអង្គ​ឧត្តមជាង​សព្វសត្វ​ទាំងឡាយ​។ លំដាប់​នោះ​ ព្រះសាស្តា ព្រះអង្គ​ប្រកប​ដោយ​សេចក្តី​ករុណា ទ្រង់​អនុគ្រោះ​ដល់​លោក​ទាំងមូល ត្រាស់ហៅ​ខ្ញុំថា អ្នក​ចូរចូល​មក​ជាភិក្ខុ​ចុះ ដូច្នេះ ព្រះវាចា​នោះ​ ជាឧបសម្បទា​របស់​ខ្ញុំ។ ព្រះជិនស្រី ទ្រង់​ទូន្មាន​ខ្ញុំ​យ៉ាងណា ខ្ញុំនោះ​ ជាបុគ្គល​ម្នាក់ឯង នៅ​ក្នុងព្រៃ មិនខ្ជិលច្រអូស ក៏បាន​ធើ្វ​តាមព្រះពុទ្ធ​ដីកា​នៃព្រះសាស្តា​យ៉ាង​នោះ​។ ខ្ញុំរលឹកឃើញនូវ​បុព្វជាតិ ​ក្នុងបឋមយាម​នៃរាត្រី ជម្រះនូវ​ទិព្វចក្ខុ ​ក្នុង​មជ្ឈិម​យាម​​​នៃរាត្រី បាន​ទំលាយ​នូវ​គំនរ​នៃងងឹត គឺ​អវិជ្ជា ​ក្នុង​បច្ឆិមយាម​នៃរាត្រី។ លំដាប់​នោះ​ កាល​​ដែល​រាត្រីអស់​ទៅ​ ព្រះអាទិត្យ​ជិតរះឡើង​ ព្រះឥន្ទ្រ និង​ព្រះព្រហ្ម មកផ្គង​អញ្ជលី នមស្ការ​ចំពោះ​ខ្ញុំថា បពិត្រ​លោកជាបុរស​អាជានេយ្យ ខ្ញុំសូមថ្វាយ​បង្គំចំពោះ​លោក បពិត្រ​លោកជាបុរស​ដ៏ខ្ពង់ខ្ពស់ ខ្ញុំសូម​ថ្វាយបង្គំ​ចំពោះ​លោក បពិត្រ​លោក​និទ៌ុក្ខ អាសវៈ​​ទាំងឡាយ​​របស់​លោក​ណាអស់ហើយ លោកនោះ​ ជាទក្ខិណេយ្យ​បុគ្គល។ លំដាប់នោះ​ ព្រះសាស្តា ទ្រង់​ទត​ឃើញខ្ញុំ ​ដែល​មាន​ពួក​ទេវតា​ហែហម ទ្រង់​ក៏ធើ្វ​នូវ​ការ​ញញឹម​ឲ្យប្រាកដ ហើយទ្រង់​ត្រាស់​សេចក្តី​នេះ​ថា បុគ្គល​ឈ្មោះ​ថា ព្រាហ្មណ៍ ព្រោះធម៌ ៤ ប្រការ​នេះ​ គឺតបៈ ១ ព្រហ្មចរិយៈ ១ សញ្ញមៈ ១ ទមៈ ១ នេះ​ជាព្រាហ្មណវត្ត​ដ៏ឧត្តម។ សុនីតត្ថេរ។

ឧទ្ទាន

ព្រះថេរៈ​ទាំងឡាយ​ពីរអង្គនេះ​ គឺ​សីលវត្ថេរ ១ សុនីតត្ថេរ ១ សុទ្ធ​តែមាន​ឫទិ្ធ​ច្រើន បាន​ពោល​នូវ​គាថា ២៤ ​ក្នុងទ្វាទសកនិបាត។

ចប់ ទ្វាទសកនិបាត។

ថេរគាថា តេរសកនិបាត

 

[២៤៤] ព្រះសោណៈណា ជាអ្នក​ប្រសើរ ល្បី​ក្នុងដែនអង្គៈ ព្រះសោណៈនោះ​ ជាអ្នក​ប្រសើរ ​ក្នុងធម៌​ទាំងឡាយ​ បាន​ដល់​នូវ​ត្រើយ​នៃទុក្ខ ​ក្នុងថ្ងៃនេះ​។ ភិក្ខុ​កាត់ នូវ​សំយោជនៈ (ខាងក្រោម) ៥ផង លះបង់នូវ​សំយោជនៈ (ខាងលើ) ៥ផង ចំរើន​នូវ​ឥន្ទ្រិយ ៥ តទៅ​ទៀតផង ជាអ្នក​កន្លងនូវ​ធម៌ ជាគ្រឿងជាប់​ចំពាក់ ៥ យ៉ាងផង ទើប​ហៅថា អ្នក​ឆ្លងនូវ​អន្លង់បាន​។ សីល សមាធិ និងបញ្ញា ​នៃភិក្ខុ​អ្នក​មាន​មានះ ​ដូចបបុស ជាអ្នក​ប្រមាទ មាន​សេចក្តី​ប្រាថ្នា​ខាងក្រៅ រមែង​មិនដល់​នូវ​ការ​ពេញ​លេញឡើយ។ ព្រោះថា អំពើ​ណា​ដែល​ត្រូវ​ធើ្វ អំពើនោះ​ ពួកភិក្ខុ​ណាបោះបង់ចោល ត្រឡប់ធើ្វអំពើ​ដែល​មិនត្រូវធើ្វ​វិញ​ អាសវៈ​​ទាំងឡាយ​ ​នៃពួកភិក្ខុ​ទាំង​នោះ ដែលជាអ្នក​មាន​មានះ ​ដូចបបុស ជាអ្នក​ប្រមាទ រមែង​ចំរើន​ឡើង​។ លុះ​តែ​កាយគតាសតិ ភិក្ខុ​ទាំងឡាយ​ណា ប្រារព្ធល្អ​ជានិច្ច ភិក្ខុ​ទាំងឡាយ​នោះ​ ជាអ្នក​មាន​កិរិយា​ធើ្វរឿយ ៗ ក្នុងអំពើ​ដែលត្រូវធើ្វ មិនសេព​នូវ​អំពើ ​ដែលមិនត្រូវ​ធើ្វ អាសវៈ​ទាំងឡាយ​ ​នៃភិក្ខុ​ទាំងឡាយ​មាន​ស្មារតី ជាអ្នក​ដឹងខ្លួន​ រមែង​ដល់​នូវ​សេចក្តី​វិនាសទៅ​។ ផ្លូវត្រង់ ព្រះសាស្តាបាន​ប្រាប់ហើយ អ្នក​ទាំងឡាយ ចូរដើរ​ទៅ​ចុះ ​កុំត្រឡប់វិញ​ឡើយ កុលបុត្រគប្បី​ដាស់តឿនខ្លួន​ដោយខ្លួន​ឯង គប្បី (នាំខ្លួន) ទៅ​កាន់​ព្រះនិព្វាន​។ កាលខ្ញុំប្រារព្ធសេចក្តី​ព្យាយាម​យ៉ាងតឹងរឹង ព្រះសាស្តា ជាបុគ្គលប្រសើរ​ក្នុងលោក ព្រះអង្គមាន​ចក្ខុ ទ្រង់​បាន​សំដែង​ធម៌ ធើ្វនូវ​សេចក្តី​ឧបមា​ដោយពិណ។ ខ្ញុំបាន​ស្តាប់​ព្រះពុទ្ធដីកា​​នៃព្រះមាន​ព្រះភាគ​នោះ​ ក៏​ត្រេកអរ​​​ក្នុងព្រះពុទ្ធ​សាសនា​ បាន​ញ៉ាំង​សមថៈ​​ឲ្យសម្រេច​ ដើម្បី​បាន​នូវ​​ប្រយោជន៍​ដ៏ឧត្តម វិជ្ជា​ទាំង ៣ ខ្ញុំ​បាន​​ដល់​ហើយ ​ដោយ​លំដាប់ ព្រះពុទ្ធសាសនា ខ្ញុំបាន​ធើ្វហើយ។ ព្រោះឃើញ​នូវ​សេចក្តី​​ស្ងាត់​របស់​​ចិត្ត ​ដែល​បង្អោន​ទៅ​ក្នុងការ​​ចេញ​ចាក​​កាមផង នូវ​ការ​មិនវង្វេង​​ព្រម​របស់​ចិត្ត ​ដែលបង្អោន​ទៅ​ក្នុងការ​​មិនព្យាបាទ ​ទាំងបង្អោនទៅ ក្នុងការ​អស់​ទៅ​នៃ​តណ្ហា ព្រោះការ​​អស់ទៅ​នៃ​ឧបាទាន​​ផង នូវ​ការ​កើតឡើង​​នៃ​អាយតនៈ​ផង ចិត្តក៏រួច​​ស្រឡះ​​ដោយប្រពៃ។ កាលភិក្ខុ​នោះ​ មាន​ចិត្តរួច​​ដោយ​ប្រពៃ មាន​ចិត្ត​ស្ងប់​រម្ងាប់​ហើយ ការ​សន្សំកុសល ឬអកុសល ​ដែល​ធើ្វរួច​​ហើយ មិនមាន​ទេ កិច្ច​ដែល​ត្រូវធើ្វ ក៏មិនមាន​។

ភ្នំថ្មតាន់មួយដុំ មិនរំភើប​ដោយខ្យល់​យ៉ាងណា រូប រស សំឡេង ក្លិន សម្ផស្ស ​ទាំង​អស់នេះ​ ​ទាំងពួក​ធម្មារម្មណ៍​​ដែលគួរ​ប្រាថ្នា​ និងមិនគួរប្រាថ្នា​ ក៏ញ៉ាំងចិត្តភិក្ខុ​ ជា​តាទិ​បុគ្គល ឲ្យញាប់ញ័រ​​មិនបាន​ យ៉ាងនោះ​ដែរ ចិត្ត​ដែល​តាំងនៅ​នឹង ​ទាំង​ប្រាស​ចាក​សំយោជនៈ រមែង​ឃើញច្បាស់ នូវ​ការ​សូន្យទៅ​​នៃអារម្មណ៍នោះ​។ សោណកោឡិវិសត្ថេរ។

ឧទ្ទាន

ព្រះសោណកោឡិវិសត្ថេរ តែម្នាក់ឯង ជាអ្នក​មាន​ឫទ្ធិច្រើន ពោលនូវ​គាថា ១៣ ដែលមក​ក្នុង​​តេរសកនិបាត​នេះ។

ចប់ តេរសកនិបាត។

ថេរគាថា ចុទ្ទសកនិបាត

 

[២៤៥] ខ្ញុំចេញ​ចាក​ផ្ទះចូលកាន់ផ្នួស ​ក្នុងកាលណា កាលណោះ ខ្ញុំមិន​ដែលនឹក​នូវ​សេចក្តី​ត្រិះរិះមិនប្រសើរ ​ដែលប្រកប​ដោយទោសទេ។ ​ក្នុងចន្លោះកាល​ដ៏វែង​នេះ​ ខ្ញុំ​មិន​ដែលនឹកនូវ​សេចក្តី​ត្រិះរិះថា ពួកសត្វ​ទាំងនេះ​ ចូរលំបាកចុះ ចូរស្លាប់ចុះ ចូរដល់​នូវ​សេចក្តី​ទុក្ខចុះ ដូច្នេះទេ។ ប៉ុន្តែខ្ញុំធ្លាប់នឹកនូវ​មេត្តារកប្រមាណ​មិនបាន ដែលបាន​ចំរើន​ល្អហើយ បាន​សន្សំហើយ តាមលំដាប់ ដូចព្រះពុទ្ធទ្រង់​សំដែង​ហើយ។ ខ្ញុំមាន​សត្វ​ទាំង​ពួងជាមិត្រ មាន​សត្វ​ទាំងពួងជា​សំឡាញ់ ជាអ្នក​អនុគ្រោះ​ដល់​សត្វ​ទាំងពួង បាន​ចំរើន​នូវ​មេត្តាចិត្ត ត្រេកអររ​ក្នុងការ​មិនបៀតបៀន​​សព្វ​កាល។ ខ្ញុំត្រេកអរ​ចំពោះ​ចិត្ត​ដែល​មិន​ងីកងាក មិនកម្រើក ខ្ញុំចំរើន​ព្រហ្មវិហារ​ធម៌ ​ដែលព្រះអរិយៈ​​ជាបុរស​​មិនថោកទាប​ គប់រក​ហើយ។ សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ដល់​នូវ​ឈាន មិនមាន​វិតក្កៈ រមែង​ជាអ្នក​ប្រកប​​ដោយតុណ្ហីភាព​​ដ៏ប្រសើរ ក្នុងខណៈនោះ។ ភ្នំថ្មមិនកំរើក តាំងនៅ​ស៊ប់ យ៉ាង​ណា​មិញ ភិក្ខុ​រមែង​មិនញាប់ញ័រ ដូចជាភ្នំ ព្រោះអស់ទៅ​​នៃមោហៈ ក៏យ៉ាងនោះ​ដែរ។ សប្បុរស មិនមាន​ទីទួល គឺកិលេស អ្នក​ស្វែងរក​នូវ​សេចក្តី​​ស្អាតជានិច្ច ទុកជាមាន​បាប​បន្តិច​​បន្តួច​​ប៉ុនចុង​រោម​កន្ទុយសត្វ ក៏ប្រាកដ​ដូចជា​ប៉ុន​មេឃ។ នគរជា​ទីបំផុត​នៃ​​ដែន ដែល​​គេ​គ្រប់គ្រង​ហើយ ​ទាំងខាង​ក្នុងខាងក្រៅ យ៉ាងណាមិញ អ្នក​ទាំងឡាយ​ ចូរ​គ្រប់​គ្រង​​ខ្លួន​ យ៉ាងនោះ​ ខណៈ​កុំកន្លង​នូវអ្នក​ទាំង​ឡាយ​ឡើយ។ ខ្ញុំមិនត្រេកអរ​នឹងសេចក្តី​ស្លាប់ ខ្ញុំមិនត្រេកអរ​នឹងការ​រស់នៅ​ទេ ខ្ញុំរង់ចាំ​តែកាល (បរិនិព្វាន) ប៉ុណ្ណោះ ដូចអ្នក​ស៊ីឈ្នួល ទន្ទឹង​តែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរ​នឹងសេចក្តី​ស្លាប់ ខ្ញុំមិន​ត្រេកអរ​នឹងការ​រស់នៅ​ ខ្ញុំជាអ្នក​ដឹងខ្លួន​ មាន​ស្មារតី​តាំងមាំ រង់ចាំ​តែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ ព្រះសាស្តា ខ្ញុំបាន​បម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបាន​ធើ្វហើយ ភារៈធ្ងន់ ខ្ញុំបាន​ដាក់​ចុះហើយ តណ្ហា​គ្រឿង​នាំសត្វទៅ​កាន់ភព ខ្ញុំបាន​ដកចោល​ហើយ។ ខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍ គឺការ​អស់ទៅ​នៃ​សំយោជនៈ​ទាំងពួងនោះ​ ខ្ញុំបាន​ដល់ហើយ។ អ្នកទាំងឡាយ ចូរឲ្យដល់​ព្រម ដោយ​សេចក្តី​មិនប្រមាទ​ចុះ នេះ​ជាពាក្យ​ប្រៀនប្រដៅ​របស់ខ្ញុំ ណ្ហើយចុះ ខ្ញុំនឹង​បរិនិព្វាន ខ្ញុំជាអ្នក​មាន​ចិត្តរួច​ស្រឡះ​ហើយ ចាក​កិលេស​ទាំងពួង។ រេវតត្ថេរ។

 

[២៤៦] គោអាជានេយ្យដ៏ចំរើន ដែលបុគ្គលទឹមហើយ​ក្នុងនឹម ជាសត្វនាំទៅ​នូវ​ធុរៈ ទុកជាម្ចាស់​ញាំញី​ដោយភារៈ​ដ៏លើស​លុបក៏​ដោយ ក៏មិនរលាស់​ចោល​នូវ​នឹម​ដែលម្ចាស់​ទឹមឡើយ យ៉ាងណាមិញ បុគ្គល​ទាំងឡាយ​ណា ឆ្អែតហើយ​ដោយប្រាជ្ញា ​ដូចជាសមុទ្រ ​ដែលឆ្អែតហើយ​ដោយទឹក បុគ្គល​ទាំងឡាយ​នោះ​ រមែង​មិនមើលងាយ​នូវ​ពួកជនដទៃ ​ដូចជា​បុគ្គលមាន​ធម៌​ដ៏ប្រសើរ មិនមើលងាយ​នូវ​សត្វ​ទាំងឡាយ​ ក៏យ៉ាង​នោះ​ដែរ។ មាណព​ទាំងឡាយ​ អ្នក​លុះនូវ​អំណាច​នៃ​កាល (លោកធម៌ មាន​លាភជាដើម) ក្នុងកាល (ដែល​បរិបូណ៌​ដោយ​លោក​ធម៌ មាន​លាភជាដើម) លុះអំណាច​នៃ​សេចក្តី​ចំរើន​ និងសេចក្តី​វិនាស រមែង​ដល់​នូវ​សេចក្តី​ទុក្ខ មាណព​ទាំងឡាយ​នោះ​ រមែង​សោកសៅ។ បុគ្គលពាល​ទាំង​ឡាយ​ ជាអ្នក​មិនឃើញតាមពិត ប៉ោងឡើង ដោយ​ហេតុ​នៃសេចក្តី​សុខ ទ្រោមចុះ​ដោយហេតុ​នៃសេចក្តី​ទុក្ខ រមែង​លំបាក ដោយហេតុ​ទាំង​ពីរ។ ចំណែកបុគ្គល​ទាំងឡាយ​ណា បាន​កន្លងនូវ​តណ្ហាជាគ្រឿង​ចាក់ស្រែះ ព្រោះសុខទុក្ខ និងឧបេក្ខា បុគ្គល​ទាំងឡាយ​នោះ​ ឈ្មោះ​ថា តាំងនៅ​នឹង ​ដូចជាសសរ​ខឿន មិនប៉ោងឡើង ទាំង​មិន​ទ្រោម​ចុះ។ អ្នក​ប្រាជ្ញ​ទាំងឡាយ​ មិនបាន​ជាប់ចំពាក់​ក្នុង​លាភ មិនជាប់​ចំពាក់​ក្នុងអលាភ មិន​ជាប់ចំពាក់​ក្នុងអយស មិនជាប់ចំពាក់​ក្នុងកិត្តិយស មិន​ជាប់​ចំពាក់​ក្នុងនិន្ទា និង​សេចក្តី​​សរសើរ មិនជាប់ចំពាក់​ក្នុងទុក្ខ និងសុខ អ្នក​ប្រាជ្ញ​ទាំងឡាយ​នោះ​ មិនជាប់ចំពាក់​ក្នុងទី​ទាំងពួង ​ដូចជាដំណក់​នៃទឹក ដែលមិន​ជាប់​នឹង​ស្លឹកឈូក បាន​សេចក្តី​សុខ​ក្នុងទី​ទាំងពួង មិនចាលចាញ់​ក្នុងទី​ទាំងពួង។ ការ​មិនមាន​លាភ (ប្រកប) ដោយ​ធម៌​ណា ហើយនឹងលាភ​មិនប្រកប​ដោយធម៌ណា ការ​មិនមាន​លាភ​ដែលប្រកប​ដោយធម៌នោះ ប្រសើរ ឯលាភ​មិន​ប្រកប​​ដោយ​ធម៌ ពុំប្រសើរឡើយ។ យស​របស់​បុគ្គលមិនមាន​ប្រាជ្ញា​​ទាំងឡាយ​ណា និងការ​​មិនមាន​យស ​របស់​អ្នក​​ប្រាជ្ញ​ទាំង​ឡាយ​ណា ការ​មិន​មានយស ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​​នោះ​ ប្រសើរ ឯយស​​របស់​អ្នក​​មិនមាន​​ប្រាជ្ញា​ទាំង​ឡាយ​ ពុំប្រសើរឡើយ។ ការ​សរសើរ ​អំពីបុគ្គល​មិនមាន​​បញ្ញា​ទាំង​ឡាយ​ណា និង​សេចក្តី​តិះដៀល ​អំពីបុគ្គល​មាន​បញ្ញា​​ទាំងឡាយ​ណា ​សេចក្តី​តិះដៀល​​អំពីបុគ្គល​​មានបញ្ញា​​ទាំងឡាយ​នោះ ប្រសើរ ឯការ​​សរសើរ​​របស់​បុគ្គលពាល ពុំប្រសើរ​ឡើយ។ សេចក្តី​សុខកើតឡើង​ ព្រោះអាស្រ័យ​កាម និងសេចក្តី​​ទុក្ខកើតឡើង​ ​អំពីសេចក្តី​​ស្ងប់​ស្ងាត់ សេចក្តី​ទុក្ខ​​ដែលកើត​​អំពីសេចក្តី​ស្ងប់ស្ងាត់ ប្រសើរ ឯ​សេចក្តី​សុខ ​ដែលកើត​​អំពីកាម ពុំប្រសើរឡើយ។ ការ​រស់នៅ​​មិន (ប្រកប) ដោយធម៌ណា និងសេចក្តី​ស្លាប់​​ប្រកប​ដោយធម៌ណា សេចក្តី​ស្លាប់​ប្រកប​ដោយ​ធម៌នោះ​ ប្រសើរ ឯបុគ្គល​រស់នៅ​មិន​​ប្រកប​ដោយធម៌ ពុំប្រសើរ​​សោះឡើយ។ បុគ្គល​ទាំងឡាយ​​ណា មាន​កាម និងសេចក្តី​​ក្រោធ លះបង់ហើយ មាន​ចិត្តស្ងប់​រម្ងាប់​ហើយ រមែង​ត្រាច់ទៅ​ក្នុងភពតូច និងភពធំ មិនអាស្រ័យ​នឹងលោក (មាន​ខន្ធលោកជាដើម) សេចក្តី​​ស្រឡាញ់ ឬមិនស្រឡាញ់ ​របស់​ជន​ទាំងឡាយ​នោះ​ មិនមាន​សោះឡើយ។ បុគ្គល​ទាំងឡាយ​ បាន​ចំរើន​​ពោជ្ឈង្គ​​ទាំងឡាយ​ផង ឥន្ទ្រិយ​ទាំងឡាយ​ផង ពលៈ​​ទាំងឡាយ​ផង រមែង​ដល់​​នូវ​សេចក្តី​​ស្ងប់​ យ៉ាងក្រៃលែង ជាអ្នក​មិនមាន​​អាសវៈ នឹងបរិនិព្វាន។ គោទត្តត្ថេរ។

ឧទ្ទាន

ព្រះថេរៈពីរអង្គនេះ គឺរេវត ១ គោទត្ត ១ ជាអ្នក​មានឫទ្ធិច្រើន បាន​ពោលនូវ​គាថា ២៨ ដែលមក​ក្នុង​ចុទ្ទសកនិបាត។

ចប់ ចុទ្ទសកនិបាត។

ថេរគាថា សោឡសកនិបាត

 

[២៤៧] ខ្ញុំនេះ​ បាន​ស្តាប់ធម៌មាន​រសច្រើន ជ្រះថ្លា​ក្រៃលែង វិរាគធម៌​ដែល​លោក​សំដែងហើយ មិនកាន់យក (ធម៌ណាមួយ) ដោយប្រការ​ទាំងពួង។ អារម្មណ៍​ទាំងឡាយ​ច្រើន ​ដ៏វិចិត្រ​ក្នុងលោក លើ​មណ្ឌល​នៃផែនដីនេះ​ ទំនងជាញាំញីនូវ​សេចក្តី​ត្រិះរិះថា ល្អ ​ដែលប្រកប​ដោយរាគៈ។ អរិយសាវ័ក ពិចារណាឃើញ ​ដោយប្រាជ្ញា​ក្នុងកាលណា សេចក្តី​​ត្រិះរិះ​ទាំងឡាយ​ ក៏ស្ងប់​រម្ងាប់​ក្នុង​កាលណោះ ​ដូចជាភ្លៀងរម្ងាប់​នូវ​ធូលី ​ដែល​ហុយឡើង​ដោយខ្យល់។ អរិយសាវ័ក ពិចារណាឃើញ​ដោយប្រាជ្ញាថា សង្ខារ​ទាំងពួង​មិនទៀង ​ក្នុងកាលណា រមែង​នឿយណាយ​ក្នុងសេចក្តី​ទុក្ខ ​ក្នុងកាល​ណោះ នេះ​ជាផ្លូវ​នៃសេចក្តី​​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញ​ដោយប្រាជ្ញាថា សង្ខារ​ទាំងពួង​ជាទុក្ខ ​ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុងទុក្ខ ​ក្នុងកាលណោះ​ នេះ​ជាផ្លូវ​នៃសេចក្តី​បរិសុទ្ធិ។ អរិយសាវ័ក ពិចារណាឃើញ​​ដោយប្រាជ្ញា​ថា ធម៌​ទាំងពួង មិនមែន​ជារបស់​ខ្លួន ​ក្នុង​កាល​ណា រមែង​នឿយណាយ​ក្នុងទុក្ខ ​ក្នុងកាលណោះ នេះ​ជាផ្លូវ​នៃសេចក្តី​បរិសុទ្ធិ។ ព្រះថេរៈ​ឈ្មោះ​កោណ្ឌញ្ញ ត្រាស់ដឹង​តាមព្រះពុទ្ធ ​ដែលមាន​សេចក្តី​ព្យាយាម​ដ៏ក្លៀវក្លា មាន​ជាតិ និងមរណៈ លះបង់ហើយ បរិបូណ៌​ដោយ​ព្រហ្មចរិយធម៌។ អន្ទាក់ គឺឱឃៈក្តី​ ចិត្តរឹងរូស​ដ៏មាំក្តី​ មោហៈ​ដូចភ្នំ​ដែល​ទំលាយ​បាន​​ដោយកម្រក្តី​ ព្រះអញ្ញាកោណ្ឌញ្ញនោះ​ បាន​កាត់នូវ​ចិត្ត​ដ៏រឹងរូសផង នូវ​អន្ទាក់ គឺ​ឱឃៈផង នូវ​ភ្នំ គឺមោហៈ​ដែលបុគ្គលបំបែកបាន​ដោយកម្រផង បាន​ឆ្លងទៅ​ដល់​ត្រើយ ជាអ្នក​មាន​ឈាន រួចចាក​ចំណង​នៃមារ។ ភិក្ខុ​អ្នក​មាន​ចិត្តរាយមាយ ឃ្លេងឃ្លោង អាស្រ័យ​នឹងពួកបាបមិត្រ រមែង​ត្រូវរលក គឺឧបាយ​នៃ​សេចក្តី​​ក្រោធ​ជ្រមុច ហើយ​លិច​ចុះ​ក្នុងអន្លង់ធំ។ ឯភិក្ខុ​មាន​ប្រាជ្ញា មាន​ចិត្តមិនរាយមាយ មិនឃ្លេង​ឃ្លោង មាន​ប្រាជ្ញាល្អិត សង្រួមឥន្ទ្រិយល្អ មាន​កល្យាណមិត្រ ​តែងធើ្វនូវ​ទីបំផុត​នៃទុក្ខ​បាន​។ ជន​អ្នក​មាន​អវយវៈប្រាកដស្មើ​ដោយថ្នាំងវល្លិ៍ ស្គម រវីមរវាម​ដោយ​សរសៃ ជាអ្នក​ដឹង​ប្រមាណ​ក្នុងបាយ និងទឹក មាន​ចិត្តមិនរួញរា ត្រូវរបោម ​និង​មូស​ទាំងឡាយ​ ខាំ​ហើយ ​ក្នុងព្រៃតូច និងព្រៃធំ ជាអ្នក​មាន​ស្មារតី គង់អត់ទ្រាំនៅ​​ក្នុងព្រៃនោះ​បាន​ ​ដូចដំរី​ដ៏​ប្រសើរ (អត់ទ្រាំ) ​ក្នុងប្រធាន​នៃសង្រ្គាម។ ខ្ញុំមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ មិនត្រេក​អរ​នឹងការ​រស់នៅ​ ខ្ញុំរង់ចាំ​តែកាល (បរិនិព្វាន​) ​ដូចអ្នក​ធើ្វការ​ឈ្នួលទន្ទឹង​តែអស់ថ្ងៃ។ ខ្ញុំមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ មិន​ត្រេកអរ​នឹងការ​រស់នៅ​ ខ្ញុំជាអ្នក​ដឹងខ្លួន​ មាន​ស្មារតី រង់​ចាំ​តែបរិនិព្វាន​កាល។ ព្រះសាស្តា ខ្ញុំបាន​បម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំក៏បាន​ធើ្វ​ហើយ ភារៈ​ដ៏ធ្ងន់ ខ្ញុំបាន​​ដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំទៅ​កាន់ភព ខ្ញុំដកចោល​ហើយ។ កុលបុត្រ​​អ្នក​ចេញ​ចាក​ផ្ទះ ចូលកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​នោះ​ ខ្ញុំបាន​ដល់​ហើយ ខ្ញុំមាន​ប្រយោជន៍អ្វី ​ដោយសទ្ធិវិហារិក។ អញ្ញាកោណ្ឌញ្ញត្ថេរ។

 

[២៤៨] មនុស្ស​ទាំងឡាយ​ ​តែងនមស្ការ​នូវ​ព្រះសម្ពុទ្ធ ​ដែលទ្រង់​មាន​​ព្រះជាតិ ជា​មនុស្ស ទ្រង់​បាន​បង្វឹកព្រះអង្គត្រឹមត្រូវ ឥតមាន​ឆ្គង មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន ទ្រង់​ប្រព្រឹត្ត​ក្នុងគន្លង​ដ៏ប្រសើរ ទ្រង់​ពេញ​ព្រះទ័យ ចំពោះ​ឈានជាគ្រឿងស្ងប់​ចិត្ត ព្រះអង្គ​បាន​ដល់​នូវ​ត្រើយ​នៃធម៌​ទាំងពួង ទ្រង់​ឆ្លងរំលងនូវ​សំយោជនៈ​ទាំងពួង​ហើយ ទ្រង់​ (ចេញ​ផុត) ចាក​​ព្រៃ គឺកិលេស ស្ដេចមកដល់​ព្រះនិព្វាន​ហើយ ទ្រង់​ពេញ​ព្រះទ័យ​ក្នុងការ​ចេញ​ចាក​កាម​ទាំងឡាយ​ ​ដូចមាសចេញ​ផុតចាក​ធាតុថ្ម​ហើយ ទោះបី​ពួក​ទេវតាក៏​នមស្ការ​ព្រះអង្គ​ដែរ ពាក្យ​ដូច្នេះនេះ​ ខ្ញុំព្រះអង្គបាន​ស្ដាប់ (ក្នុងសំណាក់) ​នៃ​ព្រះ​អរហន្ដ ឯព្រះសម្ពុទ្ធ ទ្រង់​ព្រះនាម​ថា នាគនោះ​ឯង ព្រះអង្គ​រុងរឿង​ក្រៃពេក ​ដូចភ្នំ​ហិមពាន្ដ ​ដែលរុងរឿងកន្លងនូវ​ពួកភ្នំឯទៀត ព្រះអង្គមាន​ព្រះនាម​ពិតប្រាកដ ប្រសើរ​បំផុត​ជាងជន​ទាំងពួង ​ដែលមាន​នាម​ថា នាគដែរ ខ្ញុំ​នឹងថ្លែងនូវ​ពុទ្ធនាគដល់​អ្នក​ទាំង​ឡាយ​ ព្រះពុទ្ធនាគនោះ​ មិនធើ្វនូវ​អំពើអាក្រក់​ឡើយ។ សោរច្ចៈ និងអវិហឹសា ​ទាំងពីរ​នោះ​ ជាបាទា (ខាងមុខ) ​របស់​ព្រះពុទ្ធនាគ។ សតិ និងសម្បជញ្ញៈ​​ទាំងពីរនោះ​ ជា​បាទា​ខាង​ក្រោយ​​របស់​ព្រះពុទ្ធនាគ។ ព្រះសម្ពុទ្ធ ជាមហានាគ ទ្រង់​មាន​សទ្ធាជាប្រមោយ មាន​ឧបេក្ខាជាភ្លុកស។ ព្រះពុទ្ធនាគ​នោះ​ មាន​សតិជាក បញ្ញាជាសិរ​ប្រទេស គំនិតសម្រាប់គិតគូធម៌ ជាចុង​ប្រមោយ ធម៌ជា​ផ្ទៃ​​សម្រាប់ដាក់​នូវ​គ្រឿងចម្អែត វិវេកជាកន្ទុយ។ ព្រះពុទ្ធនាគ​នោះ​ មាន​ឈាន ទ្រង់​រីក​រាយចំពោះ​ខ្យល់ដកដង្ហើម គឺព្រះ​និព្វាន​ មាន​ព្រះទ័យ​តាំងមាំខាង​ក្នុង ព្រះពុទ្ធនាគ កាល​បើទ្រង់​ស្ដេចយាត្រា ក៏មាន​ព្រះ​ទ័យខ្ជាប់ខ្ជួន ព្រះពុទ្ធនាគ​ទ្រង់​ឋិត ក៏មាន​ព្រះទ័យ​ខ្ជាប់​ខ្ជួន ព្រះពុទ្ធនាគទ្រង់​ផ្ទំ ក៏មាន​ព្រះទ័យ​ខ្ជាប់ខ្ជួន ទ្រង់គង់ ក៏មានព្រះទ័យ​ខ្ជាប់ខ្ជួន ព្រះពុទ្ធ​នាគ​ទ្រង់​សង្រួមរក្សាទ្វារ​ទាំងអស់ នេះ​ជាសម្បទា​របស់​ព្រះពុទ្ធ​នាគ។ ព្រះពុទ្ធ​នាគ ទ្រង់​សោយ​តែភោជន​ដែល​ឥតទោស មិនសោយនូវ​ភោជន ​ដែល​ប្រកប​ដោយ​ទោស (កាលបើ) ទ្រង់​បាន​នូវ​ចង្ហាន់ និង​គ្រឿងស្លៀកដណ្ដប់ ទ្រង់​វៀរនូវ​ការ​សន្សំទុក ទ្រង់​កាត់នូវ​សំយោជនៈ ​ដែល​ជាចំណង​តូចធំ​ទាំងអស់ ហើយទ្រង់​យាង​ទៅ​ណា ៗ ក៏ស្ដេច​ទៅ​ដោយឥតមាន​ព្រះទ័យ​អាឡោះ​អាល័យ។ ឈូកស ដុះចំរើន​ឡើង​ក្នុងទឹក មិន​ជាប់​ប្រឡាក់​ដោយទឹក មាន​ក្លិន​ក្រអូប ជាទី​រីករាយចិត្ត យ៉ាងណាមិញ ព្រះពុទ្ធ ទ្រង់​កើត​ក្នុង​លោក គង់នៅ​ក្នុងលោក មិន​ប្រឡាក់​​ដោយលោក ​ដូចជាឈូក មិន​ជាប់ប្រឡាក់​ដោយ​ទឹកដូច្នោះឯង។ គំនរ​ភ្លើង​ធំ ​ដែលឆេះសន្ធោ មិនមាន​ចំណី រមែង​រលត់ បើ​ទុក​ជា​រងើក​​ទាំងឡាយ​ មាន​នៅ​ ក៏គេ​និយាយថា ភ្លើងរលត់ហើយ​។ ពាក្យ​ឧបមានេះ​ ជាគ្រឿង​បញ្ជាក់​នូវ​សេចក្តី ដែល​ពួកវិញ្ញូជន​បាន​សំដែងហើយ មហានាគ គឺព្រះខីណាស្រព​ទាំង​ឡាយ​ គង់ដឹង​ច្បាស់​នូវ​ព្រះពុទ្ធនាគ​ ​ដែលខ្ញុំជានាគ​សំដែងរួច​មកហើយនេះ​ ថា ព្រះពុទ្ធនាគ ទ្រង់​ប្រាសចាក​រាគៈ ទោសៈ មោហៈហើយ អស់អាសវៈ​ហើយ លះបង់សរីរៈ មិន​មាន​អាសវៈ នឹង​បរិនិព្វាន។ ឧទាយិត្ថេរ។

ឧទ្ទាន មានក្នុងសោឡសកនិបាតនោះ

ព្រះថេរៈពីរអង្គ អ្នកមានឫទ្ធិ​ច្រើននោះ គឺ​ព្រះកោណ្ឌញ្ញ ១ ព្រះឧទាយី ១ ពោល​នូវ​គាថា ៣២ ក្នុងសោឡសកនិបាត។

ចប់ សោឡសកនិបាត។

ថេរគាថា វីសតិនិបាត

 

[២៤៩] (ចោរពោលថា) ក្នុងកាលមុន យើងខ្ញុំ​ទាំងឡាយ សម្លាប់សត្វ​ពួកណា ដើម្បី​យញ្ញ ឬដើម្បី​ទ្រព្យ ភ័យក៏កើតមាន (ដល់​សត្វពួកនោះ) ឥតមាន​សេស​សល់ សត្វ​ទាំងនោះ​ រមែង​ញាប់ញ័រផង សោកសៅផង។ សេចក្តី​ភិតភ័យ​នៃ​លោក​មិនមាន ទាំង​សម្បុរ (មុខលោក) ក៏ស្រស់បស់​ក្រៃពេក ហេតុអ្វីក៏លោក​មិនខ្សឹកខ្សួល ព្រោះភ័យ​ធំ មាន​សភាព​យ៉ាងនេះ។

(ព្រះអធិមុត្តត្ថេរ​ពោលថា) ម្នាលចោរជាធំ សេចក្តី​ទុក្ខប្រព្រឹត្តទៅ​ក្នុងចិត្ត​​នៃ​បុគ្គល​អ្នក​មិន​មាន​សេចក្តី​អាឡោះអាល័យ មិនមាន​ទេ​ បុគ្គលអ្នក​មាន​សំយោជនៈ​អស់​ហើយ បាន​​​កន្លងផុតនូវ​ភ័យ​ទាំងពួង។ កាលបើតណ្ហា ជាគ្រឿងនាំសត្វទៅ​កាន់ភព​ ​ក្នុងបច្ចុប្បន្ន​អស់ហើយ ​ដោយហេតុ​ណាមួយ ភ័យចំពោះ​សេចក្តី​ស្លាប់ ក៏មិនមាន​ឡើយ ​ដូចការ​មិន​មាន​ភ័យ ​ក្នុងកិរិយាដាក់​ចុះនូវ​ភារៈចេញ​ (អំពីក្បាល)។ ព្រហ្មចរិយធម៌ អាត្មាបាន​សន្សំ​ល្អ​ហើយ ​ទាំងមគ្គ អាត្មាក៏បាន​ចំរើន​​ល្អហើយ ភ័យចំពោះ​សេចក្តី​ស្លាប់​​នៃអាត្មាមិនមាន​ទេ ​ដូចការ​មិនមាន​ភ័យ​​ក្នុងកិរិយាអស់ទៅ​​នៃរោគ​ទាំងឡាយ​។ ព្រហ្មចរិយធម៌ អាត្មាបាន​សន្សំ​ល្អហើយ ​ទាំងមគ្គ អាត្មាក៏បាន​ចំរើន​ល្អហើយ ភព​ទាំងឡាយ​ ​ដែលមិនមាន​សេចក្តី​ត្រេកអរ អាត្មាក៏បាន​ឃើញហើយ ​ដូចបុគ្គលផឹកនូវ​ថ្នាំពិស ហើយខ្ជាក់​ចោលវិញ​។ បុគ្គល​អ្នក​ដល់​នូវ​ត្រើយ គឺព្រះនិព្វាន​ មិនមាន​សេចក្តី​ប្រកាន់ មាន​សោឡសកិច្ចធ្វើ​​ហើយ មិនមាន​អាសវៈ​ រមែង​ជាអ្នក​ត្រេកអរ ​ក្នុងកិរិយា​អស់​ទៅ​នៃអាយុ ​ដូចបុគ្គលរួច​ហើយចាក​ការ​សម្លាប់។ បុគ្គលបាន​ដល់​នូវ​ធម៌​ដ៏ឧត្តម​ ជាអ្នក​មិនត្រូវការ​ក្នុងលោក​ទាំងអស់ រមែង​មិនសោកសៅ​ព្រោះសេចក្តី​ស្លាប់ ​ដូច​បុគ្គលស្ទុះផុតចាក​ផ្ទះ​ដែលភ្លើងឆេះ។ ការ​ជួបជុំ​ដោយ​សត្វ ​និងសង្ខារឯណានីមួយក្តី​ ​ការ​កើតមាន​ក្នុងពួកសត្វឯណាក្តី​ ​ទាំងអស់នុ៎ះ មិនមែន​ជាធំឡើយ ពាក្យ​នេះ​ ព្រះសម្មា​សម្ពុទ្ធ អ្នក​ស្វែងរកនូវ​គុណធំ បាន​សំដែង​ហើយ។ បុគ្គល​ណា បាន​ដឹងច្បាស់នូវ​ព្រះពុទ្ធដីកា តាម​ដែលព្រះពុទ្ធទ្រង់​សំដែង​ហើយ​នោះ​ បុគ្គល​នោះ​ មិនប្រកាន់នូវ​ភព​នីមួយឡើយ ​ដូចបុរសមិន​កាន់ដុំដែក​ដែលក្ដៅសព្វ។ អាត្មាមិនមាន​សេចក្តី​ត្រិះរិះថា ​ខ្លួន​អញបាន​មាន​ហើយទេ អាត្មាមិនមាន​​គិតថា ខ្លួន​អញ​នឹង​មាន​តទៅ​ទេ (ព្រោះថា) សង្ខារ​ទាំងឡាយ​ ទៀង​តែវិនាស​ទៅ​វិញ​ ហេតុ​នោះ​ សេចក្តី​ខ្សឹកខ្សួល​ក្នុងសង្ខារ​ទាំងនោះ​ ​ដូច​ម្ដេច​កើត។ ម្នាល​ចោរ​ជាធំ បុគ្គល​ដែល​ឃើញ​ច្បាស់​តាម​សេចក្តី​ពិត​នូវ​ការ​ប្រជុំកើត​​នៃធម៌​ដ៏​បរិសុទ្ធ និងតំណ​​នៃសង្ខារ​​ដ៏បរិសុទ្ធ ភ័យមិនមាន​ឡើយ។ បុគ្គល​ដែលឃើញ​ច្បាស់​​ដោយបញ្ញា​នូវ​លោក ប្រាកដ​ស្មើ​​ដោយស្មៅ និង​កំណាត់​ឈើ ​ក្នុងកាល​ណា ​ក្នុង​កាល​នោះ​ បុគ្គលនោះ​ ក៏មិនបាន​​នូវ​សេចក្តី​ប្រកាន់ថា ​របស់​អញ រមែង​មិន​​សោកសៅ​ថា ភ័យមិនមាន​​ដល់​អាត្មាឡើយ។ អាត្មាធុញ​ទ្រាន់​នឹង​សរីរៈ ជាអ្នក​មិន​ត្រូវការ​ដោយភព ព្រោះថាកាយនេះ​ ​នឹងបែក​ធ្លាយទៅ​ ​ទាំងកាយ​ដទៃ​ទៀត ក៏​នឹងមិនមាន​ដែរ។ កិច្ចណាដោយសរីរៈ មាន​ដល់ពួកអ្នក ពួកអ្នក​ប្រាថ្នា​​នូវ​កិច្ច​ណា ចូរធើ្វនូវ​​កិច្ច​នោះ​ចុះ សេចក្តី​​ទោមនស្សក្តី​ សេចក្តី​ស្រឡាញ់ក្តី​​នៃអាត្មា​ នឹងមិនមាន​​ក្នុងអំពើ​ទាំងនោះ​ ព្រោះ​បច្ច័យ​នៃកិច្ចនោះ​។

ពួកចោរ បាន​ស្ដាប់ពាក្យ​នៃ​ព្រះអធិមុត្តត្ថេរ​នោះ​ ជាពាក្យ​ចម្លែកអស្ចារ្យ គួរឲ្យ​ព្រឺរោម ហើយក៏ទម្លាក់ចោល​នូវ​គ្រឿង​សាស្រ្ដា​ទាំងឡាយ​ បាន​ពោលពាក្យ​នេះ​ថា បពិត្រ​លោក​ដ៏ចំរើន​ លោកបាន​ធើ្វ​តបោកម្ម​ដូចម្ដេច ឬអ្នក​ណាជា​អាចារ្យ​របស់​លោក សេចក្តី​មិន​សោកសៅ លោក​បាន​​ព្រោះអាស្រ័យពាក្យ​ប្រដៅ​របស់​អ្នក​ណា។ ​

ព្រះថេរៈឆ្លើយថា ព្រះជិនស្រី ​ព្រះអង្គជាសព្វញ្ញូ ទ្រង់​ឃើញនូវ​ធម៌​ទាំង​ពួង ជា​សាស្ដា​ប្រកប​ដោយករុណា​ដ៏ធំ ទ្រង់​រក្សានូវ​សត្វលោក​ទាំងអស់ ជាអាចារ្យ​របស់​អាត្មា។ ​ព្រះធម៌នេះ​ ជាធម៌ដល់​នូវ​កិរិយាអស់ទៅ​នៃកិលេស ជាធម៌​ដ៏ប្រសើរ ព្រះជិនស្រី​នោះ​ បាន​សំដែងហើយ សេចក្តី​មិនសោកសៅ ​ដែលអាត្មាបាន​ព្រោះ​អាស្រ័យនូវ​ធម៌ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះជិនស្រីនោះ​។

ចោរ​ទាំងឡាយ​ បាន​ស្ដាប់នូវ​សុភាសិត​​នៃឥសី (អធិមុត្តត្ថេរ) ក៏ទម្លាក់ចោល​នូវ​គ្រឿង​សស្រ្តា​​ទាំងឡាយ​ផង នូវ​អាវុធ​​ទាំងឡាយ​ផង ពួកខ្លះ​ក៏វៀរចាក​ចោរកម្មនោះ​ ពួកខ្លះ​ក៏ពេញ​ចិត្ត​នឹងបព្វជ្ជា។ ​ចោរ​ទាំងនោះ​ ក៏ចូលទៅ​បួស​​ក្នុងសាសនា​​នៃព្រះសុគត ចំរើន​នូវ​ពោជ្ឈង្គ និងពលៈ​ទាំងឡាយ​ ជាបណ្ឌិត មាន​ចិត្ត​ខ្ពស់ឡើង​ មាន​ចិត្តល្អ មាន​ឥន្រ្ទិយចំរើន​ហើយ ក៏​បាន​ពាល់ត្រូវនូវ​និព្វាន​បទ ជា​អសង្ខតធម៌។ អធិមុត្តត្ថេរ។

 

[២៥០] ភិក្ខុឈ្មោះ​បារាសរិយៈ ជាសមណៈ អង្គុយ​តែម្នាក់ឯង ជាអ្នក​ស្ងប់​ស្ងាត់ ចំរើន​ឈាន មាន​គំនិតថា បុរសគប្បី​ប្រតិបត្តិ​ដោយលំដាប់​​ដូចម្ដេច គប្បី​ប្រព្រឹត្តនូវ​វត្ត​ដូចម្ដេច នូវ​សមាចារៈ​​ដូចម្តេច ទើបឈ្មោះថា ជាអ្នក​ធ្វើនូវ​កិច្ច​របស់​ខ្លួន ទាំង​មិនបៀត​បៀន​នូវ​អ្វីណាមួយ។ ឥន្រ្ទិយ​ទាំងឡាយ​​របស់​ពួកមនុស្ស ​មាន​ដើម្បី​ជា​ប្រយោជន៍​ផង មិនជា​​ប្រយោជន៍​ផង ឥន្ទ្រិយ​ទាំងឡាយ​​ដែលគេ​មិនរក្សា ប្រព្រឹត្តទៅ​ដើម្បី​មិនជា​ប្រយោជន៍ ​ដែលគេ​រក្សាហើយ ប្រព្រឹត្តទៅ​ដើម្បី​ជាប្រយោជន៍។ បុគ្គល​កាល​រក្សា​នូវ​ឥន្ទ្រិយ​​ទាំងឡាយ​ផង គ្រប់គ្រង​នូវឥន្ទ្រិយ​ទាំងឡាយ​ផង ឈ្មោះ​ថា ជាអ្នក​ធ្វើនូវ​កិច្ច​របស់​ខ្លួន ទាំងមិន​បៀតបៀន​នូវអ្វី​ណាមួយ។ បើបុគ្គលណា មិនឃាត់​នូវ​ចក្ខុន្រ្ទិយ​ដែល​ប្រព្រឹត្ត​ទៅ ក្នុងរូប​ទាំងឡាយ​ ជាអ្នក​មិនឃើញនូវ​ទោសទេ បុគ្គលនោះ​ មិនរួច​ចាក​ទុក្ខឡើយ។ មួយ​ទៀត បុគ្គល​ណា មិនឃាត់នូវ​សោតិន្ទ្រិយ ​ដែលប្រព្រឹត្តទៅ​​ក្នុងសំឡេង​ទាំងឡាយ​ ជាអ្នក​​មិនឃើញនូវ​ទោសទេ បុគ្គលនោះ​ មិនរួច​ចាក​ទុក្ខឡើយ។ បើបុគ្គលណា មិន​ឃើញ​នូវ​ការ​រលាស់ចេញ​ ជាអ្នក​ជ្រប់នៅ​ក្នុងក្លិន​ទាំង​ឡាយ​ ហើយ​សេព​ចំពោះ​នូវ​ក្លិន​ទាំងឡាយ​ បុគ្គលនោះ​ មិនរួច​ចាក​ទុក្ខទេ។ បុគ្គលណា រលឹករឿយ ៗ នូវ​រស​ជូរ និង​ចំណែក​​នៃរសផ្អែមផង នូវ​ចំណែក​នៃរសល្វីងផង ជាអ្នក​ជាប់នៅ​ក្នុង​រសតណ្ហា បុគ្គលនោះ​ រមែង​មិនដឹងច្បាស់​នូវ​បេះដូង​នៃសាសនា។ បុគ្គល​កាលរលឹករឿយ ៗ នូវ​ផោដ្ឋព្វៈ​​ទាំងឡាយ​​ដែលស្អាត មិនគួរខ្ពើម ជាអ្នក​ត្រេកអរ (ក្នុងផ្សព្វនោះ​) រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ ​ដែលមាន​រាគៈជាហេតុ។ បុគ្គល​ណា មិនអាចរក្សានូវ​ចិត្ត ​ដោយធម៌​ទាំងឡាយ​នេះ​ ព្រោះហេតុ​តែមិនបាន​រក្សានោះ​ឯង ទុក្ខ​រមែង​ជាប់តាមបុគ្គលនោះ​ ​ដោយខ្សែ​ទាំងពួង មាន​ប្រមាណ ៥ គឺ​អារម្មណ៍​ទាំង ៥។ សរីរៈនេះ​ ពេញ​ដោយខ្ទុះ និងឈាមផង ពេញ​ដោយសាក​សព​ដ៏ច្រើនផង ​ដូចស្មុគ្រ​​ដែលបុគ្គលមាន​ព្យាយាម ធើ្វឲ្យរលីង វិចិត្រហើយ។ បុគ្គលរមែង​មិនដឹងនូវ​សេចក្តី​ទុក្ខ​ក្តៅ​ក្រហាយ ​តែមាន​រស​ផ្អែម​ឆ្ងាញ់ពិសា ​ដែល​មាន​​សេចក្តី​ស្រឡាញ់​ជាចំណង ​ដូច​កាំបិតកោរ ​ដែលគេ​លាបប្រឡាក់​ដោយទឹក​ឃ្មុំ។ បុគ្គលអ្នក​ត្រេកអរ​ក្រៃពេក ​ក្នុង​រូបស្រ្តី​ផង ​ក្នុងរស​នៃស្រ្តីផង ​ក្នុងការ​ប៉ះ​ពាល់​នូវ​កាយ​នៃស្រ្តីផង ​ក្នុងក្លិន​នៃស្រីផង រមែង​បាន​នូវ​សេចក្តី​ទុក្ខផ្សេង ៗ។ ខ្សែ​នៃ​តណ្ហា​ទាំង ៥ ​របស់​ស្រ្តី​ទាំងអស់ រមែង​ហូរ​ទៅ​ក្នុងទ្វារ​នៃបុរស​ទាំង ៥ ដែរ បុគ្គលណា មាន​ការ​ព្យាយាម អាចធើ្វនូវ​ការ​បិទរាំងនូវ​ខ្សែតណ្ហា​ទាំង​នោះ​ (មិនឲ្យកើត​ឡើងបាន) បុគ្គលនោះ​ ឈ្មោះ​ថា ជាអ្នក​មាន​ប្រយោជន៍ ជាអ្នក​ឋិត​នៅ​ក្នុងធម៌ ជាអ្នក​ឈ្លាសវៃ ជាអ្នក​មាន​បញ្ញាជាគ្រឿងពិចារណា បុគ្គល​នោះ ​គប្បី​ត្រេកអរ​ ធើ្វនូវ​​កិច្ចប្រកប​ដោយធម៌ និងអត្ថ។ ម៉្យាងទៀត កិច្ច​ដែលប្រកប​ដោយសេចក្តី​ត្រេកអរ រមែង​​លិចចុះ បុគ្គលគប្បី​វៀរនូវ​កិច្ច​ដែលមិនមាន​ប្រយោជន៍ អ្នក​ប្រាជ្ញមិនមាន​សេចក្តី​ប្រមាទ ​តែងសំគាល់នូវ​កិច្ចនោះ​ថា ​ជាអំពើមិនគួរធើ្វ។ មួយទៀត កិច្ចណា ប្រកប​ដោយ​ប្រយោជន៍ក្តី​ សេចក្តី​ត្រេកអរ​ណា ប្រព្រឹត្តទៅ​ក្នុងធម៌ក្តី​ បុគ្គលគប្បី​ប្រព្រឹត្តកាន់​យកនូវ​ប្រយោជន៍​ និងសេចក្តី​ត្រេកអរនោះ​ ព្រោះថា សេចក្តី​ត្រេកអរនោះ​ ជាគុណជាតិ​ដ៏ឧត្តម។ បុគ្គលណា​សម្លាប់ វាយ ឬធើ្វឲ្យអ្នក​ដទៃសោក​សៅ ហើយប្លន់​ដណ្ដើម (យក​ទ្រព្យ) នៃ​ពួកជនដទៃ ​ដោយការ​កំហែង បុគ្គលនោះ​ រមែង​នាំទៅ​​នូវ​ទ្រព្យជារបស់​ពួក​ជន​​ដទៃ ​ដោយឧបាយ​ទាំងតូច​ទាំងធំបាន​។ ជនអ្នក​មាន​កំឡាំង កាលចាំងឈើ រមែង​នាំចេញ​​នូវ​ដែកគោល ​ដោយដែកគោល យ៉ាងណាមិញ ពួកជនអ្នក​ឈ្លាស រមែង​រម្ងាប់នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​ដោយឥន្ទ្រិយ​ទាំងឡាយ​ ក៏យ៉ាង​នោះ​ដែរ។ បុគ្គល​ណា ចំរើន​នូវ​សទ្ធា វីរិយៈ សមាធិ សតិ និងបញ្ញា សម្លាប់នូវ​ឥន្ទ្រិយ ៥ (មាន​ចក្ខុន្ទ្រិយជាដើម) ​ដោយ​ឥន្ទ្រិយ ៥ បុគ្គលនោះ​ ឈ្មោះ​ថាព្រាហ្មណ៍ ជាអ្នក​មិន​មាន​ទុក្ខ​ប្រព្រឹត្តទៅ​។ បុគ្គលណា ធើ្វតាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ​ដោយសព្វគ្រប់ បុគ្គលនោះ​ ឈ្មោះ​ថាជាអ្នក​មាន​ប្រយោជន៍ ជាអ្នក​តាំងនៅ​​ក្នុងធម៌ នរជននោះ​ ​តែងដល់​នូវ​សេចក្តី​សុខ។ បារាសរិយត្ថេរ។

 

[២៥១] ខ្ញុំមានព្យាយាម ជាគ្រឿងដុត​កំដៅនូវ​កិលេស កាលគិត​រកនូវ​ធម៌ អស់​កាល​មាន​រាត្រី​​ដ៏យូរណាស់ ​តែមិនបាន​នូវ​ការ​ស្ងប់​រម្ងាប់​នៃចិត្ត ទើបសួរនូវ​សមណ​ព្រាហ្មណ៍​​ទាំងឡាយ​ថា បុគ្គលណាសោត ​ដែលបាន​ដល់​នូវត្រើយ​ក្នុងលោក អ្នក​ណា​ដែល​បាន​​ដល់​នូវ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ខ្ញុំ​នឹងប្រតិបត្តិនូវ​ធម៌ ជាគ្រឿង​ដឹង​ច្បាស់នូវ​ប្រយោជន៍​​ដ៏ឧត្តម​​របស់​សមណព្រាហ្មណ៍ណា។ ខ្ញុំលុះ​ក្នុង​កិលេស​ជាគ្រឿង​វៀច​ខាង​ក្នុង ​ដូចត្រីស៊ីនុយ ឬ​ដូចអសុរឈ្មោះ​វេបចិត្តិ​ជាប់ចំណង​ព្រះឥន្រ្ទ។ ខ្ញុំទាញដកអន្ទាក់ គឺ​កិលេស​នោះ​ ​តែមិនរួច​ចាក​សេចក្តី​សោក និងការ​ខ្សឹកខ្សួល​នេះ​ទេ អ្នក​ណា​អាច​ស្រាយ​នូវ​​ចំណង​នៃខ្ញុំ ​ក្នុងលោក រួច​ប្រាប់នូវ​ធម៌ជាគ្រឿង​ត្រាស់​ដឹងដល់​ខ្ញុំបាន។ ខ្ញុំ (គប្បី​បាន​) នូវ​សមណៈ ឬព្រាហ្មណ៍ណា ​ដែលអាច​ប្រាប់ធម៌ ជាគ្រឿងកំចាត់បង់កិលេសបាន​ ខ្ញុំ​នឹងទទួលនូវ​ធម៌ជាគ្រឿងបន្សាត់បង់​នូវ​ជរា និងមច្ចុ ​អំពីសំណាក់​​នៃបុគ្គលណា។ (សរ គឺទិដ្ឋិណា) ​ដែលមាន​និស្ស័យ​ជាប់​ក្នុងទ្រូង អាច​ទំលាយយ៉ាងខ្លាំង ហើយឋិតនៅ​ក្នុង​ហឫទ័យ អ្នក​ចូរមើល​នូវ​សរ គឺទិដិ្ឋនោះ​ ​ដែល​ធ្លាក់ចុះ​ក្នុងសេចក្តី​សង្ស័យ និងសេចក្តី​ងឿងឆ្ងល់ ប្រកប​​ដោយកម្លាំង​នៃសេចក្តី​ប្រណាំងប្រជែង មាន​សេចក្តី​រឹងត្អឹង​នៃចិត្ត​ ​ដែល​ផ្សំ​ដោយ​សេចក្តី​ក្រោធ មាន​តណ្ហាជាគ្រឿងទំលាយ កើតព្រម​អំពីធ្នូ គឺតណ្ហា មាន​ប្រភេទ ១៥ ពីរដង [ប្រភេទ ១៥ ពីរដង គឺ សក្កាយទិដ្ឋិ ២០ មិច្ឆាទិដ្ឋិ ១០ (អដ្ឋកថា)] ។ ការ​ដែលមិនបាន​លះបង់នូវ​ទិដិ្ឋបន្ទាប់បន្សំ​ទាំងឡាយ​ ត្រូវសរ ​គឺ​សេចក្តី​ត្រិះរិះខុស ឲ្យក្លាហានហើយ អាត្មាអញ​ឈ្មោះ​ថា ត្រូវសរ គឺទិដិ្ឋនោះ​មុត​ហើយ រមែង​ញាប់ញ័រ​ដូច​ស្លឹកឈើ​​ដែល​ត្រូវខ្យល់បក់ដូច្នោះ។ កាយប្រកប​ដោយ​ផស្សាយតនៈ ៦ តាំងឡើង​ក្នុង​សន្តាន​​របស់​អាត្មាអញ ហើយក៏ដុត​យ៉ាងឆាប់​នូវ​អត្តភាព ​ដែលគេ​រាប់ថា ជារបស់​នៃខ្លួន​ (កាយនោះ​) កើតឡើង​ក្នុង​ភពណា ក៏ប្រព្រឹត្តទៅ​ក្នុងភពនោះ​​សព្វកាល។ អាត្មាអញ រកមិនឃើញនូវ​ពេទ្យ ​ដែលគប្បី​ដកឡើង​នូវ​សរ គឺសេចក្តី​សង្ស័យនោះ​ ​របស់​អាត្មា​អញ​ ​ដោយដង្កាប់​សម្រាប់​ដកផ្សេង ៗ ឬ​ដោយកាំបិត មិនមែន​ដោយមន្ដដទៃឡើយ។ បុគ្គល​ណាហ្ន៎ មិនមាន​កាំបិត (កាត់) នូវ​សរ មិនឲ្យមាន​ដំបៅដល់​អាត្មាអញ មិនបាន​បៀត​បៀននូវ​ខ្លួន​ទាំងមូល ហើយដកនូវ​សរ គឺកិលេស ​ដែលអាស្រ័យនូវ​ហឫទ័យ​របស់​​អាត្មាអញ​បាន​។ ព្រោះថា កាលបើអាត្មាអញ ធ្លាក់ចុះ​ក្នុងសង្សារ​ដ៏ជ្រៅ​ហើយ (បុគ្គលណា) គប្បី​បង្ហាញនូវ​ដៃ ​ដែលញ៉ាំងអាត្មាអញឲ្យដល់​ទីគោក គឺព្រះនិព្វាន​បាន​ បុគ្គលនោះ​ ឈ្មោះ​ថាជាធំ ហេតុធម៌ ជាអ្នក​ប្រសើរ ជាអ្នក​បន្សាត់បង់នូវ​ពិស គឺទោសៈ។ អាត្មាអញ ជាអ្នក​លិចចុះ​ក្នុងអន្លង់ គឺសង្សារវដ្ដ មាន​ធូលី គឺកិលេសនៅខាង​ក្នុង ​ដែលគេ​មិនអាច​នឹងនាំចេញ​បាន​ ជាទីផ្សាយទៅ​​ដោយមាយា ​ដោយសេចក្តី​ច្រណែន ​ដោយការ​ប្រណាំងប្រជែង និងថីនមិទ្ធៈ។ សេចក្តី​ត្រិះរិះ​ទាំង​ឡាយ​ ​ដែលអាស្រ័យនូវ​រាគៈ បា្រកដ​ស្មើ​​ដោយទឹក​​ដែលហូរ​ទៅ​ ​តែងបន្សាត់ទៅ​​នូវ​បុគ្គល​អ្នក​មាន​ទិដ្ឋិអាក្រក់ ​ដែលមាន​ឧទ្ធច្ចៈ​ជាមេឃ​គ្រហឹម មាន​សំយោជនៈជាភ្លៀង។ ខ្សែតណ្ហា រមែង​ហូរទៅ​​​ក្នុងអារម្មណ៍​ទាំង​ពួង តណ្ហា​ដូចជាវល្លិ៍ រមែង​ដុះបែកខ្នែង តើបុគ្គលណា ឃាត់នូវ​ខ្សែ​តណ្ហា​នោះ​​បាន​ ចុះ​បុគ្គល​ណាកាត់ផ្ដាច់នូវ​តណ្ហា ​ដូចជាវល្លិ៍នោះ​បាន​។ បពិត្រ​អ្នក​ទាំង​ឡាយ​​ដ៏ចំរើន​ អ្នក​ទាំង​ឡាយ​ ចូរធើ្វនូវ​ទំនប់ ជាគ្រឿងទប់នូវ​ខ្សែតណ្ហា​ទាំងឡាយ​។ ខ្សែ​តណ្ហា ​ដែលសម្រេច​អំពីចិត្ត ​កុំគប្បី​ញ៉ាំងអ្នក​ឲ្យវិនាស​ដោយរហ័ស ​ដូចជាខ្សែទឹក (ច្រោះ) នូវ​ដើមឈើ (ឲ្យរលំ) ដូច្នោះឡើយ។ កាលអាត្មាអញ​មាន​ភ័យកើតហើយ កំពុង​ស្វែងរក​ត្រើយខាង​នាយ ​គឺព្រះនិព្វាន​ ចាក​ត្រើយខាង​អាយ​ គឺសង្សារវដ្ដយ៉ាងនេះ​ ព្រះសាស្ដា មាន​បញ្ញា​ជាអាវុធ ជាទីពឹង​នៃសត្វ​លោក ព្រះអង្គត្រូវពួក​​នៃបុគ្គលអ្នក​​ស្វែងរកនូវ​គុណ សេពគប់​ហើយ ទ្រង់​ប្រទាន (ដល់​ខ្ញុំ) នូវ​ជណ្ដើរ គឺវិបស្សនា ​ដែល​​ទេសនាញាណ ធើ្វល្អហើយ ជា​ជណ្ដើរ​​ដ៏ស្អាត សម្រេច​អំពី​ធម៌មាន​ខ្លឹម​ដ៏មាំ កាលខ្ញុំ​កំពុងត្រូវ​ជំនន់ធំគួចទៅ​ ព្រះអង្គក៏​បាន​​ត្រាស់ថា អ្នក​កុំភ័យឡើយ។ ខ្ញុំបាន​ឡើង​កាន់​​ប្រាសាទ គឺសតិប្បដ្ឋាន ហើយ​ក្រឡេក​មើល ក៏សំគាល់​នូវ​សត្វ​​ដែលត្រេកអរ​ក្នុង​សក្កាយ​​ក្នុងកាលមុន។ អាត្មាអញ បាន​ឃើញនូវ​ផ្លូវ គឺវិបស្សនា ជាទីឡើង​កាន់ទូក គឺ​អរិយមគ្គ ​ក្នុងកាល​ណា កាលនោះ​ អាត្មាអញ​មិនបាន​​តាំងចិត្ត ក៏បាន​ឃើញនូវ​អរិយ​មគ្គ​ដ៏ឧត្តម ជាកំពង់ (នៃនិព្វាន​)។ សរ គឺទិដ្ឋិ មានះជាដើម ​ដែលមាន​ខ្លួន​ជាសមុដ្ឋាន មាន​តណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភព ជា​ដែនកើត ព្រះសាស្ដាទ្រង់​សំដែងមគ្គ​ដ៏ឧត្តម ​ដើម្បី​មិនឲ្យប្រព្រឹត្តទៅ​​នៃបាបធម៌​ទាំង​ឡាយ​​នុ៎ះ។ ព្រះពុទ្ធ បន្សាត់បង់​នូវ​ទោសៈ​ជាពិស ទ្រង់​បន្ទោបង់​នូវ​កិលេស ជា​គ្រឿង​ចាក់​ស្រេះ​របស់​អញ ​ដែល​ត្រាំ​នៅ​ក្នុងចិត្ត អស់រាត្រី​ដ៏វែង ​ដែលតាំងស៊ប់ហើយ​ក្នុងសន្ដាន អស់​កាល​ដ៏យូរ។ តេលុកានិត្ថេរ។

 

[២៥២] អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ​ដែល​ជន​ពាលត្រិះរិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ​ដែល​ធើ្វឲ្យវិចិត្រ​ដោយ​កែវមណី និងកណ្ឌល ​ដែលឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយសារ​សំពត់​​ទាំងឡាយ​។ ជើង​ទាំងឡាយ​ លាប​ដោយល័ខស្រស់ មុខ​លាប​ដោយ​គ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ទេ។ សក់​ទាំង​ឡាយ​ ​ដែលគេ​រចនា​ដូចជាក្រឡាចតុរង្គ ភ្នែក​ទាំងឡាយ​ លាប​​ដោយថ្នាំ​សម្រាប់​បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិន​អាច​ញ៉ាំងបុគ្គល​អ្នក​​ស្វែង​រកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ឡើយ។ កាយ​ស្អុយ​​ដែលគេ​តាក់​តែង​ហើយ ​ដូចជានាឡិសម្រាប់ដាក់​ថ្នាំបន្តក់ ​ដែលគេ​វិចិត្រហើយ​ថ្មី ៗ អាច​ញ៉ាំងជន​ពាល​ឲ្យវង្វេង ​តែមិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិពា្វន​ឲ្យវង្វេង​បាន​ឡើយ។ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏មិនបាន​​ប៉ះពាល់នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោល​ចេញ​ទៅ​ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញ​ទៅ​ (យ៉ាងនោះ​ដែរ)។ អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏មិនប៉ះពាល់នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ​ យ៉ាងណាមិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​ដែរ)។

អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌​ដោយទ្រព្យសម្បត្តិ​ក្នុងលោក (ពួក​មនុស្ស​ទាំងនោះ​) លុះបាន​ទ្រព្យគាប់ចិត្ត​ហើយ មិនឲ្យ (ដល់​បុគ្គលណាមួយ​ឡើយ) ព្រោះ​​តែសេចក្តី​វង្វេង។ ពួកមនុស្សបាន​ទ្រព្យហើយ ក៏ធើ្វនូវ​ការ​សន្សំ​ទុក ​ទាំងប្រាថ្នា​​ក្នុង​កាម​ដ៏លើ​សលុប។ ព្រះរាជាឈ្នះនូវ​ផែនដី ​ដែលព្រះអង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់គ្រង​​ផែនដី មាន​សាគរជាទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី​ ពួកមនុស្សដទៃច្រើននាក់ក្តី​ មិន​ទាន់ប្រាសចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថាជាអ្នក​មាន​សេចក្តី​ខ្វះខាត លះបង់រាងកាយ ព្រោះថា​សេចក្តី​ឆ្អែត​​ដោយកាម​ទាំងឡាយ​​ក្នុងលោកមិនមាន​។ ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែលស្លាប់ហើយនោះ​ ​ទាំងបាន​និយាយថា ធើ្វម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំងឡាយ​ ​កុំស្លាប់វិញ​ ក៏នាំខ្មោចនោះ​ ​ដែលរុំ​ដោយសំពត់​ ទៅ​កាន់ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ​។ បុគ្គល​ដែលស្លាប់នោះ​ ត្រូវពួកអ្នក​ដុតចាក់​ដោយឈើសូល ដុតបុគ្គល​នោះ​ លះបង់នូវ​ភោគៈ​ទាំងឡាយ​ មាន​តែសំពត់មួយស្លាប់​ទៅ​ ញាតិ​ទាំងឡាយ​ក្តី​ មិត្រ​ទាំងឡាយ​ក្តី​ ឬសម្លាញ់​ទាំងឡាយ​ក្តី​ ជាទីពឹងមិនមាន​ទេ។ ពួកទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​​ដែលស្លាប់នោះ​ ចំណែក​សត្វ​ដែល​ស្លាប់នោះ​ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច​ កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែន​ជាប់តាមសត្វ​ដែលស្លាប់នោះ​ទេ។ បុគ្គលមិនមែន​បាន​នូវ​អាយុ​វែង ​ដោយសារទ្រព្យទេ ​ទាំងមិនមែន​កំចាត់បង់នូវ​ជរា ​ដោយសារទ្រព្យបាន​ទេ ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ បាន​ពោលនូវ​ជីវិតនោះ​ថា តិច មិនទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។ ជន​ទាំងឡាយ​ អ្នក​ស្ដុកស្ដម្ភ និងអ្នក​ទាល់ក្រ រមែង​ប៉ះពាល់នូវ​ផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គលពាល បើ​មាន​សេចក្តី​ទុក្ខបៀតបៀនហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯអ្នក​ប្រាជ្ញ បើទុកជាប៉ះពាល់នូវ​ផស្សៈ​ក៏មិនបាន​ញាប់ញ័រ។ ព្រោះហេតុនោះ​ បុគ្គល​បាន​នូវ​ព្រះនិព្វាន​ ជាទីបំផុត​នៃភព ​ក្នុង​លោកនេះ ដោយបញ្ញាណា បញ្ញានោះ​ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ​ មិនទាន់បាន​សម្រេច​ប្រយោជន៍ រមែង​ធើ្វនូវ​បាប​កម្ម​ទាំងឡាយ​ ​ក្នុង​ភពតូច និងភពធំ ព្រោះ​តែមោហៈ។ បុគ្គលណា (បាន​ធើ្វបាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូលទៅ​កាន់គភ៌ និងបរលោក បុគ្គលអ្នក​អប្ប​ប្រាជ្ញា (ឯទៀត) កាលបើជឿ​បុគ្គលអ្នក​ធើ្វបាបកម្មនោះ​ ក៏ទៅ​កាន់គភ៌ និង​បរលោក។ ចោរអ្នក​មាន​ធម៌​ដ៏លាមក ​ដែល​គេ​ចាប់បាន​ត្រង់មុខតំណ [គេចាប់បាន​ត្រង់​កន្លែងជញ្ជាំង​ដែលខ្លួន​បោះ ឬកាត់នោះ។] (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយកម្ម​របស់​ខ្លួន​ យ៉ាងណា​មិញ សត្វអ្នក​មាន​ធម៌​ដ៏លាមក​ លុះស្លាប់​ទៅ​ រមែង​ក្តៅ​ក្រហាយ​​ក្នុងលោកខាងមុខ ​ដោយកម្ម​របស់​ខ្លួន​ ក៏យ៉ាងនោះ​ដែរ។ កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជាទីរីករាយ​នៃចិត្ត ​តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗ បពិត្រ​មហារាជ ហេតុនោះ​ អាត្មាភាព ឃើញទោស​ក្នុងកាមគុណ​ទាំងឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំងឡាយ​ ទោះក្មេងក្តី​ ចាស់ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ​ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព​ បាន​ឃើញនូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិនសូវខុស​ភ្លាត់ ជារបស់​ប្រសើរលើ​សលុប។

អាត្មាភាពបួសដោយសទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុងសាសនា​នៃព្រះជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិនមាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញនូវ​កាម​ទាំង​ឡាយ​ ហាក់​ដូចជាភ្លើង​ឆេះ​សព្វហើយ ឃើញនូវ​ជាតរូប ហាក់​ដូចជាគ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំមកនូវ​ទុក្ខ តាំង​តែ​អំពីការ​ចុះចាប់​បដិសន្ធិ​ក្នុងគភ៌ ឃើញនូវ​ភ័យធំ​​ក្នុងនរក​ទាំងឡាយ​។ អាត្មាភាព ឃើញនូវ​ទោសនេះ​ឯង ក៏បាន​នូវ​សេចក្តី​សំវេគ ​ក្នុងកាលនោះ​ អាត្មាភាពហ្នឹងឯង ជាអ្នក​ត្រូវសរមុត​ហើយ ​ក្នុង​កាល​នោះ​ (ឥឡូវនេះ​) បាន​ដល់​ហើយនូវ​ការ​អស់ទៅ​នៃអាសវៈ​។ ព្រះសាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បាន​ធើ្វហើយ ភារៈ​ដ៏ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​នោះ​ គឺការ​​អស់ទៅ​នៃសំយោជនៈ​ទាំងពួង អាត្មាភាពបាន​ដល់​ហើយ។ រដ្ឋបាលត្ថេរ។

 

[២៥៣] បុគ្គលកាលឃើញរូបហើយ ធើ្វទុក​ក្នុងចិត្តនូវ​និមិត្តជាទីស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ​ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេបយក​នូវ​អារម្មណ៍​នោះ។ វេទនា​ទាំងឡាយ​ជាច្រើន មាន​រូបជាដែនកើត រមែង​ចំរើន​​ដល់​បុគ្គល​នោះ​ ចិត្ត​របស់​បុគ្គលនោះ​ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈា (ការ​​សំឡឹងរំពៃ) ផង ព្រោះវិហេសា (ការ​បៀតបៀន) ផង កាលបុគ្គលសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​ប្រព្រឹត្តទៅ​) ​បុគ្គលនោះ​ លោក​ពោលថា ឆ្ងាយ​អំពីព្រះនិព្វាន​។ បុគ្គលកាលឮសំឡេងហើយ ធើ្វ​ទុក​ក្នុងចិត្តនូវ​និមិត្ត​ជាទីស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ​ រមែង​​មាន​ចិត្ត​ត្រេកអរ​ទទួល​យក លេបយកនូវ​អារម្មណ៍​នោះ​។ វេទនា​ទាំងឡាយ​ជាច្រើន មាន​សំឡេង​ជាដែនកើត រមែង​ចំរើន​ដល់​​បុគ្គលនោះ​ ចិត្ត​របស់​បុគ្គលនោះ​ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះ វិហេសាផង បុគ្គលកាលសន្សំយ៉ាងនេះ​ ទុក្ខ (រមែង​ប្រព្រឹត្តទៅ​) បុគ្គលនោះ​ លោក​ពោលថា ឆ្ងាយ​អំពីព្រះនិព្វាន​។ បុគ្គលកាលធុំក្លិន​ហើយ ធើ្វទុក​ក្នុងចិត្ត​នូវ​និមិត្ត​ជាទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ​ រមែង​មាន​ចិត្តត្រេកអរ ទទួលយក លេប​យកនូវ​អារម្មណ៍នោះ​។ វេទនា​ទាំងឡាយ​ជាច្រើន មាន​ក្លិនជា​ដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ចិត្ត​របស់​បុគ្គលនោះ​ រមែង​ចង្អៀត​ចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសាផង បុគ្គល​កាលសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​ប្រព្រឹត្តទៅ) បុគ្គលនោះ​ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះនិព្វាន​។ បុគ្គលកាល​បរិភោគ​រសហើយ ធើ្វទុក​ក្នុងចិត្តនូវ​និមិត្តជាទី​ស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ​ រមែង​មាន​ចិត្តត្រេកអរ ទទួលយក និងលេប​យកនូវ​អារម្មណ៍​នោះ​។ វេទនា​ទាំងឡាយ​ជាច្រើន មាន​រសជាដែនកើត រមែង​ចំរើន​ដល់​បុគ្គលនោះ​ ចិត្ត​របស់​បុគ្គលនោះ​ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​កាល​សន្សំយ៉ាងនេះ​ ទុក្ខ (រមែង​ប្រព្រឹត្តទៅ) បុគ្គលនោះ​ លោក​ពោលថា ឆ្ងាយ​អំពី​ព្រះនិព្វាន។​ បុគ្គលកាលប៉ះពាល់នូវ​ផស្សៈ ហើយធ្វើ​ទុក​ក្នុងចិត្តនូវ​និមិត្ត​ជាទីស្រឡាញ់ ស្មារតី​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ​ រមែង​មាន​ចិត្តត្រេកអរ​ ទទួល​យក លេបយកនូវ​អារម្មណ៍នោះ​។ វេទនា​ទាំងឡាយ​ជាច្រើន មាន​ផស្សៈជាដែនកើត រមែង​ចំរើន​ដល់​បុគ្គលនោះ​ ចិត្ត​របស់​បុគ្គលនោះ​ រមែង​ចង្អៀតចង្អល់ ព្រោះ​អភិជ្ឈាផង ព្រោះវិហេសាផង បុគ្គល​កាលសន្សំ​យ៉ាង​នេះ​ទុក (រមែងប្រព្រឹត្តទៅ) បុគ្គលនោះ លោក​ពោលថា ឆ្ងាយ​អំពីព្រះនិព្វាន​។ បុគ្គល​កាល​ដឹងនូវ​ធម្មារម្មណ៍ [ពាក្យថាធម៌ក្នុងទីនេះ សំដៅយកចិត្ត​ដែលប្រកប​ដោយ​តម្រេក។ អដ្ឋកថា។] ហើយ ធើ្វទុក​ក្នុងចិត្តនូវ​និមិត្តជាទី​ស្រឡាញ់ ស្មារតី​​រមែង​ភ្លាំង​ភ្លាត់ បុគ្គលនោះ​ រមែង​មាន​ចិត្តត្រេកអរ​ទទួលយក លេបយក​អារម្មណ៍​នោះ​។ វេទនា​ទាំង​ឡាយ​​ជាច្រើន មាន​ធម្មារម្មណ៍​ជាដែនកើត រមែង​ចំរើន​ដល់​បុគ្គល​នោះ​ ចិត្ត​របស់​បុគ្គល​នោះ​ រមែង​ចង្អៀតចង្អល់ ព្រោះអភិជ្ឈាផង ព្រោះវិហេសា​ផង បុគ្គល​​កាលសន្សំ​​យ៉ាងនេះ​ ទុក្ខ (រមែង​ប្រព្រឹត្តទៅ​) បុគ្គលនោះ លោក​ពោល​ថា ឆ្ងាយ​អំពីព្រះ​និព្វាន។ បុគ្គលនោះ​ ឃើញរូប​ហើយ មាន​ស្មារតីខ្ជាប់ខ្ជួន មិន​ត្រេកអរ​ក្នុងរូប​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង​តែមិនលេប​យកនូវ​អារម្មណ៍​​នោះ។ បុគ្គលនោះ កាលឃើញរូប ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់ទៅ​ មិនចំរើន​ឡើង​ដោយប្រការ​ណា បុគ្គលនោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្តទៅ​ដោយប្រការ​នោះ​ បុគ្គលកាល​មិនសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​មិនប្រព្រឹត្តទៅ) បុគ្គលនោះ​ លោក​ពោលថា ជិតព្រះនិព្វាន​។ បុគ្គល​នោះ​ ឮសំឡេង មាន​ស្មារតីខ្ជាប់ខ្ជួន រមែង​មិនត្រេកអរ ​ក្នុង​សំឡេង​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាសចាក​តម្រេក គ្រាន់​តែទទួលដឹង មិនលេបយក​នូវ​អារម្មណ៍​នោះ​។ បុគ្គលនោះ​ កាលឮនូវ​សំឡេង ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ​ មិនចំរើន​ឡើង ដោយ​ប្រការ​ណា បុគ្គលនោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយប្រការ​នោះ​ បុគ្គលកាល​មិនសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​មិនប្រព្រឹត្តទៅ) បុគ្គលនោះ លោក​ពោលថា ជិតព្រះនិព្វាន​។ បុគ្គលធុំក្លិន​ហើយ មាន​ស្មារតី​ខ្ជាប់ខ្ជួន មិនត្រេកអរ ​ក្នុងក្លិន​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាសចាក​តម្រេក គ្រាន់​តែ​ទទួលដឹង តែមិនលេប​យកនូវ​អារម្មណ៍នោះ​។ បុគ្គលនោះ​ កាលធុំក្លិន ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់ទៅ​ មិន​ចំរើន​​ឡើង​ ​ដោយប្រការ​ណា បុគ្គលនោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយប្រការ​នោះ​ បុគ្គលកាលមិនសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​មិនប្រព្រឹត្តទៅ​) បុគ្គលនោះ​ លោក​ពោល​ថា ជិតព្រះនិព្វាន​។ បុគ្គលនោះ​ បរិភោគនូវ​រសហើយ មាន​ស្មារតីខ្ជាប់ខ្ជួន​ មិន​ត្រេកអរ​​ក្នុងរស​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាសចាក​តម្រេក គ្រាន់​តែទទួលដឹង ​តែមិនលេបយក នូវ​អារម្មណ៍នោះ​។ បុគ្គលនោះ​ កាលភ្លក់នូវ​រស ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់ទៅ​ មិនចំរើន​ឡើង​ ​ដោយប្រការ​ណា បុគ្គល​នោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្តទៅ​ដោយប្រការ​នោះ​ បុគ្គលកាល​មិនសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​មិន​ប្រព្រឹត្ត​ទៅ​) បុគ្គលនោះ​ លោក​ពោលថា ជិតព្រះនិព្វាន​។ បុគ្គលនោះ​ ប៉ះពាល់​នូវ​ផស្សៈ​ហើយ មាន​ស្មារតីខ្ជាប់ខ្ជួន មិនត្រេកអរ ​ក្នុងផស្សៈ​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាសចាក​តម្រេក គ្រាន់​តែទទួលដឹង ​តែមិន​លេបយក​នូវ​អារម្មណ៍នោះ។ បុគ្គលនោះ​ កាលប៉ះ​ពាល់នូវ​ផស្សៈ ទទួលវេទនា (កិលេសវដ្ដៈ) រមែង​អស់​ទៅ​ មិន​ចំរើន​ឡើង​ ​ដោយប្រការ​ណា បុគ្គលនោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្ត​ដោយប្រការ​នោះ​ បុគ្គលកាល​មិនសន្សំ​យ៉ាង​នេះ​ ទុក្ខ (រមែង​មិនប្រព្រឹត្ត​ទៅ​) បុគ្គលនោះ​ លោក​ពោលថា ជិតព្រះនិព្វាន​។ បុគ្គលនោះ​ ដឹងនូវ​​ធម្មារម្មណ៍ មាន​ស្មារតីខ្ជាប់ខ្ជួន មិនត្រេក​អរ ​ក្នុងធម្មារម្មណ៍​ទាំងឡាយ​ រមែង​មាន​ចិត្តប្រាស​ចាក​តម្រេក គ្រាន់​តែទទួលដឹង ​តែ​មិនលេបយកនូវ​អារម្មណ៍នោះ​។ បុគ្គលនោះ​ កាលដឹងច្បាស់នូវ​ធម្មារម្មណ៍ ទទួល​វេទនា (កិលេសវដ្ដៈ) រមែង​អស់ទៅ​មិនចំរើន​ឡើង​ ​ដោយប្រការ​ណា បុគ្គលនោះ​ ជាអ្នក​មាន​ស្មារតី ប្រព្រឹត្តទៅ​​ដោយប្រការ​នោះ​ បុគ្គលកាល​មិនសន្សំ​យ៉ាងនេះ​ ទុក្ខ (រមែង​មិនប្រព្រឹត្តទៅ​) បុគ្គលនោះ​ លោក​ពោល​ថា ជិតព្រះនិព្វាន។ មាលុង្ក្យបុត្តត្ថេរ។

 

[២៥៤] បពិត្រ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​ព្រះកាយ​ដ៏បរិបូណ៌ ជាទីគាប់ចិត្ត​ក្រៃលែង មាន​ព្រះជាតិ​ដ៏ល្អ មាន​ព្រះនេត្រ​ដ៏ល្អ មាន​សម្បុរ​ដូចជាសម្បុរ​នៃមាស មាន​ព្រះទាឋ឵​ដ៏សក្បុស ទ្រង់​មាន​ព្យាយាម។​ ព្យញ្ជនៈណារបស់​ជនមាន​ជាតិល្អ ព្យញ្ជនៈ (និងអនុព្យញ្ជនៈ) ​ទាំងអស់នោះ​ ជាមហាបុរិសលក្ខណៈ មាន​ក្នុង​ព្រះកាយ​​របស់​ព្រះ​អង្គ។ ព្រះអង្គមាន​ព្រះនេត្រថ្លា មាន​ព្រះភក្រ្តល្អ មាន​ទំហំ​ និងកម្ពស់សមសួន មាន​ព្រះកាយត្រង់ មាន​រស្មីរុងរឿង ​ក្នុងកណ្ដាល​នៃពួក​សមណៈ ​ដូចព្រះអាទិត្យ។ បពិត្រ​ភិក្ខុ​ ព្រះអង្គមាន​រូបល្អ គួរជាទីរមិលមើល មាន​ស្បែក​ដ៏ភ្លឺថ្លា​ដូចមាស ព្រះអង្គ​មាន​សម្បុរ​ដ៏​ឧត្តម​យ៉ាងនេះ​ តើមាន​ប្រយោជន៍​អ្វី​ដោយសមណភាព។​ ព្រះអង្គគួរបាន​ជាស្ដេច​ចក្រពត្តិ ​ដូចគោឧសភៈ​​ក្នុងរថ ជាធំ (លើ​ផែនដី) មាន​សមុទ្រ​ទាំងបួន ជាទីបំផុត មាន​ជ័យជម្នះ ជាឥស្សរៈ​របស់​អ្នក​ជម្ពូទ្វីប។ បពិត្រ​ព្រះគោតម ពួកក្សត្រិយ៍ជា​ស្ដេចចំណុះ​ ​តែងចុះចូល​នឹងព្រះអង្គ សូមព្រះអង្គ​សោយរាជ្យ ជារាជាធិរាជ ​ដ៏ធំជាងពួក​មនុស្សចុះ។

(ព្រះមាន​ព្រះភាគត្រាស់ថា) ម្នាលសេលៈ តថាគត​ ជាធម្មរាជ ជាស្ដេច​ប្រសើរ អាចញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ​តាមធម៌ ជាចក្រ​ដែលអ្នក​ណាមួយមិនអាចឲ្យ​ប្រព្រឹត្ត​ទៅ​បាន​។

(សេលព្រាហ្មណ៍​ ក្រាបទូលថា) បពិត្រ​ព្រះគោតម ព្រះអង្គទ្រង់​ប្ដេជ្ញាថា ព្រះអង្គ​ជាអ្នក​ត្រាស់ដឹង ទ្រង់​ត្រាស់ថា តថាគត​ជាធម្មរាជ ជាស្ដេចប្រសើរ អាច​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​​ទៅ​តាមធម៌បាន​។ ចុះភិក្ខុ​ណា ជាសេនាបតី​របស់​ព្រះអង្គ ជាសាវ័ក​ប្រព្រឹត្ត​តាម​ព្រះសាស្ដា ភិក្ខុ​ណា ញ៉ាំងធម្មចក្កនេះ​ ​ដែលព្រះអង្គឲ្យ​ប្រព្រឹត្ត​ទៅ​​ហើយ ឲ្យប្រព្រឹត្ត​ទៅ​បាន។

(ព្រះមាន​ព្រះភាគទ្រង់​ត្រាស់ថា ម្នាលសេលៈ) ភិក្ខុ​សារីបុត្ត ជាអនុជាត​​របស់​តថាគត​ ញ៉ាំងធម្មចក្ក​ដ៏ប្រសើរ ​ដែលតថាគត​​ឲ្យប្រព្រឹត្តទៅ​ហើយ ឲ្យប្រព្រឹត្តទៅ​បាន​។ ម្នាលព្រាហ្មណ៍ ទុក្ខសច្ច​ដែលគួរដឹងច្បាស់ តថាគត​បាន​ដឹងច្បាស់ហើយ មគ្គ​សច្ច​ដែល​គួរ​ចំរើន​ តថាគត​បាន​​ចំរើន​ហើយ សមុទយសច្ច ​ដែលគួរលះ តថាគត​ក៏​​បាន​លះហើយ ព្រោះហេតុ​នោះ​ ទើបតថាគត​ ជាព្រះពុទ្ធ។ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​កម្ចាត់​បង់នូវ​​សេចក្តី​សង្ស័យ​​ក្នុងតថាគត​ចេញ​ អ្នក​ចូរជឿស៊ប់​ចុះ (ព្រោះថា) ការ​ចួបប្រទះ​​នឹងព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​​រឿយ ៗ ជាការ​​រក​បាន​កម្រ។ ម្នាលព្រាហ្មណ៍ ការ​កើត​ប្រាកដ​ឡើង​រឿយ ៗ ​នៃព្រះសម្មាសម្ពុទ្ធ​​ណា ​ដែលរកបាន​ដោយ​ក្រ​ក្នុងលោក តថាគត​នោះ​ ជាព្រះពុទ្ធ ​ដូច​ពេទ្យ​វះ​ ជាបុគ្គលប្រសើរបំផុត មាន​សភាព​ដូចព្រហ្ម មាន​តម្លៃ​ដ៏លើ​សលុប ជាអ្នក​ញាំញី​នូវ​មារ និងសេនា​នៃមារ ធើ្វនូវ​បច្ចាមិត្ត​ទាំងអស់ ឲ្យនៅ​​ក្នុងអំណាច ហើយ​រីករាយ ឥតមាន​ភ័យ​អំពីទីណាឡើយ។

(សេលព្រាហ្មណ៍ ​ពោលថា) ម្នាល​អ្នក​ទាំងឡាយ​ដ៏ចំរើន​ អ្នក​ទាំងឡាយ​ ចូរផ្ទៀង​ស្តាប់នូវ​ពាក្យ​ តាម​ដែល​ព្រះ​ដ៏មាន​ព្រះភាគ ព្រះអង្គមាន​ចក្ខុ សម្ដែងនេះ​ចុះ ដ្បិត​ព្រះមាន​ព្រះភាគ ​ដូចជាពេទ្យវះ ជាមហាវីរបុរស បន្លឺសីហទាន​​ដូចជាសត្វសីហៈ​ក្នុង​ព្រៃ។ ទោះ​បីនរណា ជា​កណ្ហា​ភិជាតិ (អ្នក​មាន​ជាតិខ្មៅ) បាន​ឃើញព្រះ​មាន​ព្រះភាគ ព្រះអង្គ​មាន​សភាព​ដូចជាព្រហ្ម មាន​តម្លៃ​ដ៏លើ​សលុប ទ្រង់​ញាំញីនូវ​មារ និងសេនា​នៃ​មារ​ហើយ តើ​នឹងមិនជ្រះថ្លា​​ដូចម្ដេចបាន​។ បុគ្គលណាចង់មក ចូរតាមយើងមក បុគ្គល​ណា​មិនចង់ទេ ចូរទៅ​វិញ​ចុះ ខ្ញុំ​នឹងបួស​ក្នុងសម្នាក់​ព្រះពុទ្ធ ព្រះអង្គមាន​ប្រាជ្ញា​ដ៏ប្រសើរ​ក្នុងទី​នេះ​។

(ពួកមាណពនោះ​ ​ពោលថា) បើលោកពេញ​ចិត្ត​នឹងសាសនាព្រះសម្មាសម្ពុទ្ធនុ៎ះ ពួកយើងក៏​នឹងបួស​ក្នុងសំណាក់​ព្រះពុទ្ធ មាន​ប្រាជ្ញា​ដ៏ប្រសើរដែរ។ ពួកព្រាហ្មណ៍​ទាំង ៣០០ នេះ​ ក៏ផ្គងអញ្ជលី​សុំផ្នួសថា បពិត្រ​ព្រះមានព្រះភាគ ពួកយើង​សូមប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ក្នុងសម្នាក់ព្រះអង្គ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ ព្រហ្មចរិយធម៌ តថាគត​សំដែង​ទុក​ប្រពៃហើយ ជាធម៌​ដែលគួរឃើញជាក់​ដោយខ្លួន​ឯង ជាធម៌ឲ្យផលមិនរង់​ចាំកាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិនប្រមាទ ជាអ្នក​សិក្សា​​ក្នុងព្រហ្មចរិយធម៌នោះ​ មិន​ឥតអំពើ​ឡើយ។​

(សេលព្រាហ្មណ៍ ក្រាបទូលថា) បពិត្រ​ព្រះមាន​ព្រះភាគ​មាន​ចក្ខុ ពួកខ្ញុំ​ព្រះអង្គ បាន​ដល់​នូវ​ទីពឹងណា ​ក្នុងថ្ងៃទី ៨ ​អំពីថ្ងៃនេះ​ទៅ​ (ពួកខ្ញុំ​ព្រះអង្គ) ជាបុគ្គល​បាន​ទូន្មាន​ខ្លួន​ ​ក្នុងសាសនា​របស់​ព្រះអង្គ ​ដោយទីពឹងនោះ​ អស់ ៧ រាត្រី។ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គ​ជាសាស្ដា ព្រះអង្គជាមុនី គ្របសង្កត់នូវ​មារ ព្រះអង្គបាន​កាត់បង់នូវ​អនុស័យ ឆ្លង​រួច​​ហើយ ទើបចម្លងពពួកសត្វនេះ​។ ព្រះអង្គ បាន​កន្លងនូវ​ឧបធិ​​ទាំងឡាយ​ហើយ ព្រះអង្គ​បាន​ទម្លាយនូវ​កិលេស ព្រម​ទាំង​អាសវៈ​ហើយ ព្រះអង្គ​ជាបុគ្គល​មិន​មាន​សេចក្តី​ប្រកាន់ បាន​លះបង់​នូវ​ភ័យ​ដ៏ពន្លឹក ​ដូចជាសត្វសីហៈ។ ពួកភិក្ខុ​ទាំង ៣០០ នេះ​ ឈរផ្គង​អញ្ជលីថា បពិត្រ​ព្រះវីរបុរស សូមព្រះអង្គ​លាតនូវ​ព្រះបាទ​ទាំង​ឡាយ​ ពួកភិក្ខុ​ជានាគ សូមថ្វាយបង្គំនូវ​ព្រះបាទ​នៃព្រះសាស្ដា។ សេលត្ថេរ។

 

[២៥៥] ខ្ញុំព្រះអង្គយាត្រា​ដោយកដំរី ធ្លាប់ស្លៀកដណ្ដប់​សំពត់​សាច់មដ្ឋ បរិភោគ​បាយ​អង្ករ​នៃស្រូវសាលី លាយ​ដោយសាច់​ដ៏ស្អាត។ ថ្ងៃនេះ​ ព្រះភទ្ទិយៈ​ជាបុត្រ​នៃ​សាក្យានី ឈ្មោះ​គោធានោះ ជាអ្នក​ចំរើន​ដោយគុណ ព្យាយាម​ជាប់​មិនដាច់ ត្រេកអរ​ចំពោះ​​​អាហារ ​ដែលមកដល់​បាត្រ ​ដោយការ​ស្វែងរក មិនមាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។ ព្រះភទ្ទិយៈជាបុត្រ​នៃសាក្យានី ឈ្មោះ​គោធា ជាអ្នក​សមាទាន​បំសុកូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់ ត្រេកអរចំពោះ​​អាហារ​​ដែលមកដល់​បាត្រ​​ដោយការ​ស្វែងរក មិនមាន​​សេចក្តី​ប្រកាន់ ចំរើន​​ឈាន។

ជាអ្នកសមាទាន​បិណ្ឌបាតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​តេចីវរិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​សបទានចារិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​ឯកាសនិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​បត្តបិណ្ឌិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​ខលុបច្ឆាភត្តិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​អារញ្ញិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​រុក្ខមូលិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​អព្ភោកាសិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​សោសានិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​យថាសន្តតិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកសមាទាន​នេសជ្ជិកង្គធុតង្គ ព្យាយាមជាប់មិនដាច់…

ជាអ្នកប្រាថ្នាតិច ព្យាយាមជាប់មិនដាច់……

ជាអ្នកសន្ដោស ព្យាយាមជាប់មិនដាច់……

ជាអ្នកស្ងាត់ ព្យាយាមជាប់មិនដាច់……

ជាអ្នកមិនច្រឡំ (ដោយពួក) ព្យាយាមជាប់មិនដាច់

ព្រះភទ្ទិយៈជាបុត្រ​នៃសក្យានី ឈ្មោះ​គោធា ព្យាយាមជាប់​មិនដាច់ ជាអ្នក​មាន​ព្យាយាម​មុតមាំ ព្យាយាមជាប់​មិនដាច់ ត្រេកអរចំពោះ​បិណ្ឌបាត ​ដែលមកដល់​បាត្រ ​ដោយការ​ស្វែងរក មិនមាន​សេចក្តី​ប្រកាន់ ចំរើន​ឈាន។

ខ្ញុំព្រះអង្គលះបង់នូវ​ភាជនៈ មាន​ទម្ងន់ជាច្រើនបលៈ ជាវិការ​នៃមាស មាន​ក្បាច់​ដ៏​ច្រើនស្រទាប់ ហើយកាន់​យកនូវ​បាត្រដីនេះ​ ចាត់ជាការ​អភិសេកទី ២។ ​ក្នុង​កាល​មុន ខ្ញុំព្រះអង្គ មាន​ពួកជនដៃកាន់ព្រះខាន់​រក្សាហើយ ​ក្នុងទីខ្ពស់ មាន​កំពែង​ដ៏មូល មាន​ប៉ម និងក្លោងទ្វារ​យ៉ាងមាំ គង់នៅ​រន្ធត់។ ថ្ងៃនេះ​ព្រះភទ្ទិយៈ​ដ៏ចំរើន​ ជាបុត្រ​នៃសក្យានី​ ឈ្មោះ​គោធានោះ​ មិនមាន​សេចក្តី​តក់ស្លត់ បាន​លះបង់នូវ​ភ័យ​ដ៏ពន្លឹក ចូលកាន់ព្រៃ ចំរើន​ឈាន។ ខ្ញុំព្រះអង្គបាន​តម្កល់ខ្លួន​​ក្នុងសីលក្ខន្ធ ចំរើន​នូវ​សតិ និងបញ្ញា ក៏បាន​ដល់​នូវ​ការ​អស់​ទៅ​នៃសំយោជនៈ​ទាំងពួង​តាម​លំដាប់។ ព្រះភទ្ទិយត្ថេរ ជាបុត្រ​នៃសក្យានី ឈ្មោះ​កាលិគោធា។

 

[២៥៦] បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង​ ​តែ​ពោលថា តថាគត​ឈប់ ​ទាំង​ពោលចំពោះ​ខ្ញុំ​ដែលឈប់ ថាជាបុគ្គលមិនទាល់ឈប់ដូច្នេះវិញ​ បពិត្រ​ព្រះសមណៈ ខ្ញុំសូមសួរសេចក្តី​នុ៎ះ​នឹងព្រះអង្គ ព្រោះហេតុអ្វី បាន​ជាព្រះអង្គ ឈ្មោះ​ថាឈប់ ខ្ញុំព្រះអង្គ​ឈ្មោះ​​ថា មិនឈប់។

(ព្រះមាន​ព្រះភាគ ត្រាស់ថា) ម្នាលអង្គុលីមាល តថាគត​ឈ្មោះ​ថា ឈប់ ព្រោះ​ដាក់​​បង់នូវ​អាជ្ញា ចំពោះ​ពួកសត្វ​ទាំងពួងគ្រប់កាល​ហើយ ចំណែកខាងអ្នក​ ជាបុគ្គល​មិន​សង្រួម​​ក្នុងពួកសត្វ ព្រោះហេតុនោះ​ តថាគត​ទើបឈ្មោះ​ថា ឈប់ ឯអ្នក​ឈ្មោះ​ថា មិន​ឈប់ទេ។

(អង្គុលិមាលចោរ ​ពោលថា) យូរ​ណាស់មកហើយ ព្រះសមណៈអ្នក​ស្វែងរក​នូវ​គុណ​ដ៏ធំ ​ដែលគេ​បូជា ទើប​តែ​នឹងយាង​មកកាន់ព្រៃធំ (ដើម្បី​អនុគ្រោះ) ដល់​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនោះ​ ​នឹងលះបង់នូវ​បាប​ដ៏ច្រើន ព្រោះបាន​ស្ដាប់​ព្រះគាថា​ដែលប្រកប​ដោយ​ធម៌​​របស់​ព្រះអង្គ។ អង្គុលិមាលចោរ​ពោលដូច្នេះ​ហើយ ក៏​ទំលាក់​ចោលនូវ​ដាវ និងអាវុធ ទៅ​ក្នុងត្រពាំង ​ក្នុងជ្រោះ ​ក្នុង​រណ្ដៅ អង្គុលិមាលចោរ បាន​ថ្វាយបង្គំនូវ​ព្រះបាទ​ទាំង​ឡាយ​ ​នៃព្រះសុគត ហើយសុំ​ផ្នួស​នឹង ព្រះពុទ្ធ ​ក្នុងទីនោះ​ឯង។

ព្រះមាន​ព្រះភាគអង្គណា ជាព្រះពុទ្ធប្រកប​ដោយ​ករុណា ទ្រង់​ស្វែងរកនូវ​គុណ​ដ៏ធំ ជាសាស្ដា​នៃមនុស្សលោក ព្រម​ទាំងទេវលោក ព្រះមាន​ព្រះភាគអង្គនោះ​ ទ្រង់​បាន​ត្រាស់​នឹងអង្គុលិមាលចោរ ​ក្នុងកាលនោះ​ថា អ្នក​ចូរមកជាភិក្ខុ​ចុះ ភិក្ខុ​ភាពនុ៎ះឯង ក៏​សម្រេច​ដល់​អង្គុលិមាលចោរនោះ​។

(ព្រះអង្គុលិមាលត្ថេរ ​ពោលថា) បុគ្គលណា ប្រមាទ​ក្នុងកាលមុន​ ហើយមិន​ប្រមាទ​​ក្នុងកាលខាងក្រោយ បុគ្គលនោះ​ រមែង​ញ៉ាំង​លោកនេះ​ ឲ្យរុងរឿង ​ដូច​ព្រះចន្ទ​ផុតស្រឡះ​ចាក​ពពក។ បុគ្គលណាបាន​ធើ្វអំពើបាប ហើយបិទ (អំពើ​បាប​នោះ​) ​ដោយកុសល បុគ្គលនោះ​ រមែង​ញ៉ាំងលោកនេះ​ ឲ្យរុងរឿង ​ដូច​ព្រះចន្ទ​ផុតស្រឡះ​ចាក​ពពក។ ភិក្ខុ​ណា នៅ​ក្មេង ​តែខ្មីឃ្មាត​ក្នុងពុទ្ធសាសនា ភិក្ខុ​នោះ​ រមែង​ញ៉ាំងលោកនេះ​ ឲ្យរុងរឿង ​ដូចព្រះចន្ទផុតស្រឡះ​ចាក​ពពក។

សូមពួកជនជាសត្រូវ​នឹងយើង ស្ដាប់នូវ​ធម្មកថា សូមពួកជនជាសត្រូវ​នឹង​យើង ខ្មីឃ្មាត​ក្នុងពុទ្ធសាសនាចុះ ពួកមនុស្សណា ​ដែលជាសប្បុរស ​តែងដឹកនាំ​ក្នុង​ធម៌​តែម្យ៉ាង សូមពួកជនជាសត្រូវ​នឹងយើង គប់រកនូវ​មនុស្ស​ទាំងនោះ​ចុះ។

សូមពួកជនជាសត្រូវ​នឹងយើង ស្ដាប់ធម៌​របស់​ពួកសប្បុរស ​ដែលជាអ្នក​ពោល​នូវ​ខន្តី ជាអ្នក​សរសើរនូវ​សេចក្តី​មិនក្រោធ តាមកាលគួរផង ចូរធ្វើ​​តាមនូវ​ធម៌​នោះ​ផង។ បើជននោះ​ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេ ជននោះ​ ​គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​យ៉ាងឧត្តម គប្បី​រក្សានូវ​ជន​ដែលមាន​ចិត្តតក់ស្លុត និងមាន​ចិត្ត​មាំមួន។

ពួកអ្នក​បង្ហូរទឹក ​តែងបង្ហូរទឹក ពួកជាងព្រួញ ​តែងពត់ព្រួញ ពួកជាងចាំង ​តែង​ចាំងពត់ឈើ ពួកអ្នក​ប្រាជ្ញ ​តែងទូន្មានខ្លួន​។ ជនពួកខ្លះ ​តែងទូន្មាន (នូវ​សត្វ​ពាហនៈ ​មាន​ដំរីជាដើម) ​ដោយដំបង កង្វេរ និងរំពាត់ផ្ដៅ ព្រះមាន​ព្រះភាគ ជាតាទិបុគ្គល ទ្រង់​ទូន្មាន​ខ្ញុំ ​ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្រ្តាទេ។ ​ក្នុង​កាល​មុន ខ្ញុំជាអ្នក​បៀត​បៀនគេ​ ​តែមាន​នាម​ថា អហឹសកៈ [អ្នកមិនបៀតបៀនគេ។] ក្នុងថ្ងៃនេះ​ ខ្ញុំមាន​នាម​ត្រូវតាមដំណើរ​ពិតហើយ ព្រោះខ្ញុំ​មិនបៀត​បៀនជនណាមួយ​ឡើយ។ ​ក្នុងកាល​មុន ខ្ញុំជាចោរល្បីឈ្មោះ​ ថាអង្គុលិមាល ​ដែលជំនន់​ធំកួចនាំទៅ​ហើយ (ឥឡូវ) ខ្ញុំបាន​ដល់​នូវ​ព្រះពុទ្ធ ជាទី​ពឹងហើយ។ ​ក្នុង​កាលមុន ខ្ញុំជាអ្នក​មាន​ដៃ​ប្រឡាក់​ឈាម ល្បីឈ្មោះ​ ថាអង្គុលិមាល អ្នក​ចូរមើលនូវ​ដំណើរ​មកកាន់សរណៈ (របស់​ខ្ញុំ) ចុះ ខ្ញុំបាន​ដកនូវ​តណ្ហា ​ដែលនាំទៅ​កាន់​ភពហើយ។ ខ្ញុំបាន​ធ្វើ​​កម្ម ​ដែលជាដំណើរទៅ​កាន់ទុគ្តតិបែបនោះ​ជាច្រើន ត្រូវផល​នៃ​កម្ម​ប៉ះពាល់ (ឥឡូវ) ជាអ្នក​មិនមាន​បំណុល បរិភោគនូវ​ភោជន។ ពួកជន​ពាល​ឥត​ប្រាជ្ញា ​តែង​ប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ ចំណែកអ្នក​ប្រាជ្ញ ​តែងរក្សាទុកនូវ​សេចក្តី​មិន​ប្រមាទ ​ដូចគេ​រក្សា​ទ្រព្យយ៉ាង​ប្រសើរ។ អ្នក​ទាំងឡាយ​កុំប្រកប​រឿយ ៗ នូវ​សេចក្តី​ប្រមាទ ​កុំ​ធ្វើ​​នូវ​សេចក្តី​ស្និទ្ធស្នាល ​ដោយតម្រេក​​ក្នុងកាមឡើយ ដ្បិតថា បុគ្គលអ្នក​មិន​ប្រមាទ ប្រឹងចំរើន​ឈាន រមែង​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ក្រៃលែង។ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរ​ល្អ មិនមែន​ជាដំណើរ​ប្រាសចាក​ (ប្រយោជន៍) គំនិត​របស់​ខ្ញុំនុ៎ះ មិនមែន​ជាគំនិតខុសទេ ព្រោះខ្ញុំបាន​សម្រេច​ធម៌​ដ៏ប្រសើរបំផុត ​ក្នុង​ពួកធម៌​​ដែលព្រះមាន​ព្រះភាគ ចែកទុក​ដោយ​ប្រពៃ។ ដំណើរ​មក​របស់​ខ្ញុំ ជាដំណើរល្អ មិនមែន​ជាដំណើរប្រាសចាក​ (ប្រយោជន៍) គំនិត​របស់​ខ្ញុំនុ៎ះ មិន​មែន​ជាគំនិតខុសទេ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើ​​ហើយ។ (ក្នុង​កាលមុន) ខ្ញុំឋិត​ក្នុងទី​ទាំងឡាយ​នោះ​ ៗ គឺព្រៃក្តី​ ម្លប់ឈើក្តី​ ភ្នំក្តី​ គុហាក្តី​ ខ្ញុំក៏មាន​ចិត្តតក់ស្លុត ​ក្នុងកាលនោះ​។ ឥឡូវនេះ​ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹម​ជីវិតជាសុខ ជាបុគ្គលមិននៅ​ក្នុងអន្ទាក់ដៃ​របស់​មារ ឱ ! ព្រះសាស្តា ទ្រង់​អនុគ្រោះ​ខ្ញុំ។ ​ក្នុងកាល​មុន ខ្ញុំបាន​កើតជាព្រាហ្មណ៍ មាន​ត្រកូលខ្ពស់​ទាំងពីរខាង គឺ ខាងមាតា និងខាងបិតា ថ្ងៃ​នេះ​ ខ្ញុំបាន​ជាបុត្រ​នៃព្រះសុគត ជាសាស្តា​ធម្មរាជ។ ខ្ញុំជា​បុគ្គលប្រាសចាក​​តណ្ហា មិនមាន​សេចក្តី​ប្រកាន់ បាន​គ្រប់គ្រង​ទ្វារ សង្រួម​​ដោយ​ប្រពៃ​ហើយ ការ​អស់​ទៅ​​នៃអាសវៈ​ ខ្ញុំបាន​ដល់​ហើយ ព្រោះបាន​សម្លាប់​ឫសគល់​នៃទុក្ខ។ ព្រះ​សាស្តា ខ្ញុំបាន​ប្រណិប័តន៍​ហើយ ពុទ្ធសាសនា ខ្ញុំបាន​ធ្វើ​​ហើយ ភារៈ​ដ៏ធ្ងន់ ខ្ញុំបាន​ដាក់​ចោល​ហើយ តណ្ហាជាគ្រឿងនាំទៅ​កាន់ភព ខ្ញុំក៏ដកចោល​ហើយ។ អង្គុលិមាលត្ថេរ។

 

[២៥៧] អនុរុទ្ធ បានលះបង់នូវមាតា បិតា បងប្អូនស្រី ញាតិ និងបង​ប្អូនប្រុស​ទាំងឡាយ​ លះបង់នូវ​កាមគុណ ៥ ហើយចំរើន​នូវ​ឈាន។ (ក្នុងកាលមុន) អនុរុទ្ធ ជាអ្នក​បរិបូណ៌​ដោយរបាំ និងចម្រៀង ភ្ញាក់រលឹក​ដោយគ្រឿងប្រគំ ជាអ្នក​ត្រេកអរ​តែ​ក្នុងវិស័យ​របស់​មារ ក៏មិនបាន​ដល់​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដោយហេតុ​នោះ​។ (ឥឡូវនេះ) អនុរុទ្ធ បាន​កន្លងនូវ​វិស័យ​របស់​មារនុ៎ះហើយ ត្រេកអរ​ក្នុង​សាសនា​របស់​ព្រះពុទ្ធ បាន​ឆ្លងផុតនូវ​ឱឃៈ​ទាំងពួង ចំរើន​ឈាន។ អនុរុទ្ធ បាន​កន្លង​នូវ​រូប សំឡេង ក្លិន រស ផ្សព្វ ជាទីគាប់ចិត្ត​ទាំងនុ៎ះ ចំរើន​ឈាន។ អនុរុទ្ធ ជាបុគ្គលម្នាក់ឯង មិនមាន​តណ្ហា​ជាគំរប់ពីរ ជាអ្នក​ប្រាជ្ញមិនមាន​អាសវៈ​ ត្រឡប់​អំពីបិណ្ឌបាត ស្វែងរកនូវ​ចីវរបង្សុកូល​ទាំងឡាយ​។ អនុរុទ្ធ ជាអ្នក​ប្រាជ្ញ មាន​យោបល់​មិនមាន​អាសវៈ​ រើសកាន់យក​ គក់​លាង ជ្រលក់ ប្រើប្រាស់ នូវ​ចីវរបង្សុកូល​ទាំងឡាយ​។ បុគ្គលណា មាន​សេចក្តី​ប្រាថ្នា​ច្រើន មិនមាន​សន្តោស ជា​អ្នក​​ច្រឡំ​ដោយពួក មាន​ចិត្តរាយមាយ ធម៌​ដ៏លាមក ជាគ្រឿងសៅហ្មង​ទាំងនេះ​ ​តែង​កើត​មាន​​ដល់​បុគ្គលនោះ​។ បុគ្គលណា ជាអ្នក​មាន​ស្មារតី មាន​សេចក្តី​ប្រាថ្នា​តិច ជា​អ្នក​សន្តោស មិនមាន​ចិត្តចង្អៀតចង្អល់ ត្រេកអរ​ក្នុង​ទីស្ងាត់ ជាអ្នក​ស្ងាត់ មាន​ការ​ព្យាយាម​តឹង​​តែងជានិច្ច ធម៌ជាកុសល ជាចំណែក​នៃការ​ត្រាស់ដឹង​ទាំងនេះ តែង​កើតមាន​ដល់​បុគ្គលនោះ​ ព្រះពុទ្ធជា​មហេសី ទ្រង់​ត្រាស់ថា បុគ្គលនោះ​ ជាអ្នក​មិនមាន​អាសវៈ។ ព្រះសាស្តា ជាបុគ្គលប្រសើរ​ក្នុងលោក ទ្រង់​ជ្រាបនូវ​សេចក្តី​ត្រិះរិះ​របស់​ខ្ញុំ ក៏យាង​​មក​ដោយឫទ្ធិ៍ ​ដោយព្រះកាយ​ដែល​សម្រេច​អំពី​ចិត្ត។ ខ្ញុំមាន​សេចក្តី​ត្រិះរិះ ​ក្នុងកាលណា ព្រះសាស្តា​ទ្រង់​បាន​សំដែង​នូវ​ធម៌ (មហាបុរិសវិតក្កៈ) ​ដ៏លើ​សលុប​​ក្នុងកាលនោះ​ ព្រះពុទ្ធ ទ្រង់​ត្រេកអរ​ក្នុងធម៌ ​ដែលមិន​មាន​ដំណើរយឺតយូរ សំដែងនូវ​ធម៌​​ដែលមិនមាន​ដំណើរ​យឺតយូរ។ ខ្ញុំដឹងនូវ​ធម្មទេសនា​របស់​ព្រះសាស្តានោះ​ហើយ ត្រេកអរ​​ក្នុង​សាសនា វិជ្ជា ៣ ខ្ញុំ​បាន​សម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំបាន​ធ្វើ​​ហើយ។ ខ្ញុំបាន​សមាទាន​នេសជ្ជិកង្គធុតង្គ អស់ ៥៥ ឆ្នាំ ខ្ញុំបាន​ដករំលើ​ង​នូវ​កិរិយាងោកងុយ​អស់ ២៥ ឆ្នាំហើយ។ ព្រះពុទ្ធ ព្រះអង្គជាបុគ្គល​នឹងធឹង មាន​ព្រះទ័យខ្ជាប់ខ្ជួន មិនមាន​ខ្យល់​អស្សាស​បស្សាសៈ​ហើយ ព្រះពុទ្ធ​មាន​ចក្ខុ មិនមាន​កិលេសជាគ្រឿង​ញាប់ញ័រ ទ្រង់​ប្រារព្ធនូវ​សេចក្តី​ស្ងប់ បរិនិព្វាន​ហើយ។ ព្រះពុទ្ធ ទ្រង់​អត់សង្កត់​នូវ​វេទនា ​ដោយ​ព្រះទ័យ​មិនរួញរា ការ​ផុតស្រឡះ​នៃចិត្ត (របស់​ព្រះអង្គ) ដូច​ជាកិរិយារលត់​នៃប្រទីប។ សភាវៈ​ មាន​​ផស្សៈជាគំរប់ ៥ ​របស់​ព្រះពុទ្ធ ជាអ្នក​ប្រាជ្ញ​នុ៎ះ មាន​ក្នុងទីបំផុត ​ក្នុងកាល​ឥឡូវនេះ​ហើយ នាកាលព្រះសម្ពុទ្ធទ្រង់​បរិនិព្វាន​ហើយ ធម៌​ដទៃ គឺចិត្ត និងចេតសិក មិនមាន​ទៀតទេ។ ម្នាលទេវតា ឈ្មោះ​ជាលិនី ឥឡូវនេះ​ (អាត្មា) មិនមាន​ការ​អាស្រ័យនៅ​ក្នុងពួកទេវតាទៀតឡើយ ជាតិសង្សារ ​របស់​អាត្មា​ក៏អស់ហើយ ឥឡូវ​នេះ​ ភពថ្មីមិនមាន​ទេ។

ភិក្ខុ​ណា អាចដឹងច្បាស់នូវ​លោក មាន​ចំណែកមួយពាន់ ព្រម​ទាំងព្រហ្មលោក ​ក្នុង​មួយរំពេចបាន​ ភិក្ខុ​នោះ​ ជាអ្នក​ស្ទាត់​ក្នុងឥទ្ធិគុណ ​ក្នុងចុតូបបាតញ្ញាណ រមែង​ឃើញ​ពួក​ទេវតា ​ក្នុងកាលគួរ។ ​ក្នុងកាលមុន ខ្ញុំបាន​កើតជាបុរសកំសត់ ឈ្មោះ​អន្នភារៈ ជាអ្នក​ធ្វើ​​ការ​ឈ្នួល ដើម្បី​អាហារ បាន​ផ្គត់ផ្គង់សមណៈ (ព្រះបច្ចេកពុទ្ធ) ឈ្មោះ​ឧបរិដ្ឋៈ ជាអ្នក​មាន​យស។ ពួកជនអ្នក​ចេះដឹង ​តែងស្គាល់ខ្ញុំថា ខ្ញុំនោះ​ឈ្មោះ​អនុរុទ្ធ កើត​ក្នុង​សក្យត្រកូល ជាអ្នក​បរិបូណ៌​ដោយរបាំ និងចំរៀង ភ្ញាក់​រលឹក​ដោយ​គ្រឿងប្រគំ។ ខ្ញុំបាន​ឃើញ​ព្រះសម្ពុទ្ធ ជាសាស្តា មិនមាន​ភ័យ​អំពី​ទីណា ក៏ញ៉ាំងចិត្ត​ឲ្យជ្រះថ្លា​​ក្នុង​ព្រះសម្ពុទ្ធ​នោះ​ ហើយចូលទៅ​កាន់ផ្នួស។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ​ដែលជាលំ​នៅ​របស់​អាត្មា​ធ្លាប់នៅ​ក្នុងកាល​មុន ​ក្នុងទេវលោក​ឈ្មោះ​តាវត្តិង្ស បាន​ឋិតនៅ​ក្នុងជាតិជាសក្កៈ (ព្រះឥន្ទ្រ)។ អាត្មា​​បាន​ជាធំ​​ក្នុង​មនុស្ស សោយរាជ្យអស់ ៧ ជាតិ ជាធំ​លើ​ផែនដី មាន​សមុទ្រ​ទាំងបួន ​ជាទីបំផុត មាន​ជ័យជំនះ ជាឥស្សរៈ​ក្នុងជម្ពូទ្វីប ប្រៀន​ប្រដៅ (ប្រជាជន) ​ដោយ​ធម៌ មិន​ប្រើដំបង និងគ្រឿង​សស្រ្តា។ កាលនោះ​ ខ្ញុំបាន​ឋិត​នៅ​ក្នុងទេវលោក ដឹងច្បាស់នូវ​ខន្ធ ​ដែល​ធ្លាប់​អាស្រ័យនៅ​ក្នុងកាលមុន អស់ ១៤ សង្សារវដ្ដ (១៤ ជាតិ) គឺខាង​ទេវលោកនេះ​ ៧ ជាតិ ខាងមនុស្សលោកនេះ​ ៧ ជាតិ។ ​

កាលសមាធិប្រកបដោយអង្គ [សមាធិប្រកប​ដោយអង្គ ៥ គឺបីតិផរណតា ការផ្សាយទៅ​នៃបីតិ ១ ចេតោផរណតា ការផ្សាយ​ទៅនៃចិត្ត ១ អាលោកផរណតា ការ​ផ្សាយទៅ​នៃពន្លឺ ១ បច្ចវេក្ខណា ការពិចារណា​ស្ទាត់ ១ និមិត្តំ ការប្រកប​ដោយនិមិត្ត មាន​បរិកម្ម​ជានិមិត្ត ១។ អដ្ឋកថា។] ៥ ខ្ញុំបាន​ចំរើន​ឲ្យមាន​អារម្មណ៍មូល​តែមួយ​ហើយ ខ្ញុំក៏​បាន​សេចក្តី​ស្ងប់​រម្ងាប់ ទិព្វចក្ខុ​របស់​ខ្ញុំ​ក៏បរិសុទ្ធ។ ខ្ញុំលុះបាន​ឋិតនៅ​​ក្នុងឈាន​ប្រកប​​ដោយអង្គ ៥ ហើយ ក៏ដឹងនូវ​ការ​ច្យុតិ និងការ​កើត គឺដំណើរមក និងដំណើរទៅ​ (ព្រម​ទាំង) ការ​កើតឡើង​​យ៉ាងនេះ​ និងការ​ប្រែប្រួល​ទៅ​​ជាយ៉ាង​ដទៃ​​របស់​សត្វ​ទាំង​ឡាយ​។ ព្រះសាស្ដា ខ្ញុំបាន​​បំរើហើយ។បេ។ តណ្ហា​ជាគ្រឿងនាំទៅ​កាន់ភព ខ្ញុំបាន​ដកចោល​ហើយ។ ខ្ញុំជាបុគ្គលមិនមាន​អាសវៈ​ លុះអស់ជីវិត ខ្ញុំ​នឹងនិព្វាន​ក្រោម​គុម្ព​ឫស្សី​ ​ក្នុង​វេឡុវនគ្រាម ​របស់​ពួកជន​​អ្នក​នៅ​ក្នុងដែនវជ្ជី។ អនុរុទ្ធត្ថេរ។

 

[២៥៨] ចិន្ដា​របស់​សមណៈ អ្នក​មាន​អារម្មណ៍មូល​តែមួយ អង្គុយ​ក្នុងព្រៃធំ​មាន​ផ្ការីក ជាអ្នក​មាន​សេចក្តី​ស្ងប់​ស្ងាត់ មាន​ឈានបាន​កើតមាន​ហើយ។ កាល​ដែល​ព្រះលោកនាថ​ជាឧត្តមបុរស មាន​ព្រះជន្មនៅ​ឡើយ ការ​ប្រព្រឹត្តិ​របស់​ពួកភិក្ខុ​ មាន​​ដោយ​ឡែក ឥឡូវនេះ​ (ការ​ប្រព្រឹត្តិ) ក៏ប្រាកដ​ដោយឡែក។ ពួក​ភិក្ខុ​ជាអ្នក​សន្ដោស​ក្នុងបច្ច័យតាមមាន​តាមបាន​ បាន​ប្រើប្រាស់នូវ​ចីវរ គ្រាន់​តែ​ជាគ្រឿង​ការ​ពារនូវ​ត្រជាក់​ និងខ្យល់ គ្រាន់​តែជាគ្រឿងបិទបាំងនូវ​កេរ្ដិ៍ខ្មាស។ ពួកភិក្ខុ​ជាអ្នក​មិនជាប់ មិនជ្រប់ បាន​បរិភោគ​របស់​ថ្លៃថ្លាក្តី​ សៅហ្មងក្ដី តិចក្តី​ ច្រើនក្ដី ដើម្បី​ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ​ប៉ុណ្ណោះ។ ពួកភិក្ខុ​មិនបាន​ខ្វល់ខ្វាយ​ក្នុង​ភេសជ្ជបច្ច័យ ជាបរិក្ខារ​នៃជីវិតខ្លាំងពេក ​ដូចជាខ្វល់ខ្វាយ​ក្នុងធម៌ជាទីអស់​នៃអាសវៈ​ទេ។ ពួកភិក្ខុ​ចំរើន​រឿយ ៗ នូវ​វិវេកធម៌ ប្រព្រឹត្តឈមទៅ​រកវិវេក នៅ​​ក្នុង​ព្រៃទៀបគល់​នៃឈើ​ក្នុងជ្រោះ និង​ក្នុងគុហា​ទាំង​ឡាយ​។ ពួកភិក្ខុ​ជាអ្នក​ប្រព្រឹត្ត​បន្ទាបខ្លួន​ តាំងមាំ (ក្នុងសាសនា) ជាអ្នក​ចិញ្ចឹមងាយ​ ជាអ្នក​មាន​ចិត្តទន់ មាន​ចិត្តមិនរឹងត្អឹង មិនច្របូកច្របល់​ដោយកិលេស មិនមាន​មាត់រឹង ជាអ្នក​លុះ​ក្នុងអំណាច​​នៃការ​គិតរកប្រយោជន៍ (ខ្លួន​ និងអ្នក​ដទៃ)។ ព្រោះហេតុនោះ​ ដំណើរ​ទៅ​ និងការ​បរិភោគ ការ​សេព (របស់​ពួកភិក្ខុ​) គួរជាទីជ្រះថ្លា ​ទាំងមាន​ឥរិយាបថ ​ដូចធារ​នៃប្រេង​ដ៏ស្និទ្ធល្អ។ ព្រះថេរៈ​ទាំងនោះ​ មាន​អាសវៈ​ទាំងពួង​អស់​ហើយ មាន​ឈានច្រើន មាន​​ប្រយោជន៍ច្រើន ឥឡូវនេះ​ បរិនិព្វាន​ហើយ ឥឡូវនេះ​ ពួកភិក្ខុ​បែបនោះ​ មាន​តិច។ សាសនា​នៃព្រះជិនស្រី ប្រកប​ដោយ​អាការ​​ដ៏ប្រសើរគ្រប់យ៉ាង រមែង​សាបសូន្យទៅ​ ព្រោះ​​ការ​អស់ទៅ​នៃ​កុសលធម៌​ផង ​នៃបញ្ញាផង។ កាលជារដូវ​នៃបាបធម៌ និងកិលេស (កំពុង​ប្រព្រឹត្តទៅ​) ពួកភិក្ខុ​ណាខ្នះខ្នែង ដើម្បី​វិវេក ពួកភិក្ខុ​នោះ​ ឈ្មោះ​ថា មាន​ព្រះសទ្ធម្មសល់នៅ [កាលរដូវដែល​ពួកបុថុជ្ជន​កំពុង​សម្បូរ​ដោយ​បាបធម៌ និងកិលេស ទោះបី​ភិក្ខុពួកខ្លះ​ ប្រកប​ព្យាយាម​ក្នុងវិធីនៃ​កម្មដ្ឋាន ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាង​ឧក្រិដ្ឋ ក៏មិនអាច​នឹងញុំាង​សេចក្តី​ប្រតិបត្តិ​ឲ្យសម្រេច​បានដោយងាយ ព្រោះ​ព្រះសទ្ធម្ម​ដែល​សល់នៅក្រៅអំពី​សេចក្តី​ប្រតិបត្តិ​នោះជាច្រើន ដោយបាបធម៌ និងកិលេស​ចូល​ជ្រៀតជ្រែក។ អដ្ឋកថា។]​ ។ កិលេស​ទាំងនោះ​ កាលចំរើន​ឡើង​ រមែង​ជ្រៀតជ្រែកនូវ​ជន​ជា​ច្រើន​ ទំនងហាក់​ប្រឡែងលេង​នឹងពួកជនពាល ​ដូចពួកអារក្សទឹក ប្រឡែងលេង​នឹង​មនុស្សឆ្កួត។ ពួកនរជន​ទាំងនោះ​ លុះត្រូវកិលេសគ្របសង្កត់ហើយ ​តែងស្ទុះទៅ​តាម​ចំណែក​នៃកិច្ចនោះ​ ៗ ព្រោះកិលេសវត្ថុ​ទាំងឡាយ​ ​ក្នុងកាលជាទីចាប់​យក​ដោយ​ខ្លួន​ឯង ​ដែលពួកកិលេសឃោសនាហើយ។ ពួកជននោះ​ លះបង់នូវ​ព្រះ​សទ្ធម្ម ហើយ​ឈ្លោះ​ប្រកែកគ្នា​នឹងគ្នា លុះ​ក្នុងអំណាចទិដ្ឋិ សំគាល់ថា វត្ថុនេះ​ ប្រសើរ​បំផុត ដូច្នេះ។ ពួកជន ​ដែលលះបង់នូវ​ទ្រព្យ និងកូនប្រពន្ធ ហើយចេញ​ទៅ​ (អំពីផ្ទះ) រមែង​សេពនូវ​អំពើ​ដែលមិនគួរធ្វើ​​ ព្រោះហេតុ សូម្បីត្រឹម​តែចង្ហាន់មួយវែក។ (ពួក​ភិក្ខុ​​នោះ​) បរិភោគ​អាហារពេញ​ពោះ ហើយដេកផ្ងារ ភ្ញាក់ឡើង​ហើយ​ក៏នាំគ្នា​និយាយពាក្យ​ ​ដែល​ព្រះសាស្ដា​ទ្រង់​តិះដៀល។ ពួកភិក្ខុ​ ហាត់ធ្វើ​​យ៉ាង​ផ្ចិតផ្ចង់​នូវ​សិល្បៈ ​ដូចជាង​ទាំងពួង មិន​រម្ងាប់​នូវ​សន្ដានចិត្តខាង​ក្នុង គុណវិសេស គឺប្រយោជន៍​​នៃសមណធម៌ (របស់​ពួកភិក្ខុ​នោះ) ក៏អាក់ខាន។ ពួកភិក្ខុ​ កាល​ប្រាថ្នា​នូវ​ចតុប្បច្ច័យ​ច្រើនលើ​សលុប រមែង​បង្អោននូវ​ដីស្អិត ប្រេង គ្រឿងលំអិត ទឹក អាសនៈ និងភោជន ដល់​ពួកគ្រហស្ថ។ ឲ្យនូវ​ឈើស្ទន់ ផ្លែក្វិដ្ឋ ផ្កាឈើ វត្ថុ​សម្រាប់ទំពាស៊ី បិណ្ឌបាត​ដ៏ល្អ ៗ ផ្លែស្វាយ និងផ្លែកន្ទួតព្រៃ​ទាំងឡាយ​ ខ្វល់ខ្វាយ​ក្នុងភេសជ្ជៈ ​ដូចពួកពេទ្យ ខ្វល់ខ្វាយ​ក្នុង​កិច្ចតូចធំ (នៃជម្ងឺ) ​ដូចពួកគ្រហស្ថ​ប្រកប​ក្នុងការ​ស្អិតស្អាង ​ដូចស្រីពេស្យា ឬ​ដូចពួក​ក្សត្រយ៍ ខ្វល់ខ្វាយ​ក្នុង​ឥស្សរភាព ​ជាអ្នក​បោកប្រាសបញ្ឆោត ធ្វើ​​ជាសក្សីវៀច ជាអ្នក​កោងកាច បរិភោគអាមិសៈ ​ដោយ​អាការ​​ជាមិច្ឆាជីវៈ​ច្រើនយ៉ាង។ ពួកភិក្ខុ​ជាអ្នក​រវះរវាម (ដោយបាបធម៌) ​ក្នុងលេស​ដ៏គួរ ​ក្នុងរបិចវាសវាង ត្រូវការ​ចិញ្ចឹមជីវិត ប្រមូល​មកនូវ​ទ្រព្យ​ដ៏ច្រើន​ ​ដោយឧបាយ​។ ពួកភិក្ខុ​ញ៉ាំងបរិស័ទ ឲ្យផ្គត់ផ្គង់ ព្រោះ​ការ​ងារ មិន​មែន​​ព្រោះធម៌ សំដែងធម៌ដល់​ជនដទៃ ព្រោះ​តែលាភ មិនសំដែងព្រោះ (ប្រាថ្នា) ប្រយោជន៍ (សាធារណៈ)។ ពួកភិក្ខុ​ឈ្លោះប្រកែក​ ព្រោះ​តែ​សង្ឃ​លាភ ជាខាងក្រៅ​អំពី​សង្ឃ ចិញ្ចឹមជីវិត​ដោយលាភ​របស់​ជនដទៃ ជាបុគ្គល​មិន​ខ្មាសអៀន។ មួយទៀត ពួកភិក្ខុ​ខ្លះ ជាអ្នក​មិនប្រកប​ (សមណធម៌) ជាបុគ្គលមាន​ក្បាល​ត្រងោល ដណ្ដប់សង្ឃាដិ ជាអ្នក​ល្មោភ​ដោយលាភសក្ការៈ ប្រាថ្នា​តែសេចក្តី​ សរសើរ។ កាល​​បើកិលេសធម៌ ប្រព្រឹត្តទៅ​ដោយប្រការ​ផ្សេង ៗ យ៉ាងនេះ​ ឥឡូវនេះ​ ភិក្ខុ​មិន​អាច​នឹង​​ប៉ះពាល់​នូវ​គុណវិសេស​ដែលមិនទាន់បាន​ប៉ះពាល់ ឬមិនអាច​នឹងរក្សានូវ​គុណ​វិសេស​ ​ដែលបាន​ប៉ះពាល់ដូច្នោះបាន​ឡើយ។ ជន មិនមាន​ស្បែកជើង ត្រាច់ទៅ​ក្នុង​ទី​មាន​​បន្លា​យ៉ាងណា អ្នក​ប្រាជ្ញគួរប្រុងស្មារតី ត្រាច់ទៅ​ក្នុងស្រុកយ៉ាងនោះ​។ យោគី កាល​រលឹកឃើញ​ពួកលោកអ្នក​មាន​​ព្យាយាម​ក្នុងកាលពីដើម រលឹកឃើញនូវ​វត្តប្រតិបត្តិ​ ​របស់​ពួកលោក​ទាំងនោះ​ ទោះបីកាលជាខាងក្រោយ (អំពីកាល​ដែលព្រះសាស្ដាគង់​នៅ​) ក៏​ដោយ គង់​បាន​ប៉ះពាល់នូវ​ផ្លូវអមតៈ។

សមណៈ បាន​ចំរើន​នូវ​ឥន្រ្ទិយ ជាអ្នក​បណ្ដែតចោលនូវ​បាប ជាអ្នក​ស្វែងរកនូវ​គុណ មាន​ភពថ្មីអស់ហើយ លុះ​ពោលយ៉ាងនេះ​ហើយ ក៏បរិនិព្វាន​ ​ក្នុង​សាលវ័ន។ បារាសរិយត្ថេរ។

ឧទ្ទាន

ព្រះថេរៈ​ ១០ នេះ​ គឺ​អធិមុត្តត្ថេរ ១ បារាសរិយត្ថេរ ១ តេលុកានិត្ថេរ ១ រដ្ឋបាលត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សេលត្ថេរ ១ ភទ្ទិយត្ថេរ ១ អង្គុលិមាលត្ថេរ ១ អនុរុទ្ធត្ថេរ មាន​ទិព្វចក្ខុ ១ បារាសរិយត្ថេរ ១ បាន​សំដែងគាថា ២០០ លើ​ស ៤៥ ​ដែល​មក​ក្នុងវីសតិនិបាត។

ចប់ វីសតិនិបាត។

ថេរគាថា តឹសនិបាត

 

[២៥៩] ឥសីឈ្មោះ​បណ្ឌរសគោត្រ ឃើញពួកភិក្ខុ​ជាច្រើន ​ដែលគួរនាំមកនូវ​សេចក្តី​ជ្រះថ្លា មាន​ចិត្តអប់រំហើយ សង្រួមល្អហើយ ក៏បាន​សួរនូវ​ព្រះថេរៈឈ្មោះ​ បុស្សៈ​ថា។ ពួកភិក្ខុ​នឹងមាន​ប្រាថ្នា​ដូចម្ដេច មាន​បំណង​ដូចម្ដេច មាន​អាកប្បកិរិយា​​ដូចម្ដេច ​ក្នុង​កាល​អនាគត លោក​ដែលខ្ញុំសួរហើយ សូមប្រាប់នូវ​ដំណើរ​នោះ​​ឲ្យទាន។

(ព្រះបុស្សត្ថេរ ​ពោលថា) ម្នាលឥសីឈ្មោះ​បណ្ឌរស អ្នក​ចូរស្ដាប់ពាក្យ​អាត្មា ចូរចាំ​ទុក​​ដោយគោរព អាត្មា​នឹងប្រាប់​នូវ​កាលជាអនាគត។ ពួកភិក្ខុ​ច្រើនរូប ជាបុគ្គល​មាន​សេចក្តី​​ក្រោធ ចង​សេចក្តី​​ក្រោធទុក ជាអ្នក​​លុបគុណគេ​ ជាបុគ្គល​របឹង ជាអ្នក​បោកប្រាស ជាអ្នក​​ច្រណែន ជាអ្នក​​មាន​វាទៈផ្សេង ៗ គ្នា ​នឹងមាន​ក្នុង​​អនាគត។ ភិក្ខុ​មាន​សេចក្តី​ប្រកាន់​ថាខ្លួន​ ដឹងធម៌​​ដ៏ជ្រាលជ្រៅ មាន​​អារម្មណ៍​​ក្នុងត្រើយ (ខាងអាយ​​អំពី​ធម៌នោះ​) មាន​​ចិត្ត​ស្រាល មិនធ្ងន់​​ក្នុង​ព្រះសទ្ធម្ម រមែង​​ជាអ្នក​​មិនមាន​​សេចក្តី​​គោរព​​គ្នា​នឹងគ្នា។ ទោស​​ទាំងឡាយ​​ជាច្រើន​ នឹង​កើត​ឡើង​ក្នុងលោក ​ក្នុង​កាល​ជាអនាគត គឺពួក​ភិក្ខុ​​អប្បប្រាជ្ញា​​នឹង​ញ៉ាំងធម៌​​ដែល​​ព្រះមាន​ព្រះភាគ​សំដែង​ហើយ​ដោយ​ប្រពៃនេះ​ ឲ្យ​សៅ​ហ្មង។ ពួកភិក្ខុ​សាប​សូន្យ​ចាក​គុណ កាលចរចា​ក្នុង​សង្ឃ ​នឹងជាអ្នក​ក្លៀវក្លា មាន​កំឡាំង មាន​មាត់រឹង ​តែជាអ្នក​មិនមាន​​ការ​ចេះ​ដឹង។ ឯពួកភិក្ខុ​មាន​គុណ មាន​ហិរិ មិនមាន​សេចក្តី​ត្រូវការ​ (របស់​អ្វី) កាល​ពោល​ពាក្យ​ក្នុង​សង្ឃ​តាមសេចក្តី​ពិត ​នឹង​ជាអ្នក​មាន​កំឡាំងថយ។ ​ក្នុង​អនាគត​កាល ពួក​ភិក្ខុ​​ដែល​ឥតប្រាជ្ញា ​នឹងត្រេក​ត្រអាលចំពោះ​​ប្រាក់មាស ស្រែចម្ការ ពពែ ចៀម ខ្ញុំស្រី និងខ្ញុំប្រុស។ ពួកភិក្ខុ​ពាល ជាអ្នក​​សំគាល់​​ក្នុងការ​​លើ​កទោស មិន​តាំងមាំ​​ក្នុងសីល​​ទាំងឡាយ​ ជាអ្នក​​ក្រអឺតក្រអោង ត្រេកត្រអាល​​ក្នុងជម្លោះ ​នឹងត្រាច់ទៅ​ផ្សេង ៗ​ ​ដូចម្រឹគ មួយ​ទៀត ​នឹងមាន​ពួក​ភិក្ខុ​ជាអ្នក​​រាយមាយ​ ស្លៀក​ដណ្ដប់​​ចីវរ​មាន​​ពណ៌ខៀវ ជាមនុស្ស​កុហក ជា​បុគ្គល​​រឹងត្អឹង ជាអ្នក​​ចរចារួសរាយ មាន​កិលេស​​ដូចស្នែង ​នឹង​ប្រព្រឹត្ត​ដូច​ព្រះអរិយៈ។ ពួក​ភិក្ខុ​ ​ដែល​មាន​សក់​រលើ​ប​ដោយ​ប្រេង ជាអ្នក​​ឃ្លេងឃ្លោង មាន​ភ្នែក​លាបថ្នាំ ដណ្ដប់​​សំពត់​មាន​​​សម្បុរ​​ដូច​ភ្លុក ​នឹងដើរ​តាមច្រក។ ភិក្ខុ​ពាល​​ទាំងនោះ​ ​នឹងខ្ពើម​នូវ​សំពត់​​កាសាវៈ ​ដែល​ពួក​​​ព្រះអរិយៈ​មាន​​ចិត្ត​ផុតស្រឡះ​​មិនខ្ពើម ជាសំពត់​ជ្រលក់​​ត្រឹមត្រូវ ជា​ទង់ជ័យ​​នៃព្រះអរិយៈ ហើយជា​អ្នក​ជ្រប់នៅ​តែ​​ក្នុងសំពត់មាន​ពណ៌​ស។ នឹងមាន​ពួកភិក្ខុ​ជាអ្នក​ប្រាថ្នា​លាភ ជាបុគ្គលខ្ជិល មាន​ព្យាយាមទន់ ​ទាំងជាបុគ្គល​ធុញ​ទ្រាន់​នឹងព្រៃធំ ៗ ​ទាំងឡាយ​ ហើយនៅ​​តែ​ក្នុងសេនាសនៈ​ជិត ៗ ស្រុក។ ពួកភិក្ខុ​ណា ៗ ត្រេកអរ​ក្នុង​មិច្ឆាជីវៈ ​នឹងបាន​លាភ​គ្រប់កាល​​ទាំងពួង ពួកភិក្ខុ​​​ដែល​​សិក្សា​តាមភិក្ខុ​ទាំង​នោះ​ ៗ ក៏​នឹងទៅ​ជាអ្នក​មិនសង្រួម។ ពួកភិក្ខុ​ណា ៗ ជាអ្នក​មិនបាន​លាភ ពួកភិក្ខុ​ទាំង​នោះ​ ​នឹងមិនមាន​គេ​បូជា ពួកភិក្ខុ​​ទាំង​នោះ​ ​នឹងមិនគប់រក​នូវ​អ្នក​ប្រាជ្ញ ​ដែលមាន​សីល​ជាទីស្រឡាញ់ ​ក្នុងកាល​នោះ​។ ពួកភិក្ខុ​ខ្លះ ​នឹង​តិះ​ដៀល​នូវ​​សំពត់កាសាវៈ ជា​ទង់ជ័យ​របស់​ខ្លួន​ ហើយទៅ​ស្លៀក​ដណ្ដប់សំពត់ ជាទង់ជ័យពួកតិរ្ថិយ ​ដែលជ្រលក់​ដោយ​មក្លឿ​ក៏មាន​ ជាសំពត់​សក៏មាន​។ សេចក្ដី​មិនគោរព​ក្នុង​សំពត់​កាសាវៈ​​នៃពួកភិក្ខុ​ទាំងនោះ​ ​នឹង​មាន​ក្នុងកាលនោះ​ ​ទាំងការ​ពិចារណា ​ក្នុងសំពត់កាសាវៈ ​នៃពួកភិក្ខុ​ ក៏​នឹងមិន​មាន​ដែរ។ ដំរី​ដ៏ប្រសើរ កាលត្រូវ​សេចក្ដី​ទុក្ខ​គ្រប​សង្កត់ ត្រូវសរមុត ញ័រកាយ​ចំប្រប់ ក៏មាន​ការ​គិត​ពិចារណា​ដ៏ខ្លាំង​ក្រៃលែង ជាគំនិត​​ដែលមិនធ្លាប់​គិតមក។ ព្រោះថា គ្រានោះ​ ដំរី​ឆទ្ទន្ត បាន​​ឃើញសំពត់កាសាវៈ ជា​ទង់​ជ័យព្រះអរហន្ត ​ដែល​ជ្រលក់យ៉ាងល្អ ហើយ​បាន​​ពោល​នូវ​គាថា​​ទាំងឡាយ​ ​ដែល​ប្រកប​ដោយ​​ប្រយោជន៍ ​ក្នុងខណៈនោះ​ឯង។ បុគ្គលណា មិនទាន់​​ប្រាស​ចាក​​ទឹកចត់ គឺរាគាទិក្កិលេស ជាអ្នក​ប្រាសចាក​ទមៈ និង​សច្ចៈ ស្លៀក​ដណ្ដប់​នូវ​សំពត់កាសាវៈ បុគ្គល​នោះ​ មិនគួរ (ស្លៀកដណ្ដប់) នូវ​សំពត់​កាសាវៈឡើយ។ លុះ​តែ​បុគ្គល​ណា បាន​ខ្ជាក់​ចោលនូវ​ទឹកចត់ គឺរាគាទិក្កិលេស តាំង​មាំល្អ​ក្នុងសីល​ទាំង​ឡាយ​ ប្រកប​ដោយទមៈ និងសច្ចៈ បុគ្គលនោះ​ឯង ទើបគួរ (ស្លៀកដណ្ដប់) នូវ​សំពត់​​កាសាវៈ។ បុគ្គលណា ជាអ្នក​វិបត្តិសីល មាន​គំនិតអាក្រក់ ប្រាកដ​ជាអ្នក​ទ្រុស្ដ​សីល ធ្វើ​​តាម​​តែប្រាថ្នា​ មាន​ចិត្តរាយមាយ មិនមាន​ធម៌ស បុគ្គលនោះ​ មិនគួរ (ស្លៀក​ដណ្ដប់) នូវ​សំពត់​កាសាវៈឡើយ។ លុះ​តែបុគ្គលណា បរិបូណ៌​ដោយ​សីល ប្រាសចាក​ឆន្ទរាគៈ មាន​ចិត្តតាំងមាំ មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដ៏ស បុគ្គល​នោះ​ឯង ទើប​គួរ (ស្លៀកដណ្ដប់) នូវ​សំពត់កាសាវៈ។ សីល​របស់​បុគ្គលណាមិនមាន​ បុគ្គល​នោះ​ ជាអ្នក​រវើរវាយ ក្រអឺត​ក្រអោង ជាបុគ្គលពាល គួរតែ (ស្លៀកដណ្ដប់) នូវ​សំពត់​មាន​ពណ៌ស និងស្លៀក​ដណ្ដប់​នូវ​​សំពត់កាសាវៈ​ដូចម្ដេច​កើត។ ក្នុងកាលជាអនាគត ពួកភិក្ខុ ភិក្ខុនី ជាអ្នក​មាន​ចិត្ត​ប្រទូស្ត ជាអ្នក​ឃ្នើសឃ្នង ​នឹង​សង្កត់​សង្កិន​​នូវ​ពួកលោក​​ដែលប្រកប​​ដោយ​តាទិគុណ​ មាន​ចិត្ត​ប្រកប​​ដោយមេត្តា។ ពួកភិក្ខុ​ពាល ​ដែលមាន​គំនិតអាក្រក់ ប្រាកដ​ជាអ្នក​ទ្រុស្តសីល ធ្វើ​​តាម​​តែប្រាថ្នា​ កាល​បើពួក​ព្រះថេរៈ បង្ហាត់​នូវ​ការ​​ស្លៀក​ដណ្ដប់​ចីវរ​ ​នឹង​មិនព្រម​ស្ដាប់។ ពួកភិក្ខុ​ពាល​ទាំងនោះ​ ​ដែល​ឧបជ្ឈា​យា​ចារ្យ​ ឲ្យ​សិក្សាយ៉ាងនោះ​ហើយ ក៏ជា​បុគ្គល​មិន​មាន​​ការ​គោរពគ្នា​នឹងគ្នា ​នឹងមិនអើ​ពើ​ចំពោះ​ឧបជ្ឈាយាចារ្យ ​ដូចសេះមាន​ពុតត្បុត មិនអើពើ​នឹងនាយសារថី។ ​ក្នុង​កាល​ជាអនាគត ពួកភិក្ខុ​ ភិក្ខុ​នី ​នឹងមាន​សេចក្តី​ប្រតិបត្តិ​​យ៉ាងនេះ​ ​ក្នុងបច្ឆិមកាល​​ដែលមកដល់​។ ភ័យ​ដ៏ធំនេះ​ ​ដែលមិនទាន់មកដល់​ ក៏រមែង​​មកដល់​មុនមិនខាន អ្នក​ទាំងឡាយ​ ចូរជាបុគ្គល​ប្រដៅ​ងាយ​ មាន​ចិត្ត​ដ៏ទន់ ប្រកប​​ដោយសេចក្តី​គោរព​ដល់​គ្នា​នឹងគ្នាចុះ។

អ្នកទាំងឡាយ ចូរជាបុគ្គលមានចិត្តមេត្តា ករុណា សង្រួម​ក្នុងសីល​ទាំងឡាយ​ មាន​​ការ​ព្យាយាមតឹង​តែង មាន​ចិត្តស្លុងទៅ​កាន់និព្វាន​ មាន​សេចក្តី​សង្វាតមាំ អស់កាល​ជានិច្ចចុះ។ អ្នក​ទាំងឡាយ​ បើឃើញសេចក្តី​ប្រមាទ ថាជាភ័យ ​ទាំង​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ ថាជាទីក្សេមហើយ ចូរចំរើន​នូវ​មគ្គមាន​អង្គ ៨ (កាល​បើយ៉ាង​នេះ​) ពួកភិក្ខុ​ ក៏រមែង​​បាន​នូវ​អមតបទ គឺព្រះនិព្វាន។ បុស្សត្ថេរ។

 

[២៦០] បុគ្គលណា ជាអ្នក​ប្រព្រឹត្តសមគួរ ជាអ្នក​ស្ងប់​សមគួរ មាន​ស្មារតី ជាអ្នក​មិនធ្វេសប្រហែស​ក្នុងការ​ត្រិះរិះ និងការ​ប្រព្រឹត្តិសមគួរ ត្រេកអរ​ដោយ​​ភាវនា​ក្នុងសន្ដាន មាន​ចិត្ត​តាំងមាំ ជាបុគ្គលម្នាក់ឯង មាន​សេចក្តី​សន្ដោស អ្នក​ប្រាជ្ញ​ទាំងឡាយ​ ហៅបុគ្គល​នោះ​​ថាជាភិក្ខុ​។ ភិក្ខុ​កាលបរិភោគ នូវ​អាហារ​ស្រស់ ឬក្រៀម មិនគប្បី​ឲ្យឆ្អែតជ្រុលទេ គប្បី​ជាអ្នក​មាន​ពោះធូរ មាន​អាហារ​ដ៏ល្មម មាន​ស្មារតីវៀរចេញ​។ ភិក្ខុ​ឈប់បរិភោគ ៤ ឬ ៥ ពំនូត (ក្នុងកាលជិតឆ្អែត) ហើយគប្បី​ផឹកទឹក នេះ​ជាការ​ល្មម​ដល់​កិរិយានៅ​ជាសុខ ​នៃភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះនិព្វាន)។

ភិក្ខុស្លៀកដណ្ដប់​នូវចីវរជាកប្បិយៈ ប្រយោជន៍ (ត្រឹម​តែការ​ពារត្រជាក់ជាដើម) នេះ​ជាការ​គួរដល់​កិរិយានៅ​ជាសុខ​នៃភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះនិព្វាន​)។ កាលភិក្ខុ​អង្គុយ​ដោយភ្នែន ភ្លៀងមិនស្រក់ត្រូវត្រង់ជង្គង់​ទាំងពីរ នេះ​ជាការ​គួរ​ដល់​កិរិយា​នៅ​ជា​សុខ ​នៃភិក្ខុ​អ្នក​មាន​ចិត្តស្លុងទៅ​រក (ព្រះនិព្វាន​)។ បុគ្គលណាបាន​ឃើញសុខ ថាជាទុក្ខ បាន​ឃើញទុក្ខ ថាជាគ្រឿងចាក់ដោត ​ដូចកូនសរ ការ​ជាប់ជំពាក់មិនមាន​​ក្នុង​ចន្លោះ​នៃសុខ និងទុក្ខ​ទាំងពីរ បុគ្គលនោះ​ គប្បី​ជាប់​ក្នុង​លោក​ដូចម្ដេច គប្បី​មាន​ដោយកិលេស ​ដូចម្ដេចបាន​។ បុគ្គលមាន​សេចក្តី​ប្រាថ្នា​អាក្រក់ ជាអ្នក​ខ្ជិលច្រអូស មាន​ការ​ព្យាយាម​ថោកទាប ជាអ្នក​រៀនសូត្រ​តិច មិនអើពើ (ចំពោះ​ធម៌ និងវិន័យ) សូម​កុំ​មាន​ក្នុងសម្នាក់ខ្ញុំ ​ក្នុង​​កាលណា ៗ​ ឡើយ ប្រយោជន៍អ្វី​ ដោយឱវាទ​ក្នុងលោក គប្បី​មាន​ (ដល់​បុគ្គលនោះ​) ​ដោយ​បការៈ​ ​ដូចម្ដេច។ មួយទៀត បុគ្គលអ្នក​ចេះដឹងច្រើន មាន​ប្រាជ្ញា​ ជាគ្រឿង​ទំលាយ​​កិលេស តាំងមាំ​ក្នុងសីល ប្រកប​រឿយ ៗ នូវ​ចេតោសមថៈ សូមឋិតនៅ​សូម្បី​លើ​ក្បាល។ បុគ្គលណាមាន​ចិត្តប្រកប​រឿយ ៗ នូវ​ធម៌ជាគ្រឿង​យឺតយូរ ត្រេកអរចំពោះ​ធម៌ជា​គ្រឿង​យឺត​យូរ បុគ្គលនោះ​ ឈ្មោះ​ថា ឃ្លាតចាក​ព្រះនិព្វាន​ ជាទីក្សេមចាក​យោគៈ​​ដ៏ប្រសើរ។ បុគ្គលណាលះបង់នូវ​ធម៌ជាគ្រឿងយឺត​យូរ ត្រេកអរ​ក្នុងធម៌ជាផ្លូវមិនយឺតយូរ បុគ្គល​នោះ​ ឈ្មោះ​ថា ត្រេកអរ​នឹងព្រះនិព្វាន​ ជាទីក្សេមចាក​យោគៈ​ដ៏ប្រសើរ។ ព្រះអរហន្ដ​ទាំងឡាយ​ នៅ​ក្នុងទីណា ទោះបី​ស្រុក​ ឬ​ព្រៃ ទោះបីទំនាប ឬទួល ទីនោះ​ឯង ជាទីគួរត្រេកអរ។ ជនអ្នក​ (ស្វែង​រក​កាម) រមែង​មិនត្រេកអរ​ក្នុងព្រៃ ជាទីគួរត្រេកអរទេ ពួកបុគ្គលអ្នក​ប្រាសចាក​រាគៈ ទើបត្រេកអរ ព្រោះពួកលោក​ទាំងនោះ​ មិនមែន​ជាអ្នក​ស្វែងរកកាម។ បុគ្គល​ឃើញអ្នក​ប្រាជ្ញណា ជាអ្នក​ពោលសង្កត់សង្កិន ជា​អ្នក​​បង្ហាញទោស ​ដូច​គេ​បង្ហាញនូវ​កំណប់ទ្រព្យ គួរគប់​រកអ្នក​ប្រាជ្ញ មាន​សភាពដូច្នោះ។ កាល​បើ​បុគ្គល​គប់រកអ្នក​ប្រាជ្ញប្រាកដដូច្នោះ សេចក្តី​ប្រសើររមែង​មាន​ សេចក្តី​អាក្រក់​ពុំមាន​​ទេ។

បុគ្គលណាទូន្មានប្រៀនប្រដៅ ហាមឃាត់ (គេ​) ចាក​អសប្បុរិសធម៌ បុគ្គលនោះ​ រមែង​ជាទីស្រឡាញ់​របស់​ពួកសប្បុរស ​តែមិនជាទីស្រឡាញ់​របស់​ពួក​អសប្បុរស​ទេ។ ព្រះពុទ្ធ​​មាន​ព្រះភាគ មាន​ចក្ខុ បាន​សំដែងធម៌ដល់​បុគ្គលដទៃ នាកាលធម៌​ដែលព្រះអង្គ​សំដែង ខ្ញុំមាន​សេចក្តី​ត្រូវការ​ផ្ចង់សោតប្បសាទ។ ការ​ស្ដាប់​របស់​ខ្ញុំនោះ​ មិនឥតអំពើ​ទេ (ព្រោះ) ខ្ញុំជាអ្នក​មិនមាន​អាសវៈ​ រួច​ស្រឡះ​ហើយ ខ្ញុំ​មិនមាន​ការ​តាំងចិត្ត ចំពោះ​បុព្វេនិវាសានុស្សតិវិជ្ជា ឬទិព្វចក្ខុវិជ្ជាឡើយ។ ខ្ញុំមិន​មាន​ការ​តាំងចិត្ត ចំពោះ​ចេតោ​បរិយវិជ្ជា ឥទ្ធិវិធវិជ្ជា ចុតូបបាតវិជ្ជា និងសេចក្តី​បរិសុទ្ធ​នៃសោតធាតុឡើយ។ ព្រះថេរៈឈ្មោះ​ឧបតិស្សៈ ខ្ពង់ខ្ពស់​ដោយប្រាជ្ញា ទើប​កោរថ្មី ៗ ដណ្ដប់សង្ឃាដិ អាស្រ័យនៅ​ក្រោមម្លប់ឈើ ចំរើន​ឈាន។ សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ចូលកាន់ឈាន មិនមាន​វិតក្កៈ ប្រកប​ដោយ​តុណ្ហីភាព​ដ៏ប្រសើរ ​ក្នុង​ខណៈ​នោះ​ឯង។ ភ្នំថ្ម មិនកក្រើក ឋិត​នឹងថ្កល់ យ៉ាងណា ភិក្ខុ​ព្រោះអស់ទៅ​នៃមោហៈ ក៏មិនញាប់ញ័រ​ដូចភ្នំ ​យ៉ាងនោះ​ដែរ។ បុគ្គលអ្នក​មិន​មាន​ទីទួល គឺកិលេស ស្វែងរកនូវ​ធម៌​ដ៏ស្អាតអស់កាលជានិច្ច សូម្បីបាប​ប្រមាណ​ប៉ុនចុង​រោមកន្ទុយសត្វ រមែង​ប្រាកដ​ដូច (ព្រះចន្ទ) ​ដែលផុតចាក​ពពក។ ខ្ញុំមិនត្រេកអរ​នឹងសេចក្តី​ស្លាប់ មិនត្រេកអរ​នឹងការ​រស់នៅ​ ខ្ញុំជាបុគ្គលដឹងខ្លួន​ មាន​ស្មារតីខ្ជាប់ខ្ជួន ទំលាយចោលនូវ​រាងកាយនេះ​។ ខ្ញុំមិនត្រេកអរ​នឹងសេចក្ដីស្លាប់ទេ។ បេ។ ​ដូច​អ្នក​​ស៊ីឈ្នួល ទន្ទឹង​តែការ​អស់ទៅ​នៃថ្ងៃ។

មរណៈនេះ​ឯង រមែង​មាន​ក្នុងកាល​ទាំងពីរ មរណៈមិនមែន​មាន​តែ​ក្នុងកាល​ខាង​ក្រោយ ឬខាងមុខទេ អ្នក​​ទាំងឡាយ​ ចូរប្រតិបត្តិ អ្នក​ទាំងឡាយ​ ចូរ​កុំវិនាស ​កុំឲ្យ​ខណៈ​​ប្រព្រឹត្ត​កន្លង។

អ្នក​ទាំងឡាយ​ ចូរគ្រប់គ្រង​ខ្លួន​ ឲ្យ​ដូចជានគរត្រង់ទី​ប្រទល់ដែន ​ដែលគេ​ គ្រប់គ្រង​​ទាំងខាង​ក្នុង​ទាំងខាងក្រៅ ​កុំឲ្យ​ខណៈ​​ប្រព្រឹត្ត​កន្លង។ ព្រោះថា ពួក​បុគ្គល​ដែល​មាន​ខណៈ​​កន្លងហួសហើយ រមែង​សោកស្ដាយ​ដេរដាស​​ក្នុងនរក។ បុគ្គលអ្នក​ស្ងប់​ វៀរ​ចាក​​បាប ​ពោលពាក្យ​ដោយយោបល់ ជាបុគ្គលមិនរាយមាយ រមែង​កំចាត់បង់នូវ​ធម៌​ដ៏លាមកបាន​ ​ដូចខ្យល់កំចាត់បង់នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់​ វៀរចាក​បាប ​ពោលពាក្យ​ដោយ​យោបល់ ជាបុគ្គល​មិន​រាយមាយ​ រមែង​ដកភើច​នូវ​​ពួកធម៌​ដ៏លាមកចេញ​បាន​ ​ដូចខ្យល់បក់​ផ្ដាច់នូវ​ស្លឹកឈើ។ បុគ្គល​អ្នក​ស្ងប់​ មិនមាន​សេចក្តី​ក្រវល់ក្រវាយ មាន​ចិត្តថ្លា​មិន​ល្អក់ មាន​កល្យាណសីល មាន​ប្រាជ្ញា​ជា​គ្រឿងទំលាយបង់នូវ​កិលេស គប្បី​ធ្វើ​​នូវ​ទីបំផុត​​នៃទុក្ខបាន​។

បុគ្គលមិនគប្បី​ស្និទ្ធស្នាល ចំពោះ​បុថុជ្ជនពួកខ្លះ ​ទាំងគ្រហស្ថ ​ទាំងបព្វជិត ព្រោះ​ថា ពួកជន​សូម្បីជាបុគ្គលល្អហើយ បែរទៅ​ជាមិនល្អវិញ​ក៏មាន​ ជាបុគ្គលមិន​ល្អ​ហើយ បែរ​ទៅ​​ជាល្អវិញ​​ក៏មាន​។

កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចៈ ១ វិចិកិច្ឆា ១ ​ទាំង ៥ នោះ​ ជាគ្រឿង សៅហ្មងចិត្ត របស់​ភិក្ខុ​។ ភិក្ខុ​ណា កាលគេ​ធ្វើ​​សក្ការៈ ឬមិនធ្វើ​​សក្ការៈ​ទាំងពីរ (មិន​ត្រេកអរ មិន​ទោមនស្ស) សមាធិ​​របស់​ភិក្ខុ​អ្នក​នៅ​ដោយសេចក្តី​មិន​​ប្រមាណ​នោះ​ រមែង​មិន​ញាប់ញ័រ។ អ្នក​ប្រាជ្ញ​ទាំងឡាយ​ សរសើរនូវ​ភិក្ខុ​អ្នកមាន​ឈាន មាន​ព្យាយាម​ទៀងទាត់ មាន​ការ​ឃើញច្បាស់​ដោយសុខុមទិដ្ឋិ ត្រេកអរ​ក្នុង​ធម៌​ជាទីអស់ទៅ​នៃឧបាទាននោះ​ ថាជាសប្បុរស។ មហាសមុទ្រ ប្រឹថពី ភ្នំ និងខ្យល់ មិនគួរឧបមា​នឹងវិមុត្តិ​ដ៏ប្រសើរ ​របស់​ព្រះសាស្ដាទេ។ ព្រះថេរៈអ្នក​ញ៉ាំងចក្ក ​គឺធម៌ឲ្យប្រព្រឹត្តទៅ​តាម (ព្រះ​សារីបុត្ត) លោកមាន​ប្រាជ្ញាច្រើន មាន​ចិត្ត​ខ្ជាប់ខ្ជួន ស្មើ​ដោយដី ទឹក ភ្លើង មិនត្រេកអរ មិន​ប្រទូស្ត។ ព្រះថេរៈ សម្រេច​នូវ​បញ្ញាបារមី មាន​ប្រាជ្ញាច្រើន ជាមហាមុនិ ជាបុគ្គលមិនគ ​តែ​មាន​សភាព​ដូចជាគ មាន​ចិត្ត​ដ៏ត្រជាក់គ្រប់កាល។ ព្រះសាស្ដា ខ្ញុំបាន​បំរើ​ហើយ។បេ។ តណ្ហា​ជាគ្រឿងនាំទៅ​កាន់ភព ខ្ញុំក៏បាន​ដកចេញ​ហើយ។ អ្នក​ទាំងឡាយ​ ចូរញ៉ាំង​សេចក្តី​មិនប្រមាទ ឲ្យបរិបូណ៌ នេះ​ជាពាក្យ​​ប្រៀនប្រដៅ​របស់​ខ្ញុំ ឥឡូវនេះ​ ខ្ញុំ​នឹង​បរិនិព្វាន​ ខ្ញុំជា​បុគ្គលផុតស្រឡះ​​ចាក​កិលេសកាម​ទាំងអស់។ សារីបុត្តត្ថេរ។

 

[២៦១] បណ្ឌិតមិនគួរធ្វើ​សខិភាព គឺភាពជាសម្លាញ់​នឹងបុគ្គលអ្នក​ញុះញង់ អ្នក​ក្រេវក្រោធ អ្នក​កំណាញ់ ​ទាំងជាអ្នក​ត្រេកអរ​នឹងសេចក្ដីវិនាសទេ (ព្រោះថា) ការ​សេពគប់​នឹងបុរសអាក្រក់ ជាអំពើ​ដ៏លាមក។ បណ្ឌិតគួរធ្វើ​​សខិភាព​ ​នឹង​បុគ្គល​អ្នក​មាន​សទ្ធា មាន​សីលជាទីស្រឡាញ់ អ្នក​មាន​ប្រាជ្ញា មាន​ការ​ចេះដឹង​ច្រើន (ព្រោះថា) ការ​សេពគប់​នឹងពួកសប្បុរស ជាការ​ចំរើន​។

អ្នក​ចូរមើល​នូវ​ពុម្ព គឺអត្តភាព​ដែលធ្វើ​​ឲ្យវិចិត្រ ជាទីប្រជុំ​នៃដំបៅ ផ្ដុំឡើង​ (ដោយឆ្អឹង ៣០០ កំណាត់) ជាគ្រឿងរោលរាល ជាទីប្រាថ្នា​នៃជនច្រើន ជាកាយ​ឥតទៀង​ទាត់ឋិត​ថេរ ព្រះអានន្ទត្ថេរ ជាគោតមគោត្ត ជាអ្នក​ចេះ​ដឹងច្រើន មាន​វាចា​ដ៏វិចិត្រ ជាអ្នក​បំរើនូវ​ព្រះពុទ្ធ បាន​ដាក់​ចុះនូវ​ភារៈ ជាអ្នក​ប្រាសចាក​កិលេស ជាគ្រឿងប្រកប​ សម្រេច​នូវ​ការ​សិង។ ព្រះអានន្ទត្ថេរ ជាខីណាស្រព ប្រាសចាក​កិលេស ជាគ្រឿង​ប្រកប​ កន្លងនូវ​កិលេស​ជាគ្រឿងជាប់​ជំពាក់ មាន​ចិត្តត្រជាក់ល្អ ដល់​នូវ​ត្រើយ​នៃជាតិ និងមរណៈ ទ្រទ្រង់​ទុក​នូវ​អត្តភាព ជាបំផុត។ សាសនធម៌​ទាំង​ឡាយ​ ​របស់​ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ប្រតិស្ឋាន​ក្នុងព្រះអានន្ទត្ថេរណា ព្រះអានន្ទត្ថេរ​នោះ​ ជា​គោតមគោត្ត ឋិតនៅ​ក្នុងផ្លូវ​ជាទីទៅ​កាន់​ព្រះនិព្វាន​។ សាសនធម៌​ទាំងឡាយ​ណា ​ដែល​ប្រព្រឹត្តទៅ​ (ក្នុងហឫទ័យ) ​របស់​ខ្ញុំ សាសនធម៌​ទាំងឡាយ​នោះ​ មាន​ ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ ខ្ញុំបាន​រៀន​​អំពីព្រះពុទ្ធ ៨ ម៉ឺន ២ ពាន់ធម្មក្ខន្ធ ​អំពីពួកភិក្ខុ​ ២ ពាន់ធម្មក្ខន្ធ។ បុរសនេះ​ មិនបាន​រៀនសូត្រ រមែង​ចាស់ (ឥតអំពើ) ​ដូច​គោបំរើ ចំរើន​តែសាច់ ត្រង់ប្រាជ្ញា​របស់​វា មិនចំរើន​ឡើយ។ បុគ្គលណា ជាអ្នក​រៀនសូត្រច្រើន ហើយមើលងាយ​បុគ្គលអ្នក​មិនបាន​រៀនសូត្រ ​ដោយការ​រៀនសូត្រ (របស់​ខ្លួន​) បុគ្គលនោះ​ ​ដូចមនុស្សខ្វាក់ ​កាន់​ប្រទីប រមែង​ភ្លឺច្បាស់ដល់​ខ្ញុំយ៉ាងនេះ​ឯង។ បុគ្គលគួរចូលទៅ​អង្គុយជិត​នឹងអ្នក​រៀន​សូត្រ​ច្រើនផង មិនគប្បី​ញ៉ាំងការ​រៀន​សូត្រឲ្យវិនាសផង (ព្រោះថា) ការ​រៀនសូត្រនោះ​ ជាឫសគល់​​នៃព្រហ្មចរិយធម៌ ហេតុនោះ​ បុគ្គលគួរជាអ្នក​ទ្រទ្រង់​ធម៌។ បុគ្គលអ្នក​ចេះដឹង នូវ​ខាងដើម និងខាង​ចុង​ (នៃភាសិត) ជាអ្នក​ដឹងអត្ថ ឈ្លាសវៃ​ក្នុងនិរុត្តិ (ភាសា) និងបទ (ដ៏សេស) រមែង​កាន់​យកនូវ​ធម៌ឲ្យជាធម៌ ​ដែល​កាន់​យក​ល្អហើយផង ពិចារណានូវ​សេចក្តី​ផង។ បុគ្គលអ្នក​មាន​សេចក្ដីប្រាថ្នា​ (ក្នុងធម៌) ​ដោយសេចក្ដីអត់ធន់ រមែង​ខ្មី​ឃ្មាត ពិចារណានូវ​នាម​រូបនោះ​ បុគ្គលនោះ​ មាន​ចិត្ត​តាំងមាំល្អខាង​ក្នុងសន្ដាន រមែង​ផ្គងចិត្តទុក​ក្នុងសម័យ​ដ៏​គួរ។ បុគ្គលកាលប្រាថ្នា​នូវ​ការ​ដឹងធម៌ គប្បី​គប់រក​អ្នក​រៀន​សូត្រច្រើន អ្នក​ចងចាំនូវ​ធម៌ អ្នក​មាន​ប្រាជ្ញា ជា​សាវ័ក​របស់​ព្រះពុទ្ធ បែប​ដូច្នោះនោះ​។ បុគ្គលអ្នក​រៀនសូត្រ​ច្រើន រមែង​អ្នក​ចងចាំនូវ​ធម៌ អ្នក​រក្សាទុកនូវ​ឃ្លាំងធម៌​របស់​ព្រះពុទ្ធ ទ្រង់​ស្វែងរកនូវ​គុណ​ដ៏ធំ ឯបុគ្គល​អ្នក​រៀនសូត្រច្រើននោះ​ឈ្មោះ​ថា ជាចក្ខុ​របស់​សត្វ​លោក​​ទាំងពួង ជាបុគ្គល​គួរគេ​បូជា។ ភិក្ខុ​មាន​ធម៌​ជាទីត្រេកអរ ត្រេកអរ​ក្នុងធម៌ កាល​គិតរឿយ ៗ នូវ​ធម៌ រលឹករឿយ ៗ នូវ​ធម៌ រមែង​មិនសាបសូន្យចាក​ព្រះសទ្ធម្ម។ បុគ្គលអ្នក​ធ្ងន់​ដោយ​សេចក្ដី​កំណាញ់ (ថ្នម) កាយ (កាលបើកាយ និងជីវិត) សាបសូន្យទៅ​ ក៏មិន​ខ្មីឃ្មាត (ចំពោះ​កិច្ចគួរធ្វើ​​) បុគ្គលអ្នក​ជាប់ចំពាក់​ដោយសេចក្ដីសុខ​ក្នុងសរីរៈ តើសេចក្ដី​សប្បាយ ​ដោយសមណភាព (នឹងមាន​មក) ​អំពីទីណា។ ទិស​ទាំងអស់ រមែង​មិនប្រាកដ ធម៌មិនភ្លឺច្បាស់ដល់​ខ្ញុំ កាលបើព្រះសារីបុត្ត ជាកល្យាណមិត្ត (ទៅ​កាន់និព្វាន) ហើយ សត្វលោក ប្រាកដ​ដូចជាទីងងឹត។ បុគ្គល​ដែលមាន​សម្លាញ់​ព្រាត់ប្រាសហើយ មាន​សាស្ដាកន្លងទៅ​ហើយ រមែង​មិនមាន​មិត្តបែបនុ៎ះ ​ដូចជាកាយគតាសតិឡើយ។ ពួកព្រះថេរៈណាចាស់ ៗ ពួកព្រះថេរៈនោះ​ កន្លង​ទៅ​ហើយ ចិត្ត​របស់​ខ្ញុំមិនល្មម​នឹងភិក្ខុ​ថ្មី ៗ ថ្ងៃនេះ​ ខ្ញុំចំរើន​ឈាន​តែម្នាក់ឯង ​ដូចសត្វបក្សីចូលទៅ​សម្ងំ​ក្នុងសម្បុក ​ក្នុងរដូវភ្លៀង។ អ្នក​កុំឃាត់ពួកជនច្រើន​នៅ​​ក្នុង​ប្រទេសផ្សេង ៗ ​ដែលពុំទាន់បាន​ចួប ឯពួក​អ្នក​ស្ដាប់ ចូរមកចួបចុះ ព្រោះ​ថា​ជាសម័យ (គួរចួប) ​នឹងខ្ញុំហើយ។ ព្រះសាស្ដាមានចក្ខុ ទ្រង់​ប្រទានឱកាស មិនហាមឃាត់ពួកជនច្រើន នៅ​ក្នុងប្រទេស​ផ្សេង ៗ ​ដែលពុំទាន់បាន​ចួប។ កាលខ្ញុំនៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ កាមសញ្ញាមិនកើតឡើង​ទេ អ្នក​ចូរមើលនូវ​សភាពល្អ​របស់​ធម៌ចុះ។ កាលខ្ញុំ​នៅ​ជាសេក្ខបុគ្គល អស់ ២៥ ឆ្នាំ ទោសសញ្ញា​មិនកើត​ឡើង​ទេ អ្នក​ចូរមើលនូវ​ភាពល្អ​របស់​ធម៌ចុះ។ ខ្ញុំបាន​បំរើព្រះមាន​ព្រះភាគ ​ដោយ​កាយកម្ម ប្រកប​ដោយមេត្តា អស់ ២៥ ឆ្នាំ ​ដូចជា​ស្រមោលជាប់​តាមរូប។ ខ្ញុំបាន​បំរើព្រះមាន​ព្រះភាគ ​ដោយវចីកម្ម ប្រកប​ដោយមេត្តា អស់ ២៥ ឆ្នាំ ​ដូចជា​ស្រមោល​ជាប់តាមរូប។ ខ្ញុំបាន​បំរើព្រះមាន​ព្រះភាគ ​ដោយ​​មនោកម្ម​ប្រកប​​ដោយមេត្តា អស់ ២៥ ឆ្នាំ ​ដូចជា​ស្រមោល​ជាប់តាមរូប។ កាលព្រះពុទ្ធម្ចាស់ ទ្រង់​ចង្ក្រម ខ្ញុំបាន​ចង្ក្រម​តាម​ក្រោយ​​ព្រះអង្គ នាកាលធម៌​ដែលព្រះអង្គសំដែង ញាណ​របស់​ខ្ញុំក៏កើតឡើង​។ ខ្ញុំជា​សេក្ខបុគ្គល ប្រកប​ដោយកិច្ច មាន​សេចក្ដីប្រាថ្នា​ក្នុងចិត្តមិនទាន់​សម្រេច​ (អរហត្តផល) ព្រះសាស្ដា ព្រះអង្គ​អនុគ្រោះខ្ញុំ ទ្រង់​បរិនិព្វាន​។ កាល​ព្រះសម្ពុទ្ធ ប្រកប​ដោយអាការ​ដ៏ប្រសើរ​គ្រប់យ៉ាង ទ្រង់​បរិនិព្វាន​ហើយ សេចក្ដី​ស្ញប់​ស្ញែង​នៃខ្ញុំក៏កើតមាន​ សេចក្ដីព្រឺរោម​នៃខ្ញុំក៏កើតមាន​។ ព្រះអានន្ទ ជាពហុស្សូត អ្នកចងចាំនូវ​ធម៌ រក្សាទុកនូវ​ឃ្លាំងធម៌​នៃព្រះពុទ្ធ ទ្រង់​ស្វែងរកនូវ​គុណ​ដ៏ប្រសើរ លោកជាចក្ខុ​នៃសត្វ​លោក​ទាំងអស់ បរិនិព្វាន​ហើយ។ ព្រះអានន្ទ​ ជាពហុស្សូត អ្នក​ចងចាំនូវ​ធម៌ ជាឃ្លាំងរក្សាទុកនូវ​ធម៌​នៃព្រះពុទ្ធ ទ្រង់​ស្វែងរកនូវ​គុណ​ដ៏ប្រសើរ លោកជាចក្ខុ​នៃសត្វលោក​ទាំងអស់ ជាអ្នក​បន្ទោបង់​នូវ​ងងឹត ​ក្នុងទី​ដ៏ងងឹត។ ព្រះអានន្ទត្ថេរ មាន​ញាណគតិ មាន​ស្មារតី មាន​ប្រាជ្ញា ជាគ្រឿង​ទ្រទ្រង់​ ជាអ្នក​ស្វែង​រកនូវ​គុណ ទ្រទ្រង់​ទុក​នូវ​ព្រះសទ្ធម្ម ជា​អណ្ដូង​នៃធម្មរតនៈ។ ព្រះសាស្ដា ខ្ញុំបាន​បំរើហើយ។បេ។ តណ្ហា ជាគ្រឿងនាំទៅ​កាន់ភព ខ្ញុំក៏បាន​ដកចេញ​ហើយ។ អានន្ទត្ថេរ។

ឧទ្ទាន

ព្រះថេរៈ ៣ អង្គនេះ​ គឺ ព្រះបុស្សៈ ១ ព្រះឧបតិស្សៈ ១ ព្រះអានន្ទ ១ លោកបាន​សំដែង​គាថា ​ដែលបាន​ពោល​ទុក​ក្នុងទីនោះ​ ១០៥ គាថា។

ចប់ តឹសនិបាត។

ថេរគាថា ចត្តាឡីសនិបាត

 

[២៦២] ភិក្ខុមិនគប្បីប្រព្រឹត្ត មានគណៈចោមរោម (ព្រោះ) រមែង​មាន​ចិត្តក្ដៅ ក្រហាយ បាន​សមាធិ ​ដោយលំបាក ការ​សង្គ្រោះជននានា នាំមកនូវ​សេចក្ដីទុក្ខ ភិក្ខុ​ ឃើញ​ដូច្នេះហើយ មិនគប្បី​ត្រេកអរ​នឹងគណៈឡើយ។ អ្នក​ប្រាជ្ញ មិនគប្បី​ចូលទៅ​ អែប​អប​នឹងត្រកូល​ទាំងឡាយ​ទេ (ព្រោះ) រមែង​មាន​ចិត្តក្ដៅក្រហាយ បាន​សមាធិ​ដោយ​លំបាក ភិក្ខុ​ណាជាអ្នក​ល្មោភ​ក្នុងរស​មាន​ចម្ងាញ់ ភិក្ខុ​នោះ​ជាអ្នក​រនះរនាត ជាប់ចិត្ត​ក្នុងរស រមែង​ខូចបង់ប្រយោជន៍។ មែន​ពិត អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ បាន​ដឹងនូវ​ការ​ថ្វាយបង្គំ និងការ​បូជា ​ក្នុងត្រកូល​ទាំងឡាយ​ថា ​ដូច​ជាភក់ (ព្រោះថា) សរ គឺកិលេស​ល្អិត ៗ ភិក្ខុ​កន្លងបង់បាន​ដោយលំបាក គ្រឿង​សក្ការៈ បុរសលាមក លះបង់បាន​ដោយក្រ។ ខ្ញុំ​ចុះ​ចាក​សេនាសនៈ (លើ​ភ្នំ) ចូលទៅ​កាន់នគរ ដើម្បី​បិណ្ឌបាត។ ខ្ញុំបាន​យកចិត្តទុកដាក់​ ចូលទៅ​ឈរជិត បុរសឃ្លង់ ​ដែលកំពុង​តែបរិភោគ។ បុរសនោះ​ បាន​បង្អោនពំនូតបាយ ដល់​ខ្ញុំ​ដោយ​ដៃ ​ដែលមាន​រោគឃ្លង់​ទុំផេរ ៗ ហើយ កាលបុរសនោះ​ កំពុងដាក់​ពំនូត​បាយ ម្រាម​ដៃ​ក៏ដាច់​ធ្លាក់ទៅ​ក្នុងបាតនុ៎ះ។ ខ្ញុំផ្អែក​នឹងជញ្ជាំងផ្ទះ ហើយក៏បាន​ឆាន់​នូវ​ពំនូតបាយនោះ​ កាលពំនូតបាយ​ដែលខ្ញុំកំពុងបរិភោគក្ដី បរិភោគរួច​ហើយក្ដី ខ្ញុំមិនមាន​សេចក្ដីខ្ពើមរអើមឡើយ។ ដុំបាយ​ដែលភិក្ខុ​ទៅ​ឈរទៀបទ្វារផ្ទះ​​នៃជន​ដទៃ ហើយបាន​មកជាអាហារ ១ សម៉​ដែលត្រាំ​ដោយទឹកមូត្រគោស្អុយ ​ជាឱសថ ១ ម្លប់ឈើ​ជា​សេនាសនៈ ១ សំពត់បង្សុកូលចីវរ ១ ភិក្ខុ​ណាបាន​បរិភោគ​នូវ​​របស់​​ទាំងនេះ​ហើយ ភិក្ខុ​នោះ​ អាចនៅ​ក្នុងទិស​ទាំង ៤ បាន​។ ពួកមនុស្សខ្លះ កាល​ឡើង​ភ្នំ ​តែង​តែ​លំបាកចិត្ត ក្នុង​បច្ឆិមវ័យណា កស្សបៈ ជាទាយាទ​របស់​ព្រះពុទ្ធ ជាអ្នក​ដឹងខ្លួន​ មាន​ស្មារតីមាំ រឹងប៉ឹង​ដោយកម្លាំងឫទ្ធិ ឡើង​ (ភ្នំ) ​ក្នុងបច្ឆិមវ័យ​នោះ​បាន​។ កស្សបៈ ​តែឆាន់រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយចំរើន​ឈាន ជាអ្នក​មិនមាន​សេចក្ដីប្រកាន់ មាន​ភ័យ​ដ៏ពន្លឹក​លះ​ចោល​ហើយ។ កស្សបៈ ​តែឆាន់រួច​ហើយ ឡើង​ទៅ​លើ​ភ្នំ ហើយចំរើន​ឈាន ជាអ្នក​មិនមាន​សេចក្ដី​ប្រកាន់ កាល​ពួក​សត្វក្ដៅក្រហាយ លោកក៏ជាបុគ្គលត្រជាក់។ កស្សបៈ ​តែឆាន់រួច​ហើយ ឡើង​​ទៅ​លើ​ភ្នំ ហើយចំរើន​ឈាន ជាអ្នក​មិនមាន​សេចក្ដីប្រកាន់ មាន​កិច្ចធ្វើ​​ហើយ មិនមាន​អាសវៈ​។ ចំណែកផែនដី ​ដែលផ្សាយទៅ​ដោយក្លិន ​នៃផ្កាក្ទម្ព ជាទី​ត្រេកអរ​នៃចិត្ត សម្រែក​នៃដំរីជាទីត្រេកអរ ភ្នំ​ទាំងឡាយ​នោះ​ រមែង​ញ៉ាំងខ្ញុំឲ្យ​ត្រេកអរ។ ភ្នំ​ទាំងនោះ​ មាន​ពណ៌​ដូចពពកខៀវ​ដ៏រុងរឿង មាន​ទឹកត្រជាក់ ទ្រទ្រង់នូវ​វត្ថុ​ដ៏ស្អាត ដេរដាស​ដោយភ្លៀង ​តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ ភ្នំ​ទាំងនោះ​ ប្រាកដ​ស្មើ​ដោយកំពូលពពក​ដ៏ខៀវ ឧបមា​ដូចផ្ទះមាន​កំពូល​ដ៏ប្រសើរ មាន​សម្រែក​នៃដំរី ជាទី​ត្រេកអរ ​តែងញ៉ាំង​ខ្ញុំឲ្យត្រេកអរ។ ភ្នំថ្ម​ទាំងនោះ​ ​ដែលភ្លៀង​បន្ទរ​ហើយ មាន​ផ្ទៃ​ជាទីត្រេកអរ ​ដែលឥសី​ទាំងឡាយ​ ធ្លាប់អាស្រ័យនៅ​ហើយ ​ដែលពួកសត្វ​ក្ងោកស្រែកយំហើយ ​តែងញ៉ាំងខ្ញុំ​ឲ្យ​ត្រេកអរ។ (ភ្នំ​ទាំងឡាយ) គួរដល់​ខ្ញុំ ​ដែល​ប្រាថ្នា​ដើម្បី​ចំរើន​ឈាន មាន​ចិត្តស្លុងទៅ​រកព្រះនិព្វាន​ គួរដល់​ខ្ញុំ​ដែលប្រាថ្នា​ប្រយោជន៍ ជាភិក្ខុ​មាន​ចិត្តស្លុងទៅ​រកព្រះនិព្វាន​ គួរដល់​ខ្ញុំ​ដែលប្រាថ្នា​រកសេចក្ដី​ស្រួល មាន​ចិត្តស្លុងទៅ​រកព្រះនិព្វាន​ ជាអ្នក​សិក្សា គួរដល់​ខ្ញុំ​ដែល​ប្រាថ្នា​ព្យាយាម មាន​ចិត្តស្លុងទៅ​រកព្រះនិព្វាន​ ជាតាទិបុគ្គល។ ភ្នំ​ទាំងនោះ​ដ៏​ដេរដាស ​ដោយផ្កា​កណិការ​ រីកព្រោងព្រាត ​ដូចផ្ទៃមេឃ ដេរដាស​ដោយពួកបក្សី​ផ្សេង ៗ ​តែងញ៉ាំង​ខ្ញុំឲ្យត្រេកអរ។ ភ្នំ​ទាំងឡាយ​នោះ​ មិន​ច្រឡូក​ច្រឡំ​ដោយពួក​គ្រហស្ថ មាន​តែពួក​ម្រឹគនៅ​អាស្រ័យ ដេរដាស​ដោយពួកបក្សីផ្សេង ៗ ​តែងញ៉ាំង​ខ្ញុំឲ្យ​ត្រេកអរ។ ភ្នំ​ទាំងនោះ​ មាន​ទឹកថ្លា មាន​ថ្មក្រាស់ ប្រកប​ដោយពួកម្រឹគ មាន​កន្ទុយ​ដូចគោ ដេរដាស​ដោយទឹក និងសារាយ ​តែងញ៉ាំងខ្ញុំឲ្យត្រេកអរ។ សេចក្ដី​ត្រេកអរ (នៃ​ខ្ញុំ) ​ដោយ​សារតូរ្យតន្រ្ដី​ប្រកប​ដោយអង្គ ៥ ប្រាកដដូច្នោះ ​មិនមាន​ឡើយ ​ដូច (ការ​មិនមាន​សេចក្ដី​ត្រេកអរ) ​នៃព្រះយោគី ​ដែលមាន​ចិត្ត មាន​អារម្មណ៍​​មូល​តែ​មួយ ឃើញច្បាស់នូវ​ធម៌​ដោយ​ប្រពៃ។

បុគ្គលមិនត្រូវធ្វើ​​ការ​ងារ​ឲ្យច្រើន ត្រូវ​វៀរជន (មិនមែន​ជាកល្យាណមិត្ត) មិនត្រូវ​ខ្នះខ្នែង (ដើម្បី​បច្ច័យ) បុគ្គល​ណាជាអ្នក​ល្មោភ​ក្នុងរសមាន​ចម្ងាញ់ បុគ្គលនោះ​ ជាអ្នក​ខ្នះខ្នែង​ជាប់ចិត្ត​ក្នុងរស រមែង​ខូចបង់ប្រយោជន៍ បុគ្គលមិនត្រូវធ្វើ​​ការ​ងារឲ្យច្រើន ត្រូវ​វៀរចាក​ជន (មិនមែន​ជាកល្យាណមិត្ត ព្រោះ) ការ​ងារនុ៎ះ មិនមែនជាប្រយោជន៍ កាយ​រមែង​​លំបាកនឿយព្រួយ បុគ្គលអ្នក​ដល់​នូវ​សេចក្ដីនឿយ​ព្រួយ​នោះ​ រមែង​មិនបាន​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​ឡើយ។

បុគ្គលមិន​ពិចារណា​ឃើញខ្លួន​ឯង ដោយ​ត្រឹម​តែ​រលាស់​បបូរ​មាត់ (ស្វាធ្យាយ​ពុទ្ធវចនៈ) បុគ្គលប្រព្រឹត្តរឹងរូស ​តែង​សំគាល់​ថា អាត្មាអញ​ប្រសើរ។ បុគ្គលពាល មិនប្រសើរ ​តែងសំគាល់ខ្លួន​ ថាស្មើ​នឹងបុគ្គលប្រសើរ អ្នក​ប្រាជ្ញ​ទាំងឡាយ​ មិនសរសើរ​ជន​អ្នក​មាន​ចិត្ត​រឹងរូស​នោះ​ឡើយ។ បុគ្គលណា មិន​ញាប់ញ័រ​ក្នុងមានះ (ទាំង ៩ ណា​មួយ) ​ដោយចិត្តកើត​ឡើង​ថា អញជាមនុស្ស​ប្រសើរ ឬថាអញជាមនុស្សមិនប្រសើរ អញ​ជាមនុស្សថោក ឬថាអញជាមនុស្ស​ប្រហែល​នឹងគេ​។ អ្នក​ប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​នោះ​ ថាជាអ្នក​មាន​ប្រាជ្ញា អ្នក​និយាយទៀងទាត់ អ្នក​មាន​ចិត្ត​តម្កល់មាំ ​ក្នុងសីល​ទាំងឡាយ​ អ្នក​ប្រកប​រឿយ ៗ នូវ​ការ​ស្ងប់​ស្ងាត់ចិត្ត។ បុគ្គល​ណា មិនបាន​គោរព​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ទេ បុគ្គលនោះ​ រមែង​ឆ្ងាយ​ចាក​ព្រះសទ្ធម្ម ​ដូចផែនដី (ឆ្ងាយ) ពីមេឃ។ បុគ្គល​ទាំងឡាយ​ណា មាន​ហិរិ​ និងឱត្តប្បៈ តម្កល់នៅ​ដោយប្រពៃ​គ្រប់ពេល បុគ្គល​ទាំងនោះ​ មាន​ព្រហ្មចារ្យដុះ​ចំរើន​ហើយ មាន​ភពថ្មីអស់ហើយ។ ភិក្ខុ​ណា​មាន​ចិត្តរវើរវាយ ឃ្លេងឃ្លោង ស្លៀកដណ្ដប់​សំពត់បង្សុកូល ភិក្ខុ​នោះ​ មិនសម​នឹង​សំពត់​​បង្សុកូលនោះ​ឡើយ ​ដូច​ស្វាដណ្ដប់ស្បែកសីហៈ។ ភិក្ខុ​ណាមាន​ចិត្តមិនរវើរវាយ មិន​ឃ្លេង​ឃ្លោង ជាអ្នក​មាន​ប្រាជ្ញាចាស់ សង្រួម​ឥន្រ្ទីយ៍ ទើបសម​នឹងសំពត់បង្សុកូល ​ដូចសីហៈ​ក្នុងច្រកភ្នំ។ ពួកទេវតា​ដ៏ច្រើន មាន​ឫទ្ធិ៍ មាន​យសស័ក្តិ ទេវតាមួយម៉ឺន ​ទាំង​អស់នុ៎ះ ជាពួកព្រហ្ម ឈរនមស្ការ​ប្រណម្យអញ្ជលី ចំពោះ​ព្រះសារីបុត្ត ជាធម្មសេនាបតី ជាអ្នក​ប្រាជ្ញ មាន​ឈាន​ច្រើន មាន​ចិត្តតម្កល់មាំថា បពិត្រ​បុរស​អាជានេយ្យ ខ្ញុំសូម​ក្រាបថ្វាយបង្គំ​លោក​ម្ចាស់ បពិត្រ​បុរស​ដ៏ឧត្តម ខ្ញុំសូមក្រាប​ថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចំរើន​ឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំ​មិនបាន​ដឹងនូវ​អារម្មណ៍នោះ​ ​របស់​​លោកម្ចាស់ទេ។ អស្ចារ្យហ្ន៎ អារម្មណ៍​របស់​ពួកលោកអ្នក​ត្រាស់ដឹងនូវ​សច្ចៈ​ទាំង ៤ ជាអារម្មណ៍​ដ៏ជ្រាលជ្រៅ (ពិបាកដឹងណាស់) ពួកយើង​ដូចពួកខ្មាន់ធ្នូ​ បាញ់នូវ​រោម​កន្ទុយសត្វ មកប្រជុំគ្នា (ពិចារណា) នៅ​តែមិនដឹង។ ព្រះកប្បិនត្ថេរ បាន​ញញឹម ព្រោះ​ឃើញ​​ព្រះសារីបុត្តត្ថេរ​នោះ​ គួរជាទីបូជា ​ដែលពពួក​ទេវតា​បូជាហើយ ​ដោយប្រការ​ដូច្នោះ។ ​ក្នុងពុទ្ធខេត្ត​ទាំងមូល ខ្ញុំជាមនុស្ស​វិសេសខាង​ធុតង្គគុណ គ្មានលោក​ណាស្មើ​នឹងខ្ញុំទេ លើ​កលែង​តែព្រះមហាមុនីចេញ​។ ព្រះសាស្ដា ខ្ញុំបាន​បំរើហើយ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ខ្ញុំបាន​ធ្វើ​​ហើយ ភារៈ​ធ្ងន់ខ្ញុំដាក់​ចោលហើយ តណ្ហាជាគ្រឿង​នាំ​សត្វទៅ​កាន់ភពទៀត ខ្ញុំក៏ដកចោល​ហើយ។ ព្រះគោតម​មាន​គុណ​ប្រមាណ​មិនបាន​ មាន​ព្រះហឫទ័យ​​ឱនទៅ​រក​នេក្ខម្មៈ រលាស់ចោលនូវ​ភព​ទាំង ៣ មិនជាប់ចំពាក់​ក្នុងចីវរ មិនជាប់ចំពាក់​ក្នុងសានាសនៈ មិនជាប់ចំពាក់​ក្នុង​ភោជនាហារ ​ដូចផ្កាឈូក​មិនមាន​មន្ទិល​សៅហ្មង មិនជាប់​ដោយទឹក។ ព្រះមហាមុនីនោះ​ មាន​សតិប្បដ្ឋាន​ ជាព្រះសូរង្គ មាន​​សទ្ធាជាព្រះហស្ដ មាន​ប្រាជ្ញាជាព្រះសីរ្សៈ មាន​​ព្រះ​ញាណធំ ព្រះអង្គ​ប្រព្រឹត្ត​រំលត់​ទុក្ខគ្រប់ពេល។ ព្រះមហាកស្សបត្ថេរ។

ឧទ្ទាន

ក្នុងចត្តាឡីសនិបាត (នេះ) ព្រះថេរៈ ព្រះនាម​មហាកស្សប​តែមួយអង្គឯង បាន​សំដែង​នូវ​គាថា​ទាំងឡាយ​ ៤២។

ចប់ ចត្តាឡីសនិបាត។

ថេរគាថា បញ្ញាសនិបាត

 

[២៦៣] កាលណាហ្ន៎ អាត្មាអញ​នឹងបាន​ជាបុគ្គលម្នាក់ឯង មិនមាន​តណ្ហា​ជា​គំរប់ពីរ ​នឹងឃើញនូវ​ភព​ទាំងអស់ ថាជារបស់​មិនទៀង នៅ​ក្នុងជ្រោះភ្នំ​ទាំងឡាយ​ គំនិត​នោះ​ អាត្មាអញបាន​ត្រិះរិះហើយថា កាលណាហ្ន៎ បំណងនេះ​នឹង​សម្រេច​។ កាលណាហ្ន៎ អាត្មាអញបាន​បួស ទ្រទ្រង់​នូវ​ផ្ទាំងសំពត់​​ដែលកាត់​ដាច់ ស្លៀកសំពត់​​ជ្រលក់​ដោយ​ទឹកចត់ ហើយជាអ្នក​មិនមាន​សេចក្ដី​ប្រកាន់​ខ្លួន​ថា ​របស់​អញ ជាបុគ្គល​មិនមាន​សេចក្ដី​ប្រាថ្នា​ ហើយបាន​លះនូវ​រាគៈ ទោសៈ មោហៈ ​ដោយប្រការ​​ដូច្នោះ ជាបុគ្គល​ដល់​នូវ​សេចក្ដីសុខ ហើយចូលទៅ​នៅ​​ក្នុងព្រៃធំ។ កាលណាហ្ន៎ អាត្មាអញ​នឹងពិចារណា​ឃើញ​នូវ​​កាយមិនទៀងនេះ​ ជាសម្បុក​របស់​មរណៈ និងរោគ ​ដែលមច្ចុ​បៀតបៀន​ហើយ ជា​បុគ្គល​ប្រាស​ចាក​ភ័យ នៅ​ម្នាក់ឯង​ក្នុងព្រៃ គំនិតនោះ​ កាលណា​នឹង​សម្រេច​។ កាលណា​ហ្ន៎ អាត្មាអញ​នឹងបាន​កាន់ដាវ​ដ៏មុត គឺមគ្គប្បញ្ញា ហើយ​ក្របែលនូវ​វល្លិ៍ គឺតណ្ហា ​ដែល​ជា​ធម្មជាតិញ៉ាំងភ័យឲ្យកើត ជាគ្រឿងនាំមកនូវ​សេចក្ដីទុក្ខ ប្រព្រឹត្តតាម​អារម្មណ៍​ដ៏ច្រើន ឲ្យ​លុះ​ក្នុងអំណាច (របស់​ខ្លួន​បាន​) គំនិតនោះ​ កាល​ណា​នឹងសម្រេច​។ កាលណាហ្ន៎ អាត្មាអញ​នឹងបាន​កាន់យកនូវ​សស្រ្តា​ដ៏មុតថ្លា គឺ​ប្រាជ្ញា​របស់​ឥសី​ទាំងឡាយ​ ហើយ​នឹងបំបាក់នូវ​មារ ព្រម​ទាំងសេនាមារ​ដោយ​ឆាប់រហ័ស លើ​សីហាសនៈ (ថេរាសនៈ) ចំណង​នោះ​ កាលណានឹងសម្រេច​។ កាល​ណាហ្ន៎ ពួកលោកអ្នក​សប្បុរស ជាអ្នក​គោរព​ក្នុងធម៌ ប្រកប​ដោយតាទិគុណ អ្នក​ឃើញតាមពិត មាន​ឥន្រ្ទិយឈ្នះហើយ មើល​ឃើញ​អញ ថាជាអ្នក​មាន​ព្យាយាម​​ក្នុងសមាគម​ទាំងឡាយ​ បំណងនោះ​ កាលណានឹងសម្រច។ កាល​ណាហ្ន៎ សេចក្ដីខ្ជិល ការ​ឃ្លាន ការ​ស្រេក ខ្យល់ កំដៅថ្ងៃ ស្រាំង ស្រួយ ពស់តូច ពស់ធំ ​នឹងមិនបៀតបៀននូវ​អាត្មាអញនោះ​ អ្នក​មាន​ប្រយោជន៍ចំពោះ​ខ្លួន​ ​ក្នុងភ្នំ ឬ​ច្រក​ភ្នំ បំណងនោះ​ កាលណានឹងសម្រេច​។ សច្ចៈ ៤ យ៉ាងណា ​ដែលឃើញបាន​ដោយក្រ ​ដែលព្រះមហេសីសម្មាសម្ពុទ្ធ បាន​ត្រាស់ដឹងហើយ កាលណាហ្ន៎ អាត្មាអញ​នឹងបាន​ជា​អ្នក​មាន​ចិត្តតម្កល់មាំ មាន​ស្មារតី បាន​ត្រាស់ដឹង​នូវ​សច្ចៈ​ទាំង ៤ នោះ​​ដោយបញ្ញា បំណងនោះ​ កាល​ណា​នឹងសម្រេច​។ កាលណាហ្ន៎ អាត្មាអញ​នឹងបាន​ប្រកប​ដោយ​សមថៈ​​ទាំង​ឡាយ​ ហើយបាន​ឃើញ​ដោយបញ្ញា នូវ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ​និង​ធម្មារម្មណ៍​ទាំងឡាយ​ កំណត់មិនបាន​ ថាជារបស់​ដែលភ្លើងឆេះហើយ បំណង​របស់​អាត្មាអញនោះ​ កាលណា​នឹងសម្រេច​។ កាលណាហ្ន៎ អាត្មាអញត្រូវគេ​​ពោលពាក្យ​អាក្រក់មករក មិនគប្បី​ទោមនស្ស​ព្រោះសម្ដីនោះ​ជាហេតុ ឬថាទោះ​បីគេ​សរសើរ ក៏មិន​ត្រេកអរ​​ព្រោះការ​សរសើរនោះ​​ជាហេតុ បំណង​របស់​អាត្មា​អញនោះ​ កាលណា​នឹង​សម្រេច​។ កាលណាហ្ន៎ អាត្មាអញ​នឹង​ពិចារណាឃើញ​នូវ​កំណាត់ឈើ​ទាំងឡាយ​ផង ស្មៅ​ទាំងឡាយ​ផង វល្លិ៍​ទាំងឡាយ​ផង ខន្ធ ៥ ​ទាំង​ឡាយ​នេះ​ផង ធម៌​ទាំងឡាយ​ ​ទាំង​ខាង​​ក្នុង ខាងក្រៅ មាន​ប្រមាណមិនបាន​ផង ឲ្យស្មើ ៗ គ្នា (ដោយសេចក្ដីមិនទៀងជាដើម និង​មិនមាន​ខ្លឹមសារ) បំណង​របស់​អាត្មាអញនោះ​ កាលណានឹងសម្រេច​។ កាលណាហ្ន៎ ភ្លៀងពុំជួកាល មាន​ទឹក​ថ្មីត្រជាក់ បង្អុរធ្លាក់មក​ត្រូវលើ​អាត្មាអញ ព្រម​ទាំងចីវរ ​ដែល​កំពុង​ដើរ​ក្នុងផ្លូវ ​ដែលពួកលោកអ្នក​ស្វែងរកគុណធំ (មាន​ព្រះពុទ្ធជាដើម) ត្រាច់ទៅ​ក្នុងព្រៃ បំណង​របស់​អាត្មាអញនោះ​ កាលណានឹងសម្រេច​។ កាល​ណាហ្ន៎ អាត្មាអញ​នឹងបាន​ឮសូរសំឡេង​ក្ងោក ជាសត្វមាន​កំប៉ោយ កើត​អំពី​អណ្ឌៈ ជាសត្វកើតពីរ​ដង យំ​ក្នុង​ច្រកភ្នំ​​ក្នុងព្រៃ ហើយក្រោកឡើង​ធ្វើ​​ទុក​ក្នុងចិត្ត (ដោយលក្ខណៈ មាន​អនិច្ចលក្ខណៈ​ជាដើម) ដើម្បី​ឲ្យបាន​សម្រេច​ដល់​ព្រះនិព្វាន​ បំណងនោះ​ កាល​ណា​នឹងសម្រេច​។ កាលណាហ្ន៎ អាត្មាអញគប្បី​ឆ្លងនូវ​ទន្លេ​គង្គា យមុនា សរស្សតី និងមហាសមុទ្រ​ដ៏​ជ្រៅ ​ដូចជាធ្លាក់ទៅ​ក្នុងបាតាល ជាគ្រឿងញ៉ាំង​ភ័យឲ្យកើត ​ដោយឫទ្ធិ៍មិនទើសទាក់ បំណង​នោះ​ កាលណា​នឹង​សម្រេច។ កាល​ណាហ្ន៎ អាត្មាអញគប្បី​វៀរនូវ​សុភនិមិត្ត​ទាំងអស់ ប្រកប​​ក្នុង​ឈាន ហើយទំលាយ​នូវ​សេចក្ដីប្រាថ្នា​ ​ក្នុងកាមគុណ​ទាំងឡាយ​ ​ដូចជាដំរីត្រាច់​ទៅ​ក្នុងសង្រ្គាម បំណងនោះ​ កាលណានឹងសម្រេច​។ កាលណាហ្ន៎ អាត្មាអញបាន​ដឹង​សាសនា​ព្រះពុទ្ធ អ្នក​ស្វែងរកគុណ​ដ៏ធំ ហើយត្រេកអរ ​ដូចជាបុរសកំសត់ ចំពាក់បំណុល​គេ​ ​ដែលពួកម្ចាស់​ទ្រព្យមកតឹងទារ ក៏បាន​នូវ​កំណប់ទ្រព្យ ហើយត្រេកអរ បំណង​នោះ​ កាលណានឹងសម្រេច​។ អ្នក​អង្វរយើងច្រើន​ឆ្នាំ​ហើយ នេះ​ជាការ​គួរនៅ​គ្រប់គ្រង​ផ្ទះ​របស់​អ្នក​ឬ ម្នាលចិត្ត ឥឡូវនេះ​ ហេតុ​អ្វីក៏អ្នក​នៅ​តែប្រកប​យើង​ដែលជាអ្នក​បួសហើយនោះ​។ ម្នាលចិត្ត ក្រែងអ្នក​អង្វរ​យើងឬ ពួកក្ងោកជាសត្វបក្សីមាន​ស្លាប​ដ៏វិចិត្រ ទៅ​តាមអាកាស ជាសត្វ​ស្រែកយំរំពងកក្រើកដី ​ក្នុងញកភ្នំ ពួកក្ងោក​ទាំងនោះ​ ​នឹងត្រេកអរចំពោះ​អ្នក​ ជាអ្នក​ចំរើន​ឈាន​​ក្នុងព្រៃ។ ម្នាលចិត្ត អ្នក​លះបង់ត្រកូលផង ពួកមិត្តផង ពួកញាតិជា​ទីស្រឡាញ់​ផង សេចក្ដីត្រេកអរ និងល្បែងផង កាមគុណ​ទាំងអស់​ក្នុង​លោកផង ហើយ​ចូល​មក​នៅ​ក្នុងព្រៃនេះ​ ម្ល៉ឹង​ហើយ អ្នក​នៅ​តែមិន​ត្រេកអរ​នឹងយើង។ ចិត្ត​របស់​យើងនេះ​ មិនមែន​ជាប្រយោជន៍​ដល់​ជន​ទាំងឡាយ​ដទៃ​ឡើយ ប្រយោជន៍អ្វី​ដោយការ​ខ្សឹកខ្សួល ​ក្នុង​កាល​ដែលខ្លួន​ប្រុងប្រៀប (ដើម្បី​ច្បាំង​នឹងកិលេសមារ) យើង​សំឡឹង​មើលនូវ​ភពបី​ទាំងអស់នេះ​ ថាជា​របស់​នាំ​ឲ្យ​ញាប់ញ័រ ទើបចេញ​មកស្វែង​រក​អមតបទ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គជាបុគ្គល​ប្រសើរជាងសត្វជើង ២ ជាមហាពេទ្យ ជាធម្មសារថី ​របស់​សត្វ អ្នក​ពោលនូវ​ពាក្យ​សុភាសិត ចិត្តជាធម្មជាតិ​ញាប់ញ័រ ​ដូចស្វា បុគ្គល​មិនទាន់​ប្រាសចាក​រាគៈ មិនងាយ​នឹងរារាំងបាន​។ ក៏កាម​ទាំងឡាយ​ ជារបស់​ដ៏វិចិត្រ ជារបស់​ផ្អែម ជាទី​រីករាយ​នៃចិត្ត ជារបស់​​ដែលពួកបុថុជ្ជន អ្នក​ល្ងង់ខ្លៅ​ជាប់ចំពាក់ ពួកបុថុជ្ជននោះ​ ជាអ្នក​ស្វែងរកភពថ្មី ​តែងប្រាថ្នា​នូវ​សេចក្ដីទុក្ខ (បុថុជ្ជន​ទាំងនោះ​) ត្រូវចិត្ត​របស់​ខ្លួន​ឯងដឹកនាំទៅ​ទម្លាក់​ក្នុងនរក ធ្វើ​​ឲ្យឃ្លាតចាក​សេចក្ដីសុខ។ អ្នក​កាលនៅ​​ក្នុងព្រៃ ជាកន្លែង​ឮ​​សូរសព្ទក្ងោក និងគ្រៀលយំ មាន​ទាំងខ្លាដំបង ខ្លាធំ ចោម​រោម ចូរអ្នក​លះបង់​នូវ​សេចក្ដីអាឡោះអាល័យ ​ក្នុងកាយចេញ​ ចូរ​កុំឲ្យ (ខណៈ) ឃ្លាតទៅ​បាន​ ម្នាល​ចិត្ត អ្នក​គួរ​តែ​ប្រកប​យើង (ក្នុងសម្មាប្រតិបត្តិ) ​ក្នុងកាលមុន ​ដោយ​ប្រការ​ដូច្នោះវិញ​។ អ្នក​ចូរចំរើន​ឈាន ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ និងសមាធិ​ភាវនា ចូរសម្រេច​នូវ​វិជ្ជា ៣ ​ក្នុងសាសនា​របស់​ព្រះពុទ្ធ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយប្រការ​ដូច្នេះ។ អ្នក​ចូរ​ចំរើន​នូវ​មគ្គ ជាមគ្គនាំសត្វឲ្យរួច​ចាក​វដ្ដទុក្ខ ជាហេតុចុះកាន់ការ​អស់ទុក្ខ​ទាំងពួង ប្រកប​ដោយអង្គ ៨ ប្រការ​ ​ជាគ្រឿងជំរះនូវ​កិលេស​ទាំងពួង ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយប្រការ​ដូច្នេះ។ អ្នក​ចូរ​មើលឧបាទានក្ខន្ធ ថាជាទុក្ខ ​ដោយ​ឧបាយ​​នៃបញ្ញា កាលណា តណ្ហាញ៉ាំងទុក្ខ​ឲ្យ​កើតឡើង​ អ្នក​ចូរលះបង់នូវ​តណ្ហា​នោះ​ចោលចេញ​ ចូរធ្វើ​​នូវ​ទីបំផុត​នៃទុក្ខ ​ក្នុងអត្តភាពនេះ​ឲ្យបាន​ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយប្រការ​ដូច្នេះ។ អ្នក​ចូរឃើញឲ្យច្បាស់ ​ដោយ​ឧបាយ​នៃប្រាជ្ញា ថាជា​របស់​មិនទៀងផង ជាទុក្ខផង ថាជារបស់​សោះសូន្យ មិន​មែន​ខ្លួន​ប្រាណផង ថាជារបស់​លាមក ​ជាគ្រឿងសម្លាប់ផង ហើយចូរបិទនូវ​ការ​ពិចារណា​ក្នុងចិត្ត ​ដោយចិត្ត​របស់​ខ្លួន​ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយប្រការ​ដូច្នេះ។ អ្នកជា​ស្រមណ៍​កំណោរ មាន​ភេទប្លែកពីគ្រហស្ថហើយ ជាអ្នក​ត្រាច់ទៅ​ដើម្បី​អាហារ មាន​អំបែង​ក្នុងដៃ សុំគេ​ក្នុង​ត្រកូល​ទាំងឡាយ​ ចូរអ្នក​ប្រកប​តាមព្រះពុទ្ធដីកា​របស់​ព្រះសាស្ដា ​អ្នក​ស្វែងរកគុណ​ដ៏ធំវិញ​ ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយប្រការ​ដូច្នេះ។ អ្នក​ចូរសង្រួមឲ្យល្អ ដើរទៅ​​ក្នុងចន្លោះច្រក មិនមាន​ចិត្តជាប់ចំពាក់​ក្នុងត្រកូល ​ក្នុងកាម​ទាំងឡាយ​ ​ដូច​ព្រះចន្ទ​​ពេញ​បូណ៌មី មិនមាន​មន្ទិលសៅហ្មង ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុងកាលមុន ​ដោយ​ប្រការ​ដូច្នេះ។ អ្នក​ចូរ​ជាបុគ្គលប្រព្រឹត្តនៅ​ក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ប្រព្រឹត្ត​នៅ​ក្នុង​ព្រៃស្មសាន ទ្រទ្រង់​សំពត់បង្សុកូល ប្រព្រឹត្តអង្គុយ (មិនដេក) ត្រេកអរ​ក្នុង​ធុតង្គគុណ សព្វកាល ម្នាលចិត្ត អ្នក​ប្រកប​យើង​ក្នុង​កាលជាដំបូង ​ដោយ​ប្រការ​ដូច្នេះ។ បុរសអ្នក​ស្វែង​រកផ្លែឈើ ដាំដើមឈើ​ទាំងឡាយ​ ហើយប្រាថ្នា​ដើម្បី​កាប់នូវ​ដើមឈើនោះ​ ត្រង់គល់ មាន​ឧបមា​ដូចម្ដេចមិញ ម្នាលចិត្ត អ្នក​ធ្វើ​​ហេតុនេះ​ ក៏មាន​ឧបមេយ្យ​ដូច្នោះ អ្នក​ប្រកប​យើង​ក្នុងសេចក្ដីញាប់ញ័រ មិន​ទៀង​ទាត់។ ម្នាលអរូប (ចិត្ត) ទៅ​កាន់ទីឆ្ងាយ ត្រាច់ទៅ​តែម្នាក់ឯង ឥឡូវនេះ​ យើងលែងធ្វើ​​តាមសំដីអ្នក​ហើយ ព្រោះថាកាម​ទាំងឡាយ​ ជាទុក្ខ ក្ដៅផ្សា មាន​ភ័យធំ យើង​នឹងមាន​ចិត្ត​ឧទ្ទិស​ទៅ​រកព្រះនិព្វាន​ហើយ។ យើងមិនមែន​ចេញ​បួស ព្រោះ​តែ​ឥតបុណ្យ ព្រោះ​តែឥតសេចក្ដីអៀនខ្មាស ព្រោះហេតុ​តែលុះ​ក្នុងអំណាច​របស់​ចិត្ត ព្រោះហេតុ​តែដើរផ្លូវឆ្ងាយ ឬព្រោះហេតុ​តែការ​ចិញ្ចឹមជីវិតទេ ម្នាលចិត្ត ការ​ប្ដេជ្ញា យើងបាន​ធ្វើ​​ដល់​អ្នក​ហើយ។ ភាពជាបុគ្គលប្រាថ្នា​តិច ការ​លះបង់នូវ​សេចក្ដី​លុបគុណគេ​ ការ​រម្ងាប់នូវ​ទុក្ខ (ទាំងនេះ​) សប្បុរស​ទាំងឡាយ​ (មានព្រះពុទ្ធ​ជាដើម) សរសើរ​​ហើយ ម្នាលចិត្ត អ្នក​បាន​ប្រកប​យើង​ក្នុងកាលនោះ​ ​ដោយប្រការ​ដូច្នេះ ឥឡូវ​នេះ​ អ្នក​ដល់​នូវ​ (សេចក្ដីប្រាថ្នា​ធំ) ​ដែលខ្លួន​ធ្លាប់ប្រព្រឹត្ត​មកហើយ។ តណ្ហា អវិជ្ជា សេចក្ដី​ស្រឡាញ់ សេចក្ដី​​មិនស្រឡាញ់ រូប​ទាំង​ឡាយ​​ដ៏ល្អ សុខវេទនា​ទាំងឡាយ​ និង​កាមគុណ​ទាំងឡាយ​ ជាទី​ពេញ​ចិត្ត (ទាំងនេះ​) យើង​លះបង់​អស់​ហើយ យើងមិនអាចនៅ​គ្រប់គ្រង​កិលេសធម៌ ​ដែល​យើងលះ​បង់​អស់​ហើយ​ទេ។ ម្នាលចិត្ត យើងបាន​ធ្វើ​​តាមពាក្យ​អ្នក​គ្រប់​ជាតិ​ទាំងឡាយ​ច្រើនហើយ អ្នក​តាមយើង​មិនទាន់ទេ ការ​ច្រឡូកច្រឡំខាង​ក្នុង អ្នក​បាន​ធ្វើ​​ឲ្យកក្រើក ព្រោះ​តែ​អ្នក​ដឹងគុណ ​ដែលអ្នក​ដទៃធ្វើ​​ហើយ អ្នក​ធ្វើ​​ឲ្យយើងត្រាច់​ទៅ​ក្នុង​សង្សារទុក្ខ អស់កាលយូរហើយ។ ម្នាលចិត្ត អ្នក​ធ្វើ​​យើងឲ្យជាព្រាហ្មណ៍ អ្នក​ធ្វើ​​យើងឲ្យ​ជាខត្តិយៈ ជាស្ដេច ជាឥសី ជួនណាយើងកើត​ជាវេស្សៈ ឬជាសុទ្ទៈ មួយ​ទៀត​ អ្នក​ធ្វើ​​នូវ​ភាពជាទេវតា (ដល់​យើង) ព្រោះ​ហេតុ​តែអ្នក​។ យើងជាអសុរ ព្រោះហេតុ​តែអ្នក​ យើង​ជា​សត្វនរក ក៏ព្រោះអ្នក​ជាហេតុ មួយវិញ​ទៀត ជួនកាលយើងកើតជាតិរច្ឆាន កើតជាប្រេត ព្រោះហេតុ​តែ​អ្នក​។ អ្នក​នឹងប្រទូស្ដយើង​រឿយ ៗ មិនបាន​ទេ អ្នក​ធ្លាប់ប្រលោមយើង ​ដូចជាបុគ្គលឆ្កួត ឬ​ដូចជាបុរស បង្ហាញនូវ​ហេតុ​នៃលោក​រឿយ ៗ ម្នាលចិត្ត យើងបាន​កំចាត់បង់​អ្នក​ជ្រះស្រឡះ​ហើយ។ កាលពីដើម ចិត្តនេះ​ បាន​ត្រាច់ទៅ​កាន់ចារិក តាម​ចំណង់ តាមប្រាថ្នា​ តាមសប្បាយ ថ្ងៃនេះ​ យើង​នឹងផ្ទញ់ផ្ទាល់ចិត្តនោះ​ ​ដោយ​ឧបាយ​នៃប្រាជ្ញា ​ដូចហ្ម​ដំរីកាន់កង្វេរ បង្វឹកដំរីចុះប្រេង។ (ព្រះសម្មាសម្ពុទ្ធ) ជាគ្រូ​នៃយើង ទ្រង់​តាំង​​ទុកនូវ​លោកនេះ​ ថាជារបស់​មិនទៀង ជា​របស់​មិនមាំមួន ជារបស់​រកខ្លឹមសារគ្មាន ម្នាលចិត្ត អ្នក​ចូរញ៉ាំងយើងឲ្យស្ទុះទៅ​ក្នុងសាសនា​នៃ​ព្រះជិនស្រីវិញ​ អ្នក​ចូរ​ញ៉ាំងយើង ឲ្យឆ្លងផុតចាក​ជំនន់​ដ៏ធំ ​ដែលគេ​ឆ្លងបាន​​ដោយកម្រវិញ​។ ម្នាលចិត្ត ផ្ទះ គឺអត្តភាពនេះ​ ​ដូចជារបស់​ចាស់ មិនមាន​ដល់​អ្នក​ទៀតទេ យើងមិនគួរ​នឹង​ប្រព្រឹត្តទៅ​ក្នុងអំណាច​របស់​អ្នក​ឡើយ យើងជាអ្នក​បួស​ក្នុងសាសនា​នៃ​ព្រះមាន​ព្រះភាគ ព្រះអង្គស្វែងរកនូវ​គុណ​ដ៏ធំ ពួកបុគ្គល​ដូច​យើង មិនមែន​ជាអ្នក​ទ្រទ្រង់​នូវ​សេចក្ដីវិនាសឡើយ។ ភ្នំ សមុទ្រ ស្ទឹង ផែនដី ទិសធំ​ទាំង ៤ ទិសតូច ទិសខាងក្រោម ភព ៣ ​ទាំងអស់ ជារបស់​មិនទៀង ត្រូវ រាគាទិក្កិលេស​បៀតបៀនហើយ ម្នាលចិត្ត អ្នក​ទៅ​ក្នុងទីណា ​នឹងត្រេកអរ​សប្បាយ​បាន​។ ម្នាល​ចិត្ត ថ្វឺយ ៗ អ្នក​នឹងធ្វើ​​អំពើអ្វីដទៃទៀតដល់​យើង ម្នាលចិត្ត យើងមិនគួរប្រព្រឹត្ត​ទៅ​តាមអំណាចអ្នក​ឡើយ (ដូច) បុគ្គលមិនហ៊ានពាល់ទៃ ​ដែលមាន​មាត់​ទាំងពីរខាង ថ្វឺយ (រូបនេះ​) សឹងពេញ​ (ដោយ​របស់​មិនស្អាត) សម្រាប់​​ហូរ​ចេញ​នូវ​វត្ថុមិនស្អាត តាម​មុខ​ដំបៅ​​ទាំង ៩។ អ្នក​នៅ​ក្នុងផ្ទះ គឺគុហា ត្រេកអរ​ក្នុងញកភ្នំ កំពូលភ្នំ ជាទី​ដ៏ល្អតាមប្រក្រតី មាន​ព្រៃ​ដែលទឹកភ្លៀងថ្មីធ្លាក់​ចុះ ជាទី​ដែលពួកជ្រូក និងទ្រាយ ចុះឡើង​អាស្រ័យនៅ​ហើយ​នោះ​។ ហ្វូងបក្សី (ក្ងោក) មាន​កខៀវល្អ មាន​សិរល្អ មាន​តួស្លាបល្អ មាន​រោមស្លាប​ដ៏​វិចិត្រល្អ មាន​សំឡេង​ស្រែកយំឮសូរពីរោះ​ក្រៃលែងនោះ នឹងត្រេកអរ​ចំពោះ​អ្នក​ចំរើន​ឈាន​ក្នុង​ព្រៃ (នោះឯង)។ កាលភ្លៀង​បង្អុរចុះមក​ហើយ កាលស្មៅដុះ​ឡើង​ប្រវែង ៤ ធ្នាប់ កាលព្រៃមាន​សម្បុរ​ដូចមេឃ មាន​ផ្ការីក​ស្គុះស្គាយហើយ យើង​ក៏ប្រហែល​នឹង​ដើម​ឈើ ​នឹងដេកត្រង់ចន្លោះ​នៃព្រៃភ្នំ ឯកន្លែងដេក​របស់​យើងនោះ នឹងមាន​សម្ផ័ស្ស​ទន់​ដូចជាសំឡី។ បុរសជាឥស្សរៈ (ធ្វើ​​ទាសកម្មករ ឲ្យលុះ​ក្នុង​អំណាច​ខ្លួន) យ៉ាងណាមិញ (ម្នាល​ចិត្ត) យើង​នឹងធ្វើ​​ (អ្នក​ឲ្យលុះ​ក្នុងអំណាច) យ៉ាង​នោះ​ យើងបាន​បច្ច័យណា បច្ច័យនោះ​ សូមឲ្យល្មមដល់​យើង (ម្នាលចិត្ត) ព្រោះ​ហេតុនោះ​ បុគ្គល​មិនខ្ជិលយ៉ាង​ណា យើង​​នឹងធ្វើ​​អ្នក​យ៉ាងនោះ​ ឲ្យ​ដូច​ស្បែក​សំពោច ​ដែលគេ​សម្លាប់ល្អហើយ។ បុរស​ជាឥស្សរៈ (ធ្វើ​​ទាសកម្មករ​ ឲ្យ​លុះ​ក្នុងអំណាចខ្លួន) យ៉ាងណាមិញ យើង​នឹងធ្វើ​​ (អ្នក​ឲ្យលុះ​​ក្នុងអំណាចខ្លួន​) ក៏យ៉ាងនោះ​ដែរ យើងបាន​បច្ច័យណា បច្ច័យនោះ​ សូមឲ្យ​ល្មម​ដល់​យើង (ម្នាល​ចិត្ត) យើង​នឹងដឹកនាំអ្នក​ឲ្យលុះ​ក្នុងអំណាច​របស់​យើង ​ដោយ​សេចក្ដី​ព្យាយាម ​ដូចហ្មដំរី​ដ៏ប៉ិនប៉ៅ កាន់កង្វេរ​ពង្រាប​ដំរីចុះប្រេង។ យើងអាចដើរទៅ​កាន់ផ្លូវ​ដ៏​ក្សេម ​ដែលពួកលោកអ្នក​រក្សាចិត្ត ធ្លាប់​សេពហើយ​សព្វកាល ​ដោយសារអ្នក​ ​ដែល​ទូន្មាន​ល្អហើយ តាំងមាំហើយ ​ដូចហ្មសេះ បង្ហាត់សេះ (ឲ្យទៅ​កាន់ទីតាម​បំណង) ​ដោយ​សារ​សេះស្លូតត្រង់។ (ហ្មដំរីចងក្រៀក) ដំរី​នឹងសសរ ​ដោយ​ខ្សែ​ដ៏មាំយ៉ាងណា យើង​នឹង​ចងអ្នក​​ទុក​ក្នុងកម្មដ្ឋានារម្មណ៍ ​ដោយកំឡាំងភាវនា​យ៉ាងនោះ​ដែរ (ម្នាលចិត្ត) អ្នក​នោះ​ ​ដែលយើងគ្រប់គ្រង​ហើយ ចំរើន​ល្អហើយ ​ដោយសតិ ​នឹងទៅ​ជាអ្នក​មាន​តណ្ហានិស្ស័យ​ជាដើម មិនអាស្រ័យ​ក្នុងភព​ទាំង​ពួង​ឡើយ។ អ្នក​បើបាន​ផ្ដាច់ដំណើរ​ទៅ​កាន់ផ្លូវខុស ​ដោយ​ប្រាជ្ញា រួច​ផ្ទញ់ផ្ទាល់​ដោយ​ព្យាយាម ឲ្យតម្កល់នៅ​​ក្នុងផ្លូវវិបស្សនាវិញ​ ហើយ​ឃើញ​នូវ​សេចក្ដីកើត សេចក្ដី​វិនាស និងសេចក្ដីចំរើន​នោះ​ ​នឹងបាន​ជាទាយាទ ​នៃ​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោល​ពាក្យ​ដ៏ប្រសើរ។ ម្នាលចិត្ត អ្នក​ទង់ទាញយើង ឲ្យលុះ​អំណាច​​នៃ​វិបល្លាស ៤ [វិបល្លាស ៤ គឺ សំគាល់ថាទៀង ក្នុងរបស់​មិនទៀង ១ សំគាល់​ថាល្អ ក្នុងរបស់​មិនល្អ ១ សំគាល់ថា​សុខ ក្នុងរបស់​មិនមែន​សុខ ១ សំគាល់​ថាខ្លួន ក្នុង​សភាព​មិនមែន​ខ្លួន ១។ អដ្ឋកថា។] ​ដូចជា​កូនក្មេងអ្នក​ស្រុក ក្រែងអ្នក​បាន​សេពគប់​នឹង​ព្រះមហាមុនី ប្រកប​​ដោយសេចក្ដីករុណា ជាអ្នក​ផ្ដាច់នូវ​ចំណង គឺ​សំយោជនៈហើយឬ។ ម្រឹគ​មាន​សេរី ចូលទៅ​កាន់ភ្នំ ជាទីត្រេកអរ ដេរដាស​ដោយរបៀបពពក ​ក្នុងព្រៃ​ដ៏វិចិត្រ​ល្អ យ៉ាងណា អ្នក​នឹងត្រេកអរ​ក្នុងភ្នំនោះ​ ​ដែលមិនវឹកវរ ក៏យ៉ាងនោះ​ដែរ ម្នាល​ចិត្ត អ្នក​នឹង​វិនាសឥតមាន​សង្ស័យឡើយ។ ម្នាលចិត្ត ជនប្រុសស្រី​ទាំង​ឡាយ​ណា ជាអ្នក​ប្រព្រឹត្ត​ទៅ​តាម​សេចក្ដីប្រាថ្នា​ ទៅ​តាមអំណាច​របស់​អ្នក​ រមែង​​ទទួលសេចក្ដីសុខណា ជនប្រុស​ស្រី​​ទាំងនោះ​ ជាអ្នក​ល្ងង់ខ្លៅ ប្រព្រឹត្ត​ទៅ​តាមអំណាច​នៃមារ ជាអ្នក​ត្រេកអរ​នឹងភព ជា​សេវកៈ​​របស់​អ្នក​ (រមែង​បាន​នូវ​សេចក្ដីសុខនោះ​ គឺសាមិសសុខ)។ ព្រះតាលបុដត្ថេរ។

ឧទ្ទាន

ក្នុងបញ្ញាសនិបាតនោះ​ ព្រះតាលបុដត្ថេរ អ្នក​បរិសុទ្ធ ១ អង្គ ​ពោលនូវ​គាថា​ទាំងឡាយ​ ៥៥។

ចប់ បញ្ញាសនិបាត។

ថេរគាថា សដ្ឋិកនិបាត

 

[២៦៤] ពួកយើង ជាអ្នក​ប្រព្រឹត្តនៅ​ក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​ក្នុងវត្ថុ ​ដែលមាន​នៅ​ក្នុងបាត្រ ​ដោយការ​ស្វែងរក ជាអ្នក​មាន​ចិត្តតាំងមាំល្អខាង​ក្នុង ចូរ​ទំលាយ​នូវ​​សេនា​របស់​មច្ចុ (កិលេស)។ ពួកយើង ជាអ្នក​ប្រព្រឹត្តនៅ​ក្នុងព្រៃ ប្រព្រឹត្តបិណ្ឌបាត ត្រេកអរ​​ក្នុងវត្ថុ​ដែលមាន​នៅ​ក្នុងបាត្រ ​ដោយការ​ស្វែងរក ចូរ​កំចាត់បង់នូវ​សេនា​របស់​មច្ចុ ​ដូចដំរី​កំចាត់កំចាយ​នូវ​ផ្ទះបបុស។ ពួកយើង​ជាអ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់ឈើ មាន​ព្យាយាមប្រព្រឹត្តទៅ​រឿយ ៗ ត្រេកអរ​ក្នុង​វត្ថុ​ដែលមាន​នៅ​ក្នុងបាត្រ ​ដោយការ​ស្វែងរក ជាអ្នក​​មាន​ចិត្តតាំងមាំល្អខាង​ក្នុង ចូរ​ទំលាយនូវ​សេនា​របស់​មច្ចុ។ ពួកយើងជាអ្នក​ប្រព្រឹត្តនៅ​ក្រោមម្លប់ឈើ មាន​ព្យាយាម​ប្រព្រឹត្តទៅ​រឿយ ៗ ត្រេកអរ ​ក្នុងវត្ថុ​ដែលមាន​នៅ​ក្នុងបាត្រ ​ដោយការ​ស្វែង​រក ចូរកំចាត់បង់នូវ​សេនា​របស់​មច្ចុ ​ដូចដំរីកំចាត់បង់នូវ​ផ្ទះបបុស។ (នែ​ស្រី​ផ្កា​មាស) ថ្វឺយ នាងរាប់អានខ្លួន​អ្នក​ដទៃ ​ដែលជាខ្ទម គឺ​រាងឆ្អឹង​បែប​ចំអឹង ៗ មាន​សាច់ និងសរសៃរួបរឹតហើយ ពេញ​ (ដោយគ្រឿងមិនស្អាត) មាន​ក្លិនស្អុយ។ ម្នាលនាងមាន​ពកឰ​ដ៏ទ្រូង​ដូចបិសាច ​ក្នុង​កាយ​របស់​នាង ​ដែលពេញ​ដោយ​លាមក ស្រោប​ដោយស្បែក (នេះ​) មាន​ទ្វារសម្រាប់បង្ហូរចេញ​ ៩ ​តែងហៀរហូរ​គ្រប់ពេល។ ភិក្ខុ​គប្បី​វៀរបង់នូវ​សរីរៈនាង ​ដែលមាន​មុខហូរ ៩ មាន​ក្លិនអាក្រក់ បុគ្គលអ្នក​ចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុ​ចៀស​វាងនូវ​សរីរៈ​របស់​នាង ក៏យ៉ាងនោះ​ដែរ។ អាត្មា​ដឹងនូវ​​សរីរៈនោះ​ យ៉ាងណា បើមហា​ជនដឹងនូវ​សរីរៈ​នោះ​ យ៉ាងនោះ​ គប្បី​តែចៀស​វាង​សរីរៈ​នោះ​ ​អំពីចម្ងាយ ​ដូចគេ​ចៀសវាង​កន្លែងគូថៈ ​ក្នុងកាល​ដែលភ្លៀងបង្អុរចុះ។

បពិត្រ​សមណៈ លោកមាន​ថេរវាចា​យ៉ាងណា បពិត្រ​លោកអ្នក​មាន​ព្យាយាម​ច្រើន ហេតុនុ៎ះ ក៏យ៉ាង​នឹងមែន​ហើយ ​តែគង់មាន​ជនពួកខ្លះ លិចនៅ​ក្នុងសរីរៈ​នុ៎ះ​ដែរ ​ដូច​គោចាស់លិចនៅ​ក្នុងភក់។

នរណាសំគាល់ដើម្បី​ជ្រលក់នូវ​អាកាស​​ដោយរមៀត ឬ​ដោយគ្រឿងជ្រលក់ឯ​ទៀត ការ​ងារ​របស់​បុគ្គលនោះ​ នាំឲ្យ​តែកើត​សេចក្ដី​លំបាកទេ។ ចិត្ត​ដែល​តម្កល់​នៅ​ល្អ​ក្នុង​សន្ដាននោះ​ ក៏ស្មើគ្នា​នឹងអាកាស នាង​កុំត្រេកអរ (នឹងយើង) ​ដោយ​ចិត្ត​លាមក ​ដូច​សត្វ​ស្លាប (មមាច) ត្រេកអរ​នឹងគំនរភ្លើង​ឡើយ។ នាង​ចូរ​មើលរាងកាយ​ដែលធ្វើ​​ឲ្យវិចិត្រ​ហើយ ជាទីប្រជុំ​នៃដំបៅ ​ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ឈឺជានិច្ច ​ដែល​ពួកជន​ពាល​ប្រាថ្នា​ដោយច្រើន សេចក្ដី​ទៀងទាត់ ​និង​ការ​មាំមួន​របស់​រាងកាយនេះ​ មិនមាន​ឡើយ។

កាលព្រះសារីបុត្ត បរិបូណ៌​ដោយអាការ​ដ៏ច្រើន បរិនិព្វាន​ហើយ សេចក្ដីស្ញប់​ស្ញែង សេចក្ដី​ព្រឺរោម ក៏កើតមាន​ឡើង​ថា។ ឱហ្ន៎ សង្ខារ​ទាំងឡាយ​ មិនទៀងទេ មាន​ការ​កើត​ឡើង​ និងការ​វិនាសទៅ​ជាធម្មតា កើតឡើង​ហើយ​តែងរលត់វិញ​ ការ​រម្ងាប់​នូវ​សង្ខារ​ទាំងនោះ​ ទើបនាំមកនូវ​សុខ។ ពួកព្រះយោគីណា ពិចារណា​ឃើញ​ច្បាស់​នូវ​ខន្ធ​ទាំង ៥ ថាជារបស់​ដទៃ ​ទាំងមិនមែន​ជារបស់​ខ្លួន​ ពួកព្រះយោគី​នោះ​ ​តែងចាក់ធ្លុះ​នូវ​ធម៌​ដ៏សុខុមបាន​ ​ដូចបុគ្គលបាញ់ចុង​រោមកន្ទុយ​​ដោយព្រួញ។ មួយទៀត ពួកព្រះយោ​គីណា ពិចារណា​ឃើញច្បាស់​នូវ​សង្ខារ​ទាំង​ឡាយ​ ថាជារបស់​ដទៃ ​ទាំងមិនមែន​ជារបស់​ខ្លួន​ ពួក​ព្រះយោគីនោះ​ ឈ្មោះ​ថា បាន​ចាក់ធ្លុះនូវ​ធម៌​ដ៏ល្អិត ​ដូចបុគ្គលបាញ់​ចុង​រោមកន្ទុយ ​ដោយព្រួញ។

(ភិក្ខុ​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះបង់នូវ​កាមរាគៈ​ ​ដូចជាគេ​បោះ ឬពួយ​នឹងលំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ​ដូចជាគេ​លត់ភ្លើង កំពុងឆេះឰ​ដ៏ក្បាល)។ ភិក្ខុ​​អ្នក​មាន​ស្មារតី គប្បី​វៀរ ដើម្បី​លះបង់នូវ​ភវរាគៈ ​ដូចជាគេ​បោះ​ ឬពួយ​នឹង​លំពែង ទំលុះពីលើ​មកក្រោម ពុំនោះ​សោត ​ដូចជាគេ​លត់ភ្លើង ​ដែល​កំពុងឆេះ​ឰ​ដ៏ក្បាល។

ខ្ញុំលុះព្រះសាស្ដាចារ្យ ព្រះអង្គមាន​ព្រះកាយអប់រំហើយ ព្រះ​អង្គ​ទ្រទ្រង់​នូវ​សរីរៈជាទីបំផុត ទ្រង់​បាន​ដាស់តឿនហើយ ក៏ញ៉ាំងមិគារមាតុប្រាសាទ ឲ្យកក្រើកបាន​ដោយ​​ចុង​មេជើង។ បុគ្គលប្រារព្ធការ​ងារណាមួយ ធូរ​ ៗ​ ឬ​ដោយ​កំឡាំង​ព្យាយាម​ស្ដួចស្ដើង មិនងាយ​បាន​ដល់​ព្រះនិព្វាន​ ​ដែលជាគ្រឿងរួច​ចាក​គន្ថធម៌​ទាំងពួងទេ។ ភិក្ខុ​កំលោះនេះ​ក្ដី បុរស​ដ៏ឧត្តមនេះ​ក្ដី បាន​ឈ្នះនូវ​មារ ព្រម​ទាំងសេនា​នៃ​មារ ហើយទ្រទ្រង់​នូវ​រាងកាយជាទីបំផុតបាន។

ផ្លេកបន្ទោរ​ទាំង​ឡាយ​ រមែង​ធ្លាក់​ក្នុង​ចន្លោះ​នៃភ្នំឈ្មោះ​​វេភារៈ និងភ្នំឈ្មោះ​​បណ្ឌវៈ ឯបុត្រ​នៃ​ព្រះពុទ្ធ ជាតាទិបុគ្គល រកបុគ្គល​ប្រៀបស្មើ​មិនបាន​ លោកនៅ​ក្នុងចន្លោះភ្នំ រមែង​ដុត (នូវ​ធម៌ជាសត្រូវ)។ មហាព្រហ្ម ថ្វាយបង្គំហើយ នូវ​មុនិអ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​រម្ងាប់ នៅ​ក្នុង​សេនាសនៈ​ដ៏ស្ងាត់ ជាទាយាទ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ម្នាលព្រាហ្មណ៍ អ្នក​ចូរថ្វាយ​បង្គំព្រះកស្សបៈ ជាមុនិ អ្នក​ស្ងប់​ស្ងាត់ ត្រេកអរ​នឹង​ការ​ស្ងប់​ស្ងាត់ នៅ​ក្នុងសេនាសនៈ​ដ៏​ស្ងាត់ ជាទាយាទ​របស់​ព្រះពុទ្ធ​ដ៏ប្រសើរចុះ។ បើបុគ្គលណា ទៅ​យកកំណើតជាព្រាហ្មណ៍គ្រប់ ៗ ជាតិ អស់ ១០០ ជាតិ បុគ្គលនោះ​ ឈ្មោះ​ថាព្រាហ្មណ៍ បរិបូណ៌​ដោយវេទ ​ក្នុង​ពួក​មនុស្ស​​រឿយ ៗ។ ​តែ​បើទុកជាព្រាហ្មណ៍នោះ​ ជាអ្នក​ចេះចាំមន្ដ ដល់​នូវ​ត្រើយ​នៃវេទ​ទាំង ៣ ក៏​ដោយចុះ ក៏នៅ​តែមិនដល់​មួយចំណិត​នៃចំណែក ​ដែលគេ​ចែក ១៦ ៗ ដង ​នៃការ​ថ្វាយបង្គំ​ចំពោះ​ព្រះមហាកស្សបត្ថេរនុ៎ះឡើយ។

ភិក្ខុ​ណាបាន​វិមោក្ខ ​៨ ​ក្នុង​វេលាមុនភត្ត ជាអនុលោមបដិលោម លុះចេញ​ចាក​និរោធសមាបត្តិនោះ​ហើយ ទើបទៅ​ដើម្បី​បិណ្ឌបាត ម្នាលព្រាហ្មណ៍ អ្នក​ចូរត្រេកអរ​នឹងភិក្ខុ​បែបនោះ​ អ្នក​កុំ​គាស់​រំលើង​ខ្លួន​ឡើយ អ្នក​ចូរធ្វើ​​ចិត្តឲ្យត្រេកអរចំពោះ​ព្រះអរហន្ដ ជាតាទិបុគ្គល​ ចូរ​ប្រណម្យ​អញ្ជលី ថ្វាយបង្គំឲ្យឆាប់ ​កុំឲ្យក្បាលអ្នក​បែកជា ៧ ភាគឡើយ។ បោដិ្ឋលភិក្ខុ​នោះ​ ត្រូវចំណង គឺសង្សារវដ្ដរួបរឹតហើយ មិនបាន​ឃើញនូវ​ព្រះសទ្ធម្ម ស្ទុះទៅ​រក​មិច្ឆាជីវៈ ជាផ្លូវ​ដែលមិនគួរទៅ​ ជាផ្លូវវៀច ផ្លូវអាក្រក់។ តុច្ឆបោដ្ឋិលភិក្ខុ​ ​ងប់ចុះ​ក្នុងសង្ខារ (ដែលច្រឡំ​ដោយកិលេស ជាគ្រឿងមិនស្អាត) លិចចុះ​ក្នុង​លាភៈ និងសក្ការៈ ​ដូចជាដង្កូវប្រឡាក់​ដោយលាមក។

អ្នកចូរមើលព្រះសារីបុត្ត​ដ៏មាន​អាយុនេះ​ លោកជាអ្នក​ឃើញ​ដោយប្រពៃ ជាអ្នក​ផុតចាក​ចំណែក​ទាំងពីរ [គឺរួចចាក​រូបកាយ​ដោយអរូបសមាបត្តិ ១ ចាកនាមកាយ​ដោយមគ្គ ១។] ជាអ្នក​មាន​ចិត្តតម្កល់មាំ​ក្នុងសន្តាន មិនមាន​សរ គឺរាគៈ​ជាដើម មាន​សំយោជនៈអស់ហើយ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំងមច្ចុរាជឲ្យវិនាស ជា​ទក្ខិណេយ្យ​បុគ្គល ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ ​របស់​មនុស្ស​ទាំងឡាយ​។

ពួកទេវតាជាច្រើន ចំនួនមួយម៉ឺនអង្គ មាន​ឫទ្ធិ៍ មាន​យស ទេវតា​ទាំងអស់នុ៎ះ ​ទាំង​ពួកព្រហ្មបុរោហិត ឈរប្រណម្យនមស្ការ​ព្រះមោគ្គល្លានថា បពិត្រ​លោកជាបុរស​អាជានេយ្យ យើងខ្ញុំសូមនមស្ការ​ចំពោះ​លោក បពិត្រ​លោកជាបុរស​ដ៏​ឧត្តម យើង​ខ្ញុំ​សូម​នមស្ការ​ចំពោះ​លោក បពិត្រ​លោកនិទ៌ុក្ខ លោកមាន​អាសវៈ​អស់​ហើយ លោកជា​ទក្ខិណេយ្យបុគ្គល។

(ព្រះមោគ្គល្លាន) ​ដែលនរជន និងទេវតា បូជាហើយ លោកកើត (ដោយ​អរិយ​ជាតិ) ជាអ្នក​គ្របសង្កត់នូវ​សេចក្ដីស្លាប់បាន​ មិនជាប់ចំពាក់​ក្នុង​សង្ខារ ​ដូច​ជា​ផ្កាឈូកស មិនប្រឡាក់​ដោយទឹក។

ព្រះមោគ្គល្លានណា ជ្រាបនូវ​ឱកាសលោកមួយពាន់ ​ក្នុងកាលមួយរំពេច ព្រះ មោគ្គល្លាននោះ​ ស្មើ​នឹងមហាព្រហ្ម ជាអ្នក​ស្ទាត់​ក្នុងឥទ្ធិគុណ និងចុតូបបាតៈ លោក​ជា​ភិក្ខុ​ឃើញពួកទេវតា​ក្នុងកាលគួរ។

ព្រះសារីបុត្តត្ថេរ (ប្រសើរ) ​ដោយ​ប្រាជ្ញា ​ដោយ​សីល ​ដោយឧបសមៈ ទុកជាភិក្ខុ​ណា ជាអ្នក​ដល់​នូវ​ត្រើយ ភិក្ខុ​នោះ​ គប្បី​ជាអ្នក​មាន​គុណយ៉ាង​ក្រៃលែង ដូច្នេះ​ឯង។

ចំណែកអាត្មា អាច​និមិ្មត​នូវ​អត្តភាព​មួយសែនកោដិ​បាន​ ​ដោយមួយរំពេច ជាអ្នក​ឈ្លាសវៃ​ក្នុងឫទ្ធិ៍ គឺការ​ធ្វើ​​ផ្សេង ៗ ជាអ្នក​ស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ៍។ អាត្មាជា​មោគ្គល្លានគោត្រ ដល់​នូវ​ទីបំផុត​ដោយសមាធិ និងភាវៈ ស្ទាត់​ក្នុងវិជ្ជា ជាអ្នក​ប្រាជ្ញ មាន​ឥន្រ្ទិយតាំងមាំ ​ក្នុង​សាសនា (នៃព្រះសាស្ដា) ប្រាសចាក​តណ្ហា​និស្ស័យ​ជាដើម បាន​កាត់​នូវ​ចំណង គឺ​កិលេស ​ដូចដំរីផ្ដាច់ទន្លីង ​ដែលគេ​ធ្វើ​​ដោយវល្លិ៍ស្អុយ។

ព្រះសាស្ដា ខ្ញុំបំរើ​ហើយ។បេ។ តណ្ហា ​ដែលជាធម្មជាតិនាំសត្វទៅ​កាន់ភព ខ្ញុំបាន​ដក​ហើយ។ កុលបុត្រ ចេញ​ចាក​ផ្ទះហើយទៅ​បួស ​ក្នុងសំណាក់បុគ្គល​មិន​មា​នផ្ទះ​ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍ជា​គ្រឿងអស់​សំយោជនៈ​គ្រប់យ៉ាងនោះ​ ក៏ខ្ញុំ​បាន​សម្រេច​ហើយ។ ទុស្សីមារ បៀតបៀននូវ​ព្រាហ្មណ៍ គឺអគ្គសាវ័កឈ្មោះ​ វិធូរៈ​ផង នូវ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ព្រះនាម​កក្កុសន្ធៈផង ហើយឆេះនៅ​ក្នុងនរក​ណា នរកនោះ​ ​ដូចម្ដេចទៅ​។ ទុស្សីមារ បៀតបៀននូវ​ព្រាហ្មណ៍​ គឺសាវ័កឈ្មោះ​ វិធូរៈផង នូវ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ព្រះនាម​កក្កុសន្ធៈផង ហើយឆេះនៅ​ក្នុង​នរក​ណា នរក​នោះ​ ប្រាកដដូច្នេះ គឺកង្វារដែក ១០០ កើតវេទនាផ្សេង ៗ គ្នា គ្រប់យ៉ាង។ ភិក្ខុ​ណាជាសាវ័ក​របស់​ព្រះពុទ្ធ ដឹងជាក់លាក់នូវ​ផល​នៃកម្មនោះ​ ម្នាល​មារ​មាន​ចិត្តខ្មៅ អ្នក​បៀត​បៀននូវ​ភិក្ខុ​បែបនោះ​ហើយ ​នឹងដល់​នូវ​សេចក្ដី​ទុក្ខ​មិន​ខាន។ វិមាន​ទាំងឡាយ​ណា តាំងនៅ​អស់មួយកប្ប ឋិតនៅ​ក្នុងកណ្ដាល​សាគរ មាន​ពណ៌​ដូចជាកែវពិទូរ្យ​ដ៏រុង​រឿង មាន​ពន្លឺភ្លឺផ្លេក មាន​ពួកស្រីអប្សរ​ដ៏​ច្រើនមាន​វណ្ណៈ​ផ្សេង ៗ រាំ​ក្នុងវិមាន​ទាំងនោះ​ ភិក្ខុ​ណាដឹងជាក់លាក់នូវ​ផល​នៃ​កម្ម​នោះ​។បេ។ ម្នាលមារមាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។

មួយទៀត ភិក្ខុ​ណាដែល​ព្រះពុទ្ធ​ជាម្ចាស់ ទ្រង់​ដាស់តឿនហើយ កាលភិក្ខុ​សង្ឃកំពុងមើល (ភិក្ខុ​នោះ​) បាន​ធ្វើ​​មិគារមាតុប្រាសាទ ​ឲ្យកក្រើកញាប់ញ័រ ​ដោយចុង​មេជើង។ ភិក្ខុ​ណាដឹងជាក់លាក់នូវ​ផល​នៃកម្មនោះ​បាន​។បេ។ ម្នាលមារមាន​ចិត្ត​ខ្មៅ អ្នក​​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាធ្វើ​​វេជយន្ដប្រាសាទ ឲ្យកក្រើក​ញាប់ញ័រ​ ​ដោយ​ចុង​មេជើង ភិក្ខុ​នោះ​ ជាអ្នក​អង់អាច​ដោយកំឡាំងឫទ្ធិ៍ ធ្វើ​​ពួកទេវតាឲ្យ​សង្វេគ​ហើយ។ ភិក្ខុ​ណាដឹងជាក់លាក់នូវ​ផល​នៃកម្មនុ៎ះបាន​។បេ។ ម្នាល​មារ​​មាន​ចិត្ត​ខ្មៅ អ្នក​​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណា (គង់លើ​) វេជយន្ដប្រាសាទ ភិក្ខុ​នោះ​ ក៏សួរសក្ក​ទេវរាជថា ម្នាលអាវុសោ អ្នក​ដឹងនូវ​ការអស់ និងការ​ផុត​ស្រឡះ​​​ចាក​តណ្ហាដែរឬទេ​ សក្កទេវរាជ លុះព្រះថេរៈសួរប្រស្នាហើយ ក៏ឆ្លើយ​ដោះ​ស្រាយ​តាមសេចក្ដីពិតដល់​លោក ភិក្ខុ​ណា​ដឹង​ជាក់លាក់នូវ​ផល​នៃកម្មនុ៎ះ។បេ។ ម្នាលមារ មាន​ចិត្តខ្មៅ អ្នក​នឹង​ដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាជាបុគ្គលក្លៀវក្លា សួរប្រស្នា​នឹងព្រហ្ម​ក្នុងសភាឈ្មោះ​សុធម្មាថា ម្នាលអាវុសោ សេចក្ដីយល់​ណា​របស់​អ្នក​ ​ដែលមាន​ហើយ ​ក្នុងកាលពី​ដើម សេចក្ដីយល់​របស់​អ្នក​នោះ​ នៅ​ដូច​ថ្ងៃនេះ​ឬ អ្នក​ឃើញពន្លឺរស្មី (នៃព្រះមាន​បុណ្យ និងសាវ័ក) គ្របសង្កត់​ក្នុង​ព្រហ្មលោកដែរឬទេ ព្រហ្ម លុះព្រះថេរៈ​សួរប្រស្នាហើយ ក៏ឆ្លើយដោះសារ​ តាម​សេចក្ដីពិតដល់​លោកថា

បពិត្រ​លោកនិទ៌ុក្ខ សេចក្ដីយល់ណារបស់​ខ្ញុំ ​ដែលមាន​ហើយ ​ក្នុងកាលពីដើម សេចក្ដីយល់​របស់​ខ្ញុំនោះ​ មិនមាន​ទេ។ ខ្ញុំឃើញ​ពន្លឺរស្មី (របស់​ព្រះមាន​បុណ្យ និង​សាវ័ក) គ្របសង្កត់​ក្នុងព្រហ្ម​លោក ខ្ញុំនោះ​នឹងលះបង់​នូវ​ពាក្យ​របស់​ខ្ញុំ​ ដែលយល់ឃើញថា អាត្មាអញជាបុគ្គល​ទៀងទាត់ (នោះ​) ​ក្នុង​ថ្ងៃនេះ​ហើយ។ ភិក្ខុ​ណា​ដឹងជាក់​លាក់នូវ​ផល​នៃកម្មនោះ​។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។ ភិក្ខុ​ណាបាន​ឃើញកំពូល​ភ្នំមហា​សិនេរុផង ឃើញជម្ពូទ្វីបផង ឃើញ​បុព្វវិទេហទ្វីបផង ឃើញពួក​មនុស្ស​ដេក​លើ​ផែន​ដី (នៅ​​ក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប) ផង ​ដោយឈានវិមោក្ខ ភិក្ខុ​ណាដឹង​ជាក់​លាក់នូវ​ផល​នៃកម្មនោះ​។បេ។ ម្នាលមារ​មាន​ចិត្តខ្មៅ អ្នក​នឹងដល់​នូវ​សេចក្ដីទុក្ខ។​ ធម្មតាភ្លើងមិន​ដែលគិតថា អញ​នឹងឆេះរលាក​មនុស្សពាលទេ ​តែប្រសិន​ជាមនុស្ស​ពាលពាល់ភ្លើង​ដែលឆេះហើយ (ភ្លើង) ក៏ឆេះរលាកនូវ​បុគ្គល​ពាល​នោះ​ឯង ម្នាលមារ អ្នក​បៀតបៀននូវ​ព្រះតថាគត​នោះ​ មុខជានឹងឆេះរលាកខ្លួន​ឯងវិញ​ ​ដូច​មនុស្ស​ពាល​ពាល់​ភ្លើង យ៉ាងនោះ​ដែរ។ ម្នាល​មារមាន​ចិត្តបាប មារ​ឯង បៀតបៀននូវ​ព្រះតថាគត​នោះ ​មុខជានឹងបាន​សោយបាប អ្នក​សំគាល់ថា បាប​នឹងមិនឲ្យផលដល់​អញឬអ្វី។

ម្នាលមារ​មាន​ចិត្ត​លាមក បាប​របស់​អ្នក​កាល​ធ្វើ ​​រមែង​ប្រព្រឹត្តទៅ​ (មិនជា​ប្រយោជន៍) អស់កាល​ដ៏យូរ ម្នាលមារ អ្នក​ចូរនឿយណាយចាក​បុគ្គលអ្នក​ត្រាស់ដឹង នូវ​សច្ចៈ​​ទាំង ៤ ប្រការ​ អ្នក​កុំ​ធ្វើ​​នូវ​សេចក្ដីប៉ុនប៉ង ដើម្បី​បៀតបៀនភិក្ខុ​ឡើយ។

ភិក្ខុ​ (មោគ្គល្លានត្ថេរ) បាន​គំរាមមារ ​ក្នុងភេសកឡាវ័ន​ដោយប្រការ​ដូច្នេះ​ហើយ មារ ជាយក្ខនោះ​ ក៏អាក់អន់ចិត្ត ហើយបាត់ទៅ​ក្នុងទីនោះ​ឯង ព្រោះហេតុ​តែ​សេចក្ដី​គំរាម (នៃព្រះមោគ្គល្លាន)។

ឮថា ព្រះមហាមោគ្គល្លានត្ថេរមាន​អាយុ បាន​សំដែងនូវ​គាថា​ទាំងឡាយ​ ​ដោយប្រការ​ដូច្នេះឯង។

ឧទ្ទាន

ព្រះមោគ្គល្លានត្ថេរ មាន​ឫទ្ធិច្រើន ​តែមួយអង្គឯង       សំដែងនូវ​គាថា​ទាំងឡាយ​ ​ក្នុង​សដ្ឋិកនិបាត គាថា​ទាំងនោះ​ មាន​ចំនួន ៦៨ គាថា។

ចប់ សដ្ឋិកនិបាត។

ថេរគាថា មហានិបាត

 

[២៦៥] វិតក្កៈទាំងឡាយ​នេះ​ ជាសភាវៈឃ្នើសឃ្នង ព្រោះជារបស់​លាមក ​តែង​គ្របសង្កត់អាត្មាអញ ​ដែលចេញ​ចាក​ផ្ទះ បួស​ក្នុងព្រះពុទ្ធសាសនា (ដូច) ពួក​ខ្មាន់ធ្នូ​ដ៏​ប្រសើរ ជាកូនអ្នក​ខ្ពង់ខ្ពស់ សិក្សាស្ទាត់ហើយ មាន​ធ្នូ​ដ៏មាំ គប្បី​បាញ់​ប្រសាច​នូវ​ព្រួញ ​ទាំងពាន់ជុំវិញ​ខ្លួន​ (សត្រូវ) មិនឲ្យរត់រួច​បាន​។ បើពួកស្រី​ប៉ុណ្ណេះ (ឬ) លើ​សជាងនេះ​ ​នឹងមក ក៏គង់បៀតបៀនអាត្មាអញមិនបាន​ (ព្រោះ) អាត្មាអញបាន​តាំងមាំនៅ​ក្នុង​ធម៌​ទាំងឡាយ​ហើយ។ ព្រះពុទ្ធដីកា​​របស់​ព្រះពុទ្ធ ជាអាទិច្ចពន្ធុ អាត្មាអញបាន​ស្ដាប់​ម្ដងហើយ ចិត្ត​របស់​អាត្មាអញត្រេកអរ​ក្នុងផ្លូវ​ជាទីទៅ​កាន់ព្រះនិព្វាន​នោះ​ហើយ។ ម្នាល​មារលាមក បើអ្នក​ចូលមក​បំបាក់​យើង ​ដែលកំពុងចុះចិត្តស៊ប់​ក្នុងវិបស្សនា​យ៉ាងនេះ​ អ្នក​មិនបាន​ឃើញផ្លូវ​របស់​យើង យ៉ាងណា យើង​នឹងធ្វើ​​អ្នក​ឲ្យដល់​នូវ​សេចក្ដី​ស្លាប់ យ៉ាង​នោះ​​ដែរ។

បុគ្គល​ណា លះបង់នូវ​សេចក្ដីអផ្សុក នូវ​សេចក្ដីត្រេកអរ នូវ​សេចក្ដីត្រិះរិះ ​ដែល​អាស្រ័យ​នូវ​ផ្ទះ ​ដោយប្រការ​ទាំងពួង មិនធ្វើ​​នូវ​សេចក្ដីប្រាថ្នា​ក្នុង​វត្ថុណាមួយ ជាអ្នក​មិនមាន​សេចក្ដីប្រាថ្នា​ ព្រោះមិនមាន​សេចក្ដីប្រាថ្នា​ បុគ្គលនោះ​ ​ឈ្មោះ​ថាភិក្ខុ​។ ​ក្នុង​លោកនេះ​ វត្ថុណាមួយ នៅ​លើ​ផែនដីក្ដី លើ​អាកាសក្ដី ​ដែលរាប់​ចូល​ក្នុងភព ៣ មាន​សភាវៈវិនាសទៅ​ វត្ថុ​ទាំងអស់នោះ​ ជារបស់​មិនទៀង រមែង​ទ្រុឌ​ទ្រោមទៅ​ អ្នក​ប្រាជ្ញ​ទាំងឡាយ​ រមែង​យល់ច្បាស់យ៉ាងនេះ​។ ពួកជនរមែង​ជាប់ចំពាក់​ក្នុង​ឧបធិ គឺរូប និង​សំឡេង ​ដែលឃើញហើយ ឮហើយផង គឺក្លិន រស និងផោដ្ឋព្វៈ ​ដែលទង្គិចហើយ ប៉ះពាល់ហើយផង អ្នក​ចូរជាបុគ្គលមិនមាន​សេចក្ដីញាប់ញ័រ បន្ទោ​បង់នូវ​សេចក្ដីប្រាថ្នា​ ​ក្នុងកាម​ទាំងនោះ​ចេញ​ ព្រោះបុគ្គល​ណា មិនជាប់​ក្នុង​កាមគុណ​នុ៎ះ ពួកអ្នក​ប្រាជ្ញទើបហៅបុគ្គលនោះ​ ថាជាមុនី។ បុគ្គលអន្ធពាល ​មាន​វិតក្កៈ អាស្រ័យ​នូវ​ទិដ្ឋិ ៦៨ រមែង​ជាអ្នក​តាំងនៅ​មាំហើយ​ក្នុងអធម៌ ព្រោះ​តែខ្លួន​ជាបុថុជ្ជន បុគ្គលណាមិនលុះ​ក្នុងពួក​នៃមិច្ឆាទិដ្ឋិ ​ក្នុងវត្ថុ​ណាមួយ ​ទាំងជាអ្នក​មិន​និយាយអាក្រក់ បុគ្គលនោះ​ ឈ្មោះ​ថាភិក្ខុ​។ អ្នក​ប្រាជ្ញ​មាន​ចិត្តតម្កល់មាំ អស់​កាល​យូរហើយ ជាអ្នក​មិនកុហក​ មាន​ប្រាជ្ញាល្អិត មិន​មាន​តណ្ហា ជាអ្នក​បរិបូណ៌​ដោយមោនេយ្យធម៌ រំលត់កិលេស ហើយបាន​សម្រេច​នូវ​សន្ដបទ ព្រោះ​អាស្រ័យ (ព្រះនិព្វាន​) រង់ចាំ​តែបរិនិព្វាន​កាល។ ម្នាលអ្នក​ជាគោត្រ​នៃព្រះគោតម អ្នក​ចូរ​លះបង់នូវ​មានះផង ចូរលះបង់នូវ​ផ្លូវ​នៃ​មានះ ​កុំឲ្យមាន​សេសសល់ផង (ព្រោះ) បុគ្គលជ្រប់នៅ​ក្នុងផ្លូវ​នៃមានះហើយ រមែង​មាន​សេចក្ដីក្ដៅ​ក្រហាយ អស់កាល​យូរ។ ពួកសត្វ​ដែលត្រូវសេចក្ដី​លុប​គុណ​គ្រប​សង្កត់ ត្រូវមានះ​បៀតបៀន​ហើយ រមែង​ធ្លាក់ទៅ​ក្នុងនរក ពួកជន​ដែលមានះបៀត​បៀនហើយ រមែង​ទៅ​កើត​ក្នុងនរក​ សោក​សៅ​អស់កាលយូរ។ ភិក្ខុ​អ្នក​ឈ្នះកិលេស​​ដោយ​មគ្គ អ្នក​ប្រតិបត្តិ​ដោយ​​ប្រពៃ រមែង​មិនសោកសៅ​​ក្នុង​កាល​ណាម្ដងឡើយ ភិក្ខុ​ណាបាន​នូវ​កិត្តិយស​ផង បាន​នូវ​សេចក្ដីសុខផង ពួកបណ្ឌិត​តែងហៅភិក្ខុ​នោះ​ ថាជាអ្នក​ឃើញធម៌​​ដោយ​ពិត។ ហេតុនោះ​ ភិក្ខុ​អ្នក​មិនរឹងរូស មាន​ព្យាយាម​ក្នុងសាសនានេះ​ លះ​បង់នូវ​នីវរណៈ​ទាំង​ឡាយ​ ជាអ្នក​បរិសុទ្ធ លះបង់នូវ​មានះ មិនឲ្យមាន​សេសសល់ រមែង​ជាអ្នក​ធ្វើ​​នូវ​ទីបំផុត​នៃវិជ្ជា ជាអ្នក​ស្ងប់​រម្ងាប់កិលេស។

ខ្ញុំក្ដៅក្រហាយ ចិត្ត​របស់​ខ្ញុំ​អន្ទះអន្ទែង ព្រោះ​តែកាមរាគៈ បពិត្រ​ព្រះអានន្ទ ជាគោតមគោត្រ សូមលោកមេត្តាសំដែងនូវ​ធម៌ ជាគ្រឿងញ៉ាំងកាមរាគៈនោះ​ ឲ្យ​រលត់ ​ដោយសេចក្ដីអនុគ្រោះចុះ។

ចិត្ត​របស់​លោកអន្ទះអន្ទែង ព្រោះ​តែវិបល្លាស​នៃសញ្ញា លោកចូរលះបង់នូវ​សុភនិមិត្ត ​ដែលប្រកប​ដោយកាមរាគៈចោលចេញ​។ លោកចូរចំរើន​ឯកគ្គតា​ចិត្ត ឲ្យតម្កល់​មាំល្អ ​ក្នុងអសុភសញ្ញា ​ទាំងកាយគតាសតិ ក៏ចូរឲ្យមាន​ដល់​លោក លោក​ចូរមាន​សេចក្ដីនឿយណាយឲ្យច្រើនចុះ។ ចូរចំរើន​អនិមិត្ត គឺ អនិច្ចានុបស្សនា ចូរ​ផ្ដាច់នូវ​មានានុស័យ តទៅ​ លោក​នឹងបាន​ស្ងប់​រម្ងាប់ ព្រោះ​លះបង់មានះ។ បុគ្គលមិន​គប្បី​ញ៉ាំងខ្លួន​ឲ្យក្ដៅក្រហាយ ​ដោយវាចាណា គប្បី​​ពោល​តែវាចានោះ​ បុគ្គលមិន​គប្បី​បៀតបៀន​ពួកបុគ្គលដទៃ​​ដោយវាចាណា វាចានោះ​ឯង ជាសុភាសិត។ វាចា​ណា ​ដែលគេ​ទទួលត្រេកអរ បុគ្គលគប្បី​​ពោល​តែវាចាជា​ទីស្រឡាញ់​នោះ​ឯង បុគ្គល​កុំកាន់យកពាក្យ​អាក្រក់ ​ពោល​តែ​ពាក្យ​ដែលជាទីពេញ​ចិត្ត​នៃពួកជនដទៃ។ ពាក្យ​ពិត ជាពាក្យ​មិនស្លាប់ នេះ​ជាធម៌​មាន​មកពីបុរាណ ពួកសប្បុរស តាំងមាំ​ក្នុងសច្ចៈផង ​ក្នុងអត្ថៈផង ​ក្នុង​ធម្មៈផង។ ព្រះពុទ្ធទ្រង់​ពោលវាចាណា ជាវាចាក្សេម ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ដើម្បី​ធ្វើ​​នូវ​ទី​បំផុត​នៃទុក្ខ វាចានោះ​ឯង ជាវាចា​ឧត្តម ជាងវាចា​ទាំងឡាយ​។

សារីបុត្រ ជាបុគ្គលមាន​ប្រាជ្ញាជ្រាលជ្រៅ ជាអ្នក​ប្រាជ្ញ យល់ផ្លូវ និងមិនមែន​ផ្លូវ មាន​ប្រាជ្ញាច្រើន រមែង​សំដែងធម៌ដល់​ពួកភិក្ខុ​។ សារីបុត្រសំដែងធម៌​ ​ដោយ​សង្ខេប​ក៏​បាន​ សំដែង​ដោយពិស្ដារក៏បាន​ លោកមាន​សំឡេងគឹកកងពីរោះ ​ដូច​សំឡេង​សាលិកា ​ទាំងមាន​បដិភាណ​ផុសផុល។ កាលសារីបុត្រកំពុងសំដែង​ធម៌​នោះ​ ពួកភិក្ខុ​កំពុងស្ដាប់​សំឡេង​ដ៏ពីរោះ ក៏មាន​ចិត្តអណ្ដែតអណ្ដូង ត្រេកអរ ផ្ចង់​សោតប្រសាទ ទៅ​រកសំឡេង ​ដែលគួរ​ត្រេកអរ គួរចង់ស្ដាប់ គួរប្រាថ្នា​។

ពួក​ភិក្ខុ​ ៥០០ រូប ជាអ្នក​ផ្ដាច់បង់នូវ​ចំណង គឺសំយោជនៈ ជាអ្នក​មិនមាន​ទុក្ខ មាន​ភពថ្មីអស់ហើយ ជាអ្នក​ស្វែង​រកគុណ បាន​មកជួបជុំគ្នា ដើម្បី​វិសុទ្ធិ​ បវារណា​ក្នុងថ្ងៃ ១៥ នេះ​។ ព្រះរាជាចក្រពត្តិ មាន​អាមាត្យចោមរោម យាង​ប្រទក្សិណ​ផែនដី​​ដែលមាន​សាគរជា​ទីបំផុតនេះ​ ​ដោយ​ជុំវិញ​ យ៉ាងណា។ ពួកសាវ័កមាន​ វិជ្ជា ៣ អ្នក​បំផ្លាញនូវ​មច្ចុរាជ រមែង​អង្គុយជិត (ព្រះសាស្ដា) ព្រះអង្គជាបុគ្គល​ប្រសើរលើ​សលុប ឈ្នះសង្គា្រម គឺកិលេស អ្នក​ដឹកនាំនូវ​ពួកក្រុម ក៏យ៉ាងនោះ​ដែរ។ ពួកសាវ័ក​ទាំងអស់ ជាបុត្រ​នៃព្រះមាន​ព្រះភាគ សភាវៈ​សោះសូន្យ ក្នុងពួក​នោះ​ មិនមាន​ឡើយ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ ចំពោះ​ព្រះ​សាស្ដា ជាផៅពង្ស​នៃព្រះអាទិត្យ ព្រះអង្គជាអ្នក​បំផ្លាញនូវ​សរ គឺតណ្ហា។

ពួកភិក្ខុ​ច្រើនជាងពាន់ អង្គុយជិតព្រះសុគត ​ដែលកំពុងសំដែងធម៌ ជាគ្រឿង​ប្រាសចាក​រាគៈ​ គឺព្រះនិព្វាន​ ឥតមាន​ភ័យ​អំពីទីណា។ ពួកសាវ័កស្ដាប់ធម៌​ដ៏​ធំ​ទូលាយ ​ដែលព្រះសម្មា​សម្ពុទ្ធ ទ្រង់​សំដែងហើយ ឱហ្ន៎ ព្រះសម្ពុទ្ធ មាន​ភិក្ខុ​ចោម​រោម​ហើយ ល្អណាស់តើ។ បពិត្រ​ព្រះមាន​ព្រះភាគ ព្រះអង្គមាន​ព្រះនាម​ ថានាគ ជាឥសីគំរប់ ៧ [រាប់​តាំងពី ព្រះវិបស្សិសម្មាសម្ពុទ្ធឥសី​មក។] ​នៃឥសី​ទាំងឡាយ​ ព្រះអង្គជាអ្នក​បង្អុរនូវ​ធម៌ ស្រោច​ពួកសាវ័ក មាន​សភាព​ដូចជាមហា​មេឃបង្អុរនូវ​ភ្លៀង។ បពិត្រ​ព្រះអង្គមាន​ព្យាយាម​ធំ វង្គីសៈ ​ជាសាវ័ក ចេញ​ចាក​ទីនៅ​ក្នុង​វេលាថ្ងៃ ព្រោះមាន​សេចក្ដីប្រាថ្នា​ចង់គាល់​ព្រះសាស្ដា ថ្វាយបង្គំព្រះបាទា​របស់​ព្រះអង្គ។

ព្រះមាន​ព្រះភាគ ទ្រង់​គ្របសង្កត់​ផ្លូវ​ខុស គឺកិលេសមារ បាន​ប្រព្រឹត្ត​ទំលាយ​បង្គោល គឺកិលេស អ្នក​ទាំងឡាយ​ ​ចូរ​មើលព្រះ​ពុទ្ធនោះ​ ព្រះអង្គធ្វើ​​ឲ្យរួច​ចាក​បំណង មិន​​អាស្រ័យតណ្ហា ទ្រង់​ចែក​រំលែក​ធម៌ តាម​ចំណែក។ ព្រោះថា ព្រះអង្គបាន​ប្រាប់ផ្លូវ​ច្រើនប្រការ​ ដើម្បី​ជាគ្រឿងរលាស់ឱឃៈ​ចោល កាលទ្រង់​សំដែង​ប្រាប់​អមតមហានិព្វាន​នោះ​ហើយ ពួកជនក៏បាន​ឃើញច្បាស់​នូវ​ធម៌ តម្កល់​នៅ​នឹង មិនមាន​អ្នក​ណាដឹកនាំទៅ​បាន​។ ព្រះពុទ្ធនោះ​ អ្នក​ធ្វើ​​នូវ​ពន្លឺ ទ្រង់​ឆ្លុះរកវិញ្ញាណដ្ឋិតិ​របស់​សត្វ​ទាំងអស់ បាន​ត្រាស់​ដឹង​ផង ធ្វើ​​ឲ្យជាក់ច្បាស់ផង ទ្រង់​យាង​កន្លងផ្លូវឆ្ងាយបាន​ ហើយសំដែងធម៌​ដ៏​ប្រសើរដល់​ពួកបញ្ចវគ្គិយភិក្ខុ​ អ្នក​មាន​សទ្ធា ត្រាស់ដឹងធម៌មុនគេ​បង្អស់។ កាល​បើធម៌​ដែលព្រះតថាគត​សំដែង​​ល្អ​យ៉ាង​នេះ​ហើយ សេចក្ដីប្រមាទ​ដូចម្ដេច ​នឹង​មាន​ដល់​ពួកជន​ ​ដែលជាអ្នក​ដឹងច្បាស់នូវ​ធម៌បាន​ ព្រោះហេតុនោះ​ បុគ្គលមិនគប្បី​ជាអ្នក​ប្រមាទ ​ក្នុង​សាសនា​​របស់​ព្រះមាន​ព្រះភាគនោះ​ឡើយ គប្បី​នមស្ការ​ សិក្សា​តាម សព្វ ៗ កាល។

អញ្ញាកោណ្ឌញ្ញត្ថេរ ជាអ្នក​ត្រាស់ដឹងតាមព្រះពុទ្ធ មាន​សេចក្ដីព្យាយាម​មាំមួន ជាអ្នក​បាន​នូវ​វិវេក ជាគ្រឿងនៅ​ជាសុខរឿយ ៗ។ កិច្ចណាដែលសាវ័ក អ្នក​ធ្វើ​​តាម​សាសនា​​នៃព្រះសាស្ដា គប្បី​សម្រេច ​កិច្ចនោះ​ ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ អ្នក​មិន​ប្រហែស​ធ្វេស សិក្សាបាន​សម្រេច​ទាំងអស់ហើយ។ អញ្ញាកោណ្ឌញ្ញត្ថេរ មាន​អនុភាពច្រើន បាន​សម្រេច​វិជ្ជា ៣ ស្ទាត់​ក្នុង​ចេតោបរិយញ្ញាណ ជាពុទ្ធទា​យាទ ថ្វាយបង្គំព្រះបាទា​នៃ​ព្រះសាស្ដា។

ពួកសាវ័ក បាន​សម្រេច​វិជ្ជា ៣ ជាអ្នក​សាបសូន្យចាក​មច្ចុរាជ នាំគ្នា​អង្គុយ​ជិត​ព្រះមុនី ព្រះអង្គជាអ្នក​ដល់​នូវ​ត្រើយ​នៃទុក្ខ ទ្រង់​គង់នៅ​ (ដោយ​ចេតោបរិយញ្ញាណ) ខាងភ្នំឥសិគិលិ។ ព្រះមោគ្គល្លានត្ថេរ មាន​ឫទ្ធិ៍ច្រើន យកចិត្តទុក​ដាក់​ស្វះ​ស្វែងរកចិត្ត ​ដែល​ផុតចាក​កិលេស ជាចិត្តមិនមាន​ឧបធិ ​របស់​ព្រះខីណាសវ​ភិក្ខុ​ទាំង​ឡាយ​នុ៎ះ។ បពិត្រ​ព្រះគោតម ពួកសាវ័ក ​តែងអង្គុយជិតព្រះអង្គ ជាព្រះមុនី បរិបូណ៌​ដោយ​អវយវៈ​គ្រប់យ៉ាង ព្រះអង្គដល់​នូវត្រើយ​នៃទុក្ខ ព្រះអង្គបរិបូណ៌​ដោយអាការ​ច្រើនប្រការ​ យ៉ាងនេះ។

ព្រះចន្ទរុងរឿង ឰដ៏នភាល័យ ​ដែលប្រាសចាក​ពពក ព្រះអាទិត្យ ប្រាសចាក​មន្ទិល យ៉ាងណាមិញ បពិត្រ​ព្រះមហាមុនី ព្រះនាម​អង្គីរសៈ ព្រះអង្គរុងរឿង ផ្សាយ​ទៅ​កាន់​លោក​ទាំងមូល ​ដោយយសបរិវារ ក៏យ៉ាងនោះ​ដែរ។

កាលពីដើម យើងខ្ញុំពួកកវី​​រាប់អាន បាន​ដើរចេញ​ពីស្រុកមួយ ទៅ​ស្រុកមួយ ពីបុរីមួយ ទៅ​បុរីមួយ វេលានោះ​ យើងខ្ញុំបាន​ឃើញព្រះសម្ពុទ្ធ ព្រះអង្គបាន​ដល់​​នូវ​ត្រើយ​នៃធម៌​ទាំងពួង។ ព្រះមុនីនោះ​ ព្រះអង្គជាអ្នក​ដល់​នូវ​ត្រើយ​នៃទុក្ខ បាន​សំដែងធម៌ដល់​ខ្ញុំ យើងខ្ញុំ លុះបាន​ស្ដាប់ធម៌​ហើយ ក៏មាន​ចិត្តជ្រះថ្លា មាន​សទ្ធា​កើតឡើង​។ ខ្ញុំបាន​ស្ដាប់ព្រះពុទ្ធដីកា​នៃព្រះមុនីនោះ​ហើយ ក៏បាន​ដឹងច្បាស់នូវ​ខន្ធ អាយតនៈ និងធាតុ​ទាំងឡាយ​ ហើយចេញ​ចាក​ផ្ទះ បួស​ក្នុងសំណាក់​​នៃបុគ្គល​មិន​មាន​ផ្ទះ។ ឱហ្ន៎ ព្រះតថាគត​ទាំងឡាយ​កើតឡើង​ ដើម្បី​ប្រយោជន៍ដល់​ស្រី​ និង​ប្រុស​ដ៏ច្រើន ​ដែល​ជាអ្នក​ធ្វើ​​តាមពាក្យ​ប្រៀនប្រដៅ។ ពួក​ភិក្ខុ​ និងពួកភិក្ខុ​នីណា បាន​ឃើញនូវ​កំណត់ ​ដែលគេ​កត់ទុកហើយ ព្រះមុនីបាន​ត្រាស់​ដឹងពោធិញ្ញាណ ដើម្បី​ប្រយោជន៍​ដល់​ពួកភិក្ខុ​ និងពួកភិក្ខុ​នី​ទាំងនោះ​ឯង។ អរិយសច្ច​ទាំង ៤ ប្រការ​ គឺទុក្ខ ១ ការ​កើត​នៃទុក្ខ ១ ការ​កន្លងផុតនូវ​ទុក្ខ ១ មគ្គប្រកប​ដោយអង្គ ​៨ ប្រការ​​ដ៏ប្រសើរ ជាដំណើរទៅ​កាន់សេចក្ដី​រលត់​ទុក្ខ ១ ព្រះពុទ្ធ ជាវង្ស​នៃ​ព្រះ​អាទិត្យ មាន​ចក្ខុ គឺប្រាជ្ញា ទ្រង់​បាន​សំដែង​ទុក​ល្អហើយ ដើម្បី​អនុគ្រោះដល់​សត្វ​ទាំង​ឡាយ​។ ធម៌ គឺអរិយសច្ច​ទាំងឡាយ​នេះ​ ជាធម៌​ពិត ព្រះពុទ្ធទ្រង់​សំដែង​ហើយ យ៉ាងនេះ​ អរិយ​សច្ច​ទាំងនោះ​ ខ្ញុំបាន​ឃើញតាមពិត ប្រយោជន៍ខ្លួន​ ខ្ញុំបាន​សម្រេច​ហើយ ​ទាំងពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ខ្ញុំក៏បាន​ធ្វើ​​ហើយ។ ខ្ញុំមក​ល្អហើយ ​ក្នុងសំណាក់​នៃព្រះពុទ្ធ​របស់​ខ្ញុំ កិច្ចណាដ៏ប្រសើរ​ក្នុងធម៌​ទាំងឡាយ​ ​ដែលព្រះពុទ្ធ​ទ្រង់​សំដែងវែកញែកហើយ​ដោយប្រពៃ ខ្ញុំក៏បាន​សម្រេច​កិច្ច​នោះ​ហើយ។ ខ្ញុំបាន​សម្រេច​អភិញ្ញាបារមី បាន​ជំរះនូវ​សោតធាតុ បាន​នូវ​វិជ្ជា ៣ បាន​សម្រេច​ឫទ្ធិ៍ ជាអ្នក​ឈ្លាសវៃ ​ក្នុងចេតោបរិយញ្ញាណ។

ខ្ញុំព្រះអង្គសូមទូលសួរព្រះសាស្ដា ជាបុគ្គលមាន​ប្រាជ្ញាមិនថោកថយ ភិក្ខុ​ណា បាន​ផ្ដាច់​បង់វិចិកិច្ឆា ​ក្នុងអត្តភាពនេះ​ មាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ សម្បូរ​ដោយ​យស មាន​ចិត្ត​រំលត់​ក្ដៅក្រហាយ បាន​ធ្វើ​​មរណកាល ​ក្នុងអគាឡវចេតិយ។ បពិត្រ​​ព្រះមាន​ព្រះភាគ នាម​​នៃភិក្ខុ​​ជាព្រាហ្មណ៍នោះ​ ព្រះអង្គឲ្យឈ្មោះ​ថា និគ្រោធកប្បៈ លោកនោះ​ មាន​ព្យាយាម​​តឹង​តែង ជាអ្នក​យល់ឃើញធម៌មុតមាំ ប្រាថ្នា​នូវ​ព្រះនិព្វាន​ បាន​ប្រព្រឹត្ត​នមស្ការ​ព្រះអង្គ។ បពិត្រ​ព្រះអង្គជាសក្កៈ មាន​ចក្ខុ​ជុំវិញ​ យើងខ្ញុំ​ទាំងអស់គ្នា ប្រាថ្នា​ចង់ដឹង​សាវ័ក​នោះ​ យើងខ្ញុំប្រុងសោតៈដើម្បី​ស្ដាប់ ព្រះអង្គជាសាស្ដា​របស់​យើងខ្ញុំ ព្រះអង្គ​ជាបុគ្គល​ប្រសើរ​បំផុត។ សូម​ព្រះអង្គ ទ្រង់​កាត់​សេចក្ដី​សង្ស័យ​របស់​យើងខ្ញុំ សូមព្រះអង្គ​ប្រាប់​នូវ​សាវ័កនោះ​ បពិត្រ​ព្រះអង្គ​មាន​បញ្ញា​ដូចផែនដី មាន​ចក្ខុជុំវិញ​ ព្រះអង្គទ្រង់​ជា្របនូវ​ព្រាហ្មណ៍​ដែលបរិនិព្វាន​ហើយ សូមសំដែង​​ក្នុងកណ្តាល​នៃពួកយើងខ្ញុំ ​ដូចជា​សក្កទេវរាជ មាន​ព្រះនេត្រមួយពាន់ (សំដែង​ក្នុងកណ្ដាល) ​នៃទេវតា​ទាំងឡាយ​។ គន្ថៈ​ទាំង​ឡាយ​ (មាន​អភិជ្ឈាគន្ថៈ​ជាដើម) ណាមួយ ជាផ្លូវនាំឲ្យវង្វេង ជាបក្ខពួក​នៃ​ការ​មិនដឹង ជាទីតាំង​នៃសេចក្ដីសង្ស័យ ​ក្នុងលោកនេះ​ គន្ថៈ​ទាំងនោះ​ មកប៉ះ​នឹង​ព្រះតថាគត​ហើយ រមែង​មិនកើតឡើយ ព្រោះបញ្ញាចក្ខុ​​របស់​ព្រះអង្គនុ៎ះ ឧត្តម​ជាង​ជន​ទាំងឡាយ​។ ប្រសិនបើបុរស (ព្រះមាន​ព្រះភាគ) មិនកំចាត់​បង់នូវ​កិលេស​ទាំងឡាយ​ ​ដូចជា​ខ្យល់កំចាត់នូវ​ដុំ​នៃពពកទេ លោក​ទាំងមូល ​ដែលអវិជ្ជា​រួបរឹតហើយ សម​នឹងងងឹត​ដោយពិត សូម្បីអ្នក​មាន​ពន្លឺ គឺបញ្ញាក៏មិនអាចបំភ្លឺបាន​។ អ្នក​ប្រាជ្ញ​ទាំងឡាយ​ ជាអ្នក​ធ្វើ​​ពន្លឺ ខ្ញុំព្រះអង្គ​សំគាល់ព្រះអង្គនោះ​ ថាជាអ្នក​ប្រាជ្ញ យ៉ាង​នោះ​ដែរ យើងខ្ញុំដឹង (នូវ​ធម៌​ទាំងអស់) ​របស់​ជនអ្នក​ចេះដឹង​ទាំង​ឡាយ​ ទើបបាន​ចូលមក​ជិត សូមព្រះអង្គ​សំដែង​ប្រាប់នូវ​និគ្រោធកប្បត្ថេរ (ជាឧបជ្ឈាយ) ឲ្យច្បាស់លាស់ ដល់​យើងខ្ញុំ ​ក្នុង​កណ្ដាល​បរិស័ទ។ បពិត្រ​ព្រះអង្គ​មាន​ព្រះសូរសៀងពីរោះ សូមព្រះ​អង្គបញ្ចេញឆាប់ ៗ នូវ​ព្រះពុទ្ធដីកា​​ដ៏ពីរោះ ​ដោយ​ព្រះសូរសៀងមូល ​ដែលបច្ច័យតាក់​តែងល្អហើយ ​ដូចហង្ស​ដកក ហើយ​ស្រែកតិច ៗ ពួកយើងខ្ញុំ​ទាំង​អស់​គ្នានោះ​ មាន​ចិត្ត​ត្រង់ ប្រុងចាំស្ដាប់។

តថាគត​ បាន​ផ្ទញ់ផ្ទាល់នូវ​ជាតិ និងមរណៈ ឲ្យសាបសូន្យ មិនឲ្យ​មាន​សេសសល់ ​នឹង​សំដែង​នូវ​ធម៌ ជាគ្រឿងកំចាត់បង់នូវ​បាប មែន​ពិត បុថុជ្ជន​ទាំង​ឡាយ​ មិនមាន​ការ​ធ្វើ​​បាន​​តាមប្រាថ្នា​ទេ ព្រះតថាគត​ទាំងឡាយ​ មាន​ការ​ធ្វើ​​បាន​តាម​បញ្ញា។

វេយ្យាករណ៍​ដ៏បរិបូណនេះ​ ព្រះអង្គជាបុគ្គលមាន​ប្រាជ្ញាត្រង់ល្អ ផ្គូរផ្គង​ហើយ​ដោយប្រពៃ ការ​ធ្វើ​​អញ្ជលីជាទីបំផុតនេះ​ ខ្ញុំព្រះអង្គបាន​ប្រណម្យហើយ​ដោយល្អ បពិត្រ​ព្រះអង្គ ជាបុគ្គលមាន​ប្រាជ្ញាធំទូលាយ កាលបើព្រះអង្គជ្រាប សូម​កុំធ្វើ​​ឲ្យខ្ញុំព្រះអង្គ​វង្វេង​ឡើយ។ បពិត្រ​ព្រះអង្គ ជាបុគ្គលមាន​ព្យាយាមមាំ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អរិយ​ធម៌ គឺសច្ច​ទាំង ៤ ​ដ៏ល្អ (ដោយអំណាចលោកិយធម៌) កាល​បើទ្រង់​ជ្រាបច្បាស់ហើយ សូម​កុំធ្វើ​​ឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នា​ចង់ស្ដាប់ព្រះពុទ្ធដីកា ​ដូចជាបុរស​មាន​ខ្លួន​ក្ដៅអន្ទះអន្ទែង ​ក្នុងកាលក្ដៅ ប្រាថ្នា​ចង់បាន​ទឹក សូមព្រះអង្គបង្អុរនូវ​សុតៈ គឺ​ធម្មទេសនា។ និគ្រោធកប្បត្ថេរ បាន​ប្រព្រឹត្តនូវ​ព្រហ្មចារ្យ ប្រកប​ដោយប្រយោជន៍​ណា ការ​ប្រព្រឹត្តិ​ព្រហ្មចារ្យ ​របស់​លោកនោះ​ មិនសាបសូន្យទេឬ និគ្រោធកប្បត្ថេរនោះ​ និព្វាន​ហើយ ​ដូចអសេក្ខវិមុត្តិ ឬសឧបាទិសេសទេ យើងខ្ញុំចង់ស្ដាប់រឿងនោះ​។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) និគ្រោធកប្បភិក្ខុ​ បាន​ផ្ដាច់បង់នូវ​សេចក្ដី​ប្រាថ្នា​ ​ក្នុងនាម​រូបនេះ​អស់ហើយ បាន​ផ្ដាច់បង់នូវ​ខ្សែ​នៃសេចក្ដីប្រាថ្នា​ ជាទីដេកនៅ​រឿយ ​ៗ ​ក្នុងសន្ដាន អស់រាត្រីកាល​ដ៏វែង ​ទាំងបាន​ឆ្លងចាក​ជាតិ និង​មរណៈ ឥត​មាន​សេស​សល់ ព្រះមាន​ព្រះភាគ ប្រសើរ​ដោយឥន្ទ្រិយ ៥ (មាន​សទ្ធិន្រ្ទិយ​ជាដើម) បាន​ត្រាស់​ហើយ​យ៉ាង​នេះ​។

បពិត្រ​ព្រះអង្គជាឥសីគំរប់ ៧ ខ្ញុំព្រះអង្គ​នេះ​ បាន​ឮព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ក៏ជ្រះថ្លា ឯកិច្ចការ​ដែលខ្ញុំព្រះអង្គសួរ​ហើយ មិនសោះសូន្យទេ ព្រះខីណាសវ​ព្រាហ្មណ៍ មិនបញ្ឆោត​ខ្ញុំព្រះអង្គ។ សាវ័ក​របស់​ព្រះពុទ្ធ ​ពោលយ៉ាងណា ធ្វើ​​យ៉ាង​នោះ​ បាន​ផ្ដាច់នូវ​សំណាញ់​ដ៏មាំ​ ​ដែល​មច្ចុអ្នក​មាន​មាយាផ្សាយទៅ​ហើយ។ ព្រះមាន​ព្រះភាគ​ ទ្រង់​គួរបាន​ទត​ឃើញ​ច្បាស់ នូវ​ខាងដើម​នៃឧបាទាន កប្បត្ថេរ​បាន​កន្លងនូវ​លំ​នៅ​នៃ​មច្ចុរាជ ​ដែល​គេ​ឆ្លងបាន​ដោយកម្រ។ បពិត្រ​ព្រះអង្គឧត្តម​ជាង​​សត្វជើងពីរ ខ្ញុំព្រះ​អង្គ​សូមក្រាប​ថ្វាយ​បង្គំ​និគ្រោធកប្បត្ថេរនោះ​ ជាបុត្រ​របស់​ព្រះអង្គ ​ដែលទុក​ដូចជាទេវតា ឧត្តម​ជាងទេវតា ជាអនុជាតបុត្ត មាន​ព្យាយាមធំ ជាបុគ្គលមិនធ្វើ​​បាប ជាឱរស​នៃ​ព្រះពុទ្ធនាគ។ ឮថា វង្គីសត្ថេរមាន​អាយុ បាន​សំដែង​​គាថា​ទាំងឡាយ​ ​ដោយ​ប្រការ​​ដូច្នេះ។

ចប់ មហានិបាត។

ក្នុងសត្តតិនិបាត ព្រះវង្គីសត្ថេរ អ្នក​មានបដិភាណ​តែ ១ អង្គឯង ឥតមាន​ព្រះថេរៈ​ឯទៀតឡើយ (បាន​សំដែង) នូវគាថា​ទាំងឡាយ ៧១។ គាថា​ទាំងនោះ​ មាន​ ១.៣៦០ ព្រះថេរៈ​ទាំងអស់ ២៦៤ អង្គ ជាបុត្រ​របស់​ព្រះពុទ្ធ មិនមាន​អាសវៈ​ បាន​បន្លឺសីហនាទ សំដែង​ហើយ បាន​ដល់​នូវ​ទីបំផុត​ដ៏ក្សេមក្សាន្ដ និព្វាន​ហើយ ​ដូចជាគំនរភ្លើងរលត់​ហើយ។

ចប់ ថេរគាថា។

សុត្តន្ដបិដក

ខុទ្ទកនិកាយ ថេរីគាថា

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ អង្គនោះ។

ថេរីគាថា ឯកនិបាត

 

[២៦៦] ម្នាលថេរី នាងចូរដេកលក់ស្រួល នាងចូរធ្វើ (ចីវរបី) ​ដោយសំពត់ (បង្សុកូល) ហើយស្លៀក​ដណ្ដប់ចុះ ព្រោះរាគៈ​របស់​នាងស្ងប់​រម្ងាប់ហើយ ​ដូចជាបន្លែ​ស្ងួត​ក្នុងឆ្នាំង។

ឮថា ភិក្ខុ​នីមួយរូបជាថេរី មិនប្រាកដ (ដោយនាម​ និងគោត្រ​ជាដើម) បាន​ពោលគាថា មាន​បការៈដូច្នេះ។

 

[២៦៧] ម្នាលនាងមុត្តា នាងចូររួច​ចាក​យោគៈ​ទាំងឡាយ​ ​ដូចជាព្រះចន្ទ​​ដែល​រាហូ​ចាប់ (ហើយរួច​អំពីដៃ) នាងមាន​ចិត្តរួច​ស្រឡះ​ មិនមាន​បំណុលទេ ចូរ​បរិភោគ​ដុំ​បាយ​ចុះ។

ឮថា ព្រះមាន​ព្រះភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​​មុត្តា ​ដោយ​គាថា មាន​​បការៈដូច្នេះ។

 

[២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញ​ដោយពោធិបក្ខិយធម៌​ទាំងឡាយ​ ​ដូចជា ព្រះចន្ទ ​ក្នុងថ្ងៃ ១៥ កើត នាងចូរទំលាយនូវ​គំនរងងឹត គឺមោហៈ ​ដោយបញ្ញា​ដ៏​បរិបូណ៌។ បុណ្ណាថេរី។

 

[២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា ​កុំឲ្យយោគៈ​ទាំងឡាយ​គ្រប​សង្កត់​​នាងបាន​ នាងចូរជាស្រីប្រាសចាក​យោគៈ​ទាំងអស់ មិនមាន​អាសវៈ​ ប្រព្រឹត្ត​នៅ​​ក្នុងលោក។ តិស្សាថេរី។

 

[២៧០] ម្នាលនាងតិស្សា ចូរនាងប្រកប​ដោយធម៌​ទាំងឡាយ​ ខណៈ​កុំកន្លងនាង​ឡើយ ព្រោះពួកជន​ដែលខណៈកន្លងហើយ រមែង​សោកស្ដាយពេញ​ប្រៀប​ក្នុង​នរក។ តិស្សាថេរីមួយរូប។

 

[២៧១] ម្នាលនាងធីរា នាងចូរពាល់ត្រូវនូវ​និរោធជាសុខ ជាទីរម្ងាប់នូវ​សញ្ញា នាង​ចូរត្រេកអរ​នឹងព្រះនិព្វាន​ដ៏ក្សេមចាក​យោគៈ​ប្រសើរបំផុត។ ធីរាថេរី។

 

[២៧២] ធីរាភិក្ខុ​នី មាន​ឥន្រ្ទិយអប់រំហើយ​ដោយធម៌​ទាំងឡាយ​ ជាប្រធាន​នៃ​ព្យាយាម នាងចូរផ្ចាញ់នូវ​មារ ព្រម​ទាំងវាហនៈ ហើយទ្រទ្រង់​នូវ​រាងកាយ​ជាទី​បំផុត។ ធីរាថេរីមួយរូប។

 

[២៧៣] ម្នាលនាងមិត្តា នាងបួស​ដោយសទ្ធាហើយ ចូរជាអ្នក​ត្រេកអរ​ក្នុង​កល្យាណមិត្ត ចូរចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ជាទី​ក្សេម​ចាក​យោគៈ។ មិត្តាថេរី។

 

[២៧៤] ម្នាលនាងភទ្រា នាងបួស​ដោយសទ្ធាហើយ ចូរជាអ្នក​ត្រេកអរ​ក្នុងធម៌​ដ៏ចំរើន​ (មាន​សីលជាដើម) នាងចូរចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ (ដើម្បី​ដល់​) នូវ​ព្រះនិព្វាន​ ជាទីក្សេមចាក​យោគៈ​​ដ៏ប្រសើរបំផុត។ ភទ្រាថេរី។

 

[២៧៥] ម្នាលនាងឧបសមា នាងគប្បី​ឆ្លងអន្លង់ គឺសង្សារ ជាទីនៅ​នៃម្រឹត្យុ​ ​ដែល​ពួក​សត្វឆ្លងបាន​ដោយកម្រ​ក្រៃពេក ចូរនាងផ្ចាញ់នូវ​មារ ព្រម​ទាំងវាហនៈ ហើយ​ទ្រទ្រង់​នូវ​រាងកាយជាទីបំផុត។ ឧបសមាថេរី។

 

[២៧៦] ខ្ញុំជាអ្នក​រួច​ដោយល្អ រួច​ដោយប្រពៃ ព្រោះការ​រួច​ចាក​អាការ​គម បី​យ៉ាង គឺត្បាល់ [ស្ត្រីកាលលូកដៃ​ផាត់ប្រមូល​គ្រាប់ស្រូវក្នុង​ត្បាល់ ត្រូវ​បង្អោនខ្នង​ឲ្យកោង ដូចមនុស្ស​គម។] ១ អង្រែ [លើកអង្រែ​បុកស្រូវ ក៏ត្រូវ​បង្អោនខ្នង​ដូចគ្នា។] ១ ប្ដីគម [ចំណែក​ស្វាមី​ជាមនុស្ស​គមដែរ។] ១ ខ្ញុំជាអ្នក​រួច​ចាក​ជាតិ និងមរណៈហើយ តណ្ហា​ជាគ្រឿង​នាំ​ទៅ​​កាន់ភព ខ្ញុំដកចេញ​ហើយ។ មុត្តាថេរី។

 

[២៧៧] នាងថេរីណា មាន​ចំណង់កើតហើយ (ដើម្បី​ផល​ដ៏ប្រសើរ) ញ៉ាំង​សមណកិច្ច​​ឲ្យសម្រេច​ហើយ គប្បី​ជាអ្នក​ពាល់ត្រូវ (នូវ​ព្រះនិព្វាន​) ​ដោយ​មគ្គ​ចិត្ត (បី​ខាង​ក្រោម) មាន​ចិត្តមិនជាប់ទាក់ទង​ក្នុងកាម​ទាំងឡាយ​ (នាងថេរី​នោះ​) បណ្ឌិត​តែង​ហៅថា ឧទ្ធំសោតា (អ្នក​មាន​ខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ​ក្នុង​ខាងលើ​)។ ធម្មទិន្នាថេរី។

 

[២៧៨] អ្នក​ទាំងឡាយ​ ចូរធ្វើ​​តាមព្រះពុទ្ធសាសនា ​ដែលគេ​ធ្វើ​​ហើយ មិនក្ដៅ​ក្រហាយតាមក្រោយ ចូរលាងជើង​ទាំងឡាយ​ឲ្យឆាប់ ហើយអង្គុយ​ក្នុងទីសមគួរ។ វិសាខាថេរី។

 

[២៧៩] នាងឃើញធាតុ​ទាំងឡាយ​ ថាជាទុក្ខ ​កុំមកកាន់កំណើតថ្មីទៀតឡើយ នាងរំសាយចំណង់​ក្នុងភពចេញ​ ទើបស្ងប់​រម្ងាប់បាន​។ សុមនាថេរី។

 

[២៨០] ខ្ញុំជាអ្នក​សង្រួម​ដោយកាយ ​ដោយវាចា ​ដោយចិត្ត បាន​ដកតណ្ហា ព្រម​ទាំងឫស (ឬព្រម​ទាំងអវិជ្ជា) ជាអ្នក​មាន​ចិត្តត្រជាក់ សម្រេច​អនុបាទិសេស​និព្វាន​ធាតុ។ ឧត្តរាថេរី។

 

[២៨១] ម្នាលនាងចំរើន​ដោយសីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ​ដោយសំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះថា បើរាគៈ​របស់​នាង​ស្ងប់​រម្ងាប់ហើយ នាង​នឹងជាស្រ្ដីមាន​ចិត្តត្រជាក់ រលត់កិលេស។ សុមនាថេរីបួសឯចាស់។

 

[២៨២] ខ្ញុំមាន​កំឡាំងថយ កាន់ឈើច្រត់ ដើរទៅ​បិណ្ឌបាត មាន​ខ្លួន​ធេងធោង ដួល​លើ​ផែនដី​​ក្នុងទីនោះ​ឯង លំដាប់នោះ​ ចិត្ត​របស់​ខ្ញុំក៏រួច​ស្រឡះ​ (ចាក​កិលេស) ព្រោះ​ឃើញ​ទោស​ក្នុងកាយ។ ធម្មាថេរី។

 

[២៨៣] ខ្ញុំបាន​លះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បាន​លះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺមោហៈ បាន​ដកតណ្ហា ព្រម​ទាំងឫស ជា​ស្រីស្ងប់​រម្ងាប់ ហើយបាន​សម្រេច​អនុបាទិសេសនិព្វាន​ធាតុ។ សង្ឃាថេរី។

ចប់ ឯកនិបាត។

ថេរីគាថា ទុកនិបាត

 

[២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ​) មាន​ជំងឺជានិច្ច មិនស្អាត ជា​របស់​ស្អុយ ​ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើង​ហើយ ចូរនាងអប់រំចិត្ត​ដោយ​អសុភសញ្ញា ឲ្យជាចិត្តមាន​អារម្មណ៍​តែមួយ តាំងនៅ​មាំល្អ។ ចូរនាងចំរើន​នូវ​អនិមិត្ត ចូរលះ​ចោលនូវ​មានានុស័យ នាង​នឹងបាន​ស្ងប់​រម្ងាប់ ព្រោះបាន​លះនូវ​មានះនោះ​។

ឮថា ព្រះមាន​ព្រះភាគ ទ្រង់​ទូន្មានរឿយ ៗ នូវ​សិក្ខមានា ឈ្មោះ​នន្ទា ​ដោយ​គាថា​ទាំងនេះ​ ​ដោយប្រការ​ដូច្នេះ។ នន្ទាថេរី។

 

[២៨៥] ពោជ្ឈង្គប្រាំពីរនេះ​ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ពោជ្ឈង្គ​ទាំង​អស់នោះ​ ខ្ញុំបាន​ចំរើន​​តាមលំអាន ​ដែលព្រះពុទ្ធទ្រង់​​សំដែងហើយ។ ព្រោះថា ព្រះ​មាន​ព្រះភាគអង្គនោះ​ ខ្ញុំបាន​ឃើញហើយ រាងកាយនេះ​ មាន​ក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ​ ភពថ្មីមិនមាន​ទៀតឡើយ។ ជន្ដាថេរី។

 

[២៨៦] អញរួច​ស្រឡះ​ ផុតស្រឡះ​ រួច​ល្អហើយចាក​អង្រែ (ប្ដី​របស់​អញ) មិន​មាន​សេចក្ដីអៀនខ្មាស (អញមិនគាប់ចិត្ត) ​ទាំងឆត្រ (ក៏មិនគាប់ចិត្ត) អញដែរ អញ (ផុត​ស្រឡះ​) ចាក​ឆ្នាំង ចាក​ភាពជាអ្នក​កំសត់។ អញបាន​ផ្ដាច់ផ្ដិលរាគៈ និងទោសៈ​ហើយ អញនោះ​ ចូលទៅ​រកគល់ឈើ ហើយ​ចំរើន​​ឈានជាសុខថា ឱ សុខណាស់តើ។ ថេរីភិក្ខុ​នីមួយរូប មាន​នាម​ និងគោត្រ មិនប្រាកដ។

 

[២៨៧] សួយ​ក្នុងជនបទឈ្មោះ​កាសី មាន​ចំនួនប៉ុន្មាន សួយ​របស់​ខ្ញុំ ក៏មាន​ចំនួន​ប៉ុណ្ណោះដែរ អ្នក​និគម បាន​ធ្វើ​​ (ទ្រព្យចំនួន ៥០០) នោះ​ ឲ្យជាថ្លៃ ហើយតាំងទុក​នូវ​ខ្ញុំ (ដោយឈ្មោះ​ថាអឌ្ឍកាសី) ​ដែលមាន​ថ្លៃ​ដោយថ្លៃ។ ​ក្នុងកាលជាខាង​ក្រោយ​មក ខ្ញុំក៏​បាន​នឿយណាយ​ក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូម​កុំឲ្យខ្ញុំអន្ទោល​ទៅ​កាន់​ជាតិសង្សាររឿយ ៗ ទៀត វិជ្ជា ៣ ខ្ញុំបាន​ធ្វើ​​ឲ្យជាក់​ច្បាស់​ហើយ សាសនាព្រះ​ពុទ្ធ ខ្ញុំបាន​ធ្វើ​​ហើយ។ អឌ្ឍកាសីថេរី។

 

[២៨៨] ពិតមែន​តែខ្ញុំជាស្រីស្គម មាន​ជំងឺ មាន​កំឡាំងថយខ្លាំង ច្រត់ដម្បងឡើង​ទៅ​លើ​ភ្នំ។ ដាក់​នូវ​សង្ឃាដី ផ្កាប់នូវ​បាត្រទុក (អង្គុយ) លើ​ភ្នំ អាចទំលាយនូវ​គំនរងងឹត​ គឺមោហៈបាន​ ហើយសង្កត់សង្កិននូវ​ខ្លួន​ (ដោយការ​ទំលាយនូវ​គំនរ​ងងឹត គឺមោហៈ​នោះ​ឯង)។ ចិត្តាថេរី។

 

[២៨៩] ពិតមែន​ហើយ​តែខ្ញុំជាអ្នក​រងទុក្ខ មាន​កំឡាំងថមថយ មាន​វ័យកន្លង​ជ្រុលហើយ ច្រត់ដំបងឡើង​ទៅ​លើ​ភ្នំ។ ដាក់​នូវ​សង្ឃាដី ផ្កាប់នូវ​បាត្រ អង្គុយលើ​ភ្នំ ​លំ​ដាប់នោះ​ ចិត្ត​របស់​ខ្ញុំរួច​ស្រឡះ​ហើយ វិជ្ជា ៣ ខ្ញុំបាន​សម្រេច​ហើយ សាសនា​ព្រះពុទ្ធ ខ្ញុំ​ក៏​បាន​ធ្វើ​​ហើយ។ មេត្តិកាថេរី។

 

[២៩០] ខ្ញុំជាអ្នក​ត្រេកអរ​នឹងពួកទេវតា (ក្នុងឋនចាតុម្មហារាជិកា) បាន​រក្សា​ឧបោសថប្រកប​ដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ ​នៃបក្សផង និង​បាដិហារិកបក្ខៈផង ថ្ងៃនេះ​ ខ្ញុំនោះ​ មាន​ភត្ត​តែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បី​ប្រាថ្នា​នូវ​ពួកទេវតា (ណាមួយ) ទេ គប្បី​បន្ទោបង់នូវ​សេចក្ដី​ក្រវល់​ក្រវាយ​ ​ក្នុង​ហ្ឫទ័យ (តែប៉ុណ្ណោះ)។ មិត្តាថេរី។

 

[២៩១] បពិត្រ​មាតា សូមលោកពិចារណារាងកាយនេះ​ ជារបស់​មិនស្អាត មាន​ក្លិនស្អុយ ខាងលើ​អំពីបាទជើង ខាងក្រោម​អំពីចុង​សក់។ កាលខ្ញុំប្រព្រឹត្តយ៉ាង​នេះ​ បាន​ដករាគៈ​ទាំងពួងហើយ បាន​ផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នក​មាន​ចិត្ត​ត្រជាក់ រលត់ទុក្ខហើយ។ អភយមាតាថេរី។

 

[២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់​ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នក​ដឹងខ្លួន​ មាន​ស្មារតីតាំងស៊ប់ ​នឹង​ដាក់​ចុះ​នូវ​រាងកាយនេះ​​ចោលចេញ​។ អាត្មាអញត្រូវទុក្ខធម៌​ជាច្រើនពាល់​ត្រូវ​ហើយ ជាអ្នក​ត្រេកអរ​ក្នុងសេចក្ដីមិនប្រមាទ បាន​សម្រេច​នូវ​ការ​អស់ទៅ​​នៃ​តណ្ហា សាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​បាន​ធ្វើ​​ហើយ។ អភយាថេរី។

 

[២៩៣] អាត្មាអញមិនទាន់បាន​សេចក្ដីស្ងប់​រម្ងាប់​នៃចិត្ត មិនលុះអំណាច​ក្នុង​ភាវនា​ចិត្ត បាន​ចេញ​ទៅ​ខាងក្រៅ​អំពីលំនៅ​ ៤ ដង ៥ ដង។ អាត្មាអញនោះ​ ត្រូវ​ទុក្ខ​ធម៌​​ជា​ច្រើនពាល់ត្រូវហើយ បាន​ដកតណ្ហាហើយ​ក្នុងរាត្រីទី ៨ អាត្មាអញជាអ្នក​ត្រេកអរ​ក្នុង​សេចក្ដីមិនប្រមាទ បាន​សម្រេច​នូវ​ការ​អស់ទៅ​នៃតណ្ហា សាសនា​​របស់​ព្រះពុទ្ធ អាត្មា​អញ​បាន​ធ្វើ​​ហើយ។ សាមាថេរី។

ចប់ ទុកនិបាត។

ថេរីគាថា តិកនិបាត

 

[២៩៤] តាំងពីកាលអាត្មាអញបួសមក បាន​ ២៥ ឆ្នាំហើយ អាត្មាអញមិនទាន់​បាន​ស្គាល់នូវ​សេចក្ដីស្ងប់​ចិត្តម្ដងទេ។ អាត្មាអញមិនបាន​សេចក្ដីស្ងប់​ចិត្ត មិនលុះ​អំ​ណាច​ក្នុង​ភាវនាចិត្ត ​តែតមក អាត្មាអញរឭកដល់​សាសនា​នៃព្រះជិនស្រី ក៏បាន​ដល់​នូវ​សេចក្ដី​សំវេគ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នក​ត្រេកអរ​​ក្នុង​សេចក្ដី​មិន​ប្រមាទ បាន​សម្រេច​នូវ​ការអស់ទៅ​នៃតណ្ហា សាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​បាន​ធ្វើ​​ហើយ ថ្ងៃនេះ​ជារាត្រី ទី ៧ ​របស់​អាត្មា​អញ ជារាត្រី​ដែលតណ្ហារីង​ស្ងួត។ សាមាថេរីដទៃទៀត។

 

[២៩៥] អាត្មាអញ មិនបាន​សេចក្ដីស្ងប់​រម្ងាប់ចិត្ត មិនលុះ​ក្នុងអំណាចភាវនា​ចិត្ត បាន​​ចេញ​ទៅ​ខាងក្រៅ​អំពីលំនៅ​ ៤ ដង ៥ ដង។ អាត្មាអញនោះ​ បាន​ចូលទៅ​រកភិក្ខុ​នី ​ដែលអាត្មាអញគួរជឿ (បដាចារាថេរី) ភិក្ខុ​នីនោះ​ បាន​សំដែងធម៌ គឺ ខន្ធ អាយ​តនៈ ធាតុ ដល់​អាត្មាអញ។ លុះអាត្មាអញ បាន​ស្ដាប់ធម៌​របស់​លោក តាមទំនង​ដែលលោកបាន​ប្រៀនប្រដៅ អាត្មាអញក៏ឆ្អែត​ដោយបីតិ និងសុខៈ អង្គុយលើ​បល្ល័ង្ក​មួយ អស់ ៧ ថ្ងៃ។ ​ក្នុងថ្ងៃទី ៨ អាត្មាអញបាន​ទំលាយគំនរងងឹត គឺមោហៈ ហើយ​សណ្ដូកជើង​ទាំងគូ។ ឧត្តមាថេរី។

 

[២៩៦] ពោជ្ឈង្គ​ទាំង ៧ ណា ជាឧបាយ​ដើម្បី​ដល់​នូវ​ព្រះនិព្វាន​ ពោជ្ឈង្គ​ទាំងអស់​នោះ​ អាត្មាអញបាន​ចំរើន​ហើយ តាមលំអាន​ដែលព្រះពុទ្ធសំដែងហើយ។ អាត្មា​អញ​ជាឱរសធីតា​របស់​ព្រះពុទ្ធ ជាអ្នក​ត្រេកអរចំពោះ​ព្រះនិព្វាន​ ​ក្នុងកាល​ទាំង​ពួង ជាអ្នក​បាន​សុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា​។ កាម​ទាំងអស់ ទោះជាទិព្វក្ដី​ ជារបស់​មនុស្សក្ដី អាត្មាអញបាន​កាត់ផ្ដាច់ផ្ដិលហើយ ជាតិ​សង្សារ​របស់​អាត្មាអញ អស់​រលីងហើយ ឥឡូវនេះ​ ភពថ្មីមិនមាន​ទេ។ ឧត្តមាថេរី មួយរូប។

 

[២៩៧] អាត្មាអញបាន​ចេញ​ទៅ​ ​អំពីទីសម្រាក ​ក្នុងវេលាថ្ងៃ លើ​ភ្នំឈ្មោះ​ គិជ្ឈកូដ ហើយបាន​ឃើញដំរី​ដែលចុះឡើង​ ក្បែរឆ្នេរស្ទឹង (ឈ្មោះ​ចន្ទភាគា)។ បុរស​កាន់​កង្វេរ បង្គាប់ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី។ អាត្មាអញបាន​ឃើញដំរី ​ដែលគេ​មិនទាន់ទូន្មាន គេ​អាចទូន្មាន ឲ្យលុះ​ក្នុង​អំណាច​របស់​ពួកមនុស្សបាន​ ហើយក៏ទៅ​កាន់ព្រៃ តាមកិរិយា​របស់​ដំរីនោះ​ ក៏​បាន​ធ្វើ​​ចិត្តឲ្យ​នឹងធឹង ព្រោះឃើញ​ដំរីនោះ​។ ទន្ដិកាថេរី។

 

[២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់កន្ទេញ​ក្នុងព្រៃថា ម្នាលជីវៈមាសម្ដាយ ដូច្នេះ នាងចូរដឹងខ្លួន​ កូនស្រី​របស់​នាង​ទាំងអស់ ៨៤.០០០ មាន​ឈ្មោះ​ថាជីវៈ​ដូចគ្នា ត្រូវគេ​ដុត​ក្នុងឈាបនដ្ឋាននេះ​ បណ្ដាកូនស្រី​ទាំងនោះ​ តើនាងសោកចំពោះ​កូនស្រី​ណា។

សរ គឺសេចក្ដីសោក អាស្រ័យនូវ​ហ្ឫទ័យ​របស់​ខ្ញុំព្រះអង្គ ជារបស់​ដែលគេ​ឃើញ​បាន​​​ដោយក្រ បាន​ដកចេញ​ហើយ ព្រះអង្គបាន​បន្ទោបង់នូវ​សេចក្ដីសោក ​ព្រោះ​កូនស្រី​របស់​ខ្ញុំព្រះអង្គ ​ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ។ ​ក្នុង​ថ្ងៃនេះ​ ខ្ញុំ​ព្រះអង្គនោះ​ មាន​សរដកហើយ ជាអ្នក​មិនមាន​សេចក្ដីស្រេកឃ្លាន បាន​រំលត់​ទុក្ខហើយ ខ្ញុំព្រះអង្គ សូមដល់​ព្រះពុទ្ធជាអ្នក​ប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃ​ផង ជាសរណៈ។ ឧព្វិរីថេរី។

 

[២៩៩] ពួកមនុស្ស ​ក្នុងក្រុងរាជគ្រឹះនេះ​ សម្ងំធ្វើ​​កិច្ចអ្វី ​ដូចជាបុគ្គលសម្ងំផឹក​ទឹកឃ្មុំ ក៏មិននាំគ្នាចូលទៅ​រកនាងសុក្កាថេរី ​ដែលកំពុងប្រកាសព្រះពុទ្ធសាសនា។ ពួកបណ្ឌិត​បុរស ប្រកប​ដោយប្រាជ្ញា ទំនងជាបាន​ក្រេបផឹកនូវ​ធម៌នោះ​ ជាធម៌មិន​គប្បី​ដឹក​នាំ​បុគ្គល​ឲ្យត្រឡប់ថយ ជាធម៌មិនលាយឡំ មាន​ឱជារស ​ដូចជាពួក​អ្នក​ដើរផ្លូវ​ឆ្ងាយ បាន​ក្រេប​ផឹក​នូវ​ទឹកភ្លៀង។

ព្រះនាងសុក្កាថេរី មាន​លោកុត្តរ​ធម៌​ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាក​រាគៈហើយ ជាអ្នក​នឹងធឹង ឈ្នះមារ ព្រម​ទាំងវាហនៈ ហើយទ្រទ្រង់​រាងកាយ មាន​ក្នុងទីបំផុត។ សុក្កាថេរី។

 

[៣០០] ការ​រលាស់ខ្លួន​ចេញ​ (ចាក​ភព) ​ក្នុងលោក ​របស់​នាង មិនមាន​ទេ នាង​នឹង​ធ្វើ​​អ្វី​ដោយវិវេក នាងចូរបរិភោគនូវ​តម្រេក​​ដែលអាស្រ័យនូវ​កាម​ទាំងឡាយ​ ​កុំឲ្យ​ក្ដៅ​ក្រហាយ ​ក្នុងកាលជាខាងក្រោយឡើយ។

កាម​ទាំងឡាយ​​មាន​ឧបមា​​ដោយ​លំពែង និងដែក​សូល ជាគ្រឿងកាប់ចិញ្រ្ចាំនូវ​ឧបាទានក្ខន្ធ​ទាំងឡាយ​ អ្នក​ឯង​ពោល (សំដៅ) តម្រេក​ក្នុងកាមណា ឥឡូវនេះ​ តម្រេក​ក្នុងកាមនោះ​ ជាទី​អផ្សុក​ដល់​អាត្មា​ទេ​តើ។ សេចក្ដីរីករាយ​ក្នុងអារម្មណ៍​ទាំងពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរងងឹត ​យើងបាន​ទំលុះទំលាយហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯង​ចូរដឹងយ៉ាងនេះ​ចុះ ម្នាល​មារថោកទាប អ្នក​ឯងយើងកំចាត់ចេញ​បាន​ហើយ។ សេលាថេរី។

 

[៣០១] ពួកឥសី (មាន​ព្រះពុទ្ធជាដើម) គប្បី​ដល់​នូវ​ឋនៈណា ​ដែលបុគ្គលដទៃ​មិនងាយ​នឹងបាន​សម្ភព ស្រ្តីមិនអាច​នឹងដល់​នូវ​ឋនៈនោះ​ ​ដោយប្រាជ្ញាប្រវែងពីរធ្នាប់​បាន​ទេ។

កាលបើចិត្ត​របស់​បុគ្គល អ្នក​ឃើញច្បាស់នូវ​ធម៌ដោយប្រពៃ បាន​តម្កល់មាំ​ហើយ កាលបើញាណកំពុង​តែប្រព្រឹត្តទៅ​ តើស្រ្តីភាព ហេតុម្ដេចមិន​គប្បី​​ធ្វើ​​នូវ​ឋនៈ​នោះ​បាន​។ សេចក្ដីរីករាយ​ក្នុងអារម្មណ៍​ទាំងពួង យើងបាន​កំចាត់​ចេញ​ហើយ គំនរ​ងងឹត យើងបាន​ទំលុះទំលាយហើយ ម្នាលមារមាន​ចិត្តបាប អ្នក​ឯងចូរដឹងយ៉ាងនេះ​ចុះ ម្នាល​មារ​ថោក​ទាប អ្នក​ឯង យើងកំចាត់ចេញ​បានហើយ។ សោមាថេរី។

ចប់ តិកនិបាត។

ថេរីគាថា ចតុក្កនិបាត

 

[៣០២] ព្រះថេរៈឈ្មោះ​កស្សប ជាបុត្តពុទ្ធទាយាទ មាន​ចិត្តតម្កល់មាំល្អ លោក​បាន​ដឹងនូវ​បុព្វេនិវាស ​ទាំងឃើញឋនសួគ៌ និងអបាយ លំដាប់​អំពីនោះ​មក លោក​បាន​​ដល់​នូវ​ធម៌ជាទីអស់ទៅ​នៃជាតិ បាន​សម្រេច​នូវ​អភិញ្ញា ជាអ្នក​ប្រាជ្ញ ជាព្រាហ្មណ៍ បាន​សម្រេច​វិជ្ជា ៣ ​ដោយវិជ្ជា ៣ នេះ​។ ព្រះថេរីឈ្មោះ​ ភទ្ទកាបិលានី ក៏យ៉ាងនោះ​ដែរ បាន​សម្រេច​វិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រម​ទាំង​វាហនៈ ហើយទ្រទ្រង់​រាង​កាយ ជាទីបំផុត។ យើង​ទាំងពីររូប បាន​ឃើញទោស​ក្នុង​លោក ហើយមកបួស យើង​ទាំងនោះ​ ជាព្រះខីណាស្រព បាន​ទូន្មានខ្លួន​ហើយ ជាអ្នក​មាន​ចិត្តត្រជាក់ បាន​និព្វាន​ហើយ។ ភទ្ទកាបិលានីថេរី។

ចប់ ចតុក្កនិបាត។

ថេរីគាថា បញ្ចកនិបាត

 

[៣០៣] តាំងពីកាលអាត្មាអញបួសមក បាន​ ២៥ វស្សាហើយ មិនបាន​សេចក្ដី​ស្ងប់​ចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ។ អាត្មាអញមាន​ចិត្តទទឹក​ដោយកាមរាគៈ​ មិន​បាន​សេចក្ដីស្ងប់​ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅ​កាន់លំនៅ​។ អាត្មា​អញនោះ​ ចូលទៅ​រកភិក្ខុ​នី (ធម្មទិន្នាថេរី) ជាស្រ្តី​ដែលអាត្មាអញគួរជឿ លោកបាន​សំដែង​ធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់​អាត្មាអញ។ លុះអាត្មា​អញ​បាន​ស្ដាប់ធម៌​របស់​លោកហើយ បាន​ចូលទៅ​ក្នុងទីសមគួរ ដឹងនូវ​បុព្វេនិវាស​ បាន​ជម្រះទិព្វចក្ខុ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មាអញបាន​ជម្រះហើយ ឫទ្ធិ៍អាត្មាអញ​បាន​ធ្វើ​​ឲ្យជាក់ច្បាស់ហើយ ការ​អស់ទៅ​នៃអាសវៈ​ អាត្មាអញ​បាន​សម្រេច​ហើយ អភិញ្ញា ៦ អាត្មាអញបាន​ធ្វើ​​ឲ្យច្បាស់​ហើយ ព្រះពុទ្ធសាសនា​ អាត្មាអញក៏​បាន​ធ្វើ​​ហើយ។ ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ។

 

[៣០៤] អាត្មាអញស្រវឹង រឹងត្អឹង ​ដោយការ​សរសើរគុណផង ​ដោយរូប​សម្បត្តិ​ផង ​ដោយលំអ​ដ៏លើ​សផង ​ដោយយសផង ​ដោយវ័យផង បាន​មើលងាយ​ពួក​ស្រីដទៃ។ អាត្មាអញ​ស្អិតស្អាង​រាងកាយនេះ​ ឲ្យវិចិត្រល្អ ឲ្យជាទីរាក់ទាក់​នៃជន​ពាល ហើយឈរ​ក្បែរទ្វារ​ផ្ទះ​នៃស្រីពេស្យា ​ដូចជាព្រានម្រឹគដាក់​អន្ទាក់។ អាត្មា​អញ​សំដែង​គ្រឿងប្រដាប់ និង​អវយវៈ​ដ៏កំបាំង ឲ្យជាក់ច្បាស់​ជាច្រើន សើច​ក្អាក​ក្អាយ បាន​ធ្វើ​​មាយាច្រើនយ៉ាង (ដើម្បី​) ញ៉ាំងជនពាលជាច្រើន (ឲ្យ​ស្រើប​ស្រាល)។ ​ក្នុងថ្ងៃនេះ​ អាត្មាអញនោះ​ បាន​កោរសក់ ដណ្ដប់សង្ឃាដី ដើរ​ទៅ​​បិណ្ឌបាត រួច​អង្គុយក្រោមម្លប់​ឈើ ជាអ្នក​បាន​នូវ​ធម៌​ដែលមិនមាន​វិតក្កៈ។ គ្រឿង​ប្រកប​ទាំងពួង ទោះជាទិព្វក្ដី ជា​របស់​មនុស្សក្ដី អាត្មាអញបាន​ផ្ដាច់ផ្ដិល​ហើយ អាត្មាអញបាន​ញ៉ាំងអាសវៈ​ទាំងពួង ​ឲ្យអស់ហើយ ជាអ្នក​មាន​​ចិត្តត្រជាក់ រំលត់ទុក្ខហើយ។ វិមលាថេរី ជាស្រីពេស្យាពីដើម។

 

[៣០៥] កាលពីដើម អាត្មាអញត្រូវកាមរាគៈបៀតបៀន ជាអ្នក​មាន​ចិត្ត​រវើរវាយ មិនលុះ​ក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើ​​ទុក​ក្នុងចិត្ត​មិនជាឧបាយ​នៃប្រាជ្ញា។ អាត្មាអញ លុះត្រូវកិលេស​ទាំងឡាយ​រួបរឹតហើយ ជាអ្នក​ប្រព្រឹត្តតាមសេចក្ដី​សំគាល់​ក្នុងកាម ថាជាសុខ ជាអ្នក​លុះ​ក្នុងអំណាច​នៃចិត្ត​ដែលប្រកប​ដោយរាគៈ ក៏មិនបាន​នូវ​សេចក្ដីស្ងប់​ចិត្តឡើយ។ អាត្មាអញទៅ​ជាស្គម ស្លេកស្លាំង ស្អាប់​សម្បុរ ប្រព្រឹត្តមក​អស់ ៧ ឆ្នាំហើយ អាត្មាអញដល់​នូវ​សេចក្ដីទុក្ខ​ក្រៃពេក មិន​បាន​សេចក្ដីសុខ ​ទាំងថ្ងៃ​ទាំង​យប់​។ ព្រោះមិនមាន​សេចក្ដីសុខនោះ​ អាត្មាអញ​ក៏បាន​កាន់ខ្សែចូលទៅ​ក្នុងចន្លោះព្រៃ (ដោយ​គិតថា) អាត្មាអញ ចងក​ក្នុងទីនេះ​ប្រសើរ ត្រង់វិលទៅ​កាន់ភេទថោកទាបវិញ​ មិន​ប្រសើរ​ឡើយ។ អាត្មាអញ​បាន​ធ្វើ​​អន្ទាក់​យ៉ាងមាំ ចង​នឹងមែកឈើ ដាក់​អន្ទាក់​ត្រង់ក ក៏ស្រាប់​តែចិត្ត​របស់​អាត្មាអញ​រួច​ស្រឡះ​។ សីហាថេរី។

 

[៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាងកាយ ​ដែលមាន​ជំងឺជានិច្ច​ មិនស្អាត ជារបស់​ពុករលួយ ​ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើង​ហើយ (នេះ​) នាងចូរអប់រំ​ចិត្ត​ដោយ​អសុភសញ្ញា ឲ្យជាចិត្តមាន​អារម្មណ៍​តែមួយ តាំងនៅ​មាំល្អ។ សរីរៈនេះ​យ៉ាងណា សរីរៈ​របស់​នាងហ្នឹង ក៏យ៉ាងនោះ​ដែរ សរីរៈ​របស់​នាងហ្នឹងយ៉ាងណា សរីរៈនេះ​ ក៏យ៉ាងនោះ​ដែរ នាង​កុំខ្ជិលច្រអូស ខំពិចារណារាងកាយនុ៎ះ ​ទាំងយប់ ​ទាំងថ្ងៃ យ៉ាងនេះ​ឯងថា សរីរៈ (នេះ​) ​ដែលពួកជនពាលរីករាយ ជារបស់​ពុក​រលួយ មាន​ក្លិនអាក្រក់។ លំដាប់​អំពីនោះ​ ខ្ញុំក៏បាន​ពិនិត្យឃើញ​ដោយប្រាជ្ញា​របស់ខ្លួន។ ខ្ញុំនោះ​មិនធ្វេសប្រហែស ខំ​ពិចារណា​ដោយ​​ឧបាយ​នៃប្រាជ្ញា ក៏បាន​ឃើញ​កាយនេះ​ ​ទាំងខាង​ក្នុង ​ទាំងខាងក្រៅ តាមពិត។ ខាងក្រោយមក ខ្ញុំនឿយ​ណាយ​ក្នុងកាយ រសាយ​ក្នុងសន្ដាន ជាអ្នក​មិន​ធ្វេសប្រហែស ក៏បាន​ប្រាសចាក​យោគៈ មាន​ចិត្តស្ងប់​ មាន​ទុក្ខរលត់ហើយ។ នន្ទាថេរី។

 

[៣០៧] អាត្មាអញបាន​ថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យផង ពួក​ទេវតា​ផង រួច​ហើយអាត្មាអញទៅ​កាន់កំពង់​នៃស្ទឹង​ទាំងឡាយ​ ហើយចុះទៅ​ក្នុងទឹក អាត្មាអញ សមាទាននូវ​វត្តច្រើនយ៉ាង គឺកោរក្បាលពាក់​កណ្ដាល សម្រេច​ការ​ដេកលើ​ផែនដី មិនបាន​​បរិភោគបាយ​ក្នុងវេលាយប់។ អាត្មា​អញ​ត្រេកអរ​ក្នុងការ​ស្អិតស្អាង និងការ​ប្រដាប់ លុះកាមរាគៈបៀតបៀន​ហើយ ក៏បាន​ទំនុក​បំរុងកាយនេះ​ ​ដោយគ្រឿងងូត និង​គ្រឿងអប់។ ​ក្នុងកាលខាង​ក្រោយ​មក ខ្ញុំ​បាន​នូវ​សទ្ធា (ក្នុងសំណាក់​នៃ​ព្រះមហា​មោគ្គល្លាន​ត្ថេរ) ហើយបួស​ក្នុង​ធម្មវិន័យ កាមរាគៈ ខ្ញុំ​បាន​ដកចេញ​ហើយ ព្រោះបាន​ឃើញនូវ​រាងកាយ តាម​ពិត។ ភព​ទាំង​អស់ផង សេចក្ដី​ប្រាថ្នា​ផង សេចក្ដីតាំងចិត្តទុកផង អាត្មាអញ​បាន​ផ្ដាច់ផ្ដិល​ហើយ អាត្មាអញបាន​ប្រាសចាក​យោគៈ​ទាំងពួងហើយ បាន​ដល់​នូវ​សេចក្ដី​ស្ងប់​ចិត្ត។ នន្ទុត្តរាថេរី។

 

[៣០៨] អាត្មាអញចេញ​​អំពីផ្ទះ ហើយមកបួស​ក្នុងធម្មវិន័យ ​ដោយសទ្ធា ខ្វល់​ខ្វាយ​ក្នុងលាភៈ និងសក្ការៈ ប្រព្រឹត្ត​ដោយហេតុ (ដែលញ៉ាំងលាភឲ្យកើតឡើង​ មាន​​ពាហុសច្ចៈ និងធម្មកថាជាដើម) នោះ​ ៗ។ អាត្មាអញបាន​លះប្រយោជន៍​ដ៏​ឧត្តម​ចោល ហើយសេពនូវ​ប្រយោជន៍ថោកទាប លុះ​ក្នុងអំណាច​នៃកិលេស​ទាំង​ឡាយ​ មិនត្រេកអរ​នឹងប្រយោជន៍​នៃសមណៈ។ សេចក្ដីសង្វេគ ក៏មាន​ដល់​អាត្មាអញនោះ​ ​ដែលអង្គុយ​ក្នុង​លំនៅ​ថា អាត្មាអញដើរផ្លូវខុស លុះ​ក្នុងអំណាច​តណ្ហា។ ជីវិត​របស់​អាត្មាអញ​មាន​ប្រមាណតិច ជរា និងព្យាធិ​តែងញាំញី មុន​កាយ​នេះ​នឹងបែកធ្លាយ មិនមែន​ជាកាល​គួរ​ អាត្មាអញធ្វេសប្រហែសឡើយ។ អាត្មាអញកាលពិចារណានូវ​ការ​កើតឡើង​ និងការ​សូន្យទៅ​នៃខន្ធ​ទាំងឡាយ​​តាម​​ពិត ក៏មាន​ចិត្តរួច​ស្រឡះ​ ហើយចេញ​ (ចាក​កិលេស​ទាំងពួង) ពុទ្ធសាសនា អាត្មាអញបាន​ធ្វើ​​ហើយ។ មិត្តកាលីថេរី។

 

[៣០៩] អាត្មាអញកាលនៅ​ក្នុងផ្ទះ បាន​ស្ដាប់ធម៌​របស់​ភិក្ខុ​ហើយ ឃើញធម៌ ប្រាស​ចាក​ធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញ​ចាក​តណ្ហា ជាហេតុនាំឲ្យបាន​សេចក្ដី​សុខ មិនឃ្លាត។ អាត្មាអញនោះ​ បាន​បោះបង់ចោលនូវ​កូនប្រុសផង កូន​ស្រីផង ទ្រព្យ និងស្រូវផង បាន​ឲ្យគេ​កោរសក់ ហើយមកបួស​ក្នុងធម្មវិន័យ។ អាត្មាអញ​កាលនៅ​ជា​សិក្ខមានា បាន​ញ៉ាំងមគ្គខាងលើ​ឲ្យកើត បាន​លះរាគៈ និង​ទោសៈ​ផង អាសវៈ​ទាំងឡាយ​ដែល​តាំងនៅ​ជាមួយគ្នា​នឹងរាគៈទោសៈនោះ​ផង។ លុះអាត្មាអញបាន​ឧបសម្បទាជា​ភិក្ខុនីហើយ ក៏រលឹកឃើញនូវ​បុព្វជាតិ ​ទាំងទិព្វចក្ខុ​មិនមាន​មន្ទិល ​ដែលពួក​សប្បុរស​ចំរើន​ហើយ ក៏អាត្មាអញបាន​ជម្រះហើយ អាត្មាអញបាន​ឃើញ​សង្ខារ​ទាំងឡាយ​ ​ដែល​កើត​អំពីហេតុ មាន​សភាពទ្រុឌទ្រោម ថាជារបស់​ដទៃ ហើយបាន​លះអាសវៈ​ទាំងអស់ ជាអ្នក​មាន​ចិត្ត​ត្រជាក់ បាន​រលត់ទុក្ខហើយ។ សកុលាថេរី។

 

[៣១០] អាត្មាអញបាន​សម្រាលកូនដប់ ​ក្នុងសរីរៈ គឺរូបនេះ​ ព្រោះហេតុនោះ​ អាត្មាអញ​មាន​កំឡាំងថយ គ្រាំគ្រា បាន​ចូលទៅ​រកភិក្ខុ​នីមួយរូប។ លោកបាន​សំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់​អាត្មាអញ លុះអាត្មាអញបាន​ស្ដាប់ធម៌​របស់​​លោកហើយ ក៏បាន​កោរសក់បួស អាត្មាអញនោះ​ កំពុងសិក្សា (សិក្ខាបី) បាន​ជម្រះ​ទិព្វ​ចក្ខុ ដឹងនូវ​បុព្វេនិវាស ​ដែលអាត្មាអញបាន​អាស្រ័យនៅ​ហើយ​ក្នុង​កាល​មុន។ អាត្មា​អញមាន​អារម្មណ៍​តែមួយ មាន​ចិត្តតម្កល់មាំ ចំរើន​អនិមិត្ត​វិមោក្ខ ជាអ្នក​បាន​វិមោក្ខ​ក្នុងលំដាប់ (នៃមគ្គ​ដ៏ប្រសើរ) រលត់កិលេស​ហើយ ព្រោះ​មិនប្រកាន់។ បញ្ចក្ខន្ធ អាត្មា​អញបាន​កំណត់​ហើយ មាន​ឫស​ផ្ដាច់​ផ្ដិល​ហើយ អាត្មាអញមិនមាន​តណ្ហា ​ដែលកើត​អំពីវត្ថុ​ដែល​តាំងនៅ​ ឥឡូវនេះ​ ភពថ្មី​មិនមាន​។ សោណាថេរី។

 

[៣១១] អាត្មាអញមាន​សក់ដកហើយ (ដោយបន្លាត្នោត) ទ្រទ្រង់​ភក់ មាន​សំពត់​សាដក​តែមួយ ប្រព្រឹត្ត​ក្នុងកាលមុន មាន​សេចក្ដីសំគាល់ថាទោស​ ក្នុង​របស់​​ដែល​មិនមាន​ទោស ​ទាំងមាន​សេចក្ដីយល់ឃើញថា មិនមាន​ទោស​ក្នុង​របស់​​ដែលមាន​ទោស ចេញ​ទៅ​អំពីទីសម្រាក​ក្នុងវេលាថ្ងៃ បាន​ឃើញព្រះពុទ្ធ ទ្រង់​ប្រាស​ចាក​ធូលី គឺ​រាគាទិក្កិលេស មាន​ភិក្ខុ​សង្ឃហែហម លើ​ភ្នំគិជ្ឈកូដ ក៏លុត​ជង្គង់​ថ្វាយបង្គំ ប្រណម្យអញ្ជលី​ក្នុងទីចំពោះ​ព្រះភក្រ្ដ។ ព្រះមាន​ព្រះភាគ បាន​ត្រាស់​ថា ម្នាលនាង នាងចូរមក​ចុះ ឧបសម្បទានោះ​ ក៏សម្រេច​ដល់​ខ្ញុំ។ អាត្មា​អញបាន​ដើរទៅ​កាន់ជនបទឈ្មោះ​អង្គៈ មគធៈ វជ្ជី កាសី និងកោសល ជាអ្នក​មិនមាន​បំណុល បាន​បរិភោគដុំបាយ​របស់​ជន​អ្នក​នៅ​ក្នុងដែន (នោះ​ ៗ) អស់ ៥០ ឆ្នាំ។ ឧបាសកណា បាន​ឲ្យចីវរដល់​នាងភទ្ទា ​ដែល​រួច​ចាក​គន្ថៈ​ទាំងពួង ឧបាសក​នោះ​ ប្រកប​ដោយបញ្ញា បាន​សោយបុណ្យច្រើន។ ភទ្ទាកុណ្ឌលាថេរី។

 

[៣១២] ពួកមាណព ភ្ជួរស្រែ​ដោយនង្គ័ល​ទាំងឡាយ​ ហើយព្រោះពូជ​ទាំងឡាយ​លើ​ផែនដី ​តែងបាន​នូវ​ទ្រព្យចិញ្ចឹមកូន និងប្រពន្ធ​ទាំងឡាយ​។ អាត្មាអញបរិបូណ៌​ដោយ​សីល មិនខ្ជិល មិនរវើរវាយ ធ្វើ​​តាមសាសនា​របស់​ព្រះសាស្ដា ​ដូចម្ដេចក៏​មិនបាន​​ព្រះនិព្វាន​។ អាត្មាអញលាងជើង​ក្នុងទឹក ឃើញទឹកសម្រាប់លាង​ជើង​ហូរ​អំពីទីទួល មក​កាន់ទីទាប ហើយធ្វើ​​ (ឲ្យជានិមិត្ត) ​ក្នុងទឹក​ទាំងឡាយ​ លំដាប់​ពីនោះ​មក អាត្មាអញ​ក៏បាន​តម្កល់ចិត្តមាំ ​ដូចសេះអាជានេយ្យ​ដ៏ចំរើន​។ លំដាប់​នោះ​ អាត្មាអញកាន់ប្រទីប​ចូលទៅ​កាន់លំនៅ​ រមិលមើលដំណេក ហើយ​អង្គុយ​លើ​គ្រែតូច។ ​ក្នុងកាលនោះ​ អាត្មាអញ​កាន់​រនុកទ្វារ ហើយពន្លឹមចុះនូវ​ប្រឆេះ (នៃប្រទីប) ចិត្តក៏បាន​រួច​ស្រឡះ​ចាក​កិលេស ​ដូចជាការ​រលត់​នៃប្រទីប។ បដាចារាថេរី។

 

[៣១៣] ពួកមាណព កាន់អង្រែ​ទាំងឡាយ​បុកស្រូវ ​តែងបាន​នូវ​ទ្រព្យ​ទាំងឡាយ​ ចិញ្ចឹមកូន និងប្រពន្ធ។ ពួកនាង ចូរធ្វើ​​នូវ​ពុទ្ធសាសនា ​ដែលគេ​ធ្វើ​​ហើយ មិនក្ដៅ​ក្រហាយ​តាមក្រោយ ចូរលាងជើង​ទាំងឡាយ​ឲ្យឆាប់ ហើយអង្គុយ​ក្នុងទីសមគួរ ប្រកប​រឿយ ៗ នូវ​សេចក្ដីស្ងប់​ចិត្ត ហើយចូរធ្វើ​​នូវ​ពុទ្ធសាសនាចុះ។

ភិក្ខុ​នី​ទាំង​នោះ​ បាន​ស្ដាប់ពាក្យ​ប្រៀនប្រដៅ ​របស់​បដាចារាថេរីនោះ​ហើយ ក៏លាងជើង ហើយ​ចូលទៅ​ក្នុងទីសមគួរ ប្រកប​រឿយ ៗ នូវ​សមថធម៌ បាន​ធ្វើ​​នូវ​ (កិច្ច​ក្នុង) ពុទ្ធសាសនា។ ​ក្នុងបឋមយាម​នៃរាត្រី ពួកព្រះថេរី ក៏បាន​រឭកឃើញនូវ​បុព្វជាតិ ​ក្នុងមជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះនូវ​ទិព្វចក្ខុ ​ក្នុងបច្ឆិមយាម​នៃរាត្រី ក៏បាន​ទំលាយ​នូវ​គំនរងងឹត។ ពួក​ព្រះថេរី​ទាំងនោះ​ ក្រោកឡើង​ថ្វាយបង្គំបាទា (នៃបដាចារាថេរី ហើយ​ពោលថា) ពាក្យ​ប្រៀនប្រដៅ​របស់​នាង យើងបាន​ធ្វើ​​តាមហើយ ពួក​ទេវតា​​នៅ​​ក្នុងឋន​ត្រៃត្រឹង្ស (ហែហម) ព្រះឥន្រ្ទ ​ដែលបាន​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាង​ណា ពួកយើងជាអ្នក​មាន​វិជ្ជា ៣ មិនមាន​អាសវៈ​ ​នឹងនៅ​ហែហម (នាង​យ៉ាងនោះ​)។ ពួកភិក្ខុ​នីជាថេរី ចំនួន ៣០ រូបនេះ​ បាន​ធ្វើ​​ឲ្យច្បាស់លាស់ នូវ​ព្រះអរហត្ត ​ក្នុងសំណាក់​នៃបដាចារាថេរី។

 

[៣១៤] កាលពីដើម អាត្មាអញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិនមាន​កូន ព្រាត់​ប្រាសចាក​មិត្រ ចាក​ញាតិ​ទាំងឡាយ​ មិន​ដែលបាន​បាយ និងសំពត់ (បរិភោគប្រើ​ប្រាស់​គ្រប់គ្រាន់) ទេ។ អាត្មាអញកាន់ភាជន៍ដី និងឈើច្រត់ ដើរសូម​អំពី​​ត្រកូលមួយ​ទៅកាន់​ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀតបៀន ដើរទៅ​អស់ ៧ ឆ្នាំ។ លុះ​កាលជា​ខាង​ក្រោយមក អាត្មាអញបាន​ឃើញភិក្ខុ​នី (បដាចារាថេរី) ជាស្រី​បាន​បាយ​ និងទឹក ហើយចូល​ទៅ​និយាយ សូមបួស​ក្នុងធម្មវិន័យ។ ឯ​បដាចារា​ភិក្ខុ​នីនោះ​ បាន​បំបួស​អាត្មាអញ ​ដោយសេចក្ដីអនុគ្រោះ ខាងក្រោយ​អំពី​នោះ​មក លោកបាន​ទូន្មាន​អាត្មាអញ ដឹកនាំ​ក្នុងប្រយោជន៍យ៉ាងសំខាន់។ អាត្មា​អញ​បាន​ស្ដាប់ពាក្យ​របស់​លោក ក៏បាន​ធ្វើ​​តាមពាក្យ​ប្រៀនប្រដៅ ឯឱវាទ​របស់​ព្រះថេរីជាម្ចាស់ មិនឥតអំពើ​ឡើយ​ ខ្ញុំជាអ្នក​មាន​វិជ្ជា ៣ មិនមាន​អាសវៈ​។ ចន្ទាថេរី។

ចប់ បញ្ចកនិបាត។

ថេរីគាថា ឆក្កនិបាត

 

[៣១៥] នាងមិនដឹងផ្លូវ​របស់​សត្វណា ​ដែលមក ឬទៅ​ទេ ហើយយំរកកូន ​ដែល (មិនដឹងជា) មក​អំពីទីណានោះ​ថា ឱកូនអាត្មាអញអើយ។ ទុកជានាងដឹងផ្លូវ​របស់​កូន​នោះ​ ​ដែលមក ឬទៅ​ ក៏មិនគប្បី​សោករកកូននោះ​ឡើយ ព្រោះសត្វមាន​យ៉ាងនេះ​ជា​ធម្មតា។ (សត្វនោះ​) មិនមាន​អ្នក​ណាមួយអង្វរ​ឲ្យមក​អំពី​បរលោក​នោះ​ ​ទាំងមិនមាន​អ្នក​ណាមួយ អនុញ្ញាតឲ្យទៅ​អំពីលោកនេះ​ឡើយ ទំនងជាមក​អំពីទីណាមួយ (មាន​នរក​ជាដើម) មកអាស្រ័យនៅ​ (ក្នុងទីនេះ​) អស់ពីរបីថ្ងៃ។ សត្វសូម្បីទៅ​អំពីភពនេះ​ មកកាន់​ភពដទៃ ទៅ​អំពីភពនោះ​ ទៅ​កាន់​ភពដទៃ ចែកឋនទៅ​ហើយ ​ដោយសភាពជាមនុស្ស​ ​នឹងអន្ទោលទៅ​ បើមក​យ៉ាង​ណា ក៏ទៅ​យ៉ាងនោះ​ ការ​ខ្សឹកខ្សួល ព្រោះ​តែសត្វនោះ​ មាន​ប្រយោជន៍អ្វី។

លោកម្ចាស់បានដកព្រួញ គឺសេចក្ដីសោក ​ដែលឃើញ​ដោយកម្រ អាស្រ័យ​នូវ​ហ្ឫទ័យ​របស់​ខ្ញុំ លោកម្ចាស់បាន​បន្ទោបង់សេចក្ដីសោកព្រោះកូន​របស់​ខ្ញុំ ​ដែល​ត្រូវ​សេចក្ដីសោក​គ្របសង្កត់ហើយ។ ​ក្នុងថ្ងៃនេះ​ ខ្ញុំនោះ​មាន​ព្រួញដកហើយ មិន​មាន​សម្រេកគំលាន មាន​ទុក្ខរលត់ហើយ ខ្ញុំសូមដល់​នូវ​ព្រះពុទ្ធ ជាអ្នក​ប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ។ បដាចារាថេរី ៥០០ [បានជាហៅ​បដាចារាដែរ ព្រោះបានស្តាប់​ឱវាទ​របស់​នាងបដាចារាថេរី។]។

 

[៣១៦] អាត្មាអញត្រូវសេចក្ដីសោកព្រោះកូនបៀតបៀនហើយ មាន​ចិត្តរាយ​មាយ ប្រាសចាក​សញ្ញា មាន​កាយអាក្រាត មាន​សក់រាត់រាយ អាត្មាអញ​ដើរ​ទ្រហោ​យំ។ អាត្មាអញពោរពេញ​ដោយសេចក្ដីស្រេកឃ្លាន បាន​ដើរទៅ​លើ​គំនរ​សំរាម​​ក្បែរថ្នល់ផង ​ក្នុងព្រៃស្មសានផង ​ក្នុងច្រករហកផង អស់បីឆ្នាំ​។ ​ក្នុង​កាល​ជាខាង​ក្រោយមក អាត្មាអញ​បាន​ជួបប្រទះ​នឹងព្រះសុគត ព្រះអង្គទូន្មាននូវ​ពួក​សត្វ​ដែលមាន​ខ្លួន​មិនទាន់​បាន​​ទូន្មាន ទ្រង់​ត្រាស់ដឹង​ដោយ​ព្រះអង្គ​ឯង មិនមាន​ភ័យ​អំពី​ទីណា កំពុង​ស្ដេចទៅ​កាន់ក្រុង​មិថិលា។ អាត្មា​អញ ត្រឡប់បាន​នូវ​ចិត្ត​ជាប្រក្រតី ហើយក៏ចូល​ទៅ​ជិតថ្វាយបង្គំ ឯ​ព្រះគោតម​​នោះ​ បាន​សំដែងធម៌ដល់​អាត្មាអញ ​ដោយសេចក្ដី​អនុគ្រោះ។ លុះអាត្មាអញ​បាន​ស្ដាប់ធម៌​របស់​ព្រះអង្គ​ហើយ ក៏បាន​បួស​ក្នុងធម្មវិន័យ​ ប្រកប​ព្យាយាម​ក្នុង​សាសនា​នៃ​ព្រះសាស្ដា បាន​ធ្វើ​​ឲ្យ​ជាក់ច្បាស់នូវ​ព្រះនិព្វាន​បទ​ដ៏ជាទី​ក្សេម។ សេចក្ដី​សោក​ទាំងឡាយ​​ទាំងពួង អាត្មាអញផ្ដាច់ផ្ដិលហើយ បាន​លះបង់​ហើយ ឲ្យមាន​ទីបំផុត​ត្រឹម​ព្រះអរហត្ត​​នេះ​ ព្រោះថា វត្ថុ​ទាំងឡាយ​ ដែលជាដែនកើត​នៃ​សេចក្ដីសោក អាត្មាអញ​កំណត់​​ហើយ។ វាសិដ្ឋីថេរី។

 

[៣១៧] ហៃនាងខេមា នាងនៅ​ក្មេង ជាស្រីមាន​រូប យើងសោតក៏នៅ​ក្មេងកំឡោះ នាង​ចូរមក យើង​នឹងត្រេកត្រអាល​ដោយតូរ្យតន្រ្តី​ប្រកប​ដោយអង្គ ៥។

អាត្មានឿយណាយ ធុញទ្រាន់ ​ដោយកាយស្អុយ ​ដែលមាន​ជំងឺជានិច្ច ពុកផុយ​នេះ​ កាមតណ្ហា អាត្មាអញបាន​ដកចេញ​ហើយ។ កាម​ទាំងឡាយ​ មាន​ឧបមា​ដោយ​លំពែង និងអណ្ដោត ជាទីកាប់ចិញ្ច្រាំនូវ​ខន្ធ​ទាំងឡាយ​ អ្នក​និយាយ​ចំពោះ​តម្រេក​ក្នុង​កាមណា ឥឡូវនេះ​ តម្រេក​ក្នុងកាមនោះ​ មិនជាទីត្រេកអរ​នៃ​អាត្មាទេ។ សេចក្ដី​រីក​រាយ​ក្នុងអារម្មណ៍​ទាំងពួង អាត្មាបាន​កំចាត់ចេញ​​ហើយ គំនរ​ងងឹត អាត្មាក៏បាន​ទំលាយហើយ ម្នាលមារមាន​ចិត្តបាប​ ​អ្នក​ចូរដឹង​យ៉ាងនេះ​ចុះ ម្នាលមារលាមក អ្នក​ឯង ​អាត្មាបាន​កំចាត់ចេញ​ហើយ។ ពួក​ជន​ពាល មិន​ដឹងតាមពិត សំពះនក្ខត្តឫក្ស​ទាំងឡាយ​ បូជាភ្លើង​ក្នុងព្រៃ ហើយ​សំគាល់ថា​ជាការ​បរិសុទ្ធ។ ចំណែកខាងអាត្មា នមស្ការព្រះសម្ពុទ្ធ ជាបុរស​ខ្ពង់ខ្ពស់ ជាអ្នក​ធ្វើ​​តាមសាសនា​របស់​ព្រះសាស្ដា ​បាន​រួច​ស្រឡះ​ហើយ​ ចាក​ទុក្ខ​ទាំងពួង។ ខេមាថេរី។

 

[៣១៨] អាត្មាអញមាន​ខ្លួន​ស្អិតស្អាង មាន​គ្រឿងស្លៀកពាក់ល្អ ទ្រទ្រង់​ផ្កា​កម្រង លាបស្រឡាប​ដោយខ្លឹមចន្ទន៍ បិទបាំងជិត​ដោយគ្រឿងអាភរណៈ​គ្រប់​យ៉ាង មាន​ពួក​ទាសី​ហែហមហើយ។ អាត្មាអញ បាន​យកបាយ ទឹក បង្អែម​ និងចំអាប​ដ៏ច្រើន ចេញ​ទៅ​អំពីគ្រឹហា នាំចូលទៅ​កាន់ឧទ្យាន។ អាត្មាអញត្រេកអរ លេង​ក្នុងឧទ្យាន​នោះ​ ​រួច​ហើយ​ក៏មកកាន់ផ្ទះ​របស់​ខ្លួន​ បាន​ឃើញវិហារ ហើយក៏​ចូលទៅ​កាន់វិហារ ​ក្នុងព្រៃ​អញ្ជ័ន ជិត​ក្រុង​សាកេត។ អាត្មាអញបាន​ឃើញ​ព្រះពុទ្ធ ជាប្រទីប​នៃ​លោក ហើយ​ចូលទៅ​ថ្វាយបង្គំ ឯព្រះអង្គ ជាបុគ្គលមាន​ចក្ខុ បាន​សំដែងធម៌ដល់​អាត្មា​អញ ​ដោយ​សេចក្ដីអនុគ្រោះ។ លុះអាត្មាអញបាន​ស្ដាប់​ធម៌​​របស់​ព្រះ​មហេសី​​ហើយ ក៏បាន​ចាក់​ធ្លុះនូវ​សច្ចៈ បាន​សម្រេច​នូវ​និព្វាន​បទ ឈ្មោះ​អមតៈ ជាធម៌មិនមាន​ធូលី គឺកិលេស ​ក្នុងវិហារនោះ​ឯង។ លំដាប់​ពីនោះ​ អាត្មាអញ​បាន​ដឹងច្បាស់នូវ​ព្រះសទ្ធម្ម ហើយបួស​ក្នុងធម្មវិន័យ បាន​សម្រេច​ត្រៃវិជ្ជា ព្រះពុទ្ធ​សាសនា មិនឥតអំពើឡើយ។ សុជាតាថេរី។

 

[៣១៩] អាត្មាអញ កើត​ក្នុងត្រកូលខ្ពង់ខ្ពស់ ​ដែលមាន​គ្រឿងឧបករណ៍ជាទី​រីក​រាយច្រើន មាន​ទ្រព្យច្រើន ជាស្រីបរិបូណ៌​ដោយសម្បុរ និងរូប ជាធីតាបង្កើត​នៃសេដ្ឋី​ឈ្មោះ​មេឃិ។ ពួកព្រះរាជបុត្រក៏ចង់បាន​ ពួកសេដ្ឋីបុត្រក៏ជាប់ចិត្ត ទើប​ប្រើ​ទូតទៅ​ (ក្នុងសំណាក់) បិតា​របស់​អាត្មាអញ (ថា) សូមអ្នក​ឲ្យនាង​អនោបមាដល់​ខ្ញុំ។ ធីតា​របស់​អ្នក​ឈ្មោះ​អនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់ថ្លៃ​ចំនួនទ្រព្យប៉ុន្មាន ខ្ញុំសូមជូនប្រាក់​ និងកែវជា ៨ គុណ ​អំពីទ្រព្យនោះ​។ អាត្មា​អញ​នោះ​ បាន​ឃើញព្រះសម្ពុទ្ធ ជាចម្បង​នៃលោក ព្រះអង្គប្រសើរបំផុត ក៏​ចូល​ទៅ​ក្នុង​ទីសមគួរ ថ្វាយបង្គំព្រះបាទា​របស់​ព្រះអង្គ។ ព្រះគោតមនោះ​ បាន​សំដែង​ធម៌​ដល់​អាត្មាអញ ​ដោយសេចក្ដីអនុគ្រោះ អាត្មាអញ​អង្គុយ​លើ​អាសនៈនោះ​ ហើយ​បាន​សម្រេច​នូវ​ផលទី ៣។ លំដាប់ពីនោះ​មក អាត្មា​អញ​បាន​កោរសក់​​ទាំងឡាយ​ ហើយបួស​ក្នុងធម្មវិន័យ រាត្រីគំរប់ ៧ ​របស់​អាត្មា​អញ ​ក្នុងថ្ងៃនេះ​ ជារាត្រី​ដែលតណ្ហារីងស្ងួត។ អនោបមាថេរី។

 

[៣២០] បពិត្រ​ព្រះពុទ្ធ មាន​ព្យាយាម អ្នក​ខ្ពង់ខ្ពស់ជាងសព្វសត្វ​ទាំងឡាយ​ ខ្ញុំ​សូមថ្វាយបង្គំព្រះអង្គ ​ដែលទ្រង់​បាន​ប្រោសខ្ញុំព្រះអង្គ ​និងជនដទៃច្រើនគ្នា ឲ្យរួច​ចាក​​ទុក្ខ។ សេចក្ដីទុក្ខ​ទាំងពួង ខ្ញុំព្រះអង្គបាន​កំណត់ដឹងហើយ តណ្ហាជាដើម​ចម (នៃទុក្ខ) ខ្ញុំ​ព្រះអង្គបាន​ធ្វើ​​ឲ្យរីងស្ងួតហើយ មគ្គប្រកប​ដោយអង្គ ៨ ខ្ញុំ​ព្រះអង្គ​បាន​ចំរើន​ហើយ និរោធធម៌ ខ្ញុំព្រះអង្គបាន​សម្រេច​ហើយ។ មាតាបិតា បុត្រ បង​ប្អូន និង​ជីដូនជីតា ​ដែល​មាន​ក្នុងកាលមុន ខ្ញុំព្រះអង្គក៏មិនដឹងតាមពិត មិនបាន​ (នូវ​ទី​ពឹង​​ក្នុងសមុទ្រ គឺសង្សារ) បាន​​អន្ទោលទៅ​ (យកកំណើត​ផ្សេង ៗ) ព្រះមាន​ព្រះភាគ​អង្គនោះ​ ខ្ញុំព្រះអង្គបាន​ឃើញ​ហើយ រាងកាយ (របស់​ខ្ញុំព្រះអង្គ) នេះ ​ជាទីបំផុតហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ​ ភពថ្មីមិនមាន​។ សូមព្រះអង្គទតនូវ​ពួកសាវ័ក អ្នក​មាន​ព្យាយាមតឹង​តែង មាន​ចិត្ត​​ស្លុងទៅ​រកព្រះនិព្វាន​ មាន​ព្យាយាមមាំជានិច្ច ជាអ្នក​ព្រមព្រៀងគ្នា នេះ​ជាការ​ថ្វាយបង្គំចំពោះ​ព្រះពុទ្ធ​ទាំងឡាយ​។ ឱហ្ន៎ ព្រះនាងមាយា បាន​បង្កើត​ព្រះគោតម ដើម្បី​ជា​ប្រយោជន៍ដល់​ពួកជនច្រើនគ្នា (ព្រោះថា) ព្រះគោតម​បាន​បន្ទោបង់នូវ​គំនរទុក្ខ ​នៃ​ពួកជន​ដែល​ត្រូ​វព្យាធិ ​និងមរណៈចាក់ដោត។ មហាបជាបតិគោតមីថេរី។

 

[៣២១] ម្នាលនាងគុត្តា ការ​ដែលនាងលះបង់កូន និងគំនរទ្រព្យ ហើយបួស ដើម្បី​ប្រយោជន៍ណា នាងចូរចំរើន​ឲ្យរឿយ ៗ នូវ​ប្រយោជន៍នោះ​ឯង នាង​កុំ​លុះ​អំណាច​នៃ​ចិត្តឡើយ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរ​ក្នុងវិស័យ​នៃមារ មិនដឹងថា អាត្មាអញ​ត្រាច់រង្គាត់ទៅ​កាន់សង្សារអស់ជាតិ​មិន​តែមួយ។ កាមច្ឆន្ទៈ ព្យាបាទៈ​ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជាគំរប់ ៥។ ម្នាលភិក្ខុ​នី លុះនាងលះនូវ​សំយោជនៈ ជាចំណែកខាងក្រោយម​ទាំង​នោះ​ហើយ ទើបលែងវិលមកកាន់កាមភពនេះ​ទៀត។ នាងបើខំសង្កត់សង្កិន​កាត់​ផ្ដាច់​នូវ​សំយោជនៈ​ទាំងឡាយ​ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈហើយ ​នឹង​ធ្វើ​​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃទុក្ខបាន​។ នាងបើ​ញ៉ាំង​ជាតិសង្សារឲ្យអស់ ហើយ​កំណត់ដឹងនូវ​ភពថ្មី ​នឹងទៅ​ជាអ្នក​មិនមាន​តណ្ហា ប្រព្រឹត្តស្ងប់​រម្ងាប់ ​ក្នុងបច្ចុប្បន្ន ពិតប្រាកដបាន​។ គុត្តាថេរី។

 

[៣២២] អាត្មាអញមិនលុះអំណាច​ក្នុងភាវនាចិត្ត មិនបាន​សេចក្ដីស្ងប់​ចិត្ត បាន​ចេញ​​អំពីលំនៅ​ ៤ លើ​ក ៥ លើ​ក។ អាត្មាអញបាន​ចូលទៅ​រកភិក្ខុ​នី (ព្រះថេរី​ឈ្មោះ​​ខេមា) ​ហើយសាកសួរ​ដោយគោរព លោកបាន​សំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់​អាត្មាអញ ដើម្បី​ដល់​នូវ​ប្រយោជន៍​ដ៏ឧត្តម។ លុះអាត្មាអញ បាន​ស្ដាប់ពាក្យ​របស់​ភិក្ខុ​នី​នោះ​​ហើយ ក៏បាន​ធ្វើ​​តាមពាក្យ​ប្រៀនប្រដៅ​របស់​លោក ​ក្នុងបុរិមយាម​នៃ​រាត្រី បាន​រឭកឃើញ​នូវ​បុព្វជាតិ ​ក្នុងមជ្ឈិមយាម​នៃ​រាត្រី បាន​ជម្រះនូវ​ទិព្វចក្ខុ ​ក្នុងបច្ឆិមយាម​នៃរាត្រី បាន​ទំលាយនូវ​គំនរងងឹត វេលានោះ​ អាត្មាអញបាន​ជ្រួត​ជ្រាបកាយ​ដោយបីតិ​ និងសុខៈ ទំលាយនូវ​គំនរងងឹត ហើយលាង​ជើង​ទាំងគូ ​ក្នុងរាត្រីទី ៧។ វិជហាថេរី។

ចប់ ឆក្កនិបាត។

ថេរីគាថា សត្តកនិបាត

 

[៣២៣] ពួកមាណព កាន់អង្រែ​ទាំងឡាយ​បុកស្រូវ ពួកមាណព រមែង​បាន​នូវ​ទ្រព្យ ចិញ្ចឹមកូន និងប្រពន្ធ​ទាំងឡាយ​។ នាង​ទាំងឡាយ ​ចូរព្យាយាមធ្វើ​​អំពើ​​ដែលធ្វើ​​ហើយ មិនក្ដៅក្រហាយតាមក្រោយ ​ក្នុងព្រះពុទ្ធសាសនា ចូរលាងជើង​ទាំង​ឡាយ​ឲ្យ​ឆាប់ ហើយអង្គុយ​ក្នុងទីសមគួរ។ នាង​ទាំងឡាយ​ ចូរតាំងចិត្ត តម្កល់​ឲ្យមាំ ឲ្យមាន​អារម្មណ៍​តែមួយ ហើយពិចារណានូវ​សង្ខារ​ទាំងឡាយ​ ថា​ជារបស់​ដទៃ ​ទាំងមិនមែន​ជា​របស់​ខ្លួន​។

អាត្មាបាន​ស្ដាប់ពាក្យ​របស់​ព្រះថេរី​នោះ​ គឺ​ជាពាក្យ​ប្រៀនប្រដៅ​របស់​ព្រះថេរី​ឈ្មោះ​​បដាចារា ហើយបាន​លាង​ជើង រួច​ចូល​ទៅ​អង្គុយ​ក្នុងទីសមគួរ។ ​ក្នុង​បុរិមយាម​នៃរាត្រី អាត្មាបាន​រឭក​ឃើញ​នូវ​បុព្វជាតិ ​ក្នុងមជ្ឈិមយាម​នៃរាត្រី អាត្មាបាន​ជម្រះនូវ​ទិព្វចក្ខុ។ ​ក្នុង​បច្ឆិម​យាម​នៃរាត្រី អាត្មាបាន​ទំលាយនូវ​គំនរងងឹត ជាស្រីបាន​នូវ​ត្រៃវិជ្ជា បាន​ក្រោកចេញ​ (អំពីអាសនៈ) ​ក្នុងកាលជាខាងក្រោយ ពាក្យ​ប្រៀនប្រដៅ​​របស់​លោក​ម្ចាស់ ខ្ញុំ​បាន​ប្រព្រឹត្តហើយ។ ពួកទេវតា​ក្នុងឋានត្រៃត្រឹង្ស (ហែ​ហម) នូវ​សក្កទេវរាជ​ ​ដែលឈ្នះ​ក្នុងសង្រ្គាមយ៉ាងណា​ ខ្ញុំបាន​នូវ​ត្រៃវិជ្ជា មិន​មាន​​អាសវៈ​ ក៏ហែហម (លោកម្ចាស់) យ៉ាងនោះ​ដែរ។ ឧត្តរាថេរី។

 

[៣២៤] អាត្មាជាភិក្ខុ​នី បាន​ចំរើន​នូវ​ឥន្រ្ទិយ ផ្ចង់ស្មារតី បាន​ចាក់ធ្លុះនូវ​ព្រះនិព្វាន​ ជាទីស្ងប់​រម្ងាប់នូវ​សង្ខារ ជាសុខ​ក្រៃលែង។

នាងជាស្ត្រីកំណោរ ប្រាកដ​ដូច​ជាសមណី តើឧទ្ទិសចំពោះ​លទ្ធិណា នាង​មិន​គាប់ចិត្ត​​នឹង​លទ្ធិ​ទាំង​ឡាយ​ ហេតុអ្វីក៏​នាងជា​ស្ត្រីវង្វេង​ប្រព្រឹត្ត​បែបនេះ​។

លទ្ធិ​ទាំងឡាយ​ ខាងក្រៅ​អំពីសាសនានេះ​ អាស្រ័យ​នូវ​ទិដ្ឋិ​ទាំងឡាយ​ ពួកជន (ប្រកាន់លទ្ធិ) នោះ​ មិន​ដឹងច្បាស់នូវ​ធម៌ ពួកជន​នោះ​ មិនវាងវៃ​ក្នុងធម៌។ មាន​ (ព្រះរាជបុត្រ​មួយអង្គ) កើត​ក្នុងសក្យ​ត្រកូល បាន​ត្រាស់ជាព្រះពុទ្ធ មិនមាន​បុគ្គលផ្ទឹម​បាន​ ព្រះអង្គបាន​សំដែងប្រាប់​អាត្មានូវ​អរិយសច្ចធម៌ ជាធម៌​ប្រព្រឹត្តកន្លងនូវ​ទិដ្ឋិ គឺទុក្ខ ១ ហេតុ​នាំឲ្យកើតទុក្ខ ១​ ទី​ដែលប្រព្រឹត្តកន្លងនូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយអង្គ ៨ ​ដ៏​ប្រសើរ​ជាដំណើរទៅ​កាន់​ទីរំលត់ទុក្ខ ១។ អាត្មាបាន​ស្ដាប់ព្រះ​ពុទ្ធដីកា​​របស់​ព្រះអង្គ​ហើយ ក៏ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មាបាន​សម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ អាត្មាបាន​ធ្វើ​​ហើយ។ សេចក្ដីរីករាយ​ក្នុងអារម្មណ៍​ទាំងពួង អាត្មា​បាន​កំចាត់ហើយ គំនរ​ងងឹត អាត្មាបាន​ទំលាយហើយ ម្នាលមារកំបាប អ្នក​ចូរ​ដឹងយ៉ាងនេះ​ចុះ ម្នាលមារ​លាមក អ្នក​ឯង យើងកំចាត់ចេញ​ហើយ។ ចាលាថេរី។

 

[៣២៥] អាត្មាជាភិក្ខុ​នី មាន​ស្មារតី មាន​ចក្ខុ គឺបញ្ញា មាន​ឥន្រ្ទិយចំរើន​ហើយ បាន​ចាក់ធ្លុះនូវ​ព្រះនិព្វាន​ជាទីស្ងប់​ ​ដែលបុរសថោកទាបមិន​ដែលបាន​សេព​ហើយ។

នាងមិនគាប់ចិត្ត​នឹងជាតិទេឬ សត្វ​ដែលកើតហើយ ​តែងបរិភោគកាម​ទាំង​ឡាយ​ នាងចូរបរិភោគនូវ​តម្រេក​ក្នុងកាម​ទាំងឡាយ​ ​កុំឲ្យមាន​សេចក្ដីស្ដាយ​ក្រោយ។

សេចក្ដី​ស្លាប់ និងការ​កាត់នូវ​ដៃជើង រមែង​មាន​ដល់​សត្វ​ដែលកើត​ហើយ សត្វ​ដែល​កើតហើយ រមែង​ដល់​នូវ​សេចក្ដីទុក្ខ មាន​ការ​សម្លាប់ ​និងការ​ចង​ជាកំណត់។ មាន​ (ព្រះរាជបុត្រ​មួយព្រះអង្គ) កើត​ក្នុងសក្យត្រកូល បាន​ត្រាស់ជាព្រះពុទ្ធ ព្រះអង្គ​ផ្ចាញ់នូវ​មារ មាន​កិលេសមារ​ជាដើម ព្រះអង្គ​បាន​សំដែង​ប្រាប់អាត្មានូវ​អរិយ​សច្ចធម៌ ជាធម៌​កន្លងនូវ​ជាតិ គឺទុក្ខ ១ ហេតុនាំឲ្យ​កើតទុក្ខ​មួយ ១ ទី​ដែល​ប្រព្រឹត្តកន្លងនូវ​ទុក្ខ ១ មគ្គ​ប្រកប​ដោយអង្គ ៨ ​ដ៏ប្រសើរ ជាដំណើរ​ទៅ​កាន់ទី​រំលត់ទុក្ខ ១។ អាត្មាបាន​ស្ដាប់ព្រះ​ពុទ្ធដីការ​បស់ព្រះអង្គ​ហើយ ក៏​ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មាបាន​សម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ អាត្មាបាន​ធ្វើ​​ហើយ។ សេចក្ដី​រីករាយ ​ក្នុងអារម្មណ៍​ទាំងពួង អាត្មា​បាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មាបាន​ទំលាយចេញ​ហើយ ម្នាល​មារកំបាប អ្នក​ចូរដឹងយ៉ាងនេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើងកំចាត់​ចេញ​​ហើយ។ ឧបចាលាថេរី។

ចប់ សត្តកនិបាត។

ថេរីគាថា អដ្ឋកនិបាត

 

[៣២៦] ភិក្ខុ​នី បរិបូណ៌​ដោយសីល ​សង្រួម​ដោយប្រពៃ ​ក្នុងឥន្រ្ទិយ​ទាំងឡាយ​ គប្បី​បាន​នូវ​ព្រះនិព្វាន​ជាទីស្ងប់​ មាន​ឱជៈមិនច្របូកច្របល់​ដោយវត្ថុអ្វីមួយ។

ពួកទេវតាណា នៅ​ក្នុងឋានតាវត្តិង្សក្ដី នៅ​ក្នុងឋានយាមៈក្ដី នៅ​ក្នុងឋាន​តុសិតក្ដី ពួកទេវតានៅ​ក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅ​ក្នុងឋាន​បរនិម្មិតវសវត្តី​ក្ដី នាង​ចូរតាំង​ចិត្តទៅ​រកពួកទេវតា​ទាំងនោះ​ ​ដែលនាងធ្លាប់នៅ​ហើយ ​ក្នុងកាលមុន។

ពួកទេវតាណា នៅ​ក្នុងឋានតាវត្តិង្សក្ដី នៅ​ក្នុងឋានយាមៈក្ដី នៅ​ក្នុងឋាន​តុសិតក្ដី ពួកទេវតានៅ​ក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅ​ក្នុងឋានបរនិម្មិតវសវត្តីក្ដី (ទេវតា​​ទាំង​នោះ​ ចេញ​) ​អំពីភពទៅ​កាន់ភព សព្វ ៗ កាល តម្កល់នៅ​ក្នុងសក្កាយ ​គឺខន្ធ​បញ្ចកៈ មិនប្រព្រឹត្តកន្លងនូវ​សក្កាយ ជាអ្នក​អន្ទោលទៅ​កាន់ជាតិ និងមរណៈ។ លោក​ទាំងមូល​ឆេះ លោក​ទាំងមូលច្រានរន្ទាល លោក​ទាំងមូលសន្ធោសន្ធៅ លោក​ទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មាន​រាគៈ​ជាដើម) ព្រះពុទ្ធបាន​សំដែង​ធម៌ប្រាប់​អាត្មា ជាធម៌​ដែល​មិន​កម្រើក មិនមានអ្វី​ផ្ទឹម​បាន​ ​ដែលបុថុជ្ជនសេពមិន​បាន​ ហើយចិត្ត​របស់​អាត្មាត្រេអរចំពោះ​ក្នុងធម៌នោះ​។ អាត្មាបាន​ស្ដាប់​ព្រះពុទ្ធ​ដីកា​​របស់​ព្រះអង្គ​ហើយ ក៏ត្រេកអរ​ក្នុង​សាសនា ត្រៃវិជ្ជា អាត្មាបាន​សម្រេច​ហើយ សាសនា​របស់​ព្រះ​ពុទ្ធ អាត្មាបាន​ធ្វើ​​ហើយ។ សេចក្ដីរីករាយ​​ក្នុង​អារម្មណ៍​ទាំងពួង អាត្មាបាន​កំចាត់​ចេញ​ហើយ គំនរងងឹត អាត្មាបាន​ទំលាយ​ចេញ​ហើយ ម្នាលមារ​កំបាប អ្នក​ចូរដឹងយ៉ាង​នេះ​ចុះ ម្នាលមារលាមក អ្នក​ឯង យើង​កំចាត់​ចេញ​​ហើយ។ សីសូបចាលាថេរី។

ចប់ អដ្ឋកនិបាត។

ថេរីគាថា នវកនិបាត

 

[៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស ​កុំមាន​ដល់​លោក ​ក្នុងកាលណា ៗ ឡើយ ហៃ​កូន លោក​កុំមាន​ចំណែក​នៃសេចក្ដីទុក្ខរឿយ ៗ ឡើយ។ ហៃវឌ្ឍៈ ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ លោកមិនមាន​តណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នក​ត្រជាក់​ត្រជំ ដល់​នូវ​សេចក្ដីរាបសា មិនមាន​អាសវៈ​ ​តែងនៅ​ជាសុខ។ ហៃវឌ្ឍៈ ចូរ​លោក​ចំរើន​ឲ្យរឿយ ​ៗ ដើម្បី​​ដល់​នូវ​ការ​ឃើញមគ្គ ​ដែលពួកឥសីនោះ​ ធ្លាប់​សន្សំមក​ហើយ ដើម្បី​ធ្វើ​​នូវ​ព្រះ​និព្វាន​ជាទីបំផុតទុក្ខ។

បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះ​ដល់​ខ្ញុំ បពិត្រ​មាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេស​របស់​លោក មិនមាន​ដោយពិត។

ហៃវឌ្ឍៈ សង្ខារ​ទាំងឡាយ​ ឯណានី​មួយ​ដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បី​បន្តិចបន្តួចក្ដី ​នៃខ្ញុំមិនមាន​ឡើយ។ ខ្ញុំជាអ្នក​មិន​ប្រមាទ បាន​ចំរើន​ឈាន មាន​អាសវៈ​ទាំងពួង​អស់ហើយ ត្រៃវិជ្ជា ខ្ញុំបាន​សម្រេច​ហើយ សាសនា​របស់​​ព្រះពុទ្ធ ខ្ញុំបាន​ធ្វើ​​ហើយ។

មាតា​របស់​ខ្ញុំ បាន​ចាក់ជន្លួញ​ដ៏លើ​សលុប គឺគាថាប្រកប​ដោយប្រយោជន៍​យ៉ាង​សំខាន់ ៗ ​ដោយពិត ​ដូចជាពួកជនអ្នក​អនុគ្រោះ។ ខ្ញុំបាន​ស្ដាប់ពាក្យ​ប្រៀន​ប្រដៅ​របស់​​លោក ​ដែលជាមាតាបង្កើត ហើយក៏ដល់​នូវ​ធម្មសង្វេគ ដើម្បី​ដល់​នូវ​ព្រះនិព្វាន​​ជាទីក្សេម​ចាក​យោគៈ។ ខ្ញុំនោះ ​មាន​ចិត្តស្លុងទៅ​រកព្រះនិព្វាន​ ​ដោយ​សម្មប្បធាន មិនខ្ជិលច្រអូស​ទាំង​យប់​ទាំងថ្ងៃ ជាអ្នក​ដែលមាតាដាស់តឿនហើយ ក៏ស្ងប់​រម្ងាប់ បាន​សម្រេច​នូវ​ព្រះនិព្វាន​​ដ៏ខ្ពង់ខ្ពស់។

វឌ្ឍមាតាថេរី។

ចប់ នវកនិបាត។

ថេរីគាថា ឯកាទសកនិបាត

 

[៣២៨] ភាព​នៃកល្យាណមិត្តចំពោះ​សត្វលោក ព្រះមុនីទ្រង់​សរសើរហើយ បុគ្គលកាលគប់រកនូវ​ពួកកល្យាណមិត្ត សូម្បីខ្លួន​ជាបុគ្គលពាល ក៏គង់បាន​ទៅ​ជា​បណ្ឌិត។ បុគ្គលគួរគប់រកនូវ​ពួកសប្បុរស ប្រាជ្ញា​នៃពួកបុគ្គល​ដែលរាប់រក (នូវ​សប្បុរស) រមែង​ចំរើន​ដោយពិត បុគ្គលឯណានីមួយ មាន​ក្សត្រជាដើម កាល​គប់​រកនូវ​ពួកសប្បុរស គប្បី​រួច​ចាក​ទុក្ខ​ទាំងអស់ផង គប្បី​ដឹងនូវ​អរិយ​សច្ច​ទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកប​​ដោយ​អង្គ ៨ ប្រការ​ ១។ ព្រះមាន​ព្រះភាគ ជាសារថីទូន្មាននូវ​បុរស ទ្រង់​ត្រាស់​ថា ឥត្ថីភាព នាំមក​នូវ​សេចក្ដីទុក្ខ។ មែន​ពិត ការ​នៅ​រួមជាមួយ​នឹងស្វាមី នាំមក​នូវ​ទុក្ខ ស្រីពួកខ្លះ សម្រាលបុត្រ​តែម្ដង ដាច់បំពង់ស្បូន (ស្លាប់) ក៏មាន (ស្រីពួកខ្លះ) ជាសុខុមាលជាតិ មាន​គភ៌រវាងពាក់កណ្ដាល ប្រាថ្នា​សម្លាប់កូន​ក្នុងគភ៌ ស៊ីថ្នាំពិស ដល់​នូវ​សេចក្ដីវិនាស ​ទាំងពីរនាក់ (កូន និងម្ដាយ) ក៏មាន​។

ខ្ញុំកាលទៅ​រកទីសម្រាល (កូន) បាន​ឃើញប្ដី​ស្លាប់ ខ្ញុំទៅ​មិនទាន់ដល់​ផ្ទះ​របស់​ខ្លួន​ ក៏សម្រាល (កូន) កណ្ដាលផ្លូវ។ កូន​ទាំងពីរ ក៏ធ្វើ​​មរណកាល ប្ដីរបស់ខ្ញុំក៏ស្លាប់​ក្នុងផ្លូវ ខ្ញុំជា​ស្រី​កំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏ត្រូវគេ​ដុត​ក្នុងជើងថ្ករ​ជាមួយគ្នា។ នាង​រងទុក្ខ​ប្រមាណមិនបាន​ ​ក្នុងត្រកូល​ដែលអស់ភោគ​សម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែក​របស់​នាងប្រព្រឹត្តទៅ​អស់ពាន់ជាតិជាច្រើន។ ខ្ញុំឃើញនាង (កើតជា) ចចកញី ស៊ីសាច់មនុស្ស​ក្នុងកណ្ដាលព្រៃស្មសាន មួយ​ទៀត​ សាច់កូន ក៏នាងបាន​ស៊ីហើយ (ក្នុងអត្តភាពនេះ​) ខ្ញុំមាន​វង្សត្រកូល​សាប​សូន្យ ត្រូវអ្នក​ផងតិះដៀល មាន​ប្ដីក៏ស្លាប់ ​តែបាន​ត្រាស់ដឹងនូវ​អមតៈ។ អរិយមគ្គ​ប្រកប​ដោយអង្គ​៨ ជាដំណើរទៅ​កាន់ព្រះនិព្វាន​ ឈ្មោះ​អមតៈនេះ​ ខ្ញុំ​បាន​ចំរើន​ហើយ ​ទាំងព្រះនិព្វាន​ ខ្ញុំក៏​បាន​ធ្វើ​​ឲ្យជាក់ច្បាស់ហើយដែរ ខ្ញុំបាន​ឃើញ​ហើយ​នូវ​កញ្ចក់ គឺធម៌។ ខ្ញុំមាន​សរ គឺរាគាទិ​ក្កិលេសកាត់ហើយ មាន​ភារៈ​ដាក់​ចុះ​ហើយ កិច្ច​ដែលគួរធ្វើ​​ ខ្ញុំបាន​ធ្វើ​​រួច​ស្រេចហើយ នាងកីសាគោតមី​ថេរី មាន​ចិត្តផុតស្រឡះ​ហើយ (ចាក​កិលេស) បាន​ពោលនូវ​សេចក្ដី​នេះ​។

កីសាគោតមីថេរី។

ចប់ ឯកាទសកនិបាត។

ថេរីគាថា ទ្វាទសកនិបាត

 

[៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មាន​ប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដី​តក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមាន​ដល់​ខ្ញុំនោះ​។ ថ្វឺយ កាម​​ទាំង​ឡាយ​ ជារបស់​មិនស្អាត មាន​ក្លិនអាក្រក់ ​ដូចជាបន្លាច្រើនយ៉ាង ​ដែល​នាំយើង​ទាំងពីរ​នាក់ គឺមាតា​ និងធីតា ឲ្យជាភរិយាជាមួយគ្នា។ លុះខ្ញុំឃើញ​ទោស​ក្នុង​កាម​ទាំងឡាយ​ហើយ ឃើញនេក្ខម្មៈ ថាជារបស់​ក្សេម ទើបចេញ​ចាក​ផ្ទះ​ក្នុង​ក្រុង​រាជគ្រឹះ ចូលកាន់​ផ្នួស។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ឯទិព្វចក្ខុ និង​ចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោត​ធាតុ ខ្ញុំជម្រះហើយដែរ។ ​ទាំងឫទ្ធិ ខ្ញុំបាន​ធ្វើ​​ឲ្យជាក់​ច្បាស់​ហើយ ការ​អស់ទៅ​នៃ​អាសវៈ​ ខ្ញុំបាន​ដល់​ហើយ អភិញ្ញា ៦ ខ្ញុំបាន​ធ្វើ​​ឲ្យ​ជាក់ច្បាស់​ហើយ ​ពុទ្ធសាសនា ខ្ញុំបាន​ធ្វើ​​ហើយ។ ខ្ញុំនិមិ្មតនូវ​រថ​ទឹមសេះ ៤ ​ដោយ​ឫទ្ធិ ហើយថ្វាយបង្គំព្រះបាទ​ទាំងគូ​នៃព្រះពុទ្ធ​ដ៏មាន​សិរី ជាទីពឹង​នៃសត្វលោក។

នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ​ដែលនៅ​ចុង​មាន​ផ្ការីកស្គុះស្គាយ ហើយ​ឈរនៅ​ទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីរ​របស់​នាងក៏មិនមាន​ នែស្រ្តីពាល នាងមិនខ្លាចពួកអ្នក​លេងទេឬ។

បើទុកជាអ្នក​លេង​ទាំងឡាយ​មួយ​រយ ឬមួយពាន់ ជាបុគ្គលមាន​សភាពយ៉ាង​នេះ​ មកជួបជុំគ្នា ក៏រោម (របស់​យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នក​ម្នាក់ឯង ​នឹងធ្វើ​​នូវ​អ្វីដល់​យើងកើត។ យើងនេះ​នឹងបាត់ទៅ​ ឬ​នឹងចូលទៅ​​កាន់ផ្ទៃ​របស់​អ្នក​ក៏បាន​ ឬបើទុក​ជាឈរ​​នៅ​ក្បែរចន្លោះចិញ្ចើម​របស់​អ្នក​ ក៏អ្នក​មើលមិន​ឃើញ​យើង​ឈរដែរ។ យើងជាស្រ្តី​ស្ទាត់​​ក្នុងអធិចិត្ត ឥទ្ធិបាទ​ទាំង​ឡាយ​ យើងបាន​ចំរើន​ហើយ​ដោយប្រពៃ អភិញ្ញា ៦ យើងបាន​ធ្វើ​​ឲ្យជាក់ច្បាស់​ហើយ ពុទ្ធសាសនា យើងបាន​ធ្វើ​​ហើយ។ កាម​ទាំងឡាយ​ ​ប្រៀប​ដោយលំពែង ​និងឈើស្រួច សម្រាប់ចិញ្ច្រាំ​នូវ​ខន្ធ​ទាំងឡាយ​ អ្នក​ពោលនូវ​តម្រេក​ក្នុងកាម​ណា ឥឡូវនេះ​ តម្រេក​ក្នុងកាមនោះ​ មិនមែន​ជាតម្រេក​​របស់​យើង​ឡើយ។ សេចក្ដីរីករាយ​ក្នុងកាម​ទាំងអស់ យើងបាន​កំចាត់​ចេញ​​ហើយ គំនរ​នៃងងឹត (អវិជ្ជា) យើងបាន​ទំលាយ​ចោល​ហើយ នែមារ​មាន​ចិត្តបាប អ្នក​ចូរដឹងយ៉ាងនេះ​ចុះ នែ​មារថោកទាប អ្នក​ យើងកំចាត់ចេញ​ហើយ។

ឧប្បលវណ្ណាថេរី។

ចប់ ទ្វាទសកនិបាត។

ថេរីគាថា សោឡសកនិបាត

 

[៣៣០] ខ្ញុំជាស្រ្តីអ្នក​ដងទឹក មាន​ការ​ខ្លាចទណ្ឌភ័យ​នៃជនជាម្ចាស់​ទាំងឡាយ​ ត្រូវភ័យ​អំពីវាចា និងទោសបៀតបៀន ហើយចុះទឹករាល់ពេល​ក្នុងកាល​ត្រជាក់​រងារ។​ ម្នាលព្រាហ្មណ៍ អ្នក​ខា្លចអ្នក​ណា ទើបចុះទឹករាល់ពេល មាន​ខ្លួន​ញាប់ញ័រ ទទួលរងរងារ​ដ៏​ក្រៃលែង។

ម្នាលនាងបុណ្ណិកា​ដ៏ចំរើន​ នាងដឹង (ថាខ្ញុំ) កំពុង​ធ្វើ​​កុសលកម្ម​ ជាគ្រឿងបិទនូវ​បាបកម្មដែរ ម្ដេចក៏សួរ​ដេញដោល។ បុគ្គលណា ទោះចាស់ក្ដី ក្មេងក្ដី​ ធ្វើ​​បាបកម្ម បុគ្គលនោះ​ រមែង​រួច​ចាក​បាបកម្ម ព្រោះការ​ស្រោចស្រប់​ដោយទឹក។

អ្នក​ល្ងង់ណាហ្ន៎ បាន​និយាយ​ពាក្យ​នេះ​ ទៅ​រកអ្នក​​ដែល​ល្ងង់ដែរ (ថាបុគ្គល) រមែង​រួច​ចាក​បាបកម្ម ព្រោះការ​ស្រោចស្រប់​ដោយ​ទឹក (បើដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វដទៃ​ណាមួយ ​ដែលត្រាច់ទៅ​​ក្នុងទឹក​ទាំងអស់ ​នឹងទៅ​កាន់ឋនសួគ៌​ដោយពិត។​ ពួកជនអ្នក​សម្លាប់ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នក​ចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈ​ឃាត ឬពួកជនឯទៀត ​ដែលមាន​កម្ម​ដ៏លាមក ពួកជន​ទាំងនោះ​ ក៏រួច​ចាកបាបកម្ម ព្រោះការ​ស្រោច​ស្រប់​ដោយទឹក។ ប្រសិនបើ​ស្ទឹង​ទាំងនោះ​ អាចបន្សាត់ចោលនូវ​បាប ​ដែលអ្នក​ធ្វើ​ក្នុងកាលមុនបាន​ ស្ទឹង​ទាំង​នោះ​ ក៏អាចបន្សាត់ចោលនូវ​បុណ្យ​របស់​អ្នក​បាន​ដែរ ព្រោះ​ហេតុនោះ​ ខ្លួន​អ្នក​នឹង​ទៅ​ជាបុគ្គលក្រៅស្រឡះ​។ ម្នាលព្រាហ្មណ៍ អ្នក​ខ្លាចចំពោះ​បាបកម្មណា ហើយ​ចុះត្រាំទឹក​គ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នក​កុំធ្វើ​​នូវ​បាបនោះ​វិញ​ ​កុំ (ចុះត្រាំទឹក) ឲ្យរងារ បៀតបៀននូវ​សម្បុរសរីរៈ​របស់​អ្នក​ឡើយ។

នាងដឹកនាំខ្ញុំ ​ដែលដើរផ្លូវខុស​ ឲ្យដើរទៅ​តាមផ្លូវ​ដ៏ប្រសើរ ម្នាលនាង​ដ៏ចំរើន​ ខ្ញុំ​សូមជូនសាដកសម្រាប់ស្រោចស្រប់ទឹកនេះ​ ដល់​នាង។

សំពត់សាដក ចូរ​នៅ​ជា​របស់​​អ្នក​ដ​ដែលចុះ ខ្ញុំមិនត្រូវការ​សំពត់សាដក (របស់អ្នក) ទេ។ បើអ្នក​ខ្លាច​សេចក្ដីទុក្ខ បើ​សេចក្ដីទុក្ខ​មិនជាទីស្រឡាញ់​នៃ​អ្នក​ទេ អ្នក​កុំធ្វើ​​បាបកម្ម ទោះបី​ក្នុងទីវាលក្ដី ​ក្នុងទី​កំបាំងក្ដី។ បើអ្នក​នឹងធ្វើ​​ ឬកំពុងធ្វើ​​នូវ​បាបកម្ម​ សូម្បីអ្នក​ហោះ​រត់ទៅ​ ក៏មិនរួច​ចាក​ទុក្ខ​។ បើអ្នក​ខ្លាច​សេចក្ដីទុក្ខ បើសេចក្ដី​ទុក្ខមិនជាទី​ស្រឡាញ់​​របស់​អ្នក​ទេ អ្នក​ចូរដល់​នូវ​ព្រះពុទ្ធ​ជាតាទិបុគ្គលផង នូវ​ព្រះធម៌ផង នូវ​ព្រះសង្ឃ​ផង ជាទី​ពឹងចុះ ចូរសមាទាសីល​ទាំងឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និងការ​សមាទាន​សីលនោះ​ ​នឹងញ៉ាំងអ្នក​ឲ្យ​រួច​ចាក​ (ទុក្ខ)។

ពីដើម ខ្ញុំជាព្រាហ្មណ៍​តែពូជ ថ្ងៃនេះ​ខ្ញុំជាព្រាហ្មណ៍ពិត មាន​ត្រៃវិជ្ជា បរិបូណ៌​ដោយវេទ ជាអ្នក​មាន​សួស្ដី ជាអ្នក​លាងបាប។

បុណ្ណិកាថេរី។

ចប់ សោឡសកនិបាត។

ថេរីគាថា វីសតិនិបាត

 

[៣៣១] កាលពីដើម សក់​របស់​ខ្ញុំមាន​ចុង​ង មាន​ពណ៌ខ្មៅ ប្រាកដស្មើ​ដោយ​ពណ៌​នៃស្លាបកន្លង់ ឥឡូវនេះ​ សក់​ទាំងឡាយ​នោះ​ ប្រាកដស្មើ​ដោយសម្បកធ្មៃ និង​សម្បកក្រចៅ ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោល​នូវ​ពាក្យ​​ពិត មិនប្រែប្រួល។ (កាលពីដើម) សំណុំសក់​របស់​ខ្ញុំ ពេញ​ដោយផ្កា ហាក់​ដូចជាប្រអប់​ដាក់​គ្រឿងក្រអូប ​ដែលគេ​អប់ (ឥឡូវនេះ​) សំណុំសក់នោះ​ មាន​ក្លិន ​ដូចជាក្លិន​នៃរោម​ទន្សាយ ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) សក់​របស់​ខ្ញុំវិចិត្រ​ដោយ​​ក្រាស និងស្នៀតសក់ ល្អលើ​ស​លុប ​ដូចជាព្រៃឫស្សី​ដុះស្នាប់ល្អ (ឥឡូវ​នេះ​) សក់នោះ​ ល្បោះរង្វើល ​ក្នុងសីសប្រទេស​នោះ​ ៗ ​ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវពាក្យ​ពិត មិនប្រែ​ប្រួល។ (កាលពីដើម​សក់​របស់​ខ្ញុំ) ល្អិត មាន​ក្លិនក្រអូប ស្អិតស្អាង​ដោយក្រាសមាស ប្រដាប់​ដោយ​ផ្នួង​ទាំងឡាយ​ដ៏ល្អត្រកាល (ឥឡូវនេះ​) សក់នោះ​ថ្ពែក ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែ​ប្រួល។ (កាលពី​ដើម) ចិញ្ចើម​ទាំងឡាយ​របស់​ខ្ញុំស្អាតល្អ ​ដូចជាគំនូស​ដែល​ជាង​រចនាល្អ (ឥឡូវនេះ​) ចិញ្ចើម​ទាំងនោះ​ យុរយារ ​ដោយអាការ​ជ្រួញជ្រីវ ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះ​សម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ (កាលពីដើម) ភ្នែក​ទាំងឡាយ​ មាន​សម្បុរថ្លា ខៀវស្រងាត់ រុង​រឿងល្អក្រឡង់ ​ដូចជាកែវមណី (ឥឡូវនេះ​) ភ្នែក​ទាំង​នោះ​ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះពុទ្ធដីការ​បស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែប្រួល។ ច្រមុះ (របស់​ខ្ញុំ) ប្រាកដស្មើ​ដោយដំបារមាស ​ដែលគេ​មូរ​ដ៏ល្អ ល្អ​ក្នុងកាល​នៃខ្លួន​នៅ​ក្រមុំ (ឥឡូវ​នេះ​) ច្រមុះនោះ​ ហាក់​ដូចជាទ្រុឌទ្រោម ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះ​សម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពី​ដើម ស្លឹក​ត្រចៀក​​ទាំងឡាយ​របស់​ខ្ញុំល្អ ហាក់​ដូចជាដំបារ​មាស ​ដែលជាងធ្វើ​​ល្អហើយ ​ដែល​សម្រេច​ហើយ​ដោយប្រពៃ (ឥឡូវនេះ​) ស្លឹក​ត្រចៀក​ទាំងនោះ​ យុរយារ ​ដោយអា​ការ​ជ្រួញជ្រីវ ព្រោះ​តែជរា ព្រះពុទ្ធដីកា ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​​ពិត​ មិនប្រែប្រួល។ កាលពីដើម ធ្មេញ​ទាំងឡាយ​របស់​ខ្ញុំ​ល្អ​ណាស់ ប្រាកដ​ស្មើ​ដោយ​ពណ៌​នៃផ្កាច្រនៀងក្រពុំ (ឥឡូវនេះ​) ធ្មេញ​ទាំងនោះ​បាក់ មាន​ពណ៌​លឿង ​ដូចជាស្រូវ​ដំណើប ព្រោះ​តែ​ជរា ព្រះពុទ្ធដីការ​បស់ព្រះ​សម្មា​សម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែ
ប្រួល។ (កាលពីដើម) សំដី​ដែល​ខ្ញុំនិយាយពីរោះ ​ដូចជាសំដីមេតាវៅ ​ដែល​ហើរ​ទៅ​កាន់ព្រៃស្រោង​ក្នុងព្រៃ (ឥឡូវនេះ​) សំដីនោះ​ស្អកស្អា ព្រោះ​តែជរា ព្រះពុទ្ធដីកា​របស់ព្រះសម្មា​សម្ពុទ្ធ ព្រះអង្គ​ពោល​នូវ​ពាក្យ​ពិត មិនប្រែប្រួល។ កាល​ពីដើម ក ​របស់​ខ្ញុំល្អ​ ​ដូចជាស័ង្ខ​មាស ​ដែល​ជាង​ខាត់​ហើយ​ដោយល្អ (ឥឡូវ​នេះ​) កនោះ​បាក់ឱន ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែប្រួល។ កាល​ពីដើម ដើមដៃ​ទាំងពីរ​របស់​ខ្ញុំ ល្អ​ដូចជាសសរខឿន ​ដែលជាងលញ់ហើយ (ឥឡូវ​នេះ​) ដើម​ដៃ​ទាំងនោះ​ ​ដូច​ជាស័ង្ខបែកហើយ ព្រោះ​តែជរា ព្រះពុទ្ធដីកា ​របស់​ព្រះសម្មា​សម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែប្រួល។ កាលពីដើម ដៃ​ទាំងឡាយ​​របស់​ខ្ញុំ មាន​ចិញ្ចៀន​ល្អ ប្រដាប់​ដោយមាស សមរម្យល្អ (ឥឡូវនេះ​) ដៃ​ទាំងនោះ​ ​ដូចជាមើម​ដំឡូងយារ ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់​ព្រះសម្មា​សម្ពុទ្ធ ព្រះអង្គ​ពោល​នូវ​ពាក្យ​ពិត មិនប្រែប្រួល។ កាលពីដើម ដោះ​ទាំងពីរ​របស់​ខ្ញុំ ពេញ​លេញ ​មូល​ក្បំកៀកគ្នា មាន​សណ្ដង់​ដ៏ត្រង់ល្អណាស់ (ឥឡូវនេះ ​ដោះ​ទាំងនោះ​) មិន​មាន​ទឹក (ជ្រាយ) បាក់​សំ​យុងចុះ ​ដូចជាបំពង់ទឹក ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ​ ព្រះអង្គ​ពោល​នូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម កាយ​របស់​ខ្ញុំល្អស្រស់ ​ដូចជាផែនក្ដារ​មាស ​ដែលគេ​ខាត់​ហើយ​ដោយប្រពៃ (ឥឡូវនេះ​) កាយនោះ​ប្រែប្រួល ​ដោយ​អាការ​ជ្រួញជ្រីវ​ដ៏ល្អិត ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែប្រួល។ កាលពី​ដើម ភ្លៅ​ទាំងពីរ​របស់​ខ្ញុំ ល្អ​ល្អះ ​ដូចជាប្រមោយ​នៃ​ដំរី​ដ៏ប្រសើរ (ឥឡូវនេះ​) ភ្លៅ​ទាំងនោះ​ ​ដូចជាថ្នាំងឫស្សី ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ កាលពីដើម ស្មង​ទាំងឡាយ​របស់​ខ្ញុំ ប្រដាប់​ដោយស្រោម ជាវិការៈ​នៃមាស ​ដែលគេ​ប៉ាក់ជិត​ស្និទ្ធ​ល្អណាស់ (ឥឡូវនេះ​) ស្មង​ទាំងនោះ​ ​ដូចជាដើមល្ង ព្រោះ​តែជរា ព្រះពុទ្ធ​ដីការ​បស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែ​ប្រួល។ កាលពី​ដើម ជើង​ទាំងពីរ​របស់​ខ្ញុំល្អ ​ដូចជាទ្រនាប់ជើង ​ដែលគេ​ញាត់ហើយ​ប៉ុយរកា (ឥឡូវនេះ​) ជើង​ទាំងនោះ​ ប្រេះបែកជ្រួញជ្រីវ ព្រោះ​តែជរា ព្រះពុទ្ធដីការ​បស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិន​ប្រែប្រួល។ គ្រោងកាយ មាន​សភាព​ដូច្នេះនេះ​ គ្រាំគ្រា ជាលំនៅ​នៃសេចក្ដីទុក្ខ​ច្រើនប្រការ​ គ្រោងកាយ​នោះ​ ​ដូចជាផ្ទះចាស់​ដែលមាន​គ្រឿងបូកលាបជ្រុះចុះ ព្រះពុទ្ធដីការ​បស់​ព្រះសម្មា​សម្ពុទ្ធ ព្រះអង្គ​ពោលនូវ​ពាក្យ​ពិត មិនប្រែប្រួល។ អម្ពបាលីថេរី។

 

[៣៣២] (បិតាសួរនាងរោហិណីថា) នែនាង​ដ៏ចំរើន​ នាងជួប​នឹងខ្ញុំ​ពោលថា​សមណៈ នាងភ្ញាក់ឡើង​ ក៏​ពោលថា សមណៈ នាងសរសើរចំពោះ​ពួកសមណៈ​តែ​ម៉្យាង នាង​នឹងជាសមណី​​ដោយពិត។ នាង​តែងផ្គត់ផ្គង់​បាយ ទឹក ​ដ៏ច្រើន ចំពោះ​ពួក​សមណៈ នែ​នាងរោហិណី ឥឡូវនេះ​ យើងសួរនាង ចុះនាងមាន​សេចក្ដី​ស្រឡាញ់ពួក​សមណៈ តើ​ដោយហេតុ​ដូចម្ដេច។ ពួកសមណៈ​ ជាអ្នក​មិន​ប្រាថ្នា​​ក្នុងការ​ងារ ខ្ជិល​ច្រអូស រស់នៅ​ដោយ​សារទាន​ដែលបុគ្គលដទៃឲ្យ ជាអ្នក​ប៉ុនប៉ង​ប្រាថ្នា​​តែ​អាហារមាន​រសឆ្ងាញ់ទេ ចុះ​នាង​មាន​សេចក្ដីស្រឡាញ់​ពួកសមណៈ តើ​ដោយ​ហេតុ​ដូចម្ដេច។

(នាងរោហិណីតបថា) បពិត្រ​បិតា អ្នក​ដេញដោលសួរខ្ញុំ ​អំពីពួកសមណៈ​អស់​កាលយូរណាស់ហើយ ខ្ញុំ​នឹងសំដែងនូវ​បញ្ញា សីល និងសេចក្ដីខ្មីឃ្មាត ​របស់​សមណៈ​ទាំងនោះ​ ដល់​អ្នក​។ ពួកសមណៈ ជាអ្នក​ប្រាថ្នា​នូវ​ការ​ងារ មិន​ខ្ជិល​ច្រអូស ធ្វើ​​ចំពោះ​តែ​ការ​ងារ​ដ៏ប្រសើរ រមែង​លះបង់នូវ​រាគៈ និងទោសៈ ខ្ញុំមាន​សេចក្ដី​ស្រឡាញ់​ពួក​សមណៈ ​ដោយហេតុនុ៎ះឯង។ ពួកសមណៈ​ ជាអ្នក​ធ្វើ​​នូវ​កម្មស្អាត រមែង​កំចាត់បង់នូវ​ឫស​នៃបាប [ឫសគល់នៃបាប ៣យ៉ាងគឺ លោភៈ១ ទោសៈ១ មោហៈ១។ អដ្ឋកថា។] ​ទាំងបី សមណៈ​ទាំងនុ៎ះ បាន​លះបង់​នូវ​បាប​ទាំងអស់ ខ្ញុំមាន​សេចក្ដីស្រឡាញ់ពួកសមណៈ​​ដោយហេតុ​នុ៎ះ​ឯង។ កាយ​កម្ម​​របស់​សមណៈ​ទាំងនោះ​ស្អាត វចីកម្មស្អាត​ដូចគ្នា ​ទាំង​មនោកម្ម​របស់​សមណៈ​ទាំងនោះ​ ក៏ស្អាត ខ្ញុំមាន​សេចក្ដី​ស្រឡាញ់ពួកសមណៈ​​ដោយហេតុនុ៎ះឯង។ ពួក​សមណៈ​ប្រាសចាក​មន្ទិល ស្អាត​ទាំងខាង​ក្នុង​ទាំង​ខាង​ក្រៅ ​ដូចជាស័ង្ខ​ដែល​ខាត់ហើយ ពេញ​ដោយធម៌ស​ទាំងឡាយ​ ខ្ញុំមាន​សេចក្ដី​ស្រឡាញ់ពួក​សមណៈ​​ដោយហេតុនុ៎ះឯង។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់នៅ​​ដោយធម៌ ​តែងសំដែងនូវ​អត្ថ និងធម៌ ខ្ញុំមាន​សេចក្ដី​ស្រឡាញ់ពួក​សមណៈ​ដោយ​ហេតុនោះ​ឯង។ ពួកសមណៈ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ធម៌ ជាអរិយៈ រស់នៅ​ដោយធម៌ មាន​ចិត្តប្រសើរ មាន​អារម្មណ៍​តែមួយ មាន​ស្មារតី ខ្ញុំ​មាន​សេចក្ដី​ស្រឡាញ់ពួកសមណៈ​​ដោយហេតុ​នុ៎ះឯង។ ពួក​សមណៈ ទៅ​កាន់ទី​ឆ្ងាយបាន​ (តាមសេចក្ដីពេញ​ចិត្ត) មាន​ស្មារតី ​ពោល​ដោយឧបាយ​ប្រាជ្ញា មិន​រាយមាយ ​តែងដឹងនូវ​ព្រះនិព្វាន​ ជាទី​បំផុត​នៃទុក្ខ ខ្ញុំមាន​សេចក្ដីស្រឡាញ់ពួក​សមណៈ​ដោយ​ហេតុនុ៎ះឯង។ ពួក​សមណៈ ​ចៀសចេញ​ទៅ​អំពីស្រុកណា រមែង​មិន​រមិល​អ្វីមួយ (ក្នុងស្រុកនោះ​) ចេញ​ទៅ​ឥតអាល័យ ខ្ញុំមាន​សេចក្ដី​ស្រឡាញ់​ពួកសមណៈ ដោយ​​ហេតុនោះ​ឯង។ សមណៈ​ទាំងនោះ​ មិនទុកដាក់​ (សម្បត្តិ) ​ក្នុងជង្រុក មិនទុកដាក់​ឆ្នាំង​អំបែង មិនទុកដាក់​ល្អីកញ្ជើ ស្វែងរកចំពោះ​តែភោជន ​ដែលសម្រេច​ហើយ ខ្ញុំមាន​សេចក្ដីស្រឡាញ់ពួកសមណៈ​ដោយហេតុនោះ​ឯង។ សមណៈ​ទាំងនោះ​ មិនទទួលនូវ​ហិរញ្ញវត្ថុ (កហាបណៈ) មិនទទួលនូវ​មាស មិន​ទទួលនូវ​ប្រាក់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត​ទៅ​ ​ដោយវត្ថុ​ដែលកើតឡើង​ចំពោះ​មុខ ខ្ញុំមាន​សេចក្ដី​ស្រឡាញ់ពួកសមណៈ​​ដោយ​ហេតុ​នោះ​ឯង។ ពួកសមណៈ​ ចេញ​​អំពី​ត្រកូល​ផ្សេង ៗ ​អំពីជនបទផ្សេង ៗ ទៅ​បួស រមែង​រាប់​រកគ្នា ទៅ​វិញ​ទៅ​មក ខ្ញុំមាន​សេចក្ដីស្រឡាញ់ពួកសមណៈ​ដោយហេតុនោះ​ឯង។

(បិតានិយាយ​ថា) ម្នាល​នាងរោហិណី​ដ៏ចំរើន​ នាងកើត​ក្នុងត្រកូល​នៃយើង​ ដើម្បី​ប្រយោជន៍​ពិត នាង​ជាស្រ្តីមាន​សទ្ធា មាន​សេចក្ដីគោរព​ដ៏មុតមាំ ​ក្នុង​ព្រះពុទ្ធផង ព្រះធម៌​ផង ព្រះសង្ឃផង។ ដ្បិតនាងស្គាល់នូវ​បុញ្ញក្ខេត្តនុ៎ះ ជាបុញ្ញក្ខេត្តឧត្តមពិតមែន​ បើបាន​សមណៈ​ទាំងនុ៎ះ ទទួលទក្ខិណាទាន​របស់​ខ្ញុំ ប្រហែលគ្រឿងបូជា ​ដែលខ្ញុំ​តម្កល់ហើយ ចំពោះ​សមណៈ​ទាំងនុ៎ះ ​នឹងមាន​ផលបរិបូណ៌។

(នាងរោហិណី​ពោលថា) បើអ្នក​ខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់​របស់​អ្នក​ទេ អ្នក​ចូរដល់​នូវ​ព្រះពុទ្ធជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ចូរ​សមាទាន​សីល​​ទាំងឡាយ​ចុះ ការ​ដល់​នូវ​ទីពឹង និងការ​សមាទាន​សីលនោះ​ ​នឹង​មាន​​ប្រយោជន៍​ដល់​អ្នក​។

(បិតា​ពោលថា) ខ្ញុំសូមដល់​នូវ​ព្រះពុទ្ធ ជាតាទិបុគ្គលផង ព្រះ​ធម៌ផង ព្រះសង្ឃ​ផង ជាទីពឹង សូមសមាទានសីល​ទាំងឡាយ​ ការ​ដល់​ទីពឹង និងសមា​ទានសីលនុ៎ះ ​នឹងមាន​ប្រយោជន៍ដល់​ខ្ញុំ។ ​ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍​តែ​ផៅពង្ស ឥឡូវនេះ​ ខ្ញុំជាព្រាហ្មណ៍ពិត (មាន​​បាបបន្សាត់ចោលហើយ) ផង មាន​ត្រៃវិជ្ជាផង មាន​សួស្ដីផង ដល់​នូវ​វេទផង ជាអ្នក​ងូតលាងបាប​ផង។ រោហិណីថេរី។

 

[៣៣៣] (ឧបកៈ​ពោលថា) កាលពីដើម ខ្ញុំមាន​ដៃកាន់ដំបង ឥឡូវនេះ​ ខ្ញុំនោះ​ជាព្រានម្រឹគ មិនអាចបាន​ដល់​នូវ​ត្រើយ គឺព្រះនិព្វាន​ ព្រោះសេចក្ដីប្រាថ្នា ​គឺតណ្ហា ព្រោះ ភក់ គឺ​កាម និងទិដិ្ឋ​ដ៏ខ្លាំងក្លា។ នាងចាបា ស្មាននូវ​ខ្ញុំ ថាជាមនុស្ស​ស្រវឹង​ជ្រប់ ទើប​លួងកូន [ដោយពាក្យ​ថា នាងចាបា​ជាកូនព្រានម្រឹគ ឯង​ជាកូន​ឧបកាជីវក។ អដ្ឋកថា។] ខ្ញុំ​កាត់ចំណង គឺកិលេស ​របស់​នាងចាបា ហើយទៅ​បួស​ម្ដងទៀត។

(នាង​ចាបា​ពោល​ថា) បពិត្រ​មហាវីរបុរស សូមអ្នក​កុំខឹង​នឹងខ្ញុំ បពិត្រ​មហាមុនី សូម​អ្នក​កុំខឹង​នឹងខ្ញុំ សេចក្ដីស្អាតមិនមាន​ដល់​បុគ្គល​​ដែលមាន​សេចក្ដីក្រោធ គ្រប​សង្កត់​ទេ តបធម៌​នឹង​មាន​មកពីណា។

(ឧបកៈ​ពោលថា) ខ្ញុំ​នឹងគេ​ចចេញ​​អំពី​ស្រុកនាលៈ អ្នក​ណានឹងនៅ​​ក្នុងស្រុកនាលៈនេះ​បាន​ បើពួក​ស្រី ៗ ចងនូវ​សមណៈ​ទាំងឡាយ​ ​ដែលរស់នៅ​ដោយ​ធម៌ ​ដោយរូប​នៃស្រ្តី។

(នាងចាបា​ពោល​ថា) ម្នាលបុរសខ្មៅ សូមអ្នក​អញ្ជើញមកសិន សឹមត្រឡប់​វិញ​ សូម​បរិភោគ​នូវ​កាម​ទាំងឡាយ​ ​ដូច​ក្នុងកាលមុនចុះ ជន​ទាំងឡាយ​ណា ជាញាតិ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​​ជន​ទាំងនោះ​ ឲ្យលុះ​ក្នុង​អំណាច​នៃអ្នក​។

ម្នាលនាងចាបា នាង​ពោលនូវ​ពាក្យ​នោះ​ ឲ្យមាន​ភាគ ៤ ​អំពីពាក្យ​នេះ​ក៏​ដោយ ពាក្យ​នោះ​ គប្បី​ជាពាក្យ​ឆើតឆាយ ចំពោះ​តែបុរស​ដែលត្រេកអរ​នឹងនាង​ប៉ុណ្ណោះ​ទេ។

ម្នាលបុរសខ្មៅ ហេតុអ្វីទើបអ្នក​លះបង់ចោលខ្ញុំ ជាស្រ្តីមាន​រូបឆោម លាប​ស្រឡាបអវយវៈ​ដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់​នូវ​កាសិកពស្រ្ត​ដ៏ឧត្តម (សំពត់​ដែល​គេ​នាំ​មក​អំពីដែនកាសី) ជាស្រ្តីមាន​អវយវៈល្អ ​ដូចជាត្នោតសាវ​ ដែល​រីកលើ​កំពូលភ្នំ ឬ​ដូចជាវល្លិ៍កេសរីកហើយ​ ឬក៏​ដូចជាឈើជ្រនៀង (រីកហើយ) ខាង​ក្នុងទ្វីប។

ព្រាន​សត្វ​ស្លាប ប្រាថ្នា​ចាប់សត្វស្លាបយ៉ាងណា នាង​នឹង​បៀតបៀន​អញ ​ដោយរូប​ដែលស្អិត​ស្អាង (យ៉ាងនោះ​) ពុំបាន​ទេ។

នែបុរសខ្មៅ ហេតុអ្វី​ទើបអ្នក​លះបង់ចោលនូវ​ផ្លែ គឺកូន​ខ្ញុំ ​ដែលអ្នក​បង្កើតនេះ​ផង លះបង់ខ្ញុំ​ដែលជាស្រ្តី​មាន​កូនប្រាកដដូច្នោះផង។

មហាវីរបុរស​ទាំងឡាយ​ ​ដែលមាន​ប្រាជ្ញា ​តែងលះបង់នូវ​កូន​ទាំងឡាយ​ ​ទាំង​ពួក​ញាតិ ​ទាំងទ្រព្យ ហើយបួស ​ដូចជាដំរី​ដ៏ប្រសើរ ផ្ដាច់នូវ​ចំណង (ហើយគេ​ច​ចេញ​​ទៅ​)។

ឥឡូវ ខ្ញុំ​នឹងបៀតបៀនកូនអ្នក​នេះ​ ​ដោយដំបង ឬក្ដិច​ដោយ​ក្រចក ឬ (បោក) លើ​ផែនដី អ្នក​មិនដល់​នូវ​ការ​យំស្ដាយចំពោះ​កូនទេឬ។

នែ​ស្រ្តីលាមក មាន​កូនតូច បើទុក​ជានាងឲ្យកូនទៅ​សត្វចចក និងពួកឆ្កែ ក៏នាង​ញ៉ាំង​អញឲ្យត្រឡប់​វិញ​ពុំបាន​ឡើយ។

នែបុរសខ្មៅ ណ្ហើយចុះ ឥឡូវនេះ​ បើអ្នក​នឹងទៅ​ក្នុងទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅ​ចុះ)។

កាលពីដើម យើង​ជាអ្នក​មាន​ពួក មិនមែន​ជាសមណៈ សំគាល់ថា​ជាសមណៈ ហើយចេញ​ពីស្រុក​ទៅ​កាន់ស្រុក កាន់នគរ រាជធានី។ មែន​ពិត ព្រះសម្ពុទ្ធ ទ្រង់​មាន​ជោគអង្គនោះ​ ​តែងសំដែងធម៌ប្រោសពួកសត្វ ដើម្បី​លះបង់​សេចក្ដី​ទុក្ខ​ទាំងពួង ​ក្នុង​ទីជិត​ស្ទឹង​នេរញ្ជរា ខ្ញុំ​នឹងទៅ​ក្នុងសំណាក់​នៃព្រះសម្ពុទ្ធនោះ​ ព្រះអង្គ​នឹងជាគ្រូ​នៃខ្ញុំ។

ឥឡូវនេះ​ អ្នក​គប្បី​ទូលរៀបរាប់​អំពីកិច្ចថ្វាយបង្គំ (របស់​ខ្ញុំ) ចំពោះ​ព្រះលោកនាថ ជាបុគ្គលប្រសើរ រួច​ហើយធ្វើ​​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន។

ម្នាលនាងចាបា នាង​ពោលនូវ​ពាក្យ​នោះ​យ៉ាងណា យើងគប្បី​បាន​ (អាចឲ្យ) នូវ​ចំណែក​បុណ្យ​នោះ​ ឥឡូវនេះ​ ខ្ញុំ​នឹងទូលរៀបរាប់នូវ​កិច្ចថ្វាយបង្គំ​របស់​នាង ចំពោះ​ព្រះ​លោកនាថ ជាបុគ្គលប្រសើរ និងធ្វើ​​ប្រទក្សិណ ឧទ្ទិសនូវ​ទក្ខិណាទាន (បុណ្យ)។

លំដាប់​នោះ​ឯង បុរសខ្មៅចៀសចេញ​​អំពីទីនោះ​ទៅ​ បុរសខ្មៅនោះ ​ក៏បានចួប​នឹងព្រះ​សម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវ​ឧបាយ​នៃព្រះនិព្វាន​ ឈ្មោះ​អមតៈ គឺ​ទុក្ខ ១ ហេតុកើតឡើង​នៃទុក្ខ ១ ការ​កន្លងនូវ​ទុក្ខ ១ មគ្គប្រកប​​ដោយអង្គ ៨ ​ដ៏ប្រសើរ​ជាដំណើរទៅ​កាន់ទីរលត់ទុក្ខ ១។ បុរសខ្មៅ​ ថ្វាយបង្គំ​នូវ​ព្រះបាទ​ទាំងឡាយ​ ​របស់​ព្រះសម្ពុទ្ធ​នោះ​ ហើយធ្វើ​​ប្រទក្សិណចំពោះ​ព្រះអង្គ ឧទ្ទិសដល់​នាងចាបា​ ហើយ​ចូល​កាន់​ផ្នួស។ វិជ្ជាបី ខ្ញុំ​បាន​ហើយ ពុទ្ធសាសនា ​ខ្ញុំបាន​ធ្វើ​​ហើយ។ ចាបាថេរី។

 

[៣៣៤] (ព្រាហ្មណ៍ជាបិតាសួរថា) នែនាង​ដ៏ចំរើន​ ​ក្នុងកាលមុន នាងកាលស៊ី​កូន​ [ពាក្យថា ស៊ីកូន ក្នុងទីនេះ មិនមែន​សំដៅ​យកការ​ស៊ី​ពិតមែន​នោះទេ សំដៅយក​មនុស្ស​ដែលមានកូន​ស្លាប់ ជាពាក្យ​សម្រាប់​ជេរគ្នា​ដោយ​អំណាច​សេចក្តី​ខឹង។ អដ្ឋកថា។] ទាំងឡាយ​​ដែលស្លាប់ហើយ នាងក្ដៅក្រហាយ​ក្រៃពេក ​ទាំងថ្ងៃ​ទាំងយប់។ ម្នាល​ព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃនេះ​ នាងស៊ីកូន​ទាំងអស់ ៧ នាក់ ព្រោះហេតុ​អ្វី នាងមិន​ក្ដៅក្រហាយខ្លាំង។

(វាសិដ្ឋថេរី​ពោលថា) ម្នាលព្រាហ្មណ៍ កូន​ទាំងរយ ពួកញាតិ​ទាំង​រយ ជាច្រើន ​របស់​ខ្ញុំ គឺខ្ញុំ​នឹងអ្នក ​ស៊ីហើយ ​ក្នុងចំណែកកន្លង​ទៅ​ហើយ។ ខ្ញុំនោះ​ដឹងនូវ​ព្រះនិព្វាន​ ជាគ្រឿងរលាស់ជាតិ និងមរណៈ ទើបមិន​សោក មិនយំ ​ទាំងមិនក្ដៅ​ក្រហាយ។

ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដី​បែបនេះ​ អស្ចារ្យណាស់ នាងដឹង​ច្បាស់​នូវ​ធម៌​របស់​អ្នក​ណា ទើបនិយាយសំដី​បែបនេះ​។

ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធ​អង្គនោះ​ សំដែងធម៌ដល់​សត្វ​ទាំងឡាយ​ ដើម្បី​លះ​បង់​នូវ​ទុក្ខ​ទាំងពួង ជិតនគរមិថិលា​។ ម្នាលព្រាហ្មណ៍ ខ្ញុំបាន​ស្ដាប់ធម៌​របស់​ព្រះអរហន្ដ​អង្គ​នោះ​ ​ដែលជាធម៌មិនមាន​ឧបធិ​ក្កិលេស បាន​ដឹងច្បាស់នូវ​សច្ចធម៌​ហើយ​ក្នុងទីនោះ​ ទើប​បន្ទោបង់នូវ​សេចក្ដីសោក​ព្រោះកូនបាន​។

ខ្ញុំនោះ​​នឹង​ទៅ​ក្នុងទីជិតក្រុងមិថិលាដែរ ធ្វើ​​ដូចម្ដេចហ្ន៎ ព្រះមាន​ជោគ​អង្គនោះ​ គប្បី​ដោះ​ខ្ញុំចាក​ទុក្ខ​ទាំងពួងបាន​។

ព្រាហ្មណ៍បានចួប​នឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះ​ចាក​ (កិលេស) មិនមាន​ឧបធិកិលេស ព្រះមុនី ទ្រង់​ដល់​នូវ​ត្រើយ​នៃទុក្ខ បាន​សំដែងប្រាប់ព្រាហ្មណ៍នោះ​នូវ​សច្ចធម៌ គឺ​ទុក្ខ ១ ហេតុកើតឡើង​នៃទុក្ខ ១ ការ​កន្លងនូវ​ទុក្ខ ១ មគ្គប្រកប​​ដោយ​អង្គ​ប្រាំបី​ដ៏​ប្រសើរ​ ជាដំណើរ​ទៅ​កាន់ទីរំលត់ទុក្ខ ១។ សុជាតព្រាហ្មណ៍​មាន​សច្ចធម៌​ដឹងច្បាស់​ហើយ​ក្នុងទីនោះ​ ពេញ​ចិត្ត​នឹងបព្វជ្ជា បាន​សម្រេច​វិជ្ជា​បី​ដោយ​រាត្រីបី។

ព្រាហ្មណ៍​ពោលថា ម្នាលសារថី អ្នក​ចូរមក អ្នក​ចូរទៅ​ ចូរនាំរថ​នេះ​ទៅ​វិញ​ចុះ រួច​ចូរប្រាប់ព្រាហ្ម​ណី ​កុំឲ្យមាន​មោះមៃថា ឥឡូវនេះ​ សុជាត​ព្រាហ្មណ៍​បួស​ហើយ បាន​សម្រេច​វិជ្ជា​បី ​ដោយរាត្រីបី។

(លំដាប់នោះ​ សារថី នាំយក​រថ​ផង កហាបណៈមួយពាន់ផង ហើយ​ប្រាប់នាង​ព្រាហ្មណី មិនឲ្យមោះមៃ​ថា ឥឡូវ​នេះ​ សុជាតព្រាហ្មណ៍បួសហើយ បាន​សម្រេច​វិជ្ជាបី ​ដោយរាត្រីបីហើយ)។

(ព្រាហ្មណី​ពោលថា) ម្នាលសារថី ខ្ញុំសូម​ឲ្យរថ​ដែលទឹម​ដោយសេះនេះ​ និង​កហាបណៈ​មួយពាន់នេះ​ ជាអំណោយដល់​អ្នក​ ព្រោះ​បាន​ឮថា ព្រាហ្មណ៍​បាន​ត្រៃវិជ្ជា។

(សារថី​ពោលថា) ម្នាលព្រាហ្មណី រថ​ដែលទឹម​ដោយសេះ​ និង​កហាបណៈ មួយពាន់នេះ​ ចូរនៅ​ជារបស់​នាងដ​ដែលចុះ ខ្ញុំ​នឹងបួស​ក្នុង​សំណាក់​នៃ​ព្រះសាស្ដា ព្រះអង្គ​មាន​ប្រាជ្ញា​ដ៏ប្រសើរដែរ។

(ព្រាហ្មណី​ពោល​នឹងនាង​សុន្ទរីថា) នែនាងសុន្ទរី បិតា​របស់​នាងលះបង់នូវ​ដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិ​ដ៏ស្ដុកស្ដម្ភ​នៅ​ក្នុងផ្ទះនេះ​​ ទៅ​បួសហើយ នាង​ចូរប្រើប្រាស់នូវ​ភោគៈ​ទាំង​ឡាយ​ចុះ (ព្រោះថា) នាងជាទាយាទ​ក្នុងត្រកូល។

(នាងសុន្ទរី​ពោលថា) បិតា​របស់​ខ្ញុំ​លះបង់នូវ​ដំរី គោ សេះ កែវមណី កុណ្ឌល និង​ទ្រព្យសម្បត្តិ​ដែលមាន​​​ក្នុងផ្ទះនេះ​ ទៅ​បួស ព្រោះត្រូវសេចក្ដីសោក​នឹងកូន​គ្រប​សង្កត់ ចំណែកខាងខ្ញុំ ក៏​នឹង​បួសដែរ ព្រោះត្រូវ​សេចក្ដីសោក​នឹងបង​គ្រប​សង្កត់។

(ព្រាហ្មណី​ពោលថា) ហៃ​នាងសុន្ទរី នាងប្រាថ្នា​នូវ​តម្រិះណា សូមឲ្យនាង​បាន​សម្រេច​​នូវ​តម្រិះនោះ​ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារ​ចំណីក្ដី បំសុកូលចីវរក្ដី (ដែល​នាង​ត្រូវស្វែងរក) កាលបើនាងជំរះនូវ​វត្ថុ​ទាំងនេះ​ ​នឹង​បាន​ជាស្រីមិន​មាន​អាសវៈ​ក្នុងបរលោក។

(នាងសុន្ទរីនិយាយ​នឹងឧបជ្ឈាយ៍ថា) បពិត្រ​ព្រះនាងជាម្ចាស់ ខ្ញុំនៅ​ជាសិក្ខមានា បាន​ជំរះទិព្វចក្ខុហើយ កាលពីដើម ខ្ញុំធ្លាប់​នៅ​អាស្រ័យ​ក្នុងទីណា ខ្ញុំដឹងនូវ​បុព្វេនិវាស ​ក្នុងទីនោះ​។ បពិត្រ​ព្រះនាងជាកល្យាណី​ដ៏ល្អ ​របស់​ថេរី​សង្ឃ វិជ្ជាបី ខ្ញុំបាន​ដល់​ហើយ ពុទ្ធសាសនា ខ្ញុំបាន​ធ្វើ​​ហើយ ព្រោះ​តែ​អាស្រ័យ​នូវ​ព្រះនាង។ បពិត្រ​ព្រះនាងជាម្ចាស់ ខ្ញុំចង់ទៅ​កាន់ក្រុងសាវត្ថី សូមព្រះ​នាង​អនុញ្ញាតដល់​ខ្ញុំឲ្យទាន ខ្ញុំ​នឹងបន្លឺនូវ​សីហនាទ ​ក្នុងសំណាក់​នៃព្រះពុទ្ធ​ដ៏ប្រសើរ។

ម្នាលនាងសុន្ទរី នាងចូរមើលព្រះសាស្ដា ព្រះអង្គមាន​សម្បុរ​ដូចមាស មាន​ព្រះតចៈ​​ពណ៌​ដូចមាស ទ្រង់​ទូន្មានពួកសត្វ ​ដែលគេ​មិនទាន់ទូន្មាន ព្រះអង្គជាអ្នក​ត្រាស់​ដឹងឯង ឥតមាន​ភ័យ​អំពីណាឡើយ។ សូមព្រះអង្គនិមន្តទត នាងសុន្ទរី​ដែលកំពុងដើរមក ជាស្ត្រីផុតស្រឡះ​ (ចាក​កិលេស) ឥតមាន​ឧបធិ ប្រាស​ចាក​តម្រេក ប្រាសចាក​គ្រឿង​ប្រកប​ មាន​សោឡសកិច្ចធ្វើ​​រួច​ហើយ មិនមាន​អាសវៈ​។ បពិត្រ​ព្រះអង្គ​ជាមហា​វីរបុរស នាងសុន្ទរី ជាសាវិការ​បស់ព្រះអង្គ ចេញ​​អំពីក្រុងពារាណសី មកកាន់​សំណាក់ព្រះអង្គ ថ្វាយបង្គំនូវ​ព្រះបាទ​ទាំង​ឡាយ​។ បពិត្រ​ព្រះមាន​ព្រះភាគ ជា​ខីណាសវព្រាហ្មណ៍ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាគ្រូ (របស់​ខ្ញុំ) ខ្ញុំព្រះអង្គ​ជាធីតា​របស់​ព្រះអង្គ ជាឱរសកើត​អំពី​ព្រះឱស្ឋ មាន​កិច្ចធ្វើ​​រួច​ហើយ ឥតមាន​អាសវៈ​។

ម្នាលនាងដ៏ចំរើន​ ដំណើរ​របស់​នាងមកល្អហើយ ដំណើររបស់នាងមក​អំពី​ទីនោះ​ មិន​ឆ្ងាយទេ ព្រោះ​ពួកអ្នក​មាន​ឥន្រ្ទិយទូន្មានហើយ ប្រាសចាក​តម្រេក ប្រាស​ចាក​គ្រឿង​ប្រកប​ មាន​កិច្ច​ធ្វើ​​ហើយ ឥតមាន​អាសវៈ​ រមែង​មកថ្វាយបង្គំ​ព្រះបាទា​ព្រះសាស្ដា​ដូចនាង​ដែរ។ សុន្ទរីថេរី។

 

[៣៣៥] កាលពីដើម ខ្ញុំនៅ​ក្រមុំ មាន​គ្រឿងស្លៀកពាក់​ដ៏ស្អាត បាន​ស្ដាប់ធម៌ ការ​ត្រាស់ដឹងសច្ចធម៌ ក៏កើតមាន​ដល់​ខ្ញុំនោះ​ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុ​នោះ​ ខ្ញុំ​មិន​ត្រេកអរ​ក្រៃពេក ​ក្នុងកាមារម្មណ៍​ទាំងអស់ ឃើញភ័យ​ក្នុង​សក្កាយ ហើយពេញ​ចិត្ត​នឹង​ការ​ចេញ​សាងផ្នួស​តែម្យ៉ាង។ ខ្ញុំលះបង់​ពួកញាតិ ទាស​កម្មករ ស្រុកស្រែ​ទាំងឡាយ​ ​ដ៏​ស្ដុកស្ដម្ភ (និងគំនរ​នៃភោគ​ទាំងឡាយ​) ​ដែលគួរត្រេកអរ គួររីករាយ ខ្ញុំ​លះបង់នូវ​សម្បត្តិ​ដ៏ច្រើន ហើយបួស។ ខ្ញុំចេញ​ (ចាក​ផ្ទះ) ​ដោយសទ្ធាយ៉ាងនេះ​ហើយ (បួស) ​ក្នុង​ព្រះសទ្ធម្ម ​ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយ​ដោយប្រពៃ ខ្ញុំ​ប្រាថ្នា​នូវ​សេចក្ដីមិនកង្វល់ ព្រោះការ​ត្រឡប់មករកកាមនោះ​ មិនសមគួរដល់​ខ្ញុំទេ អ្នក​ណាលះ​ចោល​មាស ​និង​ប្រាក់ ហើយគប្បី​ត្រឡប់មកយកវិញ​។ ប្រាក់ក្ដី មាសក្ដី​របស់​បុគ្គល​នុ៎ះ​ មិនមែន​មាន​ដើម្បី​ព្រះនិព្វាន​ជាទីស្ងប់​ទេ ការ​ទទួលមាស និងប្រាក់នុ៎ះ មិន​សមគួរ​ដល់​សមណៈទេ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ មិនមែន​ជាទ្រព្យប្រសើរ​ទេ។ ការ​ទទួលនូវ​ប្រាក់ និងមាសនុ៎ះ សុទ្ធ​តែជាគ្រឿងឲ្យកើតលោភ ជាគ្រឿង​ស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធ​ដោយធុលី គឺកិលេស ប្រកប​ដោយ​សេចក្ដី​រង្កៀស មាន​សេចក្ដី​ចង្អៀត​ចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរ​ក្នុង​ទ្រព្យនេះ​ មិនមាន​ទេ។ ពួក​នរជន (ដែល​ត្រេកអរ) ​ដោយ​ទ្រព្យប៉ុណ្ណេះ ឈ្មោះ​ថាជាអ្នក​ប្រហែស​ធ្វេស ជាអ្នក​មាន​ចិត្តសៅហ្មង ជាអ្នក​​អាក់អន់ រមែង​​ធ្វើនូវ​ជំលោះ​ជាច្រើន ទៅ​វិញ​ទៅ​មក។ សេចក្ដី​វិនាសច្រើនប្រការ​ គឺការ​​សម្លាប់ ការ​ចង ការ​សៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែង​កើត​ប្រាកដ​ដល់​ពួកជន ​ដែល​ដេកត្រាំ​ក្នុងកាម​ទាំងឡាយ​។ អ្នក​ទាំង​ឡាយ​ ជាញាតិ​មែន​ ​តែហាក់​ដូច​ជាសត្រូវ ល្បួង​ខ្ញុំនោះ​ក្នុងកាម​ទាំងឡាយ​ធ្វើ​​អ្វី (ព្រោះ) អ្នក​​ទាំង​ឡាយ​ ជ្រាបនូវ​ខ្ញុំ​ថា​ជាអ្នក​បួស ជាស្រ្តីឃើញនូវ​ភ័យ​ក្នុងកាម​ទាំងឡាយ​។ អាសវៈ​ទាំងឡាយ​ មិនមែន​អស់ទៅ​ព្រោះប្រាក់ និងមាស កាម​ទាំងឡាយ​ មិន​មែន​ជាមិត្រ ជាសភាវៈ​សម្លាប់ (នូវ​ប្រយោជន៍) ជាសត្រូវ ជា​គ្រឿងចងទុក​នូវ​សរ គឺកិលេស​។ អ្នក​​ទាំងឡាយ​ ជាញាតិមែន​ ​តែហាក់​ដូចជាសត្រូវ ល្បួងខ្ញុំ​នោះ​ ​ក្នុងកាម​ទាំងឡាយ​ធ្វើ​​អ្វី (ព្រោះ) អ្នក​ទាំងឡាយ​ ជ្រាបនូវ​ខ្ញុំ ថាជាអ្នក​បួស មាន​ក្បាលត្រងោល ដណ្ដប់នូវ​សង្ឃា​ដី។ ដុំបាយតាម​លំដាប់ផ្ទះក្ដី អាហារ​ចំណី​ក្ដី បង្សុកូលចីវរក្ដី នេះ​ឯងជាអំពើ​ដ៏សមគួរ​ដល់​ខ្ញុំ ជាបរិក្ខារ ជាទីអាស្រ័យ​របស់​អ្នក​បួស។ លោក​អ្នក​ស្វែង​រក​នូវ​គុណ​ដ៏ធំ​ទាំង​ឡាយ​ ខ្ជាក់ចោលនូវ​កាម​ទាំងឡាយ​ ​ដែលជាទិព្វ និង​ជា​របស់​មនុស្ស បុគ្គលអ្នក​ស្វែង​រកនូវ​គុណធំ​ទាំង​នោះ​ មាន​ចិត្តឱនទៅក្នុងព្រះនិពា្វន​ជាទី​ដ៏ក្សេម បុគ្គលអ្នក​ស្វែងរកនូវ​គុណធំ​ទាំងនោះ​ បាន​ដល់​នូវ​សេចក្ដីសុខ ឥត​កំរើក។ ទីជំរករមែង​មិនមាន​ ​ក្នុង​កាម​ទាំងឡាយ​ណា ខ្ញុំមិនសេពគប់​ដោយ​កាម​ទាំងឡាយ​នោះ​ទៀតទេ កាម​ទាំងឡាយ​មិនមែន​ជាមិត្រ ​ដូចជាអ្នក​សម្លាប់ ឬ​ដូចជាគំនរភ្លើង នាំមកនូវ​សេចក្ដី​ព្រួយ។ កាម​នោះ​ មិនស្អាត ប្រកប​ដោយភ័យ ប្រកប​ដោយសេចក្ដីចង្អៀត​ចង្អល់ ​ដូចជាបន្លា កាមនុ៎ះ ជាគ្រឿងញ៉ាម ជាគ្រឿង​កង្វល់​ក្រៃលែង មាន​មុខឈមទៅ​រកសេចក្ដីវង្វេង​ដ៏ធំ។ កាមគុណ​ជាឧបសគ្គៈផង មាន​សភាព​គួរខ្លាចផង កាមារម្មណ៍​ទាំងឡាយ​ មាន​ឧបមា​​ដូចក្បាលពស់ ពួក​បុថុជ្ជនល្ងង់ខ្លៅ ​ដូចជាបុគ្គលខ្វាក់ ​តែង​ត្រេកត្រអាល។ ព្រោះថា ពួកជន​ច្រើនរូប ​ដែលចំពាក់​ដោយគ្រឿងចំពាក់ គឺកាម រមែង​បាន​ (សេចក្ដីទុក្ខ) ​ក្នុងលោក រមែង​មិនដឹងច្បាស់នូវ​ទីបំផុត​នៃជាតិ និងមរណៈ។ មនុស្ស​ទាំងឡាយ​ជាច្រើន ​តែងដើរទៅ​កាន់ផ្លូវ ជាទីទៅ​កាន់ទុគ្គតិ មាន​កាមជាហេតុ ជាគ្រឿង​នាំ​មកនូវ​រោគដល់​ខ្លួន​។ កាម​ទាំងឡាយ​ ជាគ្រឿងញ៉ាំងសត្រូវ​ឲ្យកើតយ៉ាង​នេះ​ ជាហេតុ​ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ នាំមកនូវ​សេចក្ដីសៅហ្មង ជានុយ​របស់​សត្វលោក ជាទីតាំង​នៃ​គ្រឿងចង ជា​ចំណង​​នៃសេចក្ដីស្លាប់។ កាម​ទាំងឡាយ​ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យ​និយាយ​​ប៉ប៉ាច់​ប៉ប៉ោច ញ៉ាំងចិត្តឲ្យ​ភ្លាំងភ្លាត់ មារ គឺកាម​របស់​ពួកសត្វ ​តែងរួបរឹត​ដោយសេចក្ដី​សៅហ្មង យ៉ាង​​ឆាប់​រហ័ស។ កាម​ទាំងឡាយ​ មាន​ទោសរកទីបំផុតគ្មាន​ មាន​ទុក្ខ​ច្រើនយ៉ាង មាន​ពិស​ដ៏ខ្លាំងក្លា មាន​រសឆ្ងាញ់តិច​ ជាគ្រឿងធ្វើ​​នូវ​ចម្បាំង ញ៉ាំង​ចំណែក​នៃ​ធម៌ស​ ឲ្យ​សាប​សូន្យទៅ​។ ខ្ញុំនោះ ​លះបង់នូវ​សេចក្ដីវិនាស ​ដែលមាន​កាម​ជា​ហេតុបែបនេះ​ ត្រេកអរ​ចំពោះ​​ព្រះនិព្វាន​សព្វ ៗ កាល មិនត្រឡប់មកកាន់កាម​នោះ​វិញ​ទេ។ ខ្ញុំ​ជាស្រ្តីប្រាថ្នា​នូវ​ភាព​ដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើ​​នូវ​ចម្បាំង​ចំពោះ​កាម​ទាំងឡាយ​ ជាអ្នក​​មិនប្រមាទ ត្រេកអរ​ចំពោះ​ព្រះនិព្វាន​ ជាទីអស់​ទៅ​នៃសំយោជនៈ។ បុគ្គល​អ្នក​ស្វែងរកនូវ​គុណ​ដ៏ធំ​ទាំងឡាយ​ ឆ្លងហើយ​តាម​ផ្លូវណា ខ្ញុំ​នឹងដើរទៅ​តាម​ផ្លូវនោះ​ ជាផ្លូវ​ឥតសោក មាន​ធូលីទៅ​ប្រាសហើយ ជាផ្លូវក្សេម​ដ៏ត្រង់ ប្រកប​​ដោយ​អង្គ ៨ ​ដ៏​ប្រសើរ។

(ព្រះមាន​ព្រះភាគ​ត្រាស់ថា) អ្នក​ទាំងឡាយ​ ចូរមើល​នូវ​នាងសុភាកម្មារ​ធីតានេះ​ ជាស្រ្តីឋិតនៅ​ក្នុងធម៌ នាងបាន​ចូលទៅ​កាន់ឈាន ឥតមាន​សេចក្ដី​ញាប់ញ័រ​ ហើយ​ស្មឹងស្មាធិទៀបគល់ឈើ។ នាងសុភាកម្មារធីតា បួសបាន​ ៨ ថ្ងៃ​នឹងថ្ងៃនេះ​ហើយ ជាភិក្ខុនី​មាន​សទ្ធា ល្អ​ក្នុងព្រះសទ្ធម្ម ​ដែលនាង​ឧប្បលវណ្ណា​ទូន្មានហើយ ជាស្រ្តី​មាន​វិជ្ជា ៣ លះបង់នូវ​មច្ចុបាន​។ ភិក្ខុ​នីនេះ​ ជាអ្នក​នៅ​ឥត​មាន​បំណុល មាន​ឥន្រ្ទិយ​ចំរើន​ហើយ។ ប្រាសចាក​កិលេស​គ្រឿង​ប្រកប​​ទាំងពួង មាន​កិច្ចធ្វើ​​រួច​ហើយ មិន​មាន​អាសវៈ​។ ទេវរាជ ឈ្មោះ​សក្កៈ ជាម្ចាស់​នៃពួកសត្វ ព្រម​ទាំងពួកទេវតា ចូល​ទៅ​នមស្ការចំពោះ​ភិក្ខុនី ឈ្មោះ​សុភាកម្មារធីតានោះ​ ​ដោយឫទ្ធិ (របស់​ខ្លួន)។

សុភាកម្មារធីតាថេរី។

ចប់ វីសតិនិបាត។

ថេរីគាថា តឹសនិបាត

 

[៣៣៦] (សុវណ្ណការ​បុត្ត) ជាអ្នក​លេង រារាំងភិក្ខុ​នី ឈ្មោះ​សុភា កំពុងដើរទៅ​កាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុ​នីឈ្មោះ​សុភា ក៏បាន​ពោល​នឹងសុវណ្ណការ​បុត្ត​នោះ​ថា។ ​កំហុស​ដូចម្ដេច ​ដែលអាត្មាប្រទូស្ដដល់​អ្នក​ បាន​ជាអ្នក​ឈររាំង​អាត្មា នែ​អា​វុសោ បុរស​មិន​គួរ​ប៉ះពាល់នូវ​ស្រ្តី ជាបព្វជិតទេ។ សិក្ខា​ទាំង​ឡាយ​​​ក្នុង​សាសនា ​របស់​ព្រះ​សាស្ដា ជាសិក្ខា​គួរគោរព ព្រះសុគតបាន​សំដែង​ហើយដល់​អាត្មា ហេតុ​ដូចម្ដេច ក៏​អ្នក​មក​ឈរ​រាំងអាត្មា ​ដែលជាស្រីមាន​ចំណែក​នៃធម៌​ដ៏បរិសុទ្ធ មិនមាន​ទីទួល គឺ​កិលេស។ អ្នក​ជា​បុគ្គល​មាន​ចិត្តល្អក់​ ប្រកប​ដោយធូលី គឺរាគៈ ហេតុ​ដូចម្ដេច ក៏អ្នក​មក​ឈររាំងអាត្មា ​ដែល​ជា​ស្រី​មាន​ចិត្តថ្លាស្អាត ប្រាសចាក​ធូលី គឺរាគៈ មិនមាន​ទីទួល ​គឺកិលេស មាន​ចិត្ត​ផុត​ស្រឡះ​​ហើយ (ចាក​ខន្ធបញ្ចកៈ) ​ទាំងអស់។

(អ្នក​លេង​ពោលថា) នាងជាស្រ្តីនៅ​ក្រមុំផង មិនអាក្រក់ផង បព្វជ្ជា​នឹងធ្វើ​​ប្រយោជន៍​អ្វីដល់​នាង ចូរនាងបោះចោលកាសាយចីវរចេញ​ទៅ​ ហើយចូរមក យើង​នឹង​បាន​ត្រេកត្រអាល ​ក្នុងព្រៃ​ដែលមាន​ផ្ការីកល្អ។ ដើមឈើ​ទាំងឡាយ​ ហាក់​ដូចជា​តាំង​ឡើង​​ដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវ​ក្លិន​ដ៏ក្រអូប​សព្វទិស (នេះ​) ជា​វសន្ដរដូវ ​ជាដំបូង ជារដូវនាំមកនូវ​សុខ នាងចូរមក ​យើង​នឹងត្រេក​ត្រអាល​ក្នុងព្រៃ ​ដែលមាន​ផ្ការីក​ល្អ។ ដើមឈើ​ទាំងឡាយ​ មាន​ចុង​ស្គុះស្គាយ​ដោយផ្កា លុះត្រូវ​ខ្យល់បក់​មក ក៏ហាក់​ដូចជា​បន្លឺ​សំឡេងឡើង​ ប្រសិនបើ​នាង​នឹងចូលទៅ​​ក្នុងព្រៃម្នាក់ឯង នាង​នឹងត្រេក​ត្រអាល​ដូចម្ដេច​កើត។ នាងជាស្រ្តីឥតមិត្រ​សំឡាញ់ ចង់ទៅ​កាន់ព្រៃធំ ​ដែល​ប្រាស​ចាក​ (មនុស្ស) គួរឲ្យ​ស្ញប់ស្ញែង ជាព្រៃ​ដែលហ្វូងម្រឹគសាហាវនៅ​អាស្រ័យ ជាព្រៃ​ដែលដំរីចុះប្រេង ​និងមេដំរី​បុក​បែន។ នាងប្រៀប​ដូចរូបតុក្កតា ​ដែលសូន​ដោយមាសឆ្អិន ឬ​ដូច​ជាស្ត្រីទេពអប្សរ ត្រាច់​​​ទៅ​​ក្នុងឧទ្យានឈ្មោះ​ចិត្តរថ ម្នាលនាងជាស្ត្រីល្អ​ឥត​ឧបមា នាងល្អ​ដោយសំពត់​សម្រាប់​​ស្លៀកដណ្ដប់ មាន​សាច់​ដ៏ល្អិតសុខុម ​ដែល​កើត​ក្នុងដែន​កាសី។ បើនាង​នៅ​​ក្នុង​ចន្លោះព្រៃ ខ្ញុំ​នឹងលុះ​ក្នុងអំណាច​នៃនាង ម្នាលនាងជាស្រ្តីមាន​ភ្នែក​ស្រទន់ ​ដូច​កិន្នរី ជីវិត (របស់​ខ្ញុំ) ជាទីស្រឡាញ់​ក្រៃលែងជាងនាង មិនមាន​ទេ។ បើនាង​នឹងធ្វើ​​តាមពាក្យ​ខ្ញុំ នាង​ចូរ​មក ចូរនៅ​គ្រប់គ្រង​ផ្ទះជាសុខចុះ នាង​នឹងនៅ​ក្នុង​ប្រាសាទ​មិនមាន​ខ្យល់ ពួកនាងនារី ចូរធ្វើ​​នូវ​ការ​ខ្វល់ខ្វាយបម្រើដល់​នាង។ ចូរ​នាង​ទ្រទ្រង់​នូវ​សំពត់មាន​សាច់ម៉ដ្ឋ​ ដែលនាំមក​អំពី​ដែនកាសី ចូរនាង​តែងខ្លួន​​ដោយ​ផ្កា​កម្រង និង​គ្រឿងលាបចុះ ខ្ញុំ​នឹង​ផ្គត់ផ្គង់​គ្រឿងអាភរណៈផ្សេង ៗ ច្រើន​យ៉ាង ​ដែលរចនាហើយ​ដោយ​មាស កែវមណី និង​កែវមុក្តា ដល់​នាង។ ចូរនាង​ឡើង​កាន់ដំណេកថ្មីល្អ ​ដែល​ស្អាតគ្មានធូលី ព្រោះ​ជំរះ​លាង​ប្រពៃ ​ដែលក្រាល​ដោយកម្រាលរោមចៀម ញាត់​ដោយសំឡីមាន​តម្លៃច្រើន ប្រដាប់​​ដោយខ្លឹមចន្ទន៍ មាន​ក្លិនក្រអូប។ នាង​ជាស្រ្តីប្រព្រឹត្ត​ព្រហ្មចារ្យ នាង​នឹងដល់​នូវ​ការ​ចាស់​គ្រាំគ្រា ត្រង់អវយវៈ​ទាំង​ឡាយ​​របស់​ខ្លួន​ ​ដូចជាផ្កា​ឧប្បលលូតផុតទឹក ​ដែល​អមនុស្ស​ហួង​ហែងរក្សា (នឹងជាវត្ថុឥតមាន​អ្នក​ណាប្រើ​ប្រាស់កើត)។

(នាងថេរី​ពោលថា) ហេតុ​ដូចម្ដេច ក៏អ្នក​មាន​គំនិតខុស សំឡឹងមើល (អាត្មា) ព្រោះ​ឃើញ​នូវ​អារម្មណ៍ ​ដែលសន្មតថាមាន​ខ្លឹម ​ក្នុងរាងកាយនេះ​ ​ដ៏ពេញ​​ដោយ​សាកសព គ្រាន់​តែការ​ចំរើន​របស់​ព្រៃស្មសាន ជារាងកាយបែកធ្លាយជាធម្មតា។

(អ្នកលេង​ពោលថា) ភ្នែក​ទាំងឡាយ​ (របស់​នាង) ​ដូចជាភ្នែកកូនម្រឹគញី ឬ​ដូច​ជា​ភ្នែក​​នៃកិន្នរី ​ក្នុងចន្លោះ​នៃភ្នំ តម្រេក​ក្នុងកាម​របស់​ខ្ញុំ រមែង​ចំរើន​​ក្រៃលែង ព្រោះ​ឃើញនូវ​ភ្នែក​​របស់​នាង។ កាមគុណ​របស់​ខ្ញុំ រមែង​ចំរើន​ឡើង​ក្រៃលែង ព្រោះ​ឃើញភ្នែក​របស់​នាង ​ដែល​ប្រៀប​ដោយត្របក​នៃផ្កា​ឧប្បល ត្រង់មុខ ប្រាសចាក​មន្ទិល ប្រាកដស្មើ​ដោយមាស។ នែ​នាងមាន​រូប​ស្រស់ស្រោង មាន​ភ្នែកថ្លាស្អាត បើទុកជាយើងទៅ​កាន់ទី​ឆ្ងាយ ក៏នៅ​តែ​រលឹក​ឃើញ ម្នាលនាងមាន​ភ្នែកថ្លា​ដូច​ភ្នែកកិន្នរី ឥត​មាន​អ្វីមួយ ជាទី​ស្រឡាញ់​នៃខ្ញុំ ជាង​ភ្នែក​របស់​នាងទេ។

(នាងថេរី​ពោលថា) អ្នក​ប្រាថ្នា​នូវ​ធីតា ជាឱរស​របស់​ព្រះពុទ្ធ (នេះ​) ឈ្មោះ​ថា​ប្រាថ្នា​​ដើម្បី​ដើរទៅ​តាមផ្លូវខុស ឈ្មោះ​ថាស្វែងរកព្រះចន្ទមកធ្វើ​​ជាល្បែង ឈ្មោះ​ថា​ប្រាថ្នា​​ដើម្បី​លោត​ឡើង​កាន់ភ្នំសិនេរុ។ ឥឡូវនេះ​ ប្រសិន​បើ​រាគៈ គប្បី​មាន​ដល់​អាត្មា​ក្នុង​​អារម្មណ៍ណា អារម្មណ៍នោះ​ មិន​មាន​ក្នុងលោក ព្រម​ទាំងទេវលោក អាត្មា​មិនដឹងនូវ​ដំណើរ​នោះ​ថា មាន​ភាវៈអ្វីស្មើ (ដោយ​រាគៈ) ទេ បាន​ជា (រាគៈនោះ​) អាត្មាដកចោល​ទាំង​ឫស ​ដោយអរិយមគ្គ​ហើយ។ (រាគៈនោះ​) អាត្មាបាន​កំចាត់​ចេញ​ហើយ ​ដូចជា​ភាជនៈ​ដាក់​​​នូវ​ថ្នាំពិស ​ដែលបុគ្គលបោះចោល​ក្នុង​រងើក​ភ្លើងហើយ អាត្មាមិន​ឃើញនូវ​ដំណើរ​នោះ​ថា មាន​សភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បាន​ជា (រាគៈនោះ​) អាត្មា​ដក​ចោល​ទាំងឫស ​ដោយ​​អរិយមគ្គ​ហើយ។ ខន្ធបញ្ចកៈ​ដែលស្រ្តីណា មិនបាន​ពិចារណាឃើញ ឬថា​ស្រ្តីណា​ដែល​​មិនបាន​ចូល​ទៅ​អង្គុយជិតព្រះសាស្ដា អ្នក​ចូរប្រឡោមនូវ​ស្រ្តីប្រាកដដូច្នោះចុះ អ្នក​នោះ​នឹងចង្អៀត​ចង្អល់ (ព្រោះអាស្រ័យ) ភិក្ខុ​នីនេះ​ ជាអ្នក​ដឹង (អរិយសច្ច)។ ព្រោះថា ស្មារតី​របស់​អាត្មា​ បាន​តម្កល់​ខ្ជាប់ហើយ ​ក្នុងបុគ្គលអ្នក​ជេរ និងអ្នក​ថ្វាយ​បង្គំ ​ក្នុងសុខ និងទុក្ខ ចិត្ត​របស់​អាត្មា មិនជាប់​ក្នុងអារម្មណ៍​ទាំងអស់នោះ​ ព្រោះដឹងច្បាស់ថា សង្ខតារម្មណ៍​​ ជារបស់​មិនស្អាត។ អាត្មាជាសាវិកា​របស់​ព្រះសុគត ជាអ្នក​ដើរទៅ​ដោយ​យាន​ គឺ​អដ្ឋង្គិកមគ្គ មាន​សរ គឺកិលេសដក​ចោល​ហើយ ឥតមាន​អាសវៈ​ ជាអ្នក​ត្រេកអរ​ក្នុង​ផ្ទះស្ងាត់។ ព្រោះថាអាត្មា​បាន​ឃើញរូបយន្ដឈើ​ ជាគ្រោង​ថ្មី ​ដែលតាក់​តែង​ដ៏វិចិត្រ ចងរឹត​ដោយខ្សែសរសៃ​ទាំង​ឡាយ​ និងឈើកន្លាស់​ទាំងឡាយ​ ​ដូចជាគេ​រាំ​ដោយអាការ​ផ្សេង ៗ។ កាលបើ​ខ្សែ​សរសៃ ​និងឈើ​កន្លាស់នោះ​ ដាច់រដកចេញ​រាត់រាយ រលុងរង្គោះ​បាក់បែកខ្ចាត់ខ្ចាយ កាលបើ​រូបយន្ដ​រង្គោះ ដាច់​ខ្ចាត់ខ្ចាយ​ហើយ បុគ្គលមិនគប្បី​បាន​ (រូប​យន្ដនោះ​) ទេ បុគ្គលគប្បី​តម្កល់ចិត្ត​ក្នុងរូបនោះ​ ​ដូចម្ដេចកើត។ រាងកាយ​ទាំងឡាយ​​របស់​ខ្ញុំ​ ដូច​គ្នា​នឹងរូបយន្ដដែរ បើវៀរចាក​រូបធម៌ មាន​ចក្ខុជាដើមនោះ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​មិនបាន​ រាងកាយ បើវៀរចាក​រូបធម៌ហើយ ប្រព្រឹត្តទៅ​មិនបាន​ទេ បុគ្គល​គប្បី​តំកល់ចិត្ត​ក្នុងរាងកាយនោះ​ ​ដូចម្ដេចកើត។ បុគ្គលឃើញរូបស្រ្តី ​ដែលគេ​គូរ​នឹង​ជញ្ជាំង លាបលន​ដោយថ្នាំ​ដ៏ស្រស់ យ៉ាងណាមិញ អ្នក​មាន​ការ​ឃើញវិបរិត ​ក្នុងរូបនោះ​ ក៏យ៉ាងនោះ​ដែរ បញ្ញាជារបស់​មនុស្ស ឥត​ប្រយោជន៍ទេឬ។ នែបុគ្គល​អន្ធពាល អ្នក​ស្ទុះចូលមកជិតនូវ​អត្តភាព​ដ៏ទទេ ​ដែលប្រៀប​ដូចជាថ្ងៃបណ្ដើរ​កូន ​តាំងនៅ​ក្នុង​ខាងមុខ ឬ​ដូចជា​យល់សប្ដិ​ឃើញ​ដើមឈើមាស ពុំនោះ​ ដូចជារូប​យន្ដគ្រាំគ្រា ​ក្នុង​កណ្ដាល​នៃជន។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹក​ភ្នែក ឬក៏ពកបាយភ្នែក ​តែងកើត​ក្នុងមណ្ឌល​នៃភ្នែកនោះ​ ​ដូចជាពពុះទឹកល័ក្ខ​ ​ដែល​បុគ្គល​ប្រស់​លើ​កម្រាល​ចៀម​ស្ងួត ព្រោះថាសណ្ឋាន​របស់​ភ្នែក មាន​ពណ៌​ផ្សេង ៗ ​ដែលសង្ខារតាក់​តែង​ហើយ។

នាងសុភាភិក្ខុនី មាន​ចិត្តឥតជាប់ចំពាក់ បាន​ឆ្កៀលភ្នែកជាទីស្រឡាញ់ មិនជាប់​ចំពាក់ ហើយក៏ឲ្យដល់​បុរសនោះ​ ​ក្នុងពេល​នោះ​ ​ដោយពាក្យ​ថា ហ៎ អាត្មា​ឲ្យ​ភ្នែកដល់​អ្នក​ ចូរអ្នក​យកភ្នែកនោះ​ទៅ​ចុះ។ រាគៈ​របស់​បុរសនោះ​ ក៏ប្រាស​ចេញ​​ក្នុងខណៈនោះ​ផង បុរសនោះ​ បាន​ញ៉ាំង​ភិក្ខុ​នី​នោះ ​ឲ្យអត់ទោស​ក្នុង​ទីនោះ​ផង ​ដោយពាក្យ​ថា ម្នាល​នាងជាព្រហ្មចារិនី សួស្ដីចូរ​មាន​ (ដល់​នាង) ការ​ប្រព្រឹត្តិអនាចារបែបនេះ​ ​នឹងមិនមាន​ដល់​ខ្ញុំទេ។

បើខ្ញុំបៀត​បៀនជន (ដែលគ្មាន​រាគៈ) យ៉ាងនេះ​ ក៏ហាក់​ដូចជាខ្ញុំឱបភ្លើង​កំពុង​ឆេះសន្ធោ​សន្ធៅ ឬចាប់នូវ​អាសិរិ្ពស បើដូច្នោះ សូមសួស្ដីកើតមាន​ដល់​នាង សូមនាង​អត់​ទោសដល់​ខ្ញុំ។

ភិក្ខុនីនោះ​ លុះរួច​អំពីបុរសជាអ្នក​លេងនោះ​ហើយ ក៏បាន​ទៅ​កាន់​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏ប្រសើរ ចក្ខុក៏កើតឡើង​ដូចពីដើម ព្រោះបាន​ឃើញនូវ​មហាបុរិស​លក្ខណៈ ​ដែលកើត​អំពីបុញ្ញសម្ភារ​ដ៏ប្រសើរ។

សុភាថេរី នៅ​ក្នុងជីវកម្ពវ័ន។

ចប់ តឹសនិបាត។

ថេរីគាថា ចត្តាឡីសនិបាត

 

[៣៣៧] ភិក្ខុ​នីពីររូប ជាកុលធីតា​ក្នុងសាក្យត្រកូល ជាអ្នក​មាន​គុណសម្បត្តិ ​ក្នុង​នគរកុសុមបាដលិបុត្ត ​ដែលជាមណ្ឌល​នៃដែនដី។ បណ្ដាភិក្ខុ​នី​ទាំងពីររូបនោះ​ ភិក្ខុ​នី​ ១ រូប ឈ្មោះ​ឥសិទាសី ភិក្ខុ​នីទី ២ ឈ្មោះ​ពោធិ ជាអ្នក​បរិបូណ៌​ដោយសីល ជាអ្នក​ត្រេក​អរ​ដោយ​ការ​រំពឹង​ក្នុងឈាន ជាពហុស្សូត មាន​កិលេសកំចាត់បង់​ហើយ។ ភិក្ខុ​នី​ទាំង​ពីររូបនោះ​ ត្រាច់ទៅ​បិណ្ឌបាត ហើយធ្វើ​​នូវ​ភត្តកិច្ច លុះ​លាង​បាត្រហើយ អង្គុយជាសុខ ​ក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសំដី​ទាំងឡាយ​នេះ​ថា។ ម្នាលនាងម្ចាស់ ឈ្មោះ​ឥសិទាសី នាងជាស្រីគួរជ្រះថ្លា ​ទាំងវ័យ​របស់​នាង​ក៏​មិន​ទាន់សាបសូន្យ អើ ចុះនាង​ឃើញទោស​ដូចម្ដេច ទើបមកប្រកប​ខ្លួន​​ក្នុងបព្វជ្ជា។

ឥសិទាសីភិក្ខុ​នីនោះ​ ជាអ្នក​ឈ្លាសវៃ​ក្នុងធម្មទេសនា កាលបើ​ពោធិ​ភិក្ខុ​នីសាក​សួរ ​ក្នុង​ហេតុជាប្រយោជន៍ យ៉ាង​នេះ​ហើយ ក៏បាន​ពោលនូវ​ពាក្យ​នេះ​ថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ​ដែល​ខ្ញុំបួសចុះ។

លំដាប់​អំពីនេះ​ទៅ​ គឺជាពាក្យ​វិសជ្ជនា

សេដ្ឋីអ្នក​សង្រួម​ក្នុងសីល ជាបិតា​របស់​ខ្ញុំ ​ក្នុង​បុរី​ដ៏ប្រសើរ​ឈ្មោះ​ឧជ្ជេនី (ក្នុង​ដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់​ពេញ​ចិត្ត ជាអ្នក​គួរ​ទទួលសេចក្ដីអនុគ្រោះ​របស់​បិតានោះ​។ លុះ​ចំណេរមកខាង​ក្រោយ សេដ្ឋីមាន​ត្រកូល​ដ៏ឧត្តម មាន​ទ្រព្យច្រើន មក​អំពី​នគរ​សាកេត ដណ្ដឹងខ្ញុំ បិតា​ក៏​បាន​ឲ្យខ្ញុំជាកូន​ប្រសា​របស់​សេដ្ឋីនោះ​។ ខ្ញុំចូលទៅ​ក្រាប​ក្បាលថ្វាយបង្គំនូវ​ជើងម្ដាយ​ក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាម​ដំណើរ ​ដែល​មាតា​បិតាប្រៀនប្រដៅ។ ខ្ញុំ​ឃើញនូវ​អ្នក​ដណ្ដឹងសូម្បីម្នាក់ ​ដែល​ជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវារ​របស់​ស្វាមី ខ្ញុំក៏រលះរលាំង ក្រាល​អាសនៈ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និង​បង្អែម ​ដែលមាន​​ក្នុងលំនៅ​នោះ​ តាមសមគួរដល់វត្ថុ​ដែលគេ​ត្រូវការ​។ ខ្ញុំ​ក្រោក​ឡើង​តាមកាលគួរ ហើយ​ចូលទៅ​កាន់ផ្ទះ​របស់​ប្ដី ជូតសំអាតនូវ​ធរណីទ្វារ (ជាដើម) ​នឹងដៃ​ជើង ផ្គងអញ្ជលីចូលទៅ​រកប្ដី។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់​លាបមុខ ថ្នាំសម្រាប់​បន្ដក់​ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដី​ដោយខ្លួន​ឯង ហាក់​ដូចជា (វណ្ណទាសី) អ្នក​ធ្វើ​​នូវ​ការ​បំរើ។ ខ្ញុំដាំបាយខ្លួន​ឯង លាងភាជន៍ខ្លួន​ឯង បំរើភស្ដា​ ​ដូចជាមាតាថ្នមកូនខ្ចី។ ​តែភស្ដា​តែងខឹងសម្បារ​នឹងខ្ញុំ ​ដែលជាស្ត្រី​បំរើបាយ គ្មាន​ស្រ្តីណាលើ​ស ជាស្រ្តីធ្វើ​​ការ​ (គ្រប់យ៉ាង) ជាស្ត្រីមិនមាន​សេចក្ដីប្រកាន់ មាន​សេចក្ដីព្យាយាម មិនខ្ជិលច្រអូស មាន​មារយាទ​យ៉ាង​នេះ​។ ស្វាមីនោះ​ និយាយ​នឹងមាតាបិតា​របស់​គេ​ថា ខ្ញុំសូមលា (អ្នក​ម្ដាយលោកឪពុក) ទៅ​ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅ​រួមគ្នា​ក្នុងផ្ទះមួយ ជាមួយ​នឹងនាង​ឥសិទាសី​ឡើយ។

(មាតាបិតា​ពោលថា) នែកូន ​កុំ​ពោលយ៉ាងនេះ​ឡើយ នាង​ឥសិទាសី ជា​បណ្ឌិត​ឈ្លាសវៃ ជាស្រ្តីមាន​សេចក្ដីព្យាយាម មិនខ្ជិលច្រអូស​ទេ ម្នាលកូន ហេតុអ្វីក៏​កូនឯង​មិន​ពេញ​ចិត្ត។

(កូន​ពោលថា) នាងឥសិទាសី មិន​បៀត​បៀនអ្វី ៗ ដល់​ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាច​នៅ​ជា​មួយ​នឹងនាងឥសិទាសី ព្រោះថា នាង​ឥសិទា​សី ជាស្រីសំអប់​របស់​ខ្ញុំ ខ្ញុំ​មិនគួរ​នឹងនៅ​រួមទេ ខ្ញុំសូមលាទៅ​ហើយ។

ម្ដាយ​ក្មេក និង​ឪពុកក្មេក បាន​ស្ដាប់ពាក្យ​កូននោះ​ហើយ សួរខ្ញុំថា​ នាងធ្វើ​​ខុសអ្វីទេ នាងចូរប្រាប់កំហុស​ដែលនាងធ្វើ​​ហើយ នាងចូរដោះស្រាយ តាម​សេចក្ដី​ពិត​មកចុះ។

(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិន​បាន​ប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិន​ពោល​ពាក្យ​អាក្រក់​ (ដល់​គាត់ទេ) ភស្ដា​ស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើ​​អ្វីកើត។

ម្ដាយក្មេក​ និងឪពុកក្មេក​ទាំងឡាយ​នោះ​ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដី​ព្រួយ​គ្របសង្កត់ ក៏នាំខ្ញុំ​ត្រឡប់​ទៅ​កាន់ផ្ទះបិតាវិញ​ រក្សានូវ​កូន (ដោយគិតថា) យើង​នឹងរក​ឲ្យ​បាន​នូវ​ស្រ្តីមាន​រូបឆោម​ដ៏មាន​សិរី។ គ្រាក្រោយមក បិតាបាន​ឲ្យខ្ញុំ ​ក្នុង​ផ្ទះ​នៃ​ត្រកូលទី​ ២ ជាអ្នក​​ស្ដុកស្ដម្ភ ​ដោយជំនូនពាក់កណ្ដាល​ ​អំពីជំនូន​ដែលសេដ្ឋី​បាន​ជូន​មកខ្ញុំមុននោះ​។ ខ្ញុំបាន​នៅ​ក្នុងផ្ទះ​នៃប្ដីទី ២ នោះ​ អស់ ១ ខែ គ្រានោះ​ គាត់ក៏បណ្ដេញខ្ញុំ ​ដែលជាស្រ្តី​ខ្នះខ្នែងបំរើ​ដូចជាទាសី ជាស្រីមិនប្រទូស្ត មាន​មារយាទល្អ។ បិតា​របស់​ខ្ញុំ និយាយ​នឹងបុរសអ្នក​ទូន្មាន (ចិត្ត) អ្នក​ទូន្មាន (កាយ និងវាចា) ​ដែលកំពុងត្រាច់​ទៅ​ដើម្បី​ភិក្ខាថា អ្នក​ចូរជាកូនប្រសា​របស់​ខ្ញុំ អ្នក​ចូរបោះចោលនូវ​កំណាត់​សំពត់ និង​ឆ្នាំង។ ស្វាមីទី ៣ នោះ​ បាន​នៅ​ (ជាមួយ​នឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយ​នឹងបិតា​ខ្ញុំថា អ្នក​ចូរឲ្យ​កំណាត់​សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ​ ខ្ញុំ​នឹងត្រាច់​ទៅ​ដើម្បី​ភិក្ខាទៀត​។ គ្រានោះ​ បិតាមាតា និងពពួកញាតិ​ទាំងអស់​របស់​ខ្ញុំ និយាយ​នឹងបុរសនោះ​ថា អ្នក​ណាមិនធ្វើ​​តាម​អ្នក​ក្នុងទីនេះ​ឬ អ្នក​ចូរប្រាប់ហេតុ​ដែលគេ​ធ្វើ​​ដល់​អ្នក​ឲ្យឆាប់។ បុរស​នោះ​ កាលបើគេ​ពោល​យ៉ាងនេះ​ហើយ ក៏​ពោល​តបថា បើខ្លួន​របស់​ខ្ញុំអាច​នៅ​បាន​ (ក៏​នាងឥសិទាសី) មិន​គួរ​ដល់​ខ្ញុំ (ព្រោះហេតុនោះ​) ខ្ញុំមិននៅ​ជាមួយ​នាងឥសិទាសី ​ក្នុងផ្ទះ​មួយជាមួយគ្នាទេ។ បុរស​នោះ​ កាលបើ (បិតា​របស់​ខ្ញុំ) លះបង់ហើយ ក៏ទៅ​បាត់ទៅ​ ចំណែកខាង​ខ្ញុំជាស្រ្តីនៅ​តែម្នាក់ឯង គិតថា​អាត្មាអញ​នឹងលាមាតាបិតាទៅ​ស្លាប់ ឬ​ទៅ​បួស។ គ្រានោះ​ នាងថេរី​ជាម្ចាស់​ឈ្មោះ​ជិនទត្តា ជាអ្នក​ទ្រទ្រង់​នូវ​វិន័យ ជាពហុស្សូត បរិបូណ៌​ដោយសីល កាល​ត្រាច់ទៅ​ដើម្បី​ភិក្ខាហារ ក៏បាន​និមន្ដមកកាន់​ត្រកូល​នៃបិតា​ (ខ្ញុំ)។ ខ្ញុំ​ឃើញ​នាង​ជិនទត្តា​ថេរីនោះ​ ក៏ក្រោកឡើង​ ក្រាលអាសនៈ​របស់​យើង ប្រគេ​ន​នាងថេរីនោះ​ លុះ​ព្រះនាង​គង់​ហើយ ខ្ញុំក៏ថ្វាយបង្គំនូវ​ព្រះបាទា ហើយ​ប្រគេ​ន​ភោជន។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែត​ស្កប់​ស្កល់ ​ដោយបាយ​ និង​បង្អែម ​ដែល​មាន​ក្នុងលំនៅ​នោះ​ ហើយ​ពោលថា បពិត្រ​ព្រះនាង​ជាម្ចាស់ ខ្ញុំចង់បួស។ គ្រា​នោះ​ បិតា​ពោល​នឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌​នោះ​​​ក្នុងផ្ទះ​នេះ​ទៅ​ចុះ ចូរញ៉ាំង​សមណៈ​ទាំងឡាយ​ផង ព្រាហ្មណ៍​ទាំងឡាយ​ផង ឲ្យ​ឆ្អែត​​ស្កប់​ស្កល់​ដោយបាយ និងទឹក​ចុះ។ លំដាប់នោះ​ ខ្ញុំក៏ប្រណម្យ​អញ្ជលី យំ​ពោល​នឹង​បិតាថា បពិត្រ​បិតា សូមលោក​អនុញ្ញាតខ្ញុំ ខ្ញុំ​នឹងញ៉ាំងបាបកម្ម​ដែល​ខ្ញុំធ្វើ​​ហើយ​នោះ​ ឲ្យវិនាស។ គ្រានោះ​ បិតា​ពោល​នឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គ​ប្រសើរជាងសត្វ​ជើងពីរ ទ្រង់​ធ្វើ​​ឲ្យជាក់ច្បាស់នូវ​លោកុត្តរធម៌ណា នាង​ចូរ​បាន​លុះនូវ​ពោធិញ្ញាណ និងអគ្គធម៌ និងព្រះនិព្វាន​នោះ​ចុះ។ ខ្ញុំថ្វាយបង្គំ​លា​បិតាមាតា និងពពួក​នៃញាតិ​ទាំងអស់ ហើយបួសបាន​ ៧ ថ្ងៃ ក៏សម្រេច​វិជ្ជាបី។ ខ្ញុំដឹងជាតិ​របស់​ខ្លួន​ បាន​ ៧ ជាតិ ផលវិបាកនេះ​របស់​កម្មណា ខ្ញុំ​នឹងប្រាប់នូវកម្ម​នោះ​ដល់​នាង នាងចូរមាន​ចិត្ត​តែមួយ ចាំផ្ទៀងស្ដាប់នូវ​កម្មនោះ​ ​ដូចតទៅ​នេះ​ ខ្ញុំជាជាង​មាសមាន​ទ្រព្យច្រើន ​ក្នុងនគរឈ្មោះ​ឯកកច្ឆៈ ខ្ញុំនោះ​ជាមនុស្សស្រវឹង ព្រោះការ​ស្រវឹង​វ័យ បាន​ប្រព្រឹត្តសេពសំភព​នឹងប្រពន្ធបុគ្គលដទៃ។ ខ្ញុំនោះ​​លុះ​ឃ្លាត​ចាក​អត្តភាពនោះ​ហើយ ក៏ឆេះរោលរាល​ក្នុងនរកអស់កាលយូរ លុះ​រួច​ចាក​​នរកនោះ​ហើយ មកចាប់​បដិសន្ធិ​ក្នុងផ្ទៃ​នៃមេស្វា។ ស្វាឈ្មោលធំជាម្ចាស់​​នៃហ្វូង ខាំផ្ដាច់នូវ​ជាតកម្ម គឺអង្គ​ជាត (របស់​ខ្ញុំ) ​ដែលទើប​នឹងកើតបាន​ ៧ ថ្ងៃ នុ៎ះជាផល​នៃកម្ម​របស់​ខ្ញុំនុ៎ះ ​ដែលគប់រកនូវ​ប្រពន្ធ​នៃបុគ្គលដទៃ។​ ខ្ញុំនោះ​ធ្វើ​​មរណកាល ​ច្យុតចាក​កំណើត​នៃស្វានោះ​ហើយ ក៏ចាប់​បដិសន្ធិ​ក្នុងផ្ទៃ​នៃ​មេ​ពពែខ្វាក់ផង ខ្ចកផង ​ក្នុងដែន​នៃ​ស្ដេច​សិន្ធវៈ។ ខ្ញុំត្រូវគេ​ព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេ​គ្រៀវ ត្រូវដង្កូវបៀត​បៀន ឈឺចាប់ ព្រោះ​តែ​អំពើ​ដែលខ្ញុំសេព​នូវ​ប្រពន្ធ​របស់​បុគ្គលដទៃ។ ខ្ញុំនោះ​ច្យុតចាក​កំណើត​នៃពពែ​នោះ​ហើយ ក៏កើត​ជាកូនគោ ​អំពីមេគោ​របស់​ឈ្មួញគោ បាន​ ១២ ខែ មាន​រោម​ក្រហម​ដូចជា​ជ្រលក់ល័ក្ត ហើយត្រូវគេ​គ្រៀវ។ ខ្ញុំ​តែងទាញនូវ​នង្គ័ល និង​រទេះ ខ្វាក់ ខ្ចក ឈឺ​ ព្រោះ​តែ​ខ្ញុំសេពនូវ​ប្រពន្ធ​របស់​បុគ្គលដទៃ។ ខ្ញុំនោះ​ជាសត្វច្យុត​ចាក​កំណើត ​នៃគោនោះ​ហើយ ក៏កើត​ក្នុងផ្ទៃ​នៃទាសី​ក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដ​ជាស្រី មិន​ប្រាកដជាប្រុស (ខ្ទើយ) ព្រោះ​តែខ្ញុំសេពនូវ​ប្រពន្ធ​នៃបុគ្គលដទៃ។ ខ្ញុំស្លាប់​ក្នុង​អាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ​ក្នុងត្រកូល​នៃអ្នក​រទេះ ​ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន។ កាល​ការ​​ប្រាក់​ចំរើន​ច្រើន​ឡើង​ហើយ នាយ​ឈ្មួញរទេះ ក៏អូសទាញខ្ញុំ ​អំពីផ្ទះ​នៃ​ត្រកូល ​ដែល​កំពុងយំខ្សឹកខ្សួល។​ គ្រានោះ​ បុត្រ​របស់​​ឈ្មួញរទេះនោះ​ ឈ្មោះ​គិរិទាសៈ បាន​ឃើញខ្ញុំជាស្រ្តីនៅ​ក្រមុំ មាន​វ័យចំរើន​ ​ក្នុង​ឆ្នាំជាគំរប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះ​របស់​ខ្លួន​)។ ប្រពន្ធដទៃ​របស់​គិរិទាសៈ ជាស្រ្ដីមាន​សីល​ផង មាន​គុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បាន​ធ្វើ​​ការ​ស្អប់នូវ​ប្រពន្ធ​របស់​គាត់។ ប្ដី​ទាំងឡាយ​ លះលែងខ្ញុំ ​ដែលជាអ្នក​ខ្នះខ្នែងបំរើដូចជាទាសី ព្រោះផល​នៃ​កម្មណា នុ៎ះជាផលកម្ម (របស់​ខ្ញុំ) នោះ​ ទីបំផុត​នៃបាបកម្មនោះ​ឯង ខ្ញុំបាន​ធ្វើ​​ហើយ។

ឥសិទាសីថេរី។

ចប់ ចត្តាឡីសនិបាត។

ថេរីគាថា មហានិបាត

 

[៣៣៨] នាងសុមេធា ជាធីតា​នៃអគ្គមហេសី​​របស់​ព្រះរាជា ទ្រង់​ព្រះនាម​កោញ្ចៈ ​ក្នុងនគរឈ្មោះ​មន្ដាវតី ជាស្រ្តី​ដែលព្រះអរិយៈ អ្នក​ធ្វើ​​សាសនា​ឲ្យជ្រះ​ថ្លាហើយ​។ នាង​សុមេធា ជាស្រីមាន​សីល ជាធម្មកថិកា​ដ៏វិចិត្រ ជាពហុស្សូត ជាស្រីបាន​បទ​ក្នុង​ព្រះពុទ្ធសាសនា ចូលទៅ​ជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់​ទាំងពីរ​ស្ដាប់ (ពាក្យ​ខ្ញុំម្ចាស់)។ ខ្ញុំម្ចាស់ជាអ្នក​ត្រេកអរ ចំពោះ​ព្រះនិព្វាន​ ភពសូម្បី​ជាទិព្វ ក៏ជារបស់​មិន​ទៀងទាត់ ​នឹងចាំបាច់​ពោលទៅ​ថ្វី​ដល់​កាម​ទាំងឡាយ​ ​ដែល​ជារបស់​សោះសូន្យ មាន​ការ​ត្រេកអរ​តិច មាន​សេចក្ដី​ចង្អៀតចង្អល់ច្រើន។ ពួក​ជនពាល ឈ្លក់​ក្នុងកាម​ទាំងឡាយ​ណា កាម​​ទាំង​ឡាយ​នោះ​ ជាសភាវៈខ្លោចផ្សា ឧបមា​ដូចជាអាសិរពិស ពួក​ជនពាល​ទាំងនោះ​ សឹងពេញ​ណែនត្រៀបត្រា​ក្នុង​នរក រងទុក្ខលំបាកអស់កាល​ដ៏​អង្វែង។ ពួកជន​ពាលមាន​កម្ម​ដ៏លាមក មាន​គំនិតអាក្រក់ មិនសង្រួមកាយ វាចា ចិត្ត រមែង​សង្រេងសង្រៃ ​ក្នុង​វិនិបាត (អបាយ) សព្វ ៗ កាល។ ជនពាល​ទាំងនោះ​ ជាអ្នក​ឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុ​នៃទុក្ខរួបរឹត មិនដឹង (នូវ​ចតុសច្ច​ធម៌) ​ដែលព្រះសម្ពុទ្ធ​ទ្រង់​សំដែង រមែង​មិនត្រាស់ដឹងនូវ​អរិយសច្ច​ទាំងឡាយ​។ បពិត្រ​ព្រះ​មាតា ជន​ទាំងឡាយ​ជាច្រើន​នាក់​ណាស់ ​ដែលមិនដឹងនូវ​សច្ចធម៌ ​ដ៏ជាធម៌ គឺព្រះពុទ្ធ​ដ៏​ប្រសើរ ទ្រង់​សំដែង ហើយ​ត្រេកអរ​​តែ​នឹងភព ពេញ​ចិត្ត​តែ​នឹង​ការ​កើត​ក្នុង​ពួក​ទេវតា។ ​សូម្បីការ​កើត​ក្នុងពួកទេវតា ក៏មិនទៀង កាល​បើ​ភពមិន​ទៀង ពួកជន​ពាល​ក៏នៅ​តែ​មិនតក់ស្លុត​​នឹងភព​ដែលសត្វ​ត្រូវកើតញយ ៗ។ វិនិបាត [វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ។ អដ្ឋកថា។] ៤ និងគតិ ២ បុគ្គលគប្បី​បាន​ដូចម្ដេចកើត បព្វជ្ជា​របស់​ពួក សត្វ​វិនិបាត​ក្នុងនរក ​មិនមាន​ឡើយ។ សូមទ្រង់​ទាំង​ពីរអនុញ្ញាត​ឲ្យខ្ញុំម្ចាស់ ទៅ​បួស​ក្នុង​សាសនា​នៃព្រះទស​ពល ខ្ញុំ​ម្ចាស់​​នឹងជាស្រ្តីមាន​សេចក្ដីខ្វល់​ខ្វាយ​តិច ប្រឹងប្រែងដើម្បី​លះបង់នូវ​ជាតិ​ និងមរណៈ។ ប្រយោជន៍អ្វី​ដោយភព​ ​ដែលអ្នក​ផង​ត្រេកត្រអាល ប្រយោជន៍អ្វី​ដោយកាយជាទោស ឥតខ្លឹមសារ​ សូមទ្រង់​អនុញ្ញាត ខ្ញុំម្ចាស់​នឹងបួស ដើម្បី​រំលត់​​នូវ​ភវតណ្ហា។ ការ​កើតឡើង​នៃព្រះពុទ្ធ​ទាំងឡាយ​ (ខ្ញុំម្ចាស់បាន​ចួបប្រទះហើយ) កាល​មិនមែន​ជាខណៈ ខ្ញុំម្ចាស់វៀរ​ស្រឡះ​ហើយ ខណៈ ខ្ញុំម្ចាស់បាន​ហើយ ខ្ញុំម្ចាស់​មិនប្រទូស្ដនូវ​សីល និង​ព្រហ្មចរិយៈ រហូត​អស់​មួយជីវិត។

លុះនាងសុមេធា ក្រាប​ទូល​យ៉ាងនេះ​ គ្រានោះ ​ព្រះមាតាបិតា បាន​មាន​បន្ទូល​នឹង​នាងថា យើង​ទាំង​ឡាយ​ជាគ្រហស្ថ សុទ្ធ​តែ​លុះ​ក្នុងអំណាច​នៃសេចក្ដីស្លាប់ និងលះបង់​មិន​បាន​ទេ។

មាតាជាទុក្ខស្រែកយំ បិតាក៏ជាទុក្ខ ត្រូវសេចក្ដីសោកស្ដាយ​គ្របសង្កត់​ដូចគ្នា ប្រឹងប្រែងសង្រួប​សង្រួមធីតានោះ​ ​ដែលដួលចុះលើ​ផែនដី នាផ្ទៃ​ប្រាសាទថា។

ម្នាល​កូនស្រី ចូរនាងក្រោកឡើង​ ប្រយោជន៍អ្វី​ដោយការ​សោក (ដើម្បី​ចង់បួស) យើងបាន​ថ្វាយនាងដល់​ស្ដេច ទ្រង់​ព្រះនាម​អនិករត្តៈ ជាស្ដេចមាន​រូប​ល្អ ​ក្នុង​នគរឈ្មោះ​វារណវតីហើយ។ នាង​នឹងបាន​ជាអគ្គមហេសី ​នឹងបាន​ជាភរិយា ​របស់​​ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេ​ធ្វើ​​បាន​កម្រ​ណាស់។ អាណាចក្រ​ក្នុងរាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ​ និងឥស្សរិយយស (ក៏មាន​ច្រើន) ភោគ​សម្បត្តិ​ទាំងឡាយ​ នាំមកនូវ​សេចក្ដីសុខ ​ទាំងខ្លួន​នាង ក៏នៅ​ក្រមុំ ព្រោះហេតុ​នោះ​ នាង​ចូរ​​ប្រើប្រាស់​ភោគសម្បត្តិ ​តាម​ប្រាថ្នា​ចុះ។ ម្នាលកូនស្រី កិច្ច​ដែលគេ​ត្រូវដណ្ដឹង ចូរ​មាន​ដល់​នាង។

គ្រានោះ​ នាងសុមេធា ក្រាបទូលមាតាបិតា​នោះ​ថា សម្បត្តិ​ទាំង​ឡាយ​ប្រាកដ​ដូច្នេះ ចូរ​កុំមាន​ (ដល់​ខ្ញុំម្ចាស់) ភពជា​របស់​គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ​ចូរមាន​ដល់​ខ្ញុំម្ចាស់ ព្រោះហេតុនោះ​ កិច្ច​ដែលគេ​ត្រូវដណ្ដឹង (ចូរ​កុំមាន​ដល់​ខ្ញុំ​ម្ចាស់​ឡើយ)។ (សរីរៈនេះ​) ​ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មាន​ក្លិន​ផ្សាយទៅ​គួរឲ្យខ្លាច ​ដូច​ជា​ការុងជាវិការ​នៃស្បែក ពេញ​ដោយសាកសព ពេញ​​ដោយ​របស់​មិនស្អាត ​ដែល​ហូរចេញ​​ក្នុងកាលម្ដង ៗ។ ខ្ញុំម្ចាស់ដឹងនូវ​សរីរៈ​នោះ​ថា ​ដូចជាអ្វីមួយ ​ដែលបូកលាប​ដោយសាច់ និងឈាម ជារបស់​គួរខ្ពើម​ក្រៃពេក ជាលំនៅ​នៃហ្វូងដង្កូវ ជាចំណី​នៃសត្វ​ស្លាប ជា​សាកសព (គេ​) ​នឹងឲ្យដល់​អ្នក​ណាម្ដេចបាន​។ កាយ​ដែលមាន​វិញ្ញាណ​ប្រាសចេញ​ហើយ មិនយូរប៉ុន្មាន គេ​​តែងដុត​ក្នុងព្រៃស្មសាន ពួកញាតិ​ដែលខ្ពើមរអើម ក៏បោះបង់​ចោល ​ដូច​ជាអង្កត់​អុស។ មាតាបិតា​របស់​ខ្លួន​ ចោលសាកសពនោះ​ ឲ្យ​ជាចំណីសត្វដទៃ​ក្នុង​ព្រៃស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួន​ដើរចេញ​ទៅ​) ចំណង់បើ​សាធារណជន (នឹងមិនខ្ពើម) ​ដូចម្ដេចកើត។ សត្វ​ទាំងឡាយ ​​តែងជ្រុលជ្រប់​ក្នុងគ្រោង​កាយ ជា​សាកសពឥតខ្លឹមសារ ​ដែលសង្ខារផ្សំផ្គុំ​ដោយឆ្អឹង និងសរសៃ ជាកាយស្អុយ ពេញ​ដោយ​ទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ។ បើបុគ្គល​ពន្លាត់រាង​កាយ​នោះ​ ធ្វើ​​អាការ​ខាង​ក្នុង​នៃវា ឲ្យត្រឡប់មកខាងក្រៅវិញ​ សូម្បី​មាតា​របស់​ខ្លួន​ ក៏ខ្ពើម​រអើមអត់ទ្រាំ​នឹង​ក្លិនពុំបាន​។ ខ្ញុំម្ចាស់និយាយ​ដោយ​ឧបាយ​​នៃ​ប្រាជ្ញា នូវ​ខន្ធ ធាតុ អាយតនៈ ​ដែល​សង្ខារ​តាក់​តែង ថាមាន​ជាតិជាឫសគល់ នាំមកនូវ​ទុក្ខ មិនជាទីពេញ​ចិត្ត ​នឹងប្រាថ្នា​នូវ​កិច្ច​ដែលគេ​ត្រូវដណ្ដឹងដើម្បី​អ្វី។ លំ​ពែង ៣០០ ​ដែលសំលៀងថ្មី ៗ គប្បី​ធ្លាក់ចុះលើ​កាយ​រាល់ ៗ ថ្ងៃ ប្រសិនបើ ការ​អស់ទៅ​នៃទុក្ខ សូម្បីមាន​ការ​លំបាក (យ៉ាងនេះ​) អស់រយឆ្នាំ ជា​ការ​ប្រសើរ។ បុគ្គលណា ដឹងព្រះពុទ្ធដីការ​បស់​ព្រះសាស្ដា​យ៉ាងនេះ​ ហើយបាន​ទទួល​នូវ​សេចក្ដីលំបាក (ការ​អស់ទៅ​នៃទុក្ខ​ តែង​មាន​ដល់​បុគ្គល​នោះ​) សង្សារ (ការ​អន្ទោលទៅ​) ​របស់​​បុគ្គលពាល​ទាំង​ឡាយ​ ​ដែលលំបាករឿយ ៗ ជាសង្សារ​វែងឆ្ងាយ។ ការ​លំបាក​តានតឹង​​មិនមាន​ប្រមាណ រមែង​ប្រាកដ​ក្នុង​ពួកទេវតា ពួកមនុស្ស ​ក្នុងកំណើតតិរច្ឆាន ​ក្នុង​ពួក​អសុរកាយ ​ក្នុងពួកប្រេត ​និង​ក្នុងពួកនរក។ ​ក្នុងនរក មាន​សេចក្ដីលំបាកច្រើន សត្វ​ដែលកើត​ក្នុងវិនិបាត ក៏លំបាក សូម្បី​ក្នុងពួក​ទេវតា ក៏មិនមាន​ទីពឹង សេចក្ដី​សុខ​ដទៃ​ក្រៃលែង ជាងសេចក្ដីសុខ​ក្នុងព្រះនិព្វាន​ មិន​មាន​ទេ។ បុគ្គលពួកណា ខំប្រឹងប្រែង​ក្នុង​សាសនា​របស់​ព្រះទសពល ជាអ្នក​មាន​សេចក្ដីខ្វល់ខ្វាយតិច ខំព្យាយាមលះ​បង់​ជាតិ និង​មរណៈ បុគ្គលពួកនោះ​ ឈ្មោះ​ថាបាន​ព្រះនិព្វាន​។ បពិត្រ​ព្រះបិតា ខ្ញុំម្ចាស់​នឹងចេញ​បួស​ក្នុងថ្ងៃនេះ​ ប្រយោជន៍អ្វី​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែលឥត​ខ្លឹមសារ កាម​ទាំងឡាយ​ ទុក​ស្មើវត្ថុ​​ដែលគេ​ខ្ជាក់ចោល ខ្ញុំ​ម្ចាស់នឿយណាយ​ហើយ ធ្វើ​​ឲ្យ​ដូចដើមត្នោតមិនមាន​ទីកើត (ដែលបុគ្គលដក​ចោល​ហើយ)។

នាងសុមេធានោះ​ កំពុងនិយាយ​នឹងបិតាយ៉ាងនេះ​ ស្រាប់​តែ​ព្រះបាទ​អនិករត្តៈ ​ដែលបិតាបានថ្វាយនាងដល់​ទ្រង់​ សេ្ដចព្រះរាជដំណើរចូលទៅ​ដល់​ ​ដោយមាន​ពួក​កំលោះ​ហែហម (ព្រោះ) ការ​ត្រូវដណ្ដឹង មាន​ក្នុងកាល​ប្រាកដ​ហើយ។ ​ក្នុង​កាល​នោះ​ នាងសុមេធា កាត់នូវ​សក់​ទាំងឡាយ​ ​ដែលមាន​ពណ៌ខ្មៅ​រលើ​ប ស្លូតទន់ ​ដោយ​ព្រះខាន់ ហើយបិទទ្វារប្រាសាទ រួច​ចូលបឋមជ្ឈាន។ នាង​សុមេធា កំពុង​តែចូល​សមាបត្តិ ចំរើន​នូវ​អនិច្ចសញ្ញាលើ​ប្រាសាទ គាប់ចួនស្ដេចអនិករត្តៈ ក៏យាង​មកដល់​នគរ។ នាង​សុមេធានោះ​ កំពុង​តែធ្វើ​​ទុក​ក្នុង​ចិត្ត (នូវ​អនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ​ដែល​ស្អិតស្អាង​ព្រះអង្គ ​ដោយគ្រឿង​អលង្ការ​ ជាវិការៈ​កែវមណី និងមាស ក៏ឡើង​មក​ដោយរួសរាន់ ហើយធ្វើ​​អញ្ជលី​ អង្វរនាង​សុមេធាថា។ ​អាជ្ញា​ក្នុងរាជ​របស់​យើង ទ្រព្យ ​និង​ឥស្សរិយយស (ក៏មាន​ច្រើន) ភោគសម្ប័ទទាំងឡាយ​ នាំមកនូវ​សេចក្ដីសុខ ​ទាំងខ្លួន​​នាងសោត ក៏នៅ​ក្រមុំ នាងចូរប្រើប្រាស់ភោគសម្ប័ទ តាមប្រាថ្នា​ចុះ (ព្រោះថា) ​កាមសុខ​ក្នុងលោក គេ​រកបាន​ដោយកម្រណាស់។ រាជសម្បត្តិ យើងប្រគល់​ផ្ដាច់​ឲ្យនាង នាងចូរ​ប្រើប្រាស់​នូវ​ភោគសម្ប័ទ​ទាំងឡាយ​ ចូរឲ្យនូវ​ទានចុះ នាង​កុំតូចចិត្ត​ឡើយ មាតា​បិតា​របស់​នាង ជាទុក្ខ។

នាងសុមេធា ជាស្រ្តី​មិនត្រូវការ​ដោយកាម មាន​មោហៈទៅ​ប្រាសហើយ ក៏ទូល​តប​ស្ដេច​អនិករត្តៈ​នោះ​ថា ព្រះអង្គ​កុំត្រេកត្រអាល​ចំពោះ​កាម​ទាំងឡាយ​ ព្រះអង្គ​ចូរ​ឃើញ​ទោស​ក្នុងកាម​ទាំងឡាយ​វិញ​។ ព្រះរាជាទ្រង់​ព្រះនាម​មន្ធាតុ ជាធំលើ​ទ្វីប​ទាំងបួន ជា​បុគ្គល​ប្រសើរផុតជាងពួកជនអ្នក​បរិភោគ​កាម ទ្រង់​មិនឆ្អែតឆ្អន់ (ដោយកាម​ទាំង​ឡាយ​) ទ្រង់​ទិវង្គតទៅ​ សេចក្ដី​ប្រាថ្នា​របស់​ស្ដេចនោះ​ នៅ​តែមិនពេញ​គ្រប់គ្រាន់នៅ​ឡើយ។ ភ្លៀង​គប្បី​បង្អុរចុះ​នូវ​រតនៈ​ទាំង​ឡាយ​ ៧ ប្រការ​ ជុំវិញ​ គ្រប់ទិស​ទាំង ១០ សេចក្ដីឆ្អែតចំពោះ​កាម​ទាំងឡាយ​ ក៏នៅ​តែ​មិនល្មម ពួក​នរជន រមែង​ស្លាប់ទៅ​ទាំង​មិនឆ្អែត។ កាម​ទាំង​ឡាយ​ ប្រៀប​ដូចដាវ និង​ឈើ​ស្រួច កាម​ទាំងឡាយ​ ប្រៀប​ដូចជាក្បាល​នៃពស់ ឬប្រៀប​ដូចជាគប់ភ្លើង ក្រៀម​ក្រោះ​ដូចជារាងឆ្អឹង ​តែងដុត​កំដៅរឿយ ៗ។ កាម​ទាំងឡាយ​ មិនទៀង​ទាត់ មិនឋិត​ថេរ មាន​ទុក្ខច្រើន មាន​ពិសខ្លាំង មាន​សេចក្ដី​តានតឹង ជាឫសគល់ មាន​​សេចក្ដីទុក្ខជាផល ​ដូចជាដុំដែក​ដែល​កំពុង​ឆេះ។ កាម​ទាំងឡាយ​ ប្រៀប​ដូច​ជាផ្លែឈើ ឬប្រៀប​ដូច​ដុំសាច់ នាំមកនូវ​ទុក្ខ កាម​ទាំងឡាយ​ ​ដូចជាការ​យល់​សប្ដិ ជាគ្រឿង​បញ្ឆោត ​ដូចជា​របស់​ខ្ចីគេ​។ កាម​ទាំងឡាយ​ ​ដូចជាលំពែង​ និងដែកស្រួច ​ដូច​ជារោគ ឬ​ដូចជាបូស ជាគ្រឿងតាន​តឹង ចង្អៀតចង្អល់ កាម​ទាំងឡាយ​ ប្រាកដស្មើ​ដោយ​រណ្ដៅ​នៃរងើកភ្លើង មាន​សេចក្ដី​តានតឹង​ជាឫស ជាភ័យ ជាខ្មាំង។ កាម​ទាំងឡាយ​ មាន​សេចក្ដីទុក្ខ​ច្រើនយ៉ាងនេះ​ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ថា ជាសភាវៈធ្វើ​​នូវ​សេចក្ដី​អន្ដរាយ សូម​ព្រះអង្គ​យាង​ទៅ​វិញ​ចុះ សេចក្ដីស្និទ្ធស្នាល​ក្នុងភព​របស់​ខ្ញុំម្ចាស់ មិនមាន​ទេ។ បុគ្គល​ដទៃ​នឹងធ្វើ​​នូវ​ប្រយោជន៍​ដូចម្ដេច ដល់​ខ្ញុំម្ចាស់កើត កាលបើក្បាល​របស់​ខ្លួន​ត្រូវភ្លើងឆេះ កាលបើជរា មរណៈកំពុងជាប់តាម ខ្ញុំម្ចាស់ត្រូវប្រឹងប្រែង ដើម្បី​កំចាត់​បង់នូវ​​ជរា​ មរណៈនោះ​។

នាងសុមេធានេះ​ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ​ដែលមក​មិនទាន់ដល់​ទ្វារ កំពុងគង់យំលើ​ផែនដី ក៏ទូលនូវ​ពាក្យ​នេះ​ថា សង្សារ ​របស់​បុគ្គលអន្ធពាល​ដែល​យំទួញញយ ៗ ចំពោះ​សេចក្ដីស្លាប់​របស់​បិតា សេចក្ដីស្លាប់​របស់​បងប្អូន និង​សេចក្ដីស្លាប់​របស់​ខ្លួន​ ​ក្នុងសង្សារវដ្ដ ​ដែលគេ​មិន​អាច​ដឹងទីបំផុតបាន​ ​ជាសង្សារវែង​ឆ្ងាយ។ សូមទ្រង់​ទាំងឡាយ​ រលឹកនូវ​ទឹកភ្នែក ទឹកដោះ និងឈាម កាលទ្រង់​អន្ទោល​ទៅ​ ព្រោះសង្សារ ​ដែលគេ​មិនអាច​ដឹងទី​បំផុតបាន​ សូមទ្រង់​រលឹកនូវ​គំនរឆ្អឹង​ទាំង​ឡាយ​ ​របស់​ពួកសត្វ​ដែលអន្ទោល​ទៅ​មក ៗ។ សូមទ្រង់​រលឹកដល់​ទឹកភ្នែក ទឹកដោះ​ និងឈាម ​ដែល​ប្រៀប​ធៀប​នឹង​សមុទ្រធំ​ទាំង ៤ សូមទ្រង់​រលឹកនូវ​គំនរ​នៃឆ្អឹង​ទាំង​ឡាយ​ ​ក្នុងកប្បមួយ ៗ ​ដែល​ស្មើ​នឹងភ្នំវេបុល្លៈ។ ដុំដីប៉ុនគ្រាប់ក្របៅ ​ដែលបុគ្គលលញ់​ដីអស់​ទាំងជម្ពូទ្វីប ក៏មិនល្មម គឺតិចជាង​មាតាបិតា​ទាំងឡាយ​របស់​សត្វ កាល​អន្ទោលទៅ​ក្នុង​សង្សារ ​ដែលគេ​មិនអាច​ដឹងទីបំផុតបាន​។ សូមទ្រង់​រលឹកនូវ​ស្មៅ កំណាត់ឈើ មែកឈើ និង​ស្លឹក​ឈើ ​ដែលគេ​នាំមកប្រៀបធៀប ខ្នាច់​ទាំងឡាយ​ (របស់​ស្មៅជាដើមនោះ​) ប្រមាណបួនធ្នាប់ ៗ ក៏មិនល្មមស្មើ​នឹងបិតា ​និងជីតា​ទាំងឡាយ​ ព្រោះសង្សារ មាន​ទីបំផុតគេ​មិនអាចដឹង​បាន។ សូមទ្រង់​នឹកមើល​នូវ​អណ្ដើក​ខ្វាក់ និង​ប្រហោងនឹម (ដែលខ្យល់បក់បង្វិល) ទៅ​ក្នុងសមុទ្រ ​អំពីត្រើយខាងកើត​ ទៅ​ត្រើយ​ដទៃទៀត និងក្បាលអណ្ដើកនោះ​ ​ដែល​ចូលទៅ​ (ក្នុងប្រហោងនឹម) នេះ​ ជាសេចក្ដី​ឧបមា​ក្នុងការ​បាន​អត្តភាពជាមនុស្ស។ សូមទ្រង់​រលឹកនូវ​រូប ​របស់​គ្រោង​កាយ ជាទោស ឥតខ្លឹមសារ មាន​ឧបមា​ដូចដុំ​នៃ​ពពុះទឹក សូមទ្រង់​ឃើញ​នូវ​ខន្ធ​ទាំងឡាយ​ ថាជាសភាវៈមិនទៀងទាត់ សូមទ្រង់​រលឹកនូវ​នរក​ទាំងឡាយ​ ​ដែលមាន​សេចក្ដីទុក្ខ ក្ដួលក្ដៅ​ជាច្រើន។ សូមទ្រង់​រលឹកនូវ​សត្វ​ទាំងឡាយ​ ​ដែល​ញ៉ាំងទីស្មសានឲ្យចំរើន​រឿយ ៗ ​ក្នុងជាតិ​ទាំងឡាយ​នោះ​ ៗ សូមរលឹកនូវ​ភ័យ​ក្នុងការ​ចិញ្ចឹមពោះផង សូមរលឹកនូវ​អរិយ​សច្ច​ទាំង ៤ ផង។

កាលបើ​អមតធម៌មាន​ ប្រយោជន៍អ្វី ​ដោយហេតុក្ដៅផ្សា [ហេតុ​ដ៏ក្តៅផ្សា របស់​កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែងរក ១ បរិគ្គហោ ការ​ហួងហែង​ទុក ១ អារក្ខា ការរក្សា​ទួទៅ​មិនដាច់ ១ បរិភោគោ ការប្រើប្រាស់​លៃលក ១។ អដ្ឋកថា។] ៥ យ៉ាង ​ដែលទ្រង់​សោយ​ហើយ ដ្បិត​តម្រេក​ក្នុងកាម​ទាំងអស់ ក្ដៅផ្សា​ក្រៃពេក ព្រោះហេតុ​ក្ដៅផ្សា ៥ យ៉ាង។

កាលបើអមតធម៌ មាន​ ទ្រង់​មាន​ប្រយោជន៍អ្វី ​ដោយកាម​ទាំង​ឡាយ​ ​ដែលជា​របស់​​ក្ដៅក្រហាយ ដ្បិតតម្រេក​ក្នុងកាម​ទាំងអស់ (ត្រូវភ្លើង ១១ កង) ឆេះ​ពុះឡើង​ ញាប់ញ័រ​ក្ដៅសព្វ។ កាលបើធម៌​ដែលឥតសត្រូវ (នេក្ខម្មៈ) មាន​ ទ្រង់​មាន​ប្រយោជន៍អ្វី ​ដោយ​កាម​ទាំងឡាយ​ ​ដែលមាន​សត្រូវច្រើន កាម​ទាំង​ឡាយ​ ជាសា​ធារណៈ មាន​សត្រូវច្រើន គឺសត្រូវ​អំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គល​មិនជាទីស្រឡាញ់។

កាលបើព្រះនិព្វាន​មាន​ ទ្រង់​មាន​ប្រយោជន៍អ្វី ​ដោយកាម​ទាំងឡាយ​ ​ដែលជា​គ្រឿង​សម្លាប់ ជាគ្រឿងចង ព្រោះថាកាម​ទាំងឡាយ​ ​តែងមាន​គ្រឿងសម្លាប់​និង​គ្រឿងចង ពួកសត្វនេះ​ ​តែងទទួល​សេចក្ដី​ទុក្ខ​ទាំងឡាយ​ ព្រោះ​តែការ​ប្រាថ្នា​កាម។ គប់ស្មៅ ​ដែលភ្លើងកំពុងឆេះ ​តែងឆេះ​នូវ​បុគ្គលអ្នក​កាន់ មិន​លែងចេញ​ ព្រោះថាកាម​ទាំង​ឡាយ​ ប្រៀប​ដូចជាគប់ភ្លើង ​តែងឆេះនូវ​ពួកសត្វ ​ដែលមិនលែងចេញ​។ សូមទ្រង់​កុំ​លះបង់​នូវ​សេចក្ដីសុខ​ដ៏​ធំទូលាយ ព្រោះ​ហេតុ​តែសុខ​ក្នុងកាមបន្តិចបន្តួច​ឡើយ សូមទ្រង់​កុំក្ដៅក្រហាយ​ក្នុង​កាល​ជាខាងក្រោយ ​ដូចជាត្រីលេបនូវ​សន្ទូច។ សូមទ្រង់​កុំច្រាស់ច្រាល់ ព្រោះ​តែកាម​ទាំងឡាយ​ ​ដូចសុនខ ​ដែលគេ​ចងភ្ជាប់​នឹង​បង្គោល ឱ សត្វ​ទាំងឡាយ​ ជាអ្នក​​ស្រេកឃ្លាន ​តែងធ្វើ​​តាមសេចក្ដីប្រាថ្នា​ ​ដូចជាពួក​ចណ្ឌាល (ព្រាន​បណ្ដើរ​ឆ្កែ ដល់​នូវ​សេចក្ដីវិនាស ព្រោះបាន​) នូវ​ឆ្កែ។ បើទ្រង់​ប្រកប​ខ្លួន​​ក្នុងកាម ​នឹងរង​ទុក្ខ មិនមាន​ប្រមាណផង រងទោមនស្ស​ក្នុងចិត្ត​ដ៏ច្រើនផង សូមទ្រង់​លះបង់កាម​ទាំងឡាយ​ ជារបស់​មិនទៀងចេញ​។ កាលបើព្រះនិព្វាន​ ជាធម្មជាតមិន​ចេះ​ចាស់ មាន​ ទ្រង់​មាន​ប្រយោជន៍អ្វី ​ដោយកាម​ទាំងឡាយ​​ជារបស់​ចាស់ កំណើត​ទាំង​អស់ ​ក្នុងភព​ទាំងពួង (សុទ្ធ​តែ) ត្រូវ​មរណៈ និងព្យាធិរឹបជាន់។ ព្រះនិព្វាន​នេះ​ មិន​ចាស់​ មិនស្លាប់ ព្រះនិព្វាន​នេះ​ ​ទាំង​មិនចាស់មិនស្លាប់ មិនមាន​សោក មិនមានសត្រូវ មិនចង្អៀត មិនភ្លាំងភ្លាត់ មិនមាន​ភ័យ មិនក្ដៅរោលរាល។ អមត​និព្វាន​នេះ​ ព្រះអរិយៈ​ទាំងឡាយ​ មាន​ព្រះពុទ្ធជាដើមច្រើនរូប បាន​ហើយ មិន​តែ​ប៉ុណ្ណោះទេ ព្រះនិព្វាន​នេះ​ គេ​គប្បី​បាន​ក្នុងកាលសព្វថ្ងៃនេះ​ បុគ្គលណា ព្យាយាម​ដោយឧបាយ​ប្រាជ្ញា (បុគ្គលនោះ​ ​រមែង​បាន​នូវ​ព្រះនិព្វាន​) ​តែបុគ្គល​ដែលមិនមាន​សេចក្ដី​ប្រឹងប្រែង មិនអាចបាន​នូវ​ព្រះ​និព្វាន​ឡើយ។ នាងសុមេធា មិនបាន​នូវ​សេចក្ដី​ត្រេកអរ​ក្នុងសង្ខារ ​ពោលយ៉ាងនេះ​ នាងសុមេធា កាលពន្យល់​ស្ដេច​អនិករត្តៈ​ហើយ ក៏បោះសក់​ទាំងឡាយ​ចោលលើ​ផែនដី។ ស្ដេច​អនិករត្តៈ​នោះ​ ក្រោក​ឡើង​​ផ្គងអញ្ជលី អង្វរបិតា​របស់​នាងសុមេធានោះ​ថា សូមព្រះអង្គ​អនុញ្ញាតបើក​រាជបុត្រី ឈ្មោះ​នាងសុមេធា ឲ្យបួសចុះ ដើម្បី​ឲ្យនាង​ឃើញ​នូវ​ព្រះនិព្វាន​ ​ដែល​ជាគុណជាតទៀងទាត់។

នាងសុមេធានោះ​ ​ដែលជាស្រ្តីតក់​ស្លុតចំពោះ​សោក​ និងភ័យ លុះមាតាបិតា​បើកឲ្យ ក៏បួស ហើយសិក្សានូវ​អគ្គផល បាន​ធ្វើ​​ឲ្យជាក់​ច្បាស់​នូវ​អភិញ្ញា ៦។ ព្រះនិព្វាន​នោះ​ ជាគុណជាតអស្ចារ្យ ចំឡែក បាន​កើត​មាន​ដល់​រាជកញ្ញា លុះ​ក្នុងកាលជាទីបំផុត (ទៀប​នឹងបរិនិព្វាន​) នាងបាន​សំដែងនូវ​បុព្វេនិវាសចរិតថា។ កាលព្រះមាន​ព្រះភាគ ទ្រង់​ព្រះនាម​កោនាគមនៈ (ត្រាស់ឡើង​​ក្នុង​លោក) យើងជាសំឡាញ់​នឹងគ្នា​ទាំងបីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បាន​ថ្វាយវិហារទាន ​ក្នុងអារាម​នៃសង្ឃ ជា​និវេសន៍​ដ៏ថ្មី។ (ដោយ​អានិសង្ស​​នៃវិហារ​ទាននេះ​) យើង​ទាំងឡាយ​ បាន​ទៅ​កើត​ក្នុងពួកទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង ​នឹងបាច់និយាយទៅ​ថ្វី ​ក្នុងពួកមនុស្ស។ យើងជាអ្នក​មាន​ឫទ្ធិច្រើន ​ក្នុង​ពួកទេវតា ​នឹងបាច់និយាយទៅ​ថ្វី​ក្នុងពួកមនុស្ស ខ្ញុំបាន​កើតជាស្ត្រី​កែវ ជាអគ្គមហេសី​​នៃស្ដេច​ដែលមាន​រតនៈ ​ទាំង ៧ ប្រការ​។ អានិសង្ស​នៃវិហារទាននោះ​ ជាហេតុ ​អានិសង្សនោះ​ ជាប្រភព (ដែលកើត) អំណោយទាននោះ​ ជាឫសគល់​ដ៏ពេញ​ចិត្ត​ក្នុង​សាសនា អំណោយទាននោះ​ ជាការ​ជួប​ជុំមុនដំបូង អំណោយទាននោះ​ ជាហេតុឲ្យ​រលត់កិលេស (ព្រះនិព្វាន​) ​របស់​ខ្ញុំ ​ដែលជាអ្នក​ត្រេកអរ​ក្នុងធម៌។ ពួកជនណា ជឿនូវ​ព្រះពុទ្ធដីការ​បស់​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមាន​ប្រាជ្ញាមិនថោកថយ ពួកជននោះ​ រមែង​ពោល​យ៉ាងនេះ​ថា ពួកជន​នឿយ​ណាយ​ក្នុងភព គឺសង្សារវដ្ដ លុះនឿយណាយ​ហើយ ប្រាសចាក​តម្រេក។

សុមេធាថេរី។

ចប់ មហានិបាត។

ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរី​ទាំងអស់នោះ​ ៧១ អង្គ ជាភិក្ខុនី​អស់អាសវៈ។

ចប់ ថេរីគាថា។

វិន័យបិដក | | | | | | | | |១០|១១|១២|១៣
សុត្តន្តបិដក ១៤|១៥|១៦|១៧|១៨|១៩|២០|២១|២២|២៣|២៤|២៥|២៦|២៧|២៨|២៩|៣០|៣១|៣២|៣៣|៣៤|៣៥|៣៦|៣៧|៣៨|៣៩|៤០|៤១|៤២|៤៣|៤៤|៤៥|៤៦|៤៧|៤៨|៤៩|៥០|៥១|៥២|៥៣|៥៤|៥៥|៥៦|៥៧|៥៨|៥៩|៦០|៦១|៦២|៦៣|៦៤|៦៥|៦៦|៦៧|៦៨|៦៩|៧០|៧១|៧២|៧៣|៧៤|៧៥|៧៦|៧៧
អភិធម្មបិដក ៧៨|៧៩|៨០|៨១|៨២|៨៣|៨៤|៨៥|៨៦|៨៧|៨៨|៨៩|៩០|៩១|៩២|៩៣|៩៤|៩៥|៩៦|៩៧|៩៨|៩៩|១០០|១០១|១០២|១០៣|១០៤|១០៥|១០៦|១០៧|១០៨|១០៩|១១០