ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥៤|៥៥|៥៦|៥៧|៥៨| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ បេតវត្ថុ

បញ្ចមភាគ

សូមនមស្ការ​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ឧរគវគ្គ ទី១

រឿងខេត្តូបមាប្រេត ទី១

[១] ពួកព្រះអរហន្ត ដូចស្រែ ពួកទាយក ដូចអ្នកភ្ជួររាស់ ទេយ្យធម៌ ដូចពូជ ផល តែងកើតមកអំពី​ព្រះអរហន្ត និង​ទាយក និង​ទេយ្យធម៌នុ៎ះ ឯពូជ និងការភ្ជួររាស់ និង​ស្រែនុ៎ះ តែង​មានដល់​ពួកប្រេត​ទាំងឡាយផង​ ដល់​ទាយកផង ប្រេត​ទាំងឡាយ​​ តែង​បរិភោគនូវ​ផលនៃ​ទាននោះ ទាយក​អ្នកឲ្យទាន តែងចំរើន​ដោយបុណ្យ ក្នុងលោកនេះ​ បុគ្គលធ្វើ​កុសល​ហើយ គួរតែបូជា​ចំពោះ​ប្រេតទាំងឡាយ ព្រោះថា​បុគ្គលធ្វើ​កុសលកម្ម​ដ៏ចំរើន រមែង​ទៅកាន់​ឋានសួគ៌។

ចប់ រឿងខេត្តូបមាប្រេត ទី១។

រឿងសូករប្រេត ទី២

[២] (ព្រះនារទត្ថេរសួរថា ) កាយទាំងមូលរបស់អ្នក មានសម្បុរ​ដូចជាមាស មានរស្មី​ភ្លឺស្វាង​សព្វទិស តែមាត់របស់​អ្នកដូច​មាត់ជ្រូក តើអំពីភព​មុន អ្នកបាន​ធ្វើអំពើ​ដូចម្ដេច។

(ប្រេតតបថា) បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបាន​សង្រួមកាយ តែមិនបាន​សង្រួមវាចា ព្រោះ​ហេតុនោះ​ បានជាខ្ញុំ​មានសម្បុរ​បែបនោះ ដូចលោកម្ចាស់​បានឃើញ​ស្រាប់ហើយ បពិត្រ​ព្រះនារទៈ ខ្ញុំសូម​ទូលរឿងនោះ​ដល់លោកម្ចាស់ រឿងនេះ​លោកម្ចាស់​បានឃើញ​ដោយខ្លួន​ឯងស្រាប់ហើយ​ លោកកុំធ្វើបាប​ដោយមាត់ កុំមាន​មាត់ដូចមាត់​ជ្រូកឡើយ។

ចប់ រឿងសូករប្រេត ទី២។

រឿង​បូតិមុខប្រេត ទី៣

[៣] (ព្រះនារទត្ថេរសួរថា ) អ្នកទ្រទ្រង់នូវវណ្ណធាតុ គឺ​រាងកាយ​ជាទិព្វ​ដ៏ល្អ ឋិតនៅ​ឰដ៏អាកាស​វេហាស៍ ទាស់តែដង្កូវ​ទាំងឡាយ​ ទំពាស៊ី​នូវមាត់របស់អ្នក ដែលមាន​ក្លិនស្អុយ តើអំពី​ភពមុន អ្នកបាន​ធ្វើអំពើ​ដូចម្ដេច។

(ប្រេតតបថា) ខ្ញុំជាសមណៈលាមក មានវាចាអាក្រក់ ប្រព្រឹត្តតបធម៌ មិនសង្រួម​មាត់ ឯវណ្ណធាតុ ខ្ញុំបានហើយ​ដោយតបធម៌

មាត់របស់ខ្ញុំ មានក្លិនស្អុយ ព្រោះតែពោល​ពាក្យញុះញង់។ បពិត្រព្រះនារទៈ អំពើនោះ លោកម្ចាស់​បានឃើញ​ខ្លួនឯង​ស្រាប់ហើយ អ្នកឈ្លាសទាំងឡាយ​ ជាអ្នកអនុគ្រោះ គប្បី​ពោលថា អ្នកកុំពោល​ពាក្យញុះញង់ កុំពោល​ពាក្យកុហក ទើបអ្នកនឹង​បានជាទេវបុត្រ មាន​កាមតាម​សេចក្ដីប្រាថ្នា។

ចប់ រឿងបូតិមុខប្រេត ទី៣។

រឿងបិដ្ឋធីតលិកប្រេត ទី៤

[៤] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) បុគ្គលមិនមានសេចក្ដី​កំណាញ់ គួរធ្វើនូវ​ហេតុណា​នីមួយ ឲ្យជាអារម្មណ៍ ហើយ​គប្បីឲ្យទាន គឺប្រារព្វ​នូវបុព្វបុរស​ទាំងឡាយ មានមាតាបិតា​ជា​ដើម ដែលរំលាងខន្ធទៅ​កាន់បរលោក​ហើយ ឬនូវទេតា​ទាំងឡាយ ដែល​អាស្រ័យនៅ​ក្នុងទី​ទាំងឡាយ មានទីផ្ទះ​ជាដើម នូវស្ដេច​ធំទាំង ៤ ដែល​រក្សាលោក ជាអ្នក​មានយស​បរិវារ គឺ​ព្រះបាទកុវេរៈ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡ្ហកៈ ១ ហើយឲ្យនូវ​ទានចុះ ជនទាំងឡាយ មានស្ដេច​ធំជាដើម​នោះ ឈ្មោះថា ជាបុគ្គល គឺទាយកនោះ បានបូជា​ហើយ ឯអ្នកឲ្យ មិនមែន​ជាមិនមាន​ផលឡើយ។ ការយំក្ដី សោកសៅក្ដី ខ្សឹកខ្សួល​ណាដទៃក្ដី បុគ្គល​មិនគប្បីធ្វើ​ទេ កិច្ច មានយំសោក​ជាដើមនោះ មិនជា​ប្រយោជន៍​ដល់អ្នកដែល​ទៅកាន់​បរលោកឡើយ ញាតិ​ទាំងឡាយ (ដែលទៅ​កាន់បរលោក​នោះ) ក៏ឋិតនៅ​យ៉ាងនោះ​ដដែល (ឥតបានដឹង បាន​ឮឡើយ )។ ចំណែក​ទក្ខិណាទាន ដែលបុគ្គល​បានឲ្យហើយ​នេះឯង ជាទាន​ដំកល់​នៅល្អ​ក្នុងព្រះសង្ឃ រមែង​សម្រេចផល ដើម្បីជា​ប្រយោជន៍​ដល់ញាតិ ដែលទៅ​កាន់​លោកខាង​នាយនោះ អស់កាល​ជាយូរអង្វែង​តាមឋានៈ គឺទី​ដែលគួរ​សម្រេចបាន។

ចប់ រឿងបិដ្ឋធីតលិកប្រេត ទី៤

រឿងតិរោកុឌ្ឌប្រេត ទី៥

[៥] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) ប្រេតទាំងឡាយ​ មកកាន់ផ្ទះ​របស់ខ្លួន ឋិតនៅខាង​ក្រៅ​ជញ្ជំាង​ទាំងឡាយខ្លះ នាផ្លូវ​បែកជា ៤ និង​ផ្លូវបែកជា ៣ ទាំងឡាយ​ខ្លះ ជិតទ្វារ​ក្រុង និង​ទ្វារផ្ទះ​ទាំងឡាយខ្លះ។ កាលបើ​បាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួក​ញាតិចូលទៅ​តាំងទុក​ហើយ ញាតិណាមួយ មិននឹករលឹក​ដល់ប្រេត​ទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្ម​របស់​សត្វ​ទាំងឡាយ។ ជនទាំងឡាយ​ណា ជាអ្នក​អនុគ្រោះ ជនទាំងនោះ រមែង​ឲ្យនូវទឹក និង​ភោជន​ដ៏ហ្មត់ចត់ ប្រសើរ ជារបស់គួរ​តាមកាល ដើម្បីញាតិ​ទាំងឡាយ​យ៉ាងនេះថា ទាននេះ ចូរសំរេច​ដល់ញាតិ​ទាំងឡាយ សូមឲ្យ​ញាតិទាំងឡាយ ដល់នូវ​សេចក្ដី​សុខចុះ។ ឯ​ប្រេតជាញាតិ​ទាំងនោះ មកប្រជុំគ្នា​ក្នុងទីដែល​ឲ្យទាននោះ ជាអ្នកមក​ល្អហើយ កាលបើ​បាយ និងទឹក​ដ៏ច្រើន (ដែលគេ​ឧទ្ទិសដល់ខ្លួន) គប្បី​អនុមោទនា​ដោយគោរព​ថា យើងទាំង​ឡាយ បាន (ទទួលផល) ព្រោះហេតុនៃ​ពួកញាតិណា សូមញាតិ​ទាំងនោះ​របស់យើង រស់នៅអស់​កាលយូរចុះ កាបូជា ឈ្មោះថាញាតិ​ទាំងឡាយ​បានធ្វើហើយ​ដល់ពួកយើង ឯ​អ្នកឲ្យ​ទាន មិនមែនជា​មិនមាន​ផលឡើយ។ កសិកម្ម គឺការភ្ជួររាស់ ក៏មិនមាន​ក្នុងភូមិនៃ​ប្រេតនោះ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមាន​ក្នុងភូមិនៃ​ប្រេតនោះ វណិជ្ជកម្ម គឺការ​ជួញប្រែ​ដែលជាហេតុ​បាននូវសម្បតិ​ដូច្នោះ ក៏មិនមាន ការលក់ចេញ​ទិញចូល​ដោយប្រាក់ ក៏មិនមាន។ បុគ្គលទាំងឡាយ ធ្វើ​កាលកិរិយា​ទៅ​កើតជាប្រេត រមែងញុំាង​អត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ក្នុងប្រេតវិស័យ​នោះ ដោយសារ​តែផលទាន​ដែលញាតិឲ្យ​ហើយអំពី​លោកនេះ។ ទឹកធ្លាក់ចុះ​ក្នុងទីទួល រមែងហូរ​ទៅកាន់​ទីទាប ដូចម្ដេចមិញ ទានដែលបុគ្គល​ឲ្យហើយ អំពី​លោកនេះ រមែង​សម្រេចផល​ដល់ប្រេត​ទាំងឡាយ ដូច្នោះដែរ។ ផ្លូវទឹក​ទាំងឡាយ ដ៏​ពេញ រមែងញុំាង​សាគរឲ្យពេញ​ប្រៀប ដូចម្ដេចមិញ ទានដែល​បុគ្គលឲ្យហើយ អំពី​លោកនេះ រមែង​សម្រេចផល ដល់ប្រេត​ទាំងឡាយ ដូច្នោះដែរ។ បុគ្គល​កាលរលឹក​ឃើញនូវ​ឧបការគុណ ដែលញាតិ និង​មិត្តជាដើម បានធ្វើ​ដល់ខ្លួន​ក្នុងកាល​មុនថា អ្នកឯ​ណោះ​បានឲ្យ (របស់នេះ) ដល់អាត្មាអញ ​អ្នកឯណោះ បានធ្វើ (គុណនេះ) ដល់​អាត្មាអញ ជនទាំងនោះ ជាញាតិមិត្ត ជាសំឡាញ់​របស់អាត្មាអញ ដូច្នេះហើយ គួរឲ្យ​ទក្ខិណាទាន ដល់ប្រេត​ទាំងឡាយ។ ការយំក្ដី ការសោកក្ដី ឬសេចក្ដី​ខ្សឹកខ្សួលណា​ដទៃក្ដី បុគ្គលមិន​គប្បីធ្វើ​ឡើយ ព្រោះកិច្ច មានយំសោក​ជាដើម មិនជា​ប្រយោជន៍​ដល់អ្នកដែល​ទៅកាន់បរ​លោក​ឡើយ ញាតិទាំងឡាយ (ដែលទៅ​កាន់បរលោកនោះ) ក៏ឋិតនៅ​យ៉ាងនោះ​ដដែល (ឥត​បានដឹង​ឮឡើយ)​។ ចំណែក​ទក្ខិណាទាន ដែលបុគ្គល​បានឲ្យហើយ​នេះឯង ជាទាន​ដំកល់​ទុកនៅល្អ​ហើយ​ក្នុងព្រះសង្ឃ រមែង​សម្រេចផល​ដើម្បីជា​ប្រយោជន៍​ដល់ញាតិ​នោះ អស់​កាលដ៏​យូរអង្វែង​តាមឋានៈ គឺទីដែលគួរ​សម្រេចបាន។

ក៏ញាតិធម៌នោះ មហារាជបានសំដែង​ជាបែប​យ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះ​ប្រេត​ទាំងឡាយ មហារាជ​បានធ្វើហើយ កំឡាំងកាយ​របស់ភិក្ខុ​ទាំងឡាយ​ មហារាជ​បាន​បំពេញ​ហើយ បុណ្យដ៏ច្រើន មហារាជ ក៏បានសន្សំ​ហើយ។

ចប់ រឿងតិរោកុឌ្ឌប្រេត ទី៥

រឿងបញ្ចបុត្តខាទិកប្រេត ទី៦

[៦] (ព្រះថេរៈទាំងឡាយ សួរថា) នាងជាស្រ្ដីអាក្រាត មានរូប​មានសម្បុរ​អាក្រក់ មានក្លិន​អាក្រក់ ស្អុយ តែងបក់​ចេញទៅ នាងមាន​ហ្វូងរុយ​ចោមរោមហើយ តើនាងជា​ស្រីអ្វី មកឋិតនៅ​ក្នុងទីនេះ។

(ប្រេតស្រី តបថា) បពិត្រលោកទាំងឡាយ​ដ៏ចំរើន ខ្ញុំជា​ស្រីប្រេត ដល់នូវ​សេចក្ដីទុក្ខ ជា​យមលោកសត្វ ស្លាប់អំពី​មនុស្សលោក​នេះហើយ​ បាន​ទៅកាន់​បេតលោក ព្រោះ​ធ្វើអំពើ​អាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៥ នាក់ ក្នុងពេល​ល្ងាច សម្រាលកូន ៥ នាក់ទៀត រួច​ហើយ​​ទំពាស៊ី​កូនទាំងអស់​នោះ ក៏មិនគ្រាន់​ដល់ខ្ញុំឡើយ។ ហ្ឫទ័យ​របស់ខ្ញុំ​ក្ដៅក្រហាយ​ហុយ​ផ្សែង ព្រោះតែ​សេចក្ដី​ស្រែកឃ្លាន ខ្ញុំផឹកទឹក​ក៏មិនបាន លោកម្ចាស់​ចូរមើលខ្ញុំ ដែលជាអ្នក​ដល់​នូវសេចក្ដី​វិនាសចុះ។

(ព្រះថេរៈទាំងឡាយ សួរថា) ចុះអំពើអាក្រក់​ដែលនាងបានធ្វើ​ហើយដោយ​កាយ វាចា ចិត្ត តើដូចម្ដេច នាងទំពាស៊ី​សាច់កូន តើព្រោះ​វិបាក​របស់កម្ម​ដូចម្ដេច។

(ប្រេតស្រី តបថា) ស្រីរួមប្ដីរបស់ខ្ញុំ ជាស្រី​មានគភ៌ ខ្ញុំបានគិត​នូវអំពើ​អាក្រក់ដល់​ស្រី​រួម​ប្ដី​នោះ ខ្ញុំនោះ មានចិត្ត​ប្រទូស្ដ បានធ្វើនូវ​ការញុំាងគភ៌​ឲ្យធ្លាក់ចុះ។ គភ៌របស់​ស្រីរួម​ប្ដីនោះ បានតែត្រឹម ២​ ខែ ឈាមក៏ហូរ​ចេញមក ឯមាតា​របស់ស្រីរួមប្ដីនោះ ក៏ក្រេវក្រោធ​នឹងខ្ញុំ ហើយ​បាន​បបួលញាតិ​ទាំងឡាយ​ញុំាងខ្ញុំឲ្យ​ធ្វើសម្បថ​ផង ឲ្យផ្ដាសា​ខ្លួនឯងផង។ ខ្ញុំនោះ ក៏បានពោល​នូវសម្បថ​ដ៏ឃោរឃៅ​ផង នូវពាក្យ​មុសាវាទ​ផងថា បើខ្ញុំ​បានធ្វើអំពើ​អាក្រក់​នេះមែន សូមឲ្យខ្ញុំ​ទំពាស៊ីនូវ​សាច់នៃកូន។ ដោយផលនៃ​កម្មនោះផង ដោយផល​នៃមុសាវាទ​ផង​ទាំងពីរនេះ ខ្ញុំទើបបាន​ទំពាស៊ីសាច់​កូន ខ្លួនប្រឡាក់​ដោយខ្ទុះ និងឈាម​ដូច្នេះ។​

ចប់ រឿងបញ្ចបុត្តខាទិកប្រេត ទី៦

រឿងសត្តបុត្តខាទិកប្រេត ទី៧

[៧] (ព្រះថេរៈទាំងឡាយសួរថា) នាងជាស្រីអាក្រាត មានរូប​សម្បុរអាក្រក់ មាន​ក្លិន​អាក្រក់ ស្អុយ តែងបក់​ចេញទៅ នាងមាន​ហ្វូងរុយ​ចោមរោមហើយ តើជា​ស្រីអ្វី បាន​ជាមក​ឋិត​នៅ​ក្នុងទីនេះ​។

(ប្រេតស្រី តបថា) បពិត្រលោកម្ចាស់​ទាំងឡាយដ៏ចំរើន ខ្ញុំជា​ស្រីប្រេត ដល់នូវ​សេចក្ដី​ទុក្ខ ជាយមលោកសត្វ​ ស្លាប់អំពី​មនុស្ស​លោកនេះ ហើយបាន​ទៅកាន់​បេតលោក ព្រោះធ្វើ​អំពើ​អាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៧ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៧ នាក់​ទៀត ហើយទំពាស៊ី​កូនទាំង​អស់នោះ ក៏មិន​គ្រាន់ដល់​ខ្ញុំឡើយ។ ហ្ឫទ័យ​របស់ខ្ញុំ ក្ដៅក្រហាយ​ហុយផ្សែង ព្រោះសេចក្ដី​ស្រេកឃ្លាន ខ្ញុំមិនបាន​សេចក្ដីស្ងប់ទុក្ខ តែងក្ដៅ​ក្រហាយ ដូចជា​បុគ្គល​​ត្រូវភ្លើងឆេះ។

(ព្រះថេរៈទាំងឡាយសួរថា) អំពើអាក្រក់ដែលនាង​ធ្វើហើយ ដោយកាយ វាចា ចិត្ត ដូច​ម្ដេចខ្លះ នាងទំពាស៊ី​សាច់កូន ព្រោះផល​កម្មអ្វី។

(នាងប្រេត តបថា) ខ្ញុំមានកូន ២ នាក់ កូនទាំង ២ នាក់នោះ ពេញវ័យហើយ ខ្ញុំនោះ អាស្រ័យ​កំឡាំងកូននោះ ក៏មើល​ងាយប្ដី។ តអំពី​នោះមក ប្ដីរបស់ខ្ញុំ ក្រេវក្រោធ​នឹងខ្ញុំ ហើយ​បាននាំយក​ស្រីរួមប្ដី​ដទៃទៀត​ ស្រីរួមប្ដី បានតាំង​គភ៌ហើយ ខ្ញុំបានគិត​នូវអំពើដ៏​អាក្រក់​ដល់​ស្រី​នោះ ខ្ញុំនោះ មានចិត្តប្រទូស្ដ បានធ្វើនូវ​ការញុំាងគភ៌​ឲ្យធ្លាក់ចុះ គភ៌នៃស្រី​រួមប្ដី បាន​តែ​ត្រឹម ៣ ខែ មានខ្ទុះ និង​ឈាមធ្លាក់ចុះ មាតានៃ​ស្រីរួមប្ដីនោះ ក្រេវក្រោធ​នឹងខ្ញុំ បានបបួល​ពួក​ញាតិមក​ឲ្យខ្ញុំធ្វើ​សម្បថ​ផង ឲ្យខ្ញុំផ្ដាសា​ខ្លួនឯងផង។ ខ្ញុំនោះ បានពោល​នូវ​សម្បថ​ដ៏​ឃោរឃៅ​ផង នូវពាក្យ​មុសាវាទ​ផងថា បើខ្ញុំ​បានធ្វើអំពើ​អាក្រក់នេះ​ហើយ សូមឲ្យ​ខ្ញុំទំពាស៊ី​សាច់កូន ដោយផល​កម្មនោះផង ដោយផល​មុសាវាទផង ទាំង ២ នេះ ទើបខ្ញុំ​ទំពាស៊ី​សាច់កូន ប្រឡាក់​ដោយខ្ទុះ និងឈាម​ដូច្នេះ។

ចប់ រឿងសត្តបុត្តខាទិកប្រេត ទី៧។

រឿងគោណប្រេត ទី៨

[៨] (បិតាសួរថា) អ្នកមានសភាពជាបុគ្គលឆ្កួត​ទេដឹង បានជា​អ្នកច្រូត​ស្មៅខ្ចី យក​មក​និយាយ​នឹងគោចាស់ ដែលជា​សត្វប្រាស​ចាកជីវិត​ថា ចូរស៊ីចុះ ៗ ដូច្នេះ។ ធម្មតា គោដែល​ស្លាប់ហើយ មិនដែល​ក្រោកឡើង​បាន ដោយស្មៅ និងទឹកទេ អ្នកជា​បុគ្គលពាល​អប្បបញ្ញា ប្រហែល​នឹងបុគ្គល​ល្ងង់ខ្លៅ​ដទៃដែរ។

(កូនតបថា) នេះជាជើង នេះជាក្បាល នេះជាខ្លួន ព្រមទាំងកន្ទុយ នេះជា​ភ្នែក​របស់គោ ឋិតនៅ​ក្នុងទីដូច​ដែល ​គោនេះ​គប្បីក្រោក​ឡើងបាន ដៃជើង​ខ្លួន និង​ក្បាល​របស់ជីតា មិនប្រាកដ ក្រែងអ្នកដែល​យំលើផ្នូរ​ដីទេដឹង ជាបុគ្គល​ល្ងង់។

(បិតាពោលថា) អ្នកស្រោចស្រប់​យើងដែលភ្លើង​ឆេះហើយ ញុំាំង​សេចក្ដីក្ដៅ​ក្រហាយ​ទាំងពួង​ឲ្យរម្ងាប់ ដូចបុគ្គល​យកទឹកស្រោច​លត់ភ្លើងដែល​ឆេះឆ្នាំងខ្លាញ់ សរ គឺ​សេចក្ដីសោក ដែល​អាស្រ័យនៅ​ក្នុងហ្ឫទ័យ​យើង អ្នកបានដក​ចោលហើយ កាលយើង​ត្រូវសេចក្ដី​សោក​ចំពោះ​បិតា គ្របសង្កត់ អ្នកដែល​ចេះបន្ទោបង់​សេចក្ដី​សោកបាន យើង​នោះ ឈ្មោះថា មានសរ គឺ​សេចក្ដីសោក ដែលអ្នក​ដកចោល​ហើយ មានសេចក្ដី​ត្រជាក់​កើតហើយ មានទុក្ខ​រលត់ហើយ​ ម្នាលមាណព យើងលែង​សោយសោក លែងយំ​ហើយ ព្រោះបាន​ស្ដាប់វាចា​របស់អ្នក ជនទាំងឡាយ​ណា ប្រកប​ដោយបញ្ញា ជាអ្នក​អនុគ្រោះ ជន​ទាំងនោះ តែង​ធ្វើ​យ៉ាង​​នេះ ដូចជា​សុជាតមាណព បានញុំាង​បិតាឲ្យត្រឡប់​ចាកសេចក្ដី​សោកដូច្នោះ។

ចប់ រឿងគោណប្រេត ទី៨។

រឿងមហាបេសការប្រេត ទី៩

[៩] (ភិក្ខុសួរថា) នារីណា មានខ្ទុះ និងឈាម​ជាអាហារ​សព្វកាល នារីនេះ តែង​បរិភោគ​លាមកផង មូត្រផង ឈាមផង ខ្ទុះផង នេះជា​វិបាកនៃ​កម្មអ្វី នារីនេះ បានធ្វើ​អំពើ​ដូចម្ដេចហ្ន៎ សំពត់​ទាំងឡាយ​ថ្មី ៗ ផង ល្អ ៗ ផង មានសាច់​ទន់ផង បរិសុទ្ធផង ប្រកប​ដោយ​រោមផង គេបានឲ្យ​ដល់នារី​នេះហើយ ក៏ប្រាកដ​ដូចជាលោហៈ​ទៅវិញ ចុះនារី​នេះបានធ្វើ​អំពើ​ដូចម្ដេច។

(ទេវតាប្រាប់ថា) បពិត្រលោកដ៏ចំរើន នារីនេះ ជាភរិយា​របស់ខ្ញុំ ជាស្រីមិន​ដែលឲ្យ​វត្ថុអ្វី ដល់អ្នក​ណាមួយឡើយ ជាស្រី​កំណាញ់​ស្វិតស្វាញ តែងជេរ​ប្រទេច​ផ្ដាសានូវខ្ញុំ ដែលកំពុង​ឲ្យទានដល់​សមណព្រាហ្មណ៍​ទាំងឡាយ​ថា អ្នកចូរស៊ីលាមកផង មូត្រផង ឈាម​ផង ខ្ទុះផង ដែលជា​របស់មិន​ស្អាត​សព្វកាលចុះ ផល​នេះ ចូរកើតមាន​ដល់អ្នកក្នុង​បរលោក​ចុះ សំពត់​មានផែន​ដូចលោហៈ ចូរមាន​ដល់អ្នក​ចុះ លុះនារីនោះ ប្រព្រឹត្ត​អំពើទុច្ចរិត​ប្រាកដដូច្នេះ​ហើយ មកកាន់​ទីនេះ ទើបបាន​ទទួលផល (ដ៏ក្រហល់​ក្រហាយ) អស់រាត្រី​ដ៏យូរ​អង្វែង។

ចប់ រឿងមហាបេសការប្រេត ទី៩។

រឿងខលាតប្រេត ទី១០

[១០] (នាយពាណិជសួរថា) នាងជាស្រ្តីអ្វីហ្ន៎ ឋិតនៅខាង​ក្នុងវិមាន មិនចេញ​អំពីវិមាន ម្នាលនាង​ដ៏ចំរើន ចូរនាង​ចេញមក យើងនឹង​ឃើញនាង ដែលមាន​ឫទ្ធិច្រើន។

(នាងប្រេត តបថា) ខ្ញុំជាស្រ្តីអាក្រាត មានសេចក្ដី​អៀនខ្មាស ដល់នូវ​សេចក្ដី​ទុក្ខ​លំបាក មិនអាច​ចេញមក​ខាងក្រៅ​បានទេ ខ្ញុំជាស្រ្តី​មានសរីរៈ​បិទបាំង​ដោយសក់​ទាំង​ឡាយ (ព្រោះថា) កុសលកម្ម មានប្រមាណតិច ខ្ញុំបានធ្វើ​មកហើយ។

(នាយពាណិជសួរថា) បើដូច្នោះ យើងនឹងឲ្យ​សំពត់សាដក​សម្រាប់​ដណ្ដប់​ដល់​នាង ចូរនាង​ស្លៀកសំពត់​សាដក​នេះចុះ ម្នាលនាង​មានភក្ត្រ​ដ៏ល្អ លុះនាង​ស្លៀកពាក់​សំពត់​សាដក​នេះរួចហើយ ចូរចេញ​មកខាងក្រៅ ម្នាលនាង​ដ៏ចំរើន នាងចូរ​ចេញមក យើងនឹង​ឃើញនាង​ ដែលមាន​ឫទ្ធិច្រើន។

(នាងប្រេត តបថា) ទានដែលអ្នកឲ្យផ្ទាល់ដៃ មិនបានសម្រេច​ដល់ខ្ញុំទេ ក្នុង​ប្រជុំជន​នេះ មាន​ឧបាសកនុ៎ះ អ្នកមាន​សទ្ធា ជាសាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ អ្នកចូរញុំាង​ឧបាសកនេះ ឲ្យស្លៀក​ពាក់ ហើយចូរ​ឧទ្ទិស​ទក្ខិណាទាន​ដល់ខ្ញុំ ទើបខ្ញុំ​នឹងបាន​សេចក្ដីសុខ សម្រេច​នូវ​សេចក្ដី​ប្រាថ្នាទាំងពួង។

ពួកពាណិជទាំងនោះ ក៏ឲ្យឧបាសក​នោះងូតទឹក ប្រដាប់​តាក់តែង​ដោយគ្រឿង​ក្រអូប ឲ្យស្លៀក​ពាក់សំពត់​ទាំងឡាយ​រួចហើយ ទើប​ឧទ្ទិសទក្ខិណាទាន​ដល់ប្រេតនោះ​ថា ផល​គប្បីកើត​ឡើង​ក្នុងលំដាប់​ដែលយើង​ឧទ្ទិសហើយ ភោជនាហារ និង​សំពត់ស្លៀក​ពាក់ និង​ទឹក ក៏កើតឡើង​ នេះជាផលនៃ​ទក្ខិណាទាន។

លំដាប់នោះ ស្រីប្រេតនោះ ជាស្រីបរិសុទ្ឋ ​មានសំពត់​ស្លៀកស្អាត ជាស្រីទ្រទ្រង់​សំពត់​ដ៏ឧត្តម ជាងសំពត់​ដែលកើតក្នុង​ដែនកាសី ហើយក៏សើច​ចេញអំពី​វិមានមក នេះជា​ផលនៃ​ទក្ខិណាទាន។

(ពួកពាណិជសួរថា) ម្នា្លលទេវធីតា វិមានរបស់នាង វិចិត្រដោយ​រូបល្អ ស្អាតរុងរឿង​ភ្លឺ នាងដែល​យើងសួរហើយ​ ចូរប្រាប់ នេះជាផល​នៃកម្មអ្វី។

(នាងប្រេត តបថា) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនម្សៅ​ល្ងកិនប្រមាណ ១ ទោណៈ ដល់ភិក្ខុ​ដែលកុំពុង​ត្រាច់ទៅ មានចិត្តត្រង់ ខ្ញុំ​ក៏បាន​ទទួលវិបាក​នៃកុសលកម្ម​នោះ​ក្នុងវិមាន អស់ចន្លោះ​កាលដ៏យូរ តែ​ឥឡូវនេះ កុសលនោះ​តិចពេក​ណាស់។ កាលកិរិយា នឹងមាន​ក្នុងខាង​លើអំពី ៤ ខែ ខ្ញុំនឹងចូល​ទៅកាន់​នរកដ៏​ខ្លាំងក្លា ខ្លោចផ្សា​ដោយពិត នរក​មានជ្រុង ៤ មានទ្វារ ៤ រាប់ដោយ​ចំណែក​ដែលចែក​ហើយ មានដែក​ព័ទ្ធជុំវិញ គ្របដោយ​គម្រប​ដែក។ ផ្ទៃផែនដី​នៃមហានរក​នោះ សុទ្ធតែដែក មានភ្លើងឆេះ​ច្រាលរន្ទាល​ ផ្សាយទៅ​បាន​មួយ​រយ​យោជន៍ ដោយជុំវិញ តាំងនៅ​សព្វកាល ខ្ញុំនឹងរង​ទុក្ខវេទនា​អស់កាល​ជាអង្វែង​ក្នុងនរកនោះ ព្រោះ​ហេតុនោះ ខ្ញុំទើប​ទទួលផល​នៃបាបកម្ម ដែលក្ដៅ​ក្រហាយក្រៃពេក​ណាស់។

ចប់ រឿងខលាតប្រេត ទី១០។

រឿងនាគប្រេត ទី១១

[១១] (សាមណេរសួរថា) អ្នកទៅមុន​គេបង្អស់ជិះដំរីស ឯអ្នកទៅ​កណ្ដាលគេ ជិះរថ​ទឹមសេះ​អស្សតរ ចំណែក​កញ្ញាមក​ខាងក្រោយគេ ទៅដោយ​វ ភ្លឺស្វាង​រុងរឿងសព្វ​ទិសទាំង ១០។ ឯអ្នក​ទាំងឡាយ (ដែលមក​ក្រោយគេបង្អស់) មានដៃ​កាន់ដម្បង មានមុខ​ជោក​ដោយទឹកភ្នែក មានខ្លួន​បែកធ្លាយ ហើយផឹក​នូវខ្ទុះ និងឈាម​នៃគ្នានឹងគ្នា​ជាអាហារ អ្នក​ទាំង​ឡាយ កាល​កើត​ជាមនុស្ស តើបានធ្វើ​អំពើដូច​ម្ដេចខ្លះ។

(នាងប្រេត តបថា) បុគ្គលណា ទៅដោយដំរីស​ដ៏ប្រសើរ មានជើង ៤ មុនគេ បុគ្គល​នោះ ជាបុត្តច្បង​របស់ខ្ញុំ បានថ្វាយ​ទានហើយ ក៏បានជួប​សេចក្ដីសុខ។ បុគ្គលណា ទៅ​ដោយ​រថទឹមសេះ ៤ មានដំណើរ​ល្អក្នុងទី​កណ្ដាល បុគ្គលនោះ ជាបុត្តកណ្ដាល​របស់ខ្ញុំ ជាអ្នក​មិនកំណាញ់ ជាម្ចាស់​ទានដ៏រុងរឿង។ នារីណា ប្រកបដោយ​បញ្ញា មានភ្នែក​ថ្លាដូច​ម្រឹគ ទៅដោយ​វ​ក្រោយគេ នារីនោះ ជាធីតាពៅ​បង្អស់​របស់ខ្ញុំ ជាអ្នកមាន​សេចក្ដីសុខ តែងរីករាយ​តាមចំណែក​ផលទាន​ពាក់កណ្ដាល។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នក​មានចិត្ត​ជ្រះថ្លា បានឲ្យទាន​ដល់ពួក​សមណៈ និងព្រាហ្មណ៍ ចំណែកយើង​ខ្ញុំទាំងឡាយ​វិញ ជាអ្នក​កំណាញ់ ជេរប្រទេច​ផ្ដាសា​សមណព្រាហ្មណ៍​ទាំងឡាយ ឯជន​ទាំងនេះ លុះឲ្យហើយ ទើប​គេបម្រើ (ដោយ​កាមគុណ) ចំណែកពួក​យើង ទើបក្រៀមស្ងួត ដូចដើម​បបុស ដែលហាល​ថ្ងៃដូច្នោះ។

(សាមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្ដេចទៅ ទីដេក​របស់អ្នក ដូចម្ដេចទៅ ចុះអ្នក​ទាំងឡាយ មានបាបធម៌​ដ៏ក្រៃលែង ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដូច​ម្ដេច ភោជនាហារ​ទាំងឡាយ​ដ៏ច្រើន មិនមែន​ជារបស់​តិចតួចឡើយ ឥឡូវនេះ អ្នកដល់​នូវ​សេចក្ដី​ទុក្ខ ព្រោះប្រាសចាក​សេចក្ដីសុខ។

(នាងប្រេត តបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្រេប​ផឹកនូវខ្ទុះ និង​ឈាម ទុកជា​ផឹកច្រើន ក៏មិនបាត់​ស្រេកឃ្លាន យើងខ្ញុំ​ទាំងឡាយ ក៏នៅតែ​ស្រេកឃ្លាន ដដែល។

ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោក​នេះទៅ​ហើយ រមែងទៅកើត​ក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើង​ខ្ញុំទាំងឡាយ ជន​ទាំង​ឡាយ​​ណា បាននូវសម្បត្តិ​ទាំងឡាយ​ហើយ តែងជា​អ្នកកំណាញ់ មិន​បរិភោគផង មិនធ្វើ​បុណ្យផង។ ជនទាំងនោះ ជាអ្នកមាន​សេចក្ដីស្រេក​ឃ្លានគ្របសង្កត់ ក្នុងលោក​ខាងមុខ ក្នុងកាល​ជាខាង​ក្រោយមក ជនទាំងនោះ រមែង​ឆេះរោលរាល​ ក្ដៅក្រហាយ​អស់កាល​ជាយូរអង្វែង ព្រោះបាន​ធ្វើនូវកម្ម​មានផល​ជាទុក្ខ តែងទទួល​ផលជាទុក្ខ មានផល​ដ៏ក្ដៅក្រហាយ។

ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់​មិនទៀង បណ្ឌិត​ដឹងនូវ​របស់​មិនទៀង តាមសភាព​ជារបស់​មិនទៀងហើយ គប្បីធ្វើ​នូវទីពឹង។ ជនទាំង​ឡាយណា អ្នក​ឈ្លាសក្នុង​ព្រះសទ្ធម្ម ដឹងច្បាស់​យ៉ាងនេះ ជនទាំងនោះ ឈ្មោះថា​ជាអ្នក​មិនធ្វេស​ប្រហែស​​ក្នុងទាន ព្រោះបាន​ស្ដាប់ពាក្យនៃ​ព្រះអរហន្ត​ទាំងឡាយ។

ចប់ រឿងនាគប្រេត ទី១១។

រឿងឧរគប្រេត ទី១២

[១២] (ពោធិសត្វនិយាយថា) ពស់តែងសកសំណកចាស់​របស់ខ្លួន​ចោល ហើយ​លូនទៅ យ៉ាងណាមិញ (សត្វ) កាលបើសរីរៈ​ប្រើការមិន​កើតហើយ ធ្វើនូវ​មរណកាល​ ទៅ​កាន់​បរលោក ក៏យ៉ាងនោះ (ឯសរីរៈ​ដែលនៅសល់​ខាងអាយនោះ ) កាល​គេដុត ក៏មិន​បានដឹង (ធ្វើម្ដេច​នឹងដឹង) នូវសេចក្ដី​ខ្សឹកខ្សួល​របស់ញាតិ​ទាំងឡាយ​បាន ហេតុនោះ ខ្ញុំមិន​សោកស្ដាយ​សរីរៈនុ៎ះ​ឡើយ ស្រេចតែ​គតិរបស់គេ។

(មាតានិយាយថា) បុត្ររបស់ខ្ញុំនេះ ខ្ញុំមិនបានហៅ​គេមកអំពី​លោកនោះ ខ្ញុំមិនបាន​អនុញ្ញាត គេក៏ទៅ​អំពីមនុស្ស​លោកនេះ គេមក​យ៉ាងណា គេក៏ទៅយ៉ាង​នោះ ការ​ទួញយំ​ធ្វើអ្វី ព្រោះកិរិយា​ទៅនោះ (ឯសរីរៈ​ដែលនៅ​សល់ខាង​អាយនោះ) គេដុត​ក៏មិន​បានដឹង (ធ្វើម្ដេច​នឹងដឹង) នូវសេចក្ដី​ខ្សឹកខ្សួល​របស់ញាតិ​ទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិន​យំទួញ​នឹងសរីរៈ​នុ៎ះឡើយ ស្រេចតែ​គតិរបស់គេ។

(ប្អូនស្រីនិយាយថា) បើខ្ញុំយំ ខ្ញុំនឹងទៅ​ជាស្គម​ក្នុងការយំនោះ នឹងគប្បី​មានផល​ដូច​ម្ដេច​ដល់ខ្ញុំ សេចក្ដី​មិនត្រេកអរ​ដ៏លើសលុប នឹងគប្បី​មានដល់​ពួកញាតិមិត្ត និងអ្នក​មាន​ចិត្តល្អ​របស់យើង​ទាំងឡាយ (ឯសរីរៈ​ដែលសល់នៅ​ខាងអាយនោះ) កាលគេ​ដុតក៏មិន​បានដឹង (ធ្វើម្ដេច​នឹងដឹង) នូវសេចក្ដី​ខ្សឹកខ្សួល​របស់ញាតិ​ទាំងឡាយ ហេតុនោះ ខ្ញុំមិន​យំនឹង​សរីរៈ​នុ៎ះឡើយ ស្រេចតែ​គតិរបស់គេ។

(ភរិយានិយាយថា) បុគ្គលណា សោកស្ដាយ​នូវបុគ្គល​ដែលធ្វើ​មរណកាល​ទៅ​កាន់​បរលោកហើយ បុគ្គលនោះ ប្រៀបដូច​ជាទារកយំ​ទារនូវព្រះចន្រ្ទ​ដែលកំពុង​ចរទៅ (ឯសរីរៈ​ដែលសល់នៅ​ខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេច​នឹងដឹង) នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់ញាតិ​ទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំ​នឹងសរីរៈនុ៎ះ​ឡើយ ស្រេច​តែគតិ​របស់គេ។

(ទាសីនិយាយថា) បពិត្រព្រាហ្មណ៍ ក្អមទឹកដែល​បែកហើយ តភ្ជាប់វិញ​មិនបាន​យ៉ាងណា សរីរៈអ្នក​ស្លាប់នេះ ក៏យ៉ាងនោះដែរ បុគ្គលណា សោកស្ដាយ​នូវបុគ្គល​ដែល​ទៅកាន់​បរលោក​ហើយ (បុគ្គលនោះ ក៏ដូចជាអ្នក​សោកស្ដាយនូវ​ក្អមទឹក​ដែលបែកហើយ) (ឯសរីរៈ​ដែលសល់នៅ​ខាងអាយនោះ) កាលគេដុត ក៏មិន​បានដឹង (ធ្វើម្ដេច​នឹងដឹង) នូវ​សេចក្ដី​ខ្សឹកខ្សួល​របស់ញាតិ​ទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំ​នឹងសរីរៈ​នុ៎ះឡើយ ស្រេច​តែគតិ​របស់គេ។

ចប់ រឿងឧរគប្រេត ទី១២។

ឧទ្ទាន

រឿងខេត្តូបមាប្រេត (ព្រះអរហន្តប្រៀបដូចស្រែ) ១ រឿង (សូករប្រេត) ប្រេតមាន​សម្បុរកាយ​ល្អ ១ ជា ២លើក រឿង (បូតិមុខប្រេត) ១ រឿងបិដ្ឋធីតលិកប្រេត ១ រឿង​តិរោកុឌ្ឌប្រេត ១ រឿង​បុត្តខាទិកប្រេត (ស្រីប្រេត​ស៊ីកូនឯង) ២ លើក រឿង​គោណប្រេត ១ រឿង​មហាបេសការប្រេត ស៊ីនូវគូថ ១ រឿង​ខលាតប្រេតនៅ​ក្នុងវិមាន ១ រឿង​នាគប្រេត ១ រឿង​ឧរគប្រេត ១ ឧទ្ទាន​ក្នុងវគ្គជា​បឋម មាន​រឿង ១២ យ៉ាងនេះឯង។

ចប់ឧរគវគ្គ ទី១។

ឧព្វរីវគ្គ ទី២

រឿងសំសារមោចកប្រេត ទី១

[១៣] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រី​អាក្រាត មានរូប​អាក្រក់​ក្រៃពេក មានខ្លួន​ស្គាំងស្គម មានខ្លួនរវាម​ដោយសរសៃ នាងជាអ្វី មកឋិត​នៅ​ទីនេះ។

(នាងប្រេត តបថា) បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំជាស្រី​ប្រេត ដល់នូវ​សេចក្ដីទុក្ខ ជា​យមលោក​សត្វ ស្លាប់អំពី​មនុស្ស​លោកនេះហើយ បានទៅ​កាន់បេតលោក ព្រោះធ្វើ​បាប​កម្ម។

ចុះអំពើអាក្រក់ ដែលនាងបានធ្វើ​ដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទៅកាន់​បេតលោក អំពីមនុស្ស​លោកនេះ ព្រោះវិបាក​នៃកម្ម​ដូចម្ដេច។

បពិត្រលោកដ៏ចំរើន បិតាមាតា ឬពួកញាតិ ជាអ្នក​អនុគ្រោះ​ដល់ខ្ញុំ គប្បីដឹក​នាំខ្ញុំថា នាងចូរ​មានចិត្ត​ជ្រះថ្លា ឲ្យទាន​ដល់ពួក​សមណព្រាហ្មណ៍ (ដូច្នេះ) ពុំមាន​ឡើយ។ ខ្ញុំទើប​បានជា​ស្រីអាក្រាត មានសភាព​យ៉ាងនេះ តែងត្រាច់​ទៅអស់ ៥០០ ឆ្នាំ ចាប់ដើម​អំពីឆ្នាំ​នេះ​ទៅ ទំពាស៊ី​ដោយសេចក្ដី​ស្រេកឃ្លានផង ដោយ​ចំណង់ផង នេះជាផល​នៃបាបកម្ម​របស់​ខ្ញុំ។ បពិត្រ​លោកម្ចាស់ ខ្ញុំមានចិត្ត​ជ្រះថ្លា សូមថ្វាយ​បង្គំ​លោកម្ចាស់ បពិត្រ​លោកម្ចាស់ អ្នកមាន​ព្យាយាម មាន​អនុភាពធំ សូមលោក​អនុគ្រោះខ្ញុំ សូមលោក​ឲ្យទេយ្យធម៌​ណានីមួយ ឧទ្ទិស​ដល់ខ្ញុំផង បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោក​ម្ចាស់ដោះ​ខ្ញុំឲ្យរួច​អំពីទុគ្គតិ​ផងចុះ។

ព្រះសារីបុត្តនោះ ជាអ្នកអនុគ្រោះ ទទួលស្ដាប់​ពាក្យស្រី​ប្រេតនោះ​ថា សាធុដូច្នេះ ហើយ​បានប្រគេន​នូវពំនូតបាយ នូវសំពត់​ប្រមាណ​ប៉ុនបាត​ដៃផង និងទឹក​ដែលគួរ​ក្រេប​ផឹកមួយផ្តិល ដល់ភិក្ខុ​ទាំងឡាយ​រួចហើយ ឧទ្ទិស​ទក្ខិណាទាន​ដល់ស្រី​ប្រេតនោះ វិបាក​ក៏​កើតឡើង​ក្នុងលំដាប់​ដែលឧទ្ទិស​ហើយ ភោជនាហារ និង​សំពត់​ស្លៀកពាក់ និងទឹក​ដែល​គួរ​ក្រេបផឹក ក៏កើតឡើង នេះជាផល​នៃទក្ខិណា លំដាប់នោះ ស្រីប្រេត​នោះ ជាស្រីស្អាត ស្លៀកពាក់​សំពត់ស្អាត ទ្រទ្រង់​នូវសំពត់​ដ៏ឧត្តម ជាងសំពត់​ដែលកើត​ក្នុងដែនកាសី មាន​គ្រឿង​វត្ថាភរណៈ​ដ៏វិចិត្រ ចូលទៅរក​ព្រះសារីបុត្រ។

(ព្រះសារីបុត្រសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ភ្លឺសព្វទិស​ដូចជាផ្កាយ​ព្រឹក។ សម្បុរ​របស់នាង​ប្រាកដ​ដូច្នោះ ដោយហេតុអ្វី ​ផលនៃ​សេចក្ដីសុចរិត សម្រេច​ដល់​នាង ក្នុង​ពេល​នេះ ដោយ​ហេតុអ្វី បានជាភោគៈ​ទាំងឡាយ​ណានីមួយ ដែលជា​ទីពេញចិត្ត កើត​ឡើង​ដល់​នាង

ម្នាលទេវធីតា ដ៏មានអានុភាពច្រើន យើងសូម​សួរនាង នាងកាល​កើតជា​មនុស្ស បានធ្វើ​បុណ្យ​ដូចម្ដេច នាងមាន​អានុភាព​ភ្លឺផ្លេក ទាំងសម្បុរ​របស់នាង ក៏ភ្លឺសព្វទិស យ៉ាងនេះ ដោយ​បុញ្ញកម្ម ដូចម្តេច។

(ប្រេត តបថា) ព្រះអគ្គសាវ័ក ជាអ្នកប្រាជ្ញ​ក្នុងលោក ប្រកប​ដោយ​សេចក្តី​ករុណា បានឃើញ​នូវខ្ញុំជា​ស្រីស្គម មានសម្បុរ​លឿង មានសេចក្តី​ស្រេកឃ្លាន ជាស្រី​អាក្រាត មានសម្បុរ​ស្បែក​គ្រោតគ្រាត ដល់នូវ​សេចក្តី​ទុក្ខលំបាក ហើយបាន​ប្រគេន​ពំនូតបាយ​ផង សំពត់​ប្រមាណ​ប៉ុនបាត​ដៃផង ទឹកគួរផឹក​ប្រមាណ​មួយផ្តិលផង ដល់ភិក្ខុ​ទាំងឡាយ ហើយ​បានឧទ្ទិស (នូវ​ទក្ខិណាទាន​ដល់ខ្ញុំ)។ សូមលោក​ឃើញផល​ពំនូតបាយចុះ ខ្ញុំជាស្រី​បាននូវ​កាម​តាមចំណង់​បរិភោគ​នូវភត្ត​អស់មួយ​ពាន់ឆ្នាំ ប្រកប​ដោយម្ហូប​មានរស​ជា​អនេក សូម​លោក​​ឃើញនូវ​វិបាកនៃ​សំពត់ប្រមាណ​ប៉ុនបាតដៃ ប្រាកដ​ដូចម្តេច បពិត្រ​លោកម្ចាស់​ដ៏​ចំរើន សំពត់​សម្រាប់​ស្លៀកពាក់ ក្នុងដែន​នៃស្តេចនន្ទៈ​អម្បាលមាណ សំពត់​ស្លៀក និង​សំពត់​​ដណ្តប់ផង សំពត់​កោសេយ្យៈ និងសំពត់​កម្ពលផង សំពត់​ត្បាញអំពី​សម្បកឈើ និងសំពត់​ដែលត្បាញ​អំពី​កប្បាសផង ដ៏ធំទូលាយ មានដំឡៃច្រើន​របស់ខ្ញុំ ច្រើនជាង​សំពត់ ក្នុងដែន​នន្ទរាជ​នោះ សំពត់​ទាំងអស់​នោះ តែងសំយុង​ចុះមកអំពី​អាកាស សំពត់ណា ដែលជា​ទីពេញចិត្ត ខ្ញុំក៏ស្លៀកពាក់​នូវសំពត់នោះ សូមលោក​ឃើញ​នូវវិបាក​នៃទឹកផឹក​ប្រមាណ​មួយផ្តិល ប្រាកដ​ដូចម្តេច។ ស្រះបោក្ខរណីដ៏ជ្រៅ មានជ្រុង ៤ ដែលបុញ្ញកម្ម​និម្មិត​ល្អហើយ មានទឹកថ្លា មាន​កំពង់​រាបស្មើ មានទឹក​ត្រជាក់ មានក្លិន​ក្រអូប​ដេរដាស​ដោយ​ផ្កាបទុម និង​ឧប្បល ពេញ​ដោយទឹក​ដ៏ដេរដាស​ដោយ​កេសរ។ ខ្ញុំនោះ រីករាយ លេង​សប្បាយ ឥតមាន​ភ័យពីទី​ណាៗ ឡើយ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំមកដើម្បី​ថ្វាយបង្គំ​លោក ជាអ្នកប្រាជ្ញ ប្រកប​ដោយសេចក្តី​ករុណា​ក្នុងលោក។

ចប់ រឿងសំសារមោចកប្រេត ទី១។

រឿងប្រេតជាមាតានៃព្រះសារីបុត្ត ទី២

[១៤] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជា​ស្រីអាក្រាត មានរូប​មានសម្បុរ​អាក្រក់​ក្រៃពេក មានខ្លួន​ស្គាំងស្គម មានខ្លួន​រវាមទៅ​ដោយសរសៃ នាង​ជាអ្វី​ មកឈរ​នៅទីនេះ។

(នាងប្រេត តបថា) អំពីមុន ខ្ញុំជាមាតាបង្កើត​របស់លោក ក្នុងជាតិ​ទាំងឡាយ​ដទៃ មក​កើត​ក្នុងកំណើត​នៃប្រេត ពេញប្រៀប​ដោយសេចក្ដី​ស្រេកឃា្លត បរិភោគ​ទឹកមាត់ ដែលគេ​ស្ដោះ​ចោល ទឹកសម្បោរ ស្លេស្ម ខ្លាញ់រាវ (នៃសាកសព) ដែលគេ​ដុត និងឈាម​នៃស្រី​ទាំង​ឡាយ​ដែលសម្រាលកូន និងឈាម​នៃដំបៅ និងច្រមុះ និងក្បាលដាច់ មាន​សេចក្ដី​ស្រេក​ឃ្លាន​គ្របសង្កត់ ខ្ញុំបរិភោគ​នូវខ្ទុះ និងឈាម​ដែលជាប់​នឹងសរីរៈ​នៃស្រី និង​បុរស នូវ​ខ្ទុះ និង​ឈាម​នៃបសុសត្វ និង​មនុស្ស​ទាំងឡាយ ខ្ញុំមិនមាន​ទីពឹង មិនមាន​ទីលំនៅ ដេកតែ​លើទី​ស្មសាន​ដូចគ្រែ លោកម្ចាស់​ជាបុត្ត សូមលោក​ម្ចាស់ឲ្យទាន​ដើម្បីខ្ញុំ លុះឲ្យហើយ ចូរ​ឧទ្ទិស​ផល​ដល់ខ្ញុំ គិតធ្វើ​ដូចម្ដេច​ហ្ន៎ ឲ្យខ្ញុំគប្បី​បានរួច​អំពីការ​បរិភោគ​នូវខ្ទុះ និង​ឈាម។

ព្រះអគ្គសាវក័ មាននាមថា ឧបតិស្សៈ លុះបានស្ដាប់​ពាក្យនៃនាង​ប្រេត ជា​មាតា​ហើយ មានចិត្ត​ប្រកប​ដោយ​ករុណា បានហៅ​ព្រះមោគ្គល្លាន ១ ព្រះអនុរុទ្ធ ១ ព្រះកប្បិន ១ ឲ្យ​ធ្វើនូវ​កុដិទាំងឡាយ ៤ ខ្នង ហើយវេរ​កុដិផង ឲ្យបាយ និង​ទឹកផង ចំពោះ​សង្ឃ​ដែលមក​អំពី​​ទិសទាំង ៤ ហើយ​ឧទ្ទិស​ទក្ខិណាទាន​ដល់មាតា។ វិបាកក៏​កើតឡើង ក្នុងលំដាប់​ដែល​ឧទ្ទិស​ហើយ ភោជនាហារ គឺ​ទឹកផឹក និង​សំពត់ (ក៏កើតឡើង) នេះជាផល​នៃ​ទក្ខិណាទាន លំដាប់​នោះ (ស្រីនោះ) ស្អាត មានសំពត់​ស្លៀកពាក់​ស្អាតបាត ទ្រទ្រង់​នូវសំពត់​ដ៏ឧត្តម ជាង​សំពត់​ដែលកើត​ក្នុងដែនកាសី មាន​គ្រឿង​វត្ថាភរណៈ​ដ៏វិចិត្រ បានចូល​ទៅរក​ព្រះកោលិត។

(ព្រះកោលិតសួរថា) ម្នាលនាងទេវធីតា នាងមាន​សម្បុរល្អ មកឈរ​នៅ (ទីនេះ) ភ្លឺ​ស្វាង​ទួទៅសព្វ​ទិសទាំងឡាយ ដូចជា​ផ្កាយព្រឹក ឯសម្បុរ​ប្រាកដ​ដូច្នោះ កើតឡើង​ដល់​នាង ដោយ​ហេតុដូចម្ដេច ផល​នៃសុចរិត សម្រេច​ដល់នាង​ក្នុងទីនេះ ដោយ​ហេតុដូចម្ដេច បានជា​ភោគៈ​ណា​នីមួយ ដែលជា​ទីពេញចិត្ត កើតឡើងដល់នាង

ម្នាលនាងទេវធីតា មាន​អានុភាពច្រើន យើងសូម​សួរនាង នាងកាល​កើតជា​មនុស្ស តើបាន​ធ្វើបុណ្យ​ដូចម្ដេច នាងជា​ទេវធីតា មាន​អានុភាព​ភ្លឺផ្លេក​យ៉ាងនេះ ទាំង​សម្បុរ​នាង ក៏ភ្លឺ​សព្វទិស ដោយ​បុញ្ញកម្ម​ដូចម្ដេច។

(ប្រេតតបថា) អំពីមុន ខ្ញុំជាមាតារបស់​ព្រះសារីបុត្ត ក្នុងជាតិ​ទាំងឡាយ​ដទៃ មក​កើត​ក្នុង​កំណើត​នៃប្រេត ពេញប្រៀប​ដោយសេចក្ដី​ស្រេកឃ្លាន បរិភោគ​តែទឹកមាត់​ដែលគេ​ស្ដោះចោល​ ទឹកសម្បោរ ស្លេស្ម និង​ខ្លាញ់រាវ (នៃ​សាកសព) ដែល​គេដុត និងឈាម​នៃស្រី​ទាំងឡាយ​ដែលសម្រាល​កូន និងឈាម​នៃដំបៅ និង​ច្រមុះ និងក្បាល​ដាច់ ខ្ញុំមាន​សេចក្ដី ស្រេកឃ្លាន​គ្របសង្កត់ បរិភោគ​នូវខ្ទុះ និង​ឈាមដែល​ជាប់​នឹងសរីរៈនៃ​ស្រ្ដី និង​បុរស នូវ​ខ្ទុះ និង​ឈាម​នៃបសុសត្វ និងមនុស្ស​ទាំងឡាយ ខ្ញុំមិនមាន​ទីពឹង មិនមាន​ទីពំនាក់​អាស្រ័យ ដេក​តែ​លើទី​ស្មសាន​ដូចគ្រែ។ ខ្ញុំត្រេកអរ​ដោយទាន​នៃ​ព្រះសារីបុត្ត ទើបមិន​មានភ័យ​ក្នុងទី​ណាៗ បពិត្រ​លោកដ៏​ចំរើន ខ្ញុំមក​ដើម្បី​ថ្វាយបង្គំ​លោកជា​អ្នកប្រាជ្ញ ប្រកប​ដោយ​សេចក្ដី​ករុណា​ក្នុងលោក។

ចប់ រឿងប្រេត ជាមាតានៃព្រះសារីបុត្ត ទី២។

រឿងនាងមត្តាប្រេត ទី៣

[១៥] (នាងតិស្សាសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីរ​រគាម នាងជា​ស្រីមានកាយ​អាក្រាត មានរូប​អាក្រក់​ក្រៃពេក មានខ្លួន​ស្គាំងស្គម មានខ្លួន​រវាមដោយ​សរសៃ នាងជាអ្វី បានជា​មកឈរ​នៅក្នុងទីនេះ។

(នាងមត្តាប្រេត ប្រាប់ថា) កាលអំពីមុន នាងឯង​ឈ្មោះតិស្សា ខ្ញុំឈ្មោះមត្តា ជាស្រី​រួមប្ដី​របស់នាង បានធ្វើ​អំពើ​បាប ទើបបានឃ្លាត​អំពី​មនុស្ស​លោកនេះ ទៅកាន់​បេតលោក។

ចុះអំពើអាក្រក់ ដែល​នាងបានធ្វើហើយ ដោយកាយ វាចា ចិត្តនោះ តើដូចម្តេច នាងឃ្លាត​អំពីមនុស្ស​លោកនេះ ទៅកាន់​បេតលោក ព្រោះវិបាក​នៃកម្ម​ដូចម្តេច។

ខ្ញុំជាស្រីកាច (ឆ្នាស់) បានពោល​ផរុសវាទ ជាស្រីឫស្យា កំណាញ់ អួតអាង ខ្ញុំនោះ បានពោល​ពាក្យអាក្រក់ ទើបបាន​ឃ្លាតអំពី​មនុស្ស​លោកនេះ ទៅកាន់​បេតលោក។

ពិតមែនហើយ យើងបានដឹងថា នាងជាស្រីឆ្នាស់ យើងសូម​សួរនាង អំពី​ហេតុដទៃ​ទៀត ចុះនាងមាន​ខ្លួនប្រាណ​ប្រឡាក់​ដោយអាចម៍ដី ព្រោះកម្ម​ដូចម្តេច។

នាងបានលុបលាងក្បាលរួចហើយ មានសំពត់ដ៏ស្អាត​ប្រដាប់ហើយ ខ្លួនយើង​សោត ក៏ប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការ​ដ៏ក្រៃលែង​ជាងនាង កាលខ្ញុំនោះ កំពុង​សម្លឹង​មើល នាងក៏​ពោលចរចា​នឹងស្វាមី ក្នុង​លំដាប់នោះ ខ្ញុំមាន​សេចក្តី​ឫស្យាពេក​ណាស់ ខ្ញុំមាន​សេចក្តី​ក្រោធ​កើតឡើង តអំពីនោះ ខ្ញុំក៏ប្រវា​យកអាចម៍ដី​ទៅរោយដាក់​នាង ដោយ​អាចម៍ដី ព្រោះ​ហេតុនោះ ខ្ញុំទើប​មានខ្លួន​ប្រឡាក់​ដោយអាចម៍ដី ព្រោះវិបាក​នៃ​កម្មនោះឯង។

ពិតមែនហើយ យើងដឹងថា នាងបាន​រោយអាចម៍ដី​ដាក់យើង តែយើង​សូមសួរនាង​អំពី​ហេតុដទៃ​ទៀត ចុះនាង​ត្រូវរោគ​កមរមាស់​បៀតបៀន ដោយកម្មអ្វី។

យើងទាំងពីរនាក់ បានចូលទៅកាន់ព្រៃ ដើម្បីរក​ថ្នាំ ចំណែកនាង​បានយក​ថ្នាំមក ឯខ្ញុំ​បាននាំ​យកខ្ញែ​មកវិញ កាលបើ​នាងមិនដឹង ខ្ញុំក៏រោយខ្ញែ​លើដំណេក​របស់នាង ព្រោះហេតុ​នោះ រាងកាយ​របស់ខ្ញុំ ទើបត្រូវ​រោគកម​រមាស់បៀតបៀន ព្រោះវិបាក​នៃកម្មនោះឯង។

ពិតមែនហើយ យើងបានដឹងថា នាងបានរោយ (ខ្ញែ) លើដំណេក​របស់យើង តែ​យើង​សូមសួរ​នាងអំពី​ហេតុដទៃ​ទៀត ចុះនាង​មាន​កាយអាក្រាត ដោយកម្មអ្វី។

មានការប្រជុំមិត្តសំឡាញ់ និង​ជួបជុំពួក​ញាតិ គេបានហៅ​នាង ព្រមទាំង​ស្វាមី តែខ្ញុំ​គេមិន​ហៅ កាលបើ​នាងមិន​បានដឹង ខ្ញុំក៏លួច​យកសំពត់​នាងទៅលាក់ ហេតុ​នោះ ខ្ញុំទើប​មាន​រាងកាយ​អាក្រាត ព្រោះវិបាក​នៃកម្ម​នោះឯង។

ពិតមែនហើយ យើងដឹងថា នាងបានលួចសំពត់​របស់យើង​ទៅលាក់ យើង​សួរនាង​អំពី​ហេតុដទៃ​ទៀត ចុះរាងកាយ​របស់នាង មានក្លិន​ស្អុយដូច​ក្លិនលាមក ព្រោះ​កម្មអ្វី។

ខ្ញុំបានលួចយកនូវគ្រឿងក្រអូប ផ្កាកម្រង និងគ្រឿងលាប​ដ៏មានដំឡៃ​របស់នាង ទៅ​ចោល​ក្នុង​រណ្ដៅ​លាមក ខ្ញុំបានធ្វើ​អំពើ​អាក្រក់នោះ ហេតុនោះ បានជាខ្ញុំ​មានក្លិនស្អុយ ដូច​ក្លិន​លាមក ព្រោះហេតុ​វិបាកនៃ​កម្មនោះឯង។

ពិតមែនហើយ យើងបាន​ដឹងហើយថា នាងបាន​ធ្វើអំពើ​អាក្រក់នោះ យើងសូមសួរ​នាង​អំពីហេតុ​ដទៃទៀត ចុះនាង​ជាស្រីទុគ៌ត ព្រោះវិបាក​នៃកម្មអ្វី។

កាលយើងទាំងពីរនាក់ មានទ្រព្យសម្បត្តិ​ក្នុងផ្ទះស្មើគ្នា កាល​ទេយ្យធម៌​មាន ខ្ញុំក៏មិន​បានធ្វើ​ទីពឹង​ដើម្បីខ្លួន ព្រោះហេតុ​នោះ បានជា​ខ្ញុំជាស្រីទុគ៌ត ដោយវិបាក​នៃកម្មនោះឯង។

នាងឯងបានស្ដីឲ្យខ្ញុំថា នាងកុំសេព​អំពើអាក្រក់ ដ្បិតថា សុគតិ មិនមែន​បានដោយ​ងាយ ព្រោះ​បាបកម្ម​ឡើយ។ នាងបាន​កំហែង​យើង​ដោយផ្លូវខុស ទាំងបាន​ឫស្សាយើង នាង​ចូរមើល​ចុះ វិបាកនៃ​អំពើ​អាក្រក់ ប្រាកដ​យ៉ាងណា (អំពីមុន) ខ្ញុំ​ស្រី​ទាំងឡាយ​ក្នុង​ផ្ទះនោះ និង​គ្រឿងប្រដាប់​ប្រដា​នោះឯង ជារបស់​ខ្ញុំក៏មាន (ឥឡូវនេះ) របស់​ទាំងអស់​នោះ ក៏បានទៅ​អ្នកដទៃ​ប្រើប្រាស់ ទ្រព្យ​ទាំងឡាយ ក៏ជា​របស់​មិនទៀង ឥឡូវនេះ (កុដុម្ពីក៍) ជាបិតា​របស់ខ្ញុំ ត្រឡប់​អំពីផ្សារ​មកផ្ទះ ធ្វើដូចម្ដេច កុដុម្ពីក៍ នឹងឲ្យ​ទេយ្យធម៌​តិចតួច​ដល់​នាង នាង​កុំអាល​ទៅអំពី​ទីនេះឡើយ។

ខ្លួនខ្ញុំជាស្រីអាក្រាត មានរូបរាង​អាក្រក់​ក្រៃពេក ជាស្រី​ស្គម មានខ្លួន​រវាមទៅ​ដោយ​សរសៃ នេះជា​កេរ្ដិ៍ខ្មាស​របស់ស្រី​ទាំងឡាយ កុំឲ្យ​កុដុម្ពីក៍ ជាបិតានាង មកឃើញ​ខ្ញុំ​ឡើយ។

បើដូច្នោះ ខ្ញុំគួរឲ្យអ្វីដល់នាង ម្យ៉ាងទៀត ខ្ញុំនឹង​ធ្វើឧបការៈ​អ្វីដល់នាង ដ៏ជា​ហេតុឲ្យ​នាង​សម្រេច​ដោយសេចក្ដី​ប្រាថ្នា​ទាំងពួង ដល់នូវ​សេចក្ដីសុខ។

នាងចូរនិមន្តភិក្ខុ ៨ រូប គឺ ភិក្ខុ ៤ រូប​អំពីសង្ឃ ភិក្ខុ ៤ រូបទៀត អំពីបុគ្គល ឲ្យ​ឆាន់ ហើយ​​ឧទ្ទិសនូវ​ទក្ខិណាទាន​ដល់ខ្ញុំនោះ ជាហេតុ​ឲ្យខ្ញុំសម្រេច​សេចក្ដីប្រាថ្នា​ទាំងពួង ដល់នូវ​សេចក្ដី​សុខ។

នាងតិស្សា បានទទួលពាក្យនាងមត្តាប្រេតថា សាធុ ហើយទើប​និមន្តភិក្ខុ ៨ រូបឲ្យ​ឆាន់​រួចហើយ ឲ្យស្លៀក​ដណ្ដប់​ដោយសំពត់​ទាំងឡាយ ហើយ​ឧទ្ទិស​ទក្ខិណាទាន ដល់​នាង​មត្តាប្រេត​នោះ។ វិបាកក៏កើតឡើង ក្នុងលំដាប់ដែល​ឧទ្ទិសហើយ ភោជនាហារ សំពត់​ស្លៀកដណ្ដប់ និង​ទឹកផឹក ក៏កើតឡើង នេះជាផល​នៃ​ទក្ខិណាទាន លំដាប់​នោះ នាងប្រេត​ជាស្រីស្អាត មាន​គ្រឿង​ស្លៀកពាក់​ស្អាត ទ្រទ្រង់​នូវសំពត់​ដ៏ឧត្ដម ជាងសំពត់​ដែលកើត​ក្នុង​ដែនកាសី មាន​គ្រឿង​វត្ថាភរណៈ​ដ៏វិចិត្រ ទើបបាន​ចូលទៅរក​នាង​តិស្សាជា​ស្រីរួមប្ដី។

(នាងតិស្សាសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរ​ដ៏រុងរឿង​ដោយរស្មី មក​ឋិតនៅ ភ្លឺស្វាង​ទួទៅ​សព្វទិស​ទាំងឡាយ ដូច​ផ្កាយព្រឹក សម្បុរ​របស់នាង​ប្រាកដដូច្នោះ ដោយ​ហេតុ​ដូចម្ដេច ផលនៃ​សុចរិត សំរេច​ដល់នាង​ក្នុងទីនេះ ដោយ​ហេតុដូច​ម្ដេច បានជា​ភោគៈ​ទាំងឡាយ​ណានីមួយ ដែលជាទី​ពេញចិត្ត​កើតឡើង​ដល់នាង

ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូម​សួរនាង នាងកើត​ជាមនុស្ស បាន​ធ្វើ​បុញ្ញកម្ម​ដូចម្ដេច នាងជា​ទេវធីតា មាន​អានុភាព​ភ្លឺផ្លេក​យ៉ាងនេះ ដោយបុញ្ញ​កម្ម​ដូចម្ដេច បានជា​នាងមាន​អានុភាព​ដ៏រុងរឿង ទាំងសម្បុរ​របស់នាង​ក៏ភ្លឺសព្វទិស។

(នាងមត្តាប្រេត តបថា) កាលអំពីមុន នាងឈ្មោះតិស្សា ខ្លួនខ្ញុំឈ្មោះ​មត្តា ជាស្រីរួម​ប្ដី​របស់នាង បានធ្វើនូវ​អំពើអាក្រក់ ទើបបាន​ឃ្លាតអំពី​មនុស្សលោក​នេះ ទៅកាន់​បេតលោក ខ្ញុំត្រេកអរ​ដោយទាន​របស់នាង ដែលបាន​ឲ្យហើយ ទើបមិនមាន​ភ័យក្នុងទីណា​ឡើយ។ ម្នាលប្អូន ចូរនាង​រស់នៅ​អស់កាលយូរ ព្រមដោយ​ពួកញាតិ​ទាំងអស់ចុះ ម្នាល​នាងល្អ ចូរនាង​ខំប្រព្រឹត្ត​ធម៌ ខំឲ្យទាន​ក្នុងលោកនេះ នឹង (ចូលទៅ​កាន់​ឋានសួគ៌) ដែល​មិន​មាន​សោក មិនមាន​ធូលី ជាទីនៅ​នៃ​វសវត្តីទេវរាជ​ទាំងឡាយ។

នាងចូរបន្ទោបង់​នូវមន្ទិល គឺ​សេចក្ដី​កំណាញ់ ព្រមទាំង​ឫសគល់​ចេញ ដែល​គេ​និន្ទា​មិនបាន ចូរទៅកាន់​ស្ថានសួគ៌។

ចប់ រឿងនាងមត្តាប្រេត ទី៣។

រឿងនន្ទាប្រេត ទី៤

[១៦] (នន្ទសេនជាស្វាមី សួរថា) នាងជាស្រីមានខ្លួនខ្មៅ មានរូប​អាក្រក់​គ្រោតគ្រាត មើលគួរ​ខ្លាច មានភ្នែក​លឿង មានធ្មេញ​រង្វើល យើងមិន​សំគាល់ថា នាងជា​ស្រីមនុស្ស​ទេ។

(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះ​នន្ទា ជាភរិយា​របស់អ្នក​ក្នុងកាលមុន បានធ្វើ​អំពើ​អាក្រក់ ទើបបាន​ទៅអំពី​មនុស្សលោក​នេះ កាន់បេតលោក។

ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយ​កាយ វាចា ចិត្តនោះ តើដូចម្ដេច​ខ្លះ នាង​ទៅអំពី​មនុស្សលោក​នេះ កាន់បេតលោក​ដោយវិបាក​នៃកម្ម​ដូចម្ដេចខ្លះ។

ខ្ញុំជាស្រីកំណាចផង មានវាចាអាក្រក់ផង ឥតមាន​សេចក្ដី​គោរព​ចំពោះអ្នកផង​ ខ្ញុំ​ពោលពាក្យ​អាក្រក់​ចំពោះអ្នក ទើបបាន​ទៅអំពី​មនុស្សលោក​នេះ កាន់បេតលោក។

បើដូច្នោះ យើងនឹងឲ្យសំពត់បង់ក​ដល់នាង ចូរនាង​ស្លៀកសំពត់​នេះចុះ​ លុះនាង​ស្លៀកសំពត់​នេះហើយ ចូរចូលមក យើងនឹង​នាំនាងទៅផ្ទះ នាងទៅ​ដល់ផ្ទះហើយ​ នឹងបាន​សំពត់ បាយ ទឹក បានឃើញ​នូវបុត្ត​ទាំងឡាយ​របស់នាងផង បានឃើញ​កូនប្រសាស្រី របស់​នាងផង។

វត្ថុដែលអ្នកបានឲ្យផ្ទាល់ដៃដោយដៃ មិនសម្រេច​ដល់ខ្ញុំទេ អ្នកចូរញុំាង​ភិក្ខុទាំង​ឡាយ ដែលបរិបូណ៌​ដោយសីល ជាអ្នក​ប្រាសចាករាគៈ ជាពហុស្សូត ​ឲ្យឆ្អែតស្កប់​ស្កល់ ដោយ​បាយ និងទឹក ហើយឧទ្ទិស​នូវទក្ខិណាទាន​ដល់ខ្ញុំ ក្នុងវេលានោះ ទើបខ្ញុំ​នឹងដល់នូវ​សេចក្ដីសុខ សម្រេច​នូវសេចក្ដី​ប្រាថ្នា​ទាំងពួងបាន។

លំដាប់នោះ នន្ទសេន ឧបាសកនោះ​ ទទួលថា សាធុ ដូច្នេះហើយ បានចាត់​ចែងនូវ​ទាន​ដ៏បរិបូណ៌ គឺ​បាយ ទឹក បង្អែម សំពត់ សេនាសនៈ ឆ័ត្រ គ្រឿង​ក្រអូប ផ្កាកម្រង ស្បែក​ជើងផ្សេង ៗ។ នន្ទសេនឧបាសក ក៏បាន​ញុំាងភិក្ខុ​ទាំងឡាយ​ ដែលបរិបូណ៌​ដោយសីល ប្រាស​​ចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់​ស្កល់ដោយ​បាយ និងទឹក ហើយ​ឧទ្ទិសទក្ខិណា​ទាន​ដល់នាង​នន្ទាប្រេត។

វិបាកក៏កើតឡើងក្នុងលំដាប់ដែលបានឧទ្ទិស ភោជនាហារ សំពត់ស្លៀក ទាំងទឹក​ផឹក​ក៏កើត នេះជាផល​នៃ​ទក្ខិណាទាន លំដាប់នោះ នាងនន្ទាប្រេត​នោះ ជាស្រីស្អាត មាន​សំពត់​ស្អាត ទ្រទ្រង់​នូវសំពត់​ដ៏ឧត្ដម​ជាង​សំពត់​ដែលកើត​ក្នុងដែន​កាសី មាន​គ្រឿង​វត្ថាភរណៈ​ដ៏វិចិត្រ ចូលទៅ​រកស្វាមី។

(នន្ទសេន​ឧបាសកសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរ​ដ៏រុងរឿង ភ្លឺស្វាងទួ​ទៅសព្វ​ទិសទាំងឡាយ ដូចជាផ្កាយព្រឹក សម្បុររបស់​នាងប្រាកដ​ដូច្នោះ ដោយ​ហេតុដូចម្ដេច ផលនៃ​សុចរិត សំរេច​ដល់នាង​ក្នុងទីនេះ ដោយ​ហេតុដូចម្ដេច ភោគៈ​ទាំងឡាយ​ណា​នីមួយ ដែល​ជាទីពេញ​ចិត្ត កើតឡើង​ដល់នាង

ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូម​សួរនាង នាង​កាលកើត​ជាមនុស្ស បានធ្វើ​បុញ្ញាកម្ម​ដូចម្ដេច នាងជា​ទេវធីតា​មាន​អានុភាព​រុងរឿង​យ៉ាងនេះ ដោយ​បុញ្ញាកម្ម​ដូចម្ដេច ទាំងសម្បុរ​របស់នាង​ក៏ភ្លឺសព្វទិស។

(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះ​នន្ទា ជាភរិយា​របស់អ្នក​ក្នុងកាលមុន បានធ្វើ​អំពើអាក្រក់ ទើបបានទៅ​អំពីមនុស្ស​លោកនេះ កាន់បេតលោក ខ្ញុំត្រេកអរ​ដោយ​ទាន​របស់អ្នក ដែលបានឲ្យ​ហើយ ទើបឥតមានភ័យ​ក្នុងទីណាៗឡើយ។ ម្នាល​គហបតី អ្នក ព្រមទាំង​ពួកញាតិទាំងអស់គ្នា ចូររស់នៅ​អស់កាល​យូរ ម្នាល​គហបតី អ្នកខំ​ប្រព្រឹត្ត​ធម៌ ខំឲ្យទាន​ក្នុងលោកនេះ នឹងចូលទៅ​កាន់ទិព្វស្ថាន​ដែលមិន​មានសោក មិនមាន​ធូលី ជាទី​នៅនៃ​វសវត្តីទេវរាជ​ទាំងឡាយ។

អ្នកចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដី​កំណាញ់ ព្រមទាំង​ឫសគល់​ចេញ ប្រាសចាក​និន្ទា ចូល​ទៅកាន់​ឋានសួគ៌។

ចប់ រឿងនន្ទាប្រេត ទី៤។

រឿងមដ្ឋកុណ្ឌលិប្រេត ទី៥

[១៧] អ្នកមានគ្រឿងប្រដាប់ហើយ មានកណ្ឌល​ដ៏រលីង។បេ។

(ត្រូវមើលក្នុងរឿងទី ៩ នៃសុនិក្ខិត្តវគ្គទី ៧ ក្នុងវិមានវត្ថុចុះ)

ចប់ រឿងមដ្ឋកុណ្ឌលិប្រេត ទី៥។

រឿងកណ្ហប្រេត ទី៦

[១៨] (រោហិណេយ្យអាមាត្យ ក្រាបទូលថា) បពិត្រព្រះកណ្ហៈ ព្រះអង្គផ្ទំ​ធ្វើអ្វី សូម​ព្រះអង្គ​ក្រោកឡើង ប្រយោជន៍​អ្វី​ដល់ព្រះអង្គ​ដោយការ​ផ្ទំ ឥឡូវនេះ ខ្យល់កំពុង​តែកំរើក ឡើង ដល់ព្រះរាជកនិដ្ឋ​ដែលដូច​ជាហ្ឫទ័យ និងចក្ខុខាង​ស្ដាំរបស់​ព្រះអង្គ បពិត្រ​ព្រះអង្គ​មាន​ព្រះកេសា​ល្អ ឃដបណ្ឌិត​កំពុងតែ​រវើរវាយ។

ព្រះបាទកេសវៈ ទ្រង់បានស្ដាប់ពាក្យនោះ របស់​រោហិណេយ្យ​អាមាត្យ​នោះហើយ ក៏ស្លុត​ក្នុង​ព្រះហ្ឫទ័យ ទ្រង់ក្រោក​ចាកក្រឡា​ព្រះបន្ទំ ហើយទ្រង់​ទង្គឹះខ្សឹកខ្សួល ព្រោះសេចក្ដី​សោក​ចំពោះ​ព្រះកនិដ្ឋ។

អ្នកមានសភាពជាមនុស្សឆ្កួតទេដឹង បានជាត្រាច់ទៅ​សព្វ​ស្រុកទ្វារកៈ​នេះ ហើយ​ស្រែកថា ទន្សាយៗ ដូច្នេះ អ្នកចង់​បាន​ទន្សាយអ្វី ទន្សាយមាស ទន្សាយ​កែវណី ទន្សាយ​ទង់ដែង ឬមួយ​ទន្សាយប្រាក់ ទន្សាយសង្ខ័ សិលា កែវប្រពាឡ យើងនឹង​ប្រើគេឲ្យ​ធ្វើទន្សាយ​ឲ្យអ្នក ពុំនោះ​សោតទេ ពួកទន្សាយ​ដទៃ ដែលត្រាច់​ស៊ីស្មៅក្នុង​ព្រៃក៏មាន យើង​នឹងនាំយក​ទន្សាយ​ទាំងនោះ​មកឲ្យអ្នក តើអ្នកចង់​បានទន្សាយ​ដូចម្ដេច។

ទន្សាយទាំងឡាយណា ដែលអាស្រ័យនៅលើផែនដី ខ្ញុំព្រះអង្គ​មិនប្រាថ្នា​ចង់បាន​ទន្សាយ​ទាំងនុ៎ះទេ ខ្ញុំព្រះអង្គ ប្រាថ្នាចង់​បានតែ​ទន្សាយ​អំពីដួង​ព្រះចន្រ្ទ បពិត្រ​ព្រះអង្គមាន​ព្រះកេសា​ខ្មៅ សូមព្រះអង្គ​នាំយក​ទន្សាយនោះ​មកឲ្យខ្ញុំ។

ម្នាលកនិដ្ឋជាញាតិ អ្នកនោះ​នឹងក្ស័យ​ជីវិតដ៏ថ្លៃថ្លា អ្នកប្រាថ្នា​របស់​ដែលមិនគួរ​ប្រាថ្នា ព្រោះ​អ្នកប្រាថ្នា​ទន្សាយ​អំពីដួង​ព្រះចន្រ្ទ។

បពិត្រព្រះអង្គមានព្រះកេសាខ្មៅ បើព្រះអង្គទ្រង់​ជ្រាប​យ៉ាងនេះហើយ ​គួរតែ​ព្រះអង្គ​ប្រៀនប្រដៅអ្នក​ដទៃ​បាន ចុះក្នុងថ្ងៃនេះ ហេតុ​ដូចម្ដេច បានជា​ព្រះអង្គ ទ្រង់ព្រះកន្សែង នឹងបុត្ត​ដែលធ្វើ​មរណកាល​ក្នុងកាលមុន។ (ពាក្យថា) បុត្តរបស់យើង​កើតមក​ហើយ កុំ​ស្លាប់ទៅ​វិញ ពាក្យនោះ មនុស្ស និង​ទេវតា​មិនដែល​បានឮ បានស្ដាប់ឡើយ ព្រះអង្គ​គប្បី​បាន​នូវរបស់​ដែលមិន​ត្រូវបាន​អំពីទីណា បពិត្រ​ព្រះអង្គ​មានព្រះកេសា​ខ្មៅ ព្រះអង្គ​ទ្រង់​សោយ​សោក​ចំពោះបុគ្គល​ដែលទៅកាន់​បរលោក​ហើយ​ធ្វើអ្វី ព្រះអង្គ​មិនអាច​ដើម្បីនឹង​នាំយក​មកវិញ​បាន​ដោយមន្ត ដោយមូល​ភេសជ្ជៈ ដោយឱសថ ឬដោយ​ទ្រព្យឡើយ។ ពួកជន​អ្នកមាន​ទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់​ច្រើនក្ដី ពួកក្សត្រិយ៍​ដែលនៅ​ក្នុង​រដ្ឋមណ្ឌល មានទ្រព្យ និង​ស្រូវដ៏ច្រើន​ក្ដី ជនទាំងនោះ ក៏គង់​មិនរួច​អំពីជរា និង​មរណៈ​ឡើយ។ ក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សូទ្រៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ជនទាំង​នុ៎ះ ផ្សេងគ្នា​ដោយជាតិ ជនទាំងនោះ​ឯង ក៏មិនរួច​អំពីជរា និង​មរណៈ។ ជនទាំង​ឡាយណា ប្រព្រឹត្ត​គឺស្វាធ្យាយ​មន្ត ប្រកបដោយ​អង្គ ៦ ដែលព្រហ្ម​បានគិត​ហើយ ជនទាំងនុ៎ះ ផ្សេងគ្នា​ដោយ​វិជ្ជា ជនទាំង​នោះឯង ក៏មិនរួច​អំពីមរណៈ​ដែរ។ ម្យ៉ាងទៀត ពួកឥសី​ណា ជាអ្នករម្ងាប់​ ជាអ្នក​សង្រួម​កាយ និងវាចា មានព្យាយាម​ដុតកំដៅ​កិលេស ពួកឥសី​ដែលមាន​ព្យាយាម ដុតកំដៅ​កិលេស​នោះឯង ក៏រមែង​លះបង់​សរីរៈ​ទៅតាម​កាល។ ព្រះអរហន្ត​ទាំងឡាយ អ្នកមាន​ខ្លួនចំរើន​ហើយ មាន​កិច្ចបាន​ធ្វើស្រេច​ហើយ មានអាសវៈ​អស់ហើយ រមែងដាក់​ចុះនូវរាង​កាយនេះ ព្រោះអស់​បុណ្យ និងបាប។

ប្អូនញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងរបស់យើង ដែលក្ដៅដោយ​ភ្លើង គឺសេចក្ដី​សោក​ឲ្យរលត់ ដូចបុគ្គល​យកទឹកទៅ​ស្រោចស្រប់​ភ្លើង​ដែលឆេះ​ឆ្នាំង​ខ្លាញ់។ សរ គឺ​សេចក្ដី​សោកដែល​អាស្រ័យ​នៅក្នុង​ហ្ឫទ័យ​របស់យើង អ្នកក៏បាន​ដកចេញ​ហើយ អ្នកបាន​បន្ទោបង់​នូវសេចក្ដី​សោក​ព្រោះកូន​របស់យើង ​ដែលមាន​សេចក្ដី​សោក​គ្របសង្កត់​ហើយ យើងនោះ មានសរ គឺសេចក្ដី​សោកបាន​ដកចេញ​ហើយ ជាអ្នកត្រជាក់​ហើយ មាន​ទុក្ខរំលត់​ហើយ។ យើងលែង​សោក លែងយំ​ហើយ ព្រោះបាន​ស្ដាប់ភាសិត​របស់អ្នក ជនទាំង​ឡាយ​ណា ប្រកប​ដោយបញ្ញា ជាអ្នក​អនុគ្រោះ ជនទាំងនោះ ធ្វើយ៉ាងនេះ ឃដបណ្ឌិត បានញុំាង​បង​ច្បង​​ឲ្យត្រឡប់​ចាកសេចក្ដី​សោក អាមាត្យ​ទាំងឡាយ ដែលជា​អ្នកបំរើ​របស់​ព្រះរាជា​អង្គណា ក៏រមែង​ប្រាកដ​ដូច្នោះ ដូចជា​ឃដបណ្ឌិត បានញុំាង​បងច្បង​ឲ្យប្រព្រឹត្ត​ទៅតាម​សុភាសិត។

ចប់ រឿងកណ្ហប្រេត ទី៦។

រឿងធនបាលប្រេត ទី៧

[១៩] (ពួកពាណិជសួរថា) អ្នកជាបុគ្គលអាក្រាត មានរូបមាន​សម្បុរអាក្រក់ ស្គាំង​ស្គម រវាម​ដោយសរសៃ មានឆ្អឹង​ជំនីររគាម ស្គម ម្នាលអ្នក​និទ៌ុក្ខ ចុះអ្នក​ជាអ្វី។

(ប្រេតតបថា) បពិត្រអ្នកទាំងឡាយ​ដ៏ចំរើន ខ្ញុំជាប្រេត ដល់នូវ​សេចក្ដីទុក្ខ ជា​យមលោក​សត្វ ព្រោះធ្វើ​អំពើអាក្រក់ ទើបទៅ​អំពីមនុស្ស​លោកនេះ កាន់​បេតលោក។

ចុះអំពើអាក្រក់ ដែលអ្នកបានធ្វើដោយ​កាយ វាចា ចិត្ត ដូចម្ដេច អ្នកទៅ​អំពី​មនុស្ស​លោក​នេះ កាន់​បេតលោក ព្រោះវិបាក​នៃកម្ម​ដូចម្ដេច។

មាននគរមួយ ឈ្មោះឯរកច្ឆៈ ក្នុងដែនទសន្នៈ ក្នុងជាតិមុន ខ្ញុំកើតជាសេដ្ឋី​ក្នុងនគរ​នោះ គេស្គាល់​ខ្ញុំថា​ធនបាល។ ខ្ញុំមានទ្រព្យ ៨០ រទេៈ មានមាសច្រើន មាន​កែវមុក្ដា និងកែវ​ពិទូរ្យច្រើន។ ការឲ្យនូវទាន មិនជាទី​ពេញចិត្ត​របស់ខ្ញុំ អ្នកមាន​ទ្រព្យច្រើន​ដល់ម្ល៉ោះ ខ្ញុំក៏បិទ​ទ្វារផ្ទះ បរិភោគ មិនឲ្យពួក​យាចក​ឃើញខ្ញុំ​ឡើយ។ ខ្ញុំជាអ្នក​មិនមាន​សទ្ធា កំណាញ់​ស្វិតស្វាញ ជេរប្រទេច​ពួកជន​អ្នកឲ្យ អ្នកធ្វើ បានហាម​ឃាត់នូវជន​ដ៏ច្រើន។ ផលនៃទាន​មិនមាន ផលនៃ​ការសង្រួម នឹងមាន​មកអំពីណា ខ្ញុំបាន​ទំលាយ​ស្រះបោក្ខរណី និងអណ្ដូង​ទឹកផង របស់ដែល​គេដាំ​ក្នុងអារាមផង រោងទឹកផង នូវស្ពាន​ក្នុងទីទៅ​បានដោយ​លំបាក​ផង។ ខ្ញុំនោះ មិនបានធ្វើល្អ ធ្វើតែអាក្រក់ ច្យុតអំពី​មនុស្សលោក​នោះ ទៅ​កើតក្នុង​កំណើត​ប្រេត ពេញប្រៀប​ដោយសេចក្ដី​ស្រេកឃ្លាន អស់ ៥៥ឆ្នាំ តាំងអំពី​ខ្ញុំធ្វើ​មរណកាល​អំពី​អត្តភាព​​នោះ។ ខ្ញុំមិន​បានបរិភោគ​បាយ ឬផឹកទឹក​ឡើយ សេចក្ដី​សំចៃ (មិនឲ្យទាន) ណា នោះជា​សេចក្ដីវិនាស សេចក្ដី​វិនាសណា នោះជា​សេចក្ដី​សំចៃ បានឮថា ប្រេត​ទាំងឡាយ រមែង​ដឹងថា សេចក្ដី​សំចៃណា នោះជា​សេចក្ដី​វិនាស។ អំពី​ជាតិមុន ខ្ញុំបាន​សំចៃ គឺមិនបាន​ឲ្យទ្រព្យ​ទាំងឡាយ​ដ៏ច្រើន កាល​ទេយ្យធម៌​ទាំងឡាយ​មាននៅ ខ្ញុំមិនបាន​ធ្វើទីពឹង​ដល់ខ្លួន​ឡើយ។ ខ្ញុំនោះ ក្ដៅក្រហាយ​ក្នុងកាល​ខាងក្រោយ អន្ទោល​ទៅតាម​ផលកម្ម​របស់ខ្លួន កាល​កិរិយា ក៏មានដោយ​ការកន្លង​ទៅខាងលើ ៤ ខែ។ ខ្ញុំធ្លាក់​ទៅ​រងទុក្ខក្នុង​នរកដ៏​ខ្លាំងក្លា ខ្លោចផ្សា​ ជានរក​មានជ្រុង ៤ មានទ្វារ ៤ វាស់ដោយ​ចំណែក​ដែលគេចែក​ស្មើគ្នា មានរបង​ដែកព័ទ្ធ​ជុំវិញ គ្របដោយ​ដែក។ ផ្ទៃផែនដី​ខាងក្រោម​នៃមហានរក​នោះ សុទ្ធតែ​ដែក មាន​ភ្លើងឆេះ​រន្ទាលច្រាល​ឆ្អៅ ផ្សាយទៅ​បានមួយ​រយយោជន៍​ជុំវិញ តាំងនៅ​សព្វកាល។ ខ្ញុំ​បានរង​ទុក្ខវេទនា អស់កាល​យូរអង្វែង ក្នុងនរក​នោះ ដោយផល​នៃបាបកម្ម ព្រោះហេតុ​នោះ ខ្ញុំទើប​សោកស្ដាយ​ក្រៃពេក​ណាស់។ ខ្ញុំប្រាប់សេចក្ដី​នោះ ដល់អ្នក​ទាំងឡាយ អ្នក​ទាំងឡាយ មកកាន់​ទីប្រជុំនេះ មាន​ប្រមាណប៉ុន្មាន សេចក្ដី​ចំរើន ចូរមានដល់​អ្នកទាំងឡាយ អ្នកទាំងឡាយ កុំធ្វើ​កម្មលាមក ទោះក្នុង​ទីវាល ឬក្នុងទី​ស្ងាត់ឡើយ។ បើអ្នក​ទាំងឡាយ នឹង​ធ្វើ ឬធ្វើ​ឥឡូវ​នេះ នូវកម្ម​លាមកនោះ​ ទោះបីអ្នក​ទាំងឡាយ ហោះរត់​ទៅលើ​អាកាស ក៏មិន​ផុតអំពី​សេចក្ដីទុក្ខ អ្នកទាំងឡាយ គប្បីប្រតិបត្តិ​មាតាបិតា កោតក្រែង​ដល់បុគ្គល​ជាធំ​ក្នុងត្រកូល គប្បីធ្វើ​ការបូរជា ដល់​សមណព្រាហ្មណ៍ អ្នកទាំងឡាយ នឹងទៅ​ឋានសួគ៌ ដោយ​បុញ្ញកម្ម​យ៉ាងនេះ។

ហោះទៅក្នុងអាកាស ក៏មិនរួច (អំពីបាបកម្ម) ចូលទៅក្នុង​កណ្ដាលសមុទ្រ ក៏មិនរួច ចូលទៅ​ក្នុងចន្លោះភ្នំ ក៏មិនរួច បុគ្គល​ឋិតនៅ​ក្នុងប្រទេស​នៃផែនដី​ណា ហើយ​រួចចាក​បាបកម្ម​បាន ប្រទេស​នៃផែនដី​នោះ មិនមាន​ឡើយ។

ចប់ រឿងធនបាលប្រេត ទី៧។

រឿងចូឡសេដ្ឋិប្រេត ទី៨

[២០] (ព្រះបាទអជាតសត្រូវ ទ្រង់សួរថា) បពិត្រ​លោកដ៏ចំរើន លោកជាបព្វជិត [បានជា​ព្រះបាទ​អជាតសត្រូវ ទ្រង់សួរ​ប្រេតនោះ​យ៉ាងនេះ ព្រោះទ្រង់​ឃើញក្បាល​ប្រេតនោះ​ត្រងោល​ដូចអ្នកបួស (អដ្ឋកថា)។] មានកាយ​អាក្រាត ស្គាំងស្គម ហេតុអ្វី​បានជា​លោក​ទៅកាន់​ទីណា​តែក្នុង​វេលារាត្រី សូមលោក​ប្រាប់ហេតុ​នោះដល់​ខ្ញុំ ខ្ញុំនឹង​អាចចាត់​ចែងទ្រព្យ​ទាំងពួង​តាម​អធ្យាស្រ័យនៃ​លោក។

(ប្រេតតបថា) ក្រុងពារាណសី មានកិត្តិសព្ទល្បី​ទៅក្នុងទីឆ្ងាយ ខ្ញុំជា​គហបតី មាន​ទ្រព្យច្រើន​ក្នុងក្រុង​ពារាណសី​នោះ ជាអ្នក​កំណាញ់ មិនឲ្យទាន មានចិត្ត​ជាប់នៅក្នុង​អាមិសៈ ដល់នូវ​យមវិស័យ (បេតលោក) ដោយភាវៈ​ទ្រុស្តសីល។ ខ្ញុំជា​បុគ្គលលំបាក​ដោយ​សេចក្តី​ស្រេកឃ្លាន ប្រាកដ​ដូចជា​ម្ជុលចាក់​នៅ​ជានិច្ច ព្រោះអំពើ​អាក្រក់​នោះ ទើបទៅ​រក​ញាតិ ជាហេតុនឹង​បានអាមិសៈ​តិចតួច (ពួកមនុស្ស​ណា) មិន​ឲ្យទាន មិនជឿ​ថា ផល​ទាន​មាន​​ក្នុងលោក (មនុស្ស​ទាំងនោះ តែងតែ​កើតជាប្រេត រងទុក្ខ​ធ្ងន់ដូច​ជាខ្លួនខ្ញុំ)។ ចំណែក​ធីតារបស់ខ្ញុំ ពោលរឿយៗ ថា អាត្មាអញ​នឹងឲ្យ​ទានដល់​បិតា ដល់ជីតា ក៏បាន​ឲ្យព្រាហ្មណ៍​ទាំងឡាយ​បរិភោគ​ភោជន​ដែលខ្លួន​តាក់តែង ខ្ញុំទៅ​កាន់​អន្ធកវិន្ទនគរ ដើម្បី​បរិភោគ​នូវផល​ទាននោះ។

ព្រះបាទអជាតសត្រូវ បានត្រាស់សួរទៅប្រេតនោះថា អ្នកបាន​ទទួលផលទាន (ដែល​ធីតា​របស់អ្នក​បានតាក់​តែងឲ្យហើយ) នោះ គប្បី​ត្រឡប់​វិលវិញឆាប់ យើងនឹង​ធ្វើការបូជា (ដល់អ្នក) បើមាន​ហេតុ អ្នកចូរប្រាប់​ហេតុនោះ​ដល់យើង យើងនឹង​ស្តាប់ពាក្យ​ប្រកបដោយ​ហេតុ ដែលគួរជឿ។

ប្រេតនោះពោលដូច្នោះហើយ បានទៅកាន់​អន្ធកវិន្ទនគរ​នោះ ពួកព្រាហ្មណ៍​បរិភោគ​ភត្ត តែជាអ្នក​មិនគួរដល់​បទក្ខិណា (ព្រោះជា​ព្រាហ្មណ៍​ទ្រុស្តសីល) ខាង​ក្រោយមក ប្រេត​នោះ ក៏ទៅ​នគររាជគ្រឹះ​វិញ ក៏ប្រាកដ​ចំពោះ​ព្រះភក្រ្ត​ព្រះបាទ​អជាតសត្រូវ ជាធំ​ជាង​ជន។

ព្រះរាជាបានទតឃើញប្រេត​មកហើយ ត្រាស់សួរថា យើងនឹងឲ្យនូវអ្វី អ្នកជា​បុគ្គល​ឆ្អែតអស់​កាល​យូរ ដោយ​ហេតុណា បើហេតុ​នោះមាន អ្នកចូរ​ប្រាប់ដល់​យើង។ បពិត្រ​មហារាជ សូម​ព្រះអង្គ​អង្គាស​ព្រះពុទ្ធផង ព្រះសង្ឃផង ដោយ​បាយ ទឹក និងចីវរ ហើយសូម​ឧទ្ទិស​​នូវទក្ខិណា​ទា​ន​នោះ ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ ខ្ញុំគប្បី​ជាបុគ្គល​ឆ្អែតឆ្អន់​អស់កាលយូរ ដោយ​​ប្រការ​យ៉ាងនេះ។

ក្នុងកាលនោះ ព្រះរាជាស្តេចចុះ​ចាកប្រាសាទនោះ ហើយថ្វាយ​នូវទាន មានឱជារស រកប្រមាណ​មិនបាន ដោយ​ព្រះហស្ត​ព្រះអង្គឯង ដល់ព្រះសង្ឃ ហើយក្រាប​ទូលអំពីទាន ដែលបាន​ធ្វើចំពោះ​ព្រះតថាគត ហើយ​ឧទ្ទិស​នូវទក្ខិណាទាន​ដល់ប្រេត។

ប្រេតនោះ ដែលព្រះរាជាបូជាហើយ ក៏រុងរឿង​ក្រៃពេក ប្រាកដ​ក្នុងទីចំពោះ​ព្រះភក្រ្ត​នៃព្រះរាជា​ជាធំ​ជាងជន ពោលថា ខ្ញុំព្រះអង្គ​ជាយក្ស សម្រេច​នូវឫទ្ធិដ៏​ឧត្តម រក​មនុស្ស​មានឫទ្ធិ​ប្រាកដ​ស្មើនឹងខ្ញុំគ្មាន។ សូមព្រះអង្គ​ទ្រង់ទតមើល នូវអានុភាព​របស់ខ្ញុំ រក​ប្រមាណ​មិនបាន​នេះ ទានដ៏ឧត្តម​ដែល​ព្រះអង្គ​ឧទ្ទិសហើយ​ឲ្យ​ចំពោះសង្ឃ បពិត្រ​មនុស្ស​ទេព ខ្ញុំព្រះអង្គ ជាបុគ្គល​ឆ្អែតស្កប់ស្កល់​ដោយវត្ថុ​ទាំងឡាយ​ច្រើនរឿយៗ សព្វកាល ក៏​បាននូវ​សេចក្តី​សុខ ឥឡូវ​សូមលាទៅ។

ចប់ រឿងចូឡសេដ្ឋិប្រេត ទី៨។

រឿងអង្កុរប្រេត ទី៩

[២១] (ព្រាហ្មណ៍និយាយថា) យើងទាំងឡាយ ជាអ្នកស្វែង​រកទ្រព្យ ទៅកាន់​ដែន​កម្ពុជៈ ព្រោះហេតុ​នៃទ្រព្យណា យក្សនេះ ជាអ្នក​ឲ្យទ្រព្យ​នោះតាមប្រាថ្នា យើង​នឹងនាំយក​យក្ស​នេះទៅ ឬថា យើងចាប់​យកយក្ស​នេះ ទាំងអំណាច​ឲ្យបាន​ដោយងាយ លើកឡើង​កាន់យាន យើងទៅ​កាន់​ទ្វារកនគរ ដោយឆាប់​រហ័ស។

(អង្កុរៈតបថា) បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោម​ម្លប់ឈើណា មិនគួរ​កាច់មែក​ឈើនោះ​ឡើយ ព្រោះអ្នក​ប្រទូស្តមិត្ត ជាបុគ្គល​លាមក។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីកាត់​ឈើនោះ​បានខ្លះ បើ​មានប្រយោជន៍​ប្រាកដ​ដោយការ​កាត់នោះ។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគប្បី​ក្តិចស្លឹក​ឈើនោះ​ឡើយ ព្រោះអ្នក​ប្រទូស្តមិត្ត ជាបុគ្គល​លាមក។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីដក​ឈើនោះ ព្រមទាំង​ឫស​បានខ្លះ បើមាន​ប្រយោជន៍​ប្រាកដ ដោយការ​ដកនោះ។

បុរសគប្បីនៅក្នុងផ្ទះ​នៃបុគ្គលណា សូម្បីអស់​មួយរាត្រី បុរស​គប្បីបាន​បាយទឹក ក្នុង​សំណាក់​នៃ​បុគ្គល​ណា មិនគប្បី​គិតនូវ​អំពើអាក្រក់ ដល់បុគ្គល​នោះ សូម្បីដោយ​ចិត្តឡើយ ពួក​សប្បុរស តែងសរសើរនូវ​ភាពនៃបុគ្គល​កតញ្ញូ។

បុរសគប្បី​នៅក្នុងផ្ទះ​នៃបុគ្គលណា សូម្បី​អស់មួយ​រាត្រី ដែល​គេទំនុក​បំរុងដោយបាយ និង​ទឹក មិនគប្បី​គិតអំពើ​អាក្រក់ដល់​បុគ្គល​នោះ សូម្បីដោយ​ចិត្តឡើយ បុគ្គល​មានដៃ​មិន​ប្រទូស្ត តែងដុត​កំដៅនូវ​បុគ្គល​ដែល​ប្រទូស្តមិត្ត។

សត្វណាបៀតបៀន នូវបុគ្គលដែលធ្វើ​ឧបការៈ​មុន ដោយអំពើ​អាក្រក់ ក្នុងកាល​ជា​ខាង​ក្រោយ សត្វនោះ ជាអ្នក​បៀតបៀន​នូវបុគ្គល​ជាអ្នក​មានបាតដៃទទឹក [មានបាតដៃ​ទទឹក សំដៅយក​អ្នកធ្វើ​ឧបការៈ។] រមែងមិន​ឃើញ​នូវសេចក្តី​ចំរើនទេ។

បុគ្គលណា ប្រទូស្តដល់នរជន ដែលមិនបាន​ប្រទូស្ត ជាបុគ្គល​ស្អាត មិនមាន​ទីទួល គឺ​កិលេស បាបរមែង​ត្រឡប់ទៅ​រកបុគ្គល​ពាលនោះ​វិញ ដូចជាធូលី​ដ៏ល្អិត ដែល​បុគ្គល​បាចទៅ​កាន់ទី​ច្រាសខ្យល់។ ខ្ញុំ ទោះបី​ទេវតាក្តី មនុស្សក្តី កំចាត់​កំចាយ​ដោយ​ឥស្សរិយ​យស មិនបាន​ឡើយ ខ្លួនខ្ញុំ​ជាយក្ស សម្រេច​នូវឫទ្ធិ​ដ៏​ឧត្តម ទៅក្នុងទី​ឆ្ងាយបាន ប្រកប​ដោយរូប​សម្បត្តិ និង​កំឡាំង។

ដៃទាំងអស់របស់អ្នក មានសម្បុរដូចជាមាស ទ្រទ្រង់នូវ​វត្ថុជាទី​ប្រាថ្នា ដោយ​អង្គុលី ទាំង ៥ បញ្ចេញ​នូវរសផ្អែម រសទាំង​ឡាយផ្សេងៗ រមែង​ហូរចេញ ខ្ញុំសំគាល់​ថាជា​សក្ក​ទេវរាជ ឈ្មោះ​បុរិន្ទទៈ។

ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធ័ព្វ មិនមែនជា​ព្រះឥន្រ្ទ​ឈ្មោះ​បុរិន្ទទៈទេ ម្នាល​អង្កុរៈ អ្នកចូរដឹង​នូវខ្លួនខ្ញុំថា​ជាប្រេត [សំដៅយក​ទេវបុត្តនោះ។] ច្យុតអំពី​រោរុវនគរ (មកកើត) ក្នុងទី​នេះទេ​តើ។

អំពីជាតិមុន កាលអ្នកនៅក្នុងរោរុវនគរ  មានសីលដូចម្ដេច មានសមាចារ​ដូចម្ដេច ផលបុណ្យ​សម្រេច​ក្នុងដៃរបស់អ្នក ដោយការ​ប្រព្រឹត្តិនូវ​ធម៌ដ៏ប្រសើរ ដូចម្ដេច។

អំពីជាតិមុន កាលនោះខ្លួនខ្ញុំជាអ្នកតម្បាញ នៅក្នុង​រោរុវនគរ ជាអ្នកប្រព្រឹត្តិ​ចិញ្ចឹម​ជីវិត​ដោយ​លំបាក ជាមនុស្ស​កំព្រា វត្ថុដែល​គួរឲ្យទាន មិនមាន​ដល់ខ្ញុំទេ តែទីលំនៅ​របស់ខ្ញុំ នៅជិត (ផ្ទះ) នៃ​អសយ្ហមហាសេដ្ឋី ដែលជាអ្នក​ប្រកប​ដោយសទ្ធា ជាម្ចាស់​នៃទាន បានធ្វើ​បុណ្យ ជាអ្នក​ខ្មាសបាប។ ពួកយាចក និង​ពួកវណិព្វកៈ មានគោត្រ​ផ្សេងៗគ្នា តែងទៅ​ក្នុង​ទីនោះ ជនទាំងនោះ​ តែងសួរ​រកទីលំនៅ​នៃ​អសយ្ហមហាសេដ្ឋី​នឹងខ្ញុំ ក្នុងទីនោះ។ សេចក្ដី​ចំរើន​ចូរមាន​ដល់អ្នក​ចុះ ពួកយើង​ទៅក្នុងទីណា អសយ្ហមហាសេដ្ឋី តែងឲ្យ​ទានក្នុង​ទីណា ខ្ញុំកាល​ដែលជន​ទាំងនោះ​សួរហើយ បានប្រាប់​នូវលំនៅ​នៃ​អសយ្ហមហាសេដ្ឋី ដល់ជន​ទាំងនោះ។ ខ្ញុំបាន​លើកដើមដៃ​ខាងស្ដាំ (បង្ហាញ​លំនៅ​នៃ​អសយ្ហមហាសេដ្ឋី ដល់​ជនទាំងនោះ) ថា សេចក្ដី​ចំរើន ចូរមាន​ដល់អ្នក​ទាំងឡាយចុះ អ្នកទាំងឡាយ ចូរនាំ​គ្នាទៅ​ក្នុង​ទីនុ៎ះចុះ អសយ្ហ​មហាសេដ្ឋី តែងឲ្យទាន​ក្នុងទីនុ៎ះ ដៃរបស់ខ្ញុំ អាចឲ្យ​សម្រេច​សេចក្ដី​ប្រាថ្នា​បាន​ដោយ​ហេតុ​នោះ ដៃរបស់ខ្ញុំ ទើប​បញ្ចេញ​នូវ​រសផ្អែម​បាន ដោយ​ហេតុនោះ បុណ្យ ក៏​សម្រេច​ក្នុងដៃ​របស់​ខ្ញុំ ដោយការ​ប្រព្រឹត្តិដ៏​ប្រសើរនោះ។

បានឮថា អ្នកមិនដែល​ឲ្យទាន ដល់ជន​ណាមួយ​ដោយដៃ​ទាំងឡាយ​របស់ខ្លួនទេ គ្រាន់​តែ​អនុមោទនាទាន​របស់​បុគ្គល​ដទៃ ហើយលើក​ដៃចង្អុល​ប្រាប់ផ្លូវ​ប៉ុណ្ណោះ។

ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នា ដោយហេតុនោះ ដៃរបស់ខ្ញុំ ទើប​បញ្ចេញ​នូវ​រសផ្អែម​បាន ដោយ​ហេតុនោះ បុណ្យ​ក៏សម្រេចក្នុង​ដៃរបស់ខ្ញុំ ដោយការ​ប្រព្រឹត្តិដ៏​ប្រសើរ​នោះ។

បពិត្រលោកដ៏ចំរើន អសយ្ហមហាសេដ្ឋីនោះ ជាអ្នកមាន​ចិត្តជ្រះថ្លា ហើយ​បានឲ្យនូវ​ទាន ដោយដៃ​ខ្លួនឯង លុះសេដ្ឋីនោះ លះបង់​នូវអត្តភាព​ជាមនុស្ស ហើយ​ទៅទិស​ណា។ ​

ខ្ញុំក៏មិនដឹង​នូវដំណើរទៅ ឬមក នៃ​អសយ្ហមហាសេដ្ឋី ជាអ្នក​អត់ធន់ ដែលមាន​រស្មី​ផ្សាយ​ចេញ​អំពីកាយ​ឡើយ តែខ្ញុំ​ឮថា អសយ្ហមហាសេដ្ឋី ទៅកើត​ជាមួយ​នឹង​ព្រះឥន្រ្ទ​ក្នុង​សំណាក់​នៃស្ដេច​វេស្សវ័ណ។

បុគ្គលគួរធ្វើកុសល គួរឲ្យទានតាមសមគួរ បុគ្គលណា ឃើញដៃ​ដែលឲ្យតាម​ចំណង់​ហើយ នឹង​មិនធ្វើ​បុណ្យកើត។ ខ្ញុំទៅអំពី​ទីនេះ ដល់ទៅ​ទ្វារកនគរ នឹងតម្កល់​ទុកនូវ​ទាន ជាទីនាំ​មកនូវ​សេចក្ដីសុខ​ដល់ខ្ញុំ​ដោយពិត។ ខ្ញុំនឹង​ឲ្យបាយ ទឹក សំពត់ គ្រឿង​សេនាសនៈ អណ្ដូង​ទឹក ពាងទឹក​សម្រាប់ផឹក និង​ស្ពាន ក្នុងផ្លូវដែល​លំបាកទៅ។

ម្រាមដៃម្រាមជើងរបស់អ្នកក្ងែងក្ងង់ មុខរបស់អ្នក​ក្រញេវក្រញូវ ភ្នែករបស់​អ្នក ចេះតែ​ហូរ​ចេញនូវ​ទឹកភ្នែក ព្រោះ​ហេតុអ្វី បាបកម្ម​ដូចម្ដេច ដែលអ្នក​បាន​ធ្វើហើយ។

កាលអសយ្ហគហបតី ដែលមានរស្មីចេញ​អំពីកាយ មានសទ្ធា​គ្រប់គ្រង​ផ្ទះ ខ្ញុំជា​អ្នក​ចាត់ចែក​នូវទាន​ទាំងឡាយ ក្នុងរោង​ទានរបស់​គហបតី​នោះ។ ខ្ញុំបាន​ឃើញពួកស្មូម ដែល​ត្រូវ​ការភោជន មកក្នុង​ទីនោះ ចៀសចេញ​ទៅក្នុង​ទីដ៏សមគួរ ហើយបាន​ធ្វើមុខ​ក្រញេវ​ក្រញូវ។ ព្រោះហេតុនោះ បានជា​ម្រាមដៃ​ម្រាមជើង​របស់ខ្ញុំ​ក្ងែងក្ងង់ មុខ​របស់ខ្ញុំ ក្រញេវ​ក្រញូវ ភ្នែក​ទាំងឡាយ​របស់ខ្ញុំ ចេះតែហូរ​ចេញនូវ​ទឹកភ្នែក មានក្លិន​ស្អុយ បាបកម្ម​នោះ ខ្ញុំបាន​ធ្វើហើយ។

ម្នាលបុរសលាមក មុខរបស់អ្នក​ក្រញេវក្រញូវ​ផង ភ្នែក​របស់អ្នក ចេះតែ​ហូរ​ចេញនូវ​ (ទឹកភ្នែក​មានក្លិន​ស្អុយ) ផង (សមគួរ) តាមហេតុ ព្រោះអ្នក​បានធ្វើមុខ​ក្រញេវ​ក្រញូវ​ចំពោះ​ទានបុគ្គល​ដទៃ។

បុរសកាលឲ្យទាន បាយ ទឹក ខាទនីយៈ សំពត់ និង​សេនាសនៈ តើគប្បីធ្វើ (ទាន​នោះ) ឲ្យសម្រេច​ដល់បុគ្គល​ដទៃ ដូចម្ដេច។

ខ្ញុំទៅអំពីទីនេះ ដល់ទៅ​ទ្វារកនគរហើយ នឹងដំកល់​នូវទាន ជាទីនាំ​មកនូវ​សេចក្ដីសុខ​ដល់ខ្ញុំ​ដោយពិត។ ខ្ញុំនឹង​ឲ្យបាយ ទឹក សំពត់ គ្រឿង​សេនាសនៈ អណ្ដូងទឹក ទឹកសំរាប់​ផឹក និង​សង់ស្ពាន​ក្នុងផ្លូវ​លំបាកទៅ។

មែនពិត លុះអង្កុរៈនោះ ត្រឡប់អំពី​ទីនោះ មកដល់​ទ្វារកនគរ​ហើយ ក៏បាន​ដំកល់នូវ​ទាន​នោះ ជាទីនាំ​មកនូវ​សេចក្ដីសុខ។ បាន​ឲ្យបាយ ទឹក សំពត់ គ្រឿង​សេនាសនៈ អណ្ដូង​ទឹក និង​ពាងទឹក​សំរាប់ផឹក ដោយ​ចិត្ត​ជ្រះថ្លា។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នក​ណា​នឹង​ស្លៀក​ដណ្ដប់​សំពត់ អ្នកណា​លំបាក​ដោយយាន ចូរទឹម​ពាហនៈ បរអំពី​ទីនេះ​ទៅចុះ។ អ្នកណា​ចង់​បានឆ័ត្រ ចង់បាន​គ្រឿងក្រអូប ចង់បាន​កម្រងផ្កា ចង់បាន​ស្បែកជើង ចូរយក​ទៅចុះ ពួកជាង​កាត់សក់ ពួកអ្នក​ធ្វើបាយ និងពួក​អ្នកក្រងផ្កា តែងស្រែក​ឃោសនា​ក្នុង​លំនៅ​នៃ​អង្កុរៈ ទាំងពេល​ព្រឹក ទាំងពេល​ល្ងាចសព្វ ៗ កាល ក្នុងទី​នោះដូច្នេះ។

ជនតែងដឹងនូវខ្ញុំថា អង្កុរៈដេកជាសុខ ម្នាល​សិន្ធុកមាណព តែខ្ញុំ​ដេក​ជាទុក្ខ ព្រោះ​មិនឃើញ​ពួក​យាចក។​ ជនតែង​ដឹងនូវ​ខ្ញុំថា អង្កុរៈ​តែងដេក​លក់ជា​សុខ ម្នាល​សិន្ធុកមាណព តែខ្ញុំ​ដេក​ជាទុក្ខ ព្រោះឃើញ​នូវពួក​វណិព្វកជនតិច។ ប្រសិនបើ​ព្រះឥន្រ្ទ ជាធំ​ជាងទេវតា​ក្នុងជាន់​តាវត្តឹង្ស គប្បីឲ្យ​ពរ​ដល់អ្នក តើអ្នក​គប្បីប្រាថ្នា​នូវពរ​ដល់លោក​ទាំងពួង​ដូចម្ដេច។

បើព្រះឥន្រ្ទជាធំជាងទេវតាក្នុងជាន់​តាវត្តឹង្ស គប្បីឲ្យ​នូវពរ​ដល់ខ្ញុំ កាលខ្ញុំ​ក្រោក​ឡើង​អំពីព្រឹក ក្នុងវេលា​ជាទី​រះឡើង​នៃ​ព្រះអាទិត្យ ភិក្ខា​ទាំងឡាយ​ដ៏ជាទិព្វ គប្បីកើត​ប្រាកដ ពួក​អ្នកមាន​សីល និង​យាចក គប្បីមាន​ប្រាកដ កាលខ្ញុំ​ឲ្យនូវទាន កុំគប្បី​អស់ទៅ​ឡើយ លុះខ្ញុំ​ឲ្យរួច​ហើយ កុំគប្បី​ក្ដៅក្រហាយ កាលខ្ញុំ​កំពុងឲ្យ គប្បីញុំាង​ចិត្តឲ្យ​ជ្រះថ្លា បពិត្រសក្កៈ ខ្ញុំចង់បាន​នូវពរ​យ៉ាងនេះ។

បុគ្គលកុំគប្បីឲ្យនូវទ្រព្យគាប់ចិត្តទាំងអស់ ដល់បុគ្គល​ដទៃឡើយ បុគ្គល​គប្បី​ឲ្យនូវ​ទានផង គប្បីរក្សា​នូវទ្រព្យផង ព្រោះថា ទ្រព្យនោះឯង ប្រសើរ​ជាងទាន ត្រកូល​ទាំងឡាយ​មិន​ចំរើន ព្រោះឲ្យ​ទានខ្លាំង​ពេកទេ។ អ្នកប្រាជ្ញ​ទាំងឡាយ រមែង​មិនសរសើរ​នូវការ​មិនឲ្យ​ទានផង នូវការ​ឲ្យទានច្រើន​ពេកផង ព្រោះថា ទ្រព្យនោះឯង ប្រសើរ​ជាងទាន បុគ្គល​គួរប្រព្រឹត្ត​ឲ្យស្មើ នោះជា​ធម៌របស់​អ្នកប្រាជ្ញ។

ឱហ្ន៎ អាត្មាអញគប្បីឲ្យនូវទាន ព្រោះថា សប្បុរស​ទាំងឡាយ​អ្នកមាន​ចិត្តស្ងប់រម្ងាប់​ហើយ គប្បីគប់រក​នូវអាត្មាអញ អាត្មាអញ ញុំាងពួក​វណិព្វកៈ​ទាំងពួង ឲ្យឆ្អែតស្កប់​ស្កល់ ដូចមហា​មេឃ ញុំាងទីទាប​ឲ្យពេញ​ដូច្នោះ។

សម្បុរមុខរបស់បុគ្គលណាជ្រះថ្លា ព្រោះឃើញនូវ​យាចក​ទាំងឡាយ បុគ្គលនោះ លុះឲ្យ​ហើយ រមែងមាន​ចិត្តត្រេកអរ នោះជា​សុខរបស់​បុគ្គលអ្នក​គ្រប់គ្រងផ្ទះ។ សម្បុរ​មុខរបស់​បុគ្គលណា ជ្រះថ្លា ព្រោះឃើញ​នូវយាចក​ទាំងឡាយ បុគ្គលនោះ លុះឲ្យរួច​ហើយ រមែង​មានចិត្ត​ត្រេកអរ នេះជាការ​បរិបូរ​នៃយ័ញ្ញ។ បុគ្គលមុន​នឹងឲ្យទាន ក៏មានចិត្ត​ស្អាត កំពុងឲ្យ ក៏ញ៉ាំង​ចិត្តឲ្យ​ជ្រះថ្លា លុះឲ្យរួច​ហើយ មានចិត្ត​ត្រេកអរ នេះជាការ​បរិបូរនៃ​យ័ញ្ញ។ បុគ្គលតែង​ឲ្យភោជន​ជានិច្ចដល់​ជន អ្នកប្រាថ្នា​បុណ្យ ក្នុងលំនៅ​នៃអង្កុរៈ អស់ ៦ ហ្មឺនដឹក។ ពួកអ្នក​ធ្វើបាយ​ចំនួនបីពាន់ (៣០០០) នាក់ ប្រដាប់នូវ​កណ្ឌល​ដ៏វិចិត្រ ដោយកែវ​មណី ជាអ្នក​ខ្វល់ខ្វាយ​នូវបុណ្យ​ក្នុងការឲ្យទាន តែងអាស្រ័យ​ចិញ្ចឹម​ជីវិតនឹងអង្កុរៈ។ ពួក​បុរសចំនួន​ប្រាំមួយហ្មឺន (៦០,០០០) នាក់ ប្រដាប់នូវ​កណ្ឌល​ដ៏វិចិត្រ​ដោយ​កែវមណី ជា​មាណព តែងពុះឧស​ក្នុងមហា​ទាន​នៃអង្កុរៈ។ ពួកស្ត្រី​ចំនួនមួយ​ហ្មឺន​ប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវ​គ្រឿងអលង្ការ​ទាំងពួង ជានារី​អ្នកចាត់ចែង​ប្រមូល​នូវភណ្ឌៈ ក្នុង​មហាទាន​នៃអង្កុរៈ ពួកស្ត្រី​ចំនួន​មួយហ្មឺន​ប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវ​គ្រឿង​អលង្ការ​ទាំងពួង ជាអ្នក​កាន់នូវវែក ហើយចូល​ទៅឈរនៅ (នាបរិវេណ) ក្នុង​មហាទាននៃ​អង្កុរៈ។ អ្នកចូរ​ឲ្យទានច្រើន ដល់ជនច្រើន ម្នាលនាងក្សត្រី នាងចូរឲ្យ​ទានអស់កាល​ដ៏យូរចុះ ធ្វើនូវ​សេចក្តី​កោតក្រែង​ដោយ​គោរពផង ដោយដៃផង ឲ្យរឿយៗ ចុះ។ អង្កុរៈ​​បានញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្ត​ទៅអស់ខែ​ទាំងឡាយ​ជាច្រើនផង អស់ប័ក្ខ​ទាំងឡាយ​ជាច្រើនផង អស់រដូវ និងឆ្នាំ​ទាំងឡាយ​ជាច្រើនផង ក្នុងចន្លោះ​នៃកាល​ដ៏វែងឆ្ងាយ។ អង្កុរៈ បានឲ្យទាន​យ៉ាង​នេះផង បូជា​យ៉ាងនេះផង អស់ចន្លោះ​នៃកាលដ៏វែង អង្កុរៈនោះ លុះ​លះបង់​រាង​កាយជា​មនុស្ស​នេះទៅ ក៏បានទៅ​កើតជា​ទេវតា​ក្នុងជាន់​តាវត្តឹង្ស។ ឥន្ទកៈ បានឲ្យ​នូវចង្ហាន់​មួយវែក​ដល់​ព្រះអនុរុទ្ធ ឥន្ទកៈនោះ លុះលះបង់​រាងកាយ​ជាមនុស្ស​នេះទៅ ក៏បាន​ទៅកើត​ជាទេវតា​ក្នុងជាន់​តាវត្តឹង្ស​ដែរ។ ឥន្ទកៈ ជាអ្នក​រុងរឿង​ជាងអង្កុរៈ​ដោយឋានៈ ១០ យ៉ាង គឺរូប ១ សំឡេង ១ រស ១ ក្លិន ១ ផោដ្ឋព្វ​ដ៏ជាទី​តម្រេកនៃ​ចិត្ត ១ អាយុ ១ យស ១ សម្បុរ ១ សេចក្តី​សុខ ១ ភាវៈ​ជាធំ ១ ឥន្ទកទេវបុត្រ រុងរឿង​ជាងអង្កុរ​ទេវបុត្រ ដោយភាព​ជាធំ (យ៉ាងនេះ)។

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអង្កុរៈ មហាទាន​ដែលអ្នក​បានឲ្យហើយ ក្នុង​ចន្លោះ​នៃកាល​ដ៏វែង ឥឡូវ​អ្នកទៅអង្គុយ​នៅក្នុង​ទីឆ្ងាយ ចូរអ្នក​មកក្នុង​ទីជិតនៃ​តថាគត។

កាលណាព្រះពុទ្ធ ឧត្តមជាងបុរស គង់នៅលើ​ថ្មបណ្ឌុកម្ពល ជិតគល់នៃ​បារិច្ឆត្តកព្រឹក្ស ក្នុងជាន់​ត្រៃត្រឹង្ស។ ទេវតា​ទាំងឡាយ ក្នុង​លោកធាតុ​ទាំង ១០ បានប្រជុំ​គ្នា ចូលទៅ​អង្គុយជិត​ព្រះសម្ពុទ្ធ ដែលគង់នៅ​លើកំពូលភ្នំ (សុមេរុ)។ ទេវតា​ណាមួយ រុងរឿង​ជាង​ព្រះសម្ពុទ្ធ​ដោយវណ្ណៈ មិនមានឡើយ មានតែ​ព្រះសម្ពុទ្ធ​មួយព្រះអង្គ​ឯងប៉ុណ្ណោះ រុងរឿង​កន្លងនូវ​ទេវតា​ទាំងអស់។ ក្នុងកាលនោះ អង្កុរទេវបុត្រ​នៅក្នុង​ទីប្រមាណ ១២ យោជន៍ ឥន្ទកទេវបុត្រ​រុងរឿង​ក្រៃពេក ក្នុងទីជិត​នៃ​ព្រះសម្ពុទ្ធ។ ព្រះសម្ពុទ្ធ​ទ្រង់រមិល​មើល​នូវ​អង្កុរទេវបុត្រ និង​ឥន្ទកទេវបុត្រ កាលទ្រង់​សរសើរ​នូវ​ទក្ខិណេយ្យបុគ្គល បាន​ត្រាស់​សំដែង​នូវពាក្យ​នេះថា ម្នាលអង្កុរៈ មហាទាន​ដែលអ្នក​ឲ្យហើយ អស់ចន្លោះ​នៃកាលដ៏​វែង អ្នកអង្គុយ​ក្នុងទីឆ្ងាយ​ពេកណាស់ ចូរមក​ជិត​តថាគតមក។

អង្កុរទេវបុត្រដែលព្រះសម្ពុទ្ធមានព្រះអង្គអប់រំហើយ ទ្រង់ដាស់​តឿនហើយ ក៏បាន​ក្រាបបង្គំ​ទូល​ដូច្នេះថា ប្រយោជន៍អ្វី ដោយទាននោះ​របស់ខ្ញុំ​ព្រះអង្គ ព្រោះ (ទាននោះ) សូន្យចាក​ទក្ខិណេយ្យបុគ្គល។ ឥន្ទកយក្ស​នេះឯង ឲ្យទាន​តិចតួចទេ រុងរឿង​ជាងពួកខ្ញុំ​ព្រះអង្គ ដូចជា​ព្រះចន្ទ្រ​ក្នុងពួកផ្កាយ។

(ព្រះសម្ពុទ្ធត្រាស់ថា) ពូជដែលបុគ្គល​ព្រោះហើយ សូម្បីមាន​ប្រមាណច្រើន ក្នុង​ស្រែទួល ផលរមែង​មិនបរិបូណ៌ ទាំងមិនញ៉ាំង​អ្នកស្រែ​ឲ្យត្រេកអរ​បាន ដូចម្តេចមិញ ទាន​ដែលបុគ្គល​ដំកល់ទុក​ហើយ​មានប្រមាណ​ច្រើន ក្នុងបុគ្គល​ទ្រុស្តសីល​ទាំងឡាយ ផល​រមែង​មិនបរិបូណ៌ ទាំងមិនបាន​ញ៉ាំងទាយក​ឲ្យត្រេកអរ​បាន ក៏ដូច្នោះ​ឯង។ ពូជដែល​បុគ្គល​ព្រោះហើយ សូម្បីតិច ក្នុងស្រែដ៏ល្អ កាលភ្លៀង​ឆ្លាក់ស្រួល ផលរមែង​ញ៉ាំងអ្នក​ស្រែឲ្យ​ត្រេកអរ​បាន ដូចម្តេច​មិញ សក្ការៈ​ដែលបុគ្គល​ធ្វើហើយ សូម្បីតិចតួច ក្នុង​តាទិបុគ្គល​ទាំងឡាយ មានសីល មានគុណ បុណ្យ​រមែង​មានផល​ច្រើន ក៏ដូច្នោះឯង។ ទាន​ដែលបុគ្គល​ឲ្យហើយ​ដល់បុគ្គល​ណា រមែង​មានផលច្រើន បុគ្គល​គួរពិចារណា​ហើយ សិមឲ្យទាន ទាយក​ទាំងឡាយ ពិចារណា​ហើយ ឲ្យនូវទាន តែងទៅ​កាន់ឋានសួគ៌

ទានដែលបុគ្គលពិចារណា ហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ទក្ខិណេយ្យ​បុគ្គល​ណា ដែលមាននៅ​ក្នុងជីវលោកនេះ ទានដែលបុគ្គល​ឲ្យហើយ​ដល់​ទក្ខិណេយ្យ​បុគ្គល​ទាំងនោះ រមែង​មានផល​ច្រើន ដូជពូជដែល​បុគ្គលព្រោះ​ហើយ​ក្នុងស្រែល្អ។

ចប់ រឿងអង្កុរប្រេត ទី៩។

រឿងនាងឧត្តរមាតុប្រេត ទី១០

[២២] ស្រីប្រេតដែលមានសម្បុរអាក្រក់ ឃើញគួរខ្លាច បានចូលទៅ​រកភិក្ខុនោះ [ក្នុងអដ្ឋកថា សំដៅយក​ព្រះកង្ខារេវត្តត្ថេរ។] ដែលកំពុង​សម្រាក​នៅក្នុង​វេលាថ្ងៃ អង្គុយ​នៅទៀប​ឆ្នេរទន្លេ​គង្គា សក់ទាំងឡាយ​នៃ​ស្រីប្រេតនោះ វែងសំយុងចុះ​ដរាប​ដល់ដី ស្រីប្រេត​នោះ បិទបាំងខ្លួន​ប្រាណដោយ​សក់ទាំង​ឡាយ ហើយនិយាយ​ទៅនឹង​សមណៈ​ដូច្នេះថា ចាប់ដើម​តាំងអំពីខ្ញុំ​ធ្វើមរណកាល​មកបាន ៥៥ ឆ្នាំហើយ មិនដែល​បានបរិភោគ ឬក្រេបផឹក​នូវទឹក​ឡើយ បពិត្រ​លោកដ៏​ចំរើន សូម​លោកឲ្យ​នូវទឹកដល់ខ្ញុំ ដើម្បី​បានក្រេប​ផឹក ព្រោះ​សេចក្តី​ស្រេក។

(ព្រះកង្ខារេវត្តត្ថេរតបថា) ទន្លេគង្គានេះ មានទឹកត្រជាក់​ហូរមកពី​ភ្នំហិមវន្ត នាងចូរ​កាន់យក​នូវទឹក​អំពីទន្លេគង្គា​នេះ ហើយក្រេប​ផឹកចុះ ហេតុអ្វី​បានជានាង​សូមទឹក​នឹងយើង​ដូច្នេះ។

បពិត្រលោកដ៏ចំរើន បើខ្ញុំកាន់យកទឹក​អំពីទន្លេគង្គា​ដោយខ្លួន​ឯង ទឹកនោះ ក៏ប្រែទៅ​ជាឈាម​ដល់ខ្ញុំ​វិញ ព្រោះហេតុ​នោះ បានជា​ខ្ញុំសូមទឹក​អំពីលោកម្ចាស់​វិញ។

ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយ​ដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ បានជាទឹក​ទន្លេគង្គា ប្រែទៅ​ជាឈាម​ដល់នាង ព្រោះវិបាក​នៃកម្ម​ដូចម្តេច។

បុត្តរបស់ខ្ញុំឈ្មោះឧត្តរៈ ជាឧបាសកអ្នក​មានសទ្ធា កាលខ្ញុំមិនប្រាថ្នា (នឹងឲ្យទាន) បុត្តរបស់​ខ្ញុំនោះ ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យ ដល់សមណៈ​ទាំង​ឡាយ។ ខ្ញុំនោះ ត្រូវសេចក្តី​កំណាញ់​បៀតបៀន ក៏ជេរប្រទេច​កូននោះថា កាលអញ​មិនប្រាថ្នា​នឹងឲ្យ ឯងបាន​ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និង​សេនាសនប្បច្ច័យ​ណា ដល់សមណៈ​ទាំងឡាយ។ ម្នាលឧត្តរៈ បច្ច័យ មានចីវរ​ជាដើម​នុ៎ះ ចូរកើត​ទៅជា​ឈាម ដល់អ្នក​ឯង ក្នុងបរលោក​ចុះ ព្រោះវិបាក​នៃកម្មនោះ បានជា​ទឹកក្នុង​ទន្លេគង្គា​ក្លាយទៅជា​ឈាមដល់ខ្ញុំ។

ចប់ រឿងនាងឧត្តរមាតុប្រេត ទី១០។

រឿងសុត្តប្រេត ទី១១

[២៣] (ស្រីដែលនៅជាមួយនឹងវិមានប្រេត មានសេចក្តី​អផ្សុក បានពោលថា) ក្នុង​កាល​មុន បព្វជិតភិក្ខុ គឺ​ព្រះបច្ចេកពុទ្ធ បានចូល​មកសុំ​អម្បោះ ខ្ញុំក៏បាន​ប្រគេន (ឥឡូវនេះ) ខ្ញុំ​បានផល​នៃការប្រគេន​អម្បោះនោះ ជាផល​ចំរើន​លើសលុប ទាំងសំពត់​ច្រើនកោដិ ក៏កើត​ឡើង​ដល់ខ្ញុំ។ ខ្ញុំនោះ បានប្រើប្រាស់​នូវវិមាន​ជាទីត្រេកអរ​ដ៏ដេរដាស​ដោយផ្កា វិចិត្តដោយ​កែវច្រើន​យ៉ាង ដែលជន​ប្រុសស្រី​សេពហើយ​ផង បានស្លៀក​ដណ្តប់ (សំពត់​តាមចំណង់) ផង ទាំង​ទ្រព្យដ៏ច្រើន ក៏មិនចេះ​អស់ផង។ ខ្ញុំបាន​សេចក្តីសុខ និងសេចក្តី​ស្រួល ក្នុងវិមាន​នេះ ព្រោះអាស្រ័យ​ផលនៃកម្ម​នោះឯង ខ្ញុំនោះ នឹងទៅកាន់​មនុស្សលោក​វិញហើយ ធ្វើ​បុណ្យ​ទាំងឡាយ បពិត្រ​ព្រះអយ្យបុត្រ សូមអ្នកនាំ​ខ្ញុំទៅ (ឯមនុស្សលោកចុះ)។

(វិមានប្រេត និយាយថា) នាងមកក្នុង​វិមាននេះ បាន ៧០០ ឆ្នាំហើយ (បើនាង​ទៅអំពី​ទីនេះ​វិញ ទៅនៅ) ក្នុងមនុស្ស​លោកនោះ នឹងគ្រាំគ្រា​ចាស់ ពួកញាតិ​របស់នាង​ទាំងអស់ ស្លាប់អស់​ហើយ (ព្រោះហេតុនោះ) នាងនឹង​ទៅអំពី​ទេវលោក​នេះ​ធ្វើអ្វី ក្នុង​មនុស្សលោក​នោះ។

(ស្រីនោះនិយាយថា) ខ្ញុំបានមកក្នុងវិមាននេះ ជាស្រី​បរិបូណ៌ដោយ​វត្ថុទិព្វ និង​សេចក្តី​សុខ អស់ត្រឹម ៧ ឆ្នាំ ខ្ញុំនោះ​នឹងទៅកាន់​មនុស្ស​លោកវិញ ហើយ​ធ្វើបុណ្យ​ទាំងឡាយ បពិត្រ​ព្រះអយ្យបុត្រ សូមអ្នក​នាំខ្ញុំទៅចុះ។

វិមានប្រេតនោះ ក៏កំហែងចាប់ស្រីនោះ ត្រង់ដើមដៃ​នាំមក (កាន់ស្រុក​ផៅពង្ស) វិញ ហើយនិយាយ​នឹងស្រី​ចាស់មាន​កំឡាំង​ទន់ខ្សោយ​នោះថា នាងត្រូវ​ប្រាប់​ដល់ជន​ដទៃ​ទៀត ដែលមក​ក្នុងទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យ​ទាំងឡាយ អ្នកទាំងឡាយ នឹងបាន​សេចក្តី​សុខ។

ស្រីនោះ ឲ្យឱវាទដល់ពួកជនដែលមកកាន់​សំណាក់​ខ្លួនថា ពួកប្រេត​ដែលខ្ញុំបាន​ឃើញ​ហើយ ជាអ្នក​មានអំពើ​ល្អ​មិនបានធ្វើ តែង​លំបាក យ៉ាងណា​មិញ ពួកមនុស្ស ក៏​យ៉ាង​នោះដែរ ពួកសត្វ គឺទេវតា និងមនុស្ស ដែលបាន​ធ្វើកម្ម មានសេចក្តី​សុខជាកម្រៃ​ហើយ តែងតាំង​នៅក្នុង​សេចក្តីសុខ។

ចប់ រឿងសុត្តប្រេត ទី១១។

រឿងកណ្ណមុណ្ឌប្រេត ទី១២

[២៤] (ព្រះរាជាសួរស្រីប្រេតថា) ស្រះបោក្ខរណី មានកាំជណ្តើរ​ជាវិការៈ​នៃមាស​ក្រាលខ្សាច់​ជាវិការៈ​នៃមាស (ដោយជុំវិញ) ពួកផ្កាចង្កុលណី ក្នុងស្រះ​បោក្ខរណី​នោះល្អ មានក្លិន​ក្រអូប ជាទីរីករាយ​នៃចិត្ត (ស្រះបោក្ខរណី​នោះ) ដេរដាស​ដោយ​ឈើផ្សេងៗ ផ្សាយ​ទៅដោយ​ក្លិនផ្សេងៗ ដេរដាស​ដោយ​ឈូកក្រហម​ផ្សេងៗ ឆ្លូកឆ្លាស់​ដោយ​ឈូកស​ផ្សេងៗ។ (ស្រះបោក្ខរណី​ទាំងឡាយ​នោះ) ទ្រហឹងអឺងកង ដោយហង្ស និងក្រៀល មាន​សត្វ​ចាក្រពាក​ស្រែក​ក្រលួច កុះករ​ដោយហ្វូង​សត្វស្លាបផ្សេងៗ ប្រកប​ដោយពួក​បក្សី មានសំឡេង​ផ្សេងៗ ផង ឈើទាំងឡាយ ទ្រទ្រង់​នូវផ្លែផ្សេងៗ ផង ព្រៃទាំងឡាយ ទ្រទ្រង់​នូវកម្រងផ្កា​ផ្សេងៗ ផង មានក្លិន​ក្រអូប​ជាទីគាប់ចិត្ត ដែលខ្យល់​បក់មកត្រូវ ក៏ផ្សាយទៅ។ នគរ (របស់នាង) នេះ ប្រាកដ​យ៉ាងណា នគរ​ប្រាកដ​យ៉ាងនេះ មិនមានក្នុង​ពួកមនុស្សទេ ទាំងប្រាសាទ​របស់នាង ក៏ច្រើន សុទ្ធសឹង​តែមាស និងប្រាក់ រុងរឿង ញ៉ាំងទិសទាំង ៤ ឲ្យ​ភ្លឺជុំវិញ។ ទាសី ៥០០ ណា ជាស្រី​បម្រើរបស់​នាង ពួកទាសី​ទាំងនោះ ក៏ទ្រទ្រង់​នូវស័ង្ខ និង​កងក និងកន្ទ្រុំ ស្អិតស្អាង​ដោយ​សំពត់មាស។ បល្ល័ង្ករបស់នាង​ដ៏ច្រើន សុទ្ធសឹង​តែមាស និងប្រាក់ ក្រាល​កម្រាល​ស្បែកឈ្មស់ ដែលបុញ្ញកម្ម​តាក់តែង​ហើយ ក្រាលសំពត់​គោណកៈ ជាទីចូល​ទៅនៅ​អាស្រ័យ​របស់នាង​អ្នកសម្រេច​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង។ លុះដល់​ពាក់កណ្តាល​អធ្រាត្រ នាងតែង​ក្រោកអំពី​បល្ល័ង្កនោះ ទៅកាន់​ឱទ្យានភូមិ ដើរ​ជុំវិញ​ស្រះបោក្ខរណី។ (ម្នាលនាង​ដ៏ចំរើន នាងទៅ) ឈរក្បែរ​ឆ្នេរស្រះបោក្ខរណី​នោះ ជាទី​មានស្មៅ​ដុះខៀវខ្ចី​ដ៏ស្អាត លំដាប់​នោះ ស្រាប់តែ​មានឆ្កែ​កំបុត​ត្រចៀក មកខាំ​អវយវៈ តូច ធំ របស់នាង។ នាងក្នុង​កាលដែល​ឆ្កែខាំស៊ី ធ្វើឲ្យ​នៅសល់​តែរាងឆ្អឹង ហើយ​នាងចុះទៅ​កាន់​ស្រះបោក្ខរណី កាយ (របស់នាង) ក៏តាំង​នៅដូច​ក្នុងកាល​មុន។ លំដាប់នោះ នាងមាន​អវយវៈតូច ធំពេញលេញ​ល្អល្អះ គួរឲ្យ​រមិលមើល ស្លៀកដណ្តប់​សំពត់ ហើយមក​កាន់​សំណាក់​នៃអញ។ អំពើ​អាក្រក់ដូចម្តេច ដែលនាង​បានធ្វើ​ដោយកាយ វាចា ចិត្ត ដោយផល​នៃកម្ម​ដូចម្ដេច បានជា​ឆ្កែកំបុតត្រចៀក ខាំស៊ី​នូវអវយវៈ​តូច ធំ។

(ស្រីប្រេតនោះ ក្រាបទូលថា) ក្នុងនគរកិម្ពិលា មានគហបតី ជាឧបាសក​អ្នកមាន​សទ្ធា ខ្ញុំជាប្រពន្ធ​របស់គាត់ ជាស្រី​ទ្រុស្ដសីល បានប្រព្រឹត្ត​កន្លងចិត្តប្ដី។ កាលខ្ញុំ​ប្រព្រឹត្ត​កន្លងចិត្ត​ប្ដីយ៉ាងនេះ​ហើយ ប្ដីបាន​និយាយ​យ៉ាងនេះថា អំពើនេះ មិនប្រពៃ មិនសមគួរទេ ព្រោះនាង​ប្រព្រឹត្តកន្លង​អញ។ ខ្ញុំនោះ បាននិយាយ​ស្បថយ៉ាង​អាក្រក់ផង និយាយពាក្យ​កុហកផងថា ខ្ញុំមិនប្រព្រឹត្ត​កន្លងអ្នក​ដោយកាយ ឬដោយចិត្ត​ទេ ប្រសិនបើ​ខ្ញុំប្រព្រឹត្ត​កន្លង​អ្នកដោយកាយ ឬដោយ​ចិត្ត សូមឲ្យ​ឆ្កែកំបុត​ត្រចៀកនេះ ខាំ​ស៊ីអវយវៈតូច-ធំចុះ។ ឆ្កែ​កំបុតត្រចៀក ខាំស៊ី​អវយវៈ​តូចធំ​របស់ខ្ញុំ ព្រោះបាបកម្ម​ណា ខ្ញុំបាន​ទទួលរង​ផលនៃ​បាបកម្មនោះ​ទាំងពីរយ៉ាងគឺ ទុស្សីលកម្ម ១ មុសាវាទកម្ម ១ អស់ ៧០០ឆ្នាំ។

(ស្រីប្រេតនោះពោលថា) បពិត្រព្រះសម្មតិទេព ព្រះអង្គ​ជាក្សត្រ​មានឧបការៈ​ច្រើន បានយាង​មក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ ឯខ្ញុំក៏បាន​រួចស្រឡះ​ចាកឆ្កែ​កំបុតត្រចៀក ជាស្រី​លែង​មានសោក លែង​មានភ័យ អំពី​អារម្មណ៍​ណាមួយ បពិត្រ​ព្រះសម្មតិទេព ខ្ញុំ​សូមធ្វើ​អញ្ជលី ថ្វាយបង្គំ​អង្វរព្រះអង្គ សូមព្រះអង្គ​សោយកាម​ទាំងឡាយ ដែល​មិនមែន​ជារបស់​មនុស្ស បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​ត្រេកអរ​ជាមួយនឹងខ្ញុំ។

(ស្ដេចពោលថា) កាមទាំងឡាយ មិនមែន​ជារបស់មនុស្ស អញ​បានបរិភោគ​ហើយ អញជា​អ្នកត្រេកអរ​ជាមួយ​នឹងនាងហើយ ម្នាលនាង​មានជោគល្អ អញ​សូមអង្វរ​នាង នាងចូរ​នាំអញទៅ (នគរ) វិញឲ្យឆាប់។

ចប់ រឿងកណ្ណមុណ្ឌប្រេត ទី១២។

រឿងឧព្វរីប្រេត ទី១៣

[២៥] (ព្រះសង្គីតិកត្ថេរទាំងឡាយពោលថា) ស្ដេចរបស់ពួកជន​អ្នកនៅ​ក្នុងដែន​បញ្ចាល ទ្រង់ព្រះនាម​ព្រហ្មទត្ត ព្រះអង្គ​ប្រសើរ​ក្នុងរាជសម្បត្តិ លុះដល់ថ្ងៃ និង​យប់កន្លង​ទៅ ស្ដេចក៏​ទ្រង់​សោយទិវង្គត។ អគ្គមហេសី​របស់​ស្ដេចនោះ ឈ្មោះនាង​ឧព្វរី បានទៅ​កាន់ទី​ស្មសាន ហើយ​ទ្រង់ព្រះ​កន្សែង កាលមិន​ឃើញស្ដេច​ព្រហ្មទត្ត ក៏ទ្រង់​ព្រះកន្សែង​ថា ឱ ព្រះបាទ​ព្រហ្មទត្ត។ ឥសី ជាអ្នកប្រាជ បរិបូណ៌​ដោយចរណៈ បានមក​ក្នុងទី​ដែលនាង​ឧព្វរី​ឈរនោះ ឥសីនោះ បានសួរពួក​ជនដែលមក​ជួបជុំ​ក្នុងទីនោះ​ថា ចុះទីស្មសាន​នេះ ដែល​ផ្សាយទៅ​ដោយក្លិន​ក្រអូបផ្សេងៗ តើរបស់​នរណា ស្រីនេះ ជាភរិយា​របស់នរណា កំពុង​កន្ទក់​កន្ទេញ​រកប្ដី ដែលទៅ​ឆ្ងាយអំពី​មនុស្សលោក​នេះ កាលមិន​ឃើញព្រះបាទ​ព្រហ្មទត្ត ក៏​កន្ទក់​កន្ទេញថា ឱព្រះបាទ​ព្រហ្មទត្ត។

ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រ​មហាឥសី​ដ៏ចំរើន (ទីស្មសាននេះ ) របស់​ព្រះបាទ​ព្រហ្មទត្ត បពិត្រ​មហាឥសី អ្នកនិរទុក្ខ (ស្រីនេះ ជាភរិយា) របស់​ព្រះបាទ​ព្រហ្មទត្ត ទីស្មសាន​នេះ របស់​ព្រះបាទ​ព្រហ្មទត្ត​នោះ ដែលផ្សាយ​ទៅ​ដោយ ក្លិនក្រអូប​ផ្សេងៗ ស្រីនេះ ជាភរិយា​របស់​ព្រះបាទ​ព្រហ្មទត្តនោះ កន្ទក់​កន្ទេញ​រកប្ដីដែល​ទៅ​ឆ្ងាយ អំពីមនុស្ស​លោកនេះ​ហើយ កាលមិនឃើញ​ព្រះបាទ​ព្រហ្មទត្ត ក៏កន្ទក់​កន្ទេញថា ឱ ព្រះបាទ​ព្រហ្មទត្ត។

(តាបសសួរនាងឧព្វរីថា) ស្ដេចទាំងឡាយ ៨៦.០០០ ព្រះអង្គ សុទ្ធតែឈ្មោះ​ព្រះបាទ​ព្រហ្មទត្ត ត្រូវគេដុត​ក្នុងទីស្មសាន​នេះដែរ បណ្ដា​ស្ដេចព្រហ្មទត្តទាំង​នោះ តើនាង​សោក​ស្ដាយ​​រកស្ដេច​ព្រហ្មទត្ត​អង្គណា។

(នាងឧព្វរីឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្ដេចអង្គណា​របស់ពួកជន​អ្នកនៅក្នុង​ដែន​បញ្ចាល ជារាជបុត្រ​នៃព្រះបាទ​ចូឡនី ព្រះអង្គ​ប្រសើរក្នុង​រាជសម្បត្តិ ខ្ញុំសោក​ស្ដាយ​រកស្ដេច​អង្គនោះ ជាភស្ដា (របស់ខ្ញុំ) ជាអ្នកឲ្យ​នូវសេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង។

(តាបសសួរថា) ពួកស្ដេចទាំងអស់ សុទ្ធតែឈ្មោះព្រហ្មទត្ត ពួកស្ដេច​ទាំងអស់​របស់ពួក​ជនអ្នកនៅ​ក្នុងដែន​បញ្ចាល សុទ្ធតែ​ជារាជបុត្រ​នៃព្រះបាទ​ចូឡនី ព្រះអង្គ​ប្រសើរ​ក្នុងរាជ​សម្បត្តិ នាងបាន​ជាមហេសី​របស់ពួក​ស្ដេចទាំង​អស់​តាមលំដាប់​មក ហេតុអ្វីបាន​ជានាង​លះចោល​ពួកស្ដេច​ជាន់មុន ហើយមក​សោកស្ដាយ​តែស្ដេច​ជាន់ក្រោយ​វិញ។

(នាងឧព្វរីតបថា) បពិត្រលោកអ្នកនិរទុក្ខ លោកពោល​ជាច្រើនដង​ហើយថា នាង​ឯង​ជាមហេសី​នៃស្ដេច (ទាំងពួង) ក្នុងសង្សារ ចំពោះខ្ញុំ ដែលកើត​ជាស្រីណា ខ្លួន​របស់ខ្ញុំ ដែលកើត​ជាស្រីនោះ (ឆ្លាប់កើត​ជាស្រី) អស់កាល​ដ៏យូរ (ឬក៏ឆ្លាប់​កើតជា​ប្រុសដែរ)។

(តាបសពោលថា) នាងឯង ជួនកាលកើត​ជាស្រី ជួនកាល​កើតជាប្រុស មិនតែ​ប៉ុណ្ណោះ ជួនកាល​បានទៅកាន់​កំណើត​បសុសត្វ កាលបើ​យ៉ាងនេះ ទីបំផុត (នៃអត្តភាព​ទាំងឡាយ) ដែលកន្លង​នូវ​ឥត្ថីភាព និងបុរិសភាព​នុ៎ះ រមែង​មិនប្រាកដ​ឡើយ។

(នាងឧព្វរីពោលថា) លោកបាន​ស្រោចស្រប់​ខ្ញុំ ដែលភ្លើង គឺសេចក្ដី​សោក​កំពុងឆេះ​សព្វ ឲ្យស្ងប់​រម្ងាប់បាន ហើយញុំាង​សេចក្ដី​ក្រវល់​ក្រវាយ​ទាំងពួង​ឲ្យរលត់ ដូចបុគ្គល​យក​ទឹកស្រោច​លត់ភ្លើង​កំពុងឆេះ​នូវឆ្នាំងខ្លាញ់ លោកណា បានបន្ទោបង់​នូវសេចក្ដី​សោក​ព្រោះប្ដី ចំពោះខ្ញុំ ដែលមាន​សេចក្ដីសោក​កំពុងគ្រប​សង្កត់ លោកនោះ ឈ្មោះថា​បានដក​នូវសរ គឺសេចក្ដី​សោក ដែលអាស្រ័យ​នូវហ្ឫទ័យ​របស់ខ្ញុំ។ ខ្ញុំនោះ ជាអ្នកមាន​សរ គឺសេចក្ដី​សោកដក​ចោលហើយ ជាអ្នកមាន​ចិត្តត្រជាក់​កើតហើយ មានទុក្ខ​រលត់ហើយ បពិត្រ​ព្រះមហាមុនី ខ្ញុំលែង​សោកស្ដាយ លែងយំ​ទួញហើយ ព្រោះស្ដាប់​ពាក្យរបស់​លោក។

នាងឧព្វរីបានស្ដាប់ពាក្យ​សុភាសិតនោះ របស់តាបស​ជាសមណៈ​នោះហើយ ក៏ប្រដាប់​បាត្រ និងចីវរ ចូលកាន់​ផ្នួស លុះនាងឧព្វរី​នោះ ចេញចាកផ្ទះ ចូលកាន់ផ្នួស​ហើយ ក៏ចេញ​អំពីស្រុក ដើរទៅ​កាន់ស្រុក កាន់និគម និងរាជធានី​ទាំងឡាយ បានចំរើន​មេត្តាចិត្ត ដើម្បីកើត​ក្នុង​ព្រហ្មលោក។ នាងឧព្វរី បានធ្វើ​មរណកាល ក្នុងស្រុក​ឈ្មោះ​ឧរុវេលៈ នាង​ឧព្វរីនោះ បានចំរើន​មេត្តាចិត្ត ដើម្បីកើត​ក្នុង​ព្រហ្មលោក ហើយញុំាង​ចិត្តឲ្យនឿយ​ណាយ ក្នុងឥត្ថីភាព ក៏បានទៅកើតក្នុងព្រហ្មលោក។

ចប់ រឿងឧព្វរីប្រេត ទី១៣។

ឧទ្ទាន

រឿង​សំសារមោចកប្រេត (ប្រេតស្គមកើតរោគលឿង) ១ រឿង​ស្រីប្រេតជាមាតា​នៃព្រះសារីបុត្តត្ថេរ ១ រឿង​នាងមត្តាប្រេត (ដែលនៅរួម​ប្ដីនៃនាង​តិស្សា) ១ រឿង​នន្ទាប្រេត ១ រឿង​មដ្ឋកុណ្ឌលីប្រេត ១ រឿង​កណ្ហប្រេត ១ រឿង​ធនបាលប្រេត ១ រឿង​ចូឡសេដ្ឋីប្រេត ១ រឿង​អង្កុរប្រេត ១ រឿង​នាងឧត្តរមាតុប្រេត ១ រឿង​សុត្តប្រេត ១ រឿង​កណ្ហមណ្ឌប្រេត ១ រឿង​ឧព្វរីប្រេត ១។

ចប់ ឧព្វរីវគ្គ ទី២។

ចូឡវគ្គ ទី៣

រឿងអភិជ្ជមានប្រេត ទី១

[២៦]​ (កោលិយមហាមាត្យ ពោលថា) អ្នកឯងជា​ប្រេតអាក្រាត​ តែពាក់​កណ្ដាល​កាយ​ខាងលើ ជាអ្នក​ទ្រទ្រង់​នូវកម្រងផ្កា​តាក់តែង​ក្បាល ដើរលើ​ទឹកទន្លេ​គង្គា មិនបែក​ខ្ញែក ក្នុងទី​នេះ ម្នាលប្រេត តើ​អ្នកនឹង​ទៅក្នុង​ស្រុកណា ទីនៅ​របស់អ្នក នឹងមាន​ក្នុងទីណា។

ប្រេតនោះបាននិយាយថា ខ្ញុំនឹងទៅ​ស្រុក​ចុន្ទដ្ឋិលៈ ត្រង់ចន្លោះ​ជិតស្រុក​វាសភៈ និង​ក្រុង​ពារាណសី។

ឯមហាមាត្យ ដែលល្បីឈ្មោះថា កោលិយៈ បានឃើញ​ប្រេតនោះ​ហើយ ក៏ឲ្យ​សដូវ និង​បាយ​ផង ឲ្យសំពត់​លឿងមួយ​គូផង ដល់ប្រេត។ កាលដែល​ទូកឈប់ (កោលិយ​មហាមាត្យ) បានប្រើខ្មាន់​ព្រះកេស ឲ្យឲ្យ (សំពត់​មួយគូ​ដល់ស្មូម) កាលដែល​សំពត់មួយគូ ដែល​ខ្មាន់​ព្រះកេស​ឲ្យហើយ សំពត់នោះ ក៏ប្រាកដ​ដល់ប្រេត​មួយរំពេច។ លំដាប់នោះ ប្រេតក៏​ស្លៀកពាក់​សំពត់ដ៏ល្អ ទ្រទ្រង់​កម្រងផ្កា ស្អិតស្អាង​ខ្លួន ទក្ខិណាទាន​ក៏សម្រេច​ដល់ប្រេត​ដែល​ឋិតនៅ​ក្នុងទី​គួរសំរេច ព្រោះហេតុនោះ បុគ្គលគួរ​ឲ្យទក្ខិណាទាន​រឿយៗ ដើម្បី​អនុគ្រោះ​ដល់​ប្រេត​ទាំងឡាយ។

(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកប្រេតខ្លះ ស្លៀកពាក់​កំណាត់​សំពត់ចាស់ ដាច់ដាច​ធ្លុះធ្លាយ ពួកប្រេត​ដទៃ បិទបាំង (ក្ដេរិ៍ខ្មាស) ដោយសក់ ពួកប្រេត​រមែង​ទៅដើម្បី​បាយ ជៀសចេញ​ទៅអំពីទិស​ទៅកាន់ទិស។ ពួកប្រេតខ្លះ ក៏ទៅ​ក្នុងទីឆ្ងាយ (ដើម្បីនឹងស៊ី) លុះមិន​បាន ក៏ត្រឡប់​មកវិញ ស្រេកឃ្លាន ដើរទៅ​ជ្រុលជ្រក ដួលស្រូស​លើផែនដី ពួកសត្វ​មិនបាន​ធ្វើអំពើ​ល្អ​ក្នុងភព​មុន (រមែងក្ដៅ​ក្រហាយ) ដូចជា​ត្រូវភ្លើង​ឆេះ ក្នុងទី​ដ៏ក្ដៅថា ក្នុងកាល​ពី​ដើម ពួកយើង​មានធម៌​ដ៏លាមក ជាម្ចាស់ផ្ទះ ជាមាតា​នៃទារក​ក្នុងត្រកូល ទេយ្យធម៌​ទាំង​ឡាយ មានគ្រប់​គ្រាន់ តែពួកយើង​មិនបាន​ធ្វើទីពឹង​ដល់ខ្លួន។ ព្រោះថា ពួកយើង​ចាក់ចោល​គ្រឿងស៊ី និង​គ្រឿងផឹក​ដ៏ច្រើន កាលដែល​មានបព្វជិត ប្រតិបត្តិ​ត្រឹមត្រូវ ពួកយើង​មិនបាន​ប្រគេន​វត្ថុបន្តិច​បន្តួច​សោះឡើយ។ ពួកយើង​ស្រឡាញ់​តែ​អកុសលកម្ម ជា​អ្នក​​ខ្ជិល​ច្រអូស ចំណូល​តែវត្ថុឆ្ងាញ់ ជាអ្នក​ស៊ីច្រើន ឲ្យដុំភោជន​ត្រឹមតែ​មួយពំនូត តែង​តិះដៀល​ចំពោះពួក​ជនអ្នក​ទទួល។ ផ្ទះទាំងនោះ ទាសី​ទាំងនោះ គ្រឿង​អាភរណៈ​ទាំងនោះ ជារបស់​យើង (ឥឡូវនេះ) បានទៅពួក​អ្នកដទៃ​ប្រើប្រាស់​របស់នោះ ឯពួកយើង បានតែ​ចំណែក​នៃសេចក្ដី​ទុក្ខ​ម្យ៉ាង ពួកជន​ដែលត្រូវ​គេមើលងាយ​រឿយ ៗ គឺ​ជាងផែង ១ ជាងរថ ១ អ្នក​ទ្រុស្ដមិត្រ ១ ចណ្ឌាល ១ ជនកំព្រា ១ អ្នកកាត់កោរ ១។ ត្រកូល​ទាំងឡាយ​ណា ៗ ថោកទាប​ផង កំព្រាផង (ពួកសត្វ​មិនបាន​ធ្វើបុណ្យ) តែងទៅកើត​ក្នុងត្រកូល​ទាំងឡាយ​នោះ ៗ នេះជា​គតិនៃ​ជនអ្នក​កំណាញ់។ ពួកជន បានធ្វើអំពើ​ល្អក្នុង​កាលមុន ជាទាយក​អ្នកប្រាស​ចាកសេចក្ដី​កំណាញ់ ពួក​ជននោះ ឈ្មោះថា ញុំាង​ឋានសួគ៌​ឲ្យពេញ​លេញផង ឈ្មោះថា ញុំាង​ព្រៃនន្ទនៈ​ឲ្យរុង​រឿង​ផង។ ពួកជន​ទាំងនោះ ជាអ្នក​បរិភោគ​កាមតាម​ប្រាថ្នា ត្រេកអរ​ក្នុងប្រាសាទ​ឈ្មោះ​វេជយន្ត លុះច្យុតចាក​ទេវលោក​នោះហើយ ក៏បាន​មកកើត​ក្នុងត្រកូល​ខ្ពង់ខ្ពស់​ទាំងឡាយ ដែល​មាន​ភោគៈ។ ពួកជន​ទាំងនោះ បានកើត​ក្នុងត្រកូល​មានយស មានខ្លួន​គេបក់ដោយ​ផ្លិត​ស្លាប​ក្ងោកទាំង​ឡាយ លើបល្ល័ង្ក​ដែលគេក្រាល​ដោយសំពត់​គោណកៈ ក្នុងផ្ទះ​មានកំពូល និង​ប្រាសាទ។ ជាអ្នក​ទ្រទ្រង់នូវ​កម្រងផ្កា មានខ្លួន​ប្រដាប់ហើយ ទៅអំពី​ខ្លួនមួយ​ទៅកាន់​ខ្លួនមួយ [កាលនៅ​ក្មេងតូច តែងនៅលើ​ចង្កេះ​របស់ញាតិ និងមេនំ មិនដែល​ដើរផ្ទាល់​ផែនដី។ អដ្ឋកថា។] (នៃញាតិ និង​ភីលៀង​ទាំងឡាយ) ភីលៀង​ទាំងឡាយ ជាអ្នកស្វែង​រកសេចក្ដី​សុខឲ្យ តែង​បម្រើ​ទាំងល្ងាច​ទាំងព្រឹក។ នន្ទនមហាវ័ន​របស់ពួក​ទេវតា​នៅក្នុងឋាន​ត្រៃត្រឹង្ស មិនមាន​សោក ជាទីត្រេកអរ នេះមិនមែន​របស់ពួក​ជនមិនបាន​ធ្វើបុណ្យ​ឡើយ នេះជា​របស់ពួក​ជនដែល​បានធ្វើ​បុណ្យ ពួកជន​ដែលមិន​បានធ្វើបុណ្យ មិនមាន​សេចក្ដីសុខ​ក្នុង​លោកនេះ និង​លោក​ខាងមុខ​ឡើយ ឯពួកជន​ដែលបាន​ធ្វើបុណ្យ រមែងមាន​សេចក្ដីសុខ​ក្នុងលោក​នេះ និង​លោក​ខាងមុខ​ពិតប្រាកដ។ ពួកជន​ដែលចង់​កើតជាមួយ​នឹងពួកទេវតា​នោះ ត្រូវធ្វើ​បុណ្យឲ្យច្រើន ព្រោះ​ពួកជន​ដែលបាន​ធ្វើបុណ្យ​ហើយ តែងបរិបូណ៌​ដោយភោគៈ រមែង​រីករាយ​ក្នុងឋានសួគ៌។

ចប់ រឿងអភិជ្ជមានប្រេត ទី១។

រឿងសានុវាសិប្រេត ទី២

[២៧]​ (ព្រះធម្ម​សង្គាហកត្ថេរទាំងឡាយ ពោលថា) ព្រះថេរៈ​ឈ្មោះ​បោដ្ឋបាទ អ្នក​កើតក្នុង​ក្រុង​កុណ្ឌី បាននៅ​អាស្រ័យលើ​ភ្នំឈ្មោះ​សានុវាសី ជាអ្នក​រម្ងាប់បាប​ មាន​ឥន្រ្ទិយ​ចំរើន​ហើយ (ដោយ​អរិយមគ្គ​ភាវនា)។ មាតា បិតា និងបងប្រុង​របស់ព្រះថេរៈនោះ ជាអ្នក​ដល់នូវ​សេចក្ដី​លំបាក បានកើត​ក្នុងយមលោក (នរក) លុះច្យុត​អំពីមនុស្ស​លោក​នេះហើយ ក៏ទៅកាន់​បេតលោក ព្រោះធ្វើ​បាបកម្ម ពួកប្រេត​ទាំងនោះ ជាអ្នក​ដល់នូវ​សេចក្ដីលំបាក មានទ្វារ​មាត់ប៉ុន​រន្ធម្ជុល​ ត្រដាប​ត្រដួស មានកាយ​អាក្រាត ស្គមកំព្រឹង ស្លុត​រន្ធត់ ភ័យ​ឡឹនឡង់ ជាអ្នកមាន​ផលកម្ម​អាក្រក់ មិនហ៊ាន​បង្ហាញខ្លួន​ឲ្យគេឃើញ​ឡើយ។ បងប្រុស​របស់ព្រះថេរៈ​នោះ ជាអ្នកអាក្រាត តែម្នាក់ឯង​ក្នុងផ្លូវចុះ​តែជើង​មួយ ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​អវយវៈបួន គឺវារ​ប្រញាប់​ប្រញាល់​ទៅបង្ហាញ​ខ្លួនដល់​ព្រេះថេរៈ។ ព្រះថេរៈ​មិនបាន​ធ្វើទុកក្នុង​ចិត្តថា អ្នកនោះ​ឈ្មោះនេះ ហើយក៏នៅ​ស្ងៀម ដើរហួរទៅ ឯប្រេត​នោះ បានទូល​ព្រះថេរៈ​ឲ្យដឹងច្បាស់​ថា បពិត្រ​ព្រះថេរៈ ខ្ញុំ​ព្រះករុណា​ត្រូវជាបង បានទៅ​កាន់​បេតលោក​ហើយ។ បពិត្រ​លោក​ដ៏ចំរើន មាតា និង​បិតារបស់​លោក ដល់នូវ​សេចក្ដី​លំបាក កើតក្នុង​យមលោក លុះច្យុត​អំពីមនុស្ស​លោក​នេះហើយ ក៏ទៅកាន់​បេតលោក ព្រោះធ្វើ​កម្ម​ដ៏លាមក មាតា និងបិតា​ទាំងនោះ ជាអ្នកដល់នូវ​សេចក្តី​លំបាក​ មានទ្វារ​មាត់ប៉ុន​រុន្ធម្ជុល ត្រដាប​ត្រដួស មានកាយ​អាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យ​ឡឹនឡង់ ជាអ្នក​មានផល​កម្មអាក្រក់ មិនហ៊ាន​បង្ហាញខ្លួន​ឲ្យគេឃើញ​ឡើយ។ ​លោកជា​អ្នកមាន​សេចក្តី​អាណិត​អាសូរ សូមអនុគ្រោះ​ឲ្យទាន ឧទ្ទិសទៅ​ឲ្យ​យើងទាំងឡាយ​ផង មាតា និងបិតា​ទាំងនោះ ដែលមាន​កម្មអាក្រក់ នឹង​ញ៉ាំងអត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ដោយទាន​ដែលលោកម្ចាស់​ឲ្យហើយ។

ព្រះថេរៈផង ភិក្ខុទាំងឡាយ​ដទៃ ១២ អង្គផង ដើរទៅ​បិណ្ឌបាត ហើយ​ប្រជុំក្នុងទី​ជាមួយ​គ្នា ព្រោះហេតុ​នៃភត្តកិច្ច ព្រះថេរៈ​បាននិយាយ​នឹងពួកភិក្ខុ​ទាំងអស់​នោះថា លោក​ទាំងឡាយ សូមឲ្យ​នូវភត្ត​ដែលលោក​ទាំងឡាយ​បានហើយ​យ៉ាងណា​ដល់ខ្ញុំ ខ្ញុំនឹងធ្វើ​សង្ឃភត្ត​ដើម្បីអនុគ្រោះ​ដល់ពួក​ញាតិ។

ភិក្ខុទាំងនោះ បានប្រគេន (ភត្តទាំងនោះ) ដល់ព្រះថេរៈ ព្រះថេរៈ​បាននិមន្ត​សង្ឃ លុះ​ព្រះថេរៈ បានឲ្យ​ទានហើយ ​ក៏ឧទ្ទិស​ចំពោះ​បិតា មាតា និង​បងថា (ឥទំ មេ ញាតិនំ ហោតុ សុខិតា ហោន្តុ ញាតយោ។) សូមឲ្យ​ទាននេះ សម្រេច​ដល់ពួកញាតិ​របស់ខ្ញុំ សូមឲ្យ​ពួកញាតិ បានដល់​នូវសេចក្តី​សុខ។

ភោជនក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់​ដែលឧទ្ទិស (ភោជននោះ) ជាភោជន​ដ៏ស្អាត ថ្លៃថ្លា ឆ្ងាញ់ ជាម្ហូប​មានឱជារសច្រើន ក្នុងកាល​ខាងក្រោយ អំពីកាល​ជាទី​បាននូវ​ភោជន​នោះមក ប្រេតជាបង មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ បាន​បង្ហាញ​ខ្លួន (ដល់ព្រះថេរៈ ហើយ​ពោលថា) បពិត្រ​លោក​ដ៏ចំរើន សូមលោក​រមិលមើល​នូវ​ភោជន​ដ៏ច្រើន (ដែលពួក​យើងបាន​ហើយ ដោយ​អានុភាព​នៃទាន​របស់លោក) ប៉ុន្តែ​ពួកយើង​អាក្រាត​នៅឡើយ បពិត្រលោក​ដ៏ចំរើន ពួកយើង​គួរបាន​នូវសំពត់​ដោយប្រការ​ណា សូមលោក​ព្យាយាម​ដោយប្រការ​នោះចុះ។

ព្រះថេរៈ បានរើសកំណាត់​សំពត់​រេចជាយ​ទាំងឡាយ អំពី​គំនរនៃ​សំរាម ហើយធ្វើ​កំណាត់​សំពត់​ឲ្យជាផ្ទាំង គឺធ្វើ​ជាចីវរ បានប្រគេន​ដល់ព្រះសង្ឃ ដែលមក​អំពីទិស​ទាំង ៤។ ព្រះថេរៈ​បានឲ្យទានហើយ ឧទ្ទិស​ដល់បិតា មាតា និង​បងថា ទាននេះ​ចូរសម្រេច​ដល់ពួក​ញាតិ​របស់ខ្ញុំ សូមពួក​ញាតិ បានដល់​នូវសេចក្តី​សុខ។

សំពត់ទាំងឡាយ ក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់​ដែលឧទ្ទិស លំដាប់​នោះ (ប្រេតជាបង) ក៏ស្លៀក​ដណ្តប់​សំពត់ដ៏ល្អ បានបង្ហាញ​ខ្លួនដល់​ព្រះថេរៈ។ (ប្រេតនោះ) មាន​សម្បុរល្អ មានកំឡាំង មានសេចក្តី​សុខ (បាននិយាយថា) បពិត្រ​លោក​ដ៏ចំរើន សំពត់​ជាគ្រឿង​បិទបាំង​កាយ ក្នុងដែន​របស់​ព្រះបាទនន្ទៈ​ទាំងប៉ុន្មាន (សំពត់ជា​គ្រឿងបិទបាំង​របស់ពួក​យើង) ច្រើនលើស​ជាងសំពត់​ជាគ្រឿង​បិទបាំង​កាយទាំង​នោះ។

សំពត់ទាំងឡាយ ជាគ្រឿងស្លៀក​ពាក់របស់​ពួកយើង គឺ​កោសេយ្យពស្រ្ត កម្ពលីយពស្រ្ត ខោមពស្រ្ត កប្បាសិកពស្រ្ត ជាសំពត់​ធំទូលាយ មានថ្លៃច្រើន ឯសំពត់​ទាំងនោះ ក៏សំយុងចុះ​ឰដ៏អាកាស ពួកយើង​នឹងស្លៀក​ពាក់សំពត់​ទាំងនោះ តាមចិត្ត​ស្រឡាញ់ បពិត្រ​លោក​ដ៏ចំរើន ពួកយើង គួរបានផ្ទះ​ដោយ​ប្រការណា សូមលោក​ព្យាយាម​ដោយប្រការ​នោះចុះ។

ព្រះថេរៈបានធ្វើកុដ្ឋ​ប្រក់ដោយស្លឹក ហើយប្រគេន​ដល់ព្រះសង្ឃ ដែលមក​អំពីទិស​ទាំងបួន លុះព្រះថេរៈ​បានប្រគេន​ហើយ ឧទ្ទិស​ដល់បិតា មាតា និង​បងថា សូមទាននេះ​សម្រេច​ដល់ពួកញាតិ​របស់ខ្ញុំ សូមពួក​ញាតិ បានដល់​នូវសេចក្តី​សុខចុះ។

ផ្ទះទាំងឡាយ ផ្ទះកំពូលទាំងឡាយ ជាទីនៅ ដែលញែកចែក ដែលចែកដោយ​ប្រមាណ​ស្មើគ្នា ក៏សម្រេច (ដល់ពួក​ប្រេតទាំង​នោះ) ក្នុងលំដាប់​ដែលឧទ្ទិស។ (ប្រេតទាំង​នោះ​ពោលថា) ផ្ទះទាំងឡាយ​របស់ពួក​យើង ក្នុងបេតលោក​នេះ យ៉ាងណា ផ្ទះទាំងឡាយ ក្នុងមនុស្ស​លោក មិនដូច្នោះ​ទេ តែផ្ទះ​ទាំងឡាយ​ក្នុងឋាន​ទិព្វទាំងឡាយ​យ៉ាងណា ផ្ទះទាំង​ឡាយ​របស់ពួក​យើង ក្នុងបេតលោក​នេះ យ៉ាងនោះ​ដែរ ជាផ្ទះ​ដ៏រុងរឿង អាចញ៉ាំង​ទិស​ទាំង ៤ ឲ្យភ្លឺជុំ​វិញបាន។ បពិត្រ​លោក​ដ៏ចំរើន ពួកយើង​គួរបាន​ទឹកផឹក​ដោយ​ប្រការណា សូមលោក​ព្យាយាម​ដោយប្រការ​នោះចុះ។

ព្រះថេរៈបានចាក់ទឹកបំពេញ​ធម្មក្រក ហើយប្រគេន​ដល់ព្រះសង្ឃ ដែល​មកអំពី​ទិសទាំង ៤។ លុះព្រះថេរៈ​បានប្រគេន​ហើយ ក៏ឧទ្ទិស​ចំពោះ​បិតាមាតា និងបងថា សូម​ទាននេះ សម្រេច​ដល់ពួក​ញាតិរបស់​ខ្ញុំ សូមពួកញាតិ បានដល់​នូវសេចក្តី​សុខ។

ទឹកក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់​ដែលឧទ្ទិស ស្រះបោក្ខរណី​ទាំងឡាយ ដែលបុញ្ញកម្ម​និម្មិតល្អ​ហើយ ជ្រៅ មានជ្រុងបួន មានទឹក​ដ៏ត្រជាក់ មានកំពង់ល្អ ជាស្រះ​ត្រជាក់ មានក្លិន​ក្រអូប ប្រៀប​មិនបាន ដេរដាស​ដោយផ្កាឈូក និងផ្កាឧប្បល ពេញ​ដោយ​លំអង​លើទឹក។ ប្រេតទាំងនោះ ងូតផឹក​ក្នុងស្រះបោក្ខរណី​នោះ ហើយ​បង្ហាញខ្លួន​ដល់ព្រះថេរៈ​ថា បពិត្រ​លោក​ដ៏ចំរើន (ពួកយើងបាន) ទឹកច្រើន​ហើយ តែជើង​ទាំងឡាយ​របស់​ពួកយើង ឈឺ ពុរពង ពួកយើង​កាលដើរជាន់​លើក្រួសរវាន លើស្បូវភ្លាំង និងបន្លា រមែង​ខ្ញើចៗ បពិត្រ​លោក​ដ៏ចំរើន ពួកយើង គួរបាន​នូវយាន​ដោយ​ប្រការណា សូមលោក​ខំព្យាយាម ដោយ​ប្រការនោះ​ចុះ។

ព្រះថេរៈ បានស្បែកជើងមាន​ជាន់មួយ ហើយបាន​ប្រគេន​ដល់ព្រះសង្ឃ ដែលមក​អំពី​ទិសទាំង ៤។ លុះព្រះថេរៈ​បានប្រគេន​ហើយ ក៏ឧទ្ទិស​ចំពោះ​បិតាមាតា និងបងថា សូមទាន​នេះ សម្រេច​ដល់ពួក​ញាតិរបស់​ខ្ញុំ សូមពួកញាតិ បានដល់​នូវសេចក្តី​សុខ។ ពួក​ប្រេត បានមក​ដោយរថ ក្នុងលំដាប់ដែលឧទ្ទិសហើយ (និយាយថា) បពិត្រ​លោកដ៏​ចំរើន ពួកយើង លោកបាន​អនុគ្រោះ​ហើយ ដោយបាយផង ដោយគ្រឿង​បិទបាំងផង ដោយ​ផ្ទះផង ដោយទាន​ទាំងពីរ គឺ​បានីយទាន និង​យានទាន​ផង បពិត្រ​លោកដ៏​ចំរើន ពួក​យើងមក ដើម្បីថ្វាយ​បង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយ​សេចក្តី​ករុណា​ក្នុងលោក។

ចប់ រឿងសានុវាសិប្រេត ទី២។

រឿងរថការីប្រេត ទី៣

[២៨] (មាណពនិយាយនឹងស្រីប្រេតថា) បពិត្រនាងទេវីមាន​អានុភាព​ច្រើន នាង​ឡើងកាន់​វិមាន មានសសរ​កែវពៃទូរ្យ ដ៏រុងរឿង​ភ្លឺផ្លេកៗ វិចិត្រ​ដោយរតនៈ​ច្រើនយ៉ាង ហើយនៅ​ក្នុងវិមាន​នោះ ដូចព្រះចន្ទ​ក្នុងថ្ងៃ ១៥ កើត នៅក្នុងផ្លូវ​ជាគន្លង (របស់ខ្លួន) ទាំង​សម្បុរ​របស់នាង​សោត ប្រាកដ​ស្មើដោយ​មាស មានសភាព​ខ្ពង់ខ្ពស់ គួរឲ្យ​រមិលមើល​ក្រៃ​ពេក បពិត្រនាង​មិនមាន​គេផ្ទឹម​បាន នាងគង់​លើបល្ល័ង្ក​ដ៏ប្រសើរ​បំផុត នាងនៅ​តែម្នាក់​ឯង នាងមិន​មានប្ដីសោះ។ ឯស្រះបោក្ខរណី​ទាំងឡាយ​របស់នាងនេះ មានកម្រង​ផ្កាច្រើន​យ៉ាង មានផ្កា​ឈូកស​ច្រើន​ដោយជុំវិញ រោយរាយ​ជុំវិញ​ដោយកំទេច​នៃមាសទាំង​ឡាយ ភក់​ និងចក ក៏មិនមាន​ក្នុងស្រះបោក្ខរណី​ទាំងនោះ។ សូម្បី​ហង្សទាំងនេះ គួររមិល​មើល គួររីករាយ​នៃចិត្ត ក៏ហែល​ក្រឡឹង​លើទឹក​សព្វ ៗ កាល ហង្សទាំងអស់ មានសំឡេង​មូល ដូចជា​​សំឡេង​គឹកកង​នៃស្គរ​ទាំងឡាយ​​ប្រជុំគ្នា​បន្លឺ​ឡើង​នូវសំឡេង​ដ៏ពីរោះ។ នាង​ជាអ្នក​មានយស​ រុងរឿង​ដោយយស ឈរផ្អែក​លើទូក បពិត្រ​នាងមាន​រោមភ្នែកខ្មៅ វែង ង នាង​សើច នាងពោល​នូវពាក្យ​ជាទី​ស្រឡាញ់ មានលំអសព្វ​អវយវៈ រុងរឿង​ក្រៃពេក។ វិមាននេះ ប្រាស​ចាក​ធូលី តាំង​នៅ​លើផែនដី​រាប ជាឱទ្យានញ៉ាំង​តម្រេក និងសេចក្តី​រីករាយ​ឲ្យច្រើន បពិត្រ​នារីគួរ​រមិលមើល មិនថោកទាប ខ្ញុំប្រាថ្នា​ដើម្បីរីករាយ​ក្នុងវិមាន​ជាទី​រីករាយ​នេះ​របស់នាង ជាមួយ​នឹងនាង។

(នាងវិមានប្រេតពោលថា) អ្នកចូលធ្វើនូវកម្ម​ដែលឲ្យ​ផលក្នុងឋានទិព្វ​នេះ ទាំងចិត្ត​របស់អ្នក​សោត ក៏ចូរឱនទៅ​ក្នុងឋានទិព្វ​នេះ លុះអ្នក​ធ្វើនូវកម្ម​ដែលគួរ​រីករាយ​ក្នុងឋានទិព្វ​នេះហើយ ទើបអ្នក​បាននូវខ្ញុំ​ជាស្រី​មានកាម​តាមប្រាថ្នា ដោយប្រការ​យ៉ាងនេះ។

មាណពនោះ បានទទួលស្តាប់ពាក្យ​នាង​វិមានប្រេត​នោះថា អើនាង ស្រួលហើយ ហើយក៏បាន​ធ្វើកម្ម​ដែលឲ្យផល​ក្នុងឋានទិព្វ​នោះ លុះមាណព​នោះ បានធ្វើកម្ម​ដែលឲ្យផល​ក្នុងឋានទិព្វ​នោះហើយ ក៏បាន​ទៅកើត​ជាមួយ​នឹងនាង​វិមានប្រេត​នោះ។

ចប់ រឿងរថការីប្រេត ទី៣។

ចប់ ភាណវារៈ ទី២។

រឿងភុសប្រេត ទី៤

[២៩] (ព្រះមោគ្គល្លានសួរថា) ប្រេតម្នាក់ (រោយរាយ) អង្កាមនៃ​ស្រូវសាលី (លើ​ក្បាលខ្លួន) ប្រេតម្នាក់​ទៀត (សំពង​បំបែកក្បាល​របស់ខ្លួន ដោយ​ដំបងដែក) ឯស្រីនេះ (ស៊ី​តែ) សាច់ និងឈាម​របស់ខ្លួន​ ទាំងអ្នកសោត ក៏ស៊ី​អាចម៍ មិនស្អាត មិនគួរឲ្យ​ប្រាថ្នា នេះតើ​ជា​ផល​នៃកម្ម​ដូចម្តេច។

(ភរិយារបស់ពាណិជ បានទូលថា) ក្នុងកាលមុន ប្រេតម្នាក់នេះ បាន​ប្រហារមាតា (ដោយ​ព្រនង់) ឯប្រេត​ម្នាក់នេះ ជាពាណិជ​បោកប្រាស់ ប្រេតនេះ​ រមែងស៊ី​សាច់ទាំង​ឡាយ ហើយ​បញ្ឆោត​ដោយពាក្យ​មុសាវាទ។

ខ្ញុំបានកើត​ជាមនុស្ស ក្នុងពួក​មនុស្ស ជាអ្នក​គ្រប់គ្រងផ្ទះ ជាឥស្សរៈ​នៃត្រកូល​ទាំង​ពួង។

កាលដែលគ្រឿងឧបករណ៍​មានគ្រប់គ្រាន់ ខ្ញុំក៏បាន​លាក់លៀម​ទុក មិនបាន​ឲ្យវត្ថុ​តិច​តួច អំពី​គ្រឿង​ឧបករណ៍​នេះ (ដល់អ្នក​ដទៃ) ខ្ញុំបិទ​បាំង​ដោយពាក្យ​មុសាវាទ​​ថា វត្ថុនេះ ក្នុងផ្ទះ​ខ្ញុំ មិនមានទេ ប្រសិន​បើ​ខ្ញុំលាក់វត្ថុ​ដែលមាន សូមឲ្យ​អាចម៍​មកជា​ភោជន​របស់ខ្ញុំ​ចុះ។ បាយ​នៃស្រូវ​សាលី មានក្លិន​ក្រអូបឈ្ងុយ ក៏​ក្លាយទៅ​ជាអាចម៍​ដើម្បីខ្ញុំ ដោយ​វិបាក​នៃកម្ម​ទាំងពីរ គឺ (ការលាក់លៀម​ទុកវត្ថុ​ដែលមាន ១) និង​មុសាវាទ ១។ ឯកម្ម​ទាំងឡាយ មិនមែន​សោះសូន្យ​ឡើយ ព្រោះថា កម្មមិនចេះ​វិនាសទៅ ខ្ញុំស៊ីផឹក​នូវ​អាចម៍​មានក្លិន​អាក្រក់ (ជា​លំនៅ) នៃពួក​ដង្កូវ។

ចប់ រឿងភុសប្រេត ទី៤។

រឿងកុមារប្រេត ទី៥

[៣០] (ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ញាណ​របស់​ព្រះសុគត មានសភាព​អស្ចារ្យ ដូចព្រះសាស្តា ​ទ្រង់ព្យាករណ៍​នូវបុគ្គលថា បុគ្គលពួកខ្លះ ជាអ្នកមាន​បុណ្យក្រាស់ បុគ្គល​ពួកខ្លះ ជាអ្នកមាន​បុណ្យស្តើង។ កុមារនេះ ដែលគេ​បោះ​ចោល​ក្នុងព្រៃ​ស្មសាន បានញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្តទៅ ដោយទឹកដោះ​ដែលហូរ​ចេញអំពីមេដៃ (នៃ​ទេវតា) អស់​មួយ​​រាត្រី។ យក្ស និងភូត​ទាំងឡាយក្តី ពស់ទាំង​ឡាយក្តី មិនបៀត​បៀន​កុមារ អ្នកមាន​បុណ្យ​ធ្វើហើយ​ទេ សូម្បីតែ​ពួកឆ្កែ ក៏មកលិទ្ធ​ជើងទាំងគូរ របស់​កុមារនេះ​ដែរ ពួកបក្សីក្អែក ពួក​ចចក ក៏មកចោម​ជុំវិញ (កុមារនោះ)។ ហ្វូងសត្វ​ស្លាបទាំងឡាយ ក៏​នាំយក​មន្ទិល​គភ៌ចេញ ឯក្អែក​ទាំងឡាយ ក៏​នាំយក​អាចម៍​ភ្នែកចេញ មនុស្ស និងអមនុស្ស​ពួកខ្លះ មិនបាន​ចាត់ចែង​ការរក្សា​នូវកុមារ​នេះទេ មិនបាន​ចាត់ចែង​នូវឱសថ និងការអប់​ដោយ​គ្រាប់ស្ពៃ (ដល់​កុមារ​នេះទេ)។ សូម្បី​តែពួក​មនុស្ស ក៏មិនរៀន​នូវការ​ប្រកបនូវ​នក្ខត្តឫក្ស ទាំងមិន​បានរោយរាយ ​នូវ​ធញ្ញជាតិ​គ្រប់មុខ លើកុមារ​ដែលមាន​សភាព​ដូច្នោះ ដែលដល់​នូវសេចក្ដី​លំបាក​យ៉ាង​ក្រៃលែង គេនាំមក​ក្នុងពេល​យប់ ហើយបោះ​ចោលក្នុង​ព្រៃស្មសាន ព្រះពុទ្ធ​ដែលទេវតា និង​មនុស្ស​បូជា​ បានឃើញ​កុមារនោះ ដូចជា​ដុំនៃ​ទឹកដោះ​ខាប់ កំពុងតែ​ញាប់ញ័រ​ប្រកប​ដោយ​សេចក្ដី​សង្ស័យ នៅសល់​តែជីវិត លុះព្រះពុទ្ធ​មាន​ប្រាជ្ញា​ស្មើដោយ​ផែនដី ​បានឃើញ​ហើយ ទើបទ្រង់​ព្យាករថា កុមារនេះ នឹងបាន​ជាអ្នកមាន​ត្រកូល​ដ៏ប្រសើរផង និង​មានភោគៈ​ផង ក្នុងនគរនេះ។

(ពួកឧបាសកបានសួរថា) វ័តដូចម្ដេច ព្រហ្មចរិយៈ​ដូចម្ដេច នេះជា​ផលនៃវ័ត ឬ​ព្រហ្មចរិយៈ​ដូចម្ដេច ដែលកុមារ​នេះ​បានសន្សំ​ល្អ​ហើយ បាន​ជា​កុមារនេះ​ដល់នូវ​សេចក្ដី​វិនាស​ដល់ម្ល៉េះ​ហើយ ត្រឡប់​បាននូវឫទ្ធ គឺទិព្វ​សម្បត្តិ​ដល់ម្ល៉ោះ​នោះវិញ។

(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកជនបាន​ធ្វើនូវ​ការបូជា ដ៏ឱឡារិក​ចំពោះ​ព្រះសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ទារកនោះ មានចិត្ត​រវើរវាយ​ក្នុងការបូជា​នោះ ទារកនោះ បានពោល​វាចាអាក្រក់ ជាវាចា​មិនគួរ​ចង់ឮ ក្នុងទីប្រជុំ​នៃសប្បុរស ទារកនោះ បន្ទោបង់​សេចក្ដី​ត្រិះរិះ​នោះចេញ​ហើយ ក៏ត្រឡប់​បាននូវ​សេចក្ដី​ត្រេកអរ​នឹងសេចក្ដី​ជ្រះថ្លា ក្នុង​កាលជា​ខាងក្រោយ ទារកនោះ បានបម្រើ​ព្រះតថាគត ព្រះអង្គ​គង់នៅក្នុង​វត្តជេតពន ដោយ​យាគូអស់ ៧ ថ្ងៃ។ នោះជាវ័ត នោះជា​ព្រហ្មចរិយៈ​របស់កុមារ​នោះ នេះជា​ផលនៃវ័ត ឬព្រហ្មចរិយៈ​នោះ ដែលកុមារ​នេះ​សន្សំល្អ​ហើយ បានជា​កុមារនេះ ដល់នូវ​សេចក្ដី​វិនាស​ដល់ម្ល៉េះ ហើយ​ត្រឡប់​បាននូវ​ឫទ្ធិ គឺទិព្វសម្បត្តិ​ដល់ម្ល៉ោះ​នោះវិញ។ លុះ​កុមារនោះ ឋិត​នៅក្នុង​មនុស្ស​លោកនេះ អស់មួយ​រយឆ្នាំ ជាអ្នក​បរិបូណ៌ដោយ​កាមទាំង​ពួង ដល់បែក​ឆ្លាយ​រាងកាយ​ទៅកាន់​ភពថ្មី ក៏បាន​ជាកូន​នៃសក្កទេវរាជ។

ចប់ រឿងកុមារប្រេត ទី៥។

រឿងសេរិនីប្រេត ទី៦

[៣១] (ឧបាសកបានសួរស្រីប្រេតថា)​ ម្នាលនាងស្គម មានឆ្អឹង​ជំនីររគាម នាងជាស្រី​អាក្រាត មានរូប​មានសម្បុរ​អាក្រក់ ជាស្រីស្គម រវីមរវាម​ដោយសរសៃ នាងជាអ្វី មក​ឈរក្នុង​ទីនេះ។

(ស្រីប្រេតឆ្លើយថា) បពិត្រអ្នកដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវ​សេចក្ដីលំបាក កើត​ក្នុង​យមលោក បានធ្វើ​នូវកម្ម​ដ៏លាមក (លុះច្យុត) អំពីមនុស្ស​លោកនេះ​ហើយ បានទៅ​កាន់​បេតលោក។​

(ឧបាសកសួរថា) អំពើអាក្រក់ដូចម្ដេច ដែលនាង​បានធ្វើ​ហើយ ដោយកាយ វាចា ចិត្ត នាង (ច្យុត) អំពីមនុស្ស​លោកនេះ បានទៅ​កាន់​បេតលោក ដោយផល​នៃកម្ម​ដូចម្ដេច។​

(ស្រីប្រេត​ឆ្លើយថា) ខ្ញុំបាន​រើសទ្រព្យ​គេកន្លះ​មាសក ត្រង់កំពង់​ទាំងឡាយ​ដែល​មិនមាន​ទោស គឺមិនមាន​អ្នកណា​មួយឃាត់ខាំង​ កាលដែល​ទេយ្យធម៌​ទាំងឡាយ កំពុងមាន​គ្រប់​គ្រាន់ ខ្ញុំមិនបាន​ធ្វើនូវទី​ពឹងចំពោះ​ខ្លួនសោះ។ ខ្ញុំស្រេក​ទឹក ចូលទៅ​រកស្ទឹង ស្ទឹងក៏បែរ​ទៅ​​ជាទទេ ខ្ញុំចូល​ទៅជ្រក​ម្លប់ ក្នុងកាល​កំពុងក្ដៅ ស្រមោល​ក៏បែរ​ទៅជាក្ដៅ។ ឯខ្យល់​ដែល​ដូចភ្លើង​សោត ក៏ក្ដៅ​ភាយមក​ដល់ខ្ញុំ បពិត្រ​អ្នកដ៏ចំរើន ខ្ញុំគួរ (រង) ទុក្ខ មានសម្រេក​ជា​ដើមនេះ និងបាបកម្ម​ដទៃ​ដ៏លាមក​លើសលុប​ជាងសេចក្ដី​ទុក្ខ មានសម្រេក​ជាដើមនោះ។ អ្នកគួរ​ទៅកាន់​ហត្ថិនីបុរី ហើយជំរាប​មាតារបស់​ខ្ញុំថា ខ្ញុំបានឃើញ​កូនស្រី​របស់នាង ដល់​នូវសេចក្ដី​លំបាក កើតក្នុង​យមលោក បានធ្វើនូវ​កម្មដ៏លាមក (ច្យុត) អំពី​មនុស្ស​លោក​នេះ បានទៅ​កាន់​បេតលោក។ ទ្រព្យដែល​ខ្ញុំទុកក្នុង​ទីនុ៎ះមាន តែខ្ញុំ​មិនបាន​ប្រាប់ទ្រព្យនោះ (ឯទ្រព្យ​ទាំងនោះ) ចំនួន ៤ សែន​កហាបណៈ ក្រោម​បល្ល័ង្ក (របស់ខ្ញុំ)។ មាតា​របស់ខ្ញុំនោះ ចូរឲ្យ​ទានដើម្បី​ខ្ញុំផង ចូរចញ្ចឹម​ជីវិតផង ដោយទ្រព្យ​នោះចុះ មាតា​របស់ខ្ញុំ លុះឲ្យទាន​ហើយ ចូរ​ឧទ្ទិសទក្ខិណាទាន​ដល់ខ្ញុំ​ផង ខ្ញុំនឹងជា​អ្នកដល់នូវ​សេចក្ដីសុខ បាន​សម្រេច​សេចក្ដីប្រាថ្នា​គ្រប់យ៉ាង ក្នុងកាលនោះ។

ឧបាសកនោះ ទទួលស្ដាប់ពាក្យប្រេតនោះថា ​ប្រពៃហើយ រួចក៏ទៅ​កាន់​ហត្ថិនីបុរី បាន​ប្រាប់ដល់​មាតារបស់​ស្រីប្រេត​នោះថា ខ្ញុំបាន​ឃើញកូន​ស្រីរបស់​នាង ដល់នូវ​សេចក្ដី​លំបាក កើតក្នុង​យមលោក បានធ្វើនូវ​កម្មដ៏លាមក (ច្យុត) អំពីមនុស្ស​លោកនេះ ទៅកាន់​បេតលោក កូនស្រី​របស់នាង​នោះ បានផ្ដាំ​នឹងខ្ញុំក្នុង​បេតលោក​នោះថា អ្នកអញ្ជើញ​ទៅ​កាន់​ហត្ថិនីបុរី ហើយ​ជម្រាប​ដល់មាតា​របស់ខ្ញុំថា ខ្ញុំបានឃើញ​កូនស្រីរបស់​នាង ដល់នូវ​សេចក្ដី​លំបាក កើតក្នុង​យមលោក បានធ្វើកម្ម​ដ៏លាមក (ច្យុត) អំពីមនុស្ស​លោកនេះ ទៅ​កាន់​បេតលោក។ ទ្រព្យដែល​ខ្ញុំទុកក្នុង​ទីនុ៎ះមាន តែខ្ញុំមិន​បានប្រាប់​នូវទ្រព្យនោះ (ឯទ្រព្យ​ទាំងនោះ) ចំនួន ៤ សែន​កហាបណៈ នៅខាង​ក្រោម​បល្ល័ង្ក (របស់ខ្ញុំ)។ សូម​មាតាឲ្យ​ទាន​ដើម្បីខ្ញុំផង ចូរចញ្ចឹម​ជីវិតផង ដោយ​ទ្រព្យនោះចុះ មាតា​របស់ខ្ញុំ លុះឲ្យ​ទានហើយ សូម​ឧទ្ទិស​នូវទក្ខិណាទាន​ដល់ខ្ញុំផង ខ្ញុំនឹង​ជាអ្នកដល់​នូវសេចក្ដី​សុខ បានសម្រេច​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង ក្នុងកាលនោះ។

ក៏ក្នុងលំដាប់នោះ មាតានោះបានឲ្យទាន លុះឲ្យហើយ បានឧទ្ទិស​នូវ​ទក្ខិណាទាន ដល់ស្រី​ប្រេតនោះ ស្រីប្រេត​ក៏បានដល់​នូវសេចក្ដី​សុខផង មាតានោះ ចិញ្ចឹមជីវិត​ដោយ​ងាយ​ផង។

ចប់ រឿងសេរិនីប្រេត ទី៦។​

រឿងមិគលុទ្ទប្រេត ទី៧

[៣២] (ព្រះនារទត្ថេរសួរវេមានិកប្រេតថា) អ្នកនៅក្មេង មាននរៈ​នារីចោម​រោម រុង​រឿងដោយ​កាមគុណ​ទាំងឡាយ គួរឲ្យ​ត្រេកត្រអាល (ក្នុងពេល​យប់ រងទុក្ខ) ក្នុងពេល​ថ្ងៃ អ្នកបាន​ធ្វើនូវ​កម្មអ្វី ក្នុងជាតិមុន។​

(ប្រេតបានឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ ​មានដៃប្រឡាក់​ដោយឈាម ជាអ្នក​អាក្រក់ នៅក្នុង​ក្រុងរាជគ្រឹះ មានភ្នំ​ដូចជាក្រោល ជាទីគួរត្រេក​អររីករាយ។ ខ្ញុំមានចិត្ត​ប្រទូស្ត​ចំពោះពួក​សត្វច្រើន ជាសត្វមិន​ធ្វើកំហុស (នឹង​នរណា​មួយ) អាក្រក់​ក្រៃពេក ត្រេកអរ​តែក្នុងការ​បៀតបៀន​ចំពោះសត្វ​ដទៃ មិនសង្រួម​គ្រប់កាល​ទាំងពួង។ សំឡាញ់​របស់ខ្ញុំនោះ អ្នកមាន​ហ្ឫទ័យល្អ ជាឧបាសក​មានសទ្ធា គាត់​អនុគ្រោះ បានឃាត់​ខ្ញុំរឿយៗ ថា អ្នកកុំធ្វើ​អំពើអាក្រក់​ឡើយ នែអ្នក អ្នកកុំទៅកាន់​ទុគ្គតិឡើយ បើអ្នក​ប្រាថ្នា​សេចក្ដី​សុខ​ក្នុងបរលោក អ្នកចូរ​វៀរបង់​នូវការ​មិនសង្រួម គឺការ​សម្លាប់សត្វ។​ ខ្ញុំបាន​ស្ដាប់ពាក្យ​សំឡាញ់នោះ ជាអ្នក​ប្រាថ្នា​នូវសេចក្ដី​សុខ អ្នកអនុគ្រោះ​ដោយ​ប្រយោជន៍ តែខ្ញុំជា​អ្នក​ត្រេកអរ​ក្នុងបាប​យូរយារ​មិនមាន​ប្រាជ្ញា មិនបានធ្វើ​តាមពាក្យ​ប្រៀនប្រដៅ (របស់គាត់) ទាំងអស់។ សំឡាញ់​នោះ ជាអ្នក​មានប្រាជ្ញា​ល្អ ស្មើដោយ​ផែនដី បានដំកល់ខ្ញុំ​ក្នុងសេចក្ដី​សង្រួម​ម្ដងទៀត ដោយ​សេចក្ដី​អនុគ្រោះ​ថា បើអ្នក​សំឡាប់​ពួកសត្វ​ក្នុងវេលាថ្ងៃ ត្រូវអ្នក​សង្រួមក្នុង​វេលាយប់​ចុះ។ ខ្ញុំនោះ សំឡាប់ពួក​សត្វ​តែក្នុង​វេលាថ្ងៃ ជាអ្នក​សង្រួម វៀរ​ចាកការ​សំឡាប់សត្វ​ក្នុងវេលាយប់ ខ្ញុំរក្សា​ខ្លួនបាន​តែក្នុង​វេលាយប់ វេលាថ្ងៃ​ទៅកាន់​ទុគ្គតិ (ឆ្កែទាំង​ឡាយ) ខាំស៊ី។ ខ្ញុំបាន​សោយសម្បត្តិ មិនមែន​ជារបស់មនុស្ស​ក្នុងវេលាយប់ (ដោយអំណាច) កុសលកម្ម​នោះ វេលាថ្ងៃ ពួកឆ្កែ​មានចិត្តខ្នាញ់ ស្ទុះមក​ចោមខាំ​ដោយជុំ​វិញ ពួកសត្វណា មានការ​ប្រកប​រឿយៗ ប្រកប​ជានិច្ច ក្នុងសាសនា​របស់​ព្រះសុគត ខ្ញុំ​សំគាល់ថា ពួកសត្វនោះ តែងបាន​នូវ​ព្រះនិព្វាន ឈ្មោះ​អមតៈ ជាធម្មជាត​សុទ្ធ គឺមិនលាយ​ឡំ​ដោយ​លោកិយសុខ ជាបទ​មិនមាន​បច្ច័យ ប្រជុំតាក់តែង​បានឡើយ។

ចប់ រឿងមិគលុទ្ទប្រេត ទី៧។

រឿងទុតិយមិគលុទ្ទប្រេត ទី៨

[៣៣] (ព្រះនារទត្ថេរ សួរប្រេតថា) អ្នកត្រេកអរ​លើបល្ល័ង្ក​ដែលក្រាល​ដោយសំពត់​គោណកៈ ក្នុងប្រាសាទ ដែលជាផ្ទះ​កំពូល គេប្រគំហើយ ដោយ​តូរ្យតន្ត្រី​ប្រកប​ដោយអង្គ ៥។ កាលជិត​ព្រះអាទិត្យ​រះឡើង ក្នុងទីបំផុត​នៃរាត្រីនោះ អ្នកត្រូវគេ​បោះបង់​ចោលក្នុង​ព្រៃស្មសាន ដល់នូវ​សេចក្ដីទុក្ខ​ច្រើន។ អំពើអាក្រក់​ដូចម្ដេច ដែលអ្នក​បានធ្វើហើយ ដោយ​កាយ វាចា ចិត្ត អ្នកដល់​នូវសេចក្ដី​ទុក្ខនេះ តើដោយ​ផលនៃកម្ម​ដូចម្ដេច។

(ប្រេតនោះឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ ជាអ្នកអាក្រក់ មិនសង្រួម​នៅក្នុង​ក្រុង​រាជគ្រឹះ មានភ្នំ​ដូចជា​ក្រោល គួរត្រេក​អររីករាយ។ សំឡាញ់​របស់ខ្ញុំនោះ អ្នកមាន​ហ្ឫទ័យ​ល្អ ជាឧបាសក​មានសទ្ធា មានភិក្ខុ​មួយអង្គ ជាជិតុន​របស់​សំឡាញ់​ខ្ញុំនោះ ជាសាវ័ក​របស់​​ព្រះគោតម។ ភិក្ខុនោះ អនុគ្រោះ បានឃាត់​ខ្ញុំរឿយ ៗ ថា អ្នកកុំធ្វើ​អំពើអាក្រក់​ឡើយ នែអ្នក អ្នកកុំទៅកាន់​ទុគ្គតិឡើយ បើអ្នកប្រាថ្នា​សេចក្ដីសុខ​ក្នុងបរលោក អ្នកចូរវៀរបង់​នូវ​ការមិន​សង្រួម គឺការ​សម្លាប់សត្វ។ ខ្ញុំបានស្ដាប់​ពាក្យរបស់​ភិក្ខុនោះ លោកប្រាថ្នា​សេចក្ដី​សុខ អនុគ្រោះ​ដោយ​ប្រយោជន៍ តែខ្ញុំជាអ្នក​ត្រេកអរ​ក្នុងបាប​យូរយារ មិនមានប្រាជ្ញា មិនបាន​ធ្វើតាម​ពាក្យប្រៀន​ប្រដៅ (របស់លោក) ទាំងអស់។​ ភិក្ខុនោះ លោកមាន​ប្រាជ្ញា​ល្អ ស្មើដោយ​ផែនដី បានដំកល់ខ្ញុំ​ក្នុងសេចក្ដី​សង្រួមម្ដង​ទៀត ដោយសេចក្ដី​អនុគ្រោះថា បើអ្នក​សម្លាប់ពួក​សត្វក្នុង​វេលាថ្ងៃ ត្រូវអ្នក​សង្រួមក្នុង​វេលាយប់ចុះ។ ខ្ញុំនោះ សម្លាប់​ពួកសត្វ​តែក្នុង​វេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការ​សម្លាប់សត្វ​ក្នុងវេលាយប់ ខ្ញុំរក្សា​ខ្លួន​បានតែ​ក្នុងវេលា​យប់ វេលាថ្ងៃ ទៅកាន់​ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំសោយ​សម្បត្តិ​ទិព្វ (ដោយអំណាច) នៃកុសលកម្ម​នោះ ក្នុង​វេលាយប់ វេលាថ្ងៃ ពួកឆ្កែ​មានចិត្តខ្នាញ់ ស្ទុះ​មកចោមខាំ​ដោយជុំវិញ ពួកសត្វណា មានការ​ប្រកបរឿយៗ ប្រកប​ជានិច្ច ក្នុងសាសនា​របស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវ​ព្រះនិព្វាន​ឈ្មោះអមតៈ ជា​ធម្មជាត​សុទ្ធ គឺមិន​លាយឡំ​ដោយលោកិយ​សុខ ជាបទ​មិនមាន​បច្ច័យប្រជុំ​តាក់តែង​បាន​ឡើយ។

ចប់ រឿងទុតិយមិគលុទ្ទប្រេត​ ទី៨។

រឿងកូដវិនិច្ឆយកប្រេត ទី៩

[៣៤] (ព្រះនារទត្ថេរសួរប្រេតថា) អ្នកពាក់នូវ​កម្រងផ្កា ជួតក្បាល ពាក់សង្វារ ខ្លួន​របស់អ្នក​ប្រស់ព្រំ​ដោយខ្លឹមចន្ទ៍ អ្នកមាន​សម្បុរមុខថ្លា ល្អដូច​ជាសម្បុរ​នៃព្រះអាទិត្យ។ បរិវារ​ទាំងឡាយ​របស់អ្នក ដែលរាប់​បញ្ចូលក្នុង​បរិសទ័ មិនមែន​ជាមនុស្ស គឺនាង​កញ្ញា​មួយម៉ឺន ជាស្រី​បំរើ​របស់អ្នក។​ នាងកញ្ញា​ទាំងនោះ ទ្រទ្រង់​នូវសង្វារមាស ស្អិតស្អាង​ដោយសំពត់​មាស អ្នកជា​បុគ្គល​មានអានុភាព​ច្រើន មានរូប​អាចញុំាង​ពួកជន​អ្នកមើល ឲ្យ​ព្រឺរោម។ អ្នកខ្វារ​សាច់ខ្នង​របស់ខ្លួន​ស៊ីដោយ​ខ្លួនឯង តើអំពើ​អាក្រក់​ដូចម្ដេច ដែលអ្នក​បានធ្វើ​ដោយកាយ វាចា ចិត្ត អ្នកខ្វារ​សាច់ខ្នង​របស់ខ្លួន​ស៊ីដោយ​ខ្លួនឯង តើដោយ​ផលនៃ​កម្មដូចម្ដេច។

(ប្រេតនោះបានឆ្លើយថា) ខ្ញុំបានប្រព្រឹត្ត ដើម្បីសេចក្ដី​វិនាសខ្លួន ដោយការ​ញុះញង់ និងមុសាវាទ​ផង ដោយការ​បន្លំ និង​បោកប្រាស់ផង ក្នុង​ជីវលោក។ ខ្ញុំបាន​ទៅកាន់​បរិស័ទ មិនធ្វើនូវ​ហេតុមាន​ប្រយោជន៍ ក្នុងកាលពិត​ដែលតាំង​ឡើងប្រាកដ បែរជា​ប្រព្រឹត្ត​តាមនូវ​ហេតុ ដែលមិនមាន​ប្រយោជន៍​វិញ ក្នុងជីវលោក​នោះ។ ប្រេតណា ស៊ីសាច់ខ្នង ប្រេតនោះ​ឈ្មោះថា ស៊ីខ្លួនឯង ដូចជា​ខ្ញុំស៊ីសាច់ខ្នង​របស់ខ្លួន ក្នុងថ្ងៃនេះដែរ។

បពិត្រព្រះនារទៈ រឿងនេះ លោកម្ចាស់​បានឃើញ​ដោយព្រះអង្គ​ឯងស្រាប់ហើយ ជនទាំង​ឡាយណា ជាអ្នក​អនុគ្រោះ ជនទាំងនោះ ជាអ្នក​ឈ្លាសវៃ គប្បី​ពោលថា អ្នកកុំ​និយាយ​ពាក្យញុះញង់​ផង កុំនិយាយ​ពាក្យកុហក​ផង អ្នកកុំស៊ី​នូវសាច់ខ្នង​ឡើយ។

ចប់ រឿងកូដវិនិច្ឆយកប្រេត ទី៩។

រឿងធាតុវិវណ្ណប្រេត ទី១០

[៣៥] (ព្រះមហាកស្សប សួរធាតុវិវណ្ណប្រេតថា) អ្នកឋិតនៅ​ឰដ៏អាកាស មានក្លិន​អាក្រក់ ស្អុយផ្សាយ​ទៅផង ពួកដង្កូវ​រុកស៊ី​មាត់របស់​អ្នក ដែលមាន​ក្លិនស្អុយផង តើអ្នក​បានធ្វើ​អំពើ​ដូចម្ដេច ក្នុង​កាលមុន។ ព្រោះតែ​ផ្សាយក្លិន​អាក្រក់ និង​មាត់ដែល​ដង្កូវរុកស៊ី​នោះ (បានជា​ពួកសត្វ​ដែលកម្ម​ដាស់តឿន) កាន់គ្រឿង​សស្រ្ដា​មកវះ (មាត់អ្នក) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) រួចវះ​ញយៗ​ថែមទៀត។ អំពើអាក្រក់​ដូចម្ដេច ដែលអ្នក​បានធ្វើ​ដោយ​កាយ វាចា ចិត្ត អ្នករង​ទុក្ខនេះ តើដោយ​ផលនៃកម្ម​ដូចម្ដេច។

(ធាតុវិវណ្ណប្រេត​នោះឆ្លើយថា) បពិត្រលោក អ្នកនិរទុក្ខ ខ្ញុំជាឥស្សរៈ​លើទ្រព្យ និង​ធញ្ញជាតិ​ដ៏ច្រើនក្រៃលែង​​ (នៅ) ក្នុងក្រុង​រាជគ្រឹះ មានភ្នំ​ដូចជាក្រោល គួរត្រេកអរ​រីករាយ។ (កាលពី​ជាតិមុន) ស្រីនេះ ជាប្រពន្ធ​របស់ខ្ញុំផង ស្រីនេះ ជាធីតា​របស់ខ្ញុំ​ផង ស្រីនេះ ជាកូនប្រសារ​របស់​ខ្ញុំផង ខ្ញុំបានឃាត់ (ស្រីនោះ) ដែលនាំ​ផ្កាពុំសែន ផ្កាឧប្បល និង​គ្រឿង​លាបមាន​តម្លៃ ទៅកាន់​ព្រះស្ដូប បាបនោះ​ឯង ដែលខ្ញុំបាន​ធ្វើហើយ។ ពួកយើង​ចំនួន ៨៦.០០០ នាក់ រងទុក្ខវេទនា​ចំពោះខ្លួនៗ ឆេះនៅ​ក្នុងនរក​យ៉ាងខ្លាំង ព្រោះ​តិះដៀល​នូវការ​បូជាចំពោះ​ព្រះស្ដូប ពួកជនណា ប្រកាស​នូវទោសក្នុង​ការបូជា ចំពោះ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ដែល​ប្រព្រឹត្តទៅ​ដោយការ​បូជានូវ​ព្រះស្ដូប (ដូចជាខ្ញុំ) សូមលោកម្ចាស់​ញុំាងពួក​ជននោះ កុំឲ្យងាក​ចេញចាក​បុណ្យនោះ​ឡើយ សូមលោកម្ចាស់​មើលពួក​ស្រីទាំងនេះ ដែលទ្រ​ទ្រង់កម្រង​ផ្កា មានខ្លួន​ប្រដាប់​ហើយ កំពុង​មកតាម​អាកាស​ផង។ ពួកស្រីទាំង​នោះ បាន​សម្រេច (សម្បត្តិទិព្វ) មាន​យសបរិវារ កំពុង​សោយផល​នៃការបូជា​ដោយកម្រង​ផ្កា សេចក្ដី​ព្រឺរោម​ក៏កើតឡើង ព្រោះឃើញ​ហេតុជា​អស្ចារ្យ​ចំឡែកនោះ។ ពួកអ្នក​មាន​ប្រាជ្ញា តែងធ្វើ​នមស្ការថ្វាយ​បង្គំ សរសើរ​ព្រះមហាមុនី​នោះ ខ្ញុំនោះ លុះទៅ​អំពី​បេតលោក​នេះ ហើយបាន​នូវកំណើត​ជាមនុស្ស ជាអ្នក​លែងធ្វេស​ប្រហែស និងធ្វើការ​បូជា​ចំពោះ​ព្រះស្ដូប​រឿយៗ ដោយ​ពិត។

ចប់ រឿងធាតុវិវណ្ណប្រេត ទី១០។

ឧទា្ទន

និយាយអំពីរឿង​អភិជ្ជមានប្រេត ១ រឿង​សានុវាសិប្រេត ១ រឿង​រថការីប្រេត ១ រឿង​ភុសប្រេត ១ រឿង​កុមារប្រេត ១ រឿង​សេរិនីប្រេត ១​ រឿង​មិគលុទ្ទប្រេត ២ លើក រឿង​កូដវិនិច្ឆយកប្រេត​ដែលស៊ី​សាច់ខ្នង​របស់ខ្លួន ១ រឿង​ធាតុវិវណ្ណប្រេត​ឃាត់​ការបូជា១ ព្រោះ​ហេតុនោះ ទើបចាត់​ជាវគ្គ។

ចប់ ចូឡវគ្គ ទី ៣។

មហាវគ្គ ទី៤

រឿងអម្ពសក្ខរប្រេត ទី១

[៣៦] (ព្រះសង្គីតិកាចារ្យពោលថា) មាននគរ ១ ឈ្មោះវេសាលី ​របស់អ្នក​ដែនវជ្ជី ក្នុងក្រុង​វេសាលី​នោះ មានសេ្តចលិច្ឆវី ព្រះនាម​អម្ពសក្ខរៈ បានទត​ឃើញប្រេត​នៅខាង​ក្រៅក្រុង ស្ដេចមាន​ព្រះហ្ឫទ័យ​ចង់ដឹង​ហេតុ បានត្រាស់​សួរប្រេត​នោះ ក្នុង​ទីនោះឯង​ថា​បុគ្គល (ដែលគេ​ចាក់ស្ទួយ​ឡើង​លើដែក​អណ្តោត) នេះ ដេក ឬអង្គុយ ​ក៏មិនបាន ​ការ​ឈាន​ទៅមុខ និង​ការ​ឈាន​ថយក្រោយ ក៏មិនបាន​ ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈ​ទាំងស្រី​ជាអ្នក​បំរើរបស់​បុគ្គលនេះ ក៏មិនមាន​ទៀត។ ពួកជនណា ដែលជា​ញាតិ​សំឡាញ់ ដែលឃើញ​ហើយ ឮហើយ ជាអ្នក​មានចិត្តល្អ អនុគ្រោះ​នៃបុគ្គល​ណា ដែលមាន​ក្នុងកាល​ពីដើម ឥឡូវនេះ ពួកញាតិ​ជាដើមនោះ ក៏មិនបាន​ឃើញបុគ្គល​នោះដែរ ព្រោះ​ខ្លួនឃ្លាត​ឆ្ងាយពី​បុគ្គល​នោះ បុគ្គល​ទុគ៌ត រមែងមិន​មានពួកមិត្ត ពួកមិត្ត​តែងលះបង់​ចោល ព្រោះ​ដឹងថា​ខ្វះខាត ពួកមិត្ត​រមែង​ចោមរោម ព្រោះឃើញ​ប្រយោជន៍ ឯបុគ្គល​ខ្ពង់ខ្ពស់ (ដោយ​ភោគ​សម្បត្តិ) តែងមាន​មិត្តច្រើន។ បុគ្គល​សាបសូន្យ​ចាក​ប្រយោជន៍ លំបាក​ដោយ​ភោគៈ​ទាំងអស់ មានខ្លួន​ប្រឡាក់​ដោយឈាម មានខ្លួន​ធ្លុះធ្លាយ រលត់ជីវិត​ទៅក្នុង​ថ្ងៃនេះ ឬថ្ងៃស្អែក ដូចដំណក់​ទឹកសន្សើម (ដែលជាប់​នៅលើ​ចុងស្មៅ)។ សរីរៈ​ប្រាកដ​ដូច្នេះ ដល់​នូវសេចក្ដី​លំបាកដ៏​ក្រៃលែង គេដោត​ស្ទួយឡើង​លើឈើ​អណ្ដោត ដែលគេធ្វើ​ដោយមែកស្ដៅ កាលបើ​យ៉ាងហ្នឹង​ហើយ ម្នាលយក្ស ចុះហេតុអ្វី​បានជាអ្នក​ពោលថា នែអ្នក​ដ៏ចំរើន អ្នកចូរ​រស់នៅចុះ (ព្រោះ) ការរស់​នៅជាការ​ប្រសើរ។

(ប្រេតឆ្លើយថា) បុរសនុ៎ះ (កាលពីជាតិមុន) ជាសាលោហិត​របស់ខ្ញុំ ខ្ញុំរលឹក​ឃើញ​ជាតិក្នុង​ភពមុន បពិត្រ​ព្រះរាជា លុះខ្ញុំ​ឃើញហើយ ក៏មាន​សេចក្ដី​ករុណា​ដូច្នេះថា បុរស​មានធម៌​ដ៏លាមក​នេះ កុំធ្លាក់ចុះ​ក្នុងនរក​ឡើយ។ បពិត្រ​លិច្ឆវិរាជ បុរសនោះ ជាអ្នកធ្វើ​អំពើ​អាក្រក់ កាលច្យុត​ចាកអត្តភាព​នេះហើយ នឹងកើត​ក្នុងនរក ដែលសម្បូរ​ដោយសត្វ មាន​សភាព​គួរឲ្យស្ញើប មានកំដៅ​ភ្លើងដ៏ខ្លាំង មានទុក្ខ​ក្ដៅផ្សា ជាគ្រឿង​ធ្វើភ័យ​ឲ្យកើត។ ដែក​អណ្ដោត​នេះឯង ប្រសើរជាង​នរកនោះ ដោយគុណ​មានចំណែក​ដ៏ច្រើន បុរសនេះ កុំ​ធ្លាក់ក្នុង​នរក​មានទុក្ខ​តែម្យ៉ាង មានទុក្ខដ៏​ក្ដៅផ្សា ជាគ្រឿង​ធ្វើភ័យ​ឲ្យកើត មានទុក្ខ​ដ៏ក្លៀវ​ក្លាតែម្យ៉ាង បុរសអ្នក​ដល់នូវ​សេចក្ដីទុក្ខ​នោះ ស្ដាប់ពាក្យ​ខ្ញុំនេះបាន​ហើយ គប្បីវៀរ​បង់នូវ​អំពើ​លាម​កចេញ ហេតុដូច្នោះ បានជាខ្ញុំ​មិននិយាយ​ក្នុងសំណាក់​នៃ (បុគ្គលនេះ) ថា ការ​រលត់ទៅ​នៃជីវិត​នេះ ចូរកុំ​មានដល់​ខ្ញុំ ក្នុងទីជា​មួយគ្នា​ឡើយ។

(ព្រះបាទលិច្ឆវីសួរថា) ប្រយោជន៍​របស់បុរសនេះ ខ្ញុំដឹងហើយ យើងចង់​សួរប្រយោជន៍​ដទៃទៀត​ចំពោះអ្នក បើអ្នកមិន​បើកឱកាស​ឲ្យយើងទេ យើងក៏មិន​ហ៊ានសួរ​អ្នកដែរ អ្នកកុំ​គប្បីខឹង​នឹងយើង។​

(ប្រេតតបថា) សេចក្ដីប្ដេជ្ញារបស់យើង មានហើយក្នុង​កាលនោះ​ដោយពិតថា មិន​ប្រាប់ដល់​បុគ្គល​ដែលមិន​ជ្រះថ្លា (នឹងគ្នា) អ្នកចូរធ្វើ​ទុកក្នុង​ចិត្តថា យើងមិន​ចង់ប្រាប់ទេ តែជាមនុស្ស​មានពាក្យ​គួរជឿបាន​ដូច្នេះ​ហើយ​សួរខ្ញុំចុះ តាមសេចក្ដី​ពិតដែល​អាច (នឹង​ប្រាប់​បាន)។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងឃើញនូវហេតុ​ណាមួយ​ដោយចក្ខុ យើងត្រូវ​ជឿហេតុ​នោះទាំង​អស់ ប្រសិន​បើយើងឃើញ​ហើយ យើងមិន​ជឿហេតុ​នោះទេ ម្នាលយក្ខ អ្នកត្រូវ​ធ្វើ​និយស្សកម្ម (ការបន្ថយ​យស) ដល់យើងចុះ។

(ប្រេតតបថា) ពាក្យប្ដេជ្ញានុ៎ះ ជាពាក្យប្ដេជ្ញាដ៏ពិត​របស់ព្រះអង្គ​ចុះ បើព្រះអង្គ​ត្រូវការ​ចង់ដឹង មានហ្ឫទ័យ​មិនប្រទូស្ដ ស្ដាប់ធម៌ណា ជាធម៌ដែល​ព្រះអង្គធ្លាប់​ស្ដាប់ហើយ​ក្ដី មិន​ធ្លាប់ស្ដាប់​ហើយក្ដី លុះព្រះអង្គ​ស្ដាប់ធម៌​នោះហើយ ចូរបាន​នូវសេចក្ដី​ជ្រះថ្លា កាលបើខ្ញុំ​ដឹងយ៉ាង​ណា នឹងក្រាបទូល​នូវហេតុ​នោះទាំងអស់។

(ស្ដេចលិច្ឆវីសួរថា) អ្នកមានសេះស​ប្រដាប់ហើយ ហើយចូល​ទៅក្នុង​ទីជិតនៃ​បុរស ដែលគេ​ដោតដោយ​ឈើអណ្ដោត ឯយាន​ជំនិះនេះ ជារបស់​អស្ចារ្យ គួររមិល​មើល នេះជា​ផលនៃ​កម្មអ្វី។

(ប្រេតតបថា) មានជង្ហុក ១ ត្រង់ផ្លូវរអិល​នៅកណ្ដាល​ក្រុងវេសាលីនោះ ថ្ងែមួយ ខ្ញុំមាន​ចិត្តជ្រះថ្លា បានយក​ក្បាលគោ​ធ្វើជាស្ពាន ដាក់ត្រង់​ជង្ហុកនោះ។ យើងក្ដី ពួកមនុស្ស​ឯទៀតៗ ក្ដី បានដាក់​ជើងលើស្ពាន​នោះហើយ ទើប​ដើរទៅ​បាន យាន​ជំនិះនេះ​ដ៏​អស្ចារ្យ​ គួររមិលមើល​ នេះជាផល​នៃកម្ម​នោះឯង។

(ស្ដេចលិច្ឆវីសួរថា) ចុះអ្នកមានសម្បុរភ្លឺ​ទៅសព្វទិស អ្នកមានក្លិន​ផ្សព្វផ្សាយ​ទៅ​សព្វទិស​បាន អ្នកបាននូវ​ឫទ្ធិ៍​ជាយក្ស​ មានអនុភាព​ច្រើន តែជាអ្នក​អាក្រាត នេះជាវិបាក​នៃ​កម្មអ្វី។

(ប្រេតឆ្លើយថា) ខ្ញុំជាមនុស្សមិនក្រោធ មានចិត្តជ្រះថ្លាជានិច្ច និយាយ​ទៅនឹងជន​ដោយពាក្យ​ពីរោះ​ផ្អែមល្ហែម នេះជាផល​នៃកម្មនោះ​ឯង បានជា​សម្បុររបស់​ខ្ញុំ ភ្លឺជានិច្ច ដូច​ជាទិព្វ។ ខ្ញុំបាន​ឃើញយស​ស័ក្ដិ និង​កេរ្ដិ៍ឈ្មោះ​របស់ពួក​ជនអ្នកតាំង​នៅក្នុងធម៌ ក៏មាន​ចិត្តជ្រះថ្លា ហើយប្រឹក្សា នេះជាផល​នៃកម្មនោះ​ឯង បានជាខ្ញុំ​មានក្លិន​ដូចជាទិព្វ ផ្សព្វផ្សាយ​ទៅជានិច្ច​បាន។ ខ្ញុំបាន​យកសំពត់​ពួកសំឡាញ់ កំពុង​ងូតទឹកក្នុង​កំពង់ លាក់លើ​គោក ខ្ញុំ​ត្រូវការនឹង​សើចលេង មិនមាន​ចិត្ត​ប្រទូស្ដទេ ព្រោះតែកម្ម​នោះ បានជា​ខ្ញុំអាក្រាត ទាំងការ​ចិញ្ចឹម​ជីវិតក៏​លំបាក​ពន់ពេក។

(ស្ដេចលិច្ឆវីត្រាស់សួរថា) បើបុគ្គលណា លែងធ្វើបាប អ្នកប្រាជ្ញទាំងឡាយបាន​សំដែង នូវផលនៃកម្មរបស់បុគ្គល​នោះប្រាកដដូច្នេះ ចុះបើបុគ្គលណា មិនលែងធ្វើបាប​ទេ អ្នក​ប្រាជ្ញទាំងឡាយ បានសំដែងនូវ​ផលនៃកម្ម​នោះ​ដូចម្ដេច។

(ប្រេតតបថា) បើពួកមនុស្សណា មានតម្រិះ​ក្នុងចិត្ត​ប្រទូស្ដហើយ សៅហ្មង​ដោយ​កាយ និងវាចា មនុស្ស​ទាំងនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក្នុង​បរលោក រមែងទៅ​កើតក្នុង​នរក​ឥតមាន​សង្ស័យឡើយ។​ ចំណែក​ពួកមនុស្សដទៃ ប្រាថ្នា​នូវសុគតិ ត្រេកអរ​ក្នុងទាន មានអត្តភាព​ជាអ្នក​សង្គ្រោះ មនុស្ស​ទាំងនោះ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ក្នុង​បរលោក រមែង​ទៅកើត​ក្នុងសុគតិ ឥតមាន​សង្ស័យ​ឡើយ។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងបានពិចារណាហើយ គប្បីដឹង​ពាក្យនោះ​ដូចម្ដេច នេះ​ជាផល​នៃ​កល្យាណកម្ម និង​បាបកម្មទេតើ ​យើងឃើញ​ដូចម្ដេច គប្បីជឿ​នរណា គប្បីធ្វើ​ខ្ញុំឲ្យជឿ​ពាក្យនោះ​បាន។

(ប្រេតតបថា) ព្រះអង្គទតឃើញហើយ ឮហើយ សូមជឿ​ទៅចុះ នេះជាផល​នៃ​កល្យាណកម្ម និង​បាបកម្ម កាលបើ​កល្យាណកម្ម និង​បាបកម្ម​ទាំងពីរ មិនមានទេ ពួកសត្វ គប្បីមាន​សុគតិ ឬទុគ្គតិ​ដូចម្ដេចបាន។ ប្រសិន​បើពួកសត្វ​មិនគប្បី​ធ្វើ​កល្យាណកម្ម និងបាបកម្ម ក្នុងមនុស្ស​លោកនេះ​ទេ ពួកសត្វ ក៏មិនបាន​សុគតិ ឬទុគ្គតិ ទាំងមិន​បាន​ថោកទាប ឬខ្ពង់ខ្ពស់​ក្នុងមនុស្ស​លោកឡើយ។ ពួកសត្វ​ធ្វើកល្យាណ​កម្ម និងបាបកម្ម ក្នុង​មនុស្ស​លោកនេះ ព្រោះ​ហេតុណា ហេតុនោះ បានជា​ពួកសត្វ​ទៅ​សុគតិខ្លះ ទុគ្គតិខ្លះ ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ ក្នុងមនុស្ស​លោក។ ពួកអ្នកប្រាជ្ញ បានសំដែង​នូវផល​ទាំងពីរ​នៃកម្ម​ទាំងឡាយ ដែលជា​គ្រឿងសោយ​នូវសុខ និងទុក្ខ ពួកទេវតា​តែងចោម​រោមដោយ​ពិត ពួកពាលជា​អ្នកមិន​បានឃើញ​នូវផល​ទាំងពីរហើយ រមែង​ឆេះនៅ (ក្នុងអបាយ​ទាំងឡាយ មាននរក​ជា​ដើម)។ បុញ្ញកម្ម​ដែលធ្វើ​ដោយខ្លួនឯង មិនមាន​អ្នកឲ្យ​គ្រឿង​ស្លៀកពាក់ ទីដេក ទីអង្គុយ បាយ និងទឹក ហើយឧទ្ទិស​ចំពោះខ្ញុំ ក៏មិនមាន​ដែរ ហេតុនោះ បានជា​ខ្ញុំមាន​កាយអាក្រាត ទាំងការ​ប្រព្រឹត្តិ​ចិញ្ចឹមជីវិត​ក៏លំបាក។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ម្នាលយក្ស ហេតុតិចតួច​ដែលអ្នក​គួរបាន​នូវគ្រឿង​ស្លៀកពាក់ មានដែរឬ អ្នកចូរប្រាប់​ដល់យើង ហេតុណា​ដែលនាំឲ្យ​យើងជឿបាន យើងនឹង​ស្ដាប់នូវ​ពាក្យ​តាមហេតុនោះ​។

(ប្រេតតបថា) ក្នុងក្រុងវេសាលីនេះ មានភិក្ខុ ១ រូប ឈ្មោះ​កប្បិតកៈ មានឈាន មានសីលធម៌​ល្អ ជាព្រះអរហន្ត មានចិត្ត​ផុតស្រឡះ​ចាកអកុសល មានឥន្ទ្រិយ​ស្រគត់​ស្រគំ សង្រួម​ក្នុងបាតិមោក្ខ ត្រជាក់ត្រជុំ សម្រេចនូវ​ការយល់​ដ៏ខ្ពង់ខ្ពស់ មានសំដី​ទន់ភ្លន់ ដឹងនូវ​ពាក្យពោល មានសំដី​ផ្អែមល្ហែម មានព្រះភក្ត្រ​ផូរផង់ ចេះចាំ​ធម៌អាថ៌​ដោយប្រពៃ ​​ផុតស្រឡះ​ហើយ​ដោយល្អ ជាបុញ្ញក្ខេត្ត ស្ងប់ស្ងាត់​ចាកកិលេស ជា​ទក្ខិណេយ្យបុគ្គល​របស់ទេវតា និង​មនុស្ស​ទាំងឡាយ ជាសប្បុរស ប្រាសចាក​ផ្សែង គឺ​វិតក្កៈ វិចារៈ មិនមាន​ទុក្ខ មិនមាន​សេចក្ដី​ប្រាថ្នា ផុតស្រឡះ​ចាកភព​ទាំងពួង មានសរ គឺរាគៈ​ទៅប្រាស​ហើយ មិនមាន​សេចក្ដី​សំគាល់​ថា​អញ មិន​វៀចវេរ មិនមាន​ឧបធិក្កិលេស អស់ធម៌​ជាគ្រឿង​យឺតយូរ​គ្រប់យ៉ាង បាន​សម្រេចវិជ្ជា ៣ មានសេចក្ដី​រុងរឿង។ លោកនោះ មិនល្បីនាម​ប្រាកដទេ ទុកជា​ឃើញ ក៏មិន​ងាយ​នឹងស្គាល់ ពួកមនុស្ស​អ្នកនៅក្នុង​ដែនវជ្ជី តែងនាំគ្នា​ហៅថា មុនី​ដូច្នេះ ទាំងដឹងថា លោកជា​បុគ្គល​គួរបូជា មិនមាន​សេចក្ដី​ញាប់ញ័រ គឺកិលេស មាន​កល្យាណធម៌ ប្រព្រឹត្ត​ទៅក្នុង​លោក។ បើព្រះអង្គ ឲ្យសំពត់ ១ គូក្ដី ២គូក្ដី ដល់​ព្រះថេរៈនោះ ឧទ្ទិសដល់​ខ្ញុំ ខ្ញុំនឹង​គប្បីបាន​សំពត់ ដែលលោក​ទទួលហើយ​នោះផង ព្រះអង្គ នឹងទត​ឃើញខ្ញុំ​ដែលស្លៀក​សំពត់​ហើយផង។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ឥឡូវនេះ យើងនឹងទៅ​ជួបព្រះសមណៈ​នៅក្នុង​ប្រទេសណា សមណៈ​នោះ គប្បីបន្ទោបង់​នូវសេចក្ដី​សង្ស័យផង នូវសេចក្ដី​ងឿងឆ្ងល់​ផង នូវសេចក្ដី​យល់ខុស ដែលជា​សត្រូវ​របស់យើង​ផង ក្នុងថ្ងៃនេះ​បានឬទេ។

ប្រេតតបថា សមណៈនុ៎ះ គង់នៅឯ​ប្រទេស​ឈ្មោះ​​កបិនច្ចនា មានពួក​ទេវតាច្រើន ចោមរោម លោកមាន​នាមថា​សច្ចៈ ជាអ្នក​មិនប្រមាទ​ក្នុងធម៌​ជាគ្រឿង​អស្ចារ្យ​របស់ខ្លួន សំដែង​ធម្មីកថា។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) បើដូច្នោះ ឥឡូវនេះ យើងនឹងទៅធ្វើ​ឲ្យសមណៈ ស្លៀកដណ្ដប់​ដោយគូ​សំពត់ អ្នកចូរ​មើលសំពត់​ទាំងនោះ ដែលលោក​បានទទួល​ហើយ ឯ​យើង គប្បីមើល​នូវអ្នក​ស្លៀកសំពត់។

(ប្រេតតបថា) ព្រះអង្គកុំចូលទៅរកបព្វជិត ក្នុងកាល​មិនគួរឡើយ ខ្ញុំសូមអង្វរ ធម៌​នោះ មិនមែន​ជាធម៌​របស់​ព្រះអង្គ​ជាស្ដេច​លិច្ឆវីទេ ខ្ញុំចូលទៅ​ក្នុងកាលគួរ​នោះ ទើប​ឃើញលោក​គង់នៅ​ក្នុងទីស្ងាត់​នោះឯង។

ស្ដេចលិច្ឆវីនោះ ពោលពាក្យដូច្នោះ​ហើយ ក៏មានពួកទាសៈ​ចោមរោម យាងចូលទៅ​ក្នុងទីនោះ លុះចូល​ទៅក្រុងនោះ​ហើយ ទ្រង់យាងចូល​ទៅក្នុង​ព្រះរាជនិវេសន៍​របស់​ព្រះអង្គ​វិញ។ លំដាប់នោះ ស្ដេចលិច្ឆវី ធ្វើនូវកិច្ច​ទាំងឡាយ​ជារបស់​គ្រហស្ថ ក្នុងវេលា​ព្រឹកហើយ ក៏ស្រង់ផង សោយនូវ​សុគន្ធរស​ផង រួចបាន​នូវឱកាស ក៏ជ្រើសរើស​នូវសំពត់​បាន ៨ គូ អំពី​ហិប ហើយក៏​ឲ្យពួកទាសៈ ​កាន់យក​តាមទៅ។ ស្ដេចលិច្ឆវីនោះ​ ចូលទៅ​ឯប្រទេស​នោះ បានឃើញ​សមណៈ​នោះ អ្នកមាន​ចិត្តស្ងប់រម្ងាប់ កំពុង​វិលត្រឡប់​ពីគោចរ ជាបុគ្គល​ត្រជាក់​ត្រជុំ គង់នៅ​ក្រោមម្លប់​ឈើ។ លុះស្ដេច​លិច្ឆវី​ចូលទៅ​ដល់ហើយ ក៏ពោលទៅ​នឹង​សមណៈ​នោះ រួចហើយ​ក៏សួរនូវ​ការមិន​មានអាពាធ និងការ​នៅជា​សុខសប្បាយ (ហើយទូល) ថា​បពិត្រ​លោក​ដ៏ចំរើន ខ្ញុំជាស្ដេច​លិច្ឆវីក្នុង​ក្រុងវេសាលី អ្នកផង​តែង​ស្គាល់ខ្ញុំ​ ថាជាស្ដេច​លិច្ឆវី ឈ្មោះ​អម្ពសក្ខរៈ។ បពិត្រ​លោក​ដ៏ចំរើន សូមលោក​ទទួល​សំពត់ទាំង ៨គូ របស់​ខ្ញុំនេះចុះ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំសូម​ប្រគេន​ដល់លោក ខ្ញុំមក​ក្នុងទី​នេះ ព្រោះប្រយោជន៍​នោះឯង គួរឲ្យខ្ញុំ​មានចិត្ត​ត្រេកអរ។

(ព្រះថេរៈតបថា) ពួកសមណៈព្រាហ្មណ៍ ដែលមក​អំពីទីឆ្ងាយ តែងតែ​ចៀសវាង​នូវនិវេសន៍​របស់​ព្រះអង្គ បាត្រ​ទាំងឡាយ តែងធ្លាក់​បែក សង្ឃាដី​ទាំងឡាយ តែងតែ​រហែក​ដាច់ដាច ក្នុង​និវេសន៍​របស់​ព្រះអង្គ។ ម្យ៉ាងទៀត ពួកសមណៈ​ដទៃ មានក្បាល​សំយុងចុះ រមែងធ្លាក់​ចុះដោយ​ជើងទាំងឡាយ ពោល​គឺជើង (របស់ព្រះអង្គ) កាលបើ​ព្រះអង្គ បៀតបៀន​​នូវបព្វជិត​ប្រាកដ​ដូច្នោះ​ហើយ ពួកសមណៈ​រមែងដល់​នូវអំពើ​ដែលព្រះអង្គ​ធើ្វ។ ព្រះអង្គ​មិនដែល​ឲ្យប្រេង​សូម្បីដោយ​ចុងស្បូវផង មិនប្រាប់ផ្លូវ ដល់អ្នក​វង្វេងផ្លូវផង ព្រះអង្គ​សមាទាន កាន់យក​តែអាជ្ញា របស់មនុស្ស​អន្ធពាល​ដោយព្រះអង្គ​ឯង បុគ្គល​បែប​ហ្នឹង​ឈ្មោះថា កំណាញ់​ស្វិតស្វាញ ជាអ្នក​មិនសង្រួម។ កាលបើ​យ៉ាងហ្នឹង តើព្រះអង្គ ឃើញនូវ​ហេតុអ្វី តាមដោយ​ហេតុអ្វី បានជា​ព្រះអង្គ​ធ្វើនូវការ​ចែករំលែក​ជាមួយនឹង​អាត្មាភាព។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន លោកពោល​ពាក្យណា ខ្ញុំក៏ទទួល​ស្ដាប់នូវ​ពាក្យនោះ។

(ព្រះថេរៈតបថា) ព្រះអង្គធ្វើពួក​សមណព្រាហ្មណ៍​ឲ្យវង្វេង​ហើយ។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាបុគ្គល​ត្រូវការ​នឹងលេង មិនមាន​ចិត្ត​ប្រទូស្ដ​ឡើយ ខ្ញុំធ្វើ​អំពើអាក្រក់​នេះមែន​ហើយ បុគ្គលក្មេងក្ដី កំឡោះក្ដី ដែលមាន​ទ្រព្យតិច តែងទទួល​ទុក្ខ ព្រោះតែ​សន្សំបាប​ដោយការលេង ជាបុគ្គល​មានចំណែក​នៃភាព​ជាអ្នក​អាក្រាត អ្វីដែល​ដល់នូវ​ទុក្ខយ៉ាងធ្ងន់ ជាង​ភាពអាក្រាត​នោះ របស់ប្រេត​នោះ។ បពិត្រ​លោក​ដ៏ចំរើន ខ្ញុំឃើញ​ប្រេតនោះ គួរឲ្យ​កើតសង្វេគ ទើបឲ្យទាន ព្រោះសង្វេគ​នោះជា​បច្ច័យ បពិត្រ​លោក​ដ៏ចំរើន សូមលោក​ទទួល​សំពត់​ទាំង ៨ គូ​ចុះ ទក្ខិណាទាន (ដែលខ្ញុំ​ប្រគេន​ហើយ) នេះ សូមឲ្យ​បានសម្រេច​ដល់យក្សចុះ។

(ព្រះថេរៈតបថា) ការមិនចេះអស់ ចូរមានដល់​ព្រះអង្គ កាលឲ្យទាន ដែលអ្នក​ប្រាជ្ញមាន​ព្រះពុទ្ធ​ជាដើម ទ្រង់សរសើរ​ហើយ ដោយប្រការ​ដ៏ច្រើន​ដោយពិត ឯអាត្មា​នឹង​ទទួល​សំពត់របស់​ព្រះអង្គ​ទាំង ៨ គូ សូម​ទក្ខិណាទាន​សម្រេចដល់​យក្សចុះ។

លំដាប់នោះឯង ស្ដេចលិច្ឆវីនោះ ក៏ជំរះសំអាត ហើយ​ប្រគេន​សំពត់ ៨ គូដល់​ព្រះថេរៈ ព្រះថេរៈ​បានទទួល​សំពត់ ៨ គូនោះ​ហើយ ស្ដេចលិច្ឆវី បានឃើញ​នូវយក្សស្លៀក​ដណ្ដប់​សំពត់។ ស្ដេចលិច្ឆវី បានទត​ឃើញប្រេត​នោះ មានខ្លួន​ប្រស់ព្រំដោយ​ខ្លឹមច័ន្ទន៍ ហើយឡើង​ជិះសេះ​អាជានេយ្យ មានរូប​ដ៏ប្រសើរ មានគ្រឿង​ប្រដាប់​គ្រប់គ្រាន់ មាន​សំពត់​ស្លៀក​ដណ្ដប់​ដ៏ស្អាត មាន​បរិស័ទ​ចោមរោម ដល់នូវ​ឫទ្ធិ៍ជាយក្ស​យ៉ាងធំ។ លុះ​ស្ដេច​លិច្ឆវីនោះ ទតឃើញ​ប្រេតនោះ​ហើយ ក៏មាន​ព្រះហ្ឫទ័យ​សោមនស្ស ខ្ពស់អណ្ដែត​ឡើង មាន​ព្រះហ្ឫទ័យ​ត្រេកអរ មានសភាព​ដ៏ប្រសើរល្អ មានចក្ខុ ព្រោះបាន​ឃើញ​នូវកម្ម មានផល​ដ៏ធំផង ធ្វើឲ្យជាក់ច្បាស់​នូវប្រេតដែល​ខ្លួនបាន​ឃើញដោយ​ខ្លួនឯង។ ស្ដេច​លិច្ឆវី បានចូលទៅ​រកប្រេតនោះ ហើយមាន​ព្រះបន្ទូលថា យើង​នឹងឲ្យទាន ដល់​ពួកសមណ​ព្រាហ្មណ៍ ឯវត្ថុបន្តិច​បន្តួច ដែលយើង​មិនត្រូវឲ្យ មិនមានទេ ម្នាលយក្ស អ្នកមាន​ឧបការៈ​ដល់យើង​ច្រើនណាស់។

(ប្រេតតបថា) បពិត្រស្ដេច​លិច្ឆវី ព្រះអង្គបានឲ្យ​ទានទាំងឡាយ​ចំពោះតែ​បច្ច័យ ១ ការឲ្យ​ទាននេះ មិនមែន​សោះសូន្យ​ឡើយ ខ្ញុំជា​អមនុស្ស​ ធ្វើជាសាក្សី​ជាមួយ​ព្រះអង្គ​ជា​មនុស្ស។

(ស្ដេចលិច្ឆវីតបថា) អ្នកជាគតិ ជាផៅពង្ស ជាការនាំមុខ និងជា​មិត្រសំឡាញ់ និង​ជាទេវតា​របស់យើង យើងសូម​ប្រណម​អញ្ជលី​ចំពោះអ្នក ម្នាលយក្ស យើងចង់​ឃើញអ្នក​ម្ដងទៀត។

(ប្រេតតបថា) បើព្រះអង្គជាអ្នកមិនមានសទ្ធា ជាបុគ្គល​កំណាញ់ មានចិត្ត​វិបត្តិ​ហើយ ព្រះអង្គ​បានឃើញ​ខ្ញុំដោយ​ហេតុនោះ​ឯង ទុកជា​ខ្ញុំឃើញ ក៏មិននិយាយ​រកចំពោះ​ព្រះអង្គដែរ។​ បើព្រះអង្គ​ជាអ្នក​គោរព​ក្នុងធម៌ ត្រេកអរ​ក្នុងទាន មានអត្តភាព​ជាអ្នក​សង្គ្រោះ ជាអណ្ដូង​របស់​ពួកសមណ​ព្រាហ្មណ៍​យ៉ាងនេះ ទើបព្រះអង្គ​អាចឃើញ​ខ្ញុំបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំឃើញ​ហើយ​និយាយ​ចំពោះ​ព្រះអង្គថា ព្រះអង្គ ចូរដោះ​បុរសនេះ អំពី​ឈើអណ្ដោត​ឲ្យឆាប់ទៅ យើងបាន​ធ្វើជាសាក្សី ព្រោះហេតុ​តែបុរស​ណា យើងរមែង​ដឹង ព្រោះហេតុ​តែបុរស ដែលគេដោត​ដោយឈើ​អណ្ដោត យើងទាំងនោះ បានធ្វើជា​សាក្សី​ដល់គ្នា​នឹងគ្នា។ បើបុរស​ដែលដោត​លើឈើ​អណ្ដោត​នេះ បានរួចឆាប់ គប្បី​ប្រព្រឹត្ត​ធម៌ដោយ​គោរព ទើប​បុរសនោះ រួចអំពី​នរកនោះ​បាន កម្មនោះ នឹងទៅជា​កម្មដែល​បុរសនោះ​គប្បីទទួល​ក្នុង​ភពដទៃ។ សូមព្រះអង្គ សេ្ដចចូល​ទៅរក​កប្បិតកភិក្ខុ ហើយ​ចាត់ចែង​ភោជនាហារ​ក្នុងកាល​ដ៏គួរ ជាមួយ​នឹងលោក ហើយអង្គុយ​ចំពោះ​មុខលោក ដោយ​ព្រះអង្គឯង ហើយ​ចូរសួរ​លោកចុះ លោកគង់​នឹងប្រាប់​សេចក្ដីនោះ​ដល់​ព្រះអង្គ។ សូម​ព្រះអង្គ​ចូលទៅរក​ភិក្ខុនោះ ហើយសួរចុះ ព្រោះភិក្ខុនោះ ត្រូវការ​បុណ្យ មិនមាន​ចិត្ត​ប្រទូស្ដ​ទេ ភិក្ខុនោះ​ដឹងយ៉ាង​ណា ក៏នឹងប្រាប់​នូវធម៌ទាំង​អស់យ៉ាង​នោះ ដែលព្រះអង្គ​ស្ដាប់​ហើយក្ដី មិនដែល​ស្ដាប់ហើយក្ដី កាលបើ​ព្រះអង្គស្ដាប់ លោកនឹង​សំដែង​ប្រាប់នូវ​ធម៌ផង នូវ​សុគតិ​ផង។

ស្ដេច​លិច្ឆវីនោះ ចរចានឹងគ្នា​ក្នុងទីស្ងាត់ ក្នុងទីនោះ ហើយធ្វើ​ឲ្យជាសាក្សី​ជាមួយ​នឹង​អមនុស្ស ហើយជៀស​ចេញទៅ​កាន់សំណាក់​នៃស្ដេច​លិច្ឆវី​ទាំងឡាយ លំដាប់នោះ ស្ដេចបាន​ពោលចំពោះ​បរិស័ទ​ដែលមក​ប្រជុំគ្នា។

(ស្ដេចលិច្ឆវីត្រាស់ថា) អ្នកដ៏ចំរើនទាំងឡាយ ចូរស្ដាប់ពាក្យ​យើងមួយ​ម៉ាត់ យើង​នឹងបាន​នូវពរ យើងនឹង​បាននូវ​ប្រយោជន៍ បុរសដែល​ត្រូវគេដោត​ដោយឈើ​អណ្ដោត ជា​អ្នកមាន​កម្មអាក្រក់ មានអាជ្ញា​តាំងទុក​ហើយ មាន​សភាពជា​មនុស្ស​ជាប់ដោយ​អាជ្ញា។ បុរស​ដែលត្រូវ​ឈើអណ្ដោត​ដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រី​ប៉ុណ្ណោះ ឥឡូវនេះ យើងនឹង​ដោះបុរស​នោះ សូមសង្ឃ [សំដៅយកពួក​ក្រុមស្តេច​លិច្ឆវី។] ​យល់តាម​សេចក្ដី​គាប់ចិត្ត (របស់យើង) ចុះ។

(ប្រេតតបថា) សូមព្រះអង្គ ដោះលែង​បុរសដែល​ជាប់ដោយ​ឈើអណ្ដោត​នោះផង បុរស​ដទៃផង​ ឲ្យឆាប់ទៅ នរណា​ពោលនឹង​ព្រះអង្គ​ដែលកំពុង​ធ្វើដូច្នោះ ព្រះអង្គ​យល់​យ៉ាងណា ចូរធ្វើ​យ៉ាងនោះ​ចុះ ឥឡូវ​សង្ឃយល់​តាមសព្វ​ព្រះទ័យ​ហើយ។

ស្ដេចនោះបានចូលទៅប្រទេសនោះ ហើយបានដោះ​លែងបុរស​ដែលគេ​ដោត ដោយ​ឈើអណ្ដោត​មួយរំពេច ហើយប្រាប់​ទៅបុរស​នោះថា នែសំឡាញ់​មានធុរៈ​ស្មើ ចូរអ្នកកុំ​ភ័យឡើយ ហើយក៏​ប្រគល់​ឲ្យទៅពួក​ពេទ្យអ្នក​ថែរក្សា។ ទើបស្ដេច​លិច្ឆវី យាងចូល​ទៅ​រក​កប្បិតកភិក្ខុ ហើយចាត់​ចែងភោជនា​អាហារ ក្នុងកាល​ដ៏គួរ មួយអន្លើ​នឹងកប្បិតកភិក្ខុ​នោះ ស្ដេចលិច្ឆវី​អ្នកត្រូវ​ការដោយ​ហេតុ ទើបចូល​ទៅគង់​ជិត ហើយសួរ​កប្បិតកភិក្ខុ​នោះ ដែលអង្គុយ​នៅទីនោះ ដោយ​ព្រះឱស្ឋ​ព្រះអង្គ​ឯងថា បុរសដែលគេ​ដោតដោយឈើ​អណ្តោត (ហ្នឹង) ជាអ្នកធ្វើ​កម្ម​អាក្រក់ ត្រូវគេដាក់​អាជ្ញាហើយ មានសភាព​ជាអ្នកជាប់​ដោយអាជ្ញា​ បុរសដែល​ត្រូវឈើ​អណ្តោត​ដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រី ប៉ុណ្ណោះ ​។ បពិត្រ​លោក​ដ៏ចំរើន ឥឡូវនេះ បុរសនោះ ខ្ញុំបានដោះ​លែងតាម​ពាក្យយក្សនុ៎ះ​ហើយ ហេតុតិចតួច​ដែលបុរសនោះ មិនគប្បីទៅ​នរក មានដែរឬ។ បពិត្រ​លោកដ៏ចំរើន បើមាន​ហេតុ គឺហេតុ​ដែលគួរ​ជឿបាន សូមលោក​ប្រាប់ដល់​យើង យើងស្ដាប់​ហើយ យើង​(នឹងជឿតាម​ពាក្យរបស់​លោក) ការវិនាស​នៃកម្ម​ទាំងនោះ ក៏មិនមាន សេចក្ដីវិនាស​របស់​បុរសនោះ ក៏មិនមាន ក្នុងទីនេះ ព្រោះមិនបាន​ទទួលនូវផល។ បើបុរសនោះ គប្បី​ប្រព្រឹត្តនូវ​ធម៌ទាំង​ឡាយ មិនប្រមាទ ទាំងយប់​ទាំងថ្ងៃ ដោយគោរព ទើបបុរស​នោះ គប្បីរួចចាក​នរកនោះ​បាន កម្មនោះ នឹងជាកម្ម​ដែលត្រូវ​ទទួលក្នុង​ភពដទៃ។ ប្រយោជន៍​របស់​បុរសនុ៎ះ ខ្ញុំបាន​ដឹងហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​អនុគ្រោះខ្ញុំ ក្នុងកាល​ឥឡូវ​នេះ បពិត្រ​លោកមាន​ប្រាជ្ញា​ដ៏ក្រាស់ សូមលោកម្ចាស់ ទូន្មាន​ប្រៀនប្រដៅ​ខ្ញុំ គួរកុំ​ឲ្យខ្ញុំទៅ​នរកបាន។

(ព្រះថេរៈតបថា) ព្រះអង្គ​មានព្រះហ្ឫទ័យ​ជ្រះថ្លា ចូរដល់នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃ​នេះឯង មួយទៀត ព្រះអង្គ​ចូរសមាទាន​នូវសិក្ខាបទ​ទាំង ៥ កុំ​ឲ្យដាច់​ធ្លុះធ្លាយ​ឡើយ។ ចូរព្រះអង្គ វៀរចាក​បាណាតិបាត​ឲ្យឆាប់ ចូរវៀរ​ចាកទ្រព្យ​ដែល​គេមិន​ឲ្យក្នុងលោក​ចេញ កុំសោយ​នូវទឹកស្រវឹងផង កុំកុហកផង ចូរត្រេកអរ​តែនឹងមហេសី​របស់​ព្រះអង្គផង។ សូមព្រះអង្គ សមាទាន​នូវឧបោសថសីល​ដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ នេះ ជាកុសល​ឲ្យផល​ជាសុខចុះ។

សូមព្រះអង្គប្រទាននូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សយនាសនប្បច្ច័យ បាយ និង​ទឹក បង្អែម សំពត់ សេនាសនៈ​ទាំងឡាយ ចំពោះពួក​បុគ្គលអ្នក​មានចិត្តត្រង់ បុណ្យ​រមែង​ចំរើន​សព្វៗកាល មួយទៀត សូមព្រះអង្គ ញ៉ាំងពួក​ភិក្ខុអ្នក​បរិបូណ៌​ដោយសីល ប្រាស​ចាករាគៈ​ ជា​ពហុស្សូត ឲ្យឆ្អែត​ដោយបាយ និងទឹក បុណ្យរមែង​ចំរើនសព្វៗកាល។ កាលបើ​បុរសនោះ ប្រព្រឹត្ត​នូវធម៌​ទាំងឡាយ មិនប្រមាទ​ទាំងយប់​ទាំងថ្ងៃ ដោយ​គោរព​យ៉ាងនេះ​ហើយ ទើបរួច​ចាកនរក​បាន កម្មនោះ នឹងទៅជា​កម្មដែលត្រូវ​ទទួលក្នុង​ភពដទៃ។

(ស្តេចលិច្ឆវី មានព្រះឱង្ការថា) ខ្ញុំមានចិត្ត​ជ្រះថ្លាដល់​នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ ក្នុងថ្ងៃ​នេះឯង មួយទៀត ខ្ញុំ​សមាទាន​នូវសិក្ខាបទ​ទាំង ៥ មិនឲ្យ​ដាច់ធ្លុះ​ធ្លាយ ខ្ញុំវៀរចាក​បាណាតិបាត​យ៉ាងឆាប់ ខ្ញុំវៀរចាក​អទិន្នាទាន​ក្នុងលោក ខ្ញុំមិនផឹក​ទឹកស្រវឹង មិននិយាយ​ពាក្យមុសា ខ្ញុំត្រេកអរ​ចំពោះតែ​ប្រពន្ធ​របស់ខ្លួន។ ខ្ញុំសមាទាន​នូវ​ឧបោសថសីល​ដ៏ឧត្តម ប្រកប​ដោយអង្គ ៨ ប្រការ ដ៏ប្រសើរ​នេះ ជាកុសល ឲ្យផលជាសុខ។

ខ្ញុំឲ្យនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ ទីដេក ទីអង្គុយ បាយទឹក បង្អែម សំពត់ សេសនៈ​ទាំងឡាយ ចំពោះ​ពួកភិក្ខុ​អ្នកបរិបូណ៌​ដោយសីល ប្រាសចាក​រាគៈ ជាពហុស្សុត ខ្ញុំជាអ្នក​ត្រេកអរ​ក្នុងសាសនា​របស់ព្រះពុទ្ធ​ទាំងឡាយ មិនកម្រើក​ឡើយ។

(បណ្តាពួកឧបាសក) ក្នុងក្រុងវេសាលី ស្តេចលិច្ឆវី ព្រះនាម​អម្ពសក្ខរៈ ជាឧបាសក​ម្នាក់ ​ប្រាកដ​ដូច្នោះ ក្នុងក្រុង​វេសាលី ជាអ្នក​មានសទ្ធា​ផង មានចិត្ត​ទន់ភ្លន់ផង ជាអ្នក​ធ្វើនូវ​ឧបការៈ ទំនុកបម្រុង​ភិក្ខុសង្ឃ​ដោយគោរព ក្នុងកាល​នោះផង។ បុរស​ដែលត្រូវ​គេដោត​ដោយឈើ​អណ្តោត ឥតមាន​រោគ មានតែ​សិរី និងសុខ បានចូល​ទៅកាន់​ផ្នួស ជនទាំងពីរ​នាក់​ ក៏បាន​សម្រេច​នូវសាមញ្ញផល​ទាំងឡាយ (តាមសមគួរ) ព្រោះអាស្រ័យ​នឹងព្រះថេរៈ​ឈ្មោះ​កប្បិតកៈ​ដ៏ឧត្តម។ ការសេពគប់​នឹងពួក​សប្បុរស អ្នកស្ងប់ អ្នកដឹង​ដូច្នេះ រមែងមាន​ផលច្រើន បុរស​ដែលដេក​លើឈើ​អណ្តោត បានសម្រេច​នូវផល​ដ៏ប្រសើរ ឯស្តេច​លិច្ឆវី អម្ពសក្ខរៈ បានសម្រេច​ផលតូច (សោតាបត្តិផល)។

ចប់ រឿងអម្ពសក្ខរប្រេត ទី១។

រឿង សេរិស្សកប្រេត ទី២ ​

[៣៧] ការប្រជុំនៃយក្ខ និងពាណិជ​ទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់។បេ។

(អ្នកប្រាជ្ញគប្បីមើលក្នុងរឿងទី ១០ នៃ សុនិក្ខិត្តវគ្គ ទី៧ ក្នុង វិមានវត្ថុ ចុះ)។

ចប់ រឿងសេរិស្សកប្រេត ទី២។

រឿងនន្ទិកាប្រេត ទី៣

[៣៨] ព្រះរាជាព្រះនាមបិង្គលកៈ ជាធំក្នុងសុរដ្ឋប្រទេស សេ្តចទៅកាន់​គំនាល់​នៃ​ព្រះបាទ​មោរិយៈ (ព្រះបាទ​ធម្មាសោក) ហើយស្តេច​ត្រឡប់មក​សុរដ្ឋប្រទេស​វិញ។ ព្រះរាជា​សេ្តចយាង​កាត់ភក់ ក្នុងវេលា​ថៃ្ងត្រង់​ដ៏ក្តៅ ក៏បានទត​ឃើញផ្លូវ​គួរជាទីត្រេកអរ ជាផ្លូវដែល​ប្រេត​ទំាងឡាយ និម្មិត​ហើយ ទើបព្រះរាជា​ទ្រង់ត្រាស់​នឹងនាយ​សារថី​ថា ផ្លូវនេះ​គួរជាទី​ត្រេកអរ ជាផ្លូវដ៏​ក្សេមក្សាន្ត ប្រកប​ដោយ​សួស្តី ជាផ្លូវ​មិនមាន​ឧបទ្រព​ឡើយ មា្នលសារថី ចូរអ្នក​ទៅតាម​ផ្លូវនេះវិញ (ព្រោះយើង) ទៅតាមផ្លូវ​នេះ ជិតដល់​សុរដ្ឋ​ប្រទេស​ហើយ​ដូច្នេះ រួចព្រះបាទ​បិង្គលកៈក្នុង​សុរដ្ឋប្រទេស ក៏បានទៅ​តាមផ្លូវនោះ​ជាមួយ​នឹងសេនា​ប្រកប​ដោយអង្គ ៤។ បុរស​មានសភាព​តក់ស្លុត បានក្រាប​ទូលស្តេច​ក្នុងសុរដ្ឋ​ប្រទេស​ដូច្នេះថា យើងដើរ​ទៅ​តាមផ្លូវ​មិនស្រួល​ ជាទី​ស្ញប់ស្ញែង ព្រឺព្រួចរោម។ ផ្លូវខាងមុខ​បា្រកដ ផ្លូវខាង​ក្រោយមិន​ប្រាកដទេ យើង​ដើរទៅតាម​ផ្លូវមិនស្រួល ក្នុងទីជិត​នៃពួក​យមបុរសប្រេត ឯក្លិន​អមនុស្ស បក់មក ទំាងមាន​សំឡេង​គឹកកង​ដ៏ខ្លាំង ដ៏អាក្រក់ ក៏ឮមក។

ព្រះរាជាក្នុងសុរដ្ឋប្រទេស ទ្រង់មានសេចក្តី​តក់ស្លុត ទើបត្រាស់​ទៅនឹង​នាយសារថី ដូច្នេះ​ថា​ យើងដើរ​ទៅពារ​ផ្លូវមិនស្រួល នំាឲ្យ​ស្ញប់ស្ញែង នំាឲ្យ​ព្រឺព្រួច​រោម ផ្លូវខាង​មុខបា្រកដ ផ្លូវខាង​ក្រោយមិន​បា្រកដទេ។ យើងដើរ​ទៅពារផ្លូវ​មិនស្រួល ក្នុងទី​ជិតនៃ​ពួកយម​បុរសហើយ ឯក្លិន​សរីរៈអមនុស្ស ក៏បក់មក ទំាំងសំឡេងគឹកកង​រំពង​អាក្រក់ ក៏ឮមក។ (ទ្រង់​ត្រាស់​ដូច្នេះហើយ) ក៏ឡើងគង់​លើដំរី ហើយទត​មើលទៅ​ទិសទំាង ៤ បានឃើញ​ដើមជ្រៃ​មួយ​ដើម ជារុក្ខជាត​ផឹកនូវទឹក​ដោយជើង បរិបូណ៌​ដោយម្លប់​ប្រហែល​មេឃ​មានពណ៌ខៀវ ជាឈើ​មានសម្បុរ​ដូចផៃ្ទមេឃ ព្រះរាជា​ត្រាស់ទៅ​នឹងនាយ​សារថី​ថា ដើមឈើ​ធំប្រហែល​មេឃមានពណ៌​ខៀវ ជាឈើ​មានសម្បុរ​ដូចផៃ្ទ​មេឃនុ៎ះ ជាឈើអ្វី។

សារថី​ក្រាបទូល​ថា បពិត្រ​មហា​រាជ នោះជាដើមជ្រៃ ជារុក្ខជាត​ផឹកនូវទឹក​ដោយជើង បរិបូណ៌​ដោយម្លប់​ប្រហែល​មេឃមាន​ពណ៌ខៀវ ជាឈើ​មានសម្បុរ​ដូចផ្ទៃ​មេឃ។ ព្រះរាជា​ក្នុងសុរដ្ឋ​ប្រទេស សេ្តចទៅ​ត្រង់ដើមឈើ​ធំប្រហែល​មេឃមាន​ពណ៌ខៀវ ជាឈើ​មានសម្បុរ​ដូចផ្ទៃ​មេឃ។ ព្រះរាជា​ស្តេចចុះ​ពីកដំរី ហើយចូល​សំដៅទៅ​រកដើម​ឈើ ទ្រង់គង់​ក្រោមម្លប់​ឈើជា​មួយនឹង​អាមាត្យ និងជន​ជាបរិស័ទ ក៏បានទត​ឃើញ​បំពង់ទឹក​ដ៏ពេញ និង​នំទំាងឡាយ​ដ៏វិចិត្រ។

(ប្រេតនោះ) ក្លែងខ្លួន​ជាបុរស មានភេទ​ដូច​ជាទេវតា ស្អិតស្អាង​គ្រឿង​អាភរណៈ​ទំាងពួង ហើយចូលទៅ​និយាយនឹង​ព្រះរាជា ជាធំ​ក្នុងសុរដ្ឋ​ប្រទេស ដូច្នេះថា បពិត្រ​មហារាជ ព្រះអង្គ​សេ្តចមក​ល្អហើយ មួយទៀត ដំណើរ​ព្រះអង្គ​សេ្តចមក ឈ្មោះថា មិន​ស្តេចមក​ដោយអាក្រក់ទេ បពិត្រ​ព្រះអរិន្ទមរាជ សូម​ព្រះសម្មតិ​ទេព ទ្រង់សោយ​នូវ​វិសុទ្ធិរស ទ្រង់សោយ​នូវនំ​ទាំងឡាយ។

ព្រះរាជាក្នុងសុរដ្ឋ​ប្រទេស ព្រមទំាង​អាមាត្យ និង​ជនជា​បរិស័ទ បានសោយ​នូវ​ព្រះវិសុទិ្ធរស​ផង សោយនូវ​នំទំាង​ឡាយផង លុះសោយ​រួចហើយ ទ្រង់ត្រាស់​សួរដូច្នេះ​ថា អ្នក​ជាទេវតា ឬជា​គន្ធព្វ ឬមួយ​ជា​សក្កបុរិន្ទទៈ យើងមិនស្គាល់ បានជា​សួរអ្នក យើងស្គាល់​អ្នក​ដូចម្តេច​បាន។

(ប្រេតតបថា) ខ្ញុំមិនមែន​ជាទេវតា មិនមែន​ជាគន្ធព្វ មិនមែន​ជាសក្កបុរិន្ទទៈទេ បពិត្រ​មហា​រាជ ជាស្តេច​ក្នុងសុរដ្ឋ​ប្រទេស ខ្ញុំជាប្រេត​ទេតើ មកនៅ​ក្នុងទីនេះ។

ព្រះរាជា​ត្រាស់ថា ចុះអ្នកឯង​មានសីលធម៌​ដូចម្តេច មានសមាចារ​ដូចម្តេច ក្នុង​សុរដ្ឋបុរី អ្នកឯង​នេះ មាន​អានុភាព​ច្រើន ព្រោះអ្នក​ប្រព្រឹត្តនូវ​ធម៌ប្រសើរ​ដូចម្តេចខ្លះ។

(ប្រេតតបថា) បពិត្រ​ព្រះ​អរិន្ទមហារាជ ជាសេ្តច​ចំរើន​ក្នុងដែន សូម​ព្រះអង្គ ព្រមទំាំង​ពួកអាមាត្យ និង​ព្រាហ្មណ៍​បុរោហិត ទ្រង់ព្រះ​សណា្តប់​ពាក្យខ្ញុំនោះ។ បពិត្រ​ព្រះសម្មតិទេព ខ្ញុំនៅ​ក្នុងសុរដ្ឋ​ប្រទេស ជាបុរស​មានចិត្ត​អាក្រក់ មានសេចក្តី​យល់ខុស ទ្រុស្តសីល កំណាញ់ ជេរ​ប្រទេច ផ្តាសា​ពួកជន​ដែល​កំពុងឲ្យ កំពុងធ្វើ ហាមឃាត់​ពួកជន​ច្រើន ធ្វើអន្តរាយ​ដល់ពួកជន​ដទៃ ដែលកំពុងឲ្យ (ខ្ញុំរមែង​និយាយ​រឿយៗថា) ផលរបស់​ទាន​មិនមានទេ តើផល​នៃការ​សង្រួម គឺសីល នឹង​មានមក​ពីណា អាចារ្យ​មិនមាន អ្នកណា​នឹងទូន្មាន​បុគ្គល ដែលគេ​មិនទាន់ទូន្មាន​នោះបាន។ ពួកសត្វ​សឹងតែ​សើ្មៗគ្នាទេ ចាំបាច់​មានបុគ្គល​ជាអ្នក​គោរព​កោតក្រែង​ត្រកូល​រៀមច្បង (ធើ្វ​អ្វីទៀត) កំឡាំងក្តី សេចក្តី​ព្យាយាម មិនមាន​ហើយ​ តើការ​ប្រឹងប្រែង​របស់បុរស មានមក​អំពីទីណា។ ផល​របស់ទាន​មិនមានទេ បុគ្គលមិន​អាចធើ្វ​សត្វដែល​មានពៀរ​ឲ្យស្អាតបាន សត្វបាន​សេចក្តីសុខ​ទុក្ខ ដែលត្រូវ​បានកើត​ពី​សេចក្តី​ប្រែប្រួល តែងដឹក​នំាទៅ (មិនមែន​ព្រោះកម្ម ដែលខ្លួន​ធើ្វទេ)។ មាតា បិតា បងប្អូន មិនមាន លោកដទៃ​ក្រៅពីលោក​នេះ មិនមាន ការឲ្យទាន មិនមាន ការបូជា មិនមាន ការដម្កល់​ទាន (ចំពោះ​សមណព្រាហ្មណ៍) ក៏មិនមាន។ អ្នកណា​កាត់ក្បាល​បុសរ មិនឈោ្មះ​ថា សម្លាប់​បុរសទេ (ព្រោះ) គ្មានអ្នក​ណា​សម្លាប់ (អ្នកណា) តិច​តួចទេ ទុកដូច​ជាបៀតបៀន​ក្នុង​ចន្លោះនៃ​កាយទំាង ៧ (មានផែនដី​ជាដើម) ដែរ។ ជីវៈ ជាសភាវៈ​ផ្តាច់មិនបាន ទំលាយ​មិនបាន (ព្រោះ) ចួនកាល​មានជ្រុង ៨ ចួនកាល​មូលជា​ដុំ (មានកំពស់) ៥០០ យោជន៍ អ្នកណា ក៏មិនអាច​នឹងផ្តាច់បង់​ជីវៈបាន​ឡើយ។ កាលបើ​អម្បោះហុង គេបោះ​ចោលទៅ អម្បោះហុង​នោះ រមែងរលា យ៉ាងណា​មិញ ជីវៈនោះ ក៏រលា​យ៉ាង​នោះដែរ។ បុរស​បុគ្គល ចេញពី​ស្រុក ចូលទៅកាន់​ស្រុកដទៃ​ទៀត យ៉ាងណាមិញ ជីវៈនោះ (ចេញពី​កាយនេះ) ចូលទៅ​កាន់កាយ​ដទៃ​យ៉ាងនោះ​ដែរ។ បុរសបុគ្គល ចេញពី​ផ្ទះ ចូលទៅ​កាន់ផ្ទះដទៃ យ៉ាង​ណាមិញ ជីវៈនោះ ចូលទៅកាន់​កាយដទៃទៀត ក៏យ៉ាងនោះ​ដែរ។ ពួកពាល ពួក​បណ្ឌិត នឹងធើ្វ​សង្សារវដ្ត​ឲ្យអស់ទៅ ធើ្វទុក្ខ​ឲ្យផុតបាន ទាល់តែ​អស់មហាកប្ប​ទំាំងឡាយ ៨ លាន ៤ សែន។ សុខ និងទុក្ខ​ទំាងឡាយ វាល់បាន​ដោយ​ទោណៈ​ទំាំង​ឡាយផង ដោយ​កញ្ជើ​ទំាងឡាយ​ផង ជិនបុរស រមែងជ្រាប​សព្វ ពួកសត្វ​ក្រៅនេះ ប្រកប​ដោយសេចក្តី​វងេ្វង។ កាលមុន ខ្ញុំជាអ្នក​យល់​យ៉ាងនេះ ជាអ្នក​ប្រកប​ដោយសេចក្តី​វងេ្វង មាន​សេចក្តី​វងេ្វង​គ្របសង្កត់ មាន​សេចក្តី​យល់ខុស ទ្រុស្តសីល កំណាញ់ ប្រទេច ផ្តាសា (សមណៈ និង​ព្រាហ្មណ៍)។ ខាងអាយ ៦ ខែទៀត ខ្ញុំនឹង​ធើ្វកាល​កិរិយា។ ខ្ញុំមុខ​ជានឹង​ធ្លាក់នរក មាន​ការក្តៅ​ក្រហាយ​ដ៏ពន្លឹក​ដោយពិត ជា​នរក​មានជ្រុង ៤ មានទ្វារ ៤ ដូច​ជាវាស់​ដោយ​ចំណែក​ដែលចែក​សើ្មគ្នា ជានរក​មានកំពែង​ដែកព័ទ្ធ​ជុំវិញ គ្របដោយ​ដែក។ ភូមិនៃ​នរកនោះ ជាវិការៈ​នៃដែក រន្ទាល​ច្រាលឆ្អៅ ប្រកបដោយ​ភើ្លងផ្សព្វ​ផ្សាយទៅ ១០០ យោជន៍​ជុំវិញ​សព្វកាល។ កន្លងទៅ ១ សែនឆ្នាំ ឮសូរសំឡេង​កងរំពង​ក្នុងកាល​នោះ។ បពិត្រ​មហារាជ ចំណែក​មួយសែន​កោដិឆ្នាំ ជាគ្រឿង​កំណត់ (អាយុ​របស់សត្វ​ដែលឆេះ​នៅក្នុង​នរកនុ៎ះ ពួកជន​ដែលជា​មិច្ឆាទិដ្ឋិ ទ្រុស្តសីល តិះដៀល​ព្រះអរិយៈ តែងឆេះ​នៅក្នុងនរក អស់ ១ សែន​កោដិឆ្នាំ។ ខ្ញុំនឹង​រងទុក្ខ​វេទនា​ក្នុងនរក​នោះ អស់កាល​ជាយូរ​អងែ្វង (ព្រោះ) ផលនៃ​បាបកម្ម ហេតុនោះ បានជា​ខ្ញុំសោកសៅ​ដ៏ក្រៃលែង។ បពិត្រ​អរិន្ទមមហារាជ អ្នកចំរើន​ក្នុងដែន ព្រះអង្គ​ចូរស្តាប់​ដំណើរ​នោះ បពិត្រ​មហារាជ ធីតា​របស់ខ្ញុំ ឈោ្មះនាង​ឧត្តរា សេចក្តី​ចំរើន ចូរមាន​ដល់​ព្រះអង្គ។ នាងឧត្តរា តែង​ធើ្វនូវកម្ម​ដ៏ចំរើន ជាអ្នក​ត្រេកអរ​ក្នុង​និច្ចសីល និង​ឧបោសថសីល ត្រេកអរ​ក្នុងទាន ជាអ្នក​ចែករលែក​ទាន ជាអ្នក​ដឹងនូវពាក្យ (នៃស្មូម) មិនមាន​កំណាញ់ ធើ្វមិនឲ្យ​ដាច់ក្នុង​សិក្ខាបទ ជាកូន​ប្រសារ​ក្នុងត្រកូល​ដទៃ ជាឧបាសិកា​នៃ​ព្រះសក្យមុនីសម្ពុទ្ធ​ដ៏មានសិរី។ ភិក្ខុ​បរិបូណ៌​ដោយសីល ចូលទៅ​កាន់ស្រុក​ដើម្បី​បិណ្ឌបាត ជាអ្នក​សង្រួមចក្ខុ មានស្មារតី គ្រប់គ្រងទ្វារ បិទបំាង​កាយដោយ​ប្រពៃ ត្រាច់ទៅ​តាម​លំដាប់​ច្រក បានទៅ​កាន់លំនៅ​របស់នាង​នោះ។ បពិត្រ​មហារាជ សេចក្តី​ចំរើន ចូរមាន​ដល់ព្រះអង្គ នាង​ឧត្តរា បាន​ឃើញភិក្ខុ​នោះ​ហើយ បាន​ប្រគេននូវ​បានីយករក (តម្រងទឹក) ដ៏ពេញផង នូវ​នំ​ទំាងឡាយ​ដ៏វិចិត្រផង (ហើយ​ឧទិ្ទសផល​មកឲ្យខ្ញុំ​យ៉ាងនេះថា) បពិត្រ​លោកដ៏​ចំរើន បិតា​របស់​ខ្ញុំ ចែកឋាន​ទៅហើយ ទាននេះ សូមសម្រេច​ដល់បិតា​របស់ខ្ញុំនោះ។ ផល​ក៏សម្រេច ក្នុងពេល​ជាលំដាប់​ដែលឧទិ្ទស​ហើយ ខ្ញុំ​ជាអ្នកបាន​កាមតាម​បា្រថ្នា បរិភោគ​ដូចជា​សេ្តច​វេស្សវ័ណ។ បពិត្រ​អរិន្ទមមហា​រាជ ព្រះអង្គ​អ្នកចំរើន​ក្នុងដែន សូម​ព្រះអង្គ​ស្តាប់​នូវដំណើរ​នោះ ព្រះពុទ្ធ គេហៅថា បុគ្គលប្រសើរ​ជាងសត្វ​លោក ព្រមទំាង​ទេវលោក បពិត្រ​ព្រះបាទ​អរិន្ទមៈ សូមព្រះអង្គ ព្រមទំាង​ព្រះរាជ​បុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវ​ព្រះពុទ្ធ​នោះ ជាសរណៈចុះ។ ពួកបុរស​បុគ្គល បានដល់​ព្រះនិព្វាន ដោយសារ​តែមគ្គ​ប្រកប​ដោយអង្គ ៨ ប្រការ បពិត្រ​ព្រះបាទ​អរិន្ទមៈ សូមព្រះអង្គ​ ព្រមទំាង​ព្រះរាជ​បុត្រាបុត្រី ព្រះអគ្គ​ជាយា ដល់នូវ​ធម៌ (អដ្ឋងិ្គកមគ្គ) នោះ ជា​សរណៈចុះ។ ព្រះអរិយ​បុគ្គល ៤ ពួក ប្រតិបត្តិ​ក្នុងមគ្គ ព្រះអរិយបុគ្គល ៤ ពួក ឋិតនៅ​ក្នុងផល ព្រះសង្ឃ​ទំាងនុ៎ះ លោកជា​អ្នកស្លូត​ត្រង់ តំាំងនៅ​មំាក្នុង​បញ្ញា និងសីល បពិត្រ​ព្រះបាទអរិន្ទមៈ សូម​ព្រះអង្គ ព្រមទំាំង​ព្រះរាជ​បុត្រាបុត្រី ព្រះអគ្គ​ជាយា ដល់នូវ​ព្រះសង្ឃ​នោះ ជា​សរណៈ​ចុះ។

សូម​ព្រះអង្គ វៀរចាក​បាណាតិបាត​ឲ្យឆាប់ៗ សូមព្រះអង្គ​វៀរចាកការ​កាន់​យកទ្រព្យ ដែលគេ​មិនបានឲ្យ​ក្នុងលោក សូមព្រះអង្គ កុំសោយ​នូវទឹក​ស្រវឹង កុំមានព្រះ​ឱង្ការ​កុហក សូមព្រះអង្គ ត្រេកអរ​តែនឹង​ព្រះអគ្គមហេសី​របស់​ព្រះអង្គ។

(ព្រះរាជា​ត្រាស់ថា) ម្នាលយក្ស អ្នកជាអ្នក​បា្រថ្នាសេចក្តី​ចំរើនដល់​យើង ម្នាលទេវតា អ្នកជា​អ្នកបា្រថ្នា​ប្រយោជន៍​ដល់យើង យើងធ្វើ​តាមពាក្យ​របស់អ្នក​ហើយ អ្នកជា​អាចារ្យ​របស់​យើង។ យើងសូម​ដល់ព្រះពុទ្ធ​ជាសរណៈផង ដល់ព្រះធម៌ ជាសរណៈផង ​ដល់ព្រះសង្ឃ​ដ៏ប្រសើរ​ជាង​មនុស្ស និង​ទេវតា ជាសរណៈផង។

យើងវៀរ​ចាកបាណាតិបាត យ៉ាងឆាប់​រហ័ស យើងលះបង់​ការកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ​ក្នុងលោក យើងលែង​ផឹកទឹក​ស្រវឹង លែង​និយាយកុហក យើងជា​អ្នកត្រេកអរ​តែនឹង​ប្រពន្ធ​របស់ខ្លួន។

ម្នាលប្រេត យើង​ត្រេកអរ​ក្នុងសាសនា​របស់ព្រះពុទ្ធ​ទំាំងឡាយ បាច (នូវទិដ្ឋិ​ដ៏អាក្រក់​ចោល​ដូចជា​អង្កាម) ក្នុងទី​មានខ្យល់​ធំផង បន្សាត់​ចោលនូវ​ទិដ្ឋិអាក្រក់ (ដូចជា​សម្រាម) ក្នុងទន្លេ​មានខ្សែ​ទឹករហ័ស​ផង។ លុះព្រះបាទ​បិង្គលៈ ជាសេ្តចក្នុង​ដែនសុរដ្ឋ មាន​ព្រះឱង្ការ​ដូច្នេះ​ហើយ ក៏បានវៀរ​ចាកការ​យល់ដ៏លាមក​ចោល​ចេញ ធ្វើនូវ​កិរិយា​ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចក៏​បែរ​ព្រះភក្រ្ត​ចំទៅទិស​ខាងកើត ឡើងគង់​លើរថទៅ។

ចប់ រឿងននិ្ទការប្រេត ទី៣។

រឿងរេវតីប្រេត ទី៤

[៣៩] ម្នាលរេវតី ជាស្រីមានធម៌​ដ៏លាមក​ក្រៃលែង នាងចូរ​ក្រោកឡើង។បេ។ រឿង​រេវតី​ប្រេត ទី៤នេះ គប្បីមើល​ក្នុងរឿងទី២ នៃមហារថវគ្គ ទី៥ ក្នុង​វិមានវត្ថុ​ចុះ។

ចប់ រឿងវេរតីប្រេត ទី៤។

រឿងឧច្ឆុប្រេត ទី៥

[៤០] (ប្រេតទូលសួរព្រះមោគ្គល្លានថា) ព្រៃអំពៅ​ធំនេះ កើតឡើង​ដល់ខ្ញុំ (ហាក់ដូច) ជាផល​បុណ្យ​ច្រើនណាស់​ដែរ តែឥឡូវនេះ ខ្ញុំមិន​បានបរិភោគ​អំពៅនោះ​សោះ បពិត្រ​លោកដ៏​ចំរើន សូមលោក​បា្រប់ខ្ញុំ តើផលនេះ​ជាផល​កម្មអ្វី។ មួយទៀត ខ្ញុំដល់​នូវសេចក្តី​ចង្អៀត​ចង្អល់ ចង់បរិភោគ (ក៏បរិភោគ​មិនកើត) ខ្ញុំខំប្រឹង​ខ្នះខ្នែង​ដើម្បីបរិភោគ​នូវរសនៃ​អំពៅ​តិចតួច ខ្ញុំនោះមាន​អត្តភាព​ដាច់ហើយ ជាបុគ្គល​កំសត់ ប្រកប​ដោយទុក្ខនេះ ជាផល​កម្មអ្វី។ មួយទៀត ខ្ញុំជាបុគ្គល​ចង្អៀតចង្អល់ ដួលដេក​បម្រះ​ននៀល​លើផែនដី ដូចត្រី​នៅលើ​គោកដ៏ក្តៅ ទឹកភ្នែក​ទំាងឡាយ​របស់ខ្ញុំ ហូរចេញ​អំពីចម្ងាយ បពិត្រ​លោកដ៏​ចំរើន សូម​លោក​មេត្តាបា្រប់ នេះជា​ផលនៃ​កម្មអ្វី។ ខ្ញុំឃា្លនផង លំបាកផង សេ្រកផង តក់ស្លុតផង មិនបាន​សេចក្តីសុខ​ស្រួល​ទេ បពិត្រ​លោកដ៏ចំរើន ខ្ញុំសូម​សួរសេចក្តី​នុ៎ះ ចំពោះ​នឹងលោក​ម្ចាស់ ធ្វើម្តេចហ្ន៎ ខ្ញុំគប្បី​បាន​បរិភោគ​អំពៅ (នេះ)។

(ព្រះមោគ្គល្លាន មានថេរវាចាថា) កាលពីដើម អ្នកកើត​ជាមនុស្ស បានធើ្វ​បាបកម្ម​ដោយ​ខ្លួនឯង ក្នុងកាលមុន អាត្មារៀប​រាប់សេចក្តី​នោះ​ប្រាប់អ្នក អ្នកស្តាប់​ហើយ ត្រូវដឹង​សេចក្តី​នោះចុះ។ (កាល​នោះ) អ្នកកំពុង​ដើរស៊ីអំពៅ មានបុរស​ម្នាក់ដើរ​ពីក្រោយខ្នង​អ្នក បុរសនោះ ប្រាថ្នា​ចង់បាន​អំពៅនោះ ហើយនិយាយ​សូម អ្នកមិនបាន​និយាយ​ពាក្យតិចតួច នឹង​បុរស​នោះទេ។ ឯបុរសនោះ បាននិយាយ​សូមចំពោះ​អ្នក ដែល​មិននិយាយ​រក បាន​និយាយ​នឹងអ្នកថា អ្នកចូរ​ឲ្យអំពៅ​ដល់ខ្ញុំ អ្នកក៏បាន​ឲ្យអំពៅ​មួយដើម តាម​ក្រោយខ្នង ដល់​បុរសនោះ នេះជាផល​របស់​បាបកម្ម​នោះឯង។ ហ៎ បើដូចច្នោះ អ្នកគប្បី​ទៅចាប់​អំពៅពី​ក្រោយ​ខ្នងចុះ លុះចាប់​បានហើយ ចូរស៊ី​ឲ្យឆែ្អត​ចុះ អ្នកគង់​មានចិត្ត​ត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ ព្រោះតែ​បានបរិភោគ​អំពៅនោះ។ បុរសនោះ ទៅចាប់​យកអំពៅ​ពីក្រោយ​ខ្នង​របស់ខ្លួន លុះចាប់​យកបាន​ហើយ ក៏ស៊ី​អំពៅនោះ​ទាល់តែ​ឆ្អែតឆ្អន់ រួចបុរសនោះ មាន​ចិត្ត​ត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ។

ចប់ រឿងឧច្ឆុប្រេត ទី៥។

រឿងកុមារប្រេត ទី៦

[៤១] (ព្រះមានព្រះភាគត្រាស់ថា) តថាគតឮថា ក្រុងឈ្មោះ​សាវត្ថី នៅក្បែរ​ព្រៃហិមពាន្ត ក្នុងក្រុងនោះ មានកុមារ​ពីរនាក់ ជាព្រះរាជបុត្រ​របស់ (ព្រះបាទ​បសេនទិកោសល)។ ព្រះរាជបុត្រ​ទំាំងពីរ​អង្គនោះ ជាអ្នក​ប្រមាទ ជាអ្នកមាន​សេចក្តី​ត្រេកអរ ក្នុង​កាមគុណ​ទំាងឡាយ ជាទីត្រេកអរ ជាប់ចំពាក់​នឹងសេចក្តី​សុខជា​បច្ចុប្បន្ន ព្រះរាជបុត្រ​ទំាងនោះ មិនបាន​ឃើញ​សេចក្តីសុខ​ទៅក្នុង​អនាគតកាល​ឡើយ។ ព្រះរាជ​បុត្រ​ទំាងនោះ ទៅកាន់​លោកខាង​មុខ ចាកអត្តភាព​ជាមនុស្ស ព្រះរាជបុត្រ​ទំាំងពីរនោះ មិនប្រាកដ​រូប ស្រែក​ប្រកាស​តែអំពើ​អាក្រក់​របស់ខ្លួន​ក្នុងកាលមុន។ កាល​ទក្ខិណេយ្យ​បុគ្គល​ទំាំងឡាយ មានច្រើន កាលទេយ្យធម៌​មាន ពួកយើង​មិនអាច​ដើម្បីធ្វើ​ខ្លួនឲ្យមាន​សួស្តីតិចតួច ជាទីនាំ​មកនូវ​សេចក្តី​សុខសោះ។ អំពើអាក្រក់អ្វី ជាអំពើអាក្រក់​ជាង​អំពើ​របស់​យើងនោះ ពួក​យើងច្យុត​ចាករាជ​ត្រកូល មក​កើតក្នុង​ប្រេតវិស័យ (ក្នុងទីនេះ) ប្រកប​ដោយ​សេចក្តី​ស្រេក និង​ការឃ្លាន។ ពួកមនុស្ស​ជា​ម្ចាស់គេ​ក្នុងលោកនេះ ពុំមែន​ជាម្ចាស់ក្នុងលោក​ឯណោះ​ទៀតទេ បានខ្ពស់​ហើយ ត្រឡប់ទាប​វិញ (ព្រោះតណ្ហា) តែងស្លាប់ ដោយ​សេចក្តី​ស្រេកឃ្លាន។ នរជន​ដឹងទោស ដែលកើតអំពី​សេចក្តី​ប្រកាន់​ថាធំ យ៉ាងនេះ​ហើយ គប្បីលះ​នូវសេចក្តី​ស្រវឹងថាធំ ចោល​ចេញ ទើបទៅ​ឋានសួគ៌ នរជននោះ ជាអ្នក​ប្រកប​ដោយ​ប្រាជ្ញា ដល់បែក​ធ្លាយរាងកាយ​ រមែងកើត​ក្នុងឋានសួគ៌។

ចប់ រឿងកុមារប្រេត ទី៦។

រឿងរាជបុត្តប្រេត ទី៧

[៤២] (ព្រះមានព្រះភាគ ត្រាស់សំដែង​រឿង​រាជបុត្តប្រេត​នេះថា) ផល​របស់បាប​កម្មទំាង​ឡាយ ដែលរាជបុត្រ​ធ្វើហើយ ក្នុងកាល​ពីដើម គប្បីញំាញី​នូវចិត្ត ព្រោះរូប សំឡេង ក្លិន រស ផ្សព្វ និងធម្មារម្មណ៍។ រាជបុត្រ​ចូលចិត្ត​នឹងការរាំ ការច្រៀង ការត្រេកអរ និងការ​សើច​ចំអក​ឡកឡឺយ​ដ៏ច្រើន ដើរលេង​ក្នុងឧទ្យាន រួចចូល​ទៅក្រុង​រាជគ្រឹះវិញ។ រាជបុត្រ​នោះ បាន​ឃើញឥសី (ព្រះបចេ្ចកពុទ្ធ) ឈ្មោះ​សុនេត្ត លោកមាន​ចិត្តទូន្មាន​ហើយ មានចិត្ត​តម្កល់​មាំ ប្រាថ្នា​តិច ប្រកបដោយ​ហិរិ ត្រេកអរ​តែនឹង​ចង្ហាន់ក្នុង​បាត្រ ដោយការ​ស្វែងរក។

ក្សត្រិយ៍​ចុះពីកដំរី ហើយសួរថា បពិត្រលោក​ដ៏ចំរើន​ បានចង្ហាន់​ដែរឬទេ ហើយ​ទទួល​យកបាត្រ​របស់​លោក លើកឡើង​ឲ្យខ្ពស់ បោកបំបែក​បាត្រលោក​លើដី​រដិប​រដុប ហើយ​សើចលេង ដើរចេញទៅ (និយាយថា) ខ្ញុំជា​កូនរបស់​ព្រះបាទ​កិតវៈ នែភិក្ខុ លោកនឹង​ធ្វើអ្វី​ដល់ខ្ញុំ។ ផលដ៏​ក្តៅក្រហាយ​របស់​បាបកម្ម​ដ៏អាក្រក់​នោះឯង នាំរាជបុត្រ ឲ្យរង​ទុក្ខពេញ​ពោរ​ក្នុងនរក។ រាជបុត្រ បានធ្វើ​អំពើអាក្រក់ ក៏ដល់​នូវសេចក្តី​ទុក្ខក្រៃលែង​ក្នុងនរក ប្រាំបួនសែន (៩០០,០០០) ឆ្នាំ។ ជនពាល ទុកជា​ដេកផ្ងារក្តី​ ផ្កាប់ក្តី ផ្អៀងទៅខាង​ឆ្វេងក្តី ខាង​ស្តាំក្តី ជើងឡើង​លើក្តី ឈរក្តី រមែង​ឆេះអស់​កាលដ៏យូរ។​ ជនពាល បានធ្វើ​អំពើអាក្រក់ ក៏ទទួល​ទុកដ៏​ក្រៃលែង​ក្នុងនរក​ច្រើនពាន់ឆ្នាំផង ច្រើនហ្មឺន​ឆ្នាំផង។ បុគ្គលអ្នក​មានបាបកម្ម តែង​ទទួល​នូវសេចក្តី​ទុក្ខដ៏​ក្រៃលែង ជាទុក្ខ​ក្តៅផ្សា​ប្រាកដ​ដូច្នោះ ព្រោះតែ​ប្រទូស្ត​នឹងឥសី​អ្នកមិន​បាន​ប្រទូស្ត មានវត្តល្អ។ រាជបុត្រនោះ ទទួល​នូវសេចក្តី​ទុក្ខដ៏ច្រើន ក្នុងនរកនោះ អស់ឆ្នាំ​ទាំងឡាយ​ដ៏​ច្រើន ច្យុតចាក​នរក​នោះមក មកកើត​ជាប្រេត មាន​សេចក្តី​ស្រេកឃ្លាន​បៀតបៀន​ហើយ។ បុរសបុគ្គល ដឹង​ទោស​ជាដែនកើត​នៃសេចក្តី​ស្រវឹង ព្រោះ​​ឥស្សរិយយស​យ៉ាងនេះហើយ គប្បីលះបង់​នូវ​សេចក្តីស្រវឹង ព្រោះតែ​ឥស្សរិយយស ហើយ​ប្រព្រឹត្ត​បន្ទាប​បន្ទន់កាយ។ ជនណា ជាបុគ្គល​ដែលគេ​សរសើរ​ក្នុង​បច្ចុប្បន្ន ជាអ្នក​គោរព​ក្នុងព្រះពុទ្ធ ជននោះ ជាអ្នក​ប្រកប​ដោយប្រាជ្ញា លុះបែក​ធ្លាយរាង​កាយទៅ រមែងកើត​ក្នុងឋានសួគ៌។

ចប់ រឿងរាជបុត្តប្រេត ទី៧។

រឿងគូថខាទកប្រេត ទី៨

[៤៣] (ព្រះមោគ្គល្លាន ឃើញប្រេត​នោះហើយ សួរថា) អ្នកដែល​អាត្មាឃើញ​ហើយ តើ​ជាអ្វី ងើបអំពី​រណ្តៅអាចម៍ ហើយឋិតនៅ អ្នកឯង​ជាបុគ្គល​មានបាបកម្ម​ឥតសង្ស័យ ហេតុអ្វី​ក៏ស្រែក។

(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេត​ទុគ៌ត កើតក្នុង​យមលោក បានធ្វើ​បាបកម្ម ​ទៅពីមនុស្ស​លោកនេះ ទៅកាន់​បេតលោក។

(ព្រះមោគ្គល្លាន សួរថា) អំពើអាក្រក់​ដូចម្តេច ដែលប្រេត​ឯងធ្វើ​ហើយ ដោយកាយ វាចា ចិត្ត​ អ្នកឯងបាន​ទទួលទុក្ខ​លំបាកនេះ ព្រោះផល​បាបកម្ម​ដូចម្តេច។

(ប្រេតតបថា) លោកជាចៅអាវាស​របស់ខ្ញុំ ជាអ្នកឫស្យា ជា​អ្នកកំណាញ់​ត្រកូល ស្វិតស្វាញ ជេរប្រទេច នៅអាស្រ័យ​ក្នុង​ផ្ទះរបស់ខ្ញុំ។ លុះខ្ញុំ​លឺពាក្យ​លោកចៅ​អាវាស​នោះហើយ ក៏ជេរប្រទេច​ភិក្ខុទាំងឡាយ ព្រោះហេតុ​តែផលកម្ម​នៃការ​ជេរ​នោះ​ បានជា​ខ្ញុំស្លាប់ពី​លោកនេះ​ទៅ ទៅកើត​ជាប្រេត។

(ព្រះមោគ្គល្លាន សួរថា) ភិក្ខុដែល​មិន​មែនជាមិត្រ ចូលទៅរក​ត្រកូល​របស់អ្នក ដោយ​តាំង​ភេទខ្លួនថាជាមិត្រ ភិក្ខុអ្នក​អ័ប្បឥត​ប្រាជ្ញា​ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ តើទៅ​កាន់​គតិ​ដូច​ម្តេច ក្នុងលោក​ខាងមុខ។

(ប្រេតតបថា) ខ្ញុំ​ឋិតនៅលើទី​បំផុត​នៃក្បាល​នៃភិក្ខុ​អ្នកមាន​បាបកម្ម​នោះ ឯភិក្ខុ​អ្នកមាន​បាបកម្ម​នោះ ទៅកើត​ជាប្រេត ជាបរិវារ​របស់ខ្ញុំ (នេះឯង)។ បពិត្រ​លោក​ដ៏ចំរើន ពួក​ជន​ឯទៀត បន្ទោបង់​នូវឧច្ចារៈ​ណា ឧច្ចារៈ​នោះឯង ទៅជា​ភោជន​របស់ខ្ញុំ (រាល់ៗថ្ងៃ) ខ្ញុំបន្ទោ​បង់​នូវឧច្ចារៈ​ណា ភិក្ខុចៅ​អាវាស​នោះ ចិញ្ចឹម​ជីវិត​នឹង​ឧច្ចារៈ​នោះ (រាល់ៗថ្ងៃ)។

ចប់ រឿងគូថខាទកប្រេត ទី៨។

រឿងគូថខាទកប្រេត ទី៩

[៤៤] (ព្រះមោគ្គល្លាន បានឃើញ​ស្រីប្រេត ហើយសួរថា) នាងឯង​ដែលអាត្មា​ឃើញហើយ តើជាអ្វី ងើបអំពី​រណ្តៅអាចម៍ ហើយឋិតនៅ នាងឯង​មានបាបកម្ម​ឥតមាន​សង្ស័យ ហេតុ​អ្វី​ចេះតែស្រែក។

(នាងប្រេតនោះតបថា) បពិត្រលោក​ដ៏ចំរើន ខ្ញុំជាស្រី​ប្រេត ជា​អ្នកទុគ៌ត កើត​ក្នុង​យមលោក បានធើ្វ​បាបកម្ម ហើយច្យុត​ចាកមនុស្ស​លោកនេះ ទៅកាន់​បេតលោក។

(ព្រះមោគ្គល្លាន​សួរថា) អំពើអាក្រក់ដូចម្តេច ដែលនាង​ធ្វើហើយ​ដោយកាយ វាចា ចិត្ត បាន​ជានាង​រងទុក្ខនេះ ព្រោះផល​កម្មអ្វី។

(ស្រីប្រេតតបថា) លោកចៅ​អាវាស​របស់ខ្ញុំ ជា​អ្នកឫស្យា កំណាញ់​ត្រកូល ស្វិតស្វាញ ជេរ​ប្រទេច អាស្រ័យ​នៅក្នុងផ្ទះ​របស់ខ្ញុំ។ លុះខ្ញុំ​ឮពាក្យ​លោកចៅ​អាវាស​នោះហើយ ក៏ជេរ​ប្រទេច​ភិក្ខុទំាំងឡាយ ព្រោះ​ហេតុតែផល​កម្ម​នៃការជេរ​នោះ បានជា​ខ្ញុំស្លាប់ពី​លោកនេះ​ទៅកាន់​បេតលោក។

(ព្រះមោគ្គល្លាន សួរថា) ចុះភិក្ខុដែល​មិនមែនជាមិត្ត​អ្នកចូលទៅ​កាន់ត្រកូល​របស់នាង ដោយ​ភេទថា​ដូចជា​មិត្ត ភិក្ខុអ្នក​អ័ប្បឥត​បា្រជ្ញានោះ លុះបែក​ធ្លាយរាង​កាយ ស្លាប់ទៅ តើទៅកាន់​គតិដូចម្តេច ក្នុង​បរលោក។

(ស្រីប្រេតតបថា) ខ្ញុំឋិតនៅលើ​ទីបំផុត​នៃក្បាល​របស់ភិក្ខុ​អ្នកមាន​បាបកម្ម​នោះ ទៅកើត​ជាប្រេត​ ហើយជាបរិវារ​របស់ខ្ញុំ។ បពិត្រ​លោកដ៏ចំរើន ពួកជន​ឯទៀត ៗ បន្ទោបង់​នូវ​ឧចា្ចរៈណា ឧច្ចារៈ​នោះឯង ទៅជា​ភោជន​របស់ខ្ញុំ (រាល់ៗថៃ្ង) ខ្ញុំបន្ទោបង់​នូវ​ឧច្ចារៈ​ណា ភិក្ខុចៅ​អាវាស​នោះ ចិញ្ចឹម​ជីវិតនឹង​ឧច្ចារៈនោះ (រាល់ៗថៃ្ង)។

ចប់ រឿងគូថខាទកប្រេត ទី៩។

រឿងគណប្រេត ទី១០

[៤៥] (ព្រះមោគ្គល្លានសួរថា) នែអ្នករាល់គ្នា អ្នកទំាំងឡាយ មានកាយ​អាក្រាត មាន​សរីរៈមាន​សម្បុរ​មិនស្អាត ស្គមរវាម​ដោយសរសៃ មានឆ្អឹង​ជម្នីរ​រគាមម្ល៉េះ តើអ្នក​ទំាំង​ឡាយ ជាអ្វី។

(ពួកប្រេតតបថា) បពិត្រលោកដ៏ចំរើន យើងខ្ញុំជាប្រេត​ទុគ៌ត កើតក្នុង​យមលោក លះបង់​លោកនេះ ទៅកាន់​បេតលោក ព្រោះតែ​ធ្វើបាបកម្ម។

(ព្រះមោគ្គល្លានសួរថា) ចុះអ្នករាល់គ្នា បានធ្វើអំពើ​អាក្រក់​ដូចម្តេច ដោយ​កាយ វាចា ចិត្ត លះ​លោកនេះ ទៅកាន់​បេតលោក ព្រោះ​ផលកម្មអ្វី។

(ពួកប្រេតទូលថា) ពួកយើងបាន​រើសទ្រព្យ​កន្លះមាសក នៅនា​កំពង់ទឹក​ដែល​ឥតទោស (គ្មាន​ម្ចាស់ថែរក្សា) នា​កាលទេយ្យធម៌​ទាំងឡាយ​មាន ពួកយើង​មិនបាន​ធើ្វទីពឹង​ដល់ខ្លួន។ ពួកយើង​ជាបុគ្គល​ស្រេកទឹក នាំគ្នាចូល​ទៅរក​ស្ទឹង ទើបឯ​ស្ទឹងនោះ ក៏ខ្វៃប្រែ​ទៅជា​ស្ទឹងទទេ ក្នុងកាលក្តៅ ពួកយើងនំា​គ្នាចូល​ទៅរក​ម្លប់ ម្លប់​នោះ ក៏ខ្វែប្រែ​ទៅជាកំដៅ​ដ៏ក្តៅ​វិញ។ ខ្យល់មាន​សណ្ឋានដូច​ជាភើ្លង​ដ៏ក្តៅ បក់មក​រកពួក​យើង បពិត្រ​លោកដ៏​ចំរើន ពួកយើង​ទទួល​នូវបាបកម្ម​នោះផង ទទួលនូវ​បាបកម្ម​ដទៃពីនោះ​ផង។

ទុកជា​ពួកយើង​ដើរទៅកាន់​យោជន៍ទំាំង​ឡាយ ជាបុគ្គល​ឃ្លាន ចង់ស៊ី​អាហារ ក៏រក​ទទួលទាន​មិន​បាន ហើយក៏​ត្រឡប់​វិលវិញ ដោយ​គិតថា ឱហ្ន៎ ពួកយើង​ជាបុគ្គល​ឥតបុណ្យ​ទេតើ។ បពិត្រ​លោក​ដ៏ចំរើន ពួកយើង​ជាបុគ្គល​ឃ្លាន​ជ្រុលជ្រប់ ដួលដេក​លើផែនដី បម្រះ​ននៀល ផ្ងារផ្កាប់​លើផែនដី។ លុះពួកយើង ដួលនៅ​ក្នុងទីនោះ​ហើយ ក៏ក្រោកឡើង ដួលប្រូស​ទៅលើផែនដី​នោះវិញ ទើបទង្គិច​ដើមទ្រូង​ផង ទង្គិច​ក្បាលផង ឱហ៎្ន ពួកយើង​ជាបុគ្គល​ឥតបុណ្យ​ទេតើ។ បពិត្រលោក​ដ៏ចំរើន ពួកយើង​គួរទទួល​នូវបាបកម្ម​នោះផង ទទួល​នូវបាបកម្ម​ដទៃពី​នោះផង នាកាល​ទេយ្យធម៌​ទំាំងឡាយ​មាន ពួកយើង​មិនបាន​ធើ្វនូវ​ទីពឹង​ដល់ខ្លួន​សោះ។ បើដូច្នោះ ពួកយើង លុះរំដោះ​ចាកប្រេត​នេះទៅ សូមបាន​កើតជា​មនុស្ស ជាអ្នក​បរិបូរ​ដោយសីល ធើ្វកុសល​ឲ្យបានច្រើន អំពី​ដឹងក្តីទៅ។

ចប់ រឿងគណប្រេត ទី១០។

រឿងបាដលិបុត្តប្រេត ទី១១

[៤៦] (វេមានិកប្រេតពោលថា) ពួកសត្វនរកក្តី ពួកកំណើត​តិរច្ឆានក្តី ពួកប្រេតក្តី ពួក​អសុរក្តី ពួកមនុស្ស និង​ទេព្តាក្តី នាងបាន​ឃើញឬទេ នាងបាន​ឃើញផលកម្ម​ដែលខ្លួន​បាន​ធ្វើ​ហើយ​ដោយខ្លួន​ឯងដែរ​ឬទេ ខ្ញុំនឹងនំា​នាងទៅ​បាដលិបុត្រ ​មិនមាន​អ្នកចោម​ព័ទ្ធបាន បើនាង​ទៅដល់​បាដលិបុត្រ​នោះហើយ ចូរធើ្វ​កុសលកម្ម​ចុះ។

នាងនោះតបថា បពិត្រយក្ស អ្នកជា​បុគ្គលប្រាថ្នា​ប្រយោជន៍ឲ្យខ្ញុំ បពិត្រ​ទេវតា អ្នកជា​បុគ្គល​បា្រថ្នា​សេចក្តី​ចំរើនឲ្យខ្ញុំ ខ្ញុំនឹងធើ្វ​តាមសំដី​របស់អ្នក អ្នកជា​អាចារ្យ​របស់ខ្ញុំ។

ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និង​ទេពា្តក្តី ខ្ញុំបាន​ឃើញ​ហើយ ខ្ញុំបានឃើញ​ផលកម្ម​របស់ខ្លួន​ដោយ​ខ្លួនឯង ខ្ញុំនឹងធើ្វ​បុណ្យ​ទំាំងឡាយ​ឲ្យច្រើន។

ចប់ រឿងបាដលិបុត្តប្រេត ទី១១។

រឿងអម្ពវនប្រេត ទី១២

[៤៧] (ពួកពាណិជសួរថា) ស្រះបោក្ខរណីរបស់នាងនេះ ជាទីត្រេកអរ​ដោយ​ប្រពៃ​ផង មានផៃ្ទ​ដ៏ស្មើផង មានកំពង់​ល្អផង មានទឹក​ច្រើនផង មានផ្កា​រីកល្អផង មានហ្វូង​កន្លង់​ហើរឆ្វៀល​ឆ្វាត់ផង ស្រះបោក្ខរណី ជាទីពេញ​ចិត្តនេះ នាងបាន​ដោយហេតុ​ដូចម្តេច។ មួយ​ទៀត អម្ពវ័ន​របស់នាង​នេះ ជាទីត្រេកអរ​ដោយប្រពៃ​ផង កាន់ផ្លែ​គ្រប់រដូវ​ផង មាន​ផ្ការីក​ជានិច្ច មានហ្វូង​កន្លង់ច្រើន​ចោមរោម​ផង តើវិមាន​នេះ នាងបាន​មកដោយ​ហេតុអ្វី។

(វេមានិកប្រេត តបថា) ខ្ញុំបានស្រះបោក្ខរណី ជាទីត្រេកអរ និង​អម្ពវនវិមាន ជា​ទី​ត្រេកអរនេះ ព្រោះតែ​ធីតារបស់​ខ្ញុំ បានប្រគេន​ទឹកស្វាយទុំ និង​បបរ និងម្លប់​ដ៏ត្រជាក់ ជាទីត្រេកអរ​ក្នុងទីនេះ។

(ធីតាពោលថា) ចូរអ្នកសំឡឹងមើល​ផលរបស់ទាន និង​ការទូន្មាន​នូវឥន្ទ្រិយ និង​ការសង្រួម​ដែលឃើញ​ច្បាស់ដោយ​ខ្លួនឯង ខ្ញុំ (ពីដើម) ជាទាសី ឥឡូវបាន​ជាកូន​ប្រសាស្រី​ក្នុងត្រកូល​របស់លោក និង​ជាធំ​ត្រួតត្រា​ផ្ទះ​របស់លោក។

(ថៃ្ងនោះ ព្រះមានព្រះភាគ ទ្រង់ប្រមើល​មើល​ឃើញ​ឧបនិស្ស័យ​នៃស្រី​នោះ ហើយ​ត្រាស់ថា) របស់​ដែលមិន​ត្រេកអរ រមែង​ប្រព្រឹត្តកន្លង​បុគ្គល​អ្នក​ប្រមាទ ដោយ​សភាព​នៃរបស់​ជាទី​ត្រេកអរ របស់ដែល​មិន​ស្រឡាញ់ រមែង​ប្រព្រឹត្ត​កន្លង​បុគ្គល​អ្នក​ប្រមាទ​ដោយសភាព​នៃរបស់​ជាទី​ស្រឡាញ់ ទុក្ខតែង​ប្រព្រឹត្តកន្លង​បុគ្គលអ្នក​ប្រមាទ​ដោយ​សភាព​នៃសេចក្តី​សុខ។

ចប់ រឿងអម្ពវនប្រេត ទី១២។

រឿងអក្ខរុក្ខប្រេត ទី១៣

[៤៨] (ភូមិទេវតានិយាយថា) បុរសបុគ្គលឲ្យរបស់​ណា របស់នោះ មិនមាន (ផល​ត្រឹមតែ​ប៉ុណ្ណោះ) ទេ បុគ្គលគប្បី​ឲ្យទាន លុះឲ្យទាន​ហើយ រមែងឆ្លង​ទុក្ខទំាងពីរ​យ៉ាង (ទុក្ខក្នុង​បច្ចុប្បន្ន និង​បរលោក) រមែងបាន​ប្រទះសុខ​ទំាំងពីរ ព្រោះតែ​ទាននោះ ចូរអ្នកភ្ញាក់​រព្ញក ចូរអ្នកកុំ​ធ្វេសប្រហែស (ក្នុងទាន) ឡើយ។

ចប់ រឿងអក្ខរុក្ខប្រេត ទី១៣។

រឿងភោគសំហរប្រេត ទី១៤

[៤៩] (ពួកស្រីប្រេតស្រែកថា) ពួកយើងបានប្រមូលភោគៈ​ទំាំងឡាយ ដោយសម​ខ្លះ ដោយមិន​សមខ្លះ ពួកជន​ឯទៀត តែងបរិភោគ​ភោគៈទំាំងនោះ ឯពួកយើង គ្រាន់តែ​បាន​ចំណែក​នៃសេចក្តី​ទុក្ខ។

ចប់ រឿងភោគសំហរបេ្រត ទី១៤។

រឿងសេដ្ឋិបុត្តប្រេត ទី១៥

[៥០] (ពួកសត្វនរកស្រែកថា) ពួកយើងឆេះ នៅក្នុងនរក​ពេញ​ប្រាំមួយម៉ឺន (៦០.០០០) ឆ្នាំ​គ្រប់គ្រាន់ តើទីបំផុត​នឹងមាន​ក្នុងវេលាណា។ ពួកយើង​មិនមាន​ទីបំផុត​ទេ ពួកយើង​នឹងមាន​ទីបំផុត​មកពីណា ទីបំផុត​នឹងមិន​ប្រាកដ​ដល់យើង​ឡើយ ម្នាលអ្នក ព្រោះតែ​ខ្ញុំក្តី អ្នកក្តី បានធ្វើបាប។ ពួកយើង​រស់នៅ​ដោយលំបាក ព្រោះ​ទេយ្យធម៌​មាន យើងមិន​បានឲ្យ កាលទេយ្យធម៌​មាន យើងមិន​បានធ្វើ​ទីពឹងដល់​ខ្លួនសោះ។ ប្រសិនបើ​ខ្ញុំបានរដោះ​រួចចាកនរក​នេះទៅ បានកើត​ជាមនុស្ស សូមជា​អ្នកបរិបូរ​ដោយសីល ធ្វើកុសល​ឲ្យច្រើន​អំពី​កាលដឹង​ក្តីទៅ។

ចប់ រឿងសេដ្ឋិបុត្តប្រេត ទី១៥។

រឿងសដ្ឋីកូដសហស្សប្រេត ទី១៦

[៥១] (ថៃ្ងមួយព្រះមោគ្គល្លាន​សួរថា) ហេតុអ្វី​អ្នកដូច​មនុស្សឆ្កួត ស្ទុះចុះ​ស្ទុះឡើង ដូចម្រឹគ​ភ្ញាក់ផ្អើល អ្នកមាន​បាបកម្ម​មិនមាន​សង្ស័យ ហេតុអ្វី​ក៏អ្នកស្រែក។

(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក ទៅពី​មនុស្ស​លោក​នេះ ទៅ​កាន់បេត​លោក ព្រោះតែធ្វើ​បាបកម្ម។ មានញញួរ​ដែកពេញ​ចំនួន​ប្រាំមួយ​ហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ តែងធ្លាក់​លើក្បាល​របស់ខ្ញុំ ញញួរ​ដែក​ទំាងនោះ ទំលាយ​នូវក្បាល​របស់ខ្ញុំ។

(ព្រះមោគ្គល្លានសួរថា) ចុះអ្នកបានធ្វើអំពើ​អាក្រក់​ដោយកាយ វាចា ចិត្ត ដូចមេ្តច បានជា​អ្នកលះ​លោកនេះ ទៅកើតក្នុង​បេតលោក ព្រោះផល​កម្មអ្វី។ ញញួរ​ដែកពេញ​ប្រាំមួយ​ហ្មឺន​ (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មក​លើក្បាល​របស់អ្នក ញញួរដែក​ទំាំងនោះ វាយ​ទំលាយ​ក្បាល។

(ប្រេតតបថា) កាលណោះ ខ្ញុំបានឃើញ​ព្រះបចេ្ចកពុទ្ធ ព្រះនាម​សុនេត្ត លោកមាន​ឥន្រ្ទិយចំរើន​ដោយអរិយមគ្គ គង់ក្រោម​ម្លប់ឈើ លោកមាន​ឈាន ឥតមានភ័យភិតមក​ពីទី​ណា​ទេ។ ខ្ញុំបាញ់​ទំលាយព្រះ​កេសលោក ដោយការ​ប្រហារ​ដោយក្រួស សេចក្តី​ទុក្ខនេះ សម្រេច​ដល់ខ្ញុំ ព្រោះតែ​ផលកម្ម​នៃការ​ប្រហារ​នោះ។ (ព្រោះហេតុនោះ) បានជា​ញញួរដែក​ពេញ​ប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មក​លើក្បាល​របស់ខ្ញុំ ញញួរ​ដែក​ទំាំងនោះ វាយ​ទំលាយ​ក្បាល​របស់ខ្ញុំ។

(ព្រះមោគ្គល្លានតបថា) ម្នាលបុរស​អាក្រក់ សមតាមសេចក្តី​ប្រព្រឹត្តរបស់​អ្នកហើយ ត្រង់ដែល​ញញួរដែក ពេញ​ប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មក​លើក្បាល​របស់អ្នក ញញួរដែក​ទំាងនោះ ក៏វាយ​ទំលាយ​ក្បាលរបស់​អ្នក។

ចប់ រឿងសដ្ឋីកូដសហស្សប្រេត ទី១៦។

ឧទាន នៃមហាវគ្គ ទី៤ នោះគឺ

និយាយអំពីរឿងអម្ពសក្ខរប្រេត ១ សេរិស្សកប្រេត ១ នន្ទិកាប្រេត ១ រេវតីប្រេត ១ ឧច្ឆុខាទកប្រេត ១ កុមារប្រេត ១ រាជបុត្តប្រេត ១ គូថខាទកប្រេតពីរលើក គណប្រេត ១ បាដលិបុត្តប្រេត ១ អម្ពវនប្រេត ១ អក្ខរុក្ខប្រេត ១ ភោគសំហរប្រេត ១ សេដ្ឋិបុត្តប្រេត ១ សដ្ឋីកូដសហស្សប្រេត ១ ហេតុនោះ បានជាលោក​ហៅថា វគ្គ។

ចប់ មហាវគ្គ ទី៤។

ចប់ បេតវត្ថុ។

សុត្តន្តបិដក

ខុទ្ទកនិកាយ ថេរគាថា

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយ​ប្រយោជន៍ របស់​ព្រះថេរៈ​ទាំងឡាយ អ្នកមាន​ចិត្តចំរើន​ហើយ កាលបន្លឺ​ឡើង ដូចជា​សីហៈ ជាសត្វ​មានចង្កូម​ដែលបន្លឺ​ទៀបច្រក​នៃភ្នំ ព្រះថេរៈ​ទាំងឡាយ​តាមនាម តាមគោត្រ តាម​វិហារធម៌ តាម​អធ្យាស្រ័យ ប្រកបដោយ​ប្រាជ្ញា ជាបុគ្គល​មិនខ្ជិល​ច្រអូស ចំរើន​វិបស្សនា ក្នុងទី​នោះៗ បានពាល់​ត្រូវ​អច្ចុតបទ គឺព្រះនិព្វាន ពិចារណា​នូវ​គុណសម្បត្តិ ដែលលោក​បានធ្វើ​ស្រេច​ហើយ បានសំដែង​ហើយ​នូវសេចក្តី​ដូចត​ទៅនេះ។

ឯកនិបាត

ថេរគាថា ឯកនិបាត បឋមវគ្គ

[២] នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

[៣] បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។

[៤] អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

[៥] បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។

[៦] ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។

[៧] ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

[៨] បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

[៩] ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។

[១០] ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។

[១១] បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។

ឧទាន

និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។

ចប់ បឋមវគ្គ។

ថេរគាថា ឯកនិបាត ទុតិយវគ្គ

[១២] ភិក្ខុអ្នកច្រើនដោយសេចក្តីរីករាយ​ក្នុងធម៌ ដែលព្រះពុទ្ធ​ទ្រង់ប្រកាស​ហើយ រមែង​បាន​សន្តិបទ គឺ​ព្រះនិព្វាន ជាទី​រម្ងាប់នូវ​សង្ខារ ជាគុណ​ធម៌នាំមក​នូវ​សេចក្តីសុខ។ — ចូឡវច្ឆត្ថេរ។

[១៣] ភិក្ខុមានប្រាជ្ញាជាកំឡាំង បរិបូណ៌​ដោយសីល និងវ័ត មានចិត្ត​ខ្ជាប់ខ្ជួន ត្រេកអរ​ក្នុងឈាន មានស្មារតី បរិភោគភោជន​តាមមាន ជាអ្នក​ប្រាសចាក​រាគៈ ក្នុង​លោក​នេះ តែងរង់ចំា​កាលកិរិយា​ប៉ុណ្ណោះ។ — មហាវច្ឆត្ថេរ។

[១៤] ភ្នំជាវិការៈនៃថ្មទាំងឡាយនោះ មានពណ៌ខៀវ​ដូចពពក ជាភ្នំ​ដ៏រុងរឿង មានទឹក​ត្រជាក់ ទ្រទ្រង់​នូវវត្ថុ​ដ៏បរិសុទ្ធ ដ៏ដេរដាស ដោយ​សត្វអណ្តើក​មាស តែង​ញ៉ាំងយើង​ឲ្យ​រីករាយ។ — វនវច្ឆត្ថេរ។

[១៥] ឧបជ្ឈាយ៍ និយាយនឹងខ្ញុំថា នែ​សីវកៈ យើងចេញ​ទៅអំពីស្រុក​នេះ កាយ​របស់យើង​នៅក្នុង​ស្រុក តែចិត្ត​របស់យើង​ទៅ​កាន់ព្រៃ យើងសូម្បី​ដេក ក៏ឈ្មោះ​ថាដើរ ការជាប់​ចំពាក់​របស់​ជនអ្នក​ចេះដឹង មិនមាន​ទេ។ — សាមណេររបស់វនវច្ឆត្ថេរ។

[១៦] ភិក្ខុគប្បីកាត់បង់សំយោជនៈ​ខាងក្រោម ៥ គប្បីលះបង់​សំយោជនៈ​ខាងលើ ៥ គប្បី​ចំរើន​ឥន្ទ្រិយ ៥ តទៅ ជាអ្នក​កន្លងនូវ​គ្រឿង​ជាប់ចំពាក់ ៥ [គ្រឿងជាប់​ចំពាក់ ៥យ៉ាង គឺរាគៈ១ ទោសៈ១ មោហៈ១ មានះ១ ទិដ្ឋិ១។] ទើបលោក​ហៅថា ឆ្លងឱឃៈ​បាន។ — កុណ្ឌធានត្ថេរ។

[១៧] អាជានេយ្យ [អាជានេយ្យ មាន៣យ៉ាង គឺគោអាជានេយ្យ១ សេះអាជានេយ្យ១ ដំរីអាជានេយ្យ១។ អដ្ឋកថា។ ទីខ្លះថា មាន៤យ៉ាង រាប់យក​បុរស​អាជានេយ្យ​ចូលផង។] ដ៏ចំរើន មាននង្គ័ល​ជាទីប្រព្រឹត្ត​ទៅមក ជា​សត្វមានបូក តែងទៅ​បានដោយ​ឥតលំបាក យ៉ាង​ណាមិញ កាល​បើ​និរាមិសសុខ ដែលខ្ញុំ​បានហើយ វេលាយប់ និងថ្ងៃ​ទាំងឡាយ​របស់ខ្ញុំ តែង​ប្រព្រឹត្ត​កន្លងទៅ ដោយ​ឥតលំបាក ក៏យ៉ាង​នោះដែរ។ — ពេលដ្ឋសីសត្ថេរ។

[១៨] បុគ្គលណា មានថីនមិទ្ធៈផង ជាអ្នក​បរិភោគ​ច្រើនផង ល្មោភដេកផង ដេក​ប្រែប្រួល ៗ ផង ដូចជ្រូក​ស្រុកធំ ដែលគេ​ចិញ្ចឹម​ដោយចំណី ក្នុងកាលណា បុគ្គលនោះ ឈ្មោះថា ល្ងង់ខ្លៅ តែងចូល​ទៅកាន់​គភ៌រឿយ ៗ ក្នុងកាល​នោះ។ — ទាសកត្ថេរ។

[១៩] ភិក្ខុជាអ្នកទទួលមរតក​របស់ព្រះពុទ្ធ បានពិចារណា​នូវ​ផែនដី គឺអត្តភាព​នេះ ដោយ​សំគាល់ថា​ជារាងឆ្អឹង​ទាំងអស់ ក្នុង​ភេសកឡាវ័ន ភិក្ខុនោះ តែងលះបង់​កាមរាគ​បាន ដោយ​ឆាប់រហ័ស ទំនងដូច​ជាអាត្មាអញ (នេះ)។ — សិង្គាលបិតុត្ថេរ។

[២០] ពួកជនអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកអ្នក​ធ្វើព្រួញ រមែង​ពត់ព្រួញ ពួកជាង​ចំាង រមែងចាំងឈើ (យ៉ាងណា​មិញ) ពួកជន​អ្នកមានវ័ត​ល្អ រមែង​ទូន្មាន​ខ្លួនឲ្យត្រង់ (ក៏​យ៉ាងនោះ​ដែរ)។ — កុឡត្ថេរ។

[២១] ខ្ញុំមិនមានមរណភ័យទេ សេចក្តី​អាល័យ​ក្នុងជីវិត​ក៏មិនមាន ខ្ញុំជា​អ្នកនឹក​រឭក​ខ្ជាប់ ដឹងខ្លួន​សព្វគ្រប់ នឹងដាក់​ចោលរាង​កាយ​បាន។ — អជិតត្ថេរ។

ឧទាន

និយាយអំពីចូឡវច្ឆត្ថេរ ១ មហាវច្ឆត្ថេរ ១ វនវច្ឆត្ថេរ ១ សីវកសាមណេរ ១ កុណ្ឌធានត្ថេរ ១ ពេលដ្ឋសីសត្ថេរ ១ ទាសកត្ថេរ ១ លំដាប់​អំពីនោះ​ទៅមុខ​ទៀត គឺ​សិង្គាលបិតិកត្ថេរ ១ កុឡត្ថេរ ១ អជិតត្ថេរ ១ រួមជា ១០។

ចប់ ទុតិយវគ្គ។

ថេរគាថា ឯកនិបាត តតិយវគ្គ

[២២] ខ្ញុំមិនខ្លាចមរណៈភ័យទេ ព្រះសាស្តាចារ្យ​របស់យើង​ទាំងឡាយ ទ្រង់​ឈ្លាសវៃ ក្នុង​ព្រះនិព្វាន ឈ្មោះអមតៈ ភ័យមិន​ឋិតនៅក្នុង​ព្រះនិព្វាន​ណា ភិក្ខុ​ទាំងឡាយ តែង​ដល់ (នូវ​ព្រះនិព្វាន​នោះ) ដោយមគ្គ​នោះ។ — និគ្រោធត្ថេរ។

[២៣] ពួកសត្វក្ងោក ជាសត្វមាន​សម្បុរខៀវ មានកល្អ មានសិរ្ស៍ តែងយំ​ក្នុងព្រៃ​ ឈ្មោះ​ការវី ក្ងោកទាំង​នោះ លុះត្រូវ​ខ្យល់ត្រជាក់​បក់មក តែងញ៉ាំង​បុគ្គលដែល​ដេកលក់ និង​បុគ្គល​អ្នកមាន​ឈាន ឲ្យភ្ញាក់​ឡើង។ — ចិត្តកត្ថេរ។

[២៤] ខ្ញុំបរិភោគមធុបាយាស ជិតគុម្ពឫស្សី ហើយ​ពិចារណា​នូវ​ការកើត​ឡើង និង​ការសូន្យ​ទៅ​នៃខន្ធ​ទាំងឡាយ (ដោយការ​ទទួល) យកឱវាទ​ខាងស្តាំ ខ្ញុំនឹង​ត្រឡប់​ទៅកាន់​ច្រកភ្នំ ហើយចំរើន​វិវេកធម៌វិញ។ — គោសាលត្ថេរ។

[២៥] អ្នកជាបព្វជិតនៅខ្ចីវស្សា ចូរពិចារណា​ភាពនៃធម៌ ជា​ធម៌ល្អ វិជ្ជាទាំង ៣ អ្នកបាន​សម្រេច​ហើយ ពុទ្ធសាសនា អ្នកក៏បាន​ធ្វើហើយ។ — សុគន្ធត្ថេរ។

[២៦] ផលចិត្តដ៏ប្រសើរ ដែលកើតដោយ​ពន្លឺ (នៃវិញ្ញាណ) របស់​ខីណាសវភិក្ខុ​ណា អ្នកជាមារ មានចិត្ត​អាក្រក់ [ក្នុងបាលី ប្រើពាក្យថា កណ្ហៈ គឺជាឈ្មោះ​របស់មារ ហេតុនោះ ក្នុងទីនេះ ទើបប្រែថា មារ មានចិត្ត​អាក្រក់ ឬចិត្តខ្មៅ ក៏បាន។ អដ្ឋកថា។] តែងជ្រែក​នូវ​ខីណាសវភិក្ខុនោះ ហើយដល់​នូវ​សេចក្តី​ទុក្ខរឿយៗ។ — នន្ទិយត្ថេរ។

[២៧] ខ្ញុំបានស្តាប់ព្រះវាចា ជាសុភាសិត​របស់​ព្រះពុទ្ធ ជាអាទិច្ចពន្ធុ​ហើយ បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​ដ៏ល្អិត (ដូចខ្មាន់ធ្នូ ជាអ្នក​ឈ្លាស) បាញ់​ចុងរោម​កន្ទុយ (នៃ​ចៀម) ដោយព្រួញ​បាន។ — អភយត្ថេរ។

[២៨] កាលខ្ញុំចំរើនវិវេកធម៌ ក៏កំចាត់​បង់​ស្មៅចិញ្ចៀន ស្បូវ គុម្ពឈើ​មានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ និងស្មៅ​យ៉ាប្លង គឺ​កិលេស​គ្រោតគ្រាត កណ្តាល ល្អិត ដោយ​ទ្រូង គឺសេចក្តី​ព្យាយាមបាន។ — លោមសកង្គិយត្ថេរ។

[២៩] អ្នកមិនខ្វល់ខ្វាយចំពោះសំពត់​ទេឬ មិនត្រេកអរ​ចំពោះ​ការស្អិត​ស្អាងទេឬ អ្នកផ្សាយ​ក្លិនសម្រេច​អំពី​សីលធម៌​ឬ ដ្បិតពួក​សត្វក្រៅ​អំពីនេះ មិនផ្សាយ (ក្លិនដូច្នោះ​ទេ)។ — ជម្ពុគាមិកបុត្តត្ថេរ។

[៣០] បុគ្គលកាលពត់ខ្លួន (ឲ្យត្រង់) ដូចជាង​អ្នកធ្វើព្រួញ ពត់ព្រួញ លុះធ្វើ​ចិត្ត​ឲ្យត្រង់ហើយ ទើបទំលាយ នាំចេញនូវ​អវិជ្ជាបាន។ — ហារិតត្ថេរ។

[៣១] កាលបើអាពាធ​កើតឡើងដល់ខ្ញុំ ស្មារតី​កើតឡើង​ដល់ខ្ញុំថា អាពាធ​កើតឡើង​ដល់អញ​ហើយ នេះជាកាល​ដែលអញ​មិន​គួរប្រមាទ។ — ឧត្តិយត្ថេរ។

ឧទាន

និយាយអំពី​និគ្រោធត្ថេរ ១ ចិត្តកត្ថេរ ១ គោសាលត្ថេរ ១ សុគន្ធត្ថេរ ១ នន្ទិយត្ថេរ ១ អភយត្ថេរ ១ លោមសកង្គិយត្ថេរ ១ ជម្ពុគាមិកបុត្តត្ថេរ ១ ហារិតត្ថេរ ១ ឧត្តិយត្ថេរ ជាឥសី ១។

ចប់ តតិយវគ្គ។

ថេរគាថា ឯកនិបាត ចតុត្ថវគ្គ

[៣២] បុគ្គលដែលត្រូវរបោម និង​មូសខាំ​ក្នុង​ព្រៃធំ គប្បី​ជាអ្នក​មានសតិ អត់ធ្មត់​ក្នុង​ព្រៃនោះ ដូចដំរី​ដែលនៅ​ក្នុងចំណោម​នៃសង្រ្គាម។ — គហុរតីរិយត្ថេរ។

[៣៣] បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់​ព្រះនិព្វាន ជាគុណជាត​មិនចាស់​គ្រាំគ្រា អ្នកក្តៅ​ក្រហាយ បានដល់​ព្រះនិព្វាន​ជាគុណជាត​ដ៏ត្រជាក់ ជា​និរាមិសសុខ ជា​គុណជាត​ស្ងប់រម្ងាប់​ដ៏ក្រៃលែង ជាគុណ​ដ៏ប្រសើរ ជាទីក្សេម​ចាកយោគៈ។ — សុប្បិយត្ថេរ។

[៣៤] បុគ្គលមានសេចក្តីល្អចំពោះបុត្រ​តែមួយ ជាទី​ស្រឡាញ់​យ៉ាងណា បុគ្គល​ត្រូវមាន​សេចក្តី​ក្សេមក្សាន្ត មាន​សោត្ថិភាព​ចំពោះសព្វ​សត្វក្នុង​ទិសទាំងពួង ក៏ដូច្នោះ​ដែរ។ — សោបាកត្ថេរ។

[៣៥] កាលខ្ញុំដឹងច្បាស់អស់កាលជានិច្ច ស្រីទាំងនុ៎ះ ដែលមិន​នៅជិត ប្រសើរ ខ្ញុំចេញ​អំពីស្រុក ទៅកាន់ព្រៃ ចេញអំពី​ព្រៃនោះ​មកកាន់ផ្ទះ ក្រោកចេញ​ចាកផ្ទះនោះ ហើយ​ចៀសចេញ​ទៅ ម្នាល​បោសិយៈ អ្នកកុំហៅរក (ស្រីទាំងនោះ​ទៀតឡើយ)។ — បោសិយត្ថេរ។

[៣៦] បុគ្គលអ្នកត្រូវការដោយសេចក្តីសុខ [សេចក្តីសុខ​ក្នុងគាថានេះ សំដៅយក​និរាមិសសុខ គឺព្រះនិព្វាន។] កាលបើ​ប្រតិបត្តិ​ដើម្បី​សេចក្តី​សុខនោះ រមែង​បានសេចក្តី​សុខ (មិនត្រឹមតែ​ប៉ុណ្ណោះ) បុគ្គល​ណា ចំរើន​អរិយមគ្គ ប្រកប​ដោយអង្គ ៨ ជាមគ្គ​ដ៏ត្រង់ ដើម្បីដល់​ព្រះនិព្វាន​ឈ្មោះ​អមតៈ បុគ្គលនោះ រមែង​បាន​កិត្តិគុណ​ផង យស​ក៏ចំរើន​ដល់បុគ្គល​នោះផង។ — សាមញ្ញកាមិត្ថេរ។

[៣៧] ការស្តាប់ជាការល្អ ការប្រព្រឹត្តិជាការល្អ ការនៅ​ដោយ​ឥតអាល័យ (ក្នុង​កាមគុណ) ជាការ​ល្អគ្រប់​កាល ការសួរ​អំពី​ប្រយោជន៍ [គឺប្រយោជន៍​ក្នុងលោកនេះ លោក​ខាងមុខ និងប្រយោជន៍​ដ៏ប្រសើរ គឺព្រះនិព្វាន។ អដ្ឋកថា។] អំពើខាងស្តាំ (ជាការល្អ) អំពើ​ទាំងនោះ ឈ្មោះថា​ជាសាមញ្ញផល​របស់បុគ្គល​អ្នកមិនមាន​កង្វល់។ — កុមាបុត្តត្ថេរ។

[៣៨] ពួកភិក្ខុ កាលត្រាច់ចរ ដេរដាស ទៅកាន់​ជនបទ​ផ្សេងៗ ឈ្មោះថា ជាអ្នក​មិនសង្រួម​ផង រមែងញ៉ាំង​សមាធិ​ឲ្យភ្លាត់ផង ការត្រាច់ទៅ​ក្នុងដែន នឹងធ្វើ​ប្រយោជន៍​អ្វីកើត។ ព្រោះហេតុនោះ បុគ្គល​គប្បីបន្ទោបង់​នូវ​សារម្ភកិ្កលេស គប្បីរំពឹង (ក្នុង​កម្មដ្ឋាន) ធ្វើ​កុំឲ្យឧបក្កិលេស​តាំងនៅជា​ប្រធាន​បានឡើយ។ — ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ។

[៣៩] ភិក្ខុណា បង្វិលទន្លេសរភូ​ដោយឫទ្ធិ៍បាន ភិក្ខុនោះ គឺ​គវម្បតិ ជាអ្នក​មិន​អាស្រ័យ មិនញាប់ញ័រ (ដោយតណ្ហា និងទិដ្ឋិ) ទេវតា​ទាំងឡាយ តែងនមស្ការ​នូវព្រះ​ថេរៈ​នោះ ថាជាមហាមុនី ជាអ្នកកន្លង​នូវសង្គធម៌​ទាំងពួង ជាអ្នក​ដល់នូវត្រើយ​នៃភព។ — គវម្បតិត្ថេរ។

[៤០] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូច​បុគ្គល​ដែលគេចាក់​ដោយលំពែង​ត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បី​លះបង់​កាមរាគៈ​ចេញ។ — តិស្សតេ្ថរ។

[៤១] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គល​ដែលគេចាក់​ដោយលំពែង​ត្រង់ក្បាល គប្បីវៀរ​ស្រឡះ ដើម្បី​លះបង់​ភវរាគៈ​ចេញ។ — វឌ្ឍមានត្ថេរ។

ឧទ្ទាន

និយាយអំពី​គហុរតីរិយត្ថេរ ១ សុប្បិយត្ថេរ ១ សោបាកត្ថេរ ១ បោសិយត្ថេរ ១ សាមញ្ញកាមិត្ថេរ ១ កុមាបុត្តត្ថេរ ១ កុមាបុត្តសហាយកត្ថេរ ១ គវម្បតិត្ថេរ ១ តិស្សត្ថេរ ១ វឌ្ឍមានត្ថេរ ជាអ្នកមាន​យសច្រើន ១។ 

ចប់ ចតុត្ថវគ្គ។

ថេរគាថា ឯកនិបាត បញ្ចមវគ្គ

[៤២] ផ្លេកបន្ទោរ តែងដាលច្រវាត់ទៅកាន់ចន្លោះភ្នំ​វេភារៈផង ភ្នំ​បណ្ឌវៈផង ចំណែក​ខាង​ភិក្ខុជា​បុត្ត​របស់​ព្រះមានព្រះភាគ ព្រះអង្គ​ជាបុគ្គល​នឹងធឹង ឥតមាន​គូប្រៀប ក៏តែង​ចូលទៅ​កាន់​ចន្លោះភ្នំ ចំរើនឈាន។ — សិរីវឌ្ឍត្ថេរ។

[៤៣] ម្នាលនាងហលា ម្នាលនាងឧបហលា ម្នាលនាងសីសុបហលា នាងទាំងឡាយ [នាងសារីព្រាហ្មណី មានកូន ៧នាក់ គឺ​ឧបតិស្សកុមារ (សារីបុត្ត) ១ ចុន្ទៈ ១ ឧបសេន ១ ខទិរវនិយត្ថេរ ១ នាងហលា ១ ឧបហលា ១ សីសុបហលា ១។ គម្ពីរខ្លះ​ថា ចាលា ឧបចាលា សីសុបចាលា។] ឈ្មោះ​ហលា ឈ្មោះ​ឧបហលា ឈ្មោះសីសុបហលា ចូរជាអ្នក​មានសតិ​ខ្ជាប់ខ្ជួនចុះ (ដ្បិតព្រះសារីបុត្ត​ជាបង) របស់នាង​ទាំងឡាយ បានមកត្រង់​ហើយ ដូចអ្នក​បាញ់​រោមកន្ទុយទ្រាយ។ — ខទិរវនិយត្ថេរ។

[៤៤] អញរួចស្រឡះហើយ ផុតស្រឡះហើយ​ដោយប្រពៃ អញរបូត​ស្រឡះហើយ ចាក​អាការគម [ពាក្យថា អាការគម​ក្នុងទីនេះ សំដៅយក​ពាក្យចំអក ឬបន្តុះបង្អាប់ ព្រោះថា ការកាន់​កណ្តៀវច្រូត​ស្រូវ កាន់យាម​នង្គ័លភ្ជួរដី និងការដែល​កាន់ចប​កាប់ដី​ទាំងអស់នេះ សុទ្ធតែ​ឱនបន្ទន់ខ្លួន ដូចមនុស្ស​គម។ អដ្ឋកថា។] ៣យ៉ាង គឺ កាលអញ​កាន់កណ្តៀវ ១ កាលអញ​កាន់នង្គ័ល ១ កាលអញកាន់​ចបតូច ១ ទោះការងារ (មានកាន់​កណ្តៀវ​ជាដើម​នោះ) ក្នុងទីនេះ ៗ ក៏ដោយ ឬក៏ការងារ (មានកាន់កណ្តៀវ​ជាដើម) ល្មមហើយ គួរហើយ នែសុមង្គល អ្នកចូររំពឹង (ដល់សមាបត្តិចុះ) នែសុមង្គល អ្នកចូររំពឹងចុះ នែសុមង្គល អ្នកចូរជា​អ្នកកុំប្រមាទ។ — សុមង្គលត្ថេរ។

[៤៥] បពិត្រមាតា ពួកញាតិតែងយំរកបុគ្គល​ដែលស្លាប់​ហើយ ឬបុគ្គល​ដែលរស់​នៅ តែមិន​បានជួប​ប្រទះ បពិត្រមាតា ពួកញាតិឃើញ​អាត្មាកំពុង​រស់នៅ បពិត្រ​មាតា ព្រោះ​ហេតុអ្វី ទើបអ្នក​មាតាយំ​រកអាត្មា។ — សានុត្ថេរ។

[៤៦] គោ អាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់ រមែងឈរ​ស៊ប់វិញបាន​យ៉ាងណា (អ្នកទាំងឡាយ ចូរចំណាំខ្ញុំ) ថាជាសាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌​ដោយ​ទស្សនសម្បត្តិ (គ្រប់គ្រាន់​ដោយការឃើញ) ក៏យ៉ាងនោះដែរ។ — រមណីយវិហារិត្ថេរ។

[៤៧] អាត្មាចេញចាកផ្ទះ ចូលកាន់ផ្នួស បួសដោយ​សទ្ធា សតិ និង​បញ្ញា​របស់ខ្ញុំ​ចំរើន​ហើយ ទាំងចិត្ត ក៏ខ្ញុំតម្កល់​ទុកប្រពៃ​ហើយ (នែមារចិត្តបាប) អ្នកចូរធ្វើ​អំពើដ៏គួរ​តាមប្រាថ្នា​ចុះ អ្នកនឹងបៀតបៀន​អាត្មាមិនបានទេ។ — សមិទ្ធិត្ថេរ។

[៤៨] បពិត្រព្រះពុទ្ធ ជាវីរបុគ្គល ខ្ញុំព្រះអង្គ សូមនមស្ការ​ព្រះអង្គ ព្រះអង្គ​ជាអ្នក​រួចស្រឡះ​ចាកកិលេស​ទាំងពួង ខ្ញុំព្រះអង្គ ជាអ្នក​មិនមាន​អាសវៈ តែង​ប្រព្រឹត្ត​ទៅក្នុង​ស្នាម​ឱវាទ​នៃព្រះអង្គ។ — ឧជ្ជយត្ថេរ។

[៤៩] ក្នុងកាលដែលខ្ញុំចេញចាកផ្ទះ ចូលកាន់​ផ្នួស ខ្ញុំមិនធ្លាប់​ដឹងនូវ​សេចក្តី​ត្រិះរិះ​ប្រកប​ដោយទោស ដែល​មិនមែន​ជាអរិយធម៌​ទេ។ — សញ្ជយត្ថេរ។

[៥០] ចិត្តរបស់ខ្ញុំនោះ មិនញាប់ញ័រ ព្រោះសម្រែក​នៃសត្វរៃ ឬព្រោះ​សត្វព្រៃ​ដែល​គួរខ្លាច​ទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍​មូលតែមួយ ត្រេកអរ​មិនដាច់ (ក្នុង​ព្រះនិព្វាន)។ — រាមណេយ្យកត្ថេរ។

[៥១] ផែនដីតែងសើមជ្រាប (ដោយអាបោធាតុ) ខ្យល់​ក៏រមែង​បក់ ផ្លេកបន្ទោរ ក៏ដាល​ច្រវាត់ក្នុង​អាកាស ឯវិតក្កៈ​ទាំងឡាយ (មានកាមវិតក្កៈ​ជាដើម) របស់ខ្ញុំ រមែង​រម្ងាប់ ចិត្ត​របស់ខ្ញុំ​ក៏តម្កល់​ទុកល្អហើយ។ — វិមលត្ថេរ។

ឧទ្ទាន

និយាយអំពី​សិរីវឌ្ឍត្ថេរ ១ ខទិរវនិយរេវតត្ថេរ ១ សុមង្គលត្ថេរ ១ សានុត្ថេរ ១ រមណីយវិហារិត្ថេរ ១ សមិទិ្ធត្ថេរ ១ ឧជ្ជយត្ថេរ ១ សញ្ជយត្ថេរ ១ រាមណេយ្យកត្ថេរ ១ វិមលត្ថេរ​អ្នកលះបង់​កិលេស ១។

ចប់ បញ្ចមវគ្គ។

ថេរគាថា ឯកនិបាត ឆដ្ឋវគ្គ

[៥២] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ឥតខ្យល់​ចូលបាន​ទេ តែងនំាមក​នូវសេចក្តី​សុខ ទំាងចិត្ត​របស់ខ្ញុំ ក៏តម្កល់​ទុកល្អ​ហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) អ្នកចូរបង្អោរមកចុះ។ — គោធិកត្ថេរ។

[៥៣] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរ​ចុះ ខ្ទម គឺ​អត្តភាព​ខ្ញុំ ខ្ញុំបាន​បិទបាំង​ហើយ ឥតខ្យល់ចូល​បានទេ តែងនំាមក​នូវសេចក្តី​សុខ ទំាងចិត្ត​របស់ខ្ញុំ ក៏តម្កល់​ទុកល្អ​ហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — សុពាហុត្ថេរ។

[៥៤] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែង​បង្អោរ​ចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ឥតមាន​ខ្យល់ចូល​បានទេ តែងនំាំ​មកនូវ​សេចក្តីសុខ ខ្ញុំជា​អ្នកមិន​ប្រមាទ​នៅក្នុង​ខ្ទមនោះ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — វល្លិយត្ថេរ។

[៥៥] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរ​ចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ខ្ញុំឥតមាន​បុគ្គល​គំរប់ពីរ​នៅក្នុង​ខ្ទមនោះ​ទេ ម្នាលភ្លៀង បើអ្នក​ចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — ឧត្តិយត្ថេរ។

[៥៦] ខ្ញុំបានចូលទៅកាន់ព្រៃអព័ា្ជន ហើយធ្វើខ្ទម​ប៉ុនគ្រែ​អាសន្ទិ [គ្រែមានជ្រុង ៤ មានជើង​ដ៏ខ្ពស់​ហួសប្រមាណ គឺតាំងអំពី ១ហត្ថ​កន្លះឡើងទៅ ដែលភិក្ខុ​អាចអង្គុយ​បាន តែដេក​មិនគួរ។ អដ្ឋកថា។] (ហើយ​អង្គុយ) ខ្ញុំបាន​ដល់ត្រៃវិជ្ជា ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — អញ្ជនាវនិយត្ថេរ។

[៥៧] (ខេត្តបាល សួរថា) នរណា (អង្គុយនៅ) ក្នុងខ្ទម (ព្រះថេរៈ​តបថា) ភិក្ខុ​អ្នកប្រាស​ចាក​រាគៈ មានចិត្ត​តម្កល់ទុក​ល្អហើយ (អង្គុយនៅ) ក្នុងខ្ទម ម្នាល​អាវុសោ អ្នកចូរ​ដឹងយ៉ាង​នេះថា ខ្ទមដែល​អ្នកធ្វើហើយ មិនឥត​ប្រយោជន៍ទេ។ — កុដិវិហារិត្ថេរ។

[៥៨] ខ្ទមនេះជារបស់ចាស់ កាលបើ​អ្នកប្រាថ្នាខ្ទម​ថ្មី​ឯទៀត អ្នកចូរ​បណ្តេញ​នូវ​សេចក្តី​ប្រាថ្នាចំពោះ​ខ្ទមចាស់​ចេញ ម្នាលភិក្ខុ ខ្ទមថ្មីទៀត តែងនាំមកនូវទុក្ខ។ — កុដិវិហារិត្ថេរ។

[៥៩] ខ្ទមរបស់ខ្ញុំដែលគេឲ្យដោយសទ្ធា ជាខ្ទមគួររីករាយ ជាទីត្រេកអរ​នៃចិត្ត ខ្ញុំមិន​មានសេចក្តី​ត្រូវការ​ដោយកុមារី​ទំាំងឡាយ​ទេ ពួកជនណា មានសេចក្តី​ត្រូវការ ចូរនារីទំាំង​ឡាយ ទៅក្នុង​ទីនោះ (របស់ពួក​ជននោះ) ចុះ។ — រមណីយកុដិកត្ថេរ។

[៦០] ខ្ញុំបួសដោយសទ្ធា ខ្ទមតូច ខ្ញុំបានធ្វើ​ទុកក្នុង​ព្រៃហើយ ខ្ញុំមិន​ប្រមាទ មាន​ព្យាយាម​ដ៏តឹងរ៉ឹង មានសតិ​ខ្ជាប់ខ្ជួន មានការដឹង​ខ្លួនជាក់លាក់។ — កោសល្លវិហារិត្ថេរ។

[៦១] សង្កប្បធម៌ទំាំងនោះ (មាន​នេក្ខម្មសង្កប្បៈជាដើម) សម្រេចហើយ​ដល់ខ្ញុំ ខ្ញុំមាន​សេចក្តី​ត្រូវការ​នឹងចូលទៅ​កាន់ខ្ទម ដែលជា​ខ្ទមនំាំឲ្យខ្ញុំ​បានដល់​នូវវិជ្ជា និង​វិមុត្តិ លះបង់​នូវ​មានានុស័យ។ — សីវលិត្ថេរ។

ឧទាន

និយាយអំពី​គោធិកត្ថេរ ១ សុពាហុត្ថេរ ១ វល្លិយត្ថេរ ១ ឧត្តិយត្ថេរជាឥសី ១ អពា្ជនាវនិយត្ថេរ ១ កុដិវិហារិត្ថេរ ២ លើក រមណីយកុដិកត្ថេរ ១ កោសល្លវិហារិត្ថេរ ១ សីវលិត្ថេរ ១។

ចប់ ឆដ្ឋវគ្គ។

ថេរគាថា ឯកនិបាត សត្តមវគ្គ

[៦២] បណ្ឌិតអ្នកឃើញ រមែងឃើញ​នូវបណ្ឌិត​អ្នកឃើញ (ផងគ្នា) ផង ឃើញពាល អ្នកមិន​ឃើញផង ឯពាលអ្នក​មិនឃើញ រមែងមិន​ឃើញពាល ដែលមិន​ឃើញ (ផងគ្នា) ផង នូវ​បណ្ឌិត​អ្នកឃើញ​ផង។ — វប្បត្ថេរ។

[៦៣] យើងម្នាក់ឯងនៅក្នុងព្រៃ ដូចកំណាត់ឈើ​ដែលគេ​ចោលក្នុងព្រៃ ពួក​កុលបុត្ត​ជា​ច្រើនរូប រមែង​ស្រឡាញ់​យើងដូចពួក​សត្វនរក​ស្រឡាញ់​អ្នកដែល​ទៅកាន់​ឋានសួគ៌។ — វជ្ជិបុត្តកត្ថេរ។

[៦៤] ពួកសត្វ (ឃ្លាតចាកកុសលធម៌) ធ្លាក់ចុះ​ហើយ រមែង​ធ្លាក់ចុះ ឯពួក​សត្វដែល​ជាប់​ចំពាក់ (ក្នុងកាម) តែងមកវិញ សោឡសកិច្ច ដែលអាត្មាអញ​ធ្វើហើយ ជាតម្រេក​ដែល​គួរ​ត្រេកអរ ព្រះនិព្វាន​ជាសុខ​ដែលមូលមិត្ត​ដោយ​សេចក្តី​សុខ។ — បក្ខត្ថេរ។

[៦៥] វិមលកោណ្ឌញ្ញៈ កើតអំពីស្រី មានដើមឈើ​ជាឈ្មោះ (អម្ពបាលី) កើតដោយ​ស្តេច ដូចជា​ទង់ពណ៌ស (ព្រះបាទពិម្ពិសារ) លះបង់​នូវទង់ គឺមានះ កំចាត់បង់​នូវទង់ធំ គឺមានះ ដោយប្រាជា្ញ​ដូចជាទង់។ — វិមលកោណ្ឌញ្ញត្ថេរ។

[៦៦] ពុទ្ធវចនៈ ដែលបុគ្គលរៀនក្នុងសំណាក់​នៃ​ឧក្ខេបកដវច្ឆត្ថេរ ព្រះថេរៈ​នោះ រមែង​សំដែង​នូវពុទ្ធវចនៈ​នោះ ដល់​គ្រហស្ថ​ទំាំងឡាយ​បាន អស់ឆ្នាំជាច្រើន លោកជា​អ្នកមាន​សេចក្តី​រីករាយ​ដ៏លើសលុប អង្គុយនៅ​ដ៏ស្ងប់ស្ងៀម។ — ឧក្ខេបកដវច្ឆត្ថេរ។

[៦៧] ព្រះសម្ពុទ្ធ ជា​មហាវីរបុរស ព្រះអង្គ​ដល់នូវ​ត្រើយនៃ​ធម៌ទំាងពួង ទ្រង់​ប្រៀន​ប្រដៅ​ហើយ ខ្ញុំបានស្តាប់​ធម៌របស់​ព្រះអង្គ ជាអ្នកត្រេកអរ​នៅក្នុង​សំណាក់ (ព្រះអង្គ) ត្រៃវិជ្ជា ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធើ្វហើយ។ — មេឃិយត្ថេរ។

[៦៨] កិលេសទំាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទំាងអស់ ខ្ញុំបានដក​ចោលហើយ ជាតិសំសារ ក៏អស់ហើយ ភពថ្មីទៀត មិនមាន​ក្នុង​កាលឥឡូវ​នេះទេ។ — ឯកធម្មសវនិយត្ថេរ។

[៦៩] សេចក្តីសោក រមែងមិនមានដល់​អ្នកប្រាជ្ញ មានចិត្តដ៏​ខ្ពង់ខ្ពស់ ជាអ្នកមិន​ប្រមាទ សិក្សាក្នុងធម៌ ជាគន្លង​នៃការចេះដឹង មាន​តាទិគុណ ជាអ្នក​ស្ងប់រម្ងាប់ មាន​សតិគ្រប់​កាល។ — ឯកុទានិយត្ថេរ។

[៧០] ខ្ញុំបានស្តាប់សច្ចធម៌ មានរសដ៏ប្រសើរ របស់ព្រះមានព្រះភាគ ជាបុគ្គល​ប្រសើរ ដែល​ព្រះពុទ្ធ​មាន​សព្វញ្ញុតញ្ញាណ​ប្រសើរ សំដែងហើយ ប្រតិបត្តិ​ចំពោះអដ្ឋង្គិកមគ្គ ដើម្បី​ដល់​ព្រះនិព្វាន ឈ្មោះ​អមតៈ ព្រះមានព្រះភាគ​នោះ ព្រះអង្គ​ជាបុគ្គល​ឈ្លាសវៃ​ក្នុងគន្លង​នៃព្រះ​និព្វាន​ដ៏ក្សេម​ចាកយោគៈ។ — ឆន្នត្ថេរ។

[៧១] សីលហ្នឹងឯង ជាកំពូលក្នុងសាសនា​នេះ ចំណែក​បុគ្គលមាន​ប្រាជ្ញា ជា​បុគ្គល​ប្រសើរ ជ័យជំនះ​ក្នុងមនុស្ស និងទេវតា​ទំាងឡាយ រមែងមាន ព្រោះសីល និងប្រាជ្ញា។ — បុណ្ណត្ថេរ។

ឧទ្ទាន

និយាយអំពីវប្បត្ថេរ ១ វជ្ជិបុត្តកត្ថេរ ១ បក្ខត្ថេរ ១ វិមលកោណ្ឌញ្ញត្ថេរ ១ ឧក្ខេបកដវច្ឆត្ថេរ ១ មេឃិយត្ថេរ ១ ឯកធម្មសវនិយត្ថេរ ១ ឯកុទានត្ថេរ ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ជាអ្នក​មានកំឡាំង​ច្រើន ១។

ចប់ សត្តមវគ្គ។

ថេរគាថា ឯកនិបាត អដ្ឋមវគ្គ

[៧២] បុគ្គលអ្នកយល់ឃើញប្រយោជន៍ដ៏​ល្អិតសុខុម​ក្រៃលែង ជាអ្នក​ឈ្លាសវៃ​ដោយ​ប្រាជ្ញា មានកិរិយា​ប្រព្រឹត្តឱន​លំទោន ជាអ្នកសេព​ល្អហើយ​នូវសីល​នៃព្រះពុទ្ធ​នោះ មិនមែន​បាន​ព្រះនិព្វាន​ដោយក្រទេ។ — វច្ឆបាលត្ថេរ។

[៧៣] ទំពំាងឫសីនៅខ្ចី មានចុងលូតលាស់ បែកដៃចេញ​ហើយ បុគ្គល​បោចរោច​ចេញ​បានដោយ​ក្រ យ៉ាងណាមិញ អាត្មា កាលបើមាតា​នំាភរិយា​មកឲ្យ ក៏យ៉ាង​នោះដែរ សូមញោម​យល់តាម​អាត្មាចុះ ព្រោះឥឡូវនេះ អាត្មាបួស​ហើយ។ — អាតុមត្ថេរ។

[៧៤] ខ្ញុំឃើញមនុស្សចាស់ជរា ឈឺចាប់ ប្រកបដោយ​ទុក្ខ ទំាងឃើញ​មនុស្ស​ដល់នូវ​ការអស់​ទៅនៃអាយុ ស្លាប់ហើយ ហេតុនោះ ខ្ញុំលះបង់​កាមជាទី​ត្រេកអរ​នៃចិត្ត ហើយចេញ​បួស។ — មាណវត្ថេរ។

[៧៥] កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា រមែង​មិនមាន​ដល់ភិក្ខុ​ដោយ សព្វ​គ្រប់។ — សុយាមនត្ថេរ។

[៧៦] ការឃើញនូវព្រះអរិយទំាងឡាយ មានអត្តភាព​រៀបចំ​ល្អហើយ ជាការ​ប្រពៃ (ព្រោះថា) សេចក្តី​សង្ស័យ រមែងដាច់ បញ្ញារមែង​ចំរើនឡើង ព្រះអរិយៈ​ទំាំងនោះ រមែង​ធ្វើ​សូម្បី​នូវ​ជនពាល ឲ្យជា​បណ្ឌិត​បាន ព្រោះហេតុ​នោះ ការសមាគម​នៃសប្បុរស​ទំាំងឡាយ ជាការ​ប្រពៃ។ — សុសារទត្ថេរ។

[៧៧] កាលពួកសត្វកំពុងប៉ោងឡើង បណ្ឌិតតែង​ឱនលំទោន កាលពួក​សត្វធ្លាក់​ចុះ (ដោយ​អំណាច​កោសជ្ជៈ) បណ្ឌិតតែង​ប្រឹងឡើង កាលពួកសត្វ​មិនបាន​អប់រំ (ព្រហ្មចរិយធម៌) បណ្ឌិត​តែងអប់រំ កាលពួក​សត្វត្រេកអរ (ក្នុង​កាមគុណ) បណ្ឌិត​មិនត្រេកអរ​ទេ។ — បិយពា្ជហត្ថេរ។

[៧៨] ចិត្តនេះ ក្នុងកាលមុន បានត្រាច់ទៅ​កាន់ចារិក តាមសេចក្តី​ប្រាថ្នា តាមចំណង់ តាម​សេចក្តីស្រួល ថ្ងៃនេះ ខ្ញុំនឹងផ្ទញ់ផ្ទាល់​ចិត្តនោះ​ដោយឧបាយ ដូចជា​ហ្មដំរី​អ្នកកាន់​កង្វេរ សង្កត់​សង្កិន​ដំរីដែលចុះប្រេង។ — ហត្ថារោហបុត្តត្ថេរ។

[៧៩] កាលខ្ញុំមិនទាន់បាន (ញាណ) តែងអន្ទោល​ទៅកាន់​សំសារ​អស់ជាតិ​មិនតែមួយ​ទេ គំនរនៃ​សេចក្តីទុក្ខ​របស់ខ្ញុំ ដែលទទួល​រងហើយ​នោះ ជាគំនរទុក្ខ​ប្រាសចេញ​ទៅហើយ។ — មេណ្ឌសិរត្ថេរ។

[៨០] រាគៈទំាំងពួង ខ្ញុំលះចោលហើយ ទោសៈទំាំងពួង ខ្ញុំក៏ដក​ចោលហើយ មោហៈទំាំង​ពួង​របស់ខ្ញុំ ក៏ប្រាសចេញ​ហើយ ខ្ញុំជាបុគ្គល​ត្រជាក់ រលត់ទុក្ខ​ហើយ។ — រក្ខិតត្ថេរ។

[៨១] អំពើណា ទោះបីតិច ឬច្រើន ដែលខ្ញុំធ្វើហើយ អំពើទំាំង​អស់នុ៎ះ ក៏អស់​រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមាន​ឡើយ។ — ឧគ្គត្ថេរ។

ឧទ្ទាន

និយាយអំពី​វច្ឆបាលត្ថេរ ១ អាតុមត្ថេរ ១ មាណវត្ថេរជាឥសី ១ សុយាមនត្ថេរ ១ សុសារទត្ថេរ ១ បិយពា្ជហត្ថេរ ១ ហត្ថារោហបុត្តត្ថេរ ១ មេណ្ឌសិរត្ថេរ ១ រក្ខិតត្ថេរ ១ ព្រះថេរ​ឈ្មោះ​ឧគ្គៈ ១។

ចប់ អដ្ឋមវគ្គ។

ថេរគាថា ឯកនិបាត នវមវគ្គ

[៨២] អំពើលាមកណា ដែលខ្ញុំបានធ្វើហើយ ក្នុងជាតិ​ទំាំងឡាយ​ដទៃ ក្នុងភពមុន អំពើ​លាមក​នោះ ខ្ញុំគប្បីទទួល​តែក្នុងជាតិ​នេះទេ វត្ថុដទៃ មិនមាន​ឡើយ។ — សមិតិគុត្តត្ថេរ។

[៨៣] ទីមានភិក្ខាហារដ៏សម្បូណ៌ផង ទីដ៏ក្សេមក្សាន្ត មិនមាន​ភ័យផង មានក្នុងទិស​ណាៗ ម្នាលកូន អ្នកចូរទៅ​ក្នុងទិស​នោះ ៗ ចុះ សូមកុំឲ្យអ្នក​មានសេចក្តី​សោក​បៀតបៀន​បាន​ឡើយ។ — កស្សបត្ថេរ។

[៨៤] ម្នាលភិក្ខុឈ្មោះសីហៈ ចូរអ្នក​កុំប្រមាទ កុំខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ ចូរអ្នក​ចំរើន​កុសលធម៌​ចុះ ចូរអ្នក​លះបង់​នូវគ្រោងកាយ គឺអត្តភាព​ដោយឆាប់​ចុះ។ — សីហត្ថេរ។

[៨៥] បុគ្គលដេកលក់រហូតរាត្រីទំាំងអស់ ត្រេកអរ​ក្នុងពួកគណៈ​ក្នុងវេលាថ្ងៃ ជាអ្នក​អ័ប្បបញ្ញា កាលណា​នឹងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។ — នីតត្ថេរ។

[៨៦] បុគ្គលឈ្លាសវៃ ក្នុងនិមិត្តរបស់ចិត្ត ដឹងច្បាស់​នូវរសនៃ​វិវេក ដុតកំដៅ​កិលេស ជាអ្នក​មានប្រាជ្ញា​រក្សាខ្លួន មានស្មារតី​តំកល់មាំ គប្បីបាន​នូវ​និរាមិសសុខ គឺ​ព្រះនិព្វាន។ — សុនាគត្ថេរ។

[៨៧] ព្រះមានព្រះភាគ ជាសាសា្តចារ្យ កាលសំដែង​ដោយព្រះអង្គ​ឯង (ដូចផ្លែកន្ទួត​ព្រៃ) ក្នុង​បាតដៃ តែង​ប្រៀនប្រដៅ​សង្ឃ​យ៉ាងនេះ​ថា ផ្លូវដ៏​ប្រសើរនេះ ជាផ្លូវ​ទៅកាន់​ព្រះនិព្វាន មិនមែន​ដូចផ្លូវ​របស់​តិរិ្ថយ​អ្នកពោល​ផ្សេងៗ ខាងក្រៅ​សាសនា​នេះទេ។ — នាគិតត្ថេរ។

[៨៨] ខន្ធទំាំងឡាយ ខ្ញុំឃើញច្បាស់ហើយ តាមសេចក្តី​ពិត ភព​ទំាំងពួង ខ្ញុំទំលាយ​ហើយ ជាតិសង្សារ​អស់ហើយ ឥឡូវនេះ ភពថ្មី​មិនមាន​ទេ។ — បវិដ្ឋត្ថេរ។

[៨៩] ខ្ញុំកាលយល់ច្បាស់នូវសច្ចធម៌ទំាំងឡាយ ទើបអាចនឹង​រើខ្លួនឡើង​ចាកទឹក គឺសំសារ ឡើងកាន់​ទីគោក គឺព្រះនិព្វាន ដូចជា​ជំនន់ធំ​កាលបន្សាត់​ទៅ។ — អជ្ជុនត្ថេរ។

[៩០] ខ្ញុំឆ្លងឡើងផុត ចាកភក់ ចាកល្បាប់ គឺកិលេស​ហើយ វៀរស្រឡះ​ហើយចាក​បាតាល (ទំនាប) គឺយោគៈ រួចផុតហើយ​ចាកឱឃៈផង គន្ថៈផង មានះ​ទំាំងពួង ខ្ញុំកំចាត់​បង់​ហើយ។ — ទេវសភត្ថេរ។

[៩១] ខន្ធ ៥ ខ្ញុំកំណត់ដឹងហើយ ខន្ធ៥ មានឫសគល់​ដាច់ហើយ ជាតិសំសារ​អស់​ហើយ ភពថ្មីទៀត (របស់ខ្ញុំ )មិនមាន​ក្នុងកាល​ឥឡូវនេះ។ — សាមិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពី​សមិតិគុត្តត្ថេរ ១ កស្សបត្ថេរ ១ សីហត្ថេរ ១ នីតត្ថេរ ១ សុនាគត្ថេរ ១ នាគិតត្ថេរ ១ បវិដ្ឋត្ថេរ ១ អជ្ជុនៈ​ជាឥសី ១ ទេវសភត្ថេរ ១ សាមិទត្តត្ថេរ មាន​កំឡាំង​ច្រើន ១។

ចប់ នវមវគ្គ។

ថេរគាថា ឯកនិបាត ទសមវគ្គ

[៩២] សុធាភោជន មានរសទំាងរយ អាត្មាអញ មិនសរសើរ​ដូចភោជន គឺ​និព្វានសុខ ដែលអាត្មាអញ​បរិភោគ​ហើយ​ក្នុងថ្ងៃនេះ​ទេ ធម៌ដែល​ព្រះពុទ្ធគោតម ព្រះអង្គ​ឃើញដោយ​បញ្ញា​រាប់មិន​បាន ទ្រង់សំដែង​ហើយ (ទើបជាធម៌​មានរសច្រើន)។ — បរិបុណ្ណកត្ថេរ។

[៩៣] ភិក្ខុណា មានអាសវៈអស់ហើយ មិនជ្រប់​ក្នុងអាហារ ភិក្ខុណា មាន​សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ (អប្បណិហិតវិមោក្ខ) ជាអារម្មណ៍ ស្នាមជើង​របស់​ភិក្ខុនោះៗ បុគ្គល​តាម​រកឃើញ​បានដោយ​ក្រ ដូចស្នាម​ជើងនៃសត្វ​ស្លាបក្នុង​អាកាស។ — វិជយត្ថេរ។

[៩៤] ម្នាលឯរកៈ កាមទំាងឡាយ ជាទុក្ខ ម្នាលឯរកៈ កាមទំាំងឡាយ មិនមែន​ជាសុខ​ទេ ម្នាលឯរកៈ បុគ្គលណា ប្រាថ្នា​រកកាម បុគ្គលនោះ ឈ្មោះថា​ប្រាថ្នាទុក្ខ ម្នាល​ឯរកៈ បុគ្គល​ណា មិនប្រាថ្នា​រកកាម បុគ្គលនោះ ឈ្មោះថា​មិនប្រាថ្នា​ទុក្ខទេ។ — ឯរកត្ថេរ។

[៩៥] សូមនមស្ការ ព្រះមានព្រះភាគ​អង្គនោះ ព្រះអង្គ​ជាសក្យបុត្ត​មានសិរី ព្រះធម៌ដ៏​ប្រសើរ​នេះ ព្រះពុទ្ធ​ដល់នូវធម៌​ដ៏ប្រសើរ​នោះ ទ្រង់សំដែង​ទុកល្អ​ហើយ។ — មេត្តជិត្ថេរ។

[៩៦] ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែល​ទោសកំចាត់​បង់ហើយ ទៅកាន់​ផ្លូវឆ្ងាយដាច់​ស្រយាល ទោះបី​កាលដេក ក៏ខ្ញុំមិនទៅ​ជាមួយនឹង​សំឡាញ់​ជាបាបមិត្ត​ទេ។ — ចក្ខុបាលត្ថេរ។

[៩៧] ខ្ញុំបានបូជាផ្កាមួយ រួចក៏បានឲ្យគេបំរើ​ក្នុងឋានសួគ៌​អស់ ៨០ កោដិឆ្នាំ (រាប់​ដោយ​ឆ្នាំមនុស្ស) ខ្ញុំរលត់ទុក្ខ​ដោយផល​នៃកម្មដ៏​សេសសល់។ — ខណ្ឌសុមនត្ថេរ។

[៩៨] ខ្ញុំលះភាជន៍សំរិទ្ធិដែលមានក្បាច់ ១០០ស្រទាប់ និងភាជន៍​មាស មានចម្លាក់ ១០០ ជាន់ ហើយត្រឡប់​មកកាន់យក​បាត្រដី​វិញ ការចូលកាន់​ផ្នួសរបស់​ខ្ញុំនេះ ឈ្មោះថា​ជាការ​អភិសេកទីពីរ។ — តិស្សត្ថេរ។

[៩៩] បុគ្គលកាលឃើញរូប ហើយធ្វើទុកក្នុងចិត្ត​នូវនិមិត្ត​ជាទីស្រឡាញ់ សតិ​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវ​អារម្មណ៍​នោះ អាសវៈ​ទំាង​ឡាយ ដែលជាគ្រឿង​នំាំចូលទៅ​កាន់ឫសគល់​នៃភព រមែង​ចំរើនដល់​បុគ្គលនោះ។ — អភយត្ថេរ។

[១០០] បុគ្គលកាលស្តាប់សំឡេង ហើយធ្វើទុក​ក្នុងចិត្ត​នូវនិមិត្ត​ជាទីស្រឡាញ់ សតិ​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្ត​ត្រេកអរ ទទួលយក លេបយកនូវ​អារម្មណ៍នោះ អាសវៈ​ទំាំងឡាយ ដែលជា​គ្រឿងនំាចូល​ទៅកាន់​សង្សារ រមែងចំរើន​ដល់បុគ្គល​នោះ។ — ឧត្ថិយត្ថេរ។

[១០១] បុគ្គលប្រកបដោយសម្មប្បធាន មានសតិប្បដ្ឋាន​ជា​អារម្មណ៍​ដ៏ដេរដាស​ដោយ​ផ្កា គឺវិមុត្តិ ជាអ្នកមិន​មានអាសវៈ នឹងបរិនិព្វាន។ — ទេវសភត្ថេរ។

ឧទ្ទាន

និយាយអំពី​បរិបុណ្ណត្ថេរ ១ វិជយត្ថេរ ១ ឯរកត្ថេរ ១ មេត្តជិត្ថេរ ជាអ្នកប្រាជ្ញ ១ ចក្ខុបាលត្ថេរ ១ ខណ្ឌសុមនត្ថេរ ១ តិស្សត្ថេរ ១ អភយត្ថេរ ១ ឧត្តិយត្ថេរមានបញ្ញាច្រើន ១ ទេវសភត្ថេរ ១។

ចប់ ទសមវគ្គ។

ថេរគាថា ឯកនិបាត ឯកាទសមវគ្គ

[១០២] បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាព​ជាគ្រហស្ថ (ចូលកាន់ផ្នួស) ជាអ្នក​មិនបាន​អប់រំខ្លួន ជាអ្នកមាន​មាត់ដូច​ជានង្គ័ល ខ្ជិលច្រអូស បានតែខាង​ចិញ្ចឹមពោះ ដូចជ្រូក​ស្រុកធំ ដែលគេ​បំប៉នដោយ​ចំណី តែងចូលទៅ​កាន់គភ៌​រឿយ ៗ។ — ពេលដ្ឋកានិត្ថេរ។

[១០៣] ជនទំាងឡាយ ដែលត្រូវមានះបញ្ឆោត សៅហ្មង​ក្នុងសង្ខារ ត្រូវលាភៈ អលាភៈ ញាំញីហើយ រមែង​មិនបាន​នូវសមាធិ។ — សេតុច្ឆត្ថេរ។

[១០៤] ខ្ញុំមិនត្រូវការដោយលាភនុ៎ះទេ ខ្ញុំបានសេចក្តីសុខ ឆ្អែតដោយ​ធម្មរស ក្រេប​ផឹក​រស​ដ៏ប្រសើរ​ថ្លៃថ្លា មិនធ្វើ​នូវការជាប់​ដោយ​រសទេ។ — ពន្ធុរត្ថេរ។

[១០៥] ឱហ្ន៎ កាយរបស់ខ្ញុំស្រាល កាលខ្ញុំត្រូវ​បីតិ និងសុខដ៏ទូលាយ​ពាល់ត្រូវ​ហើយ កាយ​របស់ខ្ញុំ រមែង​អណ្តែតឡើង​បានដូច​ប៉ុយដែល​ប៉ើង​ដោយខ្យល់។ — ខិតកត្ថេរ។

[១០៦] បុគ្គលអ្នកឈ្លាសវៃ ទោះបីអផ្សុក រមែងមិននៅ (ក្នុង​អាវាស​ដែល​មិន​សប្បាយ) សូម្បីកាល​ត្រេកអរ​ក៏ចៀសចេញ មិនគប្បីនៅ​គ្រប់គ្រង​លំនៅ ដែលប្រកប​ដោយអំពើ​មិន​ជាប្រយោជន៍ទេ។ — មលិតវម្ភត្ថេរ។

[១០៧] អត្ថមានអាថ៌កំបំាងច្រើន ទ្រទ្រង់លក្ខណៈ​ដ៏ច្រើន ជនឥត​ប្រាជ្ញា ឃើញអង្គ​នៃ​អត្ថតែមួយ ចំណែក​បណ្ឌិត​ជាអ្នកឃើញ​អត្ថដ៏ច្រើន។ — សុហេមន្តត្ថេរ។

[១០៨] ខ្ញុំរំពឹងឃើញហើយ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធ​សាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — ធម្មសំវរត្ថេរ។

[១០៩] ខ្ញុំមានអាយុប្រកបដោយឆ្នាំ ១២០ ទើបចេញ​ចាកផ្ទះ ចូលកាន់​ផ្នួស ត្រៃវិជ្ជា ខ្ញុំ​បានហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — ធម្មសដបិតុត្ថេរ។

[១១០] ភិក្ខុនេះត្រេកអរ​ក្នុងទីស្ងាត់ហើយ តែក្រែងមិន​អើពើនឹង​សាសនា​របស់ព្រះ​មានព្រះភាគ ព្រះអង្គ​ជាអ្នក​អនុគ្រោះ​ដោយប្រយោជន៍​ដ៏ក្រៃលែង​ទេឬ ភិក្ខុនេះ ជាអ្នកមាន​ឥន្ទ្រិយ​តំាងនៅ​ជាប្រក្រតី នៅក្នុងទី​ស្ងាត់ដូច្នោះ ដូចជា​ម្រឹគញី ប្រកប​ដោយជាតិ​នៅក្មេង ដែលនៅ​ក្នុងព្រៃ។ — សង្ឃរក្ខិតត្ថេរ។

[១១១] ឈើទំាំងឡាយ លូតលាស់ឡើង​ឰដ៏​កំពូលភ្នំ ត្រូវទឹកភ្លៀង​បង្អោរចុះ​ថ្មី ៗ ស្រោច​ស្រប់ហើយ រមែងញុំាង​ចិត្តគួរដល់​ភាវនាកម្ម​ឲ្យកើតឡើង​ដោយក្រៃលែង​ដល់ភិក្ខុ​ឈ្មោះ​ឧសភៈ អ្នកប្រាថ្នា​វិវេកធម៌ អ្នកមាន​សេចក្តី​សំគាល់​ក្នុងព្រៃ។ — ឧសភត្ថេរ។

ឧទ្ទាន

និយាយអំពី​ពេលដ្ឋកានិត្ថេរ ១ សេតុច្ឆត្ថេរ ១ ពន្ធុរត្ថេរ ១ ខិតកត្ថេរ ជាឥសី ១ មលិតវម្ភត្ថេរ ១ សុហេមន្តត្ថេរ ១ ធម្មសំវរត្ថេរ ១ ធម្មសដបិតុត្ថេរ ១ សង្ឃរក្ខិតត្ថេរ ១ ឧសភត្ថេរ ជាមហាមុនី ១។

ចប់ ឯកាទសមវគ្គ។

ថេរគាថា ឯកនិបាត ទ្វាទសមវគ្គ

[១១២] ការបួសជាការក្រពិត គ្រឹះស្ថានបុគ្គល​គ្រប់គ្រង​បានដោយ​ក្រ ព្រះធម៌ ជា​សភាព​ជ្រាលជ្រៅ ភោគៈ​ទំាំងឡាយ រកបាន​ដោយក្រ ការប្រព្រឹត្តិ (ចិញ្ចឹមជិវិត) របស់​យើង ដោយ​បច្ច័យតាម​មាន តាមបាន ក៏ជាការក្រ យើងគួរគិត​នូវអនិច្ចតាធម៌​ឲ្យរឿយ ៗ វិញ។ — ជេន្តត្ថេរ។

[១១៣] ខ្ញុំមានវិជ្ជា ៣ មានការដុត​កិលេសច្រើន ជាអ្នកឈ្លាសវៃ​ក្នុង​ចេតោសមថៈ (ការ​ស្ងប់រម្ងាប់​ចិត្ត) ប្រយោជន៍​របស់ខ្លួន ខ្ញុំបានដល់​ហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — វច្ឆគោតត្ថេរ។

[១១៤] ភ្នំថ្មទំាំងនោះ មានទឹកថ្លា មានថ្ម​ដ៏ក្រាស់ ដែលប្រកប​ដោយម្រឹគ មាន​កន្ទុយ​ដូច​គោ (ស្វាខ្មៅ) ដ៏ដេរដាស​ដោយ​សារាយ​ក្នុងទឹក តែងញុំាងខ្ញុំ​ឲ្យត្រេកអរ (សុខចិត្ត​នៅបាន)។ — វនវច្ឆត្ថេរ។

[១១៥] កាលបើជីវិត​សូន្យថយទៅ សេចក្តីល្អ​របស់​សមណៈ នឹងមានមក​ក្នុងទីណា ដល់បុគ្គល​អ្នកធ្ងន់​ក្នុងកាយ​ដ៏អាក្រក់ ជាប់ដោយ​សេចក្តីសុខ​ក្នុងសរីរៈ។ — អធិមុត្តត្ថេរ។

[១១៦] អ្នកនុ៎ះ នឹងសាបសូន្យ​ចាកភ្នំ​ឈ្មោះ​នេសាទកៈ (ទីនៅនៃ​អ្នកនេសាទ) ជាភ្នំមាន​យស បិទបាំង​ដោយដើម​ខ្លែងគង់ នឹងដើម​ពោនស្វា​ជាច្រើន។ — មហានាមត្ថេរ។

[១១៧] បុគ្គលគ្រប់គ្រងទ្វារ សង្រួមដោយល្អ ខ្ជាក់ចោល​នូវឫសគល់​នៃសេចក្តី​ទុក្ខ ព្រោះ​លះបង់​ផស្សាយតនៈ​ទំាង ៦ ប្រការ ការអស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ — បារាបរិយត្ថេរ។

[១១៨] ខ្ញុំមានខ្លួនប្រោះព្រំល្អ ស្លៀកពាក់ល្អ ស្អិតស្អាង​ដោយគ្រឿង​ប្រដាប់​គ្រប់យ៉ាង បាន​នូវ​វិជ្ជា ៣ ប្រការ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — យសត្ថេរ។

[១១៩] វ័យ (របស់សត្វ) រមែងធ្លាក់ចុះ ហាក់ដូចជា​ត្រូវទេវតា​បណ្តេញ រូប (របស់​យើង) កាលមាន​នៅ ដោយប្រការ​ដូច្នោះ តែហាក់ដូច​ជារូបអ្នក​ដទៃ ខ្លួនខ្ញុំនោះ កាល​មាន​ពិត តែ​ហាក់ដូច​ជាមិនមាន ខ្ញុំរឭក​ឃើញខ្លួន (របស់ខ្ញុំ) ហាក់ដូច​ជារឭក​ឃើញខ្លួន​របស់​អ្នកដទៃ​ដែរ។ — កិម្ពិលត្ថេរ។

[១២០] អ្នកចូលទៅកាន់គល់ឈើ និងព្រៃ​ញាតស្បាត ហើយ​ក្រសោប​យក​ព្រះនិព្វាន (មក​ដាក់) ក្នុងហ្ឫទ័យបាន នែគោតម អ្នកចូរពិនិត្យ​ចុះ កុំមានសេចក្តី​ប្រមាទឡើយ សេចក្តី​រាយមាយ​ចិត្ត នឹងធ្វើអ្វី​ដល់អ្នកកើត។ — វជ្ជីបុត្តត្ថេរ។

[១២១] ខន្ធទំាំង ៥ មានឫសគល់​ដាច់ ដែលខ្ញុំ​កំណត់ដឹង​ច្បាស់ហើយ ការអស់ទៅ​នៃទុក្ខ ខ្ញុំបាន​ដល់ហើយ ការអស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ​ដែរ។ — ឥសិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពី​ជេន្តត្ថេរ ១ វច្ឆគោត្តត្ថេរ ១ វនវច្ឆត្ថេរ អ្នកមាននាម​ដ៏ប្រសើរ ១ អធិមុត្តត្ថេរ ១ មហានាមត្ថេរ ១ បារាបរិយត្ថេរ ១ យសត្ថេរ ១ កិម្ពិលត្ថេរ ១ វជ្ជីបុត្តត្ថេរ ១ ឥសិទត្តត្ថេរ ជាអ្នក​មានយសធំ ១។

ចប់ ទ្វាទសមវគ្គ។

ឧទ្ទាន ក្នុងឯកនិបាតនោះ គឺ

ព្រះថេរៈ ១២០ អង្គ មានសោឡសកិច្ច​ធ្វើរួចហើយ ជាអ្នក​មិនមាន​អាសវៈ ដែល​ព្រះសង្គីតិកាចារ្យ អ្នកស្វែងរក​នូវគុណធំ បានរួបរួម​ទុកដោយល្អ ក្នុង​ឯកនិបាត។

ចប់ ឯកនិបាត។

ទុកនិបាត

ថេរគាថា ទុកនិបាត បឋមវគ្គ

[១២២] ភពនីមួយ ជាសភាពទៀងទាត់មិនមានទេ សូម្បី​សង្ខារ​ទំាងឡាយ ជាសភាព​ទៀង​ទាត់ ក៏មិនមាន ខន្ធ​ទាំងឡាយ​នោះ រមែង​កើតឡើង ច្យុត​ទៅមក ៗ។ ខ្ញុំបាន​ដឹងច្បាស់​នូវ​ទោសនុ៎ះ​ហើយ ជា​អ្នកមិន​ត្រូវការ​ដោយភពទេ បានរលាស់​ចាកកាម​ទំាងពួង​ហើយ ការ​អស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ — ឮថា ឧត្តរត្ថេរមានអាយុ បានសំដែងនូវគាថា​ទំាងឡាយ​ដោយប្រការ​ដូច្នេះ។

[១២៣] ជីវិត (របស់ខ្ញុំ)នេះ រមែងមិនមាន ព្រោះការមិន​ប្រព្រឹត្តិទៅ អាហារ​មិនមែន​ធ្វើ​ឲ្យស្ងប់​ដល់ហ្ឫទ័យ​បានទេ គ្រោងកាយ តំាងនៅបាន​ដោយអាហារ ខ្ញុំប្រព្រឹត្ត​នូវការស្វែង​រក ព្រោះឃើញ​ដូច្នេះ។ ការសំពះ និងការ​បូជាណា ដែលមាន​ក្នុងត្រកូល​ទំាំងឡាយ បណ្ឌិត​ទំាំងឡាយ បានពោល​នូវការសំពះ និងបូជានោះ ​ថាដូច​ជាភក់ សរ គឺកិលេស​ដ៏ល្អិត គេដក​បានដោយក្រ សក្ការៈ ក៏បុរសអាក្រក់​លះបាន​ដោយក្រ។ — ឮថា បិណ្ឌោលភារទ្វាជត្ថេរដ៏មានអាយុ បានសំដែង​នូវគាថា​ទំាងឡាយ​ដោយប្រការ​ដូច្នេះ។

[១២៤] ស្វា គឺចិត្ត តែងចូល​ទៅក្នុងខ្ទម គឺអន្តភាព មានទ្វារ ៥ កាលញាប់ញ័រ​ស្ទុះចុះ​ឡើង តែងត្រាច់​ទៅតាមទ្វារ។ នែស្វា អ្នកចូរឈប់ អ្នកកុំ​ស្ទុះទៅឡើយ ខ្ទមរបស់​អ្នកនោះ មិនមាន​ដូចក្នុង​កាលមុនទៀតទេ អ្នកត្រូវខ្ញុំ​សង្កត់សង្កិន​ដោយបញ្ញា អ្នកនឹង​ទៅកាន់​ទីឆ្ងាយ​មិនបាន​ទេ។ — វល្លិយត្ថេរ។

[១២៥] ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គា ដោយស្លឹកត្នោត ៣ ធាង ក៏មាន បាត្រ​របស់​ខ្ញុំ ដូចជាឆ្នាំង​ស្រោច​ទឹកដោះស្រស់​ឲ្យខ្មោច ក៏មាន សំពត់បង្សុកូលក៏មាន។ ក្នុងរវាង​ពីរឆ្នាំ ខ្ញុំ​និយាយ​វាចាតែ ១ មាត់ ក្នុងរវាងឆ្នាំទី ៣ គំនរនៃងងឹត (អវិជ្ជា) ខ្ញុំក៏បាន​ទំលាយ​ហើយ។ — គង្គាតិរិយត្ថេរ។

[១២៦] បើទុកជាបុគ្គលមានវិជ្ជា ៣ លះបង់មច្ចុបាន មិនមាន​អាសវៈ ពួកជន​ពាល អ្នកមិន​ចេះដឹង រមែងមើល​ងាយបុគ្គល​នោះ ថាជាអ្នក​មិនមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទៅ​វិញ។ បុគ្គល​ណា ក្នុង​លោកនេះ លុះតែជា​អ្នកស្វាក់លាភ​ចំពោះ​បាយ ទឹក ទោះបី​មានធម៌​ដ៏លាមក បុគ្គលនោះ ទើបពួក​ជនពាល​ទំាំងនោះ​ធ្វើសក្ការៈ។ — អជិនត្ថេរ។

[១២៧] កាលណា​ខ្ញុំបានស្តាប់សច្ចធម៌​របស់​ព្រះសាស្តា កាលទ្រង់​សំដែង (កាលនោះ) ខ្ញុំមិនដឹង​នូវសេចក្តី​សង្ស័យ ជាបុគ្គល​ដឹងសព្វ ចំពោះ​ព្រះសាស្តា ព្រះអង្គ​ជាអ្នក​ឈ្នះមារ ជាអ្នក​ដឹកនំាំពួក ជា​មហាវីរបុរស ជាសារថី​ដ៏ប្រសើរ​ខ្ពង់ខ្ពស់​ជាងសារថី​ទំាំងឡាយ ឬសេចក្តី​សង្ស័យ​ក្នុងអរិយមគ្គ និង​បដិបទា ក៏មិនមាន​ដល់ខ្ញុំដែរ។ — មេឡជិនត្ថេរ។

[១២៨] ភ្លៀង រមែងលេចធ្លុះ​នូវផ្ទះដែល​ប្រក់មិនល្អ យ៉ាងណា​មិញ រាគៈ រមែង​ចាក់​ធ្លុះ​ចិត្តដែល​មិនបាន​អប់រំល្អ ក៏យ៉ាង​នោះដែរ។ ភ្លៀង រមែង​មិនលេចធ្លុះ​នូវផ្ទះ​ដែលប្រក់​ល្អ យ៉ាង​ណាមិញ រាគៈ រមែងមិនចាក់​ធ្លុះចិត្ត​ដែលបាន​អប់រំល្អ ក៏យ៉ាង​នោះដែរ។ — រាធត្ថេរ។

[១២៩] ជាតិរបស់ខ្ញុំអស់ហើយ សាសនាព្រះជិនស្រី ខ្ញុំបាន​ប្រព្រឹត្តចប់​ហើយ ឃ្នាប (បណ្តាញ​នៃទិដ្ឋិ) ខ្ញុំបាន​លះបង់​ហើយ តណ្ហា​គ្រឿងនាំ​ទៅកាន់​ភព ខ្ញុំក៏ដក​ចោលហើយ កុលបុត្ត ចេញចាក​ផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍​ដល់គុណ​វិសេស​ណា ប្រយោជន៍ គឺការ​អស់ទៅនៃ​សញ្ញោជនៈ​ទំាំងអស់នោះ ខ្ញុំក៏បាន​ដល់ហើយ។ — សុរាធត្ថេរ។

[១៣០] ពាក្យសច្ចៈ ចំពោះស្ត្រីណា ដែលគេគប្បីរក្សា​គ្រប់កាល​ទំាំងពួង ជាពាក្យ​ដែល​គេរកបាន​ដោយ​ក្រក្រៃលែង ពួកជនណា មិនជាប់​ចំពាក់ចំពោះ​ស្ត្រីទំាំងនោះ ពួកជន​នោះ ឈ្មោះថាមុនី រមែងដេក​នៅជាសុខ។

នែកាម យើងបាន​ប្រព្រឹត្តនូវ​ការសម្លាប់​អ្នកហើយ ឥឡូវនេះ យើងមិន​ជាប់បំណុល​នឹងអ្នក​ទេ យើងនឹងទៅកាន់​ព្រះនិព្វាន​ឥឡូវនេះ ដែលជា​ទីទៅ ហើយមិន​សោយសោក។ — គោតមត្ថេរ។

[១៣១] កុហក បុគ្គលនោះសម្លាប់ខ្លួនឯង (ដោយការប្រព្រឹត្តិលាមក) មុន​ សម្លាប់​បុគ្គល​ដទៃ​ក្រោយ បុគ្គល​បំផ្លាញខ្លួន​ឯង បំផ្លាញ​បានដោយ​ងាយ ដូចព្រាន​បក្សីសម្លាប់ (សត្វ​ស្លាប) ដោយ​ធ្នាក់។ បុគ្គលមាន​តែវណ្ណៈខាងក្រៅ [វណ្ណៈ​ខាងក្រៅ សំដៅការ​រៀបចំ​ដោយ​ឥរិយាបថ​ឲ្យស្រគត់ស្រគំ​ជាដើម។] មិនឈ្មោះថា​ព្រាហ្មណ៍ទេ លុះតែ​មាន​វណ្ណៈ​ខាងក្នុង [វណ្ណៈខាងក្នុង សំដៅយក​គុណសម្បត្តិ មានសីល​ជាដើម។ អដ្ឋកថា។] ទើបឈ្មោះ​ថាព្រាហ្មណ៍ បពិត្រ​សុជម្បតិ បាបកម្ម​មានក្នុង​បុគ្គលណា បុគ្គល​នោះ ឈ្មោះថា​បុគ្គលខ្មៅ។ — វសភត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរ ជា​ឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈ​ទំាំង ១០ នេះ ជាអ្នក​មានឫទ្ធិច្រើន។

ចប់ បឋមវគ្គ។

ថេរគាថា ទុកនិបាត ទុតិយវគ្គ

[១៣២] ការស្តាប់ដោយល្អ ជាការចំរើននៃ​អ្នកស្តាប់ ការស្តាប់ ជាការចំរើន​នៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់​សេចក្តីបាន​ដោយសារបញ្ញា សេចក្តី​ដែលយល់​ហើយ រមែង​នំាំសុខ​មកឲ្យ។

បុគ្គល​គួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្ត​ធម៌ ដែលជា​ហេតុរួច​ស្រឡះ​ចាក​សំយោជនៈ បើមិនបាន​សេចក្តី​ត្រេកអរ​ក្នុងទីស្ងាត់​នោះទេ គប្បីជា​អ្នកមាន​សតិ រក្សាខ្លួននៅ​ក្នុង​ពួកចុះ។ — មហាចុន្ទត្ថេរ។

[១៣៣] ពួកជនណា បៀតបៀនពួក​មនុស្ស ដោយកម្ម ដែលច្រឡំ​ដោយកម្ម​ក្លាក្លាំង​ផង ដោយកម្ម​ផ្សេងៗ ផង ពួកជន​ទំាំងនោះ ឈ្មោះថា​មានព្យាយាម​អាក្រក់ ជនទាំងនោះ តែង​ត្រូវជន (ឯទៀត) ធ្វើ (ឲ្យដល់នូវ​សេចក្តីទុក្ខ) តាមដំណើរ​ដូច្នោះ ព្រោះថា កម្ម (របស់​ជននោះ) មិនចេះ​វិនាសទេ។ ជនធ្វើនូវ​កម្មណា ទោះបី​ល្អ ឬអាក្រក់ ធ្វើនូវ​កម្មណា ៗ រមែង​ជា​ទាយាទ (ទទួលផល) នៃកម្ម​នោះៗ។ — ជោតិទាសត្ថេរ។

[១៣៤] ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់​សត្វទំាំងឡាយ រមែង​អស់ទៅ ដូចទឹក​ស្ទឹងតូច។ ជនពាល​ដែលកំពុង​ធ្វើកម្ម​ដ៏លាមក ក៏មិន​ភ្ញាក់រលឹក (រហូត​ដល់) ផលដ៏ក្តៅ​ក្រហាយ​មានដល់គេ​ក្នុងកាល​ជាខាងក្រោយ ព្រោះថា​វិបាក​របស់​កម្មនោះ ជា​វិបាក​ដ៏លាមក។ — ហេរញ្ញកានិត្ថេរ។

[១៣៥] បុគ្គលតោងកំណាត់ឈើតូច រមែងលិច​ចុះក្នុងជំនន់​ធំ យ៉ាងណា​មិញ បុគ្គល​អាស្រ័យ​មនុស្សខ្ជិល ទុកជាមាន​ការរស់នៅ​ដោយល្អ ក៏រមែង​លិចចុះ (ក្នុងសង្សារវដ្ត) យ៉ាង​នោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បី​វៀរបុគ្គល​ខ្ជិល អ្នកមាន​ព្យាយាម​ថោកទាប​នោះចេញ គប្បី​នៅរួមជា​មួយនឹង​ពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់ មានឈាន មាន​ចិត្ត​ស្លុង (ទៅកាន់​ព្រះនិព្វាន) ជាបណ្ឌិត មានព្យាយាម​តឹងរឹង​អស់កាល​ជានិច្ច។ — សោមមិត្តត្ថេរ។

[១៣៦] ជន [ពាក្យថាជន ក្នុងគាថានេះ សំដៅយក​មនុស្សអន្ធពាល។ អដ្ឋកថា។] ទាក់ទង​នឹងជន ជន​អាស្រ័យនូវជន ជនត្រូវ​ជនបៀតបៀន​ផង ជនបៀតបៀន​ជនផង។ ព្រោះថា​ប្រយោជន៍អ្វី ដោយជន​របស់​ជននោះ ឬដោយជន​ដែលឲ្យ​កើតហើយ អាត្មាអញ គប្បី​លះនូវជន ដែលបៀតបៀន​ជនច្រើន ហើយទៅ។ — សព្វមិត្តត្ថេរ។

[១៣៧] ស្រីឈ្មោះនាងកាឡី មានសរីៈធំ មានរូបខ្មៅ​ដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំ​បាក់​ភ្លៅម្ខាងទៀត បំបាក់ដៃ​ម្ខាង ហើយ​បំបាក់ដៃ​ម្ខាងទៀត ទំលាយ​នូវក្បាល (របស់​មនុស្ស​ស្លាប់ ធ្វើឲ្យមាន​ខួរហូរចេញ ) ដូច​ឆ្នាំងទធិ ស្រីនុ៎ះ​អង្គុយ​រៀបចំ (សរីរៈសពនោះ) បុគ្គលណា អ្នក​មិនឈ្លាសវៃ តែងធ្វើ​នូវ​ឧបធិកិ្កលេស បុគ្គលនោះ ជាមនុស្ស​ល្ងង់ រមែង​ដល់នូវ​សេចក្តី​ទុក្ខរឿយៗ ព្រោះហេតុ​នោះ បុគ្គល​កាលដឹង មិនគួរធ្វើ​ឧបធិឡើយ អាត្មាអញ សូម​កុំឲ្យ​មានក្បាល​បែកធ្លាយ ដេក (ស្តូកស្តឹង) ទៀត​ឡើយ។ — មហាកាឡត្ថេរ។

[១៣៨] បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដី ជាអ្នក​បានបាយ ទឹក សំពត់ និង​ទីដេក ឈ្មោះថា​បានវត្ថុ​ជាសត្រូវ​ច្រើន។ ភិក្ខុអ្នក​មានសតិ លុះដឹងទោស​នុ៎ះ ថាជា​ភ័យធំ ក្នុង​សក្ការៈ​ទំាំងឡាយ​ហើយ គួរជាអ្នក​មានលាភ​តិច មិនឈ្លក់​ដោយលាភ វៀរឲ្យ​ស្រឡះ។ — តិស្សត្ថេរ។

[១៣៩] សក្យបុត្តទំាងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់​នូវភោគ​សម្បត្តិជា​ច្រើន (ទៅនៅ) ក្នុងព្រៃ​ឈ្មោះ​បាចីនវង្សទាយៈ ត្រេកអរ​ចំពោះវត្ថុ​ដែលតំាង​នៅក្នុង​បាត្រ ដោយ​ការស្វែង​រក មានព្យាយាម​ខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាត​មាំ អស់​កាល​ជានិច្ច លះបង់​នូវតម្រេក​ក្នុងផ្លូវលោក ហើយ​ត្រេកអរ​ដោយតម្រេកក្នុង​ផ្លូវធម៌។ — កម្ពិលត្ថេរ។

[១៤០] ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ (កាយ) ជាបុគ្គល​អណ្តែតអណ្តូង ឃ្លេងឃ្លោង ត្រូវ​កាមរាគ​បៀតបៀន ព្រោះ​មិនមាន​យោនិសោមនសិការៈ។ (ឥឡូវនេះ) ខ្ញុំដកចិត្ត​ក្នុងភព​បាន​ហើយ ព្រោះប្រតិបត្តិ​ដោយ​យោនិសោមនសិការៈ តាម​ព្រះពុទ្ធ ជា​អាទិច្ចពន្ធុ ព្រះអង្គ​មាន​កុសលោបាយ (ឧបាយល្អ)។ — នន្ទត្ថេរ។

[១៤១] បើពួកបរេជន (មនុស្សផ្តេសផ្តាស) សរសើរនូវបុគ្គល​ដែលមិន​តំកល់​ខ្លួនខ្ជាប់​ខ្ជួន ពួកបរេជន សរសើរ​នូវបុគ្គល​ដែលមិន​តំកល់ខ្លួន​ខ្ជាប់ខ្ជួន​នោះឯង ជាការណ៍​ឥតអំពើ។ បើពួក​បរេជន​ តិះដៀល​នូវបុគ្គល​ដែលតំកល់​ខ្លួនខ្ជាប់ខ្ជួន​ល្អ ពួក​បរេជន​តិះដៀល​នូវបុគ្គល​ដែល​តំកល់​ខ្លួនខ្ជាប់ខ្ជួន​ល្អនោះ​ឯង ជាការណ៍​ឥតអំពើ។ — សិរិមន្តុត្ថេរ។

ឧទ្ទាន

និយាយអំពី​មហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោមមិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជា​ថេរៈ ១០ អង្គ មានឫទ្ធិច្រើន។

ចប់ ទុតិយវគ្គ។

ថេរគាថា ទុកនិបាត តតិយវគ្គ

[១៤២] ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហា ខ្ញុំដកចេញ​ស្រឡះ​ហើយ ពោជ្ឈង្គ ខ្ញុំ​បាន​ចំរើន​ហើយ ការក្ស័យ​ទៅនៃ​អាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ ខ្ញុំនោះ លុះកំណត់​ដឹងខន្ធ​ហើយ លុះដកចេញ​នូវបណ្ដាញ គឺតណ្ហា​ហើយ លុះចំរើន​ពោជ្ឈង្គ​ហើយ ក៏ទៅជា​អ្នកមិន​មាន​អាសវៈ នឹង​បរិនិព្វាន។ — ឧត្ដរត្ថេរ។

[១៤៣] ប្រាសាទមាស ខាងទទឹង មានសន្ទុះ​នៃសរ ១៦ [សន្ទុះសរ ១៦នោះ បើគិត​ជាយោជន៍ ត្រូវកន្លះយោជន៍។] ខាងកំពស់ មានសន្ទុះ​នៃសរ ១ ពាន់ [សន្ទុះសរ ១ពាន់ បើគិត​ជាយោជន៍ បាន ៥យោជន៍។ អដ្ឋកថា។] របស់​ព្រះរាជា​អង្គណា ព្រះរាជា​អង្គនោះ ទ្រង់​ព្រះនាម​ថា បនាទៈ។ ប្រាសាទនោះ មានសន្ទុះ​នៃ​សរ ១ពាន់ មានជាន់​ជាច្រើន មានទង់​ជ័យជាច្រើន សំរេច​ដោយ​កែវមណី​ខៀវ អ្នករបាំ ក៏បាន​រាំលើប្រាសាទ​នោះ អ្នក​របាំ ៦.០០០ នាក់ (តែងរាំ) ក្នុងជាន់​ទី៧។ — ភទ្ទជីត្ថេរ។

[១៤៤] ខ្ញុំជាភិក្ខុមានស្មារតី មានបញ្ញា មានកម្លាំង​ព្យាយាម​ម៉ឺងម៉ាត់ បានរលឹក​ឃើញ​អស់ ៥០០កប្ប ដូចមួយ​រាត្រី។ ខ្ញុំកាល​ចំរើន​សតិប្បដ្ឋាន៤ ពោជ្ឈង្គ៧ និងមគ្គ៨ បានរលឹក​ឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។ — សោភិតត្ថេរ។

[១៤៥] អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាម​ដ៏មាំ អំពើណា​ដែលបុគ្គល​ប្រាថ្នា​ដើម្បី​ត្រាស់ដឹង​គប្បីធ្វើ ខ្ញុំនឹងធ្វើ​អំពើនោះៗ មិននឿយ​ណាយទេ អ្នកចូរ​មើលសេចក្ដី​ព្យាយាម សេចក្ដី​ប្រឹងប្រែងចុះ អ្នកចូរ​ប្រាប់ផ្លូវ ដែលជា​ផ្លូវឈម​ទៅកាន់​ព្រះនិព្វាន ឈ្មោះ​អមតៈ​ដល់ខ្ញុំ ខ្ញុំនឹង​ដឹងបាន​ដោយញាណ​ជាគ្រឿង​ដឹងដូច​ខ្សែទឹក​ទន្លេគង្គា (មិន​នឿយ​ណាយ) នឹងសាគរ។ — វល្លិយត្ថេរ។

[១៤៦] កាលកប្បកបុរស ចូលមក​និយាយថា ខ្ញុំនឹង​កោរសក់​របស់ខ្ញុំ (លំដាប់នោះ) ខ្ញុំ​ទាញយក​កញ្ចក់អំពី​ដៃកប្បកបុរស​នោះ ហើយឆ្លុះ​មើលសរីរៈ។ រាងកាយ​ប្រាកដ​ជារបស់​ទទេ ងងឹតក្នុង​ទីងងឹត គឺអវិជ្ជា​ក៏ប្រាស​ចេញហើយ កិលេស​ដូចជាកំណាត់​សំពត់​ទាំងអស់ ខ្ញុំ​បានផ្ដាច់​ចោលអស់​ហើយ ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វីតសោកត្ថេរ។

[១៤៧] ខ្ញុំលះបង់នីវរណៈទាំង ៥ ដើម្បីដល់​ព្រះនិព្វាន​ដ៏ក្សេមចាក​យោគៈ កាន់យក​កញ្ចក់​គឺធម៌ ជា​ញាណទស្សនៈ​របស់ខ្លួន ឆ្លុះមើលរាង​កាយនេះ​ទាំងអស់ ទាំងខាង​ក្នុង ទាំង​ខាង​ក្រៅ កាយប្រាកដ​ជារបស់​ទទេ ទាំងខាង​ក្នុង ទាំងខាង​ក្រៅ។ — បុណ្ណមាសត្ថេរ។

[១៤៨] គោអាជានេយ្យដ៏ចំរើន ភ្លាត់ហើយ រមែងឈរ​ស៊ប់ឡើងវិញ ទោះបី​បាននូវ​សេចក្ដី​តក់ស្លុត ក៏ជាសត្វ​មានចិត្ត​មិនរួញរា រមែងនាំ​នូវធុរៈ​ទៅបាន យ៉ាងណាមិញ អ្នកទាំង​ឡាយ សូមជ្រាបនូវ​ខ្ញុំ ថាជា​អាជានេយ្យ បរិបូណ៌​ដោយ​ទស្សនៈ ជាសាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ជាបុត្ត ជាឱរស​របស់​ព្រះពុទ្ធ ក៏យ៉ាង​នោះដែរ។ — នន្ទកត្ថេរ។

[១៤៩] ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅ​កាន់សំណាក់​នៃព្រះឧបជ្ឈាយ៍ នឹងបន្លឺ​ឡើង​នូវសីហនាទ ក្នុងទីចំពោះ​ព្រះភក្រ្ដ​នៃព្រះពុទ្ធ​ដ៏ប្រសើរ។ ព្រះពុទ្ធ​ជាមុនី ទ្រង់បំបួស​យើង​ដោយសេចក្ដី​អនុគ្រោះ​យើង ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ យើងបាន​ដល់ហើយ ការអស់ទៅ​នៃសំយោជនៈ​ទាំងពួង (យើងក៏បាន​ដល់ហើយ)។ — ភារតត្ថេរ។

[១៥០] ពួកអ្នកប្រាជ្ញប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្គ្រាម គឺកិលេស​ ឈ្នះមារ ព្រម​ទាំង​វាហនៈ​របស់មារ តែងបន្លឺឡើង​យ៉ាងនេះ ដូចជា​សីហៈ​បន្លឺ​លើកំពូល​ភ្នំ។

ព្រះសាស្ដា ខ្ញុំ​បានគោរពហើយ ព្រះធម៌ និងព្រះសង្ឃ ខ្ញុំបាន​បូជាហើយ មួយទៀត ខ្ញុំមានចិត្ត​ត្រេកអរ​រីករាយ ព្រោះឃើញ​កូនជាអ្នក​មិនមាន​អាសវៈ។ — ភារទ្វាជត្ថេរ។

[១៥១] ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ ខ្ញុំក៏បានស្តាប់​ហើយ​រឿយ ៗ លុះខ្ញុំស្តាប់​ហើយ ក៏ដើរតាម​ផ្លូវធម៌ ដែលឈម​ទៅកាន់​ព្រះនិព្វាន​ឈ្មោះ​អមតៈ។ ខ្ញុំត្រូវភវរាគៈ​បៀតបៀន (ឥឡូវនេះ) ភវរាគៈ​មិនមាន​ដល់ខ្ញុំ​ទៀតទេ ភវរាគៈ (ក្នុង​អតីតកាល) មិនមាន​ហើយ​ដល់ខ្ញុំ (ក្នុង​អនាគត) ក៏នឹង​មិនមានទេ ក្នុង​បច្ចុប្បន្ន​នេះទៀត ក៏មិនមាន​ដល់ខ្ញុំដែរ។ — កណ្ហទិន្នត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧត្តរត្ថេរ ១ ភទ្ទជិត្ថេរ ១ សោភិតត្ថេរ ១ វល្លិយត្ថេរ ជាឥសី ១ វីតសោកត្ថេរ ១ បុណ្ណមាសត្ថេរ ១ នន្ទកត្ថេរ ១ ភារតត្ថេរ ១ ភារទ្វាជត្ថេរ ១ កណ្ហទិន្នត្ថេរ ជា​មហាមុនី ១។

ចប់ តតិយវគ្គ។

ថេរគាថា ទុកនិបាត ចតុត្ថវគ្គ

[១៥២] កាលដែលខ្ញុំបួសក្នុងសាសនានៃ​ព្រះសម្មាសម្ពុទ្ធ ក៏បានរួច​ស្រឡះ (ចាក​កិលេស) បានកន្លង​កាមធាតុ កាល​ព្រះពុទ្ធ​ជាបុគ្គល​ប្រសើរ កំពុង​ពិនិត្យ​ពិចារណា ចិត្តរបស់ខ្ញុំ ក៏បាន​រួចផុត​ចាកកិលេស វិមុត្តិ​របស់ខ្ញុំ លែងកំរើក ព្រោះអស់ទៅ​នៃ​សំយោជនៈ​ទាំងពួង។ — មិគសិរត្ថេរ [បានជា​ឈ្មោះថា មិគសិរត្ថេរ ព្រោះលោក​កើតក្នុង​ខែមិគសិរ។ អដ្ឋកថា។]។

[១៥៣] ផ្ទះ គឺអត្តភាព​ទាំងឡាយ (ដែល​កើត) រឿយៗ ក្នុងភពនោះ ៗ ជា​របស់​មិន​ទៀង​ ឥឡូវនេះ អាត្មាអញ កំពុងតែ​ខំស្វែងរកជាង គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ការកើត​រឿយ ៗ ជា​ហេតុនាំមក​នូវសេចក្ដី​ទុក្ខ។ នែជាងផ្ទះ អ្នក គឺយើងបាន​ឃើញច្បាស់​ហើយ អ្នកនឹងធ្វើផ្ទះ​ទៀត​មិនបាន​ឡើយ ឆ្អឹងជំនីរ គឺកិលេស​ទាំងអស់​របស់អ្នក យើងបាន​បំបាក់អស់ហើយ ទាំង​ហោជាង គឺ​អវិជ្ជា​ទៀតសោត យើងបាន​រុះរើ​ចោលអស់​ហើយ ចិត្តដែល​យើងធ្វើ​ឲ្យរីងស្ងួត ក៏នឹង​រលត់ក្នុង​ភពនេះ​ឯង។ — សិវកត្ថេរ។

[១៥៤] ព្រះមុនី ជាព្រះអរហន្ត មានព្រះដំណើរល្អ ក្នុងលោក ទ្រង់អាពាធ​ព្រោះខ្យល់ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​អ្នកមាន​ទឹកក្ដៅ ចូរអ្នកថ្វាយ​ដល់ព្រះមុនី។

(ព្រោះថា) ព្រះពុទ្ធ ត្រូវពួកបូជនេយ្យបុគ្គល​បូជាហើយ ត្រូវពួក​សក្ករេយ្យបុគ្គល (បុគ្គល​ដែលគេ​គប្បីធ្វើ​សក្ការៈ) ធ្វើសក្ការៈ​ហើយ ត្រូវពួក​អបចិនេយ្យ​បុគ្គល (បុគ្គល​ដែលគេ​គប្បី​កោតក្រែង) កោតក្រែង​ហើយ អាត្មាប្រាថ្នានឹងនាំ​ទឹកក្ដៅ​ទៅ​ថ្វាយ​ព្រះអង្គ។ — ឧបវាណត្ថេរ។

[១៥៥] ពួកឧបាសក អ្នកទ្រទ្រង់ព្រះបរិយត្តិធម៌​ដែលខ្ញុំ​ជួបហើយ បាន​និយាយថា កាម​ទាំងឡាយ ជារបស់​មិនទៀង តែពួក​ឧបាសក​នោះ នៅត្រេកអរ​ក្រៃពេក ក្នុង​កែវមណី និង​កណ្ឌល​ទាំងឡាយ​ផង ជាអ្នកអាឡោះ​អាល័យ​ក្នុងកូន និង​ប្រពន្ធផង។ ពួក​ឧបាសក​ទាំង​​នោះ មិនទាន់​ដឹងធម៌​ពិតទេ គ្រាន់តែ​ចេះនិយាយ​ថា កាមទាំងឡាយ​ជារបស់​មិនទៀង ឧបាសក​ទាំងនោះ មិនទាន់​មានកម្លាំង​ញាណ​ដើម្បីកាត់​ផ្ដាច់នូវរាគៈ​ទេ ព្រោះហេតុ​នោះ បានជា​នៅ​ជាប់​ស្អិតចំពោះ​កូន ប្រពន្ធ និងទ្រព្យ​សម្បត្តិ។ — ឥសិទិន្នត្ថេរ។

[១៥៦] ភ្លៀងបង្អុរចុះផង មេឃគ្រហឹម​លាន់គ្អឹល ៗ ផង (ក្នុង​ពេលនោះ) អាត្មាអញ​នៅ​តែម្នាក់​ឯង​ក្នុងរូងភ្នំ​ដែលគួរ​ខ្លាច កាលដែល​អាត្មាអញ​នោះ នៅក្នុង​រូងភ្នំដែល​គួរខ្លាច​តែ​ម្នាក់ឯង ភ័យក្ដី សេចក្ដី​តក់ស្លុតក្ដី សេចក្ដី​ព្រឺរោមក្ដី មិនមាន​ទេ។ កាលអាត្មា​អញនៅ​ម្នាក់ឯង​ក្នុងរូងភ្នំ​ដែលគួរ​ខ្លាច ភ័យក្ដី សេចក្ដី​តក់ស្លុតក្ដី សេចក្ដី​ព្រឺរោមក្ដី មិនមាន​ឡើយ នេះជា​ធម្មតា​របស់​អាត្មាអញ។ — សម្ពុលកច្ចានត្ថេរ។

[១៥៧] ចិត្តរបស់ភិក្ខុណាមួយ មានឧបមា​ដោយដុំថ្ម តាំនៅស៊ប់ រមែង​មិនញាប់ញ័រ (ដោយ​លោកធម៌) ចិត្តដែល​ប្រាសចាក​សេចក្ដី​ត្រេកអរ​ក្នុងវត្ថុ​ទាំងឡាយ ដែលគួរ​ត្រេកអរ រមែង​មិនប្រទូស្ដ​ក្នុងវត្ថុ​ដែលគួរ​ប្រទូស្ដ។ បុគ្គលណា អប់រំចិត្តបាន​យ៉ាងនេះ បុគ្គល​នោះ នឹង​ដល់នូវ​សេចក្ដីទុក្ខ​អំពីណា​បាន។ ចិត្តរបស់​អាត្មាអញ មានឧបមា​ដោយភ្នំថ្ម តាំងនៅស៊ប់ រមែង​មិនញាប់ញ័រ ចិត្តអាត្មាអញ ប្រាសចាក​សេចក្ដី​ត្រេកអរ​ក្នុងវត្ថុ​ទាំងឡាយ ដែល​គួរ​ត្រេកអរ រមែង​មិនប្រទូស្ដ​ក្នុងវត្ថុ​ដែលគួរ​ប្រទូស្ដ។ អាត្មាអញ អប់រំចិត្ត​បានយ៉ាងនេះ អាត្មាអញ​នឹងដល់​នូវសេចក្ដី​ទុក្ខអំពី​ណាបាន។ — ខិតកត្ថេរ។

[១៥៨] រាត្រី ជារបៀបនៃ​នក្ខត្តឫក្ស (មាន​ដរាបណា) វិញ្ញូជន​មិនគួរ​ដេកលក់​ដរាប​នោះទេ រាត្រីនុ៎ះ វិញ្ញូជន​គួរប្រាថ្នាដើម្បី​ប្រតិបត្តិ។ ប្រសិនបើ​ដំរីជាន់អញ ដែលធ្លាក់​ចុះចាក​កនៃ​ដំរី សេចក្ដី​ស្លាប់របស់​អញ ក្នុងសង្គ្រាម (យ៉ាងនេះ) ប្រសើរ​ជាង អាត្មាអញ​ដែលចាញ់​ហើយ​រស់នៅ ​មិនប្រសើរ​សោះឡើយ។ — សោណបោដិរិយបុត្តត្ថេរ។

[១៥៩] វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមាន​សភាព​គួរស្រឡាញ់ គួររីក​រាយ​នៃចិត្ត ហើយចេញ​អំពីផ្ទះ (ទៅបួស) ដោយសទ្ធា ហើយធ្វើនូវ​ទីបំផុត​នៃទុក្ខ។ ខ្ញុំមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ ខ្ញុំមិន​ត្រេកអរ​នឹងការ​រស់នៅ​ទេ ខ្ញុំ (គ្រាន់តែ) ជាអ្នក​ដឹងខ្លួន មាន​ស្មារតី រង់ចាំ​តែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ — និសភត្ថេរ។

[១៦០] ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌​នៃត្រួយស្វាយ​លើស្មាហើយ ជិះលើ ក នៃដំរី ចូល​ទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត។ ខ្ញុំចុះ​ពីកដំរី ក៏បាននូវ​សេចក្ដីសង្វេគ​ក្នុងកាល​ណោះ តែខ្ញុំនោះ ជា​មនុស្ស​កំពុងស្រវឹង (ដោយជាតិ​ជាដើម) ហើយខ្ញុំ​បានដល់នូវ​ធម៌ជាគ្រឿង​អស់ទៅ​នៃអាសវៈ ក្នុងកាល​ណោះដែរ។ — ឧសភត្ថេរ។

[១៦១] កប្បដកុរៈ (មានសេចក្ដី​ត្រិះរិះខុស​កើតឡើង​យ៉ាងនេះ) ថា នេះជា​កន្ទប​របស់​អាត្មាអញ កាលបើក្អម​សម្រាប់ដាក់​ទឹកអម្រឹត (របស់​តថាគត) ពេញហើយ​ក្រៃពេក (តថាគត​សំដែង​ធម៌ដើម្បី​ឲ្យបាន​នូវទឹក​អម្រឹត) កប្បដកុរ​ភិក្ខុ ក៏ដល់នូវ​ការឃ្វាង​អំពីធម៌ (របស់​តថាគត) នេះជាសាសនា​របស់​តថាគត ជាផ្លូវ​ភាវនា​ផ្សេង ៗ ប្រព្រឹត្ដទៅ​ដើម្បីចំរើន​នូវឈាន​ទាំងឡាយ។ ម្នាល​កប្បដកុរៈ អ្នកកុំ​ងោកងក់ តថាគត​មិនបាន​វាយត្រូវ​អ្នក​ក្នុងទី​ជិតត្រចៀក​ទេ ម្នាល​កប្បដកុរៈ ព្រោះថា អ្នកមិនស្គាល់​ប្រមាណ បានជា​អ្នកចេះតែ​ងោកងក់​ក្នុងកណ្ដាល​សង្ឃ។ — កប្បដកុរត្ថេរ។

ឧទ្ទាន

និយាយអំពី​មិគសិរត្ថេរ ១ សិវកត្ថេរ ១ ឧបវាណបណ្ឌិតត្ថេរ ១ ឥសិទិន្នត្ថេរ ១ សម្ពុលកច្ចានត្ថេរ ១ ខិតកត្ថេរមានវសីធំ ១ សោណបោដិរិយបុត្តត្ថេរ ១ និសភត្ថេរ ១ ឧសភត្ថេរ ១ កប្បដកុរត្ថេរ ១។

ចប់ វគ្គ ទី៤។

ថេរគាថា ទុកនិបាត បញ្ចមវគ្គ

[១៦២] ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទា​របស់ព្រះសាស្ដា​នៃយើង​ទាំងឡាយ ដែល​សាវ័ក​នឹងធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌​ប្រាកដ​ដូច្នោះ។ សក្កាយ គឺបញ្ចុបាទានក្ខន្ធ អាត្មាអញ​បាន​ហើយ​ក្នុងកប្ប​ទាំងឡាយ​រាប់មិនបាន រាងកាយ​នេះ ជាទីបំផុត​របស់​បញ្ចុបាទានក្ខន្ធ​ទាំងនោះ រាងកាយនេះ ជាខាង​ក្រោយ​របស់​បញ្ចុបាទានក្ខន្ធ​ទាំងនោះ សង្សារ​ប្រកប​ដោយ​ជាតិ និង​មរណៈ ឥឡូវនេះ ភពថ្មី​មិនមានទេ។ — កុមារកស្សបត្ថេរ។

[១៦៣] ភិក្ខុណានៅក្មេង ប្រកបព្យាយាម​ក្នុង​ព្រះពុទ្ធសាសនា នាកាល​ពួកសត្វ​កំពុង​ដេកលក់ ភិក្ខុនោះ ជាអ្នក​ភ្ញាក់រលឹក ជីវិតរបស់​ភិក្ខុនោះ​ មិនសោះ​សូន្យទេ។ ហេតុនោះ អ្នក​មាន​ប្រាជ្ញា កាលរលឹក​ឃើញនូវ​សាសនានៃ​ព្រះពុទ្ធទាំងឡាយ​ហើយ គួរប្រកប​រឿយៗ នូវ​សទ្ធា សីល សេចក្ដី​ជ្រះថ្លា និងការ​ឃើញធម៌។ — ធម្មបាលត្ថេរ។

[១៦៤] ភិក្ខុណាមួយបានលះបង់មានះ ជាអ្នកមិន​មានអាសវៈ មាន​ឥន្ទ្រិយ​ដល់នូវ​សេចក្ដី​ស្ងប់រម្ងាប់ ដូចសេះ​ដែល​សារថីបង្ហាត់​ល្អហើយ ទុកជា​ពួកទេវតា ក៏ស្រឡាញ់​ភិក្ខុ​អ្នកមិន​ញាប់ញ័រ​នោះ។ អាត្មាអញ​បានលះបង់​មានះ មិនមាន​អាសវៈ មាន​ឥន្ទ្រិយ​ដល់នូវ​សេចក្ដីស្ងប់​រម្ងាប់ ដូចសេះដែល​នាយសារថីបង្ហាត់​ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏​ស្រឡាញ់អាត្មាអញ​អ្នកមិន​ញាប់ញ័រដែរ។ — ព្រហ្មាលិត្ថេរ។

[១៦៥] (ព្រះសាស្ដាទ្រង់សួរថា) ម្នាលមោឃរាជ ជាអ្នកមាន​សម្បុរអាក្រក់ តែមាន​ចិត្តល្អ អ្នក​ជាភិក្ខុមាន​ចិត្តដំកល់​មាំរឿយ ៗ អស់រាត្រី​ទាំងឡាយ ក្នុងកាល​ត្រជាក់ ប្រកប​ដោយ​ហេមន្ដរដូវ តើអ្នកនឹងធ្វើដោយ​បការដូចម្ដេច។

(មោឃរាជត្ថេរ ក្រាបទូលថា) ខ្ញុំព្រះអង្គ​បានឮ​ដូច្នេះថា ដែន​មគធៈ​ទាំងមូល ជាដែន​មានសន្ទូង​បរិបូណ៌ ពួកភិក្ខុ​ដទៃ មានការ​រស់នៅ​ជាសុខ (ដោយ​កម្រាល និង​គ្រឿង​ស្លៀក​ដណ្ដប់​ដ៏ល្អ) យ៉ាងណា ខ្ញុំព្រះអង្គ (ក្រាល) បិទបាំង​ស្លឹកឈើ សម្រេច​នូវការដេក (យ៉ាង​នោះដែរ)។ — មោឃរាជត្ថេរ។

[១៦៦] បុគ្គលមិនគប្បីលើកដំកើងខ្លួន មិនគប្បី​បង្អាប់គេ មិនគប្បី​ថ្កោលទោស​នៃពួក​បុគ្គល​ដទៃ មិនគប្បី​បៀតបៀន​បុគ្គល​អ្នកដល់​នូវត្រើយ គឺ​ព្រះនិព្វាន មិនគប្បី​អួតគុណ​របស់ខ្លួន​ក្នុងកណ្ដាល​ពួកបរិសទ្យ គប្បីជាអ្នក​ប្រាសចាក​ឧទ្ធច្ចៈ ជាអ្នកពោល​ពាក្យល្មម​កំណត់ ជា​អ្នកមាន​វត្តល្អចុះ។ ព្រោះថា បុគ្គល​មានប្រាជ្ញា​វាងវៃ បានឃើញ​អត្ថដ៏សុខុម​ក្រៃលែង បាន​ប្រព្រឹត្ត​បន្ទាបបន្ទន់​ខ្លួន សេពនូវ​សីលដ៏ចំរើន មិនមែន​បានព្រះនិព្វាន​ដោយក្រ​ឡើយ។ — វិសាខបញ្ចាលីបុត្តត្ថេរ។

[១៦៧] ពួកក្ងោកជាសត្វមានកំប៉ោយល្អ មានសំណុំ​កន្ទុយល្អ មាន​កខៀវល្អ មានមុខល្អ មានសម្រែក​ពីរោះ តែងបន្លឺ​ឡើងផង ទេសភាព​ធំនេះ មានស្មៅ​ខៀវល្អ មានទឹក​ជ្រួតជ្រាប​ល្អផង អាកាស​មានពពក​ល្អផង។ អ្នកជាបុគ្គល​មានសភាព​គួរសម​ដោយប្រពៃ (ចូរ​ចំរើន) នូវឈាន​របស់ព្រះយោគាវចរ​អ្នកមាន​ចិត្តល្អ ចូរមាន​ព្យាយាម​ល្អ ក្នុង​ព្រះពុទ្ធ​សាសនា​ដោយប្រពៃ ចូរបាននូវ​ព្រះនិព្វាន ជាបទ​ដ៏ទៀង​ឧត្ដម ជាធម៌​មានពណ៌ស​ល្អ​ក្រៃពេក ជាធម៌ល្អិត ជាធម៌​ដែលគេ​កម្រឃើញ​ដោយងាយ។ — ចូឡកត្ថេរ។

[១៦៨] ចិត្តមកកាន់សេចក្ដីត្រេកត្រអាល ដែលកម្មក្កិលេស​លើកឡើង​ហើយ កាន់​ដែកស្រួច គឺភព ដែកស្រួច​គឺភព និង​កំណាត់ឈើ គឺកាមគុណ មាននៅ​ក្នុងទីណា អ្នកតែង​ទៅ​ក្នុង​ទីនោះ ៗ។ នែ​ចិត្តចង្រៃ អញប្រាប់ឯង នែចិត្ត​កំណាច អញ​ប្រាប់ឯង ព្រះសាស្ដា​ដែលគេ​បាន​ដោយ​ក្រ (ឥឡូវនេះ) អ្នកបាន​ហើយ អ្នកកុំដឹក​នាំអញ​ទៅក្នុងអំពើ​ឥត​ប្រយោជន៍​​ឡើយ។ — អនូបមត្ថេរ។

[១៦៩] អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹត គឺអវិជ្ជាកើតហើយ មិនបានឃើញ​អរិយសច្ច​ទាំងឡាយ ក៏អន្ទោល​ទៅអស់កាល​ជាអង្វែង តែងវិល​ទៅក្នុងគតិ​ទាំងឡាយ។ អាត្មាអញ​នោះ ជាអ្នក​មិនប្រមាទ បានធ្វើសង្សារ​ទាំងឡាយ ឲ្យវិនាស​ហើយ បានកាត់​ផ្ដាច់​គតិទាំងពួង​អស់ហើយ ឥឡូវនេះ ភពថ្មីមិន​មានឡើយ។ — វជ្ជិតត្ថេរ។

[១៧០] ខ្ញុំជាបុគ្គលមានសតិដំកល់ខ្ជាប់ ក៏បាននូវ​សញ្ញាមួយ ដែល​ប្រព្រឹត្តទៅ​ក្នុងពុទ្ធ​គុណ ជិតដើម​អស្សត្ថព្រឹក្ស [បានជា​ហៅថា ដើមអស្សត្ថ ព្រោះជាកន្លែង​ធ្វើនូវការ​ដកដង្ហើម​ស្រួល​របស់​ពួកសត្វឲ្យកើត។ អដ្ឋកថា។] ជាឈើមាន​ពន្លឺខៀវ លូតលាស់​ត្រសាយ​ត្រសុំល្អ។ ក្នុងកប្ប ៣១ អំពីភទ្រកប្ប​នេះទៅ កាលនោះ ខ្ញុំបាននូវ​សញ្ញាណា ខ្ញុំបានដល់​នូវការអស់​ទៅនៃ​អាសវៈ ព្រោះនាំមក​នូវសញ្ញា​នោះ។ — សន្ធិតត្ថេរ។

ឧទ្ទាន

និយាយអំពី​កុមារកស្សបត្ថេរ ១ ធម្មបាលត្ថេរ ១ ព្រហ្មាលិត្ថេរ ១ មោឃរាជត្ថេរ ១ វិសាខត្ថេរ ១ ចូឡកត្ថេរ ១ អនូបមត្ថេរ ១ វជ្ជិតត្ថេរ ១ សន្ធិតត្ថេរ កំចាត់បង់​នូវធូលី គឺ​កិលេស ១។

ចប់ វគ្គទី៥។

គាថាក្នុងទុកនិបាត មាន៩៨ ព្រះថេរៈ ៤៩អង្គ អ្នកឈ្លាស​ក្នុងន័យ បាន​ពោល​ហើយ។

ចប់ ទុកនិបាត។

ថេរគាថា តិកនិបាត

[១៧១] កាលខ្ញុំស្វែងរកសេចក្ដីបរិសុទ្ធិ ដោយខុស​ទំនង បានបំរើភ្លើង​ក្នុងព្រៃ មិនទាន់​ដឹងនូវផ្លូវ​នៃសេចក្ដី​បរិសុទ្ធិ ហើយក៏ធ្វើ​នូវតបៈ​ដទៃ (ដែលញ៉ាំង​ខ្លួនឲ្យលំបាក)។ និព្វានសុខ​នោះ អាត្មាអញ​បានដោយ​ស្រួលហើយ អ្នកចូរមើល​នូវភាពនៃ​ធម៌ដ៏​ល្អចុះ វិជ្ជា ៣ អាត្មាអញ​បានដល់ហើយ​ដោយលំដាប់ សាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​បានធ្វើ​ហើយ។ ពីដើម អាត្មាអញ ជាផៅពង្ស​នៃព្រហ្ម (ជាព្រាហ្មណ៍ ដោយសម្មតិ) ឥឡូវនេះ អាត្មា​ជាព្រាហ្មណ៍​មែន ព្រោះ​អាត្មាអញ ជាអ្នកបាន​វិជ្ជា ៣ ផង មានមន្ទិល គឺកិលេស​បានលាង​ហើយផង​ ជាអ្នកមាន​សួស្ដីផង ដល់នូវ​វេទផង។ — អង្គណិកភារទ្វាជត្ថេរ។

[១៧២] ខ្ញុំបួសបាន ៥ ថ្ងៃ នៅជាសេក្ខបុគ្គល មិនទាន់​សម្រេច​ព្រះអរហត្ត​នៅឡើយ កាលខ្ញុំចូល​ទៅក្នុងកុដិ មានចិត្ត​តាំងមាំ​ថា អាត្មាអញ​នឹង​មិនបរិភោគ នឹងមិនផឹក មិនចេញ​អំពីកុដិ កាលបើសរ គឺតណ្ហា អាត្មាអញ​មិនទាន់ដក​ចេញទេ អាត្មាអញ នឹងមិនប្រែ​បង្អៀង​ឡើយ។ អ្នកចូរមើល​សេចក្ដី​ព្យាយាម​ប្រឹងប្រែង​របស់ខ្ញុំនោះ កាលនៅ​យ៉ាងនេះចុះ វិជ្ជា​ ៣ អាត្មាអញ បានដល់ដោយ​លំដាប់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។ — បច្ចយត្ថេរ។

[១៧៣] បុគ្គលណា (មិនធ្វើ) នូវអំពើដែល​គួរធ្វើក្នុង​កាលមុន ហើយចង់​ធ្វើក្នុងកាល​ក្រោយ​វិញ បុគ្គលនោះ រមែងឃ្លាត​ចាកឋានៈ​ជាសុខផង តែងក្ដៅ​ក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយផង។ បុគ្គល​ធ្វើអំពើណា ត្រូវនិយាយ​តែអំពើនោះ មិនធ្វើ​អំពើណា មិនត្រូវ​និយាយ​អំពើនោះ​ឡើយ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងច្បាស់​នូវបុគ្គល​កាលមិនធ្វើ បាន​តែនិយាយ។ សេចក្ដីទុក្ខ​រលត់ទៅក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាននោះ ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់សំដែង​ហើយ ជាគុណជាត​មិនមាន​សេចក្ដីសោក ប្រាសចាក​ធូលី ជាទី​ក្សេមក្សាន្ដ នាំ​មកនូវ​សេចក្ដីសុខ ដោយប្រពៃ​មែនពិត។ — ពាកុលត្ថេរ។

[១៧៤] បើបុគ្គលស្រឡាញ់ក្នុងភាព​ជាសមណៈ ប្រាថ្នាដើម្បី​រស់នៅស្រួល មិនគប្បី​មើល​ងាយចីវរ ទឹក និងភោជន​ជារបស់​សង្ឃទេ។ បើបុគ្គល​ស្រឡាញ់ក្នុង​ភាពជាសមណៈ ប្រាថ្នាដើម្បី​រស់នៅស្រួល គប្បីសេព​ទីដេក និងទីអង្គុយ ដូចជា​ពស់សេព​នូវរន្ធ​របស់កណ្ដុរ។ បើបុគ្គល​ស្រឡាញ់​ក្នុងភាព​ជាសមណៈ ប្រាថ្នា​ដើម្បីរស់​នៅស្រួល គប្បី​ត្រេកអរ​ដោយបច្ច័យ​តាម​មានតាមបាន​ផង គប្បី​ចំរើន​ធម៌ឯក​ផង។ — ធនិយត្ថេរ។

[១៧៥] ខណៈរមែងប្រព្រឹត្តកន្លងនូវមាណព​ទាំងឡាយ ដែលមាន​ការងារ​លះចោល (ដោយ​គិតអាង​ថា) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។ បុគ្គលណាមួយ​ កាលធ្វើ​នូវកិច្ច​របស់​បុរស មិនអើពើ​ចំពោះ​ត្រជាក់ និងក្ដៅ​ឲ្យក្រៃលែង​ជាងស្មៅ បុគ្គលនោះ រមែង​មិនសាប​សូន្យចាក​សេចក្ដីសុខ​ឡើយ។ អាត្មាអញ កាលចំរើន​នូវវិវេក នឹង​កំចាត់​បង់បាន​នូវស្មៅ​ចិញ្ចៀន ស្បូវ គុម្ពឈើ​មានបន្លា ស្បូវរណ្ដាស ស្មៅដំណេកទន្សាយ និងស្មៅ​យាប្ល៉ង (កិលេស​គ្រោតគ្រាត កណ្ដាល ល្អិត) ដោយទ្រូង (សេចក្ដី​ព្យាយាម)។ — មាតង្គបុត្តត្ថេរ។

[១៧៦] ពួកសមណៈណា ជាអ្នកមានសំដី​ដ៏វិចិត្រ ជា​ពហុស្សូត នៅក្នុង​ក្រុង​បាតលិបុត្ត​​ជាប្រក្រតី បណ្ដាពួក​សមណៈ​ទាំងនោះ ខុជ្ជសោភិតត្ថេរ​មានអាយុ​នេះ ជា​សមណៈ​មួយរូប​ដែរ ឈរជិតទ្វារ។

ពួកសមណៈណា ជាអ្នកមានសំដី​ដ៏វិចិត្រ ជាពហុស្សូត នៅក្នុង​ក្រុងបាតលិបុត្ត​ជា​ប្រក្រតី បណ្ដា​សមណៈ​ទាំងនោះ ខុជ្ជសោភិតត្ថេរ​មានអាយុ​នេះ ជាសមណៈ​មួយរូប​ដែរ ជាអ្នក​មកដោយ​ខ្យល់ គឺមក​ដោយកម្លាំង​នៃឫទ្ធិ ហើយឈរ​ជិតទ្វារ។

ខុជ្ជសោភិតត្ថេរនេះ បានដល់នូវ​សេចក្ដីសុខ ដោយការច្បាំង (នឹងពួក​កិលេស) ផង ដោយបូជា​ល្អផង ដោយការ​ឈ្នះសង្គ្រាម​ផង ដោយការ​សន្សំនូវ​ព្រហ្មចរិយធម៌​ផង។ — ខុជ្ជសោភិតត្ថេរ។

[១៧៧] បណ្ដាពួកមនុស្សក្នុងលោកនេះ ជនណាមួយ​បៀតបៀន​សត្វដទៃ ជននោះ រមែង​សាបសូន្យ ចាកប្រយោជន៍ និង​សេចក្ដីសុខ​ក្នុងលោក​ទាំងពីរ គឺលោកនេះ និង​លោក​ខាងមុខ។ លុះតែ​ជនណា អនុគ្រោះដល់​សត្វទាំងពួង ដោយចិត្ត​ប្រកប​ដោយមេត្តា ជន​ប្រាកដ​​ដូច្នោះ​នោះ ទើប​ទទួលបុណ្យ​ដ៏ច្រើន។ បុគ្គលគប្បី​សិក្សាសុភាសិត​ផង នូវការចូល​ទៅរកសមណៈ​ផង នូវការ​អង្គុយតែ​ម្នាក់ឯង​ក្នុងទីស្ងាត់ផង នូវការញ៉ាំង​ចិត្តឲ្យស្ងប់​រម្ងាប់​ផង។ — វារណត្ថេរ។

[១៧៨] បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុង​ធម៌ បរិបូណ៌​ដោយសីល សូម្បីតែ​ម្នាក់ឯង ក៏រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ពួកញាតិ និង​ផៅពង្ស ដែលជា​អ្នក​មិនមាន​សទ្ធា។ ញាតិទាំងឡាយ ដែលខ្ញុំផ្ទញ់​ផ្ទាល់ រំឭក​ដាស់តឿន ដោយសេចក្ដី​អនុគ្រោះ ក៏បានធ្វើ​សក្ការៈ​ចំពោះពួកភិក្ខុ ដោយសេចក្ដី​ស្រឡាញ់ ថាជាញាតិ ជាផៅពង្ស។ ពួកញាតិ​ទាំងនោះ លុះធ្វើមរណកាល​កន្លងលោក​នេះទៅ​ហើយ ក៏បានដល់​នូវសេចក្តីសុខ​ក្នុង​ទេវលោក ទាំង​បងប្អូន និង​មាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌​ដោយកាមគុណ រមែង​ត្រេកអរ​ដែរ។ — បស្សិកត្ថេរ។

[១៧៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) នរៈ គឺយសោជត្ថេរ​នេះ មាន​អវយវៈ​ប្រាកដ​ស្មើដោយ​ថ្នាំងនៃវល្លិ៍ មានខ្លួន​ស្គម​រវីមរវាម​ដោយសរសៃ ដឹងប្រមាណ​ក្នុងបាយ និងទឹក ជា​អ្នកមានចិត្ត​មិនរួញរា។

យសោជត្ថេរ​ពោលថា ភិក្ខុ (នៅ) ក្នុងព្រៃ​តូច ឬព្រៃធំ បើទុកជា​សត្វ​របោម និងមូសខាំ​ហើយ ក៏គប្បី​ជាអ្នកមាន​ស្មារតី អត់ទ្រាំ​ចំពោះ​អន្ដរាយ មាន​របោម​ជាដើម ក្នុងព្រៃនោះ ដូចដំរី​ដ៏ប្រសើរ អត់ទ្រាំ​ក្នុងទីជា​ប្រធាននៃ​សង្គ្រាម។ ភិក្ខុតែ​ម្នាក់ឯង (រមែងនៅ​ជាសុខ) ដូចគ្នា​នឹងព្រហ្ម ភិក្ខុនៅ​រួមគ្នា​ពីររូប (រមែង​មានសេចក្ដី​ខ្ទាំងខ្ទប់) ដូចគ្នា​នឹងទេវតា ភិក្ខុ (នៅរួមគ្នា) ៣ រូប ដូចគ្នា​នឹងជន​អ្នកស្រុក ភិក្ខុមានចំនួន​ច្រើនរូប​លើសពី​នោះទៅ ជាហេតុនាំ​ឲ្យជ្រួលជ្រើម (ដូចគ្នា​នឹងពួកមហា​ជន​ដែលប្រជុំគ្នា)។ — យសោជត្ថេរ។

[១៨០] សទ្ធារបស់អ្នក មានក្នុងកាលមុន ប៉ុន្ដែក្នុងថ្ងៃនេះ សទ្ធានោះ​ បែរជាមិន​មានដល់​អ្នកវិញ បច្ច័យណា ដែលជារបស់​អ្នក បច្ច័យនោះ ចូរជា​របស់អ្នក​វិញចុះ ទុច្ចរិត មិនមាន​ដល់​អាត្មាទេ។ ព្រោះថា សទ្ធា (របស់បុថុជ្ជន) ជាធម្មជាតិ​ឃ្លេងឃ្លោង មិនទៀង សទ្ធា​យ៉ាងនេះ អាត្មាបានឃើញ​ជាក់ច្បាស់​ហើយ សត្វទាំងឡាយ ជួនកាល​ត្រេកអរ ជួនកាល​ប្រាសចាក​សេចក្ដី​ត្រេកអរ (ព្រោះ​ហេតុនោះ) អ្នកប្រាជ្ញ​នឹងឈ្នះ​ចំពោះការ​ត្រេកអរ និង​មិនត្រេកអរ​នោះ ដូចម្ដេច​កើត។ ភត្តដែល​គេចំអិន​បំរុងអ្នក​ប្រាជ្ញបន្ដិច ៗ រាល់ ៗ ត្រកូល អាត្មានឹង​ត្រាច់ទៅ ដើម្បី​ដុំបាយ (ព្រោះ) កម្លាំងស្មង​របស់អាត្មា មាននៅ​ឡើយ។ — សាដិមត្តិយត្ថេរ។

[១៨១] កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា ហើយបួសថ្មី ជានវភិក្ខុ គប្បីគប់រក​កល្យាណមិត្រ​ទាំងឡាយ ដែលជាអ្នក​មានការ​ចិញ្ចឹម​ជីវិត​ដោយបរិសុទ្ធិ អ្នកមិន​ខ្ជិលច្រអូស។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមាន​ប្រាជ្ញា កាលនៅ​ក្នុងពួក គប្បី​សិក្សានូវ​វិន័យ។ កុលបុត្ត ចេញ (ចាក​ឃរាវាស) ដោយ​សទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នក​ឈ្លាសក្នុង​ហេតុដែល​គួរ និងមិនគួរ​ទាំងឡាយ គប្បី​ប្រព្រឹត្ត កុំឲ្យ (ពួកកិលេស មានតណ្ហា​ជាដើម) ប្រព្រឹត្ត​ទៅក្នុងខាង​មុខបាន។ — ឧបាលិត្ថេរ។

[១៨២] ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញ​ជាបណ្ឌិត​មាន​សមត្ថភាព​ គិតនូវ​ប្រយោជន៍ ឲ្យធ្លាក់ចុះ​ក្នុងលោក ព្រោះតែ​សេចក្ដី​វង្វេង​ទេតើ។ អាត្មាអញ ចូលទៅក្នុង​វិស័យ​នៃកិលេសមារ ត្រូវសរ គឺរាគៈ​មុតជាប់​ហើយ តែអាច​ស្ទុះរួច​ចាកអន្ទាក់​នៃមច្ចុរាជ​បាន។ កាមទាំង​ពួង អាត្មាអញ​បានលះបង់​ហើយ ភពទាំងពួង អាត្មាអញ​បានទំលាយ​ចោលហើយ ជាតិ​សង្សារ​អស់ហើយ ឥឡូវនេះ ភពថ្មី​មិនមាន។ — ឧត្តរបាលត្ថេរ។

[១៨៣] នែពួកញាតិទាំងអស់ ដែលមកជួបជុំ​ក្នុងទីនេះ អ្នកទាំងឡាយ ចូរប្រុង​ស្ដាប់​ចុះ អាត្មាសូម​សំដែង​ធម៌ដល់អ្នក​ទាំងឡាយ​ថា ការកើតរឿយ ៗ ជាហេតុ​នាំមក​នូវទុក្ខ។ អ្នក​ទាំងឡាយ ចូរប្រារព្ធ​ព្យាយាម ចូរគេចចេញ (ចាក​សេចក្ដីខ្ជិល) ចូរប្រកប (នូវ​សិក្ខា មានអធិសីលសិក្ខា​ជាដើម) ក្នុង​ព្រះពុទ្ធសាសនា ចូរកំចាត់បង់​នូវ​សេនានៃមច្ចុ ឲ្យដូចជា​ដំរីកំចាត់​បង់នូវផ្ទះ ដែលធ្វើដោយ​ដើមបបុស​ដូច្នោះ​ចុះ។ បុគ្គលណា ជាអ្នកមិន​មានសេចក្ដី​ប្រមាទ​ក្នុង​ធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់​នូវជាតិសង្សារ ធ្វើនូវ​ទីបំផុត​នៃទុក្ខបាន។ — អភិភូតត្ថេរ។

[១៨៤] អាត្មាអញ កាលអន្ទោលទៅ (ក្នុងសង្សារ) បានទៅកាន់​នរក​ញយ ៗ ផង ទៅកាន់​ប្រេតវិស័យ​ញយ ៗ ផង បានកើត​ក្នុងកំណើត​តិរច្ឆាន​រងទុក្ខ​ជាញយ ៗ ផង ហើយ​អាត្មាអញ​នៅ (រងទុក្ខ) អស់កាល​យូរអនេក។ ម្យ៉ាងទៀត ភពជារបស់​មនុស្ស អាត្មាអញ ធ្លាប់បាន​ហើយ ចួនកាល អាត្មាអញ​បានទៅកើត​ក្នុងពួកនៃ​ទេវតាក្នុង​ឋានសួគ៌ ចួនកាល​អាត្មា​អញ​ឋិតនៅក្នុង​រូបភព ក្នុងអរូបភព ក្នុង​នេវសញ្ញីភព ក្នុង​អសញ្ញីភព (និង​នេវសញ្ញីនាសញ្ញី​ភព)។ ភពទាំងឡាយ ដែលប្រកប​ដោយបច្ច័យ អាត្មាបាន​ដឹងច្បាស់​ហើយ ថាជា​របស់ឥត​ខ្លឹម ជារបស់បច្ច័យ​តាក់តែងហើយ ជារបស់​ឃ្លេងឃ្លោង (ដោយ​អំណាច​ជរា ជាដើម) ជារបស់​ប្រព្រឹត្តទៅ ដោយការ​បែកធ្លាយ​សព្វ ៗ កាល អាត្មាអញ ដឹងច្បាស់​នូវសភាវៈ​នៃសង្ខតធម៌​នោះ ជាសភាវៈ​កកើតក្នុង​ខ្លួន ហើយជាអ្នក​មានស្មារតី បាននូវ​សេចក្ដី​ស្ងប់រម្ងាប់​មែនពិត។ — គោតមត្ថេរ។

[១៨៥] បុគ្គលណា មិនធ្វើនូវកិច្ច​ដែលគួរធ្វើ​ក្នុងកាលមុន ហើយចង់​ធ្វើក្នុងកាល​ក្រោយវិញ​ បុគ្គលនោះ រមែងឃ្លាតចាក​ឋានៈជាសុខ​ផង ក្ដៅក្រហាយ​រឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ផង។ បុគ្គល​ធ្វើអំពើណា ត្រូវនិយាយ​ចំពោះតែ​អំពើនោះ មិនធ្វើ​អំពើណា​ មិន​ត្រូវនិយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងច្បាស់​នូវបុគ្គល​មិនធ្វើ​ បាន​តែនិយាយ។ សេចក្ដី​ទុក្ខរលត់ទៅ​ក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាននោះ ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់សំដែង​ហើយ ជាគុណជាត​មិនមាន​សេចក្ដី​សោក ប្រាសចាក​ធូលី ជាទី​ក្សេមក្សាន្ដ នាំ​មកនូវ​សុខដោយ​ប្រពៃមែនពិត។ — ហារិតត្ថេរ។

[១៨៦] កុលបុត្រ កាលប្រាថ្នាសេចក្ដីសុខ​មិនកម្រើក គប្បីចៀស​វាងនូវ​បាបមិត្ត​ទាំង​ឡាយ ហើយគប់​រកនូវបុគ្គល​ខ្ពង់ខ្ពស់​ទាំងឡាយ​ផង គប្បីតាំង​នៅក្នុងឱវាទ​របស់កល្យាណ​មិត្តនោះ​ផង។ បុគ្គល​តោងកំណាត់​ឈើតូច រមែងលិច​ចុះក្នុង​សមុទ្រធំ​យ៉ាងណា កុលបុត្ត​អាស្រ័យ​នូវបុគ្គល​ខ្ជិលច្រអូស​ហើយ ទោះជា​រស់នៅស្រួល ក៏រមែង​លិចចុះ ​យ៉ាងនោះដែរ។ ព្រោះ​ហេតុនោះ បុគ្គល​គប្បីចៀសវាង​នូវបុគ្គលអ្នក​ខ្ជិលច្រអូស មានព្យាយាម​ថោកទាប​នោះ​ចេញ។ កុលបុត្រ គប្បីនៅរួមជា​មួយនឹងពួក​អរិយៈ អ្នកមានចិត្ត​ស្ងប់ស្ងាត់ អ្នកចំរើន​ឈាន មាន​ចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ជាបណ្ឌិត មានព្យាយាម​តឹងរឹង​ជានិច្ច។ — វិមលត្ថេរ។

ឧទ្ទាន

និយាយអំពី​លោកអ្នកស្វែង​រកគុណ គឺ​អង្គណិកភារទ្វាជត្ថេរ ១ បច្ចយត្ថេរ ១ ពាកុល​ត្ថេរ ១ ធនិយត្ថេរ ១ មាតង្គបុត្តត្ថេរ ១ ខុជ្ជសោភិតត្ថេរ ១ វារណត្ថេរ ១ ម្យ៉ាងទៀត លោកអ្នកធ្វើ​ឲ្យជាក់ច្បាស់​នូវព្រះនិព្វាន គឺ​បស្សិកត្ថេរ ១ យសោជត្ថេរ ១ សាដិមត្តិយត្ថេរ ១ ឧបាលិត្ថេរ ១ ឧត្តរបាលត្ថេរ ១ អភិភូតត្ថេរ ១ គោតមត្ថេរ ១ ហារិតត្ថេរ ១ វិមលត្ថេរ ១ ព្រះថេរៈ​ទាំង​ឡាយ ១៦ អង្គ បានសំដែង​នូវគាថា ៤៨ ដែលមក​ក្នុង​តិកនិបាត។

ចប់ តិកនិបាត។

ថេរគាថា ចតុក្កនិបាត

[១៨៧] ស្ត្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់​ស្លៀកល្អ ទ្រទ្រង់​ផ្កាកម្រង ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ រាំក្នុង​តូរ្យតន្ដ្រី ត្រង់កណ្ដាល​ផ្លូវធំ។ អាត្មាអញ​កំពុងដើរ​ចូលទៅ (កាន់ក្រុង) ដើម្បី​បិណ្ឌបាត ហើយ​ក្រឡេកមើល​ទៅឃើញ​ស្ដ្រីរបាំនោះ ដែលមាន​ខ្លួនស្អិត​ស្អាងហើយ មានសំពត់​ស្លៀកល្អ ហាក់ដូច​ជាអន្ទាក់នៃ​មច្ចុដែល​មច្ចុដំ​ឡើងហើយ។ លំដាប់​នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយនៃ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើត​ឡើងប្រាកដ​ដល់អាត្មាអញ និព្វិទាញាណ​ក៏តាំងនៅព្រម។ ចិត្តរបស់​អាត្មាអញ ក៏រួច​ស្រឡះ (ចាក​កិលេស) ព្រោះ​វិបស្សនាញាណ​នោះ អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ បានដល់​ដោយលំដាប់​ហើយ សាសនា​នៃព្រះពុទ្ធ អាត្មាអញ​បានធ្វើហើយ។ — នាគសមាលត្ថេរ។

[១៨៨] ខ្ញុំព្រះអង្គត្រូវមិទ្ធៈគ្របសង្កត់ហើយ ចេញអំពីវត្ត ឡើងកាន់​ទីចង្ក្រម ក៏ដួល​ចុះ​លើផែនដី​ក្នុងទីចង្ក្រម​នោះឯង។ ខ្ញុំព្រះអង្គ មានចិត្ត​ដំកល់មាំ​ល្អខាងក្នុង ហើយ​បោសសំអាត​ខ្លួន ឡើងកាន់​ទីចង្ក្រម ដើរចង្ក្រម​ក្នុងទីចង្ក្រម​ម្ដងទៀត។ លំដាប់នោះ ការធ្វើ​ទុកក្នុងចិត្ត​ដោយឧបាយ​នៃប្រាជ្ញា ក៏កើតឡើង​ដល់ខ្ញុំព្រះអង្គ ទោស​ក៏កើត​ប្រាកដ និព្វិទាញាណ​ក៏តាំង​នៅព្រម។ ចិត្តរបស់​ខ្ញុំព្រះអង្គ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះ​វិបស្សនាញាណ​នោះ អ្នក​ចូរមើលនូវ​ភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំព្រះអង្គ បានដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ ខ្ញុំព្រះអង្គ​បានធ្វើហើយ។ — ភគុត្ថេរ។

[១៨៩] បរេជនទាំងឡាយ រមែងមិន​ដឹងថា យើងទាំងឡាយ នឹងវិនាស​ក្នុងកណ្ដាល​នៃ​ពួកនេះ ដូច្នេះឡើយ ចំណែកឯជន​ទាំងឡាយណា ជាបណ្ឌិត​ក្នុងពួក​នោះ រមែង​ដឹងច្បាស់ ឯ​ការឈ្លោះ​ប្រកែក តែងស្ងប់រម្ងាប់​អំពីសំណាក់​នៃជន​ទាំងឡាយ​ជា​បណ្ឌិត​នោះ។ កាលណា​បើជនទាំងឡាយ​មិនដឹង (នូវឧបាយ​នៃការស្ងប់​រម្ងាប់នៃវិវាទ) រមែង​ប្រព្រឹត្ត​ទៅ ហាក់ដូច​ជា​មិនស្លាប់ (កាលនោះ វិវាទ​ក៏មិនស្ងប់​រម្ងាប់ឡើយ) ចំណែក​ជនទាំងឡាយ​ណា ដឹងច្បាស់​ធម៌ (ជនទាំង​ឡាយនោះ) កាលបើ​ពួកសត្វ​មានសេចក្ដី​ក្ដៅក្រហាយ ខ្លួនជា​អ្នក​មិនមាន​សេចក្ដី​ក្ដៅក្រហាយ​ឡើយ។ កម្មណាមួយ​ធូរថយក្ដី វ័តណាមួយ​សៅហ្មងក្ដី ព្រហ្មចរិយៈ​ណា​មួយដែលបុគ្គល​រលឹក ដោយសេចក្ដី​រង្កៀសក្ដី កម្ម ៣ យ៉ាងនោះ ជារបស់មិន​មានផល​ច្រើន​ឡើយ។ បុគ្គលណា មិនមាន​សេចក្ដីគោរព​ក្នុង​ព្រហ្មចារីបុគ្គល​ទាំងឡាយ (បុគ្គលនោះ) រមែង​ជាអ្នកឆ្ងាយ​ចាកព្រះសទ្ធម្ម​ ដូចជា​មេឃឆ្ងាយ​អំពី​ផែនដី។ — សភិយត្ថេរ។

[១៩០] ថ្វឺយ! នែនាងជាស្រីពេញ (ដោយរបស់​មិនស្អាត) មានក្លិន​ស្អុយ ជាពួកនៃមារ មាន​កាយទទឹក (ដោយកិលេស) រន្ធទាំង៩ ក្នុងកាយ​របស់នាង តែងហូរហៀរ​សព្វ ៗ កាល។ នាងកុំ​សំគាល់​រឿងចាស់ កុំញ៉ាំង​ព្រះតថាគត​ទាំងឡាយ​ ឲ្យត្រេកអរ​ឡើយ សូម្បី​ក្នុងឋានសួគ៌​ម្តេច ព្រះតថាគត​ទាំងឡាយនោះ ក៏មិនត្រេកអរ​ទៅហើយ នឹង​បាច់​និយាយ​ទៅថ្វី ក្នុងឋាន​មនុស្ស។ ចំណែក​បុគ្គលទាំង​ឡាយណា ជាមនុស្ស​ល្ងង់ខ្លៅ ឥត​ប្រាជ្ញា មានគំនិត​អាក្រក់ ដែលមោហៈ​បិទបាំងហើយ ពួកបុគ្គល​ប្រាកដដូច្នោះ ទើប​ត្រេកអរ​ក្នុងអន្ទាក់​ដែលមារ​ដំឡើងហើយ​នោះ​។ រាគៈ ទោសៈ និងអវិជ្ជា ជនទាំងឡាយ​ណា លះបង់​បានហើយ ជន​ទាំងឡាយ​នោះ ឈ្មោះថា មានខ្សែ​នៃតណ្ហា​កាត់ផ្តាច់​ហើយ ឈ្មោះថា មិនមាន​ចំណង រមែងមិន​ត្រេកអរ​ក្នុងអន្ទាក់​នៃមារនោះ​ឡើយ។ — នន្ទកត្ថេរ។

[១៩១] ខ្ញុំព្រះអង្គទ្រទ្រង់នូវក្អែល បរិភោគភត្ត ១ ខែម្ដង បានដកសក់ និង​ពុកមាត់​អស់ ៥៥ឆ្នាំ។ ខ្ញុំបាន​ឈរដោយជើង​តែម្ខាង វៀរការអង្គុយ ស៊ីលាមក​ក្រៀម មិនត្រេកអរ​នឹងការ​និមន្ដន៍​ចំពោះ។ ខ្ញុំបានធ្វើ​បាបកម្មដ៏ច្រើន ដែលជា​អំពើនាំទៅកាន់​ទុគ្គតិ​ប្រាកដ​ដូច្នេះ ក៏ត្រូវ​ជំនន់ធំ គឺទិដ្ឋិ​បន្សាត់ទៅហើយ បានដល់នូវ​ព្រះពុទ្ធជា​ទីពឹង។ អ្នកចូរ​មើលនូវការ​ដល់សរណៈ ចូរមើល​ភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនា​នៃ​​ព្រះពុទ្ធ ខ្ញុំក៏​បានធ្វើ​ហើយ។ — ជម្ពុកត្ថេរ។

[១៩២] ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព [ជាឈ្មោះ​មហោស្រព ១ ដែលលេង​ខាងចុងខែ​ផគ្គុណ នៅកំពង់​គយារាល់ឆ្នាំ។ អដ្ឋកថា។] ជិតកំពង់​ឈ្មោះ​គយា អាត្មាអញ បានឃើញ​ព្រះសម្ពុទ្ធ​កំពុងតែ​សំដែង​ធម៌ដ៏ឧត្ដម ព្រះអង្គ​មានពន្លឺ​ច្រើន ជា​គណាចារ្យ ដល់នូវឋានៈ​ដ៏ប្រសើរ ដឹកនាំសត្វ​លោក ទ្រង់ឈ្នះ​មនុស្សលោក ព្រមទាំង​ទេវលោក ទ្រង់​មានការឃើញ​ថ្លឹងមិនបាន ជាមហានាគ មានព្យាយាម​ធំ មានសេចក្ដី​រុងរឿងធំ មិនមាន​អាសវៈ មានអាសវៈ​ទាំងពួង​អស់រលីង​ហើយ ជាសាស្ដា មិនមាន​ភ័យអំពី​ណាឡើយ។ ព្រះមានព្រះភាគ​អង្គនោះ បានញ៉ាំង​អាត្មាអញ​ឈ្មោះ​សេនកៈ អ្នកមាន​សេចក្ដីសៅហ្មង​អស់​កាលយូរ ដែលចំណង គឺទិដ្ឋិចង​ទុកហើយ ឲ្យរួច​ស្រឡះ​ចាកកិលេស​គ្រឿងចាក់​ស្រែះ​ទាំងពួងបាន។ — សេនកត្ថេរ។

[១៩៣] បុគ្គលណា ប្រញាប់ប្រញាល់ក្នុងកាល​ដែលគួរសន្សឹម បែរជាសន្សឹម​ក្នុង​កាល​​ដែលគួរ​ប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថា​ពាល រមែងបាន​នូវទុក្ខ ព្រោះការ​ចាត់ចែងមិន​មែនដោយ​ឧបាយ​នៃប្រាជ្ញា​។ ប្រយោជន៍ទាំងឡាយ​របស់បុគ្គល​នោះ រមែង​សាប​សូន្យ ដូចព្រះ​ចន្ទ្រ​ក្នុងកាឡបក្ខ បុគ្គលនោះ រមែង​ដល់នូវភាព​ជាអ្នកមិន​មានយស​ផង បែកចាក​ពួកមិត្រ​ផង។ បុគ្គលណា សន្សឹមក្នុងកាល​ដែលគួរសន្សឹម ប្រញាប់​ប្រញាល់​ក្នុងកាលដែល​គួរប្រញាប់​ប្រញាល់ បុគ្គលនោះ ឈ្មោះថា​បណ្ឌិត រមែងបាន​សេចក្ដី​សុខ ព្រោះការ​ចាត់ចែង​ដោយ​ឧបាយ​នៃប្រាជ្ញា។ ប្រយោជន៍​របស់បុគ្គល​នោះ រមែង​ពេញ​បរិបូណ៌ ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កបក្ខ បុគ្គលនោះ រមែងដល់​នូវយស និងកេរ្ដិ៍ឈ្មោះ​ផង មិនបែក​ចាកពួកមិត្រ​ផង។ — សម្ភូតត្ថេរ។

[១៩៤] សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់​នូវអាត្មាអញ ថារាហុល​ដ៏ចំរើន ជាអ្នក​ប្រកបដោយ​គុណទាំងពីរ​យ៉ាងគឺ ជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញ ជាកូន​នៃព្រះពុទ្ធ​ផង ជាអ្នកមាន​បញ្ញាចក្ខុ​ក្នុងធម៌​ទាំងឡាយផង អាសវៈ​របស់អាត្មាអញ​អស់ហើយ​ផង ភព​ថ្មីទៀត អាត្មាអញ​មិនមានផង អាត្មាអញ ជាព្រះអរហន្ត គួរដល់​ទក្ខិណា មាន​វិជ្ជា ៣ ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ។ សត្វទាំងឡាយ ជាអ្នកងងឹត​ព្រោះកាម ត្រូវបណ្ដាញ​រួបរឹត​ហើយ ត្រូវដំបូល គឺតណ្ហា​បិទបាំងហើយ ត្រូវមារ​ចងហើយ ដូចត្រី​ជាប់នៅក្នុង​មាត់លប​ដូច្នោះ។ អាត្មាអញ លះបង់​កាមនោះហើយ បានកាត់​នូវចំណង​នៃមារ ដកតណ្ហា ព្រមទាំង​ឫសចេញ​ហើយ ជាអ្នកមាន​សេចក្ដីត្រជាក់​កើតហើយ មានទុក្ខ​រលត់ហើយ។ — រាហុលត្ថេរ។

[១៩៥] ប្រពន្ធ (របស់ខ្ញុំ) ស្អិតស្អាង​ដោយមាស មានពួកទាសី​ដើរចោមរោម ពកូន​ដោយ​ចង្កេះ ចូលមករកខ្ញុំ។ លុះខ្ញុំឃើញ​មាតារបស់​កូនខ្លួននោះ ប្រដាប់​ដោយគ្រឿង​អាភរណៈ មាន​ការស្លៀកពាក់​ល្អ ហើយ​ដើរមក ហាក់ដូច​ជាអន្ទាក់​នៃមច្ចុ​ដែលមារ​ដំឡើង​ហើយ។ លំដាប់នោះ ការធ្វើទុកក្នុង​ចិត្តដោយឧបាយ​នៃប្រាជ្ញា​ ក៏កើតឡើង​ដល់ខ្ញុំ​ ទោស​ក៏កើតឡើង​ប្រាកដ សេចក្ដី​ទ្រាន់​ណាស់ ក៏តាំងនៅមាំ​។ តពីនោះមក ចិត្តរបស់ខ្ញុំ​រួចស្រឡះ អ្នកចូរមើល​នូវភាពនៃ​ធម៌ ជា​ធម៌ល្អ ត្រៃវិជ្ជា ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ ខ្ញុំក៏បាន​ធ្វើហើយ។ — ចន្ទនត្ថេរ។

[១៩៦] ធម៌ រមែងរក្សាបុគ្គល​អ្នកប្រព្រឹត្តធម៌​ដោយពិត ធម៌ដែល​បុគ្គលសន្សំ​ល្អហើយ រមែង​នាំមកនូវ​សេចក្ដីសុខ នេះជា​អានិសសង្ស​ក្នុងធម៌ដែល​បុគ្គលសន្សំ​ល្អហើយ បុគ្គលអ្នក​ប្រព្រឹត្តធម៌ រមែងមិន​ទៅកាន់​ទុគ្គតិ។ សភាវៈ​ទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិន​មែនមាន​ផលស្មើគ្នា​ទេ អកុសលធម៌ នាំសត្វទៅ​កាន់នរក កុសលធម៌​ញ៉ាំងសត្វ​ឲ្យដល់នូវ​សុគតិ។

ព្រោះហេតុនោះ បុគ្គលកាល​មានចិត្តរីករាយ​ចំពោះ​ព្រះសុគត ជា​តាទិបុគ្គល​យ៉ាង​នេះ គប្បីធ្វើ​សេចក្ដីពេញ​ចិត្តក្នុងធម៌​ទាំងឡាយ សាវ័កទាំងឡាយ​របស់ព្រះសុគត​ដ៏ប្រសើរ ឋិតនៅ​ក្នុងធម៌ ជាអ្នកប្រាជ្ញ បានដល់នូវ​ទីពឹងដ៏ប្រសើរ​លើស រមែងនាំ​ខ្លួនចេញ (ចាកវដ្ដ​ទុក្ខបាន)។ ឫសគល់​នៃបូស គឺអវិជ្ជា ខ្ញុំព្រះអង្គ​បានកំចាត់​បង់ហើយ បណ្ដាញ គឺតណ្ហា ខ្ញុំព្រះ​អង្គ​បានដកចោល​ហើយ។

ខ្ញុំព្រះអង្គនោះ មានសង្សារ​អស់ហើយ កិលេស​ជា​គ្រឿងខ្វល់ មិនមាន​ដល់ខ្ញុំព្រះអង្គ​ឡើយ ដូចជា​ព្រះចន្ទ្រ​ក្នុងថ្ងៃ​ពេញបូណ៌មី ដែល​ប្រាសចាក​ទោស គឺ​ពពក​ជាដើម។ — ធម្មិកត្ថេរ។

[១៩៧] កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅ​គម្រាម​ហើយ ក៏ស្វែង​រកសំបុក ហើរទៅកាន់​សំបុកក្នុង​កាលណា កាលណោះ ទន្លេ​ឈ្មោះ​អជករណី ក៏ញ៉ាំង​អាត្មាអញ​ឲ្យ​ត្រេកអរ។ កុកមានស្លាប​សស្អាត ត្រូវភ័យអំពី​មេឃខ្មៅ​គម្រាមហើយ មិនឃើញ​ទីពួន ក៏ស្វែង​រកទី​ពួនក្នុង​កាលណា កាលណោះ ទន្លេឈ្មោះ​អជករណី ញ៉ាំងអាត្មាអញ​ឲ្យត្រេកអរ។ ដើម​ព្រីង​ទាំងឡាយ ញ៉ាំងច្រាំង​នៃទន្លេទាំងពីរ​ ក្នុងទីនោះ (ដែល​ឋិតនៅ) ខាងក្រោយ​នៃគុហារ​ធំឲ្យ​ល្អ មិនមែនញ៉ាំង​សត្វណាមួយ​ក្នុងទីនោះ​ឲ្យត្រេកអរ​បានទេ។

កង្កែបទាំងឡាយ មានសំឡេង​ពីរោះ ប្រាសចាក​ពួកនៃពស់ រមែងយំ​កងរំពង។ ថ្ងៃនេះ មិនមែនជាសម័យ​នៅប្រាស​ចាក​ភ្នំ និង​ទន្លេទេ ព្រោះទន្លេ​អជករណី ជាទីក្សេម​សប្បាយ​រីករាយ​ដោយប្រពៃ។ — សប្បកត្ថេរ។

[១៩៨] ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជា បានឧបសម្បទា​ហើយ តែតពីនោះ​មក ក៏ត្រឡប់​បាន​នូវសទ្ធា មាន​ព្យាយាមមាំ ខំប្រឹង​ប្រែងមាំ។ កាយនេះ ចូរបែកធ្លាយ​ចុះ ដុំនៃសាច់​ទាំង​ឡាយ ចូរខ្ចាត់ខ្ចាយ​ទៅចុះ ស្មងទាំងឡាយ​របស់ខ្ញុំ ចូររបូត​ធ្លាក់ចាក​តំណនៃ​ជង្គង់ទាំង​ពីរចុះ។ កាលបើ​សរ គឺតណ្ហា មិនទាន់​ខ្ចាត់​ចេញទេ ខ្ញុំនឹង​មិនស៊ី មិនផឹក និងមិន​ចេញអំពី​កុដិ ទាំង​មិន​ទម្រេត សូម្បីតែ​មួយបង្អៀង​ឡើយ។ អ្នកចូរមើល​សេចក្ដី​ព្យាយាម ប្រឹងប្រែង​ដ៏មាំ​របស់​ខ្ញុំនោះ កាលនៅ​យ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនា​នៃព្រះពុទ្ធ ខ្ញុំក៏បាន​ធ្វើហើយ។ — មុទិតត្ថេរ។

ឧទ្ទាន

និយាយអំពីព្រះថេរៈទាំងឡាយ ជាសាវ័ក​នៃព្រះពុទ្ធ ១០ [ចំនួន​ព្រះថេរៈ​ក្នុង​ឧទ្ទាននេះ ដែលថា ១០អង្គនោះ ឃើញតែ ៩ទេ។] អង្គនេះ គឺ​​នាគសមាលត្ថេរ ១ ភគុត្ថេរ ១ សភិយត្ថេរ ១ នន្ទកត្ថេរ ១ ជម្ពុកត្ថេរ ១ សេនកត្ថេរ ១ សម្ភូតត្ថេរ ១ រាហុលត្ថេរ ១ ចន្ទនត្ថេរ ១។ ព្រះ​ថេរៈ ៣ អង្គ​ទៀតគឺ ធម្មិកត្ថេរ ១ សប្បកត្ថេរ ១ មុទិតត្ថេរ ១ ឯគាថាមាន ៥២ [ឃើញតែ ៥០គាថាទេ។] ចំណែកខាង​ព្រះ​ថេរៈ​ទាំងអស់ មាន ១៣ [ដែលរួមជា ១៣អង្គនោះ ឃើញតែ១២អង្គទេ។] អង្គ។

ចប់ ចតុក្កនិបាត។

ថេរគាថា បញ្ចកនិបាត

[១៩៩] ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។

[២០០] បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។

ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។

ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​ វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។

[២០១] ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។

ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។

[២០២] បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។

[២០៣] មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​ អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​ បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។

[២០៤] អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។

[២០៥] អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។

[២០៦] (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​ តើនឹងធ្វើ​ដូចម្ដេច។

(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។

[២០៧] ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​ កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។

[២០៨] បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។

[២០៩] ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។

[២១០] បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។

ឧទ្ទាន

គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។

ចប់ បញ្ចកនិបាត។

ថេរគាថា ឆក្កនិបាត

[២១១] ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គ​មានយស​ដល់ម្ល៉ោះ ក៏នៅ​តែមិន​ក្រាបសំពះ ព្រោះតែ​សេចក្តី​ច្រណែន និងសេចក្តី​ប្រកាន់ឲ្យ​ភាន់ច្រឡំ។ ព្រះសាស្តា ជា​សារថី​របស់​ជន ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមាន​សេចក្តី​សង្វេគ និងសេចក្តី​ព្រឺរោម ដែលមិន​ធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅ​ជាជដិល​ក្នុង​កាលមុន ការ​សម្រេច​លាភសក្ការៈ​ណាតិច​តួច គ្រានោះ ខ្ញុំលះបង់​នូវការ​សំរេច គឺ​លាភ​សក្ការៈ​នោះ​ហើយ មកបួស​ក្នុងសាសនា​ព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នក​ត្រេកអរ​ដោយ​ការបូជា ធ្វើកាមធាតុ​ជាប្រធាន កាលខាង​ក្រោយមក ខ្ញុំបាន​ដករាគៈ ទោសៈ និងមោហៈ ចោល​ហើយ។ ខ្ញុំដឹងខន្ធ​ដែលធ្លាប់​អាស្រ័យនៅ​ក្នុងកាល​ពីដើម បានជម្រះ​ទិព្វចក្ខុ​ឲ្យស្អាត ជាអ្នក​មានឫទ្ធិ ដឹងចិត្ត​អ្នកដទៃ ទំាំងបាន​សម្រេច​ទិព្វសោត។ មួយទៀត កុលបុត្រ​ចេញ​ចាកផ្ទះ មក​បួសក្នុង​ធម្មវិន័យ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំបានដល់​ហើយ​តាម​លំដាប់ ទំាំងធ្វើ​ឲ្យអស់​សំយោជនធម៌​ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។

[២១២] (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់​ហើយ ស្រូវគេ​គរទុកក្នុង​លានហើយ ខ្ញុំ​នៅតែមិន​បានដុំបាយ តើខ្ញុំនឹង​ធ្វើដូចម្តេច។

(ព្រះថេរៈ​និយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះ​ព្រះពុទ្ធ​មានគុណ​មិនមាន​ប្រមាណ អ្នកនឹងជា​បុគ្គលមាន​សរីរៈ​ដែលបីតិ​ពាល់ត្រូវ មានចិត្ត​រីករាយ​រឿយ ៗ មិន​ខាន។ ចំពោះ​ធម៌មាន​គុណមិន​មានប្រមាណ។បេ។ ចំពោះ​សង្ឃមាន​គុណ​មិនមាន​ប្រមាណ។បេ។

(មារនិយាយថា) លោកនៅក្នុង​ទីវាល​ល្ហល្ហេវ​ផង រាត្រីនេះ​ត្រជាក់ មានសន្សើម​ធ្លាក់ ចុះ​ផង។ លោកកុំបណ្តោយ​ឲ្យត្រជាក់​គ្របសង្កត់​ឲ្យលំបាក​ឡើយ ចូរលោកចូល​ទៅក្នុងកុដិ ដែលមាន​ទ្វារគន្លឹះ​ជាប់មាំ។

(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវ​អប្បមញ្ញា​ទាំង ៤ ដល់នូវ​សេចក្តី​សុខដោយ​សារ​អប្បមញ្ញា​ទាំងនោះ មិនញាប់ញ័រ មិនលំបាក​ដោយត្រជាក់​ទេ។ — តេកិច្ឆកានិត្ថេរ។

[២១៣] បុគ្គលដែលមិនមានសេចក្តីគោរព​ក្នុងពួក​សព្រហ្មចារី រមែង​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រី​ក្នុងទីមាន​ទឹកតិច។ បុគ្គល​ដែលមិនមាន​សេចក្តី​គោរព​ក្នុង​ពួកសព្រហ្មចារី រមែង​មិនលូត​លាស់ក្នុង​ព្រះសទ្ធម្ម ដូចពូជ​ស្អុយ (ដែលមិន​លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមិន​មានសេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​ឆ្ងាយអំពី​ព្រះនិព្វាន ក្នុងសាសនានៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ បុគ្គល​ដែលមាន​សេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រីនៅ​ក្នុងទី​មានទឹក​ច្រើន។ បុគ្គល​ដែលមាន​សេចក្តីគោរព ក្នុង​ពួក​សព្រហ្មចារី ទើប​ដុះដាល​ក្នុង​ព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមាន​សេចក្តី​គោរព​ក្នុងពួក​សព្រហ្មចារី រមែងឋិតនៅ​ក្នុងទីជិត​ព្រះនិព្វាន ក្នុងសាសនា​នៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ — មហានាគត្ថេរ។

[២១៤] កុល្លភិក្ខុ ទៅកាន់​ព្រៃខ្មោច បានឃើញ​ខ្មោចស្រី​ដែលគេ​ចោលបោះបង់​ក្នុង​ព្រៃ​ស្មសាន មានដង្កូវ​កំពុងតែ​ប្រជែង​គ្នាស៊ី​ដេរដាស។

(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នក​ចូរមើលសរីរៈ​ដែលក្តៅ​រោលរាល​មិនស្អាត មានក្លិន​ស្អុយ មានវត្ថុ​មិនស្អាត ដែលហូរ​ឡើង ហូរចុះ ជាសរីរៈ​ដែលពួក​មនុស្សពាល តែង​ត្រេកអរ​ក្រៃពេក។

(ព្រះកុល្លត្ថេរ​ពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើល​កាយនេះ ជារបស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ ព្រោះបាន​សម្រច​ដោយ​ញាណទស្សនៈ។ សរីរៈនៃខ្ញុំ​នេះយ៉ាងណា សរីរៈ​នៃ​ស្រីនុ៎ះ​យ៉ាងនោះដែរ សរីរៈ​ស្រីនុ៎ះ​យ៉ាងណា សរីរៈ​នៃខ្ញុំនេះ ក៏យ៉ាង​នោះដែរ សភាវៈ​ខាងក្រោម​យ៉ាងណា សភាវៈ​ខាងលើ​យ៉ាងនោះ សភាវៈ​ខាងលើ​យ៉ាងណា សភាវៈ​ខាងក្រោម​យ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់​យ៉ាងនោះដែរ វេលាយប់​យ៉ាងណា វេលាថ្ងៃ​យ៉ាងនោះ​ដែរ ខាងមុខ​យ៉ាងណា ខាងក្រោយ​យ៉ាងនោះ​ដែរ ខាង​ក្រោយ​យ៉ាងណា ខាងមុខ​យ៉ាងនោះដែរ។ សេចក្តី​ត្រេកអរ​ដោយ​តុរិយតន្រ្តី​ប្រកប​ដោយអង្គ ៥ បា្រកដ​ដូច្នោះ ក៏មិនដូច​សេចក្តី​ត្រេកអរ​របស់អ្នក​មានចិត្ត​មូលតែមួយ ឃើញច្បាស់​នូវធម៌​ដោយ​ប្រពៃទេ។ — កុល្លត្ថេរ។

[២១៥] តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី ដូច​ពួជ្រៃ បុគ្គល​នោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ ដូចស្វា​កាលប្រាថ្នា​ផ្លែឈើ ស្ទុះទៅ​ក្នុងព្រៃ​ដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិ​ដ៏លាមក ផ្សាយទៅក្នុង​អារម្មណ៍​ផ្សេងៗ ក្នុងលោក គ្របសង្កត់​បុគ្គល​ណា សេច​ក្តីសោក តែងចំរើន​ដល់បុគ្គល​នោះ ដូចស្បូវ​រណ្តាស​ដែល​ត្រូវភ្លៀង​ធ្លាក់​ចុះ​ជញ្ជ្រំហើយ តែងចំរើន​ឡើង​ដូច្នោះ។ ចំណែកជន​ណា គ្រប​សង្កត់​តណ្ហា​ដ៏លាមក​ក្នុងលោក ដែលឆ្លង​ដោយកម្រ​នុ៎ះបាន សេចក្តី​សោក តែងធ្លាក់​ចេញចាក​ជននោះ​ឯង ដូចដំណក់​ទឹក ធ្លាក់ចុះ​ចាកស្លឹក​ឈូក។ ហេតុនោះ បានជា​តថាគត​ប្រាប់ដល់​អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មាន​រូប ដែលមក​ប្រជុំក្នុង​ទីនេះ សេចក្តី​ចំរើន ចូរ​មានដល់​អ្នកទំាំងឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ អ្នកទំាំងឡាយ ចូររំលើងឫស​នៃតណ្ហា​ចោល​ចេញ ដូចបុគ្គល​ដែលត្រូវ​ការដោយ​ស្បូវភ្លាំង ជីកស្បូវ​រណា្តស​ចោលចេញ មារកុំរុករាន​អ្នកទំាំងឡាយ​រឿយ ៗ ដូចខ្សែ​ទឹកកាច់​បំបាក់​ដើមបបុស​ដូច្នោះ​ឡើយ។ អ្នក​ទំាំងឡាយ ចូរ​ធ្វើតាមនូវ​ពុទ្ធវចនៈ កុំឲ្យខណៈ​កន្លង​នូវអ្នក​ទាំងឡាយ​បាន ព្រោះថា បុគ្គល​ទំាំងឡាយ ដែលខណៈ​កន្លងហើយ តែង​សោកសៅ​ពេញ​បន្ទុក​ក្នុងនរក។ សេចក្តី​ប្រមាទ​ទុកជា​ធូលី ធូលី​កើតឡើង ព្រោះសេចក្តី​ប្រមាទ (ព្រោះ​ហេតុនោះ) បុគ្គលគួរ​តែដកនូវ​សរ គឺសេចក្តី​ប្រមាទ​របស់ខ្លួន​ចេញ ដោយ​សេចក្តី​មិនប្រមាទ​ដោយ​វិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។

[២១៦] ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែល​បានសេចក្តី​ស្ងប់ចិត្ត​អស់កាល​សូម្បី​ត្រឹមតែ ១ ផ្ទាត់ម្រាមដៃ​សោះ។ ខ្ញុំត្រូវ​កាមរាគគ្របសង្កត់ មិនបាន​នូវ​ឯកគ្គតា​ចិត្ត ផ្គង​ដៃ​កន្ទក់​កន្ទេញ ហើយចេញ​ពីលំនៅ​ទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួន​អំពីដើមឈើ) ឬនឹង​យក​កាំបិតមក (ចាក់​សម្លាប់) ប្រយោជន៍​អ្វី ដោយការ​រស់នៅ​របស់អញ មនុស្ស​ប្រហែល​យ៉ាងអញ មិនសមបើ​ធ្វើមរណកាល​ដោយ​ការ​លាសិក្ខាទេ។ គ្រានោះ ខ្ញុំយក​កំាបិត​កោរ ចូលទៅ​អង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់​បំពង់ក) ដើម្បីអារ​សរសៃ​បំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការ​ធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ទោសកើត​ឡើងប្រាកដ សេចក្តី​នឿយណាយ ក៏តំាង​ឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏​ផុតស្រឡះ អ្នកចូរ​ឃើញ​ធម៌​ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ​បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មា​អញ​បានធ្វើ​ស្រេច​ហើយ។ — សប្បទាសត្ថេរ។

[២១៧] (ព្រះសាស្តា ត្រាស់ថា) ម្នាល​កាតិយាន ចូរអ្នកក្រោក​អង្គុយឡើង កុំដេក​ច្រើន​ពេក ចូរភ្ញាក់​រលឹកឡើង មច្ចុរាជ​ជាមារ ចូរកុំឈ្នះ​អ្នក​ជាបុគ្គល​ខ្ជិលច្រអូស ដូចជា​នាយនេសាទ ប្រហារ​សត្វដោយ​ញញួរ។ ជាតិ និងជរា តែងប្រព្រឹត្ត​កន្លងអ្នក ដូចជា​កំឡាំង​មហាសមុទ្រ អ្នកនោះ ចូរធ្វើនូវ​ទីពឹង​ដ៏ល្អ​ដល់ខ្លួន ព្រោះថា គ្រឿងការពារ​ដទៃរបស់​អ្នក​ក្នុង​លោកនេះ មិនមាន​ទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ ថាជាផ្លូវ​កន្លងចាក​គ្រឿងជាប់ ចាកភ័យ គឺជាតិ និង​ជរា ចូរអ្នកកុំ​ប្រមាទអស់​រាត្រី​ខាងដើម និង​ខាងចុង ចូរប្រឹង​ធ្វើព្យា​យាម​ឲ្យមាំមួន។ ខ្លួនអ្នកជា​អ្នកទ្រទ្រង់​សង្ឃាដិ កោរសក់​ដោយកំាំបិតកោរ និង​បរិភោគ​ភិក្ខាហារ ចូរលះបង់​កាមគុណ ដែលជា​ចំណង​ក្នុងកាល​មុនចេញ ម្នាល​កាតិយាន អ្នកកុំ​ប្រកប​ការត្រេកអរ​ក្នុងល្បែង​ផង កុំប្រកប​ការលក់​ផង ចូរចំរើន​ឈាន។ ម្នាល​កាតិយាន អ្នក​ចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជា​មនុស្ស​ឈ្លាសវៃ ក្នុងផ្លូវ​ជាទីក្សេម​ចាក​យោគៈ នឹងដល់​នូវព្រះនិព្វានដ៏​បរិសុទ្ធ​ក្រៃលែង ហើយរលត់​ដូចជា​គំនរភ្លើង​ដែល​រលត់​ដោយទឹក។ ម្នាល​ឥន្ទសគោត្រ កាលបើអ្នក​មិនប្រកាន់​យ៉ាងនេះ ចូរ​កំចាត់បង់​មារ​ឲ្យអស់ចេញ ដូច​ប្រទីប​ដែល​មានពន្លឺតិច ឬដូច​វល្លិ៍តូច ដែលខ្យល់​កំចាត់បង់​បាន​ដូច្នោះ។ អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុងវេទនា​ទាំងឡាយ ដែលខ្លួន​ទទួលហើយ មានសេចក្ដី​ត្រជាក់ ចូររង់ចាំ​និព្វានកាល ក្នុង​ទីនេះចុះ។ — កាតិយានត្ថេរ។

[២១៨] មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធ​ជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់​សំដែងហើយ​ដោយប្រពៃ ជាធម៌កន្លង​ចាកសំយោជនៈ​ទាំងអស់ ញុំាងវដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំសត្វ​ចេញ​ចាក​វដ្តៈ ញុំាងសត្វឲ្យ​ឆ្លងចាក​ឱឃៈ ញុំាងឫសគល់​នៃ​ទុក្ខ គឺ​តណ្ហា​ឲ្យ​រីងស្ងួត ទំលាយ​នូវ​តណ្ហា មានឫស​ជាពិស ជាគ្រឿង​បៀតបៀន ញុំាងសត្វ​អោយដល់​នូវទី​រំលត់ទុក្ខ ជា​គ្រឿងកំចាត់​បង់នូវយន្ត គឺអត្តភាព​ដែលកើត​អំពីកម្ម ព្រោះ​ទំលាយ​នូវឫស​គល់នៃ​អវិជ្ជា​បាន ជាទីធ្លាក់ចុះ​នៃញាណ​ដ៏មុត ដូចកែវ​វជីរ ក្នុងកិរិយា​កំណត់​នូវវិញ្ញាណ ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទនា​ទំាំងឡាយ ដោះសត្វ​អោយរួច​ចេញចាក​ឧបាទាន ជាគ្រឿង​ឃើញភព​ដូចជា​រណ្តៅ​រងើកភ្លើង ដោយ​បញ្ញាញាណ ជាធម៌មាន​រសដ៏ប្រសើរ ជាធម៌​ជ្រៅ ជាធម៌​ហាមឃាត់​នូវជរា និងមច្ចុ ជាធម៌​រម្ងាប់បង់​នូវកងទុក្ខ ជាធម៌​ដ៏ក្សេម ជាទីឃើញនូវ​ពន្លឺ​តាមពិត ព្រោះដឹង​នូវកម្ម ថាជា​កម្ម នូវផល​ថាជាផល​នៃធម៌​ទំាងឡាយ អាស្រ័យ​បច្ច័យ​កើត ត ៗ គ្នា រមែងជា​ធម៌ដល់នូវ​ទីដ៏ក្សេម​ប្រសើរ ជាធម៌ស្ងប់​ចាកកិលេស ជាធម៌​ចំរើន​ក្នុងទីបំផុត។ — មិគជាលត្ថេរ។

[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹង​ព្រោះជាតិផង ដោយភោគៈ និង​ឥស្សរិយយស​ផង ដោយ​សណ្ឋាន​វណ្ណៈ និង​រូប (ល្អ) ផង ខ្ញុំជាបុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់ហើយ។ ខ្ញុំត្រូវ​អតិមានះ​កំចាត់បង់​ហើយ ជាមនុស្ស​ពាល ជាអ្នក​រឹងរូស មានមានះ​ដូចជា​ទង់ជ័យ ដែល​គេលើក​ឡើងហើយ មិនបាន​សំគាល់​អ្នកណាមួយ ថាជា​បុគ្គលស្មើ​នឹងខ្លួន​ផង ថាជា​បុគ្គល​ក្រៃលែង​ជាងខ្លួន​ផង។ ខ្ញុំជាអ្នក​មានមានះ​រឹងរូស មិនអើពើ មិនក្រាប​សំពះអ្នក​ណាមួយ ទោះជា​មាតាក្ដី បិតាក្ដី ឬអ្នក​ដទៃដែល​សន្មតថា​គួរគោរព។ ខ្ញុំបាន​ឃើញ​ព្រះសាស្ដា ជា​អ្នកទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាងនាយ​សារថី​ទាំងឡាយ ព្រះអង្គ​រុងរឿង​ដូចព្រះអាទិត្យ មាន​ភិក្ខុសង្ឃ​ចោមរោម ក៏មានចិត្ត​ជ្រះថ្លា បានលះ​មានះ និង​សេចក្ដីស្រវឹង​ចេញអស់​ហើយ ទើបថ្វាយ​បង្គំព្រះសាស្ដា ព្រះអង្គ​ខ្ពង់ខ្ពស់​ជាងសព្វសត្វ​ដោយត្បូង។ ខ្ញុំបាន​លះបង់ គាស់​រំលើង​នូវសេចក្ដី​ប្រកាន់ថា វិសេស​ជាងគេផង នូវសេចក្ដី​ប្រកាន់ថា ថោកទាបជាង​គេផង បានផ្ដាច់ផ្ដិល​អស្មិមានះ​ចោលអស់​ហើយ ទាំងមានះ​ផ្សេង ៗ ទាំងអស់ ខ្ញុំក៏​បាន​កំចាត់​បង់ស្រឡះ​ហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។

[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹង​បួសថ្មី ៗ បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង​យកទឹកពី​ស្រះធំ ឈ្មោះ​អនោតត្ត មកប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដា​ទ្រង់​ទតឃើញ​ខ្ញុំហើយ បានត្រាស់​ព្រះពុទ្ធ​ដីកា​នេះថា ម្នាល​សារីបុត្ត អ្នកចូរមើល​កុមារតូចនេះ កំពុង​នាំយកនូវ​ក្អមទឹកមក មាន​ចិត្តតាំង​ខ្ជាប់ខ្ជួន​ខាងក្នុង។ សាមណេរ​របស់​ព្រះអនុរុទ្ធ មានវត្ត​គួរជ្រះថ្លា មាន​ឥរិយាបថ​បរិបូណ៌ និង​ជាអ្នក​ក្លៀវក្លា​ដោយឫទ្ធិ ជាបុរស​អាជានេយ្យ ដែល​ព្រះអនុរុទ្ធ ជាបុរស​អាជានេយ្យ ជា​សប្បុរស ឲ្យធ្វើ​តែអំពើ​ល្អ ណែនាំតែ​ខាងផ្លូវល្អ មានកិច្ច​ធ្វើរួចហើយ មាន​សិក្ខា​ឲ្យសិក្សា​ហើយ សុមនសាមណេ​រនោះ បានដល់នូវ​ព្រះនិព្វាន ជាទី​ស្ងប់រម្ងាប់​ក្រៃលែង បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរហត្តផល ជាធម៌​មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យ​ជនណាមួយ​ស្គាល់អញ​ឡើយ។ — សុមនត្ថេរ។

[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវ​រោគខ្យល់​គ្របសង្កត់​ហើយ កាលនៅ​ក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ ជាព្រៃ​សៅហ្មង នឹងធ្វើ​ដូចម្ដេច​កើត។

(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គ​មាន​បីតិ និង​សុខៈ​បរិបូណ៌​ផ្សាយទៅ​កាន់​រាងកាយ ហើយអត់​សង្កត់នូវ​អារម្មណ៍​ដ៏សៅហ្មង​ ទាំងនៅ​ក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​ពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌​ដោយឈាន​ដ៏សុខុម ជាអ្នក​មិនមាន​អាសវៈ។ ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញចិត្ត​ដ៏ស្អាត ផុតស្រឡះ​ចាកកិលេស ជាចិត្ត​មិនល្អក់​រឿយៗ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោត​ហើយដល់​ខ្ញុំព្រះអង្គ អាសវៈ​ទាំងអស់​នោះ ខ្ញុំព្រះអង្គ​បានផ្ដាច់ផ្ដិល​មិនឲ្យ​សេសសល់ មិន​កើតទៅ​ទៀតបាន​ទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គ​កំណត់ដឹង​ហើយ ខ្ញុំព្រះអង្គ​កាត់ឫសគល់​ដាច់​ហើយ ខ្ញុំព្រះអង្គ​បានដល់​នូវការអស់​ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមាន​ទៀតទេ។ — ន្ហាតកមុនិត្ថេរ។

[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មាន​ចិត្តរួច​ចាក​អាសវៈ ព្រោះដឹង​ដោយប្រពៃ មានចិត្តស្ងប់​ចាកកិលេល មិនញាប់ញ័រ ដោយ​លោកធម៌ នឹង​មានសេចក្ដី​ក្រោធពីណា។ បុគ្គលណា​ខឹងតបចំពោះ​បុគ្គលដែល​ខឹង បុគ្គលនោះ នឹង​មាន​សេចក្ដីអាក្រក់ ព្រោះតែការ​ខឹងតបនោះ បុគ្គលមិន​ខឹងតបនឹង​បុគ្គល​ដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាម​ដែលគេឈ្នះ​បានដោយ​ក្រ។

បុគ្គលណា​ដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតី​ខំអត់សង្កត់ បុគ្គលនោះ ឈ្មោះ​ថា​ប្រព្រឹត្តនូវ​ប្រយោជន៍ ដើម្បីជន​ទាំងពីរ គឺដើម្បី​ខ្លួន ១ ដើម្បី​អ្នកដទៃ ១។ ពួកជន​មិន​ឈ្លាស​ក្នុងធម៌ រមែង​សំគាល់ជន​ទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជា​អ្នកព្យាបាល​ព្យាធិ គឺ​ក្រោធបាន ថាជា​មនុស្សពាល។ បើសេចក្ដី​ក្រោធកើតឡើង​ដល់អ្នក ចូរអ្នកពិចារណា​នូវ​ឱវាទ ដែលឧបមា​ដោយ​រណារ បើចំណង់​ក្នុងរស​កើតឡើង​ដល់អ្នក ចូរអ្នក​រលឹកនូវ​ឱវាទ ដែល​ឧបមា​ដោយការបរិភោគ​សាច់កូន។ បើចិត្តរបស់​អ្នកស្ទុះទៅ​ក្នុងកាម​ទាំងឡាយក្ដី ក្នុង​ភពទាំង​ឡាយក្ដី ចូរអ្នកប្រញាប់​សង្កត់សង្កិន​ចិត្តនោះ​ដោយសតិ ដូចជា​បុរសសង្កត់​សង្កិន​គោកាច​ដែលស៊ី​សំណាប។ — ព្រហ្មទត្តត្ថេរ។

[២២៣] ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោច​នូវបុគ្គល​អ្នកបិទបាំង​អាបត្តិទុក មិនធ្លាក់​ស្រោច​នូវបុគ្គល​អ្នកបើក​អាបត្តិ ព្រោះហេតុនោះ បុគ្គល​ត្រូវបើក​អាបត្តិ ដែលខ្លួន​បិទបាំង​ហើយ កាលបើ​ធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់​ស្រោចនូវ​បុគ្គលនោះ។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​ចោមរោម​ហើយ ត្រូវសរ គឺ​តណ្ហាមុត​ហើយ ត្រូវឥច្ឆា ឲ្យក្ដៅ​ក្រហាយ​ហើយ​សព្វកាល។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​បិទបាំងហើយ ជាសត្វ​ឥតមាន​ទីពឹង តែងលំបាក​ជានិច្ច ដូចជាមនុស្ស​អ្នកធ្វើកំហុស​នោះ​ដែលមាន​អាជ្ញា​សំរេច​ហើយ។ មច្ចុ ព្យាធិ និង​ជរា ទាំង ៣ នេះ ដូចជា​គំនរភ្លើង​កំពុងរាល​មក កំឡាំង​ដើម្បី​ទប់ទល់​មិនមាន សន្ទុះ​សម្រាប់រត់​ចេញ ក៏មិនមាន។ បុគ្គល​គប្បីធ្វើថ្ងៃ កុំឲ្យ​ឥតអំពើ ដោយ​កិច្ចតិច​ក្ដី ច្រើនក្ដី រាត្រី​រមែងអស់​ទៅយ៉ាង​ណា ៗ ជីវិត​របស់បុគ្គល​នោះ រមែង​ថយទៅ​យ៉ាងនោះ ៗ ដែរ។ រាត្រីខាង​ក្រោយរបស់​បុគ្គលអ្នក​ដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែង​កង្ខើញ​ចូលមកជិត កាលនេះ មិនមែនជា​កាលគួរអ្នក​ប្រមាទទេ។ — សិរិមណ្ឌត្ថេរ។

[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយ​សាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុ​មិនស្អាត) ចេញតាម​ទ្វារនោះ ៗ ដែលមនុស្ស​ខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ ជាទីត្រេកអរ​នៃចិត្ត តែងបៀតបៀន​បុថុជ្ជន ដូចអ្នក​នេសាទ​ធ្វើវត្ថុឲ្យ​កំបាំង​ហើយ (ចាប់) ម្រឹគដោយ​គ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយ​សន្ទូច (ចាប់) ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ — សព្វកាមត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១  មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។

ចប់ ឆក្កនិបាត។

ចប់ ភាគ៥៦។

វិន័យបិដក | | | | | | | | |១០|១១|១២|១៣
សុត្តន្តបិដក ១៤|១៥|១៦|១៧|១៨|១៩|២០|២១|២២|២៣|២៤|២៥|២៦|២៧|២៨|២៩|៣០|៣១|៣២|៣៣|៣៤|៣៥|៣៦|៣៧|៣៨|៣៩|៤០|៤១|៤២|៤៣|៤៤|៤៥|៤៦|៤៧|៤៨|៤៩|៥០|៥១|៥២|៥៣|៥៤|៥៥|៥៦|៥៧|៥៨|៥៩|៦០|៦១|៦២|៦៣|៦៤|៦៥|៦៦|៦៧|៦៨|៦៩|៧០|៧១|៧២|៧៣|៧៤|៧៥|៧៦|៧៧
អភិធម្មបិដក ៧៨|៧៩|៨០|៨១|៨២|៨៣|៨៤|៨៥|៨៦|៨៧|៨៨|៨៩|៩០|៩១|៩២|៩៣|៩៤|៩៥|៩៦|៩៧|៩៨|៩៩|១០០|១០១|១០២|១០៣|១០៤|១០៥|១០៦|១០៧|១០៨|១០៩|១១០