ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥១|៥២|៥៣|៥៤|៥៥| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ឥតិវុត្តកៈ ទុតិយភាគ

ភាគ ៥៣

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។

. ឯកនិបាត បឋមវគ្គ

១. លោភសូត្រ

[១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលលះបង់ធម៌ ១ ចេញ តថាគត​ជាអ្នក​ធានា ដើម្បីឲ្យ​អ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ លោភៈ តថាគត​ជាអ្នកធានា​ដើម្បីឲ្យ​អ្នកទាំងឡាយ ជា​អនាគាមី។ លុះព្រះមានព្រះភាគ​ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ​ក្នុងសូត្រ​នោះថា

សត្វទាំងឡាយល្មោភហើយព្រោះលោភៈណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ​អ្នកឃើញ​ច្បាស់ ដឹងដោយបញ្ញា​ដ៏ប្រពៃហើយ រមែង​លះបង់​លោភៈ​នោះ​បាន លុះ​លះ​បង់​បានហើយ ​មិនត្រឡប់មក​កាន់លោកនេះ​ទៀត​ក្នុងកាល​​ណា​ឡើយ។

ខ្ញុំបាន​ស្ដាប់មក​ហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​​ទុក​ហើយ។សូត្រទី ១។

២. ទោសសូត្រ

[២] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគត​ជាអ្នកធានា ដើម្បីឲ្យ​អ្នកទាំងឡាយ​ ជា​អនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរលះបង់​ធម៌ ១ គឺទោសៈ តថាគត​ជាអ្នក​ធានា ដើម្បី​ឲ្យអ្នក​ទាំងឡាយ​ជា​អនាគាមី។​ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រនោះ​ថា

សត្វទាំងឡាយ ប្រទូស្តហើយ​ព្រោះទោសៈណា តែងទៅកាន់​ទុគ្គតិ សត្វ​ទាំងឡាយ​អ្នកឃើញ​ច្បាស់ ដឹង​ដោយបញ្ញាដ៏ប្រពៃ​ហើយ រមែង​លះបង់​ទោសៈ​នោះបាន លុះលះ​បង់​​បានហើយ មិនត្រឡប់​មកកាន់​លោកនេះ​ទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។

៣. មោហសូត្រ

[៣] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគត​ជាអ្នកធានា ដើម្បីឲ្យអ្នក​ទាំងឡាយ ជា​អនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរលះបង់​ធម៌ ១ គឺ មោហៈ តថាគត​ជាអ្នកធានា ដើម្បីឲ្យ​អ្នកទាំងឡាយ​ជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅ​កាន់ទុគ្គតិ សត្វ​ទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏ប្រពៃ​ហើយ រមែង​លះបង់​មោហៈ​នោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោកនេះ​ទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។

៤. កោធសូត្រ

[៤] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​ធម៌ ១ ចេញ តថាគត​ជាអ្នកធានា ដើម្បី​ឲ្យអ្នក​ទាំងឡាយ ​ជា​អនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះ​បង់ធម៌ ១ គឺ​​សេចក្ដីក្រោធ តថាគត​ជាអ្នកធានា ដើម្បីឲ្យអ្នក​ទាំងឡាយ​ជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញា​ដ៏ប្រពៃហើយ រមែងលះបង់​សេចក្ដី​ក្រោធនោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោកនេះ​ទៀត ក្នុង​កាលណាឡើយ។

ខ្ញុំបានស្ដាប់មកថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។

៥. មក្ខសូត្រ

[៥] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​ធម៌ ១ ចេញ តថាគត​ជាអ្នកធានា ដើម្បីឲ្យអ្នក​ទាំងឡាយ​ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ​សេចក្ដី​លុបគុណ តថាគត​ជាអ្នកធានា ដើម្បីឲ្យអ្នក​ទាំងឡាយ​ជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដី​លុបគុណណា តែងទៅ​កាន់​ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយ​បញ្ញាដ៏ប្រពៃហើយ រមែងលះបង់​សេចក្ដី​លុបគុណ​នោះបាន លុះលះបង់​បានហើយ រមែង​មិនត្រឡប់​មកកាន់​លោកនេះ​ទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុក​ហើយ។ សូត្រ ទី៥។

៦. មានសូត្រ

[៦] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគត​ជាអ្នកធានា ដើម្បី​ឲ្យអ្នក​ទាំងឡាយ​ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​ធម៌ ១ គឺ​ មានះ តថាគត​ជាអ្នកធានា ដើម្បី​ឲ្យអ្នក​ទាំងឡាយ​ជាអនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

សត្វទាំងឡាយ ប្រកាន់ហើយ ព្រោះមានះណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏ប្រពៃ​ហើយ រមែងលះបង់​មានះនោះបាន លុះលះ​បង់បានហើយ មិនត្រឡប់​មកកាន់​លោកនេះ​ទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. សព្វបរិញ្ញាសូត្រ

[៧] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​ដឹងច្បាស់ មិនកំណត់ដឹង នូវហេតុ​ទាំងពួង មិនញុំាង​ចិត្តឲ្យនឿយ​ណាយ មិនលះបង់ នូវហេតុ​ទាំងនោះ មិនគួរដើម្បី​អស់ទុក្ខ​បានឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹងច្បាស់ កំណត់ដឹង​នូវហេតុទាំងពួង ញុំាងចិត្ត​ឲ្យនឿយ​ណាយ លះបង់នូវ​ហេតុទាំង​នោះបាន ទើបគួរដើម្បី​អស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រនោះថា

បុគ្គលណា ដឹងហេតុទាំងពួង ដោយអាការ​ទាំងពួង មិនត្រេកអរ​ក្នុងផល (សកលកាយ) ទាំងពួង បុគ្គលនោះ​ឯង កំណត់​ដឹងហេតុ​ទាំងពួង បុគ្គលនោះ ទើបកន្លង​ទុក្ខទាំង​ពួងបាន​ដោយពិត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. មានបរិញ្ញាសូត្រ

[៨] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនដឹង​ច្បាស់ មិនកំណត់​ដឹង​នូវមានះ មិន​ញុំាងចិត្ត​ឲ្យនឿយណាយ មិនលះបង់​នូវមានះនោះ មិនគួរ​ដើម្បីអស់​ទុក្ខបានឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាល​ដឹងច្បាស់ កំណត់​ដឹងនូវមានះ ញុំាងចិត្ត​ឲ្យ​នឿយ​ណាយ លះបង់​នូវមានះនោះបាន ទើបគួរ​ដើម្បី​អស់ទុក្ខ។

លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រ​នោះ​ថា

ពួកសត្វនេះ ជាអ្នកប្រកបដោយមានះ ត្រូវមានះ​ចាក់ស្រែះហើយ ត្រេកអរ​ក្នុងភព កាលមិន​កំណត់ដឹង​មានះ តែងមកកាន់​ភពថ្មីទៀត ចំណែក​ពួកសត្វណា លះបង់​មានះបាន​ហើយ ផុតស្រឡះ​ហើយ ព្រោះ​អស់​មានះ សត្វ​ទាំងនោះ គ្រប​សង្កត់​នូវគ្រឿង​ចាក់ស្រែះ គឺ មានះ​បានហើយ កន្លងបង់​នូវគ្រឿង​ចាក់ស្រែះ​ទាំងពួង​បាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនុ៎ះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. លោភបរិញ្ញាសូត្រ

[៩] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនដឹង​ច្បាស់ មិនកំណត់​ដឹងនូវ​លោភៈ មិនញុំាង​ចិត្តឲ្យ​នឿយណាយ មិនលះបង់​នូវលោភៈនោះ មិនគួរ​ដើម្បីអស់​ទុក្ខបានឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹងច្បាស់ កំណត់​ដឹងនូវលោភៈ ញុំាងចិត្ត​ឲ្យនឿយ​ណាយ លះបង់​នូវលោភៈនោះ​បាន ទើបគួរ​ដើម្បី​អស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រ​នោះថា

សត្វទាំងឡាយ ជាប់ហើយ​ព្រោះលោភៈណា តែងទៅកាន់​ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយ​បញ្ញាដ៏ប្រពៃហើយ រមែង​លះបង់​លោភៈ​នោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោក​នេះទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. ទោសបរិញ្ញាសូត្រ

[១០] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនដឹងច្បាស់ មិនកំណត់​ដឹង​នូវទោសៈ ​មិន​ញុំាង​​ចិត្តឲ្យនឿយ​ណាយ មិនលះបង់​នូវទោសៈនោះ មិនគួរ​ដើម្បីនឹងអស់​ទុក្ខបានឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹងច្បាស់ កំណត់ដឹង​នូវទោសៈ ញុំាងចិត្ត​ឲ្យ​នឿយ​ណាយ លះបង់​នូវទោសៈ​នោះបាន ទើបគួរដើម្បី​អស់ទុក្ខ។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

សត្វទាំងឡាយ ប្រទូស្ដហើយ ព្រោះទោសៈណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏​ប្រពៃហើយ រមែង​លះបង់​ទោសៈ​នោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោក​នេះទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១០។

ចប់ បាដិភោគវគ្គ ទី១។

ឧទា្ទននៃបាដិភោគវគ្គនោះគឺ

និយាយអំពីរាគៈ ១ ទោសៈ ១ មោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដី​លុបគុណ ១ មានះ ១ ហេតុទាំងពួង ១ មានះ ១ រាគៈ ទោសៈ ២ ទៀត អ្នកប្រាជ្ញ​ទាំងឡាយ ​ពោលថា​ជាបឋមវគ្គ។

ឥតិវុត្តកៈ ឯកនិបាត ទុតិយវគ្គ

១. មោហបរិញ្ញាសូត្រ

[១១] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលមិន​ដឹងច្បាស់ មិនកំណត់​ដឹងនូវ​មោហៈ មិន​ញុំាង​ចិត្តឲ្យ​នឿយណាយ មិនលះបង់​នូវមោហៈនោះ មិនគួរ​ដើម្បីនឹង​អស់ទុក្ខ​បានឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹងច្បាស់ កំណត់ដឹង​នូវមោហៈ ញុំាងចិត្ត​ឲ្យនឿយ​ណាយ លះបង់​នូវមោហៈ​នោះបាន ទើបគួរនឹងអស់ទុក្ខ។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏​ប្រពៃហើយ រមែង​លះបង់​មោហៈ​នោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោកនេះទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. កោធបរិញ្ញាសូត្រ

[១២] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនដឹង​ច្បាស់ មិនកំណត់​ដឹងនូវ​សេចក្ដីក្រោធ មិនញុំាង​ចិត្តឲ្យ​នឿយណាយ មិនលះបង់​នូវសេចក្ដី​ក្រោធនោះ មិនគួរ​ដើម្បីនឹងអស់​ទុក្ខបានឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​កាលដឹង​ច្បាស់ កំណត់​ដឹងនូវ​សេចក្ដីក្រោធ ញុំាងចិត្ត​ឲ្យនឿយ​ណាយ លះបង់​នូវសេចក្ដី​ក្រោធនោះ​បាន ទើបគួរ​ដើម្បីនឹង​អស់ទុក្ខ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រ​នោះថា

សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដី​ក្រោធណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏​ប្រពៃហើយ ​លះបង់​សេចក្ដីក្រោធ​នោះ លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោក​នេះ​ទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. មក្ខបរិញ្ញាសូត្រ

[១៣] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​មិនដឹងច្បាស់ មិនកំណត់​ដឹងនូវ​សេចក្ដី​លុប​គុណ មិនញុំាង​ចិត្តឲ្យនឿយ​ណាយ មិនលះបង់​នូវសេចក្ដី​លុបគុណនោះ មិនគួរ​ដើម្បី​នឹង​អស់​​ទុក្ខបានឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាល​ដឹងច្បាស់ កំណត់​ដឹងនូវ​សេចក្ដី​លុប​គុណ ទាំងញុំាង​ចិត្តឲ្យ​នឿយណាយ លះបង់​សេចក្ដី​លុបគុណ​នោះបាន ទើបគួរ​ដើម្បី​នឹងអស់​ទុក្ខ។ លុះ​ព្រះមានព្រះភាគ សំដែង​សេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​​សូត្រនោះថា

សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដី​លុបគុណ​ណា តែងទៅ​កាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញ​ច្បាស់ ដឹងដោយ​បញ្ញាដ៏​ប្រពៃហើយ រមែង​លះបង់​សេចក្ដី​លុបគុណ​នោះបាន លុះលះបង់​បានហើយ មិនត្រឡប់​មកកាន់​លោកនេះទៀត ក្នុងកាល​ណាឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤ អវិជ្ជានីវរណសូត្រ

[១៤] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ត្រូវនីវរណៈ​ណា រួបរឹត​ហើយ តែង​អន្ទោលទៅ តែង​​ត្រាច់ទៅ អស់​រាត្រីវែង ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនឃើញ​នីវរណៈ​ដទៃនោះ សូម្បី​​តែនីវរណៈ​មួយ ដូច​អវិជ្ជានីវរណៈ​នេះឡើយ ម្នាលភិក្ខុ​ទាំងឡាយ ហេតុតែ​ពួកសត្វ​ត្រូវ​​អវិជ្ជានីវរណៈ​រួបរឹតហើយ ទើបបាន​អន្ទោលទៅ ត្រាច់ទៅ អស់​រាត្រីវែង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រនោះថា

ពួកសត្វ ត្រូវមោហៈដែលជាធម៌ឯក មិនមាន​ធម៌ដទៃ​ដូច រួបរឹត​បិទបាំង​យ៉ាង​នេះហើយ តែង​អន្ទោលទៅអស់​ថ្ងៃ និង​យប់ដ៏វែង ចំណែក​សត្វ​ទាំងឡាយ​ណា លះបង់មោហៈ ទំលាយ​គំនរនៃ​ងងឹតហើយ សត្វទាំងឡាយ​នោះ នឹងមិន​អន្ទោលទៅទៀត ព្រោះហេតុ​របស់​សត្វទាំង​នោះ​មិនមាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. តណ្ហាសំយោជនសូត្រ

[១៥] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វដែល​ប្រកបដោយ​សំយោជនៈ​ណាហើយ តែង​អន្ទោល​ទៅ ត្រាច់ទៅ អស់រាត្រីដ៏វែង ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនឃើញ​សំយោជនៈ​ដទៃ​នោះ សូម្បីតែ​សំយោជនៈ​មួយ ដូច​ជាតណ្ហាសំយោជនៈ​នេះឡើយ ម្នាលភិក្ខុ​ទាំងឡាយ ហេតុតែ​សត្វទាំង​ឡាយ ដែលប្រកប​ដោយ​តណ្ហាសំយោជនៈ​ហើយ ទើបបាន​អន្ទោលទៅ ត្រាច់ទៅ អស់​រាត្រីវែង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

បុរសមានតណ្ហាជាគំរប់ពីរ កាលអន្ទោលទៅ​កាន់សង្សារ​អស់​កាល​ដ៏វែង រមែងមិន​កន្លងនូវ​សង្សារវដ្ដ ដែលមាន​សភាព​យ៉ាងនេះ និង​យ៉ាងដទៃ​បានឡើយ ភិក្ខុដឹង​នូវតណ្ហា​នេះ ថា​ជាទោស ជាដែន​កើតនៃ​ទុក្ខហើយ ជាអ្នក​ប្រាសចាក​តណ្ហា មិនមាន​សេចក្ដី​ប្រកាន់ ជាអ្នក​មានសតិ គប្បីវៀរបង់​ចោលចេញ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៥។

៦. បឋមសេខសូត្រ

[១៦] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុជាសេក្ខៈ មិនទាន់​សម្រេច​អរហត្ត​ផលនៅ​ឡើយ ហើយប្រាថ្នា​ធម៌ជា​ទីក្សេមចាក​យោគៈដ៏​ប្រសើរ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ធ្វើ​បច្ច័យ​ខាងក្នុង ឲ្យជាហេតុ ហើយមិន​ឃើញហេតុ​ដទៃ សូម្បីតែ​ហេតុមួយ ដែលមាន​ឧបការៈ​​ច្រើនយ៉ាង​នេះ ដូចជា​យោនិសោមនសិការៈ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​កាល​ធ្វើទុក​ក្នុងចិត្ត ដោយ​ឧបាយ​ហើយ ទើបលះបង់​អកុសល ចំរើន​កុសល​បាន។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុង​សូត្រ​នោះថា

យោនិសោមនសិការៈ ជាធម៌របស់​ភិក្ខុជាសេក្ខៈ ធម៌ដទៃ ដែលមាន​ឧបការៈ​ច្រើន ដើម្បីសម្រេច​ប្រយោជន៍​ដ៏ឧត្តម​ដូច្នោះ មិនមាន​ឡើយ កាលភិក្ខុ​ផ្គងចិត្ត ដោយឧបាយ ទើបដល់​នូវការ​អស់ទុក្ខបាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. ទុតិយសេខសូត្រ

[១៧] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​ជាសេក្ខៈ មិនទាន់​សម្រេច​អរហត្តផល​នៅ​ឡើយ ហើយប្រាថ្នា​ធម៌ជាទី​ក្សេម ចាក​យោគៈ​ដ៏ប្រសើរ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ធ្វើ​បច្ច័យ​ខាងក្រៅ ឲ្យជាហេតុ ហើយមិន​ឃើញហេតុដទៃ សូម្បីតែ​ហេតុមួយ ដែលមាន​ឧបការៈ​​ច្រើនយ៉ាងនេះ ឲ្យដូចជា​ភាពនៃបុគ្គល​មានកល្យាណ​មិត្តនេះឡើយ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមាន​កល្យាណមិត្ត ទើបលះបង់​អកុសល ចំរើន​កុសលបាន។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះ​ថា

ភិក្ខុណា មានកល្យាណមិត្ត មានសេចក្ដី​កោតក្រែង ប្រកប​ដោយ​សេចក្ដី​គោរព ធ្វើតាម​ពាក្យរបស់​កល្យាណមិត្ត ជាអ្នកមាន​សេចក្ដីដឹងខ្លួន មាន​ស្មារតី ភិក្ខុនោះ ទើបគួរ​ដល់នូវ​កិរិយាអស់​សំយោជនៈ​ទាំងពួង ដោយ​លំដាប់​បាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. សង្ឃភេទសូត្រ

[១៨] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១ កាលកើត​ឡើង​ក្នុងលោក តែង​កើតឡើង ដើម្បីមិន​ជាប្រយោជន៍​ដល់ជនច្រើន ដើម្បី​មិនជាសុខ​ដល់ជនច្រើន ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​មិន​​ចំរើនដល់​ជនច្រើន ដើម្បីជា​ទុក្ខដល់ទេវតា និង​មនុស្ស​ទាំងឡាយ។ ធម៌ ១ តើ​ដូច​ម្ដេច។ គឺ​សង្ឃភេទ (ការបំបែកសង្ឃ) ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សង្ឃបែកគ្នា​ហើយ ការ​ឈ្លោះ​ប្រកែកគ្នា​នឹងគ្នា ក៏កើតមាន ការប្រទេច​ផ្ដាសាគ្នា​នឹងគ្នា ក៏កើត​មាន ការ​បោក​បោះ​​ពាក្យសំដី​ដល់គ្នា​នឹងគ្នា ក៏កើតមាន ការលះបង់​គ្នានឹងគ្នា ក៏កើត​មាន ជនទាំងឡាយ ដែល​មិន​ទាន់ជ្រះថ្លា​ក្នុងសង្ឃ​នោះ ក៏មិន​ជ្រះថ្លា ជនពួកខ្លះ ដែលជ្រះថ្លា​ស្រាប់​ហើយ ក៏ងាក​ទៅ​ជាយ៉ាង​ដទៃវិញ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

បុគ្គលជាអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនឋិតក្នុងធម៌ តែងទៅ​កើតក្នុង​អបាយ ទៅកើត​ក្នុងនរក តាំងនៅអស់​មួយ​កប្ប រមែង​សាបសូន្យ​ចាកធម៌​ជាទីក្សេម​ចាក​យោគៈ បុគ្គល​បំបែកសង្ឃ​ដែល​ព្រមព្រៀងគ្នា​ហើយ តែងឆេះ​ក្នុងនរក​អស់មួយ​កប្ប។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. សង្ឃសាមគ្គីសូត្រ

[១៩] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១ កាលកើត​ឡើង​ក្នុងលោក តែង​កើតឡើង ដើម្បីជា​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បីជា​សុខដល់​ជនច្រើន ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្ដី​ចំរើនដល់​ជនច្រើន ដើម្បីជា​សុខដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដី​ព្រមព្រៀង​របស់សង្ឃ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សង្ឃព្រមព្រៀង​គ្នាហើយ ការឈ្លោះ​ប្រកែកគ្នា​នឹងគ្នា ក៏មិន​កើតមាន ការប្រទេច​ផ្ដាសាគ្នា​នឹងគ្នា ក៏មិន​កើតមាន ការបោក​បោះពាក្យ​សំដីដល់គ្នា​នឹងគ្នា ក៏មិន​កើតមាន ការលះបង់​គ្នានឹងគ្នា ក៏មិន​កើតមាន ជនទាំងឡាយ ដែលមិន​ជ្រះថ្លា​ក្នុងសង្ឃនោះ ក៏រមែង​ជ្រះថ្លា ពួកជន​ដែលជ្រះថ្លា​ស្រាប់​ហើយ ក៏រឹងរឹត​តែជ្រះថ្លា​ឡើង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំ​សេចក្ដី​សុខមកឲ្យ ការអនុគ្រោះ​បុគ្គល​ទាំងឡាយ ដែលមាន​សេចក្ដី​ព្រមព្រៀងគ្នា (ជាហេតុ​នាំសេចក្ដី​សុខ​មកឲ្យ) បុគ្គល​ត្រេកអរ ក្នុងជន​ដែលព្រម​ព្រៀងគ្នា តាំងនៅ​ក្នុងធម៌ រមែង​មិន​សាបសូន្យ ចាកធម៌​ជាទីក្សេម​ចាកយោគៈ បុគ្គល​ធ្វើសង្ឃ ឲ្យព្រម​ព្រៀងគ្នា រមែង​រីករាយ ក្នុង​ឋានសួគ៌ អស់ ១ កប្ប។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. បទុដ្ឋចិត្តសូត្រ

[២០] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត កំណត់​ចិត្តដោយ​ចិត្តហើយ​ ដឹងច្បាស់បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ដែលមាន​ចិត្តប្រទូស្ដ​យ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាល​ទៅ ក្នុង​សម័យនេះ មុខជា​ទៅកើត​ក្នុងនរក ដូចជា​គេនាំយក​ទៅទំលាក់។ រឿងនោះ ព្រោះ​ហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះបុគ្គល​នោះ មានចិត្ត​ប្រទូស្ដ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ​ពួកខ្លះ ក្នុង​លោកនេះ ហេតុតែ​មានចិត្ត​ប្រទូស្ដ លុះ​បែកធ្លាយរាង​កាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត និងនរក។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមាន​ចិត្តប្រទូស្ដ ទើបទ្រង់​ព្យាករ​សេចក្ដីនុ៎ះ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​ថា បើបុគ្គល​នេះ ធ្វើ​មរណកាល​ទៅ ក្នុង​សម័យនេះ មុខជា​ទៅកើត​ក្នុងនរក ព្រោះ​តែបុគ្គល​នោះ មានចិត្ត​ប្រទូស្ដ បុគ្គល​បែបនោះ ដូចជា​គេនាំយក​ទៅទំលាក់​យ៉ាងនេះឯង សត្វ​ទាំងឡាយ រមែង​ទៅកាន់​ទុគ្គតិ ព្រោះហេតុតែ​មាន​ចិត្តប្រទូស។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១០។

ចប់ ទុតិយវគ្គ។

ឧទ្ទាននៃទុតិយវគ្គនោះគឺ

និយាយអំពីមោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដី​លុបគុណ​គេ ១ សេចក្ដី​វង្វេង ១ កាម ១ សេក្ខៈ​មាន ២ លើក ការបំបែក ១ សេចក្ដី​ត្រេកអរ ១ បុគ្គល ១ លោក​ពោលថា​ជាវគ្គ ទី២។

ឥតិវុត្តកៈ ឯកនិបាត តតិយវគ្គ

១. បសន្នចិត្តសូត្រ

[២១] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត កំណត់​ដឹងចិត្ត​ដោយចិត្ត ដឹងច្បាស់ បុគ្គលពួកខ្លះ​ក្នុង​លោកនេះ ដែលមាន​ចិត្តជ្រះថ្លា​ហើយ យ៉ាងនេះថា បើ​បុគ្គលនេះ ធ្វើ​មរណកាល​ទៅក្នុង​សម័យ​នេះ នឹងទៅ​កើតក្នុង​ឋានសួគ៌ ដូចជា​គេនាំយក​ទៅតម្កល់ទុក។ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះបុគ្គល​នោះ មានចិត្តជ្រះថ្លា។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ ហេតុតែ​មានចិត្ត​ជ្រះថ្លា​យ៉ាងនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏រមែង​ទៅកើត​ឯសុគតិសួគ៌​ទេវលោក។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ដែលមាន​ចិត្តជ្រះថ្លា ក្នុងលោក​នេះ ទើបទ្រង់​ព្យាករ​សេចក្ដីនុ៎ះ ក្នុងសំណាក់​ភិក្ខុទាំង​ឡាយថា បើបុគ្គលនេះ ធ្វើមរណកាល​ទៅ ក្នុង​សម័យនេះ នឹងទៅកើត​ក្នុងសុគតិ ព្រោះបុគ្គល​នោះ មានចិត្ត​ជ្រះថ្លា បុគ្គល​បែបនោះ ដូចជា​គេនាំយក​ទៅតម្កល់​ទុក (ក្នុងសួគ៌) យ៉ាងនេះ​ឯង សត្វ​ទាំងឡាយ រមែង​ទៅកាន់​សុគតិ ព្រោះហេតុ​តែមាន​ចិត្តជ្រះថ្លា។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. មេត្តសូត្រ

[២២] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ កុំខ្លាច​បុណ្យ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ពាក្យថា បុណ្យនេះ​ ជាឈ្មោះ​នៃសេចក្ដី​សុខដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ស្គាល់ច្បាស់ ផលនៃ​បុណ្យ ដែលជា​ទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ដែលតថាគត​បានហើយ អស់​កាលជា​អង្វែង ដែលតថាគត​ធ្វើហើយ អស់កាល​ជាអង្វែង។ តថាគត​បានចំរើន​មេតាចិត្ត អស់ ៧ ឆ្នាំ មិនបាន​មកកាន់​លោកនេះ​ទៀត អស់ ៧ សំវដ្ដវិវដ្ដកប្ប ម្នាលភិក្ខុ​ទាំងឡាយ ដំណើរថា កាល​កប្បវិនាស តថាគត​បានទៅ​កើត​ក្នុង​អាភស្សរព្រហ្ម កាល​កប្បចំរើន តថាគត​បានចូលទៅ​កាន់ព្រហ្មវិមាន ដែល​សូន្យទទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងទីនោះ តថាគត​ជាព្រហ្ម ជា​មហាព្រហ្ម គ្របសង្កត់​សត្វដទៃបាន សត្វដទៃ​មិនអាច​គ្របសង្កត់​តថាគត​បានទេ តថាគតឃើញហេតុសព្វគ្រប់ ​អាចញុំាង​អំណាច ឲ្យប្រព្រឹត្តទៅ​បាន ដោយពិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត តថាគត​បានកើត​ជា​ព្រះឥន្ទ្រ ជាធំជាង​ទេវតា​ទាំងឡាយ ៣៦ ដង បានជា​ស្ដេច​ចក្រពត្តិ ធម្មិកធម្មរាជ ជាឥស្សរៈ​លើផែនដី ដែលមាន​សមុទ្រ​ទាំង ៤ ជាទី​បំផុត ជាស្ដេច​ឈ្នះសង្គ្រាម មាន​ជនបទ ដល់នូវ​ការមាំមួន បរិបូណ៌​ដោយរតនៈ​ទាំង ៧ ប្រការ អស់ច្រើន​រយដង នឹងបាច់​ពោលទៅថ្វី ដល់​ប្រទេសរាជ្យ។

ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះថា នេះជា​ផលកម្ម​របស់អាត្មាអញ​ដូចម្ដេច​ហ្ន៎ នេះជា​វិបាកនៃ​កម្មដូចម្ដេច ដែលនាំ​ឲ្យអាត្មាអញ​មានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាងនេះ ក្នុងកាល​ឥឡូវនេះ។

ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះថា នេះជា​ផលកម្ម​ទាំងឡាយ ៣ យ៉ាង របស់​អាត្មាអញ នេះជាវិបាក​នៃកម្ម​ទាំងឡាយ ៣ យ៉ាង ដែលនាំ​ឲ្យអាត្មាអញ​មានឫទ្ធិ​ច្រើនយ៉ាងនេះ មាន​អានុភាព​ច្រើន​យ៉ាងនេះ ក្នុងកាល​ឥឡូវនេះ គឺ​ផលទាន ១ ការ​ទូន្មានឥន្ទ្រិយ ១ ការ​សង្រួម ១។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សា គឺថា គប្បីសេព​នូវបុណ្យ​ដែល​មាន​ផលបរិបូណ៌ មានវិបាក​ជាសុខ គួរចំរើនទាន ១ ការប្រព្រឹត្តិ​ស្មើ គឺសីល ១ មេត្តាចិត្ត ១ លុះចំរើន​ធម៌ទាំង ៣ នេះ ដែលមាន​អានិសង្សជា​សុខហើយ រមែង​ចូលទៅ​កាន់​លោកជា​សុខ [សុខក្នុងទីនេះ បានដល់​សុខដែល​កើត​អំពីឈានសមាបត្តិ។] ឥតមានទុក្ខ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះ ព្រះមានព្រះភាគ បានត្រាស់​ទុក​ហើយ។ សូត្រ ទី២។

៣. ឧភយត្ថសូត្រ

[២៣]ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១ ដែលបុគ្គល​ចំរើនហើយ ធើ្វឲ្យ​រឿយៗហើយ រមែង​បានប្រយោជន៍​ទាំង២គឺ ប្រយោជន៍ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍​ក្នុងបរលោក ១។ ធម៌ ១ តើ​ដូចម្ដេច។ គឺសេចក្ដី​មិន​ប្រមាទ ក្នុង​កុសលធម៌​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌ ១ ដែល​បុគ្គល​ចំរើន​ហើយ ធើ្វឲ្យ​រឿយ ៗ ហើយ រមែងបាន​ប្រយោជន៍ទាំង២ គឺ ប្រយោជន៍ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍ក្នុង​បរលោក ១។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ​ក្នុង​សូត្រនោះថា

បណ្ឌិតទាំងឡាយ តែងសរសើរ​សេចក្ដី​មិនប្រមាទ​ក្នុង​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ បណ្ឌិត​មិន​ប្រមាទ​ហើយ រមែងបាន​ប្រយោជន៍ទាំង ២ គឺប្រយោជន៍ក្នុង​បច្ចុប្បន្ន ១ ប្រយោជន៍​ក្នុង​បរលោក១ អ្នកមាន​ប្រាជ្ញា ព្រោះបាន​ប្រយោជន៍​ទាំង២ ទើបហៅ​ថាជា​បណ្ឌិត។

ខ្ញុំបានស្ដាប់​មកហើយថា សេចក្ដីនេះឯង​ ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. អដ្ឋិបុញ្ជសូត្រ

[២៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបុគ្គល​ម្នាក់ស្ទុះ​ទៅ អន្ទោលទៅ អស់កប្ប បំណែកឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹង​ជាច្រើន បើបុគ្គល​ប្រមូល​នាំមក​ដំកល់ទុក (១កន្លែង) ហើយ​រក្សាទុក មិនឲ្យ​វិនាស​ខ្ចាត់ខ្ចាយ​ទៅ ឆ្អឹង​នឹងដូចជា​ភ្នំ​វេបុល្ល​នេះ​ដូច្នោះ​ឯង។ លុះ​ព្រះមានព្រះភាគ សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ព្រះសម្មាសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ត្រាស់​ដូច្នេះថា គំនរឆ្អឹង​បុគ្គល​ម្នាក់ៗ ក្នុងមួយ​កប្ប ជាគំនរប៉ុនភ្នំ ឯភ្នំនោះ​ឯង ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់ថា ភ្នំ​វេបុល្ល ជាភ្នំធំ ជាភ្នំខ្ពស់​ជាងភ្នំ​គិជ្ឈកូដ ក្បែក្រុង​គិរិព្វជះ គឺរាជគ្រឹះ​របស់ពួក​ជនអ្នក​ស្រុកមគធៈ កាលណា​បើបុគ្គល​ឃើញ​អរិយសច្ច​ទាំងឡាយ​ដោយបញ្ញា​ដ៏ប្រពៃ គឺទុក្ខ ១ ហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ ១ ការកន្លង​បង់​ទុក្ខ ១ មគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ដែល​ជាទីញុំាង​សត្វឲ្យទៅ​កាន់ទីរលត់​ទុក្ខ ១ លុះ​បុគ្គល​នោះ អន្ទោល​ទៅអស់ ៧ជាតិ ជាយ៉ាង​ក្រៃលែង​ នឹងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន ព្រោះអស់​សំយោជនៈទាំងពួង។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៤។

៥. មុសាវាទសូត្រ

[២៥] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​បុគ្គល​ដែលកន្លង​ធម៌ ១ ហើយ គថាគត​មិនដែល​ពោលថា បុរស​បុគ្គលនោះ មិនគប្បីធើ្វ​បាបកម្ម​បន្តិចបន្តួច ដូច្នេះ​ឡើយ។ ធម៌ ១ តើ​ដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ១ នេះ គឺសម្បជានមុសាវាទ (ការពោល​ពាក្យកុហក​ទាំង​ដឹង​ខ្លួន)។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ​ក្នុងសូត្រ​នោះថា

សត្វដែលកន្លងធម៌ ១ គឺអ្នក​ពោលពាក្យ​កុហក មានបរលោក​កន្លងបង់​ហើយ មិនគប្បី​ធ្វើអំពើបាប មិនមាន​ឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។

៦. ទានសូត្រ

[២៦] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បើពួក​សត្វដឹង​ផល​នៃការ​ចែកទាន ដូចជា​តថាគត​ដឹង​ដូច្នោះ បើមិន​ទាន់ឲ្យ​ទានទេ ក៏មិនហ៊ាន​បរិភោគ​ឡើយ មួយទៀត មន្ទិល គឺ​សេចក្ដី​កំណាញ់​របស់សត្វ​ទាំងនោះ ក៏មិន​គ្របសង្កត់​ចិត្តបាន​ឡើយ។ ទោះបី​ពំនូក​បាយ​ជាដម្បូង ដុំបាយជាដម្បូង​ឯណា​ របស់សត្វ​ទាំងឡាយ​នោះ សត្វទាំងឡាយ មិនបាន​រំលែក​អំពីពំនូត​បាយនោះ ក៏មិន​បរិភោគឡើយ បើសត្វ​ទាំងនោះ មាន​បដិគ្គាហកបុគ្គល។ ម្នាលភិក្ខុ​ទាំងឡាយ គថាគតដឹង​ផលនៃ​ការឲ្យ និងការចែករលែក​យ៉ាង​ណា សត្វ​ទាំង​ឡាយ មិនដឹង​យ៉ាងនោះ​ទេ ព្រោះ​ហេតុណា ហេតុនោះ សត្វ​ទាំងឡាយ មិនបាន​ឲ្យទាន​ហើយ ទើប​ហ៊ាន​បរិភោគ​ មួយទៀត មន្ទិល គឺសេចក្ដី​កំណាញ់ ក៏តែង​គ្របសង្កត់​ចិត្ត​សត្វទាំង​ឡាយ​នោះ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

បើសត្វទាំងឡាយ គប្បីដឹងផល នៃការ​ចែករលែក ថាមាន​ផលច្រើន ដូច​ព្រះពុទ្ធ​ទ្រង់ស្វែង​រកគុណ​ដ៏ធំ ត្រាស់ទុក​ហើយ​យ៉ាងនេះ សត្វ​ទាំងឡាយ មាន​ចិត្តជ្រះថ្លា គប្បី​បន្ទោបង់​មន្ទិល គឺ​សេចក្ដី​កំណាញ់​ចេញ ទានដែល​គេឲ្យហើយ ដល់​ព្រះអរិយៈ​ទាំងឡាយ​ណា រមែងមាន​ផលច្រើន បុគ្គល​ទាំងឡាយ គួរឲ្យទាន​ដល់​ព្រះអរិយៈ​ទាំង​នោះ ក្នុងកាល​ដ៏គួរ មួយទៀត ជនច្រើននាក់ ឲ្យបាយ​ជាទក្ខិណាទាន ដល់​ទក្ខិណេយ្យបុគ្គល​ទាំងឡាយ ទាយក​ទាំងឡាយ លុះ​ច្យុតអំពី​អត្តភាព​ជាមនុស្ស​នេះ​ហើយ រមែង​ទៅកាន់​ឋានសួគ៌ ទាយក​ទាំងនោះ លុះទៅ​កាន់​ឋានសួគ៌ ជាអ្នក​មានចំណង់​ក្នុងកាម រមែង​រីករាយ ក្នុងស្ថាន​សួគ៌​នោះ សត្វ​ទាំងឡាយ មិន​កំណាញ់ រមែង​សោយផល នៃការ​ចែករលែក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. មេត្តាភាវនាសូត្រ

[២៧] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ​ទាំងឡាយ ដែលឲ្យ​ផលក្នុង​បដិសន្ធិកាល និង​បវត្តិកាល​ឯណានីមួយ បុញ្ញកិរិយាវត្ថុ​ទាំងអស់​នោះ មិនដល់​មួយចំណិត​នៃ​មេត្តាចេតោវិមុត្តិ ដែលបុគ្គល​ចែកឲ្យ​ជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែង​គ្របសង្កត់​បុញ្ញកិរិយាវត្ថុ​ទាំង​នោះ ភ្លឺស្វាងរុងរឿង។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​ពន្លឺពួក​ផ្កាយ​ឯណា​នីមួយ ពន្លឺពួក​ផ្កាយ​ទាំងអស់​នោះ មិនដល់​មួយចំណិត​ពន្លឺព្រះចន្រ្ទ ដែល​បុគ្គល​ចែកជា​ចំណែក ១៦ ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែង​គ្រប​សង្កត់​ពន្លឺផ្កាយ​ទាំងអម្បាល​នោះ ភ្លឺស្វាង​រុងរឿង ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ​ទាំង​ឡាយ ដែល​ឲ្យផល​ក្នុង​បដិសន្ធិកាល និង​បវត្តិកាល​ឯណា​នីមួយ បុញ្ញកិរិយាវត្ថុ​ទាំងអស់​នោះ មិនដល់​មួយចំណិតនៃ​មេត្តាចេតោវិមុត្តិ ដែលចែក​ឲ្យជា​ចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែង​គ្របសង្កត់​បុញ្ញកិរិយា​វត្ថុ​ទាំងនោះ ភ្លឺស្វាង​រុងរឿង ក៏ដូច្នោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ដូចមេឃ​ដែលស្រឡះ ប្រាសចាក​ពពក ក្នុង​សរទសម័យ ក្នុងខែ​ជាខាងចុង​នៃរដូវ​ភ្លៀង ព្រះអាទិត្យ ក៏រះត្រដួចត្រដឹម​ក្នុងពពក កំចាត់បង់​ងងឹត​ឰដ៏អាកាស​ទាំងអស់ ភ្លឺស្វាង​រុងរឿង ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយា​វត្តុ​ទាំងឡាយ ដែល​ឲ្យផល​ក្នុង​បដិសន្ធិកាល និង​បវត្តិកាល​ឯណានីមួយ បុញ្ញកិរិយា​វត្ថុទាំង​អស់​​នោះ មិនដល់​មួយចំណិត នៃ​មេត្តាចេតោវិមុត្តិ ដែលបុគ្គល​ចែកឲ្យ​ជាចំណែក ១៦ ៗ ដង​ឡើយ មេត្តាចេតោវិមុត្តិ តែង​គ្របសង្កត់​បុញ្ញកិរិយា​វត្តុ​ទាំងនោះ ភ្លឺស្វាង​រុងរឿង ដូច្នោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ដូចផ្កាយព្រឹក ភ្លឺស្វាងរុងរឿង ក្នុង​បច្ចូសសម័យ​នៃរាត្រី ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយា​វត្ថុទាំង​ឡាយ ដែលឲ្យផល ក្នុង​បដិសន្ធិកាល និង​បវត្តិកាល​ឯណានីមួយ បុញ្ញកិរិយា​វត្ថុទាំង​អស់នោះ មិនដល់​មួយចំណិត​នៃមេត្តា​ចេតោវិមុត្តិ ដែល​ចែកឲ្យ​ជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែង​គ្របសង្កត់​បុញ្ញកិរិយាវត្ថុ​ទាំងនោះ ភ្លឺស្វាង​រុងរឿង ដូច្នោះ​ឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុង​សូត្រ​នោះថា

បុគ្គលណា មានស្មារតី ចំរើនមេត្តា មិនមានប្រមាណ បដិឃសំយោជនៈ​ទាំងឡាយ របស់​បុគ្គលនោះ អ្នកឃើញ​កិរិយា​អស់ទៅ​នៃ​កិលេស រមែង​ស្ដួចស្ដើង បើបុគ្គល​មានចិត្ត​មិនប្រទូស្ដ​សត្វ សូម្បី​តែសត្វ​មួយ ចំរើន​មេត្តា ជាបុគ្គល​ឈ្លាសវៃ​ដោយ​មេត្តា​នោះ មួយទៀត ព្រះអរិយៈ​ កាល​អនុគ្រោះ​សត្វ​ទាំងអស់​ដោយចិត្ត​ហើយ ឈ្មោះថា ធ្វើបុណ្យ​ច្រើន ជនទាំង​ឡាយ​ណា ឈ្នះផែនដី​ដ៏ដេរដាស​ទៅដោយ​សត្វ ជន​ទាំងឡាយ​នោះ ជា​ធម្មិករាជ ប្រហែល​ដោយ​ឥសី ហើយញុំាង​ការបូជា​ឲ្យប្រព្រឹត្ត​ទៅ (គឺទ្រង់​ឈ្លាសវៃ​ក្នុងការ​ទំនុក​បម្រុងធញ្ញាហារ គឺ​ស្រែស្រូវ ឲ្យសម្បូណ៌​ក្នុង​ព្រះរាជអាណាចក្រ ១ ទ្រង់ឈ្លាសវៃ​ក្នុងការ​សង្គ្រោះ​រាជបុរស ១ ទ្រង់ប្រកប​ឧបាយ​ចងចិត្ត​មនុស្ស​ឲ្យចូល​ចិត្ត ១ ទ្រង់មាន​ព្រះបន្ទូល​ផ្អែមល្ហែម ១ ជាហេតុ​ឲ្យស្រុក​ទេស​រាបទាប​សាន្ដត្រាណ ​គ្មានចោរ ទាល់តែ​មិនបាច់​ដាក់គន្លឹះ ចាក់​សោទ្វារផ្ទះ ១) កាបូជា​ទាំងឡាយ​នោះ មិនដល់​មួយចំណិត នៃបុគ្គល​អ្នកចំរើន​មេត្តាចិត្ត ដែលចែក​ឲ្យជា​ចំណែក ១៦ ៗ ដងឡើយ (ដូចពួក​ផ្កាយ​ទាំងអស់ មិនដល់​មួយចំណិត​នៃពន្លឺ​ព្រះចន្ទ្រ) បុគ្គលណា មិនសម្លាប់​សត្វដោយ​ខ្លួនឯង មិនប្រើ​គេឲ្យ​សម្លាប់ មិនផ្ចាញ់ផ្ចាល​ដោយខ្លួនឯង មិនប្រើ​គេឲ្យ​ផ្ចាញ់ផ្ចាល ជាអ្នក​មាន​ចំណែក​នៃមេត្តា ក្នុងសត្វ​ទាំង​ឡាយ​ទាំងពួង ពៀរមិន​មានដល់​បុគ្គល​នោះ ដោយ​ហេតុណា​នីមួយ​ឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុក​ហើយ។ សូត្រ ទី៧។

ចប់ តតិយវគ្គ។

ឧទា្ទននៃតតិយវគ្គនោះគឺ

និយាយអំពីចិត្ត ១ ចំរើនឈាន ១ ប្រយោជន៍ទាំងពីរ ១ គំនរឆ្អឹងដូចជាភ្នំវេបុល្ល ១ សម្បជានមុសាវាទ ១ ទាន ១ ការចំរើនមេត្តា ១ ព្រះសូត្រ​ទាំងឡាយ ក្នុងធម៌​មួយ ៗ គឺ ព្រះសូត្រ (ខាងចុង) ៧ សូត្រ ព្រះសូត្រ​ខាងដើម ២០ សូត្រ សង្គ្រោះ​ជាសូត្រ ២៧ សូត្រ។

ចប់ ឯកនិបាត។

ឥតិវុត្តកៈ ទុកនិបាត បឋមវគ្គ

១. ទុក្ខវិហារសូត្រ

[២៨] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ២ រមែងនៅ​ជាទុក្ខ ប្រកប​ដោយ​សេចក្ដី​ថ្នាំងថ្នាក់ ប្រកប​ដោយ​សេចក្ដី​ចង្អៀតចង្អល់ ប្រកប​ដោយ​សេចក្ដី​ក្រវល់ក្រវាយ ក្នុង​បច្ចុប្បន្ន លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ប្រាកដ​ជាទៅ​កាន់ទុគ្គតិ។ ភិក្ខុ​ប្រកប​ដោយធម៌ ២ តើដូចម្ដេច។ គឺភាព​ជាអ្នកមិន​គ្រប់គ្រង​ទ្វារក្នុង​ឥន្ទ្រិយទាំងឡាយ ១ ភាពជា​អ្នកមិន​ដឹងប្រមាណ​ក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ២ នេះឯង រមែង​នៅជា​ទុក្ខ ប្រកប​ដោយសេចក្ដី​ថ្នាំងថ្នាក់ ប្រកប​ដោយ​សេចក្ដី​ចង្អៀតចង្អល់ ប្រកប​ដោយសេចក្ដី​ក្រវល់ក្រវាយ ក្នុង​បច្ចុប្បន្ន លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ ប្រាកដ​ជាទៅកាន់​ទុគ្គតិ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ភិក្ខុណា ក្នុង​សាសនានេះ មិនបាន​គ្រប់គ្រង​ទ្វារអម្បាល​នេះ គឺ ចក្ខុ១ សោតៈ១ ឃានៈ១ ជិវ្ហា១ កាយ១ មនៈ១ ជាអ្នក​មិងដឹង​ប្រមាណ ក្នុង​ភោជន មិនសង្រួម​ក្នុងឥន្ទ្រិយ​ទាំងឡាយ ភិក្ខុនោះ តែងបាន​នូវសេចក្ដី​ទុក្ខ គឺទុក្ខ​ក្នុង​កាយផង ទុក្ខក្នុង​ចិត្តផង ភិក្ខុបែប​នោះ មានកាយ​ក្តៅក្រហាយ មានចិត្ត​ក្តៅក្រហាយ តែងនៅ​ជាទុក្ខ​ទាំងថ្ងៃ​ទាំងយប់។

ខ្ញុំបាន​ស្ដាប់មក​ហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. សុខវិហារសូត្រ

[២៩] ខ្ញុំបានស្ដាប់មកថា​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ២ រមែង​នៅជាសុខ មិនថ្នាំងថ្នាក់ មិន​ចង្អៀត​ចង្អល់ មិនក្រវល់​ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ប្រាកដ​ជាទៅកាន់​សុគតិ។ ភិក្ខុប្រកប​ដោយធម៌ ២ តើដូចម្ដេច។ គឺភាព​ជាអ្នក​គ្រប់គ្រង​ទ្វារក្នុង​ឥន្ទ្រិយ​ទាំងឡាយ១ ភាពជា​អ្នកដឹង​ប្រមាណ​ក្នុងភោជន១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ២ នេះឯង រមែងនៅ​ជាសុខ មិនថ្នាំងថ្នាក់ មិនចង្អៀតចង្អល់ មិនក្រវល់​ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ប្រាកដ​ជាទៅ​កាន់សុគតិ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រ​នោះថា

ភិក្ខុណា ក្នុងសាសនានេះ បានគ្រប់គ្រងទ្វារ​ទាំងឡាយ​នេះគឺ ចក្ខុ១ សោតៈ១ ឃានៈ១ ជិវ្ហា១ កាយ១ មនៈ១ ល្អហើយ ជាអ្នកដឹង​ប្រមាណ​ក្នុងភោជន សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ភិក្ខុនោះ តែងបាន​សេចក្ដី​សុខ គឺសុខក្នុង​កាយផង សុខក្នុង​ចិត្តផង ភិក្ខុ​បែប​នោះ មានកាយ​មិនក្តៅ​ក្រហាយ មានចិត្ត​មិនក្តៅ​ក្រហាយ រមែង​នៅ​ជា​សុខទាំង​ថ្ងៃទាំង​យប់។

ខ្ញុំបានស្ដាប់​មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. តបនីយសូត្រ

[៣០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ​ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នាំឲ្យ​ក្ដៅនេះ មាន ២។ ធម៌នាំ​ឲ្យក្ដៅ ២ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មិនបាន​ធ្វើសេចក្ដី​ល្អ មិនបាន​ធ្វើកុសល មិនបាន​ធ្វើទីពឹង​អាស្រ័យ ធ្វើតែ​អំពើបាប ធ្វើតែ​អំពើរឹង​រូស ធ្វើតែ​អំពើអាក្រក់ បុគ្គល​នោះ តែងក្ដៅ​ក្រហាយ​ដោយគិត​ថា អាត្មាអញ មិនបាន​ធ្វើអំពើ​ល្អផង តែងក្ដៅ​ក្រហាយ​ដោយគិតថា អាត្មាអញធ្វើតែអំពើ​អាក្រក់ផង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នាំ​ឲ្យក្ដៅ មាន ២ នេះឯង។ លុះ​ព្រះមានព្រះភាគ សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ​ ក្នុងសូត្រនោះថា

បុគ្គលណា ធ្វើកាយទុច្ចរិត វចីទុច្ចរិត ឬធ្វើមនោទុច្ចរិត ឬក៏​អំពើណា​មួយដទៃ​ទៀត ដែល​ប្រកប​ដោយទោស មិនបាន​ធ្វើ​កុសលកម្ម ធ្វើតែ​អកុសល​ជាច្រើន បុគ្គល​អ្នកឥត​បញ្ញានោះ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ តែងចូល​ទៅកាន់​នរក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដី​នេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. អតបនីយសូត្រ

[៣១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នាំ​មិនឲ្យក្ដៅ​ក្រហាយ​នេះ មាន ២។ ធម៌នាំ​មិនឲ្យ​ក្ដៅក្រហាយ ២ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើ​សេចក្ដីល្អ​ទុកហើយ បានធ្វើ​កុសល​ទុកហើយ បានធ្វើ​សេចក្ដីពឹង​ពាក់ទុកហើយ មិនបាន​ធ្វើ​បាប មិនបាន​ធ្វើសេចក្ដី​រឹងរូស មិនបាន​ធ្វើសេចក្ដី​អាក្រក់ បុគ្គលនោះ តែងមិន​ក្ដៅក្រហាយ ដោយ​គិតថា អាត្មាអញ បានធ្វើ​សេចក្ដីល្អ​ទុក​ហើយផង តែងមិន​ក្ដៅ​ក្រហាយ ដោយ​គិតថា អាត្មាអញ មិនបាន​ធ្វើ​សេចក្ដី​អាក្រក់​ទុកហើយផង។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌នាំ​មិនឲ្យក្ដៅ​ក្រហាយ មាន ២ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់គាថា​ព័ន្ធនេះ ក្នុងសូត្រនោះថា

បុគ្គលណា លះបង់កាយទុច្ចរិត វចីទុច្ចរិត ឬលះបង់​មនោទុច្ចរិត ឬអំពើណា​មួយ​ដទៃទៀត ដែល​ប្រកប​ដោយទោស មិនធ្វើ​អកុសលកម្ម ធ្វើតែ​កុសលកម្ម​ជាច្រើន បុគ្គលនោះ ជាអ្នក​ប្រកប​ដោយ​បញ្ញា លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែងចូល​ទៅកាន់​ស្ថានសួគ៌។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. បឋមសីលសូត្រ

[៣២] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ២ រមែង​ទៅកើត​ក្នុងនរក ដូចគេ​នាំយក​ទៅទំលាក់។ ប្រកប​ដោយធម៌ ២ តើដូច​ម្ដេច។ គឺប្រកប​ដោយ​សីលលាមក ១ ប្រកប​ដោយ​ទិដ្ឋិលាមក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ២ នេះឯង រមែងទៅ​កើតក្នុង​នរក ដូច​គេនាំយក​ទៅទំលាក់។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់គាថា​ព័ន្ធនេះ ក្នុងសូត្រ​នោះថា

ជនណា ប្រកបដោយធម៌ ២ យ៉ាងនេះ គឺដោយ​សីលលាមក ១ ដោយទិដ្ឋិលាមក ១ ជនអ្នក​ឥតបញ្ញា​នោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែងចូលទៅ​កាន់នរក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៥។

៦. ទុតិយសីលសូត្រ

[៣៣] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ២ រមែង​ទៅកើត​ក្នុង​ស្ថានសួគ៌ ដូចគេ​នាំយកទៅ​ដំកល់ទុក។ ប្រកប​ដោយ​ធម៌ ២ តើដូច​ម្ដេច។ គឺប្រកប​ដោយ​សីលចំរើន ១ ប្រកប​ដោយទិដ្ឋិ​ចំរើន ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ២ នេះឯង រមែង​ទៅកើត​ក្នុងស្ថាន​សួគ៌ ដូចគេ​នាំយក​ទៅដំកល់​ទុក។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ជនណា ប្រកបដោយធម៌ ២ នេះ គឺដោយ​សីលល្អ ១ ដោយ​ទិដ្ឋិល្អ ១ ជនអ្នក​ប្រកប​ដោយបញ្ញា​នោះ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ រមែងចូល​ទៅកាន់​ស្ថានសួគ៌។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. អាតាបីសូត្រ

[៣៤] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មិនមាន​សេចក្ដី​ខ្លាចបាប មិនគួរ​ដើម្បីត្រាស់​ដឹង មិនគួរ​ដើម្បីរំលត់ មិនគួរ​ដើម្បី​បាននូវ​ធម៌ជាទី​ក្សេមចាក​យោគៈ​ដ៏ប្រសើរ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មាន​សេចក្ដី​ខ្លាចបាប ទើបគួរ​ដើម្បីត្រាស់​ដឹង គួរដើម្បី​រំលត់ គួរដើម្បី​បាននូវ​ធម៌ជា​ទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រនោះថា

ភិក្ខុណា មិនមានព្យាយាម​ដុតកំដៅ​កិលេស មិនមាន​សេចក្ដីខ្លាច​បាប ជាអ្នក​ខ្ជិល​ច្រអូស មានព្យាយាម​ថោកថយ ច្រើន​ដោយថីនមិទ្ធៈ មិនមាន​សេចក្ដី​អៀនខ្មាស មិនមាន​សេចក្ដី​អើពើ ភិក្ខុនោះ មិនគួរ​ដើម្បីបាន​នូវសេចក្ដី​ត្រាស់ដឹង​ដ៏ឧត្តម​ឡើយ ភិក្ខុណា ជាអ្នក​មាន​ស្មារតី មានបញ្ញា​ជាគ្រឿង​រក្សាខ្លួន មានឈាន មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានសេចក្ដី​ខ្លាចបាប មិនប្រមាទ ផ្ដាច់បង់​នូវគ្រឿង​ប្រកប​នៃជាតិ​ជរាបាន ភិក្ខុនោះ ទើបគួរ​ដើម្បីបាន​នូវសេចក្ដី​ត្រាស់ដឹង​ដ៏ឧត្តម ក្នុង​លោកនេះ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. បឋមនកុហនសូត្រ

[៣៥] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ មិនមែន​ដើម្បី​កុហក​នូវជន មិនមែន​ដើម្បីរួសរាយ​ចំពោះជន មិនមែន​ដើម្បី​អានិសង្ស គឺ​លាភសក្ការៈ និងសេចក្ដី​សរសើរ​ទេ មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយគិតថា មហាជន​ចូរស្គាល់​នូវអាត្មាអញ​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ តាមពិតនោះ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ ដើម្បីសង្រួម​ផង ដើម្បី​លះបង់ផង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់បានសំដែង​នូវព្រហ្មចរិយៈ​ដែល​មិនអាង​តាមពាក្យ​គេថា ទីប្រព្រឹត្តទៅ ដើម្បីចុះ​ស៊ប់ កាន់​ព្រះនិព្វាន ដើម្បី​សង្រួម ដើម្បីលះបង់ នេះ​ជាផ្លូវ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ទ្រង់មាន​ព្រះអធ្យាស្រ័យ​ដ៏ធំ ស្វែងរក​នូវគុណ​ដ៏ធំ ទ្រង់ប្រតិបត្តិ​មកហើយ ជនទាំង​ឡាយណា ដើរតាម​ផ្លូវ​ដែល​ព្រះពុទ្ធ​បានសំដែង​ហើយនោះ ឈ្មោះថា ធ្វើតាមពាក្យ​ប្រដៅនៃ​ព្រះសាស្ដា និងធ្វើ​នូវទីបំផុត​នៃទុក្ខបាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. ទុតិយនកុហនសូត្រ

[៣៦] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ មិនមែន​ដើម្បីកុហក​នូវជន មិនមែន​ដើម្បីរួសរាយ​ចំពោះជន មិនមែន​ដើម្បីអានិសង្ស គឺ​លាភសក្ការៈ និង​សេចក្ដី​សរសើរ​ទេ មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយគិតថា មហាជន​ចូរស្គាល់​នូវអាត្មាអញ​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ តាមពិតនោះ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ ដើម្បី​ដឹងផង ដើម្បី​កំណត់​ដឹងផង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​​នុ៎ះហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រនោះថា

ព្រះមានព្រះភាគអង្គនោះ ទ្រង់បានសំដែង​ព្រហ្មចរិយៈ ដែលមិន​អាង​តាមពាក្យ​គេថា ទីប្រព្រឹត្តទៅ​ដើម្បីចុះ​ស៊ប់កាន់​ព្រះនិព្វាន ដើម្បីដឹង ដើម្បី​កំណត់ដឹង នេះជា​ផ្លូវដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ ទ្រង់មាន​ព្រះអធ្យាស្រ័យ​ធំ ស្វែងរក​នូវគុណដ៏ធំ ទ្រង់ប្រតិបត្តិ​មក​ហើយ ជនទាំងឡាយ​ណា ដើរតាម​ផ្លូវដែល​ព្រះពុទ្ធ ទ្រង់​សំដែង​ហើយ​នោះ ឈ្មោះថា ធ្វើតាម​ពាក្យប្រដៅ​នៃព្រះសាស្ដា និងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. សោមនស្សសូត្រ

[៣៧] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ រមែង​ច្រើនដោយ​សេចក្ដីសុខ និង​សោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់​អាសវៈ​ទាំងឡាយ ដោយឧបាយ​នៃបញ្ញា​ក្នុង​បច្ចុប្បន្ន។ ប្រកប​ដោយធម៌ ២ តើដូច​ម្ដេច។ គឺប្រកប​ដោយ​សេចក្ដី​សំវេគ ក្នុងទី​ទាំងឡាយ ​ដែលជា​ទីតាំង​នៃ​សេចក្ដី​សំវេគ ១ ប្រកប​ដោយ​សេចក្ដី​ព្យាយាម ដោយ​ឧបាយនៃ​សេចក្ដី​សំវេគ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ នេះឯង រមែង​ច្រើនដោយ​សេចក្ដីសុខ និង​សោមនស្ស ជាអ្នកប្រារព្ធ ដើម្បីអស់អាសវៈ​ទាំង​ឡាយ ដោយ​ឧបាយនៃ​បញ្ញាក្នុង​បច្ចុប្បន្ន។ លុះ​ព្រះមានព្រះភាគ សំដែង​សេចក្ដីនេះហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ភិក្ខុជាបណ្ឌិត មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មាន​បញ្ញាជា​គ្រឿងរក្សា​ខ្លួន គប្បី​សំវេគក្នុងទីជាទីតាំងនៃ​សេចក្ដី​សំវេគ​ទាំងឡាយ គប្បី​ពិចារណា​ដោយបញ្ញា ភិក្ខុ​មានធម៌​ជាគ្រឿង​នៅយ៉ាង​នេះ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស ប្រព្រឹត្តស្ងប់ មិន​រាយមាយ ប្រកបរឿយៗ នូវ​ចេតោសមថៈ​ហើយ គប្បីដល់​នូវកិរិយា​អស់ទៅ​នៃទុក្ខបាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១០។

ចប់ បឋមវគ្គ។

ឧទ្ទាននៃបឋមវគ្គនោះគឺ

និយាយអំពីភិក្ខុប្រកបដោយធម៌ ២ មាន ២ លើក ធម៌​ដុតកំដៅ       ១ ធម៌​មិនបាន​ដុតកំដៅ ១ ប្រយោជន៍​ក្នុងបរលោក មាន ២ លើក ភិក្ខុមាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិសេល ១ ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយៈ មិនមែន​ដើម្បីកុហក មាន ២ លើក ភិក្ខុ​ប្រកប​ដោយធម៌ ២ យ៉ាង រមែង​មានសេចក្ដី​សុខ និង​សោមនស្ស ១ ទាំងអម្បាលនោះ ត្រូវជា ១០។

ឥតិវុត្តកៈ ទុកនិបាត ទុតិយវគ្គ

១. វិតក្កសូត្រ

[៣៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ វិតក្កៈ​មាន ២ យ៉ាងគឺ ខេមវិតក្កៈ (វិតក្កៈ​ប្រកប​ដោយ​ករុណា​ជាដើម) ១ វិវេកវិតក្កៈ (វិតក្កៈ​ប្រកប​ដោយវិវេក) ១ តែងផុសផុល​ឡើងជា​ច្រើន ចំពោះ​ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ជាអ្នករីករាយ​ក្នុងសេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ហើយក្នុង​សេចក្ដី​មិនព្យាបាទ ម្នាលភិក្ខុ​ទាំងឡាយ វិតក្កៈ​នេះឯង តែង​ផុសផុល​ឡើងជា​ច្រើន ចំពោះ​ព្រះតថាគត​នោះ ដែលជា​អ្នករីករាយ ក្នុងសេចក្ដី​មិនព្យាបាទ ត្រេកអរ​ក្នុងសេចក្ដី​មិនព្យាបាទ​ថា តថាគត​មិនបាន​បៀតបៀន​សត្វណា​មួយ ដែលនៅ​តក់ស្លុត ឬដែល​នឹងធឹង ដោយ​សេចក្ដីប្រព្រឹត្តិ (កាយ​ប្រយោគ ឬ​វចីប្រយោគ) នេះ​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត ជាអ្នក​រីករា​យក្នុងវិវេក ត្រេកអរ​ក្នុងវិវេក ម្នាលភិក្ខុ​ទាំងឡាយ វិតក្កៈ​នេះឯង តែងផុសផុល​ឡើង​ជាច្រើន ចំពោះ​ព្រះតថាគត​នោះ ដែលជា​អ្នករីករាយ ក្នុងវិវេក ត្រេកអរ​ក្នុងវិវេក​ថា អកុសល​នោះ តថាគត​បានលះ​អស់ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ ក្នុង​សាសនានេះ អ្នក​ទាំងឡាយ គួររីករាយ​ក្នុងសេចក្ដី​មិនព្យាបាទ ត្រេកអរ​ក្នុងសេចក្ដី​មិនព្យាបាទ​ចុះ ម្នាលភិក្ខុ​ទាំងឡាយ វិតក្កៈ​នេះឯង នឹង​ផុសផុល​ឡើង​ជាច្រើន ចំពោះ​អ្នកទាំងឡាយ​នោះ ដែល​រីករាយ​ក្នុងសេចក្ដី​មិន​ព្យាបាទ ត្រេកអរ​ក្នុងសេចក្ដី​មិនព្យាបាទ​ថា យើងទាំងឡាយ មិន​បៀតបៀន​សត្វណា​មួយ ដែលតក់ស្លុត ឬដែល​នឹងធឹង​ដោយ​សេចក្ដី​ប្រព្រឹត្តិនេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ចូររីករាយ​ក្នុងវិវេក​ ចូរត្រេកអរ​ក្នុងវិវេកចុះ ម្នាលភិក្ខុ​ទាំង​ឡាយ វិតក្កៈ​នេះឯង នឹងផុសផុល​ឡើង​ជាច្រើន ចំពោះ​អ្នកទាំងឡាយ​នោះ ដែលរីក​រាយក្នុង​វិវេក ត្រេកអរ​ក្នុងវិវេក​ថា អ្វីជា​អកុសល អ្វីដែល​យើងមិន​ទាន់​លះបង់ យើងលះ​បង់អ្វី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​​នុ៎ះហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

វិតក្កៈ ២ យ៉ាង គឺ ខេមវិតក្កៈទី ១ ដែល​ព្រះអង្គ​ទ្រង់​សំដែង​ហើយ​ តអំពីនោះ វិវេកវិតក្កៈទី ២ ដែល​ព្រះអង្គទ្រង់​ប្រកាស​ហើយ តែង​ផុសផុល​ឡើង ចំពោះ​ព្រះតថាគត ជាព្រះពុទ្ធ ដែល​បុគ្គលដទៃ​គ្របសង្កត់​មិនបាន។ តថាគត ហៅបុគ្គល​អ្នក​បន្ទោបង់​នូវងងឹត ដល់នូវ​ត្រើយ ស្វែងរក​នូវគុណ​ដ៏ធំ ដល់​​នូវសេចក្ដី​ត្រាស់ដឹង ស្ទាត់​ (ក្នុងឈាន) មិនមាន​អាសវៈ ឆ្លងនូវ​ពិស គឺកិលេស រួចស្រឡះ​ហើយ ព្រោះការ​អស់តណ្ហា​នោះឯង ថាជា​អ្នកប្រាជ្ញ ទ្រទ្រង់​នូវកាយ​ជាទីបំផុត កំចាត់​បង់​នូវមារ ដល់នូវ​ត្រើយនៃជរា។ បុគ្គល​ឈរលើ​កំពូល​ភ្នំ ជាវិការៈ​នៃថ្មសុទ្ធ គប្បីឃើញ​នូវប្រជុំជន​ដោយជុំវិញ មាន​ឧបមា​ដូចម្ដេច​មិញ លោកអ្នក​មានបញ្ញា​ល្អ មានចក្ខុ​ជុំវិញ មាន​សេចក្ដី​សោកទៅ​ប្រាស​ហើយ គប្បីឡើង​កាន់ប្រាសាទ ជាវិការៈ​នៃធម៌ រមែង​ឃើញនូវ​ប្រជុំជន ដែលមាន​សេចក្ដី​សោកមិន​ទាន់ឆ្លងហើយ មានជាតិ និងជរា​គ្របសង្កត់​ហើយ ក៏មាន​ឧបមេយ្យ​ដូច្នោះដែរ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. ទេសនាសូត្រ

[៣៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះធម៌ទេសនា របស់​ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន​ ២ យ៉ាង ដោយ​បរិយាយ។ ធម៌ ទេសនា ២ យ៉ាង តើដូច​ម្ដេច។ គឺអ្នក​ទាំងឡាយ ចូរឃើញ​នូវបាប​ ថាជា​បាប នេះជា​ធម៌ទេសនា​ទី ១ លុះអ្នក​ទាំងឡាយ ឃើញនូវ​បាប​ ថាជាបាប​ហើយ ចូរនឿយណាយ ចូរជិនឆ្អន់ ចូរផុត​ស្រឡះ​ចាកបាប​នោះ នេះឯង​ជាធម៌​ទេសនា​ទី ២។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទេសនា​របស់​ព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ មាន ២ យ៉ាង​នេះឯង ដោយ​បរិយាយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​​នុ៎ះហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

អ្នកចូរឃើញនូវព្រះវាចា ដោយបរិយាយ​នៃព្រះតថាគត ជាព្រះពុទ្ធ ដែលទ្រង់​​មានសេចក្ដី​អនុគ្រោះ ដល់សព្វ​សត្វផង នូវ​ធម៌ទេសនា ២ យ៉ាង ដែល​​ព្រះតថាគត ប្រកាស​ហើយផង អ្នកទាំងឡាយ ជាអ្នកឈ្លាស ចូរឃើញ​នូវ​អំពើបាប អ្នកទាំងឡាយ ចូរលះបង់​នូវបាប​ក្នុងបាប​នោះ តអំពីនោះ​ទៅ ចូរអ្នក​ទាំងឡាយ មានចិត្ត​ប្រាសចាក​សេចក្ដី​ត្រេកអរ​ហើយ និងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. វិជ្ជាសូត្រ

[៤០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អវិជ្ជា ជាប្រធាន ដើម្បីជួប​ប្រទះនូវ​អកុសលធម៌​ទាំងឡាយ អហិរិកៈ និងអនោត្តប្បៈ កើតតាម​ក្រោយ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ឯវិជ្ជា ជាប្រធាន ដើម្បីជួប​ប្រទះនូវ​កុសលធម៌​ទាំងឡាយ ហិរិ និងឱត្តប្បៈ កើតតាម​ក្រោយ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​​នុ៎ះហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

ទុគ្គតិទាំងឡាយណានីមួយ ទាំងក្នុងលោកនេះ ទាំងក្នុង​បរលោក ទុគ្គតិ​ទាំងអស់​នោះ មានអវិជ្ជា​ជាឫស មានសេចក្ដី​ប្រាថ្នា និង​សេចក្ដីលោភ ជាគ្រឿង​ដុះដាល​ឡើង បុគ្គលមាន​សេចក្ដី​ប្រាថ្នាលាមក មាន​សេចក្ដី​មិន​ខ្មាសបាប ទាំងមាន​សេចក្ដី​មិនអើពើ ក្នុងកាល​ណាហើយ តែង​ទទួល​នូវ​ផលបាប ទៅកាន់​អបាយ ព្រោះបាប​នោះ ក្នុងកាលនោះ។ ព្រោះហេតុ​នោះ ភិក្ខុ​គប្បីញុំាង​ឆន្ទៈ លោភៈ និងអវិជ្ជា ឲ្យវិនាស​ទៅផង ញុំាង​វិជ្ជា​ឲ្យកើត​ឡើងផង ទើបលះបង់​នូវទុគ្គតិ​ទាំងពួងបាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. បញ្ញាបរិហីនសូត្រ

[៤១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ​ណា សាបសូន្យ​ចាកបញ្ញា​ដ៏ប្រសើរ​ហើយ សត្វទាំង​ឡាយនោះ ឈ្មោះថា សាបសូន្យ​អស់រលីង សត្វទាំងឡាយ​នោះ រមែង​នៅជាទុក្ខ ប្រកប​ដោយ​សេចក្ដី​ថ្នាំង​ថ្នាក់ ប្រកប​ដោយសេចក្ដី​ចង្អៀតចង្អល់ ប្រកប​ដោយ​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ប្រាកដ​ជាទៅកាន់​ទុគ្គតិ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំង​ឡាយណា មិនសាបសូន្យ​ចាកបញ្ញា​ដ៏ប្រសើរ​ហើយ សត្វទាំងឡាយ​នោះ ឈ្មោះថា​មិនសាបសូន្យ សត្វទាំង​ឡាយនោះ តែងនៅ​ជាសុខ មិនប្រកប​ដោយ​សេចក្ដី​ថ្នាំងថ្នាក់ មិនប្រកប​ដោយ​សេចក្ដី​ចង្អៀតចង្អល់ មិនប្រកប​ដោយ​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ប្រាកដ​ជាទៅកាន់​សុគតិ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

អ្នកចូរមើលនូវសត្វលោក ព្រមទាំង​ទេវលោក ដែល​ជាប់នៅ​ក្នុងនាម និងរូប រមែង​សំគាល់ថា នេះជា​របស់ពិត ព្រោះសាប​សូន្យចាក​បញ្ញាដ៏​ប្រសើរ។ បញ្ញា​ជាគ្រឿង​ប្រព្រឹត្តទៅ​ដើម្បី​ចាក់ធ្លុះ​នេះឯង ប្រសើរ​បំផុត​ក្នុងលោក ព្រោះបញ្ញា​នោះ ដឹង​ច្បាស់នូវ​កិរិយា​អស់ជាតិ និងភព ដោយ​ប្រពៃ ទេវតា និងមនុស្ស​ទាំងឡាយ តែងស្រឡាញ់​នូវ​ព្រះសម្ពុទ្ធ​ទាំងឡាយ​នោះ ដែល​មានស្មារតី មានបញ្ញា​ជាគ្រឿង​រីករាយ ទ្រទ្រង់​នូវរាងកាយ​ជាទី​បំផុត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. សុក្កធម្មសូត្រ

[៤២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ស ២ នេះ តែងរក្សា​នូវ​លោក។ ធម៌ស ២ តើដូច​ម្ដេច។ គឺហិរិ ១ ឱត្តប្បៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បើធម៌ស ២ នេះ មិនគប្បី​រក្សានូវ​លោកទេ ពាក្យថា មាតាក្ដី ម្ដាយមីងក្ដី ម្ដាយធំក្ដី ប្រពន្ធ​របស់​អាចារ្យក្ដី ប្រពន្ធ​របស់​គ្រូក្ដី មិនប្រាកដ ក្នុងលោកនេះ​បានឡើយ លោកនឹង​ដល់នូវ​ការច្របូក​ច្របល់គ្នា ដូចជា​សត្វពពែ កែះ មាន់ ជ្រូក ឆ្កែ និង​ចចក​ដូច្នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​តែធម៌ស ២ នេះ តែងរក្សា​នូវលោក បានជា​ពាក្យថា មាតាក្ដី ម្ដាយមីងក្ដី ម្ដាយធំក្ដី ប្រពន្ធ​របស់​អាចារ្យក្ដី ប្រពន្ធ​របស់គ្រូក្ដី ទើបប្រាកដ​បាន។ លុះព្រះមាន​ព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

បើហិរិ និងឱត្តប្បៈ មិនមានដល់សត្វទាំងឡាយណា​សព្វកាល​ទេ សត្វទាំង​ឡាយនោះ ជាអ្នក​ឃ្លាតចាក​ឫសគល់​នៃធម៌ស មាន​​​ដំណើរ​ទៅកាន់ជាតិ និង​មរណៈ។ ចំណែក​សត្វទាំងឡាយ​ណា ដំកល់​ទុក​នូវហិរិ និង​ឱត្តប្បៈ​ដោយប្រពៃ​សព្វកាល សត្វទាំង​ឡាយ​នោះ ជាអ្នកមាន​ព្រហ្មចរិយៈ​ចំរើន​ហើយ ជាអ្នក​ស្ងប់ អស់ភព​តទៅទៀត​ហើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៥។

៦. អជាតសូត្រ

[៤៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មជាតិដែលមិន​កើត មិន​មាន មិនបានធ្វើ ដែលបច្ច័យ​មិនតាក់តែង​ហើយ តែងមាន ម្នាលភិក្ខុ​ទាំងឡាយ បើធម្មជាត​ដែលមិនកើត មិនមាន មិនធ្វើ ដែលបច្ច័យ​មិនតាក់​តែង នឹងមិន​បានមាន​ហើយ ការរលាស់​ចេញ​ចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យ​តាក់តែង ក៏រមែង​មិនប្រាកដ​ក្នុងលោក​នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​តែធម្មជាត ដែល​មិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យ​មិនតាក់តែង​ហើយ តែងមាន បានជា​ការរលាស់ចេញ​ចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យ​តាក់តែងហើយ ទើបប្រាកដ​ឡើង​បាន។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រ​នោះថា

បុគ្គលមិនគួរត្រេកអរនឹងកាយនោះ ដែលកើត ដែលមាន ដែល​កើតព្រម ដែលបាន​ធ្វើ ដែលបច្ច័យ​តាក់តែង​ហើយ ជារបស់​មិនទៀង ជារបស់​ដែល​ជរា និងមរណៈ​តាក់តែង​ហើយ ជាទីនៅនៃ​រោគ ជារបស់​ពុករលួយ មានអាហារ និងតណ្ហា​ជាប្រភព (ជាដែនកើត) ឯព្រះនិព្វាន​ ជាគ្រឿង​រលាស់​ចេញនូវ​កាយនោះ ទើបជា​របស់ស្ងប់ មិនជា​របស់ប្រព្រឹត្ត​ទៅតាម​សេចក្ដីត្រិះរិះ ជា​របស់ទៀង ជារបស់​មិនកើត មិនកើតព្រម មិនមានសោក ប្រាសចាក​សេចក្ដី​ត្រេកអរ ការរលត់​នូវហេតុ​នៃទុក្ខទាំងឡាយ ការរម្ងាប់​នូវសង្ខារ ជាគុណ​នាំមកនូវ​សេចក្ដីសុខ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. និព្វានធាតុសូត្រ

[៤៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ និព្វាន​ធាតុនេះ មាន ២។ និព្វានធាតុ ២ តើដូចម្ដេច។ គឺ​សឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​សឧបាទិសេសនិព្វានធាតុ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអរហន្ត​ខីណាស្រព មានព្រហ្មចរិយៈ​ប្រព្រឹត្តរួចហើយ មាន​សោឡសកិច្ច បានធ្វើ​ស្រេច​ហើយ មានភារៈ​ដាក់ចុះហើយ មាន​ប្រយោជន៍​របស់ខ្លួន​សម្រេចហើយ ដោយ​លំដាប់ មាន​សំយោជនៈ ក្នុងភព​អស់ហើយ ផុតស្រឡះ​ហើយ ព្រោះដឹង​ច្បាស់ដោយ​ប្រពៃ ប៉ុន្តែឥន្រ្ទិយទាំង ៥ របស់​អរហន្ត​ខីណាស្រពនោះ តាំងនៅ​ដដែល អរហន្ត​ខីណាស្រពនោះ នៅសោយ​អារម្មណ៍ ដែលពេញ​ចិត្ត និង​មិនពេញចិត្ត សោយសុខ និងទុក្ខ ព្រោះឥន្រ្ទិយ​ទាំង ៥ នោះ មិនមាន​សេចក្ដី​ថ្នាំង​ថ្នាក់ទេ។ ការអស់រាគៈ អស់ទោសៈ អស់មោហៈ​ណា របស់​ព្រះអរហន្ត​នោះ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សឧបាទិសេសនិព្វានធាតុ។ ម្នាលភិក្ខុ​ទាំងឡាយ អនុបាទិសេសនិព្វានធាតុ តើដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអរហន្ត​ខីណាស្រព មានព្រហ្មចរិយៈ​ប្រព្រឹត្ត​រួចហើយ មាន​សោឡសកិច្ច ធ្វើស្រេច​ហើយ មានភារៈ​ដាក់ចុះ​ហើយ មានប្រយោជន៍​របស់ខ្លួន​សម្រេចហើយ​ដោយ​លំដាប់ មានសំយោជនៈ​ក្នុង​ភពអស់ហើយ ផុតស្រឡះ​ហើយ ព្រោះដឹងច្បាស់​ដោយ​ប្រពៃ។ ម្នាលភិក្ខុ​ទាំងឡាយ ការសោយ​នូវអារម្មណ៍​ទាំងពួង មានសុខវេទនា​ជាដើម ការ​មិន​ត្រេកអរ ដោយកិលេស មានតណ្ហា​ជាដើម របស់​ព្រះអរហន្តនោះ និងស្ងប់​រម្ងាប់ ឥតកម្រើក ក្នុងអត្តភាព​នេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អនុបាទិសេសនិព្វានធាតុ។ ម្នាលភិក្ខុ​ទាំងឡាយ និព្វានធាតុ​មាន ២ នេះឯង លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

និព្វានធាតុ ២ នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ព្រះអង្គមិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) មិន​ញាប់ញ័រ (ដោយ​លោកធម៌) ទ្រង់ប្រកាស​ហើយថា ធាតុមួយ ដែលប្រព្រឹត្ត​ទៅក្នុង​បច្ចុប្បន្ន​នេះ ជាទីអស់​ទៅនៃតណ្ហា​ក្នុងភព ជា​សឧបាទិសេសៈ ចំណែកធាតុ ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក រលត់​ភពទាំង​ឡាយ​ដោយសព្វគ្រប់ ជា​អនុបាទិសេសៈ។ អរហន្ត​ទាំងឡាយ​ណា មានចិត្ត​ផុតស្រឡះ​ហើយ អស់តណ្ហា​ក្នុងភព​ហើយ ព្រោះដឹង​ព្រះនិព្វាន​នេះ ដែលបច្ច័យ​មិន​តាក់តែង​ហើយ អរហន្ត​ទាំងនោះ ត្រេកអរ​ក្នុងការ​អស់ទៅ ព្រោះបាន​ធម៌មាន​ខ្លឹម អរហន្ត​ទាំងនោះ មិនបាន​ញាប់ញ័រ ដោយ​លោកធម៌ បានលះបង់​នូវភព​ទាំងអស់​ហើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. បដិសល្លានសូត្រ

[៤៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូររីករាយ​ក្នុងទីស្ងាត់ ត្រេកអរ​ក្នុងទីស្ងាត់ ប្រកប​រឿយៗ​នូវចេតោសមថៈ​ក្នុងខាង​ក្នុង កុំសាបសូន្យ​ចាកឈាន ប្រកប​ព្រមដោយ​វិបស្សនា ចំរើន​សុញ្ញាគារស្ថាន។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អ្នក​ទាំងឡាយ រីករាយ​ក្នុងទី​ស្ងាត់ ត្រេកអរ​ក្នុង​ទីស្ងាត់ ប្រកប​រឿយៗ​នូវចេតោសមថៈ​ក្នុងខាងក្នុង មិនសាប​សូន្យចាក​ឈាន ប្រកប​ដោយ​វិបស្សនា ចំរើន​សុញ្ញាគារស្ថាន​ហើយ បណ្ដា​ផលទាំង​ឡាយ​ពីរ ផលណាមួយ គង់នឹង​បាន​ប្រាកដ គឺបាន​សម្រេច​អរហត្ត ក្នុង​បច្ចុប្បន្ន ពុំនោះ​សោត បើមាន​ឧបាទានក្ខន្ធ​សេសសល់​នៅ ក៏គង់​បានសម្រេច​ភាពជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

ជនទាំងឡាយណា ជាអ្នកមានចិត្តស្ងប់ មានបញ្ញា មានស្មារតី មានឈាន ពិចារណា​ឃើញធម៌​ដោយ​ប្រពៃ មិនមាន​សេចក្ដី​អាល័យ​ក្នុងកាម​ទាំងឡាយ ត្រេកអរ​ក្នុងសេចក្ដី​មិនប្រមាទ ជា​អ្នក​ស្ងប់រម្ងាប់ ឃើញភ័យ​ក្នុងសេចក្ដី​ប្រមាទ ជនទាំងឡាយ​នោះ មិនគួរ​ដើម្បីនឹង​សាបសូន្យ (ឋិតនៅ) ក្នុងទី​ជិតនៃ​ព្រះនិព្វាន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. សិក្ខានិសំសសូត្រ

[៤៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ចូរជា​បុគ្គលមាន​សិក្ខា​ជាអានិសង្ស មាន​បញ្ញាជា​កំពូល មាន​វិមុត្តិជាខ្លឹម មានសតិ​ជាអធិបតី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អ្នកទាំង​ឡាយ មានសិក្ខាជា​អានិសង្ស មានបញ្ញា​ជាកំពូល មាន​វិមុត្តិជា​ខ្លឹម មានសតិ ជាអធិបតី​ហើយ បណ្ដា​ផលទាំង​ឡាយពីរ ផលណាមួយ គង់នឹង​បានប្រាកដ គឺបាន​សម្រេច​អរហត្ត​ក្នុង​បច្ចុប្បន្ន ពុំនោះសោត បើមាន​ឧបាទានក្ខន្ធ​សេសសល់​នៅ ក៏គង់​បាន​សម្រេច​ភាពជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

តថាគតហៅនូវបុគ្គល ដែលមានការសិក្សាបរិបូណ៌ មានធម៌​មិនបាន​លះបង់ មាន​បញ្ញាដ៏ឧត្តម បានឃើញ​ព្រះនិព្វាន ជាទី​អស់ទៅ​នៃជាតិនោះ​ឯង ថាជាមុនី ទ្រទ្រង់​នូវរាងកាយ ជាទី​បំផុត កំចាត់បង់មារ (មាន​កិលេសមារ​ជាដើម) បានដល់​ត្រើយ​នៃជរា។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ចូរ​ត្រេកអរ​ក្នុងឈាន មានចិត្ត​ដំកល់មាំ មានព្យាយាម​ជាគ្រឿងដុត​កំដៅ​កិលេស ឃើញ​ព្រះនិព្វាន​ជាទីអស់​ទៅនៃ​ជាតិ គ្របសង្កត់​នូវ​មារ ព្រមទាំង​សេនា​សព្វកាល ដល់ត្រើយ​នៃជាតិ និង​មរណៈ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. ជាគរិយសូត្រ

[៤៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ជាអ្នក​ភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្ត​ដំកល់មាំ មានចិត្តទន់ មានសេចក្ដី​ជ្រះថ្លា មានការឃើញ​ក្នុងកាលគួរ ក្នុង​កុសលធម៌​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើភិក្ខុ​ជាអ្នកភ្ញាក់​រឭក មាន​សតិ មាន​សម្បជញ្ញៈ មានចិត្ត​ដំកល់មាំ មានចិត្ត​ទន់ មានសេចក្ដី​ជ្រះថ្លា មានការឃើញ​ក្នុងកាលគួរ ក្នុង​កុសលធម៌​ទាំងនោះ​ហើយ បណ្ដាផល​ទាំងឡាយពីរ ផលណាមួយ គង់បាន​ប្រាកដគឺ បានសម្រេច​អរហត្ត​ក្នុងបច្ចុប្បន្ន ពុំនោះសោត បើមាន​ឧបាទានក្ខន្ធ​សេសសល់​នៅ ក៏គង់​បានសម្រេច​ភាពជា​អនាគាមី។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

អ្នកទាំងឡាយ ចូរភ្ញាក់រឭកឡើង ចាំស្ដាប់​ពាក្យនុ៎ះ ជនទាំងឡាយ​ណា ជាអ្នក​ដេកលក់​ហើយ ជនទាំង​ឡាយនោះ ចូរភ្ញាក់​ឡើង​ កិរិយា​ភ្ញាក់ចាក​ការលក់ ជាការប្រសើរ ព្រោះភ័យ​មិនមាន​ដល់​បុគ្គល​អ្នកភ្ញាក់ឡើយ។ បុគ្គល​ណា ជាអ្នកភ្ញាក់រឭក មានសតិ មានសម្បជញ្ញៈ មានចិត្ត​ដំកល់​មាំ មានចិត្តទន់ មានចិត្តជ្រះថ្លា បុគ្គលនោះ កាលពិចារណា​ឃើញធម៌​ដ៏ប្រពៃ តាមកាល​គួរហើយ បុគ្គលនោះ ជាបុគ្គល​ប្រសើរឯក កំចាត់បង់​នូវងងឹត គឺអវិជ្ជា​បាន។ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គួរសេពគប់​នូវ​ជាគរិយធម៌ ភិក្ខុអ្នក​មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានបញ្ញា បានឈាន ផ្ដាច់បង់​នូវសំយោជនៈ​នៃជាតិ និង​ជរាហើយ រមែងបាន​សម្ពោធិញ្ញាណ​ដ៏ប្រសើ​ក្នុងលោក​នេះឯង។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១០។

១១. អាបាយិកសូត្រ

[៤៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ២ ពួកនេះ ​បើមិនទាន់​លះបង់ នូវ​បាបសមាចារៈ​នេះទេ មុខជានឹង​ទៅកើត​ក្នុងអបាយ កើតក្នុង​នរក​មិនខាន។ បុគ្គល ២ ពួក តើដូច​ម្ដេច។ គឺបុគ្គល​ដែលមិន​មែន​ជាព្រហ្មចារី​ ហើយប្ដេជ្ញា​ខ្លួនជាព្រហ្មចារី ១ បុគ្គល​ដែល​កំចាត់បង់​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ដ៏បរិសុទ្ធ​បរិបូណ៌ ដោយ​អព្រហ្មចរិយធម៌ មិនមាន​មូល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ២ ពួកនេះឯង បើមិន​លះបង់​នូវ​បាបសមាចារៈ​នេះទេ មុខជា​នឹងទៅកើត​ក្នុងអបាយ កើតក្នុង​នរក​មិនខាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

បុគ្គលអ្នកនិយាយកុហក និងបុគ្គលដែលធ្វើបាប ហើយពោល​ថាខ្ញុំ​មិន​ធ្វើ​ទេ រមែង​ទៅកើត​ក្នុងនរក បុគ្គលទាំង ២ ពួកនោះ ជាសត្វ​មានកម្មលាមក លះលោក​នេះហើយ រមែងមាន​ទោស​ស្មើគ្នាក្នុង​បរលោក។ បុគ្គល​ទាំងឡាយ​ច្រើននាក់ មាន​កព័ន្ធព័ទ្ធ​ដោយសំពត់​កាសាវៈ ប៉ុន្តែជា​បុគ្គលមាន​ធម៌លាមក មិនសង្រួម បុគ្គលបាប​ទាំងនោះ នឹងទៅ​កើតក្នុង​នរក ដោយ​កម្មទាំងឡាយ​លាមក បុគ្គល​បរិភោគ​ដុំដែកក្ដៅ មាន​រងើកភ្លើង​ជាឧបមា ប្រសើរជាង បុគ្គលទ្រុស្ដសីល មិនសង្រួម បរិភោគដុំ​បាយ​របស់អ្នកដែន មិនប្រសើរ​ឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១១។

១២. ទិដ្ឋិគតសូត្រ

[៤៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ ទេវតា និងមនុស្ស​ទាំង​ឡាយ ត្រូវ​ទិដ្ឋិទាំង ២ រួបរឹត​ហើយ ពួក ១ រមែងជាប់នៅ ពួក ១ រមែងស្ទុះ​ទៅ ចំណែក​ឯពួកបុគ្គល​មានចក្ខុ រមែង​ឃើញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួក ១ រមែង​ជាប់នៅ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ទេវតា និងមនុស្ស​ទាំងឡាយ ជាអ្នក​រីករាយ​ក្នុងភព ត្រេកអរ​ក្នុងភព ស្រើបស្រាល​ក្នុង​ភព កាល​តថាគត​សំដែងធម៌ ដើម្បី​រំលត់ភព ចិត្តរបស់​ទេវតា និង​មនុស្ស​ទាំងឡាយ​នោះ ក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ម្នាលភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​ទាំងឡាយ​ពួក ១ រមែង​ជាប់នៅ​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវតា និង​មនុស្ស​ទាំងឡាយ​ពួក ១ រមែង​ស្ទុះទៅ តើដូចម្ដេច។ ទេវតា និងមនុស្ស​ទាំងឡាយ​ពួក ១ កាល​ជិនឆ្អន់ នឿយណាយ ស្អប់ខ្ពើមភព រមែង​ត្រេកអរ​ចំពោះ​ការប្រាសចាក​ភពថា ម្នាលអ្នក​ដ៏ចំរើន បានឮថា អត្តភាពនេះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ដាច់សូន្យ វិនាសទៅ មិនកើត​ទៅក្នុង​ខាងមុខទៀត ព្រោះ​ហេតុណា នេះជា​ធម្មជាត ស្ងប់​រម្ងាប់ នេះជា​ធម្មជាត​ដ៏ឧត្តម នេះជា​ធម្មជាត​ដ៏ពិត ម្នាលភិក្ខុ​ទាំង​ឡាយ ទេវតា និងមនុស្ស​ទាំងឡាយ​ពួក ១ រមែងស្ទុះ​ទៅយ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះចំណែក​បុគ្គលអ្នក​មានចក្ខុ រមែងឃើញ តើដូចម្ដេច។ ភិក្ខុក្នុង​សាសនា​នេះ ឃើញនូវ​ខន្ធបញ្ចកៈ ដោយសភាវៈ​ពិត លុះឃើញ​នូវខន្ធ​បញ្ចកៈ ដោយ​សភាវៈ​ពិតហើយ ជាអ្នក​ប្រតិបត្តិ ដើម្បី​នឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់នូវ​ខន្ធបញ្ចកៈ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​បុគ្គល​មានចក្ខុ រមែង​ឃើញ​យ៉ាង​នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

អរិយសាវ័កណា ឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈ​ពិតផង នូវការ​ប្រព្រឹត្តិកន្លង​ខន្ធបញ្ចកៈ​ផង រមែងចុះ​ចិត្តស៊ប់ ក្នុង​ព្រះនិពា្វន ដោយ​សភាវៈ​ពិត ព្រោះអស់​តណ្ហា​ក្នុងភព ប្រសិន​បើ​អរិយសាវ័ក​នោះ កំណត់​ដឹង​នូវ​ខន្ធបញ្ចកៈ ប្រាសចាក​តណ្ហា ក្នុងភព​តូចភពធំ​ហើយ ភិក្ខុ​ទាំងឡាយ សូន្យចាក​ខន្ធបញ្ចកៈ​ហើយ រមែង​មិនបានមក​កាន់ភពថ្មី​ទៀត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១២។

ចប់ ទុតិយវគ្គ។

ឧទ្ទាននៃទុតិយវគ្គនោះ គឺ

និយាយអំពីឥន្ទ្រិយ មានពីរលើក តបនិយធម៌ មានពីរលើក សីល និង​រឿងដទៃ​ទៀត មានពីរលើក អំពី​មិនមាន​ឱត្តប្បៈ​ ១ រឿងកុហក មានពីរលើក សំវេជនីយ ១ ត្រូវជា ១០ អំពីវិតក្កៈ ១ ទេសនា ១ វិជ្ជា ១ បញ្ញា ១ និងធម៌ ១ ត្រូវជា ៥ អំពី​អជាតធម៌ ១ ធាតុ ១ ទីសម្ងំ ១ សិក្ខា ១ ជាគរិយធម៌ ១ អបាយ ១ ទិដ្ឋិ ១ ត្រូវជា ២២ ដែលលោក​បានប្រកាស​ទុក​ហើយ។

ចប់ ទុកនិបាត។

ឥតិវុត្តកៈ តិកនិបាត បឋមវគ្គ

១. មូលសូត្រ

[៥០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អកុសលមូល​នេះ មាន ៣។ ​អកុសលមូល ៣ តើដូចម្ដេច។ គឺលោភៈ ជា​អកុសលមូល ១ ទោសៈ ជា​អកុសលមូល ១។ ម្នាលភិក្ខុ​ទាំង​ឡាយ អកុសលមូល​មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

លោភៈ ទោសៈ មោហៈ ដែលកើតអំពីខ្លួន តែងបៀតបៀន​នូវ​បុរសមាន​ចិត្ត​​លាមក ដូចជាផ្លែឫស្សី តែងបៀតបៀន​នូវដើម​របស់វា។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. ធាតុសូត្រ

[៥១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធាតុនេះ មាន ៣។ ធាតុ ៣ តើដូចម្ដេច។ គឺ រូបធាតុ ១ អរូបធាតុ ១ និរោធធាតុ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធាតុមាន ៣ នេះឯង។​ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ជនទាំងឡាយណា កំណត់ដឹងក្នុងរូបធាតុ មិនតាំង​នៅក្នុង​អរូប​ធាតុ ចុះចិត្តស៊ប់​ក្នុងនិរោធ ជនទាំងនោះ ឈ្មោះថា ញុំាង​មច្ចុឲ្យ​សាបសូន្យ។ ព្រះសម្មាសម្ពុទ្ធ ដែលមិន​មានអាសវៈ បានពាល់​ត្រូវនូវ​អមតធាតុ ដែលមិន​មានឧបធិ ដោយ​នាមកាយ ធ្វើឲ្យ​ជាក់ច្បាស់​នូវព្រះនិព្វាន ដែល​ជា​ទីលះបង់​ឧបធិ ទ្រង់សំដែង​ព្រះនិព្វាន ដែល​មិន​មានសោក មិនមាន​តម្រេក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. បឋមវេទនាសូត្រ

[៥២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺ​សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ វេទនាមាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ ​មានសតិ​ដឹង​ច្បាស់​នូវ​វេទនា​ទាំងឡាយ​ផង នូវ​ទីកើត​នៃវេទនា​ទាំង​ឡាយផង វេទនា​ទាំងនោះ រលត់​ទៅ​ក្នុងទីណា ក៏ដឹងច្បាស់​នូវ​ទីនោះផង នូវមគ្គ​ជាដំណើរ​ទៅកាន់​ទីអស់ទៅ​នៃវេទនាផង ​ភិក្ខុអស់​តណ្ហា តែង​បរិនិព្វាន ព្រោះអស់​វេទនា​ទាំងឡាយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. ទុតិយវេទនាសូត្រ

[៥៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺ​​សុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​គប្បីឃើញ​នូវសុខៈវេទនា ថាជាទុក្ខ គប្បីឃើញនូវទុក្ខ​វេទនា ថាជាប្រួញ គប្បីឃើញ​នូវ​អទុក្ខមសុខវេទនា ថាជា​របស់​មិនទៀង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើភិក្ខុ​ឃើញ​សុខវេទនា ថាជាទុក្ខ ឃើញទុក្ខវេទនា ថាជាប្រួញ ឃើញ​អទុក្ខមសុខវេទនា ថាជា​របស់មិន​ទៀងហើយ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុប្រសើរ ឃើញត្រូវ ផ្ដាច់បង់តណ្ហា ដោះស្រាយ​សំយោជនៈ ធ្វើនូវទី​បំផុតនៃ​ទុក្ខបាន ព្រោះយល់​ច្បាស់នូវ​មានះ​ដោយប្រពៃ។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ភិក្ខុណា បានឃើញសុខវេទនា ថាជាទុក្ខ បានឃើញ​ទុក្ខវេទនា ថា​ជា​ប្រួញ បានឃើញ​អទុក្ខមសុខវេទនា ជាទី​ស្ងប់នោះ ថាជា​របស់មិន​ទៀង ភិក្ខុនោះឯង ឃើញ (វេទនាទាំង ៣) ដោយ​ប្រពៃ រមែងរួច​ស្រឡះ​ក្នុងទេវនា ដោយការ​សង្រួមកាយ វាចា ចិត្ត ភិក្ខុនោះ​ឯង មាន​ព្រហ្មចរិយៈ​ប្រព្រឹត្តរួច​ហើយ ព្រោះត្រាស់ដឹង ជាអ្នក​ស្ងប់រម្ងាប់ ជាមុនី កន្លងផុត​នូវ​យោគៈ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. បឋមឯសនាសូត្រ

[៥៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ ការស្វែង​រកនេះ មាន ៣។ ការស្វែង​រក ៣ តើដូចម្ដេច។ គឺ​ការស្វែង​រកកាម ១ ការស្វែង​រកភព ១ ការស្វែង​រក​ព្រហ្មចរិយៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ការស្វែងរក មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សាវកនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់​នូវការស្វែង​រកទាំងឡាយ​ផង នូវទីកើត​នៃការស្វែង​រក​ទាំង​ឡាយផង ការស្វែង​រកទាំងនុ៎ះ រលត់ទៅ​ក្នុងទីណា ក៏​ដឹងច្បាស់​នូវទីនោះផង នូវមគ្គ​ជាដំណើរ​ទៅ​កាន់ទី​អស់ទៅ​នៃ​ការស្វែង​រកផង ភិក្ខុអស់​ទៅនៃតណ្ហា តែង​បរិនិព្វាន ព្រោះអស់​ទៅនៃការ​ស្វែងរក​ទាំងឡាយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៥។

៦. ទុតិយឯសនាសូត្រ

[៥៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ ការស្វែង​រកនេះ មាន ៣។ ការស្វែង​រក ៣ តើដូចម្ដេច។ គឺការ​ស្វែងរក​កាម ១ ការស្វែង​រកភព ១ ការស្វែង​រក​ព្រហ្មចរិយៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ការស្វែង​រកមាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ការស្វែងរកកាម ការស្វែងរកភព និង​ការស្វែង​រក​ព្រហ្មចរិយៈ ដែលជា​ទីស្ទាប​អង្អែល ថាជា​របស់ពិត ជាទីតាំង​នៃទិដ្ឋិ ជាទីដុះ​ដាល​នៃកិលេស ការស្វែង​រករបស់​ភិក្ខុ​អ្នកប្រាសចាក​សេចក្ដី​ត្រេកអរ​ទាំងពួង ផុតស្រឡះ ព្រោះអស់​តណ្ហា បានលះបង់​ហើយ ទាំងហេតុ​ជាទីតាំង​នៃទិដ្ឋិ ក៏បាន​ដកចោល​ហើយ ភិក្ខុ​មិនមាន​សេចក្ដី​ប្រាថ្នា មិនមាន​សេចក្ដី​ងឿងឆ្ងល់ ព្រោះអស់​ទៅ​នៃការស្វែង​រកទាំងឡាយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. បឋមអាសវសូត្រ

[៥៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ អាសវៈ​នេះ មាន ៣។ អាសវៈ ៣ តើដូចម្ដេច។ គឺ​កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ អាសវៈ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នេះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិ​ដឹង​ច្បាស់​នូវ​អាសវៈ​ទាំងឡាយ​ផង នូវទីកើត​នៃអាសវៈ​ទាំង​ឡាយផង អាសវៈ​ទាំងនោះ រលត់ទៅ​ក្នុងទីណា ក៏ដឹងច្បាស់​នូវទី​នោះផង នូវមគ្គ​ជាដំណើរ​ទៅកាន់ទី​អស់ទៅ​នៃអាសវៈ​ផង ភិក្ខុ​មិនមាន​សេចក្ដី​ប្រាថ្នា តែង​បរិនិព្វាន ព្រោះ​អស់អាសវៈ​ទាំង​ឡាយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. ទុតិយអាសវសូត្រ

[៥៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ​ អាសវៈនេះ មាន ៣។ អាសវៈ ៣ តើដូចម្ដេច។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ អាសវៈ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

បុគ្គលណា មានកាមាសវៈអស់ហើយ មានអវិជ្ជាសវៈអស់​ហើយ មាន​ភវាសវៈ​អស់​ហើយ មានចិត្តផុត​ស្រឡះហើយ មិន​មានឧបធិ បុគ្គលនោះ ឈ្នះមារ ព្រមទាំង​វាហនៈ ទ្រទ្រង់នូវរាង​កាយ​ជាទីបំផុត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. តណ្ហាសូត្រ

[៥៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តណ្ហានេះ មាន ៣។ តណ្ហា ៣ តើដូចម្ដេច។ គឺ​កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ តណ្ហាមាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ជនទាំងឡាយ ប្រកបហើយ​ ព្រោះប្រកប​ដោយតណ្ហា មានចិត្ត​ត្រេកអរ ក្នុងភព​តូច និង​ភពធំ ជនទាំងនោះ ឈ្មោះថា ប្រកប​ដោយយោគៈ ពោល​គឺ អន្ទាក់នៃ​មារ មិនក្សេម​ចាកយោគៈ សត្វ​ទាំងឡាយ នៅមាន​ដំណើរ​ទៅ​កាន់ជាតិ និង​មរណៈ តែងទៅ​​កាន់សង្សារ ចំណែក​​ពួកសត្វណា លះបង់​តណ្ហា​បានហើយ សត្វទាំងនោះ ឈ្មោះថា ប្រាស​ចាក​តណ្ហា ក្នុងភពតូច និងភពធំ ពួក​សត្វណា បាន​ដល់​នូវការអស់​អាសវៈ​ក្នុង​លោក សត្វទាំង​នោះឯង ឈ្មោះថា បាន​ដល់​នូវត្រើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. មារធេយ្យសូត្រ

[៥៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ រមែង​​កន្លងនូវ​វិស័យនៃមារ រុងរឿង​​ដូច​ព្រះអាទិត្យ។ ប្រកប​​ដោយធម៌ ៣ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ប្រកប​​ដោយ​​សីលក្ខន្ធ ជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញាខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ នេះឯង រមែង​កន្លងនូវ​វិស័យនៃ​មារ រុងរឿង​​ដូច​ព្រះអាទិត្យ។ លុះ​​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

សីល សមាធិ និងបញ្ញា ទាំងអម្បាល​នុ៎ះ ដែលបុគ្គល​ណា បាន​អប់រំ​ល្អ​ហើយ បុគ្គលនោះ រមែង​កន្លងនូវ​វិស័យនៃ​មារ រុងរឿង​ដូច​ព្រះអាទិត្យ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១០។

ចប់ បឋមវគ្គ។

ឧទ្ទាននៃបឋមវគ្គនោះគឺ

និយាយអំពីមូល ១ ធាតុ ១ វេទនាពីរលើក ការស្វែងរក ពីរ​លើក​ អាសវៈ ពីរលើក តណ្ហា ១ វិស័យនៃមារ ១ លោកពោល​​ថា បឋម​វគ្គ ជាវគ្គ​ដ៏ឧត្តម។

ឥតិវុត្តកៈ តិកនិបាត ទុតិយវគ្គ

១. បុញ្ញកិរិយវត្ថុសូត្រ

[៦០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ​​នេះ មាន ៣។ បុញ្ញកិរិយាវត្ថុ ៣ តើ​ដូចម្ដេច។ គឺ​​ទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សានូវបុណ្យ ដែល​មានផល​បរិបូណ៌ មាន​វិបាកជាសុខ គឺគួរចំរើន​ទានផង ការប្រព្រឹត្តិស្មើ គឺសីលផង មេត្តាចិត្តផង លុះចំរើន​ធម៌ទាំង ៣ នេះ ដែលមាន​អានិសង្ស​ជាសុខហើយ រមែងចូលទៅកាន់​លោក ដែលជា​សុខ ឥតមាន​ការបៀតបៀន។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១។

២. ចក្ខុសូត្រ

[៦១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែងហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុនេះ មាន ៣។ ចក្ខុ ៣ តើដូចម្ដេច។ គឺ​​មំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១។ ​ម្នាលភិក្ខុ​ទាំងឡាយ ចក្ខុ មាន ៣ នេះឯង។ លុះ​​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

បុរសឧត្តម បានពោលនូវចក្ខុ ៣ នេះ គឺ​​មំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ​ដ៏ប្រសើរ​បំផុត ១ ការកើតឡើង​នៃ​មំសចក្ខុ ជា​ឧបាយនៃ​ទិព្វចក្ខុ កាល​ដែលញាណ គឺ​បញ្ញាចក្ខុ​ដ៏ឧត្តម កើតឡើង​ហើយ បុគ្គល​រមែងរួច​ស្រឡះ​ចាកទុក្ខ​ទាំងពួង ព្រោះបាន​នូវចក្ខុនោះ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. ឥន្ទ្រិយសូត្រ

[៦២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ឥន្រ្ទិយនេះ មាន ៣។ ឥន្រ្ទិយ ៣ តើដូចម្ដេច។ គឺ​អនញ្ញតញ្ញស្សាមីតិន្រ្ទិយ [ឥន្ទ្រិយ​ដែលកើត​ឡើង ដល់អ្នក​ប្រតិបត្តិ​ថា អាត្មាអញ នឹងដឹង​នូវ​ចតុស្សច្ចធម៌ ដែល​អាត្មាអញ​មិនទាន់ដឹង មិនទាន់​សម្រេច​ក្នុងសំសារវដ្ត បានដល់​សោតាបត្តិមគ្គប្បញ្ញា។] ១ អញ្ញិន្រ្ទិយ [ឥន្ទ្រិយ​របស់​អរិយបុគ្គល តាំង​អំពី​សោតាបត្តិផល ដល់​អរហត្តមគ្គ។] ១ អញ្ញាតាវិន្រ្ទិយ [ឥន្ទ្រិយ​របស់​ព្រះខីណាស្រព ដែលមាន​ញាណកិច្ច​សម្រេចហើយ​ក្នុងសច្ចៈ​ទាំង៤។] ១។ ម្នាលភិក្ខុ​ទាំងឡាយ ឥន្រ្ទិយ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

ញាណជាបឋម ក្នុងកិរិយាអស់ទៅ កើតឡើង​ដល់​សេក្ខបុគ្គល អ្នកកំពុង​សិក្សា អ្នក​រលឹករឿយៗ នូវផ្លូវ​ដ៏ត្រង់ លំដាប់​ពីនោះ​មក អរហត្ត ក៏កើតឡើង លំដាប់​អំពីអរហត្តផល​នោះមក បច្ចវេក្ខណញ្ញាណ ក៏កើតឡើង ដល់​ព្រះខីណាស្រព ដែលដល់​នូវ​តាទិលក្ខណៈ រួចស្រឡះ​ហើយ ព្រោះអស់​ទៅនៃ​ភវសំយោជនៈ ថា វិមុត្តិ​របស់​អាត្មាអញ មិនកំរើក បើបុគ្គល​ប្រកប​ដោយ​ឥន្រ្ទិយ ជាអ្នក​ស្ងប់រម្ងាប់ ត្រេកអរ​ក្នុងព្រះនិព្វាន ជាទីស្ងប់ ឈ្នះនូវមារ ព្រមទាំង​វាហនៈហើយ រមែង​ទ្រទ្រង់​នូវរាងកាយ​ជាទីបំផុត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. អទ្ធាសូត្រ

[៦៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាលនេះ មាន ៣។ កាល ៣ តើដូចម្ដេច។ គឺ​អតីតកាល ១ អនាគតកាល ១ បច្ចុប្បន្នកាល ១ ម្នាលភិក្ខុ​ទាំង​ឡាយ កាល មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

សត្វទាំងឡាយ មានសេចក្ដីសំគាល់​ក្នុងកិរិយា​ពោលថាសត្វ ថា​បុគ្គល​ជាដើម តាំងនៅ​ក្នុង​កិរិយាពោល​ដោយអំណាច​នៃតណ្ហា និងទិដ្ឋ លុះមិន​កំណត់ដឹង​នូវកិរិយា​ពោល ដោយ​បរិញ្ញា​ទាំង ៣ យ៉ាង ក្នុងធម៌​ដែលប្រកប​ដោយ​ភូមិ ៣ ហើយ រមែងមក​កាន់ទី​ប្រកប​នៃមរណៈ ព្រះខីណាស្រព រមែង​មិន​សំគាល់ គឺមិនជឿ​នូវបុគ្គល​អ្នកប្រាប់ ព្រោះកំណត់​ដឹងនូវ​ពាក្យពោល វិមោក្ខ គឺ ព្រះនិព្វាន​ជាទីរម្ងាប់​ដ៏ប្រសើរ ឈ្មោះថា លោកបាន​សម្រេច​ហើយ​ដោយចិត្ត ព្រះខីណាស្រព​នោះឯង ដល់​ព្រមដោយ​ការ​ពោល ជាអ្នក​ស្ងប់រម្ងាប់ ត្រេកអរ​ក្នុងព្រះនិព្វាន ជាទីស្ងប់ ពិចារណា​ហើយទើបសេព តាំងនៅ​ក្នុង​និព្វានធម៌ ដល់នូវ​វេទ រមែង​មិនដល់​នូវការរាប់​ថា (ជាមនុស្ស ឬទេវតា)។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. ទុច្ចរិតសូត្រ

[៦៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ទុច្ចរិត​នេះ មាន ៣។ ទុច្ចរិត ៣ តើដូចម្ដេច។ គឺ​កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុច្ចរិត ​មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

បុគ្គលធ្វើកាយទុច្ចរិតផង វចីទុច្ចរិតផង ធ្វើ​មនោទុច្ចរិត​ផង នូវអំពើ​ណាមួយ​ដែល​ប្រកប​ដោយទោស​ផង មិនធ្វើ​នូវអំពើ​ជាកុសល ធ្វើតែ​អំពើជា​អកុសល​ដ៏ច្រើន បុគ្គលឥត​ប្រាជ្ញានោះ លុះបែក​ធ្លាយរាងកាយ រមែងទៅ​កើតក្នុង​នរក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៥។

៦. សុចរិតសូត្រ

[៦៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សុចរិត​នេះ មាន ៣។ សុចរិត ៣ តើអ្វីខ្លះ។ គឺ​កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សុចរិត ​មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះថា

បុគ្គលណា លះនូវកាយទុច្ចរិតផង នូវវចីទុច្ចរិតផង លះនូវ​មនោទុច្ចរិត​ផង នូវអំពើ​ណាមួយ ដែលប្រកប​ដោយទោស​ផង មិនធ្វើ​អកុសលកម្ម ធ្វើតែ​កុសលកម្ម​ដ៏ច្រើន បុគ្គល​ប្រកបដោយ​ប្រាជ្ញានោះ លុះបែក​ធ្លាយរាងកាយ រមែងទៅ​កើតក្នុង​ស្ថានសួគ៌។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី៦។

៧. សោចេយ្យសូត្រ

[៦៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សោចេយ្យៈ (សេចក្ដីស្អាត) នេះ មាន ៣។ សោចេយ្យៈ ៣ តើអ្វីខ្លះ។ គឺ កាយសោចេយ្យៈ ១ វចីសោចេយ្យៈ ១ មនោសោចេយ្យៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ សោចេយ្យៈ ​មាន ៣ នេះ​ឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រនោះថា

(ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម) តែងហៅ​នូវបុគ្គលអ្នក​ស្អាត​កាយ ស្អាតវាចា ស្អាតចិត្ត មិនមានអាសវៈ លះបង់​នូវទុច្ចរិត​ទាំង​ពួង ថាជាអ្នក​ស្អាត បរិបូណ៌​ដោយ​សេចក្ដីស្អាត។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី៧។

៨. មោនេយ្យសូត្រ

[៦៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ មោនេយ្យៈ​ (ការស្ងប់ស្ងៀម) នេះ មាន ៣។ មោនេយ្យៈ ៣ តើអ្វីខ្លះ។ គឺ​កាយមោនេយ្យៈ [ការលះនូវ​កាយទុច្ចរិត ៣ ហៅថា កាយមោនេយ្យៈ កាយសុចរិត ៣ យ៉ាង ក៏ហៅថា កាយមោនេយ្យៈ ការដឹង​អារម្មណ៍​ដោយកាយ ហៅថា កាយមោនេយ្យៈ ការកំណត់​ដឹងដោយ​កាយ ហៅថា កាយមោនេយ្យៈ មគ្គ​ប្រកប​ដោយ​ការកំណត់ដឹង​ដោយកាយ ហៅថា កាយមោនេយ្យៈ ការលះ​នូវឆន្ទរាគ​ក្នុងកាយ ហៅថា កាយមោនេយ្យៈ ចតុត្ថជ្ឈានសមាបត្តិ ដែល​រលត់កាយសង្ខារ ហៅថា កាយមោនេយ្យៈ។] ១ វចីមោនេយ្យៈ [វចីមោនេយ្យៈ សេចក្តី​ដូចគ្នានឹងកាយមោនេយ្យៈ។] ១ មនោមោនេយ្យៈ [មនោមោនេយ្យៈ សេចក្តី​ដូចគ្នានឹង​កាយមោនេយ្យៈ។ អដ្ឋកថា។] ១ ម្នាលភិក្ខុ​ទាំងឡាយ មោនេយ្យៈ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រនោះថា

(ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម) តែងហៅ​នូវបុគ្គល​អ្នកស្ងប់​ស្ងៀមកាយ ស្ងប់ស្ងៀម​វាចា ស្ងប់ស្ងៀម​ចិត្ត មិនមាន​អាសវៈ អ្នកលាង​មន្ទិល​ដ៏លាមក​ចោល​ហើយថា ជាអ្នក​ស្ងប់ស្ងៀម បរិបូណ៌​ដោយការ​ស្ងប់ស្ងៀម។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី៨។

៩. បឋមរាគសូត្រ

[៦៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលណាមួយ មិនបានលះ​រាគៈ មិនបាន​លះទោសៈ មិនបាន​លះមោហៈទេ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​នេះ ហៅថា ជាអ្នក​ត្រូវមារ​ចងបានផង ត្រូវអន្ទាក់​មារបញ្ចូល​ហើយផង ជាអ្នក​ត្រូវមារ​មានចិត្តបាប​ធ្វើបាន​តាម​ប្រាថ្នាផង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលណា​មួយ បានលះរាគៈ លះទោសៈ លះមោហៈ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​នេះ ហៅថា ជាអ្នក​មិនត្រូវ​មារចងបានផង អន្ទាក់​របស់មារ​ក៏ថ្លោះ​ចេញ​ផង មារមានចិត្តបាប​ធ្វើមិនបាន​តាមប្រាថ្នា​​ផង។ លុះ​​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រនោះថា

បុគ្គលណា ឃ្លាតចេញចាករាគៈផង ទោសៈផង អវិជ្ជាផង ព្រះអរិយ​ទាំង​ឡាយ មានព្រះពុទ្ធ​ជាដើម តែងហៅ​នូវបុគ្គល​អ្នកមានខ្លួន​ចំរើនហើយ លះបង់​នូវកិលេស​ទាំងពួង​នោះថា ជាអរហន្ត ជាព្រហ្ម ជា​ព្រះតថាគត ជាព្រះពុទ្ធ អ្នកកន្លងបង់​នូវពៀរ និង​ភ័យ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី៩។

១០. ទុតិយរាគសូត្រ

[៦៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុ​ក្ដី ភិក្ខុនីក្តី មិនបាន​លះ​រាគៈ មិនបាន​លះទោសៈ មិនបាន​លះមោហៈទេ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលនេះ ហៅថា មិនបាន​ឆ្លងនូវសមុទ្រ (គឺសំសារ) ដែលប្រកប​ដោយ​រលកធំ ប្រកប​ដោយរលកតូច (គឺសេចក្ដី​ក្រោធ និង​ឧបាយាសៈ) ប្រកប​ដោយ​អាវដ្ដៈ (គឺ​កាមគុណ ៥) ប្រកប​ដោយ​ការចាប់ ទាំងប្រកប​ដោយ​អារក្ខទឹក (គឺវិសភាគបុគ្គល ដែលប្រាកដ​ស្មើដោយ​មករកាច និង​ត្រីកាច)។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គណាមួយ ទោះជាភិក្ខុក្ដី ភិក្ខុនីក្ដី បានលះរាគៈ លះទោសៈ លះមោហៈ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលនេះ ហៅថា បានឆ្លង​សមុទ្រ ដែលប្រកប​ដោយរលកធំ ប្រកប​ដោយ​រលកតូច ប្រកប​ដោយអាវដ្ដៈ ប្រកប​ដោយការ​ចាប់ ទាំងប្រកប​ដោយ​អារក្ខទឹក បានឈ្មោះ​ថា ខីណាសវព្រាហ្មណ៍ បានឆ្លងទៅ​កាន់ត្រើយ​ខាងនាយ ហើយឋិត​នៅលើ​គោក (គឺព្រះនិព្វាន)។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រនោះថា

បុគ្គលណា ឃ្លាតចាករាគៈផង ទោសៈផង អវិជ្ជាផង បុគ្គលនោះ ឈ្មោះ​ថា បានឆ្លង​នូវសមុទ្រ​នេះ ដែលប្រកប​ដោយការ​ចាប់ ប្រកបដោយ​អារក្ខទឹក ទាំងប្រកប​ដោយរលកធំ​គួរខ្លាច ដែលឆ្លង​បានដោយកម្រ ជាអ្នក​កន្លងនូវ​កិលេស​ជាគ្រឿង​ជាប់ចំពាក់ លះបង់មច្ចុ មិនមាន​ឧបធិ បានលះបង់​ទុក្ខ ដើម្បី​មិនទៅ​កើត​ក្នុង​ភពថ្មីទៀត បុគ្គលនោះ ឈ្មោះថា សម្រេច​ប្រយោជន៍ គឺ​ព្រះនិព្វាន រមែងមិន​ដល់​នូវការរាប់​ដោយ (នាម និងគោត្ត) ឡើយ តថាគត​ពោលថា បុគ្គលនោះ បានញុំាង​មច្ចុរាជ​ឲ្យវង្វេង។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី១០។

ចប់ វគ្គទី ២។

ឧទ្ទាននៃទុតិយវគ្គនោះគឺ

និយាយអំពីបុញ្ញកិរិយាវត្ថុ ១ ចក្ខុ ១ ឥន្ទ្រិយ ១ កាល ១ ចរិត ២ លើក សេចក្ដី​ស្អាត ១ ការស្ងប់ស្ងៀម ១ រាគៈ ២ លើក លោកពោល​នូវវគ្គទីពីរ ថាជា​វគ្គដ៏ឧត្តម។

ឥតិវុត្តកៈ តិកនិបាត តតិយវគ្គ

១. មិច្ឆាទិដ្ឋិកសូត្រ

[៧០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​ពួកសត្វ ដែល​​ប្រកប​ដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល​ពួកព្រះអរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវអំពើជា​មិច្ឆាទិដ្ឋ សត្វទាំង​នោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែងកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ឮសេចក្ដី​នោះ (អំពី​សំណាក់) នៃសមណៈ ឬព្រាហ្មណ៍​ដទៃ ហើយ​ពោលទេ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​ពួកសត្វ​ដែលប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល​ពួកព្រះអរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវអំពើ​ជាមិច្ឆាទិដ្ឋិ សត្វទាំង​នោះ លុះបែកធ្លាយ​រាង​កាយស្លាប់​ទៅ តែងកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ លុះតែ​ហេតុណា ដែល​តថាគត ដឹងដោយ​ខ្លួនឯង ឃើញដោយ​ខ្លួនឯង ជ្រាបច្បាស់​ដោយខ្លួនឯង ទើប​តថាគត​ពោល​នូវហេតុនោះ​ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត បានឃើញ​ពួកសត្វ ដែល​ប្រកបដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល​ពួកព្រះអរិយៈ​ ​ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវអំពើ​ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែក​ឆ្លាយរាង​កាយ​ស្លាប់ទៅ តែងកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ លុះ​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រ​នោះ​ថា

បុគ្គលក្នុងលោកនេះ ជាអ្នកស្ដាប់តិច មិនបាន​ធ្វើបុណ្យ​ ដំកល់ចិត្ត​ខុស ពោល​វាចាខុស ធ្វើការងារ​ខុសដោយ​កាយ បុគ្គលនោះ ជា​អ្នកឥតប្រាជ្ញា លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ព្រោះជីវិត​ក្នុង​មនុស្ស​លោកនេះ​តិចណាស់ រមែង​កើតក្នុង​នរក។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី១។

២. សម្មាទិដ្ឋិកសូត្រ

[៧១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​ពួកសត្វ ដែលប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​អ្នក​មិនតិះ​ដៀលពួក​ព្រះអរិយៈ ជា​សមា្មទិដ្ឋិ សមាទាន​​នូវអំពើ​ជា​​សម្មាទិដ្ឋ សត្វ​ទាំងនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ តែង​កើត​ក្នុងសុគតិ សួគ៌ ទេវលោក ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ឮ​សេចក្ដី​នោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយ​​ពោលទេ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​ពួកសត្វដែល​​ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នក​មិនតិះដៀល​ពួក​ព្រះអរិយៈ ជា​សម្មាទិដ្ឋិ សមាទាន​នូវអំពើ​ជា​សម្មាទិដ្ឋិ សត្វទាំង​នោះ លុះ​បែក​ធ្លាយរាង​កាយស្លាប់ទៅ តែងកើត​ក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុ​ទាំងឡាយ លុះតែ​ហេតុណា ដែល​តថាគត បានដឹង​ដោយខ្លួន​ឯង បាន​ឃើញដោយ​ខ្លួន​ឯង ជ្រាបច្បាស់​ដោយខ្លួន​ឯងពិត​មែន ទើប​តថាគត ពោលនូវ​ហេតុនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បានឃើញ​ពួកសត្វ ដែល​ប្រកប​ដោយកាយ​សុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នក​មិនតិះ​ដៀល​ពួក​ព្រះអរិយៈ ​ជាសម្មាទិដ្ឋិ សមាទាន​នូវអំពើ​ជាសម្មាទិដ្ឋិ សត្វទាំង​នោះ លុះបែក​ឆ្លាយរាង​កាយស្លាប់​ទៅ តែងកើត​ក្នុងសុគតិ សួគ៌ ទេវលោក។ លុះ​​ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះ​ថា

បុគ្គលក្នុងលោកនេះ ជាពហុស្សូត បានធ្វើបុណ្យ តំកល់ចិត្ត​ត្រូវ​ ពោលវាចា​ត្រូវ ធ្វើការងារ​ត្រូវ​ដោយកាយ បុគ្គលនោះ ប្រកប​ដោយបញ្ញា លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ព្រោះជីវិត ក្នុង​មនុស្ស​លោកនេះ​តិចណាស់ រមែង​ទៅកើត​ក្នុង​ស្ថានសួគ៌។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី២។

៣. និស្សរណិយសូត្រ

[៧២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ធាតុជា​គ្រឿង​រលាស់ចេញ​នេះ មាន ៣។ ធាតុ ជាគ្រឿង​រលាស់​ចេញ ៣ តើអ្វីខ្លះ។ ការរលាស់​ចេញចាក​កាមទាំងឡាយ​នេះ បានដល់​នេក្ខម្មៈ គឺ​បឋមជ្ឈាន ១ ការរលាស់​ចេញចាករូប​ធម៌ទាំងឡាយ​នេះ បានដល់​អរូបជ្ឈាន ១ ធម្មជាត​ណាមួយ ដែលកើត​ហើយ ដែល​​បច្ច័យតាក់​តែងហើយ ដែលកើត​ឡើង​ព្រោះ​អាស្រ័យ​ហេតុ ការរលត់ គឺ​ព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ​ចាក​ធម្មជាតនោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធាតុជា​គ្រឿងរលាស់​ចេញ មាន ៣ នេះឯង។ លុះ​​ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះ​ថា

(ភិក្ខុណា) ដឹងនូវការរលាស់ចេញចាកកាមផង ដឹងនូវ​ឧបាយ​ជា​គ្រឿង​កន្លង​រូបធម៌​ទាំងឡាយ​ផង កាលពាល់​ត្រូវ​ព្រះនិព្វាន ជាទី​រម្ងាប់នូវ​សង្ខារទាំង​ពួង ជាអ្នក​មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស​សព្វ ៗ​ កាល ភិក្ខុនោះ ឈ្មោះថា ជាអ្នកឃើញ​ដោយ​ប្រពៃ ជាអ្នក​សង្រួម រមែងចុះ​ចិត្តស៊ប់ ក្នុង​ព្រះនិព្វាន ជា​ទីរម្ងាប់​នូវសង្ខារ​ទាំងពួង​​នោះ ភិក្ខុនោះ ជា​អ្នក​មាន​ព្រហ្មចរិយ​ធម៌​​នៅរួច​ហើយ ជាអ្នក​ស្ងប់​រម្ងាប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញ អ្នកប្រព្រឹត្ត​កន្លងនូវយោគៈ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី៣។

៤. សន្តតរសូត្រ

[៧៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អរូបជ្ឈាន ជាធម្មជាតល្អិត​ជាង​រូបជ្ឈាន​ទាំងឡាយ និរោធ​ ជាសភាពល្អិត​លើសជាង​អរូបជ្ឈាន​ទាំង​ឡាយ។ លុះ​​ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះ​ថា

ពួកសត្វណា ដែលទៅកាន់រូបភពក្ដី ពួកសត្វណា ដែលតាំង​នៅ​ក្នុង​អរូបភព​ក្ដី (សត្វទាំងនោះ) មិនដឹង​ច្បាស់នូវ​និរោធ ជាអ្នក​មក​កាន់ភពថ្មី​ទៀត។ ពួក​ជនណា កំណត់​ដឹងនូវ​រូបភព​ទាំងឡាយ​ក្ដី មិនតាំងនៅ​ក្នុង​អរូបភព​ទាំងឡាយ​ក្ដី ហើយចុះ​ចិត្តស៊ប់ ក្នុង​និរោធ ពួកជននោះ ឈ្មោះថា អ្នកមាន​មច្ចុ​សាបសូន្យ​ហើយ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​បាននូវ​អមតធាតុ ដោយ​នាមកាយ ព្រះអង្គ​មិន​មាន​ឧបធិ បានធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌ ជាគ្រឿង​រលាស់​ចេញចាក​ឧបធិ ព្រះអង្គ​មិនមាន​អាសវៈ ទ្រង់សំដែង​នូវបទ ដែលមិន​មានសោក មិនមាន​ធូលី។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី៤។

៥. បុត្តសូត្រ

[៧៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុត្ត ៣ នេះ រមែង​មាន​ប្រាកដ​ក្នុងលោក។ បុត្ត ៣ តើអ្វីខ្លះ។ គឺ​​អតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អតិជាតបុត្ត តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតាបិតា​របស់បុត្ត​ក្នុងលោក​នេះ ជាអ្នក​មិនដល់​ព្រះពុទ្ធ​ជាទីរឭក មិន​ដល់​ព្រះធម៌​ជាទីរឭក មិន​ដល់​ព្រះសង្ឃ​ជាទីរឭក មិន​វៀរ​ចាក​បាណាតិបាត មិន​​វៀរចាក​អទិន្នាទាន មិន​វៀរចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិនវៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន​ ជាបុគ្គល​ទ្រុស្ដសីល ជាអ្នក​មានធម៌​ដ៏លាមក ទើប​ឯ​កូនរបស់​មាតាបិតា​ទាំងនោះ ជា​អ្នក​ដល់​ព្រះពុទ្ធ​ជាទីរឭក ដល់ព្រះធម៌​ជាទីរឭក ដល់​ព្រះសង្ឃ​ជាទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មានសីល មាន​​កល្យាណធម៌ ម្នាល​ភិក្ខុ​ទាំងឡាយ កូនយ៉ាង​នេះ​ឯង ឈ្នោះថា​ អតិជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំងឡាយ អនុជាតបុត្ត តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតាបិតា​របស់បុត្ត​ក្នុងលោក​នេះ ដល់​​ព្រះពុទ្ធ​ជាទីរឭក ដល់​​ព្រះធម៌​ជាទីរឭក ដល់​ព្រះសង្ឃ​ជាទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​​កល្យាណធម៌ ទើបឯ​កូនរបស់​មាតា​បិតា​ទាំងនោះ ដល់​​ព្រះពុទ្ធ​ជាទីរឭក ដល់​ព្រះធម៌ជា​ទីរឭក ដល់​ព្រះ​សង្ឃ​ជាទីរឭក វៀរ​ចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរ​ចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មាន​សីល មាន​​កល្យាណធម៌​​ដែរ ម្នាល​ភិក្ខុ​ទាំងឡាយ កូន​យ៉ាង​នេះឯង ឈ្នោះថា អនុជាតបុត្ត។ ម្នាល​ភិក្ខុ​ទាំងឡាយ អវជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតាបិតា​របស់បុត្ត ក្នុង​លោកនេះ ដល់​ព្រះពុទ្ធ​ជាទីរឭក ដល់​​ព្រះធម៌​ជាទីរឭក ដល់ព្រះសង្ឃ​ជាទីរឭក វៀរចាក​បាណាតិបាត វៀរ​ចាក​អទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរ​ចាក​មុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​មានសីល មាន​​កល្យាណធម៌ ទើប​កូន​របស់​មាតាបិតា​ទាំង​នោះ មិនដល់​​ព្រះពុទ្ធ​ជាទីរឭក មិន​ដល់​ព្រះធម៌​ជាទីរឭក មិន​ដល់​ព្រះសង្ឃ​ជាទីរឭក មិន​វៀរ​​ចាក​បាណាតិបាត មិន​វៀរចាក​អទិន្នាទាន មិន​វៀរ​ចាក​កាមេសុមិច្ឆាចារ មិន​វៀរ​ចាក​មុសាវាទ មិន​វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ជា​អ្នក​ទ្រុស្ដសីល មាន​​ធម៌ដ៏លាមក ម្នាល​ភិក្ខុ​ទាំងឡាយ កូនយ៉ាង​នេះឯង ឈ្មោះថា អវជាតបុត្ត ម្នាលភិក្ខុ​ទាំងឡាយ កូន ៣ នេះ រមែង​មានប្រាកដ​ក្នុងលោក។ លុះ​​ព្រះមានព្រះភាគ ទ្រង់​សំដែង​​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់ត្រាស់​​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះ​ថា

បណ្ឌិតទាំងឡាយ តែងប្រាថ្នា​អតិជាតបុត្ត និង​អនុជាតបុត្ត មិន​ប្រាថ្នា​អវជាតបុត្ត ដែលជា​កូនផ្ដាច់បង់​ត្រកូល​ឡើយ។ កូនទាំង​នេះឯង តែងមាន​ក្នុងលោក ម្យ៉ាងទៀត កូន​ទាំងឡាយ​ណា ជា​ឧបាសក (កូនទាំងនោះ) ឈ្មោះ​ថា​ជាអ្នក​បរិបូណ៌​ដោយសទ្ធា និងសីល ជាអ្នកដឹង​ពាក្យពេចន៍ ជាអ្នក​ប្រាសចាក​សេចក្ដី​កំណាញ់ រមែង​រុងរឿង​ក្នុង​ពួកបរិស័ទ ដូចជា​ព្រះចន្ទ្រ ដែល​​ផុត​ស្រឡះហើយ ចាក​​ដុំ​នៃពពក​ដូច្នោះ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​​ទុកហើយ។ សូត្រ ទី៥។

៦. អវុដ្ឋិកសូត្រ

[៧៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​ប្រាក​ដក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេចខ្លះ។ គឺ​បុគ្គល​ស្មើដោយ​​មេឃ​​មិន​បង្អុរភ្លៀង​ចុះ ១ បុគ្គលស្មើ​ដោយមេឃ​ដែល​បង្អុរភ្លៀង​ចុះត្រង់​ប្រទេស​មួយ ៗ ១ បុគ្គលស្មើ​ដោយមេឃ​ដែល​បង្អុរភ្លៀង​ចុះសព្វ​ប្រទេស ១។ ម្នាលភិក្ខុ​​ទាំង​ឡាយ បុគ្គលស្មើ​ដោយ​មេឃមិន​បង្អុរភ្លៀង​ចុះ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ​ក្នុងលោក​នេះ ជាអ្នក​មិនដែល​ឲ្យបាយ ទឹក សំពត់ យាន​ជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់ពួក​សមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ និងអ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ទាំងពួង ដល់ម្ដង​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ស្មើដោយ​​មេឃមិន​បង្អុរភ្លៀង​ចុះ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ស្មើដោយ​​មេឃបង្អុរ​ភ្លៀងចុះ ត្រង់​ប្រទេស​មួយ ៗ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោក​នេះ ជាអ្នក​ឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រង​ផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និង​គ្រឿង​​សម្រាប់​ប្រទីប ដល់ពួក​​សមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នា​ហើយសូម និងយាចក​​ពួកខ្លះ មិនឲ្យ​ទាន​ដល់​សមណៈ ព្រាហ្មណ៍​ពួកខ្លះ ម្នាលភិក្ខុ​​ទាំងឡាយ បុគ្គល​ស្មើដោយ​​មេឃ​បង្អុរភ្លៀង​ចុះ​ត្រង់ប្រទេស​មួយ ៗ យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលស្មើ​ដោយមេឃ​បង្អុល​ភ្លៀងចុះ​សព្វប្រទេស តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ តែងឲ្យ​បាយ  ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង​សម្រាប់​ប្រទីប ដល់​សមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នា​ហើយសូម និង​យាចក​ទាំង​ពួង ម្នាលភិក្ខុ​​ទាំងឡាយ បុគ្គលស្មើ​​ដោយ​មេឃ​បង្អុរភ្លៀង​ចុះសព្វ​ប្រទេស យ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​​ទាំងឡាយ បុគ្គល ៣ ពួកនេះ​ឯង តែង​មានប្រាកដ​ក្នុងលោក។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់​​សំដែង​​​សេចក្ដី​នុ៎ះ​​ហើយ។ ទ្រង់ត្រាស់​​គាថាព័ន្ធ​​នេះ ក្នុងសូត្រ​​នោះ​ថា

បុគ្គលណា បាននូវសមណៈ បាននូវព្រាហ្មណ៍ បាន​នូវអ្នក​កំព្រា អ្នក​ដំណើរ ទាំង​បាននូវ​ជនអ្នក​ពណ៌នា​ហើយ​សូម​ទាំងឡាយ ហើយ​មិនចាត់​ចែងនូវ​បាយ ទឹក ភោជន បណ្ឌិត​ទាំងឡាយ តែង​ហៅនូវ​បុគ្គល​ដ៏លាមក​នោះ​ឯងថា ដូចជា​មេឃ ដែល​មិនបង្អុរ​ភ្លៀង​ចុះ ដូច្នោះ។ បុគ្គលណា មិនឲ្យទាន ដល់​សមណៈ​ពួកខ្លះ ឲ្យទាន​ដល់សមណៈ​ពួកខ្លះ ពួកជន​អ្នកមាន​ប្រាជ្ញា តែង​ហៅ​បុគ្គលនោះ​ឯងថា ដូចជា​មេឃដែល​បង្អុរភ្លៀង​ចុះ ក្នុង​ប្រទេស​មួយ ៗ ដូច្នោះ។ បុរស មានវាចា​នាំឲ្យបាន​បាយ​ដោយ​ងាយ មាន​សេចក្ដី​អនុគ្រោះសព្វសត្វ មានចិត្តរីករាយ តែងចាត់ចែង (ទេយ្យធម៌) ពោលថា អ្នក​ទាំងឡាយ ចូរឲ្យ អ្នក​ទាំងឡាយ​ ចូរឲ្យ ប្រៀប​ដូច​មហាមេឃ​គ្រហឹម​គម្រាម​ ហើយ​បង្អុរភ្លៀង​ចុះ ធ្វើ​ទីទួល និង​ទីទាប បង្ហូរឲ្យ​ពេញដោយ​ទឹក យ៉ាងណា​មិញ បុគ្គលខ្លះ​ក្នុង​លោកនេះ ជាអ្នក​មានសភាព​ដូច្នោះ បាន​ប្រមូលមក​នូវ​ទ្រព្យ ដែល​កើតដោយ​សេចក្ដី​ព្យាយាម​តាមផ្លូវ​ធម៌ ក៏ជប់លៀង ពួកជន​អ្នក​ពណ៌នា​ហើយ​សូម ដែលមក​ដល់ដោយ​ល្អ ដោយ​បាយ ទឹក ក៏​យ៉ាង​នោះ​ដែរ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ទុកហើយ។ សូត្រ ទី៦។

៧. សុខបត្ថនាសូត្រ

[៧៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​កាលប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាងនេះ គួរតែ​រក្សាសីល។ សេចក្ដីសុខ ៣ យ៉ាង តើដូច​ម្ដេចខ្លះ។ គឺ បណ្ឌិតគប្បី​រក្សា​សីល ដោយ​បំណងថា សូម​ឲ្យ​សេចក្ដី​សរសើរ មក​ដល់​អាត្មា​អញ ១ បណ្ឌិត​គប្បី​រក្សាសីល ដោយ​បំណងថា សូម​​ឲ្យភោគៈ​ទាំងឡាយ កើត​​ឡើង​ដល់​អាត្មាអញ ១ បណ្ឌិត​​គប្បីរក្សាសីល ដោយ​​បំណង​ថា អាត្មាអញ លុះ​​ដល់បែក​ធ្លាយរាង​កាយស្លាប់​ទៅ នឹង​ទៅ​កើតឯ​សុគតិ សួគ៌ ទេវលោក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ឌិត​​កាលប្រាថ្នា​សេចក្ដី​សុខ ៣ យ៉ាង​នេះឯង គួរតែ​រក្សាសីល។ លុះ​​ព្រះមាន​ព្រះភាគ ទ្រង់​​សំដែង​​​​សេចក្ដី​នុ៎ះ​​ហើយ។ ទ្រង់ត្រាស់​​គាថាព័ន្ធ​​នេះ ក្នុងសូត្រ​​នោះ​ថា

បណ្ឌិតកាលប្រាថ្នា​នូវសេចក្ដីសុខ ៣ យ៉ាង គឺសេចក្ដី​សរសើរ ១ ការបាន​ទ្រព្យ ១ ការលះ​លោកនេះ ហើយ​រីករាយ​ក្នុង​ស្ថានសួគ៌ ១ គួរ​តែរក្សាសីល។ កាលបើ​បុគ្គលមិន​ធ្វើបាប​ទេ តែទៅ​សេពគប់​នឹង​បុគ្គលធ្វើ​បាប បុគ្គលនោះ ត្រូវ​អ្នកផង​រង្កៀស​ព្រោះអំពើ​អាក្រក់​ផង តំណិះ​ដំនៀល ​រមែង​ចំរើន​ឡើងដល់​បុគ្គលនោះ​ផង។ បុគ្គល​យកបុគ្គល​បែបណា​ជាមិត្រ​ផង សេពគប់​នូវមិត្ត​បែបណា​ផង បុគ្គល​នោះឯង នឹងប្រាកដ​ស្មើដោយ​មិត្រនោះ ៗ ព្រោះ​ការ​នៅរួម នឹង​ក្លាយ​ទៅជា​បែបគ្នា​នោះពិត។ បុគ្គលបាប កាលបើ​បុគ្គលស្អាត​ដទៃ មក​សេពគប់​ហើយ បុគ្គលបាប ត្រូវបុគ្គល​ស្អាត (នោះ) មក​ភប់ប្រសព្វ​ហើយ រមែង​ប្រឡាក់ នូវបុគ្គល​អ្នកមក​ភប់ប្រសព្វ (នោះ) ដែល​គេ​មិនបាន​ប្រឡាក់ (ដោយ​បាបធម៌) ផង ដូចព្រួញ ដែលគេ​លាបថ្នាំ​ពិស កាល​ប្រឡាក់​នូវបំពង់​ព្រួញ​ដូច្នោះ​ឯង។ អ្នកប្រាជ្ញ ព្រោះ​ខ្លាចការ​ប្រឡាក់ (ដោយបាប) ទើប​មិន​យក​​បុគ្គល​បាប​ជា​សំឡាញ់​ឡើយ។ នរជន​ណា ខ្ចប់ត្រីស្អុយ ដោយ​ចុងស្បូវ ស្បូវក៏​មាន​ក្លិនស្អុយ ផ្យាយ​ចេញទៅ យ៉ាងណាមិញ ការសេព​គប់នឹង​បុគ្គល​ពាល ក៏យ៉ាង​នោះដែរ នរជនណា ខ្ចប់ខ្លឹមក្រស្នា ដោយ ស្លឹកឈើ ស្លឹកឈើ ក៏មានក្លិន​ក្រអូប​ផ្សាយទៅ យ៉ាង​ណាមិញ ការសេព​នឹងអ្នក​ប្រាជ្ញ ក៏យ៉ាង​នោះដែរ។ ហេតុនោះ បណ្ឌិត ដឹង​នូវការ​សម្រេច​នៃផល​របស់ខ្លួន ដូចជា​កញ្ចប់​នៃស្លឹកឈើ ហើយ​មិនគប្បី​សេពគប់ នឹង​ពួក​អសប្បុរស​ឡើយ គួរសេពគប់​តែ​នឹងពួក​សប្បុរស។ (ព្រោះ) ពួក​អសប្បុរស តែងនាំ​ទៅកាន់​នរក ពួក​សប្បុរស តែងញុំាង​សត្វឲ្យ​ទៅកាន់​ស្ថានសួគ៌។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ទុកហើយ។ សូត្រ ទី៧។

៨. ភិទុរសូត្រ

[៧៧] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ រូបកាយ​នេះ មានសេចក្ដី​បែកធ្លាយ​ជាធម្មតា វិញ្ញាណ​មានការ​ទៅប្រាស​ជាធម្មតា ឧបធិទាំង​ពួង​ជារបស់​មិនទៀង ជាទុក្ខ មានសេចក្ដី​ប្រែប្រួល​ជាធម្មតា។ លុះ​​ព្រះមាន​ព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រនោះ​ថា

អ្នកប្រាជ្ញមានខ្លួនអប់រំហើយ ដឹងច្បាស់​នូវកាយ​ដែលបែក​ធ្លាយ​ផង ដឹង​ច្បាស់​នូវវិញ្ញាណ​ដែល​ពុកផុយ​​ផង ឃើញ​ភ័យ​ក្នុង​​ឧបធិ​​ទាំងឡាយ​ផង ហើយ​​កន្លងជាតិ និង​មរណៈ បាន​ដល់​និព្វាន​ជាទី​រម្ងាប់​សង្ខារ​ទាំងពួង​ដ៏ឧត្តម រមែង​​ទន្ទឹង​រង់ចាំ​តែកាល (បរិនិព្វាន​នៃខន្ធ)។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ទុក​ហើយ។ សូត្រ ទី៨។

៩. ធាតុសោសំសន្ទនសូត្រ

[៧៨] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ រមែង​​​ប្រហែលគ្នា ស្មើគ្នា ជាមួយ​នឹងពួក​សត្វ​ ដោយធាតុ​ដូចគ្នា គឺ​សត្វ​ដែលមាន​​អធ្យាស្រ័យ​​ថោក​​ទាប រមែង​ប្រហែលគ្នា ស្មើគ្នា ជា​មួយ​នឹងពួក​សត្វដែល​មាន​អធ្យាស្រ័យ​ថោកទាប សត្វដែល​មានអធ្យាស្រ័យ​ល្អ រមែង​ប្រហែល​គ្នា ស្មើគ្នា ជាមួយ​នឹងពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំង​ឡាយ ប្រហែលគ្នា ស្មើគ្នា ជាមួយ​នឹងពួក​សត្វ ដោយ​ធាតុដូចគ្នា ក្នុង​អតីតកាល គឺពួក​សត្វ ដែលមាន​អធ្យាស្រ័យ​ថោកទាប ប្រហែលគ្នា ស្មើគ្នា ជាមួយ​នឹងពួកសត្វ ដែលមាន​អធ្យាស្រ័យ​ថោកទាប សត្វទាំងឡាយ ដែល​មាន​អធ្យាស្រ័យ​ល្អ ប្រហែល​គ្នា ស្មើគ្នា ជាមួយ​នឹងពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វ​ទាំងឡាយ គង់នឹង​ប្រហែលគ្នា នឹង​ស្មើគ្នា ជាមួយ​នឹងពួក​សត្វ ដោយ​ធាតុដូចគ្នា ក្នុង​អនាគតកាល គឺពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ថោកទាប នឹងប្រហែល​គ្នា នឹងស្មើគ្នា ជាមួយ​នឹងពួកសត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប ពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ល្អ នឹង​​ប្រហែល​គ្នា នឹង​ស្មើគ្នា ជាមួយ​នឹងពួក​សត្វដែល​មានអធ្យា​ស្រ័យល្អ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ សត្វ​ទាំងឡាយ រមែង​ប្រហែល​គ្នា ស្មើគ្នា ជា​មួយនឹង​ពួកសត្វ ដោយធាតុ​ដូចគ្នា ក្នុង​បច្ចុប្បន្ន​កាល គឺពួកសត្វ ដែល​មាន​អធ្យាស្រ័យ​ថោកទាប រមែង​ប្រហែលគ្នា ស្មើគ្នា ជាមួយ​នឹងពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ថោកទាប ពួកសត្វ​ដែលមាន​អធ្យាស្រ័យ​ល្អ រមែង​ប្រហែលគ្នា ស្មើគ្នា ជាមួយ​នឹងពួក​សត្វ ដែលមាន​អធ្យាស្រ័យ​ល្អ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះ​ថា

ព្រៃ គឺកិលេស កើតឡើងហើយ ព្រោះតែ​ការជាប់ចំពាក់ ដែល​បុគ្គល​នឹងកាត់​ផ្ដាច់​បាន ដោយការ​មិនជាប់ចំពាក់ បុគ្គល​អ្នកមាន​ប្រាថ្នា​នឹងឆ្លង​មហាសមុទ្រ ហើយ​លិចទៅ​ក្នុង​មហាសមុទ្រ​វិញ ព្រោះតែ​ឡើងកាន់​ក្បូនឈើ​ដ៏តូច យ៉ាង​ណាមិញ ឯ​បុគ្គលអ្នក​​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ រមែង​លិចចុះ ក្នុង​មហាសមុទ្រ គឺសង្សារ ព្រោះ​តែអាស្រ័យ​នឹងបុគ្គល​ខ្ជិលច្រអូស យ៉ាងនោះ​ដែរ។ ព្រោះ​ហេតុ​នោះ បុគ្គល​គួរវៀរ​នូវបុគ្គល​ខ្ជិលនោះ ដែលមាន​ព្យាយាម​ថោក​ទាប ហើយគួរ​នៅរួម​ដោយបណ្ឌិត​ទាំងឡាយ ដែល​ជាអ្នក​ឆ្ងាយ​ចាកកិលេស មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ជាអ្នក​មានឈាន អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច។ ​

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់​​ទុកហើយ។ សូត្រ ទី៩។

១០. បរិហានសូត្រ

[៧៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​សាបសូន្យ​ដល់​​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ សេក្ខភិក្ខុ ក្នុង​​សាសនា​នេះ ជា​អ្នក​មានការងារ [សំដៅយកការវាស់ ដេរចីវរ ស្លោកបាត្រជាដើម។ អដ្ឋកថា។] ជាទី​ត្រេកអរ​ត្រេកអរក្នុង​ការងារ ប្រកបរឿយៗ នូវការងារ​ជាទីត្រេកអរ ១ ជាអ្នក​មាន​តិរច្ឆានកថា​​ជាទី​ត្រេកអរ ត្រេកអរ​ក្នុង​តិរច្ឆានកថា ប្រកប​រឿយៗ នូវ​តិរច្ឆានកថា​ជាទី​ត្រេកអរ ១ ជាអ្នក​មានការ​ដេកលក់​ជាទី​ត្រេកអរ ត្រេកអរ​ក្នុងការ​ដេកលក់ ប្រកបរឿយៗ នូវការ​ដេកលក់​ជាទី​ត្រេកអរ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​សាបសូន្យ ដល់​សេក្ខភិក្ខុ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ នេះ រមែង​ប្រព្រឹត្តទៅ ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខភិក្ខុ។ ធម៌ ៣ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ សេក្ខភិក្ខុ ក្នុងសាសនា​នេះ ជាអ្នក​មិនមាន​ការងារ ជាទី​ត្រេកអរ មិនត្រេកអរ​ក្នុងការងារ មិនប្រកប​រឿយៗ នូវការងារ​ជាទី​ត្រេកអរ ១ ជាអ្នក​មិនមាន​តិរច្ឆានកថា​ជាទី​ត្រេកអរ មិន​ត្រេកអរ​ក្នុង​តិរច្ឆានកថា មិនប្រកប​​រឿយៗ នូវ​តិរច្ឆានកថា​ជាទី​ត្រេកអរ ១ ជាអ្នក​មិនមាន​ការដេក​លក់ជាទី​ត្រេកអរ មិនត្រេកអរ​ក្នុងការដេក​លក់ មិន​ប្រកប​រឿយៗ នូវការ​ដេកលក់​ជាទី​ត្រេកអរ ១ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ៣ នេះឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនសាបសូន្យ​ដល់​សេក្ខភិក្ខុ។ លុះ​​ព្រះមានព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធនេះ ក្នុងសូត្រ​នោះ​ថា

ភិក្ខុអ្នកមានការងារជាទីត្រេកអរផង ត្រេកអរ​ក្នុង​តិរច្ឆានកថា​ផង មាន​ការដេក​លក់ជាទី​ត្រេកអរ​ផង មានចិត្ត​រវើរវាយ​ប្រាកដ​ដូច្នោះ មិនគួរ​ដើម្បី​បាន​សម្ពោធិដ៏​ប្រសើរ​ឡើយ។ ព្រោះហេតុ​នោះ ភិក្ខុនោះ គួរជា​អ្នកមាន​កិច្ចការ​តិច មានការ​ដេកលក់​តិច មានចិត្ត​មិនរវើររវាយ​ប្រាកដ​ដូច្នោះ ទើបគួរ​នឹងបាន​សម្ពោធិ​ដ៏​ប្រសើរ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ទុកហើយ។ សូត្រ ទី១០។

ចប់ តតិយវគ្គ។

ឧទ្ទាននៃតតិយវគ្គនោះគឺ

និយាយអំពីទិដ្ឋិ ២លើក និស្សរណីយធាតុ ១ រូបជ្ឈាន និង​អរូបជ្ឈាន​ ១ បុត្ត ១ បុគ្គល​ប្រៀបដោយ​មេឃ​មិនបង្អុរ​ភ្លៀង ១ សេចក្ដី​សុខ ១ ការ​បែកធ្លាយ ១ ធាតុ ១ សេចក្ដី​សាបសូន្យ ១ រួមទាំង​អស់ ត្រូវជា ១០។

ឥតិវុត្តកៈ តិកនិបាត ចតុត្ថវគ្គ

១. វិតក្កសូត្រ

[៨០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់​​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ អកុសលវិតក្កៈ នេះមាន ៣។ អកុសលវិតក្កៈ ៣ តើដូចម្ដេចខ្លះ។ គឺវិតក្កៈ​ដែល​ប្រកប​ដោយ​សេចក្ដី​ប្រាថ្នា មិនឲ្យ​អ្នកដទៃ​មើលងាយ​ខ្លួន ១ វិតក្កៈ​ដែល​ប្រកប​ដោយ​លាភសក្ការៈ និង​សេចក្ដី​សរសើរ ១ វិតក្កៈ​ដែល​ប្រកប​ដោយ​សេចក្ដី​អាណិត​បុគ្គលដទៃ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អកុសលវិតក្កៈ មាន ៣ នេះឯង។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​សេចក្ដីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រនោះ ថា

បុគ្គលណាមួយ ប្រកបដោយសេចក្ដីប្រាថ្នា មិនឲ្យ​អ្នកដទៃ​មើល​ងាយ​ខ្លួន ជាអ្នក​ធ្ងន់ក្នុងលាភ និងសក្ការៈ មានសេចក្ដី​រីករាយ ជាមួយ​នឹងពួក​អាមាត្យ បុគ្គលនោះ ឈ្មោះថា ឆ្ងាយ​អំពីការអស់​ទៅ​នៃ​សំយោជនៈ។ បុគ្គលណា​មួយ ក្នុងលោកនេះ លះបង់​បុត្ត និង​ភរិយាផង លះបង់​សត្វចិញ្ចឹមផង លះបង់​សេចក្ដី​សង្រ្គោះ ក្នុង​វិវាហៈ​ផង ភិក្ខុប្រាកដ​ដូច្នោះ​នោះ​ គួរដើម្បី​បាននូវ​សម្ពោធិ​ដ៏​ឧត្តម។ សូត្រ ទី១។

២. សក្ការសូត្រ

[៨១] ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញ​ពួកសត្វ​ដែលត្រូវ​សក្ការៈ គ្រប​សង្កត់​ហើយ រួបរឹត​ចិត្តហើយ លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ បានទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត បាន​ឃើញពួក​សត្វ ដែល​អសក្ការៈ​គ្របសង្កត់​ហើយ រួបរឹត​ចិត្តហើយ លុះ​ដល់បែកធ្លាយ​រាងកាយ ស្លាប់ទៅ បានទៅ​កើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​​បានឃើញ​ពួកសត្វ​ដែលសក្ការៈ​ និងអសក្ការៈទាំងពីរ​យ៉ាងនោះ គ្របសង្កត់​ហើយ រួបរឹត​ចិត្តហើយ លុះដល់​បែកធ្លាយ​រាងកាយ ស្លាប់ទៅ បានទៅ​កើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬ​ព្រាហ្មណ៍ដទៃ ហើយ​ពោលទេ ម្នាលភិក្ខុ​ទាំងឡាយ តថាគត បានឃើញពួក​សត្វ ដែលសក្ការៈ​គ្របសង្កត់​ហើយ រួបរឹតចិត្ត​ហើយ លុះដល់​បែកធ្លាយ​រាង​កាយស្លាប់ទៅ បានទៅកើត​ហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ តថាគត បានឃើញ​ពួកសត្វ ដែលអសក្ការៈ​គ្របសង្កត់​ហើយ រួបរឹតចិត្តហើយ លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ បានទៅ​កើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បានឃើញពួក​សត្វ ដែលសក្ការៈ និងអសក្ការៈ​ទាំងពីរ​យ៉ាងនោះ គ្របសង្កត់​ហើយ រួបរឹត​ចិត្តហើយ លុះដល់​បែកធ្លាយ​រាងកាយស្លាប់ទៅ បានទៅកើត​ហើយ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុ​ទាំងឡាយ លុះតែ​ហេតុណា ដែល​​តថាគត​​ដឹងខ្លួនឯង ឃើញខ្លួនឯង ជ្រាបច្បាស់​ខ្លួនឯង​ពិតមែន ទើប​តថាគត​ពោលនូវ​ហេតុនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត បានឃើញ​ពួកសត្វ ដែលសក្ការៈ​គ្រប​សង្កត់​ហើយ រួបរឹត​ចិត្តហើយ លុះដល់​បែកធ្លាយ​រាងកាយស្លាប់​ទៅ បានទៅ​កើត​ ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ តថាគត បាន​ឃើញ​​ពួកសត្វ ដែល​អសក្ការៈ គ្របសង្កត់​ហើយ រួបរឹតចិត្ត​ហើយ លុះដល់​បែក​ធ្លាយរាងកាយ​ស្លាប់ទៅ បានទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុ​ទាំងឡាយ តថាគត បានឃើញ​ពួកសត្វ​ដែលសក្ការៈ និងអសក្ការៈ​ទាំងពីរនោះ គ្របសង្កត់​ហើយ រួបរឹតចិត្ត​ហើយ លុះដល់​បែក​ធ្លាយរាង​​កាយ​ស្លាប់​ទៅ បានទៅ​កើត​ក្នុង​​អបាយ ទុគ្គតិ វិនិបាត នរក។

បុគ្គលណា ដែលគេធ្វើសក្ការៈ និងអសក្ការៈ​ទាំងពីរយ៉ាង ជាអ្នក​នៅ​ដោយ​សេចក្ដី​មិនប្រមាទ មានសមាធិ មិនញាប់ញ័រ អ្នកប្រាជ្ញ តែងហៅបុគ្គល អ្នកមាន​ឈាន មាន​ព្យាយាម​ជាប់មិន​ដាច់ បាន​ឃើញច្បាស់ ដោយ​ទិដ្ឋិដ៏ល្អិត មាន​សេចក្ដីត្រេកអរ​ក្នុងការអស់​ទៅនៃ​ឧបាទាននោះ ថាជា​សប្បុរស។ សូត្រ ទី២។

៣. ទេវសទ្ទសូត្រ

[៨២] ម្នាលភិក្ខុទាំងឡាយ សំឡេងទេវតា [សំឡេង​ស្រែកហៅ​ដោយ​សេចក្ដី​ត្រេកអរ​នៃពួក​ទេវតា។] ៣ យ៉ាងនេះ តែងលាន់ឮ ក្នុងទេវលោក [ក្នុង​ឧបបត្តិទេព​ទាំងពួង វៀរលែង​តែអរូបាវចរទេវតា និង​អសញ្ញីទេវតា។ អដ្ឋកថា។]  ព្រោះ​អាស្រ័យ​សម័យ​នោះៗ។ សំឡេង ៣ យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយ​សាវ័ក គិតដើម្បី​កោរសក់ ពុកចង្កា ស្លៀកសំពត់​កាសាយៈ​ទាំងឡាយ ហើយចេញ​ចាកផ្ទះ ចូលទៅ​កាន់ផ្នួស ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ សំឡេង​ទេវតា​ក្នុងទេវលោក​ទាំង​ឡាយ តែងលាន់ឮ​ឡើងថា អរិយសាវ័កនុ៎ះ គិតដើម្បី​ច្បាំងនឹង​កិលេសមារ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សំឡេង​ទេវតា​ទី ១ ក្នុងទេវលោក​ទាំងឡាយ តែង​លាន់ឮឡើង ព្រោះ​អាស្រ័យ​សម័យនោះៗ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សម័យ​ណា អរិយសាវ័ក ប្រកប​រឿយៗ នូវព្យាយាម ដើម្បី​ចំរើននូវ​ពោធិបក្ខិយធម៌ ៧ ពួក ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ សំឡេង​ទេវតាក្នុង​ទេវលោក​ទាំងឡាយ តែងលាន់​ឮឡើងថា អរិយសាវ័កនុ៎ះ កំពុងច្បាំង​នឹង​​កិលេសមារ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សំឡេងទេវតាទី ២ ក្នុងទេវលោក​ទាំងឡាយ តែងលាន់​ឮឡើង ព្រោះអាស្រ័យ​សម័យនោះៗ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយវិញទៀត សម័យណា អរិយសាវ័ក ធ្វើឲ្យជាក់ច្បាស់ សម្រេច​​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​ទៅនៃ​អាសវៈ​​ទាំងឡាយ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយ​សម្រេច​​សម្រាន្តនៅ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​​ទាំងឡាយ តែង​លាន់ឮ​ឡើងថា អរិយ​សាវ័កនុ៎ះ ឈ្នះ​សង្រ្គាម​ហើយ ឈ្នះរាប គ្របសង្កត់​នូវកំពូល​នៃសង្រ្គាម​នោះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សំឡេង​ទេវតាទី ៣ ក្នុង​ទេវលោក​ទាំងឡាយ តែង​លាន់​ឮឡើង ព្រោះ​អាស្រ័យ​សម័យ​នោះៗ។ ម្នាលភិក្ខុ​ទាំងឡាយ សំឡេង​នៃទេវតា​ក្នុង​ទេវលោក​ទាំងឡាយ មាន ៣ យ៉ាងនេះឯង តែងលាន់​ឮឡើង ព្រោះ​អាស្រ័យ​សម័យ​នោះៗ។

ពួកទេវតា បានឃើញសាវ័កនៃព្រះសម្មាសម្ពុទ្ធ ដែល​ឈ្នះ​សង្រ្គាម​ហើយ លោកមាន​គុណដ៏ធំ ប្រាសចាក​សេចក្ដីកោត​ញញើត ទើប​នមស្ការ​ថា បពិត្រ​បុរស​អជានេយ្យ អ្នកណា បានបង្រ្កាប​សង្គ្រាម ដែល​គេឈ្នះ​បានដោយ​កម្រ បានឈ្នះ​សេនានៃមច្ចុ ដែលបុគ្គល​ដទៃ​មិនអាច​ឃាត់ខាំង​បាន ដោយ​វិមោក្ខ ខ្ញុំសូម​នមស្ការ​អ្នកនោះ ព្រោះ​ហេតុនោះ ពួកទេវតា តែង​នមស្ការ​នូវសាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ​នុ៎ះ ដែលមាន​សេចក្ដីប្រាថ្នា សម្រេច​ហើយ សាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ គប្បីដល់​នូវអំណាច​នៃ​មច្ចុទៀត ដោយហេតុ​ណា ពួកទេវតា មិនឃើញ​ហេតុនោះ របស់​សាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ​នោះ​ឡើយ។ សូត្រ ទី៣។

៤. បញ្ចបុព្វនិមិត្តសូត្រ

[៨៣] ម្នាលភិក្ខុទាំងឡាយ ទេវតាមានការច្យុតិ​ជា​ធម្មតា ចាកពួក​ទេវតា​ ក្នុង​កាលណា បុព្វនិមិត្ត ៥ យ៉ាង តែងកើតឡើង​ប្រាកដ ដល់ទេវតា​នោះ (ក្នុងកាលនោះ) គឺ​កម្រងផ្កា​ទាំងឡាយ ស្វិតស្រពោន ១ សំពត់​ទាំង​ឡាយ​សៅហ្មង ១ ញើស​ទាំងឡាយ តែងហូរចេញ​អំពីក្លៀក ១ សម្បុរមិនល្អ តាំងឡើង​ក្នុងកាយ ១ ទេវតា​មិនត្រេកអរ​ក្នុងទេវាសនៈ​របស់ខ្លួន ១។ ម្នាលភិក្ខុ​ទាំងឡាយ ទេវតា​ទាំងឡាយ តែងដឹង​នូវ​បុព្វនិមិត្ត​នោះថា ទេវបុត្តនេះ មាន​ការ​ច្យុតិជា​ធម្មតា ហើយ​ក៏អនុមោទនា​ដោយវាចា ៣ បទថា ម្នាលអ្នកដ៏​ចំរើន សូមអ្នក​ច្យុតអំពី​ទេវលោកនេះ ទៅកាន់​សុគតិចុះ លុះអ្នក​ទៅកាន់​សុគតិហើយ សូមឲ្យ​មានលាភ ដែលបាន​ដោយងាយចុះ លុះ​មានលាភ​ដែលបាន​ដោយងាយ​ហើយ សូមតាំង​នៅដោយ​ប្រពៃចុះ។

[៨៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះអ្វីហៅ​ថា ដំណើរ​ទៅកាន់​សុគតិ​របស់ទេវតា​ទាំងឡាយ បពិត្រព្រះអង្គ​ដ៏ចំរើន អ្វី​ហៅថាលាភ ដែលបាន​ដោយងាយ​របស់​ទេវតា​ទាំងឡាយ បពិត្រ​ព្រះអង្គដ៏​ចំរើន អ្វីហៅថា ការតាំងនៅ​ដោយប្រពៃ​នៃទេវតា​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភាព​នៃមនុស្ស (នេះ) ឯង ដែល​ហៅថា ដំណើរទៅ​កាន់សុគតិ របស់​ទេវតាទាំងឡាយ លុះបាន​កើតជា​មនុស្សហើយ បានចំពោះ​នូវសទ្ធា ក្នុងធម្មវិន័យ​ណា ដែលព្រះ​តថាគត​សំដែងហើយ ម្នាលភិក្ខុ​ទាំងឡាយ ការបាន​នូវ​សទ្ធា​នេះឯង ហៅថា លាភ​ដែលបាន​ដោយងាយ​របស់ទេវតា​ទាំងឡាយ ឯសទ្ធា​របស់គេនោះ ជាសទ្ធា​ខ្ជាប់ខ្ជួន កើតជា​ឫសគល់​តាំងនៅ​មាំមួន ដែល​បុគ្គល​ណាមួយ ទោះជា​សមណៈ ឬព្រាហ្មណ៍ ឬទេវតា ឬមារ ឬព្រហ្ម ក្នុង​លោក មិនអាច​នឹងនាំ​យកទៅ​បាន ម្នាលភិក្ខុ​ទាំងឡាយ ការតាំង​នៅមាំ នៃ​សទ្ធានេះឯង ហៅថា ការតាំងនៅ​ដោយប្រពៃ របស់ទេវតា​ទាំងឡាយ។

ទេវតាច្យុតចាកពួកទេវតា ព្រោះអស់ទៅ​នៃអាយុ ក្នុងកាលណា សំឡេង ៣ យ៉ាង របស់ពួក​ទេវតា កាលអនុមោទនា តែង​លាន់ឮ​ឡើង (ក្នុងកាលនោះ) ថា ម្នាលអ្នក​ដ៏ចំរើន សូមអ្នកច្យុត​អំពីទេវលោក​នេះ ទៅកាន់​សុគតិ ជាមួយ​នឹងពួក​មនុស្សចុះ លុះអ្នក​បានកើត​ជាមនុស្សហើយ សូមឲ្យ​បាននូវសទ្ធា​ដ៏ប្រសើរ ក្នុង​ព្រះសទ្ធម្ម​ចុះ ក៏សទ្ធា​របស់អ្នក​នោះ ជាសទ្ធា​ខ្ជាប់ខ្ជួន ដែលបាន​ជាឫសគល់ តាំងនៅ​មាំមួន ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគត​សំដែង​​ហើយ​ដោយប្រពៃ ដែលបុគ្គលណាមួយ មិនអាច​នាំយកទៅបាន ដរាប​អស់ជីវិត។ អ្នកត្រូវលះ​កាយទុច្ចរិតផង លះ​វចីទុច្ចរិតផង លះ​មនោទុច្ចរិតផង លះអំពើដទៃ ដែល​ប្រកប​ដោយទោសផង ធ្វើកុសល​ដោយកាយ ធ្វើកុសល​ដោយវាចា ធ្វើកុសល​ដោយចិត្ត​ឲ្យច្រើន ប្រមាណ​មិន​បាន បរិសុទ្ធ មិនមាន​គ្រឿង​សៅហ្មង។ លំដាប់នោះ អ្នកប្រាជ្ញ​ត្រូវ​ធ្វើបុណ្យ ដែល​ប្រព្រឹត្តទៅ ក្នុង​បច្ចុប្បន្ននោះ ឲ្យច្រើន​ដោយទាន ហើយញុំាង​ពួកសត្វ​ដទៃ ឲ្យ​តាំងនៅ​ក្នុងព្រះសទ្ធម្ម ដែលជា​ព្រហ្មចរិយៈ ទេវតា​ទាំងឡាយ ដឹង​ច្បាស់នូវ​ទេវតា​កាលច្យុត ក្នុង​កាលណា ក៏អនុមោទនា (ក្នុងកាលនោះ) ដោយសេចក្ដី​អនុគ្រោះ​នេះថា ម្នាលទេវតា ចូរអ្នក​មកឲ្យ​រឿយៗ។ សូត្រ ទី ៤។

៥. ពហុជនហិតសូត្រ

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ កាលកើត​ឡើងក្នុង​លោក តែងកើត​ឡើង ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជន​ច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្ដីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ បុគ្គល ៣ ពួក តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​​ដោយវិជ្ជា និង​ចរណៈ មានដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវត្រៃ​លោក ទ្រង់​ប្រសើរដោយ​សីលាទិគុណ ជា​នាយសារថី ទូន្មាននូវបុរស ជាសាស្ដា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ចធម៌ ទ្រង់ខ្ជាក់​ចោលនូវ​ត្រៃភព ព្រះអង្គ​បានត្រាស់ឡើង​ក្នុងលោកនេះ ទ្រង់​សំដែងធម៌ មាន​លំអបទ​ដើម លំអ​បទ​កណ្ដាល លំអ​បទចុង ប្រកប​ដោយអត្ថ និង​ព្យញ្ជនៈ ទ្រង់​ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​បុគ្គលទី ១ កាលកើត​ឡើង​ក្នុងលោក តែង​កើតឡើង ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខដល់​ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បី​​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និង​មនុស្ស​ទាំង​ឡាយ ​។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សាវ័ក​របស់​ព្រះសាស្តានោះ ជា​អរហន្តខី​ណាស្រព មាន​ព្រហ្មចរិយធម៌​ប្រព្រឹត្តរួចហើយ មាន​សោឡសកិច្ច ធ្វើស្រេច​ហើយ មានភារៈ គឺខន្ធ ៥ ដាក់ចុះហើយ មាន​ប្រយោជន៍​របស់​ខ្លួន​សម្រេច​​ហើយ មានកិលេស​ជាគ្រឿង​ប្រកបសត្វ​ទុក​ក្នុងភព​អស់រលីង​ហើយ មានចិត្ត​ផុតស្រឡះ​ហើយ ព្រោះដឹង​ដោយប្រពៃ សាវ័ក​នោះ តែង​សំដែងធម៌ មានលំអ​បទដើម មាន​​លំអ​បទ​កណ្តាល មាន​លំអ​បទចុង ប្រកប​ដោយអត្ថ និងព្យញ្ជនៈ ប្រកាស​នូវព្រហ្មចរិយធម៌​បរិសុទ្ធ បរិបូណ៌​​ទាំង​អស់ ម្នាលភិក្ខុ​ទាំងឡាយ នេះបុគ្គល​ទី ២ កាលកើត​ឡើងក្នុង​លោក តែង​កើត​ឡើង​ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បី​សេចក្តីសុខ​ដល់ជន​ច្រើន ដើម្បីអនុគ្រោះ​ដល់សត្វ​លោក ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត សាវ័ក​របស់ព្រះសាស្តា​នោះ ជាសេក្ខបុគ្គល កំពុងប្រតិបត្តិ ជាពហុស្សូត បរិបូណ៌​ដោយ​សីល និងវត្ត សាវ័កនោះ តែង​សំដែងធម៌ មានលំអបទដើម មាន​លំអបទ​កណ្តាល មាន​លំអបទចុង ប្រកប​ដោយ​អត្ថ​ និងព្យញ្ជនៈ ប្រកាស​ព្រហ្មចរិធម៌​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ម្នាលភិក្ខុ​​ទាំង​ឡាយ នេះបុគ្គលទី ៣ កាលកើតឡើង​ក្នុងលោក ក៏កើតឡើង ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ​ បុគ្គល ៣ ពួកនេះឯង កាលកើតឡើង​ក្នុងលោក តែងកើតឡើង ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។

ព្រះសាស្តា ព្រះអង្គស្វែងរកគុណដ៏ធំ ជាបុគ្គលទី ១ ក្នុងលោក សាវ័កអ្នក​ប្រព្រឹត្ត​តាម​​ព្រះសាស្តា​នោះ មានខ្លួន​អប់រំហើយ (ជាបុគ្គលទី ២) មួយទៀត សាវ័កដទៃ ជា​សេក្ខបុគ្គល កំពុងប្រតិបត្តិ ជាពហុស្សូត បរិបូណ៌​ដោយសីល និងវត្ត (ជាបុគ្គលទី ៣)។ បុគ្គល ៣ ពួកនេះ ប្រសើរ​ជាងទេវតា និងមនុស្ស លោកជា​អ្នកធ្វើ​ពន្លឺ គឺធម៌ សំដែង​ឡើងនូវ​ធម៌ គឺ​ចតុរារិយសច្ច បានបើក​ទ្វារនៃ​ព្រះអមតនិព្វាន លោក​ទាំងនោះ តែង​ញុំាងជន​ច្រើននាក់​ឲ្យរួចចាក​យោគៈ​បាន។ ពួក​ជនណា ឈានឡើង​កាន់​អរិយមគ្គ ដែល​ព្រះមានព្រះ​ភាគ ដូចជា​នាយឈ្មួញ​ដ៏ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ ពួកជនណា មិនប្រមាទ​ក្នុងសាសនា​របស់ព្រះ​សុគត ពួកជននោះ ៗ តែង​ធ្វើនូវ​ទីបំផុតទុក្ខ ក្នុងអត្តភាព​នេះបាន។ សូត្រ ទី៥។

៦. អសុភានុបស្សីសូត្រ

[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរពិចារណា​ឃើញរឿយ ៗ នូវអាការ​មិនស្អាត​ក្នុងកាយ ឯ​អានាបានស្សតិកម្មដ្ឋាន ក៏អ្នកទាំងឡាយ ចូរ​តាំង​ឡើងប្រាកដ ឲ្យមានមុខ​ឆ្ពោះទៅកាន់​អារម្មណ៍​ខាងក្នុង អ្នកទាំងឡាយ​ ចូរពិចារណា​ឃើញ​រឿយ ៗ ក្នុង​សង្ខារ​ទាំងពួង​ថាមិនទៀង។ ម្នាលភិក្ខុ​​ទាំង​ឡាយ កាលបើ​អ្នកទាំងឡាយ ពិចារណា​ឃើញរឿយ ៗ នូវ​អាការ​មិនស្អាត​​ក្នុងកាយ​ហើយ រាគានុស័្សយ​ណា គួរដល់កិរិយា​កើតឡើង​ក្នុងសុភធាតុ (កាន់យក​នូវអារម្មណ៍​ថាស្អាត) រាគានុស្ស័យនោះ អ្នកទាំងឡាយ រមែងលះ​​បង់បាន។ កាល​អានាបានស្សតិកម្មដ្ឋាន តាំងឡើង​ប្រាកដ មានមុខ​ឆ្ពោះទៅ​​កាន់អារម្មណ៍​ខាងក្នុងហើយ អាសយវិតក្កៈ​ទាំងឡាយ​ណា​ជាខាងក្រៅ ដែលជាចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ អាសយវិតក្កៈ​ទាំងឡាយនោះ មិន​មាន​តទៅទៀត​ឡើយ។ កាលបើអ្នក​ទាំងឡាយ ពិចារណា​ឃើញរឿយ ៗ ក្នុង​សង្ខារទាំង​ពួងថា​មិនទៀង​ហើយ អវិជ្ជា អ្នក​ទាំងឡាយ ក៏រមែង​លះបង់​​បាន វិជ្ជាសោត ក៏រមែង​កើតឡើង។ ភិក្ខុ​ជាអ្នក​ពិចារណា​ឃើញរឿយ ៗ ក្នុង​កាយ​មិនស្អាត មានសតិ​ដំកល់​ខ្ជាប់​ក្នុង​អានាបានស្សតិ​កម្មដ្ឋាន ពិចារណា​​ឃើញ​ព្រះនិព្វាន ជាទីរម្ងាប់​សង្ខារទាំងពួង​ហើយ ជាអ្នកមាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេសសព្វ ៗ កាល។ ភិក្ខុនោះឯង ឈ្មោះថា ឃើញដោយ​ប្រពៃ ជាអ្នក​សង្រួម រមែងចុះ​ចិត្តស៊ប់ក្នុង​ព្រះនិព្វាន ជាទីរម្ងាប់​​សង្ខារទាំង​ពួងនោះ ភិក្ខុនោះឯង ជាអ្នកមាន​ព្រហ្មចរិយធម៌ ប្រព្រឹត្ត​រួចហើយ ជាអ្នកស្ងប់​ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញ​ប្រព្រឹត្ត​​កន្លងយោគៈ។ សូត្រ ទី ៦។

៧. ធម្មានុធម្មបដិបន្នសូត្រ

[៨៧] កាលបុគ្គលនិយាយថា ភិក្ខុអ្នកប្រតិបត្តិ​នូវធម៌​សមគួរ​ដល់ធម៌​ដោយ​សភាព​ដ៏សមគួរ​ណា ​សភាព​ដ៏សមគួរនេះ ជារបស់​ភិក្ខុអ្នក​ប្រតិបត្តិ​ធម៌​សមគួរដល់ធម៌ ដោយសេចក្តី​អធិប្បាយ ដូច្នេះ ឈ្មោះថា និយាយ​ធម៌​មែនពិត មិនឈ្មោះថា និយាយ​អធម៌ ឬឈ្មោះថា ត្រិះរិះ​ធម៌មែនពិត មិនឈ្មោះថា ត្រិះរិះ​អធម៌ឡើយ លុះវៀរ​ទាំងពីរ​នោះចេញ ទើបជា​អ្នក​ព្រងើយ មាន​សតិសម្បជញ្ញៈ។

ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ត្រិះរិះរឿយ ៗនូវធម៌ រឭករឿយ ៗ នូវធម៌ រមែង​មិនសាប​សូន្យចាក​ព្រះសទ្ធម្ម​ឡើយ។ (ភិក្ខុនោះ) ទោះបីដើរ ឬឈរ ឬអង្គុយ ឬដេក ក៏រម្ងាប់ចិត្ត (របស់ខ្លួន) ក្នុង​កម្មដ្ឋាន​ខាងក្នុង រមែង​បានដល់​ព្រះនិព្វាន​ជាទីស្ងប់​រម្ងាប់​​ពុំខាន​ឡើយ។ សូត្រ ទី៧។

៨. អន្ធករណសូត្រ

[៨៨] ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ ៣ យ៉ាងនេះ ធ្វើឲ្យងងឹត​ ធ្វើមិនឲ្យ​មានបញ្ញាចក្ខុ ធ្វើមិនឲ្យ​មានញាណ ធ្វើបញ្ញា​ឲ្យរលត់ ជាចំណែក​​នៃសេចក្តី​ចង្អៀតចង្អល់ មិនប្រព្រឹត្ត​ទៅ ដើម្បីព្រះនិព្វាន​ឡើយ។ អកុសល​វិតក្កៈ ៣ តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ គឺ​កាមវិតក្កៈ (សេចក្តី​ត្រិះរិះប្រកប​​ដោយកាម) ធ្វើឲ្យងងឹត ធ្វើមិនឲ្យ​មាន​បញ្ញាចក្ខុ ធ្វើមិន​ឲ្យមានញាណ ធ្វើ​បញ្ញា​ឲ្យរលត់ ជាចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ ដើម្បី​ព្រះ​និព្វាន ១។ ម្នាលភិក្ខុ​ទាំងឡាយ ព្យាបាទវិតក្កៈ (សេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ) ធ្វើ​ឲ្យងងឹត ធ្វើមិនឲ្យ​មានបញ្ញាចក្ខុ ធ្វើមិន​ឲ្យមានញាណ ធ្វើបញ្ញា​ឲ្យរលត់ ជាចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ១។ ម្នាលភិក្ខុ​ទាំងឡាយ វិហឹសាវិតក្កៈ (សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការបៀត​បៀន) ធ្វើឲ្យ​ងងឹត ធ្វើមិនឲ្យ​មានបញ្ញាចក្ខុ ធ្វើមិន​ឲ្យមានញាណ ធ្វើបញ្ញា​ឲ្យ​រលត់ ជាចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ មិនប្រព្រឹត្ត​ទៅ ដើម្បីព្រះនិព្វាន ១។ ម្នាលភិក្ខុ​ទាំងឡាយ អកុសលវិតក្កៈ ៣ យ៉ាងនេះឯង ធ្វើឲ្យងងឹត ធ្វើមិនឲ្យ​មានបញ្ញាចក្ខុ ធ្វើមិនឲ្យមានញាណ ធ្វើបញ្ញា​ឲ្យរលត់ ជាចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន​ឡើយ។

[៨៩] ម្នាលភិក្ខុទាំងឡាយ កុសលវិតក្កៈ ៣ យ៉ាងនេះ មិនធ្វើ​ឲ្យងងឹត ធ្វើឲ្យមាន​បញ្ញាចក្ខុ ធ្វើឲ្យ​មានញាណ ធ្វើបញ្ញា​ឲ្យចំរើន មិនមែន​ជា​ចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន។ កុសលវិតក្កៈ ៣ តើ​អ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ គឺ នេក្ខម្មវិតក្កៈ (សេចក្តី​​ត្រិះរិះ​ប្រកបដោយ​ការចេញ​ចាកកាម) មិនធ្វើ​ឲ្យងងឹត ធ្វើឲ្យមាន​​បញ្ញាចក្ខុ ធ្វើឲ្យ​មានញាណ ធ្វើបញ្ញា​ឲ្យចំរើន មិនមែន​ជាចំណែក​នៃសេចក្តី​ចង្អៀត​​ចង្អល់ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ១។ ម្នាលភិក្ខុ​ទាំងឡាយ អព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះ​មិនប្រកប​ដោយព្យាបាទ) មិនធ្វើ​ឲ្យងងឹត ធ្វើឲ្យ​​មានបញ្ញាចក្ខុ ធ្វើឲ្យមាន​ញាណ ធ្វើបញ្ញា​ឲ្យចំរើន មិនមែន​​ជា​ចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ១។ ម្នាលភិក្ខុ​​ទាំងឡាយ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះមិន​​ប្រកបដោយ​ការបៀតបៀន) មិនធ្វើឲ្យងងឹត ធ្វើឲ្យមាន​បញ្ញាចក្ខុ ធ្វើឲ្យ​មានញាណ ធ្វើបញ្ញា​ឲ្យចំរើន មិនមែន​ជាចំណែក​នៃសេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ១។ ម្នាលភិក្ខុ​ទាំងឡាយ​ កុសលវិតក្កៈ ៣ យ៉ាងនេះឯង មិនធ្វើ​ឲ្យងងឹត ធ្វើឲ្យ​​មានបញ្ញាចក្ខុ ធ្វើឲ្យមាន​ញាណ ធ្វើបញ្ញា​ឲ្យចំរើន មិនមែន​ជាចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន។

បុគ្គលគប្បីត្រិះរិះនូវកុសលវិតក្កៈទាំង ៣ ម្យ៉ាងទៀត គប្បី​លះបង់​នូវ​អកុសលវិតក្កៈ​ទាំង ៣​ ចេញ បុគ្គលនោះ​ឈ្មោះថា រម្ងាប់​ នូវវិតក្កៈ និងវិចារៈ​បាន ដូច​ទឹកភ្លៀង កាល​រម្ងាប់ធូលី ដែលតាំង​ឡើង​ដូច្នោះដែរ បុគ្គលនោះ មានចិត្ត​ជាគ្រឿង​រម្ងាប់វិតក្កៈ ឈ្មោះ​ថា បានដល់​ដោយប្រពៃ​នូវសន្តិបទ គឺ​ព្រះនិព្វាន ក្នុង​បច្ចុប្បន្ននេះ​ឯង។ សូត្រ ទី៨។

៩. អន្តរាមលសូត្រ

[៩០]​ ម្នាលភិក្ខុទាំងឡាយ ធម៌ជាមន្ទិលខាងក្នុង មិនមែន​ជាមិត្ត​ខាង​ក្នុង ជាខ្មាំង​ខាង​ក្នុង ជាអ្នកសម្លាប់​ខាងក្នុង ជាសឹក​សត្រូវខាង​ក្នុង នេះមាន ៣ យ៉ាង។ ធម៌ ៣ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ លោភៈ ជាមន្ទិល​ខាង​ក្នុង​ មិនមែន​ជាមិត្តខាងក្នុង ជាខ្មាំង​ខាង​ក្នុង ជាអ្នក​សម្លាប់​​ខាងក្នុង ជាសឹក​​សត្រូវខាង​ក្នុង ១។ ម្នាលភិក្ខុ​ទាំងឡាយ ទោសៈ ជាមន្ទិល​ខាងក្នុង មិនមែន​​ជាមិត្តខាង​ក្នុង ជាខ្មាំង​ខាងក្នុង ជាអ្នក​សម្លាប់​ខាងក្នុង ជាសឹក​សត្រូវ​ខាងក្នុង ១។ ម្នាលភិក្ខុ​ទាំងឡាយ មោហៈ ជាមន្ទិល​ខាងក្នុង មិនមែន​ជាមិត្ត​ខាងក្នុង ជាខ្មាំង​ខាងក្នុង ជាអ្នកសម្លាប់​ខាងក្នុង ជាសឹក​សត្រូវខាង​ក្នុង ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ជាមន្ទិល​ខាងក្នុង មិនមែនជា​មិត្តខាងក្នុង ជាអ្នក​សម្លាប់​ខាង​ក្នុង ជាសឹក​សត្រូវ​ខាងក្នុង មាន ៣ យ៉ាងនេះឯង។ លោភៈ ជាធម៌ញុំាង​​សេចក្តី​វិនាស​ឲ្យកើត លោភៈ​ជាធម៌​ញុំាងចិត្ត​ឲ្យកម្រើក ភ័យកើត​ហើយក្នុង​ចិត្ត ជនមិនដឹង​នូវភ័យ​នោះឡើយ។ បុគ្គល​អ្នកលោភ រមែងមិន​ស្គាល់​​ប្រយោជន៍ បុគ្គល​អ្នកលោភ រមែងមិន​ឃើញធម៌ សេចក្តី​លោភ​គ្របសង្កត់​​នរជន ក្នុងកាលណា​ សេចក្តីងងឹត​ដ៏មានកំឡាំង ក៏កើតឡើង​ក្នុងកាល​នោះ។ លុះតែ​បុគ្គលណា បានលះបង់​សេចក្តីលោភ​ហើយ ទើបមិន​ជាប់ចិត្ត ក្នុង​អារម្មណ៍ ដែលគួរ​ជាប់ចិត្ត សេចក្តីលោភ ដែល​អរិយមគ្គ​កំចាត់បង់​ចាក​បុគ្គលនោះ ​ដូចដំណក់​ទឹក​ដែល​រមៀល​ចេញ​អំពី​ស្លឹកឈូក ដូច្នោះឯង។ ទោសៈ ជាធម៌ញុំាង​សេចក្តី​វិនាសឲ្យកើត ទោសៈជាធម៌ញុំាង​ចិត្តឲ្យកម្រើក ភ័យកើត​ហើយក្នុងចិត្ត ជនមិន​ដឹងនូវភ័យ​នោះ។ ជនអ្នក​ប្រទូស្ត រមែងមិន​ស្គាល់​ប្រយោជន៍ ជនអ្នកប្រទូស្ត រមែង​មិនឃើញធម៌ ទោសៈ​គ្របសង្កត់​​នរជន ក្នុង​កាលណា សេចក្តី​ងងឹតដ៏មាន​កំឡាំង ក៏កើតឡើង​ក្នុងកាលនោះ។ លុះតែ​បុគ្គលណា បានលះ​បង់ទោសៈហើយ ទើបមិន​ប្រទូស្តក្នុង​អារម្មណ៍ ដែលគួរ​ប្រទូស្ត ទោសៈ​ដែលអរិយមគ្គ​កំចាត់បង់ហើយ ចាក​បុគ្គល​នោះ ដូច​ជា​ផ្លែត្នោត​ទុំ ដែលជ្រុះ​ចាកទង ដូច្នោះ​ឯង។ មោហៈ ជាធម៌ញុំាងសេចក្តីវិនាសឲ្យកើត មោហៈជាធម៌​ញុំាងចិត្ត​​ឲ្យកម្រើក ភ័យ​កើតហើយ​ខាងក្នុងចិត្ត ជនមិន​ដឹងនូវ​ភ័យនោះ។ ជនអ្នកវង្វេង រមែង​មិនស្គាល់​ប្រយោជន៍ ជនអ្នកវង្វេង រមែង​មិន​ឃើញធម៌ មោហៈ​គ្របសង្កត់​នរជន ក្នុងកាលណា សេចក្តី​ងងឹតដ៏មាន​កំឡាំង ក៏កើតឡើង​ក្នុងកាល​នោះ។ លុះតែ​បុគ្គល​ណា បាន​លះបង់​មោហៈ​ហើយ ទើបមិន​វង្វេងក្នុង​អារម្មណ៍ ដែល​គួរ​វង្វេង បុគ្គលនោះ​ រមែង​កំចាត់បង់​នូវមោហៈ​ទាំងពួង (ដោយ​មគ្គទី ៤) ដូចជា​ព្រះអាទិត្យ កាល​រះឡើង កំចាត់​បង់ងងឹត ដូច្នោះ​ឯង។ សូត្រ ទី៩។

១០. ទេវទត្តសូត្រ

[៩១] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម ៣ យ៉ាង គ្របសង្កត់ រួបរឹត​ចិត្តហើយ ជាអ្នក​ទៅកើត​ក្នុងអបាយ ទៅកើត​ក្នុងនរក ឋិត​នៅអស់ ១ កប្ប​ លែងកែបាន។ អសទ្ធម្ម ៣ គឺអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​សេចក្តី​ប្រាថ្នា​ដ៏លាមក គ្របសង្កត់​រួបរឹត​ចិត្តហើយ ជាអ្នក​ទៅកើត​ក្នុង​អបាយ ទៅកើត​ក្នុងនរក ឋិតនៅ​អស់ ១ កប្ប លែងកែ​បាន ១។ ម្នាលភិក្ខុ​​ទាំងឡាយ ទេវទត្ត ត្រូវភាព​នៃបាបមិត្ត​គ្របសង្កត់ រួបរឹត​ចិត្តហើយ ជាអ្នក​​ទៅកើត​ក្នុងអបាយ ទៅកើត​ក្នុងនរក ឋិតនៅ​អស់ ១ កប្ប លែង​កែបាន ១។ មួយវិញ​ទៀត​ កិច្ចដែល​គួរធ្វើតទៅ​ទៀតនៅមាន (ប៉ុន្តែ) ទេវទត្ត​ដល់នូវ​សេចក្តី​វិនាស​ក្នុងពាក់​កណ្តាល ចាកឈាន និងអភិញ្ញា​ជាន់ទាបផង ចាកការ​ត្រាស់ដឹង​នូវគុណវិសេស​ជាន់ខ្ពស់​ផង ១។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​​ដែលត្រូវ​អសទ្ធម្ម ៣ នេះឯង គ្របសង្កត់ រួបរឹតចិត្ត​ហើយ ជាអ្នកទៅ​កើតក្នុង​អបាយ ទៅកើត​ក្នុងនរក ឋិតនៅ​អស់ ១ កប្ប លែងកែបាន។

​​​​បុគ្គលនីមួយ​ក្នុងលោក កុំមានសេចក្តី​ប្រាថ្នាដ៏លាមក​ដោយដាច់​ខាត គតិ​របស់បុគ្គល​ទាំងឡាយ ដែលមាន​សេចក្តី​ប្រាថ្នាដ៏លាមក យ៉ាង​ណាមិញ អ្នក​ទាំងឡាយ ត្រូវដឹង​នូវទេវទត្ត​នោះ ដោយហេតុនេះ យ៉ាងនោះចុះ។ តថាគត ឮថាទេវទត្ត​នេះ គេដឹង​ថាជាបណ្ឌិត គេសរសើ​ថាជាអ្នក​មានខ្លួន​អប់រំហើយ ហាក់ដូច​ជារុងរឿង ដោយ​យសបរិវារ ហើយឋិតនៅ ទេវទត្តនោះ ជាអ្នក​សន្សំរឿយ ៗ នូវ​​សេចក្តីប្រមាទ បៀតបៀន​តថាគតនោះ ហើយ​ដល់នូវ​អវិចិនរក មានទ្វារ ៤ ជាទីគួរខ្លាច។ បុគ្គលណា ប្រទូស្ត​ចំពោះ​បុគ្គល ដែលមិន​ប្រទូស្ត អ្នកមិនធ្វើ​បាបកម្ម ផលបាប រមែងប៉ះពាល់​ត្រូវបុគ្គល​អ្នកមាន​ចិត្តប្រទូស្ត មិនអើពើ​នោះឯង។ បុគ្គលណា សំគាល់​​ដើម្បីនឹង​ប្រទូស្ត​នូវសមុទ្រ ដោយឆ្នាំង​ដ៏ពេញ​ដោយ​ថ្នាំពិស បុគ្គលនោះ មិនគប្បី​ប្រទូស្ត​ដោយឆ្នាំង​ដ៏ពេញ ដោយ​ថ្នាំពិស​នោះបាន ព្រោះថា សមុទ្រ ជាសភាព​ធំមហិមា យ៉ាងណាមិញ។ បុគ្គលណា បៀតបៀន​តថាគតនុ៎ះ ដែលកំពុង​ប្រតិបត្តិ​ដោយ​ប្រពៃ មាន​ព្រះហ្ឫទ័យ​ស្ងប់រម្ងាប់ ដោយ​វាទៈ​ជាទោស វាទៈ (របស់បុគ្គលនោះ) ក៏មិនដុះឡើង​ក្នុង​ព្រះតថាគត​នោះ ក៏យ៉ាង​នោះដែរ។ ភិក្ខុ​ជា​អ្នកប្រព្រឹត្ត​​ទៅតាម​ផ្លូវ​នៃ​បុគ្គលណា ហើយ​បានដល់ នូវការ​អស់ទៅ​នៃសេចក្តី​ទុក្ខ បណ្ឌិត គប្បីធ្វើ​បុគ្គល​មាន​សភាព​ដូច្នោះ ឲ្យជា​មិត្តផង គប្បី​សេពគប់ ចំពោះ​បុគ្គល​​នោះផង។

ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ទុកហើយ។ សូត្រ ទី១០។

ចប់ ចតុត្ថវគ្គ។

ឧទ្ទាននៃចតុត្ថវគ្គ នោះគឺ

និយាយអំពីវិតក្កៈ ១ សក្ការៈ ១ សំឡេង​១ ទេពច្យុត ១ បុគ្គល​ក្នុងលោក ១ អសុភ ១ ធម៌ ១ ងងឹត ១ មន្ទិល ១ ទេវទត្ត ១ ត្រូវជា ១០។

ឥតិវុត្តកៈ តិកនិបាត បញ្ចមវគ្គ

១. អគ្គប្បសាទសូត្រ

[៩២] ខ្ញុំបានស្តាប់មកថា ​ពាក្យនុ៎ះ ព្រះមានព្រះភាគ​ ទ្រង់ត្រាស់​ហើយ​​ ព្រះអរហន្ត​សំដែង​​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ជ្រះថ្លា​​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​​នេះ មាន ៣។ សេចក្តី​​ជ្រះថ្លា​​ចំពោះ​​វត្ថុដ៏​​ប្រសើរ ៣ តើដូច​ម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ​ ពួកសត្វ​ទាំង​ប៉ុន្មាន ដែល​ជា​សត្វ​មិនមាន​​ជើងក្តី មាន​ជើង​​ពីរក្តី មាន​ជើង​បួនក្តី មាន​ជើង​ច្រើនក្តី មាន​រូប​ក្តី មិនមាន​​រូបក្តី មាន​​សញ្ញាក្តី មិនមាន​​សញ្ញាក្តី មាន​សញ្ញា​​ក៏មិនមែន មិនមាន​សញ្ញា​ក៏មិន​មែន គឺមាន​​សញ្ញា​យ៉ាងល្អិត​ក្តី ព្រះតថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ប្រាកដ​ជា​ប្រសើរ​ជាងពួក​សត្វ​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វណា ជ្រះថ្លា​ក្នុងព្រះ​ពុទ្ធ ពួក​សត្វនោះ ឈ្មោះថា ជ្រះថ្លា​ក្នុងវត្ថុ​ដ៏ប្រសើរ កាល​បើពួក​សត្វជ្រះថ្លា​ ក្នុងវត្ថុ​ដ៏ប្រសើរ​ហើយ មានផល​ក៏ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ​ ធម៌​ទាំង​ប៉ុន្មាន ដែលជា​សង្ខតធម៌ (ធម៌​ដែលមាន​បច្ច័យ​ប្រជុំ​តាក់តែង) ក្តី ជា​អសង្ខតធម៌ (ធម៌​ដែលមិន​មានបច្ច័យ​ប្រជុំ​តាក់តែង) ក្តី វិរាគៈ (ការ​ប្រាស​ចាក​តម្រេក) ដែលជា​គ្រឿងញាំញី​នូវសេចក្តី​ស្រវឹង នាំចេញ​នូវ​សេចក្តី​​ស្រេក​ឃ្លាន ដកឡើង​នូវសេចក្តី​អាល័យ កាត់ផ្តាច់​នូវវដ្តៈ​ អស់តណ្ហា ប្រាស​ចាក​តម្រេក រលត់​មិនសេស​សល់ មិនមាន​តណ្ហានេះ ប្រាកដ​ជាប្រសើរ​ជាង​ធម៌​ទាំងនោះ។

ម្នាលភិក្ខុទាំងឡាយ​ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ហើយ ពួកសត្វ​នោះ ឈ្មោះថា ជ្រះថ្លា​ក្នុងវត្ថុ​ដ៏ប្រសើរ កាលបើ​ពួកសត្វ​ជ្រះថ្លា​ក្នុងវត្ថុដ៏​​ប្រសើរហើយ មានផល​ក៏ប្រសើរ​។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង​ប៉ុន្មាន ដែលជា​សង្ខតធម៌ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ក៏ការ​ឃើញត្រូវ ១ ការ​ត្រិះ​រិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹម​ជីវិតត្រូវ ១ ព្យាយាម​ត្រូវ ១ រលឹក​ត្រូវ ១ តាំងចិត្ត​មាំត្រូវ​ ១ នេះប្រាកដ​ជាប្រសើរ​ជាងធម៌​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វណា​ ជ្រះថ្លា​ក្នុងធម៌ គឺមគ្គ​ដ៏ប្រសើរ​ហើយ ពួក​សត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងវត្ថុ​ដ៏ប្រសើរ កាលបើ​ពួកសត្វ​ជ្រះថ្លា​ក្នុងវត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏ប្រសើរ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃក្តី គណៈក្តី​ទាំងប៉ុន្មាន សង្ឃ​ជាសាវ័ក​របស់​ព្រះតថាគត ដែលចាត់​ជាគូនៃ​បុរស មាន ៤ គូ ចាត់ជា​បុរសបុគ្គល (រៀងគ្នា) មាន​ប្រាំបីនេះ ប្រាកដជា​ប្រសើរ​ជាងសង្ឃ និងគណៈ​ទាំងនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វណា​ ជ្រះថ្លា​ក្នុងសង្ឃ​ហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុង​វត្ថុដ៏​ប្រសើរ កាលបើ​ពួកសត្វជ្រះ​ថ្លា ក្នុងវត្ថុ​ដ៏ប្រសើរ​ហើយ មានផល​ក៏ប្រសើរ។ មា្នលភិក្ខុ​ទាំងឡាយ​ សេចក្តី​ជ្រះថ្លា​ក្នុងវត្ថុដ៏​ប្រសើរ មាន ៣ នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

កាលបើពួកសត្វជ្រះថ្លាក្នុង (ព្រះរត្នត្រ័យ) ថាជា​របស់​ប្រសើរ ដឹងច្បាស់​ថាជា​សភាវៈ​ប្រសើរ គឺថាជ្រះថ្លា​ក្នុងព្រះពុទ្ធ​ដ៏ប្រសើរ ជា​ទក្ខិណេយ្យបុគ្គល​ដ៏ឧត្តម ជ្រះថ្លា​ក្នុង​ព្រះធម៌​ដ៏ប្រសើរ ជាគ្រឿង​ប្រាសចាក​តម្រេក ស្ងប់រម្ងាប់ (កិលេស) នាំមក​នូវ​សេចក្តី​សុខ ជ្រះថ្លា​ក្នុងព្រះសង្ឃ​ដ៏ប្រសើរ ជា​បុញ្ញក្ខេត្ត​យ៉ាង​ខ្ពង់ខ្ពស់ ឲ្យនូវទាន​ក្នុងវត្ថុ​ដ៏ប្រសើរ បុណ្យ​ដ៏ប្រសើរ ក៏រមែង​ចំរើន ទាំងអាយុ ពណ៌ យស កេរ្តិ៍ឈ្មោះ សេចក្តីសុខ និង​កំឡាំង​ដ៏ប្រសើរ ក៏រមែង​ចំរើន អ្នកប្រាជ្ញ​ជាអ្នក​ឲ្យ (នូវទេយ្យធម៌) ចំពោះ​វត្ថុដ៏​ប្រសើរ ហើយ​ជាអ្នក​មានចិត្ត​តាំងមាំ ក្នុងធម៌​ដ៏ប្រសើរ លុះកើត​ជា​ទេវតា ឬ​កើតជា​មនុស្ស​ សម្រេច​នូវសម្បត្តិ​ដ៏ប្រសើរ រមែង​រីករាយ។

ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី១។

២. ជីវិកសូត្រ

[៩៣] ម្នាលភិក្ខុទាំងឡាយ ការចិញ្ចឹមជីវិតដោយកិរិយា​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត​នេះ លាមក​ជាង​ការចិញ្ចឹម​ជីវិត​ទាំងឡាយ​ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ក្នុងលោក រមែង​មានពាក្យ​ផ្តាសា​ដូច្នេះថា អ្នកជា​បុគ្គល​ប្រព្រឹត្តត្រាច់​ទៅដើម្បី​បិណ្ឌបាត មានតែ​បាត្រក្នុង​ដៃ។ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែពួក​កុលបុត្រ ដែលចូល​ចិត្តចិញ្ចឹម​ជីវិត​ដោយកិរិយា​ត្រាច់ទៅ ដើម្បី​បិណ្ឌបាត​នោះ​ សុទ្ធតែ​ជាអ្នក​ប្រព្រឹត្តទៅ ក្នុងអំណាច​នៃ​ប្រយោជន៍ ព្រោះអាស្រ័យ​ប្រយោជន៍ មិនមែន​ព្រោះព្រះរាជា​បៀតបៀន មិនមែន​ព្រោះចោរ​បៀត​បៀន មិនមែន​ព្រោះចំពាក់​បំណុល មិនមែន​ព្រោះភ័យ​គ្របសង្កត់ មិនមែន​ព្រោះ​ដុនដាប​ដោយការ​ចិញ្ចឹម​ជីវិតទេ ពិតជា​ព្រោះការ​ត្រិះរិះថា ពួកយើង​ត្រូវជាតិ ជរា មរណៈ សេចក្តី​សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​ចង្អៀត​ចង្អល់​ចិត្ត គ្របសង្កត់​ហើយ ជាអ្នក​ត្រូវទុក្ខ​រឹបជាន់ ត្រូវទុក្ខ​គ្របសង្កត់​ហើយ ធ្វើដូច​ម្តេចហ្ន៎ ការធ្វើនូវ​ទីបំផុត​នៃគំនរទុក្ខ​ទាំងអស់​នេះឲ្យ​ប្រាកដ​បាន។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្រ​នេះ បានបួស​យ៉ាងនេះ​ហើយ ក៏ជាអ្នក​ច្រើន​ដោយអភិជ្ឈា មានតម្រេក​ដ៏ក្លៀវក្លា​ក្នុងកាម មានចិត្ត​ព្យាបាទ មានការ​ត្រិះរិះ​ក្នុងចិត្ត​ដ៏អាក្រក់ ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្ត​មិនមាំមួន មានចិត្ត​ភ្ញាក់ផ្អើល មាន​ឥន្ទ្រិយ​ជាប្រក្រតី គឺមិន​សង្រួម។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀប​ដូចជា​អង្កត់ឧស​សម្រាប់​ដុតខ្មោច មានភ្លើងឆេះ​ទាំងសងខាង ប្រឡាក់​លាមក​ត្រង់កណ្តាល រមែង​មិនផ្សព្វ​ផ្សាយ​ទៅ​ដើម្បីជា​ឧសក្នុងស្រុក ក្នុង​ព្រៃ​បានឡើយ យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​បុគ្គល​នេះ​ថា សាបសូន្យ​ចាកភោគៈ​របស់​គ្រហស្ថ​ផង មិនបាន​ញុំាង​ប្រយោជន៍​ជារបស់​សមណៈ​ឲ្យបរិបូណ៌​ផង ក៏យ៉ាង​នោះដែរ។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងសូត្រ​នោះថា

(បុគ្គលទ្រុស្តសីល) រមែងសាបសូន្យចាកភោគៈ​របស់​គ្រហស្ថ​ផង ចាក​ប្រយោជន៍​របស់​សមណៈ​ផង ជាបុគ្គល​មានចំណែក​អាក្រក់ តែង​ខ្ចាត់ខ្ចាយ រោយរាយ វិនាសទៅ ដូចជា​ឧស​ដុតខ្មោច។ បុគ្គល បរិភោគ​ដុំដែកក្តៅ ដូចជា​អណ្តាតភ្លើង ប្រសើរជាង បុគ្គល​ទ្រុស្តសីល មិន​សង្រួម​ហើយ បរិភោគ​នូវ​បិណ្ឌបាត​របស់​អ្នកដែន មិនប្រសើរ​សោះ​ឡើយ។ សូត្រ ទី២។

៣. សង្ឃាដិកណ្ណសូត្រ

[៩៤] ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុ ចាប់ជាយ​សង្ឃាដិ (នៃតថាគត) ហើយដើរ​តាមអំពី​ខាងក្រោយ ៗ ដាក់ជើង (ខ្លួន) ត្រង់​កន្លែង​ជើង (នៃតថាគត) តែថា​ភិក្ខុនោះ ជាអ្នក​ច្រើនដោយ​អភិជ្ឈា មានតម្រេក​ដ៏​ក្លៀវកា្ល​ក្នុងកាម មានចិត្ត​ព្យាបាទ មានសេចក្តី​ត្រិះរិះ​ក្នុងចិត្តដ៏​អាក្រក់ ភ្លេច​សា្មរតី មិនដឹងខ្លួន មានចិត្ត​មិនមាំមួន មានចិត្ត​ភ្ញាក់ផ្អើល មាន​ឥន្រ្ទិយ​ជា​ប្រក្រតី ភិក្ខុនោះ ឈ្មោះថា នៅឆ្ងាយ​អំពីតថាគត​ដោយពិត ឯតថាគត ក៏ឈ្មោះថា នៅឆ្ងាយ​អំពីភិក្ខុ​នោះដែរ។ ដំណើរ​នោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុនោះ មិនឃើញ​ធម៌ កាលបើ​មិនឃើញធម៌​ហើយ ឈ្មោះថា មិនឃើញ​តថាគត។ ម្នាលភិក្ខុ​ទាំងឡាយ បើទុក​ជា​ភិក្ខុ​នោះ នៅក្នុងទី​មួយ ចំនួន​រយយោជន៍ តែភិក្ខុនោះ មិនជាអ្នក​ច្រើនដោយ​អភិជ្ឈា មិនមាន​តម្រេកក៏ក្លៀវក្លា​ក្នុងកាម មិនមាន​ចិត្តព្យាបាទ មិនមាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដ៏អាក្រក់ ប្រុងស្មារតី ដឹងខ្លួន មានចិត្ត​មាំមួន មានចិត្តមូល​នឹងធឹង​ក្នុងអារម្មណ៍​តែមួយ សង្រួម​ឥន្រ្ទិយ ភិក្ខុនោះ ឈ្មោះថា នៅជិត​តថាគត​ដោយពិត ទាំងតថាគត ក៏ឈ្មោះថា នៅជិត​ភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុនោះ ឃើញ​ធម៌ កាលបើ​ឃើញធម៌​ហើយ ឈ្មោះថា ឃើញតថាគត។

អ្នកចូរ​មើលចុះ ភិក្ខុណា ដែលជា​អ្នកប្រាថ្នា​ធំ បៀតបៀនគេ លុះអំណាច​តណ្ហា​ជាគ្រឿង​ញាប់ញ័រ មានចិត្ត​មិនត្រជាក់ ចំពាក់នៅ (ក្នុងកាម) បើទុក​ជាភិក្ខុនោះ ជាប់កៀក​នឹងព្រះពុទ្ធ ដែលមិន​មានតណ្ហា​ជាគ្រឿង​ញាប់ញ័រ មានចិត្ត​ត្រជាក់ ឥតជាប់​ចំពាក់ ក៏ឈ្មោះថា នៅឆ្ងាយ​ជាដរាប។ លុះតែ​ភិក្ខុណា ជាបណ្ឌិត បានដឹងច្បាស់​នូវធម៌ (ដោយញាតបរិញ្ញា និង​តីរណបរិញ្ញា) ដឹងច្បាស់​នូវ​ចតុសច្ចធម៌ (ដោយ​មគ្គញ្ញាណ) មិនមាន​តណ្ហា​ជាគ្រឿង​ញាប់ញ័រ ស្ងប់រម្ងាប់ ដូចជា​អន្លង់ទឹក ប្រាសចាក​ខ្យល់ មិន​កំរើក​មានចិត្ត​ត្រជាក់ មិនជាប់​ចំពាក់ អ្នកចូរ​មើលចុះ ភិក្ខុនោះ ឈ្មោះថា នៅជិត​ព្រះពុទ្ធ ដែលមិន​មានតណ្ហា​ជាគ្រឿង​ញាប់ញ័រ មាន​ចិត្ត​ត្រជាក់ មិនជាប់​ចំពាក់ក្នុង​កាម​ជាដរាប។ សូត្រ ទី៣។

៤. អគ្គិសូត្រ

[៩៥] ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះ មាន ៣ យ៉ាង។ ភ្លើង ៣ យ៉ាង ​តើ​ដូច​ម្តេច។ ភ្លើង គឺរាគៈ ១ ភ្លើង គឺទោសៈ ១ ភ្លើង គឺមោហៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភ្លើងមាន ៣ យ៉ាង​នេះឯង។

ភ្លើង គឺរាគៈ រមែងដុតពួកសត្វ ដែលត្រេកត្រអាល​ជ្រប់នៅ​ក្នុងកាម ចំណែក​ភ្លើង គឺទោសៈ រមែងដុត​ពួកជន ដែលមាន​ចិត្តព្យាបាទ ជាអ្នក​សម្លាប់សត្វ ឯភ្លើង គឺមោហៈ រមែត​ដុតពួកសត្វ​ដែលវង្វេង មិនឈ្លាស​វៃក្នុង​អរិយធម៌។ ពួកសត្វ​ដែលមិន​ស្គាល់ភ្លើង​ទាំង​នេះ ជាអ្នក​ត្រេកត្រអាល​ក្នុង​សក្កាយ (ឧបាទានក្ខន្ធ ៥) រមែង​ញ៉ាំងភ្លើង​ទាំងនោះ​ឲ្យចំរើន ទាំង​ញ៉ាំង​នរក តិរច្ឆានកំណើត អសុរកាយ និង​បិត្តិវិស័យ​ឲ្យចំរើន មិនផុត​ចាក ចំណង​មារបាន​ឡើយ។ លុះតែ​បុគ្គល​ទាំងឡាយ​ណា ប្រកប (ដោយ​ភាវនា) ក្នុងសាសនា​ព្រះសម្មាសម្ពុទ្ធ ទាំងយប់​ទាំងថ្ងៃ បុគ្គល​ទាំងនោះ មានសេចក្ដី​សំគាល់​ថា មិនស្អាត​ជានិច្ច ទើបញ៉ាំង​ភ្លើង គឺរាគៈ ឲ្យរលត់បាន ជាសត្វ​ខ្ពង់ខ្ពស់​ជាងជន ទើបញ៉ាំង​ភ្លើង គឺទោសៈ​ឲ្យរលត់ ដោយ​មេត្តាភាវនា​បាន ទាំងញ៉ាំង​ភ្លើង គឺមោហៈ ឲ្យរលត់ ដោយ​ប្រាជ្ញាជា​គ្រឿង​ទំលុះទំលាយ​កិលេស។ លុះ​ភិក្ខុទាំងនោះ មានប្រាជ្ញា​ជាគ្រឿង​រក្សាខ្លួន មិនខ្ជិល​ច្រអូស ទាំង​យប់ទាំងថ្ងៃ រំលត់​ភ្លើងកិលេស​បានហើយ រមែង​រលត់ទាំង​ខន្ធ មិនមាន​សេសសល់ កន្លងផុត​នូវទុក្ខ មិនមាន​សេសសល់។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នក​ឃើញនូវ​អរិយធម៌ (និព្វាន និងសច្ចៈ ៤) ដល់​នូវវេទ ព្រោះដឹង​ដោយ​ប្រពៃ ដឹងច្បាស់​នូវធម៌ ជាគ្រឿង​អស់​ជាតិ រមែង​មិនវិល​មកកាន់ភព​ទៀតឡើយ។ សូត្រ ទី៤។ ​

៥. ឧបបរិក្ខសូត្រ

[៩៦] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ពិចារណា​យ៉ាងណាៗ ហើយ វិញ្ញាណ មិន​រាយមាយ មិន​រវើរវាយ​ទៅខាងក្រៅ ទាំងមិន​ឋិតនៅ​ខាងក្នុង មិនតក់​ស្លុត ព្រោះមិន​ប្រកាន់មាំ ភិក្ខុគួរ​ពិចារណា​យ៉ាងនោះៗ ទើបហេតុ​ជាគ្រឿង​បង្កឲ្យកើត​នៃជាតិទុក្ខ ជរាទុក្ខ និងមរណទុក្ខ មិនមាន​តទៅ។

ភិក្ខុដែលបានលះបង់​នូវគ្រឿងជាប់​ចំពាក់ ៧ យ៉ាង កាត់ផ្ដាច់​នូវ​តណ្ហា សម្រាប់​នាំទៅ​កាន់ភព រមែង​អស់ការ​ត្រាច់រង្គាត់​ទៅកាន់​ជាតិ ភពថ្មី​របស់ភិក្ខុ​នោះ មិនមាន​ទៀត​ឡើយ។ សូត្រ ទី៥។

៦. កាមូបបត្តិសូត្រ

[៩៧] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង​នៃកាមនេះ មាន ៣។ ការ​កើតឡើង​នៃកាម ៣ តើ​ដូចម្ដេច។ គឺពួកសត្វ​ដែលមាន​កាម​តាំងឡើង​ចំពោះ ១ ពួកសត្វ​ដែលកើត​ក្នុងឋាន​និម្មានរតី (ត្រេកអរ​ចំពោះ​កាមដែល​និម្មិត​ដោយខ្លួន​ឯង) ១ ពួកសត្វ​ដែលកើត​ក្នុងឋាន​បរនិម្មិតវសវត្តិ (ប្រព្រឹត្ត​ទៅក្នុង​អំណាច​នៃកាម​ដែលអ្នក​ដទៃ​និម្មិតឲ្យ) ១។ ម្នាលភិក្ខុ​ទាំងឡាយ ការ​កើតឡើង​នៃកាម មាន ៣ នេះឯង។

ពួកសត្វដែលមានកាមតាំងឡើងចំពោះក្ដី ពួកទេវតា​ណា ដែលកើត​ក្នុងឋាន​បរនិម្មិតវសវត្តិក្ដី ពួកទេវតាណា ដែលកើត​ក្នុងឋាន​និម្មានរតីក្តី និង​ពួកសត្វ​ណា​ដទៃក្រៅ​អំពីនេះ ដែល​ជាអ្នក​បរិភោគ​នូវកាមក្ដី (ពួកសត្វ​ទាំងអស់នោះ) មិនឆ្លង​នូវការ​បានបែប​នេះ ហើយ​ប្រែទៅ​ជាដទៃ ព្រោះ​ការបរិភោគ​កាមបាន​ឡើយ (ព្រោះ​ហេតុនោះ) កាមទាំង​ឡាយណា ជារបស់​ទិព្វក្ដី កាម​ទាំងឡាយណា ជារបស់​មនុស្សក្ដី អ្នកប្រាជ្ញ​លះបង់​នូវកាម​ទាំងអស់​នោះ កាត់​ផ្ដាច់នូវខ្សែ គឺតណ្ហា ជាគ្រឿង​ជាប់ចំពាក់ ដោយ​សេចក្ដី​រីករាយ ក្នុងរូប​ជាទីស្រឡាញ់ ដែល​ពួកសត្វ​ឆ្លងបាន​ដោយក្រ ហើយរលត់​មិនមាន​សេសសល់ កន្លង​នូវទុក្ខ មិនមាន​សេសសល់ ពួកអ្នក​ប្រាជ្ញ ជាអ្នក​ឃើញនូវ​អរិយធម៌ ដល់​នូវវេទ ព្រោះដឹង​ដោយប្រពៃ ដឹងច្បាស់​នូវធម៌​ជាគ្រឿង​អស់ជាតិ រមែង​មិនវិលមក​កាន់ភពថ្មី​ទៀតឡើយ។ សូត្រ ទី៦។

៧. កាមយោគសូត្រ

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកប​ដោយ​កាមយោគៈ (កិលេស​ជាគ្រឿង​​ប្រកប គឺតម្រេក​ក្នុង​បញ្ចកាមគុណ) ប្រកប​​ដោយ​ភវយោគៈ (កិលេស​ជាគ្រឿង​ប្រកប គឺតម្រេក​ក្នុងរូបភព និង​អរូបភព) ឈ្មោះថា អាគាមិបុគ្គល ព្រោះ​មកកាន់​អត្តភាព​ជាមនុស្ស​នេះវិញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែលប្រាស​ចាក​កាមយោគៈ តែប្រកប​ដោយ​ភវយោគៈ ឈ្មោះថា អនាគាមិបុគ្គល ព្រោះ​មិនមក​កាន់​អត្តភាព​ជាមនុស្ស​ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែល​ប្រាសចាក​កាមយោគៈ ប្រាសចាក​ភវយោគៈ ឈ្មោះថា អរហន្ត អស់អាសវៈ​ហើយ។

ពួកសត្វ ដែលប្រកបដោយកាមយោគៈ និង​ភវយោគៈ​ទាំងពីរ ជាសត្វ​ប្រព្រឹត្ត​ទៅដើម្បី​ជាតិ និងមរណៈ រមែង​អន្ទោល​ទៅកាន់​សង្សារ។ ចំណែក​ពួកសត្វណា បានលះបង់​នូវកាម​ទាំងឡាយ តែមិន​ទាន់ដល់​នូវការ​អស់ទៅ​នៃអាសវៈ នៅប្រកប​ដោយ​ភវយោគៈ​នៅឡើយ ពួកសត្វនោះ ហៅថា អនាគាមិ​បុគ្គល។ លុះតែ​ពួកសត្វណា បានកាត់​នូវសេចក្ដី​សង្ស័យ អស់សេចក្ដី​ប្រកាន់​ក្នុងភពថ្មី​ហើយ ឬពួកសត្វណា ដែលបាន​ដល់នូវ​ការអស់​ទៅនៃ​អាសវៈ​ក្នុងលោក ពួកសត្វ​នោះឯង ឈ្មោះថា បានដល់​នូវត្រើយ គឺ​ព្រះនិព្វាន។ សូត្រ ទី៧។

៨. កល្យាណសីលសូត្រ

[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បានប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់សព្វគ្រប់​ហើយ ហៅថា​ជាបុរស​ដ៏ខ្ពង់ខ្ពស់ ក្នុង​ធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​សីលល្អ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល បាន​សង្រួម​ដោយការ​សង្រួមក្នុង​បាតិមោក្ខ បរិបូណ៌​ដោយអាចារ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​បន្តិចបន្តួច សមាទាន​សិក្សា​ក្នុងសិក្ខាបទ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មានសីល​ល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ។ ភិក្ខុមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រកប​រឿយៗ នូវ​ការចំរើន​នូវ​ពោធិបក្ខិយធម៌ ៣៧ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមានធម៌ល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ មានធម៌ល្អ។ ភិក្ខុមានប្រាជ្ញាល្អ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ប្រាជ្ញាល្អ យ៉ាង​នេះឯង។ ភិក្ខុដែល​មានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បាន​ប្រព្រឹត្ត​មគ្គព្រហ្មចរិយៈ​ចប់សព្វ​គ្រប់ហើយ ហៅថា ឧត្តមបុរស ក្នុងធម្មវិន័យ​នេះ ដូច្នេះ។

ភិក្ខុណា មិនមានអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត អ្នក​ប្រាជ្ញ​ហៅភិក្ខុនោះ ដែលមាន​សេចក្ដី​ខ្មាសបាប ថាជា​អ្នកមាន​សីលល្អ ដោយ​ពិត។ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បី​សម្រេច​សម្ពោធិញ្ញាណ ដែលភិក្ខុ​ណា​បានចំរើន​ដោយល្អ​ហើយ អ្នកប្រាជ្ញ​ហៅភិក្ខុនោះ ដែល​មិនមាន​កិលេស​ក្រាស់ ថាជា​អ្នកមានធម៌ល្អ​ដោយ​ពិត។ ភិក្ខុណា ដឹងច្បាស់​នូវធម៌ជា​គ្រឿងអស់​ទៅនៃ​ទុក្ខរបស់​ខ្លួន ក្នុង​លោកនេះ អ្នកប្រាជ្ញ​ហៅភិក្ខុ​នោះ ដែល​មិនមាន​អាសវៈ ថាជា​អ្នកមានប្រាជ្ញាល្អ​ដោយពិត អ្នកប្រាជ្ញ​ពោលនូវ​ភិក្ខុ​ដែលបរិបូណ៌​ដោយធម៌​ទាំងឡាយ​នោះ ជាអ្នក​មិនមានទុក្ខ អស់សេចក្ដី​សង្ស័យ លះបង់​នូវកិលេស​ទាំងពួង ថាជា​អ្នកមិន​អាស្រ័យ​ដោយតណ្ហា និង​ទិដ្ឋិ ក្នុងលោក​ទាំងពួង។ សូត្រ ទី៨។

៩. ទានសូត្រ

[១០០] ម្នាលភិក្ខុទាំងឡាយ ទាននេះ មាន ២ យ៉ាង គឺ អាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្ដា​ទានទាំង ២ យ៉ាងនេះ ធម្មទាន ប្រសើរជាង។ ម្នាលភិក្ខុ​ទាំងឡាយ ការចែក​នេះ មាន ២ យ៉ាង គឺការចែក​អាមិសៈ ១ ការ​ចែកធម៌ ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្ដា​ការចែកទាំង ២ នេះ ការចែកធម៌ ប្រសើរ​ជាង។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដី​អនុគ្រោះ​នេះ មាន ២ យ៉ាង គឺ សេចក្ដី​អនុគ្រោះ​ដោយអាមិសៈ ១ សេចក្ដី​អនុគ្រោះ​ដោយធម៌ ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្ដា​សេចក្ដី​អនុគ្រោះ​ទាំង ២ យ៉ាងនេះ សេចក្ដី​អនុគ្រោះ​ដោយធម៌ ប្រសើរជាង។

ព្រះមានព្រះភាគ ពោលសរសើរ​នូវទានណា ថាជាទាន​ឧត្តម ប្រសើរ​លើស ត្រាស់​សរសើរ​នូវការ​ចែកណា (ថាជា​របស់ឧត្តម ប្រសើរលើស) អ្នកប្រាជ្ញ មានចិត្ត​ជ្រះថ្លា ចំពោះ​បុញ្ញក្ខេត្ត​ដ៏ប្រសើរ កាលបើ​ដឹងច្បាស់​ហើយ នរណា នឹង​មិនបូជា ក្នុងកាល​ដែល​គួរ។ ពួកសត្វណា សំដែងផង ស្ដាប់ផង ទាំងពីរពួក មានចិត្ត​ជ្រះថ្លា ក្នុងសាសនា​ព្រះសុគត (មួយទៀត) ពួកសត្វណា មិនធ្វេស​ប្រហែស​ក្នុង​សាសនា​ព្រះសុគត ប្រយោជន៍​ដ៏សំខាន់​នោះ របស់ពួក​ទាំងនោះ រមែង​បរិសុទ្ធ។ សូត្រ ទី៩។

១០. តេវិជ្ជសូត្រ

[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គល​អ្នកបាន​ត្រៃវិជ្ជា​ដោយធម៌ ថាជា​ព្រាហ្មណ៍ មិនបញ្ញត្ត​នូវបុគ្គល​ដទៃ​ថាជា​ព្រាហ្មណ៍ ដោយ​គ្រាន់តែ​ពាក្យពោល និង​បង្ហាញ​នូវមន្ត​ប៉ុណ្ណោះ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​បញ្ញត្តនូវ​បុគ្គលអ្នក​បានត្រៃវិជ្ជា ដោយធម៌ ថាជា​ព្រាហ្មណ៍ មិន​បញ្ញត្តនូវ​បុគ្គលដទៃ ថាជា​ព្រាហ្មណ៍ ដោយគ្រាន់​តែពាក្យពោល និង​បង្ហាញ​នូវមន្ត​ប៉ុណ្ណោះ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រលឹក​ជាតិដែល​បានអាស្រ័យ​នៅក្នុង​កាលមុន​ជាច្រើន​ប្រការ គឺរលឹក​បាន ១​ជាតិ​ខ្លះ ២​ជាតិខ្លះ ៣​ជាតិខ្លះ ៤​ជាតិខ្លះ ៥​ជាតិខ្លះ ១០​ជាតិខ្លះ ២០​ជាតិខ្លះ ៣០​ជាតិខ្លះ ៤០​ជាតិខ្លះ ៥០​ជាតិខ្លះ ១០០​ជាតិខ្លះ ១០០០​ជាតិខ្លះ ១​សែនជាតិ​ខ្លះ រលឹក​បាន​ច្រើន​សំវដ្ដកប្ប​ខ្លះ ច្រើន​វិវដ្ដកប្ប​ខ្លះ ច្រើន​សំវដ្ដវិវដ្ដកប្ប​ខ្លះ​ថា អាត្មាអញ បានកើត​ក្នុងភព​ឯណោះ មានឈ្មោះ យ៉ាងនេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួល​សុខទុក្ខ​យ៉ាងនេះ មានកំណត់​អាយុប៉ុណ្ណេះ លុះ​អាត្មាអញ​ច្យុតចាក​អត្តភាព​នោះហើយ បានទៅ​កើតក្នុង​ភពឯណោះ ដែល​ទៅកើត​ក្នុងភពនោះ មានឈ្មោះ​យ៉ាងនេះ មាន​គោត្រយ៉ាង​នេះ មានសម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួល​សុខទុក្ខ​យ៉ាងនេះ មានកំណត់​អាយុប៉ុណ្ណេះ លុះ​អាត្មាអញ ច្យុតចាក​អត្តភាព​នោះហើយ ក៏បាន​មកកើត​ក្នុងភពនេះ ភិក្ខុនោះ រលឹកតាម​នូវជាតិ​ដែលអាស្រ័យ​នៅក្នុង​កាលមុន​បានជា​ច្រើនប្រការ ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ នេះ​ជាវិជ្ជាទី ១ ដែលភិក្ខុនោះ​បានហើយ អវិជ្ជា ខ្ចាត់បាត់​ទៅ វិជ្ជា ក៏កើត​ឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺ​ក៏កើត​ឡើង ដល់ភិក្ខុ​នោះ ដែលមិន​ធ្វេសប្រហែស ខំព្យាយាម​ដុតកំដៅកិលេស មានចិត្ត​មូល​ស្លុង (ឥតមាន​នឹកនា​ដល់កាយ និងជីវិត​ឡើយ)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមាន​ចក្ខុទិព្វ​​បរិសុទ្ធ កន្លងបង់​ចក្ខុជា​របស់​មនុស្ស ពិចារណា​ឃើញនូវ​សត្វទាំងឡាយ ដែលកំពុង​ច្យុត កំពុងកើត ទាបថោក និង​ឧត្តម មានសម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិល្អ មាន​គតិអាក្រក់ ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែលអន្ទោល​ទៅតាម​កម្មថា អើហ៎្ន សត្វទាំងអម្បាល​នេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នក​តិះដៀល​ព្រះអរិយៈ​ទាំងឡាយ ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំនូវ​កម្មជា​មិច្ឆាទិដ្ឋិ លុះសត្វ​ទាំងនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ បានទៅ​កើតឯ​អបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែក​សត្វទាំង​អម្បាលនេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត មិនតិះដៀល​ព្រះអរិយៈ​ទាំងឡាយ ជា​សម្មាទិដ្ឋិ ប្រកាន់​មាំនូវកម្ម​ជា​សម្មាទិដ្ឋិ លុះសត្វ​ទាំងនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ បានទៅ​កើតឯ​សុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មាន​ចក្ខុទិព្វ​បរិសុទ្ធ កន្លងបង់​ចក្ខុ​ជារបស់​មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែល​អន្ទោលទៅ​តាមកម្ម ដោយ​បការៈ​ដូច្នេះ។ នេះជា​វិជ្ជាទី ២ ដែលភិក្ខុនោះ​បានហើយ អវិជ្ជា ខ្ចាត់បាត់​ទៅ វិជ្ជា ក៏កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺក៏​កើតឡើង​ដល់ភិក្ខុនោះ ដែលមិន​ប្រហែសធ្វេស ខំព្យាយាម​ដុតកំដៅ​កិលេស មានចិត្ត​មូលស្លុង។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ភិក្ខុបាន​ធ្វើឲ្យជាក់​ច្បាស់ សម្រច​ដោយប្រាជ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​ នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅនៃអាសវៈ​ទាំងឡាយ។ នេះជា​វិជ្ជាទី ៣ ដែលភិក្ខុ​នោះ​បានហើយ អវិជ្ជា​ខ្ចាត់បាត់ទៅ វិជ្ជាក៏​កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺ ក៏កើត​ឡើង ដល់ភិក្ខុនោះ ដែលមិន​ប្រហែសធ្វេស ខំព្យាយាម​ដុតកំដៅ​កិលេស មានចិត្ត​មូលស្លុង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត បញ្ញត្ត​នូវបុគ្គល​អ្នកបាន​ត្រៃវិជ្ជា​ដោយធម៌ ថាជា​ព្រាហ្មណ៍ មិន​បញ្ញត្តនូវ​បុគ្គលដទៃ​ថាជាព្រាហ្មណ៍ ដោយ​គ្រាន់តែ​ពាក្យពោល និង​បង្ហាញនូវ​មន្តប៉ុណ្ណោះ​ទេ យ៉ាងនេះឯង។

បុគ្គលណា បានដឹងនូវខន្ធសន្តាន ដែលអាស្រ័យ​នៅក្នុង​កាលមុន ទាំងឃើញ​នូវឋានសួគ៌ និង​អបាយ ទាំងបាន​ដល់នូវការ​អស់ទៅ​នៃជាតិ ជាខាង​ក្រោយ បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញ បានញ៉ាំង​កិច្ចឲ្យ​សម្រេច ព្រោះដឹងច្បាស់​នូវ​ចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជាអ្នកបាន​ត្រៃវិជ្ជា ដោយ​វិជ្ជា ៣ នុ៎ះ តថាគត​ហៅនូវ​ព្រាហ្មណ៍ អ្នកបាន​ត្រៃវិជ្ជា​នោះ ថាជា​ព្រាហ្មណ៍ មិនហៅ​នូវបុគ្គល​ដទៃ ដែលជា​អ្នកពោល និង​បង្ហាញ​នូវមន្ត ថាជា​ព្រាហ្មណ៍​ឡើយ។

ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ទុក​ហើយ។ សូត្រ ទី១០។

ចប់ បញ្ចមវគ្គ។

ឧទ្ទាននៃបញ្ចមវគ្គនោះគឺ

និយាយអំពីសេចក្ដីជ្រះថ្លា ១ ការចិញ្ចឹមជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការកើតឡើង​នៃកាម ១ កាមយោគៈ ១ សីលល្អ ១ ទាន ១ ព្រាហ្មណ៍​ដោយធម៌ ១ ត្រូវជា ១០។

ចប់ តិកនិបាត។​

ឥតិវុត្តកៈ ចតុក្កនិបាត

១. ព្រាហ្មណធម្មយាគសូត្រ

[១០២] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​​ហើយ ព្រះអរហន្ត​​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ជា​ព្រាហ្មណ៍ គួរគេ​សូមបាន មានដៃ​លាងស្អាត​គ្រប់កាល ទ្រទ្រង់​នូវអត្តភាព​ជាទីបំផុត ជាពេទ្យ​វះកាត់​យ៉ាង​ប្រសើរ អ្នកទាំង​ឡាយ ជាបុត្ត ជា​ឱរស កើតអំពី​មាត់​តថាគត កើត​អំពីធម៌ មានធម៌​តាក់តែង​ហើយ មានធម៌​ជាមត៌ក​ មិនមាន​អាមិសៈ​ជាមត៌ក​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ទាន​នេះ​មាន ២ គឺ អាមិសទាន ១ ធម្មទាន​ ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទាន​ទាំង ២ នេះ ធម្មទាន​ប្រសើរជាង។ ម្នាលភិក្ខុ​ទាំងឡាយ ការចែក​នេះ​មាន ២ គឺការចែក​អាមិសៈ ១ ការចែក​ធម៌ ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ការចែក​ទាំង ២ នេះ ការចែក​ធម៌​ប្រសើរជាង។ ម្នាលភិក្ខុ​ទាំងឡាយ ការអនុគ្រោះ​នេះ មាន ២ គឺ​ការអនុគ្រោះ​ដោយអាមិសៈ ១ ការអនុគ្រោះ​ដោយ​ធម៌ ១ ​ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តា​ការ​អនុគ្រោះ ទាំង ២ នេះ ការអនុគ្រោះ​ដោយធម៌ ប្រសើរជាង។ ម្នាលភិក្ខុ​ទាំងឡាយ ការបូជា​នេះ មាន ២ គឺការ​បូជា​ដោយ​អាមិស ១ ការ​បូជា​ដោយធម៌ ១ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ការបូជា​ទាំង ២ នេះ ការបូជា​ដោយធម៌ ប្រសើរជាង។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

ព្រះតថាគតអង្គណា មិនមានព្រះទ័យ​កំណាញ់ មានការ​អនុគ្រោះ​ដល់​សព្វសត្វ បាន​ប្រោស​ប្រទានធម៌ សត្វ​ទាំងឡាយ តែង​នមស្ការ​ព្រះតថាគត​នោះ ប្រាកដដូច្នោះ ព្រះអង្គ​ប្រសើរ​ជាងទេវតា និង​មនុស្ស ទ្រង់ដល់​នូវត្រើយ​នៃភព។

ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ទុកហើយ។ សូត្រ ទី១។

២. សុលភសូត្រ

[១០៣] ម្នាលភិក្ខុទាំងឡាយ វត្ថុដែលតិចតួចផង ងាយបាន​ផង វត្ថុទាំង​នោះ មិនមាន​ទោសផង​នេះ មាន ៤។ វត្ថុទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ចីវរទាំងឡាយ បំសុកូលចីវរ ជារបស់​តិចតួចផង ងាយបាន​ផង ចីវរនោះ ជារបស់​មិនមាន​ទោស​ផង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ភោជន​ទាំងឡាយ បិណ្ឌិយាលោបភោជន [ភោជន​ដែលបាន​ដោយ​កំលាំង​នៃស្មង។] ជារបស់​តិចតួចផង ងាយ​បានផង ភោជននោះ ជារបស់​មិនមាន​ទោសផង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​សេនាសនៈ​ទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់​តិចតួច​ផង ងាយ​បានផង សេនាសនៈ​នោះ ជារបស់​មិនមាន​ទោសផង។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ភេសជ្ជៈ​ទាំងឡាយ ទឹកមូត្រស្អុយ ជារបស់​តិចតួច​ផង ងាយ​បានផង ទឹកមូត្រ​នោះ ជារបស់​មិនមាន​ទោសផង។ ម្នាលភិក្ខុ​ទាំងឡាយ វត្ថុ ៤ នេះ​ឯង ជារបស់​តិចតួច​ផង ងាយ​បានផង វត្ថុទាំង​នោះ ជារបស់​មិនមាន​ទោស​ផង។ ម្នាលភិក្ខុ​ទាំងឡាយ វេលាណា ភិក្ខុ​ត្រេកអរ​ដោយរបស់​តិចតួច​ផង ងាយ​បានផង មិនមាន​ទោសផង តថាគត ពោលនូវ​គុណ​ណាមួយ របស់ភិក្ខុ​នេះ ថាជា​អង្គនៃសមណភាព។

កាលបើភិក្ខុត្រេកអរដោយវត្ថុមិនមានទោស ជារបស់តិចតួច ជា​របស់​ងាយ​បាន​ហើយ រមែង​មានចិត្ត​មិនចង្អៀត​ចង្អល់ ព្រោះ​ប្រារព្ធនូវ​សេនាសនៈ ចីវរ ទឹក និង​ភោជន​ឡើយ ភិក្ខុនោះ មិន​ទើសទាល់​ក្នុងទិស​ទាំងឡាយ​ឡើយ។ ធម៌ទាំង​ឡាយណា ដែល​តថាគត​ពោលទុក​ហើយ ថាជា​ធម៌សមគួរ​ដល់សមណភាព ធម៌​ទាំងនោះ ភិក្ខុអ្នក​សន្តោស មិន​ប្រហែសធ្វេស បានហើយ។ សូត្រ ទី២។

៣. អាសវក្ខយសូត្រ

[១០៤] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា មានដល់​ភិក្ខុអ្នក​ដឹង អ្នកឃើញ មិនពោលថា មានដល់​ភិក្ខុ​អ្នកមិនដឹង មិនឃើញ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ការអស់​ទៅនៃ​អាសវៈ​ទាំងឡាយ រមែង​មានដល់​ភិក្ខុអ្នកដឹង តើដូចម្តេច អ្នកឃើញ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ​ ការអស់ទៅ​នៃអាសវៈ​ទាំងឡាយ រមែង​មានដល់​ភិក្ខុ​អ្នកដឹង អ្នកឃើញថា នេះជាទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ការអស់​ទៅនៃ​អាសវៈ​ទាំងឡាយ​ រមែង​មានដល់​ភិក្ខុ​អ្នកដឹង អ្នកឃើញថា នេះជា​ហេតុនាំ​ឲ្យកើតទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ការអស់ទៅ​នៃអាសវៈ​ទាំងឡាយ រមែង​មានដល់​ភិក្ខុអ្នកដឹង អ្នកឃើញ​ថា នេះជា​ការរលត់​ទុក្ខ។ ម្នាលភិក្ខុ​ទាំង​ឡាយ ការអស់​ទៅនៃ​អាសវៈ​ទាំងឡាយ​ រមែង​មានដល់​ភិក្ខុ​អ្នកដឹង អ្នក​ឃើញថា នេះជា​បដិបទា ប្រព្រឹត្តទៅ​កាន់ទី​រលត់ទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ការអស់​ទៅនៃអាសវៈ​ទាំងឡាយ រមែង​មានដល់​ភិក្ខុ អ្នកដឹង​យ៉ាងនេះ អ្នក​ឃើញ​យ៉ាងនេះ​ឯង។

កាលបើសេក្ខបុគ្គល កំពុងសិក្សា ត្រាច់ទៅ​តាមផ្លូវ​ដ៏ត្រង់ ញាណទី ១ ក្នុងការ​អស់ទៅ​​នៃអាសវៈ (ក៏កើតមាន) តអំពី​នោះទៅ អរហត្ត​មគ្គញ្ញាណ​ដ៏ប្រសើរ (ក៏កើត​ឡើង)។ កាលភិក្ខុ​មានចិត្ត​ផុតស្រឡះ ចាកអាសវៈ ដោយសារ​អរហត្ត​មគ្គញ្ញាណ​នោះ​ហើយ វិមុត្តិញ្ញាណ​ដ៏ឧត្តម ក៏កើតឡើង សេចក្តីដឹង​ក្នុងការអស់​ទៅថា សំយោជនៈ​ទាំង​ឡាយ អស់ហើយ​ដូច្នេះ ឯព្រះនិព្វាន ជាគ្រឿង​ដោះចាកគ្រឿង​ចំពាក់​ទាំងពួងនេះ បុគ្គល​ខ្ជិល ល្ងង់ មិនដឹង​ច្បាស់ មិនគប្បី​បានឡើយ។ សូត្រ ទី៣។

៤. សមណព្រាហ្មណសូត្រ

[១០៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ មិន​ដឹងច្បាស់​តាម​ពិតថា​ នេះជាទុក្ខ មិនដឹង​ច្បាស់តាម​ពិតថា នេះជា​ហេតុនាំ​ឲ្យ​កើតទុក្ខ មិនដឹងច្បាស់​តាមពិតថា នេះជាទី​រលត់ទុក្ខ មិនដឹងច្បាស់​តាមពិត​ថា នេះ​ជាបដិបទា ប្រព្រឹត្តទៅ​កាន់ទី​រលត់ទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងនោះ តថាគត​មិន​សន្មតថា ជាសមណៈ ក្នុងពួក​សមណៈ មិនសន្មត​ថាជាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍ឡើយ មួយទៀត លោកដ៏​មានអាយុ​ទាំងនោះ រមែងមិន​ធ្វើឲ្យជាក់​ច្បាស់ សម្រេច​ដោយប្រាជ្ញា​ដ៏ឧត្តម​ដោយខ្លួន​ឯង ក្នុងបច្ចុប្បន្ន នូវសាមញ្ញ​ប្រយោជន៍ គឺ​អរិយមគ្គ ៤ និង​ព្រហ្មញ្ញ​ប្រយោជន៍ គឺ​អរិយផល ៤ បាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ លុះតែ​ពួក​សមណៈ ឬព្រាហ្មណ៍​ណាមួយ ដឹងច្បាស់​តាមពិតថា នេះជា​ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​ហេតុនាំ​ឲ្យកើតទុក្ខ ដឹងច្បាស់​តាមពិតថា នេះ​ជាទី​រលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជា​បដិបទា ប្រព្រឹត្តទៅ​កាន់ទី​រលត់​ទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ទើប​តថាគត​សន្មត​ថាជាសមណៈ ក្នុងពួក​សមណៈ សន្មតថា​ជាព្រាហ្មណ៍ ក្នុងពួក​ព្រាហ្មណ៍​បាន មួយវិញទៀត លោកដ៏​មានអាយុ​ទាំងនោះ រមែងធ្វើ​ឲ្យជាក់​ច្បាស់ សម្រេច​ដោយប្រាជ្ញា​ដ៏ឧត្តម​ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវសាមញ្ញ​ប្រយោជន៍ និង​ព្រហ្មញ្ញប្រយោជន៍​បាន។

ពួកបុគ្គលណា មិនដឹងច្បាស់នូវទុក្ខផង នូវហេតុ​នាំឲ្យកើត​ទុក្ខ​ផង នូវទី​រលត់ទុក្ខ សព្វ​គ្រប់ ឥតមាន​សេសសល់​ផង មិនដឹង​ច្បាស់​នូវផ្លូវ​ប្រព្រឹត្តទៅ​កាន់ទី​ស្ងប់រម្ងាប់​ទុក្ខនោះ​ផង ពួកបុគ្គល​នោះ រមែង​សាបសូន្យ ចាក​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួក​បុគ្គល​នោះ មិនគួរធ្វើ​នូវទីបំផុត​នៃទុក្ខ​បានឡើយ ពួកបុគ្គល​នោះ ចូល​ទៅកាន់​ជាតិ និង​ជរា​ដោយពិត។ លុះតែ​ពួកបុគ្គល​ណា ដឹងច្បាស់​នូវទុក្ខផង នូវហេតុ​នាំឲ្យកើត​ទុក្ខផង នូវទី​រលត់ទុក្ខ​សព្វគ្រប់ ឥតមាន​សេសសល់​ផង ដឹងច្បាស់​នូវផ្លូវ​ប្រព្រឹត្តទៅ​កាន់ទីស្ងប់​រម្ងាប់​ទុក្ខនោះ​ផង ទើប​បរិបូណ៌​ដោយ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ពួកបុគ្គល​នោះ គួរធ្វើ​នូវទីបំផុត​នៃទុក្ខ​បាន ពួកបុគ្គល​នោះ មិន​ចូលទៅកាន់​ជាតិ និង​ជរាឡើយ។ សូត្រ ទី៤។

៥. សីលសម្បន្នសូត្រ

[១០៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិបូណ៌​ដោយ​សីល បរិបូណ៌​ដោយ​សមាធិ បរិបូណ៌​ដោយ​បញ្ញា បរិបូណ៌​ដោយវិមុត្តិ បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈ ជាអ្នកទូន្មាន​ ពន្យល់​ឲ្យដឹង សំដែង​បញ្ជាក់​ឲ្យ​ឃើញងាយ ណែនាំ ធ្វើឲ្យ​អង់អាច ធ្វើឲ្យ​រីករាយ (ក្នុង​កុសលធម៌) អាច​សំដែង​នូវព្រះសទ្ធម្ម​បាន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការជួប​ប្រទះ​នូវភិក្ខុ​ទាំងនោះ​ថា មានឧបការៈ​ច្រើនផង ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការស្តាប់ នូវភិក្ខុ​ទាំងនោះ​ថា មានឧបការៈ​ច្រើនផង ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការចូល​ទៅរកភិក្ខុ​ទាំងនោះ​ថា មាន​ឧបការៈ​ច្រើនផង ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការចូល​ទៅអង្គុយ​ជិតភិក្ខុ​ទាំងនោះ ថាមាន​ឧបការៈ​ច្រើន​ផង ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការរលឹក​នូវភិក្ខុ​ទាំងនោះថា មានឧបការៈ​ច្រើនផង ម្នាល​ភិក្ខុទាំង​ឡាយ តថាគត ពោលនូវ​ការបួស​តាមភិក្ខុ​ទាំងនោះ ថា​មានឧបការៈ​ច្រើនផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​បុគ្គលសេព​គប់ ចូលទៅ​អង្គុយជិត​ពួកភិក្ខុ​បែបនោះ​ហើយ សីលក្ខន្ធ​ដែលមិនទាន់​បរិបូណ៌ រមែង​ដល់នូវ​ការបរិបូណ៌​ដោយ​ភាវនាផង សមាធិក្ខន្ធ ដែលមិនទាន់​បរិបូណ៌ រមែង​ដល់នូវ​ការបរិបូណ៌​ដោយ​ភាវនាផង បញ្ញាខន្ធ ដែលមិន​ទាន់​បរិបូណ៌ រមែង​ដល់នូវ​ការ​បរិបូណ៌​ដោយ​ភាវនាផង វិមុត្តិក្ខន្ធ ដែលមិន​ទាន់​បរិបូណ៌ រមែងដល់​នូវការ​បរិបូណ៌​ដោយ​ភាវនា​ផង វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់​បរិបូណ៌ រមែង​ដល់នូវ​ការបរិបូណ៌​ដោយ​ភាវនាផង។ ម្នាលភិក្ខុ​ទាំងឡាយ​ ពួកភិក្ខុ​បែបនោះ ហៅថា សាស្តាក៏​បាន ហៅថា អ្នកនាំ​ទៅនូវពួក​ក៏បាន ហៅថា អ្នកលះបង់​សត្រូវ ក៏បាន ហៅថា អ្នកបន្ទោបង់​ងងឹត​ក៏បាន ហៅថា អ្នកធ្វើ​ពន្លឺក៏បាន ហៅថា អ្នកធ្វើឲ្យ​ភ្លឺស្វាង​ក៏បាន ហៅថា អ្នកធ្វើ​ប្រទីប​ក៏បាន ហៅថា អ្នកធ្វើ​រស្មីក៏បាន ហៅថា អ្នកទ្រោល​បំភ្លឺដោយ​គប់ភ្លើង​ក៏បាន ហៅថា អរិយៈ​ក៏បាន ហៅថា អ្នកមាន​ចក្ខុក៏បាន​។

ការដែលបានជួបប្រទះជាដើម នូវពួកអរិយៈ ជាអ្នកដឹងច្បាស់ បានចំរើន​ចិត្ត ចិញ្ចឹម​ជីវិតតាម​ធម៌នុ៎ះឯង ជាហេតុ​ធ្វើឲ្យមាន​បាមោជ្ជៈ។ ពួកអរិយៈ​នោះ តែងបំភ្លឺ សំដែងនូវ​ព្រះសទ្ធម្ម អ្នក​ធ្វើរស្មី ធ្វើពន្លឺ អ្នកមាន​ប្រាជ្ញា មានចក្ខុ លះបង់​នូវសឹក​សត្រូវ គឺ​កិលេស។ ពួកអ្នកប្រាជ្ញ បានស្តាប់​នូវពាក្យ​ប្រដៅ​របស់ពួក​អរិយៈទាំង​នោះហើយ រមែង​ដឹងច្បាស់​ដោយប្រពៃ ស្គាល់ច្បាស់​នូវធម៌ជា​គ្រឿងអស់​ទៅនៃជាតិ ហើយ​មិនត្រឡប់​មកកាន់​ភព​ថ្មីទៀតឡើយ។ សូត្រ ទី៥។

៦. តណ្ហុប្បាទសូត្រ

[១០៧] ម្នាលភិក្ខុទាំងឡាយ តណ្ហាកាលកើតឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះវត្ថុ​ជាទីកើត​នៃតណ្ហា​នេះ មាន ៤។ វត្ថុជាទីកើត​នៃតណ្ហា​ ៤ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ តណ្ហា កាលកើតឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះ​ហេតុចីវរ ១ ម្នាលភិក្ខុ​ទាំងឡាយ​ តណ្ហា កាល​កើតឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះហេតុ​បិណ្ឌបាត ១ ម្នាលភិក្ខុ​ទាំងឡាយ​ តណ្ហា កាល​កើតឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះ​សេនាសនៈ ១ ម្នាល​ភិក្ខុទាំងឡាយ​ តណ្ហា កាលកើត​ឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះ​សេចក្តី​ចំរើន និង​វិនាស ១។ ម្នាលភិក្ខុ​ទាំងឡាយ តណ្ហា កាលកើត​ឡើង​ដល់ភិក្ខុ រមែង​កើតឡើង ព្រោះវត្ថុ​ជាទីកើត​នៃ​តណ្ហា ៤ នេះឯង។

បុរសដែលមានតណ្ហាជាគ្នា តែងរង្គាត់ទៅ អស់កាល​ជាយូរ​អង្វែង មិន​ប្រព្រឹត្ត​កន្លងនូវ​សង្សារ ដែលមាន​ការប្រែប្រួល​ឥតឈប់​បាន។ ភិក្ខុបាន​ដឹងច្បាស់ នូវតណ្ហា ថាជា​ហេតុនាំ​ឲ្យកើតទុក្ខ ថាមាន​ទោសយ៉ាងនេះ​ហើយ គួរជាអ្នក​មិនមានតណ្ហា មិនមាន​ការ​ប្រកាន់ស្អិត មាន​ស្មារតី ហើយគេច​ចេញ (ចាកខន្ធ)។ សូត្រ ទី៦។

៧. សព្រហ្មកសូត្រ

[១០៨] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណា ដែលកូន​បូជា​មាតាបិតា ក្នុងផ្ទះ​របស់ខ្លួន ត្រកូល​ទាំងឡាយ​នោះ ឈ្មោះថា នៅរួម​ជាមួយ​នឹងព្រហ្ម។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ទាំងឡាយណា ដែលកូន​បូជា​មាតាបិតា ក្នុងផ្ទះ​របស់ខ្លួន ត្រកូល​ទាំងឡាយ​នោះ ឈ្មោះថា នៅរួម​ជាមួយ​នឹង​បុព្វទេវតា (ទេវតាដើម)។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ទាំងឡាយ​ណា ដែលកូន​បូជាមាតាបិតា​ក្នុងផ្ទះ​របស់ខ្លួន ត្រកូល​ទាំងឡាយ​នោះ ឈ្មោះថា នៅរួម​ជាមួយ​នឹង​បុព្វាចារ្យ (អាចារ្យដើម)។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ទាំងឡាយ​ណា ដែលកូន​បូជាមាតា​បិតាក្នុងផ្ទះ​របស់ខ្លួន ត្រកូល​ទាំង​ឡាយ​នោះ ឈ្មោះថា នៅរួម​ជាមួយ​នឹង​អាហុនេយ្យបុគ្គល (បុគ្គល​គួរបូជា)។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះ​របស់​មាតាបិតា។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យ​ថា​ បុព្វទេវតា​នុ៎ះ ជាឈ្មោះ​របស់​មាតាបិតា។ ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា បុពា្វចារ្យ​នុ៎ះ ជាឈ្មោះ​របស់​មាតាបិតា។ ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា អាហុនេយ្យៈ​នុ៎ះ ជាឈ្មោះ​របស់​មាតាបិតា។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ​ (ព្រោះ) មាតាបិតា មាន​ឧបការៈ​ច្រើន ជាអ្នក​បីបាច់ (ឲ្យគង់ជីវិត) ជាអ្នក​ចិញ្ចឹម (ឲ្យបៅទឹកដោះ) ទាំង​ជាអ្នក​បង្ហាញ​នូវលោក​នេះ ដល់កូន​ទាំងឡាយ។

មាតាបិតាទាំងឡាយ ដែលហៅថា ព្រហ្ម​ក្តី បុព្វាចារ្យ​ក្តី អាហុនេយ្យៈ​ក្តី (សុទ្ធតែ) ជាអ្នក​អនុគ្រោះ​ដល់ពួក​សត្វ គឺកូន។ ព្រោះ​ហេតុនោះឯង អ្នកប្រាជ្ញ គួរ​នមស្ការ គួរធ្វើ​សក្ការៈ​ដល់​មាតាបិតា​ទាំងនោះ ដោយបាយ ទឹក សំពត់ គ្រឿងដេក គ្រឿង​អប់ គ្រឿងផ្ងូត​ទឹក និងទឹក​សម្រាប់​លាងជើង។ ព្រោះ​ការដែល​បានទំនុក​បំរុង​មាតាបិតា​នោះហើយ បានជា​អ្នកប្រាជ្ញ​ទាំងឡាយ សរសើរ​នូវបុគ្គល​នោះ ក្នុងលោក​នេះឯង បុគ្គលនោះ លុះ​លះ​លោកនេះ​ទៅហើយ រមែង​រីករាយ​ក្នុង​ឋានសួគ៌។ សូត្រ ទី៧។

៨. ពហុការសូត្រ

[១០៩] ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតី​ណា បានទំនុក​បំរុងអ្នក​ទាំងឡាយ ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និង​គហបតី​ទាំងនោះ ឈ្មោះថា មានឧបការៈ​ច្រើន ដល់អ្នក​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ឯអ្នកទាំង​ឡាយ ក៏ឈ្មោះថា​មានឧបការៈ​ច្រើន ដល់ពួក​ព្រាហ្មណ៍ និងគហបតី​ដែរ ព្រោះអ្នក​ទាំងឡាយ សំដែងធម៌ មាន​លំអបទដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យព្ជានៈ​ដ៏បរិបូណ៌ បរិសុទ្ធ​ទាំង​អស់។ ម្នាលភិក្ខុ​ទាំងឡាយ ព្រហ្មចរិយធម៌​នេះ ដែល​បុគ្គល​ប្រព្រឹត្ត ដើម្បី​ប្រយោជន៍​រើចេញ​ចាកឱឃៈ និងធ្វើ​ឲ្យផុតទុក្ខ​ដោយប្រពៃ​បាន ក៏ព្រោះ​តែអាស្រ័យ​គ្នាទៅ​វិញទៅមក យ៉ាងនេះ​ឯង។

ពួកគ្រហស្ថ និងបព្វជិតទាំងពីរពួក អាស្រ័យគ្នា​ទៅវិញ​ទៅមក​ ទើបញុំាង​ព្រះសទ្ធម្ម ដែល​ជាទីក្សេម​ចាកយោគៈ​ដ៏ប្រសើរ ឲ្យសម្រេចបាន​ ឯពួក​បព្វជិត តែងទទួល​ចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និង​ភេសជ្ជប្បច្ច័យ ជាគ្រឿង​បន្ទោបង់​សេចក្តី​អន្តរាយ អំពីពួក​គ្រហស្ថ។ ឯពួក​គ្រហស្ថ អ្នកស្វែង​រក​ប្រយោជន៍​ក្នុងផ្ទះ បានអាស្រ័យ​សង្ឃជាសាវ័ក​នៃព្រះសុគត​ហើយ ជឿ (សេចក្តី​ប្រតិបត្តិ និងពាក្យ) របស់​ព្រះអរហន្ត​ទាំង​ឡាយ ដោយប្រាជ្ញា​ដ៏ប្រសើរ ជាអ្នក​ពិនិត្យ បាន​ប្រព្រឹត្តធម៌ ក្នុង​សាសនា​នេះ ដែលជា​ផ្លូវប្រព្រឹត្ត​ទៅកាន់​សុគតិ រមែង​ជាអ្នក​មានអំណរ រីករាយ​ក្នុងទេវលោក បាន​សម្រេច​តាមសេចក្តី​ប្រាថ្នា។ សូត្រ ទី៨។

៩. កុហសូត្រ

[១១០] ម្នាលភិក្ខុទាំងឡាយ​ ពួកភិក្ខុណាមួយ ជាអ្នកញុំាង​គេឲ្យស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើក​កំពស់ មានចិត្ត​មិននឹងនួន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ ឈ្មោះថា មិនរាប់​អាន​តថាគតផង ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ទាំងនោះ ឈ្មោះថា ប្រាសចាក​ធម៌វិន័យ​នេះផង ភិក្ខុ​ទាំងនោះ មិនដល់​នូវសេចក្តី​ចំរើន លូតលាស់​ទូលំទូលាយ ក្នុងធម៌​វិន័យ​នេះផង។ ម្នាលភិក្ខុ​ទាំងឡាយ លុះតែ​ពួកភិក្ខុណា មិនជា​អ្នកញុំាងគេ​ឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្ត​នឹងនួនល្អ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​នោះឯង ទើបឈ្មោះថា ជាអ្នក​រាប់អាន​តថាគត​ផង ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងនោះ ឈ្មោះថា មិនបា្រសចាក​ធម៌វិន័យ​នេះផង ភិក្ខុ​ទាំងនោះ រមែង​ដល់នូវ​សេចក្តី​ចំរើនលូតលាស់ ទូលំទូលាយ ក្នុង​ធម៌វិន័យ​នេះ​ផង។

ពួកភិក្ខុណា ដែលជាអ្នកញុំាងគេឲ្យស្ងើច រឹងរូស រាក់ទាក់ មាន​វាចាដូចស្នែង លើក​កំពស់ មានចិត្ត​មិននឹងនួន ភិក្ខុទាំងនោះ មិនលូតលាស់​ក្នុងធម៌ ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់សំដែង​ឡើយ។ លុះតែពួក​ភិក្ខុណា មិនជា​អ្នកញុំាង​គេឲ្យស្ងើច មិនរាក់ទាក់ មាន​ប្រាជ្ញា​ មិនរឹងរូស មានចិត្ត​នឹងនួន ភិក្ខុ​ទាំងនោះ ទើប​លូតលាស់ ក្នុងធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែង​បាន។ សូត្រ ទី៩។

១០. នទីសោតសូត្រ

[១១១] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវខ្សែទឹកស្ទឹង បន្សាត់ទៅ​ដោយ​ទាំងវត្ថុ​ជាទី​ស្រឡាញ់ និងវត្ថុ​ជាទីត្រេកអរ [វត្ថុផ្សេងៗ មាន មាសប្រាក់​ជាដើម ដែលជា​ទី​ស្រឡាញ់ ត្រេកអរ​របស់ជន ហៅថា បិយរូប សាតរូប។] បុរស​មានចក្ខុ ឈរនៅ​ទៀបឆ្នេរ បានឃើញ​បុរស​នោះហើយ ក៏និយាយ​យ៉ាងនេះថា នែបុរស​ដ៏​ចំរើន អ្នកត្រូវ​ខ្សែទឹក​ស្ទឹងបន្សាត់​ទៅ ដោយទាំង​វត្ថុជាទី​ស្រឡាញ់ និងវត្ថុ​ជាទីត្រេកអរ ក៏ពិត​មែនហើយ តែថា ក្នុងស្ទឹង​នេះ មានអន្លង់​នៅខាង​ក្រោមដ៏​ប្រកប​ដោយរលក និង​ទឹកកួចវឹល មាន​សត្វសាហាវ និង​អារក្សទឹក (នៅចាំ) នែ​បុរស​ដ៏ចំរើន លុះអ្នក​អណ្ដែត​ដល់អន្លង់​នោះ​ហើយ មុខជា​ដល់នូវ​សេចក្ដីស្លាប់ ឬនូវទុក្ខ​ស្ទើរស្លាប់​មិនខាន។ ម្នាលភិក្ខុ​ទាំងឡាយ លុះបុរស​នោះ បានឮ​សំឡេង​បុរសនោះ​ហើយ ក៏ព្យាយាម​ហែល​ដោយដៃ ដោយជើង ច្រាសទឹក​មកវិញ យ៉ាង​ណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដី​ឧបមានេះ​ឯង តថាគត​ធ្វើ ដើម្បីឲ្យ​អ្នកទាំង​ឡាយ ដឹងច្បាស់​នូវសេចក្ដី។ សេចក្ដី​អធិប្បាយ​នេះ ក្នុងពាក្យ​ឧបមានុ៎ះ​ថា ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ខ្សែទឹក​ស្ទឹងនេះ ជាឈ្មោះ​នៃតណ្ហា ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា វត្ថុជាទី​ស្រឡាញ់ និង​វត្ថុជាទី​ត្រេកអរនេះ ជាឈ្មោះ​នៃអាយតនៈ​ខាងក្នុង ៦ ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា អន្លង់នៅ​ខាងក្រោម​នេះ ជាឈ្មោះ​នៃសំយោជនៈ ជា​ចំណែក​ខាងក្រោម ៥ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ប្រកប​ដោយ​រលកនេះ ជាឈ្មោះ​នៃសេចក្ដី​ក្រោធ និង​សេចក្ដីចង្អៀត​ចង្អល់ចិត្ត ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ប្រកប​ដោយទឹក​កួចវឹល​នេះ ជាឈ្មោះ​នៃ​កាមគុណ ៥ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ប្រកប​ដោយសត្វ​សាហាវ និង​អារក្សទឹក​នេះ ជាឈ្មោះ នៃមាតុគ្រាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ហែល​ច្រាសទឹក​នេះ ជាឈ្មោះ​នៃ​នេក្ខម្មៈ [ចិត្ត​ដែល​ថយ​ចេញចាក​កាម ដោយ​សេចក្តី​នឿយណាយ ឬការ​លះ​ឃរាវាស​សម្បត្តិ ចេញបួស ហៅថា នេក្ខម្មៈ។] ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ព្យយាម​ហែលដោយ​ដៃ ដោយ​ជើងនេះ ជាឈ្មោះ​នៃការ​ប្រារព្ធ​ព្យាយាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា បុរស​មានចក្ខុ ឈរនៅ​ទៀបឆ្នេរ​នេះ ជាឈ្មោះ​នៃព្រះតថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ។

បុគ្គលណា កាលប្រាថ្នានូវការក្សេមចាកយោគៈ ទៅខាង​មុខ ត្រូវ​លះបង់​នូវកាម​ទាំងឡាយ ព្រមទាំង​សេចក្ដីទុក្ខ ជាអ្នក​មានសេចក្តី​ដឹងខ្លួន មានចិត្ត​ផុតស្រឡះ ដោយ​ប្រពៃ​ហើយ បាននូវ​វិមុត្តិ ក្នុង​អារម្មណ៍នោះៗ បុគ្គលនោះ តថាគត​ហៅថា អ្នកដល់​នូវវេទ គឺ​មគ្គញ្ញាណ ហៅថា អ្នកមាន​ព្រហ្មចរិយធម៌​ប្រព្រឹត្តរួច​ហើយ ហៅថា អ្នកដល់​នូវទីបំផុត​នៃលោក ហៅថា អ្នកដល់​នូវត្រើយ គឺ​ព្រះនិពា្វន។ សូត្រ ទី១០។

១១. ចរសូត្រ

[១១២] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុកំពុងដើរទៅ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង បើភិក្ខុ​ទទួលនូវ​វិតក្កៈ​នោះ មិនលះបង់ មិន​បន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនធ្វើឲ្យ​ដល់នូវការ​សាបសូន្យ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុកំពុង​ដើរក៏ដោយ តែមាន​សភាព​យ៉ាងនេះហើយ ហៅថា ជាអ្នក​មិនមាន​ព្យាយាម​ដុតកំដៅ​កិលេស មិនជា​អ្នកក្ដៅ​នឹងបាប ជាអ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិនមាន​ព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងឈរ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង បើភិក្ខុ​ទទួលនូវ​វិតក្កៈ​នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនធ្វើ​ឲ្យដល់នូវ​ការសាបសូន្យ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុកំពុង​ឈរ​ក៏ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នក​មិនមាន​ព្យាយាម​ដុតកំដៅ​កិលេស មិនជា​អ្នកក្ដៅ​នឹងបាប ជាអ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិនមាន​ព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងអង្គុយ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង បើភិក្ខុ​ទទួលនូវ​វិតក្កៈ​នោះ មិនលះបង់ មិន​បន្ទោបង់ មិនធ្វើឲ្យ​វិនាស មិនធ្វើ​ឲ្យដល់នូវ​ការសាបសូន្យ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នក​មិនមាន​ព្យាយាម​ដុតកំដៅ​កិលេស មិនជា​អ្នកក្ដៅ​នឹងបាប ជាអ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិនមាន​ព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងដេក កំពុងភ្ញាក់ (ដឹងខ្លួន) បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង បើភិក្ខុ​ទទួលនូវ​វិតក្កៈ​នោះ មិនលះបង់ មិន​បន្ទោបង់ មិន​ធ្វើ​ឲ្យ​វិនាស មិនធ្វើ​ឲ្យដល់នូវ​ការសាបសូន្យ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុ​កំពុងដេក ភ្ញាក់ ក៏ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នកមិន​មាន​ព្យាយាម​ដុតកំដៅ​កិលេស មិនជា​អ្នកក្ដៅ​នឹងបាប ជាអ្នក​ខ្ជិលច្រអូស​ជានិច្ចកាល មិនមាន​ព្យាយាម។

[១១៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដើរទៅ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង​ហើយ បើភិក្ខុ​មិនទទួល​នូវ​វិតក្កៈ​នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់​នូវការ​សាបសូន្យ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុកំពុង​ដើរទៅ​ក៏ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នក​មានព្យាយាម​ដុតកំដៅ​កិលេស ជាអ្នកក្ដៅ​នឹងបាប ជាអ្នក​ប្រារព្ធព្យាយាម​ជានិច្ចកាល មានចិត្ត​ស្លុង​ទៅ​កាន់​ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងឈរ បើមាន​កាម​វិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង​ហើយ បើភិក្ខុ​មិន​ទទួលនូវ​វិតក្កៈ​នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់​នូវការ​សាបសូន្យ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុកំពុង​ឈរក៏​ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នក​មានព្យាយាម​ដុតកំដៅ​កិលេស ជា​អ្នក​ក្ដៅនឹងបាប ជាអ្នក​ប្រារព្ធព្យាយាម​ជានិច្ចកាល មានចិត្ត​ស្លុងទៅកាន់​ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងអង្គុយ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនទទួល​នូវ​វិតក្កៈ​នោះទេ បាន​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើឲ្យដល់​នូវការសាប​សូន្យ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុ​កំពុង​អង្គុយ​ក៏ដោយ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា ជាអ្នកមាន​ព្យាយាម​ដុតកំដៅ​កិលេស ជាអ្នកក្ដៅ​នឹងបាប ជាអ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មានចិត្តស្លុង​ទៅកាន់​ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុង​ដេក ភ្ញាក់ បើមាន​កាមវិតក្កៈ​ក្ដី ព្យាបាទវិតក្កៈ​ក្ដី វិហឹសាវិតក្កៈ​ក្ដី កើតឡើង​ហើយ បើភិក្ខុ​មិនទទួល​នូវ​វិតក្កៈ​នោះទេ បានលះបង់ បន្ទោបង់ ​ធ្វើ​ឲ្យ​វិនាស ធ្វើឲ្យដល់​នូវការ​សាបសូន្យ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ទុកជា​ភិក្ខុ​កំពុង​ដេក កំពុងភ្ញាក់ក៏​ដោយ តែមាន​សភាព​យ៉ាងនេះហើយ ហៅថា ជាអ្នក​មានព្យាយាម​ដុតកំដៅ​កិលេស ជាអ្នកក្ដៅ​នឹងបាប ជាអ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មានចិត្ត​ស្លុងទៅកាន់​ព្រះនិព្វាន។

ភិក្ខុណា កំពុងដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី ត្រិះរិះ​នូវវិតក្កៈ​ដ៏​លាមក ដែល​អាស្រ័យ​នូវផ្ទះ គឺតណ្ហា ភិក្ខុបែបនោះ​ឯងហៅថា ដើរទៅរក​ផ្លូវខុស ជ្រប់​នៅក្នុង (អារម្មណ៍ មានរូប​ជាដើម) ជាទី​តាំងនៃសេចក្តី​ប្រព្រឹត្តទៅ​នៃមោហៈ មិនគួរ​បាននូវ​សម្ពោធិញ្ញាណ​ដ៏ឧត្តម​ឡើយ។ ភិក្ខុណា កំពុង​ដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បាន​ញុំាង​អកុសលវិតក្កៈ​ឲ្យស្ងប់​រម្ងាប់ ត្រេកអរ​ក្នុងកិរិយា​រម្ងាប់នូវ​វិតក្កៈ ភិក្ខុបែប​នោះឯង គួរបាន​នូវ​សម្ពោធិញ្ញាណ​ដ៏ឧត្តម។ សូត្រ ទី១១។

១២. សម្បន្នសីលសូត្រ

[១១៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាបុគ្គលបរិបូណ៌​ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយការ​សង្រួមក្នុង​បាតិមោក្ខ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំង​ឡាយ សូម្បី​បន្តិចបន្ទួច សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ​ កាលបើ​អ្នកទាំងឡាយ ជាបុគ្គល​បរិបូណ៌​ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួម​ដោយការ​សង្រួមក្នុង​បាតិមោក្ខ បរិបូណ៌​ដោយ​អាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្ទួច សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ គួរធ្វើ​ដូចម្តេច​តទៅទៀត ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុ​កំពុងដើរ​ទៅក្តី បើ​ប្រាសចាក​អភិជ្ឈា ប្រាសចាក​ព្យាបាទ ប្រាសចាក​ថីនមិទ្ធៈ ប្រាស​ចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា ប្រារព្ធព្យាយាម​មិនធូរថយ ប្រុងស្មារតី​មិន​ភ្លេចភ្លាំង មានកាយ​ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ មានចិត្ត​តាំងមាំ មូលនឹង​នួន​ក្នុង​អារម្មណ៍តែ ១ ហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបើ​ទុកជាកំពុង​ដើរ​ទៅ តែមាន​សភាព​យ៉ាងនេះហើយ ហៅថា​ ជាអ្នកមាន​ព្យាយាម ដុតកំដៅ​កិលេស ក្តៅនឹង​បាប ប្រារព្ធព្យាយាម​ជានិច្ចកាល មានចិត្តស្លុង​ទៅកាន់ព្រះ​និព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ​ កាលភិក្ខុ​កំពុងឈរក្តី បើប្រាសចាក​អភិជ្ឈា ប្រាសចាក​ព្យាបាទ ប្រាសចាក​ថីនមិទ្ធៈ ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា ប្រារព្ធព្យាយាម​មិនធូរថយ ប្រុង​ស្មារតី​មិនភ្លេចភ្លាំង មាន​កាយ​ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ មានចិត្ត​តាំងមាំ មូលនឹង​នួន​ក្នុងអារម្មណ៍​តែ ១ ហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទុក​ជាកំពុង​ឈរ តែមាន​សភាព​យ៉ាង​នេះហើយ ហៅថា​ជាអ្នក​មានព្យាយាម​ដុតកំដៅ​កិលេស ក្តៅនឹង​បាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មានចិត្ត​ស្លុងទៅកាន់​ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលភិក្ខុ​កំពុងអង្គុយ​ក្តី បើប្រាសចាក​អភិជ្ឈា ប្រាសចាក​ព្យាបាទ ប្រាសចាក​ថីនមិទ្ធៈ ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា ប្រារព្ធព្យាយាម​មិនធូរថយ ប្រុងស្មារតី​មិនភ្លេចភ្លាំង មានកាយ​ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ មានចិត្ត​តាំងមាំមួន នឹងនួន​ក្នុង​អារម្មណ៍​តែមួយ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុទុក​ជាកំពុង​អង្គុយ តែមាន​សភាព​យ៉ាងនេះហើយ ហៅថា​ជាអ្នកមាន​ព្យាយាម​ដុត​កំដៅកិលេស ក្តៅ​នឹងបាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មាន​ចិត្តស្លុងទៅ​កាន់​ព្រះនិព្វាន។ ម្នាលភិក្ខុ​ទាំងឡាយ​ កាលភិក្ខុ​កំពុងដេកក្តី កំពុងភ្ញាក់​ក្តី បើប្រាសចាក​អភិជ្ឈា ប្រាសចាក​ព្យាបាទ ប្រាសចាក​ថីនមិទ្ធៈ ប្រាសចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា ប្រារព្ធព្យាយាម​មិនធូរថយ ប្រុង​ស្មារតី​មិនភ្លេចភ្លាំង មានកាយ​ស្ងប់រម្ងាប់ មិន​ក្រវល់ក្រវាយ មានចិត្ត​តាំងមាំ មូលនឹងនួន ក្នុងអារម្មណ៍​តែមួយ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុទុក​ជាកំពុង​ដេក កំពុងភ្ញាក់ តែមាន​សភាព​យ៉ាងនេះ​ហើយ ហៅថា​ជាអ្នកមាន​ព្យាយាម ដុតកំដៅ​កិលេស ក្តៅ​នឹងបាប ប្រារព្ធ​ព្យាយាម​ជានិច្ចកាល មានចិត្ត​ស្លុង​ទៅកាន់​ព្រះនិព្វាន។

ភិក្ខុ គួរដើរទៅឲ្យមានព្យាយាម (រារាំងបាប) គួរឈរ​ឲ្យមាន​ព្យាយាម គួរអង្គុយ​ឲ្យមាន​ព្យាយាម គួរដេក​ឲ្យមាន​ព្យាយាម គួរបត់​ចូល (នូវអវយវៈ) ឲ្យមាន​ព្យាយាម គួរលា​ចេញ (នូវអវយវៈ) ឲ្យមាន​ព្យាយាម ការប្រព្រឹត្តិ​ទៅនៃ​លោក ក្នុង​ខាងលើ ក្នុង​ទីជុំវិញ ក្នុងទិស​ខាងក្រោម​ត្រឹមណា ភិក្ខុគួរ​ជាអ្នក​ពិចារណា​នូវ​ការកើត និងការ​រលត់​នៃខន្ធ​ទាំងឡាយ​ ដែល​មានការ​សាប​សូន្យ​ជាធម្មតា ត្រឹមណោះ អ្នកប្រាជ្ញ​ទាំង​ឡាយ បាន​សរសើរ ​នូវភិក្ខុ​អ្នកសម្រេច​សម្រាន្តនៅ​យ៉ាងនេះ មានព្យាយាម​ដុតកំដៅ​កិ​លេស មានការ​ប្រព្រឹត្តិស្ងប់រម្ងាប់ មានចិត្ត​មិនរាយមាយ សិក្សាឲ្យ​សមគួរ​ដល់ធម៌​ជាគ្រឿង​ស្ងប់ចិត្ត មានស្មារតី​គ្រប់កាល​បែប​នោះ ថា​ជាបុគ្គលមាន​ចិត្តស្លុងទៅ​កាន់ព្រះនិព្វាន។ សូត្រ ទី១២។

១៣. លោកសូត្រ

[១១៥] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហើយ ព្រះអរហន្ត​សំដែង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ លោក (ទាំងមូល) តថាគត បានត្រាស់​ដឹង​ច្បាស់ហើយ តថាគត ជាបុគ្គល​ប្រាសចាក​លោក ម្នាលភិក្ខុ​ទាំងឡាយ​ ធម៌ជា​គ្រឿងបណ្តាល​ឲ្យកើត​លោក តថាគត បាន​ត្រាស់​ដឹង​ច្បាស់ហើយ ធម៌ជាគ្រឿង​បណ្តាល​ឲ្យកើត​លោក តថាគត បានលះបង់​ហើយ ម្នាលភិក្ខុ​ទាំងឡាយ​ ធម៌ជា​គ្រឿងរលត់​ទៅនៃ​លោក តថាគត បាន​ត្រាស់ដឹង​ច្បាស់ហើយ ធម៌ជា​គ្រឿងរលត់​ទៅនៃ​លោក តថាគត បានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ម្នាលភិក្ខុ​ទាំងឡាយ បដិទា ប្រព្រឹត្តទៅ​កាន់ទី​រលត់ទៅ​នៃ​លោក តថាគត បានត្រាស់​ដឹងច្បាស់​ហើយ​ បដិទា ប្រព្រឹត្តទៅ​កាន់ទី​រលត់ទៅ​នៃលោក តថាគត បានអប់រំ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ របស់ណា ដែល​លោក ព្រមទាំងទេវតា មារ និងព្រហ្ម ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏សេស បានឃើញ បានឮ បានប៉ះពាល់ បានដឹង បានដល់ បានស្វះស្វែង​រក បានរាវរក ដោយ​ចិត្តហើយ របស់​នោះ តថាគត បានត្រាស់ដឹង​ច្បាស់ហើយ ព្រោះហេតុ​ណា ហេតុនោះ បានជា​ហៅថា ព្រះតថាគត។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រី​ណាផង បរិនិព្វាន​ទៅ​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងរាត្រី​ណាផង សំដែង​ចរចា​ពន្យល់នូវ​សត្ថុសាសនា​ណា ក្នុងចន្លោះ​រាត្រីទាំង​ពីរនុ៎ះ សត្ថុសាសនា​ទាំងអស់​នោះ ក៏នៅ​ជាយ៉ាង​នោះដដែល មិនប្រែទៅ​ជាយ៉ាង​ដទៃឡើយ ព្រោះហេតុនោះ ​បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលយ៉ាង​ណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាង​នោះឯង ព្រោះហេតុ​នោះ បាន​ជា​ហៅថា ព្រះតថាគត។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងលោក ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ​ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស តថាគត ជាអ្នក​គ្របសង្កត់​លើសត្វ​ឯទៀត (ដោយគុណ) សត្វឯទៀត​គ្របសង្កត់ (តថាគត​វិញ) មិនបាន ជាអ្នកឃើញ​ហេតុសព្វគ្រប់ ធ្វើអំណាច​ឲ្យប្រព្រឹត្ត​ទៅ ព្រោះ​ហេតុនោះ​ បានជា​ហៅថា ព្រះតថាគត។ លុះ​ព្រះមានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ហើយ។ ទ្រង់ត្រាស់​គាថាព័ន្ធ​នេះ ក្នុងសូត្រ​នោះថា

អ្នកប្រាជ្ញ បានដឹងច្បាស់ នូវលោកទាំងពួង ក្នុងលោក​ទាំងពួង​ដោយពិត ជាអ្នក​ប្រាសចាក​លោកទាំង​ពួង ក្នុងលោក​ទាំងពួង មិនមាន​នរណា [ក្នុង​អដ្ឋកថា​ថា មិនមានគឺនរ គឺតណ្ហា និងទិដ្ឋិ (អនូសយោ)។] ប្រៀប​បាន​ ជាអ្នក​គ្របសង្កត់​លោកទាំង​អស់ (ដោយគុណ) ជាអ្នកញុំាង​លោកទាំង​អស់ ឲ្យផុត​ចាកគ្រឿង​ចំពាក់ទាំង​ពួង ព្រះនិព្វាន ជាទីស្ងប់​រម្ងាប់​យ៉ាងក្រៃលែង មិនមានភ័យ​អំពីទីណា ៗ ដល់អ្នក​ប្រាជ្ញ​ដែលបាន​ហើយ អ្នកប្រាជ្ញនុ៎ះ ជា​ព្រះខីណាស្រព ត្រាស់ដឹង​នូវសច្ចៈ ៤ ជាបុគ្គល​មិនមាន​ទុក្ខ បានកាត់ផ្តាច់​នូវសេចក្តី​សង្ស័យ ដល់នូវ​ការអស់​ទៅនៃកម្ម​ទាំងពួង មានចិត្ត​ផុតស្រឡះ ក្នុងធម៌​ជាគ្រឿងអស់​ទៅ​នៃកិលេស អ្នកប្រាជ្ញនុ៎ះ ជាព្រះពុទ្ធ លែងវិល​មកកាន់​ភពថ្មីទៀត អ្នកប្រាជ្ញនុ៎ះ ជាសីហៈ (អ្នកកំចាត់​នូវកិលេស) ដ៏ប្រសើរ ញុំាង​ចក្រដ៏​ប្រសើរ ឲ្យប្រព្រឹត្តទៅ​ដល់លោក ព្រមទាំង​ទេវលោក។ ពួក​ទេវតា និងមនុស្សណា បានដល់​ព្រះពុទ្ធ​ជាទីរលឹក ទេវតា និង​មនុស្ស​ទាំងនោះ ក៏មក​ប្រជុំ​នមស្ការ​ចំពោះ​ព្រះពុទ្ធ ដែលមាន​ព្រះទ័យ​ក្លៀវក្លា​ដ៏ប្រសើរនោះ។ ព្រះពុទ្ធ ព្រះអង្គ​ទូន្មានខ្លួន​ដ៏​ប្រសើរ ជាងពួក​ជនអ្នក​ទូន្មានខ្លួន ព្រះអង្គ​ស្ងប់រម្ងាប់​ដ៏ប្រសើរ ជាងពួកជន​អ្នកស្ងប់រម្ងាប់ ព្រះអង្គ​ស្វែងរក​នូវគុណ មាន​សីលគុណ​ជាដើម​ ព្រះអង្គ​មានចិត្ត​រួចស្រឡះ​ដ៏ប្រសើរ ជាងពួក​ជនអ្នកមាន​ចិត្តរួច​ស្រឡះ ព្រះអង្គ​ឆ្លងផុត​ដ៏ប្រសើរ​ជាងជន​អ្នក​ឆ្លងទាំងឡាយ។ ព្រោះហេតុ​នោះឯង ទើបពួក​ទេវតា និងមនុស្ស តែងនមស្ការ​ចំពោះព្រះពុទ្ធ ដែលមាន​ព្រះទ័យ​ក្លៀវក្លា​ដ៏ប្រសើរ​អង្គនុ៎ះ។ ក្នុងលោក ព្រមទាំង​ទេវលោក ឥតមាន​បុគ្គលណា ប្រៀបផ្ទឹម​នឹងព្រះអង្គ​បានឡើយ។

ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់​ទុកហើយ។ សូត្រ ទី១៣។

ចប់ ចតុក្កនិបាត។

ឧទ្ទាននៃចតុក្កនិបាតនោះគឺ

និយាយអំពីព្រះមានព្រះភាគជាព្រាហ្មណ៍ ១ វត្ថុ​ងាយបាន ៤ យ៉ាង ១ ការអស់​ទៅនៃ​អាសវៈ របស់​បុគ្គល​អ្នកដឹង ១ ពួកសមណ​ព្រាហ្មណ៍ ១ ពួកភិក្ខុ​មានសីល​ ១ តណ្ហា ១ ត្រកូល​ដែល​នៅរួម​នឹង​ព្រហ្មជាដើម ១ ពួកព្រាហ្មណ៍ និង​គហបតី​មាន​ឧបការៈ​ច្រើន ១ ពួកភិក្ខុ​អ្នកធ្វើឲ្យ​គេស្ញើប​ជាដើម ១ បុរស​ត្រូវទឹកស្ទឹង​កួច ១ អកុសលវិតក្កៈ​កើតដល់​ភិក្ខុកំពុង​ដើរទៅ​ជាដើម ១ ភិក្ខុ​មាន​សីលបរិបូណ៌​ជាដើម ១ ព្រះតថាគត​ត្រាស់ដឹង​នូវលោក ១ រួមជា ១៣ រឿង។

ក្នុងឥតិវុត្តកៈ មានសូត្រ ១១២។

ចប់ ភាគ៥៣ ។

វិន័យបិដក | | | | | | | | |១០|១១|១២|១៣
សុត្តន្តបិដក ១៤|១៥|១៦|១៧|១៨|១៩|២០|២១|២២|២៣|២៤|២៥|២៦|២៧|២៨|២៩|៣០|៣១|៣២|៣៣|៣៤|៣៥|៣៦|៣៧|៣៨|៣៩|៤០|៤១|៤២|៤៣|៤៤|៤៥|៤៦|៤៧|៤៨|៤៩|៥០|៥១|៥២|៥៣|៥៤|៥៥|៥៦|៥៧|៥៨|៥៩|៦០|៦១|៦២|៦៣|៦៤|៦៥|៦៦|៦៧|៦៨|៦៩|៧០|៧១|៧២|៧៣|៧៤|៧៥|៧៦|៧៧
អភិធម្មបិដក ៧៨|៧៩|៨០|៨១|៨២|៨៣|៨៤|៨៥|៨៦|៨៧|៨៨|៨៩|៩០|៩១|៩២|៩៣|៩៤|៩៥|៩៦|៩៧|៩៨|៩៩|១០០|១០១|១០២|១០៣|១០៤|១០៥|១០៦|១០៧|១០៨|១០៩|១១០