ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៥០|៥១|៥២|៥៣|៥៤| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

ខុទ្ទកនិកាយ ខុទ្ទកបាឋ

ភាគ ៥២

ភាគទី ១

សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ខុទ្ទកបាឋ សរណគមន៍

[១] ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់​នូវ​ព្រះធម៌ ជាទីរឭក ខ្ញុំព្រះករុណា សូមដល់​នូវ​ព្រះសង្ឃ ជាទីរឭក។ ខ្ញុំ​ព្រះករុណា សូមដល់​នូវ​ព្រះពុទ្ធ ជាទីរឭក ជា​គំរប់ពីរ​ដងផង ខ្ញុំព្រះករុណា សូមដល់​នូវ​ព្រះធម៌ ជាទីរឭក ជាគំរប់​ពីរដង​ផង ខ្ញុំព្រះករុណា សូមដល់​នូវ​ព្រះសង្ឃ ជាទីរឭក ជាគំរប់​ពីរដង​ផង។ ខ្ញុំព្រះករុណា សូមដល់​នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់​បីដងផង ខ្ញុំព្រះករុណា សូម​ដល់​នូវ​ព្រះធម៌ ជាទីរឭក ជាគំរប់​បីដង​ផង ខ្ញុំព្រះករុណា សូមដល់​នូវ​ព្រះសង្ឃ ជាទីរឭក ជាគំរប់​បីដងផង។

ចប់ សរណគមន៍។

ខុទ្ទកបាឋ សិក្ខាបទ ១០

[២] ខ្ញុំព្រះករុណា សូមសមាទាន​នូវសិក្ខាបទ គឺ​ចេតនាជាហេតុ​វៀរចាក​ការសម្លាប់​សត្វ។ ខ្ញុំ​ព្រះករុណា សូមសមាទាន នូវ​សិក្ខាបទ គឺ​ចេតនាជា​ហេតុ​វៀរចាក​ការកាន់យក​នូវវត្ថុ​ដែលគេ​មិនបានឲ្យ។ ខ្ញុំ​ព្រះករុណា សូមសមាទាន នូវ​សិក្ខាបទ គឺចេតនា​ជាហេតុ​វៀរចាក​ការប្រព្រឹត្តិ​នូវធម៌មិន​ប្រសើរ។ ខ្ញុំ​ព្រះករុណា សូម​សមាទាន នូវសិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ការពោលនូវ​ពាក្យកុហក។ ខ្ញុំព្រះករុណា សូមសមាទាន នូវ​សិក្ខាបទ គឺ​ចេតនាជា​ហេតុវៀរចាក​ហេតុជាទីតាំង​នៃ​សេចក្តី​ប្រមាទ គឺការផឹក​នូវទឹក​ស្រវឹង គឺសុរា និងមេរ័យ។ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺ​ចេតនាជាហេតុ​វៀរចាក​ការបរិភោគ​នូវ​ភោជនាហារ ក្នុង​កាលខុស។ ខ្ញុំព្រះករុណា សូមសមាទាន នូវ​សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ការរាំ ច្រៀង ប្រគំ និងការ​មើលល្បែង​ផ្សេងៗ ដែល​ជាសត្រូវ​ដល់​កុសលធម៌។ ខ្ញុំព្រះករុណា សូមសមាទាន​នូវសិក្ខាបទ គឺចេតនា​ជា​ហេតុវៀរ​ចាកការ​ទ្រទ្រង់ ការប្រដាប់ និង​ការតាក់តែង​ស្អិតស្អាង​រាងកាយ ដោយផ្កា​កម្រង គ្រឿង​ក្រអូប និងគ្រឿង​លាបផ្សេងៗ។ ខ្ញុំ​ព្រះករុណា សូមសមាទាន​នូវសិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ (ហួសប្រមាណ) និង​សេនាសនៈ​ដ៏ប្រសើរ។ ខ្ញុំ​ព្រះករុណា សូមសមាទាន​នូវសិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​កាន់យក​នូវមាស និងប្រាក់។

ចប់ សិក្ខាបទ ១០។

ខុទ្ទកបាឋ អាការៈ ៣២

[៣] ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម៍ ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ខួរក្នុងក្បាល។

ចប់ អាការៈ ៣២។

ខុទ្ទកបាឋ សាមណេរបញ្ហា

( ច្បាប់ឆ ៤. កុមារបញ្ហា )

[៤] ធម្មជាតឈ្មោះតែ ១ គឺអ្វី គឺសត្វទាំងអស់ តាំងនៅដោយ​សារអាហារ។ ធម្មជាត ឈ្មោះតែ ២ គឺអ្វី គឺនាម និងរូប។ ធម្មជាតឈ្មោះតែ ៣ គឺអ្វី គឺវេទនា ៣។ ធម្មជាតឈ្មោះតែ ៤ គឺអ្វី គឺអរិយសច្ច ៤។ ធម្មជាតឈ្មោះតែ ៥ គឺអ្វី គឺ​ឧបាទានក្ខន្ធ ៥។ ធម្មជាតឈ្មោះតែ ៦ គឺអ្វី គឺ​អាយតនៈខាងក្នុង ៦។ ធម្មជាតឈ្មោះតែ ៧ គឺអ្វី គឺ​ពោជ្ឈង្គ ៧។ ធម្មជាត​ឈ្មោះតែ ៨ គឺអ្វី គឺ​អរិយមគ្គ​ប្រកប​ដោយអង្គ ៨។ ធម្មជាត​ឈ្មោះតែ ៩ គឺអ្វី គឺ​សត្តាវាសៈ ៩។ ធម្មជាត​ឈ្មោះតែ ១០ គឺអ្វី គឺបុគ្គល​ដែលហៅថា ព្រះអរហន្ត ប្រកប​ដោយអង្គ ១០។

ចប់ សាមណេរបញ្ហា។

ខុទ្ទកបាឋ មង្គលសូត្រ

[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏ល្អ ញ៉ាំងវត្ត​ជេតពន​ទាំងមូល​ឲ្យភ្លឺស្វាង ហើយ​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​ឋិតនៅ​ក្នុងទី​សមគួរ។ លុះទេវតា​នោះ ឋិតនៅ​ក្នុងទី​សមគួរហើយ ទើបក្រាប​ទូល​ព្រះមានព្រះភាគ ដោយគាថា។

[៦] ទេវតា និងមនុស្សទាំងឡាយ​ជាច្រើន ប្រាថ្នារក​សួស្តី បានគិត​រកមង្គល​ទាំងឡាយ សូមព្រះអង្គ​សំដែងប្រាប់​នូវ​មង្គលដ៏ឧត្តម។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ការមិន​សេពគប់​ពាលជន​ទាំងឡាយ ១ ការ​សេពគប់​បណ្ឌិតជន​ទាំងឡាយ ១ ការបូជា​ចំពោះ​បុគ្គលដែល​គួរបូជា​ទាំងឡាយ ១ នេះជា​មង្គលដ៏ឧត្តម។

ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃ​បុគ្គលបាន​ធ្វើបុណ្យទុក​ហើយ​ក្នុងកាលមុន ១ ការដំកល់​ខ្លួនប្រពៃ ១ នេះជា​មង្គល​ដ៏ឧត្តម។

ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តី​ឆ្លៀវឆ្លាស ក្នុងហត្ថកម្ម​របស់អ្នកបួស និង​គ្រហស្ថ ១ វិន័យ​ដែលបុគ្គល​សិក្សាប្រពៃ​ ១​ វាចា​ដែល​បុគ្គល​ពោលល្អ ១ នេះជា​មង្គល​ដ៏ឧត្តម។

ការបំរើមាតាបិតា ១ សេចក្តីសង្គ្រោះ​ដល់បុត្រ និងភរិយា ១ ការងារ​ទាំងឡាយ ដែលមិន​ច្របូកច្របល់ ១ នេះជា​មង្គល​ដ៏ឧត្តម។

ការបរិច្ចាគទាន ១ ការប្រព្រឹត្តិធម៌ ១ សេចក្តី​សង្គ្រោះញាតិ​ទាំងឡាយ ១ ការងារ​ទាំងឡាយ ដែលមិន​មានទោស ១ នេះជា​មង្គល​ដ៏ឧត្តម។

ការមិនត្រេកអរក្នុងបាប និងការ​វៀរចាក​បាប ១ សេចក្តី​សង្រួមចាក​ការផឹកនូវ​ទឹកស្រវឹង ១ សេចក្តី​មិនប្រមាទ ក្នុងធម៌​ទាំងឡាយ ១ នេះជា​មង្គល​ដ៏ឧត្តម។

សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តី​ត្រេកអរ​តាមមាន​តាមបាន ១ ភាពជា​អ្នកដឹង​នូវឧបការៈ ដែល​អ្នកដទៃធ្វើ​ហើយ ១ ការស្តាប់​នូវធម៌​តាមកាល ១ នេះជា​មង្គល​ដ៏ឧត្តម។

សេចក្តីអត់ធន់ ១ ភាវៈនៃ​បុគ្គល​ដែលគេ​ប្រដៅបាន​ដោយងាយ ១ ការជួប​ប្រទះ​នូវសមណៈ​ទាំងឡាយ ១ ការសន្ទនា​ទៅវិញ​ទៅមក​នូវធម៌​តាមកាល ១ នេះជា​មង្គល​ដ៏ឧត្តម។

សេចក្តីព្យាយាមដុតនូវបាបធម៌ ១ ការប្រព្រឹត្តិ​នូវធម៌ដ៏​ប្រសើរ ១ ការឃើញ​នូវ​អរិយសច្ច​ទាំងឡាយ ១ ការធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន ១ នេះជា​មង្គល​ដ៏ឧត្តម។

ចិត្តនៃបុគ្គលណា​ដែលលោកធម៌​ទាំងឡាយ​ពាល់ត្រូវ​ហើយ មិនរម្ភើបញាប់ញ័រ ១ ការមិនមាន​សេចក្តី​សោក ១ ធូលី គឺរាគៈ​ទៅប្រាស​ហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជា​មង្គល​ដ៏ឧត្តម។

ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គល​ទាំងឡាយ ប្រាកដ​ដូច្នេះហើយ ជាអ្នក​មិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់​នូវសិរីសួស្តី​ក្នុងទី​ទាំងពួង នេះជា​មង្គល​ដ៏ឧត្តម​របស់ទេវតា និង​មនុស្ស​ទាំងឡាយនោះ។

ចប់ មង្គលសូត្រ។

ខុទ្ទកបាឋ រតនសូត្រ

[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏​អាកាសក្តី ដែលមក​ជួបជុំ​ក្នុងទី​នេះ ពួកភូត​ទាំងអស់​នោះ ចូរមាន​ចិត្តល្អ មួយទៀត ចូរស្តាប់​នូវភាសិត​ដោយ​គោរព ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ជាភូត​ទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរ​ធ្វើនូវ​មេត្តាចិត្ត ដល់​ពពួកសត្វ​ជា​មនុស្សជាតិ មនុស្ស​ទាំងឡាយ​ណា តែងនាំ​មកនូវពលី ក្នុង​ពេលថ្ងៃ និង​ពេល​យប់ ព្រោះហេតុនោះ សូមអ្នក​ទាំងឡាយ កុំប្រហែស​ធ្វេស រក្សានូវ​មនុស្ស​ទាំងនោះ។ ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោក​ខាងមុខក្តី រតនវត្ថុ​ដ៏ឧត្តម​ណា ក្នុងឋាន​សួគ៌ក្តី ទ្រព្យ និង​រតនវត្ថុ​ទាំងនោះឯង ស្មើដោយ​ព្រះតថាគត មិនមាន​ឡើយ រតនៈ គឺព្រះពុទ្ធ​នេះឯង ជា​រតនៈដ៏​ឧត្តម ដោយសច្ចៈ​នេះ សូម​មានសិរី​សួស្តី។

ព្រះសក្យមុនី ទ្រង់មានព្រះទ័យ​ដំកល់មាំ បានត្រាស់ដឹង​ហើយ នូវ​ព្រះធម៌ណា ជា​ទីក្ស័យ​ទៅនៃ​កិលេស ជាទី​ប្រាសចាក​រាគៈ ជាធម៌​មិនស្លាប់ ជាធម៌ឧត្តម រតនៈ​នីមួយ​ស្មើដោយ​ព្រះធម៌នោះ​មិនមាន រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយ​ពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរ​នូវ​សមាធិណា ថាជា​ធម៌ដ៏ស្អាត បណ្ឌិត​ទាំងឡាយ ពោលហើយ​នូវ​សមាធិណា ថាជាធម៌​ឲ្យផល​ដោយ​លំដាប់ សមាធិ​ឯទៀត ស្មើដោយ​សមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

បុគ្គលទាំងឡាយណា ៨ ពួក ដែលពួក​សប្បុរស​សរសើរ​ហើយ រាប់ជាគូ មាន ៤ គូ បុគ្គល​ទាំងឡាយ​នោះ ជាសាវ័ក​របស់​ព្រះសុគត លោកគួរ​ដល់​ទក្ខិណាទាន ទានទាំង​ឡាយ ដែលបុគ្គល​ឲ្យហើយ ចំពោះ​ទក្ខិណេយ្យបុគ្គល​ទាំងឡាយនោះ ជាទាន​មានផល​ច្រើន រតនៈ គឺព្រះសង្ឃ​នេះឯង ជា​រតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូម​មាន​សិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនា​នៃ​ព្រះសម្ពុទ្ធ​ព្រះនាមគោតម ប្រកប​ត្រូវល្អ​ហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមាន​សេចក្តី​ប្រាថ្នាឡើយ អរិយបុគ្គល​ទាំងឡាយនោះ ដល់ហើយ​នូវ​អរហត្តផល សម្រេច​ហើយនូវ​ព្រះនិព្វាន បាននូវ​ការរលត់​កិលេស​ដោយ​ទទេ (ឥតមាន​ទិញដូរ​ឡើយ) ហើយ​ទទួល​នូវផល រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

សសរគោល ដែលគេបោះ​ភ្ជាប់នឹង​ផែនដី ជារបស់​មិនកំរើក​ញាប់ញ័រ​ដោយ​ខ្យល់ព្យុះ ដែលបក់​មកអំពី​ទិសទាំង ៤ យ៉ាង​ណាមិញ អ្នកណា​ពិចារណាឃើញ​នូវ​អរិយសច្ច​ទាំងឡាយ តថាគត​ហៅអ្នក​នោះ ថាជា​សប្បុរស (មិនញាប់ញ័រ​ដោយ​លោកធម៌​ទាំងឡាយ) ដូច​សសរគោល​ដូច្នោះឯង រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់​នូវ​អរិយសច្ច​ទាំងឡាយ ដែល​ព្រះតថាគត ព្រះអង្គ​មានប្រាជ្ញា​ដ៏ជ្រាលជ្រៅ សំដែង​ប្រពៃហើយ អរិយ​បុគ្គលទាំងនោះ ទុកជា​ប្រមាទ​ដ៏លើសលប់​ក៏ដោយ អរិយបុគ្គល​ទាំងនោះ គង់មិន​កាន់យក​ភពជា​គំរប់ ៨ គឺមិនកើត​ទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈ​នេះ សូមមាន​សិរីសួស្តី។

(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និង​សីលព្វតបរាមាសៈ​ណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គល​នោះ បានលះ​បង់ហើយ ជាមួយ​នឹង​ទស្សនសម្បទា គឺ​សោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះ​ចាក​អបាយ​ទាំង ៤ ផង មិនអាច​ធ្វើនូវ​អភិដ្ឋាន [សំដៅយក​អនន្តរិយកម្ម ៥ និង​ការបែរចិត្ត​ទៅកាន់​សាសនា​ដទៃ។] ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ប្រសិនបើ​សោតាបន្នបុគ្គល​នោះ ធ្វើនូវ​បាបកម្ម​ដោយ​កាយ វាចា ឬដោយ​ចិត្ត​ក៏ដោយ (ព្រោះ​សេចក្តី​ភ្លាំងភ្លាត់) សោតាបន្នបុគ្គល​នោះ មិនដែល​បិទបាំង​នូវ​បាបកម្ម​នោះឡើយ ភាវៈ​នៃបុគ្គល​មានផ្លូវ​នៃ​ព្រះនិព្វាន​ឃើញហើយ ជាបុគ្គល​មិនដែល​បិទបាំង​បាបកម្ម ព្រះពុទ្ធ​ទាំងឡាយ បានត្រាស់​សំដែង​ហើយ រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើម​គិម្ហរដូវ គឺខែក្តៅ យ៉ាង​ណាមិញ ព្រះពុទ្ធ​បានត្រាស់​សំដែង​ហើយ​នូវធម៌​ដ៏ប្រសើរ ជាធម៌​អាចញ៉ាំង​សត្វ​ទាំងឡាយ ឲ្យដល់​នូវព្រះនិព្វាន ដើម្បី​ប្រយោជន៍​ដ៏ឧត្តម ដូចជា​គុម្ពឈើ​មានក្នុងព្រៃ ដូច្នោះ​ឯង រតនៈ គឺ​ព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គល​ប្រសើរ ទ្រង់ជ្រាបនូវ​ធម៌ដ៏ប្រសើរ ទ្រង់ប្រទាន​នូវធម៌​ដ៏ប្រសើរ ទ្រង់នាំ​មកនូវធម៌​ដ៏ប្រសើរ ព្រះអង្គ​ប្រសើរ ឥតមាន​អ្នកណា​មួយស្មើ ទ្រង់ត្រាស់​សំដែងហើយ​នូវធម៌​ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយ​ពាក្យសច្ចៈ​នេះ សូមមាន​សិរីសួស្តី។

កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិន​កើតប្រាកដ អរិយបុគ្គល​ទាំងឡាយ​ណា មានចិត្ត​នឿយណាយ​ហើយ​ក្នុងភពតទៅ អរិយបុគ្គល​ទាំងឡាយ​នោះ មានពូជ​អស់ហើយ មានឆន្ទៈ គឺសេចក្តី​ប៉ុនប៉ង​ក្នុងចិត្ត មិនដុះ​ចំរើនឡើង ជាអ្នក​មាន​ប្រាជ្ញា តែងរលត់​ទៅ ដូចប្រទីប ដែលរលត់​ទៅនេះ រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏​អាកាសក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវ​ព្រះពុទ្ធ​ជាម្ចាស់ ទ្រង់បាន​ត្រាស់មក​ហើយ​ដូចគ្នា ដែលទេវតា និងមនុស្ស​តែងបូជា សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅ​ឰដ៏អាកាស​ក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវព្រះធម៌​ដែលមាន​មកហើយ​ដូចគ្នា ដែល​មនុស្ស និងទេវតា​តែងបូជា សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅ​ឰដ៏អាកាស​ក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវ​ព្រះសង្ឃ ដែលមាន​មកហើយ​ដូចគ្នា ដែល​ទេវតា និងមនុស្ស​តែងបូជា សូមមាន​សិរីសួស្តី។

ចប់ រតនសូត្រ។

ខុទ្ទកបាឋ តិរោកុឌ្ឌកណ្ឌ

[៨] បើបុគ្គលឃើញសុខធំទូលាយ ព្រោះលះ​សុខមាន​ប្រមាណ​តិចចេញ អ្នក​មានប្រាជ្ញា កាលឃើញ​ច្បាស់​សុខធំទូលាយ គប្បីលះ​សុខមាន​ប្រមាណ​តិចចេញ។

ប្រេតទាំងឡាយ មកកាន់ផ្ទះ​នៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរ​នៅជិត​ខាងក្រៅ​ជញ្ជាំង​ទាំងឡាយខ្លះ នាផ្លូវ​បែកជា ៤ និងផ្លូវ​បែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារ​ក្រុង និងទ្វារផ្ទះ​ទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម និងចំអាប មាន​គ្រប់គ្រាន់ ដែលពួក​ញាតិតាក់តែង​ទុក​ហើយ មិនមាន​ញាតិណាមួយ នឹកដល់​ប្រេតទាំងឡាយ​នោះ ព្រោះកម្ម​របស់សត្វ​ទាំងឡាយ ជាបច្ច័យ។ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយ​នោះ រមែង​ឧទ្ទិស​ឲ្យនូវទឹក និង​ភោជន​ដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់​គួរតាមកាល ដល់ញាតិ​ទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមាន​ដល់ញាតិ​ទាំងឡាយ សូមញាតិ​ទាំងឡាយ បានដល់​នូវ​សេចក្តីសុខ។ ចំណែក​ប្រេតជា​ញាតិ ជាអ្នកមក​ប្រជុំគ្នា​ទាំងនោះ មកជួបជុំ​គ្នាហើយ ក្នុងមន្ទីរ​ឲ្យទាន​នោះ កាលបើ​បាយ និងទឹក មានល្មម​គ្រាន់ ក៏​អនុមោទនា ដោយ​គោរពថា យើង​ទាំងឡាយ បាន​សម្បត្តិនេះ ព្រោះហេតុ​នៃញាតិទាំង​ឡាយណា សូមពួក​ញាតិ របស់យើង​ទាំងឡាយ​នោះ រស់នៅ​យឺនយូរ ការបូជា​ដែលញាតិ​ទាំងឡាយ​ធ្វើហើយ ដល់យើង​ទាំងឡាយក្តី ញាតិ​ទាំងឡាយ ជាអ្នកឲ្យ​ទានក្តី មិនមែន​ជាឥត​ផលឡើយ កសិកម្ម ក៏មិន​មានក្នុងភូមិ នៃប្រេតនោះ គោរក្ខកម្ម ក៏មិនមាន​ក្នុងភូមិ​នៃប្រេត​នោះ ពាណិជ្ជកម្ម ដែលជា​ហេតុបាន​សម្បត្តិ​បែបដូច្នោះ ក៏មិនមាន ការលក់ទិញ​ផ្លាស់ប្តូរ​ដោយប្រាក់ ក៏មិនមាន បុគ្គល​ទាំងឡាយ ធ្វើកាល​កិរិយា លះលោក​នេះទៅហើយ រមែងញ៉ាំង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅក្នុង​ប្រេតវិស័យ​នោះ ដោយ​ផលទាន​ដែលញាតិ​ទាំងឡាយ​ឧទ្ទិសឲ្យ​ហើយ​អំពី​លោកនេះ។ ទឹកធ្លាក់​ចុះលើទីទួល រមែងហូរ​ទៅកាន់ទី​ទាប ដូចម្តេចមិញ ទានដែល​បុគ្គល​ឲ្យហើយ អំពីលោក​នេះ រមែង​សម្រេចផល ដល់​ប្រេត​ទាំងឡាយ ដូច្នេះដែរ។ ផ្លូវទឹក មានទន្លេ និងស្ទឹង​ជាដើមដ៏ពេញ រមែងញ៉ាំង​សាគរឲ្យ​ពេញប្រៀប ដូចម្តេចមិញ ទានដែល​បុគ្គលឲ្យហើយ​អំពីលោក​នេះ រមែង​សម្រេចផល ដល់ប្រេត​ទាំងឡាយ ដូច្នោះ​ដែរ។ បុគ្គលកាល​រឭកឃើញ​នូវ​ឧបការគុណ ដែលលោក​ធ្វើទុក​ដល់ខ្លួន ក្នុងកាលមុន​ថា អ្នកនេះ​បានឲ្យ​របស់នេះ​ដល់អញ អ្នកនេះ​បានធ្វើ​គុណនេះ​ដល់អញ ជន​ទាំងឡាយ​នោះ ជាញាតិ​មិត្រ ជាសំឡាញ់​របស់អញ​ដូច្នេះហើយ គួរឲ្យ​ទក្ខិណាទាន ចំពោះ​ប្រេត​ទាំងឡាយ។ ការយំសោកសៅ និងការ​ខ្សឹកខ្សួល​ដទៃណា មិនមាន​ប្រយោជន៍​ឡើយ ការយំ​ជាដើមនោះ មិនសម្រេច​ប្រយោជន៍ ដល់ប្រេត​ទាំងឡាយទេ ញាតិ​ទាំងឡាយ រមែង​ឋិតនៅ​យ៉ាងនោះ​ដដែល ឥតបាន​ដឹង បានឮឡើយ។ លុះតែ​ទក្ខិណាទាន​នេះ ដែលបុគ្គល​បានឲ្យហើយ ដំកល់ទុក​ប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេច​ផលដោយ​រួសរាន់ ដើម្បី​ប្រយោជន៍​ដល់ប្រេតនោះ អស់កាល​ជាអង្វែង។ ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែង​ជាបែប​យ៉ាងហើយ ការបូជា​ដ៏ថ្លៃថ្លា ចំពោះប្រេត​ទាំងឡាយ ឈ្មោះថា បានធ្វើហើយ​ផង កំលាំង​កាយ​នៃភិក្ខុ​ទាំងឡាយ ឈ្មោះថា បានបំពេញ​ឲ្យហើយ​ផង បុណ្យ ឈ្មោះថា បានសន្សំ​ទុក មិនមែន​តិចឡើយផង។

ចប់ តិរោកុឌ្ឌកណ្ឌ។

ខុទ្ទកបាឋ និធិកណ្ឌ

[៩] បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុត​នៃទឹក ដោយគិតថា កាល​បើកិច្ច​ដែលត្រូវ​ការ កើតឡើង​ហើយ ទ្រព្យនេះ នឹងបាន​ជាប្រយោជន៍ ដល់​អាត្មាអញ ដែលត្រូវ​ពួក​បច្ចាមិត្រ​ពោលបង្កាច់​ នឹងបាន​ដោះខ្លួន​ចេញពីស្តេច ឬ​ត្រូវចោរ​បៀតបៀន​ នឹងបាន​ដោះខ្លួន​ចេញពីចោរ នឹងបានដោះ​បំណុល ឬ​ក្នុងពេល​ទុរភិក្ស ឬក៏​ក្នុងកាល​អន្តរាយ​ទាំងឡាយ ធម្មតា កំណប់​ដែលគេកប់​ទុកក្នុង​លោក ដើម្បី​ប្រយោជន៍​នេះឯង។ កំណប់ ដែលបុគ្គលកប់​ក្នុងទីជ្រៅ មានទី​បំផុត​ទល់នឹងទឹក​ដល់ម្ល៉ោះ កំណប់ទ្រព្យ​ទាំងអស់​នោះ ក៏មិន​សម្រេច​ដល់បុគ្គល​នោះ​សព្វកាល​ទេ ដ្បិតថា កំណប់ទ្រព្យ រមែង​ឃ្លាតទៅ ចាកទីខ្លះ សេចក្តី​ចំណាំ​របស់​បុគ្គលនោះ រមែង​វង្វេងទៅខ្លះ នាគ​ទាំងឡាយ រមែង​នាំជញ្ជូន​ទៅខ្លះ ពុំនោះសោត ពួកយក្ស​នាំយកទ្រព្យ​នោះទៅ​ខ្លះ អ្នក​ទទួលមត៌ក ដែល​មិនជាទី​ស្រឡាញ់ រមែង​គាស់យក​នូវកំណប់​ទ្រព្យនោះ កាលខ្លួនមិន​បានឃើញខ្លះ ខ្លួន​អស់បុណ្យ​ទៅវេលាណា កំណប់ទ្រព្យ​ទាំងអស់នោះ រមែង​វិនាស​បាត់បង់​ទៅក្នុង​វេលានោះ។ កំណប់ទ្រព្យ ដែលស្ត្រី ឬ​បុរសណា បានកប់ទុកល្អ​ហើយ​ដោយទាន សីល ដោយ​ការសង្រួម និងដោយ​ការទូន្មានខ្លួន ក្នុង​ចេតិយ ឬក្នុង​សង្ឃ ឬក្នុងបុគ្គល ឬក្នុង​ពួកភ្ញៀវ ឬមួយ​ក្នុងមាតា ក្នុងបិតា ឬថា​ក្នុងបងប្រុស-ស្រី​ដែលជាច្បង កំណប់​ទ្រព្យនុ៎ះ ចាត់ជា​កំណប់ទ្រព្យ​ដែល​កប់ទុក​ប្រពៃហើយ នរណា ៗ មិនគប្បី​ផ្ចាញ់បាន ជាកំណប់​ទ្រព្យ ដែលជាប់​តាមខ្លួនទៅ កាលភោគៈ​ទាំងឡាយ​ដែលខ្លួន​ត្រូវលះបង់​ហើយទៅ ខ្លួន​រមែង​កាន់យក​នូវកំណប់​ទ្រព្យ គឺបុណ្យនុ៎ះទៅ កំណប់​ទ្រព្យ គឺបុណ្យ​ មិនទួទៅ ដល់ពួក​ជនដទៃ ជារបស់​ដែលចោរ​លួចទៅ​មិនបាន។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួន​ទៅបាន អ្នកប្រាជ្ញ គួរធ្វើនូវ​កំណប់ទ្រព្យ គឺបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់ទេវតា និងមនុស្ស​ទាំងឡាយ ពួកទេវតា និងមនុស្ស​ទាំងឡាយ ប្រាថ្នា​ណាស់ នូវផលណា ៗ ផលទាំង​ពួងនោះៗ រមែងបាន​ដោយ​កំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ ភាពជា​អ្នកមាន​សម្បុរផូរផង់ មាន​សំឡេង​ពីរោះ ទ្រង់ទ្រាយ​ល្អ រូបល្អ ជាអធិបតី មានយស​បរិវារ ផលទាំងអស់ រមែងបាន​ដោយកំណប់​ទ្រព្យ គឺ​បុណ្យនុ៎ះ។ ភាពជាស្តេច​ប្រទេសរាជ ឥស្សរិយយស សេចក្តី​សុខរបស់​ស្តេចចក្រពត្តិ​ជាទី​ស្រឡាញ់ ភាពជា​ស្តេចនៃទេវតា​ ក្នុងទេពនិកាយ​ទាំងឡាយ ផលទាំងអស់ រមែងបាន​ដោយ​កំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ សម្បត្តិ​ជារបស់​មនុស្សណា​ផង សេចក្តី​ត្រេកអរ ក្នុង​ទេវលោក​ណាផង​ សម្បត្តិ គឺព្រះនិព្វាន​ណាផង សម្បត្តិ​ទាំងអស់ រមែង​បានដោយ​កំណប់​ទ្រព្យ គឺបុណ្យនុ៎ះ។ ភាពនៃ​បុគ្គលកាល​អាស្រ័យ​មិត្តសម្បទា បើប្រកប​សេចក្តី​ព្យាយាម ដោយឧបាយ ដែលត្រូវ​ជាអ្នកស្ទាត់​ក្នុងវិជ្ជា និងវិមុត្តិ ឥដ្ឋផល​ទាំងអស់ បានដោយ​កំណប់ទ្រព្យ គឺបុណ្យនុ៎ះ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងពុទ្ធភូមិណា ៗ ឥដ្ឋផល​ទាំងអស់ រមែងបាន​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យនុ៎ះ។ បុញ្ញសម្បទានេះ ឲ្យសំរេច​ប្រយោជន៍​ដ៏ធំ ដោយ​ប្រការដូច្នេះ ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​ទាំងឡាយ ជាធីរជន ទើប​សរសើរ​នូវភាព​នៃបុគ្គល​ជាអ្នក​មានបុណ្យ​ធ្វើទុក​ហើយ។

ចប់ និធិកណ្ឌសូត្រ។

ខុទ្ទកបាឋ ករណីយមេត្តសូត្រ

[១០] កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹង​នូវបទ​ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើ​ហើយ) កិច្ចនោះ កុលបុត្រ​អ្នកឈ្លាស​ក្នុងប្រយោជន៍​គួរធ្វើ (កុលបុត្រ​នោះ) ជាអ្នក​អាចហ៊ាន​ផង ត្រង់ដោយ​កាយ និងវាចារ​ផង ត្រង់ល្អ​ដោយចិត្តផង គេប្រដៅ​ងាយផង មាន​សុភាព​ទន់ភ្លន់ផង មិនមាន​មានះដ៏ក្រៃលែង​ផង សន្តោសផង គេចិញ្ចឹម​ងាយផង​ មានកិច្ច​ធុរៈតិចផង ប្រព្រឹត្ត​ស្រាលព្រម (មាន​បរិក្ខារតិច) ផង មានឥន្ទ្រិយ​ស្រគត់ស្រគំ​ផង មានប្រាជ្ញា​ចាស់ផង មិនឃ្នើស​ឃ្នងផង មិនជាប់​ជំពាក់​ក្នុងត្រកូល​ទាំងឡាយ​ផង វិញ្ញូជន​ទាំងឡាយ គួរតិះដៀល​ជនទាំង​ឡាយដទៃ ដោយ​កម្មណា មិនគួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ ដែលជា​កម្មលាមក សូម្បី​តិចតួច (ហើយគួរ​ផ្សាយមេត្តា​ចិត្ត ចំពោះ​ពពួក​សត្វថា) សត្វ​ទាំងឡាយ​ទាំងពួង សូមឲ្យ​មានសេចក្តី​សុខ ឲ្យមាន​សេចក្តីក្សេម ​ឲ្យមាន​ខ្លួនដល់​នូវសេចក្តី​សុខចុះ សត្វមាន​ជីវិត​ទាំងឡាយ​ណាមួយ ឥតមាន​សេសសល់ ទោះ​សត្វមាន​សេចក្តី​​​តក់ស្លុត គឺនៅ​មាន​តណ្ហាក្តី មាំមួន គឺឥតមាន​តណ្ហាក្តី សត្វទាំងឡាយ​ណា មានកាយ​វែងក្តី ធំក្តី មានកាយ​យ៉ាងកណ្តាល​ក្តី ខ្លីក្តី មានកាយ​ស្គម ឬ​ធាត់ក្តី សត្វទាំង​ឡាយណា ដែលយើង​ឃើញហើយ​ក្តី មិនឃើញ​ហើយក្តី សត្វទាំង​ឡាយណា នៅក្នុង​ទីឆ្ងាយក្តី​ ក្នុង​ទីជិតក្តី ដែលកើត​រួចមក​ហើយក្តី ដែលកំពុង​ស្វែងរក​ទីកើតក្តី​ សត្វ​ទាំងអស់​ (នោះ) ចូរមាន​ខ្លួនជា​សុខ​ចុះ។ សត្វដទៃ​មិនគួរ​កំហែង​បៀតបៀន​នូវសត្វ​ដទៃ​ឡើយ មិនគួរ​មើលងាយ​គេតិចតួច​ក្នុងទីណា​មួយឡើយ មិនគួរ​ប្រាថ្នានូវ​សេចក្តីទុក្ខ ដល់គ្នា​នឹងគ្នា ព្រោះសេចក្តី​ក្រេវក្រោធ និង​សេចក្តី​ចង្អៀតចង្អល់ ក្នុង​ចិត្តឡើយ។ មាតា​ថ្នមរក្សា​បុត្រដែល​កើតអំពី​ខ្លួន ជាកូន​តែមួយ​ ដោយអាយុ (ស្មើដោយ​ជីវិត) យ៉ាង​ណាមិញ បុគ្គល​គួរចំរើន​មេត្តាចិត្ត មិនមាន​ប្រមាណ ចំពោះសត្វ​ទាំងឡាយ​ទាំងពួង យ៉ាង​នោះឯង។ បុគ្គលគួរ​ចំរើន​មេត្តាចិត្ត មិនមាន​ប្រមាណ ជាធម៌​មិនចង្អៀត មិនមាន​ពៀរ មិនមាន​សត្រូវ ទៅក្នុង​លោក​ទាំងអស់ គឺក្នុងទី​ខាងលើផង ខាង​ក្រោមផង ខាងទទឹង គឺត្រង់​​កណ្តាលផង។ (បុគ្គលអ្នក​ចំរើន​មេត្តាចិត្ត​នោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នក​មានសេចក្តី​ងោកងក់​ទៅប្រាសហើយ គឺជាអ្នក​មិនដេកលក់​ អស់កាល​ត្រឹមណា គួរដំកល់​នូវសតិនោះ អស់កាល​ត្រឹមនោះ បណ្ឌិត​ទាំងឡាយ ពោលនូវ​កិរិយានុ៎ះ​​ ថាជា​ព្រហ្មវិហារ​ ក្នុង​សាសនា​នេះ។ (បុគ្គល​ដែលមាន​មេត្តាព្រហ្មវិហារ) មិនងប់​នឹងទិដ្ឋិ ​ជាអ្នក​មានសីល ប្រកប​ដោយ​ទស្សនសម្បត្តិ គឺ​សោតាបត្តិមគ្គ​​ (តទៅទៀត) បន្ទោបង់​នូវ​សេចក្តី​ជាប់ជំពាក់​ ក្នុងកាម​ទាំងឡាយ​ហើយ​រមែង​មិនមក​កាន់​គព្ភសេយ្យា​ទៀត​ឡើយ។

ចប់​ មេត្តសូត្រ។

ចប់ ខុទ្ទកបាឋ​។​

ខុទ្ទកនិកាយ​ ធម្មបទគាថា

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ធម្មបទគាថា យមកវគ្គ ទី១

[១១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរ​បំផុត​ (មានចិត្តជាធំ) សម្រេច​អំពីចិត្ត បើបុគ្គល​មានចិត្ត​ត្រូវទោស [ធម៌​ជាទោស ឬជា​ឧបក្កិលេស​នៃចិត្ត មាន​អភិជ្ឈា​ជាដើម ដែលចូល​មកធ្វើចិត្ត​ឲ្យ​វឹកវរ។] ​​ប្រទូស្តហើយ ពោលក្តី​​ ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិត​ទាំងនោះ​ ទុក្ខ រមែងជាប់​តាមបុគ្គល​នោះទៅ ដូចកង់​រទេះ​វិលតាម​ដាន​ជើងគោ​ដែលកំពុង​អូសទៅ​។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត​ សម្រេចអំពីចិត្ត បើ​បុគ្គល​មានចិត្ត​ជ្រះថ្លា [ជ្រះថ្លា​ដោយគុណ មាន​អនភិជ្ឈា​ជាដើម។ អដ្ឋកថា។] ហើយ ពោលក្តី​​ ធ្វើក្តី (នូវសុចរិត) ព្រោះ​សុចរិត​ទាំងនោះ​ សុខ រមែងជាប់​តាមបុគ្គល​នោះទៅ ដូច​ស្រមោល​អន្ទោល​តាមប្រាណ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់​អញ អ្នកឯណោះ បានលួច​យកទ្រព្យ​របស់អញ​ទៅហើយ បើអ្នកណា ចងសេចក្តីក្រោធ​បែប​នោះទុក (ដូច្នេះ) ពៀររបស់​អ្នកនោះ មិន​រម្ងាប់ឡើយ។

អ្នកឯណោះ បានជេរអញ​ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បាន​ផ្ចាញ់អញ អ្នកឯណោះ បានលួច​យកទ្រព្យ​របស់អញ​ទៅហើយ បើអ្នកណា​ មិនចង​សេចក្តី​ក្រោធ​​បែបនោះ​ទុក​ (ដូច្នេះ) ពៀរ​របស់អ្នក​នោះ ទើប​រម្ងាប់បាន​។ ពិតមែន តាំងពី​កាល​ណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់​ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់​ដោយមិន​មានពៀរ នេះជា​បវេណីធម៌។ ជន​ទាំងឡាយ​ដទៃ (ក្រៅអំពី​បណ្ឌិត) តែងមិន​ដឹងខ្លួន​ថា យើងទាំងឡាយ នឹងវិនាស​ក្នុង​កណ្តាល​នៃពួក​នេះ ​ដូច្នេះឡើយ ចំណែក​ជនទាំង​ឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើង​ទាំងឡាយ នឹងវិនាស​ក្នុង​កណ្តាល​នៃពួកនេះ ដូច្នេះ ការឈ្លោះ​ប្រកែក​ទាំងឡាយ រមែង​រម្ងាប់​អំពីជន​ទាំងឡាយ​នោះ។

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួម​ក្នុងឥន្ទ្រិយ​​ទាំងឡាយ មិនដឹង​ប្រមាណ​ក្នុង​ភោជន ខ្ជិលច្រអូស មានព្យាយាម​ធូរថយ​ កិលេសមារ រមែង​គ្របសង្កត់​បុគ្គល​នោះឯង ដូចខ្យល់​ដែលគ្រប​សង្កត់ដើម​ឈើ​ទុព្វល​ដូច្នោះ។ ឯបុគ្គល​ដែលយល់​ឃើញនូវ​អារម្មណ៍​ថា​មិនល្អ សង្រួម​ប្រពៃ​ក្នុងឥន្ទ្រិយ​ទាំងឡាយ​ ដឹងប្រមាណ​ក្នុង​ភោជន មានសទ្ធា​ ប្រារព្ធព្យាយាម កិលេសមារ​តែង​គ្របសង្កត់​បុគ្គលនោះ​មិនបាន ដូចខ្យល់​គ្របសង្កត់​ភ្នំថ្មតាន់​មិនបាន​ដូច្នោះ។

អ្នកណា នៅមានទឹកចត់ គឺ​រាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នក​បោះបង់​ការទូន្មាន នូវឥន្ទ្រិយ និងសច្ចៈ ហើយ​ស្លៀកដណ្តប់​សំពត់​កាសាវៈ អ្នកនោះ មិនគួរ​នឹងស្លៀក​ដណ្តប់​សំពត់​កាសាវៈ​ឡើយ។ លុះតែអ្នកណា មានទឹកចត់ គឺ​រាគាទិក្កិលេស ខ្ជាក់ចោល​អស់ហើយ ជាអ្នក​មានចិត្ត​ដម្កល់មាំ​ ក្នុង​ចតុប្បារិសុទ្ធិសីល ប្រកបដោយ​ការទូន្មាន​នូវឥន្ទ្រិយ និងសច្ចៈ អ្នកនោះឯង ទើបគួរ​នឹងស្លៀក​ដណ្តប់​សំពត់​កាសាវៈ​បាន។

ជនទាំងឡាយ​ ដែលយល់ឃើញ​ក្នុង​ធម៌មានខ្លឹម ថាជា​ធម៌មិនមាន​ខ្លឹមផង ជាអ្នក​មាន​តម្រិះ​ខុស​ជាអារម្មណ៍ រមែង​មិនបាន​នូវធម៌​ដែលមាន​ខ្លឹមឡើយ។ ជនទាំងឡាយ​ ដែលយល់​ឃើញ​នូវធម៌​មានខ្លឹម ថាជា​ធម៌មាន​ខ្លឹមផង យល់ឃើញ​នូវធម៌​គ្មានខ្លឹម ថាជា​ធម៌គ្មាន​ខ្លឹមផង ជាអ្នក​មានតម្រិះ​ត្រូវ ជាអារម្មណ៍ រមែងបាន​នូវធម៌​ដែល​មានខ្លឹម។

ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀង រមែង​លេចរហូត យ៉ាងណាមិញ ចិត្តដែល​បុគ្គលមិន​បានអប់រំ​ទុក​ហើយ រាគៈ​រមែងចាក់​ដោត​យ៉ាងនោះឯង។​ ផ្ទះដែល​ប្រក់ល្អ​ហើយ ដំណក់ទឹកភ្លៀង រមែងមិន​លេចរហូត យ៉ាង​ណាមិញ ចិត្តដែល​បុគ្គល​បាន​អប់រំទុក​ល្អហើយ រាគៈរមែង​មិន​ចាក់ដោតបាន យ៉ាងនោះឯង។

បុគ្គលអ្នកធ្វើបាប តែងសោកស្តាយ​ក្នុងលោក​ទាំងពីរ គឺ​សោកស្តាយ ក្នុង​លោក​នេះ ១ ក្នុងលោក​ខាងមុខ ១ បុគ្គលនោះ រមែង​សោកស្តាយ ក្តៅក្រហាយ ព្រោះ​ឃើញ​អំពើ​សៅហ្មង​របស់ខ្លួន។​ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយ​ក្នុងលោក​ទាំងពីរ គឺរីករាយ​ក្នុង​លោកនេះ ១  រីករាយ​ក្នុងលោក​ខាងមុខ​ ១ បុគ្គលនោះ រមែង​រីករាយ ស្រស់ស្រាយ ព្រោះឃើញ​អំពើ​បរិសុទ្ធ​របស់ខ្លួន។

បុគ្គលអ្នក​ធ្វើអំពើ​បាប តែងក្តៅ​ក្រហាយ​ ក្នុងលោក​ទាំងពីរ គឺ​ក្តៅក្រហាយ​ក្នុង​លោក​នេះ ១ ក្តៅក្រហាយ​ក្នុងលោក​ខាងមុខ ១ បុគ្គល​នោះ រមែងក្តៅ​ក្រហាយ​ដោយគិត​ឃើញ​ថា បាប អញបាន​ធ្វើហើយ លុះធ្វើ​មរណកាល​ទៅកាន់​ទុគ្គតិ ក៏រឹងរឹត​តែក្តៅ​ក្រហាយ​ដ៏ក្រៃលែង។ បុគ្គលអ្នកធ្វើបុណ្យទុក រមែង​ត្រេកអរ​ក្នុងលោក​ទាំងពីរ គឺ​ត្រេកអរ​ក្នុង​លោកនេះ ១ ត្រេកអរ​ក្នុងលោក​ខាងមុខ ១ បុគ្គល​នោះ រមែង​ត្រេកអរ​ដោយគិត​ឃើញថា បុណ្យ​ អញ​បាន​ធ្វើហើយ លុះធ្វើ​មរណកាល​ទៅកាន់​សុគតិ ក៏រឹងរឹត​តែត្រេកអរ​ដ៏ក្រៃលែង។

បើ​នរជន​ពោលពាក្យ​ប្រកប​ដោយ​ប្រយោជន៍ សូម្បីច្រើន តែជាអ្នក​ប្រមាទ មិនធ្វើតាម​ពាក្យនោះ​ រមែងជា​អ្នកមិន​មានចំណែក​សាមញ្ញផល​ឡើយ ដូចអ្នក​រក្សាគោ កាលរាប់គោ​ប្រគល់​ឲ្យអ្នក​ដទៃហើយ (ជាអ្នក​មិនបាន​បរិភោគ​នូវ​បញ្ចគោរស)​ ដូច្នោះ​ឯង។ បើនរជន​ពោលពាក្យ​ប្រកប​ដោយ​ប្រយោជន៍ សូម្បី​បន្តិចបន្តួច តែជាអ្នក​ប្រព្រឹត្តនូវ​ធម៌​​សមគួរ​ដល់ធម៌ បាន​លះបង់​រាគៈ ទោសៈ និងមោហៈ​ ជាអ្នក​ដឹងនូវធម៌ ដែលគួរ​កំណត់​តាមហេតុ មានចិត្តដក​ផុតអំពីសេចក្តី​សៅហ្មង មិនមាន​សេចក្តី​ប្រកាន់មាំ ក្នុង​លោក​នេះ​ និង​លោក​ខាងមុខ នរជន​នោះ​ រមែងជា​អ្នកបាន​ចំណែក​សាមញ្ញផល។

ចប់​ យមកវគ្គ ទី១។

ធម្មបទគាថា អប្បមាទវគ្គ ទី២

[១២] សេចក្តីមិនប្រមាទ [បានដល់​ការ​ប្រុងប្រយ័ត្ន ពាក្យនេះ ​ជាឈ្មោះ​ស្មារតី ដែល​បានតាំង​ប្រុងជានិច្ច។]​ ជាផ្លូវនៃ​សេចក្តី​មិនស្លាប់ [ពាក្យថា មិនស្លាប់នេះ ជាឈ្មោះ​ព្រះនិព្វាន ព្រោះ​ព្រះនិព្វាន មិនមានចាស់ មិនមានស្លាប់។]​ សេចក្តីប្រមាទ​ ជាផ្លូវនៃ​សេចក្តី​ស្លាប់ ជនទាំងឡាយ ដែលមិន​ប្រមាទហើយ [បានដល់​ការមិន​ប្រុងប្រយ័ត្ន ពាក្យនេះ​ជាឈ្មោះ​នៃការលះបង់​ស្មារតី។] ឈ្មោះថា មិនស្លាប់ ជនទាំងឡាយ​ ដែល​ប្រមាទ​ហើយ ទុកដូច​ជាមនុស្ស​ស្លាប់ទៅ​ហើយ​។ ពួកបណ្ឌិត បានជ្រាប​នូវដំណើរ​នេះ​ដោយ​​ប្លែកគ្នា (ទើប​ឋិតនៅ) ក្នុង​សេចក្តី​មិនប្រមាទ រីករាយ​ក្នុងសេចក្តី​មិនប្រមាទ បណ្ឌិត​ទាំងនោះ ជាអ្នក​ត្រេកអរ ក្នុងធម៌​ជាគោចរ​ [ពោធិបក្ខិយធម៌ ៣៧ និង​លោកុត្តរធម៌ ៩ ហៅថា គោចរនៃ​អរិយៈ។] នៃ​អរិយបុគ្គល​ទាំងឡាយ មានការ​ពិនិត្យ ជា​ប្រក្រតី មាន​ព្យាយាម​ជាប់តគ្នា មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ជានិច្ច ជាអ្នក​មានប្រាជ្ញា តែង​ប៉ះពាល់​នូវ​ព្រះនិព្វាន​ ជាទី​ក្សេមក្សាន្ត​ចាកយោគៈ ជាគុណជាត​ដ៏ប្រសើរ​បំផុត។

យស [ភាព​ជាធំ ភោគសម្បត្តិ សេចក្តី​រាប់អាន កិត្តិសព្ទដ៏ពីរោះ គុណទាំងនេះ រួមហៅថា យស។]​ តែង​ចំរើន​កុះករ​ ដល់បុគ្គល​អ្នកមាន​សេចក្តី​ប្រឹងប្រែង មានស្មារតី មានការងារ​ស្អាត (ឥតទោស) ជាអ្នក​ពិចារណា រួចហើយ​ទើបធ្វើ ជាអ្នក​សង្រួម រស់នៅ​ដោយធម៌ មិនមាន​សេចក្តី​ប្រមាទ។

អ្នកប្រាជ្ញ គប្បីសាងកោះ គឺ​អរហត្តផល ជាកោះ​ដែលជំនន់ គឺកិលេស​ជន់​ពន្លិច​មិនបាន ដោយ​សេចក្តី​ប្រឹងប្រែង​​ផង​ ដោយ​សេចក្តី​មិនប្រមាទ​ផង ដោយ​ការសង្រួម​ក្នុង​ចតុប្បារិសុទ្ធិសីល​ផង ដោយ​ការទូន្មាន​​ឥន្ទ្រិយផង។

ពួកជនពាល​អប្បឥតប្រាជ្ញា តែងប្រកប​រឿយៗ នូវ​សេចក្តី​ប្រមាទ ចំណែក​អ្នក​ប្រាជ្ញ​ រមែង​រក្សា​ទុក​នូវ​សេចក្តី​​មិនប្រមាទ ដូចទ្រព្យ​​យ៉ាងប្រសើរ។ អ្នកទាំងឡាយ ចូរកុំ​ប្រកប​រឿយៗ នូវ​សេចក្តី​ប្រមាទ ចូរកុំ​ប្រកបរឿយៗ នូវសេចក្តី​រីករាយ ត្រេកអរ​ក្នុង​កាម​ឡើយ ដ្បិត​បុគ្គល​អ្នកមិន​ប្រមាទ ខំសង្កេត​ពិនិត្យ រមែង​បានសេចក្តី​​សុខ​ដ៏ទូលាយ។

កាលណា​បណ្ឌិត បន្ទោបង់នូវ​សេចក្តីប្រមាទ ដោយសេចក្តី​មិនប្រមាទ កាល​ណោះ លោក​នឹងឡើង​កាន់​ប្រាសាទ គឺបញ្ញា​ ជាបុគ្គល​មិនសោក រមែង​ឃើញពួក​សត្វ​ដែល​មាន​សោក ធីរជន​តែងឃើញ​ពួកជន​ពាល ដូចបុគ្គល​ដែលឈរ​លើកំពូល​ភ្នំ ហើយ​ក្រឡេក​មើលពួក​ជន​ដែលឋិត​នៅលើ​ផែនដី ដូច្នោះឯង។​

បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួក​បុគ្គល​កំពុងប្រមាទ លោក​មិនប្រមាទ កាលពួក​​បុគ្គល​កំពុង​ដេកលក់ លោកភ្ញាក់​រឭកច្រើន លោករមែង​លះបង់​ចោល​នូវបុគ្គល​បែប​នោះ ដូចសេះ​លឿន ដែលទៅ​ចោល​នូវសេះ​មានកំឡាំង​ទន់ទាប ដូច្នោះ​ឯង។

មឃមាណព ដល់នូវភាព​ជាបុគ្គល​ប្រសើរ​បំផុត ជាង​ទេវតា​ទាំងឡាយ ព្រោះតែ​សេចក្តី​​មិនប្រមាទ អ្នកប្រាជ្ញ​ទាំងឡាយ តែង​សរសើរ​នូវ​សេចក្តី​មិនប្រមាទ ត្មះតិះដៀល​នូវសេចក្តី​ប្រមាទ សព្វៗកាល​។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ឬឃើញភ័យ​​ក្នុង​សេចក្តី​ប្រមាទ តែង​ដុតចោល​សំយោជនៈ​ទាំងតូច ទាំងធំ ដូចភ្លើង​ឆេះ (រាលនូវ​កំទេច​ទាំងតូច​ទាំងធំ) ​ដូច្នោះឯង។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ឬឃើញភ័យ​​ក្នុង​សេចក្តីប្រមាទ ជាអ្នក​មិនគួរ​នឹងសាបសូន្យ​ចាកគុណធម៌ ឈ្មោះថា ឋិតនៅ​ក្នុងទីជិត​នៃ​ព្រះនិព្វាន។

ចប់ អប្បមាទវគ្គ ទី២។

ធម្មបទគាថា ចិត្តវគ្គ ទី៣

[១៣] អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបាន​ដោយកម្រ ហាមឃាត់​បានដោយ​លំបាក ឲ្យជា​ចិត្តត្រង់បាន ដូចអ្នក​ធ្វើព្រួញ ពត់ព្រួញ​ឲ្យត្រង់។ ចិត្តនេះ ដែល​បុគ្គលលើក​ឡើងចាក​អាល័យ គឺកាមគុណ ៥ បោះទៅ​ក្នុង​វិបស្សនា​កម្មដ្ឋាន ដើម្បី​លះបង់​នូវវដ្ដៈ​ជាទី​នៅនៃ​មារ រមែង​ញាប់ញ័រ ដូចត្រី​ដែលគេ​លើកឡើង ចាក​ទីនៅ​ គឺទឹក បោះទៅ​លើគោក ដូច្នោះឯង។

ការទូន្មានចិត្ត ដែលសង្កត់សង្កិន​បានដោយ​លំបាក ជា​ធម្មជាត​រហ័ស មាន​ប្រក្រតី​ធ្លាក់ចុះ​ទៅតាម​សេចក្តីប្រាថ្នា ក្នុង​អារម្មណ៍​ណាមួយ រមែង​ជាគុណ​ញ៉ាំង​ប្រយោជន៍ឲ្យ សម្រេច (ព្រោះថា) ចិត្តដែល​ហ្វឹកហ្វឺន​បាន​ហើយ រមែងនាំ​មកនូវ​សេចក្តីសុខ។

អ្នក​មានប្រាជ្ញា គួររក្សា​ចិត្តដែល​ឃើញ​ដោយកម្រ​ក្រៃពេក ដែលល្អិត​ពេកណាស់ មាន​ប្រក្រតី​ធ្លាក់ចុះទៅ​តាម​សេចក្តី​ប្រាថ្នា ក្នុង​អារម្មណ៍​ណាមួយ (ព្រោះថា) ចិត្តដែល​គេ​រក្សា​បានហើយ រមែង​នាំមកនូវ​សេចក្តីសុខ។

អ្នកទាំងឡាយណា នឹងសង្រួមចិត្ត​ដែលទៅ​ឆ្ងាយ ជាចិត្ត​ត្រាច់ទៅ​តែឯង មិនមាន​សរីរៈ មានគូហា គឺ​មហាភូតរូប ៤ ជាទី​អាស្រ័យ​នៅ អ្នកទាំង​នោះឯង រមែង​រួចចាក​ចំណង​នៃមារ។

ប្រាជ្ញា រមែងមិនបរិបូណ៌​ដល់បុគ្គល​ដែលមាន​ចិត្ត​មិនខ្ជាប់ខ្ជួន មិន​ដឹងច្បាស់​នូវ​ព្រះសទ្ធម្ម មាន​សេចក្តី​ជ្រះថ្លា​អណ្តែតទៅ។ ភ័យ​រមែង​មិនមាន ដល់​បុគ្គល​អ្នកមាន​ចិត្តមិន​ទទឹក​ដោយរាគៈ មានចិត្ត​ដែលទោស​ខ្ទាំងខ្ទប់​មិនបាន មាន​បុណ្យ និង​បាប​លះចោល​ហើយ ភ្ញាក់រឭក​ជានិច្ច។ បុគ្គល​គប្បីដឹង​ច្បាស់នូវ​កាយនេះ​ថា ដូចជា​ឆ្នាំង គប្បី​បិទនូវចិត្ត​នេះ ឲ្យដូច​ជាបិទទ្វារ​នគរ គប្បីច្បាំង​នូវមារ​ដោយ​អាវុធ គឺបញ្ញា គប្បី​រក្សាទុក​នូវធម៌ ដែលខ្លួន​ឈ្នះហើយ មិនគប្បី​ជាអ្នក​ដំអក់​នៅ (ក្នុងធម៌នោះ) ឡើយ។

ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណ​ទៅប្រាសហើយ គេយក​ទៅចោល​ផុតហើយ មុខជា​នឹងដេក​ស្តូកស្តឹង​លើ​ផែនដី ដូចជា​អង្កត់ឧស រក​ប្រយោជន៍​គ្មាន។

ចោរក្រឡេកឃើញចោរផងគ្នា ឬក៏​បុគ្គល​មានពៀរ ក្រឡេកឃើញ​បុគ្គល​មានពៀរ​ផងគ្នា គប្បីធ្វើ​នូវសេចក្តី​វិនាស​ណាមួយ​ដល់គ្នា ចិត្តដែល​បុគ្គលតាំង​ទុកខុស​ហើយ រមែង​ធ្វើបុគ្គល​នោះ ឲ្យអាក្រក់​ក្រៃលែង​ជាង​សេចក្តី​វិនាស​នោះទៅទៀត។

មាតាបិតា មិនគប្បីធ្វើ​ហេតុនោះបាន ឬជន​ទាំងឡាយ​ដទៃ​ជាញាតិ មិនគប្បី​ធ្វើនូវ​ហេតុ​នោះបាន ចំណែក​ខាងចិត្ត​ដែលបុគ្គល​តាំងទុក​ត្រូវហើយ រមែងធ្វើ​បុគ្គល​នោះ ឲ្យប្រសើរ​ជាងហេតុ​នោះបាន។

ចប់ ចិត្តវគ្គ ទី៣។

ធម្មបទគាថា បុប្ផវគ្គ ទី៤

[១៤] អ្នកណានឹងដឹងច្បាស់នូវផែនដី គឺ​អត្តភាព​នេះ និង​យមលោក គឺ​អបាយភូមិ ៤ និង​មនុស្សលោក​នេះ ព្រមទាំង​ទេវលោក​បាន អ្នកណា​នឹងជ្រើស​រើសនូវ​ចំណែក​នៃធម៌ ដែល​ព្រះតថាគត​សំដែង​ប្រពៃហើយ ដូច​មាលាការ​ដែលឈ្លាសវៃ ជ្រើសរើស​នូវផ្កា ដូច្នោះឯង។

ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺ​អត្តភាពនេះ នឹង​យមលោក គឺ​អបាយភូមិ ៤ និងមនុស្ស​លោក​នេះ ព្រមទាំង​ទេវលោក​បាន ព្រះសេក្ខបុគ្គល នឹង​ជ្រើសរើស​នូវ​ចំណែក​នៃធម៌ ដែល​ព្រះតថាគត​សំដែង​ប្រពៃ​ហើយ ដូច​មាលាការ ដែល​ឈ្លាសវៃ ជ្រើសរើស​នូវផ្កា ដូច្នោះ​។

ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់​នូវកាយ​នេះថា មាន​សភាព​ដូចព្រេញថ្ងៃ គប្បីកាត់​នូវផ្កា​ជាប្រធាន​នៃមារ គឺវដ្ដៈ ៣ ទៅកាន់​ស្ថាន​ជាទីមិន​ឃើញ​នៃមច្ចុរាជ។

មច្ចុ គឺសេចក្តីស្លាប់ តែងគៀរ​យកទៅ​នូវនរជន អ្នកមាន​ចិត្តជាប់​ជំពាក់​ក្នុង​អារម្មណ៍​ផ្សេងៗ កំពុង​ជ្រើសរើស​នូវផ្កា គឺ​កាមគុណ ៥ នុ៎ះឯង ដូចទឹក​ជំនន់ធំ ដែលកួច​យក​អ្នកស្រុក​កំពុង​ដេកលក់​ទៅ ដូច្នោះឯង។

អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមាន​ចិត្តជាប់​ជំពាក់​ក្នុង​អារម្មណ៍​ផ្សេងៗ កំពុង​ជ្រើសរើសនូវ​ផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់​ក្នុងកាម​ទាំងឡាយ​នុ៎ះឯង ឲ្យនៅក្នុង​អំណាច​របស់ខ្លួន។

ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិន​ឲ្យវិនាស​ទេ ក្រេបយក​តែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅ​ក្នុងស្រុក ក៏យ៉ាង​នោះឯង។

ពាក្យ​ចាក់ដោត​ទាំងឡាយ​របស់ជនដទៃ បុគ្គល​មិនគួរធ្វើ​ទុកក្នុង​ចិត្តទេ កិច្ចដែលធ្វើ​ហើយ និងមិនទាន់​ធ្វើហើយ​របស់ជន​ដទៃ (ដែល​មិនមែន​ជាមុខការ​របស់ខ្លួន) បុគ្គល មិនគួរ​ពិនិត្យ​មើលទេ បុគ្គលគួរ​ពិនិត្យ​ពិចារណា តែកិច្ចការ​ទាំងឡាយ ដែលធ្វើហើយ និងមិនទាន់​ធ្វើហើយ របស់ខ្លួន​តែម្យ៉ាង។

ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែង​មិនក្រអូប​ដល់អ្នក​ដែលទ្រទ្រង់) ដូចម្តេចមិញ​ វាចាជា​សុភាសិត រមែង​គ្មានផល​ដល់អ្នកដែលមិន​ធ្វើតាម ដូច្នោះ ផ្កាឈើដែល​មានទ្រង់​ទ្រាយល្អ មានពណ៌ មានក្លិន (រមែង​ក្រអូប​ដល់អ្នក​ដែល​ទ្រទ្រង់) ដូចម្តេចមិញ វាចាជា​សុភាសិត រមែង​មានផល​ដល់អ្នកដែល​ធ្វើតាមដោយ​គោរព ដូច្នោះឯង។

មាលាការ ចេះធ្វើសំណុំ​នៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាង​ណាមិញ កុសលដែល​សត្វកើត​មកហើយ គួរធ្វើ​ឲ្យច្រើន យ៉ាងនោះ។

ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់​មិនបាន ​ក្លិនខ្លឹម​ច័ន្ទន៍ក្តី ក្លិនខ្លឹម​ក្រស្នាក្តី ក្លិនផ្កា​ម្លិះរួតក្តី ក៏ផ្សាយ​ទៅច្រាស​ខ្យល់​មិនបាន ​ចំណែក​ក្លិនរបស់​សប្បុរស​ទាំងឡាយ រមែង​ផ្សាយទៅ​ច្រាសខ្យល់បាន ព្រោះ​សប្បុរស រមែងផ្សាយ​ទៅបាន​គ្រប់ទិស។ ក្លិន​នៃសីល​ជាគុណជាត​ប្រសើរ​​បំផុត ជាង​គន្ធជាត​ទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។

ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះ ក្រអូបមាន​ប្រមាណ​តិចទេ ចំណែក​ក្លិននៃ​បុគ្គល​មានសីល​ទាំងឡាយ​ណា ក្លិន​នោះ ទើបក្រអូប​លើសលប់ ផ្សាយទៅ​ក្នុងទេវលោក និង​មនុស្ស​លោកបាន។

មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួប​នូវផ្លូវ​របស់លោក អ្នកមាន​សីលបរិបូណ៌ អ្នកនៅ​ដោយសេចក្តី​មិនប្រមាទ អ្នករួច​ស្រឡះ (ចាកធម៌​ជាគ្រឿង​សៅហ្មង) ព្រោះដឹង​ច្បាស់​តាមហេតុ។

ផ្កាឈូក ទុកជាកើតក្នុងគំនរ​សម្រាម ដែលគេ​ចាក់ចោល​ក្បែរផ្លូវធំ​នោះ ក៏គង់​មានក្លិន​ក្រអូប ជាទី​រីករាយ​នៃចិត្តបាន ដូចម្តេចមិញ បណ្តាជន ដែលដូច​ជាគំនរ​សម្រាម សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ រមែង​រុងរឿង កន្លងផុត​បុថុជ្ជន​ទាំងឡាយ ដែល​ល្ងិតល្ងង់ ដោយ​ប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង។

ចប់ បុប្ផវគ្គ ទី៤។

ធម្មបទគាថា ពាលវគ្គ ទី៥

[១៥] រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេក​មិនលក់) យោជន៍​វែង ចំពោះតែ​អ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែ​បុគ្គលពាល​មិនដឹង​ច្បាស់នូវ​ព្រះសទ្ធម្ម។

បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបាន​មិត្តដ៏​ប្រសើរ​ជាងខ្លួន ឬមិត្ត​ដែល​ស្មើនឹង​ខ្លួនទេ គប្បីប្រព្រឹត្ត​នៅតែម្នាក់​ឯង ឲ្យខ្ជាប់ខ្ជួន​វិញ ព្រោះថា សហាយតាគុណ [ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ។] មិនមាន​ក្នុង​បុគ្គល​ពាលឡើយ។

ជនពាលតែងព្រួយលំបាក ដោយសេចក្តី​សំគាល់ថា កូន​ទាំងឡាយ​របស់​អញ មាន ទ្រព្យ​របស់អញ មាន តាមដែលពិត សូម្បីខ្លួន​របស់ខ្លួនក៏មិនមាន [ព្រោះមិន​អាចនឹង​ការពារ​ទុក្ខបាន។ អដ្ឋកថា។] ចំណង់បើ​កូនទាំងឡាយ នឹង​រាប់ថា​មាន​អំពី​ណាបាន ទ្រព្យនឹង​រាប់ថា​មានអំពី​ណាបាន។

អ្នកណា ជាមនុស្សពាល ហើយដឹងនូវ​ភាពនៃខ្លួន​ថាជាពាល អ្នកនោះ នឹងទៅ​ជា​បណ្ឌិត​បានខ្លះ ដោយហេតុ​ដែលដឹង​ខ្លួន ថាជា​ពាលនោះ ម្យ៉ាងទៀត អ្នកណា ជាមនុស្ស​ពាល មានសេចក្តី​ប្រកាន់ថា ខ្លួនជា​បណ្ឌិត អ្នកនោះ ឈ្មោះថា​ជាមនុស្ស​ពាល ដោយពិត។

មនុស្សពាល បើចូលទៅអង្គុយជិត​អ្នកប្រាជ្ញ សូម្បីអស់​មួយជីវិត ​ក៏ឥតមាន​ដឹងរស​ធម៌អ្វី ឲ្យច្បាស់​លាស់ឡើយ ដូចវែក​ដែលមិន​ដឹងរសសម្ល។

វិញ្ញូជន បើចូលទៅអង្គុយជិតអ្នក​ប្រាជ្ញ សូម្បីតែ​មួយរំពេច រមែង​យល់​រសធម៌ ដោយ​ឆាប់​រហ័ស ដូចអណ្តាត​ដឹងនូវ​រសសម្ល។

ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូច​ជាសត្រូវ តែងធ្វើ​កម្មលាមក ដែលជា​អំពើ​មានផល​ក្តៅក្រហាយ។

បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខ​ប្រឡាក់​ដោយទឹកភ្នែក ស្រែកយំ ទទួលផល​នៃកម្មណា កម្មដែល​គេធ្វើ​ហើយនោះ ឈ្មោះថា ជាកម្ម​មិនល្អ​ឡើយ។

បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវ​សេចក្តី​ពេញចិត្ត មាន​ចិត្តល្អ ទទួលផល​នៃកម្មណា កម្មដែល​គេធ្វើហើយ​នោះឯង ឈ្មោះថា​ជាកម្មល្អ។

បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់​នូវបាប​នោះថា ដូចទឹកឃ្មុំ លុះតែ​កាលណា​បាបឲ្យផល ជនពាល​ទើបប្រទះ​នូវសេចក្តី​ទុក្ខ ក្នុងកាល​ណោះ។​

ជនពាលទុកជាបរិភោគភោជន​ដោយចុង​ [បាន​សេចក្តីថា យកចុង​ស្បូវទៅ​ចាក់​ភោជន ហើយយកមកតេះ​នឹង​ចុងអណ្តាត ចំពោះគាថា​នេះ ព្រះសម្ពុទ្ធ​ទ្រង់​សំដែង​ប្រារព្ធ​នឹងជម្ពូកាជីវក ដែលជាអ្នក​ប្រព្រឹត្ត​បរិភោគ​បែបនោះជាវត្ត ក្នុងពេល​ដែលមហាជន​នាំភោជន​មកបូជា។] ស្បូវរាល់ៗខែ ជនពាលនោះ ក៏មិន​ដល់មួយ​ចំណិត​នៃចំណែក​ទី១៦ ៗ​ លើក របស់បុគ្គល​ទាំងឡាយ ដែលមាន​ធម៌បានដឹង ឬបាន​ពិចារណា​ហើយឡើយ។

កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យ​ផលនោះ​ក៏មាន ដូចទឹក​ដោះស្រស់ ដែលមិន​ទាន់ប្រែ​ក្លាយ (ក្នុង ១ រំពេច) ដូច្នោះ បាបកម្មនោះ​ តាមដុត​បុគ្គលពាល ដូចរងើក​ភ្លើង ដែលបិទបាំង​ទុកដោយ​ផេះដូច្នោះ។

ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បី​សេចក្តី​វិនាស​ប៉ុណ្ណោះ រមែង​ញ៉ាំង​បញ្ញា​ឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញ​ចំណែក​ធម៌សគឺ កុសលរបស់​បុគ្គលពាល​នោះ។ ភិក្ខុពាល រមែងប្រាថ្នា​នូវសេចក្តី​សរសើរ ដែល​មិនមាន (ក្នុងខ្លួន) ផង នូវការ​ធ្វើក្នុង​ខាងមុខ គឺជាប្រមុខ ក្នុងពួក​ភិក្ខុផង នូវភាព​ជាឥស្សរៈ ក្នុងអាវាស​ទាំងឡាយ​ផង នូវការបូជា​ទាំងឡាយ ក្នុងត្រកូល​នៃជន​ទាំងឡាយ​ដទៃផង ភិក្ខុពាល តែងមាន​សេចក្តី​ត្រិះរិះថា គ្រហស្ថ និងបព្វជិត​ទាំង ២ ពួក ចូរសំគាល់​នូវកិច្ចដែល​មនុស្សដទៃ​ធ្វើហើយ ថាជាកិច្ច​របស់អញ​វិញ អំណាច​ដ៏ក្រៃលែង​របស់អញ ចូរមាន​ក្នុងកិច្ចតូច ធំ ណាៗមួយ (កាលបើ​យ៉ាងនេះ) ឫស្យា និងមានះ រមែងចំរើន។

បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរ​ទៅកាន់​ព្រះនិព្វាន​ផ្សេង ភិក្ខុជា​សាវ័ក​របស់​ព្រះពុទ្ធ ដឹងច្បាស់​នូវហេតុនុ៎ះ​យ៉ាងនេះហើយ មិនគួរ​ត្រេកអរ​ចំពោះ​សក្ការៈ​ឡើយ គប្បីញ៉ាំង​វិវេកឲ្យ​ចំរើន​ដោយលំដាប់។

ចប់ ពាលវគ្គ ទី៥។

ធម្មបទគាថា បណ្ឌិតវគ្គ ទី៦

[១៦] បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា​ ដែលជា​អ្នកពោល​សង្កត់សង្កិន ចង្អុលប្រាប់​ទោស ថាដូចជា​បុគ្គលអ្នក​ប្រាប់កំណប់​ទ្រព្យឲ្យដូច្នោះ គួរគប់​អ្នកប្រាជ្ញ​បែបនោះ (ព្រោះថា) កាលបុគ្គល​គប់អ្នក​ប្រាជ្ញបែប​នោះហើយ រមែង​មានសេចក្តី​គាប់ប្រសើរ ឥតមាន​ទោសដ៏លាមក​ឡើយ។

បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់​នូវជនទាំងឡាយ​ចាកអំពើ​អសប្បុរស បណ្ឌិត​នោះ រមែងជា​ទីស្រឡាញ់​របស់សប្បុរស​តែម្យ៉ាង មិនជាទី​ស្រឡាញ់​នៃអសប្បុរស​ឡើយ។

បុគ្គល មិនគួរគប់មិត្តអាក្រក់ មិនគួរគប់​បុរសថោកទាប គួរគប់តែ​មិត្តដែលល្អ គួរគប់​តែបុរស​ជាន់ខ្ពស់។

បណ្ឌិត ដែលមានសេចក្តីឆ្អែត​ក្នុងធម៌ មានចិត្ត​ជ្រះថ្លាហើយ រមែង​ដេក​ជាសុខ រមែង​ត្រេកអរ​ក្នុងធម៌​ដែល​ព្រះអរិយៈ​ប្រកាស​ទុកហើយ​គ្រប់ពេល។

ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់​ព្រួញ (ឲ្យត្រង់) អ្នកចាំង​ឈើ តែងចាំងឈើ ឯបណ្ឌិត​ទាំងឡាយ តែង​ទូន្មាន​ខ្លួន (ដូច្នោះដែរ)។

ភ្នំថ្មតាន់ មិនរំភើប​ព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិទាំងឡាយ ក៏មិនរំភើប​ ព្រោះពាក្យ​តិះដៀល និងពាក្យ​សរសើរ (ជាដើម) ដូច្នោះឯង។

អន្លង់ទឹកដែលជ្រៅ រមែងថ្លា មិនល្អក់​យ៉ាងណា បណ្ឌិត​ទាំងឡាយ បើបាន​ស្តាប់ធម៌​ទេសនាហើយ រមែងជ្រះថ្លា​ស៊ប់សួន យ៉ាងនោះ។

ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោក​អ្នកស្ងប់ រមែង​មិនរអែរអូវ ព្រោះសេចក្តី​ប្រាថ្នា​ក្នុងកាម ពួកបណ្ឌិត​បើសេចក្តីសុខ ឬទុក្ខ​ពាល់ត្រូវហើយ ​រមែង​មិនសំដែង​អាការ​ឡើងចុះឡើយ។

បណ្ឌិតមិនគួរធ្វើអាក្រក់​ ព្រោះហេតុនៃខ្លួន មិនគួរ​ធ្វើអាក្រក់​ ព្រោះហេតុ​នៃអ្នក​ដទៃ មិនគួរ​ប្រាថ្នាកូន មិនគួរ​ប្រាថ្នាទ្រព្យ មិនគួរ​ប្រាថ្នារដ្ឋ មិនគួរ​ប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុ​មិនមែនជា​ធម៌ឡើយ លោកគួរ​ជាអ្នកមាន​សីល មានប្រាជ្ញា​ប្រកប​ដោយធម៌។

បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លង​ដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែក​ពួកសត្វ​ក្រៅនេះ រមែងស្ទុះ​ទៅកាន់ត្រើយ (គឺ​សក្កាយទិដ្ឋិ)។

ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែល​ព្រះតថាគត​ទ្រង់សំដែង​ទុកហើយ ដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវ​លំនៅ​នៃមច្ចុ​ដែលមិនងាយ​ឆ្លងបាន ហើយ​ដល់នូវ​ព្រះនិព្វាន។

បណ្ឌិតគួរលះបង់ធម៌ខ្មៅ [អកុសលធម៌ មានកាយទុច្ចរិត​ជាដើម។] ចេញ ញ៉ាំងធម៌ [កុសលធម៌ មានកាយ​សុចរិត​ជាដើម។ អដ្ឋកថា។] ​សឲ្យចំរើន​ឡើង (ដោយវិធី) ចេញចាក​អាល័យ គឺកាមគុណ ហើយឈម​ទៅរក​ព្រះនិព្វាន ជាធម្មជាត​មិនមាន​អាល័យ គប្បី​លះបង់​កាមទាំងឡាយ​ចេញ ជាអ្នក​មិនមានកង្វល់ ប្រាថ្នានូវ​សេចក្តី​ត្រេកអរ ក្នុងវិវេក​ដែល​ពួកសត្វ​ត្រេកអរ​បានដោយ​ក្រនោះ បណ្ឌិត​គួរញ៉ាំង​ខ្លួនឲ្យផូរផង់​ចាកគ្រឿង​សៅហ្មងចិត្ត។

ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំ​ល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿង​ត្រាស់ដឹង​ទាំងឡាយ ឬបណ្ឌិត​ទាំងឡាយ​ណា មិនប្រកាន់មាំ ត្រេកអរ​តែក្នុង​ការលះ​នូវ​សេចក្តី​ប្រកាន់មាំ បណ្ឌិត​ទាំងឡាយ​នោះ ៗ រមែង​ជាអ្នក​អស់អាសវៈ មានសេចក្តី​រុងរឿង បរិនិព្វាន​ក្នុងលោក។

ចប់ បណ្ឌិតវគ្គ ទី៦។​

ធម្មបទគាថា អរហន្តវគ្គ ទី៧

[១៧] សេចក្តីក្តៅក្រហាយ [សេចក្តី​ក្តៅក្រហាយ មាន២យ៉ាង គឺ​ក្តៅក្រហាយ​កាយ១ ក្តៅក្រហាយចិត្ត​១ ព្រះខីណាស្រព​នៅមាន​សេចក្តី​ក្តៅ​ក្រហាយ ព្រោះ​អំណាច​កំដៅថ្ងៃ ឬត្រជាក់​ជាដើម តែក្តៅក្រហាយ​ក្នុងចិត្ត​មិនមាន ក្នុងទីនេះ សំដៅ​សេចក្តី​ក្តៅ​ក្រហាយ​ក្នុងចិត្ត។] រមែងមិនមាន​ដល់លោកអ្នក មានផ្លូវ​ឆ្ងាយដើរ​ដល់ [ផ្លូវឆ្ងាយ​ក្នុងទីនេះ សំដៅយកវដ្តៈ​ដែលហៅថា​វដ្តទ្ធា។ ពួកសត្វដែល​ជាប់ក្នុងវដ្តៈ នៅក្នុង​វដ្តៈ​ដរាបណា ឈ្មោះថា​ជាអ្នកដើរផ្លូវឆ្ងាយ​ដរាបនោះ ព្រោះសោតាបន្នបុគ្គល​ជាដើម ក៏ហៅថា អ្នកដើរផ្លូវឆ្ងាយដែរ ព្រោះ​មិនទាន់អស់​វដ្តៈ តែ​ព្រះខីណាស្រព​លោកធ្វើ​វដ្តៈ​ឲ្យ​អស់ហើយ ឲ្យឈ្មោះ​ថាជាអ្នកដ៏​មានផ្លូវឆ្ងាយ​ដើរដល់ហើយ។] ​ហើយ មិនមាន​សេចក្តីសោក រួចស្រឡះ​ចាកធម៌​ទាំងពួង (មានខន្ធ​ជាដើម) មាន​កិលេស​ជា​គ្រឿងចាក់​ស្រែះទាំងពួង​លះបង់​ហើយ។

ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ខ្វល់ខ្វាយ​ក្នុងគុណ​ដែល​ខ្លួនបានហើយ ឬក្នុងឈាន​ និងវិបស្សនា ដោយកិច្ច គឺរំពឹង​ចូលចេញ អធិដ្ឋាន ឬ​ពិចារណា​មិនមានសម្រាក។ អដ្ឋកថា។] រមែងត្រេកអរ​ក្នុងទីនៅ​អាស្រ័យ លោកលះបង់​ចោលស្រឡះ​នូវអាល័យ​ទាំងអស់ ដូចហង្ស​លះបង់​ភក់ហើរ​ទៅ ដូច្នោះ។

ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹង​ភោជន​ហើយ ជនណា មាន​សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និង​អប្បណិហិតវិមោក្ខ ជាគោចរ​ គតិ គឺដំណើរ​របស់​ពួកជន​នោះៗ គេកម្រ​ដឹងបាន ដូចដំណើរ​នៃពួកសត្វ​ស្លាបឰដ៏​អាកាស ដូច្នោះ។

ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មាន​សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និង​អប្បណិហិតវិមោក្ខ ជាគោចរ ដំណើរ​របស់​ជននោះ គេកម្រ​ដឹងបាន ដូចដំណើរ​នៃពួកសត្វ​ស្លាប​ឰដ៏អាកាស ដូច្នោះ។

ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការ​ស្ងប់រម្ងាប់ ដូចសេះ​ដែល​នាយសារថី ហ្វឹកហ្វឺន​រាបហើយ សូម្បី​ទេវតា និង​មនុស្ស​ទាំងឡាយ ក៏ស្រឡាញ់​អ្នកនោះ​ឯង ដែល​មានមានះ​លះបង់ហើយ មិនមាន​អាសវៈ ជាបុគ្គល​មានចិត្ត​នឹងធឹង​មិនញាប់ញ័រ។

ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹង​ធឹងដូច​សសរគោល មាន​ចិត្តថ្លា ដូចអន្លង់​ប្រាសចាកភក់ សង្សារ​ទាំងឡាយ​របស់ភិក្ខុ​បែបនោះ រមែង​មិនមាន។

ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្ម​ស្ងប់ រមែងមាន​ដល់លោក​ដែលដឹង​ដោយប្រពៃ ផុត​ស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នក​ស្ងប់រម្ងាប់ ដូច្នោះ។

នរជនណា មិនជឿអ្នកដទៃផង ស្គាល់​ព្រះនិព្វានផង កាត់នូវ​គ្រឿងត គឺវដ្ដៈផង មាន​ឱកាស​កំចាត់បង់​ហើយផង មាន​សេចក្តី​ប្រាថ្នាខ្ជាក់​ចោលហើយ​ផង នរជននោះ ជា​ឧត្តម​បុរស។

ព្រះអរហន្តទាំងឡាយ នៅក្នុងទីណា ទោះជា​ស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះឯង ជាភូមិ​គួរត្រេកអរ។

ជន (អ្នកស្វែងរកកាម) រមែងមិន​ត្រេកអរ​ក្នុងព្រៃ​ដែលគួរ​រីករាយទេ ព្រះខីណាស្រព ដែល​មានរាគៈ​ទៅប្រាសហើយ ទើបត្រេកអរ​ក្នុងព្រៃនោះ ព្រោះ​លោកជា​អ្នក​មិនស្វែង​រកកាម។

ចប់ អរហន្តវគ្គ ទី៧។

ធម្មបទគាថា សហស្សវគ្គ ទី៨

[១៨] បើវាចា សូម្បី​ ១ ពាន់ម៉ាត់ ជាវាចា​ប្រកបដោយ​បទឥត​ប្រយោជន៍ វាចានោះ ពុំប្រសើរ​ឡើយ អ្នកណា​ស្តាប់បទ​មាន​ប្រយោជន៍​ណាហើយ រមែង​ស្ងប់រម្ងាប់​បាន បទមាន​ប្រយោជន៍​នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរ​ជាង។

បើគាថា សូម្បី ១ ពាន់ ជាគាថា​ប្រកប​ដោយបទ​ឥត​ប្រយោជន៍ គាថានោះ ពុំប្រសើរ​ឡើយ អ្នកណា​ស្តាប់បទ​នៃគាថា​ណាហើយ រមែង​ស្ងប់រម្ងាប់​បាន បទនៃ​គាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។

អ្នកណា គប្បីពោលគាថា​មួយរយ ជាគាថា​ប្រកប​ដោយបទ​ឥតប្រយោជន៍ គាថា​ដែល​អ្នកនោះ​ពោលហើយ​នោះ ពុំប្រសើរ​ឡើយ អ្នកណា​ស្តាប់បទ​នៃធម៌ហើយ រមែង​ស្ងប់​រម្ងាប់បាន បទនៃ​ធម៌នោះ សូម្បី​តែមួយបទ ក៏ឈ្មោះថា ប្រសើរជាង។

អ្នកណា គប្បីឈ្នះពួកមនុស្ស​ក្នុងសង្គ្រាម​អស់មួយ​ពាន់ៗដង គឺ​មួយលាន ចំណែក​​អ្នកណា ឈ្នះខ្លួនឯង​ម្នាក់ឯង​បាន អ្នកនោះ​ឈ្មោះថា ជាមនុស្ស​ខ្ពង់ខ្ពស់ ជាងអ្នក​ដែលឈ្នះ​ក្នុង​សង្គ្រាម​នោះ។

ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វ​ក្រៅពីនេះ ដែល​គេឈ្នះ​ហើយ មិនប្រសើរ​ឡើយ កាលបើ​បុរស​មានខ្លួន​ទូន្មានហើយ ជាអ្នក​ប្រព្រឹត្ត​សង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំង​ព្រហ្ម មិនគប្បី​ធ្វើនូវជំនះ របស់​សត្វមាន​សភាពដូច្នោះ ឲ្យត្រឡប់​ចាញ់​វិញបាន​ឡើយ។

អ្នកណា បូជា (លោកិយមហាជន) ​ដោយទ្រព្យ​មួយពាន់​រាល់ខែ ៗ អស់ ១រយ​ឆ្នាំគត់ ចំណែក​អ្នកណា​ គប្បីបូជា​ចំពោះបុគ្គល​ដែលមាន​ខ្លួនអប់រំ​ហើយតែ ១នាក់ សូម្បី​តែមួយ​រំពេច ការបូជា​នោះឯង ប្រសើរ​ជាងការ​បូជារបស់​អ្នកដែល​បូជាអស់ ១រយ​ឆ្នាំ​នោះ ការបូជា​អស់ ១០០ឆ្នាំ មិនប្រសើរ​ឡើយ។

ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែក​អ្នកណា​បូជាលោក ដែលមាន​ខ្លួនអប់រំ​ហើយ តែ ១នាក់ សូម្បី​មួយរំពេច ការបូជា​នោះឯង ប្រសើរ​ជាងការ​បូជារបស់​ជននោះ ការបូជា​អស់ ១០០ឆ្នាំ មិនប្រសើរ​ឡើយ។

បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿង​សក្ការបូជា​ធំតូច​ណាមួយ ក្នុងលោក​អស់​មួយ​ឆ្នាំ ការបូជា​ទាំងអស់​នោះឯង រមែង​មិនដល់​នូវចំណែក​ទី៤ នៃការ​អភិវាទន៍ ចំពោះ​លោក​ទាំងឡាយ ដែល​ប្រព្រឹត្ត​ត្រង់ហើយ ប្រសើរ​ជាង។​

ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ​១ ពលៈ ១ រមែងចំរើន​ដល់អ្នក​ដែលមាន​សេចក្តី​ឱនកាយ​ថ្វាយបង្គំ​ជាប្រក្រតី មាន​សេចក្តី​កោតក្រែង ដល់បុគ្គល​ដែលចំរើន​ជាងខ្លួន អស់​កាល​ជានិច្ច។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្ស​ទ្រុស្តសីល មានចិត្ត​មិន​បាន​ដម្កល់ខ្ជាប់ ការរស់នៅ​តែមួយថ្ងៃ របស់​លោកដែល​មានសីល​ មានការ​ពិនិត្យ​ពិចារណា ជាប្រក្រតី ប្រសើរជាង។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្ស​មិនមាន​ប្រាជ្ញា មានចិត្ត​មិនបាន​ដម្កល់ខ្ជាប់ ការរស់​នៅតែ​មួយថ្ងៃ របស់​លោក​ដែលមាន​ប្រាជ្ញា មានការ​ពិនិត្យ​ពិចារណា ជា​ប្រក្រតី ប្រសើរជាង។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្ស​មានចិត្ត​ងុលងប់ ក្នុង​អកុសលវិតក្កៈ មានព្យាយាម​ថោកថយ ការរស់​នៅសូម្បី​តែមួយថ្ងៃ របស់​លោកដែល​ប្រារព្ធ​សេចក្តី​ព្យាយាម​មាំមួន ប្រសើរជាង។

បុគ្គលណា រស់នៅមួយរយឆ្នាំ ឃើញការ​កើតឡើង និងការ​វិនាសទៅ ការរស់នៅ​សូម្បី​តែមួយថ្ងៃ របស់​លោកដែល​ឃើញការ​កើតឡើង និងការ​វិនាសទៅ ប្រសើរជាង។

បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញផ្លូវ​ព្រះនិព្វាន ការរស់នៅ សូម្បីតែ​មួយថ្ងៃ របស់​លោកអ្នក​ឃើញផ្លូវ​ព្រះនិព្វាន ប្រសើរជាង។

បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញ​ធម៌ដ៏ខ្ពង់ខ្ពស់ ការរស់នៅ សូម្បីតែ​មួយថ្ងៃ របស់​លោកអ្នក​ឃើញធម៌​ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង។

ចប់ សហស្សវគ្គ ទី៨។

ធម្មបទគាថា បាបវគ្គ ទី៩

[១៩] បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពីល្អ គួរឃាត់​ចិត្តចាកបាប ព្រោះថា កាលបើ​បុគ្គល​ធ្វើបុណ្យ​យឺតយូរ ចិត្តរមែង​ត្រេកអរ​ក្នុងបាប។

បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយ ៗ ឡើយ កុំគប្បី​ធ្វើសេចក្តី​ពេញចិត្ត ក្នុងបាប​នោះ (ព្រោះថា) ការ​សន្សំបាប តែងនាំ​សេចក្តី​ទុក្ខមកឲ្យ។

បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះ​ឲ្យរឿយៗ គួរធ្វើ​សេចក្តី​ពេញចិត្ត ក្នុងបុណ្យ​នោះ (ព្រោះថា) ការសន្សំ​បុណ្យ តែងនាំ​សេចក្តី​សុខមកឲ្យ។

បាប​ មិនទាន់ឲ្យផលត្រឹមណា មនុស្សបាប ក៏នៅឃើញ​តែសេចក្តី​ចំរើន​ត្រឹមណោះ លុះកាល​ណា បាបឲ្យផល មនុស្សបាប ទើបឃើញ​បាប ក្នុងកាលនោះ។

អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សល្អ នៅឃើញតែ​បាបត្រឹមណោះ លុះកាល​ណា អំពើល្អ​ឲ្យផល មនុស្សល្អ ទើបឃើញ​ល្អក្នុង​កាលនោះ។

បុគ្គល មិនគួរមើលងាយបាបថា មានប្រមានតិច នឹងមិនឲ្យ​ផលដូច្នេះ​ឡើយ ប្រៀបដូច ក្អមទឹក រមែង​ពេញបាន​ដោយដំណក់​ទឹកដែល​ធ្លាក់ចុះ យ៉ាងណា បុគ្គល​ពាល កាល​សន្សំបាប សូម្បី​បន្តិចម្តង ៗ គង់ពេញ​បានដោយ​បាប យ៉ាងនោះដែរ។

បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិន​ឲ្យផល​ដូច្នេះឡើយ ប្រៀប​ដូចក្អមទឹក រមែង​ពេញបាន​ដោយដំណក់​ទឹកដែល​ធ្លាក់ចុះ យ៉ាងណា អ្នកមាន​ប្រាជ្ញា កាលសន្សំ​បុណ្យ​បន្តិចម្តងៗ គង់ពេញ​បានដោយ​បុណ្យ យ៉ាងនោះ។

បុគ្គលគួរចៀសវៀងបាបទាំងឡាយ ឲ្យដូចពាណិជ ដែល​មាន​ទ្រព្យច្រើន តែមាន​គ្នាតិច ចៀសវៀង​ផ្លូវគួរខ្លាច ឬដូច​ជាបុរស​ប្រាថ្នា​រស់នៅ ចៀសវៀង​ថ្នាំពិស​ដូច្នោះដែរ។

បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បី​នាំយកថ្នាំ​ពិសដោយ​បាតដៃ ថ្នាំពិស​តែង​មិនជ្រាបចូល​ទៅកាន់​បាតដៃ​ដែលគ្មាន​ដំបៅ យ៉ាងណា បាប រមែងមិន​មានដល់​បុគ្គល​អ្នកមិនធ្វើ យ៉ាងនោះដែរ។

បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមាន​កិលេស​ដូចជា​ទីទួល បាប រមែង​ត្រឡប់​មករក​បុគ្គលពាល​នោះ​វិញ ដូច​ធូលីល្អិត ដែល​បុគ្គល​បាចសាច ទៅកាន់​ទីច្រាស​ខ្យល់។

ជនពួកខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នក​មានអំពើ​អាក្រក់ ទៅកាន់នរក ពួកអ្នក​មាន​គតិល្អ ទៅកាន់​ឋានសួគ៌ ពួកអ្នក​មិនមាន​អាសវៈ​ បរិនិព្វាន។

បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅ​ឰដ៏អាកាស ក្នុង​កណ្តាល​សមុទ្រ កាន់​ចន្លោះ​ភ្នំទាំងឡាយ ក៏មិន​គប្បីរួច​ចាក​បាបកម្ម ព្រោះ​ប្រទេស​លើផែនដី ដែល​បុគ្គលឋិត​នៅហើយ គប្បី​រួចចាក​បាបកម្ម​បាន​នោះ មិនដែល​មានឡើយ។

បុគ្គលទៅ​ឰដ៏អាកាស ក្នុងកណ្តាល​សមុទ្រ កាន់ចន្លោះ​នៃភ្នំ​ទាំងឡាយ  ក៏មិន​រួចចាក​សេចក្តី​ស្លាប់បាន ព្រោះ​ប្រទេស​លើផែនដី ដែល​បុគ្គលឋិត​នៅហើយ សេចក្តីស្លាប់ គ្របសង្កត់​មិនបាន​នោះ មិនដែល​មានឡើយ។

ចប់ បាបវគ្គ ទី៩។

ធម្មបទគាថា ទណ្ឌវគ្គ ទី១០

[២០] សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុត​នឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាច​ចំពោះ​សេចក្តី​ស្លាប់គ្រប់ ៗ រូប បុគ្គល​គួរធ្វើខ្លួន​ឲ្យជា​ឧបមា ហើយ​មិនគួរ​ប្រហារ ដោយ​ខ្លួនឯង មិនគួរ​ប្រើគេឲ្យ​ប្រហារឡើយ។

សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា (ព្រោះថា) ជីវិតជាទី​ស្រឡាញ់​របស់​សត្វទាំងពួង បុគ្គល​ធ្វើខ្លួន​ឲ្យជា​ឧបមា ហើយមិន​គួរប្រហារ ដោយ​ខ្លូនឯង មិនគួរ​ប្រើគេ​ឲ្យប្រហារឡើយ។

ជនណា ស្វែងរកសេចក្តីសុខ​​​ដើម្បីខ្លួន តែបៀតបៀន​សត្វ​ទាំងឡាយ ដែលប្រាថ្នា​សេចក្តី​សុខ ដោយអាជ្ញា ជននោះ​លះលោក​នេះទៅ​ហើយ នឹងមិន​បានសេចក្តី​សុខ​ឡើយ។

ជនណា ស្វែងរកសេចក្តីសុខ​​​ដើម្បីខ្លួន តែមិន​បៀតបៀន​សត្វ​ទាំងឡាយ អ្នកដែល​ប្រាថ្នា​សេចក្តីសុខ ដោយអាជ្ញា ជននោះ​លះលោក​នេះទៅ​ហើយ រមែង​បានសេចក្តី​សុខ។

អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយ ដែលអ្នក​ស្តីថា​ឲ្យ​ហើយ គេគប្បី​ស្តីថាតប​មកអ្នកវិញ ព្រោះថា ការពោល​ពាក្យ​ប្រណាំង​ប្រជែង ជាហេតុ​នាំឲ្យ​កើតទុក្ខ ការតស៊ូ​ទាំងឡាយ គប្បីប៉ះពាល់​នូវអ្នក។ បើអ្នកធ្វើ​ខ្លួនមិន​ឲ្យញាប់ញ័រ ដូច​រគាំង​ដែលចៀរ​មាត់ចេញ​ហើយ (រមែង​មិនលាន់​ឮសូរ) ដូច្នោះ អ្នកនុ៎ះ​ជាបុគ្គល​ដល់ នូវ​ព្រះនិព្វាន ការប្រណាំង​ប្រជែង មិនមាន​ដល់អ្នក។

គង្វាលគោ រមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរា និងមច្ចុ តែងគៀង​អាយុ​របស់សត្វ​ទាំងឡាយ ដូច្នោះឯង។​

បុគ្គលមិនមានប្រាជ្ញា កាលធ្វើអំពើអាក្រក់ រមែងមិន​ភ្ញាក់ខ្លួន លុះកាល​ជាខាង​ក្រោយ ទើបក្តៅ​ក្រហាយ ដោយសារ​កម្មរបស់​ខ្លួន ដូចត្រូវ​ភ្លើងឆេះ។

បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះ​បុគ្គល​ទាំងឡាយ ដែល​មិនមាន​អាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែង​ដល់នូវ​ហេតុនៃ​សេចក្តី​ទុក្ខណាមួយ ក្នុងហេតុ ១០យ៉ាង ដោយ​ទាន់ហន់ គឺគប្បី​ដល់នូវ​វេទនា​ដ៏អាក្រក់ ១ សេចក្តី​វិនាសទ្រព្យ​ ១ បែកធ្លាយ​សរីរៈ ១ អាពាធជា​ទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់​អំពីស្តេច ១ ពោលពាក្យ​បង្កាច់​ដ៏អាក្រក់​ ១ អស់ពួក​ញាតិរលីង​ ១ ពុកផុយ​ភោគសម្បត្តិ​ទាំងឡាយ​ ១ ទាំងភ្លើង​នឹងឆេះ​បំផ្លាញ​នូវផ្ទះ​របស់​បុគ្គលនោះ ១ បុគ្គល​មិនមាន​ប្រាជ្ញានោះ លុះបែក​ធ្លាយរាង​កាយ រមែង​ទៅកើត​ក្នុងនរក។

ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិន​បរិភោគបាយ ដេកលើ​ផែនដី ប្រឡាក់​ខ្លួនដោយ​ធូលី ព្យាយាម​អង្គុយ​ច្រហោង មិនជម្រះ​សត្វដែល​មិនទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​បានទេ។

បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងអម្ពរ) តែគប្បី​ប្រព្រឹត្ត​ស្មើ អ្នកស្ងប់​រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គល​ទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ទម្លាក់​ចោលនូវ​អាជ្ញាក្នុង​សត្វទាំង​ពួងចេញ​ហើយ បុគ្គលនោះ ហៅថា ព្រាហ្មណ៍​ក៏បាន ថាសមណៈ​ក៏បាន ថាភិក្ខុ​ក៏បាន។

បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្តី​ខ្មាសបាប មានតិច​ក្នុងលោក បុគ្គលណា បន្ទោបង់​នូវការ​ដេកលក់ ដូចសេះ​ល្អខ្លាច​ព្រោះរំពាត់ បុរសនោះ រកបាន​ដោយ​ក្រ ក្នុងលោក។

សេះល្អ ដែលនាយសារថីទូន្មាន​ដោយរំពាត់ តក់ស្លុត​យ៉ាងណា អ្នកទាំងឡាយ ចូរជា​បុគ្គល​មាន​ព្យាយាម មាន​សេចក្តី​តក់ស្លុត​យ៉ាងនោះ​ឯង បើអ្នក​ទាំងឡាយ ប្រកប​ព្រម​ដោយ​សទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យ​ផង ជាអ្នក​មានវិជ្ជា និង​ចរណៈ​ដ៏បរិបូណ៌ មានស្មារតី​ដំកល់មាំ រមែងលះបង់​ទុក្ខ មាន​ប្រមាណ​ច្រើននេះ មិនខាន។

ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំង តែងចាំង​ឈើ អ្នកមាន​វត្តល្អ តែងទូន្មានខ្លួន។

ចប់ ទណ្ឌវគ្គ ទី១០។

ធម្មបទគាថា ជរាវគ្គ ទី១១

[២១] កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈ ជាដើម ឆេះទ្រលោម​ជានិច្ច ម្តេច​ក៏សើច ម្តេចក៏​ត្រេកត្រអាល អ្នកទាំងឡាយ​ត្រូវងងឹត គឺអវិជ្ជា​រួបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែង​រកប្រទីប គឺប្រាជ្ញា។

អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរ​មើល​អត្តភាព (នោះ) ដែល​កុសលាកុសលកម្ម ធ្វើ​វិចិត្រ​ហើយ ជាកាយ​ពាសពេញ​ដោយដំបៅ ដែល​ឆ្អឹង​បីរយ​កំណាត់ ផ្គុំគ្នាហើយ ជាអត្តភាព​ក្តៅក្រហាយ​ជានិច្ច ជាទីរំពឹង​ត្រិះរិះ​របស់​ជនច្រើនគ្នា។

រូបនេះគ្រាំគ្រាអស់ហើយ ជាទី​សំណាក់​នៃរោគ ជារបស់​ពុកផុយ រាងកាយ​ជា​របស់​ស្អុយ (នេះ) តែងបែក​ធ្លាយ​ទៅវិញ ព្រោះថា​ជីវិតមាន​សេចក្តី​ស្លាប់ជា​ទីបំផុត។

ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេ​ចោលហើយ ដូចផ្លែ​ឃ្លោក​ក្នុង​សរទកាល សេចក្តី​ត្រេកអរ​អ្វីហ្ន៎ (របស់អ្នក​ទាំងឡាយ) ព្រោះតែ​ឃើញឆ្អឹង​ទាំងឡាយ នោះ។

សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន និងសេចក្តី​លុបគុណ ប្រជុំចុះ​ក្នុង​សរីរៈ​ណា (សរីរៈនោះ) ដែល​កុសលាកុសលកម្ម​ធ្វើហើយ​ ឲ្យជា​នគរ​របស់ឆ្អឹង​ទាំងឡាយ​ ជាគ្រឿង​ប្រឡាក់​ដោយ​សាច់ និងឈាម​។

រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា​ សូម្បីសរីរៈ​ក៏ដល់​នូវសេចក្តី​គ្រាំគ្រា​ដូចគ្នា​ ទើប​ឯធម៌​របស់​សប្បុរស​ទាំងឡាយ មិនដល់​នូវសេចក្តី​គ្រាំគ្រា (ដូច្នោះ) ទេ សប្បុរស​ទាំងឡាយ តែង​និយាយ​ឲ្យពួក​សប្បុរស​ផងគ្នា​ដឹងបាន។

បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោ​បំរើសាច់​របស់វា តែងចំរើន​ឡើង តែប្រាជ្ញា​របស់​វាមិន​ចំរើន​ឡើយ។

កាលតថាគតមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ រវល់តែ) ស្វះស្វែង​រកជាងផ្ទះ គឺតណ្ហា អ្នកធ្វើ​ផ្ទះ គឺអត្តភាព ក៏អន្ទោល​ទៅកាន់​សង្សារវដ្ដ​ មានជាតិ​ដ៏ច្រើន សេចក្តី​កើត ជាទុក្ខ​រឿយៗ។

នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគត​ឃើញហើយ អ្នកនឹងធ្វើផ្ទះ (របស់​តថាគត) ទៀត មិនបាន​ឡើយ ឆ្អឹងជំនី គឺកិលេស​របស់អ្នក​ទាំងអស់ តថាគត​កាច់បំបាក់​អស់​ហើយ ដម្បូលផ្ទះ គឺអវិជ្ជា តថាគត​កំចាត់ចោល​ហើយ ចិត្ត​របស់​តថាគត ដល់​ព្រះនិព្វាន ដែល​មានសង្ខារ​ប្រាសហើយ តថាគត បានដល់​ធម៌ជា​គ្រឿង​ក្ស័យ​តណ្ហា​ទាំងឡាយ​ហើយ។

ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាល​ខ្លួននៅជា​កំឡោះ ក្រមុំ រមែង​សញ្ជប់សញ្ជឹង ​ដូចសត្វ​ក្រៀលចាស់ សំកុកនៅ​ក្នុងភក់​ដែលអស់​ត្រីហើយ។

ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួន​នៅកំឡោះ ក្រមុំ រមែង​ដេកថ្ងូរ សោកស្តាយ​ទ្រព្យចាស់​ទាំងឡាយ ដូចព្រួញ​ដែលផុត​ចាកខ្សែ​បន្លោះ ដូច្នោះ។

ចប់ ជរាវគ្គ ទី១១។

ធម្មបទគាថា អត្តវគ្គ ទី១២

[២២] បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួន​នោះឲ្យល្អ គួរស្ងួន​គ្រងខ្លួន​ទុក ក្នុង​វ័យទាំង ៣ វ័យ​ណាមួយ។

បណ្ឌិត គួរដម្កល់ខ្លួនទុក ក្នុងគុណ​ដ៏សមគួរ​ជាមុនសិន ហើយ​សឹមប្រៀន​ប្រដៅ​អ្នកដទៃ ជាខាង​ក្រោយ (ធ្វើយ៉ាងនេះ) នឹងមិន​លំបាក​ឡើយ។

បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួន​ឲ្យបាន យ៉ាងនោះដែរ អ្នកដែល​ទូន្មាន​ខ្លួន​ល្អហើយ ទើបគួរ​ទូន្មាន​អ្នកដទៃ​បាន ព្រោះថា ខ្លួនកម្រ​ទូន្មាន​បាន​ពេក​ណាស់។

ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹង​ដូចម្តេច​បាន ព្រោះ​បុគ្គល​អ្នកមាន​ខ្លួនហ្វឹក​ហ្វឺនល្អ​ហើយ រមែង​បាននូវ​ទីពឹង ​ដែល​គេបាន​ដោយកម្រ។

បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួន​ធ្វើហើយ តែង​ញាំញី​មនុស្ស​ឥត​ប្រាជ្ញា ដូចពេជ្រ​សម្រាប់​កាត់​កែវមណី ដែល​កើតអំពីថ្ម ដូច្នោះឯង។

ភាពជាអ្នកទ្រូស្តសីល​ហួសហេតុ​ [បើគ្រហស្ថ​ចាប់តាំងអំពី​​កើតមក ធ្វើតែ​អកុសលកម្មបថ​ទាំង១០ បើបព្វជិត​គិតអំពីថ្ងៃ​បាន​ឧបសម្បទាមក ត្រូវ​គរុកាបត្តិ យ៉ាងនេះ​ឈ្មោះថា ភាពជា​អ្នកទ្រូស្តសីល​ហួសហេតុ។] គ្របសង្កត់ (នូវអត្តភាព) របស់​បុគ្គលណា ដូចវល្លិ៍ ដែល​រួបរឹត​ដើមឈើ បុគ្គលនោះ​ឈ្មោះថា ធ្វើខ្លួន​ឯងឲ្យ​វិនាស ដូចជា​ចោរ អ្នកប្រាថ្នា​ធ្វើ​បុគ្គលនោះ​ឲ្យ​វិនាស​ដូច្នោះ។

កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍​ដល់ខ្លួន​ផង កម្មទាំងនោះ ដែល​ជនពាល​ធ្វើបាន​ដោយងាយ កម្មណា​ជាប្រយោជន៍​ផង ល្អផង កម្មនោះឯង ដែលជន​ពាលធ្វើ​បាន​ដោយ​លំបាក។

បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិ​ដ៏លាមក ហាមឃាត់​សាសនា​របស់​ព្រះអរហន្ត​ទាំងឡាយ​ដ៏ប្រសើរ រស់នៅ​ដោយធម៌ ការហាម​ឃាត់របស់​បុគ្គលនោះ រមែង​ចេញផល ដើម្បី​សម្លាប់​ខ្លួន ដូចផ្លែឫស្សី​ដូច្នោះ។

អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិន​ធ្វើបាប​ខ្លួនឯង តែង​បរិសុទ្ធ​ស្អាតខ្លួន​ឯង សេចក្តី​បរិសុទ្ធ និងមិន​បរិសុទ្ធ មានចំពោះ​ខ្លួន អ្នក​ដទៃ នឹងធ្វើ​អ្នកដទៃ ឲ្យបរិសុទ្ធ​ពុំបានទេ។

បុគ្គល​​ កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះ​ប្រយោជន៍​របស់អ្នក​ដទៃ សូម្បី​ច្រើន បើដឹងច្បាស់​នូវ​ប្រយោជន៍​របស់ខ្លួន​ហើយ គប្បីខ្វល់ខ្វាយ​ក្នុង​ប្រយោជន៍​របស់ខ្លួន(នោះ)។

ចប់ អត្តវគ្គ ទី១២​។

ធម្មបទគាថា លោកវគ្គ ទី១៣​

[២៣] បុគ្គល មិនគួរសេពធម៌ថោកទាប [កាមគុណ ៥ ឈ្មោះថា ធម៌ថោកទាប ព្រោះជាធម៌សម្រាប់​ជនថោកទាប រាប់តាំងអំពី​ឱដ្ឋ និងគោជាដើម គប្បីសេព ទាំង​ជាធម៌​នាំសត្វទៅកើត​ក្នុងទីទាប មាននរក ជាដើម។] មិនគួរនៅ​ដោយ​សេចក្តី​ប្រមាទ មិន​គួរសេព​មិច្ឆាទិដ្ឋិ មិនគួរ​ជាមនុស្ស​ចង្អៀតលោក។

បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ [សំដៅយក​ភិក្ខាចរិយធម៌។ ការលះបង់​អនេសនៈ ដើរទៅ​បិណ្ឌបាត តាម​លំដាប់​ច្រកល្ហក ឈ្មោះថា ភិក្ខាចរិយធម៌។] ឲ្យ​សុចរិត បុគ្គលអ្នក​ប្រព្រឹត្តធម៌​ជាប្រក្រតី រមែង​ដេកជា​សុខ ក្នុង​លោកនេះ​ផង ក្នុងលោក​ខាងមុខ​ផង។

បុគ្គល គួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្ត​ធម៌នោះ​ឲ្យទុច្ចរិត​ឡើយ បុគ្គល ប្រព្រឹត្ត​ធម៌ជា​ប្រក្រតី រមែង​ដេកជាសុខ ក្នុងលោក​នេះផង ក្នុង​លោកខាង​មុខផង។

បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃ​យ៉ាងណា ស្តេចម្ឫត្យុ មិន​ឃើញ​អ្នក​ពិចារណា​ខន្ធលោក​ជាដើម យ៉ាងនោះទេ។

អ្នកទាំងឡាយ ចូរមកមើលលោកនេះ​ដ៏ត្រកាល ដូចរាជរថ ជនពាល​ទាំងឡាយ រមែង​លិចលង់​ក្នុងលោកណា សេចក្តី​ជាប់ជំពាក់​ក្នុង​លោកនោះ រមែង​មិនមាន​ដល់ជន​ជា​បណ្ឌិត​ទាំងឡាយ​ដែលដឹង​ច្បាស់ទេ។

បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាល​ជាខាង​​ក្រោយ គេមិនប្រមាទ​វិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំង​ខន្ធាទិលោកនេះ​ឲ្យភ្លឺច្បាស់ ដូច​ព្រះចន្ទ្រ​រះផុត​ចាកពពក។

បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់​អំពើបាប​នោះ​ដោយកុសល គឺ​អរហត្តមគ្គ​បាន បុគ្គលនោះ​ឈ្មោះថា ញ៉ាំង​ខន្ធាទិលោក​នេះ ឲ្យភ្លឺច្បាស់ ដូច​ព្រះចន្ទ្រ​រះផុត​ចាកពពក។

លោកិយមហាជននេះ ជាមនុស្សងងឹត ​បណ្តាជនទាំងនេះ ជនតិចគ្នា​ដែលឃើញ​ច្បាស់ (នូវខន្ធាទិលោក​នេះ ដោយអំណាច​អនិច្ចលក្ខណៈ​ជាដើម) ជនតិចគ្នា ដែល​ទៅកាន់​ឋានសួគ៌ ដូចសត្វ​ស្លាប (ដែល​ជាប់សំណាញ់​របស់ព្រាន​ហើយ) តិចណាស់ ដែលរួច​អំពី​សំណាញ់ ដូច្នោះ។

ពួកហង្ស តែងហើរទៅក្នុងគន្លង​ផ្លូវព្រះអាទិត្យ អ្នកមាន​ឫទ្ធិ តែងហោះ​ទៅក្នុង​អាកាស​ដោយឫទ្ធិ អ្នកប្រាជ្ញ​ផ្ចាញ់​កិលេសមារ ព្រមទាំង​វាហនៈ គឺតណ្ហា​បានហើយ រមែង​រលាស់​ខ្លួនចេញ ចាកលោកបាន។

បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយ​តែពាក្យ​កុហក មាន​បរលោក​លះចោល​ហើយ ឈ្មោះថា មិនធ្វើ​អំពើបាប ​មិនមែនឡើយ។

បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅ​កាន់​ទេវលោក​ទេ ជនពាល​ទាំងឡាយ មិន​សរសើរ​ទានឡើយ ចំណែក​អ្នកប្រាជ្ញ តែង​អនុមោទនា​ទាន ព្រោះហេតុ​នោះ លោកតែង​បានសេចក្តី​សុខ ក្នុង​លោកខាងមុខ។

សោតាបត្តិផល ជាគុណជាត​ដ៏ប្រសើរ ជាងភាព​នៃឯករាជ្យ​លើផែនដី​ផង​ ជាង​ដំណើរ​ទៅកាន់​ឋានសួគ៌ផង ជាង​ភាពជាធំ ក្នុងលោក​ទាំងមូលផង។

ចប់ លោកវគ្គ ទី១៣។

ធម្មបទគាថា ពុទ្ធវគ្គ ទី១៤

[២៤] ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់​ចាញ់វិញ កិលេស​ណាមួយ​ក្នុងលោក រមែង​មិនជាប់​តាមជ័យ​ជំនះ របស់​ព្រះពុទ្ធ​អង្គនោះ នាង​ទាំងឡាយ​នឹងប្រលោម​ព្រះពុទ្ធ​អង្គនោះ ដែលមាន​គោចរ រកទី​បំផុតគ្មាន មិនមាន​កិលេស​ដូចស្នាម​ជើង​ ដោយកិលេស​ដូចស្នាមជើង ម្តេចកើត។

តណ្ហាដែលមានបណ្តាញផ្សាយទៅ ក្នុងអារម្មណ៍ផ្សេង ៗ មិនមាន​ដល់​ព្រះពុទ្ធ​អង្គណា ដើម្បី​នឹងនាំទៅ​ក្នុង​ភពណាមួយ នាង​ទាំងឡាយ នឹងប្រលោម​ព្រះពុទ្ធ​អង្គនោះ ដែល​មាន​គោចរ រកទី​បំផុតគ្មាន មិនមាន​កិលេស​ដូចស្មាមជើង ដោយ​កិលេស​ដូចស្នាម​ជើង ម្តេចកើត។

អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយ​ក្នុងឈាន ត្រេកអរ​ក្នុងនេក្ខម្មៈ ជាឋាន​ស្ងប់​រម្ងាប់​កិលេស សូម្បីទេវតា និងមនុស្ស​ទាំងឡាយ​តែងរាប់រក​ចំពោះ​អ្នកប្រាជ្ញ​ទាំង​ឡាយ​នោះ ដែលជា​អ្នកត្រាស់​ដឹងខ្លួន​ឯង ទាំង​មាន​ស្មារតី។

ការត្រឡប់បានអត្តភាពជាមនុស្ស បានដោយកម្រ ការរស់​របស់សត្វ​ទាំងឡាយ បានដោយ​កម្រ​ ការស្តាប់​ធម៌របស់​សប្បុរស បាន​ដោយកម្រ ការកើត​ឡើងនៃ​ព្រះពុទ្ធ​ទាំងឡាយ បាន​ដោយកម្រ។

ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្ត​របស់ខ្លួន​ឲ្យផូរ​ផង់ នេះជាពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ។

ខន្តិ គឺសេចក្តីអត់ធន់ ជាតបធម៌ [ធម្មជាតដុតកិលេសឲ្យក្តៅ។] ដ៏ឧត្តម ព្រះពុទ្ធ​ទាំងឡាយ​តែងពោល​ថា ព្រះនិព្វាន ជាធម្មជាត​ដ៏​ឧត្តម បុគ្គលដែល​សម្លាប់​សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គល​ដែលបៀត​បៀនសត្វ​ដទៃ ក៏មិន​ឈ្មោះថា សមណៈ​ឡើយ។

ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួម​ក្នុង​បាតិមោក្ខ ១ ភាពជា​អ្នកដឹង​​ប្រមាណ​​ក្នុងភត្ត ១ ការដេក និងអង្គុយ​ក្នុងទីស្ងាត់ ១ ការព្យាយាម​ក្នុង​អធិចិត្ត ១ នុ៎ះ​ជាពាក្យ​ប្រដៅ​​របស់ព្រះពុទ្ធ​ទាំងឡាយ។

ការស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះ​កហាបណៈ (ដែល​ធ្លាក់ចុះ) ដូចទឹក​ភ្លៀងទេ កាម​ទាំងឡាយ មានសុខ​តិច មាន​ទុក្ខច្រើន អ្នកប្រាជ្ញ​ដឹងច្បាស់ យ៉ាង​នេះហើយ លោកមិន​បាន​ត្រេកអរ​ក្នុងកាម​ទាំងឡាយ សូម្បី​ជាទិព្វ​ឡើយ សាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ រមែង​ជាអ្នក​ត្រេកអរ​ក្នុងធម៌ ជាគ្រឿង​អស់តណ្ហា។

មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យ​គម្រាមហើយ តែង​យកភ្នំ អារាម និង​រុក្ខចេតិយ ជាទីពឹង ទីពឹង​បែបនេះ មិនមែន​ជាទីពឹង​ដ៏ក្សេមទេ ទីពឹង​បែបនេះ មិនមែន​ជាទី​ពឹង​ដ៏ឧត្តមទេ បុគ្គល​អាស្រ័យ​នូវទីពឹង​នេះហើយ រមែង​មិនរួចស្រឡះ​ចាកទុក្ខ​ទាំងពួង​ឡើយ។

លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់​នូវ​អរិយសច្ច​ទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ជាដំណើរ​ទៅកាន់​ព្រះនិព្វាន​ដែលជា​ទីរម្ងាប់ទុក្ខ ១ ដោយ​ប្រាជ្ញា​ដ៏ប្រពៃ ​នេះឯង​ជាទី​ពឹងដ៏ក្សេម នេះឯង​ជាទីពឹង​ដ៏ឧត្តម បុគ្គល​អាស្រ័យ​​ទីពឹងនេះ រមែង​រួចស្រឡះ​ចាកទុក្ខ​ទាំងពួង​បាន។

បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើត​ក្នុងសព្វ​ឋានឡើយ លោកជា​អ្នកមាន​​ប្រាជ្ញា​ កើតក្នុង​ត្រកូលណា ត្រកូលនោះ តែងដល់​នូវសេចក្តី​សុខ​។

ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ការសំដែង​ព្រះសទ្ធម្ម ជាសុខ សេចក្តី​ព្រមព្រៀង​គ្នា​នៃពួក ជាសុខ តបធម៌​របស់បុគ្គល​អ្នកព្រមព្រៀង​គ្នា​ទាំងឡាយ ជាសុខ។

កាលបុគ្គលបូជា​ដល់​បូជារហបុគ្គល​គឺ ព្រះពុទ្ធ ឬសាវ័ក​របស់ព្រះពុទ្ធ ដែល​កន្លង​ផុត​បបញ្ចធម៌ ដែល​កន្លងផុត​សេចក្តី​សោក និងខ្សឹកខ្សួល ឬការបូជា ដល់​បូជារហបុគ្គល​ទាំង​នោះ ដែល​ប្រកប​ដោយ​តាទិគុណ លោកមិន​មានភ័យ​អំពី​ទីណា សូម្បី​និព្វាន​ទៅ​ហើយ បុគ្គល​ណាមួយ មិនអាច​រាប់បុណ្យ​ថា បុណ្យនេះ​មានប្រមាណ​ប៉ុណ្ណេះ​បាន​ឡើយ។

ចប់ ពុទ្ធវគ្គ ទី១៤។

ចប់ បឋមភាណវារៈ។

ធម្មបទគាថា សុខវគ្គ ទី១៥

[២៥] យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុង​ពួកមនុស្ស​មានពៀរ កាលពួក​មនុស្ស​មានពៀរ យើងជា​អ្នកមិន​មានពៀរ។

យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជា​សុខពិត ក្នុងពួក​មនុស្សមាន​សេចក្តីក្តៅ​ក្រហាយ កាល​ពួកមនុស្ស​មាន​សេចក្តី​ក្តៅក្រហាយ យើងជា​អ្នក​មិនមាន​សេចក្តី​ក្តៅក្រហាយ។

យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅ​ជាសុខពិត ក្នុងពួក​មនុស្ស​មានសេចក្តី​ខ្វល់ខ្វាយ កាលពួក​មនុស្សមាន​សេចក្តី​ខ្វល់ខ្វាយ យើងជាអ្នក​មិនមាន​សេចក្តី​ខ្វល់ខ្វាយ។

យើងមិនមានកង្វល់ តែងរស់នៅ​ជាសុខពិត (ព្រោះ) យើងមាន​បីតិជា​អាហារ ដូចពួក​ទេវតាជាន់​អាភស្សរៈ។

បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេក​ជាទុក្ខ ចំណែក​បុគ្គល​លះបង់​ការឈ្នះ និងការ​ចាញ់ចេញ​ហើយ ជាអ្នក​ស្ងប់រម្ងាប់ ទើបដេក​ជាសុខ​។

ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុស​ស្មើដោយ​ទោសៈ មិនមាន ទុក្ខ​ទាំងឡាយ​ស្មើ​ដោយ​ខន្ធ មិនមាន សុខក្រៅ​ពីសេចក្តី​ស្ងប់ មិនមាន។​

សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារ​ទាំងឡាយ ជាទុក្ខ​យ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់​សេចក្តីនុ៎ះ តាមពិត​ហើយ (រមែងធ្វើ​ឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខ​យ៉ាងក្រៃលែង។

លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមាន​សេចក្តី​សន្តោស ជាយ៉ាង​ក្រៃលែង ញាតិមាន​សេចក្តី​ស្និទ្ធស្នាល ជាយ៉ាង​ក្រៃលែង ព្រះនិព្វាន ជាសុខ​យ៉ាង​ក្រៃលែង។

ភិក្ខុផឹករស [រស ក្នុងទីនេះ សំដៅយក​សេចក្តី​សុខដ៏​ប្រសើរ។] វិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់​កិលេសផង ផឹករស​បីតិ​ដែលកើត​អំពីធម៌​ផង ទើបជា​អ្នកមិនមាន​សេចក្តី​ក្រវល់ក្រវាយ មិនមាន​សេចក្តី​សៅហ្មង​ឡើយ។

ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួម​ជាមួយ​ព្រះអរិយ​បុគ្គល​ទាំងឡាយ ជាហេតុ​ឲ្យកើត​សេចក្តីសុខ​សព្វកាល បុគ្គល​គប្បីមាន​សេចក្តី​សុខអស់​កាល​ជានិច្ច​បាន ព្រោះមិន​ជួបប្រទះ​បុគ្គលពាល​ទាំងឡាយ។

បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែង​សោកស្តាយ​អស់កាល​យូរអង្វែង ការនៅ​រួមជាមួយ​នឹង​ជនពាល រមែងជា​ទុក្ខ​សព្វកាល។

ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែក​ខាងការ​នៅរួម​នឹងធីរជន រមែង​ជាសុខ ដូចការ​ជួបជុំ​នៃញាតិ​ទាំងឡាយ ព្រោះហេតុ​នោះឯង បុគ្គល​គួរសេពគប់​សប្បុរស ជាអ្នក​មាំមួនផង មានបញ្ញាផង មានសេចក្តី​ចេះដឹង​ច្រើនផង មានកិរិយា​នាំទៅនូវ​ធុរៈ ជាប្រក្រតី​ផង មានសីលវត្ត និង​ធុតង្គវត្ត​ផង ជាអ្នកឆ្ងាយ​ចាក​កិលេស​ផង មានបញ្ញា​ល្អផង ប្រាកដ​ដូច្នោះៗ ឲ្យដូច​ព្រះចន្ទ​គប់នូវផ្លូវ​នក្ខត្តឫក្ស។

ចប់ សុខវគ្គ ទី១៥។

ធម្មបទគាថា បិយវគ្គ ទី១៦​

[២៦] បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើ​ដែលមិន​គួរប្រកប មិន​ប្រកបខ្លួន ក្នុង​អំពើ​ដែល​គួរប្រកប លះបង់​ប្រយោជន៍​ចេញហើយ កាន់យក​តាមគាប់ចិត្ត រមែង​ស្រឡាញ់​បុគ្គល​អ្នកប្រកប​តាមខ្លួន។​

កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទី​ស្រឡាញ់ និងមិន​ជាទី​ស្រឡាញ់ ក្នុងកាល​ណា ៗ ឡើយ ព្រោះថា ការមិនចួប​ប្រសព្វសត្វ និងសង្ខារ​ជាទីស្រឡាញ់ក្តី​ ការចួប​ប្រសព្វសត្វ និងសង្ខារ​មិនជាទី​ស្រឡាញ់ក្តី ជាហេតុ​នាំមក​នូវទុក្ខ។

ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារ ឲ្យជាទី​ស្រឡាញ់ ព្រោះការ​ព្រាត់ប្រាស​ចាកសត្វ និងសង្ខារ​ជាទីស្រឡាញ់ ជាសភាព​អាក្រក់ ការស្រឡាញ់ និងការស្អប់ មិនមាន​ដល់ពួក​ជនណា កិលេស​គ្រឿងចាក់ស្រែះ​ទាំងឡាយ តែងមិនមាន ដល់ពួក​ជននោះ។

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើតអំពី​សេចក្តី​ស្រឡាញ់ កាល​បើរួច​ស្រឡះ​ចាកសេចក្តី​ស្រឡាញ់​ហើយ​ សេចក្តីសោក ក៏លែងមាន ភ័យ​នឹងមាន​មកពីណា។

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើត​អំពីសេចក្តី​ស្រឡាញ់ កាលបើរួច​ស្រឡះ​ចាកសេចក្តី​ស្រឡាញ់ហើយ​ សេចក្តីសោក ក៏លែង​មាន ភ័យនឹង​មានមកពីណា។

សេចក្តីសោកកើតអំពីតម្រេក ភ័យកើត​អំពីតម្រេក កាលបើរួច​ស្រឡះ​ចាកតម្រេក​ហើយ​ សេចក្តី​សោក ក៏លែងមាន ភ័យនឹង​មានមកពីណា។

សេចក្តីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួច​ស្រឡះចាកកាមហើយ​ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

សេចក្តីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួច​ស្រឡះចាក​តណ្ហាហើយ​ សេចក្តីសោក ក៏លែងមាន ភ័យនឹង​មានមក​ពីណា។

ជនតែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និងការ​ឃើញត្រូវ ​ឋិតនៅ​ក្នុងធម៌ ពោល​សច្ចធម៌ [សំដៅយក​អរិយសច្ច ៤។] ជាប្រក្រតី ធ្វើកម្ម [បានដល់​ត្រៃសិក្ខា។ អដ្ឋកថា។] ជារបស់ខ្លួន​នោះ ឲ្យ​ជាទីស្រឡាញ់។

បុគ្គល អ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេ​និយាយ​ប្រាប់គ្នា​មិនបាន​ផង ជាអ្នកមាន​មគ្គចិត្ត និងផលចិត្ត (ខាងក្រោម) ប៉ះពាល់​ហើយផង មានចិត្ត​មិនប្រតិព័ទ្ធ​ក្នុងកាមផង តថាគត​ហៅថា​ជាអ្នកមាន​ខ្សែមគ្គ​ប្រព្រឹត្តទៅ ក្នុង​ខាងលើ។

ពួកញាតិក្តី មិត្រក្តី សំឡាញ់ក្តី​ រមែងត្រេកអរ​នឹងបុរស​ដែលឃ្លាត​គ្នាអស់​កាលយូរ​ មកអំពី​ចម្ងាយ​ដោយសួស្តី មកដល់​ហើយ យ៉ាងណាមិញ ​បុណ្យ​ទាំងឡាយ តែងទទួល​បុគ្គល ដែលបាន​ធ្វើបុណ្យ ​ច្យុតអំពី​មនុស្ស​លោកនេះ ទៅកាន់​លោកខាងមុខ ដូចញាតិ​ទាំងឡាយ ទទួល​បុរសជាទី​ស្រឡាញ់​ទើបមក​ដល់ ដូច្នោះឯង។

ចប់ បិយវគ្គ ទី១៦។

ធម្មបទគាថា​ កោធវគ្គ ទី១៧​

[២៧] បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លង​សញ្ញោជនធម៌​ទាំង​អស់ចោល​ចេញ ទុក្ខទាំងឡាយ តែងមិន​ជាប់តាម​បុគ្គល ដែលមិន​ចំពាក់​ក្នុងនាម និងរូប មិនមាន​កិលេស គ្រឿងកង្វល់​នោះឡើយ។

បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើត​ឡើងហើយ ដូចសារថី​ទប់រថ​ដែលកំពុង​លឿនបាន តថាគត​ហៅបុគ្គល​នោះ ថា​ជាសារថី ជនក្រៅពីនេះ គ្រាន់តែ​ជាអ្នកកាន់​ខ្សែបរ (មិនមែន​សារថីឡើយ)។

បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តី​មិនក្រោធ គប្បីផ្ចាញ់​មនុស្ស​អសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់​មនុស្សកំណាញ់​ដោយការឲ្យ គប្បី​ផ្ចាញ់មនុស្ស​និយាយពាក្យ​មិនពិត ដោយ​ពាក្យពិត។​

បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូម​វត្ថុសូម្បី​មានតិច ក៏គួរឲ្យ (តាមតិច) ១ បុគ្គលគប្បី​ទៅកើត​ក្នុង​សំណាក់​ទេវតា​ទាំងឡាយ​បាន ដោយ​ហេតុទាំង ៣ នេះឯង។​

ជនទាំងឡាយណា ជាអ្នកប្រាជ្ញ [សំដៅយក​អសេក្ខមុនិ ដែល​សម្រេច​មគ្គផល ដោយ​មោនេយ្យប្បដិបទា។ អដ្ឋកថា។] មិនបៀតបៀន​សត្វដទៃ សង្រួម​ហើយ​ដោយកាយទ្វារ (ជាដើម) ជានិច្ច ជន​ទាំងឡាយ​នោះ រមែងទៅ​កាន់ស្ថាន​ដ៏មិន​ប្រែប្រួល ជាស្ថាន​ដែលគេ​ទៅដល់​ហើយ តែង​មិន​សោកស្តាយ។

អាសវៈទាំងឡាយរបស់បុគ្គល អ្នកភ្ញាក់រឭក​សព្វកាល ជាអ្នក​សិក្សា​ត្រៃសិក្ខា​ទាំងថ្ងៃ ទាំងយប់ មានចិត្ត​ចុះស៊ប់​កាន់​ព្រះនិព្វាន តែងដល់​នូវការតាំង​នៅមិនបាន​ឡើយ។​

ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បូរាណ ការតិះដៀល និងការសរសើរ​នេះ មិន​មែនទើប​នឹងកើត​ឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទា​បុគ្គលអ្នក​អង្គុយ​ស្ងៀម ក៏មាន និន្ទាបុគ្គល​អ្នកនិយាយ​ច្រើន ក៏មាន និន្ទាបុគ្គល អ្នកនិយាយ​ល្មមប្រមាណ ក៏មាន (អ្នកណាៗ​ក៏ដោយ) ក្នុងលោក ដែលមិន​ត្រូវគេនិន្ទា គ្មាន​ឡើយ បុគ្គល​ដែលត្រូវ​គេនិន្ទា​តែម៉្យាង ឬត្រូវ​គេសរសើរ​តែម៉្យាង មិនមែន​មានមក​ហើយតែ​ក្នុងអតីតទេ នឹងមាន​ទៅក្នុង​អនាគត ក៏ទេ មានតែ​ក្នុងបច្ចុប្បន្ន​នេះក៏ទេ។

បើអ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ ៗ ថ្ងៃ ហើយសរសើរ​បុគ្គលណា ដែលជា​អ្នក​ប្រព្រឹត្ត​មិនដាច់ មានប្រាជ្ញា មានចិត្ត​ដម្កល់ខ្ជាប់​ក្នុងបញ្ញា និងសីល អ្នកណា​គួរនឹង​និន្ទា​បុគ្គល​ ដែលដូច​ជាឆ្តោរ​នៃ​មាសជម្ពោនទ​នោះបាន​ សូម្បី​ទេវតា និង​មនុស្ស​ទាំងឡាយ ក៏សរសើរ​បុគ្គលនោះ ទាំងព្រហ្ម​ ក៏សរសើរ (ដូចគ្នា)។

បុគ្គលគប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់​កាយទុច្ចរិត គប្បី​ប្រព្រឹត្ត​កាយសុចរិត គប្បីរក្សា​នូវការ​កម្រើកវាចា គប្បី​សង្រួមវាចា គប្បីលះបង់​វចីទុច្ចរិត គប្បីប្រព្រឹត្ត​វចីសុចរិត គប្បីរក្សា​នូវការ​កម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់​មនោទុច្ចរិត គប្បីប្រព្រឹត្ត​មនោសុចរិត​ អ្នកប្រាជ្ញ​ទាំងឡាយ បាន​សង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញ​ទាំងឡាយ​ បានសង្រួម​ចិត្តហើយ លោកទាំង​នោះឯង ឈ្មោះថា សង្រួម​ហើយ​ដោយប្រពៃ។​

ចប់ កោធវគ្គ ទី១៧។

ធម្មបទគាថា មលវគ្គ ទី១៨​

[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួក​បុរស​របស់យមរាជ [អ្នក​បម្រើស្តេច​យមៈ តែពាក្យនេះ សំដៅយក​សេចក្តីស្លាប់។ អដ្ឋកថា។] ប្រាកដ​ដល់អ្នកហើយ ខ្លួនអ្នក​ តាំងនៅក្នុង​មាត់​សេចក្តីវិនាស សូម្បីស្បៀង គឺកុសល​របស់អ្នក​ ក៏មិនទាន់​មាន​ឡើយ។

អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម​ឲ្យឆាប់ទៅ ចូរជាអ្នក​ប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាង​នេះហើយ) នឹងទៅ​ជាអ្នកកំចាត់​បង់មន្ទិលបាន មិនមាន​ទីទួល គឺកិលេស នឹងដល់​នូវភូមិរបស់​ព្រះអរិយៈ ដូចជា​ទិព្វបាន។

ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរ​ទៅកាន់​សំណាក់​យមរាជ មួយទៀត ទីសំចត​ក្នុងចន្លោះ មិនមាន​ដល់អ្នកទេ សូម្បីស្បៀង ក៏មិនមាន​ដល់អ្នក។

អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម​ឲ្យឆាប់ទៅ ចូរជាអ្នក​ប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាង​នេះហើយ) នឹងទៅ​ជាអ្នក​កំចាត់បង់​មន្ទិលបាន មិនមាន​ទីទួល គឺកិលេស នឹងមិន​ត្រូវចូល​ទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ។

អ្នកមានប្រាជ្ញា គួរកំចាត់បង់មន្ទិល​របស់ខ្លួន​បន្តិចម្តងៗ រាល់ៗ ខណៈ ដោយ​លំដាប់ ដូចជាង​មាស ជំរះស្នឹម ឬច្រែះ​របស់មាស​ដូច្នោះ។

ច្រែះកើតអំពីដែក លុះកើត​អំពីដែកនោះ​ហើយ តែងស៊ី​ដែកនោះវិញ យ៉ាងណា​មិញ កម្មទាំង​ឡាយ​របស់ខ្លួន តែងនាំបុគ្គល​អ្នកប្រព្រឹត្ត​កន្លង​បញ្ញាជា​គ្រឿង​ជំរះចិត្ត ឲ្យទៅ​កាន់ទុគ្គតិ ក៏យ៉ាង​នោះឯង។

មន្តទាំងឡាយ មានការ​មិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការ​មិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិល​របស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិល​របស់បុគ្គល​អ្នករក្សា។

ការប្រព្រឹត្តិអាក្រក់ [សំដៅយក​ការប្រព្រឹត្តិ​កន្លងចិត្តប្តី។ អដ្ឋកថា។] ជាមន្ទិល​របស់ស្ត្រី សេចក្តី​កំណាញ់ ជាមន្ទិល​របស់អ្នកឲ្យ ធម៌អាក្រក់​ទាំងឡាយ ជាមន្ទិល​ក្នុង​លោកនេះ និងលោក​ខាងមុខ ធម្មជាត ជាមន្ទិល​ដ៏លើសលុប ជាងមន្ទិល​ទាំងនោះ គឺអវិជ្ជា ជាមន្ទិល​ដ៏ក្រៃលែង ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរលះ​មន្ទិល​ទាំងនេះ​ចេញ ចូរកុំជា​អ្នកមាន​មន្ទិលឡើយ។

បុគ្គលអ្នកមិនមានសេចក្តីអៀនខ្មាស ក្លៀវក្លា​ដូចសត្វក្អែក កំចាត់បង់​គុណរបស់​អ្នកដទៃ ជាអ្នក​ឈ្លានពាន (យកមុខ) ជាអ្នក​ឃ្នើសឃ្នង ជាមនុស្ស​សៅហ្មង រស់នៅ​ដោយ​ងាយ។ ចំណែក​បុគ្គលអ្នក​មានសេចក្តី​អៀនខ្មាស ស្វែងរក​អំពើស្អាត​ជានិច្ច មិន​ឡេះឡោះ មិនឃ្នើសឃ្នង រស់នៅ​ដោយកម្ម​ដ៏បរិសុទ្ធ អ្នកឃើញ​ត្រូវ រស់នៅ​ដោយ​លំបាក។

ជនណា សម្លាប់សត្វផង និយាយពាក្យ​កុហកផង កាន់យកវត្ថុ​ដែលគេ​មិនបានឲ្យ ក្នុង​លោកផង សេព​ប្រពន្ធរបស់​អ្នកដទៃផង ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះ​ឯងឈ្មោះថា គាស់រំលើង​ឫសគល់​របស់ខ្លួន ក្នុង​លោកនេះ ដោយពិត។

ម្នាលបុរសដ៏ចំរើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយ​មានធម៌​ដ៏លាមក រមែង​មិនជាអ្នក​សង្រួម​​ដូច្នេះ លោភៈ និងសភាព​មិនមែន​ធម៌ គឺទោសៈ ចូរកុំបៀត​បៀនអ្នក ឲ្យបាន​សេចក្តីទុក្ខ​អស់កាល​យូរឡើយ។

ជន រមែងឲ្យតាមសទ្ធា តាមសេចក្តីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាស​ក្នុងទឹក និងភោជន​របស់ជន​ទាំងឡាយ​ដទៃ ជននោះ រមែងមិន​បាន​សមាធិចិត្ត ក្នុង​វេលាថ្ងៃ ឬក្នុង​វេលាយប់​ឡើយ។

លុះតែសេចក្តីអៀនខ្មាសនោះ បុគ្គលណា បានផ្តាច់ផ្តិល​ ដកឡើង ធ្វើឲ្យមាន​ឫសគល់​ដាច់ហើយ បុគ្គលនោះឯង ទើបបាន​សមាធិចិត្ត​ក្នុងវេលាថ្ងៃ ឬក្នុង​វេលាយប់។

ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន ​បណ្តាញស្មើដោយ​មោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន។

ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោស​របស់ខ្លួន ឃើញបាន​ដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះ​ពួក​ជនដទៃ ដូចបុគ្គល​រោយ​អង្កាមដូច្នោះ តែថា រមែងបិទបាំង​ទោស​របស់​ខ្លួនទុក ដូច​ព្រានបក្សី បិទបាំង​អត្តភាព ដោយវត្ថុ​សម្រាប់​បិទបាំង (មានមែក​ឈើជាដើម) ដូច្នោះ។

កាលបុគ្គលគយឃ្លាំមើលទោស​របស់បុគ្គលដទៃ ជាប្រក្រតី មានការ​សំគាល់​ហេតុក្នុង​ការពោល​ទោស (អ្នកដទៃ) ជានិច្ច​ជាប្រក្រតី អាសវៈ​ទាំងឡាយ​ របស់​បុគ្គល​នោះ តែងចំរើន បុគ្គលនោះ​ឈ្មោះថា ឋិតនៅ​ឆ្ងាយអំពី​ធម៌ជា​គ្រឿង​អស់អាសវៈ។

ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វ​ត្រេកអរ​ហើយ ក្នុងធម៌ជា​គ្រឿង​យឺតយូរ ព្រះតថាគត​ទាំងឡាយ មិនមាន​ធម៌ជាគ្រឿង​យឺតយូរ​ឡើយ។

ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយ​ជារបស់​ទៀង ​មិនមាន ព្រះពុទ្ធ​ទាំងឡាយ មិនមាន​កិលេសជា​គ្រឿង​ញាប់ញ័រទេ។

ចប់ មលវគ្គ ទី១៨។

ធម្មបទគាថា ធម្មដ្ឋវគ្គ ទី១៩

[២៩] បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថា​ជាអ្នក​តាំងនៅ​ក្នុងធម៌ ដោយ​ហេតុនោះ​ មិនទាន់បានទេ លុះត្រា​តែបុគ្គលណា ជាបណ្ឌិត កាត់សេចក្តី​ទាំងពីរ គឺសេចក្តី​ពិត និងសេចក្តី​មិនពិត ណែនាំ​ជនទាំងឡាយ​ដទៃ ដោយ​មិនអាក្រក់ ដោយ​សារធម៌​តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថា​ជាអ្នក​មានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំង​នៅក្នុងធម៌។

បុគ្គលនិយាយច្រើន ដោយហេតុមាន​ប្រមាណ​ប៉ុណ្ណា ឈ្មោះថា​ជាបណ្ឌិត ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ មិនទាន់​បានទេ លុះត្រា​តែបុគ្គល​ដែលមាន​សេចក្តីក្សេម មិនមាន​ពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន។

បុគ្គលនិយាយច្រើន ដោយហេតុ​មានប្រមាណ​ប៉ុណ្ណា ឈ្មោះថា​ជាអ្នក​ទ្រទ្រង់ធម៌ ដោយ​ហេតុ​មានប្រមាណ​ប៉ុណ្ណោះ​ មិនទាន់​បានទេ លុះត្រា​តែបុគ្គល​ណា ស្តាប់​ពុទ្ធវចនៈ សូម្បី​មានប្រមាណ​តិច ហើយឃើញ​ធម៌ដោយ​នាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះ​ថា ជាអ្នក​ទ្រទ្រង់ធម៌ បុគ្គលណា មិនមើល​ងាយធម៌ បុគ្គលនោះ​ឯង ឈ្មោះថា​ជាអ្នក​ទ្រទ្រង់ធម៌។

បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈ ដោយហេតុនោះ​មិនទាន់​បានទេ វ័យ​របស់បុគ្គល​នោះ​ចាស់ជ្រុលហើយ ហៅថា​ចាស់ជា​មោឃៈ។ លុះត្រា​តែ​សច្ចៈផង ធម៌ផង ការមិនបៀត​បៀនផង​ ការសង្រួមផង​ ការទូន្មាន​ខ្លួនផង ​មានក្នុង​បុគ្គល​ណា បុគ្គលនោះ​ឯង ជាអ្នកមាន​មន្ទិលខ្ជាក់​ចោលហើយ ជាអ្នក​មានប្រាជ្ញា ទើប​ហៅថា ថេរៈ។

បុគ្គលមានសេចក្តីឫស្យា មានសេចក្តី​កំណាញ់ ជាអ្នក​អួតអាង ឈ្មោះថា​ជាមនុស្ស​ល្អ ដោយហេតុ​ត្រឹមតែ​ធ្វើការ​និយាយ​ពាក្យ (ល្អ) ឬដោយ​ភាពជា​អ្នកមាន​សម្បុរ​ជាទី​គាប់ចិត្ត ក៏មិនទាន់​បានទេ។​ លុះត្រា​តែទោសជាតិ មានឫស្យា​ជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិល​ដកឡើង ធ្វើឲ្យ​មានឫសគល់​ដាច់ហើយ បុគ្គលនោះ​ជាអ្នក​មាន​ទោស ខ្ជាក់ចោល​ហើយ ជាអ្នក​មានប្រាជ្ញា ទើបហៅ​ថាជា​មនុស្ស​ល្អបាន​។

បុគ្គល មិនបានឈ្មោះថាជាសមណៈ ដោយភាព​ជាអ្នកមាន​ក្បាលត្រងោល​ទេ បុគ្គលអ្នក​មិនមាន​សីលវ័ត និង​ធុតង្គវត្ត ពោល​តែពាក្យ​ឡេះឡោះ ប្រកប​ដោយសេចក្តី​ប្រាថ្នា និងលោភៈ ឈ្មោះថា​ជាសមណៈ​ដូចម្តេចបាន។ លុះត្រា​តែបុគ្គល​ណា រម្ងាប់បាប​ទាំងឡាយ ទាំងតូច​ទាំងធំ ដោយ​ប្រការ​ទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាប​ទាំងឡាយ ដែលបុគ្គល​នោះរម្ងាប់​បានហើយ។

បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុ​ត្រឹមណា បុគ្គលនោះ មិនបាន​ឈ្មោះ​ថាជាភិក្ខុ ដោយហេតុ​ត្រឹមណោះ​ទេ បុគ្គល​សមាទានធម៌​ជាពិស ឈ្មោះថា​ជាភិក្ខុ ដោយ​ហេតុត្រឹម​តែការដើរ​សូមប៉ុណ្ណោះ មិនទាន់​បានទេ។ លុះត្រា​តែបុគ្គល​ណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាប​ចេញហើយ ជាអ្នក​មានការ​ប្រព្រឹត្តិដ៏​ប្រសើរ ត្រាច់ទៅ​ក្នុងលោក ដោយសេចក្តី​ចេះដឹង បុគ្គល​នោះឯង ទើបហៅ​ថាជាភិក្ខុ។

បុគ្គលមានសេចក្តីវង្វេង ជាធម្មតា មិនមាន​ការចេះដឹង មិនបាន​ឈ្មោះថា​ជាមុនី ដោយ​ភាពជាអ្នក​ស្ងៀមទេ លុះត្រា​តែបុគ្គលណា ជាបណ្ឌិត កាន់យក​ធម៌ដ៏ប្រសើរ វៀរចាក​បាប​ទាំងឡាយ ដូចបុគ្គល​កាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះ​ថា​ជាមុនី ដោយភាព​ជាអ្នកស្ងៀម​នោះបាន បុគ្គលណា ដឹង​ប្រយោជន៍​ទាំងពីរ​ក្នុងលោក បុគ្គលនោះ​ហៅថា​ មុនី ដោយហេតុនោះ។

បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបាន​ឈ្មោះថា​ជាអរិយៈ ដោយ​ហេតុនោះទេ បុគ្គល​ដែលតថាគត​ហៅថា អរិយៈ ព្រោះមិន​បៀតបៀន​សត្វទាំងពួង។

ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់​នូវការអស់​អាសវៈទេ កុំអាល​ទុកចិត្ត​ដោយគុណ​ត្រឹមតែ​សីល និងវត្ត ឬដោយ​ភាពជាអ្នក​ចេះដឹង​ច្រើនឡើយ មួយទៀត ដោយការ​បាន​សមាធិ ឬដោយ​ការដេក​ក្នុងទីស្ងាត់ ឬក៏ដោយ​គុណ មានប្រមាណ​ប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវ​នេក្ខម្មសុខ ដែលបុថុជ្ជន​មិនដែល​ជួបប្រសព្វ ដូច្នេះឡើយ។

ចប់ ធម្មដ្ឋវគ្គ ទី១៩។

ធម្មបទគាថា​ មគ្គវគ្គ ទី២០

[៣០] ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ ​គឺអរិយសច្ច ប្រសើរ​ជាងសច្ចៈ​ទាំងឡាយ វិរាគធម៌ ប្រសើរជាង​ធម៌ទាំងឡាយ មួយទៀត ​ព្រះតថាគត​មានចក្ខុ ប្រសើរ​ជាងសត្វ​ទ្វេបាទ​ទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​បរិសុទ្ធិ​នៃទស្សនៈ​ ផ្លូវដទៃ មិនមានទេ។ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅ​កាន់ផ្លូវនោះ ផ្លូវនេះ​ជាផ្លូវញ៉ាំង​មារឲ្យ​វង្វេង អ្នកទាំងឡាយ​ ដើរទៅ​កាន់ផ្លូវ​នេះហើយ អាចនឹង​ធ្វើឲ្យផុត​​ទុក្ខបាន។ ផ្លូវនេះ​ហើយ ដែល​តថាគត​ដឹងថា ​ជាផ្លូវ​កំចាត់​បង់​កូនសរ ប្រាប់ដល់​អ្នក​ទាំងឡាយ សេចក្តី​ព្យាយាម ញ៉ាំង​កិលេសឲ្យ​ក្តៅសព្វ អ្នកទាំងឡាយ គប្បីធ្វើ ព្រះតថាគត​ទាំងឡាយ គ្រាន់តែ​ជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបាន​ដើរទៅ​ហើយ នឹងរួចចាក​ចំណង​របស់មារ​បាន។

កាលណា ​បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង​មិនទៀងដូច្នេះ កាលណោះ រមែងនឿយ​ណាយ ក្នុងសេចក្តីទុក្ខ នេះជា​ផ្លូវនៃ​សេចក្តីបរិសុទ្ធិ។

កាលណា បុគ្គលយល់ឃើញដោយ​ប្រាជ្ញាថា សង្ខារ​ទាំងពួង នាំមក​នូវសេចក្តី​ទុក្ខ​ដូច្នេះ កាលណោះ រមែង​នឿយណាយ​ក្នុងសេចក្តី​ទុក្ខ ​នេះជា​ផ្លូវនៃ​សេចក្តីបរិសុទ្ធិ។

កាលណា បុគ្គល​យល់ឃើញ​ដោយ​ប្រាជ្ញាថា សង្ខារទាំងពួង មិនមែន​ជារបស់​ខ្លួនដូច្នេះ កាលណោះ រមែង​នឿយណាយ​ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវ​នៃសេចក្តី​បរិសុទ្ធិ។

បុគ្គលនៅកំឡោះមានកំឡាំង ទាស់តែប្រកប​ដោយសេចក្តី​ខ្ជិលច្រអូស មិន​ប្រឹងប្រែង ក្នុងកាល​ដែលគួរ​ប្រឹងប្រែង​ មានសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ លិចចុះ​ក្នុង​អកុសលវិតក្កៈ ជាមនុស្ស​ខ្ជិល បុគ្គលខ្ជិល (នោះ) រមែងមិន​បានផ្លូវ​បញ្ញាឡើយ។

បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ​ដោយចិត្ត ទាំងមិន​គប្បីធ្វើ​អកុសល​ដោយ​កាយ បុគ្គលគប្បី​ជំរះ​កម្មបថ​ទាំង ៣ នេះ និងគប្បី​ត្រេកអរ​ចំពោះមគ្គ ដែល​លោក​ អ្នកស្វែង​រកគុណ​ដ៏ល្អ សំដែង​ទុកហើយ។

ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្តីវិនាសប្រាជ្ញា រមែងកើត​អំពីការ​មិនប្រកប អ្នកមាន​ប្រាជ្ញា ដឹងការ​ប្រកប និងការ​មិនប្រកប ទាំងពីរនេះថា​ ជាគន្លង​នៃសេចក្តី​ចំរើន និង​សេចក្តី​វិនាស​ហើយ ប្រាជ្ញា​ចំរើនឡើង​ដោយប្រការ​ណា គួរដំកល់ខ្លួនទុក ដោយ​ប្រការនោះ។

អ្នកទាំងឡាយ ចូរកាត់កិលេសដូចជា​ព្រៃចេញ ចូរកុំកាត់​ដើមឈើ (ព្រោះ) ភ័យ​កើតអំពី​កិលេស​ដូចជាព្រៃ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរកាត់​កិលេស​ដូចជា​ព្រៃផង កិលេស​ដូចជា​ដើមឈើដុះ​ក្នុងព្រៃផង ហើយ​ចូរជា​អ្នក​កុំមាន​កិលេស ដូចជា​ព្រៃឡើយ ព្រោះថា កិលេស​ដូចដើម​ឈើ ដុះក្នុងព្រៃ​របស់នរជន សូម្បីមាន​ប្រមាណ​តិចក៏ដោយ បើកាត់​មិនដាច់​ក្នុងពួក​នារី​ដរាបណា នរជន​នោះឯង តែងមាន​ចិត្តជាប់​ចំពោះ​ក្នុងពួក​នារី ដូចកូន​គោនៅ​កំពុងបៅ​ដោះ ដែលមាន​ចិត្តជាប់​នៅនឹងមេ ដរាបនោះ។

អ្នកចូរដកសេចក្តីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គល​ដកផ្កាកុមុទ ដែលកើត​ក្នុង​សរទកាល​ដោយដៃ ​អ្នកចូរ​បណ្តុះនូវ​ផ្លូវសន្តិភាព​តែម្យ៉ាង ព្រះនិព្វាន ព្រះសុគត​សំដែង​ទុក​ហើយ។

អញនឹងនៅក្នុងទីនេះ អស់វស្សានរដូវ អញនឹងនៅ​ក្នុងទីនេះ​ក្នុង​ហេមន្តរដូវ និង​គិម្ហរដូវ ជនពាល រមែង​គិតខុស​ដូច្នេះ តែងមិន​ដឹងច្បាស់​សេចក្តី​អន្តរាយ​ឡើយ។

មច្ចុ គឺសេចក្តីស្លាប់ តែងនាំយក​នរជន អ្នកស្រវឹងជ្រប់ ក្នុងកូន និងសត្វចិញ្ចឹម មានចិត្ត​ជាប់ជំពាក់​ក្នុង​អារម្មណ៍​ផ្សេងៗនោះ ដូច​ជំនន់ទឹកធំ នាំយក​អ្នកស្រុក​កំពុង​ដេកលក់។

កាលបុគ្គល ត្រូវមច្ចុគ្រប​សង្កត់ហើយ កូនទាំងឡាយ មិនមាន ​ដើម្បី​ជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជា​ទីពឹងឡើយ សេចក្តី​ទីពឹងក្នុង​ញាតិ​ទាំងឡាយ ក៏មិនមាន បណ្ឌិត​ដឹងអំណាច​ប្រយោជន៍​នេះហើយ គួរជា​អ្នកសង្រួម​ក្នុងសីល គួរ​ប្រញាប់​ប្រញាល់​ជម្រះផ្លូវ ជាទី​ទៅកាន់​ព្រះនិព្វាន​ឲ្យបាន។

ចប់ មគ្គ ទី២០។​

ធម្មបទគាថា បកិណ្ណកវគ្គ ទី២១

[៣១] បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់​សុខល្មមប្រមាណ អ្នកមាន​ប្រាជ្ញា កាលឃើញ​សុខធំទូលាយ គប្បីលះ​សុខល្មម​ប្រមាណចេញ។

ជនប្រាថ្នាសេចក្តីសុខ​ដើម្បីខ្លួន ដោយបង្កទុក្ខ​ឲ្យអ្នកដទៃ​ ជននោះ​ឈ្មោះថា​ ច្របូក​ច្របល់ហើយ ដោយ​ការជាប់​ចំពាក់ គឺពៀរ រមែងមិន​រួចចាក​ពៀរទេ។

របស់ណា ដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់​ចោលហើយ តែរបស់​ដែលមិន​គួរធ្វើ ត្រឡប់ជា​ធ្វើវិញ អាសវៈ​ទាំងឡាយ តែងចំរើន​ឡើងដល់​ពួកភិក្ខុនោះ ជាអ្នកមាន​សេចក្តី​ប្រមាទ មានមានះ​ដូចជា​ដើមបបុស​លើកឡើង​ហើយ។

លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុ​ណា បានប្រារព្ធ​ប្រពៃហើយ ភិក្ខុទាំង​នោះ រមែងជា​អ្នកធ្វើ​ការដែល​គួរធ្វើរឿយ ៗ មិនធ្វើការ​ដែលមិន​គួរធ្វើ អាសវៈ​ទាំងឡាយ របស់ពួក​ភិក្ខុនោះ ដែលជា​អ្នកមានសតិ​ មាន​សម្បជញ្ញៈ រមែង​ដល់នូវការ​អស់ទៅ។

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះ​ដូចបិតា​ផង សម្លាប់​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ ដូចស្តេច​ជាក្ស័ត្រ​ពីរព្រះអង្គ​ផង សម្លាប់​អាយតនៈ​ដូចជាដែន ប្រព្រឹត្ត​ទៅ មួយអន្លើ ដោយ​បុរស​អ្នកដើរ​តាម គឺស្មៀនផង រមែង​បានទៅ​ជា​ខីណាសវព្រាហ្មណ៍​ ជាអ្នក​មិនមានទុក្ខ។

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះ​ដូចបិតាផង សម្លាប់​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ ដូចជា​ស្តេច ជាព្រាហ្មណ៍​ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជា​ខ្លាធំ​ជាគំរប់ ៥ ផង (ដែលនៅ​ស្កាត់ផ្លូវ) បានហើយ រមែងបាន​ទៅជា​ខីណាសវព្រាហ្មណ៍ ជាអ្នក​មិនមាន​ទុក្ខ។

សតិរបស់ជនពួកណា ដែលឋិតនៅ​ក្នុងព្រះពុទ្ធគុណ ​អស់កាល​ជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះគោតម រមែង​ភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅ​ក្នុងព្រះធម្មគុណ អស់កាល​ជានិច្ចទាំងថ្ងៃ ទាំងយប់​ ជនពួកនោះ​ឈ្មោះថា សាវ័ក​របស់ព្រះគោតម រមែង​ភ្ញាក់រឭក ៗ ដោយ​ប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅ​ក្នុង​ព្រះសង្ឃគុណ អស់កាល​ជានិច្ចទាំងថ្ងៃ ទាំងយប់ ​ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះគោតម រមែងភ្ញាក់​រឭក ៗ ដោយប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាល​ជានិច្ច ទាំងថ្ងៃ ទាំងយប់​ ជនពួកនោះ ឈ្មោះថា សាវ័ករបស់​ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ​សព្វ​កាល។

ចិត្តរបស់ពួកជនពួកណា ត្រេកអរ​ហើយ ក្នុងការ​មិនបៀត​បៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ក​របស់​ព្រះគោតម រមែង​ភ្ញាក់រឭក ៗ ដោយប្រពៃ សព្វ​កាល។

ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុង​មេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់​ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

ការចេញបួស បានដោយក្រ ការត្រេកអរ​ត្រូវ បាន​ដោយក្រ ផ្ទះ​ទាំងឡាយ មានការនៅ​គ្រប់គ្រង​ដោយ​លំបាក ជាការក្រ ការនៅ​រួមដោយ​ជនស្មើគ្នា [អាចារ្យ​ខ្លះ ប្រែថា ការនៅរួម​ដោយជន​មិនស្មើគ្នា ព្រោះបទថា ទុក្ខោសមានសំវាសោ អាច​កាត់​បទជា ទុក្ខោ + អសមានសំវាសោ យ៉ាងនេះបាន។ អដ្ឋកថា ក៏មាន​ពន្យល់​ដែរ ចំណែក​សេចក្តី បាន​សេចក្តី​ល្អទាំង ២យ៉ាង គឺ​ការមិននៅ​រួមនឹង​មនុស្ស​ស្មើគ្នា ក៏ជាការ​ក្រ នៅរួម​នឹង​មនុស្ស​មិនស្មើគ្នា ក៏ជាការក្រ។] (ដែលមិន​មានសេចក្តី​កោតក្រែង) ជាការក្រ ជនអ្នក​ដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវ​សេចក្តីទុក្ខ​ធ្លាក់​ជាប់តាម ព្រោះហេតុនោះ បុគ្គល​មិនគប្បី​ជាអ្នក​ដើរផ្លូវឆ្ងាយផង​ មិនគប្បី​ជាអ្នកត្រូវ​សេចក្តីទុក្ខ ធ្លាក់ជាប់​តាមផង។

បុគ្គលអ្នកមានសទ្ធា បរិបូរណ៌ដោយសីល ស្កប់ស្កល់​ដោយយស និង​ភោគសម្បត្តិ គប់រក​ប្រទេស​ណា ៗ គេតែង​បូជា ក្នុង​ប្រទេសនោះ ៗ។

ពួកសប្បុរស រមែងប្រាកដ​ក្នុងទីឆ្ងាយ ដូចភ្នំ​ហិមពាន្ត​ដូច្នោះ ពួក​អសប្បុរស (ទុកជា​ឋិតនៅ) ក្នុងទីជិត ​ក៏រមែង​មិនប្រាកដ ដូចព្រួញ​ដែលបុគ្គល​បាញ់ ក្នុងវេលាយប់។

បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នក​ត្រាច់ទៅ​ម្នាក់ឯង មិនជា​អ្នកខ្ជិល​ច្រអូស ជាអ្នក​ម្នាក់ឯង​ទូន្មានខ្លួន គួរជាអ្នក​ត្រេកអរ​ក្នុងព្រៃស្ងាត់។

ចប់ បកិណ្ណកវគ្គ ទី២១។

ធម្មបទគាថា និរយវគ្គ ទី២២

[៣២] អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ (អំពើអាក្រក់) ហើយ និយាយថា អញមិន​ធ្វើទេ (បុគ្គលនោះ) រមែង​ទៅកាន់​នរក ជនទាំង​ពីរនាក់ ដែល​មានអំពើ​ទាបថោក (ស្មើគ្នា) នោះ លុះលះលោក​នេះទៅហើយ រមែង​​ជាអ្នកស្មើគ្នា​ (ដោយគតិ) ក្នុងលោក​ខាងមុខ​ទៀត។

ពួកជនច្រើននាក់ ដែលមាន​កព័ន្ធព័ទ្ធ​ដោយសំពត់​កាសាវៈ តែ (ប្រព្រឹត្ត) ធម៌​ដ៏លាមក មិនបាន​សង្រួម ពួកជន​លាមក​ទាំងនោះ រមែងទៅ​កើតក្នុង​នរក ដោយសារ​កម្ម​ទាំងឡាយ​ដ៏លាមកនោះ។

បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ​ មានពណ៌​ដូចអណ្តាត​ភ្លើង ប្រសើរ​ជាង បព្វជិតទ្រុស្តសីល មិនសង្រួម​បរិភោគ​ដុំបាយ​អ្នកដែន​ នឹង​ប្រសើរ​ដូចម្តេច​បាន។

នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់​បុគ្គល​ដទៃ ​រមែងដល់​នូវហេតុ​នៃសេចក្តី​ទុក្ខ ៤ យ៉ាង គឺ​ទី ១ បានរបស់​មិនមែន​ជាបុណ្យ ទី ២ ដេកមិន​បានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក។ (ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងផ្សេងទៀត) គឺ​ បានរបស់​មិនជាបុណ្យ ១ មាន​គតិអាក្រក់ ១ តម្រេក​របស់​បុរសអ្នកខ្លាច ជាមួយ​នឹងស្ត្រី​ដែលខ្លាច​ដែរ មាន​ប្រមាណតិច ១ ព្រះរាជា នឹងដាក់​អាជ្ញា​យ៉ាងធ្ងន់ ១ ព្រោះ​ហេតុនោះ បុរស​មិនគួរ​សេពប្រពន្ធ​របស់បុគ្គល​ដទៃ​ឡើយ។

ស្បូវភ្លាំង​ ដែលបុគ្គលកាន់មិនចំណាប់​ រមែងលះដៃ យ៉ាងណាមិញ ភាពជា​សមណៈ ដែលបព្វជិត​កាន់មិនស៊ប់​សួនហើយ រមែងទាញ​បព្វជិតនោះ​ទៅនរក​ យ៉ាង​នោះឯង។

កម្មណាមួយ ដែលធូរថយក្តី​ វត្តណាមួយ​ដែលសៅហ្មង​ក្តី ព្រហ្មចរិយៈ​ដែល​បុគ្គល​រឭកដោយ​សេចក្តី​រង្កៀសក្តី កម្មទាំង ៣ នោះ ជារបស់​មិនមានផល​ច្រើនឡើយ។

បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ​ឲ្យមែនទែន គប្បីប្រឹង​ប្រែងធ្វើ​កិច្ចនោះ​ឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿង​វៀរចាក​កិលេស​ធូរថយ រមែង​រោយធូលី គឺ​រាគាទិក្កិលេស​ដល់​បុគ្គល​ដោយក្រៃលែង។

អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើ​ឲ្យក្តៅ​ក្រហាយ ក្នុងកាល​ខាងក្រោយ បុគ្គលធ្វើ​អំពើ​ណាហើយ រមែងមិន​ក្តៅក្រហាយ​ក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គល​ធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ។

នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រង​ហើយ ទាំងខាង​ក្នុង ទាំងខាង​ក្រៅ​យ៉ាងណា អ្នកទាំង​ឡាយ គួររក្សា​ខ្លួនយ៉ាង​នោះ កុំឲ្យខណៈ [ខណ-សព្ទនេះ ប្រែថា “ពេលល្អ” ចែក​ចេញជា​៤យ៉ាង​គឺ ពុទ្ធុប្បាទក្ខណោ ពេលដែល​ព្រះពុទ្ធ​បានត្រាស់ ១ មជ្ឈិមប្បទេសេ ឧបត្តិក្ខណោ ពេលដែល​សត្វកើត​ឡើងក្នុង​មជ្ឈិមប្បទេស ១ សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ពេលដែលត្រូវ​បាន​សម្មាទិដ្ឋិ ១ ឆន្នមាយតនានំ អវេកល្លក្ខណោ ពេលដែល​មិនវិកល​អាយតនៈ​ប្រាំមួយ ១។ អដ្ឋកថា។] កន្លងអ្នក​ទាំងឡាយ​បានឡើយ ព្រោះថា ជនទាំងឡាយ​ ដែលឲ្យ​ខណៈកន្លង​ហើយ រមែង​សោកស្តាយ ក្នុងនរក​មីរដេរដាស។

សត្វទាំងឡាយ​ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុ​ដែលគេ​មិនត្រូវខ្មាស រមែង​មិនខ្មាស ក្នុងហេតុ​ដែលគេ​ត្រូវខ្មាស ​សត្វទាំងនោះ​ តែងទៅ​កាន់ទុគ្គតិ។

សត្វទាំងឡាយ​ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែង​យល់​ឃើញ ក្នុងហេតុ​ដែលគេ​មិនត្រូវ​ខ្លាច ថាជាហេតុ​ដែលគេ​ត្រូវខ្លាច​ផង យល់ឃើញ​ក្នុងហេតុ​ដែលគេ​ត្រូវខ្លាច ថាជា​ហេតុដែល​គេមិន​ត្រូវខ្លាច​ផង សត្វទាំងនោះ​ តែងទៅ​កាន់ទុគ្គតិ។

សត្វទាំងឡាយ​ ដែលប្រកាន់​មិច្ឆាទិដ្ឋិ រមែង​យល់ឃើញ ក្នុងហេតុ​ដែល​ឥតទោស ថាជា​ហេតុមាន​ទោសផង យល់ឃើញ ក្នុងហេតុ​ដែល​មានទោស ថាជា​ហេតុឥត​ទោសផង សត្វទាំងនោះ តែងទៅ​កាន់ទុគ្គតិ។

សត្វទាំងឡាយ​ ដែលប្រកាន់​សម្មាទិដ្ឋិ ដឹងរបស់​មានទោស ថាជា​របស់​មានទោស​ផង ដឹង​របស់​មិនមាន​ទោស ថាជា​របស់​មិនមាន​ទោសផង សត្វទាំងនោះ តែង​ទៅកាន់​សុគតិ។

ចប់ និរយវគ្គ ទី២២។

ធម្មបទគាថា នាគវគ្គ ទី២៣

[៣៣] តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរី កាលអត់​ទ្រាំចំពោះ​ព្រួញ ដែលរបូត​ចេញ​អំពីធ្នូ ​ក្នុងសង្គ្រាម​ដូច្នោះ​ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់។ ពួកជន​តែងនាំ​វាហនៈ ដែលទូន្មាន​ហើយ ទៅ​កាន់ទីប្រជុំ ព្រះរាជា តែង​ស្តេច​ឡើងកាន់​វាហនៈ​ ដែល​ទូន្មានហើយ បណ្តាមនុស្ស​ទាំងឡាយ មនុស្សណា អត់សង្កត់​នឹងពាក្យ​ល្មើសបាន មនុស្សនោះ ជាអ្នកមាន​ខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គល​ប្រសើរបំផុត។ ពួកសេះ​អស្សតរក្តី សេះអាជានេយ្យក្តី សេះសិន្ធពក្តី ដំរីកុញ្ជរដ៏ប្រសើរក្តី ដែលបុគ្គល​ប្រៀនប្រដៅ​បានបទ​ហើយ រាប់ថា​ជាសត្វប្រសើរ បុគ្គលដែល​មានខ្លួន​ទូន្មាន​បានបទ​ហើយ ប្រសើរជាង​សត្វទាំង​អស់នោះ។

បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួន​ល្អហើយ ឈ្មោះថា​ទូន្មានហើយ ទើប​ទៅកាន់​ទិសដែល​ខ្លួនមិនធ្លាប់​ទៅ គឺព្រះនិព្វាន​បាន ពុំមែន​ដូចបុគ្គល​ទៅកាន់ទិស ដែលខ្លួន​មិន​ធ្លាប់ទៅ​ ដោយ​សារយាន​ទាំងឡាយ​នោះឡើយ។

ដំរីឈ្មោះ​ធនបាល ជាសត្វ​ចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យ​ឃាត់បាន​ដោយ​លំបាក បើ​នាយហត្ថាចារ្យ​ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះ​រឭកដល់​ព្រៃខ្ទឹងដែល​ដំរីនោះ​ធ្លាប់នៅ។

កាលណា បុគ្គលអ្នកមានសេចក្តី​ងោកងុយ​ផង អ្នក​បរិភោគ​ភោជន មានប្រមាណ​ច្រើនផង អ្នកដេក​លក់ផង អ្នកដេក​បម្រះននៀល​ផង ដូចជ្រូកស្រុក ដែល​បុគ្គល​ចិញ្ចឹម ដោយ​សូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូល​ទៅកាន់​គភ៌រឿយ ៗ។

ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ​បានត្រាច់​ទៅកាន់​ចារិក តាមអាការ ដែល​ខ្លួនប្រាថ្នា តាមអារម្មណ៍​ដែលខ្លួន​ប្រាថ្នា តាមសេចក្តី​សប្បាយ​ក្នុងថ្ងៃនេះ អញនឹង​សង្កត់សង្កិន​ចិត្តនោះ​ ដោយ​ឧបាយ ដូចហ្មដំរី​កាន់កង្វេរ សង្កត់​សង្កិន​ដំរីចុះប្រេង ដូច្នោះ​ដែរ។

អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ចូររក្សា​ចិត្ត​របស់ខ្លួន ចូររើខ្លួន​ចេញ ចាកភក់ គឺកិលេស ដែលឆ្លង​បានដោយ​កម្រ ដូចដំរី​ដែលជាប់​នៅក្នុងភក់ រើខ្លួនឲ្យ​រួចបាន។

បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញា​ជាគ្រឿង​រក្សាខ្លួន មានប្រាជ្ញា​ចងចាំ មាន​គុណធម៌​ជាគ្រឿងនៅ​ ញ៉ាំងប្រយោជន៍​ឲ្យសម្រេច ជាអ្នក​ត្រាច់ទៅ​ជាមួយ គួរជាអ្នក​មានចិត្ត​ត្រេកអរ មានស្មារតី គ្របសង្កត់​សេចក្តីអន្តរាយ​ទាំងពួង ហើយ​ត្រាច់ទៅ​ជាមួយ​នឹង​សំឡាញ់​នោះឯង។ បើស្វែងរក​មិនបាន​សំឡាញ់ ដែលមាន​ប្រាជ្ញាជា​គ្រឿង​រក្សាខ្លួន មានប្រាជ្ញា​ចងចាំ​ មានគុណធម៌​ជាគ្រឿង​ញ៉ាំងប្រយោន៍​ឲ្យសម្រេច ជាអ្នក​ត្រាច់ទៅ​ជាមួយ​ទេ​ គួរត្រាច់ទៅ​តែឯកឯង​វិញ ដូច​ព្រះរាជា​លះបង់រដ្ឋ ដែលទ្រង់​ឈ្នះហើយ ស្តេចទៅ​តែឯកអង្គ​ ពុំនោះសោត ដូចដំរី​ឈ្មោះ​មាតង្គៈ ដែលលះ​ហ្វូង ត្រាច់ទៅតែ​ឯកឯង​ក្នុងព្រៃ ដូច្នោះដែរ។

ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាត​ប្រសើរផុត (ព្រោះថា) សហាយតាគុណ រមែង​មិនមាន​ក្នុង​ជនពាល​ឡើយ បុគ្គលនោះ គប្បីជាអ្នក​មិនមាន​សេចក្តី​ខ្វល់ខ្វាយ ត្រាច់ទៅ​តែម្នាក់​ឯងផង មិនគប្បី​ធ្វើអំពើ​បាបទាំងឡាយ​ផង ​ដូចដំរី​ឈ្មោះ​មាតង្គៈ ជាសត្វ​មិនមាន​សេចក្តី​ខ្វល់ខ្វាយ លះបង់​ហ្វូង ត្រាច់ទៅ​តែឯកឯង​ក្នុងព្រៃ ដូច្នោះដែរ។

កាលបើសេចក្តីត្រូវការ កើតឡើងហើយ សំឡាញ់​ទាំងឡាយ នាំសេចក្តី​សុខមកឲ្យ សេចក្តី​ត្រេកអរ​ដោយបច្ច័យ តាមមាន​តាមបាន ជាហេតុ​នាំសេចក្តី​សុខមកឲ្យ បុណ្យ នាំសេចក្តី​សុខមកឲ្យ ក្នុងកាល​ទៀបក្ស័យ​ជីវិត ការលះបង់​ទុក្ខទាំង​អស់បាន ជាហេតុនាំ​សេចក្តី​សុខមកឲ្យ។

សេចក្តីប្រតិបត្តិល្អក្នុងមាតា នាំសេចក្តីសុខ​មកឲ្យ​ក្នុងលោក មួយទៀត សេចក្តី​ប្រតិបត្តិ​ល្អក្នុងបិតា នាំសេចក្តី​សុខមកឲ្យ សេចក្តីប្រតិបត្តិ​ល្អក្នុង​សមណៈ នាំសេចក្តី​សុខ​មកឲ្យ​ក្នុងលោក មួយទៀត សេចក្តី​ប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្តី​សុខមកឲ្យ សីល នាំសេចក្តី​សុខមកឲ្យ ដរាប​ដល់ចាស់ សទ្ធា​ដែលបុគ្គល​តម្កល់​ស៊ប់ហើយ នាំសេចក្តី​សុខមកឲ្យ ការបាន​ប្រាជ្ញា នាំសេចក្តី​សុខមកឲ្យ ការមិន​ធ្វើបាប​ទាំងឡាយ នាំសេចក្តី​សុខ​មកឲ្យ។

ចប់ នាគវគ្គ ទី២៣។​

ធម្មបទគាថា តណ្ហាវគ្គ ទី២៤

[៣៤] តណ្ហា​ តែងចំរើនដល់មនុស្សអ្នកមាន​ការប្រព្រឹត្តិ ដោយ​សេចក្តី​ប្រមាទ​ជា​ប្រក្រតី ដូចវល្លិ រួបរឹត​ដើមឈើហើយ​ ចំរើនឡើង បុគ្គលនោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ​ដូចស្វា កាលប្រាថ្នា​ផ្លែឈើ លោតទៅ​ក្នុងព្រៃ ដូច្នោះដែរ។

តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក​ ផ្សាយទៅ​ក្នុង​អារម្មណ៍ផ្សេង ៗ ក្នុងលោក គ្របសង្កត់​បុគ្គលណា សេចក្តី​សោកស្តាយ តែង​ចំរើនឡើង ដល់​បុគ្គលនោះ ដូចស្បូវ​រណ្តាស​ ដែលត្រូវ​ភ្លៀងធ្លាក់​ចុះ​ជញ្ជ្រំហើយ ពន្លក​លូតលេចឡើង ដូច្នោះដែរ។

ចំណែកជនណា គ្របសង្កត់តណ្ហា​ដ៏លាមក ក្នុងលោក ដែលគេ​ឆ្លងបាន​ដោយ​កម្រនោះ សេចក្តី​សោកស្តាយ តែងធ្លាក់​ចេញចាក​ជននោះឯង ដូចដំណក់​ទឹកដែល​ធ្លាក់​ចុះចាក​ស្លឹកឈូក ដូច្នោះដែរ។

ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ​ អ្នកទាំងឡាយ មានប៉ុន្មាន​រូប ដែល​មកប្រជុំ​ក្នុងទីនេះ សេចក្តី​ចំរើន ចូរមាន​ដល់អ្នក​ទាំងឡាយ​ទាំង​ប៉ុណ្ណោះចុះ អ្នក​ទាំងឡាយ ចូររំលើង​ឫសតណ្ហា​ចោលចេញ ដូចបុគ្គល​ត្រូវការ​ដោយ​ស្បូវភ្លាំង គាស់ស្បូវ​រណ្តាស​ចោលចេញ ដូច្នោះ។

មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹក កាច់បំបាក់​ដើមបបុស ដូច្នោះ​ឡើយ។

កាលបើឫសឈើ មិនមានសេចក្តី​អន្តរាយ នៅមាំមួនទេ ដើមឈើ​ទុកជា​កាប់ចោល​ហើយ ក៏តែងដុះ​ឡើងទៀតបាន មាន​ឧបមា​ដូចម្តេចមិញ​ កាលបើ​តណ្ហានុស័យ​ បុគ្គល កំចាត់​មិនទាន់​បានហើយ ទុក្ខ (មាន​ជាតិទុក្ខ​ជាដើម) នេះ ក៏តែង​កើតរឿយ ៗ មាន​ឧបមេយ្យ​ដូច្នោះឯង។

ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅ​ក្នុងអារម្មណ៍ ជាទីគាប់ចិត្ត​ ជាធម្មជាតិ​ក្លៀវក្លា មានដល់​បុគ្គលណា តម្រិះ​ទាំងឡាយ​ដ៏ធំ ដែល​អាស្រ័យ​នូវរាគៈ តែងនាំ​នូវទិដ្ឋិអាក្រក់ របស់​បុគ្គល​នោះ។​

ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ​ក្នុង​អារម្មណ៍​ទាំងពួង ដូចជា​វល្លិដែល​បែកខ្នែង​ឡើង តាំង​នៅដូច្នោះ បើអ្នក​ទាំងឡាយ ឃើញតណ្ហា ដូចជា​វល្លិនោះ កើតឡើង​ហើយ ចូរកាត់​ឫសចោលចេញ​ ដោយ​កាំបិត គឺបញ្ញា។

សោមនស្សទាំងឡាយ ដែលផ្សាយទៅ​ហើយ​ផង ដែល​ប្រព្រឹត្តទៅ​ដោយ​សេចក្តី​ស្រឡាញ់​ផង រមែងមាន​ដល់សត្វ ពួកសត្វនោះ​ ជាអ្នក​អាស្រ័យ​នូវសេចក្តី​រីករាយ អ្នកស្វែង​រកសេចក្តី​សុខ នរជន​ទាំងឡាយ​នោះឯង តែងឈម​ទៅរកជាតិ និងជរា។

ពួកសត្វដែលតណ្ហា ជាទីញ៉ាំង​សត្វឲ្យ​តក់ស្លុត ក្រុងទុក​ហើយ តែងរន្ធត់​ដូច​ទន្សាយ ដែល​ព្រានទាក់​បានហើយ​ដូច្នោះ ពួកសត្វ ដែលជាប់​ក្នុង​សំយោជនៈ និង​សង្គធម៌ (ធម៌ជា​គ្រឿងជំពាក់) តែងដល់​នូវសេចក្តី​ទុក្ខរឿយ ៗ អស់កាល​អង្វែង។

ពួកសត្វដែលតណ្ហា​ជាទីញ៉ាំង​សត្វឲ្យតក់ស្លុត ក្រុងទុក​ហើយ តែងរន្ធត់​ដូចទន្សាយ ដែលនាយ​ព្រាន ទាក់បាន​ហើយដូច្នោះ ព្រោះ​ហេតុនោះ ភិក្ខុកាល​ប្រាថ្នាធម៌​ជាគ្រឿង​ប្រាស​ចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោ​បង់តណ្ហា ដែលជា​គ្រឿងតក់ស្លុត​ចោល​ចេញ។

បុគ្គលណា មិនមានអាល័យ ក្នុងគិហិភាព ដូចដើមឈើ​តាំងនៅក្នុង​ព្រៃ មានចិត្ត​ចុះស៊ប់​ក្នុងព្រៃ គឺតបធម៌ ជាអ្នក​រួចស្រឡះ​ចាកព្រៃ គឺតណ្ហា ហើយស្ទុះ​ទៅរកព្រៃ គឺតណ្ហា​វិញ​ អ្នកទាំងឡាយ ចូរមើល​បុគ្គល​នោះឯង បុគ្គលនោះ រួចចាក​ចំណង គឺ​ឃរាវាស​ហើយ ស្ទុះទៅ​រកចំណង គឺឃរាវាស​វិញ។

ចំណងណា ដែលកើតអំពីដែកក្តី កើតអំពីឈើក្តី កើតអំពី​ស្មៅយាប្លង​ក្តី អ្នកប្រាជ្ញ មិនហៅ​ចំណងនោះ ថាជា​ចំណង​មាំមួន​ឡើយ។

ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណី និងកុណ្ឌល​ទាំងឡាយក្តី ​សេចក្តី​អាឡោះ​អាល័យកូន និងប្រពន្ធ​ទាំងឡាយក្តី អ្នកប្រាជ្ញ​ទាំងឡាយ ហៅសេចក្តី​ត្រេកអរ និង​សេចក្តី​អាឡោះ​អាល័យនោះ ថាជា​ចំណង​មាំមួន ជាចំណង​នាំចុះ​ (ទាញ​សត្វទំលាក់​ទៅក្នុង​អបាយ) ជាចំណង​ធូរទេ ប៉ុន្តែ​សត្វស្រាយ​បានដោយ​កម្រ អ្នកប្រាជ្ញ​ទាំងឡាយ កាត់​ចំណងនោះ​ចេញ ជាអ្នក​មិនមាន​សេចក្តី​អាឡោះអាល័យ លះបង់​កាមសុខ ហើយ​ចេញបួស។

ពួកជនណា ត្រេកអរដោយអំណាច​រាគៈ ពួកជននោះ តែងធ្លាក់​ចុះកាន់​ខ្សែតណ្ហា ដូច​ពីងពាង​ទម្លាក់ខ្លួន​ចុះកាន់​សំណាញ់ ដែលធ្វើ​ហើយ​ដោយ​ខ្លួនឯង អ្នកប្រាជ្ញ​ទាំង​ឡាយ តែងកាត់​ខ្សែតណ្ហា​នោះ ជាអ្នក​មិនមាន​សេចក្តី​អាឡោះ​អាល័យ លះទុក្ខ​ទាំងពួង​ ចេញ​ទៅ។

អ្នកចូរដោះ (សេចក្តីអាល័យ) ក្នុងកាលមុន​ចេញ ចូរដោះ (សេចក្តីអាល័យ) ក្នុងខាង​ក្រោយចេញ ចូរដោះ (សេចក្តី​អាល័យ) ក្នុងកាល​ជាកណ្តាល​ចេញ (កាលបើ​ធ្វើយ៉ាង​នេះ) អ្នកនឹង​ដល់ត្រើយ​នៃភព នឹង​មានចិត្ត​រួចស្រឡះ ចាក​សង្ខតធម៌​ទាំងពួង មិនត្រូវ​ទៅកាន់​ជាតិ និងជរា​ទៀតឡើយ។

តណ្ហា រមែងចំរើនក្រៃលៃង ដល់ជន​ដែលវិតក្កៈ​ញាំញី មាន​តម្រេក​ក្លៀវក្លា យល់​ឃើញ​អារម្មណ៍​ថាល្អ បុគ្គលនោះ​ឯង ឈ្មោះថា​ធ្វើចំណង​ឲ្យមាំមួន។ លុះតែ​បុគ្គលណា ត្រេកអរ​ក្នុង​អសុភជ្ឈាន ដែលជា​ហេតុឲ្យ​ស្ងប់រម្ងាប់​នូវវិតក្កៈ មានស្មារតី​សព្វកាល តែង​ចំរើន​អសុភជ្ឈាន បុគ្គលនោះ​ឯង នឹងធ្វើ​តណ្ហាឲ្យ​អស់ទៅ​បាន បុគ្គល​នោះឯង ទើប​ឈ្មោះថា កាត់ចំណង​មារបាន។

បុគ្គលណា ដល់សេចក្តីសម្រេច គឺអរហត្ត ជាអ្នក​មិនតក់ស្លុត មិនមាន​តណ្ហា មិនមាន​កិលេស​ដូចទីទួល​ បានកាត់​កូនសរ គឺកិលេស ជាហេតុ​ញ៉ាំងសត្វ​ឲ្យទៅ​កាន់ភព​បាន​ហើយ កាយដែល​ឆ្អឹង ៣០០ កំណាត់​ផ្គុំគ្នា​ហើយនេះ របស់​បុគ្គល​នោះ ឈ្មោះថា តាំងនៅ​ក្នុងទី​បំផុត។

បុគ្គលណា មិនមានតណ្ហា មិនមាន​សេចក្តី​ប្រកាន់មាំ ជាអ្នក​ឈ្លាស ក្នុងនិរុត្តិ (វាចាជា​គ្រឿង​សំដែង​ចេញ) និងបទ​ដ៏សេស ដឹងច្បាស់​ នូវប្រជុំ​នៃអក្ខរៈ​ទាំងឡាយផង នូវខាង​ដើម និងខាង​ចុង​នៃអក្ខរៈ​ទាំងឡាយ​ផង បុគ្គលនោះឯង តថាគត​ហៅថា អ្នកមាន​សរីរៈ​ឋិតនៅ​ក្នុងទីបំផុត មាន​បញ្ញាច្រើន ជា​មហាបុរស។​

តថាគតជាអ្នកគ្របសង្កត់​តេភូមិកធម៌​ទាំងអស់ ដឹងច្បាស់​ចតុព្ភូមិកធម៌​ទាំងអស់ មាន​ចិត្តមិន​បានជាប់​នៅ ក្នុង​តេភូមិកធម៌​ទាំងអស់ លះបង់​តេភូមិកធម៌​ទាំងអស់ មានចិត្ត​រួច​ស្រឡះ ព្រោះ​អស់តណ្ហា បើតថាគត​ត្រាស់ដឹង​ធម៌ ដោយខ្លួន​ឯងហើយ ចាំបាច់​យកអ្នក​ណា​ជា​គ្រូអាចារ្យ​ទៀត។

ធម្មទាន ឈ្នះអាមិសទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្តីត្រេកអរ​ក្នុងធម៌ ឈ្នះសេចក្តី​ត្រេកអរ​ទាំងពួង ការអស់​តណ្ហា​ ឈ្នះទុក្ខ​ទាំងពួង។

ភោគៈទាំងឡាយ រមែងសម្លាប់បុគ្គល​អ័ប្បប្រាជ្ញា ប៉ុន្តែមិន​សម្លាប់​បុគ្គលអ្នក​ស្វែង​រក​ត្រើយ គឺព្រះនិព្វាន​ទេ ឯបុគ្គល​អ័ប្បប្រាជ្ញា រមែង​សម្លាប់ខ្លួន​ឯង ដូចជា​សម្លាប់​បុគ្គល​ដទៃ ព្រោះចំណង់​ក្នុងភោគៈ។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វ​លោកនេះ មានរាគៈ​ជាទោស ព្រោះ​ហេតុ​នោះ ទានដែល​បុគ្គល​ឲ្យហើយ ដល់អ្នក​មានរាគៈ​អស់ហើយ រមែងជា​ទានមាន​ផលច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វ​លោកនេះ មានទោសៈ​ជាទោស ព្រោះហេតុ​នោះ ទានដែល​បុគ្គលឲ្យ​ហើយ ដល់អ្នក​មានទោសៈ​អស់ហើយ រមែង​ជាទាន​មានផល​ច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វ​លោកនេះ មានមោហៈ​ជាទោស ព្រោះហេតុ​នោះ​ ទានដែល​បុគ្គល​ឲ្យហើយ ដល់អ្នក​មានមោហៈ​អស់ហើយ រមែង​ជាទាន​មានផល​ច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វ​លោកនេះ មាន​សេចក្តី​ច្រណែន ជា​ទោស ព្រោះ​ហេតុនោះ ទានដែល​បុគ្គល​ឲ្យហើយ ដល់អ្នក​មាន​សេចក្តី​ច្រណែន​អស់ហើយ រមែង​ជាទាន​មានផល​ច្រើន។

ចប់ តណ្ហាវគ្គ ទី២៤។

ធម្មបទគាថា ភិក្ខុវគ្គ ទី២៥

[៣៥] ការសង្រួមភ្នែកប្រពៃ ការសង្រួម​ត្រចៀក​ប្រពៃ ការ​សង្រួម​ច្រមុះប្រពៃ ការសង្រួម​អណ្តាត​ប្រពៃ ការ​សង្រួម​កាយ​ប្រពៃ ការ​សង្រួម​វាចាប្រពៃ ការ​សង្រួម​ចិត្ត​ប្រពៃ ការសង្រួម​ទាំងអស់​ប្រពៃ ភិក្ខុ​សង្រួមហើយ​ក្នុងទ្វារ​ទាំងអស់ តែងរួច​ស្រឡះ​ចាកទុក្ខ​ទាំងពួងបាន។​

ជនណា​ សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព​ជាអ្នក​ត្រេកអរក្នុង​ការចំរើន​កម្មដ្ឋាន​ដែលមាន​ក្នុងខ្លួន ជាអ្នក​មានចិត្ត​តម្កល់មាំ ជាអ្នក​នៅឯកឯង តែងមាន​ចិត្តត្រេកអរ​ក្នុងធម៌ បណ្ឌិត​ទាំងឡាយ​ហៅជន​នោះថា ភិក្ខុ។

ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយ​បញ្ញា មានចិត្ត​មិន​រាយមាយ សំដែង​អត្ថផង ធម៌ផង​បាន ភាសិត​របស់​ភិក្ខុនោះ​ទើបឈ្មោះ​ថាពីរោះ។

ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរ​ហើយ​ក្នុងធម៌ ពិចារណាធម៌ រឭកធម៌​រឿយ ៗ រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម​ឡើយ។

ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន (ដែល​កើតឡើង​ដោយធម៌) មិន​គប្បី​ប្រព្រឹត្ត​ចង់បាន​លាភរបស់​ភិក្ខុដទៃ បើ​ចង់បាន​លាភរបស់​ភិក្ខុដទៃ រមែង​មិនបាន​សមាធិ​ឡើយ។ បើភិក្ខុ​សូម្បីមាន​លាភតិច​ មិនមើល​ងាយ​លាភរបស់​ខ្លួន ទេវតា និងមនុស្ស​ទាំងឡាយ តែង​សរសើរ​ភិក្ខុនោះឯង ដែលជា​អ្នកមាន​ព្យាយាម​ជាគ្រឿង​អាស្រ័យ​រស់នៅ​ដោយ​បរិសុទ្ធិ ជាអ្នក​មិនខ្ជិល​ច្រអូស។

បុគ្គលណា មិនមានសេចក្តីប្រកាន់ក្នុងនាម និងរូប ថាជា​របស់​អញ ​ដោយ​ប្រការ​ទាំងពួង មួយទៀត បុគ្គលណា មិនសោក​ស្តាយ ព្រោះនាម និងរូប​ដែល​មិនមាន​ បុគ្គល​នោះឯង តថាគត​ហៅថា ភិក្ខុ។

ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា ភិក្ខុនោះ រមែង​បានបទ​ដ៏ស្ងប់ ជាទី​រម្ងាប់​នូវសង្ខារ នាំ​មកនូវ​សេចក្តី​សុខ។

ម្នាលភិក្ខុ ចូរអ្នកស្តារទូក គឺអត្តភាព​នេះ ទូកដែល​អ្នកស្តារ​ហើយ នឹង​ដល់ត្រើយ​ឆាប់ អ្នក​កាត់រាគៈ និងទោសៈ​បានហើយ​អំពីនោះ នឹងអាច​ដល់នូវ​ព្រះនិព្វាន។

ភិក្ខុគប្បីកាត់​ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់​ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បី​ចំរើន​ឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នក​កន្លង​កិលេស​ជាគ្រឿង​ចំពាក់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ ) បានហើយ​ ទើប​តថាគត​ហៅថា អ្នកឆ្លង​អន្លង់បាន។

ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរកុំជាអ្នក​ប្រមាទ​ផង ចិត្តរបស់អ្នក ចូរកុំ​វិលទៅរក​កាមគុណ​ឡើយ អ្នកចូរ​កុំប្រមាទ ទំពាស៊ី​នូវដុំលោហៈ កុំឲ្យ​ជាអ្នក​កាលភ្លើង​ឆេះហើយ កន្ទក់​កន្ទេញ​ថា នេះទុក្ខ ដូច្នេះ​ឡើយ។

ការពិនិត្យមិនមានដល់បុគ្គល​អ្នកមិន​មាន​ប្រាជ្ញា ប្រាជ្ញា​មិនមាន​ដល់​បុគ្គល​អ្នកមិន​ពិនិត្យ ការពិនិត្យ និងប្រាជ្ញា មានក្នុង​បុគ្គល​ណា បុគ្គល​នោះឯង ឈ្មោះថា ឋិតនៅ​ក្នុងទី​ជិតនៃ​ព្រះនិព្វាន។

សេចក្តីត្រេកអរ ដែលមិនមែនជា​របស់​មនុស្ស រមែងមាន​ដល់ភិក្ខុ​អ្នកចូល​ទៅកាន់​ផ្ទះ​ស្ងាត់ អ្នក​មានចិត្ត​រម្ងាប់ អ្នកឃើញ​ធម៌ដោយ​ប្រពៃ។

ភិក្ខុពិចារណាការកើតឡើង និងការវិនាស​ខន្ធ​ទាំងឡាយ ក្នុង​កាលណា ក្នុងកាល​នោះ ភិក្ខុនោះ រមែង​បានបីតិ និង​បាមោជ្ជៈ បីតិ និងបាមោជ្ជៈ​នោះ ឈ្មោះថា​ជា​អមតធម៌ របស់​បណ្ឌិត​អ្នកដឹង​ធម៌​ទាំងឡាយ​។

គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្តី​សន្តោស ១ ការសង្រួម​ក្នុង​បាតិមោក្ខ ១ ជាខាង​ដើមនៃ​ព្រះនិព្វាននោះ តែងមាន​ដល់ភិក្ខុ​អ្នកមាន​បញ្ញាក្នុង​សាសនា​នេះ (ម្នាលភិក្ខុ) អ្នក​ចូរគប់​រក​កល្យាណមិត្ត អ្នកមាន​ព្យាយាម​ជាគ្រឿង​រស់ដោយ​បរិសុទ្ធិ ជាអ្នក​មិនខ្ជិល​ច្រអូស។

ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នក​ឈ្លាសក្នុង​អាចារៈ ព្រោះហេតុ​ទាំងពីរ​នោះ អ្នកនឹង​មាន​បាមោជ្ជៈ​ច្រើន នឹងធ្វើ​ទីបំផុត​ទុក្ខបាន។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈ​ចេញ ដូចម្លិះ​ជំរុះ​ផ្កាម្លិះ​ទាំងឡាយ ដែល​ស្វិតហើយ ដូច្នោះ។

ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចា​រម្ងាប់ហើយ មាចិត្ត​រម្ងាប់ហើយ មានចិត្ត​តម្កល់​មាំហើយ មាន​អាមិសៈ​ក្នុងលោក​ខ្ជាក់ចោល​ហើយ ទើប​តថាគត​ហៅថា អ្នកស្ងប់​រម្ងាប់។

អ្នកចូរដាស់តឿនខ្លួនដោយខ្លួនឯង ចូរពិនិត្យ​ខ្លួនដោយ​ខ្លួនឯង ម្នាលភិក្ខុ អ្នកនោះ​បើមាន​ស្មារតី រក្សា​ខ្លួនទុក​ហើយ នឹងនៅ​ជាសុខ។

មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង​ជាគតិ​របស់​ខ្លួន ព្រោះ​ហេតុនោះ អ្នកចូរ​រវាំង​ខ្លួន ដូច​ពាណិជ​រវាំងសេះ​ដ៏ល្អ។

ភិក្ខុអ្នកក្រាស់ដោយសេចក្តីរីករាយ ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា រមែងបាន​នូវបទ​ដ៏ស្ងប់ ជាទី​រម្ងាប់នូវ​សង្ខារ នាំមក​នូវសេចក្តី​សុខ។

ភិក្ខុណានៅកម្លោះ ប្រឹងប្រែង​ក្នុង​ព្រះពុទ្ធសាសនា ភិក្ខុនោះ រមែង​ញ៉ាំងលោក​នេះឲ្យ​ភ្លឺស្វាង​បាន ដូចព្រះចន្ទ​ដែលរះ​ផុតអំពី​ពពក។

ចប់ ភិក្ខុវគ្គ ទី២៥។

ធម្មបទគាថា ព្រាហ្មណវគ្គ ទី២៦

[៣៦] ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់​តណ្ហា​ដូចខ្សែទឹក ចូរ​បន្ទោបង់​កាម​ទាំងឡាយ​ចេញ ម្នាល​ព្រាហ្មណ៍ អ្នកស្គាល់​ច្បាស់នូវ​ការអស់​សង្ខារ​ទាំងឡាយ​ហើយ ឈ្មោះថា ជាអ្នក​ដឹង​ព្រះនិព្វាន​ដែល​បច្ច័យតាក់​តែងមិនបាន។

កាលណា​ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរ​ប្រការ គឺសមថធម៌ និង​វិបស្សនាធម៌ ក្នុងកាល​ណោះ កិលេស គ្រឿងប្រកប​សត្វទុក​ទាំងអស់​របស់​ព្រាហ្មណ៍ អ្នក​ដឹងនោះ រមែង​ដល់នូវ​ការតាំង​នៅ​មិនបាន។

ត្រើយក្តី ទីមិនមែន​ត្រើយក្តី ត្រើយ និងទីមិន​មែនត្រើយ​ក្តី មិនមាន​ដល់បុគ្គល​ណា (សេចក្តី​ប្រកាន់​អាយតនៈ​មិនមាន​ដល់​បុគ្គលណា) តថាគត​ហៅបុគ្គល​នោះ ដែល​ជាអ្នក​មានសេចក្តី​ក្រវល់ក្រវាយ​អស់​ហើយ ជាអ្នក​ប្រាសចាក​កិលេស ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គលអ្នកចំរើនឈាន មានធូលី គឺកាម​អស់ហើយ អ្នកអង្គុយ​នៅឯក​ឯង អ្នកមាន​សោឡសកិច្ច​ធ្វើស្រេច​ហើយ មិនមាន​អាសាវៈ ​ដល់នូវ​ប្រយោជន៍​ដ៏ខ្ពង់ខ្ពស់ ដោយ​លំដាប់​ហើយនោះ ថាជា​ព្រាហ្មណ៍។

ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុង​វេលាយប់ ក្សត្រទ្រង់​ប្រដាប់​ពេញ​យសហើយ រមែង​រុងរឿង សមណ​ព្រាហ្មណ៍​អ្នកមាន​ឈាន រមែង​រុងរឿង ឯព្រះ​សម្ពុទ្ធ រមែង​រុងរឿង​ដោយ​តេជះ​រហូតថ្ងៃ និងយប់​ទាំងអស់។

អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា​ព្រាហ្មណ៍ អ្នកដែល​តថាគត​ហៅថា​សមណៈ ព្រោះការ​ប្រព្រឹត្តិ​រម្ងាប់ អ្នកដែល​បណ្តេញ​មន្ទិល​នៃខ្លួន ហេតុនោះ​ទើប​តថាគត​ហៅថា បព្វជិត។

ព្រាហ្មណ៍ មិនគប្បីប្រហារ​ព្រាហ្មណ៍ទេ (ចំណែក) ព្រាហ្មណ៍ (ដែលត្រូវ​គេប្រហារ​ហើយ) មិន​គប្បីចង​ពៀរ​ចំពោះ​ព្រាហ្មណ៍​នោះ តថាគត​តិះដៀល​ព្រាហ្មណ៍ ដែល​ប្រហារ​ព្រាហ្មណ៍ ព្រាហ្មណ៍​ណា ចងពៀរ​ចំពោះ​ព្រាហ្មណ៍​នោះ តថាគតតិះ​ដៀល​ព្រាហ្មណ៍នោះ ក្រៃលែង​ជាងនោះ​ទៅទៀត។

ការហាមឃាត់ចិត្ត ចាកអារម្មណ៍​ជាទី​ស្រឡាញ់ របស់​ព្រាហ្មណ៍​នោះ មិនមែន​ប្រសើរ​បន្តិច​បន្តួចទេ ចិត្ត​ដែលគិត​បៀតបៀន​គេ ងាកចេញ​ចាក​វត្ថុណា ៗ សេចក្តី​ទុក្ខព្រោះ​វត្ថុ​នោះ ៗ ក៏រម្ងាប់​ទៅបាន។

អំពើអាក្រក់ ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់​បុគ្គលណា មិនមានទេ តថាគត​ហៅបុគ្គល ដែល​បានសង្រួម​ដោយ​ឋានទាំង ៣ នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែង​ហើយ អំពី​សំណាក់​គ្រូណា គប្បី​នមស្ការ​គ្រូនោះ​ដោយ​គោរព ដូចព្រាហ្មណ៍​ដែលគោរព​បូជាភ្លើង​ដូច្នោះដែរ។

បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រ​ក៏មិនមែន ព្រោះជាតិ ក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុង​បុគ្គលណា បុគ្គលនោះ​ឈ្មោះថា អ្នក​ស្អាតផង​ បុគ្គលនោះ​ឈ្មោះថា ព្រាហ្មណ៍ផង។

នែអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមាន​ប្រយោជន៍​អ្វី ដោយការ​​ទុកផ្នួងសក់ អ្នកមាន​ប្រយោជន៍​អ្វី ដោយការ​ទ្រទ្រង់​សំពត់​ស្បែកខ្លា បើ​សន្តានខាង​ក្នុងរបស់អ្នក សឹង​សាំញ៉ាំ​ដោយ​រាគាទិក្កិលេស អ្នកឈ្មោះ​ថាដុសខាត់​តែកាយ​ខាងក្រៅទេ។

តថាគតហៅបុគ្គលអ្នកទ្រទ្រង់​សំពត់​បំសុកូល មានកាយ​ស្គម មានខ្លួន​រវាមដោយ​សរសៃ ជាបុគ្គល​ឯកឯង ចំរើន​ឈានក្នុង​ព្រៃនោះ ថាជា​ព្រាហ្មណ៍។

តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើត​ក្នុងផ្ទៃ​នៃព្រាហ្មណី​ជាមាតា ថាជា​ព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែ​បាននាមថា ភោវាទី (អ្នកពោល​ថាចំរើន) ព្រោះ​បុគ្គល​នោះឯង ជាអ្នក​មានកិលេស​គ្រឿងកង្វល់​នៅឡើយ តថាគត​ហៅបុគ្គល​អ្នក​មិនមាន​កិលេស​គ្រឿង​កង្វល់ អ្នកមិនមាន​សេចក្តី​ប្រកាន់​មាំនោះឯង ថាជា​ព្រាហ្មណ៍។

បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគត​ហៅបុគ្គល​នោះ ដែលគ្មាន​កិលេសជា​គ្រឿងចំពាក់ អ្នករួច​ស្រឡះ​ចាកកិលេស ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គលដែលកាត់​សេចក្តី​ក្រោធ​ដូចពួរផង កាត់​តណ្ហា​ដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទីត ព្រមទាំង​អនុស័យ ដូចអ្នក​ដើរតាម​ផង អ្នកមាន​អវិជ្ជា ដូច​សសរខឿន ដកចោល​ហើយ អ្នកត្រាស់​ដឹងសច្ចៈ ៤ នោះឯង ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនប្រទូស្ត អត់សង្កត់​ពាក្យជេរ​ផង ការបៀតបៀន និងការ​ចងផងបាន ទើប​តថាគត​ហៅបុគ្គល​ដែលមាន​ខន្តិ​ជាពលៈ មានខន្តិ​ជារេហ៍​ពល​នោះឯង ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គល ដែលមិនមានសេចក្តី​ក្រោធ មាន​ធុតង្គវត្ត មាន​ចតុប្បារិសុទ្ធិសីល មិនមាន​តណ្ហា​គ្រឿងប៉ោង​ចិត្ត មានឥន្ទ្រិយ​ទូន្មានហើយ មាន​សរីរៈ​ឋិតនៅ​ក្នុងទី​បំផុត​នោះ ថាជាព្រាហ្មណ៍។

បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាម​ទាំងឡាយ ដូចទឹក​លើស្លឹក​ឈូក ឬដូចគ្រាប់​ស្ពៃលើចុង​ដែកស្រួច តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់​នូវការ​អស់ទុក្ខ​របស់ខ្លួន តថាគត​ហៅ​បុគ្គលនោះ ដែលមាន​ខន្ធភារៈ ដាក់ចុះ​ហើយ ដែលរួច​ស្រឡះ​ចាកកិលេស​ទាំងឡាយ ថាជា​ព្រាហ្មណ៍។

តថាគតហៅ បុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញា​ជាគ្រឿង​ទំលាយ​កិលេស អ្នកឈ្លាស​ក្នុងផ្លូវ និងមិន​មែនផ្លូវ បាន​សម្រេច​ប្រយោជន៍​ដ៏ខ្ពង់ខ្ពស់​នោះ ថាជា​ព្រាហ្មណ៍។

តថាគតហៅ បុគ្គលដែលមិនច្រឡំ​ដោយជន​ទាំងឡាយ ពីរពួក​ គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នក​ត្រាច់ទៅ​ដោយមិន​មានសេចក្តី​អាល័យ មានសេចក្តី​ប្រាថ្នា​តិចនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ​ ដែលនៅ​តក់ស្លុតក្តី ដែល​មាំមួន គឺមិនមាន​តក់ស្លុត​ក្តី មិនបៀត​បៀនដោយ​ខ្លួនឯង មិនប្រើ​គេឲ្យ​បៀតបៀន តថាគត​ហៅ​បុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួក​ជនដែល​ខឹងហើយ អ្នករំលត់​ចំពោះ​ពួកជន​ដែលមាន​អាជ្ញា​ក្នុងខ្លួន អ្នកមិន​មានសេចក្តី​ប្រកាន់ ចំពោះ​ពួកជន​ដែលមាន​សេចក្តី​ប្រកាន់​នោះ ថាជា​ព្រាហ្មណ៍។

រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គល​ណា បានជម្រុះ​ចេញហើយ ដូចគ្រាប់​ស្ពៃដែល​ជ្រុះចុះ​អំពីចុង​ដែលស្រួច តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជា​ហេតុឲ្យ​ដឹងសេចក្តី​បាន ជាពាក្យពិត ជាពាក្យ​ដែលមិន​ធ្វើអ្នក​ណា​ឲ្យទាស់ចិត្ត តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេ​មិនបាន​ឲ្យហើយ ក្នុងលោក​នេះ តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។

អ្នកណា មិនមានសេចក្តីប្រាថ្នាក្នុលោក​នេះផង ក្នុងលោក​ខាងមុខផង តថាគត​ហៅ​បុគ្គលនោះ ដែល​មិនមាន​សេចក្តី​ប្រាថ្នា ដែលផុត​ស្រឡះ​ចាកកិលេស ថាជា​ព្រាហ្មណ៍។

អ្នកណា មិនមានសេចក្តីអាល័យគឺតណ្ហា មិនមាន​សេចក្តី​សង្ស័យ​ក្នុងអ្វី​សោះ ព្រោះ​ដឹងច្បាស់​ធម៌ តថាគត​ហៅបុគ្គល​នោះ ដែលមាន​ចិត្តចុះ​ស៊ប់កាន់​ព្រះនិព្វាន ដែល​មាន​ព្រះអរហត្ត​ផល​ដល់ហើយ ដោយ​លំដាប់ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និងបាប​ទាំង ២ និង​កិលេស​ជាគ្រឿង​ចំពាក់ (មានរាគៈ​ជាដើម) ចេញ​ហើយ តថាគត​ហៅបុគ្គល​នោះ ដែលជា​អ្នកមិន​មាន​សេចក្តី​សោក មានធូលី គឺកិលេស​អស់ហើយ ជាអ្នក​បរិសុទ្ធ ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គល ដែលមិនមាន​សេចក្តី​សៅហ្មង ដូច​ព្រះចន្ទ្រ​ប្រាសចាក​មន្ទិល ជាអ្នក​បរិសុទ្ធ មានចិត្ត​ជ្រះថ្លា មិនកករ​ល្អក់ អស់សេចក្តី​ត្រេកអរ​ក្នុងភព​ហើយនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និងភក់​ដែលគេឆ្លង​បានដោយ​កម្រ គឺកិលេស និង​សង្សារវដ្ដ និងមោហៈ​ទាំងនេះបាន ជាអ្នកឆ្លង​អន្លង់ទាំង ៤ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នក​មានឈាន មិនញាប់​ញ័រដោយ​តណ្ហា មិនមាន​សេចក្តី​សង្ស័យ មិនប្រកាន់​មាំ ជាអ្នក​រលត់​កិលេស​ហើយ តថាគត​ហៅបុគ្គល​នោះ ថាជា​ព្រាហ្មណ៍។​

បុគ្គលណា ក្នុងលោកនេះ បានលះបង់​កាម​ទាំងឡាយ ជាអ្នក​មិនមាន​ផ្ទះ គេច​ចេញចាក​កាមបាន តថាគត​ហៅបុគ្គល​នោះ ដែលអស់​កាមភព​ហើយ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ​ បានលះបង់តណ្ហា​ហើយ ជាអ្នក​មិនមានផ្ទះ គេចចេញ​ចាក​តណ្ហា​បាន តថាគត​ហៅបុគ្គល ដែល​អស់តណ្ហា និងភព​ហើយនោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជា​របស់​មនុស្ស កន្លង​កិលេស​ជាគ្រឿង​ប្រកប ដែលជា​របស់ទិព្វ​បានហើយ តថាគត​ហៅបុគ្គល​ដែលផុត​ស្រឡះ​ចាក​កិលេស ជាគ្រឿង​ប្រកប​ទាំងពួង​នោះ ថាជា​ព្រាហ្មណ៍។

តថាគតហៅបុគ្គល ដែលលះបង់​សេចក្តី​ត្រេកអរ ក្នុង​កាមគុណ និងមិន​ត្រេកអរ​ក្នុង​កិរិយា​នៅក្នុងព្រៃ ជាអ្នក​មានចិត្ត​ត្រជាក់​ មិនមាន​ឧបក្កិលេស​គ្របសង្កត់​លោក​ទាំងពួង មានសេចក្តី​ព្យាយាម​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា ដឹងច្បាស់ចុតិ និងបដិសន្ធិ​របស់ពួកសត្វ ដោយអាការ​ទាំងពួង​បាន តថាគត ហៅបុគ្គល​ដែលជាអ្នក​មិនជាប់​នៅក្នុងកាម អ្នកមាន​ដំណើរល្អ ដោយ​សេចក្តី​ប្រតិបត្តិ អ្នកត្រាស់​ដឹងនូវសច្ចៈ ៤ នោះ ថាជា​ព្រាហ្មណ៍។

ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹង​គតិ របស់​បុគ្គលណា តថាគត​ហៅ​បុគ្គល ដែលជា​អ្នកមាន​អាសវៈ​អស់ហើយ ជា​ព្រះអរហន្ត​នោះ ថាជា​ព្រាហ្មណ៍។

បុគ្គលណា មិនមានសេចក្តីកង្វល់ ក្នុងកាល​មុនផង ក្នុងកាល​ជាខាង​ក្រោយផង ក្នុង​កាលជា​កណ្តាល​ផង តថាគត​ហៅបុគ្គល​ ដែល​ជាអ្នកមិន​មានកង្វល់ មិនមាន​សេចក្តី​ប្រកាន់នោះ ថាជា​ព្រាហ្មណ៍។

តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែង​រកគុណដ៏ធំ ឈ្នះមារ មិនមាន​កិលេស​ជាគ្រឿង​ញាប់ញ័រ ងូតលាង​កិលេស ត្រាស់​ដឹងសច្ចៈ​នោះ ថាជា​ប្រាហ្មណ៍។

បុគ្គលណា ដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់​នៅ​អាស្រ័យ ក្នុងកាល​មុនផង ឃើញ​ច្បាស់​ឋានសួគ៌ និង​អបាយភូមិ​ផង មួយទៀត បាន​សម្រេចធម៌​ជាគ្រឿង​អស់ជាតិ ជាអ្នក​ប្រាជ្ញ ស្រេចកិច្ច​ហើយ ព្រោះអភិញ្ញា តថាគត​ហៅបុគ្គល ដែលជា​អ្នកប្រព្រឹត្ត ព្រហ្មចរិយធម៌​ចប់សព្វគ្រប់​ហើយនោះ ថាជា​ព្រាហ្មណ៍។

ចប់ ព្រាហ្មណវគ្គ ទី២៦។

ឧទ្ទាន នៃធម្មបទគាថា គឺ

[៣៧] សំដែងអំពីយមកវគ្គ ១ អប្បមាទវគ្គ ១ ចិត្តវគ្គ ១ បុប្ផវគ្គ ១ ពាលវគ្គ ១ បណ្ឌិតវគ្គ ១ អរហន្តវគ្គ ១ សហស្សវគ្គ ១ បាបវគ្គ ១ ទណ្ឌវគ្គ ១ ត្រូវជា ១០ វគ្គ។

ជរាវគ្គ ១ អត្តវគ្គ ១ លោកវគ្គ ១ ពុទ្ធវគ្គ ១ សុខវគ្គ ១ បិយវគ្គ ១ កោធវគ្គ ១ មលវគ្គ ១ ធម្មដ្ឋវគ្គ ១ មគ្គវគ្គ ១ រួមនឹង​វគ្គខាងដើម ត្រូវជា ២០វគ្គ។

បកិណ្ណកវគ្គ ១ និរយវគ្គ ១ នាគវគ្គ ១ តណ្ហាវគ្គ ១ ភិក្ខុវគ្គ ១ ព្រាហ្មណវគ្គ ១ បូករួម​ត្រូវជា ២៦ វគ្គ ដែល​ព្រះអាទិច្ចពន្ធុ​ទ្រង់សំដែង​ទុកហើយ។

ក្នុងយមកវគ្គ មាន ២០ គាថា ​ក្នុងអប្បមាទវគ្គ មាន ១២ ​គាថា ក្នុង​ចិត្តវគ្គ មាន ១១ គាថា ក្នុងបុប្ផវគ្គ មាន​ ១៦ គាថា ក្នុងពាលវគ្គ មាន ១៧ គាថា ក្នុង​បណ្ឌិតវគ្គ មាន ១៤ គាថា ក្នុង​អរហន្តវគ្គ មាន ១០ គាថា ក្នុង​សហស្សវគ្គ មាន ១៦ គាថា ក្នុង​បាបវគ្គ មាន ១៣ គាថា ក្នុង​ទណ្ឌវគ្គ មាន ១៧ គាថា ក្នុង​ជរាវគ្គ​ មាន ១១ គាថា ក្នុង​អត្តវគ្គ មាន ១២ គាថា ក្នុង​លោកវគ្គ មាន ១២ គាថា ក្នុង​ពុទ្ធវគ្គ មាន ១៦ គាថា ក្នុង​សុខវគ្គ និង​បិយវគ្គ មាន ១២ គាថា ដូចគ្នា ក្នុង​កោធវគ្គ មាន ១៤ គាថា ក្នុង​មលវគ្គ មាន ២១ គាថា ក្នុង​ធម្មដ្ឋវគ្គ មាន ១៧ គាថា ​ក្នុង​មគ្គវគ្គ មាន ១៦ គាថា ​ក្នុង​បកិណ្ណកវគ្គ មាន ១៦ គាថា ក្នុង​និរយវគ្គ និង​នាគវគ្គ មាន ១៤ គាថា ដូចគ្នា ក្នុង​តណ្ហាវគ្គ មាន ២២​ គាថា ក្នុង​ភិក្ខុវគ្គ មាន ២៣ គាថា ក្នុង​ព្រាហ្មណវគ្គ​ដ៏ឧត្តម មាន ៤០ គាថា។ ៤២៣ គាថា​ដទៃទៀត ព្រះអាទិច្ចពន្ធុ ទ្រង់សំដែង​ទុកហើយ ក្នុង​ធម្មបទនិបាត។

ចប់ ធម្មបទ។

សុត្តន្តបិដក ខុទ្ទកនិកាយ

ឧទាន

សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ពោធិវគ្គ ទី១

១. បឋមពោធិសូត្រ

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់​ដឹងជា​ដម្បូង ទ្រង់គង់​នៅក្បែរ​គល់​ពោធិព្រឹក្ស ​ទៀបឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។

សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយ​បល្ល័ង្ក​តែមួយ សោយ​វិមុត្តិសុខ អស់ ១ សប្តាហ៍ (៧ថ្ងៃ)។ លុះអំណើះ​សប្តាហ៍​នោះហើយ ព្រះមានព្រះភាគ ទ្រង់ចេញ​អំពី​សមាធិ​នោះ ទ្រង់រំពឹង​ក្នុង​ព្រះហ្ឫទ័យ​ចំពោះ​បដិច្ចសមុប្បាទធម៌ ជាអនុលោម គឺ​ពិចារណា​បណ្តោយ អស់​រាត្រី​បឋមយាម ដោយ​ប្រពៃថា កាលបើ​បច្ច័យ [ពាក្យថា បច្ច័យ​ជាពាក្យ​ផ្លាស់ប្តូរគ្នានឹង​ពាក្យថា ហេតុ។] នេះមាន ផលនេះ​ក៏មាន ផលនេះ​រមែងកើត​ឡើង ព្រោះការ​កើតឡើង​នៃបច្ច័យ​នេះ គឺសង្ខារ​ទាំងឡាយ​កើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមរូប​កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ សឡាយតនៈ​កើតមាន ព្រោះនាម​រូបជាបច្ច័យ ផស្សៈ​កើតមាន ព្រោះសឡាយតនៈ​ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈ​ជាបច្ច័យ តណ្ហា​កើតមាន ព្រោះវេទនា​ជាបច្ច័យ ឧបាទាន​កើតមាន ព្រោះតណ្ហា​ជាបច្ច័យ ភព​កើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិ​កើតមាន ព្រោះភព​ជាបច្ច័យ ជរា មរណៈ កើតមាន ព្រោះជាតិ​ជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែង​កើតព្រម ការកើត​ឡើងនៃ​កងទុក្ខ​ទាំង​អស់នោះ រមែង​មានយ៉ាង​នេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺនូវ​ឧទាននេះ ក្នុងវេលា​នោះថា

ធម៌ទាំងឡាយ រមែងប្រាកដដល់ព្រាហ្មណ៍ អ្នក​មានព្យាយាម​ញ៉ាំងកិលេស​ឲ្យ​ក្តៅ អ្នកដុត​បង់នូវ​កិលេស ក្នុងកាល​ណា សេចក្តី​សង្ស័យ​ទាំងឡាយ ទាំងពួង​របស់​ព្រាហ្មណ៍​នោះ រមែងអស់​ទៅ​ក្នុងកាល​នោះ ព្រោះដឹង​ច្បាស់​នូវធម៌​ ព្រមទាំង​ហេតុ។ សូត្រ ទី១។

២. ទុតិយពោធិសូត្រ

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់​ដឹង​ជាដម្បូង ទ្រង់គង់នៅក្បែរ​គល់​ពោធិព្រឹក្ស ​ទៀបឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ សម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ដោយ​បល្ល័ង្ក​តែមួយ សោយ​វិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណើះ​សប្តាហ៍នោះហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ចេញ​អំពី​សមាធិនោះ ហើយទ្រង់​រំពឹងក្នុង​ព្រះហ្ឫទ័យ ចំពោះ​បដិច្ចសមុប្បាទធម៌ ជា​បដិលោម គឺ​ពិចារណា​ច្រាសឡើង​អស់មជ្ឈិមយាម​នៃរាត្រី ដោយ​ប្រពៃថា កាលបើ​បច្ច័យនេះ​មិនមាន ផលនេះ ក៏មិនមាន ផលនេះ រមែង​រលត់ទៅ ព្រោះរលត់​ទៅនៃបច្ច័យ​នេះ គឺការ​រលត់ទៅ​នៃសង្ខារ ព្រោះ​រលត់អវិជ្ជា ការរលត់​ទៅនៃ​វិញ្ញាណ ព្រោះ​រលត់​សង្ខារ ការរលត់​ទៅនៃ​នាមរូប ព្រោះ​រលត់​វិញ្ញាណ ការរលត់​ទៅនៃ​សឡាយតនៈ ព្រោះ​រលត់​នាមរូប ការរលត់​ទៅនៃ​ផស្សៈ ព្រោះរលត់​សឡាយតនៈ ការរលត់​ទៅនៃ​វេទនា ព្រោះ​រលត់ផស្សៈ ការរលត់​ទៅនៃ​តណ្ហា ព្រោះ​រលត់វេទនា ការរលត់​ទៅនៃ​ឧបាទាន ព្រោះរលត់​តណ្ហា ការរលត់​ទៅនៃភព ព្រោះរលត់​ឧបាទាន ការរលត់​ទៅនៃ​ជាតិ ព្រោះ​រលត់ភព ជរា មរណៈ​រលត់ទៅ​ព្រម ព្រោះរលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែង​រលត់ សេចក្តី​រលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ តែងមាន​យ៉ាង​នេះ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺនូវ​ឧទាននេះ ក្នុងវេលា​នោះថា

ធម៌ទាំងឡាយ រមែងប្រាកដ​ដល់​ព្រាហ្មណ៍ អ្នក​មានព្យាយាម​ញ៉ាំង​កិលេស​ឲ្យក្តៅ អ្នកដុត​បង់កិលេស ក្នុង​កាលណា សេចក្តី​សង្ស័យ​ទាំងឡាយ ទាំងពួង​របស់​ព្រាហ្មណ៍នោះ រមែង​អស់ទៅ​ក្នុងកាល​នោះ ព្រោះបាន​ដឹងច្បាស់ នូវ​ព្រះនិព្វាន ជាទី​អស់ទៅ​នៃបច្ច័យ​ទាំងឡាយ។ សូត្រ ទី២។

៣. តតិយពោធិសូត្រ

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ បានត្រាស់​ដឹងជា​ដម្បូង ទ្រង់គង់​នៅក្បែរ​គល់​ពោធិព្រឹក្ស ​ទៀបឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ​ដោយបល្ល័ង្ក​តែមួយ សោយ​វិមុត្តិសុខ អស់ ១ សប្តាហ៍។ លុះអំណើះ ​សប្តាហ៍នោះហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ចេញ​អំពីសមាធិ​នោះ ហើយទ្រង់​រំពឹងក្នុង​ព្រះហ្ឫទ័យ ចំពោះ​បដិច្ចសមុប្បាទធម៌ ជា​អនុលោម និង​បដិលោម​ អស់រាត្រី​បច្ឆិមយាម ដោយ​ប្រពៃថា កាលបើ​បច្ច័យនេះ​មាន ផលនេះ​ក៏មាន​ ផលនេះ រមែង​កើតឡើង ព្រោះកើត​ឡើងនៃ​បច្ច័យនេះ កាលបើ​បច្ច័យនេះ មិនមាន ផលនេះ​ក៏មិនមាន ផលនេះ​រលត់ទៅ ព្រោះរលត់​ទៅនៃ​បច្ច័យនេះ គឺសង្ខារ​ទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារ​ជាបច្ច័យ មានរូប​កើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ សឡាយតនៈ​កើតមាន ព្រោះនាមរូប​ជាបច្ច័យ ផស្សៈ​កើតមាន ព្រោះ​សឡាយតនៈ​ជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈ​ជាបច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជាបច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជាបច្ច័យ​ ភព​កើតមាន ព្រោះឧបាទាន​ជាបច្ច័យ ជាតិ​កើតមាន ព្រោះភព​ជាបច្ច័យ ជរា មរណៈ កើតមាន​ព្រម ព្រោះជាតិ​ជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ ក៏រមែង​កើតមាន។

ការកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ ​រមែង​មានយ៉ាង​នេះឯង។ ការរលត់​ទៅនៃ​សង្ខារ ព្រោះ​រលត់​អវិជ្ជា​ឥតមាន​សេសសល់ ការរលត់​ទៅនៃ​វិញ្ញាណ ព្រោះរលត់​សង្ខារ ការរលត់​ទៅនៃ​នាមរូប ព្រោះ​រលត់​វិញ្ញាណ ការរលត់​ទៅនៃ​សឡាយតនៈ ព្រោះ​រលត់​នាមរូប ការរលត់​ទៅនៃផស្សៈ ព្រោះរលត់​សឡាយតនៈ ការរលត់​ទៅនៃ​វេទនា ព្រោះ​រលត់ផស្សៈ ការរលត់​ទៅនៃ​តណ្ហា ព្រោះ​រលត់​វេទនា ការរលត់​ទៅនៃ​ឧបាទាន ព្រោះ​រលត់​តណ្ហា ការរលត់​ទៅនៃភព ព្រោះ​រលត់​ឧបាទាន ការរលត់​ទៅនៃជាតិ ព្រោះ​រលត់ភព ជរា មរណៈ​រលត់ព្រម ព្រោះរលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខ​ ទោមនស្ស ឧបាយាសៈ ក៏រមែង​រលត់ទៅ។​ សេចក្តី​រលត់នៃ​កងទុក្ខ​ទាំងអស់នុ៎ះ រមែង​មានយ៉ាង​នេះឯង។ លុះ​ព្រះមានព្រះភាគ​ ជ្រាបច្បាស់​សេចក្តីនុ៎ះហើយ ទើបបន្លឺ​នូវ​ឧបាទាននេះ ក្នុងវេលា​នោះថា

ធម៌ទាំងឡាយ រមែងប្រាកដ​ដល់ព្រាហ្មណ៍ អ្នកមាន​ព្យាយាម​ញ៉ាំងកិលេស​ឲ្យក្តៅ អ្នកដុត​បង់នូវ​កិលេស ក្នុងកាល​ណា ព្រាហ្មណ៍​នោះ រមែង​កំចាត់បង់​នូវមារ ព្រមទាំង​សេនាមារ ឋិតនៅ​ក្នុងកាលនោះ​ បីដូច​ព្រះអាទិត្យ​រះឡើង ធ្វើអាកាស​ឲ្យរុង​រឿង ដោយរស្មី​របស់ខ្លួន កំចាត់​បង់នូវ​ងងឹត ឋិតនៅ​ ដូច្នោះឯង។ សូត្រ ទី​៣។

៤. ហុំហុង្កសូត្រ

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ត្រាស់​ដឹងជា​ដម្បូង ទ្រង់គង់​នៅក្រោម​ដើមអជបាលនិគ្រោធ ​ក្បែរឆ្នេរស្ទឹង​នេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ សម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់គង់​នៅដោយ​បល្ល័ង្កតែមួយ សោយ​វិមុត្តិសុខ​អស់ ១ សប្តាហ៍។ លុះកន្លង​សប្តាហ៍នោះ​ហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ចេញ​អំពី​សមាធិ​នោះ។ គ្រានោះ ​ព្រាហ្មណ៍​ម្នាក់ ជាហុំហុំកជាតិកៈ (មានជាតិ​ជា​អ្នកធ្វើ​សំឡេង​គម្រាម​ថា​ហុំហុំ) ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយ​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែល​គួររីករាយ និងពាក្យ​ដែលគួរ​រលឹក​ហើយ ក៏ឋិត​ក្នុងទី​សមគួរ។ លុះ​ព្រាហ្មណ៍នោះ ឋិតនៅ​ក្នុងទីសមគួរ​ហើយ ក៏ទូល​សួរ​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន​ បុគ្គល​ដែល​ហៅថា​ព្រាហ្មណ៍ ដោយ​ហេតុ​ដូចម្តេច មួយទៀត ធម៌អ្វីខ្លះ សម្រាប់​ធ្វើបុគ្គល​ឲ្យជា​ព្រាហ្មណ៍។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវបញ្ហា​នុ៎ះហើយ ទើបបន្លឺ​នូវឧទាន​នេះក្នុង​វេលានោះថា

ព្រាហ្មណ៍ណា មានបាបធម៌​បណ្តែត​ចោលហើយ មានសំឡេង​គម្រាមថា ហុំហុំ លះចោល​ហើយ មានទឹក​ចត់ គឺរាគាទិក្កិលេស ​លះចោល​ហើយ មានចិត្ត​សង្រួម​ហើយ ចេះចប់​នូវវេទ គឺ​មគ្គញ្ញាណ​ទាំង ៤ មានមគ្គ​ព្រហ្មចរិយធម៌​អប់រំ​ហើយ មួយទៀត ព្រាហ្មណ៍ណា មិនមាន​គំនរ គឺ​រាគាទិក្កិលេស ក្នុង​អារម្មណ៍​បន្តិចបន្តួច ក្នុង​លោកសន្និវាស ព្រាហ្មណ៍​នោះ ទើបគួរ​នឹងហៅ​ខ្លួនថា​ជាព្រាហ្មណ៍ ដោយធម៌​បាន។ សូត្រ ទី៤។

៥. ព្រាហ្មណសូត្រ

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះសារីបុត្ត​ដ៏មាន​អាយុផង ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ផង ព្រះមហាកស្សប​ដ៏មាន​អាយុផង ព្រះមហាកច្ចានៈ​ដ៏មាន​អាយុផង ព្រះ​មហាកោដ្ឋិតៈ​ដ៏មាន​អាយុផង ព្រះមហាកប្បិនៈ​ដ៏មាន​អាយុផង ព្រះមហាចុន្ទៈ​ដ៏មាន​អាយុផង ព្រះអនុរុទ្ធ​ដ៏មាន​អាយុផង ព្រះរេវតៈ​ដ៏មាន​អាយុផង ព្រះនន្ទៈ​ដ៏មានអាយុ​ផង ចូលទៅ​គាល់​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏បាន​ទតឃើញ​ពួកលោក​ដ៏មានអាយុ​អម្បាលនោះ ដែលកំពុង​ដើរមក​អំពី​ឆ្ងាយ លុះឃើញ​ហើយ បានត្រាស់​ប្រាប់ពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ ពួក​ព្រាហ្មណ៍​ទាំងនុ៎ះ កំពុង​ដើរមក ម្នាលភិក្ខុ​ទាំងឡាយ ពួក​ព្រាហ្មណ៍ទាំងនុ៎ះ កំពុង​ដើរមក។

កាលបើព្រះមានព្រះភាគ សំដែងយ៉ាង​នេះហើយ ភិក្ខុមួយ​រូប មានជាតិ​ជា​ព្រាហ្មណ៍ បានទូល​សួរ​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល​ដែលឈ្មោះ​ថា​ព្រាហ្មណ៍ ដោយ​ហេតុ​ដូចម្តេច មួយទៀត ធម៌​ដូចម្តេចខ្លះ ​ដែលធ្វើ​បុគ្គល​ឲ្យ​ជាព្រាហ្មណ៍។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវបញ្ហា​នុ៎ះហើយ ទើបបន្លឺនូវ​ឧទាននេះ​ក្នុងវេលា​នោះថា

បុគ្គលណា បានបណ្តែតចោលនូវធម៌​ដ៏លាមក មានស្មារតី​ប្រព្រឹត្តទៅ​គ្រប់​កាល ជាអ្នក​អស់​សញ្ញោជនៈ (ត្រាស់ដឹង​នូវសច្ចធម៌) បុគ្គល​នោះឯង ឈ្មោះថា ព្រាហ្មណ៍​ក្នុងលោក។ សូត្រ ទី៥។

៦. មហាកស្សបសូត្រ

[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវន​ កលន្ទកនិវាបដ្ឋាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សប​ដ៏មាន​អាយុ គង់នៅ​ក្នុង​បិប្ផលិគុហា ជាអ្នក​មានអាពាធ ប្រកប​ដោយទុក្ខ​ឈឺធ្ងន់។ លុះក្នុង​សម័យ​ខាងក្រោយ​មក ព្រះមហាកស្សប​ដ៏មានអាយុ សះស្បើយ​ចាក​អាពាធនោះ។ លុះ​ព្រះមហាកស្សប​សះស្បើយ​ចាកអាពាធ​នោះហើយ ក៏មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ មាន​តែអាត្មាអញ ចូលទៅ​បិណ្ឌបាត ឯក្រុង​រាជគ្រឹះចុះ។ សម័យនោះឯង ពួកទេវតាចំនួន ៥០០​ ប្រឹងខ្មីឃ្មាត បម្រុង​ឲ្យ​ព្រះមហាកស្សប​ដ៏​មានអាយុ បានបិណ្ឌបាត។ លំដាប់នោះ ព្រះមហាកស្សបៈ​ដ៏មានអាយុ បាន​ហាមឃាត់​ពួក​ទេវតា​ទាំង ៥០០​ នោះ ហើយ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ រួចចូល​ទៅ​បិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះ តាមច្រក​ផ្លូវរបស់មនុស្ស​កំសត់ ​មនុស្ស​កំព្រា​ និងជាង​តម្បាញ ក្នុង​បុព្វណ្ហសម័យ។ ព្រះមានព្រះភាគ ​បានឃើញ​ព្រះមហាកស្សប​ដ៏មានអាយុ កំពុងដើរ​បិណ្ឌបាត ​ក្នុងក្រុង​រាជគ្រឹះ តាមច្រក​របស់មនុស្ស​កំសត់ មនុស្ស​កំព្រា និង​ជាងតម្បាញ​។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តី​នុ៎ះហើយ​ ទើបបន្លឺ​នូវឧទាននេះ ក្នុងវេលា​នោះថា

បុគ្គល​ ដែលជាអ្នកមិនចិញ្ចឹមអ្នកដទៃ អ្នកដឹង​ជាក់ច្បាស់ អ្នក​ទូន្មានខ្លួន តាំងនៅ​ក្នុងធម៌​មានខ្លឹម អ្នកអស់​អាសវៈ​ អ្នកមាន​ទោសៈ​ខ្ជាក់ចោល តថាគត​ហៅ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍។ សូត្រ ទី៦។​

៧. អជកលាបកសូត្រ

[៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​អជកលាបកចេតិយ ជាលំនៅ​នៃ​អជកលាបកយក្ស​ ជិតក្រុង​បាវា​។ សម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​ទីវាល នៅវេលា​រាត្រីងងឹត​អ័ព្ទ ទាំងភ្លៀង​ក៏កំពុង​រលឹម​ស្រឹប ៗ។ លំដាប់នោះ អជកលាបកយក្ស មានបំណង​នឹងធ្វើ​ព្រះមានព្រះភាគ​ឲ្យខ្លាច​តក់ស្លុត​ព្រឺព្រះលោមា បានចូល​ទៅរក​ព្រះមានព្រះភាគ ​លុះចូល​ទៅដល់ហើយ ក៏មាន​សំដី​គំហកបន្លាច ធ្វើសំឡេង​សន្ធាប់​ខ្លាំង ៗ អស់វារៈ ៣ ដង ជិត​ព្រះមានព្រះភាគ​ថា នែ​ព្រះសមណៈ នុ៎ះ​ន៏ បិសាច (ឈរ​ខាងមុខ) ចំពោះ​លោកហើយ។​​ លុះព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ ទើបបន្លឺ​ឧទាននេះ ​ក្នុងវេលា​នោះថា

កាលណា បុគ្គលណាដល់ត្រើយ​ក្នុង​សកធម៌ [កុសលធម៌​ជាច្រើនយ៉ាង មានសីល សមាធិ បញ្ញា​ជាដើម ដែលហុច​ប្រយោជន៍ដល់​អ្នក​ប្រតិបត្តិ ហៅថា សកធម៌ (ធម៌​របស់ខ្លួន)។ អកុសលធម៌ មានរាគៈ ទោសៈ មោហៈ ជាដើម ដែល​ធ្វើប្រយោជន៍​ឲ្យវិនាស ហៅថា បរធម៌ (ធម៌ដទៃ)។ អដ្ឋកថា។] ទាំងឡាយ ក្នុងកាលនោះ បុគ្គលនោះ​ឈ្មោះថា ព្រាហ្មណ៍ រមែង​គ្របសង្កត់​នូវ​បិសាច​ផង នូវ​សំឡេង​សន្ធាប់​ផង​យ៉ាងនេះ ក្នុង​កាលនោះ។ សូត្រ ទី៧។

៨. សង្គាមជិសូត្រ

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ សម័យនោះ​ ព្រះសង្គាមជិ​ដ៏មាន​អាយុ បានទៅ​នគរសាវត្ថី ដើម្បី​ជួប​ព្រះមានព្រះភាគ។ ឯ​បុរាណទុតិយិកា របស់​ព្រះសង្គាមជិ​ដ៏មានអាយុ បានឮ​ដំណឹងថា អើឮថា ព្រះសង្គាមជិ​ មកដល់​នគរ​សាវត្ថី​ហើយ។ នាងនោះ​ បាននាំ​ទារក​ទៅឯ​វត្ត​ព្រះជេតពន។ សម័យនោះ ​ព្រះសង្គាមជិ​ដ៏មាន​អាយុ កំពុង​អង្គុយនៅ​ក្នុងវេលាថ្ងៃ​ ក្បែរគល់​ឈើមួយ​ដើម។ លំដាប់នោះ​ បុរាណទុតិយិកា របស់​ព្រះសង្គាមជិ​ដ៏មានអាយុ ​បានចូល​ទៅរក​ព្រះសង្គាមជិ​ដ៏មាន​អាយុ លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹង​ព្រះសង្គាមជិ​ដ៏មានអាយុ​ថា បពិត្រ​សមណៈ សូមលោក​ចិញ្ចឹមខ្ញុំ​ទាំងកូន​តូចផង។​ និមិត្ត​តែបុរាណទុតិយិកា​នោះ ពោលយ៉ាងនេះ​ហើយ ព្រះសង្គាមជិ​ដ៏មានអាយុ​នៅស្ងៀម។​ បុរាណទុតិយិកា ​របស់​ព្រះសង្កាមជិ​ដ៏មានអាយុ បានពោល​នឹង​ព្រះសង្គាមជិដ៏​មានអាយុ ជាគំរប់​ពីរដងផង យ៉ាង​នេះទៀតថា បពិត្រ​សមណៈ សូមលោក​ចិញ្ចឹមខ្ញុំ ទាំងកូនតូច​ផង។​ ព្រះសង្គាមជិ​ដ៏មានអាយុ នៅស្ងៀម​អស់វារៈ​ពីរដង។ បុរាណទុតិយិកា​របស់​សង្គាមជិ​ដ៏មានអាយុ ក៏ទទូច​និយាយ​នឹង​ព្រះសង្គាមជិ​ដ៏មាន​អាយុ ជាគំរប់​បីដងថា បពិត្រ​សមណៈ សូមលោក​ចិញ្ចឹម​ខ្ញុំទាំង​កូនតូច​ផង។​ ព្រះសង្គាមជិ​ដ៏មានអាយុ ក៏នៅ​ស្ងៀមអស់​វារៈបីដង។​ លំដាប់នោះ បុរាណទុតិយិកា របស់​ព្រះសង្គាមជិ​ដ៏មានអាយុ​​ បានយក​ទារកតូច​នោះទៅ​ដាក់អំពីមុខ​ព្រះសង្គាមជិ​ដ៏មានអាយុ រួចនិយាយ​ថា បពិត្រ​សមណៈ នេះជាកូន​ប្រុស​របស់លោក​លោកចិញ្ចឹម​វាផងចុះ រួចហើយ​ក៏ដើរ​ចេញទៅ។​​ ឯព្រះសង្គាមជិ​ដ៏មាន​អាយុ មិនរមិល​មើល មិនហៅរក​នូវកូនតូច​នោះសោះ។ លំដាប់នោះ បុរាណទុតិយិកា របស់ព្រះ​សង្គាមជិ​ដ៏មានអាយុ កាលដើរ​ចេញទៅមិន​ឆ្ងាយប៉ុន្មាន ក៏ងាក​មើលមក​ឃើញ​ព្រះសង្គាមជិ​ដ៏មានអាយុ ដែលមិន​រមិលមើល មិនហៅ​រកកូនតូច​នោះសោះ ស្ត្រីនោះ​លុះ​ឃើញ​ហើយ ​ក៏មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា សមណៈនេះ មិនត្រូវការ​ដោយ​កូនប្រុស​ទេតើ។ បុរាណទុតិយិកា​នោះ ក៏ត្រឡប់​អំពីទីនោះ មកយក​កូនតូចនោះ​វិញ ដើរចេញទៅ។ ព្រះមានព្រះភាគ បានទត​ឃើញនូវ​អាការ​ដ៏ប្លែក បែប​យ៉ាងនេះ នៃ​បុរាណទុតិយិកា របស់​ព្រះសង្គាមជិ​ដ៏មានអាយុ ដោយ​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លងចក្ខុ​របស់​មនុស្ស​ធម្មតា។ លុះព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តី​នុ៎ះហើយ ទើបបន្លឺ​នូវឧទាន​នេះ ក្នុង​វេលានោះថា

ភិក្ខុណា មិនត្រេកត្រអាលនឹងស្ត្រី​ដែល​មករក មិនស្តាយ​ស្ត្រី​ដែល​គេច​ចេញទៅ តថាគត​ហៅបុគ្គល​នោះ ថាជាព្រាហ្មណ៍ ដូចជា​ភិក្ខុឈ្មោះ​សង្គាមជិ​ ដែលរួច​ស្រឡះ​ហើយ ចាកគ្រឿង​ជាប់ គឺកិលេស។ សូត្រ ទី៨។

៩. ជដិលសូត្រ

[៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​គយាសីសៈ​ប្រទេស ទៀប​ទន្លេគយា។ សម័យនោះឯង ពួក​ជដិល​ច្រើនរូប នាំគ្នា​ងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោច​ខ្លួនខ្លះ បំពក់ភ្លើងខ្លះ ទៀបកំពង់​ឈ្មោះ​គយា ក្នុង​សម័យជា​ទីធ្លាក់ចុះ​នៃទឹក​សន្សើម រវាង ៨ ថ្ងៃ [គឺថ្ងៃ​ជាខាងចុង​ខែមាឃ ៤ថ្ងៃ ខាងដើម​ខែផគ្គុណ ៤ថ្ងៃ រួមជា ៨ថ្ងៃ។] ក្នុង​វេលារាត្រី​ដ៏ត្រជាក់ នៃហេមន្តរដូវ​ ដោយ​សេចក្តី​គិតឃើញថា សេចក្តី​បរិសុទ្ធិ​ដោយ​អំពើនេះ។ ព្រះមានព្រះភាគ ក៏បាន​ឃើញ​ពួកជដិល​ជាច្រើន​ទាំងនោះ​ ដែលកំពុង​ងើបខ្លះ មុជខ្លះ ងើបមុជ ៗ ខ្លះ ស្រោចខ្លួន​ខ្លះ បំពក់​ភ្លើងខ្លះ ទៀបកំពង់​ឈ្មោះ​គយា ក្នុងសម័យ​ជាទីធ្លាក់ចុះ​នៃទឹក​សន្សើម រវាង ៨ ថ្ងៃ ក្នុង​វេលា​រាត្រីដ៏ត្រជាក់​នៃហេមន្ត​រដូវ ដោយ​សេចក្តី​គិតឃើញថា សេចក្តី​បរិសុទ្ធិ​ដោយ​អំពើនេះ។ លុះព្រះមានព្រះភាគ បានជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើបបន្លឺ​នូវឧទាន​នេះក្នុង​វេលានោះថា

បុគ្គលមិនមែនស្អាតព្រោះទឹកទេ អ្នកផង​ច្រើនគ្នា​រមែងងូត​ទឹកនុ៎ះ​ដែរ សច្ចៈ [បានដល់​វចីសច្ចៈ និងវិរតិសច្ចៈ ឬថាញាណសច្ចៈ និង​បរមត្ថសច្ចៈ។] ១ ធម្មៈ [បានដល់​អរិយមគ្គធម៌ និង​អរិយផលធម៌។ អដ្ឋកថា។] ១ (មាននៅ) ក្នុង​បុគ្គលណា បុគ្គលនោះ​ទើបឈ្មោះ​ថា ជាអ្នក​ស្អាតផង ឈ្មោះថា​ជា​ព្រាហ្មណ៍ផង។ សូត្រ ទី៩។

១០. ពាហិយសូត្រ

[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពាហិយទារុចីរិយបុរស (អ្នក​ស្លៀកដណ្តប់​សំពត់​សម្បកឈើ ឈ្មោះ​ពាហិយៈ) អាស្រ័យ​នៅទៀប​ឆ្នេរសមុទ្រ ឈ្មោះ​សុប្បារកៈ ជាអ្នក​ដែលគេធ្វើ​សក្ការៈ គោរព​រាប់អាន បូជា​កោតក្រែង បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និង​គលានប្បច្ចយភេសជ្ជបរិក្ខារ។ កាល​ពាហិយទារុចីរិយ​បុរស ពួន​សម្ងំក្នុង​ទីស្ងាត់ ស្រាប់តែមាន​សេចក្តី​ត្រិះរិះ​កើតឡើង​ក្នុងចិត្ត​យ៉ាងនេះថា ពួកជនណា​មួយ​ក្នុងលោក ជា​ព្រះអរហន្ត ឬសម្រេច​អរហត្តមគ្គ បណ្តា​អរហន្ត​ទាំងនេះ ខ្លួនអញ​ជា​អរហន្ត​មួយដែរ។ លំដាប់នោះ ទេវតា​ដែលជា​សាលោហិត​អំពីដើម របស់​ពាហិយទារុចីរិយបុរស ជាអ្នក​អនុគ្រោះ​ប្រាថ្នា​ប្រយោជន៍ បានដឹង​ច្បាស់នូវ​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត ដោយចិត្ត​របស់​ពាហិយទារុចីរិយបុរស បានចូល​ទៅរក​ពាហិយទារុចីរិយបុរស លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹង​ពាហិយទារុចីរិយបុរស​យ៉ាងនេះ​ថា នែពាហិយៈ អ្នកមិនមែន​ជា​ព្រះអរហន្ត​ទេ ទាំងមិន​ទាន់សម្រេច​អរហត្តទេ ខ្លួនអ្នក​មិនមាន​បដិបទា ដែលនាំ​ឲ្យបានជា​ព្រះអរហន្ត ឬសម្រេច​អរហត្តមគ្គ​ទេ។ ពាហិយទារុចីរិយៈ សួរថា បើដូច្នោះ ក្នុងកាល​ឥឡូវនេះ ក្នុងលោក ព្រមទាំង​ទេវលោក តើជន​ណា ជាអរហន្ត ឬបាន​សម្រេច​អរហត្តមគ្គ មានដែរឬ។ ទេវតា​ឆ្លើយថា ម្នាល​ពាហិយៈ មាន ខាងជនបទ​ឯជើង មានក្រុង​មួយឈ្មោះ​សាវត្ថី ឥឡូវនេះ ព្រះមានព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់​នៅក្នុង​ក្រុង​សាវត្ថីនោះ។ ម្នាលពាហិយៈ ព្រះមានព្រះភាគ​អង្គនោះឯង ជា​ព្រះអរហន្ត​ផង ទ្រង់សំដែង​ធម៌ ដើម្បី​អរហត្តផង។ លំដាប់នោះ ពាហិយទារុចីរិយ​បុរស ដែលទេវតា​នោះធ្វើ​ឲ្យតក់ស្លុត ក៏ស្រាប់​តែគេចចេញ​អំពីឆ្នេរ​សមុទ្រឈ្មោះ សុប្បារកៈ​ក្នុងខណៈ​នោះភ្លាម ដោយការ​នៅតែក្នុង​ផ្លូវទាំង​ពួងអស់ ១ យប់ ក៏បាន​ទៅដល់​ព្រះមានព្រះភាគ ដែលកំពុង​គង់​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។

[៤៨] សម័យនោះ គាប់ចួនភិក្ខុច្រើនរូប កំពុងដើរ​ចង្ក្រម​ក្នុងទីវាល។​ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏ឆៀង​ចូលទៅរក​ពួកភិក្ខុ លុះចូល​ទៅដល់​ហើយ ក៏បាន​សួរភិក្ខុ​ទាំងនោះ​ដូច្នេះថា បពិត្រ​លោកដ៏ចំរើន​ទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ គង់នៅ​ទីណា យើងមាន​បំណងនឹង​ចូលទៅ ដើម្បីចួប​ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ។ ពួកភិក្ខុ​តបថា ម្នាល​ពាហិយៈ​ ព្រះមានព្រះភាគ ចូលកាន់​ចន្លោះភូមិ ដើម្បី​បិណ្ឌបាត​ទៅហើយ។ លំដាប់នោះ ពាហិយទារុចីរិយបុរស ក៏មានដំណើរ​ម្នីម្នា​ ចេញពីវត្ត​ជេតពន ចូលទៅ​នគរ​សាវត្ថី បានឃើញ​ព្រះមានព្រះភាគ កំពុង​និមន្ត​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី ជាទីនាំមក​នូវសេចក្តី​ជ្រះថ្លា គួរជ្រះថ្លា មានឥន្ទ្រិយ​ស្ងប់ មានព្រះទ័យ​ស្ងប់ ទ្រង់បាន​ដល់នូវ​ការហាត់ពត់ និងការ​ស្ងប់រម្ងាប់​ដ៏ឧត្តម ទ្រង់បាន​ទូន្មាន គ្រប់គ្រង សង្រួម​ឥន្ទ្រិយ ជាពុទ្ធនាគ គឺជាព្រះពុទ្ធ​ដ៏ប្រសើរ លុះឃើញ​ហើយ ក៏ចូលទៅ​រក​ព្រះមានព្រះភាគ មានសិរ្ស​ឱនចុះ​ទៀប​ព្រះបាទ នៃ​ព្រះមានព្រះភាគ ហើយ​អារាធនា​ព្រះមានព្រះភាគ​នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ សំដែង​ធម៌ប្រោស​ខ្ញុំព្រះអង្គ សូម​ព្រះសុគត សំដែងធម៌ ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ អស់រាត្រី​ដ៏វែង ដល់ខ្ញុំព្រះអង្គ​ឲ្យទាន។

[៤៩] កាលពាហិយទារុចីរិយបុរស អារាធនា​យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ពាហិយទារុចីរិយបុរស​ដូច្នេះថា ម្នាល​ពាហិយៈ ឈប់សិន កាលនេះ ជាកាល​មិនគួរ ដ្បិត​តថាគត​ចូលទៅកាន់​ចន្លោះភូមិ​បិណ្ឌបាត។ ពាហិយទារុចីរិយបុរស ទូល​ព្រះមានព្រះភាគ ជាគំរប់​ពីរដង​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន ដំណើរ​ប្រព្រឹត្ត​ទៅនៃ​ជីវិតន្តរាយ របស់​ព្រះមានព្រះភាគ ឬ​ជីវិតន្តរាយ របស់ខ្ញុំ​ព្រះអង្គ ដឹងបាន​ដោយ​ក្រ​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ សំដែង​ធម៌ប្រោស​ខ្ញុំព្រះអង្គ សូម​ព្រះសុគត​សំដែងធម៌ ដើម្បីជា​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ អស់​រាត្រីដ៏វែង ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។ ព្រះមានព្រះភាគ បានត្រាស់​នឹង​ទារុចីរិយបុរស អស់វារៈ​ពីរដង យ៉ាង​នេះថា ម្នាល​ពាហិយៈ ឈប់សិន កាលនេះ​ ជាកាល​មិនគួរ ដ្បិតតថាគត​ចូលទៅ​កាន់​ចន្លោះ​ភូមិ បិណ្ឌបាតសិន។ ពាហិយទារុចីរិយបុរស ទូល​ព្រះមានព្រះភាគ អស់វារៈ ៣ ដង យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិតន្តរាយ របស់​ព្រះមាន​ព្រះភាគ ឬ​ជីវិតន្តរាយ របស់ខ្ញុំ​ព្រះអង្គ ដឹងបាន​ដោយ​ក្រណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ សំដែងធម៌​ប្រោសខ្ញុំ​ព្រះអង្គ សូម​ព្រះសុគត​សំដែងធម៌ ដើម្បីជា​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ អស់រាត្រី​វែង ដល់ខ្ញុំ​ព្រះអង្គ​ឲ្យទាន។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាលពាហិយៈ ព្រោះហេតុ​នោះ អ្នកត្រូវសិក្សា​យ៉ាង​នេះថា រូបារម្មណ៍ ដែលអ្នក​ឃើញហើយ គ្រាន់តែ​ជារូបារម្មណ៍​ដែលឃើញ​ហើយ សទ្ទារម្មណ៍ ដែល​អ្នកឮហើយ គ្រាន់តែជា​សទ្ទារម្មណ៍​ដែលឮហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែល​ប៉ះពាល់​ហើយ គ្រាន់តែ​ជា​អារម្មណ៍ ដែលប៉ះ​ពាល់ហើយ ធម្មារម្មណ៍​ដែលអ្នក​ដឹងហើយ គ្រាន់តែ​ជា​ធម្មារម្មណ៍ ដែលដឹង​ហើយ ម្នាល​ពាហិយៈ អ្នកគប្បី​សិក្សា​យ៉ាងនេះ​ឯង។ ម្នាល​ពាហិយៈ រូបារម្មណ៍ ដែលអ្នក​ឃើញហើយ គ្រាន់តែ​ជា​រូបារម្មណ៍ ដែល​ឃើញហើយ សទ្ទារម្មណ៍ ដែល​អ្នកឮហើយ គ្រាន់តែ​ជាសទ្ទារម្មណ៍​ដែលឮ​ហើយ គន្ធៈ រសៈ ផោដ្ឋព្វារម្មណ៍ ដែលអ្នកប៉ះ​ពាល់ហើយ គ្រាន់តែ​ជាអារម្មណ៍​ដែលប៉ះ​ពាល់ហើយ ធម្មារម្មណ៍ ដែលអ្នក​ដឹងហើយ គ្រាន់តែ​ជា​ធម្មារម្មណ៍ ដែល​ដឹងហើយ ព្រោះហេតុ​ណា ម្នាល​ពាហិយៈ ព្រោះ​ហេតុនោះ អ្នកនឹង​លែងមាន ម្នាល​ពាហិយៈ អ្នកនឹង​លែងមាន ព្រោះ​ហេតុណា ម្នាល​ពាហិយៈ ព្រោះហេតុនោះ អ្នកនឹង​មិនមាន​ក្នុង​ភពនេះ​ និងភព​មុខ និងមិនមាន​ក្នុងចន្លោះ នៃលោក​ទាំងពីរ នេះឯង​ជាទី​បំផុត​នៃទុក្ខ។ គ្រានោះ ចិត្តនៃ​ពាហិយទារុចីរិយបុរស ផុត​ស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះមិន​មាន​ឧបាទាន ក្នុងខណៈ​នោះឯង ដោយ​ធម្មទេសនា​សង្ខេប របស់​ព្រះមានព្រះភាគ​នេះ​។​ លុះ​ព្រះមានព្រះភាគ ទ្រង់ទូន្មាន ពាហិយទារុចីរិយបុរស ដោយ​ឱវាទសង្ខេប​នេះ​ហើយ ស្តេចចៀស​ចេញទៅ។

[៥០] កាលដែលព្រះមានព្រះភាគ ស្តេចចេញផុតទៅ​មិនយូរប៉ុន្មាន មេគោ​មាន​កូនខ្ចី បុះផ្តួល​ពាហិយទារុចីរិយបុរស ឲ្យដាច់​ចាកជីវិតទៅ។​ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់បិណ្ឌបាត​ក្នុង​នគរសាវត្ថី រួចត្រឡប់​អំពីបិណ្ឌបាត វេលាខាង​ក្រោយភត្ត ចេញអំពី​នគរជាមួយ​ភិក្ខុច្រើនរូប បានទត​ឃើញ​ពាហិយទារុចីរិយបុរស​ធ្វើ​មរណភាព លុះទត​ឃើញ​ហើយ ទើបត្រាស់​ប្រាប់ពួក​ភិក្ខុថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរយក​សរីរៈ​ពាហិយទារុចីរិយបុរស លើកដាក់​លើគ្រែ​នាំទៅដុតផង ធ្វើស្តូប​ដល់សរីរៈ​នោះផង ម្នាលភិក្ខុ​ទាំងឡាយ (ព្រោះថា) សព្រហ្មចារី​របស់អ្នក​ទាំងឡាយ ធ្វើមរណភាព​ហើយ។ ពួកភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ​ព្រះអង្គ ហើយ​លើកសរីរៈ​ពាហិយទារុចីរិយបុរស ដាក់លើ​គ្រែតូច នាំទៅ​រំលាយ ទាំងធ្វើស្តូប​ដល់​សរីរៈនោះ ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។​ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទីសមគួរ​ហើយ បានទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សរីរៈ​ពាហិយទារុចីរិយបុរស រំលាយ​ហើយ ទាំងស្តូប​សម្រាប់បញ្ចុះ​សរីរៈនោះ ក៏ធ្វើ​ហើយ គតិរបស់​គាត់ តើដូចម្តេច ដំណើរ​ក្នុងលោក​ខាងមុខ តើដូចម្តេច។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពាហិយទារុចីរិយបុរស ជាបណ្ឌិត បានប្រតិបត្តិ​ធម៌គួរដល់​ព្រះនិព្វាន​ហើយ មិនបៀតបៀន​តថាគត ព្រោះហេតុ​សំដែងធម៌ទេ ម្នាលភិក្ខុ​ទាំងឡាយ ពាហិយទារុចីរិយបុរស បរិនិព្វាន​ហើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបបន្លឺ​នូវឧទាននេះ ក្នុងវេលា​នោះថា

ទឹក​ ដី​ ភ្លើង ខ្យល់ រមែងមិនតាំងនៅ​ក្នុង​និព្វានធាតុ​ណា ពួកផ្កាយ​មាននាមថា សុក្កៈ (មានពន្លឺ) រមែង​មិនភ្លឺ ទាំងព្រះអាទិ្យ​ក៏មិនរុងរឿង ក្នុង​និព្វានធាតុ​នោះ ព្រះចន្ទ ក៏មិនមាន​ពន្លឺ​ក្នុងនិព្វានធាតុ​នោះ ទាំងងងឹត​ក៏មិនមាន ក្នុង​និព្វានធាតុ​នោះទេ។ ព្រាហ្មណ៍​មាននាម​ថាមុនី ព្រោះ​មោនប្បដិបត្តិ​ ដឹងច្បាស់​នូវ​ព្រះនិព្វាន ដោយខ្លួន​ឯង ក្នុងកាលណា រមែង​រួចចាក​រូបផង អរូបផង សុខ​ទុក្ខផង ក្នុង​កាលនោះ។ សូត្រ ទី១០។

ចប់ ពោធិវគ្គ ទី១។

ឧទ្ទាននៃ​ពោធិវគ្គ​នោះគឺ

និយាយអំពីព្រះមានព្រះភាគ គង់ក្រោម​ពោធិព្រឹក្ស ៣ លើក ព្រះមានព្រះភាគ គង់ក្រោម​ដើម​អជបាលនិគ្រោធ ១ ព្រះថេរៈ​ច្រើនអង្គ ១ ព្រះមហាកស្សប ១ ព្រះមានព្រះភាគ​គង់នៅជិត​ក្រុងបាវា ១​ ព្រះសង្គាមជិត្ថេរ ១ ពួកជដិល ១ ពាហិយទារុចីរិយបុរស ១ រួមទាំងអស់ជា ១០ រឿង។

ឧទាន មុច្ចលិន្ទវគ្គ ទី២

១. មុចលិន្ទសូត្រ

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបបាន​ត្រាស់ដឹង​ជាដម្បូង ទ្រង់គង់​នៅទៀប​មុច្ចលិន្ទ (រាំងអន្លក់) ក្បែរឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ដោយ​បល្ល័ង្កតែមួយ សោយ​វិមុត្តិសុខ​អស់ ១ សប្តាហ៍។ សម័យនោះ បណ្តាល​មានភ្លៀងធំ ពុំជួកាល​កើតឡើង។ ភ្លៀងរលឹម ១ សប្តាហ៍ មានមេឃ​ត្រជាក់​ទូទឹមស្រអាប់។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ចេញពី​លំនៅ​របស់ខ្លួន​ហើយ ពេនព័ទ្ធ​ព្រះកាយ​នៃព្រះមានព្រះភាគ ដោយភ្នេន ៧ ជុំ ហើយបើក​ពពារ​ដ៏ធំ បាំងអំពី​ខាងលើ​ព្រះសិរ្ស​ព្រះមានព្រះភាគ ដោយ​គិតថា រងាកុំ​បីប៉ះពាល់​ព្រះមានព្រះភាគ កំដៅកុំបី​ប៉ះពាល់​ព្រះមានព្រះភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅ​ថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀត​បៀន​ព្រះមានព្រះភាគ​ឡើយ។ លុះកន្លង​សប្តាហ៍​នោះហើយ​ ព្រះមានព្រះភាគ ទ្រង់ចេញ​អំពី​សមាធិនោះ។ លំដាប់នោះ មុច្ចលិន្ទនាគរាជ ដឹងថា ភ្លៀងរាំង​ហើយ មានពពក​ស្រឡះហើយ ក៏រំសាយ​ភ្នេន ចាក​ព្រះកាយ​នៃព្រះមានព្រះភាគ និម្មិតភេទ​របស់ខ្លួន (ជាភេទមាណព) ឈរ​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះមានព្រះភាគ ពីខាងទី​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទ្រង់បន្លឺ​នូវឧទាន​នេះ ក្នុងវេលា​នោះថា

វិវេក [បណ្តាវិវេក ៣យ៉ាង វិវេក​ក្នុងទីនេះ សំដៅយក​ឧបធិវិវេក គឺ​ព្រះនិព្វាន។ អដ្ឋកថា។] របស់បុគ្គល អ្នកត្រេកអរ (ដោយ​មគ្គញ្ញាណ) មានធម៌​ស្តាប់ហើយ បាន​ឃើញ​ច្បាស់ (ដោយ​ញាណចក្ខុ) នាំមក​នូវសុខ ការមិន​បៀតបៀនគ្នា និងការ​សង្រួម ក្នុង​សត្វទាំងឡាយ ជាសុខ​ក្នុងលោក ការប្រាស​ចាកតម្រេក ការប្រព្រឹត្តិ​កន្លងកាម​ទាំងឡាយ ជាសុខ​ក្នុងលោក កិរិយា​កំចាត់បង់​នូវ​អស្មិមានះ ដំណើរនុ៎ះ ឈ្មោះថា​ជាសុខ យ៉ាងក្រៃលែង។ សូត្រ ទី១។

២. រាជសូត្រ

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។​ សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប ត្រឡប់អំពី​បិណ្ឌបាត ក្នុងវេលា​ក្រោយភត្ត អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា អន្តរាកថា [វាចា​ដោយឡែក ជាចន្លោះ​អំពីការ​យកចិត្ត​ទុកដាក់ ក្នុងកម្មដ្ឋាន រៀនបាលី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា។ អដ្ឋកថា។] ​នេះកើត​ឡើងថា ​ម្នាលអាវុសោ​ទាំងឡាយ បណ្តា​ព្រះរាជា​ទាំងពីរ​ព្រះអង្គនេះ គឺព្រះរាជា ព្រះនាម​មាគធសេនិយពិម្ពិសារ និង​ព្រះរាជា ព្រះនាម​បសេនទិកោសល ព្រះរាជា​អង្គណាហ្ន៎ ដែលមាន​ទ្រព្យច្រើន មានភោគៈ​ច្រើន មានឃ្លាំង​ច្រើន មានរដ្ឋ​ចំណុះ​ច្រើន មាន​ពាហនៈ​ច្រើន មានពលច្រើន មានឫទ្ធិច្រើន មានអានុភាព​ច្រើនជាង។ ឥឡូវនេះ អន្តរាកថា របស់​ភិក្ខុទាំងនោះ ក៏ផ្អាក​ឈប់នៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុង​សាយណ្ហ​សម័យ ក៏យាងចូល​ទៅឯ​ឧបដ្ឋានសាលា លុះទ្រង់​ចូលទៅដល់​ហើយ ក៏គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។​ លុះ​ព្រះមានព្រះភាគ​ទ្រង់​គង់ហើយ ទើបត្រាស់​សួរពួកភិក្ខុ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ អង្គុយ​ចួបជុំគ្នា ដោយការ​និយាយអ្វី ក្នុងកាល​ឥឡូវនេះ មួយទៀត អន្តរាកថា​ដូចម្តេច ដែលអ្នក​ទាំងឡាយ​ផ្អាកទុក។ ពួកភិក្ខុ​ទាំងនោះ ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលដែល​ពួកយើង​ខ្ញុំទាំងឡាយ ត្រឡប់អំពី​បិណ្ឌបាត វេលាខាង​ក្រោយភត្ត ក្នុងក្រុង​សាវត្ថីនេះ ហើយ​អង្គុយ​ចួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា មានអន្តរាកថា​នេះ កើតឡើងថា ម្នាលអាវុសោ​ទាំងឡាយ បណ្តា​ព្រះរាជា​ពីរព្រះអង្គ​នេះ គឺព្រះរាជា ព្រះនាម​មាគធសេនិយពិម្ពិសារ និង​ព្រះរាជា​ព្រះនាម​បសេនទិកោសល ព្រះរាជា​អង្គណា​ហ្ន៎ ដែលមាន​ទ្រព្យច្រើន មានភោគៈ​ច្រើន មានឃ្លាំង​ច្រើន មានរដ្ឋ​ចំណុះច្រើន មានពាហនៈ​ច្រើន មានពល​ច្រើន មាន​ឫទ្ធិច្រើន មានអានុភាព​ច្រើនជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អន្តរាកថា​នេះឯង ដែលយើងខ្ញុំ​ទាំងឡាយ​ផ្អាកទុក ក៏ស្រាប់តែ​ព្រះមានព្រះភាគ​ស្តេចយាង​មកដល់។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ត្រង់ដែល​អ្នកទាំងឡាយ​និយាយ​ពាក្យ​បែបនេះ ដំណើរនុ៎ះ មិនមែន​ជាកិច្ច​ដ៏គួរដល់​អ្នកទាំងឡាយ​ដែលជា​កុលបុត្ត ចេញចាកផ្ទះ ចូលកាន់​ផ្នួសដោយ​សទ្ធាទេ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ កាលដែល​ចួបជុំគ្នា គប្បីធ្វើកិច្ច​ពីរយ៉ាង គឺការ​ពោលជាធម៌ ១ ភាពស្ងប់​ស្ងៀមដ៏​ប្រសើរ [សំដៅយក​ការ​សម្រេចសម្រាន្ត​ដោយ​ឈានសមាបត្តិ។] ១។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទ្រង់បន្លឺ​នូវឧទាន​នេះ ​ក្នុងវេលា​នោះថា

កាមសុខណា ក្នុងលោកក្តី ទិព្វសុខ [សំដៅយក​សេចក្តីសុខ​ក្នុងរូបព្រហ្ម អរូបព្រហ្ម និងទិព្វវិហារធម៌។] ណាក្តី សេចក្តីសុខ​ទាំងនោះ មិនដល់​នូវចំណិត ១ ក្នុងចំណែក ១៦ នៃសេចក្តី​សុខ [សំដៅយក​សេចក្តីសុខ ក្នុងផលសមាបត្តិ។ អដ្ឋកថា។] ព្រោះការ​អស់តណ្ហា​ទេ។ សូត្រ ទី២។

៣. ទណ្ឌសូត្រ

[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។​ សម័យនោះឯង ពួកកុមារ​ច្រើននាក់ នាំគ្នាបៀតបៀន​ពស់នឹង​ដម្បង ត្រង់ទីជា​ចន្លោះនៃ​ក្រុងសាវត្ថី ​និង​វត្តជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត និងចីវរ ចូលទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី ក្នុង​បុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានទត​ឃើញពួកកុមារ​ច្រើន​នាក់ទាំង​នោះ កំពុងតែ​បៀតបៀន​ពស់នឹងដម្បង​ ត្រង់ទីជា​ចន្លោះនៃ​ក្រុងសាវត្ថី​ និង​វត្តជេតពន។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបទ្រង់បន្លឺ​នូវឧទាននេះ ក្នុង​វេលា​នោះថា

បុគ្គលឯណា កាលស្វែងរកសេចក្តីសុខ​ដើម្បីខ្លួន ហើយ​បៀតបៀន​ពួកសត្វ​អ្នកប្រាថ្នា​សេចក្តី​សុខ ដោយដម្បង បុគ្គលនោះ លុះ​លះលោក​នេះទៅ រមែង​មិនបាន​សេចក្តី​សុខឡើយ។

បុគ្គលណា កាលស្វែងរកសេចក្តីសុខ​ដើម្បីខ្លួន មិនបៀតបៀន​ពួកសត្វ​អ្នកប្រាថ្នា​សេចក្តីសុខ ដោយដម្បង បុគ្គលនោះ លុះលះ​លោកនេះទៅ តែងបាន​សេចក្តីសុខ។ សូត្រ ទី៣។

៤. សក្ការសូត្រ

[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តព្រះជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។​ សម័យនោះឯង ព្រះមាន​ព្រះភាគ គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ សូម្បីភិក្ខុសង្ឃ ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ដែរ។ ចំណែក​ពួកបរិព្វាជក អន្យតិរ្ថិយ គេមិន​ធ្វើសក្ការៈ មិនគោរព មិនរាប់​អាន មិនបូជា មិន​កោតក្រែង មិនបាន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី​ឡើយ។ គ្រានោះឯង ពួក​បរិព្វាជក អន្យតិរ្ថិយ កាលធន់​ទ្រាំនឹងសក្ការៈ ចំពោះ​ព្រះមានព្រះភាគ និង​ភិក្ខុសង្ឃ​មិនបាន លុះឃើញ​ពួកភិក្ខុ​ក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរ​ប្រទេច ខឹងចាក់រុក ដោយសំដី​ទ្រគោះ ជារបស់​អសប្បុរស។ លំដាប់​នោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទី​សមគួរ​ហើយ ក៏ទូល​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ​មានគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ទាំងភិក្ខុសង្ឃ ​ក៏គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​​ជា​ប្រក្រតីដែរ។ ចំណែក​ខាងពួក​បរិព្វាជក អន្យតិរ្ថិយ គេមិន​ធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ជាប្រក្រតី។ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់​នោះឯង ពួកបរិព្វាជក អន្យតិរ្ថិយ​ទាំងនោះ កាលអត់​ទ្រាំនឹងសក្ការៈ ចំពោះ​ព្រះមានព្រះភាគ និង​ភិក្ខុសង្ឃ​មិនបាន លុះបានឃើញ​ពួកភិក្ខុ​សង្ឃ​ក្នុងស្រុកក្តី ក្នុងព្រៃក្តី ក៏ជេរប្រទេច ខឹងចាក់រុក ដោយវាចា​ទ្រគោះ ជារបស់​អសប្បុរស។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​នូវឧទាននេះ ​ក្នុងវេលា​នោះថា

អ្នកទាំងឡាយ ដែលសុខ និងទុក្ខ ប៉ះពាល់ហើយ ទោះនៅ​ក្នុងស្រុក ឬព្រៃ មិនត្រូវក្តៅ​ក្រហាយ​អំពីខ្លួន ឬអំពីអ្នកដទៃ​ឡើយ ផស្សធម៌​ទាំងឡាយ រមែង​ប៉ះពាល់​ត្រូវបាន ព្រោះ​អាស្រ័យ​ឧបធិ កាលបើ​ឧបធិ មិនមាន ផស្សធម៌​ទាំងឡាយ ប៉ះពាល់​ត្រូវ​ដូចម្តេចបាន។ សូត្រ ទី៤។

៥. ឧបាសកសូត្រ

[៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។​ សម័យនោះឯង ឧបាសកម្នាក់ នៅក្នុងស្រុក​ឥច្ឆានង្គលៈ បានទៅ​ដល់នគរ​សាវត្ថី ដោយកិច្ច​នីមួយ។ លុះ​ឧបាសកនោះ បានសំរេច​កិច្ចនោះ​ស្រេច ក្នុងនគរ​សាវត្ថីហើយ ក៏ឆៀង​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧបាសកនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ត្រាស់​យ៉ាងនេះថា ម្នាល​ឧបាសក ខ្លួនអ្នក​ធ្វើហេតុ​ជាទំនង ដើម្បីមក​ទីនេះ​ជាយូរអង្វែង​ហើយ។ ឧបាសកនោះ ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ប្រុងនឹងចូល​មកគាល់​ព្រះមានព្រះភាគ ជាយូរ​ហើយ ប៉ុន្តែខ្ញុំ​ព្រះអង្គ​ ជាអ្នកខ្វល់ខ្វាយ​មិនដាច់ ដោយកិច្ចការ​នីមួយ ទើបមិន​អាចឆ្លៀត​ចូលមក​គាល់​ព្រះមានព្រះភាគ​បានសោះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាននេះ ក្នុងវេលា​នោះថា

កិលេស គ្រឿងខ្វល់ខ្វាយណាមួយ មិនមានដល់​បុគ្គលអ្នក​មានធម៌​ពិចារណា​ហើយ ជាពហូសូត្រ នុ៎ះឯង​ជាសុខ អ្នកចូរ​មើលបុគ្គល​អ្នកប្រកប​ដោយកង្វល់ កំពុង​តែលំបាក​ចំពោះ​អ្នកផង ច្រើនតែ​មានសភាព​ជាប់ចំពាក់​ចំពោះអ្នកផង។ សូត្រ ទី៥។

៦. គព្ភិនីសូត្រ

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុងសាវត្ថី។​ សម័យនោះឯង នាង​មាណវិកា នៅក្មេង ជាប្រពន្ធ​បរិព្វាជក​ម្នាក់ ជាស្ត្រីមាន​គភ៌ ជិតសម្រាល​កូន។ លំដាប់នោះ នាង​បរិព្វាជិកា​នោះ បាននិយាយ​នឹងបរិព្វាជក​នោះ​យ៉ាងនេះថា នែព្រាហ្មណ៍ អ្នកចូរ​ទៅនាំមក​នូវប្រេង​ ដែលជា​ប្រយោជន៍​ដល់ខ្ញុំ សម្រាប់​សម្រាលកូន។ កាលបើ​នាង​បរិព្វាជិកា និយាយ​យ៉ាងនេះ​ហើយ​ បរិព្វាជក​នោះ ក៏និយាយ​នឹងនាង​បរិព្វាជិកា​នេះវិញ​ថា ​ចុះអញនាំ​យកប្រេង​ពីណា​មកឲ្យនាង។ នាង​បរិព្វាជិកានោះ បាននិយាយ​នឹងបរិព្វាជក​នោះ ជាគំរប់ ២ ដង​យ៉ាងនេះថា ម្នាល​ព្រាហ្មណ៍ អ្នកចូរ​ទៅនាំប្រេង ដែលជា​ប្រយោជន៍​ដល់ខ្ញុំ សម្រាប់​សម្រាលកូន​។ បរិព្វាជកនោះ បាននិយាយ​នឹងនាង​បរិព្វាជិកា​នោះ ជាគំរប់ ២ ដង យ៉ាងនេះ​ថា ចុះអញ​នាំយក​ប្រេងពី​ទីណា មកឲ្យនាង។ នាង​បរិព្វាជិកា​នោះ​​ បាននិយាយ នឹងបរិព្វាជក​នោះ​ជាគំរប់ ៣ ដងយ៉ាង​នេះថា ម្នាល​ព្រាហ្មណ៍ អ្នកចូរ​ទៅនាំយកប្រេង​​ ដែលជា​ប្រយោជន៍​ដល់ខ្ញុំ សម្រាប់​សម្រាលកូន​។

[៥៧] សម័យនោះឯង ព្រះរាជាបសេនទិកោសល ទ្រង់ប្រទាន​ឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់​សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់​ប្រទាន​ឲ្យនាំចេញ​បានទេ។ គ្រានោះឯង ​បរិព្វាជកនោះ មានសេចក្តី​ត្រិះរិះថា ចំណាំតែ​ព្រះរាជា​ព្រះនាម​បសេន​ទិកោសល ទ្រង់ប្រទាន​ឲ្យសមណៈ ឬព្រាហ្មណ៍ ឆាន់សប្បិ ឬប្រេង ក្នុងឃ្លាំងត្រឹម ១ ឆ្អែត មិនទ្រង់​ប្រទាន​ឲ្យនាំចេញ​បានទេ បើដូច្នោះ មានតែ​អាត្មាអញ​នឹងទៅ​ឯឃ្លាំង​ព្រះរាជា​ព្រះនាម​បសេនទិកោសល ក្រេបផឹក​ប្រេងដរាប​ដល់ឆ្អែត ហើយមក​ផ្ទះវិញ សឹមរើឲ្យ ដើម្បីជា​ប្រយោជន៍​ដល់ប្រពន្ធនេះ សម្រាប់​សម្រាលកូន។ លំដាប់នោះ បរិព្វាជកនោះ ទៅឯឃ្លាំង​ព្រះរាជា ព្រះនាម​បសេនទិកោសល​ហើយ ក្រេបផឹក​នូវប្រេង ដរាបដល់​ឆ្អែត មក​ផ្ទះវិញ ក៏មិនអាច​នឹងរើប្រេង​ឲ្យចេញ​មកខាងលើ ទាំងមិនអាច​ធ្វើឲ្យ​ធ្លាក់ចុះទៅ​ខាងក្រោម​បាន។ បរិព្វាជកនោះ ត្រូវទុក្ខវេទនា​ដ៏ក្លៀវក្លា ​ខ្លោចផ្សា​ពាល់ត្រូវ ក៏បម្រះ​ននៀល​ទៅមក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ​ប្រដាប់បាត្រ និងចីវរ​សញ្ចរចូល​ទៅបិណ្ឌបាត ឯក្រុង​សាវត្ថី ក្នុង​បុព្វណ្ហសម័យ។ ព្រះមានព្រះភាគ បានទតឃើញ​បរិព្វាជកនោះ កំពុងត្រូវ​ទុក្ខវេទនា​ដ៏ក្លៀវក្លា ខ្លោចផ្សា​ពាល់ត្រូវ កំពុង​បម្រះននៀល​ទៅមក។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ឱហ្ន៎ ជនទាំងឡាយណា មិនមាន​កិលេសជា​គ្រឿងកង្វល់ ជននោះ រមែង​មានសេចក្តី​សុខ មួយទៀត ជនទាំង​ឡាយណា មិនមាន​កង្វល់ ជនទាំង​នោះ ឈ្មោះថា​ដល់នូវ​វេទ គឺ​អរហត្តមគ្គញ្ញាណ អ្នកចូរ​មើលពួកជន ដែល​ប្រកប​ដោយកង្វល់ កំពុង​លំបាក (ដោយទុក្ខ) អ្នកផង (ច្រើនតែ) មានចិត្ត​ចំពាក់​ចំពោះ​អ្នកផង។ សូត្រ ទី៦។

៧. ឯកបុត្តកសូត្រ

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុងសាវត្ថី។​ សម័យនោះឯង ឧបាសក​ម្នាក់ មានកូន​ប្រុសតូច​មួយ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត ធ្វើ​មរណៈភាព។ គ្រានោះឯង​ ពួកឧបាសក​ច្រើននាក់ មានសំពត់​ទទឹក​ មានសក់​ទទឹក ចូលទៅគាល់​ព្រះមានព្រះភាគ​ទាំងថ្ងៃ ហើយថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ​។ លុះ​ឧបាសក​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ​ត្រាស់សួរ​យ៉ាងនេះថា ម្នាល​ឧបាសក​ទាំងឡាយ ដូចម្តេចហ្ន៎ បានជា​អ្នកទាំងឡាយ មាន​សំពត់ទទឹក​ មានសក់​ទទឹក ចូលមក​ក្នុងទីនេះ​ទាំងថ្ងៃ។ កាលបើ​ព្រះមានព្រះភាគ ត្រាស់សួរ​យ៉ាងនេះហើយ ឧបាសក​នោះ បានទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះមានព្រះភាគ កូនប្រុស​តូចមួយ​របស់ខ្ញុំ​ព្រះអង្គ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត​ ធ្វើមរណភាព​ទៅ បានជាពួក​ខ្ញុំព្រះអង្គ មាន​សំពត់​ទទឹក​ មានសក់​ទទឹក ចូលមក​ក្នុងទីនេះ​ទាំងថ្ងៃ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ពួកទេវតា និងពួកមនុស្ស​ជាច្រើន ជាប់ចំពាក់​ដោយការ​ត្រេកត្រអាល ក្នុងរូប​ជាទី​ស្រឡាញ់ ជាអ្នកមាន​សេចក្តីទុក្ខ និង​សេចក្តី​សាបសូន្យ លុះក្នុង​អំណាច​មច្ចុរាជ។ ពួក​ជនណា មិន​ធ្វេសប្រហែស​ទាំងថ្ងៃ​ទាំងយប់ លះបង់​រូប ជាទី​ស្រឡាញ់ ពួកជន​នោះឯង​ ឈ្មោះថា​គាស់រំលើង​ឫសគល់​នៃទុក្ខ ​ជានុយ​នៃមច្ចុ ដែលកន្លង​បានដោយក្រ។​ សូត្រ ទី៧។

៨. សុប្បវាសាសូត្រ

[៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​កុណ្ឌិដ្ឋានវ័ន ទៀបក្រុង​កុណ្ឌិយា​។ សម័យនោះឯង កោលិយធីតា នាម​សុប្បវាសា ទ្រទ្រង់​គភ៌អស់ ៧ ឆ្នាំ មាន​គភ៌លំបាក​អស់ ៧ ថ្ងៃ។ កោលិយធីតា​នោះ លុះត្រូវ​ទុក្ខ​វេទនា​ក្លាខ្លាំង​ ខ្លោចផ្សា​ប៉ះពាល់​ អត់ទ្រាំដោយ​ការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមាន​ព្រះភាគ ព្រះអង្គនោះ ត្រាស់ដឹង​ញេយ្យធម៌​ចំពោះព្រះអង្គ​ឯង ដោយ​ប្រពៃ ព្រោះ​ទ្រង់​សំដែងធម៌ ដើម្បីលះបង់​ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃ​សាវ័ក​របស់​ព្រះមានព្រះភាគ ព្រះអង្គនោះ លោក​ប្រតិបត្តិប្រពៃ​ ព្រោះ​លោក​ប្រតិបត្តិហើយ ដើម្បីលះបង់​ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខ​យ៉ាងក្រៃលែង ព្រោះមិនមាន​ទុក្ខបែប​នេះឡើយ ១។

[៦០] គ្រានោះ កោលិយធីតា ​នាមសុប្បវាសា បានហៅស្វាមី​មកប្រាប់ថា បពិត្រ​ព្រះអយ្យបុត្ត សូមព្រះអង្គ​មក សូមព្រះអង្គ​ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ សូមថ្វាយបង្គំ​ព្រះបាទា​នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ សូមព្រះអង្គ ទូលសួរ​នូវការ​មិនមាន​អាពាធ មិនមានទុក្ខ ​មានកំឡាំង​ ក្រោកឡើង​រហ័ស និងការ​នៅសប្បាយ​តាមពាក្យ​របស់ខ្ញុំ​ម្ចាស់ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោលិយធីតា​ នាម​សុប្បវាសា ថ្វាយបង្គំ​ព្រះបាទានៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរ​នូវការ​មិនមាន​អាពាធ មិនមាន​ទុក្ខ ​មានកំឡាំង ក្រោកឡើង​រហ័ស និងការ​នៅសប្បាយ មួយទៀត សូមព្រះអង្គ​ទូល​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់​គភ៌អស់ ៧ ឆ្នាំ មានគភ៌​លំបាក អស់ ៧ ថ្ងៃ ព្រះនាង​ត្រូវទុក្ខវេទនា​ដ៏ក្លាខ្លាំង​ ខ្លោចផ្សា ពាល់ត្រូវ​ហើយ អត់ទ្រាំ​ដោយការ​ត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ​ព្រះអង្គនោះ ទ្រង់ត្រាស់ដឹង​ញេយ្យធម៌​ចំពោះ​ព្រះអង្គឯង​ដោយ​ប្រពៃ ព្រោះទ្រង់​សំដែង​ធម៌ ដើម្បីឲ្យ​លះបង់​ទុក្ខបែប នេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ក​របស់​ព្រះមានព្រះភាគ​ព្រះអង្គនោះ ប្រតិបត្តិ​ប្រពៃ ព្រោះ​លោក​ប្រតិបត្តិហើយ ដើម្បីលះបង់​ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខ​យ៉ាងក្រៃលែង ព្រោះមិនមាន​ទុក្ខបែប​នេះឡើយ ១។ កោលិយរាជបុត្រ (ជាស្វាមី) បានទទួល​ស្តាប់ពាក្យ​កោលិយធីតា នាមសុប្បវាសាថា ប្រសើរ​ហើយ រួចចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់ក្នុង​ទីសមគួរ។ លុះ​កោលិយ​រាជបុត្រ គង់ក្នុង​ទីសមគួរហើយ ទើបក្រាប​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោលិយធីតា នាម​សុប្បវាសា ថ្វាយបង្គំ​ព្រះបាទា នៃព្រះមាន​ព្រះភាគ ដោយសិរ្សៈ ទូលសួរ​ការមិនមាន​អាពាធ មិនមានទុក្ខ ​មានកំឡាំង ក្រោកឡើង​រហ័ស និងការនៅ​ជាសុខសប្បាយ រួចនិយាយ​ផ្តាំ យ៉ាងនេះថា កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់​គភ៌ អស់ ៧ ឆ្នាំ មាន​គភ៌លំបាក អស់ ៧ ថ្ងៃ នាងត្រូវ​ទុក្ខវេទនា ដ៏ក្លាខ្លាំង​ ខ្លោចផ្សា អត់ទ្រាំ​ដោយការ​ត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគ​ព្រះអង្គនោះ ទ្រង់ត្រាស់ដឹង​ញេយ្យធម៌​ចំពោះ​ព្រះអង្គឯង ដោយប្រពៃ ព្រោះព្រះអង្គ​ទ្រង់សំដែង​ធម៌ ដើម្បី​លះបង់​ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ក​របស់​ព្រះមានព្រះភាគ​ព្រះអង្គនោះ ប្រតិបត្តិ​ប្រពៃ ព្រោះលោក​ប្រតិបត្តិហើយ ដើម្បីលះបង់​នូវទុក្ខ​បែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន​ជាសុខ​យ៉ាង​ក្រៃលែង ព្រោះមិនមាន​ទុក្ខបែប​នេះឡើយ ១។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សូមឲ្យ​កោលិយធីតា នាម​សុប្បវាសា បាន​សេចក្តីសុខ សូមកុំ​ឲ្យមានរោគ ប្រសូតបុត្ត កុំឲ្យ​មានរោគ។​ ឯ​កោលិយធីតា នាម​សុប្បវាសា ក៏បាន​សេចក្តីសុខ ឥតមាន​រោគ ប្រសូតបុត្ត​ក៏ឥតមានរោគ ដំណាល​នឹង​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ។ កោលិយ​រាជបុត្រនោះ ត្រេកអរ​ អនុមោទនា​ភាសិត​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ ហើយ​ក្រោកចាក​អាសនៈ ថ្វាយបង្គំ​លា​ព្រះមានព្រះភាគ រួច​ធ្វើប្រទក្សិណ​ហើយ យាង​សំដៅមក​កាន់​គេហដ្ឋាន​ព្រះអង្គវិញ។ កោលិយ​រាជបុត្រនោះ បានឃើញ​កោលិយធីតា នាម​សុប្បវាសា បានសេចក្តី​សុខ មិនមាន​រោគ ប្រសូតបុត្ត មិនមាន​រោគ លុះកោលិយ​រាជបុត្រនោះ បានឃើញ​ហើយ ក៏មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អស្ចារ្យណាស់​ ឱហ្ន៎ ចំឡែក​ណាស់តើ ព្រះតថាគត មានឫទ្ធិ​ច្រើន មានអានុភាព​ច្រើនមែន មិនគួរបើ​កោលិយធីតា នាម​សុប្បវាសា​នេះ បាន​សេចក្តីសុខ មិនមាន​រោគ ប្រសូតបុត្ត មិនមាន​រោគ ដំណាលគ្នា​នឹង​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​នោះសោះ កោលិយ​រាជបុត្ត មានចិត្ត​ត្រេកអរ រីករាយ​ កើតបីតិ​សោមនស្ស។

[៦១] គ្រានោះ កោលិយធីតា នាមសុប្បវាសា ហៅស្វាមីមកថា បពិត្រ​ព្រះអយ្យបុត្ត សូមព្រះអង្គមក សូម​ព្រះអង្គ​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ចូរថ្វាយបង្គំ​ព្រះបាទា​នៃព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យ​របស់ខ្ញុំម្ចាស់​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោលិយធីតា នាម​សុប្បវាសា ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមាន​ព្រះភាគ ដោយសិរ្សៈ រួចសូម​ព្រះអង្គ​ក្រាបទូល​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន កោលិយធីតា នាម​សុប្បវាសា ទ្រទ្រង់​គភ៌អស់ ៧ ឆ្នាំ មានគភ៌​លំបាកអស់ ៧ ថ្ងៃ ឥឡូវនេះ នាងបាន​សេចក្តី​សុខ មិនមានរោគ​ ប្រសូតបុត្ត​មិនមាន​រោគ នាង​និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយ​ភត្តអស់ ៧ ថ្ងៃ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើដូច្នោះ សូម​ព្រះមាន​ព្រះភាគ​ ព្រមទាំង​ភិក្ខុសង្ឃ ទ្រង់ទទួល​ភត្ត ៧​ ថ្ងៃ របស់​កោលិយធីតា នាម​សុប្បវាសា។ កោលិយ​រាជបុត្តនោះ ទទួល​ស្តាប់ពាក្យ​កោលិយធីតា នាម​សុប្បវាសាថា ប្រសើរ​ហើយ រួចចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​គង់ក្នុង​ទីសមគួរ។ លុះ​កោលិយ​រាជបុត្តនោះ គង់ក្នុងទី​សមគួរហើយ បាន​ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កោលិយធីតា នាម​សុប្បវាសា ថ្វាយបង្គំ​ព្រះបាទា​នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ​ មួយទៀត នាងក្រាប​ទូល​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​កោលិយធីតា នាម​សុប្បវាសា ទ្រទ្រង់​គភ៌ អស់ ៧ ឆ្នាំ មានគភ៌​លំបាក​អស់ ៧ ថ្ងៃ ឥឡូវនេះ នាងបាន​សេចក្តីសុខ មិនមានរោគ​ ប្រសូតបុត្ត​មិន​មានរោគ នាងនិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយភត្ត​អស់ ៧ ថ្ងៃ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើដូច្នោះ សូមព្រះមាន​ព្រះភាគ ព្រមទាំង​ភិក្ខុសង្ឃ ទ្រង់ទទួល​ភត្ត ៧ ថ្ងៃ របស់​កោលិយ​ធីតា នាម​សុប្បវាសា​ឲ្យទាន។

[៦២] សម័យនោះឯង ឧបាសកម្នាក់ និមន្តភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ដោយភត្ត​ក្នុងថ្ងៃ​ស្អែក។ ឧបាសកនោះ ជាឧបដ្ឋាក​របស់​ព្រះមហាមោគ្គល្លាន​ដ៏មាន​អាយុ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រាប់​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ថា ម្នាល​មោគ្គល្លាន អ្នកចូរមក អ្នកចូល​ទៅរក​ឧបាសកនោះ លុះចូល​ទៅដល់ហើយ​ ចូរនិយាយ​នឹងឧបាសក​នោះ យ៉ាងនេះថា ម្នាល​អាវុសោ ​កោលិយធីតា នាម​សុប្បវាសា ទ្រទ្រង់​គភ៌ អស់ ៧ ឆ្នាំ មានគភ៌​លំបាក​អស់ ៧ ថ្ងៃ ឥឡូវនេះ នាងមាន​សេចក្តីសុខ មិនមានរោគ​ ប្រសូតបុត្ត​ឥតមានរោគ នាងនិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយភត្ត​អស់ ៧ ថ្ងៃ សូមឲ្យ​កោលិយធីតា នាម​សុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នក​ចាំធ្វើ​ក្រោយ ព្រោះ​ឧបាសកនោះ ជាឧបដ្ឋាក​របស់លោក​ស្រាប់ហើយ។ ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ រួចចូល​ទៅរក​ឧបាសកនោះ លុះចូល​ទៅដល់ហើយ ក៏និយាយ​នឹងឧបាសក​នោះ យ៉ាងនេះថា ម្នាល​អាវុសោ កោលិយធីតា នាម​សុប្បវាសា ទ្រទ្រង់​គភ៌ អស់ ៧ ឆ្នាំ មានគភ៌​លំបាក​អស់ ៧ ថ្ងៃ ឥឡូវនេះ នាងមាន​សេចក្តីសុខ មិនមានរោគ​ ប្រសូតបុត្ត​ឥតមានរោគ នាងនិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយភត្តអស់ ៧ ថ្ងៃ សូមឲ្យ​កោលិយធីតា នាម​សុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនអ្នក​នឹងធ្វើ​ក្រោយ។ ឧបាសកនោះ និយាយថា បពិត្រលោក​ដ៏ចំរើន បើ​ព្រះមហាមោគ្គល្លាន​ជាម្ចាស់​ធានា ចំពោះធម៌ ៣ យ៉ាងគឺ​ ភោគៈ ១ ជីវិត ១ សទ្ធា ១ សូមឲ្យ​កោលិយធីតា នាម​សុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំ​ធ្វើក្រោយ។ ព្រះមហាមោគ្គល្លាន ពោលថា ម្នាលអាវុសោ ខ្លួន​អាត្មាធានា​ឲ្យអ្នក​តែធម៌ ២ យ៉ាង គឺភោគៈ ១ ជីវិត ១ ឯខ្លួនអ្នក ​ត្រូវតែធានា​សទ្ធាខ្លួនឯងចុះ។ ឧបាសក​នោះ និយាយថា បពិត្រ​លោក​ដ៏ចំរើន បើព្រះមហាមោគ្គល្លានដ៏​មានអាយុ ធានា​ចំពោះតែធម៌ ២ យ៉ាងគឺ ភោគៈ ១ ជីវិត ១ សូមឲ្យ​កោលិយធីតា នាមសុប្បវាសា ធ្វើភត្ត ៧ ថ្ងៃសិនចុះ ខ្លួនខ្ញុំ​ចាំធ្វើ​ក្រោយ។ លំដាប់នោះ ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បានពន្យល់​ឧបាសក​នោះហើយ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ទូល​ព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បានពន្យល់​ឧបាសកនោះ​ហើយ សូមឲ្យ​កោលិយធីតា នាមសុប្បវាសា​ ធ្វើភត្ត ៧ ថ្ងៃសិនចុះ ឧបាសកនោះ​ ចាំធ្វើ​ខាង​ក្រោយ។ លំដាប់នោះ កោលិយធីតា​ នាមសុប្បវាសា អង្គាស​ភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ជាប្រធាន​​អស់ថ្ងៃ ៧ ឲ្យឆាន់​ឆ្អែតស្កប់​ស្កល់ ដោយ​​ខាទនីយ​ភោជនីយាហារ​ដ៏ឧត្តម ដោយដៃ​ខ្លួនឯង ត្រាតែ​ហាមឃាត់​​រួចហើយ ឲ្យទារកនោះ​ថ្វាយបង្គំ​ព្រះមានព្រះភាគ និងភិក្ខុ​សង្ឃ។ លំដាប់នោះ ព្រះសារីបុត្តដ៏​មានអាយុ បានសួរ​ទារកនោះ យ៉ាងនេះថា ម្នាល​ទារក កាល​អ្នកនៅ​ក្នុងគភ៌ ល្មម​អត់​ទ្រាំបានដែរឬ ល្មម​ប្រព្រឹត្ត​ទៅបាន​ដែរឬ មិន​មាន​ទុក្ខតិចតួចទេឬ។ ទារកនោះ ទូលតបថា បពិត្រ​ព្រះសារីបុត្ត​ដ៏ចំរើន ខ្ញុំព្រះករុណា ​ល្មមអត់​ទ្រាំបាន មកពីណា ល្មមប្រព្រឹត្ត​ទៅបាន មកពីណា (ព្រោះ) ខ្ញុំនៅក្នុង​ផ្ទៃ ប្រឡាក់ដោយ​ឈាមអស់ ៧ ឆ្នាំមក​ហើយ។ លំដាប់នោះ កោលិយធីតា​ នាមសុប្បវាសា មានចិត្ត​ត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយសេចក្តី​នឹកកោតថា បុត្ត​អាត្មាអញ ចេះប្រឹក្សា​ជាមួយ​ព្រះ​ធម្មសេនាបតី​បាន។ លំដាប់នោះ ព្រះមានព្រះភាគ បាន​ជ្រាបថា កោលិយធីតា នាម​សុប្បវាសា មាន​ចិត្ត​ត្រេកអរ រីករាយ កើត​បីតិ​សោមនស្សហើយ ទើបត្រាស់​នឹង​កោលិយធីតា នាម​សុប្បវាសា យ៉ាងនេះថា ម្នាល​នាង​សុប្បវាសា នាងចង់​បានបុត្ត​ដទៃបែប​នេះ តទៅ​ទៀត​ដែរឬ។​ កោលិយធីតា នាមសុប្បវាសា​ទូលថា បពិត្រ​ព្រះមាន​ព្រះភាគ​ដ៏ចំរើន ខ្ញុំម្ចាស់​ចង់​បានបុត្ត​ដទៃ​បែបនេះ ៧ នាក់ទៀត។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើប​បន្លឺ​នូវឧទាន​នេះ ក្នុងវេលានោះថា

អារម្មណ៍ មិនជាទីត្រេកអរ​ មិនជាទីស្រឡាញ់​ អារម្មណ៍​ជាទុក្ខ រមែងគ្រប​សង្កត់នូវ​បុគ្គលអ្នក​ប្រមាទ ដោយ​សភាពជា​ទីត្រេកអរ ដោយ​សភាព​ជាទី​ស្រឡាញ់ ដោយសភាព​នៃសេចក្តី​សុខ។ សូត្រ ទី៨។

៩. វិសាខាសូត្រ

[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ​ទ្រង់គង់នៅ​ក្នុង​ប្រាសាទ​នៃ​មិគារមាតា ក្នុង​វត្តបុព្វារាម ជិតក្រុង​សាវត្ថី។​ សម័យនោះឯង ប្រយោជន៍​ណាមួយ របស់នាង​វិសាខាមិគារមាតា ជា​ប្រយោជន៍​ជាប់ទាក់​ទងនឹង​ព្រះបាទ​បសេន​ទិកោសល។ ព្រះបាទ​បសេនទិកោសល ទ្រង់មិន​ពិចារណា​ប្រយោជន៍​នោះតាម​បំណង​ឡើយ​។ គ្រានោះ នាងវិសាខា​មិគារមាតា ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ​ទាំងថ្ងៃក្តៅ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុង​ទីសមគួរ។ លុះនាង​វិសាខា​មិគារមាតា អង្គុយ​ក្នុងទីសម​គួរហើយ​ ព្រះមានព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាល​នាងវិសាខា នាងមក​អំពីណា​ទាំងថ្ងៃ​ក្តៅម៉្លេះ។ នាងវិសាខា​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រយោជន៍​នីមួយ របស់ខ្ញុំ​ព្រះអង្គ​ក្នុងទីនេះ ជា​ប្រយោជន៍​ជាប់ទាក់ទងនឹង​ព្រះបាទ​បសេនទិកោសល ព្រះបាទ​បសេនទិកោសល ទ្រង់មិន​ពិចារណា​ប្រយោជន៍នោះ តាមបំណង​ឡើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

(ប្រយោជន៍ណាមួយ) ដែលនៅក្នុងអំណាច​នៃជន​ដទៃ​ទាំងអស់ នាំមក​នូវទុក្ខ ឥស្សរភាព​ទាំងអស់ នាំមក​នូវសុខ ​សត្វទាំងឡាយ​ដែល​ជ្រមុជទៅ ក្នុងហេតុ​នៃទុក្ខ​ទួទៅ តែងនឿយ​ព្រួយ ព្រោះកិលេស​ជាគ្រឿង​ប្រកប​ទាំងឡាយ សត្វកន្លង​បាន​ដោយក្រ។ សូត្រ ទី៩។

១០. ភទ្ទិយសូត្រ

[៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ទ្រង់គង់​នៅក្នុង​វត្តអម្ពវ័ន ទៀបក្រុង​អនុប្បិយា។ សម័យនោះ ព្រះភទ្ទិយៈ​ដ៏មានអាយុ ជាបុត្តនាង​សាកិយានី ឈ្មោះ​កាឡិគោធា ទោះនៅ​ក្នុងព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី តែងបន្លឺ​នូវឧទាន​រឿយៗថា ឱហ្ន៎ សុខអ្វីម៉្លេះ​ ឱហ្ន៎ សុខអ្វីម៉្លេះ​។ ពួកភិក្ខុ​ជាច្រើន​រូប បាន​ឮថា ព្រះភទ្ទិយៈ​ដ៏មានអាយុ ជាបុត្ត​នៃនាង​សាកិយានី ឈ្មោះ​កាឡិគោធា ទោះនៅ​ក្នុងព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទាន​រឿយៗថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ ដូច្នេះដែរ។​ លុះពួក​ភិក្ខុទាំងនោះ​បានឮ​ហើយ ក៏មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះភទ្ទិយៈ​ដ៏មានអាយុ ជា​បុត្តនាង​សាកិយានី ឈ្មោះ​កាឡិគោធា ប្រាកដ​ជាអផ្សុក​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដោយពិត ព្រះភទ្ទិយៈ​ដ៏មាន​អាយុនោះ នឹករលឹក​សេចក្តី​សុខក្នុង​រាជ្យ​របស់​លោក កាលនៅជា​គ្រហស្ថអំពី​ដើម ទោះនៅ​ក្នុងព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទាន​រឿយៗថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ។ លំដាប់​នោះ ពួកភិក្ខុ​ច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះភទ្ទិយៈ​ដ៏មាន​អាយុ ជាបុត្តនាង​សាកិយានី ឈ្មោះ​កាឡិគោធា ទោះនៅ​ក្នុងព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទាន​រឿយៗថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ ព្រះភទ្ទិយៈ​ជាបុត្តនាង​សាកិយានី ឈ្មោះ​កាឡិគោធា ប្រាកដជា​អផ្សុក​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដោយពិត​។បេ។​ ឱហ្ន៎ សុខ​អ្វីម៉្លេះ។

[៦៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​មួយរូប ហើយ​បង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅ​ភទ្ទិយភិក្ខុ តាមពាក្យ​តថាគតថា នែអាវុសោ​ភទ្ទិយៈ ព្រះសាស្តា​ ទ្រង់ឲ្យ​ហៅអ្នក។ ភិក្ខុនោះ ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ​រួច​ចូល​ទៅរក​ព្រះភទ្ទិយៈ​ដ៏មាន​អាយុ​ ជា​បុត្តនាង​សាកិយានី ឈ្មោះ​កាឡិគោធា លុះ​ចូល​ទៅដល់​ហើយ ក៏​និយាយ​នឹងព្រះភទ្ទិយៈ​ដ៏មានអាយុ​ ជា​​បុត្តនាង​សាកិយានី ឈ្មោះ​​កាឡិគោធាថា នែ​អាវុសោ​ភទ្ទិយៈ ព្រះសាស្តា​ត្រាស់ហៅ​អ្នក ព្រះភទ្ទិយៈ​ដ៏មានអាយុ ជា​បុត្ត​នាង​សាកិយានី ឈ្មោះ​កាឡិគោធា បាន​ទទួល​ពាក្យភិក្ខុ​នោះ​ថា អើអាវុសោ ហើយ​ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ​ លុះ​ចូល​ទៅដល់​ហើយ ក្រាប​ថ្វាយបង្គំ​នូវ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះភទ្ទិយៈ​ដ៏មាន​អាយុ ​ជា​បុត្តនាង​សាកិយានី ឈ្មោះ​​កាឡិគោធា អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភទ្ទិយៈ បានឮថា អ្នក​ទោះ​នៅក្នុង​ព្រៃក្តី នៅទៀបគល់​ឈើក្តី នៅក្នុងផ្ទះ​ស្ងាត់ក្តី តែងបន្លឺ​ឧទាន​រឿយ ៗ ថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ ដូច្នេះមែនឬ។ ព្រះភទ្ទិយ​ក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភទ្ទិយៈ អ្នក​​ពិចារណា​ឃើញ​អំណាច​ប្រយោជន៍​ដូច​ម្តេច បានជា​ចូលទៅនៅ​ក្នុងព្រៃក្តី នៅ​ទៀប​គល់​ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី តែង​បន្លឺ​ឧទាន​រឿយ ៗ ថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ ដូច្នេះ។​ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​ពីដើម ខ្ញុំព្រះអង្គ​នៅជា​គ្រហស្ថ សោយ​សុខ​ក្នុងរាជ្យ ការ​រក្សា​ខាងក្នុង​ព្រះរាជវាំង គេបាន​ចាត់ចែង​ល្អហើយ ការ​រក្សា​ខាងក្រៅ​ព្រះរាជវាំង គេក៏​ចាត់ចែង​ល្អហើយ ការរក្សា​ខាងក្នុងនគរ គេចាត់ចែង​ល្អហើយ ការរក្សា​ខាងក្រៅ​នគរ គេចាត់ចែង​ល្អហើយ ការរក្សា​ក្នុងជនបទ គេចាត់ចែង​ល្អហើយ ការរក្សា​ខាងក្រៅ​ជនបទ គេចាត់ចែង​ល្អហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នោះឯង ដែល​​គេរក្សា​គ្រប់គ្រង​យ៉ាងនេះហើយ ក៏​នៅ​តែភ័យ ភ្ញាក់ផ្អើល​ រង្កៀស​តក់ស្លុត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​តែម្នាក់ឯង ទោះនៅ​ក្នុងព្រៃក្តី នៅទៀបគល់​ឈើក្តី នៅក្នុងផ្ទះ​ស្ងាត់ក្តី ក៏លែង​ភ័យ លែង​ភ្ញាក់ផ្អើល លែងតក់​ស្លុតហើយ ជា​អ្នកមាន​ការខ្វល់​ខ្វាយតិច ឥត​​ព្រឺព្រួចរោម ចិញ្ចឹមជីវិត​ដោយបច្ច័យ​ដែលអ្នក​ដទៃឲ្យ នៅ​ដោយ​មានចិត្ត​ដូចជា​ពួកម្រឹក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណា​ឃើញ​អំណាច​ប្រយោជន៍នេះ​ហើយ ទោះនៅ​ក្នុងព្រៃក្តី នៅ​ទៀប​គល់ឈើក្តី នៅ​ក្នុង​ផ្ទះស្ងាត់ក្តី តែង​បន្លឺ​ឧទាន​រឿយៗថា ឱហ្ន៎ សុខ​អ្វីម៉្លេះ​ ឱហ្ន៎ សុខ​អ្វីម៉្លេះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនេះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់​បុគ្គល​ណា បុគ្គលនោះ​ឈ្មោះថា កន្លង​ផុតនូវ​សេចក្តី​ចំរើន និងសេចក្តី​វិនាស​ ទេវតា​ទាំងឡាយ កម្រនឹង​បានឃើញ​បុគ្គល​ដែលប្រាស​ចាកភ័យ បានប្រកប​ដោយសេចក្តី​សុខ ឥតសោកនោះ​ឡើយ។ ​សូត្រ ទី១០។

ចប់ មុច្ចលិន្ទវគ្គ ទី២។

ឧទាននៃមុច្ចលិន្ទវគ្គនោះគឺ

និយាយអំពីព្រះមានព្រះភាគ​គង់ទៀប​គល់រាំង ១ អំពី​ព្រះរាជា ១ អំពីការ​វាយពស់​ដោយដម្បង ១ អំពី​គ្រឿង​សក្ការៈ ១ អំពី​ឥច្ឆានង្គលឧបាសក ១ អំពី​ប្រពន្ធ​ព្រាហ្មណ៍​មានគភ៌ ១ អំពី​កូនតូច ១ អំពី​កោលិយធីតា ឈ្មោះ​សុប្បវាសា ១ អំពីនាង​វិសាខា ១ អំពី​ព្រះភទ្ទិយត្ថេរ (ជាបុត្ត) នាង​សាកិយានី ឈ្មោះ​កាឡិគោធា ១។

ឧទាន នន្ទវគ្គ ទី៣

១. កម្មវិបាកជសូត្រ

[៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុងសាវត្ថី។​ សម័យនោះឯង ភិក្ខុមួយរូប អង្គុយ​ពែនភ្នែន​ក្នុងទីជិត​នៃ​ព្រះមានព្រះភាគ ហើយតាំង​កាយត្រង់ អត់ទ្រាំ​ទុក្ខវេទនា​ដ៏ក្លា​ខ្លាំង ខ្លោចផ្សា ដែលកើត​អំពីផល​នៃ​កម្មចាស់ មានស្មារតី មានសេចក្តី​ដឹងខ្លួន មិន​លំបាក។ ព្រះមានព្រះភាគ បានទត​ឃើញភិក្ខុនោះ អង្គុយពែន​ភ្នែនក្នុងទី​ជិតនៃ​ព្រះអង្គ តាំងកាយ​ត្រង់ អត់ទ្រាំ​ទុក្ខវេទនា​ដ៏ក្លាខ្លាំង ខ្លោចផ្សា ដែលកើត​អំពីផល​នៃកម្មចាស់ មាន​ស្មារតី មានសេចក្តី​ដឹងខ្លួន​ មិនលំបាក។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុង​វេលានោះថា

ភិក្ខុអ្នកលះបង់កម្មទាំងពួង កំចាត់បង់​ធូលី គឺកិលេស​ ដែលខ្លួន​ធ្លាប់ធ្វើក្នុង​កាលមុន មិនមាន​សេចក្តី​ប្រកាន់ថា អញឋិត​នៅនឹងធឹង សេចក្តី​ត្រូវការ​ដើម្បីហៅ​រក [ប្រយោជន៍​ដើម្បី​ហៅរកអ្នក​ផងថា អ្នកទាំងឡាយ ចូរធ្វើ​ថ្នាំ​ជាដើម ដល់អាត្មា​ដូច្នេះ មិនមានឡើយ ព្រោះ​លោកឥត​មានសេចក្តី​អាឡោះអាល័យ​ក្នុងសរីរៈ។ អដ្ឋកថា។] អ្នកផង​ឲ្យជួយ​ មិនមានឡើយ។ ចប់ សូត្រ ទី១។

២. នន្ទសូត្រ

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។​ សម័យមួយ ​ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។​ សម័យនោះឯង ព្រះនន្ទ​ដ៏មាន​អាយុ ជាព្រះអនុជ ជាបុត្រ​ព្រះមាតុច្ឆា​នៃ​ព្រះមានព្រះភាគ និយាយ​ប្រាប់ពួក​ភិក្ខុ​ច្រើនរូប​យ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំមិន​ត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយៈ​ទេ ខ្ញុំមិនអាច​នឹងទ្រទ្រង់​ព្រហ្មចរិយៈ​បានទេ ខ្ញុំមុខ​ជានឹង​ពោល​លាសិក្ខា ត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។ លំដាប់នោះ ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុង​ទីសម​គួរហើយ ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនន្ទ​ដ៏មាន​អាយុ ជា​ព្រះអនុជ និងជា​បុត្រព្រះមាតុច្ឆា នៃ​ព្រះមានព្រះភាគ បាន​និយាយប្រាប់​ពួកភិក្ខុ​ច្រើនរូប​យ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំមិន​ត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទេ ខ្ញុំមិនអាច​ទ្រទ្រង់​ព្រហ្មចរិយធម៌​បានទេ ខ្ញុំមុខជា​នឹងពោល​លាសិក្ខា ត្រឡប់​ទៅកាន់​ភេទថោក​ទាបវិញ​។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ ១ រូប​មកថា ម្នាលភិក្ខុ អ្នកចូរមក ចូរហៅ​នន្ទភិក្ខុ តាមពាក្យ​តថាគតថា ម្នាល​អាវុសោ​នន្ទ ព្រះសាស្តា ទ្រង់ត្រាស់​ហៅអ្នក។​ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយចូល​ទៅ​រក​ព្រះនន្ទដ៏​មានអាយុ លុះចូល​ទៅដល់ហើយ បាននិយាយ​នឹងព្រះនន្ទ​ដ៏មាន​អាយុ​ ដូច្នេះថា ម្នាល​អាវុសោនន្ទ ព្រះសាស្តា ទ្រង់ត្រាស់​ហៅអ្នក។ ព្រះនន្ទ​ដ៏មាន​អាយុ ទទួលពាក្យ​ភិក្ខុនោះថា អើអាវុសោ ហើយ​ក៏ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទី​សមគួរ។​ លុះព្រះនន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលនន្ទ បានឮថា អ្នកបាន​និយាយ​ប្រាប់ពួក​ភិក្ខុច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំមិន​ត្រេកអរ។បេ។​ ខ្ញុំមុខជា​នឹងត្រឡប់​ទៅកាន់ភេទ​ដ៏ថោកទាប​វិញដូច្នេះ ពិត​មែនឬ។ ព្រះនន្ទ​ក្រាបទូលថា ព្រះករុណា ព្រះអង្គ ពិតមែន។ ម្នាលនន្ទ ព្រោះហេតុអ្វី បានជា​អ្នក​មិនត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយៈ មិនអាច​ទ្រទ្រង់​ព្រហ្មចរិយៈ នឹងពោល​លា​សិក្ខា ត្រឡប់ទៅ​កាន់ភេទ​ដ៏ថោក​ទាបវិញ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលដែល​ខ្ញុំព្រះអង្គ​ចេញ​មកអំពីផ្ទះ នាង​​សាកិយានី​ជនបទកល្យាណី កំពុងតែ​ស្អិត​ស្អាង​​សក់​បានពាក់​កណ្តាល បាន​ស្រែក​ផ្តាំខ្ញុំព្រះអង្គ​ដូច្នេះ​ថា បពិត្រ​ព្រះអយ្យបុត្ត សូម​ទ្រង់​ត្រឡប់​មកវិញ​ឆាប់ៗ ណា៎។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ រលឹកឃើញ​ពាក្យនោះ​ បានជា​មិនត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ មិនអាច​ទ្រទ្រង់​ព្រហ្មចរិយៈ​បាន នឹងពោល​លាសិក្ខា ត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់​ព្រះនន្ទដ៏​មានអាយុ ត្រង់ដើម​ដៃ ហើយបាត់​អំពីវត្ត​ជេតពន ទៅប្រាកដ​ឯស្ថាន​តាវត្តឹង្ស​ទេវលោក ដូចជា​បុរសមាន​កំឡាំង លាដៃ​ដែលបត់ ឬបត់ដៃ​ដែលលា​ដូច្នោះ។

[៦៨] សម័យនោះឯង ពួកស្ត្រីទេពអប្សរ ចំនួន​ ៥០០ រូប មានសម្បុរ​ដូចសម្បុរជើង​ព្រាប បានមក​គាល់បំរើ​ព្រះឥន្ទ្រ ជាស្តេច​ទេវតា។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់​ហៅព្រះនន្ទ​ដ៏មានអាយុ​ថា ម្នាលនន្ទ អ្នកឃើញ​ពួកស្ត្រី​ទេពអប្សរ​ចំនួន ៥០០ រូប ដែល​មានសម្បុរ​ដូចជាសម្បុរ​ជើងព្រាប​នេះដែរឬ។ ព្រះនន្ទ​ក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលនន្ទ អ្នកសំគាល់​ហេតុនោះ​ដូចម្តេច នាង​​សាកិយានី​ជនបទកល្យាណី និង​ពួក​​ស្ត្រីទេពអប្សរ​ចំនួន ៥០០ រូប ដែលមាន​សម្បុរដូច​ជាសម្បុរជើង​ព្រាបនេះ តើស្ត្រី​ណា មានរូប​ល្អជាង គួររមិល​មើលជាង គួរជ្រះថ្លា​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មេស្វា មានរោម​រេច កំបុតស្លឹក​ត្រចៀក និងច្រមុះ​យ៉ាងណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នាង​សាកិយានី​ជនបទកល្យាណី បើប្រៀបធៀប​នឹងពួកស្ត្រី​ទេពអប្សរ​ទាំង ៥០០ រូបនេះ មិនដល់​នូវការរាប់​ មិនបានមួយ​ចំណិត ទាំងមិនគួរ​នឹងប្រៀប​ផ្ទឹមទេ ប្រហែល​គ្នានឹង មេស្វានោះ ក៏យ៉ាងនោះ​ដែរ កាលបើ​យ៉ាងនេះ ពួកស្ត្រី​ទេពអប្សរ​ទាំង ៥០០ រូបនេះ មានរូប​ល្អជាងផង គួររមិល​មើលជាងផង គួរជ្រះថ្លា​ជាងផង។ ម្នាលនន្ទ អ្នកចូរ​ត្រេកអរចុះ ម្នាលនន្ទ អ្នកចូរ​ត្រេកអរចុះ តថាគត​ជាអ្នកធានា​ឲ្យអ្នកបាន​ពួកស្ត្រីទេព​អប្សរទាំង ៥០០ រូប ដែលមាន​សម្បុរដូចជា​សម្បុរ​ជើងព្រាប។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើ​ព្រះមានព្រះភាគ ធានាឲ្យ​ខ្ញុំព្រះអង្គ បានពួក​ស្ត្រីទេពអប្សរ​ ៥០០ រូប ដែល​មាន​សម្បុរដូច​សម្បុរ​ជើងព្រាប បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នឹងត្រេកអរ​ក្នុង​ព្រហ្មចរិយធម៌។ លំដាប់​នោះ ព្រះមាន​ព្រះភាគ ទ្រង់ចាប់​នន្ទភិក្ខុ​ដ៏មានអាយុ ត្រង់ដើមដៃ ហើយបាត់​អំពី​តាវត្តឹង្ស​ទេវលោក មក​ប្រាកដ​នាវត្ត​ជេតពន ដូចជា​បុរសមាន​កំឡាំង លាដៃ​ដែលបត់ ឬបត់ដៃ ដែលលា​ដូច្នោះឯង។ ពួកភិក្ខុបានឮថា ព្រះនន្ទដ៏​មានអាយុ ជាព្រះអនុជ ជាបុត្ត​ព្រះមាតុច្ឆា​នៃព្រះមានព្រះភាគ ប្រព្រឹត្ត​ព្រហ្មចរិយៈ ព្រោះហេតុ (ចង់បាន) នូវ​ពួកស្ត្រី​ទេពអប្សរ បានឮថា ព្រះមានព្រះភាគ ​ជាអ្នក​ធានា ឲ្យលោក​បានពួកស្ត្រី​ទេពអប្សរ​ទាំង ៥០០ រូប ដែលមាន​សម្បុរ​ដូចជា​សម្បុរជើងព្រាប។

[៦៩] លំដាប់នោះ ពួកភិក្ខុជាសំឡាញ់​ព្រះនន្ទ​ដ៏មានអាយុ តែងហៅរក​ព្រះនន្ទ​ដ៏មាន​អាយុ ដោយពាក្យថា ព្រះនន្ទ​ជាអ្នកស៊ី​ឈ្នួលផង ដោយ​ពាក្យថា ព្រះនន្ទ គឺព្រះមាន​ព្រះភាគ​ជួលហើយ​ផង បានឮថា​ ព្រះនន្ទ​ដ៏មានអាយុ ជាអ្នក​ស៊ីឈ្នួល បានឮថា​ ព្រះនន្ទដ៏​មានអាយុ ព្រះមានព្រះភាគ​ជួលហើយ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះហេតុ​តែពួកស្ត្រី​ទេពអប្សរ បានឮថា ព្រះមានព្រះភាគ ទ្រង់ធានា​ឲ្យលោក​បានពួក​ស្ត្រីទេពអប្សរ​ទាំង ៥០០ រូប ដែលមាន​សម្បុរដូច​ជាសម្បុរ​ជើងព្រាប​។ លំដាប់នោះ ព្រះនន្ទ​ដ៏មានអាយុ នឿយណាយ​ធុញទ្រាន់ ជិនឆ្អន់​នឹងពាក្យ​របស់ពួក​ភិក្ខុជា​សំឡាញ់ ដែល​និយាយថា លោកជា​អ្នកស៊ីឈ្នួល​ផង និងពាក្យថា លោក គឺព្រះមានព្រះភាគ​ជួលហើយ​ផង ក៏គេច​ចេញទៅ​តែម្នាក់ឯង មិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស មានចិត្ត​ឆ្ពោះទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត ដែល​ចេញចាក​ផ្ទះហើយ ចូលទៅ​កាន់ផ្នួស​ដោយប្រពៃ ដើម្បី​អនុត្តរ​គុណណា មិនយូរ​ប៉ុន្មាន លោកក៏​បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​អនុត្តរគុណ​នោះ មានព្រហ្មចរិយៈ​ជាទីបំផុត ដោយ​ប្រាជ្ញា​ដ៏ឧត្តម​ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹង​ច្បាស់ថា ជាតិអស់​ហើយ មគ្គព្រហ្មចារ្យ អាត្មាអញ​បានប្រព្រឹត្ត​ចប់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡសកិច្ច​នេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះនន្ទ​ដ៏មានអាយុ ក៏ជា​ព្រះអរហន្ត​មួយរូបដែរ។

[៧០] លំដាប់នោះឯង ទេវតាមួយអង្គ កាលវេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ មានរស្មី​រុងរឿង ញ៉ាំងវត្ត​ជេតពន​ជុំវិញ​ទាំងអស់​ឲ្យភ្លឺស្វាង​ហើយ ក៏​ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិត​ក្នុងទី​សមគួរ។ លុះទេវតានោះ ឈរក្នុង​ទីសមគួរ​ហើយ ក៏បានក្រាប​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនន្ទ​ដ៏មានអាយុ ជាព្រះអនុជ ជាបុត្ត​ព្រះមាតុច្ឆា​នៃ​ព្រះមានព្រះភាគ បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​ទៅនៃអាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញាដ៏​ឧត្តម​ខ្លួនឯង ក្នុងបច្ចុប្បន្ន​ហើយ។ ញាណក៏​កើតដល់​ព្រះមានព្រះភាគ ដូច្នេះថា នន្ទភិក្ខុ បានធ្វើឲ្យ​ជាក់ច្បាស់​ សម្រេចនូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅនៃ​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​មែន។ លុះកន្លង​រាត្រីនោះ​ហើយ ព្រះនន្ទ​ដ៏មាន​អាយុ ក៏បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះនន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ ទើបក្រាប​ទូល​ព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ធានា​ឲ្យខ្ញុំព្រះអង្គ​បានពួកស្ត្រី​ទេពអប្សរ​ទាំង ៥០០ រូប មាន​សម្បុរដូច​ជាសម្បុរ​ជើងព្រាប ដោយការ​ប្តេជ្ញាណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​ បានរួច​ចាក​ការប្តេជ្ញានុ៎ះ​នឹង​ព្រះមានព្រះភាគ​ហើយ។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលនន្ទ ទោះបី​តថាគត ក៏បាន​កំណត់​ដឹងចិត្ត​របស់អ្នក​ដោយ​ចិត្តថា នន្ទភិក្ខុ បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តមខ្លួន​ឯង ក្នុង​បច្ចុប្បន្នដែរ ទាំងទេវតា ក៏បាន​ប្រាប់សេចក្តី​នុ៎ះដល់​តថាគតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនន្ទ​ជាព្រះអនុជ ជាបុត្រ​ព្រះមាតុច្ឆា​នៃ​ព្រះមាន​ព្រះភាគ បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញាដ៏​ឧត្តមខ្លួន​ឯង ក្នុង​បច្ចុប្បន្ន។ ម្នាលនន្ទ ចិត្តរបស់អ្នក​ផុតស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះមិន​មានសេចក្តី​ប្រកាន់ ក្នុងកាល​ណា ឯតថាគត ក៏ផុត​ស្រឡះ​ចាកការ​ប្តេជ្ញានុ៎ះ ក្នុងកាល​នោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឧទាននេះ ក្នុង​វេលា​នោះថា

ភិក្ខុណា បានឆ្លងភក់ គឺកាម បានញាំញីបន្លា គឺកាម ភិក្ខុនោះ បានដល់​នូវការ​អស់មោហៈ រមែងមិន​ញាប់ញ័រ​ព្រោះសុខ និងទុក្ខ​ឡើយ។ សូត្រ ទី២។

៣. យសោជសូត្រ

[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុ​ចំនួន ៥០០ រូប មាន​ព្រះយសោជៈ​ជាប្រធាន បាននិមន្តទៅ​នគរសាវត្ថី ដើម្បីគាល់​ព្រះមាន​ព្រះភាគ។ ពួក​អាគន្តុកភិក្ខុ​ទាំងនោះ កាលនិយាយ​សំណេះសំណាល​ជាមួយ​នឹងពួក​នេវាសិកភិក្ខុ ឲ្យក្រាល​សេនាសនៈ ទុកដាក់​បាត្រចីវរ ក៏មាន​សំឡេងកង​រំពង មានសំឡេង​ខ្លាំង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទដ៏​មានអាយុ​មកថា ម្នាលអានន្ទ សូរសំឡេង​កងរំពង សូរសំឡេង​ខ្លាំង ទំនងដូច​ព្រានសំណាញ់​ក្នុង​កាល​ចាប់ត្រី តើជា​សំឡេង​អ្វី។ ព្រះអានន្ទ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកភិក្ខុ ៥០០ រូប មាន​ព្រះយសោជៈ​ជា​ប្រធាននុ៎ះ បានមក​ដល់នគរ​សាវត្ថី ដើម្បីគាល់​ព្រះមានព្រះភាគ ពួក​អាគន្តុកភិក្ខុ​ទាំងនោះ កាលនិយាយ​សំណេះ​សំណាល​ជាមួយនឹង​ពួក​នេវាសិកភិក្ខុ​ឲ្យ ក្រាល​សេនាសនៈ ទុកដាក់​បាត្រចីវរ ក៏មាន​សំឡេង​កងរំពង មាន​សំឡេងខ្លាំង។ ម្នាល​អានន្ទ បើដូច្នោះ ចូរអ្នកទៅ​ហៅពួកភិក្ខុ​ទាំងនោះ តាមពាក្យ​តថាគត​ថា ព្រះសាស្តា​ត្រាស់ហៅ​លោកដ៏​មានអាយុ​ទាំងឡាយ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយចូល​ទៅរកពួក​ភិក្ខុទាំងនោះ​ លុះចូល​ទៅដល់​ហើយ និយាយនឹង​ពួកភិក្ខុ​ទាំងនោះថា​ ព្រះសាស្តា ត្រាស់ហៅ​លោក​ដ៏មានអាយុ​ទាំងឡាយ។ ពួកភិក្ខុ​ទាំងនោះ ទទួលពាក្យ​ព្រះអានន្ទដ៏​មានអាយុ​ថា អើ អាវុសោ ហើយ​ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​ ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទីសម​គួរ​ហើយ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ដូចម្តេច បានជា​អ្នកទាំងឡាយ មាន​​សំឡេង​កងរំពង មាន​សំឡេង​ខ្លាំង ទំនង​ដូច​ជាពួកព្រាន​សំណាញ់​ក្នុងកាល​​ចាប់ត្រី។

[៧២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះយសោជៈ​ដ៏មាន​អាយុ ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកភិក្ខុ ៥០០ រូបនេះ មក​កាន់​នគរសាវត្ថី ដើម្បីគាល់​ព្រះមានព្រះភាគ អាគន្តុក​ភិក្ខុទាំង​នោះ កាលនិយាយ​សំណេះ​សំណាល​ជាមួយនឹង​ពួក​នេវាសិកភិក្ខុ ឲ្យក្រាល​សេនាសនៈ ទុកដាក់​បាត្រចីវរ ក៏មាន​សំឡេង​កងរំពង មានសំឡេង​ខ្លាំង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរទៅ តថាគត​បណ្តេញ​អ្នកទាំងឡាយ​ អ្នកទាំងឡាយ មិនត្រូវ​នៅក្នុង​សំណាក់​តថាគតទេ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​​ថា ព្រះករុណា ព្រះអង្គ ហើយក្រោក​ចាក​អាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួច​ទុកដាក់​សេនាសនៈ យក​បាត្រចីវរ ហើយ​ចៀស​ចេញទៅ​កាន់ចារិក​ក្នុងដែនវជ្ជី កាលត្រាច់​ទៅកាន់​ចារិកក្នុង​ដែនវជ្ជី​តាម​លំដាប់ បានចូល​ទៅឯស្ទឹង​វគ្គុមុទា លុះចូល​ទៅដល់ហើយ​ ក៏ធ្វើខ្ទមស្លឹក​នៅចាំ​វស្សា ប្របឆ្នេរ​ស្ទឹង ឈ្មោះ​វគ្គុមុទា។

[៧៣] លំដាប់នោះ​ ព្រះយសោជៈដ៏មានអាយុ នៅចាំ​វស្សាហើយ ក៏បាន​ហៅ​ពួកភិក្ខុ​មកថា ម្នាលអាវុសោ​ទាំងឡាយ យើងទាំងឡាយ ត្រូវព្រះ​មានព្រះភាគ ព្រះអង្គ​ជា​អ្នកប្រាថ្នា​សេចក្តី​ចំរើន ស្វែងរក​ប្រយោជន៍ ព្រះអង្គ​អនុគ្រោះ អាស្រ័យ​សេចក្តី​អនុគ្រោះ ទ្រង់​បណ្តេញហើយ ម្នាល​​អាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ គប្បី​ប្រាថ្នា​ប្រយោជន៍ ចំពោះ​​ពួកយើង​កាលនៅ​ដោយការ​​ប្រព្រឹត្តិ​យ៉ាងណា​​ ពួកយើង គួរសម្រេច​ការនៅ ដោយការ​ប្រព្រឹត្តិ​យ៉ាងនោះ​ចុះ។ ពួកភិក្ខុ​ទាំងនោះ ​ទទួល​ពាក្យ​ព្រះយសោជៈ​ដ៏មានអាយុ​​ថា អើអាវុសោ។ លំដាប់នោះ ពួកភិក្ខុ​ទាំងនោះ ក៏ចៀស​ចេញទៅ មិនមាន​សេចក្តី​ប្រមាទ មាន​ព្យាយាម​ជាគ្រឿង​ដុតកំដៅកិលេស​ មាន​ចិត្តឆ្ពោះ​ទៅកាន់​ព្រះនិព្វាន លុះដល់ខាង​ក្នុងវស្សានោះ ក៏បាន​​ធ្វើឲ្យជាក់​ច្បាស់នូវ​ត្រៃវិជ្ជា​ទាំងអស់គ្នា។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ក្រុងសាវត្ថី តាមសម​គួរដល់​អធ្យាស្រ័យហើយ ស្តេចចៀស​ចេញទៅកាន់​ចារិក ក្នុង​ក្រុងវេសាលី កាលត្រាច់​ទៅកាន់ចារិក តាម​លំដាប់ បានទៅដល់​ក្រុងវេសាលី។ បានឮថា​ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​កូដាគារសាលា នាមហាវ័ន ជិតក្រុង​វេសាលីនោះ។ លំដាប់នោះ ព្រះមានព្រះភាគ កំណត់ចិត្ត​ពួកភិក្ខុ អ្នកនៅ​ប្របឆ្នេរ​ស្ទឹងវគ្គុមុទា ដោយ​ព្រះទ័យ​ហើយ​ធ្វើទុក​ក្នុងព្រះទ័យ​ ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក​ថា ពួកភិក្ខុ​អ្នកនៅ​ប្របឆ្នេរស្ទឹង​វគ្គុមុទា នៅក្នុង​ទិសណា ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជា​មានពន្លឺ​ដល់តថាគត ម្នាលអានន្ទ ទិស​នុ៎ះឯង ដូចជា​មានរស្មី​ដល់តថាគត ភិក្ខុទាំង​នោះ ​តថាគត​មិនមែន​ស្អប់ខ្ពើម​នឹងទៅ​រកទេ តថាគត មិនមែន​ស្អប់ខ្ពើមនឹង​ធ្វើទុកក្នុង​ចិត្តទេ ​ម្នាលអានន្ទ គួរអ្នក​បញ្ជូនទូត​ទៅក្នុង​សំណាក់ពួក​ភិក្ខុអ្នកនៅ​ប្របឆ្នេរស្ទឹង​វគ្គុមុទា ដោយពាក្យថា ព្រះសាស្តា ត្រាស់ហៅ​លោកដ៏មាន​អាយុ​ទាំងឡាយ ព្រះសាស្តា ចង់ចួបលោក​ដ៏មានអាយុ​ទាំងឡាយ។ ព្រះអានន្ទ​ដ៏មាន​អាយុ បានទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយចូល​ទៅរក​ភិក្ខុមួយរូប ​លុះចូល​ទៅដល់ហើយ ក៏បាននិយាយ​នឹងភិក្ខុ​នោះថា ម្នាលអាវុសោ អ្នកចូរ​មក អ្នកចូរទៅ​រកពួកភិក្ខុ​អ្នកនៅ​ប្របឆ្នេរស្ទឹង​វគ្គុមុទា លុះចូល​ទៅដល់​ហើយ ចូរនិយាយ​ប្រាប់ពួកភិក្ខុ​អ្នកនៅប្រប​ឆ្នេរស្ទឹងវគ្គុមុទា​យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់​ហៅលោក​ដ៏មានអាយុ​ទាំងឡាយ ព្រះសាស្តា​ ចង់ចួប​នឹងលោក​ដ៏មានអាយុ​ទាំងឡាយ។ ភិក្ខុនោះ បានទទួល​ពាក្យ​ព្រះអានន្ទ​ដ៏មានអាយុ​ថា អើអាវុសោ ហើយក៏​ស្រាប់តែ​បាត់អំពី​កូដាគារសាលា នាមហាវ័ន ទៅប្រាកដ​ក្នុងទីចំពោះ​មុខភិក្ខុ​ទាំងនោះ ប្របឆ្នេរ​ស្ទឹងវគ្គុមុទា​ ដូចជា​បុរសមាន​កំឡាំង លាដៃ​ដែលបត់ ឬបត់ដៃ​ដែលលា​ដូច្នោះ​។ លំដាប់នោះ​ ភិក្ខុនោះ បាននិយាយ​ប្រាប់ពួកភិក្ខុ អ្នកនៅ​ប្របឆ្នេរស្ទឹង​វគ្គុមុទាថា ព្រះសាស្តា ទ្រង់ត្រាស់​ហៅលោក​ដ៏មានអាយុ​ទាំងឡាយ ព្រះសាស្តា ចង់ចួប​នឹងលោក​ដ៏មានអាយុ​ទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួល​ពាក្យភិក្ខុ​នោះថា អើអាវុសោ ហើយក៏ទុក​ដាក់​សេនាសនៈ កាន់យកបាត្រចីវរ រួចស្រាប់​តែបាត់អំពី​ឆ្នេរស្ទឹង​វគ្គុមុទា មកប្រាកដ​ ក្នុងទីចំពោះ​ព្រះភក្ត្រ​នៃព្រះមានព្រះភាគ ក្នុងកូដាគារ​សាលា នាមហាវ័ន ដូចជាបុរស​មានកំឡាំង លាដៃ​ដែល​បត់ ឬបត់​ដៃដែល​លាដូច្នោះ​។

[៧៥] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ដោយ​សមាធិ មិនកំរើក។ លំដាប់​នោះ ពួកភិក្ខុ​ទាំងនោះ មានសេចក្តី​ត្រិះរិះថា​ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់​នៅដោយ​វិហារធម៌​ ដូចម្តេចហ្ន៎។ លំដាប់នោះ ភិក្ខុទាំងនោះ មានសេចក្តី​ត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់​នៅដោយ​វិហារធម៌ ដ៏មិន​កំរើក។ ភិក្ខុទាំង​អស់ក៏អង្គុយ​នៅ ដោយ​សមាធិ​ដ៏មិន​កំរើកដែរ។ គ្រាកាល​ដែលរាត្រី​អស់ទៅ បឋមយាម​កន្លងហើយ ព្រះអានន្ទ​ដ៏មានអាយុ ក្រោកចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ រួចក្រាបទូល​ព្រះមានព្រះភាគ​​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន រាត្រីកន្លង​ហើយ បឋមយាម​កន្លងហើយ ពួក​អាគន្តុកភិក្ខុ អង្គុយ​យូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​សំណេះ​សំណាល​នឹង​ពួកអាគន្តុកភិក្ខុ។ កាលដែល​ព្រះអានន្ទ ក្រាបទូល​យ៉ាងនេះ​ហើយ ព្រះមានព្រះភាគ​ទ្រង់​នៅស្ងៀម។ លុះរាត្រី​អស់ទៅ មជ្ឈិមយាម​កន្លងហើយ ព្រះអានន្ទ​ដ៏មាន​អាយុ ក្រោកចាក​អាសនៈ​ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមាន​ព្រះភាគ រួចក្រាបបង្គំ​ទូលព្រះមានព្រះភាគ អស់វារៈ​ជាគំរប់​ពីរថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន រាត្រីអស់​ទៅ មជ្ឈិមយាម​កន្លងហើយ ពួក​អាគន្តុកភិក្ខុ អង្គុយចាំ​យូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​សំណេះ​សំណាល នឹងពួក​អាគន្តុកភិក្ខុ។ ព្រះមានព្រះភាគ ទ្រង់​ស្ងៀម អស់វារៈ​ជាគំរប់ពីរ។ កាលដែល​រាត្រីអស់​ទៅ បច្ឆិមយាម​កន្លងទៅ អរុណ​ក៏រះឡើង រាត្រី​ក៏ប្រាកដ​ដូចជា​មានមុខ​ស្រស់ ព្រះអានន្ទដ៏​មានអាយុ ក៏ក្រោក​ចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មា​ម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះមានព្រះភាគ រួចក្រាបបង្គំទូល​ព្រះមានព្រះភាគ អស់វារៈ​ជាគំរប់​បីថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន រាត្រីអស់​ទៅ បច្ឆិមយាម​កន្លងទៅ អរុណ​ក៏រះហើយ រាត្រីក៏ប្រាកដ​ដូចជាមាន​មុខស្រស់ ពួក​អាគន្តុក​ភិក្ខុ អង្គុយចាំ​យូរហើយ បពិត្រ​ព្រះអង្គ ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​សំណេះ​សំណាល​នឹងពួក​អាគន្តុកភិក្ខុ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញ​ចាកសមាធិ​នោះហើយ ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកថា ម្នាលអានន្ទ ប្រសិន​បើអ្នកដឹង អ្នកមិន​និយាយ​ពាក្យទាំង​ប៉ុណ្ណេះទេ ម្នាលអានន្ទ (ព្រោះថា) តថាគត​ផង ពួកភិក្ខុ ៥០០ រូបនេះផង ទាំងអស់គ្នា សុទ្ធតែ​អង្គុយ​នៅដោយ​​សមាធិ​មិនកំរើក។ លុះ​​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺនូវឧទាន​នេះ ក្នុង​វេលានោះថា

បន្លា គឺកាម កិរិយាជេរ ការសម្លាប់ និង​ការចង ដែលបុគ្គល​ណាឈ្នះហើយ បុគ្គលនោះ ឈ្មោះថា​មិនញាប់ញ័រ​ ឋិតនៅ​ដូចភ្នំ បុគ្គលនោះ​ឈ្មោះថា ភិក្ខុ​រមែង​មិនញាប់ញ័រ ព្រោះសុខ និងទុក្ខ​ឡើយ។ សូត្រ ទី៣។

៤. សារិបុត្តសូត្រ

[៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះសារីបុត្ត​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន តម្រង់​កាយ ផ្ចង់ស្មារតី​ឆ្ពោះមុខ​ទៅរក​កម្មដ្ឋាន​ ក្នុងទីជិតនៃ​ព្រះមាន​ព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយ​ពែនភ្នែន តម្រង់កាយ ផ្ចង់ស្មារតី ឆ្ពោះមុខ​ទៅរក​កម្មដ្ឋាន ក្នុងទី​ជិតនៃ​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ភ្នំជាវិការៈនៃថ្ម មិនកំរើកញាប់ញ័រ តាំងនៅ​ស៊ប់​យ៉ាងណា ភិក្ខុ​ដែលអស់​មោហៈ​ហើយ រមែង​មិនញាប់ញ័រ ដូចភ្នំ​យ៉ាងនោះដែរ។ សូត្រ ទី៤។

៥. មហាមោគ្គល្លានសូត្រ

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន​ក្នុងទីជិត​នៃ​ព្រះមានព្រះភាគ ហើយ​តម្រង់កាយ មាន​កាយគតាសតិ​ដំកល់ស៊ប់​ក្នុងសន្តាន។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ អង្គុយ​ពែនភ្នែន តម្រង់កាយ មាន​កាយគតាសតិ​ដំកល់ស៊ប់ ក្នុង​សន្តាន ក្នុងទីជិត​នៃព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលានោះថា

ភិក្ខុតាំងស៊ប់នូវកាយគតាសតិ ហើយបាន​សង្រួម ក្នុងទ្វារ​ទាំង ៦ ដែលជា​ហេតុ​​នៃផស្សៈ មានចិត្ត​តាំងមាំ​ជានិច្ច គប្បីដឹង​ព្រះនិព្វាន​ចំពោះខ្លួន។ សូត្រ ទី៥។

៦. បិលិន្ទវច្ឆសូត្រ

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆៈ​ដ៏មាន​អាយុ តែងហៅ​រកភិក្ខុ​ទាំងឡាយ ដោយពាក្យ​អសុរោះ។ គ្រានោះ ពួកភិក្ខុ​ច្រើនរូប បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ​ រួចអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​​ហើយ បាន​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបិលិន្ទវច្ឆៈ​ដ៏មានអាយុ ហៅរក​ពួកភិក្ខុ ដោយពាក្យ​អសុរោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅភិក្ខុ​មួយរូប​មក​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នក​ចូរហៅ​បិលិន្ទវច្ឆៈ​ភិក្ខុមក តាមពាក្យ​តថាគត​ថា នែអាវុសោ​វច្ឆៈ ព្រះសាស្តា ទ្រង់ត្រាស់​ហៅ​លោក។ ភិក្ខុនោះ បាន​ទទួល​ព្រះពុទ្ធដីកា​នៃព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយ​ចូល​ទៅរក​បិលិន្ទវច្ឆៈ​ភិក្ខុ​ដ៏មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ ក៏និយាយ​ប្រាប់​បិលិន្ទវច្ឆៈ​ដ៏មានអាយុ​ដូច្នេះ​ថា​ នែអាវុសោ ព្រះសាស្តា ទ្រង់ត្រាស់​ហៅ​លោក។ បិលិន្ទវច្ឆៈ​ដ៏មាន​អាយុ ទទួលពាក្យ​ភិក្ខុនោះថា អើអាវុសោ ហើយ​ក៏ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ​ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ​ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះបិលិន្ទវច្ឆៈ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​បិលិន្ទវច្ឆៈ បានឮថា អ្នកហៅរកពួកភិក្ខុ ដោយពាក្យ​អសុរោះ ពិតមែនឬ។ បិលិន្ទវច្ឆៈ​បានក្រាប​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពិតមែន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុក​ក្នុងព្រះទ័យ​នូវ​បុព្វេនិវាសៈ របស់​បិលិន្ទវច្ឆៈ​ដ៏មានអាយុ ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ កុំពោល​ទោសវច្ឆភិក្ខុ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ វច្ឆភិក្ខុ មិនមែន​ជាអ្នកមាន​ទោសចិត្ត ហើយ​ហៅរក​ពួកភិក្ខុ ដោយពាក្យ​អសុរោះទេ ម្នាលភិក្ខុ​ទាំងឡាយ វច្ឆភិក្ខុ​ ធ្លាប់កើត​ក្នុងត្រកូល​ព្រាហ្មណ៍ ច្រឡំបល់​គ្នាអស់ ៥០០ ជាតិ​មកហើយ វច្ឆៈភិក្ខុនោះ ធ្លាប់សន្សំ​ពាក្យអសុរោះ​នោះ អស់​កាល​ជាអង្វែង​មកហើយ ហេតុនោះ ទើបវច្ឆភិក្ខុនេះ តែងហៅ​រកពួកភិក្ខុ ដោយ​ពាក្យ​អសុរោះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់នូវ​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺនូវ​ឧទាន​នេះ ក្នុង​វេលានោះថា

មាយា (ការបិទបាំងទោសខ្លួន) និងមានះ (សេចក្តីប្រកាន់) មិនប្រព្រឹត្តទៅ ក្នុងបុគ្គល​ណា ឬក៏បុគ្គល​ណា អស់​សេចក្តីលោភ មិនប្រកាន់ថា របស់អញ មិនមាន​សេចក្តី​ប្រាថ្នា បន្ទោបង់​សេចក្តី​ក្រោធ មានចិត្ត​ត្រជាក់ បុគ្គលនោះ ហៅថា​ព្រាហ្មណ៍​ក៏បាន ថា សមណៈ​ក៏បាន ថា​ភិក្ខុ​ក៏បាន។ សូត្រ ទី៦។

៧. សក្កុទានសូត្រ

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិត​ក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហា​កស្សប​ដ៏មាន​អាយុ នៅក្នុង​បិប្ផលិគូហា អង្គុយ​ដោយភ្នែន​តែមួយ ចូល​សមាធិ​ [សំដៅយក​អរហត្តផលសមាធិ។] ណាមួយ អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះ​ហើយ ព្រះមហាកស្សប​ដ៏មានអាយុ ក៏ចេញ​អំពី​សមាធិនោះ។ កាល​ដែល​ព្រះមហា​កស្សប​ដ៏មានអាយុ ចេញ​អំពី​សមាធិ​នោះហើយ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ​ គួរតែ​អាត្មាអញ ចូល​ទៅ​បិណ្ឌបាត ឯក្រុង​រាជគ្រឹះចុះ។ សម័យ​នោះឯង ពួកទេវតា​ចំនួន ៥០០ អង្គ ដល់នូវ​ការខ្វល់ខ្វាយ ដើម្បី​ប្រគេន​បិណ្ឌបាត​ចំពោះ​ព្រះមហាកស្សប​ដ៏មានអាយុ។ លំដាប់នោះ ព្រះមហា​កស្សប​ដ៏មានអាយុ ហាមឃាត់​ពួកទេវតា​ទាំង ៥០០ អង្គ​នោះហើយ ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​បិណ្ឌបាត ឯក្រុង​រាជគ្រឹះ។

[៨០] សម័យនោះឯង សក្កៈ ជាធំជាងពួកទេវតា មានប្រាថ្នា​ដើម្បី​ប្រគេន​បិណ្ឌបាត ចំពោះ​ព្រះមហា​កស្សប​ដ៏មានអាយុ បាននិម្មិត​ភេទខ្លួន ជាជាង​តម្បាញ កំពុង​ត្បាញនូវ​តម្បាញ។ ឯអសុរកញ្ញា ឈ្មោះ​សុជាតា ក៏ការអម្បោះ​ឲ្យពេញខ្នារ។ គ្រានោះ ព្រះមហា​កស្សប​ដ៏មានអាយុ កំពុង​ត្រាច់​បិណ្ឌបាត​សព្វច្រក ក្នុងក្រុង​រាជគ្រឹះ បានចូល​ទៅកាន់​លំនៅ​របស់​ទេវរាជ​ឈ្មោះសក្កៈ ជាធំជាង​ពួកទេវតា។ សក្កៈ​ជាធំជាង​ពួកទេវតា បានឃើញ​ព្រះមហាកស្សប​ដ៏មានអាយុ កំពុង​តែនិមន្ត​មកអំពី​ចម្ងាយ លុះបាន​ឃើញហើយ ក៏ចេញ​អំពីផ្ទះ​ ទៅទទួល​យកបាត្រ​អំពី​ព្រះហស្ត ចូលទៅ​កាន់ផ្ទះ ដួសបាយ​អំពីឆ្នាំង ដាក់ឲ្យ​ពេញ​បាត្រ រួចប្រគេន​ចំពោះ​ព្រះមហាកស្សប​ដ៏មានអាយុ។ បិណ្ឌបាតនោះ មានសម្លច្រើនមុខ មានម្ហូប​ក្រៀមច្រើនមុខ។ លំដាប់នោះ ព្រះមហាកស្សប​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា សត្វនេះ​ជាអ្វីហ្ន៎ បានជា​មាន​ឥទ្ធានុភាព មានសភាព​យ៉ាងនេះ។ លំដាប់នោះ ព្រះមហា​កស្សប​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះ ដូច្នេះទៀតថា ឱហ្ន៎ សក្កៈ​ជាធំជាង​ពួកទេវតា​ទេតើ។ លុះ​​ព្រះមហា​កស្សប​ដ៏មានអាយុ បានដឹងច្បាស់​ដូច្នេះ​ហើយ និយាយ​នឹងសក្កៈ​ជាធំ​ជាងទេវតា​​ថា បពិត្រ​កោសិយៈ ព្រះអង្គ​​បានធ្វើអំពើ​នេះហើយ ក្រោយទៅ ព្រះអង្គ​កុំធ្វើអំពើ​យ៉ាងនេះ​ទៀត​ឡើយ។ បពិត្រ​ព្រះកស្សប​ដ៏ចំរើន យើងខ្ញុំក៏មាន​សេចក្តី​ត្រូវការ​ដោយបុណ្យ​ដែរ យើងខ្ញុំ​គួរធ្វើបុណ្យ​បានដែរ។ លំដាប់នោះ សក្កៈជា​ធំជាង​ពួកទេវតា ថ្វាយបង្គំ​ព្រះមហាកស្សប​ដ៏មានអាយុ រួចធ្វើ​ប្រទក្សិណ ហើយហោះ​ទៅឯ​អាកាស បន្លឺនូវ​ឧទាន ក្នុង​អាកាស ជាទីវាល​អស់វារៈ ៣ ដងថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់​ទុកល្អ​ហើយ ក្នុង​ព្រះមហា​កស្សប ហៅពេញ​ជា​ទាន​ឧត្តម ឱហ្ន៎ ទានដែល​អាត្មាអញ បានដំកល់​ទុកល្អ​ហើយ ក្នុង​ព្រះមហាកស្សប ហៅពេញ​ជាទាន​ឧត្តម។

[៨១] ព្រះមានព្រះភាគ ទ្រង់បានឮឧទាន​ដោយ​ទិព្វសោតធាតុ​ដ៏បរិសុទ្ធ កន្លងបង់​សោត​ធាតុ​របស់​មនុស្ស​ធម្មតា ដែលសក្កៈ ជាធំជាង​ពួកទេវតា កំពុងហោះ​ទៅកាន់​វេហាស៍ ហើយបន្លឺ​អស់វារៈ ៣ ដង ក្នុង​អាកាសជាទីវាលថា

ឱហ្ន៎ ទានដែលអាត្មាអញ បានដំកល់​ទុកល្អ​ហើយ ក្នុង​ព្រះមហាកស្សប ហៅពេញ​ជាទាន​ដ៏ឧត្តម ឱហ្ន៎ ទានដែល​អាត្មាអញ បានដំកល់​ទុកល្អ​ហើយ ក្នុង​ព្រះមហាកស្សប ហៅពេញ​ជាទាន​ដ៏ឧត្តម។

លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ទេវតាទាំងឡាយ រមែងស្រឡាញ់ភិក្ខុ អ្នកប្រព្រឹត្ត​បិណ្ឌបាត​ជាវត្ត អ្នក​ចិញ្ចឹម​តែខ្លួន មិនចិញ្ចឹម​បុគ្គលដទៃ ជាអ្នកនឹងធឹង ស្ងប់រម្ងាប់ មានស្មារតី​គ្រប់កាល។ សូត្រ ទី៧។

៨. បិណ្ឌបាតិកសូត្រ

[៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន នៃ​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។​ សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប ត្រឡប់មក​អំពី​បិណ្ឌបាត ក្នុងវេលា​ជាខាង​ក្រោយភត្ត ហើយអង្គុយ​ចួបជុំគ្នា ក្នុងរោង​ឈ្មោះ​ករេរិមណ្ឌល [រោងសម្រាប់​អង្គុយ ដែលគេ​ធ្វើជិត​ដើមថ្ងាន់។ អដ្ឋកថា។] ក៏កើត​អន្តរាកថា [ពាក្យដែល​ចន្លោះផុត​អំពីកថាវត្ថុ ១០ ហៅថា អន្តរាកថា។] នេះឡើងថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុអ្នក​ប្រព្រឹត្ត​បិណ្ឌបាត កាលត្រាច់​ទៅ​បិណ្ឌបាត តែងបាន​ឃើញរូប​ទាំងឡាយ ដែលជា​ទីគាប់​ចិត្ត​ដោយភ្នែក មួយដង​មួយកាល បានឮ​សម្លេង​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយ​ត្រចៀក មួយដង​មួយកាល បានធុំ​ក្លិនទាំងឡាយ ដែលជាទី​គាប់ចិត្ត​ដោយច្រមុះ មួយដង​មួយកាល បានទទួល​រស​ទាំងឡាយ ដែល​ជាទីគាប់​ចិត្ត​ដោយអណ្តាត មួយដង​មួយកាល បានប៉ះពាល់​ផ្សព្វ​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយកាយ មួយដង​មួយកាល។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុអ្នក​ប្រព្រឹត្ត​បិណ្ឌបាត មានគេ​ធ្វើសក្តារៈ​ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅ​បិណ្ឌបាត ម្នាលអាវុសោ​ទាំងឡាយ ណ្ហើយចុះ ពួកយើង ចូរជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាត ពួកយើង​នឹងបាន​ឃើញរូប​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត ដោយភ្នែក​មួយដង​មួយកាល​ផង ពួកយើង​នឹងបានឮ​សំឡេង​ទាំងឡាយ ដែលជា​ទីគាប់​ចិត្ត​ដោយត្រចៀក មួយដង​មួយកាល​ផង ពួកយើង​នឹងបាន​ធុំក្លិន​ទាំងឡាយ ដែល​ជាទី​គាប់ចិត្ត​ដោយ​ច្រមុះ មួយដង​មួយកាល​ផង ពួកយើង​នឹងបាន​ទទួលរស​ទាំងឡាយ ដែល​ជាទីគាប់​ចិត្តដោយ​អណ្តាត មួយដង​មួយកាល​ផង ពួកយើង​នឹងបាន​ប៉ះពាល់​ផ្សព្វទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយកាយ មួយដង​មួយកាល​ផង ពួកយើង​នឹងមាន​គេធ្វើ​សក្ការៈ ​គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅ​បិណ្ឌបាត​ផង។ ឯអន្តរាកថានេះ ពួកភិក្ខុទាំងនោះ ក៏ពុំទាន់ធ្វើ​ឲ្យចប់ស្រេច​នៅឡើយ។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់ចេញ​ចាកការ​សម្ងំ ក្នុងផល​សមាបត្តិ ក្នុង​សាយណ្ហសម័យ ហើយ​ទ្រង់ចូល​ទៅកាន់​រោងឈ្មោះ​ករេរិមណ្ឌល លុះទ្រង់​ចូលទៅ​ដល់ហើយ ក៏គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​ហៅ​ពួកភិក្ខុ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា ដោយកថា​ដូចម្តេច អន្តរាកថា​ដូចម្តេច ដែលអ្នក​ទាំងឡាយ ធ្វើមិន​ទាន់ចប់។ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលពួកខ្ញុំ​ព្រះអង្គ ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយភត្ត ហើយអង្គុយ​ប្រជុំគ្នា ក្នុងរោង​ឈ្មោះ​ករេរិមណ្ឌលនេះ អន្តរាកថា​នេះ កើតឡើង​ថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុអ្នក​ប្រព្រឹត្តបាត កាល​ត្រាច់​ទៅបិណ្ឌបាត តែងបាន​ឃើញរូប​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយភ្នែក មួយដង​មួយកាល បានឮ​សំឡេង​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយ​ត្រចៀក មួយដង​មួយកាល បានធុំក្លិន​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយច្រមុះ មួយដង​មួយកាល បាន​ទទួលរស​ទាំងឡាយ ដែលជា​ទីគាប់​ចិត្ត​ដោយអណ្តាត មួយដង​មួយកាល បានប៉ះ​ពាល់ផ្សព្វ​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយកាយ មួយដង​មួយកាល ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុអ្នក​ប្រព្រឹត្ត​បិណ្ឌបាត មានគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅបិណ្ឌបាត ម្នាលអាវុសោ​ភិក្ខុ​ទាំងឡាយ ណ្ហើយចុះ ពួកយើង​ត្រូវជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង ពួកយើង​នឹងបានឃើញ​រូបទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយភ្នែក មួយដង​មួយកាលផង ពួកយើង​នឹងបាន​ឮសំឡេង​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយ​ត្រចៀក មួយដង​មួយកាល​ផង ពួកយើង​នឹងបានធុំក្លិន​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយច្រមុះ​ មួយដង​មួយកាល​ផង ពួកយើង​នឹងបាន​ទទួលរស​ទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយអណ្តាត មួយដង​មួយកាល​ផង ពួកយើង​នឹងបាន​ប៉ះពាល់​ផ្សព្វទាំងឡាយ ដែលជា​ទីគាប់ចិត្ត​ដោយ​កាយ​មួយដង​មួយកាល​ផង ពួកយើង​នឹងមាន​គេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ត្រាច់ទៅ​បិណ្ឌបាតផង បពិត្រ​ព្រះអង្គ​ដ៏ចំរើន អន្តរាកថា​នេះហើយ ដែលពួកខ្ញុំ​ព្រះអង្គ ធ្វើមិនទាន់​ចប់ស្រេច​នៅឡើយ ស្រាប់តែ​ព្រះមានព្រះភាគ ទ្រង់ស្តេច​មកដល់។ ម្នាលភិក្ខុ​ទាំងឡាយ ​អ្នកទាំងឡាយ ពោលកថា មាន​សភាពយ៉ាង​នេះ មិនសម​គួរដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស​ដោយ​សទ្ធាឡើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ កាលបើ​បានប្រជុំគ្នា គួរធ្វើ​អំពើ ២ យ៉ាង គឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ទេវតាទាំងឡាយ តែងស្រឡាញ់​ភិក្ខុអ្នក​ប្រព្រឹត្ត​បិណ្ឌបាត អ្នកចិញ្ចឹម​តែខ្លួន មិនចិញ្ចឹម​បុគ្គលដទៃ ជាអ្នក​នឹងធឹង ប្រសិនបើ (ភិក្ខុនោះ) មិនអាស្រ័យ​នូវការ​សរសើរ គឺ​កិត្តិស័ព្ទទេ ( សេចក្តី​សរសើរ រមែង​មាន ក្នុងទី​ចំពោះមុខ ឬកំបាំង​មុខមិនខាន )។ សូត្រ ទី៨។

៩. សិប្បសូត្រ

[៨៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ  ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប កាលត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយ​ភត្ត អង្គុយ​ប្រជុំគ្នា​ក្នុងរោង​សម្រាប់​អង្គុយ អន្តរាកថា​នេះ កើតឡើងថា ម្នាលអាវុសោ​ទាំងឡាយ អ្នកណាហ្ន៎ ដឹងនូវ​សិល្បៈ អ្នកណា​ជាអ្នកសិក្សា​សិល្បៈអ្វី បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈណា ប្រសើរជាង។ បណ្តាភិក្ខុ​ទាំងនោះ ភិក្ខុពួកខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងដំរី​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងសេះ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងរថ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងធ្នូ​ប្រសើរ​ជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងអាវុធ​ប្រសើរ​ជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងដៃទទេ​ប្រសើរ​ជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងការរាប់​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងការរាប់បូក​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្សៈ​ក្នុងការ​សរសេរ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងកាព្យ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងគម្ពីរ​លោកាយតនៈ [សំដៅយក​ពាក្យដែល​និយាយ​បដិសេធ​នូវបរលោក និងនិព្វាន មានពាក្យថា សត្វក្អែកស ព្រោះឆ្អឹងវាស កុកក្រហម ព្រោះឈាម​វាក្រហម ជាដើម។ អដ្ឋកថា។] ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងវិជ្ជា​ទាយស្រែ​ប្រសើរជាង។ ឯអន្តរាកថា​នេះ​ ពួកភិក្ខុ​ទាំងនោះ ធ្វើពុំទាន់​ចប់ស្រេច​នៅឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ចេញចាក​ការសម្ងំ ក្នុង​សាយណ្ហសម័យ ហើយស្តេច​ចូលទៅ​កាន់រោង​ជាទីអង្គុយ រួចគង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា ដោយ​កថាដូចម្តេច អន្តរាកថា​ដូចម្តេច ដែលអ្នក​ទាំងឡាយ​ធ្វើមិនទាន់​ចប់ស្រេច​នៅឡើយ។ ពួកភិក្ខុ​ទាំងនោះ ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលដែល​ពួកខ្ញុំព្រះអង្គ​ត្រឡប់មក​អំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយ​ភត្ត ហើយអង្គុយ​ប្រជុំគ្នា ក្នុងរោង​សម្រាប់​អង្គុយនេះ អន្តរាកថា​កើតឡើង​ថា ម្នាល​អាវុសោ​ទាំងឡាយ អ្នកណាហ្ន៎ ដឹងសិល្បៈ អ្នកណាជា​អ្នកសិក្សា​សិល្បៈ​អ្វី បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈណា​ប្រសើរជាង។ បណ្តាភិក្ខុ​ទាំងនោះ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ដំរីប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះ​ថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងសេះ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងរថ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះ​ថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងធ្នូ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះ​ថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងអាវុធ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងដៃទទេ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងការរាប់​ជាលំដាប់ ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងការរាប់​បូក ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុង​ការសរសេរ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងកាព្យ​ប្រសើរ​ជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តាសិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងគម្ពីរ​លោកាយតនៈ​ប្រសើរជាង។ ពួកភិក្ខុខ្លះ និយាយ​យ៉ាងនេះថា បណ្តា​សិល្បៈ​ទាំងឡាយ សិល្បៈ​ក្នុងវិជ្ជាទាយ​ស្រែ ប្រសើរជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អន្តរាកថា​នេះ​ហើយ ដែលពួក​ខ្ញុំព្រះអង្គ ធ្វើពុំទាន់​ចប់ស្រេច​នៅឡើយ ស្រាប់តែ​ព្រះមានព្រះភាគ ទ្រង់​ស្តេចមក​ដល់។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ពោលកថា​មានសភាព​យ៉ាងនេះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស ដោយ​សទ្ធា​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលអ្នក​ទាំងឡាយ​ប្រជុំគ្នា​ គួរធ្វើអំពើ ២ យ៉ាងគឺ ធម្មីកថា ឬ​អរិយតុណ្ហីភាព។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើប​ទ្រង់បន្លឺ​ឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលណា ជាអ្នកមិនចិញ្ចឹមជីវិត ដោយសិល្បៈ ជាអ្នក​ប្រព្រឹត្តស្រាល ប្រាថ្នា​ប្រយោជន៍​ដល់ជន​ដទៃ សង្រួមឥន្រ្ទិយ មានចិត្ត​ផុតស្រឡះ​ចាក​អាសវៈ​ទាំងពួង មិនមាន​ទីនៅនៃ​តណ្ហា មិនមាន​សេចក្តី​ប្រកាន់ថា របស់អញ មិនមាន​សេចក្តី​ប្រាថ្នា បានសម្លាប់​មារហើយ ចរទៅ​ម្នាក់ឯង បុគ្គលនោះ ឈ្មោះថា ភិក្ខុ។ សូត្រ ទី៩។

១០. លោកសូត្រ

[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹង​ត្រាស់ដឹង​ជាដំបូង ទ្រង់គង់នៅ​ទៀបគល់​ពោធិព្រឹក្ស ប្របឆ្នេរ​ស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលាប្រទេស។ សម័យនោះ​ឯង ព្រះមានព្រះភាគ ទ្រង់គង់​ដោយព្រះភ្នែន​តែមួយ សោយ​វិមុត្តិសុខ​អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃនោះ​ទៅហើយ ព្រះមានព្រះភាគ ទ្រង់ចេញ​ចាក​សមាធិនោះ​ហើយ ប្រមើល​មើលសត្វ​លោកដោយ​ពុទ្ធចក្ខុ។ កាល​ព្រះមានព្រះភាគ ទ្រង់ប្រមើល​មើល ដោយ​ពុទ្ធចក្ខុ ទ្រង់បាន​ឃើញពួកសត្វ​ដែលកំពុង​ក្តៅអន្ទះសា ដោយគ្រឿង​ក្តៅជា​អនេក​ផង កំពុងឆេះ​រោលរាល ដោយគ្រឿង​ឆេះរោល​រាលជា​អនេកផង ដែល​កើតអំពី​រាគៈខ្លះ កើតអំពី​ទោសៈខ្លះ កើតអំពី​មោហៈខ្លះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុង​វេលានោះថា

សត្វលោកនេះ មានសេចក្តីក្តៅអន្ទះសា ត្រូវផស្សៈ​គ្របសង្កត់​ហើយ រមែង​ពោលនូវ​ខន្ធបញ្ចកៈ ដែលមាន​រោគ ថាជាខ្លួន ព្រោះថា​សំគាល់​ឃើញ​ដោយ​អាការ​ណា ខន្ធបញ្ចកៈនោះ រមែង​ប្រែក្លាយ​ទៅចាក​អាការនោះ សត្វលោក ជាប់ចំពាក់​ក្នុងភព ត្រូវភព​គ្របសង្កត់ មានការ​ប្រែក្លាយ​ជាធម្មតា តែង​ត្រេក​ត្រអាល​នឹងភព។ សត្វត្រេកអរ​នឹងរបស់​ណា របស់នោះ ជាភ័យ ខ្លាច​ចំពោះ​របស់ណា របស់នោះ​ជាទុក្ខ មានតែ​បុគ្គលប្រព្រឹត្ត​មគ្គព្រហ្មចរិយៈ​នេះ ទើប​លះបង់​ភពបាន។ ពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ពោល​នូវការរួចចាក​ភពដោយ​ភព (សស្សតទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍​ទាំងអស់នោះ តថាគត ពោលថា​មិនផុត​ស្រឡះ​ចាកភព​ឡើយ។ មួយទៀត ពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ពោលនូវ​ការរលាស់​ចាកភព​ដោយវិភព (ឧច្ឆេទទិដ្ឋិ) ពួកសមណៈ ឬព្រាហ្មណ៍​ទាំងអស់​នោះ តថាគត​ពោលថា មិនរលាស់​ចេញចាក​ភពបាន​ឡើយ។ ព្រោះថា​ទុក្ខនេះ កើតមាន​ព្រោះអាស្រ័យ​ឧបធិទាំងពួង ការកើត​ទុក្ខ មិនមាន ព្រោះអស់​ឧបាទាន​ទាំងពួង។ អ្នកចូរ​មើលលោក​នេះចុះ ពួកសត្វក្តី អ្នកត្រេកអរ​ក្នុងពួក​សត្វក្តី ដែល​អវិជ្ជាដ៏​ក្រាស់ គ្របសង្កត់​ហើយ មិនរួចស្រឡះ (ចាកទុក្ខ)​ បានឡើយ។ ព្រោះថា ភពណាមួយ ក្នុងទីទាំងពួង គ្រប់ទិស​ទាំងអស់ ភពទាំង​អស់នោះ សុទ្ធតែ​មិនទៀង ជាទុក្ខ មានការ​ប្រែប្រួល​ជាធម្មតា។ កាលបើ​បុគ្គលឃើញ​ហេតុនុ៎ះ ដោយប្រាជ្ញា​ដ៏ប្រពៃ​តាមពិត យ៉ាងនេះ​ហើយ រមែង​លះបង់​ភវតណ្ហា មិនត្រេក​ត្រអាល​ចំពោះ​វិភវតណ្ហា​ឡើយ។ ការប្រាស់​ចាកតម្រេក និងការ​រលត់​មិនសល់ ព្រោះអស់​តណ្ហា​ទាំងឡាយ ដោយ​សព្វគ្រប់ ឈ្មោះថា និព្វាន ភពថ្មី ក៏មិនមាន​ដល់ភិក្ខុ​នោះ អ្នករលត់​ហើយ ព្រោះ​មិនមាន​ឧបាទាន។ ភិក្ខុនោះ បានគ្រប​សង្កត់​មារ ទាំងឈ្នះ​សង្រ្គាម ជាអ្នក​នឹងធឹង កន្លងភព​ទាំងអស់​បាន។ សូត្រ ទី១០។

ចប់ នន្ទវគ្គ ទី៣ ។

ឧទ្ទាននៃ​នន្ទវគ្គ​នោះគឺ

និយាយអំពីផលនៃកម្មចាស់ ១ ព្រះនន្ទ ១ ព្រះយសោជៈ ១ ព្រះសារីបុត្ត ១ ព្រះកោលិត (មោគ្គល្លាន) ១ ព្រះបិលិន្ទវច្ឆៈ ១ ព្រះកស្សប ១ ពួកភិក្ខុ​អ្នកប្រព្រឹត្ត​បិណ្ឌបាត ១ សិល្បៈ ១ សត្វលោក ១ រួមទាំងអស់​ត្រូវជា ១០។

ឧទាន មេឃិយវគ្គ ទី៤

១. មេឃិយសូត្រ

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅទៀប​ចាលិកបព៌ត ជិតក្រុង​ចាលិកា។ សម័យនោះឯង ព្រះមេឃិយៈ​ដ៏មាន​អាយុ ជាអ្នក​បំរើ​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមេឃិយៈ​ដ៏មាន​អាយុ បានចូល​ទៅគាល់​ព្រះមានព្រះភាគ​ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចឋិត​នៅក្នុង​ទីសមគួរ។ លុះ​ព្រះមេឃិយៈ​ដ៏មាន​អាយុ ឋិតនៅ​ក្នុងទីសម​គួរហើយ ក៏បាន​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ចង់ចូល​ទៅ​បិណ្ឌបាត​ក្នុង​ជន្តុគ្រាម។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​មេឃិយៈ អ្នកចូរ​សំគាល់នូវ​កាលដែល​គួរនឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះមេឃិយៈ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅ​បិណ្ឌបាត​ឯ​ជន្តុគ្រាម។ លុះ​ត្រាច់ទៅ​បិណ្ឌបាត ក្នុង​ជន្តុគ្រាមរួច ត្រឡប់​មកអំពី​បិណ្ឌបាត​ក្នុងវេលាខាង​ក្រោយភត្ត​វិញ ហើយចូល​ទៅឯឆ្នេរស្ទឹង​កិមិកាឡា លុះចូល​ទៅដល់​ហើយ ក៏ដើរទៅ​ដើរមក សម្រាក​ស្មង ប្របឆ្នេរស្ទឹង​កិមិកាឡា បានឃើញ​ព្រៃស្វាយ​គួរជាទី​ជ្រះថ្លា គួររីករាយ លុះ​ព្រះមេឃិយៈ​ដ៏មានអាយុ បានឃើញ​ហើយ ក៏មាន​សេចក្តី​ត្រិះរិះថា ឱហ្ន៎ ព្រៃស្វាយ​នេះ គួរជាទី​ជ្រះថ្លា គួររីករាយ ឱហ្ន៎ ព្រៃស្វាយ​នេះ សមគួរ​ដល់​ការព្យាយាម​របស់​កុលបុត្ត​អ្នកត្រូវការ​ដោយ​ព្យាយាម ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ដល់​អាត្មាអញ គួរអាត្មាអញ​មកឯព្រៃ​ស្វាយនេះ ដើម្បី​ប្រកប​ព្យាយាម។ លំដាប់​នោះ ព្រះមេឃិយៈ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះមេឃិយៈ​ដ៏មានអាយុ អង្គុយ​ក្នុង​ទីសមគួរ​ហើយ ទើបក្រាប​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ​ ហើយ​ចូលទៅ​បិណ្ឌបាត​ ក្នុង​ជន្តុគ្រាម លុះត្រាច់​ទៅបិណ្ឌបាត​ក្នុង​ជន្តុគ្រាម​រួច ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយ​ភត្ត​វិញ ហើយចូល​ទៅ​​ឯឆ្នេរស្ទឹង​កិមិកាឡា លុះចូល​ទៅដល់ហើយ ក៏ដើរ​ទៅដើរ​មក សម្រាកស្មង ប្របឆ្នេរស្ទឹង​កិមិកាឡា បានឃើញ​ព្រៃស្វាយ គួរជាទីជ្រះថ្លា គួររីករាយ លុះខ្ញុំព្រះអង្គ​បានឃើញ​ហើយ ក៏មាន​សេចក្តី​ត្រិះរិះថា ឱហ្ន៎ ​ ព្រៃស្វាយនេះ គួរជាទី​ជ្រះថ្លា គួរជាទី​រីករាយ ឱហ្ន៎ ព្រៃស្វាយ​នេះ សមគួរដល់​ការព្យាយាម របស់​កុលបុត្ត អ្នកត្រូវការ​ដោយ​ព្យាយាម ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ដល់​អាត្មាអញ អាត្មាអញ គួរមក​ព្រៃស្វាយ​នេះ ដើម្បី​ប្រកប​ព្យាយាម។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើ​ព្រះមានព្រះភាគ ទ្រង់​អនុញ្ញាត​ឲ្យខ្ញុំ​ព្រះអង្គ គួរខ្ញុំព្រះអង្គ​ទៅឯ​ព្រៃស្វាយ ដើម្បី​ប្រកប​ព្យាយាម។

[៨៦] កាលព្រះមេឃិយៈដ៏មានអាយុ ក្រាបទូល​យ៉ាង​នេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះមេឃិយៈ​ដ៏មានអាយុ​ថា ម្នាល​មេឃិយៈ អ្នកចូរ​រង់ចាំ​សិន តថាគត នៅតែ​ម្នាក់ឯង​ទេ ចាំភិក្ខុ​ឯទៀតណា​មួយមក​សិន។ ព្រះមេឃិយៈ​ដ៏មានអាយុ នៅតែ​ក្រាបទូល​ព្រះមានព្រះភាគ ជាគំរប់​ពីរដង​ទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ មិនមាន​កិច្ចតិចតួច​ដែលត្រូវ​ធ្វើតទៅ​ទៀតឡើយ ទាំងមិន​មានការ​សន្សំកិច្ច​ដែលទ្រង់ធ្វើ​ស្រេច​ហើយ​ ឲ្យចំរើន​ឡើងទៀតទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឯខ្ញុំព្រះអង្គ​នៅមានកិច្ច ដែលត្រូវ​ធ្វើតទៅទៀត​ ទាំងនៅ​មានការ​សន្សំកិច្ច ដែលខ្ញុំ​ព្រះអង្គ​ធ្វើហើយ​ ឲ្យចំរើន​ឡើង​ទៀត បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើ​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យខ្ញុំ​ព្រះអង្គ គួរខ្ញុំ​ព្រះអង្គ ទៅ​ឯព្រៃស្វាយ​នោះ​ ដើម្បី​ប្រកប​ព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះមេឃិយៈ​ដ៏មានអាយុ ជាគំរប់​ពីរដង​ទៀតថា ម្នាល​មេឃិយៈ អ្នកចូរ​រង់ចាំបន្តិច​សិន តថាគត​នៅតែ​ម្នាក់ឯងទេ ចាំភិក្ខុ​ឯទៀត​ណាមួយ​មកសិន។ ព្រះមេឃិយៈ​ដ៏មានអាយុ នៅតែ​ក្រាបទូល​ព្រះមានព្រះភាគ ជាគំរប់បី​ដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ មិនមាន​កិច្ច​តិចតួច​ដែលត្រូវ​ធ្វើតទៅ​ទៀតឡើយ ទាំងមិន​មានការ​សន្សំកិច្ច ដែលទ្រង់​ធ្វើស្រេច​ហើយ ឲ្យចំរើន​ឡើងទៀត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឯខ្ញុំព្រះអង្គ​នៅមានកិច្ច​ដែលត្រូវ​ធ្វើតទៅ​ទៀត​ ទាំងនៅ​មានការ​សន្សំកិច្ច ដែលខ្ញុំ​ព្រះអង្គ​ធ្វើហើយ​ ឲ្យច្រើន​ឡើងទៀត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យខ្ញុំព្រះអង្គ គួរខ្ញុំ​ព្រះអង្គ​ទៅឯព្រៃ​ស្វាយនោះ ដើម្បី​ប្រកប​ព្យាយាម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាល​មេឃិយៈ តថាគត​គប្បីនិយាយ​នឹងអ្នក ​កាល​និយាយថា ព្យាយាម​ដូច្នេះ ដូចម្តេច​បាន ម្នាល​មេឃិយៈ អ្នកចូរ​សំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវនេះចុះ។

[៨៧] លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ បានក្រោក​ចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចធ្វើ​ប្រទក្សិណ ហើយចូល​ទៅកាន់​ព្រៃស្វាយ​នោះ លុះចូល​ទៅ​ដល់​ហើយ ក៏លុកចូល​ទៅក្នុងព្រៃ​ស្វាយនោះ រួចអង្គុយ​សម្រាក​នៅវេលាថ្ងៃ ប្រប​គល់ឈើ​មួយដើម។ កាលដែល​ព្រះមេឃិយៈ​ដ៏មានអាយុ នៅសម្រាក​ក្នុងព្រៃ​ស្វាយនោះ អកុសល​វិតក្កៈ​ដ៏លាមក ៣ យ៉ាង​គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុល​ឡើង​រឿយៗ។ លំដាប់នោះ ព្រះមេឃិយៈ​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះថា ឱហ្ន៎ អស្ចារ្យណាស់​ ឱហ្ន៎ ចំឡែក​ណាស់ អម្បាល​អាត្មាអញ ជាអ្នក​ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស​ដោយសទ្ធា នៅតែ​មាន​អកុសលវិតក្កៈ​ដ៏លាមក ៣ យ៉ាងនេះ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្រប​សង្កត់បាន។ លំដាប់នោះ ព្រះមេឃិយៈ​ដ៏មានអាយុ ចេញចាក​ទីសម្ងំ ក្នុង​សាយណ្ហសម័យ​ ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះមេឃិយៈ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏បាន​ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទី​ឯណោះ កាលដែល​ខ្ញុំព្រះអង្គ​កំពុងនៅ​ក្នុងព្រៃស្វាយ​នោះ អកុសលវិតក្កៈ​ដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ផុសផុល​ឡើងរឿយៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នោះ មានសេចក្តី​ត្រិះរិះថា ឱហ្ន៎ អស្ចារ្យ​ណាស់​ ឱហ្ន៎ ចំឡែក​ណាស់ អម្បាល​អាត្មាអញ ជាអ្នក​ចេញចាកផ្ទះ ទៅកាន់ផ្នួស​ដោយ​សទ្ធា នៅតែ​មាន​អកុសលវិតក្កៈ​ដ៏លាមក ៣ យ៉ាងគឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ គ្របសង្កត់​បាន។

[៨៨] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាល​មេឃិយៈ ធម៌ ៥ យ៉ាង ប្រព្រឹត្តទៅ ដើម្បីធ្វើ​ចេតោវិមុត្តិ ដែលមិន​ទាន់ចាស់​ក្លា ឲ្យចាស់​ក្លាបាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាល​មេឃិយៈ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមាន​មិត្តល្អ បែរទៅ​រកមិត្តល្អ។ ម្នាល​មេឃិយៈ នេះជាធម៌​ទី ១ ប្រព្រឹត្តទៅ ​ដើម្បីធ្វើ​ចេតោវិមុត្តិ ដែលមិន​ទាន់ចាស់ក្លា​ ឲ្យចាស់ក្លាបាន។ ម្នាល​មេឃិយៈ មួយទៀត ភិក្ខុជា​អ្នកមាន​សីល ​សង្រួម​ហើយ ដោយការ​សង្រួម​ក្នុង​បាតិមោក្ខ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញ​ភ័យ​ក្នុងទោស​ទាំងឡាយ​សូម្បី​បន្តិចបន្តួច សមាទាន​សិក្សា​ ក្នុងសិក្ខាបទ​ទាំងឡាយ។​ ម្នាល​មេឃិយៈ នេះជា​ធម៌ទីពីរ ប្រព្រឹត្តទៅ​ ដើម្បីធ្វើ​នូវ​ចេតោវិមុត្តិ ដែលមិន​ទាន់ចាស់ក្លា​ ឲ្យចាស់​ក្លាបាន។ ម្នាល​មេឃិយៈ មួយទៀត ភិក្ខុជា​អ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយ​នូវកថា មាន​សភាព​យ៉ាងនេះ គឺ​អប្បិច្ឆកថា ១ សន្តុដ្ឋិកថា​ ១ បវិវេកកថា ១ អសំសគ្គកថា​ ១ វីរិយារម្ភកថា ១​ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សន​កថា ១ ដែលជា​កថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ​តែម្យ៉ាង ដើម្បីប្រាស​ចាកតម្រេក ដើម្បី​រលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បី​ដឹងចំពោះ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិព្វាន។ ម្នាល​មេឃិយៈ នេះជាធម៌​ទី ៣​ ប្រព្រឹត្តទៅ​ដើម្បីធ្វើ​ចេតោវិមុត្តិ ដែល​មិនទាន់​ចាស់ក្លា ​ឲ្យចាស់​ក្លាបាន។ ម្នាល​មេឃិយៈ មួយទៀត ភិក្ខុជា​អ្នកប្រារព្ធ​ព្យាយាម ដើម្បី​លះអកុសលធម៌​ទាំងឡាយ ដើម្បី​ញ៉ាំង​កុសលធម៌​ទាំងឡាយ ឲ្យកើតឡើង ជាអ្នក​មានកំឡាំង មានសេចក្តី​ប្រឹងប្រែង​មាំមួន​ មិន​ដាក់ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ។ ម្នាល​មេឃិយៈ នេះជា​ធម៌ទី ៤ ប្រព្រឹត្តទៅ ​ដើម្បី​ធ្វើចេតោវិមុត្តិ ដែលមិនទាន់​ចាស់ក្លា​ ឲ្យចាស់ក្លា​បាន។ ម្នាល​មេឃិយៈ មួយទៀត ភិក្ខុមាន​បញ្ញា ប្រកប​ដោយ​បញ្ញា ជាគ្រឿង​ដឹងការកើត​ឡើង និងសូន្យ​ទៅ ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ទំលុះ​ទំលាយ​កិលេស ប្រព្រឹត្តទៅ ដើម្បីអស់​ទុក្ខដោយ​ប្រពៃ។ ម្នាល​មេឃិយៈ នេះជា​ធម៌ទី ៥ ប្រព្រឹត្តទៅ​ ដើម្បីធ្វើ​ចេតោវិមុត្តិ ដែលមិន​ទាន់ចាស់ក្លា ​ឲ្យចាស់​ក្លាបាន។ ម្នាល​មេឃិយៈ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ​ដើម្បីធ្វើ​ចេតោវិមុត្តិ ដែលមិន​ទាន់ចាស់​ក្លា ឲ្យ​ចាស់ក្លាបាន។ ម្នាល​មេឃិយៈ ​គុណជាត​នុ៎ះ រមែងកើត​ប្រាកដ ដល់ភិក្ខុ​ដែលមាន​មិត្តល្អ មាន​សំឡាញ់ល្អ បែរទៅ​រកមិត្តល្អ ព្រោះភិក្ខុ​នោះ ជាអ្នក​មានសីល សង្រួមហើយ​ដោយ​ការសង្រួម ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញភ័យ ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច​ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ។ ម្នាល​មេឃិយៈ គុណជាតនុ៎ះ រមែង​កើតប្រាកដ ដល់ភិក្ខុ​ដែលមាន​មិត្តល្អ មានសំឡាញ់​ល្អ បែរទៅ​រកមិត្តល្អ ព្រោះ​ភិក្ខុនោះ ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បាន​ដោយងាយ​ នូវកថា​មាន​សភាព យ៉ាងនេះ​ គឺ អប្បិច្ឆកថា ១ សន្តុដ្ឋិកថា​ ១ បវិវេកកថា ១ អសំសគ្គកថា​ ១ វីរិយារម្ភកថា ១​ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សន​កថា ១ ដែលជា​កថាផូរផង់ ជាទីសប្បាយ ​ទូលាយចិត្ត ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ​តែម្យ៉ាង ដើម្បី​ប្រាសចាក​តម្រេក ដើម្បីរលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ចំពោះ ដើម្បីត្រាស់​ដឹង ដើម្បី​ព្រះនិព្វាន។ ម្នាល​មេឃិយៈ គុណជាត​នុ៎ះ រមែងកើត​ប្រាកដ ដល់ភិក្ខុ​ដែលមាន​មិត្តល្អ មានសំឡាញ់​ល្អ បែរទៅ​រកមិត្តល្អ ព្រោះភិក្ខុនោះ ជាអ្នក​ប្រារព្ធ​ព្យាយាម ដើម្បី​លះបង់​អកុសលធម៌​ទាំងឡាយ​ ដើម្បីញ៉ាំង​កុសលធម៌​ទាំងឡាយ​ឲ្យ​កើតឡើង​ មានកំឡាំង មានសេចក្តី​ប្រឹងប្រែង​មាំមួន មិនដាក់​ធុរៈ ក្នុង​កុសលធម៌​ទាំងឡាយ។ ម្នាល​មេឃិយៈ គុណជាតនុ៎ះ រមែង​មានប្រាកដ​ដល់ភិក្ខុ ដែល​មានមិត្តល្អ មាន​សំឡាញ់ល្អ បែរទៅ​រកមិត្តល្អ ព្រោះភិក្ខុ​នោះ ជាអ្នក​មានប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា​ជាគ្រឿង​ដឹង​ នូវការកើត​ឡើង និងសូន្យ​ទៅ ជាប្រាជ្ញា​ដ៏ប្រសើរ អាចទំលុះ​ទំលាយ​កិលេស ប្រព្រឹត្តទៅ​ដើម្បីអស់​ទុក្ខដោយ​ប្រពៃ។​

[៨៩] ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ ​តាំងនៅ​ក្នុងធម៌ ៥ យ៉ាង​នេះហើយ​ត្រូវចំរើន​ធម៌ ៤ យ៉ាង​តទៅទៀត គឺចំរើន​អសុភ ដើម្បីលះរាគៈ ១ ចំរើនមេត្តា ដើម្បីលះ​ព្យាបាទ ១ ចំរើន​អានាបានស្សតិ ដើម្បីផ្តាច់​បង់វិតក្កៈ ១ ចំរើន​អនិច្ចសញ្ញា ដើម្បី​ដក​អស្មិមានះ ១។ ម្នាល​មេឃិយៈ ព្រោះថា កាលភិក្ខុ​មានសេចក្តី​សំគាល់ថា ​មិនទៀង​ហើយ សេចក្តី​សំគាល់ថា​មិនមែនខ្លួន​ រមែងតាំង​នៅ (ក្នុងចិត្ត) ភិក្ខុដែល​មានសេចក្តី​សំគាល់ថា មិនមែន​ខ្លួន រមែងដល់​នូវការដក​អស្មិមានះ ​ឈ្មោះថា ដល់និព្វាន​ក្នុងបច្ចុប្បន្ន។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាននេះ​ ក្នុងវេលា​នោះថា

វិតក្កៈទាំងឡាយ​ដ៏ថោកទាប វិតក្កៈទាំងឡាយ​ដ៏ល្អិត ​ដែលចិត្ត​ប្រព្រឹត្ត​ទៅតាម​ហើយ ធ្វើចិត្ត​ឲ្យឆ្មើង​កន្ទ្រើង បុគ្គល​មិនដឹង​ច្បាស់​សេចក្តី​ត្រិះរិះ​នៃចិត្ត​ទាំង​នុ៎ះ​ទេ​ ជាអ្នកមាន​ចិត្តភ្ញាក់ផ្អើល ​ស្ទុះទៅ​ស្ទុះមក កាន់​អារម្មណ៍ផ្សេងៗ។ ឯអ្នកប្រាជ្ញ ដឹងច្បាស់សេចក្តីត្រិះរិះ នៃចិត្តទាំងនុ៎ះហើយ​ ជាអ្នកមានព្យាយាម ជា​គ្រឿង​ដុត បំផ្លាញកិលេស មានស្មារតី បិទខ្ទប់វិតក្កៈទាំងឡាយ ដែលចិត្តប្រព្រឹត្តទៅតាម ហើយធ្វើចិត្តឲ្យឆ្មើងកន្ទ្រើង លះបង់​វិតក្កៈទាំងនុ៎ះ មិនឲ្យ​សេសសល់។ ​សូត្រ ទី១។

២. ឧទ្ធតសូត្រ

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​សាលវន​ឧទ្យាន របស់​មល្លក្សត្រិយ៍​ ជាទីប្រព្រឹត្តិ​ចូលទៅ​ជិតក្រុង​កុសិនារា។ សម័យនោះ​ឯង ពួកភិក្ខុ​ច្រើនរូប នៅក្នុង​តូបដែលគេ​ធ្វើក្នុងព្រៃ ក្នុងទី​ជិត​ព្រះមានព្រះភាគ​ ជាអ្នក​មានចិត្ត​អណ្តែត​អណ្តូង​លើក​កំពស់ មានចិត្ត​ឃ្លេងឃ្លោង មានមាត់​រឹង មានសំដី​ផ្តេសផ្តាស ភ្លេចស្មារតី​ មិនដឹង​ខ្លួន មិនបាន​តាំងចិត្ត​មាំមួន​ មានចិត្ត​ភ្ញាក់ផ្អើល មានឥន្ទ្រិយ​ដ៏ប្រាកដ (មិនសង្រួម​ឥន្ទ្រិយ)។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញពួកភិក្ខុ​ច្រើនរូប​នោះ នៅក្នុង​តូបដែល​គេធ្វើ​ក្នុងព្រៃ ក្នុង​ទីជិត​ព្រះអង្គ មានចិត្ត​អណ្តែត​អណ្តូង ជាអ្នក​លើកកំពស់ មានចិត្ត​ឃ្លេងឃ្លោង មាន​មាត់រឹង មានសំដី​ផ្តេសផ្តាស ភ្លេចស្មារតី​ មិនដឹង​ខ្លួន មិនបាន​តាំងចិត្ត​មាំមួន​ មានចិត្ត​ភ្ញាក់ផ្អើល មាន​ឥន្ទ្រិយដ៏​ប្រាកដ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលមានវិញ្ញាណកាយទាំង ៦ មិនរក្សាផង ជាមិច្ឆាទិដ្ឋិ​ផង ដែល​ថីនមិទ្ធៈ គ្របសង្កត់​ផង រមែង​ដល់នូវ​អំណាច​នៃមារ។ ព្រោះ​ហេតុនោះ ភិក្ខុជា​អ្នកមាន​ចិត្ត​រក្សាហើយ មាន​សេចក្តី​ត្រិះរិះ​ត្រូវ ជាអារម្មណ៍​ មានសម្មាទិដ្ឋិ​ប្រព្រឹត្តទៅ ក្នុង​ខាងមុខ ដឹងការ​កើតឡើង និងសូន្យ​ទៅបាន គ្របសង្កត់​នូវថីនៈមិទ្ធៈ​ហើយ គប្បីលះបង់​គតិ​អាក្រក់​ទាំងពួង។ សូត្រ ទី២។

៣. គោបាលកសូត្រ

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅ​កាន់ចារិក ក្នុង​កោសលជនបទ ជាមួយ​នឹងភិក្ខុសង្ឃ​ច្រើនរូប។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គេច​ចេញ​អំពីផ្លូវ ហើយចូល​ទៅរកម្លប់​ឈើមួយ​ដើម លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ​ ដែលគេ​ក្រាលថ្វាយ។ លំដាប់នោះ នាយគោបាល​ម្នាក់ បានចូល​ទៅគាល់​ព្រះមាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះនាយ​គោបាល​នោះ អង្គុយក្នុង​ទីសមគួរ​ហើយ​ ព្រះមានព្រះភាគ​ទ្រង់សំដែង​ពន្យល់ ឲ្យកាន់យក ឲ្យអាចហាន​ ឲ្យរីករាយ​ដោយ​ធម្មីកថា។ គ្រានោះ នាយ​គោបាល​នោះ លុះ​ព្រះមានព្រះភាគ​ទ្រង់សំដែង​ពន្យល់​ ឲ្យកាន់​យក ឲ្យអាចហាន​ ឲ្យរីករាយ​ដោយ​ធម្មីកថា​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ទទួល​ភត្តរបស់​ខ្ញុំព្រះអង្គ ក្នុងថ្ងៃ​ស្អែក ជាមួយ​នឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។ លុះ​នាយ​គោបាល​នោះ បានដឹងថា ព្រះមានព្រះភាគ​ទ្រង់ទទួល​ហើយ ក្រោក​ចាកអាសនៈ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួចចៀស​ចេញទៅ។ លំដាប់នោះ នាយ​គោបាលនោះ លុះកន្លង​រាត្រីនោះហើយ បានឲ្យ​មនុស្សតាក់​តែង អប្បោទក​បាយាស (បាយាស​មានទឹកតិច) និង​ទឹកដោះថ្លា​ដ៏ថ្មី​ជាច្រើន ក្នុងលំនៅ​របស់ខ្លួន​ ហើយឲ្យ​មនុស្សទៅ​ក្រាបទូល​ភត្តកាល ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​ល្មមហើយ ទាំងភត្ត​សោត ក៏ស្រេច​ហើយ។ លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយយាង​ចូលទៅកាន់​លំនៅ របស់នាយ​គោបាល​នោះ ជាមួយ​ភិក្ខុសង្ឃ លុះយាង​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ដែល​គេក្រាល​ថ្វាយ។ លំដាប់នោះ ​នាយគោបាល​នោះ អង្គាសភិក្ខុ​សង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ដោយ​អប្បោទកបាយាស និង​ទឹកដោះថ្លា​ដ៏ថ្មី ឲ្យឆាន់ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ហាមឃាត់​ដោយដៃ​ខ្លួនឯង។ លំដាប់នោះ នាយ​គោបាលនោះ លុះ​ព្រះមានព្រះភាគ ទ្រង់សោយ​ស្រេច លែង​លូក​ព្រះហស្ត​ក្នុងបាត្រ​ទៀតហើយ ក៏កាន់​យកអាសនៈ​ដ៏ទាប​មួយ អង្គុយក្នុង​ទីសមគួរ។​ លុះនាយ​គោបាល​នោះ អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ទ្រង់សំដែង​ពន្យល់ ឲ្យកាន់យក ឲ្យអាចហាន​ ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់​ក្រោកចាក​អាសនៈ​ យាង​ចេញទៅ។

[៩២] គ្រាកាលដែលព្រះមានព្រះភាគ ស្តេចចេញ​ទៅមិន​យូរប៉ុន្មាន ស្រាប់តែ​មានបុរស​ម្នាក់ ផ្តាច់​ជីវិត​នាយ​គោបាលនោះ ត្រង់ចន្លោះ​ព្រំប្រទល់​ស្រុក។ លំដាប់នោះ ពួកភិក្ខុ​ច្រើនរូប បានចូល​ទៅគាល់​ព្រះមានព្រះភាគ​ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ក៏បាន​ក្រាប​បង្គំទូល ព្រះមានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នាយ​គោបាលណា ដែលបាន​អង្គាស​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ដោយ​អប្បោទកបាយាស និង​ទឹកដោះថ្លា​ដ៏ថ្មី ឲ្យឆាន់ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ហាមឃាត់​ដោយដៃ​ខ្លួនឯង ក្នុងថ្ងៃនេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បានឮថា នាយ​គោបាល​នោះ មានបុរស​ម្នាក់ផ្តាច់​ជីវិត ត្រង់ចន្លោះ​ព្រំប្រទល់​ស្រុកទៅ​ហើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជា្រប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុង​វេលានោះថា

ចោរបានឃើញចោរផងគ្នា ឬក៏​បុគ្គល​មានពៀរ ឃើញ​បុគ្គល​មានពៀរ​ផងគ្នា គប្បី​ធ្វើសេចក្តី​វិនាស​ណា ចិត្តដែល​បុគ្គល​ដំកល់ខុស​ហើយ រមែង​ធ្វើបុគ្គល​នោះ ឲ្យលាមក​លើសជាង​សេចក្តី​វិនាសនោះ​ទៅទៀត។ សូត្រ ទី៣។

៤. យក្ខបហារសូត្រ

[៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្ត​ដ៏មាន​អាយុ និង​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ នៅក្នុង​វត្ត​កបោតកន្ទរា។ សម័យនោះ ព្រះសារីបុត្ត​ដ៏មានអាយុ មានសក់​ទើបកោរថ្មី ៗ អង្គុយ​ក្នុងទីវាល ចូលកាន់​សមាធិណា​មួយ ក្នុងរាត្រី​ខាងខ្នើត។

[៩៤] សម័យនោះ មានយក្ខពីរនាក់ជាសំឡាញ់​នឹងគ្នា មកអំពី​ទិសខាង​ជើង ទៅទិស​ខាងត្បូង ដោយ​កិច្ចណា​មួយ។ យក្ខទាំងនោះ បានឃើញ​ព្រះសារីបុត្ត​ដ៏មានអាយុ មានសក់​ទើបកោរថ្មី ៗ អង្គុយ​ក្នុងទីវាល ក្នុងរាត្រី​ខាងខ្នើត លុះ​យក្ខម្នាក់ បានឃើញ​ហើយ និយាយ​ប្រាប់យក្ខ​ម្នាក់ទៀត​ថា ម្នាលសំឡាញ់ ​ចិត្តរបស់​ខ្ញុំកើត​ប្រាកដ ដើម្បី​ប្រហារ​ក្បាល​សមណៈ​នេះ។​ កាលបើ​យក្ខម្នាក់​ និយាយ​យ៉ាងនេះ​ហើយ យក្ខនោះ ក៏និយាយ​ទៅ​នឹងយក្ខ​ម្នាក់ទៀត​នោះថា កុំ សំឡាញ់ អ្នកកុំ​ប្រហារសមណៈ​ឡើយ ម្នាល​សំឡាញ់​ សមណៈ​នោះ មានគុណ​ដ៏លើសលុប ​មានឫទ្ធិ​ច្រើន មានអានុភាព​ច្រើន។ យក្ខម្នាក់​នោះ បាននិយាយ​នឹងយក្ខនោះ ជាគំរប់ពីរ​ដងទៀត​ថា ម្នាល​សំឡាញ់​ ចិត្តរបស់ខ្ញុំ​កើតប្រាកដ ដើម្បី​ប្រហារក្បាល​សមណៈនេះ។​ យក្ខនោះ និយាយទៅ​នឹងយក្ខ​ម្នាក់ទៀត​នោះ ជាគំរប់ពីរ​ដងទៀតថា កុំ សំឡាញ់ អ្នកកុំ​ប្រហារសមណៈ​ឡើយ ម្នាល​សំឡាញ់​ សមណៈ​នោះ មានគុណ​ដ៏លើសលុប ​មានឫទ្ធិ​ច្រើន​ មានអានុភាព​ច្រើន។ យក្ខម្នាក់​នោះ និយាយ​ទៅនឹង​យក្ខនោះ ជាគំរប់​បីដងទៀត​ថា ម្នាល​សំឡាញ់ ​ចិត្តរបស់ខ្ញុំ​កើតប្រាកដ ដើម្បី​ប្រហារក្បាល​សមណៈនេះ។​ យក្ខនោះ និយាយ​ទៅនឹងយក្ខ​ម្នាក់ទៀត​នោះ ជាគំរប់បី​ដងទៀត​ថា កុំ សំឡាញ់ អ្នកកុំ​ប្រហារ​សមណៈ​ឡើយ ម្នាល​សំឡាញ់​ សមណៈ​នោះ មានគុណ​ដ៏លើស​លុប ​មានឫទ្ធិច្រើន ​មានអានុភាព​ច្រើន។ លំដាប់នោះ យក្ខម្នាក់​នោះ មិនអើពើ​នឹងយក្ខ​នោះឡើយ ហើយ​ប្រហារ​ចំព្រះសិរ្សៈ​ព្រះសារីបុត្ត​ត្ថេរដ៏មាន​អាយុ។ មានសេចក្តី​ដំណាល​ថា​ យក្ខនោះ អាចពន្លិច​ដំរីមាន​កំពស់ ៧ ហត្ថ ឬ ​៨ ហត្ថ (ឲ្យស្រុតទៅ​ក្នុងផែនដី) ក៏បាន អាចធ្វើ​កំពូលភ្នំធំ ឲ្យបែកខ្ទេច​ខ្ទីក៏បាន ដោយការ​ប្រហារនោះ។ លំដាប់នោះ ស្រាប់តែ​យក្ខនោះ​ពោលថា ខ្ញុំក្តៅ​ណាស់ ដូច្នេះ ​ហើយ​ធ្លាក់ទៅកាន់​មហានរក ត្រង់ទី​នោះឯង។

[៩៥] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញ​យក្ខនោះ កំពុង​ប្រហារ​ចំព្រះសិរ្សៈ​ព្រះសារីបុត្ត​ដ៏មាន​អាយុ ដោយ​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​ចក្ខុរបស់​មនុស្សធម្មតា លុះ​ឃើញ​ហើយ ក៏ចូលទៅ​រកព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅដល់ហើយ ក៏និយាយ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ​ថា ម្នាល​អាវុសោ លោកល្មម​អត់ធន់​បានដែរឬ ​ល្មម​ប្រព្រឹត្តទៅ​បានដែរឬ មិនមាន​សេចក្តីទុក្ខ​តិចតួច​ទេឬ។ ព្រះសារីបុត្ត​ដ៏មានអាយុ​ប្រាប់ថា ម្នាល​អាវុសោមោគ្គល្លាន ខ្ញុំល្មម​អត់ធន់​បាន ម្នាល​អាវុសោ​មោគ្គល្លាន ខ្ញុំល្មម​ប្រព្រឹត្តទៅ​បាន តែថា​មានសេចក្តី​ទុក្ខបន្តិច​ត្រង់ក្បាល​របស់ខ្ញុំ។ ម្នាល​អាវុសោ​សារីបុត្ត អស្ចារ្យ​ណាស់ ម្នាល​អាវុសោសារីបុត្ត ចំឡែក​ណាស់ ព្រោះថា សារីបុត្ត​ដ៏មានអាយុ មានឫទ្ធិ​ច្រើន មាន​អានុភាព​ច្រើន។ ម្នាលអាវុសោ​សារីបុត្ត ក្នុងទីនេះ មានយក្ខ​មួយ ប្រហារ​ចំព្រះ​សិរ្សៈនៃ​លោក (ការប្រហារ​នោះ) ពេញជា​ការប្រហារ​ខ្លាំង ឯយក្ខនោះ អាចពន្លិច​ដំរី​មានកំពស់ ៧ ហត្ថ ឬ ៨ ហត្ថ (ឲ្យស្រុត​ទៅក្នុង​ផែនដី​បាន) អាចធ្វើ​កំពូលភ្នំ​ធំឲ្យបែក​ខ្ទេចខ្ទី​បាន ដោយការ​ប្រហារ​នោះ។​ ហេតុអ្វីក៏​ព្រះសារីបុត្ត​ដ៏មានអាយុ និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ​មោគ្គល្លាន ខ្ញុំល្មមអត់​ធន់បាន ម្នាល​អាវុសោ​មោគ្គល្លាន ខ្ញុំល្មម​ប្រព្រឹត្តទៅ​បាន តែថា មានសេចក្តី​ទុក្ខបន្តិច ត្រង់ក្បាល​របស់ខ្ញុំ។ ម្នាល​អាវុសោ​មោគ្គល្លាន អស្ចារ្យណាស់ ម្នាល​អាវុសោ​មោគ្គល្លាន ចំឡែកណាស់ ព្រោះថា មហាមោគ្គល្លានដ៏​មានអាយុ មានឫទ្ធិ​ច្រើន មានអានុភាព​ច្រើន មើលយក្ស​ឃើញបាន ចំណែក​ខាងយើង មិនឃើញ​សូម្បី​បិសាច ដែលអាស្រ័យ​នឹងអាចម៍ដី [សំដៅយក​ប្រេតតូចៗ ដែលត្រាច់​រង្គាត់​ក្នុងទី​ទាំងឡាយ មានគំនរ​សម្រាម​ជាដើម។] សោះឡើយ។

[៩៦] ព្រះមានព្រះភាគ ទ្រង់ព្រះសណ្តាប់​ពាក្យ​ចរចា មានសភាព​យ៉ាងនេះ របស់​ព្រះមហា​នាគត្ថេរ​ទាំងពីរ​អង្គនោះ ដោយ​ទិព្វសោតធាតុ​ដ៏បរិសុទ្ធ កន្លង​សោតធាតុ របស់​មនុស្ស​ធម្មតា។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបបន្លឺ​ឧទាននេះ ក្នុងវេលា​នោះថា

ចិត្តរបស់បុគ្គលណា មានឧបមាដោយថ្មតាន់​ នៅនឹង មិនញាប់ញ័រ ប្រាសចាក​តម្រេក ក្នុងហេតុ​គួររីករាយ​ទាំងឡាយ មិនក្រោធ​ក្នុងវត្ថុ​គួរក្រោធ ចិត្តដែល​បុគ្គល​ណា បានចំរើន​យ៉ាងនេះ​ហើយ សេចក្តីទុក្ខ​នឹងមាន​មក ដល់បុគ្គល​នោះ អំពីណា​បាន។ សូត្រ ទី៤។

៥. នាគសូត្រ

[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​ឃោសិតារាម ជិតក្រុង​កោសម្ពី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ច្រឡូក​ច្រឡំ​ដោយពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំ​របស់ស្តេច តិរ្ថិយ និងពួក​សាវ័ក​របស់តិរ្ថិយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ច្រឡូកច្រឡំ​ជាទុក្ខ មិន​សប្បាយ​ឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់មាន​សេចក្តី​ត្រិះតិះថា ឥឡូវនេះ ​តថាគត​នៅ​ច្រឡូកច្រឡំ​ដោយពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំ​របស់ស្តេច តិរ្ថិយ និងពួក​សាវ័ក​របស់​តិរ្ថិយ តថាគត​នៅ​ច្រឡូកច្រឡំ​ជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរតែ​តថាគត គេចចេញ​អំពីពួក ហើយ​នៅតែ​ម្នាក់ឯង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់​ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ​ ចូលទៅ​បិណ្ឌបាត ក្នុងក្រុង​កោសម្ពី។​លុះ​ព្រះមានព្រះភាគ ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​កោសម្ពី ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុង​កាលខាង​ក្រោយភត្ត ហើយទុក​ដាក់សានាសនៈ​ដោយព្រះអង្គ​ឯង ហើយប្រដាប់​បាត្រ ចីវរ មិនបាន​លាឧបដ្ឋាក មិនបាន​ប្រាប់ភិក្ខុ​សង្ឃ តែមួយ​អង្គឯង ឥតមាន​ភិក្ខុជា​គំរប់ពីរ ទ្រង់យាង​ទៅកាន់​ចារិក នៃបាលិលេយ្យក​ប្រទេស កាលទ្រង់​យាងទៅ​កាន់ចារិក ដោយ​លំដាប់ បានដល់​បាលិលេយ្យកប្រទេស។

[៩៨] បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្រោមម្លប់​ភទ្ទសាលព្រឹក្ស ក្នុងដង​ព្រៃ ឈ្មោះរក្ខិតៈ ជិត​បាលិលេយ្យកប្រទេស។ មានដំរី​ប្រសើរមួយ នៅច្រឡូក​ច្រឡំដោយ​ពួកដំរី​ឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ​ ដែលពួក​ដំរីទាំងនោះ ច្រឹបចុង​ហើយផង ពួកដំរី​ទាំងនោះ ស៊ីនូវមែក​ឈើបាក់ ដែលដំរី​ដ៏ប្រសើរ​នោះ​បំបាក់ចុះ​ហើយផង ឯដំរីដ៏​ប្រសើរ ក៏ផឹក​ទឹកទាំងឡាយ​ដ៏ល្អក់ផង កាលបើ​ដំរីដ៏ប្រសើរ​ដើរចុះ​ឡើង​កំពង់ទឹក ពួកមេដំរី​ក៏ដើរ​ត្រដុស​កាយផង ដំរីដ៏ប្រសើរ​នៅច្រឡូក​ច្រឡំ ជាទុក្ខ មិនសប្បាយ​ឡើយ។ លំដាប់នោះ ដំរីដ៏​ប្រសើរនោះ មានសេចក្តី​ត្រិះរិះថា ឥឡូវនេះ អញនៅ​ច្រឡូកច្រឡំ ដោយពួក​ដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ីស្មៅ ដែល​ដំរីទាំងនោះ ច្រឹបចុង​ហើយផង ដំរីទាំង​នោះ ស៊ីមែកឈើបាក់ ដែលអញ​កាច់បំបាក់​ហើយផង អញ​ផឹកទឹក​ទាំងឡាយ​ដ៏ល្អក់ផង កាលបើអញ ដើរចុះ​ឡើងកំពង់​ទឹក ពួកមេដំរី ដើរត្រដុស​កាយ​ផង អញនៅ​ច្រឡូកច្រឡំ​ជាទុក្ខ មិនសប្បាយ បើដូច្នោះ គួរអញ​គេចចេញ​ពីហ្វូង នៅម្នាក់ឯង​វិញចុះ។ លំដាប់នោះ​ ដំរីដ៏ប្រសើរ​នោះ ដើរគេច​ចេញពីហ្វូង ហើយ​ចូលទៅរក​ព្រះមាន​ព្រះភាគ ដែលទ្រង់​គង់នៅក្រោម​ម្លប់​ភទ្ទសាលព្រឹក្ស ក្នុងដង​ព្រៃ​ឈ្មោះរក្ខិតៈ ជិត​បាលិលេយ្យកប្រទេស លុះចូល​ទៅដល់​ហើយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​ប្រទេស​ណា បានឮថា ដំរីដ៏ប្រសើរ​នោះ ក៏ធ្វើប្រទេស​នោះ មិនឲ្យ​មានស្មៅស្រស់ ទាំងដម្កល់​ទឹកឆាន់ ទឹកប្រើ ថ្វាយ​ព្រះមានព្រះភាគ ដោយ​ប្រមោយ។

[៩៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាង​ទៅសម្ងំ ក្នុងទីស្ងាត់ ទ្រង់​មាន​ព្រះទ័យ​បរិវិតក្កៈ កើតឡើង​យ៉ាងនេះថា កាលមុន តថាគត​បាននៅ​ច្រឡូកច្រឡំ ដោយ​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំ​របស់ស្តេច តិរ្ថិយ និងពួក​សាវ័ក​របស់តិរ្ថិយ តថាគត​នៅច្រឡូក​ច្រឡំ ជាទុក្ខ មិនសប្បាយ​ឡើយ។ ឥឡូវនេះ តថាគត មិនបាននៅ​ច្រឡូកច្រឡំ​ដោយពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច អមាត្យធំ​របស់​ស្តេច តិរ្ថិយ និងពួក​សាវ័ក​របស់តិរ្ថិយ​ឡើយ តថាគត មិនបាន​នៅច្រឡូក​ច្រឡំ ក៏បាន​សេចក្តីសុខ​សប្បាយ។ ដំរីដ៏ប្រសើរ​នោះ មានចិត្ត​ត្រិះរិះ​កើតឡើង​យ៉ាងនេះថា កាលមុន អញ​បាននៅ​ច្រឡូក​ច្រឡំដោយ​ពួកដំរី​ឈ្មោល ដំរីញី ដំរីស្ទាវ និងកូន​ដំរីតូចៗ ហើយអញ​បានស៊ីស្មៅ​ទាំងឡាយ ដែលពួក​ដំរីទាំងនោះ ច្រឹបចុង​ហើយផង ពួកដំរី​ទាំងនោះស៊ីមែក​ឈើបាក់ ដែលអញ​កាច់បំបាក់​ហើយផង អញបាន​ផឹកទឹក​ទាំងឡាយ​ដ៏ល្អក់ផង កាលបើអញ ដើរចុះ​ឡើងកំពង់​ទឹក ពួកមេដំរី ដើរ​ត្រដុស​កាយផង អញនៅ​ច្រឡូកច្រឡំ​ជាទុក្ខ មិន​សប្បាយ​ឡើយ។ ឥឡូវនេះ អញនោះ​ មិននៅ​ច្រឡូកច្រឡំ ដោយពួក​ដំរីឈ្មោល ដំរីញី ដំរីស្ទាវ និងកូនដំរី ហើយស៊ី​ស្មៅទាំងឡាយ ដែលពួក​ដំរីទាំងនោះ មិនបាន​ច្រឹបចុង​ហើយផង ពួកដំរី​ទាំងនោះ ក៏មិនស៊ី​មែកឈើបាក់ ដែលអញ​កាច់បំបាក់ផង អញផឹក​ទឹកទាំង​ឡាយ​មិនល្អក់​ផង កាលបើអញ ដើរចុះ​ឡើងកំពង់ទឹក ពួកមេដំរី ក៏មិនដើរ​ត្រដុស​កាយផង អញមិននៅ​ច្រឡូកច្រឡំ ក៏បាន​សេចក្តី​សុខសប្បាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​សេចក្តី​ស្ងប់ស្ងាត់​របស់ព្រះអង្គ និងបាន​ជ្រាបច្បាស់​បរិវិតក្កៈ ក្នុងចិត្ត​របស់ដំរី​ដ៏ប្រសើរនោះ​ ដោយព្រះទ័យ​នៃព្រះអង្គ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ចិត្តរបស់ហត្ថិនាគ មានភ្លុកងទន្ទាំនុ៎ះ ស្មើនឹងចិត្ត​របស់ពុទ្ធនាគ​ដែរ ព្រោះ​ហត្ថិនាគ​តែម្នាក់ឯង ត្រេកអរ​ក្នុងព្រៃដែរ។ សូត្រ ទី៥។

៦. បិណ្ឌោលសូត្រ

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈ​ដ៏មាន​អាយុ ជាអ្នក​ប្រព្រឹត្ត​អារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និង​តេចីវរិកធុតង្គ ជាអ្នក​ប្រាថ្នាតិច មានសេចក្តី​សន្តោស មានសេចក្តី​ស្ងប់ស្ងាត់ មិននៅ​លាយឡំ​ដោយពួក ប្រាព្ធព្យាយាម ជាអ្នក​ពោលពាក្យ​ជាគ្រឿង​កំចាត់​បង់​កិលេស ប្រកបរឿយៗ នូវ​អធិចិត្ត អង្គុយ​ផ្គត់ភ្នែន តម្រង់​កាយត្រង់ ក្នុង​ទីជិត​ព្រះមាន​ព្រះភាគ។ ព្រះមាន​ព្រះភាគ ទ្រង់ទត​ឃើញ​បិណ្ឌោលភារទ្វាជៈ​ដ៏មានអាយុ ជាអ្នក​ប្រព្រឹត្ត​អារញ្ញកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ និង​តេចីវរិកធុតង្គ ជាអ្នក​ប្រាថ្នាតិច មានសេចក្តី​សន្តោស មានសេចក្តី​ស្ងប់ស្ងាត់ មិននៅ​លាយឡំ​ដោយ​ពួក ប្រារព្ធ​ព្យាយាម ជាអ្នកពោល​ពាក្យជាគ្រឿង​កំចាត់​បង់កិលេស ប្រកប​រឿយ ៗ នូវ​អធិចិត្ត អង្គុយ​ផ្គត់ភ្នែន តម្រង់កាយ​ត្រង់ ក្នុងទីជិត​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺ​ឧទាននេះ ក្នុងវេលា​នោះថា

កិរិយាមិនតិះដៀល ១ កិរិយាមិន​បៀតបៀន​គេ ១ កិរិយា​សង្រួមក្នុង​បាតិមោក្ខ ១ ភាវៈ​ដឹងប្រមាណ​ក្នុងភត្តាហារ ១ ទីដេក​ទីអង្គុយ​ដ៏ស្ងាត់ ១ កិរិយា​បំពេញ​ព្យាយាម ក្នុង​អធិចិត្ត ១ នុ៎ះជាពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ។ សូត្រ ទី៦។

៧. សារិបុត្តសូត្រ

[១០១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះសារី​បុត្តដ៏​មានអាយុ ជាអ្នកមាន​សេចក្តី​ប្រាថ្នាតិច មានសេចក្តី​សន្តោស មាន​សេចក្តី​ស្ងប់ស្ងាត់ មិននៅលាយ​ឡំដោយពួក ប្រាព្ធ​ព្យាយាម ប្រកបរឿយ ៗ នូវអធិចិត្ត អង្គុយផ្គត់​ភ្នែន តម្រង់កាយ​ត្រង់ ក្នុងទីជិត​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ព្រះសារីបុត្ត​ដ៏មាន​អាយុ ជាអ្នកមាន​សេចក្តី​ប្រាថ្នាតិច មានសេចក្តី​សន្តោស មានសេចក្តី​ស្ងប់ស្ងាត់ មិននៅ​លាយឡំ​ដោយពួក ប្រារព្ធ​ព្យាយាម ប្រកប​រឿយៗនូវអធិ​ចិត្ត អង្គុយ​ផ្គត់ភ្នែន តម្រង់​កាយត្រង់ ក្នុងទី​ជិត​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

សេចក្តីសោកទាំងឡាយ រមែងមិនកើតមាន​ដល់បុគ្គល​មាន​អធិចិត្ត មិនប្រមាទ ជាអ្នក​ដឹង ជាអ្នក​សិក្សា ក្នុងផ្លូវនៃ​ការដឹងទាំឡាយ គឺ​អរហត្តផលញ្ញាណ មានចិត្ត​មិនញាប់ញ័រ ជាអ្នក​នឹងធឹង ជាអ្នក​ស្ងប់ មានស្មារតី​គ្រប់កាល។ សូត្រ ទី៧។

៨. សុន្ទរីសូត្រ

[១០២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះមាន​ព្រះភាគ មានគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់​បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី។ សូម្បី​ភិក្ខុសង្ឃ ក៏មាន​គេធ្វើ​សក្ការៈ គោរព រាប់អាន បូជា​ កោតក្រែង ជាអ្នក​បានចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ជាប្រក្រតី​ដែរ។ ឯពួក​បរិព្វាជក ជា​អន្យតិរ្ថិយ មិនមាន​គេធ្វើ​សក្ការៈ មិនគោរព មិនរាប់អាន មិនបូជា មិនកោតក្រែង មិនបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាប្រក្រតី​ឡើយ។

[១០៣] គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ អត់ធន់​មិនបាន​នូវសក្ការៈ របស់​ព្រះមានព្រះភាគ និង​ភិក្ខុសង្ឃ ចូលទៅ​រកនាង​បរិព្វាជិកា ឈ្មោះ​សុន្ទរី លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹងនាង​បរិព្វាជិកា ឈ្មោះ​សុន្ទរីថា នែប្អូនស្រី នាងអាច​ធ្វើ​ប្រយោជន៍​ដល់ពួក​ញាតិ​បានឬទេ។ នាង​បរិព្វាជិកា ឈ្មោះ​សុន្ទរី​សួរថា បពិត្រលោក​ម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា ត្រូវធ្វើ​ដូចម្តេច អំពើ​ដូចម្តេច ដែលខ្ញុំ​អាចធ្វើបាន សូម្បី​ជីវិត ក៏ខ្ញុំហ៊ាន​លះបង់ ដើម្បីជា​ប្រយោជន៍ ​ដល់ពួក​ញាតិដែរ។ ម្នាលប្អូនស្រី បើដូច្នោះ នាងចូលទៅ​កាន់វត្ត​ជេតពន ឲ្យញយ ៗ។ នាង​បរិព្វាជិកា ឈ្មោះសុន្ទរី បានទទួល​ពាក្យ​បរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះថា ព្រះករុណា លោកម្ចាស់ ហើយទៅ​កាន់វត្ត​ជេតពន ញយ ៗ។ កាលណា​បរិព្វាជក ជាអន្យតិរិ្ថយ​ទាំងនោះ បានដឹងថា ជនច្រើនបាន​ឃើញ​នាង​បរិព្វាជិកា ឈ្មោះ​សុន្ទរី ទៅកាន់វត្ត​ជេតពន​ញយ ៗ ហើយ ក៏សំឡាប់នាងនោះ​ឲ្យដាច់​ចាក​ជីវិត ហើយកប់​ក្នុងរណ្តៅ​ស្នាមភ្លោះ នៃវត្ត​ជេតពន​នោះឯង​ក្នុងកាល​ណោះ រួចចូលទៅ​គាល់​ព្រះបាទ​បសេនទិកោសល លុះចូល​ទៅដល់ហើយ ក៏ថ្វាយ​ព្រះពរ​ព្រះបាទ​បសេន​ទិកោសល​ថា បពិត្រ​មហារាជ នាង​បរិព្វាជិកាណា ឈ្មោះ​សុន្ទរី នាង​បរិព្វាជិកា​នោះ មិនប្រាកដ​ដល់ពួក​អាត្មាភាព​សោះ។ ព្រះរាជា ទ្រង់មាន​ព្រះបន្ទូល​សួរថា ចុះលោក​ទាំងឡាយ មានសង្ស័យ​ក្នុងទីណាខ្លះ។ បពិត្រ​មហារាជ ពួកអាត្មាភាព​មានសង្ស័យ​ក្នុងវត្ត​ជេតពន។ បើដូច្នោះ ចូរលោក​ទាំងឡាយ គន់រកក្នុង​វត្តជេតពន​ចុះ។ លំដាប់នោះ បរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ គយគន់​មើលវត្ត​ជេតពន ហើយក៏គាស់​ឡើង (នូវសាក​សព) ដែលបាន​កប់ទុក​ហើយ អំពីរណ្តៅ​ស្នាមភ្លោះ ហើយលើក​ដាក់លើគ្រែតូច នាំចូល​ទៅកាន់ក្រុង​សាវត្ថី ហើយចេញ​ពីច្រកមួយ ចូលទៅ​កាន់​ច្រកមួយ ចេញពីផ្លូវ​ត្រឡែង​កែងមួយ ចូលទៅ​កាន់ផ្លូវត្រឡែង​កែងមួយ ហើយប្រើ​ពួកមនុស្ស​ឲ្យលើក​ទោសថា នែម្ចាស់​ទាំងឡាយ អ្នកទាំងឡាយ ចូរមើល​អំពើ​របស់ពួក​សមណៈ ជា​សក្យបុត្តិយ៍​ចុះ ពួកសមណៈ​ជាសក្យបុត្តិយ៍​នេះ ជាបុគ្គល​មិនអៀនខ្មាស ទ្រុស្តសីល មានធម៌​លាមក ជាអ្នក​និយាយ​ពាក្យកុហក​ ប្រព្រឹត្តធម៌​មិនប្រសើរ។ មិនគួរបើ​ពួក​សមណៈ ជាសក្យបុត្តិយ៍​នេះ មកប្តេជ្ញា​ខ្លួនថា ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌​ដ៏ប្រសើរ ពោល​ពាក្យពិត​ មានសីល មានកល្យាណ​ធម៌សោះ ភាពជា​សមណៈ គឺជាអ្នក​រម្ងាប់បាប មិនមាន​ដល់ពួក​សមណៈ​នេះឡើយ ភាពជា​អ្នកប្រសើរ គឺជាអ្នក​បន្សាត់បាប មិនមាន​ដល់ពួក​សមណៈ​នេះឡើយ ភាពជា​សមណៈ របស់ពួក​សមណៈ​នេះ សាបសូន្យ​ហើយ ភាពជាអ្នក​ប្រសើរ​របស់ពួក​សមណៈនេះ សាបសូន្យ​ហើយ ភាពជា​សមណៈ នឹងមាន​ដល់ពួក​សមណៈនេះ អំពីហេតុ​ដូចម្តេច​ ភាពជា​អ្នក​ប្រសើរ នឹងមាន​ដល់ពួក​សមណៈ អំពីហេតុ​ដូចម្តេច ពួកសមណៈ​នេះ ប្រាសចាក​ភាពជា​សមណៈ ពួកសមណៈ​នេះ ប្រាសចាក​ភាពជាអ្នក​ប្រសើរ​ហើយ។ មិនគួរបើ​បុរសនឹង​ធ្វើ​កិច្ចរ​របស់បុរស (មេថុនកិច្ច) ហើយមក​ធ្វើស្រី​ឲ្យដាច់​ចាកជីវិតសោះ។

[១០៤] សម័យនោះឯង ពួកមនុស្សក្នុងក្រុង​សាវត្ថី បានឃើញ​ពួកភិក្ខុ ហើយនាំគ្នា​ជេរ ប្រទេចផ្តាសា បៀតបៀន​ដោយសំដី​ទ្រគោះ ជារបស់​អសប្បុរស​ថា ពួកសមណៈ ជា​សក្យបុត្តិយ៍​នេះ ជាអ្នក​មិនអៀនខ្មាស ទ្រុស្តសីល មានធម៌លាមក ជាអ្នក​និយាយ​ពាក្យកុហក ប្រព្រឹត្តធម៌​មិនប្រសើរ មិនគួរបើ​សមណៈ​ទាំងនោះ មកប្តេជ្ញា​ខ្លួនថា ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្ត​ដ៏ប្រសើរ ​ពោលពាក្យ​ពិត មានសីល មានកល្យាណ​ធម៌​សោះ ភាពជា​សមណៈ គឺជាអ្នក​រម្ងាប់បាប មិនមាន​ដល់សមណៈ​ទាំងនេះឡើយ ភាពជា​អ្នកប្រសើរ គឺជាអ្នក​បន្សាត់បាប មិនមាន​ដល់សមណៈ​ទាំងនេះ​ឡើយ ភាពជា​សមណៈ របស់​សមណៈ​នេះ សាបសូន្យ​ហើយ ភាពជា​អ្នកប្រសើរ​របស់​សមណៈ​ទាំងនេះ​សាបសូន្យ​ហើយ ភាពជា​សមណៈ នឹងមាន​ដល់សមណៈ​ទាំងនេះ អំពីហេតុ​ដូចម្តេច ភាពជា​អ្នកប្រសើរ​នឹងមាន​ដល់ពួក​សមណៈ​នេះ អំពីហេតុ​ដូចម្តេច សមណៈ​ទាំងនេះ ប្រាសចាក​ភាពជា​សមណៈ​ហើយ សមណៈ​ទាំងនេះ ប្រាសចាក​ភាពជាអ្នក​ប្រសើរ​ហើយ។ មិនគួរ​បើបុរស នឹងធ្វើ​កិច្ចរបស់​បុរស (មេថុនកិច្ច) ហើយ​មកធ្វើស្រី​ឲ្យដាច់​ចាកជីវិត​សោះ។

[១០៥] គ្រានោះ ពួកភិក្ខុជាច្រើនរូប បានស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហ​សម័យ ហើយចូល​ទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត។ លុះភិក្ខុ​ទាំងនោះ ត្រាច់ទៅ​បិណ្ឌបាត​ក្នុងក្រុង​សាវត្ថី ហើយត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងកាល​ខាង​ក្រោយភត្ត រួចចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកមនុស្ស​ក្នុងក្រុង​សាវត្ថី បានឃើញ​ពួកភិក្ខុ​ហើយ (នាំគ្នា) ជេរប្រទេច​ផ្តាសា បៀតបៀន​ដោយសំដី​ទ្រគោះ ជារបស់​អសប្បុរស​ថា ពួកសមណៈ​ជាសក្យបុត្តិយ៍​នេះ ជាបុគ្គល​មិនអៀនខ្មាស ទ្រុស្តសីល មានធម៌​លាមក ពោលពាក្យ​កុហក ប្រព្រឹត្តធម៌​មិនប្រសើរ ពួកសមណៈ​ទាំងនេះ មិនគួរ​បើមកប្តេជ្ញា​ខ្លួនថា ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តធម៌​ប្រសើរ​ពោល​ពាក្យពិត មានសីល មានកល្យាណធម៌​សោះ ភាពជា​សមណៈ គឺជាអ្នក​រម្ងាប់បាប​មិនមាន​ដល់សមណៈ​ទាំងនេះ ភាពជា​អ្នកប្រសើរ​ គឺជាអ្នក​បន្សាត់បាប មិនមាន​ដល់​សមណៈ​ទាំងនេះ ភាពជា​សមណៈ របស់​សមណៈ​ទាំងនេះ សាបសូន្យ​ហើយ ភាពជាអ្នក​ប្រសើរ​របស់​សមណៈ​ទាំងនេះ សាបសូន្យហើយ ភាពជា​សមណៈ​ នឹងមាន​ដល់សមណៈ​ទាំងនេះ អំពីហេតុ​ដូចម្តេច​ ភាពជាអ្នក​ប្រសើរ នឹង​មានដល់​សមណៈ​ទាំងនេះ អំពីហេតុ​ដូចម្តេច សមណៈ​ទាំងនេះ ប្រាសចាក​ភាពជាសមណៈ​ហើយ សមណៈ​ទាំងនេះ ប្រាសចាក​ភាពជាអ្នក​ប្រសើរ​ហើយ។ មិនគួរបើ​បុរសនឹង​ធ្វើកិច្ច​របស់បុរស (មេថុនកិច្ច) ហើយមក​ធ្វើស្រីឲ្យ​ដាច់ចាក​ជីវិតសោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ សំឡេង (ពោលទោស) នុ៎ះ នឹងមិន​ឋិតនៅ​យូរឡើយ ឋិតនៅបាន​តែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លង​ហួស ៧ ថ្ងៃហើយ គង់នឹង​បាត់ទៅវិញ។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ ពួកមនុស្ស​ណា បានឃើញ​ពួកភិក្ខុ​ហើយ ជេរ ប្រទេច​ផ្តាសា បៀតបៀន​ដោយសំដី​ទ្រគោះ ជារបស់​អសប្បុរស អ្នក​ទាំងឡាយ ចូរ​រំលឹក​ពួក​មនុស្ស​ទាំងនោះ ដោយ​គាថានេះថា

អ្នកនិយាយកុហក ឬអ្នកណាធ្វើហើយ និយាយថា ខ្ញុំមិនធ្វើទេ រមែងចូល​ទៅកាន់​នរក បុគ្គល​ទាំងពីរ​នោះ ជាអ្នក​កើតអំពី​មនុស្ស​មានកម្មដ៏​ថោកទាប លះលោក​នេះទៅ​ហើយ​ ជាអ្នកស្មើគ្នា ក្នុងលោក​ខាងមុខ។

[១០៦] លំដាប់នោះ ភិក្ខុទាំងនោះ បានរៀនគាថា​នេះ ក្នុងសំណាក់​នៃ​ព្រះមាន​ព្រះភាគ ពួកមនុស្ស​ណា ដែលបាន​ឃើញពួក​ភិក្ខុ ហើយ​ជេរប្រទេច​ផ្តាសា ​បៀតបៀន ដោយ​សំដីទ្រគោះ​ ជារបស់​អសប្បុរស ក៏រំលឹក​មនុស្ស​ទាំងនោះ​ ដោយគាថា​នេះថា

បុគ្គលអ្នកនិយាយកុហក ឬអ្នកណា​ធ្វើហើយ និយាយថា ខ្ញុំមិន​ធ្វើទេ រមែង​ចូលទៅ​កាន់នរក បុគ្គល​ទាំងពីរពួក​នោះ ជាអ្នកកើត​អំពីមនុស្ស អ្នកមានកម្ម​ដ៏ថោក​ទាប លុះលះ​លោកនេះ​ទៅហើយ​ ជាអ្នក​ស្មើគ្នា ក្នុងលោក​ខាងមុខ។

[១០៧] មនុស្សទាំងឡាយ ក៏មានសេចក្តី​ត្រិះរិះថា ពួកសមណៈ​ជា​សក្យបុត្តិយ៍​នេះ ជាអ្នក​មិនធ្វើទេ អំពើ​អាក្រក់ សមណៈ​ទាំងនេះ មិនបានធ្វើទេ ពួកសមណៈ​នេះ ជា​សក្យបុត្តិយ៍។ សំឡេង​នោះ មិនបាន​ឋិតនៅ​យូរឡើយ សំឡេងនុ៎ះ ឋិតនៅ​បាន​តែត្រឹម ៧ ថ្ងៃប៉ុណ្ណោះ លុះកន្លង ៧ ថ្ងៃហើយ ក៏សាប​សូន្យទៅ។ គ្រានោះ ពួកភិក្ខុ​ច្រើនរូប បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​អស្ចារ្យណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំឡែក​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកា​នេះ ប្រាកដ​មែន​ថា ម្នាលភិក្ខុ​ទាំងឡាយ សំឡេង​នុ៎ះ នឹងមិន​ឋិតនៅ​យូរឡើយ លុះ​កន្លង ៧​ថ្ងៃហើយ នឹង​សាបសូន្យ​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សំឡេង​នោះ សូន្យបាត់​ទៅហើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ​ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា ។

ពួកជនអ្នកមិនសង្រួម​ តែងចាក់ដោត​គេដោយ​វាចា ដូចជា (ទាហាន​តទល់) កាលចាក់​ដំរី ដែល​ទៅកាន់​សង្រ្គាម ដោយសរ​ទាំងឡាយ ភិក្ខុបាន​ឮពាក្យ​អាក្រក់ ដែលពួកជន​ដទៃ​ពោលហើយ ជាអ្នកមាន​ចិត្តមិន​ប្រទូស្ត​ ហើយ​គប្បី​អត់ទ្រាំ​បាន។ សូត្រ ទី៨។

៩. ឧបសេនសូត្រ

[១០៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​វេឡុវ័ន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះឧបសេន​វង្គន្តបុត្ត​ដ៏មាន​អាយុ ទៅក្នុង​ទីស្ងាត់ ហើយសម្ងំនៅ មានចិត្ត​ត្រិះរិះ​កើតឡើង​យ៉ាងនេះថា ឱហ្ន៎ អញពេញ​ជាមាន​លាភ ឱហ្ន៎ អញពេញ​ជាបានល្អ (ព្រោះ) ព្រះមានព្រះភាគ ជាគ្រូអញ ព្រះអង្គជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ផង អញក៏បាន​ចេញចាក​ផ្ទះចូលទៅ​កាន់ផ្នួស ក្នុងធម្មវិន័យ​ដែល​ព្រះមានព្រះភាគ ត្រាស់ទុក​ដោយ​ប្រពៃផង ពួកសព្រហ្មចារី​របស់អញ ជាអ្នក​មានសីល មានកល្យាណ​ធម៌ផង អញជាអ្នក​ធ្វើឲ្យ​ពេញលេញ ក្នុងសីល​ទាំងឡាយ​ផង អ្នកមាន​ចិត្តតាំង​មាំល្អ មានចិត្តមូល​នឹង ក្នុង​អារម្មណ៍​តែមួយ​ផង ជាអរហន្ត​ខីណាស្រព​ផង អ្នកមាន​ឫទ្ធិច្រើន មាន​អានុភាព​ច្រើនផង រស់នៅ​ក៏ចំរើន ស្លាប់​ក៏ចំរើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​ត្រិះរិះ​ក្នុងចិត្ត របស់​ព្រះឧបសេនវង្គន្តបុត្ត​ដ៏មានអាយុ ដោយ​ព្រះទ័យ​របស់​ព្រះអង្គ​ហើយ ទើប​ទ្រង់បន្លឺ​ឧទាន​នេះ ក្នុងវេលា​នោះថា

ជីវិតរបស់បុគ្គលណា មិនក្តៅក្រហាយ បុគ្គលនោះ រមែង​មិនសោក​ក្នុងកាល​ជិតស្លាប់ ប្រសិនបើ​អ្នកប្រាជ្ញនោះឯង បានឃើញ​បទ គឺព្រះនិព្វាន រមែង​មិនសោក ក្នុងកណ្តាល​ពួកអ្នក​សោក​ឡើយ។ ភិក្ខុបាន​គាស់រំលើង​តណ្ហា​ក្នុងភព មានចិត្ត​ស្ងប់ មាន​ជាតិសំសារ​អស់ហើយ ភពថ្មី​ទៀត​មិនមាន​ដល់ភិក្ខុ​ហើយ។ សូត្រ ទី៩។

១០. សារិបុត្តឧបសមសូត្រ

[១០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះសារីបុត្ត​ដ៏មាន​អាយុ អង្គុយ​ផ្គត់ភ្នែន តម្រង់​កាយត្រង់ ពិចារណា​ការស្ងប់​រម្ងាប់របស់​ខ្លួន ក្នុងទី​ជិតនៃ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយ​ផ្គត់ភ្នែន តម្រង់កាយ​ត្រង់ ពិចារណា​ការស្ងប់​រម្ងាប់របស់​ខ្លួន ក្នុងទីជិត​ព្រះអង្គ​។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា។

ភិក្ខុអ្នកមានចិត្តស្ងប់រម្ងាប់ បានកាត់ផ្តាច់តណ្ហា​សម្រាប់​នាំ​ទៅ (កាន់ភព) មាន​ជាតិសំសារ​អស់ហើយ ភិក្ខុនោះ បានផុត​ហើយចាក​ចំណងនៃមារ។ សូត្រ ទី១០។

ចប់ មេឃិយវគ្គ ទី៤។

ឧទ្ទាននៃ​មេឃិយវគ្គ​នោះគឺ

និយាយអំពីរឿងព្រះមេឃិយៈ ១ ពួកភិក្ខុ​ដែលមាន​ចិត្តអណ្តែត​អណ្តូង ១ នាយគោបាល ១ ព្រះសារីបុត្ត​អង្គុយក្នុង​ទីវាល ក្នុងរាត្រីខាង​ខ្នើត ១ ពុទ្ធនាគ និងហត្ថីនាគ ១ ជាគំរប់​ប្រាំ ព្រះបិណ្ឌោលភារទ្វាជៈ ១ ព្រះសារីបុត្ត ១ នាង​បរិព្វាជិកា ឈ្មោះ​សុន្ទរី ១ ជាគំរប់​ប្រាំបី ព្រះឧបសេនវង្គន្តបុត្ត ១ ព្រះសារីបុត្ត ១ រួមទាំងអស់​នោះ​ត្រូវជា ១០។

ឧទាន សោណត្ថេរវគ្គ ទី៥

១. បិយតរសូត្រ

[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ ព្រះបាទ​បសេនទិកោសល គង់នៅ​ខាងលើ​ប្រាសាទ​ដ៏ប្រសើរ ជាមួយនឹង​ព្រះនាង​មល្លិកាទេវី។ គ្រានោះ ព្រះរាជា​បសេនទិកោសល ទ្រង់សួរ​ព្រះនាង​មល្លិកាទេវី​ថា ម្នាលនាង​មល្លិកា ចុះបុគ្គល​ដទៃ​ណាមួយ ជាទីស្រឡាញ់ ជាងខ្លួន​នៃនាង​មានដែរឬ។ បពិត្រ​មហារាជ បុគ្គលដទៃ​ណាមួយ ជាទីស្រឡាញ់ ជាងខ្លួន​របស់ខ្ញុំម្ចាស់ មិនមានទេ បពិត្រ​មហារាជ ចុះបុគ្គល​ដទៃណា​មួយ ជាទីស្រឡាញ់​ជាងខ្លួន​ព្រះអង្គ មានដែរឬ។ ម្នាលនាង​មល្លិកា បុគ្គលដទៃ​ណាមួយ ជាទីស្រឡាញ់​ជាងខ្លួន​នៃយើង មិនមានទេ។ លំដាប់នោះ ព្រះរាជា​បសេទិកោសល ទ្រង់យាង​ចុះអំពី​ប្រាសាទ​ហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់​ក្នុងទី​សមគួរ។ លុះ​ព្រះរាជា​បសេនទិកោសល គង់ក្នុង​ទីសមគួរ​ហើយ ក៏ដំណាល​សេចក្តីនេះ ទូល​ព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អម្បាញ់​មិញនេះ ខ្ញុំព្រះអង្គ​នៅខាង​លើប្រាសាទ​ដ៏ប្រសើរ ជាមួយ​នឹងនាង​មល្លិកាទេវី ហើយសួរ​នាង​មល្លិកាទេវី​ថា ម្នាលនាង​មល្លិកា ចុះបុគ្គល​ដទៃ​ណាមួយ ជាទីស្រឡាញ់​ជាងខ្លួន​នៃនាង មានដែរឬ លុះខ្ញុំ​ព្រះអង្គ សួរយ៉ាង​នេះហើយ ទើបនាង​មល្លិកាទេវី​តបថា បពិត្រ​មហារាជ បុគ្គល​ដទៃណាមួយ ជាទី​ស្រឡាញ់​ជាងខ្លួន​ខ្ញុំម្ចាស់ មិនមានទេ បពិត្រ​មហារាជ បុគ្គល​ដទៃណា​មួយ ជាទី​ស្រឡាញ់ ជាងខ្លួន​ព្រះអង្គ មានដែរឬ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះនាង​មល្លិកាទេវី សួរយ៉ាង​នេះ​រួចហើយ ខ្ញុំព្រះអង្គ​ឆ្លើយនឹង​នាង​មល្លិកាទេវី​ថា ម្នាលនាង​មល្លិកា បុគ្គលដទៃ​ណាមួយ ជាទី​ស្រឡាញ់​ជាងខ្លួននៃ​យើង មិនមានទេ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបសេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលមានចិត្តរំពឹងរក​គ្រប់ទិស ក៏មិនបាន​បុគ្គល​ជាទីស្រលាញ់​ជាងខ្លួន ក្នុងទី​ណាឡើយ ចំណែក​ខ្លួននោះ ទើបជា​ទី​ស្រឡាញ់​ច្រើនជាង​បុគ្គល​ដទៃ យ៉ាងនេះ ព្រោះ​ហេតុនោះ បុគ្គលអ្នក​ស្រលាញ់ខ្លួន មិនត្រូវ​បៀតបៀន​បុគ្គល​ដទៃ​ឡើយ។ សូត្រ ទី១។

២. អប្បាយុកសូត្រ

[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ ​ព្រះអានន្ទដ៏​មានអាយុ ចេញអំពី​ទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយ​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីសម​គួរហើយ ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំឡែក​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះមាតា​របស់​ព្រះមានព្រះភាគ មានព្រះជន្មាយុ​តិចណាស់ កាល​ព្រះមានព្រះភាគ ប្រសូត​បាន ៧ ថ្ងៃ ព្រះមាតា​របស់​ព្រះអង្គ ទ្រង់សោយ​ព្រះវិលាល័យ ទៅកើត​ក្នុង​ទេវនិកាយ ឯស្ថាន​តុសិត។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលអានន្ទ ដំណើរនុ៎ះ មែនហើយ ម្នាលអានន្ទ ដំណើរនុ៎ះ​មែនហើយ ម្នាលអានន្ទ ព្រោះថា ព្រះមាតា​របស់​ពោធិសត្វ​ទាំងឡាយ តែងមាន​ព្រះជន្មាយុ​តិច កាលព្រះ​ពោធិសត្វ​ទាំងឡាយ ទ្រង់​ប្រសូត​បាន ៧ ថ្ងៃ ព្រះមាតា​របស់​ពោធិសត្វ​ទាំងឡាយ ក៏សោយ​ព្រះវិលាល័យ ហើយ​ទៅកើត​ក្នុង​ទេវនិកាយ ឯស្ថាន​តុសិត (ជាធម្មតា)។ គ្រានោះ ព្រះមានព្រះភាគ ជ្រាប​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ពួកសត្វណាមួយ ដែលកើតហើយក្តី នឹងកើត (ក្នុងអនាគត) ក្តី ពួកសត្វ​ទាំង​អស់​នោះ នឹងលះបង់​នូវរាង​កាយ ទៅកាន់ (បរលោក) ដូចគ្នា​ បណ្ឌិត​អ្នកឈ្លាស ដឹងច្បាស់​សេចក្តី​សាបសូន្យ ទាំងអស់​នោះហើយ គួរជា​អ្នកមាន​ព្យាយាម ប្រព្រឹត្ត​ព្រហ្មចរិយធម៌។ សូត្រ ទី២។

៣. សុប្បពុទ្ធកុដ្ឋិសូត្រ

[១១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង មនុស្ស​ឃ្លង់​ម្នាក់ ជាមនុស្ស​កំសត់ មនុស្សកំព្រា មនុស្សថោក​ទាប ឈ្មោះ​សុប្បពុទ្ធ នៅក្នុង​ក្រុង​រាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទ​ច្រើន គាល់ជុំវិញ កំពុង​សំដែង​ធម៌។ សុប្បពុទ្ធកុដ្ឋិ បានឃើញ​អំពីចម្ងាយ នូវពួក​មហាជន​ប្រជុំគ្នា លុះឃើញ​ហើយ គាត់មាន​សេចក្តី​ត្រិះរិះថា គេនឹង​ចែក​ខាទនីយៈ ​ឬភោជនីយាហារ​ណាមួយ ក្នុងទីនេះ ដោយឥត​សង្ស័យ បើដូច្នោះ អញនឹង​ចូលទៅរក​ពួកមហាជន​ ដោយ​គិតថា ធ្វើម្តេច​ទៅហ្ន៎ អញនឹង​បាន​ខាទនីយៈ ឬភោជនីយាហារ​ណាមួយ ក្នុងទីនុ៎ះ។ លំដាប់នោះ សុប្បពុទ្ធកុដ្ឋិ ចូលសំដៅ​ទៅរកពួក​មហាជន សុប្បពុទ្ធកុដ្ឋិ បានឃើញ​ព្រះមានព្រះភាគ ដែល​បរិស័ទ​ជាច្រើន​ គាល់ជុំវិញ​ កំពុងគង់​សំដែង​ធម៌ លុះឃើញ​ហើយ គាត់ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ឱហ្ន៎ គេមិន​ចែក​ខាទនីឃៈ ឬភោជនីយាហារ​ណាមួយ ក្នុងទីនេះទេ ព្រះសមណៈ​គោតមនេះ ទ្រង់សំដែង​ធម៌ ក្នុង​កណ្តាល​បរិស័ទ បើដូច្នោះ គួរតែ​អាត្មាអញ​ស្តាប់​ធម៌ដែរ គាត់ក៏អង្គុយ​ក្នុងទីសមគួរ​ក្នុងទីនោះ ​គិតថា អាត្មាអញ នឹងស្តាប់​ធម៌ដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ធ្វើទុក​ក្នុងព្រះទ័យ​ កំណត់ចិត្ត​បរិស័ទ​ទាំងអស់ ដោយ​ព្រះហឫទ័យ​ថា នរណាហ្ន៎ គួរត្រាស់​ដឹងធម៌​ក្នុងទីនេះ​បាន។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​សុប្បពុទ្ធកុដ្ឋិ ដែលអង្គុយ​ក្នុងបរិស័ទ​នោះ លុះទ្រង់​ឃើញហើយ ព្រះមានព្រះភាគ ត្រិះរិះ​ថា សុប្បពុទ្ធកុដ្ឋិ​នេះឯង គួរដើម្បី​ដឹងធម៌​បានក្នុង​ទីនេះ ទើបទ្រង់​សំដែង​អនុបុព្វីកថា ប្រារព្ធ​សុប្បពុទ្ធកុដ្ឋិ គឺទ្រង់​ប្រកាស​ទានកថា សីលកថា សគ្គកថា ទោសដ៏​លាមក​សៅហ្មង​នៃកាមគុណ និង​អានិសង្ស​ក្នុងការ​ចេញបួស។ ព្រះមានព្រះភាគ បាន​ជ្រាបថា សុប្បពុទ្ធកុដ្ឋិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈ មានចិត្ត​ខ្ពស់ឡើង មានចិត្ត​ជ្រះថ្លា​ក្នុងកាល​ណាហើយ ទ្រង់​ប្រកាស​ធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើក​ឡើងសំដែង​ព្រះអង្គឯង គឺ​សំដែង​ទុក្ខសមុទយ និរោធ និង​មគ្គ ក្នុងកាល​នោះ។ ធម្មចក្ខុ ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់​សុប្បពុទ្ធកុដ្ឋិ ក្នុងទី​អង្គុយ​នោះថា ធម្មជាត​ណាមួយ ដែលកើត​ឡើងជា​ធម្មតា ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជាធម្មតា​ដូច្នេះ ដូច​សំពត់ស​ស្អាត ប្រាសចាក​ពណ៌ខ្មៅ គួរទទួល​គ្រឿងជ្រលក់​បានដោយ​ប្រពៃ យ៉ាង​ដូច្នោះឯង។

[១១៣] គ្រានោះ សុប្បពុទ្ធកុដ្ឋិ ឃើញធម៌ហើយ បានធម៌ហើយ ដឹងធម៌ហើយ ចុះកាន់​ធម៌ស៊ប់​ហើយ ឆ្លងសេចក្តី​សង្ស័យ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​ភាពក្លៀវក្លា មិនជឿ​បុគ្គលដទៃ ក្នុង​សាសនា នៃ​ព្រះសាស្តា ហើយក្រោក​ចាកទីអង្គុយ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​សុប្បពុទ្ធកុដ្ឋិ អង្គុយ​ក្នុងទី​សមគួរ​ហើយ សរសើរ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទេសនា​ដែល​ព្រះមានព្រះភាគ សំដែង​ហើយ ដោយ​អនេកបរិយាយ ដូចបុរស​ផ្ងារ​របស់ដែល​ផ្កាប់ ឬបើករបស់​ដែល​បិទបាំង ពុំនោះ ដូចគេប្រាប់​ផ្លូវដល់​អ្នកវង្វេង ពុំនោះ ដូចគេ​ទ្រោលប្រទីប​ប្រេងក្នុង​ទីងងឹត ដោយគិតថា ពួកអ្នកមាន​ភ្នែកឃើញ​រូប​ទាំងឡាយ ដូច្នោះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នុ៎ះ សូមដល់​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូម​ព្រះមានព្រះភាគ ចាំទុកខ្ញុំ​ព្រះអង្គ​ ថាជា​ឧបាសក ដល់​សរណៈ​ស្មើដោយ​ជីវិត តាំងពីថ្ងៃ​នេះរៀងទៅ។ គ្រានោះ សុប្បពុទ្ធកុដ្ឋិ ដែល​ព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ត្រេក​អររីករាយ នឹងភាសិត​របស់​ព្រះមានព្រះភាគ ទើប​ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំលា​ព្រះមានព្រះភាគ ​ធ្វើប្រទក្សិណ ចៀសចេញ​ទៅ។ គ្រានោះ មេគោ​មានកូនខ្ចី មកបុះ​សុប្បពុទ្ធកុដ្ឋិ ​ដែលទើប​នឹងចេញ​ទៅមិន​យូរប៉ុន្មាន ឲ្យដាច់​ចាកជីវិត។ គ្រានោះ ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូលទៅ​ដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ទូលសួរ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សុប្បពុទ្ធកុដ្ឋិ ដែល​ព្រះមានព្រះភាគ​ទ្រង់ពន្យល់​ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថា (ឥឡូវនេះ) សុប្បពុទ្ធកុដ្ឋិ​នោះ​ស្លាប់ហើយ គតិរបស់​គាត់ តើដូចម្តេច បរលោក​របស់គាត់ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជាបណ្ឌិត បានដឹង​ធម៌សមគួរ​តាមធម៌​ហើយ មិនបៀតបៀន​តថាគត ព្រោះហេតុ​នៃការ​សំដែង​ធម៌ទៀតទេ ម្នាលភិក្ខុ​ទាំងឡាយ សុប្បពុទ្ធកុដ្ឋិ ជា​សោតាបន្ន​បុគ្គល មានសណ្តាប់ឆ្នាប់​មិនធ្លាក់​ចុះ មានគតិ​ទៀងទាត់ មាន​សម្ពោធិ​ធម៌ប្រព្រឹត្ត​ទៅខាងមុខ ព្រោះអស់ទៅ​នៃ​សញ្ញោជនធម៌ ៣ ប្រការ។

[១១៤] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះ ភិក្ខុ ១ រូប ទូលសួរ​ព្រះមានព្រះភាគ​ទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែល​នាំឲ្យ​សុប្បពុទ្ធកុដ្ឋិ ជាមនុស្ស​កំសត់ ជាមនុស្ស​កំព្រា ជាមនុស្ស​ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ កាលពី​ព្រេងនាយ សុប្បពុទ្ធកុដ្ឋិ កើតជា​សេដ្ឋីបុត្រ ក្នុងក្រុង​រាជគ្រឹះ​នេះឯង សេដ្ឋីបុត្រ​នោះ ចេញទៅកាន់​ឧទ្យានភូមិ បានឃើញ​ព្រះតគរសិខីបច្ចេកពុទ្ធ ដែល​កំពុង​ត្រាច់ទៅ​បិណ្ឌបាត​ក្នុងក្រុង លុះឃើញហើយ ទើបសេដ្ឋីបុត្រ​នោះគិតថា សមណៈ​គំលង់​នេះ ដើរធ្វើអ្វី ហើយស្តោះ​ទឹកមាត់ ធ្វើដោយ​អាការ​ពេបជ្រាយ ហើយចៀស​ចេញទៅ។ ដោយផល​នៃកម្មនោះ សេដ្ឋីបុត្រ​នោះ ក៏ទៅឆេះ​នៅក្នុងនរក អស់ឆ្នាំ​ជាច្រើន គឺអស់​រយ​នៃឆ្នាំ​ជាច្រើន អស់ពាន់​នៃឆ្នាំ និងសែន​នៃឆ្នាំជាច្រើន ដោយសំណល់​នៃផលកម្ម​នោះ​ ទើបគាត់​កើតមក​ជាមនុស្ស​កំសត់ មនុស្សកំព្រា មនុស្ស​ថោកទាប ក្នុងក្រុង​រាជគ្រឹះ​នេះឯង សុប្បពុទ្ធកុដ្ឋិ​នោះ បានអាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សំដែងហើយ កាន់យក​សទ្ធា​ដោយប្រពៃ កាន់យក​សីលដោយ​ប្រពៃ កាន់​យកសុតៈ​ដោយប្រពៃ កាន់យក​ចាគៈ​ដោយប្រពៃ កាន់យក​បញ្ញាដោយ​ប្រពៃ សុប្បពុទ្ធកុដ្ឋិ​នោះ លុះអាស្រ័យ​ធម្មវិន័យ ដែល​តថាគត​សំដែងហើយ ក៏កាន់​យកសទ្ធា​ដោយប្រពៃ កាន់​យកសីល ដោយ​ប្រពៃ កាន់យកសុតៈ​ដោយប្រពៃ កាន់យក​ចាគៈដោយ​ប្រពៃ កាន់យក​បញ្ញា ដោយ​ប្រពៃ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ ក៏ទៅកើត​ឯសុគតិសួគ៌ ទេវលោក ជាមួយ​នឹងពួក​ទេវតា​ជាន់​តាវត្តិង្ស ទេវបុត្តនោះ ក៏រុងរឿង ​កន្លងលើស​ពួកទេវតា​ឯទៀត ក្នុងទី​នោះ ដោយ​ពណ៌សម្បុរ​ផង ដោយ​យសបរិវារ​ផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្រប​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បណ្ឌិតគប្បីវៀរស្រឡះ​កម្មដ៏លាមក ក្នុង​ជីវលោក​ចេញ ដូចបុរស​មានចក្ខុ វៀរ​ស្រឡះ​ទីមិនស្មើ ក្នុងកាល​ដែលដើរ​ទៅ។ សូត្រ ទី៣។

៤. កុមារកសូត្រ

[១១៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ពួកកុមារ​ច្រើន​ កំពុងចាប់ត្រី ក្នុងចន្លោះ​ក្រុងសាវត្ថី និងវត្ត​ជេតពន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុង​វេលាព្រឹក ហើយចូល​ទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​នូវពួក​កុមារច្រើន​នាក់ទាំងនោះ កំពុង​ចាប់ត្រី ក្នុងចន្លោះ​ក្រុងសាវត្ថី និង​វត្តជេតពន លុះឃើញ​ហើយ ទើបទ្រង់ឆៀង​ចូលទៅ​រក​ពួកកុមារ​ទាំងនោះ លុះចូល​ទៅដល់​ហើយ ទ្រង់សួរ​ពួកកុមារ​ទាំងនោះ​ថា ម្នាលកុមារ​ទាំងឡាយ អ្នក​ទាំងឡាយ ខ្លាចសេចក្តី​ទុក្ខឬ សេចក្តីទុក្ខ មិនជាទី​ស្រឡាញ់​របស់អ្នក​ទាំងឡាយ​ទេឬ។ ព្រះករុណា ព្រះអង្គ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ ខ្លាច​សេចក្តី​ទុក្ខដែរ សេចក្តី​ទុក្ខ មិនជាទី​ស្រឡាញ់ របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ទេ។ ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នេះថា

បើអ្នកទាំងឡាយ ខ្លាចសេចក្តីទុក្ខ បើសេចក្តីទុក្ខ មិនជាទី​ស្រឡាញ់​របស់​អ្នក​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ កុំធ្វើ​បាបកម្ម ក្នុងទីវាល ឬក្នុង​ទីកំបាំង​ឡើយ ប្រសិនបើ​អ្នកទាំងឡាយ​នឹងធ្វើ ឬកំពុង​ធ្វើបាបកម្ម សូម្បី​អ្នក​ទាំងឡាយ គេចរត់​ទៅ ក៏មិនរួច​ចាកទុក្ខ​ឡើយ។ សូត្រ ទី៤។

៥. ឧបោសថសូត្រ

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ទៀបក្រុង​សាវត្ថី។ សម័យ​នោះឯង នាថ្ងៃ​ឧបោសថ​នោះ ព្រះមានព្រះភាគ មានភិក្ខុ​សង្ឃ​ចោមរោម ទ្រង់គង់​ក្នុងរោង​ឧបោសថ​នោះ។ លុះ​វេលារាត្រី​បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក្រោកចាក​អាសនៈ​ ធ្វើចីវរ ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគ ហើយក្រាប​បង្គំ ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​បឋមយាម កន្លងហើយ ភិក្ខុសង្ឃ​អង្គុយចាំ​យូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់ពួក​ភិក្ខុ។ កាល​ព្រះអានន្ទ ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ ព្រះមានព្រះភាគ ក៏គង់​ស្ងៀម។ កាលរាត្រី​មជ្ឈិមយាម​កន្លងហើយ ព្រះអានន្ទដ៏មាន​អាយុ ក៏ក្រោក​ចាកអាសនៈ ធ្វើចីវរ​ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ព្រះមាន​ព្រះភាគ ហើយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ អស់វារៈ​ពីរដងទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​មជ្ឈិមយាម​កន្លងហើយ ភិក្ខុសង្ឃ​អង្គុយចាំ​យូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ សំដែង​បាតិមោក្ខ​ដល់ពួកភិក្ខុ​ទាំងឡាយ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់​ស្ងៀម អស់វារៈ​ពីរដង។ លុះវេលា​រាត្រីបច្ឆិមយាម កន្លង​ហើយ រាត្រីក៏​ប្រាកដ​ដូចជាមាន​មុខស្រស់ ក្នុងវេលា​ដែលអរុណរះ​ឡើង ព្រះអានន្ទ​ដ៏មាន​អាយុ ក៏ក្រោក​ចាកអាសនៈ ធ្វើចីវរ​ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ចំពោះព្រះមាន​ព្រះភាគ ហើយ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ ជាគំរប់បី​ដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីបច្ឆិមយាម​កន្លងហើយ អរុណរះ​ហើយ រាត្រីក៏​ប្រាកដ​ដូចមាន​មុខស្រស់​ហើយ ភិក្ខុសង្ឃ​អង្គុយរង់ចាំ​យូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ សំដែង​បាតិមោក្ខ​ដល់ពួកភិក្ខុ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​អានន្ទ បរិស័ទ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់សំដៅ​បុគ្គលណា​ហ្ន៎ បានជា​ទ្រង់ត្រាស់​ថា ម្នាល​អានន្ទ បរិស័ទ​មិន​បរិសុទ្ធ​យ៉ាងនេះ។ ទើប​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ ស្ទង់​មើលចិត្ត ដោយ​ចិត្តរបស់​លោក ហើយធ្វើ​ទុកក្នុង​ចិត្ត ចំពោះភិក្ខុសង្ឃ​ទាំងអស់។ លុះ​ព្រះមហាមោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គល​ទ្រុស្តសីល​នោះ មាន​ធម៌លាមក មាន​មារយាទ​មិនល្អ គួរឲ្យ​រង្កៀស មានអំពើ​អាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ តែប្តេជ្ញាថា ខ្លួនជា​សមណៈ មិនប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ តែប្តេជា្ញ​ថា ខ្លួនជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយខាង​ក្នុង មានចិត្ត​ជោកដោយ​រាគៈ កខ្វក់​ដូចសម្រាម អង្គុយក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក្រោក​ចាកអាសនៈ ចូលទៅ​រកបុគ្គល​នោះ លុះចូលទៅ​ដល់ហើយ ក៏និយាយ​នឹង បុគ្គល​នោះថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់​ឃើញអ្នក​ហើយ អ្នកលែង​បាននៅរួម​ជាមួយនឹង​ពួកភិក្ខុហើយ។ លំដាប់នោះ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​នោះ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់​ពីរដង​ថា នែអាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ឃើញ​អ្នកហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹងពួក​ភិក្ខុហើយ។ បុគ្គលនោះ នៅស្ងៀម​អស់វារៈ​ពីរដង​ទៀត។ ព្រះមហាមោគ្គលា្លន​ដ៏មាន​អាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ឃើញ​អ្នកហើយ អ្នកលែង​បាន​នៅរួមជា​មួយនឹង​ពួកភិក្ខុ​ហើយ។ បុគ្គលនោះ ក៏នៅស្ងៀម​អស់វារៈ​ជាគំរប់បី​ដង។ តពីនោះមក ព្រះមហាមោគ្គលា្លន​ដ៏មានអាយុ ចាប់ដើម​ដៃបុគ្គល​នោះ ទាញចេញ​ទៅខាង​ក្រៅស៊ុំទ្វារ ហើយស៊ក​ខ្ទាស់គន្លឹស​ និងរនុកទ្វារ រួចចូលមក​រក​ព្រះមានព្រះភាគ​វិញ លុះចូល​ទៅដល់​ហើយ បានក្រាប​បង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលនោះ ខ្ញុំព្រះអង្គ​បានបណ្តេញ​ឲ្យចេញ​ទៅហើយ ឥឡូវនេះ បរិស័ទ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ ដល់​ពួកភិក្ខុ​ឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​មោគ្គល្លាន គួរអស្ចារ្យ​ណាស់ ម្នាលមោគ្គល្លាន ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹងក្រាញ​នៅបង្អង់ ទាល់តែ​គេចាប់ទាញ​ដៃសោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត​នឹងឈប់​ធ្វើ​ឧបោសថ សំដែង​បាតិមោក្ខ អំពី​កាលនេះ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់​អំពីនេះ អ្នកទាំងឡាយ ធ្វើ​ឧបោសថ សំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ធ្វើ​ឧបោសថ សំដែង​បាតិមោក្ខ ដល់បរិស័ទ​ដែលមិន​បរិសុទ្ធ ដោយ​ហេតុណា ដំណើរនុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យទេ។​

[១១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានធម្មតា​ដែល​អស្ចារ្យ កើតចំឡែក ៨ យ៉ាងនេះ ដែល​ពួកអសុរ​ឃើញហើយ រីករាយ ក្នុង​មហាសមុទ្រ។ ធម្មតាអស្ចារ្យ ៨ យ៉ាង តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ​មានទំនាប​ដោយលំដាប់ មាន​ទីជម្រាល​ដោយ​លំដាប់ មានទីទេរ​ដោយលំដាប់ មិនមែន​ចោតជ្រៅ​ស្រឡូង​ទៅតែម្តង ដូចជា​អណ្តូងទេ ម្នាលភិក្ខុ​ទាំងឡាយ ឯមហា​សមុទ្រ ដែលមាន​ទំនាប​ដោយលំដាប់ មានទី​ជម្រាល​ដោយ​លំដាប់ មានទីទេរ​ដោយ​លំដាប់ មិនមែន​ចោតជ្រៅ​ស្រឡូង​ទៅតែម្តង ដូចជា​អណ្តូង​ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី១ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែង​រីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ​មានទឹកតាំង​នៅនឹង​ជាធម្មតា មិន​ដែលឡើង ឬ​ជោរហួស​ច្រាំងទៅបាន​ទេ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែល​មាន​ទឹកតាំង​នៅនឹងជា​ធម្មតា មិនដែល​ឡើង ឬ​ជោរហួស​ច្រាំង​ទៅបាន ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី២ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញ​ហើយ តែង​រីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ​ មិនដែលមាន​សាកសព​ស្លាប់នៅរួម​បានទេ បើសាកសព​ស្លាប់ណា មានក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសពស្លាប់​នោះ ទៅរក​ច្រាំង ផាត់​ឡើងទៅ​លើគោក​មួយរំពេច ម្នាលភិក្ខុ​ទាំងឡាយ ឯ​មហាសមុទ្រ មិនដែល​មានសាកសព​ស្លាប់នៅ​រួមបាន បើសាកសព​ស្លាប់ណា មានក្នុង​មហាសមុទ្រ រលកតែង​បន្សាត់​សាកសព​ស្លាប់នោះ ទៅរក​ច្រាំង ផាត់ឡើង​ទៅលើគោក មួយរំពេច ដោយធម្មតា​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី៣ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញហើយ តែង​រីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទន្លេធំ ៗ ទាំងឡាយ​ណា​មួយ ដូច​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើ​ហូរទៅ​ដល់​មហាសមុទ្រ​ហើយ តែង​លះបង់​នាម និង​គោត្រដើម (របស់ខ្លួន) ដល់នូវ​កិរិយា​រាប់​បញ្ចូលថា មហាសមុទ្រ​តែម្យ៉ាង។ ម្នាលភិក្ខុ​ទាំងឡាយ ទន្លេធំ ៗ ទាំងឡាយ​ណាមួយ ដូចជា​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើ​ហូរទៅដល់​មហាសមុទ្រ​ហើយ តែងលះបង់​នាម និងគោត្រ ដើម (របស់ខ្លួន) ដល់នូវ​កិរិយា​រាប់បញ្ចូល​ថា មហាសមុទ្រ​តែម្យ៉ាង ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី៤ ក្នុង​មហាសមុទ្រ ដែល​ពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ដែល​ហូរ​គគាច ទៅរក​មហាសមុទ្រ​ក្តី ធារទឹកភ្លៀង​ទាំងឡាយ​ណា ដែលធ្លាក់​ចុះមកចាក​អាកាស​ក្តី មហាសមុទ្រ ក៏មិន​ប្រាកដជា​ស្រក ឬពេញ ដោយទឹក​ទន្លេ និងធារទឹកភ្លៀង​នោះ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ដែលហូរ​ទៅរក​មហាសមុទ្រ​ក្តី ធារទឹកភ្លៀង​ទាំងឡាយណា ដែលហូរ​ធ្លាក់ចុះ​មកចាក​អាកាសក្តី មហាសមុទ្រ ក៏មិន​ប្រាកដជា​ស្រក ឬពេញ​ដោយទឹក​ទន្លេ និងធារ​ទឹកភ្លៀង​ទាំងនោះ ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី៥ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញ​ហើយ តែងរីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត មហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានរស​តែមួយ គឺរសប្រៃ ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ កើតចំឡែក ទី៦ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញហើយ តែងរីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មាន​រតនៈ​តែម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​ក្នុងមហា​សមុទ្រនោះ គឺ​កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និង​កែវមរកដ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានរតនៈ​តែម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅ​ក្នុងមហាសមុទ្រ​នោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ​ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និង​កែវមរកដ ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ ដែល​កើតចំឡែក ទី៧ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ​ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គល ឈ្មោះ​តិមិតិមិង្គល និង​ពួកអសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១ រយ​យោជន៍ខ្លះ មាន​អត្តភាព ២ រយយោជន៍​ខ្លះ មាន​អត្តភាព ៣ រយ​យោជន៍ខ្លះ មាន​អត្ថភាព ៤ រយ​យោជន៍​ខ្លះ មាន​អត្តភាព ៥ រយយោជន៍​ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វ​ធំ​ទាំងនេះ ក្នុងមហា​សមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គល ឈ្មោះ​តិមិតិមិង្គល និង​ពួកអសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១ រយយោជន៍​ខ្លះ មាន​អត្តភាព ២ រយ​យោជន៍ខ្លះ មាន​អត្តភាព ៣ រយ​យោជន៍ខ្លះ មាន​អត្តភាព ៤ រយ​យោជន៍ខ្លះ មាន​អត្តភាព ៥ រយ​យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយ​ធម្មតាណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម្មតា អស្ចារ្យ ដែលកើត​ចំឡែក ទី៨ ក្នុង​មហា​សមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មតា អស្ចារ្យ ដែល​កើតចំឡែក​ទាំង ៨ ប្រការ​នេះ តែងមាន​ក្នុងមហា​សមុទ្រ ដែលពួក​អសុរ​ឃើញហើយ តែងរីករាយ​ក្នុងមហាសមុទ្រ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មាន​សភាពអស្ចារ្យ ដែល​កើត​ចំឡែក ៨ ប្រការ ដែលភិក្ខុ​ទាំងឡាយ​ឃើញហើយ​ តែងត្រេកអរ រីករាយ ក្នុងធម្មវិន័យ​នេះ ដូច​មហាសមុទ្រ​ដែរ។ សភាពអស្ចារ្យ ដែលកើត​ចំឡែក ៨ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងធម្មវិន័យនេះ មានការ​សិក្សាដោយ​លំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយលំដាប់ មិនមែន​បានត្រាស់​ដឹង​អរហត្តផល​តែម្តងទេ ដូចជា​មហាសមុទ្រ ដែលមាន​ទីទំនាប​ដោយ​លំដាប់ មានទី​ជម្រាល ដោយ​លំដាប់ មានទីទេរ​ដោយ​លំដាប់ មិនមែន​ចោតជ្រៅ​ស្រឡូង ទៅតែម្តង ដូចអណ្តូង​ទេ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ធម្មវិន័យ​នេះ តែងមាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយលំដាប់ មិនមែន​បាន​ត្រាស់ដឹង​អរហត្ត​ផល​តែម្តង ដោយ​សភាពណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែល​កើតចំឡែក​ ទី១ ក្នុងធម្ម​វិន័យនេះ ដែលភិក្ខុ​ទាំងឡាយ​ឃើញហើយ តែងត្រេកអរ ក្នុង​ធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ សិក្ខាបទណា ដែល​តថាគត​បានបញ្ញត្ត​ដល់សាវ័ក​ទាំងឡាយ​ហើយ ពួកសាវ័ក​នៃតថាគត សូម្បីមាន​ហេតុ​ដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្តកន្លង​សិក្ខាបទ​ឡើយ ដូចមហា​សមុទ្រ ដែលមាន​ទឹកនៅនឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរហួស​ច្រាំងទៅ​បាន​ដូច្នោះឯង ម្នាលភិក្ខុ​ទំាងឡាយ សិក្ខាបទ​ណា ដែល​តថាគត​បានបញ្ញត្ត ដល់សាវ័ក​ទំាងឡាយ​ហើយ ពួកសាវ័ក​នៃតថាគត សូម្បី​មានហេតុ​ដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លងសិក្ខាបទ​នោះ ដោយ​សភាពណា នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី​២ ក្នុងធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ តែង​ត្រេកអរ ក្នុង​ធម្មវិន័យនេះ។ ម្នាលភិក្ខុ​ទំាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្ត​សីល មានធម៌​អាក្រក់ មាន​មារយាទ​មិនស្អាត គួរឲ្យរង្កៀស មានអំពើ​អាក្រក់​បិទបំាំងទុក មិនមែន​ជាសមណៈ តែប្តេជ្ញា​ខ្លួនថាជា​សមណៈ មិនមែនជា​អ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ តែប្តេជ្ញា​ខ្លួនថា​ជាអ្នក​ប្រព្រត្តឹធម៌​ដ៏ប្រសើរ ស្អុយខាង​ក្នុង មានចិត្ត​ជោកដោយ​រាគៈ កខ្វក់​ដូចសម្រាម សង្ឃ​មិននៅរួម​ជាមួយ​បុគ្គល​នោះទេ សង្ឃប្រជុំគ្នា​នំាំយកបុគ្គល​នោះចេញ​មួយរំពេច បុគ្គលនោះ បើទុក​ជាអង្គុយ​នៅក្នុងកណ្តាល​ភិក្ខុសង្ឃ​ពិតមែន ប៉ុន្តែបុគ្គល​នោះ ឈ្មោះថា នៅឆ្ងាយ​អំពីសង្ឃ ចំណែកសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយ​អំពីបុគ្គលនោះ ដូច​មហាសមុទ្រ មិននៅ​រួមជាមួយ​សាកសព​ស្លាប់ទេ បើសាកសព​ស្លាប់ណាមួយ ដែលមាន​ក្នុង​មហាសមុទ្រ មហាសមុទ្រ​តែង​បន្សាត់​សាកសពនោះ ទៅរកច្រំាំង ​ផាត់ឡើង​ទៅលើ​គោកមួយ​រំពេច ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលណា ជាអ្នក​ទ្រុស្តសីល មានធម៌​អាក្រក់ មានមារយាទ​មិនស្អាត គួរឲ្យ​រង្កៀស បិទបំាំង​អំពើអាក្រក់​ទុក មិនមែន​ជាសមណៈ តែប្តេជ្ញា​ខ្លួនថាជា​សមណៈ មិនមែន​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ តែប្តេជ្ញា​ខ្លួនថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយខាង​ក្នុង មានចិត្ត​ជោក​ដោយរាគៈ កខ្វក់​ដូចសម្រាម សង្ឃមិននៅ​រួមជាមួយ​បុគ្គល​នោះ សង្ឃតែង​ប្រជុំគ្នា នាំយក​បុគ្គល​នោះចេញ​មួយរំពេច បុគ្គលនោះ បើទុក​ជាអង្គុយ​នៅ​ក្នុងកណ្តាល​ភិក្ខុសង្ឃ​ពិតមែន ប៉ុន្តែបុគ្គល​នោះ ឈ្មោះថា នៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាងសង្ឃ​ ក៏ឈ្មោះថា នៅឆ្ងាយ​អំពីបុគ្គល​នោះ ដោយ​សភាពណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី​៣ ក្នុង​ធម្មវិន័យ​នេះ ដែលភិក្ខុ​ទាំងឡាយ ឃើញ​ហើយ តែងត្រេកអរ​ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុទាំងឡាយ វណ្ណៈ ៤ ពួកនេះ គឺខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈ​ទាំងនោះ ចេញចាក​ផ្ទះមកបួស ក្នុងធម្មវិន័យ ដែលតថាគត​សំដែង​ហើយ រមែង​លះបង់​នាម និងគោត្រ​ដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយារាប់​បញ្ចូល ថាជា​សមណ​សក្យបុត្តិយ៍​តែម្យ៉ាង​ ដូចទន្លេធំ ៗ ទាំងឡាយ​គឺ ទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេ​ទាំងនោះ កាលបើ​ហូរទៅ​ដល់មហាសមុទ្រ​ហើយ តែងលះបង់​នាម និងគោត្រ​ដើម (របស់ខ្លួន) ហើយដល់​នូវកិរិយា​រាប់បញ្ចូល​ថាជា​មហាសមុទ្រ​តែម្យ៉ាង ដូច្នេះឯង ម្នាលភិក្ខុ​ទាំងឡាយ វណ្ណៈ​ទាំង ៤ ពួកគឺ ខត្តិយៈ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ វណ្ណៈ​ទាំងនោះ ចេញចាក​ផ្ទះមកបួស ក្នុង​ធម្មវិន័យ ដែលតថាគត​សំដែងហើយ ក៏រមែង​លះបង់នាម និង​គោត្រដើម (របស់ខ្លួន) ហើយដល់​នូវកិរិយា​រាប់បញ្ចូល ថាជា​សមណសក្យបុត្តិយ៍​តែម្យ៉ាង ដោយ​សភាពណា ​ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី ៤ ក្នុងធម្ម​វិន័យនេះ ដែលពួក​ភិក្ខុឃើញ​ហើយ តែងត្រេកអរ ក្នុង​ធម្មវិន័យនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ទោះបីពួក​ភិក្ខុ​ច្រើនរូប បរិនិព្វាន​​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិន​ប្រាកដ​ថា ខ្វះ ឬពេញ​​ដោយភិក្ខុ​ទាំងនោះ​​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ហូរស្រោច​ចុះទៅកាន់​មហាសមុទ្រ​ក្តី ធារទឹកភ្លៀង​ទាំងឡាយណា ដែលធ្លាក់​ចុះមក​ចាក​អាកាសក្តី មហាសមុទ្រ ក៏មិន​ប្រាកដ​ថាជាស្រក ឬពេញ​ដោយទឹក​នោះ ដូច្នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ទុកជាពួក​ភិក្ខុច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិន​ប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុ​ទាំងនោះ ដោយ​សភាពណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី ៥ ក្នុងធម្មវិន័យ​នេះ ដែលពួក​ភិក្ខុឃើញ​ហើយ តែង​ត្រេកអរ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរស់តែមួយ គឺ​វិមុត្តិរស ដូចមហា​សមុទ្រ មានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យ​នេះ មានរស​តែមួយ គឺ​វិមុត្តិរស ដោយ​សភាពណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែក​ទី ៦ ក្នុងធម្ម​វិន័យនេះ ដែលពួក​ភិក្ខុឃើញ​ហើយ តែង​ត្រេកអរ ក្នុងធម្ម​វិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែមួយ​ប៉ុណ្ណោះទេ រតនៈ​នេះ ក្នុងធម្មវិន័យ​នោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គ​ប្រកបដោយ​អង្គ ៨ ដ៏ប្រសើរ ដូច​មហាសមុទ្រ ដែលមាន​រតនៈ​ច្រើន​យ៉ាង មិនមែន​មានតែមួយ​ទេ រតនៈ​ទាំងនេះ ក្នុង​មហាសមុទ្រ​នោះគឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និង​កែវមរកដ ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យ​នេះ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែមួយ​ទេ រតនៈ​ទាំងនេះ ក្នុង​ធម្មវិន័យនោះ​គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពល ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ដោយ​សភាពណា នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី ៧ ក្នុងធម្ម​វិន័យនេះ ដែលពួក​ភិក្ខុឃើញ​ហើយ តែងត្រេកអរ ក្នុង​ធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ​ជាទីនៅ​អាស្រ័យ នៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះគឺ សោតាបន្នបុគ្គល និងបុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល សកទាគាមិ​បុគ្គល និងបុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​សកទាគាមិផល អនាគាមិបុគ្គល និងបុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​អនាគាមិផល ព្រះអរហន្ត និងបុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ អរហត្តផល ដូចជា​មហាសមុទ្រ ជាទីនៅ​អាស្រ័យ នៃពួកសត្វធំ ៗ ជាច្រើន ឯពួកសត្វ​ទាំងនេះ ក្នុងមហា​សមុទ្រនោះ​គឺ ត្រីឈ្មោះតិមិ ឈ្មោះ​តិមិង្គល ឈ្មោះ​តិមិតិមិង្គល និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១ រយយោជន៍​ខ្លះ មានអត្តភាព ២ រយ​យោជន៍ខ្លះ មាន​អត្តភាព ៣ រយយោជន៍​ខ្លះ មានអត្តភាព ៤ រយ​យោជន៍ខ្លះ មាន​អត្តភាព ៥ រយយោជន៍​ខ្លះ ដែលមាន​នៅក្នុង​មហាសមុទ្រ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យ​នេះ ជាទីនៅ​អាស្រ័យនៃ​ពួកបុគ្គលធំ ៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុង​ធម្មវិន័យ​នោះគឺ សោតាបន្នបុគ្គល និងបុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សកទាគាមិផល អនាគាមិបុគ្គល និង​បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​អនាគាមិផល ព្រះអរហន្ត និង​បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​អរហត្តផល ដោយ​សភាពណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​សភាព​អស្ចារ្យ ដែលកើត​ចំឡែកទី ៨ ក្នុង​ធម្មវិន័យនេះ ដែលពួកភិក្ខុ​ឃើញហើយ តែង​ត្រេកអរ​ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហើយដែល​ហៅថា សភាពអស្ចារ្យ ដែល​កើត​ចំឡែក ៨ ប្រការ ក្នុង​ធម្មវិន័យ​នេះ ដែលពួក​ភិក្ខុឃើញ​ហើយ តែង​ត្រេកអរ ក្នុង​ធម្មវិន័យ​នេះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវ​អាបត្តិថ្មី​ដទៃទៀត ភិក្ខុ​ត្រូវអាបត្តិ​ហើយ បើកអាបត្តិ មិនត្រូវ​អាបត្តិដទៃ​ទៀត ព្រោះហេតុ​នោះ ភិក្ខុ (ណាមួយ) ត្រូវអាបត្តិ ដែលបិទបាំង​ហើយ ភិក្ខុ (នោះ) ត្រូវតែ​បើកអាបត្តិ​ចេញ កាលបើ​យ៉ាងនេះ ទើបមិន​ត្រូវអាបត្តិនោះ​ទៀត។ សូត្រ ទី៥។

៦. សោណសូត្រ

[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​​សាវត្ថី។ សម័យនោះឯង ព្រះមហា​កច្ចានៈ​​ដ៏មាន​អាយុ គង់នៅ​លើ​ភ្នំឈ្មោះ​​បវត្តៈ ទៀបក្រុង​​ឈ្មោះ​​កុរុរឃរៈ ក្នុង​​អវន្តិជនបទ។ សម័យ​នោះ ឧបាសក​ឈ្មោះ​​សោណកុដិកណ្ណៈ [អ្នកពាក់គ្រឿង​ប្រដាប់​ត្រចៀក មានតម្លៃ​មួយកោដិ បានជាគេហៅថា កុដិកណ្ណៈ។ អដ្ឋកថា។] ជា​ឧបដ្ឋាក របស់​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះ​សោណកុដិកណ្ណៈ នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា លោកម្ចាស់​មហាកច្ចានៈ​សំដែងធម៌​ដោយ​អាការណា បុគ្គលដែល​នៅគ្រប់គ្រង​ផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​នោះ ឲ្យបរិបូណ៌ បរិសុទ្ធ​ពេញលេញ ដូចជា​ស័ង្ខដែល​ដុសខាត់ហើយ (ដោយ​អាការនោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយ​ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស។ គ្រានោះ ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះមហាច្ចានៈ​ដ៏មាន​អាយុ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ អង្គុយ​ក្នុងទីសម​គួរហើយ បាននិយាយ​ពាក្យនេះ នឹង​មហាកច្ចានៈ​ដ៏មានអាយុ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះករុណា​នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា លោកម្ចាស់​មហាច្ចានៈ តែងសំដែង​ធម៌ ដោយ​អាការណា បុគ្គលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខ​ដែលដុត​ខាត់ហើយ (ដោយ​អាការ​នោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និងពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោក​ម្ចាស់​មហាកច្ចានៈ បំបួសខ្ញុំ​ឲ្យទាន។

[១២០] លុះឧបាសក និយាយយ៉ាងនេះហើយ ទើប​មហាកច្ចានៈ​ដ៏មានអាយុ ពោលតប​នឹង​ឧបាសក ឈ្មោះ​សោណកុដិកណ្ណៈ​ដូច្នេះថា នែសោណៈ ព្រហ្មចរិយៈ មានការ​បរិភោគភត្ត​តែមួយពេល មានការ​ដេកនៅ​តែម្នាក់ឯង ដរាប​ដល់អស់​មួយ​ជីវិត កម្របុគ្គល​នឹងធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅជា​គ្រហស្ថ ក្នុងទីនោះ​បណ្តើរ​សិនចុះ ចូរប្រកប​តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ព្រហ្មចរិយៈ មានការ​បរិភោគភត្ត​តែមួយពេល មានការ​ដេកនៅ​តែម្នាក់ឯង សមគួរតាម​កាលចុះ។ លំដាប់នោះ ការប្រុងប្រៀប​នឹងបួស​របស់​ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ក៏អាក់ខាន​ទៅ។ ឧបាសក​សោណកុដិកណ្ណៈ នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត អស់វារៈពីរ​ដងថា លោកម្ចាស់​មហាកច្ចានៈ សំដែងធម៌​ដោយ​អាការ​ណា បុគ្គលដែល​នៅគ្រប់គ្រង​ផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​នេះ ឲ្យបរិបូណ៌ បរិសុទ្ធ ពេញលេញ ដូចជាស័ង្ខ ដែលដុស​ខាត់ហើយ (ដោយអាការ​នោះ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និង​ពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស។ ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ចូលទៅរក​មហាកច្ចានៈ​ដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​មហាកច្ចានៈ​ដ៏មានអាយុ ហើយអង្គុយ​ក្នុងទីសមគួរ អស់វារៈ​ពីរដង។ លុះ​ឧបាសកឈ្មោះ​សោណកុដិកណ្ណៈ អង្គុយក្នុង​ទីសមគួរ​ហើយ ពិត​ថេរវាចា​មហា​កច្ចានៈ​ដ៏មានអាយុ ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន អម្បាញ់​មិញនេះ ខ្ញុំនៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា លោកម្ចាស់​មហាកច្ចានៈ សំដែងធម៌ ដោយ​អាការណា បុគ្គលដែល​នៅគ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​នេះ ឲ្យបរិបូណ៌ បរិសុទ្ធ​ពេញលេញ (ដោយ​អាការនោះ ) បានឡើយ បើដូច្នោះ មានតែអញ កោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់​សំពត់​កាសាយៈ ហើយចេញ​ចាកផ្ទះ ចូលទៅ​កាន់​ផ្នួស បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ បំបួស​ខ្ញុំឲ្យទាន។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ និយាយ​ប្រាប់ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ធ្វើ​អស់​វារៈ​ពីរដងថា នែសោណៈ ព្រហ្មចរិយៈ មានការ​បរិភោគភត្ត​តែមួយ​ពេល មានការ​ដេក​នៅ​តែម្នាក់ឯង ដរាប​ដល់អស់​ជីវិត កម្របុគ្គល​ធ្វើបាន នែសោណៈ ណ្ហើយចុះ អ្នកនៅ​ជាគ្រហស្ថ​ក្នុងទីនេះ​បណ្តើរ​សិនចុះ ចូរប្រកប​តាមពាក្យ​ប្រៀនប្រដៅ​របស់ព្រះពុទ្ធ​ទាំងឡាយ គឺព្រហ្មចរិយៈ មានការ​បរិភោគភត្ត​តែមួយពេល មានការ​ដេកនៅ​តែម្នាក់ឯង សមគួរ​ដល់កាល​ចុះ។ ការប្រុងប្រៀប​នឹងបួស​របស់ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ក៏អាក់ខាន​ទៅ អស់​វារៈពីរ​ដង។ ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះ អស់វារៈ ៣ ដងថា លោកម្ចាស់​មហាកច្ចានៈ សំដែងធម៌ ដោយ​អាការណា បុគ្គល​ដែលនៅគ្រប់​គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌នេះ ឲ្យបរិបូណ៌ បរិសុទ្ធ​ពេញលេញ ដូចជា​ស័ង្ខដែល​ដុសខាត់​ហើយ (ដោយ​អាការនោះ) បាន​ឡើយ បើដូច្នោះ មានតែអញ កោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស។ ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ ចូលទៅរក​មហាកច្ចានៈ​ដ៏មានអាយុ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​មហាកច្ចានៈ​ដ៏មាន​អាយុ ហើយអង្គុយ​ក្នុងទីសមគួរ ជា​គំរប់ ៣ ដង។ លុះ​ឧបាសក​ឈ្មោះ​សោណកុដិកណ្ណៈ អង្គុយក្នុង​ទីសមគួរ​ហើយ ពិត​ថេរវាចា​មហាកច្ចានៈ​ដ៏មាន​អាយុ​ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន អម្បាញ់​មិញនេះ ខ្ញុំនៅ​ក្នុងទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា លោកម្ចាស់​មហាកច្ចានៈ សំដែងធម៌ ដោយ​អាការ​ណា បុគ្គលដែល​នៅគ្រប់​គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​នេះ ឲ្យបរិបូណ៌ បរិសុទ្ធ​ពេញលេញ ដូចជា​ស័ង្ខដែល​ដុសខាត់​ហើយ (ដោយ​អាការនោះ) បាន​ឡើយ បើដូច្នោះ មានតែអញ កោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោក​ម្ចាស់​មហាកច្ចានៈ បំបួស​ខ្ញុំឲ្យទាន។ លំដាប់នោះ ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ ក៏បំបួស​ឧបាសក ឈ្មោះ​សោណកុដិកណ្ណៈ (ក្នុងកាល​នោះ)។

[១២១] សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិច។ វេលានោះ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏ប្រជុំ​ភិក្ខុសង្ឃ ទសវគ្គ អំពី​គាមនិគម​នោះ ៗ ដោយកាល​កន្លងទៅ ៣ ឆ្នាំ ដោយ​ក្រលំបាក ហើយ​ឲ្យសោណៈ​ដ៏មានអាយុ​បានឧបសម្បទា។ គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ នៅចាំវស្សា​រួចហើយ នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ ក្នុងចិត្ត​យ៉ាងនេះថា អញមិន​ដែលឃើញ​ព្រះមានព្រះភាគ​ព្រះអង្គ​នោះ ក្នុងទី​ចំពោះមុខ​សោះ អញគ្រាន់​តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់មាន​សភាព ដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍​អនុញ្ញាត​អញ ៗ គួរតែទៅ​គាល់​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គនោះ។ លំដាប់នោះ ព្រះសោណៈ​ដ៏មានអាយុ ចេញអំពី​ទីសម្ងំ ក្នុង​សាយណ្ហសម័យ ចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះព្រះសោណៈដ៏​មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ និយាយ​ពាក្យនេះ នឹង​មហាកច្ចានៈ​ដ៏មានអាយុ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន អម្បាញ់​មិញនេះ ខ្ញុំព្រះករុណា នៅក្នុង​ទីស្ងាត់ ពួនសម្ងំ កើតសេចក្តី​ត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា អញមិន​ដែលឃើញ​ព្រះមានព្រះភាគ ព្រះអង្គនោះ ក្នុងទី​ចំពោះមុខ​សោះ អញគ្រាន់​តែឮថា ព្រះមានព្រះភាគ ព្រះអង្គនោះ មាន​សភាព​ដូច្នេះខ្លះ ៗ ប្រសិនបើ ព្រះឧបជ្ឈាយ៍​អនុញ្ញាត​អញ ៗ គួរតែទៅ​គាល់​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គនោះ។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ​តបថា នែសោណៈ ប្រពៃណាស់ ប្រពៃណាស់ ម្នាលសោណៈ លោកចូរ​ទៅគាល់​ព្រះមានព្រះភាគ​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះចុះ ម្នាលសោណៈ លោកនឹង​ឃើញ​ព្រះមានព្រះភាគ​នោះ ជាទីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្រ្ទិយ​ស្ងប់ មានព្រះទ័យ​ស្ងប់ ដល់នូវ​ការស្ងប់ និងការទូន្មាន​ដ៏ឧត្តម បានទូន្មាន គ្រប់គ្រង មានឥន្រ្ទិយ​សង្រួមហើយ ជាព្រះពុទ្ធ​ដ៏ប្រសើរ លុះឃើញ​ហើយ ចូរថ្វាយ​បង្គំ​ព្រះបាទា​របស់​ព្រះមានព្រះភាគ​ដោយត្បូង តាមពាក្យ​បណ្តាំរបស់​ខ្ញុំ លោកចូរ​សួរ​សេចក្តីមិន​មានអាពាធ មិនមានទុក្ខ ការក្រោក​ឡើងដោយ​រហ័សរហួន កំឡាំង​កាយ និងការ​នៅជាសុខ​សប្បាយផង។ សោណភិក្ខុ​ដ៏មានអាយុ ទទួលថា ព្រះករុណា លោកម្ចាស់ ហើយ​ត្រេកអរ រីករាយ​នឹងភាសិត​របស់​មហាកច្ចានៈ​ដ៏មានអាយុ ហើយ​ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ធ្វើ​ប្រទក្សិណ ទុកដាក់​សេនាសនៈ កាន់យក​បាត្រ ចីវរហើយ ចេញទៅកាន់​ចារិក ក្នុងក្រុង​សាវត្ថី កាល​ត្រាច់ទៅ​កាន់ចារិក​តាមលំដាប់ សំដៅទៅ​ឯក្រុងសាវត្ថី នាវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​សោណភិក្ខុ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរ​ហើយ ក៏ក្រាបទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមហាកច្ចានៈ​ដ៏មានអាយុ ជាឧបជ្ឈាយ៍​នៃខ្ញុំព្រះអង្គ ថ្វាយបង្គំ​ព្រះបាទា​នៃ​ព្រះមានព្រះភាគ​ដោយត្បូង សួរសេចក្តី​មិនមាន​អាពាធ មិនមាន​ទុក្ខ ការក្រោក​ឡើងរហ័ស​រហួន កំឡាំងកាយ និងការ​នៅជា​សុខ​សប្បាយ​ផង។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលភិក្ខុ អ្នកគួរ​អត់ធន់​បានដែរឬ គួរឲ្យ​ប្រព្រឹត្តទៅ​បានដែរឬ អ្នកមក​តាមផ្លូវ កាន់ផ្លូវឆ្ងាយ មិនលំបាក​ទេឬ ទាំងមិន​លំបាក​ដោយចង្ហាន់​ទេឬ។ បពិត្រ​ព្រះមានព្រះភាគ គួរអត់ធន់បាន បពិត្រ​ព្រះមានព្រះភាគ គួរឲ្យ​ប្រព្រឹត្តទៅ​បាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មកតាមផ្លូវ ​កាន់ផ្លូវឆ្ងាយ មិន​លំបាកទេ ទាំងមិន​លំបាក​ដោយចង្ហាន់​បិណ្ឌបាត​ឡើយ។

[១២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​អានន្ទដ៏​មានអាយុ​មកថា ម្នាលអានន្ទ អ្នកចូរ​ក្រាលសេនាសនៈ សម្រាប់​អាគន្តុកភិក្ខុ​នេះផងចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មាន​អាយុ មានសេចក្តី​ត្រិះរិះថា ព្រះមានព្រះភាគ ទ្រង់បង្គាប់​អញ ឲ្យក្រាល​អាសនៈ​សម្រាប់​ភិក្ខុណា ដោយ​ព្រះពុទ្ធដីកា​ថា អ្នកចូរ​ក្រាល​សេនាសនៈ សម្រាប់​អាគន្តុកភិក្ខុ​នេះផង​ចុះ ព្រះមានព្រះភាគ ប៉ង​នឹងគង់នៅ​ក្នុងលំនៅ​មួយ ជាមួយ​នឹង​ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ប៉ង​នឹងគង់នៅ​ក្នុងលំនៅ​មួយ ជាមួយ​នឹង​សោណភិក្ខុ​ដ៏មាន​អាយុ។ ព្រះមានព្រះភាគ ទ្រង់ប្រថាប់​ក្នុងលំនៅ​ណា អានន្ទ​ក៏ក្រាល​សេនាសនៈ សម្រាប់​សោណភិក្ខុ​ដ៏មានអាយុ ក្នុងលំនៅ​នោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្ទំនៅ​ក្នុងទីវាល អស់វេលា​យប់ជ្រៅ លុះកន្លង​វេលាហើយ ក៏លាង​ព្រះបាទហើយ ចូលទៅ​កាន់វិហារ។ ឯសោណភិក្ខុ​ដ៏មានអាយុ ក៏សិង​ក្នុងទីវាល អស់វេលា​យប់ជ្រៅ លុះកន្លង​វេលាទៅ​ហើយ ក៏លាងជើង ហើយចូលទៅកាន់​វិហារដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើន​ឡើង ក្នុងបច្ចូសសម័យ​នៃរាត្រី ត្រាស់បង្គាប់​ព្រះសោណៈ​ដ៏មាន​អាយុថា ម្នាលភិក្ខុ ការសំដែងធម៌ នឹងប្រាកដដល់លោក។ ព្រះសោណៈ​ដ៏មាន​អាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយ​សំដែង​ព្រះសូត្រ ១៦ ក្នុងអដ្ឋកវគ្គ​ទាំងអស់ ដោយសំឡេង (បទសរភញ្ញ)។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សរសើរ​ព្រះសោណភិក្ខុ​ដ៏មានអាយុ ក្នុងទី​បំផុតនៃ​ការសំដែង ដោយ​សំឡេងថា ម្នាលភិក្ខុ ពីរោះណាស់ ម្នាលភិក្ខុ សូត្រដែល​មានក្នុង​អដ្ឋកវគ្គ អ្នករៀនល្អ​ហើយ យកចិត្ត​ទុកដាក់​ល្អហើយ ចាំស្ទាត់​ហើយ អ្នកជាភិក្ខុ​ប្រកបដោយ​វាចា​ដ៏ពីរោះ ក្បោះក្បាយ ជាវាចាមិន​មានទោស អាចញ៉ាំង​បុគ្គលដទៃ ឲ្យដឹង​ច្បាស់​សេចក្តី​បាន ម្នាលភិក្ខុ អ្នកមាន​វស្សាប៉ុន្មាន។ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទើបនឹង​បានមួយ​វស្សា។ ម្នាលភិក្ខុ ហេតុអ្វី​ក៏អ្នកធ្វើ​ឲ្យយូរ​យ៉ាងនេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទោសក្នុង​កាមគុណ ខ្ញុំព្រះអង្គ​ឃើញយូរ​ហើយដែរ តែថា ធម្មតា ឃរាវាស ជាធម៌​ចង្អៀត មានកិច្ច​ច្រើន មានការងារ​ច្រើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

អរិយៈឃើញទោស ក្នុងសង្ខារលោក ដឹងនូវ​និព្វានធម៌​ដែលគ្មាន​ឧបធិ​ហើយ រមែង​មិនត្រេកអរ​ក្នុងបាប (ដូច) បុគ្គល​ស្អាត មិនត្រេកអរ​ក្នុងវត្ថុ​អាក្រក់។ សូត្រ ទី៦។

៧. កង្ខារេវតសូត្រ

[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះកង្ខារេវតៈ​ដ៏មានអាយុ អង្គុយ​ផ្គត់ភ្នែន តម្រង់កាយ​ឲ្យត្រង់ ហើយ​រំពឹងនូវ​កង្ខាវិតរណវិសុទ្ធិ (សេចក្តីបរិសុទ្ធិ​ព្រោះឆ្លង​នូវសេចក្តី​សង្ស័យ) របស់ខ្លួន ក្នុងទីជិត​នៃ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ក៏ទតឃើញ​ព្រះកង្ខារេវតៈ​ដ៏មានអាយុ កំពុងអង្គុយ​ផ្គត់ភ្នែន តម្រង់​កាយឲ្យ​ត្រង់ហើយ រំពឹង​នូវ​កង្ខាវិតរណវិសុទ្ធិ​របស់ខ្លួន ក្នុងទីជិតនៃ​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

សេចក្តីសង្ស័យទាំងឡាយណាមួយ ក្នុងលោកនេះ​ក្តី ក្នុងលោក​ខាងមុខក្តី ដែលបុគ្គល​គប្បី​ដឹង ក្នុងអត្តភាព​របស់ខ្លួន ឬគប្បី​ដឹង​ក្នុង​អត្តភាព​របស់​បុគ្គល​ដទៃ បុគ្គល​អ្នកមាន​ឈាន មានព្យាយាម កាល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ រមែង​លះបង់​នូវសេចក្តី​សង្ស័យ​ទាំងអស់​នោះបាន។ សូត្រ ទី៧។

៨. សង្ឃភេទសូត្រ

[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ទៀប​ក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអានន្ទ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅ​កាន់ក្រុង​រាជគ្រឹះ ដើម្បី​បិណ្ឌបាត ក្នុងវេលា​បុព្វណ្ហសម័យ ក្នុង​ឧបោសថ​ថ្ងៃនោះ។ ទេវទត្ត​បានឃើញ​នូវព្រះអានន្ទដ៏​មាន​អាយុ កំពុង​ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះ លុះឃើញហើយ ចូលសំដៅមក​រកព្រះអានន្ទ​ដ៏មាន​អាយុ លុះចូល​មកដល់ហើយ ក៏និយាយ​នឹង​ព្រះអានន្ទដ៏​មានអាយុ យ៉ាងនេះថា នែអាវុសោ​អានន្ទ តាំងពីថ្ងៃ​នេះ​ជាដើមទៅ ខ្ញុំវៀរ​ព្រះមានព្រះភាគ វៀរភិក្ខុ​សង្ឃ​ហើយ នឹងធ្វើ​ឧបោសថ និងសង្ឃកម្ម​ទាំងឡាយ (ដាច់​ដោយខ្លួន)។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះ​ លុះត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ក្រោយ​ភត្ត ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុង​ទីសមគួរ​ហើយ​ ទើបក្រាបបង្គំ​ទូលចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អម្បាញ់​មិញនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់​ក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត ក្នុង​បុព្វណ្ហ​សម័យ បពិត្រ​ព្រះអង្គដ៏​ចំរើន ទេវត្ត ក៏បានឃើញ​ខ្ញុំព្រះអង្គ​ កំពុង​ត្រាច់ទៅ​កាន់ក្រុង​រាជគ្រឹះ ដើម្បី​បិណ្ឌបាត លុះឃើញ​ហើយ ក៏ឆៀង​ចូលមករក​ខ្ញុំព្រះអង្គ លុះចូល​មកហើយ និយាយ​នឹងខ្ញុំ​ព្រះអង្គថា នែអាវុសោ​អានន្ទ តាំងពី​ថ្ងៃនេះ ជាដើម​ទៅ ខ្ញុំវៀរ​ព្រះមានព្រះភាគ វៀរភិក្ខុសង្ឃ​ហើយ នឹងធ្វើ​ឧបោសថ ឬសង្ឃកម្ម​ទាំងឡាយ (ដាច់ដោយ​ខ្លួន) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទេវទត្ត នឹងបំបែក​សង្ឃក្នុង​ថ្ងៃនេះ នឹងធ្វើ​ឧបោសថ ឬសង្ឃកម្ម​ទាំងឡាយ (ដាច់​ដោយខ្លួន)។ លុះ​ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

អំពើល្អ មនុស្សល្អ ធ្វើបានដោយងាយ អំពើល្អ មនុស្សអាក្រក់ ធ្វើបាន​ដោយកម្រ អំពើអាក្រក់ មនុស្សអាក្រក់ ធ្វើបាន​ដោយងាយ អំពើអាក្រក់ ពួក​ព្រះអរិយៈ​ធ្វើបាន​ដោយកម្រ។ សូត្រ ទី​៨។

៩. សធាយមានសូត្រ

[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់​ចារិក ក្នុងដែន​កោសល ជាមួយភិក្ខុ​សង្ឃច្រើន​រូប។ សម័យនោះ មាណព​ច្រើននាក់ (ក្មេងៗ) មានសភាព​ជាអ្នក​និយាយ​កោកកាក ដើរមក​ក្នុងទីជិត​នៃព្រះមាន​ព្រះភាគ។ ព្រះមានព្រះភាគ បានឃើញ​ពួកមាណព​ច្រើននាក់ ដែលកំពុង​និយាយកោក​កាក ដើរមកជិត​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឧទាននេះ​ ក្នុងវេលា​នោះថា

បុគ្គលល្ងង់ខ្លៅ មានសំដីធ្វើហាក់ដូចជា​សំដី​បណ្ឌិត ពោលវាចា​ជាវិស័យ (នៃវាចា​ព្រះអរិយៈ) ប្រាថ្នានូវ​ការហើប​មាត់និយាយ ចាក់​បណ្តោយ ដរាប​ណា (វាក៏ហាមាត់​និយាយ ដរាបនោះ) វាចាដែល​បុគ្គលល្ងង់ខ្លៅ​ណា នាំមក​និយាយ ​បុគ្គលល្ងង់​ខ្លៅ​នោះ មិនដឹងច្បាស់​វាចានោះទេ។ សូត្រ ទី​៩។​

១០. ចូឡបន្ថកសូត្រ

[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ ព្រះចូឡបន្ថកៈ​ដ៏មាន​អាយុ អង្គុយ​ផ្គត់ភ្នែន តម្រង់កាយ​ឲ្យត្រង់ តាំងសតិ (ចំពោះ​កម្មដ្ឋាន) ក្នុងទីជិត​នៃ​ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឃើញ​ចូឡបន្ថកៈ​ដ៏មានអាយុ កំពុង​អង្គុយ​ផ្គត់ភ្នែន តម្រង់កាយ​ឲ្យត្រង់ តាំងសតិ ក្នុងទីជិតនៃ​ព្រះមានព្រះភាគ។ លុះព្រះមាន​ព្រះភាគ​ជ្រាបច្បាស់​សេចក្តីនុ៎ះ ទើបទ្រង់​បន្លឺឧទាននេះ ក្នុងវេលានោះថា

ភិក្ខុមានកាយខ្ជាប់ខ្ជូន មានចិត្តខ្ជាប់ខ្ជួន ទោះបីឈរ អង្គុយ ឬដេក តែងដម្កល់​សតិនុ៎ះ ភិក្ខុនោះ គប្បីបាន​គុណវិសេស​មានទីបំផុត​ខាងដើម លុះ​បាន​គុណវិសេស​មានទីបំផុត​ខាងដើម​ហើយ ក៏ដល់​នូវការមិន​ជួបប្រទះ​មច្ចុរាជ។ សូត្រ ទី​១០។

ចប់ សោណតេ្ថរវគ្គ ទី៥។

ឧទ្ទាន​នៃសោណត្ថេរវគ្គ​នោះ​គឺ​

និយាយអំពីព្រះបាទបសេទិកោសល ១ ពុទ្ធមាតា​មានព្រះជន្មាយុតិច ១ សុប្បពុទ្ធកុដ្ឋិ ១ ពួកកុមារ ១ ឧបោសថ ១ សោណកុដិកណ្ណៈ ១ កង្ខារេវតៈ ១ ព្រះអានន្ទ​ ១ មាណព​ច្រើននាក់​មានវាចា​កោកកាក ១ ចូឡបន្ថកភិក្ខុ ១។

ឧទាន ជច្ចន្ធវគ្គ ទី៦

១. អាយុសង្ខារោស្សជ្ជនសូត្រ

[១២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ជិតក្រុង​វេសាលី។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់​ ប្រដាប់​បាត្រ ចីវរ​ ចូលទៅកាន់​ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត ក្នុងបុព្វណ្ហ​សម័យ ព្រះអង្គ​កាលត្រាច់​ទៅបិណ្ឌបាត​ក្នុងក្រុងវេសាលី ត្រឡប់​អំពី​បិណ្ឌបាត ក្នុងកាល​ជាខាង​ក្រោយភត្ត ក៏ត្រាស់​ប្រាប់អានន្ទ​ដ៏មានអាយុ​ថា នែអានន្ទ អ្នកចូរ​យកនិសីទនៈ យើងនឹងចូល​ទៅឯ​បាវាលចេតិយ ដើម្បី​សម្រាក​ក្នុងវេលា​ថ្ងៃ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយ​កាន់យក​និសីទនៈ ទៅតាម​ក្រោយ​នៃ​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងចូល​ទៅឯ​បាវាលចេតិយ លុះចូល​ទៅដល់​ហើយ ទ្រង់គង់​លើអាសនៈ​ ដែល​ព្រះអានន្ទ​ក្រាល លុះ​ព្រះមានព្រះភាគ ទ្រង់គង់​ស៊ប់ហើយ ទើបទ្រង់​ត្រាស់នឹង​ព្រះអានន្ទ​ដ៏មាន​អាយុថា នែអានន្ទ ទីក្រុង​វេសាលី គួរជាទី​ត្រេកអរ ឧទេនចេតិយ [ទីនោះ ជាទីនៅ​របស់​យក្ស​ឈ្មោះ​ឧទេន លុះគេសាងវត្ត​ថ្វាយត្រង់​កន្លែងនោះ ទើបហៅថា ឧទេនចេតិយ​តមក។] គួរជាទី​ត្រេកអរ គោតមកចេតិយ [ហៅតាម​ឈ្មោះយក្សដែរ។] ជាទី​ត្រេកអរ សត្តម្ពចេតិយ [ហៅតាម​ព្រះរាជធីតា ទាំង៧អង្គ របស់ស្តេច​ក្នុងដែនកាសី ព្រះនាម​កិកិស្សៈ នាងមាន​សេចក្តី​សង្វេគ ទើបចេញ​ពីក្រុង​រាជគ្រឹះ ទៅតាំង​ព្យាយាម​ត្រង់ទីណា ទីនោះទើប​ហៅថា សត្តម្ពចេតិយ តមក។] ជាទី​ត្រេកអរ ពហុបុត្តចេតិយ [ត្រង់ទីនោះ មានដើមជ្រៃ​ធំមួយដើម មានដើម​ជ្រៃតូច​ជាបរិវារ មានទេវតា​រក្សា​ដើមជ្រៃ​នោះ មនុស្ស​ប្រាថ្នា​កូនប្រុស​ស្រី តែងទៅ​បួងសួង​ត្រង់ដើម​ជ្រៃនោះ ទើបហៅថា ពហុបុត្តចេតិយ។] ជាទីត្រេកអរ សារន្ទចេតិយ [ហៅតាមឈ្មោះយក្ស។] ជាទីត្រេកអរ បាវាលចេតិយ [ហៅតាម​ឈ្មោះយក្ស។ អដ្ឋកថា។] ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ យ៉ាង​ ដែលបុគ្គល​ណាមួយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ ធ្វើឲ្យដូច​ជាយានហើយ ធ្វើឲ្យ​ជាទីតាំង​ហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រាព្ធល្អ​ហើយ បុគ្គលនោះ​ កាលបើ​ប្រាថ្នានឹង​ឋិតនៅ​អស់អាយុកប្ប [ពាក្យថា អាយុកប្ប​នេះ សំដៅយក​កំណត់អាយុ​របស់មនុស្ស តាមជំនាន់​ជួរអាយុ​ច្រើនតិច។ អដ្ឋកថា។] ឬលើសពី​អាយុកប្បទៅ​ក៏បាន ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ តថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជា​យានហើយ ធ្វើឲ្យជា​ទីតាំង​ហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រារព្ធល្អ​ហើយ ម្នាលអានន្ទ ព្រះតថាគត​នោះ កាលប្រាថ្នា​នឹងឋិតនៅ​អស់អាយុកប្ប ឬលើស​អំពីអាយុ​កប្បទៅ​ក៏បាន។

[១២៨] កាលដែលព្រះមានព្រះភាគ ធ្វើនិមិត្តដ៏ឱឡារិក ធ្វើឱភាស​ដ៏ឱឡារិក​យ៉ាង​នេះ ព្រះអានន្ទ​ដ៏មានអាយុ មិនអាច​នឹងយល់​បាន ទាំងមិន​បាន​អារាធនា នូវព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់​អាយុកប្ប សូមព្រះសុគត ឋិតនៅ​អស់​អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បី​សេចក្តីសុខ​ដល់ជនច្រើន ដើម្បី​អនុគ្រោះ​ដល់សត្វ​លោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ និងសេចក្តី​សុខ ដល់​ទេវតា និងមនុស្ស​ទាំងឡាយ ដូច្នេះឡើយ ព្រោះត្រូវ​មារគ្រប​សង្កត់ចិត្ត។ ព្រះមាន​ព្រះភាគ ត្រាស់នឹង​ព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​ពីរដង​ថា ម្នាល​អានន្ទ ក្រុងវេសាលី គួរជាទី​ត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទី​ត្រេកអរ ពហុបុត្តចេតិយ​ ជាទី​ត្រេកអរ សារន្ទចេតិយ ជាទី​ត្រេកអរ បាវាលចេតិយ ជាទី​ត្រេកអរ ម្នាល​អានន្ទ ឥទ្ធិបាទ​ ៤​ ដែល​បុគ្គលណា ចំរើន​ហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យ​ដូចជាយាន​ហើយ ធ្វើឲ្យជា​ទីតាំង​ហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រារព្ធ​ល្អហើយ បុគ្គលនោះ​ កាលប្រាថ្នា​នឹងឋិតនៅ​អស់អាយុកប្ប ឬលើស​អំពី​អាយុកប្ប​ក៏បាន ម្នាល​អានន្ទ ឥទ្ធិបាទ ៤ ដែល​ព្រះតថាគត ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូច​ជាយាន​ហើយ ធ្វើឲ្យជា​ទីតាំង​ហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ ព្រះតថាគត​នោះ កាលប្រាថ្នា​នឹងឋិតនៅ​អស់​អាយុកប្ប ឬលើស​អំពីអាយុកប្ប​ទៅ​ក៏បាន។​ កាល​ព្រះមានព្រះភាគ ធ្វើនិមិត្ត​ដ៏ឱឡារិក ធ្វើឱភាស​ដ៏ឱឡារិក​យ៉ាងនេះ ព្រះអានន្ទ​ដ៏មានអាយុ មិនអាច​យល់បាន ទាំងមិន​បានអារាធនា​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះមានព្រះភាគ ​សូមព្រះអង្គ​ឋិតនៅ​អស់អាយុកប្ប សូម​ព្រះសុគត​ឋិតនៅ​អស់អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តី​សុខដល់​ជនច្រើន ដើម្បី​អនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បីជា​ប្រយោជន៍ និងសេចក្តី​សុខ​ដល់ទេវតា និងមនុស្ស​ទាំងឡាយ​ឲ្យទាន​ ដូច្នេះឡើយ ព្រោះត្រូវ​មារគ្រប​សង្កត់ចិត្ត។ ព្រះមានព្រះភាគ ត្រាស់នឹង​ព្រះអានន្ទដ៏​មានអាយុ ជាគំរប់ ៣​ ដងថា ម្នាល​អានន្ទ ក្រុង​វេសាលី គួរជាទី​ត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីត្រេកអរ សត្តម្ពចេតិយ ជាទីត្រេកអរ ពហុបុត្តចេតិយ​ ជាទីត្រេកអរ សារន្ទចេតិយ​ ជាទីត្រេកអរ បាវាលចេតិយ ជាទីត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ​ដែល​បុគ្គលណា ចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូច​ជាយាន​ហើយ ធ្វើឲ្យជា​ទីតាំងហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រារព្ធល្អហើយ បុគ្គលនោះ​ កាលប្រាថ្នា​នឹងឋិតនៅ​អស់​អាយុកប្ប ឬលើសពី​អាយុកប្ប​ទៅក៏បាន ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ ដែល​ព្រះតថាគត ចំរើន​ហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូច​ជាយាន​ហើយ ធ្វើឲ្យជា​ទីតាំងហើយ អធិដ្ឋាន​ហើយ សន្សំហើយ ប្រារព្ធល្អ​ហើយ ម្នាល​អានន្ទ ព្រះតថាគត​នោះ កាលប្រាថ្នា​នឹងឋិត​នៅ​អស់អាយុកប្ប ឬលើស​អំពីអាយុកប្ប​ទៅក៏បាន។ លុះព្រះមាន​ព្រះភាគ ធ្វើនិមិត្ត​ដ៏ឱឡារិក ធ្វើឱភាស​ដ៏ឱឡារិក​យ៉ាងនេះ ព្រះអានន្ទ​ដ៏មានអាយុ មិនអាច​យល់បាន ទាំងមិនបាន​អារាធនា​ព្រះមានព្រះភាគ​ថា​​ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ ឋិតនៅអស់​អាយុកប្ប សូមព្រះសុគត ឋិតនៅអស់​អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជន​ច្រើន ដើម្បី​សេចក្តីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តីចំរើន ដើម្បីជា​ប្រយោជន៍ និង​សេចក្តី​សុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ​ឲ្យទាន ដូច្នេះឡើយ ព្រោះត្រូវមារ​គ្របសង្កត់ចិត្ត។​

[១២៩] គ្រានោះ​ ព្រះមានព្រះភាគ ត្រាស់នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ អ្នកចូលទៅ អ្នកចូរ​សំគាល់​កាលដែល​គួរទៅ ក្នុងកាល​ឥឡូវនេះ​ចុះ។ ព្រះអានន្ទ​ដ៏មាន​អាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ ព្រះករុណា ព្រះអង្គ ហើយក្រោក​ចាក​អាសនៈ ថ្វាយបង្គំលា​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ​ហើយ អង្គុយទៀប​គល់ឈើ ១ ដើម ជិត​ព្រះមានព្រះភាគ។

[១៣០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចេញទៅ​មិនយូរប៉ុន្មាន មារចិត្តបាប ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ឋិតនៅ​ក្នុងទី​ដ៏សមគួរ។ លុះមារ​ចិត្តបាប ឋិតនៅក្នុង​ទីសមគួរ​ហើយ ទើប​ពោលពាក្យ​នេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន ក្នុងកាល​ឥឡូវនេះ សូម​ព្រះសុគត​បរិនិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរ​បរិនិព្វាន របស់​ព្រះមានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់​វាចា​នេះហើយ​ថា នែ​ មារចិត្តបាប ​ពួកភិក្ខុជា​សាវ័ក​របស់តថាគត ដែលឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាការក្សេម​ចាកយោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរ​ដល់ធម៌​ ប្រតិបត្តិ​ដោយសេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏សមគួរ រៀន​យកវាទៈ នៃអាចារ្យ​របស់ខ្លួន ហើយនឹង​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់​សង្កិន​បរប្បវាទ​ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួន​សង្កត់សង្កិន ដោយល្អ សំដែងធម៌​ប្រកបដោយ​បាដិហារ្យ (គ្រឿងអាង) នៅមិនមាន​ដរាបណា​ទេ តថាគត នឹងមិន​ទាន់បរិនិព្វាន​ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ ឥឡូវនេះ ពួកភិក្ខុ​ជាសាវ័ក​របស់​ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តី​ក្សេមចាក​យោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបតិ្តធម៌ ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិដោយ​សេចក្តីកោតក្រែង ប្រព្រឹត្តតាម​ធម៌​ដ៏សមគួរ រៀនយក​វាទៈនៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់សង្កិន​បរប្បវាទ​ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច ដែលខ្លួន​សង្កត់សង្កិន​ដោយល្អ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ​ទ្រង់បរិព្វាន ក្នុងកាល​ឥឡូវនេះ សូម​ព្រះសុគត បរិនិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ​ជាកាល​គួរបរិនិព្វាន​របស់​ព្រះមាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​ចិត្តបាប ពួកភិក្ខុនី ជាសាវិកា​របស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នាសេចក្តី​ក្សេមចាក​យោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ ដោយសេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏​សមគួរ រៀនយក​វាទៈនៃអាចារ្យ​របស់ខ្លួន​ហើយ​នឹងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់​សង្កិនបរប្បវាទ​ ដែលកើតឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួន​គួរសង្កត់​សង្កិន​ដោយល្អ សំដែងធម៌​ប្រកបដោយ​បាដិហារ្យ នៅមិន​ទាន់មាន ដរាបណា តថាគត នឹងមិនទាន់​បរិនិព្វាន​ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុនី ជាសាវិកា របស់​ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ ជា​ពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដោយសេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏សម​គួរ រៀនយកវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយ​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់​សង្កិន​បរប្បវាទ​ ដែលកើត​ឡើង​ហើយ ឲ្យជាកិច្ច​ដែលខ្លួន​សង្កត់សង្កិន​ដោយល្អ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន ក្នុងកាល​ឥឡូវនេះ សូម​ព្រះសុគត​បរិនិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ​ជាកាល​គួរបរិនិព្វាន​របស់​ព្រះមានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​វាចា​នេះ​ហើយថា នែមារ​ចិត្តបាប ពួកឧបាសក​ជាសាវ័ក​របស់តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ ជាពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដោយសេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏សមគួរ បានរៀន​យកវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយនឹង​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​រាក់ បាន​សង្កត់​សង្កិន​បរប្បវាទ​ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួន​សង្កត់សង្កិន​បានដោយល្អ សំដែងធម៌​ប្រកបដោយ​បាដិហារ្យ នៅមិន​ទាន់មាន​ដរាបណា តថាគត នឹងមិនទាន់​បរិនិព្វាន ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកឧបាសក​ជាសាវ័ក របស់​ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នា​សេចក្តីក្សេម​ចាកយោគៈ ជា​ពហុស្សុត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏សមគួរ​ បានរៀន​យកវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បាន​សង្កត់​សង្កិន​បរប្បវាទ​ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួនសង្កត់សង្កិន​បានដោយ​ល្អ សំដែងធម៌​ប្រកប​ដោយ​បាដិហារ្យ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ បរិនិព្វាន​ក្នុងកាល​ឥឡូវនេះ សូម​ព្រះសុគត​បរិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ​ជាកាលគួរ​បរិនិព្វាន របស់​ព្រះមានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​វាចា​នេះហើយ​ថា ម្នាល​មារចិត្តបាប ពួកឧបាសិកា ជាសាវិកា​របស់​តថាគត ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រតិបត្តិធម៌​ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដោយសេចក្តី​កោតក្រែង ប្រព្រឹត្តតាម​ធម៌ដ៏សមគួរ រៀន​យកវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយនឹង​ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់​សង្កិន​បរប្បវាទ​ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួន​សង្កត់​សង្កិនបាន​ដោយល្អ សំដែង​ធម៌ប្រកប​ដោយ​បាដិហារ្យ នៅមិន​ទាន់មាន ដរាប​ណា តថាគត​នឹងមិនទាន់​បរិនិព្វាន ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា​របស់​ព្រះមានព្រះភាគ ឈ្លាសវៃ បានបទ ក្លៀវក្លា ប្រាថ្នា​សេចក្តី​ក្សេមចាក​យោគៈ ទ្រទ្រង់ធម៌ ជាពហុស្សុត ប្រព្រឹត្តិធម៌​ដ៏សមគួរ​ដល់ធម៌ ប្រតិបត្តិ ដោយ​សេចក្តី​កោតក្រែង ប្រតិបត្តិ​តាមធម៌​ដ៏សមគួរ រៀនយកវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ បានសង្កត់​សង្កិនបរប្បវាទ​ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលខ្លួន​សង្កត់សង្កិន​បានដោយ​ល្អ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូម​ព្រះមានព្រះភាគ បរិនិព្វាន​ក្នុងកាល​ឥឡូវនេះ សូម​ព្រះសុគត​បរិនិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់ត្រាស់​វាចា​នេះហើយថា ម្នាល​មារចិត្តបាប ព្រហ្មចរិយធម៌​របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន ផ្សព្វផ្សាយ​ទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែល​ដរាបណា ទាំងពួក​ទេវតា និងមនុស្ស សំដែង​បានដោយ​ប្រពៃ ដរាណា តថាគត​នឹងមិនទាន់​បរិនិព្វាន ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចរិយធម៌ របស់​ព្រះមានព្រះភាគ ខ្ជាប់ខ្ជួន ផ្សព្វផ្សាយ​ទូលាយ ដឹងច្រើនគ្នា ក្រាស់ក្រែល​ហើយ ទាំងពួកទេវតា និងមនុស្ស ក៏សំដែង​បានដោយ​ប្រពៃ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ​ បរិនិព្វាន សូម​ព្រះសុគត បរិនិព្វាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរ​បរិនិព្វាន របស់​ព្រះមានព្រះភាគ​ហើយ។

[១៣១] កាលបើមារ​ទូលយ៉ាងនេះ​ហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​តបនឹងមារ​ចិត្តបាប​ថា ម្នាលមារ​ចិត្តបាប ចូរអ្នក​កុំមាន​សេចក្តី​ខ្វល់ខ្វាយចុះ ការបរិនិព្វាន​របស់​តថាគត មិនយូរ​ប៉ុន្មានទេ អំណើះ​ទៅ ៣ ខែទៀត អំពីខែនេះ តថាគត​នឹងបរិនិព្វាន។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ដាក់អាយុសង្ខារ នា​បាវាលចេតិយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ មហា​ប្រថពី​កក្រើក គួរឲ្យខ្លាច ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់ឮឡើង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជា្រប​ច្បាស់​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ បានលះបង់​កុសលចិត្ត​ដែលគួរ​ថ្លឹងបាន និងថ្លឹង​មិន​បានផង កិលេស ជាដែន​កើតផង សង្ខារប្រព្រឹត្តទៅ​ក្នុងភពផង ទ្រង់ត្រេកអរ​ក្នុងខាង​ក្នុង មាន​ព្រះហ្ឫទ័យ​តាំងមាំហើយ បាន​ទំលាយបណ្តាញ គឺកិលេស ដែលមាន​ខ្លួន​ជាដែនកើត ដូចជា​គ្រឿងក្រោះ (របស់​ទាហាន)។ សូត្រ ទី១។

២ សត្តជដិលសូត្រ

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងមិគារ​មាតុប្រាសាទ នា​វត្តបុព្វារាម ទៀបក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមានព្រះភាគ ចេញអំពី​ទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយទ្រង់​គង់ឰដ៏ខាងក្រៅ​ក្លោងទ្វារ។ គ្រានោះ ព្រះបាទ​បសេនទិ​កោសល ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ គង់នៅ​ក្នុងទី​សមគួរ។ សម័យនោះឯង ពួក​ជដិល ៧ នាក់ [អ្នកបួស​ក្រៅ​ពុទ្ធសាសនា ធ្វើជាតាបស។] ពួក​និគ្រន្ថ ៧ នាក់ [សភាពជា​និគ្រន្ថ ទ្រទ្រង់​សំលៀក​បំពាក់ពណ៌ស។] ពួក​អចេល ៧ នាក់ [អាក្រាតឥតគ្រឿង​សំលៀក​បំពាក់ឡើយ។] ពួក​ឯកសាដក ៧ នាក់ [ចងកំណាត់​សំពត់ត្រង់ដៃ ហើយនឹងបិទបាំង (ប៉ឹង) ខាងមុខ​សរីរៈ ដូច​និគ្រន្ថ​មានសំពត់​សាដកតែមួយ។] ពួក​បរិព្វាជក ៧ នាក់ [ឈ្មោះអ្នកបួស​ក្រៅពុទ្ធសាសនាដេរ។ អដ្ឋកថា។] សុទ្ធតែ​មានរោម​ឰដ៏ក្លៀក​ទ្រុបទ្រុល និងក្រចក​វែង ៗ នាំយក​អម្រែកមាន​ប្រការផ្សេង ៗ ដើរចូល​មកក្នុង​ទីជិតនៃ​ព្រះមានព្រះភាគ។ ព្រះបាទ​បសេនទិកោសល ទ្រង់ទត​ឃើញ​ពួកអ្នក​បួសទាំង​នោះគឺ ​ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ សុទ្ធតែ​មានរោម​ឰដ៏ក្លៀក​ទ្រុបទ្រុល និងក្រចក​វែង ៗ នាំយក​អម្រែក មានប្រការ​ផ្សេង ៗ ហើយដើរ​ចូលមកក្នុង​ទីជិតនៃ​ព្រះមានព្រះភាគ លុះទ្រង់​ទត​ឃើញហើយ ទើប​ក្រោកចាក​អាសនៈ ធ្វើសំពត់​ឆៀងស្មា​ម្ខាង ហើយ​លុត​មណ្ឌល​ជង្គង់​ខាងស្តាំចុះ លើប្រថពី ប្រណម្យ​អញ្ជលី ចំពោះ​ពួកអ្នក​បួសទាំងនោះ​គឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់​នោះ ហើយ​ប្រកាស​នាម (របស់​ព្រះអង្គ) អស់វារៈ ៣ ​ដងថា បពិត្រ​លោកដ៏​ចំរើន ខ្ញុំជាស្តេច​ឈ្មោះ​បសេន​ទិកោសល បពិត្រ​លោក​ដ៏ចំរើន ខ្ញុំជា​ស្តេចឈ្មោះ​បសេនទិ​កោសល​។ គ្រានោះ កាលពួក​អ្នកបួស​ទាំងនោះគឺ ជដិល ៧ នាក់ និគ្រន្ថ ៧ នាក់ អចេល ៧ នាក់ ឯកសាដក ៧ នាក់ បរិព្វាជក ៧ នាក់ ចេញទៅ​មិនយូរ​ប៉ុន្មាន ទើប​ព្រះបាទបសេន​ទិកោសល ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចគង់​ក្នុងទី​សមគួរ។ លុះ​ព្រះបាទបសេន​ទិកោសល សេ្តចគង់​ក្នុងទី​សមគួរ​ហើយ ទើបបង្គំ​ទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកអ្នក​បួសណា ជា​ព្រះអរហន្ត ​ឬបាន​សម្រេច​អរហត្តមគ្គ​ក្នុងលោក បណ្តា​អ្នកបួស​ទាំងនោះ ជា​ព្រះអរហន្ត​មួយ​ដែរឬ។

[១៣៣] បពិត្រមហារាជ ដំណើរដែលថា​ បុគ្គលនេះ ជា​ព្រះអរហន្ត ឬបុគ្គល​នេះ បាន​សម្រេច​អរហត្តមគ្គ​នោះ ព្រះអង្គ​ជាគ្រហស្ថ ជាអ្នក​បរិភោគ​កាម គ្រប់គ្រង​សយនៈ ដែល​ចង្អៀត​ដោយបុត្ត ប្រើប្រាស់​កាសិកព័ស្ត្រ និង​លំអិត​ខ្លឹមចន្ទន៍ ទ្រទ្រង់​កម្រងផ្កា និងគ្រឿង​ក្រអូប គ្រឿង​លាប​ផ្សេង ៗ ត្រេកអរ​ចំពោះ​មាសប្រាក់ ដឹងបាន​ដោយ​ក្រណាស់។ បពិត្រ​មហារាជ សីល ត្រូវបុគ្គល​ដឹង​ដោយការ​នៅរួមគ្នា សីលនោះ​ឯង គេដឹង​បាន​ដោយ​កាលវែង មិនមែន​ដឹងបាន​ដោយកាល​បន្តិចបន្តួច​ទេ កាល​កំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនបាន​កំណត់​ក្នុងចិត្ត មិនងាយ​ដឹងបាន អ្នកជា​បណ្ឌិត ទើបអាច​ដឹងបាន ជនពាល​មិនងាយ​ដឹងបាន​ទេ។ បពិត្រ​មហារាជ សេចក្តីស្អាត​ ត្រូវបុគ្គល​ដឹងបាន​ដោយការ​និយាយ​ឆ្លើយឆ្លង ទាំងសេចក្តី​ស្អាតនោះ​ឯង គេដឹង​បាន ដោយ​កាលវែង មិនមែន​ដឹងដោយ​កាល​បន្តិចបន្តួច​ទេ កាល​កំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនបាន​កំណត់​ក្នុងចិត្ត មិនងាយ​ដឹងបានទេ អ្នកជា​បណ្ឌិត ទើបអាច​ដឹង​បាន ជនពាល​មិនងាយ​ដឹងបានទេ។ បពិត្រ​មហារាជ កំឡាំង​ញាណ ត្រូវបុគ្គល​ដឹង​បាន ក្នុង​វេលា​មានអន្តរាយ ទាំងកំឡាំង​ញាណ​នោះឯង​ ត្រូវដឹង​ដោយកាល​វែង មិនមែន​ដឹង​ដោយ​កាលបន្តិច​បន្តួចទេ កាលកំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនបាន​កំណត់​ក្នុងចិត្ត មិនងាយ​ដឹងបាន​ទេ អ្នកជា​បណ្ឌិត ទើបអាច​ដឹងបាន ជនពាល​មិនងាយ​ដឹងបាន​ទេ។ បពិត្រ​មហារាជ បញ្ញា ត្រូវបុគ្គល​ដឹងបាន​ដោយការ​សាកច្ឆា ទាំងបញ្ញា​នោះឯង ត្រូវដឹង​ដោយកាល​វែង មិនមែន​ដឹង​ដោយកាល​បន្តិចបន្តួច​ទេ កាលកំណត់​ក្នុងចិត្ត ​ទើបអាច​ដឹងបាន កាលបើ​មិនបាន​កំណត់​ក្នុងចិត្ត មិនងាយ​ដឹងបានទេ​ អ្នកជា​បណ្ឌិត ទើបអាច​ដឹង​បាន ជនពាល​មិនងាយ​ដឹង​បានទេ។

[១៣៤] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំឡែក​ណាស់ ត្រង់ដែល​ព្រះមានព្រះភាគ សំដែង​ដោយ​ប្រពៃថា បពិត្រ​មហារាជ ដំណើរ​ដែលថា​បុគ្គល​នេះ ជា​ព្រះអរហន្ត ឬបុគ្គល​នេះ បាន​សម្រេច​អរហត្តមគ្គ​នោះ ព្រះអង្គ​ជាគ្រហស្ថ ជាអ្នក​បរិភោគ​កាម គ្រប់គ្រង​សយនៈ ​ដែលចង្អៀត​ដោយបុត្ត ប្រើប្រាស់​កាសិកព័ស្ត្រ និង​លំអិត​ខ្លឹមចន្ទន៍ ទ្រទ្រង់​កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ ត្រេកអរ​ចំពោះ​មាស ប្រាក់ ដឹងបាន​ដោយ​ក្រណាស់។ បពិត្រ​មហារាជ សីល ត្រូវបុគ្គល​ដឹងបាន​ដោយការ​នៅ​រួមគ្នា ទាំង​សីល​នោះឯង គេដឹងបាន​ដោយ​កាលវែង មិនមែន​ដឹង​ដោយកាល​បន្តិច​បន្តួច​ទេ កាលកំណត់​ក្នុងចិត្ត ទើប​ដឹងបាន កាលបើ​មិនកំណត់​ក្នុងចិត្ត មិនងាយ​ដឹងបានទេ អ្នកជា​បណ្ឌិត ទើបអាច​ដឹងបាន ជនពាល​មិនងាយ​ដឹងបាន​ទេ។ បពិត្រ​មហារាជ សេចក្តី​ស្អាត​ ត្រូវបុគ្គល​ដឹងបាន​ដោយការ​និយាយ​ឆ្លើយឆ្លង ទាំង​សេចក្តី​ស្អាតនោះ​ឯង គេដឹង​ដោយ​កាលវែង មិនមែនដឹង​ដោយកាល​បន្តិចបន្តួច​ទេ កាល​កំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនកំណត់​ក្នុងចិត្ត មិនងាយ​ដឹងបាន​ទេ អ្នកជា​បណ្ឌិត ទើបអាច​ដឹង​បាន ជនពាល​មិនងាយ​ដឹងបានទេ។ បពិត្រ​មហារាជ​ កំឡាំង​ញាណ ត្រូវបុគ្គល​ដឹងបាន​ក្នុងវេលា​មានអន្តរាយ ទាំងកំឡាំង​ញាណ​នោះឯង ត្រូវដឹង​ដោយ​កាលវែង មិនមែន​ដឹង​ដោយកាល​បន្តិចបន្តួច​ទេ កាលកំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនកំណត់​ក្នុងចិត្ត ​មិនងាយ​ដឹងបានទេ។ បពិត្រ​មហារាជ បញ្ញា ត្រូវបុគ្គល​ដឹងបាន​ដោយការ​សាកច្ឆា ទាំងបញ្ញា​នោះឯង ត្រូវដឹង​ដោយ​កាលវែង មិនមែន​ដឹង​ដោយកាល​បន្តិចបន្តួច​ទេ កាល​កំណត់​ក្នុងចិត្ត ទើបអាច​ដឹងបាន កាលបើ​មិនកំណត់​ក្នុងចិត្ត មិនងាយ​ដឹងបាន​ទេ អ្នកជា​បណ្ឌិត ទើបអាច​ដឹងបាន ជនពាល​មិនងាយ​ដឹងបានទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកបុរស​របស់ខ្ញុំ​ព្រះអង្គ​ទាំងនុ៎ះ ដូចជាចោរ ដើរតត្រុក ត្រួតត្រា​ជនបទ ពួកបុរស​ទាំងនោះ មកត្រួត​ត្រាមុន ខ្ញុំព្រះអង្គ​នឹងមក​ត្រួតត្រា​ខាងក្រោយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកបុរស​ទាំងនោះ បណ្តែត​បន្សាត់​បង់ធូលី និងមន្ទិល​នោះចេញ ហើយ​ងូតទឹក លាប​ស្រឡាប​ដោយល្អ កោរសក់ និង​ពុកមាត់ ស្លៀកពាក់​សំពត់​ពណ៌​ស ឆ្អែត​ស្កប់ស្កល់ មូលមិត្ត​បំរើ​ដោយ​កាមគុណ​ប្រាំ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលមិនគប្បីប្រឹងប្រែង ក្នុងអំពើលាមក​ទាំងពួងទេ បុគ្គល​មិនគប្បី​ជាបុរស​នៃ​បុគ្គល​ដទៃ មិនគប្បី​រស់នៅ​ព្រោះអាស្រ័យ​អ្នកដទៃ មិនគប្បី​ប្រព្រឹត្តធម៌ (ដើម្បីលាភ) ដូចការ​ជួញប្រែទេ។ សូត្រ ទី២។

៣. បច្ចវេក្ខណសូត្រ

[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ កំពុង​គង់​ពិចារណា​ពួកអកុសលធម៌​ដ៏លាមក​ច្រើនប្រការ ដែលទ្រង់​លះហើយ​ផង ពួក​កុសលធម៌​ច្រើនប្រការ ដែល​បរិបូណ៌​ដោយការ​ចំរើនផង។ លុះ​ព្រះមានព្រះភាគ ជ្រាបពួក​អកុសលធម៌​ដ៏លាមក​ច្រើនប្រការ ដែល​ព្រះអង្គ​លះហើយ​ផង ពួកកុសល​ធម៌ច្រើន​ប្រការ ដែល​បរិបូណ៌​ដោយការ​ចំរើនផង ទើបទ្រង់​បន្លឺ​ឧទាននេះ​ ក្នុងវេលា​នោះថា

ពួកកិលេស មានរាគៈជាដើម ធ្លាប់មាន​ហើយ​ក្នុងកាលមុន ពួកកិលេស​ណាមួយ របស់​តថាគត មិនបាន​មានហើយ ក្នុងខណៈ​នៃមគ្គញ្ញាណ​នោះទេ អរិយមគ្គ មិនធ្លាប់​មានហើយ ក្នុងកាលមុន ​អរិយមគ្គ ក៏បានមានហើយ ក្នុងកាល​ណោះ ពួកកិលេស​មិនបានមាន ក្នុងកាល (ជាអតីត) ផង មិនមាន​ក្នុងកាល (ជាអនាគត) ផង មិនមាន​ក្នុងកាល​ជាបច្ចុប្បន្ន​ផង (ដល់តថាគត)។ សូត្រ ទី៣។

៤. បឋមនានាតិត្ថិយសូត្រ

[១៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងវត្ត​ជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ​ពួក​សមណ​ព្រាហ្មណ៍ បរិព្វាជក [សំដៅយកពួក​សមណៈ មាននិគ្រន្ថ​ដែលប្រព្រឹត្ត​អាក្រាត​ជាដើម។ ពួកព្រាហ្មណ៍ មាន​កឋកលាកបព្រាហ្មណ៍​ជាដើម។ ពួកបរិព្វាជក មាន​បោក្ខរសាតិ​បរិព្វាជក​ជាដើម។ អដ្ឋកថា] ច្រើនគ្នា អាស្រ័យ​នៅក្នុង​ក្រុងសាវត្ថី​ មាន​លទ្ធិផ្សេង ៗ មាន​ទិដ្ឋិផ្សេង ៗ​ មានសេចក្តី​គាប់ចិត្ត​ផ្សេង ៗ មានសេចក្តី​ចូលចិត្តផ្សេង ៗ អាស្រ័យ​ទិដ្ឋិនិស័្សយ​​ផ្សេង ៗ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា លោកទៀង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយ​ពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា លោក​មិនទៀង ពាក្យ​នេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា លោកមាន​ទីបំផុត ពាក្យនេះពិត ​ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។​ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត  មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា លោក​មិនមាន​ទីបំផុត​ ពាក្យ​នេះពិត​ ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ជីវិតនោះ គឺសរីរៈ​នោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ជីវិតដទៃ សរីរៈ​ដទៃ  ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះ​សូន្យទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់​ទៅ កើតទៀត  ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់ទៅ​ មិនកើត​ទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។  សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់ទៅ​ កើតទៀតក៏មាន មិនកើតទៀត​ក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យទទេ។ សមណព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់ទៅ​ កើតទៀត​ក៏មិនមាន មិនកើតទៀត​ក៏មិនមែន ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​ទាំងនោះ មានសេចក្តី​ប្រកួត​ប្រកាន់ ជម្លោះ​ ទាស់ទែង ចាក់ដោតគ្នា​នឹងគ្នា​ ដោយលំពែង ​គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះ​ធម៌។

[១៣៧] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ​ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅបិណ្ឌបាត ក្នុងក្រុង​សាវត្ថី។ លុះត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី​ហើយ ត្រឡប់​មកអំពី​បិណ្ឌបាត​ ក្នុងវេលា​ខាងក្រោយភត្ត​ ក៏ចូលទៅ​គាល់ព្រះ​មាន​ព្រះភាគ​ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។ លុះភិក្ខុ​ទាំង​នោះ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងទី​ឯណោះ ពួកសមណ​ព្រាហ្មណ៍​បរិព្វាជក​ច្រើនគ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​សាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិ​ផ្សេង ៗ មានសេចក្តី​គាប់ចិត្តផ្សេង ៗ មានសេចក្តី​ចូលចិត្ត​ផ្សេង ៗ អាស្រ័យទិដ្ឋិ​និស័្សយផ្សេង ៗ ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យទទេ។ សមណព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ ថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះ​សូន្យទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា លោកមាន​ទីបំផុត ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា លោកមិន​មានទីបំផុត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះ​សូន្យទទេ។ សមណ​ព្រាហ្មណ៍មួយ​ពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះ​ថា ជីវិតនោះ គឺសរីរៈនោះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ជីវិតដទៃ  សរីរៈដទៃ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់ទៅ កើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍មួយ​ពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា សត្វស្លាប់ទៅ មិនកើតទៀត ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះ​សូន្យទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា សត្វស្លាប់​ទៅ កើតទៀត​ក៏មាន មិនកើត​ទៀតក៏មាន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ ថា សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​ទាំងនោះ មានសេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ​មិនមែន ធម៌  យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ពួកអន្យតិរ្ថិយ បរិព្វាជក ដូចជាមនុស្ស​ខ្វាក់ មើលមិនឃើញ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់​ធម៌​ មិនស្គាល់អធម៌។ អន្យតិរ្ថិយ បរិព្វាជកទាំងនោះ កាល​បើមិន​ស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់​ធម៌ មិនស្គាល់​អធម៌ ហើយក៏មាន​សេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ​មិនមែន​ធម៌ យ៉ាងនេះ​មិនមែន​ធម៌ យ៉ាង​នេះធម៌។

[១៣៨] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះរាជា ១ អង្គ ក្នុងក្រុង​សាវត្ថី​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ព្រះរាជានោះ ទ្រង់ហៅ​បុរសម្នាក់​មកត្រាស់ បង្គាប់ថា នែបុរស​ដ៏ចំរើន ចូរអ្នកមកអាយ ចូរអ្នកទៅ​ប្រមូលពួក​មនុស្សខ្វាក់​ពីកំណើត ដែលមាន​ក្នុងក្រុង​សាវត្ថី​ទាំងប៉ុន្មាន ឲ្យមកជួប​ជុំគ្នាទាំងអស់ ក្នុងទីជា​មួយគ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុរសនោះ ទទួល​ព្រះរាជបញ្ជា របស់ព្រះរាជា​នោះថា ព្រះករុណា​ថ្លៃវិសេស ហើយ​ប្រមូល​ពួក​មនុស្សខ្វាក់​ពីកំណើត ដែលមាន​ក្នុងក្រុងសាវត្ថី​ទាំងប៉ុន្មាន មកទាំងអស់ ហើយចូល​គាល់ព្រះរាជា​អង្គនោះ លុះចូលទៅដល់ ក្រាបបង្គំទូល​ព្រះរាជា​អង្គនោះថា បពិត្រ​ព្រះសម្មតិទេព ពួកមនុស្ស​ខ្វាក់ពីកំណើត ដែលមាន​ក្នុងក្រុង​សាវត្ថី ទាំងប៉ុន្មាន ខ្ញុំព្រះអង្គ បានឲ្យមក​ជួបជុំគ្នា​ទាំងអស់ហើយ។ ព្រះរាជាត្រាស់ថា ម្នាលនាយ បើដូច្នោះ ចូរអ្នកបង្ហាញ​ដំរីដល់​​​​​​​​​​​ពួក​មនុស្សខ្វាក់​ពីកំណើត។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​នោះ ទទួល​ព្រះរាជបញ្ជា​របស់​ព្រះរាជា​នោះថា ព្រះករុណា​ថ្លៃវិសេស ហើយក៏​បង្ហាញដំរី ដល់​មនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ គឺ បង្ហាញក្បាលដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើត​ខ្លះថា នែ​មនុស្សខ្វាក់​​ពីកំណើត​ទាំងឡាយ ដំរីបែបនេះ។ បង្ហាញ​ត្រចៀកដំរី ដល់ពួក​មនុស្ស​ខ្វាក់​ពីកំណើត​ខ្លះថា នែមនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ ដំរីបែបនេះ។ បង្ហាញ​ភ្លុក​ដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើត​ខ្លះថា នែមនុស្ស​ខ្វាក់​ពីកំណើត​ទាំងឡាយ ដំរី​បែប​នេះ។ បង្ហាញ​ប្រមោយដំរី ​ដល់ពួក​មនុស្សខ្វាក់​ពីកំណើតខ្លះថា នែមនុស្សខ្វាក់​ពីកំណើត ទាំងឡាយ ដំរីបែបនេះ។ បង្ហាញ​ខ្លួនដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើតខ្លះថា នែ​មនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ ដំរី​បែបនេះ។ បង្ហាញ​ជើងដំរី ដល់ពួក​មនុស្សខ្វាក់​ពី​កំណើត​ខ្លះថា នែមនុស្ស​ខ្វាក់​ពីកំណើត​ទាំងឡាយ ដំរីបែប​នេះ។ បង្ហាញ​ខ្នងដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើតខ្លះថា នែមនុស្សខ្វាក់​ពីកំណើតទាងឡាយ ដំរីបែបនេះ។ បង្ហាញ​កន្ទុយដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើតខ្លះថា នែមនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ ដំរី​បែបនេះ។ បង្ហាញ​រោមកន្ទុយដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើតខ្លះថា  នែមនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ ដំរីបែបនេះ។ ម្នាលភិក្ខុ​ទាំងឡាយ លុះបុរសនោះ បង្ហាញដំរី ដល់ពួក​មនុស្សខ្វាក់​ពីកំណើតរួចហើយ ក៏ចូលទៅគាល់​ព្រះរាជា​អង្គនោះ លុះចូល​ទៅដល់ ក្រាបបង្គំទូល​ព្រះរាជាអង្គ​នោះថា បពិត្រ​ព្រះសម្មតិទេព មនុស្សខ្វាក់​ពី​កំណើត​ទាំងនោះ បានឃើញ​ដំរីច្បាស់​លាស់ហើយ សូម​ព្រះអង្គ​សំគាល់​កាលគួរ​នឹងស្តេចទៅ ក្នុង​កាល​ឥឡូវនេះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឯព្រះរាជាអង្គនោះ ទ្រង់ចូល​ទៅរក​មនុស្សខ្វាក់​ពីកំណើត​ទាំងនោះ លុះចូល​ទៅដល់ ត្រាស់​ព្រះរាជឱង្ការ​ទៅនឹង​មនុស្សខ្វាក់​ពីកំណើត​ទាំងនោះ​ថា នែមនុស្ស​ខ្វាក់ពី​កំណើត​ទាំងឡាយ អ្នក​ទាំងឡាយ បានឃើញ​ដំរី​ហើយឬ។ ពួកមនុស្សខ្វាក់​ពីកំណើត ឆ្លើយតប​ព្រះរាជឱង្ការថា ព្រះករុណា​ថ្លៃវិសេស។ ព្រះរាជា​ត្រាស់ថា នែមនុស្សខ្វាក់​ពីកំណើត​ទាំងឡាយ អ្នកទាំងឡាយ និយាយ​ថា ដំរី យើង​ទាំងឡាយ​បានឃើញ​ហើយ តើដំរី​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្ស​ខ្វាក់​ពីកំណើតណា ដែលបានឃើញ​ក្បាលដំរី មនុស្សទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ​ដូចក្អម។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្សខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញស្លឹក​ត្រចៀកដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ​ដូចចង្អេរ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្ស​ខ្វាក់​ពីកំណើតណា ដែលបានឃើញ​ភ្លុកដំរី មនុស្សទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះដូចផាល [ភ្លុកដំរី គួរ​ប្រដូច​នឹងអង្រែ​ទើបសម ឬប្រហែល​ចុងភ្លុកទេដឹង បានជាលោក​ប្រៀប​ថាដូចផាល។]។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញ​ប្រមោយដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ​ដូចយាម​នង្គ័ល។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្សខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញ​ខ្លួនដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ ដូច​ដោកស្រូវ។  ម្នាលភិក្ខុទាំងឡាយ  ពួកមនុស្សខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញជើង​ដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ ដូចសសរ។ ម្នាលភិក្ខុ​ទាំងឡាយ  ពួកមនុស្សខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញ​ខ្នងដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ ដូច​ត្បាល់ក្តឿង។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្ស​ខ្វាក់​ពីកំណើត​ណា ដែលបាន​ឃើញ​កន្ទុយដំរី មនុស្សទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ ដូច​អង្រែ។ ម្នាលភិក្ខុ​ទាំងឡាយ  ពួក​មនុស្សខ្វាក់​ពីកំណើតណា ដែលបាន​ឃើញរោម​កន្ទុយដំរី មនុស្ស​ទាំងនោះ និយាយ​យ៉ាងនេះថា បពិត្រ​ព្រះសម្មតិទេព ដំរីនេះ ដូច​អម្បោស។ មនុស្សខ្វាក់​ពីកំណើត​ទាំងនោះ ក៏ដាល់តប់​គ្នានឹងគ្នា​ថា បែបនេះដំរី បែបនេះ​មិនមែន​ដំរីទេ បែបនេះ​មិនមែន​ដំរី បែបនេះ​ទើប​ហៅថា ដំរី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះរាជា​អង្គនោះ មានព្រះរាជ​ហ្ឫទ័យ​ត្រេកអរ​ដោយហេតុ​នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​អន្យតិរ្ថិយ បរិព្វាជក ដូចជា​មនុស្សខ្វាក់ មើលមិន​ឃើញ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់​អធម៌យ៉ាងនេះ​ កាលបើ​អន្យតិរ្ថិយ បរិព្វាជក​ទាំងនោះ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់​អធម៌ ហើយក៏មាន​សេចក្តីប្រកួត​ប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយលំពែង គឺមាត់​ថា យ៉ាងនេះ​ធម៌​ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះ​មិនមែន​ធម៌ យ៉ាងនេះ​ធម៌។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលានោះថា​

សមណព្រាហ្មណ៍មួយពួក រមែងជាប់​ក្នុងពួកទិដ្ឋិ ដែលឥត​ខ្លឹមសារ​ទាំងនេះ ពួកជនអ្នក​ឃើញអវៈយវៈ​តែមួយ ៗ ទើបទាស់ទែង ជជែកគ្នា ព្រោះ​អាស្រ័យ​នូវ​ទិដ្ឋិនិស័្សយ​នោះ។ សូត្រ ទី៤។

៥. ទុតិយនានាតិត្ថិយសូត្រ

[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ពួក​សមណព្រាហ្មណ៍ បរិព្វាជក ច្រើនគ្នា អាស្រ័យ​នៅក្នុង​ក្រុងសាវត្ថី​ មានលទ្ធិ​ផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តី​គាប់ចិត្ត​ផ្សេង ៗ មានសេចក្តី​ចូលចិត្តផ្សេង ៗ អាស្រ័យទិដ្ឋិ​និស័្សយ​ផ្សេង ៗ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ  ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត  មានវាទៈ​យ៉ាង​នេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង​ក៏មិនមែន មិនទៀង​ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាង​នេះថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯងខ្លះ អ្នក​ដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យសោះ​សូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯង​ក៏មិនមែន អ្នកដទៃ​ធ្វើក៏​មិនមែន អាស្រ័យ​បច្ច័យកើត​ឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង  ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ  មិនទៀងទេ  ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ  ទៀង​ក៏មិនមែន មិនទៀង​ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី  មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ព្រោះអ្នកដទៃ​ធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯងខ្លះ អ្នកដទៃធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯង ក៏មិនមែន អ្នកដទៃធ្វើ ក៏មិនមែន អាស្រ័យ​បច្ច័យ​កើតឡើង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។  សមណ​ព្រាហ្មណ៍​ទាំងនោះ មានសេចក្តី​ប្រកួត ប្រកាន់  ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ​ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌។

[១៤០] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងវេលាបុព្វណ្ហ​សម័យ ហើយចូល​ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី្។ លុះភិក្ខុទាំងនោះ ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយ​ភត្ត ហើយ​ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយក្នុង​ទីសមគួរ​ហើយ ក្រាបបង្គំ​ទូលព្រះមាន​ព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ពួកសមណ​ព្រាហ្មណ៍​បរិព្វាជកច្រើនគ្នា អាស្រ័យនៅ​ក្នុងក្រុងសាវត្ថី មានលទ្ធិផ្សេង ៗ មានទិដ្ឋិផ្សេង ៗ មានសេចក្តី​គាប់ចិត្ត​ផ្សេង ៗ មានសេចក្តី​ចូលចិត្ត​ផ្សេង ៗ អាស្រ័យ​ទិដ្ឋិ​និស័្សយផ្សេង ៗ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។បេ។ សមណ​ព្រាហ្មណ៍​ទាំងនោះ មានសេចក្តី​ប្រកួតប្រកាន់​ ជម្លោះ​ ទាស់ទែង ចាក់ដោតគ្នា​នឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ ធម៌ យ៉ាងនេះ មិនមែន​ធម៌ យ៉ាងនេះ មិនមែនធម៌ យ៉ាងនេះ ធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​អន្យតិរ្ថិយ បរិព្វាជក ដូចជា​មនុស្សខ្វាក់ មើលមិន​ឃើញ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់​ធម៌ មិនស្គាល់​អធម៌ កាលបើ​អន្យតិរិ្ថយ​ទាំងនោះ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់ធម៌ មិនស្គាល់​អធម៌ ហើយក៏​មានសេចក្តី​ប្រកួត​ប្រកាន់ ជម្លោះ​ ទាស់ទែង ចាក់ដោតគ្នា​នឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះ​ធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះធម៌។ លុះ​ព្រះមាន​ព្រះភាគ ទ្រង់ជា្រប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាននេះ ក្នុងវេលា​នោះថា

សមណព្រាហ្មណ៍ទាំងឡាយ​មួយពួក តែងជាប់​ចំពាក់ ក្នុង​ទិដ្ឋិនិស័្សយ​ទាំងនេះ បើមិនទាន់​បានដល់​ព្រះនិព្វាន ជាទីពឹង​នោះទេ រមែង​លិចចុះ ក្នុងកណ្តាល​នៃអន្លង់ គឺសង្សារ។ សូត្រ ទី៥។

៦. តតិយនានាតិត្ថិយសូត្រ

[១៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ពួក​សមណ​ព្រាហ្មណ៍​បរិព្វាជក​ច្រើនគ្នា អាស្រ័យនៅ​ក្នុង​ក្រុងសាវត្ថី មាន​លទិ្ធផ្សេង ៗ មាន​ទិដ្ឋិផ្សេង ៗ មាន​សេចក្តី​គាប់ចិត្ត​ផ្សេង ៗ មានសេចក្តី​ចូលចិត្ត​ផ្សេង ៗ អាស្រ័យ​ទិដ្ឋិនិស័្សយ​ផ្សេង ៗ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង ពាក្យ​នេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទ​ទេ។ សមណ​ព្រាហ្មណ៍​មួយ​ពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀងទេ ពាក្យ​នេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មាន​វាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យ​ដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង​ក៏មិនមែន មិនទៀង​ក៏​មិនមែន ​ពាក្យ​នេះពិត ពាក្យ​ដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី អ្នកដទៃធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯង​ខ្លះ អ្នកដទៃ​ធ្វើខ្លះ ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។  សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី ធ្វើខ្លួន​ឯង​ក៏មិនមែន អ្នកដទៃ​ធ្វើក៏​មិនមែន អាស្រ័យ​បច្ច័យ​កើតឡើង ពាក្យ​នេះពិត ពាក្យ​ដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី ​លោកក្តី មាន​សុខ និងទុក្ខ មិនទៀង​ ពាក្យ​នេះពិត ​ពាក្យដទៃ​ ជាពាក្យ​សោះសូន្យ​ទទេ​។ សមណ​ព្រាហ្មណ៍​មួយពួក​ មានវាទៈ​យ៉ាងនេះ មាន​ទិដ្ឋិយ៉ាង​នេះថា ខ្លួនក្តី​ លោកក្តី មានសុខ និងទុក្ខ​ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត​ ពាក្យដទៃ​ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ ​មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី​ មានសុខ និងទុក្ខ ទៀង​ក៏មិនមែន​​ មិនទៀង​ក៏មិនមែន ពាក្យ​នេះពិត​ ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯង ពាក្យនេះពិត​ ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ​ និងទុក្ខ អ្នកដទៃ​​ធ្វើ ពាក្យនេះពិត​ ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី​ មានសុខ និងទុក្ខ​ ធ្វើដោយ​ខ្លួនឯង​ខ្លះ អ្នក​ដទៃធ្វើខ្លះ ពាក្យនេះ​ពិត​ ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ​ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី​ មានសុខ និងទុក្ខ​ ធ្វើដោយ​ខ្លួនឯង ក៏មិនមែន អ្នកដទៃ​ធ្វើ ក៏មិនមែន​ អាស្រ័យ​បច្ច័យ​កើតឡើង ពាក្យ​នេះពិត​ ពាក្យ​ដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​ទាំងនោះ មានសេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយលំពែង គឺមាត់ថា យ៉ាងនេះធម៌ យ៉ាងនេះ មិន​មែនធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះធម៌។

[១៤២] គ្រានោះ ពួកភិក្ខុច្រើនរូប​ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយចូល​ទៅ​បិណ្ឌបាត ក្នុង​ក្រុង​សាវត្ថី។ លុះត្រាច់​ទៅបិណ្ឌបាត ក្នុង​ក្រុងសាវត្ថី ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាងក្រោយ​ភត្តហើយ​ ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានក្រាប​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទី​ឯណោះ ពួកសមណ​ព្រាហ្មណ៍​បរិព្វាជក​ច្រើនគ្នា អាស្រ័យនៅ​ក្នុងក្រុង​សាវត្ថី មាន​លទ្ធិផ្សេង ៗ មានទិដ្ឋិ​ផ្សេង ៗ មានសេចក្តី​គាប់ចិត្ត​ផ្សេង ៗ មានសេចក្តី​ចូលចិត្ត​ផ្សេង ៗ អាស្រ័យ​ទិដ្ឋិនិស័្សយ​ផ្សេង ៗ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី ទៀង ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក​ទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មិនទៀង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី ទៀងខ្លះ មិនទៀងខ្លះ ពាក្យ​នេះពិត ពាក្យដទៃ​ ជាពាក្យសោះ​សូន្យទទេ។ សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ទៀង​ក៏មិនមែន មិ​នទៀង​ក៏មិនមែន ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី ធ្វើដោយ​ខ្លួនឯង អ្នកដទៃធ្វើ ធ្វើដោយ​ខ្លួនឯងខ្លះ អ្នកដទៃ​ធ្វើខ្លះ មិនធ្វើ​ដោយខ្លួន​ឯងខ្លះ អ្នកដទៃ​មិនធ្វើខ្លះ អាស្រ័យ​បច្ច័យ​កើតឡើង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី  មានសុខ និងទុក្ខ ទៀង ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។  សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ មិនទៀង ពាក្យ​នេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ទៀងខ្លះ មិនទៀងខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី​ ​មានសុខ និងទុក្ខ ទៀង​ក៏មិនមែន មិនទៀង​ក៏មិនមែន  ពាក្យនេះពិត ពាក្យដទៃ​ជាពាក្យ​សោះសូន្យ​ទទេ។  សមណព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី  មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯង  ពាក្យនេះ​ពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។  សមណ​ព្រាហ្មណ៍​មួយពួកទៀត មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី  មានសុខ និងទុក្ខ អ្នកដទៃ​ធ្វើ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះ​ថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯងខ្លះ អ្នកដទៃ​ធ្វើខ្លះ ពាក្យនេះពិត ពាក្យដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​មួយពួក មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា ខ្លួនក្តី លោកក្តី មានសុខ និងទុក្ខ ធ្វើដោយ​ខ្លួនឯង​ក៏មាន អ្នកដទៃ​ធ្វើ​ក៏មាន អាស្រ័យ​បច្ច័យ​​កើតឡើង ពាក្យ​នេះពិត ពាក្យ​ដទៃ ជាពាក្យ​សោះសូន្យ​ទទេ។ សមណ​ព្រាហ្មណ៍​ទាំងនោះ មាន​សេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់​ដោតគ្នា​នឹងគ្នា ដោយ​លំពែង គឺមាត់ថា យ៉ាង​នេះធម៌ យ៉ាងនេះ​​មិនមែនធម៌ យ៉ាងនេះ​មិនមែន​ធម៌ យ៉ាង​នេះធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​អន្យតិរ្ថិយ បរិព្វាជក ជាមនុស្សខ្វាក់ មើល​មិនឃើញ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍​ មិនស្គាល់​ធម៌ មិនស្គាល់​អធម៌ កាលពួក​សមណព្រាហ្មណ៍​ទាំងនោះ មិនស្គាល់​ប្រយោជន៍ មិនស្គាល់​សភាវៈ​មិនមែន​ប្រយោជន៍ មិនស្គាល់​ធម៌​ មិនស្គាល់​អធម៌​ហើយ មានសេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ចាក់ដោត​គ្នានឹងគ្នា ដោយ​លំពែង គឺមាត់ថា យ៉ាង​នេះធម៌ យ៉ាងនេះ​មិនមែនធម៌ យ៉ាងនេះ​មិនមែន​ធម៌ យ៉ាង​នេះធម៌។ លុះ​ព្រះមានព្រះភាគ​ ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើប​ទ្រង់បន្លឺ​ឧទាននេះ ក្នុងវេលា​នោះថា

ពួកសមណព្រាហ្មណ៍មួយពួក មិនបានស្គាល់​ប្រជុំពីរ នៃ​ទិដ្ឋិនេះ​ថា ពួក​សត្វនេះ ខ្វល់ខ្វាយ​ដោយ​អហង្ការទិដ្ឋិ ប្រកប​ដោយ​បរង្ការទិដ្ឋិ ទាំង​មិន​ឃើញ​ទិដ្ឋិ​នោះ ថាជា​ព្រួញទេ កាលបុគ្គល​អាស្រ័យ​ព្រួញ គឺទិដ្ឋិនុ៎ះ ហើយ​ពិចារណា​ថា អាត្មាអញ​ធ្វើ (នូវ​អរិយមគ្គ) ដូច្នេះ ក៏ទេដែរ កាលបុគ្គល​នោះ អាស្រ័យ​ព្រួញ គឺទិដ្ឋិ​នុ៎ះ ពិចារណា​ឃើញថា​ អ្នក​ដទៃធ្វើ (នូវ​អរិយមគ្គ) ដូច្នេះ​ ក៏ទេដែរ។ ពួកសត្វ​នេះ ប្រកប​ដោយ​មានះ ចាក់ស្រែះ​ដោយ​មានះ ព័ទ្ធពន្ធ័​ដោយ​មានះ ធ្វើការ​ផ្ចុងផ្តើម ក្នុងទិដ្ឋិ​ទាំងឡាយ មិនអាច​កន្លងសង្សារ​បានឡើយ។ សូត្រ ទី៦។

៧. សុភូតិសូត្រ

[១៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះសុភូតិ​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន តាំងកាយ​ត្រង់ ចូលកាន់​សមាធិ​ ដែលមិន​មានវិតក្កៈ ក្នុងទី​ជិតនៃ​ព្រះមាន​ព្រះភាគ។ ព្រះមានព្រះភាគ បានទត​ឃើញ​ព្រះសុភូតិ​ដ៏មាន​អាយុ អង្គុយ​ពែន​ភ្នែន តាំងកាយ​ត្រង់ ចូលកាន់​សមាធិ ដែលមិន​មានវិតក្កៈ ក្នុងទីជិត។ លុះ​ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

វិតក្កៈទាំងឡាយ​ ដែលអរិយបុគ្គល​ណា កំចាត់​បង់ហើយ សម្រេច​ហើយ ដោយ​ប្រពៃ ក្នុងសន្តាន​ឥតមាន​សេសសល់ មិន​សំគាល់រូប ព្រោះ​កន្លង​ការជាប់​ជំពាក់​នោះ អរិយបុគ្គល​នោះ មិនដល់​នូវជាតិ ព្រោះបាន​កន្លង​យោគធម៌ទាំង ៤ ហើយ។ សូត្រ​ ទី៧។

៨. គណិកាសូត្រ

[១៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យ​នោះឯង មាន​មនុស្សពីរពួក ជាអ្នក​មាន​តម្រេក មានចិត្ត​ប្រតិព័ទ្ធ​នឹង​ស្រីផ្កាមាស​ម្នាក់ មានសេចក្តី​ប្រកួតប្រកាន់ ជម្លោះ ទាស់ទែង ប្រហារ​គ្នានឹងគ្នា​ដោយដៃ​ទាំងឡាយ​ខ្លះ ប្រហារ​ដោយដុំដី​ទាំងឡាយ​ខ្លះ ប្រហារ​ដោយ​ដំបង​ទាំងឡាយ​ខ្លះ ប្រហារ​ដោយគ្រឿង​សស្រ្តា​ទាំងឡាយ​ខ្លះ ក្នុង​ទីនោះ មនុស្ស​ទាំង​នោះ ដល់សេចក្តី​ស្លាប់ខ្លះ ដល់សេចក្តី​ទុក្ខស្ទើរ​ស្លាប់ខ្លះ។ លំដាប់នោះ ពួកភិក្ខុ​ច្រើនរូប​ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ហើយចូល​ទៅបិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះ លុះត្រាច់​ទៅ​បិណ្ឌបាត ក្នុងក្រុង​រាជគ្រឹះហើយ ត្រឡប់​ពី​បិណ្ឌបាត ក្នុង​វេលា​ខាងក្រោយ​ភត្ត ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ​ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំងនោះ​ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងក្រុង​រាជគ្រឹះ​នេះ មាន​មនុស្ស​ពីរពួក មាន​តម្រេក មានចិត្ត​ប្រតិព័ន្ធ​នឹង​ស្រីផ្កាមាស​ម្នាក់ មានសេចក្តី​ប្រកួត​ប្រកាន់ ជម្លោះ ទាស់ទែង ប្រហារគ្នា​នឹងគ្នា ដោយដៃ​ទាំងឡាយ​ខ្លះ ប្រហារ​ដោយដុំដី​ទាំងឡាយ​ខ្លះ ប្រហារ​ដោយ​ដំបង​ទាំងឡាយ​ខ្លះ ប្រហារ​ដោយគ្រឿង​សស្រ្តា​ទាំងឡាយ​ខ្លះ ក្នុងទីនោះ មនុស្ស​ទាំង​នោះ ដល់សេចក្តី​ស្លាប់ខ្លះ ដល់សេចក្តី​ទុក្ខស្ទើរ​ស្លាប់ខ្លះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុង​វេលានោះថា

អារម្មណ៍ណា ដែលបុគ្គលដល់ហើយក្តី អារម្មណ៍​ណា ដែលបុគ្គល​នឹងដល់​ក្តី អារម្មណ៍​ទាំងពីរ​នុ៎ះ រោយរាយ ដោយធូលី គឺ​រាគាទិកិ្កលេស របស់​បុគ្គល​អ្នកក្តៅ​ក្រហាយ កាល​សិក្សារឿយ ៗ ជនទាំង​ឡាយណា មានការ​សិក្សា​ជាខ្លឹម សីលព្វត ជីវិត ព្រហ្មចរិយៈ និងការ​បម្រើ​ជាខ្លឹម នេះជា​ផ្លូវ​លាមក ទី១។ ជនទាំង​ឡាយ​ណា មានវាទៈ​យ៉ាងនេះ​ថា ទោស​ក្នុងកាម​ទាំងឡាយ មិនមាន​ទេ នេះជា​ផ្លូវលាមក ទី២។ ផ្លូវ​លាមក​ទាំងពីរនុ៎ះ តែងចំរើន​ដោយ​ព្រៃស្មសាន គឺ​តណ្ហា និង​អវិជ្ជា ព្រៃស្មសាន គឺតណ្ហា និងអវិជ្ជា តែងធ្វើ​ទិដ្ឋិឲ្យ​ចំរើន ដោយ​ប្រការ​ដូច្នេះ។ សមណ​ព្រាហ្មណ៍​មួយពួក តែងរួញរា មួយពួក​តែងស្ទុះទៅ ព្រោះមិន​ដឹងផ្លូវ​លាមក​ទាំងពីរ​នុ៎ះ។ អរិយបុគ្គល​ទាំងឡាយ​ណា ដឹងច្បាស់​ផ្លូវ​លាមក​ទាំងពីរ​ហើយ អរិយបុគ្គល​ទាំងនោះ មិនធ្លាក់​ចុះក្នុង​ផ្លូវលាមក​ទាំងពីរ​នុ៎ះទេ ទាំងមិន​បានសំគាល់​ខ្លួន ដោយ​ការលះបង់​ផ្លូវលាមក​នោះឡើយ វដ្ដៈ​របស់​ពួក​អរិយបុគ្គល​នោះ មិនមាន​ដើម្បី​បញ្ញត្តិ​ទេ។ សូត្រ ទី៨។

៩. ឧបាតិធាវន្តិសូត្រ

[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមាន​ព្រះភាគ ទ្រង់គង់​ក្នុងទីវាល ក្នុងរាត្រី​មាន​ងងឹតអ័ព្ទ មានគេអុជ​ប្រទីប​ថ្វាយ។ សម័យនោះ​ឯង សត្វមមាច​ជាច្រើន ហើរឆ្វៀលឆ្វាត់ ជិតប្រទីប​ប្រេងនោះ ដល់​សេចក្តី​មិនចំរើន គឺទុក្ខ ដល់សេចក្តី​វិនាស គឺស្លាប់ ដល់សេចក្តី​មិនចំរើន និង​សេចក្តី​វិនាស។ ព្រះមានព្រះភាគ ទ្រង់បាន​ឃើញសត្វ​មមាច​ច្រើន​ទាំងនោះ ហើរឆ្វៀលឆ្វាត់​ជិតប្រទីប​ប្រេង​ទាំងនោះ ដល់​សេចក្តី​មិន​ចំរើន ដល់សេចក្តី​វិនាស ដល់សេចក្តី​មិនចំរើន និង​សេចក្តី​វិនាស។ លុះ​ព្រះមាន​ព្រះភាគ បាន​ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើប​ទ្រង់បន្លឺ​ឧទាននេះ ក្នុង​វេលានោះ​ថា​

សមណព្រាហ្មណ៍ទាំងឡាយ មិនទាន់បាន​ត្រាស់ដឹង​សារធម៌ មានសីល​ជាដើម រមែង​ប្រកាន់មាំ តែងញ៉ាំង​ចំណង​ថ្មី ៗ គឺតណ្ហា និងទិដ្ឋិ​ឲ្យចំរើន រមែង​ធ្លាក់ ​(ក្នុង​ភ្នក់ភ្លើង គឺភព ៣) ដូចជា​សត្វមមាច ដែលធ្លាក់​ចូល​ក្នុង​អណ្តាតភ្លើង សមណ​ព្រាហ្មណ៍​មួយពួក ប្រកាន់មាំ​ក្នុងរូប​ដែលឃើញ និង​សំឡេង​ដែលខ្លួន​ឮហើយ។ សូត្រ ​ទី៩។

១០. ឧប្បជ្ជន្តិសូត្រ

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ បានក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះតថាគត​ទាំងឡាយ ជា​អរហន្ត​សម្មាសម្ពុទ្ធ មិនទាន់​កើត​ក្នុងលោក ដរាបណា ពួក​អន្យតិរ្ថិយ​បរិព្វាជក មានគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នក​បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​ណាបើ​ព្រះតថាគត​ទាំង​ឡាយ ជាអរហន្ត​សម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោក ពួក​អន្យតិរិ្ថយ បរិព្វាជក ដែល​មិនមាន​គេធ្វើ​សក្ការៈ មិនមាន​គេគោរព មិនមាន​គេរាប់អាន មិនមាន​គេបូជា មិនមាន​គេកោត​ក្រែង ទាំងមិន​បាន​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក្នុងកាល​នោះ​ឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ព្រះអង្គ​មានគេ​ធ្វើ​សក្ការៈ​ គោរព រាប់អាន បូជា កោតក្រែង បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំង​ភិក្ខុសង្ឃ (ក៏ដូច្នោះ​ដែរ)។ ម្នាលអានន្ទ ដំណើរនុ៎ះ​ យ៉ាងនេះ​ហើយ ម្នាលអានន្ទ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាល​អានន្ទ ព្រះតថាគត​ទាំងឡាយ ជាអរហន្ត​សម្មាសម្ពុទ្ធ មិនទាន់​កើតឡើង​ក្នុងលោក ដរាបណា ពួក​អន្យតិរិ្ថយ បរិព្វាជក​ទាំងឡាយ ដែល​គេធ្វើ​សក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នក​បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដរាបនោះដែរ ម្នាល​អានន្ទ កាលណា​បើ​ព្រះតថាគត​ទាំងឡាយ ជាអរហន្ត​សម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោក ពួក​អន្យតិរិ្ថយ បរិព្វាជក មិនមាន​គេធ្វើសក្ការៈ មិនមាន​គេគោរព មិនមាន​គេរាប់អាន មិនមាន​គេបូជា មិនមាន​គេកោត​ក្រែង ទាំងមិន​បាន​​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ ក្នុងកាល​នោះឡើយ ឥឡូវនេះ តថាគត ដែលគេ​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង​ជាអ្នក​បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ទាំងភិក្ខុ​សង្ឃ ( ក៏ដូច្នោះ​ដែរ )។ លុះ​ព្រះមាន​ព្រះភាគ បានជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឧទាននេះ ក្នុង​វេលា​នោះថា

ព្រះអាទិត្យមិនទាន់រះឡើងដរាបណា សត្វអំពិល​អំពែកនោះ ក៏រុងរឿង​ដរាប​នោះ កាលបើ​ព្រះអាទិត្យ​រះឡើង សត្វ​អំពិលអំពែក ក៏សាប​សូន្យ​ពន្លឺ មិនរុង​រឿងទេ។ ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ មិនទាន់​កើតឡើង​ក្នុងលោក ដរាបណា សេចក្តី​រុងរឿង​របស់​ពួកតិរ្ថិយ (តែងមាន) ដរាបនោះ តិរ្ថិយ​ទាំងឡាយ រមែង​មិនស្អាត​ ទាំងពួក​សាវ័ក ក៏មាន​ទិដ្ឋិអាក្រក់ មិនស្អាត មិនគប្បី​រួចចាក​ទុក្ខ​បាន​ឡើយ។  សូត្រ ទី១០។

ចប់ ជច្ចន្ធវគ្គ ទី៦។

ឧទ្ទាននៃជច្ចន្ធវគ្គនោះគឺ

និយាយអំពីការដាក់អាយុសង្ខារ ១ អំពីព្រះមានព្រះភាគ​ទ្រង់ចេញ​អំពី​ទីស្ងាត់ ១ អំពី​រាគាទិក្កិលេស​មានហើយ ១ អំពី​ពួកសមណ​ព្រាហ្មណ៍​ទាស់ទែង​គ្នា អាស្រ័យ​ទិដ្ឋិ ១ អំពី​ពួកសមណ​ព្រាហ្មណ៍ មានលទ្ធិ​ផ្សេង ៗ​ ១ អំពីការ​ជាប់នៅ​ក្នុងទិដ្ឋិ​ទាំងនោះ ១ អំពី​សុភូតិ ជាគំរប់​ប្រាំពីរ ១ អំពី​ការត្រេកអរ ក្នុង​ស្រីផ្កាមាស ១ អំពី​សត្វមមាច គំរប់​ប្រាំបួន ១ អំពី​ព្រះតថាគត​ទាំងឡាយ កើតឡើង​ក្នុង​លោក ជាគំរប់​ដប់។

ឧទាន ចូឡវគ្គ ទី៧

១. បឋមលកុណ្ឌកភទ្ទិយសូត្រ

[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិ​ក​សេដ្ឋី ជិត​ក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះសារីបុត្ត​ដ៏មាន​អាយុ បានពន្យល់​ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មាន​អាយុ ឲ្យ​កាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា​ច្រើន​ប្រការ។ លំដាប់នោះ ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មានអាយុ  ដែល​ព្រះសារីបុត្ត​ដ៏មាន​អាយុ ពន្យល់​ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ​ដោយ​ធម្មីកថា​ច្រើន​ប្រការ​ហើយ ចិត្តក៏រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ។ ព្រះមាន​ព្រះភាគ ទ្រង់​ទតឃើញ​ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មានអាយុ ដែល​ព្រះសារីបុត្ត​ដ៏មានអាយុ ពន្យល់​ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា​ច្រើនប្រការ ចិត្តក៏​រួចស្រឡះ ចាក​អាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់​មាំហើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់បាន​ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើប​ទ្រង់បន្លឺ​ឧទាននេះ ក្នុងវេលា​នោះថា

បុគ្គលរួចស្រឡះចាកសង្ខារទាំងពួង ក្នុង​ចំណែក​ខាងលើ គឺរូបធាតុ ​និង​អរូបធាតុ ក្នុង​ចំណែក​ខាងក្រោម គឺ កាមធាតុ​ មិន​ឃើញថា នេះជា​អាត្មាអញ លុះរួច​ស្រឡះ​យ៉ាងនេះ​ហើយ ក៏បាន​ឆ្លងអន្លង់ (ទាំង ៤) ដែលខ្លួន​មិនធ្លាប់​ឆ្លង មិន​ប្រព្រឹត្តទៅ ដើម្បីភពថ្មី​ទៀតឡើយ។ សូត្រ ទី១។

២. ទុតិយលកុណ្ឌកភទ្ទិយសូត្រ

[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ​ឯង ព្រះសារីបុត្ត​ដ៏មាន​អាយុ សំគាល់​ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មានអាយុ ថាជា​សេក្ខៈ ក៏ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា​ច្រើន​ប្រការ មានប្រមាណ​ដ៏ក្រៃលែង។ កាល​ព្រះមានព្រះភាគ ទ្រង់បាន​ឃើញ​​ព្រះសារីបុត្ត​ដ៏មានអាយុ សំគាល់​ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មានអាយុ ថាជា​សេក្ខៈ ក៏ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យ​កាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថា​ច្រើនប្រការ មាន​ប្រមាណ​ដ៏ក្រៃលែង។ លុះ​ព្រះមាន​ព្រះភាគ បានជ្រាប​ច្បាស់សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលបានកាត់ផ្តាច់វដ្តៈ បានដល់​ព្រះនិព្វាន មិនមាន​តណ្ហា ស្ទឹងរីងស្ងួត មិន​ហូរទៅ យ៉ាងណា កិលេសវដ្តៈ ដែលបុគ្គល​កាត់ហើយ រមែង​មិនប្រព្រឹត្ត​ទៅ (យ៉ាង​នោះដែរ) នេះជា​ទីបំផុត​ទុក្ខ។ សូត្រ ទី២។

៣. បឋមសត្តសូត្រ

[១៤៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ពួក​មនុស្ស​ក្នុង​ក្រុង​សាវត្ថី ជាប់ចំពាក់​ក្នុងកាម​ទាំងឡាយ ហួសវេលា​ដោយច្រើន ជាអ្នក​ត្រេកអរ ចង់បាន ​ជាប់​ចិត្ត វង្វេង ងល់ងប់  ស្រវឹងខ្លាំង ក្នុងកាម​ទាំងឡាយ។ លំដាប់នោះ ពួកភិក្ខុ​ជាច្រើន​រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​បិណ្ឌបាត ក្នុង​ក្រុង​សាវត្ថី។ លុះ​ត្រាច់ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថីរួច​ហើយ ត្រឡប់​អំពី​បិណ្ឌបាត​វិញ ក្នុងវេលា​ខាងក្រោយ​ភត្ត រួចចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​ក៏អង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុ​ទាំងនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកមនុស្ស​ក្នុង​ក្រុងសាវត្ថី​នេះ ជាប់ចំពាក់​ក្នុងកាម​ទាំងឡាយ ហួសវេលា​ដោយច្រើន ជាអ្នក​ត្រេកអរ ចង់បាន ​ជាប់ចិត្ត វង្វេង ងល់ងប់ ស្រវឹងខ្លាំង ក្នុងកាម​ទាំងឡាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ពួកបុគ្គលជាប់នៅ​ក្នុងកាមទាំងឡាយ ឈ្មោះថា អ្នកជាប់​នៅ​ក្នុងគ្រឿង​ជាប់​ចំពាក់ គឺកាម កាលបើ​មិនឃើញ​ទោស ក្នុង​សំយោជនៈ​ ឈ្មោះថា អ្នក​ជាប់នៅ​ក្នុងគ្រឿង​ជាប់ចំពាក់ គឺ សំយោជនៈ ឆ្លង​អន្លង់ដ៏ធំ​ទូលាយ មិនបាន​ដោយពិត។​សូត្រ ទី៣។

៤. ទុតិយសត្តសូត្រ

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ​ឯង ពួកមនុស្ស ក្នុងក្រុង​សាវត្ថី ជាប់នៅ​ក្នុងកាម​ទាំងឡាយ​ដោយច្រើន ជាអ្នក​ត្រេកអរ ចង់បាន ​ជាប់ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំង​ក្នុងកាម​ទាំងឡាយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់​បាត្រ ចីវរហើយ សេ្តចចូល​ទៅ​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី។ ព្រះមានព្រះភាគ ទ្រង់​ទត​ឃើញ​មនុស្ស​ទាំងនោះ ក្នុងក្រុង​សាវត្ថី ជាប់នៅ​ក្នុងកាម​ទាំងឡាយ​ជាច្រើន ចង់បាន ជាប់​ចិត្ត វង្វេង ងល់ងប់ ងងឹត ស្រវឹងខ្លាំង​ក្នុងកាម​ទាំងឡាយ។ លុះ​ព្រះមានព្រះភាគ ជា្របច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ជនទាំងឡាយ ដែលងងឹត​ព្រោះកាម ដែល​បណ្តាញ គឺតណ្ហា រួបរឹត ត្រូវ​ដម្បូល គឺ​តណ្ហាបិទបាំង ជាប់នៅ​ដោយ​កិលេសមារ ដូចជា​ពួកត្រីនៅ​ក្នុងលប តែង​ដល់នូវ​ជរា និង​មរណៈ ដូចជា​កូនគោ​នៅបៅដោះ តែងចូល​ទៅរកមេ។ សូត្រ​ ទី៤។

៥. អបរលកុណ្ឌកភទ្ទិយសូត្រ

[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ​ឯង ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មាន​អាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ អំពីខាង​ក្រោយ ៗ នៃពួក​ភិក្ខុជា​ច្រើន។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ព្រះលកុណ្ឋកភទ្ទិយៈ​ដ៏មានអាយុ មាន​រូបប្លែក មិនគួរ​ជ្រះថ្លា ទាបកន្តុញ មានរូប​គួរឲ្យភិក្ខុ​ជាច្រើន ចាប់ពាល់​លេង កំពុងដើរ​មកអំពី​ខាងក្រោយ ៗ នៃពួក​ភិក្ខុជាច្រើន អំពីចម្ងាយ លុះឃើញ​ហើយ ទ្រង់ត្រាស់​នឹងពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ឃើញ​ភិក្ខុនុ៎ះ ដែលមាន​រូបប្លែក មិនគួរ​ជ្រះថ្លា ទាបកន្តុញ មានរូប​គួរឲ្យពួក​ភិក្ខុជាច្រើន ចាប់​ពាល់លេង កំពុង​ដើរមក អំពីខាង​ក្រោយ ៗ នៃពួកភិក្ខុ​ជា​ច្រើន អំពីចម្ងាយ​ដែរឬ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំ​ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនុ៎ះ មានឫទ្ធិច្រើន មាន​អានុភាព​ច្រើន សមាបត្តិណា ដែលភិក្ខុ​នោះ​មិនធ្លាប់​បាន សមាបត្តិនោះ មិនមែន​បុគ្គលបាន​ដោយ​ងាយទេ កុលបុត្តទាំងឡាយ ចេញ​ចាកផ្ទះ ទៅបួស​ក្នុងផ្នួស​ដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់​អនុត្តរធម៌​ណា ភិក្ខុនោះ បាន​ត្រាស់ដឹង ធ្វើឲ្យ​ជាក់ច្បាស់ បាន​ដល់​អនុត្តរធម៌​នោះ មាន​ព្រហ្មចរិយៈ ជា​ទីបំផុត ដោយ​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​ដែរ។ លុះ​ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើប​ទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

រថ គឺអត្តភាព មានអវៈយវៈ​ឥតទោស មានដម្បូលស មានកាំ​តែមួយ រមែង​ប្រព្រឹត្ត​ទៅ​បាន អ្នកចូរ​មើល​អត្តភាព (នោះ) មានខ្សែ គឺ​តណ្ហាកាត់​ហើយ មិន​មាន​ចំណង មិនមាន​ទុក្ខ កំពុង​ដើរមក។ សូត្រ​ ទី៥។

៦. តណ្ហាសង្ខយសូត្រ

[១៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះអញ្ញាតកោណ្ឌញ្ញ​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន តម្រង់​កាយត្រង់ ក្នុងទីជិត​នៃ​ព្រះមានព្រះភាគ ហើយ​ពិចារណា តណ្ហាសង្ខយវិមុត្តិ គឺ​និព្វាន។ ព្រះមានព្រះភាគ ទ្រង់ទត​ឃើញ​ព្រះអញ្ញាតកោណ្ឌញ្ញ​ដ៏មានអាយុ អង្គុយ​ពែនភ្នែន តម្រង់​កាយត្រង់ ក្នុងទី​ជិត ​ហើយ​ពិចារណា​តណ្ហាសង្ខយវិមុត្តិ។ លុះ​ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ឫស គឺអវិជ្ជា និងផែនដី គឺអាសវៈ មិនមាន​ដល់​អរិយបុគ្គល​ណា ស្លឹក គឺសេចក្តី​ស្រវឹង ក៏​មិនមាន វល្លិ គឺមានះ នឹង​មានមក​អំពីណា បុគ្គល​ណា នឹងគួរ​តិះដៀល នូវ​អរិយបុគ្គល​នោះ ដែលជា​អ្នកប្រាជ្ញ ផុតចាក​ចំណង​បាន សូម្បី​ពួកទេវតា ក៏សរសើរ​បុគ្គល​នោះ ទាំងព្រហ្ម​ក៏សរសើរ​ដែរ។ សូត្រ ទី៦។

៧. បបញ្ចខយសូត្រ

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះ​ឯង ព្រះមាន​ព្រះភាគ ទ្រង់គង់​ពិចារណា​ការលះបង់​នូវការ​ពិចារណា​បបញ្ចសញ្ញា (សញ្ញាជាគ្រឿង​យឺតយូរ) របស់​ព្រះអង្គ។ លុះ​ព្រះមានព្រះភាគ ជ្រាបការ​លះបង់​នូវការ​ពិចារណា​បបញ្ចសញ្ញា របស់​ព្រះអង្គ​ហើយ ទើប​ទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បបញ្ចសញ្ញាក្តី ការមាំមួនក្តី មិនមាន​ដល់បុគ្គល​ណា បុគ្គលនោះ​ឈ្មោះថា បាន​កន្លង​កិលេសជាតិ​ជាគ្រឿង​តផង ជើងគុល គឺអវិជ្ជាផង មនុស្ស​លោក ព្រមទាំង​ទេវលោក ក៏មិនមើល​ងាយអ្នក​ប្រាជ្ញ ដែលគ្មាន​តណ្ហា ហើយ​ប្រព្រឹត្ត​ទៅ ដោយ​ញាណនោះ​បានឡើយ។ សូត្រ ទី៧។​​

៨. កច្ចានសូត្រ

[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមហាកច្ចានៈ​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន តម្រង់​កាយត្រង់ ផ្ចង់ចិត្ត​ទៅរក​កាយគតាសតិ ឲ្យមាន​មុខ​ឆ្ពោះ​ទៅ​ឰដ៏ខាង​ក្នុង ជិត​ព្រះមានព្រះភាគ។ ព្រះមាន​ព្រះភាគ ទ្រង់ទត​ឃើញ​ព្រះមហា​កច្ចានៈ​ដ៏មាន​អាយុ អង្គុយ​ពែនភ្នែន តម្រង់​កាយត្រង់ ផ្ចង់ចិត្ត​ទៅរក​កាយគតាសតិ ឲ្យមាន​មុខឆ្ពោះ​ទៅឰដ៏​ខាងក្នុង ក្នុងទីជិត​ហើយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់ សេចក្តី​នុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលានោះថា

កាយគតាសតិ ដែលបុគ្គល​ណា ដម្កល់​រឿយ ៗ គ្រប់កាល (កាយគតាសតិ​នោះ) មិន​មាន​ដល់បុគ្គល​នោះផង មិនមាន​ដល់​អាត្មាអញ (ក្នុង​អតីតកាល​ផង​) នឹង​មិនមាន​ដល់​អាត្មាអញ (ក្នុង​អនាគត​ផង) មិនមាន​ដល់​អាត្មាអញ (ក្នុង​កាល​ឥឡូវ​នេះ) ផង បុគ្គល​នោះ ឈ្មោះថា នៅដោយ​អនុបុព្វវិហារធម៌ គប្បីឆ្លង​តណ្ហា​ ជាពឹស ក្នុងកាល (ទាំង ៣) ក្នុង​ភពទាំង ៣ នោះ​បាន។ សូត្រ ទី៨។

៩. ឧទបានសូត្រ

[១៥៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សេ្តច​ទៅកាន់​ចារិក ក្នុងដែន​មល្លៈ ជាមួយ​នឹងភិក្ខុ​សង្ឃ​ជាច្រើនរូប ទ្រង់ចូល​ទៅដល់​ព្រាហ្មណគ្រាម ឈ្មោះ​ថូនៈ របស់ពួក​មល្លជន។ ពួកព្រាហ្មណ៍ និង​គហបតី អ្នក​ស្រុកថូនៈ បាន​ឮហើយ (ក៏ប្រកាស​ប្រាប់គ្នា) ថា ម្នាលគ្នា​យើង ឮថា សមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូល មកបួស ហើយស្តេច​មកកាន់​ចារិក ក្នុងដែន​មល្លៈ ជាមួយ​នឹងភិក្ខុ​សង្ឃ​ជា​ច្រើន បានមក​ដល់​ថូនព្រាហ្មណគ្រាម​ហើយ ក៏នាំ​គ្នាយកស្មៅ និងអង្កាម ចាក់​បំពេញ​អណ្តូង​ដរាប​ដល់មាត់ ដោយ​គិតថា កុំឲ្យ​សមណៈ​ត្រងោល​ទាំងនោះ​ផឹកទឹក​បាន។

[១៥៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញ​អំពីផ្លូវ សំដៅទៅ​រកដើម​ឈើ ១ ដើម លុះ​ចូល​ទៅដល់ ទ្រង់គង់​លើអាសនៈ ដែលភិក្ខុ​ក្រាល​ថ្វាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់គង់​ហើយ ទ្រង់ត្រាស់​ប្រើអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ អ្នកចូរ​ទៅដង​ទឹក អំពី​អណ្តូង​នុ៎ះ មកឲ្យ​តថាគត។ កាល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះ​ហើយ ព្រះអានន្ទ​ដ៏មាន​អាយុ ក្រាបបង្គំ​ទូលព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ឥណ្តូង​នោះ ពួកព្រាហ្មណ៍ និង​គហបតី អ្នក​ស្រុកថូនៈ​ យកស្មៅ និងអង្កាម ចាក់​បំពេញ ដរាប​ដល់​មាត់ ដោយ​គិតថា កុំឲ្យ​សមណៈត្រងោល​ទាំងនោះ​ផឹកទឹក​បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រើ​ព្រះអានន្ទ​ដ៏មាន​អាយុ ជាគំរប់​ពីរដង​ទៀតថា ម្នាលអានន្ទ អ្នកចូរ​ទៅ​ដងទឹក អំពីអណ្តូង​នុ៎ះមក​ឲ្យតថាគត។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូលព្រះមាន​ព្រះភាគ ជាគំរប់​ពីរដងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ អណ្តូង​នោះ ពួកព្រាហ្មណ៍ និង​គហបតី អ្នក​ស្រុកថូនៈ​ យកស្មៅ និងអង្កាម ចាក់បំពេញ​ដរាបដល់​មាត់ ដោយ​គិតថា កុំឲ្យ​សមណៈត្រងោល​ទាំងនោះ​ផឹកទឹក​បាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ប្រើព្រះអានន្ទ​ដ៏មាន​អាយុ ជាគំរប់​បីដង​ទៀតថា ម្នាល​អានន្ទ អ្នកចូរ​ទៅដងទឹក អំពី​អណ្តូងនុ៎ះ មកឲ្យ​តថាគត។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយ​ក៏កាន់បាត្រ ដើរចូលទៅ​ត្រង់អណ្តូង​នោះ។ កាលបើ​ព្រះអានន្ទ​ដ៏មាន​អាយុ ចូលទៅ ក៏ស្រាប់តែ​​អណ្តូងខ្ពុរស្មៅ និងអង្កាម​ទាំងអស់​នោះ ចេញ​អំពីមាត់ ពេញពោរ​ដោយទឹកថ្លា​មិនល្អក់ ស្អាតដរាប​ដល់មាត់​វិញ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មាន​អាយុ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អើ អស្ចារ្យណាស់​ហ្ន៎  អើចំឡែក​ណាស់ហ្ន៎ ព្រះតថាគត​មានឫទ្ធិច្រើន មានអានុភាព​ច្រើន ព្រោះថា អណ្តូងនេះ កាល​អាត្មាអញ ចូលទៅ​ជិត ក៏ស្រាប់​តែខ្ពុរស្មៅ និងអង្កាម​ទាំងអស់​នោះ ចេញ​អំពីមាត់ ទៅជាពេញ​ពោរដោយ​ទឹកថ្លា មិនល្អក់ ស្អាត​ដរាប​ដល់មាត់​ទៅវិញ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ដងទឹក ដោយ​បាត្រ ហើយយក​ចូលទៅ​ថ្វាយ​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំឡែក​ណាស់ ព្រោះ​ព្រះតថាគត មានឫទ្ធិ​ច្រើនមែន មាន​អានុភាព​ច្រើនមែន  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា អណ្តូងនោះ កាលខ្ញុំ​ព្រះអង្គ ចូលទៅ​ជិត ក៏ស្រាប់​តែខ្ពុរស្មៅ និង​អង្កាម​ទាំងអស់​នោះ ចេញអំពីមាត់​ ពេញពោរ​ដោយទឹកថ្លា មិនល្អក់ ស្អាតដរាប​ដល់មាត់​ទៅវិញ សូមនិមន្ត​ព្រះមាន​ព្រះភាគ​សោយទឹក សូម​និមន្ត​ព្រះសុគត​សោយទឹក។ លុះ​ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលគប្បីធ្វើអណ្តូងប្រយោជន៍អ្វី បើទឹកមាន​នៅ​គ្រប់កាលហើយ តថាគត​កាត់​តណ្ហា​តាំងពីឫស​បានហើយ គប្បីត្រាច់ទៅ​ស្វែងរកទឹក ដូចម្តេច​ទៀត។ សូត្រ ទី៩។

១០. ឧតេនសូត្រ

[១៥៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ឃោសិតារាម ជិត​ក្រុង​កោសម្ពី។ សម័យនោះ​ឯង កាល​ព្រះបាទ​ឧទេន​សេ្តចទៅ​កាន់ឧទ្យាន មានភ្លើង​ឆេះខាង​ក្នុងព្រះរាជ​វាំង ពួកស្រ្តី​ទាំង ៥០០ នាក់ មាននាង​សាមាវតី ជា​ប្រធាន​ ធ្វើមរណកាល​ទាំងអស់។ គ្រានោះ ពួកភិក្ខុ​ជាច្រើន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ​ ក្នុង​បុព្វណ្ហ​សម័យ​ ចូលទៅ​បិណ្ឌបាត​ក្នុងក្រុង​កោសម្ពី។ លុះត្រាច់​បិណ្ឌបាត ក្នុងក្រុង​កោសម្ពី​ហើយ ត្រឡប់​អំពីបិណ្ឌបាត​វិញ ក្នុងវេលា​ខាងក្រោយ​ភត្ត ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុ​ទាំង​នោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ បានក្រាប​ទូល​ព្រះមានព្រះភាគ​ថា​ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទី​ឯណោះ កាល​ព្រះបាទឧទេន ទ្រង់ស្តេច​ទៅកាន់​ឧទ្យាន មានភ្លើងឆេះ​ខាងក្នុង​ព្រះ​រាជវាំង ពួកស្រ្តី​​ទាំង ៥០០ នាក់ មាននាង​សាមាវតី​ជាប្រធាន ធ្វើ​មរណកាល​ទាំងអស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គតិ​របស់​ឧបាសិកា​ទាំងនោះ តើដូចម្តេច លោក​ខាងមុខ តើដូច​ម្តេច។​ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ឧបាសិកា​ទាំងនុ៎ះ ឧបាសិកា​ជា​សោតាបន្នា​ក៏មាន ជា​សកទាគាមិនី​ក៏មាន ជា​អនាគាមិនី​ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ឧបាសិកា​ទាំងអស់​នោះ ដែលធ្វើ​កាល​កិរិយា មិនមែន​ឥតផលទេ។ លុះ​ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

សត្វលោក មានមោហៈជាចំណង ប្រាកដ​ដូចជាមាន​រូបចំរើន បុគ្គល​ពាល  មាន​ឧបធិកិ្កលេស ជាចំណង ត្រូវ​ងងឹត គឺអវិជ្ជា​ចោមរោម​ហើយ ប្រាកដ​ដូចជា​ទៀងទាត់​ សេចក្តី​កង្វល់​ មានរាគៈ​ជាដើម​ របស់​បុគ្គលអ្នក​ពិចារណា ឃើញ​ច្បាស់ មិនមាន​ទេ។ សូត្រ ទី១០។

ចប់ ចូឡវគ្គ ទី៧។

ឧទ្ទាននៃចូឡវគ្គនោះគឺ 

និយាយអំពីព្រះលកុណ្ឋកភទ្ទិយៈ មាន ២ លើក អំពីពួកជន ជាប់ក្នុង​កាម មាន ២ លើក អំពី​ព្រះលកុណ្ឋកភទ្ទិយៈ ១ អំពីការ​អស់​តណ្ហា ១ អំពី​ការអស់​បបញ្ចសញ្ញា​ ១ អំពី​ព្រះកច្ចានៈ ១ អំពី​អណ្តូង​​ ១ អំពី​ព្រះបាទ​ឧទេន ១។

ឧទាន បាដលិគ្គាមិយវគ្គ ទី៨

១. បឋមនិព្វានបដិសំយុត្តសូត្រ

[១៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមាន​ព្រះភាគ ទ្រង់​ពន្យល់​ភិក្ខុ​ទាំងឡាយ ឲ្យយល់​ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ប្រកប​ដោយ​ព្រះនិព្វាន ​ពួកភិក្ខុ​ទាំងនោះ បានធ្វើ​ឲ្យ​ជា​ប្រយោជន៍ ធ្វើទុក​​ក្នុង​ចិត្ត ប្រមូល​មកនូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត​ ផ្ចង់ត្រចៀក​ស្តាប់ធម៌។ លំដាប់នោះ ព្រះមាន​ព្រះភាគ​ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ  ក្នុងវេលា​នោះថា​

ម្នាលភិក្ខុទាំងឡាយ អាយតនៈ [ពាក្យថា អាយតនៈ ក្នុងទីនេះ សំដៅយក​និព្វាន ដែលជា​ហេតុរបស់​ផលញ្ញាណ។ អដ្ឋកថា។] នោះ​ រមែង​មានពិត​ ដីមិនមាន ទឹក​មិនមាន​  ភ្លើង​មិនមាន ខ្យល់​មិនមាន អាកាសានញ្ចាយនៈ​មិនមាន វិញ្ញាណញ្ចាយតនៈ មិនមាន អាកិញ្ចញ្ញា​យតនៈ​មិនមាន នេវសញ្ញានាសញ្ញាយតនៈ​មិនមាន លោក​នេះ មិនមាន លោកមុខ​មិនមាន ព្រះចន្ទ និងព្រះអាទិត្យ​ទាំងពីរ​ក៏មិនមាន ក្នុង​ព្រះនិព្វាន​ណា ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោល​ព្រះនិព្វាន​នោះថា មិនមាន​ដំណើរ​មក​ មិនមាន​ដំណើរទៅ​ មិនមាន​ការតាំងនៅ មិនមាន​ការច្យុតិ មិនមាន​ការកើត មិនមាន​ទី​ជាទីតាំង មិន​ប្រព្រឹត្តទៅ មិនមាន​អារម្មណ៍ ព្រះនិញ្វន​នោះ ជាទី​បំផុត​នៃទុក្ខ​តែម្យ៉ាង។ សូត្រ ទី​១។

២. ទុតិយនិព្វានបដិសំយុត្តសូត្រ

[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់​ភិក្ខុ​ទាំងឡាយ ឲ្យយល់​ច្បាស់ ឲ្យកាន់​យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ប្រកបដោយ​ព្រះនិព្វាន។ ភិក្ខុទាំងនោះ ធ្វើឲ្យ​ជាប្រយោជន៍ ធ្វើទុក​ក្នុងចិត្ត ប្រមូលមក​នូវធម្មទេសនា​ទាំងអស់​ដោយចិត្ត ផ្ចង់ត្រចៀក​ស្តាប់ធម៌។  លំដាប់នោះ ព្រះមាន​ព្រះភាគ​ ទ្រង់ជ្រាប​ច្បាស់សេចក្តី​នុ៎ះ ទើបទ្រង់​បន្លឺឧទាន​នេះ  ក្នុងវេលា​នោះថា​

ធម្មតាព្រះនិព្វាន បុគ្គលឃើញ​បានដោយក្រ និព្វានសច្ចៈ មិនមែន​សម្រាប់​ឃើញ​បាន​ដោយងាយ​ទេ កិលេស ជាគ្រឿង​កង្វល់ រមែង​មិនមាន​ដល់បុគ្គល​កាលដឹង កាលឃើញ​តណ្ហា ព្រោះ​ត្រាស់ដឹង (នូវសច្ចៈ​)។ សូត្រ ទី​២។

៣. តតិយនិព្វានបដិសំយុត្តសូត្រ

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ សម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់​ពួកភិក្ខុ ឲ្យយល់​ច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ប្រកប​ដោយ​ព្រះនិព្វាន។ ភិក្ខុ​ទាំងនោះ ធ្វើឲ្យ​ជា​ប្រយោជន៍ ធ្វើទុក​ក្នុងចិត្ត ប្រមូល​មកនូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត ផ្ចង់ត្រចៀក​ស្តាប់ធម៌។  លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា​

ម្នាលភិក្ខុទាំងឡាយ ​ ព្រះនិព្វានឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ [ព្រះនិព្វានដែលឈ្មោះថា អជាតៈ នោះ ព្រោះ​មិនមាន​សេចក្តី​ព្រមព្រៀង ដោយហេតុ​នាំឲ្យកើត​ទៀត។ ដែលឈ្មោះ​ថា អភូតៈ នោះ បានដល់​ការមិន​ប្រាកដ​នៃ​មហាភូតរូប។ ដែលឈ្មោះថា អកតៈ នោះ គឺ​មិនមាន​ហេតុណា​មួយ គួរធ្វើ​តទៅទៀតទេ។ ដែលឈ្មោះថា អសង្ខតៈ នោះ គឺ​ប្រាសចាក​បច្ច័យ​ទាំងឡាយ មានអវិជ្ជា​ជាដើម។ អដ្ឋកថា។] មាន​ប្រាកដ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិន​ណាបើ​ព្រះនិព្វាន​នោះ​ឈ្មោះថា អជាតៈ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ មិនមានទេ ការរលាស់​ចេញនូវ​កិលេស ដែលនាំ​ឲ្យកើត​មហាភូតរូប ដែលប្រាកដ​នូវហេតុ​ ដែលធ្វើ​នូវបច្ច័យ​ដែលតាក់​តែង ក្នុង​លោកនេះ ក៏មិន​ប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះនិព្វាន ឈ្មោះថា អជាតៈ​ ឈ្មោះថា អភូតៈ ឈ្មោះថា អកតៈ ឈ្មោះថា អសង្ខតៈ រមែងមាន​ប្រាកដ ព្រោះ​ហេតុណា ហេតុនោះ ការរលាស់​ចេញនូវ​កិលេស ដែលនាំ​ឲ្យកើត​មហាភូតរូប​​ក៏ប្រាកដ នូវហេតុ​ដែលគួរ​ធ្វើ នូវ​បច្ច័យ​ជាទី​តាក់តែង ក៏រមែង​ប្រាកដ។ សូត្រ ទី៣។

៤. ចតុត្ថនិព្វានបដិសំយុត្តសូត្រ

[១៦១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់​ពួកភិក្ខុ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ប្រកប​ដោយ​ព្រះនិព្វាន។ ភិក្ខុទាំងនោះ បានធ្វើ​ឲ្យជា​ប្រយោជន៍ ធ្វើទុក​ក្នុងចិត្ត ប្រមូល​មកនូវ​ធម្មទេសនា​ទាំងអស់​ដោយចិត្ត ផ្ចង់ត្រចៀក​ស្តាប់ធម៌។ លំដាប់នោះ ព្រះមាន​ព្រះភាគ​ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ ទើបទ្រង់​បន្លឺឧទាន​នេះ  ក្នុងវេលា​នោះថា​

ការញាប់ញ័រ របស់បុគ្គលអ្នកអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) រមែងមាន ការ​ញាប់ញ័រ របស់​បុគ្គលអ្នក​មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) មិនមាន កាលបើ​សេចក្តី​ញាប់ញ័រ មិនមាន បស្សទ្ធិ (សេចក្តីស្ងប់) ក៏កើត​មានឡើង កាលបើ​បស្សទ្ធិ មាន តម្រេក​ក៏រមែង​មិនមាន កាលបើ​តម្រេក មិនមាន ដំណើរ​មក និងដំណើរ​ទៅ ក៏មិនមាន កាលបើ​ដំណើរមក ដំណើរ​ទៅ​មិនមាន  ការច្យុតិ និង​ការកើត ក៏មិនមាន កាលបើ​ការច្យុតិ និងការកើត មិនមាន ដំណើរ​ទៅមក ក្នុង​ឥធលោក និងបរលោក ក៏មិនមាន ទាំង​មិនមាន ក្នុងរវាង​នៃលោក​ទាំងពីរ នេះជា​ទីបំផុត​នៃទុក្ខ។ សូត្រ ទី៤។

៥. ចុន្ទសូត្រ

[១៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់​ចារិក ក្នុងជនបទ​ឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវា។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងមល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង អម្ពវ័នរបស់អញ ទៀបក្រុងបាវា។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។  លុះ​ចុន្ទកម្មារបុត្ត អង្គុយ​ក្នុងទី​សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ពន្យល់​ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែល​ព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយ ក៏បានក្រាបបង្គំទូល ​ព្រះមានព្រះភាគ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមានព្រះភាគ ព្រមទាំង​ភិក្ខុសង្ឃ ទទួលភត្ត​របស់ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់​ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ គ្រានោះ ចុន្ទកម្មារបុត្ត​ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោក​ចាកអាសនៈ ថ្វាយបង្គំលា​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀស​ចេញទៅ។ គ្រានោះ កាលរាត្រីនោះ កន្លងហើយ ទើប​ចុន្ទកម្មារបុត្ត ឲ្យគេ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ មានរស​ដ៏ឆ្ងាញ់​ពិសា ព្រមទាំង​សូករមទ្ទវៈ [ពាក្យថា សូករមទ្ទវៈនេះ លោក​ពោលទុក​ក្នុង​មហាអដ្ឋកថា ថា ឈ្មោះ​សាច់ជ្រូក​ដែលស្លាប់ស្រាប់ ដែលជាសាច់ជ្រូក​ទន់ស្និទ្ធ។ អាចារ្យ​មួយពួក ពោលថា ពាក្យថា សូករមទ្ទវៈនេះ មិនមែន​សាច់ជ្រូកទេ គឺជា​ទំពាំងឫស្សី ដែលជ្រូកឈ្មុស។ អាចារ្យ​ដោយឡែក​ទៀត​ពោលថា ផ្សិត​ដែលដុះត្រង់​ប្រទេស​ដែល​ជ្រូកឈ្មុស។ មួយទៀត អាចារ្យដទៃ បានពោល​ថា ម្ហូបនេះ ជាភោជន​មានរស​មួយបែប មានឈ្មោះថា សូករមទ្ទវៈ ព្រោះថា នាយចុន្ទកម្មារបុត្ត បានប្រគេន​សូករមទ្ទវៈ​នោះ ដើម្បី​ឲ្យ​ព្រះសាស្តា​គង់​ព្រះជន្មនៅ​បានយូរ ព្រោះឮថា ព្រះមានព្រះភាគ នឹង​បរិនិព្វាន​ក្នុងថ្ងៃនេះ​ ហើយគិតថា ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ​សោយ​សូករមទ្ទវៈ​នោះហើយ គប្បីគង់​ព្រះជន្មនៅបានយូរអេះ។ អដ្ឋកថា។] ដ៏ច្រើន ក្នុងផ្ទះ​របស់ខ្លួន ហើយ​ឲ្យគេទៅ​ក្រាបបង្គំ​ទូល​ភត្តកាល ដល់ព្រះមាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលគួរ​ហើយ ភត្តសម្រេចហើយ។ គ្រានោះ​ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយសេ្តចចូលទៅកាន់លំនៅនៃចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់នឹងចុន្ទកម្មារបុត្តថា​ ម្នាលចុន្ទ សូករមទ្ទវៈណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាសតថាគត ដោយសូករមទ្ទវៈ នោះចុះ ឯខាទនីយភោជនីយាហារណា ក្រៅពីនេះ ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាស​ចំពោះភិក្ខុសង្ឃ​ដោយខាទនីយភោជនីយាហារនោះចុះ។ ចុន្ទកម្មារបុត្ត ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយអង្គាស​ព្រះមានព្រះភាគ​ដោយសូករមទ្ទវៈ ដែលខ្លួនតាក់​តែងហើយ អង្គាស​ភិក្ខុសង្ឃ ដោយ​ខាទនីយ​ភោជនីយាហារ​ដទៃ ដែលខ្លួន​តាក់តែងហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ចុន្ទកម្មារបុត្ត​ថា ម្នាលចុន្ទ សូករមទ្ទវៈណា របស់អ្នក​ដែលនៅសល់ អ្នកចូរកប់​សូករមទ្ទវៈ​នោះ ក្នុងរណ្តៅចុះ ម្នាលចុន្ទ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្ស​ដ៏សេស តថាគត មិនឃើញ​បុគ្គលណាមួយ ដែល​បរិភោគ​នូវ​សូករមទ្ទវៈ​នោះ​ហើយ សូរកមទ្ទវៈនោះ ដល់នូវការ​រលួយទៅ​ដោយល្អឡើយ វៀរលែង​តែព្រះតថាគត​ចេញ។ ចុន្ទកម្មារបុត្ត ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ស្រេចហើយ ក៏កប់​សូករមទ្ទវៈ ដែលសល់នៅ ទៅក្នុង​រណ្តៅ ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ​​ អង្គុយ​ក្នុងទី​សមគួរ។ លុះ​ចុន្ទកម្មារបុត្ត អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ពន្យល់ ឲ្យ​យល់ច្បាស់ ឲ្យ​កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ហើយ​ក្រោកចាក​អាសនៈ សេ្តចចៀស​ចេញ​ទៅ។

[១៦៣] គ្រានោះ កាលព្រះមានព្រះភាគ ឆាន់ភត្ត​របស់​ចុន្ទកម្មារបុត្ត​រួចហើយ​ ព្រះ​អាពាធ​ដ៏ខ្លាំង ក៏កើតឡើង វេទនា​ដ៏ក្លៀវក្លា កើតអំពី​លោហិតបក្ខន្ទិកាពាធ (អាពាធ​ចុះ​ព្រះលោហិត) ជិត​ដល់មរណៈ​ ក៏ប្រព្រឹត្ត​ទៅ​។ បានឮថា ក្នុងទីនោះ​ ព្រះមានព្រះភាគ មានព្រះសតិ និង​សម្បជញ្ញៈ​មិនបាន​លំបាក ដោយទ្រង់អត់​សង្កត់​វេទនា​នោះបាន។ វេលា​នោះឯង ព្រះមានព្រះភាគ ត្រាស់នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ មក យើងនឹង​ទៅ​ឯនគរ​កុសិនារា។ ព្រះអានន្ទ​ដ៏មាន​អាយុ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។

ខ្ញុំបានឮថា ព្រះពុទ្ធជា​អ្នកប្រាជ្ញ ទ្រង់​សោយភត្ត​របស់​ចុន្ទកម្មារបុត្ត​ហើយ ទ្រង់​មាន​ព្រះអាពាធ​ជាទម្ងន់ ជិតនឹង​មរណៈ។ ព្យាធិ​ដ៏ខ្លាំងក្លា កើតដល់​ព្រះសាស្តា ដែល​សោយ​សូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់​ព្រះអាពាធ​ ចុះ​ព្រះលោហិត រឿយ ៗ ទើបមាន​ព្រះពុទ្ធ​តម្រាស់​ថា តថាគត​នឹងទៅកាន់​ក្រុង​កុសិនារា។

[១៦៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀស​ចេញអំពី​ផ្លូវ ទ្រង់ចូល​ទៅកាន់​ម្លប់ឈើ​មួយដើម លុះចូល​ទៅ​ដល់ហើយ ទ្រង់​ប្រើព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​ក្រាល​សង្ឃាដិ​មានជាន់ ៤ ឲ្យតថាគត​ដោយឆាប់ តថាគត​ល្ហិតល្ហៃ​ណាស់ តថាគត​នឹង​អង្គុយ​សិន។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយ​ក្រាល​សង្ឃាដិ​មានជាន់ ៤ ថ្វាយ។ ព្រះមានព្រះភាគ ក៏គង់លើ​អាសនៈ ដែល​ព្រះអានន្ទ​ក្រាលថ្វាយ។  លុះ​ព្រះមានព្រះភាគ គង់ស៊ប់​ហើយ ទ្រង់ប្រើ​ព្រះអានន្ទ​ថា ម្នាលអានន្ទ ចូរអ្នក​ទៅដងទឹក​មកឲ្យ​តថាគត​ដោយឆាប់ ម្នាល​អានន្ទ តថាគត​ស្រេកទឹក​ណាស់ តថាគត​នឹងឆាន់ទឹក​បន្តិច។ កាលបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាបថ្វាយ​បង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អម្បាញ់​មិញនេះ រទេះ​ចំនួន ៥០០ បរឆ្លង​ទៅហើយ ទឹកនោះ​តិច កង់រទេះ​ក៏កិន ល្អក់វឹកវរ​ហូរមក បពិត្រ​ព្រះអង្គ​ដ៏ចំរើន កុកុដានទី ជិតនៅ​នេះ មានទឹកថ្លា មានរសជាត​ស្រួល មានទឹក​ត្រជាក់ មាន​ទឹករងថ្លា មានកំពង់​រាបទាប គួរជា​ទីរីករាយ​ក្នុងស្ទឹង​នោះ ព្រះមានព្រះភាគ នឹង​សោយទឹក​ក៏បាន នឹង​ស្រង់ព្រះកាយ​ឲ្យត្រជាក់​ស្រួល ក៏បាន។ ព្រះមានព្រះភាគ ត្រាស់ប្រើ​ព្រះអានន្ទដ៏​មានអាយុ ជាគំរប់ពីរ​ដង​ទៀតថា ម្នាលអានន្ទ ចូរអ្នក​ដងទឹក​មកឲ្យ​តថាគត​ដោយឆាប់ ម្នាលអានន្ទ តថាគត​ស្រេកទឹក​ណាស់ តថាគត​នឹងឆាន់។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាប​បង្គំទូល​ព្រះមាន​ព្រះភាគ ជាគំរប់ពីរ​ដងទៀត​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អម្បាញ់​មិញនេះ រទេះ​ចំនួន​ ៥០០ បរឆ្លង​ទៅហើយ ទឹកនោះ​តិច កង់រទេះកិន ល្អក់វឹកវរ​ហូរមក បពិត្រ​ព្រះអង្គ​ដ៏ចំរើន កុកុដានទី នៅជិតនេះ មានទឹកថ្លា មានរសជាត​ស្រួល មានទឹក​ត្រជាក់ មាន​ទឹករងថ្លា មាន​កំពង់​រាបទាប គួរជាទី​រីករាយ​ក្នុងស្ទឹង​នោះ ព្រះមានព្រះភាគ នឹងសោយ ក៏បាន នឹងស្រង់​ព្រះកាយ​ឲ្យត្រជាក់ ក៏បាន។ ព្រះមានព្រះភាគ ត្រាស់​ប្រើព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​ ៣ ដង​ទៀតថា ម្នាល​អានន្ទ ចូរអ្នកទៅដង​ទឹកមកឲ្យ​តថាគត​ដោយឆាប់ ម្នាលអានន្ទ តថាគត​ស្រេក តថាគត​នឹងឆាន់។ ព្រះអានន្ទ​ដ៏មានអាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់យក​បាត្រ ដើរឆ្ពោះ​ទៅឯស្ទឹង​នោះ។

[១៦៥] គ្រានោះ ស្ទឹងដែលកង់រទេះបរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរ​ហូរមក​នោះ កាលដែល​ព្រះអានន្ទ​ដ៏មាន​អាយុ ចូលទៅ​ដល់ ទឹកស្ទឹង​ក៏ខ្វែ​ប្រែត្រឡប់​ជាថ្លាស្អាត មិន​ល្អក់វឹកវរ​ហូរមក។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះថា  យីអើ  អស្ចារ្យ​ណាស់ យីអើ ចំឡែកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាព​ច្រើន។ អម្បាញ់​មិញ ស្ទឹងដែលកង់​រទេះបរ​ឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរ​ហូរមកនេះ លុះដល់​អាត្មាអញ ចូលមក​ដល់ ទឹកស្ទឹង​ក៏ខ្វែប្រែត្រឡប់​ជាថ្លាស្អាត មិនល្អក់​វឹកវរ​ហូរមកវិញ។ ព្រះអានន្ទ យកបាត្រ​ទៅដងទឹក ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចំឡែកណាស់ ព្រះតថាគត មាន​ឫទ្ធិច្រើន មានអានុភាព​ច្រើន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ស្ទឹងនោះ កង់រទេះ​បរឆ្លងកាត់ មានទឹកតិច ល្អក់វឹកវរ​ហូរមក កាលបើ​ខ្ញុំ​ព្រះអង្គ ចូល​ទៅដល់ ស្ទឹងក៏ខ្វែ​ប្រែត្រឡប់​ជាថ្លា​ស្អាត​ មិនល្អក់​វឹកវរ​ទៅវិញ។ សូម​ព្រះមានព្រះភាគ សោយទឹក សូម​ព្រះសុគត សោយ​ទឹកចុះ។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់សោយ​ទឹកនោះ​ឯង។

[១៦៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាង​សំដៅទៅឯ​កុកុដានទី ជាមួយ​នឹងភិក្ខុ​សង្ឃ​ច្រើនរូប លុះចូល​ទៅដល់​ហើយ ក៏យាង​ចុះកាន់​កុកុដានទី ទ្រង់ស្រង់ និង​សោយស្រេច​ហើយ ទ្រង់ឡើង​មក រួច​យាង​ចូលទៅកាន់​អម្ពវ័ន លុះចូលទៅ​ដល់ហើយ ទ្រង់ត្រាស់​នឹងចុន្ទកៈដ៏មានអាយុ​ថា ម្នាល​ចុន្ទកៈ អ្នកចូរក្រាល​សង្ឃាដី​មានជាន់ ៤ ឲ្យ​តថាគត ម្នាល​ចុន្ទកៈ តថាគត​ល្ហិតល្ហៃណាស់ តថាគត​នឹងសិង។ ចុន្ទកភិក្ខុ​ដ៏មាន​អាយុ ទទួល​ស្តាប់ព្រះពុទ្ធ​ដីកា​របស់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ ហើយក្រាល​សង្ឃាដី​មានជាន់ ៤ ថ្វាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សម្រេច​នូវ​សីហសេយ្យា ផ្អៀងទៅ​ខាងស្តាំ ទ្រង់យក​ព្រះបាទ (ខាងឆ្វេង) ត្រួតលើ​ព្រះបាទ (ខាងស្តាំ) ទ្រង់មាន​សតិសម្បជញ្ញៈ​ធ្វើទុក​ក្នុងព្រះហ្ឫទ័យ​នូវ​ឧដ្ឋានសញ្ញា។ ចំណែក​ខាងចុន្ទកៈ​ដ៏មានអាយុ ក៏អង្គុយ​នៅចំពោះ​ព្រះភក្រ្ត នៃ​ព្រះមានព្រះភាគ ក្នុងទី​នោះដែរ។

[១៦៧] ព្រះពុទ្ធ ទ្រង់យាងចុះទៅកាន់​ស្ទឹង​កុកុដា ដែលមាន​ទឹកថ្លាឈ្វេង មានទឹក​ត្រជាក់ រងថ្លា ព្រះតថាគត ជាសាស្តាចារ្យ មិនមាន​បុគ្គល​ប្រៀបផ្ទឹម​បាន​ក្នុងលោក ព្រះអង្គ​មានសេចក្តី​លំបាក​ព្រះកាយ ទ្រង់ស្រង់ សោយ​ស្រេចហើយ ទើបយាង​ឡើងមក ព្រះសាស្តា មានភិក្ខុ​សង្ឃជា​បរិវារ គង់នៅ​ត្រង់​កណ្តាល។ ព្រះមានព្រះភាគ ជាសាស្តា ស្វែងរក​គុណធំ ញ៉ាំងធម៌​ទាំងឡាយ ឲ្យប្រព្រឹត្ត​ទៅ ក្នុងលោកនេះ ហើយយាង​មកកាន់​អម្ពវ័ន។ ត្រាស់ហៅ​ភិក្ខុ ឈ្មោះ​ចុន្ទកៈ​ថា អ្នកចូរ​ក្រាល​សង្ឃាដិ ៤ ជាន់ ឲ្យតថាគត​ចុះ តថាគត​នឹងសិង។ ចុន្ទកភិក្ខុ​នោះ កាលបើ​ព្រះសាស្តា ព្រះអង្គ​មាន​ព្រះហ្ឫទ័យ​អប់រំ ទ្រង់ដាស់​តឿន​ហើយ ក្រាល​សង្ឃាដិ ៤ ជាន់ ដោយ​ឆាប់រហ័ស។ ព្រះសាស្តា​ មាន​ព្រះកាយ​​លំបាក​​ក្រៃលែង ទ្រង់ផ្ទំ  ចំណែក​ចុន្ទកភិក្ខុ ក៏អង្គុយ​ចំពោះ​ព្រះភក្រ្ត  ក្នុងទីនោះ​ដែរ។

[១៦៨] គ្រានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មាន​អាយុ​មកថា ម្នាល​អានន្ទ បើមាន​បុគ្គល​ណាមួយ ញ៉ាំង​សេចក្តីក្តៅ​ក្រហាយ ឲ្យកើតឡើង ដល់​ចុន្ទកម្មារបុត្ត​ថា ម្នាល​​អាវុសោចុន្ទ អ្នក​ឥតលាភ អ្នកបាន​ធ្វើអំពើ​អាក្រក់ ព្រោះថា ព្រះតថាគត ទ្រង់​សោយ​បិណ្ឌបាត របស់អ្នក​ជាទី​បំផុត ហើយ​បរិនិព្វាន។ ម្នាលអានន្ទ អ្នកត្រូវ​បន្ទោបង់ នូវ​សេចក្តីក្តៅ​ក្រហាយ នៃ​ចុន្ទកម្មារបុត្ត យ៉ាងនេះថា​ ម្នាលអាវុសោ​ចុន្ទៈ លាភរបស់​អ្នក​ហើយ អ្នកបាន​ល្អហើយ ព្រោះថា ព្រះតថាគត ទ្រង់សោយ​បិណ្ឌបាត​របស់អ្នក​ជាទីបំផុត ហើយ​បរិនិព្វាន។ ម្នាល​អាវុសោ​ចុន្ទៈ ពាក្យនុ៎ះ អាត្មា​បានស្តាប់​ចំពោះ​ព្រះភក្រ្ត នៃ​ព្រះមាន​ព្រះភាគ បានទទួល​ចំពោះ​ព្រះភក្ត្រ នៃ​ព្រះមានព្រះភាគ​ថា បិណ្ឌបាត​ពីរនេះ មាន​ផល​ស្មើ ៗ គ្នា មាន​វិបាក​ស្មើ ៗ គ្នា មានផល​ច្រើនផង មាន​អានិសង្ស​ច្រើនផង ជាង​ពួក​បិណ្ឌបាត​ឯទៀត។ បិណ្ឌបាតពីរ តើដូចម្តេចខ្លះ។ គឺបិណ្ឌបាត ដែល​តថាគត ទ្រង់សោយ​ហើយ ត្រាស់ដឹង​អនុត្តរសម្មាសម្ពោធិ ១ បិណ្ឌបាត ដែល​តថាគត​សោយ​ហើយ​ បរិនិព្វាន ដោយ​អនុបាទិសេសនិព្វានធាតុ ១ បិណ្ឌបាត​ទាំងពីរ​នេះ មាន​ផលស្មើ ៗ គ្នា  មាន​វិបាក​ស្មើ ៗ គ្នា មានផល​ច្រើនផង មានអានិសង្ស​ច្រើនផង ជាងពួក​បិណ្ឌបាត​ឯទៀត។ កម្ម​ដែល​ចុន្ទកម្មារបុត្ត​ដ៏មានអាយុ សន្សំហើយ ជាកម្ម​ប្រព្រឹត្តទៅ​ដើម្បី​អាយុ កម្មដែល​ចុន្ទកម្មារបុត្ត​ដ៏មាន​អាយុ សន្សំហើយ ជាកម្ម​ប្រព្រឹត្តទៅ ដើម្បី​ពណ៌សម្បុរ កម្មដែល​ចុន្ទកម្មារបុត្ត​ដ៏មានអាយុ សន្សំហើយ ជាកម្ម​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សុខ កម្មដែល​ចុន្ទកម្មារបុត្ត​ដ៏មាន​អាយុ សន្សំ​ហើយ ជាកម្ម​ប្រព្រឹត្តទៅ ដើម្បី​សួគ៌ កម្មដែល​ចុន្ទកម្មារបុត្ត​ដ៏មាន​អាយុ សន្សំហើយ ជាកម្ម​ប្រព្រឹត្តទៅ ដើម្បីយស កម្ម​ដែល​ចុន្ទកម្មារបុត្ត​ដ៏មានអាយុ​សន្សំហើយ ជាកម្ម​ប្រព្រឹត្តទៅ ដើម្បី​ភាវៈជាធំ។ ម្នាលអានន្ទ អ្នកត្រូវ​បន្ទោបង់​នូវសេចក្តី​ក្តៅក្រហាយ របស់​ចុន្ទកម្មារបុត្ត​ចេញ​យ៉ាងនេះ​ឯង។ លំដាប់​នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ ទើប​ទ្រង់បន្លឺ​ឧទាននេះ ក្នុងវេលា​នោះថា

បុណ្យ រមែងចំរើន​ដល់បុគ្គល​អ្នកឲ្យ បុគ្គល​អ្នកសង្រួម រមែង​មិន​សន្សំទុក នូវពៀរ​ទេ អ្នកឈ្លាស រមែងលះបង់​កម្មដ៏លាមក បុគ្គល​បរិនិព្វាន ព្រោះ​អស់​ទៅ​នៃរាគៈ ​ទោសៈ មោហៈ។ សូត្រ ទី៥។

៦. បាដលិគាមិយសូត្រ

[១៦៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅកាន់​ចារិក ក្នុងដែន​មគធៈ ជាមួយ​នឹងភិក្ខុ​សង្ឃ​ច្រើនរូប បានទៅ​ដល់​បាដលិគ្រាម។ ពួក​ឧបាសក​ឧបាសិកា​អ្នក​បាដលិគ្រាម​បានឮ​ដំណឹងថា ព្រះមានព្រះភាគ ទ្រង់យាង​ទៅកាន់​ចារិក ក្នុងដែន​មគធៈ ជាមួយ​នឹងភិក្ខុ​សង្ឃច្រើនរូប ឥឡូវនេះ យាងមក​ដល់​បាដលិគ្រាម​ហើយ។ គ្រានោះឯង ពួកឧបាសក​ឧបាសិកា អ្នក​បាដលិគ្រាម ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះពួក​ឧបាសក​ឧបាសិកា អ្នក​បាដលិគ្រាម អង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ​ថា ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ ទទួល​រោង​សំណាក់ នៃពួក​ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយ​តុណ្ហីភាព។ គ្រានោះឯង ពួក​ឧបាសក ឧបាសិកា​អ្នក​បាដលិគ្រាម​ដឹងច្បាស់ថា ​ព្រះមានព្រះភាគ ទ្រង់ទទួល​ហើយ  ក្រោកចាក​អាសនៈ ​ក្រាបថ្វាយ​បង្គំលា​ព្រះមានព្រះភាគ ​ធ្វើ​ប្រទក្សិណ ហើយចូល​ទៅឯ​រោង​សំណាក់ ​លុះចូល​ទៅដល់​ហើយ ​ក៏ក្រាល​កម្រាល​ពេញក្នុង​រោងសំណាក់ តាក់តែង​អាសនៈ ដម្កល់​ភាជន៍ទឹក លើកឡើង​នូវប្រទីប​ប្រេង ហើយ​ចូលមក​គាល់​ព្រះមានព្រះភាគ  លុះ​ចូលមកដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ​ហើយ​ឋិតនៅ​ក្នុងទី​សមគួរ។ លុះពួក​ឧបាសក​ឧបាសិកា អ្នក​បាដលិគ្រាម ឋិតនៅ​ក្នុងទី​សមគួរហើយ ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ​ថា ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​រោងសំណាក់​នៃពួកខ្ញុំ​ព្រះអង្គ បានក្រាល​កម្រាល​ពេញ​ហើយ ​អាសនៈ​បានតាក់តែង​ហើយ ​ភាជន៍ទឹក​ បានដម្កល់​ទុកហើយ ទាំង​ប្រទីបប្រេង ក៏បាន​លើកឡើង​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ព្រះមានព្រះភាគ ទ្រង់​សំគាល់​កាលគួរ  ក្នុង​កាល​ឥឡូវនេះ។ ​គ្រានោះ ​ព្រះមានព្រះភាគ​ ​ទ្រង់ស្បង់ ប្រដាប់​បាត្រ ចីវរ ក្នុង​បុព្វណ្ហ​សម័យ ​ជាមួយ​ភិក្ខុសង្ឃ ​យាងទៅ​កាន់រោង​សំណាក់ ​លុះចូល​ទៅដល់​ហើយ ​ក៏លាង​ព្រះបាទា រួចចូល​ទៅកាន់​រោងសំណាក់ ទ្រង់គង់​បែរព្រះភក្ត្រ​ទៅទិស​ខាងកើត ​ផ្អែកនឹង​សសរ​កណ្តាល។ ចំណែកខាង​ភិក្ខុសង្ឃ លាងជើង​រួចហើយ ​ចូលទៅ​ឯរោង​សំណាក់  អង្គុយ​បែរមុខ​ទៅទិស​ខាងកើត ​ផ្អែកនឹង​ជញ្ជាំង​ខាងក្រោយ ​មាន​ព្រះមានព្រះភាគ​ពីខាង​មុខ ។ ពួក​ឧបាសក​ឧបាសិកា ​អ្នក​បាដលិគ្រាម ​លាងជើង​រួចហើយ ចូលទៅ​ឯរោង​សំណាក់  អង្គុយ​បែរមុខ​ទៅទិស​ខាងលិច ​ផ្អែកនឹង​ជញ្ជាំង​ខាងមុខ ​មាន​ព្រះមានព្រះភាគ  ពីខាង​មុខដែរ។

[១៧០] ​គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកឧបាសក​ឧបាសិកា អ្នក​បាដលិ​គ្រាម​មកថា ​ម្នាល​គហបតី​ទាំងឡាយ ទោស​នៃសីលវិបត្តិ របស់​បុគ្គល​ទ្រុស្តសីល​ មាន​ ៥ យ៉ាង។​ ទោស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​គហបតី​ទាំងឡាយ បុគ្គល​ក្នុងលោក​នេះ ជាអ្នក​ទ្រុស្តសីល វិបត្តិ​ចាកសីល តែង​ដល់នូវ​សេចក្តី​វិនាស​ភោគៈច្រើន ព្រោះមាន​សេចក្តី​ប្រមាទ​ជាហេតុ នេះជាទោស​នៃ​សីលវិបត្តិ របស់​បុគ្គល​ទ្រុស្តសីល ទី​១។ ម្នាល​គហបតី​ទាំងឡាយ មួយទៀត កិតិ្តស័ព្ទ​ដ៏អាក្រក់ របស់​បុគ្គល​ទ្រុស្តសីល វិបត្តិ​ចាកសីល​ផ្សាយ​ទៅ ​នេះជា​ទោសនៃ​សីលវិបត្តិ របស់​បុគ្គល​ទ្រុស្តសីល ទី​២។ ម្នាល​គហបតី​ទាំងឡាយ មួយទៀត បុគ្គល​ទ្រុស្តសីល ​វិបត្តិចាកសីល ចូលទៅ​រកបរិស័ទ​ណា ៗ  ទោះ​ខត្តិយបរិស័ទ​ក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតី​បរិស័ទ​ក្តី សមណ​បរិស័ទក្តី រមែង​មិនក្លៀវក្លា មានមុខ​ឱនចុះ នេះជា​ទោសនៃ​សីលវិបត្តិ របស់​បុគ្គល​ទ្រុស្តសីល ទី​៣។ ម្នាលគហបតី​ទាំងឡាយ មួយទៀត បុគ្គល​ទ្រុស្តសីល វិបត្តិចាក​សីល តែងធ្វើ​មរណកាល​ទាំងវង្វេង នេះជាទោស​នៃ​សីលវិបត្តិ របស់​បុគ្គលទ្រុស្ត​សីល ទី​៤។ ម្នាល​គហបតី​ទាំងឡាយ មួយ​ទៀត បុគ្គល​ទ្រុស្តសីល វិបត្តិចាក​សីល លុះបែក​ធ្លាយរាង​កាយ ស្លាប់ទៅ រមែងទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក នេះជា​ទោសនៃ​សីលវិបត្តិ របស់​បុគ្គល​ទ្រុស្តសីល ទី​៥។ ម្នាល​គហបតី​ទាំងឡាយ ទោសនៃ​សីលវិបត្តិ​ របស់​បុគ្គល​ទ្រុស្តសីល​ មាន ​៥ យ៉ាង​នេះឯង។ ម្នាល​គហបតី​ទាំងឡាយ អានិសង្ស​នៃ​សីលសម្បទា របស់​បុគ្គល​អ្នកមាន​សីល​នេះ ​មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាល​គហបតី​ទាំងឡាយ ក្នុងលោកនេះ បុគ្គល​មានសីល ​បរិបូណ៌​ដោយសីល តែងបាន​គំនរទ្រព្យ​ច្រើន មាន​សេចក្តី​មិនប្រមាទ​ជាហេតុ នេះជា​អានិសង្ស​នៃ​សីលសម្បទា របស់​បុគ្គល​មានសីល ទី​១។ ម្នាល​គហបតី​ទាំងឡាយ មួយទៀត កិតិ្តស័ព្ទ​ដ៏ពីរោះ ​របស់​បុគ្គល​មានសីល បរិបូណ៌​ដោយសីល តែង​ខ្ចរខ្ចាយ​ទៅ នេះជា​អានិសង្ស នៃ​សីលសម្បទា​របស់បុគ្គល​មានសីល ទី​២។ ម្នាល​គហបតី​ទាំងឡាយ មួយទៀត បុគ្គល​មានសីល បរិបូណ៌​ដោយសីល ចូលទៅ​រកបរិស័ទ​ណា ៗ ទោះជា​ខត្តិយបរិស័ទ​ក្តី ព្រាហ្មណ​បរិស័ទក្តី គហបតី​បរិស័ទ​ក្តី សមណ​បរិស័ទក្តី រមែង​ក្លៀវក្លា មិនមាន​មុខឱនចុះ នេះជា​អានិសង្ស​នៃ​សីលសម្បទា របស់បុគ្គល​មានសីល ទី​៣។ ម្នាល​គហបតី​ទាំងឡាយ មួយទៀត បុគ្គល​មានសីល បរិបូណ៌​ដោយសីល រមែង​មិនធ្វើ​មរណកាល​ទាំងវង្វេង នេះជា​អានិសង្ស​នៃសីលសម្បទា របស់បុគ្គល​មានសីល ទី​៤។  ម្នាល​គហបតី​ទាំងឡាយ មួយវិញ​ទៀត បុគ្គល​មានសីល បរិបូណ៌​ដោយសីល លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិ សួគ៌​ទេវលោក នេះជា​អានិសង្ស នៃសីល​សម្បទា របស់​បុគ្គល​មានសីល ទី​៥។ ម្នាល​គហបតី​ទាំងឡាយ អានិសង្ស​នៃ​សីលសម្បទា របស់បុគ្គល​មានសីល មាន ៥ យ៉ាង​នេះឯង។

[១៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ញ៉ាំងពួក​ឧបាសក​ឧបាសិកា អ្នក​បាដលិ​គ្រាម ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រី​ច្រើន ហើយទ្រង់​បញ្ជូនថា ម្នាល​គហបតី​ទាំងឡាយ រាត្រីភ្លឺ​ហើយ អ្នកទាំង​ឡាយ ចូរ​សំគាល់​កាលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ គ្រានោះឯង ពួកឧបាសក​ឧបាសិកា អ្នក​បាដលិគ្រាម ត្រេកអរ រីករាយ ចំពោះភាសិត​នៃព្រះមានព្រះភាគ ក្រោក​ចាក​អាសនៈ ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ធ្វើប្រទក្សិណ ចៀស​ចេញទៅ។ លំដាប់នោះឯង ព្រះមាន​ព្រះភាគ កាលពួក​ឧបាសក​ឧបាសិកា អ្នក​បាដលិគ្រាម ចៀស​ចេញទៅ មិនយូរប៉ុន្មាន ក៏យាងចូល​ទៅកាន់​សុញ្ញាគារស្ថាន។

[១៧២] សម័យនោះឯង មហាមាត្យ ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ កំពុង​កសាង​ក្រុង ក្នុងប្រទេស​បាដលិគ្រាម ដើម្បី​ការពារ​ពួកស្តេចលិច្ឆវី នៅក្នុង​ដែនវជ្ជី។ សម័យនោះ​ឯង ពួកទេវតា​ជាច្រើន​ទាំងពាន់ កំណត់​យកទី​ទាំងឡាយ ក្នុង​បាដលិគ្រាម។ ពួកទេវតា​មានស័ក្តិធំ កំណត់​យកទី​ទាំងឡាយ ក្នុង​ប្រទេសណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​ទាំងឡាយ មានស័ក្តិធំ រមែង​ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុង​ប្រទេស​នោះ​ដែរ។ ពួកទេវតា​មានស័ក្តិ​ជាកណ្តាល កំណត់​យក​ទីទាំងឡាយ ក្នុង​ប្រទេសណា  ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​ទាំងឡាយ មានស័ក្តិ​ជាកណ្តាល ក៏ឱន​ទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុង​ប្រទេស​នោះដែរ។ ពួកទេវតា​មានស័ក្តិទាប កំណត់​យក​ទីទាំងឡាយ ក្នុងប្រទេស​ណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​ទាំងឡាយ មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុង​ប្រទេស​នោះដែរ។ ព្រះមានព្រះភាគ មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លង​បង់ចក្ខុ​របស់មនុស្ស​សាមញ្ញ បានទ្រង់​ឃើញពួក​ទេវតា​ទាំងពាន់​នោះ ដែល​កំពុង​កំណត់​យកទី​ទាំងឡាយ ក្នុង​បាដលិគ្រាម ​ពួកទេវតា​មានស័ក្តិធំ កំណត់​យកទី​ទាំងឡាយ ក្នុងប្រទេស​ណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​ទាំងឡាយ ​មានស័ក្តិធំ ក៏ឱន​ទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុងប្រទេស​នោះដែរ។ ពួកទេវតា​មានស័ក្តិ​ជាកណ្តាល ​កំណត់​យកទី​ទាំងឡាយ ក្នុង​ប្រទេសណា ចិត្តរបស់​ព្រះរាជា និង​រាជមហាមាត្យ​ទាំងឡាយ  មាន​ស័ក្តិជា​កណ្តាល ក៏ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុងប្រទេស​នោះដែរ។ ពួកទេវតា​មាន​ស័ក្តិទាប កំណត់​យកទី​ទាំងឡាយ ក្នុង​ប្រទេស​ណា ចិត្តរបស់​ព្រះរាជា និង​មហាមាត្យ​ទាំងឡាយ ​មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុង​ប្រទេស​នោះដែរ។  គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់តើន​ឡើង ក្នុង​បច្ចូសសម័យ​នៃរាត្រីនោះ​ហើយ ត្រាស់សួរ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អានន្ទ នរណាហ្ន៎ កំពុង​កសាងក្រុង ក្នុងប្រទេស​បាដលិគ្រាម។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និង​វស្សការៈ កសាង​ក្រុង​ក្នុង​បាដលិគ្រាម ដើម្បីការពារ​ពួកស្តេច​លិច្ឆវី ក្នុង​ដែនវជ្ជី។ ម្នាល​អានន្ទ មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និង​វស្សការៈ ហាក់ដូច​ជា​បាន​ប្រឹក្សាគ្នា ជាមួយ​នឹងពួក​ទេវតា ក្នុង​ឋានតាវត្តឹង្ស​ យ៉ាងណា​មិញ។ ម្នាលអានន្ទ មហាមាត្យ ក្នុងដែន​មគធៈ​ឈ្មោះ​សុនីធៈ និង​វស្សការៈ កសាងក្រុង​បាដលិគ្រាម ដើម្បី​ការពារ​ពួកស្តេច​លិច្ឆវី ក្នុងដែន​វជ្ជី ក៏យ៉ាងនោះ​ដែរ។ ម្នាលអានន្ទ អម្បាញ់​មិញនេះ តថាគត មាន​ទិព្វចក្ខុ​ដ៏បរិសុទ្ធ កន្លងបង់​ចក្ខុរបស់​មនុស្សសាមញ្ញ បានឃើញ​ពួកទេវតា​ជាច្រើន​ទាំងពាន់ កំពុង​កំណត់យក​ទីទាំងឡាយ ​ក្នុង​បាដលិគ្រាម។ ពួកទេវតា​មានស័ក្តិធំ កំណត់​យកទី​ទាំងឡាយ ក្នុងប្រទេស​ណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​មានស័ក្តិធំ ក៏ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុង​ប្រទេស​នោះដែរ។ ពួកទេវតា​មានស័ក្តិ​ជាកណ្តាល កំណត់​យកទី​ទាំងឡាយ ក្នុង​ប្រទេសណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​មានស័ក្តិ​ជាកណ្តាល  ក៏ឱន​ទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុងប្រទេស​នោះដែរ។ ពួកទេវតា​មានស័ក្តិ​ទាប កំណត់​យកទី​ទាំងឡាយ ក្នុងប្រទេស​ណា ចិត្តរបស់​ព្រះរាជា និងរាជ​មហាមាត្យ​មានស័ក្តិទាប ក៏ឱនទៅ ដើម្បីកសាង​និវេសនដ្ឋាន ក្នុងប្រទេស​នោះដែរ។  ម្នាល​អានន្ទ ទីប្រជុំ​របស់​អរិយបុគ្គល ដែលមាន​ទាំងប៉ុន្មាន ផ្លូវជំនួញ ដែលមាន​ទាំងប៉ុន្មាន ក្រុង​បាដលិបុត្តនេះ ជានគរ​ដ៏ប្រសើរ និងជា​កន្លែងធ្លាយ​បង្វេចទ្រព្យ [នគរបាដលិបុត្ត​នេះ ជាកន្លែង​សម្រាប់​ស្រាយ​បង្វេចទ្រព្យ របស់​បុគ្គល​អ្នកមានទ្រព្យ គឺជានគរ​សម្បូណ៌​ហូរហៀរ ដោយទ្រព្យសម្បត្តិ។]។ ម្នាលអានន្ទ ​ក្រុង​បាដលិបុត្ត មុខជា​នឹងមាន​សេចក្តី​អន្តរាយ ៣ យ៉ាង គឺ​អន្តរាយ​អំពីភ្លើង ១ អំពីទឹក ១ អំពីការ​បែកចាក​គ្នានឹងគ្នា ១។

[១៧៣] គ្រានោះ មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ធ្វើ​សេចក្តី​រីករាយ ជាមួយ​នឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែលគួរ​រីករាយ និងពាក្យ​ដែលគួរ​រលឹកហើយ ទើប​ឋិតនៅ​ក្នុងទី​សមគួរ។ ​លុះ​មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និងវស្សការៈ​ឋិតនៅ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា សូម​ព្រះគោតម​ដ៏ចំរើន ទទួល​ភត្តរបស់​ខ្ញុំព្រះអង្គ​ទាំងឡាយ ដើម្បីឆាន់​ក្នុងថ្ងៃ​នេះ ជាមួយ​នឹង​ភិក្ខុសង្ឃ។ ព្រះមាន​ព្រះភាគ ទ្រង់​ទទួល​ដោយភាវៈ​ស្ងៀម។ លំដាប់នោះ មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ និង​វស្សការៈ ដឹងច្បាស់ថា ព្រះមាន​ព្រះភាគ ទទួល​និមន្តហើយ ក៏ចូលទៅ​កាន់លំនៅ​របស់​ខ្លួន ​លុះចូល​ទៅដល់​ហើយ ក៏តាក់តែង​ខាទនីយភោជនីយាហារ​ដ៏ឧត្តម ក្នុងលំនៅ​របស់​ខ្លួន ហើយ​ក្រាបទូល​ភត្តកាល ចំពោះ​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលនេះ ជាកាលគួរ ភត្តសម្រេច​ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងចូល​ទៅ​ក្នុងលំនៅ​របស់​មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និង​វស្សការៈ ជាមួយ​នឹងភិក្ខុ​សង្ឃ លុះយាង​ចូលទៅដល់​ហើយ គង់លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ។ លំដាប់នោះ មហាមាត្យ ក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ ក៏អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏ឧត្តម ឲ្យឆ្អែត​ស្កប់ស្កល់​ដោយដៃ​ខ្លួនឯង ​លុះ​ត្រា​តែហាម​ឃាត់។ លំដាប់នោះ មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និង​វស្សការៈ​ដឹងថា ព្រះមាន​ព្រះភាគ ទ្រង់ឆាន់​រួចហើយ លែង​លូកព្រះហស្ត​ទៅក្នុង​បាត្រ ក៏កាន់​យក​អាសនៈ​ដ៏ទាបមួយ ហើយអង្គុយ​ក្នុងទី​សមគួរ។ កាលដែល​មហាមាត្យ ក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ និង​វស្សការៈ អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយ​គាថា​នេះថា

មនុស្សជាបណ្ឌិតជាត សម្រេចការ​នៅក្នុង​ប្រទេសណា រមែងញ៉ាំង​ពួកបុគ្គល អ្នកមាន​សីល​សង្រួម ប្រព្រឹត្តធម៌​ដ៏ប្រសើរ ឲ្យបរិភោគ​ក្នុងប្រទេស​នោះ ហើយ​បាន​ឧទ្ទិសផល​ទក្ខិណាទាន ចំពោះ​ពួកទេវតា​ដែលនៅ​ក្នុង​ប្រទេសនោះ ទេវតា​ទាំងនោះ ដែល​បណ្ឌិតនោះ​បូជាហើយ ​រមែង​បូជាគេវិញ ដែលរាប់អាន​ហើយ រមែង​រាប់អាន​គេវិញ តែង​អនុគ្រោះ​បណ្ឌិតនោះ ព្រោះ​ទក្ខិណានុប្បទាន​នោះ  ដូចមាតា​អនុគ្រោះបុត្ត ដែលកើត​អំពីទ្រូង បុរស​ដែលទេវតា​អនុគ្រោះ​ហើយ តែងឃើញ​សេចក្តី​ចំរើន​សព្វកាល។

[១៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា​ដោយគាថា​ទាំងនេះ ចំពោះ​មហាមាត្យ​ក្នុងដែន​មគធៈ ឈ្មោះសុនីធៈ និង​វស្សការៈ​រួចហើយ ទ្រង់ក្រោក​ចាកអាសនៈ យាង​ចេញទៅ។ សម័យនោះឯង មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាម​ក្រោយ ៗ នៃព្រះមានព្រះភាគ ហើយ​គិតថា ក្នុងថ្ងៃនេះ ព្រះសមណ​គោតម នឹងយាង​ចេញទៅ​តាមទ្វារណា ទ្វារនោះ​នឹងបាន​ឈ្មោះថា គោតមទ្វារ។ ព្រះអង្គ​នឹងឆ្លង​ទន្លេគង្គា​តាមកំពង់​ណា កំពង់នោះ​នឹងបានឈ្មោះ​ថា គោតមតិត្ថៈ។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់យាង​ចេញទៅ​តាមទ្វារណា ទ្វារនោះ បានឈ្មោះថា គោតមទ្វារ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់យាង​ចូលទៅ​កាន់​ទន្លេគង្គា។ សម័យនោះ​ឯង ទន្លេគង្គា​មានទឹក​ពេញព្រៀប​ស្មើនឹង​មាត់ច្រាំង ​ល្មមក្អែក​ឱនផឹក​បាន។ ពួកមនុស្សខ្លះ ស្វែង​រកទូក ស្វែងរក​ផែ ខ្លះចងក្បូន ប្រាថ្នា​ដើម្បីឆ្លង អំពីត្រើយ​ខាងអាយ ​ទៅកាន់​ត្រើយខាង​នាយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បាត់​ព្រះអង្គ អំពី​ត្រើយខាង​អាយនៃ​ទន្លេគង្គា ទៅ​ប្រាកដ​នៅត្រើយ​ខាងនាយ ជាមួយ​នឹងភិក្ខុសង្ឃ ដូចបុរស​មានកំឡាំង​ លាដៃ​ដែលបត់​ចូល ឬបត់ចូល​នូវដៃ​ដែលលា​ចេញ ដូច្នោះឯង។ ព្រះមានព្រះភាគ បានឃើញ​ពួកមនុស្ស​ទាំងនោះ ខ្លះកំពុង​ស្វែងរកទូក ខ្លះកំពុង​ស្វែងរកផែ ខ្លះកំពុង​ចងក្បូន ប្រាថ្នា​ដើម្បីឆ្លង អំពីត្រើយ​ខាងអាយ ទៅកាន់​ត្រើយខាង​នាយ។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

ពួកជនណា ឆ្លងទន្លេដ៏ជ្រៅទូលាយបាន ពួកជននោះឯង លុះតែ​ធ្វើស្ពាន​រំលង​ទំនាប​ទាំងឡាយ សេចក្តីពិតថា ជនធម្មតា តែង​ចងក្បូន ទើបឆ្លង​ទៅបាន ចំណែក​ជន​ជាអ្នកប្រាជ្ញ​ទាំងឡាយ (មិនបាច់ក្បូន) ក៏ឆ្លង​ទៅបាន។ សូត្រ ទី៦។

៧. ទ្វិធាបថសូត្រ

[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់យាង​ទៅកាន់​ផ្លូវឆ្ងាយ ក្នុងដែន​កោសល មាន​ព្រះនាគសមាល​ដ៏មានអាយុ ជា​បច្ឆាសមណៈ។ នាគសមាល​ដ៏មានអាយុ ​បានឃើញ​ផ្លូវបែកជាពីរ ត្រង់ចន្លោះ​ផ្លូវ លុះបាន​ឃើញហើយ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន នេះផ្លូវ យើងទៅ​តាមផ្លូវ​នេះ។ កាល​ព្រះនាគសមាល​ដ៏មានអាយុ ក្រាបទូល​យ៉ាងនេះហើយ ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់នឹង​ព្រះនាគសមាល​ដ៏មានអាយុ​ថា ម្នាល​នាគសមាល នេះផ្លូវ យើងទៅតាម​ផ្លូវនេះ​វិញ។ ព្រះនាគសមាល​ដ៏មានអាយុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ អស់វារៈ​ពីរដង​ថា បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន នេះផ្លូវ យើងទៅ​តាមផ្លូវនេះ។ ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់នឹង​ព្រះនាគសមាល​ដ៏មានអាយុ អស់វារៈ​ពីរដងថា ម្នាល​នាគសមាល នេះផ្លូវ យើងទៅ​តាមផ្លូវនេះ​វិញ។ ព្រះ​នាគសមាល​ដ៏មានអាយុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ អស់វារៈ​បីដងថា បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន នេះផ្លូវ យើងទៅ​តាមផ្លូវនេះ។ ព្រះមាន​ព្រះភាគ ​ទ្រង់ត្រាស់​នឹងព្រះនាគសមាល​ដ៏មានអាយុ អស់វារៈ​បីដង​ថា ម្នាល​នាគសមាល នេះផ្លូវ យើងទៅតាម​ផ្លូវនេះវិញ។ គ្រានោះ ព្រះនាគសមាល​ដ៏មាន​អាយុ ដាក់​ចោលបាត្រ និងចីវរ របស់​ព្រះមានព្រះភាគ លើ​ផែនដី ក្នុងផ្លូវ​នោះឯង  ហើយ​ចេញទៅ​ដោយ​ពាក្យថា ​បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន នេះបាត្រ និងចីវរ។ លំដាប់​នោះ កាល​ព្រះនាគសមាល​ដ៏មានអាយុ ដើរទៅតាម​ផ្លូវនោះ ពួកចោរ​ត្រង់​ចន្លោះផ្លូវ ចេញមក ទះទាត់​ដោយដៃ​ខ្លះ ជើងខ្លះ ​ហើយ​បំបែកបាត្រ ហែកទាំង​សង្ឃាដិចោល។ ​លំដាប់នោះ  ព្រះនាគសមាល​ដ៏មានអាយុ កាលបើ​បាត្របែក ​រហែកសង្ឃាដិ​ហើយ ក៏ចូលទៅ​រក​ព្រះមានព្រះភាគ ​លុះចូល​ទៅដល់​ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ​ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះនាគសមាល​ដ៏មាន​អាយុ ​អង្គុយ​ក្នុងទីសមគួរហើយ ​ក្រាបបង្គំ​ទូលថា  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ក្នុងទីឯណោះ ​ខ្ញុំព្រះអង្គ ​ដើរទៅ​តាមផ្លូវនោះ  ពួកចោរ​ត្រង់ចន្លោះ​ផ្លូវ ​ស្រាប់តែ​ចេញមក​ទះទាត់​ដោយដៃ​ខ្លះ ​ជើងខ្លះ ​បំបែក​ទាំងបាត្រ ហែកទាំង​សង្ឃាដិ​ចោល​អស់។ លុះ​ព្រះមានព្រះភាគ ​ទ្រង់​ជ្រាបច្បាស់​សេចក្តី​នុ៎ះហើយ  ទើបទ្រង់​បន្លឺឧទាន​នេះ ក្នុងវេលា​នោះថា

បុគ្គលអ្នកដល់​នូវវេទ គឺមគ្គផល ​ជាអ្នកចេះដឹង កាលត្រាច់​ទៅជាមួយ (នឹងជន​ពាល) ច្រឡូកច្រឡំ​ដោយ​ជនដទៃ រមែង​លះបង់​បាបកម្ម​បាន ដូច​សត្វក្រៀល ផឹកនូវ​ទឹកដោះ​ស្រស់ លះបង់​ទឹកស្ទឹង។ សូត្រ ទី៧។

៨. វិសាខាសូត្រ

[១៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើ​ប្រាសាទ​របស់​មិគារមាតា ក្នុងបុព្វារាម ជិត​ក្រុងសាវត្ថី។ សម័យ​នោះឯង ចៅស្រី​ជាទី​ស្រឡាញ់​ពេញចិត្ត របស់​នាង​វិសាខាមិគារមាតា ធ្វើ​មរណភាព។ គ្រានោះ វិសាខាមិគារ​មាតា មានសំពត់​សើម សក់សើម ចូលទៅគាល់​ព្រះមានព្រះភាគ​ទាំងថ្ងៃ​ត្រង់ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទីសម​គួរ។ លុះ​នាងវិសាខា​មិគារមាតា អង្គុយ​ក្នុងទី​សមគួរហើយ ​ព្រះមានព្រះភាគ​ទ្រង់ត្រាស់​ថា ​ម្នាល​វិសាខា ចុះនាង​មកពីណា ​មានសំពត់​សើម សក់សើម ចូលមក​ក្នុងទីនេះ​ទាំងថ្ងៃ​ត្រង់។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចៅ​ស្រីជាទីស្រឡាញ់ ​ពេញចិត្ត​របស់ខ្ញុំ​ព្រះអង្គ ធ្វើមរណភាព ​ព្រោះហេតុ​នោះ  បានជា​ខ្ញុំព្រះអង្គ ​មានសំពត់​សើម សក់សើម ចូលមក​ក្នុងទីនេះ​ទាំងថ្ងៃត្រង់។ ម្នាល​វិសាខា មនុស្ស​ក្នុងក្រុង​សាវត្ថី មានចំនួន​ប៉ុន្មាន នាងចង់​បានកូន និងចៅចំនួន​ប៉ុណ្ណោះឬ។ បពិត្រ​ព្រះមានព្រះភាគ​ដ៏ចំរើន ​មនុស្សក្នុង​ក្រុងសាវត្ថី មានចំនួន​ប៉ុន្មាន ខ្ញុំព្រះអង្គ​ចង់បាន​កូន និងចៅ​ចំនួន​ប៉ុណ្ណោះ។ ម្នាលវិសាខា​  ចុះមនុស្ស​ទាំងឡាយ ក្នុងក្រុង​សាវត្ថីជា​ច្រើន  តែងធ្វើ​មរណភាព​រាល់ ៗ ថ្ងៃប៉ុន្មាន​នាក់។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​មនុស្ស​ក្នុងក្រុង​សាវត្ថី ធ្វើ​មរណភាព​រាល់ ៗ ថ្ងៃ ១០ នាក់ខ្លះ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើ​មរណភាព​​រាល់ ៗ ថ្ងៃ ៩ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើមរណភាព​រាល់ ៗ ថ្ងៃ ៨ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើមរណភាព​រាល់ ៗ ថ្ងៃ ៧ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុង​ក្រុងសាវត្ថី  ធ្វើ​មរណភាព​រាល់ ៗ ថ្ងៃ ៦ នាក់ខ្លះ បពិត្រ​ព្រះអង្គដ៏​ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើមរណ​ភាព​រាល់ ៗ ថ្ងៃ ៥ នាក់ខ្លះ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើមរណភាព​រាល់ ៗ ថ្ងៃ ៤ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី ​ធ្វើមរណភាព​រាល់ ៗ ថ្ងៃ ៣ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្ស​ក្នុងក្រុង​សាវត្ថី  ធ្វើមរណភាព​រាល់ ៗ ថ្ងៃ ២ នាក់ខ្លះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មនុស្សក្នុង​ក្រុងសាវត្ថី  ធ្វើ​មរណភាព​រាល់ ៗ ថ្ងៃ តែម្នាក់​ខ្លះ  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកមនុស្ស​ក្នុងក្រុង​សាវត្ថី ​ចេះតែ​ធ្វើ​មរណភាព​មិនដែល​ស្ងាត់ទេ។ ម្នាល​វិសាខា​ នាង​សំគាល់​ហេតុនោះ​ដូចម្តេច ចុះនាង​ជាអ្នកមាន​សំពត់សើម សក់សើម ក្នុងកាល​ម្តង ៗ ទេឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ដំណើរនុ៎ះ មិនមែន​ដូច្នោះទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ល្មមត្រឹមតែ​កូន និងចៅច្រើន​ប៉ុណ្ណោះ។ ម្នាល​វិសាខា បុគ្គលណា មាន​វត្ថុជាទី​ស្រឡាញ់ ១០០ បុគ្គលនោះ ​មានសេចក្តី​ទុក្ខ ១០០ បុគ្គលណា មានវត្ថុជា​ទីស្រឡាញ់ ៩០ បុគ្គលនោះ មានសេចក្តី​ទុក្ខ ៩០ បុគ្គលណា មានវត្ថុ​ជាទីស្រឡាញ់ ៨០ បុគ្គលនោះ មានសេចក្តី​ទុក្ខ ៨០ បុគ្គលណា មានវត្ថុ​ជាទី​ស្រឡាញ់ ៧០ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៧០ បុគ្គលណា មានវត្ថុជាទី​ស្រឡាញ់ ៦០ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៦០ បុគ្គលណា មានវត្ថុ​ជាទី​ស្រឡាញ់ ៥០ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៥០ បុគ្គលណា មានវត្ថុជា​ទីស្រឡាញ់ ៤០ បុគ្គល​នោះ មានសេចក្តី​ទុក្ខ ៤០ បុគ្គលណា មានវត្ថុ​ជាទីស្រឡាញ់ ៣០ បុគ្គល​នោះ មានសេចក្តី​ទុក្ខ ៣០ បុគ្គលណា មានវត្ថុជា​ទី​ស្រឡាញ់ ២០ បុគ្គលនោះ មានសេចក្តី​ទុក្ខ ២០ បុគ្គល​ណា មានវត្ថុ​ជាទីស្រឡាញ់ ១០ បុគ្គលនោះ មានសេចក្តី​ទុក្ខ ១០ បុគ្គល​ណា មានវត្ថុ​ជាទី​ស្រឡាញ់ ៩ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៩ បុគ្គលណា មានវត្ថុជា​ទីស្រឡាញ់ ៨ បុគ្គលនោះ មានសេចក្តីទុក្ខ ៨ បុគ្គល​ណា មានវត្ថុជាទី​ស្រឡាញ់ ៧ បុគ្គលនោះ មានសេចក្តី​ទុក្ខ ៧ បុគ្គល​ណា មានវត្ថុជា​ទីស្រឡាញ់ ៦ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៦ បុគ្គល​ណា មានវត្ថុ​ជាទី​ស្រឡាញ់ ៥ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៥ បុគ្គល​ណា មានវត្ថុ​ជាទីស្រឡាញ់ ៤ បុគ្គលនោះ មាន​សេចក្តីទុក្ខ ៤ បុគ្គលណា មានវត្ថុជាទី​ស្រឡាញ់ ៣ បុគ្គលនោះ មានសេចក្តីទុក្ខ ៣ បុគ្គលណា មានវត្ថុជា​ទីស្រឡាញ់ ២ បុគ្គលនោះ មានសេចក្តី​ទុក្ខ ២ បុគ្គលណា មានវត្ថុ​ជាទី​ស្រឡាញ់ ១ បុគ្គលនោះ មានសេចក្តី​ទុក្ខ ១ បុគ្គលណា មិនមាន​វត្ថុជាទី​ស្រឡាញ់ បុគ្គលនោះ ក៏មិនមាន​សេចក្តីទុក្ខ​សោះ​ដែរ តថាគត ទើបពោលថា ​បុគ្គល​ទាំងនោះ ជាអ្នក​មិនមាន​សោក ជាបុគ្គល​ប្រាសចាក​ធូលី គឺកិលេស ​ជាអ្នកមិនមាន​សេចក្តី​ចង្អៀតចង្អល់។ ​លុះ​ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តីនុ៎ះ​ហើយ ទើបទ្រង់​បន្លឺឧទាន​នេះ  ក្នុងវេលា​នោះថា

សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី​ណាមួយ ឬសេចក្តីទុក្ខ​ជាច្រើនយ៉ាង ក្នុងលោក ​ធម៌ទាំងនុ៎ះ ​រមែងកើត​ឡើង​ ព្រោះ​អាស្រ័យសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ​កាលបើ​មិនមានសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ធម៌ទាំង​នុ៎ះ ក៏រមែង​មិនមាន។ ព្រោះហេតុ​នោះឯង បុគ្គលណា មិនមាន​សត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ​ក្នុងលោក​ណាមួយ​ទេ បុគ្គលនោះ ទើបមាន​សេចក្តីសុខ ប្រាសចាក​សេចក្តី​សោក​ ព្រោះថា ​បុគ្គលប្រាថ្នា​សេចក្តី​មិនសោក និងការ​ប្រាសចាក​ធូលី គឺកិលេស មិនគប្បី​ធ្វើសត្វ និងសង្ខារ​ឲ្យជាទី​ស្រឡាញ់ ក្នុង​លោកណា​មួយ​ឡើយ។ សូត្រ ទី៨។

៩. បឋមទព្វសូត្រ

[១៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្ត​វេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ  ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ​​ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ អង្គុយ​ក្នុងទី​សមគួរហើយ ​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ​ថា ​បពិត្រ​ព្រះសុគត ឥឡូវនេះ ជាកាល​គួរបរិនិព្វាន​របស់ខ្ញុំ​ព្រះអង្គ។ ​ម្នាលទព្វៈ ​អ្នកសំគាល់​កាលគួរ​នឹង​បរិនិព្វាន ក្នុងកាល​ឥឡូវនេះ​ចុះ។ ​គ្រានោះ  ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ ​ក្រោក​ចាកអាសនៈ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ ​​ធ្វើ​ប្រទក្សិណ ហោះទៅ​ឯអាកាស អង្គុយ​ពែនភ្នែន ក្នុងអាកាស​ដ៏ស្រឡះ ចូលកាន់​តេជោធាតុ ​ចេញ​ហើយ​ទើប​បរិនិព្វាន។ គ្រាកាល​ព្រះទព្វមល្លបុត្ត​ដ៏មានអាយុ​ ហោះទៅ​ឯអាកាស ​អង្គុយ​ពែនភ្នែន ក្នុងអាកាស​ដ៏ស្រឡះ ចូលកាន់​តេជោធាតុ ​ចេញ​ហើយ​បរិនិព្វាន សរីរៈ​បណ្តាល​ភ្លើងឆាបឆេះ ​ទាំងផែះ​ក៏មិនប្រាកដ ​កំទេចធាតុ​ក៏មិន​ប្រាកដ។ ​ដូចសប្បិ ឬប្រេង  កាលបើ​ភ្លើងឆាប​ឆេះ ទាំងផែះ​ក៏មិន​ប្រាកដ កំទេច​ក៏មិនប្រាកដ​ យ៉ាងណា កាល​ព្រះទព្វមល្លបុត្ត​ដ៏មាន​អាយុ ​ហោះទៅ​ឯអាកាស ​អង្គុយពែនភ្នែន​ក្នុង​អាកាស​ដ៏ស្រឡះ ចូលកាន់​តេជោធាតុ ចេញហើយ​បរិនិព្វាន សរីរៈ ក៏បណ្តាល​ភ្លើង​ឆាបឆេះ ទាំងផែះ​ក៏មិនប្រាកដ កំទេច​ធាតុ ក៏មិន​ប្រាកដ យ៉ាងនោះ​ដែរ។ លំដាប់នោះ  ព្រះមានព្រះភាគ  ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ  ទើបទ្រង់​បន្លឺឧទាននេះ ​ក្នុងវេលា​នោះថា

រាងកាយ (របស់ទព្វមល្លបុត្ត) បែកធ្លាយ​ហើយ សញ្ញាក៏រលត់ វេទនា ទាំងអស់​ក៏ត្រជាក់ សង្ខារធម៌​ទាំងឡាយ ក៏ស្ងប់​រម្ងាប់​ វិញ្ញាណ​ក៏ដល់នូវ​សេចក្តីវិនាស។ សូត្រ ទី៩។

១០ ទុតិយទព្វសូត្រ

[១៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុងទីនោះឯង  ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ កាល​ទព្វមល្លបុត្ត​ហោះទៅ​ឯអាកាស អង្គុយ​ពែនភ្នែន ក្នុងអាកាស​ដ៏ស្រឡះ ចូលកាន់​តេជោធាតុ ​ចេញហើយ​ បរិនិព្វាន សរីរៈ បណ្តាល​ភ្លើងឆាបឆេះ​ ទាំងផែះ​ក៏មិន​ប្រាកដ កំទេចធាតុ​ក៏មិនប្រាកដ ដូចសប្បិ ឬប្រេង ​កាលបើ​ភ្លើងឆាបឆេះ ទាំង​ផែះ​ក៏​មិនប្រាកដ ​កំទេច​ក៏មិនប្រាកដ​យ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ កាល​ទព្វមល្លបុត្ត   ហោះទៅ​ឯអាកាស ​អង្គុយពែនភ្នែន​ក្នុងអាកាស​ដ៏ស្រឡះ ​ចូលកាន់​តេជោធាតុ  ចេញហើយ ​បរិនិព្វាន ​សរីរៈ ក៏បណ្តាល​ភ្លើងឆាបឆេះ ​ទាំងផែះ ក៏មិន​ប្រាកដ កំទេចធាតុ ក៏មិនប្រាកដ ​យ៉ាងនោះឯង។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់​សេចក្តីនុ៎ះ​ហើយ  ទើបទ្រង់​បន្លឺ​ឧទាននេះ ​ក្នុងវេលា​នោះថា

បុគ្គល រមែងមិនដឹងគតិ​របស់ភ្លើង​កំពុងឆេះ និងដុំដែក​ដែលគេដំ​ហើយ ដែល​រលត់ទៅ​ដោយ​លំដាប់ ​យ៉ាងណាមិញ ​គតិរបស់​ពួកលោក ​អ្នករួច​ស្រឡះ​ចាក​កិលេស​ដោយប្រពៃ ​អ្នកឆ្លង​ចាកចំណង និងឱឃៈ គឺកាម ដល់នូវ​សេចក្តីសុខ មិនញាប់​ញ័រ ​រមែងមិន​អាចដឹងបាន ​ក៏យ៉ាង​នោះដែរ។ សូត្រ ទី១០។

ចប់ បាដលិគ្គាមិយវគ្គ ទី៨។

ឧទ្ទាននៃវគ្គនោះ  គឺ  

ពោលអំពីព្រះនិព្វាន ៤ លើក អំពី​ចុន្ទកម្មារបុត្ត ១ អំពីពួក​ឧបាសក​ឧបាសិកា  អ្នក​បាដលិគ្រាម ១ អំពីផ្លូវ​បែកជាពីរ ១ អំពីនាង​វិសាខា ១ ព្រមទាំង​ព្រះថេរៈ​ទព្វមល្លបុត្ត ២  លើក រួម​ជា ១០។

ពោធិវគ្គដ៏ប្រសើរ ​ជាវគ្គទី ​១ ​មុច្ចលិន្ទវគ្គ ​ជាវគ្គទី ​២ នន្ទកវគ្គ​ដ៏ប្រសើរ ជាវគ្គទី ​៣ ​មេឃិយវគ្គ​ដ៏ប្រសើរ ​ជាវគ្គទី ​៤ ​សោណត្ថេរវគ្គ​ដ៏ប្រសើរ ​ជាវគ្គទី ​៥ ជច្ចន្ធវគ្គ​ដ៏ប្រសើរ ជាវគ្គទី ៦ ចូឡវគ្គ​ដ៏ប្រសើរ ជាវគ្គទី ៧ បាដលិគ្គាមិយវគ្គ​ដ៏ប្រសើរ ​ជាវគ្គទី ៨។ វគ្គទាំង ៨ នេះ មានសូត្រ​ដ៏ប្រសើរ​ ៨០ មិនខ្វះ ដែល​លោកចែក​ទុកហើយ ដោយ​ប្រពៃ​មែនពិត ព្រះសូត្រណា ដែល​ព្រះសម្ពុទ្ធ​ប្រាសចាក​មន្ទិល​ មានចក្ខុ ទ្រង់សំដែង​ហើយ បណ្ឌិត​ទាំងឡាយ អ្នកមានសទ្ធា បានពោល​ព្រះសូត្រនោះ ថាជា​ឧទាន។

ចប់ ឧទាន។

ចប់ ភាគ៥២។

វិន័យបិដក | | | | | | | | |១០|១១|១២|១៣
សុត្តន្តបិដក ១៤|១៥|១៦|១៧|១៨|១៩|២០|២១|២២|២៣|២៤|២៥|២៦|២៧|២៨|២៩|៣០|៣១|៣២|៣៣|៣៤|៣៥|៣៦|៣៧|៣៨|៣៩|៤០|៤១|៤២|៤៣|៤៤|៤៥|៤៦|៤៧|៤៨|៤៩|៥០|៥១|៥២|៥៣|៥៤|៥៥|៥៦|៥៧|៥៨|៥៩|៦០|៦១|៦២|៦៣|៦៤|៦៥|៦៦|៦៧|៦៨|៦៩|៧០|៧១|៧២|៧៣|៧៤|៧៥|៧៦|៧៧
អភិធម្មបិដក ៧៨|៧៩|៨០|៨១|៨២|៨៣|៨៤|៨៥|៨៦|៨៧|៨៨|៨៩|៩០|៩១|៩២|៩៣|៩៤|៩៥|៩៦|៩៧|៩៨|៩៩|១០០|១០១|១០២|១០៣|១០៤|១០៥|១០៦|១០៧|១០៨|១០៩|១១០