វិន័យបិដក

ភាគមុន | | | | ៤ | | | | … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

មហាវិភង្គ ចតុត្ថភាគ

ភាគ ៤

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

បាចិត្តិយកណ្ឌ

សិក្ខាបទទី៦

[១] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ពួក​ឆព្វគ្គិយភិក្ខុ បៀតបៀន​យកទី​ដេក​ល្អៗ ញុំាង​ភិក្ខុចាស់​ទាំងឡាយ​ឲ្យក្រោកចេញទៅ។ លំដាប់នោះ ពួកឆព្វគ្គិយ​ភិក្ខុគិតគ្នាថា យើងទាំងឡាយ​នៅចាំ​វស្សា​ក្នុងទីនេះ​ដោយឧបាយ​ដូចម្តេច​ហ្ន៎។ លំដាប់​នោះ ពួកឆព្វគ្គិយភិក្ខុ​ចូលទៅដេក​ច្រៀត​បៀត​ភិក្ខុចាស់​ទាំងឡាយដោយ​គិតថា ភិក្ខុណា​មានសេចក្តី​ចង្អៀតចង្អល់ ភិក្ខុនោះ​នឹងចៀស​ចេញទៅ។ ភិក្ខុ​ទាំងឡាយ​​ណាមាន​​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ​មិនសមបីនឹង​ចូលទៅដេកច្រៀត​បៀត​ពួក​​​ភិក្ខុចាស់​សោះ។ ទើបភិក្ខុទាំងនោះ​នាំគ្នា​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​អ្នករាល់គ្នា​ចូលទៅ​ដេកច្រៀតបៀត​ភិក្ខុចាស់​ទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ការនោះពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​​ថា នែមោឃបុរស​ទាំងឡាយ ពួកអ្នក​​ឯង​មិនគួរនឹង​​ចូលទៅដេក​ច្រៀតបៀតពួកភិក្ខុ​ចាស់សោះ​ឡើយ នែមោឃបុរស​ទាំងឡាយ អំពើដែល​អ្នកទាំង​ឡាយ​ធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់ពួក​បុគ្គល​​ដែលមិន​ទាន់​​ជ្រះថ្លា​នោះទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​ដឹងហើយ ​ចូលទៅច្រៀតបៀត​នូវភិក្ខុ​ដែលចូល​ទៅនៅ​មុន ហើយ​សម្រេច​នូវទីដេកក្នុងវិហារ​របស់​សង្ឃ​ដោយគិតថា ភិក្ខុណា​មានសេចក្តី​ចង្អៀត​ចង្អល់​ ភិក្ខុនោះ​​នឹងចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​នូវសេចក្តី​​ច្រៀតបៀត​នោះឯង​ឲ្យជាបច្ច័យ​ មិនមែន​ហេតុ​ដទៃ​ទេ។

[២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ វិហារ​ដែល​គេលះ​ប្រគេន​ដល់​សង្ឃ ហៅថា​វិហាររបស់​សង្ឃ។ ដែល​ហៅថា ដឹង គឺភិក្ខុ​ដឹង​ថា ភិក្ខុ​នេះ​ចាស់ ដឹងថាភិក្ខុនេះឈឺ ដឹងថា វិហារនេះ​សង្ឃបានឲ្យហើយ។ ពាក្យថា ចូលទៅច្រៀតបៀត គឺចូលទៅ​ច្រៀតជ្រែក។ ពាក្យថា សម្រេច​នូវទីដេក សេចក្តីថា ភិក្ខុក្រាល​ឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក​ក្នុងឧបចារ នៃគ្រែ​ក្តី នៃតាំង​ក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ ភិក្ខុអង្គុយ​សង្កត់ក្តី ដេកសង្កត់ក្តី (លើ​ទីដេក​នោះ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើនូវ​សេចក្តី​ច្រៀត​បៀតនេះឯង​ឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ សេចក្តីថា គ្មានហេតុដទៃនីមួយ​ដែលក្រៅពីការចូលទៅដេកច្រៀតបៀត​នោះ​ឡើយ។

[៣] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា វិហាររបស់សង្ឃមែន ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមាន​សេចក្តី​សង្ស័យ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថារបស់បុគ្គលវិញ ហើយចូលទៅដេក​ច្រៀត​បៀត ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក វៀរលែងតែ​ឧបចារ​នៃ​គ្រែ​ក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេក​សង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវ​ទីដេក ក្នុងឧបចារនៃវិហារក្តី ក្នុងឧបដ្ឋាន​សាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុសំគាល់ថារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​បុគ្គល​ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់​ថារបស់បុគ្គលដដែល ត្រូវ​អាបត្តិទុក្កដ ព្រោះវិហារនោះជារបស់​បុគ្គល គឺវិហារ​នៃភិក្ខុដទៃ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារ​ជារបស់បុគ្គល​ គឺវិហារ​របស់ខ្លួនឯង។

[៤] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានជម្ងឺចូលទៅដេក ដល់ភិក្ខុដែលត្រូវ​ត្រជាក់ ឬក្តៅ​បៀតបៀន​ហើយចូលទៅក្តី ដល់ភិក្ខុមានសេចក្តី​អន្តរាយក្តី ដល់ភិក្ខុឆ្កួតក្តី ដល់ភិក្ខុដើមបញ្ញត្តិក្តី។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមាន​ពួក១៧រូប) នាំគ្នាជួសជុលវិហារធំ១ មាននៅក្នុងបច្ចន្តប្រទេស ដោយគិតគ្នាថា យើងទាំងឡាយនឹងនៅចាំវស្សាក្នុងទីនេះ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦រូប) បានឃើញ​ពួកសត្តរសវគ្គិយភិក្ខុនាំគ្នាជួសជុលវិហារ លុះ​ឃើញ​ហើយ​បាននិយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុនេះនាំគ្នាជួសជុលវិហារ បើដូច្នោះ យើងទាំងឡាយនឹងធ្វើ​ឲ្យភិក្ខុទាំងនោះ​ចៀសចេញទៅ។ ឆព្វគ្គិយភិក្ខុពួកខ្លះ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ សូមលោកទាំងឡាយបង្អង់ចាំឲ្យ​សត្តរសវគ្គិយ​ភិក្ខុទាំងឡាយ​ជួសជុលវិហាររួចសិន លុះជួសជុលស្រេច​ហើយ យើងទាំងឡាយ​នឹង​ធ្វើ​ភិក្ខុទាំងនោះឲ្យចៀសចេញទៅ។ គ្រានោះ ពួកឆព្វគ្គិយ​ភិក្ខុបាន​និយាយពាក្យនេះនឹងពួក​សត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួក​យើងទេ។ ពួកសត្តរសវគ្គិយ​ភិក្ខុនិយាយថា ម្នាលអាវុសោ ហេតុដូចម្តេច ក៏ពួកលោកមិនប្រាប់យើងជាមុន​សិន យើងទាំងឡាយនឹងបានជួសជុលវិហារឯទៀតវិញ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាល​អាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារ​ជារបស់សង្ឃ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាល​អាវុសោ ពួកលោកចូរ​នាំគ្នាចៀសចេញទៅ វិហារ​ត្រូវ​បាន​ពួកយើងទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោក​ក៏នៅបាន ពួកយើងក៏នៅបាន។ ពួកឆព្វគ្គិយភិក្ខុ​និយាយ​ដដែលទៀតថា ម្នាលអាវុសោ ពួកលោក​ចូរនាំគ្នា​ចៀសចេញទៅ វិហារត្រូវបាន​ពួកយើងទេ ហើយមានចិត្តកម្រើក​ខឹងឡើង នាំគ្នាចាប់​កកន្ត្រាក់ទាញចេញទៅ។ ពួកសត្តរសវគ្គិយភិក្ខុនោះ កាលត្រូវពួក​ឆព្វគ្គិយភិក្ខុកន្ត្រាក់ក​ទាញចេញ ក៏នាំគ្នាយំ។ ទើបភិក្ខុទាំងឡាយ (ភិក្ខុដទៃ​ចាកភិក្ខុពីរពួកនោះ) បាននាំគ្នា​សួរយ៉ាង​នេះថា ម្នាលអាវុសោ ហេតុអ្វីបាន​ជាពួកលោកយំ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុ​ទាំងនេះ​មានចិត្តកម្រើកខឹង នាំគ្នាបណ្តេញ​ពួកយើង​ចេញចាកវិហារ​របស់សង្ឃ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុ​ទាំងឡាយ​ចេញ​ចាក​វិហាររបស់សង្ឃសោះ។  ទើបភិក្ខុទាំងនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។បេ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​សួរពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​អ្នកទាំងឡាយមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយ​ចេញចាកវិហារ​របស់សង្ឃ មែនឬទេ។ ពួកឆព្វគ្គិយភិក្ខុក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយ​ចេញចាក​វិហាររបស់​សង្ឃសោះ ម្នាលមោឃបុរស​​ទាំងឡាយ អំពើដែល​អ្នកទាំងឡាយធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​​ដែលមិន​ទាន់​ជ្រះថ្លា​នោះទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញ​ឯងក្តី ប្រើគេឲ្យ​ទង់ទាញក្តី ចេញចាក​វិហារ​របស់សង្ឃ ត្រូវអាបត្តិបាចិត្តយ។

[៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា មានចិត្តក្រោធខឹង សេចក្តីថា មានចិត្តមិនត្រេកអរ មានចិត្តដែលទោសកំចាត់បង់ មានចិត្តរឹងរូស។

[៧] វិហារដែលគេបរិច្ចាគប្រគេនដល់សង្ឃ ឈ្មោះថា វិហាររបស់សង្ឃ។ ពាក្យថា ទង់ទាញ​ឯង គឺភិក្ខុចាប់យក​ពីក្នុងបន្ទប់ ហើយទង់ទាញទៅឯរបៀងវិហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុចាប់យកពីក្នុងរបៀង ហើយទង់ទាញទៅខាងក្រៅ ក៏ត្រូវអាបត្តិបាចិត្តិយ។ ទុកជាភិក្ខុទង់​ទាញ​ភិក្ខុឲ្យកន្លង​ទ្វារទាំងឡាយជាច្រើន តែដោយប្រយោគមួយ ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។ ពាក្យថា ប្រើគេឲ្យទង់ទាញនោះ គឺបង្គាប់អ្នកដទៃ (ភិក្ខុអ្នកបង្គាប់នោះ) ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែវារៈម្តង អ្នកទទួលបង្គាប់​ ទៅទង់ទាញ​ភិក្ខុដទៃ​ឲ្យកន្លង​ទ្វារសូម្បីច្រើន ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។

[៨] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃដដែល ហើយមានចិត្តក្រោធខឹង ទង់ទាញ​ឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តី​សង្ស័យ ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហារ​របស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយមានចិត្ត​ក្រោធ​ខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារ​របស់​ភិក្ខុ​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវ​ភិក្ខុ​ឲ្យចាក​ឧបចារ​នៃវិហារ​ក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ទង់​ទាញ​ឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារនៃ​ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើ​គេឲ្យ​ទង់ទាញក្តី នូវអនុបសម្បន្ន​ឲ្យ​ចាកវិហារក្តី ចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាក​មណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេ​ឲ្យទង់​ទាញ​ក្តី នូវបរិក្ខាររបស់​អនុបសម្បន្ននោះ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុ​សំគាល់​ថាជា​របស់​សង្ឃ ត្រូវអាបត្តិ​ទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារ​ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហារ​របស់​គេ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារ​ជារបស់បុគ្គលនៃខ្លួន គឺវិហាររបស់ខ្លួនឯង។

[៩] អាបត្តិមិនមានដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុអលជ្ជី ដល់​ភិក្ខុ​ដែលទង់ទាញ​ឯង ឬប្រើគេឲ្យទង់ទាញ​នូវបរិក្ខារ​របស់​ភិក្ខុ​អលជ្ជី​នោះ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុឆ្កួត ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់​ភិក្ខុ​ឆ្កួតនោះ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុ​ជាអ្នក​ធ្វើ​នូវ​សេចក្តី​បង្ករ​ហេតុ​ក្តី អ្នក​ធ្វើ​នូវ​សេចក្តី​ប្រកួត​ប្រកាន់ក្តី អ្នកធ្វើនូវ​សេចក្តីទាស់ទែងក្តី អ្នក​ធ្វើ​នូវពាក្យ​ឡេះឡោះ​តាម​តែ​រួច​ពីមាត់ក្តី អ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃក្តី ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់​ភិក្ខុ​នោះចេញ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវអន្តេវាសិក ឬសទ្ធិវិហារិក ដែល​ប្រព្រឹត្ត​មិនត្រឹមត្រូវ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់​អន្តេវាសិក ឬសទ្ធិវិហារិកដែលប្រព្រឹត្ត​មិនត្រឹមត្រូវ​នោះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១០] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុ២រូប ១រូបនៅថ្នាក់ខាងក្រោម ១រូបនៅ​ថ្នាក់​ខាងលើ ក្នុងវិហារ​របស់​សង្ឃ។ ភិក្ខុដែលនៅខាងលើ អង្គុយចុះដោយរហ័ស សង្កត់គ្រែដែលមានជើង​គ្រាន់​តែ​ស៊ក​ទុក (ដោយបណ្តោះអាសន្ន)។ ជើងគ្រែ (នោះ) ក៏របូត​ធ្លាក់ចុះមក​ទង្គិច​ក្បាល​ភិក្ខុអ្នក​នៅ​ខាង​ក្រោម។ ភិក្ខុនោះបានស្រែកសំឡេងឮប្លែក។ ភិក្ខុទាំងឡាយបានស្ទុះទៅសួរភិក្ខុនោះយ៉ាង​នេះ​ថា ម្នាលអាវុសោ ហេតុអ្វីក៏លោកស្រែក។ ភិក្ខុនោះបានប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​មិនសមបីនឹង​មកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុង​វិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងឡាយនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់សួរ​ភិក្ខុនោះ​ថា ម្នាលភិក្ខុ ឮថា​អ្នកឯងអង្គុយចុះ​ដោយរហ័សសង្កត់គ្រែ​ដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃ ពិតមែនឬ។ ភិក្ខុនោះក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស អ្នកឯង​មិន​សម​បើនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃទេ ម្នាលមោឃបុរស អំពើដែល​អ្នកធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលអ្នកមិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​អង្គុយចុះ ដោយរហ័ស​សង្កត់ ឬដេកសង្កត់នូវគ្រែក្តី នូវតាំងក្តី ដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ។

[១១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ វិហារ​ដែលគេបរិច្ចាគប្រគេនដល់សង្ឃ ហៅថា វិហាររបស់សង្ឃ។

[១២] ធ្នើរ (ដែលគេធ្វើខ្ពស់) មិនទង្គិចក្បាលមជ្ឈិមបុរស ហៅថាថ្នាក់។ គ្រែដែលមានជើង​គ្រាន់តែស៊ក​ចូលក្នុង​មេ ហើយតំាងទុក ហៅថា គ្រែដែលមានជើងគ្រាន់តែស៊ក​ទុក។ តាំងដែល​មានជើង​គ្រាន់តែស៊កចូលក្នុងមេ ហៅថា តាំងដែលមានជើង​គ្រាន់តែស៊កទុក។ ពាក្យថា អង្គុយ​សង្កត់ គឺភិក្ខុអង្គុយ​សង្កត់លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេកសង្កត់ គឺ​ភិក្ខុ​ដេកសង្កត់​លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។

[១៣] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃមែន ហើយអង្គុយសង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែស៊កទុកក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយអង្គុយសង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែស៊កទុកក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលវិញ ហើយអង្គុយសង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែស៊កទុកក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃវិញ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះ ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះ​វិហារ​ជារបស់ខ្លួន គឺវិហារ​របស់ខ្លួនឯង។

[១៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយ ឬដេក​សង្កត់លើគ្រែក្តី តាំងក្តី ដែលគេ​តម្កល់​ទុក​លើ​ទីដែលមិនមែនថ្នាក់ លើទីទាបដែលដើរ​ទង្គិច​ក្បាល ទីដែលមិនបានប្រើប្រាស់​ខាង​ក្រោម​ឲ្យ​ជាទីនៅ ទីដែល​គេក្រាលជិតដោយរនាប លើគ្រែ ឬតាំងនោះ ដែលគេ​ដាក់​គន្លឹះហើយ ដល់​ភិក្ខុ​ដែល​ឈរនៅលើគ្រែ ឬតាំងនោះ ហើយកាន់យក ឬព្យួរ​នូវបរិក្ខារ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិត​ក្រុងកោសម្ពី។ គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេធ្វើវិហារ​ប្រគេនឆន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់នោះ ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេប្រក់ និងបូកលាបវិហារដែល​គេធ្វើ​ស្រេច​ហើយនោះញយៗ វិហារនោះធ្ងន់ហួសកំណត់ ក៏បាក់​រលំចុះមក។ គ្រានោះ ឆន្នភិក្ខុ​ដ៏មានអាយុ ក៏ជញ្ជូនយកស្មៅ និងឈើ​ទៅធ្វើ (វិហារទៀត) ប្រៀតបៀនស្រែស្រូវរបស់​ព្រាហ្មណ៍​ម្នាក់ឲ្យខូចខាតទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ មិនសមបើនឹង​មកបៀតបៀន​ស្រែស្រូវ​របស់យើង​ឲ្យខូចខាត​ទៅសោះ។ ភិក្ខុ​ទាំងឡាយ​បានឮពាក្យរបស់ព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។  ភិក្ខុ​ទាំងឡាយ​ណាជា​អ្នកមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនគួរនឹងឲ្យគេប្រក់រឿយៗ បូកលាបរឿយៗ នូវវិហារ​ដែល​គេធ្វើ​ស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំ​ចុះមកសោះ។ ភិក្ខុអម្បាលនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​​ថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែ​វិហារ​នោះធ្ងន់​ហួសកំណត់ បាក់រលំចុះមក ពិតមែនឬ។ ឆន្នភិក្ខុក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា នែមោឃបុរស អ្នកឯង​​មិន​សម​បើនឹងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារ​នោះធ្ងន់​ហួសកំណត់ បាក់រលំចុះមកទេ ម្នាល​មោឃបុរស អំពើដែល​អ្នកធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុកាលឲ្យគេធ្វើវិហារធំ គប្បីឈរ (លាបបូកញយៗបាន) កំណត់​ទី​មានឱកាសត្រឹមតែសន្លឹកទ្វារ (និងសន្លឹកបង្អួច) ដើម្បី​ទុក​ប្រើប្រាស់នូវទ្វារ និងដើម្បីបរិកម្មនូវសន្លឹកបង្អួច ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះ​ទើប) ប្រក់បានត្រឹមពីរ ឬបីជាន់ បើភិក្ខុប្រក់ឲ្យច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរ​នៅក្នុង​ទី​ដែលគ្មានដំណាំ ក៏គង់ត្រូវអាបត្តិបាចិត្តយ។

[១៦] ដែលហៅថាវិហារធំ សំដៅយកវិហារដែលមានទាយកជាម្ចាស់របស់។ ដែលហៅថា​វិហារ គឺវិហារដែលគេបូកខាងក្នុងក្តី បូកខាងក្រៅក្តី បូកទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ឲ្យគេ​ធ្វើ គឺធ្វើខ្លួនឯងក្តី ប្រើគេឲ្យធ្វើក្តី។ ពាក្យថា កំណត់ទីមានឱកាស​ត្រឹមតែ​សន្លឹកទ្វារ គឺកំណត់​ត្រឹម​ហត្ថបាសដោយជុំវិញ​នៃ​ក្របទ្វារ។ ពាក្យថា ដើម្បីទុកប្រើប្រាស់នូវទ្វារ គឺដើម្បីបើកបិទនូវទ្វារ។ ពាក្យថា ដើម្បីបរិកម្មនូវសន្លឹកបង្អួច សេចក្តីថា (តថាគតអនុញ្ញាត) នូវវត្ថុមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់ឈ្មោះបញ្ចបដ្ឋិក​ ដើម្បីបរិកម្មនូវសន្លឹកបង្អួច។ ពាក្យថា ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែល​គ្មាន​ដំណាំ (នោះទើប) ប្រក់បានត្រឹមពីរបីជាន់ ឯដំណាំនោះ បានដល់វត្ថុ​ដែលត្រូវស៊ីមុន (គឺ​ស្រូវ​៧​ប្រការ មានស្រូវស ស្រូវក្រហមជាដើម) និងវត្ថុដែលត្រូវស៊ីក្រោយ (បានដល់សណ្តែកបាយ សណ្តែករាជមាសជាដើម)។ បើភិក្ខុឈរធ្វើការប្រក់ក្នុងទីមានដំណាំ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុ​ប្រើឲ្យគេប្រក់ម្តងរួចទៅហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរដង ដល់គ្រាទីបី ត្រូវបង្គាប់​គេហើយ ចៀសចេញទៅ។ កាលភិក្ខុប្រើឲ្យគេប្រក់មួយជាន់រួចហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរជាន់ ដល់ជាន់ទីបី ត្រូវបង្គាប់គេហើយចៀសចេញទៅ។

[១៧] ត្រង់ពាក្យថា បើភិក្ខុប្រក់ឲ្យច្រើន លើសជាងកំណត់នោះទៅ ទុកជាឈរនៅ​ក្នុងទី​ដែល​គ្មាន​ដំណាំ សេចក្តីថា កាលភិក្ខុប្រើគេឲ្យប្រក់ដោយក្បឿង ត្រូវអាបត្តិបាចិត្តិយគ្រប់ៗផែន​ក្បឿង។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយថ្ម ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗផែនថ្ម។ កាលភិក្ខុ​ប្រើគេ​ឲ្យ​ប្រក់​ដោយកំបោ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗ​ដុំកំបោ។ កាលភិក្ខុប្រើគេឲ្យប្រក់​ដោយ​ស្មៅ ត្រូវអាបត្តិ​បាចិត្តិយគ្រប់ៗកណ្តប។ កាលភិក្ខុប្រើគេឲ្យ​ប្រក់ដោយ​ស្លឹកឈើ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ​សន្លឹក។

[១៨] វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសម្គាល់ថាលើសមែន ហើយនៅតែធ្វើ​ថែម  ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសង្ស័យ ហើយនៅតែធ្វើ​ថែម ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសម្គាល់ថាខ្វះវិញ ហើយធ្វើ​ថែម ត្រូវ​​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាលើស ហើយ (ធ្វើ​ថែម) ត្រូវ​​អាបត្តិ​ទុក្កដ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់​មិន​ទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាមិនទាន់ដល់មែន មិនត្រូវអាបត្តិ។

[១៩] អាបត្តិមិនមានដល់ភិក្ខុដែលបូកប្រក់វិហារត្រឹមពីរបីជាន់ ដល់ភិក្ខុ​ដែល​បូក​ប្រក់​វិហារ​មិនដល់ពីរបីជាន់ ដល់ភិក្ខុ​ដែលបូក​ប្រក់​លេណ (ទីពួន) គុហា កុដិប្រក់​ដោយស្មៅ ធ្វើដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ ធ្វើដោយទ្រព្យរបស់ខ្លួន ទីសេនាសនៈទាំងពួង វៀរលែង​តែ​កុដិ​សម្រាប់​នៅរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅក្នុង​អគ្គាលវចេតិយ ទៀបស្រុក​អាឡវី។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើបតែកសាងថ្មី) ដឹងថា​ទឹក​មានសត្វ ក៏ស្រោច​ឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ។ ភិក្ខុទាំងឡាយណា​ជាអ្នក​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ​ស្រុកអាឡវី​ដឹងថាទឹកមានសត្វហើយ មិនសមបីនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ។ ទើបភិក្ខុទាំងនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។បេ។ ព្រះអង្គត្រាស់សួរ​​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយដឹងថា​ទឹកមានសត្វហើយ ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែនឬ។ ភិក្ខុ​ទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​បន្ទោស​ថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯង​ដឹងថា​ទឹកមានសត្វហើយ មិនសម​បើនឹង​យក​មក​ស្រោច​ឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើ​ដែល​​អ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គល​ទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែល​ជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយដឹងថាទឹក​មានសត្វ​ហើយស្រោច​ឯងក្តី ប្រើ​គេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។

[២១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្តី​ដូចគ្នាក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ដល់ភិក្ខុនោះក្តី ឈ្មោះថា ភិក្ខុដឹង។

[២២] ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុស្រោចដោយខ្លួនឯង​ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យ​ស្រោច គឺភិក្ខុបង្គាប់អ្នកដទៃ​ឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រើតែម្តង ហើយអ្នក​ទទួល​បង្គាប់​ទៅស្រោច​ច្រើនដង ភិក្ខុ​អ្នកប្រើ​ត្រូវអាបត្តិ​បាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុ​សំគាល់​ថា (ទឹក) មានសត្វមែន ហើយស្រោច​ឯងក្តី ប្រើគេឲ្យ​ស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុមានសចក្តីសង្ស័យ ហើយស្រោច​ឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិទុក្កដ។ (ទឹក) មានសត្វ ភិក្ខុសំគាល់​ថាគ្មានសត្វវិញ ហើយស្រោចឯងក្តី ប្រើគេឲ្យ​ស្រោច​ក្តី នូវស្មៅឬដី មិនត្រូវអាបត្តិអ្វីឡើយ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មានសត្វ​ ត្រូវ​អាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មិនមានសត្វ មិនត្រូវអាបត្តិអ្វីឡើយ។

[២៣] អាបត្តិមិនមានដល់ភិក្ខុមិនក្លែង ដល់ភិក្ខុមិនមានស្មារតី ដល់ភិក្ខុមិនដឹង ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ភូតគាមវគ្គទី២ ចប់។

ចំនួនសិក្ខាបទក្នុងភូតគាមវគ្គនោះគឺ

ភិក្ខុធ្វើភូតគាមឲ្យដាច់ចាកទី១ ភិក្ខុយករឿងដទៃ​មកបន្លប់​ដើម្បី​បិទបាំង​​ទោសខ្លួន១ ភិក្ខុ​លើកទោស​​ភិក្ខុអ្នក​ធ្វើ​ការសង្ឃ១ ភិក្ខុយក​គ្រែតាំង ពូកកៅអី​របស់​សង្ឃ​ទៅ​ចោល​ក្នុងទីវាល ហើយចៀសចេញទៅ១ ភិក្ខុយកកម្រាលរបស់សង្ឃទៅក្រាលចោល ហើយចៀសចេញទៅ១ ភិក្ខុដេកបៀតច្រៀត​ភិក្ខុអ្នកនៅ​មុនក្នុង​កុដិសង្ឃ១ ភិក្ខុខឹងនឹងភិក្ខុឯទៀត ហើយបណ្តេញ​ចាក​វិហារ​របស់សង្ឃ១ ភិក្ខុអង្គុយ ឬដេកលើគ្រែមានជើងស៊កទុក១ ភិក្ខុលាបបូកវិហារញយៗ បានកំណត់​ត្រឹមសន្លឹកទ្វារ ឬសន្លឹកបង្អួចដោយជុំវិញ១ ភិក្ខុយកទឹកមានសត្វស្រោចស្មៅ ឬដី១។

ឱវាទវគ្គ សិក្ខាបទទី១

[២៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយទូន្មានភិក្ខុនី​ទាំងឡាយ ក៏បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ លំដាប់នោះ ពួកឆព្វគ្គិយ​ភិក្ខុបានគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយទូន្មានពួកភិក្ខុនី​ បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ម្នាលអាវុសោ​ទាំងឡាយ បើដូច្នោះ យើងទាំងឡាយក៏ទូន្មាន​ពួកភិក្ខុនីដែរ។ វេលានោះ ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​រកភិក្ខុនី​ទាំងឡាយ ហើយបាននិយាយយ៉ាងនេះថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរមករកពួកយើង ៗនឹងទូន្មាន។ គ្រានោះ ភិក្ខុនីទាំងឡាយនោះក៏ចូល​ទៅរក​ឆព្វគ្គិយ​ភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយក្នុង​ទី​គួរ​មួយ។ ពួកឆព្វគ្គិយភិក្ខុធ្វើ​ធម្មីកថាបន្តិច​បន្តួចដល់​​ពួកភិក្ខុនី ហើយក៏ពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចបញ្ជូនពួកភិក្ខុនី​ឲ្យត្រឡប់ទៅវិញ ដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរ​ទៅវិញចុះ។ គ្រានោះ ភិក្ខុនីទាំងឡាយនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរពួកភិក្ខុនីនោះដែលឈរក្នុងទីដ៏សមគួរ​ដោយពុទ្ធដីកាយ៉ាង​នេះថា ម្នាលភិក្ខុនី​ទាំងឡាយ ឱវាទ (នោះ) បានបរិបូណ៌​សម្រេចហើយឬ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ឱវាទ (នោះ) នឹងបរិបូណ៌សម្រេច​មកពីណា ព្រោះលោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ​ធ្វើ​ធម្មីកថាតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចក៏បញ្ជូន​ខ្ញុំព្រះអង្គ​ទាំងឡាយ​ឲ្យ​ត្រឡប់​មកវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ភិក្ខុនី​ទាំងឡាយនោះ​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ភិក្ខុនី​ទាំងឡាយ​នោះ លុះព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យ​រីករាយ​ដោយ​ធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀស​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់​សួរ​បញ្ជាក់​ឆព្វគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នកទាំងឡាយធ្វើធម្មីកថា​ដល់​ភិក្ខុនី​ទាំងឡាយតិចណាស់ ពោលតែតិរច្ឆានកថា ឲ្យកន្លងអស់១ថ្ងៃ ហើយក៏បញ្ជូនភិក្ខុនី​ទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួក​អ្នក​ឯង​មិនសមបើនឹងធ្វើធម្មីកថា​ដល់​ភិក្ខុនី​ទាំងឡាយ​តិចពេក ពោលតែតិរច្ឆានកថាឲ្យកន្លង​អស់១ថ្ងៃ ហើយបញ្ជូន​ភិក្ខុនីទាំងឡាយឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើ​ដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយ​នាំបុគ្គល​​អ្នកដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាមិនបាន។បេ។ លុះព្រះដ៏មានព្រះភាគទ្រង់តិះដៀល​ហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ម្នាលភិក្ខុទាំងឡាយ សង្ឃ​ត្រូវ​សន្មតភិក្ខុឲ្យ​ជាអ្នកឲ្យ​ឱវាទដល់ភិក្ខុនីយ៉ាងនេះ សង្ឃត្រូវអារាធនាភិក្ខុ (នោះ) ជាមុនសិន។ លុះ​អារាធនារួចហើយ ភិក្ខុអ្នកឈ្លាសអង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ នេះជាវាចា​ប្រកាសសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះ​នេះ​ឲ្យជាអ្នកឲ្យ​ឱវាទដល់ភិក្ខុនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បីស្ងៀមនៅ មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន​អាយុអង្គ​នោះ​គប្បីពោល​ឡើង។ ខ្ញុំពោលសេចក្តី​នេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះ​នេះ​ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី គួរដល់លោកដ៏មាន​អាយុអង្គ​ណា លោកដ៏មានអាយុអង្គ​នោះ​គប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បីពោល​ឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបាន​សន្មតឲ្យជាអ្នកឲ្យ​ឱវាទ​ដល់ភិក្ខុនីហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវ​រឿងនេះ ដោយ​អាការស្ងៀម​នៅយ៉ាង​នេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលនូវ​ឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយជាច្រើន។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​​គប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​ដែលសង្ឃ​មិនបាន​សន្មត ហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​​ទ្រង់​បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ។

[២៥] សម័យនោះឯង ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតរួចហើយ ក៏ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ ក៏បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ​ជាបច្ច័យដល់ភិក្ខុឈឺ​យ៉ាង​នោះដដែល។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយ បានគិតគ្នាថា អាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈ​ទាំងឡាយ​ដែលសង្ឃ​បានសន្មតហើយ ក៏ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺ​យ៉ាង​នោះដដែល អាវុសោ បើដូច្នោះ មានតែ​ពួកយើង​ទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នាទៅវិញទៅមកឲ្យជាអ្នកប្រដៅភិក្ខុនី រួចប្រដៅ​ពួក​ភិក្ខុនី។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុនាំ​គ្នាទៅកាន់​ទីគ្មានសីមា ហើយសន្មតគ្នា​ទៅវិញទៅ​មក​ឲ្យជា​អ្នក​ប្រដៅភិក្ខុនី ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលយ៉ាងនេះថា ម្នាលប្អូស្រីទាំងឡាយ សង្ឃបាន​សន្មតពួក​យើងហើយ នាងទាំងឡាយចូរមករកពួកយើងចុះ យើងនឹងប្រដៅទូន្មាន។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយធ្វើ​ធម្មីកថាបន្តិចបន្តួចដល់ភិក្ខុនីទាំងឡាយ ហើយពោល​តិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃទៅ រួចក៏​បញ្ជូន​ភិក្ខុនីទាំងឡាយនោះឲ្យត្រឡប់ទៅវិញដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរទៅវិញចុះ។ ទើបភិក្ខុនី​ទាំងនោះ​នាំគ្នាចូលទៅកាន់​ទីគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់​សួរភិក្ខុនីទាំងឡាយ ដែលឈរនៅក្នុងទីដ៏សមគួរនោះថា ម្នាលភិក្ខុនីទាំងឡាយ ឱវាទបានសម្រេចបរិបូណ៌ឬទេ។ ភិក្ខុនីទាំងឡាយ​ទូលថា បពិត្រព្រះ​អង្គដ៏​ចំរើន ឱវាទ​នឹងបានសម្រេច​បរិបូណ៌​មកពីឯណា លោកម្ចាស់ឆព្វគ្គិយទាំងឡាយធ្វើធម្មីកថា​បន្តិច​បន្តួច ហើយពោលតែ​តិរច្ឆានកថា​ឲ្យកន្លង​អស់១ថ្ងៃ រួចក៏​បញ្ជូន​យើងខ្ញុំឲ្យ​ត្រឡប់មកវិញ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ភិក្ខុនីទាំងឡាយនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យរីករាយដោយធម្មីកថា។ ភិក្ខុនីអម្បាលនោះ លុះព្រះដ៏មានព្រះភាគទ្រង់​ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយព្រះធម្មីកថា​ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ រួចសួរបញ្ជាក់​ពួក​ឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយបន្តិច​បន្តួច ហើយពោល​តិរច្ឆានកថា​ឲ្យកន្លងអស់​មួយថ្ងៃ រួចក៏​បញ្ជូនភិក្ខុនីទាំងនោះឲ្យ​ត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ​ទ្រង់​តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបីនឹងធ្វើ ធម្មីកថា​បន្តិច​បន្តួចដល់ភិក្ខុនី ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួច​បញ្ជូនភិក្ខុនី​ទាំងនោះឲ្យ​ត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែល​អ្នកធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លា​ទេ ឬមួយញុំាង​បុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ទ្រង់តិះដៀលហើយ ក៏ធ្វើនូវធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកដោយ​ព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ៨ ឲ្យជាអ្នក​ប្រដៅ​ភិក្ខុនី គឺ​ភិក្ខុជាអ្នកមាន​សីលសង្រួម​តាម​បាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ (មារយាទ) និងទីគោចរ ជាអ្នកឃើញ​ភ័យ​ក្នុងទោស​ទាំងឡាយមានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទ​ទាំងឡាយ១ ភិក្ខុជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌ទាំងឡាយណា ពីរោះខាង​ដើម ពីរោះកណ្តាល ពីរោះខាងចុង តែង​ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ទាំងព្យញ្ជនៈ​ឲ្យ​បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពយ៉ាងនេះ ភិក្ខុនោះចាំច្រើនហើយ ទ្រទ្រង់​ហើយ សន្សំហើយ ដោយវាចា​ដ៏ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ត្រូវល្អដោយ​ទិដ្ឋិ១ ចំណែកបាតិមោក្ខទាំងពីរ ភិក្ខុនោះក៏ចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់សេចក្តីបានដោយល្អ ដោយសុត្ត (គឺខន្ធកៈ និងបរិវារៈ) ដោយអនុព្យញ្ជនៈ១ ភិក្ខុនោះ​មានវាចាពោលត្រឹមត្រូវដោយសិថិលធនិតជាដើម មាន​សំឡេង​ពីរោះ១ ភិក្ខុនោះ​ជាទី​ស្រឡាញ់ពេញចិត្ត​នៃភិក្ខុនីទាំងឡាយដោយច្រើន១ ភិក្ខុនោះ​ជាអ្នក​អាច​ដើម្បីនឹង​ប្រដៅភិក្ខុនី​បាន១ ភិក្ខុនោះមិន​ធ្លាប់ប្រព្រឹត្តកន្លង​គរុធម៌នឹង​ភិក្ខុនី​ដែល​ស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​ដោយ​ទឹក​ចត់ បួសចំពោះព្រះដ៏មានព្រះភាគនេះ១ ភិក្ខុនោះមានវស្សាម្ភៃ ឬមានវស្សាជាងម្ភៃ១ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែល​ប្រកបដោយអង្គទាំងឡាយ៨នេះ ឲ្យ​ជាអ្នកប្រដៅភិក្ខុនី។

[២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុដែលឈ្មោះថាសង្ឃមិនបានសន្មតនោះ គឺសង្ឃមិនបាន​សន្មតដោយ​ញត្តិចតុត្ថកម្មវាចា។ ពួកស្រីដែលឈ្មោះថាភិក្ខុនីនោះ បានដល់ស្រីដែលបានឧបសម្បទាហើយក្នុងឧភតោសង្ឃ។

[២៧] ត្រង់ពាក្យថា ប្រដៅ គឺភិក្ខុទូន្មានដោយគរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅ​ដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនី​ដែលបាន​ឧបសម្បទា​ក្នុងសំណាក់​សង្ឃតែ​មួយចំណែក ត្រូវអាបត្តិ​ទុក្កដ។

[២៨] ភិក្ខុដែលសង្ឃសន្មតនោះ គប្បីបោសច្រាសនូវទីបរិវេណ រួចត្រូវតាំងទឹកឆាន់​ និង​ទឹកប្រើប្រាស់ តែងតាំងនូវអាសនៈទុក ហើយនាំយក​ភិក្ខុជាគំរប់​ពីរ​ទៅអង្គុយនៅចុះ។ ភិក្ខុនី​ទាំងឡាយគប្បីទៅក្នុងទីនោះ ហើយថ្វាយបង្គំនូវភិក្ខុនោះ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុដែលសង្ឃសន្មតនោះ គប្បីសួរភិក្ខុនី​ទាំងឡាយថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀង​គ្នាហើយឬ។ បើភិក្ខុនីទាំងឡាយពោលថា លោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុគប្បី​សួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់រត់មាត់ហើយឬ។ បើភិក្ខុនីទាំងឡាយពោល​តបថា បពិត្រលោកម្ចាស់ ចាំស្ទាត់រត់មាត់ហើយ ភិក្ខុគប្បីប្រគល់​ឱវាទ​ដោយពាក្យថា ម្នាលនាង​ទាំងឡាយ នេះហើយជាឱវាទ។ បើភិក្ខុនីទាំងឡាយពោលថា គរុធម៌មិនទាន់ស្ទាត់ទេលោកម្ចាស់ ភិក្ខុគប្បីសូត្រប្រាប់ភិក្ខុនីថា ភិក្ខុនី​ឧបសម្បទា​ហើយបានមួយរយវស្សា ត្រូវធ្វើអភិវាទនកម្ម បច្ចុបដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្មដល់ភិក្ខុ (សូម្បី) ឧបសម្បទាហើយក្នុងថ្ងៃនោះ នេះ​ជា​ធម៌​ដែលភិក្ខុនី​ត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវ​នៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការ​សាកសួរនូវឧបោសថ១ ការចូលទៅទទួលឱវាទ១ អំពីភិក្ខុសង្ឃ​គ្រប់ៗកន្លះខែ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនី​នៅចាំវស្សារួចហើយ ត្រូវបវារណា​ក្នុងឧភតោសង្ឃ ដោយហេតុ៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្ត​កន្លង​ដរាបអស់​មួយជីវិត១។ ភិក្ខុនីត្រូវគរុកាបត្តិ (ជាសតេកិច្ឆា) ហើយត្រូវប្រព្រឹត្តបក្ខមានត្តក្នុង​ឧភតោសង្ឃ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្ត​កន្លង​​ដរាបអស់​មួយជីវិត១។ ភិក្ខុនីត្រូវស្វែងរកឧបសម្បទាក្នុងឧភតោសង្ឃដល់សិក្ខមានាដែល​មានសិក្ខា​សិក្សា​ក្នុងធម៌ទាំងឡាយ៦ អស់ពីរវស្សាហើយ នេះជាធម៌​​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវ​ប្រទេច​ផ្តាសា​ភិក្ខុដោយ​បរិយាយ​ណាមួយឡើយ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ពួកភិក្ខុនី​មិនត្រូវស្តីប្រដៅ​ពួក​ភិក្ខុឡើយ ពួកភិក្ខុត្រូវ​ស្តីប្រដៅ​​ដល់ពួកភិក្ខុនីបាន តាំងអំពីថ្ងៃនេះជាដើម នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ បើភិក្ខុនី​ទាំងឡាយ​ពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុពោលធម៌​ដទៃ​វិញ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រ​លោកម្ចាស់ យើងខ្ញុំទាំងឡាយ​បែកគ្នាជា​ពួកៗ ភិក្ខុចេះតែពោលនូវគរុធម៌៨ដដែល ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបានប្រគល់ឱវាទ​ឲ្យ​ដល់​ភិក្ខុនី ត្រឡប់​ពោលធម៌ដទៃវិញ ត្រូវអាបត្តិទុក្កដ។

[២៩] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣០] ភិក្ខុសង្ស័យក្នុងកម្មមិនជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣១] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣២] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៣] កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នា​ជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៤] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។

[៣៥] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្ម​មិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្ម​ជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៦] កម្មជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៧] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៨] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនមែនជាធម៌វិញ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។

[៣៩] កម្មជាធម៌ ភិក្ខុមានសេចក្តីសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។

[៤០] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាព្រមព្រៀងគ្នាមែន ហើយប្រដៅ មិនត្រូវអាបត្តិអ្វីឡើយ។

[៤១] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​នូវ​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនី​ចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៤២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈ​ទាំងឡាយ​ប្រដៅពួកភិក្ខុនីដោយវេន​ជាលំដាប់ៗ។ សម័យនោះឯង ព្រះចូឡបន្ថកដ៏មានអាយុត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនិយាយគ្នា​ថា ថ្ងៃនេះឱវាទគង់​នឹងមិន​សម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវ​ឧទាន​នោះឯងដដែលៗ ឥឡូវហ្នឹង។​ ភិក្ខុនី​ទាំងនោះនាំគ្នាចូល​ទៅរក​ព្រះចូឡបន្ថកដ៏មានអាយុ លុះទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះចូឡបន្ថកដ៏​មានអាយុ ហើយអង្គុយ​នៅក្នុង​ទី​ដ៏សមគួរ​។ ឯព្រះ​ចូឡបន្ថកដ៏​មានអាយុ បាននិយាយ​នឹងភិក្ខុនី​ទាំងនោះ ដែលអង្គុយ​នៅហើយក្នុង​ទីដ៏សមគួរ ដោយពាក្យ​យ៉ាងនេះថា ម្នាលនាង​ទាំងឡាយ ពួកនាង​ព្រមព្រៀងគ្នា​ហើយឬ។ ពួកភិក្ខុនី​តបថា ព្រមព្រៀងគ្នា​​ហើយលោកម្ចាស់។ ព្រះ​ចូឡបន្ថក​សួរថា ម្នាលនាង​ទាំងឡាយ គរុធម៌៨​ចាំស្ទាត់​ហើយឬ។ ពួកភិក្ខុនី​តបថា ចាំស្ទាត់ហើយ​លោកម្ចាស់។ ព្រះ​ចូឡបន្ថក​ប្រាប់ថា ម្នាលនាង​ទាំងឡាយ​ នេះហើយ​ជាឱវាទ ហើយបាន​ពោលនូវឧទាន​នេះដដែល​ថា

សេចក្តីសោកទាំងឡាយ រមែងមិនមានដល់មុនីដែលមានអធិចិត្តមិនប្រមាទ សិក្សា​នៅក្នុង​ផ្លូវ​នៃមោនធម៌ (គឺអរហត្តញាណ) មិនញាប់ញ័រ (ដោយ​លោកធម៌) មានចិត្តស្ងប់ (ចាកកិលេស) តែង​មានស្មារតីជានិច្ច។

 [៤៣] ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយបាននិយាយគ្នាទុក​មកហើយថា វេលាថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថក​គង់នឹងពោលនូវ​ឧទាន​នោះឯងដដែលក្នុងកាលឥឡូវហ្នឹង។ ព្រះចូឡបន្ថកដ៏មានអាយុ​បានស្តាប់​ពាក្យនិយាយចរចា​នេះរបស់ភិក្ខុនី​ទាំងឡាយ​នោះហើយ។ គ្រានោះ ព្រះចូឡបន្ថកដ៏មានអាយុ​ហោះទៅកាន់វិហារស្ថាន​ហើយចង្ក្រមខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ បង្ហុយផ្សែងខ្លះ បញ្ចេញ​ពន្លឺ​ភ្លើងខ្លះ បំបាត់​ខ្លួនទៅខ្លះ ហើយពោលឧទាននោះទៀតផង និងពុទ្ធវចនៈដទៃ​ជាច្រើន​ផង ឰដ៏​អាកាសវាលទទេ។ ភិក្ខុនីទាំងឡាយបាននិយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើង​ទាំងឡាយ សេចក្តី​អស្ចារ្យ​(នេះ) ចំឡែក​ពេកណាស់ ម្នាលគ្នាយើងទាំងឡាយ ហេតុមិនធ្លាប់កើត ៗហើយ ឱវាទ​ដែល​សម្រេចបរិបូណ៌​ដូចជាឱវាទរបស់​​លោកម្ចាស់​ចូឡបន្ថកយ៉ាងនេះ កាលពីដើម យើងមិនធ្លាប់បាន​(ស្តាប់)ទេ។ លំដាប់នោះ ព្រះចូឡបន្ថកដ៏​មានអាយុ​ប្រដៅភិក្ខុនី​អម្បាលនោះ​ដរាបដល់​យប់ ហើយ​បញ្ជូន​ទៅវិញថា ម្នាលនាងទាំងឡាយ ពួកនាងចូរទៅចុះ។ វេលានោះ ទ្វារនគរគេបិទ​ហើយ ភិក្ខុនីទាំងនោះក៏នៅខាងក្រៅនគរ លុះព្រឹកឡើង​ទើបចូលទៅកាន់នគរ។ មនុស្ស​ទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយនេះ មិនមែនជា​ព្រហ្មចារិនី (មិនមែនជាអ្នក​ប្រព្រឹត្តល្អ)ទេ នៅជាមួយនឹងភិក្ខុទាំងឡាយក្នុងអារាម ​ហើយទើបតែចូល​មក​កាន់​នគរក្នុងកាលឥឡូវនេះ។ ភិក្ខុទាំងឡាយបាន​ឮមនុស្សអម្បាល​នោះពោល​ទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ចូឡបន្ថក​ដ៏មានអាយុ កាលព្រះអាទិត្យអស្តង្គតហើយ មិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលចូឡបន្ថកៈ ឮថា កាល​ព្រះអាទិត្យអស្តង្គតហើយ អ្នកឯងទៅប្រដៅភិក្ខុនីទាំងឡាយ ពិតមែនឬ។ ព្រះចូឡបន្ថកដ៏មានអាយុទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់ដ៏មាន​​ព្រះ​ភាគ ទ្រង់បន្ទោសថា ម្នាលចូឡបន្ថកៈ កាលព្រះអាទិត្យអស្តង្គតទៅហើយ អ្នកឯងមិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ ម្នាលចូឡបន្ថៈ អំពើដែល​អ្នក​ធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយ ទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិ​បាចិត្តិយ។

[៤៤] ដែលហៅថា សង្ឃបានសន្មតនោះ គឺសង្ឃសន្មតដោយញត្តិចតុត្ថកម្មវាចា។ ត្រង់ពាក្យថា ព្រះអាទិត្យអស្តង្គតហើយ សេចក្តីថា ព្រះអាទិត្យលិចចុះហើយ។ ពួកស្រីដែល​បាន​ឧបសម្បទាក្នុងជំនុំសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ សេចក្តីថា ភិក្ខុប្រដៅ​ភិក្ខុនី​ដោយ​គរុធម៌៨ក្តី ដោយធម៌ដទៃក្តី ត្រូវអាបត្តិបាចិត្តិយ។

[៤៥] ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថា អស្តង្គតមែន ហើយទៅប្រដៅ (ភិក្ខុនី) ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយទៅប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត ហើយទៅប្រដៅ​ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅភិក្ខុនីដែលឧបសម្បទាហើយក្នុងជំនុំសង្ឃមួយចំណែក ត្រូវអាបត្តិ​ទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាអស្តង្គតហើយ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់​អស្តង្គត ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត មិនត្រូវ​អាបត្តិអ្វីឡើយ។

[៤៦] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាលីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​នូវ​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនី​ចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៤៧] សម័យនោះ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែន​ឈ្មោះសក្កៈ។ គ្រានោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយ​ប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងចូរមក យើងនឹងទៅទទួលឱវាទ (ជាមួយគ្នា)។ ឆព្វគ្គិយភិក្ខុនី​និយាយ​ថា ម្នាលនាងទាំងឡាយ យើងទាំងឡាយនាំគ្នាទៅព្រោះហេតុនៃឱវាទ​ធ្វើអ្វី ដ្បិត​ឆព្វគ្គិយភិក្ខុ​ជាម្ចាស់ទាំងឡាយមកប្រដៅពួកយើង​ក្នុងលំនៅ​នេះហើយ។ ភិក្ខុនីទាំងឡាយ​នាំគ្នា ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​នឹងចូលដល់លំនៅ​ភិក្ខុនី ហើយ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ។ លំដាប់នោះ ភិក្ខុនីអម្បាលនោះប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាជាអ្នកមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​ចូលដល់លំនៅ​របស់ភិក្ខុនី ហើយ​ប្រដៅ​ភិក្ខុនី។បេ។  ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រដៅភិក្ខុនីទាំងឡាយចូល​ដល់លំនៅភិក្ខុនី ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មាន​ព្រះ​ភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនីទេ នែមោឃបុរសទាំងឡាយ អំពើដែល​អ្នកឯងធ្វើ​នេះ មិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយចូលដល់លំនៅ​របស់​ភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយ ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទ​នេះ​ដល់ភិក្ខុ​ទាំងឡាយយ៉ាងនេះ។

[៤៨] សម័យនោះឯង ព្រះមហាបជាបតិគោតមីភិក្ខុនីមានជម្ងឺ។ ភិក្ខុជាថេរៈទាំងឡាយ ចូលទៅកាន់លំនៅ​ព្រះមហាបជាបតិគោតមីភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយសួរ​​ព្រះមហាបជាបតិគោតមីភិក្ខុនីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្តព្រះនាងល្មម​អត់​ទ្រាំ​បានដែរឬទេ ល្មមប្រព្រឹត្តទៅបានស្រួល​ដែរឬទេ។ ​ព្រះមហាបជាបតិគោតមីភិក្ខុនីតបថា លោក​ម្ចាស់ សរីរយន្តខ្ញុំមិនអាចអត់ទ្រាំបានទេ ខ្ញុំមិនអាចប្រព្រឹត្តទៅបានស្រួលទេ បពិត្រលោកម្ចាស់​ទាំងឡាយ ណ្ហើយចុះ សូមពួកលោកម្ចាស់សំដែងធម៌ឲ្យទាន។ ភិក្ខុទាំងនោះនិយាយថា ម្នាល​នាង កិរិយាដែលភិក្ខុចូលមកកាន់លំនៅ​របស់ភិក្ខុនី ហើយសំដែងធម៌ដល់ភិក្ខុនី មិនគួរឡើយ ហើយមានសេចក្តីសង្ស័យ (យ៉ាងនេះ) ក៏មិនហ៊ាន​សំដែងធម៌ឡើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរក្នុងវេលាព្រឹក ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់លំនៅ​របស់​ព្រះមហាបជាបតិគោតមី លុះដល់​ហើយ ទ្រង់គង់​លើ​អាសនៈ​ដែល​តែងតាំងទុក។ ព្រះដ៏មានព្រះភាគ​ទ្រង់គង់ហើយ ទ្រង់ត្រាស់សួរ​ព្រះមហា​បជាបតិគោតមី​យ៉ាងនេះថា ព្រះនាងគោតមី សរីរយន្តព្រះនាងល្មម​អត់​ទ្រាំ​បានដែរឬ ល្មមឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​​ដែរឬ។ ​ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលមុនភិក្ខុជាថេរៈទាំងឡាយ មក​សំដែង​ធម៌​ដល់ខ្ញុំព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គមានសេចក្តីសប្បាយ ក៏ឥឡូវនេះ ព្រះដ៏មាន​ព្រះភាគទ្រង់ហាមឃាត់ហើយ ព្រោះហេតុនោះ ភិក្ខុជាថេរៈ​ទាំងឡាយ​មានសេចក្តីខ្លាច​ក្រែង ទើប​មិនហ៊ានសំដែង សេចក្តីមិនសប្បាយ​មានដល់ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះមហាបជាបតិគោតមីឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុចូលដល់​លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនី​ដែល​មាន​ជម្ងឺ​បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយចូល​ដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​មាន​សម័យ ឯសម័យ​ក្នុងសិក្ខាបទនេះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យ​ក្នុងសិក្ខាបទ​នោះ។

[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ភិក្ខុនីទាំងឡាយនៅក្នុងទីណា សូម្បីអស់រាត្រី១ ទៅនោះហៅថាទីនៅរបស់ភិក្ខុនី។ ពាក្យថា ចូលដល់ គឺទៅក្នុងទីនោះ។ ពួកស្រីដែលបានឧបសម្បទាក្នុងសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ គឺភិក្ខុប្រដៅដោយគរុធម៌៨ ត្រូវអាបត្តិអាចិត្តិយ។ ពាក្យថា វៀរលែងតែ​មាន​សម័យ គឺលើក​លែងតែមានសម័យ។ ភិក្ខុនីមិនអាចទៅទទួលឱវាទ​ ឬទៅនៅ​រួម​សង្ឃកម្ម​បាន ហៅថាមានជម្ងឺ។

[៥០] ភិក្ខុសំគាល់ភិក្ខុនីដែលបានឧបសម្បទាហើយ ថាបានឧបសម្បទាមែន ហើយចូល​ទៅដល់លំនៅ​របស់ភិក្ខុនី​ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងភិក្ខុនីដែលបានឧបសម្បទាហើយ ចូលទៅដល់លំនៅរបស់​ភិក្ខុនី ហើយប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ វៀរលែង​តែមានសម័យ។ ភិក្ខុនីឧបសម្បទាហើយ ភិក្ខុសំគាល់ថា មិនទាន់បាន​ឧបសម្បទាទេ ហើយចូលទៅដល់​លំនៅ​របស់ភិក្ខុនី ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានសម័យ។ ភិក្ខុប្រដៅភិក្ខុនីដោយធម៌ដទៃ (ក្រៅពី​គរុធម៌)  ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសង្ឃតែមួយចំណែក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីមិនទាន់បានឧបសម្បទា ថាបានឧបសម្បទាហើយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងស្រីដែលមិនទាន់បានឧបសម្បទា ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីដែលមិនទាន់បានឧបសម្បទា ថាមិនទាន់ឧបសម្បទាមែន មិនត្រូវ​អាបត្តិអ្វីឡើយ។

[៥១] អាបត្តិមិនមានដល់ភិក្ខុដែលប្រដៅភិក្ខុនីក្នុងសម័យ ដល់ភិក្ខុ​ដែលសំដែង​បាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែល​ភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ដើម្បីអ្នកដទៃ ហើយភិក្ខុនី​​ចូលស្តាប់ផង ដល់ភិក្ខុដែលប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[៥២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈ​ទាំងឡាយ​ប្រដៅ​ពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ ពួកឆព្វគ្គិយភិក្ខុ និយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយក​ចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វី​ឡើយ ពួក​ឆព្វគ្គិយ​ភិក្ខុមកនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្ត​ទុក​ដាក់នឹង​ប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនិយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយមិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីប៉ុន្មានទេ ភិក្ខុជាថេរៈទាំង​ឡាយ​​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ ក៏ថ្វីឡើយ ពួកអ្នកឯង​មកពោលយ៉ាងនេះថា ភិក្ខុជាថេរៈ​ទាំងឡាយ​មិនសូវ​យកចិត្ត​ទុក​ដាក់​នឹងប្រៀនប្រដៅ​ពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយពោល​យ៉ាងនេះថា ភិក្ខុទាំងឡាយ ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ត្រូវអាបត្តិបាចិត្តិយ។

[៥៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ព្រោះហេតុតែអាមិស សេចក្តីថា ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់​មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា។

[៥៤] ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រាថ្នាដើម្បីនឹងធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីនឹងធ្វើបង្អាប់​យស ប្រាថ្នាដើម្បីនឹងធ្វើនូវសេចក្តីបង្អាប់បង្អោន ចំពោះឧបសម្បន្ន​ដែល​សង្ឃសន្មត ឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី​ ព្រោះ​ហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យ​ដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តី​គោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។

[៥៥] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិ​បាចិត្តិយ។ កម្មជាធម៌ ភិក្ខុសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តយ។ កម្ម​ជាធម៌ ភិក្ខុសំគាល់​ថា​កម្ម​មិនមែនជាធម៌វិញ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។

[៥៦] ភិក្ខុណាប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នា​ដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោនចំពោះ​ឧបសម្បន្នដែលសង្ឃមិន​បានសន្មតឲ្យជា​អ្នក​ប្រដៅ​ភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ​ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។

[៥៧] ភិក្ខុណា ប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោន​  ចំពោះ​អនុបសម្បន្នបុគ្គល ដែលសង្ឃសន្មតក្តី មិនបានសន្មតក្តី ឲ្យជាអ្នក​ប្រដៅ​ភិក្ខុនី ហើយពោលយ៉ាងនេះ គឺពោលថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។

[៥៨] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនមែនជាធម៌ ត្រូវ​អាបត្តិ​ទុក្កដ។

[៥៩] អាបត្តិមិនមានដល់ភិក្ខុ​ដែលពោល​ចំពោះ​ភិក្ខុផងគ្នាដែលជាអ្នកប្រដៅភិក្ខុនី ព្រោះ​ហេតុ​តែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តី​គោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជាដោយប្រក្រតី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[៦០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប​ត្រាច់ទៅ​បិណ្ឌបាតតាមផ្លូវ ឬច្រកមួយ ក្នុងក្រុងសាវត្ថី។ មានភិក្ខុនីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះដែរ។ ទើបភិក្ខុនោះនិយាយ​នឹង​ភិក្ខុនីនោះ​យ៉ាងនេះថា ម្នាលនាង នាងចូរទៅក្នុងឱកាសឯណោះ គេប្រគេនភិក្ខា។ ឯភិក្ខុនីនោះ​ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់​ចូរទៅក្នុង​ឱកាសឯណោះ​ចុះ គេប្រគេន​ចង្ហាន់។ ភិក្ខុ និងភិក្ខុនីនោះបានស្គាល់គ្នា ព្រោះបានឃើញគ្នាញឹកញយ។ គ្រានោះឯង សង្ឃ​កំពុង​ចែកចីវរគ្នា។ លំដាប់នោះ ភិក្ខុនីនោះ​កាលទៅទទួលឱវាទ ក៏ចូលទៅរកភិក្ខុនោះ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយបង្គំភិក្ខុនោះហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះបាននិយាយ​នឹង​ភិក្ខុនីដែល​ឋិតនៅ​ក្នុងទីដ៏សមគួរនោះយ៉ាងនេះថា ម្នាលនាង ចំណែក​ចីវរ​នេះរបស់យើង នាង​នឹង​ត្រូវការដែរឬទេ។ ភិក្ខុនីនោះឆ្លើយថា ករុណាលោកម្ចាស់ ខ្ញុំករុណា​មានចីវរចាស់ហើយ។ ភិក្ខុនោះឲ្យចីវរដល់ភិក្ខុនីនោះ។ ចំណែកភិក្ខុនោះជាអ្នកមានចីវរទុព្វលភាព។ ភិក្ខុទាំងឡាយបាន​និយាយ​នឹងភិក្ខុនោះ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរធ្វើចីវររបស់អ្នក​ក្នុងកាល​ឥឡូវនេះចុះ។ ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមគួរ​នឹង​ឲ្យ​ចីវរដល់ភិក្ខុនីទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ ឮថាអ្នកឯងបានឲ្យចីវរដល់​ភិក្ខុនី ពិតមែនឬ។ ភិក្ខុនោះក្រាបទូលតបថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនញាតិទេ។ ភិក្ខុនោះទូលថា សូមទ្រង់​មេត្តាប្រោស ភិក្ខុនី​នោះមិនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែ​មោឃបុរស ប្រុសមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរ ឬមិនសមគួរ ល្អិតល្អ ឬមិន​ល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនគួរនឹងឲ្យចីវរដល់​ភិក្ខុនី​មិនមែន​ញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកបុគ្គល​ ​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៦១] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យ មិនហ៊ានផ្លាស់ប្តូរចីវរនឹងភិក្ខុនីទាំងឡាយ។ ពួក​ភិក្ខុនីនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបីនឹង​មិនហ៊ានផ្លាស់ប្តូរចីវរនឹងពួកយើងសោះ។ ភិក្ខុទាំងឡាយបានឮពួកភិក្ខុនី​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំង​ឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង​៥ គឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ នេះបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិ​បាចិត្តិយ វៀរតែផ្លាស់ប្តូរគ្នា។

[៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានសម្ពន្ធជាប់វង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុង​សង្ឃ​ពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាង​ចីវរណាមួយ យ៉ាងតូចបំផុតដ៏គួរដល់វិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែងតែផ្លាស់ប្តូរគ្នា សេចក្តីថា ភិក្ខុឲ្យ (ចីវរដល់ភិក្ខុនីមិនមែន​ញាតិ) ត្រូវអាបត្តិបាចិត្តិយ លើកលែងតែផ្លាស់ប្តូរគ្នា។

[៦៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសង្ស័យ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុឲ្យចីវរ​ដល់ភិក្ខុនីដែលបានឧបសម្បទា​អំពី​សង្ឃ​មួយចំណែក ត្រូវអាបត្តិទុក្កដ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថា​មិនមែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវ​អាបត្តិអ្វីឡើយ។

[៦៤] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលផ្លាស់​ប្តូរចីវរ​គ្នា ដល់ភិក្ខុដែលប្តូរយកចីវរមានដំឡៃ​ច្រើនដោយចីវរមានដំឡៃតិច ឬចីវរមានដំឡៃតិច​ដោយ​ចីវរ​មាន​ដំឡៃ​ច្រើន ដល់ភិក្ខុដែលភិក្ខុនី​កាន់យកចីវរ​របស់​ខ្លួន​ដោយសេចក្តី​ស្និទ្ធស្នាល ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវរជារបស់ខ្ចីគ្នា ដល់ភិក្ខុ​ដែល​ឲ្យ​បរិក្ខារដទៃ ​វៀរ​លែង​តែចីវរ ដល់ភិក្ខុដែលឲ្យចីវរដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ឧទាយិដ៏មានអាយុ​ ជាអ្នកប្រសប់ធ្វើចីវរកម្ម។ មានភិក្ខុនី១រូប​ចូលទៅកាន់ទីដែល​ឧទាយិ​ដ៏មានអាយុ​នៅ លុះចូលទៅដល់ហើយ បាននិយាយនឹង​ឧទាយិ​ដ៏​មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដេរចីវរឲ្យខ្ញុំផង។ គ្រានោះ ឧទាយិដ៏មានអាយុក៏ដេរចីវរ ហើយធ្វើកិច្ចជ្រលក់ គក់ បោកដ៏ល្អ រួចធ្វើរូបគំនូរ ត្រង់កណ្តាលចីវរ ស្រេចហើយ បត់ទុកឲ្យភិក្ខុនីនោះ។ គ្រានោះ ភិក្ខុនីនោះទៅកាន់​លំនៅ​ឧទាយិដ៏មានអាយុ លុះទៅដល់ហើយ បាននិយាយនឹង​ឧទាយិដ៏មានអាយុយ៉ាង​នេះថា បពិត្រលោកម្ចាស់ ចីវររបស់លោកម្ចាស់នោះ ដូចម្តេចទៅ។ ឧទាយិឆ្លើយថា ម្នាលប្អូនស្រី ហ៏ នាង​ចូរនាំយក​ចីវរនេះទៅទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ ចូរដណ្តប់​ចីវរ​នេះ​ដើរ​ទៅតាមក្រោយៗភិក្ខុនីសង្ឃក្នុងកាលណោះ។ លំដាប់នោះ ភិក្ខុនីនោះនាំយកចីវរនោះ​ទៅ​ទាំង​ផ្នត់​ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ នាងក៏ដណ្តប់​ចីវរនោះ​ដើរ​ទៅតាម​ក្រោយៗ​ភិក្ខុនីសង្ឃក្នុងកាលណោះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីអម្បាលនេះជាស្រីគ្មាន​កោតញញើត ជាស្រីអ្នកលេង គ្មានអៀនខ្មាស មិនសមបើនឹងគូរ​គំនូរក្នុងចីវរសោះ។ ភិក្ខុនីទាំងឡាយបាននិយាយសួរគ្នាយ៉ាងនេះថា នេះជាការងាររបស់​អ្នក​ណា។ ភិក្ខុនីទាំងឡាយឆ្លើយថា នេះជាការងាររបស់លោកម្ចាស់ឧទាយិ។ ពួកភិក្ខុនីនិយាយ​គ្នាថា ជនទាំងឡាយណាជាអ្នកគ្មានសេចក្តីកោតញញើត ជាអ្នកលេង ជាអ្នកគ្មានសេចក្តីអៀនខ្មាស កម្មមានសភាពយ៉ាងនេះ ក៏គង់​មិនល្អដល់ជនទាំងឡាយនោះ នឹងពោល​ទៅថ្វីដល់​លោកម្ចាស់​ឧទាយិ។ ពួកភិក្ខុនីនោះនាំគ្នាប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរនឹងដេរចីវរដល់ភិក្ខុនីសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧទាយិ ឮថាអ្នកឯងដេរចីវរឲ្យ​ភិក្ខុនី ពិតមែនឬ។ ឧទាយិភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មាន​ព្រះភាគ​​ត្រាស់សួរថា នែឧទាយិ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧទាយិភិក្ខុទូលថា សូមទ្រង់​មេត្តាប្រោស មិនមែនជាញាតិទេ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា នែ​មោឃបុរស ប្រុសដែលមិនមែនជាញាតិ រមែងមិនស្គាល់កម្មដ៏សមគួរក្តី មិនសមគួរក្តី កម្មជាទីជ្រះថ្លាក្តី មិនជាទីជ្រះថ្លាក្តី របស់ស្ត្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនសមគួរនឹងដេចីវរឲ្យ​ភិក្ខុនី​មិនមែន​ញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ដេរឯង ឬប្រើគេឲ្យដេរនូវចីវរឲ្យភិក្ខុនីមិនមែនញាតិ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។

[៦៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានជាប់តវង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុង​សង្ឃ​ពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាង​ ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ដេរឯង គឺភិក្ខុដេរដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយរាល់ៗផ្លូវម្ជុល។ ពាក្យថា ប្រើគេឲ្យដេរ គឺភិក្ខុបង្គាប់​អ្នកដទៃ​ឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួល​បង្គាប់​ ដេរច្រើនដង ត្រូវអាបត្តិបាចិត្តិយ (តែមួយ)។

[៦៧] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិមែន ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុមានសេចក្តីសង្ស័យ ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរដើម្បីភិក្ខុនីដែលបានឧបសម្បទា​អំពី​សង្ឃតែ​មួយចំណែក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថា​មិនមែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិមែន មិនត្រូវ​អាបត្តិអ្វីឡើយ។

[៦៨] អាបត្តិមិនមានដល់ភិក្ខុ​ដែលដេរចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលដេរឯង ឬប្រើគេ​ឲ្យដេរនូវបរិក្ខារដទៃក្រៅពីចីវរ (ឲ្យភិក្ខុនី) ឲ្យសិក្ខមានា ឬឲ្យសាមណេរី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៦៩] សម័យនោះឯង ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុ​ទាំងឡាយ បបួលភិក្ខុនី​ដើរទៅកាន់​ផ្លូវឆ្ងាយមួយជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ដើរទៅយ៉ាង​ណា សមណៈទាំងឡាយនេះ ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្រ ដើរទៅ​មួយអន្លើដោយភិក្ខុនីទាំងឡាយ យ៉ាងនោះឯង។ ភិក្ខុ​ទាំងឡាយបានឮពាក្យ​មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា មិនសមបីបើ​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំង​ឡាយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​បបួលភិក្ខុនី​​ដើរទៅកាន់ផ្លូវឆ្ងាយ​មួយជា​មួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវ​សំដែង​ឡើងនូវ​សិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ​ សូម្បីកាន់ទីជាលង្វែក​នៃ​ស្រុក១ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។

[៧០] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់ក្រុងសាវត្ថី។ កាលនោះ ភិក្ខុនីទាំងឡាយនោះ ឃើញពួកភិក្ខុនោះហើយ បានពោល​ពាក្យ​នេះថា យើងទាំងឡាយនឹងទៅជាមួយនឹងលោកម្ចាស់ទាំងឡាយ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាលនាង ការដែល​ភិក្ខុបបួល​ភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយ​មួយជាមួយគ្នា មិនគួរទេ នាង​ទាំងឡាយទៅមុនឬ ៗយើងទាំងឡាយនឹងទៅមុន។ ភិក្ខុនីទាំងនោះឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ គួរតែលោកម្ចាស់ទាំងឡាយនិមន្តទៅមុន។ កាលភិក្ខុនី​ទាំងនោះដើរ​ទៅជាខាង​ក្រោយនៃ​ភិក្ខុទាំងឡាយ​ដល់ពាក់​កណ្តាលផ្លូវ ចោរទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង (កំហែង​ធ្វើសេវនកិច្ច) ក្នុងកាលនោះឯង។ ទើប​ភិក្ខុនី​ទាំងនោះ​ទៅដល់ក្រុងសាវត្ថី ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់ពួកភិក្ខុនី។ ពួកភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់​ពួក​ភិក្ខុ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយបបួលភិក្ខុនី​ដើរទៅកាន់​ផ្លូវឆ្ងាយ​ជាមួយគ្នា ក្នុង​ផ្លូវ​ដែល​គួរ​នឹងទៅ ដោយមានគ្នីគ្នាជាពួកដែលគេសន្មត​ថា ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បី​ទៅកាន់​ទីជា​លង្វែក​នៃស្រុក១ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ​មានសម័យ។ ឯសម័យក្នុងសិក្ខា​បទ​នោះគឺ ផ្លូវដែលគួរនឹងទៅ​ដោយមាន​គ្នីគ្នាជា​ពួក១ ដែលគេសន្មតថាប្រកបដោយសេចក្តីរង្កៀស​១ ដែលប្រកបដោយភ័យ​ចំពោះមុខ១ នេះជាសម័យក្នុងសិក្ខាបទនោះ។

[៧១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុង​ឧភតោសង្ឃ។ ពាក្យថា ជាមួយគ្នា សេចក្តីថា ពួក​ជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងទៅ បពិត្រលោក​ម្ចាស់ យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ ម្នាលនាង យើង​ទាំងឡាយ​នឹងទៅ យើងទាំងឡាយនឹងទៅក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ សេចក្តីថា (ភិក្ខុបបួល​ភិក្ខុនី​ដើរជាមួយគ្នាទៅ) ក្នុងទីជាចន្លោះនៃស្រុក ក្នុងស្រុកមានចម្ងាយ​ល្មម​មាន់ហើរទៅដល់ (គឺ​១រយៈ​មាន់ហើរ) ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងព្រៃដែលមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកន្លះយោជន៍។ ពាក្យថា វៀរលែងតែមានសម័យ សេចក្តីថា លើក​ទុក​តែ​មានសម័យ។ ដែលហៅថា ផ្លូវដែល​គួរនឹងទៅ ដោយមានគ្នីគ្នាជាពួក គឺផ្លូវដែលបុគ្គល​ឥតមាន​គ្នី​គ្នា មិនអាចដើរទៅបាន។ ដែលហៅថា ផ្លូវប្រកបដោយសេចក្តីរង្កៀស គឺកន្លែង​ដែលចោរ​អាស្រ័យ​នៅក៏ប្រាកដ កន្លែង​ដែល​ចោរ​បរិភោគ​អាហារក៏ប្រាកដ កន្លែង​ដែល​ចោរ​ឈរ​នៅ​ក៏​ប្រាកដ កន្លែង​ដែលចោរអង្គុយ​ក៏ប្រាកដ កន្លែង​ដែល​ចោរ​ដេក​ក៏ប្រាកដ ក្នុងផ្លូវនោះ។ ដែលហៅ​ថា ផ្លូវ​ប្រកប​ដោយ​ភ័យ​ចំពោះមុខ គឺផ្លូវនោះដែលចោរទាំងឡាយសម្លាប់មនុស្ស​ក៏ប្រាកដ ប្លន់​មនុស្ស​ក៏ប្រាកដ វាយដំមនុស្សក៏ប្រាកដ។ ភិក្ខុដើរទៅកាន់ផ្លូវដែល​ប្រកបដោយភ័យ​ចំពោះមុខ ហើយ ឃើញ​ផ្លូវមិនប្រកបដោយភ័យចំពោះមុខវិញ ត្រូវបញ្ជូនភិក្ខុនីទៅ ដោយពាក្យថា ម្នាលនាង​ទាំងឡាយ នាងទាំងឡាយចូរទៅចុះ។

[៧២] ភិក្ខុបបួលគ្នាហើយ សំគាល់ថាបបួលមែន ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាលង្វែក​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។  ភិក្ខុ​សង្ស័យក្នុងការដែលបាន​បបួលគ្នា ហើយដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាចន្លោះ​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួលគ្នា ហើយសំគាល់ថាមិនបានបបួល ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាចន្លោះ​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួល តែភិក្ខុនីមិនបបួល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមិនបានបបួលគ្នា ហើយសំគាល់ថា​បានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងការដែលមិនបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់​ថា មិនបានបបួល​ក្នុងការដែល​មិនបាន​បបួល មិនត្រូវអាបត្តិឡើយ។

[៧៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានសម័យ ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី​ហើយដើរទៅ ដល់ភិក្ខុដែលភិក្ខុនីបបួល តែភិក្ខុមិនបានបបួល ដល់ភិក្ខុនិង​ភិក្ខុនី​ដែល​ទៅ​ដោយ​ខុស​សង្កេត ដល់ភិក្ខុដែលទៅ (ជាមួយនឹងភិក្ខុនី) ដោយ​មាន​សេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំង​ឡាយ​បបួលពួកភិក្ខុនី​ឡើងជិះទូក១ជា​មួយគ្នា។​ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ជិះលេងលើទូក១យ៉ាងណា សមណៈទាំងឡាយនេះជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្រ បបួលពួក​ភិក្ខុនីជិះលេងលើទូក១ជាមួយគ្នា យ៉ាងនោះឯង។ ភិក្ខុ​ទាំងឡាយបានឮ​មនុស្សទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ​មិនគួរ​បើនឹង​ បបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់សួរចំពោះ​ឆព្វគ្គិយ​ភិក្ខុទាំងឡាយក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយបបួលភិក្ខុនីឡើងជិះទូកជាមួយគ្នា ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​បបួលភិក្ខុនី​​ឡើងជិះទូក១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនី​ឡើងជិះទូក​១ជាមួយគ្នា ទៅច្រាស​ទឹក​ក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។

[៧៥] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់ក្រុងសាវត្ថី។ ក្នុងទីកណ្តាល​ផ្លូវមានស្ទឹង១​ដែលគេ​តែងតែឆ្លង។ ទើបភិក្ខុនី​ទាំងឡាយនោះបានពោពាក្យនេះនឹងភិក្ខុទាំងឡាយនោះថា យើងទាំងឡាយនឹង​ឆ្លងមួយអន្លើដោយលោកម្ចាស់ទាំងឡាយដែរ។ ភិក្ខុ​ទាំងឡាយនោះ​ឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនី​ឡើងជិះទូក១ជាមួយគ្នា មិនគួរទេ (បើដូច្នោះ) នាង​ទាំងឡាយឆ្លងទៅ​មុនឬ ៗយើងទាំងឡាយ​នឹងឆ្លង​ទៅមុន។ ភិក្ខុនីទាំងឡាយឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ លោកម្ចាស់ទាំងឡាយចូរឆ្លងទៅមុនចុះ។ កាលភិក្ខុនី​ទាំងឡាយនោះឆ្លង​ទៅជាខាងក្រោយ ចោរទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង  ក្នុង​កាលណោះ។ លុះភិក្ខុនីទាំងឡាយនោះ​ទៅដល់ក្រុងសាវត្ថីហើយ ក៏ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនី​ក៏ប្រាប់សេចក្តី​នុ៎ះ​ដល់​​ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបបួលភិក្ខុនីឡើងជិះទូក១​ជាមួយគ្នាដើម្បីឆ្លងទទឹង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយបបួលភិក្ខុនី​ឡើងជិះទូក១​ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។

[៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។បេ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបាន​ឧបសម្បទា​ក្នុងសំណាក់នៃ​​ឧភតោសង្ឃ​ ។ ពាក្យថា ជាមួយគ្នា គឺពួក​ជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោក​ម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក ម្នាលនាង យើង​ទាំងឡាយ​នឹងឡើងជិះទូក យើងទាំងឡាយនឹងឡើងជិះទូកក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុនីឡើងជិះទូក ភិក្ខុក៏ឡើងជិះដែរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កាលភិក្ខុឡើងជិះទូក ភិក្ខុនីក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនិងភិក្ខុនីឡើង​ជិះទូកស្មើគ្នា ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ទៅច្រាសទឹក សេចក្តីថា នាវាទៅទីខាងលើទឹក។ ពាក្យថា ទៅបណ្តោយទឹក សេចក្តីថា នាវាទៅទីខាងក្រោមទឹក។ ពាក្យថា វៀរលែង​តែការ​ឆ្លង​ទទឹង សេចក្តីថា លើកទុកតែការឆ្លងទទឹង។ (ភិក្ខុបបួលភិក្ខុនី​ឡើងជិះទូក) ទៅក្នុងស្រុក​ចម្ងាយ​មាន់​ល្មម​ហើរទៅដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ (ភិក្ខុបបួលភិក្ខុនីឡើងជិះទូក) ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។

[៧៧] ការដែលបានបបួលហើយ ភិក្ខុសំគាល់ថាបានបបួលគ្នាមែន ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែការឆ្លងទទឹង។ ភិក្ខុ​មានសចក្តីសង្ស័យក្នុងការដែលបាន​បបួលគ្នា ហើយឡើងជិះទូក​ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ការដែលបានបបួលគ្នា ភិក្ខុសំគាល់ថាមិនបានបបួលគ្នា ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ភិក្ខុបបួល ភិក្ខុនីមិនបានបបួល ត្រូវ​អាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុសំគាល់ថា​បានបបួលគ្នាហើយ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបាន​បបួលគ្នាទេ ភិក្ខុសំគាល់​ថា មិនបានបបួល​គ្នាមែន មិនត្រូវអាបត្តិ។

[៧៨] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆ្លងទទឹង ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី​ហើយឡើងជិះទូក ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី តែភិក្ខុនីបបួល ដល់ភិក្ខុ​ដែលឡើង​ជិះទូកជាមួយនឹងភិក្ខុនីដោយខុស​សង្កេតគ្នា ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[៧៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាជីតុនរបស់ត្រកូល១ ជាភិក្ខុនី​ប្រកប​ដោយ​និច្ចភត្ត។ ចំណែកគហបតីនោះ ក៏បាន​និមន្តពួកភិក្ខុ​ជាថេរៈ​ទៅផង។ គ្រានោះឯង ភិក្ខុនី​ឈ្មោះ​ថុល្លនន្ទាស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់​ត្រកូល​នោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ​នឹងគហបតីនោះថា ម្នាលគហបតី ខាទនីយ​ភោជនីយាហារមានប្រមាណ​ច្រើននេះ គេចាត់ចែងដើម្បីអ្វី។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំបាន​និមន្ត​ព្រះថេរៈទាំងឡាយមកឆាន់។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈ​ទាំងនោះ គឺព្រះថេរៈណាខ្លះ។ គហបតីឆ្លើយថា ព្រះសារីបុត្តជាម្ចាស់ ព្រះមោគ្គល្លានជាម្ចាស់ ព្រះមហាកច្ចានៈជាម្ចាស់ ព្រះមហាកោដ្ឋិតៈជាម្ចាស់ ព្រះមហាកប្បិនជាម្ចាស់ ព្រះមហាចុន្ទ​ជាម្ចាស់ ព្រះអនុរុទ្ធជាម្ចាស់ ព្រះរេវត្តជាម្ចាស់ ព្រះឧបាលិជាម្ចាស់ ព្រះអានន្ទជាម្ចាស់ ព្រះរាហុល​ជាម្ចាស់។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាលព្រះថេរៈមហានាគ​ដ៏​ប្រសើរ​មាន​នៅ​ទេតើ ហេតុដូចម្តេចក៏អ្នក​ទៅនិមន្តពួកកូនក្មេងមកវិញ។ គហបតីសួរថា បពិត្រលោកម្ចាស់ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះ មានព្រះនាម​ដូចម្តេចខ្លះ។ ភិក្ខុនី​ឈ្មោះ​ថុល្លនន្ទា​ឆ្លើយ​ថា លោកម្ចាស់ទេវទត្ត លោកម្ចាស់កោកាលិក លោកម្ចាស់កតមោរកតិស្សកៈ លោកម្ចាស់​ខណ្ឌទេវីបុត្រ លោកម្ចាស់សមុទ្ទទត្ត។ កាលភិក្ខុនីឈ្មោះ​ថុល្លនន្ទាកំពុងតែនិយាយ​ពាក្យ​នេះ​មិន​ទាន់​អស់​នៅឡើយ។ ស្រាប់តែភិក្ខុជាថេរៈទាំងឡាយចូលមកក្នុងពេលនោះ។ ភិក្ខុនីឈ្មោះ​ថុល្លនន្ទា​សួរថា ម្នាលគហបតី ព្រះថេរៈ​មហានាគដ៏ប្រសើរ​ទាំងឡាយ អ្នកបាននិមន្តហើយ ពិតមែនឬ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ឥឡូវនេះ លោកម្ចាស់​បានធ្វើនូវព្រះថេរៈ​មហានាគ​ដ៏ប្រសើរ​ទាំងឡាយថាជាកូនក្មេង លោកម្ចាស់ត្រឡប់ធ្វើពួកភិក្ខុជា​កូនក្មេង​ថាជា​មហានាគ​ដ៏ប្រសើរទៅវិញ (ថាដូច្នោះហើយ) ក៏ចាប់ទាញភិក្ខុនីឈ្មោះ​ថុល្លនន្ទា​ចេញ​ពីផ្ទះផង និច្ចភត្ត (គឺ​ចង្ហាន់​ដែលផ្គត់ផ្គង់ជានិច្ច) ក៏ផ្តាច់បង់ចេញ គឺឈប់​ឲ្យតទៅទៀតផង។  ភិក្ខុទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ​ទេវទត្តបានដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលទេវទត្ត ឮថាអ្នកដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ពិត​មែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែ​មោឃបុរស អ្នកឯងដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនី​ចាត់​ចែង​ទេ ម្នាលមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។

[៨០] សម័យនោះឯង មានភិក្ខុ១រូបចេញពីក្រុងរាជគ្រិះទៅបួស ហើយទៅ​កាន់​ត្រកូល​ញាតិ។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ដ៏ចំរើនខាននិមន្តមកយូរហើយ (ថាដូច្នោះ​ហើយ) ក៏នាំគ្នាធ្វើចង្ហាន់​ប្រគេនដោយគោរព។ មានភិក្ខុនីម្នាក់ជាជីតុនរបស់ត្រកូលនោះ បាន​និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យចង្ហាន់​ដល់​លោក​ម្ចាស់ចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា កាលដឹង​ហើយបរិភោគ​បិណ្ឌបាតដែលភិក្ខុនីចាត់​ចែង​ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (សង្ស័យដូច្នោះហើយ) ក៏មិនទទួល (បិណ្ឌបាតនោះ) ហើយ​មិន​អាច​នឹង​ត្រាច់​ទៅដើម្បីបិណ្ឌបាតទៀតផង ក៏អត់ចង្ហាន់​ក្នុងពេលនោះឯង។ ទើបភិក្ខុនោះ​ទៅ​អារាម ហើយប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ពួក​ភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅ​ភិក្ខុ​ទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលចង្ហាន់​មានគ្រហស្ថ​ប្រារព្ធ​ជាមុន​ហើយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលដឹង​ឆាន់បិណ្ឌបាតដែល​ភិក្ខុនី​ចាត់ចែង​បាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​កាល​ដឹង​ហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់​ដែល​គ្រហស្ថ​បានប្រារព្ធ​ជាមុន។

[៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងឯងក្តី ជនទាំងឡាយដទៃដឹងហើយប្រាប់ដល់ភិក្ខុនោះក្តី ភិក្ខុនីនោះ​ប្រាប់​ក្តី។ ដែលហៅថា ភិក្ខុនី គឺស្រ្តីដែលបានឧបសម្បទាក្នុងសំណាក់​ឧភតោសង្ឃ។ ដែលហៅថា ចាត់ចែង (គឺភិក្ខុនី​និយាយប្រាប់ដល់ជន) ដែលមិនចង់ឲ្យ មិនចង់ធ្វើទានក្នុងកាលមុនថា លោក​ម្ចាស់នេះជាអ្នកពោល លោកម្ចាស់នេះជាពហុស្សូត លោកម្ចាស់នេះជាអ្នកចេះព្រះសូត្រ លោកម្ចាស់នេះ​ទ្រទ្រង់វិន័យ លោកម្ចាស់នេះជាធម្មកថិក អ្នកទាំងឡាយចូរឲ្យ (ចង្ហាន់) ដល់​លោកម្ចាស់​អង្គនេះ ចូរធ្វើ(ចង្ហាន់) ដល់លោកម្ចាស់​នេះ ភិក្ខុនីនេះ ហៅថា ចាត់ចែង។ ដែលហៅ​ថា បិណ្ឌបាត បានដល់ភោជនទាំង៥ ភោជនណាមួយ។ ពាក្យថា វៀរលែងតែចង្ហាន់ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន សេចក្តីថា លើកទុក​តែចង្ហាន់ដែលគ្រហស្ថគេផ្តើមជាមុន។ ដែលហៅថា​គ្រហស្ថប្រារព្ធ គឺជនទាំងឡាយជាញាតិក្តី បិណ្ឌបាតដែលគេបវារណាក្តី ចង្ហាន់ដែល​គេ​តាក់​តែង​ជាប្រក្រតីក្តី។  ភិក្ខុទទួលបិណ្ឌបាតដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​បិណ្ឌបាត ដែលគ្រហស្ថប្រារព្ធជាមុន។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូល។

[៨២] ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាភិក្ខុនីចាត់ចែង ហើយឆាន់ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែ​ចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុមានសេចក្តីសង្ស័យ ហើយឆាន់ ត្រូវ​អាបត្តិទុក្កដ វៀរលែងតែ​ចង្ហាន់ដែលគ្រហស្ថ​ប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាមិនបានចាត់ចែងទេ នឹងចង្ហាន់ដែល​គ្រហស្ថប្រារព្ធជាមុន ហើយឆាន់ មិនត្រូវ​អាបត្តិឡើយ។ ភិក្ខុឆាន់ភោជន ដែលភិក្ខុនី​បាន​ឧបសម្បទាក្នុងឯកតោសង្ឃបានចាត់ចែង ត្រូវអាបត្តិទុក្កដ វៀរលែងតែភោជន​ដែល​គ្រហស្ថ​គេ​ប្រារព្ធ​ឡើងជាមុន។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា បានចាត់ចែងទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងភោជនដែលភិក្ខុនីមិនបានចាត់ចែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា មិនបានចាត់ចែង មិនត្រូវអាបត្តិ។

[៨៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆាន់ភោជន​ដែលគ្រហស្ថប្រារព្ធឡើងជាមុន  ដល់ភិក្ខុដែលឆាន់ភោជនដែលសិក្ខមានាចាត់ចែង ដល់ភិក្ខុដែលឆាន់ភោជនដែលសាមណេរី​ចាត់ចែង អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន​៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ស្រ្តីជាគូពីដើម​របស់​ឧទាយិ​ដ៏មានអាយុ បួសក្នុង​សំណាក់​ភិក្ខុនីទាំងឡាយ។ ភិក្ខុនីនោះតែងមកក្នុងសំណាក់​ឧទាយិ​ដ៏​មានអាយុ​រឿយៗ។ ចំណែក​ខាងឧទាយិដ៏មានអាយុ​ តែង​ទៅក្នុងសំណាក់​ភិក្ខុនី​នោះ​រឿយៗ។ គ្រានោះ ឧទាយិដ៏មាន​អាយុ​ម្នាក់​ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹង​ភិក្ខុនីនោះតែម្នាក់ឯង។  ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បាន​ជា​ឧទាយិដ៏មានអាយុម្នាក់ឯងសម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងភិក្ខុនីតែម្នាក់ឯង។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលឧទាយិភិក្ខុ ឮថាអ្នកឯងតែម្នាក់​ឯង សម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងភិក្ខុនីម្នាក់ឯង ពិត​មែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯងតែម្នាក់ឯង​មិនគួរនឹង​សម្រេចការអង្គុយ​ក្នុងទីស្ងាត់​ជាមួយនឹងភិក្ខុនីតែម្នាក់ឯងទេ នែមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា ឬនាំជន​ទាំងឡាយ​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ សម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹង​ភិក្ខុនី​តែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។

[៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទាក្នុងសំណាក់​ឧភតោសង្ឃ។ ពាក្យថា ជាមួយ គឺ​ក្នុងទីជាមួយ។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺភិក្ខុនិងភិក្ខុនី។ ដែលហៅថា ទីស្ងាត់ គឺទីកំបាំង​ភ្នែក១ ទីកំបាំងត្រចៀក១។ ដែលហៅថាទីកំបាំងភ្នែក គឺទីដែល​គេមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាល​ក្តី ក៏មិនអាចមើលឃើញបាន។ ដែលហៅថា ទីកំបាំងត្រចៀក គឺទីដែល​គេមិនអាចដើម្បីស្តាប់​ពាក្យ​ពោល​ជាប្រក្រតីបាន។ ពាក្យថា សម្រេច​ការ​អង្គុយ សេចក្តីថា កាលភិក្ខុនីអង្គុយ ភិក្ខុអង្គុយ​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុអង្គុយ ភិក្ខុនីអង្គុយ​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) អង្គុយក្តី ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។

[៨៦] ទីស្ងាត់ ភិក្ខុក៏សំគាល់ថាទីស្ងាត់ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែមួយនឹងមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ តែភិក្ខុសង្ស័យ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ ភិក្ខុសំគាល់ថាមិនស្ងាត់ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីមិនស្ងាត់ ភិក្ខុសំគាល់ថាទីស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តី​សង្ស័យ​ក្នុង​ទីមិនស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ទីមិនស្ងាត់ ភិក្ខុក៏សំគាល់ថាមិនស្ងាត់ មិនត្រូវ​អាបត្តិឡើយ។

[៨៧] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានបុរសណានីមួយ​ដែលដឹង​សេចក្តី​នៅជាពីរនាក់​នឹងខ្លួន ដល់ភិក្ខុដែលឈរ មិនអង្គុយ ដល់ភិក្ខុដែលមានបំណង​នូវទីមិនស្ងាត់ ហើយ(អង្គុយ) ដល់ភិក្ខុដែលមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ឱវាទវគ្គ ជាគំរប់៣ ចប់។

ចំនួនសិក្ខាបទនៃឱវាទវគ្គនោះមាន១០គឺ

អសម្មតសិក្ខាបទ (ភិក្ខុនោវាទសិក្ខាបទ)១ អដ្ឋង្គតសិក្ខាបទ១ ឧបស្សយសិក្ខាបទ (ភិក្ខុ​នូបស្សយ)១ អាមិសសិក្ខាបទ១ ទានសិក្ខាបទ (ចីវរទានសិក្ខាបទ)១ សិព្វនសិក្ខាបទ (ចីវរសិព្វន​សិក្ខាបទ)១ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ)១ នាវាភិរុហនសិក្ខាបទ១ ភុញ្ជនសិក្ខាបទ (បរិបាចនសិក្ខាបទ)១ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជសិក្ខាបទ)១។

ភោជនវគ្គ បឋមសិក្ខាបទ

[៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកជន១ពួកនៅជិតក្រុងសាវត្ថីបាននាំគ្នា​តាក់​តែង​បិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន។ ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាស្លៀកស្បង់ ហើយប្រដាប់​ដោយ​បាត្រ និងចីវរអំពីព្រឹក ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ដល់មិនបានបិណ្ឌបាត ក៏នាំ​គ្នា​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ)។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ទាំងឡាយ​ខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ កាលនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនិងចីវរ​អំពីព្រឹក ចូលទៅកាន់​ក្រុង​សាវត្ថីដើម្បី​បិណ្ឌបាត ដល់មិនបាន ក៏នាំ​គ្នា​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ) ហើយ​ឆាន់ ក្នុងថ្ងៃជាគំរប់ពីរផង ក្នុងថ្ងៃជាគំរប់បីផង។ ទើបឆព្វគ្គិយភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះ​រិះ​ដូច្នេះ​ថា យើងទាំងឡាយទៅអារាម​ធ្វើអ្វី យើងគួរតែមកក្នុងផ្ទះសំណាក់ ឬរោងទាននេះ​ប៉ុណ្ណោះ​បានហើយ។ ឆព្វគ្គិយភិក្ខុទាំងឡាយ​នៅហើយនៅទៀតក្នុងផ្ទះសំណាក់នោះឯង នាំគ្នាឆាន់​នូវ​អាវសថបិណ្ឌបាត (គឺបិណ្ឌបាត​ក្នុងផ្ទះសំណាក់ ឬរោងទាននោះ)។ តិរ្ថីយទាំងឡាយ​ក៏ចៀស​ចេញ​ទៅ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយជាកូន​ចៅព្រះពុទ្ធ​ជាសក្យបុត្រ មិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាត អាវសថបិណ្ឌបាត មិនមែន​ជនតាក់តែងដើម្បីតែពួកសមណៈនេះទេ អាវសថបិណ្ឌបាត ជនតាក់តែងដើម្បី​ជន​ទាំងឡាយ​ទាំងពួងរាល់គ្នា។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយ មិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតសោះ។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនៅ​ត្រាំ​ត្រែង​​ឆាន់​អាវសថបិណ្ឌបាត ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា និងមិននាំជន​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា អាហារក្នុងផ្ទះសំណាក់ ឬរោង​ទាន ភិក្ខុត្រូវឆាន់​បានតែម្តង បើឆាន់​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៨៩] សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ​និមន្តទៅក្រុងសាវត្ថីក្នុងកោសល​ជនបទ បានចូលទៅកាន់ផ្ទះសំណាក់ ឬរោងទាន១។ មនុស្សទាំងឡាយនិយាយគ្នាថា ព្រះថេរៈខាន​និមន្ត​មក​យូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាស​ដោយគោរព។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏​មានអាយុ​ឆាន់រួចហើយ ក៏មានអាពាធជាទម្ងន់។ លោកមិនអាចនឹងចៀស​ចេញ​ពីផ្ទះសំណាក់​ ឬរោងទាននោះទៅបាន។ ទើបមនុស្សទាំងឡាយនោះ បានពោលពាក្យនេះនឹងព្រះសារីបុត្ត​ដ៏មានអាយុ​ក្នុងថ្ងៃជាគំរប់ពីរថា បពិត្រ​ព្រះថេរដ៏ចំរើន សូមលោកនិមន្តឆាន់ចុះ។ ព្រះសារីបុត្ត​ដ៏មានអាយុ​មានសេចក្តីសង្ស័យថា ការ​ដែល​នៅត្រាំត្រែងឆាន់បិណ្ឌបាតក្នុងផ្ទះសំណាក់​ ឬរោង​ទាន ព្រះដ៏មានព្រះភាគ​បានហាមហើយ ហើយមិនទទួលបិណ្ឌបាត ក៏អត់ចង្ហាន់​ក្នុងពេលនោះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ​និមន្ត​ទៅកាន់ក្រុងសាវត្ថី ហើយដំណាលសេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ ៗក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺអាស្រ័យនៅរឿយៗ ឆាន់ភោជន​ក្នុង​រោង​ទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា បិណ្ឌបាត​ក្នុងរោងទាន ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវ​អាបត្តិបាចិត្តិយ។

[៩០] ភិក្ខុដែលអាច​ដើម្បីចៀសចេញពីរោងទាន​នោះទៅបាន ហៅថា មិនមានជម្ងឺ។ ភិក្ខុដែល​មិនអាច​ដើម្បីចៀស​ចេញពីរោងទាន​នោះទៅបាន ហៅថា មានជម្ងឺ។ ដែលហៅថា បិណ្ឌបាតក្នុងរោងទាន បានដល់ភោជនទាំង៥យ៉ាង ភោជនណាមួយដែលគេតាក់តែង​ក្នុង​សាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី មិនចំពោះបុគ្គលណា គេតាក់តែង​កំណត់​ល្មម​មួយឆ្អែត (គ្រប់ៗគ្នា)។ ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើទទួលឲ្យហួសពីកំណត់​នោះ​ទៅ ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយគ្រប់ៗវារៈដែលលេប​ចូលទៅ។

[៩១] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ហើយបរិភោគ​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគ​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ ហើយឆាន់​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មិនត្រូវអាបត្តិឡើយ។

[៩២] អាបត្តិមិនមានដល់ភិក្ខុមានជម្ងឺ ដល់ភិក្ខុមិនមានជម្ងឺឆាន់តែម្តង ដល់​ភិក្ខុដែល​ដើរ​ទៅក្តី ដើរមកក្តី ហើយឆាន់ ដល់​ភិក្ខុដែល​ជនជាម្ចាស់​ទានគេនិមន្តឲ្យឆាន់ ដល់ភិក្ខុដែលឆាន់បិណ្ឌបាត​ដែល​គេ​តាក់តែង​ចំពោះ ដល់​ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែង​មិនដល់មួយចំអែត អាបត្តិមិនមានដល់ភិក្ខុ​ព្រោះ​ឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តមានលាភសក្ការៈសាបសូន្យហើយ ព្រមទាំង​បរិស័ទ​ក៏នាំគ្នា​ដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយជាកូន​ចៅព្រះពុទ្ធបុត្រសក្យរាជ មិនគួរនឹងនាំគ្នាដើរសូម​រឿយៗក្នុងពួកត្រកូល​ហើយឆាន់សោះ (ធម្មតាមនុស្ស) អ្នកណាមួយ​ដែល​មិនគាប់​ចិត្ត​នឹង​ភោជន​ល្អ អ្នកណាមួយដែល​មិនពេញចិត្ត​នឹងភោជន​ដ៏ឆ្ងាញ់ពីសារ។ ភិក្ខុទាំងឡាយបានឮមនុស្ស​ទាំង​នោះ​ពោលទោស ​តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត​ព្រម​ទាំង​បរិសទ្យ មិនគួរនឹង​នាំគ្នា​ដើរសូមរឿយៗក្នុងត្រកូល​ទាំងឡាយ​ហើយឆាន់សោះ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលទេវទត្ត ឮថាអ្នកឯងព្រមទាំងបរិសទ្យនាំគ្នាដើរសូមរឿយៗក្នុង​ត្រកូល​ទាំងឡាយ ​ហើយឆាន់ ពិត​មែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯង​ព្រមទាំង​បរិសទ្យ មិនគួរនឹងដើរសូមរឿយៗ​ក្នុងត្រកូល​ទាំងឡាយ ហើយឆាន់ទេ ម្នាលមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា និងមិននាំជនទាំងឡាយ​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុឆាន់គណភោជន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៩៤] សម័យនោះឯង មនុស្សទាំងឡាយ​និមន្ត​ពួកភិក្ខុ​ដែលមានជម្ងឺ​ដោយភត្ត។ ពួក​ភិក្ខុ​សង្ស័យ មិនទទួល ដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ទើបពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺឆាន់គណភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ នេះ​ជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

[៩៥] សម័យនោះឯង មនុស្សទាំងឡាយតាក់តែង​ចង្ហាន់​ព្រមទាំងចីវរ ក្នុងសម័យចីវរ​ទាន ហើយនិមន្តភិក្ខុទាំងឡាយថា យើងទាំងឡាយនឹងនិមន្តលោកម្ចាស់ទាំងឡាយឲ្យឆាន់ រួច​ហើយ​នឹង​ប្រគេន​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយ សង្ស័យ​មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​ដោយ​ស្តួច​ស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជន​បានក្នុងសម័យ​នៃចីវរ​ទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេឲ្យចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៩៦] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុដែលជាអ្នកធ្វើចីវរ ដោយចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​បានក្នុងសម័យ​ដែលធ្វើចីវរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើ​ចីវរ១ នេះជាសម័យ​ក្នុង​សិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុទាំងឡាយយ៉ាង​នេះ។

[៩៧] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់ផ្លូវឆ្ងាយ​ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរ​បង្អង់​ចាំ​១រំពេច យើងទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​នោះ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយនិមន្តឆាន់ក្នុងទីនេះចុះ។ ភិក្ខុទាំងឡាយ សង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យ​ដែល​ដើរ​ផ្លូវឆ្ងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៩៨] សម័យនោះឯង ភិក្ខុទាំងឡាយទៅដោយទូក​ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរអែបទូក​ទៀបឆ្នេរមួយរំពេចសិន យើងទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​នោះ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយឆាន់ចង្ហាន់ក្នុងទីនេះចុះ។ ភិក្ខុ​ទាំងឡាយ សង្ស័យ​ មិនហ៊ានទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យ​ឡើងជិះទូកបាន ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យដែល​ឡើងជិះទូក១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៩៩] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាក្នុងទិសទាំងឡាយ លុះចេញវស្សា​រួច​ហើយ ក៏នាំគ្នាមកឯក្រុងរាជគ្រឹះដើម្បីគាល់​ព្រះដ៏មានព្រះភាគ។ ពួកមនុស្ស​ឃើញ​ភិក្ខុ​ទាំងឡាយ​មក​ពីរជ្ជសីមា ផ្សេងៗគ្នា ហើយក៏​និមន្ត​ឆាន់។ ភិក្ខុ​ទាំងឡាយ សង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជន​ ក្នុងមហាសម័យបាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​ឡើងជិះទូក១ សម័យ​ដែល​មានភិក្ខុច្រើន១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[១០០] សម័យនោះឯង (មានបុរសម្នាក់) ត្រូវជាញាតិ​សាលោហិត​របស់​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ បានបួសក្នុងសំណាក់អាជីវកទាំងឡាយ។ លំដាប់នោះ អាជីវក​នោះ​ចូលទៅគាល់​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ហើយបានទូលពាក្យនេះ​ចំពោះ​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជថា បពិត្រមហារាជ អាត្មាប្រាថ្នាដើម្បីធ្វើ​នូវភត្ត​ជារបៀប​បាសណ្ឌសុទ្ធ​ ។ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ​ត្រាស់ថា​ បពិត្រលោកដ៏ចំរើន បើលោកនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធ​ជាប្រធាន​ឆាន់មុនសិន (ទើប) យើង​ត្រូវធ្វើយ៉ាងនេះ (បាន)។ អាជីវកនោះក៏ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយ​ក្នុងពេល​នោះថា ភិក្ខុទាំងឡាយសូមទទួលចង្ហាន់របស់ខ្ញុំ​ដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក។ ភិក្ខុ​ទាំងឡាយ​សង្ស័យ មិនទទួលដោយគិតថា គណភោជន ​ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ គ្រានោះ អាជីវកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ពោលពាក្យជាទីរាក់ទាក់​ជាមួយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលបុគ្គល​គប្បីរីករាយ ដែលបុគ្គល​គប្បីរលឹក​ស្រេច​ហើយ ក៏​ស្ថិតនៅក្នុងទីដ៏សមគួរ។ អាជីវក​នោះ លុះ​ស្ថិត​នៅក្នុងទីដ៏សមគួរ​ហើយ ក៏បានក្រាបទូលពាក្យ​នេះ​ចំពោះព្រះដ៏មានព្រះភាគថា ព្រះគោតមដ៏ចំរើនជាអ្នកបួស ខ្ញុំព្រះអង្គក៏ជាអ្នក​បួសដែរ អ្នក​បួស​គួរ​ទទួល​ដុំបាយ​របស់អ្នកបួសផងគ្នា ព្រះគោតមដ៏ចំរើន សូមទទួលចង្ហាន់​របស់​ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​ដោយ​តណ្ហីភាព។ អាជីវកនោះដឹងច្បាស់ជាព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ចៀសចេញ​ទៅ​ក្នុងពេលនោះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​ទាំងឡាយមកជួបជុំក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យនៃសមណភត្តបាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែលដើរ​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​ឡើងជិះទូក១ សម័យ​ដែល​មានភិក្ខុច្រើនអង្គ១ សម័យ​នៃសមណភត្ត១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។

[១០១] ដែលហៅថា គណភោជន គឺភិក្ខុ៤រូបដែលគេនិមន្តចេញ ឈ្មោះភោជនទាំង៥ ដោយភោជនណាមួយ ហើយឆាន់ភោជនណា ភោជននុ៎ះហៅថា គណភោជន។ ពាក្យថា វៀរលែង​តែមានសម័យ គឺលើកទុកតែមានសម័យ (គឺ​ហេតុដែលគួរនឹងឆាន់បាន)។ ដែល​ហៅ​ថា សម័យ​មានជម្ងឺ ដោយហោចទៅ សូម្បីតែជើង​ទាំងឡាយ​ដែលបែក (បាក់​ផ្តៅ​ក៏ហៅថាមានជម្ងឺ)។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យ​ដែល​គេ​ប្រគេនចីវរ គឺថាកាល​បើភិក្ខុមិនបានក្រាលកឋិនទេ (សម័យ​នៃចីវរទាន) បានត្រឹម​តែ១ខែ គឺ​ខែ​ជាខាងចុង​នៃវស្សានរដូវ បើភិក្ខុ​បាន​ក្រាលកឋិន (សម័យ​នៃចីវរទាន) បាន៥ខែ ។ ភិក្ខុដឹងថាមានសម័យនៃចីវរទានហើយ គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​ដែល​ធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាមានសម័យ​ជាទី​ធ្វើ​នូវ​ចីវរ​ហើយ គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​ដែលដើរផ្លូវឆ្ងាយ គឺភិក្ខុដឹងថា អញ​នឹងដើរផ្លូវឆ្ងាយប្រមាណកន្លះយោជន៍​ហើយ គប្បីឆាន់គណភោជនបាន។ កាលភិក្ខុកំពុងដើរ​ទៅ ក៏គប្បីឆាន់គណភោជនបាន។ កាលភិក្ខុមកវិញ ក៏គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យឡើងជិះទូក គឺភិក្ខុដឹងថា អញ​នឹងឡើងជិះទូក ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុ​ឡើង​ជិះទូកហើយគប្បីឆាន់គណភោជនបាន។ កាលភិក្ខុចុះអំពីទូក​ហើយគប្បីឆាន់គណភោជន​បាន។ ដែល​ហៅ​ថា​ សម័យ​មានភិក្ខុច្រើនអង្គ គឺសម័យដែល​ភិក្ខុទាំងឡាយពីរ ឬបីអង្គ​ត្រាច់ទៅ​ដើម្បីបិណ្ឌបាត ហើយបានឆាន់ឆ្អែតក្នុងទីណា ដល់ភិក្ខុមួយអង្គមកទៀត ត្រូវជាបួនអង្គ ឆាន់​មិនឆ្អែត។ ភិក្ខុដឹងថា សម័យ​មានភិក្ខុច្រើនអង្គដូច្នេះ ហើយគប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​នៃសមណភត្ត គឺអ្នកណាមួយ​ដែលរាប់បញ្ចូល​ក្នុងពួកអ្នកបួស (ក្រៅ​ព្រះពុទ្ធ​សាសនា) ធ្វើភត្ត។ ភិក្ខុដឹងថា សម័យនៃសមណភត្ត ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុ​ទទួល​គណភោជនដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែល​លេបចូលក្នុងក។

[១០២] គណភោជន ភិក្ខុសំគាល់ថាគណភោជនមែន ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងគណភោជនហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងគណភោជនថា មិនមែនគណភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនគណភោជន ភិក្ខុសំគាល់ថាគណភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសំគាល់ថា មិនមែនគណភោជន មិនត្រូវអាបត្តិ។

[១០៣] អាបត្តិមិនមានដល់ភិក្ខុមានសម័យ ដល់ភិក្ខុទាំងឡាយពីរឬបីអង្គ​ដែលឆាន់​ជាមួយគ្នា ដល់​ភិក្ខុទាំងឡាយដែលត្រាច់ទៅដើម្បីបិណ្ឌបាត ហើយប្រជុំគ្នាឆាន់​ក្នុងទី​ជាមួយ​គ្នា  ដល់​ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមាន​ដល់​ភិក្ខុដែលឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[១០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរ​ក្រុងវេសាលី។ សម័យនោះឯង ក្រុងវេសាលី គេបានចាត់ចែងភត្ត​ដ៏ឧត្តមទាំងឡាយតាំងនៅ​ជានិច្ច។ គ្រានោះ អ្នកធ្វើការម្នាក់ជាមនុស្សទាល់ក្រ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា មនុស្សទាំងឡាយ​នេះ​ធ្វើភត្តដោយគោរព តាមទំនងយ៉ាងណា (ទំនង) នេះមិនមែន​ជាថោក​ទាបឡើយ បើដូច្នោះ​ មានតែអញត្រូវធ្វើភត្តនឹងគេដែរ។ ឯអ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ ចូល​ទៅរក​បុរស​ឈ្មោះកិរបតិក លុះចូលទៅហើយ ក៏បាននិយាយពាក្យនេះនឹងបុរសឈ្មោះកិរបតិកនោះថា បពិត្រអយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន សូមអ្នកឲ្យថ្លៃឈ្នួល​មក​ខ្ញុំចុះ។ បុរសឈ្មោះ​កិរបតិកនោះឯង ក៏ជាមនុស្ស​មានសទ្ធាជ្រះថ្លាដែរ។ ឯបុរសឈ្មោះ​កិរបតិក​នោះ បានឲ្យថ្លៃឈ្នួល​ច្រើនគ្រាន់​បើដល់​អ្នកធ្វើការងារ​ដែល​ជា​មនុស្ស​ទាល់ក្រនោះ។ គ្រានោះ អ្នកធ្វើការងារ​ដែល​ជាមនុស្ស​ទាល់ក្រនោះចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ បុរសអ្នកធ្វើការងារដែល​ជា​មនុស្សទ័លក្រនោះ លុះអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បី​ភត្តកិច្ច​ក្នុងថ្ងៃស្អែកមួយអន្លើដោយភិក្ខុសង្ឃ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុសង្ឃ​ច្រើន​ណាស់ អ្នកចូរដឹងចុះ។ បុរសកំសត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃច្រើនក៏ច្រើនចុះ (ព្រោះ) ផ្លែពទ្រាមានប្រមាណច្រើន ខ្ញុំព្រះអង្គបានចាត់ចែងហើយ គ្រឿងផឹកទាំងឡាយ​នឹង​បរិបូណ៌​ដោយបបរលាយដោយផ្លែពទ្រា។ ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ បុរស​អ្នកធ្វើការងារដ៏កំសត់នោះដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ភិក្ខុ​ទាំងឡាយ​បានដំណឹងថា ឮថា ភិក្ខុសង្ឃ​មានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់​បាន​និមន្ត​ហើយដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយ​ផ្លែពទ្រា។ ភិក្ខុទាំងនោះត្រាច់ទៅ ដើម្បីបិណ្ឌបាត ហើយឆាន់តាំងអំពីព្រឹក។ មនុស្សទាំងឡាយ​បានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធ​ជាប្រធាន អ្នកធ្វើការងារ​ដ៏កំសត់​បាននិមន្តហើយ។ មនុស្ស​ទាំងនោះនាំយកខាទនីយភោជនីយមានប្រមាណច្រើន ទៅដើម្បីអ្នកធ្វើការងារដ៏កំសត់​ (នោះ)។ លុះព្រឹកឡើង ទើបអ្នកធ្វើការងារដ៏កំសត់នោះឲ្យ​មនុស្សតាក់តែង​ខាទនីយភោជនីយ​ដ៏ឧត្តម ហើយឲ្យគេក្រាបទូលនូវភត្តកាលចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរ​ហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់​ស្លៀកស្បង់ ហើយ​ប្រដាប់​ដោយបាត្រនិងចីវរអំពីព្រឹក រួចហើយ​យាងចូលទៅកាន់លំនៅ​អ្នកធ្វើការងារដ៏កំសត់​នោះ លុះចូលទៅដល់ហើយក៏គង់​លើអាសនៈ​ដែលគេតាក់តែងថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ ទើបអ្នក​ធ្វើការងារដ៏កំសត់នោះក៏អង្គាសភិក្ខុទាំងឡាយក្នុងរោងភត្ត។ ពួកភិក្ខុពោលយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ។ អ្នកធ្វើការងារដ៏​កំសត់នោះឆ្លើយថា បពិត្រ​លោកទាំងឡាយដ៏ចំរើន លោកទាំងឡាយសូមកុំទទួល​នូវវត្ថុបន្តិចៗ ដោយគិតថា អ្នកធ្វើការងារនេះជាមនុស្សកំសត់ឡើយ (ព្រោះ) ខាទនីយភោជនីយមានប្រមាណ​ច្រើន ខ្ញុំព្រះករុណាឲ្យគេតាក់តែងហើយ បពិត្រលោកម្ចាស់ទាំងឡាយ សូមលោក​ទាំងឡាយ​ទទួល (ឆាន់) ត្រាតែឆ្អែត។ ពួកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងទាំងឡាយទទួលវត្ថុបន្តិចៗ ព្រោះ​តែហេតុនេះ ក៏មិនមែនទេ មកពីយើងទាំងឡាយត្រាច់ទៅដើម្បីបិណ្ឌបាតឆាន់តាំងអំពីព្រឹកហើយ ហេតុនោះ បានជាយើងទាំងឡាយទទួល​តែបន្តិចៗម្នាក់។ លំដាប់នោះ អ្នកធ្វើការងារដ៏កំសត់​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកទាំងឡាយដ៏ចំរើន​ ខ្ញុំបាននិមន្ត​ហើយ មិនគួរនឹងឆាន់ក្នុងទីដទៃសោះ ឬខ្ញុំ​មិនអាច​ដើម្បីប្រគេន​ឲ្យឆាន់​ឆ្អែតទេដឹង។ ភិក្ខុ​ទាំងឡាយ​ឮអ្នកធ្វើការងារដ៏កំសត់​នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ) ហើយ។ ភិក្ខុ​ទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុដែលគេបាននិមន្តក្នុងទីដទៃហើយ មិនគួរនឹងឆាន់​ក្នុងទីដទៃសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុ ជនគេបាននិមន្តក្នុងទីដទៃហើយ ត្រឡប់​ឆាន់​ក្នុងទីដទៃវិញ ពិត​មែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ គេបាន​និមន្ត​ក្នុងទីដទៃហើយ មិនគួរនឹងឆាន់ក្នុងទីដទៃ ម្នាលភិក្ខុទាំងឡាយ ការនេះនឹងនាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយ​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះឆាន់បរម្បរភោជន​ (គឺភោជនដែលគេនិមន្តខាងក្រោយ) សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[១០៥] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុ១រូបទៀតកាន់យក​ចង្ហាន់​បិណ្ឌបាត​ចូលទៅរកភិក្ខុនោះ លុះចូលទៅហើយ បាននិយាយ​ពាក្យនេះនឹងភិក្ខុនោះថា ម្នាល​អាវុសោ លោកចូរឆាន់។ ភិក្ខុមានជម្ងឺឆ្លើយថា ម្នាលអាវុសោ កុំឡើយ ចង្ហាន់ដែលគេបម្រុង​ឲ្យខ្ញុំមានហើយ។ បិណ្ឌបាត​ដែល​គេនាំយកមកប្រគេនភិក្ខុនោះក្នុងពេលថ្ងៃពេក។ ភិក្ខុមានជម្ងឺនោះឆាន់មិនបានដោយ​ស្រួល​សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែលភិក្ខុ​មានជម្ងឺ នេះ​ជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

[១០៦] សម័យនោះឯង មនុស្សទាំងឡាយតាក់តែងភត្ត​ព្រមទាំងចីវរ ក្នុងសម័យនៃចីវរ​ទាន ហើយនិមន្តភិក្ខុទាំងឡាយថា ពួកយើងនឹងនិមន្តលោកម្ចាស់ទាំងឡាយឆាន់ រួច(​នឹង​ប្រគេន)​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា បរម្បរភោជន​ ព្រះ​ដ៏មាន​ព្រះ​ភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​ដោយ​ស្តួច​ស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឆាន់បរម្បរភោជន​ក្នុងសម័យ​នៃចីវរ​ទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់បរម្បរភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​ភិក្ខុមានជម្ងឺ១ សម័យ​នៃចីវរទាន១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយយ៉ាងនេះ។

[១០៧] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុជាអ្នកធ្វើចីវរ ឲ្យឆាន់ចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា បរម្បរភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជនក្នុងសម័យ​ជាទីធ្វើនូវចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​ភិក្ខុមានជម្ងឺ១ សម័យ​នៃចីវរទាន១ សម័យជាទី​ធ្វើនូវ​ចីវរ១ នេះជាសម័យ​ក្នុង​សិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុទាំងឡាយយ៉ាង​នេះ។

[១០៨] គ្រានោះ ពេលបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ​ ទ្រង់ស្លៀកស្បង់ ហើយ​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ មានព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូល​ទៅ​កាន់​ត្រកូល១ លុះចូលទៅហើយ ក៏ទ្រង់គង់លើអាសនៈដែលគេតាក់តែងថ្វាយ។ ទើប​មនុស្សទាំង​ឡាយ​នោះបានថ្វាយភោជនដល់ព្រះដ៏មានព្រះភាគផង ដល់ព្រះអានន្ទដ៏មានអាយុផង។ ព្រះអានន្ទ​ដ៏មានអាយុសង្ស័យ​ មិនហ៊ានទទួល ព្រះអង្គត្រាស់ថា ម្នាលអានន្ទ អ្នកទទួលចុះ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់មេត្តាប្រោស ក្រែងមិនគួរ ព្រោះខ្ញុំព្រះអង្គមានចង្ហាន់​គេបម្រុង​នឹងប្រគេនហើយ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរកំណត់​ (ចង្ហាន់នោះដល់​ភិក្ខុឯទៀត) ហើយទទួលយក (ចង្ហាន់នេះ) ចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុកំណត់នូវចង្ហាន់ដែលគេបម្រុង​ដើម្បីខ្លួន​ដល់ភិក្ខុឯទៀត ហើយឆាន់​បរម្បរភោជនបាន​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីកំណត់ដោយពាក្យយ៉ាងនេះថា ខ្ញុំឲ្យនូវ​ភត្ត​ដែល​គេ​បម្រុង​ទុកដើម្បីខ្ញុំដល់ភិក្ខុឈ្មោះនេះ។

[១០៩] ដែលហៅថា បរម្បរភោជន គឺ(ភិក្ខុ)ដែលគេនិមន្តដោយភោជន​៥យ៉ាង ភោជន​ណាមួយ ហើយវៀរភោជននោះ បែរទៅឆាន់ភោជន៥យ៉ាង ភោជនណាមួយនៅទីដទៃ ភោជន​នុ៎ះ​ហៅថា បរម្បរភោជន។ ពាក្យថា វៀរ​តែមានសម័យ គឺលើកទុកតែមានសម័យ (គឺ​ហេតុដែលគួរនឹងឆាន់បាន)។ ដែល​ហៅ​ថា សម័យ​ដែលភិក្ខុមានជម្ងឺ គឺភិក្ខុ​មិនអាច​នឹងអង្គុយ​ឆាន់​ដរាប​ទាល់ឆ្អែតលើអាសនៈ​មួយ។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់​(បរម្បរភោជនបាន)។ ដែលហៅថាសម័យនៃចីវរទាន គឺ​បើភិក្ខុមិនបានក្រាលកឋិនទេ សម័យ​ចីវរទាន មាន​តែ១ខែ គឺ​ខែ​ជាទីបំផុតនៃវស្សានរដូវ បើភិក្ខុ​បាន​ក្រាលកឋិន សម័យ​នៃចីវរទាន មាន៥ខែ។ ភិក្ខុដឹងថាសម័យនៃចីវរទាន គប្បីឆាន់(បរម្បរភោជនបាន)។ ដែល​ហៅ​ថា​ សម័យ​ជាទី​ធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាសម័យ​ជាទី​ធ្វើ​នូវ​ចីវរ គប្បីឆាន់​(បរម្បរភោជន​បាន)។ ភិក្ខុ​ទទួល(បរម្បរភោជន)ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែល​លេប។

[១១០] ភិក្ខុសំគាល់ក្នុងបរម្បរភោជនថាបរម្បរភោជនមែន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងបរម្បរភោជនថា មិនមែនបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថា មិនមែនជាបរម្បរភោជន មិនត្រូវអាបត្តិ​ឡើយ។

[១១១] អាបត្តិមិនមានដល់(ភិក្ខុ​ដែលឆាន់បរម្បរភោជន)ក្នុងសម័យ ដល់​ភិក្ខុដែលបានកំណត់ (បរម្បរភោជនដល់ភិក្ខុឯទៀត) ហើយឆាន់ ដល់​ភិក្ខុពីរបីអង្គ​ឆាន់​ជាមួយគ្នា​ក្នុងទីដែល​គេនិមន្ត ដល់ភិក្ខុឆាន់​តាមលំដាប់លំដោយ​ដែលគេនិមន្ត ដល់ភិក្ខុដែលអ្នកស្រុក​ទាំងអស់​និមន្ត ហើយឆាន់ក្នុងទីណាមួយក្នុងស្រុកនោះ ដល់ភិក្ខុដែលប្រជុំជនទាំងអស់​និមន្ត ហើយ​ឆាន់ក្នុងទីណាមួយក្នុងប្រជុំជននោះ ដល់ភិក្ខុដែលគេនិមន្តហើយពោលថា អាត្មានឹង​ទទួល​តែ​ចង្ហាន់ (ដែល​បានមកដោយត្រាច់​បិណ្ឌបាត) ដល់ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមាន​ដល់​ភិក្ខុដែលឆាន់​ភោជន​ទាំងពួងក្រៅពីភោជន៥​យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[១១២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ឧបាសិកាជាមាតារបស់នាងកាណា ជាស្រ្តីមានសទ្ធា​ជ្រះថ្លា។ (ឧបាសិកានោះ) បានឲ្យនាងកាណាជាកូនទៅបុរស១នាក់នៅក្នុងស្រុកតូច១។ គ្រានោះ នាងកាណាបានទៅផ្ទះមាតា​ដោយកិច្ចអ្វីនីមួយដែលខ្លួន​ត្រូវធ្វើ។ ទើប​ប្តីនាងកាណា​ប្រើបម្រើ​ទៅ​ក្នុងសំណាក់​នាងកាណាថា នាងកាណាចូរមក អញចង់ឲ្យ​នាងកាណាត្រឡប់មកវិញ។ កាលនោះ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេ​ដូចម្តេច​នឹងកើត (គិត​ដូច្នោះហើយ) នាងក៏ចំអិននំ។ ដល់នំឆ្អិន មានភិក្ខុអ្នកត្រាច់បិណ្ឌបាត១អង្គ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុដទៃ។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលមាតារបស់នាងកាណាបានចាត់ចែងហើយយ៉ាងណា ក៏អស់គ្មាន​សល់។ ស្វាមីរបស់នាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាជាគំរប់ពីរដងថា នាងកាណា​ចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ ឧបាសិកា​ជាមាតារបស់នាងកាណា​គិតថា ការ​ទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់ពីរដង។ កាលនំឆ្អិន មានភិក្ខុ១អង្គ អ្នកត្រាច់ទៅដើម្បីបិណ្ឌបាត ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកា​ជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលឧបាសិកាបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ ស្វាមីរបស់នាងកាណា​ក៏ប្រើ​បម្រើ​ទៅក្នុងសំណាក់​នាងកាណា ជាគំរប់បីដងថា នាងកាណាចូរមកវិញ អញ​ចង់​ឲ្យ​នាង​កាណា​ត្រឡប់មកវិញ ថាបើនាងកាណា​មិនត្រឡប់មកវិញទេ អញនឹងយកប្រពន្ធឯទៀតហើយ។ ឧបាសិកា​ជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់បីដង។ កាលនំឆ្អិន មានភិក្ខុអ្នកត្រាច់ទៅដើម្បី​បិណ្ឌបាត​១អង្គ ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកាជាមាតារបស់នាងកាណា។ ទើបឧបាសិកា​ជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុ​ឯ​ទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលមាតា​របស់នាង​កាណាបាន​ចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ កាលនោះ ស្វាមីរបស់នាងកាណា​ក៏យក​ប្រពន្ធ១ទៀត។ នាងកាណាបានដឹងច្បាស់ថា ឮថាបុរសនោះយកប្រពន្ធទៀតហើយ។ នាង​កាណានោះក៏ឈរយំ។ គ្រានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់​ដោយ​បាត្រនិងចីវរអំពីព្រឹក យាងទៅកាន់លំនៅរបស់​ឧបាសិកាជាមាតានាងកាណា លុះយាង​ទៅដល់ហើយ ក៏គង់លើអាសនៈ​ដែលគេបានចាត់ចែងថ្វាយ។ ទើបឧបាសិកាជាមាតារបស់នាង​កាណា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះនឹង​ឧបាសិកា​ជាមាតា​របស់នាងកាណាដែល​បាន​អង្គុយ​នៅក្នុងទីដ៏សមគួរថា នាងកាណានេះ ហេតុអ្វីបានជាយំ។ ឧបាសិកាជាមាតារបស់នាងកាណាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងពេល​នោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់​ឧបាសិកា​ជាមាតារបស់នាងកាណា​ឲ្យឃើញ​ព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយពុទ្ធដីកាដ៏ប្រកបដោយធម៌ ហើយក្រោក​ចាក​អាសនៈ​យាងទៅវិញ។

[១១៣] សម័យនោះឯង មានពួករទេះ១ពួក មានសេចក្តីប្រាថ្នាដើម្បីចេញអំពីក្រុង​រាជគ្រឹះ ទៅកាន់​ប្រទេសឈ្មោះបដិយាលោក​មានភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតមួយអង្គចូលទៅរកពួករទេះនោះដើម្បីបិណ្ឌបាត។ មានឧបាសកម្នាក់បានឲ្យគេប្រគេនសដូវដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់​ភិក្ខុ​ឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់​ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេន​សដូវដល់ភិក្ខុនោះទៀត។ ស្បៀងដែល​ឧបាសកនោះ​បាន​ចាត់ចែង​ហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ទើបឧបាសកនោះបាននិយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ សូមអ្នកម្ចាស់រង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន (ព្រោះ) ស្បៀង​ដែល​ខ្ញុំបានចាត់ចែង​ហើយទាំងប៉ុន្មាន ខ្ញុំប្រគេន​ដល់លោកម្ចាស់​ទាំងឡាយ​អស់ទៅហើយ ខ្ញុំ​នឹង​ចាត់ចែងស្បៀង(ថ្មីទៀត)។ មនុស្សទាំងនោះឆ្លើយថា បពិត្រអ្នកម្ចាស់ យើងមិនអាចនឹងរង់ចាំ​បានទេ (ព្រោះ) ពួករទេះចេញទៅហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាទៅ។ កាលឧបាសកនោះ​ចាត់ចែងស្បៀងហើយ ក៏ទៅក្រោយគេ ចោរទាំងឡាយ​ក៏ដណ្តើម​យក (របស់ទ្រព្យ) ក្នុងពេលនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាសក្យបុត្រ មិនសមបើនឹងមិនដឹងប្រមាណ ហើយទទួលសោះ ឧបាសក​នេះប្រគេនសដូវដល់សមណៈ​ទាំងនេះ ហើយទៅកាលជាខាងក្រោយ ចោរទាំងឡាយ​ក៏ដណ្តើម​យក (របស់ទ្រព្យ)។ ភិក្ខុទាំងឡាយ​បានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក​ក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទ​ដល់​ភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​អំណាចប្រយោជន៍​១០យ៉ាង គឺដើម្បីការប្រពៃ​ដល់សង្ឃ ដើម្បី​នៅ​សប្បាយដល់សង្ឃ។បេ។ ដើម្បីសេចក្តីអនុគ្រោះ​ដល់ព្រះវិន័យ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ជនបវារណានូវភិក្ខុដែល​ចូលទៅ​កាន់​ត្រកូលដោយនំទាំងឡាយក្តី ដោយសដូវទាំងឡាយក្តី ដើម្បីនាំទៅបានតាមប្រាថ្នា។ ភិក្ខុ​មានសេចក្តីប្រាថ្នា ត្រូវទទួល​បានត្រឹមពេញពីរបីបាត្រ។ បើទទួល​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលបានទទួលនំ ឬសត្តូវកំណត់ពេញត្រឹមពីរបីបាត្រហើយ ត្រូវនាំ​ចេញអំពី​ទីនោះមកចែកមួយអន្លើដោយភិក្ខុទាំងឡាយ ការចែកនំ ឬសដូវ​នេះជាសាមីចិកម្ម​ក្នុង សិក្ខាបទនេះ។

[១១៤] ត្រង់ពាក្យថា ភិក្ខុដែលចូរទៅកាន់ត្រកូល សេចក្តីថា ដែលហៅថាត្រកូល បានដល់​ត្រកូលមាន៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ១ ត្រកូលអ្នកគ្រួ១។ ពាក្យថាចូលទៅ គឺចូលទៅក្នុងត្រកូលទាំងនោះ។ ដែលហៅថានំ បានដល់វត្ថុអ្វីនីមួយ​ដែលគេ​ចាត់ចែង​ដើម្បីបញ្ជូនទៅ។ ដែលហៅថាសដូវ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីជា​ស្បៀង។ ពាក្យថា បវារណាដើម្បីនាំទៅតាមប្រាថ្នា សេចក្តីថា (ទាយកនាំមកបវារណាដោយ​ពាក្យថា) លោកប្រាថ្នានូវវត្ថុប៉ុន្មាន លោកយកវត្ថុប៉ុណ្ណោះចុះ។ ពាក្យថា មានសេចក្តីប្រាថ្នា គឺ​មានបំណង។ ពាក្យថា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ សេចក្តីថា គប្បីទទួលយកបាន​ត្រឹម​ពេញពីរបីបាត្រ។ ពាក្យថា បើទទួលឲ្យហួសពីកំណត់នោះទៅ សេចក្តីថា ភិក្ខុទទួលឲ្យលើស​លុប​ពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ភិក្ខុទទួល (នំ ឬសដូវ) កំណត់ពេញពីរបីបាត្រ​ហើយ ចេញពីទីនោះមក ឃើញភិក្ខុ (ឯទៀត) ត្រូវប្រាប់ថា ក្នុងទីឯណោះ ខ្ញុំទទួល (នំឬសដូវ) ពេញ​ពីរបីបាត្រមកហើយ លោកកុំទៅ​ទទួល​ក្នុងទីនោះឡើយ។ បើភិក្ខុឃើញហើយមិនប្រាប់ ត្រូវអាបត្តិទុក្កដ។ បើប្រាប់ហើយ ភិក្ខុនៅតែទទួល ត្រូវអាបត្តិទុក្កដ។

[១១៥] ត្រង់ពាក្យថា ត្រូវនាំចេញអំពីទីនោះហើយ ចែកមួយអន្លើដោយភិក្ខុទាំងឡាយ សេចក្តីថា ក្នុងពេលដែលត្រឡប់មក ត្រូវនាំយក (នំឬសដូវ)នោះមកចែកគ្នា។ ពាក្យថា ការចែក​នំឬសដូវនេះ ជាសាមីចិកម្មក្នុងសិក្ខាបទនោះ សេចក្តីថា ការចែកនំឬសដូវនេះ ជាទំនៀម​ដ៏សមគួរក្នុងសិក្ខាបទនោះ។ ភិក្ខុសំគាល់ក្នុងនំឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ​ ថាច្រើនជាងមែន ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដ៏ច្រើនជាង​កំណត់ពេញពីរបីបាត្រ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់នំ ឬសដូវ​ដ៏ច្រើន​ជាង​កំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់​ក្នុងនំ ឬសដូវដែលមិនពេញកំណត់ពីរបីបាត្រ ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យ​ក្នុង​នំ ឬសដូវ​ដែលមិនពេញពីរបីបាត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងនំ ឬសដូវ​ដែល​មិនពេញ​ពីរ​បីបាត្រ ថាមិនពេញមែន មិនត្រូវអាបត្តិ។

[១១៦] អាបត្តិមិនមានដល់ភិក្ខុ​ដែលទទួលនំ ឬសដូវកំណត់ពេញត្រឹមតែពីរបីបាត្រ ដល់​ភិក្ខុដែលទទួលនំ ឬសដូវមិនពេញពីរបីបាត្រ ដល់​ភិក្ខុដែលទទួលវត្ថុ (ឯណានីមួយ) ដែល​ជន​មិនតាក់តែង ដើម្បីបញ្ជូនទៅ (ញាតិ) មិនតាក់តែង ដើម្បីជាស្បៀង ដល់ភិក្ខុដែលទទួល​វត្ថុដ៏​សេសសល់​អំពីនំ ឬ​សដូវ​ដែលគេចាត់ចែងដើម្បីបញ្ជូនទៅ (ញាតិ)ក្តី ដើម្បីជាស្បៀងក្តី ដល់ភិក្ខុដែលទទួលនំ ឬសដូវអំពីជនដែលគេមានដំណើរប្រុងនឹងទៅហើយខានវិញ  ដល់ភិក្ខុ​ដែលទទួលនំ ឬសដូវរបស់ញាតិ ដល់ភិក្ខុដែលទទួលនំ ឬសដូវ​របស់ជន​ដែល​បវារណា ដល់ភិក្ខុដែលទទួល​នំ ឬសដូវ​ដើម្បីអ្នកដទៃ ដល់ភិក្ខុដែលទទួលនំ ឬសដូវដោយទ្រព្យរបស់​ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[១១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយឲ្យឆាន់។ ពួកភិក្ខុឆាន់​ហើយ បានហាមភត្តហើយ ក៏ទៅកាន់ត្រកូលញាតិទាំងឡាយ ភិក្ខុពួកខ្លះ​ក៏ឆាន់​ ភិក្ខុពួកខ្លះកាន់យកបិណ្ឌបាតទៅ។ គ្រានោះ ព្រាហ្មណ៍នោះបាន​ពោលពាក្យនេះ​នឹង​ពួក​ជន​ជា​អ្នក​ស្និទ្ធស្នាល​ថា បពិត្រអ្នកម្ចាស់ទាំងឡាយ ភិក្ខុទាំងឡាយ ខ្ញុំបានប្រគេន​ចង្ហាន់​ឆាន់បរិបូណ៌​ហើយ សូមអ្នកទាំងឡាយអញ្ជើញមក ខ្ញុំនឹងអង្គាសអ្នករាល់គ្នាទៀត។ អ្នកស្និទ្ធស្នាលទាំងនោះ​ពោលយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកនឹងអង្គាសយើងទាំងឡាយឲ្យឆ្អែត​ដូចម្តេចបាន អម្បាល​ភិក្ខុទាំងឡាយណាដែលអ្នកនិមន្ត​មកហើយ ភិក្ខុទាំងនោះមកកាន់ផ្ទះពួកយើង ខ្លះឆាន់ ខ្លះកាន់​យក​បិណ្ឌបាតហើយទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើន​ទាំងឡាយ មិនសមនឹងឆាន់ក្នុងផ្ទះយើងទាំងឡាយហើយ ទៅឆាន់​ក្នុងទីដទៃ​ទៀតសោះ ហាក់​ដូច​ជាខ្ញុំមិនអាច​ដើម្បីប្រគេនលោកឆាន់ឲ្យឆ្អែតបាន។ ពួកភិក្ខុឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។  ភិក្ខុ​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តរួចហើយ មិនគួរនឹងទៅឆាន់​ក្នុងទីដទៃទៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​ភិក្ខុទាំងឡាយ​ឆាន់ហើយ ហាមភត្តហើយ រួចទៅឆាន់ក្នុងទីដទៃទៀត ពិតមែនឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ ឆាន់ហើយ ហាមភត្តរួចហើយ ហេតុអ្វី​ក៏ទៅឆាន់​ក្នុងទី​ដទៃ​ទៀត ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​ឆាន់ហើយ ហាម​ភត្តហើយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយ ដល់ភិក្ខុ​ទាំងឡាយយ៉ាងនេះ។

[១១៨] សម័យនោះឯង ភិក្ខុទាំងឡាយនាំយកបិណ្ឌបាតដ៏ឧត្តមទៅឲ្យពួកភិក្ខុឈឺ។ ពួក​ភិក្ខុឈឺ​ឆាន់មិនបានដោយស្រួល។ ពួកភិក្ខុនាំគ្នាចោលបិណ្ឌបាតដ៏ឧត្តមទាំងនោះ។ ព្រះដ៏មានព្រះភាគបានឮសំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក លុះឮហើយ ទ្រង់​ហៅ​ព្រះអានន្ទដ៏មានអាយុ ហើយត្រាស់សួរថា ម្នាលអានន្ទ សំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក សំឡេងនោះ ជាសំឡេងអ្វីហ្ន៎។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ពួកភិក្ខុឆាន់ភោជន​ដ៏សល់​អំពីភិក្ខុឈឺ ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពួកភិក្ខុមិន​ឆាន់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយ​មកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​ភោជន​ដ៏សល់អំពីភិក្ខុឈឺក្តី ភិក្ខុមិនឈឺក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវធ្វើភោជនដ៏សល់ (អំពី​ភិក្ខុឈឺ) ដោយ​ពាក្យយ៉ាងនេះថា ភោជន​ទាំងអស់​នេះសមគួរហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឆាន់ហើយ បានហាមភោជន​ហើយ ទំពាស៊ីក្តី ឆាន់ក្តី នូវខាទនីយាហារ ឬភោជនីយាហារដែលជាអនតិរិត្ត គឺជាវត្ថុ​ដែល​មិនបាន​ធ្វើ​វិនយកម្ម និងមិនមែន​សល់អំពីភិក្ខុឈឺ ត្រូវអាបត្តិបាចិត្តិយ។

[១១៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។បេ។ ដែលហៅថាឆាន់ហើយ គឺឆាន់ភោជន៥យ៉ាង ភោជនណាមួយ ដោយ​ហោច​ទៅ សូម្បីតែភោជន​ប្រមាណប៉ុនចុងស្បូវ។ ដែលហៅថា ហាមភោជន (គឺហាមប្រកបដោយអង្គ​៥យ៉ាង) គឺភិក្ខុកំពុង​ឆាន់១ គេយកភោជនមកប្រគេនទៀត១ គេនៅក្នុងហត្ថបាស១ គេបង្អោន​ភោជន​មកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត​ បានដល់​វត្ថុ​ដែល​មិនបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុមិនបានលើកឡើង (ឬ) មិនបាន​បង្អោន​ចូលទៅជិតដើម្បីឲ្យភិក្ខុធ្វើឲ្យជារបស់គួរ១ ភិក្ខុមិនឋិតនៅខាងក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុមិនទាន់បានឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ បានហាមភោជនហើយ ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា អតិរិត្តនោះ បានដល់​​វត្ថុ​ដែលបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុលើកឡើង ឬបាន​បង្អោន​ទៅជិត ដើម្បីធ្វើឲ្យជារបស់គួរ១ ភិក្ខុនៅក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុឆាន់រួចហើយទើបធ្វើ១ របស់ដែលភិក្ខុឆាន់ហើយ ហាមភោជនហើយ មិនទាន់ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុពោលថា របស់អស់ទាំងនេះគួរហើយ១ និងរបស់ដែល​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អតិរិត្ត។ ដែលហៅថា ខាទនីយាហារនោះ បានដល់របស់ទាំងអស់ វៀរ​លែង​តែ​ភោជន៥យ៉ាង និងរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយាហារ។ ដែលហៅថា ភោជនីយាហារនោះបានដល់ ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់។ ភិក្ខុទទួលដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈដែលលេបចូល។

[១២០] ខាទនីយភោជនីយាហារ ជាអនតិរិត្ត ភិក្ខុសំគាល់ថាជាអនតិរិត្តពិតមែន ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់ក្នុង​ខាទនីយភោជនីយាហារ ជាអនតិរិត្ត ថាជាអតិរិត្តទៅវិញ ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីប្រយោជន៍​ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗវារៈ​ដែលលេបចូលទៅ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជា​អនតិរិត្តទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យ​ក្នុងខាទនីយភោជនីយាហារដែលជា​អតិរិត្ត ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជា​អតិរិត្តពិតមែន មិនត្រូវអាបត្តិ។

[១២១] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់​ភិក្ខុដែលទទួល​របស់​ដោយគិតថា អញនឹងឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់​ភិក្ខុដែលនាំយករបស់ទៅដើម្បី​ភិក្ខុដទៃ ដល់ភិក្ខុដែលឆាន់របស់ដ៏សេសសល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់របស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកដោយមានហេតុ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[១២២] កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុងកោសល​ជនបទ។ ភិក្ខុ១រូបប្រព្រឹត្តអនាចារ។ ភិក្ខុជាគំរប់ពីរបាននិយាយពាក្យនេះ (ឃាត់) ភិក្ខុនោះ​ថា ម្នាលលោកដ៏មានអាយុ លោកកុំធ្វើអំពើយ៉ាងនេះ អំពើដែលលោកធ្វើនេះ មិនគួរទេ។ ភិក្ខុ​ដែលប្រព្រឹត្តអនាចារនោះក៏ចងពៀរនឹងភិក្ខុអ្នកឃាត់នោះ។ គ្រានោះ ភិក្ខុទាំងនោះ​បាន​ទៅកាន់​ក្រុង​សាវត្ថី។ សម័យនោះឯង ក្នុងក្រុងសាវត្ថីមានប្រជុំជនមួយពួក (ធ្វើ) សង្ឃភត្ត។ ភិក្ខុជាគំរប់​ពីរ​បានឆាន់សង្ឃភត្តរួចហើយ ហាមភត្តហើយ។ ភិក្ខុដែលចងពៀរ​ ទៅកាន់ត្រកូលជាញាតិ ហើយ​ទទួល​បិណ្ឌបាត រួចហើយក៏ចូលទៅរកភិក្ខុដែលហាមភត្តនោះ លុះចូលទៅដល់ហើយ បាន​និយាយ​ពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលលោកដ៏មានអាយុ លោកចូរឆាន់ (ចង្ហាន់​នេះ) ចុះ។ ភិក្ខុអ្នកហាមភត្តក៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់​បរិបូណ៌ហើយ។ ភិក្ខុដែលចងពៀរ​ក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត (នេះ) ល្អ លោកចូរឆាន់ទៅ។ កាលបើភិក្ខុអ្នកចងពៀរ​នោះ​ជម្រុលខ្លាំងពេក ភិក្ខុអ្នកហាមភត្តនោះ (ទ្រាំមិនបាន) ក៏ឆាន់បិណ្ឌបាតនោះទៅ។ ភិក្ខុដែល​ចង​ពៀរ​ក៏ពោលពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលអាវុសោ លោកសំគាល់មកខ្ញុំ​ថាជា​បុគ្គល​ដែលគេត្រូវតែស្តីថា ឬអ្វី ក៏រូបលោកឆាន់រួចហើយ ហាមភត្តហើយ ម្តេចឡើយ​ក៏នៅ​តែ​ឆាន់​អនតិរិត្តភោជន។ ភិក្ខុអ្នកហាមភត្តនោះតបថា ម្នាលអាវុសោ ហេតុម្តេច លោកមិនប្រាប់(ខ្ញុំ)ផង។ ភិក្ខុអ្នកចងពៀរក៏ឆ្លើយថា ហេតុម្តេច លោកមិនសួរ(ខ្ញុំជាមុន)។ ភិក្ខុអ្នកហាមភត្តនោះក៏ដំណាល​រឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយក្នុងខណៈនោះ។  ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងនាំភត្តទៅ ហើយបវារណា​ បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់​នូវអនតិរិត្តភោជន (ដូច្នេះ) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ ឮថា​អ្នកឯងបាននាំភត្តទៅបវារណា បង្ខំភិក្ខុដែល​ឆាន់ហើយ ហាមភោជនហើយ ឲ្យឆាន់អនតិរិត្តភោជន ពិតមែនឬ។ ភិក្ខុនោះ​ក្រាប​ទូល​ថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរ​នឹង​នាំភត្ត​ទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់អនតិរិត្តភោជនទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយ រំពៃ​រកទោស នាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាម​ភត្តហើយ ឲ្យទំពាស៊ីក្តី បរិភោគក្តី នូវអនតិរិត្តភោជន ដោយពាក្យថា នែភិក្ខុ អ្នកចូរទំពាស៊ីក្តី បរិភោគក្តី ដូច្នេះ និមិត្តតែភិក្ខុនោះ​ឆាន់​ហើយ ត្រូវអាបត្តិបាចិត្តិយ។

[១២៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ គឺភិក្ខុដទៃ។ ដែលហៅថាឆាន់ហើយ គឺភិក្ខុបានឆាន់នូវ​ភោជនទាំង៥យ៉ាង ភោជនណាមួយ ដោយ​ហោច​ទៅ សូម្បីតែប៉ុនចុងស្បូវភ្លាំង។ ដែលហៅថា ហាមភត្ត (គឺហាមប្រកបដោយអង្គ​៥យ៉ាង) គឺភិក្ខុកំពុង​ឆាន់១ គេយកភោជនមកប្រគេនទៀត១ គេឋិតនៅក្នុងហត្ថបាស១ គេបង្អោន​ភោជន​មកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត​ បានដល់​វត្ថុ​ដែល​មិនបានធ្វើវិនយកម្មដោយ(អាការ៧យ៉ាង) គឺរបស់ដែលគេ​មិនបាន​ធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុ​មិនបាន​លើក​ឡើង (ឬមិនបាន​បង្អោន​ចូលទៅជិតដើម្បីធ្វើឲ្យជារបស់គួរ)១ ភិក្ខុមិនស្ថិតនៅខាងក្នុង​ហត្ថបាស​ហើយធ្វើ១ ភិក្ខុមិនទាន់ឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់ លើក​លែង​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា នាំភត្តទៅបវារណា (នោះ) គឺភិក្ខុនិយាយថា លោកចង់បានប៉ុន្មាន និមន្តយកប៉ុណ្ណោះចុះ។ ដែលហៅថា ដឹង(នោះ) គឺភិក្ខុ​ដឹង​ខ្លួនឯង ឬពួកជនដទៃប្រាប់ដល់ភិក្ខុអ្នកចោទនោះ ឬក៏ភិក្ខុ​អ្នកហាមភោជននោះប្រាប់។ ពាក្យថា រំពៃរកទោស (នោះ) គឺភិក្ខុនាំយក (ខាទនីយ ឬភោជនីយ) ទៅដោយគិតថា អញនឹងចោទ នឹង​រំលឹកភិក្ខុនេះដោយវត្ថុនេះ អញនឹងចោទចំពោះ នឹងរំលឹកចំពោះភិក្ខុនេះ ដោយវត្ថុនេះ អញ​នឹង​ធ្វើ​ភិក្ខុនេះឲ្យអាប់មុខដោយវត្ថុនេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលដោយគិតថា អញ​នឹង​ទំពាស៊ី នឹងឆាន់​តាមពាក្យរបស់លោកអ្នកចោទ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ គ្រប់ៗខណៈ​ដែលលេប។ លុះភិក្ខុនោះឆាន់រួចស្រេច ភិក្ខុអ្នកបង្ខំ ត្រូវអាបត្តិបាចិត្តិយ។

[១២៤] ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាហាមហើយ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំ (ភិក្ខុនោះ) ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុហាមភោជន​ហើយ ភិក្ខុអ្នកចោទមានសេចក្តីសង្ស័យ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំ ឲ្យឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាម ក៏នាំ​ខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំឲ្យឆាន់ មិនត្រូវអាបត្តិ។ ភិក្ខុអ្នកចោទ​បង្អោន​របស់​ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ហាម​ភោជន ទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់លោកអ្នក​ចោទនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ៗខណៈដែលលេប។ ភិក្ខុ​មិន​ហាម​ភោជនទេ តែភិក្ខុអ្នកចោទសំគាល់ថាហាម ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​មិន​ហាម​ភោជនទេ ភិក្ខុអ្នកចោទសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​មិនទាន់​ហាម​ភោជន ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់​ហាមមែន មិនត្រូវអាបត្តិ។

[១២៥] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យភិក្ខុផងគ្នាធ្វើវិនយកម្មហើយឲ្យ ដល់​ភិក្ខុដែលឲ្យ​ដោយ ពាក្យថា លោកចូរឲ្យគេធ្វើឲ្យជាវិនយកម្ម ហើយនិមន្តឆាន់ចុះ ដល់​ភិក្ខុដែល​ឲ្យ ដោយពាក្យថា លោកចូរនាំ (ខាទនីយភោជនីយាហារនេះ) ទៅដើម្បីប្រយោជន៍​ដល់អ្នក​ដទៃចុះ ដល់ភិក្ខុដែលឲ្យរបស់ដ៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឲ្យរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដោយពាក្យថា កាលបើមានហេតុ ចូរលោកឆាន់ចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[១២៦] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងរាជគ្រឹះលេង​មហោស្រព​លើកំពូលភ្នំ។ ពួកសត្តរសវគ្គិយ​ភិក្ខុ ក៏បានទៅដើម្បីមើលមហោស្រពដែលគេលេងលើកំពូលភ្នំ(នោះ)។ មនុស្សទាំងឡាយ​បាន​ឃើញ​ពួកសត្តរសវគ្គិយភិក្ខុហើយ និមន្តឲ្យស្រង់​ទឹក ឲ្យលាប ឲ្យឆាន់ស្រេចហើយ ក៏ប្រគេន​នូវ​ខាទនីយ។ ពួកសត្តរសវគ្គិយភិក្ខុ កាន់យកខាទនីយទៅអារាម ហើយនិយាយ​ពាក្យនេះប្រាប់ពួក​ឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរទទួលយកខាទនីយទៅឆាន់ចុះ។ ពួក​ឆព្វគ្គិយភិក្ខុទាំងនោះសួរថា ម្នាលអាវុសោទាំងឡាយ ពួកលោកបានខាទនីយមកពីណា។ ពួក​សត្តរសវគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះ​ដល់​ឆព្វគ្គិយភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាល​អាវុសោទាំងឡាយ លោកទាំងឡាយបានឆាន់ភោជនក្នុង​ពេលដែល​មិនគួរ មែនឬ។ ពួកសត្តរស​វគ្គិយភិក្ខុឆ្លើយថា មែនអាវុសោទាំងឡាយ។ ពួកឆព្វគ្គិយ​ភិក្ខុពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សត្តរសវគ្គិយភិក្ខុ មិនគួរនឹងឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។ ខណៈនោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុបានប្រាប់​រឿងនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយ​ភិក្ខុមិនគួរឆាន់ភោជន​ក្នុង​ពេលវិកាល (ដូច្នេះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា​អ្នកទាំងឡាយ​ឆាន់ភោជនក្នុងពេលវិកាល ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាប​ទូល​ថា បពិត្រព្រះ​ដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹងឆាន់ភោជន​ក្នុងពេលវិកាលទេ នែមោឃបុរស​ទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា និងមិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែង​ឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។

[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងបឋមបារាជិកសិក្ខាបទ។ វេលា​ដែលព្រះអាទិត្យ​ជ្រេពីត្រង់ទៅទល់នឹងអរុណរះឡើង ហៅថាពេលវិកាល។ ដែលហៅថា ខាទនីយ(នោះ) បានដល់របស់ទាំងអស់ វៀរ​លែង​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួលវត្ថុទាំងនោះ ដោយគិតថា អញ​នឹង​ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈ​ដែលលេបចូលទៅ។

[១២៨] ពេលវិកាល ភិក្ខុក៏សំគាល់ថា ពេលវិកាល ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុសំគាល់ថា កាលគួរ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ទុក​សម្រាប់​ជាប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេប​ចូលទៅ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា ពេលវិកាល ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា កាលគួរមែន មិនត្រូវអាបត្តិឡើយ។

[១២៩] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆាន់តែវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកដោយមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១៣០] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍​របស់​ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងព្រៃ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារ​បិណ្ឌបាតជាច្រើនហើយ ក៏នាំយកបាយសុទ្ធ មកកាន់អារាម រួចហាលបាយនោះឲ្យស្ងួតក្រៀម ហើយទុកដាក់ កាលណាមានសេចក្តីត្រូវការដោយអាហារ ទើបយកបាយក្រៀមនោះមកត្រាំទឹក ហើយ​ក៏ឆាន់​ក្នុងកាលនោះ យូរៗបានលោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង។ ភិក្ខុទាំងឡាយបាន​និយាយ​ពាក្យនេះនឹងព្រះវេឡដ្ឋសីសៈដ៏មានអាយុថា ម្នាលអាវុសោ ចុះហេតុអ្វីបានជាយូរៗ​ទើបលោកចូលទៅកាន់ក្រុង​ដើម្បីបិណ្ឌបាតម្តង។ ទើបព្រះវេឡដ្ឋសីសៈដ៏មានអាយុ​ក៏ដំណាល​រឿង​នុ៎ះ​ប្រាប់ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះក៏សួរថា ម្នាលអាវុសោ បើដូច្នោះ មានតែ​លោក​ឆាន់​ភោជនដែល​ខ្លួនទុកដាក់​ឲ្យកន្លងរាត្រីឬអ្វី។ ព្រះវេឡដ្ឋសីសៈ​ឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះវេឡដ្ឋសីសៈដ៏មានអាយុ មិនសមបើនឹងឆាន់ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យកន្លង​រាត្រី (ដូច្នេះ)​ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលវេឡដ្ឋសីសៈ ឮថា​អ្នកឯង​បានឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ។ ព្រះវេឡដ្ឋសីសៈក្រាប​ទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯងមិនសមបើ​នឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា និងមិនមែន​នាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ។

[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ។ ដែលហៅថាខ្លួនទុកដាក់ឲ្យកន្លងរាត្រី (បានដល់ខាទនីយ ឬភោជនីយ) ដែលខ្លួន​ទទួល​ទុក​ក្នុង​ថ្ងៃនេះ ហើយឆាន់​ក្នុងថ្ងៃខាងក្រោយ។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់​សម្រាប់ទំពាស៊ី វៀរ​លែងតែ​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ភោជនទាំង៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួល ដោយគិតថា អញ​នឹង​ទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈ​ដែលលេបចូលទៅ។

[១៣២] របស់ដែលជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា ជាសន្និធិការកៈមែន ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុសំគាល់ថា មិនមែនជាសន្និធិការកៈ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បី​ប្រយោជន៍​ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេប​ចូលទៅ។ របស់ដែលមិនមែន​ជាសន្និធិការកៈ ភិក្ខុសំគាល់ថា ជាសន្និធិការកៈ ត្រូវអាបត្តិទុក្កដ។ របស់​មិនមែន​ជាសន្និធិការកៈ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា មិនមែនជាសន្និធិការកៈ មិនត្រូវអាបត្តិឡើយ។

[១៣៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលទុកដាក់វត្ថុជា​យាវកាលិក ហើយឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុដែលទុកដាក់វត្ថុជា​យាមកាលិក​ ហើយឆាន់​ត្រូវ​តាមកំណត់យាម (គឺថ្ងៃ១យប់១) ដល់ភិក្ខុដែលទុកដាក់វត្ថុជា​សត្តាហកាលិក​ភេសជ្ជៈ៥យ៉ាង មានទឹកដោះថ្លាជាដើម ដែលអ្នកបួសគប្បីទុកឆាន់បានក្នុងរវាង៧ថ្ងៃ ហៅថាសត្តាហកាលិក។] ហើយឆាន់អស់ត្រឹម៧ថ្ងៃ ដល់ភិក្ខុដែលឆាន់វត្ថុជា​យាវជីវិក​ ព្រោះ​មានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៣៤] កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសូមភោជនដ៏ឧត្តម​ទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈជាកូនចៅ​ព្រះពុទ្ធជាសក្យបុត្រ មិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់សោះ អ្នកណាមួយមិនគាប់​ចិត្តនឹងភោជន​ដែលសម្បូរ អ្នក​ណាមួយ​មិនចូលចិត្តនឹងភោជនដែលមានរស​ឆ្ងាញ់។ ភិក្ខុទាំងឡាយបានឮពួកមនុស្ស​ទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនសមនឹង​សូម​ភោជន​ដ៏ឧត្តម​​ទាំងឡាយមក ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ដូច្នោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នកទាំងឡាយសូមភោជន​ដ៏ឧត្តម​ទាំងឡាយមក ដើម្បីប្រយោជន៍​ដល់​ខ្លួន ហើយក៏នាំគ្នាឆាន់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នកទាំងឡាយ​មិនសម​នឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ដូច្នេះទេ នែ​ពួក​បុរសសោះសូន្យ អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភោជនដ៏ឧត្តម​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយសូមភោជនដ៏ឧត្តម​ទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់​បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[១៣៥] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ពួកភិក្ខុអ្នកសួរជម្ងឺបាននិយាយ​ពាក្យនេះ​នឹងភិក្ខុឈឺទាំងឡាយថា ម្នាលអាវុសោ លោកអាច​អត់ទ្រាំ​បានឬទេ អាច​ប្រព្រឹត្ត​ទៅបាន​ឬទេ។ ពួកភិក្ខុឈឺ​ឆ្លើយថា ម្នាលអាវុសោ ក្នុងកាលមុនយើងទាំងឡាយបានសូមភោជន​ដ៏​ឧត្តម​ទាំងឡាយមកដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ព្រោះហេតុនោះ ទើបយើងទាំងឡាយ​មាន​សេចក្តី​សប្បាយ តែឥឡូវ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហាមហើយ យើងទាំងឡាយខ្លាច​ក្រែង មិន​ហ៊ាន​សូមទៀត ទើបសេចក្តី​មិនសប្បាយ​មានដល់យើងទាំងឡាយ​ដោយ​ហេតុ​នោះ។ ភិក្ខុទាំង​ឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយ​មកក្នុងពេលនោះ ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុឈឺ សូមភោជន​ដ៏ឧត្តម​ទាំងឡាយ មកដើម្បីប្រយោជន៍​ដល់​ខ្លួន​ ហើយឆាន់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភោជន​ដ៏ឧត្តម​ទាំងឡាយណាមួយ ភោជន​ដ៏ឧត្តម​ទាំងនោះដូចម្តេច ភោជនដ៏ឧត្តម​ទាំងនោះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះ​ជូរ។ ភិក្ខុណាមួយគ្មានជម្ងឺ សូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។

[១៣៦] ត្រង់ពាក្យថា ភោជនដ៏ឧត្តម​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ គឺ​ទឹកដោះ​ថ្លារបស់គោក្តី ទឹកដោះថ្លារបស់ពពែក្តី ទឹកដោះថ្លារបស់ក្របីក្តី ហៅថា ទឹកដោះថ្លា ឬ​សប្បិ និងសាច់​របស់​ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់ពួកសត្វនោះ ហៅថា ទឹកដោះថ្លា ឬសប្បិ។ ទឹកដោះខាប់​របស់សត្វអម្បាល​នោះឯង ហៅថា ទឹកដោះខាប់ ឬនវនីត។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែ និងប្រេង​ គឺខ្លាញ់រាវ ហៅថា ប្រេង។ ទឹកផ្អែម​របស់​មេឃ្មុំ ហៅថា ទឹកឃ្មុំ។ ទឹកផ្អែមដែលកើតអំពីអំពៅ ហៅថា ទឹកអំពៅ ឬស្ករអំពៅ។ សត្វដែល​ត្រាច់​ទៅក្នុងទឹក ហៅថា ត្រី ឬមច្ឆជាតិ។ សាច់នៃពួក​សត្វណាក៏គួរ(ដល់វិនយបញ្ញត្តិ) សាច់​នៃ​ពួក​សត្វទាំងនោះ ហៅថា សាច់ ឬមំសៈ។ ទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់​របស់​ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី ហៅថា ទឹកដោះស្រស់ ឬខីរៈ សាច់របស់ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះស្រស់​របស់ពួក​សត្វទាំងនោះ ហៅថា ទឹកដោះស្រស់ ឬខីរៈ។ ទឹកដោះជូរ​របស់ពួក​សត្វ​ទាំងនោះ ហៅថា ទឹកដោះជូរ ឬទធិ។

[១៣៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ គឺភោជន​ដ៏ថ្លៃថ្លាទាំងឡាយ​មាន​សភាព​ដូច្នោះ។ ភិក្ខុណាវៀរភោជន​ដ៏ឧត្តម​ទាំងឡាយ ហើយនៅជាសប្បាយបាន ភិក្ខុនោះ​ហៅថា គ្មាន​ជម្ងឺ។ ភិក្ខុណាវៀរចាកភោជន​ដ៏ឧត្តម​ទាំងឡាយ ហើយនៅសប្បាយមិនបាន ភិក្ខុនោះ​ហៅថា មានជម្ងឺ។ ភិក្ខុគ្មានជម្ងឺ សូមភោជនទាំងនោះ ដើម្បីប្រយោជន៍​ដល់ខ្លួន ត្រូវ​អាបត្តិ​ទុក្កដរាល់​ប្រយោគ។ ភិក្ខុទទួលដោយតាំងចិត្តថា អញ​នឹង​ឆាន់ ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ដែល​បាន​មក។ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗ​វារៈ​ដែលលេបចូលទៅ។

[១៣៨] ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក ​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ មិនត្រូវអាបត្តិ។

[១៣៩] អាបត្តិមិនមានដល់ភិក្ខុឈឺ ដល់ភិក្ខុដែលមានជម្ងឺ ហើយសូម លុះសូម​បាន​មក​ក៏​បាត់ជម្ងឺ​នោះ ហើយឆាន់ ដល់ភិក្ខុដែលឆាន់ភោជនដ៏សល់អំពី​ភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់ភោជន​របស់​ពួក​ញាតិ ដល់ភិក្ខុ​ដែល​ឆាន់​ភោជន​របស់ពួក​ជន​ដែល​បានបវារណា ដល់ភិក្ខុ​ដែល​សូម​ដើម្បីប្រយោជន៍​ដល់​អ្នកឯទៀត ដល់ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​កើត​ដោយ​ទ្រព្យ​របស់​ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[១៤០] កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុង​វេសាលី។ សម័យនោះឯង មានភិក្ខុ១រូប​ជាអ្នកប្រព្រឹត្តបំសុកូល​នូវ​របស់​គ្រប់​យ៉ាង នៅក្នុងព្រៃ​ស្មសាន។ ភិក្ខុនោះ​មិនប្រាថ្នា​នឹង​ទទួល​យកវត្ថុ​ដែល​មនុស្សទាំងឡាយ​ឲ្យ​ឡើយ។ ភិក្ខុនោះ​កាន់យក​នូវ​សំណែន​ក្នុងព្រៃស្មសាន​ខ្លះ ទៀប​គល់ឈើខ្លះ ទៀប​ធរណី​ទ្វារ​ខ្លះ ដោយ​ខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនេះមិនគួរបើនឹងកាន់យកសំណែនរបស់យើង​ទាំងឡាយ​ដោយខ្លួន​ឯង ហើយឆាន់ទេ ភិក្ខុ​ជាថេរៈ​នេះ​មានកាយ​ធាត់ ទំនង​ជាស៊ី​សាច់មនុស្ស​ទេដឹង។ ភិក្ខុទាំងឡាយបានឮមនុស្ស​ទាំងនោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរ​នឹង​ស៊ីលេប​នូវ​អាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេ​មិនបាន​ប្រគេន​សោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថា​អ្នកឯងស៊ីលេបនូវ​អាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេមិនបាន​ប្រគេន​ ពិតមែនឬ។ ភិក្ខុនោះក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់បន្ទោស​ថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងស៊ីលេប​នូវអាហារ​តាម​ទ្វារមាត់ ជាអាហារ​ដែល​គេ​មិនបាន​ប្រគេន (ដូច្នេះ)ទេ នែមោឃបុរស អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​លេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនបាន​ប្រគេន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​​បានបញ្ញត្ត​ហើយដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[១៤១] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ​ក្នុង​ទឹក​ និងឈើស្ទន់។ ពួកភិក្ខុទាំងនោះបាន​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុកាន់យកទឹក និងឈើស្ទន់​ឆាន់ដោយខ្លួន​ឯង​បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុណាមួយ​លេបនូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេមិន​បានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក និង​ឈើស្ទន់។

[១៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថាគេមិនបានប្រគេន គឺ​សំដៅយកវត្ថុ​ដែលភិក្ខុ​មិនបាន​ទទួល​ប្រគេន។ ដែលហៅ​ថា របស់​ដែលគេប្រគេន គឺកាល​បើ​ទាយក​ឲ្យ​របស់ណា​ដោយ​កាយក្តី ដោយ​របស់​ដែល​ជាប់​នឹង​កាយ​ក្តី ដោយ​បោះឲ្យក្តី ភិក្ខុ​ក៏ស្ថិត​នៅក្នុង​ហត្ថបាស បានទទួល​ ដោយ​កាយ ឬដោយរបស់​ដែល​ជាប់​នឹង​កាយ របស់នេះ​ហៅថា គេ​ប្រគេន។ ដែលហៅថា អាហារ​ គឺ​របស់​ណាមួយ​ដែល​គួរ​លេប​ចូលទៅបាន វៀរ​លែង​តែទឹក និងឈើស្ទន់ របស់នេះហៅថា អាហារ។ ពាក្យថា វៀរលែងតែទឹក និងឈើស្ទន់ គឺលើកលែង​តែទឹក និងឈើស្ទន់។ ភិក្ខុ​ទទួល​យក​ដោយ​គិតថា អញនឹង​ទំពាស៊ី អញ​នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​វារៈដែលលេបចូលទៅ។

[១៤៣] វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុក៏សំគាល់ថា មិនបានទទួលប្រគេន ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសង្ស័យ ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសំគាល់ថា បានទទួលប្រគេន ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុបានទទួលប្រគេន ភិក្ខុសំគាល់ថា មិនទាន់បានទទួលប្រគេន ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ ភិក្ខុក៏សំគាល់ថា បានទទួលប្រគេនហើយ មិនត្រូវអាបត្តិឡើយ។

[១៤៤] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ទឹក និងឈើស្ទន់ ដល់ភិក្ខុដែលកាន់យក​ថ្នាំ​​មហាវិកត ៤យ៉ាង ដោយខ្លួនឯង ហើយឆាន់ ព្រោះ​មាន​ហេតុ ហើយគ្មាន​កប្បិយការក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

ភោជនវគ្គទី៤ ចប់។

ចំនួនសិក្ខាបទក្នុងភោជនវគ្គ​នោះមាន១០យ៉ាង គឺ

បិណ្ឌ (សិក្ខាបទ)១ គណ(សិក្ខាបទ)១ បរ(សិក្ខាបទ)១ បូវ(សិក្ខាបទ)១ បវារណា​(សិក្ខាបទ)ពីរ ព្រះដ៏មានព្រះភាគពោលហើយ វិកាល(សិក្ខាបទ)១ សន្និធិការ(សិក្ខាបទ)១ បណីត​(សិក្ខាបទ)១ ទ្វារក(សិក្ខាបទ)១។

អចេលកវគ្គ សិក្ខាបទទី១

[១៤៥] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុង​វេសាលី។ សម័យនោះឯង របស់ដែល​បុគ្គល​គប្បីទំពាស៊ី​កើតឡើងដល់​សង្ឃ។ ព្រះអានន្ទ​ដ៏មានអាយុ​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ​ អ្នកចូរឲ្យ​នំដល់​ពួក​មនុស្ស​អ្នកស៊ី​ដែល​ចុះ។ ព្រះអានន្ទ​ដ៏មានអាយុ​ទទួល​ព្រះពុទ្ធដីកា​ថា បពិត្រព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹង​ហើយៗ ក៏ឲ្យពួកមនុស្ស​​ដែល​ជាអ្នក​ស៊ីដែលអង្គុយ​ជាជួរ ហើយក៏ឲ្យ​នំមួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាម្នាក់ ដោយសំគាល់ថាឲ្យនំមួយដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ បាននិយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនោះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់ពីរដង ព្រះអានន្ទដ៏​មានអាយុឲ្យ​នំ​មួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែលនោះ ដោយសំគាល់ថា​ឲ្យនំមួយ​ដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ ក៏និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនុ៎ះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់បីដងទៀត ព្រះអានន្ទដ៏​មានអាយុ​ឲ្យនំមួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែលនោះ ដោយសំគាល់ថាឲ្យនំមួយដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ ក៏និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនុ៎ះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ ពួក​នាង​បរិព្វាជិកា​ទាំងនោះ ក៏នាំគ្នា​និយាយ​ចម្អក​ថា (សមណនុ៎ះ​) សហាយ ឬ​មិនមែន​សហាយ។ (វេលានោះ) មានអាជីវក​ម្នាក់​ដើរទៅកាន់ទីដែល​គេអង្គាស ឬចែក(នំ)។ (ពេលនោះ)  មានភិក្ខុ១រូប​កំពុងច្របាច់​បាយលាយដោយទឹកដោះ​ថ្លាដ៏ច្រើន ហើយក៏​ឲ្យ​ដុំបាយ​១ដុំ​ធំដល់​អាជីវក​នោះ។ លំដាប់នោះ អាជីវក​នោះក៏កាន់​យកដុំបាយ​នោះ ហើយ​ដើរទៅ។ (ពេលនោះ) ​មានអាជីវក​ម្នាក់ទៀត​បានពោលពាក្យ​នេះនឹង​អាជីវក​នោះថា ម្នាលអាវុសោ អ្នកឯង​បាន​ដុំ​បាយ​មក​ពីទីណា។ អាជីវក​ដែល​បាន​ដុំបាយ​នោះឆ្លើយ​តបថា ម្នាលអាវុសោ ដុំបាយខ្ញុំបានមកអំពី​ទីដែល​គេ​អង្គាស​នៃ​មុណ្ឌកគហបតី (គហបតីត្រងោល) របស់ព្រះ​សមណ​គោតមនោះ។ ពួក​ឧបាសក​បានឮពាក្យចរចារ​នេះ នៃពួកអាជីវក​នោះច្បាស់លាស់ហើយ។ ទើបពួក​ឧបាសក​ទាំងនោះ​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានបុណ្យ ហើយក៏អង្គុយ​ក្នុងទី១ដ៏សមគួរ។ ឧបាសកទាំងនោះ លុះអង្គុយ​ក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបទូល​ពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួក​តិរ្ថិយ​អម្បាលនេះ ប្រាថ្នានឹងពោល​ទោស​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមកុំ​ឲ្យលោក​ម្ចាស់​ទាំងឡាយ​ឲ្យ (វត្ថុអ្វីៗ) ដល់ពួកតិរ្ថិយ​ដោយ​ដៃ​របស់ខ្លួនឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឧបាសក​ទាំងនោះ ឲ្យឃើញច្បាស់លាស់ ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ ឯពួកឧបាសកទាំងនោះ កាលព្រះ​ដ៏មានព្រះភាគ ទ្រង់​ពន្យល់ឲ្យឃើញច្បាស់លាស់ ទ្រង់ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ចៀស​ចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគត្រាស់ឲ្យប្រជុំ​ភិក្ខុសង្ឃ ទ្រង់​ធ្វើ​ធម្មីកថាដ៏ល្មម​សមគួរ​តាមហេតុនោះដល់​ពួកភិក្ខុ ហើយទ្រង់ហៅ​ភិក្ខុទាំងឡាយមក ត្រាស់ថា នែភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទ​ដល់ភិក្ខុទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺ ដើម្បី​សេចក្តីល្អ​ដល់សង្ឃ១ ដើម្បីសេចក្តី​សប្បាយ​ដល់​សង្ឃ១។បេ។ ដើម្បី​ញុំាង​ព្រះសទ្ធម្ម​ឲ្យ​ស្ថិតស្ថេរ១ ដើម្បីអនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យ​វត្ថុ​ដែល​បុគ្គល​គួរ​ទំពាស៊ី ឬវត្ថុ​ដែលបុគ្គល​គួរ​បរិភោគ​ដល់អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃ​របស់​ខ្លួន ត្រូវអាបត្តិ​បាចិត្តិយ។

[១៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថាអចេលក គឺបុគ្គល​ដែលបួស​ជាបរិព្វាជក មានកាយ​អាក្រាតទាំងអស់។ ដែលហៅ​ថា បរិព្វាជក គឺបុរសដែលបួសជាបរិព្វាជកទាំងអស់ វៀរ​លែងតែភិក្ខុ និងសាមណេរចេញ។ ដែល​ហៅថា បរិព្វាជិកា គឺស្រីដែលបួសជាបរិព្វាជិកាទាំងអស់ វៀរ​លែងតែភិក្ខុនី សិក្ខមានា និង​សាមណេរីចេញ។ ដែលហៅថា វត្ថុដែលបុគ្គល​គួរទំពាស៊ី គឺលើក​ទុកតែ​ភោជន​៥យ៉ាង ព្រម​ទាំង​ទឹក​ និងឈើស្ទន់ចេញ ក្រៅពីនោះ ហៅថា វត្ថុដែលបុគ្គល​គួរទំពាស៊ីទាំងអស់។ ដែលហៅថា វត្ថុ​ដែល​បុគ្គល​គួរបរិភោគ បានដល់ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុឲ្យដោយកាយក្តី ដោយវត្ថុដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៤៧] ជនជាតិរ្ថិយ ភិក្ខុក៏សំគាល់ថា ជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យវត្ថុ​ដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុសំគាល់ថា មិនមែនជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ បុគ្គល​មិនមែន​ជាតិរ្ថិយ ភិក្ខុសំគាល់ថាជាតិរ្ថិយ ត្រូវអាបត្តិទុក្កដ។ ជន​មិនមែន​ជាតិរ្ថិយ ភិក្ខុសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ជនមិនមែន​ជាតិរ្ថិយ ភិក្ខុសំគាល់ថាមិនមែន​ជាតិរ្ថិយ មិនត្រូវអាបត្តិឡើយ។

[១៤៨] អាបត្តិមិនមានដល់ភិក្ខុដែលប្រើគេឲ្យឲ្យ មិនឲ្យដោយ​ខ្លួនឯង ដល់ភិក្ខុ​ដែលដាក់ វត្ថុទុកឲ្យ ដល់ភិក្ខុដែលឲ្យរបស់ជាគ្រឿង​លាបខាងក្រៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[១៤៩] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងភិក្ខុ​ជាសទ្ធិវិហារិក​របស់​ព្រះថេរៈ​ជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ថាដូច្នេះហើយ ក៏មិនឲ្យគេប្រគេន​(អ្វីៗ) ដល់​ភិក្ខុនោះឡើយ (បែរជា) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាលអាវុសោ លោកចូរទៅចុះ ខ្ញុំនឹង​និយាយ ឬនឹងអង្គុយ​ជាមួយ​នឹងលោក​មិនសប្បាយទេ ខ្ញុំ​នឹងនិយាយ ឬនឹងអង្គុយ​តែម្នាក់​ឯង​ស្រួលជាង។ គ្រានោះ កាលបើពេលដែលត្រូវឆាន់កាន់តែចូលមកជិតហើយ ភិក្ខុនោះ​មិនអាច​នឹង​ត្រាច់​ទៅបិណ្ឌបាត​បាន សូម្បីគ្រាន់តែ​ត្រឡប់​មកធ្វើភត្តកិច្ច​វិញ ក៏មិនទាន់ ជាអ្នក​អត់​ចង្ហាន់ (មួយ​ពេលនោះឯង)។ ទើបភិក្ខុនោះទៅកាន់​អារាម ហើយដំណាលរឿងនុ៎ះ​ប្រាប់​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ​ មិនសមបើមកបបួល​ភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេប្រគេនអ្វីៗដល់​ភិក្ខុនោះ ស្រាប់តែ​បញ្ជូនឲ្យត្រឡប់ទៅវិញ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បានឮថា អ្នកឯងបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ (ឲ្យអ្វីៗ)​ដល់ភិក្ខុនោះ (បែរជា) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនេះពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនគួរនឹងបបួល​ភិក្ខុផងគ្នា​ថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិន​ឲ្យ​គេ​ឲ្យ(អ្វីៗ)ដល់​ភិក្ខុនោះ​ (បែរជា) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ដូច្នេះឡើយ នែមោឃបុរស អំពើ​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើង​ទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណាមួយនិយាយ​នឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬ​មិនឲ្យគេ​ឲ្យ (អ្វីៗ)​ដល់​ភិក្ខុនោះ ហើយបញ្ជូន​ឲ្យត្រឡប់​ទៅវិញ​ដោយពាក្យថា នែអាវុសោ លោកចូរទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​ជាមួយនឹង​លោកមិនសប្បាយទេ ខ្ញុំនិយាយ ឬអង្គុយ​តែម្នាក់ឯង​ស្រួលជាង ដូច្នេះ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើនូវហេតុនុ៎ះ​ឯង​ឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ។

[១៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា ម្នាលអាវុសោ លោកចូរមក (យើងនឹងទៅ)​​កាន់ស្រុក ឬ​និគម (ដើម្បីបិណ្ឌបាត) គឺស្រុកក្តី និគមក្តី នគរក្តី ក៏ហៅថាស្រុក និងនិគម (ក្នុងសិក្ខាបទនេះ)។ ពាក្យថា ឲ្យគេឲ្យ(អ្វីៗ) ដល់ភិក្ខុនោះ គឺ​ប្រើគេឲ្យឲ្យ​យាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី (ដល់ភិក្ខុនោះ)។ ពាក្យថា មិនឲ្យគេឲ្យ គឺមិនឲ្យ​នរណាឲ្យ(អ្វីៗ)សោះ។ ពាក្យថា បញ្ជូន​ឲ្យត្រឡប់​ទៅវិញ សេចក្តីថា ភិក្ខុ​ប្រាថ្នា​ដើម្បីសើច ប្រាថ្នាដើម្បីលេង ប្រាថ្នាដើម្បីអង្គុយក្នុងទីស្ងាត់ ប្រាថ្នាដើម្បី​ប្រព្រឹត្ត​អនាចារ​ជា​មួយនឹង​មាតុគ្រាម ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​ជាមួយ​នឹងលោកមិនស្រួលទេ ខ្ញុំ​និយាយ ឬអង្គុយ​តែម្នាក់ឯង​ស្រួលជាង ថាហើយ ក៏បញ្ជូន​ឲ្យ​ត្រឡប់​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុនោះកំពុងលះបង់ទីល្មមមើលគ្នាឃើញ ឬទី​ល្មម​ស្តាប់​ឮ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនោះលះបង់ផុត (នូវទីល្មមមើលឃើញ ឬទីល្មមស្តាប់ឮ) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើនូវហេតុនុ៎ះឯង​ឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ សេចក្តីថា មិន​មានហេតុ​នីមួយ​ដទៃ​ជាបច្ច័យ ក្រៅអំពី​ហេតុដែល​បញ្ជូន​ទៅនោះឡើយ។

[១៥១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលើក​ឡើង​នូវ​ពាក្យ​បញ្ឈឺចិត្ត (ចំពោះ​ឧបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុបញ្ជូន​អនុបសម្បន្ន​ទៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​លើក​នូវ​ពាក្យបញ្ឈឺចិត្ត (ចំពោះ​អនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​ក័សំគាល់​ថាមិនមែនជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[១៥២] អាបត្តិមិនមានដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាឲ្យត្រឡប់ទៅដោយ​គិតថា យើង​ទាំងពីររូប​នឹងញុំាង​ជីវិតឲ្យ​ប្រព្រឹត្តទៅក្នុងទីជាមួយគ្នាមិនបាន ដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នា​ឲ្យទៅដោយ​គិតថា ក្រែងភិក្ខុ​នោះបានឃើញ​របស់​មានដំឡៃ​ច្រើនហើយ នឹងញុំាង​លោក​ធម៌ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយ​គិតថា ក្រែងភិក្ខុនោះ​បានឃើញ​មាតុគ្រាម​ហើយ នឹងញុំាង​សេចក្តីអផ្សុក​ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយពាក្យថា លោក​ចូរនាំយាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី ទៅឲ្យ​ដល់ភិក្ខុមានជម្ងឺ ឬភិក្ខុ​ដែលនៅ​ក្នុងវត្ត ឬអ្នក​ដែល​រក្សាវត្ត ដល់ភិក្ខុមិន​ប្រាថ្នានឹង​ប្រព្រឹត្ត​អនាចារទេ (តែ) កាលបើមាន​កិច្ច​ហើយ ក៏បញ្ជូន​ភិក្ខុ​ផងគ្នា​ទៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[១៥៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានដើរទៅផ្ទះរបស់សំឡាញ់ ហើយក៏អង្គុយនៅ​ក្នុងផ្ទះ​សម្រាប់​ដេក​ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ។ ឯបុរសនោះ​ក៏ចូលសំដៅ​ទៅត្រង់​ទីដែល​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មាន​អាយុ​អង្គុយ​នោះ លុះ​ចូលទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ ហើយ​ក៏​អង្គុយ​ក្នុង​ទី​ដ៏សមគួរ។ លុះបុរសនោះ​អង្គុយ​ក្នុង​ទីដ៏សម​គួរ​ហើយ និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា នាង​ចូរ​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ចុះ។ ស្ត្រីនោះ​ក៏​ប្រគេន​ចង្ហាន់​ដល់​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏​មានអាយុ​ក្នុងគ្រានោះ។ លំដាប់នោះ បុរស​នោះក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏មានអាយុថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោក​ម្ចាស់​និមន្ត​ទៅចុះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ។ ឯស្ត្រីនោះ​កំណត់​ដឹង​ថា បុរស​នេះ​មាន​រាគៈ​គ្របសង្កត់​ហើយ ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូម​លោក​ម្ចាស់​គង់​សិន កុំអាល​និមន្តទៅ។ បុរស​នោះ​(បាននិយាយ)ជាគំរប់​ពីរដង។បេ។ បុរសនោះ​បាននិយាយ​ពាក្យនេះ នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏មានអាយុជាគំរប់​បីដងថា បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូមលោក​ម្ចាស់​និមន្ត​ទៅវិញចុះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ។ ឯស្ត្រីនោះ​សោត ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​ជាគំរប់​បីដង​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូម​លោក​ម្ចាស់​គង់​សិន កុំអាល​និមន្តទៅឡើយ។ ឯ​បុរស​នោះ ក៏ដើរ​ចេញ​អំពីផ្ទះទៅ ហើយពោលទោស​នឹងភិក្ខុ​ទាំងឡាយថា បពិត្រ​លោក​ទាំងឡាយ​ដ៏ចំរើន លោកម្ចាស់ឧបនន្ទ​នេះទៅ​អង្គុយ​ក្នុងផ្ទះ​សម្រាប់​ដេក​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ ព្រះឧបនន្ទ​នោះ កាល​ខ្ញុំ​បញ្ជូន​ឲ្យទៅវិញ ក៏មិនចង់ទៅ យើងខ្ញុំ​ទាំងឡាយ​ជាអ្នកមាន​កិច្ច​ច្រើន មាន​រវល់ច្រើន។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ​ មិនសមបើនឹងហ៊ានចូលទៅ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់ (គឺ​តែប្រុស និងស្រី) (ដូច្នោះ) សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងបានចូលទៅអង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជនតែ​ពីរ​នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដំណើរនោះពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ាន​ចូលទៅ​អង្គុយ​នៅក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នេះ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយចូលទៅសម្រេច​ការ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរនាក់ ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា ត្រកូល​ដែលមាន​ជន​តែ​ពីរនាក់ គឺ​មានតែ​ស្រីនិងប្រុស​ប៉ុណ្ណោះ។ ជនទាំង​ពីរ​នាក់​មិនទាន់ចេញទៅ ហើយជន​ទាំងពីរនាក់​នោះ ជាមនុស្ស​មានរាគៈ​នៅឡើយ។ ពាក្យថា ចូលទៅ គឺ​ដើរចូលទៅ។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា ភិក្ខុលះ​ហត្ថបាស​នៃមេទ្វារ ឬធរណី​ក្នុង​ផ្ទះ​ធំ ហើយអង្គុយ​នៅ ត្រូវអាបត្តិ​បាចិត្តិយ។ (បើ) ក្នុងផ្ទះតូច ភិក្ខុចូល​ហួស​មេដំបូល ទៅ ហើយអង្គុយ ត្រូវ​អាបត្តិ​បាចិត្តិយ។

[១៥៥] ផ្ទះសម្រាប់ដេក ភិក្ខុក៏សំគាល់ថាផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសង្ស័យ ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាមិនមែនផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​សំគាល់​ថា​ផ្ទះ​សម្រាប់ដេក ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​ក៏សំគាល់​ថា​មិនមែនផ្ទះ​សម្រាប់ដេក មិនត្រូវអាបត្តិ។

[១៥៦] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយក្នុងផ្ទះធំ មិនលះហត្ថបាស​នៃ​មេទ្វារ​ ឬធរណី ដល់ភិក្ខុអង្គុយ​ក្នុងផ្ទះតូច មិនហួស​មេដំបូល ដល់​ភិក្ខុ​ដែល​មាន​ភិក្ខុ​ជាគំរប់​ពីរអង្គុយ​នៅផង ដល់​ភិក្ខុ​ដែល​អង្គុយ​នៅ តែជន​ទាំងពីរនាក់​គេចេញទៅហើយ ដល់ភិក្ខុដែល​អង្គុយនៅ​ជាមួយ​នឹង​ជន​ទាំងពីរនាក់​ជាបុគ្គល​មិនមាន​រាគៈ ដល់​ភិក្ខុអង្គុយ​នៅក្នុងផ្ទះ ដែលមិន​មែនជាផ្ទះ​សម្រាប់​ដេក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[១៥៧] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជាសំឡាញ់ ហើយក៏សម្រេចការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ។ គ្រានោះ បុរសនោះ​ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនគួរបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮ​សំដី​នៃ​បុរស​នោះ និយាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ មិនសមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹងមាតុគ្រាម​(ដូច្នេះ) ទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងទៅសម្រេច​ការ​អង្គុយ​​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹង​មាតុគ្រាម ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ានទៅសម្រេច​ការ​​អង្គុយលើអាសនៈ​ជាទីស្ងាត់​កំបាំង ជាមួយនឹង​មាតុគ្រាម (ដូច្នោះ)ទេ នែមោឃបុរស អំពើ​​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​សម្រេច​ការ​អង្គុយលើអាសនៈ​ជាទីស្ងាត់​កំបាំង មួយអន្លើ​ដោយមាតុគ្រាម ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺស្រីមនុស្ស មិនមែនជា​យក្សស្រី មិនមែន​ជាប្រេតស្រី មិនមែន​តិរច្ឆានញី ដោយហោចទៅ សូម្បី​តែក្មេង​ស្រី​ដែលទើប​នឹង​កើតបាន១ថ្ងៃ មិនបាច់​និយាយ​ទៅថ្វី​ដល់​ស្រី​ធំទេ។ ពាក្យថា មួយអន្លើ គឺជាមួយ​គ្នា។ ដែលហៅថា ទីស្ងាត់ គឺទីដែលស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​មិច​ភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គល​ដទៃ​មិនអាចឃើញបាន។ ដែលហៅថា ទីស្ងាត់​ត្រចៀក គឺទីដែលបុគ្គល​ដទៃ​មិនអាច​ស្តាប់ពាក្យ​ជាប្រក្រតី​បាន។ ដែលហៅថា​អាសនៈ​ជាទីកំបាំង គឺអាសនៈ​ដែលគេ​បិទបាំង​ដោយជញ្ជំាងក្តី ដោយ​សន្ទះ​ទ្វារក្តី ដោយ​កន្ទេល​ផែងក្តី ដោយ​រនាំង ឬវាំងននក្តី ដោយ​ឈើក្តី ដោយ​សសរ​ក្តី ដោយ​ស៊ុំក្តី ឬដោយ​វត្ថុ​ណាមួយ។ ពាក្យថា សម្រេចការអង្គុយ គឺកាលបើមាតុគ្រាម​អង្គុយ ភិក្ខុ​អង្គុយ​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុ​អង្គុយ មាតុគ្រាម​អង្គុយជិត ឬដេក​ជិត  ត្រូវ​អាបត្តិ​បាចិត្តិយ។ ជនទាំងពីរអង្គុយក្តី ជនទាំងពីរ​ដេកក្តី (ឯភិក្ខុ) ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៩] មាតុគ្រាម ភិក្ខុក៏សំគាល់ថាមាតុគ្រាម ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេច​ការ​អង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែន​មាតុគ្រាម មិនត្រូវអាបត្តិឡើយ។

[១៦០] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរស​ណាមួយ​ដែល​ជាមនុស្ស​ដឹង​ក្តី (នៅ) ជាគំរប់ពីរ ដល់ភិក្ខុឈរ​ មិនបានអង្គុយ ដល់ភិក្ខុបាន​ក្រឡេក​គយគន់​រកទី​មិន​ស្ងាត់​ ហើយ​អង្គុយ ដល់ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយអង្គុយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[១៦១] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ដើរទៅកាន់ផ្ទះរបស់សំឡាញ់ ហើយក៏សម្រេចការ​អង្គុយក្នុងទីស្ងាត់ ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះតែម្នាក់​និងម្នាក់។ គ្រានោះ បុរសនោះ​ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនសមបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយក្នុងទីស្ងាត់ ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំតែម្នាក់​និងម្នាក់ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮពាក្យ​សំដី​នៃ​បុរស​នោះកំពុង​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​ហើយ។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ មិនសមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយក្នុងទី​ស្ងាត់ ជាមួយនឹងមាតុគ្រាម​តែម្នាក់​និង​ម្នាក់​ទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងទៅសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់ ជាមួយនឹង​មាតុគ្រាមតែម្នាក់និងម្នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ានទៅសម្រេច​ការ​​អង្គុយក្នុងទីស្ងាត់​ ជាមួយនឹង​មាតុគ្រាមតែម្នាក់និងម្នាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​សម្រេច​ការ​អង្គុយក្នុងទីស្ងាត់​ មួយអន្លើ​ដោយមាតុគ្រាមតែម្នាក់​និងម្នាក់ ត្រូវអាបត្តិ​បាចិត្តិយ។

[១៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺចំពោះតែស្រីមនុស្ស មិនមែនជា​យក្សស្រី មិនមែន​ជាប្រេតស្រី មិនមែន​ជាតិរច្ឆានញី ជាអ្នកដឹងក្តី ជាអ្នក​អាច​ដើម្បី​ស្គាល់​ពាក្យសំដី ដែលបុគ្គល​និយាយ​ល្អ ឬ​អាក្រក់ ពាក្យ​អាសគ្រាម ឬមិនមែន​អាសគ្រាម។ ពាក្យថា មួយអន្លើ គឺជាមួយ​គ្នា។ ពាក្យថា តែម្នាក់​និង​ម្នាក់ គឺមានតែ​ភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ដែលហៅថា ទីស្ងាត់ គឺទីស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​មិច​ភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ជន​ដទៃ​មិនអាច​ឃើញបាន។ ដែលហៅថា ទីស្ងាត់​ត្រចៀក គឺទីដែលបុគ្គល​​មិនអាច​ស្តាប់ពាក្យ​ជាប្រក្រតី​បាន។ ពាក្យថា សម្រេចការអង្គុយ គឺកាលដែលមាតុគ្រាម​អង្គុយហើយ ភិក្ខុ​អង្គុយ​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​អង្គុយ មាតុគ្រាម​អង្គុយជិត ឬដេក​ជិត (ភិក្ខុ) ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនិង​ស្រីទាំងពីរនាក់អង្គុយក្តី ​ដេកក្តី (ភិក្ខុ) ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៣] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់​តែម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់តែម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់តែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់ ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តីតែ​ម្នាក់​និង​ម្នាក់​ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែន​មាតុគ្រាម មិនមានអាបត្តិ។

[១៦៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរស​ណាម្នាក់​ជាអ្នកដឹងសេច​ក្តី នៅ ជាគំរប់ពីរ ដល់ភិក្ខុឈរ​ មិនបានអង្គុយ ដល់ភិក្ខុបាន​ក្រឡេក​គយគន់​រកទី​មិន​ស្ងាត់​ ហើយ​អង្គុយ​នៅ ដល់ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ អង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[១៦៥] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​វត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ។ សម័យនោះឯង ត្រកូលជាឧបដ្ឋាក​របស់​ព្រះ​ឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ និមន្ត​ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ​ដោយ​ភត្ត ហើយ​ក៏​និមន្ត​ពួក​ភិក្ខុឯទៀត​ដោយ​ភត្ត​ដែរ។ សម័យ​នោះឯង ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ អាល័យ​តែ​ចូល​ទៅរក​ត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់។ ឯភិក្ខុ​ទាំងឡាយនោះ ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​អម្បាល​នោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ ក៏និយាយ​ឃាត់ថា បពិត្រលោកម្ចាស់​ទាំងឡាយដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​រង់ចាំ​សិន ទម្រាំ​ព្រះឧបនន្ទ​ជាម្ចាស់​លោកនិមន្ត​មក។ ភិក្ខុ​ទាំងឡាយនោះ បាន​និយាយ​ពាក្យ​នេះ​នឹង​ពួកមនុស្ស​អម្បាល​នោះជាគំរប់ពីរដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ ក៏និយាយ​ឃាត់ថា បពិត្រព្រះករុណា​ទាំងឡាយដ៏ចំរើន សូមព្រះករុណា​ទាំងឡាយ​រង់ចាំ​សិនចុះ ទម្រាំ​តែព្រះឧបនន្ទ​ជាម្ចាស់និមន្ត​មក។ ពួកភិក្ខុ​អម្បាល​​នោះ ក៏​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងឡាយ​នោះជាគំរប់បីដងថា ម្នាលអាវុសោទាំង​ឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​មក (នឹងបង្អង់​នៅ) ក្រែង​ហួស​ពេល​ឆាន់។ ​មនុស្សទាំង​ឡាយ ក៏និយាយ​ថា បពិត្រព្រះករុណា​ទាំងឡាយដ៏ចំរើន យើងខ្ញុំទាំងឡាយ​បាន​ធ្វើ​ភត្ត​ទាំង​ប៉ុន្មាន​ ព្រោះតែ​ព្រះឧបនន្ទ​ជាម្ចាស់ (ទេតើ) បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏ចំរើន សូម​ព្រះករុណា​ទាំងឡាយ​រង់ចាំ ទម្រាំតែ​ព្រះឧបនន្ទ​ជាម្ចាស់និមន្ត​មកសិន។ លំដាប់នោះ ព្រះឧបនន្ទ​ជាសក្យ​បុត្រ​ដ៏មានអាយុ​អាល័យ​តែចូល​ទៅគួរសម​នឹងត្រកូល​ទាំងឡាយក្នុងពេលមុនឆាន់ ហើយក៏​មក​ក្នុង​វេលាថ្ងៃពេក។ ភិក្ខុទាំងឡាយ​ក៏ឆាន់​ចង្ហាន់​មិនល្មម​ដល់ចិត្ត។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ មិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ)សោះ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ៗ​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុង​ពេល​មុន​ឆាន់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ មិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេលមុនឆាន់ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។

[១៦៦] កាលនោះ ត្រកូល​ឧបដ្ឋាក​របស់ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ បានបញ្ជូន​ខាទនីយាហារទៅដើម្បី​ប្រគេនដល់​សង្ឃ​ដោយពាក្យថា ខាទនីយ​នេះ អ្នកឯងត្រូវ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ជាម្ចាស់ ហើយសិមប្រគេនដល់សង្ឃចុះ។ សម័យនោះឯង ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏​មានអាយុ​ចូលទៅកាន់​ស្រុក​ដើម្បីបិណ្ឌបាត។ ឯពួក​មនុស្ស​អម្បាលនោះ ទៅកាន់​អារាម​ ហើយ​សួរ​ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់​ទាំងឡាយ​ដ៏ចំរើន ព្រះឧបនន្ទ​ជាម្ចាស់​និមន្ត​ទៅ​ឯណា។ ពួក​ភិក្ខុអម្បាល​នោះ​ប្រាប់​ថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មាន​អាយុ​នុ៎ះ​និមន្ត​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត​ហើយ។ មនុស្ស​ទាំងឡាយក៏និយាយ​ថា បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខាទនីយាហារនេះ សូមលោកម្ចាស់ទាំងឡាយ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ដ៏​មានអាយុ ហើយសិម​ប្រគេន​ដល់សង្ឃចុះ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ត្រូវ​ទទួល​ហើយ ដម្កល់​ទុក ទម្រាំ​ឧបនន្ទ​ត្រឡប់​មកវិញ។ គ្រានោះ ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​គិត​ថា ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ឃាត់​មិនឲ្យ​ត្រាច់​ទៅក្នុងត្រកូល​ទាំងឡាយក្នុង​វេលា​មុនភត្ត (គិត​ដូច្នោះ​ហើយ) ក៏ចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងវេលា​ក្រោយភត្ត ហើយ​ត្រឡប់មក​ក្នុងវេលា​ហួស​ពេល។ ខាទនីយាហារ​គេក៏ផ្ញើរ​ត្រឡប់​ទៅវិញ។ ពួកភិក្ខុណា​ដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ មិន​គួរ​បើ​នឹង​ត្រាច់​ទៅក្នុងត្រកូល​ទាំងឡាយក្នុង​វេលា​ក្រោយភត្ត (ដូច្នោះ) សោះ។បេ។ ព្រះអង្គត្រាស់សួរ​ថា ម្នាលឧបនន្ទ ឮថាអ្នកឯង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយក្នុងវេលាក្រោយភត្ត ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយក្នុងពេល​ក្រោយ​ភត្ត (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។

[១៦៧] សម័យ​នោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​សង្ស័យ​ក្នុងសម័យ​នៃ​ចីវរទាន ហើយ​មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយ។ ចីវរ​ក៏កើតឡើង​តិចស្តួចស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូល​ទៅរកត្រកូល​ទាំងឡាយ​ក្នុងសម័យ​នៃចីវរ​ទាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។

[១៦៨] សម័យ​នោះឯង ភិក្ខុទាំងឡាយ​ធ្វើចីវរកម្ម គឺការដេរ​ចីវរ​ ក៏មានសេចក្តី​ត្រូវការ​ដោយ​ម្ជុលខ្លះ ដោយចេសខ្លះ ដោយកំាបិតខ្លះ។ ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូល​ទៅរកត្រកូល​ទាំងឡាយ​ក្នុងសម័យធ្វើចីវរបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ១ កាលដែលភិក្ខុ​ធ្វើ​ចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។

[១៦៩] សម័យ​នោះឯង ភិក្ខុទាំងឡាយ​មានជម្ងឺ ក៏មានសេចក្តី​ត្រូវការ​ដោយ​ភេសជ្ជៈ​ទាំងឡាយ។ ភិក្ខុទាំងឡាយក៏សង្ស័យ មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយឡើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុលា ឬប្រាប់​ភិក្ខុដែល​មាននៅ ហើយ​សឹម​ចូល​ទៅរកត្រកូល​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ មិនបានលា ឬប្រាប់​ភិក្ខុដែលមាននៅ ហើយដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ១ កាលដែល​ភិក្ខុធ្វើ​ចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។

[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា គេនិមន្ត គឺជន​និមន្ត​ដោយភោជន​ទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ជាអ្នកមានភត្ត គឺភិក្ខុដែល​គេនិមន្ត​ដោយ​ភត្ត​ណា ឈ្មោះថា​ជាអ្នក​មានភត្ត​ ព្រោះ​ភត្ត​នោះ​ឯង។ ដែលហៅថា ភិក្ខុមាននៅនោះ គឺភិក្ខុ​អាច​នឹងលា​ភិក្ខុផងគ្នា​ ហើយចូល​ទៅកាន់​ (ត្រកូល)បាន។ ភិក្ខុ​ដែល​មិនមាននៅនោះ គឺភិក្ខុ​មិនអាច​លា​ភិក្ខុផងគ្នា ហើយចូលទៅកាន់​(ត្រកូល)ឡើយ។ ដែលហៅថា ក្នុងពេលមុនភត្ត គឺជន​និមន្ត​ដោយភត្ត​ណា ហើយភិក្ខុ​មិនទាន់បានឆាន់​ភត្តនោះ។ ដែលហៅថា ក្នុងពេល​ក្រោយភត្ត គឺជន​និមន្ត​ដោយភត្តណា ភិក្ខុ​បានឆាន់​ភត្ត​នោះហើយ ដោយ​ហោច​ទៅសូម្បី​ប៉ុន​ចុង​នៃស្បូវ។ ដែលហៅថា ត្រកូល គឺត្រកូលទាំងឡាយ៤ គឺត្រកូល​ក្សត្រ១ ត្រកូល​ព្រាហ្មណ៍១ ត្រកូលវេស្សៈ (អ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ)១ ត្រកូលសុទ្ធៈ (អ្នក​ធ្វើ​ការ​ស៊ីឈ្នួល)១។ ពាក្យថា ដល់នូវកិរិយាត្រាច់ទៅក្នុង​ត្រកូល​ទាំងឡាយ គឺកាល​ដែល​ភិក្ខុ​ឈាន​ចូល​ទៅ​ដល់​ឧបចារ​ផ្ទះ​របស់​បុគ្គល​ដទៃទៅ ត្រូវអាបត្តិ​ទុក្កដ។ ឈានជើង​ជាដម្បូង​ឲ្យកន្លង​ហួស​ធរណី​ទ្វារទៅ ត្រូវ​អាបត្តិទុក្កដ។ ឈានជើងជាគំរប់ពីរ​ឲ្យ​កន្លង​ហួស​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា​វៀរ​លែងតែមានសម័យ គឺលើកទុក​តែមានសម័យ។ ដែលហៅថា កាលដែល​ទាយកប្រគេន​ចីវរ​នោះ គឺថា បើភិក្ខុមិនបាន​ក្រាលកឋិន កំណត់កាល​ត្រឹម១ខែ​ជាទីបំផុត​នៃវស្សានរដូវ (គឺ​តាំង​ពី១​រោច​ខែអស្សុជ ទៅដល់​១៥កើត ខែកត្តិក) បើភិក្ខុបាន​ក្រាលកឋិន កំណត់កាល​ត្រឹម​៥ខែ (តាំង​តែពី១រោចខែអស្សុជ ទៅដល់១៥កើត​ខែផល្គុន)។ ដែលហៅថា កាលដែល​ភិក្ខុធ្វើចីវរនោះ គឺ​ភិក្ខុ​កំពុង​ធ្វើចីវរ។

[១៧១] មានគេនិមន្តហើយ ភិក្ខុសំគាល់ថាគេនិមន្តហើយ មិនបានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសង្ស័យ មិនបានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសំគាល់ថាមិនទាន់និមន្ត ហើយ​មិន​បានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថានិមន្តហើយ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថាមិនបាននិមន្ត មិនមានអាបត្តិ។

[១៧២] អាបត្តិមិនមានដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលបានលា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ ហើយចូលទៅ  ដល់ភិក្ខុដែល​មិនបានលាភិក្ខុ​ផងគ្នា ព្រោះ​មិនមាន​ភិក្ខុ​ផងគ្នា​ ហើយចូលទៅ ដល់​ភិក្ខុដែល​ដើរ​ទៅតាមផ្លូវ​ក្បែរ​ផ្ទះ​នៃ​បុគ្គល​ដទៃ ដល់​ភិក្ខុ​ដែល​ដើរ​ទៅ​ដោយ​ផ្លូវ​តាម​ឧបចារ​នៃផ្ទះ ដល់​ភិក្ខុដែល​ទៅកាន់​អារាម​ដែល​មាន​ក្នុងចន្លោះ​ស្រុក ដល់ភិក្ខុដែល​ទៅ​កាន់​លំនៅនៃ​នាង​ភិក្ខុនី ដល់​ភិក្ខុ​ដែល​ទៅកាន់​លំនៅ​នៃ​តិរ្ថិយ ដល់​ភិក្ខុដែល​ដើរ​ត្រឡប់​មកវិញ ដល់​ភិក្ខុ​ទៅកាន់​ផ្ទះ​នៃទាយកជាម្ចាស់ភត្ត ដល់ភិក្ខុដែល​មានសេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[១៧៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ​ក្នុងនិគ្រោធារាម ក្បែរ​ក្រុង​កបិលពស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង មហានាមសក្យៈ មានថ្នាំសម្រាប់​កែរោគដ៏​បរិបូណ៌។ លំដាប់នោះ មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏​ក្រាបទូល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយថ្នាំ​សម្រាប់​កែរោគកំណត់​៤ខែ។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះប្រពៃ​ពេកហើយ មហានាម បើដូច្នោះ ចូរព្រះអង្គ​បវារណា​សង្ឃ ដោយថ្នាំ​សម្រាប់​កែរោគកំណត់​៤ខែចុះ។ ពួក​ភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​សេចក្តី​នោះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុត្រេកអរ​ចំពោះ​ការបវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម​៤ខែ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹងមហានាមសក្យៈតែបន្តិចៗ ភេសជ្ជៈ​របស់មហានាម​សក្យៈ ក៏ជារបស់នៅតែបរិបូណ៌ដដែល។ ឯមហា​នាមសក្យៈ​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ​ជាគំរប់ពីរ​ដងទៀត លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយភេសជ្ជៈ​កំណត់​៤ខែតទៅទៀត។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះ​ប្រពៃ​ហើយៗ មហានាម បើដូច្នោះ ចូរព្រះអង្គ​បវារណា​សង្ឃ ដោយភេសជ្ជៈកំណត់​៤ខែតទៅ​ទៀតចុះ។ ពួក​ភិក្ខុ​មានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹងការបវារណា​ថែមម្តងទៀត។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹង​មហានាម​សក្យៈតែបន្តិចៗ។ ដោយហេតុនោះឯង ភេសជ្ជៈ​របស់មហានាមសក្យៈ​ក៏នៅ​តែ​បរិបូណ៌​ដដែល។ មហា​នាមសក្យៈ​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគជាគំរប់បីដងទៀត លុះចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ បាន​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយភេសជ្ជៈ​ដរាបដល់អស់ជីវិត។ ព្រះអង្គ​ត្រាស់​តបថា មហានាម ការនោះ​ប្រពៃ​ហើយៗ មហានាម បើដូច្នោះ ចូរមហារាជ​បវារណា​សង្ឃ ដោយ​ភេសជ្ជៈ​ដរាបដល់អស់ជីវិតចុះ។ ពួក​ភិក្ខុ​មានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយ​ក៏ក្រាប​ទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹងការបវារណាអស់កាលជានិច្ចក៏បាន។

[១៧៤] សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកដណ្តប់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិន​សមគួរ មហានាមសក្យៈ​ក៏និយាយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន ហេតុដូចម្តេច បានជាលោក​ម្ចាស់​ទាំងឡាយ​ស្លៀក​ដណ្តប់​សំពត់​មិនត្រឹមត្រូវ មានអាកប្បកិរិយា​មិនសមគួរ (ដូច្នេះ) ធម្មតា អ្នកបួស គេត្រូវស្លៀកដណ្តប់​សំពត់​ឲ្យ​ត្រឹមត្រូវ​ល្អ ហើយមាន​អាកប្បកិរិយា​ដ៏សមគួរ​ទេតើ។ ពួក​ឆព្វគ្គិយ​ភិក្ខុក៏ចងទោស​នឹងមហានាមសក្យៈ។ សេចក្តីត្រិះរិះនេះ​កើតមានដល់​ពួក​ឆព្វគ្គិយ​ភិក្ខុ​ក្នុងវេលានោះថា យើងទាំងឡាយ​គួរ​ធ្វើ​មហានាម​សក្យៈឲ្យ​អាប់​អោន​ដោយឧបាយ​ដូចម្តេច​អេះ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុក៏បានប្រឹក្សាគ្នាដូច្នេះថា ម្នាលលោកដ៏មាន​អាយុ​ទាំងឡាយ មហានាម​សក្យៈ​បានបវារណាសង្ឃ​ដោយភេសជ្ជៈ​ហើយ ណ្ហើយចុះ ម្នាល​លោកដ៏មានអាយុ​ទាំងឡាយ យើង​ទាំងឡាយ​ទៅសូម​សប្បិ​អំពី​មហានាមសក្យៈចុះ។ ទើបពួកឆព្វគ្គិយភិក្ខុចូលទៅរក​មហានាម​សក្យៈ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ​នឹង​មហានាម​សក្យៈថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិមួយទោណៈ។ ឯមហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​បង្អង់​ចាំក្នុងថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​ទាំងឡាយ គេទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​ទាំងឡាយ​នឹងយកសប្បិ​នោះទៅក្នុងកាលដ៏គួរ។ ពួកឆព្វគ្គិយ​ភិក្ខុនិយាយ​សូម​ជាគំរប់​ពីរដង។បេ។ ឆព្វគ្គិយភិក្ខុនិយាយ​ពាក្យនេះ​នឹង​មហានាម​សក្យៈជាគំរប់បីដងថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិមួយទោណៈ។ មហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​បង្អង់​ចាំក្នុងថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​ទាំងឡាយ គេទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​នឹងយកសប្បិ​នោះទៅក្នុងកាលដ៏គួរ។ ពួក​ឆព្វគ្គិយ​ភិក្ខុសួរថា ម្នាលអាវុសោ អ្នកបវារណា​ដោយភេសជ្ជៈណា ហើយ​មិនឲ្យវិញ ប្រយោជន៍​អ្វី​ដោយភេសជ្ជៈ​ដែលអ្នកបវារណា តែមិនចង់​ឲ្យនោះ។ គ្រានោះ មហានាម​សក្យៈក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ ខ្ញុំបានអង្វរ​ថា លោកម្ចាស់​ដ៏ចំរើន សូមពួក​លោក​ម្ចាស់​បង្អង់​ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន ចុះហេតុដូចម្តេច​បានជាមិនរង់ចាំ។ ភិក្ខុទាំងឡាយ​បានឮ​មហានាមសក្យៈ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិន មិន​គួរ​នឹងមិនរង់ចាំសោះ។បេ។ ព្រះពុទ្ធជាម្ចាស់ត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិនដូច្នេះ ហើយមិនរង់ចាំ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​​ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា ម្នាលពួកមោឃបុរស អ្នកទាំងឡាយ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិន ហើយមិនសមនឹង​មិនរង់ចាំ​ (ដូច្នេះ) សោះ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា និងមិនមែននាំឲ្យ​រឹង​រឹត​តែជ្រះថ្លាដល់ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់​ហើយនោះ​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុដែលគ្មានជម្ងឺ ត្រូវត្រេកអរ​នឹងការបវារណា​ដោយបច្ច័យ​កំណត់​ត្រឹម​៤ខែ បើភិក្ខុ​ត្រេកអរ​ក្រៃលែង​ជាងនោះទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែគេ​បានបវារណា​ថែមទៀត វៀរលែង​តែ​គេបាន​បវារណាជានិច្ច។

[១៧៥] ត្រង់ពាក្យថា ភិក្ខុដែលគ្មានជម្ងឺត្រូវត្រេកអរ​នឹងការបវារណា​ដោយបច្ច័យ​កំណត់​ត្រឹម៤ខែ សេចក្តីថា ភិក្ខុគួរ​ត្រេកអរ​នឹងការបវារណា​ដោយគិលានបច្ច័យ ម្យ៉ាងទៀត ភិក្ខុ​គួរ​ត្រេក​អរ​នឹងការ​បវារណា​ថែមទៀត ដោយគិតថា អញ​ជាអ្នកមានជម្ងឺ​ក្នុងកាលណា អញ​នឹង​សូម​ក្នុង​កាលណោះ ម្យ៉ាងទៀត ភិក្ខុគួរ​ត្រេកអរ​នឹងការបវារណា​ជាប់ជានិច្ច ​ដោយគិតថា អញ​ជាអ្នក​មាន​ជម្ងឺ​ក្នុង​កាលណា អញ​នឹង​សូមក្នុងកាលណោះ។

[១៧៦] ត្រង់ពាក្យថា បើភិក្ខុត្រេកអរក្រៃលែង​ជាងនោះ សេចក្តីថា បវារណាកំណត់​ភេសជ្ជៈ​ មិនកំណត់រាត្រី បវារណាកំណត់រាត្រី មិនកំណត់​ភេសជ្ជៈ បវារណាកំណត់ទាំងភេសជ្ជៈ កំណត់​ទាំងរាត្រី បវារណា​មិនកំណត់​ទាំងភេសជ្ជៈ មិនកំណត់​ទាំងរាត្រី។ ដែលហៅថា បវារណាកំណត់​ភេសជ្ជៈ (នោះ) គឺភេសជ្ជៈ​ដែលគេកំណត់​ដោយពាក្យថា ខ្ញុំព្រះករុណា​សូមបវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់រាត្រី គឺរាត្រី​ដែល​គេកំណត់​ដោយពាក្យថា ខ្ញុំព្រះករុណា​បវារណា​អស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែល​ហៅថា បវារណា​កំណត់​ទាំង​ភេសជ្ជៈ កំណត់​ទាំង​រាត្រីនោះ គឺគេ​កំណត់​ភេសជ្ជៈ​ទាំងឡាយ​ផង កំណត់​រាត្រី​ទាំងឡាយផង ដោយពាក្យថា ខ្ញុំព្រះករុណា​សូមបវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ អស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែលហៅថា បវារណា​មិនកំណត់​ភេសជ្ជៈ មិនកំណត់រាត្រី (នោះ) គឺគេមិនកំណត់ភេសជ្ជៈទាំងឡាយ និង​មិនកំណត់​រាត្រីទាំងឡាយ ដោយពាក្យថា ខ្ញុំព្រះករុណា​សូម​បវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ និងអស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។

[១៧៧] ឯពាក្យដែលថា កំណត់ភេសជ្ជៈនោះ អធិប្បាយថា គេបវារណា​ភិក្ខុដោយ​ភេសជ្ជៈ​ណា ភិក្ខុត្រឡប់ទៅសូមភេសជ្ជៈទាំងឡាយដទៃវិញ ក្រៅពីភេសជ្ជៈ​ដែល​គេ​បវារណា​នោះ ត្រូវអាបត្តិបាចិត្តិយ។ ឯកំណត់​រាត្រីនោះ គឺគេបវារណា​ភិក្ខុក្នុង​រាត្រីទាំងឡាយ​ណា ភិក្ខុ​ត្រឡប់​​សូមក្នុងរាត្រី​ទាំងឡាយ​ឯទៀតវិញ ក្រៅពីរាត្រី​ដែល​គេបវារណា​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ គឺគេបវារណាភិក្ខុដោយភេសជ្ជៈ​ទាំង​ឡាយ​​ណា ភិក្ខុវៀរលែងភេសជ្ជៈទាំងនោះ គេបវារណា​ភិក្ខុក្នុងរាត្រីណា ភិក្ខុវៀរ​លែង​រាត្រី​ទាំងនោះ ហើយត្រឡប់​ទៅសូមភេសជ្ជៈទាំងឡាយដទៃ និងក្នុងរាត្រីទាំងឡាយឯទៀត​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯមិនកំណត់​ភេសជ្ជៈ និង​មិនកំណត់​រាត្រី មិនមានអាបត្តិឡើយ។

 [១៧៨] កាលបើមិនមានកិច្ចដោយភេសជ្ជៈ ហើយភិក្ខុទៅសូម​ភេសជ្ជៈ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើមានកិច្ច​ដោយភេសជ្ជៈឯទៀត ហើយភិក្ខុទៅសូម​ភេសជ្ជៈឯទៀត​វិញ ត្រូវអាបត្តិ​បាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសំគាល់ថា ហួសកំណត់​ដែល​គេបវារណា​មែន ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសង្ស័យ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសំគាល់ថា មិនហួសកំណត់​បវារណា​ទេ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសំគាល់ថា ហួសកំណត់​ដែល​គេបវារណាហើយ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសំគាល់ថា មិនទាន់ហួសកំណត់បវារណា មិនមានអាបត្តិ។

[១៧៩] អាបត្តិមិនមានដល់ភិក្ខុដែលគេបវារណាដោយភេសជ្ជៈទាំងឡាយណា ភិក្ខុ​សូម​ភេសជ្ជៈទាំងឡាយនោះ ដល់ភិក្ខុ​ដែលគេបវារណាក្នុងរាត្រីទាំងឡាយណា ភិក្ខុសូម​ក្នុង​រាត្រី​ទាំងឡាយ​នោះ ដល់ភិក្ខុដែល​និយាយ​ប្រាប់គេថា យើងទាំងឡាយ គឺអ្នក​បាន​បវារណាហើយ ដោយភេសជ្ជៈទាំងឡាយនេះ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈនេះផង នេះផង ហើយសូម ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយគឺអ្នកបានបវារណាហើយក្នុង​រាត្រី​ទាំងឡាយណា ឯរាត្រី​ទាំងឡាយនោះ​កន្លង​ហួសទៅហើយ (ឥឡូវនេះ) យើងទាំងឡាយ​ត្រូវការ​ដោយភេសជ្ជៈ ហើយសូម ដល់ភិក្ខុដែលសូមអំពីពួកញាតិ ដល់ភិក្ខុដែលសូមអំពី​ពួក​ទាយក​ដែល​គេបានបវារណា ដល់ភិក្ខុដែល​សូមដើម្បី​ជាប្រយោជន៍​ដល់​ភិក្ខុឯទៀត ដល់ភិក្ខុ​ដែល​បាន​មក​ដោយ​ទ្រព្យ​របស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[១៨០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះបាទបសេនទិកោសលរាជ ទ្រង់លើក​កង​ទ័ព​ចេញ​ទៅ។ ពួកឆព្វគ្គិយភិក្ខុក៏បាន​ទៅមើលកងទ័ពដែលស្តេចលើក​ចេញទៅហើយ។ ព្រះបាទ​បសេនទិកោសល​​រាជ បានទតឃើញពួកឆព្វគ្គិយ​ដើរមកពីចម្ងាយ លុះទ្រង់​ឃើញហើយ ក៏មានបន្ទូល​ឲ្យនិមន្ត​មក ហើយទ្រង់ត្រាស់សួរ​ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួក​លោក​នាំគ្នាមកធ្វើអ្វី។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ពួកអាត្មាមាន​ប្រាថ្នា​ដើម្បី​នឹងមើល​មហាបពិត្រ។ ស្តេច​ក៏ទ្រង់ត្រាស់ថា បពិត្រលោកម្ចាស់ ការមើលខ្ញុំព្រះករុណា​ជាអ្នក​ត្រេកអរ​ក្នុងការ​ច្បាំង​នឹងមានប្រយោជន៍អ្វី ពួកលោកត្រូវ​តែរមិលមើល​ព្រះដ៏មានព្រះភាគទេតើ។  មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្រ មិនគួរ​នឹង​មកមើល​កងទ័ព ដែលស្តេច​លើកចេញ​ទៅសោះ ពួកយើងឯណាមកក្នុងកងទ័ព ព្រោះហេតុ​តែ​ការ​ចិញ្ចឹម​ជីវិត និងបុត្រភរិយា យើងនោះ​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​របស់​អាក្រក់ផង។ ភិក្ខុទាំងឡាយ​បានឮពួកមនុស្សនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងឡាយណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងនាំគ្នាទៅមើលកងទ័ពដែលស្តេចលើកចេញទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ នាំគ្នាទៅមើលកងទ័ព​ដែលស្តេចលើកទៅ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់តិះដៀល​ថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរ​នឹងទៅមើល​កងទ័ព​ដែលស្តេច​លើកចេញទៅទេ នែមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ ទៅដើម្បីមើលកងទ័ពដែលគេលើកចេញ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[១៨១] សម័យនោះឯង ឪពុកធំ​របស់ភិក្ខុមួយរូបមានជម្ងឺ​ក្នុងកងទ័ព។ អ្នកនោះក៏​បញ្ជូន​ទូត​ទៅកាន់សំណាក់​ភិក្ខុនោះថា ខ្ញុំ​ព្រះករុណា​មានជម្ងឺក្នុងកងទ័ព សូមលោកម្ចាស់​និមន្តមក ខ្ញុំ​ព្រះករុណាចង់ឲ្យ​លោកម្ចាស់​និមន្ត​មកណាស់។ លំដាប់នោះ ភិក្ខុនោះ​មានសេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគទ្រង់​បញ្ញត្តសិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ​ថា ភិក្ខុមិន​ត្រូវ​ទៅមើល​កងទ័ព​ដែល​គេ​លើក​ចេញទៅទេ តែឥឡូវ​ឪពុក​ធំអញ​នេះមានជម្ងឺ​នៅក្នុងកងទ័ព អញ​ត្រូវប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ទើបភិក្ខុ​ទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជា​ម្ចាស់ទ្រង់​ធ្វើ​ធម្មីកថា​ ត្រាស់ហៅភិក្ខុ​ទាំងឡាយមកក្នុង​ពេល​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតដើម្បីឲ្យ​ទៅកាន់កងទ័ពបាន ព្រោះ​ហេតុ​មាន​សភាព​យ៉ាង​នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុណាមួយទៅដើម្បី​មើលកងទ័ព​ដែលគេលើក​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​មានហេតុ​មានសភាពយ៉ាងនោះ។

[១៨២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នា​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា កងទ័ព​ដែលគេ​លើក​ចេញទៅ គឺកងទ័ពលើកចេញពីស្រុក​ ទៅតាំង​សំចត​នៅក្តី ចេញទៅហើយ​ ចេះតែដើរ​ទៅទៀតក្តី។ ដែលហៅថា កងទ័ព គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង។ ពលដំរី (មួយៗ) មានបុរស១២នាក់។ ពលសេះ (មួយៗ)​មានបុរស​បីនាក់។ ពលរថ (មួយៗ)​មានបុរសបួននាក់។ ពលថ្មើរជើង(មួយៗ)​មានបុរស​បួននាក់​កាន់ធ្នូសរ។ ភិក្ខុដើរ​ទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើល (កងទ័ពនោះ) នៅទីណា ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ (ក្នុងទីនោះ)។ ភិក្ខុលះបង់ឧបចារសម្រាប់​មើលឃើញ ហើយមើល​រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែងតែមាន​ហេតុមានសភាព​យ៉ាងនោះ គឺលើក​លែងនូវ​ហេតុ​មាន​សភាព​យ៉ាងហ្នឹង។

[១៨៣] កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពលើកចេញទៅមែន ហើយ​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ កងទ័ព​លើក​ចេញទៅហើយ ភិក្ខុ​មានសេចក្តីសង្ស័យ ហើយ​នៅតែដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ កងទ័ព​លើក​ចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពមិនទាន់លើកចេញទៅទេ ហើយ​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ ភិក្ខុ​ដើរទៅដើម្បី​មើលកងទ័ព​មួយៗ (ក្នុង​កងទ័ព​ទាំង៤) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុឈរមើលកងទ័ព​នៅទីណា ត្រូវអាបត្តិទុក្កដនៅ (ទីនោះ)។ ភិក្ខុលះបង់​នូវឧបចារ​សម្រាប់​មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា លើកចេញទៅហើយ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា មិនទាន់លើកចេញទៅមែន មិនត្រូវអាបត្តិ។

[១៨៤] អាបត្តិមិនមានដល់ភិក្ខុដែលឈរនៅក្នុងអារាម ហើយមើលឃើញ ដល់ភិក្ខុ​ដែល​កងទ័ពនោះ​លើកមកកាន់ទី​ដែល​ភិក្ខុ​ឈរនៅ (ក្តី) អង្គុយនៅ(ក្តី) ដេកនៅ (ក្តី) ដល់​ភិក្ខុដែល​ដើរ​ទៅ​ជួបផ្លូវ​គ្នាបានឃើញកងទ័ព ដល់ភិក្ខុដែលមានហេតុ​មានសភាព​យ៉ាងនោះ ដល់​ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ​កើតឡើង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[១៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ​ក្នុងជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុ​មានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់​កងទ័ព ហើយឈប់​នៅក្នុងកងទ័ព​ច្រើនជាង​បីរាត្រីឡើងទៅ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​សក្យបុត្រ មិនគួរ​នឹងនៅក្នុង​កងទ័ពទេ ពួកយើងឯណា​មកអាស្រ័យ​នៅ​​ក្នុង​កងទ័ព ក៏ព្រោះ​តែ​ការ​ចិញ្ចឹម​ជីវិតខ្លួន និងបុត្រភរិយា យើងទាំងនោះ​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​របស់​អាក្រក់ផង។ ពួកភិក្ខុ​បានឮពួកមនុស្ស​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួកភិក្ខុណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងនៅក្នុងកងទ័ព​ឲ្យ​ច្រើន​ជាង​បីរាត្រីទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯង​ទៅនៅក្នុងកងទ័ព​ឲ្យច្រើនជាង​បីរាត្រីទៅ ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំង​ឡាយ ពួកអ្នកឯងមិនគួរ​នឹងនៅក្នុង​កងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា (បើ) ភិក្ខុនោះមានហេតុអ្វីៗ គួរ​នឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះ​ត្រូវនៅ​ក្នុងកងទ័ព​បានត្រឹម​ពីរបីរាត្រី។ បើនៅឲ្យហួសពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៦] ត្រង់ពាក្យថា (បើ) ភិក្ខុនោះមានហេតុអ្វីៗ​គួរនឹងទៅកាន់កងទ័ព​ គឺថា ភិក្ខុ​មានហេតុ មានកិច្ចធុរៈ (ដែល​គួរ​ខានមិនបាន)។ ពាក្យថា ភិក្ខុនោះគប្បី​នៅក្នុង​កងទ័ព​បាន​ត្រឹម​ពីរ​បីរាត្រី គឺភិក្ខុត្រូវ​នៅបាន​ត្រឹម​ពីរបីយប់។ ពាក្យថា បើនៅឲ្យហួស​ពីកំណត់នោះទៅ សេចក្តីថា កាលព្រះអាទិត្យ អស្តង្គតក្នុងថ្ងៃជាគំរប់៤ ភិក្ខុ​ចេះតែ​នៅក្នុងកងទ័ពនោះ ត្រូវអាបត្តិបាចិត្តិយ។

[១៨៧] កាលហួសកំណត់​បីរាត្រីហើយ ភិក្ខុសំគាល់ថាហួសមែន ហើយ​ចេះតែ​នៅក្នុង​កង​ទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​ហើយ ភិក្ខុមាន​សេចក្តី​សង្ស័យ ហើយចេះតែ​នៅក្នុង​កងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​ហើយ ភិក្ខុសំគាល់ថានៅខ្វះ ហើយ​ប្រឹង​តែនៅក្នុងកងទ័ព ត្រូវអាបត្តិ​បាចិត្តិយ។ កាលមិនទាន់​ដល់​បីរាត្រី ភិក្ខុសំគាល់​ថាហួសហើយ ត្រូវ​អាបត្តិ​ទុក្កដ។ កាលមិនទាន់ដល់​បីរាត្រីទេ ភិក្ខុ​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​មិនទាន់​ដល់​បីរាត្រីទេ ភិក្ខុក៏​សំគាល់​ថា​មិនទាន់​ដល់​ មិនត្រូវ​អាបត្តិ។

[១៨៨] អាបត្តិមិនមានដល់ភិក្ខុដែលនៅ​ត្រឹមពីរបីរាត្រី ដល់​ភិក្ខុ​ដែល​នៅមិនទាន់​ដល់​ពីរបី​រាត្រី ដល់ភិក្ខុដែល​នៅត្រឹម​ពីររាត្រីហើយ ក្នុងរាត្រី​ជាគំរប់បី បានចេញ​ទៅមុន​អរុណរះ ហើយ​ត្រឡប់​ទៅនៅវិញ​ទៀត ដល់ភិក្ខុដែល​មានជម្ងឺនៅ (ក្នុងកងទ័ព) ដល់​ភិក្ខុដែលនៅដោយ​កិច្ច​របស់​ភិក្ខុមានជម្ងឺ ដល់ភិក្ខុ​ដែល​នៅ​ក្នុងកងទ័ព ហើយមាន​កងទ័ព​ជាសត្រូវ​មកចោម​ព័ទ្ធ​កង​ទ័ព (នោះ​ឯង) ដល់ភិក្ខុដែល​ជាប់ជំពាក់ (ដោយ​បុគ្គល​មានពៀរ ឬឥស្សរជន) ណាមួយ ដល់ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[១៨៩] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាន​នាំគ្នាទៅកាន់​ទីដែលគេច្បាំង​គ្នាខ្លះ ទីគេត្រួត​ពលខ្លះ ទីតាំង​នៅនៃ​កងទ័ព​ខ្លះ ទីសម្រាប់​មើល​គេ​ចាត់​ក្បួន​ទ័ព​ខ្លះ។ មានឆព្វគ្គិយ​ភិក្ខុមួយរូប ទៅកាន់​ទីដែល​គេច្បាំង ហើយភិក្ខុ​នោះ​ត្រូវ​សរ។ មនុស្ស​ទាំងឡាយក៏ឡកឡឺយឲ្យ​ភិក្ខុ​នោះថា លោកម្ចាស់ លោកច្បាំង​ស្រួលឬទេ លោក​បាន​ខ្នាច់​ប៉ុន្មានហើយ។ កាលមនុស្ស​ទាំងឡាយ​នោះចំអក​ចំអន់ឲ្យ ភិក្ខុនោះក៏អៀនអន់។ មនុស្ស​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណៈ​ជាសក្យបុត្រ​មិនគួរ​នឹង​នាំ​គ្នា​មក​មើល​ចម្បាំងសោះ ឯពួក​យើងមកកាន់​ចម្បាំង​ក៏ព្រោះ​តែការចិញ្ចឹមជីវិត​ និងបុត្រភរិយា អំពើ​នេះ​មិនមែន​ជាលាភ​របស់យើងទេ គឺ​ទ្រព្យ​ដែល​ពួកយើងបានមក ឈ្មោះថា​បានហើយ​ដោយ​អាក្រក់​ទេតើ។ ភិក្ខុទាំងឡាយ​បានឮ​ពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួក​ភិក្ខុណា​ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំង​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងទៅមើលចម្បាំងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឮថាអ្នកទាំងឡាយ​ទៅមើលចម្បាំង ពិតមែនឬ។ ពួក​ភិក្ខុទាំងនោះក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​មោឃបុរស​​ទាំង​ឡាយ អ្នករាល់គ្នាមិនគួរ​នឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា កាលបើភិក្ខុនៅក្នុងកងទ័ពកំណត់​ពីរបីរាត្រីហើយ ទៅកាន់​ទីដែលគេ​ច្បាំងគ្នាក្តី ទីដែលគេត្រួត​ពល​ក្តី ទីតាំង​នៅនៃកងទ័ព​ក្តី ទីសម្រាប់​គេចាត់ក្បួន​ទ័ព​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៩០] ត្រង់ពាក្យថា បើភិក្ខុនៅក្នុងកងទ័ពកំណត់​ពីរបីរាត្រីហើយ សេចក្តីថា ភិក្ខុនៅក្នុង​កងទ័ព​បានត្រឹម​ពីរបីយប់។ ដែលហៅថា ទីដែលគេច្បាំង​គ្នានោះ គឺទីដែល​គេប្រហារ​គ្នា។ ដែល​ហៅថា ទីដែល​គេត្រួត​ពលនោះ គឺទីដែលគេរាប់ពលថា ពលដំរីមានប៉ុណ្ណេះ ពលសេះ​មាន​ប៉ុណ្ណេះ ពលរថ​មានប៉ុណ្ណេះ ពលថ្មើរជើង​មានប៉ុណ្ណេះ។ ដែលហៅថា ទីតាំងនៅនៃកងទ័ព​នោះ គឺ​ពល​ដំរីនៅត្រង់​កន្លែង​នេះ ពលសេះនៅត្រង់កន្លែងនេះ ពលរថនៅត្រង់កន្លែងនេះ ពលថ្មើរ​ជើងនៅត្រង់កន្លែងនេះ។ ដែលហៅថា ក្បួនទ័ពនោះ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួក​សេនារថ១ ពួកសេនាថ្មើរជើង១។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត។ សេះបី ហៅថា ពួកសេនាសេះ​យ៉ាងតិចបំផុត។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត។ បុរស​បួន​នាក់​កាន់​សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរ​ជើង​យ៉ាងតិចបំផុត។

[១៩១] ភិក្ខុទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុលះបង់​ឧបចារ​នៃទីមើល ហើយក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទៅដើម្បី​មើលកងទ័ព​មួយៗ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញ​ក្នុងទីណា ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលះបង់​ឧបចារ​នៃទីមើល​ហើយ ក៏នៅមើលឃើញ​រឿយៗ ត្រូវអាបត្តិទុក្កដ។

[១៩២] អាបត្តិមិនមានដល់ភិក្ខុដែលឈរមើល​នៅក្នុងអារាម ដល់ភិក្ខុដែល​ឃើញ​ចម្បាំង​ជាដើម​ដែលគេមកកាន់ទីដែលខ្លួនឈរក្តី អង្គុយក្តី ដេកក្តី ដល់ភិក្ខុដែលដើរ​ទៅប្រទះ​ឃើញ​តាម​ផ្លូវ ដល់ភិក្ខុ​ដែលមាន​កិច្ច (ត្រូវទៅ) ហើយប្រទះឃើញ ដល់ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ ដល់​ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។

សិក្ខាបទទី១០ ចប់។

អចេលកវគ្គ ជាគំរប់៥ ចប់។

ឧទ្ទាននៃអចេលកវគ្គនោះមាន១០ សិក្ខាបទគឺ

បូវសិក្ខាបទ ១ កថាសិក្ខាបទ ១ ឧបនន្ទ ៣ សិក្ខាបទ ឧបដ្ឋាកសិក្ខាបទ ១ មហានាមសិក្ខាបទ ១  បសេនទិសិក្ខាបទ ១ សេនាសិក្ខាបទ ១ វិទ្ធសិក្ខាបទ ១។

សុរាបានវគ្គ សិក្ខាបទទី១

[១៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរ​ទៅកាន់​ចារិក ក្នុង​ចេតិយ​ជនបទ ហើយយាងទៅកាន់​ស្រុក​ភទ្ទវតិកា។ ពួកអ្នកឃ្វាលគោ ពួកអ្នកឃ្វាល​បសុសត្វ (សត្វ​សម្រាប់​ចិញ្ចឹមជាអាហារ) ពួកអ្នកស្រែ ពួកអ្នកដើរផ្លូវ បានឃើញ​ព្រះដ៏មានព្រះភាគ​យាង​មក​អំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មានព្រះភាគកុំយាងទៅ​កាន់កំពង់​ឈ្មោះ​អម្ពៈឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន នាគ​មានរិទ្ធិ​ជាសត្វ​អាសិរ្ពិស មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​ក្នុង​អាស្រម​របស់​ជដិល​ ទៀប​កំពង់​ឈ្មោះ​អម្ពៈ កុំឲ្យនាគ​នោះបៀតបៀន​ព្រះដ៏មានព្រះភាគ​បានឡើយ។ កាលពួក​ជន​ទាំងនោះ​ក្រាបទូល​យ៉ាងនេះហើយ ព្រះទ្រង់​ជោគ​ជាម្ចាស់​ក៏ស្ងៀម។ ពួក​អ្នកឃ្វាល​គោ អ្នក​ឃ្វាល​បសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ​ជាគំរប់​ពីរដងផង។បេ។ បីដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គកុំយាងទៅ​កាន់កំពង់​អម្ពៈ​ឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន (ព្រោះមាន) នាគ​មានរិទ្ធិ​ជាសត្វ​អាសិរ្ពិស មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​ក្នុង​អាស្រម​របស់​ជដិល​ ទៀប​កំពង់​អម្ពៈ កុំឲ្យនាគ​នោះបៀតបៀន​ព្រះដ៏មាន​ព្រះភាគ​​បានឡើយ។ ព្រះដ៏មានព្រះភាគ​ក៏ទ្រង់​ស្ងៀម ជាគំរប់​បីដង។ លំដាប់នោះ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក​ដោយលំដាប់ ក៏បានយាង​ទៅដល់​ស្រុក​ភទ្ទវតិកា។ មាន​ដំណឹង​ល្បីទៅថា ព្រះដ៏មានព្រះភាគគង់​នៅក្នុងស្រុកភទ្ទវតិកានោះ។ គ្រានោះឯង ព្រះសាគតៈដ៏​មានអាយុ​បានចូលទៅ​កាន់អាស្រម​របស់ជដិល​ ទៀបកំពង់អម្ពៈ លុះចូលទៅដល់ហើយ ក៏​ដើរ​ចូល​ទៅក្នុងរោងភ្លើង ក្រាលកម្រាលស្មៅ ហើយក៏​អង្គុយ​ពែន​ភ្នែន តាំងកាយដ៏​ត្រង់ ដម្កល់​សតិ​ផ្ចិត​ផ្ចង់។ ឯនាគនោះ​បានឃើញព្រះសាគតៈដ៏មានអាយុ​ចូលមកហើយ លុះឃើញ​ហើយ ក៏កើត​ទុក្ខទោមនស្ស​ បង្ហុយផ្សែង (ពិស​ចំពោះសាគតត្ថេរ)។ ចំណែកខាងព្រះសាគតៈដ៏មានអាយុ ក៏បង្ហុយ​ផ្សែងតបទៅវិញ។ លំដាប់នោះ នាគ​នោះ​ខំអត់ទ្រាំ​នូវសេចក្តី​រំលុបលើ (នោះ) មិនបាន ក៏​បណ្តាល​ឲ្យ​កើតភ្លើងឡើង។ ឯព្រះសាគតៈ​ដ៏មានអាយុ​ ក៏បាន​ចូលតេជោធាតុ ហើយបណ្តាល​ភ្លើង​តបទៅវិញ។ គ្រានោះឯង ព្រះសាគតៈ​ដ៏មានអាយុ ក៏បាន​គ្រប​សង្កត់​តេជះ​របស់នាគនោះ ដោយ​តេជះ​ (របស់លោក) ហើយក៏ចូលទៅកាន់ស្រុក​ភទ្ទវតិកា។ កាលដែល​ព្រះដ៏មានព្រះភាគ គង់នៅក្នុងស្រុក​ភទ្ទវតិកាតាមសមគួរដល់​ពុទ្ធ​អធ្យាស្រ័យហើយ ក៏ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ឯ​ក្រុង​កោសម្ពី។ ពួកឧបាសកនៅក្នុងក្រុង​កោសម្ពីបានឮ​គេនិយាយថា លោកម្ចាស់​សាគតៈ​បាន​ច្បាំងគ្នានឹងនាគឈ្មោះ​អម្ពតិត្ថកៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ដោយ​លំដាប់ ហើយទ្រង់សំដៅទៅ​ឯក្រុង​កោសម្ពីនោះ។ គ្រានោះឯង ពួកឧបាសកនៅ​ក្នុង​ក្រុង​កោសម្ពី​នាំគ្នា​ទៅទទួលព្រះដ៏មានព្រះភាគ ហើយក៏ចូល​ទៅរក​ព្រះសាគតៈ​ដ៏មានអាយុ លុះចូល​ទៅ​ហើយ ក៏ថ្វាយបង្គំ​ព្រះសាគតៈ​ដ៏មានអាយុ ហើយក៏ឋិតនៅ​ក្នុងទីដ៏សមគួរ។ ពួក​ឧបាសក​នៅ​ក្នុង​ក្រុងកោសម្ពី លុះឋិត​នៅក្នុងទីដ៏សមគួរហើយ ទើប​និយាយ​ពាក្យនេះនឹង​ព្រះសាគតៈដ៏​មានអាយុ​ថា បពិត្រលោកម្ចាស់ដ៏​ចំរើន វត្ថុអ្វីដែល​លោកម្ចាស់​បានដោយ​កម្រ​ផង ជាទី​គាប់​ចិត្ត​ផង ពួកយើងខ្ញុំ​នឹងតាក់តែង​វត្ថុអ្វីប្រគេន។ លុះឧបាសកទាំងនោះ​បានពោល​ពាក្យយ៉ាងនេះ​ហើយ ពួកឆព្វគ្គិយ​ភិក្ខុ បាននិយាយ​ពាក្យនេះ​នឹង​ពួក​ឧបាសក​ដែលនៅក្រុង​កោសម្ពីថា ម្នាល​អ្នក​ទាំងឡាយ សុរាថ្លាឈ្មោះកាបោតិកា (មានពណ៌ក្រហម​ដូចជើង​ព្រាប) ដែល​ភិក្ខុ​ទាំងឡាយ​រក​បាន​ដោយ​កម្រផង ជាទីគាប់ចិត្តរបស់​ពួក​ភិក្ខុផង ពួកអ្នក​ឯង​ចូរតាក់តែង​វត្ថុ​នោះប្រគេន​លោក​ចុះ។ លំដាប់នោះឯង ពួកឧបាសក​នៅក្រុង​កោសម្ពី​នាំគ្នាតាក់តែង​សុរាថ្លាឈ្មោះកាបោតិកាគ្រប់​ៗ​ផ្ទះ បានឃើញ​ព្រះសាគតៈ​ដ៏មានអាយុ​កំពុង​ដើរ​ទៅបិណ្ឌបាត ហើយបាននិយាយ​ពាក្យនេះ​នឹង​ព្រះ​សាគតៈដ៏មានអាយុថា បពិត្រ​លោក​ដ៏ចំរើន សូមលោកម្ចាស់​សាគតៈ​និមន្ត​ឆាន់​សុរាថ្លា​ឈ្មោះ​កាបោតិកាចុះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈ​និមន្តឆាន់​សុរាថ្លាឈ្មោះ​កាបោតិកាចុះ។ លំដាប់នោះ ព្រះសាគតៈ​ដ៏មានអាយុ លុះបានឆាន់សុរាថ្លាឈ្មោះ​កាបោតិកា​គ្រប់ៗ​ផ្ទះហើយចេញចាកនគរទៅ ក៏ដួលដេកទៀបទ្វារនគរ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលចេញចាក​នគរ​ជាមួយនឹង​ពួក​ភិក្ខុ​ជាច្រើនអង្គ បានទតឃើញ​ព្រះសាគតៈ​ដ៏មានអាយុ​ដួល​ដេក​នៅទៀប​ទ្វារនគរ លុះទ្រង់ឃើញហើយក៏​ត្រាស់បង្គាប់ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួក​អ្នក​ឯងចូរគ្រាហ៍​សាគតភិក្ខុឡើង។ ភិក្ខុទាំងនោះ​ក៏ទទួល​ព្រះពុទ្ធដីកា​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏គ្រាហ៍​ព្រះសាគតៈ​ដ៏មានអាយុ​ទៅ​កាន់​អារាម ហើយផ្តេក​បែរក្បាល​ទៅរកព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសាគតៈ​ដ៏​មានអាយុ​ប្រែ​ត្រឡប់​ដេកដាក់​ជើងទៅរក​ព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីដើម​មក សាគតភិក្ខុ​មានសេចក្តីគោរព​កោតក្រែង​ដល់​តថាគត​មែនឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតយ៉ាងហ្នឹង​ហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ចុះឥឡូវនេះ សាគតភិក្ខុ​មានសេចក្តី​គោរព​កោតក្រែង​ដល់​តថាគត​ឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគោរពទេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុ​បាន​ច្បាំង​នឹង​អម្ពតិត្ថកនាគ ពិតមែនឬទេ។ ពួកភិក្ខុក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ចុះឥឡូវ​នេះ សាគតភិក្ខុ (ដែល​ដួលដេកមិនដឹងខ្លួនយ៉ាងនេះ) អាចច្បាំង​នឹងពស់ទឹក​ បានឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនបានទេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រាសចាក​សញ្ញា​ព្រោះ​ផឹកទឹក​ណា ទឹកនោះភិក្ខុគួរផឹកឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគួរផឹកទេ។ ព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កម្មរបស់សាគតភិក្ខុមិនសមគួរ មិនទំនង មិន​ត្រូវ​បែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើ ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុ​មិនគួរ​នឹង​ផឹក​ទឹក​ស្រវឹងសោះ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួកជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុផឹកសុរានិងមេរ័យ​ ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៤] ដែលហៅថាសុរា គឺសុរាធ្វើដោយម្សៅ១ សុរាធ្វើដោយ​នំ១ សុរាធ្វើដោយបាយ១ សុរាដែល​គេដាក់ពូជសុរា១ សុរាដែលគេប្រកបព្រមដោយគ្រឿង​ផ្សំផ្សេងៗ១។ ដែលហៅថា មេរ័យនោះ គឺទឹក​ត្រាំដែលគេធ្វើដោយផ្កាឈើ១ ទឹក​ត្រាំដែលគេធ្វើដោយផ្លែឈើ១ ទឹក​ត្រាំដែលគេធ្វើដោយផ្លែចន្ទន៍ ឬគេធ្វើដោយទឹកឃ្មុំ១ ទឹក​ត្រាំដែលគេធ្វើដោយទឹកអំពៅ១ ទឹកត្រាំ​ដែល​គេ​ប្រកបព្រមដោយគ្រឿង​ផ្សំ​ផ្សេងៗ១។ ត្រង់ពាក្យថា ផឹក សេចក្តីថា ដោយហោចទៅ សូម្បីតែ​ភិក្ខុផឹក​ប្រមាណ​ប៉ុនចុងស្បូវ ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៩៥] ទឹកស្រវឹង ភិក្ខុសំគាល់ថា ទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែន​ទឹក​ស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាទឹកស្រវឹង ត្រូវអាបត្តិ​ទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាមិនមែនទឹកស្រវឹង មិនត្រូវអាបត្តិ​ឡើយ។

[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុផឹកទឹកមិនស្រវឹង តែទឹកនោះមានពណ៌ដូចជាទឹកស្រវឹង មានក្លិនដូចជាទឹកស្រវឹង មានរសដូច​ជាទឹកស្រវឹង១ ទឹក​ស្រវឹងដែលគេចំអិនលាយ​នឹងសម្ល១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសាច់១ ទឹកស្រវឹង​ដែលគេ​ចំអិនលាយ​នឹងប្រេង១ ទឹកអំពៅ​ដែលគេត្រាំ​នឹងផ្លែកន្ទួតព្រៃ១ ភិក្ខុ​ផឹក​ថ្នាំ​អរិដ្ឋ​ មិនស្រវឹង១ ដល់ភិក្ខុឆ្កួត១ ដល់ភិក្ខុ​ដើម​បញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[១៩៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន​ របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុ​មួយរូបឲ្យសើច​ដោយ​ជន្លួញ គឺម្រាមដៃ​ ។ ភិក្ខុនោះ​សើចគាំង​ដកដង្ហើម​មិនរួច ក៏ធ្វើ​កាលកិរិយា​ទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ​មិនគួរ​នឹង​ធ្វើ​ភិក្ខុ​ផងគ្នា​ឲ្យ​សើច​ដោយជន្លួញ​គឺម្រាមដៃសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ ឮថាពួកអ្នកឯងធ្វើភិក្ខុ​ផងគ្នា​ឲ្យសើច​ដោយជន្លួញ​គឺម្រាមដៃ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ​ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើច​ដោយជន្លួញ​គឺ​ម្រាមដៃ​ទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុចាក់ក្រលេក​ប្រលែងគ្នាដោយ​ជន្លួញ គឺម្រាមដៃ​ ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៨] ដែលហៅថាជន្លួញ គឺម្រាមដៃនោះ គឺភិក្ខុចាក់ដោយម្រាមដៃ។ ឧបសម្បន្ន ប៉ង​ដើម្បី​សើចលេង ហើយប៉ះត្រូវកាយរបស់ឧបសម្បន្នផងគ្នា ដោយកាយរបស់ខ្លួន ត្រូវ​អាបត្តិ​បាចិត្តិយ។

[១៩៩] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើឲ្យសើច​ដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឲ្យសើច​ដោយជន្លួញ​គឺម្រាម​ដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាជាអនុបសម្បន្នទៅវិញ ហើយធ្វើឲ្យសើច​ដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។

[២០០] ភិក្ខុពាល់ត្រូវនូវវត្ថុដែលជាប់ដោយកាយ (របស់ភិក្ខុផងគ្នា) ដោយកាយ (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែលជាប់នឹងកាយ​(របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែល​ជាប់​នឹង​កាយ​(របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ​(របស់ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់​បោះ​ចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវ​វត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល​(របស់​ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។

[២០១] ភិក្ខុពាល់ត្រូវកាយរបស់អនុបសម្បន្នដោយកាយ (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ​(របស់អនុបសម្បន្ន) ដោយវត្ថុ​ដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់ដោយកាយ​របស់អនុបសម្បន្ន ដោយវត្ថុដែលជាប់​ដោយ​កាយរបស់​ខ្លួន ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់អនុបសម្បន្ន) ដោយ​វត្ថុសម្រាប់​បោះ​ចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវ​វត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយវត្ថុ​សម្រាប់បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល​(របស់​អនុបសម្បន្ន) ដោយវត្ថុ​សម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។

[២០២] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[២០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មាន​បំណង​នឹង​សើច​លេង១ ភិក្ខុមានកិច្ចហើយពាល់ត្រូវ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[២០៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន​ របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុលេងទឹក​ក្នុងស្ទឹង​ឈ្មោះ​អចិរវតី។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់គង់​នៅលើ​ប្រាសាទដ៏ប្រសើរ ជាមួយ​នឹង​ព្រះទេពី​ព្រះនាម​មល្លិកា។ ព្រះបាទបសេនទិកោសលទ្រង់​ទត​ឃើញ​ពួក​សត្តរសវគ្គិយភិក្ខុ​កំពុង​លេង​ទឹក ក្នុងស្ទឹង​អចិរវតី លុះទ្រង់​​ឃើញហើយក៏មាន​ព្រះបន្ទូលនឹង​នាងមល្លិកាទេវីយ៉ាង​នេះថា នែ​នាង​មល្លិកា ព្រះអរហន្តទាំងនេះលេងទឹកទេតើ។ នាងមល្លិកាទេវីក្រាបទូលថា បពិត្រមហារាជ សូម​ព្រះអង្គកុំសង្ស័យ ព្រះដ៏មានព្រះភាគ​មិនទាន់​បញ្ញត្តសិក្ខាបទទេ ពុំនោះសោត ភិក្ខុទាំងនោះ​ជាអ្នក​មិនដឹងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់​បញ្ញត្តរួចហើយ។ លំដាប់នោះ ព្រះបាទ​បសេនទិកោសលទ្រង់​ត្រិះរិះ​យ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ ដែលអញ​មិន​បាច់​ក្រាប​ទូលព្រះដ៏មានព្រះភាគផង ទាំងព្រះដ៏មានព្រះភាគ​ ក៏ទ្រង់​ជ្រាបថា ភិក្ខុទាំងនេះលេង​ទឹក​ផង។ កាល​នោះ ព្រះបាទបសេនទិកោសល ទ្រង់ឲ្យនិមន្ត​ពួកសត្តរសវគ្គិយភិក្ខុមក ហើយប្រគេន​ដុំ​ស្ករអំពៅ​មួយដុំធំដល់​ពួកភិក្ខុទាំងនោះ ដោយព្រះតម្រាស់ថា បពិត្រលោកម្ចាស់ សូម​លោកម្ចាស់​ទាំងឡាយថ្វាយដុំ​ស្ករអំពៅ​នេះដល់ព្រះដ៏មានព្រះភាគផង។ ពួកសត្តរសវគ្គិយភិក្ខុយក​ដុំស្ករ​អំពៅ​នោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះដ៏មានព្រះ​ភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្តេច​ថ្វាយដុំស្ករអំពៅនេះចំពោះព្រះអង្គ។ ព្រះដ៏មានព្រះ​ភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្តេចឃើញពួក​អ្នកឯង​នៅទីណា។ ពួកភិក្ខុក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ស្តេចទតឃើ់ញ​ពួកខ្ញុំព្រះអង្គកំពុង​លេងទឹកក្នុងស្ទឹង​អចិរវតី។ ព្រះពុទ្ធដ៏​មាន​ជោគ​​ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនាំគ្នាលេងទឹកទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុលេងទឹក ត្រូវអាបត្តិ​បាចិត្តិយ។

[២០៥] ដែលហៅថាលេងទឹកនោះ គឺភិក្ខុមានបំណងនឹងលេងទឹកដែល​ជ្រៅ​ជាង​ភ្នែក​គោ​ឡើងទៅ ទោះមុជចុះក្តី ងើបឡើងក្តី ហែលក្តី ត្រូវអាបត្តិបាចិត្តិយ។

[២០៦] លេងទឹក ភិក្ខុសំគាល់ថាលេងទឹក ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុសំគាល់ថាមិនបានលេងវិញ ត្រូវអាបត្តិបាចិត្តិយ។

[២០៧] ភិក្ខុលេងទឹករាក់ជាងភ្នែកគោ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលេងទឹក​ដោយទូក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុប្រហារទឹកដោយដៃក្តី ជើងក្តី កំណាត់ឈើក្តី អម្បែងក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលេងទឹក​ដែលមានក្នុងភាជន៍ក្តី លេងទឹកបាយក្តី ទឹកដោះស្រស់ក្តី ទឹកដោះជូរក្តី ទឹកជ្រលក់ក្តី ទឹកនោមក្តី ភក់ក្តី ត្រូវអាបត្តិ​ទុក្កដ។

[២០៨] មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាលេង ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាមិនបានលេង មិនត្រូវអាបត្តិឡើយ។

[២០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុគ្មាន​បំណង​នឹង​លេង១ ភិក្ខុមានកិច្ចហើយចុះទឹកមុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុឆ្លងទៅត្រើយនាយ មុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[២១០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នដ៏មានអាយុតែងតែប្រព្រឹត្តអនាចារ។ ភិក្ខុទាំងឡាយក៏និយាយយ៉ាង​នេះ​ថា ម្នាលឆន្នដ៏មានអាយុ លោកកុំធ្វើអំពើមានសភាពដូច្នេះឡើយ អំពើនេះមិនសមគួរទេ។ ឆន្ន​ភិក្ខុ​នោះអាស្រ័យ​នូវសេចក្តីមិនអើពើ ហើយចេះតែធ្វើ​(កម្មនោះ)​ដដែល។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឆន្ន​ដ៏មាន​អាយុ មិនគួរ​នឹងធ្វើនូវ​សេចក្តីមិនអើពើសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា នែឆន្ន ឮថា​អ្នកឯង​ធ្វើនូវ​សេចក្តី​មិនអើពើ ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងធ្វើនូវសេចក្តី​មិនអើពើទេ ម្នាល​មោឃបុរស អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុមិនអើពើ ត្រូវអាបត្តិ​បាចិត្តិយ។

[២១១] ដែលហៅថាមិនអើពើ បានដល់សេចក្តីមិនអើពើពីរយ៉ាង គឺ​មិនអើពើ​នឹង​បុគ្គល​១ មិនអើពើនឹងធម៌១។ ដែលហៅថាមិនអើពើនឹងបុគ្គលនោះ គឺ​ឧបសម្បន្ន កាលបើមាន​ឧបសម្បន្ន​ផងគ្នា​ពោលដាស់តឿន​តាមសិក្ខាបទ​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយៗគិតថា ភិក្ខុនេះ​សង្ឃបានលើកវត្តហើយក្តី សង្ឃផ្តាសាហើយក្តី សង្ឃតិះដៀល​ហើយក្តី ពាក្យរបស់ភិក្ខុនេះ អញ​នឹង​មិនធ្វើតាមទេ ហើយក៏ធ្វើសេចក្តី​មិន​អើពើ ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា មិនអើពើ​នឹង​ធម៌​នោះ គឺឧបសម្បន្ន កាលបើមានឧបសម្បន្ន​ផងគ្នាពោល​ដាស់តឿន​តាមសិក្ខាបទ​ដែល​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តទុក​ហើយៗគិតថា ធ្វើដូចម្តេចហ្ន៎ ធម៌នេះបាត់ទៅក្តី សាបសូន្យទៅ​ក្តី អន្តរធានទៅក្តី ឬមិនចង់​សិក្សាធម៌នោះ ហើយក៏ធ្វើ​សេចក្តី​មិនអើពើ ត្រូវអាបត្តិបាចិត្តិយ។

[២១២] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយធ្វើសេចក្តី​មិនអើពើ ត្រូវអាបត្តិបាចិត្តិយ។

[២១៣] ឧបសម្បន្ន កាលបើមានឧបសម្បន្នផងគ្នា​ពោលដាស់តឿន​ដោយពាក្យ​ឯទៀត ដែល​មិនមែនជា​វិនយប្បញ្ញត្តិ ហើយគិតថា ពាក្យនេះ​មិននាំឲ្យចិត្ត​ផូរផង់ មិននាំឲ្យកំចាត់​បង់​កិលេស​វដ្ត មិននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា មិនមែននាំ​ឲ្យកើត​សេចក្តី​មិនសន្សំ​នូវកិលេស​វដ្ត មិននាំ​ឲ្យ​ប្រារព្ធ​សេចក្តីព្យាយាម ហើយធ្វើនូវ​សេចក្តី​មិនអើពើ ត្រូវអាបត្តិទុក្កដ។ ឧបសម្បន្ន កាល​បើ​មាន​អនុបសម្បន្ន​ពោលដាស់តឿន​តាមសិក្ខាបទដែល​ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយក្តី មិនបញ្ញត្តហើយ​​ ​ក្តី ហើយគិតថា ពាក្យនេះ​មិននាំឲ្យចិត្ត​ផូរផង់ មិននាំឲ្យកំចាត់​បង់​កិលេស​វដ្ត មិននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា មិនមែននាំ​ឲ្យកើត​សេចក្តី​មិនសន្សំ​នូវកិលេស​វដ្ត មិននាំ​ឲ្យ​ប្រារព្ធ​សេចក្តីព្យាយាម ហើយធ្វើ​សេចក្តី​មិនអើពើ ត្រូវអាបត្តិទុក្កដ។

[២១៤] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[២១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុពោថា​ បាឡី​អដ្ឋកថានៃ​អាចារ្យទាំងឡាយ​របស់យើង​យ៉ាងនេះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[២១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ធ្វើសត្តរសវគ្គិយភិក្ខុឲ្យខ្លាច។ ពួក​សត្តរស​វគ្គិយភិក្ខុទាំងនោះ កាលបើគេ​ធ្វើឲ្យខ្លាច ក៏ស្រែកយំ។ ភិក្ខុទាំងឡាយបាន​សួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជា​អ្នកទាំងឡាយ​ស្រែកយំ។ ពួក​សត្តរសវគ្គិយភិក្ខុ​ប្រាប់ថា ម្នាល​អាវុសោ ពួកឆព្វគ្គិយ​ភិក្ខុទាំងនេះ​ធ្វើយើងរាល់គ្នាឲ្យខ្លាច។ ពួកភិក្ខុណាមាន​សេចក្តីប្រាថ្នា​តិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងធ្វើភិក្ខុផងគ្នាឲ្យខ្លាចសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នករាល់គ្នា​ធ្វើភិក្ខុផងគ្នាឲ្យខ្លាច ពិតមែនឬ។ ឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នា​មិនគួរ​នឹងបន្លាច​ភិក្ខុផងគ្នាទេ នែ​មោឃបុរសទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​ធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូវអាបត្តិ​បាចិត្តិយ។

[២១៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ពាក្យថា ភិក្ខុ​ផងគ្នា គឺភិក្ខុដទៃ (ក្រៅពីខ្លួន)។ ពាក្យថា ឲ្យខ្លាច គឺឧបសម្បន្ន​មានបំណង​នឹង​ធ្វើ​ឧបសម្បន្ន​ឲ្យ​ខ្លាច ហើយសំដែង​រូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ទោះបីឧបសម្បន្ន​នោះខ្លាចក្តី មិនខ្លាច​ក្តី  ក៏ត្រូវអាបត្តិបាចិត្តិយ។ (ឧបសម្បន្ន មានសេចក្តីប្រាថ្នា​ដើម្បីបន្លាចឧបសម្បន្នផងគ្នា) ហើយប្រាប់​ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវ​ក្តី ផ្លូវ​លំបាក​ដោយខ្មោចក្តី ទោះបី​ឧបសម្បន្ន​នោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិបាចិត្តិយ។

[២១៨] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបន្លាច ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សង្ស័យ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា​អនុបសម្បន្នទៅវិញ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។

[២១៩] ឧបសម្បន្ន មានបំណងនឹងបន្លាច​អនុបសម្បន្ន ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី ផ្សព្វក្តី រសក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ក៏ត្រូវអាបត្តិទុក្កដ។ (ឧបសម្បន្ន​មាន​សេចក្តី​ប្រាថ្នាដើម្បី​បន្លាចអនុបសម្បន្ន) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាក​ដោយ​ម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីអនុបសម្បន្ន​នោះខ្លាចក្តី មិនខ្លាចក្តី  ត្រូវអាបត្តិ​ទុក្កដ។

[២២០] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[២២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹង​បន្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី១ ភិក្ខុ​(គ្មានបំណង​នឹងបន្លាចហើយ) ប្រាប់ផ្លូវ​លំបាកដោយចោរក្តី ផ្លូវលំបាក​ដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[២២២] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅភេសកលាវន ជាទីឲ្យ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុងភគ្គជេនបទ។ សម័យនោះឯង ភិក្ខុទាំងឡាយ​នាំគ្នា​បង្កាត់​ភ្លើង​នឹងឈើដែលមានប្រហោង១ដុំ​ធំ ហើយនាំគ្នាអាំងក្នុង​ខែរងា។ មានពស់ខ្មៅ១​នៅក្នុង​ប្រហោង​ឈើនោះ លុះត្រូវកំដៅភ្លើង ក៏លូនចេញមក ហើយធ្វើភិក្ខុទាំងឡាយឲ្យដួលដាស​ពាស។ ភិក្ខុ​ទាំងឡាយ​ក៏ស្ទុះ​រត់​ទៅក្នុងទីនោះៗ។ ភិក្ខុទាំងឡាយណាជាអ្នកមាន​សេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយមិនគួរ​នឹងបង្កាត់​ភ្លើង​អាំង​សោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយ​បង្កាត់ភ្លើងអាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ​ទ្រង់​បន្ទោស​ថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងបង្កាត់ភ្លើងអាំងទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយមានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្តី ប្រើគេ​ឲ្យបង្កាត់​ក្តី នូវភ្លើង ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏មានព្រះភាគ​បានទ្រង់​បញ្ញត្ត​សិក្ខាបទនេះដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះហើយ។

[២២៣] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុអ្នក​សួរជម្ងឺក៏និយាយ​ពាក្យ​នេះ​នឹងភិក្ខុដែល​មានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មម​អត់ធន់​បានឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម​យើង​រាល់​គ្នា​បង្កាត់​ភ្លើងអាំង បានជាយើង​បានសេចក្តីសុខ​សប្បាយ​រាល់គ្នា ដោយហេតុ​បាន​អាំង​ភ្លើងនោះ ទេ​ឥឡូវនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ហាមហើយ ហេតុនោះទើបយើង​មានសេចក្តី​ខ្លាចក្រែង មិនហ៊ាន​អាំងភ្លើង បានជាយើង​មិនមាន​សេចក្តីសុខ​សប្បាយ​ដោយហេតុនោះឯង។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​មានជម្ងឺ​បង្កាត់ភ្លើង​ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់​ក្តី ហើយ​អាំងបាន ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនមានជម្ងឺ ប្រាថ្នា​នឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[២២៤] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុង​ការ​អុជប្រទីបខ្លះ បង្កាត់ភ្លើងដុតបាត្រជាដើម​ខ្លះ រោងភ្លើងខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនោះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើមានហេតុយ៉ាងនោះ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​បង្កាត់ភ្លើង​ខ្លួនឯង ឬប្រើគេឲ្យបង្កាត់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនមានជម្ងឺ មានបំណង​នឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​ហេតុ មាន​សភាពយ៉ាងនោះ។

[២២៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ភិក្ខុណាវៀរចាកភ្លើង ហើយសប្បាយ ភិក្ខុនោះហៅថា ជាអ្នកមិនមានជម្ងឺ។ ភិក្ខុណាវៀវចាកភ្លើង ហើយមិនសប្បាយ ភិក្ខុនោះហៅថា អ្នកមានជម្ងឺ។ ពាក្យថាមានបំណងនឹងអាំងភ្លើង គឺចង់កំដៅកាយ។ ដែលហៅថាភ្លើង គឺភ្លើងធម្មតានោះឯង។ ពាក្យថា បង្កាត់ខ្លួនឯង គឺ​ភិក្ខុ​បង្កាត់​ខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើឲ្យគេបង្កាត់ គឺភិក្ខុបង្គាប់អ្នកដទៃ​ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់​ទៅបង្កាត់ភ្លើងច្រើនដង (ភិក្ខុអ្នកបង្គាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ គឺលើកទុក​ចំពោះ​ហេតុមានសភាព​យ៉ាងនោះ។

[២២៦] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុ​មានសេចក្តីសង្ស័យ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ភិក្ខុចាប់អង្កត់ភ្លើងលើកឡើង ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មិនមាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ មិនមាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មាន​ជម្ងឺ មិនត្រូវអាបត្តិឡើយ។

[២២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺ ភិក្ខុមានជម្ងឺ១ ភិក្ខុអាំង​ភ្លើង​ដែលអ្នកដទៃ​បង្កាត់១ ភិក្ខុអាំងរងើកភ្លើង​ដែលគ្មានអណ្តាត១ ភិក្ខុមានហេតុ​មានសភាព​យ៉ាង​នោះ គឺអុជ​ប្រទីបក្តី បង្កាត់ភ្លើង (ដើម្បីដុតបាត្រជាដើម)ក្តី បង្កាត់ភ្លើងក្នុងរោង​ភ្លើងក្តី១ ភិក្ខុមាន​សេចក្តីអន្តរាយ​១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[២២៨] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកភិក្ខុ​នាំគ្នាទៅស្រង់ទឹកឯកំពង់ទឹកឈ្មោះតបោទ។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរក្នុងដែនមគធៈ ទ្រង់យាងទៅកាន់​កំពង់ទឹក​ឈ្មោះតបោទ ដោយ​តាំងព្រះហ្ឫទ័យថានឹងស្រង់ជម្រះព្រះសិរ្ស ហើយក៏ទ្រង់​ប្រថាប់ចាំ ក្នុងទីដ៏សមគួរ ដោយតាំង​ព្រះហ្ឫទ័យ​ថា ចាំលោកម្ចាស់​ទាំងឡាយ​ស្រង់ទឹករួចសិន។ ភិក្ខុទាំងឡាយ​ក៏​ស្រង់​ទឹក​ទាល់តែយប់ងងឹត។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ ស្រង់​ជម្រះ​ព្រះសិរ្ស​ក្នុងវេលាវិកាល ពួកជនបិទទ្វារនគរ (ហួស)ទៅ ស្តេចក៏ឋិតនៅខាងក្រៅនគរ លុះដល់​ព្រឹក​ឡើង ស្តេចមានគ្រឿង​លាបព្រះអង្គមិនទាន់បានសំអាត ហើយទ្រង់ព្រះដំណើរទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីដ៏សមគួរ។ លុះព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គមាន​គ្រឿង​លាប​មិនទាន់​​បានសំអាត ហើយស្តេច​មកក្នុងវេលាព្រឹក (យ៉ាងនេះ)។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់​ពន្យល់​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈឲ្យ​យល់​ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​ក្នុងពេលនោះ ដោយធម្មីកថា។ លំដាប់នោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគទ្រង់​ពន្យល់​ឲ្យ​យល់​ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​​ដោយធម្មីកថាហើយ ទ្រង់ក្រោកពី​អាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើ​ប្រទក្សិណចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ​ ហើយទ្រង់ត្រាស់​សួរបញ្ជាក់​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុបានឃើញ​ស្តេច​ហើយ ងូតទឹក​មិនដឹងប្រមាណ​កាល ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ បានឃើញស្តេច​ហើយ មិនគួរនឹងងូតទឹក​មិនដឹង​ប្រមាណកាលសោះ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​មិនទាន់ដល់​កំណត់​កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្ត​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះរួចហើយ។

[២២៩] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យក្នុង​សម័យក្តៅ ក្នុងសម័យ​ស្អុះស្អាប់ ក៏​មិនហ៊ាន​ងូតទឹកឡើយ មានខ្លួនប្រឡាក់ដោយ​ញើសក្អែល ហើយក៏ចេះតែសឹងទៅ។ ចីវរក្តី សេនាសនៈក្តី ក៏ប្រឡាក់​ប្រឡូស (ដោយហេតុនោះ)។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ក្នុងសម័យក្តៅ សម័យ​ស្អុះស្អាប់ ទុក​ជាមិនទាន់​ដល់​កន្លះខែ តថាគត​អនុញ្ញាត​ឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះ គឺមួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់​[២] នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តដល់ភិក្ខុទាំងឡាយ​យ៉ាងនេះរួចហើយ។

[២៣០] សម័យនោះឯង ភិក្ខុមានជម្ងឺជាច្រើនអង្គ។ ឯពួកភិក្ខុ​ជាអ្នកសួរជម្ងឺបាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុដែល​មានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មម​អត់ធន់​បានឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន​ឬទេ។ ពួកភិក្ខុមានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម យើងទាំងឡាយ​មិនទាន់​ដល់កំណត់កន្លះខែ ក៏តែង​តែងូតទឹក ព្រោះហេតុ​នោះ ទើបពួកយើង​មានសេចក្តីសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនេះយើងទាំងឡាយ​មានសេចក្តីសង្ស័យ​ មិនហ៊ានងូតទឹក​ឡើយ បានជាយើង​មិនបាន​សេចក្តី​សប្បាយ​ដោយ​ហេតុ​នោះឯង។ ទើបភិក្ខុទាំងឡាយនាំសេចក្តីនុ៎ះ​ក្រាបទូល​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជម្ងឺ ទុកជាមិនទាន់ដល់​កន្លះខែ តថាគត​អនុញ្ញាតឲ្យងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ នេះហៅថា សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះរួចហើយ ។

[២៣១] សម័យនោះឯង ភិក្ខុទាំងឡាយ ធ្វើនវកម្ម ហើយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) មិនហ៊ានងូតទឹកឡើយ ហើយក៏សឹងទាំងខ្លួនប្រឡាក់ ដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ក្រាបទូល​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យធ្វើការងារ ទោះ​មិនទាន់​ដល់​កំណត់កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ សម័យ​ធ្វើការងារ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​យ៉ាងនេះហើយ ។

[២៣២] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរផ្លូវឆ្ងាយ មានសេចក្តីរង្កៀស (ខ្លាចក្រែង​ត្រូវទោស) ក៏មិនហ៊ានងូតទឹក ហើយសិងទាំងខ្លួនដែលសៅហ្មងដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យដើរផ្លូវឆ្ងាយ ទោះ​មិនទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យមានជម្ងឺ សម័យ​ធ្វើការងារ សម័យដើរ​ផ្លូវ​ឆ្ងាយ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះរួចហើយ។

[២៣៣] សម័យនោះឯង ភិក្ខុជាច្រើនរូប ធ្វើចីវរកម្ម​ក្នុងទីវាល ត្រូវខ្យល់បក់​ដោយទាំង​ធូលីមក ទាំងភ្លៀង​ក៏ធ្លាក់ចុះមកត្រូវបន្តិចៗផង។  ភិក្ខុទាំងឡាយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) ក៏មិនហ៊ានងូតទឹក សឹងទាំងខ្លួនប្រឡាក់ប្រឡូស (នោះឯង)។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យខ្យល់និងភ្លៀង ទុកជា​មិនទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យមានជម្ងឺ​ សម័យ​ធ្វើការងារ[២] សម័យដើរផ្លូវឆ្ងាយ​[៣] សម័យខ្យល់និងភ្លៀង[៤] នេះជាសម័យ​ក្នុងសិក្ខាបទនោះ។

[២៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ពាក្យថា មិន​ទាន់​ដល់កំណត់​កន្លះខែ គឺខ្វះកន្លះខែ។ ពាក្យថា ងូតទឹក គឺភិក្ខុកំពុង​ងូតទឹកដុសដោយផង់លំអិត​ក្តី ដោយដីស្អិតក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ។ លុះងូតរួចស្រេច ត្រូវអាបត្តិបាចិត្តិយ។ ពាក្យ​ថា វៀរលែងតែមានសម័យ គឺលើកលែង​ចំពោះ​សម័យដែលគួរ។ មួយខែកន្លះដ៏សេស (ខាងចុង)​នៃ​គិម្ហរដូវ ហៅថា សម័យក្តៅ។ មួយខែខាងដើម​នៃវស្សានរដូវ ហៅថា សម័យស្អុះស្អាប់។ រួមខែ​ទាំង​នេះ ត្រូវជាពីរខែកន្លះ ហៅថា សម័យក្តៅ សម័យស្អុះស្អាប់ ភិក្ខុដឹងដូច្នេះហើយ គប្បីងូតទឹកចុះ។ ភិក្ខុណាវៀរចាកការងូតទឹកមានសេចក្តីមិនសប្បាយ ភិក្ខុនោះហៅថាមានសម័យមានជម្ងឺ​ ឬថា​មានសម័យឈឺថ្កាត់។ ភិក្ខុដឹងខ្លួនថា មានសម័យឈឺថ្កាត់ហើយ គប្បីងូតទឹកចុះ។ ការងារ​ដោយហោច​ទៅ សូម្បី​តែបោស​ច្រាសសំអាត​បរិវេណ​ ក៏ហៅថា​សម័យ​ធ្វើការងារ។ ភិក្ខុដឹង​ខ្លួន​ថា សម័យធ្វើការងារហើយ គប្បីងូតទឹកចុះ។ ដែលហៅថា សម័យ​ដើរផ្លូវឆ្ងាយ​ គឺភិក្ខុគិតថា អញ​នឹង​ដើរ​ផ្លូវ​ប្រមាណ​កន្លះយោជន៍ ហើយគប្បី​ងូតទឹក​បាន ភិក្ខុអ្នកដំណើរគប្បី​ងូតទឹកបាន ភិក្ខុ​ដើរ​ទៅ​ហើយ គប្បីងូតទឹក​បាន។ ដែលហៅថា សម័យ​ខ្យល់​និងភ្លៀង គឺពួក​ភិក្ខុត្រូវខ្យល់​ប្រកប​ដោយ​ធូលី​ហើយ មានដំណក់ទឹកពីរដំណក់ក្តី បីដំណក់ក្តី ធ្លាក់ត្រូវកាយ។ ភិក្ខុដឹងថា មានសម័យ​ខ្យល់​និង​ភ្លៀង គប្បីងូតទឹកបាន។

[២៣៥] មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថា​លើស ហើយ​ងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់​ថា​ខ្វះ​វិញ ត្រូវអាបត្តិទុក្កដ។ កាលលើស​ជាងកន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​លើស​ជាងកន្លះខែ ភិក្ខុសំគាល់ថា លើសមែន មិនត្រូវអាបត្តិឡើយ។

[២៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមានសម័យ១ កន្លះខែភិក្ខុងូតទឹកម្តង១ លើសជាងកន្លះខែភិក្ខុងូតទឹក១ ភិក្ខុឆ្លងទៅត្រើយ​ម្ខាង​ហើយងូត១ ភិក្ខុនៅក្នុងជនបទ​ចុងដែនបង្អស់១ ភិក្ខុមានសេចក្តីអន្តរាយ​១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[២៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលនោះឯង ពួកភិក្ខុខ្លះ​ ពួកបរិព្វាជកខ្លះ ជាច្រើន​រូប​នាំ​គ្នាដើរផ្លូវឆ្ងាយ ពីក្រុងសាកេតទៅក្រុង​សាវត្ថី។ លុះដល់ពាក់កណ្តាលផ្លូវ មានពួកចោរ​ចេញ​មក​ប្លន់​ពួកភិក្ខុ និងពួកបរិព្វាជកទាំងនោះ។ រាជអាមាត្យទាំងឡាយនាំគ្នាចេញ​ពីក្រុង​សាវត្ថី មកចាប់​ចោរ​ទាំងនោះបាន ព្រមទាំងទ្រព្យរបស់ ហើយប្រើបម្រើ​ទៅក្នុង​សំណាក់​ពួកភិក្ខុថា លោកម្ចាស់​ទាំងឡាយ​ចូរនិមន្ត​មកយកចីវររបស់ខ្លួនៗតាមស្គាល់ចុះ។ ភិក្ខុទាំងឡាយ​ក៏មិនស្គាល់ចីវរ។ មនុស្ស​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយមិនគួរនឹង​មិន​ស្គាល់​ចីវររបស់ខ្លួនៗសោះ។ ភិក្ខុទាំងឡាយ​បានឮមនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ទើបភិក្ខុទាំងនោះ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ​ ហើយធ្វើធម្មីកថាដ៏ល្មម​សមគួរ​ដល់​រឿង​នោះៗ ដល់ភិក្ខុទាំងឡាយ ហើយទ្រង់ត្រាស់ហៅពួក​ភិក្ខុដោយព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺដើម្បី​ប្រពៃដល់សង្ឃ១ ដើម្បីសប្បាយដល់សង្ឃ១។បេ។ ដើម្បី​ឋិត​នៅ​នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុ​សម្រាប់​ធ្វើ​ឲ្យខូចពណ៌​៣​យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុ​មិន​កាន់យក​នូវវត្ថុ​សម្រាប់​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់​ធ្វើឲ្យខូចពណ៌​ណាមួយ ហើយប្រើ​ប្រាស់​ចីវរ​ថ្មី ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៨] ដែលហៅថា ថ្មី គឺចីវរដែលមិនទាន់បានធ្វើកប្ប។ ដែលហៅថា ចីវរ គឺ​បណ្តា​ចីវរ​ទាំង៦ ចីវរណាមួយ។ ត្រង់ពាក្យថា គប្បីកាន់យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យ​ខូចពណ៌​៣យ៉ាង វត្ថុ​សម្រាប់​ធ្វើ​ឲ្យខូចពណ៌​ណាមួយ សេចក្តីថា ភិក្ខុត្រូវធ្វើកប្ប​ពិន្ទុ​ដោយកំណត់​យ៉ាង​តូចបំផុត​ត្រឹម​ប៉ុនចុងស្បូវ។ ដែលហៅថា ពណ៌ខៀវ គឺវត្ថុ​មានពណ៌ខៀវ​ពីរយ៉ាង បានដល់​ពណ៌ខៀវ​ដូច​សម្រិត១ ពណ៌ខៀវ​ដូចស្លឹកឈើ១។ ដែលហៅថា ពណ៌ភក់ គឺសំដៅយកភក់ដែល​នៅក្នុងទឹក។ ដែលហៅថា ពណ៌ខ្មៅជាំ គឺវត្ថុ​មានពណ៌​ខ្មៅណាមួយ។ ពាក្យថា បើភិក្ខុមិនកាន់យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុ​មិនធ្វើ​កប្ប​ពិន្ទុ បណ្តាវត្ថុសម្រាប់​ធ្វើឲ្យខូច​ពណ៌​៣យ៉ាង ដោយវត្ថុសម្រាប់ធ្វើ​ឲ្យខូច​ពណ៌ណាមួយ ដោយ​កំណត់​ប្រមាណ​យ៉ាងតូចបំផុត​ត្រឹម​ប៉ុនចុងស្បូវ ហើយប្រើប្រាស់​ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។

[២៣៩] ចីវរដែលភិក្ខុមិនធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាមិនទាន់ធ្វើកប្បពិន្ទុ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុមានសេចក្តី​សង្ស័យ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថា​ធ្វើកប្បពិន្ទុហើយ  ៗ​ប្រើប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថា​មិនទាន់​បានធ្វើ​កប្បពិន្ទុ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបាន​ធ្វើកប្បពិន្ទុ​ហើយ ភិក្ខុសំគាល់​ថា​​​បានធ្វើ​កប្បពិន្ទុ មិនត្រូវអាបត្តិ​ឡើយ។

[២៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុបានធ្វើ​កប្បពិន្ទុ ហើយប្រើប្រាស់១ កប្បពិន្ទុខូចខាតទៅ១ កន្លែងដែល​ធ្វើកប្បពិន្ទុ​គ្រាំគ្រា​ទៅ១ ភិក្ខុដេរ​ចីវរ​ដែល​មិនបាន​ធ្វើកប្បពិន្ទុ​ភ្ជាប់​ជាមួយ​នឹងចីវរ​ដែល​បាន​ធ្វើ​កប្បពិន្ទុ​ហើយ១ ចីវរ​ដែល​ប៉ះ​ដោយ​បំណះ​ថ្មី១ ចីវរដែលដាក់​អនុវាតថ្មី១ ចីវរ​ចាស់​ប្រក់ថែមថ្មី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[២៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុ​បាន​វិកប្ប​ចីវរ​របស់​ខ្លួន​ដោយខ្លួនឯង រួចផ្ញើរ​នឹងភិក្ខុជាសទ្ធិវិហារិករបស់​ព្រះថេរៈ​ជាបងប្អូន ហើយមិន​បាន​ឲ្យ​ដក​វិកប្បចេញ ក៏​ចេះតែ​ប្រើប្រាស់ទៅ។ ទើបភិក្ខុនោះ​ប្រាប់សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​អាវុសោ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នេះ បានវិកប្បចីវរ​របស់ខ្លួន​ដោយខ្លួន​ឯង ផ្ញើនឹង​ខ្ញុំ ហើយមិន​ឲ្យ​ដក​វិកប្ប (ជាមុន) ហើយចេះតែ​ប្រើប្រាស់​ទៅ។ ភិក្ខុទាំងឡាយ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបនន្ទសក្យបុត្រ​ដ៏មានអាយុ​មិនគួរ​នឹងវិកប្ប​ចីវរ​របស់ខ្លួន​ដោយខ្លួនឯង​ នឹងភិក្ខុផងគ្នា ហើយមិន​បាន​ឲ្យ​ដក​វិកប្ប​ចេញសិន ចេះតែ​ប្រើប្រាស់​ទៅសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា នែឧបនន្ទ ឮថា អ្នកឯង​បាន​វិកប្ប​ចីវរ​របស់ខ្លួន​ដោយ​ខ្លួនឯង​នឹងភិក្ខុផងគ្នា ហើយ​មិនឲ្យ​ដក​វិកប្ប​ចេញសិន ចេះតែប្រើ​ប្រាស់ទៅ ពិតមែនឬ។ ឧបនន្ទ​ដ៏មានអាយុ​ក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនគួរ​នឹង​វិកប្ប​ចីវរ​របស់​ខ្លួនដោយខ្លួន​ឯង​នឹងភិក្ខុផងគ្នា ហើយប្រើប្រាស់​ចីវរ ដែលមិនបាន​ឲ្យ​គេដក​វិកប្ប​ចេញ​សិន​ទេ ម្នាលមោឃបុរស អំពើនេះ​មិនមែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួន​ឯង​ចំពោះ​ភិក្ខុ​ផងគ្នាក្តី ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ហើយប្រើ​ប្រាស់ចីវរ​ដែល​មិនទាន់​ឲ្យ​គេដក​វិកប្ប​ចេញសិន ត្រូវអាបត្តិ​បាចិត្តិយ។

[២៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាភិក្ខុនី គឺភិក្ខុនីដែល​បាន​ឧបសម្បទាក្នុង​សង្ឃ​ទាំង​ពីរពួក។ ដែលហៅថាសិក្ខមានា គឺស្រី​ដែលបានសិក្សា​សិក្ខាក្នុងធម៌ទាំង​៦ គ្រប់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរ គឺកុលបុត្រ (ដែលបានសម្រេច​បព្វជ្ជាកម្ម​ហើយ) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ដែលហៅថា សាមណេរី គឺស្រី(ដែល​បានសម្រេច​បព្វជ្ជាកម្មហើយ) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ពាក្យថា ដោយខ្លួនឯង គឺវិកប្ប​ដោយខ្លួនឯង។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ចវិកប្បបាន។ ដែលហៅថា វិកប្ប គឺវិកប្បមានពីរយ៉ាង បាន​ដល់​វិកប្ប​ចំពោះមុខ១ វិកប្ប​កំបាំងមុខ១។ ដែលហៅថា វិកប្បចំពោះមុខ គឺ​ភិក្ខុ​កំណត់​ដោយ​ពាក្យថា ខ្ញុំ​វិកប្ប​ចីវរ​នេះចំពោះ​លោក​ ឬចំពោះ​ភិក្ខុឈ្មោះ​នេះ។ ដែលហៅថា វិកប្ប​កំបាំងមុខ គឺ​ភិក្ខុ​កំណត់​ដោយពាក្យថា ខ្ញុំ​ឲ្យ​ចីវរ​នេះដល់លោក ដើម្បីវិកប្ប​ទុក។ ភិក្ខុនោះ​ត្រូវសួរ​ភិក្ខុ​ជាម្ចាស់​ចីវរ​ថា លោកណា​ជាមិត្រ​របស់លោក ឬលោក​ស្គាល់​លោកណា។ ភិក្ខុម្ចាស់​ចីវរ​ត្រូវប្រាប់​ថា ភិក្ខុ​ឈ្មោះនេះផង ភិក្ខុ​ឈ្មោះនេះផង។ ភិក្ខុអ្នក​ទទួល​វិកប្បនោះ ត្រូវនិយាយ​នឹងភិក្ខុ​ម្ចាស់​ចីវរ​ថា ខ្ញុំ​ឲ្យ​ចីវរ​ដល់ភិក្ខុ​ទាំងនោះ លោកចូរ​ប្រើប្រាស់ក្តី ឬលោក​ចូរលះបង់ក្តី លោកចូរធ្វើ​តាមសម​គួរ​ដល់​បច្ច័យ​ក្តី នូវចីវរ​របស់ភិក្ខុ​ទាំងនោះចុះ។ ដែលហៅថា មិនបានឲ្យ​គេដកវិកប្ប គឺ​ភិក្ខុជាម្ចាស់​ចីវរ​ប្រើប្រាស់​ចីវរដែល​ភិក្ខុ​អ្នក​ទទួលវិកប្ប​នោះមិន​បានប្រគល់​ឲ្យក្តី មិនស្និទ្ធស្នាល​នឹងភិក្ខុ​ជាអ្នក​ទទួល​វិកប្បនោះ ហើយប្រើប្រាស់​ក្តី ត្រូវអាបត្តិបាចិត្តិយ។

[២៤៣] ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាមិនបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុមានសេចក្តី​សង្ស័យ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថា​បាន​ឲ្យ​គេ​ដកវិកប្ប ហើយ​ប្រើប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុអធិដ្ឋានក្តី លះបង់ចោលក្តី ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្ប ភិក្ខុសំគាល់ថា មិនបានឲ្យ​គេដក​វិកប្ប​វិញ ត្រូវអាបត្តិទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្បហើយ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្បហើយ ភិក្ខុសំគាល់ថា បានឲ្យ​គេដក​វិកប្បហើយ មិនត្រូវអាបត្តិឡើយ។

[២៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុប្រើប្រាស់​ចីវរ​ដែល​ភិក្ខុអ្នកទទួល​វិកប្ប​នោះឲ្យក្តី ភិក្ខុ​ម្ចាស់របស់​ស្និទ្ធស្នាល​នឹងភិក្ខុ​ជាអ្នកទទួល​វិកប្ប​នោះក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ​មិនបាន​ទុកគ្រឿង​បរិក្ខារ​ដោយស្រួល។ ពួកឆព្វគ្គិយភិក្ខុ​លាក់​ទុកបាត្រខ្លះ ចីវរខ្លះ របស់ពួកសត្តរសវគ្គិយភិក្ខុ។ ពួក​សត្តរសវគ្គិយភិក្ខុក៏និយាយ​ពាក្យនេះនឹងពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោ អ្នកទាំងឡាយ​ចូរ​ឲ្យ​បាត្រខ្លះ ចីវរខ្លះ​ដល់​យើង។ ពួកឆព្វគ្គិយភិក្ខុ​ក៏នាំគ្នា​សើច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះ​ក៏យំ។ ភិក្ខុទាំងឡាយ​សួរ​យ៉ាងនេះថា ម្នាល​អាវុសោ ហេតុអ្វី​បានជាអ្នក​ទាំងឡាយ​យំ។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​ប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ លាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់យើង។ ភិក្ខុទាំងឡាយ​ណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសម្បី​បើពួកឆព្វគ្គិយភិក្ខុ​លាក់​ទុក​បាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុ​ផងគ្នា​សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុ​ផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស​ទាំងឡាយ មិនសម្បី​បើអ្នកឯងរាល់គ្នា​មកលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ​របស់ភិក្ខុ​ផងគ្នាសោះ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​ដែល​ពួក​អ្នកឯង​រាល់គ្នា​ធ្វើនេះ ​មិនមែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​លាក់ទុកឯង ឬប្រើគេ​ឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់ភិក្ខុផងគ្នា ដោយហោចទៅ​សូម្បី​គ្រាន់​តែមាន​បំណង​នឹងសើចលេង ត្រូវអាបត្តិ​បាចិត្តិយ។

[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាបាត្រ គឺបាត្រមានពីរយ៉ាង បានដល់​បាត្រ​ដែក​១ បាត្រដី១។ ដែលហៅថាចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​វិកប្បបាន។ ដែលហៅថា និសីទនៈ សំដៅយកនិសីទនៈ​ដែលមានជាយ។ ដែលហៅថា បំពង់ម្ជុល គឺបំពង់​ម្ជុល​ដែលមានម្ជុលក្តី ឥត​ម្ជុលក្តី។ ដែលហៅថា វត្តពន្ធចង្កេះ គឺវត្តពន្ធចង្កេះ​មានពីរយ៉ាង បាន​ដល់​វត្ថពន្ធចង្កេះ​ឈ្មោះ​បដ្តិកៈ (ចំរៀកសម្ពត់)១ វត្ថពន្ធឈ្មោះសូករន្តកៈ (គឺ​វត្ថពន្ធ​មានសណ្ឋាន​ដូច​ពោះវៀន​ជ្រូក)១។ ពាក្យថាលាក់ទុកឯង គឺភិក្ខុលាក់ទុក​ដោយខ្លួន​ឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យលាក់ គឺភិក្ខុ​បង្គាប់​អ្នកដទៃ (ឲ្យលាក់​ទុក) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​បង្គាប់​គេ​តែ​ម្តង អ្នកទទួល​បង្គាប់​លាក់ទុក​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ១។ ពាក្យថា ដោយហោច​ទៅ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើចលេង គឺ​ភិក្ខុមានសេចក្តី​ប្រាថ្នានឹងលេង។

[២៤៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ត្រូវ​អាបត្តិ​បាចិត្តិយ។។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យ​លាក់ទុក នូវបរិក្ខារ​ដទៃ ដោយហោច​ទៅ​ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យ​លាក់ទុក នូវបាត្រក្តី ចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្ន ដោយហោច​ទៅ​ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនប្រាថ្នា​នឹងសើច​លេង ហើយទុកដាក់បាត្រ​ជាដើម​ដែលគេទុក​ដាក់​មិនល្អ១ ភិក្ខុ​ទុកដាក់​ដោយ​គិតថា អញ​នឹង​ធ្វើ​ធម្មីកថា​ហើយសឹម​ឲ្យវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សុរាបានវគ្គទី៦ ចប់។

ឧទ្ទាននៃសុរាបានវគ្គនោះ (មាន១០សិក្ខាបទ) គឺ

សុរាសិក្ខាបទ១ អង្គុលិសិក្ខាបទ១ ហាសសិក្ខាបទ១ អនាទរិយសិក្ខាបទ១ ភឹសនសិក្ខាបទ១ ជោតិសិក្ខាបទ១ ន្ហានសិក្ខាបទ១ ទុព្វណ្ណសិក្ខាបទ១ សាមសិក្ខាបទ១ អបនិធសិក្ខាបទ១។

សប្បាណកវគ្គ សិក្ខាបទទី១

[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិ​ដ៏មានអាយុ (ធ្លាប់) ជានាយ​ខ្មាន់​ធ្នូ។ លោក​នោះ​មិនពេញចិត្ត​នឹង​សត្វ​ក្អែក​ទាំងឡាយ។ ឧទាយិ​នោះក៏បាញ់​សត្វក្អែក​ទាំងឡាយ​ កាត់ក្បាល ហើយ​ដោត​លើឈើ​អណ្តោត ដោយលំដាប់គ្នា។ ភិក្ខុទាំងឡាយ​សួរយ៉ាងនេះ​ថា ម្នាលអាវុសោ លោក​ណា​សម្លាប់​សត្វក្អែក​ទាំងនេះ។ ឧទាយិឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​សម្លាប់ (ព្រោះ) សត្វក្អែក​ ខ្ញុំ​មិន​ចូលចិត្តសោះ។  ពួកភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរ​នឹងក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិតសោះ។បេ។​ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលឧទាយិ ឮថា អ្នកឯង​ក្លែងផ្តាច់​បង់​សត្វ​ចាកជីវិត ពិតមែនឬ។ ឧទាយិ​ក្រាបទូលថា សូមទ្រង់មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស​ អ្នកឯងមិនគួរ​នឹង​ក្លែង​ផ្តាច់​បង់​សត្វចាក​ជីវិតទេ ម្នាលមោឃបុរស អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយក្លែង​ផ្តាច់បង់​សត្វចាក​ជីវិត ត្រូវអាបត្តិ​បាចិត្តិយ។

[២៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថាក្លែង គឺដឹង​ស្គាល់​ជាក់ ហើយក្លែង​ប្រព្រឹត្ត​ល្មើស ប្រព្រឹត្តកន្លង។ ដែលហៅថាសត្វ គឺសំដៅយក​សត្វតិរច្ឆាន។ ពាក្យថាផ្តាច់បង់​នូវ​សត្វ​ចាកជីវិត គឺផ្តាច់បង់ បំបាត់បង់​នូវ​ជីវិតិន្ទ្រិយ គឺធ្វើ​តំណជីវិត​របស់សត្វ​ឲ្យ​កក្រើក ត្រូវអាបត្តិ​បាចិត្តិយ។

[២៥១] សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ហើយដាក់ចុះ​ចាកជីវិត (សម្លាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ សត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តី​សង្ស័យ ហើយដាក់ចុះ​ចាកជីវិត ត្រូវ​អាបត្តិ​ទុក្កដ។ សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) ហើយដាក់ចុះ​ចាកជីវិត មិនត្រូវ​អាបត្តិ​ឡើយ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ត្រូវ​អាបត្តិ​ទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) មិនត្រូវ​អាបត្តិ​ឡើយ។

[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនក្លែង១ មិនមាន​ស្មារតី១ មិនដឹង១ មិនប៉ង​នឹងសម្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[២៥៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថាទឹក​មានសត្វហើយ យកទៅប្រើ​ប្រាស់។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹង​ថាទឹក​មានសត្វហើយ មិនគួរ​នឹងយកទៅប្រើប្រាស់សោះ។បេ។​ ព្រះដ៏មានព្រះភាគត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹង​ថាទឹក​មានសត្វ​ហើយ យកទៅប្រើប្រាស់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ​ ពួកអ្នកឯងដឹង​ថា​ទឹក​មានសត្វ​ហើយ មិនគួរ​នឹងយកទៅប្រើប្រាស់ទេ នែមោឃបុរសទាំងឡាយ អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​ដឹងហើយ បរិភោគ​ទឹកដែល​មានសត្វ​មានជីវិត (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​រួចហើយ។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯង ឬពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុនោះ។ ភិក្ខុ​ដឹង​ថា​ទឹក​មានសត្វ​មានជីវិត (ឬ) ដឹងថា​ពួកសត្វ​នឹង​ស្លាប់​ដោយការ​ប្រើប្រាស់ ហើយប្រើប្រាស់​ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៥] ទឹកមានសត្វមានជីវិត ភិក្ខុសំគាល់ថាទឹកមានសត្វមានជីវិត ហើយប្រើប្រាស់​ទឹកនោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​សង្ស័យក្នុងទឹក​ដែលមានសត្វ​មានជីវិត ហើយប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកមានសត្វ​មានជីវិត ភិក្ខុសំគាល់ថាទឹកគ្មានសត្វ ហើយប្រើប្រាស់ មិនត្រូវ​អាបត្តិ​។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាមានសត្វ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វ មិនត្រូវ​អាបត្តិ។

[២៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនដឹងថា​ទឹក​មានសត្វ(ក្តី) ដឹងថា​ទឹក​គ្មាន​សត្វរស់​(ក្តី) ដឹងថាពួក​សត្វ​នឹង​មិនស្លាប់​ដោយការ​ប្រើប្រាស់ (ក្តី) ហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[២៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថាអធិករណៈ ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌ហើយ សើរើដើម្បី​ធ្វើជាថ្មីទៀតថា កម្ម(នោះ) គឺសង្ឃ​មិនបានធ្វើ​ កម្ម(នោះ) គឺសង្ឃ​ធ្វើមិនត្រឹមត្រូវ ពួកយើង​ត្រូវធ្វើ​ជាថ្មីទៀត កម្មឈ្មោះ​ថា សង្ឃ​រម្ងាប់ហើយ​មិនស្រេច រម្ងាប់​ហើយ​មិនល្អ ពួកយើងត្រូវ​រម្ងាប់​ជាថ្មីទៀត។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹង​ថាអធិករណៈ ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌ហើយ មិនគួរ​នឹងសើរើ​ដើម្បី​ធ្វើជាថ្មីទៀតសោះ។បេ។​ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងដឹង​ថាអធិករណៈ ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ សើរើដើម្បី​ធ្វើជាថ្មី​ទៀត ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ​ ពួកអ្នកដឹង​ថាអធិករណៈ ដែលសង្ឃ​រម្ងាប់សមគួរ​តាមធម៌​ហើយ មិនគួរ​នឹងសើរើ​ដើម្បី​ធ្វើជាថ្មី​ទៀតទេ នែមោឃបុរសទាំងឡាយ អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយកាល​ដឹងថា​អធិករណៈ​ដែលសង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ សើរើ​ដើម្បី​ធ្វើ​ជាថ្មីទៀត ភិក្ខុនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯងក្តី ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុនោះក្តី ភិក្ខុដែល​មាន​រឿង​នោះ​ប្រាប់ក្តី។ ដែលហៅថា សមគួរ​តាមធម៌ គឺអធិរណៈ​ដែលសង្ឃ​ធ្វើ (គឺរម្ងាប់) ហើយតាម​ធម៌​ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​ព្រះសាស្តា នេះហៅថា សមគួរតាមធម៌។

[២៥៩] ដែលហៅថា អធិករណៈ គឺអធិករណៈ​មាន៤យ៉ាង គឺវិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។ ពាក្យថា សើរើដើម្បីធ្វើ​ជាថ្មីទៀត គឺ​ភិក្ខុ​សើរើ​ថា សង្ឃធ្វើកម្ម​មិនស្រេច សង្ឃ​ធ្វើ​កម្ម​មិនល្អ យើង​ត្រូវ​ធ្វើ​ជាថ្មី​ទៀត សង្ឃ​រម្ងាប់​កម្ម​មិន​ស្រេច សង្ឃ​រម្ងាប់​កម្ម​មិនល្អ យើងត្រូវ​រម្ងាប់​ជាថ្មីទៀត ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។

[២៦០] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយ​សើរើ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​សើរើ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយ​សើរើ មិនត្រូវ​អាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមាន​សេចក្តីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថាកម្ម​មិនប្រកបដោយធម៌ មិនត្រូវ​អាបត្តិ។

[២៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា កម្មដែល​សង្ឃ​ធ្វើហើយ​ដោយកិច្ចដែល​មិនមែន​ជាធម៌ក្តី​ ដោយពួកក្តី​ សង្ឃធ្វើកម្ម​ដល់​ភិក្ខុ​ដែល​មិនគួរ​ដល់​កម្មក្តី ហើយសើរើ ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[២៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទ​សក្យបុត្រដ៏មានអាយុ ត្រូវអាបត្តិ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ​ ហើយប្រាប់​ដល់​ភិក្ខុ​ជាសទ្ធិវិហារិក របស់ព្រះថេរៈ​ជាបងប្អូន​ថា នែ​អាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ​ហើយ លោកកុំប្រាប់​ដល់អ្នកណាឡើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​សូមនៅ​បរិវាស​ដើម្បី​អាបត្តិ​នោះនឹងសង្ឃ។ សង្ឃបាន​ឲ្យ​បរិវាស ដើម្បី​អាបត្តិ​នោះដល់​ភិក្ខុនោះ។ ភិក្ខុនោះ​កំពុងនៅបរិវាស ក៏បានឃើញ​ភិក្ខុ​ដែល​ព្រះឧបនន្ទ​ប្រាប់អាបត្តិ​នោះ ហើយ​បាន​ពោលពាក្យ​នេះថា នែអាវុសោ ខ្ញុំ​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយសុំបរិវាស ដើម្បី​អាបត្តិ​នោះនឹងសង្ឃ សង្ឃ​បានឲ្យ​បរិវាស ដើម្បីអាបត្តិ​នោះដល់ខ្ញុំ​នោះឯង ខ្ញុំ​នោះកំពុង​នៅ​បរិវាស នែអាវុសោ ខ្ញុំសូម​ប្រាប់ឲ្យដឹង លោកដ៏មាន​អាយុចូរចាំ​ទុកនូវខ្ញុំថា ភិក្ខុនេះ​បានប្រាប់​ឲ្យ​ដឹង។ ភិក្ខុ​នោះសួរ​វិញថា នែអាវុសោ ទុកជាភិក្ខុ​ដទៃ​ណា តែត្រូវអាបត្តិនេះ ភិក្ខុនោះតែង​ធ្វើ​យ៉ាងហ្នឹង​ឬ។ ភិក្ខុដែលនៅ​បរិវាស​តបថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុនោះ​និយាយថា នែអាវុសោ លោក​ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នេះ ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកឧបនន្ទនោះ​បាន​ប្រាប់​ខ្ញុំថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំ​ប្រាប់ដល់​អ្នកណាឡើយ។ ភិក្ខុដែល​នៅបរិវាសនោះ​និយាយ​ថា នែអាវុសោ អ្នកបិទ​បាំង​អាបត្តិ​នោះឬអ្វី។ ភិក្ខុ​នោះ​ប្រាប់ថា យ៉ាងហ្នឹងហើយ អាវុសោ។ លំដាប់នោះឯង ភិក្ខុនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុកាល​ដឹងហើយ មិនគួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​ផងគ្នាសោះ។បេ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងកាលដឹងហើយ បិទបាំង​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​ផងគ្នា ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស​​ អ្នកឯងកាលបើដឹង​ហើយ មិនគួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់ភិក្ខុ​ផងគ្នាទេ នែមោឃបុរស អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ កាល​ដឹងហើយ បិទបាំង​ទុកនូវ​អាបត្តិ​អាក្រក់​របស់ភិក្ខុ​ផងគ្នា​ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។

[២៦៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​។ ពាក្យថា ភិក្ខុផងគ្នា បានដល់​ភិក្ខុដទៃ។ ដែលហៅថា ដឹងនោះ គឺភិក្ខុដឹងដោយខ្លួនឯង​ក្តី ពួក​អ្នកដទៃ​ប្រាប់ភិក្ខុនោះ​ក្តី ភិក្ខុដែល​ត្រូវអាបត្តិ​នោះប្រាប់​ក្តី។ ដែល​ហៅថា អាបត្តិ​អាក្រក់ បាន​ដល់​អាបត្តិ​បារាជិក​ទាំង៤ផង អាបត្តិ​សង្ឃាទិសេសទាំង១៣ផង។ ពាក្យថា បិទបាំង​ទុក សេចក្តីថា (ភិក្ខុណា) គ្រាន់តែ​ដាក់​ធុរៈថា ភិក្ខុទាំងឡាយដឹង​នូវ​ភិក្ខុនេះហើយ នឹងចោទ នឹងរលឹក នឹង​ជេរ នឹង​ប្រទេច នឹង​បង្អាប់​បង្អោន (ហេតុនោះ) អញ​មិនបាច់​ប្រាប់ឡើយ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។

[២៦៤] អាបត្តិអាក្រក់(ធ្ងន់) ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ហើយបិទបាំងទុក ត្រូវ​អាបត្តិ​បាចិត្តិយ។ អាបត្តិអាក្រក់ ភិក្ខុ​សង្ស័យ ហើយបិទបាំងទុក ត្រូវ​អាបត្តិទុក្កដ។ អាបត្តិ​អាក្រក់ ភិក្ខុសំគាល់ថាមិនមែនអាបត្តិអាក្រក់ (ស្រាល) ហើយបិទ​បាំងទុក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​បិទបាំង​អាបត្តិ​មិនអាក្រក់ទុក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបិទបាំង​សេចក្តី​ប្រព្រឹត្តល្មើស​អាក្រក់ (ធ្ងន់)ក្តី មិនអាក្រក់​ (ស្រាល)ក្តី របស់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អាបត្តិ​មិនអាក្រក់ ភិក្ខុសំគាល់ថា​អាបត្តិ​អាក្រក់ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុមាន​សេចក្តីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិ​មិនអាក្រក់ ភិក្ខុសំគាល់​ថាអាបត្តិ​មិនអាក្រក់ ត្រូវ​អាបត្តិទុក្កដ។

[២៦៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនប្រាប់​ដោយគិត​ថា សេចក្តី​បង្កហេតុក្តី ជំលោះក្តី ប្រកួតប្រកាន់ក្តី វិវាទក្តី នឹងមាន​ដល់សង្ឃ១ ភិក្ខុ​មិនប្រាប់​ដោយ​គិត​ថា សង្ឃ​នឹង​បែក​បាក់ ឬសង្ឃ​នឹង​ប្រេះឆា១ ភិក្ខុមិន​ប្រាប់​ដោយគិតថា ភិក្ខុនេះ កាច​អាក្រក់ នឹងធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់ជីវិត ឬនូវ​សេចក្តី​អន្តរាយ​ដល់​ព្រហ្មចារ្យ១ ភិក្ខុ​មិនឃើញ​ភិក្ខុ​ទាំងឡាយ​ដទៃ​ដ៏សមគួរ​ (នឹងប្រាប់) ហើយខានប្រាប់១ ភិក្ខុ​មិនប្រាថ្នា​នឹង​បិទបាំង ហើយ​មិនទាន់​បាន​ប្រាប់១ ភិក្ខុ​មិនប្រាប់​ដោយ​សង្ឃឹមថា ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​នោះ នឹង​ប្រាកដ​ដោយកម្ម​ជារបស់​ខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[២៦៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង កូនក្មេងទាំងឡាយ​មានពួក​១៧នាក់ ជាសំឡាញ់​នឹងគ្នានៅ​ក្នុង​ក្រុងរាជគ្រឹះ។ ក្មេង​ឈ្មោះ​ឧបាលិ​ជាប្រធាន​នៃ​ក្មេង​ទាំងនោះ។ លំដាប់​នោះឯង មាតាបិតា​ឧបាលិកុមារ​បានគិត​គ្នាដូច្នេះថា កាល​បើ​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅ​សប្បាយផង មិនលំបាកផង ដោយឧបាយ​ដូចម្តេចហ្ន៎។ មាតាបិតា​របស់ឧបាលិកុមារ​បានគិតគ្នា ក្នុងរឿងនេះទៀតថា បើឧបាលិរៀន​សរសេរ​អក្សរ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់នៅ​សប្បាយ​​ផង មិនលំបាក​ផង ដោយប្រការដូច្នេះ។ មាតាបិតា​របស់ឧបាលិកុមារ បានគិត​គ្នា​ (ថែម)​ ក្នុងរឿង​នេះថា បើឧបាលិ​នឹង​រៀន​សរសេរ​អក្សរ ម្រាមដៃ​នឹងរួយ បើឧបាលិ​រៀន​រាប់ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅសប្បាយផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។ ទើប​មាតាបិតា​របស់ឧបាលិកុមារ បានគិត​គ្នាទៅទៀតថា បើឧបាលិ​នឹង​រៀន​រាប់ ​នឹងលំបាក​ដល់​ទ្រូង បើឧបាលិ​រៀនមើលរូបនិមិត្ត ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅជាសុខផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។ មាតាបិតា​ឧបាលិ​បានគិតគ្នា​ក្នុងរឿង​នេះ​ទៀត​ថា បើ​ឧបាលិ​​រៀនមើលរូបនិមិត្ត ភ្នែករបស់​ឧបាលិនោះ​នឹង​លំបាក ឃើញ​តែ​ពួក​សមណៈ ជាសក្យបុត្រ​នេះ មានសីល​ជាសុខ មានសេចក្តី​ប្រព្រឹត្ត​ល្អ​ជាសុខ ឆាន់​ចង្ហាន់ល្អ សិង​លើសំណិង​ដែល​ខ្យល់​មិនបានចូលទៅ  បើឧបាលិ​បួសក្នុងសំណាក់​សមណៈទាំងឡាយ ជាសក្យបុត្រ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅជាសុខផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។

[២៦៧] ទារកឈ្មោះឧបាលិ បានស្តាប់​ពាក្យ​មាតាបិតា​ចរចាគ្នាយ៉ាងនេះហើយ។ ទើប​ឧបាលិ​ទារក ចូលទៅរកពួកក្មេង​ទាំងនោះ លុះ​ចូលទៅហើយ បាននិយាយ​ពាក្យនេះ​នឹង​ពួក​ក្មេង​ទាំងនោះថា នែអ្នកទាំងឡាយ ពួក​អ្នកចូរមក      យើងនឹង​ទៅបួស​ក្នុងសំណាក់​សមណៈ​ទាំងឡាយ ជាសក្យបុត្រ។ ក្មេង​ទាំងនោះ​និយាយ​ថា នែអ្នក​ បើអ្នក​នឹងបួស យើង​នឹង​បួស​យ៉ាងហ្នឹង​ដែរ។ ទើប​ក្មេង​ទាំងនោះ​ចូល​ទៅរក​មាតាបិតា​រៀង​រាល់ខ្លួន ហើយបាន​និយាយ​ពាក្យនេះថា សូម​លោក​ម្តាយ លោកឪពុក​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ចេញពីផ្ទះ​ទៅបួស ក្នុងព្រះពុទ្ធ​សាសនា។ ទើប​មាតាបិតា​ក្មេង​ទាំងនោះក៏​បានអនុញ្ញាតដោយ​គិតឃើញថា ក្មេង​ទាំងអស់​នេះ​មាន​ចំណង់​ស្មើគ្មា មាន​សេចក្តី​ប្រាថ្នាល្អ។ ពួកក្មេង​ទាំងនោះ​ចូលទៅរក​ភិក្ខុទាំងឡាយ​ហើយសូមបព្វជ្ជា។ ភិក្ខុ​ទាំងនោះ​ក៏​បាន​ឲ្យ​បព្វជ្ជា​ឧបសម្បទា។ ពួកភិក្ខុ (បួសថ្មី) នោះ ក្រោកឡើង​ក្នុងរាត្រី​សម័យ​ជិត​ភ្លឺ​ហើយយំ​ទារ​ថា អ្នកទាំងឡាយចូរ​ឲ្យ​បបរ ចូរឲ្យបាយ ចូរឲ្យ​ខាទនីយៈ (នំចំណី)។ ភិក្ខុទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​អាវុសោ អ្នកទាំងឡាយ​ចូរបង្អង់ចាំ​ភ្លឺសិន បើមានបបរ អ្នកទាំងឡាយ​នឹង​បាន​ហុត​បបរ បើ​មាន​បាយ អ្នកទាំងឡាយ​នឹង​បានឆាន់ បើខាទនីយៈ​មាន ពួកអ្នក​នឹង​បាន​ទំពា បើបបរ ឬបាយ​ ឬខាទនីយៈគ្មាន​ទេ ពួកអ្នក​នឹង​ត្រាច់ទៅបិណ្ឌបាត​ហើយឆាន់។ ពួកភិក្ខុក្មេង​ទាំងនោះ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះក៏ដោយ នៅតែយំ​ទារថា អ្នកទាំងឡាយ​ចូរឲ្យ​បបរ ចូរឲ្យ​បាយ ចូរ​ឲ្យ​ខាទនីយៈ ជុះដាក់សេនាសនៈខ្លះ នោមដាក់ខ្លះ។

[២៦៨] ព្រះដ៏មានព្រះភាគ​ទ្រង់​ក្រោក​ក្នុងរាត្រី​សម័យ​ជិត​ភ្លឺ​បានឮ​សម្លេង​ក្មេង លុះ​ឮ​ហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា ម្នាល​អានន្ទ សម្លេង​នោះជា​សម្លេង​ក្មេងឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ​ក្រាបទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរ​ចំពោះ​ភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុទាំងឡាយ ឮថាភិក្ខុ​ទាំងឡាយ​ដឹងហើយ ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មានអាយុ​ខ្វះពី​២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ​ដឹង​ហើយ មិនគួរ​នឹង​ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មានអាយុខ្វះ​ពី២០ឆ្នាំទេ ម្នាល​ភិក្ខុទាំងឡាយ (ធម្មតា) បុគ្គល​មានអាយុ​មិនគ្រប់​២០ឆ្នាំ តែង​មិនធន់ទ្រាំ ត្រជាក់ក្តៅ ឃ្លាន​ស្រេក​សម្ផស្ស​របោម​មូស​ខ្យល់​កំដៅថ្ងៃ​សត្វ​ទីឃជាតិ​ ទាំងឡាយ​នឹងគន្លង​ពាក្យដែល​បុគ្គល​ពោលអាក្រក់ នឹង​គន្លង​ពាក្យអាក្រក់​ដែល​បុគ្គល​នាំមកប្រាប់ និងទុក្ខ​វេទនា​ប្រជុំ​ក្នុង​សរីរៈ​ដ៏ក្លៀវក្លា រឹង អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំ​បង់​នូវជីវិត​ដែល​កើតឡើង​ហើយ ចាត់​ជាអ្នកមាន​ជាតិ​មិនអត់ទ្រាំ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាង​បុគ្គល​មានវស្សា​គ្រប់២០ ទើប​ទ្រាំ​ត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់កំដៅថ្ងៃ សត្វទីឃជាតិទាំងឡាយ នឹង​គន្លង​ពាក្យដែល​បុគ្គល​ពោល​អាក្រក់មានមក នឹងគន្លង​ពាក្យអាក្រក់​ដែល​បុគ្គល​នាំមកប្រាប់ នឹង​ទុក្ខវេទនា​ប្រជុំ​ក្នុងសរីរៈ​ដ៏ក្លៀវក្លា​រឹង​អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំ​បង់​នូវជីវិត​ដែល​កើតឡើង​ហើយ ចាត់ជាអ្នកមានជាតិ​អត់​ទ្រាំបាន ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា ដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាលដឹងហើយ ឲ្យឧបសម្បទាដល់​បុគ្គល​ដែល​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ បុគ្គល​ដែល​មានអាយុ​មិនទាន់​គ្រប់២០ឆ្នាំ​នោះ ក៏នៅ​ជាអនុបសម្បន្នដដែល ចំណែក​ភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញ​គប្បីតិះដៀល នេះជា​អាបត្តិ​បាចិត្តិយ ក្នុងរឿងនោះ។

[២៦៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុនោះដឹង​ដោយខ្លួនឯងក្តី ពួកភិក្ខុដទៃ​ប្រាប់ដល់​ភិក្ខុនោះក្តី កុលបុត្រ​ដែល​នឹង​ឧបសម្បទា​នោះប្រាប់ក្តី។ បុគ្គល​ដែលមានវស្សាមិនទាន់​ដល់២០ឆ្នាំ ហៅថា មានវស្សា​មិនទាន់​គ្រប់២០ឆ្នាំ។ ភិក្ខុគិតថា​ អញនឹង​ឲ្យ​ឧបសម្បទា ហើយស្វែង​រកគណៈ​សង្ឃក្តី អាចារ្យ​ក្តី បាត្រក្តី ចីវរក្តី សន្មតសីមា (ថ្មី)ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវ​អាបត្តិ​ទុក្កដ ក្នុងខណៈ​ចប់ញត្តិ។ ភិក្ខុ​ត្រូវ​អាបត្តិ​ទុក្កដ​ទាំងឡាយ ក្នុងខណៈ​ចប់កម្មវាចាពីរដង។ ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ​ គណៈ​សង្ឃ​នឹង​អាចារ្យ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់​កម្មវាចាស្រេច។

[២៧០] កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុសំគាល់ថាមានវស្សាមិនគ្រប់២០ ហើយឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​បាចិត្តិយ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុមានសេចក្តី​សង្ស័យ ហើយឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​ទុក្កដ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុ​សំគាល់​ថាមាន​វស្សាគ្រប់២០ ហើយឲ្យ​ឧបសម្បទា មិនត្រូវ​អាបត្តិ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុ​សំគាល់ថា មានវស្សាមិនគ្រប់​២០ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុ​សំគាល់ថា មានវស្សាគ្រប់​២០ មិនត្រូវអាបត្តិ។

[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុសំគាល់​បុគ្គល​ដែល​មាន​វស្សា​មិនទាន់គ្រប់​២០ ថាមានវស្សា​គ្រប់​២០ ហើយឲ្យ​ឧបសម្បទា១ ភិក្ខុ​សំគាល់​បុគ្គល​ដែល​មាន​វស្សា​គ្រប់​២០ថាមានវស្សាគ្រប់​២០​ ហើយឲ្យ​ឧបសម្បទា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[២៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង មានពួកឈ្មួញរទេះ​១ពួក មានសេចក្តី​ប្រាថ្នា​ចេញពី​ក្រុង​រាជគ្រឹះ ហើយទៅ​កាន់ប្រទេស​ឈ្មោះ​បដិយាលោក។ ភិក្ខុ១រូប​បាននិយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងនោះ​ថា អាត្មានឹង​ទៅជាមួយ​នឹង​អ្នកដ៏​មានអាយុ​ទាំងឡាយដែរ។ ពួក​មនុស្ស​ទាំងនោះ​និយាយ​វិញថា សូមទាន ពួក​យើង​នឹង​គេចវាង​ឲ្យរួច​ពន្ធ​ទេតើ។ ភិក្ខុ​នោះ​និយាយ​ថា នែ​អ្នក​ដ៏មានអាយុ​ទាំងឡាយ អ្នកទាំងឡាយ​ចូរ​ដឹង​ចុះ។ ពួកអ្នក​ធ្វើ​ការគយ​បានឮគេ​និយាយ​ថា ពួក​ឈ្មួញ​នឹង​គេច​វាង​ឲ្យ​រួចពន្ធ ហើយចាំ​ស្កាត់​ពួក​មនុស្ស​ទាំងនោះ​ក្នុងផ្លូវ។ ឯពួក​អ្នក​ធ្វើការ​គយ​នោះ ក៏ចាប់​រឹប​យកពួកឈ្មួញ​រទេះ​នោះ ហើយបាន​និយាយ​ពាក្យនេះ​នឹងភិក្ខុ​នោះថា ទានប្រោស លោក​ដឹងហើយ ហេតុអ្វី​បានជាទៅជាមួយ​នឹងពួកឈ្មួញ​រទេះ​ដែល​គេចវាង​ឲ្យរួច​ពន្ធ ថាដូច្នោះ​ហើយ ក៏ចាប់ឃាត់​ភិក្ខុ​នោះទុក ហើយលែងទៅ។ លំដាប់នោះឯង ភិក្ខុនោះទៅ​កាន់​ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុដឹង​ហើយ មិនគួរ​នឹង​បបួល​គ្នា​ដើរ​ទៅកាន់​ផ្លូវឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយពួកឈ្មួញ​គេច​វាង​ឲ្យរួចពន្ធ​សោះ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់សួរថា នែភិក្ខុ ឮថា អ្នកដឹងហើយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយពួក​ឈ្មួញដែល​គេចវាង​ឲ្យរួច​ពន្ធ ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹង​ហើយ មិនគួរ​នឹងបបួល​គ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយពួកឈ្មួញ​ដែលគេច​វាង​ឲ្យរួចពន្ធ​ទេ នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយដឹងហើយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយ​ពួក​ឈ្មួញ​ជាចោរ ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។

[២៧៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹង​ដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់​ភិក្ខុនោះក្តី ពួកឈ្មួញ​នោះប្រាប់ក្តី។ ដែលហៅថាពួក​ឈ្មួញ​ជាចោរ គឺពួកចោរ​ដែល​ធ្វើការ (លួច) ហើយក្តី មិនបាន​ធ្វើការ​(លួច)​ហើយក្តី ដល់នូវ​កិរិយាលួច​(របស់)​ស្តេចក្តី គេចវាង​ឲ្យរួច​ពន្ធក្តី។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួល គឺភិក្ខុ​នឹង​ឈ្មួញ​បបួលគ្នាថា នែអាវុសោ យើងនឹងទៅ បពិត្រ​លោកដ៏​ចំរើន យើង​នឹងទៅ បពិត្រ​លោកដ៏ចំរើន យើងនឹងទៅ នែអាវុសោ យើងនឹងទៅ យើងនឹង​ទៅ​ក្នុងថ្ងៃ​នេះក្តី ស្អែក​ក្តី ខានស្អែកក្តី ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ សេចក្តីថា ភិក្ខុដើរទៅក្នុងស្រុក​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​ដើរ​ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។

[២៧៤] ពួកឈ្មួញដែល​ជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញ​ជាចោរ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពួកឈ្មួញដែល​ជាចោរ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​ទុក្កដ។ ពួកឈ្មួញដែល​ជាចោរ ភិក្ខុសំគាល់ថាមិនមែនពួកឈ្មួញ​ជាចោរ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ មិនត្រូវ​អាបត្តិ។ ភិក្ខុបបួល តែមនុស្ស​ទាំងឡាយ​មិនបបួល (ភិក្ខុនោះ)​ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសំគាល់​ថាពួកឈ្មួញ​ជាចោរ ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសំគាល់​ថាពួកឈ្មួញមិនមែន​​ជាចោរ មិនត្រូវអាបត្តិ​។

[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មនុស្ស​ទាំងឡាយ​បបួល ភិក្ខុ​មិនបបួល១ ភិក្ខុទៅ​ដោយ​ខុស​សង្កេត​១ ភិក្ខុទៅ​ព្រោះ​មាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុ១រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុងកោសលជនបទ បានចេញ​ទៅតាម​ទ្វារមួយ។ ស្រី១នាក់​ឈ្លោះនឹងប្តី ហើយចេញ​ពីស្រុកទៅ ឃើញ​ភិក្ខុ​នោះ​ហើយ បាននិយាយ​ពាក្យនេះថា បពិត្រ​លោកម្ចាស់ លោកម្ចាស់​នឹងទៅទីណា។ ភិក្ខុ​នោះនិយាយថា នែ​នាង អាត្មា​នឹង​ទៅក្រុង​សាវត្ថី។ ស្រីនោះ​និយាយ​ថា ខ្ញុំម្ចាស់​នឹង​ទៅជាមួយ​លោកម្ចាស់​ដែរ។ ភិក្ខុ​នោះ​ឆ្លើយ​ថា មកចុះនាង។ ខណៈនោះឯង ប្តីនៃ​ស្រីនោះចេញពីស្រុក​ទៅ ហើយ​សួរ​មនុស្ស​ទាំងឡាយថា នែ​អ្នកទាំងឡាយ អ្នកទាំងឡាយ​បានឃើញ​ស្រីមាន​រូបរាង​យ៉ាងនេះ​ទេ។ គេប្រាប់​ថា នែអ្នក ស្រីនោះទៅ​ជាមួយ​នឹងអ្នកបួស​ទៅហើយ។ ទើប​បុរស​នោះ​ទៅតាម​ចាប់​ភិក្ខុនោះ វាយ ​ហើយលែងទៅ។ ភិក្ខុនោះ​ទ្រម​គ្រាំគ្រាអង្គុយ​នៅក្បែរ​គល់ឈើ១ដើម​ក្នុងកាលនោះ។ ឯស្រី​នោះ បាននិយាយ​ពាក្យនេះ​នឹង​បុរស​នោះថា នែអ្នក ភិក្ខុ​នោះ​មិនមែន​បបួល​ណែនាំខ្ញុំ​មកទេ តែថា ខ្ញុំ​ឯងទៅ​ជាមួយ​នឹង​ភិក្ខុនោះទេតើ ភិក្ខុនោះ​មិនមែន​ជាអ្នក​ធ្វើ (សេចក្តី​ខុស)​ទេ អ្នក​ចូរ​ទៅឲ្យ​ភិក្ខុ​នោះ​អត់​ទោសទៅ។ ទើបបុរសនោះ​សូមទោស​នឹងភិក្ខុ​នោះ។ លំដាប់នោះ ភិក្ខុនោះ​ទៅកាន់​ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរ​នឹង​បបួល​គ្នា​ ហើយដើរ​​ផ្លូវឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយមាតុគ្រាម​សោះ។បេ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ ឮថា អ្នកឯងបបួលគ្នា ហើយ​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយមាតុគ្រាម ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរ​នឹងបបួល​គ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយមាតុគ្រាមទេ។ នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយមាតុគ្រាម ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។

[២៧៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាមាតុគ្រាម សំដៅ​យកមនុស្ស​ស្រី មិនសំដៅ​យក​យក្សស្រី ប្រេតស្រី តិរច្ឆាន​ញីទេ មនុស្ស​ស្រីនោះតោង​ជាអ្នក​ដឹងក្តី​អាចដឹងសព្វ នូវពាក្យ​ដែលគេ​ពោល្អ​ ពោល​អាក្រក់ ពាក្យទ្រគោះ មិនមែន​ពាក្យ​ទ្រគោះ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួលគ្នា គឺ​ភិក្ខុ​ និងមាតុគ្រាម​បបួលគ្នាថា នែនាង យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ លោកម្ចាស់ យើងនឹង​ទៅ​ នែនាង យើងនឹងទៅ យើងនឹងទៅថ្ងៃនេះ ថ្ងៃស្អែក ឬខានស្អែក ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ គឺភិក្ខុទៅក្នុងស្រុក​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​ដើរ​ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។

[២៧៨] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សង្ស័យ ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុបបួល មាតុគ្រាមមិនបបួល ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបបួលដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយយក្សស្រី ប្រេតស្រី មនុស្ស​ខ្ទើយ និងតិរច្ឆានញី​មានរាងដូចមនុស្ស ដោយហោចទៅ សូម្បី​ចន្លោះស្រុកមួយ ត្រូវអាបត្តិ​ទុក្កដ។ ​មិនមែនមាតុគ្រាម​ ភិក្ខុសំគាល់​ថាមាតុគ្រាម ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិនមែនមាតុគ្រាម ភិក្ខុសំគាល់​ថា មិនមែនមាតុគ្រាម មិនត្រូវអាបត្តិ​។

[២៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មាតុគ្រាមបបួល ភិក្ខុ​មិនបបួល១ ភិក្ខុទៅ​ដោយ​ខុស​សង្កេត១ ភិក្ខុទៅ​ព្រោះ​មាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[២៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះ​អរិដ្ឋ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា តែង​ធ្វើ​នូវសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយប្រការ​ដូច្នោះ។ ភិក្ខុ​ជាច្រើនរូប​បានឮ​ពាក្យនោះថា ឮថា ភិក្ខុឈ្មោះ​អរិដ្ឋ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយប្រការ​ដូច្នោះ។ ទើប​ភិក្ខុទាំងនោះ ចូលទៅរក​អរិដ្ឋ​ភិក្ខុជាកូន​នៃត្រកូលអ្នកសម្លាប់ត្មាតនោះ លុះចូល​ទៅហើយ បាន​និយាយ​ពាក្យនេះ​នឹង​អរិដ្ឋ​ភិក្ខុជាកូន​នៃ​ត្រកូល​អ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នក​មាន​​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មាន​ព្រះភាគ​សំដែងហើយ​ថា តែង​ធ្វើ​នូវសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ ​ដោយប្រការ​ដូច្នោះ មែនឬ។ អរិដ្ឋ​ភិក្ខុឆ្លើយថា នែអាវុសោ ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ថា តែង​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ ​ដោយប្រការ​ដូច្នោះ។ ភិក្ខុទាំងឡាយ​និយាយ​ថា នែអាវុសោ​អរិដ្ឋ អ្នកចូរ​កុំ​និយាយ​យ៉ាងហ្នឹង អ្នកកុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏មានព្រះភាគ ​មិនល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគ​មិនបាន​ត្រាស់ថាយ៉ាងនេះទេ នែអាវុសោ​អរិដ្ឋ ធម៌​ទាំងឡាយដែល​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះសោត អាចធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេពពិតមែន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានសេចក្តី​រីករាយតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាមទាំងឡាយ​នេះ​មានច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាង​ឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាម​ទាំងឡាយ​នេះ​មាន​ច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានឧបមាដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើង​ធ្វើពីស្មៅ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន។ អរិដ្ឋភិក្ខុ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត ទុកជា​ភិក្ខុទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ ក៏នៅ​តែប្រកាន់​ទិដ្ឋិ​លាមក​នោះ​ដោយសេចក្តី​ប្រកាន់មាំ​ដោយកំលាំង ហើយពោលយ៉ាង​នោះ​ដដែលថា នែអាវុសោ ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថាធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព ដោយប្រការ​ណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុទាំងឡាយ​នោះ មិនអាច​ដោះ​ភិក្ខុ​ឈ្មោះ​អរិដ្ឋ​ជាកូន​នៃត្រកូល​អ្នកសម្លាប់ត្មាត​ចេញ​ពីទិដ្ឋិ​អាក្រក់យ៉ាង​នេះក្នុងកាលណា ភិក្ខុ​ទាំងឡាយ​នោះ​ក៏ចូលទៅគាល់​ព្រះដ៏មានព្រះភាគ​ក្នុងកាលនោះឯង លុះចូល​ទៅហើយ ក៏​ក្រាបទូល​ដំណើរ​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះ​ភាគទ្រង់​ឲ្យប្រជុំ​ភិក្ខុសង្ឃ​ ហើយ​ត្រាស់សួរចំពោះ​អរិដ្ឋ​ភិក្ខុ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់ត្មាតថា នែអរិដ្ឋ ឮថា អ្នកមានទិដ្ឋិអាក្រក់​មានសភាព​យ៉ាងនេះ​កើតឡើង​ដូច្នេះថា ធម៌ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ថាធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ ពិតមែនឬ។ អរិដ្ឋភិក្ខុក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ធម៌ទាំងឡាយ​ណា​ដែល​​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថា ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើនូវ​សេចក្តី​​អន្តរាយ​ដល់​អ្នកសេព ដោយប្រការណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​​ដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះឯង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ មកពីអ្នកណា នែ​មោឃបុរស ធម៌​ធ្វើសេចក្តីអន្តរាយ​ តថាគត​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះ​សោត អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព​បានពិតមែន តថាគត​សំដែង​ហើយថា កាម​ទាំងឡាយ​មានសេចក្តី​រីករាយតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាងឆ្អឹង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយដុះសាច់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងធ្វើ​ពីស្មៅ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះមានច្រើន នែមោឃបុរស កាលបើ​ហេតុ​មាន​ទំនង​យ៉ាងនេះ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង ជីកគាស់​ខ្លួន​ឯងផង បានបាបជាច្រើន​ផង ដោយទិដ្ឋិ​ដែលខ្លួន​ប្រកាន់ខុស នែមោឃបុរស ព្រោះថាទិដ្ឋិ​របស់អ្នកឯងនោះ នឹងប្រព្រឹត្ត​ទៅ​ដើម្បី​ទោស មិនមែនជា​ប្រយោជន៍ និងទុក្ខ​អស់កាល​ជាអង្វែង នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ ពោល​យ៉ាងនេះថា ធម៌ទាំងឡាយ​ណា​តែង​ធ្វើ​នូវសេចក្តី​អន្តរាយ​ដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ ដោយប្រការយ៉ាងណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌​ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ ដោយប្រការ​យ៉ាងនោះ។ ភិក្ខុនោះ គឺ​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះថា លោកដ៏មាន​អាយុ លោក​ចូរ​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែអាវុសោ ធម៌​ទាំងឡាយ​តែង​ធ្វើនូវ​សេចក្តី​អន្តរាយ​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយា​យជាច្រើន ធម៌ទាំង​ឡាយ​នោះ​អាចធ្វើ​នូវសេចក្តី​អន្តរាយដល់​អ្នកសេពមែន។ ឯភិក្ខុនោះ កាលដែល​ភិក្ខុទាំងឡាយ​ពោល​យ៉ាងនេះហើយ ក៏​នៅតែ​ប្រកាន់​មាំ​យ៉ាងនោះដដែល ភិក្ខុនោះ​ត្រូវ​ភិក្ខុទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈបីដង ដើម្បី​ឲ្យ​លះទិដ្ឋិ​នោះចេញ។ បើភិក្ខុនោះ កាលភិក្ខុ​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈ​បីដង​ ហើយលះបង់​នូវទិដ្ឋិ​នោះបាន។ ការលះបង់​បាននេះ ជាការ​ល្អ បើភិក្ខុ​នោះ​មិនលះបង់​ទេ ត្រូវអាបត្តិ​បាចិត្តិយ។

[២៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុនោះពោលយ៉ាងនេះ គឺភិក្ខុនោះពោលថា ធម៌​ទាំងឡាយណា​ដែលព្រះដ៏​មានព្រះភាគ​សំដែង​ហើយថា ធ្វើសេចក្តី​អន្តរាយ​ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏​មានព្រះភាគ​សំដែង​ហើយ ដោយប្រការ​ដូច្នោះ។

[២៨២] ពាក្យថា ភិក្ខុនោះ គឺភិក្ខុ​ដែលនិយាយ​យ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយ​ណាឃើញ ភិក្ខុទាំងឡាយ​ណាឮ ភិក្ខុទាំងឡាយ​នោះ ត្រូវ​និយាយ​ឲ្យភិក្ខុ​ដែលមាន​ទិដ្ឋិ​អាក្រក់​នោះថា នែលោកដ៏មាន​អាយុ លោក​កុំនិយាយ​យ៉ាងហ្នឹង កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគយ៉ាងហ្នឹង ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ ម្នាលអាវុសោ ធម៌​ទាំងឡាយ​​ធ្វើនូវ​សេចក្តី​អន្តរាយ​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយាយ​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​បុគ្គលអ្នកសេពមែន។ ភិក្ខុទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ឲ្យភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះ​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​ឲ្យ​អស់វារៈ​បីដងផង។ បើភិក្ខុនោះ​លះបង់បាន ការលះ​បង់​បាននេះ​ជាការ​ល្អ បើមិនលះ​បង់ទេ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយ​ឮហើយ មិននិយាយ​ប្រដៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយ​ត្រូវទាញ​ភិក្ខុនោះ​មក​កាន់ទី​កណ្តាល​សង្ឃ ហើយនិយាយ​ប្រដៅ​ថា លោកដ៏មាន​អាយុ លោក​​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែអាវុសោ ធម៌​ទាំងឡាយ​តែង​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយាយ​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​អ្នកសេពមែន។ ភិក្ខុទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះ​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​​អស់វារៈ​បីដងផង។ បើភិក្ខុ​នោះលះបង់បាន ការលះបង់​បាននេះ ជាការ​ល្អ បើ​មិន​លះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[២៨៣] ភិក្ខុនោះ​ត្រូវភិក្ខុ​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងឡាយ​ត្រូវសូត្រ​សមនុភាសនកម្ម​ (ដល់​ភិក្ខុមាន​ទិដ្ឋិអាក្រក់) យ៉ាងនេះ។ ភិក្ខុ​ដែល​ឈ្លាស​ អង់​អាច ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ថា ធ្វើសេចក្តី​អន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះ។ បើកម្ម​មានកាល​គួរ​ដល់​សង្ឃហើយ សង្ឃ​គប្បីសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ។ នេះជាញត្តិ។  បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ថា ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​​នោះ មិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះ។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ គួរ​ដល់​លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះអស់​វារៈ​ពីរដងផង។បេ។ ខ្ញុំ​ប្រកាស​សេចក្តី​នេះអស់​វារៈ​បីដងផង។ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ហើយថា ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​​នោះ មិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មាន​ព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះទេ។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះហើយ។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ គួរ​ដល់​លោកដ៏​មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវនិយាយ​ឡើង។ សង្ឃ​សូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះ​នេះ​ដើម្បី​ឲ្យលះបង់​ទិដ្ឋិ​នោះហើយ។ ការសូត្រសមនុភាសនកម្មនេះ គួរ​ដល់សង្ឃ ហេតុនោះ​សង្ឃ​ស្ងៀម។ ខ្ញុំ​ចាំទុក​នូវសង្ឃកម្ម​នេះ​ដោយអាការស្ងៀម​នៅយ៉ាងនេះ។

[២៨៤] ភិក្ខុត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈ​ចប់ញត្តិ។ ភិក្ខុត្រូវអាបត្តិ​ទុក្កដទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរ (លើក)។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយ ក្នុងខណៈ​ចប់កម្ម​វាចា​ស្រេច។

[២៨៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ តែមិនលះបង់ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ តែមិនលះបង់ ត្រូវ​អាបត្តិបាចិត្តិយ។  កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ត្រូវ​អាបត្តិទុក្កដ។

[២៨៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺសង្ឃ​មិនសូត្រ​សមនុភាសនកម្ម១ ភិក្ខុលះបង់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[២៨៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ មិនបាន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះចេញ។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងហើយ មិនគួរ​នឹងបរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ ជាអ្នកមិន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយ​ដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ ជាអ្នកមិនបាន​ធ្វើ​តាម​ធម៌ ជាអ្នកមិនលះបង់​ទិដ្ឋិនោះចេញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ដឹងហើយ មិនគួរ​នឹង​ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ មិន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះទេ នែមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយដឹងហើយ បរិភោគរួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ជាមួយ​នឹងភិក្ខុ​ដែល​មានប្រក្រតីពោល​យ៉ាងនោះ ជាអ្នកមិន​ធ្វើ​តាម​ធម៌ ជាអ្នកមិនលះបង់​ទិដ្ឋិនោះ ត្រូវអាបត្តិបាចិត្តិយ។

[២៨៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ដែលហៅថា ដឹង គឺភិក្ខុដឹងដោយ​ខ្លួនឯងក្តី ពួកភិក្ខុដទៃ​ប្រាប់​ភិក្ខុនោះក្តី ភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះប្រាប់ក្តី។ ពាក្យថា មានប្រក្រតី​ពោលយ៉ាងនោះ គឺនៅតែនិយាយ​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី អន្តរាយ​ដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​នោះដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុណា​ដែលសង្ឃ​លើក​វត្ត​ ហើយ​សង្ឃ​មិនបាន​ហៅ​ចូលពួក​ទេ ភិក្ខុនោះ ហៅថា​មិនធ្វើតាម​ធម៌។ ពាក្យថា ជាមួយនឹង (ភិក្ខុ) មិនលះបង់​ទិដ្ឋិនោះ គឺ​ជាមួយ​នឹង​(ភិក្ខុ) ដែល​មិនលះបង់​នូវទិដ្ឋិ​នោះឲ្យដាច់​ស្រឡះ។ ពាក្យថា បរិភោគរួមក្តី​ សេចក្តីថា ដែលហៅថា បរិភោគរួម គឺបរិភោគរួម​មានពីរយ៉ាង បរិភោគរួម​ដោយ​អាមិសៈ១ បរិភោគ​រួម​ដោយ​ធម៌១។ ដែលហៅថា បរិភោគរួមដោយអាមិសៈ​នោះគឺ ភិក្ខុ​ឲ្យ​អាមិសៈ (ដល់​ភិក្ខុនោះក្តី) ទទួល​អាមិសៈ​អំពី​ភិក្ខុនោះក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែលហៅថា បរិភោគរួម​ដោយធម៌ គឺភិក្ខុ​សំដែង​ធម៌ (ដល់​ភិក្ខុនោះ)ក្តី ឲ្យ (ភិក្ខុនោះ)​សំដែងធម៌​ឲ្យ​ស្តាប់ក្តី។ ភិក្ខុសំដែង​ធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយបទ ត្រូវអាបត្តិបាចិត្តិយ រាល់ៗបទ។ ភិក្ខុសំដែង​ធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិបាចិត្តិយ រាល់ៗ​អក្ខរៈ។ ពាក្យថា នៅរួមក្តី គឺភិក្ខុ​ធ្វើ​ឧបោសថក្តី បវារណាក្តី សង្ឃកម្មក្តី ជាមួយ​នឹងភិក្ខុ​ដែល​សង្ឃ​លើក​វត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា សម្រេច​ឥរិយាបថ​ដេករួមក្តី គឺកាល​បើភិក្ខុដែល​សង្ឃ​​លើក​វត្ត​បានដេកហើយ ភិក្ខុក៏​ដេក​ក្នុងទីបិទបាំង​ជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើ​ភិក្ខុ​ដេកហើយ ភិក្ខុដែល​សង្ឃ​លើកវត្ត​ក៏ដេកដែរ ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ។ ឬថាភិក្ខុ​ទាំងពីរ​រូប​ដេក (ជាមួយគ្នា) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោក​ឡើង ហើយដេកវិញញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[២៨៩] ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ៗបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានលើកវត្តទេ ហើយបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី មិនត្រូវ​អាបត្តិ។ ភិក្ខុដែល​សង្ឃមិនបានលើកវត្ត ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុដែល​សង្ឃមិនលើកវត្ត ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុដែល​សង្ឃមិនលើកវត្ត ភិក្ខុសំគាល់ថាសង្ឃមិនលើកវត្ត មិនត្រូវ​អាបត្តិ។

[២៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុដឹងថា ភិក្ខុនោះ​សង្ឃ​មិនលើកវត្ត១ ភិក្ខុដឹងថា ភិក្ខុដែល​សង្ឃ​លើកវត្តហើយ ដែលសង្ឃ​បានសូត្រ​ហៅ​ចូល​ពួកវិញ១ ភិក្ខុ​ដឹងថា ភិក្ខុ​ដែល​សង្ឃ​លើកវត្ត​ហើយ ៗបានលះបង់​ទិដ្ឋិ​នោះចេញ​ហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[២៩១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង សមណុទ្ទេស​ឈ្មោះកណ្ឌកៈ មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពនោះទេ។ ភិក្ខុ​ជាច្រើន​បានឮ​ដំណឹងថា សមណុទ្ទេសឈ្មោះ​កណ្ឌកៈ មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ។ ទើប​ភិក្ខុទាំងឡាយនោះចូលទៅរក​សមណុទ្ទេ​ឈ្មោះ​កណ្ឌកៈ លុះចូល​ទៅហើយ បាន​និយាយ​ពាក្យនេះ​នឹង​កណ្ឌកសមណុទ្ទេសថា នែអាវុសោកណ្ឌកៈ ឮថា អ្នកឯង​មាន​​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មាន​ព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ ពិតមែន​ឬ។ កណ្ឌកៈសមណុទ្ទេសឆ្លើយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណាដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងយ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេព ពិតមែន។ ភិក្ខុទាំងឡាយ​និយាយ​ថា នែអាវុសោ​កណ្ឌកៈ អ្នក​កុំ​និយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏មានព្រះភាគ ​មិនល្អទេ ព្រះដ៏មាន​ព្រះភាគ​​មិនបាន​ត្រាស់ថាយ៉ាងនេះទេ នែអាវុសោ​កណ្ឌកៈ ធម៌​ទាំងឡាយ​ធ្វើ​សេចក្តី​អន្តរាយ​ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះ អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពមែន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានសេចក្តី​សុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាមទាំងឡាយ​នេះ​មានច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាង​ឆ្អឹង។បេ។ ព្រះដ៏មានព្រះភាគ​សំដែងហើយថា កាមទាំងឡាយ​មានឧបមាដោយដុំសាច់។បេ។ ព្រះដ៏​មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងដែល​​ធ្វើពីស្មៅ។បេ។ ព្រះដ៏​មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះ​ភាគ​​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន។ សមណុទ្ទេសកណ្ឌកៈ កាលដែល​ភិក្ខុ​ទាំងឡាយ​ពោលយ៉ាងនេះ ក៏នៅប្រកាន់​ទិដ្ឋិ​អាក្រក់​នោះ​ដោយសេចក្តី​ប្រកាន់ដ៏មាំ ហើយ​ពោល​យ៉ាង​​នោះ​ដដែលថា បពិត្រលោកដ៏ចំរើន ខ្ញុំដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែង​ហើយ​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថាជាធម៌ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ។ ភិក្ខុទាំងឡាយ​នោះ មិនអាច​នឹងដោះ​សមណុទ្ទេសឈ្មោះកណ្ឌកៈ​​ចេញ​ពីទិដ្ឋិ​អាក្រក់នោះ​ក្នុងកាលណា ភិក្ខុ​ទាំងឡាយ​នោះ​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ​ក្នុងកាលនោះ លុះចូល​ទៅហើយ ​ក្រាបទូល​សេចក្តី​​នុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះ​ភាគ​ឲ្យប្រជុំ​ភិក្ខុសង្ឃ​ ហើយ​ត្រាស់សួរចំពោះកណ្ឌក​សមណុទ្ទេសក្នុងពេលនោះថា នែកណ្ឌកៈ ឮថា អ្នកឯងមានទិដ្ឋិអាក្រក់​មានសភាព​យ៉ាងនេះ​កើតឡើង​(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​ព្រះ​ដ៏មានព្រះភាគ​សំដែងហើយ គឺធម៌ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ថា ជាធម៌ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ ពិត​មែន​ឬ។ កណ្ឌកសមណុទ្ទេសនោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយយ៉ាងនេះថា ធម៌ទាំងឡាយ​ណា​ដែល​​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថា ជាធម៌ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​​អន្តរាយ​ដល់​បុគ្គលអ្នកសេពពិតមែន។ ព្រះដ៏មានព្រះភាគ​​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌​ដែលតថាគតសំដែងហើយយ៉ាងនេះ អំពីបុគ្គលណាមក នែ​មោឃបុរស ធម៌ទាំងឡាយ​ដែល​ធ្វើសេចក្តីអន្តរាយ​ តថាគត​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ក៏ធម៌​ទាំងឡាយ​នោះ​ អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន) តថាគត​សំដែង​ហើយថា កាម​ទាំងឡាយ​មានសេចក្តី​សុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាងឆ្អឹង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយដុះសាច់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងធ្វើ​ដោយស្មៅ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះមានច្រើន នែមោឃបុរស កាលបើ​ដូច្នោះហើយ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង គាស់កកាយ​ខ្លួន​ឯងផង សោយបាបជាច្រើន​ផង ព្រោះទិដ្ឋិ​ដែលខ្លួន​កាន់យកខុស នែមោឃបុរស ទិដ្ឋិដែលអ្នកឯងកាន់​យក​អាក្រក់នោះ នឹងបង្កទោស​មិនជា​ប្រយោជន៍ ជាទុក្ខ​ដល់អ្នក​ឯងអស់កាល​ជាអង្វែង នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ ម្នាលមោឃបុរស ទិដ្ឋិអាក្រក់​របស់អ្នកឯង​នេះ មានតែ​នាំមិនឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់​ជ្រះថ្លា និងដើម្បីសេចក្តី​រាយមាយ​ដល់មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយផង។ ព្រះដ៏​មានព្រះភាគ​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរញុំាង​កណ្ឌកសមណុទ្ទេស​ឲ្យវិនាស​ចុះ ម្នាលភិក្ខុទាំងឡាយ កណ្ឌកសមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវឲ្យ​វិនាស​យ៉ាងនេះថា នែអាវុសោ​កណ្ឌកៈ កាលមាន​ថ្ងៃនេះជាដើម អ្នក​ឯង​មិនត្រូវ​អាង​ព្រះដ៏​មានព្រះភាគ​អង្គនោះ​ថាជា​សាស្តា​របស់អ្នកឡើយ សមណុទ្ទេស​ទាំងឡាយ​ដទៃ​តែង​បាន​នូវ​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​និងរាត្រី​បី​ជាមួយ​នឹង​ភិក្ខុទាំងឡាយ កិរិយា​ដេក​នៅ​រួម​នោះមិនមាន​ដល់អ្នកទេ នែមនុស្ស​ក្រៅការ អ្នកឯង​ចូរ​ចៀស​ចេញទៅ  អ្នកចូរវិនាស​ទៅ។ ក្នុងកាលនោះឯង សង្ឃ​បាន​ឲ្យ​កណ្ឌកសមណុទ្ទេស​វិនាសហើយ។

[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស​ សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ មិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ មិនគួរនឹង​បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះទេ នែមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា បើសមណុទ្ទេស​ពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់​នូវ​ធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយណា ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ថាជាធម៌​ធ្វើសេចក្តី​អន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើសេចក្តីអន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវនិយាយ​ប្រដៅ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស អ្នកឯង​កុំនិយាយ​យ៉ាងនេះឡើយ អ្នកកុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ មិនល្អទេ ព្រោះ​ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែ​អាវុសោសមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្តី​អន្តរាយ​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយ​បរិយាយជាច្រើន ធម៌ទាំងឡាយនោះ​អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន)។ សមណុទ្ទេស​នោះ កាលដែលភិក្ខុ​ទាំងឡាយ​ពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់​ដដែល សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយត្រូវ​និយាយ​ប្រដៅ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស កាលមាន​ថ្ងៃនេះជាដើម អ្នក​មិនត្រូវ​អាង​ព្រះដ៏​មានព្រះភាគ​នោះ​ថាជា​សាស្តា​របស់អ្នកឡើយ សាមណេរ​ទាំងឡាយ​ដទៃ​តែង​បាន​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​បី​ជាមួយ​នឹង​ភិក្ខុទាំងឡាយ ការ​ដេក​នៅ​រួម​នោះមិនមាន​ដល់អ្នកទេ នែមនុស្ស​ក្រៅការ អ្នក​ចូរ​ចៀស​ចេញទៅ  ចូរវិនាស​ទៅ។ ភិក្ខុណាមួយ​ដឹងថា សមណុទ្ទេស​ដែលសង្ឃ​ឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូល​ក្តី ឲ្យបម្រើ​ក្តី បរិភោគក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។

[២៩៣] ដែលហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ខ្ញុំដឹងច្បាស់នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយណា​ដែលព្រះដ៏​មានព្រះភាគ​សំដែងថា ជាធម៌ធ្វើសេចក្តី​អន្តរាយ​ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។

[២៩៤] ពាក្យថា សមណុទ្ទេសនោះ គឺសមណុទ្ទេស​ដែល​ជាអ្នកពោល​យ៉ាងនេះ​នោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុទាំងឡាយ​ណាឃើញ ភិក្ខុទាំងឡាយ​ណា​ឮ ភិក្ខុទាំងឡាយ​នោះត្រូវពោលនឹងសមណុទ្ទេស​នោះថា នែអាវុសោសមណុទ្ទេស អ្នកកុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះដ៏មានព្រះភាគ​ឡើយ ការពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​មិនសម្រេច​ប្រយោជន៍​ទេ ព្រោះ​ព្រះដ៏មានព្រះភាគ​មិន​ពោលយ៉ាងនេះទេ នែអាវុសោ​សមណុទ្ទេស ធម៌​ទាំងឡាយ ដែល​​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយ​បរិយាយ​​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​បុគ្គលអ្នកសេព(មែន)។ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវពោល​​អស់​វារៈ​ពីរដងផង ត្រូវពោល​​អស់វារៈ​បីដងផង។ បើ​សមណុទ្ទេស​នោះ​លះបង់បាន ការលះ​បង់​បាននេះ​ជាការ​ល្អ បើលះ​បង់មិនបានទេ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវនិយាយ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស កាលមាន​ថ្ងៃនេះជាដើម អ្នក​មិនត្រូវអាង​ព្រះដ៏មានព្រះភាគ​នោះថាជាសាស្តារបស់អ្នកឡើយ សមណុទ្ទេស​ទាំងឡាយ​ដទៃ​ តែងបានការដេកនៅរួមឯណា​អស់​រាត្រីពីរនិង​រាត្រីបី​ជាមួយ​នឹងភិក្ខុទាំងឡាយ ការ​ដេកនៅ​រួមនោះ​មិនមាន​ដល់អ្នកទេ នែមនុស្ស​ឥត​គេរាប់ អ្នកចូរ​ចៀស​ចេញទៅ ចូរវិនាសទៅ។

[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថា ដឹង គឺភិក្ខុ​ដឹង​ដោយខ្លួនឯងក្តី ភិក្ខុទាំងឡាយដទៃ​ប្រាប់​ភិក្ខុនោះក្តី ឬសមណុទ្ទេស​នោះប្រាប់ក្តី។ ពាក្យថា ដែលសង្ឃ​ឲ្យវិនាសយ៉ាងនោះ​ហើយ គឺសង្ឃ​ឲ្យខូច​យ៉ាងនេះហើយ។ ដែលហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា បញ្ចុះបញ្ចូលក្តី គឺភិក្ខុបញ្ចុះ​បញ្ចូល​ដោយគិតថា អញ​នឹងឲ្យ​បាត្រក្តី ចីវរក្តី បាលីក្តី អដ្ឋកថាក្តី ដល់សមណុទ្ទេសនោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យបម្រើក្តី គឺភិក្ខុត្រេកអរ​នឹងគ្រឿង​លំអិតក្តី ដីស្អិតក្តី ឈើស្ទន់ក្តី ទឹក​ខ្ពុរមាត់​ក្តី របស់សមណុទ្ទេស​នោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា បរិភោគរួមក្តី គឺបរិភោគ​រួម​មាន​ពីរយ៉ាង បានដល់បរិភោគ​រួមដោយ​អាមិសៈ១ បរិភោគរួម​ដោយ​ធម៌១ ហៅថា​បរិភោគរួម។ ដែល​ហៅថា បរិភោគរួម​ដោយអាមិសៈ គឺ​ភិក្ខុឲ្យ​អាមិសៈ​ក្តី ទទួលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែលហៅថា បរិភោគរួម​ដោយធម៌ គឺភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី។ ភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី ដោយ​បទ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗបទ។ ភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗអក្ខរៈ។ ពាក្យថា សម្រេច​កិរិយា​ដេកនៅ​រួម​ក្តី គឺកាល​បើសមណុទ្ទេស​ដែលសង្ឃ​ឲ្យវិនាស​នោះបាន​ដេក​ហើយ ភិក្ខុក៏​ដេក​ក្នុងទី​បិទបាំង​ជាមួយ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុដេកហើយ សមណុទ្ទេសដែល​សង្ឃ​ឲ្យវិនាស​ក៏ដេក​នៅ (ដែរ) ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ។ ឬដេកទាំងពីរនាក់ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្រោក​ឡើង​ហើយ ដេកញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[២៩៦] សមណុទ្ទេសដែលសង្ឃ​ឲ្យ​វិនាស​ហើយ ភិក្ខុសំគាល់ថាសង្ឃឲ្យវិនាសហើយ ៗបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ សមណុទ្ទេស​ដែលសង្ឃ​ឲ្យ​វិនាសហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃ​ឲ្យ​វិនាសហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានឲ្យវិនាសទៅវិញ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេចកិរិយា​ដេករួមក្តី មិនត្រូវ​អាបត្តិ។ សមណុទ្ទេសដែលសង្ឃ​មិនឲ្យ​វិនាស ភិក្ខុសំគាល់ថា​សង្ឃឲ្យវិនាស ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃមិន​ឲ្យ​វិនាស ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃមិន​ឲ្យ​វិនាស ភិក្ខុសំគាល់ថា​សង្ឃមិនឲ្យវិនាស មិនត្រូវ​អាបត្តិ។

[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុដឹងថា សមណុទ្ទេស​នោះ សង្ឃ​មិនបានឲ្យ​វិនាស​១ ភិក្ខុដឹងថា​សមណុទ្ទេស​នោះ លះបង់​ទិដ្ឋិ​នោះហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សប្បាណកវគ្គទី៧ ចប់។

ឧទាននៃសប្បាណកវគ្គនោះ មាន១០សិក្ខាបទនេះគឺ

សញ្ចិច្ចវធសិក្ខាបទ១ សប្បាណសិក្ខាបទ១ ឧក្កោសិក្ខាបទ១ ទុដ្ឋុលឆាទនសិក្ខាបទ១ ឩនវីសតិសិក្ខាបទ១ សត្ថសិក្ខាបទ១ សំវិធានសិក្ខាបទ១ អរិដ្ឋកសិក្ខាបទ១ ឧក្ខិត្តសិក្ខាបទ១ កណ្ឌកសិក្ខាបទ១។

សហធម្មិកវគ្គ សិក្ខាបទទី១

[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀប​ក្រុង​កោសម្ពី។ សម័យនោះឯង ឆន្នៈដ៏មានអាយុ​តែងប្រព្រឹត្ត​អនាចារ។ ភិក្ខុទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​អាវុសោឆន្នៈ អ្នកកុំធ្វើ​កម្ម​មានសភាព​យ៉ាងនេះ កម្មដែល​អ្នកធ្វើនេះ​ មិនគួរទេ។ ឆន្នភិក្ខុ​នោះនិយាយ​យ៉ាងនេះ​ថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យ។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នៈដ៏មានអាយុ កាលបើ​ភិក្ខុទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយធម៌ មិនគួរ​នឹងពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា នែឆន្នៈ ឮថា អ្នកឯង កាលបើ​ភិក្ខុ​ទាំងឡាយ​​ពោលពាក្យ​ប្រកប​ដោយធម៌ និយាយ​(នឹងភិក្ខុទាំងឡាយ) យ៉ាងនេះវិញថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ ពិតមែនឬ។ ឆន្នៈភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់​បន្ទោសថា នែ​មោឃបុរស កាលបើ​ភិក្ខុទាំងឡាយនិយាយពាក្យ​ប្រកប​ដោយធម៌ អ្នកឯងមិនគួរ​នឹងពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ នែមោឃបុរស​ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាល​ភិក្ខុទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយធម៌ ហើយពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់សាកសួរភិក្ខុដទៃ​ ​ដែល​ឈ្លាស​ ដែលទ្រទ្រង់​វិន័យដរាបណា ខ្ញុំ​នឹងមិនសិក្សា​សិក្ខាបទ​នេះដរាបនោះ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសិក្សា គួរ​ដឹងច្បាស់​ គួរ​សាកសួរ គួរ​ពិចារណា។ នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ។

[២៩៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​ទាំងឡាយ គឺភិក្ខុទាំងឡាយដទៃ។ ដែលហៅថា ពាក្យ​ប្រកប​ដោយធម៌ គឺសិក្ខាបទ​ណា ដែលព្រះដ៏មានព្រះភាគ​បញ្ញត្តហើយ សិក្ខាបទ​នោះហៅថា ពាក្យ​ប្រកប​ដោយធម៌។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយ​ពោលតាម​សិក្ខាបទ​នោះ ត្រឡប់​ជាពោល​យ៉ាងនេះ គឺពោលថា នែ​អាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាក្នុងសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស ជាវិនយធរ ជាបណ្ឌិត​មានប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក​នៅឡើយ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣០០] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ កាល​ភិក្ខុទាំងឡាយ​ពោលតាមពាក្យ​ដែលមិនមែន​ជាវិនយបញ្ញត្តិ ហើយពោល​យ៉ាងនេះ​ថា ពាក្យនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ផូរផង់​ចាកកិលេស មិនប្រព្រឹត្តទៅ​ដើម្បីកំចាត់​បង់កិលេស មិនប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវសេចក្តី​ជ្រះថ្លា មិនប្រព្រឹត្ត​ទៅដើម្បី​មិនសន្សំ​នូវកិលេសវដ្ត មិនប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទនោះ​ទេ ព្រោះខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុដទៃ ដែលឈ្លាស​ទ្រទ្រង់​វិន័យ ជាបណ្ឌិត​មានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិក នៅឡើយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ កាល​អនុបសម្បន្ន ពោលដោយ​វិនយបញ្ញត្តិក្តី ដោយពុទ្ធវចនៈ​ដែលមិនមែន​ជាវិនយបញ្ញត្តិក្តី ត្រឡប់​ពោល​យ៉ាងនេះថា ពាក្យនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ផូរផង់​ចាកកិលេស មិនប្រព្រឹត្តទៅ​ដើម្បី​កំចាត់​កិលេស មិនប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវសេចក្តី​ជ្រះថ្លា មិនប្រព្រឹត្ត​ទៅដើម្បី​មិនសន្សំ​នូវ​កិលេសវដ្ត មិនប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទនេះ​ទេ ព្រោះខ្ញុំ​មិនទាន់​បានសាកសួរ​ភិក្ខុដទៃ ដែលឈ្លាស​ទ្រទ្រង់​វិន័យ ជាបណ្ឌិត​មានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថាមិនមែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣០១] ត្រង់ពាក្យថា អ្នកសិក្សា គឺអ្នក​មានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សិក្សា។ ពាក្យថា គួរ​ដឹងច្បាស់ គឺគួរ​ចេះ។ ពាក្យថា គួរ​សាកសួរ គឺគួរ​សាកសួរថា បពិត្រ​លោកដ៏ចំរើន ពាក្យនេះ​ដូចម្តេច ពាក្យនេះ​មាន​សេចក្តី​ដូចម្តេច។ ពាក្យថា គួរ​ពិចារណា គឺគួរ​គិត​ គួរ​ថ្លឹង។ ពាក្យថា នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ គឺថានេះ​តាមទំនៀមក្នុងសិក្ខាបទនោះ។

[៣០២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុពោលថា ខ្ញុំ​នឹងដឹង ខ្ញុំ​នឹងសិក្សា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៣០៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់សំដែង​វិនយកថា សំដែង​គុណ​នៃ​វិន័យ ទ្រង់​សំដែង​គុណនៃការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ហើយទ្រង់​សំដែង​គុណ​របស់​ព្រះឧបាលិដ៏​មានអាយុ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយបរិយាយ​ជាច្រើន។ ភិក្ខុទាំងឡាយ​និយាយ​ថា ព្រះដ៏មានព្រះភាគ​ទ្រង់សំដែង​វិនយកថា ទ្រង់សំដែង​គុណ​នៃ​វិន័យ ទ្រង់​សំដែង​គុណ​នៃការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ហើយទ្រង់​សំដែង​គុណ​របស់​ព្រះឧបាលិដ៏​មានអាយុ​​ដោយបរិយាយ​ជាច្រើន នែអាវុសោ​ទាំងឡាយ បើដូច្នោះ​យើងនឹង​រៀន​វិន័យ​ក្នុងសំណាក់​ព្រះឧបាលិដ៏មានអាយុ។ ទើប​ភិក្ខុ​ទាំងឡាយនោះ ជាថេរៈខ្លះ ជាភិក្ខុថ្មីខ្លះ ជាភិក្ខុ​កណ្តាល​ខ្លះ​ច្រើនរូប វៀនវិន័យ​ក្នុងសំណាក់​ព្រះឧបាលិ​ដ៏មានអាយុ។ លំដាប់​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានគំនិតដូច្នេះថា នែ​អាវុសោទាំងឡាយច ឥឡូវនេះឯង ភិក្ខុច្រើនអង្គ ជាថេរៈខ្លះ ជាភិក្ខុ​ថ្មី​ខ្លះ ជាភិក្ខុ​កណ្តាលខ្លះ វៀន​វិន័យ​ក្នុងសំណាក់​ព្រះឧបាលិ​ដ៏មានអាយុ បើភិក្ខុ​ទាំងឡាយ​នេះ​ជាអ្នក​ចេះស្ទាត់​ក្នុងវិន័យ​ នឹងទាញមក នឹងច្រានទៅ​នូវយើង​ទាំងឡាយ​តាមគាប់ចិត្ត នែ​អាវុសោ​ទាំងឡាយ ណ្ហើយចុះ យើងគួរ​ពោល​បង្អាប់​វិន័យវិញ។ ទើបពួកឆព្វគ្គិយភិក្ខុ​ចូលទៅជិត​ភិក្ខុ​ទាំងឡាយ ហើយនិយាយ​យ៉ាងនេះថា ប្រយោជន៍​អ្វីដោយ​សិក្ខាបទ​តូចៗ​ទាំងនេះ ដែល​បុគ្គល​ណាមួយ​សំដែង​ឡើងហើយ សិក្ខាបទ​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត ដើម្បីសេចក្តី​លំបាកចិត្ត ដើម្បីសេចក្តី​សាំញុំាចិត្ត។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ មិនគួរ​នឹងពោល​បង្អាប់​វិន័យសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ពោល​បង្អាប់​វិន័យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់​បន្ទោសថា នែ​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹងពោលបង្អាប់​វិន័យទេ នែមោឃបុរស​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់​ជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាល​បើ​​ភិក្ខុសំដែង​ឡើង​នូវ​បាតិមោក្ខ ហើយពោលយ៉ាង​នេះថា ប្រយោជន៍​អ្វី​ដោយ​សិក្ខាបទ​តូចៗទាំង​នេះ​ ដែលភិក្ខុ​ណាមួយ​សំដែង​ឡើងហើយ សិក្ខាបទ​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត ដើម្បីសេចក្តី​លំបាកចិត្ត ដើម្បីសេចក្តី​រសេមរសាមចិត្តប៉ុណ្ណោះឯង ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ពោលបង្អាប់​សិក្ខាបទ។

[៣០៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុសំដែង​ឡើង​នូវ​បាតិមោក្ខ គឺ​កាល​បើ​ភិក្ខុសំដែងឡើង​ឯងក្តី ឲ្យគេ​សំដែង​ឡើងក្តី ធ្វើ​ស្វាធ្យាយក្តី។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុណាពោល​បង្អាប់​វិន័យ​ដល់​ឧបសម្បន្ន​ផងគ្នាថា ប្រយោជន៍​អ្វី​ដោយសិក្ខាបទតូចៗ​ទាំងនេះ ដែលភិក្ខុ​ណាមួយ​សំដែង​ឡើង​ហើយ សិក្ខាបទ​ទាំង​នេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត សេចក្តី​លំបាកចិត្ត សេចក្តីរសេមរសាមចិត្ត​ប៉ុណ្ណោះឯង ភិក្ខុណា​រៀន​សិក្ខាបទនេះ ភិក្ខុនោះ​មានសេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​លំបាក​ចិត្ត សេចក្តី​រសេមរសាម​ចិត្ត ភិក្ខុណា​មិនរៀន​សិក្ខាបទ​នេះ ភិក្ខុនោះ​មិនមានសេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​លំបាក​ចិត្ត សេចក្តី​រសេមរសាម​ចិត្តទេ សិក្ខាបទ​នេះ​ បើមិនមាន​អ្នកណា​សំដែង​ឡើង ក៏​ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នក​ណាសិក្សា​ ក៏ជាការល្អ សិក្ខាបទនេះ បើមិនមាន​អ្នកណា​រៀន ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណា​ទ្រទ្រង់​ ក៏ជាការល្អ វិន័យ​ចូរ​អន្តរធានទៅ ឬ​ភិក្ខុ​ទាំងឡាយ​នេះ ចូរ​កុំឲ្យចេះ​ដឹងអ្វីសោះ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។

[៣០៥] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ ពោលបង្អាប់ធម៌ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុពោល​បង្អាប់​វិន័យក្តី ធម៌​ដទៃក្តី ចំពោះ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថាមិនមែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនចង់ពោល​បង្អាប់១ ភិក្ខុពោលថា ណ្ហើយចុះ អ្នកចូររៀន​ព្រះសូត្រ​ទាំងឡាយក្តី គាថា​ទាំងឡាយក្តី អភិធម្មក្តី ជាមុនសិន ចាំរៀន​វិន័យ​ជាខាងក្រោយវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាប្រព្រឹត្ត​អនាចារ​ ហើយគិតថា ភិក្ខុ​ទាំងឡាយ​ចូរដឹងថា យើងទាំងឡាយ​ត្រូវអាបត្តិ​ដោយសេចក្តី​ល្ងង់ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ក៏នាំគ្នា​ពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេស (ការសូត្រ) រាល់កន្លះខែ។ ភិក្ខុ​ទាំងឡាយ​ណាជាអ្នកមាន​​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ម្តេចក៏នាំគ្នា​ពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ក្នុងកាលឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេស រាល់កន្លះខែ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ កាលភិក្ខុកុំពុង​សំដែង​បាតិមោក្ខ ក៏នាំគ្នា​ពោលយ៉ាង​នេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់​កន្លះ​ខែ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនគួរ​នឹងមកពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹងក្នុងកាល​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំពួកជនដែលមិនទាន់​ជ្រះថ្លាឲ្យជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខរាល់​កន្លះ​ខែ ហើយ​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​តែ​នឹងដឹងក្នុង​កាល​ឥឡូវ​នេះថា ឮថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុទាំងឡាយ​ដទៃ​ដឹង​នូវភិក្ខុ​នោះថា ភិក្ខុនេះ​ធ្លាប់​អង្គុយ​ស្តាប់​បាតិមោក្ខ ដែលភិក្ខុ​សំដែង​អស់​វារៈពីរ​បីដងហើយ នឹងពោល​ទៅ​ថ្វី​ទៀត​ដល់​ការស្តាប់​ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែល​មិនដឹង មិនមាន​ដល់​ភិក្ខុ​នោះទេ ភិក្ខុនោះ​ត្រូវអាបត្តិ​ណា ក្នុងរឿង​អនាចារ​នោះ សង្ឃ​គប្បីញុំាង​ភិក្ខុនោះ​ឲ្យ​ធ្វើ​នូវ​អាបត្តិ​នោះ ដោយគួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្ម​ដល់ភិក្ខុនោះ​ថែមទៀតថា ម្នាល​អាវុសោ (ការនេះ) មិនជាលាភរបស់​អ្នកឯងទេ អ្នក​ឯង​បាននូវ​របស់​អាក្រក់ ដោយហេតុថា កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ អ្នកមិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍ដ៏ល្អឡើយ។ នេះជា​អាបត្តិ​បាចិត្តិយ ព្រោះក្លែង​ធ្វើវង្វេង​នោះ (ធ្វើពើរ)។

[៣០៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា រាល់កន្លះខែ គឺរាល់​ថ្ងៃ​ឧបោសថ។ ពាក្យថា ភិក្ខុកំពុងសំដែង​​បាតិមោក្ខ សេចក្តីថា ​កាល​​ភិក្ខុកំពុងសូត្របាតិមោក្ខ។ ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រព្រឹត្ត​អនាចារ ហើយប្រាថ្នាថា ភិក្ខុទាំងឡាយចូរ​ដឹងថា យើងត្រូវ​អាបត្តិ​ដោយអាការ​មិនដឹង កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ភិក្ខុនោះ​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ឮថាធម៌​នេះ​មក​ហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែដូច្នេះ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[៣០៩] ពាក្យថា បើ(ភិក្ខុទាំងឡាយដទៃដឹង)​នូវភិក្ខុនោះ សេចក្តីថា ភិក្ខុទាំងឡាយ​ដទៃ​ដឹងនូវ​ភិក្ខុអ្នក​ប្រាថ្នានូវ​សេចក្តី​វង្វេង​ថា ភិក្ខុនេះ​ធ្លាប់​អង្គុយ​(ស្តាប់)​បាតិមោក្ខ​ដែល​ភិក្ខុ​សំដែង​អស់​វារៈ​ពីរបីដង​ហើយ នឹងពោលទៅ​ថ្វីទៀត​ដល់ការ​ស្តាប់​ច្រើនដង សេចក្តី​រួច (ចាកអាបត្តិ) ដោយ​អាការ​ដែល​មិនដឹង មិនមាន​ដល់ភិក្ខុនោះទេ ភិក្ខុនោះ​ត្រូវអាបត្តិ​ណាក្នុងរឿង​អនាចារ​នោះ សង្ឃ​គប្បីញុំាង​ភិក្ខុនោះ​ឲ្យធ្វើ​នូវអាបត្តិនោះ ដោយគួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើក​សេចក្តីវង្វេង គឺ​មោហារោបនកម្ម​ដល់ភិក្ខុ​នោះថែមទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃ​គប្បី​លើក​មោហារោបនកម្ម​ឡើងយ៉ាងនេះ។ ភិក្ខុដែលជាអ្នក​ឈ្លាស អង់អាច គប្បីញុំាង​សង្ឃ​ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនេះ​ឈ្មោះនេះ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អឡើយ។ បើមោហារោបនកម្ម​ មានកាលដ៏សមគួរ​ដល់សង្ឃ​ហើយ សង្ឃគប្បីលើក​មោហារោបនកម្ម​ដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាស​ឲ្យសង្ឃដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនេះ​ឈ្មោះនេះ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អទេ។ ឥឡូវនេះ សង្ឃលើកនូវមោហារោបនកម្ម​​ ​ដល់​ភិក្ខុឈ្មោះនេះ។ ការលើក​មោហារោបនកម្ម​ដល់ភិក្ខុឈ្មោះនេះ គួរ​ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គ​នោះ​គប្បីស្ងៀមនៅ មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ មោហារោបនកម្ម​ សង្ឃបាន​លើក​ឡើងហើយ​ដល់​ភិក្ខុ​ឈ្មោះនេះ។ ការលើក​មោហារោបនកម្មនេះ សមគួរ​ដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំ​សូមចាំ​ទុក​នូវ​មោហារោបនកម្ម​នេះ ដោយការស្ងៀមនៅយ៉ាងនេះ។

[៣១០] កាលមោហារោបនកម្ម​ សង្ឃ​មិនទាន់​លើកឡើងទេ បើភិក្ខុក្លែង​ធ្វើវង្វេង ត្រូវអាបត្តិ​ទុក្កដ។ កាលមោហារោបនកម្ម​ សង្ឃ​​លើកឡើងហើយ ភិក្ខុនៅក្លែង​ធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ។

[៣១១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយក្លែងធ្វើ​វង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្លែងធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថា កម្មប្រកបដោយធម៌ ហើយ(ក្លែង​ធ្វើវង្វេង) ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។

[៣១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុមិនទាន់​បានស្តាប់​បាតិមោក្ខ​ដោយពិស្តារ១ ភិក្ខុស្តាប់​បាតិមោក្ខ​ដោយពិស្តារ​អស់​វារៈ​មិនទាន់​ដល់ពីរបីដង១ ភិក្ខុ​មិនប៉ង​នឹងក្លែង​ធ្វើវង្វេង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៣ ចប់។

សិក្ខាបទទី៤

[៣១៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់​ពួក​សត្តរសវគ្គិយភិក្ខុ (ភិក្ខុមាន​ពួក​១៧)។ សត្តរសវគ្គិយភិក្ខុទាំងនោះ​នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយ​បានសួរ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយ​ ហេតុអ្វី​បានជាយំ។ ពួកសត្តរសវគ្គិយភិក្ខុ​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ​ក្រោធខឹង បានឲ្យ​ប្រហារ​ដល់​ពួកយើង។  ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរ​ក្រោធខឹង ហើយទៅ​ប្រហារ​ភិក្ខុទាំងឡាយ​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ក្រោធខឹង ហើយនាំគ្នា​ប្រហារ​ភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ​ក្រោធខឹង ហើយនាំគ្នា​ប្រហារ​ភិក្ខុទាំងឡាយ​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​នាំឲ្យជ្រះថ្លា​ដល់​ពួកជនដែលមិនទាន់​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ ក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់ភិក្ខុផងគ្នា ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់​ភិក្ខុ​ដទៃ។ ពាក្យថា ក្រោធខឹង សេចក្តីថា មានចិត្ត​មិនត្រេកអរ មានចិត្ត​គុំគួន មានចិត្ត​រឹងត្អឹង។ ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារ​ដោយកាយ​ក្តី ដោយវត្ថុ​ជាប់​នឹង​កាយ​ក្តី ដោយវត្ថុ​សម្រាប់​ចោលក្តី ដោយហោចទៅ សូម្បីតែ​ដោយ​ស្លឹក​ព្រលិត ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៥] ឧបសម្បន្ន​ ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា ជាអនុបសម្បន្ន​ ហើយក្រោធ​ខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ (ហើយឲ្យ​ប្រហារ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។

[៣១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជន​ណាមួយ​បៀតបៀន ហើយមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ឲ្យ​ប្រហារ​ទៅវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៤ ចប់។

សិក្ខាបទទី៥

[៣១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្រោធខឹង ហើយងាលំពែង គឺបាតដៃ​ឡើង​សំដៅ​ពួក​សត្តរសវគ្គិយភិក្ខុ (ធ្វើអាការ​បីដូច​ជានឹងវាយ) សត្តរសវគ្គិយភិក្ខុទាំងនោះទើប​តែ​នឹង​រួច​អំពី​ប្រហារ​មកហើយ (មានសេចក្តី​ភិតភ័យ) ក៏​នាំគ្នាយំ។ ភិក្ខុទាំងឡាយ​បានសួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី​បានជា​ពួកអ្នកយំ។ ពួកសត្តរសវគ្គិយភិក្ខុ​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​ពួកយើង។  ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​​ភិក្ខុ​ផងគ្នា​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​ភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹង​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​​ភិក្ខុ​ទាំងឡាយ​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែង គឺបាតដៃ​ សំដៅ​ភិក្ខុផងគ្នា ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា សំដៅភិក្ខុផងគ្នា គឺសំដៅ​ភិក្ខុ​ដទៃ។ ពាក្យថា ក្រោធខឹង គឺមានចិត្ត​មិនត្រេកអរ មានចិត្ត​គុំគួន មានចិត្ត​រឹងត្អឹង។ ពាក្យថា ងាឡើង​នូវលំពែងគឺបាតដៃ សេចក្តីថា ភិក្ខុលើក​កាយ​ក្តី លើក​វត្ថុ​ជាប់​នឹង​កាយ​ក្តី ឡើងជន្ល ដោយហោចទៅ សូម្បីតែ​​ស្លឹក​ព្រលិត ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣១៩] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្រោធ​ខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោធខឹងដល់​អនុបសម្បន្ន ហើយងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជន​ណាមួយ​បៀតបៀន ហើយមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ងាលំពែង​គឺ​បាតដៃ​ឡើង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៥ ចប់។

សិក្ខាបទទី៦

[៣២១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាកំចាត់ (គឺចោទ) ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិនមានមូល។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរនឹងចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​នាំឲ្យជ្រះថ្លា​ដល់​ជនទាំងឡាយ​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣២២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុផងគ្នា គឺ​ភិក្ខុ​ដទៃ។ ដែលហៅថា មិនមានមូល គឺ​អាបត្តិ​សង្ឃាទិសេស​ដែលខ្លួន​មិនបាន​ឃើញ មិនបានឮ មិនបាន​រង្កៀស។ ពាក្យថា ដោយអាបត្តិ​សង្ឃាទិសេស គឺ​បណ្តា​សង្ឃាទិសេស​ទាំង១៣សិក្ខាបទ សិក្ខាបទ​ណាមួយ។ ពាក្យថា ចោទ សេចក្តីថា ភិក្ខុ​ចោទ​ឯងក្តី ប្រើគេ​ឲ្យចោទ​ក្តី ​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣២៣] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុចោទ​ដោយ​អាចារវិបត្តិ​ក្តី ដោយ​ទិដ្ឋិវិបត្តិក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុចោទ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន (ហើយចោទ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមាន​សេចក្តី​សំគាល់​ពិតមែន ហើយចោទ​ឯងក្តី ប្រើគេ​ឲ្យចោទ​ក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៦ ចប់។

សិក្ខាបទទី៧

[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្លែង​បង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ​កើត​ដល់ពួក​សត្តរសវគ្គិយភិក្ខុថា ម្នាល​អាវុសោ សិក្ខាបទ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ទុក​ហើយថា បុគ្គល​មានឆ្នាំ​ថយ​ពី២០ សង្ឃ​មិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ ចំណែក​ពួក​លោក មាន​អាយុ​មិនទាន់​ដល់​២០ឆ្នាំ​ មកទទួល​ឧបសម្បទា ពួក​លោក​មិនមែន​ជា​ឧបសមប្បន្ន​ទេដឹង។ សត្តរសវគ្គិយ​ភិក្ខុទាំងនោះ​ក៏នាំគ្នាយំ។ ភិក្ខុ​ទាំងឡាយ​បានសួរយ៉ាង​នេះ​ថា ម្នាលអាវុសោ ពួក​លោកយំ ព្រោះអ្វី។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​ប្រាប់ថា អាវុសោ​ ឆព្វគ្គិយ​ភិក្ខុទាំងនេះ ក្លែង​បង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យ​ដល់ពួកយើង។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរនឹងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នាសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នា ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹង​ក្លែង​បង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នាទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុ​ផងគ្នា​ដោយគិត​ថា (សេចក្តី​រង្កៀស​សង្ស័យនេះ)​កើតឡើង ការមិន​សប្បាយចិត្ត​នឹងមាន​ដល់​ភិក្ខុនោះ១រំពេច​មិនខាន ភិក្ខុនោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើសេចក្តី​រង្កៀស​សង្ស័យ​នោះឯង​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ។

[៣២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់​ភិក្ខុ​ដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុដឹង​គឺដឹងជាក់ ក្លែង​ល្មើស​ប្រព្រឹត្ត​កន្លង។ ពាក្យថា បង្កហេតុឲ្យ​មានសេចក្តី​​រង្កៀស​សង្ស័យ សេចក្តីថា ភិក្ខុណាបង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យថា លោកទំនង​ជាមាន​ឆ្នាំ​មិនទាន់​គ្រប់២០ ហើយឧបសម្បទា​ទេដឹង លោក​បរិភោគ​អាហារ​ក្នុងវេលា​វិកាល​ទេដឹង លោកផឹកទឹក​ស្រវឹង​ទេដឹង លោក​អង្គុយ​ក្នុងទី​ស្ងាត់​ជាមួយ​នឹងមាតុគ្រាម​ទេដឹង ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះធ្វើ​សេចក្តី​រង្កៀស​សង្ស័យនោះឯង​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ សេចក្តីថា ហេតុណា​មួយ​ដទៃ​គ្មាន ចំពោះ​ត្រង់បង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យ​កើតឡើង​ប៉ុណ្ណោះឯង។

[៣២៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង​ដល់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​

[៣២៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនមានបំណង​នឹង​​ផ្តើម​​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង តែពោល​(តាមសេចក្តី​យល់)​ថា លោក​ប្រហែល​មានឆ្នំា​មិនទាន់​ដល់​២០ ហើយឧបសម្បទា​ទេដឹង លោកបរិភោគ​អាហារ​ក្នុងវេលា​វិកាល​ទេដឹង លោក​ផឹក​ទឹក​ស្រវឹង​ទេដឹង លោកអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងមាតុគ្រាម​ទេដឹង ណ្ហើយចុះ លោកចូរ​ដឹង​ចុះ លោក​កុំរង្កៀស​សង្ស័យ​ស្តាយក្រោយ​ឡើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៧ ចប់។

សិក្ខាបទទី៨

[៣២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឈ្លោះ​នឹងភិក្ខុទាំងឡាយ​ដែល​មានសីល​ជាទីស្រឡាញ់។ ពួក​ភិក្ខុ​ដែលមានសីល​ជាទី​ស្រឡាញ់ និយាយគ្នា​យ៉ាងនេះថា ម្នាល​អាវុសោ ឆព្វគ្គិយ​ភិក្ខុ​ទាំងនេះ​ជាពួក​អលជ្ជីទេ ពួក​យើង​មិនអាច​ឈ្លោះ​នឹង​ពួកនេះ​ទេ។ ពួកឆព្វគ្គិយ​ភិក្ខុ​(បានឮ) ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ​ព្រោះហេតុអ្វី អ្នកទាំងឡាយ​ញុំាង​ពួកយើង​ឲ្យ​ដល់​ដោយពាក្យ​ថា​អលជ្ជី។ ពួកភិក្ខុ​មានសីល​ជាទីស្រឡាញ់​សួរថា ម្នាលអាវុសោ ចុះពួក​អ្នកបាន​ឮ​ក្នុងទីណា។ ពួកឆព្វគ្គិយភិក្ខុ​ឆ្លើយថា យើង​ទាំងឡាយ​ឈរ​អែប​ស្តាប់​ពួកលោកដ៏មានអាយុ។  ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា មិន​គួរ​នឹង​ឈរអែប​ស្តាប់សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ពួកអ្នកឯង​​ឈរអែប​ស្តាប់ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ពួកអ្នកឯង​មិន​គួរ​នឹង​ឈរអែប​ស្តាប់ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​កាលបើភិក្ខុ​ទាំងឡាយ ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ទៅ​ឈរអែប​ស្តាប់ ដោយគិតថា ភិក្ខុ​ទាំងនេះ​នឹងពោលពាក្យ​ណា អញ​នឹងស្តាប់​ពាក្យនោះ ភិក្ខុនោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​កិរិយា​​​ឈរអែប​ស្តាប់​នោះ​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ។

[៣៣០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុ​ទាំងឡាយ គឺកាលបើ​ភិក្ខុ​ទាំងឡាយ​ដទៃ។ ពាក្យថា បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា គឺភិក្ខុ​ទាំងនោះមាន​អធិករណៈ​កើតឡើង​ហើយ។ ពាក្យថា ឈរ​អែប​ស្តាប់ គឺភិក្ខុដើរ​ទៅដោយ​គិតថា អញ​ស្តាប់​ភិក្ខុទាំងនេះ​ហើយ នឹង​ចោទ​ នឹងឲ្យ​រលឹក នឹងចោទ​ចំពោះ​ នឹងឲ្យ​រលឹក​ចំពោះ នឹងធ្វើ​ឲ្យអៀនខ្មាស ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ​ឈរ​ស្តាប់​ក្នុងទីណា ត្រូវ​អាបត្តិ​បាចិត្តិយ ក្នុងទីនោះ។ ភិក្ខុ​ដើរទៅ​តាមក្រោយ បើដើរ​ទៅ​ដោយ​រហ័ស​ដោយគិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុឈរ​ស្តាប់​ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុ​ដើរទៅមុន ហើយ​ឈប់​ ដោយគិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុឈរ​ស្តាប់​ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុណា​មកកាន់​ទីឈរក្តី ទីអង្គុយក្តី ទីដេកក្តី របស់ភិក្ខុផងគ្នា ភិក្ខុនោះ​គប្បី​ក្អក គប្បី​ញុំាង​ភិក្ខុ​ដែលកំពុង​ប្រឹក្សា​គ្នានោះ​ឲ្យដឹង។ បើភិក្ខុ​នោះ​មិនក្អក​ក្រហែមក្តី មិនឲ្យ​គេដឹងក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើ​កិរិយា​ឈរអែប​ស្តាប់​នោះជាហេតុពិត មិនមែន​ហេតុ​ដទៃ​ឡើយ សេចក្តីថា ហេតុឯណា​នីមួយ​ដទៃ​គ្មាន​ទេ ចំពោះ​ត្រង់​ការ​ឈរ​អែប​ស្តាប់​ប៉ុណ្ណោះឯង។

[៣៣១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុឈរអែប​ស្តាប់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន​ដដែល ត្រូវអាបត្តិ​ទុក្កដ។​

[៣៣២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដើរ​ទៅ​ ដោយគិតថា អញ​នឹងស្តាប់​ភិក្ខុទាំងនេះហើយ នឹង​ថយចេញ នឹងវៀរ នឹងរម្ងាប់ (សេចក្តី​ប្រកួត​ប្រកាន់) នឹងដោះខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៨ ចប់។

សិក្ខាបទទី៩

[៣៣៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រព្រឹត្ត​អនាចារ កាលសង្ឃ​ធ្វើកម្ម (ដើម្បី​ដាក់ទោស) ដល់ភិក្ខុ​មួយរូបៗ ក៏​នាំគ្នានិយាយ​ខ្ទាស់។ គ្រានោះឯង សង្ឃបាន​ប្រជុំ​គ្នា​ដោយ​សង្ឃកិច្ច​នីមួយ។ ទើបពួកឆព្វគ្គិយ​ភិក្ខុ កំពុង​ធ្វើចីវរកម្ម​ បានឲ្យ​ឆន្ទៈ (សេចក្តីគាប់ចិត្ត​របស់​ខ្លួន) ដល់​ភិក្ខុ​មួយរូប។ គ្រានោះឯង សង្ឃ​ប្រឹក្សាគ្នាថា ម្នាលអាវុសោ ឆព្វគ្គិយ​ភិក្ខុ​នេះ​មកតែ​ម្នាក់​ឯង បើដូច្នោះ ពួកយើង​ត្រូវ​ធ្វើ​កម្ម​ដល់ភិក្ខុនោះចុះ ហើយបាន​ធ្វើ​កម្មដល់​ភិក្ខុនោះ។ ទើប​ភិក្ខុនោះ​ចូល​ទៅរក​ពួកឆព្វគ្គិយភិក្ខុ។ ពួកឆព្វគ្គិយភិក្ខុបានសួរ​ភិក្ខុនោះ​យ៉ាងនេះថា ម្នាលអាវុសោ សង្ឃ​បានធ្វើអ្វី។ ភិក្ខុនោះ​ប្រាប់ថា ម្នាលអាវុសោ សង្ឃ​បានធ្វើ​កម្ម​ដល់ខ្ញុំ។ ពួកឆព្វគ្គិយភិក្ខុ​បាន​និយាយ​ថា ម្នាលអាវុសោ យើង​ទាំងឡាយ​បានឲ្យឆន្ទៈ​ ដើម្បីជាប្រយោជន៍​ដល់​កម្ម​នេះ​ ដោយគិតថា សង្ឃ​នឹងធ្វើកម្ម​​ដល់លោក ក៏ទេ បើយើង​ទាំងឡាយ​ដឹងថា សង្ឃ​នឹងធ្វើកម្ម​ដល់លោកសោត យើង​ទាំងឡាយ​មិនឲ្យឆន្ទៈ​ទេ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិន​គួរ​នឹងឲ្យឆន្ទៈ​ដល់សង្ឃកម្ម​ទាំងឡាយ​ដែល​ប្រកប​ដោយធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងរាល់គ្នា​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់បន្ទោសថា នែ​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិន​គួរ​នឹង​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​​ឲ្យឆន្ទៈ​ ដើម្បី​កម្មទាំងឡាយ​ដែល​ប្រកបដោយ​ធម៌ ហើយពោលតិះដៀល​ជាខាង​ក្រោយ​ (ភិក្ខុនោះ)​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ កម្មដែលហៅថា ប្រកបដោយធម៌នោះ គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ ដែលសង្ឃ​ធ្វើតាមធម៌​ តាមវិន័យ តាម​ពាក្យ​ប្រដៅ​របស់​ព្រះសាស្តា កម្មនេះ ហៅថា កម្មប្រកបដោយធម៌។ ភិក្ខុ​ព្រមឲ្យ​ឆន្ទៈ ហើយត្រឡប់​តិះដៀល (ជាខាង​ក្រោយវិញ) ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​ មិនត្រូវ​អាបត្តិអ្វី។ កម្មមិនប្រកបដោយធម៌ ភិក្ខុ​សំគាល់ថាកម្មប្រកប​ដោយធម៌ (ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល) ត្រូវ​អាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ មិនត្រូវ​អាបត្តិអ្វី។

[៣៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា​កម្ម​ដែល​សង្ឃធ្វើ​ដោយ​មិនជាធម៌ក្តី ដោយពួកក្តី ដល់ភិក្ខុ​អ្នកមិនគួរ​ដល់កម្មក្តី ហើយតិះដៀល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី៩ ចប់។

សិក្ខាបទទី១០

[៣៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សង្ឃ​បានប្រជុំ​គ្នាដោយ​សង្ឃកិច្ច​ឯណានីមួយ។ ពួកឆព្វគ្គិយភិក្ខុ​​កំពុង​ធ្វើចីវរ​ ហើយ​បានឲ្យ​ឆន្ទៈ​ដល់​ភិក្ខុមួយ​រូប។ គ្រានោះឯង សង្ឃ​ប្រជុំ​គ្នា​ដើម្បី​ប្រយោជន៍​ដល់កម្មណា ហើយតាំង​ញត្តិឡើងដោយ​ប្រឹក្សាគ្នាថា យើងទាំងឡាយ​នឹងធ្វើ​នូវ​កម្ម​នោះ។ ខណៈនោះ ​ភិក្ខុនោះ​បាននិយាយ​ថា ភិក្ខុទាំងនេះ​តែង​ធ្វើ​កម្មដល់​ភិក្ខុ​មួយរូបៗ យ៉ាងនេះ​ឯង (ឥឡូវ) លោកទាំងឡាយ​នឹងធ្វើកម្ម​ដល់​អ្នកណាបាន ហើយ​មិនឲ្យ​ឆន្ទៈ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ភិក្ខុ​មិន​បាន​ឲ្យ​ឆន្ទៈ មិនគួរ​នឹង​ក្រោកចាក​អាសនៈ ចៀស​ចេញទៅសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ (គឺ​សង្ឃ​កំពុង​វិនិច្ឆ័យ​រឿង​អ្វីមួយ​មិនទាន់ហើយ) អ្នកឯងមិនបាន​ឲ្យឆន្ទៈ​ ហើយក្រោក​ចាក​អាសនៈ ចៀសចេញទៅ ពិតមែនឬ។ ​ភិក្ខុនោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​ កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ហេតុអ្វីក៏​អ្នកឯង​​មិន​ឲ្យ​ឆន្ទៈ ហើយ​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ម្នាល​មោឃបុរស​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ ​កាលពាក្យ​វិនិច្ឆ័យ​​កំពុង​ប្រព្រឹត្តទៅ​ក្នុងសង្ឃ មិន​ឲ្យ​ឆន្ទៈ ហើយ​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៣៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ រឿង​ដែលសង្ឃ​ប្រាប់ហើយ តែមិនទាន់​បាន​វិនិច្ឆ័យ​ក្តី ញត្តិ​សង្ឃតាំងទុក​ហើយក្តី កម្មវាចា​សង្ឃ​ធ្វើ​មិនទាន់​ហើយក្តី ឈ្មោះថា​ពាក្យវិនិច្ឆ័យ​ (កំពុង​ប្រព្រឹត្តទៅ)​ក្នុងសង្ឃ។ ពាក្យថា ភិក្ខុ​មិនឲ្យ​ឆន្ទៈ ហើយ​ក្រោក​ចាកអាសនៈ ចៀសចេញទៅ សេចក្តីថា ភិក្ខុចេញទៅ​ដោយគិតថា មិនដឹង​ជាការ​អ្វី កម្មនេះ​ជាកម្មកំរើកទេ ជាពួកទេ សង្ឃ​មិនត្រូវ​ធ្វើទេ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុ​កំពុង​លះ​ហត្ថបាសបរិសទ្យ ត្រូវអាបត្តិ​ទុក្កដ។ កាលលះហត្ថបាស​ហើយ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៣៩] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយមិនឲ្យឆន្ទៈ  ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយមិនឲ្យឆន្ទៈ  ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយមិនឲ្យឆន្ទៈ  ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ មិនត្រូវ​អាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុ​សំគាល់ថាកម្មប្រកប​ដោយធម៌ (ហើយមិនឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ) ត្រូវ​អាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ មិនត្រូវ​អាបត្តិ។

[៣៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុទៅ ដោយគិតថា សេចក្តី​បង្កហេតុក្តី សេចក្តី​ប្រកួត​ប្រកាន់ក្តី សេចក្តី​ប្រកាន់​ខុសគ្នាក្តី សេចក្តី​ទាស់ទែង​ក្តី នឹងមាន​ដល់​សង្ឃ១ ភិក្ខុ​ទៅដោយគិតថា ការបែក​ធ្លាយ​នៃ​សង្ឃ​ក្តី ការ​ប្រេះ​ឆានៃ​សង្ឃក្តី នឹងមាន១ ភិក្ខុទៅ​ដោយគិតថា សង្ឃ​នឹងធ្វើ​កម្ម​មិនប្រកប​ដោយ​ធម៌​ក្តី នឹងធ្វើ​កម្ម​ជាពួកក្តី នឹងធ្វើ​កម្ម​ដល់​ភិក្ខុ​ដែលមិនគួរ​ដល់កម្មក្តី១ ភិក្ខុ​មានជម្ងឺ​ចៀសចេញទៅ១ ភិក្ខុទៅ​ដោយកិច្ច​ដែលគួរ​ធ្វើ​ដល់​ភិក្ខុ​ឈឺ១ ភិក្ខុដែល​ឧច្ចារៈក្តី បស្សាវៈ​ក្តី​បៀតបៀន​ហើយទៅ១ ភិក្ខុ​មិនប្រាថ្នា​ដើម្បី​នឹងញុំាង​កម្ម​ឲ្យ​កម្រើក ហើយចេញទៅ​ដោយគិតថា អញ​នឹង​ត្រឡប់​មកវិញទៀត១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១០ ចប់។

សិក្ខាបទទី១១

[៣៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ទព្វមល្លបុត្រ​ដ៏មានអាយុ ចាត់ចែង​សេនាសនៈ និង​សំដែងភត្ត​ដល់សង្ឃ។ ទព្វមល្លបុត្រ​ដ៏មានអាយុ​នោះជា​អ្នក​មានចីវរ​ទុព្វលភាព។ សម័យ​នោះ​ឯង ចីវរ១​បាន​កើតឡើង​ដល់​សង្ឃ។ សង្ឃ​ឲ្យចីវរ​នោះ​ដល់​ទព្វមល្លបុត្រ​ដ៏មានអាយុ។ ពួក​ឆព្វគ្គិយ​ភិក្ខុនាំគ្នា​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ​ទៅតាម​សេចក្តី​គាប់ចិត្ត។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា កាលបើសង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ចីវរ (ដល់​ភិក្ខុ) ហើយ ពួក​ឆព្វគ្គិយ​ភិក្ខុ មិនគួរ​នឹងមក​តិះដៀល​ជាខាងក្រោយ​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាសង្ឃព្រមព្រៀង​គ្នាឲ្យចីវរ​(ដល់ភិក្ខុ)​ហើយ អ្នកទាំងឡាយ​ត្រឡប់​មក​តិះដៀល​ជាខាងក្រោយ​វិញ ពិតមែនឬ។ ​ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ (កាលបើ)​ សង្ឃ​ព្រមព្រៀងគ្នា​ឲ្យ​ចីវរ (ដល់ភិក្ខុ) ហើយ មិនគួរ​នឹងពួក​អ្នកឯង​តិះដៀល​ជាខាងក្រោយ​វិញទេ ម្នាល​មោឃបុរស​ទាំងឡាយ​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លាទេ ឬ​នាំពួក​ជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ (​កាលបើ)​សង្ឃព្រម​ព្រៀងគ្នា​ឲ្យចីវរ​(ដល់​ភិក្ខុ)​ហើយ ក៏ដល់​នូវធម៌ គឺ​កិរិយា​តិះដៀល​ជាខាងក្រោយវិញថា ភិក្ខុ​ទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ តាមសេចក្តី​គាប់ចិត្ត ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ សង្ឃមាន​សំវាស​ស្មើគ្នា ឋិតនៅក្នុង​សីមាស្មើគ្នា ហៅថា ព្រមព្រៀងគ្នា។ ដែលហៅថា ចីវរ គឺ​បណ្តា​ចីវរ​៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន ពាក្យថា ឲ្យ គឺឲ្យ​ដោយខ្លួនឯង។ ដែលហៅថា តាមសេចក្តី​គាប់ចិត្ត​នោះ គឺ​តាម​បុគ្គល​ដែលជាមិត្ត តាមបុគ្គល​ដែលធ្លាប់​ស្គាល់គ្នា តាមបុគ្គល​ដែលធ្លាប់​គប់គ្នា តាមបុគ្គល​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា តាមបុគ្គល​ដែលមាន​អាចារ្យ​ស្មើគ្នា។ ដែលហៅថា របស់សង្ឃ​នោះ បានខាង​លាភ​ដែលគេលះបង់​ប្រគេន​ដល់សង្ឃ។ ដែលហៅថា លាភនោះ បាន​ខាង​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់​មនុស្សឈឺ ដោយហោច​ទៅ សូម្បី​តែដុំ​លំអិតក្តី ឈើស្ទន់ក្តី អម្បោះ​រងជើងក្តី (ក៏ហៅថាលាភ)។ ពាក្យថា ដល់នូវ​ធម៌​ គឺ​កិរិយា​តិះដៀល ជាខាង​ក្រោយ សេចក្តីថា ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ​ដល់ឧបសម្បន្ន​ដែលសង្ឃ​សន្មត​ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវភត្តក្តី ជាអ្នកចែក​នូវបបរ​ក្តី ជាអ្នកចែក​នូវផ្លែឈើ​ក្តី ជាអ្នក​ចែកនូវ​បង្អែមក្តី ជាអ្នកចាត់​ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៤៣] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយតិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​តិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយតិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​តិះដៀល​សង្ឃ​ដែលបាន​ឲ្យបរិក្ខារ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុតិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​ឧបសម្បន្ន​ដែល​សង្ឃ​មិនបាន​សន្មត​ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវ​ភត្តក្តី ជាអ្នកចែកនូវ​បបរក្តី ជាអ្នកចែក​នូវ​ផ្លែឈើក្តី ជាអ្នកចែក​នូវ​បង្អែម​ក្តី ជាអ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុតិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​អនុបសម្បន្ន​ដែល​សង្ឃសន្មត ឬ​មិនបាន​សន្មត​ ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវ​ភត្តក្តី ជាអ្នក​ចែក​នូវ​បបរក្តី ជាអ្នកចែក​នូវ​ផ្លែឈើក្តី ជាអ្នកចែក​នូវ​បង្អែម​ក្តី ជាអ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុសំគាល់​ថា​កម្ម​ប្រកប​ដោយ​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ មិនត្រូវ​អាបត្តិ។

[៣៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុតិះដៀល​សង្ឃ​អ្នកធ្វើ ព្រោះ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដោយប្រក្រតីថា ប្រយោជន៍​អ្វី​ដោយ​លាភ​ដែល​សង្ឃ​ឲ្យដល់​ភិក្ខុនោះ ភិក្ខុនោះ​ទុក​ជាបានហើយ ក៏គង់​ធ្វើ​លាភនោះ​ឲ្យ​វិនាស​ទៅដដែល នឹង​មិនបាន​នាំយក​ទៅដោយ​ប្រពៃ​ទេ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១១ ចប់។

សិក្ខាបទទី១២

[៣៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ប្រជុំជន​ពួកមួយ​ក្នុងក្រុង​សាវត្ថី​ នាំគ្នា​តាក់តែង​ចង្ហាន់ ព្រមទាំង​ចីវរ​ទុកដើម្បី​ថ្វាយសង្ឃ​ ដោយគិតគ្នាថា យើងទាំងឡាយ​នឹង​និមន្ត​ឲ្យលោក​ឆាន់​ ហើយនឹង​ប្រគេន​ចីវរ។ លំដាប់នោះ ពួក​ឆព្វគ្គិយ​ភិក្ខុចូល​ទៅកាន់ទីប្រជុំ​ជន​នោះ លុះចូល​ទៅហើយ បាននិយាយ​ពាក្យនេះ​នឹងប្រជុំជន​នោះថា ម្នាលអាវុសោ ពួក​អ្នកចូរ​ឲ្យចីវរ​ទាំង​នេះ​ដល់​ភិក្ខុ​ទាំងឡាយនេះ។ ពួកជន​ទាំងឡាយនោះ​បាននិយាយ​តបវិញថា ព្រះករុណា ពួកខ្ញុំ​មិនថ្វាយទេ ពួក​ខ្ញុំ​ធ្លាប់​តាក់តែង​ចង្ហាន់​ ព្រមទាំងចីវរទុក​ដើម្បី​ថ្វាយសង្ឃ​រាល់ៗឆ្នាំ។ ពួកឆព្វគ្គិយ​ភិក្ខុ​និយាយ​លួង​លោមថា ម្នាលអាវុសោ ទាយក​របស់​សង្ឃ​មានច្រើន ភត្ត​របស់សង្ឃ​ក៏មានច្រើន ភិក្ខុ​អម្បាល​នេះ​បាន​អាស្រ័យ​លើអ្នក​ទាំងឡាយ បានជួប​ប្រសព្វ​អ្នកទាំងឡាយ ទើប​មកគង់​នៅក្នុង​​ទីនេះ​បាន បើអ្នកទាំងឡាយ​មិនប្រគេន​ដល់លោក​ទាំងនេះ ចុះអ្នកណា​ តើគេនឹងប្រគេន​ដល់​លោកទាំង​នេះបាន ម្នាលអាវុសោ ចូរអ្នក​ទាំងឡាយ​ឲ្យនូវ​ចីវរ​ទាំងឡាយ​នេះដល់​ភិក្ខុ​អម្បាលនេះចុះ។ ប្រជុំ​ជននោះ កាលត្រូវ​ពួកឆព្វគ្គិយភិក្ខុឆ្កឹះឆ្កៀល ទើប​ថ្វាយចីវរ​ដែលខ្លួនតាក់​តែងទុក ដល់ពួក​ឆព្វគ្គិយភិក្ខុ​អស់ទៅ ហើយអង្គាស​សង្ឃ​តែភត្ត​ប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ​ណាដឹង​ថាភត្ត ព្រមទាំង​ចីវរ​ដែល​ប្រជុំជន​តាក់តែង​ទុកដើម្បី​ថ្វាយសង្ឃ តែមិនដឹងថាគេថ្វាយ​ដល់ពួក​ឆព្វគ្គិយ​ភិក្ខុ​ទៅហើយ ភិក្ខុទាំងឡាយ​នោះបាននិយាយ​យ៉ាងនេះ​(នឹងប្រជុំជននោះ)​ថា ម្នាលអាវុសោ អ្នកទាំងឡាយ​ចូរ​បង្អោន​ថ្វាយ​ចីវរដល់សង្ឃចុះ។ ប្រជុំជននោះ​បាននិយាយ​ប្រាប់ថា បពិត្រ​ព្រះករុណា ចីវរ​ដែលតាក់តែង​ទុក​នោះគ្មានទេ លោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ​បង្អោន​ទៅដើម្បី​ពួក​លោកម្ចាស់ឆព្វគ្គិយ​អស់ទៅហើយ។ ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ឆព្វគ្គិយ​ភិក្ខុ កាលបើ​ដឹងថា លាភរបស់សង្ឃ​គេបង្អោន​(ដើម្បីសង្ឃ)ទៅហើយ មិនគួរ​នឹង​បង្អោនទៅ​ដើម្បី​បុគ្គលសោះ។បេ។  ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាអ្នកទាំងឡាយ​កាលបើ​ដឹងថា លាភ​របស់សង្ឃដែល​គេបង្អោន​ទៅដើម្បី​សង្ឃហើយ ត្រឡប់​បង្អោនទៅ​ដើម្បី​បុគ្គលវិញ ពិតមែនឬ។ ​ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ កាលបើដឹងថា លាភរបស់សង្ឃ​ គេ​បង្អោនទៅ​(ដើម្បី​សង្ឃហើយ) ហេតុអ្វី​បានជាបង្អោនទៅដើម្បី​បុគ្គលវិញ ម្នាល​មោឃបុរស​ទាំងឡាយ​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយដឹងថាលាភ​របស់សង្ឃ​ គេបង្អោន​ទៅ (ដើម្បី​សង្ឃហើយ) ត្រឡប់បង្អោនទៅ​ដើម្បីបុគ្គលវិញ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងដោយ​ខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ភិក្ខុនោះក្តី អ្នកម្ចាស់​ទាននោះប្រាប់​ (ដល់​ភិក្ខុនោះ)​ក្តី។ ដែលហៅថា របស់សង្ឃ គឺលាភ​ដែលទាយក​បាន​ថ្វាយ បានបរិច្ចាគ​ដល់​សង្ឃ។ ដែលហៅថាលាភនោះ បានដល់​ចីវរ​ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ​ គឺថ្នាំ​ជាបច្ច័យ​ដល់​មនុស្សឈឺ ដោយហោចទៅ សូម្បីតែដុំនៃ​លំអិតក្តី ឈើស្ទន់​ក្តី អម្បោះ​រងជើង​ដម្បាញ​ក្តី (ក៏ហៅថាលាភក្នុងសិក្ខាបទ​នេះ)។ ដែលហៅថា គេបង្អោនទៅ គឺ​ម្ចាស់របស់​ គេ​បញ្ចេញ​វាចាថា ពួកខ្ញុំ​នឹងថ្វាយ ពួកខ្ញុំ​នឹងធ្វើ។ ភិក្ខុបង្អោន​ទៅដើម្បី​បុគ្គលវិញ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៤៧] លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថាគេបង្អោនទៅហើយ ត្រឡប់បង្អោន​មក​ដើម្បី​បុគ្គលវិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ លាភគេបង្អោនទៅហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​បង្អោន​មក​ដើម្បី​បុគ្គលវិញ ត្រូវ​អាបត្តិទុក្កដ។ លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថា គេមិន​ទាន់​បង្អោនទៅទេ ហើយបង្អោន​មក​ដើម្បី​បុគ្គល មិនត្រូវ​អាបត្តិ​អ្វីឡើយ។ លាភគេបង្អោនទៅ​ដើម្បីសង្ឃ តែភិក្ខុបង្អោន​មក​ដើម្បី​សង្ឃដទៃវិញក្តី ដើម្បី​ចេតិយក្តី ត្រូវអាបត្តិ​ទុក្កដ។  លាភគេបង្អោនទៅ​ហើយ​ដើម្បីចេតិយ ភិក្ខុបង្អោន​មកដើម្បី​ចេតិយ​ដទៃ​វិញក្តី ដើម្បីសង្ឃក្តី ដើម្បី​បុគ្គល​ក្តី ត្រូវ​អាបត្តិទុក្កដ។ លាភគេបង្អោនទៅ​​ដើម្បីបុគ្គលហើយ ភិក្ខុត្រឡប់បង្អោន​មក​ដើម្បី​បុគ្គល​ដទៃ​វិញក្តី ដើម្បីសង្ឃក្តី ដើម្បីចេតិយ​ក្តី ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុសំគាល់ថា គេបង្អោនទៅហើយ ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុសំគាល់ថា គេមិនទាន់បង្អោនទេ មិនត្រូវ​អាបត្តិ។

[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺកាលបើ​ទាយក​សួរថា ពួកខ្ញុំ​នឹងថ្វាយ​ក្នុងទីណា ភិក្ខុប្រាប់ថា ទេយ្យធម៌​របស់អ្នក​ទាំងឡាយ គប្បី​បានបរិភោគក្តី គប្បី​បានការ​ជួសជុលក្តី គប្បី​ឋិតនៅយូរអង្វែង​ក្តី ក្នុងទីណា ម្យ៉ាងទៀត ចិត្តរបស់​អ្នកទាំងឡាយ​ជ្រះថ្លា​ក្នុងទីណា អ្នកទាំងឡាយ​ចូរថ្វាយ​ក្នុងទីនោះចុះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១២ ចប់។

សហធម្មិកវគ្គ ទី៨ ចប់។

ឧទ្ទាននៃសហធម្មិកវគ្គនោះ (មាន១២សិក្ខាបទ) គឺ

សហធម្មិកសិក្ខាបទ១ វិវណ្ណនសិក្ខាបទ១ មោហាបនសិក្ខាបទ១ បហារកសិក្ខាបទ១ តលសត្តិកសិក្ខាបទ១ អមូលកសិក្ខាបទ១ សញ្ចិច្ចសិក្ខាបទ១ ឧបស្សុតិសិក្ខាបទ១ បដិពាហនសិក្ខាបទ១ ឆន្ទសិក្ខាបទ១ ទព្វសិក្ខាបទ១ បរិណាមនសិក្ខាបទ១។

រតនវគ្គ សិក្ខាបទទី១

[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ស្តេច​ព្រះនាម​បសេនទិកោសល បានត្រាស់​បង្គាប់​នាយ​ឧយ្យានបាល (អ្នករក្សាឧទ្យាន)ថា ម្នាលនាយ ឯងចូរ​ទៅជម្រះ​សំអាត​ឧទ្យាន យើងនឹង​ទៅ​ឧទ្យាន។ នាយឧយ្យានបាល​នោះបានទទួល​ព្រះឱង្ការ​របស់​ព្រះបាទ​បសេនទិកោសល​ថា បពិត្រ​ព្រះសម្មតិទេព យ៉ាងហ្នឹង​ហើយ ៗ ក៏ជម្រះឧទ្យាន ទទួលបាន​ឃើញ​ព្រះដ៏​មានព្រះភាគ​គង់​នៅ​​ក្រោមម្លប់​ឈើមួយ លុះឃើញហើយ ក៏ចូលទៅ​គាល់​ព្រះបាទ​បសេនទិកោសល លុះចូល​ទៅ​ដល់​ហើយ បានក្រាបទូល​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះថា សូមទ្រង់​មេត្តា​ប្រោស ឧទ្យាន​រៀប​ចំស្អាត​ហើយ ម្យ៉ាង​ទៀត ព្រះដ៏មានព្រះភាគ​ ក៏គង់​ក្នុងទីនោះដែរ។ ព្រះបាទ​បសេនទិកោសល ទ្រង់​មានបន្ទូលថា ម្នាល​នាយ បើដូច្នោះ យើងនឹង​ទៅគាល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់យាង​ទៅកាន់​ឧទ្យាន ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ​ជាម្ចាស់។ វេលានោះឯង មានឧបាសក​ម្នាក់​កំពុង​អង្គុយគាល់​ជិត​ព្រះដ៏មានព្រះភាគ។ ទើប​ព្រះបាទ​បសេនទិកោសល​ទ្រង់​ទតឃើញ​ឧបាសកនោះ​កំពុង​អង្គុយ​គាល់​ជិត​ព្រះ​ដ៏មានព្រះភាគ លុះទតច្បាស់ហើយ ទ្រង់មាន​សេចក្តី​ភិតភ័យ ហើយក៏​ទ្រង់​ឋិតនៅ (បង្អង់​ឈរសិន)។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់​ត្រិះរិះ​យ៉ាងនេះថា បុរសនេះ​មិនមែន​ជាមនុស្ស​អាក្រក់ទេ បានជាអង្គុយ​គាល់​ជិត​ព្រះដ៏មានព្រះភាគ។ ឯព្រះបាទបសេនទិកោសល ស្តេច​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ​ដែរ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​នៅក្នុងទី​ដ៏សមគួរ។ ចំណែក​ឧបាសក​នោះ​មិនបាន​ថ្វាយ​បង្គំ​ មិនក្រោក​ទទួល​​ព្រះបាទ​បសេនទិកោសល​ឡើយ ព្រោះ​គោរព​ដល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់​តូចព្រះទ័យ​ថា បុរស​នេះ កាលបើ​អញមកហើយ មិនគួរ​នឹង​មិនថ្វាយ​បង្គំ មិនក្រោក​ទទួល​(អញ)សោះ។ ខណៈនោះ ព្រះដ៏មានព្រះភាគ​ទ្រង់ជ្រាប​ថា ព្រះបាទ​បសេនទិកោសល ស្តេច​មានព្រះទ័យ​អាក់អន់​ហើយ ទើប​ទ្រង់​ត្រាស់​នឹង​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះថា បពិត្រ​មហារាជ ឧបាសក​នេះឯង​ជាពហុស្សូត ជាអ្នក​ស្ទាត់​ក្នុងបិដក មានរាគៈ​ក្នុងកាម​ទាំងឡាយ​ទៅប្រាសអស់​ហើយ។ ព្រះបាទ​បសេនទិកោសល ទ្រង់​ត្រិះរិះ​យ៉ាងនេះថា ឧបាសក​នេះ​មិនមែន​ជាមនុស្ស​ថោកទាបទេ សូម្បី​ព្រះដ៏មានព្រះភាគ​ ក៏ទ្រង់​សរសើរ​គេដែរ។ ព្រះបាទបសេនទិកោសល ទ្រង់មាន​ព្រះឱង្ការ​ចំពោះ​នឹងឧបាសក​នោះ​យ៉ាងនេះ​ថា ម្នាល​ឧបាសក អ្នកត្រូវការ​ដោយ​របស់ណា គប្បី​ប្រាប់ដល់​យើងចុះ។ ឧបាសក​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ប្រពៃហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ស្តេច​បសេនទិកោសល ឲ្យ​ឃើញ​ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថា។ ព្រះបាទបសេនទិកោសល លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យ​អង់អាច ឲ្យរីករាយ​ដោយធម្មីកថាហើយ ស្តេច​ក៏​ក្រោក​ចាក​អាសនៈ ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយទ្រង់​ធ្វើប្រទក្សិណ​ចៀស​ចេញទៅ។

[៣៥០] គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចគង់​ក្នុងថ្នាក់​ខាងលើ​នៃប្រាសាទ​ដ៏​ប្រសើរ។ ព្រះបាទបសេនទិកោសលបានទត​ឃើញ​ឧបាសក​នោះដើរ​បាំងឆត្រ​ទៅតាមថ្នល់ លុះទត​ឃើញហើយ ទ្រង់ឲ្យហៅ​មក ហើយមាន​ព្រះឱង្ការ​យ៉ាងនេះថា ម្នាលឧបាសក ឮថា​អ្នកឯង​ជាពហុស្សូត ស្ទាត់​ក្នុងបិដក ម្នាលឧបាសក ល្អហើយ អ្នកចូរបង្ហាញ​ធម៌ក្នុង​ផ្ទះ​នៃ​ពួកស្រី​របស់យើង​ផង។ ឧបាសក​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំព្រះអង្គ​ដឹងធម៌ណា ព្រោះ​ហេតុតែ​លោកម្ចាស់​ទាំងឡាយ លោកម្ចាស់​ទាំងឡាយ​គង់នឹង​បង្ហាញ​ធម៌​នោះក្នុង​ផ្ទះនៃ​ពួក​ស្រី (គឺ​ពួកព្រះស្នំ) របស់ព្រះអង្គបាន។ លំដាប់នោះ ព្រះបាទបសេនទិកោសល​ទ្រង់​ត្រិះរិះថា ឧបាសក​ពោលពិតមែន ទើបទ្រង់​រាជដំណើរ​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ទ្រង់ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​នៅក្នុង​ទីដ៏សមគួរ។ ព្រះបាទ​បសេនទិកោសល លុះគង់ក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបទូល​ព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគទ្រង់​ប្រើភិក្ខុមួយរូប​ដែលអាច​នឹង​បង្ហាញ​ធម៌ក្នុង​ផ្ទះ​នៃពួកស្រី​របស់ខ្ញុំ​ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទ​បសេនទិកោសល​ឲ្យឃើញ ឲ្យកាន់​យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថា។ ព្រះបាទបសេនទិកោលស លុះព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ​ ហើយធ្វើប្រទក្សិណចៀស​ចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរ​បង្ហាញ​ធម៌​ក្នុង​ផ្ទះ​នៃ​ពួក​ស្រីរបស់ស្តេច។ ព្រះអានន្ទ​ដ៏មានអាយុ​បានទទួល​ព្រះតម្រាស់​ព្រះដ៏មាន​ព្រះភាគ​ថា សូម​ទ្រង់​មេត្តា​ប្រោស យ៉ាងហ្នឹង​ហើយ ៗចូល​ទៅបង្ហាញ​ធម៌​ក្នុងផ្ទះ​នៃពួក​ស្រីរបស់​ស្តេច​សព្វ​ៗ​វេលា​តាមសមគួរ។ វេលាព្រឹក ព្រះអានន្ទ​ដ៏មានអាយុ​ស្លៀក​ស្បង់​ ប្រដាប់​ដោយបាត្រ និងចីវរ​ ហើយចូល​ទៅកាន់​រាជនិវេសន៍​របស់ព្រះបាទ​បសេនទិកោសល។ វេលានោះឯង ព្រះបាទ​បសេនទិកោសល ស្តេច​កំពុង​ផ្ទំ​ជាមួយ​ព្រះទេវីព្រះនាម​មល្លិកា។ នាង​មល្លិកាទេវី បាន​ឃើញព្រះអានន្ទ​ដ៏មានអាយុ​មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ក្រោកឡើង​ដោយប្រញាប់។ សំពត់​មានពណ៌​លឿង​រលីង​ស្អាត​ក៏​របូតចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ​ត្រឡប់​ចាក​ទី​នោះមក​កាន់​អារាម ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះអានន្ទ​ដ៏មានអាយុ ស្តេច​មិនទាន់​ទ្រង់ជ្រាប​ជាមុន មិនគួរ​នឹងចូល​ទៅខាងក្នុង​ព្រះរាជ​វាំង​របស់ស្តេច​សោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលអានន្ទ ឮថា​ស្តេច​មិនទាន់​ជ្រាប​ជាមុន អ្នកឯង​ស្រាប់​តែចូល​ទៅខាង​ក្នុងព្រះរាជវាំង​របស់ស្តេច ពិតមែនឬ។ ព្រះអានន្ទ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់​បន្ទោសថា ម្នាលអានន្ទ ស្តេច​មិនទាន់​ជ្រាបជាមុន អ្នកឯង​មិនគួរ​នឹង​ចូល​ទៅខាង​ក្នុងព្រះរាជវាំង​របស់ស្តេច​ទេ ម្នាលអានន្ទ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ទ្រង់​បន្ទោស​ហើយ ទ្រង់​ធ្វើធម្មីកថា​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មក ដោយព្រះពុទ្ធ​ដីកាថា។

[៣៥១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទោសទាំង១០យ៉ាងនេះ​រមែង​មានក្នុង​កិរិយា​ចូលទៅ​ខាង​ក្នុង​បុរី​របស់ស្តេច។ ទោសទាំង១០យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្តេច​ក្នុងលោកនេះ ទ្រង់​ប្រថាប់​លើ​ក្រឡា​ព្រះបន្ទំជាមួយ​មហេសី។ ភិក្ខុចូលទៅ​ក្នុងទីនោះ។ មហេសី​បានឃើញ​ភិក្ខុ រមែងធ្វើកិរិយា​ញញឹមឲ្យ​ប្រាកដខ្លះ ភិក្ខុឃើញ​មហេសី​ រមែង​ធ្វើកិរិយា​​ញញឹម​ឲ្យ​ប្រាកដខ្លះ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ការមិនគួរ​អ្នកទាំងពីរនាក់​នេះបានធ្វើ​ហើយ ឬថា​អ្នក​ទាំងពីរ​នេះនឹង​ធ្វើនូវការ​មិនគួរ។ ម្នាល​ភិក្ខុទាំងឡាយ នេះជាទោស​ក្នុងកិរិយា​ចូលទៅខាង​ក្នុង​បុរី​នៃ​ស្តេច​ជាបឋម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដទៃនៅ​មានតទៅទៀត ស្តេច​ជាបុគ្គល​មានកិច្ច​ច្រើន មានការងារ​គួរ​ធ្វើ​ច្រើន ទ្រង់យាង​ទៅប្រោស​ស្រីដទៃ​ហើយក៏ភ្លេច។ ឯស្រី​នោះ ក៏មាន​គភ៌​ដោយស្តេច​នោះ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនបានទេ វៀរ​មួយ​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីពីរ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅ​មានតទៅទៀត រតនៈ​ណាមួយ​ក្នុងបុរី​នៃស្តេច​បាត់​ទៅ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរលែង​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីបី ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត រឿង​រ៉ាវ​ទាំងឡាយ​ដែល​ស្តេច​ត្រូវ​បិទបាំង​ទុក​ខាងក្នុង មាននៅខាង​ក្នុង​បុរីនៃ​ស្តេច ត្រឡប់​បែក​សាយ​ទៅខាងក្រៅ។ ស្តេច​រមែង​ទ្រង់រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរ​លែង​​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីបួន ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ព្រះរាជបុត្រ​ប្រាថ្នា​នឹង​បៀតបៀន​ចំពោះ​ព្រះរាជបិតា​ក្នុងបុរី​នៃស្តេច​ក្តី ព្រះរាជបិតា​ប្រាថ្នា​នឹង​បៀត​បៀន​ចំពោះ​ព្រះរាជបុត្រក្តី។ ព្រះរាជបុត្រ​ព្រះរាជ​បិតា​នោះរមែង​ទ្រង់​រង្កៀស​យ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរ​លែង​​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​តាំង​មន្ត្រី​ដែលតាំង​នៅក្នុង​ទីទាប​ឲ្យ​ឡើង​កាន់​ទីខ្ពស់។ ការតាំង​នោះមិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាទោស​ទីប្រាំមួយ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​បន្ថយ​មន្ត្រី​ដែលតាំង​នៅក្នុង​ទីខ្ពស់ ឲ្យតាំងនៅ​ក្នុងទីទាប។ ការតាំងនោះ​មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយណា ជនទាំងឡាយ​នោះរមែងរង្កៀសយ៉ាង​នេះ​ថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយ​បព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំពីរ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​បញ្ជូន​កងទ័ព​ទៅក្នុង​កាល​មិនសមគួរ។ ការ​បញ្ជូន​កងទ័ព​នោះ មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយ​ណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំបី ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់ឲ្យ​បញ្ជូន​កងទ័ព​ទៅក្នុង​កាលដ៏សមគួរ ហើយទ្រង់​ឲ្យ​ត្រឡប់​វិលវិញ​ពាក់​កណ្តាល​ផ្លូវ។ ការត្រឡប់​វិលវិញ​នោះ មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយ​ណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំបួន ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ខាងក្នុង​រាជបុរីតែង​ជ្រួលជ្រើម​ទៅដោយដំរី ជ្រួលជ្រើម​ទៅដោយសេះ ជ្រួលជ្រើម​ទៅដោយរថ និងរូប សំឡេងក្លិនរស ផោដ្ឋព្វៈ ជាហេតុ​នៃសេចក្តី​ត្រេកអរ សុទ្ធតែ​ជារបស់​មិនសមគួរ​ដល់បព្វជិត។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី​ដប់ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ទោស១០​យ៉ាងនេះឯង ជាទោស​ក្នុង​កិរិយា​ចូល​ទៅខាងក្នុង​បុរីនៃស្តេច។

[៣៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​បន្ទោស​ព្រះអានន្ទ​ដ៏មានអាយុ​ដោយ​បរិយាយ​ជាច្រើន។បេ។ ហើយទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​(បើ)​ស្តេច​ជាក្សត្រិយ៍​បានមុទ្ធាភិសេក​ហើយ មិនទាន់​ជ្រាប​ជាមុន ឈានកន្លង​ធរណី​ចូលទៅក្នុងក្រឡា​ព្រះបន្ទំ ដែល​ស្តេច​មិនទាន់​យាង​ចេញ ស្រីកែវ​ក៏​មិនទាន់​ចេញ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៥៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថាក្សត្រិយ៍នោះ បានដល់​ជនអ្នក​មានជាតិ​ល្អ​ទាំងសងខាង គឺខាង​មាតានិងខាង​បិតា ជាអ្នក​កាន់យក​ជាតិ​ដ៏បរិសុទ្ធ​ល្អ ដរាប​អំពី​គូនៃជីដូនជីតា​គំរប់​៧ គេមិនបានបោះ​បង់ចោល មិនបាន​តិះដៀល​ដោយជាតិ។ ដែលហៅថា បានមុទ្ធាភិសេកហើយ គឺស្តេច​ដែលគេ​បាន​អភិសេក ដោយអភិសេកឲ្យ​ជាក្សត្រិយ៍។ ពាក្យថា ស្តេច​មិនទាន់​យាងចេញ គឺស្តេច​មមិនទាន់​ចេញអំពី​ក្រឡា​ព្រះបន្ទំ។ ពាក្យថា ស្រីកែវ​មិនទាន់ចេញ គឺមហេសី មិនទាន់ចេញ​អំពី​ក្រឡាព្រះបន្ទំ ឬមួយ​ស្តេច​និងមហេសី​ទាំងពីរ មិនទាន់​ចេញអំពីក្រឡាព្រះបន្ទំ។ ពាក្យថា មិនទាន់​ទ្រង់​ជ្រាប​ជាមុន គឺ​ស្តេច​មិនទាន់​បាន​និមន្ត​ជាមុន។ ដែលហៅថា ធរណី គឺសំដៅ​យកធរណីនៃ​ក្រឡាព្រះបន្ទំ (បាន​ដល់​ក្រប​ទ្វារ​ខាងក្រោម)។ ទីក្រឡាព្រះបន្ទំ​របស់ស្តេច​ដែលគេតែង​តាំងទុក ក្នុងទីណាមួយ ដោយហោច​ទៅសូម្បី​តែទីដែល​គេបិទ​បាំង​ព័ន្ធ​ព័ទ្ធ​ដោយរនាំង ក៏ហៅ​ថាក្រឡាព្រះបន្ទំ​ទាំងអស់។ ពាក្យថា ឈានកន្លង​ធរណី​ចូលទៅ សេចក្តីថា ភិក្ខុឈាន​ជំហានទី១ឲ្យ​កន្លង​ធរណីចូលទៅ ត្រូវអាបត្តិ​ទុក្កដ។ ឈានជំហាន​ទី២ចូលទៅ​ ត្រូវ​អាបត្តិ​បាចិត្តិយ។

[៣៥៤] ស្តេច​មិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេច​មិនបាននិមន្ត​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​មិនបាននិមន្ត ភិក្ខុមានសេចក្តី​សង្ស័យ​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​មិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេចនិមន្ត​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​និមន្តហើយ ភិក្ខុសំគាល់ថាស្តេច​មិនបាននិមន្ត​ ត្រូវ​អាបត្តិ​ទុក្កដ។ ស្តេច​និមន្តហើយ ភិក្ខុមានសេចក្តី​សង្ស័យ​ ត្រូវ​អាបត្តិ​ទុក្កដ។ ស្តេច​និមន្តហើយ ភិក្ខុសំគាល់ថាស្តេច​និមន្ត​ហើយ​ មិនត្រូវ​អាបត្តិ។

[៣៥៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺស្តេច​បាននិមន្ត១ ជន​នោះ​មិនមែន​ជាក្សត្រិយ៍១ ជាស្តេច​ តែមិនបាន​ទទួល​អភិសេក​ដោយ​អភិសេក​ជាក្សត្រិយ៍១ ស្តេច​យាងចេញ​ពីក្រឡា​ព្រះបន្ទំ១ មហេសីចេញពី​ក្រឡាព្រះបន្ទំ១ ឬមួយ​ស្តេច​នឹងមហេសី​ទាំងពីរ ចេញពី​ក្រឡាព្រះបន្ទំ១ ស្តេច​និងមហេសី​មិនបាន​នៅក្នុង​ក្រឡាព្រះបន្ទំ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី១ ចប់។

សិក្ខាបទទី២

[៣៥៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប​ងូតទឹក​ក្នុងស្ទឹង​អចិរវតី។ មានព្រាហ្មណ៍​ម្នាល​ទៀត​បានទុកថង់​ប្រាក់​ចំនួន​៥០០​កហាបណៈ​លើគោក ហើយចុះងូតទឹក​ក្នុងស្ទឹង​អវិរវតី (ឡើង​មកហើយ) ក៏ភ្លេច​ថង់ប្រាក់ ដើរចៀស​ចេញទៅ។ លំដាប់នោះ ភិក្ខុនោះក៏​រើស​យកដោយ​គិតថា ថង់នេះ​ប្រាកដ​ជាថង់​ប្រាក់​របស់ព្រាហ្មណ៍​នោះ កុំបីវិនាស​បាត់ឡើយ។ ឯព្រាហ្មណ៍​នោះនឹក​ឃើញ ក៏ត្រឡប់​វិល​មកវិញ​ដោយប្រញាប់ ហើយបានសួរ​ភិក្ខុនោះយ៉ាងនេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកម្ចាស់​បានឃើញ​ថង់​ប្រាក់​របស់ខ្ញុំ​ដែរឬ។ ភិក្ខុនោះ​បានឲ្យ​ថង់​ប្រាក់​នោះទៅ​ដោយពាក្យថា យកចុះ​ព្រាហ្មណ៍។ ទើបព្រាហ្មណ៍​នោះបាន​គិត​យ៉ាង​នេះថា អញ​មិនគប្បី​ឲ្យរង្វាន់​ដល់​ភិក្ខុនេះ ដោយឧបាយ​ដូចម្តេច​ហ្ន៎។ ព្រាហ្មណ៍​នោះចោទ​ប្រកាន់ថា បពិត្រលោក​ម្ចាស់ កហាបណៈរបស់ខ្ញុំ​មិនមែន​៥០០ទេ របស់ខ្ញុំ​ប្រាកដ​ជា១០០០ រួច​ចាប់​ភិក្ខុ​នោះហើយ ក៏លែង​ទៅ។ ចំណែក​ភិក្ខុនោះទៅកាន់​អារាម​ហើយប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុមិនគួរ​នឹងរើស​យករតនៈ មានមាស​ប្រាក់ជាដើមសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថាអ្នកឯង​រើស​យក​រតនៈ ពិតមែនឬ។ ភិក្ខុនោះ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង​មិនគួរ​នឹងរើស​យករតនៈ​ទេ ម្នាលមោឃបុរស អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​​រើស​យកឯងក្តី ឲ្យ​គេរើស​យកក្តី​នូវរតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៣៥៧] សម័យ​នោះឯង មានមហោស្រព​ក្នុងក្រុងសាវត្ថី។ មនុស្សទាំងឡាយ​ប្រដាប់​តាក់តែង​ខ្លួន​ទៅកាន់​ឧទ្យាន។ សូម្បីនាង​វិសាខា​មិគារមាតា ក៏បាន​ប្រដាប់​តាក់តែង​កាយ ហើយក៏​ចេញ​ចាកស្រុក​ទៅដោយគិតថា អញ​នឹងទៅកាន់​ឧទ្យាន​ដែរ ហើយគិតតទៅទៀតថា ចុះអញ​នឹងទៅ​កាន់​ឧទ្យាន​ធ្វើអ្វី បើដូច្នោះ​ គួរតែ​អញ​ចូលគាល់​ព្រះដ៏មានព្រះភាគវិញ ហើយក៏​ដោះ​នូវ​គ្រឿង​អាភរណៈ​ចង​ជាបង្វិច​ដោយសំពត់​បង្ក ហើយបាន​ហុច​ឲ្យ​ទៅទាសីថា ហ៏ហង ឯងចូរ​យកបង្វិច​នេះទៅ។ លំដាប់នោះ នាងវិសាខា​មិគារមាតា បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​នាងវិសាខា​មិគារមាតាដែលអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ឲ្យឃើញ ​ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ។ ឯនាង​វិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ​ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ​ហើយចៀស​ចេញទៅ។ ឯទាសីនោះ ក៏ភ្លេច​ចោលនូវ​បង្វិចនោះ ហើយដើរចេញទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញហើយ បានក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ចូររើស​យកទុកចុះ។ ព្រោះនិទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុទាំងឡាយ​ដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុរើសឯង ឬប្រើគេឲ្យ​រើស​នូវ​រតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ក្នុងអារាម​ ហើយ​ទុកដោយ​គិតថា រតនៈ​របស់​អ្នកណា អ្នកនោះ​នឹងយកទៅ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​រើសឯងក្តី ឲ្យគេរើសក្តី នូវ​រតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែងតែ (រើស​យកនូវ​រតនៈ​ដែលគេភ្លេច) នៅក្នុងវត្ត។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៣៥៨] គ្រានោះឯង ក្នុងកាសី​ជនបទ មានស្រុក១​ ជាទី​ធ្វើការងារ​របស់អនាថបិណ្ឌិក​គហបតី។ គហបតីនោះ​បានបង្គាប់​អន្តេវាសី (កូនក្មួយ)​ថា បើលោកម្ចាស់​ទាំងឡាយ​និមន្ត​មក អ្នក​ឯង​គប្បីធ្វើ​ភត្ត​ប្រគេន​ផង។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប​ត្រាច់​ទៅកាន់​ចារិក​ក្នុងកាសី​ជនបទ ហើយហួស​ទៅកាន់​ស្រុក​ជាទី​ធ្វើ​ការងារ​របស់​អនាថបិណ្ឌិកគហបតី។ បុរសនោះ​បានឃើញ​ភិក្ខុទាំងនោះ​មកអំពី​ចម្ងាយ លុះបាន​ឃើញ​ច្បាស់ហើយ បានចូលទៅរក​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់​ហើយ បានថ្វាយ​បង្គំ​ភិក្ខុទាំងនោះ ហើយពោលនូវ​ពាក្យនេះ​ថា បពិត្រ​ព្រះករុណា សូមលោកម្ចាស់​ទាំងឡាយ​ទទួល​ចង្ហាន់​របស់គហបតី​ក្នុងថ្ងៃស្អែក។ ភិក្ខុ​ទាំងនោះ​បានទទួល​ដោយភាវៈ​ស្ងៀមនៅ។ លុះកន្លង​រាត្រី​នោះទៅ បុរសនោះ​បានឲ្យ​គេតាក់តែង​ខាទនីយ​ភោជនីយាហារដ៏ផ្ចិតផ្ចង់ ហើយបាន​ឲ្យពិត​ភត្តកាល​(ពេលឆាន់) រួចក៏​ដោះ​នូវ​ចិញ្ចៀន​ចេញ ហើយអង្គាស​ភិក្ខុទាំងនោះ​ដោយភត្ត​ស្រេចហើយ​ពិតថា លោកម្ចាស់​ទាំងឡាយ​ឆាន់​ហើយ សូមនិមន្ត​ទៅចុះ ចំណែកខ្ញុំ​ នឹងទៅធ្វើការងារដែរ (និយាយ​ដូច្នេះ​ហើយ) ក៏​ភ្លេច​ចិញ្ចៀន​(នោះ) ហើយទៅ។ ភិក្ខុទាំងឡាយ​បាន​ឃើញ​ហើយ ក៏ឈប់​នៅក្នុង​ទីនោះ​ដោយគិត​គ្នាថា បើយើង​ទាំងឡាយ​នឹង​ដើរចេញទៅ ចិញ្ចៀន​នេះនឹងបាត់​បង់ទៅពុំខាន។ ឯបុរស​នោះ កាលមក​អំពី​ធ្វើ​ការងារ បានឃើញ​ភិក្ខុទាំងនោះ​ហើយសួរយ៉ាងនេះថា បពិត្រ​ព្រះករុណា ពួកលោកម្ចាស់​ឈប់​នៅក្នុងទីនេះ​ធ្វើអ្វី។ ទើបភិក្ខុទាំងនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់បុរស​នោះ ហើយទៅកាន់​ក្រុង​សាវត្ថី បានប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​រើសឯង ឬឲ្យ​គេរើស​នូវ​រតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ខាងក្នុង​វត្តក្តី ខាងក្នុង​ទីស្នាក់​ក្តី ហើយទុក​ដាក់ ដោយគិតថា រតនៈ​របស់ជនណា ជននោះ​នឹងនាំយកទៅ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុណាមួយ​រើស​ឯងក្តី ឲ្យគេ​រើសក្តី នូវរតនៈក្តី នូវ​វត្ថុ​ដែលគេសន្មត​ជារតនៈក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​ខាងក្នុង​វត្ត ឬខាងក្នុងទីស្នាក់។ ម្យ៉ាង​ទៀត ភិក្ខុ​គប្បី​រើសឯង ឬ​ឲ្យគេរើសនូវ​រតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ខាងក្នុង​អារាមក្តី ខាងក្នុង​ទីស្នាក់ក្តី ហើយទុកដាក់​ដោយគិតថា រតនៈ​របស់ជនណា ជននោះ​នឹងនាំយក​ទៅ។ នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ។

[៣៥៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថារតនៈនោះ បានដល់កែវ​មុក្តា កែវមណិ កែវពៃទូរ សង្ខ កែវសិលា កែវបវាឡ ប្រាក់ មាស កែវក្រហម (កែវ​ទទឹម) កែវមរកដ (កែវ​ពព្រូស) នេះឈ្មោះថា រតនៈ។ ដែលហៅថា វត្ថុ​ដែលគេសន្មត​ជារតនៈនោះ បានដល់​វត្ថុឯណាមួយ​ជាគ្រឿង​ឧបភោគ​បរិភោគ​របស់មនុស្ស​ទាំងឡាយ វត្ថុនេះ​ឈ្មោះថា គេសន្មត​ជារតនៈ។ ពាក្យថា វៀរលែង​តែ​ខាងក្នុងអារាម​ក្តី ខាងក្នុង​ទីស្នាក់ក្តី គឺ​លើកលែងតែ​ខាងក្នុង​វត្ត និងខាង​ក្នុងទីស្នាក់។ ដែលហៅថា ខាងក្នុង​វត្តនោះ គឺ​វត្ត​ដែល​មានរបង សំដៅយក​ទីខាងក្នុង​នៃរបង​វត្ត (បើ) វត្តដែល​មិនមាន​របង សំដៅ​យកត្រឹម​ទីឧបចារ​នៃវត្ត។ ដែលហៅថា ខាងក្នុង​ទីស្នាក់នោះ គឺទីស្នាក់​ដែលមានរបង សំដៅ​យកទីខាង​ក្នុង​នៃ​ទីស្នាក់ (បើ) ទីស្នាក់​ដែល​ឥត​របង​ សំដៅ​យកត្រឹម​ទីឧបចារ​នៃទីស្នាក់។ ពាក្យថា រើស​ឯង សេចក្តីថា ភិក្ខុកាន់​យកដោយ​ខ្លួនឯង ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេរើស សេចក្តីថា ភិក្ខុ​ឲ្យអ្នកដទៃ​កាន់យក ត្រូវអាបត្តិ​បាចិត្តិយ។

[៣៦០] ពាក្យថា ម្យ៉ាងទៀត ភិក្ខុគប្បី​រើសឯង ឬឲ្យគេរើស​នូវ​រតនៈក្តី នូវ​វត្ថុ​ដែលគេ​សន្មត​ជារតនៈក្តី ខាងក្នុងវត្តក្តី ខាងក្នុង​ទីស្នាក់​ក្តី ហើយទុកដាក់ សេចក្តីថា ភិក្ខុ​ធ្វើសញ្ញា​ (គ្រឿង​កំណត់ដឹង) ដោយរូបក្តី ដោយ​និមិត្ត​គ្រឿង​សំគាល់ក្តី គប្បីទុក​ដាក់ហើយ​ប្រាប់ថា ជនណាបាត់​ភណ្ឌ ជននោះចូរ​មកយកចុះ។ បើម្ចាស់​របស់នោះ​មកក្នុងទីនោះ ភិក្ខុគប្បីសួរ​គេថា អាវុសោ ភណ្ឌ​របស់អ្នក​ដូចម្តេច។ បើគេ​ប្រាប់​ត្រូវ​តាមរូបក្តី តាមនិមិត្ត​គ្រឿង​សំគាល់ក្តី ភិក្ខុគប្បី​ឲ្យចុះ។ បើគេ​ប្រាប់​មិនត្រូវ ភិក្ខុ​គប្បី​ពោលថា អាវុសោ អ្នកចូរ​រកខ្លួនឯងចុះ។ កាលភិក្ខុនោះ​នឹង​ចៀសចេញ​ចាកទីស្នាក់នោះទៅ ភិក្ខុ​ទាំងឡាយណា​ដ៏សមគួរ​មាននៅក្នុងទីនោះ គប្បីផ្ញើទុក​ក្នុងដៃ​ភិក្ខុទាំងឡាយនោះ ហើយចៀស​ចេញទៅ។ បើមិនមាន​ភិក្ខុដ៏សមគួរ​ទេ ភិក្ខុនោះ​ត្រូវផ្ញើរ​ទុកនៅដៃ​របស់ពួក​គហបតី​ដ៏សមគួរ ដែល​មាននៅ​ក្នុងទីនោះ ហើយគប្បី​ចៀស​ចេញទៅ។ ពាក្យថា នេះជាសាមីចិកម្ម​ក្នុងសិក្ខាបទ​នោះ គឺនេះ​តាមធម្មតា​ក្នុងរឿងនោះ។

[៣៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុរើស​ឯង ឬ​ឲ្យគេរើស​នូវរតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ខាងក្នុងវត្តក្តី ខាងក្នុង​ទីស្នាក់ក្តី ហើយទុកដាក់​ដោយ​គិតថា រតនៈ​របស់អ្នកណា អ្នកនោះ​នឹងនាំយកទៅ១ ភិក្ខុ​កាន់​យក​វត្ថុ​ដែលគេសន្មត​ជារតនៈ​ដោយស្និទ្ធស្នាល១ ភិក្ខុកាន់​យកជារបស់​ខ្ចី១ ភិក្ខុ​សំគាល់​ថាជា​របស់បង្សុកូល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។

សិក្ខាបទទី២ ចប់។

សិក្ខាបទទី៣

[៣៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុចូលទៅកាន់​ស្រុក​ក្នុងវេលា​រសៀល ហើយអង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗ​ជាច្រើន​ក្នុងរោង​ជាទី​ប្រជុំនិយាយ តិរច្ឆានកថា​នោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះ គឺពោល​អំពីរឿង​ស្តេច ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនាទាហាន ពោលអំពីភ័យ (និងសត្វ​សាហារជាដើម) ពោលអំពីចម្បាំង ពោលអំពី​បាយ ពោលអំពី​ទឹក ពោលអំពីសំពត់ ពោលអំពី​ទីដេក ពោលអំពី​ផ្កាកម្រង ពោលអំពី​គ្រឿង​ក្រអូប ពោលអំពីញាតិ ពោលអំពីយាន ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពី​ក្រុង ពោលអំពី​ជនបទ ពោលអំពី​ស្រី ពោលអំពី​សុរា ពោលអំពី​ច្រក ពោលអំពី​ទីដំកល់នៃ​ក្អម គឺ​កំពង់​ទឹក ពោលអំពី​ញាតិដែល​ស្លាប់​ទៅកាន់​បរលោក ពោលអំពី​រឿង​ផ្សេងៗ​ដែលឥត​ប្រយោជន៍ ពោលអំពី​លោក (លទ្ធិ​កុហក​ក្នុងលោក) ពោលអំពីសមុទ្រ ពោលអំពីភវៈ និង​អភវៈ ​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណ​សក្យបុត្រ មិនគួរ​នឹង​មកចូលស្រុក​ក្នុងវេលាវិកាល ហើយអង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗ​ជាច្រើន ក្នុងរោង​ជាទីប្រជុំ​និយាយ ដូចពួកគ្រហស្ថ​អ្នកបរិភោគ​នូវកាមសោះ តិរច្ឆានកថា​នោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោល​អំពីរឿង​ស្តេច ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនាទាហាន ពោលអំពីភ័យ (និងសត្វ​សាហារជាដើម) ពោលអំពីចម្បាំង ពោលអំពី​បាយ ពោលអំពី​ទឹក ពោលអំពីសំពត់ ពោលអំពី​ទីដេក ពោលអំពី​កម្រងផ្កា ពោលអំពី​គ្រឿង​ក្រអូប ពោលអំពីញាតិ ពោលអំពីយាន ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពី​នគរ ពោលអំពី​ជនបទ ពោលអំពី​ស្រី ពោលអំពី​សុរា ពោលអំពី​ច្រក ពោលអំពី​ទីដំកល់នៃ​ក្អម គឺ​កំពង់​ទឹក ពោលអំពី​ញាតិដែល​ស្លាប់​ទៅកាន់​បរលោក ពោលអំពី​រឿង​ផ្សេងៗ​ ពោលអំពី​លោក (លទ្ធិ​កុហក​ក្នុងលោក) ពោលអំពីសមុទ្រ ពោលអំពីភវៈ​ និង​អភវៈ​​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ ដូច្នោះខ្លះ។ ភិក្ខុទាំងឡាយ​បានឮពួក​មនុស្ស​ទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​នឹងមកចូល​ស្រុក​ក្នុងវេលា​វិកាល ហើយ​អង្គុយ​និយាយ​តិរច្ឆានកថាផ្សេងៗ​ជាច្រើនក្នុង​រោង​ជាទី​ប្រជុំ​ពោលសោះ តិរច្ឆាន​កថា​នោះដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពី​រឿង​ស្តេច​។បេ។ ពោលអំពី​ភវៈ និងអភវៈ​ដែល​ជាហេតុ​ឥត​ប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ពួកអ្នកឯង​រាល់គ្នាចូល​ស្រុកក្នុងវេលាវិកាល ហើយ​អង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗជាច្រើន តិរច្ឆានកថានោះដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពី​រឿង​ស្តេច។បេ។ ពោល​អំពី​ភវៈ និងអភវៈ​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិនគួរ​នឹងចូលស្រុក ក្នុងវេលាវិកាល ហើយអង្គុយ​និយាយ​តិរច្ឆាន​កថាផ្សេងៗជា​ច្រើនទេ តិរច្ឆានកថានោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពីរឿង​ស្តេច។បេ។ ពោលអំពីភវៈ និងអភវៈ​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ  ម្នាល​មោឃបុរស​ទាំងឡាយ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​​​ចូលស្រុក​ក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។  ព្រះដ៏​​មានព្រះភាគ ​ទ្រង់​បញ្ញត្ត​សិក្ខាបទនេះ​ដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះ។

[៣៦៣] សម័យ​នោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប​ទៅកាន់ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ ក៏​បានចូលទៅ​កាន់ស្រុកមួយ ក្នុងវេលាល្ងាច។ មនុស្សទាំង​ឡាយឃើញ​ភិក្ខុទាំងនោះហើយ ក៏បាន​ពោលនូវ​ពាក្យនេះថា សូមលោកម្ចាស់​ទាំងឡាយនិមន្ត​ចូលមក។ ចំណែក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ថា ព្រះដ៏មានព្រះភាគ​ទ្រង់ឃាត់​ហាមនូវ​ការចូល​ស្រុក​ក្នុងវេលាវិកាលហើយ បាន​ជាមិន​ហ៊ានចូលទៅ។ ចោរទាំងឡាយ​បានប្លន់ភិក្ខុ​ទាំងនោះ។ ភិក្ខុទាំងនោះ​ទៅ​ក្រុង​សាវត្ថី​ ហើយ​ប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាប​ទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា​ ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុដែលបាន​លាភិក្ខុផងគ្នា ហើយចូល​ស្រុក​ក្នុង​វេលាវិកាលបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនបានលា​ ហើយចូលទៅកាន់​ស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគ ​ទ្រង់​បញ្ញត្តសិក្ខាបទនេះ​ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។

[៣៦៤] សម័យ​នោះឯង ភិក្ខុមួយរូប​ទៅកាន់​ក្រុងសាវត្ថី​ក្នុងកោសល​ជនបទ វេលាល្ងាច​បានចូល​ទៅកាន់ស្រុក​មួយ។ មនុស្សទាំងឡាយ​ឃើញ​ភិក្ខុនោះហើយ បានពោលនូវ​ពាក្យនេះថា សូមលោកម្ចាស់​និមន្ត​ចូលមក។ ចំណែក​ភិក្ខុនោះ​រង្កៀសថា ព្រះដ៏​មានព្រះភាគ​ទ្រង់ឃាត់ហាម ការដែល​មិនបានលា​ភិក្ខុផងគ្នា ហើយចូលស្រុក​ក្នុងវេលាវិកាល ទើបមិនហ៊ាន​ចូលទៅ។ ពួកចោរ​ក៏ប្លន់​ភិក្ខុនោះ។ ភិក្ខុនោះ​ទៅដល់​ក្រុងសាវត្ថី ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុលា​ភិក្ខុដែលមាន​នៅជាមុន ហើយទើបចូល​ស្រុក​ក្នុងវេលា​វិកាលបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​មិនលាភិក្ខុដែល​មាននៅ ហើយចូលស្រុក​ក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តសិក្ខាបទ​នេះដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះហើយ។

[៣៦៥] សម័យនោះឯង មានពស់ចឹក​ភិក្ខុមួយរូប។ ភិក្ខុមួយរូប​ទៅកាន់​ស្រុក​ដោយគិត​ថា អញ​នឹងទៅយក​ភ្លើង​មក។ តែភិក្ខុនោះ​រង្កៀសថា ព្រះដ៏មានព្រះភាគ​ទ្រង់ឃាត់​ហាម​ការមិនបាន​លាភិក្ខុដែល​មាននៅ ហើយចូល​ស្រុក​ក្នុងវេលា​វិកាល ទើបមិនហ៊ាន​ចូលទៅ។ ភិក្ខុនោះ​ក្រាបទូល​​ ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែល​មានកិច្ច​ប្រញាប់​ដូច្នោះ មិនបាច់​លា​​ភិក្ខុដែលមាន​នៅ ហើយចូល​ស្រុក​ក្នុងវេលា​វិកាលបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ