វិន័យបិដក

ភាគមុន | |…| | | ៨ | |១០|១១| … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

មហាវគ្គ តតិយភាគ

ភាគ ៨

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

កឋិនក្ខន្ធកៈ

[១] សម័យនោះ ព្រះពុទ្ធ​មានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា ប្រមាណ៣០រូប សុទ្ធតែជាអ្នកប្រព្រឹត្ត​នៅក្នុង​ព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នក​ប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្ត​ប្រើតែចីវរ៣ គ្រប់រូប​ទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បី​គាល់ព្រះមានព្រះភាគ កាលបើតិថី ដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាច​នឹង​ទៅ​ឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំ​គ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់​កណ្តាលផ្លូវ។ ភិក្ខុទាំងនោះនៅចាំវស្សា​ទាំងមាន​សេចក្តីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គ​គង់នៅ​ក្នុងទីជិត​យើងទាំងឡាយ ចម្ងាយ​៦យោជន៍អំពី​ទីនេះទៅ យើងទាំងឡាយ មិនសម​បើមិនបាន​ទៅគាល់​ព្រះអង្គសោះ។ គ្រានោះ ពួកភិក្ខុទាំងនោះ នៅចាំវស្សាអស់ត្រៃមាស រួចហើយក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀង​ធ្លាក់ជោកជាំ មានទឹកភក់រអិល​នៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរ​ទាំងឡាយទទឹកជោក បានសេចក្តី​លំបាកកាយ នាំគ្នាដើរ​សំដៅ​ទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ដែល​ព្រះដ៏​មាន​ព្រះភាគ​គង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់​ព្រះពុទ្ធ​ដ៏មានព្រះភាគ​គ្រប់​ព្រះអង្គ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះបន្ទូល​នេះ នឹងភិក្ខុទាំងនោះថា ម្នាល​ភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំ​បានទេឬ អ្នករាល់គ្នា ល្មម​ប្រព្រឹត្តទៅ បានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តី​សាមគ្គីស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំវស្សា​ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំ​បាន បពិត្រព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គទាំង​អស់គ្នា​ល្មម​ប្រព្រឹត្តទៅបាន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងអស់គ្នា ​សាមគ្គីស្មោះសរ ឥតវិវាទ​ទាស់ទែងគ្នាទេ នៅចាំវស្សា​ក៏ស្រួលបួល មិនលំបាក ដោយអាហារបិណ្ឌបាតទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ នៅក្នុងដែនបាឋា ប្រមាណ​៣០រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បី​គាល់​ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាច​នឹងមកទាន់ពេលចូលវស្សា ក្នុង​ក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សា ក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ (នោះទៅ) បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ នៅចាំវស្សា​ទាំងមានសេចក្តី​អផ្សុក ព្រោះគិតថា ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​គង់នៅ​ក្នុងទី​ជិតយើង​ទាំងឡាយ ចម្ងាយ​៦យោជន៍ អំពីទីនេះទៅ យើងទាំង​ឡាយ មិនសមបើមិនបាន​ទៅគាល់​ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គទាំង​អស់គ្នា នៅចាំវស្សា​អស់ត្រៃមាសហើយ ក៏នាំគ្នា​ធ្វើបវារណា (ព្រោះ​រដូវនេះ) នៅមាន​ទឹកភ្លៀងធ្លាក់​ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នា មានចីវរ​ទាំងឡាយ​ទទឹកជោក បានសេចក្តី​លំបាក​កាយ មកតាមផ្លូវឆ្ងាយ។

[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យពួកភិក្ខុ ដែលនៅចាំ​វស្សា​រួច​ហើយ ក្រាលកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បានក្រាល​កឋិនហើយ នឹងសម្រេច​អានិសង្ស៥យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុ​ផងគ្នា)១ ត្រាច់ទៅ (ណា) មិនបាច់យកត្រៃចីវរ​ (គ្រប់ប្រដាប់)១ (ឆាន់) គណភោជនបាន១ (ទុកដាក់) អតិរេកចីវរ​បានតាមត្រូវការ១ ចីវរណា ដែលកើតឡើង ក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំង​នោះ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ នឹងសម្រេច​ដល់អ្នកទាំងឡាយដែលបាន​ក្រាលកឋិន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយ ក្រាលយ៉ាងនេះ។ គឺ​ត្រូវ​ឲ្យភិក្ខុអ្នកឆ្លាស ប្រតិពល ប្តឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើង​ដល់សង្ឃហើយ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ គួរសង្ឃ​ឲ្យសំពត់​កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ នេះជាញត្តិ។ បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះ កើតឡើង​ដល់សង្ឃហើយ។ (ឥឡូវ) សង្ឃ​ឲ្យសំពត់​កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ ការឲ្យសំពត់​កឋិន​នេះ ដល់​ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាល​កឋិន (បើ) គួរ ​ដល់លោកដ៏មានអាយុ​អង្គណា ត្រូវលោកដ៏​មានអាយុ​អង្គនោះស្ងៀម (បើ) មិនគួរ ដល់​លោកដ៏មានអាយុ​អង្គណាទេ ត្រូវលោកដ៏មាន​អាយុ​អង្គនោះនិយាយឡើង។ សំពត់កឋិននេះ សង្ឃឲ្យដល់​ភិក្ខុឈ្មោះនេះ ដើម្បីនឹង​ក្រាលកឋិន​ហើយ។ ការឲ្យសំពត់កឋិននេះ ដល់ភិក្ខុឈ្មោះនេះ ទំនង​ជាគួរដល់​សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវ​ការ​នេះ ដោយអាការស្ងៀម​នៅយ៉ាងនេះ។ ម្នាល​ភិក្ខុទាំង​ឡាយ ឯកឋិន​ ដែល​ភិក្ខុក្រាលឡើងបែបនេះ ក្រាលមិនឡើង​បែបនេះ។

[៣] ម្នាលភិក្ខុទាំងឡាយ ចំណែក​កឋិនដែលភិក្ខុក្រាលមិនឡើង តើដូចម្តេច។ (ឯកឋិន​ដែល​ភិក្ខុ​ក្រាលមិនឡើងនោះគឺ) សំពត់ដែលគ្រាន់តែវាស់គូសក្រិតចំណាំ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែបោកគក់លាង ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់​តែចាត់ចែងលៃលក​ជាចីវរ (ជាខ័ណ្ឌមានបញ្ចខ័ណ្ឌជាដើម) ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់​ដែលគ្រាន់តែកាត់ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែ​ដានភ្ជាប់គ្នា ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែដេរ (មានដេរបណ្តោយជាដើម) ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែភ្ជាប់​កណ្ឌុំ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែថែមសំពត់ឲ្យមាំ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែល​គ្រាន់​តែ​ប្រក់​អនុវាត ខាងខ្នង ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែប្រក់អនុវាតខាងពោះ ហើយ​ក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែដេរគួបគ្នា ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលគ្រាន់តែជ្រលក់ម្តង មានពណ៌ដូច​ភ្លុកដំរី ឬដូចស្លឹកឈើទុំ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលបានមក ព្រោះ​ធ្វើនិមិត្ត ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែល​បាន​មក ព្រោះនិយាយបញ្ចុះបញ្ចូល​គេ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលខ្ចីគេមកក្រាល មិនឡើង​ជាកឋិន។ សំពត់​ដែលមិនបាន​ធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់ដែលធ្វើឲ្យកន្លង​រាត្រី គឺឲ្យអរុណរះឡើងទាន់ ហើយក្រាល មិនឡើង​ជាកឋិន។ សំពត់​ដែល​មិន​បានធ្វើ​ពិន្ទុកប្ប ហើយក្រាល មិនឡើង​ជាកឋិន។ វៀរចាកសង្ឃាដី ហើយក្រាល មិនឡើង​ជា​កឋិន។ វៀរចាក​ឧត្តរាសង្គ ហើយក្រាល មិនឡើង​ជាកឋិន។ វៀរចាកអន្តរវាសក ហើយក្រាល មិន​ឡើង​​ជាកឋិន។ វៀរចាក​ចីវរ​មានមណ្ឌលគ្រប់គ្រាន់ ដែលកាត់ដាច់​ជាបញ្ចខ័ណ្ឌក្តី លើសពី​បញ្ចខ័ណ្ឌ​ក្តី ក្នុងថ្ងៃ​នោះឯង ហើយក្រាល ក៏មិនឡើង​ជាកឋិន។ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈ​ក្រាលវិញ) មិនឡើងជាកឋិន។ ការក្រាលមិនត្រឹមត្រូវ ក៏មិនឡើងជាកឋិន។ បើភិក្ខុ​នៅ​ក្រៅសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ មិនឡើងជាកឋិនឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ការក្រាលកឋិនដូចន័យ​ ដែលតថាគត​ពោលមកនេះឯង មិនឡើងជាកឋិនទេ។

[៤] ម្នាលភិក្ខុទាំងឡាយ ចំណែក​កឋិនដែលភិក្ខុក្រាលឡើង(នោះ) តើដូចម្តេច។ (ឯកឋិន​ដែល​ភិក្ខុ​ក្រាលឡើងនោះគឺ) សំពត់ថ្មី ក្រាលឡើងជា​កឋិន។ សំពត់ជំនំ ក្រាលឡើង​ជាកឋិន។ សំពត់ចាស់ ក្រាលឡើង​ជាកឋិន។ សំពត់បង្សុកូល ក្រាលឡើង​ជាកឋិន។ សំពត់ដែលធ្លាក់​ទៀប​រានផ្សារ ក្រាលឡើង​ជាកឋិន។ សំពត់ដែលបានមកដោយមិនបាន​ធ្វើនិមិត្ត ក្រាលឡើង​ជាកឋិន។ សំពត់ដែល​បានមក ដោយមិនបាននិយាយបញ្ចុះបញ្ចូល​ ក្រាលឡើង​ជាកឋិន។ សំពត់ដែល​មិន​ខ្ចី​គេ ក្រាលឡើង​ជាកឋិន។ សំពត់​ដែលបាន​ធ្វើឲ្យស្រេចក្នុងថ្ងៃនោះ ក្រាលឡើង​ជា​កឋិន។ សំពត់​ដែល​មិនធ្វើឲ្យកន្លង​រាត្រី គឺមិនឲ្យអរុណរះឡើងទាន់ ក្រាលឡើង​ជាកឋិន។ សំពត់ដែលបានធ្វើ​ពិន្ទុកប្បហើយ ក្រាលឡើង​ជាកឋិន។ សង្ឃាដិ ក្រាលឡើង​ជាកឋិន។ ឧត្តរាសង្គ ក្រាលឡើង​ជា​កឋិន។ អន្តរវាសក ក្រាលឡើង​ជាកឋិន។ សំពត់ដែល​មាន​មណ្ឌល​គ្រប់​គ្រាន់ កាត់ដាច់ត្រឹមត្រូវ​ជា​បញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី ក្នុងថ្ងៃ​នោះឯង ហើយក្រាល ឡើង​ជាកឋិន។ ឲ្យបុគ្គលក្រាល ទើបឡើងជាកឋិន។ ការក្រាលដោយត្រឹមត្រូវ ទើបបានឡើងជាកឋិន។ បើភិក្ខុ​នៅក្នុងសីមា ហើយអនុមោទនាកឋិននោះ ការក្រាលបែបនេះ ទើបឡើងជាកឋិន។ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​ក្រាលកឋិនដូចន័យ​ដែលតថាគត​ពោលមកនេះឯង ទើបឡើងជាកឋិនបាន។

[៥] ម្នាលភិក្ខុទាំងឡាយ ឯកឋិននឹងដោះ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មាតិកា​ទាំង៨ប្រការនេះ នាំឲ្យ​កឋិនដោះ គឺ មានការចៀសចេញ​ទៅជាកំណត់១ មានការ​ធ្វើ​ចីវរ​សម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរវិនាសទៅ ជាកំណត់១ មានការ​ឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លងខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិន១។

[៦] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលខ្លួនធ្វើស្រេចចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការ​ដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យស្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះធ្វើចីវរ​ស្រេចហើយ ឮដំណឹង​ថា សង្ឃបានដកកឋិនក្នុងអាវាសនោះហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះធ្វើចីវរ​ស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញដែរ (តែមិនទាន់បាន​ត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បាន​ធ្វើ​ចីវរ​​នោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញ ហើយក៏បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

ចប់ អាទាយសត្តកៈ ជាបឋម។

[៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើហើយចៀសចេញទៅ ដោយគិតថា អាត្មាអញនឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ការ​ដែលចៀសចេញទៅ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរ​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យស្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យស្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូល​យក​​ចីវរ​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរ​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ​ក្នុង​​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុង​ធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះបានធ្វើចីវររួច ក៏បានឮ​ដំណឹង​​ថា កឋិនក្នុងអាវាសនោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​បានឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះបានធ្វើចីវរ​ស្រេចហើយ ក៏នៅតែគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញដែរ (តែមិនទាន់បាន​ត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូល​យក​​ចីវរ​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បាន​ធ្វើ​ចីវរ​​នោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញ ហើយក៏បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

ចប់ សមាទាយសត្តកៈទី២។

[៨] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ។ កាលភិក្ខុនោះទៅដល់ក្រៅសីមា ក៏មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែលធ្វើមិនទាន់ស្រេច​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែល​ធ្វើមិនទាន់ស្រេច​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែល​ធ្វើមិនទាន់ស្រេច​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏ស្រាប់តែឮដំណឹង​ថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​បាន​ឮ​ដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែលធ្វើមិនទាន់ស្រេច​ចៀស​ចេញ​ទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះបានធ្វើចីវរ​រួចហើយ គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញដែរ (តែមិនទាន់បាន​ត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែល​ធ្វើ​មិនទាន់ស្រេច​ចៀសចេញទៅ ដោយ​គិតថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមា ក៏បាន​ធ្វើ​ចីវរ​​នោះ។ លុះភិក្ខុនោះបានធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញ ហើយក៏បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

ចប់ អាទាយឆក្កៈ ទី៣។

[៩] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់ស្រេចចៀសចេញទៅ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានសេចក្តីតាំងចិត្តយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ធ្វើចីវរឲ្យសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូល​យក​​ចីវរដែលធ្វើមិនទាន់ស្រេច​ចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មាន​សេចក្តី​តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹង​មិន​ត្រឡប់​វិញ​ទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរដែលធ្វើមិនទាន់ស្រេច​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មាន​គំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ​ក្នុង​​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុ​នោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុង​ធ្វើ ចីវររបស់ភិក្ខុនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរ​ដែលធ្វើមិនទាន់ស្រេច​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះបានធ្វើចីវរហើយ ឮ​ដំណឹង​​ថា កឋិន​ក្នុង​អាវាស​នោះ សង្ឃបានព្រមគ្នាដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ឮដំណឹង ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរដែលធ្វើមិនទាន់ស្រេច​ចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះធ្វើចីវរហើយ ក៏នៅគិតថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញដែរ (តែមិនទាន់បាន​ត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូល​យក​​ចីវរ​ដែលធ្វើ​មិនទាន់ស្រេច​ចៀសចេញទៅ ដោយ​តាំងចិត្តថា អាត្មាអញ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមា ក៏បាន​ធ្វើ​ចីវរ​​នោះ។ ភិក្ខុនោះធ្វើចីវរហើយ តាំងចិត្តថា អាត្មាអញនឹងត្រឡប់វិញ អាត្មាអញ​នឹង​ត្រឡប់​វិញ ហើយក៏បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

ចប់ សមាទាយឆក្កៈទី៤។

[១០] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិន​ត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១១] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះឡើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១២] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺ​ភិក្ខុនោះគ្មានគំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិន​ត្រឡប់វិញ ក៏គ្មានដែរ ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ នាំយក​ចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ​ក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុង​ធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៣] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ នាំយក​ចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិន​ត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នា​ដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ឮ​ដំណឹង​ ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះ​ធ្វើចីវរស្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ​នឹងត្រឡប់វិញដែរ (តែមិនទាន់បាន​ត្រឡប់​នៅឡើយ) កឋិន​ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់កន្លង​ខេត្តកឋិន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ លុះភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ ភិក្ខុនោះ​ធ្វើ​ចីវរ​នោះ​ស្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ ​នឹងត្រឡប់វិញ ហើយ​ក៏បាន​មក​ទាន់​​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

[១៤] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយក​ចីវរចៀសចេញទៅ។ (ពាក្យយ៉ាងនេះ ប្រហែលនឹងអាទាយវារៈ បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារចុះ)។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ នាំយក​ចីវរដែលធ្វើមិនទាន់សម្រេចចៀសចេញទៅ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ (ពាក្យយ៉ាងនេះ ប្រហែលនឹងសមាទាយវារៈ បណ្ឌិត​គប្បីសំដែង​ឲ្យពិស្តារចុះ)។

[១៥] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទី​នេះ​ឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ ប្រមូល​យក​ចីវរ​ដែលធ្វើមិនទាន់សម្រេច​ចៀសចេញទៅ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិន​ត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់សម្រេច​​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៦] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ កាលភិក្ខុនោះ​ ទៅដល់​ក្រៅ​សីមា ក៏មាន​គំនិត​យ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទី​នេះ​ឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ ប្រមូល​យក​ចីវរ​ដែលធ្វើមិនទាន់សម្រេច​ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់សម្រេច​​ចៀស​ចេញ​ទៅ ដោយ​បំណង​ថា អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៧] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិត​របស់​ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់​វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ​ ទៅដល់​ក្រៅ​សីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទី​នេះ​ឯង អាត្មាអញ​នឹងមិនត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​​ក្រាល​កឋិន​រួចហើយ ប្រមូល​យក​ចីវរ​ដែលធ្វើមិនទាន់សម្រេច​ចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់​ភិក្ខុនោះ​ថា អាត្មាអញ នឹងមិនត្រឡប់​វិញ ក៏គ្មានដែរ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់សម្រេច​​ចៀស​ចេញ​ទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះ​ថា អាត្មាអញ នឹង​មិន​ត្រឡប់​​វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាល​ភិក្ខុ​នោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់ចីវរវិនាស ជា​កំណត់។

[១៨] ភិក្ខុបានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាលភិក្ខុនោះ​ ទៅដល់​ក្រៅ​សីមា ក៏មាន​គំនិត​យ៉ាងនេះ​ថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ ក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ ប្រមូលយកចីវរ ដែលធ្វើមិនទាន់សម្រេច ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិន​ត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូល​យក​ចីវរ​ដែល​ធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ ក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរនោះ។ លុះភិក្ខុនោះ ធ្វើចីវរសម្រេចហើយ ក៏ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នា​ដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់បានឮ​ដំណឹង​ ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ ភិក្ខុនោះ​ធ្វើចីវរស្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ​នឹងត្រឡប់វិញដែរ (តែមិនទាន់បាន​ត្រឡប់​នៅឡើយ) កឋិន​ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់កន្លង​ខេត្តកឋិន ជា​កំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ ប្រមូលយកចីវរដែលធ្វើមិនទាន់សម្រេច​ ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះ​ ធ្វើ​ចីវរ​នោះ​សម្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ ​នឹង​ត្រឡប់​វិញ​ ហើយក៏បានមកទាន់​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុ​ទាំង​ឡាយ។

ចប់ សមាទាយភាណវារៈ។

[១៩] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹង​មិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មា​អញ នឹង​មិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ លុះភិក្ខុនោះ ទៅ​ដល់​​ក្រៅសីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹង​មិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ នឹងចូលទៅកាន់ទី​ដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ចូលទៅកាន់ទី​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

[២០] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមា ហើយចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះ​ចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅ​ដល់​​ក្រៅសីមា ក៏​ចូល​ទៅ​កាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ នឹងចូលទៅកាន់ទី​ដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

[២១] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបាន​តាំងចិត្ត​ គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបាន​តាំងចិត្ត​ គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មា​ដែរ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមា ក៏ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មា​អញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះ​ចង់​បាន​ចីវរ ដោយមិនបាន​តាំងចិត្ត​ គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ ភិក្ខុនោះ ទៅ​ដល់​​ក្រៅសីមា ក៏​ចូល​ទៅ​កាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបាន​តាម​​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​ចីវរ​វិនាស ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយមិនបាន​តាំងចិត្ត​ គឺភិក្ខុនោះគ្មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ទាំង​គំនិត​របស់​ភិក្ខុ​នោះ​ថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មាដែរ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ នឹងចូលទៅកាន់ទី​ដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះឯង អាត្មា​អញ នឹងមិនត្រឡប់​វិញទេ។ ភិក្ខុនោះ ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បានចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

ចប់ (ការបានចីវរ) ខុសបំណង១២ប្រការ។

[២២] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុស​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅ​សីមាហើយ ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ ក៏បាន (ចីវរ) ត្រូវតាម​បំណង គឺមិនបានខុស​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិន​ធ្វើចីវរ​នេះ​ទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះ​ចង់​បាន​ចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅ​ដល់​​ក្រៅសីមាហើយ ​ចូល​ទៅ​កាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុស​​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​ចីវរ​វិនាស ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយ​បំណង​​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ហើយមាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ នឹងចូលទៅកាន់ទី​ដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិន​ត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បាន​ចីវរ​របស់​ភិក្ខុ​នោះ ក៏ដាច់ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

[២៣] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ឮដំណឹងថា កឋិនក្នុងអាវាស​នោះ សង្ឃ​ព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណា​បើ​សង្ឃព្រមគ្នាដកហើយ អាត្មាអញ​នឹងចូលទៅកាន់ទីដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះ​ឯង។ ភិក្ខុនោះ ក៏ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺ​មិនបាន​ខុសបំណង។ ភិក្ខុនោះមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរ​នេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច​ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះ​ចង់​បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏បានឮ​ដំណឹង​ថា កឋិនក្នុងអាវាស​នោះ សង្ឃ​ព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិន​ក្នុង​អាវាសនោះ កាលណា​បើ​សង្ឃព្រមគ្នាដកហើយ អាត្មាអញ​ នឹងចូលទៅកាន់ទី​ ដែលអាត្មា​អញ​​ចង់បាន​ចីវរនេះ ក្នុងទីនេះ​ឯង។ ភិក្ខុនោះ ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺ​មិនបាន​ខុសបំណង។ ភិក្ខុនោះមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹង​មិនធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ឮដំណឹងថា កឋិន​ក្នុង​អាវាស​​នោះ សង្ឃ​ព្រមគ្នាដកហើយ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាល​ណា​បើ​សង្ឃព្រមគ្នាដកហើយ អាត្មាអញ​នឹងចូលទៅកាន់ទីដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះ​ឯង។ ភិក្ខុនោះ ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺ​មិនបាន​ខុសបំណង។ ភិក្ខុនោះមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរ​នេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរនោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាស​ទៅ។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស​ ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏បានឮដំណឹងថា កឋិនក្នុងអាវាស​នោះ សង្ឃ​ព្រមគ្នាដកហើយ។ ភិក្ខុនោះ មាន​គំនិត​យ៉ាងនេះថា កឋិនក្នុងអាវាសនោះ កាលណា​បើ​សង្ឃព្រមគ្នាដកហើយ អាត្មាអញ​នឹង​ចូល​ទៅ​កាន់ទីដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះ​ឯង អាត្មាអញ នឹង​មិនត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏ចូល​ទៅ​កាន់​ទី​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បាន​ចីវរនោះរបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

[២៤] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ព្រោះចង់បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូលទៅកាន់ទីដែលខ្លួន​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺ​មិនបាន​ខុសបំណង។ ភិក្ខុនោះ ក៏បាន​ធ្វើចីវរ​នោះ។​លុះភិក្ខុនោះ ធ្វើចីវររួចហើយ ក៏ឮដំណឹងថា កឋិន​ក្នុងអាវាស​នោះ សង្ឃព្រមគ្នាដកហើយ។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ឮដំណឹង​ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀស​ចេញ​ទៅ ព្រោះ​ចង់​បានចីវរ ដោយបំណង​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទីដែលអាត្មាអញ​ចង់បាន​ចីវរ​នេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួន​ចង់បាន​ចីវរ​នោះ។ ឯសេចក្តី​ចង់បាន​ចីវររបស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​អស់​សេចក្តីសង្ឃឹម។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀស​ចេញ​ទៅ ព្រោះ​ចង់​បានចីវរ ដោយ​បំណង​​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូល​ទៅកាន់​ទីដែល​ខ្លួន​​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ក៏គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹង​ត្រឡប់​វិញដែរ (តែមិនទាន់បានត្រឡប់នៅឡើយ) កឋិនក៏ដោះខាងក្រៅ (នោះ)ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀស​ចេញ​ទៅ ព្រោះ​ចង់​បានចីវរ ដោយ​បំណង​​ថា អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់​ក្រៅសីមា ក៏ចូល​​ទៅកាន់​ទីដែល​ខ្លួន​​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ត្រូវតាមបំណង គឺមិនបានខុសបំណង។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មា​អញ នឹង​ត្រឡប់​វិញ ហើយក៏មកទាន់ពេលដោះកឋិនមែន។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

ចប់ (ការបានចីវរ) ត្រូវតាមបំណង១២ប្រការ។

[២៥] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ កាល​ភិក្ខុ​នោះ ទៅដល់​ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើ​ចីវរ​នោះឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ​ភិក្ខុ​នោះ ទៅដល់​ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ ក៏បាន (ចីវរ) ខុស​បំណង គឺមិនបានតាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិន​ធ្វើចីវរ​នេះ​ទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ​ភិក្ខុ​នោះ ទៅដល់​ក្រៅសីមាហើយ សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរ ក៏បាន (ចីវរ) ខុស​បំណង គឺមិនបានត្រូវតាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​ចីវរ​វិនាស ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ដោយមាន​កិច្ច​ឯណា​នីមួយ។ ​ភិក្ខុ​នោះ ទៅដល់​ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិត​យ៉ាងនេះ​ថា អាត្មាអញ នឹងចូលទៅកាន់​ទី ដែលអាត្មាអញ​ចង់បាន​ចីវរនេះ ក្នុងទីនេះឯង អាត្មា​អញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់ទី ​ដែលខ្លួនអញ​ចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បាន​ចីវរ​នោះ របស់​ភិក្ខុ​នោះ ក៏ដាច់ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តី​សង្ឃឹម។

[២៦] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាល​ភិក្ខុ​នោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់​បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់​ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុស​បំណង គឺ​មិនបានត្រូវតាម​បំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរ​នេះ ក្នុង​ទីនេះ​ឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​ចីវរ​សម្រេច​ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទី​ ដែលខ្លួន​​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ)ខុស បំណង គឺ​មិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹង​មិនធ្វើចីវរ​នេះទេ។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាល​កឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ នឹង​មិន​ត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួន​ចង់បាន​ចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺ​មិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរ​នេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាស​ទៅ។ កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរ​វិនាស​ ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​បំណង​ថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ មាន​គំនិត​យ៉ាងនេះថា អាត្មាអញ​នឹង​ចូល​ទៅ​កាន់ទី ​ដែល​អាត្មាអញ​​ចង់បាន​ចីវរនេះ ក្នុងទីនេះ​ឯង។ ភិក្ខុនោះ ចូល​ទៅ​កាន់​ទី ​ដែលខ្លួនចង់បាន​ចីវរនោះ។ ឯសេចក្តី​ចង់បាន​ចីវរ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​អស់​សេចក្តី​សង្ឃឹម។

[២៧] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិត​ថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិត​របស់ភិក្ខុ​នោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួន​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ខុសបំណង គឺ​មិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹង​ធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ​ឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច​ ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិត​ថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិត​របស់ភិក្ខុ​នោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅ​កាន់ទី​ដែល​ខ្លួន​​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ខុសបំណង គឺ​មិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិត​យ៉ាង​នេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹង​មិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀស​ចេញ​ទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិនបានតាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិត​ថា អាត្មាអញ នឹង​ត្រឡប់​វិញ ទាំងគំនិត​របស់ភិក្ខុ​នោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ ភិក្ខុនោះ ទៅ​ដល់​​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ កាលភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួន​ចង់បាន​ចីវរ​នោះ ក៏បាន (ចីវរ) ខុសបំណង គឺ​មិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹង​ធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏ធ្វើចីវរ​នោះ។ កាលភិក្ខុកំពុងធ្វើ ចីវរក៏វិនាសទៅ។​ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ​ជា​កំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយ​មិន​បាន​តាំងចិត្ត គឺភិក្ខុនោះ គ្មានគំនិត​ថា អាត្មាអញ នឹងត្រឡប់វិញ ទាំងគំនិត​របស់ភិក្ខុ​នោះថា អាត្មាអញ នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅដល់​ក្រៅសីមា សេចក្តី​ចង់បាន​ចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់​ទីដែលអាត្មាអញ​ចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ចូលទៅកាន់​ទីដែលខ្លួន​ចង់បានចីវរនោះ។ ឯសេចក្តី​ចង់បានចីវរ​របស់​ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។

ចប់ ករណីយកិច្ច១២ប្រការ។

[២៨] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ ឥតមានសេចក្តីខ្វល់ខ្វាយនឹងចំណែកនៃចីវរ (របស់ខ្លួន) ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់​ទិស​នោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា ម្យ៉ាងទៀត ចំណែក​ចីវរ​របស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សា​ក្នុង​អាវាស​ឯណោះ ឯចំណែកចីវរ​របស់ខ្ញុំ (ក៏មាននៅ) ក្នុងអាវាស​នោះដែរ។ ទើបភិក្ខុ​ទាំងនោះ ពោល​យ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ចូរលោកទៅយកចីវរ​នោះមក យើងទាំង​ឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុ​ទាំងឡាយ​ថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវរ​របស់ខ្ញុំ​ ទុកក្នុងទីណា។ ភិក្ខុទាំងនោះ ពោលតប​យ៉ាង​នេះថា ម្នាលលោកដ៏មានអាយុ ចីវរនេះ ជាចំណែករបស់​លោកហើយ តើលោក​នឹង​ទៅ​ក្នុងទីណា។ ភិក្ខុនោះឆ្លើយយ៉ាងនេះថា ខ្ញុំនឹងទៅកាន់​អាវាសឯណោះ ដ្បិតពួកភិក្ខុក្នុង​អាវាស​នោះ បំរុងនឹងធ្វើចីវរ​ឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោក​កុំទៅឡើយ យើងទាំងឡាយនឹងធ្វើចីវរ​ឲ្យលោក​ក្នុងទីនេះ។ ឯភិក្ខុនោះមានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុបានក្រាល​កឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាល​កឋិនរួចហើយ មាន​ដំណើរ​ទៅ​កាន់ទិស ក៏ចៀសចេញទៅ។បេ។ កឋិនរបស់ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជា​កំណត់។

[២៩] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់​ទិស​នោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែក​ចីវរ​របស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សា​ក្នុង​អាវាស​ឯណោះ ឯចំណែកចីវរ​របស់ខ្ញុំ (មាននៅ) ក្នុងអាវាស​នោះដែរ។ ភិក្ខុ​ទាំងនោះ និយាយថា ម្នាល​លោក​ដ៏មានអាយុ ចូរលោកទៅយកចីវរ​នោះមក យើងទាំង​ឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុ​ទាំងឡាយ​ថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវរ​របស់ខ្ញុំ​ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ ឆ្លើយតប​យ៉ាង​នេះថា ម្នាល​លោក​ដ៏មាន​អាយុ ចីវរនេះ ជាចំណែករបស់​លោក។ ភិក្ខុនោះ ក៏នាំយកចីវរ​នោះ ហើយដើរទៅកាន់​អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះប្រាប់យ៉ាងនេះថា ខ្ញុំនឹងទៅអាវាស​ឯណោះ (ដ្បិត) ពួកភិក្ខុក្នុង​អាវាស​នោះ បំរុង​នឹងធ្វើ​ចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោក​កុំ​ទៅ​ឡើយ យើងទាំងឡាយ នឹងធ្វើចីវរ​ឲ្យលោក​ ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់មកវិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​​កឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មាន​សេចក្តី​ខ្វល់ខ្វាយ​នឹង​ចំណែក​ចីវរ (របស់ខ្លួនទេ)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់​ទិស​នោះថា ម្នាល​លោក​ដ៏មាន​អាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែក​ចីវរ​របស់លោក (មាននៅ) ក្នុង​អាវាស​ណា។ ភិក្ខុនោះ ឆ្លើយតបយ៉ាងនេះថា ខ្ញុំនៅចាំវស្សា​ក្នុង​អាវាស​ឯណោះ ឯចំណែកចីវរ​របស់ខ្ញុំ (មាននៅ) ក្នុងអាវាស​នោះដែរ។ ភិក្ខុ​ទាំងនោះ និយាយយ៉ាងនេះថា ម្នាល​លោក​ដ៏មានអាយុ លោក​ចូរទៅយកចីវរ​នោះមក យើងទាំង​ឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះ​ភិក្ខុនោះ​ទៅ​កាន់​អាវាសនោះហើយ ក៏សួរភិក្ខុ​ទាំងឡាយ​ថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវរ​របស់​ខ្ញុំ​ (ទុក)ក្នុងឯទីណា។ ភិក្ខុទាំងនោះ និយាយ​យ៉ាង​នេះថា ម្នាល​លោក​ដ៏មាន​អាយុ ចីវរនេះ ជា​ចំណែក​របស់​លោក។ ភិក្ខុនោះ ក៏នាំយកចីវរ​នោះ ហើយដើរទៅកាន់​អាវាសនោះ។ ដល់​ពាក់​កណ្តាល​ផ្លូវ ភិក្ខុទាំងឡាយ ក៏សួរភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះឆ្លើយប្រាប់យ៉ាងនេះថា ខ្ញុំទៅកាន់អាវាស​ឯណោះ (ដ្បិត) ពួកភិក្ខុក្នុង​អាវាស​នោះ បំរុង​នឹងធ្វើ​ចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោក​កុំ​ទៅ​ឡើយ យើងទាំងឡាយ នឹងធ្វើចីវរ​ឲ្យលោក​ ក្នុងទីនេះ។ ភិក្ខុនោះមានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បាន​ក្រាល​​កឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏​ចៀស​ចេញទៅ គ្មានសេចក្តីខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរ​ភិក្ខុ​ដែល​ទៅ​កាន់​ទិស​នោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែក​​ចីវរ​របស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សា​ក្នុង​អាវាស​ឯណោះ ឯចំណែកចីវរ​របស់ខ្ញុំ (មាននៅ) ក្នុងអាវាស​នោះដែរ។ ភិក្ខុ​ទាំងនោះ និយាយយ៉ាងនេះថា ម្នាល​លោក​ដ៏មានអាយុ ចូរលោកទៅយកចីវរ​នោះមក យើងទាំង​ឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុ​ទាំងឡាយ​ថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវរ​របស់ខ្ញុំ​ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយ​យ៉ាង​នេះថា ម្នាល​លោក​ដ៏មាន​អាយុ ចីវរនេះ ជាចំណែករបស់​លោក។ ភិក្ខុនោះ ក៏នាំយកចីវរ​នោះ ហើយទៅកាន់​អាវាសនោះ។ ដល់ពាក់កណ្តាលផ្លូវ ភិក្ខុទាំងឡាយ សួរភិក្ខុនោះថា ម្នាល​លោក​ដ៏មានអាយុ លោកទៅឯណា។ ភិក្ខុនោះតបយ៉ាងនេះថា ខ្ញុំនឹងទៅកាន់អាវាស​ឯណោះ (ដ្បិត) ភិក្ខុទាំងឡាយ ក្នុង​អាវាស​នោះ បំរុង​នឹងធ្វើ​ចីវរឲ្យខ្ញុំ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ណ្ហើយលោកដ៏មានអាយុ លោក​កុំ​ទៅ​ឡើយ យើងទាំងឡាយ នឹងធ្វើចីវរ​ឲ្យលោក​ ក្នុងទីនេះ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[៣០] ភិក្ខុបានក្រាលកឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏ចៀសចេញទៅ គ្មាន​សេចក្តី​ខ្វល់ខ្វាយនឹងចំណែកចីវរ (របស់ខ្លួន)។ ភិក្ខុទាំងឡាយ សួរភិក្ខុដែលទៅកាន់​ទិស​នោះថា ម្នាលលោកដ៏មានអាយុ លោកនៅចាំវស្សាក្នុងអាវាសណា មួយទៀត ចំណែក​ចីវរ​របស់លោក (មាននៅ) ក្នុងអាវាសណា។ ភិក្ខុនោះ ប្រាប់យ៉ាងនេះថា ខ្ញុំនៅចាំវស្សា​ក្នុង​អាវាស​ឯណោះ ឯ​ចំណែក​ចីវរ​របស់ខ្ញុំ (មាននៅ) ក្នុងអាវាស​នោះដែរ។ ភិក្ខុ​ទាំងនោះ និយាយយ៉ាងនេះថា ម្នាល​លោក​​ដ៏មានអាយុ ចូរលោកទៅយកចីវរ​នោះមក យើងទាំង​ឡាយ នឹងធ្វើចីវរឲ្យលោកក្នុងទីនេះ។ លុះភិក្ខុនោះទៅកាន់អាវាសនោះហើយ ក៏សួរភិក្ខុ​ទាំងឡាយ​ថា នែលោកដ៏មានអាយុទាំងឡាយ ចំណែកចីវរ​របស់ខ្ញុំ​ (ទុក)ក្នុងទីណា។ ភិក្ខុទាំងនោះ និយាយ​យ៉ាង​នេះថា ម្នាល​លោក​ដ៏មាន​អាយុ ចីវរនេះ ជាចំណែករបស់​លោក។ ភិក្ខុនោះ ក៏នាំយកចីវរ​នោះ ហើយទៅកាន់​អាវាសនោះ។ លុះភិក្ខុ​នោះទៅដល់អាវាស​នោះហើយ មានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុង​ទី​នេះ​ឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរ​សម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​​កឋិនរួចហើយ មាន​ដំណើរ​ទៅ​កាន់ទិស ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បាន​ក្រាល​​កឋិនរួចហើយ មានដំណើរទៅកាន់ទិស ក៏​ចៀស​​ចេញទៅ។បេ។ ភិក្ខុនោះ មានគំនិតយ៉ាងនេះ​ថា អាត្មា​អញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បាន​ធ្វើ​ចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរ​នោះ​ក៏​វិនាស​ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

ចប់ សេចក្តីមិនខ្វល់ខ្វាយ (ក្នុងចីវរ) ៩ប្រការ។

[៣១] ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើគ្មានសេចក្តីសប្បាយ​ដល់អាត្មាអញទេ អាត្មាអញ​នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើគ្មាន​សេចក្តី​សប្បាយ​​ដល់អាត្មាអញទេ អាត្មាអញ​ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាស​នោះ មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើគ្មានសេចក្តីសប្បាយ​ដល់អាត្មាអញទេ អាត្មា​អញ​ ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើ​ចីវរ​នេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិនរបស់​ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​នៅ​ជា​សុខ​សប្បាយ ហើយនាំយកចីវរ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹង​ទៅកាន់​អាវាស​ឯណោះ បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើគ្មាន​សេចក្តី​សប្បាយ​​ដល់អាត្មាអញទេ អាត្មាអញ​នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតមាន​សេចក្តី​សប្បាយ​​ ដល់អាត្មាអញទេ អាត្មាអញ​ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាស​នោះ មាន​សេចក្តី​សប្បាយ ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតសេចក្តីសប្បាយ​ដល់អាត្មាអញទេ អាត្មា​អញ​ ​នឹងត្រឡប់វិញ។ ភិក្ខុ​នោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើ​ចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ កឋិនរបស់​ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់​ធ្វើ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតមានសេចក្តីសប្បាយ​ដល់អាត្មាអញទេ អាត្មាអញ​នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥត​មាន​សេចក្តី​សប្បាយ​​ដល់អាត្មាអញទេ អាត្មាអញ​ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតមានសេចក្តីសប្បាយ​ ដល់​អាត្មា​អញ​ទេ អាត្មា​អញ​ ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មា​អញ នឹងធ្វើ​ចីវរ​នេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កាលភិក្ខុកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់​ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់​ធ្វើ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើ​ក្នុង​អាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតមានសេចក្តីសប្បាយ​ដល់​អាត្មា​អញ​ទេ អាត្មាអញ​នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥត​មាន​សេចក្តី​សប្បាយ​​ដល់អាត្មាអញទេ អាត្មាអញ​ នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើ​ឥត​មាន​សេចក្តីសប្បាយ​ ដល់​អាត្មា​អញ​ទេ អាត្មា​អញ​ ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ធ្វើ​ចីវរនោះ។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់​វិញ អាត្មាអញ​ នឹងត្រឡប់​វិញដែរ (តែមិនទាន់មកនៅឡើយ) កឋិន ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់​ភិក្ខុនោះ ឈ្មោះ​ថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់​ធ្វើហើយ ​ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹង​ទៅកាន់​អាវាស​ឯណោះ បើ​ក្នុង​អាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥតមាន​សេចក្តី​សប្បាយ​ដល់​អាត្មា​អញ​ទេ អាត្មាអញ​នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើក្នុងអាវាស​នោះ មានសេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើឥត​មាន​សេចក្តី​សប្បាយ​​ដល់អាត្មាអញទេ អាត្មាអញ​ នឹងទៅ​កាន់​អាវាស​ឯណោះ (ទៀត) បើ​ក្នុង​អាវាស​​នោះ មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ ៗនឹងនៅ​ បើ​ឥត​មាន​សេចក្តីសប្បាយ​ ដល់​អាត្មា​អញ​ទេ អាត្មា​អញ​ ​នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏បានធ្វើ​ចីវរនោះឲ្យសម្រេច។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់​វិញ អាត្មាអញ​ នឹងត្រឡប់​វិញ ហើយក៏មកទាន់ពេលដោះកឋិននោះមែន។ កឋិន​របស់​​ភិក្ខុនោះ ឈ្មោះ​ថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ។

ចប់ កិរិយានៅជាសុខសប្បាយ ៥ប្រការ។

[៣២] ម្នាលភិក្ខុទាំងឡាយ បលិពោធ (កង្វល់) របស់កឋិននេះ មាន២យ៉ាង អបលិពោធ (គ្មានកង្វល់) របស់កឋិននេះ មាន២យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បលិពោធរបស់កឋិនទាំង​២យ៉ាង (នោះ) ដូចម្តេច។ (ឯបលិពោធរបស់កឋិនទាំង២យ៉ាងនោះ) គឺ អាវាសបលិពោធ (កង្វល់​ក្នុងអាវាស)១ ចីវរបលិពោធ (កង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ ឯអាវាសបលិពោធ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងអាវាសនោះក្តី មានសេចក្តី​អាល័យ​ចំពោះ​អាវាស​នោះ ហើយចៀសចេញទៅ ដោយបំណងថា អាត្មាអញ​ នឹងត្រឡប់វិញក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរ​បលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ មិនទាន់​បានធ្វើឬ ឬថាបានធ្វើហើយ តែមិនទាន់ស្រេច ទាំងសេចក្តីប្រាថ្នាចីវរ ក៏មិនទាន់​ដាច់នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះហើយ ដែលហៅថា ចីវរបលិពោធ។ ម្នាលភិក្ខុទាំងឡាយ បលិពោធ​របស់កឋិន មាន២យ៉ាងដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែក​អបលិពោធ របស់​កឋិន មាន២យ៉ាង (នោះ) ដូចម្តេចខ្លះ។ (ឯអបលិពោធទាំង២យ៉ាងនោះ) គឺ អាវាសាបលិពោធ (គ្មាន​កង្វល់​ក្នុងអាវាស)១ ចីវរាបលិពោធ (គ្មានកង្វល់ក្នុងចីវរ)១។ ម្នាលភិក្ខុទាំងឡាយ អាវាសាបលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដើរចៀសចេញ ទៅចាកអាវាសនោះ ដោយលះបង់​ចោលស្រឡះ ដាច់អាល័យថា អាត្មាអញ នឹងមិនត្រឡប់វិញ​ទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អាវាសាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ ឯចីវរា​បលិពោធ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចីវរដែលភិក្ខុក្នុងសាសនានេះ បានធ្វើហើយ​ក្តី បាត់ទៅក្តី វិនាសទៅក្តី ភ្លើងឆេះទៅក្តី សេចក្តីប្រាថ្នាចីវរដាច់ទៅក្តី។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ចីវរាបលិពោធ។ ម្នាលភិក្ខុទាំងឡាយ អបលិពោធ របស់កឋិន​ មាន២យ៉ាង​ដូច្នេះឯង។

ចប់ កឋិនក្ខន្ធកៈ ទី៧។

ក្នុងកឋិនក្ខន្ធកៈនេះ មានរឿង១១៨ មានបេយ្យាល១២ ជាប្រធាន។

ឧទ្ទាននៃកឋិនក្ខន្ធកៈនោះគឺ

[៣៣] រឿងបាថេយ្យកភិក្ខុ៣០រូប មានសេចក្តីអផ្សុក នៅក្នុងស្រុកសាកេត លុះនៅចាំ​វស្សារួចហើយ ក៏មានចីវរទទឹកជោក មកគាល់ព្រះជិនស្រី នេះជារឿង (ខាងដើម) នៃកឋិន១ រឿង​អានិសង្សទាំង៥ សម្រេចដល់ភិក្ខុដែលបានក្រាលកឋិនហើយ គឺ ភិក្ខុចេញទៅណា មិនបាច់​លាភិក្ខុផងគ្នា ត្រាច់ទៅណា មិនបាច់​យកត្រៃចីវរ​គ្រប់ប្រដាប់បាន ឆាន់គណភោជន​បាន ទុកដាក់​អតិរេកចីវរបាន​តាមត្រូវការ និងចីវរដែលកើតឡើងដល់សង្ឃ គួរបានដល់ពួកភិក្ខុដែលបាន​ក្រាល​កឋិនហើយ១។ រឿងសូត្រញត្តិ១ រឿងក្រាលកឋិនឡើងបែបយ៉ាងនេះ និងក្រាលកឋិនមិន​ឡើងបែបយ៉ាងនេះ (ឯការក្រាលកឋិន​មិនឡើងនោះ) គឺ (ក្រាលដោយសំពត់គ្រាន់តែ) គូស​ក្រិត​ចំណាំ១ គ្រាន់តែបោកគក់លាង១ គ្រាន់តែចាត់ចែង​លៃលក១ គ្រាន់តែកាត់១ គ្រាន់តែដានភ្ជាប់​គ្នា១ គ្រាន់តែដេរ១ គ្រាន់តែភ្ជាប់កណ្ឌុំ១ គ្រាន់តែថែមសំពត់ឲ្យមាំ១ គ្រាន់តែប្រក់អនុវាត (ខាង​ខ្នង)១ គ្រាន់តែប្រក់​អនុវាត (ខាងពោះ)១ គ្រាន់តែដេរគួបគ្នាជាពីរ១ គ្រាន់តែជ្រលក់ឲ្យមានពណ៌​ដូចភ្លុកដំរី ឬដូចស្លឹកឈើទុំ១ សំពត់​ដែលបានមក ព្រោះធ្វើនិមិត្រ១ សំពត់ដែលបានមក ព្រោះ​និយាយបញ្ចុះបញ្ចូលគេ១ សំពត់ដែលខ្ចីគេ១ សំពត់ដែលមិនបានធ្វើឲ្យសម្រេច​ថ្ងៃនោះ១ សំពត់ដែល​ធ្វើឲ្យកន្លងរាត្រី គឺឲ្យអរុណរះឡើងទាន់១ សំពត់ដែលមិនបាន​ធ្វើពិន្ទុកប្ប១ វៀរចាក​ចីវរទាំងបី១ វៀរចាកចីវរមានមណ្ឌល​គ្រប់គ្រាន់ ដែលកាត់ដាច់​ជាបញ្ចខ័ណ្ឌក្តី លើសពី​បញ្ចខ័ណ្ឌ​ក្តី១ មិនឲ្យបុគ្គលក្រាល (ទៅឲ្យសង្ឃ ឬគណៈក្រាលវិញ)១ ការក្រាលមិនត្រឹមត្រូវ ឬភិក្ខុនៅ​ក្រៅ​សីមាអនុមោទនា១ កឋិនដែលក្រាលមិនឡើង ព្រះពុទ្ធជាម្ចាស់ ទ្រង់សំដែងហើយ យ៉ាងនេះឯង (ឯការក្រាលកឋិនឡើងនោះគឺ) ក្រាលដោយសំពត់ថ្មី១ សំពត់ជំនំ១ សំពត់ចាស់១ សំពត់បង្សុកូល១ សំពត់ធ្លាក់ចុះទៀបរានផ្សារ១ សំពត់ដែល​បានមកដោយមិនបាន​ធ្វើនិមិត្ត១ សំពត់ដែលបានមកដោយមិនបាន​និយាយ​បញ្ចុះបញ្ចូល១ សំពត់ដែលមិនខ្ចីគេ១ សំពត់ដែល​បានធ្វើសម្រេចក្នុងថ្ងៃនោះ១ សំពត់ដែលមិនធ្វើ​ឲ្យកន្លងរាត្រី គឺមិនឲ្យអរុណរះឡើង​ទាន់១ សំពត់ដែលបានធ្វើពិន្ទុកប្ប១ ក្រាលដោយចីវរទាំង៣ (ចីវរណាមួយក៏បាន)១ សំពត់ដែល​ធ្វើ​ឲ្យមាន​មណ្ឌលគ្រប់គ្រាន់ កាត់ដាច់ត្រឹមត្រូវជាបញ្ចខ័ណ្ឌក្តី លើសពីបញ្ចខ័ណ្ឌក្តី១ ឲ្យបុគ្គលក្រាល១ ការក្រាលដោយត្រឹមត្រូវ ឬភិក្ខុក្នុងសីមាអនុមោទនា១ ការក្រាលឡើង​ជាកឋិន ដោយអាការយ៉ាងនេះឯង មាតិកានាំឲ្យកឋិនដោះ មាន៨យ៉ាង គឺ មានការ​ចៀស​ចេញ​ទៅ ជាកំណត់១ មានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានចីវរ​វិនាស ជាកំណត់១ មានការឮដំណឹង ជាកំណត់១ អស់សេចក្តីសង្ឃឹម១ មានការកន្លង​ខេត្តកឋិន ជាកំណត់១ សង្ឃព្រមព្រៀងគ្នាដោះកឋិនមួយទៀត ជាគំរប់ប្រាំបី១ (អធិប្បាយថា) ភិក្ខុនាំយក​ចីវរ ដែលធ្វើហើយ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិននោះ របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចៀសចេញទៅ ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះ​ទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញ នឹង​មិនត្រឡប់​វិញទេ កឋិន (របស់ភិក្ខុនោះ) ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុនាំយកចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងមិនធ្វើ (ចីវរនេះ) អាត្មាអញ នឹងមិនត្រឡប់វិញទេ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់ ភិក្ខុ​នាំ​យក​ចីវរ ចៀសចេញទៅ លុះទៅដល់ក្រៅសីមា ក៏មានគំនិតថា អាត្មាអញ នឹងធ្វើចីវរក្នុងទីនេះ អាត្មាអញ​នឹងមិនត្រឡប់វិញទេ កាលភិក្ខុនោះកំពុងធ្វើ ចីវរក៏វិនាសទៅ កឋិននោះ របស់​ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរស្រេច ស្រាប់តែឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នាដកហើយ កឋិននោះរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់​ឮដំណឹង ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះធ្វើចីវរហើយ ក៏បង្អង់ឲ្យការដោះកឋិន (នោះ) កន្លងហួស​ទៅ​ខាងក្រៅសីមា កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់ ភិក្ខុនាំយកចីវរ ចៀសចេញទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ ក៏ធ្វើចីវរ (នោះ) ខាងក្រៅសីមា លុះ​ធ្វើ​ចីវរស្រេចហើយ ក៏មានគំនិតថា អាត្មាអញ នឹងត្រឡប់វិញ ហើយក៏បាន​មកទាន់​ពេល​ដោះកឋិនមែន កឋិន​របស់ភិក្ខុនោះ ឈ្មោះថាដោះ ជាមួយនឹងភិក្ខុទាំងឡាយ ក្នុងរឿងអាទាយ និង​សមាទាយ (ទាំង២នេះ) មានប្រការប្រាំពីរៗ ដំណើរក្នុងរឿង ដែលភិក្ខុធ្វើចីវរ​មិនទាន់ស្រេច ៦ប្រការ គ្មានការដោះកឋិន ត្រង់ចៀសចេញទៅ​ ជាកំណត់ទេ ការដោះកឋិន ត្រង់ធ្វើ​ចីវរ​សម្រេច១ ត្រង់សេចក្តី​សន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជាកំណត់១ ទាំង៣នេះ កើតដោយ​ភិក្ខុនាំយក (ចីវរចៀសចេញទៅ) ខាងក្រៅសីមា ហើយមានគំនិតថា អាត្មាអញ នឹងធ្វើ (ចីវរ) ក្នុងទីនេះ និដ្ឋានន្តិកាក្តី សន្និដ្ឋានន្តិកាក្តី នាសនន្តិកាក្តី ទាំង៣នេះថា ភិក្ខុនាំយក (ចីវរចៀសចេញ​ទៅ) ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើ​ខាងក្រៅសីមា រឿងន័យវិធីទាំង៣ ដែលមានតទៅខាងក្រោយថា (ភិក្ខុនាំយកចីវរចៀសចេញទៅ) ដោយមិន​បាន​តាំងចិត្ត គឺភិក្ខុគ្មានគំនិតថា (អាត្មាអញ នឹងត្រឡប់វិញ ឬមិនត្រឡប់វិញទេ) ការដោះ​កឋិនត្រង់ធ្វើចីវរសម្រេច ជាកំណត់១ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់១ ត្រង់ចីវរវិនាស ជា​កំណត់១ ត្រង់ឮដំណឹង ជាកំណត់១ ត្រង់កន្លងខេត្តកឋិន ជាកំណត់១ ដោះជាមួយ​នឹងភិក្ខុ​ទាំងឡាយ១ (ទាំង៦នេះ) ថា ភិក្ខុកាន់យក (ចីវរ) ចៀសចេញ​ទៅ ដោយបំណងថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងទៅធ្វើ​ខាងក្រៅសីមា (លុះកំពុងធ្វើ) ក៏គិតថា អាត្មាអញ នឹងមិន​ត្រឡប់វិញ ហើយក៏ធ្វើចីវរឲ្យសម្រេច យ៉ាងនេះ ជាគតិមាន១៥ប្រការ រឿងភិក្ខុ​ប្រមូល​យកចីវរ ដែលធ្វើមិនទាន់ស្រេច និងប្រមូលយក​ចីវរ ដែលធ្វើ​ស្រេចដូចគ្នា វារៈ​ទាំង៤នេះ រួម​ទាំងអស់​ត្រូវជា ១៥ប្រការ រឿងទាំង៣នោះ គឺបាន​ចីវរខុសបំណង១ បានចីវរ​ត្រូវបំណង១ កិច្ច​ដែលត្រូវ​ធ្វើ១ បណ្ឌិត​គប្បី​ដឹងរឿងនោះ ដោយន័យ​ថា មានដប់ពីរ៣ដង រឿង​សេចក្តី​មិនខ្វល់ខ្វាយ (ក្នុងចីវរ) មាន៩ប្រការ រឿង​ភិក្ខុនៅជាសុខសប្បាយ មាន៥ប្រការ រឿងបលិពោធ និងអបលិពោធ ក្នុងអាវាស និងចីវរនោះ១ ឯឧទ្ទាន (នៃកឋិនក្ខន្ធកៈនេះ) យើងបានធ្វើហើយ ដោយន័យ (ដូចពោល​មកយ៉ាងនេះឯង)។

ចីវរក្ខន្ធកៈ

[៣៤] សម័យនោះ ព្រះពុទ្ធមានជោគ គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ សម័យនោះឯង ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយមានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណីក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងការដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (តែងយកថ្លៃ) ៥០កហាបណៈ។ ឯក្រុងវេសាលីសោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលីនោះ។ គ្រានោះ មានពួក​កុដុម្ពីរនៅក្រុងរាជគ្រឹះ បានទៅក្រុងវេសាលីដោយមានកិច្ចណាមួយ។ ពួកកុដុម្ពីរ​នៅក្រុង​រាជគ្រឹះក៏បានឃើញ​ក្រុងវេសាលីស្តុកស្តម្ភទូលាយ មានជនច្រើន មានមនុស្សមីរដេរដាស មាន​​អាហារចីណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមាន​​ស្រីផ្កាមាស(ម្នាក់) ឈ្មោះអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យ​កើត​សេចក្តី​ជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយប្រសប់ ក្នុងការ​ល្បែង​ រាំច្រៀង ដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ទាំងប៉ុន្មាន តែងទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (យកថ្លៃ) ៥០កហាបណៈ ឯក្រុងវេសាលី ក៏ថ្កុំថ្កើងលើសប្រមាណ ​ព្រោះនាង​អម្ពបាលី។ វេលានោះ ពួកកុដុម្ពីរ នៅក្រុងរាជគ្រឹះ បានពិចារណា នូវកិច្ចដែល​គួរធ្វើនោះ ក្នុង​ក្រុងវេសាលីរួចហើយ ក៏ត្រឡប់មក ក្រុងរាជគ្រឹះវិញ បានចូលទៅគាល់ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល ព្រះបាទ​មាគធសេនិយពិម្ពិសារ ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយ មានជនច្រើន មានពួកមនុស្ស​មីរដេរដាស មានអាហារចំណី ក៏សម្បូរណ៌ មានប្រាសាទ៧ពាន់ ៧រយ ៧ប្រាសាទ មានផ្ទះកំពូល​៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំង​មាន​ស្រីផ្កាមាស (ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អ គួរជាទីពិតពិល រមិលមើល នាំឲ្យកើត​សេចក្តី​ជ្រះថ្លា ហើយប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្ត របស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុង​ការ​ល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រីដែលពួកមនុស្ស​ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ យកថ្លៃ៥០កហាបណៈ ឯក្រុងវេសាលី ល្អដោយក្រៃលែងជាង​ប្រមាណ ព្រោះនាងអម្ពបាលីនោះ បពិត្រ​ព្រះសម្មតិទេព គួរតែយើងខ្ញុំ​ តាំងស្រីផ្កាមាសឡើងខ្លះ ទើបជាការល្អ។ ស្តេចនោះ ទ្រង់ត្រាស់តបថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរជ្រើសរើស​នាងកុមារីណា ដែល​មានរូបល្អ ប្រហែលនាងនោះ តាំងឲ្យជាស្រីផ្កាមាសឡើង។ សម័យ​នោះឯង ក្នុងក្រុងរាជគ្រឹះ មាននាងកុមារីម្នាក់ ឈ្មោះសាលវតី រូបល្អ គួរជាទីពិតពិលរមិលមើល នាំឲ្យកើត​សេចក្តីជ្រះថ្លា ហើយប្រកបដោយ​សម្បុរល្អ និងជាទីគាប់ចិត្ត ​របស់ជនពន់ពេក។ វេលានោះ ពួក​កុដុម្ពីរ​នៅក្រុងរាជគ្រឹះ ក៏បានតាំងនាង សាលវតី​កុមារី ឲ្យធ្វើជាស្រីផ្កាមាស។ គ្រានោះ មិនយូរ​ប៉ុន្មាន នាងសាលវតីស្រីផ្កាមាស ក៏ជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងដេញដំប្រគំ ជាស្រី​ដែលពួកមនុស្ស ត្រូវការ​ទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាងនោះ ទៅក្នុង១យប់ (យកថ្លៃ) ១០០កហាបណៈ។ លំដាប់នោះ នាងសាលវតី ស្រីផ្កាមាស មិនយូរប៉ុន្មាន ក៏មានគភ៌​ឡើង។ វេលានោះ នាងសាលវតី ស្រីផ្កាមាស មានសេចក្តីត្រិះរិះ ដូច្នេះថា (ធម្មតា) ស្រី តែមានគភ៌ហើយ រមែងមិនជាទីគាប់ចិត្ត ​របស់ពួកបុរសឡើយ ប្រសិនបើបុរសណាមួយ នឹងដឹងអាត្មាអញថា នាង​សាលវតី ស្រីផ្កាមាស មានគភ៌ហើយ គ្រឿងសក្ការៈ​ទាំងអស់ របស់អញ មុខជានឹងសាបសូន្យ (មិនខាន) បើដូច្នោះ គួរតែអញប្រាប់គេថា មានជម្ងឺ។ គ្រានោះ នាងសាលវតី ស្រីផ្កាមាស ក៏​បានបង្គាប់​នាយទ្វារថា នែនាយទ្វារ កុំឲ្យបុរសណាមួយ ​ចូលមកឡើយ ទុកជានរណាមក សួរ​រកខ្ញុំ អ្នកឯងត្រូវប្រាប់ថា នាងសាលវតី​ មានជម្ងឺ។ នាយទ្វារ​នោះ ក៏បាន​ទទួលពាក្យ​ នាងសាលវតី ស្រីផ្កាមាស ដោយពាក្យថា អឺនាង។ លំដាប់នោះ នាងសាលវតីស្រីផ្កាមាស លុះដល់គភ៌នោះ​ចាស់ហើយ ក៏សម្រាល​កូនប្រុស១មក។ វេលានោះ នាងសាលវតីស្រីផ្កាមាស បានបង្គាប់​ខ្ញុំស្រីថា នែនាង ហ៏ នាងឯងចូរដាក់ទារកនេះ ក្នុងចង្អេរចាស់ ហើយនាំយកទៅចោល ​លើគំនរ​សម្រាម​ចុះ។ ឯខ្ញុំស្រីនោះ បានទទួលស្តាប់ពាក្យ នាងសាលវតីស្រីផ្កាមាស ដោយពាក្យថា ចាសអ្នកម្ចាស់ ហើយ​ក៏ដាក់ទារកនោះ ក្នុងចង្អេរចាស់ ហើយ​នាំយកទៅចោល ​លើគំនរសម្រាម។ សម័យនោះ​ឯង ព្រះរាជកុមារ ឈ្មោះ​អភយៈ ចេញទៅគាល់បម្រើស្តេច ​ក្នុងវេលាព្រឹក ក៏បានឃើញ​ទារក​នោះ មានពួកសត្វក្អែកចោមរោម លុះឃើញហើយ ក៏សួរទៅមនុស្ស​ទាំងឡាយថា នែនាយ អ្វីនេះ ដែលពួកក្អែកចោមរោម។ មនុស្សទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ទារក។ រាជកុមារ​ត្រាស់សួរថា នែនាយ ទារកនេះ វានៅរស់ទេឬ។ មនុស្សទាំងនោះក្រាបទូលថា សូម​ទ្រង់​មេត្តាប្រោស នៅរស់ទេ។ រាជកុមារក៏ត្រាស់ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំយក​ទារក​នោះ ទៅក្នុងព្រះរាជវាំងយើង ហើយប្រគល់ឲ្យពួកស្រីដោះចិញ្ចឹម។ មនុស្ស​ទាំងនោះ បានទទួល​ពាក្យអភយរាជកុមារ​ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ក៏នាំយក​ទារក​នោះ ទៅ​ក្នុងព្រះរាជវាំង របស់អភយរាជកុមារ ហើយប្រគល់ឲ្យទៅពួក​មេដោះថា នាង​ទាំងឡាយ​ចូរចិញ្ចឹមចុះ។ ជនទាំងឡាយ បានឲ្យឈ្មោះទារកនោះថា ជីវកៈ ដោយហេតុថា ទារកនោះនៅរស់ ឲ្យឈ្មោះ​ទារកនោះ (ខាងក្រោយទៀត) ថា កោមារភត្យ ព្រោះថាទារកនោះ អភយរាជកុមារ បាន​ឲ្យគេរើស​យកមកចិញ្ចឹម។ គ្រានោះ ជីវកកោមារភត្យ មិនយូរប៉ុន្មាន ក៏បានជាអ្នកដឹងក្តីឡើង។ វេលានោះ ជីវកកោមារភត្យ បានចូលទៅគាល់ ​អភយរាជកុមារ លុះចូលទៅដល់ហើយ បាន​ក្រាបបង្គំ​ទូល អភយរាជកុមារ ដូច្នេះថា បពិត្រព្រះសម្មតិទេព អ្នកណាជាមាតារបស់ខ្ញុំ អ្នកណា​ជាបិតារបស់ខ្ញុំ។ អភយរាជកុមារតបថា ហៃបាជីវកៈ ទុកជាអញ ក៏មិនបានស្គាល់​មាតារបស់​អ្នកដែរ ប៉ុន្តែខ្លួនអញ ទុកដូចជាបិតារបស់អ្នក (ព្រោះ) អ្នកឯង យើងបានឲ្យគេ​យកមកចិញ្ចឹម។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួករាជត្រកូលនេះ តែបុគ្គល​គ្មាន​សិល្បសាស្ត្រហើយ មិនងាយ​នឹងចិញ្ចឹមជីវិតបានទេ បើដូច្នោះ មានតែអាត្មាអញ​ រក​រៀន​សិល្បសាស្ត្រ។

[៣៥] សម័យនោះឯង មានពេទ្យម្នាក់ ជាទិសាបាមោក្ខ នៅអាស្រ័យ​ក្នុងក្រុងតក្កសិលា។ វេលានោះ ជីវកកោមារភត្យ មិនបានលាអភយរាជកុមារឡើយ ហើយចេញដើរសំដៅទៅ​ក្រុង​តក្កសិលា ក៏បាន​ចូលទៅរកពេទ្យ​នោះ ឯក្រុង​តក្កសិលាដោយលំដាប់ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ នឹងពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំប្រាថ្នានឹងសិក្សាសិល្បសាស្ត្រ។ ឯអាចារ្យទិសាបាមោក្ខនោះ ក៏តបវិញថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងចូររៀនចុះ។ វេលានោះ ជីវកកោមារភត្យ ក៏រៀនសិល្បសាស្ត្របានច្រើនផង រៀបបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ ដែលជីវកកោមារភត្យនោះ បានរៀនហើយ ក៏មិនភ្លេចទៅផង។ លុះកន្លង​៧ឆ្នាំ​ទៅហើយ ទើបជីវកកោមារភត្យ មានសេចក្តីរិះគិត ដូច្នេះថា អាត្មាអញ រៀនសិល្បសាស្ត្រ​បានច្រើនផង រៀនបានឆាប់ផង ចាំទុកបានល្អផង សិល្បសាស្ត្រ​ ដែលអញ​បានរៀន​ហើយ ក៏​មិនភ្លេច​ទៅផង ម្យ៉ាងទៀត កាលអាត្មាអញ រៀនអស់​៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រនេះ​មិនប្រាកដឡើយ ទីបំផុតសិល្បសាស្ត្រនេះ តើនឹង​បានប្រាកដ ​ក្នុងវេលាណា។ លំដាប់នោះ ជីវកកោមារភត្យ ក៏បានចូលទៅរកពេទ្យនោះ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ​នឹង​ពេទ្យនោះថា បពិត្រលោកអាចារ្យ ខ្ញុំរៀនសិល្បសាស្ត្របានច្រើនផង រៀនបានឆាប់ផង ចាំទុក​បានល្អផង សិល្បសាស្ត្រ​ ដែលខ្ញុំបានរៀនហើយ មិនភ្លេចទៅវិញផង ម្យ៉ាងទៀត ខ្ញុំរៀនអស់​៧ឆ្នាំហើយ ក៏រកទីបំផុតសិល្បសាស្ត្រ​នេះ មិនប្រាកដសោះ ទីបំផុតសិល្បសាស្ត្រនេះ តើនឹង​បាន​ប្រាកដក្នុងវេលាណា។ ឯអាចារ្យនោះ ក៏ប្រាប់ថា នែនាយជីវកៈ បើដូច្នោះ អ្នកឯងត្រូវកាន់យក​ចបជីក ដើរទៅចំនួន១យោជន៍ជុំវិញក្រុងតក្កសិលា ហើយគន់មើលវត្ថុឯណានីមួយ ដែល​មិនមែន​ជាថ្នាំ ចូរអ្នកនាំវត្ថុនោះមក។ ឯជីវកកោមារភត្យ ទទួលស្តាប់ពាក្យពេទ្យនោះ ដោយពាក្យ​ថា បាទលោកអាចារ្យ ហើយក៏កាន់ចបជីក ដើរទៅចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏មិន​ឃើញ​មានវត្ថុអ្វីមួយ ដែល​មិនមែនជាថ្នាំឡើយ។ គ្រានោះ ជីវកកោមារភត្យ ក៏បានចូលទៅរក​ពេទ្យនោះវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយ​ពាក្យនេះនឹង​ពេទ្យនោះថា បពិត្រលោក​អាចារ្យ ខ្ញុំបានដើរទៅ​ចំនួន​១យោជន៍​ជុំវិញក្រុងតក្កសិលា ក៏មិនឃើញ​មានវត្ថុអ្វីមួយ ដែល​មិនមែន​ជាថ្នាំសោះ។ ឯអាចារ្យនោះក៏និយាយថា នែនាយជីវកៈ អ្នកឯង យើងបានបង្រៀន​រួចហើយ សិល្បសាស្ត្រប៉ុណ្ណេះ ល្មមចិញ្ចឹម​ជីវិត​របស់អ្នកឯង​បានហើយ ៗក៏ប្រគល់​ស្បៀង​បន្តិច​បន្តួច​ឲ្យជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ ក៏បាននាំយកស្បៀងបន្តិចបន្តួច​នោះចេញ​ដើរ សំដៅទៅក្រុងរាជគ្រឹះវិញ។ វេលានោះ ស្បៀងបន្តិចបន្តួច ​របស់​ជីវកកោមារភត្យ​នោះ ក៏អស់រលីងទៅ ទៀបក្រុងសាកេត នៅពាក់កណ្តាលផ្លូវ។ គ្រានោះ ជីវកកោមារភត្យ ក៏​មាន​សេចក្តីរិះគិត ដូច្នេះថា ផ្លូវអស់ទាំងនេះ ជាផ្លូវដាច់ស្រយាល មានទឹកតិច មានចីណីអាហារតិច នរណា ដែលមិនមានស្បៀងអាហារហើយ មិនងាយនឹងទៅបានឡើយ បើដូច្នោះ គួរអាត្មាអញ ដើរស្វែងរកស្បៀងសិន (រួចសឹមទៅ)។

[៣៦] សម័យនោះឯង ក្នុងក្រុងសាកេត មានភរិយាសេដ្ឋីម្នាក់ កើតជម្ងឺឈឺក្បាល​៧ឆ្នាំ​ហើយ។ ពួកពេទ្យដែល​ជាទិសាបាមោក្ខយ៉ាងធំៗច្រើននាក់ នាំគ្នាមកព្យាបាល ក៏មិនអាច​ធ្វើ​ឲ្យ​ជារោគបាន ហើយនាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ជីវកកោមារភត្យ បានចូលទៅក្រុង​សាកេត ហើយសួរមនុស្សទាំងឡាយថា នែនាយ នរណាមានជម្ងឺ (ខ្លះ) នរណាឲ្យខ្ញុំព្យាបាល (ខ្លះ)។ មនុស្សទាំងនោះប្រាប់ថា បពិត្រលោកអាចារ្យ មានតែភរិយា​សេដ្ឋីនេះ មានជម្ងឺ​ឈឺក្នុងក្បាល​​៧ឆ្នាំហើយ បពិត្រ​លោកអាចារ្យ អ្នកអញ្ជើញទៅព្យាបាល​ភរិយាសេដ្ឋីចុះ។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅកាន់លំនៅ របស់សេដ្ឋីគហបតី លុះចូលទៅដល់ ហើយ ក៏បង្គាប់នាយ​ទ្វារថា នែនាយទ្វារ ចូរអ្នកឯង ទៅជំរាបភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យ​ជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏ចូលទៅរកភរិយាសេដ្ឋី។ លុះ​ចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ឥឡូវ​មានគ្រូពេទ្យអញ្ជើញមក គាត់ចង់ឃើញអ្នកម្ចាស់។ ឯភរិយាសេដ្ឋីក៏សួរថា នែនាយទ្វារ គ្រូពេទ្យនោះ តើបែបយ៉ាងណា។ នាយទ្វារជំរាបថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យនោះនៅ​ក្មេងទេ។ ឯភរិយាសេដ្ឋីក៏តបថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងធ្វើរោគអញ​ឲ្យជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខយ៉ាងធំៗ ច្រើននាក់ ក៏បានមកព្យាបាលហើយ ក៏គង់មិនអាច​នឹង​ធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ខណៈនោះ នាយទ្វារក៏បានចូលទៅរក​ជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹង​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីបាននិយាយយ៉ាងនេះថា កុំឡើយនាយទ្វារ គ្រូពេទ្យនៅក្មេងម្ល៉េះ នឹងព្យាបាលរោគអញ​ឲ្យសះជាម្តេចបាន គ្រូពេទ្យដែលជាទិសាបាមោក្ខធំៗ ច្រើននាក់ បាន​មក​ព្យាបាល ក៏គង់មិនអាច​នឹង​ធ្វើរោគឲ្យសះជាបាន នាំយកប្រាក់ជាច្រើនទៅហើយ។ ឯជីវកកោមារភត្យ ក៏និយាយវិញថា នែនាយទ្វារ ចូរអ្នកឯងទៅជំរាបភរិយាសេដ្ឋីថា បពិត្រ​អ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យ យ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវុត្ថុអ្វីៗ​មុនឡើយ ចាំអ្នកម្ចាស់ជារោគពេលណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងពេលនោះចុះ។ នាយទ្វារនោះ​ ទទួលស្តាប់ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោក​អាចារ្យ ហើយក៏ចូលទៅរក​ភរិយាសេដ្ឋីវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគវេលាណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងវេលានោះចុះ។ ឯភរិយាសេដ្ឋីក៏ប្រាប់ថា នែនាយទ្វារ បើដូច្នោះ សូមឲ្យ​គ្រូពេទ្យ​អញ្ជើញចូលមកចុះ។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យភរិយាសេដ្ឋី ដោយពាក្យថា បាទ​អ្នកម្ចាស់ ហើយក៏ចូលទៅរកជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយ​ពាក្យ​នេះ នឹង​ជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីឲ្យអញ្ជើញលោក។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅរកភរិយាសេដ្ឋី លុះចូលទៅដល់ហើយ ក៏សង្កេតស្គាល់​កាយវិការ​របស់ភរិយាសេដ្ឋី ហើយបាននិយាយ​ពាក្យនេះនឹង​ភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ខ្ញុំបាទ​ត្រូវការ​សប្បិ១ទូកដៃ។ លំដាប់នោះ ភរិយាសេដ្ឋី ក៏បានបង្គាប់​ឲ្យគេឲ្យសប្បិ១ទូកដៃទៅ​​ជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បានស្លសប្បិនោះជាមួយនឹង​ថ្នាំទាំងឡាយ​ផ្សេងៗ រួចហើយឲ្យភរិយាសេដ្ឋីដេកផ្ងារលើគ្រែ ហើយបញ្ច្រកថ្នាំនោះ។ ខណៈនោះ សប្បិដែល​​ជីវកកោមារភត្យ បានច្រកទៅហើយនោះ ក៏ខ្ពុរចេញពីមាត់។ គ្រានោះ ភរិយាសេដ្ឋី ក៏ខ្ជាក់​សប្បិ​នោះទៅ​ក្នុងកន្ថោរ ហើយបង្គាប់ទាសីថា ចូរនាង​យកសំឡី​មកផ្តិត​សប្បិនេះចេញ។ វេលានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អើអស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យទាសី​យកសំឡី​មកផ្តិតសប្បិនេះ ដែលជារបស់គួរ​តែចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញបាន​ប្រើប្រាស់​អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹង​ឲ្យទេយ្យ​ធម៌ (រង្វាន់) តិចតួចដល់អញ​ដូចម្តេចបាន។ លំដាប់នោះ ភរិយាសេដ្ឋីសង្កេតស្គាល់​វិការ​ជីវកកោមារភត្យ ហើយក៏បាននិយាយ​ពាក្យនេះ នឹង​ជីវកកោមារភត្យថា នែលោកអាចារ្យ ហេតុអ្វី​បានជាអ្នកមានចិត្តប្លែកម្ល៉េះ។ ឯជីវកកោមារភត្យ តបវិញថា ខ្ញុំបាទមាន​​សេចក្តី​រិះគិត ​ក្នុងទីនេះ​យ៉ាងនេះថា អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់​ណាស់​តើ ព្រោះនាង​ឲ្យទាសី​យកសំឡី​មកផ្តិតសប្បិនេះ ដែលជារបស់គួរ​តែចោល ម្យ៉ាងទៀត ថ្នាំដែល​មានដំឡៃ​ច្រើនៗ អញបាន​ប្រើប្រាស់​អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹង​ឲ្យទេយ្យ​ធម៌តិចតួច ដល់អាត្មាអញ​ដូច​ម្តេច​បាន។ ឯភរិយាសេដ្ឋី តបវិញថា នែលោកអាចារ្យ យើងជាស្រីគ្រប់គ្រងផ្ទះ គួរ​ចេះ​សំចៃ​សប្បិនេះ សប្បិនេះ នឹងធ្វើជាថ្នាំលាបជើងពួកទាសៈ​ ពួកកម្មករ ឬនឹង​ស្រោច​ទៅក្នុងកិច្ច ​ដែល​ធ្វើ​ប្រទីប ក៏គង់តែប្រសើរ នែលោកអាចារ្យ លោកកុំតូចចិត្តឡើយ ទេយ្យធម៌​របស់លោក មុខជា​មិន​សាបសូន្យទេ។ ខណៈនោះ ជីវកកោមារភត្យ ក៏បានផ្សះជម្ងឺឈឺក្បាល​៧ឆ្នាំ ​របស់​ភរិយាសេដ្ឋី​ ដោយការ​ច្រក តែម្តងប៉ុណ្ណោះ។ វេលានោះ ភរិយាសេដ្ឋី ក៏បានសះ ជារោគនោះទៅ ហើយបាន​ឲ្យ​ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ទៅជីវកកោមារភត្យ។ ឯកូនប្រុសគិតថា មាតា​របស់អាត្មា​អញ​ បានសះ ជាជម្ងឺហើយ ក៏បាន​ឲ្យ​ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯស្រីជាកូនប្រសា គិតថា ម្តាយក្មេករបស់អាត្មាអញ​ បានសះ ជាជម្ងឺហើយ ក៏បាន​ឲ្យ​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ​​ទៀត។ ឯសេដ្ឋីគហបតី គិតថា ភរិយារបស់អាត្មាអញ​ បានសះ ជាជម្ងឺហើយ ក៏​ឲ្យ​ (រង្វាន់) ចំនួន​៤ពាន់​កហាបណៈ ហើយឲ្យទាសា ទាសី និងរថទឹមសេះ (ថែមទៀត)។ គ្រានោះ ជីវកកោមារភត្យ ​បាននាំយក (រង្វាន់) ទាំង១៦​ពាន់កហាបណៈនោះ និងទាសាទាសី​ ទាំងរថទឹមសេះ ហើយចេញ​ទៅក្រុង​រាជគ្រឹះ ក៏បានចូលទៅរក អភយរាជកុមារ ឰដក្រុង​រាជគ្រឹះដោយលំដាប់ លុះចូល​ទៅដល់​ហើយ ក៏បាន​និយាយពាក្យនេះ នឹង​អភយរាជកុមារថា សូមទ្រង់មេត្តាប្រោស រង្វាន់​ទាំង​១៦ពាន់​ក្តី ទាសាក្តី ទាសីក្តី សេះ និងរថក្តី នេះជាស្នាដៃ​ដំបូង​របស់​ទូលបង្គំ​ជាខ្ញុំ សូមព្រះសម្មតិទេព ទ្រង់​ទទួលយក​គ្រឿង​សម្រាប់ចិញ្ចឹម​របស់ទូល​បង្គំ​ជាខ្ញុំចុះ។ ឯអភយរាជកុមារ​ក៏តបថា នែនាយជីវកៈ ណ្ហើយ (របស់ទាំងនេះ) ស្រេចនឹងអ្នកឯងចុះ ប៉ុន្តែត្រូវអ្នកឯងសាង​លំនៅ​ ក្នុងបូរីរបស់យើង។ ឯ​ជីវកកោមារភត្យ បានទទួលស្តាប់ព្រះបន្ទូល​អភយរាជកុមារ ​ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បានសាង​លំនៅ​ ក្នុងវាំងរបស់អភយរាជកុមារ។

[៣៧] សម័យនោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់កើតរោគឫសដូងបាត។ សំពត់​សាដកទាំងឡាយ ក៏សឹង​តែប្រឡាក់​ទៅដោយឈាម។ ពួកព្រះនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើងដល់​ព្រះ​សម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន។ ​ព្រះមហាក្សត្រ ក៏ទ្រង់អៀនអន់​ដោយហេតុនោះ។ វេលានោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់​មានព្រះរាជឱង្ការ​សួរទៅអភយរាជកុមារថា នែនាយអភ័យ យើងមានជម្ងឺប្រាកដ​ដូច្នោះ​ហើយ អស់ទាំង​​សំពត់​សាដក ប្រឡាក់​ទៅដោយឈាម ឯពួកនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើង ដល់​ព្រះ​សម្មតិទេព​ហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន នែនាយអភ័យ យើង​សូមអង្វរ​អ្នក ចូរអ្នកស្វែងរកពេទ្យណា ដែលអាចព្យាបាលយើងបាន។ អភយរាជកុមារ ​តបវិញថា បពិត្រព្រះសម្មតិទេព ពេទ្យរបស់ខ្ញុំព្រះអង្គ​ ឈ្មោះជីវកៈ នៅក្មេង ជាមនុស្ស​កំពុង​ចំរើន ពេទ្យ​នោះ​ នឹងព្យាបាលព្រះសម្មតិទេពបាន។ ព្រះបាទពិម្ពិសារ​ត្រាស់ថា នែនាយអភ័យ បើដូច្នោះ ចូរ​អ្នកបង្គាប់ពេទ្យ​ជីវកៈ ឲ្យគេមកព្យាបាលអញចុះ។ លំដាប់នោះ អភយរាជកុមារ ក៏បាន​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង​ ទៅព្យាបាល​រោគ ថ្វាយ​ព្រះមហាក្សត្រ។ ជីវកកោមារភត្យ បានទទួលបង្គាប់​អភយរាជកុមារ ​ដោយពាក្យថា ករុណាវិសេស ហើយក៏​នាំយក​ថ្នាំ​ចំនួន​មួយក្រចក ចូលទៅគាល់​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏ក្រាប​ទូល​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមមើល​ជម្ងឺ​ព្រះអង្គ។ វេលានោះ ជីវកកោមារភត្យ ក៏បានផ្សះ​រោគ​ឫសដូងបាត របស់​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយលាបថ្នាំតែម្តង។ គ្រានោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទ្រង់បានសះ ជារោគ​ហើយ ទើបទ្រង់ឲ្យពួក​ស្រីទាំងប្រាំរយ ​ស្អិតស្អាង​គ្រឿង​អលង្ការ​ទាំងពួង ហើយឲ្យដោះចេញ ទ្រង់​ឲ្យគរជាគំនរ​ រួចទ្រង់ត្រាស់ទៅ នឹងជីវកកោមារភត្យ​ ដូច្នេះថា នែនាយជីវកៈ គ្រឿងអលង្ការ​ទាំង​ពួង​ របស់ស្រីទាំងប្រាំរយនេះ ត្រូវបាន​អ្នកឯងហើយ។ ជីវកកោមារភត្យ ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កុំព្រួយ​ព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេព ទ្រង់គ្រាន់តែរំលឹក​ឧបការ​របស់ខ្ញុំព្រះអង្គចុះ។ ព្រះបាទ​ពិម្ពិសារ​ត្រាស់ថា នែនាយជីវកៈ បើដូច្នោះ ចូរអ្នកឯងបម្រើ​យើង​ផង ស្រីស្នំផង ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានផង។ ជីវកកោមារភត្យ បានទទួលស្តាប់ព្រះរាជ​ឱង្ការ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស។

[៣៨] សម័យនោះឯង សេដ្ឋីនៅក្រុង​រាជគ្រឹះ កើតរោគឈឺក្បាល៧ឆ្នាំហើយ។ ពួកពេទ្យ​ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល​ ក៏មិនអាចនឹងកែរោគឲ្យសះជាបាន នាំយក​តែ​ប្រាក់ជាច្រើនទៅ។ ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ ក៏បោះបង់ចោលហើយ។ មានពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧។ លំដាប់នោះ ពួក​កុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ មានសេចក្តី​រិះគិត ​ដូច្នេះថា សេដ្ឋីគហបតិនេះឯង មានឧបការៈ​ច្រើនដល់ស្តេចផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ បោះបង់ចោលហើយ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង ​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥។ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧ ម្យ៉ាងទៀត ពេទ្យជីវកៈ របស់​ព្រះមហាក្សត្រ​នេះ នៅក្មេង ជាមនុស្សកំពុងចំរើន បើដូច្នោះ​ គួរតែយើងទូល​សូមពេទ្យ​ជីវកៈ​ អំពី​ព្រះមហាក្សត្រ ដើម្បីព្យាបាល​រោគ សេដ្ឋីគហបតិ។ គ្រានោះ ពួកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ បានចូលទៅគាល់​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូលទៅដល់ហើយ ក៏បានក្រាបទូល​ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារថា សូមទ្រង់​ព្រះមេត្តាប្រោស សេដ្ឋីគហបតិនេះ មាន​ឧបការៈ​ច្រើន ដល់ព្រះសម្មតិទេពផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ពួកពេទ្យ ក៏បោះបង់ហើយ ពួក​ពេទ្យខ្លះ​​ និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៥ ពួកពេទ្យខ្លះ​និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង​ធ្វើមរណកាល ក្នុងថ្ងៃ​ទី៧ យើងខ្ញុំសូមអង្វរ​ សូម​ព្រះសម្មតិទេព ទ្រង់បង្គាប់​ពេទ្យជីវកៈ ឲ្យព្យាបាល​រោគ សេដ្ឋីគហបតិ។ ខណៈនោះ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ក៏ទ្រង់​បានបង្គាប់ ​ជីវកកោមារភត្យថា នែនាយជីវកៈ អ្នកឯងចូរ​ទៅព្យាបាល​សេដ្ឋីគហបតិចុះ។ ជីវកកោមារភត្យ ទទួលស្តាប់ព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវេសេស រួចចូលទៅរក​សេដ្ឋីគហបតិ លុះចូលទៅដល់ហើយ ក៏សង្កេតដឹងវិការៈ ​របស់សេដ្ឋីគហបតិ រួចហើយ​និយាយ​នឹង​សេដ្ឋីគហបតិដូច្នេះថា នែគហបតិ ប្រសិនបើខ្ញុំ​កែរោគ​លោក សះជាហើយ តើខ្ញុំ​នឹងត្រូវ​បាន​រង្វាន់​ដូចម្តេច។ សេដ្ឋីគហបតិតបថា លោកអាចារ្យ សម្បត្តិរបស់ខ្ញុំ​ទាំងអស់ក្តី ក៏ត្រូវ​បានលោក ខ្លួនខ្ញុំក្តី ក៏ធ្វើជាខ្ញុំរបស់លោក។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្អៀង​តែម្ខាង​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្អៀង​តែម្ខាង​ អស់​៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្អៀងមកម្ខាងទៀត ​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិតបថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្អៀងមកម្ខាងទៀត​ អស់​៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាច​នឹងសម្រាន្ត​ផ្ងារ ​អស់​៧ខែបានឬទេ។ សេដ្ឋីគហបតិប្រាប់ថា លោកអាចារ្យ ខ្ញុំអាចនឹង​ដេកផ្ងារ​ អស់​៧ខែបាន។ ខណៈនោះ ជីវកកោមារភត្យ ក៏ឲ្យសេដ្ឋីគហបតិដេកលើគ្រែ រួចចងសេដ្ឋីភ្ជាប់​លើគ្រែ ហើយវះស្បែកក្បាល វែកថ្នេរ (រលាក្បាល) ចេញ ក៏នាំយកបាណកជាតិ បានពីរ ហើយបង្ហាញ​ដល់ជនថា ចូរអ្នកទាំងឡាយ មើលបាណកជាតិទាំងពីរនេះចុះ បាណកជាតិ១តូច បាណកជាតិ១ធំ ពួកអាចារ្យណានិយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាល​ក្នុង​ថ្ងៃទី​៥ (ព្រោះ) ពួកអាចារ្យទាំងនោះ បានឃើញ​បាណកជាតិ​ធំនេះ ដល់ថ្ងៃទី៥ វានឹងជញ្ជក់យកខួរ​ក្នុងរលាក្បាល​របស់​សេដ្ឋីគហបតិ ៗនឹងធ្វើ​មរណកាល ព្រោះវាជញ្ជក់​យកខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) ចំណែកខាងពួក​​អាចារ្យ​ណា និយាយ​យ៉ាង​នេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាល​ក្នុង​ថ្ងៃទី​៧ (ព្រោះ) អាចារ្យទាំងនោះ បានឃើញ​បាណកជាតិតូចនេះ ដល់ថ្ងៃទី៧ វានឹងជញ្ជក់ខួរ​ក្នុងរលាក្បាល​សេដ្ឋីគហបតិ ៗនឹងធ្វើ​មរណកាល ព្រោះវាជញ្ជក់​ខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) រួចហើយទើបបិទថ្នេរ (រលាក្បាល) ហើយដេរស្បែកក្បាល រួចលាបថ្នាំ​ឲ្យ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ ក៏និយាយ​ទៅនឹងជីវកកោមារភត្យយ៉ាងនេះថា នែលោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្អៀង​ខាងម្ខាង អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោកបានទទួលប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្អៀង​តែម្ខាងឲ្យអស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីតបថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្អៀង​តែម្ខាង ឲ្យអស់​៧ខែបាន។ ជីវកកោមារភត្យ​និយាយថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្អៀង​ទៅម្ខាងទៀត អស់៧ខែចុះ។ វេលានោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយនឹងជីវកកោមារភត្យយ៉ាងនេះថា លោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្អៀង​ម្ខាងទៀត អស់៧ខែបានឡើយ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោកបានទទួលប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្អៀងទៅម្ខាងទៀត អស់​៧ខែបានទេ។ ជីវក​កោមារភត្យ​​តបថា នែគហបតិ បើដូច្នោះ ចូរលោកដេកផ្ងារ ឲ្យអស់៧ខែ​វិញចុះ។ លំដាប់នោះ លុះកន្លង៧ថ្ងៃទៅ សេដ្ឋីគហបតិ បាននិយាយ​ទៅនឹង​ជីវកកោមារភត្យ យ៉ាងនេះថា លោក​អាចារ្យ ខ្ញុំមិនអាច​នឹងដេកផ្ងារ អស់៧ខែបានទេ។ ជីវកកោមារភត្យតបថា នែគហបតិ ក្រែង​លោក​បាន​ទទួល​ប្តេជ្ញា​នឹងខ្ញុំថា លោកអាចារ្យ ខ្ញុំអាច​នឹងដេកផ្ងារ អស់​៧ខែបាន មិនដូច្នោះឬ។ សេដ្ឋីនិយាយ​ថា លោកអាចារ្យ ខ្ញុំបានទទួលប្តេជ្ញា​ពិតមែនហើយ ប៉ុន្តែថា ខ្ញុំ​មុខជា​នឹងស្លាប់ (មិនខាន ព្រោះ) ខ្ញុំមិនអាចនឹង​ដេកផ្ងារ អស់​៧ខែបានទេ។ ជីវកកោមារភត្យតបវិញថា នែគហបតិ បើខ្ញុំ​មិនបាន​និយាយ​នឹងលោក (យ៉ាងនេះទេ) អ្នកមុខជាមិនដេក អស់កាល​មានប្រមាណ​ប៉ុណ្ណេះឡើយ ម្យ៉ាងទៀត យើងបានដឹងពីមុនហើយថា ដល់គ្រប់៧ថ្ងៃ៣ដង សេដ្ឋីគហបតិ មុខជានឹងសះស្បើយ​រោគជាប្រាកដ (មិនខាន) នែគហបតិ ចូរអ្នក្រោកឡើង ឥឡូវ លោកបាន​សះ ជារោគហើយ ចូរលោកដឹង លោកត្រូវឲ្យរង្វាន់ខ្ញុំដូចម្តេចខ្លះ។ សេដ្ឋីគហបតិ និយាយថា លោក​អាចារ្យ សម្បត្តិខ្ញុំទាំងអស់ក្តី ក៏ត្រូវបានលោក ខ្លួនខ្ញុំក្តី ក៏សូមធ្វើ​ជាខ្ញុំលោក។ ជីវកកោមារភត្យ​ តបថា នែគហបតិ ណ្ហើយចុះ លោកកុំឲ្យសម្បត្តិ​ទាំងអស់ ​មកខ្ញុំឡើយ ម្យ៉ាងទៀត លោកកុំធ្វើ​ជាបាវរបស់ខ្ញុំ លោកចូរថ្វាយទ្រព្យ ១សែនកហាបណៈ ទៅស្តេច ឲ្យទ្រព្យ ១សែនកហាបណៈ​មកខ្ញុំចុះ។ គ្រានោះ សេដ្ឋីគហបតិ បានសះជារោគហើយ ក៏បានថ្វាយ​ទ្រព្យ ១សែនកហាបណៈ ទៅស្តេច ជូនទ្រព្យ ​១សែនកហាបណៈ​ ទៅជីវកកោមារភត្យ។

[៣៩] សម័យនោះឯង មានសេដ្ឋីបុត្ត នៅក្នុងក្រុងពារាណសី លេងល្បែងដាំដូង ក៏កើតរោគ​ដុំ ក្នុងពោះវៀនធំ។ បបរដែល​សេដ្ឋីបុត្ត បានហុតក្តី ក៏មិនបានរលួយស្រួល បាយ​ដែល​សេដ្ឋីបុត្តបានបរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ។ ព្រោះ​រោគនោះ សេដ្ឋីបុត្តនោះ ក៏ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ វេលានោះ សេដ្ឋីនៅក្នុងក្រុងពារាណសី មានសេចក្តី​រិះគិតដូច្នេះថា ជម្ងឺកូនអញ ប្រាកដដូច្នោះ ទឹកបបរ (ដែលកូនអញ)ហុតទៅក្តី ក៏មិនបាន​រលួយ​ស្រួល បាយ​ដែល​បរិភោគក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនបានស្រួលសោះ ព្រោះ​រោគនោះ បានជាកូនអញ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ បើដូច្នោះ គួរអាត្មាអញ ទៅកាន់ក្រុងរាជគ្រឹះ ហើយសូម​យក​ពេទ្យជីវកៈ ពីស្តេចមក ដើម្បីឲ្យមកព្យាបាលកូនអញ។ លំដាប់នោះ សេដ្ឋីនៅក្នុង​ក្រុង​ពារាណសី បានទៅឯក្រុងរាជគ្រឹះ ហើយចូលទៅគាល់ ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ក៏ក្រាបទូល ​ព្រះបាទមាគធសេនិយពិម្ពិសារ ​ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺកូនខ្ញុំព្រះអង្គ ប្រាកដដូច្នោះ ទឹកបបរ ដែលកូនខ្ញុំព្រះអង្គ ហុតទៅក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបានរលួយស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែល​បាន​ស្រួល​សោះ ព្រោះរោគនោះ កូនខ្ញុំព្រះអង្គ ទៅជាស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតរោគ​លឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់​បង្គាប់​ពេទ្យ​ជីវកៈ ឲ្យព្យាបាល​រោគកូនខ្ញុំ​ព្រះអង្គ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់​បង្គាប់​ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកឯង ទៅក្រុងពារាណសី ហើយព្យាបាល​រោគ កូន​សេដ្ឋី នៅក្រុង​ពារាណសីផង។ ជីវកកោមារភត្យ ទទួលព្រះរាជឱង្ការ ​ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ករុណាវិសេស ហើយទៅកាន់ ក្រុងពារាណសី ចូលទៅរក​កូនសេដ្ឋី នៅក្រុងពារាណសី លុះចូលទៅដល់ហើយ ក៏សង្កេត​ដឹងវិការកូនសេដ្ឋី នៅក្រុង​ពារាណសី រួចបណ្តេញជនឲ្យដើរចេញ ហើយបិទបាំង​វាំងននពីខាងក្រៅ ហើយចង​កូនសេដ្ឋីភ្ជាប់នឹងសសរ រួចឲ្យភរិយា (នៃសេដ្ឋីបុត្ត) ឈរនៅពីខាងមុខ រួចវះស្បែកពោះ នាំយក​ដុំ​ក្នុងពោះវៀនធំ បង្ហាញដល់ភរិយា (សេដ្ឋីបុត្តនោះ) ថា នាងចូរមើលរោគរបស់ស្វាមីនាង បបរ​ដែល​ហុតទៅហើយក្តី ក៏មិនបានរលួយស្រួល បាយដែលបរិភោគទៅហើយក្តី ក៏មិនបាន​រលួយ​ស្រួល ឧច្ចារៈក្តី បស្សាវៈក្តី ក៏មិនដែលបានស្រួល ព្រោះតែរោគនេះហើយ បានជាស្វាមី​របស់នាង​នេះ ទៅជាស្គម សៅហ្មង មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាម ដោយ​សរសៃ (ថាហើយក៏) ស្រាវយកដុំពីក្នុងពោះវៀនធំ ហើយបញ្ចូលពោះវៀនទៅវិញ រួចដេរស្បែក​ពោះ​ហើយ លាបថ្នាំឲ្យ។ វេលានោះ មិនយូរប៉ុន្មាន កូនសេដ្ឋី នៅក្នុងក្រុងពារាណសី ក៏បានសះ​ ជារោគ​នោះទៅ។ គ្រានោះ សេដ្ឋីនៅក្នុងក្រុងពារាណសីគិតថា កូនរបស់អាត្មាងញបានសះ​ជា​រោគហើយ ក៏បានប្រគល់​ឲ្យ នូវទ្រព្យ១៦ពាន់​កហាបណៈ ដល់​ជីវកកោមារភត្យ។ គ្រានោះ ជីវកកោមារភត្យ បានទទួល​ទ្រព្យទាំង ១៦ពាន់កហាបណៈនោះ ហើយក៏ត្រឡប់មកក្រុងរាជគ្រឹះ​វិញ។

[៤០] សម័យនោះឯង ព្រះបាទបជ្ជោត ក្នុងក្រុងឧជ្ជេនី ទ្រង់អាពាធ ដោយរោគលឿង។ ពួកពេទ្យ ដែលជាទិសាបាមោក្ខធំៗច្រើននាក់ មកព្យាបាល ក៏មិនអាចនឹងកែរោគ​នោះ ឲ្យសះជា​បាន នាំយកតែប្រាក់ទៅជាច្រើន។ គ្រានោះ ព្រះបាទបជ្ជោត ក៏បានបញ្ជូន​ព្រះរាជបម្រើ ឲ្យទៅ​កាន់សំណាក់ ស្តេច​មាគធសេនិយពិម្ពិសារ ដោយព្រះបណ្តាំថា សូមទ្រង់ព្រះមេត្តាប្រោស ជម្ងឺ​ខ្ញុំ​ប្រាកដដូច្នោះ ខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់ឲ្យជីវកពេទ្យ ឲ្យគាត់​ទៅព្យា​បាលរោគខ្ញុំ។ ខណៈនោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់​ទៅ ជីវកកោមារភត្យថា នែនាយជីវកៈ ចូរអ្នកទៅក្រុងឧជ្ជេនី ហើយព្យាបាល ​ព្រះបាទ​បជ្ជោតផង។ ជីវកកោមារភត្យ ទទួល​ស្តាប់ព្រះរាជឱង្ការ ​ព្រះបាទមាគធសេនិយពិម្ពិសារ ដោយពាក្យថា បពិត្រ​ព្រះសម្មតិទេព​ ព្រះករុណាវិសេស ហើយទៅកាន់ក្រុងឧជ្ជេនី ក៏ចូលទៅគាល់​ព្រះបាទបជ្ជោត លុះចូល​ទៅគាល់​ហើយ ក៏សង្កេតស្គាល់វិការៈ ​របស់ព្រះបាទបជ្ជោត ហើយក៏ក្រាបបង្គំ​ទូល ព្រះបាទបជ្ជោតយ៉ាង​នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​នឹងស្លសប្បិថ្វាយ ព្រះសម្មតិទេព នឹងសោយ​សប្បិ​នោះបានដែរឬ។ ព្រះមហាក្សត្រត្រាស់ថា នែនាយជីវកៈ មិនបានទេ អ្នកឯងអាចនឹងរក្សា​រោគ​ឲ្យបានសះជា ដោយថ្នាំណាមួយវិញ វៀរលែងតែសប្បិចេញ ចូរអ្នកផ្សំថ្នាំនោះចុះ ដ្បិត​សប្បិ​ជាទីខ្ពើមរអើមរបស់ខ្ញុំ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាពាធរបស់​ស្តេចនេះ ប្រាកដដូច្នោះ តែវៀរលែងសប្បិចេញហើយ អាត្មាអញមិនអាច​នឹងធ្វើ​ឲ្យសះជាបាន​ឡើយ។ បើដូច្នោះ គួរ​អាត្មាអញ​នឹងស្លសប្បិ (នោះ) ឲ្យមានពណ៌ដូចទឹកចត់ ឲ្យមានក្លិន​ដូចក្លិន​ទឹកចត់ ឲ្យមានរសដូចរសទឹកចត់វិញ។ លំដាប់នោះ ជីវកកោមារភត្យ ស្លសប្បិឲ្យមានពណ៌​​ដូចជាពណ៌ទឹកចត់ មានក្លិន​ដូចជា​ក្លិនទឹកចត់ មានរសដូចជារសទឹកចត់ ជាមួយនឹងថ្នាំ​ទាំងឡាយ​ផ្សេងៗ។ លំដាប់នោះ ជីវកកោមារភត្យ មានសេចក្តី​រិះគិត ​ដូច្នេះថា សប្បិដែល​ស្តេច​នេះសោយហើយ ដល់ជ្រួតជ្រាប​ទៅ មុខជានឹងចង្អោរចេញ ហើយស្តេច​កំណាចនេះ នឹង​បង្គាប់​មនុស្ស ឲ្យ​សម្លាប់អាត្មាអញ ​មិនខានឡើយ បើដូច្នោះ គួរអាត្មាអញ ​សូមលាជាមុនហើយ។ វេលា​នោះ ជីវកកោមារភត្យ បានចូលទៅគាល់ ព្រះបាទបជ្ជោត លុះចូលទៅជិតហើយ ក៏បានក្រាប​បង្គំ​ទូលសេចក្តី​នេះ នឹង​ព្រះបាទបជ្ជោតថា បពិត្រ​ព្រះសម្មតិទេព ធម្មតា ពួកខ្ញុំជាពេទ្យ តែងគាស់​យក​​ឫសឈើ មកផ្សំថ្នាំ ដោយការរហ័ស​យ៉ាងនោះ សូមអង្វរ សូមព្រះសម្មតិទេព ទ្រង់ត្រាស់បង្គាប់​ ​ពួក​អ្នកដែលនៅចាំរោង សម្រាប់ដាក់វាហនៈ ហើយនឹងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈ​ប្រាថ្នាទៅតាមទ្វារណា​ ចូរឲ្យ​ទៅតាមទ្វារ​នោះ ជីវកៈប្រាថ្នាចង់ទៅក្នុងកាលណា ត្រូវឲ្យទៅក្នុងកាលនោះ ជីវកៈ​ប្រាថ្នាចង់​ចូល​មក ក្នុង​ក្រុងកាលណា ត្រូវឲ្យ​ចូលមក ក្នុងកាលនោះចុះ។ ខណៈនោះ ព្រះបាទបជ្ជោត ក៏បាន​ត្រាស់​បង្គាប់ទៅពួកអ្នកនៅចាំរោង សម្រាប់ដាក់​វាហនៈ និងពួកអ្នករក្សាទ្វារថា (បើ) ជីវកៈ​ប្រាថ្នាទៅ ដោយវាហនៈ​ណា ចូរឲ្យទៅដោយវាហនៈនោះ ជីវកៈ​ប្រាថ្នាទៅតាមទ្វារណា​ ចូរឲ្យ​ទៅតាមទ្វារ​នោះ ជីវកៈប្រាថ្នាចង់ទៅ ក្នុងកាលណា ចូរឲ្យទៅ ក្នុងកាលនោះ ជីវកៈ​ប្រាថ្នាចូល​មកក្នុង​ក្រុង​កាលណា ចូរឲ្យ​ចូលមក ក្នុងកាលនោះចុះ។ សម័យនោះ ព្រះបាទបជ្ជោត មាន​មេដំរី១ ឈ្មោះ​ភទ្ទវតិកា អាចដើរទៅបាន ៥០យោជន៍ (ក្នុង១ថ្ងៃ)។ វេលានោះ ជីវកកោមារភត្យ ក៏បាន​បង្អោន​ថ្វាយ ​សប្បិនោះ ទៅព្រះបាទបជ្ជោតថា សូមព្រះសម្មតិទេព​ ទ្រង់​សោយទឹកចត់ (នេះ)។ លំដាប់​នោះ ជីវកកោមារភត្យ បានឲ្យព្រះបាទ​បជ្ជោត សោយសប្បិរួចហើយ ក៏ទៅកាន់​រោងដំរី (ឡើង​ជិះ) លើមេដំរី ឈ្មោះ​ភទ្ទវតិកា ហើយក៏បរចេញពីក្រុងទៅ។ ខណៈនោះ សប្បិ ដែលព្រះបាទបជ្ជោត​ បានសោយហើយ ជ្រួតជ្រាប​ទៅ ក៏បង្អោរចេញមក។ វេលានោះ ព្រះបាទបជ្ជោត ទ្រង់មាន​បន្ទូល​ ទៅនឹង​មនុស្សទាំងឡាយ ​ដូច្នេះថា នែនាយ (ឥឡូវនេះ) ជីវកៈកំណាច បានឲ្យអញ​ផឹកសប្បិ​ទៅហើយ នែនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ​ទៅគន់​រក​មើល​ពេទ្យជីវកៈ។ មនុស្សទាំងនោះ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស (ឯពេទ្យជីវកៈ​នោះ) គាត់ជិះដំរី ឈ្មោះភទ្ទវតិកា បរ​ចេញ​អំពីក្រុង ​បាត់ទៅហើយ។ សម័យនោះឯង មានខ្ញុំម្នាក់​របស់​ព្រះបាទបជ្ជោត ឈ្មោះកាកៈ អាចដើរទៅបានចំនួន ​៦០យោជន៍ (ក្នុង១ថ្ងៃ) ព្រោះអាស្រ័យ​ដោយ​អមនុស្ស។ គ្រានោះ ព្រះបាទបជ្ជោត ទ្រង់បង្គាប់ទៅខ្ញុំ​ ឈ្មោះកាកៈថា នែនាយកាកៈ ចូរឯង​ទៅ ឲ្យពេទ្យជីវកៈ​ត្រឡប់​មកវិញថា លោកអាចារ្យ ព្រះមហាក្សត្រ ឲ្យលោកត្រឡប់ទៅវិញ (កុំឲ្យខាន) នែនាយកាកៈ ធម្មតា​ ពួកពេទ្យនេះ តែងមានមាយាច្រើន ម្យ៉ាងទៀត ឯងកុំទទួល​យក​របស់​បន្តិចបន្តួច​របស់ពេទ្យ​នោះឡើយ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈ ក៏បានតាមទៅទាន់​ជីវក​កោមារភត្យ កំពុងបរិភោគបាយ​ព្រឹក ក្នុងរវាងពាក់កណ្តាលផ្លូវ ជិតក្រុងកោសម្ពី។ វេលានោះ ខ្ញុំឈ្មោះកាកៈ បាននិយាយ ​ទៅនឹង​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ព្រះមហាក្សត្រ​ឲ្យលោកត្រឡប់ទៅវិញ។ ឯជីវកកោមារភត្យ តបថា នែនាយកាកៈ ចូរអ្នកឯងបង្អង់ ​ចាំយើង​បរិភោគរួចសិន នែនាយកាកៈ បើ​ដូច្នោះ ចូរអ្នកឯង​បរិភោគបាយសិន។ កាកៈតបថា លោកអាចារ្យ កុំព្រួយ ដ្បិតខ្ញុំ ព្រះមហាក្សត្រ​ទ្រង់ត្រាស់បង្គាប់ថា នែនាយកាកៈ ធម្មតា ពួកពេទ្យទាំងនេះ តែងមានមាយា​ច្រើន ម្យ៉ាងទៀត អ្នកឯងកុំទទួល​របស់បន្តិចបន្តួច​របស់​ពេទ្យ​នោះឡើយ។ សម័យនោះឯង ជីវកកោមារភត្យ បានបង់ថ្នាំ​ដោយក្រចក ហើយទំពាស៊ីផ្លែកន្ទួតព្រៃ​ផង ផឹកទឹកផង។ វេលានោះ ជីវកកោមារភត្យ ក៏បាននិយាយ​ទៅនឹងខ្ញុំឈ្មោះកាកៈដូច្នេះថា នែនាយកាកៈ បើដូច្នោះ អ្នកចូរ​ទំពារស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹក​ផង​ចុះ។ លំដាប់នោះ ខ្ញុំឈ្មោះកាកៈគិតថា ពេទ្យនេះឯង ហ៊ាន​ទំពាស៊ីផ្លែកន្ទួតព្រៃផង ផឹកទឹកផង ពេទ្យនេះ មិនគួរនឹងមានអំពើអាក្រក់តិចតួចឡើយ ហើយក៏​ទំពាស៊ីផ្លែកន្ទួតព្រៃមួយចំហៀងផង ផឹកទឹកផង។ ផ្លែកន្ទួតព្រៃមួយចំហៀង ដែល​ខ្ញុំឈ្មោះកាកៈ​ ​ទំពាស៊ីហើយនោះ ក៏ចុះរាក ក្នុងទីនោះ​ឯង។ ខណៈនោះ ខ្ញុំឈ្មោះកាកៈ បាននិយាយ​ទៅនឹង​ជីវកកោមារភត្យ ដូច្នេះថា លោកអាចារ្យ ខ្ញុំនៅមានជីវិត (តទៅទៀតឬទេ)។ ជីវកកោមារភត្យ​ប្រាប់ថា នែនាយកាកៈ អ្នកឯង​កុំភ័យ​ឡើយ ខ្លួនអ្នកឯងក្តី ស្តេចកំណាចក្តី នឹងបានសះ ជារោគ​ហើយ ស្តេចនោះ នឹងឲ្យគេ​សម្លាប់​ខ្ញុំមិនខាន ព្រោះហេតុនោះ បានជាខ្ញុំមិនត្រឡប់ទៅវិញ ថា​ដូច្នោះហើយ ក៏ប្រគល់​មេដំរី​ឈ្មោះ​ភទ្ទវតិកាទៅ​ខ្ញុំឈ្មោះកាកៈវិញ ហើយចៀសចេញទៅ​កាន់​ក្រុង​រាជគ្រឹះ ចូលទៅ​គាល់​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ ​ឯក្រុងរាជគ្រឹះដោយលំដាប់ លុះចូល​ទៅដល់ហើយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះបាទ​​មាគធ​សេនិយ​ពិម្ពិសារ។ ស្តេចទ្រង់​ត្រាស់​តបថា នែនាយជីវកៈ អ្នកឯងមិនបានវិលត្រឡប់ទៅវិញ ដោយហេតុណា ឈ្មោះថា បានធ្វើ​នូវ​ហេតុនោះ ដោយល្អហើយ ស្តេចកំណាចនោះ មុខជានឹង​ឲ្យគេសម្លាប់អ្នកឯងមិនខាន។ គ្រានោះ ព្រះបាទបជ្ជោត បានសះ ជារោគហើយ ក៏បញ្ជូនរាជបម្រើ ទៅក្នុងសំណាក់ជីវកកោមារភត្យថា សូមឲ្យជីវកៈមក (កុំខាន) យើងនឹងឲ្យពរ។ ឯ​ជីវកកោមារភត្យតបថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យ សូមព្រះសម្មតិទេព គ្រាន់តែទ្រង់រលឹក នូវឧបការៈ ​របស់ខ្ញុំព្រះអង្គចុះ។ សម័យនោះ សំពត់សិវេយ្យកៈ​១គូ ក៏កើតឡើងដល់ព្រះបាទបជ្ជោត ជាសំពត់ដ៏លើសលុប ប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាង​រយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់ដ៏ច្រើន ជាងសែន​នៃគូសំពត់ដ៏ច្រើន។ វេលានោះ ព្រះបាទ​បជ្ជោត បាន​បញ្ជូន​សំពត់ សិវេយ្យកៈ​ ១គូនោះ ទៅជីវកកោមារភត្យ។ លំដាប់នោះ ជីវកកោមារភត្យ​ មានសេចក្តីរិះគិត ដូច្នេះថា ជាសំពត់ សិវេយ្យកៈ ​១គូ ដែលព្រះបាទបជ្ជោត​បានបញ្ជូនមកឲ្យ​អាត្មាអញនេះ ជាសំពត់ដ៏លើសលុបប្រសើរ ជាប្រធាន​ខ្ពង់ខ្ពស់ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាង​រយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់​ដ៏​ច្រើន ជាងសែន​នៃគូសំពត់ដ៏ច្រើន អ្នកដទៃណាមួយ មិនគួរនឹងប្រើប្រាស់​សំពត់ សិវេយ្យកៈ​នេះឡើយ វៀរ​លែង​តែព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះចេញ ឬវៀរលែងតែ​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ​ចេញ។

[៤១] សម័យនោះឯង ព្រះកាយរបស់ព្រះមានព្រះភាគ ក្រាស់ដោយទោស (រោគទល់)។ វេលានោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ កាយរបស់​តថាគត​ ក្រាស់ដោយទោសហើយ តថាគតប្រាថ្នានឹងឆាន់ថ្នាំបញ្ចុះ។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូល​ទៅរក​ជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយ​នឹង​ជីវកកោមារភត្យដូច្នេះថា នែជីវកៈ​ដ៏មានអាយុ កាយរបស់ព្រះតថាគត​ក្រាស់ដោយទោសហើយ ព្រះតថាគត​ត្រូវការ​ឆាន់ថ្នាំបញ្ចុះ។ ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏ចំរើន បើដូច្នោះ សូមឲ្យលោកសម្រួលព្រះកាយ​របស់​ព្រះដ៏មានព្រះភាគ បាន២​ ៣ថ្ងៃសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានសម្រួលព្រះកាយរបស់​ព្រះដ៏មានព្រះភាគ​២ ៣ថ្ងៃ រួចហើយ​ ក៏ចូល​ទៅរក​ជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យ​ដូច្នេះថា នែអាវុសោ​ជីវកៈ ព្រះកាយរបស់ព្រះតថាគត បានស្រួលបួលហើយ អ្នកសំគាល់​នូវកាលគួរ​ក្នុងគ្រានេះចុះ។ គ្រានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាត្មាអញ​ ថ្វាយថ្នាំបញ្ចុះ​ដ៏គ្រោតគ្រាតដល់​ព្រះដ៏មានព្រះភាគ អំពើនេះ មិនសមគួរដល់អាត្មាអញឡើយ ណ្ហើយចុះ គួរ​អាត្មាអញ នឹងអប់ផ្កាឧប្បលទាំងឡាយ​បាន៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ ហើយសឹម​បង្អោនថ្វាយដល់​ព្រះតថាគត។ គ្រានោះ ជីវកកោមារភត្យ បានអប់​ផ្កាឧប្បល​៣ក្តាប់ ជាមួយ​នឹង​ថ្នាំទាំងឡាយផ្សេងៗ រួចហើយ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏​បង្អោន​ថ្វាយផ្កាឧប្បល១ក្តាប់​ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូងនេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី២ ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កា​ឧប្បលក្តាប់ទី២​នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួចបង្អោន​ថ្វាយផ្កាឧប្បល​ក្តាប់ទី៣ ដល់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់មេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ ទ្រង់​ហិត​ផ្កាឧប្បលក្តាប់ទី៣នេះ ផ្កាឧប្បលនេះ នឹងបញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន១០ដង រួមកិច្ច​ដែល​បញ្ចុះថ្នាំ​ព្រះដ៏មានព្រះភាគ ត្រូវជា៣០ដងគត់ ដោយអាការយ៉ាងនេះ។ លំដាប់នោះ ជីវកកោមារភត្យ បានថ្វាយថ្នាំបញ្ចុះ​៣០ដងគត់ ចំពោះ​ព្រះដ៏មានព្រះភាគ រួចថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ លំដាប់នោះ ជីវកកោមារភត្យ កាល​ចេញទៅដល់​ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ បានថ្វាយដល់ព្រះដ៏មានព្រះភាគហើយ ព្រះកាយរបស់ព្រះតថាគត ដែលក្រាស់ដោយ​ទោស ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ​គ្រប់៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះដ៏មានព្រះភាគ ត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​បានបញ្ចុះថ្នាំហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលបាន​ស្រង់ទឹកហើយម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​ព្រះដ៏មានព្រះភាគ​៣០ដងគត់ ដោយអាការ​យ៉ាងនេះ។ ព្រះដ៏មានព្រះភាគ បាន​ជ្រាបសេចក្តីរិះគិត​នៃចិត្តរបស់​ជីវកកោមារភត្យ ដោយព្រះទ័យ​ ហើយទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកក្នុងពេលនោះថា នែអានន្ទ កាល​ជីវកកោមារភត្យ ចេញទៅដល់​ក្រៅខ្លោងទ្វារ​ហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះទាំង៣០ដងគត់ អាត្មា​អញ បានថ្វាយ​ដល់​ព្រះដ៏មាន​ព្រះភាគ​រួចហើយ កាយរបស់ព្រះតថាគតក្រាស់ដោយ​ទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគ​គ្រប់៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះដ៏មានព្រះភាគ​បាន ត្រឹម​តែ​២៩​ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​បានបញ្ចុះហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ ដែលបាន​ស្រង់ទឹកហើយម្តងទៀត រួម​ជាការ​បញ្ចុះថ្នាំ​របស់​ព្រះដ៏មាន​ព្រះភាគ​​៣០ដងគត់ ដោយអាការ​យ៉ាងនេះ នែអានន្ទ បើដូច្នោះ អ្នកចូរចាត់ចែងទឹកក្តៅឡើង។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកា​ ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រះករុណាម្ចាស់ ហើយក៏បានចាត់ចែងទឹកក្តៅ។ វេលានោះ ជីវកកោមារភត្យ បាន​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មាន​ព្រះ​ភាគ រួចហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ អង្គុយ​នៅក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាប​ទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះដ៏មាន​ព្រះភាគ ទ្រង់បានបញ្ចុះថ្នាំហើយឬនៅ។ ព្រះដ៏មានព្រះភាគ ទ្រង់​តបថា នែជីវកៈ តថាគត​បានបញ្ចុះថ្នាំហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កាល​ខ្ញុំព្រះអង្គ ចេញទៅ​​ដល់​ក្រៅខ្លោងទ្វារ​ហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មា​អញ បានថ្វាយ​ដល់​ព្រះមាន​ព្រះភាគ​រួចហើយ កាយ​របស់​ព្រះតថាគត​ ក្រាស់ដោយ​ទោស ថ្នាំ​នោះ នឹងបញ្ចុះព្រះមានព្រះភាគ ​៣០ដងគត់ក៏ទេ មុខជានឹង​បញ្ចុះ​ព្រះមានព្រះភាគ ​បានត្រឹម​តែ​២៩​ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ​ ទ្រង់បញ្ចុះថ្នាំរួច​ហើយ មុខជា​នឹងស្រង់ទឹក ថ្នាំនោះ នឹង​បញ្ចុះ​ព្រះដ៏​មានព្រះភាគ ដែល​ស្រង់ទឹក​រួចហើយ ​ម្តង​ទៀត រួម​ជាការ​បញ្ចុះថ្នាំ ​របស់​ព្រះដ៏មាន​ព្រះភាគ​​ ៣០ដងគត់ ដោយអាការ​យ៉ាងនេះ សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកចុះ សូមព្រះសុគត ទ្រង់ស្រង់ទឹកចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្រង់​ទឹកក្តៅ​ហើយ ថ្នាំនោះ ក៏បានបញ្ចុះ​ព្រះដ៏មានព្រះភាគ ដែលបាន​ស្រង់ទឹក​ហើយម្តងទៀត រួមជាការបញ្ចុះ​ថ្នាំ​របស់​ព្រះដ៏មានព្រះភាគ ​៣០ដងគត់​យ៉ាងនេះ។ វេលានោះ ជីវកកោមារភត្យ បានក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូម​ទ្រង់​ព្រះមេត្តាប្រោស កាយរបស់ព្រះដ៏មានព្រះភាគ តាំងនៅ​ជាប្រក្រតីដរាបណាហើយ ​នឹងបាន​ចំរើន​ដោយដុំ​ព្រះមំសៈ​ដរាបនោះ។ វេលានោះ មិនយូរប៉ុន្មាន កាយរបស់​ព្រះមានព្រះភាគ ក៏បាន​ជាប្រក្រតីវិញ។ ខណៈនោះ ជីវកកោមារភត្យ បាននាំយកសំពត់ ​សិវេយ្យកៈ ១គូនោះចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគតទាំងឡាយ មានពរកន្លងហើយ។ ជីវកកោមារភត្យ ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស អំពើណាគួរផង មិនមានទោសផង (ខ្ញុំព្រះអង្គសូមចំពោះអំពើនោះ)។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នកចូរនិយាយមកចុះ។ ជីវកកោមារភត្យ​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុសង្ឃក្តី តែងតែ​ទ្រទ្រង់សំពត់បង្សុកូល សូមទ្រង់​ព្រះមេត្តាប្រោស សំពត់សិវេយ្យកៈ​១គូនេះ​ហើយ ដែលព្រះបាទបជ្ជោត​បញ្ចូនមកឲ្យ​ខ្ញុំព្រះអង្គ ជាសំពត់លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់​ក្រៃលែងជាងសំពត់​ដ៏ច្រើន ជាងគូនៃសំពត់​ដ៏ច្រើន ជាងរយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់​ដ៏ច្រើន ជាង​សែននៃគូ​សំពត់​ដ៏ច្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួលយកសំពត់សិវេយ្យកៈ​១គូ របស់ខ្ញុំព្រះអង្គ សូមទ្រង់​អនុញ្ញាត​ គហបតិចីវរ ដល់ភិក្ខុសង្ឃផង។ ព្រះមានព្រះភាគ ព្រមទទួល​យកសំពត់​សិវេយ្យកៈ​ ១គូ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ជីវកកោមារភត្យ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ជីវកកោមារភត្យ កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយ​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់​ត្រាស់​​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវគហបតិចីវរ ភិក្ខុណា​ប្រាថ្នា (បង្សុកូល) ភិក្ខុនោះ ចូរទ្រទ្រង់​សំពត់បង្សុកូលចុះ ភិក្ខុណាប្រាថ្នា (គហបតិចីវរ) ភិក្ខុនោះ ចូរ​ត្រេកអរ ​នឹងគហបតិចីវរចុះ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ពោលសរសើរសេចក្តី​សន្តោស​ដោយបច្ច័យណាមួយ (តាមមានតាមបាន)។

[៤២] ពួកមនុស្សក្រុងក្រុងរាជគ្រឹះ បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​គហបតិចីវរ ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបានធ្វើបុណ្យ ក្នុងកាលនោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត​ គហបតិចីវរ ​ដល់ភិក្ខុទាំងឡាយ។ ក្នុងក្រុងរាជគ្រឹះ មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។ ពួកមនុស្ស ដែលនៅក្នុងជនបទ បានឮដំណឹងថា គហបតិចីវរ ព្រះមានព្រះភាគ ទ្រង់បានអនុញ្ញាត ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបាន​ធ្វើបុណ្យ ក្នុង​កាល​នោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត ​គហបតិចីវរ ​ដល់ភិក្ខុ​ទាំង​ឡាយ។ សូម្បីតែក្នុងជនបទ ក៏មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។

[៤៣] សម័យនោះឯង សំពត់បាវារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​សំពត់បាវារ។ សំពត់បាវារ ធ្វើពីសូត្របានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ សំពត់បាវារ​ ដែលគេធ្វើ​ពីសូត្រ។ សំពត់​កោជវៈ បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​សំពត់​កោជវៈ។

ចប់ ភាណវារៈ ជាដម្បូង។

[៤៤] សម័យនោះឯង ស្តេចក្នុងដែនកាសី បានបញ្ជូន​សំពត់កម្ពល មានដំឡៃ​កន្លះពាន់ (៥០០កហាបណៈ) គឺប្រហែលនឹងវត្ថុទាំងឡាយ ដែលមានដំឡៃកន្លះពាន់ដែរ ទៅឲ្យ​ជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បាននាំយកសំពត់កម្ពល​មានដំឡៃ​កន្លះពាន់នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ជីវកកោមារភត្យ លុះអង្គុយនៅក្នុង​ទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់មេត្តាប្រោស សំពត់​កម្ពល​មានដំឡៃ​កន្លះពាន់​ របស់ខ្ញុំព្រះអង្គនេះ ប្រហែល​នឹងវត្ថុទាំងឡាយ ដែលមានដំឡៃ​កន្លះពាន់ដែរ ស្តេចកាសី បានបញ្ជូនមកប្រទាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏​មាន​ព្រះភាគ ទ្រង់ទទួលយកសំពត់កម្ពល​ របស់ខ្ញុំព្រះអង្គ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាអង្វែង (តទៅ)។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលយក​សំពត់​កម្ពល។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ លំដាប់នោះ ជីវកកោមារភត្យ កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ក៏ទ្រង់ធ្វើ​ធម្មីកថា ក្នុងពេលនោះ ហើយ​ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវ​សំពត់កម្ពល។

[៤៥] សម័យនោះឯង មានចីវរល្អ និងមិនល្អ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ មានសេចក្តីរិះគិត​ដូច្នេះថា ចីវរដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​ ចីវរដូចម្តេច ដែលព្រះមានព្រះភាគ មិនអនុញ្ញាត។ ភិក្ខុទាំងនោះ​ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចីវរ​៦យ៉ាង គឺ​ចីវរ​ដែលធ្វើដោយសម្បកឈើ១ ចីវរ​ដែលធ្វើដោយកប្បាស១ ចីវរ​ដែលធ្វើដោយសូត្រ១ ចីវរ​ដែលធ្វើ​ដោយរោមសត្វ (វៀរលែងតែសក់ ឬរោមមនុស្សចេញ)​១ សំពត់ដែលធ្វើដោយសម្បក​ធ្មៃ១ សំពត់ដែលធ្វើលាយ​ដោយវត្ថុ៥​យ៉ាងខាងដើម១។ សម័យនោះឯង ពួកភិក្ខុណា​ ត្រេកអរ​នឹង​គហបតិចីវរ ភិក្ខុទាំងនោះ ក៏រង្កៀស មិនត្រេកអរ នឹង​សំពត់បង្សុកូលឡើយ ព្រោះគិតថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតតែចីវរ១ មិនបានអនុញ្ញាត ​ចីវរពីរទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​ត្រេកអរនឹង​គហបតិចីវរហើយ ត្រេកអរ​នឹងសំពត់បង្សុកូល​ផង ក៏បាន ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត​ សរសើរ​សេចក្តី​សន្តោស​ ដោយចីវរ​ទាំងពីរយ៉ាងនោះ។

[៤៦] សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសល​ជនបទ។ ភិក្ខុពួកខ្លះ ដើរទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះមិនបានរង់ចាំឡើយ។ ពួក​ភិក្ខុ​ណា ដើរ​ទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូលទាំងឡាយ។ ពួកភិក្ខុណា ដែលមិនបានរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ ចូរលោក​ទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក ​ដល់លោកទាំងឡាយទេ (បើលោកទាំងឡាយ ចង់បានសំពត់បង្សុកូល) ហេតុដូចម្តេច បានជាលោកទាំងឡាយ មិនរង់ចាំយើង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ដែលមិនប្រាថ្នានឹងឲ្យ ក៏កុំឲ្យនូវចំណែក ​ដល់ភិក្ខុទាំងឡាយ ដែលមិនរង់ចាំបាន។ សម័យនោះឯង មានភិក្ខុច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរទៅ​កាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុពួកខ្លះបានរង់ចាំ។ ពួក​ភិក្ខុ​ណា ចូលទៅកាន់ព្រៃស្មសាន ដើម្បីនឹងបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូល។ ពួកភិក្ខុណា ដែលរង់ចាំ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ ចូរលោក​ទាំងឡាយ ឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ ពោលតបវិញយ៉ាងនេះថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុ​​ម្តេច បានជាលោកទាំងឡាយ មិនចូលទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកជា​​មិន​ចង់ឲ្យ ក៏ត្រូវឲ្យចំណែក​ ដល់ភិក្ខុទាំងឡាយ ដែលរង់ចាំ។ សម័យនោះឯង មានពួក​ភិក្ខុ​ច្រើន​រូប​ដើរ​ទៅ​កាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុពួកខ្លះ ដើរចូលទៅ​កាន់ ព្រៃស្មសានជាមុន ដើម្បី​បង្សុកូល ភិក្ខុពួកខ្លះ ចូលទៅជាខាងក្រោយ។ ពួក​ភិក្ខុ​ណា ដែលដើរចូល​ទៅព្រៃស្មសាន​មុន ដើម្បីបង្សុកូល ភិក្ខុទាំងនោះ ក៏បាន​សំពត់បង្សុកូល។ ពួកភិក្ខុណា ចូលទៅក្រោយ ភិក្ខុទាំងនោះ ក៏ឥតបានឡើយ។ ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរ​ឲ្យ​ចំណែក​ ដល់យើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិនបាន​ឲ្យ​ចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី បានជាលោកទាំងឡាយ ដើរចូលទៅ​ក្រោយគេ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលមិនចង់ឲ្យ ក៏កុំបាច់ឲ្យនូវចំណែក​ ដល់​ភិក្ខុ​ទាំង​ឡាយ​ដែលដើរចូលទៅក្រោយគេ។ សម័យនោះឯង មានពួកភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានដើរចូលទៅ​កាន់ព្រៃស្មសាន ដើម្បីបង្សុកូលព្រមគ្នា។ ភិក្ខុ​ពួក​ខ្លះ​ បានសំពត់បង្សុកូល ភិក្ខុពួកខ្លះមិនបាន។ ពួក​ភិក្ខុ​ណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាង​នេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី​បានជា​លោកមិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកមិនចង់ឲ្យ​ ក៏ត្រូវឲ្យ​ចំណែក​​ដល់ភិក្ខុទាំងឡាយ ដែលចូលទៅកាន់ព្រៃស្មសាន​ព្រមគ្នា។ សម័យនោះឯង មានភិក្ខុច្រើនរូបដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងនោះ បានធ្វើកតិកា (ប្តេជ្ញា) នឹងគ្នារួចហើយ ក៏ចូលទៅកាន់ព្រៃស្មសាន ដើម្បីបង្សុកូល។ ភិក្ខុពួកខ្លះបានសំពត់បង្សុកូល ភិក្ខុពួក​ខ្លះមិនបាន។ ពួក​ភិក្ខុ​ណា ដែលមិនបាន ភិក្ខុទាំងនោះ ក៏និយាយ​យ៉ាងនេះថា នែអាវុសោ លោក​ទាំងឡាយ ចូរឲ្យចំណែកមកយើងខ្លះ។ ភិក្ខុទាំងនោះ និយាយ​យ៉ាងនេះវិញថា នែអាវុសោ យើង​មិន​ឲ្យចំណែក​ដល់លោកទាំងឡាយទេ ហេតុអ្វី​បានជា​លោក​មិនបាននឹងគេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ដែលទុកជាមិនចង់ឲ្យ ក៏ត្រូវឲ្យចំណែក​ដល់​ភិក្ខុ​ទាំងឡាយ​ ដែលធ្វើកតិកា (ប្តេជ្ញា) គ្នា ហើយចូលទៅកាន់ព្រៃស្មសាន។

[៤៧] សម័យនោះឯង ពួកមនុស្សបាននាំចីវរ​មកកាន់អារាម។ មនុស្សទាំងនោះ កាល​មិន​បានភិក្ខុណាមួយទទួលចីវរ ក៏ត្រឡប់​នាំយកចីវរ​ទៅវិញ។ ឯចីវរ ក៏កើតតិចៗទៅ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសន្មតភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឲ្យជាអ្នកទទួល​ចីវរ គឺ ភិក្ខុមិនបានលុះ​ឆន្ទាគតិ១ មិនបានលុះ​ទោសាគតិ១ មិនបានលុះ​មោហាគតិ១ មិនបានលុះ​ភយាគតិ១ ដឹងនូវចីវរ ដែលខ្លួនបានទទួល និងមិនបានទទួល១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃ​សន្មត​យ៉ាងនេះ។ សង្ឃ​ត្រូវអង្វរករភិក្ខុជាមុន លុះអង្វរកររួចហើយ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរចុះ។ នេះជាពាក្យផ្តៀង​សង្ឃ​ឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នក​ទទួល​ចីវរ។ ការ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទទួលចីវរ គួរដល់លោកដ៏មានអាយុអង្គណាហើយ លោក​ដ៏មានអាយុអង្គនោះ គប្បីស្ងៀម (បើ) មិនគួរដល់​លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នក​ទទួលចីវរ​ហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៤៨] សម័យនោះឯង ពួកភិក្ខុអ្នកទទួលចីវរ បានទទួលចីវរ ទុកចោលក្នុងទីនោះឯង ហើយចៀសចេញទៅ។ ចីវរក៏វិនាសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ​សន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាអ្នកទុកដាក់ចីវរ គឺ ភិក្ខុដែលមិនលុះ​ឆន្ទាគតិ១ មិនលុះ​ទោសាគតិ១ មិនលុះ​មោហាគតិ១ មិនលុះ​ភយាគតិ១ ដឹងនូវចីវរដែលខ្លួនបានទុកដាក់ហើយ និងមិនបានទុកដាក់ហើយ១។ ម្នាលភិក្ខុទាំងឡាយ ត្រូវសង្ឃ​សន្មត​យ៉ាងនេះ ត្រូវសង្ឃ​អង្វរ​ករ​ភិក្ខុ​ជាមុន លុះអង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃ​ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលដ៏សមគួរ​ដល់សង្ឃហើយ គួរសង្ឃសន្មត​ភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកទុកដាក់ចីវរ។ នេះជាពាក្យផ្តៀង​សង្ឃ​ឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់​ចីវរ។ ការ​សន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកទុកដាក់ចីវរ សមគួរដល់លោកដ៏មានអាយុអង្គណា លោក​ដ៏មានអាយុអង្គនោះ ត្រូវស្ងៀម (បើ) មិនសមគួរដល់​លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នក​ទុកដាក់ចីវរ​ហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវ​រឿង​នេះ ដោយ​អាការ​ស្ងៀម​នៅ​យ៉ាង​នេះ។

[៤៩] សម័យនោះឯង ពួកភិក្ខុអ្នកទុកដាក់ចីវរ ទុកចីវរក្នុងមណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់​ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុងទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏កាត់​ចីវរទាំងនោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) សង្ឃប្រាថ្នា​នូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋាន​ដូច​ស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏តថាគត​អនុញ្ញាតឲ្យសង្ឃ​សន្មតនូវទីនោះឲ្យជាឃ្លាំងបាន។ ម្នាលភិក្ខុទាំងឡាយ គួរសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុ​អ្នកឆ្លាស ប្រតិពល ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាល​ដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគួរសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងបាន។ នេះជាពាក្យ​ផ្តៀង​សង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងហើយ។ ការសន្មតិ​វិហារឈ្មោះនេះ ឲ្យជាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុអង្គនោះ គប្បីពោលឡើង។ វិហារឈ្មោះនេះ សង្ឃបានសន្មត​ ឲ្យជាឃ្លាំងហើយ។ ការ​សន្មតិ​គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥០] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃ ​ឥតមានលោកណា​គ្រប់គ្រងរក្សាឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យសន្មត​ភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឲ្យជាអ្នក​រក្សាឃ្លាំង គឺភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះ​ភយាគតិ១ ដឹងនូវ​របស់ ដែល​ខ្លួនបានគ្រប់គ្រង​រក្សាហើយ និងមិនទាន់បានគ្រប់គ្រង​រក្សា១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរករហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ ​ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ ការសន្មតិ​ភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោកដ៏​មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នករក្សាឃ្លាំងហើយ។ ការ​សន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបណ្តេញ​ភិក្ខុអ្នករក្សាឃ្លាំងឲ្យចៀសចេញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញ ភិក្ខុអ្នករក្សា​ឃ្លាំងចេញទេ ភិក្ខុណាបណ្តេញ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។

[៥២] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃក៏សម្បូណ៌ឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​ដែលនៅជួបជុំគ្នា ចែកចីវរបាន។ គ្រានោះឯង សង្ឃទាំងពួង កាលចែកចីវរ ក៏បានធ្វើនូវ​សេចក្តីកោលាហលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​សន្មតភិក្ខុដែល​ប្រកប​ដោយអង្គ៥ ឲ្យជាអ្នក​ចែកចីវរបាន គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះ​មោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវរបស់ដែលខ្លួនបានចែកហើយ និងមិនទាន់បានចែក១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះ​អង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ នេះជា​ពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នកចែកចីវរហើយ។ ការសន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តី​រិះគិតដូច្នេះថា យើងគួរចែកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុជ្រើសរើស (ចីវរ) ជាមុន ហើយស្ទង់មើល (ដម្លៃ) ហើយលៃលកចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យ​មានចំណែក​ស្មើគ្នា) ហើយរាប់ភិក្ខុ ហើយចងចីវរ​ឲ្យជា​ពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃចីវរ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរ​ដល់ពួកសមណេរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយ ឲ្យចំណែក​ពាក់កណ្តាល​ ដល់ពួកសាមណេរ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវ​ឆ្ងាយ ហើយចង់បានចំណែករបស់ខ្លួន (ជាប់ទៅផង)។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ ឲ្យចំណែក​របស់ខ្លួន (គឺ​របស់ភិក្ខុអ្នកឆ្លងស្ទឹង) ដល់ភិក្ខុអ្នកឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់បាន​ចំណែក​ថ្លៃច្រើន​ជាងគេ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើកប្បិយភណ្ឌ គេបានឲ្យហើយ តថាគត​អនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែក​ដ៏ច្រើនចុះ។ គ្រានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យ​ចំណែក​ចីវរដូចម្តេចហ្ន៎ យើងត្រូវឲ្យចំណែក​ចីវរ​ដោយលំដាប់​ភិក្ខុដែលមកឬ ៗនឹងត្រូវ​ឲ្យ​ចំណែក​ចីវរ តាមលំដាប់ភិក្ខុចាស់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើចីវរខ្វះហើយ តថាគត​អនុញ្ញាត​ឲ្យអ្នកទាំងឡាយ ញុំាង​ភិក្ខុឲ្យត្រេកអរសិន ហើយសឹមធ្វើការបោះស្លាក។

[៥៣] សម័យនោះឯង ភិក្ខុទាំងឡាយជ្រលក់ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ចីវរនោះ ក៏មានពណ៌មិនល្អ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកជ្រលក់៦យ៉ាង គឺទឹកជ្រលក់កើតពីមើម១ ទឹកជ្រលក់កើតពីដើម១ ទឹកជ្រលក់កើតពីសម្បក១ ទឹកជ្រលក់កើតពីស្លឹក១ ទឹកជ្រលក់កើតពីផ្កា១ ទឹកជ្រលក់កើតពីផ្លែ១។ សម័យនោះឯង ភិក្ខុទាំង​ឡាយ ជ្រលក់ចីវរ ដោយទឹកត្រជាក់។ ចីវរនោះ ក៏មានក្លិនមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំង​ជ្រលក់តូច ដើម្បីដាំទឹកជ្រលក់។ ទឹកជ្រលក់​ក៏​ផុលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងប្រទាស ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនដឹងទឹកជ្រលក់ឆ្អិនហើយ ឬនៅមិនទាន់ឆ្អិន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបន្តក់​ ដំណក់ទឹក លើទឹក​ក៏បាន លើខ្នងក្រចកក៏បាន។ សម័យនោះឯង ភិក្ខុទាំងឡាយ កាលដាក់ទឹកជ្រលក់ ក៏ទង្គិចនឹង​ឆ្នាំង ៗក៏បែកទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវបោយសម្រាប់ដងទឹកជ្រលក់ ដែលមាន​ដង។ សម័យនោះឯង ភាជន៍សម្រាប់ដាក់ទឹកជ្រលក់ របស់ភិក្ខុទាំងឡាយមិនទាន់មាន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំងសម្រាប់ដាក់ទឹកជ្រលក់ និងក្អមសម្រាប់ដាក់​ទឹក​ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ គក់ចីវរក្នុងថាសខ្លះ ក្នុងបាត្រខ្លះ។ ចីវរក៏ដាច់ដាចអស់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវស្នូកសម្រាប់ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ​ ត្រដាងហាលចីវរ លើផែនដី ចីវរក៏ប្រឡាក់​ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវកម្រាលស្មៅ។ កម្រាលស្មៅ ពួកសត្វកណ្តៀរកោរអស់ទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឈើស្នួរ សម្រាប់ហាលចីវរ និងខ្សែស្បៀង។ ភិក្ខុទាំងឡាយ ពាក់ចីវរចំ​ទីពាក់​កណ្តាល ទឹកជ្រលក់ ក៏ហៀរចុះទៅតាមជាយទាំងពីរ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចង​ត្រង់ជាយចីវរ។ ជាយចីវរក៏ទក់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវ​ខ្សែសម្រាប់​ចង​ជាយ​ចីវរ។ ទឹកជ្រលក់ ក៏ហៀរទៅតាមជាយម្ខាង។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យជ្រលក់ចីវរ​ប្រែ​ត្រឡប់​ឲ្យសព្វគ្រប់ ម្យ៉ាងទៀត កាលបើដំណក់ទឹក​ មិនទាន់ដាច់អស់ទេ ភិក្ខុកុំអាលដើរចេញ​ឡើយ។ សម័យនោះឯង ចីវរដិតខ្លាំងពេក។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យត្រាំចីវរទៅក្នុង​ទឹក (ទទេ)។ សម័យនោះឯង ចីវរ​ក៏​មានសាច់រឹង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគក់ចីវរ​ដោយដៃ។

[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ចីវរមិនបានកាត់ ទ្រទ្រង់ចីវរជ្រលក់​ ដោយទឹកចត់ មានពណ៌ដូចភ្លុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់​ចីវរ ដែល​មិនបានកាត់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[៥៥] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងក្រុងរាជគ្រឹះ ដោយសមគួរ​ ដល់ពុទ្ធ​អធ្យាស្រ័យ ហើយក៏ទ្រង់​យាងចេញទៅ កាន់ចារិក ក្នុងទក្ខិណាគិរីជនបទ។ ព្រះមានព្រះភាគ ទ្រង់​ឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋាន​ ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នា លុះទ្រង់​ទតឃើញហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទដ៏មាន​អាយុថា នែអានន្ទ អ្នក​​ឃើញស្រែអ្នកដែនមគធៈ មានសណ្ឋានជាស្រែ មានជ្រុងបួន មានសណ្ឋាន​ជាស្រែ មានភ្លឺ​វែង ដោយបណ្តោយផង ដោយទទឹងផង មានសណ្ឋាន​ជាស្រែ មានភ្លឺខ្លីក្នុងចន្លោះៗ មានសណ្ឋាន​ជាបួនជ្រុង ដោយមានភ្លឺខ្លីបាញ់រត់គ្នាឬទេ។ ព្រះអានន្ទ ក្រាប​បង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែអានន្ទ អ្នកអាច​ចាត់ចែង​ចីវរបែបនេះ ដល់ភិក្ខុទាំងឡាយបានឬទេ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រ​​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គអាចធ្វើបាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​គង់ក្នុង​ទក្ខិណាគិរី​ជនបទ គួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់យាងត្រឡប់មកក្រុងរាជគ្រឹះវិញ។ ខណៈ​នោះ ព្រះអានន្ទដ៏មានអាយុ ក៏បានចាត់ចែងចីវរ ដល់ភិក្ខុទាំងឡាយជាច្រើនរូប រួចហើយ​ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទតចីវរ ដែលខ្ញុំព្រះអង្គចាត់ចែងហើយចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ អានន្ទ ​មានប្រាជ្ញាច្រើន ព្រោះថា ពាក្យដែលតថាគត ពោល​ហើយ ដោយសង្ខេប អានន្ទ អាច​ដឹង​សេចក្តីដោយពិស្តារបាន ហើយចេះធ្វើសំពត់ ឈ្មោះកុសិផង ធ្វើសំពត់ ឈ្មោះអឌ្ឍកុសិផង ធ្វើសំពត់ ឈ្មោះមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះអឌ្ឍមណ្ឌលៈផង ធ្វើសំពត់ ឈ្មោះវិវដ្តៈផង ធ្វើសំពត់ ឈ្មោះអនុវិវដ្តៈផង ធ្វើសំពត់ ឈ្មោះគីវេយ្យកៈផង ធ្វើសំពត់ ឈ្មោះជង្ឃេយ្យកៈ​ផង ធ្វើសំពត់ ឈ្មោះពាហន្តៈផង ហើយសំពត់នោះ អានន្ទ ក៏បានកាត់ដាច់ ឲ្យសៅហ្មង ដោយមុខ​កាំបិត ឲ្យសមគួរដល់សមណៈ ឲ្យជារបស់មិនគួរប្រាថ្នា ដល់ពួកចោរជាសត្រូវ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតសង្ឃាដិកាត់ ឧត្តរាសង្គៈកាត់ អន្តរវាសកៈកាត់។

[៥៦] គ្រានោះ ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះ គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់​ចៀស ទៅកាន់ចារិកក្រុងវេសាលី។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ក៏បានទតឃើញ​ភិក្ខុទាំងឡាយច្រើនរូប មានចីវរ​វេច​ជាសំពាយ បានដាក់ផ្នត់ចីវរលើក្បាលខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះទត​ឃើញហើយ ព្រះដ៏មានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរឆាប់រហ័សណាស់ បើដូច្នោះ គួរតថាគត ចងសីមាតាំងទុកនូវ​ខេត្តដែន ក្នុងចីវរ ដល់ភិក្ខុទាំងឡាយ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់​ចារិក ដោយ​លំដាប់ ទើបបានដល់ទៅក្រុងវេសាលី។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគោតមចេតិយ ទៀបក្រុងវេសាលីនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចីវរតែមួយ គង់នៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុងហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ ព្រះអង្គក៏មិនរងាឡើយ លុះបឋមយាមកន្លងទៅហើយ ទើបព្រះអង្គរងា ហើយព្រះអង្គ ទ្រង់ចីវរជាគំរប់ពីរ ព្រះអង្គក៏បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ ទើប​ព្រះអង្គរងា ហើយព្រះអង្គទ្រង់ដណ្តប់​ចីវរជាគំរប់បី ព្រះអង្គក៏បាត់រងាទៀត លុះបច្ឆិមយាម​កន្លង​ទៅហើយ កាលអរុណរះឡើង រាត្រីក៏ភ្លឺព្រាងៗ ទើបព្រះអង្គរងា ព្រះអង្គទ្រង់ដណ្តប់​ចីវរ​ជាគំរប់​បួន ព្រះអង្គក៏បាត់រងាទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រិះគិតដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្តទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាចរងា កុលបុត្តទាំងនោះ ក៏អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា ហើយតាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ ហើយអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត បានដើរទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ហើយឃើញ​ភិក្ខុច្រើនរូប មានចីវរ​វេច​ជាសំពាយ ដាក់ផ្នត់​ចីវរ​លើក្បាល​ខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះ​ឃើញហើយ តថាគត មាន​សេចក្តី​ត្រិះរិះដូច្នេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរ​ឆាប់​ពេកណាស់ បើដូច្នោះ គួរតថាគត ចងសីមា តាំងទុកនូវ​ខេត្តដែន ក្នុងចីវរដល់ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត ទ្រង់ចីវរតែមួយ អង្គុយនៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុង​ហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ តថាគត ក៏មិនរងាឡើយ លុះបឋមយាម​កន្លងទៅហើយ ទើបតថាគតរងា តថាគត បានដណ្តប់ចីវរជាគំរប់ពីរ តថាគតក៏បាត់រងាទៅ លុះ​មជ្ឈិមយាមកន្លងទៅហើយ ទើបតថាគតរងា តថាគតបានដណ្តប់​ចីវរជាគំរប់បី ទើបតថាគត​បាត់​រងា​ទៅ លុះបច្ឆិមយាម​កន្លង​ទៅហើយ អរុណរះឡើង រាត្រី​ក៏ភ្លឺព្រាងៗ ទើបតថាគតរងា តថាគត​បាន​ដណ្តប់​ចីវរ​ជាគំរប់​បួន តថាគតក៏បាត់រងាទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មានសេចក្តី​រិះគិត​ដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្ត​ទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាច​រងា កុលបុត្តទាំងនោះ អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា តាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ គួរអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតចីវរ​៣ គឺ​សង្ឃាដិពីរជាន់ ឧត្តរាសង្គៈ (ចីពរ)១ជាន់ ស្បង់១ជាន់។

[៥៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ចីវរ៣ ព្រះដ៏មានព្រះភាគ ទ្រង់​អនុញ្ញាត​រួចហើយ ៗក៏នាំគ្នាចូលទៅកាន់ស្រុក ដោយចីវរ៣ដទៃទៀត នៅក្នុងវត្ត ដោយចីវរ៣ដទៃទៀត ចុះ​ទៅកាន់កំពង់ ជាទីស្រង់ទឹក ដោយចីវរ៣ដទៃទៀត។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងទ្រទ្រង់អតិរេកចីវរសោះ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​ពេលនោះ រួចទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់​អតិរេកចីវរទេ ភិក្ខុណាទ្រទ្រង់ ភិក្ខុនោះត្រូវវិនយធរ ឲ្យធ្វើតាមធម៌។ សម័យនោះ អតិរេកចីវរ បានកើតឡើង ដល់ព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ប្រាថ្នាប្រគេនចីវរ​នោះ ទៅព្រះសារីបុត្តដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ ក៏គង់នៅឯក្រុងសាកេត។ វេលានោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីរិះគិតដូច្នេះថា ព្រះមានព្រះភាគ បានបញ្ញត្តថា ភិក្ខុ​មិនត្រូវ​ទ្រទ្រង់អតិរេកចីវរទេ ក៏ឯអតិរេកចីវរនេះ កើតឡើង​ដល់អាត្មាអញហើយ តែថា អាត្មាអញ ចង់​ប្រគេនចីវរនេះ ទៅព្រះសារីបុត្តដ៏មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏មានអាយុ គង់នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត នៅយូរប៉ុន្មានថ្ងៃទៀត ទើបបានមកដល់។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះ​មានព្រះភាគ ព្រះសារីបុត្ត មុខជានឹងមកក្នុងថ្ងៃទី៩ ឬក្នុងថ្ងៃទី១០។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់អតិរេកចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័នោះ អតិរេកចីវរ កើតឡើងដល់ភិក្ខុទាំងឡាយ។ វេលានោះ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រិះរិះ​​ដូច្នេះថា យើងគួរប្រតិបត្តិក្នុងអតិរេកចីវរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យវិកប្បអតិរេកចីវរទុកបាន។

[៥៨] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់​ទៅក្រុងពារាណសី។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឥសិបតនមិគទាយវន ទៀប​ក្រុងពារាណសីនោះ។ សម័យនោះ ភិក្ខុ១រូប មានស្បង់ធ្លុះ។ វេលានោះ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ចីវរ៣ គឺសង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ ព្រះដ៏មានព្រះភាគ បាន​អនុញ្ញាត​រួចហើយ ឯស្បង់របស់អាត្មាអញធ្លុះ បើដូច្នោះ គួរអាត្មាអញប៉ះនូវបម្នះ កាលបើដូច្នោះ ស្បង់នោះ នឹងទៅជា២ជាន់ដោយជុំវិញ កណ្តាល១ជាន់។ វេលានោះ ភិក្ខុនោះ ក៏បានប៉ះនូវ​បម្នះ។ ព្រះដ៏មានព្រះភាគ បានយាងទៅ​កាន់សេនាសនចារិក ក៏បានទតឃើញភិក្ខុនោះ កំពុង​ប៉ះ​នូវបម្នះ លុះទតឃើញហើយ ក៏ទ្រង់​យាងចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់​នឹងភិក្ខុនោះដូច្នេះថា នែភិក្ខុ អ្នកធ្វើអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​ប៉ះនូវបម្នះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា ប្រពៃហើយ ៗភិក្ខុ ប្រពៃហើយភិក្ខុ អ្នកបាន​ប៉ះ​នូវបម្នះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នៅ​ថ្មោង ឬសំពត់ដែលគេបោក​លាងម្តងហើយ តថាគត អនុញ្ញាត (ឲ្យអ្នកទាំងឡាយធ្វើ) សង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ (បើ) សំពត់ដែលគេរើឡើងពីរដូវ (គឺ​សំពត់​ចាស់) តថាគតអនុញ្ញាត ឲ្យអ្នកទាំងឡាយ ធ្វើសង្ឃាដិ​៤ជាន់ ឧត្តរាសង្គៈ​២ជាន់ ស្បង់២ជាន់ អ្នកទាំងឡាយ គួរធ្វើនូវសេចក្តីប្រឹងប្រែង ស្វែងរកសំពត់បង្សុកូល សំពត់ធ្លាក់ចុះក្នុងរានផ្សារ តាមត្រូវការ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបម្នះ

[៥៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យ​ហើយ ក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថីនោះ។ វេលានោះ នាងវិសាខាមិគារមាតា បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុងទីដ៏សមគួរ។ កាល​នាងវិសាខាមិគារមាតាអង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងវិសាខាមិគារមាតា ដែលអង្គុយ​នៅក្នុងទី​សមគួរ​ហើយ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់​នោះ នាងវិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្ត​របស់ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃ​ស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយ​តុណ្ហីភាព។ លំដាប់នោះ នាងវិសាខាមិគារមាតា បានដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ សម័យនោះឯង លុះរាត្រីនោះកន្លងទៅហើយ មានភ្លៀងធំធ្លាក់ចុះ​សព្វទ្វីប​ទាំង៤។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភ្លៀងធ្លាក់ចុះ ក្នុងវត្តជេតពនយ៉ាងណា ភ្លៀងធ្លាក់ចុះក្នុងទ្វីបទាំង៤ ក៏យ៉ាង​នោះដែរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរងូតជំរះកាយគ្រប់ៗគ្នាទៅចុះ (ព្រោះ) ភ្លៀងធំ ដែលធ្លាក់​សព្វទ្វីបទាំង៤នេះ ជាបំផុតត្រឹមនេះហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះករុណាព្រះអង្គ ហើយ​ក៏នាំគ្នា​ដាក់ចីវរ​ចេញ ងូតទឹកភ្លៀង ជំរះកាយ គ្រានោះ នាងវិសាខាមិគារមាតា បានឲ្យជនតាក់តែងខាទនីយភោជនីយាហារ ដ៏ឧត្តម ហើយ​បង្គាប់​ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល ​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ។ ទាសីនោះ ទទួល​ស្តាប់​ពាក្យរបស់​នាងវិសាខាមិគារមាតា ដោយពាក្យថា ច៎ាសអ្នកជាម្ចាស់ ហើយទៅកាន់អារាម ក៏បានឃើញពួកភិក្ខុ ដែលដាក់ចីវរចេញ កំពុងងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏គិត​ថា ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ រួចហើយក៏ត្រឡប់​ចូលទៅកាន់​សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ដាក់ចីវរ​ចេញ ហើយ​នាំគ្នា​ងូតទឹកភ្លៀង​ជំរះកាយ តែទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងនាំគ្នាងូតទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ កាលនោះ ភិក្ខុទាំងនោះ ងូតទឹក​ឲ្យត្រជាក់ខ្លួន មានកាយ​ដ៏ស្រួលហើយ ក៏នាំគ្នា​យកចីវរទាំងឡាយ ចូលទៅកាន់លំនៅ ដូចដែលវិញ។ ឯទាសីនោះ ទៅកាន់​អារាម មិនឃើញពួកភិក្ខុ ក៏គិតថា ក្នុងអារាមគ្មានភិក្ខុសោះ មានតែអារាមទទេ ហើយក៏​ត្រឡប់ចូល​ទៅកាន់សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានភិក្ខុសោះ មានតែ​អារាម​ទទេ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិត​យ៉ាង​នេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ​ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួល ហើយនាំយក​ចីវរ​ទាំងឡាយ ចូលទៅកាន់​លំនៅដូចដែល ទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុសោះ មានតែអារាមទទេ។ នាងវិសាខា ក៏បង្គាប់ទាសីទៀតថា នែហង ហង​ចូរ​ទៅ​កាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នករាល់គ្នា រៀបចំបាត្រ និងចីវរចុះ (ព្រោះ) ដល់ពេលចង្ហាន់ហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះបន្ទូល​របស់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ លុះវេលា​ព្រឹកឡើង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់​បំបាត់​ព្រះអង្គ អំពីវត្តជេតពន ទៅប្រាកដ​ទៀបក្លោងទ្វារ ​របស់​នាងវិសាខាមិគារមាតា (ដោយឆាប់​រហ័ស) ប្រៀបដូច​បុរស​មានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃ​ដែលខ្លួន​លាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់​លើអាសនៈ ​ដែលគេតាក់តែងថ្វាយ ជាមួយនឹងព្រះភិក្ខុសង្ឃ។ គ្រានោះ នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុនេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុនេះ) ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណ​ត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បីតែជើង ឬចីវរ​របស់ភិក្ខុ១អង្គ ក៏គ្មានទទឹក​ឡើយ ហើយក៏មានចិត្តរីករាយ​ខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុសង្ឃ​ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃ​របស់ខ្លួន ត្រាតែព្រះភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ ដាក់​ព្រះហស្តចុះ​ចាកបាត្រហើយ នាងក៏​អង្គុយ​នៅក្នុងទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមពរ៨ប្រការ​អំពីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​នាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយ​គ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមតែពរណា ដែលគួរ និងពរណា​ ដែលឥតទោស។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​នាងវិសាខា ចូរនាង​និយាយមកចុះ។ នាងវិសាខា ក៏ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់ប្រគេន​វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ចង់ប្រគេន​អាគន្តុកភត្ត (ភត្តដែល​ប្រគេន​ដល់ភិក្ខុទើប​មកដល់ថ្មី) ចង់ប្រគេនគមិកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុអ្នកមានដំណើរទៅ) ចង់ប្រគេនគិលានភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុមានជម្ងឺ) ចង់ប្រគេនគិលានុបដ្ឋាកភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុអ្នកបម្រើជម្ងឺ) ចង់ប្រគេន​គិលានភេសជ្ជៈ (ថ្នាំដែលប្រគេន ដល់​ភិក្ខុមានជម្ងឺ) ចង់ប្រគេន​ធុវយាគូ (បបរ ដែល​ត្រូវប្រគេន​ជានិច្ច) ដល់ព្រះសង្ឃ និងចង់ប្រគេន​ឧទកសាដិក (សំពត់​សម្រាប់ងូតទឹក) ដល់ភិក្ខុនីសង្ឃ ដរាបដល់អស់ជីវិត។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលនាងវិសាខា នាងឃើញអំណាច​ប្រយោជន៍​ដូចម្តេច បានជាសូមពរ​៨ប្រការ​ អំពី​តថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាព្រឹកមិញនេះ ខ្ញុំព្រះអង្គ​បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ បពិត្រព្រះអង្គដ៏ចំរើន ទាសីនោះ ក៏ទៅកាន់អារាម ហើយបានឃើញពួកភិក្ខុ ដាក់ចីវរចេញហើយ កំពុងនាំគ្នាងូត​ទឹកភ្លៀង​ជំរះកាយ លុះឃើញហើយ ក៏សំគាល់​ថា ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងងូតទឹកភ្លៀង ជំរះកាយ រួចក៏ត្រឡប់​ចូលមកកាន់​សំណាក់​ខ្ញុំព្រះអង្គ លុះចូលមក​ដល់ហើយ បាននិយាយ​ពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក ងូតទឹកភ្លៀង ជំរះកាយ បពិត្រព្រះអង្គដ៏ចំរើន កិរិយាអាក្រាត ជាការ​មិន​ស្អាត គួរខ្ពើមរអើម បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជា​ចង់​ប្រគេន​វស្សិកសាដិក ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុជាអាគន្តុកៈ (ទើបមកដល់ថ្មី) មិនទាន់ឆ្លាសក្នុងផ្លូវ មិនទាន់ឆ្លាស ក្នុងទីគោចរ លំបាក​នឹងត្រាច់​ទៅបិណ្ឌបាត ភិក្ខុជាអាគន្តុកៈនោះ នឹងឆាន់អាគន្តុកភត្ត របស់ខ្ញុំព្រះអង្គហើយ មុខជានឹង​ឆ្លាស​ក្នុងផ្លូវ ឆ្លាសក្នុងទីគោចរ មិនលំបាក​នឹងត្រាច់ទៅបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេនអាគន្តុកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកដំណើរ បើរវល់តែស្វែងរកភត្ត​សម្រាប់ខ្លួន មុខជានឹងបែកខ្ញែក ចាកគ្នីគ្នា ឬបើចង់ទៅកាន់លំនៅ ក្នុងប្រទេសណា នឹងចូលទៅដល់​ប្រទេស​នោះខុសកាលវេលា នាំឲ្យលំបាកនឹងទៅកាន់ផ្លូវឆ្ងាយ កាលបើភិក្ខុអ្នកដំណើរនោះ បានឆាន់​គមិកភត្តរបស់ខ្ញុំព្រះអង្គហើយ មុខជាមិនបែកខ្ញែក ចាកគ្នីគ្នាទេ ឬបើចង់ទៅកាន់​លំនៅ​ក្នុងប្រទេស​ណា ក៏បានចូលទៅដល់ប្រទេសនោះ មិនខុសកាលវេលា ឃើញថា មិនលំបាក​នឹងទៅកាន់​ផ្លូវឆ្ងាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គមិកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មាន​តទៅ​ទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភោជន​ ជាទីសប្បាយទេ អាពាធ​ក៏រឹងរឹតតែចំរើនឡើង ឬនឹង​ធ្វើ​មរណភាពទៅក៏សឹងមាន កាលបើ​ភិក្ខុមានជម្ងឺនោះ បានឆាន់​គិលានភត្ត របស់ខ្ញុំ​ព្រះអង្គហើយ អាពាធ ក៏មិនចំរើនឡើង មរណភាពក៏គ្មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាច​ប្រយោជន៍​​នេះហើយ បានជាចង់​ប្រគេនគិលានភត្ត ដល់ព្រះសង្ឃ​អស់មួយជីវិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកបម្រើភិក្ខុឈឺ កាលបើរវល់តែនឹង​ស្វែងរក​ភត្ត​សម្រាប់​ខ្លួនហើយ មុខជានឹងនាំយកភត្តមកឲ្យភិក្ខុឈឺក្នុងវេលាថ្ងៃពេក ហើយក៏នឹងធ្វើ​ភិក្ខុឈឺ ឲ្យដាច់​ចង្ហាន់ បើភិក្ខុអ្នកបម្រើភិក្ខុឈឺនោះ បានឆាន់គិលានុបដ្ឋាកភត្ត របស់ខ្ញុំព្រះអង្គហើយ នឹង​បាននាំយកភត្ត ​មកឲ្យភិក្ខុឈឺ​ ក្នុងកាលគួរ ហើយនឹងមិន​ធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានុបដ្ឋាកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬ​នឹងធ្វើ​មរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភេសជ្ជៈ របស់ខ្ញុំ​ព្រះអង្គ​ហើយ អាពាធក៏មិនចំរើនឡើង មិនធ្វើមរណភាព​ទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញ​អំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានភេសជ្ជៈ ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ព្រះដ៏មានព្រះភាគ ទ្រង់យល់​ឃើញអានិសង្ស​ទាំង១០យ៉ាងហើយ បានជាទ្រង់​អនុញ្ញាត​បបរ ក្នុងអន្ធកវិន្ទប្រទេស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញអានិសង្សទាំងនោះដែរ បានជាចង់​ប្រគេន​ធុវយាគូ ដល់សង្ឃ​អស់មួយ​ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុនី ក្នុងសាសនានេះ មានកាយអាក្រាត ងូតទឹកក្នុងកំពង់មួយ ជាមួយនឹង​ពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹង​អចិរវតី បពិត្រព្រះអង្គដ៏ចំរើន ពួកស្រីពេស្យា​ទាំងនោះ នាំគ្នាចំអក ចំអន់ពួក​ភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ នៅក្មេង​នៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរតែលោកម្ចាស់ទាំងឡាយ នៅបរិភោគ​កាមគុណ​សិន បើលោកម្ចាស់ទាំងឡាយ ចាស់ជរាវេលាណា សឹមនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌​វេលានោះចុះ យ៉ាងនេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ បានរក្សា​ប្រយោជន៍​ទាំងពីរទុក បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យដូច្នេះ) ហើយ ភិក្ខុនី​ទាំងនោះ ក៏មានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការ​មិនស្អាតទេ គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​ឧទកសាដិកៈ ដល់ភិក្ខុនីសង្ឃ​អស់មួយជីវិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះ​នាងយល់ឃើញ​អានិសង្សដូចម្តេច បានជានាងសូមពរ​៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងសាសនានេះ នៅចាំវស្សាក្នុងទិសទាំងឡាយ រួចហើយនឹងមកកាន់​ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ ភិក្ខុទាំងនោះនឹងចូលមកគាល់​ព្រះអង្គ ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណកាលហើយ ភិក្ខុនោះ មានគតិ​ដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏មានព្រះភាគ មុខជានឹងទ្រង់ព្យាករណ៍បញ្ហានេះ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ នឹងចូល​ទៅរកភិក្ខុទាំងនោះ ហើយនឹងសួរថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន លោកម្ចាស់នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើប្រសិនជាពួកភិក្ខុនិយាយប្រាប់​ខ្ញុំព្រះអង្គថា ភិក្ខុនោះ ធ្លាប់​និមន្ត​មក​ក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ នឹងដល់នូវសេចក្តី​ចូលចិត្ត​ក្នុងហេតុនេះថា ច្បាស់ជាលោកម្ចាស់នោះ ធ្លាប់បានបរិភោគ​វស្សិកសាដិកក្តី អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិនខាន) កាលខ្ញុំព្រះអង្គនោះ រលឹកទាននោះរឿយៗហើយ សេចក្តីត្រេកអរទន់ នឹងកើតឡើង កាលបើសេចក្តីត្រេកអរទន់​ កើតឡើងហើយ ចិត្តប្រកបដោយបីតិ នឹងកើតឡើង កាលបើចិត្តប្រកបដោយបីតិ​ កើតឡើងហើយ កាយក៏នឹងស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ មានកាយស្ងប់រម្ងាប់ហើយ នឹងទទួលសេចក្តីសុខ កាលបើខ្ញុំព្រះអង្គ បានទទួលសេចក្តីសុខហើយ ចិត្ត​ក៏នឹងដំកល់​មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនានោះ នឹងមានដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់ឃើញអានិសង្ស​នេះហើយ បានជាសូមពរ​៨ប្រការ អំពី​ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ ល្អហើយ ម្នាលនាងវិសាខា នាង​បានយល់ឃើញអានិសង្សនេះ ហើយ​បានសូមពរ​៨ប្រការ អំពីតថាគត ជាការប្រពៃពិត ម្នាល​នាងវិសាខា (បើដូច្នោះ) តថាគតអនុញ្ញាត​ពរ៨ប្រការ​ដល់នាង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ចំពោះ​នាងវិសាខា ដោយគាថា​ទាំងឡាយ​នេះថា

[៦០] ស្រីណាជាអ្នកឲ្យបាយ និងទឹក មានចិត្តរីករាយ មានសីលបរិបូណ៌ ជាសាវិកា​របស់ព្រះសុគត គ្របសង្កត់នូវ​សេចក្តី​កំណាញ់បាន ហើយឲ្យនូវទាន ស្រីនោះឯង តែងបាន​នូវផល គឺអារម្មណ៍ដ៏ប្រសើរ​ដោយប្រពៃ មានរូបជាដើម បានបន្ទោបង់នូវសេចក្តីសោក នាំមក​នូវ​សេចក្តីសុខ មានកំឡាំង និងអាយុទិព្វ ស្រីនោះ ជាស្រីមានសេចក្តី​ប្រាថ្នានូវបុណ្យ មានសេចក្តីសុខ ឥតមានទុក្ខ តែងរីករាយក្នុងស្ថានសួគ៌ អស់កាលជាអង្វែង ព្រោះអាស្រ័យ​នូវ​មគ្គចិត្ត ដ៏ប្រាសចាកធូលី មិនមានកិលេស (នោះឯង)។

[៦១] កាលនោះ ព្រះដ៏មានព្រះភាគទ្រង់អនុមោទនាចំពោះ​នាងវិសាខាមិគារមាតា ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​វស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត គិលានុបដ្ឋាកភត្ត គិលានភេសជ្ជៈ ធុវយាគូ និងឧទកសាដិកៈ ជារបស់ភិក្ខុនីសង្ឃ។

ចប់ វារៈពោលអំពីនាងវិសាខា។

[៦២] សម័យនោះឯង ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏ប្រឡាក់ដោយអសុចិ។ កាលនោះ ព្រះមានព្រះភាគ មានព្រះអានន្ទ​ដ៏មានអាយុ ជាបច្ឆាសមណៈ ទ្រង់ពុទ្ធ​ដំណើរទៅកាន់​សេនាសនចារិក ហើយទតឃើញ​សេនាសនៈ​ប្រឡាក់ដោយអសុចិ លុះទតឃើញ​ច្បាស់ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន ហើយសិងលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងតែសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុណាដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់ព្រះអរហន្ត ឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មានអានន្ទ​ជាបច្ឆាសមណៈ ដើរទៅកាន់​សេនាសនចារិក ក្នុងទីនេះ បានឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ លុះឃើញហើយ ក៏ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី អានន្ទឆ្លើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយ ដ៏ឧត្តម ហើយភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុង​ដេកលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់​ដោយអសុចិ តថាគត ក៏ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹង​ហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិ​ឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយ​ដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជា​បុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតា​មិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥​យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស​របស់ភិក្ខុ ដែល​បានដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់​ភិក្ខុ​បាន​ដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​​និសីទនៈ (សំពត់​ទ្រាប់អង្គុយ) ដើម្បី​រក្សាកាយ ដើម្បី​រក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈ​ទាំងអស់​មិនបាន។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគត​អនុញ្ញាត ​ឲ្យធ្វើទំហំប៉ុណ្ណោះ។

[៦៣] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទ​ដ៏មាន​អាយុ​ កើតបូសធំ។ ចីវរទាំងឡាយ របស់​ព្រះវេលដ្ឋសីសៈនោះ ជាប់ស្អិតនឹងកាយ ដោយទឹក​រំអិល។ ពួក​ភិក្ខុ យក​ទឹកផ្សើម​ចីវរទាំង​នោះឲ្យជោក ហើយទើបបកចេញបាន។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់​សេនាសនចារិក ទ្រង់ទតឃើញ​ភិក្ខុទាំងនោះ ​កំពុង​យកទឹក​ទៅផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ ក៏ទ្រង់ពុទ្ធដំណើរចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ព្រះពុទ្ធដីកា​នេះ នឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​ មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ កើតបូសធំ ចីវរទាំងឡាយ ជាប់​ស្អិត​នឹងកាយ ដោយ​ទឹករំអិល យើងខ្ញុំ​ទាំងឡាយ​ យកទឹក​មកផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅពួកភិក្ខុ​មក ​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ​ទឹករងៃក្តី បូសធំក្តី តថាគត​អនុញ្ញាត សំពត់​សម្រាប់គ្របកម (ជាដើម) ដល់ភិក្ខុនោះ។

[៦៤] គ្រានោះ នាងវិសាខាមិគារមាតា នាំយកសំពត់សម្រាប់ជូតមុខ ចូលទៅកាន់​សំណាក់​​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់ទទួល​សំពត់សម្រាប់​ជូតមុខ​ របស់ខ្ញុំព្រះអង្គ ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ ‌ព្រះដ៏មានព្រះភាគ ក៏បានទទួល​សំពត់​សម្រាប់​ជូតមុខ (នោះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​នាង​វិសាខាមិគារមាតា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯ​នាង​វិសាខាមិគារមាតា កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​ ឲ្យឃើញច្បាស់ ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួក​ភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត សំពត់​សម្រាប់ជូតមុខ។

[៦៥] សម័យនោះឯង មល្លក្សត្យឈ្មោះ​រោជៈ ជាសំឡាញ់របស់ព្រះអានន្ទដ៏មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (នោះ) បានទុកដាក់សំពត់សម្បកឈើ លើកដៃនៃព្រះអានន្ទ​ដ៏មាន​អាយុ។ ឯ​ព្រះអានន្ទដ៏មានអាយុ ក៏ត្រូវការនឹងសំពត់សម្បកឈើ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យភិក្ខុកាន់យក​ ដោយសេចក្តីស្និទ្ធស្នាលរបស់មិត្រ ប្រកបដោយអង្គ​៥គឺ មិត្រ​ដែល​គ្រាន់​តែ​បានឃើញ​គ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាលនឹងគ្នាមាំមួន១ មិត្រដែល​បាននិយាយ​បើក​ឱកាស​​គ្នាតាមត្រូវការ១ មិត្រនោះមានជីវិត​រស់នៅ១ ភិក្ខុដឹងថា បើអាត្មាអញ កាន់យកវត្ថុ​ណា​មួយ​ហើយ មិត្រនោះ មានសេចក្តីត្រេកអរ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុ​កាន់​យក​ ដោយសេចក្តីស្និទ្ធស្នាល របស់មិត្រ ​ប្រកបដោយអង្គ​ ទាំង​៥នេះបាន។

[៦៦] សម័យនោះឯង ពួកភិក្ខុមានត្រៃចីវរបរិបូណ៌ហើយ តែត្រូវការដោយសំពត់​តម្រងទឹកផង ដោយថង់បាត្រផង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតសំពត់​បរិក្ខារ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះ ​ដូច្នេះថា សំពត់ទាំងឡាយណា គឺត្រៃចីវរក្តី សំពត់​សម្រាប់​ងូតទឹកភ្លៀងក្តី សំពត់សម្រាប់ទ្រាប់អង្គុយក្តី សំពត់​កម្រាលក្តី សំពត់​សម្រាប់​គ្របកមក្តី សំពត់សម្រាប់ជូតមុខក្តី សំពត់បរិក្ខារក្តី ដែល​ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតហើយ សំពត់​ទាំង​អស់នោះ តើយើងគួរអធិដ្ឋាន ឬគួរវិកប្បទុក។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋាន​ត្រៃចីវរ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់ងូតទឹកភ្លៀងអស់៤ខែ នៃរដូវភ្លៀង តអីពី​កាល​៤ខែនោះទៅ ត្រូវវិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ទ្រាប់អង្គុយ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់កម្រាល មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់សម្រាប់គ្របកម កំណត់​ត្រឹម​មានអាពាធ ហួសអំពីអាពាធ​នោះទៅ ត្រូវ​វិកប្បទុក ឲ្យអធិដ្ឋានសំពត់សម្រាប់ជូតមុខ មិនឲ្យវិកប្បទេ ឲ្យអធិដ្ឋានសំពត់បរិក្ខារ មិនឲ្យវិកប្បទេ។ ក្នុងពេលនោះ ពួកភិក្ខុ មានសេចក្តី​ត្រិះរិះ​ ដូច្នេះថា ឱហ្ន៎ ចីវរយ៉ាងតូច​បំផុត ត្រឹមប៉ុនណា ទើបត្រូវ​វិកប្បបាន។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុវិកប្បចីវរ យ៉ាងតូចបំផុត បណ្តោយត្រឹម៨ធ្នាប់ ទទឹងត្រឹម៤ធ្នាប់ ដោយ​ធ្នាប់ព្រះសុគត។ សម័យនោះឯង ព្រះកស្សបដ៏មានអាយុ ជាអ្នកធ្វើសេចក្តីគោរព​ ក្នុងសំពត់​បង្សុកូល ។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើចីវរ​ឲ្យសៅហ្មង ដោយចេស (គឺ​ដេរប៉ះដោយចេស)។ ចីវរមានជាយមិនស្មើគ្នា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុ​រុះរើ​ចីវរ ដែលមានជាយ​មិនស្មើគ្នា (គឺកាត់ជាយដែលវែងជាងគេចេញ)។ សរសៃអំបោះទាំងឡាយ ក៏ចេះ​តែរសាត់ចេញ។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលើកឡើង (គឺប៉ះ) អនុវាតខាងខ្នង នឹង​អនុវាតខាងពោះ។ សម័យនោះឯង ជាន់ទាំងឡាយនៃសង្ឃាដិ ដាច់ចេញពីគ្នា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើថ្នេរ​ ឲ្យមានសណ្ឋាន​ដូចជាក្រឡាចត្រង្គ។

[៦៧] សម័យនោះឯង ពួកភិក្ខុកំពុងធ្វើចីវរ (ឲ្យ) ភិក្ខុ១រូប លុះភិក្ខុកាត់ចីវរទាំងអស់ទៅ​ហើយ ក៏មិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់តែចីវរពីរ ចីវរមួយ​ មិនបាច់កាត់​ក៏បាន។ ដល់កាត់ចីវរពីរ ចីវរមួយ​មិនកាត់ ក៏នៅតែមិនគ្រប់គ្រាន់។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចីវរពីរមិនបាច់កាត់ ឲ្យកាត់តែចីវរមួយបាន។ ភិក្ខុមិនកាត់ចីវរពីរ កាត់តែ​ចីវរមួយ ក៏នៅតែមិនគ្រប់គ្រាន់ទៀត។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុលើកឡើង (គឺប៉ះ) សំពត់អាគន្តុកៈ (សំពត់ថ្មី) ទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ទ្រទ្រង់​ចីវរ ដែលមិនកាត់ទាំងអស់​នោះទេ ភិក្ខុណាទ្រទ្រង់ (ស្លៀកដណ្តប់) ត្រូវអាបត្តិទុក្កដ។

[៦៨] សម័យនោះឯង ចីវរកើតឡើងជាច្រើនដល់ភិក្ខុមួយរូប។ ឯភិក្ខុនោះ ចង់ឲ្យចីវរនោះ ដល់មាតា និងបិតា។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឲ្យចីវរ ដោយគិតថា មាតា និងបិតា ដូច្នេះ តថាគត​នឹង​ថាដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យចីវរដល់​មាតា និងបិតាបាន ម្នាលភិក្ខុទាំងឡាយ តែថា ភិក្ខុមិនត្រូវធ្វើទាន ដែលគេឲ្យដោយសទ្ធា ឲ្យធ្លាក់ចុះឡើយ ភិក្ខុណា​ឲ្យធ្លាក់ចុះ ត្រូវអាបត្តិទុក្កដ។

[៦៩] សម័យនោះឯង ភិក្ខុមួយរូបទុកចីវរក្នុងអន្ធវន (ព្រៃងងឹត) ហើយមានតែស្បង់ និងឧត្តរាសង្គៈ (ចីពរ) ចូលទៅស្រុកដើម្បីបិណ្ឌបាត។ ពួកចោរ ក៏លួចយកចីវរនោះទៅ។ ភិក្ខុនោះ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុនិយាយយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី ក៏អ្នក​មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុនោះ និយាយនឹងភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំទុក​ចីវរ​ក្នុងអន្ធវននេះ ហើយមានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បីបិណ្ឌបាត ពួកចោរ លួច​យក​ចីវរនោះទៅ ព្រោះហេតុនោះ បានជាខ្ញុំ មានសំពត់អាក្រក់ មានចីវរសៅហ្មង។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវចូលទៅស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅស្រុក ដើម្បី​បិណ្ឌបាត ដោយភ្លេចស្មារតី។ ពួកភិក្ខុបាននិយាយ​ដូច្នេះ នឹងព្រះអានន្ទ​ដ៏មានអាយុថា ម្នាល​អាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវ​ចូលទៅ​ស្រុក មិនមែនទេឬ ម្នាលអាវុសោ ចុះហេតុអ្វី បានជាអ្នក មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅ​ស្រុក។ ព្រះអានន្ទឆ្លើយថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុមានតែស្បង់ និងឧត្តរាសង្គៈ មិនត្រូវ​ចូលទៅ​ស្រុកទេ ក៏ពិតមែនហើយ ម្នាលអាវុសោ តែថា ខ្ញុំចូលទៅហើយ ដោយភ្លេចស្មារតី។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់​សង្ឃាដិមាន​៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារ​មានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះ​ឯង ជាហេតុគួរទុកដាក់សង្ឃាដិបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុគួរទុកដាក់នូវសំពត់​ឧត្តរាសង្គៈ មាន៥យ៉ាង​ គឺ ភិក្ខុមានជម្ងឺ១ មានកំណត់ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាល​កឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់សំពត់ឧត្តរាសង្គៈបាន។ ម្នាលភិក្ខុទាំងឡាយ ឯហេតុ​គួរទុកដាក់ស្បង់មាន៥យ៉ាង គឺភិក្ខុមានជម្ងឺ១ មានកំណត់​ដោយរដូវភ្លៀង៤ខែ១ ភិក្ខុទៅកាន់​ត្រើយ​ស្ទឹងខាងនាយ១ វិហារមានការរក្សាទ្វារមាំមួន១ ភិក្ខុបានក្រាលកឋិនហើយ១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ស្បង់បាន។ ម្នាលភិក្ខុ​ទាំងឡាយ ឯហេតុគួរទុកដាក់សំពត់សម្រាប់ងូតទឹកភ្លៀង មាន៥យ៉ាងគឺ ភិក្ខុមាន​ជម្ងឺ១ ភិក្ខុទៅកាន់​ទីឥតមានសីមា១ ភិក្ខុទៅកាន់ត្រើយស្ទឹងខាងនាយ១ វិហារមានការរក្សា​ទ្វារមាំមួន១ សំពត់​សម្រាប់ងូតទឹកភ្លៀង ភិក្ខុមិនទាន់បានធ្វើ ឬធ្វើមិនទាន់ស្រេច១ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៥យ៉ាងនេះឯង ជាហេតុគួរទុកដាក់ សំពត់​សម្រាប់ងូតទឹកភ្លៀងបាន។

[៧០] សម័យនោះឯង ភិក្ខុមួយរូបនៅចាំវស្សាតែម្នាក់ឯង។ មនុស្សទាំងឡាយ នាំគ្នា​ប្រគេន​ចីវរក្នុងទីនោះ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ភិក្ខុនោះ ក៏មាន​សេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិច​បំផុត ត្រឹមភិក្ខុ៤រូប ឥឡូវ អាត្មាអញ តែម្នាក់ឯង ក៏មនុស្សទាំងនេះ ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ បើដូច្នោះ មានតែអាត្មាអញ នាំយក​ចីវរ​របស់​សង្ឃ​ទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ចីវរទាំងនោះ ជាចីវររបស់អ្នក កំណត់តែត្រឹមកឋិនដោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុក្នុងសាសនានេះ នៅចាំវស្សា​តែម្នាក់ឯង។ ក្នុងទីនោះ ពួកមនុស្ស ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ចីវរទាំងនោះ ដល់ភិក្ខុនោះឯង កំណត់ត្រឹម​កឋិនដោះ។ សម័យនោះឯង ភិក្ខុមួយរូប នៅតែ​ម្នាក់ឯង អស់កាល​នៃរដូវ ។ ក្នុងទីនោះ ពួកមនុស្ស​បាន​ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។  ភិក្ខុនោះ ក៏មាន​សេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ បានបញ្ញត្តថា ដែលហៅថាសង្ឃ បើយ៉ាងតិច​បំផុត ត្រឹមភិក្ខុ៤រូប ក៏ឥឡូវ អាត្មាអញ តែម្នាក់ឯង ចំណែកខាងពួកមនុស្សនេះ បានប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយប្រគេនចីវរចំពោះសង្ឃ បើដូច្នោះ គួរអាត្មាអញ នាំយក​ចីវរ ​របស់​សង្ឃ​ទាំងនេះ ទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនោះ ក៏នាំយកចីវរទាំងនោះ ទៅកាន់ក្រុងសាវត្ថី ហើយបានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យសង្ឃ ដែលមាន​ក្នុងទីចំពោះមុខ ចែកគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​នៅតែម្នាក់ឯង អស់កាលនៃរដូវ។ ក្នុងទីនោះ ពួកមនុស្ស​ប្រគេនចីវរ​ទាំងឡាយ ដោយ​ពាក្យថា យើងទាំងឡាយ ប្រគេនចីវរ ចំពោះសង្ឃ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនោះ អធិដ្ឋានចីវរទាំងនោះ ដូច្នេះថា ចីវរទាំងនេះ ជារបស់​អាត្មាអញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ មិនទាន់អធិដ្ឋានចីវរនោះទេ ទទួលមានភិក្ខុឯទៀតមកដល់ ត្រូវ​ភិក្ខុនោះ ចែកចំណែកស្មើ (ដល់ភិក្ខុដែលទើប​មកដល់នោះ) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងចែក​ចីវរនោះ ហើយស្លាក មិនទាន់ធ្លាក់អស់ ទទួល​មានភិក្ខុឯទៀត​មកដល់ ត្រូវភិក្ខុនោះ ចែក​ចំណែកស្មើ (ដល់ភិក្ខុដែលទើបមកដល់នោះ) ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងនោះ ចែកចីវរនោះ ស្លាកធ្លាក់អស់ទៅហើយ ទើបមានភិក្ខុឯទៀត​មកដល់ មិនបាច់ចែកឲ្យទេ។ សម័យនោះឯង មានព្រះថេរៈ​ពីររូប ជាបងប្អូននឹងគ្នា គឺព្រះថេរៈ​ឈ្មោះ​ឥសិទាសៈដ៏​មានអាយុ១ ព្រះថេរៈឈ្មោះឥសិភត្តដ៏មានអាយុ១ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏នាំគ្នា​ទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកមនុស្សនិយាយគ្នាថា ព្រះថេរៈ​ទាំងឡាយបាត់​យូរ​ណាស់ហើយ ទើបឃើញនិមន្តមក ថាដូច្នោះហើយ ក៏នាំគ្នាប្រគេនចង្ហាន់ ព្រមទាំងចីវរ។ ពួកភិក្ខុ អ្នកនៅក្នុងអាវាស សួរព្រះថេរៈ​ទាំងឡាយថា បពិត្រព្រះថេរៈ​ដ៏ចំរើន ចីវររបស់សង្ឃ​ទាំងនេះ កើតឡើង ក៏ព្រោះតែព្រះថេរៈ​ទាំងឡាយ តើព្រះថេរៈ​ទាំងឡាយ នឹងត្រេកអរនឹងចំណែក​ដែរឬទេ។ ព្រះថេរៈ​ទាំងឡាយ ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើង​ទាំងឡាយ ក៏បានដឹងច្បាស់ហើយថា ចីវរទាំងនោះ ជាចីវររបស់លោកទាំងឡាយ កំណត់​តែត្រឹម​កឋិនដោះ។ សម័យនោះឯង ភិក្ខុ៣រូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ។ ពួកមនុស្ស ក្នុងទីនោះ ប្រគេនចីវរ​ទាំងឡាយ ដោយពាក្យថា យើងទាំងឡាយ ប្រគេនចីវរចំពោះសង្ឃ។ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ដែលហៅថា សង្ឃ បើយ៉ាងតិចបំផុត ត្រឹម​ភិក្ខុ​៤រូប ឥឡូវ យើងទាំងឡាយ ជាជន៣រូប ក៏មនុស្សទាំងនេះ ប្រគេនចីវរ​ទាំងឡាយ ​ដោយពាក្យថា យើងទាំងឡាយ ប្រគេន​ចីវរចំពោះ​សង្ឃ តើយើងទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ សម័យនោះឯង ព្រះថេរៈ​ច្រើនអង្គ គឺព្រះថេរៈ ឈ្មោះនិលវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះសាណវាសីដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះគោបកៈ​ដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះភគុដ៏មានអាយុ១ ព្រះថេរៈ ឈ្មោះផលិកសន្ទានៈដ៏មានអាយុ១ នៅក្នុង​កុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ កាលនោះ ភិក្ខុទាំងនោះ នាំគ្នាទៅកាន់ក្រុងបាតលិបុត្ត ហើយសួរ​ព្រះថេរៈ​ទាំងឡាយ។ ព្រះថេរៈ​ទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយយ៉ាងណា យើងទាំងឡាយ ក៏បានដឹងច្បាស់​ថា ចីវរ​ទាំងឡាយនោះ ជាចីវរ​របស់អ្នកទាំងឡាយ កំណត់តែត្រឹម​កឋិនដោះ។

[៧១] សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ នៅចាំវស្សាក្នុងក្រុងសាវត្ថី លុះចេញវស្សាហើយ ក៏បានទៅកាន់អាវាស ក្បែរស្រុកតូចមួយ។ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ។ ភិក្ខុទាំងនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត។ ឯ​ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះ​ទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់​អាវាស​ឯទៀត។ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នាក្នុងអាវាសនោះទៀត។ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោក​ត្រេកអរ​​នឹងចំណែក​ដែរឬ។ ព្រះឧបនន្ទសក្យបុត្រ​ឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ ក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ហើយក៏ស្ពាយ​សំពាយ​ចីវរធំ រួច​ត្រឡប់​មកកាន់​ក្រុងសាវត្ថីវិញដដែល។ ពួកភិក្ខុ និយាយយ៉ាងនេះថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នក​មានបុណ្យធំ បានជាលោក​បានចីវរច្រើន។ ព្រះឧបនន្ទ​សក្យបុត្ត​ឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​មានបុណ្យ​មកពីណា ដោយសារតែខ្ញុំនៅចាំ​វស្សា​ ក្នុងក្រុងសាវត្ថីនេះ លុះចេញវស្សា​ហើយ ខ្ញុំ​បានទៅកាន់​អាវាសក្បែរស្រុកតូចមួយ ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃ​ទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ ខ្ញុំឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរ​ដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ រួចបានទៅកាន់អាវាសឯទៀត ​ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ​ទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរ​នឹងចំណែក​ដែរឬ ខ្ញុំបាននិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់​អាវាស​ឯទៀត ពួកភិក្ខុ មានសេចក្តី​ប្រាថ្នានឹង​ចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវរ​របស់​សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោក​ត្រេកអរ​​នឹងចំណែក​ដែរឬ ខ្ញុំនិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះ​ហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពី​អាវាស​នោះមក យ៉ាងនេះ បានជាខ្ញុំ​បានចីវរច្រើន។ ពួកភិក្ខុសួរថា ម្នាលអាវុសោឧបនន្ទ លោកនៅចាំ​វស្សាក្នុងអាវាសដទៃ ហើយលោកត្រេកអរនឹងចំណែកចីវរ ក្នុងអាវាសដទៃ មែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ មែនហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ត​ដ៏មានអាយុ មិនគួរបើនឹង​នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ដទៃសោះ។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ឧបនន្ទ ឮថា អ្នកឯង នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​ នឹងចំណែកចីវរ ក្នុងអាវាស​ដទៃ ពិតមែនឬ។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង មិនគួរបើនឹង​នៅចាំវស្សា​ ក្នុងអាវាសដទៃ ហើយត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ដទៃសោះ នែមោឃបុរស អំពើនេះ មិនមែន​នាំពួក​ជន ដែល​មិនទាន់ជ្រះថ្លា ឲ្យ​ជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​នៅចាំវស្សា​ ក្នុងអាវាសឯទៀត មិនត្រូវ​ត្រេកអរ​នឹងចំណែកចីវរ ក្នុងអាវាស​ឯទៀតទេ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ​ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ នៅចាំវស្សា​ក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរ​មុខជា​នឹងកើតឡើង​ដល់អញ​ជាច្រើនដូច្នេះ។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា យើងទាំងឡាយ ត្រូវឲ្យចំណែកចីវរ ដល់​ព្រះឧបនន្ទសក្យបុត្តដ៏មានអាយុដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​ឲ្យចីវរតែមួយចំណែក ដល់មោឃបុរស​ចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ក្នុង​សាសនានេះ នៅចាំវស្សា​ ក្នុងអាវាសពីរតែម្នាក់ឯង ដោយគិតថា ចីវរ​មុខជា​នឹងកើតឡើង​ដល់អញ ​ជាច្រើនដូច្នេះ។ បើភិក្ខុនោះ នៅចាំវស្សា ​ក្នុងអាវាស​ឯណោះ បានពាក់កណ្តាល ចាំវស្សា ​ក្នុងអាវាស​ឯណោះ បានពាក់កណ្តាល ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែក​ចីវរ ក្នុង​អាវាស​ឯណោះ ពាក់កណ្តាល ក្នុងអាវាស​ឯណោះ ពាក់កណ្តាល ទៅភិក្ខុនោះចុះ ប្រសិនបើ ភិក្ខុនៅចាំវស្សា ​ក្នុងអាវាស​ណាច្រើនជាង ភិក្ខុទាំងឡាយ ត្រូវឲ្យចំណែក​ចីវរទៅភិក្ខុនោះ តាមកំណត់​ថ្ងៃដែល​ច្រើននោះចុះ។

[៧២] សម័យនោះឯង ភិក្ខុ១រូបមានរោគឈឺពោះ។ ភិក្ខុនោះដេកត្រាំនៅលើមូត្រ និងករីស​របស់ខ្លួន។ គ្រានោះ ព្រះដ៏មានព្រះភាគ មានព្រះអានន្ទដ៏មានអាយុ ជាបច្ឆាសមណៈ ទ្រង់​ពុទ្ធ​ដំណើរ ទៅកាន់សេនាសនចារិក ហើយចូលទៅកាន់លំនៅ នៃភិក្ខុនោះ។ ព្រះដ៏មានព្រះភាគ បានទតឃើញភិក្ខុនោះ ដេក​ត្រាំនៅលើមូត្រ និងករីសរបស់ខ្លួន លុះទតច្បាស់ហើយ ក៏ទ្រង់ចូល​ទៅកាន់សំណាក់ភិក្ខុនោះ លុះចូល​ទៅដល់ហើយ ទ្រង់មានព្រះតម្រាស់​យ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ អ្នកមានរោគអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ឈឺពោះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង មានភិក្ខុជាអ្នកបម្រើដែរឬទេ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស គ្មានទេ។ ព្រះអង្គទ្រង់ត្រាស់ថា ចុះពួកភិក្ខុ ហេតុអ្វី​ក៏មិនបម្រើអ្នក។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់​មេត្តាប្រោស (ដ្បិត) ខ្ញុំព្រះអង្គ មិនដែល​ធ្វើ​(ឧបការៈ) ដល់ពួក​ភិក្ខុសោះ ព្រោះហេតុនោះ បានជាពួកភិក្ខុ ​មិនបម្រើខ្ញុំព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅ​នាំយក​ទឹកមក យើងនឹងឲ្យភិក្ខុនេះងូត។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏នាំយក​ទឹកមក។ ព្រះដ៏មានព្រះភាគ ទ្រង់ស្រោចទឹក ព្រះអានន្ទ​ដ៏មានអាយុ​ដុសលាង ព្រះដ៏មានព្រះភាគចាប់ខាងក្បាល ព្រះអានន្ទដ៏មានអាយុ ចាប់ខាងជើង សែងឡើង យកទៅដាក់ឲ្យដេកលើគ្រែតូច។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារឯណោះ មានភិក្ខុឈឺដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស មាន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានរោគអ្វី។ ពួកភិក្ខុ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស លោកដ៏មានអាយុនោះ មានរោគពោះ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកបម្រើ​ភិក្ខុនោះ មានដែរឬ។ ពួកភិក្ខុ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស គ្មានទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ចុះហេតុអ្វី បានជាពួក​ភិក្ខុ​មិនបម្រើ​ភិក្ខុនោះ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតភិក្ខុនោះ មិនដែលធ្វើ (ឧបការៈ) ដល់ភិក្ខុទាំងឡាយ ព្រោះហេតុនោះ បានជាភិក្ខុទាំងឡាយ មិនបម្រើ​ភិក្ខុនោះ។ ព្រះអង្គ ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គ្មានមាតាបិតាទេ បាន​អ្នក​ណា​បម្រើអ្នករាល់គ្នា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបម្រើគ្នានឹងគ្នាហើយ តើបានអ្នកណា នឹងបម្រើវិញ ម្នាលភិក្ខុទាំងឡាយ អ្នកណាបម្រើ​តថាគត អ្នកនោះ ឈ្មោះថា​បម្រើ​ភិក្ខុឈឺ។ បើមានឧបជ្ឈាយ៍ ឧបជ្ឈាយ៍ត្រូវបម្រើភិក្ខុនោះអស់១ជីវិត ឧបជ្ឈាយ៍ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានអាចារ្យ អាចារ្យត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អាចារ្យ ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមាន​សទ្ធិវិហារិក សទ្ធិវិហារិក​ ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត សទ្ធិវិហារិក ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានអន្តេវាសិក (កូនសិស្ស) អន្តេវាសិក ត្រូវបម្រើភិក្ខុនោះ អស់១ជីវិត អន្តេវាសិក ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះ​សះជា។ បើមានភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នា ត្រូវ​ភិក្ខុ​មានឧបជ្ឈាយ៍​ស្មើគ្នាបម្រើភិក្ខុនោះ អស់១ជីវិត ភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នា ត្រូវរង់ចាំ ទំរាំភិក្ខុនោះ​សះជា។ បើមាន​ភិក្ខុមានអាចារ្យ​ស្មើគ្នា ​ភិក្ខុមានអាចារ្យ​ស្មើគ្នា ត្រូវបម្រើ​ភិក្ខុនោះ​អស់១ជីវិត ​ភិក្ខុមានអាចារ្យ​ស្មើគ្នា ត្រូវរង់ចាំ ទំរាំ​ភិក្ខុនោះសះជា។ បើឧបជ្ឈាយ៍ក្តី អាចារ្យក្តី សទ្ធិវិហារិក​ក្តី អន្តេវាសិកក្តី ​ភិក្ខុមានឧបជ្ឈាយ៍​ស្មើគ្នាក្តី ​ភិក្ខុមានអាចារ្យ​ស្មើគ្នាក្តី មិនមានទេ សង្ឃត្រូវបម្រើ​ភិក្ខុមានជម្ងឺនោះ។ បើសង្ឃមិនបម្រើទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ៥ ជាបុគ្គលលំបាកគេបម្រើ គឺបុគ្គលមិនចេះធ្វើខ្លួនឲ្យសប្បាយ១ មិនដឹង​ប្រមាណ​ ក្នុងការសប្បាយ១ មិនខ្នាស់ខ្នែងប្រើថ្នាំ១ មិនប្រាប់អាពាធ ដែលចំរើន ថាចំរើនក្តី មិនប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី មិនប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅ​នឹង​ដដែលក្តី ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នក​ចង់ឲ្យសះជា១ មិនអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើងក្នុងប្រជុំ​ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ ទាំង៥​នេះឯង តែងលំបាកគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គ៥ ងាយ​គេបម្រើ គឺបុគ្គលចេះធ្វើខ្លួនឲ្យសប្បាយ១ ដឹងប្រមាណ​ ក្នុងការសប្បាយ១ ខ្នាស់ខ្នែងប្រើថ្នាំ១ ប្រាប់អាពាធ ដែលចំរើនឡើង ថាចំរើនឡើងក្តី ប្រាប់អាពាធ ដែល​ធូរថយ ថាធូរថយក្តី ប្រាប់អាពាធ ដែល​នៅ​នឹង​ដដែល ថានៅនឹងដដែល ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នក​ចង់ឲ្យ​សះជា១ ជាអ្នកអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើង ក្នុងប្រជុំ​ នៃសរីរៈ មិនឆ្ងាញ់​ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានជម្ងឺ ប្រកបដោយ អង្គទាំង៥​ នេះឯង តែងងាយគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើ​ជម្ងឺ ប្រកបដោយអង្គ៥ មិនគួរនឹងបម្រើជម្ងឺទេ គឺបុគ្គល​មិនប្រសប់ចាត់ចែងថ្នាំ១ មិនស្គាល់ហេតុ​សប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចូលទៅ នាំរបស់ដែលសប្បាយចេញ​មក១ បម្រើអ្នកជម្ងឺ ចង់បានតែអាមិសៈ ឥតមានចិត្តមេត្តា មានតែខ្ពើមរអើមនឹងការនាំចេញ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ មិនអាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើជម្ងឺ ប្រកបដោយ អង្គ៥នេះឯង មិនគួរបម្រើជម្ងឺទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបម្រើ​ជម្ងឺ បើប្រកបដោយ អង្គ៥ ទើបគួរបម្រើជម្ងឺបាន គឺបុគ្គល​ប្រសប់ចាត់ចែងថ្នាំ១ ស្គាល់ហេតុ​សប្បាយ និងមិនសប្បាយ១ នាំរបស់ដែលមិនសប្បាយចេញទៅ នាំរបស់ដែល​សប្បាយ​ចូល​មក១ មានចិត្តមេត្តា មិនប្រាថ្នាអាមិសៈ ហើយបម្រើជម្ងឺ មិនខ្ពើមរអើម ក្នុងការ​នាំ​ចេញ​ ​នូវ​ឧច្ចារៈក្តី បស្សាវៈក្តី ទឹកមាត់ក្តី កំអួតក្តី១ អាចនឹងពន្យល់អ្នកមានជម្ងឺ ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា សព្វៗកាល១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​អ្នកបម្រើជម្ងឺ​ លុះតែប្រកបព្រមដោយអង្គ ទាំង៥នេះឯង ទើបគួរបម្រើជម្ងឺបាន។

[៧៣] សម័យនោះឯង មានភិក្ខុពីររូបដើរទៅតាមផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងពីររូបនោះ ចូលទៅកាន់អាវាស១។ ក្នុងអាវាសនោះ មានភិក្ខុមួយរូបឈឺ។ ភិក្ខុទាំង​នោះ ក៏មានសេចក្តីត្រិះរិះ​ ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សរសើរ​ការបម្រើ​ជម្ងឺពេក​ណាស់ អាវុសោ បើដូច្នោះ មានតែយើងទាំងឡាយ នឹងបម្រើភិក្ខុនេះ។ ភិក្ខុទាំងនោះ ក៏នាំគ្នា​បម្រើភិក្ខុឈឺនោះ។ កាលដែលភិក្ខុទាំងនោះ កំពុងបម្រើ ភិក្ខុឈឺ ក៏ធ្វើមរណកាលទៅ។ គ្រានោះ​ ភិក្ខុទាំងនោះ ក៏នាំយកបាត្រ និងចីវររបស់​ភិក្ខុឈឺនោះ ទៅឯក្រុងសាវត្ថី ហើយក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ​(ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​ ឲ្យត្រៃចីវរ និងបាត្រ ដល់ភិក្ខុអ្នកបម្រើជម្ងឺចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះ នឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់​ភិក្ខុនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ បើការ​ឲ្យ​ត្រៃចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរនេះ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ ឥឡូវ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ​ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តី​នេះ ដោយអាការស្ងៀមយ៉ាងនេះ។ សម័យនោះឯង មានសាមណេរមួយរូប ធ្វើមរណភាព។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើសាមណេរ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់សាមណេរនោះ) តែថា ភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យចីវរ និងបាត្រ​ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ បើការ​ឲ្យចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ឥឡូវ សង្ឃឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ ចីវរ និងបាត្រនេះ សង្ឃបានឲ្យ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត​ ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿង​នេះ ដោយអាការស្ងៀមនៅ យ៉ាងនេះ។ សម័យនោះឯង មានភិក្ខុមួយរូប និងសាមណេរមួយរូប បម្រើភិក្ខុឈឺ។ កាលបើភិក្ខុ និងសាមណេរ​ទាំងនោះ កំពុង​បម្រើ ភិក្ខុឈឺនោះ ក៏ធ្វើមរណភាពទៅ។ ឯភិក្ខុអ្នកបម្រើជម្ងឺនោះ ក៏មានសេចក្តីត្រិះរិះថា អាត្មាអញ ត្រូវឲ្យចំណែកចីវរ​ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ ឲ្យចំណែកស្មើគ្នា ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺចុះ។ សម័យនោះឯង មានភិក្ខុ១រូប មានទ្រព្យច្រើន មានបរិក្ខារច្រើន ធ្វើមរណភាពទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យត្រៃចីវរ និងបាត្រ​ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ បើមាន​វត្ថុណាមួយ ជាគ្រឿងលហុភណ្ឌ ឬជាគ្រឿង​លហុបរិក្ខារ[២] នៅក្នុងទីនោះ តថាគតអនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ (ព្រមព្រៀង​គ្នា) ចែកគ្រឿង​លហុភណ្ឌ និងគ្រឿង​លហុបរិក្ខារនោះបាន បើមានគ្រឿង​គរុភណ្ឌ ឬគ្រឿង​គរុបរិក្ខារណា នៅក្នុងទីនោះ គ្រឿងគរុភណ្ឌ និងគ្រឿង​គរុបរិក្ខារនោះ ត្រូវទុកសម្រាប់​សង្ឃដែល​មក ឬមិនទាន់បានមកពីទិសទាំង៤ ភិក្ខុមិនត្រូវលះ មិនត្រូវចែកគ្នាទេ។

[៧៤] សម័យនោះឯង មានភិក្ខុ១រូបមានកាយអាក្រាត ហើយចូលទៅកាន់សំណាក់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គតែងទ្រង់សរសើរគុណរបស់​បុគ្គលអ្នកប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ការអាក្រាតនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត និងនាំឲ្យ​មានសេចក្តីប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះ​មាន​ព្រះភាគ ទ្រង់អនុញ្ញាត​ការអាក្រាត ដល់ពួក​ភិក្ខុ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធ​មាន​ព្រះភាគ បន្ទោសថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិនសមបើ នឹង​​សមាទាននូវការអាក្រាត ជាតិត្ថិយសមាទាន (ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ការអាក្រាត ជាតិត្ថិយ​សមាទាន ភិក្ខុមិនត្រូវសមាទានទេ ភិក្ខុណាសមាទាន ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ​១រូប ស្លៀកសំពត់ដែលគេធ្វើពីស្បូវភ្លាំង។បេ។ ស្លៀកសំពត់ដែលគេធ្វើ​ពីសម្បក​ឈើ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីផែនក្តារ។បេ។ ស្លៀកសំពត់កម្ពល ដែលគេធ្វើពីសក់។បេ។ ស្លៀក​សំពត់កម្ពលដែលគេធ្វើពីរោមកន្ទុយ​សត្វ។បេ។ ស្លៀកសំពត់ដែលគេធ្វើពីស្លាបមៀម។បេ។ ស្លៀក​សំពត់ដែលគេធ្វើពីស្បែកខ្លា ហើយចូលទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែង​ទ្រង់សរសើរគុណ របស់​បុគ្គល​អ្នក​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្ត ប្រារព្ធព្យាយាម ដោយបរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន ស្បែកខ្លានេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តី​ផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យ​មានសេចក្តី​ប្រារព្ធព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាត​ឲ្យពួក​ភិក្ខុស្លៀក​ដណ្តប់​សំពត់ស្បែកខ្លា ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស​ថា នែមោឃបុរស អំពើនេះមិនទំនងទេ។បេ។ នែមោឃបុរស អ្នកមិនសមបើនឹង​ទ្រទ្រង់សំពត់​ស្បែកខ្លា ជាទង់ជ័យ នៃតិរ្ថិយសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ស្បែកខ្លា ជាទង់ជ័យ​របស់តិរ្ថិយទេ ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ១រូប ស្លៀកសំពត់ដែលគេធ្វើពីដើមរាក់។បេ។ ស្លៀក​សំពត់ដែលគេធ្វើពីសម្បកក្រចៅ ហើយ​ចូលទៅ​កាន់​សំណាក់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ក្រាបបង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ តែងទ្រង់សរសើរគុណ របស់​បុគ្គល​អ្នក​ប្រាថ្នាតិច មានចិត្តសន្តោស មានចិត្តផូរផង់ កំចាត់​បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធព្យាយាម ដោយ​បរិយាយ​ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សំពត់សម្បកក្រចៅនេះ នាំឲ្យមានសេចក្តីប្រាថ្នាតិច សេចក្តីសន្តោស សេចក្តីផូរផង់ កំចាត់បង់កិលេស នាំឲ្យកើតសេចក្តីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ និងនាំឲ្យ​មានសេចក្តី​ប្រារព្ធ​ព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់អនុញ្ញាត​ឲ្យពួក​ភិក្ខុ (ទ្រទ្រង់) ​សំពត់សម្បកក្រចៅ ជាការ​ស្រួលពេកណាស់។ ព្រះពុទ្ធដ៏មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើនេះមិនទំនងទេ។បេ។ ម្នាលមោឃបុរស អ្នកមិន​សមបើ នឹង​ស្លៀកសំពត់សម្បកក្រចៅសោះ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែល​មិនទាន់​ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅ​ភិក្ខុ​ទាំង​ឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកសំពត់សម្បកក្រចៅទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។

[៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទ្រទ្រង់ ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងសុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ (ពណ៌ខ្នងក្អែប) ទ្រទ្រង់ចីវរលឿងទុំសុទ្ធ (ពណ៌ដូចផ្កាឈូក) ទ្រទ្រង់ចីវរមានជាយមិនបានកាត់ចេញ ទ្រទ្រង់ចីវរមានជាយវែង ទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ ទ្រទ្រង់ចីវរមានជាយជាផ្លែឈើ ទ្រទ្រង់អាវ ទ្រទ្រង់មួក ទ្រទ្រង់​សំពត់ឈ្នួត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរពណ៌ហង្សបាទ​សុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរ មានជាយ​ មិនបានកាត់ចេញ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយ​ជាផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរ មានជាយជាផ្លែឈើ មិនត្រូវទ្រទ្រង់អាវ មិនត្រូវទ្រទ្រង់មួក មិនត្រូវ​ទ្រទ្រង់​​សំពត់ឈ្នួត ភិក្ខុណាទ្រទ្រង់​ ត្រូវអាបត្តិទុក្កដ។

[៧៦] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សារួចហើយ តែចីវរមិនទាន់កើតឡើង ក៏នាំគ្នា​ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ស្លាប់ទៅខ្លះ ប្តេជ្ញាខ្លួនជាសាមណេរខ្លះ ប្តេជ្ញាខ្លួន​ជាបុគ្គល​ពោលលាសិក្ខាខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាខ្លួនជាបុគ្គលឆ្កួតខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល​មានចិត្តអណ្តែត​អណ្តូងខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល គឺវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាខ្លួនជា​បុគ្គល​ គឺសង្ឃ​លើកវត្ត ព្រោះមិនបាន​សំដែង​អាបត្តិខ្លះ ប្តេជ្ញាខ្លួនជាបុគ្គល គឺសង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិអាក្រក់ខ្លះ ប្តេជ្ញាខ្លួនជា​ខ្ទើយខ្លះ ប្តេជ្ញាខ្លួនជា​អ្នកលួចសំវាសខ្លះ ប្តេជ្ញាខ្លួនជាអ្នកចូលពួកតិរ្ថិយខ្លះ ប្តេជ្ញា​ខ្លួនជា​​សត្វតិរច្ឆានខ្លះ ប្តេជ្ញាខ្លួនជាអ្នកសម្លាប់​មាតាខ្លះ ប្តេជ្ញាខ្លួនជា​អ្នកសម្លាប់​បិតាខ្លះ ប្តេជ្ញាខ្លួន​ជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនីខ្លះ ប្តេជ្ញាខ្លួនជាអ្នកបំបែក​សង្ឃខ្លះ ប្តេជ្ញា​ខ្លួនជាអ្នកធ្វើលោហិត (ព្រះបរមគ្រូ) ឲ្យពុរពងឡើងខ្លះ ប្តេជ្ញាខ្លួនជា​ឧភតោព្យញ្ជនក (មនុស្ស​មានភេទពីរ)ខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ចៀសចេញទៅ។ កាលបើ​មានភិក្ខុអ្នកទទួលយកចីវរ​ដ៏សមគួរ សង្ឃត្រូវឲ្យ​ចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុនៅចាំវស្សារួចហើយ កាល​បើចីវរ​មិនទាន់​កើតឡើង ក៏សឹក​ទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នក​ពោល​លា​សិក្ខាក្តី ប្តេជ្ញាខ្លួនជាអ្នកត្រូវ​អន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះឯង)។ ម្នាលភិក្ខុទាំងឡាយ  ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញា​ខ្លួនជា​មនុស្ស​ឆ្កួតក្តី ប្តេជ្ញាខ្លួនជាមនុស្សមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាមនុស្ស​មានវេទនា​គ្របសង្កត់​ក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះ​មិនបានសំដែងអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់​ក្តី។ កាលបើមានភិក្ខុជាអ្នកទទួល​យកចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ នៅចាំវស្សារួចហើយ កាលបើចីវរ មិនទាន់កើតឡើង ក៏ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវជាម្ចាស់ (ចីវរនោះ​ឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​ នៅចាំវស្សារួចហើយ កាលបើចីវរ​​កើត​ឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏ចៀសចេញទៅ។ កាលបើមានភិក្ខុ ជាអ្នកទទួល​ចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់បានចែក ខ្លួនក៏សឹកទៅក្តី ស្លាប់ទៅក្តី ប្តេជ្ញាខ្លួនជាសាមណេរក្តី ប្តេជ្ញាខ្លួនជាអ្នកពោល​លាសិក្ខាក្តី ប្តេជ្ញាខ្លួនជាបុគ្គល​ត្រូវ​អន្តិមវត្ថុក្តី។ សង្ឃត្រូវជាម្ចាស់(ចីវរនោះ)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុនៅ​ចាំវស្សា​រួចហើយ កាលបើចីវរកើតឡើង តែសង្ឃមិនទាន់បានចែក ក៏ប្តេជ្ញាខ្លួនជាមនុស្សឆ្កួតក្តី ប្តេជ្ញាខ្លួនជាបុគ្គលមានចិត្តអណ្តែតអណ្តូងក្តី ប្តេជ្ញាខ្លួនជាបុគ្គល​មានវេទនាគ្របសង្កត់ក្តី ប្តេជ្ញាខ្លួន​ជា​ភិក្ខុ គឺសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃលើកវត្ត ព្រោះ​មិនបាន​សំដែង​អាបត្តិក្តី ប្តេជ្ញាខ្លួនជាភិក្ខុ គឺសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ក្តី។ កាល​បើមាន​ភិក្ខុ​ជាអ្នកទទួល​ចីវរដ៏សមគួរ ត្រូវសង្ឃឲ្យចីវរ (នោះទៅ)ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមាន​ភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិន​ទាន់​បាន​ចែក ក៏​ប្តេជ្ញា​ខ្លួនជាមនុស្សខ្ទើយក្តី។បេ។ ប្តេជ្ញាខ្លួនជា​ឧភតោព្យញ្ជនកក្តី។ សង្ឃត្រូវ​ជាម្ចាស់ (ចីវរនោះ​ឯង)។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ​មិន​ទាន់​កើតឡើង សង្ឃក៏បែកគ្នាទៅ មនុស្សទាំងឡាយក្នុងទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះសង្ឃ។ ទឹកនិងចីវរនេះ ក៏នៅជារបស់សង្ឃដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរ​មិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួក ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរមិនទាន់កើតឡើង សង្ឃក៏បែកគ្នាទៅ។ មនុស្ស​ទាំងឡាយ​ក្នុង​ទីនោះ ក៏នាំគ្នាប្រគេនទឹក ចំពោះភិក្ខុមួយ​ពួក ប្រគេនចីវរ ​ចំពោះ​ភិក្ខុមួយពួកនោះឯង ដោយពាក្យថា យើងទាំងឡាយ ប្រគេនចំពោះពួក។ ទឹកនិងចីវរនេះ ក៏នៅជារបស់ពួកដដែល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ពួកភិក្ខុនៅ​ចាំវស្សារួចហើយ កាលបើចីវរកើតឡើងហើយ តែសង្ឃមិនទាន់ចែក សង្ឃក៏បែក​គ្នា​ទៅ។ ចីវរនោះ សង្ឃត្រូវចែកដល់ពួកភិក្ខុទាំងអស់ឲ្យស្មើគ្នា។

[៧៧] សម័យនោះឯង ព្រះរេវតដ៏មានអាយុ បានផ្ញើចីវរទៅប្រគេន​ព្រះសារីបុត្តដ៏​មានអាយុនឹងដៃភិក្ខុ១រូប ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ព្រះថេរៈ​ផងចុះ។ គ្រានោះ​ឯង លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុនោះក៏យកចីវរនោះ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងព្រះរេវតដ៏មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏មានអាយុ បាន​មក​​ជួប​នឹងព្រះសារីបុត្តដ៏មានអាយុ ហើយសួរថា បពិត្រព្រះថេរៈ​ដ៏ចំរើន ខ្ញុំករុណាបានផ្ញើចីវរ មកប្រគេន​ព្រះថេរៈ តើចីវរនោះ បានដល់មកហើយឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិន​ឃើញចីវរនោះទេ។ ទើប​ព្រះរេវតដ៏មានអាយុ បាននិយាយ ​ទៅនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំបាន​ផ្ញើចីវរ មកប្រគេន​ព្រះថេរៈ នឹងដៃលោកដ៏មានអាយុ តើចីវរនោះ នៅឯណា។ ភិក្ខុនោះ​ឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំបានយកចីវរនោះ (មកប្រើប្រាស់ ដោយខ្លួនឯងទៅហើយ) ដោយអាង​សេចក្តីស្និទ្ធស្នាល នឹងលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះ ផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ [ចីវររបស់​ភិក្ខុដែលស្លាប់] របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែលចាំទទួលចីវរនោះ ស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ ​របស់ភិក្ខុនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ (អធិដ្ឋានមិនឡើង)។ បើភិក្ខុ​អ្នក​ទទួល​បញ្ញើ យកចីវរ (មកប្រើប្រាស់ ​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូប [សំដៅយកភិក្ខុអ្នកផ្ញើចីវរ១រូប ភិក្ខុអ្នកចាំទទួលយកចីវរ១រូប។] ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុ​អ្នកទទួលបញ្ញើ អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុដែល​ចាំទទួល​ចីវរវិញ (យ៉ាងនេះ) ហៅថា អធិដ្ឋាន​​មិន​ល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល​នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរវិញ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរ​ទៅនឹងដៃ​​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល​នឹងភិក្ខុ​អ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ហើយក៏អធិដ្ឋានមតកចីវរ របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​ល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួល​បញ្ញើនោះ ឮដំណឹងថា ភិក្ខុអ្នកចាំទទួលយកចីវរនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតក​ចីវរ របស់ភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នក​ទទួល​បញ្ញើ​យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូបស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុអ្នកផ្ញើទៅនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។

[៧៨] ម្នាលភិក្ខុទាំងឡាយ មាតិកា (ហេតុ) ដែលនាំឲ្យកើតចីវរឡើង មាន៨យ៉ាង​ គឺ គេឲ្យ​ចីវរក្នុងសីមា១ គេឲ្យ​ចីវរ ដោយសេចក្តីប្តេជ្ញា១ គេឲ្យ​ចីវរ ដោយសេចក្តីបញ្ញត្តិ នៃភិក្ខា (ទី​បរិច្ចាគទាន​ របស់ខ្លួន)១ គេឲ្យ​ចីវរចំពោះសង្ឃ១ គេឲ្យ​ចីវរចំពោះឧភតោសង្ឃ១ គេឲ្យ​ចីវរចំពោះ​សង្ឃ ដែលនៅចាំវស្សា១ គេចំពោះវត្ថុ ឬកំណត់វត្ថុហើយ ទើប​ឲ្យចីវរ១ គេឲ្យ​ចីវរ ចំពោះ​បុគ្គល១។ ដែលហៅថា គេឲ្យ​ចីវរក្នុងសីមា គឺ (សំដៅយក) ភិក្ខុមានចំនួន​ប៉ុន្មាន​រូប ដែលនៅខាង​ក្នុង​សីមា ត្រូវភិក្ខុទាំងនោះ ចែកចីវរគ្នាចុះ។ ដែលហៅថា គេឲ្យ​ចីវរដោយសេចក្តី​ប្តេជ្ញាគឺ (សំដៅ​យក) អាវាសច្រើន ជាអាវាស មានលាភស្មើគ្នា កាលបើគេឲ្យ​ចីវរក្នុងអាវាស​តែ១ ទុកដូចជា បានឲ្យចីវរ ក្នុងអាវាសទាំងអស់។ ដែលហៅថា គេឲ្យ​ចីវរដោយសេចក្តី​បញ្ញត្តិនៃ​ភិក្ខា គឺ (សំដៅយក) ការបូជាជានិច្ច ដែលគេធ្វើ ចំពោះសង្ឃ ក្នុងទីណា គេក៏ឲ្យចីវរក្នុងទីនោះ។ ដែលហៅថា គេឲ្យ​ចីវរចំពោះសង្ឃ គឺ (សំដៅយក) សង្ឃដែលមកជួបជុំមុខគ្នា ហើយត្រូវចែក​ចីវរ​ចុះ។ ដែលហៅថា គេឲ្យ​ចីវរ ចំពោះ​ឧភតោសង្ឃ (សំដៅយក) ភិក្ខុសូម្បី​ច្រើនរូប ភិក្ខុនីតែ១រូប សង្ឃ​ក៏ត្រូវឲ្យចីវរ​ពាក់កណ្តាល (ស្មើគ្នា)។ ភិក្ខុនី សូម្បីច្រើនរូប ភិក្ខុតែ១រូប សង្ឃក៏ត្រូវ​ឲ្យចីវរ​ពាក់កណ្តាល (ស្មើគ្នា)។ ដែលហៅថា គេឲ្យ​ចីវរចំពោះ​សង្ឃដែល​នៅចាំវស្សា (សំដៅយក) ភិក្ខុ​មានកំណត់ប៉ុន្មានរូប នៅចាំវស្សាក្នុងអាវាសនោះ ភិក្ខុទាំងនោះ ត្រូវចែកចីវរគ្នាចុះ។ ដែលហៅថា ចំពោះ​វត្ថុ ឬកំណត់​វត្ថុហើយ ទើបគេឲ្យចីវរគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យបបរហើយ គេឲ្យ​ចីវរផង ជួនកាល គេឲ្យភត្តហើយ គេឲ្យចីវរផង ជួនកាល គេឲ្យខាទនីយៈហើយ គេឲ្យចីវរ​ផង ជួនកាល គេឲ្យចីវរតែម្តង ជួនកាលគេឲ្យសេនាសនៈហើយ គេឲ្យទាំងចីវរផង ពុំនោះសោត គេឲ្យ​ភេសជ្ជៈ ព្រមទាំងចីវរផង។ ដែលហៅថា គេឲ្យចីវរ​ ចំពោះបុគ្គលគឺ (សំដៅយកត្រង់ហេតុ) ដែលគេឲ្យ ​ដោយពាក្យថា ខ្ញុំឲ្យចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ។

ចប់ ចីវរក្ខន្ធកៈទី៨។

ក្នុងខន្ធកៈនេះ មាន៩៦រឿង។

ឧទ្ទានរបស់ចីវរក្ខន្ធកៈនោះគឺ

[៧៩]​ រឿងពួកកុដុម្ពិកៈនៅក្នុងក្រុងរាជគ្រឹះ ឃើញពួកស្រីផ្កាមាស​ក្នុងក្រុងវេសាលី ហើយទៅក្រុងរាជគ្រឹះវិញ ក៏បានក្រាបទូលសេចក្តីនុ៎ះ​ដល់ស្តេច១។ រឿងកូនប្រុសនៃ​ស្រីផ្កាមាស ឈ្មោះសាលវតី ត្រឡប់​បានមក​ជា កូនអភយរាជកុមារវិញ ព្រះរាជកុមារ បានចិញ្ចឹមទុក ឲ្យឈ្មោះថា ជីវកៈ ព្រោះហេតុតែពាក្យសួរថា កូននោះ មានជីវិតរស់នៅ ឬស្លាប់១។ រឿងជីវកកោមារភត្យ ទៅក្រុងតក្កសិលា រៀនធ្វើពេទ្យ បានជាមហាពេទ្យ ហើយមើលជម្ងឺ​ក្នុងក្បាល​ភរិយា របស់សេដ្ឋី ដែលឈឺ៧ឆ្នាំ ឲ្យសះជា ដោយនត្ថុកម្ម គឺការបញ្ច្រកថ្នាំ ទៅតាម​ច្រមុះ១។ រឿង​ជីវកកោមារភត្យ ទាញចេញ (មើលជា) អាពាធ​ឫសដូងបាត នៃព្រះបាទ​ពិម្ពិសារ ដោយថ្នាំលាប។ ព្រះរាជា ទ្រង់មានបន្ទូល ​នឹងកោមារភត្យថា អ្នកឯងចូរបម្រើអញផង ពួកស្រី​ក្នុងវាំងផង ព្រះពុទ្ធ​ និង​ព្រះសង្ឃផង១។ រឿងសេដ្ឋី នៅក្នុងក្រុងរាជគ្រឹះ១ រឿងជីវកកោមារភត្យ​មើលអាពាធ​ពក ក្នុងពោះវៀន១ រឿង​ជីវកកោមារភត្យ ញុំាង​មហារោគ នៃព្រះបាទ​បជ្ជោត ឲ្យសះ​ជាទៅ ព្រោះសោយទឹកដោះរាវ។ ​ជីវកកោមារភត្យ ក្រាបទូលថា សូមឲ្យ​ព្រះបាទបជ្ជោត រឭកអធិការ​របស់ខ្លួន រួចទ្រង់​បានផ្ញើសំពត់ សិវេយ្យកៈ មួយគូ​ មក​ជីវកកោមារភត្យ១ រឿង​ជីវកកោមារភត្យ ញុំាងកាយព្រះមានព្រះភាគ ដែលមានរោគទល់ ឲ្យស្រួល ហើយបានថ្វាយ​ថ្នាំបញ្ចុះ៣០ដង ដោយផ្កាឧប្បល៣ក្តាប់ ព្រះមានព្រះភាគ ក៏មានព្រះកាយ ជាប្រក្រតី ទើបទ្រង់​ទទួលសំពត់ សិវេយ្យកៈ ដែលជីវកកោមារភត្យ​សុំពរ ហើយថ្វាយព្រះអង្គ១ រឿង​ព្រះតថាគត​អនុញ្ញាត ​គហបតិចីវរ១។ រឿងចីវរកើតឡើងជាច្រើន ក្នុងក្រុងរាជគ្រឹះ១ ក្នុងជនបទ១ រឿងព្រះ​មានព្រះភាគ អនុញ្ញាត សំពត់ឈ្មោះបាវារៈ ធ្វើដោយសូត្រ១ សំពត់កោជវៈ ធ្វើដោយរោម១ រឿង​ស្តេច​ក្នុងដែនកាសី បញ្ជូនសំពត់​កម្ពល មានដំឡៃកន្លះពាន់ មកជីវកកោមារភត្យ១ រឿងចីវរ​ខ្ពស់ និងទាប កើតឡើងដល់សង្ឃហើយ ព្រះអង្គ ទ្រង់សរសើរសេចក្តីសន្តោស១ រឿងព្រះដ៏មាន​ព្រះភាគ ទ្រង់អនុញ្ញាត ​កុំឲ្យភិក្ខុឲ្យចំណែកចីវរ​ដល់ភិក្ខុ ដែលមិនបាន​ឈប់ចាំគ្នា១ រឿង​ព្រះដ៏មានព្រះភាគ​អនុញ្ញាតឲ្យភិក្ខុឲ្យចំណែកចីវរ ដល់ភិក្ខុដែលឈប់ចាំគ្នា១ រឿងភិក្ខុចូល​ទៅកាន់ព្រៃស្មសានមុន និងចូល​ទៅកាន់ព្រៃស្មសានក្រោយ១ រឿង​ភិក្ខុចូលទៅក្នុងព្រៃស្មសាន​ដំណាលគ្នា១ រឿង​ភិក្ខុធ្វើសេចក្តីប្តេជ្ញានឹងគ្នា ហើយចូលទៅក្នុងព្រៃស្មសាន ដើម្បី​បង្សុកូល១ រឿង​ពួកមនុស្ស នាំយកចីវរ មកកាន់អារាម លុះរកភិក្ខុអ្នកទទួលមិនបាន ក៏នាំត្រឡប់ទៅវិញ១ រឿង​ព្រះសាស្តា អនុញ្ញាត ​ឲ្យភិក្ខុសន្មតឃ្លាំង ដាក់ចីវរ១ រឿង​ចីវរក្នុងឃ្លាំង ឥតមានអ្នកណា​ថែរក្សា១ រឿងឆព្វគ្គិយភិក្ខុបណ្តេញអ្នករក្សាឃ្លាំង១ រឿងចីវរកើតឡើងក្រាស់ក្រែល១ រឿងសង្ឃ​ចែកចីវរ​ ធ្វើឲ្យកោលាហល១ រឿងភិក្ខុអ្នកចែកចីវរ​រិះគិតថា យើងត្រូវចែកចីវរដូចម្តេច១ រឿង​ភិក្ខុ​អ្នក​ចែកចីវររិះគិតថា យើងត្រូវឲ្យចំណែកចីវរ ដល់សាមណេរដូចម្តេច១ រឿងភិក្ខុមានសេចក្តី​ប្រាថ្នានឹងឆ្លងបឹង ឬផ្លូវលំបាក យកទាំងចំណែក​ចីវរ របស់ខ្លួន​ទៅផង១ រឿងភិក្ខុមានសេចក្តី​ប្រាថ្នានឹង​ឆ្លងស្ទឹង ឬផ្លូវលំបាក យកទាំងចំណែកចីវរ ដែលមានដំឡៃច្រើនជាងគេ១ រឿង​ភិក្ខុអ្នក​ចែកចីវររិះគិតថា យើងត្រូវឲ្យចំណែក​ចីវរដូចម្តេច១ រឿងភិក្ខុជ្រលក់ចីវរ ដោយអាច់គោ១ រឿងភិក្ខុជ្រលក់ចីវរ ដោយទឹកត្រជាក់ និងទឹកក្តៅ១ រឿងទឹកជ្រលក់ពុះផុលកំពប់១ រឿង​ភិក្ខុ​មិនដឹងថា ទឹកជ្រលក់ឆ្អិន ឬមិនឆ្អិន១ រឿង​ភិក្ខុសិតទឹកជ្រលក់ ឆ្នាំងក៏បែកទៅ១ រឿងភិក្ខុគ្មាន​ភាជនសម្រាប់​ដាក់ទឹកជ្រលក់១ រឿងភិក្ខុជ្រលក់ចីវរក្នុងផើង១ រឿងភិក្ខុហាលចីវរ​លើផែនដី១ រឿង​សត្វកណ្តៀរកាត់កម្រាលស្មៅ១ រឿងភិក្ខុហាលចីវរបត់​ចំទីពាក់កណ្តាល១ រឿង​ចីវររេច១ រឿង​ទឹកជ្រលក់ហូរទៅតែម្ខាង១ រឿង​ភិក្ខុជ្រលក់ចីវរដិតពេក១ រឿងចីវរអាក្រក់១ រឿងឆព្វគ្គិយ​ភិក្ខុទ្រទ្រង់ចីវរមិនកាត់១ រឿងស្រែអ្នកមគធៈ មានសណ្ឋានជាបួនជ្រុង១ រឿព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងឡាយ វេចចីវរធ្វើជាបង្វេច១ រឿងព្រះសក្យមុនី ទ្រង់ល្បងមើលរដូវ​ត្រជាក់​ ក្នុងវេលាយប់ ហើយទ្រង់​អនុញ្ញាត​ត្រៃចីវរ១ រឿង​ឆព្វគ្គិយភិក្ខុទ្រទ្រង់​អតិរេកចីវរដទៃៗ១ រឿង​ព្រះអានន្ទបានអតិរេកចីវរ១ រឿង​ភិក្ខុស្បង់ធ្លុះ១ រឿងភ្លៀងធ្លាក់សព្វទ្វីបទាំងបួន១ រឿងនាង​វិសាខាសុំពរ ដើម្បីប្រគេនវស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត ឧបដ្ឋាកភត្ត ភេសជ្ជៈ ធុវយាគុ និងឧទកសាដិកៈ១ រឿងភិក្ខុឆាន់បណីតភោជន១ រឿងសំពត់និសីទនតូចពេក១ រឿង​ព្រះវេលដ្ឋសីស កើតបូសធំ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​សំពត់ជូតមុខ១ រឿង​រោជមល្លក្សត្រផ្ញើសំពត់​សម្បកឈើ ទុកនឹងព្រះអានន្ទ១ រឿងត្រៃចីវរបរិបូណ៌ កើតឡើង​ដល់ភិក្ខុ១ រឿង​ព្រះអង្គទ្រង់អនុញ្ញាត ឲ្យភិក្ខុអធិដ្ឋានត្រៃចីវរជាដើម១ រឿងព្រះអង្គទ្រង់​អនុញ្ញាត ឲ្យវិកប្បចីវរ យ៉ាងតូច​បំផុត១ រឿងព្រះកស្សប ធ្វើសេចក្តីគោរព​ ក្នុងការដេរប៉ះ​សំពត់​បស្សុកូល១ រឿង​ចីវរមានជាយមិនស្មើគ្នា១ រឿងចេសរសាត់ចេញ១ រឿងស្រទាប់សង្ឃាដិដាច់​ចេញពីគ្នា១ រឿងភិក្ខុកាត់ចីវរសំពត់មិនគ្រាន់ ព្រះអង្គទ្រង់អនុញ្ញាត ឲ្យលើកឡើង នូវ​អាគន្តុកបដៈ១ រឿងចីវរច្រើន កើតឡើងដល់ភិក្ខុ១ រឿងភិក្ខុទុកចីវរ ​ក្នុងអន្ធវ័ន (ព្រៃងងឹត)១ រឿង​ព្រះអានន្ទ មានតែស្បង់ និងឧត្តរាសង្គៈ ចូលទៅបិណ្ឌបាតក្នុងស្រុក ដោយភ្លេចស្មារតី១ រឿង​ភិក្ខុចាំវស្សា​តែម្នាក់ឯង១ រឿងភិក្ខុនៅតែម្នាក់ឯង អស់មួយរដូវ១ រឿងព្រះថេរៈពីររូបជា​បងប្អូន​នឹងគ្នា នៅចាំវស្សា​ ក្នុងក្រុងសាវត្ថី១ រឿង​ភិក្ខុបីរូបនៅចាំវស្សាក្នុងក្រុងរាជគ្រឹះ១ រឿងព្រះឧបនន្ទ នៅចាំវស្សា ក្នុងក្រុងសាវត្ថី១ រឿងព្រះឧបនន្ទនៅចាំវស្សាតែម្នាក់ឯង ក្នុងអាវាសទាំងពីរ១ រឿងភិក្ខុមានអាពាធវិការក្នុងពោះ១ រឿងភិក្ខុមួយរូបមានជម្ងឺ១ រឿងជនទាំងពីរ គឺភិក្ខុមួយរូប សាមណេរមួយរូប បម្រើភិក្ខុមានជម្ងឺ១ រឿងភិក្ខុអាក្រាត១ រឿងភិក្ខុ​ស្លៀក​សំពត់ស្បូវភ្លាំង១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីសម្បកឈើ១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីផែនក្តារ១ រឿងភិក្ខុស្លៀកសំពត់កម្ពល ធ្វើពីសក់១ រឿងភិក្ខុស្លៀកសំពត់ ធ្វើពីរោមកន្ទុយសត្វ១ រឿងភិក្ខុស្លៀកសំពត់ ​ធ្វើពីស្លាបមៀម១ រឿងភិក្ខុស្លៀកសំពត់​ធ្វើពីស្បែកខ្លា១ រឿងភិក្ខុស្លៀកសំពត់​​ធ្វើពីដើមរាក់១ រឿងភិក្ខុស្លៀកសំពត់ ​ធ្វើពីសម្បកក្រចៅ១ រឿងឆព្វគ្គិយភិក្ខុ ប្រើចីវរមានពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ ពណ៌ក្រហមក្រមៅ​ដូចខ្នងក្អែប ពណ៌លឿងទុំដូចផ្កាឈូក មានជាយមិនកាត់ មានជាយវែង មានជាយ​មាន​ផ្កា​ជា​ផ្កាឈើ មានជាយមានផ្កាជាផ្លែឈើ អាវ មួក និងសំពត់ឈ្នួត១ រឿងចីវរមិនទាន់កើតឡើង ភិក្ខុចៀសចេញ​ទៅ១ រឿងសង្ឃបែកគ្នា១ រឿងពួកជនប្រគេន​ទឹកមួយចំណែក និងចីវរ​មួយចំណែក ចំពោះសង្ឃ១ រឿងព្រះរេវតដ៏មានអាយុផ្ញើចីវរ១ រឿងភិក្ខុកាន់យកចីវរ​ដោយសេចក្តីស្និទ្ធស្នាល១ រឿងភិក្ខុអធិដ្ឋានមតកចីវរ១ រឿងមាតិកានាំឲ្យកើតចីវរ​មានប្រាំបីយ៉ាង១។

ចម្បេយ្យក្ខន្ធកៈ

[៨០] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នាឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ទៀប​ក្រុងចម្បា។ សម័យនោះឯង ក្នុងកាសីជនបទ មានស្រុក១ ឈ្មោះវាសភៈ។ ភិក្ខុឈ្មោះកស្សបគោត្ត ជាម្ចាស់អាវាស ក្នុងស្រុកឈ្មោះវាសភៈនោះ មានចិត្តជាប់ចំពាក់ដោយការរៀបចំ ក្នុងអាវាសនោះ ដល់នូវសេចក្តីខ្វល់ខ្វាយដូច្នេះថា ធ្វើដូចម្តេច ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ដែលមិនទាន់​មកដល់ ក៏គប្បីឲ្យមកផង ភិក្ខុមានសីល​ជាទីស្រឡាញ់ ដែលមកដល់ហើយ ក៏គប្បី​នៅជាសុខផង ម្យ៉ាងទៀត អាវាសនេះ គប្បីដល់នូវសេចក្តីចំរើន សេចក្តីលូតលាស់ និងការ​ទូលំទូលាយ។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ត្រាច់ទៅកាន់ចារិក ក្នុងកាសីជនបទ ក៏បាន​ទៅ​ដល់ស្រុក ឈ្មោះវាសភៈ ភិក្ខុឈ្មោះកស្សបគោត្ត បានឃើញពួកភិក្ខុនោះ កំពុងដើរមក​ អំពី​ចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់​កល់ជើង និងវត្ថុសម្រាប់ជូតជើង ហើយក្រោកទទួលបាត្រ និងចីវរ អើពើដោយទឹកឆាន់ ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយ និងភត្តទៀត។ ពួកភិក្ខុ ជាអាគន្តុកទាំងនោះ បានប្រឹក្សាគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះ ល្អណាស់ ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹង​សម្រេច​ការនៅក្នុងវាសភគ្រាម​នេះចុះ។ គ្រានោះ ពួកអាគន្តុកភិក្ខុនោះ ក៏សម្រេចការនៅ ក្នុងវាសភគ្រាមនោះឯង។ ភិក្ខុឈ្មោះ​កស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះ ដូច្នេះថា សេចក្តីលំបាក ដោយកិច្ចជាអាគន្តុក របស់​អាគន្តុក​ភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយនោះ ដែលមិនស្គាល់​ទីគោចរជាប្រក្រតី ក៏ត្រឡប់​ស្គាល់ហើយ ឯការធ្វើសេចក្តីខ្វល់ខ្វាយ​ ក្នុងត្រកូល នៃបុគ្គលដទៃ ​អស់មួយជីវិត ជាការ​កម្រពេកណាស់ ម្យ៉ាងទៀត ការសូម មិនជាទីគាប់ចិត្ត ដល់មនុស្ស​ទាំងឡាយ បើដូច្នោះ គួរតែអញ កុំធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត។ ភិក្ខុ ឈ្មោះកស្សបគោត្តនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត។ សេចក្តី​ប្រឹក្សា​ដូច្នេះ កើតមាន ដល់ភិក្ខុអាគន្តុកនោះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់​អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត​ទៀត ឥឡូវ ភិក្ខុជាម្ចាស់អាវាសនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត​ហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ភិក្ខុជាម្ចាស់អាវាសនេះ ត្រឡប់​ទៅជាកាចវិញហើយ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ គួរយើងទាំងឡាយ លើកវត្តភិក្ខុជាម្ចាស់​អាវាសនេះ។ គ្រានោះ​ឯង ពួកភិក្ខុ ជាអាគន្តុកនោះ ប្រជុំគ្នាហើយ បាននិយាយពាក្យនេះ នឹងភិក្ខុ​ឈ្មោះកស្សបគោត្ត​ថា ម្នាលអាវុសោ ពីដើម លោកធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវនេះ លោកលែង​ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះ​ឬទេ។ ភិក្ខុជាម្ចាស់អាវាសនោះ ឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ ខ្ញុំគ្មានទេ។ លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តភិក្ខុ ឈ្មោះកស្សបគោត្ត ព្រោះមិនឃើញអាបត្តិ។ ភិក្ខុឈ្មោះកស្សបគោត្ត មានសេចក្តីត្រិះរិះ ក្នុងពេលនោះថា អាត្មាអញ មិនដឹងនូវហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ សង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរ​សេចក្តីនេះ នឹង​ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ភិក្ខុឈ្មោះកស្សបគោត្ត រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ចៀសចេញ ទៅកាន់ក្រុងចម្បា ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុង​ទីដ៏សមគួរ។ ការរាក់ទាក់មួយអន្លើ ដោយភិក្ខុទាំងឡាយ ជាអាគន្តុកនេះ ជាបវេណី របស់​ព្រះពុទ្ធ​ទាំងឡាយ ​ដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុ ឈ្មោះកស្សបគោត្តថា ម្នាលភិក្ខុ អ្នកឯងអាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ អាចញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបានឬទេ អ្នកឯងមកកាន់ផ្លូវឆ្ងាយ មិនលំបាកទេឬ ម្នាលភិក្ខុ ម្យ៉ាងទៀត អ្នកមកពីណា។ ភិក្ខុឈ្មោះកស្សបគោត្ត ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ អាច​អត់ធន់សេចក្តីទុក្ខបាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ អាចញុំាង​អត្តភាព ឲ្យប្រព្រឹត្ត​ទៅបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកកាន់ផ្លូវឆ្ងាយ ដោយមិនមានសេចក្តីលំបាកទេ បពិត្រព្រះអង្គដ៏ចំរើន ស្រុកឈ្មោះវាសភៈ មានក្នុងកាសីជនបទ ខ្ញុំព្រះអង្គជាម្ចាស់អាវាស ក្នុងស្រុក​ឈ្មោះវាសភៈនោះ ជាប់ចំពាក់ដោយការរៀបចំក្នុងអាវាសនោះ ដល់នូវសេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើដូចម្តេច ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ដែលមិនទាន់​មក គប្បីឲ្យមកផង ភិក្ខុដែលមានសីលជាទីស្រឡាញ់មកដល់ហើយ គប្បីនៅសប្បាយផង ម្យ៉ាងទៀត អាវាសនេះ គប្បីដល់នូវសេចក្តីចំរើន លូតលាស់ ទូលំទូលាយ បពិត្រព្រះអង្គដ៏ចំរើន ពេលនោះ មានពួកភិក្ខុជាច្រើនរូប ត្រេចទៅកាន់ចារិក ក្នុងកាសីជនបទ ក៏បានទៅដល់​វាសភគ្រាម បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ​ពួកភិក្ខុនោះមកពីចម្ងាយ លុះឃើញហើយ ក៏​ក្រាល​អាសនៈ ដំកល់ទឹកលាងជើង តាំងសម្រាប់ទ្រជើង និងវត្ថុសម្រាប់ជូតជើង ហើយក្រោក​ទទួល​នូវ​បាត្រ និងចីវរ អើពើដោយទឹកឆាន់ បានធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុងការងូត បានធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រឹក្សាដូច្នេះ មានដល់ភិក្ខុ​ទាំងឡាយ ជាអាគន្តុកនោះ ក្នុងពេលនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះ ល្អណាស់ ធ្វើសេចក្តី​ខ្វល់ខ្វាយ ក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹង​សម្រេច​ការនៅ ក្នុងវាសភគ្រាម​នេះឯង បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកភិក្ខុជាអាគន្តុកនោះ សម្រេច​​ការនៅ ក្នុងវាសភគ្រាមនោះ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីត្រិះរិះនេះ មានដល់ខ្ញុំព្រះអង្គថា ការលំបាក ដោយអាគន្តុកកិច្ច របស់​អាគន្តុក​ភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវ ភិក្ខុទាំងឡាយ ដែលមិនស្គាល់​ទីគោចរជាប្រក្រតីនោះ ក៏បាន​ស្គាល់ហើយ ការធ្វើសេចក្តី​ខ្វល់ខ្វាយ​ ក្នុងត្រកូល នៃបុគ្គលដទៃ ​អស់មួយជីវិត ជាការ​កម្រពេកណាស់ ម្យ៉ាងទៀត ការសូម ក៏មិនជាទីគាប់ចិត្ត ដល់មនុស្សទាំងឡាយឡើយ បើដូច្នោះ គួរតែអាត្មាអញ លែងធ្វើ​សេចក្តី​ខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត បពិត្រព្រះអង្គដ៏ចំរើន ក្នុងពេលនោះ ភិក្ខុជាអាគន្តុកទាំងនោះ បានប្រឹក្សាគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពីដើម ភិក្ខុជាម្ចាស់អាវាសនេះ ធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តទៀត ឥឡូវ ភិក្ខុនោះ លែងធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោទាំងឡាយ ឥឡូវ ភិក្ខុជាម្ចាស់អាវាសនេះ កាចណាស់ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងលើកវត្តភិក្ខុជាម្ចាស់​អាវាសនេះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ ប្រជុំគ្នាហើយ និយាយពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលអាវុសោ ពីដើម អ្នកធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្ត ឥឡូវ អ្នកលែង​ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ និងខាទនីយៈ និងភត្តហើយ ម្នាលអាវុសោ អ្នកត្រូវអាបត្តិហើយ អ្នកឃើញអាបត្តិ​ឬទេ ខ្ញុំព្រះអង្គឆ្លើយថា ម្នាលអាវុសោ អាបត្តិដែលខ្ញុំគប្បីឃើញនោះ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុជាអាគន្តុកនោះ លើកវត្តខ្ញុំព្រះអង្គ ព្រោះមិនឃើញអាបត្តិ ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញមិនដឹងហេតុនេះថា នេះជាអាបត្តិ ឬមិនមែនជាអាបត្តិ ម្យ៉ាងទៀត អញត្រូវអាបត្តិហើយ ឬមិនទាន់ត្រូវទេ ម្យ៉ាងទៀតសង្ឃ (គួរ) លើកវត្តអញ ឬមិន (គួរ) លើកវត្តទេ ដោយកម្មប្រកបដោយធម៌ ឬមិនប្រកបដោយធម៌ទេ ដោយកម្មដ៏កម្រើក ឬមិនកម្រើកទេ ដោយកម្មគួរដល់ហេតុ ឬមិនគួរដល់ហេតុទេ បើដូច្នោះ មានតែអញ គប្បីទៅកាន់ក្រុងចម្បា ហើយក្រាបបង្គំទូលសួរ​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ បពិត្រព្រះដ៏មានព្រះភាគ ព្រោះហេតុនោះ បានជាខ្ញុំ​ព្រះអង្គមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ អ្នកជាភិក្ខុ ដែលមិនត្រូវអាបត្តិ អ្នកជាភិក្ខុមិនត្រូវអាបត្តិ (អ្វីទេ) អ្នកជាភិក្ខុ ដែលសង្ឃមិនគួរលើកវត្ត ជាភិក្ខុ​ដែលសង្ឃលើកវត្ត​មិនបានទេ អ្នកសង្ឃបានលើកវត្តហើយ ដោយកម្មមិនប្រកបដោយធម៌ ដោយកម្មដ៏កម្រើក ដោយកម្មមិនគួរតាមហេតុទេ ម្នាលភិក្ខុ អ្នកចូរទៅសម្រេច​ការ នៅក្នុង​វាសភគ្រាមនោះវិញចុះ។ ភិក្ខុឈ្មោះកស្សបគោត្ត ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណហើយ ចៀសចេញទៅកាន់វាសភគ្រាមនោះ។ ក្នុងលំដាប់នោះ ពួកភិក្ខុជាអាគន្តុកនោះ កើតសេចក្តីរង្កៀសក្តៅក្រហាយថា មិនមែនជាលាភរបស់យើងហើយ យើងឈ្មោះថា ឥតលាភហើយ អត្តភាពជាមនុស្ស យើងបានដោយក្រ មិនមែនយើងបានដោយងាយទេ (ព្រោះ) យើងលើកវត្តភិក្ខុបរិសុទ្ធមិនមានអាបត្តិ ដោយឥតរឿង ឥតហេតុ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ មានតែយើងទាំងឡាយ នឹងទៅក្រុងចម្បា ហើយសំដែងនូវទោស​តាមទោស ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ពួកភិក្ខុជាអាគន្តុកនោះ​ ក៏រៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរចៀសចេញទៅកាន់ក្រុងចម្បា ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ ឯក្រុងចម្បា ដោយលំដាប់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សេចក្តីរីករាយនឹងភិក្ខុអាគន្តុកនេះ ជាប្រពៃណី របស់​ព្រះពុទ្ធទាំងឡាយមានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​មានព្រះបន្ទូល​នេះ នឹងពួក​ភិក្ខុនោះថា ម្នាលភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចអត់ទ្រាំសេចក្តីទុក្ខបានឬទេ អាចញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបានឬទេ អ្នកទាំងឡាយ មកកាន់ផ្លូវឆ្ងាយ ដោយការមិនលំបាកទេឬ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អ្នកទាំងឡាយមកអំពីទីណា។ ពួកភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ អាច​អត់ទ្រាំបាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ អាចញុំាង​អត្តភាព ឲ្យប្រព្រឹត្ត​ទៅបាន បពិត្រព្រះអង្គដ៏ចំរើន ម្យ៉ាងទៀត យើងខ្ញុំទាំងឡាយ មកកាន់ផ្លូវឆ្ងាយ ដោយការមិន​លំបាកទេ បពិត្រព្រះអង្គដ៏ចំរើន មានស្រុក​មួយ ឈ្មោះវាសភៈ នៅក្នុងកាសីជនបទ បពិត្រ​ព្រះមាន​ព្រះភាគ យើងខ្ញុំទាំងឡាយ មកអំពី​ស្រុក ឈ្មោះវាសភៈនោះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ លើកវត្ត​ភិក្ខុ ជាចៅអាវាស មែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូល​ថា ព្រះករុណាព្រះអង្គ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ លើកវត្ត ព្រោះវត្ថុ​ដូចម្តេច ព្រោះហេតុដូចម្តេច។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ លើកវត្ត ដោយគ្មាន​វត្ថុ គ្មានហេតុទេ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់តិះដៀល​ថា ម្នាលភិក្ខុទាំងឡាយ ការនេះមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើទេ ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ មិនគួរ នឹងលើកវត្តភិក្ខុដ៏ស្អាត គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ម្នាលមោឃបុរស​ទាំងឡាយ ការនេះ នាំមិនឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា។បេ។ ទ្រង់​តិះដៀល​ហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកវត្ត​ភិក្ខុដ៏បរិសុទ្ធ គ្មានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុទេ ភិក្ខុណាលើកវត្ត ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ គ្រានោះ ពួកភិក្ខុនោះ ក្រោកចាក​អាសនៈ ហើយធ្វើសំពត់​ឧត្តរាសង្គៈ លើស្មាម្ខាង ហើយក្រាបចុះទៀបព្រះបាទទាំងឡាយ នៃព្រះដ៏មានព្រះភាគ ដោយសិរសា ហើយទូលពាក្យ​នេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ ត្រូវទោស​ ព្រោះជាបុគ្គលពាលយ៉ាងណា ជាបុគ្គលវង្វេង​យ៉ាងណា ជាបុគ្គលមិនឆ្លាសយ៉ាងណា (ដោយហេតុ) យើងខ្ញុំទាំងឡាយ លើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មាន​វត្ថុ គ្មានហេតុ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទទួល​អត់ទោស តាមទោស នៃយើងខ្ញុំទាំងឡាយ ដើម្បីសង្រួមតទៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវទោស ព្រោះ​ជាបុគ្គលពាល ជាបុគ្គលវង្វេង ជាបុគ្គល​មិនឆ្លាស យ៉ាងណា (ដោយហេតុ) អ្នកទាំងឡាយ​ បានលើកវត្តភិក្ខុដ៏ស្អាត មិនមានអាបត្តិ ដោយគ្មានវត្ថុ គ្មានហេតុ ម្នាលភិក្ខុទាំងឡាយ កាលណាបើ​អ្នកទាំងឡាយ ឃើញទោសតាម​ទោសហើយ ចូរធ្វើតប (សំដែង) នូវទោសតាមធម៌ចុះ តថាគត ទទួលអត់ទោសនោះ របស់អ្នក​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ភិក្ខុណាឃើញទោស តាមទោសហើយ ធ្វើតបទោសនោះ តាមធម៌ ដល់នូវសេចក្តី​សង្រួមតទៅ នេះជាសេចក្តីចំរើន​ របស់ភិក្ខុនោះ ក្នុងអរិយវិន័យ។

[៨១] សម័យនោះឯង ភិក្ខុទាំងឡាយនៅក្នុងក្រុងចម្បា ធ្វើកម្មទាំងឡាយ មានសភាព​យ៉ាងនេះ គឺធ្វើកម្មជាពួក ព្រមទាំងមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង តែមិនប្រកប​ដោយធម៌ខ្លះ ធ្វើកម្មជាពួក តែប្រកប​ដោយធម៌ខ្លះ ធ្វើកម្មជាពួក ព្រមទាំងប្រកប ដោយធម៌​ប្លម​ខ្លះ ធ្វើកម្មព្រមព្រៀង តែប្រកបដោយធម៌ប្លមខ្លះ ភិក្ខុមួយរូប លើកវត្ត​ភិក្ខុមួយរូប ក៏មាន ភិក្ខុមួយរូប លើកវត្ត​ភិក្ខុពីររូបក៏មាន ភិក្ខុមួយរូប លើកវត្ត​ភិក្ខុច្រើនរូប ក៏មាន ភិក្ខុមួយរូប លើកវត្ត​សង្ឃ ក៏មាន ភិក្ខុពីររូប លើកវត្ត​ភិក្ខុមួយរូប ក៏មាន ភិក្ខុពីររូប លើកវត្ត​ភិក្ខុពីររូប ក៏មាន ភិក្ខុពីររូប លើកវត្ត​ភិក្ខុច្រើនរូប ក៏មាន ភិក្ខុពីររូប លើកវត្ត​សង្ឃ ក៏មាន ភិក្ខុច្រើនរូប លើកវត្ត​ភិក្ខុមួយរូប ក៏មាន ភិក្ខុច្រើនរូប លើកវត្ត​ភិក្ខុពីររូប ក៏មាន ភិក្ខុច្រើនរូប លើកវត្ត​ភិក្ខុច្រើនរូប ក៏មាន ភិក្ខុច្រើនរូប លើកវត្ត​សង្ឃ ក៏មាន សង្ឃលើកវត្តសង្ឃ ក៏មាន។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុក្នុងក្រុងចម្បា មិនគួរនឹងធ្វើ​កម្មទាំងឡាយ មានសភាពយ៉ាងនេះ នឹងធ្វើកម្មជាពួក ព្រម​ទាំងមិនប្រកបដោយ​ធម៌។បេ។ សង្ឃលើកវត្តសង្ឃក៏មាន។ គ្រានោះ ពួកភិក្ខុនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុក្នុង​ក្រុងចម្បា ធ្វើកម្ម​ទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ព្រមទាំងមិនប្រកប​ដោយធម៌។បេ។ សង្ឃ​លើកវត្ត​សង្ឃក៏មាន ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួច​ត្រាស់ហៅភិក្ខុទាំងឡាយមកថា។

[៨២] ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងមិនប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែន​ជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែមិនប្រកប​ដោយធម៌​ក៏ឈ្មោះ​ថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក តែប្រកប​ដោយធម៌ ក៏ឈ្មោះ​ថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក​ ទាំង​ប្រកប​ដោយធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្ម​ព្រមព្រៀងគ្នា តែប្រកបដោយ​ធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុមួយ​រូប​លើកវត្តភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ ភិក្ខុមួយរូប លើក​វត្តភិក្ខុពីររូប​ក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុមួយរូប លើកវត្តភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុមួយរូប លើកវត្ត​សង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុពីររូប លើកវត្ត​ភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុពីររូប លើកវត្ត​ភិក្ខុពីររូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុពីររូប លើកវត្ត​ភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។  ភិក្ខុពីររូប លើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្ត ចំពោះភិក្ខុមួយរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្តភិក្ខុពីររូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្ត​ភិក្ខុច្រើនរូបក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ ភិក្ខុច្រើនរូប លើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវ​ធ្វើទេ។ សង្ឃលើកវត្តសង្ឃក្តី ក៏ឈ្មោះថា មិនមែនជាកម្ម ភិក្ខុមិនត្រូវធ្វើទេ។

[៨៣] ម្នាលភិក្ខុទាំងឡាយ ឯកម្មនេះមាន៤យ៉ាងគឺ កម្មជាពួកទាំងមិនប្រកបដោយធម៌១ កម្មព្រមព្រៀង តែមិនប្រកបដោយធម៌១ កម្មជាពួក តែប្រកបដោយធម៌១ កម្មព្រមព្រៀង ទាំង​ប្រកបដោយធម៌១។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំង៤យ៉ាងនេះ កម្មណាជាពួក ទាំង​មិនប្រកប​ដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មកំរើក (ខូច) មិនគួរដល់ហេតុ ព្រោះជាកម្មមិនប្រកបដោយធម៌ផង ជាពួកផង ម្នាលភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាព​យ៉ាងនេះ តថាគត​មិនបានអនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាព្រមព្រៀង តែ​មិនប្រកប​ដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះ ជាកម្មកំរើក មិនគួរដល់ហេតុ ព្រោះថាកម្មនោះ មិនប្រកបដោយធម៌ ម្នាលភិក្ខុ​ទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាព​យ៉ាងនេះ តថាគត​មិន​បាន​អនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំងឡាយនោះ កម្មណាជាពួក តែប្រកប​ដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មកំរើក មិនគួរដល់ហេតុ ព្រោះថាកម្មនោះ ជាពួក ម្នាល​ភិក្ខុទាំងឡាយ កម្មមានសភាពយ៉ាងនេះ ភិក្ខុមិនត្រូវធ្វើទេ កម្មមានសភាព​យ៉ាងនេះ តថាគត​មិនបានអនុញ្ញាតទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្មទាំង​ឡាយនោះ កម្មណាព្រមព្រៀង ទាំងប្រកប​ដោយធម៌ ម្នាលភិក្ខុទាំងឡាយ កម្មនេះឯង ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ ព្រោះថាកម្មនោះ ប្រកបដោយធម៌ផង ព្រមព្រៀង​ផង ម្នាលភិក្ខុទាំងឡាយ កម្មមានសភាព​យ៉ាងនេះ ភិក្ខុត្រូវធ្វើចុះ កម្មមានសភាព​យ៉ាងនេះ តថាគត​ក៏អនុញ្ញាត។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាក្នុងសាសនានេះ​ថា យើងទាំងឡាយ នឹងធ្វើ​កម្ម មានសភាពយ៉ាងនេះ គឺកម្មព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ត្រូវសិក្សា​ដោយប្រការដូច្នេះឯង។

[៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយមានសភាពយ៉ាងនេះគឺ ធ្វើកម្ម​ជាពួក ទាំងមិនប្រកបដោយធម៌ខ្លះ ធ្វើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ខ្លះ ធ្វើកម្ម​ជាពួក តែប្រកបដោយធម៌ខ្លះ ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមខ្លះ ធ្វើកម្ម​ព្រមព្រៀង តែប្រកប​ដោយ​​ធម៌ប្លមខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនាខ្លះ ធ្វើកម្ម​វិបត្តិ​ ដោយ​អនុស្សាវនា តែបរិបូណ៌ដោយញត្តិខ្លះ ធ្វើកម្មវិបត្តិដោយញត្តិ និងវិបត្តិ​ដោយអនុស្សាវនា​ខ្លះ ធ្វើកម្មខុសចាកធម៌ខ្លះ ធ្វើកម្មខុសចាកវិន័យខ្លះ ធ្វើកម្មខុសចាកសត្ថុសាសនខ្លះ ធ្វើកម្ម​ដែល​ព្រះពុទ្ធ​តិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក មិនគួរដល់ហេតុខ្លះ។ ពួកភិក្ខុ​ណា មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរ​នឹងធ្វើកម្មទាំងឡាយ មានសភាពយ៉ាងនេះសោះ គឺធ្វើកម្មជាពួក ទាំងមិន​ប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀលហើយ ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ។ គ្រានោះ ពួកភិក្ខុនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ធ្វើ​កម្ម​ទាំងឡាយ មានសភាពយ៉ាងនេះ គឺធ្វើកម្មជាពួក ទាំងមិន​ប្រកបដោយធម៌ខ្លះ។បេ។ ធ្វើកម្ម ដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុខ្លះ ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀល។បេ។ លុះទ្រង់​តិះដៀលហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា។

[៨៥] ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងមិនប្រកបដោយធម៌ ឈ្មោះថា មិនមែនជា​កម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែមិនប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក តែប្រកបដោយធម៌ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មជាពួក ទាំងប្រកបដោយធម៌ប្លម ក៏ឈ្មោះ​ថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មព្រមព្រៀង តែប្រកបដោយ​ធម៌ប្លម ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិ តែបរិបូណ៌ដោយអនុស្សាវនា ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិ ដោយអនុស្សាវនា តែបរិបូណ៌ដោយញត្តិ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ បើកម្មវិបត្តិដោយញត្តិផង វិបត្តិដោយអនុស្សាវនាផង ក៏ឈ្មោះថា មិនមែន​ជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកធម៌ក្តី ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវ​ធ្វើទេ។ ម្នាលភិក្ខុទាំងឡាយ កម្មខុសចាកវិន័យ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាលភិក្ខុ​ទាំងឡាយ កម្មខុសចាកសត្ថុសាសនៈ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។ ម្នាល​ភិក្ខុទាំងឡាយ បើកម្មដែលព្រះពុទ្ធ ទ្រង់តិះដៀល ជាកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្ម​មិនគួរដល់ហេតុ ក៏ឈ្មោះថា មិនមែនជាកម្ម មិនត្រូវធ្វើទេ។

[៨៦] ម្នាលភិក្ខុទាំងឡាយ កម្មនេះមាន៦យ៉ាង គឺកម្មមិនប្រកបដោយធម៌១ កម្មជាពួក១ កម្មព្រមព្រៀង១ កម្មជាពួក ទាំងប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង តែប្រកបដោយធម៌ប្លម១ កម្មព្រមព្រៀង ទាំងប្រកបដោយធម៌១។

[៨៧] ម្នាលភិក្ខុទាំងឡាយ កម្មមិនប្រកបដោយធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិម្តង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ  បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្មដោយញត្តិពីរដង តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ បើកម្មមានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចា១ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្ម មានញត្តិជាគំរប់ពីរ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចាពីរ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិ១ តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកប​ដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយញត្តិពីរក្តី ដោយញត្តិបីក្តី ដោយញត្តិបួនក្តី តែមិនសូត្រកម្មវាចា ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចា១ តែមិនតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមានញត្តិជាគំរប់៤ (សង្ឃ) ធ្វើកម្ម ដោយកម្មវាចាពីរក្តី ដោយកម្មវាចាបីក្តី ដោយកម្មវាចាបួនក្តី តែមិនបានតាំងញត្តិ ហៅថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មមិនប្រកបដោយធម៌។

[៨៨] ម្នាលភិក្ខុទាំងឡាយ កម្មជាពួក(នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុប៉ុន្មានរូបគួរដល់កម្ម ភិក្ខុទាំងឡាយនោះ មិនទាន់មកជួបជុំគ្នាក្តី ឆន្ទរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏មិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ មកជួបជុំគ្នាហើយ តែឆន្ទរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏មិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់​ក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុដែលគួរដល់កម្ម​ទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏មកជួបជុំគ្នាហើយក្តី ឆន្ទរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទ ភិក្ខុក៏បាននាំមកក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្ម​ទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏មិនបានមកជួបជុំគ្នាក្តី ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិន​បាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្ម​ទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ តែឆន្ទៈរបស់​ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមក ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ក៏ហាមឃាត់​កម្មក្តី ហៅថា កម្មជាពួក។ ម្នាលភិក្ខុ​ទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុដែលគួរដល់កម្ម​ទាំងប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានមកជួបជុំគ្នាហើយ ឆន្ទៈរបស់​ភិក្ខុដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយ តែភិក្ខុដែល​មានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគត ហៅថា កម្មជាពួក។

[៨៩] ម្នាលភិក្ខុទាំងឡាយ កម្មព្រមព្រៀង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម​ ភិក្ខុទាំងឡាយនោះ បានមកជួបជុំគ្នាហើយផង ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយផង ភិក្ខុទាំងឡាយ មានក្នុងទីចំពោះមុខ មិនហាមឃាត់កម្មផង ហៅថា កម្មព្រមព្រៀង។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មព្រមព្រៀង។

[៩០] ម្នាលភិក្ខុទាំងឡាយ កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ (ភិក្ខុ) សូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនបាន​មក​ជួបជុំ​គ្នា​ក្តី ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកហើយក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បាន​មក​ជួបជុំ​គ្នា​ហើយ តែឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បាន​មក​ជួបជុំ​គ្នាហើយ​ក្តី ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ មិនទាន់​មក​ជួបជុំ​គ្នា​ក្តី ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ​មក​ជួបជុំ​គ្នា​ហើយ តែឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុមិនបាននាំមកហើយក្តី ភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម​ក្តី ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ទើបតាំងញត្តិ​ជាខាងក្រោយវិញ ភិក្ខុទាំងឡាយមានប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ បាន​មក​ជួបជុំ​គ្នាហើយ​ក្តី ឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ភិក្ខុបាននាំមកហើយក្តី តែភិក្ខុទាំងឡាយ ដែលមានក្នុងទីចំពោះមុខ ហាមឃាត់កម្ម ហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មជាពួក ព្រមទាំងប្រកបដោយធម៌ប្លម។

[៩១] ម្នាលភិក្ខុទាំងឡាយ ឯកម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើប​តាំងសូត្រញត្តិ​ជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បាន​មកហើយ ទាំងបាននាំឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មក​ជួបជុំគ្នាហើយ ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នាដែរ តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុសូត្រកម្មវាចាជាមុន ហើយទើប​តាំងញត្តិ​ជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្មមានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បាន​មកហើយ ទាំងបាននាំឆន្ទៈ របស់​ភិក្ខុដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មក​ជួបជុំគ្នាហើយ ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នាដែរ តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគតហៅថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។

[៩២] ម្នាលភិក្ខុទាំងឡាយ ឯកម្មរបស់ភិក្ខុព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌ (នោះ) ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់ពីរ ភិក្ខុតាំងញត្តិមុនហើយ ទើបធ្វើកម្ម (នោះ) ដោយកម្មវាចាតែម្តងជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បាន​មកហើយ ទាំងបាននាំឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មក​ជួបជុំគ្នា ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ បើកម្មមាន​ញត្តិជាគំរប់៤ ភិក្ខុតាំងញត្តិមុនហើយ ទើបធ្វើកម្ម (នោះ) ដោយកម្មវាចាបីដងជាខាងក្រោយ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បាន​មកហើយ ទាំងបាននាំឆន្ទៈរបស់​ភិក្ខុទាំងឡាយ ដែល​គួរដល់ឆន្ទៈមកហើយ ភិក្ខុទាំងឡាយ មក​ជួបជុំគ្នា ក៏មិនឃាត់ហាម កម្មនោះឈ្មោះថា កម្មរបស់ភិក្ខុដែលព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ កម្មនេះ តថាគត ហៅថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា ទាំងប្រកបដោយធម៌។

[៩៣] ជំនុំសង្ឃមាន៥ពួក គឺភិក្ខុសង្ឃចតុវគ្គ (សង្ឃមានភិក្ខុ៤រូប)១ ភិក្ខុសង្ឃបញ្ចវគ្គ (សង្ឃមានភិក្ខុ៥រូប)១ ភិក្ខុសង្ឃទសវគ្គ (សង្ឃមានភិក្ខុ១០រូប)១ ភិក្ខុសង្ឃវីសតិវគ្គ (សង្ឃមាន​ភិក្ខុ​២០រូប)១ ភិក្ខុសង្ឃអតិរេកវីសតិវគ្គ (សង្ឃមានភិក្ខុលើសពី២០រូប)១។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ភិក្ខុ​សង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃចតុវគ្គនេះ បើព្រមព្រៀងគ្នាដោយ​ធម៌ហើយ ឈ្មោះថា គួរ​ដល់​កម្ម ក្នុងកម្មទាំងពួង វៀរលែងតែកម្ម៣យ៉ាងគឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភាន​កម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃ​ទាំង៥ពួកនោះ ឯភិក្ខុសង្ឃបញ្ចវគ្គនេះ បើព្រមព្រៀង​គ្នា ដោយ​ធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង វៀរលែងតែកម្ម២យ៉ាងគឺ ឧបសម្បទា​កម្ម១ ក្នុងមជ្ឈិមជនបទ១ អព្ភានកម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃ​ទាំង៥ពួកនោះ ឯ​ភិក្ខុ​សង្ឃទសវគ្គនេះ បើព្រមព្រៀងគ្នាដោយ​ធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង វៀរ​លែង​តែកម្ម១ គឺ អព្ភានកម្ម១។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុសង្ឃ​ទាំង៥ពួកនោះ ឯភិក្ខុសង្ឃ​វីសតិវគ្គ​នេះ បើព្រមព្រៀងគ្នាដោយ​ធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុសង្ឃទាំង៥ពួកនោះ ឯភិក្ខុសង្ឃអតិរេកវីសតិវគ្គនេះ បើព្រមព្រៀងគ្នាដោយ​ធម៌ហើយ ឈ្មោះថា គួរដល់កម្ម ក្នុងកម្មទាំងពួង។

[៩៤] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានភិក្ខុនីជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ សង្ឃមានសិក្ខមានាជាគំរប់៤។បេ។ មានសាមណេរ ជាគំរប់៤ មានសាមណេរី ជាគំរប់៤ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៤ មានភិក្ខុដែល​ត្រូវ​អន្តិមវត្ថុ ជាគំរប់៤ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៤ មានភិក្ខុដែល​សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៤ មានភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់ ជាគំរប់៤ មានមនុស្សខ្ទើយ ជាគំរប់៤ មានបុគ្គល ដែលលួចសំវាស ជាគំរប់៤ មានភិក្ខុដែលចូលទៅកាន់​ពួកតិរ្ថិយ ជាគំរប់៤ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល​ ដែល​សម្លាប់មាតា ជាគំរប់៤ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់៤ មានបុគ្គលដែលសម្លាប់​ព្រះអរហន្ត ជាគំរប់៤ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់៤ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់៤ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៤ មានឧភតោព្យញ្ជនក ជាគំរប់៤ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៤ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៤ មានភិក្ខុ ដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៤ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៤ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវ​ធ្វើ​ផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ។

[៩៥] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានភិក្ខុនីជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃមិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ សង្ឃមានសិក្ខមានាជាគំរប់៥។បេ។ មានសាមណេរ ជាគំរប់៥ មានសាមណេរី ជាគំរប់៥ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់៥ មានភិក្ខុ​ត្រូវ​អន្តិមវត្ថុជាគំរប់៥ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់៥ មានភិក្ខុដែល​សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់៥ មានភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់ជាគំរប់៥ មានមនុស្សខ្ទើយ ជាគំរប់៥ មានបុគ្គល ដែលលួចសំវាស ជាគំរប់៥ មានភិក្ខុដែលចូលទៅកាន់​ពួកតិរ្ថិយ ជាគំរប់៥ មានសត្វតិរច្ឆាន ជាគំរប់៥ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់បិតា ជាគំរប់៥ មានបុគ្គលដែលសម្លាប់​ព្រះអរហន្ត ជាគំរប់៥ មានបុគ្គលដែលទ្រុស្តភិក្ខុនី ជាគំរប់៥ មានភិក្ខុដែលបំបែកសង្ឃ ជាគំរប់៥ មានបុគ្គលដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជាគំរប់៥ មានឧភតោព្យញ្ជនក ជាគំរប់៥ មានភិក្ខុដែលមានសំវាសផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់៥ មានភិក្ខុដែលស្ថិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់៥ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់៥ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើ​ផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃបញ្ចវគ្គ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានភិក្ខុនី ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ សង្ឃមានសិក្ខមានាជាគំរប់១០។បេ។ មានសាមណេរ ជាគំរប់១០ មានសាមណេរី ជាគំរប់១០ មានភិក្ខុដែលពោលលាសិក្ខា ជាគំរប់១០ មានភិក្ខុដែល​ត្រូវ​អន្តិមវត្ថុជាគំរប់១០ មានភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់១០ មានភិក្ខុដែល​សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់១០ មានភិក្ខុដែលសង្ឃ​លើកវត្ត ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់ ជាគំរប់១០ មានមនុស្សខ្ទើយ ជាគំរប់១០ មានបុគ្គល ដែលលួចសំវាស ជាគំរប់១០ មានភិក្ខុ ដែលចូលទៅកាន់​ពួកតិរ្ថិយ ជាគំរប់១០ មានសត្វតិរច្ឆាន ជាគំរប់១០ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់១០ មានបុគ្គល ដែលសម្លាប់​ព្រះអរហន្ត ជាគំរប់១០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់១០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់១០ មានបុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជា​គំរប់១០ មានឧភតោព្យញ្ជនក ជាគំរប់១០ មានភិក្ខុ ដែលមានសំវាសផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់១០ មានភិក្ខុ ដែល​ស្ថិតនៅ​លើ​អាកាស ដោយឫទ្ធិ ជាគំរប់១០ សង្ឃធ្វើកម្ម ដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់១០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃទសវគ្គ។

[៩៧] ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានភិក្ខុនី ជា​គំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើកម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ សង្ឃមានសិក្ខមានាជាគំរប់២០។បេ។ មានសាមណេរ ជា​គំរប់​២០ មានសាមណេរី ជាគំរប់២០ មានភិក្ខុ ដែលពោលលាសិក្ខា ជាគំរប់២០ មានភិក្ខុ ដែល​ត្រូវ​អន្តិមវត្ថុ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែល​សង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ជាគំរប់២០ មានភិក្ខុ ដែលសង្ឃ​លើកវត្ត ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់ ជាគំរប់២០ មានមនុស្សខ្ទើយ ជាគំរប់២០ មានបុគ្គល ដែលលួចសំវាស ជាគំរប់២០ មានភិក្ខុ ដែលចូលទៅកាន់​ពួកតិរ្ថិយ ជាគំរប់២០ មានសត្វតិរច្ឆាន ជាគំរប់៤ មានបុគ្គល​ ដែលសម្លាប់មាតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់បិតា ជាគំរប់២០ មានបុគ្គល ដែលសម្លាប់​ព្រះអរហន្ត ជាគំរប់២០ មានបុគ្គល ដែលទ្រុស្តភិក្ខុនី ជាគំរប់២០ មានភិក្ខុ ដែលបំបែកសង្ឃ ជាគំរប់២០ មានភិក្ខុ ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពងឡើង ជា​គំរប់២០ មានឧភតោព្យញ្ជនក ជាគំរប់២០ មានភិក្ខុ ដែលមានសំវាសផ្សេងគ្នា ជាគំរប់២០ មានភិក្ខុ ដែលឋិតនៅក្នុងសីមាផ្សេងៗគ្នា ជាគំរប់២០ មានភិក្ខុដែលឋិតនៅលើអាកាស ដោយឫទ្ធិ ជាគំរប់២០(អត់មានក្នុងបិដក មានតែក្នុងឆដ្ឋសង្គាយនា) សង្ឃធ្វើកម្មដល់បុគ្គលណា សង្ឃមានបុគ្គលនោះ ជាគំរប់២០ ហើយធ្វើកម្ម (កម្មនោះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។

ចប់កម្មសម្រាប់ធ្វើដោយសង្ឃវីសតិវគ្គ។

[៩៨] ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុអ្នកនៅបរិវាស ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមានភិក្ខុអ្នកនៅបរិវាសនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់ការទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមាន​ភិក្ខុនោះ​ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថា កម្មផង សង្ឃក៏មិនត្រូវ​ធ្វើផង។ ម្នាលភិក្ខុ​ទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់មានត្ត ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យមានត្ត (បើ) សង្ឃមានភិក្ខុ ដែលគួរដល់​មានត្តនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃមិនត្រូវធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ អ្នកប្រព្រឹត្តមានត្ត ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុង​មូលាបត្តិ ហើយឲ្យមានត្ត បើសង្ឃមាន​ភិក្ខុ អ្នកប្រព្រឹត្តមានត្តនោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវ​ធ្វើផង។ ម្នាលភិក្ខុទាំងឡាយ បើសង្ឃមានភិក្ខុ ដែលគួរដល់អព្ភាន ជាគំរប់៤ ហើយឲ្យបរិវាស ទាញអន្តរាបត្តិ មកដាក់ក្នុងមូលាបត្តិ ហើយឲ្យ​មានត្ត បើសង្ឃមានភិក្ខុ ដែលគួរដល់អព្ភាននោះ ជាគំរប់២០ ហើយឲ្យអព្ភាន (យ៉ាងនេះ) មិនហៅថាកម្មផង សង្ឃក៏មិនត្រូវធ្វើផង។

[៩៩] ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គលខ្លះឡើង របស់បុគ្គលខ្លះ មិនឡើង។ ម្នាលភិក្ខុទាំងឡាយ ឯការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់​នរណា ដែលមិនឡើង។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់​ភិក្ខុនី មិនឡើងទេ។ ម្នាលភិក្ខុទាំងឡាយ របស់សិក្ខមានា។បេ។ ម្នាលភិក្ខុទាំងឡាយ របស់​សាមណេរ ម្នាលភិក្ខុទាំងឡាយ របស់សាមណេរី ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុអ្នកពោលលាសិក្ខា ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ អ្នកត្រូវអន្តិមវត្ថុ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលឆ្កួត ម្នាលភិក្ខុ​ទាំងឡាយ របស់ភិក្ខុ ដែលមានចិត្តរវើរវាយ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលមាន​វេទនា​គ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ម្នាលភិក្ខុ​ទាំងឡាយ របស់ភិក្ខុ ដែលសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលសង្ឃ​លើកវត្ត ព្រោះមិនលះបង់ នូវទិដ្ឋិអាក្រក់ ម្នាលភិក្ខុទាំងឡាយ របស់បណ្ឌកៈ ម្នាលភិក្ខុ​ទាំងឡាយ របស់បុគ្គល ដែលលួចសំវាស ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែលចូលទៅ​កាន់ពួក​តិរ្ថិយ ម្នាលភិក្ខុទាំងឡាយ របស់សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែល​សម្លាប់មាតា ម្នាលភិក្ខុទាំងឡាយ របស់បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល​ដែលសម្លាប់​ព្រះអរហន្ត ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលបំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ របស់បុគ្គល ដែលធ្វើព្រះលោហិត (ព្រះសាស្តា) ឲ្យពុរពង​ឡើង ម្នាលភិក្ខុទាំងឡាយ របស់ឧភតោព្យញ្ជនកៈ ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុដែល​មានសំវាស​ផ្សេងៗគ្នា ម្នាលភិក្ខុទាំងឡាយ របស់ភិក្ខុ ដែលស្ថិតនៅក្នុងសីមាផ្សេងៗគ្នា ម្នាលភិក្ខុ​ទាំងឡាយ របស់ភិក្ខុ ដែលស្ថិតនៅលើអាកាសដោយឫទ្ធិ ជំនុំសង្ឃ ធ្វើកម្មដល់បុគ្គលណា ម្នាល​ភិក្ខុទាំងឡាយ ការហាមឃាត់ ​ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គលនោះ មិនឡើងទេ។ ម្នាលភិក្ខុ​ទាំងឡាយ ការហាមឃាត់​ ក្នុងកណ្តាលជំនុំសង្ឃ របស់បុគ្គល​ទាំងអម្បាលនេះឯង មិនឡើងទេ។ ម្នាលភិក្ខុទាំងឡាយ ឯការហាមឃាត់ ​ក្នុងកណ្តាលជំនុំសង្ឃ របស់នរណាទើប​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ របស់ភិក្ខុជាបកតត្ត មានសំវាស​ស្មើគ្នា ស្ថិតនៅ​ក្នុង​សីមាជាមួយគ្នា ដោយហោចទៅ សូម្បីភិក្ខុ ដែលអង្គុយនៅ ជាលំដាប់ ដែលញុំាង​សង្ឃ ឲ្យដឹង ក៏ឡើងដែរ។ ម្នាលភិក្ខុទាំងឡាយ ការហាមឃាត់កណ្តាលជំនុំសង្ឃ របស់​ភិក្ខុនេះឯង ទើបឡើង។

[១០០] ម្នាលភិក្ខុទាំងឡាយ និស្សារណាកម្ម (ការបណ្តេញចេញ) នេះមាន២យ៉ាង ម្នាលភិក្ខុទាំងឡាយ មានបុគ្គល គឺភិក្ខុដែលមិនទាន់ដល់នូវនិស្សារណាកម្មនៅឡើយ បើសង្ឃ​បណ្តេញបុគ្គលនោះចេញ បុគ្គលពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ (ត្រូវ) បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃបណ្តេញចេញ​ ដោយអាក្រក់ (ខុស)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់ នូវនិស្សារណាកម្មនៅឡើយ បើសង្ឃ​បណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញ ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្អាត បរិសុទ្ធ គ្មានអាបត្តិ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែល​មិនទាន់ដល់​នូវ​និស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់ដល់នូវនិស្សារណាកម្ម បើសង្ឃ​បណ្តេញបុគ្គលនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការ​កំណត់អាបត្តិ នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ​មិនសមគួរ បើសង្ឃបណ្តេញភិក្ខុនោះចេញ ឈ្មោះថា សង្ឃបណ្តេញចេញដោយ​ល្អ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា បុគ្គលដែល​មិនទាន់ដល់​នូវនិស្សារណាកម្ម បើសង្ឃបណ្តេញបុគ្គលនោះចេញ ឈ្មោះថា បណ្តេញ​ចេញ​ដោយ​​ល្អ។

[១០១] ម្នាលភិក្ខុទាំងឡាយ ឱសារណាកម្ម [ការហៅបញ្ចូលពួក ដោយអំណាច​នៃកម្ម មានឧបសម្បទា ឲ្យបានជាភិក្ខុភាវៈ ជាដើម ហៅថា ឱសារណាកម្ម។] មាន២យ៉ាង ម្នាលភិក្ខុ​ទាំង​ឡាយ មានបុគ្គលដែលមិនទាន់ដល់ នូវ​ឱសារណាកម្មនៅឡើយ បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល បុគ្គល​ពួកខ្លះ ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ បុគ្គលពួកខ្លះ ឈ្មោះ​ថា សង្ឃហៅ​បញ្ចូល​ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិន​ទាន់​ដល់ ​នូវ​ឱសារណាកម្ម បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ បណ្ឌកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃ​ហៅបណ្ឌកៈ​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែល​លួច​សំវាស។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​ចូល​ទៅកាន់ពួកតិរ្ថិយ ម្នាលភិក្ខុទាំងឡាយ សត្វតិរច្ឆាន ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​សម្លាប់មាតា ម្នាល​ភិក្ខុទាំងឡាយ បុគ្គលដែលសម្លាប់បិតា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​សម្លាប់ព្រះអរហន្ត ម្នាលភិក្ខុ​ទាំង​ឡាយ​​ បុគ្គលដែលទ្រុស្តភិក្ខុនី ម្នាលភិក្ខុទាំងឡាយ​​ ភិក្ខុដែល​បំបែកសង្ឃ ម្នាលភិក្ខុទាំងឡាយ​​ បុគ្គលដែលធ្វើលោហិតុប្បាទ ម្នាលភិក្ខុទាំងឡាយ​​ ឧភតោព្យញ្ជនកៈ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ​ឯងថា មិនដល់នូវ​ឱសារណាកម្ម បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល ​ដោយ​អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនដល់ ​នូវ​ឱសារណាកម្ម បើសង្ឃ​ហៅបុគ្គល​នោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតដៃ មិនដល់​នូវ​ឱសារណាកម្មទេ បើសង្ឃ​ហៅបុគ្គល​នោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយល្អ។ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សកំបុតជើង។បេ។ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតទាំងដៃ ទាំងជើង ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតត្រចៀក ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតច្រមុះ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សកំបុតទាំងត្រចៀក ទាំងច្រមុះ ម្នាលភិក្ខុទាំងឡាយ មនុស្សកំបុតម្រាមដៃ ម្នាល​ភិក្ខុ​ទាំងឡាយ មនុស្សកំបុតមេដៃ មេជើង​​ ម្នាលភិក្ខុទាំងឡាយ មនុស្សដាច់សរសៃធំ (សរសៃពួរ​ជើង) ម្នាលភិក្ខុទាំងឡាយ មនុស្សមានដៃព្រែក (មានម្រាមដៃ​ជាប់គ្នា ដូចស្លាបប្រចៀវ) ម្នាលភិក្ខុ​ទាំងឡាយ​ មនុស្សគម ម្នាលភិក្ខុទាំងឡាយ មនុស្សតឿ ម្នាលភិក្ខុទាំងឡាយ មនុស្សពកក ឬពក​ត្រង់​អវយវៈ​ឯណានីមួយ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាម ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេវាយ ​ឲ្យមានស្លាកស្នាម ​ដោយរំពាត់ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលគេកត់ឈ្មោះទុក (ព្យួរទោសទុក) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានជើង​ហើមស្ទក់ ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរោគអាក្រក់ (មានឫសដូងបាត ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលមានរូបទ្រុស្តបរិសទ្យ (គឺមានរូបអាក្រក់ខុសគេ មានខ្ពស់ពេក ទាបពេក ជាដើម) ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលទើបតែនឹងខ្វាក់ ឬខ្វាក់ម្ខាង ម្នាលភិក្ខុ​ទាំងឡាយ មនុស្សក្ងែងក្ងង់​ដៃជើង ជាដើម ម្នាលភិក្ខុទាំងឡាយ មនុស្សខ្ចកជើង ម្នាលភិក្ខុ​ទាំងឡាយ មនុស្សដែលស្លាប់ ១​ចំហៀងខ្លួន ម្នាលភិក្ខុទាំងឡាយ មនុស្សខ្វិន ម្នាលភិក្ខុទាំងឡាយ មនុស្សចាស់គ្រាំគ្រា ម្នាលភិក្ខុទាំងឡាយ មនុស្ស ដែលខ្វាក់ពីកំណើត ម្នាលភិក្ខុទាំងឡាយ មនុស្សគ ម្នាលភិក្ខុទាំងឡាយ មនុស្សថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងថ្លង់ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងគ ទាំងថ្លង់ ម្នាលភិក្ខុ​ទាំងឡាយ មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ មិនដល់នូវឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះ​បញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូលដោយល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ​ឯងថា មិនដល់នូវ​ឱសារណាកម្មទេ បើសង្ឃហៅបុគ្គលនោះបញ្ចូល ឈ្មោះថា សង្ឃហៅបញ្ចូល​ដោយ​ល្អ។

ចប់វាសភគាមភាណវារៈ ទី១។

[១០២] ម្នាលភិក្ខុទាំងឡាយ បើអាបត្តិដែលភិក្ខុត្រូវឃើញ មិនមានដល់ភិក្ខុក្នុង​សាសនា​នេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល (គឺភិក្ខុ) ១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោក​ត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ ពោលតបវិញយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំគួរឃើញនោះ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិ ដែលភិក្ខុត្រូវសំដែង មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែងនោះ មិនមាន​ដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះ​មិនសំដែងអាបត្តិចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិនមានដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាល​អាវុសោ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃក៏លើកវត្តភិក្ខុនោះ ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ដល់​ភិក្ខុក្នុង​សាសនា​នេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោក​សំដែង​អាបត្តិនោះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្ត​ភិក្ខុនោះ ព្រោះ​មិនឃើញ (អាបត្តិ)ក្តី ព្រោះមិនសំដែងក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកប​ដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ ក៏មិនមាន ​ដល់ភិក្ខុ​ក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ លោកមានទិដ្ឋិ​អាក្រក់​ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ ពោលតបយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមាន​ដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញ (អាបត្តិ)ក្តី ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិ ដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវ​លះបង់ ក៏មិនមាន ដល់ភិក្ខុក្នុងសាសនានេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរ​លោក​​សំដែង​អាបត្តិនោះចេញ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់​នុ៎ះ​ចេញ។  ភិក្ខុនោះ ពោលតបវិញ យ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ ទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មិនមាន អាបត្តិដែលត្រូវសំដែង ក៏មិនមាន ទិដ្ឋិអាក្រក់ដែលត្រូវ​លះបង់ ក៏មិនមាន ដល់ភិក្ខុក្នុង​សាសនា​នេះទេ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវ​អាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោក​សំដែង​អាបត្តិនោះចេញ លោកមានទិដ្ឋិ​អាក្រក់​ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ ពោល​តប​យ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ ម្នាលអាវុសោ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏មិនមាន​ដល់ខ្ញុំដែរ ម្នាលអាវុសោ ទាំងទិដ្ឋិអាក្រក់ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់ខ្ញុំដែរ។ សង្ឃលើកវត្ត​ភិក្ខុនោះ ព្រោះ​មិនឃើញអាបត្តិក្តី ព្រោះមិនសំដែងអាបត្តិក្តី ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិន​ប្រកបដោយធម៌។

[១០៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អាបត្តិដែលត្រូវឃើញ មានដល់ភិក្ខុ ក្នុងសាសនា នេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើ​អាវុសោ ខ្ញុំឃើញដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អាបត្តិដែលត្រូវសំដែង មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើ​អាវុសោ ចាំខ្ញុំសំដែង។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនសំដែងអាបត្តិ (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើ​អាវុសោ ចាំខ្ញុំ​លះបង់។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនលះបង់ ទិដ្ឋិអាក្រក់ចេញ (យ៉ាងនេះ) ឈ្មោះថា កម្ម​មិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មាន អាបត្តិ ដែលត្រូវសំដែង ក៏មានដល់​ភិក្ខុ ក្នុង​សាសនា​នេះ។ អាបត្តិ​ដែលត្រូវឃើញក៏មាន ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវសំដែងក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវឃើញក៏មាន អាបត្តិដែលត្រូវសំដែងក៏មាន (ទាំង) ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់​ក៏មាន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវ​អាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែង​អាបត្តិ​នោះចេញ លោកមានទិដ្ឋិអាក្រក់​ហើយ ចូរលោកលះទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា អើ​អាវុសោ ខ្ញុំឃើញ​ដែរ អើចាំខ្ញុំសំដែងចេញ អើចាំខ្ញុំលះបង់ចេញ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញ​អាបត្តិក្តី ព្រោះមិនសំដែងក្តី ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ចេញ​ក្តី (យ៉ាងនេះ) ឈ្មោះថា កម្មមិនប្រកបដោយធម៌។

[១០៤] ម្នាលភិក្ខុទាំងឡាយ អាបត្តិដែលត្រូវឃើញ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែល​ខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវសំដែង មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ ចូរលោកសំដែងអាបត្តិនុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិ ដែលខ្ញុំត្រូវសំដែង មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្ត​ភិក្ខុនោះ ព្រោះ​មិនសំដែងអាបត្តិ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មានដល់ភិក្ខុ ក្នុងសាសនានេះ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាល​អាវុសោ ទិដ្ឋិអាក្រក់​ ដែលខ្ញុំត្រូវលះបង់ មិនមានដល់ខ្ញុំទេ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនលះបង់ ទិដ្ឋិ​អាក្រក់ចេញ (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត អាបត្តិដែលត្រូវឃើញ ក៏មាន អាបត្តិដែលត្រូវសំដែង ក៏មានដល់​ភិក្ខុ ក្នុង​សាសនា​នេះ។ អាបត្តិ​ដែលត្រូវឃើញក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវសំដែងក៏មាន ទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ អាបត្តិដែលត្រូវឃើញក៏មាន អាបត្តិដែលត្រូវសំដែងក៏មាន ទាំងទិដ្ឋិអាក្រក់ដែលត្រូវលះបង់ក៏មាន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា ម្នាលអាវុសោ លោកត្រូវអាបត្តិហើយ លោកឃើញអាបត្តិនុ៎ះទេ ចូរលោកសំដែង​អាបត្តិ​នោះ​ចេញ ម្នាលអាវុសោ លោកមានទិដ្ឋិអាក្រក់ហើយ ចូរលោកលះបង់ទិដ្ឋិអាក្រក់នោះចេញ។ ភិក្ខុនោះ និយាយតបយ៉ាងនេះថា ម្នាល​អាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញ មិនមានដល់ខ្ញុំទេ អាបត្តិដែលខ្ញុំត្រូវសំដែង ក៏មិនមានដល់ខ្ញុំ ទាំងទិដ្ឋិអាក្រក់ ដែលខ្ញុំត្រូវលះបង់ ក៏មិនមានដល់​ខ្ញុំដែរ។ សង្ឃលើកវត្តភិក្ខុនោះ ព្រោះ​មិនឃើញអាបត្តិក្តី ព្រោះមិនសំដែងក្តី ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ចេញ​ក្តី (យ៉ាងនេះ) ហៅថា កម្មប្រកបដោយធម៌។

[១០៥] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះឧបាលិ​ដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរពាក្យនេះ ចំពោះ​ព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើក្នុងទីចំពោះមុខ សង្ឃណាមួយ​ ព្រមព្រៀងគ្នា ធ្វើក្នុងទីកំបាំងមុខទៅវិញ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះជាកម្មត្រូវតាមធម៌ ជាកម្ម​ត្រូវតាមវិន័យដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាកម្មមិនត្រូវ​តាមធម៌ ជាកម្មមិនត្រូវតាមវិន័យទេ។ ព្រះឧបាលិ​ដ៏មានអាយុ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើដោយការសាកសួរ សង្ឃណាមួយព្រមព្រៀងគ្នាធ្វើ ដោយការមិនសាកសួរវិញ កម្មដែលត្រូវធ្វើដោយការប្តេជ្ញា សង្ឃធ្វើ ដោយមិនបានប្តេជ្ញាវិញ ឲ្យអមូឡ្ហវិន័យដល់ភិក្ខុដែល​គួរដល់សតិវិន័យវិញ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់អមូឡ្ហវិន័យវិញ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្មវិញ ធ្វើនិយស្សកម្ម ដល់ភិក្ខុដែល​គួរ​ដល់តជ្ជនីយកម្មវិញ ធ្វើបព្វានីយកម្ម ដល់ភិក្ខុដែលគួរដល់និយស្សកម្មវិញ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្មវិញ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់​បដិសារណីយកម្មវិញ ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្មវិញ ឲ្យមូលាយបដិកស្សន ដល់ភិក្ខុដែល​គួរដល់បរិវាសវិញ ឲ្យមានត្តដល់ភិក្ខុដែលគួរដល់មូលាយបដិកស្សនៈវិញ ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់មានត្តវិញ ឲ្យឧបសម្បទា ដល់ភិក្ខុដែលគួរដល់អព្ភានវិញ បពិត្រព្រះអង្គ​ដ៏ចំរើន កម្មនោះ ជាកម្មត្រូវតាមធម៌ ជាកម្មត្រូវតាមវន័យដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ឧបាលិ កម្មនោះមិនមែនជាកម្មត្រូវតាមធម៌ មិនមែនជាកម្ម​ត្រូវតាមវិន័យទេ ម្នាលឧបាលិ សង្ឃ​ណាមួយព្រមព្រៀងគ្នា ធ្វើកម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ (ត្រឡប់ជាធ្វើ) ក្នុងទីកំបាំងមុខវិញ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា អធម្មកម្ម (កម្ម​មិនត្រូវតាមធម៌) ឈ្មោះថា អវិនយកម្ម (កម្មមិនត្រូវតាមវិន័យ) ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយ​ទោស ដោយប្រការដូច្នេះ ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ដោយការ​សាកសួរ សង្ឃណាមួយ​ព្រមព្រៀងគ្នាធ្វើ ដោយមិន​បានសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តីប្តេជ្ញា សង្ឃធ្វើ​ដោយមិនបានប្តេជ្ញាវិញ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុ ដែលគួរដល់ សតិវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលគួរដល់ អមូឡ្ហវិន័យ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ ​តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់ តជ្ជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ និយស្សកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ដែលគួរដល់ បព្វាជនីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ ដែលគួរដល់ បដិសារណីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ ដែលគួរដល់​ ឧក្ខេបនីយកម្ម ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់ បរិវាស ឲ្យមានត្ត ដល់ភិក្ខុ ដែល​គួរដល់ មូលាយបដិកស្សនៈ ឲ្យអព្ភានដល់ភិក្ខុ ដែលគួរដល់មានត្ត ឲ្យឧបសម្បទា ដល់ភិក្ខុដែល​គួរដល់ អព្ភាន ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃ ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។

[១០៦] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើ ក្នុងទី​ចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើក្នុងទីចំពោះមុខ បពិត្រព្រះអង្គដ៏ចំរើន កម្មរបស់​សង្ឃ​នោះ តើហៅថាធម្មកម្ម (កម្មត្រូវតាមធម៌) ថាវិនយកម្ម (កម្មត្រូវតាមវិន័យ) ដែរឬ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ហៅថា ជាធម្មកម្ម ជាវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំ​ទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន កម្មដែលត្រូវធ្វើ ដោយការសាកសួរ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើដោយការសាកសួរ កម្មដែលត្រូវធ្វើ ដោយសេចក្តីប្តេជ្ញា សង្ឃធ្វើដោយ​សេចក្តី​ប្តេជ្ញា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់ សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែល​គួរដល់ ​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ ដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់ បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុដែលគួរ​ដល់​ បដិសារណីយកម្ម ធ្វើ​ឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់ ​ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុដែលគួរដល់ អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត ដែលគួរដល់ ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មរបស់​សង្ឃ​នោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្ម ម្នាលឧបាលិ កម្មដែលត្រូវធ្វើ ក្នុងទីចំពោះមុខ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ក្នុងទីចំពោះមុខ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម ឯសង្ឃសោត ក៏ឈ្មោះថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ ម្នាលឧបាលិ កម្មដែល​ត្រូវធ្វើ ដោយ​ការសាកសួរ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើ ដោយការសាកសួរ កម្មដែលត្រូវធ្វើ​ដោយ​សេចក្តីប្តេជ្ញា សង្ឃធ្វើដោយសេចក្តីប្តេជ្ញា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់ ​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែល​គួរដល់​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយ​កម្ម ដល់ភិក្ខុដែលគួរ​ដល់​បដិសារណីយកម្ម ធ្វើ​ឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរ​ដល់​ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ ដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ហៅថា ជាសង្ឃ មិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ។

[១០៧] ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាអធម្មកម្ម ជាអវិនយកម្ម។ ព្រះឧបាលិត្ថេរ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​អមូឡ្ហវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់ភិក្ខុ​ដែលគួរដល់អព្ភាន ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ មិនមែនជាធម្មកម្ម ជាវិនយកម្មទេ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាងនោះឯង ឈ្មោះថា ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​អមូឡ្ហវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​តស្សបាបិយសិកាកម្ម ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បព្វាជនីយកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​បដិសារណីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់ឧក្ខេបនីយកម្ម ធ្វើឧក្ខេបនីយកម្មដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់​មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរ​ដល់​អព្ភាន ឲ្យឧបសម្បទា ដល់ភិក្ខុ​ដែលគួរដល់អព្ភាន ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់​ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនោះឯង ជាអធម្មកម្ម ជាអវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃប្រកបដោយទោស ដោយប្រការដូច្នេះ។

[១០៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្មហើយ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះអង្គដ៏ចំរើន សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ភិក្ខុ​ដែលគួរ​ដល់​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត​ដែលគួរដល់ឧបសម្បទា បពិត្រព្រះអង្គដ៏ចំរើន កម្មនោះ ជាធម្មកម្ម ជាវិនយកម្មដែរឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលឧបាលិ កម្មនោះ ជាធម្មកម្ម ជាវិនយកម្មហើយ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃមិនប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលឧបាលិ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់​អមូឡ្ហវិន័យ ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​តស្សបាបិយសិកាកម្ម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់តជ្ជនីយកម្ម ធ្វើ​និយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់និយស្សកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​បព្វាជនីយកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​បដិសារណីយកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់​ឧក្ខេបនីយកម្ម ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់បរិវាស ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់មូលាយបដិកស្សនៈ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់មានត្ត ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរ​ដល់​អព្ភាន ឲ្យឧបសម្បទា ដល់កុលបុត្ត​ដែលគួរដល់​ឧបសម្បទា ម្នាលឧបាលិ កម្មយ៉ាងនេះឯង ឈ្មោះថា ជាធម្មកម្ម ជាវិនយកម្ម។ ឯសង្ឃសោត ក៏ជាសង្ឃមិនប្រកបដោយទោស ដោយប្រការដូច្នេះ។

[១០៩] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នា ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់សតិវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ជាសង្ឃប្រកប​ដោយទោស ដោយប្រការ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​សតិវិន័យ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ធ្វើ​និយស្សកម្ម ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ឲ្យអព្ភាន ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ឲ្យឧបសម្បទា ដល់ភិក្ខុ​ដែលគួរដល់សតិវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម ជាអវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយ​ប្រការ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃឯណាមួយ ព្រមព្រៀងគ្នា ធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​អមូឡ្ហវិន័យ ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់អមូឡ្ហវិន័យ ធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់អមូឡ្ហវិន័យ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់អមូឡ្ហវិន័យ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ​ដែលគួរដល់អមូឡ្ហវិន័យ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់ អមូឡ្ហវិន័យ ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់អមូឡ្ហវិន័យ ឲ្យមូលាយបដិកស្សនៈ ដល់ភិក្ខុ​ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យមានត្ត ដល់ភិក្ខុ​ដែលគួរ​ដល់អមូឡ្ហវិន័យ ឲ្យអព្ភាន ដល់ភិក្ខុ​ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យឧបសម្បទា ដល់ភិក្ខុ ដែលគួរដល់អមូឡ្ហវិន័យ ឲ្យសតិវិន័យ ដល់ភិក្ខុ ដែលគួរដល់ ​អមូឡ្ហវិន័យ​ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយ​ទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃណាមួយ ព្រមព្រៀងគ្នាធ្វើតជ្ជនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើនិយស្សកម្ម ដល់ភិក្ខុ​ដែលគួរ​ដល់​តស្សបាបិយសិកាកម្ម ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​ ដែលគួរដល់តស្សបាបិយសិកាកម្ម ធ្វើបដិសារណីយកម្ម ដល់ភិក្ខុ ​ដែលគួរដល់ តស្សបាបិយសិកាកម្ម ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុ​ដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យបរិវាស ដល់ភិក្ខុ​ដែលគួរដល់តស្សបាបិយសិកាកម្ម។បេ។ ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តស្សបាបិយសិកាកម្ម ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុដែលគួរដល់​តស្សបាបិយសិកាកម្ម ​ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយ​ទោស ដោយប្រការយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃឯណានីមួយ ព្រមព្រៀងគ្នា ឲ្យសតិវិន័យ ដល់ភិក្ខុដែលគួរដល់តជ្ជនីយកម្ម។បេ។ ដល់ភិក្ខុដែលគួរដល់និយស្សកម្ម ដល់ភិក្ខុដែលគួរដល់បព្វាជនីយកម្ម ដល់ភិក្ខុដែលគួរដល់​បដិសារណីយកម្ម ដល់ភិក្ខុដែលគួរដល់ឧក្ខេបនីយកម្ម ដល់ភិក្ខុដែលគួរដល់បរិវាស ដល់ភិក្ខុដែលគួរដល់ មូលាយបដិកស្សនៈ ដល់ភិក្ខុដែលគួរដល់មានត្ត ដល់ភិក្ខុដែលគួរដល់​អព្ភាន ដល់កុលបុត្ត ដែលគួរដល់​ឧបសម្បទា ឲ្យអមូឡ្ហវិន័យ ដល់កុលបុត្ត ដែលគួរដល់​ឧបសម្បទា ធ្វើតស្សបាបិយសិកាកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើតជ្ជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើនិយស្សកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើ​បព្វាជនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើបដិសារណីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ធ្វើឧក្ខេបនីយកម្ម ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យបរិវាស ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមូលាយបដិកស្សនៈ ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យមានត្ត ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ឲ្យ​អព្ភាន ដល់កុលបុត្ត ដែលគួរដល់ឧបសម្បទា ម្នាលភិក្ខុទាំងឡាយ កម្មយ៉ាងនេះឯង ជាអធម្មកម្ម អវិនយកម្ម ឯសង្ឃសោត ក៏ប្រកបដោយទោស ដោយប្រការយ៉ាងនេះ។

ចប់ ឧបាលិបុច្ឆាភាណវារៈ ទី២។

[១១០] ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ (ទាស់ទែងគ្នា) ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួកមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ឯភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួកមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ក៏ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក តែប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងរាល់គ្នា ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ក៏ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។

[១១១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក តែប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ ក៏គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុ​ទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ ​បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។

[១១២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើ​តជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែល​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ​បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ(ទៀត)។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។

[១១៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងវិញទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវ​ការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ ការបង្កហេតុ ជាអ្នក​ធ្វើ នូវជំលោះ ជាអ្នកធ្វើ នូវវិវាទ ជាអ្នក​ធ្វើនូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ ​ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកបដោយប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាស​នោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើ​តជ្ជនីយកម្ម ដោយភិក្ខុទាំងឡាយ ជាពួក ទាំងប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ(ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងឡាយនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ (ទៀត)។ ឯភិក្ខុ​ទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ​បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។

[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវ​ការបង្កហេតុ ជាអ្នកធ្វើនូវជំលោះ ជាអ្នកធ្វើ នូវវិវាទ ជាអ្នកធ្វើ នូវតិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ ការបង្កហេតុ ជាអ្នក​ធ្វើនូវជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នក​ធ្វើនូវ​ តិរច្ឆានកថា ជាអ្នកធ្វើនូវ អធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកប​ដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់​អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុ​នោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បាន​ធ្វើ​តជ្ជនីយកម្ម​ហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ (ទៀត)។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពី​អាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុ​ទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា​យ៉ាងនេះថា ម្នាល​អាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ​បានធ្វើតជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក តែប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំង​នោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើ​តជ្ជនីយកម្ម ដល់ភិក្ខុនោះ(ទៀត)។

[១១៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានកំណត់អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិនសមគួរ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ នៅច្រឡូកច្រឡំ​ ដោយគ្រហស្ថ ដោយការច្រឡូក​ច្រឡំមិនសមគួរ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើនិយស្សកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើនិយស្សកម្ម ដល់ភិក្ខុនេះ (ទៀត)។ ភិក្ខុទាំងអម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុ​នោះ។បេ។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក [រឿងដែលត្រូវសំដែងវិលទៅរកសេចក្តីដើមវិញ ហៅថា ចក្ក គឺត្រូវបន្ថែមសេចក្តីខាងដើម និងខាងចុង ដូចរឿងរ៉ាវដែលនិយាយមកហើយ។] ឲ្យដូចសេចក្តី ដែលបានពោលមកហើយឰដ៏​ខាងក្រោយ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ជាអ្នកទ្រុស្តត្រកូល មានមារយាទអាក្រក់ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើបព្វាជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ដែលជាពួក ទាំងមិន​ប្រកប​ដោយ​ធម៌ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុ​នោះ (ទៀត)។បេ។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក (បំពេញសេចក្តី ដូចខាងដើម)។

[១១៧] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ ភិក្ខុជេរប្រទេច​ពួកគ្រហស្ថ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ជេរប្រទេចពួកគ្រហស្ថ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្ក (បំពេញសេចក្តី ដូច​ខាងដើម)។

[១១៨] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនសំដែងអាបត្តិ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង មិនប្រាថ្នានឹងលះបង់ទិដ្ឋិអាក្រក់ចេញសោះ បើដូច្នោះ មានតែ​យើង​ទាំងឡាយ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើឧក្ខេបនីយកម្ម ដល់ភិក្ខុនោះ ព្រោះ​មិនលះបង់ទិដ្ឋិអាក្រក់។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយ​ធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បី​ធ្វើចក្កចុះ។

[១១៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ហើយមកសូមការរម្ងាប់តជ្ជនីយកម្ម (នឹងសង្ឃ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបាន​ធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្តគួរ​ដល់កិរិយា រលាស់ចេញចាកកម្ម ឥឡូវនេះ មកសូម​ការរម្ងាប់​តជ្ជនីយកម្មនោះ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃ។ ឯភិក្ខុទាំងឡាយ ក្នុងអាវាសនោះ​ គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានរម្ងាប់​ តជ្ជនីយកម្មហើយ ដោយភិក្ខុទាំងឡាយ ជាពួក ទាំងមិនប្រកបដោយធម៌ បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុ​នេះ (ទៀត)។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុ​នោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្តគួរ​ដល់​កិរិយា ​រលាស់​ចេញ​ចាក​កម្មហើយ មកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់​ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់​តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយា រលាស់ចេញ ចាកកម្មហើយ សូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបាន​ធ្វើ​តជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា ​រលាស់​ចេញ​ ចាកកម្ម ឥឡូវនេះ មកសូម​ការរម្ងាប់ ​តជ្ជនីយកម្ម បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា ​រលាស់​ចេញ ​ចាក​កម្មហើយ មកសូម​ការ រម្ងាប់​តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នា យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់​ចេញ ចាកកម្ម ឥឡូវនេះ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់​តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌​ប្លម។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា​ រលាស់​ចេញ ​ចាកកម្ម ហើយមកសូម​ការរម្ងាប់​តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បាន​ធ្វើ​តជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់​កិរិយា​ រលាស់​ចេញ ​ចាកកម្ម ឥឡូវនេះ មក​សូម​​ការរម្ងាប់​តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​នោះ។បេ។ ជាពួក ទាំងមិនប្រកបដោយធម៌។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។

[១២០] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើនិយស្សកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម ហើយមកសូមការរម្ងាប់និយស្សកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង សង្ឃបាន​ធ្វើនិយស្សកម្មហើយ ក៏បានប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់និយស្សកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២១] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបព្វាជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម​ហើយ មកសូមការរម្ងាប់បព្វាជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើបព្វាជនីយកម្មហើយ ក៏ប្រព្រឹត្ត​វត្ត​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើបដិសារណីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម​ហើយ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើបដិសារណីយកម្មហើយ ក៏បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់បដិសារណីយកម្ម (នោះ) បើដូច្នោះ មានតែយើងទាំងឡាយ រម្ងាប់បដិសារណីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំង​មិនប្រកបដោយធម៌ រម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២៣] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម​ ព្រោះមិនឃើញអាបត្តិហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម​ហើយ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ​ហើយ ក៏ប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ​ ដល់​ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀង​គ្នា តែមិន​ប្រកប​ដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម​ ព្រោះមិនសំដែងអាបត្តិចេញ​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម​ហើយ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិ​ចេញហើយ ក៏បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិ​ ដល់​ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះ​មិនសំដែង​អាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀង​គ្នា តែមិន​ប្រកប​ដោយធម៌។ ជាពួក តែប្រកប​ដោយ​ធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃ​បាន​ធ្វើ​ឧក្ខេបនីយកម្ម​ហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម​ហើយ មកសូមការ​រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបាន​ធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ ក៏បានប្រព្រឹត្ត​វត្ត ​ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្ត​វត្ត គួរ​ដល់កិរិយា​ រលាស់ចេញ​ចាកកម្ម ឥឡូវមកសូម​ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ​ ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់​ចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀង​គ្នា តែមិន​ប្រកប​ដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ បណ្ឌិតគប្បីធ្វើចក្កចុះ។

[១២៤] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលស្ថិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុដែល​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់​ភិក្ខុ ដែលព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌​ប្លម កម្មឈ្មោះថា ភិក្ខុ​មិនបានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុធ្វើមិនល្អហើយ កម្មសង្ឃត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយយ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុណានិយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើមិនល្អហើយ កម្ម ភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី (អ្នកពោលត្រូវធម៌) ក្នុងកម្មនោះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ស្ថិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម កម្មរបស់​ភិក្ខុ ព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌​ប្លម កម្មឈ្មោះថា ភិក្ខុ​មិនធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១២៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវការបង្កហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ គួរតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ ដែលព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក តែប្រកបដោយ​ធម៌ ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ឯភិក្ខុទាំងអម្បាលនេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១២៧] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវ​ការ​បង្កហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើ​នូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំង​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវ​ការ​បង្កហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើនូវតិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកធ្វើនូវ​ការបង្ក​ហេតុ ជាអ្នក​ធ្វើនូវ​ជំលោះ ជាអ្នកធ្វើនូវវិវាទ ជាអ្នកធ្វើ​នូវ​តិរច្ឆានកថា ជាអ្នកធ្វើនូវអធិករណ៍​ក្នុងសង្ឃ។ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១២៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ជាអ្នកល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់​អាបត្តិ នៅច្រឡូក​ច្រឡំ ដោយ​គ្រហស្ថ ដោយការ​ច្រឡូក​ច្រឡំ​មិនសមគួរ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​និយស្សកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើនិយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក​ ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តី​សង្ខេប។

[១៣០] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ជាអ្នកទ្រុស្តត្រកូល ជាអ្នកមានមារយាទអាក្រក់ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​បព្វាជនីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបព្វាជនីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកបដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុ​ព្រមព្រៀង​គ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុទាំងឡាយ​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើអាក្រក់ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តី​សង្ខេប។

[១៣១] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ជេរប្រទេចពួកគ្រហស្ថ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ជេរប្រទេចពួកគ្រហស្ថ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​បដិសារណីយកម្ម ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើបដិសារណីយកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំង​ប្រាំនេះ ជាសេចក្តី​សង្ខេប។

[១៣២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹងឃើញនូវអាបត្តិ (នោះ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹងឃើញនូវអាបត្តិ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញនូវអាបត្តិ ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនឃើញនូវអាបត្តិ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ឯភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំង​ប្រាំនេះ ជាសេចក្តី​សង្ខេប។ ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ ត្រូវ​អាបត្តិ​ហើយ មិនប្រាថ្នា​នឹងសំដែងអាបត្តិចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ត្រូវអាបត្តិហើយ មិនប្រាថ្នា​នឹងសំដែងអាបត្តិ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់​ភិក្ខុនេះ។ ភិក្ខុ​ទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកប​ដោយធម៌។ ជាពួក​ ទាំង​ប្រកប​​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំង​ប្រាំនេះ ជាសេចក្តី​សង្ខេប។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ មិនប្រាថ្នា​នឹងលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង មិនប្រាថ្នា​នឹងលះបង់ទិដ្ឋិអាក្រក់ចេញ​សោះ បើដូច្នោះ មានតែយើង​ទាំងឡាយ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ ធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកប​ដោយធម៌។ ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌​ប្លម។ សង្ឃដែល​ឋិត​នៅ​ក្នុង​ទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកប​ដោយធម៌ កម្ម​របស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកបដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំង​ប្រាំនេះ ជាសេចក្តី​សង្ខេប។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម (នឹងសង្ឃ)។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាកកម្ម ឥឡូវ មកសូមការ រម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះចុះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយយ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុត្រូវធ្វើទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាក​កម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនេះឯង សង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្ត ដោយ​ប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូម​ការរម្ងាប់​តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំង​អម្បាលនោះ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ឋិត​នៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រម​ព្រៀង​គ្នា តែមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំង​ប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកបដោយធម៌ ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១៣៥] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​ រលាស់ចេញ​ ចាកកម្មហើយ មកសូមការរម្ងាប់ តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃ បានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​ រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ តជ្ជនីយកម្ម បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុ​នេះ។ ភិក្ខុទាំង​នោះ ជាពួក តែប្រកបដោយធម៌ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែលឋិត​នៅ​ក្នុង​ទី​នោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បាន​ធ្វើ​ហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តា​ភិក្ខុ​ទាំង​នោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុ ជាពួក ទាំងមិនប្រកបដោយធម៌ ពុំនោះ​សោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាកកម្ម​ហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​ រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនោះ។ សង្ឃដែល​ឋិតនៅ​ក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុ ជាពួក ទាំងប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​តជ្ជនីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់តជ្ជនីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់តជ្ជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម រម្ងាប់តជ្ជនីយកម្ម ដល់​ភិក្ខុ​នោះ។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​និយស្សកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ មកសូមការរម្ងាប់ និយស្សកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើនិយស្សកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់និយស្សកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនេះ។ ភិក្ខុ​ទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់និយស្សកម្ម ដល់ភិក្ខុនោះ។បេ។ ព្រមព្រៀង​គ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំងប្រកបដោយ​ធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្ម​របស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្ម​របស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុ​ទាំងឡាយ​ណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះ​សោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​បព្វាជនីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ​ ចាកកម្មហើយ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ ក្នុងរឿងនោះ បើភិក្ខុទាំងឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើ បព្វាជនីយកម្មហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់បព្វាជនីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់បព្វាជនីយកម្ម ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកប​​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់ភិក្ខុជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុមិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។

[១៤០] ម្នាលភិក្ខុទាំងឡាយ ន័យមួយទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​បដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាកកម្មហើយ មកសូមការរម្ងាប់បដិសារណីយកម្ម។ ក្នុងរឿងនោះ ភិក្ខុ​ទាំង​ឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែលសង្ឃបានធ្វើ​បដិសារណីយកម្ម​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បដិសារណីយកម្ម (នោះ) បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់​បដិសារណីយកម្ម ដល់ភិក្ខុនេះ។ ភិក្ខុទាំងនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់​បដិសារណីយកម្ម ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកប​ដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃ​ដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជា​ពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុ​មិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។

[១៤១] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ​ហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាក​កម្ម​ហើយ មកសូមការរម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ក្នុងរឿងនោះ បើភិក្ខុ​ទាំង​ឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែល​សង្ឃ​ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ក៏បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញ​អាបត្តិ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកប​ដោយ​ធម៌។ ជាពួក តែ​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម សង្ឃ​ដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែ​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែ​ប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់​ភិក្ខុ​ព្រម​ព្រៀង​គ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុ​មិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ​ហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ​ ចាក​កម្ម​ហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។ ក្នុងរឿងនោះ បើភិក្ខុ​ទាំង​ឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែល​សង្ឃ​ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញហើយ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា ​រលាស់ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់​ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ ដល់​ភិក្ខុ​នេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិន​ប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនសំដែង​អាបត្តិចេញ ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌​ប្លម។ ព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លម។ សង្ឃ​ដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុ​ព្រមព្រៀង​គ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា និយាយ​យ៉ាងនេះថា កម្មរបស់​ភិក្ខុ​ព្រម​ព្រៀង​គ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុ​មិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។

[១៤២] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ សង្ឃបានធ្វើ​ឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់ចេញ​ ចាក​កម្ម​ហើយ មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ។ ក្នុងរឿងនោះ បើភិក្ខុ​ទាំង​ឡាយ គិតគ្នាយ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះឯង ដែល​សង្ឃធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ចេញ ក៏បានប្រព្រឹត្តវត្តដោយប្រពៃ ទាំង​សម្លបរោម ប្រព្រឹត្តវត្ត គួរដល់​កិរិយា​រលាស់​ចេញ ​ចាកកម្ម ឥឡូវ មកសូមការ​រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់ចេញ បើដូច្នោះ មានតែយើង​ទាំងឡាយ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់​ទិដ្ឋិអាក្រក់​ចេញ ដល់ភិក្ខុនេះ។ ភិក្ខុទាំងអម្បាលនោះ ជាពួក ទាំងមិនប្រកបដោយធម៌ រម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់​ភិក្ខុ​នោះ។បេ។ ព្រមព្រៀងគ្នា តែមិនប្រកបដោយធម៌។ ជាពួក តែ​ប្រកបដោយធម៌។ ជាពួក ទាំង​ប្រកប​ដោយធម៌ប្លម។ ព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម។ សង្ឃ​ដែលឋិតនៅក្នុងទីនោះ ជជែកគ្នាថា កម្មរបស់​ភិក្ខុជាពួក ទាំងមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុព្រមព្រៀងគ្នា តែមិន​ប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុជាពួក តែប្រកប​ដោយធម៌ កម្មរបស់​ភិក្ខុ​ជាពួក​ ទាំងប្រកប​ដោយ​ធម៌​ប្លម កម្មរបស់ភិក្ខុព្រមព្រៀងគ្នា តែប្រកប​ដោយ​ធម៌ប្លម កម្មឈ្មោះថា ភិក្ខុ​មិន​បានធ្វើហើយ កម្ម​ឈ្មោះថា ភិក្ខុ​ធ្វើ​អាក្រក់​ហើយ កម្ម​ភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភិក្ខុទាំងនោះ បើភិក្ខុទាំងឡាយឯណា និយាយ​យ៉ាងនេះថា កម្មរបស់​ភិក្ខុ​ព្រម​ព្រៀង​គ្នា តែប្រកបដោយធម៌ប្លម ពុំនោះសោត ភិក្ខុ​ទាំង​ឡាយ​​ណា​ និយាយ​យ៉ាងនេះថា កម្មឈ្មោះថា ភិក្ខុ​មិនបានធ្វើហើយ កម្មឈ្មោះថា ភិក្ខុធ្វើ​អាក្រក់​ហើយ កម្មភិក្ខុ​ត្រូវ​ធ្វើ​ទៀត។ ភិក្ខុទាំងអម្បាល​នេះ ឈ្មោះថា ជាធម្មវាទី ក្នុង​កម្ម​នោះ។ វារៈទាំងប្រាំនេះ ជាសេចក្តីសង្ខេប។

ចប់ចម្បេយ្យក្ខន្ធកៈ ទី៩។

ក្នុងខន្ធកៈនេះ មានរឿង៣៦។

ឧទ្ទាននៃចម្បេយ្យក្ខន្ធកៈនោះ គឺ

[១៤៣] កាលព្រះមានព្រះភាគ គង់នៅក្នុងនគរចម្បា (មានភិក្ខុឈ្មោះកស្សបគោត្ត ជាចៅ​អាវាស) នៅក្នុងស្រុកឈ្មោះវាសភៈ បានធ្វើសេចក្តីខ្វល់ខ្វាយ ដល់ពួក​ភិក្ខុជាអាគន្តុកៈ លុះដឹង​ថា ពួកភិក្ខុជាអាគន្តុកៈ ស្គាល់​ច្បាស់ក្នុងគោចរ ដែលភិក្ខុគប្បី​ប្រាថ្នាហើយ ក៏លែងធ្វើសេចក្តីខ្វល់​ខ្វាយ ក្នុងកាលនោះ ភិក្ខុឈ្មោះកស្សបគោត្តនោះ ពួកភិក្ខុជាអាគន្តុកៈ លើកវត្ត​ថាមិនធ្វើ (សេចក្តី​ខ្វល់ខ្វាយ​ដល់យើង) ហើយបានទៅកាន់សំណាក់​ព្រះជិនស្រី។ (ពួក​ភិក្ខុក្នុងនគរ​ចម្បា) ធ្វើកម្ម​ជាពួក ទាំងមិនប្រកបដោយធម៌ផង ធ្វើកម្មព្រមព្រៀងគ្នា តែមិនប្រកប​ដោយធម៌ផង ធ្វើកម្ម​ជាពួក តែប្រកបដោយធម៌ផង ធ្វើកម្មជាពួក ទាំងប្រកបដោយធម៌ប្លមផង ធ្វើកម្ម​ព្រមព្រៀងគ្នា តែ​ប្រកបដោយធម៌ប្លមផង ភិក្ខុមួយរូប​លើកវត្ត​ភិក្ខុមួយរូបផង ភិក្ខុមួយរូប លើកវត្ត​ភិក្ខុពីររូប​ផង លើកវត្ត​ភិក្ខុច្រើនរូបផង លើកវត្តសង្ឃផង ភិក្ខុពីររូប ភិក្ខុច្រើនរូប សង្ឃ លើកវត្តសង្ឃផង។ ព្រះសព្វញ្ញុពុទ្ធ ដ៏ប្រសើរ ទ្រង់ជ្រាប (រឿងនោះ) ហើយ ទ្រង់​ហាមថា ជាកម្មមិនប្រកបដោយ​ធម៌។ (ឆព្វគ្គិយភិក្ខុ) ធ្វើកម្មវិបត្តិ​ចាកញត្តិ តែដល់​ព្រម ដោយអនុស្សាវនាផង ធ្វើកម្មវិបត្តិ ចាកអនុស្សាវនា តែដល់​ព្រម ដោយញត្តិផង ធ្វើកម្មវិបត្តិចាកញត្តិ និងអនុស្សាវនាទាំងពីរផង ធ្វើកម្មវៀរចាកធម៌ផង ធ្វើកម្មវៀរចាកវិន័យផង ធ្វើកម្មវៀរចាក​សាសនៈ នៃព្រះសាស្តាផង ធ្វើ​កម្ម ដែល​ព្រះដ៏មានព្រះភាគ តិះដៀល​ថា ជាកម្មកំរើក មានរូប​មិនគួរដល់ហេតុផង កម្មមិនប្រកប​ដោយធម៌ផង កម្មជាពួកផង កម្មព្រមព្រៀងគ្នាផង កម្មពីរទៀតគឺ (កម្មជាពួក) ទាំងប្រកប​ដោយ​ធម៌​ប្លមផង (កម្មព្រមព្រៀងគ្នា តែប្រកប​ដោយធម៌ប្លមផង) ម្យ៉ាងទៀត ព្រះតថាគត​ ទ្រង់​អនុញ្ញាត​កម្ម ដែល​ព្រមព្រៀង​គ្នា ទាំងប្រកបដោយធម៌ ប៉ុណ្ណោះ។ សង្ឃមាន៥ពួកគឺ សង្ឃ​ចតុវគ្គ១ បញ្ចវគ្គ១ ទសវគ្គ១ វីសតិវគ្គ១ អតិរេកវីសតិវគ្គ១។ សង្ឃចតុវគ្គ គួរដល់កម្ម (ទាំងពួង) វៀរលែង​តែ (កម្ម៣យ៉ាង) គឺ ឧបសម្បទាកម្ម១ បវារណាកម្ម១ អព្ភានកម្ម១។ សង្ឃបញ្ចវគ្គ គួរដល់កម្ម​ក្នុងកម្ម​ទាំងពួង វៀរលែងតែ​កម្មពីរយ៉ាង គឺឧបសម្បទាកម្ម ក្នុងមជ្ឈិមប្រទេស១ អព្ភានកម្ម១។ ភិក្ខុសង្ឃ​ទសវគ្គ (ធ្វើកម្មទាំងអស់បាន) វៀរលែង​តែ អព្ភានកម្ម មួយចេញ។ សង្ឃវីសតិវគ្គ គួរដល់​កម្ម​ ក្នុង​កម្មទាំងពួង ឈ្មោះថាធ្វើកម្ម​ បានគ្រប់កម្ម។ ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុដែល​ពោលលាសិក្ខាក្តី ភិក្ខុដែល​ត្រូវ អន្តិមវត្ថុ ក្តី ភិក្ខុដែល​សង្ឃលើកវត្ត ព្រោះមិនឃើញ​អាបត្តិក្តី ព្រោះមិនសំដែង​អាបត្តិក្តី ព្រោះ​មិនលះបង់ទិដ្ឋិចេញក្តី មនុស្សខ្ទើយក្តី មនុស្សដែល​លួច​សំវាសក្តី ភិក្ខុដែលចូលទៅ​កាន់លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ដែលធ្វើមាតុឃាតក្តី បិតុឃាត​ក្តី អរហន្តឃាតក្តី បុគ្គល ដែលទ្រុស្តភិក្ខុនីក្តី បុគ្គល ដែលធ្វើសង្ឃភេទក្តី បុគ្គល ដែលធ្វើ​លោហិតុប្បាទ​ក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុមានសំវាស​ផ្សេងៗគ្នាក្តី ភិក្ខុនៅក្នុង​សីមាផ្សេងៗគ្នាក្តី (ភិក្ខុឋិតនៅលើ​អាកាស) ដោយឫទ្ធិក្តី (បណ្តា​បុគ្គល​ទាំងនេះ) បើជំនុំសង្ឃធ្វើកម្ម ដល់បុគ្គល​ឯណានីមួយ ឯបុគ្គល​ទាំង​២៤ពួកនោះ ព្រះសម្ពុទ្ធ ទ្រង់ហាមថា បុគ្គលទាំងអម្បាលនេះ ជាគណបូរកៈ មិនបាន​ឡើយ ម្យ៉ាងទៀត សង្ឃមាន​បារិវាសិកភិក្ខុ ជាគំរប់៤ ឲ្យបរិវាស ឲ្យមូលាយបដិកស្សនៈ ឲ្យមានត្ត ឲ្យអព្ភាន (កម្មរបស់សង្ឃ​នោះ) មិនឈ្មោះថា កម្មផង សង្ឃមិនត្រូវធ្វើផង ម្យ៉ាងទៀត សង្ឃ​មានភិក្ខុ ដែលគួរដល់ មូលាយបដិកស្សនៈ ជាគំរប់៤ក្តី មានភិក្ខុ ដែលគួរដល់​មានត្ត ជាគំរប់​៤ក្តី មានភិក្ខុ ដែលប្រព្រឹត្តមានត្ត ជាគំរប់៤ក្តី មានភិក្ខុ ដែលគួរដល់អព្ភាន ជាគំរប់៤ក្តី ភិក្ខុទាំង៥ពួក​នេះ ព្រះសម្ពុទ្ធ ទ្រង់​ប្រកាសថា មិនមែនជាអ្នកធ្វើកម្មឡើយ។ ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ភិក្ខុដែល​ពោលលាសិក្ខាក្តី ភិក្ខុដែលត្រូវ ​អន្តិមវត្ថុក្តី ភិក្ខុឆ្កួតក្តី ភិក្ខុមានចិត្តរវើ​រវាយក្តី ភិក្ខុមានវេទនាគ្របសង្កត់ក្តី ភិក្ខុដែលសង្ឃ​លើកវត្ត​ ព្រោះ​មិនឃើញ​អាបត្តិក្តី ព្រោះ​មិនសំដែង​អាបត្តិក្តី ព្រោះ​មិនលះបង់​ទិដ្ឋិអាក្រក់ចេញក្តី ខ្ទើយក្តី បុគ្គល ដែល​លួចសំវាស​ក្តី ភិក្ខុដែលចូល​ទៅកាន់​លទ្ធិតិរ្ថិយក្តី សត្វតិរច្ឆានក្តី បុគ្គល ​ជាមាតុឃាតកក្តី បិតុឃាតកក្តី អរហន្តឃាតកក្តី បុគ្គល​ដែលទ្រុស្ត​ភិក្ខុនីក្តី ដែលធ្វើសង្ឃភេទក្តី ធ្វើលោហិតុប្បាទក្តី ឧភតោព្យញ្ជនកក្តី ភិក្ខុដែលមាន​សំវាស​ផ្សេងៗគ្នាក្តី ភិក្ខុដែល​ឋិតនៅក្នុងសីមាផ្សេងៗគ្នាក្តី ភិក្ខុដែល​ឋិតនៅលើអាកាសក្តី (សង្ឃធ្វើ) កម្ម ដល់​បុគ្គលណា បុគ្គលនោះក្តី ឯការហាមឃាត់ (ក្នុងកណ្តាលជំនុំសង្ឃ) របស់​បុគ្គល ​ទាំង២៧ពួកនេះ មិនឡើងឡើយ។ (ការហាមឃាត់ ក្នុងកណ្តាលជំនុំសង្ឃ) របស់ភិក្ខុជា បកតត្ត ទើបឡើង ភិក្ខុបរិសុទ្ធ (បើសង្ឃបណ្តេញចេញ) ឈ្មោះថា បណ្តេញ​ចេញ ដោយអាក្រក់ ឯភិក្ខុ​ល្ងង់ (បើសង្ឃ​បណ្តេញចេញ) ឈ្មោះថា បណ្តេញចេញ ដោយល្អ មនុស្សខ្ទើយក្តី បុគ្គលលួច​សំវាសក្តី ភិក្ខុចូលទៅកាន់លទ្ធិតិរ្ថិយក្តី តិរច្ឆានក្តី បុគ្គល​ជាមាតុឃាតកៈក្តី បិតុឃាតកៈ​ក្តី អរហន្ត​ឃាតកៈក្តី ភិក្ខុនីទូសកៈក្តី  សង្ឃភេទកៈក្តី លោហិតុប្បាទកៈក្តី ឧភតោព្យញ្ជនកៈក្តី ឯបុគ្គល​ ទាំង​១១ពួកនេះ មិនគួរដល់ ​ឱសារណាកម្ម ឡើយ។ មនុស្សកំបុតដៃក្តី​ កំបុតជើងក្តី កំបុតដៃ និងជើង​ទាំងពីរក្តី កំបុតត្រចៀកក្តី កំបុតច្រមុះក្តី កំបុតត្រចៀក និងច្រមុះទាំងពីរក្តី កំបុតម្រាមដៃក្តី កំបុត​មេដៃ មេជើងក្តី មនុស្សដាច់សរសៃធំក្តី មនុស្សមានម្រាមដៃ​ព្រែកក្តី មនុស្សគមក្តី មនុស្សតឿក្តី មនុស្សពកក ឬពកត្រង់អវយវៈណាមួយក្តី មនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាមក្តី មនុស្សមានស្នាម ដែលគេវាយ ដោយរំពាត់ក្តី មនុស្ស ដែលគេកត់ឈ្មោះព្យួរទោសទុក​ក្តី មនុស្ស​ដែលមានជើង​ហើមស្ទក់ក្តី មនុស្សដែលមានរោគអាក្រក់ក្តី មនុស្ស​ទ្រុស្តបរិសទ្យ គឺមនុស្ស​មានរូប​អាក្រក់ខុសគេក្តី មនុស្សដែល​ទើបតែ​​នឹងខ្វាក់ក្តី មនុស្សក្ងែងក្ងង់ត្រង់អវយវៈ​ណាមួយក្តី មនុស្ស​ខ្ចកក្តី មនុស្ស ដែលស្លាប់មួយចំហៀងខ្លួនក្តី មនុស្សខ្វិនក្តី មនុស្សចាស់គ្រាំគ្រាក្តី មនុស្សដែល​ខ្វាក់​ពីកំណើតក្តី មនុស្សគក្តី ថ្លង់ក្តី មនុស្សខ្វាក់ផង គផងក្តី មនុស្សខ្វាក់ផង ថ្លង់ផងក្តី មនុស្សគផង ថ្លង់ផងក្តី មនុស្សទាំងខ្វាក់ ទាំងគ ទាំងថ្លង់ក្តី មនុស្សទាំង៣២ពួកគត់នេះ ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់​ប្រកាសថា មនុស្ស​ទាំងនោះ គួរ​ដល់ ឱសារណាកម្ម។ អាបត្តិដែលត្រូវឃើញ អាបត្តិដែលត្រូវ​សំដែង និងទិដ្ឋិអាក្រក់ ដែលត្រូវលះបង់ មិនមានដល់ (ភិក្ខុណា) ការលើកវត្តដល់ភិក្ខុនោះ ចាត់ជា​កម្ម មិនប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុទាំងឡាយ ចោទភិក្ខុដែលត្រូវអាបត្តិ សូម្បី​កម្ម​របស់​ភិក្ខុទាំងនោះ ក៏ចាត់ជាកម្មមិនប្រកបដោយធម៌ មាន៧យ៉ាង ភិក្ខុទាំងឡាយចោទភិក្ខុដែល​ត្រូវអាបត្តិ (សូម្បី) កម្មរបស់ភិក្ខុទាំងនោះ ក៏ចាត់ជាកម្មប្រកបដោយ​ធម៌ល្អ មាន៧យ៉ាង ការកសង្ឃ ធ្វើកម្មដែលត្រូវធ្វើ ​ក្នុងទីចំពោះមុខក្តី ធ្វើដោយការសាកសួរក្តី ធ្វើដោយសេចក្តី​ប្តេជ្ញា​ក្តី ឲ្យសតិវិន័យក្តី អមូឡ្ហវិន័យក្តី ធ្វើតស្សបាបិយសិកាកម្មក្តី តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ឲ្យបរិវាសក្តី ឲ្យមូលាយបដិកស្សនៈ​ក្តី មានត្តក្តី អព្ភានក្តី ឧបសម្បទាក្តី ហើយសង្ឃ​ត្រឡប់​ធ្វើកម្មដទៃ ដល់បុគ្គល​ដទៃវិញ កម្មទាំង​១៦នេះ ឈ្មោះថា មិនប្រកបដោយធម៌ សង្ឃធ្វើកម្មនោះៗ ដល់ភិក្ខុដែលគួរដល់កម្មនោះៗ កម្មទាំង​១៦នេះ ឈ្មោះថា ប្រកបដោយធម៌ល្អ សង្ឃលើកឡើង នូវកម្មដទៃចំពោះ​ភិក្ខុ ដែលគួរ​ដល់កម្មដទៃវិញ កម្មទាំង១៦នេះឈ្មោះថា មិនប្រកបដោយធម៌ កម្មមានមូលពីរៗ ដែលសង្ឃ​បានធ្វើ ដល់​ភិក្ខុនោះ កម្មទាំង១៦នោះ ក៏ឈ្មោះថា កម្មប្រកបដោយធម៌ដែរ។ សូម្បីចក្កដែល​មានមូលមួយៗ ព្រះជិនស្រី ទ្រង់ត្រាស់ថា មិនប្រកបដោយធម៌ សង្ឃ (គិតគ្នាថា) ភិក្ខុនេះ ជាអ្នក​ធ្វើការបង្កហេតុ ហើយបានធ្វើ តជ្ជនីយកម្ម (ដល់ភិក្ខុនោះ) តែធ្វើកម្ម ជាពួក ​ទាំងមិនប្រកបដោយ​ធម៌ ភិក្ខុនោះក៏ចេញ​ទៅកាន់អាវាសដទៃ ឯភិក្ខុទាំងឡាយ ដែលនៅក្នុងអាវាសនោះ ក៏ព្រមព្រៀង​គ្នា តែមិនប្រកប​ដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់ភិក្ខុនោះទៀត (ភិក្ខុនោះ) ក៏ចេញទៅកាន់​អាវាស​ដទៃ ភិក្ខុទាំងឡាយ ដែលនៅក្នុងអាវាសដទៃ (នោះ) ជាពួក តែប្រកបដោយធម៌ ធ្វើតជ្ជនីយកម្ម ដល់​ភិក្ខុនោះទៀត ឯភិក្ខុទាំងឡាយនោះ ជាពួក ទាំងប្រកប​ដោយធម៌ប្លម ក៏មាន ព្រមព្រៀងគ្នា តែ​ប្រកប​ដោយធម៌ប្លម ក៏មាន បានធ្វើតជ្ជនីយកម្ម (ដល់ភិក្ខុនោះ) ដូចគ្នា បទទាំងឡាយនេះគឺ កម្ម​ព្រមព្រៀងគ្នា តែ​មិនប្រកបដោយធម៌ក្តី កម្មជាពួក តែប្រកប​ដោយធម៌ក្តី កម្មជាពួក​ ទាំង​ប្រកប​ដោយធម៌ប្លមក្តី កម្មព្រមព្រៀងគ្នា តែប្រកបដោយធម៌ប្លមក្តី (បទទាំងអម្បាលនេះ) អ្នកមាន​ប្រាជ្ញា គប្បីធ្វើឲ្យមានមូលមួយៗ ហើយចងឲ្យជាចក្ក។ សង្ឃធ្វើនិយស្សកម្ម ដល់ភិក្ខុល្ងង់ក្តី មិនឆ្លាសក្តី សង្ឃធ្វើ​បព្វាជនីយកម្ម ដល់ភិក្ខុដែលទ្រុស្ត​ត្រកូលក្តី សង្ឃធ្វើ បដិសារណីយកម្ម ដល់ភិក្ខុ ដែលជេរគ្រហស្ថក្តី ភិក្ខុណា មិនឃើញអាបត្តិក្តី មិនសំដែងអាបត្តិក្តី មិនលះបង់​ទិដ្ឋិអាក្រក់ចេញក្តី ព្រមបរមគ្រូ ជាសត្ថវាហៈ ទ្រង់សំដែង​នូវ ឧក្ខេបនីយកម្ម ដល់ភិក្ខុទាំងនោះ អ្នកមានប្រាជ្ញា គប្បីនាំទៅ គឺថា គប្បីធ្វើ តជ្ជនីយកម្ម ដល់ភិក្ខុទាំងឡាយ ដែលគួរ ដល់វិនយកម្ម ភិក្ខុដែលសង្ឃបានធ្វើកម្មហើយ ក៏ប្រព្រឹត្តដោយប្រពៃ ចំពោះវត្ត ដ៏សមគួរដល់​កម្មទាំង​អម្បាល​នោះ ហើយមកសូមការរម្ងាប់​កម្មទាំងនោះ (នឹងសង្ឃ) តាមន័យ​នៃកម្មឰដ៏ខាងក្រោយ សង្ឃដែល​ឋិតនៅ ក្នុងទីនោះ ជជែកគ្នា ក្នុងកម្មនោះៗក្តី ពុំនោះសោត ភិក្ខុទាំងឡាយណា និយាយថា កម្មឈ្មោះថា សង្ឃមិនបានធ្វើហើយ កម្មឈ្មោះថា សង្ឃធ្វើ​អាក្រក់​ហើយ កម្មសង្ឃត្រូវធ្វើ​ទៀតក្តី ភិក្ខុទាំងនោះ ឈ្មោះថា ធម្មវាទី ក្នុងការរម្ងាប់​នូវកម្ម (នោះ) ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ដ៏ប្រសើរ ទ្រង់​ឃើញភិក្ខុទាំងឡាយ ដែលមានវិបត្តិបៀតបៀនហើយ ជាភិក្ខុគួរដល់កម្ម ទើបទ្រង់សំដែង​ នូវ​វិធី​រម្ងាប់កម្ម ដូចជាពេទ្យមើលរបួស ប្រាប់នូវ​ឱសថដូច្នេះឯង។

កោសម្ពិក្ខន្ធកៈ

[១៤៤] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀប​ក្រុងកោសម្ពី។ វេលានោះឯង មានភិក្ខុមួយរូប ត្រូវអាបត្តិ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន ពួកភិក្ខុដទៃយល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ។ លុះកាលជា​ខាងក្រោយមក ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួក​ភិក្ខុដទៃ ត្រឡប់​យល់ឃើញអាបត្តិនោះ​ថា ជាអាបត្តិទៅវិញ។ គ្រានោះ ភិក្ខុទាំងនោះ បាននិយាយពាក្យ​នេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកបានឃើញអាបត្តិនុ៎ះ​ឬទេ។ ភិក្ខុនោះតបទៅវិញថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ។ វេលានោះ ភិក្ខុទាំង​នោះ បានសេចក្តីព្រមព្រៀងគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។ ឯភិក្ខុនោះ​សោត ក៏ជាពហុស្សូត (ជាអ្នកចេះដឹងច្រើន) ស្ទាត់ក្នុងបិដក ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តី​រអែង និងមានសេចក្តីស្រឡាញ់ក្នុងសិក្ខា។ លំដាប់នោះ ភិក្ខុនោះ ក៏បានចូលទៅរកពួកភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះ​មិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ ដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មាន​អាយុ​ទាំងឡាយ សូមលោក​ទាំងឡាយ មកជាបក្ខពួករបស់ខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុ ដែលជាមិត្តគ្រាន់តែ​ឃើញគ្នា និងមិត្តដ៏មាំមួន មកជាបក្ខពួកឡើង។ មិនតែប៉ុណ្ណោះ ភិក្ខុនោះ ក៏បញ្ជូនបម្រើ ទៅក្នុង​សំណាក់​ពួកភិក្ខុ ដែលជាមិត្តគ្រាន់តែបាន​ឃើញគ្នា និងមិត្តដ៏មាំមួន ដែល​នៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវ​អាបត្តិ ជាភិក្ខុឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្ត​មិនបានទេ សង្ឃ​បាន​លើក​វត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុ​ឡើយ សូមអស់លោកដ៏មានអាយុទាំងឡាយ មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែបាន​ឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅ​ក្នុងជនបទ មកជាបក្ខពួកឡើង។ គ្រានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្តនោះ បានចូល​ទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹង​ពួកភិក្ខុ​លើកវត្ត​ថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥត​ត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃ​លើកវត្តមិនបានទេ សង្ឃលើកវត្ត​ភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុឡើយ។ កាលបើ​ភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ពួកភិក្ខុអ្នកលើកវត្ត បាននិយាយពាក្យនេះ នឹងពួក​ភិក្ខុអ្នក​ប្រព្រឹត្តតាមភិក្ខុដែល​សង្ឃលើកវត្តវិញថា នែអាវុសោ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិន​ត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តបានហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃលើកវត្ត ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់​ហេតុហើយ បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អស់លោក​កុំប្រព្រឹត្តតាម កុំតាមចោមរោម​ភិក្ខុ ដែលសង្ឃបានលើកវត្តនេះឡើយ។ ឯពួក​ភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃ​លើកវត្តនោះ កាលបើពួក​ភិក្ខុអ្នកលើកវត្តនិយាយ យ៉ាង​នេះ​ហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃ​បានលើកវត្ត​ហើយនោះដដែល។

[១៤៥] គ្រានោះ មានភិក្ខុ១រូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះ លុះអង្គុយ​នៅក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុង​ទីនេះ មានភិក្ខុ១រូប ត្រូវអាបត្តិហើយ ភិក្ខុនោះ បានយល់ឃើញអាបត្តិនោះ ថាជាអាបត្តិ​មែន តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិ លុះកាលជា​ខាងក្រោយ ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួក​ភិក្ខុដទៃ ត្រឡប់​យល់ឃើញ​អាបត្តិនោះ​ថា ជាអាបត្តិទៅវិញ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងវេលានោះឯង ភិក្ខុទាំងឡាយនោះ និយាយពាក្យ​នេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកឃើញអាបត្តិនុ៎ះ​ឬទេ ភិក្ខុនោះឆ្លើយថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ សូមទ្រង់ព្រះមេត្តា​ប្រោស គ្រានោះ ភិក្ខុទាំង​នោះ បានសេចក្តីសាមគ្គីគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះ​មិន​ឃើញ​អាបត្តិ សូមទ្រង់ព្រះមេត្តាប្រោស ឯភិក្ខុនោះ​សោត ក៏ជាពហុស្សូត ស្ទាត់ក្នុងបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តី​រអែង មានសេចក្តីស្រឡាញ់ក្នុងសិក្ខា សូមទ្រង់ព្រះមេត្តាប្រោស គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែឃើញគ្នា និងមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះ​មិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុ​ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន មកជាបក្ខពួកឡើង មិនតែប៉ុណ្ណោះ ភិក្ខុនោះ បានបញ្ជូនបម្រើ ទៅក្នុង​សំណាក់​ពួកភិក្ខុ ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែល​សង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃ​បាន​លើក​វត្តខ្ញុំ ដោយកម្ម​មិន​ប្រកប​​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ សូមអស់លោកដ៏មានអាយុ មក​ជា​បក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅ​ក្នុងជនបទ មកជាបក្ខពួកឡើង សូមទ្រង់​ព្រះមេត្តាប្រោស វេលានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្តនោះ បានចូល​ទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹង​ពួកភិក្ខុអ្នក​លើកវត្ត​ថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃ​លើកវត្តមិនបានទេ សង្ឃបានលើកវត្ត​ភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុ សូមទ្រង់ព្រះមេត្តា​ប្រោស កាលបើ​ភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ឯពួកភិក្ខុអ្នកលើកវត្ត ក៏និយាយពាក្យនេះ នឹងពួក​ភិក្ខុអ្នក​ប្រព្រឹត្តតាមភិក្ខុ ដែល​សង្ឃលើកវត្ត យ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិន​ត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ សង្ឃបានលើកវត្ត​ភិក្ខុនេះ ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់​ហេតុហើយ បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អស់លោក​កុំប្រព្រឹត្តតាម កុំតាមចោមរោម​ភិក្ខុ ដែល​សង្ឃ​បាន​លើកវត្តនេះឡើយ សូមទ្រង់ព្រះមេត្តាប្រោស ក៏ពួក​ភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើក​វត្តនោះ កាលបើពួក​ភិក្ខុ អ្នកលើកវត្ត និយាយយ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាម​ចោមរោម​ភិក្ខុ ដែលសង្ឃ​បានលើកវត្ត​នោះដដែល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ ទើបទ្រង់ក្រោកចាកអាសនៈ ហើយយាង​ចូលទៅ​រកពួកភិក្ខុអ្នកលើកវត្ត លុះយាងចូលទៅដល់ហើយ ក៏ទ្រង់​គង់លើអាសនៈ ដែលគេរៀបចំក្រាល​ថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ក៏មានព្រះពុទ្ធដីកា នឹងពួកភិក្ខុអ្នកលើកវត្ត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំសំគាល់ភិក្ខុ ដែលសង្ឃគប្បីលើកវត្ត ព្រោះ​ហេតុណាមួយថា ការនេះប្រាកដដល់យើងហើយ ការនេះប្រាកដដល់យើងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​ស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ យើងនឹងមិនធ្វើ​ឧបោសថ ជាមួយនឹង​ភិក្ខុនេះ យើងវៀរលែងភិក្ខុនេះចេញ ទើបធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការ​លើកវត្ត​ភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរ​នឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់​ឃើញ​អាបត្តិនោះថា ជាអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​ស្រឡាញ់ក្នុងសិក្ខា បើយើងនឹង​លើកវត្ត​ភិក្ខុនេះ ព្រោះមិនឃើញនូវអាបត្តិហើយ យើងមុខជាមិនបវារណា ជាមួយនឹងភិក្ខុនេះ តែយើង​វៀរ​លែងភិក្ខុនេះចេញ ហើយបវារណា យើងមុខជានឹង​មិនធ្វើសង្ឃកម្ម ជាមួយ​នឹងភិក្ខុនេះដែរ​ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយធ្វើសង្ឃកម្ម យើងមុខជានឹងមិនអង្គុយ​លើអាសនៈ ជាមួយនឹង​ភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយ​លើអាសនៈ យើងមុខ​ជានឹងមិនអង្គុយនៅក្នុងទីឆាន់​បបរ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយអង្គុយនៅក្នុងទីឆាន់បបរ យើងមុខ​ជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយអង្គុយក្នុងរោងភត្ត យើងមុខ​ជានឹងមិននៅក្នុងទីដែល​មានដម្បូលមួយ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយនៅក្នុងទីដែល​មានដម្បូល​មួយ យើងមុខ​ជានឹងមិនធ្វើអភិវាទនកម្ម [ការថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន។] បច្ចុដ្ឋានកម្ម [ការគោរព ដោយកិរិយាក្រោកទទួល] អញ្ជលិកម្ម [ការគោរព ដោយ​ការ​ប្រណម្យ​ដៃ។] និងសាមីចិកម្ម [ការកោតក្រែង] តាមលំដាប់ចាស់ ជាមួយ​នឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​លំដាប់​ចាស់​ខ្ចី (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹង​មាន​ដល់​សង្ឃ ព្រោះការ​លើកវត្ត​ភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរ​នឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ បានសំដែងសេចក្តីនុ៎ះ ដល់ពួកឧក្ខេបកភិក្ខុរួចហើយ ក៏ទ្រង់ក្រោកចាក​អាសនៈ ហើយ​យាង​ចូលទៅរក​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ លុះយាងចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេ​រៀបចំថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា​ទៅនឹង​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវអាបត្តិហើយ កុំសំគាល់​អាបត្តិថា ខ្លួនមិនត្រូវសំដែង ដោយគិតថា យើងមិនត្រូវអាបត្តិទេ យើងមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះ ថាជាអនាបត្តិ តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា អស់លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មាន​ការប្រាថ្នាក្នុងសិក្ខា មិនគួរនឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុ​ពួកបុគ្គលដទៃឡើយ បើភិក្ខុទាំងនេះ នឹងលើកវត្ត​​អាត្មាអញ ព្រោះមិនឃើញអាបត្តិហើយ មុខជានឹងមិនធ្វើឧបោសថ ជាមួយនឹង​អាត្មាអញទេ តែភិក្ខុទាំងនោះ វៀរលែងអាត្មាអញ ហើយធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការ​លើកវត្ត​អាត្មាអញនោះ ជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ គួរ​តែសំដែងអាបត្តិនោះចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ តែពួកភិក្ខុដទៃ យល់​ឃើញ​អាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​នោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា លោកដ៏មានអាយុទាំង​នេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុងសិក្ខា មិនគួរ​នឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុ​អាត្មាអញ ឬព្រោះហេតុពួក​ភិក្ខុដទៃឡើយ បើភិក្ខុទាំងនេះ នឹង​លើកវត្តអាត្មាអញ ព្រោះ​មិន​ឃើញ​អាបត្តិហើយ មុខជានឹងមិនបវារណា ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយបវារណា មុខជានឹង​មិនធ្វើសង្ឃកម្ម ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយធ្វើសង្ឃកម្ម មុខជានឹងមិនអង្គុយ​លើអាសនៈ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយ​លើអាសនៈ មុខ​ជានឹងមិនអង្គុយក្នុងទីឆាន់​បបរ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយក្នុងទីឆាន់បបរ មុខ​ជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយក្នុងរោងភត្ត មុខ​ជានឹងមិននៅក្នុងទី​មាន​ដម្បូលមួយ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយនៅក្នុងទី​មានដម្បូល​មួយ មុខ​ជានឹងមិនធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​លំដាប់​ចាស់​ខ្ចី (នោះ) សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ព្រោះហេតុតែអាត្មាអញនោះ មុខជានឹងមានដល់សង្ឃមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃហើយ ត្រូវតែសំដែង​អាបត្តិនោះ​ចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ ដល់​ពួកភិក្ខុ អ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តហើយ ក៏ទ្រង់​ក្រោកចាកអាសនៈ យាងចេញទៅ។

[១៤៦] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត ក៏នៅតែធ្វើ​ឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល។ ចំណែកខាងពួកភិក្ខុអ្នកលើកវត្ត ក៏ទៅធ្វើ​ឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញ។ វេលានោះ មានភិក្ខុអ្នកលើកវត្ត១រូប ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ ធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាង​យើង​ខ្ញុំព្រះអង្គ ដែលជា ឧក្ខេបកភិក្ខុ ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្ត​ទាំងនោះ នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគតបានបញ្ញត្តហើយ កម្មរបស់ភិក្ខុទាំងនោះ ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ម្នាលភិក្ខុ បើអស់អ្នកជាឧក្ខេបកភិក្ខុ (ភិក្ខុ​អ្នកលើកវត្ត) នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត បានបញ្ញត្តហើយ កម្មរបស់អ្នកទាំងឡាយនោះសោត ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ហេតុអ្វី បានជាតថាគត ពោល​យ៉ាងនេះ។ ម្នាលភិក្ខុ ព្រោះភិក្ខុទាំងនោះ មានសំវាសផ្សេងៗ អំពីអ្នកទាំងឡាយ ចំណែកខាង​អ្នក​ទាំងឡាយ ក៏មានសំវាសផ្សេងគ្នា អំពី​ភិក្ខុទាំងនោះដែរ។ ម្នាលភិក្ខុ ឯភូមិរបស់ភិក្ខុ មានសំវាស​ផ្សេងគ្នានេះ មាន២យ៉ាង គឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាស​ផ្សេងគ្នាដោយខ្លួនឯង១ សង្ឃព្រមព្រៀង​គ្នា លើកវត្ត​ភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ ឬមិនបានសំដែង​អាបត្តិ ឬមិនបានលះបង់ទិដ្ឋិ​អាក្រក់​ចេញ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសផ្សេងគ្នា មាន២យ៉ាងនេះឯង។ ម្នាលភិក្ខុ ភូមិ​របស់​ភិក្ខុដែលមានសំវាសស្មើគ្នានេះ មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាស​ស្មើគ្នា ដោយខ្លួន​ឯង១ សង្ឃព្រមព្រៀង​គ្នា ធ្វើឱសារណាកម្ម (លើកលែងទោស) ភិក្ខុដែលសង្ឃបានលើកវត្តហើយ ព្រោះមិនឃើញអាបត្តិ ឬមិនសំដែង​អាបត្តិ ឬមិនបានលះបង់ទិដ្ឋិ​អាក្រក់​ចេញនោះ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុ ដែលមានសំវាសស្មើគ្នា មាន២យ៉ាងនេះឯង។

[១៤៧] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែង​កាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះ​ផ្ទះ។ មនុស្សទាំងឡាយ ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹងកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការ​ប៉ះពាល់​ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ ភិក្ខុទាំងឡាយ ក៏បានឮសំដីមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ មិនសមបើនឹងកើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ​សោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុ កើត​សេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះ​ពាល់​ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះ​ផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ការនោះ​ពិតមែនព្រះអង្គ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចមិនប្រកបដោយធម៌ កំពុងតែពោលវាចា មិនជាទីរីករាយរកគ្នា អ្នកទាំងឡាយ មិនគប្បី​អង្គុយលើអាសនៈ ដោយគិតថា យើងសំដែងនូវកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះ​ពាល់ ដោយដៃ មិនសមគួរ​ដល់គ្នានឹងគ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចប្រកបដោយធម៌ កំពុងតែពោលវាចា ជាទីរីករាយរកគ្នា អ្នកទាំងឡាយ គួរ​អង្គុយលើអាសនៈឃ្លាតពីគ្នា។

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ។ ភិក្ខុទាំងនោះ មិនអាច​នឹងរម្ងាប់​អធិករណ៍នេះបានឡើយ។ គ្រានោះ មានភិក្ខុ១រូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សេចក្តីព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ មានពួកភិក្ខុ កើត​សេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ ភិក្ខុទាំងនោះ មិនអាច​នឹង​រម្ងាប់​អធិករណ៍នោះ​បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ យាងទៅជួបនឹង​ភិក្ខុទាំងនោះ ដោយសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយភាវៈស្ងៀម​នៅ។ វេលានោះ ព្រះមានព្រះភាគ ក៏យាងទៅជួបនឹងភិក្ខុទាំងនោះ លុះយាង​ចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់​ទៅនឹងភិក្ខុទាំងនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តីឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់​ផ្សេងៗគ្នា កុំធ្វើសេចក្តី​វិវាទគ្នា។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ក៏ស្រាប់តែមានភិក្ខុ១រូប ជាអធម្មវាទី ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់មានសេចក្តី​ខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តី​វិវាទគ្នានេះមិនខាន។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះ ជាគំរប់​ពីរដងទៀតថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើ​សេចក្តី​ឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់​ផ្សេងៗគ្នា កុំធ្វើសេចក្តី​វិវាទគ្នា។ ភិក្ខុជាអធម្មវាទីនោះ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​ដ៏​មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ មានសេចក្តី​ខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តី​ប្រកាន់​ផ្សេងៗ​គ្នា ដោយសេចក្តី​វិវាទគ្នានេះមិនខានទេ។

រឿងទីឃាវុកុមារ

[១៤៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានសេ្តចក្នុងដែនកាសី ក្រុងពារាណសី ទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌។ មានស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិ ជាស្តេច​កំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង និងជង្រុកមិនបានបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានរៀបចំពួកសេនាប្រកបដោយអង្គ៤ លើកចេញទៅច្បាំង នឹងស្តេច​ទីឃីតិ​កោសល។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ បានឮដំណឹងថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត រៀបចំពួកសេនា ប្រកបដោយអង្គ៤ លើកចេញមកច្បាំង​នឹងអាត្មាអញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចដែនកោសល ព្រះនាម​ទីឃីតិ ទ្រង់​ព្រះតម្រិះយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យ​ច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង​ និងជង្រុកដ៏បរិបូណ៌ ឯអាត្មាអញសោត ក៏ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មាន​ពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង​ និងជង្រុកមិនបរិបូណ៌ អាត្មាអញ នឹងអាច​ដើម្បីតទល់ ​នឹងស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត សូម្បីតែម្តង ក៏មិនបាន បើដូច្នោះ គួរតែ​អាត្មាអញ លបរត់ចេញ ទៅពីក្រុងជាមុន ឲ្យហើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏នាំមហេសី លបរត់ចេញទៅ ពីក្រុងជាមុន។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដណ្តើមយកពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក របស់ស្តេច ​ក្នុងដែនកោសល ព្រះនាមទីឃីតិ ហើយក៏គ្រប់គ្រង​រក្សា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី យាងចេញ​ទៅឯក្រុង ពារាណសី ក៏បានទៅដល់ក្រុង​ពារាណសី ដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ បានឮមកថា ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ក្លែងភេទរបស់ខ្លួន មិនឲ្យ​បុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ជា បរិព្វាជក ហើយក៏នៅ​អាស្រ័យ​ក្នុងផ្ទះស្មូនឆ្នាំង ក្នុងឱកាសមួយ ជាទីបំផុត​ ក្រុងពារាណសីនោះឯង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ មិនយូរ​ប៉ុន្មាន ក៏ទ្រង់គភ៌។ ឯព្រះមហេសីនោះ ក៏កើតមានចំណង់ មានសភាពយ៉ាងនេះ គឺព្រះនាង ចង់ឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី មានផែនដីរាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់សោយទឹក ដែលគេលាង​ព្រះខាន់១។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏បានក្រាបទូល​ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់​មានគភ៌ហើយ ឯខ្ញុំម្ចាស់ កើតមានចំណង់​ មានសភាពយ៉ាងនេះ គឺខ្ញុំម្ចាស់​ ចង់ឃើញ​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ ក្នុងទីមាន​ផែនដី​រាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់ផឹកទឹក ដែលគេលាង​ព្រះខាន់១។ ស្តេចនោះ ទ្រង់ត្រាស់តប​ទៅ​វិញ​ថា នែនាងទេវី បើយើងជាអ្នកកំសត់ម្ល៉េះ តើនឹងទៅរកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅ​ក្នុងទីមានផែនដីរាបស្អាត និងទឹក ដែលគេលាង​ព្រះខាន់បានមកពីណា។ ព្រះនាងទេវីទូលតបថា បពិត្រព្រះសម្មតិទេព បើខ្ញុំម្ចាស់មិនបានគ្រឿង​ទាំង​នោះទេ ខ្ញុំម្ចាស់​មុខជានឹងស្លាប់មិនខាន។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មាន​ព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច​ក្នុង ដែនកាសី ព្រះនាមព្រហ្មទត្ត ជាសំឡាញ់​នឹងស្តេច ក្នុងដែនកោស ឈ្មោះទីឃីតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងចូលទៅរកព្រាហ្មណ៍ ជាបុរោហិត​របស់ ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅ​ដល់​ហើយ ទ្រង់ត្រាស់ទៅនឹងព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា នែសំឡាញ់ ឥឡូវ ស្រីជាសំឡាញ់​របស់​អ្នក មានគភ៌ហើយ ឯចំណង់របស់នាងនោះ កើតឡើងបែបនេះ គឺនាងនោះ ចង់តែឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿង​ប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី ​មានផែន​ដី​រាបស្អាត ក្នុងវេលាព្រះអាទិត្យរះឡើង និងចង់ផឹកទឹក ដែលគេលាង​ព្រះខាន់។ ឯព្រាហ្មណ៍​បុរោហិត ទូលតបវិញថា សូមទ្រង់ព្រះមេត្តា​ប្រោស បើដូច្នោះ យើងខ្ញុំ ចង់ឃើញ​ព្រះនាងទេវី​ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ចូល​ទៅរកព្រាហ្មណ៍ ជាបុរោហិតរបស់ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍ ជាបុរោហិតរបស់​ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត បានឃើញមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ក្រោកចាកអាសនៈ ហើយធ្វើសំពត់សម្រាប់​បង្ក លើស្មាម្ខាង រួចប្រណម្យ​អញ្ជលីឡើង ចំពោះមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ហើយបន្លឺឡើងនូវឧទាន ៣ដងថា អើហ្ន៎ ស្តេចក្នុងដែន កោសល បានមកឋិតនៅ ក្នុងផ្ទៃហើយ អើហ្ន៎ ស្តេច​ក្នុងដែនកោសល បានមកឋិត​នៅក្នុងផ្ទៃហើយ បពិត្រព្រះនាងទេវី ព្រះនាងកុំព្រួយ​ព្រះទ័យឡើយ លុះវេលាព្រះអាទិ្យ​រះឡើងហើយ ព្រះនាងមុខជានឹងបានឃើញ​ពួកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅក្នុងទី មានផែនដីរាប​ស្អាត​ផង បានសោយ​ទឹក ដែលគេលាងព្រះខាន់ផង មិនខានឡើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ព្រាហ្មណ៍ជាបុរោហិត របស់ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានចូលទៅគាល់​ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស និមិត្តទាំងឡាយ ក៏ប្រាកដដូច្នេះ កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាថ្ងៃស្អែកហើយ សូមឲ្យពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅលើទីមានផែនដី​រាបល្អផង សូមឲ្យ​ជនទាំងឡាយ លាងនូវព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏បានត្រាស់បង្គាប់ ទៅពួកមនុស្សថា នែនាយទាំងឡាយ ព្រាហ្មណ៍​ជាបុរោហិត បានបង្គាប់យ៉ាងណា ក៏អស់អ្នករាល់គ្នា ចូរធ្វើយ៉ាងនោះកុំខាន។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ព្រះអាទិត្យរះឡើងហើយ ឯមេហសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរនៅ​លើទីមាន​ផែនដី​រាបល្អផង បានសោយទឹក ដែលគេលាងព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ លុះមានគភ៌ចាស់ហើយ ក៏ទ្រង់​ប្រសូត​ព្រះរាជបុត្រ​មក។ ព្រះមាតាបិតា ទ្រង់ប្រទាននាម កុមារនោះថា ទីឃាវុ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ មិនយូរប៉ុន្មាន ក៏បានដល់នូវការដឹងក្តី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច​ក្នុងដែនកោស ព្រះនាមទីឃីតិ ទ្រង់រិះគិតយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ឈ្មោះ​ព្រហ្មទត្ត​នេះ បានធ្វើសេចក្តីវិនាស ដល់យើងជាច្រើន ទាំងពួកពលផង ពាហនៈផង ជនបទផង ឃ្លាំងផង ជង្រុកផង របស់យើង ស្តេចនេះ ក៏រឹបជាន់យកអស់ ប្រសិនបើ​ស្តេចនេះ ជ្រាបដំណឹងយើងហើយ មុខជានឹងឲ្យមនុស្ស​សម្លាប់យើងទាំងបីនាក់ មិនខានឡើយ បើដូច្នោះហើយ គួរអាត្មាអញ ឲ្យ​ទីឃាវុកុមារ ចេញទៅនៅក្រៅក្រុងវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បានឲ្យទីឃាវុកុមារ ចេញទៅនៅខាងក្រៅក្រុង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ កាលនៅខាងក្រៅក្រុង មិនយូរប៉ុន្មាន ក៏បានសិក្សា ចេះដឹងនូវសិល្បសាស្ត្រសព្វ​គ្រប់។

[១៥០] ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង នាយខ្មាន់ព្រះកេស របស់ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ នៅអាស្រ័យ ក្នុងសំណាក់ស្តេច ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ នាយខ្មាន់ព្រះកេស របស់ស្តេច​ ក្នុងដែនកោសល ព្រះនាមទីឃីតិ បានឃើញ​ស្តេច​ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់ខ្លួន ​មិនឲ្យ​បុគ្គល​ដទៃ​ស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅអាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាសមួយ ជាទីបំផុត ក្រុងពារាណសី លុះបានឃើញហើយ ក៏បានចូលទៅគាល់ស្តេច ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសី ធ្វើភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅ​អាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាស មួយជាទីបំផុត ក្រុងពារាណសី ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ទ្រង់បង្គាប់ ពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ របស់ស្តេចក្នុងដែន​កាសី ព្រះនាម​ព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ព្រះអង្គ ហើយក៏ទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់បង្គាប់ ទៅពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរនាំគ្នាចាប់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ចងឲ្យមានដើមដៃ ទៅខាងក្រោយ [គឺចងស្លាបសេក បណ្តើរ​អាក្រោស។] ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ រួច (ត្រូវទូង) ស្គរ ដែលមាន​សំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារ​ខាងត្បូង ហើយកាប់​ជា៤កំណាត់ កប់ទៅក្នុងរណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូងនៃក្រុង។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏នាំគ្នាចាប់ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ឲ្យមានដើមដៃទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញហើយ (ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង រួចនាំបណ្តើរជុំវិញសព្វ​ច្រកសព្វផ្លូវត្រឡែងកែង។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ ខានឃើញមាតាបិតាយូរណាស់ហើយ បើដូច្នោះ គួរតែអាត្មាអញ ទៅមើល​មាតាបិតាបានម្តងសិន។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅក្រុង​ពារាណសីហើយ ក៏បានឃើញមាតាបិតា ដែលគេកំពុងតែចងស្លាបសេក ជាប់ដោយខ្សែ​ដ៏មាំ កោរក្បាល​ឲ្យរលីងចេញ (ទូង)ស្គរ ដែលមានសំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង លុះឃើញហើយ ក៏ចូលទៅរកមាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ទ្រង់ទតទៅឃើញ ទីឃាវុកុមារ មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ​តែងរម្ងាប់ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចនោះ មានព្រះឱង្ការ​ យ៉ាងនេះហើយ ពួកមនុស្សទាំងនោះ ក៏ពោលពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម​ទីឃីតិថា ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិនេះឆ្កួត និយាយផ្តេសផ្តាសទេតើ នរណា​ឈ្មោះ ទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយទៅនឹង​នរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់​ដោយការ​ចង​ពៀរ​ទេ នែទីឃាវុកូន នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​ទីឃីតិនោះតបទៅវិញថា នែនាយ យើងមិនមែនឆ្កួត និយាយផ្តេសផ្តាសទេ បើនរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការទៅនឹងទីឃាវុកុមារ ជាគំរប់​ពីរដងផង។បេ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ ជាគំរប់បីដងផង យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែល​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ ​ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងនោះ ក៏បាននិយាយពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិ ជាគំរប់បីដងទៀតថា ស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិនេះឆ្កួត និយាយ​ផ្តេសផ្តាសទេតើ នរណាឈ្មោះទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយ​ទៅនឹងនរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិន​ដែល​​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​នោះ ទ្រង់តបទៅវិញថា នែនាយ យើងមិនមែន​ជាមនុស្សឆ្កួត និយាយផ្តេសផ្តាសទេ ប៉ុន្តែបើ​នរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មនុស្ស​ទាំងនោះ ក៏នាំបណ្តើរ​ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ទៅសព្វច្រក សព្វផ្លូវត្រឡែងកែង ហើយចេញទៅតាមទ្វារ​ខាងត្បូង ហើយកាត់ខ្លួន ជា៤កំណាត់ រួចកប់ក្នុង​រណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូង នៃព្រះនគរ ហើយទុកពួកពល (ឲ្យនៅថែទាំ) រួចថយចេញ​ទៅ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅកាន់ក្រុងពារាណសី ហើយក៏នាំយក​សុរាមកបំផឹកពួកពល (ទាំងនោះ)។ ពួកពលទាំងនោះ ស្រវឹងដួលដេកទៅ​កាលណា ទីឃាវុកុមារ ក៏ប្រមូលកំណាត់ឈើ ហើយលើកសរីរៈមាតាបិតា ដាក់លើជើងថ្ករ រួចបូជាភ្លើង ហើយផ្គង​អញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ។ ម្នាលភិក្ខុទាំងឡាយ ចួនជាពេល​នោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរឰដ៏ខាងលើ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត បានទតឃើញទីឃាវុកុមារ កំពុង​តែផ្គង​អញ្ជលី ធ្វើប្រទក្សិណជើង​ថ្ករ៣ជុំ លុះឃើញហើយ ក៏ទ្រង់ត្រិះរិះយ៉ាងនេះថា មនុស្សនោះ ច្បាស់ជាញាតិ ឬជាសាលោហិត របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិហើយ ឱហ្ន៎ សេចក្តី​វិនាស (ព្រោះបុរសនេះ គង់នឹង​មាន) ដល់អាត្មាអញ មិនសមបើ គ្មាននរណាមួយ ប្រាប់អាត្មាអញ​សោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ ទៅឯព្រៃ ហើយខ្សឹកខ្សួល ទួញយំអស់​ចិត្ត រួចជូតទឹកភ្នែកហើយ ត្រឡប់​ចូលទៅក្នុង ក្រុងពារាណសីវិញ ក៏ទៅឯរោងដំរី ទៀបព្រះរាជវាំង ហើយនិយាយពាក្យនេះ នឹងហ្មដំរីថា នែអ្នកហ្មដំរី ខ្ញុំចង់រៀនសិល្បៈ (អំពីអ្នក តើបានឬទេ)។ ឯហ្ម​ដំរីនោះ និយាយតបថា នែនាយមាណព បើដូច្នោះ ចូរអ្នករៀនចុះ។​ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ស្រែកច្រៀង ដោយសំឡេង​ដ៏ពីរោះ ហើយដេញពិណ​ផង ក្នុងរោងដំរី។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានទ្រង់​ព្រះសណ្តាប់​​ចម្រៀង និងពិណ ដែលទីឃាវុកុមារ ក្រោកឡើងក្នុង​បច្ចូសសម័យ នៃរាត្រី ហើយច្រៀង ប្រកបដោយសំឡេង​យ៉ាងពីរោះ ក្នុងរោងដំរី លុះទ្រង់​ព្រះសណ្តាប់រួចហើយ ក៏ទ្រង់​ត្រាស់សួរមនុស្សទាំងឡាយថា នែនាយ នរណាក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀង ដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី។ មនុស្សទាំងនោះ ក្រាបទូលថា សូម​ទ្រង់​​ព្រះមេត្តាប្រោស មាណព ជាកូនសិស្ស របស់ហ្មដំរី​ឯណោះ ក្រោកឡើង ក្នុងបច្ចូសសម័យ នៃ​រាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញ​ពិណផង ក្នុងរោងដំរី។ ស្តេចនោះ ទ្រង់​ត្រាស់​ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំមាណព​នោះមក។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំង​នោះ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តដោយពាក្យថា ព្រះករុណា​វិសេស ហើយក៏ទៅនាំ ទីឃាវុកុមារមក។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព អ្នក​ឯងក្រោកឡើង ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី មែនឬ។ ទីឃាវុកុមារ ក្រាបទូលថា ព្រះករុណាវិសេស។ ស្តេចនោះ ទ្រង់ត្រាស់ថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងច្រៀង ហើយដេញពិណ ឲ្យយើងស្តាប់មើល។ ម្នាលភិក្ខុ​ទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់ព្រះឱង្ការស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយចង់ឲ្យស្តេចប្រោសប្រាណ ទើបស្រែកច្រៀង ដោយ​សំឡេងដ៏ពីរោះ ហើយដេញពិណផង។ ម្នាលភិក្ខុទាំងឡាយ ខណនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា​ នែនាយមាណព ចូរអ្នកឯង នៅបម្រើយើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ក៏ទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក៏បាន​ក្រោក​មុន ដេកក្រោយ និងទទួលស្តាប់បង្គាប់ការអ្វីៗ ប្រព្រឹត្ត គួរជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ដល់​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មិនយូរប៉ុន្មាន ក៏បានតាំង ទីឃាវុកុមារ ក្នុងទីជាអ្នកស្និទ្ធស្នាលខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នក​ទឹមរាជរថមក យើងនឹងទៅកាន់​ទីប្រពាធម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏​រៀប​ទឹមរាជរថ រួចក្រាបទូល​​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឯរាជរថ​របស់​ព្រះអង្គ ខ្ញុំព្រះអង្គទឹមរួចស្រេចហើយ សូមព្រះអង្គ ទ្រង់ជ្រាបកាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ឡើង​គង់លើរាជរថ ទីឃាវុកុមារ ក៏បររាជរថទៅ។ ពួកសេនាដើរទៅតាមផ្លូវឯទៀត ទីឃាវុកុមារ ជាអ្នក​បររាជរថ ក៏បរ​ទៅតាមផ្លូវឯទៀត បែកផ្សេងពីគ្នា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត យាងទៅដល់ទីឆ្ងាយ ហើយទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងដាក់រាជរថសិន ដ្បិតយើងនឿយព្រួយលំបាក យើងនឹងដេកសម្រាកបន្តិចសិន។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ដាក់រាជរថ​ចេញ អង្គុយពែនភ្នែនលើផែនដី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏ទ្រង់ផ្ទំកើយព្រះសីសៈ លើភ្លៅទីឃាវុកុមារ។ ស្តេចនោះ នឿយព្រួយលំបាក ទ្រង់ផ្ទំលក់​មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មាអញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង នឹងជង្រុក របស់អាត្មាអញ ស្តេចនេះ រឹបជាន់យក​អស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេច​នេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ចេញពីស្រោម។ ម្នាលភិក្ខុទាំង​ឡាយ វេលានោះ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ​ ជាគំរប់ពីរដងទៀត។បេ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់​បីដងទៀត យ៉ាងនេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មា​អញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក របស់អាត្មាអញ ស្តេចនេះរឹបជាន់យកអស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេចនេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ ចេញពីស្រោម (ម្តងទៀត)។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់បីដងទៀត យ៉ាងនេះថា បិតា​បាន​ផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក៏តើនឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ទីឃាវុកុមារទូលសួរស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុអ្វី​ បានជាព្រះអង្គទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយតើនឡើងភ្លាម។ ស្តេចនោះតបវិញថា នែនាយមាណព ព្រោះ​យើងយល់សប្តិ (ថាដូចជា) ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ឈ្មោះទីឃីតិ លើក​ព្រះខាន់ឡើង គម្រាមយើងក្នុងទីនេះ ព្រោះហេតុនោះ បានជាយើងភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក្រោកឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ យកដៃ​ខាងឆ្វេង ចាប់សង្កត់​ព្រះសីសៈ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ហើយយកដៃខាងស្តាំ ហូតព្រះខាន់ រួច​និយាយ​ពាក្យនេះ នឹងស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តថា នែព្រះអង្គ ខ្លួនខ្ញុំឯងហើយ ដែលឈ្មោះ ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រះអង្គបានធ្វើសេចក្តី​វិនាស ជាច្រើនដល់ខ្ញុំ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុករបស់ខ្ញុំ ព្រះអង្គ ក៏រឹបជាន់​យកអស់ ម្យ៉ាងទៀត ទាំងមាតាបិតា របស់ខ្ញុំ ព្រះអង្គក៏សម្លាប់ចោលអស់ វេលានេះ គួរ​ខ្ញុំសង​ពៀរ​ដល់​ព្រះអង្គវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ឱន​ព្រះសីរ្ស ក្រាបទៀបជើង ទីឃាវុកុមារ ហើយមានព្រះឱង្ការ​ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិតដល់យើងផង នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិត​ដល់យើងផង។ ទីឃាវុកុមារ តបវិញថា ខ្ញុំនឹងអាចថ្វាយជីវិត​ព្រះអង្គ ដូចម្តេចបាន គួរតែព្រះអង្គ​ប្រទាន​ជីវិត មកខ្ញុំវិញ។ ស្តេចនោះ ទ្រង់ត្រាស់ថា នែទីឃាវុកូន បើដូច្នោះ អ្នកឯងចូរឲ្យជីវិត​ដល់​យើងចុះ យើងក៏ឲ្យជីវិត ដល់អ្នកឯងវិញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត និងទីឃាវុកុមារ បានឲ្យជីវិត​គ្នា ទៅវិញទៅមក ហើយបានទាំងចាប់ដៃគ្នាផង ធ្វើសម្បថផង ដើម្បីមិនឲ្យមានរឿងប្រទូស្តគ្នា តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន បើដូច្នោះ ចូរអ្នកទឹមរាជរថចុះ យើងនឹងត្រឡប់​ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ទឹមរាជរថ រួចក្រាបទូល​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឯរាជរថ របស់ព្រះអង្គ ខ្ញុំព្រះអង្គ ទឹមរួចស្រេចហើយ សូម​ព្រះអង្គ ទ្រង់ជ្រាប​កាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងឡើង​គង់លើរាជរថ ឯទីឃាវុកុមារ ក៏បររាជរថទៅ។ មិនយូរ​ប៉ុន្មាន ទីឃាវុកុមារ ក៏បររាជរថទៅជួបនឹង​ពួកសេនា ដែលទៅតាមផ្លូវផ្សេងពីគ្នានោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងចូលទៅ ក្រុងពារាណសី ហើយទ្រង់ប្រជុំពួកអមាត្យ ជាបរិសទ្យរួចហើយ ទ្រង់មានព្រះឱង្ការ​ យ៉ាងនេះ​ថា នែនាយ ប្រសិនបើអ្នកទាំងឡាយ បានឃើញទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ឈ្មោះ​ទីឃីតិហើយ តើគួរធ្វើ ទីឃាវុកុមារ នោះដូចម្តេច។ អមាត្យទាំងឡាយ ក៏ក្រាបទូល​ដោយពួកៗ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ដៃចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ទាំងដៃ ទាំងជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ត្រចៀក​ចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំគួរតែកាត់ទាំងត្រចៀក ទាំងច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ក្បាលចេញ។ ស្តេចនោះ ទ្រង់ប្រាប់ថា នែនាយទាំងឡាយ បុរសនេះឯងហើយ ដែលឈ្មោះ​ទីឃាវុកុមារ ជាកូនស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិនោះ អ្នកទាំងឡាយ មិនត្រូវ​ធ្វើទោសកុមារ​នេះតិចតួចទេ ព្រោះកុមារនេះ បានឲ្យជីវិត​យើង យើងក៏បានឲ្យ​ជីវិត​ដល់កុមារ​នេះដែរ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មាន​ព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន កាលដែលបិតារបស់អ្នកជិតនឹង​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​អ្នកឯងថា នែទីឃាវុកូន អ្នកឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការមិនចងពៀរ តើបិតារបស់អ្នក សំដៅយកហេតុត្រង់ណា បានជាផ្តាំ (ដូច្នេះ)។ ទីឃាវុកុមារ ក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតា​ របស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា អ្នកកុំឃើញ​កាលវែង គឺថា អ្នកឯង កុំធ្វើពៀរ​ ឲ្យយូរអង្វែងឡើយ សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះហៅថា) កុំឃើញកាលវែង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ទៀបនឹងធ្វើ​មរណភាព បានផ្តាំ​បណ្តាំណា ចំពោះខ្ញុំព្រះអង្គថា​ អ្នកឯងកុំឃើញ​កាលខ្លី គឺថា អ្នកឯងកុំ​ប្រញាប់​បែកចាកពួកមិត្តសំឡាញ់ឡើយ សូមទ្រង់ព្រះ​មេត្តា​ប្រោស កាលដែលបិតា​របស់ខ្ញុំ​ព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះ​ហៅថា) កុំឃើញកាលខ្លី សូមទ្រង់​ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់ ​ដោយការមិនចងពៀរ (នោះសំដៅត្រង់) មាតាបិតា​របស់ខ្ញុំព្រះអង្គ ដែលព្រះអង្គ សម្លាប់ចោលអស់ ព្រោះហេតុនោះ បើខ្ញុំព្រះអង្គ នឹង​បំផ្លាញ​ព្រះអង្គ ​ឲ្យចាកជីវិតហើយ គង់មានពួកជន ដែល​ប្រាថ្នាប្រយោជន៍ ចំពោះ​ព្រះអង្គ នឹង​បំផ្លាញ​ខ្ញុំព្រះអង្គ ឲ្យដាច់ចាក​ជីវិតវិញ ពួកជនដែលប្រាថ្នាប្រយោជន៍ ដល់ខ្ញុំព្រះអង្គ មុខជានឹង​បំផ្លាញ​ជនទាំងនោះ ឲ្យដាច់ចាក​​ជីវិតមិនខានឡើយ ពៀរនោះ មិនបានរម្ងាប់​ ដោយការ​ចងពៀរ​ យ៉ាងនេះឯង ឥឡូវ ព្រះអង្គ ទ្រង់ប្រទានជីវិត ដល់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គ ក៏ថ្វាយជីវិត ដល់​ព្រះអង្គវិញ ពៀរនោះ នឹងរម្ងាប់​ ដោយការមិនចងពៀរ យ៉ាងនេះឯង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតា របស់ខ្ញុំ​ព្រះអង្គ ជិតនឹង​ធ្វើមរណភាព បានផ្តាំបណ្តាំនេះឯងថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការ​មិន​ចង​ពៀរ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ស្ងើចថា អើហ្ន៎ (ហេតុនេះ) ហៅពេញជា អស្ចារ្យណាស់ អើហ្ន៎ (ហេតុនេះ) ហៅពេញជាចំឡែកណាស់ ទីឃាវុកុមារនេះ ពេញជាអ្នកប្រាជ្ញ​មែន ព្រោះដឹងសេចក្តី ដែលបិតា ពោលដោយសង្ខេប ដោយពិស្តារបាន ហើយក៏ទ្រង់​ត្រឡប់​ប្រគល់​ពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក ជាដំណែល​បិតា ទៅទីឃាវុកុមារវិញ បាន​ទាំង​ប្រទាន​ធីតា១ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ គួរកោតដែរ យ៉ាង​ពួកក្សត្រទាំងនោះ (ធ្លាប់តែ) កាន់ដំបង (ធ្លាប់តែ) កាន់គ្រឿង​សស្ត្រាហើយ ចេះមានអំណត់ ​នឹងសេចក្តី​ប្រព្រឹត្តល្អ បែបនេះបាន។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានមក​បួស ក្នុងធម្មវិន័យនេះ ដែលតថាគត​ បានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែខំអត់ធន់ គួរតែខំ​ប្រព្រឹត្តល្អ ឲ្យល្អឡើង។

[១៥១] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ទៅនឹង​ភិក្ខុទាំងនោះ​ ជាគំរប់បីដង​ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តី​ឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នាឡើយ។ ឯអធម្មវាទីភិក្ខុនោះ ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ជាគំរប់​បីដង យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​មានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់បង្អង់ចុះ សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ មានសេចក្តី​ខ្វល់ខ្វាយតិច សូមទ្រង់ប្រកបតែធម៌ ដែល​ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំទាំងឡាយ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្លោះគ្នា ដោយ​សេចក្តី​ប្រកាន់​ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នាមិនខាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​រិះគិតថា ពួកមោឃបុរសទាំងនេះ មានសភាព គឺកិលេស​គ្របសង្កត់ហើយ តថាគត មិនងាយ​នឹង​ពន្យល់មោឃបុរសទាំងនេះបានឡើយ ហើយក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

ចប់ វារៈពោលអំពីទីឃាវុកុមារ ទី១។

[១៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ យាងចូល​ទៅក្រុងកោសម្ពី ដើម្បីបិណ្ឌបាត ក្នុងពេលព្រឹកព្រហាម លុះយាងទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី​ហើយ ទ្រង់ត្រឡប់មកពីបិណ្ឌបាតវិញ ក៏ទ្រង់​រៀបទុកដាក់គ្រឿងសេនាសនៈ ហើយកាន់យក​បាត្រ និងចីវរ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ក្នុងវេលាក្រោយភត្ត ហើយទ្រង់ពោលព្រះគាថាទាំង​នេះថា

[១៥៣] ជននេះមានសំឡេងខ្លាំងផង ជាជនប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួន​ថាជាបុគ្គលពាល ក៏គ្មាន កាលបើសង្ឃកំពុងតែបែកគ្នា ជនទាំងឡាយ ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែង។ ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫក្សពាខ្លួនដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ចង់ហារមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ ទុកជាមានគេនាំទៅប្រជល់​ឲ្យឈ្លោះគ្នា ក៏​មិនដឹងសេចក្តីនោះថា ជាសេចក្តី​ឈ្លោះឡើយ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ មិនបាន​រម្ងាប់ទេ។ ម្យ៉ាងទៀត ពួកជនណា មិនបានចងសេចក្តី​ក្រោធនោះទុក ដោយគិតថា  ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ ទើប​រម្ងាប់ទៅ​បាន។ ក្នុងលោកនេះ ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរបានម្តងឡើយ រម្ងាប់​បានតែ ដោយការមិនចងពៀរ នេះជាធម្មតា តែងមានពីដើមរៀងមក។ ពួកជនដទៃ មិនដែលដឹងច្បាស់ថា យើងដល់នូវសេចក្តីវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះទេ បណ្តាជន​ទាំងនោះ បើពួកជនណាមួយដឹងច្បាស់ សេចក្តីឈ្លោះ ទើបរម្ងាប់អំពីសំណាក់​ជនទាំងនោះបាន។ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោ សេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ ដណ្តើមយកអស់ ម្តេចស្តេចទាំងនោះ គង់នៅ​មានសេចក្តីព្រមព្រៀងគ្នាបាន។ ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តី​ព្រមព្រៀងគ្នា។

បើបុគ្គលបានសំឡាញ់មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន [ក្នុងអដ្ឋកថា មេត្តសូត្តថា បុគ្គល​មានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ និងពិចារណាបច្ច័យ មានចីវរជាដើម និងកំណត់ដឹង​នូវ​សេចក្តី​សប្បាយ៧យ៉ាង មានសប្បាយ​ដោយអាវាសជាដើម ហៅថា មានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន។] ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាច​គ្របសង្កត់ នូវសេចក្តីអន្តរាយ​ទាំងពួងបាន ហើយជាអ្នកមានសេចក្តី​ត្រេកអរ មានស្មារតី គប្បី​ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ។ បើបុគ្គលមិនបានសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ ជាគ្រឿង​នៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់​ទៅតែម្នាក់ឯង ប្រៀបដូចជាស្តេច លះបង់ដែន ដែលខ្លួន​ឈ្នះហើយ ត្រាច់ទៅម្នាក់ឯង (ពុំនោះ​សោត) ប្រៀបដូចជា ដំរីដ៏ប្រសើរ ត្រាច់ទៅម្នាក់ឯងក្នុងព្រៃ។ ការដែលបុគ្គល ត្រាច់ទៅតែម្នាក់​ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសហាយតាគុណ [អដ្ឋកថាធម្មបទថា ចុល្លសីល មជ្ឈិមសីល មហាសីល កថាវត្ថុ១០ ធុតង្គគុណ១៣ វិបស្សនាញាណ មគ្គ៤ ផល៤ វិជ្ជា៣ អភិញ្ញា៦ អមតមហានិព្វាន ហៅថា សហាយតាគុណ។]ទេ។ ម្យ៉ាងទៀត បុគ្គល គួរត្រាច់ទៅ​តែម្នាក់ឯង មិនគួរធ្វើ​អំពើលាមកឡើយ ប្រៀបដូចជាដំរី ដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយ​តិច ត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ។

[១៥៤] កាលបើព្រះមានព្រះភាគ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ពោលព្រះគាថា​អម្បាលនេះ​ហើយ ក៏ទ្រង់យាងទៅឯពាលកលោណការកគ្រាម។ សម័យនោះឯង ក៏ចួនជាព្រះភគុដ៏មាន​អាយុ គង់នៅក្នុងពាលកលោណការកគ្រាមដែរ។ ឯព្រះភគុដ៏មានអាយុ បានឃើញ​ព្រះមានព្រះ​ភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចដំកល់ទឹកសម្រាប់​លាងព្រះបាទ តាំងសម្រាប់ទ្រព្រះបាទ ដែលលាងរួចហើយ និងគ្រឿងសម្រាប់ទ្រព្រះបាទ ដែល​មិនទាន់លាង ស្រេចហើយ ទើបក្រោកឡើង ទៅទទួល​បាត្រ និងចីវរ។ ព្រះមានព្រះភាគ ក៏ទ្រង់​គង់​លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះគង់ហើយ ទើបលាងព្រះបាទា។ ចំណែកឯ​ព្រះភគុ​ដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទីសមគួរ។ លុះព្រះភគុដ៏​មានអាយុ អង្គុយក្នុងទី​សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកមិនលំបាកដោយ​បិណ្ឌបាត​ទេឬ។ ព្រះភគុដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់​បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាតទេ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ព្រះភគុដ៏​មានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាកអាសនៈ យាងទៅឯប្រទេស​ នៃព្រៃឈ្មោះបាចីនវង្ស។ សម័យនោះឯង ចួន​ជាព្រះអនុរុទ្ធដ៏មានអាយុ១ ព្រះនន្ទិយៈ​ដ៏មានអាយុ១ ព្រះកិម្ពិលៈដ៏មានអាយុ១ គង់នៅក្នុង​​ប្រទេស នៃព្រៃឈ្មោះបាចីនវង្សដែរ។ មានបុរសម្នាក់ ជាអ្នករក្សាព្រៃ បានឃើញព្រះមានព្រះភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​សមណៈ ព្រះអង្គ កុំយាងចូលទៅក្នុងព្រៃនេះឡើយ ដ្បិតមានពួកកុលបុត្ត៣រូប មានសភាព​ជាអ្នក​ស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើសេចក្តីអផ្សុក ដល់កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធដ៏មានអាយុ ក៏បានឮពាក្យ​បុរស ជាអ្នករក្សាព្រៃ កំពុងប្រឹក្សាជាមួយនឹង​ព្រះមានព្រះ​ភាគដែរ លុះឮហើយ ក៏និយាយទៅនឹងបុរសជាអ្នករក្សាព្រៃ យ៉ាងនេះថា ម្នាលអ្នករក្សាព្រៃ​ដ៏មានអាយុ អ្នកឯង កុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់យាងមកដល់ហើយ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅរក​ព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈ​ដ៏មានអាយុ យ៉ាងនេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរ​លោកទាំងឡាយ និមន្តទៅទទួល ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្ត​ទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គទ្រង់យាងមកដល់ហើយ។ វេលានោះ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏ក្រោកទៅទទួល​ព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរព្រះមានព្រះភាគ មួយអង្គរៀបចំក្រាលអាសនៈ មួយអង្គដំកល់ទឹកសម្រាប់លាងព្រះបាទ តាំងសម្រាប់​ដំកល់ព្រះបាទ ដែលលាងហើយ និងគ្រឿង​សម្រាប់ដំកល់ព្រះបាទ ដែលមិនទាន់បានលាង។ ព្រះមានព្រះភាគ ទ្រង់គង់លើ​អាសនៈ ដែលភិក្ខុនោះក្រាលហើយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោក​ដ៏មានអាយុទាំងនោះ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះមានព្រះភាគជាម្ចាស់រួចហើយ អង្គុយ​នៅក្នុង​ទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអង្គទ្រង់ត្រាស់​សួរ​ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ [ព្រះអង្គទ្រង់ត្រាស់ហៅ មិនសំដៅយកព្រះអនុរុទ្ធ​តែមួយ​អង្គទេ ទ្រង់ត្រាស់ហៅ ចំពោះ​ព្រះនាមព្រះថេរៈទាំងបីព្រះអង្គ។] អ្នកទាំងឡាយ ល្មមអត់ធន់បាន​ឬទេ អ្នកទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយ មិនលំបាកដោយ​បិណ្ឌបាត​ឬទេ។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមអត់ធន់​បាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត យើងខ្ញុំ មិនលំបាកដោយបិណ្ឌបាតទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ​ទៀតថា ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា ព្រះករុណា យើងខ្ញុំទាំងនោះ ព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ​លាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរទៀតថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ បានជាព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែក​ជាទីស្រឡាញ់​ដូចម្តេចទៅ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះថា អាត្មាអញ បាននៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំង ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស (លុះ​គិតដូច្នេះហើយ) ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះទៅ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នាតែម្យ៉ាង។ ឯព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏បានក្រាបបង្គំ​ ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំងមុខ ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស  ខ្ញុំព្រះអង្គនោះ បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នា​តែ​ម្យ៉ាង សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹកដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយចក្ខុ​ជាទី​ស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ មិនបាន​ប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ខ្លះដែរឬ។ ព្រះអនុរុទ្ធ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបានប្រហែសធ្វេសទេ ហើយមានព្យាយាម​ដុតកិលេស និងមានចិត្ត​បញ្ជូនទៅត្រង់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធ​ទាំង​ឡាយ អ្នកទាំងឡាយ ដែលឥតមាន​ប្រហែសធ្វេស មានតែព្យាយាមដុតកិលេស មានចិត្ត​បញ្ជូន​ទៅ​ត្រង់ តើយ៉ាងដូចម្តេច។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំ ដែល​នៅក្នុងទីនេះ បើលោកណាត្រឡប់មកពីបិណ្ឌបាត អំពីស្រុកមុនគេ លោក​នោះ រៀបចំក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង ដំកល់តាំងសម្រាប់ទ្រជើង ដែលលាង​រួច និងដំកល់​គ្រឿងសម្រាប់​ទ្រជើង ដែលមិនទាន់លាង ហើយលាងភាជន៍ សម្រាប់ផ្ទេរបាយ ដំកល់​ទុកឲ្យស្រួល រួចដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ លោកណាមកពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានរបស់ដែលសល់ពីឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោល​ទៅក្នុងទី​គ្មានស្មៅស្រស់ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូចក៏បាន រួចលោកនោះ រើអាសនៈចេញ ហើយរៀបចំទុកដាក់ទឹក សម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាង​រួចហើយ និងគ្រឿងសម្រាប់ទ្រជើង ដែល​មិនទាន់លាង ហើយលាងភាជន៍សម្រាប់ផ្ទេរបាយ រៀបចំទុកដាក់ រួចរៀប​ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ហើយបោសរោងភត្ត បើលោកណា ឃើញក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់​ដាក់ទឹកលាង​វច្ចៈក្តី រលីងសោះទទេ លោកនោះ ក៏ដំកល់ទុកឲ្យមានឡើង បើលោកនោះ មិនអាច​លើកដោយ​កំឡាំង​ដៃបានទេ ក៏យើងខ្ញុំ​ហៅភិក្ខុ (ឯទៀត) មកជាពីររូប ជួយលើក ឬសែងដោយដៃ យកទៅដំកល់​ទុក សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបាច់បញ្ចេញ​វាចា ព្រោះហេតុ​ប៉ុណ្ណោះឡើយ សូមទ្រង់​ព្រះ​មេត្តា​ប្រោស ម្យ៉ាងទៀត តែគ្រប់៥ថ្ងៃហើយ យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រី​ទាំង​មូល [គ្រប់៥ថ្ងៃ តែងប្រជុំគ្នា និយាយធម៌អាថ៌ អស់មួយយប់។] សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រះអង្គ ឥតមានសេចក្តី​ប្រហែសធ្វេស ខំព្យាយាម​ដុតកិលេស មានចិត្តបញ្ជូន​ទៅត្រង់ ឥតមាន​នឹកនា (ដល់​កាយ និងជីវិតឡើយ)។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់​ព្រះអនុរុទ្ធ​ដ៏មានអាយុផង ព្រះនន្ទិយៈ​ដ៏មានអាយុផង ព្រះកិម្ពិលៈ​ដ៏មានអាយុផង ឲ្យយល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យ​ប្រតិបត្តិតាម ឲ្យខ្មីឃ្មាត​ក្នុងការកុសល ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់​ក្រោកចាកអាសនៈ​ហើយ យាងទៅកាន់ចារិក​ប្រទេសបារិលេយ្យកៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅប្រទេស​បារិលេយ្យកៈ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់​ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃ​ឈ្មោះ​រក្ខិត នាប្រទេសបារិលេយ្យកៈនោះ។

[១៥៥] វេលានោះ កាលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ សម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ទ្រង់កើតមានព្រះហឫទ័យ ត្រិះរិះឡើងយ៉ាងនេះថា ក្នុងពេលមុន តថាគត នៅ​ច្រឡូកច្រឡំ ដោយពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើ​សេចក្តីឈ្មោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ មិនបានសេចក្តី​សប្បាយ ក្នុងពេលនេះ តថាគត តែម្នាក់ឯង គ្មាននរណាជាគំរប់ពីរ ហើយបាននៅជាសប្បាយ ព្រោះវៀរ​ផុត​អំពីពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តី​ឈ្លោះគ្នា ធ្វើសេចក្តីវិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ។ មានដំរីដ៏ប្រសើរ១ នៅច្រឡូកច្រឡំនឹង​ពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ ហើយស៊ីស្មៅដែលពួកដំរី (មានដំរី​ឈ្មោលជាដើមនោះ) បោចផ្តាច់ចុងចេញ ចំណែកខាងពួកដំរីទាំងនោះ ក៏ស៊ីមែកឈើបាក់ៗ ដែលដំរី​ដ៏ប្រសើរនោះកាច់បំបាក់​ខ្ទេចខ្ទីវិញ ឯដំរីដ៏ប្រសើរ ក៏ផឹកតែទឹកល្អក់ កាលបើដំរី​ដ៏ប្រសើរ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ។ ឯដំរីដ៏ប្រសើរនោះ ក៏មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួក​កូនដំរីតូចៗ ហើយស៊ីស្មៅដែលដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែក​ពួកដំរីទាំងនោះ ក៏ស៊ី​មែកឈើបាក់ៗ ដែលអាត្មាអញកាច់បំបាក់​ខ្ទេចខ្ទីវិញ អាត្មាអញ ផឹកទឹកក៏ល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ បើដូច្នោះ គួរអាត្មាអញ ថយចេញពីហ្វូង ទៅនៅម្នាក់ឯងវិញចុះ។ គ្រានោះ ដំរីដ៏ប្រសើរនោះ ដើរបែកចេញ​ពីហ្វូង ចូលទៅកាន់សំណាក់​ព្រះដ៏មានព្រះភាគ ដែលទ្រង់គង់ក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដង​ព្រៃឈ្មោះរក្ខិត នាបារិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ក៏ដំកល់ទឹក​ឆាន់ និងទឹកប្រើប្រាស់ ដោយ​ប្រមោយ ចំពោះព្រះដ៏មានព្រះភាគ ហើយធ្វើទីកន្លែងនោះ មិនឲ្យ​មានស្មៅស្រស់ផង។ លំដាប់ពីនោះមក ដំរីដ៏ប្រសើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម អាត្មាអញ នៅច្រឡូកច្រឡំនឹង​ពួកដំរីឈ្មោល ពួកមេដំរី ពួកដំរីស្ទាវ និងពួក​កូនដំរីតូចៗ ហើយអាត្មាអញ បានស៊ីស្មៅដែលពួកដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែក​ខាង​ពួក​ដំរីទាំងនោះ ក៏បានស៊ីមែកឈើបាក់ៗ ដែលអាត្មាអញ កាច់បំបាក់​ខ្ទេចខ្ទីវិញ មិនតែប៉ុណ្ណោះ​សោត អាត្មាអញ បានទាំងផឹកទឹកល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី វាក៏ដើរត្រដុសកាយ ក្នុងពេលនេះ អាត្មាអញ តែម្នាក់ឯង ឥតមាននរណាជាគំរប់ពីរ ហើយបាន​នៅជាសុខស្រួលបួល ព្រោះបានវៀរចាកពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួក​កូនដំរី​តូចៗ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តី​វិវេក របស់ព្រះអង្គផង ហើយទ្រង់​ជ្រាប​សេចក្តីត្រិះរិះ នៃចិត្ត​របស់ដំរី​ដ៏ប្រសើរនោះ ដោយព្រះហឫទ័យ របស់ព្រះអង្គផង ហើយក៏ទ្រង់​បន្លឺព្រះឧទាន​នេះ ក្នុងពេលនោះថា

ហត្ថិនាគ (ដំរីប្រសើរ) រមែងត្រេកអរក្នុងព្រៃ តែម្នាក់ឯង ហេតុណា ហេតុនុ៎ះ ចិត្តរបស់​ហត្ថិនាគ មានភ្លុកងរទន្ទាំនេះ ស្មើគ្នានឹងចិត្ត​របស់ព្រះពុទ្ធនាគដែរ [ពាក្យថា ពុទ្ធនាគ គឺព្រះពុទ្ធ​ជាម្ចាស់។]។

[១៥៦] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបារិលេយ្យកប្រទេស គួរដល់ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិក នៃក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។

[១៥៧] វេលានោះ ពួកឧបាសកដែលនៅក្នុងក្រុងកោសម្ពី មានសេក្តីត្រិះរិះ​ យ៉ាងនេះថា ពួកលោកជាម្ចាស់ទាំងនេះ ជាភិក្ខុនៅក្នុងក្រុងកោសម្ពី បានធ្វើអំពើឥតប្រយោជន៍ជាច្រើន ដល់យើង ព្រះដ៏មានព្រះភាគសោត ក៏ពួកភិក្ខុទាំងនេះបៀតបៀន ទាល់តែទ្រង់យាង​ចេញបាត់​ទៅ បើដូច្នោះ យើងមិនគួរសំពះ មិនគួរក្រោកទទួល មិនគួរធ្វើអញ្ជលីកម្ម មិនគួរធ្វើសាមីចិកម្ម មិនគួរធ្វើ​សក្ការៈ មិនគួរធ្វើសេចក្តីគោរព មិនគួររាប់អាន មិនគួរបូជា ពួកលោកម្ចាស់ ជាភិក្ខុនៅ​ក្នុងក្រុងកោសម្ពីទេ ទុកជាភិក្ខុទាំងនោះ ចូលមកជិត យើងក៏មិនគួរឲ្យបិណ្ឌបាតឡើយ ភិក្ខុទាំងនេះ តែពួកយើងលែងធ្វើសក្ការៈ លែងធ្វើសេចក្តីគោរព លែងរាប់អាន លែងបូជា យ៉ាងនេះ​ហើយ ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈហើយ មុខជានឹងរត់ចេញទៅខ្លះ សឹកចេញទៅខ្លះ ញុំាង​ព្រះមានព្រះភាគ ឲ្យប្រោសប្រាណខ្លះមិនខាន។ គ្រានោះ ពួកឧបាសកក្រុងកោសម្ពី លែង​សំពះ លែងក្រោកទទួល លែងធ្វើអញ្ជលិកម្ម និងសាមីចិកម្ម លែងធ្វើ​សក្ការៈ គោរព រាប់អាន បូជា ពួកភិក្ខុក្រុងកោសម្ពី ទុកជាភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក៏លែងឲ្យបិណ្ឌបាត។ វេលានោះ ពួកភិក្ខុក្រុងកោសម្ពី កាលបើពួក​ឧបាសកក្រុងកោសម្ពី លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈ ហើយក៏និយាយនឹងគ្នាយ៉ាងនេះថា នែអាវុសោ បើដូច្នោះ មានតែយើងទៅក្រុងសាវត្ថី រម្ងាប់អធិករណ៍នេះ ក្នុងសំណាក់ព្រះមានព្រះភាគចេញ។ លំដាប់នោះ ពួកភិក្ខុក្រុងកោសម្ពី ក៏រៀបចំទុកដាក់​គ្រឿងសេនាសនៈ រួចនាំយកបាត្រ និងចីវរ ចូល​ទៅក្រុងសាវត្ថី។

អដ្ឋារសវត្ថុអធម្មវាទិ អធម្មវាទីបុគ្គល

[១៥៨] ព្រះសារីបុត្រដ៏មានអាយុបានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើការ​បង្កហេតុ ឈ្លោះទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ ក្នុងសង្ឃ បានមកដល់​ក្រុងសាវត្ថី។ ទើប​ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា និងធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់ព្រះមេត្តាប