វិន័យបិដក

ភាគមុន | |…| | | ៧ | | |១០| … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

មហាវគ្គ ទុតិយភាគ

ភាគ ៧

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វស្សូបនាយិកក្ខន្ធកៈ

[១] សម័យ​នោះ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់គង់​នៅវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជគ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា​ ព្រះមានព្រះភាគ​មិនទាន់​បាន​បញ្ញត្ត​ដល់ភិក្ខុទាំង​ឡាយ​នៅឡើយ។ ភិក្ខុទាំងនោះក៏ចេញដើរ​ទៅកាន់​ចារិក អស់​ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់​វស្សានរដូវខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ សូម្បីពួកបរិព្វាជក​ មានលទ្ធិដទៃទាំងនេះ ដែល​ជាអ្នក​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា សូម្បីទាំងពួក​សត្វស្លាបនេះ​ទៀត​សោត ក៏គង់ធ្វើសំបុក​លើចុងឈើ​ទាំងឡាយ ហើយនឹងសម្ងំ​ឈប់សម្រាក​នៅ​ចាំវស្សា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ នៅតែដើរ​ទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែល​មានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំងនោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់​ធ្វើ​នូវធម្មីកថា ក្នុងវេលានោះឯង រួចហើយ​ទើបទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយ​​មកអនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​​ឲ្យភិក្ខុចូល​វស្សា

[២] គ្រានោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​តិ្រះរិះយ៉ាងនេះថា យើងគួរចូលវស្សា​ក្នុង​កាល​ណាហ្ន៎។ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងវស្សានរដូវ។ លំដាប់​នោះ ភិក្ខុ​ទាំង​ឡាយ​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ថ្ងៃចូលវស្សា​ តើមានប៉ុន្មាន​ហ្ន៎។ ភិក្ខុទាំងនោះ ​ក្រាប​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា​នេះមាន​ពីរ គឺថ្ងៃបុរិមិកា​ វស្សា១ ថ្ងៃបច្ឆិមិកាវស្សា១ ភិក្ខុ​គួរចូល​បុរិមិកាវស្សា ក្នុងថ្ងៃ​បន្ទាប់​នៃថ្ងៃពេញ​បូណ៌មីខែអាសាធ (គឺថ្ងៃ១រោច​ខែអាសាធ) ភិក្ខុគួរចូល​បច្ឆិមិកាវស្សាក្នុងថ្ងៃ​ដែល​កន្លង​ហួស១ខែអំពីថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោច ខែស្រាពណ៌) ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានតែពីរយ៉ាងនេះឯង។

[៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាន​ចូលវស្សា​ហើយ ក៏ចេញ​ដើរទៅកាន់​ចារិក​ក្នុង​កណ្តាល​វស្សា។ មនុស្សទាំងឡាយពោលទោស តិះដៀស បន្តុះបង្អាប់​ដូចក្នុង​គ្រាមុន​នោះ​ទៀត​ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ​មួយ ញុំាងពួកសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ យ៉ាងដូចជា​ពួក​តិរ្ថិយ​ដទៃនេះ ដែល​​​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា អស់​ទាំងពួក​សត្វ​ស្លាប​នេះ​ទៀត​​សោត ក៏ធ្វើ​សំបុក​​ទាំងឡាយ​ទុកនៅ​លើចុងឈើទាំងឡាយ ហើយនឹង​សម្ងំ​នៅចាំវស្សា​ដូចគ្នា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ ម្តេចឡើយ​ក៏នៅតែដើរ​ទៅកាន់ចារិក អស់​ហេមន្ត​រដូវ​ខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សាន​រដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត​ មានឥន្ទ្រិយ​តែមួយ ញុំាងពួកសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំង​នោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ ពួក​ភិក្ខុណា​ដែល​មានសេចក្តីប្រាថ្នា​តិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​ចូលវស្សាហើយ មិនសម​បើនឹង​ចេញដើរ​ទៅកាន់​ចារិក​ក្នុងកណ្តាល​វស្សាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា​រួចហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​​មកបញ្ញត្ត​ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ភិក្ខុចូល​វស្សាហើយ មិននៅចាំបុរិមិកាវស្សា​​អស់ខែ​៣ ឬបច្ឆិមិកាវស្សា​អស់​ខែ៣ទេ មិនត្រូវចៀសចេញទៅ​កាន់​ចារិក​ឡើយ ភិក្ខុណា​ចៀស​ចេញ​ទៅ ត្រូវអាបត្តិ​ទុក្កដ។

[៤] សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនចូល​វស្សា​ឡើយ (គឺត្រូវតែ​ចូលវស្សា) ភិក្ខុណាមិនចូល​វស្សា ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុមិនប្រាថ្នានឹងចូលវស្សាក្នុង​ថ្ងៃចូលវស្សា​នោះ ក៏ក្លែង​ដើរ​ចេញពីទីអាវាស។ ភិក្ខុ​ទាំង​ឡាយ​​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា ក៏ក្លែង​ដើរចេញ​ពីអាវាស​ទៅក្នុង​ថ្ងៃចូលវស្សា​នោះ​មិនបានទេ ភិក្ខុ​ណា​ចេញ​ដើរទៅ ត្រូវអាបត្តិ​ទុក្កដ។

[៥] សម័យនោះឯង ព្រះបាទ​មាគធសេនិយពិម្ពិសារទ្រង់​មានសេចក្តី​ប្រាថ្នា​ដើម្បី​នឹងលើក​ខែ ក៏បញ្ជូន​រាជបម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា លោកម្ចាស់​ទាំងឡាយ​គួរតែចូលវស្សា​ក្នុង​ខែ​ខាងមុខ (ខែ​អាសាធក្រោយ)។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះ​​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រព្រឹត្ត​ទៅតាមសេ្តច​ទាំងឡាយចុះ។

[៦] គ្រានោះឯង ព្រះមានព្រះភាគ​គង់ក្នុង​ក្រុង​រាជគ្រឹះ​គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់​យាងសំដៅ​ទៅឯក្រុង​សាវត្ថី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ស្រុក ទើបបាន​ដល់ទៅ​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ​គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី​នោះឯង។ សម័យនោះឯង ក្នុងកោសល​ជនបទ មានឧបាសក​ឈ្មោះឧទេន បានឲ្យ​គេធ្វើ​វិហារ​ចំពោះ​សង្ឃ។ ឧបាសក​នោះក៏បានបញ្ជូន​បម្រើទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមឲ្យ​លោកម្ចាស់​​ទាំងឡាយនិមន្តមក ដ្បិត​ខ្ញុំ​ករុណា​ប្រាថ្នានឹង​ថ្វាយទានផង ស្តាប់ធម៌ផង នឹងបាន​ឃើញ​ភិក្ខុទាំងឡាយផង។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះ​វិញថា នែអាវុសោ ព្រះមានព្រះភាគ​បាន​បញ្ញត្ត​ហើយថា ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយមិនបាន​នៅចាំ​បុរិមិកាវស្សា​អស់៣ខែ ឬបច្ឆិមិកាវស្សា​អស់៣ខែ​ទេ មិនត្រូវចេញដើរទៅកាន់ចារិកឡើយ សូមឲ្យ​ឧទេនឧបាសក​បង្អង់​ចាំសិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សារួច លុះចាំវស្សារួចហើយ មុខជានឹងទៅ បើឧបាសក​នោះ មានការ​ត្រូវធ្វើជាប្រញាប់ សូមឲ្យផ្ញើ​វិហារ​​ទុកក្នុងសំណាក់​ភិក្ខុទាំងឡាយ ដែលនៅ​ក្នុងអាវាស​ក្នុងទី​នោះសិនចុះ។ ឯឧទេន​ឧបាសក ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ កាលបើអញ​បានបញ្ជូន​ពាក្យ​បណ្តាំ​ទៅហើយ មិនសមបើនឹងមិន​និមន្តមកសោះ ដ្បិតអញជាទាយក ជាកប្បិយការកៈ ជាឧបដ្ឋាក​របស់​សង្ឃ។ កាល​ឧទេនឧបាសកកំពុង​តែ​ពោលទោស តិះដៀល បន្តុះបង្អាប់​ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ​ ក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ​ ទ្រង់ធ្វើ​ធម្មីកថា ក្នុង​វេលានោះ​ឯង រួចហើយ​ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយ​មក អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ កាលបើជន​ទាំង៧ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១ បានបញ្ជូនបម្រើ​មកហើយ តថាគតអនុញ្ញាត​ឲ្យភិក្ខុទៅដោយ​សត្តាហករណីយ (កិច្ច​ដែលគួរធ្វើបាន​៧ថ្ងៃ) កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុមិនត្រូវ​ទៅទេ ម្នាលភិក្ខុទាំងឡាយ កាលបើជនទាំង៧ពួក​នេះ បានបញ្ជូន​បម្រើមកហើយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅបាន កាលបើ​គេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើ​ការត្រឡប់​ក្នុង​រវាង​៧ថ្ងៃ​។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសក​បាន​ឲ្យគេធ្វើ​វិហារចំពោះសង្ឃហើយ។ បើឧបាសកនោះបញ្ជូនបម្រើមកក្នុង​សំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបានបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណី​យ​បាន កាលបើឥតមានគេបញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់​វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមាន​ឧបាសក​បានឲ្យគេ​ធ្វើរោង​អឌ្ឍយោគចំពោះ​សង្ឃ។បេ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដម្បូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់។ ឲ្យ​គេធ្វើ​សាលា​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ (បង្គន់)។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើសាលា​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើសាលាសម្រាប់​ប្រើប្រាស់​នៅនាផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណីយបាន កាលបើ​ឥតមានគេបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​ចំពោះភិក្ខុច្រើនរូប។បេ។ បានឲ្យគេធ្វើ​វិហារ​ចំពោះភិក្ខុ១រូប។ ឲ្យគេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដម្បូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​​បន្ទប់ទឹក។ ឲ្យ​គេធ្វើរោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​​រោងភ្លើង។ ឲ្យគេធ្វើ​​កប្បិយ​កុដិ។ ឲ្យគេធ្វើ​​វច្ចកុដិ។ ឲ្យគេ​ធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងសម្រាប់​ចង្ក្រម។ ឲ្យគេធ្វើ​​អណ្តូង​ទឹក។ ឲ្យគេធ្វើ​សាលា​សម្រាប់​ប្រើប្រាស់​នៅ​នាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជា​ទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេ​ធ្វើអារាម។ ឲ្យគេធ្វើ​​ទី​ដី​អារាម។ បើឧបាសក​​នោះបញ្ជូន​​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងឲ្យ​​ទានផង នឹងស្តាប់​​ធម៌ផង នឹងឃើញ​​ភិក្ខុទាំង​ឡាយ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេ​មិន​បញ្ជូន​​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុគប្បី​ធ្វើការ​ត្រឡប់​វិលមកវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានឧបាសក​បានឲ្យគេធ្វើ​វិហារ​ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនី​ច្រើន​រូប ចំពោះភិក្ខុនីមួយរូប ចំពោះ​សិក្ខមានាច្រើនរូប ចំពោះសិក្ខមានា​១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។ បានឲ្យ​គេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដំបូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់ទឹក។ ឲ្យ​គេធ្វើ​រោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោង​ភ្លើង។ ឲ្យគេធ្វើ​កប្បិយ​កុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេ​ធ្វើអណ្តូង​ទឹក។ ឲ្យគេ​ធ្វើ​រោង​សម្រាប់ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេ​ធ្វើទីដីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមដ៏ចំរើន​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅ​ដោយ​សត្តាហករណីយ​បាន កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​គប្បី​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​បានឲ្យ​គេធ្វើ​ទីនៅ​ចំពោះខ្លួនឯងវិញ។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើ​ឃ្លាំង។ ឲ្យ​គេធ្វើ​ប៉ម (បញ្ចា)។ ឲ្យ​គេធ្វើ​​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើ​​រានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេ​ធ្វើប្រាសាទ​​វែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេ​ធ្វើបរិវេណ។ ឲ្យគេ​ធ្វើ​បន្ទប់​ទឹក។ ឲ្យ​គេធ្វើរោង​សម្រាប់បរិភោគ។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើ​ផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូង​ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេ​ធ្វើ​ស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើ​ទី​ដី​អារាម។ មានការដណ្តឹង​(កូនស្រី) ដើម្បី​កូន​ប្រុស​ក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រី​ក្តី គេមានជម្ងឺក្តី គេប្រាប់​ព្រះសូត្រ​ដែលគេ​ដឹង​ប្រាកដក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមករៀន​យកព្រះសូត្រនេះ កុំឲ្យព្រះសូត្រ​នេះសាបសូន្យ​ទៅ​ឡើយ។ ម្យ៉ាងទៀត ឧបាសកនោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន)ក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើ​មាន​​គេ​បញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេមិនបញ្ជូន​បម្រើមក​ទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើមានឧបាសិកា​បានឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅ​ក្នុង​​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើមាន​គេ​បញ្ជូន​​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើមានឧបាសិកា​​បានឲ្យគេធ្វើ​អឌ្ឍយោគ​ចំពោះសង្ឃ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើ​កប្បិយកុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើ​សាលាក្បែរ​ផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើ​មណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​មាន​គេបញ្ជូន​បម្រើ​មក ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកា​គេបានធ្វើវិហារ​ចំពោះភិក្ខុច្រើនរូប។បេ។ ចំពោះភិក្ខុ១រូប ចំពោះ​ភិក្ខុនីសង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី១រូប។បេ។ បានឲ្យគេធ្វើ​លំនៅ​​ចំពោះខ្លួនឯង។ ឲ្យគេធ្វើផ្ទះសម្រាប់​ដេក។ ឲ្យគេ​ធ្វើ​ឃ្លាំង។ ឲ្យគេធ្វើ​ប៉ម (បញ្ចា)។ ឲ្យគេធ្វើ​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង​ (កូនស្រី) ដើម្បីកូន​ប្រុសក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រីក្តី គេមាន​ជម្ងឺក្តី គេប្រាប់ព្រះសូត្រដែល​គេដឹង​ប្រាកដ​ក្តី។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មករៀន​យកនូវព្រះសូត្រ​នេះ កុំឲ្យ​ព្រះសូត្រនេះ​សាបសូន្យ​ទៅឡើយ។ ម្យ៉ាងទៀត ឧបាសិកានោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន) ក្តី។ បើឧបាសិកានោះ បញ្ជូន​បម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានភិក្ខុឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ភិក្ខុនី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សិក្ខមានាឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ចំពោះភិក្ខុច្រើនរូប ចំពោះ​ភិក្ខុ១រូប ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី​១​រូប។បេ។ បានឲ្យគេធ្វើវិហារ​​ចំពោះខ្លួនឯង។ ឲ្យគេ​ធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេ​ធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទី​ចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេ​ធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនា​​អណ្តូង​ទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើ​អារាម។ ឲ្យគេធ្វើទីដីអារាម។ បើសាមណេរី​​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​មាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។

[៧] សម័យនោះឯង មានភិក្ឋុ១រូប​មានជម្ងឺ។ ភិក្ខុនោះ បានបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមភិក្ខុ​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នានឹង​ឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ភិក្ខុទាំងឡាយ​ក៏ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ កាលបើសហធម្មិកបុគ្គល​ទាំង​៥ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយ​សត្តាហករណីយ​​បាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ដែលគេបាន​បញ្ជូន​បម្រើ​មកហើយនោះ ម្នាលភិក្ខុទាំងឡាយ ពួកសហធម្មិកបុគ្គល​ទាំង៥ពួក​នេះ ទុកជា​មិនបានបញ្ជូន​បម្រើមក​ ក៏​តថាគត​​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហ​ករណីយបាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ដែលគេ​បាន​បញ្ជូន​បម្រើមកនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានភិក្ខុឈឺ។ បើភិក្ខុនោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមភិក្ខុ​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នា​នឹងឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ បើទុកជាភិក្ខុឈឺ​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយ​បាន នឹង​និយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេ​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិត​ថា អាត្មាអញ​នឹងស្វែងរក​ភត្ត​សម្រាប់ភិក្ខុឈឺក្តី នឹងស្វែង​រកភត្ត​សម្រាប់​ភិក្ខុបម្រើ​ជម្ងឺក្តី នឹងស្វែងរក​ថ្នាំ​សម្រាប់​ភិក្ខុឈឺក្តី នឹងសាកសួរជម្ងឺក្តី នឹងបម្រើ​ជម្ងឺក្តី។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក (ចង់សឹក) កើតឡើង​ដល់ភិក្ខុ។ បើភិក្ខុនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយ​ថា សេចក្តីអផ្សុក​កើតឡើង​ដល់ខ្ញុំ​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ បើទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ដោយគិតថា អាត្មា​អញ​នឹង​បំបាត់​សេចក្តី​អផ្សុក​​ដោយខ្លួនឯង ឬនឹងឲ្យ​អ្នកដទៃ​បំបាត់ ឬនឹងធ្វើ​នូវធម្មកថាចំពោះ​ភិក្ខុនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីរង្កៀស​កើតឡើង​ដល់ភិក្ខុហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា សេចក្តី​រង្កៀស​កើតឡើង​ដល់ខ្ញុំហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ បើទុក​ជាភិក្ខុ​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងបន្ទោបង់​នូវសេចក្តីរង្កៀស​ដោយខ្លួនឯង ឬឲ្យ​អ្នកដទៃបន្ទោបង់ ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិខុស​កើតឡើង​ដល់​ភិក្ខុ​ហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ទិដ្ឋិ​ខុសកើតឡើង​ដល់​ខ្ញុំ​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំចង់​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ បើទុក​ជាភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុ​បាន​បញ្ជូន​​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងដោះ ឬនឹងឲ្យ​អ្នកដទៃ​ដោះនូវ​ទិដ្ឋិខុស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុត្រូវគរុធម៌​ហើយ គួរ​ដល់បរិវាស។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំត្រូវគរុធម៌ហើយ គួរដល់​បរិវាស សូមភិក្ខុ​ទាំងឡាយ​​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុ​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបានបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​​អញ​នឹងធ្វើ​សេចក្តីខ្វល់ខ្វាយ​ ឬនឹងសូត្រ​ (កម្មវាចា) ឬនឹងជាគណបូរកៈ (គឺ​ជាអ្នកបំពេញ​គណៈ​សង្ឃ) ក្នុងការឲ្យ​បរិវាស​។ ម្នាល​ភិក្ខុ​​ទាំងឡាយ ក៏ក្នុងសាសនា​នេះ មានភិក្ខុគួរ​នឹង​ទាញ​​អន្តរាបត្តិ​​មកដាក់​ក្នុង​​មូលាបត្តិ។ បើភិក្ខុ​នោះ​បញ្ជូន​​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំ​គួរនឹងទាញ​អន្តរាបត្តិ​មកដាក់​ក្នុង​​មូលាបត្តិ​ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹង​និយាយ​​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើសេចក្តី​ខ្វល់ខ្វាយ ឬ​នឹង​សូត្រ​ (កម្មវាចា) ឬជា​គណបូរកៈ​ក្នុងការទាញ​នូវ​អន្តរាបត្តិ​មកដាក់​ក្នុង​មូលាបត្តិ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុ​គួរ​ដល់​មានត្ត។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ដ្បិតខ្ញុំ​គួរដល់​មានត្ត​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំចង់​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​ភិក្ខុ​នោះមិនបាន​បញ្ជូន​បម្រើមកទេ ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​ដែល​​ភិក្ខុបានបញ្ជូន​បម្រើ​មក​ហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ ឬនឹង​សូត្រ (កម្មវាចា) ឬនឹង​ជាគណបូរកៈ​ក្នុងការ​ឲ្យ​មានត្ត។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ មាន​ភិក្ខុគួរដល់អព្ភានកម្ម។ បើភិក្ខុនោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ខ្ញុំគួរ​ដល់​អព្ភាន​ហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជាភិក្ខុនោះមិនបាន​បញ្ជូន​បម្រើ​មក​ ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹង​និយាយ​​ទៅថ្វី​ដល់កិច្ច​​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹង​ជាគណបូរកៈ​ក្នុងអព្ភានកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ សង្ឃ​មានសេចក្តីប្រាថ្នា​ដើម្បី​ធ្វើ​នូវ​កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ចំពោះ​ភិក្ខុ​ហើយ។ បើភិក្ខុនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ឥឡូវ​សង្ឃ​មាន​សេចក្តី​ប្រាថ្នា​ដើម្បីធ្វើនូវកម្ម​ដល់ខ្ញុំហើយ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា សង្ឃ​មិនគួរ​ធ្វើនូវកម្ម ឬគួរ​បង្អោន​ទៅរក​ដើម្បី​កម្មស្រាល ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្យ៉ាង​វិញ​ទៀត កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយ​កម្ម​ក្តី សង្ឃ​បានធ្វើ​ដល់ភិក្ខុ​នោះហើយ។ បើភិក្ខុ​នោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ឥឡូវ​សង្ឃបានធ្វើ​នូវកម្ម​ដល់ខ្ញុំហើយ សូម​ភិក្ខុ​​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុ​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា ភិក្ខុ​នោះ​គួរ​ប្រព្រឹត្ត​វត្តដោយប្រពៃ គួរសម្របរោម គួរ​ប្រព្រឹត្ត​វត្តសម​គួរដល់​កិរិយា​រលាស់​ខ្លួន​ចេញ​ចាកទោស សង្ឃគប្បី​រម្ងាប់​នូវកម្ម​នោះចេញ​ ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុនីឈឺ។ បើភិក្ខុនីនោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុកជាភិក្ខុនី​នោះមិនបាន​បញ្ជូន​​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយ​​បាន នឹងនិយាយទៅថ្វី​ដល់កិច្ច​ ដែលភិក្ខុនី​បាន​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិត​ថា អាត្មា​អញ​នឹងស្វែងរក​គិលានភត្តក្តី​ ស្វែង​រកគិលានុបដ្ឋាកភត្តក្តី ស្វែងរកគិលានភេសជ្ជៈក្តី នឹងសួរ​ជម្ងឺ​ក្តី នឹងបម្រើ​ជម្ងឺក្តី។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក កើតឡើង​ដល់ភិក្ខុនី​ហើយ។ បើភិក្ខុនីនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុទាំងឡាយ​ថា សេចក្តីអផ្សុក​កើតឡើង​ដល់ខ្ញុំ​ហើយ សូមលោកម្ចាស់​ទាំង​ឡាយ​និមន្ត​មក ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​បំបាត់​សេចក្តីអផ្សុក​របស់ភិក្ខុនី ឬ​នឹង​ឲ្យ​អ្នកដទៃ​បំបាត់ ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ សេចក្តីរង្កៀស​កើតឡើង​ដល់ភិក្ខុនីហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយ​ថា សេចក្តី​រង្កៀស​កើតឡើង​ដល់ខ្ញុំហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះមិនបាន​បញ្ជូន​បម្រើ​មក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងបន្ទោបង់​ ឬ​នឹងឲ្យ​អ្នកដទៃបន្ទោបង់​នូវសេចក្តី​រង្កៀស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុនីនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិ​ខុស​កើតឡើង​ដល់​ភិក្ខុ​នីហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ទិដ្ឋិ​ខុសកើតឡើង​ដល់​ខ្ញុំ​ហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំង​ឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនីនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនី​បញ្ជូន​បម្រើ​​មក​​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងដោះ ឬនឹងឲ្យ​អ្នកដទៃជួយ​ដោះ​នូវ​ទិដ្ឋិខុស ឬនឹងធ្វើ​នូវធម្មកថាដល់​ភិក្ខុ​នីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុនីត្រូវគរុធម៌ គួរ​ដល់មានត្តហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុទាំង​ឡាយ​ថា ដ្បិតខ្ញុំត្រូវគរុធម៌ គួរដល់មានត្តហើយ សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោក​ម្ចាស់​​ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុ​គប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនី​បាន​បញ្ជូន​​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់​ខ្វាយ​​ក្នុង​កាឲ្យ​នូវមានត្ត។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ មាន​ភិក្ខុនី​គួរនឹង​ទាញ​អន្តរាបត្តិ​​មកចូលក្នុង​មូលាបត្តិ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​ករុណាគួរនឹងទាញ​អន្តរាបត្តិ​មកចូល​ក្នុង​មូលាបត្តិ​ សូមលោកម្ចាស់​​ទាំង​ឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាភិក្ខុនី​នោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយក្នុងការទាញ​អន្តរាបត្តិ​មកចូល​ក្នុងមូលាបត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ មានភិក្ឋុនីគួរដល់អព្ភានកម្មហើយ។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយថា ដ្បិតខ្ញុំករុណាគួរ​ដល់​អព្ភានកម្មហើយ សូមលោកម្ចាស់​ទាំង​ឡាយ​​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុងអព្ភានកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ សង្ឃ​ចង់​ធ្វើ​​កម្មគឺ តជ្ជនីយកម្ម​ក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់​ភិក្ខុនី។ បើភិក្ខុនីនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំងឡាយថា ឥឡូវ​សង្ឃចង់ធ្វើកម្ម​ដល់ខ្ញុំ​ករុណា​ហើយ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​​និមន្តមក។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ ទុក​ជាភិក្ខុនីនោះមិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​ភិក្ខុនីបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិល​វិញ ក្នុងរវាង​​៧ថ្ងៃ ដោយគិតថា សង្ឃ​មិនគួរ​ធ្វើកម្ម ឬគួរតែ​បង្អោន​ទៅ​ដើម្បី​កម្មស្រាល ដោយ​ឧបាយ​​ដូចម្តេចហ្ន៎។ មួយទៀត សង្ឃបានធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុនីនោះហើយ។ បើ​ភិក្ខុនី​​​នោះ​បញ្ជូន​​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា ​សង្ឃបានធ្វើ​កម្ម​ដល់ខ្ញុំករុណាហើយ សូម​​លោកម្ចាស់​​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណាប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ ទុក​ជា​ភិក្ខុនី​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​ភិក្ខុនីបានបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ ក្នុងរវាង​​៧ថ្ងៃ ដោយ​គិត​ថា ភិក្ខុនីនោះ​គួរ​ប្រព្រឹត្តដោយប្រពៃ គួរសម្របរោម គួរ​ប្រព្រឹត្ត​វត្ត សម​គួរដល់​កិរិយា​រលាស់​ខ្លួន​ចេញ​ចាកទោស សង្ឃគប្បី​រម្ងាប់​កម្ម​នោះ​ ដោយឧបាយ​ដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនានេះ សិក្ខមានាមានជម្ងឺ។ បើសិក្ខមានានោះ បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​ឲ្យលោកម្ចាស់ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំង​ឡាយ ទុកជាសិក្ខមានា​នោះមិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយទៅថ្វី​ដល់​កិច្ច​​ដែល​សិក្ខមានា​​បញ្ជូន​បម្រើមកហើយនោះ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ ដោយ​គិត​ថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត ឬនឹង​ស្វែង​រកគិលានុបដ្ឋាកភត្ត ឬនឹងស្វែង​រក​គិលាន​ភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើ​ជម្ងឺ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក​កើត​ឡើង​​ដល់សិក្ខមានាហើយ។បេ។ សេចក្តីរង្កៀស​កើតឡើង​ហើយ។ ទិដ្ឋិខុស​កើតឡើងហើយ។ សិក្ខា​កម្រើក (គឺដាច់​សិក្ខាសម្មតិ)ហើយ។ បើ​សិក្ខមានានោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុ​ទាំង​ឡាយថា ឥឡូវ​សិក្ខារបស់ខ្ញុំ​ករុណា​កម្រើក​ហើយ សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​​ឲ្យលោកម្ចាស់​ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសិក្ខមានា​នោះ​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សិក្ខមានា​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងធ្វើសេចក្តីខ្វល់ខ្វាយ​ក្នុងការ​សមាទានសិក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសិក្ខមានា​ប្រាថ្នា​នឹង​ឧបសម្បទា។ បើ​សិក្ខមានានោះ​បញ្ជូន​បម្រើទៅក្នុង​សំណាក់​​ភិក្ខុ​ទាំង​ឡាយថា ដ្បិតខ្ញុំប្រាថ្នានឹងឧបសម្បទា សូមលោកម្ចាស់​​ទាំងឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​លោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាល​ភិក្ខុ​ទាំងឡាយ ទុក​ជាសិក្ខមានា​នោះ​មិន​បាន​​បញ្ជូន​បម្រើ​មក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលសិក្ខមានា​បញ្ជូន​​បម្រើ​​មកហើយនោះ ភិក្ខុត្រូវ​ធ្វើ​ការត្រឡប់​​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយ​គិត​ថា អាត្មា​អញ​នឹងធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ឬនឹង​សូត្រ​ (កម្មវាចា) ឬនឹងជា​គណបូរកៈ ក្នុង​​ឧបសម្បទា​កម្ម ​។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសាមណេរឈឺ។ បើសាមណេរនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិត​ខ្ញុំករុណាឈឺ សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរនោះមិនបាន​បញ្ជូន​បម្រើមក ក៏​ភិក្ខុ​គប្បី​​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរ​បញ្ជូន​បម្រើ​មក​ហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងជួយ​ស្វែងរក​គិលានភត្តក្តី ស្វែងរក​គិលានុបដ្ឋាកភត្ត​ក្តី ស្វែងរក​គិលានភេសជ្ជៈ​ក្តី​ សាកសួរ​ជម្ងឺ​ក្តី បម្រើជម្ងឺក្តី។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើង​ដល់សាមណេរ។បេ។ សេចក្តី​រង្កៀស​​​កើតឡើង​ដល់​សាមណេរ។ ទិដ្ឋិខុស​កើតឡើង​ដល់​សាមណេរ។ សាមណេរ​មានការ​ប្រាថ្នា​ដើម្បី​សួរ​នូវវស្សា។ បើសាមណេរនោះ​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំ​ករុណា​​មានការប្រាថ្នា​ដើម្បី​សួរនូវ​វស្សា សូមភិក្ខុ​ទាំងឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​និមន្តមក។ ម្នាល​ភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរ​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុងរវាង​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងសាកសួរវស្សា​ ឬ​នឹងប្រាប់​វស្សា។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុងសាសនានេះ មានសាមណេរ​ចង់ឧបសម្បទា។ បើ​សាមណេរ​នោះ​​បញ្ជូន​បម្រើទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា ដ្បិតខ្ញុំករុណាចង់​ឧបសម្បទា សូម​ភិក្ខុ​​ទាំង​ឡាយ​និមន្តមក ខ្ញុំករុណាប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​សាមណេរ​​​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅ​ថ្វី​ដល់កិច្ច​ដែល​សាមណេរបញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​​ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹងធ្វើ​សេចក្តីខ្វល់ខ្វាយ​ ឬនឹងសូត្រ​ (កម្មវាចា) ឬនឹងជាគណបូរកៈ ក្នុងឧបសម្បទាកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ មានសាមណេរីឈឺ។ បើ​សាមណេរី​នោះ​​បញ្ជូន​បម្រើទៅ​ក្នុងសំណាក់​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់​ទាំងឡាយ​និមន្តមក ខ្ញុំ​ប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្តមក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជាសាមណេរី​នោះ​មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់​កិច្ច​​ដែល​សាមណេរីបាន​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ ក្នុង​រវាង​៧ថ្ងៃ ដោយគិតថា អាត្មា​អញ​នឹង​ស្វែងរក​គិលានភត្ត ឬស្វែងរក​គិលានុបដ្ឋាកភត្ត ឬស្វែងរក​គិលាន​ភេសជ្ជៈ​ ឬសួរ​ជម្ងឺ ឬបម្រើជម្ងឺ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើង​ដល់សាមណេរី។ សេចក្តីរង្កៀស​កើតឡើង​ដល់សាមណេរី។ ទិដ្ឋិខុស​កើតឡើង​ដល់​សាមណេរី។ សាមណេរី​មានសេចក្តី​ប្រាថ្នា​ដើម្បី​នឹងសួរ​នូវវស្សា។ មានសេចក្តីប្រាថ្នា​ដើម្បីសមាទាន​នូវ​សិក្ខា។ បើសាមណេរីនោះ​បញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានសេចក្តីប្រាថ្នា​ដើម្បី​សមាទាននូវសិក្ខា សូមលោកម្ចាស់​ទាំង​ឡាយ​​និមន្តមក ខ្ញុំប្រាថ្នា​ឲ្យលោកម្ចាស់​ទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុ​ទាំងឡាយ ទុក​ជា​សាមណេរី​​នោះ​មិន​បាន​​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បី​ទៅ ដោយ​សត្តាហករណីយ​បាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​សាមណេរីបានបញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុត្រូវធ្វើ​ការត្រឡប់​វិលវិញ​ក្នុង​រវាង​​៧​ថ្ងៃ ដោយ​គិតថា អាត្មា​អញ​នឹងធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​ការ​សមាទាន​នូវសិក្ខា។

[៨] សម័យនោះឯង មាតារបស់ភិក្ខុ១រូបមានជម្ងឺ។ មាតានោះ​ក៏បានបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ ខ្ញុំចង់​ឲ្យ​លោកកូន​និមន្តមក។ ក្នុងវេលានោះ ភិក្ខុនោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​បានបញ្ញត្ត​ហើយថា កាលបើជន​ទាំង​៧ពួក​បាន​បញ្ជូន​បម្រើមកហើយ ភិក្ខុគួរទៅដោយ​សត្តាហករណីយបាន កាលបើ​ជនទាំង៧ពួក​មិនបញ្ជូន​បម្រើមកទេ ភិក្ខុមិនគួរទៅទេ ចំណែកឯពួក​សហធម្មិកបុគ្គល​ទាំង៥វិញ មិនបាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគួរទៅ​ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់​កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មកហើយនោះ ក៏ឥឡូវ​ មានតារបស់អញនេះ​មានជម្ងឺ តែមាតានោះ​មិនមែន​ជាឧបាសិកា តើអាត្មា​អញ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​បានក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជន​ទាំង៧ គឺ​ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតា បិតា មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេបាន​បញ្ជូន​បម្រើ​មកហើយនោះ ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជន​ទាំង៧នេះ មិនបានបញ្ជូន​បម្រើមក ក៏តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មាតា​របស់ភិក្ខុ​មានជម្ងឺ។ បើមាតានោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូម​​លោក​កូន​របស់ខ្ញុំនិមន្តមក ខ្ញុំចង់​ឲ្យលោកកូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាមាតា​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​មាតា​​បញ្ជូន​បម្រើ​មកហើយនោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត នឹងស្វែងរក​គិលានុបដ្ឋាកភត្ត នឹងស្វែងរក​គិលានភេសជ្ជៈ ឬ​នឹងសួរ​ជម្ងឺ ឬនឹង​បម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បិតា​របស់ភិក្ខុ​មានជម្ងឺ។ បើបិតានោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាកូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូម​ឲ្យ​លោក​កូន​របស់​ខ្ញុំ​និមន្ត​មក ខ្ញុំចង់​ឲ្យលោកកូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាបិតា​មិន​បាន​បញ្ជូន​បម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយ​ទៅថ្វី​ដល់កិច្ច​ដែល​បិតា​​បញ្ជូន​បម្រើ​មក​ហើយ​នោះ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ ដោយគិតថា អាត្មាអញ​នឹងស្វែងរក​គិលានភត្ត នឹងស្វែងរក​គិលានុបដ្ឋាកភត្ត នឹងស្វែងរក​គិលានភេសជ្ជៈ ឬ​នឹងសួរ​ជម្ងឺ ឬនឹង​បម្រើ​ជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បងប្អូនប្រុស​​របស់ភិក្ខុ​មានជម្ងឺ។ បើបង​ប្អូន​ប្រុស​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុជាបងប្អូនថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ជាបងប្អូន​របស់​ខ្ញុំនិមន្តមក ខ្ញុំចង់​ឲ្យលោកជាបងប្អូន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើ​បងប្អូន​ប្រុស​បញ្ជូន​បម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន បើ​បងប្អូន​ប្រុស​មិនបាន​បញ្ជូន​បម្រើ​មក​ទេ ភិក្ខុ​មិនគួរ​ទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនានេះ បងប្អូនស្រី​របស់ភិក្ខុ​មានជម្ងឺ។ បើបងប្អូនស្រីនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោកជាបងប្អូនប្រុស​របស់ខ្ញុំនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យលោក​ជាបងប្អូន​ប្រុស​​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើបងប្អូនស្រី​​បាន​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើបងប្អូន​ស្រីមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ ញាតិ​របស់ភិក្ខុ​មានជម្ងឺ។ បើញាតិនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុថា ដ្បិតខ្ញុំ​មានជម្ងឺ សូមឲ្យ​​លោក​ដ៏ចំរើន​និមន្ត​មក ខ្ញុំប្រាថ្នា​​ឲ្យលោកដ៏ចំរើន​និមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើញាតិ​​បញ្ជូន​បម្រើមក​ហើយ ភិក្ខុគប្បីទៅ​ដោយសត្តាហករណីយបាន កាលបើញាតិ​មិន​បាន​​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏ក្នុង​សាសនា​នេះ អ្នកធ្វើការឈ្នួល​របស់ភិក្ខុ​មានជម្ងឺ។ បើអ្នកធ្វើការឈ្នួលនោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទំាងឡាយថា ដ្បិតខ្ញុំករុណា​មានជម្ងឺ សូមឲ្យភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នា​​ឲ្យភិក្ខុទាំងឡាយ​និមន្ត​មក។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកធ្វើការឈ្នួល​​បញ្ជូន​បម្រើ​មក​​ហើយ ភិក្ខុគប្បីទៅ ដោយ​សត្តាហករណីយបាន កាលបើអ្នកធ្វើការឈ្នួលមិនបាន​បញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅ​ទេ ភិក្ខុ​ត្រូវធ្វើការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

[៩] សម័យនោះឯង មហាវិហារ​របស់សង្ឃ​បាក់បែក​ទ្រុតទ្រោមទៅ មានឧបាសកម្នាក់​បាន​ឲ្យគេកាប់យក​គ្រឿង​ឈើនៅក្នុងព្រៃ។ ឧបាសកនោះក៏បានបញ្ជូន​បម្រើទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយថា បើលោកដ៏ចំរើនទាំងឡាយអាច​ឲ្យគេនាំ​យកគ្រឿង​ឈើនោះទៅបាន ខ្ញុំ​ករុណា​នឹងប្រគេន​គ្រឿងឈើនោះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅ ដោយសង្ឃករណីយ​ (កិច្ច​ដែលសង្ឃគួរធ្វើ)​បាន ហើយត្រូវធ្វើ​ការ​ត្រឡប់វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។

ចប់ ភាណវារៈ សំដែង​អំពីភិក្ខុ​នៅចាំវស្សា​ជាបឋម។

[១០] សម័យនោះឯង ភិក្ខុទាំងឡាយ​បានចាំវស្សា​ក្នុងអាវាស១ ក្នុងកោសល​ជនបទ ពួក​សត្វ​សាហាវ​តែងទៅបៀតបៀន។ ពួកសត្វសាហាវនោះ​មកចាប់​ភិក្ខុទាំងនោះខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​បានចូលវស្សា​ហើយ​មានពួកសត្វ​សាហាវ​មកបៀតបៀន។ ចាប់​យកភិក្ខុទាំងនោះក្តី មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ក្តី។ ភិក្ខុទាំងឡាយត្រូវធ្វើទុកក្នុងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុ​ទាំងឡាយ​បានចូលវស្សា​ហើយ ពួកសត្វមានពិស មកបៀតបៀន។ សត្វទីឃជាតិទាំងនោះខាំភិក្ខុខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ខ្លះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បើភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកចោរ​មកបៀតបៀន។ ចោរទាំងនោះ​ប្លន់ភិក្ខុទាំងឡាយខ្លះ វាយសំពង​​ភិក្ខុ​ទាំងឡាយខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកបិសាច​បៀត​បៀន។ បិសាចទាំងនោះ​ចូលទៅ (ក្នុងសរីរៈរបស់ភិក្ខុទាំងឡាយនោះ)​ខ្លះ នាំយក (ភិក្ខុ​ទាំង​ឡាយ​នោះ)​ទៅខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញ​​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែភ្លើងឆេះ​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​ដោយអាហារបិណ្ឌបាត ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយ​ចៀស​ចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​ភ្លើងឆេះ​ទីសេនាសនៈ។ ភិក្ខុទំាងឡាយ​ក៏លំបាក​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​មានទឹកជន់​មកលិច​ស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយអាហារ​បិណ្ឌបាត។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ​មានទឹកជន់​លិចទីសេនាសនៈ​របស់ពួក​ភិក្ខុដែល​ចូលវស្សា​ហើយ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែ​មិន​ត្រូវ​អាបត្តិទេ។

[១១] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សា​ហើយក្នុងអាវាស១ ស្រាប់តែ​មានពួកចោរ​មកនៅក្នុង​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងនោះ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ ស្រុកជាទីគោចរ មានក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅក្នុង​ទីនោះចុះ។ ចំណែកអ្នកស្រុកក៏​បែកគ្នា​ទៅជាពីរ​ផ្នែក។ ភិក្ខុ​ទាំង​ឡាយ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកស្រុកទាំងឡាយ​មានចំនួន​ច្រើនជាង​ នៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទាំងឡាយ​​ទៅនៅ​ក្នុងទីនោះបាន។ (ចំណែក) អ្នកស្រុក​ដែលឥត​មានសទ្ធា ឥតមាន​សេចក្តី​ជ្រះថ្លា ច្រើនជាង។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាត​​ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកស្រុកដែលមានសទ្ធា​ជ្រះថ្លា​ មាននៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅ​ក្នុងទីនោះឯង។

[១២] សម័យនោះឯង ក្នុងកោសលជនបទ មានពួកភិក្ខុចូលវស្សា​ក្នុងអាវាស១ ក៏មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឲ្យបានឆ្អែត​ពេញលេញ​ម្តងសោះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ មិនបានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ទេ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ តែមិនបាន​ភោជន​ទាំងឡាយ​ឲ្យជាទី​សប្បាយសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ តែមិនបាន​ភេសជ្ជៈ​ទាំងឡាយ​ជាទីសប្បាយ​សោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ បាន​ភេសជ្ជៈ​ទាំងឡាយក៏​ជាទីសប្បាយ​ តែមិនបានអ្នក​ឧបដ្ឋាក​ឲ្យសមគួរសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយ​ចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីមក​ប្រលោម​ភិក្ខុ​ដែល​ចូលវស្សាហើយថា លោកម្ចាស់​ចូរនិមន្ត​មក ខ្ញុំករុណាប្រគេនប្រាក់លោកក្តី ខ្ញុំករុណាប្រគេនមាសលោកក្តី ខ្ញុំករុណាប្រគេនស្រែលោកក្តី ខ្ញុំករុណាប្រគេនចំការ​លោកក្តី ខ្ញុំករុណាប្រគេន​គោឈ្មោលលោកក្តី ខ្ញុំករុណាប្រគេន​គោញី​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំប្រុស​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំស្រីលោកក្តី ខ្ញុំករុណាប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី ខ្ញុំករុណាជា​ភរិយាលោកក្តី ខ្ញុំករុណានំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែងប្រែត្រឡប់​រហ័ស​ដោយពិត ក្រែងព្រហ្មចរិយធម៌​របស់អាត្មាអញ​នឹងមាន​សេចក្តី​អន្តរាយ ដូច្នេះហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីផ្កាមាសមក​ប្រលោម​ភិក្ខុ​ដែល​ចូល​វស្សា​ហើយ។បេ។ ថុល្លកុមារី (ស្រីចាស់ក្រមុំ) មកប្រលោម ខ្ទើយមកប្រលោម ពួកញាតិមកប្រលោម ពួកស្តេច​មកប្រលោម ពួកចោរ​មកប្រលោម ពួកអ្នកលេង​មកប្រលោមថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងខ្ញុំប្រគេនប្រាក់លោកក្តី យើងខ្ញុំប្រគេនមាសលោកក្តី យើងខ្ញុំ​ប្រគេន​ស្រែលោកក្តី យើងខ្ញុំប្រគេនចំការ​លោកក្តី យើងខ្ញុំប្រគេន​គោឈ្មោលលោកក្តី យើងខ្ញុំ​ប្រគេន​គោញី​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំប្រុស​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំស្រីលោកក្តី យើងខ្ញុំប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី យើងខ្ញុំនំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ​ដល់ព្រហ្មចរិយធម៌​របស់អាត្មាអញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើភិក្ខុ​ចូល​វស្សា​ហើយ ឃើញកំណប់​ទ្រព្យ​ឥតមានម្ចាស់។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ ​ដល់ព្រហ្មចរិយធម៌​របស់អញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ ឃើញភិក្ខុច្រើនរូប​កំពុង​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា សង្ឃភេទ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃ​បែកគ្នា​ក្នុងទីចំពោះ​មុខអញឡើយ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បានឮដំណឹងថា ពួកភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំ​ឲ្យ​សង្ឃ​​បែកគ្នា​ក្នុងទីចំពោះ​មុខអញឡើយ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្ត​របស់អាត្មាអញ អាត្មាអញ​នឹងនិយាយ​នឹង​ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុច្រើនរូប​​ព្យាយាម​ដើម្បី​បំបែក​សង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ មិនមែនជាមិត្ត​របស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុទាំងឡាយ​ណាដែល​ជាមិត្តរបស់​ភិក្ខុទាំងឡាយនោះ ភិក្ខុទាំង​នោះ ក៏គង់​ជាមិត្ត​របស់អាត្មាអញដែរ អញ​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មា​អញ​បាននិយាយ​ទៅហើយ មុខជា​នឹងនិយាយ​ប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏​មានអាយុ កុំចូលចិត្ត​នឹងការ​បំបែក​សង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្ត​របស់អញ ៗ​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ការបំបែកសង្ឃមានទោសធ្ងន់ លោកដ៏មានអាយុទាំងឡាយ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ ​នឹងធ្វើតាម ​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យ​របស់​អញ ​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិន​ត្រូវ​​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុទាំងឡាយនោះឯង​ មិនមែន​ជាមិត្ត​របស់អាត្មាទេ ប៉ុន្តែថា ភិក្ខុទាំងឡាយ​ណាដែល​ជាមិត្ត​របស់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាមិត្ត​របស់អាត្មាអញដែរ អាត្មាអញ​​នឹងនិយាយ​ប្រាប់​ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះ​អាត្មាអញ​និយាយ​ទៅហើយ មុខជា​នឹង​និយាយ​ប្រាប់ភិក្ខុ​ទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោស​ធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុទាំងនោះ មុខជា​នឹងធ្វើតាម មុខ​ជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យអាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​​ភិក្ខុ​ចូល​វស្សា​ហើយ បានឮដំណឹងថា ក្នុងអាវាស​ឯណោះ មានភិក្ខុនីច្រើនរូប​​ ព្យាយាម​ដើម្បី​បំបែកសង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្ត​របស់​អាត្មាអញពិត អាត្មាអញ​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការ​បំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់នាង កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ពួកភិក្ខុនីនោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុងអាវាស​ឯណោះ មានភិក្ខុនីច្រើនរូប ​​ព្យាយាម​ដើម្បី​បំបែក​សង្ឃ។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្ត​របស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុនី​ណា​ ដែល​ជាមិត្ត​របស់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំង​នោះ ក៏​ជាមិត្ត​របស់អាត្មាអញដែរ អាត្មាអញ​នឹង​និយាយ​​ប្រាប់​ភិក្ខុនី​ទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មា​អញ​បាននិយាយ​ទៅហើយ មុខជា​និយាយ​​ប្រាប់​ភិក្ខុនី​ទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្ត​នឹងការ​បំបែក​សង្ឃឡើយ ពួកភិក្ខុនីនោះ មុខ​ជា​នឹង​ធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់ពាក្យអាត្មាអញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅចុះ។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​សាសនា​នេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលា​នោះ បើ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្ត​របស់អាត្មាអញដោយពិត អាត្មា​អញ​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់ទាំងនាង កុំចូលចិត្ត​នឹង​ការ​បំបែក​សង្ឃ​ឡើយ ភិក្ខុនី​ទាំង​នោះ មុខជា​នឹងធ្វើតាម មុខជា​នឹងប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យ​របស់​អាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ​បើភិក្ខុ​ចូល​វស្សា​ហើយ បាន​ឮ​ដំណឹង​ថា ក្នុង​អាវាស​ឯណោះ សង្ឃ​មុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តី​​ត្រិះរិះ​យ៉ាងនេះថា ភិក្ខុនី​ទាំងនោះ​ មិនមែន​ជាមិត្ត​របស់អាត្មាអញពិតមែន ប៉ុន្តែថា ភិក្ខុនី​ទាំងឡាយ​ណា ដែល​ជាមិត្ត​របស់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងឡាយនោះ ក៏ជាមិត្ត​របស់អាត្មាអញដែរ អាត្មា​អញ​​នឹងនិយាយ​ប្រាប់​ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះ​អាត្មាអញ​និយាយ​ទៅហើយ នឹង​និយាយ​ប្រាប់ភិក្ខុនី​ទាំង​នោះ​ថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ​ទ្រង់​ត្រាស់​ថា មានទោសធ្ងន់ ពួកនាង​ កុំចូលចិត្ត​នឹងការបំបែក​សង្ឃ​ឡើយ ភិក្ខុនីទាំងនោះ មុខជា​នឹងធ្វើតាម មុខជា​ប្រាថ្នា​ដើម្បី​ស្តាប់​ពាក្យអាត្មា​អញ មុខជា​នឹងផ្អៀង​ត្រចៀក​ស្តាប់ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះ​ដាច់​​វស្សា តែមិនត្រូវ​អាបត្តិទេ។

[១៣] សម័យនោះឯង ភិក្ខុ១រូប​មានសេចក្តី​ប្រាថ្នា​ដើម្បីចូល​វស្សាក្នុងលំនៅ​របស់គង្វាល​គោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុចូលវស្សា ក្នុងលំនៅរបស់​គង្វាលគោបាន។ ឯលំនៅ​របស់​គង្វាលគោក៏រើចេញទៅ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ លំនៅ​គង្វាលគោទៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទៅក្នុងទីនោះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សា​កាន់​តែជិត​ហើយ ក៏​ប្រាថ្នា​ដើម្បី​ទៅដោយពួកឈ្មួញ​រទេះ ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងពួក​ឈ្មួញរទេះបាន។ សម័យ​នោះឯង មានភិក្ខុ១រូប កាលថ្ងៃចូល​វស្សា​កាន់​តែជិត​ហើយ ក៏ប្រាថ្នា​ដើម្បី​ទៅដោយទូក។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចូលវស្សា​ក្នុង​ទូក​បាន។

[១៤] សម័យនោះឯង មានភិក្ខុ១រូប​ ចូល​វស្សាក្នុងរោងឈើ។ មនុស្សទាំងឡាយ​ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកបិសាច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ភិក្ខុមិនត្រូវ​ចូលវស្សា​ក្នុងរូង​ឈើទេ ភិក្ខុ​ណា​ចូល ភិក្ខុនោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ចូលវស្សា​លើ​ប្រគាបឈើ។ ពួកមនុស្ស ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​ទាំងនោះ​ដូចជា​ពួក​ព្រាន​ម្រឹគ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​ចូលវស្សាលើប្រគាប​ឈើទេ ភិក្ខុណាចូល ត្រូវ​អាបត្តិ​ទុក្កដ។

[១៥] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងទីវាល។ ដល់​វេលាភ្លៀងធ្លាក់មក ភិក្ខុ​ទាំង​នោះ​ក៏ស្ទុះចូលទៅរកម្លប់ឈើខ្លះ យុរស្បូវខ្លះ (សំយាប ឬរងស្បូវ)។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ចូល​វស្សា​ក្នុងទីវាលទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុ​ទាំង​ឡាយ​ចូល​វស្សា​ឥតមានទីសេនា​សនៈឡើយ ក៏លំបាក​ដោយត្រជាក់ខ្លះ ដោយ​កំដៅខ្លះ។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវ​​ចូល​វស្សា​​​ដោយឥតមានទីសេនាសនៈទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុ​ទាំង​ឡាយ​​ចូលវស្សាក្នុងខ្ទមខ្មោច។ មនុស្ស​ទាំងឡាយ​ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុ​ទាំង​នោះ ដូចជាពួកជន​ដុតខ្មោច។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ចូលវស្សា​ក្នុងខ្ទមខ្មោចទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងឆត្ត។ មនុស្សទាំងឡាយ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ​ដូចជាពួកគង្វាលគោ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ចូល​វស្សា​​ក្នុងឆត្តទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ចូល​វស្សា​ក្នុង​ពាង​ទឹក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ​ដូចជាពួកតិរ្ថិយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ចូលវស្សា​ក្នុងពាងទឹកទេ ភិក្ខុណាចូល ត្រូវអាបត្តិ​ទុក្កដ។

[១៦] សម័យនោះឯង ក្នុងក្រុងសាវត្ថី សង្ឃបានធ្វើកតិកា (ប្តេជ្ញា)ថា ភិក្ខុមិនត្រូវបំបួស​កុលបុត្ត​ក្នុងកណ្តាលវស្សាឡើយ។ ស្រាប់តែ​ចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋី បានចូល​ទៅរកពួក​ភិក្ខុហើយ សូម​នូវផ្នួស។ ភិក្ខុទាំងឡាយ​ក៏បាន​និយាយ​ទៅវិញ​យ៉ាងនេះថា នែអ្នក​ដ៏​មានអាយុ សង្ឃបានធ្វើកតិកា​ថា មិនត្រូវឲ្យភិក្ខុណា​បំបួស​កុលបុត្តក្នុង​កណ្តាលវស្សាឡើយ នែ​អ្នកដ៏មានអាយុ អ្នកឯងចូរបង្អង់សិន ទំរាំតែភិក្ខុទាំងឡាយ​នៅចាំវស្សា លុះចាំវស្សា​រួចហើយ នឹង​បំបួស។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សា​រួចហើយ ក៏បាននិយាយ​ពាក្យនេះ​នឹងចៅ​របស់​នាង​វិសាខា ជាមាតា​មិគារសេដ្ឋីថា នែអ្នកដ៏មានអាយុ អ្នកឯងចូរមកបួស​ក្នុងកាល​ឥឡូវ​នេះចុះ។ បុរស​នោះ ពោលតបយ៉ាងនេះវិញថា បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំករុណាបានបួស​រួច​ស្រឡះ​​ហើយ ខ្ញុំករុណាគួរត្រេកអរពេកណាស់ បពិត្រលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំករុណាខាន​បួស​ហើយ។ នាងវិសាខា ជាមាតា​មិគារសេដ្ឋី ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ម្ចាស់​ទាំងឡាយមិនសមបើ​នឹងធ្វើកតិកាបែបយ៉ាងនេះថា ភិក្ខុមិនត្រូវបំបួស​កុលបុត្ត​ ក្នុងកណ្តាល​វស្សា​សោះ ឯភិក្ខុ​មិនត្រូវប្រព្រឹត្តធម៌​មានកំណត់​កាលដូច្នោះទេ។ កាលនាងវិសាខា ជាមាតា​មិគារសេដ្ឋី កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលា​នោះឯង ភិក្ខុទាំង​នោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្ត​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវធ្វើកតិកាបែបនេះថា ភិក្ខុមិនត្រូវ​បំបួស​កុលបុត្ត​ក្នុងកណ្តាល​វស្សាទេ ភិក្ខុណាធ្វើ ត្រូវ​អាបត្តិ​​ទុក្កដ។

[១៧] សម័យនោះឯង ឧបនន្ទ ជាសក្យបុត្តដ៏មានអាយុ បានទទួលប្តេជ្ញា​ស្តេច​បសេនទិ​កោសល​ថា នឹងនៅចាំវស្សា​ដោយ​បុរិមិកាវស្សា។ ឧបនន្ទ​នោះ​កាល​ដើរទៅកាន់​អាវាសនោះ ក៏​បាន​ឃើញអាវាសពីរ ក្នុងពាក់កណ្តាលផ្លូវ ជាអាវាស​មានចីវរច្រើន។ ឧបនន្ទ​នោះ មានសេចក្តី​ត្រិះរិះ​​យ៉ាងនេះ​ថា បើដូច្នោះ គួរអាត្មាអញ​នៅចាំវស្សា​ក្នុងអាវាស​ទាំងពីរ​នេះចុះ ចីវរ​មុខជា​នឹង​កើត​​ដល់​អាត្មាអញ​ជាច្រើន ដោយអាការ​យ៉ាងនេះ។ ឧបនន្ទនោះ ក៏បាននៅ​ចាំវស្សា​ក្នុងអាវាស​ទាំង​ពីរនោះ។ ស្តេចបសេនទិកោសល ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ម្ចាស់​ឧបនន្ទ ជាសក្យបុត្ត បានទទួល​ប្តេជ្ញាថា អញនៅចាំវស្សាហើយ មិនសមបើ​នឹងធ្វើឲ្យខុស​ពាក្យ​ប្តេជ្ញា​ទៅ​វិញ​សោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលមុសាវាទ ទ្រង់សរសើរ​តែការ​វៀរចាក​ពាក្យ​មុសាវាទ ដោយអនេកបរិយាយ។ កាលស្តេចបសេនទិកោសល កំពុងពោលទោស តិះដៀល បន្តុះ​បង្អាប់​ ភិក្ខុទាំងឡាយ ​ក៏បានឮច្បាស់។ ភិក្ខុទាំងឡាយណា ជាអ្នក​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឧបនន្ទ ជាសក្យ​បុត្ត ដ៏មានអាយុ បាន​ទទួល​​ប្តេជ្ញា​ស្តេច​បសេនទិកោសល​ថា នឹងនៅចាំវស្សា​ហើយ មិនសមបើ​នឹង​ធ្វើឲ្យខុស​ពាក្យ​ប្តេជ្ញា​ទៅវិញសោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលឲ​ពាក្យមុសាវាទ ទ្រង់សរសើរ​តែការវៀរ​ចាក​​ពាក្យមុសាវាទ ដោយអនេក​បរិយាយ។ ​វេលា​នោះ ភិក្ខុទាំងនោះ ក៏​ក្រាប​ទូល​នូវសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ក្នុងវេលានោះ ហើយទ្រង់​សួរចំពោះ​ឧបនន្ទ​ ជាសក្យបុត្ត​ដ៏មានអាយុថា ឧបនន្ទ ឮថា អ្នក​ឯង​បាន​ទទួល​​ប្តេជ្ញាស្តេច​បសេនទិកោសលថា នឹងនៅចាំវស្សា​ ហើយធ្វើ​ឲ្យខុស​ពាក្យប្តេជ្ញា​ទៅ​វិញ ពិតមែនឬ។ ឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងបានទទួល​ប្តេជ្ញា​ស្តេច​បសេនទិ​កោសល​ថា​នឹង​​នៅចាំ​វស្សាហើយ មិនសមបើនឹងធ្វើឲ្យខុស​ពាក្យប្តេជ្ញា​ទៅវិញសោះ ម្នាលមោឃបុរស តថាគត​​បាន​តិះដៀល​​ពាក្យមុសាវាទ បានសរសើរ​តែការ​វៀរ​ចាក​ពាក្យមុសាវាទ ដោយ​អនេក​បរិយាយ ម្នាលមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន​ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង​ក៏​ទេ។បេ។ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា រួចទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញា​ថា នៅចាំវស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុ​នោះកំពុងតែដើរទៅកាន់​អាវាសនោះ ក៏បានឃើញ​អាវាស​ពីរក្នុង​ពាក់កណ្តាលផ្លូវ ជាអាវាស​មានចីវរ​ច្រើន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរ​អាត្មាអញ​នឹងនៅចាំវស្សា​ក្នុងអាវាស​ទាំងពីរ​នេះចុះ ចីវរមុខជានឹងកើត​ដល់អាត្មាអញ​ជាច្រើន ដោយអាការយ៉ាងនេះ។ ភិក្ខុ​នោះ ក៏នៅចាំវស្សា​ក្នុងអាវាស​ទាំងពីរនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់​ភិក្ខុ​នោះ មិន​ប្រាកដ​​ផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះទទួលពាក្យ​ប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថានៅចាំ​វស្សា​ ដោយបុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹង​ដើរ​ទៅ​កាន់​អាវាស​នោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​សេនា​សនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះ​ឥត​មាន​​កិច្ច​នឹងត្រូវធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់​ភិក្ខុ​នោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។

ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នឹងនៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​អាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះ ភិក្ខុនោះ​ប្រកប​ដោយ​​កិច្ចត្រូវធ្វើ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិន​ប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹង​ដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅវិហារ ក្រាល​សេនាសនៈ រួចដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទី​បរិវេន។ ភិក្ខុនោះនៅអស់ពីរបីថ្ងៃ ឥតមាន​កិច្ចអ្វីនឹងគួរធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ ក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើ​ប្រាស់ បោសច្រាសទីបរិវេន។ ភិក្ខុ​នោះ នៅអស់ពីរបីថ្ងៃហើយ ប្រកបដោយ​កិច្ចគួរ​នឹង​ធ្វើ ក៏ដើរចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះ​ដល់​ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទីបរិវេន។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ដើរចេញទៅដោយ​សត្តាហករណីយ។ ភិក្ខុនោះ​នៅ​ខាង​ក្រៅ(អាវាស)​ហួស៧ថ្ងៃនោះ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ មិន​ប្រាកដ​ផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​គេថា នៅចាំ​វស្សា​ ដោយ​បុរិមិកា​វស្សា​ហើយ។បេ។ ភិក្ខុនោះ នៅ​អស់​ពីរបី​ថ្ងៃ ក៏ថយចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ វិលត្រឡប់​មកវិញ​ក្នុងរវាង៧ថ្ងៃ។ ម្នាល​ភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះ​ទទួល​ពាក្យ​ប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរ​ទៅ​កាន់​​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ​ចូលទៅឯវិហារ ក្រាលសេនាសនៈ រួច​ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាស​ទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកប​កិច្ច​ដែល​ត្រូវ​ធ្វើ ហើយថយចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់​អាវាសនោះក្តី មិនបាន​មកកាន់អាវាសនោះក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវអាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកា​វស្សា​​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះ ក៏ធ្វើ​ឧបោសថ​ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើ​ប្រាស់ បោសច្រាសទីបរិវេណ។ ក្នុង​ថ្ងៃ​នោះ​ឯង ភិក្ខុនោះឥតមាន​កិច្ចរវល់នឹងធ្វើឡើយ ហើយ​ក៏ថយចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បុរិមិកាវស្សា​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះ ក៏ធ្វើ​ឧបោសថ លុះដល់ថ្ងៃ​១រោច ទើប​ចូល​ទៅ​កាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹក​ប្រើប្រាស់ បោសច្រាសទីបរិវេណ។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះក៏ប្រកប​ដោយ​កិច្ចដែលត្រូវធ្វើ ទើប​ថយ​ចេញ​ទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ប្រកប​ដោយកិច្ច​ការ ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏ថយ​ចេញ​ទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ នៅខាងក្រៅ (អាវាស) ឲ្យហួស​ពី៧ថ្ងៃនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ថយចេញទៅ​ដោយសត្តាហករណីយ។ ភិក្ខុ​នោះ ត្រឡប់វិល​វិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិនត្រូវ​អាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ភិក្ខុ​បានទទួល​ប្តេជ្ញា​គេថា នៅចាំវស្សា​ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះទៅកាន់អាវាសនោះ ក៏ធ្វើ​ឧបោសថ លុះដល់​ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ និង​ទឹក​ប្រើប្រាស់ បោសច្រាស​ទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកប​ដោយកិច្ច​ ហើយថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។

[១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញាគេ​ថា នៅចាំវស្សា​ ដោយ​បច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាសនោះ ក៏ធ្វើឧបោសដ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមាន​កិច្ចអ្វី ក៏ចៀសចេញទៅ ក្នុងថ្ងៃនោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។

ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយ​បច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោស​ច្រាសទីបរិវេណ។ ភិក្ខុនោះមាន​កិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ​ក្នុងថ្ងៃនោះឯង។បេ។  ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ច​អ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ មានកិច្ច​​ដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏ចៀសចេញ​ដោយ​សត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅ​ហួសកំណត់​៧ថ្ងៃនោះទៅ។ បច្ឆិមិកាវស្សា​របស់​ភិក្ខុនោះ ក៏មិនប្រាកដ​ផង ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួលពាក្យប្តេជ្ញា​ផង។ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនា​​នេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញាគេ​ថា នៅចាំ​វស្សា​ ដោយបច្ឆិមិកាវស្សា​ហើយ។ ភិក្ខុនោះ កាល​នឹងចេញដើរទៅកាន់​អាវាស​នោះ ក៏ធ្វើឧបោសថ​ខាងក្រៅ លុះដល់ថ្ងៃ​១រោច ទើប​ចូល​ទៅ​កាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃហើយ ក៏ចៀសចេញទៅដោយ​សត្តាហករណីយ។ ភិក្ខុនោះ ត្រឡប់វិលវិញ ក្នុង​រវាង​៧ថ្ងៃ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ពាក្យ​ប្តេជ្ញា​​គេថា នៅចាំ​វស្សា​ ដោយបច្ឆិមិកា​វស្សា​ហើយ។បេ។ ភិក្ខុនោះ កាលបើ​នៅខ្វះ​៧ថ្ងៃទៀត នឹង​ដល់​ថ្ងៃ​ជាទីរីកឡើងនៃផ្កាកុមុទ គឺថ្ងៃ​ជាគំរប់​៤ខែ នៃរដូវ​ភ្លៀង (១៥កើត ខែ​កត្តិក) មានកិច្ច​ដែល​ត្រូវ​ធ្វើ ក៏ចៀសចេញទៅ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់​អាវាសនោះក្តី មិនបាន​មក​ក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា​របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិន​ត្រូវ​អាបត្តិ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបាន​ទទួល​ប្តេជ្ញា​គេ​ថា នៅចាំ​វស្សា​ ដោយ​បច្ឆិមិកា​វស្សា​​ហើយ។ ភិក្ខុនោះ ទៅកាន់​អាវាស​នោះហើយ ក៏ធ្វើ​ឧបោសថ​ ដល់ថ្ងៃ​១​រោច ទើប​ចូលទៅកាន់​វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹក​ឆាន់ និងទឹក​ប្រើ​ប្រាស់ បោស​ច្រាស​ទីបរិវេណ។ ភិក្ខុនោះឥតមាន​កិច្ចអ្វី ក៏ចៀសចេញទៅ​ក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ មានកិច្ច​ដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃ​នោះឯង។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ឥត​មាន​កិច្ចអ្វី​ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ​ ក៏ចៀស​ចេញ​ទៅ។បេ។ ភិក្ខុនោះនៅអស់​ពីរបីថ្ងៃ ក៏ចៀសចេញទៅ​ ដោយសត្តាហករណីយ។ ភិក្ខុនោះ​នៅ​ខាង​ក្រៅ​ហួសកំណត់​៧ថ្ងៃទៅ។ ម្នាល​ភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុ​នោះត្រូវអាបត្តិ​ទុក្កដ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។បេ។ ភិក្ខុនោះ នៅអស់​ពីរបីថ្ងៃ ក៏​ចៀស​ចេញ​ទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះត្រឡប់វិលវិញ​ក្នុងរវាង​៧ថ្ងៃនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ​ ព្រោះ​ទទួល​ពាក្យប្តេជ្ញា​ផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួល​ប្តេជ្ញា​គេថា នៅចាំវស្សា​ដោយ​បច្ឆិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ កាលបើនៅខ្វះ​៧ថ្ងៃទៀត នឹងដល់ថ្ងៃជាទីរីក​នៃផ្កា​កុមុទ គឺថ្ងៃ​ជា​គំរប់​៤ខែ នៃរដូវភ្លៀង (១៥កើត ខែកត្តិក) មានកិច្ចដែល​ត្រូវធ្វើ ក៏ចៀសចេញទៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា​របស់​ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះ​មិនត្រូវអាបត្តិ​ ព្រោះ​ទទួលពាក្យប្តេជ្ញាផង។

ចប់ វស្សូបនាយិកក្ខន្ធកៈទី៣។

ឧទាន​នៃវស្សូបនាយិកក្ខន្ធកៈ​នោះ គឺ

[១៩] រឿង​ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា១ ពួកភិក្ខុគិតថា យើង​ត្រូវ​ចូលវស្សា​ក្នុងកាលណាហ្ន៎១ ពួកភិក្ខុគិតថា ថ្ងៃចូលវស្សា​ តើមានប៉ុន្មាន​យ៉ាង១ ពួកឆព្វគ្គិយ​ភិក្ខុ​បាន​ចូលវស្សា​ហើយ ចេញដើរទៅកាន់​ចារិក​ក្នុង​កណ្តាល​វស្សា១ មិនប្រាថ្នា​នឹងចូលវស្សា​១ វេលា​ជិតចូលវស្សា​ហើយ ក្លែង​ដើរចេញ​ទៅកាន់​អាវាសដទៃ១ ស្តេច​ពិម្ពិសារ​ប្រាថ្នា​នឹងលើកខែ១ ឧបាសក​​បានឲ្យគេកសាងវិហារ​ចំពោះសង្ឃ១ ភិក្ខុមានជម្ងឺ១ មាតានិង​បិតារបស់​ភិក្ខុ​មានជម្ងឺ១ បងប្អូនរបស់​​ភិក្ខុមានជម្ងឺ១ ញាតិរបស់ភិក្ខុ​មានជម្ងឺ១ អ្នកធ្វើការឈ្នួល​របស់​ភិក្ខុ​មានជម្ងឺ១ វិហារ​ទ្រុឌ​ទ្រោម១ សត្វ​សាហាវ​បៀតបៀន​ពួកភិក្ខុ១ សត្វមានពិស​បៀតបៀន​ពួក​ភិក្ខុ១ ពួកចោរ​បៀត​បៀន​​ពួកភិក្ខុ១ ពួកបិសាច​បៀតបៀន​ពួកភិក្ខុ១ ភ្លើងឆេះស្រុក និងឆេះទី​សេនាសនៈ​ទាំងពីរ​រឿង១ ទឹកជន់​លិចស្រុក​១ ចោរ​មកតាំងនៅ​ក្នុងស្រុក១ ពួកទាយកជា​ច្រើន​ឥតមាន​សទ្ធា​ជ្រះថ្លា១ ភិក្ខុនៅ​ចាំវស្សា​ក្នុងអាវាស​ដទៃ ហើយ​មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឆាន់​ឲ្យ​ឆ្អែត​ពេញ​លេញ១ ភិក្ខុនៅចាំវស្សាហើយ​មិនដែល​បានភោជន​ឆាន់​ឲ្យសប្បាយ​១ ភិក្ខុ​បានភេសជ្ជៈ​ជាទី​សប្បាយ​ហើយ តែ​មិនបានឧបដ្ឋាក​ដ៏សមគួរ១ ស្រីប្រលោម​ភិក្ខុ១ ស្រី​ផ្កាមាស​ប្រលោម​ភិក្ខុ១ នាងថុល្លកុមារី​ប្រលោម​ភិក្ខុ១ មនុស្ស​ខ្ទើយ​ប្រលោម​ភិក្ខុ១ ញាតិ​ប្រលោម​ភិក្ខុ១ ស្តេចប្រលោម​ភិក្ខុ១ ពួកចោរ​ប្រលោមភិក្ខុ១ ពួកអ្នកលេង​ប្រលោម​ភិក្ខុ១ ភិក្ខុឃើញ​កំណប់​ទ្រព្យ១ ភិក្ខុឃើញ​ភិក្ខុ​ច្រើនរូប​ព្យាយាម​បំបែក​សង្ឃ១ ភិក្ខុ៨ពួក​បានឮដំណឹងថា ភិក្ខុនិងភិក្ខុនី​ព្យាយាម​បំបែក​សង្ឃ១ ភិក្ខុចូលវស្សាក្នុង​លំនៅ​របស់គង្វាល​គោ១ ភិក្ខុចូលវស្សា​ក្នុង​ពួក​ឈ្មួញ​រទេះ១ ភិក្ខុចូល​វស្សា​ក្នុងទូក១ ភិក្ខុចូលវស្សា​ក្នុងរូងឈើ១ ភិក្ខុចូលវស្សា​លើប្រគាបឈើ១ ភិក្ខុចូលវស្សា​ក្នុង​ទី​វាល១ ភិក្ខុចាំវស្សា​ឥតមាន​ទីសេនាសនៈ១ ភិក្ខុចូលវស្សា​ក្នុងខ្ទមខ្មោច១ ក្រោមឆត្ត១ ក្នុង​ពាង​ទឹក១ សង្ឃធ្វើប្តេជ្ញាគ្នាថា កុំឲ្យបំបួស​បុលបុត្រ​ក្នុងវស្សា១ ភិក្ខុទទួល​ប្តេជ្ញា​ថានៅចាំ​បុរិមិកាវស្សា ឬបច្ឆិមិកាវស្សា ហើយធ្វើឧបោសថ​ខាងក្រៅ បណ្ឌិតគួរ​ប្រកប​តាមសមគួរ​ដល់​ន័យ១ ភិក្ខុឥត​មាន​កិច្ច​អ្វី​ហើយចៀសចេញទៅ១ ភិក្ខុមានកិច្ច​ ហើយចៀសចេញ​ទៅ១ ភិក្ខុ​នៅអស់​ពីរបីថ្ងៃ ក៏ទៅ​ដោយ​សត្តាហករណីយ ហើយ​ត្រឡប់​​វិល​វិញ​១ នៅខ្វះ​៧ថ្ងៃ​ទៀត នឹង​ដល់​ថ្ងៃ​​បវារណា​ ភិក្ខុ​នោះ​ទៅ​ដោយ​សត្តាហករណី​ ហើយត្រឡប់​មកកាន់​អាវាស​នោះក្តី មិនបាន​ត្រឡប់មកកាន់​អាវាស​នោះ​ក្តី១ បណ្ឌិត​​គប្បីពិចារណា​​នូវទំនង​ដែល​មានបែបផែន​​រៀបរយ​ក្នុង​​ឧទ្ទាន​នៃរឿង​ទាំង​អម្បាល​​ណេះហោង។

ក្នុងខន្ធកៈនេះ​មានរឿង​៥២។

បវារណក្ខន្ធកៈ

[២០] ​សម័យ​នោះឯង ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់​នៅវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូប ជាមិត្រ ទើបនឹងបាន​ជួបប្រទះ​គ្នា​ថ្មី ជា​មិត្រស្និទ្ធិស្នាលមាំមួន បានចូលវស្សានៅក្នុងអាវាស១ ក្នុងកោសលជនបទ។ គ្រានោះ ភិក្ខុ​ទាំង​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបាន​ព្រមព្រៀង​គ្នា ស្មោះ​សរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយអាហារ​បិណ្ឌបាតផង។ លំដាប់​នោះ​ឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនោះថា បើយើងមិននិយាយគ្នា មិនចរចារ​គ្នា​ទៅ​វិញ​ទៅមក ភិក្ខុណាត្រឡប់មក​ពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ គប្បីក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង​ដែលលាង​រួចហើយ និងគ្រឿងសម្រាប់​ជូតជើង​ដែល​មិន​ទាន់​លាង​ គប្បីលាងភាជន៍​សម្រាប់ផ្ទេរបាយ ហើយ​យកទៅដំកល់ទុក គប្បី​ដំកល់ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមានបិណ្ឌបាត​សល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬជះចោល​ទៅក្នុងទឹកដែល​គ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍​សម្រាប់​ផ្ទេរ​បាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បី​បោសច្រាស​រោងភត្ត ភិក្ខុ​ណាឃើញក្អម​ដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីង​ទទេ ភិក្ខុនោះ​គួរ​ដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការ​ដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការ​បោយដៃ មក​ឲ្យ​ដំ​កល់ទុក តែកុំឲ្យបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ យ៉ាងនេះឯង ទើបយើង​ទាំងអស់​គ្នា​ព្រម​ព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សា​ក៏ស្រួលផង មិនបានលំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយ​ឆ្លងគ្នានឹងគ្នា​ទៅវិញ​ទៅមក ភិក្ខុណា​ត្រឡប់​មកពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​​លាងជើង តាំងសម្រាប់​រងជើង​ និងគ្រឿងសម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ​ដំកល់​ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមាន​អាហារ​​សេសសល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា ក៏ឆាន់ទៅ បើមិនប្រាថ្នាទេ ចាក់​ចោល​ទៅលើទី​គ្មាន​ស្មៅស្រស់ ឬជះចោល​​ទៅក្នុងទឹកដែល​គ្មានសត្វក្តី ភិក្ខុនោះរើអាសនៈចេញ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង គ្រឿងសម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរបាយ ហើយរៀបទុកដាក់ ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ​បោសច្រាស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់វច្ចៈក្តី ដែល​​រលីង​ទទេ ភិក្ខុនោះក៏ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច ព្រោះវិការ​ដៃ ក៏ហៅគ្នីគ្នា ដោយអាការ​បោយដៃ មកឲ្យដំកល់ទុក តែមិនបានបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ។

[២១] ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀម​របស់​ភិក្ខុទាំងឡាយ ដែល​ចាំ​វស្សា​រួចហើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះនៅចាំវស្សាកន្លង៣ខែ​ទៅហើយ ក៏រៀបចំ​ទុក​ដាក់​សេនាសនៈ រួចកាន់យកបាត្រ និងចីវរ ចេញដើរសំដៅទៅក្រុងសាវត្ថី លុះដើរទៅដោយ​លំដាប់​ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏​សម​គួរ។ ការរីករាយ​ជាមួយ​នឹងពួកភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀម​របស់ព្រះពុទ្ធ​មានព្រះភាគ​ទាំង​ឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់នូវ​ព្រះពុទ្ធ​ដីកា​នេះ​នឹងពួក​ភិក្ខុ​​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខបានឬទេ ល្មម​ឲ្យ​ឥរិយាបថ​​ប្រព្រឹត្តទៅស្រួល​បានឬទេ​ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​​ទែងគ្នា នៅចាំវស្សាដោយសប្បាយហើយឬ មួយទៀត អ្នកទាំងឡាយ​ មិនលំបាក​ដោយ​បិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ​ល្មមអត់​ទ្រាំ​សេចក្តី​ទុក្ខបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមឲ្យឥរិយាបថ​ប្រព្រឹត្ត​ទៅស្រួលបាន បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សា​តាម​សប្បាយ មួយទៀត យើងខ្ញុំមិនលំបាក​ដោយបិណ្ឌបាតទេ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាប​ហើយត្រាស់​សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរ (ក៏មាន) ទ្រង់ជ្រាបកាល​គួរ​ហើយ ត្រាស់សួរ(ក៏មាន) ទ្រង់ជ្រាបកាលគួរហើយមិនត្រាស់​សួរ (ក៏មាន) ព្រះតថាគត​ទាំងឡាយ ត្រាស់​សួរ​ចំពោះតែហេតុដែល​ប្រកបដោយ​ប្រយោជន៍ មិនទ្រង់ត្រាស់សួរ​ហេតុដែល​ឥត​ប្រយោជន៍​ឡើយ (ព្រោះ) ហេតុដែលឥតប្រយោជន៍ ព្រះតថាគត​ទាំងឡាយ​ទ្រង់ផ្តាច់ផ្តិល​ដោយ​អរិយមគ្គ​ហើយ។ ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគត្រាស់សួរ​ចំពោះ​ភិក្ខុទាំងឡាយ ដោយ​អាការ​ពីរយ៉ាង គឺទ្រង់ត្រាស់សួរ​ ដោយទ្រង់គិតថា តថាគត​នឹងសំដែង​ធម៌ម្យ៉ាង និងបញ្ញត្ត​សិក្ខាបទ​ដល់សាវក​ទាំងឡាយ​ម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងពួក​ភិក្ខុ​ទាំង​នោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅ​ចាំ​វស្សា​​ដោយសប្បាយ​យ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេឬ។ ភិក្ខុទាំងឡាយក្រាបទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះភិក្ខុ​ច្រើនរូបជាមិត្រ បាន​ជួប​ប្រទះ​​គ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សា​ក្នុងអាវាស​មួយនា​កោសលជនបទនេះ បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះដូច្នេះថា យើងគប្បី​ជាបុគ្គល​ព្រម​ព្រៀង​គ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សា​ដោយសប្បាយ មួយទៀត យើងមិនគប្បី​លំបាក​ដោយ​បិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះ​ដូច្នេះ​ទៀតថា ប្រសិនបើយើងកុំ​គប្បី​ហៅរកគ្នា កុំគប្បីចរចារក​គ្នាទៅវិញទៅមក ភិក្ខុ​ណា​ត្រឡប់មក​ពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹក​លាងជើង តាំង​រងជើង ទ្រនាប់សម្រាប់​ជូតជើង​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត រួចហើយ​ដំកល់ទុក ហើយ​ដំកល់​ទឹក​ផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​ក្នុង​ស្រុក​ក្រោយ​គេ បើមានអាហារសេស​សល់​​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬបាចចោលក្នុងទឹកដែល​គ្មានសត្វ ភិក្ខុ​នោះ​ត្រូវសា​អាសនៈ ត្រូវទុក​ដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍​សម្រាប់​ផ្ទេរ​ភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវ​បោស​​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​​ទឹកផឹក​ក្តី ក្អមទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីង​ទទេ ត្រូវ​ភិក្ខុ​នោះ​ដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការ​នៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចា​ព្រោះហេតុ​នោះ​ឡើយ កាល​បើ​ធ្វើ​យ៉ាង​នេះហើយ ទើបបានយើង​ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​ទែង​គ្នា នៅចាំវស្សា​ដោយសប្បាយ មួយវិញទៀត យើងទាំងឡាយ​មិនលំបាក​ដោយ​​បិណ្ឌបាតទេ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំ​មិនហៅរកគ្នា មិនចរចារកគ្នា​ទៅវិញ​ទៅមកទេ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទុកនូវទឹក​​លាង​ជើង តាំង​រងជើង​ និងទ្រនាប់សម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួច​​ដំកល់ទឹកផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពី​បិណ្ឌបាត​ក្នុងស្រុកក្រោយគេ បើ​មាន​អាហារ​​សេសសល់​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់​ចោលលើទី​ដែលគ្មាន​ស្មៅស្រស់ក៏បាន បាចចោល​​ក្នុងទឹកដែល​គ្មានសត្វក៏បាន ភិក្ខុនោះ​សា​អាសនៈ​ចេញ ហើយទុក​ដាក់ទឹក​លាងជើង តាំង​រងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ ​បោស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់ទឹកផឹកក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែល​រលីង​ទទេ ភិក្ខុ​នោះ​ក៏ដងយកមក​ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺ​ដៃ​ជា​ដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដង​យកមកដំកល់ទុក មិនបាច់បញ្ចេញវាចា​ព្រោះហេតុ​នោះឡើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុស​ស្រួល​គ្នា មិនទាស់ទែងគ្នា នៅចាំ​វស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។

[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញា​ថាខ្លួន​ជាអ្នក​នៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយ​នេះនៅ​ដូចជាការ​នៅរួម​របស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួន​ជាអ្នក​នៅសប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​មោឃបុរស​ទាំងឡាយ​នេះ នៅ​ដូចជាការ​នៅរួម​របស់​​សត្វពពែ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅ​សប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយ​នេះនៅ​ដូចជាការនៅរបស់បុគ្គល​ប្រមាទ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅដោយ​សប្បាយ​ ម្នាល​ភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយ​នេះ មិនសមបើ​នឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជា​តិត្ថិយសមាទាន (សមាទាន​របស់​តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែល​មិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិនត្រូវភិក្ខុ​សមាទាន​មូគវត្ត ​ដែល​ជា​តិត្ថិយ​សមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិ​ទុក្កដ។ ​ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែលនៅចាំវស្សា​រួចហើយ បវារណា​​ដោយស្ថាន​៣យ៉ាង គឺដោយឃើញក្តី ដោយ​ឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការ​អនុលោម​ដើម្បីពោល​ប្រដៅ​នូវគ្នានឹងគ្នា ជាការ​ចេញ​ចាក​អាបត្តិ ជាការធ្វើវិន័យ​ឲ្យជាប្រធាន នឹង​ប្រាកដ​ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា។ បើបវារណាកម្មមាន​កាល​គួរដល់​សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុ​ជាថេរៈ​ធ្វើ​ឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គង​អញ្ជលីឡើង ហើយនិយាយយ៉ាងនេះ​នឹងសង្ឃថា នែ​អាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញ​ក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំង​ឡាយ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូមបវារណា​នឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​ដ៏​មាន​អាយុ​​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ហើយ​ពោល​ចំពោះខ្ញុំ កាលបើខ្ញុំ​ឃើញ នឹង​ធ្វើ​តាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុ​ខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយ​និយាយ​យ៉ាង​នេះនឹងសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយ​ពោល​ចំពោះ​ខ្ញុំ កាល​បើខ្ញុំ​ឃើញ នឹងធ្វើ​តាម បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណា​នឹងសង្ឃ​ជាគំរប់​ពីរដង​ផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ហើយពោល​ចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូមបវារណា​នឹង​សង្ឃ​ជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយពោលចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម។

[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈ​កំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏​នៅលើអាសនៈ​ទាំងឡាយ​។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច​។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល​បន្តុះបង្អាប់​ថា កាលដែលភិក្ខុទាំងឡាយ​ជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មិនសមបើពួក​ឆព្វគ្គិយ​ភិក្ខុ​ហ៊ាននៅ​លើអាសនៈ​ទាំងឡាយ​សោះ។ ទើបភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុ​ទាំងឡាយ​ជាថេរៈ កំពុង​អង្គុយ​ច្រហោង​បវារណា ពួកឆព្វគ្គិយភិក្ខុនៅលើអាសនៈ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាល​ភិក្ខុទាំងឡាយ កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មោឃបុរស​ទាំងឡាយ​នោះមិនសម​បើនឹងហ៊ាននៅលើ​អាសនៈ​ទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា​ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែល​ភិក្ខុ​ជាថេរៈ​ទាំងឡាយ​កំពុង​អង្គុយ​ច្រហោង បវារណា ភិក្ខុ​មិនត្រូវ​នៅលើអាសនៈ​ទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងអស់​នោះ អង្គុយច្រហោង ហើយបវារណា។ ក៏សម័យ​នោះឯង ព្រះថេរៈ​មួយអង្គ ថយកំឡាំង​ដោយជរា កាលបើ​អង្គុយ​ច្រហោង រង់ចាំទំរាំ​ភិក្ខុទាំងឡាយ​បវារណាគ្រប់គ្នា ក៏ជ្រុលជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអង្គុយច្រហោង ក្នុងពេលដែល​ខ្លួនកំពុង​បវារណា លុះបវារណា​រួចហើយ ទើបអង្គុយ​លើអាសនៈបាន។

[២៤] លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណា​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បវារណា​មានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា១ បណ្ណរសិកាបវារណា​​១ ម្នាលភិក្ខុទាំងឡាយ បវារណា​មានតែពីរ​យ៉ាង​ប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណាកម្ម​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណា​កម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណា​កម្ម​ព្រមព្រៀង​គ្នា តែមិនត្រូវតាមធម៌១ បវារណា​កម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្ម​ព្រមព្រៀងគ្នា​ត្រូវតាមធម៌១។ ម្នាល​ភិក្ខុទាំងឡាយ បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណាជាពួក​ តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវធ្វើ​បវារណា​កម្មបែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណា​ព្រមព្រៀងគ្នា​ តែមិនត្រូវ​តាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណា​កម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណា​កម្មទាំង៤នោះ បវារណាកម្មណាជាពួក​តែត្រូវតាមធម៌ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើបវារណាកម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាល​ភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណា ព្រមព្រៀងគ្នា ត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវធ្វើ​បវារណាកម្មបែបនេះចុះ តថាគត​អនុញ្ញាត​បវារណាកម្មបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុងសាសនានេះ ត្រូវសិក្សា​ដូច្នេះថា បវារណា​កម្មណា​ព្រមព្រៀង​គ្នាត្រូវតាមធម៌ យើងទាំងឡាយ​នឹងធ្វើបវារណា​កម្ម​បែបនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវតែសិក្សាយ៉ាងនេះឯង។

[២៥] គ្រានោះឯង ព្រះមានព្រះភាគត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក​ទាំងឡាយប្រជុំគ្នាចុះ (ព្រោះ) សង្ឃនឹងបវារណា។ កាលបើ​ព្រះមានព្រះភាគ​ទ្រង់​មានបន្ទូល​យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូល​ព្រះមានព្រះភាគ​ដោយពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះ​មិនបានមក។ ព្រះមានព្រះភាគ​ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុឈឺឲ្យនូវ​បវារណាបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណា​នោះត្រូវ​ឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះចូលទៅរក​ភិក្ខុមួយ​រូបធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង​ផ្គង​អញ្ជលី​ឡើង ហើយនិយាយ​យ៉ាងនេះនឹង​ភិក្ខុនោះថា ខ្ញុំសូម​ឲ្យ​បវារណា ចូរលោកនាំបវារណារបស់ខ្ញុំទៅ ចូរលោកបវារណា​ដើម្បី​ប្រយោជន៍​ដល់ខ្ញុំ​ផង។ ភិក្ខុនោះ​បញ្ជាក់​ (សេចក្តី) ដោយ​កាយ (ក្តី) បញ្ជាក់​ដោយវាចា(ក្តី) បញ្ជាក់ដោយ​កាយ ​និង​វាចា(ក្តី) ក៏ឈ្មោះ​ថា ភិក្ខុ​នោះឲ្យ​បវារណាហើយ។ (បើ) ភិក្ខុឈឺ​មិនបញ្ជាក់​ដោយកាយ មិនបញ្ជាក់​​ដោយ​វាចា មិនបញ្ជាក់​ដោយកាយ និងវាចាទេ មិនឈ្មោះថា ភិក្ខុ​ឈឺនោះ ​ឲ្យ​បវារណាឡើយ។ បើសង្ឃ​បាននូវ​ការឲ្យ​បវារណានុ៎ះយ៉ាងនេះហើយ ការបាននុ៎ះ ជាការល្អ បើសង្ឃ​មិនបាន​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ឃត្រូវនាំភិក្ខុឈឺនោះដោយ​គ្រែ ឬតាំង​មកក្នុង​ទីជាកណ្តាលសង្ឃ ហើយ​សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​ពួកភិក្ខុអ្នកបម្រើ​ភិក្ខុឈឺ​មានសេចក្តី​ត្រិះរិះ​យ៉ាង​នេះថា បើយើងទាំងឡាយ​ ឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹង​រឹតតែចំរើន ឬនឹង​ធ្វើកាលកិរិយា (មិនខាន)។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវ​ឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវ​សង្ឃ​ទៅបវារណា​ក្នុងទីនោះ មិនត្រូវ​សង្ឃបវារណា​ជាពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ កាលបើភិក្ខុឈឺឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំបវារណាចៀសចេញ​ចាក​ទី​នោះទៅ ត្រូវភិក្ខុ​នោះ ឲ្យ​បវារណា​ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ​ឈឺ​ឲ្យ​បវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​សឹកក្នុងថ្ងៃនោះឯង​។បេ។ ស្លាប់ (ឬ) ប្តេជ្ញា​ខ្លួន​ជាសាមណេរ ប្តេជ្ញាខ្លួន​ជាអ្នកលាសិក្ខា ប្តេជ្ញាខ្លួនជា​អ្នកត្រូវ​អន្តិមវត្ថុ ប្តេជ្ញា​ខ្លួន​ជាមនុស្សឆ្កួត ប្តេជ្ញាខ្លួន​ជាអ្នក​មានចិត្តរវើរវាយ ប្តេជ្ញាខ្លួន​ជាអ្នកមានវេទនា​គ្របសង្កត់ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត​ព្រោះ​មិន​ធ្វើ​តបអាបត្តិ (មិនសំដែងអាបត្តិ) ប្តេជ្ញាខ្លួន​ជាអ្នកត្រូវសង្ឃ​លើកវត្ត ព្រោះមិនលះបង់​ទិដ្ឋិ​អាក្រក់ ប្តេជ្ញាខ្លួន​ជាបណ្ឌក ប្តេជ្ញាខ្លួន​ជាថេយ្យសំវាសក ប្តេជ្ញាខ្លួន​ជាអ្នក​ចូលទៅ​កាន់ពួកតិរ្ថិយ ប្តេជ្ញាខ្លួន​ជាតិរច្ឆាន ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់មាតា ប្តេជ្ញាខ្លួន​ជាអ្នកសម្លាប់បិតា ប្តេជ្ញាខ្លួន​ជាអ្នកសំឡាប់​ព្រះអរហន្ត ប្តេជ្ញាខ្លួន​ជាអ្នកទ្រុស្តភិក្ខុនី ប្តេជ្ញាខ្លួន​ជាអ្នកបំបែកសង្ឃ ប្តេជ្ញាខ្លួន​ជាអ្នកធ្វើ​ព្រះលោហិត​ឲ្យពុរពងឡើង ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ ត្រូវភិក្ខុនោះ​ឲ្យបវារណា​ដល់​ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នក​នាំបវារណា​ចៀសចេញ​ទៅ​ ក្នុងពាក់កណ្តាល​ផ្លូវ មិនហៅ​ថា បាន​នាំបវារណា​មក​ដល់​ឡើយ។ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ​សឹក​ត្រង់​ពាក់​​កណ្តាល​ផ្លូវទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្សមានភេទពីរ (ក្តី) មិនហៅថា បាន​នាំ​បវារណា​មកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំ​បវារណា​ ទៅដល់​សង្ឃហើយ ទើបបានចៀសចេញទៅ បវារណា​ឈ្មោះថា បាននាំមក​ដល់​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នក​នាំបវារណា​ទៅដល់​សង្ឃ​ហើយ ទើបបានសឹក (ក្តី) ស្លាប់(ក្តី)។បេ។ ប្តេជ្ញាខ្លួន​ជាមនុស្ស​មានភេទពីរ (ក្តី) បវារណាឈ្មោះថា បាន​នាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យ​បវារណាហើយ បើភិក្ខុអ្នក​នាំ​បវារណា​ទៅដល់​សង្ឃហើយ ដេកលក់មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមក​ដល់​ហើយ ភិក្ខុអ្នក​នាំបវារណា​មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យ​បវារណាហើយ បើ​ភិក្ខុ​អ្នក​​នាំបវារណា​ ទៅដល់សង្ឃ​ហើយ ក៏ចូល​សមាបត្តិទៅ មិនបានប្រាប់ បវារណា​ឈ្មោះថា បាននាំ​​មកដល់ហើយ ភិក្ខុអ្នកនាំ​បវារណា មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ​ឲ្យបវារណា​ហើយ បើភិក្ខុអ្នកនាំ​បវារណា​ទៅដល់សង្ឃ​ហើយ ភ្លេច​មិនបានប្រាប់​ បវារណា​ឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នក​នាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាល​ភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ក្លែងមិនប្រាប់ បវារណា​​ឈ្មោះថា បាននាំ​មកដល់ហើយ (តែ) ភិក្ខុអ្នកនាំបវារណា​ត្រូវអាបត្តិ​ទុក្កដ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងថ្ងៃបវារណានោះ (បើ) សង្ឃមានកិច្ច​ត្រូវធ្វើ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាលដែល​ឲ្យ​បវារណា​ហើយ ត្រូវឲ្យឆន្ទៈផង។

[២៦] ក៏សម័យនោះឯង ពួកញាតិ​ចាប់ភិក្ខុមួយអង្គក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនោះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ពួកជន​ជាញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយ​នឹង​ពួកជន​ជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូម​អ្នកទាំងឡាយ​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការដែលបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិនោះ​យ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិនោះ​យ៉ាង​នេះ​ថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់​ទីក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយ​ចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ​(ក្តី) ពួក​អ្នកលេង​ចាប់​​ភិក្ខុ​(ក្តី) ពួក​ភិក្ខុជាសត្រូវ​ចាប់ភិក្ខុ (ក្តី) ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយនឹង​ពួកភិក្ខុ​ជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូម​អស់​លោក​ទាំងឡាយ​​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ភិក្ខុ​ជាសត្រូវ​ទាំងនោះ​យ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការ​បាន​នុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកភិក្ខុជាសត្រូវទាំងនោះ​យ៉ាង​នេះ​ថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។

[២៧] ក្នុងសម័យនោះឯង ភិក្ខុ៥រូបនៅក្នុង​អាវាសមួយ​ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះមានព្រះភាគ​ទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុ​បវារណា​ដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៥រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា។ សម័យ​នោះ​ឯង ភិក្ខុ៤រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ក៏​ឥឡូវ​នេះ យើងទាំងឡាយជាជន៤រូប តើត្រូវយើងទាំងឡាយ​បវារណា​ដូចម្តេច ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ៤រូប ​បវារណា ដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស ​ប្រតិពល ​ឲ្យភិក្ខុទាំងឡាយ​នោះ យល់ថា សូមលោក​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្ម មានកាលគួរ ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ហើយផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះ​យ៉ាង​នេះ​ថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(រំលឹក) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា​នឹងលោក​​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(រំលឹក)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយ​យ៉ាងនេះ​ ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំង​ឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​ (ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ​ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុ៣រូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ​មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះថា ព្រះដ៏មានព្រះភាគ​ ទ្រង់អនុញ្ញាត ឲ្យភិក្ខុ៥រូប​បវារណា ​ដោយសង្ឃបវារណា ឲ្យភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​​នេះ យើងទាំងឡាយជាជន៣រូប តើយើងទាំងឡាយត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​មាន​បន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ៣រូប ​បវារណាដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ បវារណាយ៉ាងនេះ។ ត្រូវភិក្ខុ​ដែលឆ្លាស​ប្រតិពល​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះដឹងថា សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើ​បវារណាកម្ម​មាន​កាល​គួរ​ដល់​លោក​ដ៏មានអាយុទាំងឡាយ​ហើយ ត្រូវយើងទាំងឡាយ​បវារណា​ដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលី​ឡើង រួចនិយាយនឹងភិក្ខុទាំងឡាយ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​​ទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយអាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន) ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មាន​អាយុ​ទាំងឡាយ អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូម​បវារណា​ នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើ​តាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ទាំងឡាយ​​នោះថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ទាំងឡាយ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំ​សូម​បវារណា​នឹងលោក​ដ៏​មាន​អាយុ​​ទាំងឡាយ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំង​ឡាយ​អាស្រ័យ​នូវ​សេចក្តី​​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំ​សូម​បវារណា នឹងលោក​ដ៏មានអាយុ​ទាំងឡាយ ​ជា​គំរប់​បី​ដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​​ដ៏មានអាយុ​ទាំងឡាយ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំ​ឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុពីររូប នៅក្នុង​អាវាសមួយ​ ក្នុងថ្ងៃ​បវារណានោះ។ គ្រា​នោះ ភិក្ខុទាំងឡាយនោះ​ មាន​សេចក្តី​ត្រិះរិះ​​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគ ​ទ្រង់អនុញ្ញាត​ឲ្យភិក្ខុ៥រូប ​បវារណា ​ដោយសង្ឃបវារណា ឲ្យ​ភិក្ខុ​៤រូប បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុ​៣រូប បវារណា​ដល់គ្នានឹងគ្នា ​ឥឡូវ​នេះ យើង​ទាំងឡាយ​ជា​ជន​ពីររូប តើយើងត្រូវ​បវារណា​ដូចម្តេច។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុពីររូប ​បវារណា​ដល់​គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុបវារណាយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ​ នឹង​ភិក្ខុខ្ចីថា​ នែ​អាវុសោ ខ្ញុំសូមបវារណានឹងលោក​ដ៏មាន​អាយុ​ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏​មាន​អាយុ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំ​សូមបវារណានឹងលោក​ដ៏មានអាយុ​ ជា​គំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូម​បវារណា នឹងលោក​​ដ៏មានអាយុ​ ​ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើ​ឧត្តរា​សង្គ ​ឆៀងស្មា​ម្ខាង ហើយអង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួច​និយាយ​យ៉ាងនេះ​នឹង​ភិក្ខុ​ជា​ថេរៈថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏មានអាយុ​ ដោយ​​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ​និយាយ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹង​ធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោក​ដ៏​មាន​អាយុ ​​ជាគំរប់​ពីរដងផង ដោយ​ឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ​(ដាស់តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម បពិត្រ​លោកដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងលោក​ដ៏មានអាយុ​ ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោក​ដ៏មានអាយុ​ ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ និយាយ ​(ដាស់​តឿន)​ខ្ញុំ កាលបើ​ខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុមួយរូប​នៅក្នុង​អាវាសមួយ ក្នុង​ថ្ងៃបវារណានោះ។ ឯភិក្ខុនោះ ក៏មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះដ៏មាន​ព្រះភាគ​ ទ្រង់អនុញ្ញាត ​ឲ្យភិក្ខុ៥រូប​បវារណា ដោយសង្ឃបវារណា​ឲ្យ​ភិក្ខុ៤រូប​បវារណា ដល់​គ្នា​នឹងគ្នា ឲ្យភិក្ខុ៣រូប​ បវារណា​ដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូប ​បវារណា​ដល់គ្នា​នឹងគ្នា ឥឡូវនេះ អាត្មា​អញ​​តែម្នាក់ឯង គួរអាត្មាអញ​បវារណាដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាប​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុ​មួយ​រូប​ នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ​ចៀសចេញទៅ អំពី​ប្រទេស​​ណា គឺឧបដ្ឋានសាលា ក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុ​នោះ បោស​ប្រទេសនោះ ហើយដំកល់ទុក​នូវទឹកឆាន់ ទឹកប្រើប្រាស់ ត្រូវក្រាលអាសនៈរួច អុជ​ប្រទីប ហើយត្រូវអង្គុយចាំ។ បើមានភិក្ខុទាំងឡាយ​ដទៃមក ត្រូវភិក្ខុនោះ បវារណាជាមួយនឹង​ភិក្ខុ​ទាំងឡាយនោះចុះ បើគ្មាន​ភិក្ខុទាំងឡាយមកទេ ត្រូវភិក្ខុនោះ​អធិដ្ឋាន​ថា ថ្ងៃនេះ​ជាថ្ងៃ​បវារណា​របស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ៥រូប ភិក្ខុ៤រូប មិនត្រូវនាំ​បវារណា​របស់ភិក្ខុ១រូប ហើយ​បវារណា​ដោយសង្ឃ​បវារណា​ក្នុង​អាវាស​នោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុនៅ៤រូប ភិក្ខុ៣រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមាន​ភិក្ខុ​នៅ៣រូប ភិក្ខុ២រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុង​អាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែល​មាន​ភិក្ខុ​នៅ២រូប ភិក្ខុ១រូប មិនត្រូវ​នាំបវារណា​របស់ភិក្ខុ១រូបមក ហើយ​អធិដ្ឋានក្នុង​អាវាស​នោះទេ។ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។

[២៨] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវ​អាបត្តិ​ក្នុងថ្ងៃបវារណា​នោះ។ ក៏ភិក្ខុនោះ​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់​បញ្ញត្តហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវ​បវារណា​ណាទេ ឥឡូវអាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញត្រូវ​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា​ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិ ​ក្នុងថ្ងៃបវារណា​នោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ​ចូលទៅ​រកភិក្ខុ១រូប ហើយ​ធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី​ រួចនិយាយ​យ៉ាងនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំសូមសំដែង​អាបត្តិ​នោះចេញ។ ត្រូវភិក្ខុអ្នកទទួលអាបត្តិនោះនិយាយថា លោក​ឃើញឬទេ។ ភិក្ខុអ្នកសំដែង​នោះ​ឆ្លើយថា អើខ្ញុំឃើញ។ ភិក្ខុអ្នកទទួលអាបត្តិត្រូវប្រាប់ថា ត្រូវលោកសង្រួមតទៅ។ ម្នាលភិក្ខុទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុសង្ស័យ​ នឹងអាបត្តិ ​ក្នុងថ្ងៃបវារណានោះ។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូល​ទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀង​ស្មាម្ខាង អង្គុយ​ច្រហោង ផ្គងអញ្ជលី រួចនិយាយ​យ៉ាងនេះ នឹងភិក្ខុនោះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​នឹងអាបត្តិឈ្មោះនេះ កាល​ណាខ្ញុំ​អស់សេចក្តីសង្ស័យ ខ្ញុំនឹងធ្វើតប (សំដែង) នូវអាបត្តិ​នោះ ក្នុងកាលនោះ លុះពោលដូច្នេះ​ហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុ ធ្វើនូវសេចក្តី​អន្តរាយដល់​បវារណា​ ព្រោះហេតុប៉ុណ្ណោះទេ។ ក៏សម័យនោះឯង ភិក្ខុ១រូប កំពុងតែបវារណា​ ក៏រលឹក​ឃើញ​អាបត្តិ។ ទើបភិក្ខុ​នោះ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត​ហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវបវារណា​ទេ ឥឡូវ ​អាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញ ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូល​​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំចេញ​ពីទីនេះ​ហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​នូវសេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តី​សង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​ នឹងអាបត្តិ​ឈ្មោះ​នេះ​ កាល​ណា ខ្ញុំអស់​សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ​ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​សេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។ ក៏សម័យ​នោះ​ឯង សង្ឃទាំងអស់ក្នុង​អាវាស១ ត្រូវសភាគាបត្តិ (អាបត្តិដូចគ្នា) ក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុ​ទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវ​សំដែង​សភាគបត្តិ មិនត្រូវទទួល​សភាគាបត្តិ (នឹងគ្នាទេ) ឥឡូវ​សង្ឃនេះ សុទ្ធតែត្រូវ​សភាគាបត្តិ​ហើយ តើយើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំង​អស់​​ក្នុងអាវាសមួយ ត្រូវសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំង​ឡាយនោះ​ បញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង​ ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោក​ទៅ​សំដែង​​អាបត្តិ​នោះ ហើយ​មកវិញ យើងទាំងឡាយនឹងសំដែង​អាបត្តិនោះ ក្នុង​សំណាក់លោក។ បើសង្ឃ​បានការសំដែង​អាបត្តិនុ៎ះដូច្នេះហើយ ការបាននុ៎ះ​ជាការល្អ បើមិនបានទេ ត្រូវភិក្ខុដែល​ឆ្លាស​ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ (ដ្បិត) សង្ឃទាំងអស់នេះ​ត្រូវ​សភាគាបត្តិហើយ កាលបើសង្ឃឃើញភិក្ខុដទៃ​បរិសុទ្ធ មិនមានអាបត្តិ សង្ឃនឹងសំដែង​អាបត្តិនោះ ក្នុងសំណាក់​ភិក្ខុនោះកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណា​ចុះ។ មិនត្រូវ​សង្ឃធ្វើ​សេចក្តីអន្តរាយ​ដល់បវារណាព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើសង្ឃ​ទាំងអស់​ក្នុងអាវាសមួយ មានសេចក្តីសង្ស័យនឹងសភាគាបត្តិ ​ក្នុងថ្ងៃបវារណានោះ  ត្រូវ​ភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ សង្ឃទាំង​អស់នេះ មានសេចក្តីសង្ស័យ ​ក្នុងសភាគាបត្តិ កាលណាសង្ឃ​អស់សេចក្តីសង្ស័យ សង្ឃនឹង​សំដែង​​អាបត្តិ​នោះចេញ កាលនោះ លុះពោល​ដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃ​ធ្វើ​សេចក្តីអន្តរាយ​ដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។

ចប់ បឋមភាណវារៈ។

[២៩] ក៏សម័យនោះឯង ពួកអាវាសិកភិក្ខុ (អ្នកនៅក្នុងអាវាស) ជាច្រើន​ប្រមាណ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងអាវាសមួយ ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ មិនដឹង​ថាមានពួក​អាវាសិកភិក្ខុរូបឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថាជា​វិន័យ ជាពួកទេ តែសំគាល់ថា​ ព្រមព្រៀងគ្នា ហើយបវារណា។ កាលដែលភិក្ខុ​ទាំងឡាយ​នោះ កំពុង​បវារណា ស្រាប់តែ​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុដទៃ ​មិនទាន់​មកដល់។ ភិក្ខុទាំងឡាយ​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ​ព្រម​ព្រៀងហើយ ក៏នាំគ្នា​បវារណា។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ភិក្ខុទាំងឡាយ ដែលបវារណាហើយ មិនត្រូវអាបត្តិ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត​ មិនទាន់​មកដល់។ ភិក្ខុ​ទាំង​នោះ សំគាល់​ថាជាធម៌ ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ ព្រម​ព្រៀង ក៏នាំគ្នា​បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបវារណា​ហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែភិក្ខុទាំងឡាយ ​ដែលនៅសល់អំពីនោះ បវារណា ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើនគឺ ៥រូប ឬជាង​៥រូប​ឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណា​នោះ។ ភិក្ខុ​ទាំងនោះ ​មិនដឹង​ថាមាន​ពួក​អាវាសិកភិក្ខុ​ដឯទៀត​មិនទាន់​មកដល់។ ភិក្ខុទាំង​នោះ សំគាល់​ថាជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា​ព្រម​ព្រៀងហើយ ក៏​បវារណាទៅ។ កាលដែល​ភិក្ខុទាំងនោះ ​កំពុង​បវារណា ស្រាប់តែមានពួក​អាវាសិកភិក្ខុឯទៀត តិចជាងមកដល់។ ភិក្ខុដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា បវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណា ភិក្ខុ​ទាំងឡាយ​ដែល​បានបវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​ ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ បវារណាម្តងទៀត ភិក្ខុដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុចំនួន​ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ​ដែលបាន​បវារណា​ហើយ ក៏ឈ្មោះថា​ បវារណាដោយល្អ ត្រូវពួកអាវាសិកភិក្ខុឯទៀត ​បវារណា​ក្នុង​សំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបានបវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួក​អាវាសិកភិក្ខុ​ឯទៀត​តិចជាងមកដល់។ ពួកភិក្ខុដែល​បវារណាហើយ ក៏ឈ្មោះថា ​បានបវារណា​ល្អហើយ ត្រូវ ​(ពួក​ភិក្ខុដែល​មកក្រោយ) បវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយ (ដែល​បវារណាហើយ) នោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួក​អាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង​៥រូប​ឡើង​ទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិន​ទាន់​មក​ដល់។ ភិក្ខុទាំងនោះ ​ក៏សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែ​សំគាល់​ថា ​ព្រម​ព្រៀង ហើយបវារណា​ទៅ។ កាលដែលភិក្ខុ​ទាំងឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោយចេញ​នៅឡើយ ក៏ពួក​អាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា​ម្តងទៀត។ ពួកភិក្ខុ ដែលបាន​បវារណា​ហើយ មិន​ត្រូវ​អាបត្តិ​ទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ចំនួន​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុ​ទាំងឡាយ ​​ដែលបាន​បវារណា​ហើយ ឈ្មោះថា​ បវារណាល្អហើយ ​(ពួក​ភិក្ខុដែល​មិនទាន់បវារណា) ត្រូវបវារណា ​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែលបាន​បវារណា​ហើយ មិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មាន​ពួក​អាវាសិក​ភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំង​នោះ​ មិន​ដឹង​ជាមានពួក​អាវាសិកភិក្ខុឯទៀត​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាលដែល​ភិក្ខុ​ទាំង​ឡាយនោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យពួក​ខ្លះ ក្រោកចេញទៅហើយ ក៏មាន​ពួក​អាវាសិកភិក្ខុ​​ឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ​ បវារណា​ម្តង​ទៀត ពួកភិក្ខុដែលបាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ទាំងឡាយ​ ដែល​បាន​បវារណា​ហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុ​ទាំង​នោះ​ មិនដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុទាំងនោះ ​សំគាល់ថា​ជាធម៌ សំគាល់​ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណា​ទៅ។ កាល​​ដែលភិក្ខុ​ទាំង​នោះ ទើបតែនឹង​បវារណារួច ភិក្ខុបរិសទ្យ​ទាំងអស់​ ក្រោកចេញហើយ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ​​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀតចុះ ភិក្ខុ​ទាំងឡាយដែល​បវារណា​ហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ស្មើៗ​គ្នា​មក​ដល់។បេ។ តិចជាង។ ភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ភិក្ខុ(ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ភិក្ខុ​ដែល​បវារណាហើយ មិនត្រូវអាបត្តិទេ។

ចប់ រឿង​ភិក្ខុបវារណា​មិនត្រូវអាបត្តិ មាន១៥យ៉ាង។

[៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ ​មានពួក​អាវាសិកភិក្ខុ ជា​ច្រើន គឺ​៥រូប ឬជាង​៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹង​ថា​មានពួក​​អាវាសិកភិក្ខុឯទៀត ​មកមិនទាន់ដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់​ថា​ជា​វិន័យ ជាពួកទេ តែសំគាល់ថា​ព្រមព្រៀងគ្នា ហើយក៏បវារណាទៅ។ កាលភិក្ខុ​ទាំងឡាយ​នោះ​កំពុង​​បវារណា ក៏​មានពួក​អាវាសិកភិក្ខុឯទៀត ច្រើន​ជាងមកដល់។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ បវារណា​ម្តងទៀត។ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ក៏មានពួក​អាវាសិកភិក្ខុឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយដែល​បវារណា​ហើយ ក៏ឈ្មោះថា បានបវារណា ដោយល្អហើយ ត្រូវភិក្ខុដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ​ដែល​បវារណា​ហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ​ ក្នុងសាសនានេះ បើក្នុង​អាវាស​ណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬ​ជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ ភិក្ខុទាំងឡាយនោះដឹងថា មានពួក​អាវាសិកភិក្ខុឯទៀត ​មិនទាន់មកដល់។ ភិក្ខុ​ទាំងឡាយ​នោះ​​សំគាល់ថា​ ជាធម៌ សំគាល់ថា ជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយក៏បវារណា​​ទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹង​បវារណារួច។បេ។ ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោក ភិក្ខុបរិសទ្យពួក​ខ្លះក្រោកហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញហើយ ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​​ឯទៀត​​ ច្រើនជាង ​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ​ដែល​បវារណា​ហើយ ក៏ឈ្មោះថា​ បានបវារណាល្អហើយ ពួកភិក្ខុ(ដែល​មិនទាន់បវារណា) ត្រូវបវារណា​ក្នុងសំណាក់​ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ​ ដែល​បវារណាហើយ ត្រូវអាបត្តិទុក្កដ។

ចប់ រឿងពួក​ភិក្ខុជាពួក តែសំគាល់ថា ព្រមព្រៀងគ្នា មាន១៥យ៉ាង។

[៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀតមិនទាន់មកដល់។ ពួកភិក្ខុទាំងឡាយនោះ​មានសេចក្តី​សង្ស័យ​ដូច្នេះថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ​កំពុងតែបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅ​សល់អំពីនោះ​ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើក្នុង​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ តែពួកភិក្ខុទាំងនោះ មានសេចក្តី​សង្ស័យថា គួរ​យើងទាំងឡាយ​បវារណា ឬមិនគួរទេ (ហើយ​ក៏នាំគ្នា) បវារណាទៅ។ កាល​ដែលពួក​ភិក្ខុទាំងនោះ ទើបតែ​នឹងបវារណាហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោកចេញហើយ ភិក្ខុបរិសទ្យ​ទាំងអស់​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើនជាង​មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែល​មិនទាន់​បវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីសង្ស័យ មាន១៥យ៉ាង។

[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ​ដឹងថា មានពួកអាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ​ មានសេចក្តី​រង្កៀសថា យើង​ទាំង​ឡាយ​ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ​កំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀត​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណា​ហើយ ត្រូវអាបត្តិ​ទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវ​អាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​អាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត ​មិនទាន់​មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា ​យើងទាំងឡាយ​ គួរតែបវារណា មិនមែនថា​យើងទាំងឡាយ​ មិន​គួរបវារណាទេដូច្នេះ ហើយ​ក៏បវារណាទៅ។ កាល​ដែល​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ​ក្រោក​ចេញ​ទៅហើយ ភិក្ខុបរិសទ្យ​ទាំងអស់ ​ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត​ ច្រើន​ជាង​​មក​ដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថា​បាន​បវារណា​ល្អ​ហើយ ពួកភិក្ខុ (ដែល​មិនទាន់​បានបវារណា) ត្រូវបវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​​នោះចុះ ភិក្ខុ​ដែលបវារណាហើយ ត្រូវអាបត្តិ​ទុក្កដ។

ចប់ រឿងពួកភិក្ខុ​មានសេចក្តីរង្កៀស មាន១៥យ៉ាង។

[៣៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​អាវាសិកភិក្ខុ​​ទាំងឡាយជា​ច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ​ ដឹងថាមាន​ពួក​អាវាសិកភិក្ខុ​ឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ​មានបំណងនឹង​បំបែកសង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ​ ចូរវិនាស​ទៅចុះ ប្រយោជន៍អ្វី​ ដោយភិក្ខុ​ទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាល​បើ​ភិក្ខុទាំងនោះ​ កំពុងបវារណា ទើប​មាន​ពួក​អាវាសិកភិក្ខុឯទៀត ​ច្រើនជាង​មកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ​នោះ ​បវារណា​ម្តង​ទៀត ពួកភិក្ខុ ដែលបានបវារណា​ហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។បេ។ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បាន​បវារណា​ល្អ​ហើយ ត្រូវតែពួកភិក្ខុ ដែលនៅ​សល់​អំពី​នោះ​ បវារណាចុះ ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវ​អាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើ​ក្នុងអាវាស​ណាមួយ ​មានពួក​អាវាសិកភិក្ខុ​ជាច្រើន គឺ៥រូប ឬជាង៥រូប​ឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុ​ទាំងឡាយ​នោះ ​ដឹងថាមានពួក​អាវាសិកភិក្ខុ​ឯទៀត​មិនទាន់មកដល់។ (តែ) ពួកភិក្ខុទាំងនោះ​មានបំណង​នឹង​បំបែក​សង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ ចូរវិនាស​ទៅចុះ ត្រូវ​ការអ្វី​ដោយ​ភិក្ខុទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាលបើ​ភិក្ខុទាំងឡាយនោះ ទើបតែ​នឹង​បវារណា​ហើយ។បេ។ ភិក្ខុ​បរិសទ្យ មិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យ​ពួកខ្លះ ​ក្រោកចេញហើយ ភិក្ខុ​បរិសទ្យ​​ទាំងអស់ ​ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុ​ឯទៀត ​ច្រើនជាង​មក​ដល់។ ម្នាល​ភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ ​បវារណា​ម្តងទៀត ពួក​ភិក្ខុ ដែល​បាន​បវារណា​ហើយ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ទើបមានពួក​អាវាសិកភិក្ខុ​ឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួក​ភិក្ខុ​ដែលបវារណាហើយ ក៏ឈ្មោះថា​ បាន​បវារណា​ល្អ​ហើយ ត្រូវភិក្ខុ​ទាំងឡាយ​នោះ បវារណា​ ក្នុងសំណាក់​ភិក្ខុទាំងឡាយ​នោះចុះ ពួកភិក្ខុ​ដែលបានបវារណាហើយ ត្រូវអាបត្តិ​ថុល្លច្ច័យ។

ចប់ រឿងពួកភិក្ខុ​មានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។

[៣៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ មាន​ពួកអាវាសិកភិក្ខុ​ជាច្រើន គឺ​៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ​ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះមិន​ដឹងជា មានពួកអាវាសិកភិក្ខុ​ឯទៀត កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ​មិនដឹងថា មានពួក​អាវាសិកភិក្ខុ​ឯទៀត ​ដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត ​កំពុងដើរចូលមកដល់​ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយ​នោះ មិនឃើញ​ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​កំពុង​ដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ ​មិនឮថា ពួកអាវាសិកភិក្ខុ​ឯទៀត ​បានដើរចូល​មកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ​ និងអាវាសិកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាវាសិកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ពួក​អាគន្តុកភិក្ខុ និង​អាគន្តុកភិក្ខុ​មានន័យ​១៧៥តិក ត្រូវជា​៧០០តិក តាមរបៀប​បេយ្យាលមុខ។

[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ​ ប្រកាន់​ថា ថ្ងៃ​១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ប្រព្រឹត្ត​តាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ​ប្រព្រឹត្តតាម​ពួកអាគន្តុកភិក្ខុ​ចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ​យល់ថា ថ្ងៃ​១៤។ បើពួកអាវាសិកភិក្ខុ ​មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ​ប្រព្រឹត្ត​តាមពួក​អាវាសិកភិក្ខុ​វិញ។ បើពួក​អាគន្តុក​ភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ​ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១កើត ឬ១រោច ពួក​អាគន្តុក​ភិក្ខុ​យល់​ថា ​ថ្ងៃ​១៥។ បើពួកអាវាសិកភិក្ខុ មានចំនួន​ច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ​ ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើ​ស្មើៗគ្នា​ទេ មិនត្រូវពួកអាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ ដល់ពួក​អាគន្តុកភិក្ខុឡើយ ត្រូវពួក​អាគន្តុកភិក្ខុ ​ទៅកាន់ទី​ក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួក​អាវាសិកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​​អាគន្តុកភិក្ខុ​ ឬត្រូវ​ទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ​ យល់​ថាថ្ងៃ​១៥ ពួក​អាគន្តុក​ភិក្ខុ ​យល់​ថា​ថ្ងៃ​១កើត ឬ១រោច។ បើ​ពួក​អាវាសិកភិក្ខុ​​ច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី ​ដល់អាវាសិកភិក្ខុ ឬត្រូវ​ទៅកាន់ទី​ក្រៅ​សីមា។ បើពួកភិក្ខុទាំងនោះ ​ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ​ ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវ​​ទៅ​កាន់ទី​ក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួក​អាគន្តុកភិក្ខុ ​ឲ្យសាមគ្គី​ដល់ពួក​អាវាសិកភិក្ខុឡើយ​ ត្រូវពួកអាវាសិកភិក្ខុ ​ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ ឃើញ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស ​របស់អាវាសិកភិក្ខុ គ្រែ និងតាំង ពូក និងខ្នើយ ដែលពួក​អាវាសិកភិក្ខុ ​លាតក្រាលដោយល្អហើយ ទឹកឆាន់ ទឹកប្រើ​ដែល​ពួកអាវាសិកភិក្ខុ ដម្កល់​ល្អហើយ បរិវេណ ដែលពួក​អាវាសិកភិក្ខុ បោសស្អាតហើយ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​មានសេចក្តីសង្ស័យ មិនពិនិត្យ គយគន់មើល លុះមិនពិនិត្យហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយ មិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ក៏ឃើញ លុះឃើញ​ហើយ ក៏មានបំណងនឹងបំបែក​សង្ឃ​ដោយគិតថា ពួកភិក្ខុទាំងនុ៎ះ ​ចូរបាត់ទៅ ពួកភិក្ខុទាំងនុ៎ះ ​ចូរវិនាសទៅ ត្រូវការអ្វី ​ដោយពួក​ភិក្ខុ​ទាំងនោះ ហើយក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួក​អាគន្តុកភិក្ខុ​ ឮ​អាការរបស់​អាវាសិកភិក្ខុ ភេទរបស់​អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស​​របស់អាវាសិកភិក្ខុ សូរជើងរបស់ពួក​អាវាសិកភិក្ខុ កំពុងចង្ក្រម សំឡេងស្វាធ្យាយ (សូត្រធម៌) សំឡេងក្អក សំឡេងកណ្តាស់ របស់ពួកអាវាសិកភិក្ខុ​។ លុះឮហើយ មាន​សេចក្តី​សង្ស័យ​ថា មាន​ពួក​អាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​ហើយ​មិន​ឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ មាន​សេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណា​ជា​មួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាគន្តុក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏​បវារណាផ្សេងៗគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះ​មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើល ហើយឃើញ លុះ​ឃើញ​ហើយ មានបំណងនឹងបំបែក​សង្ឃ​ ដោយគិតថា ពួកលោកទាំងនុ៎ះ​ បាត់ទៅចុះ ចូរលោកទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណា ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ​ឃើញ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ បាត្រ​ដែលខ្លួន​មិនស្គាល់ ចីវរដែលខ្លួន​មិនស្គាល់ សំពត់និសីទនៈ​ដែលខ្លួនមិនស្គាល់ ស្នាមដែល​ស្រោចទឹក​លាងជើង​របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឃើញហើយ ក៏មានសេចក្តីសង្ស័យថា មាន​ពួក​អាគន្តុកភិក្ខុ ឬគ្មាន​ទេ។ ពួកអាវាសិក​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើល​ហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ ​មានសេចក្តីសង្ស័យ ហើយក៏​ពិនិត្យ​មើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ មានសេចក្តី​សង្ស័យ ទើបពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មានសេចក្តី​សង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ មាន​បំណង​នឹង​បំបែក​​​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ចូរភិក្ខុទាំងនុ៎ះ ​វិនាសទៅចុះ ត្រូវការអ្វី ​ដោយ​ពួក​​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើពួកអាវាសិកភិក្ខុ បានឮ​អាការ របស់​អាគន្តុកភិក្ខុ ភេទរបស់​អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេស​របស់អាគន្តុកភិក្ខុ សូរជើងរបស់ពួកអាគន្តុកភិក្ខុ កំពុងដើរមក សូរគោះស្បែកជើង សូរក្អក សូរកណ្តាស់ របស់ពួក​អាគន្តុកភិក្ខុ។ លុះ​ឮហើយ ក៏​មាន​សេចក្តី​សង្ស័យ​ថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិក​ភិក្ខុ​​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះ​មិន​ឃើញ​ហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាអាវាសិក​ទាំងនោះ មានសេចក្តី​សង្ស័យ ហើយ​ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិ​ទេ។ ពួកអាវាសិក​ភិក្ខុ​ទាំងនោះ​ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើល​ហើយ​ឃើញ លុះឃើញហើយ ក៏​បវារណាញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ ​មាន​សេចក្តី​​សង្ស័យ ហើយពិនិត្យមើល លុះពិនិត្យ​មើលហើយឃើញ លុះឃើញ​ហើយ ក៏​មាន​បំណង​នឹង​បំបែក​សង្ឃ​ដោយគិតថា ចូរភិក្ខុទាំងនុ៎ះ ​បាត់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី​ដោយ​ភិក្ខុ​ទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិ​ថុល្លច្ច័យ។

[៣៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ បាន​ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាស​ផ្សេងគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាស​ស្មើគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ ​សួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន គឺមិនអាច​ឲ្យ​ភិក្ខុទាំងអស់នោះ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួក​អាគន្តុក​ភិក្ខុ​ ឃើញ​ពួកអាវាសិកភិក្ខុ​ មានសំវាសស្មើគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់​បាន​សេចក្តី​យល់ថា ពួកអាវាសិកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បានសេចក្តីយល់​ថា មានសំវាសផ្សេងគ្នា​ហើយ មិនសួរ (លទ្ធិ) លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ​សួរ លុះសួរហើយ ក៏គ្របសង្កត់បាន គឺ​ឲ្យពួក​អាវាសិក​​ភិក្ខុ លះបង់​ទិដ្ឋិ​ខុសបាន លុះគ្របសង្កត់បានហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួក​អាគន្តុកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ ក៏គ្របសង្កត់បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណា​ជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់​មិនបាន លុះគ្របសង្កត់​មិនបានហើយ ក៏បវារណា​ញែកគ្នាទៅ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើពួក​អាវាសិក​ភិក្ខុ បាន​ឃើញ​ពួកអាគន្តុកភិក្ខុ ​មានសំវាស​ផ្សេងគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុ ​មាន​សំវាស​ស្មើគ្នា​ទៅ​វិញ លុះត្រឡប់​បានសេចក្តីយល់​ថា ពួកអាគន្តុកភិក្ខុមានសំវាស​ស្មើគ្នា​ហើយ មិនសួរ លុះ​មិន​សួរ​ហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិ​ទេ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះ​សួរ​ហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណា​ជាមួយគ្នាទៅ ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្របសង្កត់មិនបាន លុះ​គ្របសង្កត់​មិន​បាន​ហើយ ក៏​បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​អាវាសិក​ភិក្ខុបាន​ឃើញ​ពួកអាគន្តុកភិក្ខុ​មានសំវាសស្មើគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់​​បាន​សេចក្តី​យល់ថា ពួកអាគន្តុកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់​បាន​សេចក្តី​យល់​​ថា ​មានសំវាសផ្សេងគ្នា​ហើយ មិនសួរ លុះ​មិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវ​អាបត្តិ​ទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ​សួរ លុះសួរហើយ គ្របសង្កត់បាន លុះ​គ្រប​សង្កត់​បាន​ហើយ ក៏បវារណា​ញែកគ្នា ត្រូវអាបត្តិ​ទុក្កដ។ ពួកអាវាសិកភិក្ខុ​ទាំងនោះ​សួរ​ លុះសួរហើយ គ្រប​សង្កត់​បាន លុះគ្រប​សង្កត់​បានហើយ ក៏​បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។

[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែ​សង្ឃ វៀរលែងតែ​ភិក្ខុមានការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុទាំងឡាយ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អនាវាស (ទី​មិនមែន​អាវាស) ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មាន​ការ​អន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅ​កាន់​អនាវាស​ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពី​អនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬ​ពីអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ឬអនាវាស​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស​ដែល​គ្មាន​ភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ដែល​មាន​ភិក្ខុនោះទេ គឺអាវាសណា​ ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មាន​ភិក្ខុ ទៅកាន់​អនាវាស​ ដែល​មាន​ភិក្ខុនោះទេ គឺអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញពីអាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ឬអនាវាស ​ដែល​មាន​ភិក្ខុទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ មានសំវាស​ផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុមានសំវាស​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវ​ភិក្ខុ​ចេញ​​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស​ ដែល​មាន​ភិក្ខុទេ។បេ។ ទៅកាន់​អនាវាសទេ។បេ។ ទៅកាន់​អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ​ដែលមានពួក​ភិក្ខុ​មាន​សំវាស​​ផ្សេងគ្នា វៀរ​លែង​តែ​សង្ឃ វៀរលែងតែ​ភិក្ខុ​មានការអន្តរាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ដែលមានពួក​ភិក្ខុ មានសំវាសស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ​ អាចទៅ​ទាន់​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស ឬទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុមានសំវាសស្មើគ្នា ហើយភិក្ខុ​ក៏ដឹងថា អាវាស​ណាអាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងថ្ងៃបវារណានោះ ​ភិក្ខុគួរ​ចេញ​ពី​អាវាស ឬអនាវាស ​ដែល​មានភិក្ខុ ទៅកាន់​អាវាស ​ដែល​មាន​ភិក្ខុ​បាន។បេ។ ទៅកាន់​អនាវាស។បេ។ ទៅកាន់​អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា​ ដែលមានពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នាបាន ហើយភិក្ខុ​ក៏ដឹងថា អាវាសណា អាត្មាអញ ​អាចទៅ​ទាន់ ​ក្នុងថ្ងៃ​នេះជាប្រាកដ។

[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ​ដែលមានភិក្ខុនីអង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិន​ត្រូវភិក្ខុបវារណា​ក្នុងបរិសទ្យ​ ដែលមាននាង​សិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គល​អ្នកត្រូវ​អន្តិមវត្ថុ​ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានភិក្ខុត្រូវ​សង្ឃលើកវត្ត ព្រោះ​មិនឃើញអាបត្តិ អង្គុយជាមួយ​ផងទេ ភិក្ខុ​ណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើ​តាម​ធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុ​បវារណា​ ក្នុងបរិសទ្យ ​ដែលមានភិក្ខុ​ត្រូវសង្ឃ​លើកវត្ត​ ព្រោះមិនសំដែង​អាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះទិដ្ឋិអាក្រក់ ​អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានបណ្ឌក (ខ្ទើយ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុ​បវារណា ​ក្នុងបរិសទ្យ​ដែលមានបុគ្គល ជាថេយ្យសំវាសក បុគ្គល​គេចទៅចូល​សាសន៍​តិរ្ថិយ តិរច្ឆាន បុគ្គល​អ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់​ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យពងឡើង) បុគ្គលជា​ឧភតោព្យញ្ជនកៈ (មនុស្សមាន​ភេទ​ពីរ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុបវារណា ដោយឲ្យ​បវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោក​ចេញទៅ​ហើយ) វៀរលែង​តែបរិសទ្យ​មិនទាន់ក្រោក​ចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ​ក្នុងថ្ងៃ​មិនមែន​ថ្ងៃ​បវារណាទេ វៀរលែងតែ​សង្ឃសាមគ្គី ​បវារណាចេញ។

ចប់ ទុតិយភាណវារៈ។

[៤០] ក៏សម័យនោះឯង មានអាវាសមួយ​ក្នុងកោសលជនបទ​ កើតសញ្ចរភ័យ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាច​នឹងបវារណា​ជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) ​បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុបវារណា ​ជាទ្វេវាចិកាបវារណា (បវារណា​ ជាគំរប់ពីរដង) ​បាន។ (កាលនោះ) សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ ពួកភិក្ខុ មិនអាច​នឹងបវារណា ​ជាទ្វេវាចិកាបវារណា​បាន។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា  ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា ​ជាឯកវាចិកាបវារណា (បវារណា​តែម្ដងៗ) ​បាន។ សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាច​បវារណា​ជាឯកវាចិកាបវារណា​​បាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា  ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា​ជាសមានវស្សិកា​បវារណា (ឲ្យភិក្ខុ​ដែលមានវស្សាស្មើៗ​គ្នា បវារណា​ព្រមគ្នា)​បាន។ ក៏សម័យនោះ​ឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើប​ភិក្ខុទាំងឡាយនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា ពួកមនុស្សទាំងនេះ​ ឲ្យទានអស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ​ ជិតភ្លឺ​ហើយ តើយើង​ទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ​ មានពួក​មនុស្ស ឲ្យទានក្នុងថ្ងៃ​បវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុ​ក្នុងទីនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកមនុស្សដែល​ឲ្យទាន អស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រី​ជិតភ្លឺ​ហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិតមាន) ពួកមនុស្សអ្នក​ឲ្យ​ទាន អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិនទាន់ទេ ដ្បិតរាត្រីជិតភ្លឺហើយ។ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួក​ភិក្ខុនិយាយធម៌ ពួកភិក្ខុរៀនព្រះសូត្រ​សង្គាយនា (ផ្ទៀងផ្ទាត់) ព្រះសូត្រ ពួកភិក្ខុជាវិនយធរ​ វិនិច្ឆ័យ​វិន័យ ពួកភិក្ខុធម្មកថិក​សាកច្ឆាធម៌ ពួក​ភិក្ខុធ្វើសេចក្តីឈ្លោះគ្នា ក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងអាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ។ ត្រូវ​ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកភិក្ខុធ្វើ​សេចក្តី​ឈ្លោះគ្នា អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិន​ទាន់ ព្រោះរាត្រីទៀបភ្លឺហើយ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ក្នុងអាវាសមួយ ក្នុងកោសល​ជនបទ មានភិក្ខុសង្ឃច្រើន​ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ ទីដែលគត់​ភ្លៀងក៏តិច មហាមេឃ​ក៏តាំងឡើង (គឺនឹងធ្លាក់ភ្លៀង)។ ទើបភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច មហាមេឃ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនេះនឹងធ្លាក់​ចុះ​មិនខាន គួរពួកយើង​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានភិក្ខុសង្ឃច្រើន ​ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ទីគត់​ភ្លៀងក៏តិច ភ្លៀងធំ​ក៏តាំងឡើង​ហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើន​ដល់​ម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច ភ្លៀងធំ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់​ចុះ​មិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏​តាំងឡើយហើយ។ បើសង្ឃ​នឹងបវារណា​ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់​ចុះមិនខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បីបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយ​អំពីចោរ។ មានការអន្តរាយ​អំពី​ភ្លើង។ មានការអន្តរាយអំពីទឹក។ មានការអន្តរាយអំពីមនុស្ស។ មានការអន្តរាយអំពី​អមនុស្ស (មានខ្មោចបិសាច​ជាដើម)។ មានការអន្តរាយអំពី​សត្វសាហាវ។ មានការអន្តរាយ​អំពី​សត្វលូនវារ (ពស់តូចពស់ធំ)។ មានការអន្តរាយដល់​ជីវិត។ មានការអន្តរាយដល់​ព្រហ្មចារ្យ។ បើពួកភិក្ខុ​ក្នុង​អាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះឯង​ជា​សេចក្តីអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយជាប្រាកដ នឹងមាន​ការអន្តរាយ​ដល់ព្រហ្មចារ្យ​នេះមិនខាន។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ នេះជាការអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា​ ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយ ជាប្រាកដ ការអន្តរាយ ដល់​ព្រហ្មចារ្យ​នេះ មុខជានឹងកើត​ឡើងមិន​ខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។

[៤១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​មានអាបត្តិ (ថាត្រូវអាបត្តិ) ហើយបវារណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុណាមានអាបត្តិហើយ បវារណា តថាគត​អនុញ្ញាត​ ឲ្យភិក្ខុសុំ​ធ្វើឱកាស​ ហើយចោទ​អាបត្តិ ដល់ភិក្ខុនោះ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុ​ឯទៀត​សូមឱកាស មិនប្រាថ្នា​នឹងបើកឱកាស​ឲ្យ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យឃាត់​នូវបវារណា ដល់ភិក្ខុដែលមិនធ្វើឱកាស (មិនបើកឲ្យ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវឃាត់បវារណាយ៉ាង​នេះ ត្រូវ​ភិក្ខុសូត្រ ក្នុងកណ្តាល​សង្ឃ ចំពោះ​បុគ្គលនោះ ដែលមានក្នុងទីចំពោះមុខ​ ក្នុងថ្ងៃ​បវារណា​នោះ គឺ​ថ្ងៃទី​១៤ ឬថ្ងៃទី១៥ ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ប្រកបដោយ​អាបត្តិហើយ បវារណា ខ្ញុំសូមឃាត់​ នូវបវារណា របស់បុគ្គលនោះ មិនគួរសង្ឃ​បវារណានឹង​បុគ្គល​នោះ ដែល​មានក្នុងទីចំពោះមុខទេ។ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ​គិតគ្នាថា ពួកភិក្ខុមានសីលជាទីស្រឡាញ់ មុខជានឹងឃាត់​បវារណា​ របស់ពួក​យើង​ជាមុនហើយ ក៏តាំងរូតរះ​ឃាត់បវារណា ​ដល់ពួកភិក្ខុដែលបរិសុទ្ធ​មិនត្រូវអាបត្តិ ដោយឥត​មានរឿង ឥតមានហេតុអ្វី ថែមទាំងឃាត់បវារណា ដល់​ពួកភិក្ខុ​ដែលបានបវារណា​ហើយផង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់​ពួកភិក្ខុដែល​បរិសុទ្ធ ដែល​មិនត្រូវអាបត្តិ ​ដោយឥត​មានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវឃាត់បវារណា ​ដល់ពួក​ភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិ​ទុក្កដ។

[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែល​ភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់​មិនបាន ដូចមានសេចក្តី​តទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ​ដែល​ភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។  ម្នាលភិក្ខុទាំងឡាយ បវារណា ដែល​ភិក្ខុមិនត្រូវឃាត់ ​ដូចបានសំដែង​មកនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បវារណា ដែលឈ្មោះថា ភិក្ខុឃាត់បាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ឃាត់​​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកា​បវារណា​ដែល​សង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បវារណាឈ្មោះថា ​ភិក្ខុបានឃាត់ហើយ ​ដូច​ពោល​មក​នេះ​ឯង។

[៤៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិន​ជាមានភិក្ខុ​ ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​ បានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុ​នេះឯង មានកាយសមាចារមិន​បរិសុទ្ធ មានវចីសមាចារ​មិនបរិសុទ្ធ មានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំធ្វើការ​វិវាទ​គ្នាឡើយ ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់​បវារណា ​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ​បានស្គាល់ភិក្ខុនោះថា លោក​ដ៏មាន​អាយុ​នេះឯង មានកាយសមាចារ​បរិសុទ្ធ តែមានវចីសមាចារ​មិនបរិសុទ្ធ មានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួប​សង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា​ឡើយ ដូច្នេះហើយ សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​បានស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ តែមានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ បើពួកភិក្ខុដទៃ​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​បរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិន​អាច​ឲ្យ​គេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា កុំឡើយ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ ​​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​​បរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុ​ទាំងឡាយ និយាយនឹង​ភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ លោកឃាត់​បវារណា​នោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់​ព្រោះ​អាចារវិបត្តិ ឬ​ឃាត់​ព្រោះ​ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់​ព្រោះ​អាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹង​ភិក្ខុនោះ ​យ៉ាងនេះថា លោក​ដ៏​មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិ​ដែរឬ។ បើភិក្ខុនោះ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំស្គាល់សីលវិបតិ្ត អាចារវិបត្តិ ទិដ្ឋិវិបត្តិ ជាប្រាកដ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ​ យ៉ាងនេះថា នែអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា បារាជិក៤ សង្ឃាទិសេស១៣ នេះហៅថាសីលវិបតិ្ត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ ​យ៉ាង​នេះ​ថា នែអាវុសោ លោកឃាត់បវារណា ចំពោះ​ភិក្ខុនេះ អ្នកឃាត់ដោយឃើញ ឬឃាត់ដោយឮ ឬឃាត់ដោយរង្កៀស។ បើភិក្ខុនោះ​ និយាយ​យ៉ាងនេះ​ថា ខ្ញុំឃាត់ដោយឃើញក្តី ខ្ញុំឃាត់ដោយ​ឮក្តី ខ្ញុំឃាត់ដោយ​រង្កៀសក្តី។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែអាវុសោ លោកឃាត់​បវារណា ចំពោះ​ភិក្ខុនេះ ​ដោយឃើញ តើលោកឃើញហេតុ​ដូចម្តេច លោកឃើញអ្វី​ ក្នុង​បវារណានោះ លោកឃើញក្នុងកាលណា លោកឃើញ​ក្នុងទីណា កាលភិក្ខុនោះ​ ត្រូវ​អាបត្តិ​បារាជិក លោកឃើញដែរឬ កាលភិក្ខុនេះ​ត្រូវអាបត្តិ​សង្ឃាទិសេស លោកឃើញដែរឬ កាលភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត លោកឃើញ​ដែរឬ ចំណែក​លោកនៅក្នុងទីណា ឯភិក្ខុនេះ​នៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះ​កំពុងធ្វើអ្វីខ្លះ។ បើ​ភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ ​ដោយ​ឃើញ​ទេ ខ្ញុំឃាត់បវារណា ដោយ​ឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយឮ លោកឮហេតុ​ដូចម្តេច ក្នុងបវារណា​នោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮ​ក្នុងទីណា លោកឮថា ភិក្ខុនេះ ​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោកឮពីភិក្ខុឬ លោកឮ​ពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពី​ឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពី​ពួកមហាមាត្យ​ស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ ​និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់​បវារណា​ ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់​បវារណា​ ដោយរង្កៀសទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយរង្កៀស លោករង្កៀស​ដូចម្តេច ក្នុងបវារណា​នោះ ហេតុអ្វីក៏លោករង្កៀស លោករង្កៀសក្នុងកាលណា លោករង្កៀស​ក្នុងទីណា លោករង្កៀសថា ភិក្ខុនេះ ​​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោករង្កៀសថា ភិក្ខុនេះ ​ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោករង្កៀសថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោករង្កៀសព្រោះឮពីភិក្ខុឬ លោករង្កៀសព្រោះឮ​ពីភិក្ខុនីឬ លោករង្កៀសព្រោះ​ឮពី​​សិក្ខមានាឬ លោករង្កៀសព្រោះឮពីសាមណេរឬ លោករង្កៀសព្រោះឮពីសាមណេរីឬ លោករង្កៀសព្រោះ​ឮពី​​ឧបាសកឬ លោករង្កៀសព្រោះឮពីឧបាសិកាឬ លោករង្កៀសព្រោះឮពីពួកស្តេចឬ លោក​រង្កៀសព្រោះឮពី​ពួកមហាមាត្យ​ស្តេចឬ លោករង្កៀសព្រោះឮពីពួកតិរ្ថិយឬ លោក​រង្កៀស​ព្រោះឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ​ និយាយថា នែអាវុសោ ខ្ញុំមិនមែនឃាត់​បវារណា​ចំពោះភិក្ខុនេះ ដោយរង្កៀសទេ មួយវិញទៀត ខ្ញុំក៏មិនដឹងថា ខ្ញុំឃាត់​បវារណា​ចំពោះភិក្ខុនោះ ដោយ​ហេតុអ្វីទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ មិនធ្វើចិត្ត​ របស់ពួក​សព្រហ្មចារី ជាវិញ្ញូ ឲ្យ​ត្រេកអរ ​តាមការសាក​សួរទេ គួរនឹងពោលថា ភិក្ខុដែល​ត្រូវគេចោទ មិនគួរ​ភិក្ខុ​ដទៃ​តិះដៀលទេ គឺឥតទោសទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ធ្វើចិត្ត​របស់​សព្រហ្មចារី ជាវិញ្ញូឲ្យ​ត្រេកអរ​តាមសេចក្តីសាក​សួរ គួរពោលថា ភិក្ខុដែល​ត្រូវចោទ គួរ​ភិក្ខុ​ដទៃ​តិះដៀលបាន (មានទោស)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់(ចោទ) ដោយអាបត្តិបារាជិក រកមូលគ្មាន ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេស (ចំពោះ​ភិក្ខុអ្នកចោទនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់ (ចោទ) ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវសង្ឃ​ឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ (ត្រូវសំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​អ្នកចោទនោះ ប្តេជ្ញាចំពោះ​ភិក្ខុ ដែល​ខ្លួនតាមកំចាត់ ដោយអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត រកមូលគ្មាន ត្រូវសង្ឃ​ឲ្យ​ភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលត្រូវចោទ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិបារាជិក ត្រូវសង្ឃ​ធ្វើ​នាសនកម្ម (ចំពោះភិក្ខុនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា ​ត្រូវអាបត្តិសង្ឃាទិសេស ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេសហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា​ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើ​តាមធម៌ (សំដែងអាបត្តិ​ ហើយ​សឹម​បវារណា​ចុះ)។

[៤៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ​ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុ​ពួកខ្លះ យល់ថា សង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុ (ត្រូវអាបត្តិ) នោះ ចេញទៅកាន់​ទីគួរមួយ ​ហើយឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ រួចត្រូវ​ចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុ​នោះ​ត្រូវអាបត្តិណាហើយ ភិក្ខុនោះ បានសំដែង​អាបត្តិ​នោះ តាមធម៌ហើយ បើកម្ម​មានកាលគួរ​ដល់​សង្ឃហើយ គួរសង្ឃ​បវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់​ថា អាបត្តិបាចិត្តិយ មានភិក្ខុពួកខ្លះ ​យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​បាដិទេសនីយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុក្កដ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិ​ទុព្ភាសិត។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ភិក្ខុពួក​នោះ នាំ​ភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ (សំដែងអាបត្តិ) ហើយសឹមចូលមករក​សង្ឃ រួចត្រូវនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះ ក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាលគួរដល់សង្ឃហើយ សង្ឃគប្បី​បវារណា។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​បាចិត្តិយ ត្រូវអាបត្តិ​បាដិទេសនីយ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិសង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែល​យល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួក​ភិក្ខុ​នោះ នាំភិក្ខុនោះចេញ ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយសឹមចូលទៅរក​សង្ឃ រួចនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះក៏បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មានកាល​គួរ ​ដល់​សង្ឃ​ហើយ សង្ឃគប្បី​បវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវ​អាបត្តិ​ទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុ​ពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ​ភិក្ខុពួកខ្លះ យល់​ថា ត្រូវអាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ​យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិ​បាចិត្តិយ ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិ​ទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវ​ពួកភិក្ខុ​នោះ នាំ​ភិក្ខុនោះចេញ​ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយត្រូវចូលទៅរក​សង្ឃ រួច​និយាយ ​យ៉ាង​នេះ​ថា នែអាវុសោ ភិក្ខុនោះ ត្រូវអាបត្តិណា ភិក្ខុនោះ បានសំដែង​អាបត្តិនោះ តាមធម៌ហើយ បើកម្ម​មាន​កាលគួរ ដល់សង្ឃហើយ សង្ឃគប្បី​បវារណាចុះ។

[៤៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​សូត្រឡើង​ក្នុងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុនេះប្រាកដ តែបុគ្គលមិនប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សង្ឃគប្បីឃាត់វត្ថុទុក ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយ​ស្អាតវិសេស បើវត្ថុប្រាកដ តែបុគ្គល​មិនប្រាកដទេ ចូរអ្នក​ប្រាប់វត្ថុ​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះប្រាកដ តែ​វត្ថុមិនប្រាកដទេ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ សូមសង្ឃឃាត់នូវបុគ្គល ហើយ​សឹម​បវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយ​នឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យពួកភិក្ខុព្រមព្រៀងគ្នា បើបុគ្គលប្រាកដ តែវត្ថុ​មិនប្រាកដទេ ចូរអ្នក​ប្រាប់បុគ្គល​នោះ​ឥឡូវ​នេះកុំខាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ​សូត្រ​ឡើង​​កណ្តាលសង្ឃ ក្នុងថ្ងៃ​បវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វត្ថុនេះក្តី បុគ្គលក្តី ក៏ប្រាកដ បើកម្ម​មានកាលគួរ​ដល់សង្ឃហើយ ត្រូវសង្ឃឃាត់ទាំងវត្ថុ ទាំងបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុ​ទាំងឡាយនិយាយយ៉ាងនេះនឹងភិក្ខុ​នោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ​​ ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុ​ទាំងឡាយបរិសុទ្ធផង ដើម្បីឲ្យភិក្ខុ​ទាំងឡាយ​ព្រមព្រៀតគ្នាផង បើវត្ថុ និងបុគ្គលប្រាកដ ចូរលោក​ប្រាប់វត្ថុ​ និងបុគ្គល​នោះក្នុងកាល​​ឥឡូវ​នេះ​មក។ ម្នាលភិក្ខុ​ទាំងឡាយ បើវត្ថុ​ប្រាកដ​មុនបវារណា បុគ្គល​ប្រាកដក្រោយ​បវារណា គួរនឹងចោទ​បាន។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រាកដមុនបវារណា វត្ថុប្រាកដ​ក្រោយបវារណា គួរនឹង​ចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុ និងបុគ្គល​ប្រាកដមុន​បវារណា កាលបើសង្ឃ​បានធ្វើ​បវារណាហើយ បើភិក្ខុ​សើរើកម្មនោះឡើង ត្រូវឱក្កោដនកបាចិត្តិយ (ត្រូវបាចិត្តិយ​ព្រោះការ​សើរើ)។

[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប​ដែលជាមិត្រគ្រាន់តែ​ឃើញគ្នា​ និងជាមិត្រ​បានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួក​ភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ ចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា ​ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យពួក​ភិក្ខុទាំងនោះ ធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបីឧបោសថ ដោយគិតថា ធ្វើដូចម្តេច​ពួក​យើង​នឹងគប្បី​បវារណា​ឲ្យបាន​មុនពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាងណា ក៏ចូរ​ធ្វើ​យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែល​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តី​ឈ្លោះ​គ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ក្រាល​អាសនៈ ដំកល់ទឹក​លាងជើង តាំងរងជើង ទ្រនាប់​សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះ​ដោយទឹកឆាន់។ ត្រូវបំភាន់​ភិក្ខុទាំងនោះ​ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាង​ណា ចូរ​ធ្វើ​យ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុង​អាវាស​ដែលឆ្លាស ប្រតិពល ឲ្យពួកភិក្ខុ​អ្នកនៅ​ក្នុងអាវាស​ផងគ្នា​ដឹងថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​ណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់​ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើង​ក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុ​និយាយនឹង​ភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​កាឡបក្ខនោះ ត្រូវ​អាវាសិកភិក្ខុ​ដែលឆ្លាស​​ ប្រតិពល ឲ្យពួកអាវាសិកភិក្ខុ​​ផង​គ្នា​ដឹងដោយពាក្យ​ដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្ម​មាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយហើយ យើងទាំងឡាយ​ត្រូវធ្វើឧបោសថ ត្រូវ​សំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមកដល់​ក្នុងកាលឥឡូវនេះ គឺក្នុងខ្នើត។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូម​អង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើងទាំងឡាយ ​ក្នុងកាលឥឡូវនេះចុះ។ ត្រូវ​អាវាសិកភិក្ខុ​ទាំងឡាយ ​និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយ​នោះថា នែអាវុសោ លោក​ទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​ជុណ្ហបក្ខនោះទៀត ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះនាំគ្នា​បវារណា​ ដោយខានមិនបាន​ក្នុងតិថីជាគំរប់​៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុងជុណ្ហបក្ខ ដែលមក​ដល់ឥឡូវ​នេះ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុឈឺ​ឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុឈឺ​នោះយ៉ាងនេះថា លោកដ៏​មានអាយុ​ជាអ្នក​មានជម្ងឺ ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគាប់ចិត្ត​នឹងការ​សាកសួរទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំ​លោកជារោគសិន ដល់លោកជារោគហើយ កាលបើ​ត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយ​យ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុមិនឈឺ​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុមិនឈឺ​នោះ​យ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគួរដល់ការ​សួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់​លោកនេះជារោគហើយ កាលបើ​លោកប្រាថ្នា​នឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃ​និយាយ​​យ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ​ កំពុង​តែបវារណា ហើយមាន​ភិក្ខុឈឺ​​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយយ៉ាងនេះ​នឹងភិក្ខុ​នោះថា លោកដ៏​មាន​អាយុ​ទាំងឡាយ ​ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ​មិនគួរ​ដល់​ការ​សួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំ​លោកទាំងឡាយជារោគ ដល់​លោក​ដែល​មានហេតុ (នោះ) ជាសះស្បើយ​ហើយ កាលបើលោក​ត្រូវការនឹងចោទ ក៏ចោទភិក្ខុដែល​ឥតរោគ (នោះចុះ)។ កាលបើភិក្ខុដទៃនិយាយ​យ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​មិនឈឺឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោល​ភិក្ខុ​ទាំងពីរ​រូបដោយ​ត្រឹមត្រូវ សាកសួរ​ដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះ​ធ្វើតាម​ធម៌ (គឺសំដែង​អាបត្តិ) ហើយ​សឹមបវារណាចុះ។

[៤៧] ក៏សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប​ ជាមិត្រ​ធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាល​មាំមួន ចូលទៅចាំវស្សាក្នុង​អាវាសមួយ ក្នុងកោសល​ជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសរ​រកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង​ ដែលជាគ្រឿង​នៅសប្បាយ ។ គ្រានោះឯង ភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បាន​ដល់នូវ​ធម៌ម្យ៉ាង ដែលជាគ្រឿង​នៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយ​នឹង​បវារណា គង់នឹង​មានពួក​ភិក្ខុដែលបវារណារួច​ហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយ​មុខជានឹងឃ្លាត​ចាកធម៌ ជាគ្រឿង​នៅសប្បាយនេះ​ដោយអាការ​ដូច្នេះមិនខាន យើងទាំងឡាយ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុជាច្រើន ជាមិត្រ​​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ​ភិក្ខុទាំងឡាយនោះ ជាអ្នកព្រមព្រៀង ស្មោះសរ​រកគ្នា មិនទាស់ទែងគ្នា ហើយបានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនៅក្នុងអាវាស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកព្រមព្រៀង ​រីករាយរកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ ហើយក្នុងពេលនេះ បើប្រសិនជាយើងនឹង​បវារណា គង់មានពួក​ភិក្ខុដែលបវារណា​រួចហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះមិនខាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយនោះ ធ្វើ​បវារណាសង្គហៈ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណាសង្គហៈនោះ ត្រូវភិក្ខុធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុ​ទាំងអស់​ប្រជុំ​ក្នុងទីជាមួយគ្នា។ លុះប្រជុំគ្នាហើយ ត្រូវភិក្ខុ​ដែលឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា ស្មោះសររកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើប្រសិន​ជា​យើង​ទាំងឡាយនឹង​បវារណា គង់មានពួក​ភិក្ខុដែលបានបវារណា​រួចហើយ ចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែង​បាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំង​ឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើ​យើង​ទាំងឡាយនឹង​បវារណាទៅ គង់មានពួក​ភិក្ខុ​ដែល​បាន​បវារណាហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ ឥឡូវសង្ឃ​ធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ គាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គ​នោះស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គនោះ​និយាយឡើង។ បវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខនេះ និងបវារណា ក្នុងថ្ងៃ​ជាគំរប់​៤​ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ សង្ឃបាន​ធ្វើរួចហើយ។ បវារណាសង្គហៈ​នោះ គាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។  ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈហើយ មានភិក្ខុណាមួយនិយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំប្រាថ្នានឹង​ចេញទៅ​កាន់​ចារិក​ក្នុងជនបទ ព្រោះខ្ញុំ​មានកិច្ចត្រូវ​ធ្វើក្នុង​ជនបទ។ ត្រូវភិក្ខុ​ដទៃ​​និយាយ​នឹងភិក្ខុ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមអង្វរលោកសិន ចូរលោក​បវារណា​ហើយសឹមទៅចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះកំពុង​តែបវារណា ឃាត់បវារណា​ភិក្ខុ​រូបណាមួយ គួរភិក្ខុ​ដែលត្រូវគេឃាត់​នោះនិយាយ​យ៉ាងនេះនឹងភិក្ខុ​អ្នកឃាត់​នោះថា នែអាវុសោ លោកមិនមែន​ជាធំ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​នឹងមិនទាន់​បវារណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ​ កំពុង​តែបវារណា បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃ​ដេញដោល​សួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យ​ភិក្ខុទាំងពីរ​ធ្វើតាមធម៌ (គឺ​សំដែង​អាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ច​នោះក្នុងជនបទហើយ ត្រឡប់​មកកាន់​អាវាស​នោះវិញ ខាងក្នុង​ថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​ណាមួយឃាត់​បវារណា​ដល់ភិក្ខុនោះ គួរ​ភិក្ខុដែលត្រូវគេឃាត់នោះ និយាយ​នឹងភិក្ខុអ្នក​ឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែន​ជាឥស្សរៈ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​បានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុ​នោះឃាត់​បវារណា​របស់ភិក្ខុណាមួយ។ ត្រូវ​សង្ឃ​ដេញ​ដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូប​ធ្វើតាម​ធម៌ ហើយ​សឹមបវារណា ដោយសង្ឃបវារណាចុះ។

ចប់ បវារណក្ខន្ធកៈ ទី៤។

រឿងក្នុង​ខន្ធកៈនេះ​មាន​៤៦រឿង។

ឧទ្ទាននៃ​បវារណក្ខន្ធកៈនោះគឺ

[៤៨] រឿងពួកភិក្ខុនៅចាំវស្សា​ក្នុងកោសល​ជនបទ មកគាល់ព្រះសាស្តា១ រឿង​ភិក្ខុនៅ​រួមគ្នា​ដូច​បសុសត្វ (គឺសត្វដែលគេចិញ្ចឹម) មិនជាទីសប្បាយ១ រឿង​បវារណាជាការអនុលោម​ដល់គ្នា​នឹងគ្នា១ រឿងពួកឆព្វគ្គិយភិក្ខុអង្គុយលើ​អាសនៈ​ ក្នុងពេលដែលភិក្ខុជាថេរៈ​ កំពុង​បវារណា១ រឿង​បវារណាមានពីរយ៉ាង១ រឿងបវារណា​កម្មបួនយ៉ាង១ រឿងព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុឈឺ​ឲ្យបវារណា១ រឿងញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងស្តេច​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកចោរ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងពួកអ្នកលេង​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុជា​សត្រូវ​​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ប្រាំរូប​ធ្វើបវារណា​ដោយសង្ឃ​បវារណា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បួនរូបបវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​បីរូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​ពីររូប​បវារណា​ដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុ​មួយរូប​អធិដ្ឋាន​បវារណា១ រឿង​ភិក្ខុត្រូវអាបត្តិ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុសង្ស័យ​អាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងភិក្ខុកំពុងតែបវារណា ហើយរលឹកឃើញ​អាបត្តិ១ រឿង​សង្ឃទាំងអស់ត្រូវ​សភាគាបត្តិ​ក្នុងថ្ងៃបវារណា១ រឿងសង្ឃទាំងអស់​សង្ស័យ​សភាគាបត្តិ១ រឿង​ភិក្ខុនៅក្នុងអាវាស​ច្រើនជាង​ និងស្មើគ្នា និង​តិចជាង១ រឿង​ពួកអាវាសិកភិក្ខុប្រកាន់​ថាថ្ងៃដប់បួន តែពួក​អាគន្តុកភិក្ខុប្រកាន់​ថាថ្ងៃ​ដប់ប្រាំ១ រឿងភេទ និងសំវាសទាំងពីរ​របស់​អាវាសិកភិក្ខុ​និង​អាគន្តុកភិក្ខុ១ រឿង​ភិក្ខុគួរទៅកាន់អាវាស​ដែលមាន​ភិក្ខុ​ក្នុងថ្ងៃបវារណា១ រឿង​ភិក្ខុមិនត្រូវ​បវារណា​ក្នុងបរិសទ្យ​ដែលភិក្ខុនីអង្គុយ​ជាមួយ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុបវារណា​ក្នុងការ​ឲ្យឆន្ទៈ១ រឿង​សញ្ចរភ័យ១ រឿង​មនុស្ស​ឲ្យទាន​ក្នុងថ្ងៃបវារណា​ដរាប​ដល់ទៀបភ្លឺ១ រឿង​មាន​ភ្លៀង​ក្នុងថ្ងៃបវារណា​១ រឿង​ការអន្តរាយ​ដល់បវារណា១ រឿង​ព្រះអង្គទ្រង់ហាមមិនឲ្យ​ភិក្ខុមាន​អាបត្តិធ្វើ​បវារណា១ រឿងពួកឆព្វគ្គិយភិក្ខុ​គិតថា ពួកបេសលភិក្ខុ​ឃាត់បវារណា​ដល់ពួកយើង ហើយប្រញាប់​ឃាត់​បវារណា​ជាមុន១ រឿងភិក្ខុឃាត់​បវារណា​មិនបាន១ រឿងភិក្ខុ​ឃាត់​បវារណា​ដល់ភិក្ខុផងគ្នា​ក្នុងថ្ងៃបវារណា​១ (សេចក្តីសួរថា លោកឃាត់​បវារណា) ព្រោះហេតុអ្វី១ រឿង​សួរ​ថាវិបត្តិ​ដូចម្តេចខ្លះ១ រឿង​ឃាត់បវារណា​ដោយឃើញ ដោយឮ ដោយរង្កៀស១ រឿង​ភិក្ខុអ្នកចោទ១ រឿងភិក្ខុដែលត្រូវចោទ១ រឿងភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ១ រឿង​វត្ថុ​និងបុគ្គល១ រឿង​ភិក្ខុអ្នកធ្វើការបង្កហេតុ១ រឿង​បវារណាសង្គហៈ១ រឿង​ភិក្ខុមិនជាធំ​ក្នុងការបវារណា១ រឿង​សង្ឃ​គួរ​សាកសួរភិក្ខុទាំងពីររូប ហើយឲ្យ​ភិក្ខុទាំងពីររូប​ធ្វើតាមធម៌ ហើយសឹម​បវារណា១។

ចម្មក្ខន្ធកៈ

[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យ​ជាឥស្សរាធិបតិលើអ្នកស្រុកទាំង​៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះ​សោណៈ ជាកោឡិវិសគោត្ត ហើយជា​សុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះ​ត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​ប្រជុំ​ពួកអ្នក​ស្រុកទាំង​៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើ​ទៅក្នុង​សំណាក់​សោណកោឡិវិសដោយ​មានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់​ឲ្យសោណៈ​មក។ វេលានោះឯង ឯមាតាបិតា​នៃសោណកោឡិវិសបាននិយាយ​ពាក្យនេះនឹង​សោណកោឡិវិសថា នែសោណៈ​កូន ឥឡូវស្តេច​ចង់​ទតមើលជើង​របស់អ្នក នែសោណៈ​កូន អ្នកឯង​កុំចាំបាច់​លាជើង​បង្ហាញ​ស្តេចឡើយ អ្នកឯង​ចូរ​អង្គុយ​ពែនភ្នែន​ចំពោះ​ព្រះភក្ត្រ​ស្តេចចុះ កាលបើ​អ្នកអង្គុយនៅហើយ ស្តេចគង់នឹង​ទតឃើញ​ជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏​បាននាំសោណកោឡិវិស​មកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏​បានចូលទៅគាល់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបាទ​មាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែន​ចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ក៏បានទតទៅឃើញ​រោមទាំងឡាយ​ដែលដុះ​ពេញបាតជើង​របស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់បានប្រដៅនូវ​ប្រយោជន៍ ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួក​អ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់​បញ្ជូន​ទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា​ ក្នុងប្រយោជន៍​ជាបច្ចុប្បន្ន​ហើយ អ្នកទាំងឡាយចូរ​នាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់​ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅ​នូវប្រយោជន៍​ទាំងឡាយ​ក្នុង​បរលោក​ដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺន​នោះ បានទៅឯភ្នំ​គិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុក​ទាំង៨ម៉ឺននោះ បានចូល​ទៅរកព្រះសាគត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏បាននិយាយពាក្យនេះ​នឹងព្រះសាគត​ដ៏មាន​អាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុក​ទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបាន​ឃើញព្រះដ៏មានព្រះភាគ ទើប​ជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា​ឈប់​បង្អង់​ចាំអាត្មា​នៅទី​នេះ១ស្របក់ចុះ ចាំអាត្មា​ក្រាបទូល​ព្រះដ៏មានព្រះភាគ​សិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺន​នោះកំពុងតែសំឡឹង​មើលក្នុងទី​ចំពោះមុខ ​ព្រះសាគត​ដ៏មានអាយុ ក៏ជ្រែក​ចុះចំផែនថ្ម ហើយទៅផុស​ក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ រួចក៏បាន​ពោល​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ​មាន​ពួកអ្នកស្រុកទាំង​៨ម៉ឺន​នេះ បាន​ចូលមកក្នុងទីនេះ​ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​រមែង​ជ្រាបនូវកាល​គួរ ជាប្រយោជន៍​ក្នុងកាលឥឡូវ​នេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅ​រៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគត​ដ៏មានអាយុ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំ​យកតាំង ជ្រែកចុះក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ កាលអ្នកស្រុក​ទាំង​៨ម៉ឺន​នោះ កំពុង​សំឡឹង​មើលក្នុង​ទីចំពោះ​មុខ ក៏ស្រាប់តែទៅផុស​ចំផែនថ្ម ហើយក្រាលអាសនៈ​ត្រង់ម្លប់​នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពី​វិហារ ទៅគង់នៅ​លើអាសនៈ​ដែលព្រះសាគត​ត្ថេរៈ​បានក្រាល​ត្រង់ម្លប់​នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង​៨ម៉ឺន​នោះ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ គ្រានោះ ពួកអ្នក​ស្រុកទាំង​៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគត​ដ៏មាន​អាយុទៅវិញ មិនបានអបអរ​រាក់ទាក់​នឹង​ព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង  ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្តរបស់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន ដោយព្រះទ័យ​នោះហើយ ទើបទ្រង់ត្រាស់​ហៅព្រះសាគត​ដ៏មានអាយុ​មកថា នែសាគត បើដូច្នោះ​ អ្នកចូរ​សំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌​របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែង​ឡើង​ទៅទៀត។ ព្រះសាគត​ដ៏​មានអាយុ​បានទទួល​ស្តាប់​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះ​ទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាល​ឲ្យកើតផ្សែងខ្លះ បណ្តាល​ឲ្យ​កើតភ្លើងខ្លះ បាត់​ខ្លួន​ទៅខ្លះ ក្នុងប្រទេស​ទំនេរ គឺ​អាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបាន​សំដែង​ឥទ្ធិប្បាដិហារ្យ ជាធម៌​របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង ​នៅលើប្រទេស​ទំនេរ គឺអាកាស​រួចហើយ ក៏មកក្រាបសិរសា ទៀប​ព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏​បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូ​របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូ​របស់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង​៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើង​ដ៏ចំរើន គួរ​អស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើត​ឡើងហើយតើ អម្បាល​សាវក​មានឫទ្ធិ​ខ្លាំង មានអានុភាព​ច្រើនម្ល៉ោះ​ទៅហើយ ចំណង់​បើគ្រូ គង់មានឫទ្ធានុភាព​ក្រៃលែង ជាងនេះ​ពិតប្រាកដ ហើយបែរមកអបអរ​ រាក់ទាក់​ នឹង​ព្រះដ៏មានព្រះភាគវិញ លែងអបអរ​រាក់ទាក់​ នឹង​ព្រះសាគតដ៏មានអាយុ​ដូច្នោះទៀតឡើយ។ វេលានោះ  ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ជ្រាបសេចក្តី​បរិវិតក្ក ​ក្នុងចិត្ត​របស់​ពួកអ្នកស្រុក ទាំង​៨ម៉ឺន​នោះ ដោយ​ព្រះទ័យហើយ ទើបទ្រង់​សំដែងនូវ​អនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គ​ទ្រង់សំដែង​ទាន​កថា សីលកថា សគ្គកថា សំដែងពីទោស​ របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្ស​ក្នុងកិរិយា​ចេញបួស។ ​ព្រះដ៏មានព្រះភាគ ​ជាម្ចាស់ ទ្រង់​បានជ្រាបថា ពួក​ជនទាំង​នោះមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តអណ្តែតឡើង មានចិត្ត​ជ្រះថ្លា​ក្នុងវេលា​ណាហើយ ក៏ទ្រង់សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ តែងលើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺសំដែងពី​កងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវ​កងទុក្ខ និងផ្លូវ​ដែល​ដល់​នូវ​សេចក្តី​រំលត់​កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរ​ទទួល​យកគ្រឿង​ជ្រលក់​ដោយ​ល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺ​សោតាបត្តិមគ្គ) ឥតមានធូលី ឥតមាន​មន្ទិល ក៏កើតឡើងដល់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន​នោះ លើអាសនៈ​នោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់​ទៅវិញ​ជាធម្មតា យ៉ាង​នោះឯង។ ពួកជន​ទាំងនោះ ក៏បានយល់នូវ​អរិយសច្ចធម៌ហើយ បានដល់នូវ​អរិយសច្ច​ធម៌​ហើយ បានដឹងច្បាស់ ​នូវ​អរិយសច្ចធម៌​ហើយ បានចុះចិត្តស៊ប់ ​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តីសង្ស័យ ប្រាសចេញពី​សេចក្តី​ងឿងឆ្ងល់ ដល់​នូវសេចក្តី​ក្លៀវក្លា មិនបានជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ក៏បាន​ក្រាបបង្គំ​ទូលពាក្យ​នេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះ​អង្គ​ដ៏ចំរើន បុគ្គលផ្ងារឡើង ​នូវ​ភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង​ នូវ​វត្ថុដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬទ្រោល​បំភ្លឺ​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយគិតថា ពួកជន​ដែលមានចក្ខុ នឹងបាន​ឃើញ​នូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែង​ដោយ​អនេក​បរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​នូវ​ព្រះដ៏មាន​ព្រះភាគ ​ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំ​ថា ជា​ឧបាសក បានដល់​នូវ​ព្រះរតនត្រ័យ ថាជា​ទីរលឹក​ស្មើ​ដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះទៅ។

[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញ​ក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះនេះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យពេញលេញ ឲ្យបរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​ នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង​៨ម៉ឺននោះ ក៏បានត្រេកអរ​រីករាយ​នឹងធម៌ ដែលព្រះមានព្រះភាគ​ទ្រង់​សំដែងហើយ ក៏ក្រោកចេញចាក​អាសនៈ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចធ្វើ​ប្រទក្សិណ ហើយក៏ចៀស​ចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន​ ចៀសចេញ​ទៅមិនយូរ​ប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ​ហើយ ក៏បានក្រាបបង្គំទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌​ដែលព្រះអង្គ ​ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គ​ក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបានពេញលេញ ឲ្យបាន​បរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួស​ខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជា​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ។ លុះព្រះសោណដ៏​មានអាយុ បានឧបសម្បទាមិនយូរ​ប៉ុន្មាន ក៏បានទៅ​គង់​នៅ​ព្រៃ​សីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់​លោក​ក៏បែក (ចេញ​ឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូច​ជាទី​ដែលសម្រាប់​សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈ​ដ៏មានអាយុ​ សម្ងំ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ឯណាមួយ ​នៃព្រះដ៏​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តាសាវក​ទាំងនោះ អាត្មាអញ ​ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ ​នៅមិនទាន់​ផុតចាក​អាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់​អាត្មាអញ ក៏​មានទ្រព្យ​សម្បត្តិ​បរិបូណ៌ដែរ អាត្មាអញ អាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង អាច​នឹងធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ​ ដើម្បី​ហីនភេទវិញ (គឺសឹក) ហើយនឹង​បរិភោគ​ទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏​មានព្រះភាគ ទ្រង់បាន​ជ្រាប​សេចក្តីត្រិះរិះ ​ក្នុងចិត្ត​របស់​ព្រះសោណៈ​ដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែ​បាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដ​ព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរស​មាន​កំឡាំង លាចេញនូវ​ដើមដៃ ​ដែលខ្លួន​បត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលខ្លួន​លាចេញ។ វេលានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​យាង​ទៅកាន់​សេនាសនចារិក​ ជាមួយ​នឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅ​ទៅកាន់​ទី​ចង្ក្រម​របស់​ព្រះសោណៈ​ដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ​ក៏បានទត​ទៅឃើញ​ទីចង្ក្រម​របស់ព្រះ​សោណៈ​ដ៏មានអាយុ​ប្រឡាក់ដោយឈាម លុះទត​ឃើញហើយ ក៏​ត្រាស់ហៅភិក្ខុទាំងឡាយ​មកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រម​របស់អ្នកណា បានជាប្រឡាក់​ដោយឈាម ដូចជាទី​សម្រាប់​សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលព្រះសោណៈ​ដ៏មាន​អាយុខំព្យាយាម​ដើរចង្ក្រមទៅ បាទា​របស់លោកក៏បែក នេះជាទីចង្ក្រម​របស់​លោក​នោះ ដែល​ប្រឡាក់ដោយឈាម ដូចជាទី​ដែលសម្រាប់​សម្លាប់គោ។ វេលានោះ ព្រះមាន​ព្រះភាគ ទ្រង់​យាងចូលទៅកាន់​វិហារ​របស់​ព្រះសោណៈ​ដ៏មានអាយុ លុះយាង​ចូលទៅ​ដល់ហើយ ក៏ទ្រង់​គង់​នៅលើ​អាសនៈ ដែលគេ​បាន​ក្រាលទុក។ ចំណែកឯព្រះសោណៈ​ដ៏មានអាយុ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​​មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ទើបព្រះ​មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​យ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ណាមួយ ​របស់ព្រះ​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តា​សាវក​ទាំងនោះ អាត្មាអញ​ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ​នៅមិន​ទាន់​​ផុតចាក​អាសវៈទាំងឡាយ ដោយ​មិនមាន​ឧបាទាន​ឡើយ ម្យ៉ាងទៀត ទ្រព្យ​សម្បត្តិ​ក្នុង​ត្រកូល​​របស់អាត្មាអញ ក៏​មាន​បរិបូណ៌ អាត្មាអញអាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង ធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ ​ដើម្បី​ហីនភេទ​ ហើយ​​បរិភោគ ​នូវទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ សោណៈ​ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះ​ដូចម្តេច កាលពីដើម​អ្នកឯងនៅជា​គ្រហស្ថនោះ ជាអ្នកឆ្លាស​ក្នុងសូរ​សំឡេង​ខ្សែពិណឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាខ្សែ​ពិណ​ របស់អ្នក​តឹងពេកទៅ តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នកធូរពេក តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នក​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នក មិន​តឹងពេក មិនធូរពេក តាំងនៅក្នុងគុណ​ដ៏ល្មម តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​​នោះក្រាប​ទូល​ថា ព្រះករុណាព្រះអង្គ។ ព្រះ​មានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តី​ព្យាយាម​ដែល​តឹងពេក នាំឲ្យកើត​សេចក្តីរាយមាយ សេចក្តីព្យាយាម​ដែលធូរពេក នាំឲ្យកើត​សេចក្តីខ្ជិល​ច្រអូស ដូចខ្សែពិណយ៉ាង​នោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំង​សេចក្តី​ព្យាយាម​ឲ្យស្មើ​ ក្នុងធម្មវិន័យ​នេះ ត្រូវប្រើឥន្ទ្រិយ​ទាំងឡាយ​ឲ្យ​ស្មើគ្នាផង ត្រូវកាន់​យក​នូវ​និមិត្ត​ក្នុងសមថៈនោះផង។ ព្រះសោណៈ​ដ៏មានអាយុ បានទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះ​មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ​ព្រះ​មានព្រះភាគទ្រង់ទូន្មាន​ព្រះសោណៈ​ដ៏​មានអាយុ ដោយឱវាទ​នេះរួចហើយ ទើបទ្រង់​បាត់ព្រះអង្គ អំពី​ទីចំពោះ​មុខ នៃ​ព្រះសោណៈ​ដ៏​មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់​ប្រាកដ​នៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរស​ដែលមាន​កំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល ​នូវដើមដៃ ​ដែលខ្លួន​លាចេញ។ លំដាប់នោះ លុះ​សម័យ​តមក ព្រះសោណៈ​ដ៏មានអាយុ ក៏បានតាំង​សេចក្តី​ព្យាយាម​ស្មើ បាន​ប្រើឥន្ទ្រិយ​ទាំង​៥​ក៏​ស្មើ​គ្នាផង បានកាន់​យកនូវ​និមិត្ត​ក្នុងសមថៈ​នោះឯង។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បាន​ចៀស​ចេញ ទៅ​តែម្នាក់ឯង ឥតមាន​សេចក្តី​ប្រមាទឡើយ ខំព្យាយាម​ ដុតបង់​នូវកិលេស បញ្ជូន​ចិត្ត​ឲ្យបែរទៅ (កាន់​ព្រះនិព្វាន) ពួក​កុលបុត្រ ​ដែលចេញចាក​ផ្ទះហើយ ទៅបួស​ក្នុងភាព​ជាបុគ្គលមិនមាន​ប្រយោជន៍​ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់​ នូវអនុត្តរធម៌​នោះ ជាទីបំផុត​ នៃមគ្គព្រហ្មចារ្យ ដោយបញ្ញា​របស់ខ្លួន​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បាន​សម្រេច​សម្រាន្ត​នៅ ដោយ​ឥរិយាបថទាំង​៤ មិនយូរ​ប៉ុន្មាន ក៏បានដឹង​ច្បាស់ថា ជាតិកំណើតរបស់​អាត្មាអញ ​អស់ហើយ ព្រហ្មចរិយធម៌​អញ​ ក៏​បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញ​ក៏បាន​ធ្វើហើយ នឹងមានកិច្ច​ដទៃអំពីកិច្ច​នេះតទៅ​ទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈ​ដ៏មានអាយុ ក៏ជាព្រះអរហន្ត​អង្គមួយដែរ។

[៥១] លំដាប់នោះ កាលព្រះសោណៈ​ដ៏មានអាយុ បានសម្រេច​ព្រះអរហត្តហើយ ក៏មាន​សេចក្តី​រិះគិត​ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ​នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់​ព្រះដ៏​​មានព្រះភាគ។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បានចូលទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ​ព្រះ​មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏​សមគួរ។ ព្រះ​សោណៈ​​ដ៏មានអាយុ អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេច​ហើយ មានភារៈ​ដាក់ចុះហើយ បានសម្រេច​ប្រយោជន៍របស់​ខ្លួនហើយ មានកិលេស​ ជាគ្រឿង​ប្រកប​សត្វក្នុងភព​អស់ហើយ មានចិត្ត​ផុតស្រឡះ​ហើយ (ចាកកិលេស) ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ​មាន​អធ្យាស្រ័យបង្អោន​ទៅកាន់​ហេតុ​ទាំង៦យ៉ាង គឺ​មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្ម (គឺ​អរហត្ត)១ មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ​១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ​នៃ​ឧបាទាន១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់​ទៅនៃ​តណ្ហា១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង១ បពិត្រ​ព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​ដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ​ បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះ​អាស្រ័យ​នូវគុណ គ្រាន់តែសេចក្តី​ជឿ​ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏​ចំរើន ឯភិក្ខុ ដែលជា​ព្រះខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ កាលមិនបាន​ពិចារណាខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ បានឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ ជាអ្នកប្រាថ្នា​លាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន ឯភិក្ខុជា​ព្រះខីណាស្រព សិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ មិនបាន​ពិចារណានូវខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ កាល​ត្រឡប់​មកកាន់សេចក្តី​ប្រកាន់សីល ប្រកាន់​វត្ត​ដោយ​សភាវៈ​ថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅ​កាន់​​សេចក្តីមិន​ព្យាបាទ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុនេះ​ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុជា​ព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ច​សម្រេច​ហើយ មិនបាន​ពិចារណានូវ​ខ្លួន​ ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន នៃកិច្ច​ដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ ព្រោះអស់រាគៈ ព្រោះ​ប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះ​ថាមាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅនៃ​ឧបាទាន ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ​នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ​ជាគ្រឿង​អស់​ទៅ​នៃ​ឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​ បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់​ទៅ​ នៃ​តណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន ភិក្ខុកាល​បើមានចិត្ត​ផុតស្រឡះប្រពៃ​យ៉ាងនេះហើយ បើទុក​ជារូប​ទាំងឡាយ​ដែល​មានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លងភ្នែក ក៏មិនបាន​គ្រប​សង្កត់​ចិត្ត​របស់ភិក្ខុ​នោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ ដោយកិលេស ជាចិត្ត​ឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណា​ឃើញ​នូវ​សេចក្តី​កើតឡើង​ និងសេចក្តី​រលត់ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយ​ត្រចៀកបាន… ក្លិនទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយច្រមុះបាន… រស​ទាំងឡាយ​​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវកាយ) ទាំងឡាយ ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយបាន… ធម្មារម្មណ៍ (គឺ​អារម្មណ៍​ដែល​កើត​ក្នុងចិត្ត) ទាំងឡាយ​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយចិត្តបាន មកកាន់​ផ្លូវ​នៃចិត្ត ក៏គ្របសង្កត់​ចិត្ត​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហាហើយ លោក​​បានពិចារណា​ឃើញ នូវ​សេចក្តី​កើត​ឡើង និងសេចក្តី​រលត់​ទៅ នៃចិត្ត​នោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបមាដូចជា​ភ្នំថ្ម ឥតធ្លុះ ឥត​ប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ​ដែលមាន​កំឡាំង​​ខ្លាំង​ បក់បោក​មកពីទិស​ខាងកើតក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងលិច​ក្តី។បេ។ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងជើងក្តី។បេ។ បើមាន​សំណុំ​ខ្យល់​​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងត្បូងក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុកាល​មានចិត្ត​ផុត​ស្រឡះ​ ដោយ​ប្រពៃ​យ៉ាងនេះហើយ បើរូបទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លង​ភ្នែកក្តី ក៏​គ្រប​សង្កត់​ចិត្ត ​របស់លោក​នោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិត​នៅខ្ជាប់ខ្ជួន ឥតមាន​កម្រើក ដោយ​តណ្ហា លោក​ពិចារណា​​​នូវ​សេចក្តី​កើតឡើង​ និង​សេចក្តី​រលត់​ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយត្រចៀកក្តី… ក្លិនទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយច្រមុះក្តី… រស​ទាំងឡាយ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយ​អណ្តាត​ក្តី… ផោដ្ឋព្វៈ​ទាំងឡាយ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយក្តី… ធម្មារម្មណ៍​ទាំងឡាយ ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយចិត្ត មកកាន់​ផ្លូវ​ចិត្តក្តី ក៏គ្របសង្កត់​នូវចិត្ត ​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហា លោក​រមែងពិចារណា ​នូវ​សេចក្តី​កើត​ឡើង និង​សេចក្តី​​រលត់​នៃចិត្ត​នោះ ក៏មានឧបមេយ្យដូច្នោះឯង។

[៥២] ភិក្ខុ​កាលបើមានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ (គឺ​អរហត្ត)​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​នៃចិត្តផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​​ធម៌​ជាគ្រឿង​អស់ទៅ​នៃឧបាទាន​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជាគ្រឿង​អស់ទៅនៃ​តណ្ហាផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង​នៃ​ចិត្ត​ផង ចិត្ត​ក៏ផុតស្រឡះ​ដោយប្រពៃ ព្រោះ​បានឃើញ​នូវសេចក្តី​កើត និង​សេចក្តី​វិនាស​នៃអាយតនៈ កាលភិក្ខុ​នោះ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ មានចិត្ត​រម្ងាប់ហើយ សេចក្តី​ចំរើន​នៃកិច្ច ​ដែល​ភិក្ខុនោះ​បានធ្វើ​ហើយក៏គ្មាន ​កិច្ច​ដែលគួរ​នឹង​ធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបាន​រំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និង​ធម្មារម្មណ៍​ទាំងអស់ ដែល​ជាទីគាប់ចិត្តក្តី មិនជាទី​គាប់ចិត្ត​ក្តី ក៏ញុំាង​ចិត្ត​របស់​ភិក្ខុ​ជាតាទិបុគ្គល​ ឲ្យ​ញាប់ញ័រ​មិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុ​នោះ ជាចិត្ត​ឋិត​នៅខ្ជាប់​ខ្ជួន ជាចិត្ត​ផុតស្រឡះ​ចាកកិលេសហើយ លោកពិចារណា​នូវ​សេចក្តី​កើត និង​សេចក្តី​រលត់​នៃចិត្តនោះ។

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា នែភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត តែង​ប្រកាស​គុណ គឺអរហត្តផលយ៉ាង​នេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាស​សេចក្តី​នៃបុគ្គល​ជាអរហន្តផង មិនបានបង្អោន​ខ្លួនទៅ​ដោយអំនួតថា ខ្លួនជា​ព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរស​ខ្លះ ប្រកាស​ព្រះអរហត្តផល ទំនង​ធ្វើ​ដូច​ជា​សើច​លេង មោឃបុរស​ទាំងនោះ តែងដល់​នូវ​សេចក្តី​ចង្អៀត​ចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់​ត្រាស់ហៅ​ព្រះសោណៈដ៏​មានអាយុថា នែសោណៈ អ្នកឯង​ធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាត​ស្បែក​ជើង​១ជាន់​ឲ្យអ្នក។ ព្រះសោណៈ​នោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​លះបង់​ប្រាក់​ចំនួន​៨០រទេះ​ធំ (គឺ១រទេះធំ​កំណត់​ពីររទេះតូច) ផង បានលះបង់​នូវពួក​សេនា​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញពីផ្ទះមកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ជនទាំង​ឡាយ​មុខ​ជា​នឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស ​បានលះបង់​ប្រាក់​ចំនួន​៨០រទេះ​យ៉ាងធំផង បានលះបង់​ នូវពួក​សេនា ​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញ​ចាក​ផ្ទះ​ មកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិស​នេះ នៅជាប់​ចំពាក់​នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ​ នឹង​ទ្រង់​អនុញ្ញាត​ដល់ភិក្ខុសង្ឃ ទើបខ្ញុំ​ព្រះអង្គ​ហ៊ាន​ប្រើប្រាស់ បើព្រះដ៏មានព្រះភាគ​ មិនទ្រង់អនុញ្ញាត​ដល់​ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គ​មិនហ៊ាន​ប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ក្នុង​វេលានោះហើយ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង​២ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៣ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

[៥៤] ​សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌​ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែក​ជើង​ពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌​ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែក​ជើងពណ៌​ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុះ​ ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​ពណ៌ខៀវសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហមសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងទុំសុទ្ធ​ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​មានខ្សែខៀវ។ ពាក់ស្បែកជើង​មានខ្សែលឿង។ ពាក់ស្បែកជើង​មានខ្សែក្រហម។ ពាក់ស្បែកជើង​មានខ្សែហង្សបាទ។ ពាក់ស្បែកជើង​មានខ្សែខ្មៅ។ ពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ។ ពាក់ស្បែកជើង​មានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​​សេចក្តីនុះ​ចំពោះ​ព្រះដ៏​មានព្រះភាគ​ជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​មានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿង មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម មិនត្រូវពាក់ស្បែកជើង​មានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើង​មានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​បិទកែង។ ពាក់​ស្បែកជើងស្រោបជើងទាំងអស់រហូតដល់​ស្មងជើង (ដូច​ជាស្បែកជើង​អ្នកស្រុក​យោនកៈ)។ ពាក់ស្បែកជើង​ដែលគេក្រង ជារបៀប​បិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់​ដោយគរ។ ពាក់​ស្បែកជើង មានខ្សែវិចិត្រ​ដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋានដូច​ស្នែង​ពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូច​កន្ទុយសត្វ​ខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះ​ដោយ​ព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែល​វិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើងបិទកែង មិនត្រូវពាក់​ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់​ស្បែកជើង​ដែលគេក្រងជារបៀប​បិទខ្នងជើង មិនត្រូវពាក់​ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់​ស្បែកជើងដែលមានខ្សែវិចិត្រ​ដូចស្លាបទទា មិនត្រូវពាក់​ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ មិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋានដូច​ស្នែងពពែ មិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋាន​ដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់​ស្បែកជើងដែលគេ​ស្រេះដោយ​ព្រុយ​កន្ទុយក្ងោក មិនត្រូវពាក់​ស្បែកជើងដែលវិចិត្រ​(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយ​ដោយ​ស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់​ស្បែកជើង ដែលចំជាយ​ដោយ​ស្បែក​សត្វ​សីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លារខិន មិនត្រូវ​ពាក់ស្បែក​ជើង​ដែល​ចំជាយ​ដោយស្បែក​ភេ មិនត្រូវ​ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកឆ្មា មិនត្រូវ​ពាក់ស្បែកជើង​​ដែល​ចំជាយ​ដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយ​ស្បែក​មៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៥៥] គ្រានោះឯង ព្រះមាន​ព្រះភាគទ្រង់​ស្លៀកស្បង់ក្នុងវេលា​ព្រឹកព្រហាម ហើយប្រដាប់​បាត្រនិង​ចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺ​សមណៈ​តាម​ក្រោយ)។ ភិក្ខុនោះខ្ចកជើង​ ដើរតាមក្រោយៗ ​ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង​៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ​ ទ្រង់យាង​មក​ពី​ចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើង​ចេញ ហើយចូលសំដៅ​ទៅព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចចូល​ទៅរក​ភិក្ខុនោះ លុះចូល​ទៅ​ដល់​​ហើយ ក៏ក្រាបថ្វាយបង្គំ​ភិក្ខុនោះហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសក​នោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ​ទទួល​យកស្បែកជើង​ចុះ។ ភិក្ខុ​នោះ​តបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង​៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគ​បានទ្រង់​ហាមរួចជាស្រេចហើយ។ ព្រះអង្គមាន​បន្ទូលថា នែភិក្ខុ ចូរអ្នក​ទទួល​យកស្បែកជើង​នេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​បានធ្វើ​នូវធម្មីកថា​ ក្នុងវេលានោះ រួចទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​៤ជាន់​ឡើងទៅ ដែល​គេពាក់ហើយ​ដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ពាក់​ស្បែក​ជើង​៤ជាន់​ឡើងទៅ ដែលជាស្បែកជើង​ថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

[៥៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ​មិនបានទ្រង់​ឆ្លងព្រះបាទ (ហើយ) ទ្រង់​ចង្ក្រម​នៅក្នុងទីវាល។ ឯពួក​ភិក្ខុចាស់ក៏មិនហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​ ដោយគិតឃើញថា ព្រះជាគ្រូ​មិនទ្រង់​ឆ្លង​ព្រះបាទ​ ហើយទ្រង់ចង្ក្រម។ កាលបើព្រះ​បរមសាស្តា​មិនទ្រង់​ឆ្លង​ព្រះបាទ ហើយទ្រង់ចង្ក្រម ពួក​ភិក្ខុចាស់ ក៏មិនពាក់ស្បែកជើង ហើយចង្ក្រម (គឺ​ដើរតាម​ធម្មតា) ឯពួក​ឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង​ ហើយចង្ក្រម។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើ​ព្រះបរមសាស្តា​ មិនបានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រម​ក្តី ពួកភិក្ខុចាស់ មិនបាន​ពាក់ស្បែកជើង ​កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹងហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​សោះ។ វេលានោះឯង ភិក្ខុទាំងនោះ​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា ​មិនបានទ្រង់​ឆ្លងព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់ ​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំង​នោះ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏​មានជោគ ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា​ ​មិន​បានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី មោឃបុរស​ទាំងនោះ មិនសមបើ​នឹងហ៊ាន​ពាក់ស្បែក​ជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់​មានសេចក្តី​គោរព​ កោតក្រែង​ក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុ​នៃ​សិល្បសាស្ត្រ​សម្រាប់​ចិញ្ចឹម​ជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្ត​ឲ្យល្អ ព្រោះថា អ្នក​ទាំងឡាយ​បានបួស​មក​ក្នុងធម្មវិន័យ ​ដែលតថាគត​បានសំដែង ​ដោយល្អយ៉ាងនេះហើយ គួរតែគោរព​កោតក្រែង មានសេចក្តី​ចិញ្ចឹមជីវិត​ស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើ​ជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបាន​ដឹកនាំ​ពួកជន​ដែល​មិនទាន់​បាន​ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់​ធ្វើនូវធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើ​ជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរ​ចង្ក្រមទេ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវពាក់ស្បែកជើង​ខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

[៥៧] សម័យនោះឯង មានភិក្ខុ១រូប​ កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយ​ក៏បាន​គ្រាហ៍​យកភិក្ខុនោះទៅឲ្យ​បន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាង​ទៅកាន់សេនា​សនចារិក ក៏បានទតទៅឃើញ​ភិក្ខុទាំងនោះ កំពុង​គ្រាហ៍យក​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាង​ចូលទៅរក​ភិក្ខុនោះ លុះយាង​ចូលទៅ​ដល់ហើយ ទើបទ្រង់មាន​បន្ទូលនេះ​ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​កើត​រោគអ្វី។ ភិក្ខុទាំងនោះ​ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគ​ដំបៅ​លេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍​យកលោក​ដ៏មានអាយុ​នេះមកឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។

[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ​ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មាន​ជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេច​នៅបាតជើងក្តី តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនោះ​ពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើង​ទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់​ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យ​ភិក្ខុ​ពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យ​នោះឯង ក្នុងវេលាយប់ មានពួកភិក្ខុ​ដើរទៅកាន់​រោងឧបោសថខ្លះ ទីប្រជុំ​អង្គុយខ្លះ ក៏ជាន់ទៅលើ​ដង្គត់​ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់​ភិក្ខុទាំងនោះក៏​មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់​ខាងក្នុង​អារាម​បាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃ​រាត្រី (ជិតភ្លឺ) ក៏ពាក់​ទ្រនាប់​ជើងឈើ ហើយចង្ក្រម​ក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ និយាយ​ពី​មហាមាត្យ និយាយពី​សេនា និយាយ​ពីភ័យ និយាយពី​ចម្បាំង និយាយពី​គ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿង​ក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែល​ក្លៀវក្លា និយាយពី​ច្រកផ្លូវ និយាយពី​កន្លែង​ក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិ​ដែលស្លាប់ទៅហើយ) និយាយពី​ពាក្យឥត​ប្រយោជន៍​ មានប្រការ​ផ្សេងៗ និយាយពីរឿង​កុហក​ក្នុងលោក (មានរឿង​ក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីក​សមុទ្រ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយ​ណា មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនសមបើ​នឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់​ទ្រនាប់ជើង​ឈើ ដើរ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពី​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ ឃ្លាត​ចាកសមាធិខ្លះ​សោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយ​ភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ​ នៃ​រាត្រី​ហើយ ក៏ពាក់​ទ្រនាប់ជើង​ឈើ ដើរទៅ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ​ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ​ ទ្រង់បន្ទោស​រួច ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្រុង​រាជគ្រឹះ ដោយសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ រួចហើយ​ទ្រង់យាង​សំដៅ​ទៅក្រុង​ពារាណសី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បានដល់​ទៅក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុងព្រៃ​ឥសិបតនមិគទាយវន ទៀបក្រុង​ពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើង​ឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់​ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកត្នោត ហើយពាក់​ ឯត្នោតខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹង​ហ៊ាន​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់សោះ ឯដើម​ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ាន​បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ ​ត្នោតខ្ចីទាំងនោះ លុះ​គេ​កាត់​ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ មិន​សម​​បើនឹង​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ទេ ​ត្នោត​ខ្ចី​ទាំង​នោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្ស​តែង​សំគាល់​ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏​មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់​នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកឫស្សី ហើយពាក់​ ឯឫស្សីខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរ​បើ​នឹង​​ហ៊ាន​ប្រើ​គេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ាន​បៀតបៀន​​របស់​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុងតែ​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ក្រុង​ពារាណសី គួរតាមពុទ្ធ​អធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុង​ភទ្ទិយៈ កាលទ្រង់​យាង​ទៅកាន់ចារិក​ ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គ​គង់នៅ​ក្នុងព្រៃ​ជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែល​នៅក្នុង​ក្រុង​ភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយ​ក្នុងការ​ប្រដាប់​ទ្រនាប់ជើង មានប្រការផ្សេ​ងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់​ចោល​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភទ្ទិយភិក្ខុ មិនសម​បើនឹងខ្វល់ខ្វាយក្នុង​ការ​តាក់តែង​ទ្រនាប់​ជើង​មានបការ​ផ្សេងៗ គឺ ធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ង​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ​ទ្រនាប់​ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយ​លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយ​ក្នុងការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់​បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរស​ទាំងនោះ មិន​សម​បើនឹងខ្វល់ខ្វាយក្នុង​ការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅមានពណ៌​ដូចផ្កាឈូក មិនត្រូវ​ពាក់ទ្រនាប់ជើងសំពត់​ដែលគេត្បាញ​ដោយរោមសត្វ មិនត្រូវ​ពាក់ទ្រនាប់ជើងមាស មិនត្រូវ​ពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវ​ពាក់ទ្រនាប់ជើងកែវមណី មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​ពិទូរ្យ មិនត្រូវ​ពាក់ទ្រនាប់ជើង​កែវផ្លេក មិនត្រូវ​ពាក់ទ្រនាប់ជើងសម្រិត មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​កញ្ចក់ មិនត្រូវ​ពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវ​ពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវ​ពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយ​ដែលគួរ​នឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេ​ឲ្យកម្រើក​ទៅមិនបាន គឺ​ទ្រនាប់​ជើង​សម្រាប់​បន្ទោបង់​នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់​នូវ​បស្សាវៈ១ ទ្រនាប់ជើង​សម្រាប់​​លាងជម្រះ(លាមក)១។ ​

[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងនគរ​ភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់​ចារិក​ដោយលំដាប់ ក៏បានដល់​ទៅ​ក្រុង​សាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុង​តែហែលឆ្លង​ទឹកស្ទឹង​អចិរវតី ក៏ចាប់ស្នែងខ្លះ  ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោ​ទាំង​ឡាយ កំពុង​ឆ្លង​ទឹក មិនសមបើនឹង​ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ ដូចជាពួក​គ្រហស្ថអ្នក​បរិភោគនូវ​កាមគុណសោះ។ កាលមនុស្សទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ចាប់​ស្នែង​មេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើ​ខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវ​មានចិត្ត​ត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុ​មិនត្រូវ​ធ្វើ​កូនគោ​ឲ្យ​ស្លាប់ឡើយ ភិក្ខុណាធ្វើ​ឲ្យស្លាប់ ភិក្ខុនោះ​ វិនយធរ​ត្រូវ​ឲ្យធ្វើតាមធម៌​

[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅ​ដោយយាន​ដែលគេទឹមដោយគោញី មានបុរស​ជាអ្នកបរក៏មាន ទឹមដោយ​គោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជន​ដែលទៅលេងទឹក​ស្ទឹងគង្គា និងស្ទឹង​មហី។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវទៅ​ដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប​ទៅកាន់​ក្រុង​សាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់​ព្រះដ៏មានព្រះភាគ ដល់ពាក់​កណ្តាល​ផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេច​ចុះចេញអំពីផ្លូវ ទៅអង្គុយ​នៅក្រោម​ដើមឈើ​១។ មនុស្ស​ទាំងឡាយ​ក្រឡេកឃើញ​ភិក្ខុនោះ​ហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​នឹងនិមន្ត​ទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុង​សាវត្ថី ដើម្បី​គាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះ​អាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មកឡើង​ជិះ​យានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគ​ទ្រង់​ហាមឃាត់​រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏​ដើរទៅដល់​ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតយាន​ដល់​ភិក្ខុដែល​មានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​) យានដែល​ទឹម​ដោយសត្វញី ឬទឹមដោយ​សត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​យាន​ដែលគេ​ទឹម​ដោយសត្វឈ្មោល និងយាន​ដែលសម្រាប់អូស ឬរុញ​ដោយដៃ​។ សម័យ​នោះឯង មានភិក្ខុ១រូប កើតសេចក្តី​មិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុក​ដោយយាន(យានរលាក់)។ ភិក្ខុទាំង​ឡាយក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវគ្រែស្នែង និងអង្រឹងស្នែង។

[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់​ឧច្ចាសយនៈ (គ្រែកន្លង​ហួស​ប្រមាណ) និងមហាសយនៈ (គ្រឿង​កម្រាលមិនគួរ) អាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល​ពណ៌​ស ដែលគេធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាលដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់​ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ​)១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅ​កាន់​វិហារ​ចារិក បានឃើញហើយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល ​ដែលមានពណ៌​ស ធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់​ដោយគរ ជា​ប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និង​ខ្លាធំ​ជា​ដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្ស (កម្រាល ​ដែល​ធ្វើ​ដោយ​ឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ​)១ កោសេយ្យ (កម្រាល​ដែលធ្វើ​ដោយ​សរសៃសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មម​ពួក​ស្រីរបាំ​១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​ សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាល​សម្រាប់​​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល​ដែល​គេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មាន​ពណ៌​​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះ​មានព្រះភាគ​ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ​ គឺស្បែកសត្វសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរ​ទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ ​អ្នកបរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​មិនត្រូវប្រើប្រាស់​ នូវស្បែកសត្វ​ដ៏ធំ គឺស្បែកសត្វ​សីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិទុក្កដ។

[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​គិតគ្នាថា ស្បែកសត្វដ៏ធំ​ទាំងឡាយ ព្រះដ៏មានព្រះ​ភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែក​គោទាំងឡាយវិញ។ ស្បែកគោ​ទាំងនោះ ពួក​ឆព្វគ្គិយ​ភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មិនតែ​ប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន​ របស់​ឧបាសក​បាបម្នាក់។ វេលានោះ ភិក្ខុ​បាបនោះ លុះវេលា​ព្រឹក​ព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រ​និងចីវរ ហើយចូលទៅកាន់ផ្ទះ ​របស់ឧបាសក​បាប​នោះ លុះចូលទៅដល់ហើយ ក៏អង្គុយ​នៅលើអាសនៈ ​ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសក​បាបនោះ​ បានចូលទៅរក​ភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ភិក្ខុបាបនោះ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសក​បាបនោះ​ មានកូនគោ១ មានរូបល្អ គួរ​នឹងរមឹលមើល នាំឲ្យកើតសេចក្តី​ជ្រះថ្លាដ៏វិចិត្រ ​ប្រហែល​នឹងកូន​ខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹង​មើល​ទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយ​ពាក្យ​នេះ​នឹងភិក្ខុបាប​នោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី​ បានជាលោកម្ចាស់​ សំឡឹង​មើល​កូនគោនេះ​មិនដាក់​ភ្នែកសោះ។ ភិក្ខុនោះ​ប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មា​ត្រូវការ​ស្បែកកូនគោ​នេះ។ ខណៈ​នោះ ឧបាសក​បាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយក​ស្បែក ​ប្រគេន​ទៅ​ភិក្ខុ​បាប​នោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏​លាក់ស្បែកនោះ ​ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។ វេលានោះ មេគោ​នោះអាល័យកូន ក៏ទៅតាមពីខាងក្រោយៗ​ភិក្ខុបាបនោះ។ ភិក្ខុទាំងឡាយ ​ក៏បាន​និយាយ​យ៉ាង​នេះ​ថា អាវុសោ ហេតុអ្វី​បានជា​មេគោនេះ​ មកតាម​ពីខាងក្រោយ​ៗលោក។ ភិក្ខុនោះ​ប្រាប់ថា អាវុសោ ខ្ញុំ​មិនដឹងជា​មេគោនេះ មកតាមខ្ញុំ​ពីខាងក្រោយៗ​ ដោយហេតុអ្វីទេ។ វេលានោះឯង សង្ឃាដិ​ របស់​ភិក្ខុបាបនោះ ​ក៏ប្រឡាក់ទៅដោយ​ឈាម។ ភិក្ខុទាំងឡាយ បាន​និយាយ​យ៉ាងនេះថា អាវុសោ សង្ឃាដិនេះ តើអ្នកធ្វើដូចម្តេច (បានជាប្រឡាក់)។ ខណៈនោះ ភិក្ខុបាបនោះ​ បានប្រាប់​សេចក្តី​នុ៎ះ​ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ ក៏​បានសួរថា អាវុសោ លោកបាន​បបួល​គេធ្វើបាណាតិបាត​ទេដឹង។ ភិក្ខុនោះឆ្លើយថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសម​បើនឹង​បបួលគេឲ្យធ្វើ​បាណាតិបាត​សោះ ក្រែងបាណាតិបាត ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ដោយអនេក​បរិយាយ ព្រះអង្គ​ ទ្រង់​សរសើរ​តែការ​វៀរចាកអំពើបាណាតិបាត​ដូច្នោះឬ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៦៦] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃក្នុង​វេលា​នោះហើយ ទ្រង់សួរចំពោះ​ភិក្ខុបាបនោះថា ម្នាលភិក្ខុ ឮថាអ្នកឯង​បាន​បបួល​គេឲ្យធ្វើ​បាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនសម​នឹងបបួលគេឲ្យធ្វើ​បាណាតិបាត​ទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀល​ហើយ ដោយអនេក​បរិយាយ តថាគត​​សរសើរ​តែការ​វៀរចាក អំពើបាណាតិបាត​ ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបាន​ដឹកនាំពួកជន ដែលមិនទាន់​ជ្រះថ្លា​ ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់​បន្ទោសរួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​បបួល​គេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹត​ដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើទី​សេនាសនៈ​ ដែលជាគិហិវិក័ត (របស់ដែលគ្រហស្ថ​ធ្វើផ្សេងៗ) បាន កុំឲ្យ​តែ​ដេក។ វេលានោះឯង មានវិហារ​ ដែលពួក​ជន​បាន​រុំចង​ដោយខ្សែស្បែក​ទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់​តែចងបាន។

[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ហើយចូលទៅកាន់​ស្រុក។ មនុស្ស​ទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ស្បែកជើង​ ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)​ចូលទៅ ត្រូវ​អាបត្តិ​ទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូប​មានជម្ងឺ តែវៀរចាក​ស្បែកជើង ក៏​មិនអាច​នឹង​ដើរ​ចូល​ទៅកាន់​ស្រុក​បានឡើយ។ ​ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តី​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលមាន​ជម្ងឺ ពាក់​ស្បែក​ជើង​ ចូលទៅកាន់ស្រុកបាន។

[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈ​ដ៏មានអាយុ គង់នៅ​លើភ្នំឈ្មោះ​បបាត ទៀបក្រុង​ឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះ​សោណកុដិកណ្ណ ជាឧបដ្ឋាករបស់​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ វេលានោះ ឧបាសក​ឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះឧបាសក​ឈ្មោះសោណកុដិកណ្ណអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយ​ពាក្យនេះនឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​បានសំដែង​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ តែបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្តព្រហ្មចរិយធម៌​នេះ​ឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង​ ដូចជា​សង្ខ​ដែលបុគ្គល​ដុស​ខាត់​ហើយ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់​សំពត់​កាសាយ​ទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​បំបួស​ខ្ញុំផង។ កាលបើ​ឧបាសក​នោះនិយាយ​យ៉ាង​នេះហើយ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បាននិយាយពាក្យនេះ​នឹងសោណកុដិកណ្ណ​ឧបាសក​ថា នែសោណៈ ការប្រព្រឹត្ត​នូវ​ការដេក​តែម្នាក់ឯង បរិភោគនូវភត្ត​តែមួយពេល និងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ដរាប​អស់​មួយជីវិត មិនងាយ​នឹងធ្វើ​បានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯង​គួរ​តែនៅជាគ្រហស្ថ ប្រកបតាម​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ការដេកតែ​ម្នាក់ឯង ការ​បរិភោគ​ភត្ត​តែម្តង និងការប្រព្រឹត្ត​ព្រហ្មចរិយធម៌ សមគួរ​តាមកាល ក្នុងភេទជា​គ្រហស្ថ​នោះចុះ។ ការ​ប្រុងប្រៀប​នឹងបួស​របស់សោណកុដិកណ្ណ​ឧបាសកនោះ ក៏​បានរម្ងាប់​ស្ងប់ស្ងាត់​ទៅក្នុង​ពេល​នោះឯង។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​បីដង​ផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ លុះសោណកុដិកណ្ណ​ឧបាសក អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បានិយាយ​ពាក្យ​នេះ​ នឹង​​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​ បាន​សំដែង​​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ (តែថា) បុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ នូវ​ព្រហ្មចរិយធម៌​​នេះ ​ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង​ ដូចជា​សង្ខ ​ដែលគេ​ដុស​​ខាត់​ហើយទេ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយ​ស្លៀក​ដណ្តប់​​សំពត់​កាសាយ​ ចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​ បំបួស​ខ្ញុំផង។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បានបំបួស​សោណកុដិកណ្ណ​ឧបាសក ​ក្នុងវេលានោះឯង។ សម័យ​នោះឯង អវន្តិទក្ខិណាបថជនបទ មាន​ភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ឲ្យប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ដែលមក​ពីទិស​នោះៗ ហើយឲ្យឧបសម្បទា​សោណៈ​ដ៏​មានអាយុ ដោយក្រ លំបាក​ពេកណាស់ លុះតែ​កន្លង​៣ឆ្នាំទៅ (ទើប​រក​គណៈសង្ឃ​បានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈ​ដ៏មានអាយុ​ នៅចាំ​វស្សា​រួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួន​សម្ងំ ក៏កើតការ​ត្រិះរិះ​ ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមានព្រះភាគ​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ​ មិនដែល​ឃើញ​ព្រះមានព្រះភាគ ​ចំពោះ​មុខសោះ។ បើឧបជ្ឈាយ៍​អនុញ្ញាតឲ្យ​អាត្មាអញទៅ អាត្មាអញ​គួរ​តែទៅ ឲ្យ​បានឃើញព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ។ គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ លុះវេលា​ថ្ងៃរសៀល ក៏ចេញ​អំពី​ទីលាក់ខ្លួនពួន​សម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈ​ដ៏​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចក៏​អង្គុយ​នៅក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុងទៅ​ដ៏សមគួរហើយ បាននិយាយ​ពាក្យនេះ​នឹង​ព្រះមហាកច្ចានៈ​​ដ៏មានអាយុថា បពិត្រលោក​ដ៏ចំរើន កាលខ្ញុំករុណា​នៅក្នុងទីស្ងាត់ លាក់ខ្លួន ពួន​សម្ងំក្នុងទីនេះ ក៏កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមាន​ព្រះភាគ​​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ក្នុងទីចំពោះ​មុខ​បាន​ម្តង​សោះ បើឧបជ្ឈាយ៍​អនុញ្ញាត ឲ្យ​អាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យ​បានឃើញ​ព្រះមាន​ព្រះ​ភាគ ជាអរហន្តសម្មាសម្ពុទ្ធ​នោះ បពិត្រ​លោកដ៏ចំរើន បើឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យខ្ញុំ​ករុណាទៅ ខ្ញុំ​ករុណា​គួរ​នឹងទៅ ឲ្យបានឃើញ​ព្រះមានព្រះភាគ​ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈ​ក៏និយាយ​តប​វិញថា នែសោណៈ ប្រពៃ​ពេកណាស់ហើយ នែសោណៈ លោកចូរ​ទៅ​គាល់​ព្រះមាន​ព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ​នោះចុះ នែសោណៈ លោកមុខជា​នឹងបានឃើញ​ព្រះមានព្រះភាគនោះ ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា គួរ​ឲ្យជ្រះថ្លា មានឥន្ទ្រិយ​រម្ងាប់ហើយ មានព្រះទ័យ​រម្ងាប់ហើយ បានដល់​នូវ​បញ្ញា​សម្រាប់​ទូន្មាន និងសមាធិ​សម្រាប់​រម្ងាប់​ដ៏ឧត្តម បានទូន្មាន​ព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះ​ឥន្ទ្រិយ​ហើយ បាន​ប្រាសចាក​កិលេស​ហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ ​របស់​ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូម​ក្រាបថ្វាយបង្គំ ​ចំពោះ​ព្រះបាទ​ទាំងគូ ​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​សិរសា រួច​ហើយ​ចូរលោក​ក្រាបទូល​យ៉ាងនេះ (ទៀត)​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិចណាស់ ខ្ញុំព្រះអង្គ​ប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ​អំពី​ប្រទេស​នោះៗ ហើយបាន​ឧបសម្បទា ​ដោយលំបាកពេកណាស់ លុះតែ​កន្លង​៣ឆ្នាំ​ទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ​ ឲ្យតិច​ល្មមទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ​មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់​អនុញ្ញាត​ ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត​ ការ​ងូត​ទឹកឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកច្រើន គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះ​ឯរគុ​ ស្មៅឈ្មោះ​មោរគុ[២] ស្មៅឈ្មោះ​មជ្ជារុ​[៣] ស្មៅឈ្មោះ​ជន្តុ​[៤] យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ​ប្រគេន​ចីវរ ដើម្បី​ភិក្ខុ​ដែលនៅ​ក្រៅសីមាថា យើងប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​ មកប្រាប់​ថា នែអាវុសោ ពួកមនុស្ស​ឈ្មោះនេះ បានប្រគេន​ចីវរ​ ដើម្បី​លោកហើយ ភិក្ខុទាំងនោះ ​ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យ​ត្រូវនិស្សគ្គិយ​ ដល់​យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។ ឯព្រះសោណៈ​ដ៏​មានអាយុ​ទទួល​ស្តាប់ពាក្យ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ដោយពាក្យថា ករុណាលោកម្ចាស់ រួច​ហើយក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុក​ដាក់​គ្រឿង​សេនាសនៈ រួចកាន់​យកបាត្រនិង​ចីវរ ចេញដើរ​ដោយលំដាប់​ទៅ​ក្រុង​សាវត្ថី ក៏ចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរ​ក្រុង​សាវត្ថី លុះចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយបង្គំ​ព្រះ​មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទី​ដ៏សមគួរ។ វេលានោះ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា នែអានន្ទ អ្នកចូរ​ទៅក្រាល​សេនាសនៈ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគទ្រង់​បង្គាប់​អញ​ថា នែអានន្ទ អ្នកឯងចូរក្រាល​សេនាសនៈ ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះ​មាន​ព្រះភាគ ទ្រង់​ប្រាថ្នា​ ដើម្បីគង់​នៅក្នុងវិហារ១ ជាមួយនឹង​ភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នា​ដើម្បីគង់​នៅក្នុងវិហារ១ ​ជាមួយ​នឹងព្រះសោណៈ​ដ៏មានអាយុ លុះគិត​ដូច្នោះហើយ ក៏ក្រាល​សេនាសនៈ ​ចំពោះ​ព្រះសោណៈ​ដ៏មានអាយុ​ ក្នុងវិហារ ​ដែលព្រះមានព្រះភាគ​គង់នៅ។

[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងទីកណ្តាលវាល អស់រាត្រី​ជាច្រើន ទើប​យាង​ចូលទៅ​កាន់វិហារ។ ចំណែកខាង​ព្រះសោណៈ​ដ៏មានអាយុ ក៏នៅ​ក្នុងទីកណ្តាលវាល អស់​រាត្រី​ជាច្រើន ទើបចូល​ទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់​ក្រោកឡើង​ក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់​ព្រះសោណៈ​ដ៏មានអាយុថា នែភិក្ខុ អ្នកគួរ​នឹងសំដែង​ធម៌​បន្តិចទៅ។ ព្រះសោណៈ​ដ៏មានអាយុ បានទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែង​នូវ​សូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គ​ទាំងអស់ ​ដោយ​សរភញ្ញ។ លុះចប់​សរភញ្ញ​ របស់ព្រះសោណៈ​ដ៏មានអាយុ​ហើយ ព្រះ​មានព្រះភាគ ក៏បាន​អនុមោទនា​ ក្នុងខណៈ​នោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ​ ដែល​មានក្នុង​អដ្ឋកវគ្គ អ្នកបានរៀន​មកត្រឹមត្រូវហើយ អ្នកបានធ្វើ​ទុកក្នុងចិត្ត​ល្អហើយ បានពិចារណា​ល្អហើយ អ្នកប្រកប​ដោយសំដី​ដ៏​ពីរោះ ​ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាង​ជនឲ្យ​បានដឹង​ច្បាស់​នូវ​សេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទើបបាន​តែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វី​បានជា​អ្នកធ្វើ​ការ​ឲ្យយឺតយូរ​យ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោស​ក្នុងកាម​ទាំងឡាយ ខ្ញុំព្រះអង្គ​បានឃើញ​មកជាយូរហើយ តែថាធម្មតា​ ឃរាវាស មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឡើងនូវ​ឧទាន​នេះ ក្នុងវេលានោះថា

បុគ្គល​បានឃើញ​ទោសក្នុងលោកហើយ

ដឹងនូវធម៌​ដែលប្រាសចាកឧបធិក្កិលេស

ជាព្រះអរិយៈ រមែងមិនត្រេកអរ​ក្នុងបាប

ជាបុគ្គលស្អាត រមែង​មិនត្រេកអរ​ក្នុងបាប។

[៧០] គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគ ទ្រង់​ស្មោះសរ​នឹងអាត្មា​អញ​ដោយពិត ព្រះឧបជ្ឈាយ៍​របស់អាត្មាអញ​ បានផ្ញើពាក្យ​បណ្តាំណា កាលនេះ ជាកាលគួរ​នឹង​ក្រាបទូល​ តាមពាក្យ​បណ្តាំនោះ ទើប​ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាប​ទៀប​ព្រះបាទ​ទាំងគូ​ របស់ព្រះមានព្រះភាគ​ ដោយសិរសា ហើយក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូមឱនសិរសា​ ក្រាបថ្វាយបង្គំ​​ព្រះបាទ​ទាំងគូ​ របស់ព្រះ​ដ៏មានព្រះភាគ​​ជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គ​​ក្រាបទូល​យ៉ាងនេះ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិច (ចាប់ដើម​តាំងពីខ្ញុំ​ព្រះអង្គ​បានបួស​ជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំ​ប្រជុំ​ភិក្ខុសង្ឃ​បាន១០រូប ដែលមកពីទិស​នោះៗ ហើយទើបបាន​ឧបសម្បទា ​ដោយលំបាកពន់​ពេក​ណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ​ មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់​អនុញ្ញាត ​ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត ​ការ​ងូត​ទឹក ឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកទាំងឡាយ គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើ​ដោយស្បែកទាំងឡាយ គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាលទាំងឡាយ​ ដែល​គេធ្វើដោយ​ស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ​ គេប្រគេន​ចីវរ ដើម្បីពួក​ភិក្ខុ ​ដែលនៅ​ក្រៅសីមាថា យើងនឹងប្រគេន​ចីវរ​នេះ ដើម្បី​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​មកហើយ ប្រាប់​ថា នែអាវុសោ ពួកមនុស្ស​​ឈ្មោះនេះ បានប្រគេន​ចីវរ​​ចំពោះ​លោក ភិក្ខុទាំងនោះ​ក៏រង្កៀស មិនត្រេកអរ ដោយ​គិត​ថា កុំឲ្យ​មាននិស្សគ្គិយ ​ដល់​យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។

[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួច​ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាល​ភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ ​ ទាំងអស់ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​ ជាគំរប់​ប្រាំបាន។ បណ្តាជនបទ​ទាំងនោះ ជនបទ​ទាំងឡាយនេះ ដែលជា​បច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះ​កជង្គល ខាងនាយកជង្គលនិគម​នោះ មាននិគម​ឈ្មោះ​មហាសាលា ខាងនាយ​និគម​ឈ្មោះ​មហាសាលានោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជា​មជ្ឈិមជនបទ។ ក្នុងទិស​អាគ្នេយ៍ មានស្ទឹងឈ្មោះ​សល្លវតី ខាងនាយ​ស្ទឹង​សល្លវតីនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគម​ឈ្មោះ​សេតកណ្ណិក ខាងនាយ​សេតកណ្ណិកនិគមនោះ ហៅថា​បច្ចន្តិមជនបទ ខាង​អាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍​ ឈ្មោះថូនគ្រាម ខាងនាយ​ស្រុក​ថូនគ្រាមនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាង​ជើង មានភ្នំឈ្មោះ​ឧសីរធជ ខាងនាយភ្នំនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិម​ជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយ​បែបនេះ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​ជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុប​ដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាតស្បែកជើង​៤ជាន់​ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ច្រើនរាប់អាន​ការងូតទឹក ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាត​នូវការងូតទឹក​បានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែក​ទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទ​ទាំងឡាយ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុង​បច្ចន្តិមជនបទ​ទាំងអស់ តថាគត​អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួក​មនុស្ស​ប្រគេន​ចីវរ​ដើម្បី​ភិក្ខុទាំងឡាយ ដែល​នៅក្រៅសីមាថា យើងប្រគេនចីវរ​នេះ ចំពោះ​ភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរបាន ចីវរ​មិនទាន់​មកដល់ដៃ​ដរាបណា ចីវរ​នោះ ភិក្ខុ​មិនត្រូវ​រាប់​តាម​កំណត់​ថ្ងៃ ​ដរាបនោះ។

ចប់ ចម្មក្ខន្ធកៈ ទី៥។

ក្នុងខន្ធកៈនេះ មាន​និទាន​៦៣។

ឧទ្ទាន​នៃចម្មក្ខន្ធកៈ​នោះ គឺ

[៧២] រឿង​ព្រះបាទ​មាគធៈ ជាធំលើអ្នកស្រុក​៨ម៉ឺន១ រឿង​សោណសេដ្ឋីបុត្រ១ រឿង​សាគតភិក្ខុ​សំដែង​ឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។ រឿង​សោណភិក្ខុ​បួសហើយ ប្រារព្ធព្យាយាម​ក្រៃពេក បាទាក៏បែក១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ឲ្យ​សោណភិក្ខុតាំង​ព្យាយាម​តាមខ្សែពិណ១ រឿង​ព្រះដ៏មានព្រះភា​គ ទ្រង់អនុញ្ញាត​ស្បែកជើង​មួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើង​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌​ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌​ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌​លឿងទុំ (ដូចផ្កាឈូក)១ រឿង​ទ្រង់​ហាមខ្សែស្បែកជើង ​មានពណ៌​ខៀវ​ជាដើម១ រឿងទ្រង់​ហាមស្បែក​ជើង​បិទកែងជើង១ រឿង​ទ្រង់ហាមស្បែកជើង​ ស្រោបជើងទាំងអស់​ រហូត​ស្មងជើង១ រឿង​ទ្រង់ហាម​ស្បែកជើង​ ដែលគេក្រង ​ជារបៀប​បិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយ​គរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌​វិចិត្រ ​ដូចស្លាប​សត្វទទា១ រឿងទ្រង់ហាមស្បែកជើង​មានខ្សែ​មានសណ្ឋាន​ដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង ​មានខ្សែមានសណ្ឋាន​ ដូចស្នែង​ពពែ១។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងរ មានសណ្ឋាន​ ដូច​កន្ទុយ​សត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ​ ដោយព្រុយ​កន្ទុយ​សត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏​វិចិត្រ​ផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ​ដែលចំជាយ​ដោយ​ស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែក​កង្ហែន ស្បែក​មៀម១។ រឿងទ្រង់អនុញ្ញាត​ស្បែកជើង៤ជាន់​ឡើងទៅ ដល់ភិក្ខុ​មានបាតជើង​បែក១ រឿង​ភិក្ខុ​មានដំបៅ​លេចនៅ​បាតជើង១ រឿង​ភិក្ខុមិនលាងជើង ហើយជាន់លើ​គ្រែតាំង១ រឿង​ភិក្ខុជាន់​លើដង្គត់ឈើ១ រឿង​ឆព្វគ្គិយភិក្ខុ​ ពាក់ទ្រនាប់ជើងឈើ ឮសំឡេង​ខដខដ១ រឿង​ឆព្វគ្គិយភិក្ខុ​ប្រើប្រាស់​ទ្រនាប់​ជើងស្លឹក​ត្នោត១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ទ្រនាប់ជើង​ស្លឹក​ឫស្សី១ រឿង​ឆព្វគ្គិយភិក្ខុ​ ធ្វើទ្រនាប់ជើងស្មៅ១… ស្មៅយាប្ល៉ង១… ស្មៅដំណេកទន្សាយ១… ទន្សែ១។ …ស្មៅ​មានពណ៌ដូច​ផ្កាឈូក១ …សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១ សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿង​ឆព្វគ្គិយភិក្ខុ​ចាប់​អាវយវៈ​មេគោ មានស្នែងជាដើម១ រឿង​ឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​យានទឹម​ដោយបុរស ឬសត្វឈ្មោល១ រឿង​ព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាត​គ្រែស្នែង១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកសត្វ​ធំ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកគោ១ រឿង​ភិក្ខុលាមក​ ជាជីតុន ​របស់ឧបាសក​លាមក១។ រឿង​ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាត​ ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថ​ធ្វើប្លែក១ រឿង​វិហារ​ដែលគេ​រុំចង​ ដោយខ្សែស្បែក១ រឿង​ឆព្វគ្គិយភិក្ខុ ពាក់​ស្បែកជើង​ចូលទៅ​កាន់ស្រុក១ រឿងព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ពាក់ស្បែកជើង ​ចូលទៅកាន់​ស្រុកបាន១ រឿង​ព្រះមហាកច្ចានៈ១ រឿង​ព្រះសោណត្ថេរ​ សំដែង​សូត្រប្រកបដោយ​វគ្គ៨ ដោយសរគឺសម្លេង១។ រឿង​ព្រះសម្ពុទ្ធ​ ទ្រង់​អនុញ្ញាត​ នូវឧបសម្បទាកម្ម​ ដោយភិក្ខុ​៥រូប១ ស្បែកជើង៤ជាន់​ឡើងទៅ១ ការងូតទឹក​ជានិច្ច១ កម្រាលស្បែក១ ទ្រង់​អនុញ្ញាត​ ឲ្យភិក្ខុត្រេកអរ​នឹងចីវរ បើមិនទាន់ដល់ដៃទេ មិនត្រូវ​ឲ្យរាប់​រាត្រី​ឡើយ១ ព្រះមានព្រះភាគ​ ជានាយក ទ្រង់ប្រទាន​ពរ​ទាំង៥នេះដល់​ព្រះសោណត្ថេរហើយ។

ភេសជ្ជក្ខន្ធកៈ

[៧៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅវត្ត​ជេតពន​របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួក​ភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល​បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ។ ព្រោះហេតុនោះ ពួក​ភិក្ខុទាំងនោះក៏​មានខ្លួនស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះដ៏មានព្រះភាគ​បានទតឃើញ​ភិក្ខុទាំងនោះ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញ​ហើយ ក៏ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុ​មកថា ម្នាលអានន្ទ ក្នុងពេលនេះ ហេតុដូចម្តេច​បានជា​ពួក​ភិក្ខុ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ភិក្ខុ​កើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ បានជា​ភិក្ខុទាំងនោះស្គំាងស្គម ​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់​គង់​សម្ងំ​នៅក្នុងទីស្ងាត់ ក៏មានព្រះ​ហឫទ័យ​ត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះហើយ បានជា​ភិក្ខុទាំងនោះ ទៅជាស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ (ឥឡូវ) វត្ថុដែល​ជាភេសជ្ជៈ​ក៏មាន វត្ថុដែលគេសន្មត​ថាជាភេសជ្ជៈ​ក៏មាន វត្ថុដែលផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក ក៏មាន វត្ថុដែលជា​​អាហារ​មិនបានគ្រោតគ្រាត ក៏មាន តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ វត្ថុ​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថាជាភេសជ្ជៈ​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះដល់​ពួកភិក្ខុ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ ឆាន់ក្នុង​កាលគួរ​​បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុងទីស្ងាត់ នៅវេលា​សាយណ្ហសម័យ ហើយទ្រង់​ធ្វើ​ធម្មីកថា រួចត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានេះ តថាគត​សម្ងំ​នៅក្នុងទីស្ងាត់ មានចិត្តត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាលហើយ បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ ទើបបានជា​ភិក្ខុទាំងនោះ​ស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ វត្ថុខ្លះ​ជាភេសជ្ជៈ វត្ថុខ្លះដែលគេសន្មត​ថាជាភេសជ្ជៈ វត្ថុខ្លះផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក វត្ថុខ្លះជា​​អាហារ​មិន​បាន​គ្រោត​គ្រាត តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎ ម្នាលភិក្ខុទាំងឡាយ តថាគតឯង មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ របស់​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបាន​គ្រោត​គ្រាត​ផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះ ដល់​ភិក្ខុ​ទាំងឡាយ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ បរិភោគក្នុង​កាលគួរ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ បរិភោគ​ក្នុងកាលគួរ។

[៧៤] សម័យនោះឯង ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ។ សូម្បីភោជន​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់ របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង។ ដោយអាពាធ (ប្រមាត់) កើតឡើង​ ក្នុងសរទកាល​នោះផង ដោយភត្ត​ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រះមានព្រះភាគ ទ្រង់បានទត​ឃើញ​ភិក្ខុ​ទាំងនោះ រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ ឥឡូវ​នេះ ហេតុដូចម្តេច បានជាពួកភិក្ខុ​រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ សូម្បី​ភោជន​​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់​របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយ ដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង ដោយអាពាធ (ប្រមាត់) ដែលកើតឡើង ​ក្នុងសរទកាល​នោះផង ដោយភត្ត​ ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទទួល​ភេសជ្ជៈទាំង៥​នោះ ឆាន់ក្នុង​កាលគួរ​ក៏បាន ក្នុងកាល​មិនគួរ​ក៏បាន​

[៧៥] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ ត្រូវការដោយ​ខ្លាញ់ជាថ្នាំ។ ពួក​ភិក្ខុក្រាប​បង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លាញ់ ជាភេសជ្ជៈ គឺខ្លាញ់ខ្លាឃ្មុំ ខ្លាញ់ត្រី ខ្លាញ់ក្រពើ ខ្លាច់ជ្រូក ខ្លាញ់លា ដែលភិក្ខុ​ទទួល​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ សម្រាប់ឲ្យភិក្ខុ​ប្រើប្រាស់​ដោយវិធី​ប្រើប្រាស់​ដូចប្រេង (ជា​សត្តាហកាលិក)​បាន។ ម្នាលភិក្ខុ​ទាំងឡាយ បើ​ខ្លាញ់ដែលភិក្ខុបាន​ទទួល​ក្នុង​កាលមិនគួរ ចំអិន​ក្នុងកាលមិនគួរ លាយគ្នា​ក្នុងកាល​មិន​គួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ តែចំអិន​ក្នុងកាលមិនគួរ លាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ តែលាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ បើភិក្ខុ​ប្រើប្រាស់​ខ្លាញ់នោះ មិនត្រូវអាបត្តិឡើយ។

[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជា​ភេសជ្ជៈ។​ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតនូវ​ឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើម​ប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅ​ក្រវាញជ្រូក ម្យ៉ាងទៀត មើម​ដទៃ​ណា ជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុ​ទទួលមើមទាំងឡាយនោះ ហើយរក្សាទុក​ ដរាប​ទាល់អស់បាន កាលបើ​មានហេតុ ទើប​ភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជា​ភេសជ្ជៈ ដែលកើត​អំពី​ឫស ឬមើម។​ ​ពួកភិក្ខុ ក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតថ្មកិន និង​កូនថ្មកិន។

[៧៧] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់​ កើត​អំពី​ដើមស្តៅ ទឹកចត់​កើត​អំពី​ដើមខ្លែងគង់ ទឹកចត់​កើត​អំពី​ដើមអម្បែងថ្ងៃ ទឹកចត់​កើត​អំពី​វល្លិ៍បណ្តូលពេជ្រ ទឹកចត់​កើត​អំពី​ដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ទឹក​ចត់ទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹក​ម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹក​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ស្លឹក​ទាំង​នោះ ហើយទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៩] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតផ្លែឈើ​ជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើ​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ផ្លែឈើទាំងឡាយនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨០] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើ​ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតជ័រឈើ​ជាភេសជ្ជៈ គឺជ័រ​ដែលហូរចេញ​អំពី​ដើមហិង្គុ១ ជ័រ​ដែលគេ​យកស្លឹក និងមែកហិង្គុ​មករំងាស់១ ជ័រ​ដែលគេយក​តែស្លឹក​ហិង្គុ​តែម្យ៉ាង​មករំងាស់១ (ជ័រ​ទាំង៣​យ៉ាងនេះ ជាជាតិ​ហិង្គុ​ទាំងអស់) ជ័រ​ដែលហូរចេញ​អំពី​ត្រួយឈើ១ ជ័រ​ដែលហូរចេញ​អំពី​ស្លឹកឈើ១ ជ័រ​ដែលគេបេះ​ស្លឹកឈើ​យកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើ​ដទៃ​ណា​ដែលជា​ភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុង​ភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨១] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតអំបិល​ជាភេសជ្ជៈ គឺអំបិលកើត​ក្បែរឆ្នេរ​សមុទ្ទ មានបែបដូច​ដីខ្សាច់ អំបិល​មានពណ៌ខ្មៅ (អំបិល​ប្រក្រតី) អំបិល​មានពណ៌​ស កើតលើភ្នំ អំបិល​ដែល​មានពន្លក​ដុះ​អំពី​ផែនដី (អំបិល​ដែលកើត​អំពី​អាចម៍ដី​មានរសប្រៃ) អំបិល​មានពណ៌ក្រហម​ដែល​គេចំអិន​ជាមួយ​នឹងគ្រឿង​សម្ភារៈ​ទាំងពួង ម្យ៉ាងទៀត អំបិល​ដទៃ​ណាដែលជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​អំបិល​ទាំង​នោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើ​គ្មាន​ហេតុ​ទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ​ ជាឧបជ្ឈាយ៍​របស់ព្រះអានន្ទ​ដ៏មានអាយុ​ កើតបូសធំ។ ចីវរដែល​ប្រឡាក់​ដោយទឹក​រំអិល ក៏ជាប់ស្អិត​នៅនឹងកាយ​របស់​ព្រះវេលដ្ឋសីសៈ​នោះ។ ពួក​ភិក្ខុក៏យក​ទឹក​ទៅលាប​ចីវរ​នោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​យកទឹក​ទៅលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធដម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ព្រះវេលដ្ឋសីសៈ​ដ៏មានអាយុនេះ កើតបូសធំ ចីវរ​ប្រឡាក់​ដោយទឹក​រំអិល ជាប់​ស្អិត​នៅ​នឹងកាយ ខ្ញុំព្រះអង្គ​ទាំងឡាយ​ យកទឹក​មកលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធ​ទឹករងៃក្តី បូសធំក្តី និងកាយ​មានក្លិន​អាក្រក់ តថាគត​អនុញ្ញាត​គ្រឿង​លំអិត ជាភេសជ្ជៈ​ដល់ភិក្ខុនោះ តថាគត​អនុញ្ញាត​អាចម៍គោ ដីស្អិត និងកាក​នៃគ្រឿង​ជ្រលក់ ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ត្បាល់ និងអង្រែ។

[៨៣] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿង​លំអិត ជា​ភេសជ្ជៈ ដែលគេរែង​រួចស្រេចហើយ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតកញ្ច្រែង សម្រាប់រែង​គ្រឿង​លំអិត។ (ពួក​ភិក្ខុ​មានជម្ងឺ) មានសេចក្តី​ត្រូវការ​ដោយគ្រឿង​លំអិត​ដ៏ល្អិត​ក្រៃលែង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កញ្ច្រែងសំពត់​

[៨៤] សម័យនោះឯង មានភិក្ខុ​១រូប មានអាពាធ​កើតអំពី​អមនុស្ស ។ អាចារ្យ​និងឧបជ្ឈាយ៍​ជាអ្នកបម្រើ​ភិក្ខុនោះ ក៏​មិនអាច​នឹងធ្វើ​ភិក្ខុនោះ​ឲ្យស្បើយ​រោគ​បាន។ ភិក្ខុនោះ​ទៅកាន់​កន្លែង​គេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ ​ ផឹកឈាមស្រស់។ អាពាធ​របស់​ភិក្ខុនោះ ដែលកើតអំពី​អមនុស្ស​នោះ ក៏រម្ងាប់ទៅ។ ពួក​ភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុ​ដែល​មានអាពាធ​កើតអំពី​អមនុស្ស។

[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ​ភិក្ខុទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះ​ទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់​លំនៅ​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធតម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ មានអាពាធ​ឈឺភ្នែក ខ្ញុំព្រះអង្គ​ទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេល​​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែក​មានពណ៌​ខ្មៅ (ដែលគេស្លដោយ​គ្រឿងសម្ភារៈ​ទាំងពួង) ​ថ្នាំបន្តក់ភ្នែក​ធ្វើពី​បារទ (ដែលគេធ្វើ​ដោយ​គ្រឿង​សម្ភារៈ​ផ្សេងៗ) ថ្នាំបន្តក់ភ្នែក​ដែលកើត​ក្នុងខ្សែទឹក​ជ័ររង់ និងធ្យូង (ដែល​គេយក​អំពី​អណ្តាត​បទីប)។ ពួកភិក្ខុ​មានសេចក្តី​ត្រូវការ​ដោយ​ដោយវត្ថុ​ដែលយកមក​កិនលាយ​ជាមួយគ្នា​នឹងថ្នាំ​បន្តក់ភ្នែក។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើម​ស្មៅ​ក្រវាញជ្រូក។ សម័យ​នោះឯង ពួកភិក្ខុ​ទុកថ្នាំបន្តក់ភ្នែក​ទាំងឡាយ​ ដែលជាម្សៅ​ក្នុងសៀនទាំង​ឡាយខ្លះ ក្នុងផ្តិល​ទាំងឡាយខ្លះ (ថ្នាំបន្តក់​ទាំងឡាយនោះ) ច្រឡូក​ច្រឡំ​ទៅដោយ​កំទេច​ស្មៅ​ទាំងឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់ សម្រាប់​ដាក់​ថ្នាំ​បន្តក់ភ្នែក។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់​សម្រាប់ដាក់​ថ្នាំ​បន្តក់ភ្នែក​ខ្ពស់ និង​ទាប (គឺ​មានល្អ មានអាក្រក់) គឺក្លាក់​ធ្វើដោយមាស និងក្លាក់​ធ្វើដោយប្រាក់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួក​គ្រហស្ថ​ ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ក្លាក់​ សម្រាប់​ដាក់​ថ្នាំបន្តក់ភ្នែក​ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់​ធ្វើដោយ​ឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយ​ដើម​បបុស ធ្វើ​ដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយ​ផ្លែឈើ ធ្វើដោយ​លោហធាតុ​ ធ្វើដោយ​គូថសង្ខ។ សម័យ​នោះឯង ពួក​ភិក្ខុ​មិនបានបិទក្លាក់​សម្រាប់ដាក់ថ្នាំ​បន្តក់ភ្នែក ថ្នាំ​ទាំងនោះ ក៏ច្រឡូក​ច្រឡំ​ដោយ​កំទេច​ស្មៅ​ទាំង​ឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​គម្រប ឬឆ្នុក។ គម្រប​ចេះតែធ្លាក់។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ​រុំ ឬចងក្លាក់​ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យភិក្ខុ​ស្រេះ​ដោយខ្សែ។ សម័យនោះ ពួក​ភិក្ខុ​បន្តក់ភ្នែក ​ដោយម្រាមដៃ ភ្នែក​ទាំងឡាយ ក៏មិនស្រួល។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ចង្កឹះក្លាក់។ សម័យ​នោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ចង្កឹះក្លាក់​ដ៏​ខ្ពស់ និង​ទាប គឺចង្កឹះ​ធ្វើដោយមាសខ្លះ ​ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ អ្នកបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់ចង្កឹះ​ក្លាក់ដ៏​​ខ្ពស់ និង​ទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចង្កឹះដែល​ធ្វើ​ដោយ​ឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយ​គូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏​ធ្លាក់​ទៅលើ​ផែនដី ចង្កឹះក្លាក់នោះក៏​អាក្រក់ មិនស្អាត។ ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ បំពង់​សម្រាប់​ដាក់​ចង្កឹះ។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាក្លាក់​សម្រាប់​ដាក់ថ្នាំបន្តក់​ភ្នែកខ្លះ ចង្កឹះ​ក្លាក់​ខ្លះ​នៅតែនឹងដៃ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ថង់​សម្រាប់​ដាក់ក្លាក់។ ខ្សែយោគ​របស់ថង់​នោះ ក៏​មិនទាន់មាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាតនូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ កើតជម្ងឺក្តៅក្បាល។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ប្រេង​សម្រាប់​លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅ​តែអត់ទ្រាំ​រោគនោះ​មិនបាន។ ពួក​ភិក្ខុ​ក្រាបទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាម​ច្រមុះ)។ ឯថ្នាំ​សម្រាប់ហិត ឬបញ្ច្រក​ ទៅតាម​ច្រមុះ​ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបំពង់​សម្រាប់​បញ្ច្រក​ទៅ​តាម​​ច្រមុះ (គឺបំពង់នត្ថុ)។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ ​ប្រើប្រាស់​បំពង់​នត្ថុដ៏ខ្ពស់​និងទាប គឺ​បំពង់​នត្ថុ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួក​មនុស្សពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ​ដែល​បរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយ​បន្តក់ថ្នាំ​សម្រាប់​នត្ថុទៅមិនស្មើគ្នា ​។ ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​សម្រាប់នត្ថុជាគូ ភិក្ខុទាំងនោះ​ ក៏នៅ​តែអត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យជក់​យកផ្សែង។ ពួក​ភិក្ខុក៏​យកថ្នាំ​នោះមក​មូរ ធ្វើជា​បារី ហើយជក់ទៅ (ក៏ត្រឡប់​ទៅជា) ក្តៅក។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវខ្សៀរ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​ប្រើប្រាស់​ខ្សៀរដ៏ខ្ពស់​និងទាប គឺខ្សៀរ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ដែល​បរិភោគ​កាម​គុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ខ្សៀរទាំងឡាយ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែល​ធ្វើ​ដោយ​គូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទ​គ្រប​ខ្សៀរទុក សត្វតូចៗ ក៏ចូល​ទៅក្នុង​ខ្សៀរនោះ។ ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតនូវ​គម្រប។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាខ្សៀរ​នៅតែ​នឹងដៃ។ ភិក្ខុ​ទាំង​ឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតនូវថង់​សម្រាប់​ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវថង់​ជាគូ។ ខ្សែយោគរបស់​ថង់​ ក៏មិនទាន់មាន​នៅឡើយ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​នូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យ​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ស្លប្រេងបាន។ ភិក្ខុ​ទាំងឡាយ​ក៏លាយ​ទឹកស្រវឹង​ក្នុងប្រេង​ដែល​ស្លនោះ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​លាយ​ទឹក​ស្រវឹង​ក្នុងប្រេង​ដែលស្លបាន។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក ដល់នាំគ្នាផឹក​ប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ផឹកប្រេង​ដែលគេលាយ​ទឹក​ស្រវឹង​ច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរ​ឲ្យភិក្ខុនោះ​ធ្វើតាម​ធម៌ ​ ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែល​គ្មានពណ៌ គ្មានក្លិន និងគ្មាន​រស​របស់​ទឹកស្រវឹង​ប្រាកដ​ឡើងទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ផឹកប្រេង​ ដែលគេ​លាយ​ទឹកស្រវឹង​មានសភាព​យ៉ាងនោះបាន។ សម័យ​នោះឯង ពួកភិក្ខុ​ស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ប្រេងដែល​គេលាយ​នឹងទឹកស្រវឹង​ច្រើនពេក តើយើង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទុកដាក់ប្រេង​ ដែលគេលាយ​ទឹកស្រវឹង​ច្រើនពេក​នោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានប្រេង​ដែលស្ល​ហើយជាច្រើន។ តែគ្មានភាជន៍​សម្រាប់​ដាក់ប្រេង។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវតុម្ព (គឺ​កុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយ​ទង់ដែង១ តុម្ព​ធ្វើដោយឈើ១ តុម្ព​ធ្វើ​ដោយ​ផ្លែឈើ១។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​កើតរោគខ្យល់​ក្នុងអវយវៈ។ ភិក្ខុ​ទាំង​ឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សេទកម្ម (ការធ្វើឲ្យ​ចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆ្ពង់​ដោយស្លឹកឈើ និងមែក​ឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឆ្ពុងធំ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកដែល​គេ​ស្ងោរលាយ​នឹង​ស្លឹកឈើ មែកឈើ​ផ្សេងៗ។ ​​​​​​​​​ព្រះបិលិន្ទវច្ឆ​ដ៏មាន​អាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបន្ទប់ទឹក

[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ កើតរោគខ្សល់ ចុកសៀត​ក្នុងសន្លាក់​ដៃជើង​ជាដើម។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុធ្វើឈាម​ឲ្យ​ហូរចេញបាន។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុជប់​យក​ឈាម ដោយ(បំពង់)​ស្នែងបាន។

[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានបាទាបែក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ថ្នាំ​សម្រាប់លាប​ជើង។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុតាក់​តែង​ទឹក​ស្រវឹង (សម្រាប់​លាបជើង​ឲ្យស្រួល)។

[៩០] សម័យនោះឯង ភិក្ខុ​មួយរូប​ មានអាពាធ​កើតពក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយទឹកចត់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ទឹក​ចត់។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយម្សៅល្ង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយដុំ​សត្តូវ (សម្រាប់​បិទមុខដំបៅ)។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ដុំ​សត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រូវការ​ដោយសំពត់​សម្រាប់​រុំដម្បៅ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កំណាត់​សំពត់​សម្រាប់​រុំ​ដម្បៅ។ ដម្បៅក៏​រមាស់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ដោយម្សៅ​គ្រាប់ស្ពៃ។ ដម្បៅ​ក៏រីក​ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចំហុយ​ដម្បៅ​នោះ។ (លុះចំហុយ​ទៅហើយ) សាច់​ក៏ដុះ​លាន​ចេញមក។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​យកទឹក​លាយ​នឹងអម្បិលក្រួស​មកបង្កាត់ (ដម្បៅ​នោះចេញ)។ (លុះ​បង្កាត់​ទៅហើយ) ដម្បៅ​ក៏​មិនបាន​ដុះសាច់ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​ប្រេង​សម្រាប់​លាបដម្បៅ។ ប្រេង​ក៏ហៀរហូរចេញ។ ពួក​ភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​សំពត់​សម្រាប់​បិទ​ប្រេង និងថ្នាំ​រក្សាដម្បៅ​ទាំងអស់។

[៩១] សម័យ​នោះឯង មានភិក្ខុ១រូប​ពស់ចឹក។ ​ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​ថ្នាំ​មហាវិក័ដ​៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន​ថ្នាំទាំងនេះទេឬ ឬត្រូវ​តែ​ទទួល​ប្រគេន​ទើបបាន។ ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​មាន​កប្បិយ​​ ការកៈ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ប្រើ​កប្បិយការកៈ​នោះទទួល​ជំនួស​បាន កាលបើ​គ្មាន​កប្បិយការកៈ​ទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាន់យក​ខ្លួនឯង ហើយឆាន់ចុះ។ សម័យ​នោះឯង ភិក្ខុ១រូប​ផឹកថ្នាំ​ពិស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុផឹកគូថ (អាចម៍​ដែល​លាយ​ដោយ​ទឹក)។ ក្នុងពេលនោះ ភិក្ខុ​ទាំងនោះ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន (នូវ​គូថនោះ) ទេឬ ឬថាគួរ​តែ​ទទួល​ប្រគេន​ទើបបាន ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតដូច្នេះ កាល​បើ​ភិក្ខុ​បន្ទោបង់​គូថណាហើយ បានទទួលទុក (អំពី​ថ្ងៃមុន) លុះដល់​ទៅថ្ងៃស្អែក គូថនោះ ឈ្មោះ​ថា​ភិក្ខុ​បាន​ទទួល​រួចហើយ មិនបាច់​ទទួល​ប្រគេន​ទៀតទេ។

[៩២] សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹក​លាយ​ដោយ​អាច់បំណាស់ ។ សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ខូច​ធាតុ​ភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះ​អង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹកក្បុង​ សម័យ​នោះឯង ភិក្ខុ​១រូប​ កើតរោគស្គមលឿង។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​សម៉ ដែលត្រាំ​ដោយទឹកនោម​។ សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុធ្វើការ​លាប​ដោយគ្រឿង​ក្រអូបបាន។ សម័យ​នោះឯង ភិក្ខុ​១រូប ​មានកាយប្រកប​ដោយ​រោគទល់។ ភិក្ខុ​ទាំង​ឡាយ ​​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹក​អង្ករ​ថ្លា។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​នូវទឹក​អង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែក​បាយ​ស្ងោរ ដែលគេ​មិនបាន​ធ្វើស្និទ្ធ (គឺ​គេ​មិនបាន​ត្រង​ឲ្យ​ស្អាតបាត)។ ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹកសណ្តែកបាយស្ងោរ ដែលគេ​មិនបាន​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែកបាយស្ងោរ​ ដែលគេ​ធ្វើ​ឲ្យស្និទ្ធ (គេ​បាន​ត្រង​ឲ្យស្អាត​បាត)។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ ដែលគេ​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​សាច់​ដែល​មានឱជារស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតសាច់​ដែលមាន​ឱជារស។

[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេ​ជម្រះ​ញកភ្នំក្បែរ​ក្រុង​រាជគ្រឹះ ប្រាថ្នា​នឹងធ្វើ​ទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ យាងចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ រួចគង់​នៅក្នុងទីដ៏​សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារគង់​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មាន​ព្រះឱង្ការ​នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ព្រះថេរៈ​ប្រើឲ្យគេ​ធ្វើ​អ្វី។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រមហារាជ អាត្មាភាព​ ឲ្យគេជម្រះ​ញកភ្នំ ប្រាថ្នានឹង​ធ្វើ​ទីពួន ឬទី​ជ្រក​កោន។ ស្តេចសួរថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់​ មានសេចក្តី​ត្រូវការ ​ដោយ​អារាមិកជន​​ដែរឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រ​មហារាជ ព្រះដ៏មានបុណ្យ​មិនទាន់​អនុញ្ញាត​អារាមិកជន​នៅឡើយ​ទេ។ ស្តេច​ទ្រង់មាន​ព្រះឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ​ គួរលោក​ក្រាបទូល​សួរ​ព្រះដ៏​មានព្រះភាគ ហើយ​មកប្រាប់ខ្ញុំ​វិញ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ទទួលស្តាប់​ព្រះឱង្ការ​នៃ​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដោយពាក្យថា សូមថ្វាយ​ព្រះពរ​មហារាជ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ក៏បាន​ពន្យល់​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ឲ្យទ្រង់​ឃើញច្បាស់​ ឲ្យ​កាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌។ លំដាប់នោះ ព្រះបាទ​មាគធ​សេនិយពិម្ពិសារ កាល​ដែល​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​បានពន្យល់​ឲ្យទ្រង់​ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាច​ហ៊ាន ឲ្យ​ត្រេកអរ ដោយពាក្យ​ប្រកបដោយ​ធម៌ រួចហើយក៏ទ្រង់​ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ក្រោយពីនោះមក ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ប្រើ​បម្រើ​ឲ្យទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់មាន​សេចក្តី​ប្រាថ្នា​នឹងប្រគេន​នូវ​អារាមិកជន បពិត្រ​ព្រះអង្គ​ដ៏ចំរើន តើ​ខ្ញុំព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុទទួល) អារាមិកជន។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាគំរប់​ពីរដង លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​នៅក្នុង​ទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​គង់​ក្នុង​ទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មានព្រះ​ឱង្ការ​ដូច្នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏​ចំរើន ព្រះដ៏មានបុណ្យ​ទ្រង់​បាន​អនុញ្ញាត​អារាមិកជន​ហើយឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា ថ្វាយព្រះពរ មហារាជ។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​មាន​ព្រះ​ឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ ខ្ញុំ​ព្រះករុណា​នឹងប្រគេន​អារាមិកជន​ដល់លោកម្ចាស់។ គ្រានោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទទួល​ថា នឹងប្រគេន​អារាមិកជន​ដល់ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយក៏ទ្រង់​ភ្លេចទៅ លុះយូរមក ទើបបាន​ទ្រង់​រឭក​ឃើញ ក៏មានព្រះឱង្ការ​ហៅមហាមាត្យ​ម្នាក់​ ជាអ្នក​សម្រេច​រាជការ​ទាំងពួងថា ម្នាលនាយ អារាមិកជនណា​​ ដែលអញ​ទទួលថា​នឹងប្រគេន​ដល់លោក​ម្ចាស់ អារាមិកជន​នោះ តើអញ​បានប្រគេន​ហើយឬ។ មហាមាត្យ​ក្រាបទូលថា បពិត្រ​ព្រះ​សម្មតិទេព ព្រះអង្គ​មិនទាន់​បានប្រគេន​អារាមិកជន​ដល់លោកម្ចាស់​នៅឡើយទេ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​សួរ​ថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់​ឥឡូវនេះ តើយូរ​ប៉ុន្មាន​រាត្រីហើយ។ មហាមា្យ​នោះ បាន​រាប់​រាត្រី​ទាំងឡាយ (ឃើញ) ហើយក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ក្នុងពេល​នោះ​ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព (បើ​គិតតាំង​ពីថ្ងៃ​នោះ ដល់មក​ថ្ងៃនេះ) ចំនួន​ប្រាំរយ​រាត្រីហើយ។ ស្តេច​ទ្រង់​មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯង​ប្រគេន​អារាមិកជន​ប្រាំរយ​នាក់​ ដល់​លោកម្ចាស់ចុះ។ មហាមាត្យ​នោះ ទទួល​ស្តាប់​ព្រះឱង្ការ​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេន​អារាមិកជន​ប្រាំរយ​នាក់ដល់​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ។ (ចាប់ដើម​ពីនោះមក) ស្រុក (នោះ) ក៏តាំង​នៅជាស្រុក​មួយដោយឡែក។ ពួកជន​ក៏​ហៅ​ស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។

[៩៤] សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាជីតុន​ ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុស្លៀកស្បង់ អំពី​ព្រឹក ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅកាន់​បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យ​នោះ​ឯង ក្នុងស្រុកនោះ មានល្បែង​មហោស្រព។ ពួកទារក​ ក៏បានប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ត្រាច់​ទៅ​បិណ្ឌបាត​តាមលំដាប់​ច្រកក្នុង​បិលិន្ទវច្ឆគ្រាម ហើយ​ចូលទៅ​កាន់​ផ្ទះ​អារាមិកជន​ម្នាក់ លុះ​ចូល​ទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ ដែលគេ​ក្រាលប្រគេន។ សម័យ​នោះឯង ធីតា របស់​ប្រពន្ធ​អារាមិកជន​នោះឃើញ​ពួកទារក​ដទៃ ប្រដាប់ខ្លួន ស្អិតស្អាង​ដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យកម្រង​ផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បានពោលពាក្យនេះ នឹង​ប្រពន្ធ​របស់​អារាមិកជន​នោះថា ព្រោះហេតុអ្វី បានជា​ទារិកា នេះយំ។ ប្រពន្ធ​របស់​អារាមិកជន​នោះឆ្លើយថា បពិត្រ​លោកដ៏ចំរើន ទារិកា​នេះ ឃើញ​ពួក​ទារក​ដទៃប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យ​កម្រង​ផ្កា​ដល់ខ្ញុំ អ្នកម៉ែ ចូរ​ឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំ​ទាំងឡាយ ជាអ្នកកំសត់ នឹងបាន​កម្រង​ផ្កា​មកពីណា នឹងបាន​គ្រឿង​ប្រដាប់​មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ចាប់​យក​រង្វេល​ស្មៅមួយ ហើយនិយាយ​ដូច្នេះ​នឹង​ប្រពន្ធ​អារាមិកជន​នោះថា បើដូច្នោះ មានតែ​នាង​ចូរ​បំពាក់​រង្វេល​ស្មៅ​នេះ លើក្បាល​ទារិកានោះចុះ។ ទើប​ប្រពន្ធ​អារាមិកជន​នោះ ក៏​ចាប់យក​រង្វេល​ស្មៅ​នោះ ហើយ​បំពាក់លើក្បាល​ទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយ​ទៅជា​កម្រង​ផ្កា​មាស ល្អល្អះ គួរពិតពិល​រមិលមើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា។ ទុកជា​ខាងក្នុង​ព្រះរាជវាំង ក៏​រក​កម្រង​ផ្កា​មាស​បែបនេះ​គ្មាន។ ពួកមនុស្ស​ក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ថា បពិត្រ​ព្រះសម្មតិទេព ក្នុងផ្ទះ​អារាមិកជន​ឯណោះ មាន​កម្រង​ផ្កាមាស ល្អល្អះ គួរពិតពិល​រមិល​មើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំងរបស់​ព្រះ​ករុណា ក៏​រក​កម្រង​ផ្កា​មាស​បែបនោះ​គ្មានដែរ អារាមិកជន​នោះ ជាអ្នក​កំសត់ទេ នឹងមាន​កម្រងផ្កា​មាសពីណា ប្រាកដ​ជា​វា​លួច​គេមក​មិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់​ប្រើឲ្យមនុស្ស​ទៅចាប់​ចង​ត្រកូល​អារាមិកជននោះ។ លុះវេលាព្រឹក​ព្រហាមឡើង ជាថ្ងៃ​គំរប់ពីរ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ហើយចូល​ទៅបិណ្ឌបាត​ឯបិលិន្ទវច្ឆគ្រាម កាលបើ​ត្រាច់​ទៅបិណ្ឌបាត​ តាម​លំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូល​ទៅរក​ផ្ទះ​អារាមិកជន​នោះ លុះចូល​ទៅដល់ហើយ ក៏សួរ​ពួកមនុស្ស ​ដែល​នៅជិតខាងថា ត្រកូល​អារាមិកជន​នេះ តើទៅឯណា។ ពួក​មនុស្ស​ ដែល​នៅជិតខាង​ឆ្លើយថា បពិត្រ​លោកដ៏​ចំរើន ត្រកូល​អារាមិជន ស្តេច​ឲ្យ​ចាប់ចង​អស់ទៅហើយ ព្រោះហេតុតែ​កម្រង​ផ្កាមាស (ដែល​លោកម្ចាស់​ឲ្យទៅ)​នុ៎ះ។ ឯព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ក៏ចូលទៅ​កាន់​ព្រះរាជនិវេស៍​របស់ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ​ដែល​គេ​ក្រាលប្រគេន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ចូល​ទៅរក​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយបង្គំ ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​ក្នុង​ទីសមគួរ។ លុះព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ គង់ក្នុង​ទី​សមគួរហើយ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ថ្វាយ​ព្រះពរ​ដូច្នេះ​ថា បពិត្រ​មហារាជ ហេតុអ្វី​ បានជា​ព្រះអង្គ​ឲ្យ​គេ​ចាប់​ចង​ត្រកូល​អារាមិកជន​មក។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកម្ចាស់ ព្រោះ​ក្នុង​ផ្ទះ​អារាមិកជន​នោះ មានកម្រង​ផ្កា​មាស​ ល្អល្អះ គួរ​ពិត​ពិល​រមិលមើល ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំង​របស់​ខ្ញុំ ក៏​រកកម្រង​ផ្កា​បែប​នេះគ្មានដែរ អារាមិកជន​នោះ ជាមនុស្ស​កំសត់ទេ នឹង​មានកម្រង​ផ្កាមាស​ពីណា ប្រាកដ​ជាវា​លួច​គេ​មក​មិនខានឡើយ។ គ្រានោះ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ​បានអធិដ្ឋាន​ប្រាសាទ​ របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យទៅជាមាស (មួយរំពេច)។ ប្រាសាទ​នោះ ក៏​ក្លាយ​ទៅជា​មាសសុទ្ធ។ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ថ្វាយព្រះពរ​សួរថា បពិត្រ​មហារាជ មាសច្រើន​ម្ល៉េះនេះ តើ​ព្រះអង្គ​បាន​មក​ពីណា។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន មាសនេះ​ខ្ញុំដឹងហើយ នេះជា​ឥទ្ធានុភាព​របស់​លោកម្ចាស់​ទេតើ មានបន្ទូល​ដូច្នោះហើយ ក៏ឲ្យ​គេដោះលែង​ត្រកូល​អារាមិកជន​នោះទៅ។

[៩៥] ពួក​មនុស្ស​បាន​ឮដំណឹង​ថា ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ សំដែង​ឥទ្ធិបាដិហារ្យ ជា​ឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្ត​ត្រេកអរជ្រះថ្លា នាំគ្នា​យក​ភេសជ្ជៈ​ទាំង៥ គឺ​ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេន​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ។ ឯ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បានលាភមក​ហើយ ក៏តែង​ចាត់ចែង​បណ្តាភេសជ្ជៈ​ទាំង​៥ ភេសជ្ជៈ​ណាមួយ ដែល​លោកបាន​មកៗ (នោះ) ដល់បរិសទ្យ​ជាធម្មតា។ ចំណែក​ខាង​បរិសទ្យ​របស់​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុនោះ ជាមនុស្ស​ល្មោភច្រើន តែង​យក​ភេសជ្ជៈទាំង​អម្បាល​ម៉ាន ដែលខ្លួន​បានមកៗ ទុក​ដាក់ពេញ​ថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់​តម្រង​ទឹកខ្លះ ពេញ​ថង់ខ្លះ ហើយព្យួរ​ទុក​រាល់ៗ​បង្អួច។ ភេសជ្ជៈ​ទាំងនោះ​ហៀរហូរ​កំពប់ខ្ចាយ។ កុដិ​ក៏ដេរដាស​ដោយ​ពួក​កណ្តុរ។ ពួក​មនុស្ស​ដើរ​ទៅកាន់​វិហារ​ចារិក​ បានឃើញ​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់​ទុក​ដាក់ក្នុង​ឃ្លាំង ដូចជា​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដែរ។ ពួក​ភិក្ខុ​បាន​ឮមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួក​ភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ភិក្ខុ​មិនគួរ​នឹង​មកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើន​បែប​ដូច្នេះសោះ។ ទើប​ភិក្ខុ​ទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​ពួកភិក្ខុ​សន្សំ (ភេសជ្ជៈ) ដោយសេចក្តី​ល្មោភច្រើន​បែប​ដូច្នេះ ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធ​ទ្រង់​តិះដៀល​ ហើយទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ភេសជ្ជៈ​ទាំងឡាយណា ដែល​ពួក​ភិក្ខុ​មានជម្ងឺ គប្បី​លិទ្ធ​ភ្លក់ (ឆាន់)​បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួល​ភេសជ្ជៈ​ទាំង​នោះហើយ ត្រូវទុកដាក់​ឆាន់​បាន​កំណត់​ត្រឹម​៧ថ្ងៃ ជាយ៉ាងយូរ​បំផុត បើភិក្ខុ​ទុក​ភេសជ្ជៈ​ទាំងនោះ​ឲ្យកន្លងហួស​ពីកំណត់​នោះទៅ ត្រូវ​វិនយធរ​ឲ្យភិក្ខុ​នោះធ្វើ​តាមធម៌​

ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។

[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់​ទៀប​ក្រុង​សាវត្ថី គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​រាជគ្រឹះ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានដើរចូល​ទៅកាន់​កន្លែង​ធ្វើ​ស្ករ​អំពៅ ក្នុងពាក់​កណ្តាលផ្លូវ ហើយបាន​ឃើញ​ពួក​ជន​កំពុង​ដាក់​ម្សៅខ្លះ ផេះខ្លះ​ លាយ​ក្នុង​ស្ករ​អំពៅ លុះឃើញ​ហើយ ក៏មាន​សេចក្តី​រង្កៀស​ថា ស្ករអំពៅ​លាយ​ដោយ​​អាមិសៈ​ ជាអកប្បិយៈ ប្រហែល​ជាស្ករ​អំពៅ មិនគួរ​ភិក្ខុ​នឹងឆាន់ក្នុង​វេលា​វិកាល​ទេដឹង (កាល​រង្កៀស​ដូច្នេះហើយ) ព្រម​ទាំង​បរិសទ្យ​ ក៏មិនហ៊ានឆាន់​ដុំស្ករ​អំពៅ​ឡើយ។ ពួក​ភិក្ខុណា​សំគាល់​ពាក្យ​ព្រះរេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​ដាក់​ម្សៅខ្លះ ផេះខ្លះ លាយក្នុង​ស្ករ​អំពៅ​ដើម្បី​ប្រយោជន៍​អ្វី។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះ​ដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ឲ្យ​ស្អិត។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើគេ​ដាក់​ម្សៅ​ខ្លះ ផេះខ្លះ​លាយ​ក្នុងស្ករអំពៅ គ្រាន់តែ​ឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅ​នោះ នៅរាប់​ថាជា​ស្ករ​អំពៅ​ដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ស្ករអំពៅ​(នោះ) ​បានតាម​សប្បាយ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានឃើញ​សណ្តែកបាយ​ ដុះលើដុំលាមក ក្នុងទី​ពាក់​កណ្តាល​ផ្លូវ លុះឃើញ​ហើយ ក៏​រង្កៀស​ថា សណ្តែកបាយ​ ជាអកប្បិយៈ ទុក​ជាចំអិន​ហើយ សណ្តែកបាយ ក៏គង់​តែដុះឡើង​ខ្លះទៀត កាល​រង្កៀស​ដូច្នេះហើយ ព្រម​ទាំង​បរិសទ្យ​ ក៏មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ឡើយ។ ពួក​ភិក្ខុណា​ សំគាល់​ពាក្យ​ព្រះកង្ខារេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​សណ្តែកបាយដែរ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើសណ្តែកបាយ​ដែល​គេ​ចំអិន​ហើយ នៅតែ​ដុះឡើង​ខ្លះទៀត ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ឆាន់សណ្តែក​បាយ​ ​(នោះ) ​បានតាម​សប្បាយ។ ក៏សម័យ​នោះឯង ភិក្ខុមួយរូប មានអាពាធកើតអំពី​ខ្យល់ក្នុង​ពោះ។ ភិក្ខុនោះ​បានផឹក​ថ្នាំ ឈ្មោះ​លោណសោចិរកៈ ​ ភិក្ខុនោះ ក៏បាត់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ពោះ​នោះទៅ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ ឆាន់ថ្នាំ​ឈ្មោះ​លោណសោចិរកៈ (នោះ) បានតាម​សប្បាយ ឲ្យភិក្ខុ​មិនឈឺ​ ឆាន់​ថ្នាំ​លាយ​ទឹក ដោយវិធី​ប្រើ​ប្រាស់​ដូច​ទឹក (មានទឹក​ផ្លែស្វាយ​ជាដើម) បាន។

[៩៧] គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​យាង​ទៅកាន់​ចារិក​ដោយ​លំដាប់ បាន​ដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ​ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​វត្ត​វេឡុវន កលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ​នោះ។ សម័យ​នោះឯង ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ព្រះឧទរ។ គ្រានោះ ព្រះ​អានន្ទ​ដ៏មានអាយុ​គិតថា កាលអំពី​មុន ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ព្រះ​ឧទរ ទ្រង់បាន​សះស្បើយ​ទៅវិញ ព្រោះ(សោយ) ​បបរឈ្មោះតេកដុលា (លុះគិតដូច្នោះហើយ) ក៏សូមល្ងខ្លះ អង្ករខ្លះ សណ្តែកបាយ​ខ្លះ (បានហើយ) ទុកខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ចំអិន​ខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ទើប​បង្អោន​ទៅថ្វាយ​​ព្រះដ៏មានព្រះភាគ ហើយក្រាប​បង្គំ​ទូលថា សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សោយ​នូវ​បបរ​ឈ្មោះ​តេកដុលា។ ព្រះតថាគត​ទាំងឡាយ ទ្រង់​ជ្រាបនូវហេតុ​ហើយសួរ​ក៏មាន ទ្រង់​ជ្រាប​ហើយ មិនសួរ​ក៏មាន ទ្រង់ជ្រាប​ច្បាស់នូវ​កាលគួរ​ហើយសួរក៏មាន ទ្រង់​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ មិនសួរក៏មាន ឯព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែងសួរ​តែការណា​ដែល​ប្រកប​ដោយប្រយោជន៍ ការដែល​​មិនប្រកប​ដោយប្រយោជន៍ ព្រះអង្គ​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បានផ្តាច់បង់​នូវ​កម្ម​មិនប្រកប​ដោយប្រយោជន៍​ទាំងឡាយ ដោយអរិយមគ្គ​ជ្រះ​ស្រឡះហើយ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មានព្រះភាគ​ទាំងឡាយ រមែង​ទ្រង់សួរ​ពួក​ភិក្ខុ​ដោយ​អាការ​ពីរ​យ៉ាង គឺសួរ​ដើម្បី​សំដែង​ធម៌​ម្យ៉ាង ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ​ម្យ៉ាង។ លំដាប់​នោះ ​ព្រះដ៏មានព្រះភាគ ទ្រង់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកហើយ ទ្រង់​ត្រាស់​សួរថា ម្នាល​អានន្ទ បបរនេះ​បានមក​ពីណា។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលអានន្ទ កម្មដែល​អ្នក​ធ្វើនេះ មិនសមគួរ មិនត្រូវ​ទំនង មិនត្រូវបែប មិនជា​របស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ ម្នាល​អានន្ទ អ្នកឯង​មិនសម​បើនឹង​ត្រិះរិះ​ដើម្បី​សេចក្តី​ប្រាថ្នា​ច្រើន​មានសភាព​យ៉ាង​នេះទេ ម្នាល​អានន្ទ អាមិសៈ​ណា ដែល​ភិក្ខុទុក​ខាងក្នុង​(អកប្បិយកុដិ) អាមិសៈ​នោះ ក៏ទៅជា​អកប្បិយៈ (មិនគួរ) ដែរ អាមិសៈណាដែល​ភិក្ខុចំអិន​ខាងក្នុង​អកប្បិយកុដិ អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ អាមិសៈណា ដែល​ភិក្ខុចំអិន​ដោយខ្លួន​ឯង អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ ម្នាល​អានន្ទ អំពើ​ដែលអ្នកធ្វើនេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួកជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើ​ធម្មីកថា រួច​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឆាន់​អាមិសៈ ដែល​ជា​អន្តោវុត្ថ (ភោជន​ដែល​ភិក្ខុ​ទុកខាង​ក្នុងអកប្បិយកុដិ) អាមិសៈ​ ដែល​ជាអន្តោបក្ក (ភោជន​ ដែល​ភិក្ខុ​ចំអិន​ក្នុង​អកប្បិយកុដិ) អាមិសៈ​ ដែលជា​សាមបក្ក (ភោជន​ ដែលភិក្ខុ​ចំអិន​ដោយខ្លួនឯង)​ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ដោយខ្លួនឯងផង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង តែប្រើ​ពួកអ្នកដទៃ​ចំអិន​ឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុចំអិន​ខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាង​ក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវ​អាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ មិនត្រូវអាបត្តិ​ទេ។

[៩៨] សម័យ​នោះឯង ពួក​ភិក្ខុដឹងថា ការ​ចំអិន​ខ្លួនឯង ព្រះដ៏មានព្រះភាគ ទ្រង់​ហាមហើយ ក៏រង្កៀស​ក្នុងការ​ចំអិន​ថែមទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ថែមទៀតបាន។

[៩៩] សម័យ​នោះឯង ក្រុងរាជគ្រឹះ​កើតទុរភិក្ស (អត់បាយ)។ មនុស្ស​ទាំងឡាយ បាន​នាំយក​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុ​ទាំងនោះ​ខាងក្រៅ(កុដិ) ពួកសត្វ​តូចៗ​ នាំគ្នាស៊ីខ្លះ ពួក​ចោរ​លួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​​​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ទុក (វត្ថុ​ទាំងនោះ) ខាងក្នុង​អកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេ​ចំអិន​ខាងក្រៅ ពួកជន​អ្នកស៊ីដែល នាំគ្នា​ចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធ​ចិត្ត (ប្រកបដោយ​សេចក្តី​រង្កៀស) ក៏ចេះតែ​ឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ខាងក្នុង​អកប្បិយកុដិបាន។ កាលដែលស្រុក​អំណត់​អត់បាយ ពួក​កប្បិយការកជន ក៏នាំយកអាមិសៈ​អស់ទៅ​ជាច្រើន ប្រគេន​តែ​បន្តិចបន្តួច ​ដល់ពួកភិក្ខុ។ ភិក្ខុ​ទាំង​ឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុ​ចំអិន​ខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទុកអាមិសៈ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ​ខ្លួន​ឯងបាន។

[១០០] សម័យ​នោះឯង ពួក​ភិក្ខុច្រើនរូប​នៅចាំវស្សា​ក្នុងដែន​កាសី ហើយក៏​នាំគ្នាទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះមានព្រះភាគ លុះទៅ​ដល់ពាក់កណ្តាលផ្លូវ ក៏រក​ភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យឆ្អែត​បរិបូណ៌​មិនបាន (ឃើញ) មានតែ​ផ្លែឈើ​ ដែលគួរ​នឹងឆាន់​ជាច្រើន តែរក​បុគ្គល​ជា​កប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយ​លំបាក ក៏នាំគ្នាចូល​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ ក្នុងវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចក៏​អង្គុយនៅក្នុង​ទៅសមគួរ។ ការដែលរីករាយ​ជាមួយ​នឹងពួក​ភិក្ខុ​អាគន្តុក​នេះឯង ជាប្រវេណីរបស់ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ នឹងភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ល្មម​អត់ទ្រាំ​សេចក្តី​លំបាក​បានដែរ​ឬទេ ល្មមញុំាង​ឥរិយាបថ ​ឲ្យប្រព្រឹត្ត​ទៅបាន​ស្រួល​ដែរ​ឬទេ អ្នក(រាល់គ្នា) ដើរមក​តាមផ្លូវ​ឆ្ងាយ មិនលំបាក​ទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ មកអំពី​ទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំង​ឡាយ​ល្មម​ធន់ទ្រាំ​បាន បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ ​ល្មមញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ​ស្រួលបាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ ​នៅ​ចាំវស្សា​ក្នុង​ដែន​កាសី ហើយមកកាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះអង្គ​ ក្នុងទីនេះ លុះមកដល់​ពាក់កណ្តាលផ្លូវ រកភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យបានឆ្អែត​បរិបូណ៌​គ្មាន (ឃើញ)​មានតែ​ផ្លែឈើ ​ដែល​គួរ​នឹងឆាន់​ជាច្រើន តែរកបុគ្គល ​ជាកប្បិយការកៈ​គ្មាន ហេតុនោះ បានជា​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ មានរូប​កាយ​លំបាក មកតាមផ្លូវ​ឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញ​ផ្លែឈើ ដែល​គួរ​នឹងឆាន់​ក្នុងទីណា តែរកបុគ្គល​ ជាកប្បិយការកៈ​គ្មាន តថាគត​ អនុញ្ញាត​ឲ្យ​ (ភិក្ខុនោះ) រើស​ខ្លួន​ឯង ហើយនាំយកទៅ​ លុះឃើញ​បុគ្គល​ ជា​កប្បិយការកៈ​ហើយ ត្រូវដាក់ចុះ​លើផែនដី ឲ្យកប្បិយការកៈ​ប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទទួល​របស់​ឧគ្គហិត គឺវត្ថុ​ដែល​ភិក្ខុកាន់យក​ហើយបាន។

[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី​កើតឡើង​ដល់​ព្រាហ្មណ៍​ម្នាក់។ ឯព្រាហ្មណ៍​នោះ ក៏ត្រិះរិះ​ដូច្នេះថា បើដូច្នោះ មានតែគួរ​អាត្មាអញ ​ប្រគេន​ប្រេងល្ងថ្មី និងទឹក​ឃ្មុំថ្មី​ ដល់ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ ជាប្រធាន។ ទើបព្រាហ្មណ៍​នោះ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ បានស្មោះសរ រីករាយ​ ទៅនឹង​ព្រះដ៏មានព្រះភាគ លុះធ្វើ​ពាក្យ​គួរ​ជាទី​រីករាយ គួរ​ជាទីរលឹក ​ឲ្យសម្រេច​ហើយ ក៏ឈរ​នៅក្នុងទី​សមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុង​ទីសមគួរ​ហើយ បាននិមន្ត​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ​ ទទួល​ភត្តរបស់​ខ្ញុំ​ព្រះអង្គ​ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត​ ដោយភាវៈ​ស្ងៀម។ ចំណែក​ព្រាហ្មណ៍​នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​និមន្ត​ហើយ ទើបចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ ព្រាហ្មណ៍​នោះ​បានតាក់​តែង ​នូវខាទនីយភោជនីយាហារ​យ៉ាងឧត្តម ស្រេច​ហើយ ទើប​ឲ្យ​ក្រាបបង្គំ​ទូល​នូវ​កាល​គួរ ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពេលនេះ​សមគួរ​ហើយ ភត្ត​សម្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​ស្បង់​ហើយ ប្រដាប់​ដោយបាត្រ​ និង​ចីវរ​អំពី​ព្រឹក យាង​ទៅ​កាន់ផ្ទះ​ព្រាហ្មណ៍​នោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ​ដែល​ព្រាហ្មណ៍​តាក់តែង​ទុក ព្រមទាំង​ភិក្ខុសង្ឃ។ ឯព្រាហ្មណ៍​នោះ ​បាន​អង្គាស​ថ្វាយ​ខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់​ពីសារ​ ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ ​ជា​ប្រធាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់​លោកប្រកែក ​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ​ ទ្រង់​សោយ​ស្រេច​ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយ​នៅ​ក្នុងទីសមគួរ​ហើយ ទើបព្រះ​ដ៏​មានព្រះភាគ​ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ​យាងចៀស​ចេញទៅ។ កាល​ព្រះដ៏មានព្រះភាគ យាងចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រាហ្មណ៍​នោះ ក៏​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អាត្មា​អញ​និមន្ត​ព្រះភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ ជាប្រធាន​មក ​ដោយមាន​បំណង​ថា នឹង​ប្រគេន​ប្រេង​ល្ងថ្មី និង​ទឹក​ឃ្មុំ​ថ្មី ដើម្បី​ប្រយោជន៍ ​ដល់​ប្រេង​ល្ង និង​ទឹកឃ្មុំ​ណា ប្រេង​ល្ង​ និងទឹក​ឃ្មុំនោះ អាត្មា​អញ​ភ្លេច​ប្រគេន​ទៅហើយ បើដូច្នោះ មានតែ​អាត្មាអញ​ឲ្យគេ​នាំយក​នូវ​ប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី ដោយ​ក្រឡរ និងក្អម​ទៅកាន់​អារាម។ ទើប​ព្រាហ្មណ៍​នោះ ​ឲ្យគេ​នាំយកប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី​ ដោយ​ក្រឡរ និងក្អម ទៅកាន់​អារាម ហើយបាន​ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ឈរ​នៅក្នុង​ទីសមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុងទី​សមគួរ​ហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាននិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយមាន​បំណង​ថា​ នឹង​ប្រគេន​ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បី​ប្រយោជន៍​ ដល់​ប្រេង​ល្ង ​និង​ទឹកឃ្មុំណា ប្រេងល្ង និងទឹក​ឃ្មុំនោះ ខ្ញុំព្រះអង្គ​ក៏ភ្លេចប្រគេន សូមព្រះគោតម​ដ៏ចំរើន ទទួល​យក​ប្រេង​ល្ងថ្មី និងទឹកឃ្មុំថ្មី​របស់​ខ្ញុំព្រះអង្គ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកឯង​ចូរ​ប្រគេន ​ដល់​ភិក្ខុ​ទាំងឡាយចុះ។ គ្រានោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ​ក៏ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ​ ពិចារណា ហើយហាម​ឃាត់​ខ្លះ ម្យ៉ាង​​ទៀត សង្ឃ​ទាំងអស់ ក៏បាន​ហាម​ភត្ត​រួចហើយ។ ពួកភិក្ខុក៏​រង្កៀស ហើយមិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួល​ចុះ ចូរឆាន់​ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែលឆាន់ហើយ ហាមភត្ត​រួចហើយ ឆាន់​ភោជន​មិនមែន​ជា​របស់​ដែល​អំពី​ភិក្ខុ​ឈឺ ឬ​មិនបាន​ធ្វើ​វិនយកម្ម ដែលគេ​នាំយកមកអំពី​ទីដែល​គេនិមន្ត​នោះបាន។

[១០២] សម័យ​នោះឯង ត្រកូល​ឧបដ្ឋាក​របស់​ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ បាន​បញ្ជូន​ខាទនីយៈ​ទៅ ដើម្បី​ប្រយោជន៍​ដល់សង្ឃ ហើយផ្តាំថា ត្រូវពួក​អ្នកឯង​បង្ហាញ​ដល់​លោកម្ចាស់​ឧបនន្ទ​រួចហើយ សឹម​ប្រគេន​សង្ឃចុះ។ គ្រានោះឯង ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​ចូល​ទៅ​ស្រុក​ដើម្បី​បិណ្ឌបាត។ ឯមនុស្ស​ទាំងនោះក៏​ទៅកាន់​អារាម​ ហើយសួរ​ភិក្ខុ​ទាំងឡាយ​ថា បពិត្រ​លោក​ដ៏​ចំរើន លោកម្ចាស់​ឧបនន្ទ​ទៅណាហើយ។ ពួកភិក្ខុ​ប្រាប់ថា ម្នាលអាវុសោ​ទាំងឡាយ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នុ៎ះ​ ចូលទៅ​ស្រុក​ ដើម្បី​បិណ្ឌបាតហើយ។ មនុស្ស​ទាំងនោះ​ប្រាប់​ពួក​ភិក្ខុ​ថា បពិត្រ​លោកដ៏​ចំរើន ខាទនីយៈ​នេះ ពួកយើង​ត្រូវ​បង្ហាញ ​ដល់​លោកម្ចាស់​ឧបនន្ទ​សិន ហើយសឹម​ប្រគេន​ដល់សង្ឃ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ ចូរ​ទទួលទុក ទំរាំតែ​ឧបនន្ទ​វិលមក​ដល់។ លំដាប់នោះ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ ចូលទៅរក​ត្រកូលទាំងឡាយ ​ក្នុងវេលា​មុនភត្ត ហើយវិល​ត្រឡប់​មក​ ក្នុងវេលា​ថ្ងៃពេក។ សម័យ​នោះឯង កាលស្រុក​កើតទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​ក៏រង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុដែល​បរិភោគហើយ ហាមភត្តរួចហើយ ឆាន់ភោជន ​មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែល​ភិក្ខុ​បានទទួល​ ក្នុងវេលា​មុនភត្ត (នោះ)​បាន។

[១០៣] គ្រានោះ ព្រះមានព្រះភាគ គង់​ក្នុងក្រុងរាជគ្រឹះ តាម​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ យាងចេញ​ទៅកាន់ចារិក​ នៃក្រុង​សាវត្ថី​ ទ្រង់​យាង​ទៅកាន់​ចារិក ​ដោយ​លំដាប់ ទើប​បាន​ទៅដល់​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ គង់​ក្នុង​វត្តជេតវន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ព្រះសារីបុត្ត​ដ៏មានអាយុ មានអាពាធក្តៅ​រោលរាល​ក្នុងកាយ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បានចូលទៅ​រក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ និយាយពាក្យនេះ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលអាវុសោ​សារីបុត្ត កាលពីមុន លោកមាន​អាពាធ​ក្តៅ ដុតរោលរាល​ក្នុងកាយ តើលោក​បានជាសះស្បើយ ​ដោយថ្នាំ​អ្វី។ ព្រះសារីបុត្ត​តបថា ម្នាលអាវុសោ ខ្ញុំបាន​ជាសះស្បើយ ​ដោយមើម​ឈូក និងក្រអៅឈូក។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បំបាត់​ខ្លួន​ អំពី​វត្ត​ជេតវន ហើយ​ទៅប្រាកដ​ទៀប​មាត់​ស្រះបោក្ខរណី ឈ្មោះ​មន្ទាកិនី​ ដោយឆាប់​រហ័យ ដូចជាបុរស​មានកំលាំង លាចេញ​នូវ​ដៃ​ដែល​ខ្លួនបត់ចូល ឬបត់​ចូល នូវ​ដៃ​ដែលខ្លួន​លាចេញ។ មានដំរី១ បានឃើញ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​មកអំពី​ចម្ងាយ លុះឃើញហើយ បាននិយាយ​ពាក្យនេះ នឹង​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​មហាមោគ្គល្លាន​មកចុះ បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​មហាមោគ្គល្លាន​មកល្អហើយ បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ ត្រូវការ​ដោយវត្ថុ​អ្វី ខ្ញុំ​បាន​អ្វីប្រគេន​លោកម្ចាស់។ ព្រះមហាមោគ្គល្លាន​តបថា ម្នាលអាវុសោ យើងត្រូវការ​ដោយ​មើម​ឈូក និងក្រអៅឈូក។ ទើប​ដំរីនោះ​ បង្គាប់​ទៅ​ដំរី​ដទៃថា ម្នាលនាយ​ បើដូច្នោះ អ្នកចូរ​ប្រគេន​មើម​ឈូក និងក្រអៅឈូក ​ដល់លោកម្ចាស់​ តាម​សព្វព្រះហឫទ័យ។ ឯដំរីនោះ ចុះទៅកាន់​ស្រះបោក្ខរណី ​ឈ្មោះ​មន្ទាកិនី ហើយដកយក នូវ​មើមឈូក និង​ក្រអៅឈូក ​ដោយប្រមោយ ហើយ​លាងស្អាត វេច​ចង​ជាសំណុំ រួច​ចូលទៅរក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ បំបាត់ខ្លួន​ពីមាត់ស្រះ​បោក្ខរណី ​ឈ្មោះ​មន្ទាកិនី ទៅប្រាកដ​នៅ​ក្នុង​វត្តជេតវនវិញ ​ដោយឆាប់រហ័យ ដូច​ជាបុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬបត់​ចូល​នូវដៃ​ដែលខ្លួន​លាចេញ។ ឯដំរីនោះ បំបាត់ខ្លួន​អំពី​មាត់ស្រះ​បោក្ខរណី ​ឈ្មោះមន្ទាកិនី​ ទៅប្រាកដ​នៅ​ក្នុងវត្តជេតវនដែរ ទើបដំរីនោះ​ បានឲ្យ​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ទទួល​មើមឈូក និង​ក្រអៅឈូក ហើយក៏បំបាត់​ខ្លួន​អំពី​វត្ត​ជេតវន​ ទៅប្រាកដ​ទៀប​មាត់ស្រះបោក្ខរណី ​ឈ្មោះមន្ទាកិនី​វិញ។ ចំណែក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ក៏ហុច​មើមឈូក និងក្រអៅ​ឈូក​ ទៅព្រះសារីបុត្ត​ដ៏មានអាយុ។ ឯព្រះសារីបុត្ត​មានអាយុ កាលបានឆាន់​មើមឈូក និងក្រអៅឈូក​ហើយ ក៏​បានសះ​ ជាអាពាធ ​ដែល​ដុត​រោលរាល​ក្នុងកាយ។ មើមឈូក និងក្រអៅឈូក​ ក៏សល់នៅជាច្រើន។ សម័យ​នោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ក៏​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​មានសេចក្តី​រង្កៀស ក៏មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុដែលឆាន់ហើយ ហាម​ភត្ត​រួច​ហើយ ឆាន់ភោជន​ មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែលតាំង​នៅ​ក្នុងព្រៃ ​តាំងនៅ​ក្នុងគុម្ពឈូកបាន។

[១០៤] សម័យ​នោះឯង ក្នុងក្រុងសាវត្ថី មានវត្ថុ​សម្រាប់​ទំពាស៊ី គឺផ្លែឈើ​កើត​ឡើង​ជាច្រើន តែរក​បុគ្គល​ជាកប្បិយការកៈ​គ្មាន។ ពួកភិក្ខុមានសេចក្តី​រង្កៀស ក៏មិនហ៊ានឆាន់​ផ្លែឈើ​ឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំ​ទូលដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុឆាន់ផ្លែឈើ ​ដែលគ្មានពូជ (ផ្លែឈើខ្ចី) និងផ្លែឈើ​ ដែល​គួរ​បន្លេច​យក​ពូជចេញ (ដូច​ផ្លែខ្នុរ​ជាដើម) សូម្បី​គេមិនបាន​ធ្វើ​ឲ្យជាកប្បិយ ក៏គួរ (ឆាន់បាន)។

[១០៥] លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់ទៀបក្រុងសាវត្ថី ​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ ទ្រង់យាង​ទៅកាន់ចារិក ក្រុងរាជគ្រឹះ​ ទ្រង់​យាង​ទៅ​ ដោយ​លំដាប់ ទើប​បានដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ​នោះឯង។ សម័យ​នោះឯង ភិក្ខុ១រូប​ កើតអាពាធ​ឫសដូងបាត។ ពេទ្យឈ្មោះ​ អាកាសគោត្រ បានធ្វើ​សត្ថកម្ម (កាត់ ឬវះឫសដូងបាតនោះ) ដោយកាំបិត។ ទទួល​ពេលនោះ ព្រះមានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​សេនាសនៈ ក៏បានយាង​ទៅកាន់​លំនៅ​ របស់​ភិក្ខុនោះ។ ពេទ្យឈ្មោះ​អាកាសគោត្រ បានឃើញ​ព្រះដ៏មានព្រះភាគ​ យាង​មកអំពី​ចម្ងាយ លុះឃើញ​ច្បាស់ហើយ ក៏​បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​យាង​មកទតវច្ចមគ្គ​របស់​ភិក្ខុនេះ ដូចជាមាត់​សត្វទន្សង។ គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​ព្រះតម្រិះថា មោឃបុរស​នេះ​ ចំអក​ឲ្យ​តថាគត​ទេតើ ដូច្នោះហើយ ក៏ទ្រង់​យាង​ត្រឡប់​ចាកទីនោះទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបទ្រង់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារ​ឯណោះ មានភិក្ខុឈឺ​ដែរ​ឬទេ។ ភិក្ខុទាំងឡាយ​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ មាន។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ឈឺ​ដូចម្តេច។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន លោកដ៏​មានអាយុនោះ កើតឫសដូងបាត ពេទ្យ​ឈ្មោះ​អាកាសគោត្រ ក៏បានធ្វើ​សត្ថកម្មឲ្យ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើ​នៃ​មោឃបុរស​នោះ មិនសមគួរ មិនទំនង មិនសមបែប មិន​ជារបស់​សមណៈ មិនគួរគប្បី មិនមែន​ជាកិច្ច​ត្រូវធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរស​នោះ មិនគួរ​នឹង​ឲ្យគេ​ធ្វើ​សត្ថកម្ម​ ក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ ស្បែក​ក្នុងទី​ចង្អៀត ជារបស់​សុខុមល្អិត មាន​ដំបៅសះបាន​ដោយក្រ កម្របុគ្គល ​នឹងយក​កាំបិត​ទៅវះ ​ក្នុងទីចង្អៀត​បាន ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ ដល់ពួក​ជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ លុះទ្រង់​តិះដៀល​ហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគួរ​ឲ្យគេធ្វើ​សត្ថកម្ម ​ក្នុងទីចង្អៀតទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​គិត​គ្នាថា ព្រះដ៏​មានព្រះភាគ ទ្រង់​ហាម​ការធ្វើសត្ថកម្ម​ហើយ ទើបឲ្យ​គេធ្វើ​វត្ថិកម្មវិញ (ការចង​រឹត​ក្បាល​ឫសដូងបាត​នោះ ​ដោយខ្សែ)។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹង​ឲ្យគេធ្វើ​វត្ថិកម្មសោះ។ លំដាប់​នោះ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ​ឲ្យគេធ្វើ​វត្ថិកម្ម ពិតមែនឬ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់​តិះដៀលហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យគេធ្វើ ​សត្ថកម្ម ឬវត្ថិកម្ម​ ក្នុងទីជិត ដោយជុំវិញ នៃទីចង្អៀត ​ប្រមាណពីរធ្នាប់ទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។

[១០៦] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុង​ក្រុងរាជគ្រឹះ សមគួរ​តាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញ​ទៅកាន់​ចារិក ​ក្រុងពារាណសី កាលទ្រង់​យាង​ទៅកាន់​ចារិក ​ដោយលំដាប់ ក៏បាន​ដល់​ទៅ​ក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ គង់នៅព្រៃ​ឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសីនោះ។ គ្រានោះឯង ក្នុងក្រុង​ពារាណសី ​មានជន​២នាក់ គឺ​ឧបាសក​ឈ្មោះ​សុប្បិយ១ ឧបាសិកា ឈ្មោះ​សុប្បិយា១ ជាអ្នកមានសេចក្តី​ជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នក​ធ្វើការ​បម្រើ​សង្ឃ។ លំដាប់នោះ សុប្បិយាឧបាសិកា ​បានទៅកាន់វត្ត ហើយដើរចូល​ទៅគ្រប់​វិហារ គ្រប់​ទីបរិវេណ ហើយសួរភិក្ខុ​ទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់​អង្គ​ណាឈឺ​ខ្លះដែរ លោកម្ចាស់អង្គ​ណា ត្រូវ​ការ​ឲ្យខ្ញុំ​ករុណា​ យករបស់អ្វី​មកប្រគេនដែរឬ។ វេលានោះឯង ភិក្ខុ​១រូប​បាន​ផឹកថ្នាំបញ្ចុះ។ ភិក្ខុនោះ​ក៏និយាយ​នឹង​សុប្បិយាឧបាសិកា​ ដូច្នេះថា ម្នាលនាង អាត្មា​ឆាន់​ថ្នាំ​បញ្ចុះ អាត្មាត្រូវការ​ដោយ​សាច់ ​ដែល​មានឱជារស។ សុប្បិយាឧបាសិកា​និយាយថា ល្អហើយ លោកម្ចាស់ នឹងឲ្យគេយកមក​ប្រគេន (និយាយ​ដូច្នេះហើយ) បានទៅដល់​ផ្ទះហើយ ក៏បង្គាប់​កូនក្មួយថា ម្នាលនាយ អ្នកចូរទៅ អ្នកចូរដឹង (ចូរទិញ) នូវ​សាច់​សត្វ ​ដែលស្លាប់ស្រាប់។ បុរស​នោះ​បានទទួល​ពាក្យ​សុប្បិយា​ឧបាសិកា​ថា បាទ​អ្នកម្ចាស់ ហើយក៏ដើររក​សាច់​អស់​ទាំង​ក្រុង​ពារាណសី មិនបានឃើញ​សាច់​សត្វ ​ដែលស្លាប់​ស្រាប់ឡើយ។ បុរស​នោះបានចូល​ទៅរក​សុប្បិយា​ឧបាសិកា លុះចូលទៅដល់ហើយ បាននិយាយ​ដូច្នេះ នឹង​សុប្បិយាឧបាសិកា​ថា បពិត្រអ្នកម្ចាស់ គ្មានសាច់​សត្វ ​ដែលស្លាប់​ស្រាប់ទេ ព្រោះថ្ងៃនេះ គ្មានគេ​សម្លាប់​សត្វសោះ។ លំដាប់នោះ សុប្បិយា​ឧបាសិកា មានសេចក្តី​ត្រិះរិះ ​យ៉ាង​នេះថា កាលបើ​ភិក្ខុឈឺ​នេះឯង មិនបាន​សាច់ ដែល​មាន​ឱជារស​ទេ អាពាធ ​ក៏រឹងរឹត​តែចំរើនឡើង ឬមួយ​ នឹងធ្វើកាល​កិរិយា​ទៅមិនខាន (ឥឡូវ) អាត្មាអញ បានទទួល​ប្តេជ្ញា​ថា នឹងប្រគេនសាច់ ដល់ត្រឡប់​ជាមិនឲ្យ​គេយកទៅ​ប្រគេន​វិញ កិច្ច​នោះ​ មិនសមគួរ​ដល់អញសោះ។ សុប្បិយាឧបាសិកា​ ក៏ចាប់​យកកាំបិត​សម្រាប់​ហាន់សាច់ មកអារ​សាច់ភ្លៅ (របស់ខ្លួន) ហើយហុច​ឲ្យទៅ​ទាសីថា ហ៏ ហងឯង​ចូរ​យកសាច់នេះ​ទៅចាត់ចែង ហើយ​យកទៅប្រគេន ​ដល់ភិក្ខុឈឺ ​ក្នុងវិហារ​ឯណោះចុះ ម្យ៉ាងទៀត (បើមាន) ភិក្ខុណា​សួរ​រកអញ នាងឯង​ចូរ​ទូលលោកថា អញ​ឈឺ (និយាយ​ផ្តាំ​ដូច្នេះហើយ) បានរុំភ្លៅ​ដោយសម្ពត់​សម្រាប់​បង្ករ ហើយចូល​ទៅក្នុងបន្ទប់ ដេកលើគ្រែ។ លំដាប់នោះ សុប្បិយឧបាសក បានទៅកាន់ផ្ទះ ហើយសួរ​ទាសីថា នាង​សុប្បិយា​ទៅណា។ ទាសីនោះ​ប្រាប់ថា បពិត្រ​អ្នកម្ចាស់ អ្នកម្ចាស់នោះ​សម្រាន្ត​ក្នុងបន្ទប់។ លំដាប់នោះ សុប្បិយឧបាសក​បានចូល​ទៅរក​សុប្បិយាឧបាសិកា លុះចូល​ទៅដល់​ហើយ សួរ​សុប្បិយាឧបាសិកា​យ៉ាងនេះថា ព្រោះហេតុអ្វី​បានជានាង​ដេក។ សុប្បិយា​ឧបាសិកា​ឆ្លើយថា ខ្ញុំឈឺ។ សុប្បិយឧបាសក​សួរថា នាងឈឺអ្វី។ ទើបសុប្បិយាឧបាសិកា ​ប្រាប់​សេចក្តី​នុ៎ះ ​ដល់សុប្បិយឧបាសក (ដោយសព្វគ្រប់)។ លំដាប់នោះ សុប្បិយឧបាសក​គិតថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎​ ចំឡែកពេកណាស់ សុប្បិយាឧបាសិកា​នេះ ជាស្រី​មានសទ្ធា​ជ្រះថ្លាមែន អម្បាល​សាច់​របស់ខ្លួន​ គង់​លះបង់បាន ចំណង់​បើ ​វត្ថុ​តិចតួច​ឯទៀត ឧបាសិកា​នេះ នឹង​មិនឲ្យ​ដូចម្តេចបាន គិតដូច្នេះហើយ ក៏មានចិត្ត​រីករាយ​ខ្ពស់ឡើង បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក​ អង្គុយ​ក្នុងទីសមគួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះ​អង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ​ព្រមទាំង​ព្រះភិក្ខុសង្ឃ​ និមន្ត​ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ សុប្បិយ​ឧបាសក​បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ សុប្បិយ​ឧបាសក ក៏បានតាក់តែង​ខាទនីយភោជនីយាហារ​ ដ៏ឧត្តម​ហើយ ក៏ឲ្យមនុស្ស ​ទៅក្រាបបង្គំ​ទូល ​កាល​សមគួរ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពេលសមគួរ​ហើយ ភត្តសម្រេច​ហើយ។ គ្រានោះ វេលាព្រឹក ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាង​ទៅកាន់​ផ្ទះសុប្បិយ​ឧបាសក លុះយាង​ទៅដល់ហើយ គង់លើអាសនៈ​ ដែលគេ​រៀបចំថ្វាយ មួយអន្លើ​ដោយភិក្ខុសង្ឃ។ វេលានោះ សុប្បិយ​ឧបាសក បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក ឈរ​នៅក្នុងទី​សមគួរហើយ ព្រះដ៏មានព្រះភាគ ​ទ្រង់​មានបន្ទូល​ដូច្នោះថា នាងសុប្បិយា​​នៅក្នុងទីណា។ សុប្បិយ​ឧបាសក​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាង​សុប្បិយាឈឺ។ ព្រះអង្គ​ទ្រង់មាន​បន្ទូលថា បើដូច្នោះ (ឲ្យ) នាងសុប្បិយា​ចូលមក។ សុប្បិយ​ឧបាសក ក្រាប​បង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាងសុប្បិយា​ មិនអាច​នឹងមក​បានទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរគ្រាហ៍​ នាំយកមក។ លំដាប់នោះ សុប្បិយ​ឧបាសក បានគ្រាហ៍​សុប្បិយា​ឧបាសិកា ​នាំមកថ្វាយ។ និម្មិត្ត តែព្រះមានព្រះភាគ ទ្រង់​ទត​ឃើញ​(កាលណា) ដំបៅរបស់​នាង ​ដែល​ធំដល់​ម្ល៉ោះ ក៏ដុះសាច់​ សះជា​ មានសម្បុរ​ល្អ មាន​រោម​ដុះពេញ​ឡើងវិញ​មួយរំពេច។ លំដាប់នោះ សុប្បិយ​ឧបាសក និងសុប្បិយាឧបាសិកា​បាននិយាយ​គ្នាថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាព​ច្រើន គ្រាន់តែ​ព្រះអង្គ ​ទ្រង់​បាន​ទត​ឃើញ​មួយរំពេច ដំបៅ​ ដែលធំ​ដល់ម្ល៉ោះ ក៏ដុះសាច់​សះជា មានសម្បុរល្អ មានរោមដុះ​ពេញឡើងវិញ (អ្នក​ទាំងនោះ) មានចិត្ត​រីករាយ​ខ្ពស់ឡើង ក៏អង្គាស​ខាទនីយភោជនីយាហារ (បង្អែបចំអាប) ដ៏ឆ្ងាញ់​ពីសារ ​ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ​ជាប្រធាន ឲ្យឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់លោក​ប្រកែក លែង​ទទួលទៀត លុះព្រះ​ដ៏មានព្រះភាគ ​ទ្រង់សោយស្រេច លែងលូកព្រះហស្ថ​ ទៅក្នុងបាត្រ​ហើយ ក៏នាំគ្នា​អង្គុយ​ក្នុងទី​សមគួរ។ លំដាប់នោះ ព្រះមានព្រះភាគ​ បានញុំាង​សុប្បិយឧបាសក និងសុប្បិយាឧបាសិកា ឲ្យឃើញ​ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[១០៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏​មានព្រះភាគ​ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរ​ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ណា សូម​សាច់​អំពី​សុប្បិយាឧបាសិកា។ កាល​បើ​ព្រះដ៏មានព្រះភាគ​ ត្រាស់​សួរ​យ៉ាង​នេះហើយ ភិក្ខុនោះ​ក្រាបទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​បានសូម​សាច់ ​អំពី​សុប្បិយាឧបាសិកា។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកបាន​ឲ្យគេនាំ​យក​សាច់​មកហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​បានឲ្យគេ​នាំ​យកសាច់​នោះ​មកហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​បានឆាន់​ហើយឬនៅ។ ភិក្ខុ​នោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​បានឆាន់​ហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ ​(មុនដែលនឹង​ឆាន់) អ្នកបាន​ពិចារណា​ដែរឬទេ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ ​មិនបាន​ពិចារណាទេ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា នែមោឃបុរស អ្នកឯង​ មិនសមបើ​នឹងមិន​ពិចារណា ហើយ​ហ៊ាន​ឆាន់​សាច់ (ដូច្នេះ) សោះ ម្នាលមោឃបុរស អ្នកឯង​ឆាន់​សាច់​មនុស្ស​ពិតហើយ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ​ដល់ពួកជន ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​តិះដៀល​រួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ពួក​មនុស្ស​ ដែល​មានសទ្ធា មានសេចក្តី​ជ្រះថ្លា មនុស្ស​ទាំងនោះ​ សូម្បីតែសាច់​របស់ខ្លួន​ឯង​ ក៏គង់​លះប្រគេន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវឆាន់​សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្យ៉ាងទៀត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនបាន​ពិចារណា​ជាមុនហើយ មិនត្រូវ​ឆាន់សាច់ទេ ភិក្ខុណាឆាន់​ ត្រូវ​អាបត្តិ​ទុក្កដ។

[១០៨] សម័យ​នោះឯង មានដំរី​របស់ស្តេច​ស្លាប់​ជាច្រើន។ ចួន​ជាវេលា​ស្រុក​អត់​បាយ មនុស្ស​ទាំងឡាយ ​នាំគ្នា​ស៊ីសាច់​ដំរី ក៏បាន​ប្រគេន​សាច់​ដំរី ​ដល់ពួកភិក្ខុ ដែល​ត្រាច់ទៅ​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់ដំរី។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​នឹងហ៊ាន​ឆាន់សាច់ដំរី​សោះ ដំរី​ក៏ជាអង្គ (យាន) របស់ស្តេច បើស្តេច​ទ្រង់ជ្រាប មុខជាខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ដំរីទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង (មាន) សេះរបស់​ស្តេច​ស្លាប់​ជាច្រើន។ ចួនជា​វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់​សេះ ក៏បាន​ប្រគេន​សាច់សេះ​ ដល់ពួកភិក្ខុ ដែល​ត្រាច់​ទៅ​​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់សេះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់សេះទេ ព្រោះ​សេះ​ជាអង្គ (យាន) របស់​ស្តេចដែរ បើស្តេច​ទ្រង់​ជ្រាប មុខជា​ខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់សេះទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់ឆ្កែ ក៏បាន​ប្រគេន​សាច់​ឆ្កែ ​ដល់ពួក​ភិក្ខុ​ ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​ទាំងឡាយ ​ក៏នាំគ្នាឆាន់សាច់ឆ្កែ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់ឆ្កែសោះ ព្រោះឆ្កែ ជាសត្វ​គួរខ្ពើមរអើម។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ឆ្កែទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពេល​ស្រុក​អត់បាយ មនុស្ស​​ទាំងឡាយ​ ស៊ីសាច់ពស់ ក៏បាន​ប្រគេន​សាច់ពស់​ ដល់ពួក​ភិក្ខុ​ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​​ទាំងឡាយ​ក៏នាំគ្នាឆាន់សាច់ពស់។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​ នឹងហ៊ាន​ឆាន់សាច់ពស់សោះ ព្រោះ​ពស់​ជាសត្វ​គួរ​ខ្ពើមរអើម។ ចំណែកខាង​ស្តេចនាគ ឈ្មោះ​សុបស្ស​ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ ឋិតនៅ​ក្នុង​ទីសមគួរ។ លុះសុបស្សនាគរាជ​ ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំ​ទូល​ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន នាគទាំងឡាយ ជាសត្វ​គ្មាន​សទ្ធា គ្មាន​សេចក្តី​ជ្រះថ្លាទេ ក្រែងពួកនាគ​ទាំងនោះ បៀតបៀន​ភិក្ខុ​ទាំងឡាយខ្លះ​មិនខាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​សូម​អង្វរ សូមកុំ​ឲ្យ​លោកម្ចាស់​ទាំងឡាយ ​ឆាន់​សាច់​ពស់​ឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ​ ញុំាង​សុបស្សនាគរាជ​ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា​ហើយ។ លុះសុបស្ស​នាគរាជ​ ដែលព្រះដ៏មានព្រះភាគ​ ទ្រង់​​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ពស់ទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួក​ព្រាន​សម្លាប់​សត្វ​សីហៈ​ហើយ ស៊ីសាច់សីហៈ ក៏បាន​ប្រគេន​សាច់សីហៈ​ ដល់ពួក​ភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុ​ឆាន់សាច់សីហៈហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកសត្វ​សីហៈ ​ធុំក្លិន​សាច់សីហៈ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​សីហៈទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាធំ ហើយស៊ីសាច់​ខ្លាធំ ក៏បាន​ប្រគេន​សាច់​ខ្លាធំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាធំហើយ ទៅនៅក្នុងព្រៃ។​ ពួកខ្លា​ធំ បានធុំក្លិន​សាច់​ខ្លា​ធំ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាធំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាដំបង ហើយស៊ីសាច់​ខ្លាដំបង ក៏បាន​ប្រគេន​សាច់​ខ្លាដំបង ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាដំបងហើយ ក៏ទៅនៅក្នុង​ព្រៃ។​ ពួកខ្លាដំបង បានធុំក្លិន​សាច់​ខ្លាដំបង ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាដំបងទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាឃ្មុំ ហើយ​ស៊ី​សាច់​​ខ្លាឃ្មុំ ក៏បាន​ប្រគេន​សាច់​ខ្លាឃ្មុំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់​ខ្លា​ឃ្មុំហើយ ក៏ទៅនៅក្នុងព្រៃ។​ពួកខ្លា​ឃ្មុំ បានធុំក្លិន​សាច់​ខ្លាឃ្មុំហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ខ្លាឃ្មុំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់សត្វឆ្កែព្រៃ ហើយស៊ីសាច់​ឆ្កែព្រៃ ក៏បាន​ប្រគេន​សាច់ឆ្កែព្រៃ​ ដល់​ពួកភិក្ខុ​ដែល​ត្រាច់​​ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ឆាន់សាច់ឆ្កែព្រៃហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកឆ្កែព្រៃ បានធុំក្លិន​សាច់​ឆ្កែព្រៃហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ឆ្កែព្រៃទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។

ចប់ សុប្បិយភាណវារៈ ទី២។

[១០៩] គ្រានោះ ព្រះដ៏មានព្រះភាគ គង់​ទៀតក្រុងពារាណសី សមគួរ​តាមព្រះ​អធ្យាស្រ័យ​ហើយ ក៏យាងចេញ​ទៅកាន់​ចារិក​នៃអន្ធកវិន្ទ​ប្រទេស ជាមួយ​នឹងភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ​មួយពាន់​ពីររយហាសិបរូប។ សម័យ​នោះឯង ពួក​មនុស្ស​អ្នកជនបទ បានផ្ទុក​អម្បិល​ខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ក្នុងរទេះ​ទាំងឡាយ ហើយក៏​បរទៅ​តាមក្រោយៗ​ភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ​ជាប្រធាន។ ពួកមនុស្ស​អ្នកស៊ីដែល​ប្រមាណ​ប្រាំរយនាក់ ក៏គិតគ្នាថា (បើ) ពួក​យើង​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើភត្ត​ក្នុងកាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​តាមលំដាប់ ក៏បាន​ដល់ទៅ​អន្ធកវិន្ទ​ប្រទេសនោះ។ លំដាប់នោះ កាល​ព្រាហ្មណ៍​ម្នាក់​មិនបាន​លំដាប់​(វេន)​នៃ​ភត្ត ក៏មានសេចក្តី​រិះគិត​យ៉ាង​នេះថា អាត្មាអញ​បានដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា បើអាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើ​ភត្ត​ក្នុងកាលនោះ ឥឡូវ​លំដាប់​(វេន)​នៃភត្ត​ អាត្មាអញ​មិន​ទាន់​បាននៅឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មាអញ​ក៏នឹង​តាក់តែង​នូវវត្ថុនោះ។ វេលា​ដែលព្រាហ្មណ៍​នោះទៅមើល​រោង​ភត្ត ក៏​មិនឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ​ ។ ទើបព្រាហ្មណ៍​នោះចូល​ទៅរក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ និយាយ​នឹងព្រះអានន្ទ​ដ៏មានអាយុដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន កាលខ្ញុំ​ករុណា​មិនបាន​លំដាប់​(វេន) នៃភត្ត​ក្នុងទីនេះ ក៏មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា (បើ)អាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងពេលណា នឹងធ្វើ​ភត្ត​ក្នុងពេលនោះ ឥឡូវអាត្មាអញ​មិនទាន់​បាន​​លំដាប់​(វេន)​នៃភត្ត​​នៅ​ឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មា​អញ​​នឹង​តាក់តែង​នូវវត្ថុនោះ (យ៉ាងនេះ) បពិត្រព្រះ​អានន្ទ​ដ៏ចំរើន កាលខ្ញុំ​ព្រះករុណា​ទៅមើល​រោង​ភត្ត ​មិនបានឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើ​ខ្ញុំ​ករុណា​តាក់តែង​បបរ និងនំ​មានរស​ផ្អែម​មកថ្វាយ ព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​របស់​ខ្ញុំ​ករុណា​ដែរឬ។ ព្រះអានន្ទ​ប្រាប់ថា ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ចាំអាត្មា​ទូលសួរ​ព្រះ​ដ៏មានព្រះភាគ​សិន។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មានអាយុ​បានក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ឲ្យព្រាហ្មណ៍​នោះតាក់​តែងចុះ។ ទើប​ព្រះអានន្ទ​ទៅ​ប្រាប់ពា្រហ្មណ៍​ថា​ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរ​តាក់តែង​ចុះ។ លុះរាត្រី​នោះកន្លង​ទៅហើយ ឯព្រាហ្មណ៍​នោះ​តាក់តែង​បបរ និង​នំមាន​រស​ផ្អែម​ជាច្រើន ក៏​បានបង្អោន​ថ្វាយ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ ហើយទូលថា សូមព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​បបរ និង​នំ​មានរស​ផ្អែម​របស់​ខ្ញុំ​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកចូរ​ប្រគេន​ដល់​ភិក្ខុ​ទាំង​ឡាយចុះ។ ពួក​ភិក្ខុរង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ចូរ​ទទួល​ចុះ ចូរ​ឆាន់ចុះ។ ព្រាហ្មណ៍​នោះ អង្គាស​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធអង្គ ​ជាប្រធាន ដោយ​បបរ និងនំ​មានរស​ផ្អែម​ជាច្រើន ដោយដៃ​របស់ខ្លួន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែ​លោក​ប្រកែក​លែង​ទទួលទៀត លុះព្រះដ៏​មានព្រះភាគ ទ្រង់លាង​ព្រះហស្ថ​ស្រេច លែងលូក​ទៅក្នុងបាត្រ​ហើយ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទៅសមគួរហើយ ព្រះដ៏​មានព្រះភាគ​ទ្រង់មាន​បន្ទូល​ដូច្នេះថា ម្នាលព្រាហ្មណ៍ អានិសង្ស​បបរ​នេះ​មាន១០យ៉ាង អានិសង្សបបរ១០យ៉ាងនោះ តើដូចម្តេច គឺ​បុគ្គល​អ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ១ ឲ្យពណ៌​សម្បុរ១ ឲ្យសេចក្តីសុខ១ ឲ្យកំលាំងកាយ១ ឲ្យប្រាជ្ញា១ បបរដែល​បុគ្គល​ហុត​ទៅហើយ រមែង​ហាមឃាត់​សេចក្តីឃ្លាន១ បន្ទោបង់សេចក្តី​ស្រេក១ ញុំាង​ខ្យល់​ឲ្យដើរ​ទៅស្រួល១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​អាហារថ្មី​ដ៏សេសសល់​ឲ្យរលួយ១ ម្នាល​ព្រាហ្មណ៍ អានិសង្សបបរ​មាន​១០​យ៉ាង​នេះ​ឯង។

[១១០] ជនណា​បានឲ្យបបរ​ដោយគោរព ដល់ពួក​សមណៈ ដែលជាអ្នក​សង្រួម អ្នកបរិភោគ​ភោជន​ដែល​អ្នកដទៃ​ឲ្យ ក្នុងកាល​ដ៏គួរ (ជននោះ) ឈ្មោះថា ឲ្យនូវ​ហេតុ​នៃ​អានិសង្ស​ទាំង​១០យ៉ាងគឺ អាយុ១ ពណ៌សម្បុរ១ សេចក្តីសុខ១ កំឡាំងកាយ១ ប្រាជ្ញា​របស់​បុគ្គល​នោះ​តែង​កើតឡើង១ បបរនោះ​តែងកំចាត់​បង់សេចក្តី​ឃ្លាន១ សេចក្តី​ស្រេក១ និងញុំាង​ខ្យល់ (ឲ្យ​បាន​ដើរ​ស្រួល)១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​ភត្ត​ឲ្យរលួយ១។ នេះជា​ភេសជ្ជៈ ដែល​ព្រះសុគត​ទ្រង់​សរសើរហើយ។ ព្រោះហេតុនោះ អ្នកមាន​សេចក្តី​ត្រូវការ​ ចង់​បាន​សេចក្តី​សុខ​ជារបស់​មនុស្ស​ក្តី ប្រាថ្នាសេចក្តី​សុខ​ជារបស់​ទិព្វក្តី ចង់បាន​សេចក្តី​ល្អរុងរឿង​ក្នុងមនុស្សក្តី គួរ​ឲ្យ​បបរជានិច្ចចុះ។

[១១១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា​ចំពោះ​ព្រាហ្មណ៍​នោះ​ដោយ​គាថា​ទាំងនេះហើយ ទ្រង់ក្រោកចាក​អាសនៈ យ៉ាងចេញទៅ។ ព្រោះនិទាននេះ ដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួកភិក្ខុមកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​(​ឲ្យភិក្ខុ​ឆាន់) បបរ និងនំមាន​រសផ្អែម​បាន។

[១១២] ពួកមនុស្ស​បានឮដំណឹងថា ព្រះដ៏​មានព្រះភាគ ទ្រង់​អនុញ្ញាត​បបរ​ និងនំមានរស​ផ្អែមដល់​ភិក្ខុទាំងឡាយ (ដូច្នោះ) ហើយ។ មនុស្ស​ទាំងនោះ ក៏នាំគ្នាតាក់តែង​បបរភោជ្ជ និងនំមានរសផ្អែម ពីព្រឹកព្រហាម (មកប្រគេនភិក្ខុទាំងឡាយ)។ ពួកភិក្ខុបានឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតពីព្រឹកព្រហាមហើយ លុះទៅឆាន់​ក្នុងរោងភត្ត​ទៀត ក៏មិនបានឆ្ងាញ់ពីសា។ សម័យនោះឯង មានមហាមាត្យម្នាក់ ជាអ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី (មិនទាន់មុតមាំ) បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានទុក ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែគួរអាត្មាអញតាក់តែង​ចង្ហាន់សាច់ ចំនួន​១២៥០​សម្រាប់ (ឲ្យល្មម) ដល់ភិក្ខុ១២៥០រូប ហើយប្រគេនចង្ហាន់​សាច់មួយសម្រាប់​ៗ ដល់ភិក្ខុមួយរូបៗ។ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លា​ថ្មី​នោះ លុះកន្លងរាត្រីនោះទៅ ក៏បានតាក់តែង​ខាទនីយភោជនីយៈ ដ៏ឧត្តម និងចង្ហាន់សាច់​១២៥០​សម្រាប់ ហើយក៏ប្រើបម្រើឲ្យទៅក្រាបបង្គំទូល​ពេលឆាន់ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ពេលនេះល្មមហើយ ភត្តសម្រេចហើយ។ គ្រានោះ ពេលព្រឹកព្រហាម ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ស្បង់​ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើ​ ដោយភិក្ខុសង្ឃ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ពួកភិក្ខុ​ក្នុងរោងភត្ត។ ភិក្ខុ​ទាំងឡាយ​ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យ (ភត្ត) តែបន្តិចចុះ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចបានហើយ។ មហាមាត្យនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ កុំទទួលភត្តបន្តិចបន្តួច ដោយគិតថា មហាមាត្យនេះ មានសេចក្តីជ្រះថ្លាថ្មី ខាទនីយ​ភោជនីយៈ ខ្ញុំបានចាត់ចែងទុកហើយជាច្រើន ទាំងចង្ហាន់សាច់១២៥០សម្រាប់ផង ខ្ញុំនឹងប្រគេន​ចង្ហាន់សាច់​មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​ ទទួល ដរាបដល់ឆ្អែត។ ពួកភិក្ខុនិយាយតបថា ម្នាលអាវុសោ យើងទាំងឡាយ ទទួលភត្ត​បន្តិច​ៗ ព្រោះ​ហេតុប៉ុណ្ណេះ ក៏ទេ យើងទាំងឡាយ ឆាន់បបរភោជ្ជ និងនំ​មានរសផ្អែម ឆ្អែតអំពីព្រឹក​រួចហើយ ព្រោះហេតុនោះ បានជាយើងទទួលភត្តតែបន្តិចៗ។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំបាននិមន្ត​លោកម្ចាស់ទាំងឡាយ​រួចហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជ​របស់ជនឯទៀតសោះ (លោកម្ចាស់​ខ្លាចក្រែង) ខ្ញុំ​មិនអាច​នឹងប្រគេន​ឲ្យឆាន់ឆ្អែត​បានឬ។ មហាមាត្យនោះ មានសេចក្តីក្រោធ តូចចិត្ត ប្រាថ្នានឹង​ចោទ កាលដាក់បាត្រ​ភិក្ខុទាំងឡាយពេញហើយ ក៏ដើរទៅនិយាយថា ពួកលោកណាចង់​ឆាន់ក្តី នាំយកទៅក្តី​ (ក៏តាមចិត្តចុះ)។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ អង្គុយ​នៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាក​អាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ​ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើន​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះអង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះដ៏មានព្រះភាគ យាង​ចេញ​​ទៅមិនយូរប៉ុន្មាន ក្នុងវេលានេះ ខ្ញុំព្រះអង្គក៏មានសេចក្តីរង្កៀស និងសេចក្តី​ក្តៅ​ក្រហាយថា អាត្មា​អញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង អន់ចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញហើយ ដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ បាន​សន្សំ​មកជា​ច្រើន​​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎ បពិត្រ​ព្រះអង្គដ៏ចំរើន កម្មដែលខ្ញុំព្រះអង្គ​បាន​សន្សំ​មកជាច្រើនហើយ (នេះ) តើនឹងជាបុណ្យ ឬជាបាប។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដែលអ្នកបាន​និមន្ត​ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយចំណែកណា ចំណែកដែលអ្នកបាន​សន្សំហើយនោះ ក៏ជាបុណ្យ​យ៉ាងច្រើន គ្រាប់បាយ​មួយគ្រាប់ៗរបស់អ្នក ដែលភិក្ខុមួយរូបៗ ទទួលហើយ ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំនោះ ក៏ជាបុណ្យ​យ៉ាងច្រើនហើយ ឈ្មោះថា អ្នកឯង​ប្រារព្ធ​យកឋានសួគ៌ហើយ។ ឯមហាមាត្យ អ្នកមានសេចក្តី​ជ្រះថ្លាថ្មីនោះ ក៏គិតថា ប្រហែលជាលាភ​របស់អាត្មាអញហើយ ប្រហែលជាអាត្មាអញ បានអត្ត​ភាព ជាមនុស្សល្អហើយ ប្រហែលជាអាត្មាអញ បានសន្សំបុណ្យជាច្រើនហើយ ប្រហែល​ជាឈ្មោះថា អាត្មាអញ​ប្រារព្ធ​យកឋានសួគ៌ហើយ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើង ក្រោកចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរ​ ចំពោះ​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា គេបាននិមន្ត​ពួកភិក្ខុទៅក្នុងត្រកូលដទៃហើយ ភិក្ខុទាំងនោះ នៅឆាន់បបរភោជ្ជ របស់​ត្រកូលឯទៀតវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ បាននិមន្ត​ក្នុងត្រកូលដទៃហើយ មិនសមបើ​នឹងទៅ​ឆាន់​បបរភោជ្ជ របស់ត្រកូលឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទទួលនិមន្តក្នុងត្រកូលដទៃហើយ មិនត្រូវឆាន់បបរភោជ្ជ របស់ត្រកូល​ឯទៀតទេ ភិក្ខុណាឆាន់ ត្រូវវិនយធរ​ឲ្យភិក្ខុនោះធ្វើតាមធម៌ (គឺ​ឲ្យសំដែងអាបត្តិ​ចេញ)។

[១១៣] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុង​អន្ធកវិន្ទប្រទេស តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងរាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃច្រើន ប្រមាណ​១២៥០រូប។ សម័យនោះឯង បុរស​ឈ្មោះ​វេលដ្ឋកច្ចាន បានផ្ទុកសុទ្ធតែក្អមស្ករអំពៅ ពេញរទេះទាំង៥០០ហើយ ក៏ចេញចាកក្រុងរាជគ្រឹះ ទៅតាម​ផ្លូវឆ្ងាយ ចំពោះ​អន្ធកវិន្ទ​ប្រទេស។ ព្រះដ៏មានព្រះភាគ បានទតឃើញ​វេលដ្ឋកច្ចាន​ដើរមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់យាង​ចៀសអំពីផ្លូវ ទៅគង់ក្រោម​ម្លប់ឈើមួយ។ លំដាប់នោះ វេលដ្ឋកច្ចាន បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចឈរនៅ​ក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន ឈរ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់​ប្រគេន​ស្ករអំពៅមួយក្អមៗ ដល់ភិក្ខុមួយរូបៗ។ ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯងទៅយកស្ករអំពៅ​តែមួយក្អម​មកមើលសិន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូលព្រះដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ហើយយកស្ករអំពៅមួយក្អម ដើរចូលទៅរកព្រះដ៏មានព្រះភាគ​ លុះចូលទៅដល់ហើយ  ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានយកក្អម​ស្ករអំពៅ​មកហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំ​ព្រះអង្គ នឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះដ៏មានព្រះភាគ​ ទ្រង់​ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯងចូរប្រគេន​ស្ករអំពៅ ដល់ភិក្ខុទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ភិក្ខុទាំង​ឡាយ រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុរួចហើយ ឥឡូវ ស្ករអំពៅនេះ នៅសល់ជាច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ចុះ។ ​​វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់​ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់ចំណង់ហើយ តែស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរ​ឲ្យពួក​ភិក្ខុឆាន់​ឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយបានញុំាងពួកភិក្ខុឲ្យឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ។ ភិក្ខុពួកខ្លះ ដាក់ពេញបាត្រ ក៏មាន វេចនឹងសម្ពត់​តម្រងទឹកក៏មាន ដាក់ពេញ​ថង់យាមក៏មាន។ លុះវេលដ្ឋកច្ចាន បានឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយហើយ ក៏​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលផងចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់​អស់ចំណង់ចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏​ឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាប​ដល់អស់​ចំណង់ហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ​ត្រូវ​​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យពួកមនុស្ស អ្នកស៊ីដែលឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយចុះ។ វេលដ្ឋកច្ចាន បាន​ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ។ ពួកមនុស្ស អ្នកស៊ីដែលខ្លះ ដាក់ពេញក្រឡក៏មាន ដាក់ពេញក្អមក៏មាន វេចនឹងសម្ពត់កម្រាលក៏មាន ដាក់ពេញថ្នក់ក៏មាន។ លំដាប់នោះ វេលដ្ឋកច្ចាន បានឲ្យ​ពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ រួច​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យពួក​មនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្ស តថាគត មិនដែលឃើញអ្នកណាមួយ​ឆាន់ស្ករអំពៅហើយ ស្ករអំពៅ​នោះ រលួយ​ទៅដោយស្រួលទេ វៀរលែងតែតថាគត ឬសាវក​របស់តថាគត​ប៉ុណ្ណោះ ម្នាល​កច្ចាន បើដូច្នោះ ចូរអ្នកឯង ចោលស្ករអំពៅ​នោះ ទៅក្នុងទីដែលគ្មានស្មៅស្រស់ ឬចាក់​ចោលទៅក្នុងទឹក ដែលគ្មានសត្វក៏បាន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយចាក់ចោល​ស្ករអំពៅនោះ ទៅក្នុងទឹក​ដែលគ្មានសត្វ។ ឯស្ករអំពៅ​ដែល​វេលដ្ឋកច្ចាន​ដាក់ចុះទៅក្នុងទឹកនោះ ក៏លាន់ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើង​ដេរដាស គួរនាដូចជាផាលនង្គ័ល នៅហាលថ្ងៃអស់មួយថ្ងៃហើយ បុគ្គលដាក់ចុះទៅក្នុងទឹក រមែង​ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស យ៉ាងណាមិញ ស្ករអំពៅនោះ ដែលបុគ្គល​ដាក់​ចុះទៅក្នុងទឹកហើយ រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស ដូច្នោះដែរ។ លំដាប់នោះឯង វេលដ្ឋកច្ចាន មានសេចក្តីស្លុតចិត្ត កើតព្រឺព្រួចអស់ទាំងរោម ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយនៅ​ក្នុងទី​សមគួរ។ លុះវេលដ្ឋកច្ចាន អង្គុយនៅ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា គឺទ្រង់ប្រកាសអំពីទាន១ អំពីសីល១ អំពីស្ថានសួគ៌១ អំពីទោសដ៏លាមកសៅហ្មង របស់កាម​ទាំងឡាយ១ និងអានិសង្ស​ ក្នុងការចេញចាកកាម១។ វេលាណា ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា វេលដ្ឋកច្ចាន មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាកនីវរណៈ មានចិត្តស្រស់​ស្រាយឡើង មានចិត្តជ្រះថ្លា វេលានោះ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើក​ឡើងប្រកាស​ចំពោះ​ព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ គួរនាដូចជាសម្ពត់​សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អ យ៉ាងណាមិញ ឯវេលដ្ឋកច្ចាន ក៏បានកើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​គ្រឿង​សៅហ្មង លើអាសនៈ​នោះឯង ដូច្នេះថា ធម្មជាតិណាមួយ ដែលកើតឡើង​ជាធម្មតា ធម្មជាតិ​ទាំងអស់នោះ ក៏តែងរលត់​ទៅវិញ ជាធម្មតា យ៉ាងនោះដែរ។ គ្រាដែលវេលដ្ឋកច្ចាន បានឃើញ​សច្ចធម៌ហើយ បានដល់សច្ចធម៌ហើយ បានដឹងច្បាស់សច្ចធម៌ហើយ បានយាង​ចុះកាន់​សច្ចធម៌ហើយ បានឆ្លងវិចិកិច្ឆា កំចាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​ភាវៈ​ជាអ្នក​ក្លៀវក្លា មិនជឿបុគ្គលដទៃ​ ក្នុងសាសនានៃព្រះសាស្តា ក៏បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់​ដែលគេផ្កាប់ចុះ​ ឲ្យផ្ងារ​ឡើង ពុំនោះ ដូចជាមនុស្ស​បើបង្ហាញ​របស់ដែលគេ​លាក់បាំងទុក ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់​ផ្លូវ​ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោល​បំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យមនុស្ស​ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះ​ភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាទីពឹង ទីរលឹក សូម​ព្រះដ៏​មានព្រះភាគ ចាំទុកនូវខ្ញុំថាជាឧបាសក អ្នកដល់ (នូវ​ព្រះរតនត្រ័យ) ថាជាទីពឹង ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃនេះ ជាដើមទៅ។

[១១៤] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក តាមលំដាប់​ បានដល់​ទៅក្រុង​រាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះនោះ។ សម័យ​នោះឯង ស្ករអំពៅ​កើតឡើង​ជាច្រើនក្នុងក្រុងរាជគ្រឹះ។ ពួកភិក្ខុក៏​រង្កៀសថា ស្ករអំពៅ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ចំពោះតែភិក្ខុមានជម្ងឺ​ប៉ុណ្ណោះ មិនបានទ្រង់​អនុញ្ញាត​ដល់ភិក្ខុគ្មានជម្ងឺឡើយ ក៏មិនហ៊ាន​ឆាន់ស្ករអំពៅ។ ពួកភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ស្ករអំពៅ​ដល់ភិក្ខុ​មានជម្ងឺ (អនុញ្ញាត) ទឹកស្ករអំពៅ​ដល់ភិក្ខុគ្មានជម្ងឺ។

[១១៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទើបយាងចេញ​ទៅកាន់ចារិកនៃ​បាដលិគ្រាម មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន ប្រមាណ​១២៥០រូប។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បាន​ដល់ទៅ​បាដលិគ្រាមនោះ។ ពួកឧបាសក​នៅក្នុង​បាដលិគ្រាម បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់យាងមកដល់​បាដលិគ្រាមហើយ។ គ្រានោះ ពួកឧបាសកនៅក្នុង​បាដលិគ្រាម បាននាំគ្នាចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះពួកឧបាសក​ អ្នកនៅក្នុង​បាដលិគ្រាម អង្គុយ​ក្នុងទីសមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលយក​រោងសំណាក់​របស់យើងខ្ញុំ​ទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ ពួក​ឧបាសក អ្នកនៅ​ក្នុង​បាដលិគ្រាម​ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នា​ក្រោកចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់​រោងសំណាក់ លុះចូល​ទៅដល់​ហើយ ក៏បាន​ក្រាលរោង​សំណាក់​ដោយគ្រឿង​កម្រាល​សព្វគ្រប់ហើយ ក៏តែងតាំង​អាសនៈទាំងឡាយ និងដម្កល់​ក្អមទឹក តែងតាំង​ប្រទីប​ប្រេង ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី​សមគួរ។ ពួកឧបាសក អ្នកនៅ​ក្នុងបាដលិគ្រាម បានឋិត​នៅក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់​យើងខ្ញុំ បានក្រាលកម្រាល​សព្វគ្រប់ហើយ អាសនៈ​ទាំងឡាយ​ យើងខ្ញុំ​បានតែង​តាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់​ទុកហើយ ប្រទីបប្រេង យើងខ្ញុំបាន​តែងតាំង​ស្រេចហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់​កាលដ៏​គួរ​ និងនិមន្ត​ទៅក្នុងកាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់​រោង​សំណាក់​ជាមួយ​នឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់​លាង​ព្រះបាទ​ទាំងគូហើយ ក៏យាងចូលទៅកាន់​រោងសំណាក់ ទ្រង់គង់​ផ្អែក​នឹងសសរ​កណ្តាល បែរព្រះភក្ត្រ​ទៅទិស​ខាងកើត។ ពួកភិក្ខុក៏បាន​លាងជើង ហើយចូលទៅកាន់​រោងសំណាក់ដែរ ហើយអង្គុយ​ផ្ទាប់​នឹងជញ្ជាំងទិសខាងលិច បែរមុខ​ទៅទិសខាងកើត ឈមមុខ​ត្រង់​ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុង​បាដលិគ្រាម ក៏បាន​លាងជើង ហើយនាំគ្នាចូលទៅ​កាន់រោងសំណាក់ ហើយអង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ខាងកើត បែរមុខ​ទៅទិស​ខាងលិច ឈមមុខ​ត្រង់​ទៅរក​ព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួកឧបាសក​ អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។

[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃ​បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីល ក្នុងលោកនេះ តែង​បាន​នូវសេចក្តីវិនាស​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តី​ប្រមាថ។ នេះជាទោស​ទី១ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ តែង​មានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោស​ទី២ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជាខត្តិយបរិសទ្យ​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មាន​ក្លៀវក្លា មានតែ​មុខឱន​ចុះ ហើយដើរចូល​ទៅ។ នេះជាទោស​ទី៣ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោស​ទី៤ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់អបាយ (តិរច្ឆាន) ទុគ្គតិ (ប្រេត) វិនិបាត (អសុរកាយ) និរយ (នរក)។ នេះជាទោស​ទី៥ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោស​នៃបុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាក​សីល។

[១១៧] ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែង​បាន​នូវគំនរ ​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តីមិន​ប្រមាថ។ នេះជាអានិសង្ស​ទី១ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែង​មានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្ស​ទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជា​ខត្តិយ​បរិសទ្យ​​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏​ក្លៀវក្លា មិនឱនមុខ​ចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូល​ទៅ។ នេះជាអានិសង្ស​ទី៣ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គល​មាន​សីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្ស​ទី៤ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្ស​ទី៥ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្ស​​នៃបុគ្គលមានសីល ឬបរិបូណ៌ដោយ​សីល។

[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឧបាសក​ទាំងឡាយ នៅក្នុង​បាដលិគ្រាម​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់​រាត្រីជាច្រើន ហើយបញ្ជូន​ទៅដោយ​ព្រះពុទ្ធ​ដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លង​ទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាល​ដ៏គួរ នឹងត្រឡប់ទៅវិញ​ក្នុងកាលឥឡូវ​នេះចុះ។ ឧបាសក​ទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែល​ឧបាសក​ទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញ​ទៅមិនយូរប៉ុន្មាន ព្រះអង្គក៏​ទ្រង់យាងចូល​ទៅកាន់​សុញ្ញាគារដ្ឋាន (គឺ​ផ្ទះស្ងាត់)។

[១១៩] សម័យនោះឯង មហាមាត្យ​នៅក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ១ វស្សការៈ១ នាំគ្នាកសាង​ក្រុងក្នុង​បាដលិគ្រាម ដើម្បីនឹង​ការពារ​ពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់​តើនឡើងក្នុង​បច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយ​ទិព្វចក្ខុ ដ៏ស្អាត​កន្លង​លើសចក្ខុ​របស់មនុស្ស បានឃើញពួក​ទេវតាជាច្រើនកំពុង​គយគន់មើលទៅកន្លែង​សង់​ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាង​ក្រុង​ក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូល ដែល​នៅក្នុង​ដែន​វជ្ជី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ បានប្រឹក្សាគ្នា​នឹងពួក​ទេវតា ក្នុងស្ថានតាវត្តិង្ស ថាយ៉ាងណាមិញ ម្នាលអានន្ទ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូលក្នុង​ដែន​វជ្ជី យ៉ាងនោះដែរ ម្នាលអានន្ទ តថាគត​ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ក្នុងសុញ្ញាគារដ្ឋាន (ផ្ទះស្ងាត់) នេះ ហើយមើល​ដោយ​ទិព្វចក្ខុ​ដ៏ស្អាត​ កន្លង​លើសចក្ខុរបស់​មនុស្ស បានឃើញពួកទេវតា​ជាច្រើន កំពុង​គយគន់មើល​ទៅកន្លែង​សង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួក​ទេវតាមានសក្តិធំ គយគន់​មើលទី​កន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាល ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ម្នាលអានន្ទ ទីប្រជុំ​របស់អរិយបុគ្គលទាំងឡាយ ដែលមាន​ទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាង​ទីប្រជុំ​ព្រះអរិយបុគ្គល និងផ្លូវ​ជំនួញ​អម្បាលនោះ ម្យ៉ាងទៀត ជាកន្លែង​បែកធ្លាយ ឬ​របូត​បង្វេច​ទ្រព្យ ម្នាលអានន្ទ ​ក្រុងបាដលិបុត្រមុខជានឹងមាន​សេចក្តីអន្តរាយ​៣យ៉ាង គឺអន្តរាយ​អំពីភ្លើង១ អន្តរាយអំពី​ទឹក១ អន្តរាយអំពី​ហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។

[១២០] គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល​ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរជាទីរីករាយ និងពាក្យ​គួរជាទីរលឹក ល្មម​ឲ្យកើត​សេចក្តីស្និទ្ធស្នាល​ហើយ ទើបឋិត​នៅក្នុងទីសមគួរ។ លុះមហាមាត្យ​ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះ​នឹងព្រះដ៏មានព្រះភាគ​ថា សូមព្រះ​គោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ ដើម្បីឆាន់​ក្នុងថ្ងៃស្អែក មួយអន្លើ​ដោយភិក្ខុ​សង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀម។ គ្រានោះ មហាមាត្យនៅក្នុង​ដែន​មគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​ទីអង្គុយ ហើយដើរចេញទៅ។ គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម (រួចហើយ) ចាត់បម្រើឲ្យទៅ​ក្រាបបង្គំ​ទូល​កាលដ៏គួរ ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល (នេះជាកាលគួរហើយ) ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និង​ចីវរ ក្នុង​វេលាព្រឹក យាងចូលទៅកាន់លំនៅមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយហារ ដ៏ឆ្ងាញ់​ពីសាដោយដៃ​នៃខ្លួន ត្រាតែ​ភិក្ខុ​សង្ឃហាមឃាត់ លុះកំណត់​ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយរួចហើយ ដាក់ព្រះហស្តចុះចាក​បាត្រហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយ​ព្រះគាថា​ទាំងឡាយ​នេះថា

[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែង​សម្រេច​នូវការ​នៅក្នុង​ប្រទេសណាហើយ ក៏តែង​ឲ្យពួក​បុគ្គល​អ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគ​ក្នុងលំនៅរបស់ខ្លួន ហើយបានទាំង​ឧទ្ទិស​ផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅ​ក្នុងប្រទេស​នោះ (ថែមទៀត)។ ទេវតា​ទាំងនោះ តែងបូជា​ចំពោះមនុស្សដែលបាន​បូជាដល់ខ្លួន តែងរាប់​អាន​ចំពោះ​មនុស្សដែល​រាប់អានដល់ខ្លួន តែងអនុគ្រោះ​មនុស្សនោះ ដូចជាមាតា​អនុគ្រោះបុត្រ ដែល​ខ្លួន​បីថ្នម ផ្ទាប់​នឹងទ្រូង​ឲ្យចំរើនឡើង។ មនុស្ស​ដែលទេវតា​ បានអនុគ្រោះហើយ ក៏តែងឃើញ​នូវ​សេចក្តី​ចំរើនសព្វៗកាល។

[១២២] លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះ​មហាមាត្យ​ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់​ក្រោកចាក​អាសនៈ​ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបាន​ឈ្មោះថា គោតមទ្វារ នឹងឆ្លងស្ទឹងគង្គា តាមកំពង់ណា កំពង់នោះ នឹងបានឈ្មោះថា គោតមតិត្ថ។ គ្រានោះ ព្រះដ៏​មានព្រះភាគ​ ទ្រង់​យាងចេញ​ តាមទ្វារណា ទ្វារនោះក៏ឈ្មោះថា គោតមទ្វារ ជាប្រាកដ (ដល់​សព្វថ្ងៃនេះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្ទឹង​គង្គា។ ស្ទឹងគង្គា​មាន​ទឹកពេញប្រៀប ត្រឹមស្មើនឹង​មាត់ច្រាំង ល្មមសត្វ​ក្អែក​ ឱនផឹកបាន។ មនុស្សពួកខ្លះ ​រកទូក មនុស្ស​ពួកខ្លះ​រកផែ មនុស្ស​ពួកខ្លះ​ ចងក្បូន ប្រាថ្នានឹងឆ្លងអំពី​ត្រើយខាងអាយ ទៅកាន់​ត្រើយខាង​នាយ។ ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​មនុស្សទាំងនោះ គឺមនុស្ស​ពួកខ្លះ ​កំពុងរកទូក មនុស្សពួកខ្លះ​ កំពុង​រកផែ មនុស្ស​ពួកខ្លះ ​កំពុងចងក្បូន ប្រាថ្នានឹង​ឆ្លងអំពីត្រើយ​ខាងអាយ ទៅត្រើយ​ខាងនាយ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ឃើញ​ហើយ ក៏និម្មិត​ព្រះអង្គបាត់ (មួយរំពេច) អំពី​ត្រើយខាង​អាយ នៃស្ទឹងគង្គា ទៅប្រាកដនៅត្រើយ​ខាងនាយ ជាមួយ​នឹងភិក្ខុសង្ឃ គួរនា​ដូចជាបុរស មានកំឡាំង​ លាចេញនូវដើមដៃ ​ដែលបត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលលាចេញ ឆាប់រហ័សដូច្នោះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវ​សេចក្តី​នោះហើយ ទើបបន្លឺ​ឡើង នូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា ពួកជនណាឆ្លងស្ទឹង គឺតណ្ហា​ដ៏ជ្រៅឆ្ងាយ​ទូលាយបាន (ពួកជននោះឯង) តែង​ធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាប​ទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជន​ធម្មតា (ដែលប្រាថ្នា​នឹងឆ្លងទឹកបន្តិចបន្តួច) តែង​ចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នក​ប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ​ និងសាវករបស់ព្រះពុទ្ធ លោកបាន​ឆ្លង​រួចស្រឡះហើយ។

[១២៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ចូលទៅកាន់កោដិគ្រាម ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង​កោដិគ្រាមនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងកោដិគ្រាម​នោះមក ហើយត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោល​ទៅ និងត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយយ៉ាងនេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ដូចម្តេចខ្លះ ម្នាល​ភិក្ខុទាំងឡាយ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយ​នេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខអរិយសច្ច នូវទុក្ខសមុទយអរិយសច្ច។បេ។ នូវទុក្ខនិរោធអរិយសច្ច។បេ។ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយនេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ម្នាលភិក្ខុទាំងឡាយទុក្ខអរិយសច្ចនោះ តថាគត​ និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយ​ បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា តថាគត និងអ្នក​ទាំងឡាយ ដកឡើងហើយ ខ្សែ គឺតណ្ហា សម្រាប់ដឹកនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ គ្មានភព​ថ្មីទៀត​ទេ។

[១២៤] ការអន្ទោលទៅកាន់ផ្លូវឆ្ងាយ​ក្នុងជាតិទាំងឡាយនោះៗឯង ព្រោះមិនបានឃើញ​នូវ​អរិយសច្ចទាំង៤ជាធម៌ពិត។ អរិយសច្ចទាំង៤នេះឯង តថាគត​ និងអ្នកទាំងឡាយ បានឃើញហើយ តណ្ហាជាអ្នកដឹកនាំទៅកាន់ភព ក៏តថាគត និងអ្នកទាំងឡាយ​គាស់រំលើងហើយ ឫសនៃ​សេចក្តី​ទុក្ខ ក៏តថាគត និងអ្នករាល់គ្នា​ ផ្តាច់ចោលហើយ ឥឡូវនេះ គ្មាន​ភពថ្មីទៀតទេ។

[១២៥] នាងអម្ពបាលី ជាស្រីផ្កាមាស បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកកាន់កោដិគ្រាម។ លំដាប់នោះឯង នាងអម្ពបាលី ជាស្រីផ្កាមាស បានប្រើគេ​ឲ្យទឹមយានដ៏ថ្លៃថ្លាហើយ ក៏ឡើងជិះយានដ៏ថ្លៃថ្លា ចេញទៅអំពីក្រុងវេសាលី ដោយយានដ៏​ថ្លៃថ្លា​ទាំងអម្បាលនោះ ដើម្បី​ជួបនឹងព្រះដ៏មានព្រះភាគ ហើយដាក់យានទុក​ក្នុងទីមួយ រួចចុះ​អំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងអម្ពបាលី ជាស្រីផ្កាមាស ដែលអង្គុយ​ក្នុងទីសមគួរ (នោះ) ឯង ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ លំដាប់នោះ នាងអម្ពបាលី ជាស្រីផ្កាមាស លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយ​ធម្មីកថាហើយ ទើបក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួល​ភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើ ដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់​បានទទួល​និមន្ត ​ដោយតុណ្ហីភាព។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​និមន្តហើយ ទើប​ក្រោក​ចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ពួក​ស្តេច​លិច្ឆវី ក្រុងវេសាលី បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកដល់​កោដិគ្រាម។ ពួក​ស្តេចលិច្ឆវី ក្រុងវេសាលី ក៏ឲ្យពួក​សារថី ទឹមយានដ៏ថ្លៃថ្លា ហើយឡើង​គង់យាន​ដ៏ថ្លៃថ្លា ចេញ​អំពី​ក្រុងវេសាលី ទៅដោយយានដ៏ថ្លៃថ្លាទាំងអម្បាល​នោះ​ ដើម្បីជួបនឹង​ព្រះដ៏មានព្រះភាគ។ ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ខៀវ មានសម្បុរខៀវ ទ្រង់ព្រះពស្ត្រខៀវ [២] មានគ្រឿង​តែងខ្លួន​ក៏ខៀវ [៣] ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌លឿង មានសម្បុរលឿង ទ្រង់ព្រះពស្ត្រលឿង មានគ្រឿង​តែងខ្លួន​ក៏លឿង ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ក្រហម មានសម្បុរក្រហម ទ្រង់ព្រះពស្ត្រក្រហម មានគ្រឿង​តែងខ្លួន​ក៏ក្រហម ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ស មានសម្បុរស ទ្រង់​ព្រះពស្ត្រស មានគ្រឿង​តែងខ្លួន​ក៏ស។​ លំដាប់នោះ នាងអម្ពបាលី ជាស្រី​ផ្កាមាស ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ គ្រានោះ ស្តេចលិច្ឆវី​ទាំងនោះ និយាយ​នឹង​នាងអម្ពបាលី ជាស្រីផ្កាមាសថា ម្នាលមេ អម្ពបាលី ព្រោះហេតុអ្វីបានជានាង​មក​ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេច​លិច្ឆវីកំឡោះៗ។ នាងអម្ពបាលី​តបថា បពិត្រអយ្យបុត្ត​ ទាំងឡាយ ព្រោះថា ខ្ញុំបាន​និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បី​នឹងឆាន់​ក្នុងថ្ងៃស្អែក។ ស្តេច​លិច្ឆវី​ទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យ​ភត្តនេះ​មកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន​១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រ​អយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅ​ក្នុងជនបទ មកខ្ញុំ ខ្ញុំក៏​មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាម​ព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើង​ដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់​ទីដែល​ព្រះដ៏មានព្រះភាគ​គង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ កំពុង​យាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​ដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​រមិលមើល​ពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ ចូររមិលមើល​ពួកលិច្ឆវីបរិសទ្យរឿយៗចុះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រៀបធៀបពួកលិច្ឆវីបរិសទ្យ ទៅនឹងពួក​ទេវតា​ក្នុងជាន់​តាវត្តិង្សមើលចុះ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ក៏ដាក់យានទុកក្នុងទីមួយ ហើយចុះអំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ពួកស្តេច​លិច្ឆវី ដែលអង្គុយក្នុងទីសមគួរនោះឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ ឯស្តេចលិច្ឆវីទាំងនោះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ក៏ពោលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ ទទួលភត្ត​ពួកខ្ញុំព្រះអង្គ​ ក្នុងថ្ងៃស្អែក។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគត បានទទួលភត្ត​ របស់នាង​អម្ពបាលី ជាស្រីផ្កាមាស ​ក្នុងថ្ងៃ​ស្អែករួចទៅហើយ។ លំដាប់នោះ ស្តេច​លិច្ឆវី​ទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ។ លំដាប់នោះ ស្តេច​លិច្ឆវីទាំងនោះ ត្រេកអររីករាយ តាមភាសិត​របស់ព្រះដ៏​មានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ គង់ក្នុង​កោដិគ្រាម គួរតាមព្រះអធ្យាស្រ័យ ហើយយាង​ទៅកាន់នាទិកាប្រទេស។ ព្រះអង្គ ទ្រង់គង់​នៅក្នុង​រោងឥដ្ឋ ក្នុងនាទិកាប្រទេសនោះឯង។ លុះព្រលឹមឡើង នាងអម្ពបាលី ជាស្រីផ្កាមាស ក៏តាក់​តែង​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ក្នុងអារាម (ផ្ទះ) របស់ខ្លួន ហើយចាត់​បម្រើឲ្យទៅ​ក្រាប​បង្គំ​ទូលកាល​គួរ ដល់ព្រះដ៏​មានព្រះភាគថា ពេលគួរហើយព្រះអង្គ ភត្តសម្រេចហើយ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រលឹម យាងតម្រង់ទៅ​កាន់​ទីអង្គាស (ចង្ហាន់) របស់នាងអម្ពបាលី ជាស្រីផ្កាមាស លុះយាងទៅដល់ហើយ ទើបគង់លើ​អាសនៈ ដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស អង្គាស​ថ្វាយខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែព្រះដ៏​មានព្រះភាគ ទ្រង់ឈប់ទទួល សោយស្រេចហើយ លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ទើប (នាង) អង្គុយ​នៅក្នុងទី​សមគួរ។ កាលបើនាងអម្ពបាលី ជាស្រីផ្កាមាស អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យ​នេះ នឹង​ព្រះដ៏​មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​នូវអម្ពបាលិវននេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏​មានព្រះភាគ ក៏ទ្រង់ទទួលនូវ​អារាម (នោះ)។ គ្រានោះ ព្រះដ៏​មានព្រះភាគ ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យត្រេកអរ ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងទៅកាន់ព្រៃមហាវន។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលីនោះឯង។

ចប់ វារៈពោលអំពីស្តេចលិច្ឆវី។

[១២៦] សម័យនោះឯង ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញ​ក្រៃលែង អង្គុយប្រជុំគ្នា ក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរ​គុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាយជាច្រើន។ សម័យនោះ សីហសេនាបតិ ជាសាវកនិគ្រណ្ឋ ក៏អង្គុយនៅ​ក្នុងកណ្តាល​បរិសទ្យនោះដែរ។ ទើបសីហសេនាបតិ ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះ ពួកស្តេចលិច្ឆវី​ទាំងនោះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន បើដូច្នោះ មានតែអាត្មាអញ​ចូលទៅ ដើម្បី​ឃើញ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ (លងមើល)។ លំដាប់នោះ សីហសេនាបតិ ចូលសំដៅទៅត្រង់ទីដែល​និគណ្ឋនាដបុត្តនៅ លុះចូលទៅដល់ហើយ ក៏សំពះនិគណ្ឋនាដបុត្ត ហើយអង្គុយនៅក្នុងទីសមគួរ។ លុះសីហសេនាបតិ អង្គុយនៅក្នុងទីសមគួរហើយ ទើបនិយាយទៅ​នឹងនិគណ្ឋនាដបុត្តថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅឃើញ​ព្រះសមណគោតម (ម្តងមើល)។ និគណ្ឋនាដបុត្តពោលថា នែអ្នកសីហៈ អ្នកឯងជាអ្នកនិយាយ​ចំពោះកិច្ចការថា ត្រូវធ្វើ និងចូលទៅមើលសមណគោត្តម ជាអ្នកពោលពាក្យឃាត់​កិច្ចការថា មិនត្រូវ​ធ្វើដូចម្តេចបាន ម្នាលអ្នកសីហៈ ព្រោះសមណគោតម ជាអ្នកពោល​ពាក្យ​ឃាត់​កិច្ចការ ថាមិនត្រូវធ្វើ សំដែងធម៌ហាមកិច្ចការថា មិនត្រូវធ្វើ និងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើរ​របស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏​មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួក​ស្តេចលិច្ឆវី​​ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈ​ជាគំរប់ពីរដងផង។បេ។ អស់វារៈ​ជាគំរប់​បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តី​ត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួក​ស្តេចលិច្ឆវី​​​ទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លា​និគ្រណ្ឋ​ទាំង (នេះ) ទេ គួរតែចូលទៅឃើញ​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញ​ព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទី​សមគួរ ទើបចុះ​អំពីយាន ដើរទៅដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែល​ព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែន​ពោលបង្កាច់​ព្រះអង្គ ​ដោយពាក្យ​មិនពិតទេឬ ដ្បិត​ព្រះអង្គតែងពោលជាក់ច្បាស់ ​នូវធម៌ ​សមគួរ​ដល់ធម៌ ប្រសិនបើមាន​សហធម្មិកណាមួយបាននិយាយ​ត្រូវតាម​ព្រះពុទ្ធដីកាដែល​ព្រះអង្គ​បានពោល (នោះ) ក៏មិនបាន​ដល់​នូវហេតុ​ដំណេះដំនៀល​ឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើង​ខ្ញុំ​ព្រះអង្គ​មិនចង់ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ។

[១២៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើកិច្ចការ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជា​ទំនង​ គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់​ផ្តិលទេតើ សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិលនោះដែរ ដែល​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា គួរខ្ពើមរអើមនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញទេតើ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញ​នោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅទេតើ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាមនុស្សឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនមានកំណើតនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យថា មិនត្រូវធ្វើ សំដែងធម៌ ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច ម្នាលសីហៈ ដ្បិតតថាគតពោលថា មិនត្រូវធ្វើចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងពោលឃាត់​កិច្ចការថា មិនត្រូវធ្វើចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវធ្វើចំពោះតែកាយសុចរិត វចីសុចរិត មនោសុចរិត និងពោលថា ត្រូវធ្វើចំពោះតែកុសលធម៌ដែលមានប្រយោជន៍​ច្រើន​ប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណ​គោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវកាត់ផ្តាច់ផ្តិលរាគៈ ទោសៈ មោហៈ និងពោលថា ត្រូវកាត់ផ្តាច់ផ្តិលនោះ ចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យ​អ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវខ្ពើមរអើមនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតខ្ពើមចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងខ្ពើមចំពោះសេចក្តីប្រកបចិត្ត ផ្តេកផ្តិតទៅរកអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយការខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ សំដែងធម៌ចំពោះផ្លូវ​ប្រតិបត្តិ ដែលបំផ្លាញ​បង់នូវ​រាគៈ ទោសៈ មោហៈ និងសំដែងធម៌​ចំពោះផ្លូវប្រតិបត្តិ បំផ្លាញបង់នូវអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯង​ហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃសេចក្តី​ក្តៅក្រហាយ ជាអកុសលធម៌ដ៏​អាក្រក់ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែលជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​​ទៀត​ ឲ្យអស់រលីង ដូចជាដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត​តទៅខាងមុខ​ទៀត​​ហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែល​ជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯង បានលះស្រឡះហើយ បានផ្តាច់​ផ្តិល​ឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌លែងមានកំណើត​តទៅខាងមុខ​ហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថា​ចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនង​ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បី​មិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនឲ្យមាន​កំណើតនោះដែរ ដែល​គេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះកិរិយាដេកក្នុង​គភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព តទៅខាងមុខទៀត បើអ្នកណាបាន​លះស្រឡះហើយ បាន​​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​ លែងមាន​កំណើត​​តទៅខាងមុខទៀត​ហើយ តថាគត ហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលសីហៈ កិរិយា​ដេកក្នុង​គភ៌ តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត តថាគត បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែល​គេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌ លែងមានកំណើត​ តទៅខាងមុខ​ទៀតហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនឲ្យមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុងពួក សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតជាអ្នក​ទំនុកបំរុងពួក សំដែងធម៌ ដើម្បី​ទំនុកបំរុង ដោយសេចក្តីទំនុកបំរុង​ដ៏ឧត្តម ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុង​នោះដែរ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផង​ថា​ចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ។

[១២៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតិ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ គួរនាដូចជាមនុស្សចាប់បើក​របស់​ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញ​របស់ដែលគេលាក់​ បិទបាំង ពុំនោះសោត ដូចជាមនុស្សអ្នកប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា មនុស្ស​មានភ្នែក មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថា​ជាទីរឭក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់ហើយនូវ​ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកឯងចូរ​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹងមើល (នោះ) ជាកិច្ចប្រពៃ​ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ)។ សីហសេនាបតិ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ត្រេកអររីករាយ ជាច្រើនលើសជាងប្រមាណ តាមព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគនេះ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គថា ម្នាលសីហៈ ចូរអ្នកឯង​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ​របស់មនុស្ស​ជាអ្នកដឹង​ទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រព្រះអង្គដ៏ចំរើន តិរិ្ថយដទៃទាំងឡាយ បានខ្ញុំព្រះអង្គជាសាវក មុខជាគេ​នាំគ្នាលើកទង់ជុំវិញក្រុងវេសាលីទាំងអស់ រួច (គេប្រកាសសេចក្តី) ថា យើងទាំងឡាយ បានសីហសេនាបតិ​មកជាសាវកហើយ ក៏ក្នុងកាលឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ ចូរអ្នកឯងធ្វើនូវការ​គិតជញ្ជឹង​មើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់ពីរដង សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នកណា នឹងឲ្យបិណ្ឌបាត​ដល់តិរ្ថិយ​ដែលចូលមកនោះ។ សីហសេនាបតិ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ​ រីករាយ​ជាច្រើនលើសប្រមាណ តាមពុទ្ធដីកា​របស់​ព្រះដ៏​មានព្រះភាគនេះ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នក​ណា នឹងឲ្យបិណ្ឌបាត​ដល់និគ្រណ្ឋ​ ដែលចូលមកនោះវិញ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ​ស្តាប់បានហើយ ថាព្រះសមណគោតម ទ្រង់ត្រាស់នឹងខ្ញុំ​យ៉ាងនេះថា អ្នកត្រូវ​ឲ្យទាន​ដល់​តថាគតតែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកនិគ្រណ្ឋ​ដទៃទេ អ្នកត្រូវ​ឲ្យទាន​ដល់សាវក​របស់​តថាគត​តែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកសាវក​របស់ពួកនិគ្រណ្ឋ​ដទៃទេ ទានដែលអ្នកឲ្យហើយ ដល់​តថាគត ជាទានមានផលច្រើន ទានដែលអ្នកឲ្យ​ហើយ ដល់ពួកនិគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ទានដែលអ្នកឲ្យហើយ ដល់​ពួកសាវករបស់តថាគត ជាទានមានផលច្រើន ទានដែល​អ្នក​ឲ្យ​ហើយ ដល់ពួកសាវករបស់និគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ក៏ក្នុងកាលឥឡូវ​នេះ ព្រះដ៏មានព្រះភាគ បបួលខ្ញុំ​ព្រះអង្គ​ឲ្យធ្វើទាន​ដល់ពួកនិគ្រណ្ឋ (វិញ) បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែ​ខ្ញុំព្រះអង្គដឹងកាលដ៏សមគួរ​ ក្នុងការឲ្យទាននេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់បីដង សូម​ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭក ដោយ​ជីវិត តាំងអំពី​នេះទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់សីហសេនាបតិ គឺសំដែងនូវ​ទានកថា សីលកថា សគ្គកថា ទោសរបស់​កាម​ទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងការចេញបួស។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សីហសេនាបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ (សំដែង) ទុក្ខ សមុទយ និរោធ មគ្គ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ ដោយវត្ថុ​មានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយ​នោះឯងថា ធម្មជាត​ណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញជាធម្មតា ក៏មានឧបមេយ្យ​ដូច្នោះឯង។ គ្រានោះ សីហសេនាបតិ បានឃើញ​ធម៌ហើយ បានដល់​ធម៌ហើយ បានត្រាស់ដឹង​ធម៌ហើយ ឈមចុះកាន់​ធម៌ស៊ប់ហើយ កន្លងផុតសេចក្តី​សង្ស័យ​ហើយ កាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ជាអ្នកដល់នូវ​សេចក្តីក្លាហាន លែង​ជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនា​របស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ ក្នុងថ្ងៃស្អែកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយតុណ្ហីភាព។ គ្រានោះ សីហសេនាបតិ ដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​លាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ ទើបសីហសេនាបតិ បង្គាប់បុរស​ម្នាក់​ថា នែនាយ អ្នកឯង​ចូរទៅ​រកសាច់សត្វស្លាប់​ស្រាប់មក។ លុះកន្លងរាត្រីយប់នោះហើយ ទើប​សីហ​សេនាបតិ តាក់តែងខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ហើយចាត់បម្រើឲ្យទៅក្រាបទូល​នូវ​ភត្តកាល ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (កាលនេះ) ជាកាល​សមគួរហើយ ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់​បាត្រចីវរ យាងទៅកាន់​ផ្ទះសីហសេនាបតិ លុះចូល​ទៅដល់ហើយ គង់លើអាសនៈ ដែលគេ​ក្រាល​បម្រុង​ទុក ព្រមទាំងភិក្ខុសង្ឃ។ សម័យ​នោះឯង និគ្រណ្ឋទាំងឡាយច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួន ក៏នៅតែឆាន់សាច់​នោះដែរ។ គ្រានោះ មានបុរស​ម្នាក់ ចូលទៅរក​សីហ​សេនាបតិ លុះចូលទៅ​ដល់ហើយ និយាយ​ខ្សិប​ជិតត្រចៀក​សីហសេនាបតិថា បពិត្រលោក​ដ៏ចំរើន សូមលោកជ្រាបចុះ ពួកនិគ្រណ្ឋទាំងអម្បាលនេះជាច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួនហើយ ក៏នៅតែឆាន់សាច់​នោះដែរ។ សីហសេនាបតិ និយាយថា ម្នាលអ្នក ចូរ​កុំនិយាយឡើយ លោកដ៏មានអាយុទាំងអម្បាលនោះ ប្រាថ្នានឹងពោលទោសព្រះពុទ្ធ ប្រាថ្នានឹងពោលទោសព្រះធម៌ ប្រាថ្នានឹងពោលទោសព្រះសង្ឃ អស់កាល​ជាយូរមកហើយ លោកដ៏មានអាយុទាំងអម្បាលនោះ ពោលបង្កាច់​ព្រះដ៏មានព្រះភាគនោះដោយ​របស់ដែល​មិនមាន ដោយការទទេ ដោយពាក្យមុសាវាទ ដោយពាក្យមិនពិត មិនអស់​មិនហើយឡើយ ក៏​ឯការពិត (នោះ) យើងមិនក្លែងផ្តាច់​បង់ជីវិតសត្វ ព្រោះហេតុ​ជីវិត (របស់ខ្លួន) ទេ។ គ្រានោះ សីហសេនាបតិ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយ​ភោជនីយដ៏ផ្ចិតផ្ចង់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយជាស្រេច ដាក់​ព្រះហស្ថ​អំពី​បាត្រ ទើបអង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​សីហសេនាបតិ ដែលអង្គុយ​ហើយក្នុងទីសមគួរ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ យាងចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មក ហើយទ្រង់ (បញ្ញត្ត) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងថា សាច់គេធ្វើចំពោះ (ខ្លួន) កុំគប្បី​បរិភោគ ភិក្ខុណា​បរិភោគ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ត្រីនិងសាច់ ដែលបរិសុទ្ធ​ដោយបំផុត៣​យ៉ាង គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស។

[១២៩] សម័យនោះឯង ក្រុងវេសាលីមានបាយបរិបូណ៌ មានសន្ទូងល្អ មានបិណ្ឌបាត​បានស្រួល ងាយនឹងញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅបាន ដោយការស្វែងរក និងការព្យាយាម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទើបទ្រង់ត្រិះរិះ​ដោយព្រះទ័យ​យ៉ាងនេះថា ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលដែលស្រុកមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់​ខាងក្នុង (អកប្បិយកុដិ) ចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ ភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីការសម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ក្នុងវេលារសៀលហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុមក ទ្រង់​ (សួរ) ថា ម្នាលអានន្ទ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ តើភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬអ្វី។ ព្រះអានន្ទ ក្រាបបង្គំទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ភិក្ខុទាំងឡាយ នៅបរិភោគនៅឡើយ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំង​ឡាយមក ហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ឥឡូវនេះ តថាគតហាម​ខាទនីយ​ភោជនីយៈ​ទាំងនោះ តាំងពី​ថ្ងៃនេះទៅ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុកុំគប្បីបរិភោគ​នូវ​ខាទនីយភោជនីយ ជាអន្តោវុត្ថ (ទុកដាក់ខាងក្នុងអកប្បិយកុដិ) អន្តោបក្ក (ចំអិន​ខាងក្នុង​អកប្បិយកុដិ) សាមំបក្ក (ភិក្ខុចំអិនខ្លួនឯង) ឧគ្គហិតប្បដិគ្គហិត (កាន់ជាមុន ហើយទើប​ឲ្យគេ​ប្រគេន) បើភិក្ខុណាបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុឆាន់រួចហើយ ហាមភត្តហើយ កុំគប្បី​ឆាន់​អនតិរិត្តភោជន (ភោជនថ្មោង) គឺខាទនីយភោជនីយ ដែលទាយក​នាំមក​អំពីទីនោះ ភិក្ខុទទួល​ក្នុងវេលាមុនភត្ត វត្ថុ​ដែលតាំង​នៅក្នុងព្រៃ វត្ថុដែលតាំងនៅ​ក្នុងស្រះ បើភិក្ខុណា​បរិភោគ វិនយធរត្រូវ​កាត់សេចក្តីតាមអាបត្តិ។

[១៣០] សម័យនោះឯង ពួកមនុស្សអ្នកជនបទផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយបង្វិល​រទេះមកឈប់​នៅក្បែរ​ក្លោងទ្វារខាង​ក្រៅអារាម ដោយប៉ងថា យើងទាំងឡាយនឹងបាននូវលំដាប់ (ទីកន្លែង) ក្នុងកាលណា យើងនឹង​ធ្វើ​ភត្ត (ថ្វាយសង្ឃ) ក្នុងកាលនោះ។ (ចួនពេលនោះ) មហាមេឃក៏ទូទឹមឡើង។ គ្រានោះ ពួក​មនុស្ស​ទាំងអម្បាលនោះ ចូល​ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបទូល​ព្រះអានន្ទដ៏មានអាយុ ដោយពាក្យដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន មនុស្ស​អ្នកនៅ​ក្នុងជនបទ ផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះ​ច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយមកឈប់​នៅក្បែរក្លោងទ្វារនេះ ចួនពេលនោះ មហាមេឃក៏ទូទឹមឡើង បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នក​នៅក្នុងជនបទទាំងនោះ គួរប្រតិបត្តិ​ដូចម្តេចទៅ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលអានន្ទ ណ្ហើយចុះ បើសង្ឃប្រាថ្នានៅទីណា គឺជាវិហារក្តី អឌ្ឍយោគក្តី ប្រាសាទក្តី ប្រាសាទត្រងិលក្តី​ គូហាក្តី ដែលនៅ​ចុងក្រោយគេ សង្ឃចូរ​សន្មត (នូវ​ទីនោះ) ឲ្យជាកប្បិយភូមិ ហើយឲ្យអ្នក​ជនបទ​ទាំង​នោះ នៅក្នុងទីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ គឺភិក្ខុ​ជាអ្នកឆ្លាស ប្រតិពល គប្បី​ប្តឹងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ​ដល់​សង្ឃហើយ សង្ឃគប្បី​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ ការសន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ សមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីស្ងៀម បើមិនសមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីនិយាយឡើង។ សង្ឃបានសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិហើយ។ ការ​សន្មត​នេះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយ​អាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ធ្វើសំឡេងគឹកកង ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​ឲ្យនោះឯង។ ព្រះដ៏​មានព្រះភាគ ទ្រង់តើនឡើងក្នុងវេលា​បច្ចូសសម័យ​នៃរាត្រី បានឮសំឡេង​គឹកកងខ្លាំង ខ្ញៀវខ្ញារ លុះឮហើយ ទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកសួរថា ម្នាល​អានន្ទ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​នោះឯង បពិត្រព្រះដ៏មានព្រះភាគ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ ជាសំឡេងនុ៎ះឯង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនគួរ​ប្រើប្រាស់​នូវ​កប្បិយភូមិ ដែលសង្ឃសន្មតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​កប្បិយភូមិបីយ៉ាង គឺឧស្សាវនន្តិកា​១ គោនិសាទិកា