វិន័យបិដក

ភាគមុន | | | | | ៥ | | | … |១៣| ភាគបន្ទាប់

មហាវិភង្គ|ភិក្ខុនីវិភង្គ|មហាវគ្គ|ចុល្លវគ្គ|បរិវារៈ

ភិក្ខុនីវិភង្គ

ភាគ ៥

សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

បារាជិក ទី១

[១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់សម្រេចឥរិយាបថនៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរ​ក្រុង​សាវត្ថី។ សម័យនោះឯង មាន​បុរស​ម្នាក់​ឈ្មោះ​សាឡ្ហ ជាចៅនៃ​មិគារមាតាមានសេចក្តីប្រាថ្នានឹងសាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ។ ទើប​សាឡ្ហ ជាចៅ​មិគារមាតា (នោះ) ចូលទៅ​​រកភិក្ខុនី​ទាំង​ឡាយ ហើយនិយាយ​ពាក្យនេះថា បពិត្រលោកម្ចាស់ ខ្ញុំប្រាថ្នា​នឹង​សាងវិហារ (ប្រគេន) ភិក្ខុនីសង្ឃ សូម​លោកម្ចាស់​ទាំងឡាយ ចាត់ភិក្ខុនី​​ដែលជា​​អ្នកចេះ​ត្រួតត្រា​​នវកម្ម​ឲ្យខ្ញុំ។ សម័យនោះឯង មានស្រីជាបងប្អូនគ្នា៤នាក់ ឈ្មោះ នន្ទា១ នន្ទវតី១ សុន្ទរីនន្ទា១ ថុល្លនន្ទា១ បានមកបួសក្នុងសំណាក់ពួកភិក្ខុនី។ បណ្តា​ភិក្ខុនី​ទាំងនោះ សុន្ទរីនន្ទាភិក្ខុនី បួសតាំងអំពីក្មេង ជាភិក្ខុនីមានរូបល្អល្អះ គួរគយគន់មើល គួរជាទីជ្រះថ្លា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញាឆ្លៀវឆ្លាស ឥតមាន​សេចក្តី​ខ្ជិលច្រអូស ប្រកបដោយយោបល់ជាគ្រឿងយល់ក្នុងកិច្ចនោះៗ អាចធ្វើ និងអាចចាត់ចែង (នូវនវកម្ម)បាន។ ទើបភិក្ខុនី​សង្ឃ​សន្មត​សុន្ទរីនន្ទា​ភិក្ខុនី​ឲ្យជា​អ្នកត្រួត​ត្រា​នវកម្ម ដល់សាឡ្ហជាចៅមិគារមាតា។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីតែងដើរទៅកាន់លំនៅរបស់សាឡ្ហជាចៅមិគារមាតាញយៗ តែងនិយាយថា ចូរអ្នក​ឲ្យ​កាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក (ដល់អាត្មា)។ ឯសាឡ្ហជាចៅមិគារមាតា ក៏តែងទៅកាន់លំនៅរបស់ភិក្ខុនីជាញឹកញយ ដើម្បី​ដឹងការងារ​ដែល​ធ្វើរួច​ហើយ និងមិនទាន់ធ្វើ។ ជនទាំងពីរនោះ ជាមនុស្សមានចិត្តប្រតិព័ទ្ធ(នឹងគ្នា) ដោយសារឃើញគ្នារឿយៗ។ ឯសាឡ្ហជាចៅមិគារមាតា មិនមាន​ឱកាស​ដើម្បី​ធ្វើ​សេវនកិច្ច​នឹង​សុន្ទរីនន្ទា​ភិក្ខុនីបាន ហើយក៏ធ្វើភត្ត (ប្រគេន) ភិក្ខុនីសង្ឃ ដើម្បីត្រូវការសុន្ទរីនន្ទាភិក្ខុនីនុ៎ះឯង។ ក្នុងវេលាដែលសាឡ្ហជាចៅមិគារមាតា វៀប​នឹង​ក្រាល​អាសនៈ​ក្នុងរោងឆាន់ ក៏ក្រាលអាសនៈខាងម្ខាង (ដើម្បីភិក្ខុនីចាស់ៗ) ដោយគិតថា ពួកភិក្ខុនីប៉ុណ្ណេះរូបចាស់ជាងសុន្ទរីនន្ទាជាម្ចាស់ ហើយក៏ក្រាល​អាសនៈ​ខាង​​ម្ខាង​ (ទៀតដើម្បី​ភិក្ខុនីក្មេងៗ) ដោយគិតថា ពួកភិក្ខុនីប៉ុណ្ណេះរូបក្មេងជាងសុន្ទរីនន្ទាជាម្ចាស់ ទើបក្រាល​អាសនៈសម្រាប់​សុន្ទរីនន្ទាភិក្ខុនី​ក្នុងឱកាស​កំបាំង​ភ្នែក ត្រង់កៀនជញ្ជាំង ធ្វើឲ្យពួកភិក្ខុនីចាស់ៗដឹងថា សុន្ទរីនន្ទាភិក្ខុនីអង្គុយជិតពួកភិក្ខុនីក្មេងៗ ធ្វើឲ្យពួកភិក្ខុនីក្មេងៗដឹងថា សុន្ទរីនន្ទា​ភិក្ខុនី​អង្គុយ​ជិតភិក្ខុនី​ចាស់ៗ។ ទើបសាឡ្ហជាចៅមិគារមាតាប្រើមនុស្សឲ្យទៅទូលភត្តកាលដល់ភិក្ខុនីសង្ឃថា បពិត្រលោកម្ចាស់ កាលគួរហើយ ភត្តសម្រេចហើយ។ សុន្ទរីនន្ទា​ភិក្ខុនី​កំណត់ (ក្នុងចិត្ត) ថា សាឡ្ហជាចៅមិគារមាតាធ្វើភត្តដល់ភិក្ខុនីសង្ឃ មិនមែនធ្វើដោយការរាប់អានច្រើនប៉ុន្មានទេ គាត់ប្រាថ្នាតែនឹងប្រទុស្តដល់អញ បើប្រសិន​ជា​អញ​ទៅ សំឡេងឆោឡោ (វឹកវរ) មុខជានឹងមានដល់អញ (មិនខាន) គិតហើយ ក៏បង្គាប់ភិក្ខុនីជាសិស្សថា លោកចូរទៅចុះ ចូរនាំយកចង្ហាន់ (មកឲ្យ)ខ្ញុំផង ម្យ៉ាង​ទៀត បើមានអ្នកណាសួររកខ្ញុំ ចូរប្រាប់គេថា ខ្ញុំឈឺ។ ឯភិក្ខុនីនោះ បានស្តាប់ពាក្យសុន្ទរីនន្ទាភិក្ខុនីហើយ ក៏ទទួលពាក្យថា ករុណាលោកម្ចាស់។ សម័យនោះឯង សាឡ្ហ​ជាចៅ​មិគារមាតាឈរនៅខាងក្រៅខ្លោងទ្វារ ហើយសួររកសុន្ទរីនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ឈ្មោះសុន្ទរីនន្ទាទៅឯណា បពិត្រលោកម្ចាស់ លោកម្ចាស់​ឈ្មោះសុទ្ទរីនន្ទាទៅឯណា។ កាលសាឡ្ហ ជាចៅមិគារមាតានិយាយយ៉ាងនេះហើយ ភិក្ខុនីជាសិស្សរបស់​សុន្ទរីនន្ទាភិក្ខុនី​ ក៏និយាយ​ពាក្យនេះ នឹង​សាឡ្ហ​ជាចៅ​មិគារមាតាថា ម្នាលអ្នកដ៏មានអាយុ សុន្ទរីនន្ទាភិក្ខុនីឈឺ អាត្មាឯងនឹងនាំយកចង្ហាន់ទៅ (ប្រគេនលោក)។ លំដាប់នោះ សាឡ្ហជា​ចៅមិគារមាតា​គិត​ថា អញបានធ្វើភត្តណា (ប្រគេន) ភិក្ខុនីសង្ឃ ភត្តនោះ អញធ្វើព្រោះហេតុតែសុន្ទរីនន្ទាជាម្ចាស់ (ទេតើ) គិតហើយ ក៏បង្គាប់ពួកមនុស្សថា អ្នកទាំង​ឡាយ ​ចូរ​អង្គាស​ភត្ត (ប្រគេន) ភិក្ខុនីសង្ឃចុះ ថាហើយ ក៏ដើរទៅកាន់លំនៅរបស់ភិក្ខុនី។ លំដាប់នោះឯង សុន្ទរីនន្ទាភិក្ខុនីឈរខាងក្រៅខ្លោងទ្វារអារាម គយគន់​មើល​សាឡ្ហជា​ចៅ​មិគារមាតា។ សុន្ទរីនន្ទាភិក្ខុនីបានឃើញសាឡ្ហជាចៅមិគារមាតាដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ស្ទុះចូលទៅកាន់លំនៅ ហើយដេកលើគ្រែ ទទូរ​សម្ពត់​រហូត​ដល់​ក្បាល។ លំដាប់នោះ សាឡ្ហជាចៅមិគារមាតាក៏ចូលសំដៅទៅរកសុន្ទរីនន្ទាភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងសុន្ទរីនន្ទាភិក្ខុនីថា បពិត្រ​លោកម្ចាស់ លោកម្ចាស់មិនសូវសប្បាយឬ ហេតុដូចម្តេចបានជាសិង។ ឯសុន្ទរីនន្ទាភិក្ខុនីឆ្លើយតបថា ម្នាលអ្នកដ៏មានអាយុ ស្រីណាប្រាថ្នាគេ ៗមិនប្រាថ្នា​វិញ ហេតុនេះបានជាយ៉ាងនុ៎ះឯង។ សាឡ្ហជាចៅមិគារមាតាជាបុរសមានតម្រេក ក៏និយាយតបថា បពិត្រលោកម្ចាស់ ខ្ញុំមិនមែនមិនប្រាថ្នាលោកម្ចាស់ទេ តែថា ខ្ញុំមិនបាន​ឱកាស​នឹងធ្វើសេវនកិច្ចនឹងលោកម្ចាស់ (ទេតើ) ថាហើយ ក៏លូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនី ដែលជាស្រីមានតម្រេកដែរ។ សម័យនោះឯង មាន​ភិក្ខុនី​មួយរូប ជាភិក្ខុនីមានកំឡាំងថយ ព្រោះជរា ឈឺជើង សិងជិតសុន្ទរីនន្ទាភិក្ខុនី។ ឯភិក្ខុនីចាស់នោះ បានឃើញ​ពិតនូវសាឡ្ហ​ជាចៅមិគារមាតា ដែល​មាន​តម្រេក កំពុងតែលូកចាប់ពាល់កាយសុន្ទរីនន្ទាភិក្ខុនីដែលមានតម្រេកដែរ លុះឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទា​ជាម្ចាស់​មាន​តម្រេក មិនគួរនឹងត្រេកអរ ឲ្យបុរសបុគ្គលដែលមានតម្រេកមកចាប់ពាល់កាយខ្លួនសោះ។ ទើបភិក្ខុនីចាស់នោះ ដំណាលរឿងនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួក​ភិក្ខុនី​ណា ដែលមានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស ប្រាថ្នាក្នុងសិក្ខា ពួកភិក្ខុនីអម្បាលនោះ ក៏ពោលទោស តិះ​ដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាជាម្ចាស់មានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយខ្លួនទេ។ ទើបភិក្ខុនី​អម្បាល​នោះ ដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សុន្ទរីនន្ទាភិក្ខុនីមានតម្រេក មិនគួរ​នឹងត្រេកអរ​នឹងឲ្យ​បុរស​បុគ្គល ដែលមានតម្រេក ស្ទាបអង្អែលកាយខ្លួនសោះ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើប​ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាសុន្ទរីនន្ទាភិក្ខុនីមានតម្រេក ហើយ​ត្រេកអរ​នឹងបុរស​បុគ្គល ដែលមានតម្រេក មកស្ទាបអង្អែលកាយ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនៃសុន្ទរីនន្ទាភិក្ខុនីនេះ មិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បីធ្វើ មិនគួរធ្វើទេ ម្នាលភិក្ខុទាំងឡាយ សុន្ទរីនន្ទា​ភិក្ខុនីមានតម្រេក មិនគួរនឹងត្រេកអរឲ្យបុរសបុគ្គលដែលមានតម្រេក ស្ទាបអង្អែលកាយ (ដូច្នេះ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ ច្បាស់​ជានាំ​បណ្តាល​ឲ្យមនុស្ស​ពួកខ្លះ​ដែល​មិន​ទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លា និងនាំបណ្តាលមនុស្សពួកខ្លះដែលជ្រះថ្លាហើយ ឲ្យត្រឡប់ជារាយមាយចិត្តបាត់ជ្រះថ្លាទៅវិញ។ គ្រានោះ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់តិះដៀលសុន្ទរីនន្ទាភិក្ខុនីដោយអនេកបរិយាយ ហើយទ្រង់សំដែងទោសនៃបុគ្គលមានសភាពដែលគេចិញ្ចឹមបានដោយកម្រ រក្សាដោយកម្រ មាន​សេចក្តី​ប្រាថ្នា​ច្រើន មិនសន្តោស ច្រឡូកច្រឡំដោយពួកគណៈ និងសេចក្តីខ្ជិលច្រអូស ហើយទ្រង់សំដែងសរសើរគុណនៃបុគ្គលមានសភាពដែលគេចិញ្ចឹមងាយ រក្សា​ងាយ មានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស តែងដុសខាត់ចិត្ត កំចាត់បង់នូវកិលេស មានសេចក្តីជ្រះថ្លា មិនសន្សំនូវកិលេសវដ្ត និងមាន​សេចក្តី​ប្រារព្ធ​ព្យាយាម ដោយអនេកបរិយាយ ហើយទ្រង់សំដែងធម្មីកថាដ៏ល្មមសមគួរដល់ការបញ្ញត្តិសិក្ខាបទនោះៗ ចំពោះពួកភិក្ខុ ហើយ​ទើបត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ពួកភិក្ខុនី ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺ ដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បី​ការ​ស្រួល​ដល់សង្ឃ១ ដើម្បីញំាញីពួកភិក្ខុនីដែលទ្រុស្តសីល១ ដើម្បីនៅជាសុខដល់ពួកភិក្ខុនីដែលមានសីលជាទីស្រឡាញ់១ ដើម្បីឃាត់​នូវអាសវធម៌​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន១ ដើម្បីឃាត់នូវអាសវធម៌ទាំងឡាយក្នុងបរលោក១ ដើម្បីញុំាងពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា១ ដើម្បីញុំាងពួកជនដែលជ្រះថ្លាហើយ ឲ្យរឹត​តែជ្រះថ្លា​ឡើង១ ដើម្បីញុំាងព្រះសទ្ធម្មឲ្យស្ថិតស្ថេរ១ ដើម្បីអនុគ្រោះដល់ព្រះវិន័យ (បួនយ៉ាង មានសំវរវិន័យជាដើម)១ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី​ត្រូវសំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយមានតម្រេក ហើយត្រេកអរនឹងការស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោមតាំងពីដងកាំបិតចុះមក ខាង​លើតាំងពីមណ្ឌលជង្គង់ឡើងទៅ នៃបុរសបុគ្គលដែលមានតម្រេក ភិក្ខុនីនេះ ត្រូវអាបត្តិបារាជិក ឈ្មោះឧព្ភជានុមណ្ឌលិក (ព្រោះឲ្យបុរសស្ទាបសរីរប្រទេស ខាង​លើតាំងពីមណ្ឌលជង្គង់ឡើងទៅ) ជាស្រីមិនមានសំវាស។

[២] ត្រង់ពាក្យថា ណាមួយ អធិប្បាយថា (ភិក្ខុនី)​ណាមួយ ទោះចាស់ក្តី ក្មេងក្តី កណ្តាល​ក្តី ដែលប្រកប​កម្មយ៉ាងណា មានជាតិ​យ៉ាងណា មានឈ្មោះ​យ៉ាងណា មានគោត្រ​យ៉ាងណា មានសីលយ៉ាងណា មានធម៌ជា​គ្រឿង​នៅយ៉ាងណា មានគោចរយ៉ាងណា ភិក្ខុនីនោះ ហៅថា ណាមួយ។ ពាក្យថា ភិក្ខុនី សេចក្តីថា ដែលហៅថា ភិក្ខុនី ព្រោះ​ជាអ្នកសូម ហៅថា ភិក្ខុនី ព្រោះ​ជាអ្នក​ចូលទៅ​អាស្រ័យ​នឹងការ​ត្រេច​ទៅដើម្បីសូម ហៅថាភិក្ខុនី ព្រោះទ្រទ្រង់​នូវសំពត់​ដែល​កាត់ដាច់ ហៅថាភិក្ខុនី ព្រោះមាន​សភាព​ជាសមណី ហៅថាភិក្ខុនី ព្រោះបាន​ប្តេជ្ញា​ខ្លួន (​ថាជា​អ្នកបួស) ហៅថាភិក្ខុនី ព្រោះសម្រេច​ជា​ឯហិភិក្ខុនី ហៅថាភិក្ខុនី ព្រោះ​ឧបសម្បទា​ដោយ​ត្រៃសរណគមន៍ ហៅថាភិក្ខុនី ព្រោះជាស្រី​ចំរើន ហៅថាភិក្ខុនី ព្រោះមាន​ធម៌​ជាខ្លឹម ហៅថា ភិក្ខុនី ព្រោះ​ជាអ្នកសិក្សា ហៅថាភិក្ខុនី ព្រោះ​មិនបាច់​សិក្សា ហៅថាភិក្ខុនី​ ព្រោះឧភតោសង្ឃ​ ដ៏ព្រមព្រៀងគ្នា ឲ្យឧបសម្បទាដោយ​ញត្តិចតុត្ថកម្មវាចា​ដ៏សមគួរ​ដល់ហេតុ ឥតមានកម្រើក (អន្តរាយ) បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនី​ណាដែលឧភតោសង្ឃ​ព្រមព្រៀង​គ្នាឲ្យ​ឧបសម្បទា​ដោយញត្តិចតុត្ថកម្មវាចា សមគួរដល់​ហេតុឥតមាន​កម្រើក (អន្តរាយ) ភិក្ខុនីនេះ តថាគតហៅថា ភិក្ខុនី​ក្នុងសេចក្តី​នេះ។ ភិក្ខុនី​មាន​សេចក្តី​ត្រេកអរព្រម លបសំឡឹងមើល មានចិត្ត​ប្រតិព័ទ្ធ ហៅថា​មានតម្រេក។ បុរស​​ មាន​សេចក្តី​ត្រេកអរព្រម លបសំឡឹងមើល មានចិត្ត​ប្រតិព័ទ្ធ ហៅថា​បុរសមានតម្រេក។ មនុស្សប្រុស​ដែល​ដឹងក្តី អាចដើម្បី​លូកស្ទាប​អង្អែល​កាយបាន មិនមែនយក្ស មិនមែនប្រេត មិនមែន​តិរច្ឆាន ហៅថា បុរស​បុគ្គល។ ពាក្យថា ខាងក្រោម តាំងពី​ដងកាំបិត​ចុះមក គឺអវយវៈ​ជាខាងក្រោម​នៃដង​កាំបិត។ ពាក្យថា ខាងលើ តាំងពី​មណ្ឌល​ជង្គង់ឡើងទៅ គឺ​អវយវៈ​ជាខាងលើ​មណ្ឌល​នៃជង្គង់។ ដែលហៅ​ថាស្ទាប គឺគ្រាន់តែ​ប៉ះពាល់។ ដែលហៅថា​អង្អែល គឺបបោស​អង្អែល​ខាងនេះផង ខាងនោះផង។ ដែលហៅថា កាន់ គឺគ្រាន់តែចាប់។ ដែលហៅថា ពាល់ គឺគ្រាន់តែ​ប៉ះត្រូវ។ ពាក្យថា ត្រេកអរ​នឹង​ការ​ឱបរឹត គឺភិក្ខុនីត្រេកអរ​នឹងការចាប់​ខ្លួន​ឱបរឹត។ ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ប្រៀបផ្ទឹម​គ្នានឹង​ពួក​ភិក្ខុនី​មានហើយ​ក្នុងកាលមុន។ ពាក្យថា ត្រូវអាបត្តិ​បារាជិក អធិប្បាយថា បុរស​ដែលដាច់​ក្បាល មិនអាច​ដើម្បីរស់​នៅ ដោយការតភ្ជាប់​សរីរ​នោះវិញ យ៉ាងណាមិញ ភិក្ខុនី​ដែល​មាន​តម្រេក កាលបើចូលចិត្ត​នឹងស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោម​តាំងពី​ដងកាំបិត​ចុះមក ខាងលើ​តាំងពី​មណ្ឌល​នៃជង្គង់​ឡើងទៅ នៃបុរស​បុគ្គល​ដែលមាន​តម្រេកដែរ ក៏​មិនមែន​ជាសមណី មិនមែន​ជា​សក្យធីតាឡើយ ភិក្ខុនីនោះ តថាគត​ហៅថា ត្រូវអាបត្តិ​បារាជិក ដោយហេតុ​នោះឯង។ ពាក្យថា ជាស្រី​មិនមាន​សំវាស សេចក្តីថា ដែលហៅថា​សំវាស (នោះ) គឺ​សង្ឃកម្ម​ជាមួយគ្នា ឧទ្ទេស​ជាមួយគ្នា សភាព​ជាបុគ្គល​មានសិក្ខា​ស្មើគ្នា នេះហៅថាសំវាស សំវាស​នោះ មិនមាន​មួយអន្លើ​ដោយភិក្ខុនី​នោះទេ ព្រោះហេតុ​ដូច្នោះ ទើបតថាគត​ហៅថា ជាស្រី​មិនមាន​សំវាស (គឺ​មិន​មានកិរិយា​រួបរួម​ជាមួយ​នឹងសង្ឃ)។

[៣] កាលបើជនទាំងពីរ(គឺភិក្ខុនី និងបុរស) មានតម្រេកដូចគ្នា ហើយភិក្ខុនី ឬបុរស​ស្ទាប​កាយ ដោយកាយ ខាងក្រោម​តាំងពីដងកាំបិត​ចុះមក ខាងលើ​តាំង​ពី​មណ្ឌល​នៃជង្គង់​ឡើងទៅ (ភិក្ខុនី)​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់នឹង​កាយដោយកាយ (ភិក្ខុនី)​ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី ឬបុរស​ស្ទាបកាយដោយ​វត្ថុដែល​ជាប់នឹង​កាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែល​ជាប់​នឹង​កាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល (ភិក្ខុនី) ត្រូវ​អាបត្តិ​ទុក្កដ។

[៤] ភិក្ខុនី ឬបុរសស្ទាបកាយដោយកាយ ខាងលើតាំងពីដងកាំបិតឡើងទៅ ខាងក្រោមតាំងពីមណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិថុល្លច្ច័យ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល (ភិក្ខុនី) ត្រូវ​អាបត្តិទុក្កដ។

[៥] កាលបើមានតម្រេកតែម្ខាង (គឺតែភិក្ខុនីម្ខាង) ហើយភិក្ខុនី​ ឬបុរសស្ទាប​កាយ​ដោយ​កាយ ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះទៅ ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងមក (ភិក្ខុនី) ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់នឹង​កាយដោយកាយ ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ​ដោយ​វត្ថុ​ដែលជាប់​នឹងកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី ឬ​បុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[៦] ភិក្ខុនី ឬបុរស​ស្ទាបកាយដោយកាយ ខាងលើ​ តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​តាំងពី​មណ្ឌលនៃជង្គង់ចុះមក (ភិក្ខុនី) ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី ឬបុរស​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[៧] កាលបើជន​ទាំងពីរខាង (គឺ​​ភិក្ខុនី និងយក្សជាដើម) មានតម្រេក​ដូចគ្នា ហើយភិក្ខុនី​ ស្ទាប​កាយ ​ដោយ​កាយ ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះមក ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងទៅ របស់យក្សក្តី ប្រេតក្តី ខ្ទើយក្តី តិរច្ឆាន​ដែលមាន​រាង​កាយដូច​មនុស្សក្តី ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី​​ស្ទាបវត្ថុដែល​ជាប់នឹង​កាយ ដោយកាយ ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីស្ទាបកាយ​ដោយ​វត្ថុ​ដែលជាប់​នឹងកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​​ស្ទាបវត្ថុ​ដែលជាប់​នឹង​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬ​សម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[៨] ភិក្ខុនីស្ទាបកាយដោយកាយ ខាងលើ ​តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​ តាំងពី​មណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[៩] កាលបើមានតម្រេក​តែម្ខាង (គឺខាង​​ភិក្ខុនីតែម្ខាង) ហើយភិក្ខុនី​​ស្ទាប​កាយ​(របស់​យក្ស​ជាដើម) ​ដោយ​កាយរបស់ខ្លួន ខាង​ក្រោម​ តាំងពី​ដងកាំបិត​ចុះមក ខាងលើ​ តាំងពី​មណ្ឌល​នៃ​ជង្គង់​ឡើងទៅ (ភិក្ខុនី) ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ​ដោយកាយ ​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​​ស្ទាប​កាយ ដោយវត្ថុ​ដែលជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុ​ដែល​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែល​សម្រាប់​បោះ ឬ​សម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​សម្រាប់បោះ ឬសម្រាប់​ចោល ដោយវត្ថុដែល​សម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិ​ទុក្កដ។

[១០] ភិក្ខុនីស្ទាបកាយ ដោយកាយ ខាងលើ ​តាំងពីដងកាំបិត​ឡើងទៅ ខាងក្រោម​ តាំងពី​មណ្ឌលនៃជង្គង់ចុះមក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីស្ទាបវត្ថុដែល​ជាប់​នឹងកាយ ដោយកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយវត្ថុដែលជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុ​ដែល​​ជាប់​នឹងកាយ ដោយវត្ថុដែល​ជាប់​នឹងកាយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបកាយ ដោយ​វត្ថុ​ដែល​​សម្រាប់បោះ​ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលជាប់​នឹងកាយ ដោយវត្ថុ​ដែលសម្រាប់បោះ ឬសម្រាប់ចោល ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ស្ទាបវត្ថុដែលសម្រាប់បោះ ឬសម្រាប់​ចោល ដោយវត្ថុ​ដែលសម្រាប់​បោះ ឬសម្រាប់​ចោល ត្រូវ​អាបត្តិទុក្កដ។

[១១] វារៈ​ដែល​មិនត្រូវអាបត្តិ (ក្នុងសិក្ខាបទ​នេះមាន​៨យ៉ាង) គឺ ភិក្ខុនី​មិនក្លែង១ មិនមាន​ស្មារតី១ មិនដឹងខ្លួន១ មិនត្រេកអរ១ ឆ្កួត១ មានចិត្តរវើរវាយ១ វេទនា​គ្របសង្កត់១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

បារាជិកទី១ ចប់។

បារាជិកទី២

[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធ​ដ៏មានជោគ គង់នៅ​វត្តជេតវន​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានគភ៌​ដោយសាឡ្ហ​ជា​ចៅ​មិគារមាតា។ កាល​គភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន។ លុះគភ៌​(នោះ)​ចាស់​(ជិត​គ្រប់​ខែ) ភិក្ខុនី​នោះក៏សឹកទៅ ហើយ​សម្រាលកូន។ ភិក្ខុនី​ទាំងឡាយ​បាន​​និយាយ​ពាក្យ​នេះ​នឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ សុន្ទរីនន្ទា​សឹក​ទៅមិនទាន់បាន​យូរប៉ុន្មាន​ក៏សម្រាល (កូន​ភ្លាម)​ សុន្ទរីនន្ទា​នោះ មានគភ៌​តាំងអំពី​នៅជាភិក្ខុនី​នៅឡើយ​ទេឬ។ ថុល្លនន្ទាភិក្ខុនី​​ឆ្លើយ​តប​ថា យ៉ាង​ហ្នឹង​ហើយ លោក​​ម្ចាស់។ ពួក​ភិក្ខុនី​អម្បាល​នោះ ក៏​និយាយ​ថា បពិត្រ​លោក​ម្ចាស់ (បើ) លោក​ម្ចាស់​ដឹង​ថា ភិក្ខុនី​ត្រូវ​​អាបត្តិបារាជិកហើយ ចុះ​​ហេតុ​​ដូចម្តេច​​បាន​ជា​លោកម្ចាស់​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់​ដល់ពួក​គណៈ។ ឯថុល្លនន្ទា​ភិក្ខុនី​​ក៏និយាយ​ថា ទោសណា​​ដែល​កើត​ឡើងដល់​សុន្ទរីនន្ទា​នុ៎ះ ទោស​នោះ​នឹង​មាន​ដល់​ខ្ញុំ កេរ្តិ៍អាក្រក់​ណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​​​នោះ កេរ្តិ៍​អាក្រក់​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​អាប់យស ណា ​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​​នុ៎ះ ​សេចក្តី​អាប់​យស​នោះ​នឹង​មាន​ដល់​ខ្ញុំ សេចក្តី​សូន្យ​លាភ​ណា​ដែល​កើត​ឡើង​ដល់​សុន្ទរីនន្ទា​នុ៎ះ សេចក្តី​​សូន្យ​​លាភ​​នោះ​​នឹង​​មាន​​ដល់​ខ្ញុំ (មិន​ខាន) បពិត្រ​លោក​ម្ចាស់ (បើ​ដូច្នេះ) ខ្ញុំ​នឹង​ប្រាប់​ទោស​របស់​ខ្លួន កេរ្តិ៍​អាក្រក់​របស់​ខ្លួន សេចក្តី​អាប់យស​​របស់​​ខ្លួន​​ សេចក្តី​សូន្យ​លាភ​របស់​ខ្លួន​ដល់​ពួក​ជន​ដទៃ​ដូច​ម្តេច​បាន។ ពួក​ភិក្ខុនី​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួក​​ភិក្ខុនី​អម្បាល​​នោះ ​ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ថុល្លនន្ទា​ជា​ម្ចាស់​ ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​គួរ​នឹង​មិន​ចោទ​ដោយ​ខ្លួន​ឯង និងមិន​ប្រាប់​ដល់​ពួក​គណៈ​សោះ។ លំដាប់​នោះ​ ពួក​ភិក្ខុនី​អម្បាល​នោះ ដំណាល​​រឿង​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក៏​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រោះ​រឿង​នេះ ដំណើរ​​នេះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ​ត្រាស់​ប្រជុំ​ភិក្ខុ​សង្ឃ​ ទ្រង់​សំដែង​ធម្មីកថា ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​ចោទ​ដោយ​ខ្លួន​ឯង និង មិន​​ប្រាប់​​ដល់​​ពួក​គណៈ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូម​ទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះ​សម្ពុទ្ធ​​ដ៏​​មាន​​ព្រះភាគ ​​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ដឹង​ថា ភិក្ខុនី​ត្រូវ​អាបត្តិបារាជិកហើយ មិន​​គួរ​​នឹង​​មិន​​ចោទ​​ដោយ​​ខ្លួន​ឯង និងមិន​ប្រាប់​ដល់​ពួកគណៈ​ទេ នែ​ភិក្ខុ​ទាំងឡាយ​ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិន​ទាន់​ជ្រះថ្លា និង​មិន​​មែន​នាំ​​ឲ្យ​រឹតតែ​ជ្រះ​ថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​នោះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​​នេះ​​ច្បាស់​​ជា​​នាំ​​បណ្តាល​ឲ្យ​​មនុស្ស​​ពួក​​ខ្លះ​​ដែល​មិន​​ទាន់​​ជ្រះ​ថ្លា​ឲ្យ​ខាន​ជ្រះថ្លា និង​នាំ​បណ្តាល​ពួក​មនុស្ស​ខ្លះ​ដែល​ជ្រះ​ថ្លា​ហើយ​ឲ្យ​ត្រឡប់​ជា​ទាស់​ចិត្ត​បាត់​ជ្រះថ្លា​ទៅ​វិញ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ដឹងថា ភិក្ខុនីផង​គ្នាត្រូវ​​អាបត្តិ​បារាជិក ហើយ​មិន​ចោទ​ដោយខ្លួន​ឯង និងមិន​ប្រាប់ដល់​ពួកគណៈ កាលណា​បើភិក្ខុនីនោះ​ស្ថិតនៅក្តី ច្យុត​ហើយ​ក្តី វិនាស​ហើយក្តី ចៀស​ទៅ​កាន់លទ្ធិ​ដទៃហើយ​ក្តី ទោះភិក្ខុនី​ដែលដឹង​រឿងនោះ និយាយ​យ៉ាងនេះ​ក្នុងកាលជា​ខាងក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំ​បាន​ដឹង (រឿង) ភិក្ខុនី​នោះថា នាងនោះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចោទ​ចំពោះ​ខ្លួន​ឯង និងមិន​បានប្រាប់​ដល់ពួក​គណៈទេ ដូច្នេះ​ភិក្ខុនីនេះ ក៏ត្រូវ​អាបត្តិបារាជិក ឈ្មោះ​វជ្ជបដិច្ឆាទិក (ព្រោះ​ជួយ​បិទ​បាំង​ទោសគេ) ជាស្រី​មិនមាន​សំវាស។

[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ​នេះ។ ដែលហៅថា​ដឹង គឺ​ភិក្ខុនី​ដឹង​ខ្លួនឯងក្តី មានពួក​អ្នកដទៃ​មកប្រាប់​ដល់ភិក្ខុនី​នោះក្តី ភិក្ខុនី​ដែលត្រូវ​បារាជិក​នោះប្រាប់​ក្តី។ ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា បណ្តាបារាជិក​ទាំង៨ (ដឹងថា) ត្រូវបារាជិក​ណាមួយ។ ពាក្យថា មិនចោទ​ដោយខ្លួន​ឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹង​ខ្លួន​ឯង។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់​ដល់ពួក​ភិក្ខុនីឯទឿត។

[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅ​ បានដល់​ភិក្ខុនី​ស្ថិត​នៅក្នុងភេទ​នៃ​ខ្លួន​ដដែល។ ដែលហៅថា ច្យុត គឺធ្វើ​កាលកិរិយា​ស្លាប់ទៅ​ហើយ។ សឹកខ្លួន​ឯងក្តី ពួកភិក្ខុនី​ឯទៀតឲ្យ​វិនាសក្តី ហៅថា វិនាស​​ហើយ។ ចៀស​ទៅកាន់​លទ្ធិតិរ្ថិយ ហៅថា ចៀស​ទៅកាន់​លទ្ធិដទៃ។

[១៥] ត្រង់ពាក្យថា ទោះភិក្ខុនី​ដែលដឹង​រឿងនោះ​និយាយ​យ៉ាងនេះ​ក្នុងកាល​ជាខាង​ក្រោយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនី​នោះថា នាងនេះ​មានសភាព​យ៉ាងនេះ​មួយ យ៉ាងនេះ​មួយ ក្នុងកាល​មុនដែរ ប៉ុន្តែ​ខ្ញុំមិនបាន​ចោទ​ចំពោះខ្លួន​ឯង សេចក្តី​ថា ខ្ញុំមិន​បានប្តឹង (ជំនុំ​សង្ឃ) នឹង​ខ្លួនឯង។ ពាក្យថា ខ្ញុំមិនបាន​ប្រាប់ដល់​ពួកគណៈ អធិប្បាយថា ខ្ញុំ​មិន​ប្រាប់​​ដល់​ពួក​ភិក្ខុនី​ដទៃ​ឡើយ។

[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងពួកភិក្ខុនី​ដែលត្រូវ​អាបត្តិ​​បារាជិក​មុនៗ។ ពាក្យ​ថា ត្រូវ​អាបត្តិបារាជិក អធិប្បាយថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះផុត​អំពីទង​ហើយ មិនគួរ​លូតលាស់​ឡើងវិញ​បាន មានគួរនា​​យ៉ាងណា​មិញ ភិក្ខុនី​ដែលដឹង​ថា ភិក្ខុនី​ផងគ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ គ្រាន់តែដាក់​ធុរៈ​ថា អញ​មិន​​ចោទ​ចំពោះ​​ខ្លួន​ឯង អញ​មិនប្រាប់​ដល់ពួក​គណៈ​ដូច្នេះ ក៏មិនមែន​ជា​សមណី មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ឡើយ ព្រោះ​ហេតុ​នោះ ភិក្ខុនីនោះ​ បានជា​តថាគត​ហៅថា ត្រូវ​​អាបត្តិ​បារាជិក។ ពាក្យថា មិន​មាន​​សំវាស អធិប្បាយ​ថា ដែលហៅថា សំវាស (នោះ) គឺ​សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា សភាព​​ជា​បុគ្គល​​មាន​សិក្ខា​ស្មើគ្នា នេះហៅថា សំវាស សំវាស​នុ៎ះមិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះ ព្រោះហេតុ​ដូច្នោះ បាន​ជា​តថាគត​ហៅថា ជាភិក្ខុនី​មិនមាន​សំវាស។

[១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនី​មិនប្រាប់​ព្រោះ​គិតថា សេចក្តី​កហេតុក្តី សេចក្តី​ឈ្មោះ​ប្រកែកក្តី សេចក្តី​ប្រកាន់​ផ្សេងគ្នាក្តី សេចក្តី​វិវាទក្តី នឹងកើត​មានដល់​សង្ឃ១ មិនប្រាប់​ព្រោះគិត​ថា សង្ឃបែក​បាក់គ្នា ឬសេចក្តី​ប្រេះឆា​នៃសង្ឃ​នឹងកើត​មាន១ មិនប្រាប់​ព្រោះគិត​ថា ភិក្ខុនី​នេះកោង​កាច​អាក្រក់ ក្រែង​នឹងធ្វើ​អន្តរាយ​ដល់ជីវិត ឬអន្តរាយ​ដល់​ព្រហ្មចរិយធម៌១ ភិក្ខុនីនោះ​មិនទាន់ឃើញ​ពួកភិក្ខុនី​ឯទៀត​ដ៏សមគួរ​ ទើប​មិនប្រាប់១ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​ប្រាថ្នា​នឹងបិទ​បាំង​មិនប្រាប់១ ភិក្ខុនី​មិនប្រាប់​ព្រោះគិត​ថា ភិក្ខុនីនោះ​នឹង​ប្រាកដ​ដោយ​កម្ម​ជារបស់ខ្លួន​(មិនខាន)១​ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ខាង​ដើមបញ្ញត្តិ១។

បារាជិកទី២ ចប់។

បារាជិកទី៣

[១៨] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី​ប្រព្រឹត្ត​តាមភិក្ខុ​ឈ្មោះអរិដ្ឋ ជាអ្នក​កើត​ក្នុង​ត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្តហើយ។ ​ភិក្ខុនីទាំងឡាយ​​ណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ​​ភិក្ខុនីទាំងឡាយ​នោះ ​ក៏​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងប្រព្រឹត្តតាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយ​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនី​ប្រព្រឹត្តតាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរ​បើនឹង​ប្រព្រឹត្ត​តាម​អរិដ្ឋភិក្ខុ ជាអ្នកកើត​ក្នុងត្រកូល​អ្នកសម្លាប់​ត្មាត ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​ហើយទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិន​ទាន់​ជ្រះថ្លាហើយ​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយប្រព្រឹត្តតាម​ភិក្ខុ ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែ​លោកម្ចាស់ ភិក្ខុនេះ​ឯង ដែល​សង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ ភិក្ខុនី​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​ឲ្យ​យ៉ាងនេះ នៅតែ​ប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់​បីដង ដើម្បី​ឲ្យលះបង់​វត្ថុនោះ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ជាគំរប់បីដង លះបង់វត្ថុ​នោះបាន ការលះបង់​បាន​នោះ ជាការល្អ បើមិនលះ​បង់ទេ ភិក្ខុនីនេះ ក៏ត្រូវ​បារាជិក ឈ្មោះ​ឧក្ខិត្តានុវត្តិក (ព្រោះ​ប្រព្រឹត្ត​​តាម​ភិក្ខុ​ដែល​សង្ឃ​លើកវត្ត) ជាស្រី​មិនមាន​សំវាស។

[១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ​នេះ​រួចហើយ។ សង្ឃដែលមាន​សំវាស​ស្មើគ្នា ស្ថិតនៅក្នុង​សីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុដែល​ឈ្មោះថា សង្ឃលើកវត្ត​ហើយ គឺ​ភិក្ខុដែល​សង្ឃ​លើកវត្ត ព្រោះ​មិនឃើញ​អាបត្តិ​ក្តី ព្រោះ​មិនធ្វើតប​អាបត្តិក្តី​ ព្រោះ​មិនលះបង់ (ទិដ្ឋិអាក្រក់)​ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌​ឯណា តាមវិន័យ​ឯណា។ ពាក្យថា តាមពាក្យ​ប្រៀន​ប្រដៅ​របស់ព្រះសាស្តា គឺតាមពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គឺតាម​ពុទ្ធសាសនា។ ដែលហៅថា មិនអើពើ គឺភិក្ខុមិន​អើពើ​នឹងសង្ឃក្តី គណៈ​ក្តី បុគ្គលក្តី កម្មក្តី។ ភិក្ខុដែល​សង្ឃ​លើកវត្ត​ហើយ មិនហៅចូល​ពួក ឈ្មោះថា ជាភិក្ខុ​ដែលសង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន។ ដែលហៅថា មិនមានការរួបរួម​ជាមួយ​នឹងសង្ឃ គឺភិក្ខុ​ទាំងឡាយ​ដែលមាន​សំវាស​ស្មើគ្នា តថាគត​ហៅថា មានការរួបរួម​ជាមួយគ្នា ការរួបរួម​ជាមួយ​គ្នានោះ មិនមាន​មួយ​អន្លើ​ដោយ​ភិក្ខុ​ទាំងឡាយ​នោះទេ ហេតុនោះ ភិក្ខុនោះ​ ទើបតថាគត​ហៅថា ជាភិក្ខុ​មិនមាន​ការរួបរួម​ជាមួយ​នឹងសង្ឃ។ ពាក្យថា ប្រព្រឹត្តតាម​ភិក្ខុនោះ គឺភិក្ខុនោះ​មានទិដ្ឋិ​យ៉ាងណា មានសេចក្តី​ចូលចិត្ត​យ៉ាងណា មានសេចក្តី​គាប់ចិត្ត​យ៉ាងណា ភិក្ខុនី​នោះ ក៏មាន​ទិដ្ឋិយ៉ាងនោះ មានសេចក្តី​ចូលចិត្ត​យ៉ាងនោះ មានសេចក្តី​គាប់ចិត្ត​យ៉ាងនោះដែរ។

[២០] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ដែល​ប្រព្រឹត្ត​តាមភិក្ខុ​ដែលសង្ឃ​លើកវត្ត​ហើយនោះ។ ពាក្យថា ដែលភិក្ខុនី​ទាំងឡាយ គឺភិក្ខុនី​ទាំងឡាយដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណា​ឃើញ​ ភិក្ខុនី​ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវនិយាយ​នឹង​ភិក្ខុនី​នោះថា នែលោកម្ចាស់ ភិក្ខុនេះ​ឯង​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត​ហើយតាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា គឺជា​ភិក្ខុ​មិនអើពើ ជាភិក្ខុ​ដែលសង្ឃ​ជួយជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ នែលោកម្ចាស់ លោកកុំ​ប្រព្រឹត្ត​តាមភិក្ខុនេះឡើយ។ ភិក្ខុនីនោះ​ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយអស់វារៈ​គំរប់ពីរដងផង ត្រូវនិយាយ​អស់វារៈ​គំរប់​បីដងផង។ បើភិក្ខុនី​នោះ​លះបង់បាន ការលះបង់​បាន​នេះ​ ជាការល្អ បើលះ​បង់មិនបានទេ ភិក្ខុនីនោះត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនី​ទាំងឡាយ​(ឯទៀត) ឮហើយ មិននិយាយ ត្រូវអាបត្តិ​ទុក្កដ។ ត្រូវសង្ឃ​ទាញ​ភិក្ខុនី​នោះ មកកាន់​ទីកណ្តាល​សង្ឃ ហើយនិយាយ​ថា នែនាង​ភិក្ខុនី ភិក្ខុនេះឯង​ ដែលសង្ឃព្រមព្រៀង​គ្នាលើក​វត្ត​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជាភិក្ខុ​មិនអើពើ ជាភិក្ខុ​ដែលសង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន ជាភិក្ខុ​មិនមាន​ការ​រួបរួម​ជាមួយ​នឹង​សង្ឃ នែនាង​ភិក្ខុនី នាង​កុំ​ប្រព្រឹត្ត​តាមភិក្ខុ​នេះឡើយ។ ត្រូវសង្ឃ​និយាយ​ឲ្យភិក្ខុនី​នោះអស់វារៈ​ជាគំរប់ពីរដងផង ត្រូវ​និយាយ​អស់វារៈ​ជាគំរប់​បីដងផង។ បើភិក្ខុនី​នោះលះបង់បាន ការលះបង់​បាន​នេះ ជាការល្អ បើលះ​បង់មិនបាន​ទេ ត្រូវ​អាបត្តិទុក្កដ។

[២១] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ សង្ឃ​ត្រូវសូត្រ​សមនុភាសនវិធី (ចំពោះ​ភិក្ខុនី​ឈ្មោះ​នោះ) យ៉ាងនេះ។ ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀងសង្ឃ​ឲ្យដឹងថា បពិត្រ​លោកម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ប្រព្រឹត្ត​តាម​ភិក្ខុនោះ​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជា​ភិក្ខុ​មិនអើពើ សង្ឃ​ជួយជ្រោមជ្រែង​មិនបាន មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើកម្ម​មានកាល​គួរដល់​សង្ឃហើយ សង្ឃ​ត្រូវ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះភិក្ខុនី​សង្ឃ​ជាម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែលសង្ឃ​ព្រមព្រៀង​គ្នា​លើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសាស្តា ជា​ភិក្ខុ​មិនអើពើ សង្ឃ​ជួយជ្រោមជ្រែង​មិនបាន មិនមាន​ការ​រួបរួម​ជាមួយ​នឹងសង្ឃ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ ឥឡូវនេះ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគួរ​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវនិយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈ​ពីរដងផង។បេ។ ខ្ញុំ​សូត្រ​សេចក្តី​នេះ អស់វារៈ​បីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃសូត្រ​សមនុភាសនវិធី​ហើយ ដើម្បីឲ្យ​លះបង់វត្ថុនោះ។ ការសូត្រ​សមនុភាសនវិធីនោះ គួរ​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[២២] ភិក្ខុនីនោះ ត្រូវ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាទាំងឡាយពីរ ត្រូវអាបត្តិ​បារាជិក​ក្នុងពេល​ចប់កម្មវាចា។

[២៣] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគត​ពោលប្រៀបធៀប​ពួកភិក្ខុនី​ដែលត្រូវ​អាបត្តិ​​បារាជិក​មុនៗ។ ពាក្យ​ថា ត្រូវ​បារាជិក សេចក្តីថា ថ្មដ៏ក្រាស​ដែលបែក​ជាពីរចំណែកហើយ ជាធម្មជាតិ​តភ្ជាប់​វិញមិនបាន មានឧបមា​​​យ៉ាងណា​មិញ ភិក្ខុនី​ដែលសង្ឃ​សូត្រ​សមនុភាសនវិធី​អស់វារៈ​គំរប់​បីដងហើយ នៅមិនលះបង់ ក៏មិនមែនជា​សមណី មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ ក៏មានឧបមេយ្យ​ដូច្នោះដែរ ហេតុ​នោះ ទើប​​តថាគត​ហៅ​ភិក្ខុនី​នោះថា ត្រូវ​បារាជិក។ ពាក្យថា គ្មាន​​សំវាស ដែលហៅថា សំវាស គឺកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះ​មិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះទេ ហេតុនោះ ទើប​តថាគត​ហៅ​ភិក្ខុនី​នោះថា ​មិនមាន​សំវាស។

[២៤] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​បារាជិក។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់​ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)​មិនសូត្រ​សមនុភាសនវិធី១ ភិក្ខុនី​បានលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជា​ដើមបញ្ញត្តិ១។

បារាជិកទី៣ ចប់។

បារាជិកទី៤

[២៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ (ភិក្ខុនី​ពួក៦នាក់) មានសចក្តី​ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​ដែលមានតម្រេក​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីបិទបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ។ ​ភិក្ខុនី​ទាំងឡាយ​​ណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ​​ភិក្ខុនីទាំងឡាយ​នោះ ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​មានតម្រេក មិនគួរ​នឹងត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​បុគ្គល​ដែលត្រេកត្រអាល ​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​សេពអសទ្ធម្មនុ៎ះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ឆព្វគ្គិយាភិក្ខុនី​មានតម្រេក ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរស​បុគ្គលដែលត្រេកត្រអាល​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ​​មានតម្រេក មិនគួរនឹង​ត្រេកអរ​នឹងការ​ចាប់ដៃ​ខ្លះ ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដីខ្លះ របស់បុរសបុគ្គល​ដែលមានតម្រេក​ឈរ​ជាមួយខ្លះ ចរចា​ជាមួយខ្លះ ទៅកាន់ទី​សង្កេតខ្លះ ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតខ្លះ ចូល​ទៅកាន់​ទីកំបាំង​ខ្លះ ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​មានតម្រេក ហើយត្រេកអរ​នឹងការ​ចាប់ដៃក្តី ត្រេកអរ​នឹងការ​ចាប់​ជាយ​សង្ឃាដី​ក្តី របស់បុរសបុគ្គល​​ដែលមានតម្រេក​ឈរ​ជាមួយក្តី ចរចា​ជាមួយក្តី ទៅកាន់ទី​សង្កេតក្តី ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី ចូល​ទៅកាន់​ទីកំបាំងក្តី ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះខ្លះ ដើម្បី​នឹងសេពអសទ្ធម្មនុ៎ះ ភិក្ខុនីនេះក្តី ត្រូវបារាជិក ឈ្មោះ​អដ្ឋវត្ថុកា (ព្រោះ​ប្រកបដោយ​វត្ថុ៨) រកសំវាសគ្មាន។

[២៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ​នេះ​រួចហើយ។ ភិក្ខុនី​ដែលត្រេកអរ មានសេចក្តី​គយគន់​រំពៃ មាន​ចិត្ត​ប្រតិព័ទ្ធ ឈ្មោះថា​មានតម្រេក។ បុរសដែល​ត្រេកអរ គយគន់រំពៃ មានចិត្ត​ប្រតិព័ទ្ធ ឈ្មោះ​ថា​មាន​តម្រេក។ មនុស្សប្រុស​ដែល​ដឹងក្តី អាចស្ទាប​អង្អែល​កាយបាន ឈ្មោះថា បុរសបុគ្គល មិនមែន​យក្សបុ្រស ប្រេត​ប្រុស តិរច្ឆានឈ្មោះ​ទេ។ ពាក្យថា ត្រេកអរ​នឹងការ​ចាប់ដៃ​ក្តី សេចក្តីថា ដែល​ហៅថា​ដៃ គឺវាស់​តាំងពី​ដុំដៃ រហូត​ដល់​ចុងក្រចក។ ភិក្ខុនី​ត្រេកអរ​នឹងការ​ចាប់ ខាងលើ​ តាំងពី​ដងកាំបិត​ឡើងទៅ ខាងក្រោម តាំងពី​មណ្ឌល​ជង្គង់​ចុះមក ប្រយោជន៍​សេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ត្រេកអរ​នឹងការ​ចាប់​ជាយសង្ឃាដី គឺភិក្ខុនី​ត្រេកអរ​នឹងការ​ចាប់​សំពត់​ដែល​ស្លៀក​ក្តី ដែលដណ្តប់ក្តី ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ឈរជាមួយក្តី គឺ​ភិក្ខុនី​ឈរ​ក្នុងហត្ថបាសប្រុស ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ចរចាជាមួយក្តី គឺភិក្ខុនី​ឈរក្នុង​ហត្ថបាស​ប្រុស ហើយចរចារ​ជាមួយ ប្រយោជន៍​នឹងសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ទៅកាន់​ទីសង្កេត គឺភិក្ខុនី​ដែលប្រុស​និយាយ​ថា លោកចូរ​មកកាន់​ទីឱកាស​ឈ្មោះ​នេះដូច្នេះ ប្រយោជន៍​ដល់ការ​សេពអសទ្ធម្មនុ៎ះ ហើយ​ក៏ទៅ ​ត្រូវអាបត្តិ​ទុក្កដ គ្រប់ៗ​ជំហាន លុះចូល​ទៅដល់​ហត្ថបាស​ប្រុសហើយ ក៏ត្រូវ​អាបត្តិ​​ថុល្លច្ច័យ។ ពាក្យថា ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិតក្តី គឺភិក្ខុនី​ត្រេកអរ​នឹងប្រុស​ដើរចូល​មកជិត ប្រយោជន៍​ដល់​ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ទុក្កដ លុះ​ដើរចូល​មកដល់​ហត្ថបាស​កាលណា ក៏ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ចូលទៅកាន់​ទីកំបាំងក្តី គឺភិក្ខុនី​គ្រាន់តែ​ចូលទៅ​កាន់ទី​ឱកាស​ដ៏បិទបាំង​ដោយរបស់​ណាមួយ ប្រយោជន៍​ដល់ការ​សេពអសទ្ធម្មនុ៎ះ ក៏ត្រូវអាបត្តិ​ថុល្លច្ច័យ។ ពាក្យថា ពិចារណាកាយ ប្រយោជន៍​ដល់អសទ្ធម្មនោះក្តី គឺភិក្ខុនី​ឈរក្នុង​ហត្ថបាស​ប្រុស ហើយពិចារណា​រាងកាយ ប្រយោជន៍​ដល់ការសេពអសទ្ធម្មនុ៎ះ ត្រូវអាបត្តិ​ថុល្លច្ច័យ។

[២៨] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី គឺភិក្ខុនី​នេះឯង តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​​មុនៗ។ ពាក្យ​ថា ត្រូវ​អាបត្តិបារាជិក សេចក្តីថា ដើមត្នោត​ដែលកំបុតចុង មិនគួរ​ដុះឡើង​ទៀតបាន មានឧបមា​​​​យ៉ាងណា​មិញ ភិក្ខុនី​ដែលញុំាង​វត្ថុជា​គំរប់៨​ឲ្យពេញ ក៏មិនមែនជា​សមណី​ មិនមែន​ជាធីតា​របស់​ព្រះពុទ្ធ​ជាសក្យត្រកូល​​ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ ហេតុ​នោះ បានជា​​​តថាគត​ហៅថា ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិក (ជាអ្នក​ចាលចាញ់)។ ពាក្យថា រក​​សំវាសគ្មាន គឺដែល​ហៅថា សំវាស គឺបានដល់​កម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា សេចក្តីសិក្សា​ស្មើគ្នា នេះឈ្មោះថា សំវាស សំវាសនោះ​មិន​​មាន​ជា​មួយ​​នឹង​ភិក្ខុនី​នោះទេ ហេតុនោះ បានជា​​តថាគត​ហៅថា ​ភិក្ខុនី​នោះ​ជាស្រី​​មិនមាន​សំវាស។

[២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺ ភិក្ខុនីមិនក្លែង​ឲ្យកន្លង១ ភិក្ខុនី​មិនមានសតិ១ ភិក្ខុនី​មិនដឹងខ្លួន១ ភិក្ខុនី​មិនត្រេកអរ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​មាន​ចិត្ត​រវើរវាយ១ ភិក្ខុនី​ដែលវេទនា​គ្របសង្កត់១ ភិក្ខុនី​ជា​ដើមបញ្ញត្តិ១។

បារាជិកទី៤ ចប់។

[៣០] បពិត្រលោកម្ចាស់​ទាំងឡាយ អាបត្តិបារាជិកទាំងឡាយ៨ ខ្ញុំសំដែងឡើងហើយ បណ្តាអាបត្តិបារាជិក​ទាំងឡាយ៨នុ៎ះ ភិក្ខុនីណា​ត្រូវអាបត្តិ​បារាជិកណាមួយ ភិក្ខុនីនោះ​មិនបាន​នៅរួម​ជាមួយ​នឹងភិក្ខុនី​ទាំងឡាយ​ឡើយ (ព្រោះ) ខ្លួនត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន កាលអំពីមុន គឺកាល​ដែលខ្លួន​នៅ​ជាគ្រហស្ថ​មានសភាព​យ៉ាងណា កាលខាងក្រោយ ដែលខ្លួន​ត្រូវបារាជិកហើយ ក៏មានសភាព​ដូច្នោះដែរ។ ខ្ញុំសូមសួរ​លោកម្ចាស់ទាំងឡាយ​ក្នុងរឿងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសួរអស់វារៈ​គំរប់​បីដងផង លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ក្នុងរឿង​នុ៎ះ​ហើយ ហេតុនោះ បានជា​នៅស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។

បារាជិកកណ្ឌ ចប់។

សត្តរសកណ្ឌ

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិសង្ឃាទិសេសទាំង១៧នេះឯង តែងមកកាន់ឧទ្ទេស។

សង្ឃាទិសេសទី១

[៣១] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសក​ម្នាក់ប្រគេន​ឃ្លាំង (រោង​ដាក់របស់) ដល់ភិក្ខុនីសង្ឃ ហើយ​ធ្វើ​មរណកាលទៅ។ ឧបាសក​នោះ​មានកូនពីរនាក់ ម្នាក់​មិនមាន​សទ្ធា​មិនជ្រះថ្លា ម្នាក់​មានសទ្ធា​ជ្រះថ្លា។ កូន​ទាំងពីរនាក់​នោះយក​សម្បត្តិ​ដែលជារបស់​បិតា​មកចែកគ្នា។ ឯបុរស​ដែលគ្មាន​សទ្ធា គ្មានជ្រះថ្លានោះ​បាន​និយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធាជ្រះថ្លា​នោះថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ កាលបើ​បុរសដែល​ឥតសទ្ធា​ឥតជ្រះថ្លា​នោះ​និយាយ​យ៉ាងនេះហើយ បុរស​ដែល​មានសទ្ធា​ជ្រះថ្លា​នោះបាន​និយាយ​ពាក្យនេះ​នឹងបុរស​ដែល​មិន​មានសទ្ធា​មិនជ្រះថ្លា​នោះថា អ្នកម្ចាស់​កុំនិយាយ​យ៉ាងនេះ​ឡើយ ឃ្លាំង​នោះបិតា​យើងប្រគេន​ដល់ភិក្ខុនី​សង្ឃទៅហើយ។ បុរសដែល​មិនមាន​សទ្ធា​មិនជ្រះថ្លា​និយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធា​ជ្រះថ្លា​នោះអស់វារៈ​ពីរដង​ថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ ទើបបុរស​ដែល​មានសទ្ធា​ជ្រះថ្លា​នោះបាន​និយាយ​ពាក្យនេះ​នឹងបុរស​ដែលគ្មានសទ្ធា​មិនជ្រះថ្លា​នោះថា អ្នកម្ចាស់​កុំនិយាយ​យ៉ាងនេះ​ឡើយ ឃ្លាំង​នោះបិតា​យើងប្រគេន​ដល់ភិក្ខុនីសង្ឃ​​ហើយ។ បុរសដែល​​គ្មាន​សទ្ធា​ឥតជ្រះថ្លា​នោះ បាននិយាយ​ពាក្យនេះ​នឹង​បុរស​ដែលមាន​សទ្ធា​ជ្រះថ្លា​នោះអស់វារៈ​គំរប់បីដងផង​ថា ឃ្លាំង​របស់យើង​មាន យើងនឹង​ចែកនូវ​ឃ្លាំងនោះ។ លំដាប់នោះ បុរស​ដែល​មានសទ្ធា​ជ្រះថ្លា​ក៏​គិតថា បើឃ្លាំង​នឹង​បានមកអញ អញ​នឹង​ប្រគេន​ភិក្ខុនី​សង្ឃ ហើយក៏​បាននិយាយ​ពាក្យនេះ​នឹងបុរសដែល​មិនមាន​សទ្ធា​មិនជ្រះថ្លា​នោះថា យើងចែកគ្នាចុះ។ ឯឃ្លាំងនោះ កាលដែលអ្នក​ទាំងពីរ​នាក់នោះ​ចែកគ្នា ក៏បាន​ទៅលើ​កូន​ដែលមិនមាន​សទ្ធា​មិនជ្រះថ្លា​នោះ។ ទើបកូន​ដែលឥតសទ្ធា ឥតជ្រះថ្លានោះចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោកទាំងឡាយ​ចូរចេញទៅ ឃ្លាំង​ជារបស់​យើងទេ។ កាលបើ​បុរស​ដែល​គ្មានសទ្ធា​គ្មានជ្រះថ្លា​នោះនិយាយ​យ៉ាងនេះហើយ ថុល្លនន្ទា​ភិក្ខុនី​បាន​និយាយ​ពាក្យនេះ​នឹង​បុរស​នោះថា នែអ្នកម្ចាស់ អ្នកកុំ​និយាយ​យ៉ាងនេះឡើយ ឃ្លាំងនេះ បិតា​របស់អ្នក​ប្រគេន​ដល់ភិក្ខុនីសង្ឃ​ហើយតើ។ ជន​ទាំងពីរ​នោះ​សួរមហាមាត្យជា​ចៅក្រម​ថា ឃ្លាំង​នោះគេបាន​ប្រគេន​ភិក្ខុនី​សង្ឃហើយ ឬមិនបាន​ប្រគេន​(ទេ)។ មហាមាត្យ​ទាំងឡាយ​បាន​និយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់ មានអ្នកណា​ដឹងថា ឃ្លាំងនោះ​គេប្រគេន​ភិក្ខុនី​សង្ឃ​ហើយ (ខ្លះដែរ)។ កាលបើ​មហាមាត្យ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ហើយ ថុល្លនន្ទា​ភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹងមហាមាត្យ​ទាំងឡាយ​នោះថា កាលដែល​គេឲ្យទាន​(នោះ) សឹង​មានសំអាង​សាក្សី​អ្នកទាំងឡាយ​ក៏បានឃើញ បានឮខ្លះដែរ។ ទើបមហាមាត្យ​ទាំងឡាយ​នោះ​​បាននិយាយ​ថា លោកម្ចាស់​និយាយ​ពាក្យនេះ​មែនពិត ហើយក៏​វិនិច្ឆ័យ​ឲ្យឃ្លាំង​នោះ​ដល់​ភិក្ខុនីសង្ឃវិញ។ ឯបុរស​នោះ លុះចាញ់គេហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ស្រីផ្កាមាស​ត្រងោល​ទាំងនេះ​មិនមែនជា​សមណីទេ មិនសម​បើនឹង​ឲ្យគេ​ដណ្តើម​យកឃ្លាំង​របស់យើង​សោះ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់ដំណើរនុ៎ះ​ដល់មហាមាត្យ​ទាំងឡាយ។ មហាមាត្យ​ទាំងឡាយ​ក៏ពិន័យ​បុរសនោះ។ ឯបុរស​នោះ លុះត្រូវពិន័យ​ហើយ ក៏ឲ្យ​គេសាងលំនៅ​អាជីវកក្នុង​ទីជិត​លំនៅ​ភិក្ខុនី ហើយបញ្ជូន​ពួក​អាជីវក​ទៅ​ដោយពាក្យថា អ្នកទាំងឡាយ​ចូរជេរ​ភិក្ខុនី​ទាំងឡាយនុ៎ះ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់​ដំណើរនុ៎ះ​ដល់មហាមាត្យ​ទាំងឡាយ។ មហាមាត្យ​ទាំងឡាយ​ក៏ចាប់​ចង​បុរសនោះ​ធ្វើទោស (ដាក់គុក)។ មនុស្ស​ទាំងឡាយ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនគួរ​នឹង (ប្រព្រឹត្ត​ល្មើសដោយ​ស្ថាន​៣យ៉ាង) គឺ១ឲ្យមហាមាត្យ​ដណ្តើម​យកឃ្លាំង​របស់គេ ២ឲ្យមហាមាត្យ​ពិន័យ​លក់គេ ៣ឲ្យមហាមាត្យ​ធ្វើទោស​ដាក់គុកគេ ឥឡូវនេះ​មុខជានឹង​ឲ្យមហាមាត្យ​សម្លាប់​គេ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮពាក្យ​មនុស្សទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងពោលពាក្យ​ដោយសេចក្តី​ច្រណែន (ប្តឹងផ្តល់)​សោះ។ ទើបភិក្ខុនី​ទាំងឡាយនោះ ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនីជាអ្នក​ប្តឹងផ្តល់ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរនឹងជាអ្នកប្តឹងផ្តល់​គេទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​​ជាអ្នកប្តឹងផ្តល់ ពីគហបតិក្តី កូនគហបតិក្តី ខ្ញុំគេក្តី អ្នកធ្វើការងារក្តី ដោយហោចទៅ​ សូម្បី​តែសមណបរិព្វាជក ភិក្ខុនីនេះ​ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៣២] ត្រង់បទថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​បារាជិកកណ្ឌទី១​រួចហើយ។ ដែលហៅថា ប្តឹងផ្តល់ គឺសំដៅយក​ភិក្ខុនី​ជាអ្នកក្តី។ ជនណាមួយ​នៅគ្រប់គ្រង​ផ្ទះ ជននោះ​ឈ្មោះ​ថា គហបតិ។ ដែលហៅថា កូនគហបតិ គឺជន​ទាំងឡាយ​ណាមួយ​ជាកូន​នឹងបងប្អូន​ប្រុស (របស់​គហបតិនោះ)។ ដែលហៅថា ខ្ញុំ គឺខ្ញុំដែល​កើតខាង​ក្នុង ឬខ្ញុំ​ដែលលោះ​ដោយទ្រព្យ​ ឬមនុស្ស​ឈ្លើយ ដែលគេ​ចាប់បាន​ក្នុងទ័ព។ ដែលហៅថា អ្នកធ្វើការងារ គឺអ្នកធ្វើការងារ​ស៊ីឈ្នួល អ្នកធ្វើ​ការដឹកនាំ​គ្រឿង​ឧបករណ៍។ ជនណាមួយ​ដែលបួស​ក្នុងសំណាក់​បរិព្វាជក លើកទុក​តែភិក្ខុនី​ សិក្ខមានា សាមណេរ និងសាមណេរីចេញ ហៅថា សមណបរិព្វាជក។ ភិក្ខុនី​គិតថា អញ​នឹងធ្វើ គឺ​កើតក្តី ហើយស្វែងរក (គ្នា) ជាគំរប់ពីរ​ក្តី ដើរទៅក្តី ត្រូវអាបត្តិទុក្កដ ប្តឹង​ចៅក្រមម្តង ត្រូវ​អាបត្តិទុក្កដ ប្តឹង​ចៅក្រម​ពីរដង ត្រូវអាបត្តិ​ថុល្លច្ច័យ សម្រេចក្តី ត្រូវអាបត្តិ​សង្ឃាទិសេស។

[៣៣] ត្រង់ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនី​ត្រូវ​(អាបត្តិ)​មួយអន្លើ​ដោយការ​ប្រព្រឹត្ត​កន្លង​វត្ថុ (ជាដម្បូង) មិនមែនដោយ​សូត្រ​សមនុភាសនកម្មទេ។ ពាក្យថា គួរ​បណ្តេញចេញ​ចាកសង្ឃ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ឯទៀត​នាំចេញ​អំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺសង្ឃពិត​អាច​ឲ្យមានត្ត ដើម្បីអាបត្តិ​នោះ នឹងទាញ​អន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិឲ្យ​អព្ភានបាន ភិក្ខុនី​ទាំងឡាយ​ច្រើន​ប្រមាណ (២-៣រូប) ឲ្យមិនបាន ភិក្ខុនី១រូប​ក៏ឲ្យមិនបាន ហេតុនោះ បានជា​​​តថាគត​ហៅពួក​អាបត្តិ​នោះថា សង្ឃាទិសេស។ ពាក្យថា សង្ឃាទិសេស ជានាមកម្ម គឺថាជា​ឈ្មោះ​នៃអាបត្តិ​និកាយ​នោះឯង ព្រោះហេតុនោះ បានជាតថាគត​ហៅអាបត្តិនិកាយ​នោះថា សង្ឃាទិសេស។

[៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីដែល​មនុស្ស​ទាំងឡាយ​កោះនាំទៅ១ ភិក្ខុនីសូមអារក្ខា គឺ​សូម​ឲ្យរាជការ​ជួយ​រក្សាការពារ១ ភិក្ខុនីប្តឹង​មិនចំពោះ​ឈ្មោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើ​កន្លង​មុនបញ្ញត្តិ១។

សង្ឃាទិសេសទី២

[៣៥] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភរិយា​របស់​ស្តេច​លិច្ឆវី១អង្គ​ប្រព្រឹត្ត​កន្លង​ចិត្ត​(ប្តី)។ ទើប​ស្តេច​លិច្ឆវី​នោះបាន​និយាយ​ពាក្យ​នេះ​នឹងស្រី​នោះថា អញ​សុំរំលឹក​នាងឯង ចូរនាង​ឯងលះ​(អំពើ​នោះ) ចេញ ខំអញ​នឹងធ្វើ​សេចក្តី​វិនាស​ដល់នាងឯង។ ស្រីនោះ​ទុក​ជាស្តេចលិច្ឆវីនោះ​និយាយ​យ៉ាងនេះ​ ក៏មិនអើពើ​ឡើយ។ សម័យនោះឯង ជួនជាមាន​ការ​ប្រជុំ​ពួកស្តេច​លិច្ឆវី​ក្នុងក្រុង​វេសាលី​ដោយកិច្ច​នីមួយ។ ទើបស្តេច​លិច្ឆវីនោះ​បាន​និយាយ​ពាក្យនេះ​នឹងស្តេច​លិច្ឆវី​ទាំងឡាយ​នោះថា នែ​ព្រះអង្គ​ទាំងឡាយ សូមព្រះអង្គ​ទាំងឡាយ​អនុញ្ញាត​ស្រីម្នាក់​ដល់​ខ្ញុំ។ ស្តេចលិច្ឆវី​ទាំងឡាយ​នោះ​សួរថា ស្រីនោះ​ជាអ្វី។ ស្តេច​លិច្ឆវី​នោះឆ្លើយថា ជាប្រពន្ធខ្ញុំ វាក្បត់ចិត្ត​ខ្ញុំ ខ្ញុំនឹង​សម្លាប់​វានោះចោល។ ស្តេច​លិច្ឆវី​ទាំងឡាយ​និយាយ​ថា ព្រះអង្គចូរ​ដឹងចុះ។ ស្រីនោះក៏​បានឮ​ពណ៌ដ៏មានថា ប្តី​ចង់សម្លាប់​អញ ហើយក៏​យករបស់ដែល​មានដំឡៃទៅកាន់​ក្រុងសាវត្ថី ចូលទៅរក​ពួកតិរ្ថិយ ហើយក៏​សូម​បព្វជ្ជា។ តិរ្ថិយ​ទាំងឡាយ​មិនចូលចិត្ត​ឲ្យស្រីនោះ​បួសឡើយ។ ស្រីនោះ​ចូលទៅរក​ពួក​ភិក្ខុនី ហើយសូម​បព្វជ្ជា​(ទៀត)។ ភិក្ខុនី​ទាំងឡាយ​ក៏មិនចូលចិត្ត​ឲ្យ​នាងនោះបួស​ដែរ។ ស្រីនោះ​ចូល​ទៅរក​ថុល្លនន្ទាភិក្ខុនី បង្ហាញ​បង្វេច​របស់ហើយ សូមបព្វជ្ជា។ ថុល្លនន្ទា​ភិក្ខុនី​ទទួលយក​បង្វេច​របស់ ហើយឲ្យស្រីនោះបួស។ ឯស្តេច​លិច្ឆវី​នោះកាលស្វែងរក​ស្រីនោះ បានទៅកាន់​ក្រុង​សាវត្ថី ឃើញ​ស្រីនោះបួស​ក្នុងសំណាក់​ភិក្ខុនីទាំងឡាយ ហើយក៏ចូល​ទៅគាល់ស្តេច​បសេនទិកោសល លុះចូល​ទៅដល់ហើយ ក្រាបទូល​ពាក្យនេះ​នឹងព្រះបាទ​បសេនទិកោសលថា បពិត្រ​ព្រះសម្មតិទេព ភរិយា​របស់ខ្ញុំ​នាំយក​របស់មានដំឡៃ ហើយមកកាន់​ក្រុងសាវត្ថី​នេះ (ឥឡូវនេះ) សូមព្រះអង្គ​អនុញ្ញាត​ស្រីនោះ​ឲ្យទាន។ ស្តេចមាន​ព្រះរាជ​ឱង្កា​ថា នែនាយ បើដូច្នោះ ចូរអ្នក​ពិនិត្យ​រក ហើយមកប្រាប់​យើងចុះ។ ស្តេចលិច្ឆវី​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំ​ព្រះអង្គ​បាន​ឃើញស្រីនោះ​បួស​ក្នុងសំណាក់​ភិក្ខុនី​ទាំងឡាយ​ហើយ។ ស្តេច​មានព្រះឱង្កា​ថា នែនាយ បើស្រី​នោះបួស​ក្នុងសំណាក់​ភិក្ខុនី​ទាំងឡាយហើយ អ្នកធ្វើអ្វីតិចតួច​ដល់ភិក្ខុនី​នោះមិនបាន​ទេ ព្រោះថា ធម៌ គឺព្រះដ៏​មានព្រះភាគ​សំដែង​ល្អហើយ ចូរភិក្ខុនី​នោះ​ប្រព្រឹត្ត​ព្រហ្មចារ្យ ដើម្បីធ្វើ​នូវទី​បំផុត​ទុក្ខ​ដោយប្រពៃចុះ។ ទើបស្តេច​លិច្ឆវី​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនសម​នឹងបំបួស​ស្រីជាចោរ​នោះសោះ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮពាក្យ​ស្តេចលិច្ឆវី​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើ​នឹងបំបួស​ស្រីចោរ​​សោះ។ ទើបភិក្ខុនី​ទាំងឡាយនោះ ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ថុល្លនន្ទាភិក្ខុនីបំបួស​ស្រីជាចោរ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី​ មិនគួរបើនឹងបំបួស​ស្រីចោរ​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ដឹងថា​ស្រីជាចោរ​ដែលគេ​ដឹងច្បាស់​ថា ត្រូវសម្លាប់​ ហើយមិនប្រាប់​ស្តេចក្តី សង្ឃក្តី គណៈក្តី ប្រជុំជនក្តី សេនាក្តី ហើយបំបួស (ស្រីនោះ) វៀរតែកប្ប (គឺមាន​សំបុត្រច្បាប់) ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នា​នឹង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា​ដឹង គឺភិក្ខុនី​ដឹងខ្លួនឯងក្តី ជនទាំងឡាយ​ដទៃ​ប្រាប់ភិក្ខុនី​នោះក្តី ស្រីចោរ​នោះប្រាប់​ក្តី។ ដែលហៅថា ស្រីចោរ គឺស្រីណា​មានថេយ្យចិត្ត​ លួចយក​ទ្រព្យ​មានដម្លៃ​ប្រាំមាសក​ក្តី លើសពី​ប្រាំមាសកក្តី ដែលគេ​មិនបាន​ឲ្យ ស្រីនេះ ឈ្មោះថា ស្រីចោរ។ ស្រីដល់​នូវ​ទោស​ត្រូវ​សម្លាប់ ព្រោះធ្វើអំពើ​ឯណា អំពើនេះ​ឈ្មោះថា ទោសត្រូវ​សម្លាប់។ ដែលហៅថា គេដឹង​ច្បាស់ គឺ​ស្រីដែល​មនុស្សទាំងឡាយ​ដទៃ​ដឹងថា ស្រីនេះ​មានទោស​ត្រូវ​សម្លាប់។ ពាក្យថា មិនបាន​ប្រាប់ គឺ​មិនបាន​ជំរាប។ ដែលហៅថា ស្តេច​ គឺស្តេច​ត្រួតត្រា​ក្នុងទីណា ត្រូវភិក្ខុនី​ថ្វាយដំណឹង​ស្តេច (ក្នុង​ទីនោះ)។ ដែលហៅថា សង្ឃ សំដៅ​យក​ភិក្ខុនីសង្ឃ ភិក្ខុនី​ត្រូវប្រាប់​ភិក្ខុនី​សង្ឃ(នោះ​ឯង)។ ដែលហៅថា​គណៈ គឺ​គណៈ​ភិក្ខុនី​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវ​ប្រាប់​គណភិក្ខុនី​(ក្នុងទី​នោះដែរ)។ ដែលហៅថា ប្រជុំជន គឺចំណោម​មនុស្ស​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវប្រាប់​ចំណោម​មនុស្ស​(ក្នុងទី​នោះ)។ ដែលហៅថា សេនា គឺសេនា​​ត្រួតត្រា​ក្នុងទីណា ភិក្ខុនី​ត្រូវប្រាប់​សេនា​(ក្នុងទី​នោះ)។ ពាក្យថា វៀរលែង​តែកប្ប គឺមាន​សំបុត្រច្បាប់​ សេចក្តីថា លើកទុក​តែ​មានសំបុត្រ​ច្បាប់។ ដែលហៅថា កប្ប បានដល់​កប្បពីរយ៉ាង (ថាដូច្នេះ) ស្រីនេះបាន​បួស​ក្នុងសំណាក់​តិរ្ថិយ​ទាំងឡាយ​ក្តី ស្រីនេះបាន​បួស​ក្នុងសំណាក់​ភិក្ខុនី​​ទាំងឡាយ​ដទៃក្តី។ ភិក្ខុនី​គិតថា អញ​នឹងបំបួស (ស្រីនោះ) ហើយស្វែង​រកគណៈ​ក្តី ភិក្ខុនី​ជាអាចារ្យ​ក្តី បាត្រក្តី ចីវរក្តី សម្មតិសីមាក្តី ត្រូវអាបត្តិ​ទុក្កដ វៀរលែង​តែមាន​សំបុត្រច្បាប់ ភិក្ខុនី​ជាឧបជ្ឈាយ៍​ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់ញត្តិ ត្រូវ​អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុងខណៈ​ចប់កម្មវាចា​ពីរលើក ចប់កម្មវាចា​ស្រេច ត្រូវអាបត្តិ​សង្ឃាទិសេស ចំណែក​គណៈ​នឹងភិក្ខុនី​ជាអាចារ្យ ត្រូវ​ត្រឹម​អាបត្តិទុក្កដ។

[៣៧] ពាក្យថា ភិក្ខុនី​នេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលត្រូវ​អាបត្តិ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​មួយអន្លើ​ដោយ​កិរិយា​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនកម្មទេ។ ពាក្យថា គួរ​បណ្តេញចេញ​ចាកសង្ឃ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ឯទៀត​នាំចេញ​អំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​រួចហើយ។

[៣៨] ស្រីចោរ ភិក្ខុនី​សំគាល់​ថាស្រីចោរ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិ​សង្ឃាទិសេស វៀរលែង​តែមាន​សំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនី​សង្ស័យ ហើយបំបួស (ស្រីនោះ) ត្រូវអាបត្តិ​ទុក្កដ វៀរលែង​តែមាន​សំបុត្រច្បាប់។ ស្រីចោរ ភិក្ខុនី​សំគាល់​ថាមិនមែន​ចោរ ហើយបំបួស (ស្រីនោះ) មិនត្រូវអាបត្តិ វៀរលែង​តែមាន​សំបុត្រច្បាប់។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់​ថាស្រីចោរ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនស្រីចោរ ភិក្ខុនីសំគាល់​ថាមិនមែន​ស្រីចោរ មិនត្រូវអាបត្តិ។

[៣៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនីមិនដឹង ហើយ​បំបួស១ ភិក្ខុនីជំរាប​ដល់​អ្នករាជការ មានស្តេច​ជាដើម ហើយទើប​បំបួស១ ភិក្ខុនីបំបួស​ស្រី​ដែល​មានសំបុត្រ​ច្បាប់​ពីក្នុងកាល​មុនរួចហើយ (គឺ​ស្រីដែល​ធ្លាប់បួស​ក្នុងសំណាក់​តិរ្ថិយ ឬ​ភិក្ខុនី​ឯទៀត)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេសទី៣

[៤០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ជាសិស្ស​របស់​ភទ្ទាកាបិលានីថេរី​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ​ ហើយក៏បាន​ទៅ​កាន់​ត្រកូល​ញាតិ​ក្នុងស្រុក។ ភទ្ទាកាបិលានីថេរី កាលមិនឃើញ​ភិក្ខុនី​នោះ ក៏សួរភិក្ខុនី​ទាំងឡាយថា ភិក្ខុនី​ឈ្មោះនេះ​ទៅណា មិនឃើញ។ ភិក្ខុនី​ទាំងឡាយ​ប្រាប់​ថា បពិត្រ​លោកម្ចាស់ ភិក្ខុនី​នោះ​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ ហើយ​(ស្រាប់តែ)​មិនឃើញ។ ភទ្ទាកាបិលានីថេរី​និយាយថា នែនាង​ទាំងឡាយ ត្រកូលញាតិ​របស់ភិក្ខុនី​នេះ មាននៅ​ក្នុងស្រុក​ឈ្មោះឯណោះ ចូរនាង​ទាំងឡាយ​ទៅពិនិត្យ​រកក្នុង​ត្រកូល​នោះមើល។ ភិក្ខុនី​ទាំងឡាយ​ទៅក្នុង​ទីនោះ ឃើញភិក្ខុនី​នោះ ហើយបាន​និយាយ​ពាក្យនេះ​ថា នែលោក​ម្ចាស់ ហេតុអ្វីក៏​លោកមក​តែ​ម្នាក់ឯង មិនមាន​គេ​បៀតបៀន​លោកទេឬ។ ភិក្ខុនី​នោះនិយាយ​ថា នែលោកម្ចាស់ ខ្ញុំមិនមាន​អ្នកណា​បៀតបៀន​ទេ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមនឹងទៅ​កាន់ចន្លោះស្រុក​តែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីទៅកាន់​ចន្លោះស្រុក​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងទៅ​កាន់​ចន្លោះស្រុក​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ ឯសិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤១] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ពីររូបចេញ​អំពីក្រុងសាកេត ហើយដើរ​ផ្លូវឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ក្នុងចន្លោះផ្លូវ​មានស្ទឹងដែល​ភិក្ខុនី​ទាំងឡាយ​នោះត្រូវឆ្លង។ ទើបភិក្ខុនី​ទាំងឡាយ​នោះ​ចូលទៅរក​ពួក​អ្នកទូក ហើយបាន​និយាយ​ពាក្យនេះ​ថា នែអ្នក​ដ៏មានអាយុ សូម​ឲ្យ​អ្នកទាំងឡាយ​អាណិត​ចម្លង​យើង (បន្តិច)។ ពួក​អ្នកទូក​និយាយថា បពិត្រ​លោកម្ចាស់ យើងខ្ញុំ​មិនអាច​ចម្លង​លោកម្ចាស់​ទាំងពីរ​រូបតែម្តង​បានទេ។ អ្នកទូកម្នាក់​ចម្លង​ភិក្ខុនី១រូប។ អ្នកទូក​ដែល​ឆ្លង​រួចទៅហើយ ក៏ទ្រុស្ត​(សេពសន្ថវ) នឹងភិក្ខុនី​ដែលឆ្លងរួចទៅហើយ។ អ្នកទូក​ដែល​មិនទាន់​ឆ្លង ក៏ទ្រុស្ត​នឹងភិក្ខុនី​ដែលមិន​ទាន់ឆ្លង។ ភិក្ខុនី​ទាំងពីរ​នោះមកប្រជុំ​គ្នាក្នុង​ពេលក្រោយ ហើយសួរ​គ្នាថា នែលោកម្ចាស់ អ្នកទូក​មិនបៀតបៀន​លោកទេឬ។ ភិក្ខុនី​នោះ​និយាយ​ថា នែលោកម្ចាស់ ខ្ញុំ​អ្នកទូក​វាបៀតបៀន​ទៅហើយ ចុះចំណែក​ខាងលោកម្ចាស់ អ្នកទូក​វាមិន​បៀតបៀន​លោកទេឬ។ ភិក្ខុនីនោះ ក៏និយាយថា លោកម្ចាស់ ខ្ញុំអ្នកទូក​បៀតបៀន​ហើយ​ដែរ។ លំដាប់នោះ ភិក្ខុនី​ទាំងឡាយ​នោះ​ទៅកាន់ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមនឹងទៅ​កាន់ត្រើយស្ទឹង​ខាងនាយ​​តែម្នាក់​ឯង​​សោះ។ ទើបភិក្ខុនី​ទាំងឡាយ​នោះប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីទៅកាន់ត្រើយ​ស្ទឹង​ខាងនាយ​​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងទៅ​កាន់ត្រើយស្ទឹង​ខាងនាយ​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ ព្រះដ៏មានព្រះភាគបាន​​ទ្រង់បញ្ញត្ត​សិក្ខាបទនេះ​ដល់​ភិក្ខុនី​ទាំងឡាយ​យ៉ាងនេះ។

[៤២] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ច្រើនរូប ទៅកាន់​ក្រុងសាវត្ថី ក្នុងជនបទ​កោសល ទើបចូលទៅ​កាន់ស្រុក១ ក្នុងពេលល្ងាច។ បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនី១រូប​ មានរូបល្អ គួរ​ពិតពិលរមិលមើល នាំមកនូវ​សេចក្តី​ជ្រះថ្លា។ បុរសម្នាក់​មានចិត្ត​ប្រតិព័ទ្ធ​តាំងពី​ឃើញភិក្ខុនី​នោះ។ ឯបុរសនោះ​បានក្រាល​ទីសិង​ដល់ភិក្ខុនី​ទាំងឡាយនោះ ក៏ក្រាល​ទីសិង​ដើម្បី​ភិក្ខុនី​នោះក្នុង​ទី​ម្ខាង​ដោយឡែក។ ទើបឯភិក្ខុនី​នោះកំណត់​យល់ឃើញ​ហើយ ក៏គិតថា បុរសនេះ​មានរាគៈគ្របសង្កត់​ហើយ បើគាត់​នឹងមក​ក្នុង​វេលាយប់ អញ​មុខ​ជានឹងមាន​សម្រែក​ខុសប្រក្រតី ហើយក៏​មិនបាន​លា​ភិក្ខុនី​ទាំងឡាយ ស្រាប់តែ​ទៅកាន់​ត្រកូល​មួយ ហើយក៏​សម្រេច​ឥរិយាបថ​ដេក។ លំដាប់នោះ បុរស​នោះមកក្នុងវេលា​រាត្រី ស្វែងរក​ភិក្ខុនី​នោះ ក៏បៀតបៀន​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនីទាំងឡាយ​ កាលបើ​មិនឃើញ​ភិក្ខុនី​នោះ បាននិយាយ​យ៉ាងនេះថា ភិក្ខុនី​នោះចេញទៅ​ជាមួយ​នឹងប្រុស​ជាប្រាកដ​ហើយ។ ឯភិក្ខុនី​នោះ លុះកន្លង​រាត្រី​នោះទៅ បានចូលទៅរក​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​នោះថា នែលោកម្ចាស់ ហេតុអ្វី​បានជាលោក​ចេញទៅ​ជាមួយ​នឹងប្រុស។ ភិក្ខុនី​នោះនិយាយ​ថា នែលោកម្ចាស់ ខ្ញុំមិនបាន​ចេញទៅជា​មួយនឹងប្រុស​ទេ ហើយក៏​ប្រាប់ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយឯ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមបើនឹងនៅ​ប្រាសចាក​គ្នា​ក្នុងវេលា​រាត្រីតែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីនៅប្រាសចាក​(គ្នា)​ក្នុងវេលា​រាត្រី​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹងនៅប្រាសចាក​(គ្នា)​ក្នុងវេលារាត្រី​តែម្នាក់​ឯង​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ ឬនាំឲ្យ​រឹងរឹត​តែជ្រះថ្លា​ឡើង​ដល់​ជនទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់ហើយទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី ប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ឈ្មោះបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​​ទ្រង់បញ្ញត្ត​​ដល់​ភិក្ខុនី​ទាំងឡាយ​ហើយយ៉ាងនេះ។

[៤៣] សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ច្រើនរូប ដើរផ្លូវឆ្ងាយ ទៅកាន់​ក្រុងសាវត្ថី ក្នុង​កោសលជនបទ។ បណ្តាភិក្ខុនី​ទាំងឡាយនោះ ភិក្ខុនីមួយរូប​ មានឧច្ចារបៀតបៀន (ឈឺដោះ​ទុក្ខសត្វ) បង្អង់នៅ​តែម្នាក់ឯង ហើយបាន​ទៅក្នុងកាល​ជាខាងក្រោយ។ មនុស្សទាំងឡាយ​ឃើញ​ភិក្ខុនី​នោះហើយ​ទ្រុស្ត។ ទើបភិក្ខុនី​នោះចូលទៅរក​ភិក្ខុនី​ទាំងឡាយនោះ។ ភិក្ខុនី​ទាំងឡាយ​បានពោលពាក្យ​នេះនឹងភិក្ខុនី​នោះថា នែលោកម្ចាស់ ហេតុអ្វីក៏លោក​បង្អង់ឈប់​នៅតែម្នាក់​ឯង ហើយលោក​មិនមានអ្នក​ណាបៀតបៀន​ខ្លះទេឬ។ ភិក្ខុនី​នោះប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំ​ប្រុស​បៀតបៀនទៅហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី មិនសមបើនឹងឈប់​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់​ឯង​​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់ឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី​ មិនគួរបើនឹង​បង្អង់​ឲ្យយឺតយូរ​ជាងពួក​តែម្នាក់​ឯង​សោះ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ទៅកាន់​ចន្លោះ​ស្រុក​តែម្នាក់ឯងក្តី ទៅកាន់​ត្រើយ​ស្ទឹង​ខាងនាយ​តែម្នាក់ឯងក្តី នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រី​តែម្នាក់ឯង​ក្តី ឈប់​​ឲ្យឃ្លាតអំពីពួក​តែម្នាក់ឯងក្តី​ ភិក្ខុនី​នេះឯង ក៏ត្រូវ​អាបត្តិឈ្មោះសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ។

[៤៤] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ពាក្យថា ទៅកាន់ចន្លោះស្រុក​តែម្នាក់ឯងក្តី គឺភិក្ខុនី​ឈានជំហាន​ដម្បូង​ចូលទៅកាន់​របង​នៃ​ស្រុក​ដែលមាន​របង ត្រូវ​អាបត្តិថុល្លច្ច័យ ឈាន​ជំហានទី២ ទៅ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុនី​ឈានជំហាន​ដម្បូងចូលទៅកាន់​ឧបចារ​ស្រុក​ដែលមិនមាន​របង ត្រូវ​អាបត្តិថុល្លច្ច័យ ឈាន​ជំហានទី២ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា ទៅកាន់ត្រើយស្ទឹង​ខាងនាយតែម្នាក់ឯង គឺភិក្ខុនី​បិទបាំង​មណ្ឌល​៣ ហើយ​ឆ្លងឡើង​ក្នុងទីណាមួយ ស្បង់នៃ​ភិក្ខុនី​នោះក៏ទទឹកបាន ទីនោះហៅថា​ស្ទឹង។ ភិក្ខុនីឆ្លង​ផុត​ជំហាន​ដម្បូង​ ត្រូវ​អាបត្តិថុល្លច្ច័យ ឆ្លងផុត​ជំហានទី២ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា នៅប្រាសចាក​គ្នាក្នុងវេលា​រាត្រីតែម្នាក់ឯង គឺភិក្ខុនី​កំពុង​លះហត្ថបាស​នៃភិក្ខុនី​ទី២ ត្រូវ​អាបត្តិថុល្លច្ច័យ ព្រមគ្នានឹង​អរុណរះឡើង លុះលះហត្ថបាស​ស្រឡះហើយ ត្រូវអាបត្តិ​សង្ឃាទិសេស។ ពាក្យថា ឈប់ឲ្យឃ្លាត​អំពីពួក​តែម្នាក់ឯង គឺភិក្ខុនីកំពុង​លះ​ទស្សនុបចារ (កន្លែង​ដែលមើលគ្នាឃើញ)​ក្តី សវនុបចារ (កន្លែង​ដែលស្តាប់​ឮ)ក្តី របស់ភិក្ខុនី​ទី២ ក្នុងព្រៃ​មិនមែនជា​ស្រុក ត្រូវអាបត្តិ​ថុល្លច្ច័យ លុះលះបង់​ដាច់​ស្រឡះហើយ ត្រូវសង្ឃាទិសេស។

[៤៥] ពាក្យថា ភិក្ខុនី​នេះឯង តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលត្រូវ​អាបត្តិ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹងពេល​ដែល​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធីទេ។ ពាក្យថា គួរ​បណ្តេញចេញ​ គឺ​ភិក្ខុនី​នោះត្រូវ​ភិក្ខុនី​ទាំងឡាយ​បណ្តេញ​ចេញ​ចាកសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​រួចហើយ។

[៤៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីទី២​ចៀសចេញ​ទៅក្តី សឹកទៅក្តី ស្លាប់ទៅក្តី ចូលទៅ​កាន់ពួក​តិរ្ថិយក្តី១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើមុនបញ្ញត្តិ១។

សង្ឃាទិសេសទី៤

[៤៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តី​បង្កហេតុ​ឈ្លោះទាស់​ទែង​គ្នា ធ្វើនូវ​តិរច្ឆាន​កថា ជាអ្នកបង្កអធិករណ៍​ក្នុងសង្ឃ។ ថុល្លនន្ទាភិក្ខុនី​រារាំង​នូវកម្ម​ទាំងឡាយ​ដែល​ចណ្ឌកាលីភិក្ខុនី​នោះធ្វើ។ ទទួលសម័យ​នោះឯង ថុល្លនន្ទាភិក្ខុនី​បានទៅកាន់​ស្រុកតូច ដោយកិច្ច​អ្វីម្យ៉ាង។ លំដាប់នោះ ភិក្ខុនីសង្ឃ​ដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញ​ទៅហើយ ៗលើក​វត្ត​ចំពោះ​ចណ្ឌកាលីភិក្ខុនី ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនី​ពិចារណា​កិច្ចដែល​ខ្លួន​ត្រូវធ្វើ​ក្នុងស្រុក​នោះហើយ ក៏វិលមក​កាន់ក្រុង​សាវត្ថីវិញ។ ចណ្ឌកាលី​ភិក្ខុនី កាលបើ​ថុល្លនន្ទាភិក្ខុនី​មកដល់ ក៏មិនក្រាល​អាសនៈឲ្យ មិនចូលទៅ​ដម្កល់​ទឹកលាងជើង តាំងរងជើង និងឈើ​ទ្រាប់ជើង​ឡើយ មិនក្រោក​ទទួល​យកបាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹក។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹង​ចណ្ឌកាលី​ភិក្ខុនីថា នែលោកម្ចាស់ កាលបើ​យើងមកដល់ ហេតុអ្វី​ក៏លោក​មិនក្រាល​អាសនៈ​ឲ្យ មិនចូលមក​ដម្កល់​ទឹក​លាងជើង តាំង​រងជើង និងឈើ​ទ្រាប់ជើង​ឲ្យ មិនក្រោក​ទទួល​យកបាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹក។ ចណ្ឌកាលី​ភិក្ខុនី​និយាយថា បពិត្រលោកម្ចាស់ ការនេះ​បានជាយ៉ាងហ្នឹង ព្រោះខ្ញុំ​ជាមនុស្ស​អនាថា។ ថុល្លនន្ទាភិក្ខុនីសួរថា នែលោកម្ចាស់ ហេតុអ្វី​ក៏លោក​ជាមនុស្ស​អនាថា។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែលោកម្ចាស់ ភិក្ខុនីទាំងឡាយ​នេះ គិតគ្នាថា ភិក្ខុនី​នេះ​ជាមនុស្ស​អនាថា មិនមាន​អ្នកណាស្គាល់ គ្មាន​ភិក្ខុនី​ណាមួយ​ជាអ្នក​ប្រតិបត្តិ​ភិក្ខុនី​នេះទេ ដូច្នេះហើយ ក៏លើកវត្ត​ចំពោះខ្ញុំ ព្រោះសេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនី​និយាយថា ភិក្ខុនី​ទាំងឡាយ​នេះ​ល្ងង់ ភិក្ខុនី​អស់នេះ​មិនឆ្លាស ភិក្ខុនី​ទាំងឡាយ​នេះ​មិនស្គាល់​កម្ម​ក្តី ទោសរបស់​កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិ​ក្តី ឯយើង​ទើបដឹងកម្ម​ផង ទោសរបស់​កម្មផង កម្មវិបត្តិផង កម្មសម្បត្តិ​ផង យើងហ្នឹង​ឯង​ត្រូវធ្វើកម្ម​ដែលសង្ឃ​មិនបាន​ធ្វើផង ត្រូវញុំាង​កម្ម​ដែលសង្ឃ​ធ្វើហើយឲ្យ​កម្រើក​ផង ដូច្នេះហើយ ប្រជុំភិក្ខុនី​សង្ឃ​ភ្លាមៗ ហើយសូត្រ​(ដកកម្ម) បញ្ចូល​ចណ្ឌកាលីភិក្ខុនី​មកវិញ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើនឹងមិន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ ហើយសូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ទេ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី មិនបាន​ប្រាប់​ការកសង្ឃ មិនដឹង​សេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់ពួក​ភិក្ខុនី​ជាអ្នកធ្វើ ហើយសូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​ព្រះសាស្តា​ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ មិនបាន​ប្រាប់​ការកសង្ឃ មិនដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​សូត្រ​បញ្ចូល​ភិក្ខុនី​ដែលសង្ឃ​ព្រមព្រៀង​គ្នាលើកវត្ត​តាមធម៌ តាមវិន័យ តាមពាក្យប្រៀន​ប្រដៅ​​របស់​ព្រះសាស្តា​ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៤៨] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ សង្ឃ​ដែលមានសំវាស​ស្មើគ្នា ឋិតនៅក្នុង​សីមាស្មើគ្នា ឈ្មោះថា ព្រមព្រៀងគ្នា។ ភិក្ខុនី​ដែល​ឈ្មោះ​ថា​សង្ឃ​លើកវត្ត គឺភិក្ខុនី​ដែលសង្ឃ​លើកវត្ត​ ព្រោះមិនឃើញ​អាបត្តិ​ក្តី មិនសំដែង​អាបត្តិ​ក្តី មិនលះបង់​(ទិដ្ឋិអាក្រក់)​ក្តី។ ពាក្យថា តាមធម៌ តាមវិន័យ គឺតាមធម៌​យ៉ាងណា តាមវិន័យ​យ៉ាងណា។ ពាក្យថា តាមពាក្យប្រៀន​ប្រដៅ​របស់​ព្រះសាស្តា គឺតាម​ពាក្យប្រៀន​ប្រដៅ​របស់ព្រះ​ជិនស្រី គឺតាម​ពុទ្ធសាសនា។ ពាក្យថា មិនប្រាប់​ការកសង្ឃ គឺមិនប្រាប់​សង្ឃ​ជាអ្នក​ធ្វើកម្ម។ ពាក្យថា មិនដឹងសេចក្តី​ប្រាថ្នារបស់​គណៈ គឺមិនដឹង​សេចក្តី​ពេញចិត្ត​របស់​ពួក។ ភិក្ខុនី​គិតថា អញ​នឹង​សូត្រ​បញ្ចូល​ពួក ហើយ​ស្វែងរក​ពួកក្តី សម្មតិសីមាក្តី ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​នោះ​ ត្រូវ​អាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់​ញត្តិ ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ក្នុងខណៈ​ចប់​កម្មវាចាពីរ​លើក ត្រូវ​អាបត្តិ​សង្ឃាទិសេស​ក្នុងខណៈ​សូត្រចប់​កម្មវាចា​ស្រេច។

[៤៩] ពាក្យថា ភិក្ខុនី​នេះក្តី តថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ដែលប្រព្រឹត្ត​ល្មើស​​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីឯទៀត​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សង្ឃាទិសេសទី១​នៃ​សត្តរសកណ្ឌ​រួចហើយ។

[៥០] កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មប្រកបដោយ​ធម៌ ហើយសូត្រ​បញ្ចូល​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនីសង្ស័យ ហើយសូត្រ​បញ្ចូល​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្ម​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មមិនប្រកបដោយ​ធម៌ ហើយសូត្រ​បញ្ចូល​​ពួក ត្រូវអាបត្តិ​សង្ឃាទិសេស។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មប្រកបដោយ​ធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​កម្មមិនប្រកបដោយ​ធម៌ ត្រូវអាបត្តិ​ទុក្កដ។

[៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី​ប្រាប់សង្ឃ​ជាអ្នកធ្វើ​សង្ឃកម្ម ហើយទើបសូត្រ​បញ្ចូល​ពួក១ ភិក្ខុនី​ដឹងសេចក្តី​ប្រាថ្នា​របស់គណៈ ហើយ​ទើបសូត្រ​បញ្ចូល​១ ភិក្ខុនីសូត្រ​បញ្ចូល​ភិក្ខុនី​ដែលប្រព្រឹត្ត​តាមវត្ត កាលបើ​គ្មានសង្ឃ​ជាអ្នកធ្វើ​សង្ឃកម្ម​ ទើប​ភិក្ខុនី​សូត្របញ្ចូល​ពួក១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើខុសមុនបញ្ញត្តិ១។

សង្ឃាទិសេសទី៥

[៥២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានរូបល្អ គួរពិតពិល​រមិលមើល នាំមក​នូវ​សេចក្តី​ជ្រះថ្លា។ មនុស្សទាំងឡាយ​ឃើញ​សុន្ទរីនន្ទាភិក្ខុនី​ក្នុងរោង​ភត្តហើយ មានសេចក្តី​តម្រេក ក៏ប្រគេន​ភោជន​ទាំងឡាយ​សុទ្ធ​តែ​ប្រសើរ​ដល់សុន្ទរីនន្ទាភិក្ខុនី​ដែលមាន​តម្រេក​ដែរ។ សុន្ទរីនន្ទាភិក្ខុនី​ឆាន់ (តែឯង) ទាល់តែ​ឆ្អែត។ ភិក្ខុនី​ទាំងឡាយ​ដទៃ​មិនបាន​អាហារ​ដ៏សមគួរ​ដល់ចិត្ត​ផងឡើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា នាងសុន្ទរីនន្ទាភិក្ខុនី មិនសមបើនឹងមានតម្រេក ទទួល​ខាទនីយ​ភោជនីយាហារអំពី​ដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​ខ្លួន​ ហើយទំពាស៊ី​ ឬឆាន់​សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាសុន្ទរីនន្ទាភិក្ខុនីមាន​តម្រក ទទួល​ខាទនីយ​ភោជនីយាហារ​អំពីដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​របស់ខ្លួន ហើយទំពា​ស៊ី​ ឬបរិភោគ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ សុន្ទរីនន្ទាភិក្ខុនី មិនគួរបើនឹងមានតម្រេក​ ហើយទទួល​ខាទនីយ​ភោជនីយាហារ​អំពីដៃ​បុរស​បុគ្គល​ដែលមាន​តម្រេក​ដែរ ដោយដៃ​របស់​ខ្លួន ហើយទំពាស៊ី ឬឆាន់ទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ មានតម្រេក​ទទួលយក​ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​បុរស​បុគ្គល​ដែលមានតម្រេក​ដែរ ដោយដៃ​នៃខ្លួន ហើយទំពាស៊ីក្តី បរិភោគក្តី ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៥៣] ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ភិក្ខុនី​ដែលឈ្មោះ​ថា មានតម្រេក គឺភិក្ខុនី​ដែលត្រេកអរ​ អាឡោះអាល័យ មានចិត្ត​ប្រតិព័ទ្ធ។ បុរស​ដែលឈ្មោះ​ថា មានតម្រេក គឺប្រុស​​ដែលត្រេកត្រអាល សំឡឹងគយគន់ មានចិត្ត​ប្រតិព័ទ្ធ។ ដែល​ហៅថា​បុរសបុគ្គល សំដៅយក​មនុស្សប្រុស​ដែលដឹងក្តី អាចត្រេកអរ​បាន មិនមែន​យក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោល​ទេ។ ដែលហៅថា ខាទនីយ គឺលើកលែង​តែភោជន​៥យ៉ាង​ចេញ និង​ទឹក និង​ឈើស្ទន់ ក្រៅពី​នោះឈ្មោះ​ថា ខាទនីយ​ទាំងអស់។ ភោជន​៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ឈ្មោះថា ភោជនីយ។ ភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ ហើយ​ទទួលយក ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុនី​នោះ ត្រូវអាបត្តិ​សង្ឃាទិសេស​គ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។

[៥៤] ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ទាំងឡាយ​មុនៗ។ ពាក្យថា បឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ។ ភិក្ខុនី​ទទួលទឹក​ និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។

[៥៥] កាលបើ​មានតម្រេក​តែម្ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ ក៏ទទួល​យក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលទឹក​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។ កាលបើបុគ្គល​​មានតម្រេកទាំងពីរ​ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគដូច្នេះ ក៏ទទួល​យកអំពី​ដៃ​យក្សប្រុសក្តី ប្រេតក្តី បណ្ឌក (ខ្ទើយ)​ក្តី តិរច្ឆាន​ដែលមាន​រូបរាង​ដូចមនុស្ស​ក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលទឹក​​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មានតម្រេក​តែម្ខាង ហើយភិក្ខុនី​គិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ​ដូច្នេះ ក៏ទទួល​យក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ទុក្កដ​​គ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​ទទួលយក​ទឹក​និងឈើស្ទន់ ត្រូវអាបត្តិ​ទុក្កដ។

[៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ជនទាំងឡាយ (ភិក្ខុនី​និងប្រុស) មិនមាន​តម្រេក​ទាំងពីរ​ខាង១ ភិក្ខុនី​ដឹងថា ប្រុសនោះ​មិនមាន​តម្រេក ទើបទទួល​យក១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ធ្វើខុសមុនបញ្ញត្តិ១។

សង្ឃាទិសេសទី៦

[៥៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនី​មានរូបល្អ គួរពិតពិល​រមិលមើល នាំមក​នូវ​សេចក្តី​ជ្រះថ្លា។ មនុស្សទាំងឡាយបាន​ឃើញ​សុន្ទរីនន្ទាភិក្ខុនី​ក្នុងរោង​ភត្តក៏មានតម្រេក ហើយឲ្យ​ភោជន​​ទាំងឡាយដ៏​ឧត្តុង្គ​ឧត្តម​ដល់សុន្ទរីនន្ទាភិក្ខុនី​ដែលមាន​តម្រេក​ដែរ។ សុន្ទរីនន្ទាភិក្ខុនីរង្កៀស ក៏មិនទទួលយក។ ភិក្ខុនីដែល​អង្គុយ​លើអាសនៈ​បន្ទាប់​ បានពោល​ពាក្យនេះ​នឹង​សុន្ទរីនន្ទា​ភិក្ខុនី​ថា នែលោកម្ចាស់ ហេតុអ្វី​ក៏​នាង​មិនទទួលយក។ សុន្ទរីនន្ទា​ភិក្ខុនី​និយាយថា នែលោកម្ចាស់ បុរស​នេះមានតម្រេក។ ភិក្ខុនី​ទាំងឡាយ​នោះសួរ​ថា នែលោកម្ចាស់ ចំណែក​ខាងលោក​មានតម្រេក​ឬទេ។ សុន្ទរីនន្ទា​ភិក្ខុនី​និយាយថា នែលោកម្ចាស់ ខ្ញុំ​មិនមាន​តម្រេកទេ។ ភិក្ខុនី​នោះ​និយាយ​ថា នែលោកម្ចាស់ បុគ្គលប្រុស​នេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹងធ្វើអ្វី​ដល់​នាង​បាន នែ​លោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេក​ហើយ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ធម្មតា​ភិក្ខុនី​មិនសម​បើនឹង​ពោលយ៉ាងនេះ​ថា នែលោក​ម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែ​លោក​ម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនោះ​ឲ្យវត្ថុឯណា ជាខាទនីយ​ក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ។បេ។ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីពោល​យ៉ាងនេះ​ថា នែ​លោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម្មតា​ភិក្ខុនី​មិនសម​បើនឹង​ពោល​យ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​ឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​របស់​ភិក្ខុនី​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ពោលយ៉ាងនេះ​ថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះឲ្យវត្ថុឯណា ជាខាទនីយក្តី ជាភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ ភិក្ខុនីនេះក្តី ក៏ត្រូវ​អាបត្តិសង្ឃាទិសេស ជាបឋមាបត្តិក គួរ​បណ្តេញ​ចេញ​ចាកសង្ឃ។

[៥៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុនី​និយាយ​បញ្ជូន​ដោយពាក្យថា នែលោកម្ចាស់ បុគ្គល​ប្រុសនេះ ទុកជាមាន​តម្រេកក្តី មិនមាន​តម្រេក​ក្តី នឹង​ធ្វើអ្វី​ដល់​លោក​បាន នែលោកម្ចាស់ ណ្ហើយចុះ កាលណាបើ​លោកមិនមាន​តម្រេកទេ បើបុគ្គល​ប្រុសនេះ​​ឲ្យវត្ថុឯណា ជាខាទនីយក្តី ភោជនីយ​ក្តី ដល់លោក លោកចូរ​ទទួលយក​វត្ថុនោះ​ដោយដៃ​ខ្លួន ហើយទំពា​ស៊ី ឬបរិភោគចុះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ទទួលយក​ដោយគិតថា អញ​នឹងទំពាស៊ី ឬនឹងបរិភោគ​តាមពាក្យ​ភិក្ខុនី​ដែលពោល​បញ្ជូន​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​នោះ ត្រូវអាបត្តិ​ថុល្លច្ច័យគ្រប់ៗវារៈ​ដែល​លេបចូល​ទៅ។ ភិក្ខុនី​នោះ​ត្រូវអាបត្តិ​សង្ឃាទិសេស​ក្នុងពេល​ដែល​ឆាន់រួច​ហើយ។ ពាក្យថា ភិក្ខុនី​នេះក្តី គឺតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​ទាំងឡាយ​មុនៗ។ ពាក្យថា ជាបឋមាបត្តិក គឺភិក្ខុនី​ត្រូវ​អាបត្តិ​ព្រមគ្នា​​នឹង​​ប្រព្រឹត្ត​កន្លង​វត្ថុ មិនមែនដោយ​សូត្រ​សមនុភាសនវិធី​ទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មាន​​សេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួចហើយ។ ភិក្ខុនី​បញ្ជូន​ដោយពាក្យថា លោកចូរ​ទទួល​យកទឹក និងឈើស្ទន់​ចុះដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីនោះទទួល​ដោយគិតថា អញ​នឹង​ទំពាស៊ី ឬនឹងបរិភោគ​តាមពាក្យ​ភិក្ខុនី​ដែល​ពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។

[៥៩] កាលបើ​មានតម្រេក​តែម្ខាង ភិក្ខុនី​បញ្ជូន​ដោយពាក្យថា លោកចូរ​(ទទួល) ខាទនីយ​ក្តី ភោជនីយ​ក្តី អំពីដៃ​យក្សក្តី ប្រេតក្តី បណ្ឌកក្តី តិរច្ឆាន​មានរូបរាង​ដូចមនុស្ស​ក្តី ហើយទំពាស៊ី ឬបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះទទួល​ដោយគិតថា អញនឹង​ទំពាស៊ី ឬនឹង​បរិភោគ​តាមពាក្យ​ភិក្ខុនី​ដែលពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ទុក្កដគ្រប់ខណៈ​ដែល​លេបចូលទៅ។ ភិក្ខុនី​នោះត្រូវអាបត្តិ​ថុល្លច្ច័យ​ក្នុងពេល​ដែលឆាន់​រួចហើយ។ ភិក្ខុនី​ពោល​បញ្ជូនថា លោកចូរ​ទទួល​យក​ទឹក​និង​ឈើស្ទន់​ចុះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទទួល​ដោយគិតថា អញ​​នឹងទំពាស៊ី ឬនឹងបរិភោគតាមពាក្យ​ភិក្ខុនី​ជាអ្នក​ពោល​បញ្ជូន​នោះ ត្រូវអាបត្តិ​ទុក្កដ។

[៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី​ដឹងថា បុរសនោះ​មិនមាន​តម្រេក ទើបបញ្ជូន​១ ភិក្ខុនី​បញ្ជូន​ដោយគិតថា ភិក្ខុនី​នេះក្រោធ ហើយគង់​មិនទទួល​យក១ ភិក្ខុនី​បញ្ជូន​ដោយគិតថា ភិក្ខុនី​នេះគង់​មិនទទួល​យក ព្រោះ​ខ្លួន​មានសេចក្តី​អនុគ្រោះ​ត្រកូល១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេសទី៧

[៦១] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ចណ្ឌកាលីភិក្ខុនីឈ្លោះ​ខឹងអាក់អន់​ចិត្ត​នឹងភិក្ខុនី​ទាំងឡាយ ហើយពោល​យ៉ាងនេះ​ថា ខ្ញុំលាព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំលាសិក្ខា ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សមណី​ទាំងឡាយ​ដទៃ​ដែល​មានខ្មាស មានសេចក្តី​រង្កៀស ជាអ្នក​ប្រាថ្នា​ការសិក្សា​ក៏មាន​ខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ចណ្ឌកាលី​ខឹង​អាក់អន់ចិត្ត មិនសមបើ​នឹងពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា  ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​អម្បាល​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស មានសេចក្តី​​ប្រាថ្នា​ការសិក្សា​ក៏មានដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាចណ្ឌកាលី​ភិក្ខុនី​ខឹង​អាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា  ភិក្ខុនី​ទាំងឡាយ​ឯណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​អម្បាល​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ជាអ្នក​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ​​ប្រាថ្នា​ការសិក្សា​ក៏មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានព្រះភាគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលី​ភិក្ខុនី​ខឹងអាក់អន់​ចិត្តហើយ មិនគួរបើ​នឹងពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា  ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ជាអ្នក​ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ខឹងអាក់អន់​ចិត្ត ហើយពោលយ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា  ភិក្ខុនី​ទាំងឡាយណា​ជាសមណី​ ជាធីតា​ព្រះពុទ្ធ​ជាសក្យ ភិក្ខុនី​ទាំងឡាយនេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់​ ហើយ​និយាយ​យ៉ាង​នេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ​ដូច្នេះឡើយ។ នែលោកម្ចាស់ ចូរលោក​ត្រេកអរ (ព្រោះ)​ធម៌ព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើនូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ ឯភិក្ខុនី​នោះ កាលបើត្រូវភិក្ខុនី​ទាំងឡាយ​​ពោលយ៉ាងនេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​នោះអស់វារៈ​ជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់​វត្ថុ​នោះចេញ។ បើភិក្ខុនី​នោះ កាលត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីគំរប់​បីដង​(ហើយ) លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននោះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនី​នេះ ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។

[៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ខាងដើម​រួច​ហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនី​មានចិត្ត​មិនត្រេកអរ មានចិត្ត​ដែលទោស​ខ្ទាំងខ្ទប់​ហើយ មានចិត្ត​រឹងរូស។ ពាក្យថា ភិក្ខុនី​ពោលយ៉ាងនេះ គឺភិក្ខុនីពោលថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះដូច្នេះ។

[៦៣] ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ដែលពោល​យ៉ាងនេះ​ជាប្រក្រតី​នោះឯង។ ពាក្យថា ត្រូវ​ភិក្ខុនី​ទាំងឡាយ​ គឺត្រូវភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណាឃើញ ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវពោល​ហាមភិក្ខុនី​នោះថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់ចិត្ត ហើយនិយាយ​យ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នោះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះឡើយ នែលោកម្ចាស់ លោកចូរ​ត្រេកអរ​ចុះ (ព្រោះ)​ធម៌ គឺព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយនិយាយអស់​វារៈ​ពីរដងផង ត្រូវ​និយាយ​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ឮហើយ មិននិយាយ​ ត្រូវអាបត្តិ​ទុក្កដ។ ត្រូវ​ភិក្ខុនី​ទាំងឡាយ​ទាញ​ភិក្ខុនី​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយនិយាយ​ហាមថា នែលោកម្ចាស់ លោកកុំខឹង​អាក់អន់ចិត្ត ហើយនិយាយ​យ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ។បេ។ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ​ដូច្នេះ។ នែលោកម្ចាស់ លោកចូរ​ត្រេកអរ​ចុះ (ព្រោះ)​ធម៌ គឺព្រះ​ដ៏មានព្រះភាគ​សំដែង​ល្អហើយ ចូរលោក​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដើម្បីធ្វើ​នូវ​ទីបំផុត​ទុក្ខ​ដោយប្រពៃចុះ។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយនិយាយ​ហាម​អស់​វារៈ​ពីរដងផង ត្រូវ​និយាយ​ហាម​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៦៤] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ឯភិក្ខុនី​នោះ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី យ៉ាងនេះ។ ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀង​សង្ឃ​​ឲ្យដឹងថា បពិត្រព្រះសង្ឃម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​មាន​ឈ្មោះនេះខឹងអាក់​អន់​ចិត្ត ពោលយ៉ាងនេះថា ខ្ញុំលា​ព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​គង់មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​សមណី​ទាំងឡាយនោះ ដូច្នេះ។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើសមនុភាសនកម្ម​ មានកាល​សមគួរដល់​សង្ឃហើយ ត្រូវសង្ឃ​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​មានឈ្មោះនេះ​ខឹង​អាក់អន់​ចិត្ត ហើយពោល​យ៉ាងនេះ​ថា ខ្ញុំលា​ព្រះពុទ្ធ ខ្ញុំលាព្រះធម៌ ខ្ញុំលាព្រះសង្ឃ ខ្ញុំ​លាសិក្ខា ភិក្ខុនី​ទាំងឡាយ​ណា​ជាសមណី​ ជា​សក្យធីតា​ ភិក្ខុនីទាំងឡាយ​នេះ​នឹងហៅ​ថា​សមណី​ដូចម្តេច​បាន សូម្បីសមណី​ទាំងឡាយ​ដទៃ​ដែល​មានសេចក្តីខ្មាស មានសេចក្តី​រង្កៀស ប្រាថ្នា​ការសិក្សា​ក៏មានខ្លះដែរ អញនឹង​ប្រព្រឹត្ត​ព្រហ្មចារ្យ​ក្នុងសំណាក់​ភិក្ខុនី​​ទាំងឡាយនោះដូច្នេះ។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ (ឥឡូវនេះ) សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀមនៅ មិនគួរ​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​​ពោលឡើង។ ខ្ញុំពោលសេចក្តី​នេះអស់​វារៈគំរប់​​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ អស់វារៈ​គំរប់​បីដងផង។បេ។ សង្ឃបានសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ហើយ ដើម្បីឲ្យ​លះបង់​វត្ថុនោះ។ ការសូត្រ​សមនុភាសនវិធីនោះ គួរ​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំ​សូម​ចាំទុក​នូវដំណើរ​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៦៥] ភិក្ខុនី ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរលើក លុះចប់​កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើ​ភិក្ខុនី​ត្រូវ​អាបត្តិ​សង្ឃាទិសេស​ហើយ អាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិក្តី អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរលើកក្តី រមែង​រម្ងាប់​ទៅឯង។

[៦៦] ពាក្យថា ភិក្ខុនី​នេះក្តី (គឺ​ភិក្ខុនី​នេះឯង) ដែលតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនីដែល​ត្រូវ​សង្ឃាទិសេសមុនៗ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនី​ត្រូវ​អាបត្តិដោយ​(សង្ឃ)​សូត្រសមនុភាសនវិធី​អស់​វារជាគំរប់​បីដង មិនមែន​ត្រូវ​ព្រមគ្នា​ដោយការ​ប្រព្រឹត្ត​ល្មើស​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនី​នោះ ត្រូវ​ភិក្ខុនីទាំងឡាយ​​បណ្តេញ​ចេញអំពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានអធិប្បាយ​​ខាងដើម​រួចហើយ។

[៦៧] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីដែលសង្ឃ​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​លះបង់​ឯង១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

សង្ឃាទិសេសទី៨

[៦៩] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​អ្វី​នីមួយ ហើយខឹងតូច​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្អប់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តីល្ងង់ផង ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ចណ្ឌកាលីជាម្ចាស់​​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយហើយ មិនគួរ​នឹងខឹងអាក់អន់​ចិត្ត​ ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះសោះ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាចណ្ឌកាលីភិក្ខុនី​ ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​នីមួយ ហើយខឹងតូច​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី ​ដែលភិក្ខុនីសង្ឃ​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយហើយ មិនគួរ​បើនឹង​ខឹងអាក់អន់​ចិត្ត​ ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ​ដែលភិក្ខុនីសង្ឃ​ធ្វើឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយ​សេចក្តី​ខ្លាចផង។ ភិក្ខុនី​នោះ ត្រូវភិក្ខុនី​ទាំងឡាយ​និយាយ​យ៉ាងនេះថា នែលោកម្ចាស់ លោក ដែល​ភិក្ខុនីសង្ឃ​​ឲ្យចាញ់​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំនិយាយ​​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង​ដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះ​ដោយសេចក្តី​ស្រឡាញ់ខ្លះ ​លុះ​ដោយសេចក្តី​ស្អប់ខ្លះ ​លុះ​ដោយ​សេចក្តីល្ងង់ខ្លះ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​​ពោល​យ៉ាង​នេះ នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​បីដង ដើម្បី​ឲ្យលះ​បង់​កម្ម​នោះចេញ។ ភិក្ខុនី​នោះ កាលបើត្រូវ​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់គំរប់​បីដង លះ​បង់​កម្ម​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី ក៏ត្រូវ​អាបត្តិ​សង្ឃាទិសេស ជាយាវតតិយក គួរបណ្តេញ​ចេញចាកសង្ឃ។

[៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​ដូចគ្នា​ក្នុង​សិក្ខាបទទី១នៃ​បារាជិក​កណ្ឌ។​ ពាក្យថា ព្រោះអធិករណ៍នីមួយ ដែលហៅថា អធិករណ៍ បានដល់​អធិករណ៍ទាំងឡាយ​បួន គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។ ដែលហៅថា ភិក្ខុនី​សង្ឃ​ធ្វើឲ្យចាញ់ គឺសំដៅ​យកភិក្ខុនីដែលភិក្ខុនី​សង្ឃផ្ចាញ់​ផ្ចាលហើយ។ ពាក្យថា ខឹងអាក់អន់ចិត្ត គឺភិក្ខុនី​​មិន​ត្រេកអរ មានចិត្ត​គឺទោស​ខ្ទាំងខ្ទប់​ហើយ មានចិត្ត​រឹងត្អឹង។ ពាក្យថា ​ពោលយ៉ាងនេះ គឺពោលថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។

[៧១] ត្រង់ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនី​ជាអ្នក​ពោល​យ៉ាងនេះ​ជាប្រក្រតី​នោះឯង។ ពាក្យថា ​ភិក្ខុនី​ទាំងឡាយ​ គឺភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ឯណាឃើញ ឯណាឮ ភិក្ខុនី​​នោះ​ត្រូវភិក្ខុនី​ទាំងឡាយ​នោះ​និយាយ​​ហាមប្រាមថា នែលោកម្ចាស់ កាលបើភិក្ខុនីសង្ឃ​ឲ្យចាល​ចាញ់​​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​​ចិត្ត​ កុំពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះថា លោកម្ចាស់​ហ្នឹងឯង លុះដោយសេចក្តី​ស្រឡាញ់ខ្លះ។បេ។ លុះដោយ​សេចក្តី​ខ្លាចខ្លះ។ ភិក្ខុនី​ទាំងឡាយ​ត្រូវ​និយាយ​នឹងភិក្ខុនី​នោះ​អស់​វារៈ​ពីរដងផង ត្រូវ​និយាយនឹង​ភិក្ខុនី​នោះ​​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើលះបង់​មិនបាន​ទេ ភិក្ខុនីនោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយឯណា​ឮហើយ មិននិយាយ​ ភិក្ខុនី​ទាំងនោះ​ត្រូវអាបត្តិ​ទុក្កដ។ ​ភិក្ខុនី​ទាំងឡាយ​ត្រូវ​ចាប់​ទាញ​ភិក្ខុនី​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយនិយាយថា នែលោកម្ចាស់ បើភិក្ខុនីសង្ឃផ្ចាញ់ផ្ចាល​​ព្រោះអធិករណ៍​​នីមួយ លោកខឹងអាក់អន់​ចិត្តហើយ កុំពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផងដូច្នេះ ថា លោកម្ចាស់​ហ្នឹងឯង លុះដោយសេចក្តី​ស្រឡាញ់ខ្លះ។បេ។ ​លុះ​ដោយសេចក្តី​ខ្លាចខ្លះ ភិក្ខុនី​ទាំងឡាយត្រូវ​និយាយ​​នឹងភិក្ខុនី​នោះ​​អស់​វារៈ​ពីរដងផង ត្រូវ​និយាយ​​​អស់​វារៈ​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៧២] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនី​ទាំងឡាយត្រូវ​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ផ្តៀង​សង្ឃ​​ឲ្យដឹងថា បពិត្រព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​​ឈ្មោះនេះ ភិក្ខុនីសង្ឃ​បាន​ផ្ចាញ់​​ព្រោះអធិករណ៍​​នីមួយ ហើយខឹងអាក់អន់​ចិត្ត ពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ បើសង្ឃ​មានកាល​គួរដល់ហើយ សង្ឃត្រូវ​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ពាក្យខ្ញុំ ភិក្ខុនីនេះ​ឈ្មោះនេះ​ ភិក្ខុនីសង្ឃបានផ្ចាញ់​​អធិករណ៍​​នីមួយ ខឹងអាក់អន់​ចិត្ត ហើយពោល​យ៉ាងនេះ​ថា ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ស្រឡាញ់ផង។បេ។ ភិក្ខុនី​ទាំងឡាយ​លុះ​ដោយសេចក្តី​ខ្លាចផង។ ភិក្ខុនីនោះមិនលះ​បង់វត្ថុ​នោះទេ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គាប់ចិត្ត​​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគាប់​ចិត្ត​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំពោលសេចក្តី​នេះអស់​វារៈជា​គំរប់​​ពីរដងផង។បេ។ ខ្ញុំពោល​សេចក្តី​នេះ អស់វារៈ​ជាគំរប់​បីដងផង។បេ។ សង្ឃសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ ដើម្បីឲ្យ​លះបង់​វត្ថុនោះហើយ។ ការសូត្រ​សមនុភាសនវិធីនោះ គាប់ចិត្ត​​ដល់សង្ឃ ហេតុនោះ សង្ឃទើបស្ងៀមនៅ។ ខ្ញុំ​សូម​ចាំទុក​នូវរឿង​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៧៣] ភិក្ខុនីនោះ ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរលើក លុះសូត្រចប់​កម្មវាចាស្រេច ត្រូវអាបត្តិសង្ឃាទិសេស។ កាលបើ​ភិក្ខុនីនោះ​​ត្រូវ​អាបត្តិ​សង្ឃាទិសេស អាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិ(ក្តី) អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរលើក(ក្តី) រមែង​រម្ងាប់​ទៅ(ឯង)។

[៧៤] ត្រង់ពាក្យថា ភិក្ខុនី​នេះក្តី គឺ​ភិក្ខុនី​នេះឯង ដែលតថាគត​ពោលប្រៀបផ្ទឹម​នឹងភិក្ខុនី​មុនៗដែលត្រូវអាបត្តិ​នោះដែរ។ ពាក្យថា ជាយាវតតិយក គឺភិក្ខុនី​នោះ​ត្រូវ​សង្ឃាទិសេសក្នុង​ខណៈ​ដែល​​សូត្រ​សមនុភាសនវិធី​​កំណត់​បីដង មិន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញចាកសង្ឃ​ គឺ​ភិក្ខុនីទាំងឡាយ​​ឲ្យភិក្ខុនី​នោះ​ចៀសចេញ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​ដូចគ្នា​នឹងបឋម​សង្ឃាទិសេស​​ខាងដើម។

[៧៥] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តី​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ មិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវ អាបត្តិ ទុក្កដ។

[៧៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី(ដែលសង្ឃ)​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​ដែលលះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

សង្ឃាទិសេសទី៩

[៧៧] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុនីជាអន្តេវាសិនី ​​ របស់ថុល្លនន្ទាភិក្ខុនី​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំង​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ភិក្ខុនី​ទាំងឡាយ មិនសម​បើនឹង​​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នា​សោះ។បេ។ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នា ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុនីមិនគួរ​បើនឹងនៅ​ច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់ភិក្ខុនី​ផងគ្នាទេ ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ហើយទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ចំណែក​ភិក្ខុនី​ទាំងឡាយ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះ គួរ​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ ​នៅច្រឡំ​ដោយគ្រហស្ថ មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោកទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​បងប្អូនស្រី្ត​ទាំងឡាយ។  ភិក្ខុនី​ទាំងឡាយ​នោះ កាលភិក្ខុនី​ទាំងឡាយ​និយាយ​​យ៉ាង​នេះហើយ ក៏នៅប្រកាន់​យ៉ាងនោះ​ដដែល ភិក្ខុនីទាំងឡាយ​នោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជាគំរប់​បីដង ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះ។ បើភិក្ខុនីទាំងឡាយ​នោះ កាល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីជា​គំរប់​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនីទាំងឡាយ​​នេះក្តី ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។

[៧៨] ត្រង់ពាក្យថា ចំណែកភិក្ខុនី​ទាំងឡាយ គឺ​សំដៅយក​ស្ត្រី​ដែលបាន​ឧបសម្បទា​ហើយ។ ពាក្យថា នៅច្រឡំ​ដោយ​គ្រសហ្ថ គឺនៅ​ច្រឡំ​ដោយកាយកម្ម វចីកម្ម (របស់គ្រហស្ថ) ដែល​មិនសមគួរ (ដល់​បព្វជិត)។ ពាក្យថា មានមារយាទ​អាក្រក់ គឺ​ប្រកប​ដោយមារយាទ​អាក្រក់។ ពាក្យថា មានកិត្តិសព្ទ​អាក្រក់ គឺល្បីឮដោយ​កិត្តិសព្ទ​អាក្រក់។ ពាក្យថា មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ គឺសម្រេច​ជីវិត​ដោយ​មិច្ឆាជីវដ៏​អាក្រក់។ ពាក្យថា បៀតបៀន​ភិក្ខុនី​សង្ឃ គឺរាំង​រាកម្ម​ដែល​ភិក្ខុនី​ផងគ្នាធ្វើ។ ពាក្យថា បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា គឺបិទបាំង​ទោសគ្នីគ្នា។

[៧៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយនោះ គឺភិក្ខុនីដែល​ច្រឡំ​(ដោយគ្រហស្ថ)​នោះឯង។ ពាក្យថា ដែល​ភិក្ខុនី​ទាំងឡាយ​ គឺដែល​ភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយ​ណាបាន​ឃើញ បានឮ ភិក្ខុនី​ទាំងឡាយ​នោះ​គួរ​​និយាយ​​ហាមប្រាមថា បងប្អូនស្រ្តី​ទាំងឡាយ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រលោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់ (ចាកពួក) របស់​ភិក្ខុនី​ជាបងប្អូនស្រី្ត​ទាំងឡាយ។  ភិក្ខុនី​ទាំងឡាយគួរ​​និយាយ​នឹងភិក្ខុនីទាំងឡាយ​នោះ​អស់​វារៈ​ជាគំរប់ពីរដងផង គួរ​​និយាយ​​អស់​វារៈជាគំរប់​បីដងផង។ បើភិក្ខុនីទាំងឡាយ​​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយដទៃ​​ឮហើយ មិននិយាយ​ ​ត្រូវអាបត្តិ​ទុក្កដ។ ត្រូវ​ភិក្ខុនី​ទាំងឡាយ​​ចាប់​ទាញ​ភិក្ខុនីទាំងឡាយ​នោះមក​កាន់​ទី​កណ្តាល​សង្ឃ ហើយពោលថា ភិក្ខុនី​ជាបងប្អូនស្រី​ទាំងឡាយ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា បពិត្រលោកម្ចាស់ សូមលោក​ទាំងឡាយ​​ស្ងាត់​(ចាកពួក) សង្ឃតែង​សរសើរ​សេចក្តី​ស្ងាត់​របស់​ភិក្ខុនី​ជាបងប្អូនស្រី្ត​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយគួរ​និយាយ​​នឹងភិក្ខុនី​ទាំងឡាយនោះ​​អស់​វារៈ​ជាគំរប់​ពីរដងផង គួរ​​និយាយ​​​អស់​វារៈជាគំរប់​​បីដងផង។ បើភិក្ខុនី​ទាំងឡាយនោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៨០] គប្បីភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធីចំពោះ​ភិក្ខុនី​ទាំងឡាយនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនី​ទាំងឡាយគប្បី​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល ត្រូវ​ប្រកាស​ឲ្យសង្ឃ​ដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយ​​​ឈ្មោះនេះ​ផងៗ ​នៅ​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះមិនលះ​បង់វត្ថុ​នោះឡើយ។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បី​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនីទាំងឡាយ​​ឈ្មោះនេះផងៗ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​ព្រះ​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីទាំងឡាយ​​ឈ្មោះនេះផងៗ​ ​នៅច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនីទាំងឡាយ​នោះមិនលះ​បង់វត្ថុ​នោះឡើយ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះនេះផងៗ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ទាំងឡាយ​ឈ្មោះនេះផងៗ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះចេញ គាប់ចិត្ត​​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគាប់​ចិត្ត​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈជា​គំរប់​​ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តី​នេះ អស់វារៈ​ជាគំរប់​បីដងផង។បេ។ សង្ឃសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនីទាំងឡាយ​ឈ្មោះនេះ​ផងៗ ដើម្បីឲ្យ​លះបង់​វត្ថុនោះហើយ។ ការសូត្រ​សមនុភាសនវិធីនោះ គាប់ចិត្ត​​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុក​រឿង​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៨១] ភិក្ខុនីទាំងឡាយ ត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈចប់​ញត្តិ ត្រូវអាបត្តិថុល្លច្ច័យ​ទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរដង ត្រូវអាបត្តិសង្ឃាទិសេស ក្នុងខណៈ​ចប់​កម្មវាចាស្រេច។ កាលបើ​ភិក្ខុនីទាំងឡាយ ​​ត្រូវ​អាបត្តិ​សង្ឃាទិសេសហើយ ឯអាបត្តិ​ទុក្កដ​ដែលត្រូវ​ក្នុងខណៈ​ចប់ញត្តិ(ក្តី) អាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវក្នុង​ខណៈ​ចប់​កម្មវាចា​ពីរដង(ក្តី) ក៏​រម្ងាប់​ទៅឯង។ ភិក្ខុនី​ទាំងឡាយ​គប្បីសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ពីរបីរូប​ជាមួយគ្នាបាន មិនត្រូវ​សូត្រ​សមនុភាសនវិធី​ឲ្យលើស​អំពី​ពីរបីរូប​នោះឡើយ។

[៨២] ត្រង់ពាក្យថា ភិក្ខុនី​ទាំងឡាយ​នេះក្តី គឺ​ភិក្ខុនី​ទាំងឡាយ ដែលតថាគត​ពោល​ប្រៀបធៀប​​នឹងភិក្ខុនីទាំងឡាយ​មុនៗ។ ពាក្យថា ឈ្មោះយាវតតិយក សេចក្តីថា ភិក្ខុនី​ទាំងឡាយ​នោះ​ត្រូវអាបត្តិ(​សង្ឃាទិសេស)​ដោយ​​សូត្រ​សមនុភាសនវិធី​​ដរាបដល់​គំរប់​បីដង មិនមែន​ត្រូវ​ព្រមគ្នា​នឹង​ប្រព្រឹត្ត​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញ គឺ​ភិក្ខុនីទាំងឡាយ​ គួរ​នាំភិក្ខុនីដែល​ត្រូវ​អាបត្តិ​សង្ឃាទិសេស​នោះ​ចេញអំ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស មានសេចក្តី​អធិប្បាយ​ក្នុង​ ​សង្ឃាទិសេសទី១រួចហើយ។

[៨៣] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយ​មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​ទាំងឡាយ​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនីទាំងឡាយ​​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុនី​ទាំងឡាយ​ដែលភិក្ខុនីសង្ឃ​​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនី​ទាំងឡាយ​លះបង់​ចេញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីមានចិត្ត​រវើរវាយ១ ភិក្ខុនីដែល​វេទនា​គ្របសង្កត់១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

សង្ឃាទិសេសទី១០

[៨៥] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យ​នោះឯង ថុល្លនន្ទាភិក្ខុនីពោលពាក្យ​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ ដែលសង្ឃសូត្រសមនុភាសនវិធី​ហើយថា នែលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ​ដែលមានមារយាទ​យ៉ាងនេះ មានកិត្តិសព្ទ​យ៉ាងនេះ ​ចិញ្ចឹម​ជីវិតយ៉ាងនេះ ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិនបាន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ (ក្រោធ) ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នក​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ សូមលោក​ទាំងឡាយ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសមបើនឹងពោល​យ៉ាងនេះ នឹងភិក្ខុនី​ទាំងឡាយ​ដែល​សង្ឃសូត្រ​សមនុភាសនវិធី​ហើយថា នែលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​គ្នាឡើយ។បេ។ នែ​លោកម្ចាស់​ទាំងឡាយ ចូរលោក​ទាំងឡាយ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រី​ទាំង​ឡាយ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី​និយាយ​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ ដែលសង្ឃ​សូត្រសមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី​មិនគួរ​បើនឹង​ពោល​យ៉ាងនេះ​នឹងភិក្ខុនី​ទាំងឡាយ​ដែលសង្ឃ​សូត្រសមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយដូច្នេះឯង ​ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ​ភិក្ខុនីណាមួយ​ពោលយ៉ាងនេះ​ថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ គប្បី​ភិក្ខុនី​​ទាំងឡាយ​និយាយ​យ៉ាងនេះថា បពិត្រ​លោកម្ចាស់ ចូរលោក​កុំនិយាយ​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោកទាំង​ឡាយចូរ​​នៅច្រឡូកច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំ​នៅបែក​ខ្ញែក​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយ​ដទៃ ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនីពួក​ផងគ្នា មាននៅក្នុង​សង្ឃ​ដែរ សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយ​លោក​ទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​​នោះ កាលដែលភិក្ខុនី​ទាំងឡាយ​ពោល​​យ៉ាង​នេះ ក៏នៅតែប្រកាន់​ដដែល ភិក្ខុនី​នោះ គប្បីភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធី ដើម្បី​ឲ្យលះ​បង់នូវ​វត្ថុ​នោះដរាប​ដល់​គំរប់​បីដង។ បើភិក្ខុនី​នោះ កាលដែល​ភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនវិធីដរាប​ដល់​គំរប់​​បីដង លះ​បង់​វត្ថុ​នោះបាន ការលះបង់​បាននេះ​ជាការល្អ បើមិន​លះបង់​​ទេ ភិក្ខុនី​នេះក្តី (ក៏)​ត្រូវ​អាបត្តិ​សង្ឃាទិសេស ឈ្មោះយាវតតិយក គួរបណ្តេញ​ចេញ។

[៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំចុះ លោកទាំងឡាយ​កុំនៅ​ផ្សេង​ៗ​គ្នាឡើយ​(ព្រោះ) ​ភិក្ខុនី​ទាំងឡាយសូម្បី​​រូបដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ (តែ)​សង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ គឺដោយសេចក្តី​មាក់ងាយ។ ពាក្យថា ដោយសេចក្តី​ពេបជ្រាយ គឺដោយ​សេចក្តី​ស្អប់ខ្ពើម។ ពាក្យថា ដោយគ្មាន​អំណត់ គឺដោយសេចក្តី​ខឹង។ ពាក្យថា ដោយសំដី​បង្គ្រប គឺ​ដោយធ្វើ​សំដីឲ្យ​វិសេសជាង។ ពាក្យថា ដោយលោកទាំងឡាយ​មានកំឡាំង​ថយ គឺដោយ​លោក​ទាំងឡាយ​គ្មាន​បក្ខពួក។ ថុល្លនន្ទា​ភិក្ខុនី​ពោលយ៉ាងនេះថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង ជាអ្នកនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ពាក្យថា ភិក្ខុនីនោះ គឺភិក្ខុនីឯណា​ដែលពោល​ជាប្រក្រតី​យ៉ាងនេះ​នោះឯង។ ពាក្យថា ដែលភិក្ខុនី​ទាំងឡាយ គឺដែល​ភិក្ខុនី​ទាំងឡាយ​ដទៃ។ ភិក្ខុនី​ទាំងឡាយឯ​ណា​ឃើញ ឯណាឮ ភិក្ខុនី​ទាំងឡាយ​នោះ​គប្បី​​​និយាយនឹង​ភិក្ខុនី​នោះថា បពិត្រលោក​ម្ចាស់ ចូរលោកកុំ​និយាយ​ពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនីនោះ គឺភិក្ខុនី​ទាំងឡាយ​ពោល​អស់​វារៈគំរប់​​ពីរដងផង គប្បី​ពោល​​​អស់​វារៈគំរប់​​បីដងផង។ បើភិក្ខុនី​​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើ​លះបង់មិនបាន​​ទេ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ដទៃ​ឮហើយ មិននិយាយ​ ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​នោះ គួរ​ភិក្ខុនី​ទាំងឡាយ​​នាំយក​មកកាន់​ទី​កណ្តាល​សង្ឃ ហើយពោលថា បពិត្រ​លោកម្ចាស់ លោកចូរកុំពោល​យ៉ាងនេះថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនីនោះ គួរភិក្ខុនី​​ទាំងឡាយនិយាយ​​​អស់​វារៈ​គំរប់​ពីរដងផង គួរ​​និយាយ​​​អស់​វារៈគំរប់​​បីដងផង។ បើភិក្ខុនី​នោះ​លះ​បង់បាន ការលះបង់​បាននេះ​ជាការល្អ បើមិនលះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។

[៨៧] ភិក្ខុនីនោះ គួរភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនវិធី។ ម្នាលភិក្ខុ​ទាំងឡាយ ​​ភិក្ខុនីនោះ គួរ​ភិក្ខុនី​​ទាំងឡាយគប្បី​សូត្រ​សមនុភាសនវិធី យ៉ាងនេះ គឺភិក្ខុនី​ដែល​ឈ្លាស​ប្រតិពល គប្បីផ្តៀង​សង្ឃឲ្យ​ដឹងថា បពិត្រសង្ឃជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនីនេះ​​​ឈ្មោះនេះ​ ពោលយ៉ាង​នេះ​នឹងភិក្ខុនី​ដែលសង្ឃ​សូត្រ​សមនុភាសនវិធីហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោក​ទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​ដោយគ្រហស្ថចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ ជាអ្នកបិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ តែសង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយសេចក្តី​ពេបជ្រាយ ដោយគ្មាន​អំណត់ ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង នៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)។បេ។ បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយចូរ​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះមិនលះ​បង់វត្ថុ​នោះចេញ។ បើកម្ម​មានកាលដ៏​សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​​សូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ នេះជាញត្តិ។ បពិត្រ​​សង្ឃ​ជាម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនី​នេះ​ឈ្មោះនេះ​ពោល​យ៉ាងនេះ នឹងភិក្ខុនី​ទាំងឡាយ​ដែលសង្ឃ​សូត្រ​សមនុភាសនវិធី​ហើយថា បពិត្រលោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​ចូរនៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ)ចុះ លោកទាំងឡាយ​កុំនៅ​បែកខ្ញែក​​គ្នាឡើយ សូម្បី​ភិក្ខុនី​ទាំងឡាយដទៃ​ដែលមានមារយាទ​ដូចគ្នា មានកិត្តិសព្ទ​ដូចគ្នា ​មានការ​ចិញ្ចឹម​ជីវិតដូចគ្នា ជាអ្នក​បៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួក​ផងគ្នា មាននៅក្នុង​សង្ឃដែរ តែសង្ឃ​មិន​ពោលពាក្យ​អ្វីនឹង​ភិក្ខុនី​ទាំងឡាយនោះទេ សង្ឃពោលពាក្យ​យ៉ាងនេះ​តែនឹងលោក​ទាំងឡាយ​ដោយ​សេចក្តី​មើលងាយ ដោយពេបជ្រាយ ដោយមិនអត់ឱន​គ្នា ដោយសំដី​បង្គ្រប ដោយលោកទាំងឡាយ​មានកំឡាំង​ថយថា ភិក្ខុនីជាបងប្អូន​ស្រីទាំងឡាយ​ហ្នឹងឯង នៅ​ច្រឡូក​ច្រឡំ​(ដោយគ្រហស្ថ) មានមារយាទ​អាក្រក់ មានកិត្តិសព្ទ​អាក្រក់ មានការ​ចិញ្ចឹម​ជីវិត​អាក្រក់ ជាអ្នកបៀតបៀន​ភិក្ខុនីសង្ឃ បិទបាំង​ទោសរបស់​ភិក្ខុនី​ពួកផងគ្នា បពិត្រ​លោកម្ចាស់ទាំងឡាយ លោក​ទាំងឡាយ​ចូរ​​ស្ងាត់ (ចាកពួក) សង្ឃសរសើរ​តែសេចក្តី​ស្ងាត់​របស់ភិក្ខុនី​ជាបងប្អូន​ស្រីទាំងឡាយ។ ភិក្ខុនី​នោះ​មិនលះ​បង់វត្ថុ​នោះចេញទេ។ សង្ឃ​សូត្រសមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យលះបង់​វត្ថុនោះ​ចេញ។ ការសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​វត្ថុ​នោះ គួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​ស្ងៀម មិនគួរ​​ដល់លោកម្ចាស់​អង្គណា លោកម្ចាស់​អង្គនោះ​ត្រូវ​និយាយ​ឡើង។ ខ្ញុំសូត្រសេចក្តី​នេះអស់​វារៈ​គំរប់​​ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តី​នេះ អស់វារៈ​គំរប់​បីដងផង។បេ។ សង្ឃបានសូត្រ​សមនុភាសនវិធី​ចំពោះ​ភិក្ខុនី​ឈ្មោះនេះ​ ដើម្បីឲ្យ​លះបង់​វត្ថុនោះចេញហើយ។ ការសូត្រ​សមនុភាសនវិធីនោះ សមគួរ​​ដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំ​សូម​ចាំទុកនូវដំណើរ​​នេះ ដោយអាការ​ស្ងៀម​នៅយ៉ាងនេះ។​

[៨៨] ភិក្ខុនីនោះ ត្រូវ​ទុក្កដដោយសូត្រញត្តិ ត្រូវថុល្លច្ច័យ​ទាំងឡាយ ដោយសូត្រ​កម្មវាចាពីរលើក ចប់កម្មវាចា ត្រូវអាបត្តិសង្ឃាទិសេស។ កាល​ភិក្ខុនី​​​ត្រូវ​អាបត្តិ​សង្ឃាទិសេស​ អាបត្តិ​ទុក្កដត្រូវដោយសូត្រ​ញត្តិ និងអាបត្តិ​ថុល្លច្ច័យ​ទាំងឡាយ​ដែល​ត្រូវដោយសូត្រ​​កម្មវាចា​ពីរលើក តែង​រម្ងាប់​ទៅឯង។

[៨៩] ត្រង់ពាក្យថា ភិក្ខុនី​នេះក្តី គឺ​ភិក្ខុនីនេះឯង ដែលតថាគត​ពោល​ប្រៀបផ្ទឹម​​នូវភិក្ខុនីទាំងឡាយ​មុនៗ។ ពាក្យថា ឈ្មោះយាវតតិយក គឺភិក្ខុនី​ត្រូវ​(​សង្ឃាទិសេស) ​ដោយការ​​សូត្រ​សមនុភាសន​​ដរាបអស់វារៈ​​គំរប់​បីដង មិនមែន​ត្រូវ​មួយអន្លើ​ដោយសេចក្តី​​ប្រព្រឹត្តិ​កន្លង​​វត្ថុទេ។ ពាក្យថា គួរ​បណ្តេញ​ចេញ គឺ​ភិក្ខុនីទាំងឡាយ​ គួរ​នាំភិក្ខុនីនោះ​ចេញអំ​ពីសង្ឃ។ ពាក្យថា សង្ឃាទិសេស គឺទាល់តែ​សង្ឃឲ្យ​មានត្ត​ដើម្បី​អាបត្តិនោះ ទាញត្រឡប់​អន្តរាបត្តិ​មកដាក់​ក្នុង​មូលាបត្តិ​បាន រួចឲ្យ​អព្ភានកម្ម ភិក្ខុនី​ច្រើនរូប​ឲ្យមិនបាន ភិក្ខុនី​មួយរូប​ក៏ឲ្យមិនបាន ហេតុនោះ បានជាអាបត្តិ​និកាយនោះ តថាគត​ឲ្យឈ្មោះថា សង្ឃាទិសេស។ ពាក្យថា អាបត្តិសង្ឃាទិសេស ជានាមកម្ម គឺថា​ជាឈ្មោះ​នៃអាបត្តិ​និកាយ​នោះឯង ព្រោះហេតុ​នោះ អាបត្តិ​និកាយនោះ តថាគត​ហៅថា សង្ឃាទិសេស។

[៩០] កម្មប្រកបដោយ​ធម៌ ភិក្ខុនី​​សំគាល់ថា កម្មប្រកប​ដោយធម៌ ហើយ​មិន​លះបង់ ត្រូវអាបត្តិសង្ឃាទិសេស។ កម្មប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មប្រកបដោយ​ធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយ​មិនលះបង់ ត្រូវអាបត្តិ​សង្ឃាទិសេ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយ​ធម៌ ភិក្ខុនី​​សំគាល់ថា កម្មមិនប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ (សង្ឃ)​​​មិនបាន​សូត្រ​សមនុភាសនវិធី១ ភិក្ខុនីបាន​លះបង់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១

[៩២] បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិ​សង្ឃាទិសេស​ទាំង១៧ ខ្ញុំសំដែង​ឡើងហើយ អាបត្តិ៩ ឈ្មោះបឋមាបត្តិកា អាបត្តិ៨ ឈ្មោះយាវតតិយកា បណ្តា​អាបត្តិទាំង​១៧នេះ ភិក្ខុនី​អង្គណា​ត្រូវអាបត្តិ​ណាៗ ភិក្ខុនី​អង្គនោះ​ត្រូវប្រព្រឹត្ត​បក្ខមានត្ត​ក្នុងឧភតោសង្ឃ ភិក្ខុនី​ដែល​ប្រព្រឹត្ត​មានត្តហើយ បើភិក្ខុនីសង្ឃ​ពួក​២០រូប​មានក្នុងទីណា ភិក្ខុនី​សង្ឃត្រូវ​ឲ្យអព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ក្នុងទីនោះ បើភិក្ខុនី​សង្ឃពួក​២០​រូប ខ្វះ​សូម្បី​តែភិក្ខុនី១រូប ឲ្យ​អព្ភានកម្ម​ចំពោះ​ភិក្ខុនី​នោះ ភិក្ខុនី​នោះ​ឈ្មោះថា ភិក្ខុនី​សង្ឃ​មិនឲ្យ​អព្ភានកម្ម​ផង ភិក្ខុនី​ទាំងឡាយ​នោះឈ្មោះថា ត្រូវ​ព្រះដ៏​មានព្រះភាគ​តិះដៀល​ផង។ នេះជា​សាមីចិកម្ម​ក្នុងរឿង​នោះ។ ខ្ញុំសូមសួរ​លោកម្ចាស់​ទាំងឡាយ ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់ពីរដង​ផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ហេតុនោះ​ទើបលោកម្ចាស់​ទាំងឡាយ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

សង្ឃាទិសេសកណ្ឌ១៧សិក្ខាបទ ចប់។

និស្សគ្គិយកណ្ឌ

បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះនិស្សគ្គិយបាចិត្តិយ​មានចំនួន៣០​នេះឯង តែងមកកាន់ឧទ្ទេស។

បត្តវគ្គ សិក្ខាបទទី១

[៩៣] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​មានពួក៦ ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ជាច្រើន។ មនុស្សទាំងឡាយ​ដើរទៅកាន់​ចារិកវិហារ​ បានឃើញ​ហើយក៏ពោល​ទោស តិះដៀល​ បន្តុះបង្អាប់​ថា ហេតុអ្វីក៏ភិក្ខុនីទាំងឡាយ​​ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ទុក​ច្រើនម្ល៉េះ ឬភិក្ខុនី​ទាំងឡាយ​នឹងធ្វើ​ជំនួញ​បាត្រ ឬនឹងដាក់​រានផ្សារ​លក់ភាជនៈដី។ ភិក្ខុនី​ទាំងឡាយបាន​ឮ​មនុស្សទាំង​ឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ភិក្ខុនីទាំងឡាយ​មានពួក៦ មិន​សម​​បើនឹង​ធ្វើ​សេចក្តី​សន្សំបាត្រ​ទុកសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយមានពួក៦ ​ធ្វើនូវ​សេចក្តី​សន្សំបាត្រ​ទុក ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ទាំងឡាយ​មានពួក៦​ មិនគួរ​បើនឹង​ធ្វើ​សេចក្តី​សន្សំ​បាត្រ​ទុកទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ​​ធ្វើ​សេចក្តី​សន្សំបាត្រ​ ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[៩៤] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ បាត្រ២យ៉ាង គឺបាត្រដែក១ បាត្រដី១ ឈ្មោះថាបាត្រ។ ប្រមាណ​របស់​បាត្រមាន​៣យ៉ាង គឺបាត្រខ្នាតធំ១ បាត្រខ្នាត​កណ្តាល១ បាត្រខ្នាត​តូច១។ ដែលហៅថា បាត្រ​ខ្នាតធំ គឺបាត្រ​ចំណុះបាយ​នៃអង្ករ​កន្លះអាឡ្ហក និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរ​នឹងបាយ​នោះ។ ដែលហៅថា បាត្រខ្នាតកណ្តាល គឺបាត្រ​ចំណុះបាយ​នៃអង្ករ១នាឡិ និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរដល់បាយ​នោះ។ ដែលហៅថា បាត្រខ្នាតតូច គឺបាត្រ​ចំណុះបាយ​នៃអង្ករ​១បត្ថ និងបង្អែម​ភាគទី៤ និងម្ហូប​សមគួរដល់បាយ​នោះ។ បាត្រដែលមាន​ខ្នាតធំ​ ឬតូច​ជាងកំណត់​ដែលពោល​ហើយនោះ មិនហៅថា​បាត្រ។ ពាក្យថា ធ្វើសេចក្តីសន្សំ (បាត្រ) គឺបាន​ដល់បាត្រ​(ឯទៀតៗ) ដែលភិក្ខុនី​មិនបាន​អធិដ្ឋាន មិនបានវិកប្ប។ បាត្រនោះ​ជានិស្សគ្គិយ គឺជា​និស្សគ្គិយ​ព្រមគ្នានឹង​អរុណរះ​ឡើង បាត្រនោះ ភិក្ខុនីត្រូវ​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ បាត្រនោះ​ភិក្ខុនី​ត្រូវលះ​យ៉ាងនេះ។

[៩៥] ភិក្ខុនី​នោះ​ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយ​បង្គំ​ជើងភិក្ខុនីចាស់ៗ អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់សង្ឃ។ លុះភិក្ខុនី​នោះ​លះរួចហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី​ដែលឆ្លាស ប្រតិពល គប្បីទទួល​អាបត្តិ។ ភិក្ខុនីសង្ឃ​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​លះហើយ​នោះវិញ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមសង្ឃ​ស្តាប់ខ្ញុំ បាត្រនេះ​ជានិស្សគ្គិយ ភិក្ខុនី​ឈ្មោះនេះ​បានលះដល់​សង្ឃហើយ។ បើការលះ​បង់នេះ​សមគួរ​ដល់​សង្ឃហើយ សង្ឃត្រូវ​ឲ្យបាត្រ​នេះដល់​ភិក្ខុនី​ឈ្មោះនេះវិញ។

[៩៦] ភិក្ខុនី​នោះ​ត្រូវចូលទៅរកភិក្ខុនី​ទាំងឡាយ​ច្រើនរូប (២-៣រូប) ហើយ​ធ្វើ​ឧត្តរាសង្គឆៀងស្មាម្ខាង ហើយថ្វាយ​បង្គំ​ជើងភិក្ខុនីចាស់ៗ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ទាំងឡាយ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់លោកម្ចាស់​ទាំងឡាយ។ លុះភិក្ខុនី​នោះ​លះបាត្រហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី​ដែលឆ្លាស ប្រតិពល គប្បីទទួល​អាបត្តិ។ ភិក្ខុនីទាំងឡាយ​​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​នោះលះហើយ​ ដោយពាក្យថា សូមលោកម្ចាស់​ទាំងឡាយ​ស្តាប់ខ្ញុំ បាត្រនេះរបស់​ភិក្ខុនី​ឈ្មោះនេះ ​ជានិស្សគ្គិយ ​បានលះដល់​លោកម្ចាស់​ទាំងឡាយហើយ។ បើការលះ​បង់នេះ​សមគួរ​ដល់​លោកម្ចាស់​ទាំងឡាយហើយ លោកម្ចាស់​ទាំងឡាយ​ត្រូវ​ឲ្យបាត្រ​នេះដល់​ភិក្ខុនី​ឈ្មោះ​នេះវិញ។

[៩៧] ភិក្ខុនី​នោះ​ត្រូវចូលទៅរកភិក្ខុនី១រូប ធ្វើឧត្តរាសង្គឆៀងស្មាម្ខាង ហើយ​អង្គុយ​ច្រហោង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រ​លោកម្ចាស់ បាត្ររបស់ខ្ញុំ​នេះកន្លងរាត្រី​ហើយ ជានិស្សគ្គិយ ខ្ញុំសូម​លះបាត្រនេះ​ដល់លោកម្ចាស់។ លុះភិក្ខុនី​នោះ​លះរួចហើយ ត្រូវសំដែង​អាបត្តិចេញ។ ភិក្ខុនី១រូបនោះ គប្បីទទួល​អាបត្តិ។ ភិក្ខុនី១រូប​​ត្រូវឲ្យបាត្រ​ដែលភិក្ខុនី​នោះ​លះហើយ ដោយពាក្យថា ខ្ញុំឲ្យបាត្រ​នេះដល់​លោកម្ចាស់វិញ។

[៩៨] បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថា​កន្លងហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រកន្លងរាត្រីហើយ ភិក្ខុនីសំគាល់ថាមិនទាន់​កន្លងទេ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានអធិដ្ឋានទេ ភិក្ខុនី​សំគាល់ថា​​អធិដ្ឋានហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានវិកប្បទេ ភិក្ខុនីសំគាល់ថា​វិកប្ប​ហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។ បាត្រមិនបានលះទេ ភិក្ខុនីសំគាល់ថា​លះហើយ ត្រូវនិស្សគ្គិយ​បាចិត្តិយ។ បាត្រមិនបានខូចទេ ភិក្ខុនីសំគាល់ថាបាត្រខូចហើយ បាត្រ​មិនបានវិនាស​ទេ ភិក្ខុនី​សំគាល់ថា​វិនាសហើយ… បាត្រ​មិនបានបែក​ទេ ភិក្ខុនី​សំគាល់ថា​បែកហើយ… បាត្រ​ចោរមិនបាន​ដណ្តើមយក​ទេ ភិក្ខុនី​សំគាល់ថា​ចោរដណ្តើម​យកហើយ ត្រូវនិស្សគ្គិយបាចិត្តិយ។

[៩៩] ភិក្ខុនី​មិនលះបាត្រ​ដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ។ បាត្រមិន​បានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថា​កន្លងហើយ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ បាត្រមិនបានកន្លងរាត្រីទេ ភិក្ខុនីសំគាល់ថា​មិន​កន្លង​រាត្រីមែន មិនត្រូវអាបត្តិ។

[១០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១០យ៉ាង) គឺ ភិក្ខុនី​អធិដ្ឋាន​ក្នុងអរុណ១ វិកប្ប​ទុកក្នុងអរុណ១ លះបង់ (បាត្រនោះ) ខាងក្នុង​អរុណ១ បាត្រខូច​ខាងក្នុង​អរុណ១ វិនាស​ខាងក្នុងអរុណ១ បែកខាង​ក្នុងអរុណ១ ពួកចោរ​ដណ្តើម​យកខាងក្នុង​អរុណ១ គេកាន់យក​ដោយវិស្សាសខាងក្នុង​អរុណ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

[១០១] សម័យ​នោះឯង ភិក្ខុនីទាំងឡាយ​មានពួក៦ មិនឲ្យបាត្រ​ដែលភិក្ខុនី​ដទៃ​លះបង់​នោះវិញ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរ​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​មិនត្រូវ​មិនឲ្យបាត្រ​ដែលភិក្ខុនីដទៃ​លះបង់ហើយ​នោះទេ ភិក្ខុនី​ឯណា​មិនឲ្យ ភិក្ខុនី​នោះត្រូវ​អាបត្តិទុក្កដ។

បត្តវគ្គ សិក្ខាបទទី២

[១០២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ ក៏សម័យនោះឯង ភិក្ខុនីទាំងឡាយ​ច្រើនរូប​នៅចាំវស្សា​ក្នុងអាវាស​ដែលតាំង​នៅស្រុកក្រៅ រួចហើយ​ក៏ដើរ​ទៅកាន់​ក្រុងសាវត្ថី ជាអ្នកមានវត្ត​ល្អ មានឥរិយាបថ​ល្អ តែមាន​សំពត់​អាក្រក់ មានចីវរ​សៅហ្មង។ ពួកឧបាសក​ឃើញ​ភិក្ខុនីទាំងឡាយ​នោះហើយ ក៏គិតគ្នា​ថា ភិក្ខុនី​ទាំងឡាយនេះ​បរិបូណ៌​ដោយវត្ត បរិបូណ៌​ដោយឥរិយាបថ តែមានសំពត់​អាក្រក់ មានចីវរ​សៅហ្មង ភិក្ខុនី​ទាំងនេះ ប្រហែលជា​ចោរ​ដណ្តើមយក​(ចីវរ)​ទេដឹង ហើយក៏បាន​ថ្វាយ​អកាលចីវរ​ដល់​ភិក្ខុនីសង្ឃ។ ថុល្លនន្ទាភិក្ខុនី​ក៏​អធិដ្ឋាន​ថា ពួកយើង​បានក្រាល​កឋិនហើយ សំពត់​នេះ​ជា​កាលចីវរ ហើយក៏​ប្រើគ្នា​ឲ្យចែក (អកាលចីវរនោះ)។ ពួកឧបាសក​បានឃើញ​ភិក្ខុនី​ទាំងឡាយ​នោះហើយ បានពោលពាក្យ​នេះថា លោកម្ចាស់​ទាំងឡាយ​បាន​ចីវរ​ហើយឬ។ ភិក្ខុនី​ទាំងឡាយ​នោះ​ឆ្លើយថា នែអាវុសោ ពួកយើង​មិនបាន​ចីវរទេ ថុល្លនន្ទា​ជាម្ចាស់​អធិដ្ឋាន​ថា យើង​បានក្រាល​កឋិនហើយ (សំពត់នេះ) ជាកាលចីវរ ក៏ប្រើគ្នាឲ្យចែក (អកាលចីវរនោះ)។ ឧបាសក​ទាំងឡាយ ក៏ពោល​ទោស តិះដៀល​ បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់​មិនសម​បើនឹង​អធិដ្ឋាន​អកាលចីវរ​ឲ្យ​ជាកាលចីវរ​ដូច្នេះ ហើយប្រើគ្នា​ឲ្យចែក (អកាលចីវរ​នោះ)សោះ។ ភិក្ខុនី​ទាំងឡាយ​បាន​ឮឧបាសក​ទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ​ ថុល្លនន្ទា​ជាម្ចាស់​ មិនសម​បើនឹង​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ​ ហើយប្រើគ្នា​ឲ្យចែក​សោះ។ ទើបភិក្ខុនី​ទាំងនោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ ហើយប្រើគ្នា​ឲ្យចែក ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹង​​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ ហើយប្រើគ្នា​ឲ្យចែកសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​ដែលថុល្លនន្ទា​ភិក្ខុនី​ធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ​អធិដ្ឋាន​អកាលចីវរ​ឲ្យជាកាលចីវរ​ ហើយប្រើគ្នា​ឲ្យចែក ​ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[១០៣] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា​អកាលចីវរ គឺកាល​បើភិក្ខុនី​មិនបាន​ក្រាលកឋិន ចីវរ​ដែលកើតឡើង​ក្នុង១១ខែ (គិតតាំងពី​១រោច​ខែកត្តិក ទៅដល់​១៥កើត​ខែ​អស្សុជ) កាលបើ​ភិក្ខុនី​បានក្រាល​កឋិន ចីវរ​ដែលកើតឡើង​ក្នុង៧ខែ (គិតតាំងពី​១រោច​ខែផល្គុន ទៅដល់​១៥កើត​ខែ​អស្សុជ) ចីវរនេះ បើទុកជាទាយក​ប្រគេនចំពោះ​ថា​ជាកាលចីវរ ក៏នៅ​តែហៅថា អកាលចីវរ​ដដែល។ ភិក្ខុនី​អធិដ្ឋាន​ជាកាលចីវរ​ហើយ ប្រើគ្នាឲ្យចែក ត្រូវអាបត្តិ​ទុក្កដ​រាល់ប្រយោគ ចីវរនោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក ភិក្ខុនីត្រូវ​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ឯចីវរនោះ​ត្រូវភិក្ខុនីលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ជាម្ចាស់ ចីវរនេះ​ជាអកាលចីវរ ខ្ញុំអធិដ្ឋាន​ជាកាលចីវរហើយ​ប្រើគ្នាឲ្យចែក ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំ​សូមលះចីវរ​នេះដល់សង្ឃ (ពាក្យ​តពីនេះ​ទៅមានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១០៤] អកាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ អកាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ ហើយអធិដ្ឋាន​ឲ្យជា​កាលចីវរ ហើយប្រើ​គ្នាឲ្យចែក ត្រូវនិស្សគ្គិយបាចិត្តិយ។ កាលចីវរ ភិក្ខុនីសំគាល់ថា អកាលចីវរ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលចីវរ ភិក្ខុនីសំគាល់ថា កាលចីវរ មិនត្រូវអាបត្តិ។

[១០៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ អកាលចីវរ ភិក្ខុនី​សំគាល់​ថា​អកាលចីវរមែន ហើយប្រើគ្នា​ឲ្យចែក (អកាលចីវរ​នោះ)១ កាលចីវរ ភិក្ខុនី​សំគាល់​ថា​កាលចីវរមែន ហើយប្រើ​គ្នាឲ្យចែក​(កាលចីវរ​នោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៣

[១០៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ប្តូរចីវរ​នឹងភិក្ខុនី​មួយរូប ហើយប្រើប្រាស់ ទើបភិក្ខុនី​នោះបត់​ចីវរនោះ​ហើយទុកដាក់​ទៅ។ ថុល្លនន្ទាភិក្ខុនី បានពោលពាក្យ​នេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ ចីវរដែល​លោកប្តូរ​នឹងខ្ញុំ ចីវរនោះ​នៅឯណា។ ឯភិក្ខុនី​នោះ​យកចីវរ​នោះចេញ​មកបង្ហាញ​ដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​បានពោល​ពាក្យនេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ លោកចូរយក​ចីវរ​របស់លោក​ទៅវិញចុះ លោកចូរឲ្យ​ចីវរនុ៎ះ​មកខ្ញុំ ចីវរ​ណារបស់​លោក ចីវរនោះ​ជារបស់​លោកដដែល ចីវរណា​របស់ខ្ញុំ ចីវរនោះ​ជារបស់​ខ្ញុំ​ដដែលវិញ លោក​ចូរឲ្យចីវរ​នោះ​មកខ្ញុំ លោកចូរនាំ​យកចីវរ​របស់លោក​ទៅវិញចុះ ហើយក៏​ដណ្តើម​យកទៅ។ ទើប​ភិក្ខុនី​នោះបានប្រាប់​ដំណើរ​នុ៎ះ​ដល់ភិក្ខុ​នីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើមកប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញ​សោះ។ ភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ​ក្នុងកាល​នោះឯង។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី ប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញ​ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើ​មកប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយដណ្តើម​យកទៅវិញទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ប្តូរ​ចីវរ​នឹងភិក្ខុនី​ផងគ្នា ហើយភិក្ខុនី​នោះត្រឡប់​ពោលយ៉ាង​នេះ​ក្នុងកាល​ជាខាង​ក្រោយថា បពិត្រ​លោកម្ចាស់ ណ្ហើយចុះ លោកចូរយក​ចីវរ​របស់លោក​ទៅវិញចុះ លោកចូរឲ្យ​ចីវរនោះ​មកខ្ញុំវិញ ចីវរ​ណារបស់​លោក ចីវរនោះ​ជារបស់​លោកដដែល ចីវរណា​របស់ខ្ញុំ ចីវរនោះ​ជារបស់​ខ្ញុំ​ដដែលវិញ លោក​ចូរឲ្យចីវរ​នោះ​មកខ្ញុំ លោកចូរនាំ​យកចីវរ​របស់លោក​ទៅវិញចុះ (ហើយ)​ដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យ​ដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។

[១០៧] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា នឹងភិក្ខុនី​ផងគ្នា គឺមួយ​អន្លើ​ដោយភិក្ខុនី​ដទៃ។ ដែលហៅថា ចីវរ គឺចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូច​បំផុត​ដែលគួរ​វិកប្បបាន។ ពាក្យថាប្តូរ គឺប្តូរ​នូវចីវរ​ថ្លៃ​ច្រើន​ដោយចីវរ​ថ្លៃតិច​ក្តី នូវចីវរ​ថ្លៃ​តិច​ដោយចីវរ​ថ្លៃ​ច្រើន​ក្តី។ ពាក្យថា​ដណ្តើម​យកឯង គឺ​ភិក្ខុនី​ដណ្តើម​ខ្លួនឯង ចីវរនោះ​ជានិស្សគ្គិយ។ ពាក្យថា ប្រើគេឲ្យ​ដណ្តើម​យក គឺភិក្ខុនី​បង្គាប់​អ្នកដទៃ ត្រូវ​អាបត្តិ​ទុក្កដ ភិក្ខុនី​បង្គាប់​តែម្តង អ្នកទទួល​បង្គាប់​ដណ្តើម​ច្រើនដង ចីវរនោះ​ជានិស្សគ្គិយ ភិក្ខុនី​នោះត្រូវ​​លះដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ ចីវរនេះ ខ្ញុំប្តូរ​នឹងភិក្ខុនី​ផងគ្នា ហើយ​ដណ្តើម​យកមក​វិញ ជានិស្សគ្គិយ (ត្រូវតែលះ) ខ្ញុំ​សូមលះចីវរ​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១០៨] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា​ ភិក្ខុនី​មានសេចក្តី​សង្ស័យ ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែន​ឧបសម្បន្នា ប្តូរចីវរ​ ហើយដណ្តើម​យកឯងក្តី ប្រើគេ​ឲ្យដណ្តើម​យកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនី​ប្តូរ​បរិក្ខាដទៃ ហើយដណ្តើម​យកឯងក្តី ប្រើគេឲ្យ​ដណ្តើម​យកក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ប្តូរ​ចីវរក្តី បរិក្ខារដទៃក្តី នឹងអនុបសម្បន្នា ហើយដណ្តើម​យកឯងក្តី ប្រើគេឲ្យដណ្តើម​យកក្តី ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា អនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។

[១០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនី (ដែល​ទទួល​ប្តូរ) នោះឲ្យវិញ១ ភិក្ខុនី​(ជាអ្នកប្តូរ)​ស្និទ្ធស្នាល​នឹងភិក្ខុនី​(ជាអ្នក​ទទួល​ប្តូរ)​នោះ កាន់យកទៅ១  ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៤

[១១០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​មានជម្ងឺ។ លំដាប់នោះ ឧបាសកម្នាក់​ចូលទៅរក​ថុល្លនន្ទាភិក្ខុនី​ដែល​នៅក្នុងទីនោះ លុះចូល​ទៅជិតហើយ បានពោលពាក្យ​នេះនឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រលោកម្ចាស់ សេចក្តី​មិនសប្បាយ​កើតមាន​ដល់លោកឬ លោកម្ចាស់​ឲ្យខ្ញុំ​រករបស់​អ្វី​មក។ ថុល្លនន្ទាភិក្ខុនី​និយាយ​ថា នែអាវុសោ អាត្មា​ត្រូវការដោយ​ទឹកដោះរាវ។ ទើបឧបាសក​នោះនាំយក​ទឹកដោះរាវ​មានដំឡៃ​១កហាបណៈ​អំពីផ្ទះ​អ្នកផ្សារម្នាក់ ហើយ​បានប្រគេន​ដល់ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​យ៉ាងនេះថា នែអាវុសោ អាត្មា​មិនត្រូវការ​ដោយទឹក​ដោះរាវទេ អាត្មា​ត្រូវការ​ដោយប្រេងវិញ។ ទើប​ឧបាសក​នោះចូល​ទៅរក​អ្នកផ្សារ​នោះ លុះចូល​ទៅដល់ហើយ បាន​និយាយ​ពាក្យនេះ​នឹង​អ្នកផ្សារ​នោះថា នែ​អ្នកម្ចាស់ ឮថា​លោកម្ចាស់​មិនត្រូវ​ការដោយ​ទឹកដោះ​រាវ​ទេ ត្រូវការ​តែប្រេង អ្នកចូរយក​ទឹកដោះរាវ​របស់អ្នក​ទៅវិញចុះ ចូរឲ្យ​ប្រេង​ដល់ខ្ញុំវិញ។ អ្នកផ្សារ​ឆ្លើយថា នែ​អ្នកម្ចាស់ បើយើង​នឹងទទួល​របស់ដែល​យើងលក់​ទៅហើយ​យកមកវិញ កាលណា​យើង​នឹង​លក់របស់​ដាច់ អ្នកនាំយក​ទឹកដោះរាវ​ទៅ​ដោយដម្លៃ​ទិញ​ទឹកដោះរាវ​ហើយ ចូរអ្នក​នាំដម្លៃ​ទិញប្រេងមក ទើបនឹង​នាំយកប្រេង​ទៅបាន។ ឧបាសក​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសមបើ​នឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮឧបាសក​នោះកំពុងពោល​ទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើនឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀតវិញសោះ។ ទើបភិក្ខុនី​ទាំងឡាយ​នោះ​ប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ​។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី សុំ​របស់ដទៃ ហើយសុំ​របស់ឯទៀតវិញ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹងសុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​វិញសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ សុំ​របស់ដទៃ ហើយសុំ​របស់ឯទៀត​វិញ ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។

[១១១] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា សុំ​របស់ដទៃ គឺ​បានសុំ​របស់ណាមួយ​រួចហើយ។ ពាក្យថា សុំ​របស់ឯទៀតវិញ គឺភិក្ខុនីវៀរ​លែង​របស់​ដែលសុំនោះ ហើយសុំ​របស់ឯទៀត​វិញ ត្រូវ​ទុក្កដ​ក្នុង​ប្រយោគ​សុំ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​នេះ ខ្ញុំសុំ​ហើយ ខ្ញុំទៅសុំ​របស់ឯទៀតវិញ ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១១២] របស់​ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយសុំរបស់​ដទៃថែមទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា របស់ដទៃ ហើយសុំរបស់​មិនមែន​ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយសុំរបស់​មិនមែន​ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែន​របស់​ដទៃ មិនត្រូវអាបត្តិ។

[១១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (សុំរបស់​ណាមុន​ហើយ របស់នោះ​តិចពេក មិនល្មម) សុំរបស់នោះ​ដដែល (ថែមទៀត)១ ភិក្ខុនី​ (សុំរបស់​អ្វីម្យ៉ាង​ហើយ) សុំរបស់ដទៃ (ទៀតព្រោះ​ត្រូវផ្សំថ្នាំ​ខានមិនបាន)១ ភិក្ខុនី​សំដែង​អានិសង្ស​ហើយសុំ (ពន្យល់​របស់មួយ ថាថោកជាង​របស់មួយ ហើយសុំ​របស់​ថោកនោះ)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៥

[១១៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​មានជម្ងឺ។ ឧបាសកម្នាក់​ចូលទៅ​រក​ថុល្លនន្ទាភិក្ខុនី​ក្នុងវេលានោះ លុះចូល​ទៅជិត​ហើយ បាននិយាយ​ពាក្យ​នេះនឹង​ថុល្លនន្ទា​ភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​អាចអត់​ទ្រាំ​សេចក្តីទុក្ខ​បានឬទេ លោកម្ចាស់អាច​ញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅបានឬទេ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយ​ថា នែអាវុសោ អាត្មាមិនអាច​អត់ទ្រាំ​សេចក្តី​ទុក្ខ​បានទេ មិនអាច​ញុំាង​ឥរិយាបថ​ឲ្យ​ប្រព្រឹត្ត​ទៅបានទេ។ ឧបាសក​នោះនិយាយ​ថា បពិត្រ​លោកម្ចាស់ ខ្ញុំនឹងទុក​កហាបណៈ​ក្នុងផ្ទះ​អ្នកផ្សារ​ឯណោះ លោកត្រូវការ​របស់ណា លោកគប្បី​ឲ្យបុគ្គល​ណាមួយ​ទៅនាំ​យករបស់​នោះអំពី​ផ្ទះ​នោះមកចុះ។ ថុល្លនន្ទាភិក្ខុនី​​បង្គាប់​សិក្ខមានា១រូបថា នែសិក្ខមានា នាងចូរ​ទៅនាំយកប្រេង១កហាបណៈ​អំពី​ផ្ទះ​អ្នកផ្សារ​ឯណោះមក។ ទើបនាង​សិក្ខមានា​នោះទៅនាំ​យកប្រេង១កហាបណៈ​អំពីផ្ទះ​អ្នកផ្សារនោះ​មកប្រគេនថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទា​ភិក្ខុនី​បានពោល​យ៉ាងនេះថា នែសិក្ខមានា យើងមិនត្រូវ​ការនឹង​ប្រេងទេ យើងត្រូវការតែទឹក​ដោះរាវ។ ឯសិក្ខមានានោះ ចូលទៅរក​អ្នកផ្សារ​នោះ លុះចូល​ទៅហើយ បានពោល​ពាក្យនេះ​នឹង​អ្នកផ្សារ​នោះថា នែអាវុសោ ឮថា​លោកម្ចាស់​មិនត្រូវ​ការ​នឹងប្រេងទេ ត្រូវការ​តែទឹកដោះរាវ ហ៏អ្នកចូរ​យកប្រេង​របស់អ្នក​ទៅចុះ ចូរឲ្យ​ទឹកដោះ​រាវ​មក​ខ្ញុំវិញ។ អ្នកផ្សារនោះ​និយាយ​ថា បពិត្រលោកម្ចាស់ បើខ្ញុំករុណា​នឹងទទួល​យក​របស់ដែល​លក់​ទៅហើយ​មកវិញ កាលណាខ្ញុំករុណា​នឹង​លក់របស់​ដាច់ លោកនាំយកប្រេងតាមដំឡៃ​របស់​ប្រេង​ទៅ ហើយលោកចូរ​នាំយកដំឡៃ​​ទិញទឹកដោះរាវមក (ទៀត) ទើបលោក​នាំយកទឹកដោះរាវ​​ទៅបាន។ សិក្ខមានា​នោះក៏ឈរយំ។ ភិក្ខុនី​ទាំងឡាយ​បាន​ពោលពាក្យ​នេះនឹង​សិក្ខមានា​នោះថា នែសិក្ខមានា ហេតុអ្វី​ក៏នាងយំ។ ទើបសិក្ខមានា​នោះប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។  ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា​ មិនសម​បើនឹងឲ្យគេទិញ​​របស់ដទៃ ហើយត្រឡប់ឲ្យ​គេទិញ​​របស់ឯទៀតសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនីឲ្យគេ​ទិញ​​របស់ដទៃ ហើយត្រឡប់​ឲ្យគេទិញ​​របស់ឯទៀតវិញ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី ​មិនគួរ​បើនឹងឲ្យគេទិញ​របស់ដទៃហើយ ត្រឡប់​ឲ្យគេ​ទិញ​​របស់ឯទៀត​សោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​​របស់ដទៃហើយ ត្រឡប់​ឲ្យគេ​ទិញ​​របស់ឯទៀត​វិញ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១១៥] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ឲ្យគេទិញ​​របស់ដទៃហើយ គឺឲ្យគេទិញ​​របស់ណាមួយ​ហើយ។ ពាក្យថា ត្រឡប់ឲ្យគេ​ទិញ​របស់ឯទៀតវិញ គឺភិក្ខុនីមិនឲ្យ​គេទិញ​របស់នោះ ហើយឲ្យគេ​ទិញ​​របស់ដទៃ​វិញ ត្រូវ​អាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យគេទិញ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនីត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​នេះ ខ្ញុំឲ្យ​គេទិញ​រួច​ហើយ ត្រឡប់ឲ្យ​គេទិញ​របស់ដទៃវិញទៀត ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះហើយ)។

[១១៦] របស់​ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ហើយឲ្យគេ​ទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែនរបស់ដទៃ ហើយឲ្យ​គេទិញ​របស់​ឯទៀតវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថារបស់ដទៃ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែន​របស់​ដទៃ ភិក្ខុនីសំគាល់ថា មិនមែន​របស់​ដទៃ មិនត្រូវអាបត្តិ។

[១១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ ភិក្ខុនី (ឲ្យគេទិញរបស់​ណាមុន​ហើយ របស់នោះ​តិចពេក មិនល្មម) ហើយឲ្យ​គេទិញរបស់នោះ​ដដែល (ថែមទៀត)១ ភិក្ខុនី​ (ឲ្យ​គេទិញ​របស់​អ្វីម្យ៉ាងមុន​ហើយ) ឲ្យគេទិញ​របស់មួយដទៃទៀត ដោយត្រូវការ​ផ្សំថ្នាំជាដើម១​ ភិក្ខុនី​សំដែង​អានិសង្ស​ហើយឲ្យ​គេទិញ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៦

[១១៨] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ដើម្បី​ប្រយោជន៍​ចាត់ចែង​ចីវរ​ដល់ភិក្ខុនីសង្ឃ ហើយផ្ញើទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកលក់​សំពត់បាវារ​ម្នាក់ ហើយចូលទៅរក​ភិក្ខុនី​ទាំងឡាយ រួច​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់​ទាំងឡាយ យើងផ្ញើទុកបរិក្ខារ​ប្រយោជន៍​ដើម្បីចាត់ចែង​ចីវរក្នុង​ផ្ទះ​អ្នកលក់​សំពត់បាវារ​ឯណោះហើយ ចូរ លោកទាំងឡាយ​ឲ្យគេនាំចីវរ​អំពី​ផ្ទះ​នោះមក​ចែកគ្នាចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ខ្លួនឯង ដោយបរិក្ខារ​នោះ ហើយបរិភោគ។ ឧបាសក​ទាំងឡាយ​ដឹងហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ជារបស់សង្ឃសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនី​ទាំងឡាយឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ជារបស់សង្ឃទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ​ ជារបស់សង្ឃ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១១៩] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែល​ទាយកប្រគេន​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឧទ្ទិស​ដើម្បីវត្ថុដទៃ គឺទាយក​គេឲ្យដើម្បី​វត្ថុដទៃ។ ពាក្យថា ​ជារបស់សង្ឃ គឺទាយក​ប្រគេន​ចំពោះតែ​សង្ឃ មិនចំពោះ​គណៈ មិនចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ឲ្យគេទិញ​​របស់ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុណា ហើយភិក្ខុនី​វៀរលែង​វត្ថុនោះ ឲ្យគេទិញ​​របស់ដទៃ​វិញ ត្រូវ​អាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​វត្ថុនោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុដទៃ​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែល​ទាយក​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ជារបស់សង្ឃ (របស់នេះ) ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២០] របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃទេ ហើយ​ឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ ភិក្ខុនី​នោះបាន​វត្ថុ​ដែលខ្លួន​លះនោះ​មកវិញ ហើយត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែលទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាវត្ថុ​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ (ទាយក​ប្រគេន​ដើម្បី​វត្ថុ​ណា) ភិក្ខុនី (ឲ្យ​គេទិញវត្ថុនោះ​ហើយ) បង្អោន​វត្ថុដែល​សល់ (ពីនោះ​ទៅដើម្បី​វត្ថុឯទៀត)១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងពេល​ដែល​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៧

[១២២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ឧបាសកទាំងឡាយ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ហើយ​ផ្ញើ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកលក់​សំពត់បាវារ​ម្នាក់ ដើម្បី​ចាត់ចែង​ចីវរ​ដល់​ភិក្ខុនីសង្ឃ ហើយចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយ​ផ្ញើទុកបរិក្ខារ​​ដើម្បីចាត់ចែង​ចីវរក្នុង​ផ្ទះ​អ្នកលក់​សំពត់បាវារឈ្មោះ​ឯណោះហើយ លោកទាំងឡាយ​ចូរ​ឲ្យអ្នកណាមួយ​នាំចីវរ​អំពី​ផ្ទះ​នោះមក​ចែកគ្នាចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយវត្ថុ​ដែលសូម​គេខ្លួនឯងផង ហើយក៏​បរិភោគ។ ឧបាសក​ទាំងឡាយ​ដឹង​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ​ជារបស់សង្ឃ និងដោយ​វត្ថុដែល​សូមដោយ​ខ្លួនឯង​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក​ទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់​សង្ឃ និងដោយ​វត្ថុ​ដែលសូម​ដោយខ្លួន​ឯងសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ​ជារបស់សង្ឃ និងដោយ​វត្ថុដែល​សូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់បន្ទោស​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់សង្ឃ និងដោយ​វត្ថុដែលសូម​ដោយខ្លួនឯងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់ជនទាំងឡាយ​ ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់សង្ឃ ដោយវត្ថុ​ដែល​សូមដោយ​ខ្លួនឯង ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១២៣] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​វត្ថុដែល​ទាយកឲ្យដើម្បី​វត្ថុដទៃ។ ពាក្យថា ​ជារបស់សង្ឃ គឺទាយកបរិច្ចាគ​ចំពោះតែ​សង្ឃ មិនមែន​ចំពោះ​គណៈ មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ដោយវត្ថុ​ដែលសូម​ដោយខ្លួន​ឯង គឺ​ដោយវត្ថុ​ដែលសូម (គេ) ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បីចាត់ចែង​វត្ថុឯណា ភិក្ខុនី​វៀរលែង​របស់នោះ ហើយឲ្យគេទិញវត្ថុដទៃ​វិញ ត្រូវទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុនោះជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវ​​លះវត្ថុ​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុដទៃ​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែល​ទាយកឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ ជារបស់សង្ឃ និង​ដោយវត្ថុដែល​សូមដោយ​ខ្លួនឯង (វត្ថុនេះ) ជានិស្សគ្គិយ (ត្រូវតែ​លះបង់) ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២៤] របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃមែន ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​ដែល​ទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​នោះបាន​វត្ថុ​ដែល​លះដល់​សង្ឃមកវិញហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែលទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនី​សំគាល់ថារបស់​​ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលទាយក​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោន​របស់​ដែលសល់​ទៅ១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងសម័យ​​ដែល​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៨

[១២៦] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​ជាអ្នកនៅ​ក្នុងបរិវេណ​របស់ប្រជុំ​ជន១ពួក ជាពួក​ភិក្ខុនី​លំបាក​ដោយ​បបរ។ គ្រានោះឯង ប្រជុំជន​នោះក៏​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ហើយ​ផ្ញើ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកផ្សារ​ម្នាក់​ ដើម្បី​ចាត់ចែងបបរ​ដល់​ភិក្ខុនីទាំងឡាយ ទើបចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​​ពោលពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារ​​ដើម្បីចាត់ចែងបបរក្នុង​ផ្ទះ​អ្នកផ្សារ​ឈ្មោះឯណោះ ចូរលោកទាំងឡាយ​​ឲ្យអ្នកណាមួយ​នាំយក​អង្ករ​ទាំងឡាយ​​អំពី​ផ្ទះ​នោះ ហើយឲ្យគេ​ចំអិន​បបរឆាន់​ចុះ។ ភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះ ហើយក៏​បរិភោគ។ ទើប​ប្រជុំជននោះ​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់គណៈសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ឧបាសក នោះ​កំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​ មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ​ជារបស់គណៈ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ ឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់គណៈទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១២៧] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ ឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​ទាយកប្រគេន​ប្រយោជន៍​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់គណៈ (គឺទាយក​លះចំពោះ) តែគណៈ មិនមែនលះ​ចំពោះ​សង្ឃ មិនមែន​លះចំពោះ​ភិក្ខុនី១រូប​។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​គេ​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យទិញ​វត្ថុនោះ ហើយឲ្យគេទិញវត្ថុដទៃ​វិញ ត្រូវអាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ របស់​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវតែ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុនី​ត្រូវតែលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ របស់ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់គណៈ ជានិស្សគ្គិយ ខ្ញុំ​សូមលះ​របស់​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ​ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១២៨] របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែលខ្លួន​លះនោះមកវិញហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែល​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១២៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងសម័យ​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី៩

[១៣០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយនៅក្នុងបរិវេណ​របស់​ប្រជុំជន១ពួក ជាពួក​ភិក្ខុនី​លំបាក​ដោយ​បបរ។ គ្រានោះឯង ប្រជុំជន​នោះ ​ប្រមូល​បរិក្ខារ​ដែលរៃ​បានមក ដើម្បី​ចាត់ចែង​បបរ​ដល់ភិក្ខុនី​ទាំងឡាយ ហើយ​ទុក​បរិក្ខារ​(នោះ)​ក្នុងផ្ទះ​អ្នកផ្សារ​ម្នាក់ ទើបចូល​ទៅរក​ភិក្ខុនី​ទាំងឡាយ ហើយបាន​និយាយពាក្យ​នេះថា បពិត្រលោកម្ចាស់ យើងទាំងឡាយទុកបរិក្ខារ​​ដើម្បីចាត់ចែងបបរក្នុង​ផ្ទះ​អ្នកផ្សារ​ឈ្មោះឯណោះ ចូរលោកទាំងឡាយ​​ឲ្យគេ​នាំយក​អង្ករ​ទាំងឡាយ​​អំពី​ផ្ទះ​នោះមក ហើយ​ចំអិន​បបរឆាន់​ចុះ។ តែភិក្ខុនី​ទាំងឡាយ​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយរបស់​ដែលសូមគេ​ដោយខ្លួនឯង​ផង ហើយក៏​បរិភោគ។ ឯ​ប្រជុំជន​នោះ​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង​សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮ​ប្រជុំជននោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មិនសម​បើនឹង​ឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ​ ជារបស់គណៈ​ និង​ដោយរបស់​ដែលសូម​ដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា​ភិក្ខុនី​​ទាំងឡាយឲ្យគេ​ទិញ​របស់ដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ​ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯងសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣១] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​គេឲ្យ ​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់គណៈ គឺគេ​លះចំពោះ​តែគណៈ មិនមែន​ចំពោះ​សង្ឃ មិនមែន​ចំពោះ​ភិក្ខុនី១រូប​ទេ។ ពាក្យថា ​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង គឺវត្ថុ​ដែលសូមគេ​បានមក​ហើយ​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​គេ​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យគេទិញ​វត្ថុនោះ ហើយឲ្យ​គេទិញ​វត្ថុដទៃ​វិញ ត្រូវអាបត្តិទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុ​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនីត្រូវតែ​​លះរបស់​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុ​ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់គណៈ និង​ដោយវត្ថុ​ដែលសូមបានមក​​ដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១៣២] របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃមែន ហើយឲ្យគេ​ទិញវត្ថុដទៃ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែលខ្លួន​លះនោះ​មកវិញ​ហើយ ត្រូវ​បង្អោន​ទៅក្នុង​វត្ថុ​ដែល​ទាយក​គេឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់​​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់របស់​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ក្នុងពេល​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

បត្តវគ្គ សិក្ខាបទទី១០

[១៣៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ គង់ក្នុងជេតវនារាម ​របស់​អនាថបិណ្ឌិក​​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នកឈ្លាស​និយាយ​ក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ មនុស្សទាំងឡាយ​ជាច្រើន​តែចូល​ទៅអង្គុយជិត (សេពគប់)​នឹងថុល្លនន្ទា​ភិក្ខុនី។ សម័យ​នោះឯង ទីបរិវេណ​របស់ថុល្លនន្ទា​ភិក្ខុនី​ក៏​បាក់បែក​ទ្រុឌទ្រោម។ មនុស្ស​ទាំងឡាយ​បានពោល​ពាក្យនេះ​នឹងថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ ទីបរិវេណ​របស់​លោកនេះ​ទ្រុឌទ្រោម​ទៅដោយហេតុអ្វី។ ថុល្លនន្ទាភិក្ខុនី​និយាយថា នែអ្នកដ៏មានអាយុ ព្រោះ​គ្មាន​ពួក​អ្នកឲ្យ គ្មានពួក​អ្នកធ្វើ។ ទើបមនុស្ស​ទាំងឡាយ​នោះ ប្រមូល​បរិក្ខារ​ដែលរៃ​បានមក​ដើម្បី​ប្រយោជន៍​ទីបរិវេណ​នៃថុល្លនន្ទា​ភិក្ខុនី ហើយបាន​ឲ្យបរិក្ខារនោះ​ដល់​ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនី​ឲ្យគេ​ទិញ​ភេសជ្ជៈ​ដោយ​បរិក្ខារ​នោះផង ដោយរបស់​ដែលសូម​ដោយខ្លួនឯង​ផង ហើយក៏​បរិភោគ។ ​មនុស្សទាំងឡាយ​​​ដឹង​ហើយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា ​មិនសម​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ​ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​មកដោយខ្លួនឯង​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី ឲ្យគេ​ទិញ​វត្ថុដទៃ ដោយបរិក្ខារ​ដែល​គេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ​ចំពោះ​វត្ថុដទៃ ​ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនគួរ​​បើនឹងឲ្យគេ​ទិញវត្ថុដទៃ ដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យគេ​ទិញវត្ថុដទៃ ដោយ​បរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យ​ចំពោះ​វត្ថុដទៃ​ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣៥] ត្រង់ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ពាក្យថា ដោយបរិក្ខារ​ដែលគេឲ្យ​ដើម្បីប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ គឺ​ដោយ​បរិក្ខារ​ដែល​គេឲ្យ ​ដើម្បីចាត់ចែង​​វត្ថុឯទៀត។ ពាក្យថា ​ជារបស់បុគ្គល គឺគេ​ឲ្យចំពោះ​តែភិក្ខុនី​មួយរូប មិនឲ្យដល់​សង្ឃ មិនឲ្យដល់​គណៈឡើយ។ ពាក្យថា ​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង គឺវត្ថុ​ដែលសូមគេមក​​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេទិញវត្ថុ​ដទៃ គឺរបស់​ដែល​ទាយក​ឲ្យ​ដើម្បីប្រយោជន៍​​វត្ថុណា ភិក្ខុនី​មិនឲ្យគេទិញ​វត្ថុនោះ ហើយឲ្យគេទិញវត្ថុឯទៀត​វិញ ត្រូវទុក្កដ​ក្នុង​ប្រយោគដែលឲ្យទិញ វត្ថុ​នោះ​ជានិស្សគ្គិយ​ក្នុងខណៈ​ដែល​បានមក ភិក្ខុនី​គប្បី​​លះវត្ថុ​នោះ​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​របស់​នោះ​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ វត្ថុ​ដទៃ​​នេះ ខ្ញុំឲ្យ​គេទិញដោយបរិក្ខារ​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុដទៃ គេឲ្យចំពោះ​វត្ថុដទៃ ជារបស់បុគ្គល និង​ដោយវត្ថុ​ដែលសូម​ដោយខ្លួនឯង ជានិស្សគ្គិយ ខ្ញុំ​សូមលះ​វត្ថុ​​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌនេះ)។

[១៣៦] របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុឯទៀត ត្រូវនិស្សគ្គិយបាចិត្តិយ។ របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវនិស្សគ្គិយ​បាចិត្តិយ។ របស់គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថាមិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ហើយឲ្យគេ​ទិញវត្ថុដទៃវិញ ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ ភិក្ខុនី​បាន​វត្ថុ​ដែល​លះនោះមកវិញហើយ គប្បី​បង្អោន​ទៅក្នុង​វត្ថុ​ដែល​ទាយកគេ​ឲ្យ​ចំពោះ​យ៉ាងណា។ មិនមែន​របស់ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីសំគាល់ថារបស់ដែល​គេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​របស់ដែលគេឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ ភិក្ខុនី​សំគាល់ថា​មិនមែន​របស់​​ដែលគេ​ឲ្យ​ដើម្បី​ប្រយោជន៍​វត្ថុ​ដទៃ មិនត្រូវអាបត្តិ។

[១៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​បង្អោនទៅនូវ​​របស់​ដែលសល់១ ភិក្ខុនី​ប្រាប់​ម្ចាស់ទាន​ហើយ ទើប​បង្អោន​ទៅ១ ភិក្ខុនី​ឲ្យ​គេចាត់ចែង​ខុស​បំណង​ទាយក​ព្រោះ​​​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

ចីវរវគ្គ សិក្ខាបទទី១

[១៣៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ក្បែរ​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ឈ្មោះថុល្លនន្ទា ជាពហុស្សូត ជាស្រីមាន​ថ្វីមាត់ ក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ គ្រានោះ ព្រះបាទបសេនទិកោសល ដណ្តប់​សំពត់​កម្ពល​មានដំឡៃច្រើន​ក្នុងកាលត្រជាក់ ហើយព្រះអង្គចូល​ទៅកាន់​សំណាក់​ថុល្លនន្ទា​ភិក្ខុនី លុះចូល​ទៅជិតហើយ ក៏ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ហើយគង់​នៅក្នុងទី​គួរ១។ លុះស្តេច​បសេនទិកោសល​នៅ​ក្នុងទីគួរ១ហើយ ថុល្លនន្ទាភិក្ខុនី​ក៏ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ កាល​នោះ ស្តេចបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនី​​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា (ដូច្នោះហើយ) ក៏មានបន្ទូល​នេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ត្រូវការ​វត្ថុណា គប្បីប្រាប់​វត្ថុនោះ​ចុះ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយថា បពិត្រមហារាជ បើព្រះអង្គ​មានសេចក្តី​ប្រាថ្នានឹង​ប្រគេនដល់​អាត្មា ចូរ​ព្រះអង្គប្រគេន​សំពត់​កម្ពល​នេះចុះ។ ទើបស្តេច​បសេនទិកោសល​ប្រគេន​សំពត់កម្ពល​ដល់​ថុល្លនន្ទាភិក្ខុនី ហើយក្រោកចាក​អាសនៈ ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី រួចធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងនេះ​មានសេចក្តី​ប្រាថ្នាច្រើន គ្មានសន្តោស ​មិនសមនឹងសុំសំពត់កម្ពល​ពីស្តេច​សោះ។ ភិក្ខុនី​ទាំងឡាយ បានឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយ​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងសុំសំពត់កម្ពល​ពីស្តេច​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ បានឮ​ថាថុល្លនន្ទា​ភិក្ខុនី សុំសម្ពត់កម្ពល​ពីស្តេច ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងសុំសម្ពត់កម្ពល​ពីស្តេច​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ក្រាស ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​បួនកហាបណៈបួនដង​ជាយ៉ាង​ច្រើន បើចាត់ចែង​សំពត់​ដែលមាន​ដំឡៃ​ហួសពី​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៣៩] ដែលហៅថា សំពត់ដណ្តប់​ដែលមានសាច់​ក្រាស គឺសំពត់​ដណ្តប់​ណាមួយ​សម្រាប់​ដណ្តប់​ក្នុងរដូវ​រងា។ ត្រង់ពាក្យថា កាលចាត់ចែង គឺថា កាលសូម(គេ)។ ពាក្យថា ត្រូវចាត់​ចែងបាន​តែសំពត់​មានដំឡៃ​បួនកហាបណៈ​បួនដង​ជាយ៉ាងច្រើន សេចក្តីថា ត្រូវចាត់​ចែងបាន​តែ​សំពត់​មានដំឡៃ​១៦កហាបណៈ។ ពាក្យថា បើចាត់ចែង​សំពត់​ឲ្យលើស​ពីនោះទៅ សេចក្តី​ថា ភិក្ខុនី​សូម​សំពត់ឲ្យ​លើស​លុបពី​នោះទៅ ត្រូវអាបត្តិ​ទុក្កដក្នុង​ប្រយោគ​ដែលសូម សំពត់នោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក ភិក្ខុនី​ត្រូវ​​លះបង់​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន។ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​បង់​​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ សំពត់ដណ្តប់​ដែលមានសាច់ក្រាស​នេះ មានដំឡៃ​លើសពី​បួនកហាបណៈ​បួនដង ជាកំណត់ ខ្ញុំបាន​សូម​មកហើយ ជានិស្សគ្គិយ ខ្ញុំ​សូមលះបង់សំពត់​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌ)។

[១៤០] សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីមាន​សេចក្តី​សង្ស័យ ហើយសូម ត្រូវនិស្សគ្គិយ​បាចិត្តិយ។ សំពត់​មានដំឡៃ​លើសពីបួនកហាបណៈ​៤ដង ភិក្ខុនីសំគាល់ថាខ្វះវិញ ហើយសូម ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​សំគាល់ថា​លើសវិញ ត្រូវអាបត្តិ​ទុក្កដ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សំពត់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង ភិក្ខុនី​សំគាល់ថា​ខ្វះមែន មិនត្រូវអាបត្តិ។

[១៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ត្រឹមបួនកហាបណៈ​៤ដង​ជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ​៤ដង​ជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួក​ជនដែល​បវារណា១ ភិក្ខុនីសុំ​សំពត់ដណ្តប់​ដើម្បីបុគ្គលដទៃ​១ ភិក្ខុនីបាន​សំពត់ដណ្តប់​មកដោយ​ទ្រព្យរបស់ខ្លួន១ ជនមានសេចក្តី​ប្រាថ្នា​ឲ្យភិក្ខុនី​សុំសំពត់​ដណ្តប់​មានដំឡៃ​ច្រើន ភិក្ខុនី​ត្រឡប់​សុំសំពត់​ដណ្តប់​មានដំឡៃ​តិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

ចីវរវគ្គ សិក្ខាបទទី២

[១៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ក្បែរ​ក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាស្រីមាន​ថ្វីមាត់ ជាស្រីក្លៀវក្លា ប្រសប់​ធ្វើធម្មីកថា។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ដណ្តប់​សំពត់​សម្បកឈើ​​មានដំឡៃច្រើន​ក្នុងកាលក្តៅ ហើយចូល​ទៅរក​ថុល្លនន្ទា​ភិក្ខុនី លុះយាងចូល​ទៅហើយ ក៏ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ហើយគង់​នៅក្នុងទី​គួរមួយ។ លុះព្រះបាទ​បសេនទិកោសលគង់​នៅ​ក្នុងទីសមគួរហើយ ថុល្លនន្ទាភិក្ខុនី​ក៏បានពន្យល់​ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា។ លំដាប់​នោះ ព្រះបាទបសេនទិកោសល កាលថុល្លនន្ទាភិក្ខុនី​​ពន្យល់​ឲ្យទ្រង់ឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏មានព្រះបន្ទូល​នេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ត្រូវការ​វត្ថុណា គប្បីប្រាប់​វត្ថុនោះ​ចុះ។ ថុល្លនន្ទាភិក្ខុនី​ឆ្លើយថា បពិត្រមហារាជ បើព្រះអង្គ​​ប្រាថ្នា​នឹងប្រគេនដល់​អាត្មាភាព សូម​ព្រះអង្គ​ប្រគេន​សំពត់សម្បកឈើ​នេះចុះ។ ទើបព្រះបាទ​បសេនទិកោសល​ប្រគេន​សំពត់សម្បកឈើ​ដល់​ថុល្លនន្ទាភិក្ខុនី រួចទ្រង់ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ថុល្លនន្ទាភិក្ខុនី ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ។ ​មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី​ទាំងនេះ​មានសេចក្តី​ប្រាថ្នាធំ គ្មានសន្តោស ​មិនសមបើនឹងសុំសំពត់សម្បកឈើអំ​ពីស្តេច​សោះ។ ពួកភិក្ខុនី ឮ​មនុស្សទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​ទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងសុំសំពត់សម្បកឈើអំ​ពីស្តេច​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី សុំសម្ពត់សម្បកឈើ​ពីស្តេច ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងសូមសំពត់សម្បកឈើអំ​ពីស្តេច​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី កាលចាត់ចែង​សម្ពត់ដណ្តប់ ដែលមាន​សាច់ស្តើង ត្រូវចាត់ចែង​បានតែ​សម្ពត់​ដែលមាន​ដំឡៃ​ត្រឹមបួនកហាបណៈបីដង​ដោយកន្លះ បើចាត់ចែង​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវ​និស្សគ្គិយបាចិត្តិយ។

[១៤៣] ដែលហៅថា សំពត់ដណ្តប់​មានសាច់ស្តើង គឺសំពត់​​ណាមួយ​សម្រាប់​ដណ្តប់​ក្នុងរដូវក្តៅ។ ត្រង់ពាក្យថា កាលចាត់ចែង គឺកាលសូម។ ពាក្យថា ត្រូវចាត់​ចែងបាន​តែសំពត់​ដណ្តប់​មានដំឡៃត្រឹម​បួនកហាបណៈ​បីដង​ដោយកន្លះ សេចក្តីថា ត្រូវសូមបាន​តែ​សំពត់​ដែល​មានដំឡៃ​១០កហាបណៈ។ ពាក្យថា បើចាត់ចែង​ឲ្យលើសកំណត់នោះទៅ សេចក្តី​ថា ភិក្ខុនី​សូម​ឲ្យ​លើសពីកំណត់​នោះទៅ ត្រូវអាបត្តិ​ទុក្កដក្នុង​ប្រយោគ​ដែលសូម សំពត់នោះ​ជានិស្សគ្គិយ​ក្នុងពេលដែល​បានមក។ ភិក្ខុនី​ត្រូវ​​លះបង់​ដល់សង្ឃ​ក៏បាន ដល់គណៈ​ក៏បាន ដល់​ភិក្ខុនី​១រូប​ក៏បាន ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនី​ត្រូវលះ​បង់​​យ៉ាងនេះ។បេ។ បពិត្រលោក​ម្ចាស់ សំពត់ដណ្តប់​ដែលមានសាច់ស្តើង​នេះ មានដំឡៃ​លើសពី​បួនកហាបណៈ​បីដង​ដោយកន្លះ​ជាកំណត់ ខ្ញុំបាន​សុំ​មកហើយ ជានិស្សគ្គិយ ខ្ញុំ​សូមលះបង់សំពត់​នេះដល់សង្ឃ។ (ពាក្យ​តពីនេះ​ទៅ មានសេចក្តី​ដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃ​និស្សគ្គិយ​កណ្ឌ)។

[១៤៤] សំពត់​ដណ្តប់មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ តែភិក្ខុនីមាន​សេចក្តី​សង្ស័យ ហើយសូម ត្រូវនិស្សគ្គិយ​បាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​លើសពីបួនកហាបណៈ​៣ដង​ដោយកន្លះ ភិក្ខុនីសំគាល់ថាខ្វះ ហើយសូម ត្រូវ​និស្សគ្គិយ​បាចិត្តិយ។ សំពត់​ដណ្តប់​មានដំឡៃ​តិចជាង​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​សំគាល់ថា​លើសទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ សំពត់ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សំពត់ដណ្តប់​មានដំឡៃ​ខ្វះពី​បួនកហាបណៈ៣ដង​ដោយកន្លះ ភិក្ខុនី​សំគាល់ថា​ខ្វះមែន មិនត្រូវអាបត្តិ។

[១៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃ​ត្រឹមបួនកហាបណៈ​៣ដង​ដោយកន្លះ១ ភិក្ខុនីសុំសំពត់​ដណ្តប់​មានដំឡៃតិចជាង​បួនកហាបណៈ​៣ដង​​ដោយកន្លះជាកំណត់១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួកញាតិ១ ភិក្ខុនីសុំសំពត់​ដណ្តប់​របស់ពួក​ជនដែល​បវារណា១ ភិក្ខុនីសុំ​សំពត់ដណ្តប់​ដើម្បីបុគ្គលដទៃ​១ ភិក្ខុនីបាន​សំពត់ដណ្តប់​មកដោយ​ទ្រព្យរបស់ខ្លួន១ ជន​ប្រាថ្នាដើម្បីទិញ​សំពត់​ដណ្តប់​មានដំឡៃ​ច្រើន ភិក្ខុនី​ត្រឡប់​ឲ្យទិញ​សំពត់​ដណ្តប់​មានដំឡៃ​តិច១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

[១៤៦] បពិត្រលោកម្ចាស់​ទាំងឡាយ ពួកអាបត្តិឈ្មោះនិស្សគ្គិយបាចិត្តិយ៣០ ខ្ញុំសំដែង​ឡើងហើយ។ ខ្ញុំសូមសួរលោកម្ចាស់​ទាំងឡាយ​ក្នុងអាបត្តិ​ទាំងនោះ លោកទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់ពីរដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ ខ្ញុំសូមសួរ​ជាគំរប់បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ។ លោកម្ចាស់​ទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយ​ក្នុងអាបត្តិ​ទាំងនេះ ព្រោះហេតុដូច្នោះ បានជាលោក​ទាំងឡាយ​ស្ងៀមនៅ។ ខ្ញុំ​សូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

និស្សគ្គិយ បាចិត្តិយ ចប់។

បាចិត្តិយកណ្ឌ

បពិត្រ​លោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាចិត្តិយមែននេះ មានចំនួន១៦៦ តែងមកកាន់ឧទ្ទេស (គឺការសូត្រ​រាល់ៗកន្លះខែ)

លសុណវគ្គ សិក្ខាបទទី១

[១៤៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង មានឧបាសក​ម្នាក់​បវារណា​ភិក្ខុនីសង្ឃ​ដោយខ្ទឹមថា លោកម្ចាស់​ទាំងឡាយណា ត្រូវការដោយ​ខ្ទឹម ខ្ញុំព្រះករុណា (នឹងប្រគេនខ្ទឹម​ដល់លោកម្ចាស់​ទាំងឡាយនោះ)។ ឧបាសកនោះ​ក៏បង្គាប់​អ្នក​រក្សាចំការខ្ទឹមថា បើពួកភិក្ខុនី​មក អ្នកឯង​ចូរប្រគេនខ្ទឹម​ពីរបី​មើម​ដល់ភិក្ខុនី​១អង្គៗ។ សម័យនោះឯង ក្រុងសាវត្ថី​(មានគេលេង)​មហោស្រព។ ខ្ទឹម​ដែលឧបាសក​បានយកមក ក៏អស់រលីងទៅ។ ពួកភិក្ខុនី​ចូលទៅរក​ឧបាសក​នោះ ហើយបានពោល​ពាក្យនេះថា ម្នាលអាវុសោ យើងទាំងឡាយ​ត្រូវការដោយ​ខ្ទឹម។ ឧបាសក​នោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ទឹមគ្មានទេ ខ្ទឹមដែលបាន​យកមក​ អស់រលីង​ទៅហើយ សូមលោក​ម្ចាស់​និមន្ត​ទៅចំការចុះ។ ​ថុល្លនន្ទា​ភិក្ខុនី​ទៅកាន់ចំការ​ហើយ មិនដឹងប្រមាណ ក៏ឲ្យ​គេនាំយកខ្ទឹម​ទៅជាច្រើន។ មនុស្ស​អ្នករក្សាចំការ​ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងទៅកាន់​ចំការហើយ មិនដឹងប្រមាណ ឲ្យគេនាំយក​ខ្ទឹម​ទៅច្រើន​ដល់ម្ល៉េះសោះ។ ភិក្ខុនីទាំងឡាយ បានឮអ្នករក្សាចំការ​ពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)​ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​ទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបើនឹងមិនដឹង​ប្រមាណ ឲ្យគេនាំយក​ខ្ទឹម​មកច្រើន​ដល់ម្ល៉េះសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទា​ភិក្ខុនី​មិនដឹង​ប្រមាណ ឲ្យគេនាំ​យកខ្ទឹម​ច្រើន ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ មិនសមបើនឹងមិនដឹង​ប្រមាណ ឲ្យគេនាំ​យកខ្ទឹម​មកច្រើន​ដល់ម្ល៉េះសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លា​ ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យខានជ្រះថ្លា​ទៅផង នាំជនពួកខ្លះ​ដែលជ្រះថ្លា​ស្រាប់ហើយ ឲ្យទាស់​ចិត្តខូច​គំនិត​ទៅវិញ​ផង​ដោយពិត។

[១៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថុល្លនន្ទាភិក្ខុនី​ជាអនេកបរិយាយ ហើយទ្រង់​ធ្វើធម្មីកថា​ដ៏សមគួរ​ក្នុងពេលនោះ និងល្មម​ក្នុងពេល​នោះដល់​ភិក្ខុទាំងឡាយ ទើប​ទ្រង់​ហៅពួកភិក្ខុ​មកហើយ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយ ថុល្លនន្ទាភិក្ខុនី​ធ្លាប់​បានជាប្រពន្ធ​ព្រាហ្មណ៍​១នាក់។ នាងមាន​កូនស្រី៣នាក់ គឺនាង​នន្ទា១ នាងនន្ទវតី១ នាងសុន្ទរីនន្ទា១។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រាហ្មណ៍​នោះក៏ធ្វើមរណកាល​ទៅ កើតក្នុង​កំណើត​សត្វហង្ស១។ ហង្សនោះមាន​ស្លាប​សុទ្ធសឹងជាមាស។ ហង្សនោះឲ្យស្លាប​មួយៗ​ដល់ប្រពន្ធ​និងកូនស្រីទាំងនោះ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី​គិតថា ហង្សនេះ​បានឲ្យ​ស្លាប​មួយៗ​ដល់យើងទាំងឡាយ គិតដូច្នោះហើយ ក៏ចាប់​ស្តេចហង្ស​នោះ ហើយក៏ដក​យកស្លាប​ចេញអស់​ក្នុងកាលនោះឯង។ ស្លាបទាំងឡាយ​របស់ហង្ស​នោះ កាលដុះឡើងទៀត ក៏សទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី​សាបសូន្យ​ចាកមាស​ក្នុងកាលនោះ ព្រោះ​តែសេចក្តី​លោភហួស ឥឡូវ​នេះមកសាបសូន្យ​ចាកខ្ទឹម។

[១៤៩] ទ្រព្យណាដែលខ្លួនបានហើយ បុគ្គលត្រូវ​ត្រេកអរ​ដោយទ្រព្យនោះ ព្រោះថា សេចក្តី​លោភពេក ជាសភាវៈ​ដ៏លាមក។ ថុល្លនន្ទាភិក្ខុនី​លុះចាប់​ស្តេចហង្ស​បានហើយ ក៏សាប​សូន្យ​ចាកមាស។

[១៥០] លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថុល្លនន្ទាភិក្ខុនី​ដោយ​អនេកបរិយាយ។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ​ទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ។

[១៥១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​រួចហើយ​ក្នុងបារាជិក​កណ្ឌទី១។បេ។ ដែលហៅថា​ខ្ទឹម សំដៅយកខ្ទឹម​ដែល​កើតក្នុង​ដែនមគធ។ ភិក្ខុនី​ទទួលខ្ទឹម​ដោយគិតថា អញនឹងទំពាស៊ី ត្រូវអាបត្តិ​ទុក្កដ ត្រូវអាបត្តិបាចិត្តិយ​គ្រប់ៗវារៈ​ដែលលេបចូលទៅ។

[១៥២] ខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹមមែន ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ ខ្ទឹម ភិក្ខុនីសំគាល់ថាមិនមែន​ខ្ទឹម ហើយទំពាស៊ី ត្រូវអាបត្តិបាចិត្តិយ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថាខ្ទឹម ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនខ្ទឹម ភិក្ខុនីសំគាល់ថា​មិនមែនខ្ទឹម មិនត្រូវអាបត្តិ។

[១៥៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) ភិក្ខុនីឆាន់​ខ្ទឹមលឿង១ ភិក្ខុនីឆាន់​ខ្ទឹមក្រហម១ ភិក្ខុនីឆាន់​ខ្ទឹមខៀវ១ ភិក្ខុនីឆាន់​ខ្ទឹមឥតមើម (ខ្ទឹមដើម)១ ភិក្ខុនីឆាន់​ខ្ទឹមដែល​គេចំអិន​ដោយសម្ល១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេចំអិន​ដោយសាច់១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេ​ចំអិន​ដោយប្រេង១ ភិក្ខុនីឆាន់​ខ្ទឹមដែលគេ​ដាក់ក្នុង​បបរគ្រឿង១ ភិក្ខុនីឆាន់​ខ្ទឹម​ដែលគេ​ដាក់​ក្នុង​សម្លការី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី២

[១៥៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនី​ឲ្យគេដករោម​ក្នុងទី​ចង្អៀត ហើយស្រាតងូតទឹក​ក្នុងកំពង់១ ជាមួយនឹង​ពួកស្រីវេស្យា​ក្នុងស្ទឹង​អចិរវតី។ ពួកស្រីវេស្យា​ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀត ដូចជាស្រីគ្រហស្ថ​បរិភោគ​កាមគុណសោះ។ ពួកភិក្ខុនី បានឮស្រីវេស្យា​ទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)​ហើយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀតសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាឆព្វគ្គិយាភិក្ខុនី​ទាំងឡាយឲ្យគេដក​រោមក្នុងទី​ចង្អៀត ពិត​មែន​ឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងឲ្យគេដក​រោមក្នុងទី​ចង្អៀតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយឲ្យគេដក​រោមក្នុងទី​ចង្អៀត ត្រូវអាបត្តិ​បាចិត្តិយ។

[១៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​​ក្នុងបារាជិក​កណ្ឌទី១​រួចហើយ។បេ។ ដែលហៅថា​ទីចង្អៀត បានដល់ក្លៀក​ទាំងពីរ និងកន្លែង​បន្ទោបង់​នូវទឹកមូត្រ។ ពាក្យថា ឲ្យគេដក សេចក្តីថា ភិក្ខុនី​ឲ្យគេដក​រោមសូម្បី​១សរសៃក្តី ក៏ត្រូវអាបត្តិ​បាចិត្តិយ។ ឲ្យគេដក​រោម​ច្រើន​សរសៃក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) ភិក្ខុនីឲ្យគេដករោម ព្រោះ​ហេតុមានអាពាធ (កើតបូសកម​ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៣

[១៥៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូប​មានសេចក្តី​អផ្សុក​មកបៀត​បៀន ក៏ចូលទៅកាន់​បន្ទប់ ហើយធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត។ ពួកភិក្ខុនី​ស្ទុះចូលទៅ​ដោយឮ​សំឡេងនោះ ហើយពោលនូវពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះ​ថា បពិត្រលោកម្ចាស់ ហេតុអ្វី​បានជា​លោក​ទាំងឡាយ​ប្រទុស្ត​មួយអន្លើ​ដោយបុរស។ ភិក្ខុនី​ទាំងនោះ​ឆ្លើយថា បពិត្រលោកម្ចាស់ យើង​ទាំងឡាយ​មិនប្រទុស្ត​មួយអន្លើ​ដោយបុរសទេ។ ពួកភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំង​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាតសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាពួកភិក្ខុនីធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត ពិត​មែន​ឬ។ ភិក្ខុទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាតទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន ​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះ​កិរិយា​ទះ​នូវផ្ទៃ​នៃអង្គជាត។

[១៥៨] ដែលហៅថា ទះ​នូវផ្ទៃ​នៃអង្គជាត គឺភិក្ខុនី​ត្រេកអរ​នូវសម្ផស្ស ហើយឲ្យ​នូវប្រហារ​វាយក្នុងអវយវ​ជាទី​បន្ទោបង់​ទឹកមូត្ត ដោយ​ហោចទៅ សូម្បី​តែប្រហារ​ដោយស្លឹកឧប្បល ក៏ត្រូវអាបត្តិបាចិត្តិយ។

[១៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីវាយ​អង្គជាត ព្រោះហេតុតែ​មានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៤

[១៦០] សម័យនោះ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ គង់នៅវត្តជេតវន ​របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។ គ្រានោះឯង មានស្រីព្រះស្នំ​របស់ស្តេច​ពីដើម បួស​ក្នុងសំណាក់​ពួកភិក្ខុនី​ទាំងឡាយ។ ភិក្ខុនីមួយរូបទៀត មានសេចក្តី​អផ្សុក​មកបៀតបៀន ក៏ចូល​ទៅរក​ភិក្ខុនី​នោះ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​នោះថា បពិត្រ​លោកម្ចាស់ ស្តេចយូរៗ​ទើបទ្រង់​ធ្វើសន្ថវៈ​នឹងលោកម្តង តើលោកអាច​កែកុន​បណ្តោះអាសន្ន​ដូចម្តេចទៅ។ ភិក្ខុនីនោះ​ប្រាប់ថា បពិត្រលោកម្ចាស់ ខ្ញុំអាច​កែកុន​ដោយដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្ត។ ភិក្ខុនី​ដែលអផ្សុក​សួរថា បពិត្រលោកម្ចាស់ ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្តនោះ តើដូចម្តេច។ ទើបភិក្ខុនី​នោះប្រាប់​ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្តដល់​ភិក្ខុនី​នោះ។ កាលនោះ ភិក្ខុនី​នោះកាន់​យក​ដង​បង្ហួរ​មានសណ្ឋាន​រលីង ធ្វើពី​អាចម៍ល័ក្ត ហើយភ្លេច​លាងទឹក ក៏ចោលទៅ​ក្នុងទីគួរមួយ។ ពួកភិក្ខុនី​ឃើញរុយ​ទាំងឡាយ​រោមដង​បង្ហួរដូច្នោះ ក៏សួរ​យ៉ាងនេះថា កម្មនេះ​ជាកម្មរបស់​អ្នកណា។ ភិក្ខុនី​នោះពោលថា កម្មនេះ​ជាកម្មរបស់​ខ្ញុំ។ ពួកភិក្ខុនី​​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី មិនសមបើនឹងកាន់យក​ដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេធ្វើពី​អាចម៍ល័ក្តសោះ។បេ។ ព្រះអង្គ​ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាភិក្ខុនីកាន់យក​ដង​បង្ហួរ​មានសណ្ឋាន​រលីងដែល​គេធ្វើពី​អាចម៍ល័ក្ត ពិត​មែន​ឬ។ ពួកភិក្ខុឆ្លើយ​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏​មានព្រះភាគ​ ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបើនឹងកាន់​យកដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេធ្វើ​ពី​អាចម៍ល័ក្តទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរ​សំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា អាបត្តិ​បាចិត្តិយ​មានដល់​ភិក្ខុនី ព្រោះដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេ​ធ្វើពី​អាចម៍ល័ក្ត។

[១៦១] ដែលហៅថា ដង​បង្ហួរ​មានសណ្ឋាន​រលីង​ដែលគេ​ធ្វើពី​អាចម៍ល័ក្ត បានដល់​ដង​បង្ហួរ​ដែលគេ​ធ្វើ​ដោយ​អាចម៍ល័ក្តក្តី ឈើក្តី ម្សៅក្តី ដីស្អិតក្តី។ ភិក្ខុនី កាលត្រេកអរ​នូវសម្ផស្ស ដោយហោចទៅ គ្រាន់តែញុំាង​ស្លឹកឧប្បល​ឲ្យចូល​ទៅកាន់​អវយវៈ​ជាទីបន្ទោបង់​នូវ​ទឹកមូត្ត ត្រូវអាបត្តិបាចិត្តិយ។

[១៦២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាង​ដង​បង្ហួរ​​ឲ្យចូល​ទៅក្នុង​អង្គជាត​ខ្លួន ព្រោះហេតុតែ​មានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៥

[១៦៣] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ ព្រះអង្គគង់នៅនិគ្រោធារាម ទៀប​ក្រុង​កបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី ចូលទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយស្ថិត​នៅក្នុងទី​ក្រោមខ្យល់ (រួច​ក៏ក្រាបទូលថា) បពិត្រព្រះដ៏មានព្រះភាគ មាតុគ្រាម​មានក្លិន​អាក្រក់។ ទើបព្រះដ៏មាន​ព្រះភាគ​ទ្រង់មានពុទ្ធដីកា​ថា ពួកភិក្ខុនី​ចូរធ្វើ​នូវការ​ជម្រះ​ដោយទឹកចុះ ហើយទ្រង់​ញុំាង​ព្រះមហាបជាបតិ​គោតមី​ឲ្យយល់តាម ឲ្យប្រតិបត្តិ​តាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយ​ធម្មីកថា។ លំដាប់នោះ ព្រះនាង​មហាបជាបតិ​គោតមី កាលព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា រួចហើយក៏​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ​ចៀសចេញទៅ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា​ ហើយទ្រង់ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុងពេល​នោះមក​ ហើយ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវការ​ជម្រះ​ដោយទឹក​ដល់ពួក​ភិក្ខុនី។

[១៦៤] សម័យនោះ មានភិក្ខុនី​១រូប​គិតថា ការ​ជម្រះ​ដោយទឹក ព្រះដ៏​មានព្រះភាគ​ទ្រង់​អនុញ្ញាត​ហើយ (គិតដូច្នោះហើយ) ក៏ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេក ហើយក៏​ធ្វើឲ្យ​កើត​ដម្បៅ​ក្នុងទីជាទី​បន្ទោបង់​នូវទឹកមូត្ត។ ទើប​ភិក្ខុនី​នោះ ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនីណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បើនឹង​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅ​ពេកសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា ភិក្ខុនី​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេក ពិតមែនឬ។ ពួកភិក្ខុក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​មិនសម​បើនឹង​​ធ្វើការ​ជម្រះ​ដោយទឹក​ឲ្យជ្រៅពេកទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា កាលភិក្ខុនី​ធ្វើការ​ជម្រះ​ដោយទឹក ត្រូវ​ធ្វើ​ការជម្រះ​បានត្រឹម​ពីរថ្នាំង​ម្រាមដៃ​ជាកំណត់ កាលឲ្យ​កន្លងហួស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៥] ដែលហៅថា ការជម្រះដោយ​ទឹក សំដៅយកការ​លាង​អវយវៈ​សម្រាប់​បន្ទោបង់​នូវទឹកមូត្ត។ ត្រង់ពាក្យថា កាលធ្វើ គឺកាលលាង។ ពាក្យថា ត្រូវធ្វើការ​ជម្រះ​បានត្រឹម​ពីរថ្នាំង​ម្រាមដៃ​ជាកំណត់​ សេចក្តីថា ភិក្ខុនី​ត្រូវលាង​បានត្រឹម​ពីរថ្នាំងម្រាមដៃ​ទាំងពីរ។ ពាក្យថា កាល​ឲ្យកន្លង​ហួសពីកំណត់​នោះទៅ សេចក្តីថា កាលភិក្ខុនី​ត្រេកអរ​នូវសម្ផស្ស​ហើយធ្វើ​ឲ្យ​កន្លង​កំណត់​នោះទៅ ដោយហោចទៅ សូម្បី​តែប៉ុនចុងសក់ ក៏ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៦] ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថា​ហួសមែន ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ តែភិក្ខុនីសង្ស័យ ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​ហួសកំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថា​មិនទាន់​ហួសកំណត់​ ហើយលាង ត្រូវអាបត្តិ​បាចិត្តិយ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាលើសទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ការជម្រះ​មិនទាន់ដល់​កំណត់​ពីរថ្នាំងម្រាមដៃ ភិក្ខុនីសំគាល់ថាមិនទាន់​ដល់កំណត់មែន មិនត្រូវអាបត្តិ។

[១៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីលាង​កំណត់​ត្រឹម​ពីរថ្នាំងម្រាមដៃ១ ភិក្ខុនីលាងថយ​ពីកំណត់​ពីរថ្នាំងម្រាមដៃ១ ភិក្ខុនី​លាងហួសកំណត់​ព្រោះហេតុ​នៃអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៦

[១៦៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង មានមហាមាត្យ​ឈ្មោះ​អារោហន្ត បួសក្នុង​សំណាក់​ពួកភិក្ខុ។ ស្រីជាប្រពន្ធ​របស់មហាមាត្យ​នោះក៏បួស​ក្នុងសំណាក់​ពួកភិក្ខុនី​ដែរ។ គ្រានោះ​ឯង ភិក្ខុនោះ​ធ្វើនូវភត្តកិច្ច (ឆាន់ចង្ហាន់) ក្នុងសំណាក់ភិក្ខុនី​នោះ។ កាលភិក្ខុនោះ​កំពុងឆាន់ ភិក្ខុនី​នោះបម្រើ​ដោយទឹកផង ដោយផ្លិតផង ហើយនិយាយ​ដឹកនាំ​ដោយពាក្យ​ស្និទ្ធស្នាល។ គ្រានោះ ភិក្ខុនោះ បណ្តេញ​ភិក្ខុនីនោះ​ចេញ​ដោយពាក្យថា ម្នាលប្អូនស្រី នាងកុំធ្វើនូវ​អំពើ​មានសភាព​យ៉ាងនេះ ការនេះមិនគួរទេ។ ភិក្ខុនីនោះឆ្លើយថា ពីដើម​លោកធ្វើនូវ​អំពើ​យ៉ាងនេះ​ផងៗ​នឹងខ្ញុំ ឥឡូវនេះ លោក​មិនអាច​ដើម្បីធ្វើ​នូវអំពើ​មានប្រមាណ​ប៉ុណ្ណេះទេ ថាដូច្នោះហើយ ក៏បោះសៀន​ទឹក​ទៅលើក្បាល​ភិក្ខុនោះ ហើយវាយ​នឹងផ្លិត​ថែមទៀត។ ពួកភិក្ខុនីណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បើនឹងវាយ​ភិក្ខុ​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា ភិក្ខុនីវាយភិក្ខុ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​មិនសម​បើនឹងវាយភិក្ខុទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ កាលភិក្ខុកំពុងឆាន់ ទៅបម្រើដោយ​ទឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិក​ទី១រួចហើយ។ ពាក្យថា ភិក្ខុ សេចក្តីថា បុរសដែល​បាន​ឧបសម្បទាហើយ។ ពាក្យថា កាលកំពុង​ឆាន់ ​សេចក្តីថា កំពុង​ឆាន់​ភោជន​ទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ទឹក បានដល់​ទឹក​ គឺបុគ្គល​គប្បីផឹកណាមួយ។ ដែលហៅថា ផ្លិត បានដល់​វត្ថុសម្រាប់​បក់ណាមួយ។ ពាក្យថា បម្រើ សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស ត្រូវអាបត្តិ​បាចិត្តិយ។

[១៧០] ឧបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្នមែន ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថាអនុបសម្បន្នវិញ ហើយ​បម្រើ​ដោយទឹកផឹកក្តី ដោយផ្លិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីលះបង់​ហត្ថបាស ហើយបំរើ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុកំពុង​ទំពាស៊ី​ខាទនីយ ភិក្ខុនីបម្រើ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បម្រើបុរស​ជាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់​ថា​ឧបសម្បន្នវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់​ថា​អនុបសម្បន្នមែន ត្រូវអាបត្តិ​ទុក្កដ។

[១៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺ(ភិក្ខុនីប្រគេន​វត្ថុ​មានទឹកជាដើម) ដល់ភិក្ខុ​ដោយដៃ​ខ្លួនឯង១ ភិក្ខុនី​ឲ្យគេប្រគេន​ដល់ភិក្ខុ១ ភិក្ខុនី​បង្គាប់​អនុបសម្បន្ន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៧

[១៧២] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី​នាំគ្នា​សូមស្រូវ​ស្រស់​ក្នុងរដូវ​ស្រូវ ហើយដឹកនាំ​ទៅកាន់​ក្រុង។ មនុស្ស​ទាំងឡាយ​ក៏ដណ្តើម​ពួកភិក្ខុនី​ក្នុងទី​ទៀបទ្វារនគរ ដោយពាក្យថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់​ទាំងឡាយ​ចូរឲ្យ​ចំណែក​(យើង)​ខ្លះ ដូច្នោះ​ ហើយក៏លែងទៅ។ ទើបពួក​ភិក្ខុនី​ទាំងនោះ​ទៅកាន់លំនៅ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងនាំគ្នា​សូមស្រូវស្រស់​សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីនាំគ្នា​សូមស្រូវស្រស់ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងនាំគ្នា​សូមស្រូវស្រស់ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ សូមឯងក្តី ឲ្យគេសូមក្តី កិនឯងក្តី ឲ្យគេ​កិនក្តី បុកឯងក្តី ឲ្យគេបុកក្តី ចំអិនឯងក្តី ឲ្យគេចំអិនក្តី នូវស្រូវស្រស់ ហើយបរិភោគ ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ស្រូវស្រស់ បានដល់ស្រូវខ្សាយស ស្រូវខ្សាយ​ក្រហម ស្រូវដំណើប ស្រងែ ធ្ពៅ ស្កួយ គែលលក។ ពាក្យថា សូមឯង គឺសូម​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេសូម គឺឲ្យអ្នក​ដទៃសូម។ ពាក្យថា កិនឯង សេចក្តីថា កិនដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេកិន គឺឲ្យអ្នកដទៃកិន។ ពាក្យថា បុកឯង គឺបុកដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេបុក គឺឲ្យអ្នកដទៃបុក។ ពាក្យថា ចំអិនឯង គឺ ចំអិនដោយដៃ​ខ្លួនឯង។ ពាក្យថា ឲ្យគេចំអិន គឺឲ្យអ្នកដទៃចំអិន។  ភិក្ខុនីទទួល​ដោយគិតថា អញនឹង​ឆាន់ ត្រូវអាបត្តិ​ទុក្កដ ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗវារៈ​ដែល​លេបចូលទៅ។

[១៧៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីសូម ព្រោះហេតុ​មានអាពាធ១ ភិក្ខុនីសូម​អបរណ្ណជាតិ (មាន​សណ្តែក ល្ង ជាដើម)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៨

[១៧៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍​ម្នាក់ ជារាជអាមាត្យ​ដែល​ស្តេច​ដកងារចេញហើយ ក៏គិតថា អញនឹងសូម​ងារនោះវិញ គិតដូច្នោះហើយ ក៏កក់ក្បាល ហើយទៅ​អាស្រ័យ​នៅក្នុងសំណាក់​ភិក្ខុនី រួចទើប​ដើរទៅកាន់​ត្រកូលស្តេច។ មានភិក្ខុនី១អង្គ កាលបន្ទោបង់​វច្ចៈ​ក្នុងផើង ហើយទម្លាក់​ទៅខាងក្រៅជញ្ជាំង​ ក៏ត្រូវ​ទៅលើ​ក្បាលព្រាហ្មណ៍​នោះ។ ទើបព្រាហ្មណ៍​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​ត្រងោល​ទាំងនេះ​មិនមែន​ជាសមណី ជាស្រីផ្កាមាស មិនសមនឹងទម្លាក់​ផើងគូថ​មកលើក្បាល​អញសោះ ហើយព្រាហ្មណ៍​នោះ​ក៏កាន់​គប់ភ្លើង​ដើរចូលទៅ​កាន់លំនៅ​របស់ភិក្ខុនី​ដោយគិតថា អញនឹងដុត​លំនៅ​ពួកភិក្ខុនី​ទាំងនេះចេញ។ មានឧបាសកម្នាក់​កំពុង​ដើរចេញ​ពីលំនៅ​របស់ភិក្ខុនី បានឃើញ​ព្រាហ្មណ៍​នោះកាន់​គប់ភ្លើង​ដើរចូលទៅ​កាន់លំនៅ​របស់ភិក្ខុនី លុះបានឃើញ​ហើយ ក៏បាន​និយាយ​ពាក្យ​នេះនឹង​ព្រាហ្មណ៍​នោះថា ម្នាលអ្នកដ៏ចំរើន អ្នកកាន់​គប់ភ្លើង​ដើរចូលទៅកាន់​លំនៅ​របស់​ភិក្ខុនី​ព្រោះហេតុអ្វី។ ព្រាហ្មណ៍​នោះឆ្លើយថា ម្នាលអ្នកដ៏ចំរើន ពួកភិក្ខុនី​ត្រងោលទាំងនេះ ជាស្រីផ្កាមាស ទម្លាក់​ផើងគូថ​មកលើក្បាល​ខ្ញុំ ៗនឹងដុត​លំនៅ​ពួកភិក្ខុនី​ទាំងនេះ។ ឧបាសក​នោះ​ឆ្លើយថា ម្នាលអ្នក​ដ៏ចំរើន អ្នកឯងចូរទៅចុះ ហេតុនេះ​ជាមង្គល​ល្អទេ អ្នកនឹង​បាន​១ពាន់​កហាបណៈផង នឹងបានងារ​នោះផង។ កាលនោះ ព្រាហ្មណ៍​នោះ ក៏កក់លាងក្បាល រួចទៅ​កាន់​រាជត្រកូល ក៏បាន១ពាន់​កហាបណៈផង និងងារ​នោះផង។ គ្រានោះ ឧបាសក​នោះចូលទៅ​កាន់​លំនៅ​របស់ភិក្ខុនី​ទាំងឡាយ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់ពួក​ភិក្ខុនី រួចក៏​ពោលហាម​ប្រាម។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំង​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំង ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានជោគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ទៅខាងក្រៅ​ជញ្ជាំងទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ ចោលឯងក្តី ឲ្យគេចោលក្តី នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី កាកអាហារក្តី ទៅខាងក្រៅ​ជញ្ជាំង​ក្តី ខាងក្រៅ​របងក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់​លាមក។ ដែលហៅថា បស្សាវៈ បានដល់​ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់​កំទេចកំទី។ ដែលហៅថា កាកអាហារ គឺសំណល់​ទាំងឡាយក្តី ឆ្អឹង​ទាំងឡាយ​ក្តី ទឹកដ៏សេសសល់ក្តី។ ដែលហៅថា ជញ្ជាំង បានដល់​ជញ្ជាំង​បីយ៉ាង គឺជញ្ជាំង​ឥដ្ឋ ជញ្ជាំងថ្ម ជញ្ជាំង​ឈើ។ ដែលហៅថា របង បានដល់​របង​បីយ៉ាង គឺរបងឥដ្ឋ របងថ្ម របងឈើ។ ពាក្យថា ខាងក្រៅជញ្ជាំង គឺខាងនាយ​ជញ្ជាំង។ ពាក្យថា ខាងក្រៅរបង គឺខាងនាយ​របង។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនី​ចោលដោយខ្លួន​ឯង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនី​បង្គាប់ឲ្យ​អ្នកដទៃចោល ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ប្រើតែម្តង អ្នកទទួល​បង្គាប់​ចោល​សូម្បី​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីពិនិត្យ​មើល​ទីដ៏សមគួរ ហើយទើបចោល១ ភិក្ខុនី​ចោលក្នុង​ទីដែល​គេមិនប្រើប្រាស់១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី៩

[១៧៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ សម័យនោះឯង មានស្រែស្រូវ​ដំណើប​របស់ព្រាហ្មណ៍​ម្នាក់ នៅជិត​លំនៅ​របស់ភិក្ខុនី។ ពួកភិក្ខុនី​ចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់​ជាសំណល់​ខ្លះ​ទៅក្នុងស្រែ។ ឯព្រាហ្មណ៍​នោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសម​នឹងប្រទូស្ត​ស្រែស្រូវ​ដំណើប​របស់យើង​សោះ។ ពួកភិក្ខុនី​ឮព្រាហ្មណ៍​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនីទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈ​ខ្លះ បស្សាវៈខ្លះ សម្រាម​ខ្លះ របស់ជា​សំណល់​ខ្លះ ក្នុងទី​មានវត្ថុ​មានពណ៌ខៀវសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនីចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ របស់​ជាសំណល់​ខ្លះ ក្នុងទីមាន​វត្ថុមាន​ពណ៌ខៀវ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​មិនសមនឹងចោលឧច្ចារៈខ្លះ បស្សាវៈខ្លះ សម្រាមខ្លះ វត្ថុជាសំណល់ខ្លះ ក្នុងទីមាន​វត្ថុ​មានពណ៌ខៀវ​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ ចោលឯង ឬឲ្យគេចោល នូវ​ឧច្ចារៈក្តី បស្សាវៈក្តី សម្រាម​ក្តី របស់​ជាសំណល់ក្តី ក្នុងទី​មានវត្ថុ​មានពណ៌ខៀវ ត្រូវអាបត្តិ​បាចិត្តិយ។

[១៧៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ឧច្ចារៈ បានដល់​គូថ។ ដែលហៅថា បស្សាវៈ បានដល់​ទឹកមូត្ត។ ដែលហៅថា សម្រាម បានដល់​កំទេចកំទី។ ដែលហៅថា របស់សំណល់ បានដល់​កាកអាមិស ឬពួកឆ្អឹង ឬ​ទឹកដែលសេសសល់។ ដែលហៅថាវត្ថុមានពណ៌​ខៀវ គឺវត្ថុ​ណាជា​បុព្វណ្ណជាតិ ឬអបរណ្ណជាតិ ជាដំណាំ​ជាគ្រឿង​ឧបភោគ និងបរិភោគ​របស់មនុស្ស​ទាំងឡាយ។ ពាក្យថា ចោលឯង សេចក្តីថា ភិក្ខុនី​ចោលដោយខ្លួន​ឯង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេចោល សេចក្តីថា ភិក្ខុនី​បង្គាប់​អ្នកដទៃឲ្យចោល ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​បង្គាប់តែម្តង អ្នកទទួល​បង្គាប់​ចោល​សូម្បី​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ។

[១៨០] ដំណាំ ភិក្ខុនីសំគាល់ថាដំណាំមែន ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដំណាំ តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំវិញ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាដំណាំទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនដំណាំ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាមិនមែន​ដំណាំមែន មិនត្រូវអាបត្តិ។

[១៨១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរមិល​មើល​ទីសមគួរ​ហើយទើបចោល១ ភិក្ខុនី​ចោលលើភ្លឺស្រែ ឬចំការ១ ភិក្ខុនី​សួរពួក​ម្ចាស់​ដោយសព្វគ្រប់​ហើយ ប្រាប់ដោយស្រួលបួល ទើបចោល១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គ សិក្ខាបទទី១០

[១៨២] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង ក្នុងក្រុងរាជគ្រឹះ​មានមហោស្រព​លើ​កំពូលភ្នំ ភិក្ខុនី​ទាំងឡាយ​មានពួក៦ បានទៅមើល​មហោស្រព​ដែលគេលេង​លើកំពូលភ្នំ។  មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​មិនសម​នឹងទៅ​មើល​របាំក្តី ចម្រៀងក្តី ប្រគំក្តី ដូចជា​ពួកស្រី​គ្រហស្ថ​បរិភោគ​កាមគុណសោះ។ ពួកភិក្ខុនីបាន​ឮមនុស្ស​ទាំង​ឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​(ដូច្នោះ)ហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​មានពួក៦​​មិនសមនឹងទៅ​មើលរបាំ​ក្តី ចម្រៀងក្តី ប្រគំក្តីសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនី​ទាំងឡាយមាន​ពួក៦ ទៅមើលរបាំ​ខ្លះ ចម្រៀង​ខ្លះ ប្រគំខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​មានពួក៦ ​មិនសមនឹងទៅមើល​របាំក្តី ចម្រៀងក្តី ប្រគំក្តីទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ​ទៅដើម្បីមើល​របាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា របាំ បានដល់​ការរាំ​ឯណានីមួយ។ ដែលហៅថា ចម្រៀង បានដល់ចម្រៀង​ឯណា​នីមួយ។ ដែលហៅថា ប្រគំ បានដល់ប្រគំឯណា​នីមួយ។ ភិក្ខុនី​ទៅដើម្បីមើល ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ឈរមើលក្តី ស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុនី​លះឧបចារសម្រាប់​មើល ហើយមើល​ឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទៅ​ដើម្បីមើល​នូវ​ល្បែង​មួយៗ ត្រូវអាបត្តិ​ទុក្កដ ភិក្ខុនី​ឈរមើលក្តី ឈរស្តាប់ក្តី ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុនី​លះឧបចារសម្រាប់​មើល ហើយមើល​ឃើញក្តី ស្តាប់ឮក្តី រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីឈរ​មើល ឬស្តាប់​ក្នុងអារាម១ ជនទាំងឡាយ​មកកាន់​ទីកន្លែង​ដែលភិក្ខុនី​ឈរនៅ ឬអង្គុយ ឬសឹង ហើយរាំក្តី ច្រៀងក្តី ប្រគំក្តី១ ភិក្ខុនីកំពុង​ដើរ​ទៅ​ជួបតាមផ្លូវ​ហើយឃើញក្តី ស្តាប់ក្តី១ កាលបើ​ភិក្ខុនី​មានកិច្ច​ដើរ​ទៅហើយឃើញ​ក្តី ឮក្តី១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

លសុណវគ្គទី១ ចប់។

អន្ធការវគ្គ សិក្ខាបទទី១

[១៨៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាកូនសិស្ស​ភទ្ទាកាបិលានីភិក្ខុនី ចេញពីស្រុក​ក្រៅទៅ​កាន់ក្រុង​សាវត្ថី ដោយមាន​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះ ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរសនោះ ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប​ឡើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីបសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីបទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនីណាមួយ​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ក្នុងយប់ងងឹត សេចក្តីថា ក្នុងវេលា​ដែលព្រះអាទិត្យ​លិចចុះ​ទៅហើយ។ ពាក្យថា ឥត​មានប្រទីប សេចក្តីថា មិនមាន​ពន្លឺ។ ដែលហៅថា​បុរស បានដល់​មនុស្សប្រុស​ជាអ្នកដឹង​សេចក្តី អាចដើម្បី​ស្ថិតនៅផង និយាយ​ផង មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ គឺ​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅ សេចក្តីថា ភិក្ខុនីស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយ សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ហើយចរចា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅក្តី និយាយក្តី មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាងដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី២

[១៨៨] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាសិស្សរបស់​​ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុក​ក្រៅទៅ​ក្រុង​សាវត្ថី ដោយ​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងយប់​ងងឹត​ឥតមាន​ប្រទីប ព្រះដ៏មានព្រះភាគ​ទ្រង់ហាម​ហើយ (គិត​ដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយ​ខ្លះ តែម្នាក់នឹងម្នាក់​មួយអន្លើ​ដោយបុរសនោះ​ឯង ក្នុងទី​ឱកាស​ដ៏កំបាំង។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីឱកាស​ដ៏កំបាំង​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ឱកាស​ដ៏កំបាំង ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ដ៏កំបាំង​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​ដ៏កំបាំង ត្រូវអាបត្តិ​បាចិត្តិយ។

[១៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីកំបាំង បានដល់​ទីឱកាស​ដែលគេ​បិទបាំង​ដោយវត្ថុណាមួយ គឺដោយជញ្ជាំង​ក្តី ដោយ​សន្ទះ​ទ្វារក្តី ដោយផែងក្តី ដោយវំាងននក្តី ដោយដើម​ឈើក្តី ដោយសសរក្តី ដោយល្វែង​បន្ទប់​ក្តី។ ដែលហៅថា​បុរស បានដល់​មនុស្សប្រុសដែលដឹងក្តី យល់ការ ដើម្បី​ស្ថិតនៅ ដើម្បីនិយាយ មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ សេចក្តីថា ​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ហើយនិយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅ ឬនិយាយ មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៣

[១៩១] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង មានបុរស​ជាញាតិ​របស់​ភិក្ខុនី​ជាសិស្សរបស់​​ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុក​ក្រៅទៅ​ក្រុង​សាវត្ថី ដោយ​កិច្ច​នីមួយ។ កាលនោះ ភិក្ខុនី​នោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីឱកាស​ដ៏កំបាំង ព្រះដ៏មានព្រះភាគ​ទ្រង់ហាម​ហើយ (គិត​ដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយ​ខ្លះ តែម្នាក់នឹងម្នាក់​មួយអន្លើ​ដោយបុរសនោះ​ឯងក្នុង​ទីវាល។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីវាល​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទី​វាល ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមនឹង​ស្ថិត​នៅខ្លះ និយាយខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងទីវាល​ទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនី​ណាមួយ​​ស្ថិតនៅក្តី និយាយក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងទី​វាល ត្រូវអាបត្តិ​បាចិត្តិយ។

[១៩២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ទីវាល បានដល់​ទី​ដែលគេមិន​បិទបាំង​ គឺទីដែល​គេមិនបិទ​បាំងដោយវត្ថុណាមួយ គឺជញ្ជាំង​ក្តី ​សន្ទះ​ទ្វារក្តី ផែងក្តី វំាងននក្តី ដើម​ឈើក្តី សសរក្តី ល្វែង​បន្ទប់​ក្តី។ ដែលហៅថា ​បុរស បានដល់​មនុស្សប្រុសដែលដឹងក្តី យល់ការ ​ស្ថិតនៅបាន និយាយបាន មិនមែនយក្ស មិនមែន​ប្រេត មិនមែន​តិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា តែម្នាក់​នឹងម្នាក់ គឺ​​មានតែបុរស១ និងភិក្ខុនី១។ ពាក្យថា ស្ថិតនៅក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនី​ស្ថិតនៅក្នុង​ហត្ថបាស​នៃបុរស​ ហើយ​និយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់​ហត្ថបាស ហើយស្ថិតនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ស្ថិតនៅ ឬនិយាយ មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយស្ថិតនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅក្នុង​អារម្មណ៍​ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៤

[១៩៤] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ឈរនៅខ្លះ និយាយខ្លះ ខ្សិប​ជិតត្រចៀក​ខ្លះ តែម្នាក់​និងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រករហូត​ខ្លះ ក្នុងច្រក​ទាល់​ (កៀនកោះ)ខ្លះ ក្នុងទី​ប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬមានជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកនចេញ​ទៅខ្លះ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​ទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​​​មិនសម​នឹងឈរនៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុងច្រកទាល់​ខ្លះ ក្នុងទី​ប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញទៅខ្លះ​សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីឈរនៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងទី​ប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង​៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ ​មិនសមនឹង​ឈរ​នៅខ្លះ និយាយខ្លះ ខ្សិបជិត​ត្រចៀកខ្លះ តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស ក្នុងច្រក​រហូតខ្លះ ក្នុង​ច្រកទាល់​ខ្លះ ក្នុងទីប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង៣ខ្លះ បណ្តេញ​ភិក្ខុនី​ជាគូកន​ខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនី​ណាមួយ​​ឈរនៅក្តី និយាយក្តី ខ្សិបជិត​ត្រចៀកក្តី តែម្នាក់​នឹងម្នាក់ មួយអន្លើ​ដោយបុរស​ក្នុងច្រក​រហូតក្តី ក្នុងច្រក​ទាល់ក្តី ក្នុងទី​ប្រជុំផ្លូវ​មានជ្រុង​៤ ឬជ្រុង៣​ក្តី បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ច្រករហូត បានដល់ផ្លូវ​​ដែលរថចេញចូល​បាន (ថ្នល់)។ ដែលហៅថា ច្រកទាល់ បានដល់ទី​ដែលជន​ទាំងឡាយ​ចូលទៅ​តាមផ្លូវណា ចេញទៅតាម​ផ្លូវ​នោះវិញ​ទើបបាន។ ដែល​ហៅថា ទីប្រជុំ​ផ្លូវ​មានជ្រុង​៤ ឬជ្រុង៣ បានដល់​ស្នាម​ ឬព្រះលាន។ ដែលហៅថា ​បុរស បានដល់​មនុស្សប្រុសដែលដឹងសេចក្តី​ច្បាស់ អាចឈរនៅបាន និយាយបាន មិនមែនយក្ស មិនមែន​ប្រេត មិនមែន​សត្វតិរច្ឆាន។ ពាក្យថា មួយអន្លើ គឺ​ក្នុងទី​ជាមួយគ្នា។ ពាក្យថា ម្នាក់​នឹងម្នាក់ គឺ​​មានតែ​បុរស១ និងភិក្ខុនី១។ ពាក្យថា ឈរនៅក្តី សេចក្តីថា ភិក្ខុនី​ឈរនៅ​ក្នុងហត្ថបាស​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា និយាយក្តី សេចក្តីថា ភិក្ខុនីឈរនៅក្នុង​ហត្ថបាស​នៃបុរស​ ហើយ​និយាយ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ខ្សិបជិត​ត្រចៀកក្តី សេចក្តីថា ភិក្ខុនី​ប្រាប់សេចក្តី​ជិតត្រចៀក​នៃបុរស ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា បណ្តេញ​ភិក្ខុនី​ជាគូកន​ចេញក្តី សេចក្តីថា ភិក្ខុនី​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​អនាចារ ហើយបណ្តេញ​ភិក្ខុនី​ជាគំរប់​ពីរ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុនី​ជាគូកន​កំពុង​លះបង់​ឧបចារ​សម្រាប់ឃើញ​ក្តី ឧបចារ​សម្រាប់​ស្តាប់ក្តី ភិក្ខុនី​អ្នកបណ្តេញ​ ត្រូវអាបត្តិ​ទុក្កដ លុះភិក្ខុនី​ជាគូកន​លះបង់​ឧបចារ​ផុត​ទៅហើយ ភិក្ខុនី​អ្នកបណ្តេញ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​លះបង់​ហត្ថបាស ហើយឈរនៅក្តី និយាយក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនីឈរនៅក្តី  និយាយក្តី មួយអន្លើ​ដោយយក្សក្តី ប្រេតក្តី បណ្ឌកក្តី សត្វតិរច្ឆាន​មាន​រាងកាយ​ដូចមនុស្ស​ក្តី ត្រូវអាបត្តិទុក្កដ។

[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺមានភិក្ខុនីណាមួយ​ដឹងសេចក្តី​ច្បាស់​នៅជាគំរប់ពីរ១ ភិក្ខុនី​ប្រាថ្នា​នូវទី​មិនស្ងាត់ (ហើយឈរនៅ​ក្តី និយាយក្តី)១ ភិក្ខុនី​មានចិត្ត​បញ្ជូន​ទៅក្នុង​អារម្មណ៍ឯទៀត ហើយឈរនៅក្តី និយាយក្តី១ ភិក្ខុនី​មិនមាន​សេចក្តី​ប្រាថ្នា​ដើម្បី​ប្រព្រឹត្ត​អនាចារ ហើយបណ្តេញ​ភិក្ខុនី​ជាគូកន១ ភិក្ខុនី​មានកិច្ច​ ហើយបណ្តេញ​ភិក្ខុនី​ជាគូកន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៥

[១៩៧] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង មានភិក្ខុនី១រូប​ជាជីតុន​ប្រកប​ដោយ​និច្ចភត្ត​របស់​ត្រកូល១។ កាលនោះ ភិក្ខុនីនោះ​ស្លៀកស្បង់​អំពីព្រឹក ហើយប្រដាប់​បាត្រ​និងចីវរ ចូលទៅរក​ត្រកូលនោះ លុះចូល​ទៅដល់ហើយ ក៏អង្គុយ​លើអាសនៈ ហើយមិន​បានលា​ពួកជន​ជាម្ចាស់ផ្ទះ ក៏ចៀសចេញទៅ។ ខ្ញុំស្រី​របស់ត្រកូលនោះ កាលបោសផ្ទះ ក៏ដាក់​អាសនៈ​នោះ​ទៅក្នុង​កន្លៀតភាជន៍។ មនុស្ស​ទាំងឡាយ​មិនឃើញ​អាសនៈ​នោះ ក៏និយាយពាក្យនេះ​នឹង​ភិក្ខុនី​នោះថា បពិត្រលោកម្ចាស់ អាសនៈ​នៅឯណា។ ភិក្ខុនី​នោះប្រាប់ថា ម្នាលអាវុសោ អាត្មា​មិនឃើញ​អាសនៈ​នោះទេ។ មនុស្សទាំងឡាយ​ទារយក​អាសនៈ​នោះវិញថា នែលោកម្ចាស់ ចូរឲ្យ​អាសនៈ​នេះ​មក ហើយក៏​ផ្តាសា​ផ្តាច់​ទាំងនិច្ចភត្ត​នោះចេញ។ ទើបពួក​មនុស្ស​នោះនាំគ្នា​ជម្រះ​សំអាត​ផ្ទះ ក៏ឃើញ​អាសនៈ​នោះនៅ​ក្នុងកន្លៀតភាជន៍ ហើយសូម​ឲ្យភិក្ខុនី​នោះអត់ទោស រួចក៏​ប្រគេន​និច្ចភត្ត​វិញ។ ឯភិក្ខុនី​នោះ​ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​​​មិនសម​នឹងចូលទៅ​រកត្រកូល​មុនពេលបាយ ហើយអង្គុយ​លើអាសនៈ រួចមិនលា​ពួកជន​ជាម្ចាស់ផ្ទះ ហើយចៀស​ចេញទៅសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីចូលទៅ​រកត្រកូល​ក្នុងពេល​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនលា​ពួកជន​ជាម្ចាស់ ក៏ចៀស​ចេញទៅ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ​មិនសមនឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងពេល​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនបានលា​ពួកជន​ជាម្ចាស់ផ្ទះ ហើយចៀស​ចេញទៅទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​​មុនបាយ ហើយអង្គុយ​លើអាសនៈ រួចមិនបានលា​ពួកជន​ជាម្ចាស់ផ្ទះ ចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ក្នុងពេលមុនបាយ គឺរាប់​ចាប់តាំងពីអរុណរះ​ឡើង ដរាប​ដល់​ថ្ងៃត្រង់។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី (ជួញ​ប្រែធ្វើ​ស្រែចំការ​ជាដើម)១ ត្រកូល​អ្នករកស៊ី​ឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ដែលហៅថា អាសនៈ សំដៅយក​ឱកាសនៃ​ទីអង្គុយ។ ពាក្យថា អង្គុយនៅ គឺអង្គុយ​លើ​អាសនៈ​នោះ។ ពាក្យថា មិនបាន​លាពួកជន​ជាម្ចាស់ផ្ទះ ហើយចៀសចេញទៅ សេចក្តីថា មនុស្ស​ណាជាម្ចាស់​ផ្ទះ​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនលា​មនុស្ស​នោះ។ កាលភិក្ខុនី​ឈានផុត​ទីដែល​ភ្លៀងធ្លាក់​មិនត្រូវ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​កន្លង​ឧបចារផ្ទះ ចូល​ទៅក្នុងទីវាល ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៩] ម្ចាស់ផ្ទះដែលខ្លួនមិនបានលា ភិក្ខុនីសំគាល់ថា​មិនបានលាមែន ហើយចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបាន​លា តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយចៀស​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបាន​លា ភិក្ខុនី​សំគាល់​ថា​បាន​លា ហើយចៀស​​ចេញទៅ ត្រូវអាបត្តិ​​បាចិត្តិយ។ (ភិក្ខុនី​អង្គុយ) ក្នុងទី​មិនមែន​ជាទី​ឱកាស​នៃទី​អង្គុយ (មិនលា ហើយចៀសចេញ​ទៅ) ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនី​សំគាល់ថា​មិនទាន់​លា ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានលាហើយ ភិក្ខុនី​សំគាល់ថា​បាន​លាមែន មិនត្រូវអាបត្តិ​។

[២០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីលា​ហើយទើប​ទៅ១ ភិក្ខុនីអង្គុយ​លើអាសនៈ​ដែលគេ​នាំយកទៅ​មិនបាន១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៦

[២០១] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនីចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ហើយមិនប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ។ ពួកមនុស្ស​កាលខ្មាសថុល្លនន្ទាភិក្ខុនី ក៏មិនហ៊ាន​អង្គុយ មិនហ៊ានដេក​លើអាសនៈ។  ​មនុស្ស​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទា​ជាម្ចាស់​មិនសម​នឹងចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ហើយមិន​បានប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ លើអាសនៈ​សោះ។ ភិក្ខុនី​ទាំងលាយ​ឮពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​​​ទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​​​មិនសម​នឹងចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេលក្រោយបាយ ហើយមិនបាន​ប្រាប់ពួក​ជន​ជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ ​លើអាសនៈសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លន្ទា​ភិក្ខុនី​ចូលទៅ​រកត្រកូលទាំងឡាយ​​ក្នុងពេលក្រោយបាយ ហើយមិនប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ ​លើអាសនៈ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី​ ​មិនសម​នឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងពេលក្រោយបាយ ហើយ​មិនបានប្រាប់​ពួកជន​ជាម្ចាស់​ផ្ទះ ក៏អង្គុយខ្លះ ដេកខ្លះ​លើអាសនៈទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងពេល​ក្រោយបាយ ​មិនប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ ហើយអង្គុយក្តី ដេកក្តី ​លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។

[២០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា ពេលខាងក្រោយបាយ បានដល់ពេលដែល​ព្រះអាទិត្យ​ជ្រេពី​ត្រង់​រហូត​ដល់ព្រះ​អាទិត្យអស្តង្គតទៅ។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ១ ត្រកូល​អ្នករកស៊ី​ឈ្នួល១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ពាក្យថា មិនបាន​ប្រាប់​ពួកជន​ជាម្ចាស់ផ្ទះ សេចក្តីថា មនុស្ស​ណា​ ជាម្ចាស់ឬធំ​​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនប្រាប់​​មនុស្ស​នោះ។ ដែលហៅថា​អាសនៈ បានដល់​ឱកាសល្មម​អង្គុយ​ពែនបាន។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនី​អង្គុយ​លើអាសនៈ​នោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ដេក សេចក្តីថា ភិក្ខុនី​ដេក​លើអាសនៈ​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២០៣] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់​បានប្រាប់ ភិក្ខុនីសំគាល់ថា​មិនទាន់បាន​ប្រាប់មែន ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបានប្រាប់ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយអង្គុយ​ក្តី ដេកក្តី​លើអាសនៈ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនបានប្រាប់ តែភិក្ខុនី​សំគាល់​ថា​បានប្រាប់ ហើយអង្គុយក្តី ដេកក្តី លើអាសនៈ ត្រូវអាបត្តិ​​បាចិត្តិយ។ (ភិក្ខុនី​អង្គុយ ឬដេក) ក្នុងទី​មិនមែន​ជាទី​ឱកាស​នៃទី​អង្គុយ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ តែភិក្ខុនី​សំគាល់ថា​មិនទាន់បាន​ប្រាប់ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ហើយ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់​ហើយ ភិក្ខុនី​សំគាល់ថា​បានប្រាប់​ហើយមែន មិនត្រូវអាបត្តិ​។

[២០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីបាន​ប្រាប់​ហើយអង្គុយក្តី ដេកក្តី​លើអាសនៈ១ ភិក្ខុនីអង្គុយ ឬដេក​​លើអាសនៈ​ដែលគេ​ក្រាល​ជានិច្ច​១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៧

[២០៥] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប​កាលដែល​ទៅកាន់​ក្រុងសាវត្ថី ក្នុងកោសល​ជនបទ ក៏ចូលទៅកាន់​ស្រុក១ ក្នុងវេលាល្ងាច ហើយចូលទៅរក​ត្រកូល​ព្រាហ្មណ៍​ម្នាក់ ហើយក៏សូមឱកាស។ កាលនោះ នាងព្រាហ្មណី​បានពោល​ពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះថា បពិត្រ​លោកម្ចាស់ សូមលោក​ទាំងឡាយ​រង់ចាំសិន ទំរាំព្រាហ្មណ៍​មក។ ពួកភិក្ខុនី​គិតគ្នាថា នឹងបង្អង់​ចាំព្រាហ្មណ៍​មកសិនដែរ គិតដូច្នោះ​ហើយ ក៏ក្រាល​កម្រាល​សម្រាប់ដេក រួច​ខ្លះអង្គុយ ខ្លះដេក។ ឯព្រាហ្មណ៍​នោះមក​ក្នុងរាត្រី ហើយពោល​ពាក្យនេះ​នឹង​ព្រាហ្មណី​នោះថា ស្រីទាំងនេះ​ជាអ្វី។ នាងព្រាហ្មណី​ឆ្លើយថា បពិត្រ​អ្នកម្ចាស់ (ស្រីទាំងឡាយ​នេះជា) ភិក្ខុនី។ ព្រាហ្មណ៍​ពោលថា អ្នកទាំងឡាយ​ចូរទង់ទាញ​ស្រីផ្កាមាស​ត្រងោល​នេះចេញ ថាដូច្នោះ​ហើយ ក៏ឲ្យ​គេទង់ទាញ​ចេញពីផ្ទះ​ទៅ។ ឯភិក្ខុនី​ទាំងនោះ​នាំគ្នាទៅកាន់​ក្រុងសាវត្ថី​ ហើយប្រាប់​សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី ​​​មិនសម​នឹងចូលទៅកាន់​ត្រកូល​ក្នុងវេលា​វិកាល ហើយមិនបាន​ប្រាប់ពួក​ជន​ជាម្ចាស់សិន ក៏ក្រាល​ឯងខ្លះ ឲ្យគេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់​ដេក រួចអង្គុយ​ខ្លះ ដេកខ្លះសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួក​ភិក្ខុនី​ចូលទៅ​រកត្រកូលទាំងឡាយ​​ក្នុងវេលាវិកាល ហើយមិនទាន់​បានប្រាប់​ពួកជន​ជាម្ចាស់សិន ក៏ក្រាល​ឯងខ្លះ ឲ្យគេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយខ្លះ ដេកខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ​មិនសមនឹងចូលទៅ​រកត្រកូល​ទាំងឡាយក្នុងវេលាវិកាល ​មិនទាន់បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន ហើយក្រាលឯង​ខ្លះ ឲ្យ​គេក្រាល​ខ្លះនូវ​កម្រាល​សម្រាប់​ដេក រួចអង្គុយខ្លះ ដេកខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​​ចូលទៅ​រកត្រកូល​ទាំងឡាយ​ក្នុងវេលា​វិកាល ហើយ​មិនទាន់បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន ក៏ក្រាល​ឯងក្តី ឲ្យគេ​ក្រាលក្តី​នូវកម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ​ត្រូវអាបត្តិ​បាចិត្តិយ។

[២០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា វេលាវិកាល គឺតាំងពី​​ព្រះអាទិត្យ​អស្តង្គត​ទៅដរាប​ដល់អរុណរះឡើង។ ដែលហៅថា ត្រកូល បានដល់​ត្រកូល​ទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ១ ត្រកូល​អ្នកស៊ី​ឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅ​ក្នុង​ត្រកូល​នោះ។ ពាក្យថា មិនទាន់​បាន​ប្រាប់​ពួកជន​ជាម្ចាស់សិន សេចក្តីថា មនុស្ស​ណា​ ជាម្ចាស់​​ក្នុងត្រកូល​នោះ ដែលអាច​ដើម្បី​ប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនី​មិនទាន់​បានប្រាប់​​មនុស្ស​នោះ។ ដែលហៅថា កម្រាល​សម្រាប់​ដេក ដោយហោចទៅ សូម្បី​តែកម្រាល​ជាវិការ​នៃស្លឹកឈើ (ក៏ជាកម្រាលដែរ)។ ពាក្យថា ក្រាលឯង គឺក្រាលដោយខ្លួនឯង។ ពាក្យថា ឲ្យគេក្រាល​ គឺឲ្យអ្នក​ដទៃ​ក្រាល។ ពាក្យថា អង្គុយ សេចក្តីថា ភិក្ខុនី​អង្គុយ​លើកម្រាល​សម្រាប់​ដេកនោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ដេក គឺភិក្ខុនី​ដេក​លើកម្រាល​សម្រាប់​ដេក​នោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២០៧] ម្ចាស់ផ្ទះដែលខ្លួនមិនទាន់​បានប្រាប់ ភិក្ខុនីសំគាល់ថា​មិនទាន់បាន​ប្រាប់មែន ហើយក្រាល​ឯងក្តី ឲ្យគេ​ក្រាល​ក្តីនូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនទាន់បានប្រាប់ តែភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយក្រាលឯង​ក្តី ឲ្យគេក្រាល​ក្តី នូវកម្រាល​សម្រាប់​ដេក ហើយអង្គុយ​ក្តី ដេកក្តី​ ត្រូវអាបត្តិ​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​មិនទាន់បានប្រាប់ ភិក្ខុនី​សំគាល់​ថា​បានប្រាប់ទៅវិញ ហើយក្រាល​ឯងក្តី ឲ្យគេក្រាលក្តី នូវកម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិ​​បាចិត្តិយ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ ភិក្ខុនី​សំគាល់ថា​មិនទាន់បាន​ប្រាប់ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​បានប្រាប់ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ម្ចាស់ផ្ទះ​ដែលខ្លួន​ប្រាប់​ហើយ ភិក្ខុនី​សំគាល់ថា​បានប្រាប់​ហើយមែន មិនត្រូវអាបត្តិ​។

[២០៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ប្រាប់​ហើយក្រាល​ឯងក្តី ឲ្យគេក្រាល​នូវ​កម្រាល​សម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី១ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៨

[២០៩] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីជាសិស្ស​របស់​ភទ្ទាកាបិលានី​ភិក្ខុនី តែងតែ​បម្រើ​ភទ្ទាកាបិលានី​ភិក្ខុនី​ដោយគោរព។ ភទ្ទាកាបិលានី​ភិក្ខុនី​បានពោលពាក្យ​នេះនឹង​ពួកភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ ភិក្ខុនី​នេះតែង​បម្រើ​ខ្ញុំដោយ​គោរព ខ្ញុំ​នឹងឲ្យ​ចីវរ​ដល់ភិក្ខុនី​នេះ។ ឯភិក្ខុនី​នោះពោល​មើលងាយ​វិញ ដោយការ​ប្រកាន់​យកអាក្រក់​របស់ខ្លួន ដោយការ​ពិចារណា​ខុស (របស់ខ្លួន)​ថា បពិត្រ​លោកម្ចាស់​ ឮថា​ខ្ញុំ​មិនបម្រើ​លោកម្ចាស់​ដោយគោរព​ទេ ឮថា​លោកម្ចាស់​មិនឲ្យ​ចីវរ​មកខ្ញុំទេ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី ​​​មិនសម​នឹង​មើលងាយ​គេ ដោយ​ការ​ប្រកាន់​អាក្រក់ ដោយការ​ពិចារណា​ខុសសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនីមើលងាយ​គេដោយ​ការ​ប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុស ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ ​មិនសមបើនឹងមើលងាយ​គេដោយ​ការប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុសទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​មើលងាយ​គេដោយ​ការប្រកាន់​យកអាក្រក់ ដោយការ​ពិចារណា​ខុស ត្រូវអាបត្តិ​បាចិត្តិយ។

[២១០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ដោយការ​ប្រកាន់​យកអាក្រក់ សេចក្តីថា ដោយការ​ប្រកាន់​យកដោយ​ប្រការ​ដទៃ (គឺ​ប្រកាន់​ខុស)។ ពាក្យថា ដោយការ​ពិចារណា​ខុស សេចក្តីថា ដោយការ​ពិចារណា​ដោយ​ប្រការ​ដទៃ (យល់ខុស)។ ពាក្យថា មើលងាយគេ សេចក្តីថា ភិក្ខុនី​មើលងាយ​ឧបសម្បន្នា​ផងគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២១១] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមើលងាយ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​មើលងាយ​អនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា ឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាអនុបសម្បន្នាមែន ត្រូវអាបត្តិទុក្កដ។

[២១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន២យ៉ាង) គឺ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី៩

[២១៣] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី កាលមិនឃើញ​ភណ្ឌ​របស់​ខ្លួន បានពោលពាក្យ​នេះនឹងចណ្ឌកាលីភិក្ខុនី​ថា បពិត្រលោកម្ចាស់ លោកម្ចាស់​ឃើញ​ភណ្ឌរបស់​ពួកយើង​ដែរឬ។ ចណ្ឌកាលី​ភិក្ខុនី​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំ​ឯង​ជាស្រីចោរពិតឬ ខ្ញុំឯង​ជាស្រីគ្មាន​សេចក្តី​ខ្មាស​ពិតឬ ពួកលោកម្ចាស់​ណាមិនឃើញ​ភណ្ឌ​របស់ខ្លួន ពួកលោក​ម្ចាស់​នោះ​ពោលនឹងខ្ញុំ​យ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់​ឃើញ​ភណ្ឌរបស់​យើង​ដែរឬទេ បពិត្រលោកម្ចាស់ ប្រសិនបើ​ខ្ញុំ​យកភណ្ឌ​របស់​លោកមែន ខ្ញុំ​មិនមែនជា​សមណី​ទេ ខ្ញុំឃ្លាត​ចាក​ព្រហ្មចរិយធម៌ហើយ ខ្ញុំ​នឹងទៅ​កើតក្នុងនរក ចំណែក​ឯភិក្ខុនី​ណាពោលពាក្យ​យ៉ាងនេះ​នឹងខ្ញុំ​ដោយពាក្យ​មិនពិត ភិក្ខុនី​នោះឯង ចូរកុំឲ្យជា​សមណី ចូរឃ្លាតចាក​ព្រហ្មចរិយធម៌ ចូរទៅកើត​ក្នុងនរកចុះ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលីជាម្ចាស់ ​​​មិនសម​នឹងផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកផង ដោយព្រហ្មចរិយធម៌​ផងសោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ចណ្ឌកាលីភិក្ខុនី​ផ្តាសាខ្លួនឯងផង អ្នកឯទៀតផង ដោយនរកខ្លះ ដោយ​ព្រហ្មចរិយធម៌​ខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី​ ​មិនសមនឹងផ្តាសាខ្លួនក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយ​ព្រហ្មចរិយធម៌ក្តីទេ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ត្រូវសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ផ្តាសាខ្លួនឯងក្តី អ្នកឯទៀតក្តី ដោយនរកក្តី ដោយ​ព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[២១៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះ​ខ្លួនឯង។ ពាក្យថា អ្នកឯទៀត សេចក្តីថា ភិក្ខុនី​ផ្តាសា​ឧបសម្បន្នាផង​គ្នា ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២១៥] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាទៅវិញ ហើយផ្តាសា​ដោយនរកក្តី ដោយព្រហ្មចរិយធម៌ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីផ្តាសា​ដោយកំណើត​នៃសត្វតិរច្ឆាន​ក្តី ដោយបេតវិស័យក្តី ដោយភាវជា​មនុស្ស​មានត្រកូល​ថោកទាបក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ផ្តាសា​អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា តែភិក្ខុនីមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាអនុបសម្បន្នាដដែល ត្រូវអាបត្តិទុក្កដ។

[២១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​អត្ថ​ឲ្យជាប្រធាន១ ភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​ធម៌ឲ្យ​ជាប្រធាន១ ភិក្ខុនី​ផ្តាសា​ព្រោះធ្វើ​ពាក្យ​ប្រៀនប្រដៅ​ឲ្យជា​ប្រធាន១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ សិក្ខាបទទី១០

[២១៧] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​ឈ្លោះ​នឹងភិក្ខុនី​ទាំងឡាយ​ ក៏វាយតប់​ទះខ្លួន​ឯង ហើយយំ។ ពួក​ភិក្ខុនី​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ពួកភិក្ខុនី​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលីភិក្ខុនី ​​​មិនសម​នឹងវាយតប់ទះ​ខ្លួន ហើយយំសោះ។បេ។ ព្រះអង្គ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ចណ្ឌកាលីភិក្ខុនី​ វាយតប់ទះ​ខ្លួនឯង ហើយយំ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលីភិក្ខុនី​ ​មិនសមនឹង​វាយតប់ទះ​ខ្លួនឯង ហើយយំសោះ ម្នាលភិក្ខុ​ទាំងឡាយ ការនេះ​មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​វាយតប់ទះ​ខ្លួនឯង ហើយយំ ត្រូវអាបត្តិ​បាចិត្តិយ។

[២១៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយ​ក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា ខ្លួនឯង គឺចំពោះ​ខ្លួនឯង។ ភិក្ខុនី​វាយតប់ទះ​ ហើយយំ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនី​គ្រាន់តែ​វាយតែមិនយំ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​គ្រាន់តែ​យំ តែមិនបានវាយ ត្រូវអាបត្តិ​ទុក្កដ។

[២១៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​មានសេចក្តី​វិនាស​ញាតិក្តី សេចក្តី​វិនាស​ភោគសម្បត្តិក្តី សេចក្តី​វិនាស​ព្រោះ​រោគក្តី មកប៉ះពាល់​ហើយយំតែ​មិនវាយ (ខ្លួនឯង)១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

អន្ធការវគ្គ ទី២ ចប់។

នគ្គវគ្គ សិក្ខាបទទី១

[២២០] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប​ មានកាយ​អាក្រាត​ងូតទឹក​ឰដ៏​កំពង់ទឹកមួយ ជាមួយនឹង​ពួកស្រី​ពេស្យា​ក្នុងស្ទឹង​អចិរវតី។ ពួកស្រី​ពេស្យា​នាំគ្នា​ចំអក​លេង​នឹងភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ពួកលោក​កំពុង​ពេញក្រមុំ ខំសន្សំ​ព្រហ្មចរិយធម៌​ប្រយោជន៍អ្វី ពួកលោក​គួរតែនៅ​បរិភោគ​កាម​ទៅសិន កាលណា​លោក​ទាំងឡាយចាស់ សឹមពួក​លោកប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុងកាល​ណោះចុះ កាលបើធ្វើ​យ៉ាងនេះ ប្រយោជន៍​ទាំងពីរ​ឈ្មោះថា ពួកលោក​បានកាន់​យកហើយ។ ភិក្ខុនី​ទាំងឡាយ កាលដែល​ពួកស្រីពេស្យា​និយាយ​ចំអក​(ដូច្នោះ) ក៏មានសេចក្តី​អៀនខ្មាស។ គ្រានោះ ភិក្ខុនី​ទាំងនោះ​នាំគ្នាទៅកាន់​លំនៅ ហើយ​ប្រាប់ដំណើរ​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយមក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ភិក្ខុនី​ទាំងឡាយ ព្រោះអាស្រ័យ​នូវប្រយោជន៍​ទាំងឡាយ​១០ប្រការ គឺដើម្បី​សេចក្តី ល្អ​ដល់សង្ឃ១។បេ។ ដើម្បី​អនុគ្រោះ​ដល់​វិន័យ១ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយអាក្រាត​កាយងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។

[២២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានសេចក្តីអធិប្បាយ​ក្នុងបារាជិកកណ្ឌ​ទី១​រួច​ហើយ។ ពាក្យថា អាក្រាតកាយងូតទឹក សេចក្តីថា ភិក្ខុនី​មិនស្លៀក​សម្ពត់ ឬមិនដណ្តប់​សម្ពត់​ហើយងូតទឹក ត្រូវ​អាបត្តិទុក្កដ​ក្នុងប្រយោគដែលងូត វេលាងូត​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។

[២២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមានចីវរ​ដែលពួក​ចោរ​លួចយកទៅ ឬមានចីវរ​បាត់ទៅ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី២

[២២៣] សម័យនោះ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាត​សម្ពត់​ងូតទឹក​ដល់ពួក​ភិក្ខុនី។ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយគិត​គ្នាថា ព្រះដ៏មានព្រះភាគ​ទ្រង់​អនុញ្ញាត​សម្ពត់​ងូតទឹក​ហើយ ទើបនាំគ្នា​ស្លៀក​ដណ្តប់​សម្ពត់​ងូតទឹក​ទាំងឡាយ មិនមាន​ប្រមាណ ក៏ចាប់​ទាញពីមុខ​ខ្លះ ពីក្រោយខ្លះ ហើយត្រាច់​ដើរទៅ។ ​ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយា​ភិក្ខុនី មិនសមបីនឹង​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​គ្មានប្រមាណសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកឆព្វគ្គិយា​ភិក្ខុនី ​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​មិនមានប្រមាណ​ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកឆព្វគ្គិយា​ភិក្ខុនី មិនសមបីនឹង​ទ្រទ្រង់​នូវសម្ពត់​ងូតទឹក​មិនមានប្រមាណទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទី​ជ្រះថ្លា​ដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី កាលឲ្យគេ​ធ្វើ​សម្ពត់ងូតទឹក គប្បី​ឲ្យធ្វើ​ឲ្យល្មម​ប្រមាណ។ ឯប្រមាណ​ក្នុងសំពត់​ងូតទឹកនោះ គឺបណ្តោយ​៤ចំអាម ទទឹង​២ចំអាម ដោយចំអាម​ព្រះសុគត កាលភិក្ខុនី​ធ្វើឲ្យកន្លង​លើស​ប្រមាណ​នោះទៅ ត្រូវឆេទនក​បាចិត្តិយ ​

[២២៤] ភិក្ខុនីងូតទឹកដោយសម្ពត់ស្លៀកណា សម្ពត់ស្លៀកនោះ​ឈ្មោះថាសំពត់​ងូតទឹក។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ សេចក្តីថា ភិក្ខុនី កាលធ្វើឯងក្តី ប្រើឲ្យគេធ្វើក្តី គប្បីឲ្យធ្វើ​ឲ្យត្រូវប្រមាណ។ ឯប្រមាណ​ក្នុងសំពត់ងូតទឹកនោះ គឺបណ្តោយ​៤ចំអាម ទទឹង​២ចំអាម ដោយចំអាម​ព្រះសុគត។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើក្តី ឲ្យកន្លង​ហួសប្រមាណ​នោះទៅ ត្រូវអាបត្តិ​ទុក្កដ​ក្នុងប្រយោគដែលធ្វើ ភិក្ខុនីត្រូវកាត់​ក្នុងខណៈ​ដែលបានមក ហើយសឹម​សំដែង​អាបត្តិ​បាចិត្តិយចេញ។

[២២៥] ភិក្ខុនីសម្រេចដោយខ្លួនឯងនូវសម្ពត់ដែលខ្លួន​ធ្វើមិនទាន់ស្រេច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ប្រើពួក​អ្នកដទៃ​ឲ្យសម្រេច​ នូវសម្ពត់​ដែលខ្លួន​ធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​សម្រេច​ដោយខ្លួនឯង នូវសម្ពត់​ដែលពួកអ្នក​ដទៃធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ប្រើពួក​អ្នកដទៃ​ឲ្យសម្រេច​ នូវសម្ពត់​ដែលពួក​អ្នកដទៃ​ធ្វើ​មិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនីធ្វើឯងក្តី ប្រើគេឲ្យធ្វើ​ក្តី ដើម្បីប្រយោជន៍​ដល់អ្នកដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បានសំពត់ងូតទឹក​ដែលអ្នកដទៃ​ធ្វើ​ស្រេចហើយ មកប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ។

[២២៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនី​ធ្វើឲ្យត្រូវ​ប្រមាណ១ ភិក្ខុនីធ្វើថយពី​ប្រមាណចុះមក១ ភិក្ខុនី​បានឧទកសាដក​ដែលអ្នកដទៃ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ ហើយយកមក​កាត់​ចេញ ទើបប្រើប្រាស់១ ភិក្ខុនី​ធ្វើឲ្យជាពិតានក្តី ជាកម្រាល​ក្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៣

[២២៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង សម្ពត់សម្រាប់​ធ្វើចីវរ​របស់ភិក្ខុនី១រូប​មានដំឡៃ​ច្រើន ចីវរ(នោះ)​ធ្វើក៏មិនល្អ ដេរក៏មិនល្អ។ ថុល្លនន្ទាភិក្ខុនី​បានពោលពាក្យ​នេះនឹង​ភិក្ខុនី​នោះថា នែលោកម្ចាស់ សម្ពត់ចីវរ​របស់លោកនេះ​ល្អណាស់ តែចីវរ​នោះធ្វើ​មិនល្អ ដេរមិន​ល្អ។ ភិក្ខុនីនោះ​ពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹង​រុសចេញ លោកម្ចាស់​នឹងដេរ​ឲ្យឬ។ ថុល្លនន្ទា​ភិក្ខុនី​ឆ្លើយថា អើលោកម្ចាស់ ខ្ញុំនឹង​ដេរឲ្យ។ លំដាប់នោះ ភិក្ខុនីនោះ​ក៏រុសចីវរ​នោះចេញ ហើយប្រគល់​ឲ្យ​ថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទា​ភិក្ខុនី​គិតថា អញនឹងដេរ​ៗ តែ​មិនដេរ មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ។ ភិក្ខុនី​នោះក៏ប្រាប់​សេចក្តីនុ៎ះ​ដល់ពួកភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ មិនសមបីនឹងឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយក៏​មិនដេរខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរវិញសោះ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទា​ភិក្ខុនី ឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយ​មិនដេរខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានជោគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង​ឲ្យភិក្ខុនី​ផងគ្នា​រុសចីវរ​ចេញ ហើយ​មិន​ដេរ​ខ្លួន​ឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​ដេរទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនមែននាំ​ឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ​រុសឯងក្តី ឲ្យគេរុស​ក្តី នូវចីវរ​របស់​ភិក្ខុនី​ផងគ្នា ភិក្ខុនី​នោះមិនមាន​សេចក្តី​អន្តរាយ​ក្នុងកាល​ជាខាងក្រោយ​ទេ ហើយមិន​ដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម​៤-៥ថ្ងៃ។

[២២៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុងបារាជិកកណ្ឌ​​សិក្ខាបទទី១​រួច​ហើយ។ ពាក្យថា ភិក្ខុនី​ផងគ្នា គឺភិក្ខុនី​ឯទៀត។ ដែលហៅថា ចីវរនោះ បានដល់​ចីវរ​៦យ៉ាង ចីវរ​ណាមួយ។ ពាក្យថា រុសឯង គឺរុសចេញ​ដោយខ្លួនឯង។ ពាក្យថា ឲ្យគេរុស​ គឺប្រើអ្នក​ដទៃ​ឲ្យរុស។ ពាក្យថា ភិក្ខុនី​នោះមិនមាន​សេចក្តីអន្តរាយ​ក្នុងពេល​ជាខាងក្រោយ​ទេ គឺគ្មាន​សេចក្តី​អន្តរាយ​សោះឡើយ។ ពាក្យថា មិនដេរឯង គឺភិក្ខុនី​មិនដេរ​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរ គឺភិក្ខុនី​មិនបង្គាប់​អ្នកដទៃ​ឡើយ។ ពាក្យថា វៀរ​លែងតែ​ (ដំកល់​ទុក) ត្រឹម​៤-៥ថ្ងៃ គឺលើកទុក​ត្រឹម៤-៥ថ្ងៃ​ប៉ុណ្ណោះ។ បើភិក្ខុនី​គ្រាន់តែ​ដាក់​ធុរៈថា អញមិនដេរឯង អញ​នឹង​មិនធ្វើ​នូវសេចក្តី​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេដេរដូច្នេះ ក៏ត្រូវអាបត្តិបាចិត្តិយ។

[២២៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាមែន ហើយរុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ លុះតមក​ខាងក្រោយ ភិក្ខុនី​នោះក៏​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ឧបសម្បន្នា តែភិក្ខុនីមានសេចក្តី​សង្ស័យ ហើយរុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃប៉ុណ្ណោះ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ជាអនុបសម្បន្នាទៅវិញ រុសឯងក្តី ប្រើគេឲ្យរុស​ក្តីនូវ​ចីវរ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេ​ឲ្យរុសក្តី នូវបរិក្ខារ​ដទៃ តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ ភិក្ខុនីរុសឯងក្តី ប្រើគេ​ឲ្យរុសក្តី នូវចីវរក្តី បរិក្ខារ​ដទៃក្តី របស់អនុបសម្បន្នា តមក​ខាងក្រោយ ភិក្ខុនី​នោះ​មិនមាន​សេចក្តី​អន្តរាយឡើយ ហើយមិនដេរឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យ​គេដេរ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​(ទុកដាក់) ត្រឹម​៤-៥ថ្ងៃ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាអនុបសម្បន្នាដដែល ត្រូវអាបត្តិ​ទុក្កដ។

[២៣០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនី​​មានសេចក្តី​អន្តរាយ ហើយស្វែងរក​គ្នាមិនបាន១ ភិក្ខុនី​កំពុង​តែធ្វើ ស្រាប់តែ​កន្លង​ហួស​៤-៥ថ្ងៃ ភិក្ខុនី​មានជម្ងឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​ផ្សេងៗ​កើតឡើង១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៤

[២៣១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុង​សាវត្ថី។ សម័យនោះឯង ពួកភិក្ខុនី​ផ្ញើចីវរ (សង្ឃាដី) ទុកក្នុងដៃ​នៃភិក្ខុនី​ទាំងឡាយ ហើយចៀស​ចេញទៅ​កាន់ចារិក​ជនបទ ដោយមាន​តែស្បង់ និងចីពរ​ទៅប៉ុណ្ណោះ។ ចីវរ​ទាំងឡាយដែលពួក​ភិក្ខុនី​ផ្ញើ​ទុកយូរ​ពេកនោះ ក៏ដុះផ្សិត​សៅហ្មង​ទៅអស់។ ភិក្ខុនី​ទាំងឡាយយក​ចីវរ​នោះ​ទៅសំដិល​ហាល។ ភិក្ខុនី​ទាំងឡាយ​បាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ចីវរទាំង​នេះរបស់​អ្នកណា ក៏ដុះផ្សិត​សៅហ្មង​អស់។ ទើបភិក្ខុនី​ទាំងនោះ​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី មិនសមបីនឹងផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ទៅប៉ុណ្ណោះសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនី​ទាំងឡាយ ផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ប៉ុណ្ណោះ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹង​ផ្ញើ​ចីវរ​ទុកក្នុងដៃ​នៃភិក្ខុនីទាំងឡាយ ហើយចៀស​ចេញទៅកាន់​ចារិក​ជនបទ​ដោយមាន​តែ​ស្បង់​និងចីពរ​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ញុំាង​វារៈ​នៃសង្ឃាដិ​ឲ្យកន្លងហួស​៥ថ្ងៃទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ញុំាងវារៈ​នៃ​សង្ឃាដិ​ឲ្យកន្លងហួស​៥ថ្ងៃទៅ សេចក្តីថា ភិក្ខុនី​មិនបាន​ស្លៀក មិនបាន​គ្រង មិនបានសំដិល​ហាលនូវ​ចីវរ​ទាំង​៥អស់ថ្ងៃ​ទី៥ គឺថា ធ្វើឲ្យ​កន្លង​ហួស​ថ្ងៃ​ទី៥ទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៣] វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា កន្លងហួស​៥ថ្ងៃ​ទៅហើយ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​កន្លងហួស៥ថ្ងៃទៅហើយ ភិក្ខុនីសំគាល់ថា មិនទាន់​កន្លង​ទៅទេ ត្រូវអាបត្តិ​បាចិត្តិយ។ វារៈ​នៃសង្ឃាដិ​មិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា កន្លង​ទៅហើយ ត្រូវអាបត្តិទុក្កដ។ វារៈ​នៃសង្ឃាដិ​មិនទាន់កន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ វារៈ​នៃសង្ឃាដិ​មិនកន្លងហួស៥ថ្ងៃទៅទេ ភិក្ខុនីសំគាល់ថា មិនទាន់កន្លង​ទៅទេ មិនត្រូវអាបត្តិឡើយ។

[២៣៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីស្លៀកក្តី គ្រងក្តី សំដិល​ហាល​ក្តី នូវចីវរ​ទាំង៥​ក្នុងថ្ងៃ​ទីប្រាំ១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៥

[២៣៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុនី១រូប ត្រេចទៅបិណ្ឌបាត (ត្រឡប់​មកវិញ) ក៏សំដិលចីវរ​ដែលទទឹក​ដោយញើស​ ហើយចូលទៅកាន់​វិហារ។ មានភិក្ខុនី​១រូប​យកចីវរ​នោះគ្រង ហើយចូលទៅ​កាន់ក្រុង​ដើម្បីបិណ្ឌបាត។ ភិក្ខុនី​នោះចេញ (ពីវិហារ) ទៅហើយ សួរភិក្ខុនី​ទាំងឡាយថា នែ​លោកម្ចាស់​ទាំងឡាយ លោកទាំងឡាយ​បានឃើញ​ចីវរ​របស់ខ្ញុំដែរ។  ​ ​ភិក្ខុនី​ទាំងឡាយ​​ប្រាប់សេចក្តី​នុ៎ះ​ដល់ភិក្ខុនី​នោះ។ ទើបភិក្ខុនី​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​មិនសម​បីនឹង​មិនប្រាប់​ដល់​ខ្ញុំជាមុន ហើយយក​ចីវរ​ទៅគ្រង​សោះ។ ទើប​ភិក្ខុនី​នោះប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី មិនសមបីនឹងមិន​ប្រាប់​ជាមុន​ហើយ យកចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រង​សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុនី​មិនបាន​ប្រាប់​ជាមុន​ ហើយយក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រង ពិត​មែនឬ។ ពួកភិក្ខុ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​​​ដ៏មានព្រះភាគ ​ទ្រង់​តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី មិនសមបីនឹងមិនប្រាប់​ជាមុន ហើយយក​ចីវរ​របស់​ភិក្ខុនី​ផងគ្នា​ទៅគ្រងទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ទ្រទ្រង់ (ស្លៀក​ដណ្តប់) នូវ​សង្កមនីយចីវរ គឺចីវរ​ដែលខ្លួន​លបយក​ទៅប្រើប្រាស់​មួយសំណើរ ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចីវរដែល​ឈ្មោះថា សង្កមនីយ​នោះ បានដល់​ចីវរ​ទាំង៥ ចីវរ​ឯណាមួយ របស់​ស្រីដែលជា​ឧបសម្បន្នា។ ភិក្ខុនី​មិនប្រាប់​ជាមុន ហើយស្លៀកក្តី គ្រងក្តី នូវចីវរ​ដែលភិក្ខុនី​នោះមិនបាន​ឲ្យក្តី នូវសង្កមនីយចីវរ​នោះក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[២៣៧] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា​ជាឧបសម្បន្នា ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា​ជាអនុបសម្បន្នាទៅវិញ ហើយទ្រទ្រង់​នូវសង្កមនីយចីវរ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទ្រទ្រង់​នូវសង្កមនីយចីវរ​របស់​អនុបសម្បន្នា ត្រូវ​អាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថាជា​ឧបសម្បន្នា​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[២៣៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីជាម្ចាស់​ចីវរ​នោះបានឲ្យ១ ភិក្ខុនី​បានប្រាប់​ហើយស្លៀកក្តី ដណ្តប់ក្តី នូវចីវរ​នោះ១ ភិក្ខុនី​មានចីវរ​ចោរដណ្តើម​យកទៅ១ ភិក្ខុនី​មានចីវរ​បាត់ទៅ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ​១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ជាខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៦

[២៣៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ ក៏គ្រានោះឯង ត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី បាននិយាយ​ពាក្យនេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រ​លោកម្ចាស់ ពួកខ្ញុំនឹង​ថ្វាយចីវរ​ដល់​ភិក្ខុនី​សង្ឃ។ ថុល្លនន្ទាភិក្ខុនីនិយាយ​ថា អ្នកទាំងឡាយ​មានកិច្ច​ច្រើន មានការ​ដែលត្រូវ​ធ្វើ​ក៏ច្រើន ដូច្នេះ​ហើយក៏ធ្វើ​ចីវរទាន​ឲ្យអន្តរាយទៅ។ ទទួលពេលនោះ ផ្ទះរបស់​ត្រកូល​នោះភ្លើងឆេះ។ មនុស្ស​ទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ ​មិនសម​បីនឹងធ្វើ​ទេយ្យធម៌​របស់យើង​ទាំងឡាយ​ឲ្យអន្តរាយសោះ យើងទាំងឡាយ​វិនាស​ប្រាសចាក​ប្រយោជន៍​ទាំងពីរ​យ៉ាង គឺភោគផង បុណ្យផង។ ​ភិក្ខុនី​ទាំងឡាយបានឮ​ពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅ ពិត​មែនឬ។ ពួកភិក្ខុ​​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ធ្វើ​ចីវរលាភ​របស់​គណៈ​ឲ្យអន្តរាយទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា គណៈ តថាគត​សំដៅយក​ភិក្ខុនីសង្ឃ។ បណ្តាចីវរ​៦យ៉ាង ចីវរណាមួយ យ៉ាងតូច​បំផុត​ល្មមវិកប្ប​បាន ហៅថាចីវរ។ ពាក្យថា ធ្វើឲ្យអន្តរាយ សេចក្តីថា ភិក្ខុនី​និយាយថា ជនទាំងឡាយ​ត្រូវឲ្យ​ចីវរនេះ​ធ្វើអ្វី ហើយធ្វើឲ្យ​អន្តរាយ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ធ្វើបរិក្ខារដទៃ​ឲ្យអន្តរាយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនី​ធ្វើចីវរក្តី បរិក្ខារដទៃក្តី របស់ភិក្ខុនី​ច្រើនរូប (ពីររូប ឬបីរូប)ក្តី របស់ភិក្ខុនី​មួយរូបក្តី របស់​អនុបសម្បន្នាក្តី ឲ្យអន្តរាយ ត្រូវអាបត្តិ​ទុក្កដ។

[២៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​សំដែង​អានិសង្ស​ហើយហាមឃាត់ ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ខាង​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៧

[២៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះឯង អកាលចីវរ​បានកើត​ឡើងដល់​ភិក្ខុនីសង្ឃ។ លំដាប់នោះ ភិក្ខុនីសង្ឃ​ប្រាថ្នា​ដើម្បីនឹង​ចែកចីវរ​នោះ ទើបប្រជុំគ្នា។ វេលានោះឯង ពួកភិក្ខុនី​ជាអន្តេវាសិនី (កូនសិស្ស) របស់​ថុល្លនន្ទាភិក្ខុនី ចៀសចេញទៅ (ពីវត្ត) ថុល្លនន្ទាភិក្ខុនីក៏បាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុនី​ទាំងនោះ​ថា នែលោកម្ចាស់​ទាំងឡាយ ពួកភិក្ខុនី​ចៀសចេញ​ទៅអស់ហើយ (សង្ឃ) កុំអាលចែក​ចីវរ​ ដូច្នេះហើយ ក៏ហាមឃាត់​ការចែកចីវរ។ ភិក្ខុនី​ទាំងឡាយ​នាំគ្នាចៀស​ចេញអស់​ទៅ ដោយគិតថា សង្ឃមិនទាន់​ចែកចីវរ។ ថុល្លនន្ទាភិក្ខុនី កាលពួក​ភិក្ខុនី​ជាអន្តេវាសិនី​មកព្រមគ្នា​ហើយ ក៏នាំគ្នា​ចែកចីវរ​នោះទៅ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹង​ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ហាមឃាត់​ការចែកចីវរ​ដែលប្រកប​ដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ការចែកចីវរ​ ដែលឈ្មោះថា​ប្រកបដោយ​ធម៌នោះ បានដល់​ភិក្ខុនីសង្ឃ​មានសេចក្តី​ព្រមព្រៀង ប្រជុំគ្នាចែក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនី​ហាមឃាត់​ដោយពាក្យថា ភិក្ខុនី​ចែកចីវរ​នេះធ្វើអ្វី​ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។

[២៤៤] ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ហើយហាមឃាត់ ត្រូវអាបត្តិ​បាចិត្តិយ។ ការចែកចីវរ​ប្រកបដោយ​ធម៌ ភិក្ខុនីមានសេចក្តី​សង្ស័យ ហើយ​ហាមឃាត់ ត្រូវ​អាបត្តិ​​ទុក្កដ។ ការចែកចីវរ​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា មិនប្រកប​ដោយធម៌វិញ ហើយ​ហាមឃាត់ មិនត្រូវ​អាបត្តិ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា ប្រកប​ដោយធម៌ ត្រូវ​អាបត្តិទុក្កដ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ការចែកចីវរមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា មិនប្រកប​ដោយធម៌ មិន​ត្រូវអាបត្តិ។

[២៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​សំដែង​អានិសង្ស​ហើយឃាត់ ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៨

[២៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ​ថុល្លនន្ទាភិក្ខុនី បានឲ្យ​សមណចីវរ​ដល់ពួក​មេរបាំខ្លះ ដល់ពួកកូន​របាំខ្លះ ពួកអ្នកឡើង​រ៉ាវខ្លះ ដល់ពួក​អ្នកត្លុកខ្លះ ដល់ពួក​អ្នកវាយ​ស្គរខ្លះ ដោយ​ពាក្យថា អ្នកទាំងឡាយចូរ​ពោលសរសើរយើង​ក្នុងទី​ប្រជុំ​បរិសទ្យ​របស់យើង។ ពួក​មេរបាំក្តី ពួកកូន​របាំក្តី ពួកអ្នកឡើង​រ៉ាវក្តី ពួក​អ្នកត្លុកក្តី ពួក​អ្នកវាយ​ស្គរក្តី នាំគ្នាពោល​សរសើរ​ថុល្លនន្ទា​ភិក្ខុនី​​ក្នុងទី​ប្រជុំ​បរិសទ្យថា ថុល្លនន្ទាជាម្ចាស់ ជាពហុស្សូត ជាអ្នកនិយាយ ជាអ្នកក្លៀវក្លា ជាអ្នក​ប្រសប់ធ្វើ​ធម្មីកថា អ្នកទាំងឡាយ​ចូរថ្វាយ(ទាន) ដល់លោកម្ចាស់ចុះ អ្នកទាំងឡាយ​ចូរធ្វើ (សក្ការៈ)​ដល់លោកម្ចាស់ចុះ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យ​សមណចីវរ​ដល់​គ្រហស្ថសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ឲ្យ​សមណចីវរ​ដល់​គ្រហស្ថ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​​ជាម្ចាស់​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹងឲ្យ​សមណចីវរ​ដល់​គ្រហស្ថ​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ឲ្យ​សមណចីវរ​ដល់​គ្រហស្ថក្តី ដល់បរិព្វាជកក្តី ដល់បរិព្វាជិកាក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ជនណាមួយ​គ្រប់គ្រងផ្ទះ ជននោះ​ឈ្មោះថា គ្រហស្ថ។ បុរស​ណាមួយ​បួស​ជា​បរិព្វាជក វៀរលែងតែ​ភិក្ខុនិង​សាមណេរ​ចេញ បុរសនោះ​ឈ្មោះថា បរិព្វាជក។ ស្រី​ណាមួយ​បួស​ជា​បរិព្វាជិកា វៀរលែងតែ​ភិក្ខុនី សិក្ខមានា និង​សាមណេរី​ចេញ ស្រីនោះ​ឈ្មោះថា បរិព្វាជិកា។ ចីវរ​ដែលធ្វើវិកប្ប​ហើយ ហៅថា សមណចីវរ។ ភិក្ខុនី​ឲ្យ (សមណចីវរ) ត្រូវអាបត្តិបាចិត្តិយ។

[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនី​ឲ្យដល់​មាតា​បិតា១ ភិក្ខុនី​ឲ្យគេខ្ចី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី៩

[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី បាននិយាយ​ពាក្យនេះ​នឹង​ថុល្លនន្ទាភិក្ខុនី​ថា បពិត្រលោកម្ចាស់ បើយើងខ្ញុំទាំងឡាយ​អាច យើងខ្ញុំ​ទាំងឡាយ​នឹងថ្វាយ​ចីវរ​ដល់​ភិក្ខុនីសង្ឃ។ សម័យនោះឯង ភិក្ខុនី​ទាំងឡាយ​នៅចាំវស្សា​រួចហើយ ប្រាថ្នា​ដើម្បី​នឹងចែក​ចីវរ ទើបប្រជុំគ្នា។ ​ថុល្លនន្ទា​ភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុនី​ទាំងនោះថា នែលោកម្ចាស់​ទាំងឡាយ ពួកលោកម្ចាស់​ចូរបង្អង់​ចាំសិន (ដ្បិត) មានគេ​នឹងថ្វាយ​ចីវរ​ដល់​ភិក្ខុនី​សង្ឃ។ ភិក្ខុនី​ទាំងឡាយ​បាននិយាយ​ពាក្យនេះ​នឹងថុល្លនន្ទា​ភិក្ខុនីថា នែលោកម្ចាស់ លោកចូរទៅ លោកចូរ​ដឹង​ចីវរនោះចុះ។ ថុល្លនន្ទាភិក្ខុនី​ចូលទៅរក​ត្រកូលនោះ លុះចូល​ទៅដល់ហើយ ក៏បាន​និយាយ​ពាក្យនេះ​នឹង​មនុស្ស​ទាំងឡាយ​នោះថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ​ចូរឲ្យ​ចីវរ​ដល់​ភិក្ខុនី​សង្ឃចុះ។ មនុស្សទាំងឡាយ​នោះ​និយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំ​ទាំងឡាយ​មិនអាច​នឹងប្រគេន​ចីវរដល់​ភិក្ខុនីសង្ឃ​ទេ។ ថុល្លនន្ទា​ភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹង​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វលសោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរទុព្វល ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹង​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វល​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ​ញុំាង​សម័យនៃ​ចីវរកាល​ឲ្យកន្លង​ហួសទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏ទុព្វល ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា សេចក្តីប្រាថ្នា​ចីវរដ៏ទុព្វល គឺត្រកូល​គេបញ្ចេញ​វចីភេទថា បើយើង​ខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយ​នឹងប្រគេន នឹងធ្វើ​(ចីវរទាន)។ ដែលហៅថា សម័យ​នៃចីវរ​កាល គឺភិក្ខុនី​មិនទាន់​បានក្រាលកឋិន កំណត់ខែ​មួយជាខាងចុង​នៃវស្សាន​រដូវ (អំពី​១រោច​ខែ​អស្សុជ ទៅដល់​១៥កើត​ខែកត្តិក) បើភិក្ខុនី​បានក្រាល​កឋិន កំណត់​៥ខែ (អំពី​១រោច​ខែអស្សុជ ទៅដល់ ១៥កើត ខែផល្គុន)។ ពាក្យថា ញុំាងសម័យ​នៃចីវរកាល​ឲ្យកន្លង​ហួសទៅនោះ សេចក្តី​ថា ភិក្ខុនី​មិនបាន​ក្រាលកឋិន ហើយញុំាង​ថ្ងៃ១​ជាខាងចុង​នៃវស្សាន​រដូវ​ឲ្យកន្លង​ហួសទៅ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុនី​បានក្រាលកឋិន ហើយញុំាង​ថ្ងៃដែល​កឋិន​ដោះឲ្យកន្លង​ហួសទៅ ត្រូវអាបត្តិ​បាចិត្តិយ។

[២៥១] ចីវរដ៏ទុព្វល ភិក្ខុនីសំគាល់ថាចីវរដ៏ទុព្វលមែន ហើយធ្វើសម័យ​នៃចីវរកាល​ឲ្យកន្លង​ហួសទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ចីវរដ៏ទុព្វល ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយធ្វើ​សម័យ​នៃចីវរកាល​​ឲ្យកន្លង​ហួស​ទៅ ត្រូវអាបត្តិ​ទុក្កដ។ ចីវរដ៏ទុព្វល ភិក្ខុនី​សំគាល់ថា​ចីវរ​មិនទុព្វលទេ ហើយធ្វើ​សម័យ​នៃ​ចីវរកាល​​ឲ្យកន្លង​​ហួសទៅ មិនត្រូវអាបត្តិ​អ្វីឡើយ។ ចីវរ​មិនទុព្វលទេ ភិក្ខុនី​សំគាល់ថា ចីវរទុព្វល ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​មិនទុព្វលទេ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​មិនទុព្វល ភិក្ខុនី​សំគាល់ថា ចីវរមិនទុព្វល មិនត្រូវអាបត្តិ​អ្វីឡើយ។

[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែង​អានិសង្ស​​ ហើយហាមឃាត់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​​ដើមបញ្ញត្តិ១។

នគ្គវគ្គ សិក្ខាបទទី១០

[២៥៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង មានឧបាសក​ម្នាក់​ឲ្យគេធ្វើវិហារ (កុដិ) ឧទ្ទិស​ថ្វាយសង្ឃ។ ក្នុងកាលដែល​ឆ្លងវិហារ​នោះ ឧបាសកនោះប្រាថ្នា​នឹងថ្វាយ​អកាលចីវរ​ដល់​ឧភតោសង្ឃ។ ក៏គ្រានោះឯង ឧភតោសង្ឃ​បានក្រាល​កឋិនហើយ។ ទើបឧបាសក​នោះចូល​ទៅរកសង្ឃ ហើយសូមឲ្យសង្ឃ​ដកកឋិនចេញ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុសង្ឃ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​ដក​កឋិនចេញបាន ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវដក​កឋិន​យ៉ាងនេះ។ ភិក្ខុឆ្លាស​ប្រតិពល​គប្បី​ញុំាង​សង្ឃឲ្យដឹង​ដោយញត្តិទុតិយកម្មវាចា​ថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើការ​ដកកឋិននេះ​មានកាល​ដ៏សមគួរ​ដល់សង្ឃហើយ សង្ឃត្រូវដកនូវ​កឋិន។ នេះជាវាចា​ដែល​ប្រកាស​ឲ្យសង្ឃដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃដក​កឋិនចេញ។ ការដក​កឋិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា ត្រូវលោកដ៏​មានអាយុ​អង្គនោះ​ស្ងៀម​នៅ មិនគួរ​ដល់លោក​ដ៏មានអាយុ​អង្គណា ត្រូវលោកដ៏មានអាយុ​អង្គនោះ​ពោលឡើង។ កឋិន​សង្ឃបានដកហើយ។ ការដកកឋិន​សមគួរ​ដល់សង្ឃ ហេតុនោះ​ទើបសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវ​កម្មនេះ​ដោយអាការស្ងៀម​នៅយ៉ាងនេះ។

[២៥៤] លំដាប់នោះ ឧបាសក​នោះបាន​ចូលទៅរក​ភិក្ខុនីសង្ឃ ហើយសូមឲ្យ​សង្ឃដក​កឋិនចេញ។ ថុល្លនន្ទាភិក្ខុនី​បានហាមឃាត់​នូវការ​ដកកឋិន​ដោយវាចា​ថា ចីវរនឹងមាន​ដល់​ពួកយើង​ទាំងឡាយ។ ទើបឧបាសក​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ទាំងឡាយ​ មិនសមបីនឹង​មិនឲ្យការ​ដក​កឋិន​ដល់ពួក​យើងសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮឧបាសក​នោះ​ពោលទោស​ តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនី​ទាំងឡាយឯណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹង​ហាមឃាត់​នូវការដក​កឋិន​ប្រកបដោយធម៌សោះ។បេ។ ព្រះដ៏មានព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ថុល្លនន្ទា​ភិក្ខុនី ហាមឃាត់​នូវការដក​កឋិន​ដ៏ប្រកបដោយធម៌ ​ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបី​នឹងហាមឃាត់​នូវការដក​កឋិនដ៏​ប្រកបដោយធម៌​​​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ ហាមឃាត់​នូវការដក​កឋិន​ប្រកបដោយធម៌ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ការដកកឋិន​ប្រកបដោយធម៌​នោះ បានដល់​ភិក្ខុនី​សង្ឃ​មានសេចក្តី​ព្រមព្រៀង​ប្រជុំគ្នាដក។ ពាក្យថា ហាមឃាត់ សេចក្តីថា ភិក្ខុនី​ហាមឃាត់ថា ភិក្ខុនី​សង្ឃ​ដកកឋិន​នេះធ្វើអ្វី​ដូច្នេះ ត្រូវ​អាបត្តិបាចិត្តិយ។

[២៥៦] ការដកកឋិន​ប្រកបដោយ​ធម៌ ភិក្ខុនីសំគាល់ថាប្រកប​ដោយធម៌មែន ហើយហាម​ឃាត់ ត្រូវអាបត្តិ​បាចិត្តិយ។ ការដក​កឋិន​ប្រកប​ដោយ​ធម៌ ភិក្ខុនី​មាន​សេចក្តី​សង្ស័យ ហើយហាម​ឃាត់ ត្រូវអាបត្តិ​ទុក្កដ។ ការដកកឋិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​មិនប្រកប​ដោយ​ធម៌ ហើយហាម​ឃាត់ មិនត្រូវអាបត្តិ​អ្វីឡើយ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា​ប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ការដកកឋិន​មិនប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថាមិន​ប្រកប​ដោយធម៌មែន មិនត្រូវអាបត្តិអ្វីឡើយ។

[២៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែង​អានិសង្ស​​ ហើយហាមឃាត់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

នគ្គវគ្គទី៣ ចប់។

តុវដ្តវគ្គ សិក្ខាបទទី១

[២៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ពីររូប​ដេកលើគ្រែ​មួយ (ជាមួយគ្នា)។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​នៃវត្ត ឃើញ​ហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប​មិនសមបី​នឹងដេក​លើគ្រែមួយ (ជាមួយគ្នា) ដូចពួក​ស្រី​គ្រហស្ថ​អ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយបាន​ឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ពីររូប ​មិនសមបីនឹងដេកលើគ្រែ​មួយ (ជាមួយគ្នា)សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីពីររូប​ដេកលើគ្រែ​មួយ (ជាមួយគ្នា) ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ពីររូប មិនសមបី​នឹង​ដេកលើគ្រែ​មួយ (ជាមួយគ្នា)​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីទាំងឡាយ​ណាពីររូប ដេកលើគ្រែ​មួយ (ជាមួយគ្នា) ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៥៩] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ភិក្ខុនី​ពីររូប​ដេកលើគ្រែមួយ​(ជាមួយគ្នា) សេចក្តីថា កាលភិក្ខុនី​ម្នាក់ដេក​នៅហើយ មានភិក្ខុនី​ដទៃ​ទៅដេកដែរ ត្រូវ​អាបត្តិបាចិត្តិយ។ ម្យ៉ាងទៀត ភិក្ខុនី​ពីររូប​ដេកព្រមគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទាំងពីររូប​ក្រោកឡើង ហើយដេក​ទៅវិញ​ញយៗ ត្រូវអាបត្តិ​បាចិត្តិយ។

[២៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីម្នាក់ដេក ភិក្ខុនី​ដទៃអង្គុយ ឬភិក្ខុនី​ទាំងពីរ​រូបអង្គុយ១ ភិក្ខុនី​ទាំងពីររូប​នោះឆ្កួត១ ភិក្ខុនីទាំងពីររូប​នោះជា​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី២

[២៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនី​ពីររូប​មានសម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ ដេកជាមួយគ្នា។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​នៃវត្ត ឃើញ​ហើយ​ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប​មិនសមបី​នឹងមានសម្ពត់​សម្រាប់ក្រាល សម្រាប់​ដណ្តប់​តែមួយ ដេកជាមួយគ្នាដូចយ៉ាងពួក​ស្រី​គ្រហស្ថ​អ្នកបរិភោគ​កាមសោះ។ ភិក្ខុនីទាំងឡាយបាន​ឮ​មនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុនី​ពីររូប ​មិនសមបីនឹងមានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នាសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីពីររូបមាន​សម្ពត់​សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់តិះដៀល​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនី​ពីររូប មិនសមបី​នឹងមានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា​ទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីទាំងឡាយ​ឯណាពីររូប មានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៦២] ត្រង់ពាក្យថា ភិក្ខុនីទាំងឡាយណា មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ​ពីររូប​មានសម្ពត់សម្រាប់​ក្រាល សម្រាប់​ដណ្តប់តែមួយ ដេក​ជាមួយគ្នានោះ សេចក្តីថា ភិក្ខុនីពីររូប​ក្រាល​នូវ​សម្ពត់​នោះឯង ហើយ​ដណ្តប់​នូវសម្ពត់​នោះ​ដដែល ត្រូវអាបត្តិបាចិត្តិយ។

[២៦៣] សម្ពត់សម្រាប់ក្រាល​សម្រាប់​ដណ្តប់​តែមួយ ភិក្ខុនី​ពីររូប​សំគាល់​ថាសម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់តែមួយ​ដដែល ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​តែមួយ ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​​ដណ្តប់​តែមួយ ភិក្ខុនី​​សំគាល់​ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់​​ដណ្តប់ផ្សេងគ្នា ហើយដេកជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ដេកលើកម្រាល​ជាមួយគ្នា តែដណ្តប់សំពត់​ផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ដេកលើ​កម្រាល​ផ្សេងគ្នា តែដណ្តប់​ជាមួយគ្នា ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់​សម្រាប់ក្រាល សម្រាប់​ដណ្តប់​ផ្សេងៗគ្នា ភិក្ខុនី​សំគាល់​ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ជាមួយគ្នា ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ សម្ពត់​សម្រាប់​ក្រាលសម្រាប់​ដណ្តប់​ផ្សេងគ្នា ភិក្ខុនី​សំគាល់ថា​សម្ពត់​សម្រាប់​ក្រាល​សម្រាប់ដណ្តប់​ផ្សេងគ្នា​ដដែល មិនត្រូវ​អាបត្តិ​អ្វីឡើយ។

[២៦៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺពួកភិក្ខុនី​សំដែងនូវ​ទី​កំណត់ ហើយដេក១ ពួកភិក្ខុនីឆ្កួត១ ពួកភិក្ខុនី​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៣

[២៦៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ស្តេចគង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី ជាពហុស្សូត ជាអ្នក​ឆ្លាត​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា។ សូម្បី​ភទ្ទាកាបិលានី​ភិក្ខុនី​ក៏ជាពហុស្សូត​ ជាអ្នកប៉ិន​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​មហាជន​សរសើរ​ក្រៃ​ពេកដែរ។ មនុស្ស​ទាំងឡាយនិយាយ​ថា ភទ្ទាកាបិលានី​ជាម្ចាស់ ​ជាពហុស្សូត​ ជាអ្នកប៉ិន​និយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​មហាជន​សរសើរ​ក្រៃពេក ដូច្នេះ ហើយចូល​ទៅរក​ភទ្ទាកាបិលានី​ភិក្ខុនី​មុន ទើបចូលទៅរក​ថុល្លនន្ទាភិក្ខុនី​ជាក្រោយ។ ថុល្លនន្ទា​ភិក្ខុនី​ជាមនុស្ស​មានសេចក្តី​ឫស្យា​គ្របសង្កត់ ក៏ពោលថា ពួកភិក្ខុនី​ណាស្គាល់ច្រើន សូមច្រើន បានឮថា ភិក្ខុនី​ទាំងឡាយនេះ​ជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នក​មិនច្រឡូក​ច្រឡំ ពោលដូច្នេះហើយ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេច​ការដេកខ្លះ សំដែង​ឯងខ្លះ ឲ្យ​គេសំដែង​ខ្លះ ធ្វើការ​ស្វាធ្យាយខ្លះ ក្នុងខាង​មុខភទ្ទាកាបិលានីភិក្ខុនី។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបីនឹងមកក្លែង ធ្វើសេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​ជាម្ចាស់​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ក្លែងធ្វើសេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​​ភិក្ខុនី ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹងក្លែងធ្វើ​សេចក្តី​មិនសប្បាយ​ដល់ភទ្ទាកាបិលានី​​ភិក្ខុនីទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយក្លែង​ធ្វើសេចក្តី​មិនសប្បាយ​ដល់ភិក្ខុនី​ផងគ្នា ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៦៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ដល់ភិក្ខុនី​ផងគ្នា គឺដល់​ភិក្ខុនី​ដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុនី កាលដឹង កាលស្គាល់ ហើយក្លែងប្រព្រឹត្ត​ល្មើស ប្រព្រឹត្ត​កន្លង។ ពាក្យថា ធ្វើសេចក្តី​មិនសប្បាយ​ សេចក្តីថា ភិក្ខុនី​គិតថា ដោយហេតុនេះ សេចក្តី​មិនសប្បាយចិត្ត​នឹង​មានដល់​ភិក្ខុនី​នេះ ដូច្នេះ​ហើយមិន​បានប្រាប់ ក៏ដើរខ្លះ ឈរខ្លះ អង្គុយខ្លះ សម្រេច​ការដេកខ្លះ សំដែងឯងខ្លះ ឲ្យគេ​សំដែង​ខ្លះ ធ្វើការ​ស្វាធ្យាយខ្លះ ក្នុងទីខាង​មុខ ត្រូវអាបត្តិបាចិត្តិយ។

[២៦៧] ឧបសម្បន្នា ភិក្ខុនី​សំគាល់​ថាជា​ឧបសម្បន្នា ហើយ​ក្លែងធ្វើ​ឲ្យមានសេចក្តី​មិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ហើយក្លែង​ធ្វើ​សេចក្តី​ឲ្យមិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​សំគាល់​ថាជាអនុបសម្បន្នា ហើយ​ក្លែងធ្វើ​ឲ្យមានសេចក្តី​មិនសប្បាយ​ចិត្ត ត្រូវអាបត្តិ​បាចិត្តិយ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​ជាឧបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់​ថា​ជាអនុបសម្បន្នា ត្រូវអាបត្តិ​ទុក្កដ។

[២៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនី​មិនប្រាថ្នា​នឹងធ្វើ​សេចក្តី​មិនសប្បាយចិត្ត ហើយប្រាប់ ក៏ដើរក្តី ឈរក្តី អង្គុយក្តី សម្រេច​ការដេកក្តី ​សំដែងឯងក្តី ឲ្យគេ​សំដែង​ក្តី ធ្វើការ​ស្វាធ្យាយ​ក្តី ក្នុងខាងមុខ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៤

[២៦៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការ​ខ្វល់​ខ្វាយ​ដើម្បី​ឲ្យគេបម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ​(មានជម្ងឺ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបីនឹងមិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹងមិនបម្រើឯង មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ​ភិក្ខុនី​ជាកូនសិស្ស ដែលដល់​នូវសេចក្តី​ទុក្ខ ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៧០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ដល់នូវ​សេចក្តី​ទុក្ខ សំដៅ​យកភិក្ខុនី​ដែលមាន​ជម្ងឺ។ ដែលហៅ​ថា ភិក្ខុនី​ជាកូនសិស្ស សំដៅយក​ភិក្ខុនី​ជាសទ្ធិវិហារិនី (មានធម៌​ជាគ្រឿងនៅ​ជាមួយគ្នា)។ ពាក្យថា មិនបម្រើឯង គឺមិនបម្រើ​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ គឺ​មិន​បង្គាប់​អ្នកដទៃ។ កាលភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា អញ​នឹងមិនបម្រើឯង នឹងមិនធ្វើ​ការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​មិនបម្រើឯង មិនធ្វើការ​ខ្វល់ខ្វាយ​ដើម្បី​ឲ្យគេ​បម្រើ នូវ​អន្តេវាសិនីក្តី អនុបសម្បន្នាក្តី ត្រូវអាបត្តិ​ទុក្កដ។

[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើ​មាន​សេចក្តី​អន្តរាយ ហើយភិក្ខុនីស្វែងរក​អ្នកឯទៀត​ជាអ្នកបម្រើ​ជម្ងឺ​​មិនបាន១ ភិក្ខុនី​ឈឺ​ខ្លួនឯង១ ភិក្ខុនី​មាន​សេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៥

[២៧២] សម័យនោះឯង ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភទ្ទាកាបិលានីភិក្ខុនី​នៅចាំវស្សា​ក្នុង​ក្រុងសាកេត។ ភទ្ទាកាបិលានីភិក្ខុនីនោះ បានបញ្ជូនទូត​ទៅក្នុងសំណាក់​ថុល្លនន្ទាភិក្ខុនី​ដោយ​កិច្ច​នីមួយថា បើថុល្លនន្ទា​ជាម្ចាស់​ឲ្យលំនៅ​ដល់ខ្ញុំ ខ្ញុំគួរ​តែទៅកាន់​ក្រុង​សាវត្ថី។ ថុល្លនន្ទាភិក្ខុនី​និយាយ​តបយ៉ាង​នេះថា ភទ្ទាកាបិលានីមកចុះ ខ្ញុំនឹង​ឲ្យ(នៅ)។ លំដាប់នោះ ភទ្ទាកាបិលានីភិក្ខុនី​បានចេញ​អំពីក្រុង​សាកេត​ទៅកាន់ក្រុង​សាវត្ថី។ ថុល្លនន្ទាភិក្ខុនី​ក៏បាន​ឲ្យលំនៅ​ដល់​ភទ្ទាកាបិលានី​ភិក្ខុនី។ ក៏គ្រានោះឯង ថុល្លនន្ទា​ភិក្ខុនី​ជាពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា។ សូម្បី​ភទ្ទាកាបិលានី​ ក៏ជា​ពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា​ដែរ ហើយមហាជន​គេសរសើរ​ដោយច្រើន​ក្រៃពេក។ មនុស្ស​ទាំងឡាយ​និយាយ​ថា ភទ្ទាកាបិលានី​ជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិន​និយាយ ជាអ្នក​ក្លៀវក្លា ជាអ្នក​ប្រសប់​ធ្វើធម្មីកថា ជាអ្នកដែល​គេសរសើរ​ដោយច្រើន និយាយ​យ៉ាងនេះហើយ បាននាំគ្នា​ទៅរក​ភទ្ទាកាបិលានី​ភិក្ខុនីមុន ហើយទៅរក​ថុល្លនន្ទាភិក្ខុនី​ជាខាងក្រោយ។ ថុល្លនន្ទាភិក្ខុនី​ជាអ្នក​មាន​សេចក្តី​ឫស្យា​គ្របសង្កត់ ទើបនិយាយថា ភិក្ខុនី​ទាំងឡាយ​ណាជាអ្នក​ស្គាល់​ច្រើន ជាអ្នក​សូមច្រើន បានឮថា ភិក្ខុនី​ទាំងឡាយនេះ​ជាអ្នកប្រាថ្នាតិច ជាអ្នក​សន្តោស ជាអ្នកស្ងាត់ ជាអ្នក​មិនច្រឡូកច្រឡំ (និយាយ​យ៉ាងនេះហើយ) ក៏មានសេចក្តី​ខឹង​អាក់អន់ចិត្ត ហើយទង់​ទាញ​ភទ្ទាកាបិលានី​ចេញចាក​លំនៅទៅ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ថុល្លនន្ទា​ជាម្ចាស់ ​មិនសមបី​នឹង​ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ជាម្ចាស់ ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញ​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ភិក្ខុនី ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញ ពិត​មែនឬ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ថុល្លនន្ទា​ភិក្ខុនី មិនសមបី​នឹង ឲ្យលំនៅ​ដល់ភទ្ទាកាបិលានី​ភិក្ខុនី ហើយត្រឡប់​ខឹង អាក់អន់ចិត្ត ទង់ទាញ​ចេញទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ឲ្យលំនៅ​ដល់ភិក្ខុនី​ផងគ្នា ហើយ​ខឹង អាក់អន់ចិត្ត ក៏ទង់ទាញ​ឯងក្តី ឲ្យគេទង់​ទាញ​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។

[២៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ដល់ភិក្ខុនី​ គឺដល់​ភិក្ខុនីដទៃ។ ទីកុដិ​ដែលមាន​សន្លឹក​ទ្វារជាប់​នៅ ហៅថា​លំនៅ។ ពាក្យថា ឲ្យ គឺឲ្យដោយ​ខ្លួនឯង។ ពាក្យថា ខឹង​អាក់អន់ចិត្ត គឺមានចិត្ត​មិនត្រេកអរ មានចិត្ត​គឺទោស​មកខ្ទាំងខ្ទប់ មានចិត្ត​រឹងត្អឹង។ ពាក្យថា ទង់ទាញ​ឯង គឺ​ភិក្ខុនី​ចាប់​យក​ពីក្នុង​ល្វែង​ហើយទាញ​ចេញទៅខាង​របៀង ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ចាប់ទាញ​ចេញពី​របៀង​ទៅ​ខាងក្រៅ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទាញចេញ​ឲ្យរំលងទ្វារ សូម្បីច្រើន តែដោយប្រយោគ១ (គឺទាញ​តែម្តង) ត្រូវអាបត្តិ​បាចិត្តិយ​(១)។ ពាក្យថា ឲ្យគេទង់ទាញ សេចក្តីថា ភិក្ខុនី​បង្គាប់​ឲ្យអ្នកដទៃ​ទង់ទាញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​បង្គាប់​តែម្តង ហើយ(អ្នក​ទទួល​បង្គាប់) ទង់ទាញ​ឲ្យរំលង​ទ្វារ​សូម្បីច្រើន ត្រូវអាបត្តិ​បាចិត្តិយ(១)។

[២៧៤] ឧបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាឧបសម្បន្នា បានឲ្យ​លំនៅ​ ហើយខឹង​អាក់អន់ចិត្ត ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​មានសេចក្តី​សង្ស័យ បានឲ្យលំនៅ ហើយខឹង​អាក់អន់ចិត្ត ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនី​សំគាល់ថា​ជាអនុបសម្បន្នា បានឲ្យលំនៅ ហើយខឹង​អាក់អន់ចិត្ត ត្រឡប់​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញ​ក្តី (នូវ​ភិក្ខុនី​ផងគ្នា) ចាកលំនៅ​ដែលមិនមាន​សន្លឹក​ទ្វារជាប់នៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទង់ទាញឯងក្តី ឲ្យគេទង់ទាញ​ក្តី នូវអនុបសម្បន្នា ចាកលំនៅ​ដែលមាន​សន្លឹក​ទ្វារជាប់នៅក្តី មិនមាន​សន្លឹកទ្វារ​ជាប់នៅក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទង់ទាញ​ឯងក្តី ឲ្យគេទង់ទាញ​ក្តី​នូវបរិក្ខារនៃ​អនុបសម្បន្នា​នោះ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាជាឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនី​សំគាល់ថាអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៤យ៉ាង) គឺភិក្ខុនី​ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនី​ជាអលជ្ជិនី១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារនៃភិក្ខុនី​ជាអលជ្ជិនីនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​ភិក្ខុនីឆ្កួត១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារ​នៃភិក្ខុនី​ឆ្កួតនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនីអ្នក​ធ្វើការបង្ករ​ហេតុ១ អ្នកធ្វើការ​ឈ្លោះ១ អ្នកធ្វើការ​ទាស់ទែង១ អ្នកធ្វើតិរច្ឆានកថា១ អ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវ​បរិក្ខារ​នៃភិក្ខុនី​ទាំងនោះ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវភិក្ខុនី​ជាអន្តេវាសិនី ឬជាសទ្ធិវិហារិនី​ដែល​ប្រព្រឹត្តមិនល្អ១ ទង់ទាញ​ឯង ឬឲ្យគេ​ទង់ទាញ​នូវបរិក្ខារនៃ​ភិក្ខុនី​នោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនី​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៦

[២៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី​នៅច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយបុត្រ​របស់គហបតីខ្លះ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ចណ្ឌកាលី​ជាម្ចាស់ ​មិនសមបី​នឹងនៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​របស់គហបតីខ្លះសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាចណ្ឌកាលីភិក្ខុនី នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតីខ្លះ ពិត​មែនឬ។ ពួកភិក្ខុ​ក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចណ្ឌកាលី​ភិក្ខុនី មិនសមបី​នឹងនៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតីខ្លះទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ នៅ​ច្រឡូកច្រឡំ​ដោយគហបតីក្តី ដោយកូនគហបតីក្តី។ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​ពោលយ៉ាងនេះថា នែលោកម្ចាស់ លោក​កុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូន​គហបតីឡើយ នែលោកម្ចាស់ លោកចូរ​ស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនីនោះ កាលភិក្ខុនី​ទាំងឡាយពោលយ៉ាង​នេះហើយ ក៏នៅប្រកួតប្រកាន់​ធ្វើយ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម ប្រកាស​ហាមដរាប​គំរប់បីដង ដើម្បីឲ្យ​លះបង់វត្ថុនោះ។ ភិក្ខុនីនោះ បើ​ភិក្ខុនី​ទាំងឡាយ​សូត្រសមនុភាសនកម្ម​ប្រកាស​ហាមដរាបគំរប់​បីដងហើយ លះវត្ថុនោះបាន ការលះ​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះទេ ត្រូវអាបត្តិបាចិត្តិយ។

[២៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ​ច្រឡូកច្រឡំ​នោះគឺ ច្រឡូកច្រឡំ​ដោយកាយកម្ម និងវចីកម្ម ដ៏មិនសមគួរ។ ដែលហៅថា គហបតីនោះ បានដល់​ជនឯណា​មួយនៅ​គ្រប់គ្រងផ្ទះ។ ដែលហៅថា កូនគហបតីនោះ បានដល់​ជនណាមួយ​ជាកូន ឬជាបងប្អូនប្រុស (នៃគហបតីនោះ)។

[២៧៨] ពាក្យថា ភិក្ខុនីនោះ​ គឺ​ភិក្ខុនីណាមួយដែល​ជាអ្នកច្រឡូកច្រឡំ។ ពាក្យថា ត្រូវភិក្ខុនី​ទាំងឡាយ គឺត្រូវភិក្ខុនី​ទាំងឡាយដទៃ។ ភិក្ខុនីទាំងឡាយណាបានឃើញ ភិក្ខុនី​ទាំងឡាយ​ណាបានឮ ភិក្ខុនីទាំងឡាយ​នោះគប្បី​និយាយហាមប្រាមថា នែលោកម្ចាស់ លោកកុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូនរបស់​គហបតី​ឡើយ នែលោកម្ចាស់ លោកចូរស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់របស់បងប្អូនស្រី។ ភិក្ខុនីទាំងនោះ គប្បីនិយាយ​ហាមអស់វារៈ​គំរប់ពីរដងផង គប្បីនិយាយ​ហាមអស់វារៈគំរប់​បីដងផង។ បើ​ភិក្ខុនី​នោះលះចេញ ការលះ​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ទាំងឡាយ​ណាឮហើយ​ មិននិយាយ ភិក្ខុនី​ទាំងឡាយនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយទាញ​មកកាន់​កណ្តាលសង្ឃ ហើយគប្បីនិយាយ​ហាមប្រាមថា នែលោកម្ចាស់ លោក​កុំនៅ​ច្រឡូកច្រឡំ​ដោយគហបតី ឬដោយកូន​របស់គហបតីឡើយ នែលោកម្ចាស់ លោកចូរ​ស្ងាត់ចុះ សង្ឃរមែង​សរសើរ​សេចក្តីស្ងាត់នៃបងប្អូនស្រី។ ភិក្ខុនី​ទាំងឡាយនោះ គប្បីនិយាយ​មហាមប្រាម​អស់វារៈ​គំរប់​ពីរដងផង គប្បីនិយាយ​ហាមអស់​វារៈគំរប់​បីដងផង។ បើភិក្ខុនីនោះ លះបង់បាន ការលះបាន​ដូច្នេះនេះ​ ជាការប្រពៃ បើមិនលះចេញទេ ត្រូវអាបត្តិទុក្កដ។

[២៧៩] ភិក្ខុនីនោះ ត្រូវភិក្ខុនី​ទាំងឡាយសូត្រ​សមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ គប្បីសូត្រសមនុភាសនកម្ម​ ប្រកាសហាម​ប្រាមយ៉ាងនេះ។ ភិក្ខុនីដែល​ឆ្លាត ប្រតិពល គប្បីញុំាសង្ឃ​ឲ្យដឹងថា បពិត្រ​លោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុនីនេះមានឈ្មោះ​នេះ នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូនរបស់​គហបតីខ្លះ។ ​ភិក្ខុនី​នោះមិនលះវត្ថុនោះ​ចេញ​ទេ។ បើកម្មនោះមានកាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​សូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះវត្ថុនោះចេញ។ នេះជាញត្តិ (គឺ​ប្រកាស​ឲ្យសង្ឃដឹង)។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុនីនេះមានឈ្មោះ​នេះ នៅ​ច្រឡូកច្រឡំ​ដោយគហបតីខ្លះ ដោយកូន​គហបតី​ខ្លះ។ ​ភិក្ខុនី​នោះមិនលះចោលវត្ថុនោះចេញទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនកម្ម​ ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ គប្បី​ស្ងៀមនៅ មិនគួរ​ដល់​លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ គប្បីពោលឡើង។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់វារៈ​ជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់វារៈ​ជាគំរប់បីដងផង។បេ។ ភិក្ខុនី​ឈ្មោះនេះ សង្ឃបានសូត្រសមនុភាសនកម្ម​ដើម្បី​ឲ្យលះបង់​វត្ថុនោះចេញហើយ។ ការសូត្រ​សមនុភាសនកម្ម​នេះគួរដល់​សង្ឃ​ហើយ ហេតុនោះទើបសង្ឃ​ស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។

[២៨០] កាលសូត្រចប់ញត្តិ (ភិក្ខុនី​នោះមិនលះបង់​វត្ថុនោះ) ត្រូវអាបត្តិទុក្កដ(១) កាលសូត្រកម្មវាចាពីរដង ត្រូវអាបត្តិទុក្កដ(២) កាលចប់កម្មវាចាជាស្រេច ត្រូវអាបត្តិបាចិត្តិយ។

[២៨១] កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌ ហើយមិនលះបង់វត្ថុនោះ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌វិញ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ត្រូវអាបត្តិទុក្កដ។

[២៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីដែលសង្ឃ​មិនបាន​សូត្រ​សមនុភាសនកម្ម១ ភិក្ខុនីលះបង់វត្ថុនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៧

[២៨៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ នាំគ្នាត្រេច​ទៅកាន់ចារិក​ខាងក្នុងដែនដែលគេ​សន្មត​ថាជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយ​ភ័យ​ចំពោះមុខ។ ពួកអ្នកលេងនាំគ្នាប្រទូស្ត​(ពួកភិក្ខុនីទាំងឡាយនោះ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំង​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមបី​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយនាំគ្នាត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុនីទាំងឡាយ មិនសមគួរ​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្នុង​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។

[២៨៤] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្នុងដែន គឺភិក្ខុនីនៅខាងក្នុងដែន​របស់ស្តេចណា ក៏ត្រេចទៅ​ក្នុងដែន​របស់ស្តេចនោះ។ ដែលហៅថា ទីប្រកបដោយ​សេចក្តីរង្កៀសនោះ បានដល់​កន្លែង​ដែល​ពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរ​បរិភោគក៏ប្រាកដ កន្លែង​ដែលពួកចោរ​ឈរក៏​ប្រាកដ កន្លែងដែលពួកចោរ​អង្គុយក៏ប្រាកដ កន្លែងដែលពួកចោរ​ដេកក៏ប្រាកដ​ក្នុងផ្លូវនោះ។ ទីដែល​ហៅថា ប្រកបដោយភ័យ​ចំពោះមុខនោះ គឺពួកមនុស្ស​ដែលចោរទាំងឡាយសម្លាប់​ក៏ប្រាកដ ដែលចោរប្លន់ក៏ប្រាកដ ដែលចោរ​វាយក៏ប្រាកដ​ក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញ​ទៅជាមួយនោះ គឺវៀរ​ចាកពួកឈ្មួញ​ចេញ។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនី​ត្រេច​ទៅក្នុងស្រុកកំណត់មួយរយៈ​មាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​ចន្លោះស្រុក។ ទីព្រៃ​មិនមែន​ជាស្រុក ភិក្ខុនី​ត្រេចទៅក្នុងទីនោះ ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។

[២៨៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយ​ពួកឈ្មួញ១ ភិក្ខុនីទៅក្នុង​ទីក្សេមក្សាន្ត​មិនមានភ័យ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៨

[២៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេច​ទៅកាន់ចារិក​ខាងក្រៅដែនដែលគេ​សន្មត​ថាជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយ​ភ័យ​ចំពោះមុខ។ អ្នកលេងទាំងឡាយនាំគ្នាប្រទូស្ត​(ពួកភិក្ខុនីនោះ)។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំង​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមគួរ​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខសោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនី គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ពួកភិក្ខុនី មិនសមបី​នឹងគ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ គ្មានពួកឈ្មួញ​ទៅជាមួយ ហើយត្រេចទៅ​កាន់ចារិក​ខាងក្រៅ​ដែន​ដែលគេសន្មត​ថា ជាទីប្រកបដោយ​សេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ត្រូវអាបត្តិបាចិត្តិយ។

[២៨៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្រៅដែន គឺភិក្ខុនីនៅក្នុងដែន​របស់ស្តេចណា ហើយត្រេចទៅ​កាន់​ចារិកក្នុងដែន​របស់ស្តេចឯទៀត ក្រៅពីដែនរបស់ស្តេចនោះ។ ដែលហៅថា ជាទីប្រកបដោយ​សេចក្តីរង្កៀសនោះ បានដល់​កន្លែង​ដែល​ពួកចោរនៅក៏ប្រាកដ កន្លែងដែលពួកចោរ​បរិភោគ​ក៏ប្រាកដ កន្លែង​ដែលពួកចោរ​ឈរក៏​ប្រាកដ កន្លែងដែលពួកចោរ​អង្គុយក៏ប្រាកដ កន្លែងដែល​ពួកចោរ​ដេកក៏ប្រាកដ​ក្នុងផ្លូវនោះ។ ទីដែល​ហៅថា ប្រកបដោយភ័យ​ចំពោះមុខនោះ គឺពួកមនុស្ស​​ដែលចោរទាំងឡាយសម្លាប់​ក៏ប្រាកដ ដែលពួកចោរប្លន់ក៏ប្រាកដ ដែលពួកចោរ​វាយក៏ប្រាកដ​ក្នុងផ្លូវនោះ។ ដែលហៅថា គ្មានពួកឈ្មួញ​ គឺវៀរ​ចាកពួកឈ្មួញ​។ ពាក្យថា ត្រេចទៅកាន់ចារិក សេចក្តីថា ភិក្ខុនី​ត្រេច​ទៅក្នុងស្រុកកំណត់មួយរយៈ​មាន់ហើរ ត្រូវអាបត្តិ​បាចិត្តិយរាល់ៗ​ចន្លោះស្រុក។ ភិក្ខុនី​ត្រេចទៅក្នុងព្រៃ​មិនមែន​ជាស្រុក ត្រូវអាបត្តិបាចិត្តិយ​រាល់ៗ​កន្លះយោជន៍។

[២៨៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅជាមួយ​ពួកឈ្មួញ១ ភិក្ខុនីទៅក្នុង​ទីក្សេមក្សាន្ត​មិនមានភ័យ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី៩

[២៨៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ពួកភិក្ខុនីត្រេច​ទៅកាន់ចារិក​ខាងក្នុងវស្សា។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​មិនសមបីនឹង​ត្រេចទៅកាន់​ចារិក​​ខាងក្នុងវស្សា ដើរ​ជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀនវត្ថុដែលរស់នៅមានឥន្ទ្រិយតែមួយ ញុំាង​សត្វទាំងឡាយតូចៗឲ្យវិនាសទៅជាច្រើនសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភិក្ខុនី​ ​មិនសមបី​នឹងត្រេចទៅកាន់ចារិក​ខាងក្នុងវស្សា​សោះ។បេ។ ព្រះដ៏​មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុនី ត្រេចទៅកាន់​ចារិក​ខាងក្នុងវស្សា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ​ពួកភិក្ខុនី មិនសមបី​នឹងត្រេចទៅកាន់ចារិក​ខាងក្នុងវស្សាទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើនេះ​មិនជាទីជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ត្រេចទៅកាន់ចារិក​ខាងក្នុង​វស្សា ត្រូវអាបត្តិបាចិត្តិយ។

[២៩០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ខាងក្នុងវស្សា សេចក្តីថា ភិក្ខុនីមិនបាន​នៅចាំវស្សាកំណត់​៣ខែ​ខាងដើមក្តី​ កំណត់​៣ខែខាងចុងក្តី​ ។ ពាក្យថា ត្រេចទៅ​កាន់​ចារិក សេចក្តីថា ភិក្ខុនី​ត្រេចទៅក្នុងស្រុកកំណត់មួយរយៈមាន់ហើរ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​ចន្លោះស្រុក ភិក្ខុនី​ត្រេចទៅក្នុងព្រៃ​មិនមែន​ស្រុក ត្រូវអាបត្តិបាចិត្តិយរាល់ៗកន្លះយោជន៍។

[២៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីទៅ​ដោយសត្តាហករណីយកិច្ច១ ភិក្ខុនី​ទៅព្រោះហេតុនីមួយ​បៀតបៀន១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គ សិក្ខាបទទី១០

[២៩២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តវេឡុវនវន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ភិក្ខុនី​ទាំងឡាយនៅចាំវស្សាក្នុង​វត្តវេឡុវន ជិតក្រុងរាជគ្រឹះនោះឯង (ចេញវស្សាហើយក៏នៅ) ក្នុងទីនោះអស់​ហេមន្តរដូវ (នៅ) ក្នុងទីនោះ​អស់គិម្ហរដូវ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយចង្អៀត ងងឹតដល់ភិក្ខុនី ទិសទាំងឡាយមិនប្រាកដ​ច្បាស់​ដល់ភិក្ខុនី​ទាំងនេះ (ឬដូចម្តេច បានជា​មិនចេញ​អំពី​ទីនេះសោះ)។ ពួកភិក្ខុនី​បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុនីទាំងនោះ​ប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលដំណើរ​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត​សិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យ​អំណាចនៃ​ប្រយោជន៍​១០យ៉ាង គឺដើម្បី​សេចក្តី​ប្រពៃ​ដល់សង្ឃ១។បេ។ ដើម្បីសេចក្តីតាំងនៅ​មាំនៃព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះដល់​ព្រះវិន័យ១។  ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនី ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ នៅចាំវស្សា រួចហើយមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅសូម្បីតែ៥-៦យោជន៍ ត្រូវអាបត្តិបាចិត្តិយ។

[២៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា នៅចាំវស្សារួចហើយ គឺនៅចាំវស្សាគ្រប់៣ខែខាងដើមក្តី គ្រប់៣ខែខាងចុងក្តី។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនចៀសចេញទៅកាន់ចារិក ដោយហោចទៅ​សូម្បីតែ​៥-៦យោជន៍ ក៏ត្រូវអាបត្តិបាចិត្តិយ។

[២៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីកាលមាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនី​ផងគ្នាជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

តុវដ្តវគ្គទី៤ ចប់។

ចិត្តាគារវគ្គ សិក្ខាបទទី១

[២៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង នាយជាងបាន​គូរគំនូរ​ក្នុងព្រះរាជដំណាក់​ដ៏វិចិត្រ​ ក្នុងឧទ្យានស្តេចបសេនទិកោសល។ ពួកមនុស្សជាច្រើនតែងទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រ​(នោះ)។ សូម្បី​ពួកឆព្វគ្គិយាភិក្ខុនី (ភិក្ខុនី​ពួក៦រូប) ក៏បានទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រ (នោះដែរ)។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹង​ទៅមើលព្រះរាជដំណាក់​ដ៏វិចិត្រ​ដូចជា​ពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮពួកមនុស្សទាំងនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី​ មិនសមបើ​នឹងទៅមើល​ព្រះរាជដំណាក់​ដ៏វិចិត្រសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនី​ ទៅមើល​រាជដំណាក់​ដ៏វិចិត្រ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងទៅមើលរាជដំណាក់​ដ៏វិចិត្រទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ទៅដើម្បីមើល​ដំណាក់​សម្រាប់ក្រសាល​របស់ស្តេច​ក្តី រោងដ៏វិចិត្រក្តី សួនក្តី ឧទ្យានក្តី ស្រះបោក្ខរណីក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[២៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា ដំណាក់ក្រសាលរបស់ស្តេច បានដល់ដំណាក់​ដែលគេសាង​ដើម្បី​ក្រសាលសប្បាយដល់ស្តេច​នៅក្នុងកន្លែង​ណាមួយ។ ដែលហៅថា រោងដ៏វិចិត្រ បានដល់រោង​ដែល​គេសាងដើម្បី​លេងសប្បាយដល់មនុស្ស​ទាំងឡាយ​នៅក្នុងកន្លែង​ណាមួយ។ ដែលហៅថា សួន បានដល់សួនដែលគេសាងដើម្បី​លេងសប្បាយដល់​មនុស្សទាំងឡាយ​ក្នុងកន្លែងណាមួយ។ ដែលហៅថា ឧទ្យាន បានដល់ឧទ្យានដែលគេសាង​ដើម្បីលេងសប្បាយដល់មនុស្សទាំងឡាយ​ក្នុងទីណាមួយ។ ដែលហៅថា ស្រះបោក្ខរណី បានដល់ស្រះបោក្ខរណីដែលគេ​សាងដើម្បី​លេង​សប្បាយ​ដល់មនុស្សទាំងឡាយ​ក្នុងកន្លែងណាមួយ។ ភិក្ខុនីទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ ឈរមើលក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុនីលះបង់ឧបចារមើល ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ទៅដើម្បីមើលកន្លែង​ណាតែមួយៗ ត្រូវអាបត្តិទុក្កដ (មួយៗ) ឈរមើល​ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ លះបង់​ឧបចារមើល​ហើយមើលញយៗ ត្រូវអាបត្តិបាចិត្តិយ។

[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីឈរក្នុងអារាម​ហើយមើល១ ភិក្ខុនីកំពុងដើរទៅក្តី ដើរមកក្តីឃើញ១ កាលបើមានកិច្ច ភិក្ខុនី​ទៅហើយឃើញ១ ភិក្ខុនី​មានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី២

[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ​ប្រើប្រាស់អាសន្ទិ​ ខ្លះ បល្លង្ក ​ខ្លះ។ មនុស្សទាំងឡាយ​ដើរទៅកាន់​ចារិកវិហារ​ ឃើញហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹង​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះ ដូចជាស្រីគ្រហស្ថ​ជាអ្នក​បរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយ​បានឮមនុស្សទាំងឡាយនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​ឡាយនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ​ មិនសមបើ​នឹងប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹង​ប្រើប្រាស់​អាសន្ទិខ្លះ បល្លង្កខ្លះទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ប្រើប្រាស់អាសន្ទិក្តី បល្លង្កក្តី ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[២៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ អាសនៈដែល​កន្លងហួសប្រមាណ តថាគតឲ្យឈ្មោះថា អាសន្ទិ។ គ្រែដែលគេ​វិចិត្រ​ដោយសត្វកាចទាំងឡាយ​លើក​ទៅមកបាន ឈ្មោះថា បល្លង្ក។ ពាក្យថា ប្រើប្រាស់ គឺភិក្ខុនី​អង្គុយ ឬដេកដើអាសនៈនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីកាត់ជើង​អាសន្ទិ ហើយទើបប្រើប្រាស់១ ភិក្ខុនីទំលាយ​រូបសត្វកាចទាំងឡាយនៃ​បល្លង្ក ហើយទើប​ប្រើប្រាស់១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៣

[៣០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឆព្វគ្គិយាភិក្ខុនីទាំងឡាយការសូត្រ (ឬអម្បោះ)។ មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់ចារិក​វិហារ ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី​ទាំងឡាយមិនសមបើនឹងការអម្បោះដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនី​ទាំងឡាយ​បានឮមនុស្សទាំងឡាយនោះកំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើ​នឹងការអម្បោះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ ការអម្បោះ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនគួរបើនឹងការអម្បោះទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ការអម្បោះ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ សូត្រទាំងឡាយមាន​៦យ៉ាង គឺរបស់​ធ្វើដោយសម្បកឈើ១ ធ្វើដោយកប្បាស១ ធ្វើដោយសូត្រ (សម្បុកនាង)១ ធ្វើដោយរោមសត្វ១ ធ្វើដោយធ្មៃ១ និងភង្គៈ (របស់ដែល​លាយ​ដោយ​វត្ថុទាំង៥ មានសម្បកឈើជាដើមជាមួយគ្នា)១ ឈ្មោះ​ថាសូត្រ។ ពាក្យថា ការ គឺភិក្ខុនី​ការដោយខ្លួនឯង ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលការ ត្រូវអាបត្តិបាចិត្តិយគ្រប់​ៗវារៈ​ដែលបង្វិលមួយជុំៗ។

[៣០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីការអម្បោះ​ដែលគេការ​រួចហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៤

[៣០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ។ ភិក្ខុនី​ទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបីនឹងធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ធ្វើការខ្វល់ខ្វាយបម្រើគ្រហស្ថ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនគួរបើនឹងធ្វើការខ្វល់ខ្វាយ​បម្រើ​គ្រហស្ថទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ធ្វើការបម្រើគ្រហស្ថ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា ការខ្វល់ខ្វាយបម្រើគ្រហស្ថ គឺភិក្ខុនីចំអិន​បបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីបុគ្គល​ដែលនៅគ្រប់គ្រងផ្ទះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីជួយ​ចម្អិន​ទឹកបបរក្តី សង្ឃភត្តក្តី ដើម្បីសង្ឃ១ ភិក្ខុនីជួយគ្រហស្ថ​ក្នុងការបូជាចេតិយ១ ភិក្ខុនីចម្អិន​បបរក្តី បាយក្តី ខាទនីយក្តី លាងសាដកក្តី សំពត់ឈ្នួតក្តី ដើម្បីវេយ្យាវច្ចកររបស់ខ្លួន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៥

[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប ចូលទៅរក​ថុល្លនន្ទាភិក្ខុនី ហើយបាននិយាយពាក្យនេះថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ។ ថុល្លនន្ទាភិក្ខុនី​គ្រាន់តែ​ទទួល​ពាក្យថាសាធុ តែមិនរម្ងាប់​មិនធ្វើ​សេចក្តីខ្វល់ខ្វាយ​ ដើម្បី​រម្ងាប់​អធិករណ៍​នោះឡើយ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទា​ជាម្ចាស់ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ មិនសមបីនឹង​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ (អធិករណ៍នោះ) សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ តែ​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថា សាធុហើយ ហេតុអ្វីក៏មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បី​រម្ងាប់ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ កាលដែលភិក្ខុនីនិយាយថា នែនាងម្ចាស់ នាងចូរមក ចូររម្ងាប់​អធិករណ៍នេះ ដូច្នេះ បានទទួល​ពាក្យថាសាធុហើយ ភិក្ខុនីនោះក្នុងកាល​ជាខាងក្រោយ ឥតមានសេចក្តី​អន្តរាយ (អ្វី) ហើយមិនរម្ងាប់ មិនធ្វើសេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៨] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា កាលដែលភិក្ខុនី បានដល់​ភិក្ខុនីដទៃ។ ​អធិករណ៍​ទាំងឡាយ៤ គឺ​វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ឈ្មោះថា អធិករណ៍។ ពាក្យថា នែនាងម្ចាស់ នាងចូរមករម្ងាប់​អធិករណ៍នេះ គឺថា នែនាងម្ចាស់ នាងចូរមកវិនិច្ឆ័យ​អធិករណ៍​នេះ។ ពាក្យថា ភិក្ខុនីនោះ ក្នុងកាលជាខាងក្រោយ ឥតមានសេចក្តីអន្តរាយ គឺកាល​បើសេចក្តី​អន្តរាយ​មិនមាន។ ពាក្យថា មិនរម្ងាប់ គឺមិនរម្ងាប់​ដោយខ្លួនឯង។ ពាក្យថា មិនធ្វើ​សេចក្តី​ខ្វល់ខ្វាយ ដើម្បីរម្ងាប់ គឺភិក្ខុនី​មិនបង្គាប់​ភិក្ខុនីដទៃ។ ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈថា អញ​នឹង​មិនរម្ងាប់ អញនឹងមិនធ្វើ​សេចក្តីខ្វល់ខ្វាយ ដើម្បីរម្ងាប់​ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។

[៣០៩] ឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ហើយមិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយដើម្បីរម្ងាប់នូវអធិករណ៍ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​មិនរម្ងាប់ មិនធ្វើសេចក្តី​ខ្វល់ខ្វាយ ដើម្បីរម្ងាប់​នូវអធិករណ៍​ដល់អនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្នា ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្នា ត្រូវអាបត្តិទុក្កដ។

[៣១០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមាន​សេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកគ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនី​មានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៦

[៣១១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​ឲ្យខាទនីយ​ភោជនីយាហារដោយដៃខ្លួនឯង ដល់ពួក​មេល្ខោនខ្លះ ដល់ពួកកូនល្ខោនខ្លះ ដល់ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួក​អ្នកបំបាត់​សេចក្តី​សោក (គឺអ្នកលេង​កំប្លែង​សើចគឺត្លុក) ខ្លះ ដល់​ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយ ចូរពោល​សរសើរ​គុណយើងក្នុងបរិសទ្យចុះ។ ពួក​មេល្ខោនខ្លះ កូនល្ខោនខ្លះ អ្នកឡើងរ៉ាវខ្លះ អ្នកលេងត្លុកកំប្លែងខ្លះ អ្នកលេងស្គរខ្លះ តែងពោលសរសើរ​គុណ​ថុល្លនន្ទាភិក្ខុនី​ក្នុងបរិសទ្យថា នាងម្ចាស់ថុល្លនន្ទា ជាពហុស្សូត ជាអ្នកប្រសប់និយាយ ក្លៀវក្លា ឆ្លាសខាងសំដែង​ធម្មីកថា អ្នកទាំងឡាយ​ចូរឲ្យទានដល់​នាងម្ចាស់ចុះ ចូរធ្វើការបូជាដល់នាងម្ចាស់ចុះ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា នាងម្ចាស់ថុល្លនន្ទា មិនសមបីនឹងឲ្យខាទនីយ​ភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីឲ្យខាទនីយ​ភោជនីយាហារដល់គ្រហស្ថដោយដៃខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងឲ្យខាទនីយ​ភោជនីយាហារដល់​គ្រហស្ថដោយដៃខ្លួនឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ឲ្យខាទនីយ ឬ​ភោជនីយ ដល់គ្រហស្ថក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃខ្លួនឯង ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ បុគ្គលណាមួយ​នៅគ្រប់គ្រងផ្ទះ បុគ្គលនោះឈ្មោះថាគ្រហស្ថ។ ប្រុសណាមួយ​ដែលបួសជាបរិព្វាជក លើកទុកតែ​ភិក្ខុ​ និងសាមណេរចេញ អ្នកនោះហៅថា បរិព្វាជក។ ស្រីណាមួយ​ ដែលបួសជាបរិព្វាជិកា លើកទុកតែ​ភិក្ខុនី​ សិក្ខមានា និងសាមណេរីចេញ ស្រីនោះហៅថា បរិព្វាជិកា។ ដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងទឹក​ និងឈើស្ទន់ចេញ ក្រៅ(អំពីនោះ) ហៅថា ខាទនីយទាំងអស់។ ដែលហៅថា ភោជន បានដល់​ភោជន​៥យ៉ាង គឺបាយ១ នំកុម្មាស១ សដូវ១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុនីឲ្យ​ដោយកាយ​ក្តី ដោយរបស់​ជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីឲ្យ​ទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។

[៣១៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​ឲ្យគេឲ្យ មិនបានឲ្យ​ដោយដៃខ្លួនឯង១ ភិក្ខុនីដាក់ (ផុតពីដៃ) ហើយឲ្យ​ ១ ភិក្ខុនី​ឲ្យគ្រឿងលាបកាយខាងក្រៅ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៧

[៣១៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​​មិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)។ ពួកភិក្ខុនីឯទៀត​ដែលមានរដូវ​មិនបាន​ប្រើប្រាស់​ផង)។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនលះបង់អាវសថចីវរ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)សោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនលះបង់អាវសថចីវរ​ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង) ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងមិន​លះបង់អាវសថចីវរ​ (ឲ្យដល់ភិក្ខុនីដទៃ) ហើយប្រើប្រាស់ (តែម្នាក់ឯង)ទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ មិនប្រគល់អាវសថចីវរ ហើយប្រើប្រាស់ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា អាវសថចីវរ បានដល់ចីវរ​ដែលទាយកប្រគេន​បម្រុង​ទុកដោយពាក្យថា ភិក្ខុនីទាំងឡាយដែលមានរដូវ​ចូរប្រើប្រាស់ចុះ។ ពាក្យថា មិនប្រគល់​ហើយប្រើប្រាស់ គឺភិក្ខុនី​ប្រើប្រាស់អស់ពីរបីរាត្រីហើយ ក្នុងថ្ងៃទីបួន លាងហើយ មិនប្រគល់​ឲ្យ​ដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយប្រើប្រាស់ (ម្នាក់ឯង) ត្រូវអាបត្តិបាចិត្តិយ។

[៣១៦] ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាមិនទាន់បានប្រគល់ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់បានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ឲ្យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា មិនទាន់បានប្រគល់ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរប្រគល់ឲ្យហើយ ភិក្ខុនីសំគាល់ថា ប្រគល់ឲ្យហើយ មិនត្រូវអាបត្តិ។

[៣១៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុនីប្រគល់ឲ្យ ហើយប្រើប្រាស់១ ភិក្ខុនីប្រើប្រាស់តាមវេនជាថ្មីទៀត១ ពួកភិក្ខុនីឯទៀតដែលមាន​រដូវ​ក៏មិនមាន (ហើយភិក្ខុនីនោះចេះតែប្រើទៅ មិនបានលះ)១ ភិក្ខុនីដែលចោរ​ដណ្តើមយកចីវរទៅ១ ភិក្ខុនី​ដែលមានចីវរវិនាស១ ភិក្ខុនីប្រើប្រាស់​ក្នុងពេលមានសេចក្តី​អន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៨

[៣១៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី​​មិនប្រគល់លំនៅ(ដល់អ្នកដទៃ) ហើយក៏ចៀស​ទៅកាន់​ចារិក។ ក៏សម័យនោះឯង ភ្លើងឆេះលំនៅរបស់ថុល្លនន្ទាភិក្ខុនី (នោះ)។ ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ ណ្ហើយចុះ យើងនឹង​ជញ្ជូន​របស់ចេញ។ ភិក្ខុនីទាំងឡាយពួកខ្លះ បាននិយាយយ៉ាងនេះថា នែនាងម្ចាស់ទាំងឡាយ យើងនឹងមិនជញ្ជូនទេ ក្រែងរបស់ណាមួយបាត់ទៅហើយ គេនឹងចោទប្រកាន់យើង ចំពោះរបស់ទាំងអស់។ ថុល្លនន្ទាភិក្ខុនីត្រឡប់មកកាន់លំនៅនោះវិញទៀត ហើយសួរភិក្ខុនីទាំងឡាយថា នែនាងម្ចាស់​ទាំងឡាយ ពួកនាងបានជញ្ជូន​របស់យើងចេញខ្លះដែរឬទេ។ ពួកភិក្ខុនីទាំងនោះតបថា នែនាងម្ចាស់ ពួកយើងមិនបានជញ្ជូនចេញទេ។ ថុល្លនន្ទាភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ កាលបើលំនៅត្រូវភ្លើងឆេះ មិនគួរបើនឹងមិនជញ្ជូន​របស់ចេញ​ផងសោះ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនប្រគល់លំនៅ (ឲ្យគេថែរក្សាសិន) ហើយសិមចៀសចេញទៅកាន់ចារិក​ដូច្នេះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក​ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរ​បើនឹងមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក​ទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ មិនប្រគល់លំនៅ ហើយចៀសចេញទៅកាន់ចារិក​ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលហៅថា លំនៅ សំដៅយកលំនៅ​ដែលមានសន្ទះទ្វារជាប់។ ពាក្យថា មិនប្រគល់ ហើយចៀសចេញទៅកាន់ចារិក សេចក្តីថា ភិក្ខុនីមិនប្រគល់​ដល់ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរីក្តី ហើយឈានកន្លង​របងនៃលំនៅដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនី​ឈានកន្លងឧបចារនៃលំនៅដែលមិនមានរបង ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣២០] លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាមិនបានប្រគល់ឲ្យ ហើយចៀស​ចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ លំនៅដែលខ្លួនមិនបានប្រគល់ ភិក្ខុនីសំគាល់ថាប្រគល់ហើយ ក៏ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនប្រគល់​លំនៅដែលគ្មាន​សន្ទះទ្វារជាប់ ហើយចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួន​ប្រគល់​ហើយ ភិក្ខុនីសំគាល់ថា មិនទាន់ប្រគល់ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ លំនៅដែលខ្លួនប្រគល់ហើយ ភិក្ខុនីសំគាល់ថា ប្រគល់ហើយ មិនត្រូវអាបត្តិ។

[៣២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីប្រគល់ ហើយទើបចៀសចេញទៅ១ កាលបើមានសេចក្តីអន្តរាយ ភិក្ខុនីក៏ចេញទៅស្វែងរក (គ្នានឹងប្រគល់​ឲ្យតែ) មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ ហើយក៏ចេញទៅ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី៩

[៣២២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា។​​មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងរៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ពួកភិក្ខុនី​បានឮមនុស្ស​ទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងរៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីរៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មាន​ព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរនឹងរៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣២៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះ​ឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា រៀន សេចក្តីថា ភិក្ខុនីរៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​បទ។ (បើ) រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗអក្សរ។

[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរៀនសរសេរ​អក្សរ១ ភិក្ខុនីរៀនធារណសាស្ត្រ​ ១ ភិក្ខុនីរៀនវិជ្ជាការពារខ្លួនសម្រាប់រក្សា (ខ្លួន)១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គ សិក្ខាបទទី១០

[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា។​​មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងបង្រៀនតិរច្ឆានវិជ្ជា ដូចជាពួកស្រីគ្រហស្ថ​ដែលបរិភោគកាមសោះ។ ភិក្ខុនី​បានឮច្បាស់នូវ​ពាក្យ​មនុស្ស​ទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ឯណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងបង្រៀនតិរច្ឆានវិជ្ជាសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីបង្រៀនតិរច្ឆានវិជ្ជា ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងបង្រៀនតិរច្ឆានវិជ្ជាទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ បង្រៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣២៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះ​ឈ្មោះថា តិរច្ឆានវិជ្ជា។ ពាក្យថា បង្រៀន គឺភិក្ខុនីបង្រៀនដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗ​បទ។ បង្រៀនដោយអក្សរ ត្រូវអាបត្តិបាចិត្តិយរាល់ៗអក្សរ។

[៣២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីបង្រៀនសរសេរ​១ ភិក្ខុនីបង្រៀនធារណសាស្ត្រ១ ភិក្ខុនីបង្រៀនវិជ្ជាការពារខ្លួនដើម្បីរក្សា (ខ្លួន)១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

ចិត្តាគារវគ្គទី៥ ចប់។

អារាមវគ្គ សិក្ខាបទទី១

[៣២៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ទ្រទ្រង់​តែចីវរមួយៗម្នាក់ ហើយធ្វើចីវរកម្ម (ដេរ ឬជ្រលក់ចីវរជាដើម) ក្នុងអាវាសដែលតាំង​នៅជិតស្រុក​តូចមួយ។ ភិក្ខុនីទាំងឡាយមិនបានប្រាប់​ ហើយចូលទៅកាន់អារាម រួចចូលទៅរក​ភិក្ខុទាំងឡាយ​នោះ។ ភិក្ខុទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងមិនប្រាប់ (ជាមុន) ហើយចូលមកកាន់អារាមសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ភិក្ខុនីទាំងឡាយ មិនប្រាប់ ហើយចូលទៅ​កាន់អារាម ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មាន​ជោគ ទ្រង់បន្ទោសថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនប្រាប់ ហើយចូលទៅ​កាន់អារាមទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួក​ជន ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ មិនបានប្រាប់ ហើយចូលទៅ​កាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តដល់​ភិក្ខុនីទាំងឡាយយ៉ាងនេះរួចហើយ។

[៣២៩] សម័យនោះឯង ភិក្ខុទាំងឡាយ​នោះចៀសចេញទៅចាកអាវាសនោះហើយ។ ភិក្ខុនីទាំងឡាយមិនបានមកកាន់អារាមដោយគិតថា លោកម្ចាស់ទាំងឡាយចៀសចេញទៅ​ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះត្រឡប់​មកអាវាសនោះវិញទៀត។ ភិក្ខុនី​ទាំងឡាយ​ដឹងថា លោកម្ចាស់ទាំងឡាយ​មកដល់ហើយ ៗក៏ប្រាប់ រួចចូលទៅកាន់​អារាមសំដៅ​ទៅរក​ភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុទាំងឡាយនោះ ហើយឈរនៅ​ក្នុងទី​គួរមួយ។ លុះភិក្ខុនីទាំងនោះ​ឈរនៅក្នុងទីគួរមួយហើយ ភិក្ខុទាំងឡាយនោះ ក៏និយាយ​ពាក្យនេះ​ថា នែនាងទាំងឡាយ ហេតុអ្វី ក៏នាងទាំងឡាយ​មិនបោសអារាម មិនដំកល់ទុក​នូវ​ទឹកផឹក ទឹកប្រើសោះ។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់​ទាំងឡាយ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនបានប្រាប់ មិនត្រូវចូលទៅ​កាន់អារាមដូច្នេះ ហេតុនោះ (បានជា) យើងខ្ញុំទាំងឡាយ មិនបានមក។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុនី​ប្រាប់ភិក្ខុដែល​មាននៅ ហើយចូលទៅ​កាន់អារាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ មិនបានប្រាប់ភិក្ខុ​ដែលមាននៅ ហើយចូលទៅ​កាន់អារាម ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បានបញ្ញត្តដល់​ពួកភិក្ខុនីយ៉ាងនេះរួចហើយ។

[៣៣០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយនោះចេញចាកអាវាសនោះ ហើយត្រឡប់មក​កាន់អាវាស​នោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ ក៏មិនបានប្រាប់ ហើយចូលទៅកាន់អារាម។ ភិក្ខុនីទាំងឡាយនោះមានសេចក្តី​រង្កៀសថា ព្រះដ៏​មានព្រះភាគ ទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនី​មិនទាន់​បានប្រាប់​ភិក្ខុដែលមាននៅ ហើយ​មិនត្រូវចូលទៅកាន់អារាមឡើយ ឯយើងទាំងឡាយ មិនបានប្រាប់​ភិក្ខុដែល​មាននៅហើយ ចូលទៅ​កាន់អារាម យើងទាំងឡាយ​ត្រូវអាបត្តិបាចិត្តិយដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ​ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដឹងហើយ មិនបាន​ប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។

[៣៣១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ដែលឈ្មោះថា ភិក្ខុនី​កាលដឹង (នោះ) គឺភិក្ខុនី​ដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ភិក្ខុនីនោះក្តី ពួកភិក្ខុដែលនៅក្នុងអារាមនោះប្រាប់ក្តី។ ភិក្ខុទាំងឡាយ​នៅក្នុងទីណា សូម្បី​ក្រោមម្លប់​ឈើ ទីនោះ (ក៏)ឈ្មោះថា អារាមមានភិក្ខុ។ ពាក្យថា ភិក្ខុនី​មិនបានប្រាប់​ ហើយចូល​ទៅកាន់អារាម សេចក្តីថា ភិក្ខុនី​មិនប្រាប់ភិក្ខុក្តី សាមណេរក្តី ញោមវត្តក្តី ហើយឈាន​កន្លង​របងវត្ត ដែលមានរបង ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុនីចូលទៅដល់ឧបចារ​វត្តដែលគ្មាន​របង ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣៣២] អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិបាចិត្តិយ។ អារាមដែលមានភិក្ខុ ភិក្ខុនីមាន​សេចក្តីសង្ស័យ មិនប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម ត្រូវអាបត្តិទុក្កដ។ អារាមដែលមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនបានប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាម មិនត្រូវអាបត្តិ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មានភិក្ខុ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អារាមដែលមិនមានភិក្ខុ ភិក្ខុនីសំគាល់ថា មិនមានភិក្ខុ មិនត្រូវអាបត្តិ។

[៣៣៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុនីប្រាប់ភិក្ខុ​ដែលមាននៅ ហើយទើបចូលទៅ១ ភិក្ខុនីមិនប្រាប់ ព្រោះគ្មានភិក្ខុ ហើយចូលទៅ១ ភិក្ខុនីដែលក្រឡេកឃើញសីស (ភិក្ខុនី​ដែលចូលទៅមុន) ហើយទើបទៅ១ ពួកភិក្ខុនី​ប្រជុំនៅក្នុងទីណា ភិក្ខុនីនោះ ក៏ទៅក្នុងទីនោះ១ ភិក្ខុនីដើរតាមផ្លូវ​ដែលមានក្នុងវត្ត១  ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី២

[៣៣៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងព្រៃ​មហាវន ទៀបក្រុងវេសាលី។ គ្រានោះឯង ព្រះកប្បិតកដ៏មានអាយុ ជាឧបជ្ឈាយ៍​ព្រះឧបាលិដ៏មាន​អាយុ គង់នៅក្នុងព្រៃស្មសាន។ សម័យនោះឯង ភិក្ខុនីដែលជាធំជាង​ពួកឆព្វគ្គិយាភិក្ខុនី​ធ្វើមរណកាល។ ពួកឆព្វគ្គិយាភិក្ខុនីនាំភិក្ខុនី​នោះទៅ ហើយដុតភិក្ខុនីនោះ​ក្នុងទីមិនឆ្ងាយ​ពីកុដិ​ព្រះកប្បិតក​ដ៏មាន​អាយុ ហើយធ្វើស្តូប (ចេតិយ) ហើយតែងទៅយំជិតស្តូបនោះ។ គ្រានោះឯង ព្រះកប្បិតក​ដ៏មាន​អាយុ ធុញទ្រាន់នឹងសំឡេងនោះ ទំលាយស្តូបនោះឲ្យខ្ចាត់ខ្ចាយចេញ។ ពួកឆព្វគ្គិយាភិក្ខុនី​ប្រឹក្សា​គ្នាថា លោកកប្បិតកនេះទំលាយ​ស្តូបភិក្ខុនីជាម្ចាស់របស់យើង បើដូច្នោះ មានតែយើង​នឹង​សម្លាប់​លោកកប្បិតកនោះ។ ភិក្ខុនី១រូបប្រាប់រឿងនុ៎ះ​ដល់ព្រះឧបាលិដ៏មានអាយុ។ ព្រះឧបាលិដ៏មាន​អាយុ​ប្រាប់រឿងនុ៎ះ​ដល់ព្រះកប្បិតកដ៏មានអាយុ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ​ចេញ​ពីកុដិទៅពួន។ ឯពួកឆព្វគ្គិយាភិក្ខុនី ចូលតម្រង់ទៅឯលំនៅព្រះកប្បិតកដ៏មានអាយុ លុះចូល​ទៅហើយ ក៏ចោលកុដិព្រះកប្បិតកដ៏មានអាយុ​ដោយដុំថ្មផង ដោយដុំដីផង ហើយក៏ចៀស​ចេញ​ទៅ​ដោយគិតថា លោកកប្បិតកស្លាប់ហើយ។ លំដាប់នោះឯង ព្រះកប្បិតកដ៏មានអាយុ លុះកន្លង​រាត្រីនោះ ក៏ស្លៀក ហើយប្រដាប់បាត្រ និងចីវរក្នុងពេលព្រឹកព្រហាម ហើយចូលទៅ​កាន់ក្រុង​វេសាលី​ដើម្បីបិណ្ឌបាត។ ពួកឆព្វគ្គិយាភិក្ខុនី​បានឃើញលោកកប្បិតកដ៏មានអាយុ​កំពុង​ត្រេច​ទៅបិណ្ឌបាត លុះឃើញហើយ បាននិយាយ​យ៉ាងនេះថា លោកកប្បិតកនេះ​នៅរស់ (ទេតើ) អ្នកណាហ្ន៎ នាំសេចក្តីប្រឹក្សា (អាថ៌កំបាំង) យើងទៅ (ប្រាប់លោក)។ ពួកឆព្វគ្គិយាភិក្ខុនីបានឮ​ដូច្នេះថា ដំណឹងថា លោកម្ចាស់ឧបាលិនាំសេចក្តីប្រឹក្សាយើងទៅប្រាប់។ ពួកឆព្វគ្គិយាភិក្ខុនី​ទាំងនោះ ក៏នាំគ្នាជេរព្រះឧបាលិដ៏មានអាយុថា លោកខ្មាន់ព្រះកេសនេះ ជាអ្នកដុសក្អែល (គេ) មានជាតិដ៏ថោកទាប មិនសមបើ​នឹងនាំយកសេចក្តី​ប្រឹក្សារបស់យើងទៅប្រាប់សោះ។ ពួកភិក្ខុនី​ណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយាភិក្ខុនី មិនសមបើនឹងមកនាំគ្នាជេរលោកម្ចាស់ឧបាលិសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំង​ឡាយ ឮថា ពួកឆព្វគ្គិយាភិក្ខុនីជេរឧបាលិ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួកឆព្វគ្គិយាភិក្ខុនី មិនគួរបើនឹងជេរឧបាលិទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​​ដល់​ជនទាំងឡាយ ដែលមិនទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ ជេរគំរាមភិក្ខុ ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៣៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​​សិក្ខាបទទី១​នៃ​បារាជិក​កណ្ឌ​រួច​ហើយ។ ពាក្យថា ភិក្ខុ បានដល់ឧបសម្បន្ន។ ពាក្យថា ជេរ គឺភិក្ខុនី​ជេរដោយអក្កោសវត្ថុ​ទាំង១០ ឬបណ្តាអក្កោសវត្ថុទាំង១០នោះ ដោយអក្កោសវត្ថុណាមួយ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា គំរាម គឺភិក្ខុនីសំដែងសេចក្តីខ្លាច ត្រូវអាបត្តិបាចិត្តិយ។

[៣៣៦] ឧបសម្បន្ន ភិក្ខុនីសំគាល់ថា ឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុនីសំគាល់ថា មិនមែនឧបសម្បន្ន ហើយជេរក្តី គំរាមក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីជេរក្តី គំរាមក្តី នូវអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុនីសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។

[៣៣៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថឲ្យជា​ប្រធាន១ ធ្វើធម៌ឲ្យជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅឲ្យជាប្រធាន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៣

[៣៣៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ចណ្ឌកាលីភិក្ខុនី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា បង្កើតអធិករណ៍ក្នុងសង្ឃ។ កាលសង្ឃកំពុងធ្វើកម្មដល់​ចណ្ឌកាលីភិក្ខុនីនោះ ថុល្លនន្ទាភិក្ខុនីក៏ហាមឃាត់។

[៣៣៩] គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានទៅកាន់ស្រុកតូច (មួយ) ដោយកិច្ចនីមួយ។ ទើបភិក្ខុនី​សង្ឃ​​ដឹងថា ថុល្លនន្ទាភិក្ខុនីចៀសចេញ​ទៅហើយ ក៏លើក​វត្ត​ចំពោះ​ចណ្ឌកាលីភិក្ខុនី ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ។ ថុល្លនន្ទាភិក្ខុនីសម្រេច​កិច្ចនោះក្នុងស្រុកតូចហើយ ក៏ត្រឡប់មក​ក្រុង​សាវត្ថី​វិញទៀត។ ចណ្ឌកាលី​ភិក្ខុនី កាលដែលថុល្លនន្ទាភិក្ខុនី​មក ក៏មិនក្រាល​អាសនៈ មិន​ដម្កល់​ទឹកលាងជើង តាំងរងជើង ជ្រញ់កល់ជើង មិនក្រោក​ទទួល​បាត្រ​ចីវរ មិនអើពើ​ដោយ​ទឹកផឹក។ ថុល្លនន្ទាភិក្ខុនី​បាននិយាយ​ពាក្យនេះ​នឹង​ចណ្ឌកាលី​ភិក្ខុនីថា នែនាងម្ចាស់ កាលបើ​យើងមកដល់ ហេតុអ្វី​ក៏នាង​មិនក្រាល​អាសនៈ មិន​ដម្កល់​ទឹក​លាងជើង តាំង​សម្រាប់រងជើង ជ្រញ់​រងជើង មិនក្រោក​ទទួល​បាត្រ​ចីវរ មិនអើពើ​ដោយទឹកផឹកសោះ។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែនាងម្ចាស់ ​បានជាខ្ញុំមិនធ្វើកិច្ចទាំងអម្បាលនេះ ព្រោះខ្ញុំ​ជាស្រី​អនាថា។ ថុល្លនន្ទាភិក្ខុនី​សួរ​ថា នែនាងម្ចាស់ នាង​ជាស្រី​អនាថា ព្រោះហេតុអ្វី។ ចណ្ឌកាលី​ភិក្ខុនី​និយាយ​ថា នែនាងម្ចាស់ ភិក្ខុនី​អស់​នេះ លើកវត្ត​ចំពោះខ្លួនខ្ញុំ ព្រោះ​មិនឃើញ​អាបត្តិ ដោយគិតគ្នាថា ភិក្ខុនីនេះ ជាស្រី​អនាថា គ្មានអ្នកណាស្គាល់ គ្មានអ្នកណាមួយគោរពកោតក្រែងដល់ភិក្ខុនីនេះទេ។ ថុល្លនន្ទាភិក្ខុនី​និយាយថា ពួកភិក្ខុនីអស់នុ៎ះល្ងង់ ពួកភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់​កម្ម​ក្តី ទោសរបស់​កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិ​ក្តី ដូច្នេះ ហើយក៏ផ្តាសាគណភិក្ខុនីដោយ​សេចក្តី​កំណាច។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់​ថុល្លនន្ទា មិនសមបើនឹងផ្តាសាគណភិក្ខុនីដោយសេចក្តី​កំណាចសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថាថុល្លនន្ទាភិក្ខុនី ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាច ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹង​ផ្តាសាគណភិក្ខុនី ដោយសេចក្តីកំណាចទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ ផ្តាសាគណភិក្ខុនី​ដោយសេចក្តី​កំណាច ភិក្ខុនី​នោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលហៅថា កំណាច សំដៅយកសេចក្តីក្រោធ។ ដែលហៅថា គណភិក្ខុនី សំដៅយកភិក្ខុនីសង្ឃ។ ពាក្យថា ផ្តាសា គឺភិក្ខុនីផ្តាសាថា ភិក្ខុនីអស់នុ៎ះល្ងង់ ភិក្ខុនីអម្បាលនុ៎ះមិនឆ្លាស ពួកភិក្ខុនីទាំងនុ៎ះមិនស្គាល់​កម្មក្តី ទោសរបស់កម្មក្តី កម្មវិបត្តិក្តី កម្មសម្បត្តិក្តីដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីផ្តាសា​ភិក្ខុនី​ច្រើនរូបក្តី មួយរូបក្តី អនុបសម្បន្នក្តី ត្រូវអាបត្តិទុក្កដ។

[៣៤១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីធ្វើអត្ថជា​ប្រធាន១ ធ្វើធម៌ជាប្រធាន១ ធ្វើពាក្យប្រៀនប្រដៅជាប្រធាន១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៤

[៣៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តពួកភិក្ខុនីឲ្យឆាន់។ ពួកភិក្ខុនីឆាន់ហើយ ហាមភត្តហើយ ក៏ទៅកាន់ត្រកូលជាញាតិទាំងឡាយ ហើយភិក្ខុនីពួកខ្លះឆាន់ (ទៀត) ពួកខ្លះ (គ្រាន់តែ) នាំយកបិណ្ឌបាតទៅ។ គ្រានោះឯង ព្រាហ្មណ៍នោះបាននិយាយពាក្យនេះនឹងពួក​មនុស្ស​ដែលស្និទ្ធស្នាលថា នែអ្នកម្ចាស់ទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ពួកភិក្ខុនី​ឲ្យឆាន់​បរិបូណ៌​ហើយ ចូរអ្នកទាំងឡាយមកចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឆ្អែតស្កប់ស្កល់ទៀត។ ពួកមនុស្សទាំងនោះ បាននិយាយពាក្យយ៉ាងនេះថា នែអ្នកម្ចាស់ អ្នកនឹងឲ្យពួកយើងឆ្អែតស្កប់ស្កល់ដូចម្តេច ពួកភិក្ខុនី​ឯណាដែលអ្នកនិមន្ត ពួកភិក្ខុនីនោះ មកផ្ទះអស់យើងហើយ ពួកខ្លះក៏ឆាន់ ពួកខ្លះក៏នាំយក​ចង្ហាន់​បិណ្ឌបាតទៅហើយ។ ទើបព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី​មិនសមបីនឹងឆាន់ក្នុងផ្ទះយើងរួចហើយ (ទៅ) ឆាន់ក្នុងផ្ទះដទៃ (ទៀត)សោះ ហាក់ដូចជា​ខ្ញុំមិន​អាច​ឲ្យ (លោកឆាន់) ដរាបដល់ឆ្អែតបាន។ ភិក្ខុនីទាំងឡាយបានឮព្រាហ្មណ៍នោះពោល​ទោសតិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្ត​ហើយ មិនសមបីនឹង (ទៅ)ឆាន់ក្នុងទីដទៃ(ទៀត)សោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ (ទៅ)ឆាន់ក្នុងទីដទៃ​(ទៀត) ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ ឆាន់ហើយ ហាមភត្តហើយ មិនគួរបើនឹង ឆាន់ក្នុងទីដទៃ(ទៀត)ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាង​នេះ​ថា ភិក្ខុនី​ណាមួយ​ ដែលគេនិមន្តហើយក្តី ហាមភត្តហើយក្តី ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ភិក្ខុនីដែលឈ្មោះថា គេនិមន្ត គឺភិក្ខុនី​ដែលគេនិមន្ត បណ្តាភោជន​៥យ៉ាង ដោយភោជនណាមួយ។ ភិក្ខុនីដែលឈ្មោះថា ហាមភត្ត គឺកិរិយាឆាន់ក៏ប្រាកដ ភោជនក៏​ប្រាកដ ភិក្ខុនីស្ថិតនៅក្នុងហត្ថបាស ទាយកបង្អោនរបស់មកចំពោះមុខ ភិក្ខុនីហាមឃាត់ក៏​ប្រាកដ។ វត្ថុដែលឈ្មោះថា ខាទនីយ គឺលើកទុកតែភោជន៥យ៉ាង និងបបរ យាមកាលិក សត្តាហកាលិក យាវជីវិកចេញ ក្រៅពីនោះ ឈ្មោះថា ខាទនីយទាំងអស់។ ដែលហៅថា ភោជនីយ បានដល់ភោជន​៥យ៉ាង គឺបាយ នំកុម្មាស សដូវ ត្រី សាច់។ ភិក្ខុនីទទួល​ដោយ​គិតថា អញ​នឹងទំពាស៊ី នឹងបរិភោគ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ​វារៈ​ដែល​លេបចូលទៅ។

[៣៤៤] ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា និមន្តហើយ ៗទំពាស៊ី ឬបរិភោគ នូវខាទនីយ​ក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសង្ស័យ ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនគេនិមន្តហើយ ភិក្ខុនីសំគាល់ថា មិនបាន​និមន្ត ហើយទំពាស៊ី ឬបរិភោគ នូវខាទនីយក្តី ភោជនីយក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនី​ទទួល​យាមកាលិក សត្តាហកាលិក យាវជីវិក ប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនី​ត្រូវ​អាបត្តិទុក្កដគ្រប់វារៈ​ដែលលេបចូលទៅ។

[៣៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីដែលគេ​មិន​និមន្ត១ ភិក្ខុនីមិនបានហាមភត្ត១ ភិក្ខុនីផឹកបបរ១ ភិក្ខុនីប្រាប់ម្ចាស់ទាន ហើយទើបបរិភោគ១ កាលបើមានបច្ច័យ (មានហេតុ) ភិក្ខុនីបរិភោគយាមកាលិក សត្តាហកាលិក និងយាវជីវិក១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៥

[៣៤៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ១រូបត្រេចទៅបិណ្ឌបាត​តាមច្រកតូច១ ក្នុងក្រុងសាវត្ថី ចូលទៅរកត្រកូល១ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ​ ដែលគេក្រាលទុកហើយ។ លំដាប់នោះឯង ពួកមនុស្សទាំងនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយ​ពាក្យនេះថា បពិត្រ​លោកម្ចាស់ ភិក្ខុនីទាំងឡាយ សូម្បីដទៃក៏និមន្តមកចុះ។ ទើបភិក្ខុនីនោះ​គិតថា ធ្វើដូចម្តេច កុំឲ្យ​ភិក្ខុនីទាំងឡាយដទៃមកបានដូច្នេះ ហើយក៏ចូលទៅរកភិក្ខុនីទាំងឡាយ រួចបាន​និយាយ​ពាក្យនេះ​ថា នែនាងម្ចាស់ ក្នុងទីឯណោះ មានឆ្កែសាហាវ មានគោកាច មានកន្លែងផុត នាង​ទាំងឡាយ​កុំទៅ​ក្នុងទីនោះឡើយ។ ភិក្ខុនី១រូបទៀតត្រេចទៅបិណ្ឌបាតក្នុងច្រកតូចនោះ ចូល​ទៅរកត្រកូល​នោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈដែលគេតាំងទុកហើយ។ ទើបមនុស្ស​ទាំងឡាយ​នោះឲ្យ​ភិក្ខុនីនោះឆាន់ ហើយបាននិយាយ​ពាក្យនេះថា បពិត្រលោក​ម្ចាស់ ហេតុអ្វីក៏ភិក្ខុនី​ទាំងឡាយ​មិនមក។ ទើបភិក្ខុនីនោះប្រាប់​ដំណើរនុ៎ះ​ដល់មនុស្សទាំងនោះ។ មនុស្សទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី​មិនសមបើនឹង​ប្រព្រឹត្តកំណាញ់​ត្រកូលសោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីប្រព្រឹត្តកំណាញ់ត្រកូល ពិត​មែន​ឬ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនី មិនគួរបើនឹងប្រព្រឹត្តកំណាញ់ត្រកូលទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំង​ឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ មានសេចក្តីកំណាញ់ត្រកូល ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ដែលហៅថា ត្រកូល បានដល់ត្រកូល៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ អ្នកធ្វើស្រែ ធ្វើចំការ១ ត្រកូលអ្នកស៊ីឈ្នួល១។ ពាក្យថា មានសេចក្តីកំណាញ់ គឺភិក្ខុនីពោលទោសត្រកូលក្នុងសំណាក់ភិក្ខុនីទាំងឡាយ ដោយគិតថា ធ្វើដូចម្តេចកុំឲ្យភិក្ខុនីទាំងឡាយមកបានដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ឬភិក្ខុនី​ពោលទោសភិក្ខុនី​ទាំងឡាយក្នុងសំណាក់ត្រកូល ក៏ត្រូវអាបត្តិបាចិត្តិយ។

[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមិនប្រព្រឹត្ត​កំណាញ់១ ភិក្ខុនីប្រាប់ទោសដែលមានពិត១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៦

[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុក​ក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ (ឯទៀត) បាននិយាយពាក្យនេះនឹងភិក្ខុនីទាំង​នោះថា លោកម្ចាស់ទាំងឡាយចាំ​វស្សាក្នុងទីណា ការទូន្មានបានមាំមួនដែរឬ ។ ភិក្ខុនីទាំងឡាយនោះនិយាយថា នែនាងម្ចាស់ ពួកភិក្ខុក្នុងទីនោះគ្មានទេ ការទូន្មាន​នឹងបានមាំមួនពីណា។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងនៅចាំវស្សា​ក្នុងអាវាស​គ្មានភិក្ខុសោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយនៅចាំ​វស្សាក្នុងអាវាសមិនមានភិក្ខុ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរ​បើ​នឹងនៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជនទាំងឡាយ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ នៅចាំវស្សាក្នុងអាវាស​ឥតភិក្ខុ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥០] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ អាវាសដែលភិក្ខុមិនអាច​នឹងទៅឲ្យឱវាទក្តី នៅរួមក្តី ឈ្មោះថា អាវាស​ឥតភិក្ខុ។ ភិក្ខុនីតាំងចិត្តថា អញនឹងនៅចាំវស្សា​ដូច្នេះ ហើយក្រាលសេនាសនៈ ដម្កល់ទឹកផឹក ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ព្រមគ្នានឹងអរុណរះឡើង។

[៣៥១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុទាំងឡាយនៅចាំ​វស្សា ហើយចៀសចេញទៅក្តី សិកទៅក្តី ស្លាប់ក្តី ចូលពួក (គឺទៅចូលសាសនាដទៃ)ក្តី១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៧

[៣៥២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុក​ក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងភិក្ខុនីទាំងឡាយ​នោះថា នាងម្ចាស់ទាំងឡាយនៅចាំ​វស្សាក្នុងទីណា ហើយបវារណានឹងភិក្ខុសង្ឃដែរឬ។ ភិក្ខុនី​ទាំងឡាយ​នោះនិយាយថា នែនាងម្ចាស់ ពួកយើងមិនបានបវារណានឹងភិក្ខុសង្ឃទេ។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនសមនឹងមិនបវារណានឹងភិក្ខុសង្ឃសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយនៅចាំវស្សាហើយ មិនបវារណា​នឹងភិក្ខុសង្ឃ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ នៅចាំវស្សាហើយ មិនគួរ​បើនឹង​មិនបវារណានឹងភិក្ខុសង្ឃទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ នៅចាំវស្សាហើយ មិនបវារណា​នឹងឧភតោ ដោយ​ស្ថានបី​យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ ភិក្ខុនីនៅអស់ត្រ័យមាសខាងដើមក្តី អស់ត្រ័យមាសខាងចុងក្តី ឈ្មោះថា នៅចាំវស្សាហើយ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនបវារណានឹងឧភតោសង្ឃ ដោយស្ថាន​បីយ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី ត្រូវអាបត្តិបាចិត្តិយ។

[៣៥៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរក (ឧភតោសង្ឃ)មិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៨

[៣៥៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់លំនៅ​ភិក្ខុនី ហើយទូន្មានពួកឆព្វគ្គិយា​ភិក្ខុនី។ ភិក្ខុនីទាំងឡាយ បាននិយាយពាក្យនេះនឹងពួកឆព្វគ្គិយាភិក្ខុនីថា នែលោកម្ចាស់​ទាំង​ឡាយ ចូរលោកទាំងឡាយមក ពួកយើងនឹងទៅ (ស្តាប់) ឱវាទ។ ពួកឆព្វគ្គិយាភិក្ខុនី និយាយថា នែលោកម្ចាស់ទាំងឡាយ ពួកយើងមិនបាច់ទៅដោយហេតុឱវាទទេ ព្រោះលោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ តែងមកទូន្មានយើងក្នុងទីនេះឯង។ ភិក្ខុនី​ទាំងឡាយ​ណា​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនី​ទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសម​បើនឹងមិនទៅកាន់ទីស្តាប់ឱវាទសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ឆព្វគ្គិយា​ភិក្ខុនី មិនទៅកាន់ទីស្តាប់ឱវាទ ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​ទ្រង់ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ឆព្វគ្គិយាភិក្ខុនី​ទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនី​ណាមួយ​ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​នៃ​បារាជិកកណ្ឌ​រួច​ហើយ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។ កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា ឈ្មោះថា នៅរួបរួម។ ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនទៅដើម្បី​ឱវាទក្តី ដើម្បី​នៅរួបរួមក្តី ត្រូវអាបត្តិបាចិត្តិយ។

[៣៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី៩

[៣៥៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយមិនសួរឧបោសថផង មិនសូមឱវាទផង។ ភិក្ខុទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំងឡាយ មិនសមបើ​នឹងមិនសួរ​ឧបោសថផង មិនសូមឱវាទផងសោះ។បេ។ ​ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយ មិនសួរឧបោសថផង មិនសូមឱវាទផង ពិត​មែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងមិនសួរឧបោសថផង មិនសូមឱវាទផងទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនី​ទាំងឡាយ ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីត្រូវ​ប្រាថ្នាធម៌ពីរ​យ៉ាង​អំពី​ភិក្ខុសង្ឃ គឺសួរឧបោសថ១ ចូលទៅទទួលឱវាទ១ រាល់ៗកន្លះខែ កាលភិក្ខុនី​ឲ្យកន្លង​កន្លះខែ​នោះទៅ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៥៩] ត្រង់ពាក្យថា រាល់ៗកន្លះខែ គឺគ្រប់ថ្ងៃឧបោសថ។ ឧបោសថពីរយ៉ាង គឺឧបោសថ​ក្នុងតិថីទី១៤មួយ ឧបោសថ​ក្នុងតិថីទី១៥មួយ ឈ្មោះថា ថ្ងៃឧបោសថ។ គរុធម៌ទាំង៨ ឈ្មោះថា​ឱវាទ។  ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនសួរឧបោសថក្តី មិនសូមឱវាទក្តី ត្រូវអាបត្តិ​បាចិត្តិយ។

[៣៦០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនី​មាន​សេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមាន​សេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីជាខាង​ដើមបញ្ញត្តិ១។

អារាមវគ្គ សិក្ខាបទទី១០

[៣៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប តែម្នាក់នឹងម្នាក់ជាមួយនឹងបុរស ឲ្យគេទំលាយ​ពក ឬបូសដែលកើតត្រង់កាយខាងក្រោម។ គ្រានោះឯង បុរសនោះព្យាយាមដើម្បីប្រទូស្ត​នឹងភិក្ខុនី​នោះ។ ភិក្ខុនីនោះបានធ្វើសម្រែកខ្លំាង។ ភិក្ខុនីទាំងឡាយ​ក៏ស្ទុះចូលទៅ ហើយនិយាយពាក្យនេះ​នឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏នាងធ្វើសម្រែកខ្លំាងម្ល៉េះ។ ទើបភិក្ខុនីនោះប្រាប់​ដំណើរ​នុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ជាមួយនឹងបុរស មិនសមបើ​ នឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមសោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរសឲ្យទំលាយពក ឬបូសដែលកើត​ត្រង់កាយខាងក្រោម ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយ​នឹង​បុរស មិនគួរបើនឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរ​ភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ​មិនបានប្រាប់សង្ឃក្តី គណៈក្តី ហើយតែម្នាក់នឹងម្នាក់​ជាមួយនឹងបុរសឲ្យទំលាយក្តី វះក្តី លាងក្តី លាបក្តី ចងក្តី ស្រាយក្តី នូវពកក្តី របួសក្តី ដែលកើតត្រង់កាយខាងក្រោម ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ សរីរប្រទេសខាងក្រោម ត្រឹមផ្ចិតចុះទៅ ខាងលើ ត្រឹមមណ្ឌល​ជង្គង់​ឡើងមក ហៅថា កាយខាងក្រោម។ ពាក្យថា កើត គឺកើតក្នុងទីក្រោមផ្ចិត ខាងលើមណ្ឌលជង្គង់​នោះ។ ដែលហៅថា ពក ឬបូស គឺពក ឬបូសណាមួយ។ ដែលហៅថា របួស គឺដំបៅណាមួយ។ ពាក្យថា មិនប្រាប់ គឺមិនពិតទូល។ ដែលហៅថា សង្ឃ (ក្នុងទីនេះ) សំដៅយក​ភិក្ខុនីសង្ឃ។ ដែល​ហៅថា គណៈ សំដៅយកភិក្ខុនី​ច្រើនរូប (ពីរបីរូប)។ ដែលហៅថា បុរស គឺមនុស្សប្រុស​ដែល​ដឹងក្តី អាច​ប្រទូស្តបាន មិនមែនយក្សប្រុស ប្រេតប្រុស តិរច្ឆានឈ្មោលទេ។ ពាក្យថា ជាមួយ គឺ​ជាមួយ​គ្នា។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺមានតែ​ប្រុស១ និងភិក្ខុនី១ប៉ុណ្ណោះ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​ទំលាយ​ចុះ ត្រូវអាបត្តិទុក្កដ កាលបើគេទំលាយហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នក​ចូរវះចុះ ត្រូវអាបត្តិទុក្កដ កាលបើគេវះហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នក​ចូរលាង​ចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាងហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​លាបចុះ ត្រូវអាបត្តិទុក្កដ កាលបើគេលាបហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​រុំចុះ ត្រូវ​អាបត្តិ​ទុក្កដ កាលបើគេចងរុំហើយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីបង្គាប់ថា អ្នកចូរ​ស្រាយចុះ ត្រូវ​អាបត្តិទុក្កដ កាលបើគេស្រាយហើយ ត្រូវអាបត្តិបាចិត្តិយ។

[៣៦៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីប្រាប់(សង្ឃ ឬគណៈ) ហើយទើបឲ្យគេទំលាយក្តី ឲ្យវះក្តី ឲ្យលាងក្តី ឲ្យលាបក្តី ឲ្យចងរុំក្តី ឲ្យស្រាយក្តី១ មានស្រីណាមួយ​ដែលដឹងក្តី​ជាគ្នា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

អារាមវគ្គទី៦ ចប់។

គព្ភិនីវគ្គ សិក្ខាបទទី១

[៣៦៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យឧបសម្បទាដល់ស្រីមានគភ៌។ ភិក្ខុនី​មាន​គភ៌នោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយនិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយ​ប្រគេន​ភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគភ៌ធ្ងន់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមានគភ៌សោះ។ ភិក្ខុនី​ទាំងឡាយ​បានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់ស្រីមាន​គភ៌​សោះ។បេ។ ​ព្រះអង្គទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីមានគភ៌ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យ​ឧបសម្បទា​ដល់ស្រីមានគភ៌ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ​ឲ្យឧបសម្បទាដល់ស្រីមានគភ៌ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា ស្រីមានគភ៌ សំដៅយកស្រីដែលមានសត្វ​មកដល់​ផ្ទៃ​ហើយ។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយ​ស្វែងរក​គណៈក្តី អាចរិនីក្តី​ បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៦៦] ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមានគភ៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថា មានគភ៌ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីមិនមានគភ៌ ភិក្ខុនី​សំគាល់​ថា មិនមានគភ៌ មិនត្រូវអាបត្តិ។

[៣៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមានគភ៌ ភិក្ខុនី​សំគាល់​ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា១ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់​ថាមិនមាន​គភ៌ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី២

[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រី​មេដោះ។ ភិក្ខុនីនោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយបាននិយាយយ៉ាងនេះថា ចូរអ្នក​ទាំងឡាយឲ្យ​ភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគ្នីគ្នា។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រី​មេដោះសោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទា​ដល់ស្រីមេដោះ​សោះ។បេ។ ​ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីមេដោះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹង​ឲ្យឧបសម្បទា​ដល់ស្រី​មេដោះ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាល​ភិក្ខុទាំងឡាយ ចូរភិក្ខុនី​ទាំងឡាយ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុនីណាមួយ​ ឲ្យឧបសម្បទាដល់ស្រីមេដោះ ភិក្ខុនីនោះ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៦៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា ស្រីមេដោះ គឺមាតាក្តី ស្រីមេដោះមែនៗក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដ​ទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរលើក ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧០] ស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ ស្រីមេដោះ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមេដោះ ភិក្ខុនី​សំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ មិនមែនស្រីមេដោះ ភិក្ខុនី​សំគាល់ថា ស្រីមេដោះ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ មិនត្រូវអាបត្តិ។

[៣៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមេដោះ ភិក្ខុនី​សំគាល់​ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់​ថាមិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៣

[៣៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​សិក្ខមានា ​ ដែលមិនបានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាង អស់​ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយ(ដែលទើបនឹងបួស) នោះ ជាស្រីល្ងង់ មិនឆ្លាស មិនដឹងការគួរ​ឬការ​មិនគួរ។ ភិក្ខុនី​ទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បាន​សិក្សាសិក្ខា​ក្នុង​ធម៌៦យ៉ាង អស់ពីរឆ្នាំ​សោះ។បេ។ ​ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំង​ឡាយ ឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ ពិត​មែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏​ទ្រង់ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់សិក្ខាមានា​ដែលមិន​បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឲ្យ​ភិក្ខុនីសង្ឃ​ឲ្យ​សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់សិក្ខមានា។ ម្នាលភិក្ខុទាំងឡាយ ក៏​ឯសិក្ខាសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានានោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយសំពះ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះ​នឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំនឹងសង្ឃ។ សិក្ខាសម្មតិ​នោះ ត្រូវ​សិក្ខមានា​នោះសូម​អស់វារៈ​​ជាគំរប់ពីរដងផង ត្រូវសូមអស់វារៈជាគំរប់បីដងផង។ ភិក្ខុនីដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះមានឈ្មោះនេះ ជាសិក្ខមានា​របស់​លោក​ម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិក្នុងធម៌៦យ៉ាង អស់ពីរឆ្នាំ​នឹង​សង្ឃ។ បើ​សិក្ខាសម្មតិ​កម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យសិក្ខាសម្មតិ​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់​សិក្ខមានា​ឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងនេះ​មាន​ឈ្មោះនេះ ជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ សូមសិក្ខាសម្មតិ​ក្នុងធម៌​៦យ៉ាង អស់​ពីរឆ្នាំ​​នឹង​សង្ឃ។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានាមាន​ឈ្មោះនេះ។ ការឲ្យ​សិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានាមាន​ឈ្មោះនេះ គួរដល់​លោកម្ចាស់​អង្គ​ណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវ​និយាយ​ឡើង។ សង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ដល់សិក្ខមានា​មាន​ឈ្មោះនេះ​ហើយ។ ការឲ្យសិក្ខាសម្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូម​ចាំទុក​នូវ​រឿង​នេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សិក្ខមានានោះ ត្រូវភិក្ខុនីបង្គាប់ថា នាងចូរថាយ៉ាងនេះ ហើយ​បញ្ចេញវចីភេទថា ខ្ញុំសូមសមាទាននូវ​បាណាតិបាតាវេរមណី ជាសមាទានមិនកន្លង​(ដាច់) អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​អទិន្នាទានាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូម​សមាទាន​នូវ​អព្រហ្មចរិយាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​មុសាវាទាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​សុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ ខ្ញុំសូមសមាទាននូវ​វិកាលភោជនាវេរមណី ជាសមាទានមិនកន្លង​ អស់ពីរឆ្នាំ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសភិក្ខុនីទាំងឡាយនោះដោយបរិយាយជាច្រើន។បេ។ ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ បើយ៉ាងហ្នឹង ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាដែលមិនបានសិក្សាសិក្ខាក្នុងធម៌​ទាំងឡាយ៦អស់ពីរវស្សា ភិក្ខុនី​នោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៧៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ដែលហៅថា សិក្ខមានា ដែលមិនបាន​សិក្សាសិក្ខា គឺសិក្ខមានាដែលភិក្ខុនី​មិនបានឲ្យសិក្ខាក្តី សិក្ខមានាដែលភិក្ខុនី​បានឲ្យសិក្ខាហើយ តែសិក្ខានោះដាច់ទៅក្តី។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ភិក្ខុនី​គិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧៤] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ(សិក្ខមានា) ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីញុំាងសិក្ខមានា​ដែលបានសិក្សាសិក្ខាក្នុងធម៌ ៦ យ៉ាង អស់ពីរឆ្នាំ​ឲ្យបាន​ឧបសម្បទា ១ ភិក្ខុនី​ឆ្កួត ១ ភិក្ខុនីធ្វើកន្លង​​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៤

[៣៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​សិក្ខមានា​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំដែលសង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ (រូបឯទៀត) បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ ពួកនាងចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក សេចក្តីត្រូវការដោយរបស់នេះ ពួកនាង​ចូរធ្វើ​របស់នេះ​ឲ្យជាកប្បិយ។ សិក្ខមានាទាំងនោះបាននិយាយពាក្យយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំ​មិនមែន​ជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹង​ឲ្យឧបសម្បទា​ដល់សិក្ខាមានា​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដែលសង្ឃមិនបានសន្មត​​សោះ។បេ។ ទ្រង់ត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់​សិក្ខាមានា​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដែលសង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុ​ទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យឧបសម្បទា​​ដល់សិក្ខាមានា​​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាង​អស់​ពីរឆ្នាំដែលសង្ឃ​មិនបានសន្មតសោះ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឲ្យ​ភិក្ខុនីសង្ឃ​ឲ្យ​វុដ្ឋានសម្មតិ ដល់សិក្ខមានាដែលសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ​ហើយ។ ម្នាលភិក្ខុទាំងឡាយ ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ គឺសិក្ខមានាដែលសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយ​ថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយ​យ៉ាងនេះនឹង​សង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំជាសិក្ខមានារបស់​លោកម្ចាស់មានឈ្មោះនេះ បានសិក្សា​សិក្ខា​ក្នុង​ធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ សិក្ខមានា ត្រូវសូមវុដ្ឋានសម្មតិ ​អស់វារៈ​គំរប់ពីរដងផង។ ត្រូវសូមអស់វារៈគំរប់បីដងផង។ ត្រូវភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ​មានឈ្មោះនេះ របស់​លោកម្ចាស់​មានឈ្មោះ​នេះ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិ​កម្ម មានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឲ្យ​វុដ្ឋានសម្មតិ ដល់សិក្ខមានាមានឈ្មោះនេះ​ដែល​សិក្សា​​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សិក្ខមានានេះ មានឈ្មោះនេះ របស់​លោកម្ចាស់មានឈ្មោះនេះ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាង​អស់​​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមាន​ឈ្មោះនេះ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ។ ការឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានាមាន​ឈ្មោះ​នេះ​ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ សមគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់​អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃឲ្យវុដ្ឋានសម្មតិ ដល់សិក្ខមានា​មាន​ឈ្មោះនេះ ដែលបានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរ​ឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិ សមគួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុក​នូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុនី​ណាមួយ ញុំាងសិក្ខមានាដែលសិក្សា​សិក្ខាហើយ​ក្នុងធម៌​៦យ៉ាងអស់​ពីរវស្សា ដែលសង្ឃមិនបានសន្មត ឲ្យបានឧបសម្បទា ភិក្ខុនីនោះ ត្រូវអាបត្តិ​បាចិត្តិយ។

[៣៧៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌ​រួចហើយ។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខមានា ដែល​សិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះ​ថាសិក្សាសិក្ខា។ សិក្ខមានាដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយញត្តិទុតិយកម្ម ឈ្មោះ​ថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យបានឧបសម្បទា គឺឲ្យបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៧៨] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយញុំាង​សិក្ខមានាឲ្យបានឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់សិក្ខមានា​ដែលសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដែលសង្ឃសន្មតហើយ ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៥

[៣៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូចពស់ធំ) ទាំងឡាយ មានជាតិ​ជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលបុគ្គលពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំ​ក្នុងសរីរ​កើតឡើងនាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សារ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់​នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់​ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ​​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់​ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ស្រីគិហិគតា ដែលមាន​វស្សា​មិនគ្រប់១២ឆ្នាំ តែងអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោម​មូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មានជាតិ​ជាអ្នកមិនអត់ធន់​នឹង​គន្លង​ពាក្យ​ដែល​គេពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំក្នុងសរីរកើតឡើង នាំមកនូវ​សេចក្តី​ទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់ចិត្តជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុ​ទាំងឡាយ ក៏ឯស្រីគិហិគតា មានវស្សាគ្រប់១២ឆ្នាំហើយ ទើបជាអ្នកអត់ទ្រាំ​នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោម​មូស ខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូច ពស់ធំ) ទាំងឡាយ មាន​ជាតិ​ជាអ្នកអត់ធន់​នឹង​គន្លងពាក្យដែល​គេពោលមិនគាប់ចិត្ត មានមកមិនល្អ  (និង)វេទនា​ដែលប្រជុំ​ក្នុងសរីរកើតឡើង នាំមកនូវ​សេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សា មិនជាទីត្រេកអរ មិនគាប់​ចិត្ត ជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតាមានវស្សា​ខ្វះ​ពី១២ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា មានវស្សាខ្វះពី១២ឆ្នាំ គឺស្រីដែលមានឆ្នាំ​មិនទាន់ដល់​១២។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែល​ល្មមទៅកាន់បុរសដទៃបាន (គឺស្រី​ល្មម​មានប្តី​បាន)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយ​ស្វែង​រក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៨២] ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា មានវស្សាមិនគ្រប់១២ឆ្នាំ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាមិនគ្រប់១២ឆ្នាំ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ ស្រីគិហិគតាមានវស្សា១២បរិបូណ៌ហើយ ភិក្ខុនី​សំគាល់​ថា មានវស្សាមិនគ្រប់១២ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំ​ហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ស្រីគិហិគតាមានវស្សាពេញ១២ឆ្នាំហើយ ភិក្ខុនី​ក៏សំគាល់​ថា បរិបូណ៌ហើយ មិនត្រូវអាបត្តិ។

[៣៨៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីគិហិគតា​មាន​វស្សាខ្វះពី១២ឆ្នាំ តែភិក្ខុនីសំគាល់ថាគ្រប់១២ឆ្នាំ ហើយឲ្យ​ឧបសម្បទា១ ស្រីគិហិគតា​មាន​វស្សា​ពេញ១២ឆ្នាំហើយ ភិក្ខុនីសំគាល់ថា ពេញ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៦

[៣៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតា​មាន​វស្សាពេញ១២ឆ្នាំហើយ ដែលមិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មី​ទាំងឡាយនោះ ល្ងង់ មិនឆ្លាស មិនដឹងកិច្ចគួរ ឬកិច្ចមិនគួរ។ ភិក្ខុនីទាំងឡាយឯណា មាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ (តែ) មិនបាន​សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំង​ឡាយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិនបាន​សិក្សាសិក្ខា​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើ​នឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមានវស្សាគ្រប់១២ឆ្នាំហើយ ដែលមិន​បានសិក្សាសិក្ខា​ក្នុងធម៌​៦យ៉ាងអស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុនីសង្ឃ) ឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់​ស្រីគិហិគតាដែលមានឆ្នាំគ្រប់១២ហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯសិក្ខាសម្មតិនោះ សង្ឃ​ត្រូវ​ឲ្យយ៉ាងនេះ។ គឺស្រីគិហិគតា ដែលមានឆ្នាំ១២បរិបូណ៌ហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើ​ឧត្តរាសង្គ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី​ឡើង ហើយនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់​លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២​បរិបូណ៌ហើយ សូមសិក្ខាសម្មតិ​ក្នុងធម៌៦យ៉ាង​អស់ពីរ​ឆ្នាំ​នឹងសង្ឃ។ សិក្ខាសម្មតិនោះ ត្រូវគិហិគតានោះសូម​អស់វារៈ​គំរប់ពីរដងផង ត្រូវសូមអស់វារៈ​គំរប់បី​ដងផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់​ខ្ញុំ គិហិគតានេះ​ មានឈ្មោះនេះ របស់​លោកម្ចាស់មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិក្នុងធម៌​៦យ៉ាង​អស់ពីរឆ្នាំនឹងសង្ឃ។ បើសិក្ខាសម្មតិកម្ម មានកាលគួរដល់​សង្ឃ​ហើយ សង្ឃគួរឲ្យ​សិក្ខាសម្មតិ ​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ ដល់គិហិគតា មានឈ្មោះនេះ ដែល​មានវស្សា១២បរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ គិហិគតានេះ មានឈ្មោះនេះ របស់​លោកម្ចាស់​មានឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ សូមសិក្ខាសម្មតិ​ក្នុងធម៌​៦យ៉ាង អស់ពីរឆ្នាំ​នឹង​សង្ឃ ឥឡូវសង្ឃឲ្យសិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ ដល់​ស្រីគិហិគតា​ឈ្មោះនេះ មានវស្សា១២បរិបូណ៌ហើយ។ ការឲ្យសិក្ខាសម្មតិ ក្នុងធម៌៦យ៉ាង​អស់ពីរ​ឆ្នាំ ដល់ស្រីគិហិគតា មាន​ឈ្មោះនេះ ដែលមានវស្សាគ្រប់១២ហើយ គួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវ​និយាយ​ឡើង។ សិក្ខាសម្មតិក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ សង្ឃបានឲ្យដល់គិហិគតា មាន​ឈ្មោះនេះ ដែល​មាន​វស្សាគ្រប់១២ហើយ។ ការឲ្យសិក្ខាសម្មតិនោះ គួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ស្រីគិហិគតានោះ ដែលមាន​វស្សា​គ្រប់១២ហើយ ត្រូវសង្ឃបង្គាប់ថា ចូរនាងពោលយ៉ាងនេះ គឺពោលថា ខ្ញុំសូមសមាទាន​នូវ​បាណាតិបាតាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។បេ។ ខ្ញុំសូមសមាទានូវ​វិកាលភោជនាវេរមណី ជាសមាទានមិនកន្លងអស់ពីរឆ្នាំ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយបរិយាយជាច្រើន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទា​ដល់ស្រីគិហិគតា​មានវស្សាគ្រប់១២ហើយ ដែលមិនបានសិក្សា​សិក្ខា ក្នុង​ធម៌៦យ៉ាងអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨៥] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា ដែលមានវស្សា​ដល់១២ហើយ ឈ្មោះថា មានវស្សា​គ្រប់១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកស្រីដែលល្មមទៅតាមប្រុសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ សិក្ខា ដែលសង្ឃមិនបានឲ្យក្តី (ឬ) សិក្ខាដែលសង្ឃឲ្យហើយ តែកម្រើក (ដាច់)ក្តី នៃស្រីគិហិគតាណា ស្រីគិហិគតានោះ ឈ្មោះថា មិនបានសិក្សាសិក្ខា។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៨៦] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់ស្រីគិហិគតា មានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៧

[៣៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ ​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ (តែ) សង្ឃមិនបានសន្មត។ ភិក្ខុនីទាំងឡាយ បាននិយាយយ៉ាងនេះថា នែសិក្ខមានាទាំងឡាយ នាងទាំងឡាយចូរមក ចូរដឹងកិច្ចនេះ ចូរឲ្យរបស់នេះ ចូរនាំយករបស់នេះមក យើងត្រូវ​ការ​ដោយ​របស់នេះ ចូរនាងធ្វើ​របស់នេះ​ឲ្យជាកប្បិយ។ ភិក្ខុនីបួសថ្មីទាំងឡាយនោះ​បានឆ្លើយយ៉ាងនេះថា បពិត្រលោកម្ចាស់ យើងខ្ញុំ​មិនមែន​ជាសិក្ខមានាទេ យើងខ្ញុំជាភិក្ខុនី។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទា​ដល់ស្រីគិហិគតាមាន​វស្សាគ្រប់១២ហើយ ​បាន​សិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត​ឲ្យ​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់ ស្រីគិហិគតា​ដែលមានវស្សា​គ្រប់១២ហើយ ​​បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំ (តែ)សង្ឃមិនបានសន្មត ពិតមែនឬ។ ភិក្ខុ​ទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់ ស្រីគិហិគតាដែលមានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ (តែ)សង្ឃមិនបានសន្មតឲ្យទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ ៗវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា​ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯវុដ្ឋានសម្មតិនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ស្រីគិហិគតាដែលមាន​វស្សាគ្រប់​១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ​ឆៀង​ស្មាម្ខាង ហើយថ្វាយបង្គំ​បាទាភិក្ខុនីទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី ​និយាយ​យ៉ាង​នេះ​នឹងសង្ឃថា បពិត្រលោកម្ចាស់ ខ្ញុំមានឈ្មោះនេះ ជាគិហិគតារបស់​លោកម្ចាស់​ឈ្មោះនេះ មានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ ឯវុដ្ឋានសម្មតិ ស្រីគិហិគតានោះ ត្រូវសូម​អស់វារៈ​ពីរដងផង ត្រូវសូមអស់វារៈបីដងផង។ ភិក្ខុនី​ដែល​ឆ្លាស ប្រតិពល ត្រូវឲ្យសង្ឃដឹងថា បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតា​នេះ​មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានវស្សាគ្រប់១២​ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិនឹងសង្ឃ។ បើវុដ្ឋានសម្មតិកម្ម មានកាល​គួរ​ដល់សង្ឃហើយ ត្រូវសង្ឃឲ្យ​វុដ្ឋានសម្មតិដល់ស្រីគិហិគតា មានឈ្មោះនេះ ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ នេះជាញត្តិ។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ស្រីគិហិគតានេះ មានឈ្មោះនេះ របស់​លោកម្ចាស់ឈ្មោះនេះ មានវស្សា​គ្រប់​១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ សូមវុដ្ឋានសម្មតិ​នឹង​សង្ឃ។ ឥឡូវ សង្ឃ​ឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតាមាន​ឈ្មោះនេះ មានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិដល់ស្រីគិហិគតា មាន​ឈ្មោះនេះដែល​មានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌​៦យ៉ាងអស់​ពីរឆ្នាំហើយ គួរដល់​លោកម្ចាស់​អង្គណា លោកម្ចាស់អង្គនោះ ត្រូវស្ងៀម មិនគួរដល់​លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យវុដ្ឋានសម្មតិ ដល់ស្រីគិហិគតា ​មាន​ឈ្មោះនេះ ដែលមានវស្សា​គ្រប់១២ហើយ បានសិក្សា​សិក្ខា​ក្នុងធម៌៦យ៉ាងអស់​ពីរឆ្នាំហើយ។ ការឲ្យវុដ្ឋានសម្មតិនោះ សមគួរ​ដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀម​នៅយ៉ាងនេះ។ លំដាប់​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោស​ភិក្ខុនីទាំងឡាយ​នោះដោយ​បរិយាយ​ជាច្រើន​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់ស្រីគិហិគតាមានវស្សាគ្រប់១២ហើយ បានសិក្សា​សិក្ខា ក្នុងធម៌៦យ៉ាងអស់​ពីរវស្សាហើយ តែសង្ឃមិនសន្មត(ឲ្យ) ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៨៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ស្រីគិហិគតា មានវស្សាដល់១២ហើយ ឈ្មោះថា មានវស្សាគ្រប់​១២ហើយ។ ដែលហៅថា ស្រីគិហិគតា សំដៅយកសិក្ខមានាដែលល្មម​ទៅកាន់បុរសដទៃបាន។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ស្រីគិហិគតា ដែល​សិក្សាសិក្ខាក្នុងធម៌៦យ៉ាង ឈ្មោះថា សិក្សាសិក្ខាហើយ។ ស្រីគិហិគតា ដែលសង្ឃមិនបានឲ្យវុដ្ឋានសម្មតិ ដោយកម្មមានញត្តិជាគំរប់​ពីរ ឈ្មោះថា សង្ឃមិនបានសន្មត។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៣៩០] កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកបដោយធម៌ ហើយឲ្យ​ឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មមិនប្រកប​ដោយធម៌ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា កម្មប្រកប​ដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិន​ប្រកបដោយ​ធម៌ ភិក្ខុនី​សំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។

[៣៩១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីឲ្យ​ឧបសម្បទា​ដល់ស្រីគិហិគតា ​ដែលមានវស្សាគ្រប់១២ហើយ បានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំហើយ សង្ឃសន្មតហើយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៨

[៣៩២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទាដល់​សិក្ខមានាជាសហជីវិនី ហើយមិនបានបង្រៀនខ្លួនឯង មិនឲ្យអ្នកដទៃបង្រៀនអស់ពីរឆ្នាំ។ ភិក្ខុនីទាំងឡាយនោះល្ងង់ មិនឆ្លាស មិនស្គាល់កិច្ចគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ថុល្លនន្ទា មិនគួរបើនឹងឲ្យឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ខ្លួនឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ខ្លួនឯង មិនឲ្យគេ​បង្រៀនអស់ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង​ឲ្យ​ឧបសម្បទា​ដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀនខ្លួន​ឯង មិនឲ្យគេបង្រៀនអស់ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់សិក្ខមានាជាសហជីវិនី ហើយមិនបង្រៀន​ដោយ​ខ្លួនឯង មិនឲ្យគេបង្រៀន​អស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានា​ជា​សទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនបង្រៀន (ខ្លួនឯង) គឺមិនបង្រៀនដោយបាលី អដ្ឋកថា សេចក្តីទូន្មាន ប្រៀនប្រដៅដោយខ្លួនឯង។ ពាក្យថា មិនឲ្យគេបង្រៀន គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែ​ដាក់ធុរៈថា អញនឹងមិនបង្រៀនខ្លួនឯង មិនឲ្យគេបង្រៀន អស់ពីរឆ្នាំ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីមានសេចក្តី​អន្តរាយ ហើយស្វែងរក​គ្នាមិនបាន១ ភិក្ខុនីឈឺ១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី៩

[៣៩៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនីជាបវត្តិនី (ឧបជ្ឈាយ៍) ដែលបំបួសខ្លួនអស់ពីរឆ្នាំ។ ពួកភិក្ខុនីទាំងនោះ ល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនតាម​បម្រើភិក្ខុនីជា​បវត្តិនី​ដែលបំបួស​ខ្លួនអស់​ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ មិនតាមបម្រើភិក្ខុនី ជាបវត្តិនី ដែលបំបួសខ្លួន​អស់​ពីរឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនបម្រើ​ភិក្ខុនីជាបវត្តិនី ដែលបំបួសខ្លួនអស់​ពីរឆ្នាំទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ មិនតាមបម្រើភិក្ខុនី​ជាបវត្តិនី ដែលបំបួស​ខ្លួនអស់​ពីរវស្សា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃ​បារាជិកកណ្ឌរួចហើយ។ ពាក្យថាបំបួសខ្លួន គឺឲ្យឧបសម្បទាដល់ខ្លួន។ ដែលហៅថា ភិក្ខុនី​ជាបវត្តិនី សំដៅយកភិក្ខុនីជាឧបជ្ឈាយ៍។ ពាក្យថា អស់ពីរវស្សា គឺអស់ពីរឆ្នាំ។ ពាក្យថា មិនតាម​បម្រើ គឺមិនបម្រើដោយខ្លួនឯង។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិនតាម​បម្រើ​អស់ពីរឆ្នាំ ត្រូវ​អាបត្តិបាចិត្តិយ។

[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺឧបជ្ឈាយ៍ល្ងង់១ ឧបជ្ឈាយ៍មិនមានខ្មាស១ ភិក្ខុនីឈឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គ សិក្ខាបទទី១០

[៣៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា​ដល់សិក្ខមានា ជាសហជីវិនី (កូនសិស្ស) ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ។ ប្តី​បានចាប់យកទៅ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅសោះ ប្តីបានចាប់​យកទៅ ប្រសិនបើភិក្ខុនីនេះចៀសចេញទៅហើយ ប្តីប្រាកដជាមិនបាន​ចាប់យកទៅទេ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ថុល្លនន្ទាភិក្ខុនី ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់​យកទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មានជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅខ្លួនឯង មិនឲ្យគេនាំយកទៅ ប្តីបានចាប់​យកទៅទេ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យ​ឧបសម្បទា ដល់សិក្ខមានា ជាសហជីវិនី ហើយមិននាំយកទៅ មិនឲ្យគេនាំយកទៅ ដោយហោច​ទៅអស់​៥-៦យោជន៍ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៣៩៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា សិក្ខមានាជាសហជីវិនី សំដៅយកសិក្ខមានា​ជាសទ្ធិវិហារិនី (កូនសិស្ស)។ ពាក្យថាឲ្យឧបសម្បទា គឺបំបួសជាភិក្ខុនី។ ពាក្យថា មិននាំយកទៅ គឺមិននាំយកទៅខ្លួនឯង។ ពាក្យថា មិនឲ្យគេនាំយកទៅ គឺមិនបង្គាប់អ្នកដទៃ។ ភិក្ខុនីគ្រាន់តែដាក់ធុរៈថា អញនឹងមិននាំយកទៅ មិនឲ្យអ្នកដទៃនាំយកទៅ ដោយហោចទៅ សូម្បីអស់៥-៦យោជន៍ ត្រូវ​អាបត្តិបាចិត្តិយ។

[៤០០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុនីមានសេចក្តី​អន្តរាយ ហើយស្វែងរកភិក្ខុនីជាគំរប់ពីរមិនបាន១ ភិក្ខុនីមានភ័យធំ១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

គព្ភិនីវគ្គទី៧ ចប់។

កុមារីភូតវគ្គ សិក្ខាបទទី១

[៤០១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់កុមារីភូតា (សាមណេរី)​ ដែលមានអាយុមិនគ្រប់២០ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះ ជាអ្នកអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក និងសម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងពស់តូចពស់ធំទាំងឡាយ មានជាតិ​ជាអ្នកមិន​អត់ធន់នឹងគន្លងពាក្យដែលគេនិយាយមិនគាប់ចិត្ត មានមកមិនល្អ នឹងវេទនាដែលប្រជុំ​ក្នុងសរីរ​កើតឡើងជាទុក្ខដ៏ក្លៀវក្លា រឹងក្រហល់ក្រហាយ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់​នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានអាយុមិនគ្រប់២០ឆ្នាំ​​សោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានអាយុខ្វះពី២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះ​ពុទ្ធ​​ដ៏មាន​ជោគ ​​ទ្រង់បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទា​ដល់កុមារីភូតា ដែលមានវស្សាខ្វះពី២០ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះជាតិកុមារីភូតា មានវស្សាខ្វះពី២០ ជាអ្នក​មិនអត់ទ្រាំនូវត្រជាក់និងក្តៅ។បេ។ មានជាតិ​ជាអ្នកមិនអត់ទ្រាំ​នូវទុក្ខវេទនា ជាទីនាំបង់នូវ​ជីវិត ម្នាលភិក្ខុទាំងឡាយ ក៏ឯកុមារីភូតា មានឆ្នាំ២០ ទើបអត់ទ្រាំ​នូវត្រជាក់ ក្តៅ។បេ។ មានជាតិ​ជាអ្នកអត់ទ្រាំនូវទុក្ខវេទនា ជាទីនាំបង់នូវជីវិតបាន ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ ​​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ចូរភិក្ខុនីទាំងឡាយ សំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុនី​ណាមួយ ឲ្យឧបសម្បទាដល់កុមារីភូតា មានឆ្នាំខ្វះពី២០  ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។

[៤០២] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ​ទី១ នៃបារាជិកកណ្ឌរួចហើយ។ កុមារីភូតា មានឆ្នាំមិនដល់២០ ឈ្មោះថា មានឆ្នាំខ្វះពី២០។ ដែលហៅថា កុមារីភូតា សំដៅយកសាមណេរី។។ ពាក្យថា ឲ្យឧបសម្បទា គឺបំបួស​ជាភិក្ខុនី។ ភិក្ខុនីគិតថា អញនឹង​ឲ្យឧបសម្បទា​ ហើយស្វែងរក​គណៈក្តី អាចរិនីក្តី បាត្រក្តី ចីវរក្តី សន្មតសីមាក្តី ត្រូវអាបត្តិទុក្កដ ត្រូវទុក្កដ​ខណៈចប់ញត្តិ ត្រូវទុក្កដទាំងឡាយ​ខណៈ​ចប់កម្មវាចាពីរ ចប់កម្មវាចា ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ គណៈ និងអាចរិនីត្រូវ​អាបត្តិទុក្កដ។

[៤០៣] សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំខ្វះពី២០ ភិក្ខុនីសំគាល់ថា គ្រប់ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសំគាល់ថា មានឆ្នាំខ្វះពី២០ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនី​ក៏សំគាល់​ថា គ្រប់ហើយ មិនត្រូវអាបត្តិ។

[៤០៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ សាមណេរីមានឆ្នាំខ្វះពី២០ (តែ)ភិក្ខុនីសំគាល់ថាគ្រប់ហើយ ក៏ឲ្យ​ឧបសម្បទា១ សាមណេរីមានឆ្នាំគ្រប់២០ហើយ ភិក្ខុនីក៏សំគាល់ថាគ្រប់២០ ហើយឲ្យឧបសម្បទា១ ភិក្ខុនី​ឆ្កួត១ ភិក្ខុនីធ្វើកន្លង​មុនបញ្ញត្តិ១។

កុមារីភូតវគ្គ សិក្ខាបទទី២

[៤០៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់​ កុមារីភូតា (សាមណេរី) មានឆ្នាំគ្រប់២០ហើយ (តែ) មិនបានសិក្សាសិក្ខាក្នុងធម៌៦យ៉ាងអស់ពីរឆ្នាំ។ ភិក្ខុនីបួសថ្មី​ទាំង​នោះ នៅល្ងង់ មិនឆ្លាស មិនស្គាល់ការគួរ ឬមិនគួរ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុនីទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនីទាំងឡាយ មិនគួរបើ​នឹងឲ្យ​ឧបសម្បទា​ដល់កុមារីភូតា ដែលមានវស្សាគ្រប់២០ហើយ (តែ) មិនបានសិក្សាសិក្ខា​ក្នុងធម៌៦យ៉ាង​អស់ពីរឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់​សួរ​ថា ​ម្នាល​​ភិក្ខុ​​ទាំងឡាយ ឮ​ថា ភិក្ខុនី​ទាំងឡាយ ឲ្យឧបសម្បទា​ដល