។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ព្រហ្មទត្តមាតុវត្ថុ

កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតា​របស់​ព្រះបាទព្រហ្មទត្ត លះបង់​ព្រះបាទកោសល ទៅធ្វើអំពើ​ដ៏លាមក​ជាមួយនឹង​ព្រាហ្មណកុមារ ឈ្មោះ​បញ្ចាលចណ្ឌៈ ។

វិត្ថារនិទាន

អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសល បានកាន់យក​រាជសម្បត្តិ​របស់​ព្រះបាទ​ពារាណសី ទ្រង់បាន​តែងតាំង​ព្រះអគ្គមហេសី​របស់ព្រះចៅ​ក្រុង​ពារាណសី​ដែលកំពុង​មានគភ៌​ជាអគ្គមហេសី​របស់ព្រះអង្គ ហើយស្ដេច​យាងទៅ​នគររបស់​ព្រះអង្គ ។ ក្នុងកាល​ជាបន្តបន្ទាប់​មកទៀត ព្រះអគ្គមហេសី​នោះ ក៏ប្រសូតបាន​ព្រះឱរស ។ ចំណែក​ព្រះបាទកោសល ហេតុតែ​ជាទ្រង់មិនមាន​បុត្រ ក៏បានចិញ្ចឹម​ព្រះឱរស​នោះទុក ដោយសេចក្ដី​ស្រឡាញ់​ដូចបុត្រ​របស់ខ្លួន ហើយបាន​ញ៉ាំងព្រះកុមារ​ដែលមាន​វ័យចម្រើន​ហើយនោះ ឲ្យសិក្សា​សិល្បសាស្ត្រ ហើយទ្រង់​បញ្ជូនទៅថា អ្នកចូរគ្រប់គ្រង​នូវដែនក្នុង​សម្នាក់​បិតារបស់​ខ្លួនចុះ ។ ព្រះរាជកុមារនោះ ក៏បានទៅ​គ្រប់គ្រង​រាជសម្បត្តិ ។

ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារ បានចូលទៅទូល​លាព្រះបាទ​កោសលថា ខ្ញុំម្ចាស់​មានសេចក្ដី​ប្រាថ្នានឹង​ឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយ ក៏នាំបរិវារ​ជាច្រើន ទៅកាន់​ក្រុងពារាណសី ព្រះនាង​បានកាន់​នូវទីអាស្រ័យ (ដើម្បីឈប់​សម្រាក) នៅក្នុង​និគមមួយ ដែលនៅរវាង​នគរ​ទាំងពីរ ។ មានព្រាហ្មណកុមារ​ម្នាក់ ដែលមានរូប​រាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុង​និគមនោះ ។ បញ្ចាលចណ្ឌៈ បាននាំបណ្ណាការ​មកថ្វាយ​ព្រះនាង ។ ព្រះនាង​ពេលបាន​ឃើញបញ្ចាលចណ្ឌៈ​នោះ ក៏មានចិត្ត​ប្រតិព័ទ្ធស្នេហា ហើយបាន​ធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយ​នឹង​បញ្ចាលចណ្ឌៈ​នោះ ហើយបាន​ស្នាក់នៅ​ក្នុងទីនោះ​អស់ពីរបីថ្ងៃ ទើបធ្វើ​ដំណើរទៅ​កាន់ក្រុង​ពារាណសី (បន្ត) បានជួប​បុត្រហើយ ក៏ប្រញាប់​ត្រឡប់មកវិញ ហើយ​បានកាន់​យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះ​ម្ដងទៀត ព្រះនាង​បានប្រព្រឹត្ត​អនាចារ​ជាមួយនឹង​បញ្ចាលចណ្ឌៈ​នោះ អស់ពីរបីថ្ងៃ ទើបទៅ​កាន់នគរកោសលវិញ ។

តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅ​ទូលនូវហេតុនោះៗ ប្រាប់ព្រះបាទ​កោសលថា ខ្ញុំម្ចាស់​នឹងទៅកាន់​សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្ត​អនាចារ​ជាមួយនឹង​បញ្ចាលចណ្ឌៈ​ក្នុងនិគមនោះ អស់កាលកន្លះខែ ។

ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតី​ពោលពាក្យមុសា កាល​ព្រះមហាសត្វ​សម្ដែងអតីត​និទាននេះ​ហើយ ពោលពាក្យថា ជាសេចក្ដីពិត​ដែលយើង​ឃើញមក យ៉ាងនេះជាដើម ។

បណ្ដាប​ទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននី​របស់​ព្រហ្មទត្តកុមារ​ដែលបាន​សោយរាជ្យ​ក្នុងនគរ​ពារាណសី ។ បានឮថា ក្នុងកាលនោះ កុណាល បានជា​ព្រាហ្មណ៍ឈ្មោះ​ចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹង​សម្ដែងហេតុ​ដែលខ្លួនបាន​ដឹងមកនោះ ទើបទ្រង់​ពោលយ៉ាងនេះ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១