សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ព្រហ្មទត្តជាតក ទី៣

ព្រះសាស្ដា កាលស្ដេចគង់នៅអគ្គាឡវចេតិយ ដែលអាស្រ័យ​នៅនឹង​ក្រុងអាឡវី ទ្រង់​ប្រារព្ធ​កុដិការសិក្ខាបទ (កាលនោះ ពួកភិក្ខុនៅ​ក្នុងដែន​អាឡវី ប្រើគេឲ្យ​សាងនូវ​កុដិ ដែលមាន​គ្រឿង​ឧបក​រណ៍​សម្រាប់​សង់ សូមពី​គេមក​ខ្លួនឯង ឥតមាន​ទាយក​ជាម្ចាស់​របស់ ចំពោះ​ជា​ទីនៅ​របស់​ខ្លួន ធំហួស​ប្រមាណ។ កុដិទាំង​នោះមិន​ទាន់​សម្រេច។ ភិក្ខុ​ទាំងនោះ​ក៏ចេះតែ​សូម​ញឹកៗ ញយៗ ដោយពាក្យ​សូមថា អ្នក​ទាំងឡាយ ចូរ​ឲ្យបុរស ឲ្យគ្រឿង​ហត្ថកម្ម​នៃបុរស ឲ្យគោ ឲ្យរទេះ ឲ្យកាំបិត ឲ្យពូថៅ ឲ្យដឹង ឲ្យចប ឲ្យពន្លាក ឲ្យវល្លិ ឲ្យឫស្សី ឲ្យស្មៅ​យ៉ាប្លង ឲ្យ​ស្មៅដំណេក​ទន្សាយ ឲ្យស្មៅ ឲ្យដីស្អិត​ដល់អាត្មា។ ពួក​មនុស្ស​ដែល​ភិក្ខុទាំង​នោះ​ចេះតែ​បៀតបៀន ដោយការ​សូមញឹក​ញយ​ហួសពេក លុះដល់​ឃើញ​ពួក​ភិក្ខុហើយ ក៏ភ្ញាក់​ផ្អើល តក់ស្លុត លប​រត់គេច​ទៅទី​ដទៃ បែរមុខ​ទៅទីដទៃ បិទ​ទ្វារផ្ទះ សូម្បី​គ្រាន់តែ​ឃើញនូវ​គោញី ក៏គេច​រត់ដោយ​ស្មានថា​ជា​ពួកភិក្ខុ។) (វិនយបិដក សង្ឃាទិសេសកណ្ឌ បិដកលេខ ២ សិក្ខាបទនេះសម្ដែងពីការសូម) បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា ទ្វយំ យាចនកោ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវ (បច្ចុប្បន្នជាតកនេះ) មានមក​ហើយក្នុង​មណិកណ្ឋជាតក (តិកនិបាត សង្កប្បវគ្គ)។ ចំណែក​ក្នុងជាតក​នេះ ព្រះសាស្ដា​ត្រាស់ (សួរ) ថា

 

ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ​ប្រព្រឹត្ត​សូមច្រើន ប្រព្រឹត្ត​វិញ្ញត្តិ​ច្រើនឬ?

 

កាលពួកភិក្ខុទូលថា ពិតមែនហើយ​ព្រះអង្គ ព្រះសាស្ដា​តិះដៀល​ភិក្ខុ​ទាំងនោះ ហើយ​ត្រាស់ទៀត​ថា ម្នាលភិក្ខុ​ទាំងឡាយ បោរាណបណ្ឌិត​ទាំងឡាយ សូម្បី​ព្រះរាជា​ដែលជា​ធំលើ​ផែនដីបវារណា ជាអ្នក​ប្រាថ្នា​នឹងសូម​កម្រាល​មាន​រូប​ផ្កា​ឈើ​ជាប់​គ្នាមួយ និងស្បែក​ជើងមួយ​គូ ក៏មិនពោល (សូម) ក្នុង​កណ្ដាល​មហាជន​ដែរ (សុខចិត្ត) ពោល (សូម) ក្នុងទី​ស្ងាត់កំបាំង ដូច្នេះ​ហើយ ព្រះអង្គ​ទើបនាំ​អតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទ​ឧត្តរបញ្ចាល សោយរាជ​សម្បត្តិ​ក្នុង​ឧត្តរបញ្ចាល​នគរ ដែន​កបិលរដ្ឋ ព្រះពោធិសត្វ​កើតក្នុង​ព្រាហ្មណត្រកូល ក្នុង​និគមគ្រាម​មួយ កាលចម្រើន​វ័យធំ​ហើយ បាន​សិក្សា​រៀនសូត្រ​សព្វវិជ្ជា​ក្នុង​នគរ​តក្កសិលា កាល​បន្តបន្ទាប់​មក លោកបួស​ជាតាបស ចិញ្ចឹម​ជីវិត​ដោយ​ការស្វែង​រកមូល​ផលាផល​ក្នុងព្រៃ រស់នៅ​អស់កាល​ដ៏យូរ​ក្នុង​ព្រៃហិមពាន្ត ហើយ​ត្រាច់ទៅ​កាន់ផ្លូវ​មនុស្ស ដើម្បី​ត្រូវការ​សេពរស​ប្រៃ និងជូរ ក៏ទៅ​ដល់​ឧត្តរបញ្ចាល​នគរ ហើយ​ស្នាក់នៅ​ក្នុង​រាជឧទ្យាន ក្នុងថ្ងៃ​ស្អែក កាលស្វែង​រកភិក្ខា លោកក៏​ចូលទៅ​កាន់​នគរ រហូតដល់​រាជទ្វារ។ ព្រះរាជា​ជ្រះថ្លា​នឹងអាចារៈ និងវិហារធម៌​របស់​តាបស​នោះ ក៏និមន្ត​ឲ្យគង់ក្នុង​មហារោង និងឲ្យ​តាបស​ឆាន់​បណីតភោជន ដែល​សមគួរ​ដល់​ព្រះរាជា ហើយឲ្យ​កាន់យក​ប្ដេជ្ញា ឲ្យតាបស​នៅក្នុង​រាជឧទ្យាន​នោះឯង។ តាបស​ឆាន់ក្នុង​ព្រះរាជវាំង អស់​កាល​ជានិច្ច​ហើយ ដោយ​កាលកន្លង​ទៅនៃ​វស្សានរដូវ លោកមាន​សេចក្ដី​ប្រាថ្នា​នឹងទៅ​ព្រៃហិមពាន្ត​វិញ ទើប​គិតថា យើងកាល​ដើរទៅ​ គួរនឹង​បានកម្រាល​មាន​រូប​ផ្កា​ឈើ​ជាប់​គ្នាមួយ ស្បែកជើង និងឆត្រ​ស្លឹកឈើ យើងនឹង​សូម​ព្រះរាជា។

 

ថ្ងៃមួយ តាបសឃើញព្រះរាជា ដែលយាង​មករាជឧទ្យាន ថ្វាយបង្គំ​ ប្រថាប់ហើយ ក៏គិតថា យើងនឹង​សូម​ស្បែកជើង និងឆត្រ ហើយ​គិត​ទៀតថា បុគ្គល​កាលសូម​អ្នកដទៃ​ថា លោក​ចូរឲ្យវត្ថុ​នេះ ដូច្នេះ​ឈ្មោះថា យំ សូម្បីអ្នក​ដទៃកាល​ពោលថា មិនមាន ដូច្នេះក៏​ឈ្មោះថា យំតប មហាជន​កុំបាន​ឃើញ​យើងយំ និងកុំ​ឃើញ​ព្រះរាជា​យំតប​ឡើយ ដូច្នេះ​សូម្បី​យើង​ទាំងពីរ​ត្រូវយំក្នុង​ទីស្ងាត់​កំបាំង យើងនឹង​នៅស្ងៀម​សិន។

 

ពេលនោះ តាបសពោលនឹងព្រះរាជាថា បពិត្រ​មហារាជ អាត្មាភាព​ប្រាថ្នា​ទីស្ងាត់។

 

ព្រះរាជាស្ដាប់ពាក្យនោះហើយ បញ្ជាឲ្យរាជបុរស​ថយចេញ។

 

ព្រះពោធិសត្វគិតថា ប្រសិនបើ​យើងទូល​សូម​ហើយ ព្រះរាជា​មិន​ប្រទាន​មេត្រីភាព​របស់​យើងនឹង​បែក ព្រោះហេតុនោះ យើងនឹង​មិនសូម ដូច្នេះ​ហើយ កាលមិន​អាចនឹង​កាន់យក​ឈ្មោះថ្ងៃនោះ ទើប​ពោលថា បពិត្រ​មហារាជ សូមទ្រង់​ទៅមុនចុះ ថ្ងៃស្អែក​អាត្មា​នឹងដឹង។

 

ថ្ងៃស្អែក កាលព្រះរាជាយាងមកឧទ្យាន ព្រះពោធិសត្វ​ក៏ពោល​យ៉ាងនោះ​ទៀត កាល​មិនអាច​នឹង​ទូលសូម​បែបនេះ កន្លង​ពេលទៅ អស់ ១២ ឆ្នាំ។ បន្ទាប់​មក ព្រះរាជា​គិតថា លោកម្ចាស់​ពោល​នឹង​យើងថា បពិត្រ​មហារាជ អាត្មាភាព​ប្រាថ្នា​ទីស្ងាត់ កាលបរិស័ទ​ចេញទៅ លោកមិន​ហ៊ាន​និយាយ​អ្វីឡើយ លោកប្រាថ្នា​នឹងពោល ញ៉ាំង​កាល ១២ ឆ្នាំឲ្យ​កន្លងទៅ លោក​ប្រព្រឹត្ត​ព្រហ្មចរិយៈ​មកយូរ​ហើយ ប្រហែល​ជាអផ្សុក ប្រាថ្នា​នឹង​បរិភោគ​ភោគសម្បត្តិ (ឬ) ប្រាថ្នា​រាជសម្បត្តិ​ទេដឹង កាលមិន​អាចនឹង​កាន់យក​ឈ្មោះ​រាជសម្បត្តិ ទើបជា​អ្នកនៅ​ស្ងៀម ថ្ងៃនេះ យើងធ្វើចាប់​ពី​រាជសម្បត្តិ​ជាដើម លោកប្រាថ្នា​វត្ថុណា យើងនឹង​ឲ្យវត្ថុនោះ។

 

ព្រះរាជាយាងទៅឧទ្យាន ថ្វាយបង្គំព្រះមហាសត្វ ហើយ​ប្រថាប់ កាល​ព្រះពោធិសត្វ​ពោលថា អាត្មា​ត្រូវការ​ទីស្ងាត់ និងពេល​ដែល​បរិស័ទ​ចេញទៅ​ហើយ ព្រះរាជា​ក៏ត្រាស់​នឹង​ព្រះពោធិសត្វ​ដែលជា​អ្នកមិន​ហ៊ាន​ពោលអ្វី​ថា លោកម្ចាស់​ពោលថា អាត្មាភាព​ប្រាថ្នា​ទីស្ងាត់ (យ៉ាងនេះ ) អស់ ១២ ឆ្នាំហើយ សូម្បីបាន​ទីស្ងាត់ លោកម្ចាស់​ក៏នៅតែ​មិនហ៊ាន​ពោលអ្វី​ឡើយ ខ្ញុំ​ករុណាធ្វើ​រាជសម្បត្តិ​ឲ្យជា​ខាងដើម សូម​បវារណា​វត្ថុ​ទាំងពួង លោកម្ចាស់​ចូរជាអ្នក​មិនមាន​ភ័យ ពេញចិត្ត​វត្ថុណា​របស់​ខ្ញុំករុណា លោកម្ចាស់​ចូរសូម​វត្ថុនោះ​ចុះ។

 

ព្រះពោធិសត្វសួរថា បពិត្រមហារាជ អាត្មា​សូម​វត្ថុណា ព្រះអង្គ​ប្រទាន​វត្ថុនោះ​ឬ?

 

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ យើង​នឹងឲ្យ។

 

ព្រះពោធិសត្វពោលថា បពិត្រមហារាជ អាត្មាដើរ​ផ្លូវទៅ គួរនឹង​បានកម្រាល​មាន​រូប​ផ្កា​ឈើ​ជាប់​គ្នាមួយ ស្បែកជើង និងឆត្រ​ស្លឹកឈើ។

 

ព្រះរាជាសួរថា បពិត្រលោកម្ចាស់​ដ៏ចម្រើន លោកម្ចាស់​មិនអាច​នឹងសូម​វត្ថុត្រឹម​តែប៉ុណ្ណេះ អស់​កាល ១២ ឆ្នាំឬ?

 

ព្រះពោធិសត្វទូលថា ពិតមែនហើយ មហារាជ។

 

ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ ព្រោះហេតុអ្វី ទើបលោក​ធ្វើយ៉ាងនេះ?

 

ព្រះមហាសត្វទូលថា បពិត្រមហារាជ បុគ្គល​កាល​សូមថា អ្នកចូរ​ឲ្យវត្ថុនេះ រមែង​មាន​ឈ្មោះថា យំ បុគ្គល​កាល​ពោលថា មិនមាន រមែងមាន​ឈ្មោះថា យំតប អាត្មា​គិតថា ប្រសិនបើ​កាលអាត្មាសូម​ហើយ ព្រះអង្គ​មិនប្រទាន រមែង​បាន​ឈ្មោះថា អាត្មា និងព្រះអង្គ​យំ បើដូច្នេះ កុំ​ឲ្យមហាជន ឃើញ​ការយំ​របស់​ពួកយើង ដូច្នេះ​ទើបអាត្មា​ត្រូវការ​ទីស្ងាត់ ដើម្បី​ប្រយោជន៍​ដល់​វត្ថុនោះ ដូច្នេះហើយ​លោក​ក៏ពោល ៣ គាថាខាង​ដើមថា

 

ទ្វយំ យាចនកោ រាជ, ព្រហ្មទត្ត និគច្ឆតិ;

អលាភំ ធនលាភំ វា, ឯវំធម្មា ហិ យាចនា។

បពិត្រព្រះបាទព្រហ្មទត្ត បុគ្គលអ្នកសូម រមែងបាន​ផលពីរ​យ៉ាង គឺការ​មិនបាន​ទ្រព្យ ១ ការបាន​ទ្រព្យ ១ ព្រោះថា ការសូម មានយ៉ាង​នេះជា​ធម្មតា។

 

យាចនំ រោទនំ អាហុ, បញ្ចាលានំ រថេសភ;

យោ យាចនំ បច្ចក្ខាតិ, តមាហុ បដិរោទនំ។

 

បពិត្រព្រះអង្គជាឥស្សរៈលើរថនៃដែន​បញ្ចាល អ្នកប្រាជ្ញ​ទាំងឡាយ បានពោល​នូវការ​សូមថា​ជាការ​យំ បុគ្គល​ណាឃាត់​នូវការ​សូម អ្នកប្រាជ្ញ​ទាំងឡាយ​ហៅ​បុគ្គល​នោះ ថាជា​អ្នក​មានការ​យំតប។

 

មា មទ្ទសំសុ រោទន្តំ, បញ្ចាលា សុសមាគតា;

តុវំ វា បដិរោទន្តំ, តស្មា ឥច្ឆាមហំ រហោ។

កុំឲ្យពួកជនអ្នកដែនបញ្ចាលមក​ប្រជុំគ្នា ឃើញ​អាត្មាភាព​កំពុងយំ ឬ​ព្រះអង្គ​កំពុង​យំតប​ឡើយ ព្រោះ​ហេតុនោះ បានជា​អាត្មាភាព​ត្រូវការ​ទីស្ងាត់។

 

ព្រះរាជាជ្រះថ្លានឹងលក្ខណៈគារវៈ​របស់​ព្រះពោធិសត្វ កាលនឹង​ប្រទានពរ ទើប​ត្រាស់​គាថា​ទី ៤ ថា

ទទាមិ តេ ព្រាហ្មណ រោហិណីនំ, គវំ សហស្សំ សហ បុង្គវេន;

អរិយោ ហិ អរិយស្ស កថំ ន ទជ្ជា, សុត្វាន គាថា តវ ធម្មយុត្តា។

បពិត្រព្រាហ្មណ៍ ខ្ញុំនឹងឲ្យគោញីសម្បុរក្រហម ១០០០ ព្រមទាំង​គោឈ្មោល​ដល់លោក ព្រោះថា​អរិយជន បានស្ដាប់​នូវគាថា​ប្រកប​ដោយធម៌​របស់​លោក​ជាអរិយៈ មិនគប្បី​ឲ្យដូច​ម្ដេចកើត។

 

ពាក្យថា លោកជាអរិយៈ បានដល់ អ្នកដល់​ព្រមដោយ​អាចារៈ។ ពាក្យថា គាថា​ប្រកប​ដោយធម៌ បានដល់ គាថា​ប្រកប​ដោយ​ហេតុ។

ព្រះពោធិសត្វទូលថា បពិត្រ​មហារាជ អាត្មាភាព​មិនត្រូវ​ការដោយ​វត្ថុកាម​ទេ អាត្មា​សូម​វត្ថុណា សូម​ទ្រង់ប្រទាន​តែវត្ថុនោះ​ចុះ ដូច្នេះ លោកកាន់​កម្រាល​មាន​រូប​ផ្កា​ឈើ​ជាប់​គ្នាមួយ ស្បែកជើង និង​ឆត្រ​ស្លឹកឈើ ហើយឲ្យ​ឱវាទ​ព្រះរាជា​ថា បពិត្រ​មហារាជ សូមព្រះអង្គ​កុំប្រមាទ ចូរឲ្យ​ទាន រក្សាសីល និងធ្វើ​ឧបោសថកម្ម​ចុះ។ កាលព្រះរាជា​សូមអង្វរ ព្រះពោធិសត្វ​ក៏ទៅ​ព្រៃហិមពាន្ត​វិញ។ ព្រះមហាសត្វ​ញ៉ាំង​អភិញ្ញា និង​សមាបត្តិ​ឲ្យកើត​ក្នុងព្រៃ​ហិមពាន្ត​នោះឯង ហើយ​ជាអ្នក​មាន​ព្រហ្មលោក​ជាទីទៅ​ខាងមុខ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំ​ជាតក​ថា

 តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាល​នោះ បានមក​ជាអានន្ទ

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស​ គឺ​តថាគត​នេះឯង។  

ចប់ ព្រហ្មទត្តជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២១០)

 

ថ្ងៃទី ៥ ខែ កញ្ញា ព.ស. ២៥៦២ គ.ស.២០១៨

ដោយ ស.ដ.វ.ថ.