។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ពកព្រហ្មជាតកទី១០

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ពកព្រហ្ម បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យ​ថា ទ្វាសត្តតិ ដូច្នេះ​ជាដើម។

ពកព្រហ្មកើតទិដ្ឋិយល់ខុសយ៉ាងនេះថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ​ខ្ជាប់ខ្ជួន ទីនេះ​មាន​សភាព​មិនច្យុត ទីដទៃ​ដែល​ជាគ្រឿង​រលាស់​ចេញចាក​លោក ដ៏​ក្រៃលែង​ជាង​ទីនេះ មិនមាន។

បានឮថា ពកព្រហ្មនោះកើតខាង​ក្រោយ ក្នុង​កាលមុន បាន​ចម្រើន​ឈាន ហើយកើត​ក្នុង​វេហប្ផលាភូមិ កាល​ញ៉ាំង​អាយុ ៥០០ កប្បឲ្យ​អស់ហើយ ក៏បាន​កើតក្នុង​សុភកិណ្ហាភូមិ និង​ញ៉ាំងអាយុ ៦៤ កប្បឲ្យ​អស់ហើយ បន្ទាប់ពី​ចុតិអំពី​សុភកិណ្ហាភូមិ​ហើយ ក៏បាន​កើតក្នុង​អាភស្សរាភូមិ ដែលមាន​អាយុ ៨ កប្ប ទិដ្ឋិ​អាក្រក់​នេះ កើតដល់​ពកព្រហ្ម ក្នុង​ភូមិនោះ​ឯង។

ពកព្រហ្មរលឹកមិនឃើញការចុតិ​អំពី​ព្រហ្មលោក​ជាន់​ខាងលើ និងការ​កើតក្នុង​ព្រហ្មលោក​ជាន់នោះ កាល​មិនឃើញ​ទាំង ២ ចំណែក ទើប​ប្រកាន់​ការយល់​ខុស​បែបនេះ។

 

ព្រះមានព្រះភាគ​ជ្រាប​នូវ​បរិវិតក្ក​ក្នុងចិត្ត​របស់​ពកព្រហ្ម​នោះ ដោយព្រះទ័យ​របស់​ព្រះអង្គ​ហើយ ក៏​បាត់​អំពី​វត្ត​ជេតពន ទៅ​ប្រាកដ​ក្នុង​ព្រហ្មលោក​នោះ (ដោយ​ឆាប់រហ័ស) ដូច​បុរស​មាន​កម្លាំង​លា​ចេញ​នូវដៃ​ដែលបត់​ចូល ឬបត់​ចូល​នូវដៃ​ដែលលា​ចេញ។

លំដាប់នោះ ពកព្រហ្មឃើញព្រះមានព្រះភាគ​ហើយ បាន​ពោលថា បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ សូមព្រះអង្គ​ស្ដេច​មក បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះអង្គ​ស្ដេច​មក​ល្អហើយ បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះអង្គ​បាន​ធ្វើ​បរិយាយ ដើម្បី​ស្ដេច​មកក្នុង​ទីនេះ ជា​យូរ​អង្វែង​ហើយ បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ ទីនេះ​ទៀង ទី​នេះ​ឋិតថេរ ទី​នេះ​មាននៅ​គ្រប់កាល ទីនេះ​ខ្ជាប់ខ្ជួន ទីនេះ​មាន​សភាព​មិនច្យុត ព្រោះថា​សត្វក្នុង​ទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​បដិសន្ធិ ទីដទៃ​ដែលជា​គ្រឿង​រលាស់​ចេញ ដ៏​ក្រៃលែង​ជាងទី​របស់​ព្រហ្មនេះ មិនមាន​ឡើយ។

កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់​ពាក្យនេះ​នឹង​ពកព្រហ្ម​ថា ឱហ្ន៎ ពកព្រហ្ម​ប្រកបដោយ​អវិជ្ជា​ហើយ ឱហ្ន៎ ពកព្រហ្ម​ប្រកបដោយ​អវិជ្ជា​ហើយ ព្រោះថា​គាត់​ពោលនូវ​របស់​ដែលមិន​ទៀង ថាជា​របស់ទៀង​វិញ ពោល​នូវរបស់​ដែលមិន​ឋិតថេរ ថាជា​របស់​ឋិតថេរ​វិញ។បេ។ (ពោល​នូវរបស់​ដែលគ្មាន​នៅគ្រប់​កាល ថាជា​របស់មាន​នៅគ្រប់​កាល​វិញ ពោល​នូវ​របស់​ដែលមិន​ខ្ជាប់ខ្ជួន ថាជា​របស់​ខ្ជាប់ខ្ជួន​វិញ ពោលនូវ​របស់ដែល​មានសភាព​ច្យុត ថាជា​របស់​មានសភាព​មិនច្យុត​វិញ មួយទៀត សត្វ​តែងកើត​ផង ចាស់ផង ស្លាប់ផង ច្យុត​ផង បដិសន្ធិ​ផង ក្នុង​ទីណា គាត់ពោល​ទីនោះ​ថា សត្វក្នុង​ទីនេះ​មិនកើត មិន​ចាស់ មិនស្លាប់ មិន​ច្យុត មិន​បដិសន្ធិ​ដូច្នោះវិញ) មួយទៀត គាត់​ពោលនូវ​ទី​ដទៃជា​គ្រឿង​រលាស់ចេញ​ដ៏ក្រៃលែង ថាទី​ដទៃជា​គ្រឿងរលាស់​ចេញដ៏​ក្រៃលែង​មិនមាន​ឡើយ។ (សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ ព្រហ្មសំយុត្ត ពកព្រហ្មសូត្រ បិដកលេខ ៣០ ទំព័រ ៤០)

ពកព្រហ្មស្ដាប់ពាក្យនោះហើយ គិតថា ព្រះមានព្រះភាគនេះ នឹងប្រកប​ដេញតាម​យើងថា អ្នកពោល​យ៉ាងនេះ អ្នកពោល​យ៉ាងនេះ។ ធម្មតា​ចោរដែល​ខ្សោយ ទទួល​ការប្រហារ​ពីរបី រមែង​ប្រាប់​សម្លាញ់​សូម្បី​ទាំងអស់ (របស់ខ្លួន) ថា ខ្ញុំជា​ចោរតែម្នាក់​ឯង​ដូចម្ដេច សូម្បី​អ្នកនោះ​ក៏ជាចោរ សូម្បី​អ្នកឯណោះ​ក៏ជាចោរ យ៉ាងណា ពកព្រហ្ម​នោះ​ភ័យខ្លាច​ព្រះមានព្រះភាគ​ដេញដោល​សាកសួរ កាល​នឹងប្រាប់​សម្លាញ់​របស់ខ្លួន​សូម្បីដទៃ ទើបពោល​គាថាទី ១ ថា

 

ទ្វាសត្តតិ គោតម បុញ្ញកម្មា, វសវត្តិនោ ជាតិជរំ អតីតា;

អយមន្តិមា វេទគូ ព្រហ្មបត្តិ, អស្មាភិជប្បន្តិ ជនា អនេកា។

បពិត្រព្រះគោតម ពួកយើង ៧២ រូប មានអំពើ​ជាបុណ្យ ជាអ្នក​មានអំណាច​ប្រព្រឹត្ត​ទៅ កន្លង​ផុត​ជាតិ និង​ជរាបាន នេះជា​ការដល់​នូវវេទ ជា​កំណើត​ដ៏ប្រសើរ មានក្នុង​ទីបំផុត (របស់​ពួកយើង) ពួកជន​ច្រើនរូប តែង​ប្រាថ្នា​ទីនេះ។ (សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ ព្រហ្មសំយុត្ត ពកព្រហ្មសូត្រ បិដកលេខ ៣០ ទំព័រ ៤៣)

បណ្ដាបទទាំងនោះ បទថា ទ្វាសត្តតិ (ពួកយើង ៧២ រូប) សេចក្ដីថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន មិនមែន​តែខ្ញុំ​ព្រះអង្គ​ម្នាក់ទេ ក្នុង​ព្រហ្មលោក​នេះ ពួកយើង​ជាជន ៧២ នាក់ ជាអ្នក​មាន​បុញ្ញកម្ម ផ្សាយ​អំណាច​របស់ខ្លួន​ទៅលើ​សត្វដទៃ និងកន្លង​ការកើត និងការ​ចាស់ ការកើត​ជាព្រហ្ម​នេះជាការ​ដល់​នូវវេទ ព្រោះពួក​យើងដល់​ហើយ​ដោយវេទ បពិត្រ​ព្រះគោតម​ដ៏ចម្រើន ការកើត​ជាព្រហ្មនេះ​ជាការ​កើតគ្រា​ចុងក្រោយ គឺដល់​ចំណែក​ជាទីបំផុត គឺដល់​ភាពជា​អ្នកប្រសើរ។ បទថា អស្មាភិជប្បន្តិ ជនា អនេកា (ពួកជន​ច្រើនរូប តែង​ប្រាថ្នា​ទីនេះ) សេចក្ដីថា ជនជា​ច្រើន​ដទៃជាអ្នក​ធ្វើ​អញ្ជលី នាំគ្នា​ពោលពាក្យ​ជាដើមថា ភពនេះ​ជាព្រហ្ម ជា​មហាព្រហ្ម ដូច្នេះ តែង​នមស្ការ ប្រាថ្នា​ចង់បាន អធិប្បាយ​ថា រមែង​ប្រាថ្នា​ថា ឱហ្ន៎ សូម្បី​ពួកយើង​គប្បី​មាន​រូបបែប​នេះ។

ព្រះមានព្រះភាគស្ដាប់ពាក្យពកព្រហ្ម​ហើយ ទ្រង់ត្រាស់​គាថាទី ២ ថា

 

អប្បំ ហិ ឯតំ ន ហិ ទីឃមាយុ, យំ ត្វំ ពក មញ្ញសិ ទីឃមាយុំ;

សតំ សហស្សានិ និរព្វុទានំ, អាយុំ បជានាមិ តវាហ ព្រហ្មេ។

នែពកៈ អ្នកសម្គាល់ថា អាយុណា​ជាធម្មជាត​វែង អាយុនុ៎ះ​ខ្លីទេ មិនមែន​វែងឡើយ ម្នាល​ព្រហ្ម តថាគត​ដឹងអាយុ​របស់អ្នក​មួយសែន​និរព្វុទៈ (ប៉ុណ្ណោះ​ឯង)។ (សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ ព្រហ្មសំយុត្ត ពកព្រហ្មសូត្រ បិដកលេខ ៣០ ទំព័រ ៤៣)

បណ្ដាបទទាំងនោះ បទថា សតំ សហស្សានិ និរព្វុទានំ (មួយសែន​និរព្វុទៈ) សេចក្ដី​ថា សែននៃ​ការរាប់ ពោល​គឺនិរព្វុទៈ។ ពិតមែន ដប់ដប់នៃឆ្នាំ ជារយ ដប់រយ ជាពាន់ រយពាន់ ជាសែន រយសែន ឈ្មោះថា កោដិ រយសែន​កោដិ ឈ្មោះថា​បកោដិ រយសែន​បកោដិ ឈ្មោះថា​កោដិបកោដិ រយសែន​កោដិបកោដិ ឈ្មោះថា ១ នហុត រយសែន​នហុត ឈ្មោះថា ១ និន្នហុត។ អ្នក​គណនា​ដែលឆ្លាត​អាចរាប់​ចំនួន​បានត្រឹម​តែប៉ុណ្ណេះ ឈ្មោះថា​ការគណនា​ដទៃអំពី​នេះឡើង​ទៅ ជា​វិស័យ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ប៉ុណ្ណោះ។ បណ្ដាការ​គណនា​ទាំងនោះ រយសែន​និន្នហុត ជា ១ អព្វុទៈ ២០ អព្វុទៈ ជា ១ និរព្វុទៈ ១ សែននិរព្វុទៈ​ទាំងនោះ ឈ្មោះថា ១ អហហៈ ចំនួន​ត្រឹម​ប៉ុណ្ណេះ ជាអាយុ​ដែលនៅ​សល់ របស់​ពកព្រហ្ម​ក្នុងភព​នោះ ព្រះមានព្រះភាគ​សំដៅ​យក​អាយុនោះ ទើប​ទ្រង់ត្រាស់​យ៉ាងនេះ។

ពកព្រហ្មស្ដាប់ពាក្យនោះហើយ ពោល​គាថាទី ៣ ថា

 

អនន្តទស្សី ភគវាហមស្មិ, ជាតិជ្ជរំ សោកមុបាតិវត្តោ;

កឹ មេ បុរាណំ វតសីលវត្តំ, អាចិក្ខ មេ តំ យមហំ វិជញ្ញំ។

បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះបន្ទូល​ថា តថាគត​ជាអ្នកឃើញ​មិនមាន​ទីបំផុត កន្លង​ផុត​ស្រឡះ​នូវជាតិ និង​ជរាផង នូវសេចក្តី​សោកផង តើវ័ត និង​សីលវត្ត​របស់ខ្ញុំ ពីដើម​ដូចម្តេច​ខ្លះ សូមព្រះអង្គ​ប្រាប់នូវវ័ត និង​សីលវត្ត ដែលខ្ញុំ​គួរដឹង​នុ៎ះ ដល់ខ្ញុំ។ (សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ ព្រហ្មសំយុត្ត ពកព្រហ្មសូត្រ បិដកលេខ ៣០ ទំព័រ ៤៣)

ពាក្យថា ភគវា (បពិត្រព្រះមានព្រះភាគ) សេចក្ដីថា បពិត្រ​ព្រះមានព្រះភាគ ព្រះអង្គ​កាលត្រាស់​ថា តថាគត​ដឹងអាយុ​របស់អ្នក រមែង​ជាការ​ត្រាស់ថា តថាគត​ជាអ្នក​ឃើញ​មិនមាន​ទីបំផុត បានកន្លង​ជាតិ ជរា និង​សេចក្ដី​សោក។ ពាក្យថា វ័ត និងសីលវត្ត បានដល់ ការ​សមាទាន​វ័ត និង​សីលវត្ត អធិប្បាយ​ថា បើព្រះអង្គ​ជា​ព្រះសព្វញ្ញុពុទ្ធ កាលមាន​យ៉ាងនេះ អ្វី​ជាវ័ត និងសីលវត្ត​ពីបុរាណ​របស់ខ្ញុំ សូម​ព្រះអង្គ​ប្រាប់វ័ត និង​សីលវត្ត​នោះ​ដល់ខ្ញុំ វ័ត និង​សីលវត្ត​ណាដែល​ព្រះអង្គ​ប្រាប់ហើយ​យ៉ាងណា ខ្ញុំគប្បី​ដឹងតាម​យ៉ាងនោះ។

លំដាប់នោះ ព្រះមានព្រះភាគនាំយករឿង​រ៉ាវអតីត ៣ កាលនឹង​ប្រាប់ដល់​ពកព្រហ្ម​នោះ ទើបត្រាស់ ៤ ព្រះគាថា​ថា

 

យំ ត្វំ អបាយេសិ ពហូ មនុស្សេ, បិបាសិតេ ឃម្មនិ សម្បរេតេ;

តំ តេ បុរាណំ វតសីលវត្តំ, សុត្តប្បពុទ្ធោវ អនុស្សរាមិ។

 

អ្នកបានញ៉ាំងពួកមនុស្ស​ច្រើន ដែល​ស្រេកទឹក លំបាក​ដោយ​កម្ដៅថ្ងៃ ឲ្យផឹក​ហើយ​នោះឯង ជា​វតសមាទាន និង​សីលវត្ត​របស់​អ្នក​ពីដើម តថាគត​រឭក​ឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយភ្ញាក់​ឡើង។

 

យំ ឯណិកូលស្មិ ជនំ គហីតំ, អមោចយី គយ្ហក នីយមានំ;

តំ តេ បុរាណំ វតសីលវត្តំ, សុត្តប្បពុទ្ធោវ អនុស្សរាមិ។

អ្នកបានដោះលែងនូវពួកជន​ឈ្លើយ ដែលចោរ​ចាប់នំា​យក​ទៅទៀប​ឆ្នេរ នៃស្ទឹង​ឈ្មោះ​ឯណីនោះ​ឯង ជា​វតសមាទាន និង​សីលវត្ត​របស់​អ្នក​ពីដើម តថាគត​រឭក​ឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយភ្ញាក់​ឡើង។

 

គង្គាយ សោតស្មឹ គហីតនាវំ, លុទ្ទេន នាគេន មនុស្សកប្បា;

អមោចយិ ត្វំ ពលសា បសយ្ហ, តំ តេ បុរាណំ វតសីលវត្តំ;

សុត្តប្បពុទ្ធោវ អនុស្សរាមិ។

អ្នកបានគំរាមដោយកម្លាំង ហើយដោះលែង​នូវទូក​ដែល​នាគរាជ​អាក្រក់​បម្រុង​នឹង​ពន្លិច​ចោល ក្នុង​ខ្សែនៃ​ទឹកស្ទឹង ព្រោះវា​ចង់ធ្វើ​មនុស្ស​ឲ្យវិនាស​នោះឯង ជា​វតសមាទាន និង​សីលវត្ត​របស់​អ្នកពី​ដើម តថាគត​រឭក​ឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់ឡើង។

 

កប្បោ ច តេ ពទ្ធចរោ អហោសឹ, សម្ពុទ្ធិមន្តំ វតិនំ អមញ្ញំ;

តំ តេ បុរាណំ វតសីលវត្តំ, សុត្តប្បពុទ្ធោវ អនុស្សរាមិ។

តថាគតឈ្មោះកប្បៈ ធ្លាប់ជាកូន​សិស្សរបស់​អ្នក តថាគត​បាន​សម្គាល់ថា អ្នកជា​បុគ្គល​មាន​ប្រាជា្ញ មានវត្ត​ប្រតិបត្តិ នោះឯង​ជា​វតសមាទាន និង​សីលវត្ត​របស់​អ្នកពីដើម តថាគត​រឭកឃើញ​ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់ឡើង។ (សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ ព្រហ្មសំយុត្ត ពកព្រហ្មសូត្រ បិដកលេខ ៣០ ទំព័រ ៤៤-៤៥)

ពាក្យថា តថាគតរឭកឃើញ ដូចជា​បុគ្គល​ដេកលក់​ហើយ​ភ្ញាក់ឡើង សេចក្ដីថា បុគ្គល​កាលដេក​ក្នុង​ពេល​ជិតភ្លឺ បានឃើញ​សុបិនណា តថាគត​រមែង​រឭកបាន ក៏ហាក់​ដូចជា​អ្នកឃើញ​សុបិន​នោះ។

បឋមអតីតវត្ថុ

បានឮមកថា ក្នុងកប្បមួយ ពកព្រហ្មនោះ​ជាតាបស រស់នៅ​នឹងមរុកន្តារ (ផ្លូវ​សមុទ្រខ្សាច់) បាននាំ​ទឹកផឹក​ឲ្យដល់​មនុស្ស​អ្នកដំណើរ​ជាច្រើន។ ថ្ងៃមួយ អ្នកជំនួញ​ម្នាក់ ធ្វើដំណើរ​ដល់​មរុកន្តារ ដោយ​រទេះ ៥០០។ មនុស្ស​ទាំងឡាយ មិនអាច​នឹង​កំណត់​ទិស ត្រាច់ទៅ​អស់ ៧ ថ្ងៃ ជាអ្នក​អស់ឧស ទឹក និងអាហារ ត្រូវ​កម្ដៅ​គ្រប​សង្កត់ គិតថា ឥឡូវនេះ ជីវិត​របស់យើង​រមែង​មិនមាន ដូច្នេះទើប​ដាក់រទេះ​ឲ្យជា​រង្វង់មូល​ជុំវិញ ដោះលែង​គោ ហើយនាំ​គ្នាដេក​ខាងក្រោម​រទេះ។ គ្រានោះ តាបស​ពិចារណា​ឃើញ​មនុស្ស​ទាំងនោះ ហើយ​គិតថា កាលយើង​ឃើញហើយ មនុស្ស​ទាំងនោះ ចូរកុំ​វិនាស​ឡើយ ដូច្នេះ​ក៏បណ្ដាល​ខ្សែទឹក​ទន្គេគង្គា ធ្វើឲ្យ​នៅចំពោះ​មុខអ្នក​ជំនួញ ដោយឥទ្ធានុភាព​របស់ខ្លួន និងបាន​និម្មិត​ព្រៃមួយ​កន្លែង ទុកក្នុង​ទីមិនឆ្ងាយ។ មនុស្ស​ទាំងឡាយ ផឹកទឹក និងមុជ​ហើយ ឲ្យគោផឹក​ទឹកឆ្អែត ច្រូតស្មៅ​ពីព្រៃ នាំយក​ឧស កំណត់​ទិសបាន​ហើយ ជាអ្នក​មិនមាន​រោគ បានឆ្លង​ផុតផ្លូវ​កន្តារ។ ព្រះមានព្រះភាគ​ត្រាស់សំដៅ​ដល់រឿង​នោះ។

ទុតិយអតីតវត្ថុ

បានឮមកថា ក្នុងកាលដទៃ តាបស​នោះមក​នៅក្នុង​ព្រៃ ជិតច្រាំង​ទន្លេ ដែល​អាស្រ័យ​នឹងបច្ចន្តគ្រាម​មួយ។ ក្នុងថ្ងៃមួយ ពួកចោរ​នាំគ្នាចុះ​ពីភ្នំ ទៅប្លន់​ស្រុកនោះ ចាប់​មហាជន ឡើងទៅ​កាន់ភ្នំ ដាក់​មនុស្ស​អ្នកមើល​ក្នុង​រវាងផ្លូវ ចូលទៅ​កាន់​រូងភ្នំ ឲ្យគេ​ចម្អិន​អាហារ អង្គុយ (សម្រាក​ក្នុងទី​នោះ)។ តាបស​ឮសំឡេង​យំខ្សឹកខ្សួល​យ៉ាងខ្លាំង​របស់​គោក្របី​ជាដើម និង​របស់​ក្មេងប្រុសស្រី​ជាដើម ហើយ​គិតថា កាលយើង​ឃើញ​ហើយ មនុស្ស​ទាំងនេះ ចូរកុំវិនាស​ឡើយ ដូច្នេះ​ទើប​លះបង់​អត្តភាព ដោយ​ឥទ្ធានុភាព (និម្មិត​ខ្លួន) ជា​ព្រះរាជា​ដែល​ឡោមព័ទ្ធ​ដោយចតុរង្គសេនា ឲ្យវាយ​យុទ្ធភេរី ទៅកាន់​ទីនោះ។ មនុស្ស​អ្នកមើល​ផ្លូវឃើញ​កងទ័ព ហើយ​ប្រាប់​ពួកចោរ។ ពួកចោរ​គិតថា ឈ្មោះថា ការឈ្លោះ​នឹង​ព្រះរាជា មិនគួរ​ឡើយ ដូច្នេះ​ទើប​លះបង់​ទ្រព្យ​ដែលខ្លួន​នាំមក​យក​ទាំងអស់ មិន​បរិភោគ​អាហារ នាំគ្នា​រត់ទៅ។ តាបស​នាំមនុស្ស​ទាំងអស់​នោះ ទៅដាក់​ក្នុងស្រុក​របស់​ខ្លួន។ ព្រះមានព្រះភាគ ត្រាស់សំដៅ​យករឿង​នោះ។

តតិយអតីតវត្ថុ

ក្នុងកាលដទៃ តាបសនោះមករស់នៅត្រង់​ច្រាំង​ទន្លេគង្គា។ គ្រានោះ មនុស្ស​ទាំងឡាយ​ចងផែ​ដោយ​នាវាពីរបី ធ្វើ​បុប្ផមណ្ឌប​ត្រង់កំពូល​ផែ អង្គុយ​លើផែ បរិភោគ និងផឹក​ហើយ ទៅកាន់​សម្ពន្ធ​ត្រកូល។ មនុស្ស​ទាំងនោះ ចាក់សុរា​ដែល​ផឹកសល់ និង​ទម្លាក់​បាយ ត្រី សាច់ និង​ស្លា​ជាដើម ដាក់​ទន្លេគង្គា។ គង្គេយ្យនាគរាជ​ក្រោធថា មនុស្ស​ទាំងនេះ បោះសំណល់​មកលើ​យើង ដូច្នេះ​ហើយ​គិតថា យើងនឹង​ចាប់ជន​ទាំងនោះ​ឲ្យលិច​ចុះក្នុង​ទន្លេគង្គា រួចក៏​និម្មិត​កាយ​ប៉ុនទូក​ដ៏ធំ បំបែកទឹក បើកពពារ មានមុខ​ឆ្ពោះទៅ​រកមនុស្ស​ទាំងនោះ។ មនុស្ស​ទាំងនោះ​ឃើញនាគរាជ​ហើយ ភ័យខ្លាច​ចំពោះ​មរណៈ ស្រែក​សំឡេង​ខ្លាំងៗ តែមួយ។ តាបស​ស្ដាប់ឮ​សំឡេង​យំសោក​របស់​មនុស្ស​ទាំងនោះ និងដឹង​ភាពក្រោធ​របស់​ស្ដេចនាគ ហើយ​គិតថា កាលយើង​ឃើញ​មនុស្ស​ទាំងនេះ​ហើយ មនុស្ស​ទាំងនេះ ចូរកុំវិនាស​ឡើយ ដូច្នេះ ទើប​និម្មិត​កាយ​ជាស្ដេចគ្រុឌ​យ៉ាង​រហ័ស ដោយ​អានុភាព​របស់ខ្លួន។ នាគរាជ​ឃើញ​ស្ដេចគ្រុឌ​ហើយ ភ័យខ្លាច​ស្លាប់ ក៏មុជ​ចុះក្នុង​ទឹក។ មនុស្ស​ទាំងឡាយ​បាន​សុវត្ថិភាព​ហើយទៅ។ ព្រះមានព្រះភាគ ត្រាស់​សំដៅ​យក​រឿងនោះ។

បទថា ពន្ធចរោ បានដល់ អន្តេវាសិក។ បទថា សម្ពុទ្ធិមន្តំ វតិនំ អមញ្ញំ សេចក្ដីថា យើង​ដឹងអ្នក​ថា អ្នកជា​តាបស​ដែលដល់​ព្រមដោយ​បញ្ញា និងដល់​ព្រម​ដោយវ័ត។ ដោយបទ​នេះ ព្រះមានព្រះភាគ​សម្ដែង​ទុក​យ៉ាងណា? ទ្រង់​សម្ដែង​ថា

ម្នាលមហាព្រហ្ម ក្នុងអតីតកាល ក្នុងកាល​ដែលអ្នក​ជា​កេសវតាបស តថាគត​មានឈ្មោះ​ថា កប្បៈ ជា​អន្តេវាសិក និងជា​វេយ្យាវច្ចករ​របស់អ្នក អ្នក​ត្រូវ​អាមាត្យ​ឈ្មោះ​នារទៈ​នាំទៅ​កាន់ព្រៃ​ហិមពាន្ត​ពីក្រុង​ពារាណសី ហើយ​ក៏បានជា​សះស្បើយ​ចាករោគ។ ពេលនោះ នារទអាមាត្យ មកក្នុង​វារៈទី ២ ឃើញ​អ្នកជា​បុគ្គល​មិនមាន​រោគ ទើប​ពោលគាថា​នេះថា

មនុស្សិន្ទំ ជហិត្វាន, សព្វកាមសមិទ្ធិនំ;

កថំ នុ ភគវា កេសិ, កប្បស្ស រមតិ អស្សមេ។

កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់​ព្រះបាទ​ពារាណសី ជាធំ​ជាង​មនុស្ស អ្នកឲ្យ​សម្រេច​សេចក្ដី​ប្រាថ្នា​ទាំងពួង ហើយ​ត្រេកអរ​សប្បាយ​ក្នុង​អាស្រម​របស់​កូនសិស្ស​ឈ្មោះ​កប្បៈ តើដោយ​ឧបាយ​ដូចម្ដេច។ (ខុ. ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥)

 

អ្នកពោលពាក្យនេះនឹងអាមាត្យនោះថា

សាទូនិ រមណីយានិ, សន្តិ វក្ខា មនោរមា;

សុភាសិតានិ កប្បស្ស, នារទ រមយន្តិ មំ។

ម្នាលអាមាត្យ រសទាំងឡាយ​ដ៏ឆ្ងាញ់ គួររីករាយ​ក៏មាន ដើមឈើ​ទាំងឡាយ ជាទី​រីករាយ​ចិត្តក៏មាន ពាក្យ​ជាសុភាសិត​ទាំងឡាយ​របស់​កប្បកៈ តែងធ្វើ​ឲ្យអាត្មា​ត្រេកអរ​បាន។ (ខុ. ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥)

ព្រះមានព្រះភាគសម្ដែងភាពដែល​កេសវតាបស​មិនមាន​រោគ ដោយ​ព្រះអង្គ​ជា​អន្តវាសិកបានធ្វើ​ឲ្យរោគ​ស្ងប់រម្ងាប់ ទើបត្រាស់​យ៉ាងនេះ។ មួយទៀត កាល​នឹងឲ្យ​មហាព្រហ្ម​ទាំងអស់ កំណត់​ដឹងកម្ម​ដែល​ពកព្រហ្ម​បានធ្វើ​ក្នុងមនុស្ស​លោក ទើបត្រាស់​ទុក​យ៉ាងនេះ។

ពកព្រហ្មរលឹកកម្មដែលខ្លួនបានធ្វើតាម​ព្រះតម្រាស់​របស់​ព្រះសាស្ដា​ហើយ កាលនឹង​សរសើរ​ព្រះតថាគត ទើប​ពោល​ឱសានគាថា​ថា

 

អទ្ធា បជានាសិ មមេតមាយុំ, អញ្ញម្បិ ជានាសិ តថា ហិ ពុទ្ធោ;

តថា ហិ តាយំ ជលិតានុភាវោ, ឱភាសយំ តិដ្ឋតិ ព្រហ្មលោកំ។

ព្រះអង្គជា្របច្បាស់នូវអាយុរបស់ខ្ញុំនុ៎ះដោយពិតផង ជ្រាបច្បាស់​នូវហេតុ​ដទៃផង ព្រះអង្គ​ជាព្រះពុទ្ធ​មែន​ នេះជា​អានុភាព​ដ៏រុងរឿង​របស់​ព្រះអង្គ ដែលញ៉ាំង​ព្រហ្មលោក​ឲ្យភ្លឺ​រុងរឿង។

បទថា តថា ហិ ពុទ្ធោ (ព្រះអង្គជាព្រះពុទ្ធមែន) សេចក្ដីថា ព្រះអង្គ​ជាព្រះពុទ្ធ​ពិតមែន។ លោកសម្ដែង​ថា ធម្មតា ការមិនដឹង​របស់​ព្រះពុទ្ធ​ទាំងឡាយ រមែង​មិនមាន ឈ្មោះថា ព្រះពុទ្ធ​ទាំង​ឡាយ ព្រោះភាព​ជាអ្នក​ត្រាស់ដឹង​ធម៌​ទាំងពួង។ បទថា តថា ហិ តាយំ សេចក្ដី​ថា ព្រោះ​ភាពជា​ព្រះពុទ្ធ​នោះឯង ទើប​អានុភាព​ពន្លឺ​នៃសរីរៈ​ផ្សាយចេញ​ពីព្រះកាយ​ទ្រង់។ បទថា ឱភាសយំ តិដ្ឋតិ សេចក្ដី​ថា អានុភាព​រស្មីសរីរៈ​ព្រះអង្គ​ភ្លឺរុងរឿង​ទូទាំង​ព្រហ្មលោក​ទាំងអស់។

ព្រះសាស្ដាញ៉ាំងពកព្រហ្មឲ្យដឹងពុទ្ធគុណ​របស់​ព្រះអង្គ​យ៉ាងនេះ​ហើយ ទ្រង់​សម្ដែង​ធម៌ ប្រកាស​សច្ចធម៌ កាលចប់​សច្ចធម៌ ព្រហ្មប្រមាណ ១ ម៉ឺន មានចិត្ត​ផុតចាក​អាសវៈ ដោយ​មិនមានការ​ប្រកាន់។ ព្រះមានព្រះភាគ ជាទីពឹង​របស់​ពួក​ព្រហ្ម​យ៉ាងនេះ​ហើយ ទ្រង់យាង​ចេញពី​ព្រហ្មលោក មកកាន់​វត្តជេតពន ហើយ​ត្រាស់​ព្រះធម្មទេសនា​នោះ ដោយ​និយាម​ដែល​ព្រះអង្គ​បានត្រាស់​ហើយ​ក្នុង​ព្រហ្មលោក​នោះ ដល់ភិក្ខុ​ទាំងឡាយ រួចហើយ​ទ្រង់ប្រជុំ​ជាតក​ថា

 

តទា កេសវតាបសោ ពកព្រហ្មា អហោសិ កេសវតាបស​ក្នុងកាល​នោះ បានមក​ជា​ពកព្រហ្ម។

កប្បមាណវោ បន អហមេវ អហោសឹ ចំណែក​កប្បមាណព គឺ​តថាគត​នេះឯង។

ចប់ ពកព្រហ្មជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សត្តកនិបាត កុក្កុវគ្គ បិដកលេខ ៥៩ ទំព័រ ៨៧)

ដោយ ស.ដ.វ.ថ.