សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ពកជាតក ទី៦

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុនិយាយ​កុហក​មួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ភទ្ទកោ វតយំ បក្ខី ដូច្នេះ​ជាដើម។

 

ព្រះសាស្ដាកាលទ្រង់ឃើញភិក្ខុកុហកមួយរូប ដែលត្រូវ​នាំខ្លួន​មកគាល់ ទើបត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ មិនមែន​ជាអ្នក​កុហក​តែក្នុងកាល​ឥឡូវ​នេះប៉ុណ្ណោះ​ទេ សូម្បី​ក្នុងកាលមុន ក៏ជា​អ្នកកុហក​ដែរ ហើយទ្រង់​នាំយក​អតីតនិទាន​មកសម្ដែង​ដូចតទៅ

 

អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​បដិសន្ធិ​ជាត្រី មាន​បរិវារច្រើន រស់នៅ​ក្នុងស្រះមួយ នាព្រៃ​ហិមពាន្ត។ គ្រានោះ មានកុកមួយគិតថា យើងនឹង​ស៊ីត្រី ទើបឈរ​សំកុក ធ្វើហាក់​ដូចជា​មានកម្លាំង​ខ្សោយ សម្លឹង​មើលត្រី​នៅជិតស្រះ រង់ចាំ​មើលត្រី​ទាំងនោះ​ភ្លេចខ្លួន។ ពេលនោះ ព្រះពោធិសត្វ​ហែហម​ដោយហ្វូង​ត្រី ត្រាច់ស្វែង​រកចំណី ក៏ទៅដល់​ទីនោះ។

 

ហ្វូងត្រីឃើញកុកនោះ ក៏ពោលគាថាទី ១ ថា

ភទ្ទកោ វតយំ បក្ខី, ទិជោ កុមុទសន្និភោ,

វូបសន្តេហិ បក្ខេហិ, មន្ទមន្ទោវ ឈាយតិ។

សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាប​ទាំងពីរ​សម្លប​ហើយឈរ កុកហាក់​ដូចជា​មានកម្លាំង​ខ្សោយ។

 

បទថា មន្ទមន្ទោវ ឈាយតិ សេចក្ដីថា កុកឈរសំកុក ហាក់ដូចជា​អស់កម្លាំង ធ្វើជា​មិនដឹង​អ្វីទាំង​អស់។

 

គ្រានោះ ព្រះពោធិសត្វសម្លឹងមើលកុកនោះ ហើយពោល​គាថាទី ២ ថា

នាស្ស សីលំ វិជានាថ, អនញ្ញាយ បសំសថ,

អម្ហេ ទិជោ ន បាលេតិ, តេន បក្ខី ន ផន្ទតិ។

អ្នកទាំងឡាយមិនដឹងច្បាស់នូវសីលរបស់កុកនោះទេ អ្នកទាំងឡាយ​មិនដឹង ហើយនាំ​គ្នា​សរសើរ សត្វស្លាប​មិនមែន​រក្សានូវ​យើងឡើយ ព្រោះ​ហេតុនោះ ទើប​សត្វស្លាប (នេះ) មិន​កម្រើកខ្លួន ។

 

បណ្ដាបទទាំងនោះ បទថា អនញ្ញាយ ប្រែថា មិនដឹងច្បាស់។

 

បទថា អម្ហេ ទិជោ ន បាលេតិ សេចក្ដីថា សត្វស្លាប់នេះ មិនមែន​រក្សា មិនមែន​គ្រប់គ្រង​ពួកយើង​ឡើយ តែង​ជញ្ជឹង​គិតថា បណ្ដាត្រី​ទាំងនោះ អញនឹង​ចឹកមួយ​ណាស៊ីហ៎្ន។

 

បទថា តេន បក្ខី ន ផន្ទតិ សេចក្ដីថា ដោយហេតុនោះ ទើបសត្វស្លាបនេះ មិនកម្រើក​ខ្លួន។

 

កាលព្រះពោធិសត្វពោលយ៉ាងនេះហើយ ហ្វូងត្រី​ក៏បាញ់ទឹក​ដាក់កុក​ឲ្យរត់ទៅ។

 

ព្រះសាស្ដា ទ្រង់នាំយកព្រះធម្មទេសនានេះ​មកសម្ដែង​ហើយ ទើបប្រជុំ​ជាតកថា

តទា ពកោ កុហកោ ភិក្ខុ អហោសិ កុកក្នុងកាលនោះ គឺជាភិក្ខុកុហក។

មច្ឆរាជា បន អហមេវ អហោសឹ ចំណែកស្ដេចត្រី ក៏គឺតថាគតនេះឯង។

ពកជាតកទី៦ ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត ឧបាហនវគ្គ បិដកលេខ ៥៨ ទំព័រ ១២៦។)

ដោយស.ដ.វ.ថ.