សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ផន្ទនជាតក ទី២

(រឿងពៀររបស់ខ្លាឃ្មុំនិងដើមពង្រ)

ព្រះសាស្ដា កាលស្ដេចគង់នៅនឹងច្រាំង​ស្ទឹង​រោហិណី ទ្រង់​ប្រារព្ធ​ការឈ្លោះ​របស់​ពពួកញាតិ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា កុឋារិហត្ថោ បុរិសោ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវបច្ចុប្បន្នក្នុងជាតកនេះ នឹងមានជាក់​ច្បាស់ក្នុង​កុណាលជាតក

 

គ្រានោះ ព្រះសាស្ដាហៅពពួកញាតិមក​ហើយ ត្រាស់ថា បពិត្រ​មហារាជ ក្នុង​អតីតកាល ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី នៅខាង​ក្រៅនគរ មានស្រុក​ជាងឈើ​មួយ។ វឌ្ឍកីព្រាហ្មណ៍ (ព្រាហ្មណ៍​ជាជាងឈើ) ម្នាក់ នាំយក​ឈើអំពី​ព្រៃ មកធ្វើរថ​ដើម្បី​ចិញ្ចឹម​ជីវិត។ គ្រានោះ មានដើម​ពង្រដ៏​ធំមួយ ក្នុង​ហិមវន្តប្រទេស។ កាឡសីហៈ (ខ្លាឃ្មុំ) មួយ ត្រាច់ស្វែង​រក​អាហារ បានមក​ដេកនៅ​នឹងគល់​ដើមពង្រ​នោះ។

 

ថ្ងៃមួយ កាលខ្យល់បក់ខ្លាំង ធ្វើឲ្យមែកងាប់ ធ្លាក់ត្រូវ​កខ្លាឃ្មុំ។ ខ្លាឃ្មុំ​មុតនឹង​កំណាត់​ឈើបន្តិច ភ័យខ្លាច ក្រោកឡើង​ស្ទុះរត់ចេញ ហើយ​ត្រឡប់​ងាកមើល​ផ្លូវដែល​មក មិនឃើញ​អ្វីឡើយ ទើបគិត​ថា សីហៈ ខ្លា ឬ​សត្វដទៃ ដែលដេញ​តាមយើង​មិនមាន ទេវតា​ដែលកើត​នៅនឹង​ដើមឈើ​នេះ ប្រហែល​ជាមិនចង់​ឲ្យយើង​ដេកក្នុង​ទីនេះ ចាំមើលចុះ គង់នឹង​បាន​ដឹងគ្នា ដូច្នេះ​ក៏ចងក្រោធ​ក្នុងហេតុ​ដែល​មិនគួរ ហើយ​ប្រហារ​ដើមឈើ គំរាម​រុក្ខទេវតា​ថា​ យើងមិន​បាន​ស៊ីស្លឹក និង​មិនបាន​ស៊ីមែក​ដើមឈើ​របស់​អ្នកទេ ម្រឹគដទៃ​មកដេក​ត្រង់នេះ អ្នកអត់​ធន់បាន តែយើង អ្នក​អត់ធន់​មិនបាន ទោស​ដូចម្ដេច​មានដល់​យើង (ចាំមើល) កន្លង​ទៅពីរ​បីថ្ងៃទៀត យើងនឹង​ឲ្យគេ​មកដក​ដើមឈើ​របស់​អ្នក ព្រមទាំង​គល់ យើងនឹង​គេកាត់ជា​កំណាត់​តូច ជា​កំណាត់ធំ ដូច្នេះ​ហើយ កាលរក​មើល​បុរស ទើបត្រាច់​ទៅ។

 

គ្រានោះ វឌ្ឍកីព្រាហ្មណ៍នាំមនុស្សពីរបីនាក់​ទៅកាន់​ប្រទេស​នោះ​ដោយ​យាន ដើម្បី​រកឈើ​មកធ្វើ​រថ បានឈប់​យាននៅ​កន្លែង​មួយ ជាអ្នក​មានដៃ​កាន់កាំបិត និងពូថៅ កាល​រកមើល​ដើមឈើ ក៏បាន​ទៅដល់​ទីជិត​ដើមពង្រ​នោះ។ កាឡសីហៈ​ឃើញ​ព្រាហ្មណ៍​នោះហើយ គិតថា ថ្ងៃនេះ គួរនឹង​បានឃើញ​ខ្នងសត្រូវ​របស់​យើង ដូច្នេះ​ក៏ទៅ​ឈរជិត​គល់ដើមឈើ។ ជាងឈើ​សម្លឹង​មើលខាង​នេះ ខាងនោះ បានទៅ​ដល់ទី​ជិត​ដើមពង្រ។ កាឡសីហៈ​គិតថា ជាងឈើ​នេះមិន​ទាន់កន្លង​ហួសទៅ​ដរាបណា យើង​ប្រាប់​គេដរាប​នោះ ដូច្នេះ​ហើយ ក៏ពោល​គាថាទី ១ ថា

 

កុឋារិហត្ថោ បុរិសោ, វនមោគយ្ហ តិដ្ឋសិ;

បុដ្ឋោ មេ សម្ម អក្ខាហិ, កឹ ទារុំ ឆេតុមិច្ឆសិ។

អ្នកជាបុរសមានដឹងក្នុងដៃ ចូលមកឈរ​នៅក្នុង​ព្រៃ នែសម្លាញ់ ខ្ញុំសួរ​ហើយ ចូរអ្នក​ប្រាប់ តើអ្នក​ចង់កាប់​ឈើអ្វី។

 

វឌ្ឍកីព្រាហ្មណ៍ស្ដាប់ពាក្យរបស់​ខ្លាឃ្មុំ​ហើយ គិតថា ឱហ្ន៎ ពិតជា​អស្ចារ្យ​ណាស់ ម្រឹគ​និយាយ​វាចា​មនុស្ស យើងមិន​ធ្លាប់ជួប​ក្នុងកាល​មុនឡើយ ម្រឹគនេះ​គង់ដឹង​ឈើដែល​សមគួរ​ធ្វើរថ យើងនឹង​សួរម្រឹគ​នោះ ដូច្នេះ​ទើប​ពោល​គាថាទី២ ថា

 ឥស្សោ វនានិ ចរសិ, សមានិ វិសមានិ ច;

បុដ្ឋោ មេ សម្ម អក្ខាហិ, កឹ ទារុំ នេមិយា ទឡ្ហំ។

អ្នកជាកាឡសីហៈ ត្រាច់ទៅកាន់​ព្រៃស្មើ និងមិន​ស្មើ ម្នាល​សម្លាញ់ ខ្ញុំសួរ​ហើយ អ្នកចូរ​ប្រាប់ឈើ​អ្វី ធ្វើខ្នងកង់​ជាប់មាំ។

 

កាឡសីហៈស្ដាប់ពាក្យនោះហើយ គិតថា ឥឡូវនេះ មនោរថ​របស់​យើង នឹងដល់​ទីបំផុត ដូច្នេះទើប​ពោល​គាថាទី ៣ ថា

នេវ សាលោ ន ខទិរោ, នាស្សកណ្ណោ កុតោ ធវោ;

រុក្ខោ ច ផន្ទនោ នាម, តំ ទារុំ នេមិយា ទឡ្ហំ។

ដើមរាំងក៏មិនជាប់ ដើមគគីរក៏មិនជាប់ ដើមត្រចៀកប្រើស​ក៏មិនជាប់ ដើមត្របែក​ក៏មិនជាប់ មានតែ​ដើមពង្រ ឈើនោះ​ធ្វើកង់​រទេះ​ជាប់មាំ។

 

វឌ្ឍកីព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ កើតសេចក្ដី​សោមនស្ស​ថា ថ្ងៃនេះជា​ថ្ងៃល្អមែន យើងចូល​ព្រៃ ហើយមាន​សត្វតិរច្ឆាន​មកប្រាប់​ឈើដែល​សមគួរ​ធ្វើរថ​ដល់យើង ពិតជា​ប្រពៃ​ណាស់ ដូច្នេះ​កាល​នឹងសួរ (ពីលក្ខណៈ​ដើមពង្រ) ទើបពោល​គាថាទី ៤ ថា

កីទិសានិស្ស បត្តានិ, ខន្ធោ វា បន កីទិសោ;

បុដ្ឋោ មេ សម្ម អក្ខាហិ, យថា ជានេមុ ផន្ទនំ។

ស្លឹកពង្រនោះ បែបដូចម្តេច ដើមពង្រនោះ បែបដូចម្តេច ម្នាល​សម្លាញ់ យើងសួរ​ហើយ អ្នកចូរ​ប្រាប់ យើងគប្បី​ស្គាល់​ដើមពង្រ​យ៉ាងណា។

 

លំដាប់នោះ ខ្លាឃ្មុំកាលនឹងប្រាប់​ជាងឈើ ទើបពោល ២ គាថា​ថា

 យស្ស សាខា បលម្ពន្តិ, នមន្តិ ន ច ភញ្ជរេ;

សោ រុក្ខោ ផន្ទនោ នាម, យស្ស មូលេ អហំ ឋិតោ។

មែកឈើណា សំយុងចុះផង ទន់ទោរផង មិនបាក់ផង ខ្ញុំឈរ​ក្បែរគល់​ឈើណា ឈើនោះហើយ ជាដើមពង្រ។

 

អរានំ ចក្កនាភីនំ, ឦសានេមិរថស្ស ច;

សព្វស្ស តេ កម្មនិយោ, អយំ ហេស្សតិ ផន្ទនោ។

ដើមពង្រនេះ គួរដល់ការងាររបស់អ្នក ដើម្បីកាំរទេះ​ទាំងឡាយ ដើម្បីកង់ និង​ដុំរទេះ​ទំាងឡាយ ដើម្បី​ចន្ទោល​រទេះ និង​ខ្នងកង់​រទេះ និងរបស់​សព្វគ្រប់ ក្រៅពីនេះ​ទាំងអស់។

 

កាឡសីហៈប្រាប់យ៉ាងនេះហើយ មានចិត្ត​ត្រេកអរ ដើរត្រាច់​ទៅកាន់​ទីកន្លែង​មួយ ចំណែក​វឌ្ឍកីព្រាហ្មណ៍ ក៏ប្រារព្ធ​ដើម្បីកាត់​ដើមពង្រ​នោះ។ រុក្ខទេវតា​គិតថា យើងមិន​បាន​ឲ្យអ្វីៗ​ធ្លាក់លើ​ខ្លាឃ្មុំនេះ​ទេ ខ្លាឃ្មុំនេះ ចងអាឃាត​ក្នុងហេតុ​ដែល​មិនគួរ ញ៉ាំង​វិមាន​របស់​យើងឲ្យ​វិនាស សូម្បី​យើង ក៏ត្រូវ​វិនាស យើងនឹង​ឲ្យខ្លាឃ្មុំ​នេះវិនាស ដោយ​ឧបាយ​យ៉ាងណា​មួយដែរ។ រុក្ខទេវតា ក៏ក្លែង​ខ្លួន​ធ្វើដូច​ជាបុរស​អ្នកធ្វើ​ការងារ​ក្នុងព្រៃ ដើរទៅ​កាន់សម្នាក់​ជាង​ឈើនោះ សួរថា នែ​បុរស​ដ៏ចម្រើន លោកបាន​ដើមឈើ​ជាទី​ពេញចិត្ត កាត់ដើម​ឈើនេះ​ហើយ លោកនឹង​ធ្វើអ្វី​ទៀត? ជាងឈើ​ពោលថា ខ្ញុំនឹង​ធ្វើខ្នង​កង់រថ។ រុក្ខទេវតា​សួរទៀត​ថា ចុះអ្នកណា​ប្រាប់​លោកថា រថនឹង​ធ្វើដោយ​ដើមឈើ​នេះ។ ជាងឈើ​ពោលថា គឺ​កាឡសីហៈ​មួយ។ រុក្ខទេវតា​ពោលថា ល្អហើយ បើខ្លាឃ្មុំ​នោះ​ប្រាប់លោក រថដែល​ល្អប្រសើរ​ត្រូវធ្វើ​ដោយ​ដើមឈើ​នេះ លោកចូរ​ឆ្កៀល​ស្បែកបំពង់​កខ្លាឃ្មុំ មក​រុំមណ្ឌល​ខ្នងកង់​ក្នុងទី​ប្រមាណ ៤ ធ្នាប់ ហាក់ដូច​ជាធ្វើ​ដោយ​បន្ទះដែក ធ្វើយ៉ាង​នេះ ខ្នងកង់​នឹងមាំមួន អ្នកនឹង​បានទ្រព្យ​ច្រើន។ ជាងឈើ​សួរថា ខ្ញុំនឹង​បាន​ស្បែកខ្លាឃ្មុំ​អំពីណា? រុក្ខទេវតា​ពោលថា អ្នកជា​មនុស្ស​ល្ងង់ ដើមឈើ​របស់​អ្នកនេះ ឋិតនៅ​ក្នុងព្រៃ មិនរត់​ទៅណា​ទេ ខ្លាឃ្មុំ​ណាប្រាប់​ដើមឈើ​នេះ​ដល់អ្នក អ្នកចូរ​ទៅកាន់​សម្នាក់​ខ្លាឃ្មុំ​នោះ ហើយបញ្ឆោត​វាថា បពិត្រ​លោកម្ចាស់ ដើមឈើ​ដែលលោក​ប្រាប់ដល់​ខ្ញុំនោះ ខ្ញុំបាន​កាត់ទុក​នៅត្រង់​កន្លែង​មួយ រួចអ្នក​ចូរនាំ​ខ្លាឃ្មុំ​នោះមក ពេលនោះ​វាមិន​មានសេចក្ដី​សង្ស័យ​នឹងអ្នក​ទេ អ្នកចូរ​និយាយ​ថា នឹងកាត់​ត្រង់នេះ​ត្រង់នោះ ដូច្នេះ​កាល​កំពុង​ប្រាប់ អ្នកចូរ​កាប់វា​ដោយ​ពូថៅធំ​ដ៏មុត ធ្វើវា​ឲ្យអស់​ជីវិត ហើយ​កាន់​យកស្បែក និង​ស៊ីសាច់​ល្អៗ រួច​សឹមកាត់​ដើមឈើ​នេះចុះ ដូច្នេះ​ហើយ រុក្ខទេវតា​ក៏បាន​ញ៉ាំង​ពៀរឲ្យ​សម្រេច។

 

ព្រះសាស្ដា កាល​ប្រកាស​សេចក្ដី​នោះ ទើបត្រាស់​ព្រះគាថា​ទាំងនេះ​ថា

 ឥតិ ផន្ទនរុក្ខោបិ, តាវទេ អជ្ឈភាសថ;

មយ្ហម្បិ វចនំ អត្ថិ, ភារទ្វាជ សុណោហិ មេ។

ព្រោះហេតុនោះ ទេវតាអាស្រ័យនៅលើ​ដើមពង្រ បាននិយាយ​ថា ពាក្យរបស់​ខ្ញុំក៏មាន​ដែរ ម្នាល​ភារទ្វាជ​ព្រាហ្មណ៍ អ្នកឯង​ចូរស្តាប់​ពាក្យខ្ញុំ​សិន។

 

ឥស្សស្ស ឧបក្ខន្ធម្ហា, ឧក្កច្ច ចតុរង្គុលំ;

តេន នេមឹ បសារេសិ, ឯវំ ទឡ្ហតរំ សិយា។

អ្នកចូរអារយកស្បែកខ្លាឃ្មុំនេះ ត្រង់ក ចំនួន ៤ ធ្នាប់ ​ហើយយក​ស្បែកនោះ​មកទ្រាប់​ខ្នងកង់រទេះ ធ្វើយ៉ាងនេះ ទើបជាប់​មាំមួន។

 

ឥតិ ផន្ទនរុក្ខោបិ, វេរំ អប្បេសិ តាវទេ;

ជាតានញ្ច អជាតានំ, ឥស្សានំ ទុក្ខមាវហិ។

ទេវតាដែលអាស្រ័យនៅលើដើមពង្រ បានសម្រេច​ពៀរហើយ បាននាំ​យកសេចក្តី​ទុក្ខមក​ឲ្យដល់​ខ្លាឃ្មុំ​ទាំងឡាយ ដែលកើត​ហើយផង ដែលមិន​ទាន់កើត​ហើយផង ដោយ​ប្រការ​ដូច្នេះ។

 

វឌ្ឍកីព្រាហ្មណ៍ស្ដាប់ពាក្យរុក្ខទេវតា​ហើយ គិតថា ឱហ្ន៎ ថ្ងៃនេះ​ជាថ្ងៃ​មង្គល​របស់​យើង ដូច្នេះហើយ គាត់ក៏​បានសម្លាប់​ខ្លាឃ្មុំ និងកាត់​ដើមពង្រ រួចចៀស​ចេញទៅ។

 

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើប​ត្រាស់ថា

ឥច្ចេវំ ផន្ទនោ ឥស្សំ, ឥស្សោ ច បន ផន្ទនំ;

អញ្ញមញ្ញំ វិវាទេន, អញ្ញមញ្ញមឃាតយុំ។

ដើមពង្រចងពៀរនឹងខ្លាឃ្មុំ ឯខ្លាឃ្មុំចងពៀរ​នឹង​ដើមពង្រ ហើយ​បាន​សម្លាប់​គ្នាទៅ​វិញទៅ​មក ដោយ​ការទាស់​ទែងគា្នទៅ​វិញទៅមក ដោយ​ប្រការ​ដូច្នេះឯង។

 

ឯវមេវ មនុស្សានំ, វិវាទោ យត្ថ ជាយតិ;

មយូរនច្ចំ នច្ចន្តិ, យថា តេ ឥស្សផន្ទនា។

ខ្លាឃ្មុំ និងដើមពង្រនោះ ចងពៀរវេរា​យ៉ាងណា ការទាស់​ទែងរបស់​មនុស្ស​ទាំងឡាយ កើតមាន​ក្នុងទី​ណា មនុស្ស​ទាំងនោះ ឈ្មោះថា រាំដូច​ជា​ក្ងោកពង់ ក្នុងទី​នោះ ក៏យ៉ាង​នោះដែរ។

 

តំ វោ វទាមិ ភទ្ទំ វោ, យាវន្តេត្ថ សមាគតា;

សម្មោទថ មា វិវទថ, មា ហោថ ឥស្សផន្ទនា។

តថាគតនឹងសំដែងនូវហេតុនោះថា្វយ​មហារាជ ពួកមនុស្ស​ដែលមក​ប្រជុំក្នុង​ទីនេះ មាន​ចំនួន​ប៉ុន្មាន សូមសេចក្តី​ចម្រើន​មានដល់​មហាបពិត្រ មាន​ចំនួន​ប៉ុណ្ណោះ សូម​មហាបពិត្រ ព្រមព្រៀង​គ្នា កុំទាស់​ទែងគា្ន កុំឲ្យ​ដូចខ្លាឃ្មុំ​ និងដើម​ពង្រ​ឡើយ។

 

សាមគ្គិមេវ សិក្ខេថ, ពុទ្ធេហេតំ បសំសិតំ;

សាមគ្គិរតោ ធម្មដ្ឋោ, យោគក្ខេមា ន ធំសតិ។

សូមមហាបពិត្រ សិក្សានូវសេចក្តីព្រមព្រៀង​គ្នាតែម៉្យាង ព្រោះសេចក្តី​ព្រមព្រៀង​គ្នានោះ ព្រះពុទ្ធ​ទាំងឡាយ​សរសើរ​ហើយ បុគ្គល​អ្នកត្រេកអរ​ក្នុងសេចក្តី​ព្រមព្រៀង​គ្នា អ្នកតាំង​នៅក្នុង​ធម៌ រមែង​មិន​សាបសូន្យ​ចាក​ព្រះនិព្វាន​ជាទីក្សេម​ចាកយោគៈ​ទាំងឡាយ​ឡើយ។

 

ពួកសក្យរាជទាំងឡាយ​បានស្ដាប់ធម្មកថា​ហើយ ក៏កើត​សេចក្ដី​សាមគ្គី​ឡើង។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់​ប្រជុំ​ជាតកថា

តទា តំ ការណំ វិទិត្វា តស្មឹ វនសណ្ឌេ និវុត្ថទេវតា អហមេវ អហោសឹ ទេវតា​ដែលនៅ​ក្នុងព្រៃ បាន​ដឹង​ហេតុការណ៍ ក្នុងកាល​នោះ គឺ​តថាគត​នេះឯង។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៧០)

ដោយ ស.ដ.វ.ថ