។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បូដទូសកជាតក ទី១០

(ឆដ្ឋ.បុដទូសកជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់​ប្រារព្ធ​កុមារ​ដែល​ប្រទូស​កញ្ចប់​ម្នាក់ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អទ្ធា ហិ នូន មិគរាជា ដូច្នេះ​ជាដើម។

 

បានឮមកថា ក្នុងក្រុងសាវត្ថី អាមាត្យម្នាក់ និមន្តភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ឲ្យគង់​ក្នុង​ឧទ្យាន កាល​ថ្វាយទាន គាត់ពោល​ថា ក្នុងចន្លោះ​ពេលភត្ត បើ​ព្រះមានព្រះភាគ និង​លោកម្ចាស់​ប្រាថ្នា​នឹង​ត្រាច់មើល ចូរនិមន្ត​ចុះ។ ភិក្ខុ​ទាំងឡាយ​ត្រាច់ចារិក​ក្នុងឧទ្យាន។

 

ក្នុងខណៈនោះ ឧទ្យានបាលឡើងលើដើមឈើ​ដែលមាន​ស្លឹកច្រើន បេះ​ស្លឹកឈើ​ធំៗ មកធ្វើ​ជាកញ្ចប់ ដោយ​គិតថា នេះនឹង​ជាកញ្ចប់​ផ្កាឈើ នេះនឹង​ជា​កញ្ចប់ផ្លែឈើ ដូច្នេះ​ហើយ ទើប​ទម្លាក់​កញ្ចប់​ឲ្យធ្លាក់​ចុះត្រង់​គល់ឈើ។ កូនរបស់​គាត់​កម្ទេច​កញ្ចប់ ៗ ដែលធ្លាក់​មក​ហើយ ៗ។ ភិក្ខុទាំងឡាយ​ប្រាប់រឿង​នោះដល់​ព្រះមានព្រះភាគ។ ព្រះសាស្ដា​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាល​ឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ក្មេងនេះ​ក៏ប្រទូស​នឹងកញ្ចប់​ដែរ រួចហើយ​ទ្រង់នាំ​អតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​ព្រាហ្មណ៍​មួយ កាលធំ​ហើយ ក៏នៅ​គ្រប់គ្រង​ផ្ទះ។ ថ្ងៃមួយ លោក​ទៅឧទ្យាន​ដោយ​ករណីយកិច្ច​យ៉ាង​ណាមួយ។ ក្នុងឧទ្យាន​នោះ មានស្វា​ជាច្រើន​រស់នៅ។

 

ឧទ្យានបាលទម្លាក់កញ្ចប់ស្លឹកឈើ តាមនិយាយ​មុននោះ​ឯង ស្វាជា​ប្រធាន កម្ទេច​កញ្ចប់​ដែលធ្លាក់​មក​ហើយៗ។ ព្រះពោធិសត្វ​ហៅស្វា​នោះ​មក​ពោលថា អ្នក​ប្រទូស​កញ្ចប់​ដែល​ឧទ្យានបាល​ទម្លាក់​មកហើយៗ ដោយប្រាថ្នា​នឹងធ្វើឲ្យ​ជាទី​ពេញចិត្ត​ដ៏ក្រៃលែង ដូច្នេះ ព្រះពោធិសត្វ​ក៏ពោល​គាថាទី ១ ថា

 

អទ្ធា ហិ នូន មិគរាជា, បុដកម្មស្ស កោវិទោ;

តថា ហិ បុដំ ទូសេតិ, អញ្ញំ នូន ករិស្សតិ។

មិគរាជ គឺស្ដេចស្វា ជាសត្វឈ្លាសក្នុងការធ្វើកញ្ចប់ស្លឹកឈើ​ដោយពិត ព្រោះ​ហេតុ​ដូច្នោះ ទើប​បាន​បំផ្លាញ​កញ្ចប់ចោល នឹងធ្វើ​កញ្ចប់​ដទៃ ឲ្យល្អជាង​កញ្ចប់មុន​ដោយពិត។

 

បណ្ដាបទទាំងនោះ បទថា មិគរាជា សេចក្ដីថា ព្រះពោធិសត្វ​ពោល​សរសើរ​ស្វា។

ស្វាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា

 

ន មេ មាតា វា បិតា វា, បុដកម្មស្ស កោវិទោ;

កតំ កតំ ខោ ទូសេម, ឯវំ ធម្មមិទំ កុលំ។

បិតា ឬមាតារបស់ខ្ញុំ មិនមែនជាសត្វឈ្លាស​ក្នុងការ​ធ្វើ​កញ្ចប់ទេ តែពួក​ខ្ញុំ​បានតែ​ខាងបំផ្លាញ​នូវវត្ថុ​ដែលគេ​ធ្វើហើយ ៗ ប៉ុណ្ណោះ នេះជា​ត្រកូល (របស់ពានរ) តែង​មាន​យ៉ាងនេះ ជា​ធម្មតា។

 

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល​គាថាទី ៣ ថា

យេសំ វោ ឯទិសោ ធម្មោ, អធម្មោ បន កីទិសោ;

មា វោ ធម្មំ អធម្មំ វា, អទ្ទសាម កុទាចនំ។

ធម្មតារបស់ពួកអ្នកណា ប្រាកដយ៉ាងនេះ​ទៅហើយ ចំណង់បើ​មិនមែន​ធម្មតា តើនឹង​ដូចម្ដេច​ទៅវិញ យើង​សូមកុំ​ឲ្យជួប​ប្រទះនឹង​អាការ​ជាធម្មតា ឬមិនមែន​ជាធម្មតា​របស់ពួក​អ្នកនោះ ក្នុង​កាលណា​ឡើយ។

 

កាលព្រះពោធិសត្វពោលយ៉ាងនេះហើយ ក៏តិះដៀល​ហ្វូងស្វា​ម្ដងទៀត ហើយ​ចៀសចេញ​ទៅ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំ​ជាតកថា

 

តទា វានរោ បុដទូសកទារកោ អហោសិ ស្វាក្នុង​កាលនោះ បានមក​ជាកុមារ​ប្រទូស​កញ្ចប់

បណ្ឌិតបុរិសោ បន អហមេវ អហោសឹ ចំណែកបុរសបណ្ឌិត គឺតថាគត​នេះឯង។

បូដទូសកជាតក ទី១០ ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត ឧទបានវគ្គ បិដកលេខ ៥៨ ទំព័រ.១៦៤)

ដោយ ស.ដ.វ.ថ