បុព្វនិមិត្ត ២៤ប្រការ

បុព្វនិមិត្តទាំងឡាយ ដែលកើតឡើងក្នុងថ្ងៃ ដែលព្រះមានព្រះភាគទីបង្ករជាម្ចាស់ ទ្រង់ព្យាករ ព្រះបរមពោធិសត្វនៃយើង

១. ត្រជាក់ក៏ស្ងាត់បាត់ទៅ ទាំងក្ដៅក៏ស្ងប់រម្ងាប់។
២. លោកធាតុទាំងមួយម៉ឺន ក៏ឥតមានសំឡេង ឥតវឹកវរ។
៣. ខ្យល់ធំទាំងឡាយក៏ឈប់បក់ ស្ទឹងទាំងឡាយក៏ឈប់ហូរ។
៤. ផ្កាទាំងពួងដែលកើតលើគោក កើតក្នុងទឹក ក៏រីកក្នុងខណៈនោះ។
៥. វល្លិ៍ទាំងឡាយក្ដី ឈើទាំងឡាយក្ដី ទ្រទ្រង់នូវផ្លែក្នុងខណៈនោះ វល្លិ៍ និងឈើទាំងអស់នោះ ក៏បញ្ចេញផ្លែក្នុងថ្ងៃនេះ។
៦. កែវទាំងឡាយ ដែលឋិតនៅព្ធដ៏អាកាសក្ដី ឋិតនៅលើផែនដីក្ដី ដែលរុងរឿងក្នុងខណៈនោះ កែវទាំងនោះក៏រុងរឿងក្នុងថ្ងៃនេះ។
៧. គ្រឿងតូរ្យតន្ត្រីទាំងឡាយ ជារបស់មនុស្ស និងជាទិព្វដែលប្រគំក្នុងខណៈនោះ តូរ្យតន្ត្រីទាំងពីរនោះ ក៏លាន់ឮឡើងក្នុងថ្ងៃនេះ ។
៨. ផ្កាដ៏វិចិត្រទាំងឡាយ រុះរោយចុះអំពីអាកាសក្នុងខណ់នោះ ផ្កាដ៏វិចិត្រទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ ។
៩. មហាសមុទ្រក៏ស្រកចុះ លោកធាតុ ទាំងមួយម៉ឺនក៏ញាប់ញ័រក្នុងខណៈនោះ មហាសមុទ្រ និងលោកធាតុទាំងពីរនោះ ក៏លាន់ឮកងរំពងក្នុងថ្ងៃនេះ ។
១០. ភ្លើងក្នុងនរកទាំងមួយម៉ឺនក៏រលត់ក្នុងខណៈនោះ ភ្លើងទាំងនោះ ក៏រលត់ក្នុងថ្ងៃនេះ ។
១១. ព្រះអាទិត្យប្រាសចាកមន្ទិល ផ្កាយទាំងពួងក៏ប្រាកដ ព្រះអាទិត្យ និងផ្កាយទាំងនោះ ក៏បានប្រាកដក្នុងថ្ងៃនេះ ។
១២. ក្នុងកាលគ្មានភ្លៀង ទឹកក៏ផុសឡើងលើផែនដី ក្នុងខណ់នោះ ទឹកក៏ផុសឡើង​លើផែនដី​ក្នុង​ថ្ងៃនេះ ។
១៣. ពួកផ្កាយទាំងឡាយក៏រុងរឿង ផ្កាយនក្ខត្តឫក្សទាំងឡាយប្រកបដោយព្រះចន្ទ ខែវិសាខ ក៏រុងរឿងក្នុងមណ្ឌលនៃអាកាស។
១៤. ចំណែកឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់លំនៅចោលក្នុងថ្ងៃនេះ។
១៥. សេចក្ដីអផ្សុកមិនមានដល់សត្វទាំងឡាយ សត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរក្នុងថ្ងៃនេះ។
១៦. រោគទាំងឡាយដ៏ស្រាលៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្ដីស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាសនៃសេចក្ដីស្រេកឃ្លានទាំងនោះក៏ប្រាកដក្នុងថ្ងៃនេះ។
១៧. រោគក៏ស្រាកស្រាន្តទៅ ទោសៈ មោហៈ ក៏បាត់បង់ទៅក្នុងកាលនោះ រោគ និងកិលេសទាំងអស់នោះ ក៏ប្រាសចេញទៅក្នុងថ្ងៃនេះ ។
១៨. ឯភ័យមិនមានក្នុងកាលនោះ ការមិនមានន័យនុ៎ះក៏ប្រាកដក្នុងថ្ងៃនេះ ។
១៩. ធូលីក៏ខ្ចាត់ខ្ចាយទៅខាងលើ ការខ្ចាត់ខ្ចាយធូលីក៏ប្រាកដក្នុងថ្ងៃនេះ ។
២០. ក្លិនស្អុយក៏ផាត់ចេញ ក្លិនទិព្វក៏ផ្សាយទៅ ក្លិនទិព្វនោះក៏ផ្សាយចេញក្នុងថ្ងៃនេះ។
២១ ពួកទេវតាទាំងពួង វៀរលែងតែអរូបព្រហ្មចេញ ដែលប្រាកដ ពួកទេវតាទាំងអស់នោះ ក៏ប្រាកដក្នុងថ្ងៃនេះ ។
២២. ពយកសត្វនរកទាំងឡាយអម្បាលម៉ានដែលប្រាកដក្នុងខណៈនោះ ពួកសត្វនរកទាំងអស់នោះឯង ក៏ប្រាកដក្នុងថ្ងៃនេះ ។
២៣. ជញ្ជាំងទាំងឡាយក្ដី សន្ទះទ្វារទាំងឡាយក្ដី ភ្នំទាំងឡាយក្ដី ជាគ្រឿងរារាំងមិនមានឡើយ កំពែងសន្ទះទ្វារនិងភ្នំទាំងឡាយនោះ ក៏ក្លាយទៅជាអាកាសប្រាកដក្នុងថ្ងៃនេះ។
២៤. ចុតិ និងឧបបត្តិមិនមានក្នុងខណៈនោះ និមិត្តទាំងនោះក៏ប្រាកដក្នុងថ្ងៃនេះ ។