សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បុប្ផរត្តជាតក ទី៧

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ [ភិក្ខុ​អ្នក​អផ្សុកធុញ​ទ្រាន់ចង់សឹក] មួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា នយិទំ ទុក្ខំ អទុំ ទុក្ខំ ដូច្នេះ។

 

សេចក្ដីសង្ខេបថា ភិក្ខុនោះ កាលព្រះមានព្រះភាគ​សួរថា ម្នាលភិក្ខុ បានឮថា អ្នក​អផ្សុក​ចង់សឹក ពិតមែនឬ? ក៏ទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះទសពល​សួរថា ព្រោះហេតុអ្វី បានជា​អ្នកចង់​សឹក? ភិក្ខុនោះ​ឆ្លើយថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រោះ​បុរាណទុតិយិកា [ស្រ្តី​ដែលមាន​បុរស​ជាពីរនាក់​ក្នុង​កាលពី​មុន គឺ​ប្រពន្ធ​ពីដើម ឬ​ប្រពន្ធ​ពីមុន] ស្ត្រីនោះ​ជាអ្នក​មានថ្វីដៃ​ពូកែធ្វើ​ម្ហូបឲ្យមាន​រសឆ្ងាញ់ ខ្ញុំព្រះអង្គ​មិនអាច​នឹងនៅ​ដោយមិន​មាននាង​បានទេ។ លំដាប់នោះ ព្រះសាស្ដា​ត្រាស់នឹង​ភិក្ខុនោះ​ថា ម្នាកភិក្ខុ ស្ត្រីនោះ មិនមែន​ធ្វើសេចក្ដី​វិនាស​ដល់អ្នក​តែក្នុង​កាលឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ព្រោះស្ត្រី​នេះជា​ហេតុ អ្នកក៏​ត្រូវដោត​ដោយឈើ​អណ្ដោត ហើយ​សោកសៅ ស្រែកយំ​រកតែស្ត្រី​នោះប៉ុណ្ណោះ លុះអ្នក​ស្លាប់ទៅ ក៏កើត​ក្នុងនរក​ទៀត ពេលនេះ ព្រោះហេតុអ្វី បានជា​អ្នកនៅ​ប្រាថ្នាចង់​បានស្ត្រីនោះ​ទៀត លុះ​ត្រាស់ដូច្នេះ​ហើយ ទើបទ្រង់​នាំយក​អតីតនិទាន​មកសម្ដែង​ដូចតទៅ

 

អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិ​ជា​អាកាសដ្ឋទេវតា។ គ្រានោះ នគរពារាណសី​មាន​មហោស្រព​ពេលរាត្រី​នៃខែកត្តិក មនុស្ស​ទាំងឡាយ​នាំគ្នាតាក់តែង​ព្រះនគរ​យ៉ាងស្អាត ដូច​ទេវនគរ។ ជនទាំងពួង​ប្រាថ្នា​នឹងលេង​មហោស្រព។ មាន​បុរសទុគ៌ត​ម្នាក់ មានសំពត់​សាច់ជិត​មួយគូ​ប៉ុណ្ណោះ។ បុរសនោះ យកសំពត់​មកបោកគក់​ឲ្យស្អាត បោក​ខ្លាំងពេក ធ្វើឲ្យ​សំពត់នោះ​ដាច់ជា​ចម្រៀកៗ រហែក​រាប់រយ​រាប់ពាន់​កន្លែង។ ពេលនោះ ភរិយា​របស់​បុរសនោះ​និយាយ​នឹងគាត់ថា សាមិ អ្នកជា​ម្ចាស់ អូនចង់​ស្លៀកសំពត់​ដែលជ្រលក់​ដោយ​ផ្កាដកគាំ [ឈ្មោះផ្កា​ពណ៌ក្រហម​ស្រគាំ​ប្រើជាគ្រឿង​ជ្រលក់] មួយផ្ទាំង ដណ្ដប់​មួយផ្ទាំង ហើយ​កៀកកបង​ដើរលេង​អស់ពេល​រាត្រីនៃ​ខែកត្តិក។

 

បុរសនោះពោលថា ហៃអូនដ៏​ចម្រើន យើង​ក្រ នឹងមាន​សំពត់​ជ្រលក់​ដោយ​ផ្កាដកគាំ​មកអំពី​ណា អូនចូរ​ស្លៀកដណ្ដប់​សំពត់មួយ​ផ្ទាំងនេះ ហើយទៅ​ដើរលេង​ចុះ។

 

នាងភរិយាពោលថា បើមិនបានសំពត់​ជ្រលក់​ដោយ​ផ្កាដកគាំ​ទេ អូន​នឹងមិន​ទៅលេង​មហោស្រព​ទេ បងចូរ​នាំស្ត្រីដទៃ​ទៅដើរ​លេងជា​មួយចុះ។

 

បុរសនោះពោលថា ហៃអូនសម្លាញ់ ហេតុអ្វី​ក៏អូនបង្ខំ​បងខ្លាំងម្ល៉េះ យើងនឹង​បានសំពត់​នោះ អំពី​ទីណា?

 

នាងពោលថា កាលសេចក្ដីប្រាថ្នារបស់បុរសមាន ការប្រាថ្នានោះ នឹងមិន​សម្រេច មិនមាន​ឡើយ ផ្កាដកគាំ​ក្នុងចម្ការ​របស់​ព្រះរាជា មានច្រើន​ណាស់។

 

បុរសនោះពោលថា ហៃអូនសម្លាញ់ ទីនោះមានការ​យាមយ៉ាង​តឹងរឹង​ណាស់ ដូចជា​ស្រះបោក្ខរណី​ដែល​អារក្សទឹក​រក្សា​ដូច្នោះ យើងមិន​អាចនឹង​ចូលទៅ​ជិតបាន​ទេ នាងកុំ​ពេញចិត្ត​នឹងសំពត់​នោះអី ចូរត្រេកអរ​តាមមាន​តាមបាន​ចុះ។

 

នាងពោលថា បពិត្រលោកប្ដី កាលភាពងងឹត​ក្នុងចំណែក​នៃរាត្រី​មានហើយ ស្ថាន​ដែលបុរស​ទៅមិនដល់ រមែង​មិនមាន។

 

នាងប្រពន្ធនិយាយរំអុករឿយៗ​យ៉ាងនេះ ទុគ៌តបុរសនោះ កាន់យក​ពាក្យរបស់​នាងដោយ​អំណាច​កិលេស ហើយ​លួងលោម​ភរិយាថា ហៃអូន​សម្លាញ់ អូននៅ​ជាសុខចុះ កុំគិត​អ្វីឡើយ។ លុះដល់​អធ្រាត្រ​យប់ស្ងាត់ បុរស​នោះ ក៏ប្ដូរ​ជីវិត​ចេញអំពី​នគរ ទៅកាន់​ចម្ការ​ផ្កាដកគាំ​របស់​ព្រះរាជា ឡើង​ជាន់របង ចូលទៅ​ខាងក្នុង​ចម្ការ។ មនុស្ស​ទាំងឡាយ​ដែលជា​អ្នករក្សា​ចម្ការ ឮសំឡេង​របង បាន​ឡោមព័ទ្ធ​ដោយ​ពោលថា ចោរ ចោរ ចាប់បុរស​នោះ ជេរស្ដី វាយដំច្រំធាក់ ចងទុក ដល់ពេល​ភ្លឺឡើង ទើបនាំ​ចូលទៅ​គាល់​ព្រះរាជា។ ព្រះរាជា​ត្រាស់ថា អ្នកទាំង​ឡាយ ចូរទៅ​ចាប់បុរស​នេះដោត​លើឈើ​អណ្ដោត។ លំដាប់​នោះ រាជបុរស​ក៏ចង​ស្លាបសេក​បុរសនោះ រួចនាំ​ចេញអំពី​ក្រុង ដោយ​មានអ្នក​វាយស្គរ​ប្រកាស​ទោស​ប្រហារ​ជីវិតតាម​ទៅជាមួយ ហើយយក​ទៅដោត​លើឈើ​អណ្ដោត។ បុរស​នោះ សោយទុក្ខ​វេទនា​យ៉ាងខ្លាំង ហ្វូងក្អែក​នាំគ្នាមក​ទំលើក្បាល ចឹកភ្នែក​ទាំងពីរ​ដោយ​ចំពុះ​ដ៏មុត​ដូចចុង​ច្បូក។ បុរសនោះ មិនបាន​យកចិត្ត​ទុកដាក់​ចំពោះ​មហាទុក្ខ​វេទនានោះ​ឡើយ នឹក​រឭកនូវ​ស្ត្រីដែល​ជាភរិយា​នោះ​ប៉ុណ្ណោះ ហើយ​គិតថា អញខាន​បានឱកាស​ដើរលេង​មហោស្រព​ប្រចាំ​ខែកត្តិក​ជាមួយ​នឹងនាង​ជាភរិយា​ដែលស្លៀក​ដណ្ដប់​សំពត់​ជ្រលក់​ដោយផ្កា​ដកគាំ យកដៃ​ទាំងពីរ​ឱបក្រសោប​កៀកកគ្នា​ដើរលេង ដូច្នេះ​ហើយ ក៏ពោល​គាថានេះ​ថា

នយិទំ ទុក្ខំ អទុំ ទុក្ខំ, យំ មំ តុទតិ វាយសោ;

យំ សាមា បុប្ផរត្តេន, កត្តិកំ នានុភោស្សតិ។

ក្អែកចោះអញ ដោយហេតុណា ហេតុនេះ មិនជាទុក្ខទេ សេចក្ដី​ទុក្ខនោះ ក៏មិន​មានដល់​យើងឡើយ ទុក្ខមាន​ដល់យើង​នោះ ត្រង់ភរិយា​ឈ្មោះ​សាមា មិនបាន​ស្លៀកសណ្ដប់​សំពត់ ដែល​ជ្រលក់​ដោយ​ទឹកដកគាំ ដើរមើល​មហោស្រព​ក្នុងខែ​កត្តិក។

 

បណ្ដាបទទាំងនោះ បទថា នយិទំ ទុក្ខំ អទុំ ទុក្ខំ, យំ មំ តុទតិ វាយសោ មានអត្ថថា ទុក្ខផ្លូវកាយ ផ្លូវចិត្ត​ដែលត្រូវ​ចាក់ដោត​ដោយឈើ​អណ្ដោត​ស្រួច​ជាបច្ច័យ​ក្ដី ទុក្ខដែល​ត្រូវក្អែក​ចឹកដោយ​ចំពុះស្រួច​ដូចធ្វើ​ដោយ​លោហៈ​ក្ដី សូម្បី​ទាំងអស់​នេះ ក៏មិនមែន​ជាសេចក្ដី​ទុក្ខរបស់​អញទេ ប៉ុន្តែ​ទុក្ខនេះ​នោះឯង ទើបជា​ទុក្ខរបស់​អញ។

 

សួរថា ទុក្ខប្រភេទណា?

ឆ្លើយថា ទុក្ខមានដល់អញនោះ ត្រង់ដែល​ភរិយា​របស់អញ ដែលមាន​ពណ៌​សម្បុរ​ដូច​ផ្កាប្រយង្គុ [ឈ្មោះឈើ​តូចពួកមួយ​មានផ្កា​ជាចង្កោម​កម្រងល្អិតៗ សម្បុរ​លឿង​ក្លិនក្រអូប​ឆ្ងាញ់ ប៉ុន្តែ​ក្រអូប​ស្បើយ; មាន ២ ប្រភេទ​គឺ​ប្រយង្គុ​ធំ ស្លឹក​ស្រដៀង​នឹងស្លឹក​ឈើកែវ; ប្រយង្គុ​តូច ស្លឹកតូច​ៗ] មិនបាន​ស្លៀកដណ្ដប់​សំពត់​ដែលជ្រលក់​ដោយ​ទឹកផ្កា​ដកគាំ ដើរ​មើល​មហោស្រព​ប្រចាំខែ​កត្តិក អធិប្បាយថា ការដែល​ស្ត្រីឈ្មោះ​សាមា​ជាភរិយា​របស់អញ​នោះ មិនបាន​ស្លៀកដណ្ដប់​សំពត់ដែល​ជ្រលក់​ដោយទឹក​ផ្កាដកគាំ បិទបាំង​រាងកាយ​ដោយគូ​នៃសំពត់​សាច់ម៉ដ្ឋ​ដែលជ្រលក់​ដោយ​ផ្កាឈើ កៀកក​អញដើរ​មើល​មហោស្រព​ប្រចាំខែ​កត្តិក នេះទើប​ជាទុក្ខ​របស់អញ ទុក្ខនេះ​ប៉ុណ្ណោះ ដែល​បៀតបៀន​អញយ៉ាង​ក្រៃលែង។

 

បុរសនោះគិតតែសោកសៅកន្ទក់កន្ទេញ នឹកដល់​មាតុគ្រាម​នោះ​យ៉ាងនេះ​ប៉ុណ្ណោះ រហូត​ស្លាប់ទៅ​កើតក្នុង​នរក។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំ​ជាតកថា

 

តទា ជយម្បតិកាវ ឥទានិ ជយម្បតិកា ប្ដីប្រពន្ធ​ក្នុងកាល​នោះ បានមក​ជាប្ដីប្រពន្ធ​ក្នុងកាល​នេះ។

 

តំ ការណំ បច្ចក្ខំ កត្វា ឋិតា អាកាសដ្ឋទេវតា បន អហមេវ អហោសឹ ចំណែក​អាកាសដ្ឋទេវតា​អ្នកឈរ​ប្រកាស​ធ្វើហេតុ​នោះឲ្យ​ប្រចក្ស គឺ​តថាគត​នេះឯង។

ចប់ បុប្ផរត្តជាតក ទី៧ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៥ )

ដោយស.ដ.វ.ថ.