។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បុចិមន្ទជាតក ទី១

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ឧដ្ឋេហិ ចោរ ដូច្នេះ​ជាដើម។

បានឮមកថា កាលព្រះថេរៈស្នាក់នៅកុដិក្នុងព្រៃ ដែលអាស្រ័យ​នឹងក្រុង​រាជគ្រឹះ មានចោរ​ម្នាក់កាត់​ទីតក្នុង​ផ្ទះមួយ ក្នុងស្រុក​ទៀបទ្វារ​នគរ កាន់យក​ហត្ថសារៈ រត់ចូល​ទៅ​បរិវេណ​កុដិ​របស់​ព្រះថេរៈ ដេកនៅ​មុខ​បណ្ណសាលា​របស់​ព្រះថេរៈ ដោយ​គិតថា ការរក្សា​ការពារ នឹងមាន​ដល់អញ​ក្នុងទីនេះ។

ព្រះថេរៈដឹងភាពដែលចោរនោះ​ដេកនៅខាងមុខ ធ្វើសេចក្ដី​រង្កៀស​ចំពោះ​ចោរ​នោះ លោក​គិតថា ធម្មតា ការស្និទ្ធស្នាល​នឹងចោរ មិនគួរទេ លោកក៏ចេញ​មកបណ្ដេញ​ថា អ្នកកុំដេក​នៅទីនេះ។ ចោរនោះ​ចេញពី​ទីនោះ រត់បង្វែង​ដាន។ មនុស្ស​ទាំងឡាយ កាន់​គប់ភ្លើង​មកដល់​ទីនោះ ដោយ​ស្នាម​ជើងចោរ ឃើញទី​មក ទីឈរ ទីអង្គុយ និង​ទីដេក​ជាដើម ក៏នាំគ្នា​និយាយ​ថា ចោរមក​ពីទីនេះ ឈរទីនេះ អង្គុយ​ទីនេះ គេចទៅ​តាម​ផ្លូវនេះ យើង​លែងឃើញ​ហើយ ក៏នាំគ្នា​រត់ទៅ​ទីនេះផង​នោះផង នៅតែ​មិនឃើញ ទើប​ត្រឡប់​ទៅវិញ។ ក្នុងថ្ងៃ​ស្អែក វេលា​បុព្វណ្ហ​សម័យ ព្រះថេរៈ​និមន្ត​ត្រាច់ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ ពេលត្រឡប់​ពី​បិណ្ឌបាត​វិញ លោកនិមន្ត​ទៅវត្ត​វេឡុវ័ន ក្រាប​ទូលការ​ប្រព្រឹត្ត​ទៅនោះ​ចំពោះ​ព្រះសាស្ដា។ ព្រះសាស្ដា​ត្រាស់ថា ម្នាល​មោគ្គល្លាន មិនមែន​តែអ្នកទេ ដែល​រង្កៀស​ចំពោះហេតុ​ដែលគួរ​រង្កៀស សូម្បី​បោរាណបណ្ឌិត​ទាំងឡាយ​ក៏ធ្លាប់​រង្កៀស​ដែរ ដូច្នេះហើយ កាល​ព្រះថេរៈ​អារាធនា ទ្រង់​បាននាំ​អតីត​និទានមក​សម្ដែង​ថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​បានសោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​បានកើត​ជា​និម្ពរុក្ខទេវតា (ទេវតា​ដើមស្ដៅ) ក្នុងព្រៃ​ស្មសាន​នៃ​ព្រះនគរ។ ថ្ងៃមួយ ចោរម្នាក់​បានធ្វើ​អំពើលួច​ក្នុងស្រុក​ជិតទ្វារ​នគរ ហើយបាន​រត់ចូល​ក្នុងព្រៃ​ស្មសាន​នោះ។ គ្រានោះ មានដើមឈើ​ជាចម្បង ២ គឺ និម្ពព្រឹក្ស (ដើមស្ដៅ) ១ អស្សត្ថព្រឹក្ស (ដើមពោធិ៍) ១ ដុះក្នុង​ព្រៃនោះ។ ចោរបាន​ដាក់បង្វេច​ទ្រព្យក្បែរ​គល់​និម្ពព្រឹក្ស​ហើយដេក។ ក្នុងកាលនោះ ពួកមនុស្ស​ចាប់ចោរ​ទាំងឡាយ​បានហើយ នឹង​ដោតពួក​គេដោយ សូលនិម្ពព្រឹក្ស (ឈើអណ្ដោត​ធ្វើពី​ដើមស្ដៅ)។ លំដាប់នោះ និម្ពរុក្ខ​ទេវតា​គិតថា ប្រសិនបើ​មនុស្ស​ទាំងឡាយ​មក ចាប់ចោរ​នេះបាន ពួកគេ​នឹងកាត់​មែក​និម្ពព្រឹក្ស​នេះឯង ធ្វើសូល​ដោតចោរ​នោះពុំខាន កាលបើ​យ៉ាងនេះ ដើមឈើ​នឹង​វិនាស ណ្ហើយចុះ អញនឹង​ដេញចោរ​នោះចេញ​ពីទីនេះ។ និម្ពទេវតា កាលនឹង​ចរចា​ជាមួយ​នឹងចោរ​នោះ ទើបពោល​គាថាទី ១ ថា

 

ឧដ្ឋេហិ ចោរ កឹ សេសិ, កោ អត្ថោ សុបនេន តេ;

មា តំ គហេសុំ រាជានោ,     គាមេ កិព្វិសការកំ។

ម្នាលចោរ អ្នកចូរក្រោកឡើង អ្នកដេកធ្វើអ្វី ប្រយោជន៍អ្វី​ការដេក​លក់​របស់អ្នក កុំឲ្យ​រាជបុរស​ទាំងឡាយ ចាប់អ្នក​ដែលធ្វើ​កម្ម​អាក្រក់ ក្នុងស្រុក​ឡើយ។

បទថា រាជានោ សេចក្ដីថា និម្ពរុក្ខទេវតា​ពោលសំដៅ​យករាជ​បុរស។

 

ព្រះពោធិសត្វពោលដូច្នេះហើយ ក៏បំភ័យចោរនោះ​ឲ្យរត់ ដោយ​ពោលថា ដរាបណា រាជបុរស​ទាំងឡាយ​មិនទាន់​ចាប់អ្នក​បាន អ្នកចូរទៅ​ក្នុងទីដទៃ​ដរាប​នោះចុះ។

កាលចោរនោះរត់ទៅហើយ អស្សត្ថទេវតា​ក៏ពោលគាថាទី ២ ថា

 

យំ នុ ចោរំ គហេស្សន្តិ, គាមេ កិព្វិសការកំ;

កឹ តត្ថ បុចិមន្ទស្ស, វនេ ជាតស្ស តិដ្ឋតោ។

រាជបុរសទាំងឡាយនឹងចាប់តែចោរ ដែលធ្វើ​កម្មអាក្រក់ ក្នុងស្រុក​ទេតើ ប្រយោជន៍​អ្វី ដល់​បុចិមន្ទទេវតា ដែលឋិត​នៅក្នុង​ព្រៃនោះ។

 

និម្ពទេវតាស្ដាប់ពាក្យនោះហើយ ពោលគាថាទី ៣ ថា

ន ត្វំ អស្សត្ថ ជានាសិ, មម ចោរស្ស ចន្តរំ;

ចោរំ គហេត្វា រាជានោ, គាមេ កិព្វិសការកំ;

អប្បេន្តិ និម្ពសូលស្មឹ, តស្មឹ មេ សង្កតេ មនោ។

ម្នាលអស្សត្ថទេវតា អ្នកមិនដឹងនូវទោស​នៃខ្ញុំផង នៃចោរ​ផង ពួក​រាជបុរស​ចាប់បាន​ចោរ អ្នកធ្វើ​អំពើ​អាក្រក់​ក្នុងស្រុក ហើយ​ដោត​ចោរនោះ ដោយ​មែកស្ដៅ​ស្រួច ខ្ញុំរង្កៀស​ចិត្តក្នុង​ហេតុនោះ។

កាលទេវតាទាំងនោះ ចរចាឆ្លងឆ្លើយគ្នាទៅវិញ​ទៅមក​យ៉ាងនេះ ម្ចាស់​ទ្រព្យ មានដៃ​កាន់​គប់ភ្លើង ក៏មកដល់​ដោយស្នាម​ជើងចោរ បានឃើញ​ទីចោរដេក ក៏​និយាយ​ថា នែគ្នាយើង ចោរទើប​តែក្រោក​រត់ទៅ​អម្បាញ់​មិញនេះ​ឯង យើងចាប់​ចោរមិន​បានសោះ បើចាប់​វាបាន មុខតែ​ដោតវា​នឹងសូល​និម្ពព្រឹក្ស​នេះ ពុំនោះទេ នឹងព្យួរ​លើមែក​និម្ពព្រឹក្ស នេះ​ពុំខាន រួចហើយ​សឹមយើង​ទៅវិញ ថាដូច្នេះ​ហើយ ក៏នាំ​គ្នារត់រក​ទីនោះ​ផង ទីនោះ​ផង នៅតែ​មិនឃើញ​ចោរសោះ ហើយក៏​នាំគ្នា​ត្រឡប់​ទៅវិញ។

អស្សត្ថទេវតាស្ដាប់ពាក្យមនុស្ស​ទាំងនោះ ទើបពោល​គាថាទី ៤ ថា

សង្កេយ្យ សង្កិតព្វានិ, រក្ខេយ្យានាគតំ ភយំ;

អនាគតភយា ធីរោ, ឧភោ លោកេ អវេក្ខតិ។

អ្នកប្រាជ្ញគប្បីរក្សានូវហេតុដែលគួររង្កៀស គប្បីរក្សា​នូវភ័យ​ដែលមិន​ទាន់មក​ដល់ អ្នក​ប្រាជ្ញ​តែងសម្លឹង​មើលនូវ​លោក​ទាំងពីរ ព្រោះ​អនាគត​ភ័យ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា អស្សត្ថទេវតា អានន្ទោ អហោសិ អស្សត្ថទេវតា​ក្នុងកាល​នោះ បានមក​ជា​អានន្ទ

និម្ពទេវតា បន អហមេវ អហោសឹ និម្ពទេវតា គឺតថាគត​នេះឯង។

បុចិមន្ទជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៧)

ដោយ ស.ដ.វ.ថ.