។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បិង្គិយានីទេវិវត្ថុ

អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ​ព្រហ្មទត្ត​ មាន​ព្រះនាមថា បិង្គិយានី បានបើក​នូវសីហបញ្ជរ កាលព្រះនាង​សម្លឹងទៅ​ បានឃើញ​បុរសអ្នក​គង្វាលសេះ​មង្គល​ម្នាក់ (ក៏មាន​ព្រះហ្ឫទ័យ​ប្រតិព័ទ្ធស្នេហា) គ្រាកាល​ដែលព្រះរាជ​ស្វាមី​ទ្រង់កំពុង​ដំណើរការ​និទ្រាលង់​លក់ហើយ ព្រះនាង​ក៏ចុះតាម​វាតបាន គឺបង្អួច ទៅប្រព្រឹត្ត​អំពើក្បត់ (លបលួច​ស្រឡាញ់គ្នា) ជាមួយនឹង​អ្នកគង្វាល​សេះនោះ រួចរាល់​ស្រេចបាច់​ហើយ ទើបឡើង​មកកាន់​ប្រាសាទ ហើយជម្រះ​នូវសរីរៈ ដោយ​គ្រឿងក្រអូប ទើបបាន​ចូលទៅដេក​ជាមួយ​ព្រះរាជស្វាមីវិញ ។

អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុង​វេលាពាក់​កណ្ដាលអធ្រាត្រ សរីរៈ​របស់ព្រះទេវី​ទើបត្រជាក់​ជានិច្ច​អីចឹង យើង​នឹងឃ្លាំមើល​នូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជា​ទ្រង់ធ្វើហាក់​ដូចជាផ្ទំលក់ ពេលព្រះនាង​ក្រោកទៅ ព្រះរាជា​ទ្រង់ក៏យាង​ទៅតាមក្រោយ ទ្រង់​បាន​ឃើញព្រះនាង​ប្រព្រឹត្តអំពើ​ក្បត់ជាមួយ​នឹងអ្នកគង្វាលសេះ ហើយ​ទ្រង់ត្រឡប់​មក ស្ដេចក៏ឡើង​កាន់ទី​សយ្យាសនៈ ។ សូម្បី​ព្រះនាង​ទេវី កាលបាន​ប្រព្រឹត្តរួច​រាល់ហើយ ទើបយាង​មក ហើយចូលផ្ទំ​លើទីដេក​ដ៏តូចមួយ ។

បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជា​ឲ្យនាង​បិង្គិយានី​មកក្នុងកណ្ដាល​ពួកអាមាត្យ ទ្រង់បង្ហាញ​នូវកិច្ចនោះ ហើយ​ត្រាស់ថា ស្ត្រីទាំងពួង រមែងមាន​ធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើក​លែងទោស​សម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់​ទោសត្រឹមតែ) ញ៉ាំង​ព្រះនាង​ឲ្យឃ្លាតចាក​តំណែង ហើយទ្រង់​បានតែង​តាំងស្ត្រីដទៃ​ធ្វើជា​អគ្គមហេសី ។

តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជា​ព្រះបាទព្រហ្មទត្ត​នោះ ។ ព្រោះហេតុ​នោះ កាលនឹង​សម្ដែងហេតុ​ដែលខ្លួន​ឃើញមក ទើបពោល​នូវគាថាថា

បិង្គិយានី សព្ពលោកិស្សរស្ស,              រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា;

អវាចរី បដ្ឋវសានុគស្ស,                         តំ វាបិ សា នាជ្ឈគា កាមកាមិនី។

នាងបិង្គិយានី ជាភរិយា ជាទីស្រឡាញ់​នៃព្រះបាទ​ព្រហ្មទត្ត ព្រះអង្គជាធំ​ក្នុងលោក​ទាំងមូល បានប្រព្រឹត្ត​ក្បត់ចំពោះ​បុរស អ្នក​លុះក្នុង​អំណាច​ដែល​ខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភ​ក្នុងកាមនោះ មិនបាន​នូវបុរស​គង្វាលសេះ​នោះផង (នូវទី​អគ្គមហេសី​ផង)

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១