។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បានីយជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់​ការសង្កត់​សង្កិនកិលេស បាន​ត្រាស់​ព្រះធម្មទេនា​នេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។

 

សម័យមួយ គ្រហស្ថដែលជាមិត្ត​សម្លាញ់នឹងគ្នា ដែលរស់នៅ​ក្នុងនគរសាវត្ថី មាន​ប្រមាណ ៥០០ នាក់ បានស្ដាប់​ព្រះធម្មទេសនា​របស់ព្រះតថាគត​ហើយ បានបួស​ជា​ឧបសម្បន្ន នៅក្នុង​កោដិសន្ថារ ពេលដល់​វេលាពាក់​កណ្ដាល​អធ្រាត្រ ក៏ត្រិះរិះ​ដល់​កាមវិតក្កៈ ។ រឿងទាំង​អស់ បណ្ឌិតគប្បី​ឲ្យពិស្ដារ ដោយន័យ​ដែលពោល​ហើយ​ក្នុងទីខាង​ក្រោម​នោះឯង ។ ពេល​ព្រះអានន្ទ​ឲ្យភិក្ខុសង្ឃ​ប្រជុំគ្នា ដោយការ​បង្គាប់របស់​ព្រះភគវា ។ ព្រះសាស្ដា ប្រថាប់​គង់លើអាសនៈ​ដែលគេចាត់​ចែងថ្វាយ ទ្រង់មិនបាន​ធ្វើការចុះ​ចំពោះ មិន​ត្រាស់ថា ពួកអ្នកនាំ​គ្នាត្រិះរិះ​កាមវិតក្កៈ ទ្រង់ត្រាស់​ដោយអំណាច​នៃការសង្គ្រោះ​ដល់ភិក្ខុ​ទាំងពួងថា ម្នាលភិក្ខុ​ទាំងឡាយ ឈ្មោះថា​កិលេស មិនមែន​ជារបស់​តិចតួចឡើយ ធម្មតា ភិក្ខុត្រូវ​សង្កត់សង្កិន​កិលេស​ដែលកើត​ឡើងហើយ សូម្បី​បណ្ឌិតក្នុង​កាលមុន កាល​ព្រះពុទ្ធនៅ​មិនទាន់​កើតឡើង ក៏សង្កត់​សង្កិនកិលេស​ទាំងឡាយ ហើយបាន​ដល់នូវ​បច្ចេកពោធិញាណ ដូច្នេះហើយ ទើបទ្រង់​នាំយកអតីត​និទាន​មកសម្ដែង​ដូចតទៅថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិក្នុង​នគរពារាណសី មាន​សម្លាញ់ ២ នាក់ ក្នុងស្រុក​មួយ ក្នុងដែលកាសី កាន់យក​នូវក្អមទឹក​ផឹកទៅកាន់​ចម្ការ ដាក់​ទុកក្នុង​កន្លែងមួយ ហើយ​កាប់ចម្ការ ក្នុងវេលា​ស្រេកទឹក ក៏នាំគ្នា​មកផឹកទឹក ។ ក្នុង​មនុស្ស​ទាំង ២ នាក់នោះ មនុស្ស​ម្នាក់​កាលមក ក៏រក្សាទឹក​ផឹករបស់​ខ្លួនទុក ផឹកទឹក​អំពីក្អម​របស់មនុស្ស​មា្នក់ទៀត ដល់វេលា​ល្ងាច ទើបចេញ​អំពីព្រៃ ឈរមុជ​ទឹក​ពិចារណាថា ថ្ងៃនេះ​យើងបាន​ធ្វើបាប​អ្វីខ្លះ ដោយ​កាយទ្វារ​ជាដើម តើមាន​ឬទេ ក៏ឃើញថា បានលួច​ទឹករបស់​មិត្តផឹក ហើយក៏​ដល់នូវ​សេចក្ដី​សង្វេគថា តណ្ហានេះ កាលចម្រើន​ឡើង គង់នឹង​បោះយើង​ចូលទៅក្នុង​អបាយ​ទាំងឡាយ​ជាយ៉ាង​ពិតប្រាកដ យើងនឹង​សង្កត់សង្កិន​កិលេសនេះ​ឲ្យបាន ដូច្នេះហើយ ធ្វើការលួច​ទឹកផឹក​របស់មិត្ត​នោះ មកជា​អារម្មណ៍ ចម្រើន​វិបស្សនា ញ៉ាំង​បច្ចេកពោធិញាណ​ឲ្យកើតឡើង ឈរពិចារណា​ដល់គុណ​ដែលខ្លួនបាន ។ លំដាប់នោះ មនុស្ស​ម្នាក់ទៀត​មុជទឹករួច​ហើយ ក៏ឡើងមក ពោលនឹង​គេថា នែសម្លាញ់ ចូរមក យើងនាំគ្នា​ទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះ​មិនមានដល់​យើង​ឈ្មោះថា​ជា​ព្រះបច្ចេកពុទ្ធ​ហើយ ។ ម្នាក់ទៀត​ពោលថា ព្រះបច្ចេកពុទ្ធ​ទាំងឡាយ មិនមែន​ដូចអ្នកទេ ។ លំដាប់នោះ លោកទើប​សួរម្នាក់ទៀតថា ព្រះបច្ចេកពុទ្ធ​នឹងជា​យ៉ាងណា ? ម្នាក់ទៀត​ឆ្លើយថា ព្រះបច្ចេកពុទ្ធ​ទាំងឡាយ មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់​កាសាយៈ នាំគ្នានៅ​ក្នុងញកភ្នំ​នន្ទមូលក៍ ក្នុងព្រៃហិមពាន្ត​នៅទិស​ខាងជើង ។ លោកទើប​ស្ទាបសីសៈ ក្នុងពេល​នោះឯង ភេទគ្រហស្ថ​របស់លោក​ក៏អន្តរធាន​ទៅ ត្រឡប់​ក្លាយជាគ្រង​សំពត់​កាសាវៈ ២ ជាន់​ដែលជ្រលក់​ហើយ ក្រវ៉ាត់​វត្ថពន្ធចង្កេះ​ដូចផ្លេកបន្ទោរ ធ្វើនូវ​ចីវរឆៀង​ស្មាម្ខាង ដែលមាន​ពណ៌ដូច​អាចម៍ល័ក្ត​ក្រហមភ្លាវ មានសំពត់​បង្សុកូល ចីវរពណ៌មេឃ ស្ពាយលើ​ស្មាខាងស្តាំង មានបាត្រ​ដីពណ៌ដូច​កន្លង់ពាក់​នៅស្មា​ខាងឆ្វេង ។ លោក​ស្ថិតនៅលើ​អាកាស សម្ដែងធម៌​ហើយ ហោះទៅចុះ​ត្រង់ញកភ្នំ​នន្ទមូលក៍ ក្នុងពេល​នោះឯង ។

 

មានកុដុម្ពិកៈម្នាក់ ក្នុងកាសិគ្រាម​នោះឯង អង្គុយនៅ​លើរានផ្សារ ឃើញបុរស​ម្នាក់​នាំភរិយា​របស់ខ្លួន​ដើរទៅ គាត់ទម្លាយ​នូវឥន្ទ្រិយ សម្លឹងមើល​ស្ត្រីដែលល្អ​ស្រស់នោះ ហើយ​ត្រឡប់​គិតវិញថា លោភៈ​នេះ កាលចម្រើន​ឡើង នឹងបោះយើង​ចូលទៅក្នុង​អបាយ​ទាំងឡាយ មានចិត្ត​តក់ស្លុត ចម្រើនវិបស្សនា ញ៉ាំងបច្ចេក​ពោធិញាណ​ឲ្យកើតឡើង ស្ថិតលើ​អាកាស​សម្ដែងធម៌ ហោះទៅកាន់​ញកភ្នំ​នន្ទមូលក៍​ដូចគ្នា ។

 

មានបិតា និងបុត្រមួយគូ ជាអ្នកនៅក្នុង​កាសិគ្រាមនោះ​ឯង ដើរផ្លូវទៅ​ជាមួយគ្នា ។ ពួកចោរ​ព្រៃនាំគ្នាពួន​ស្ទាក់នៅមាត់ព្រៃ ។ ពួកចោរ​ទាំងនោះ ចាប់បិតា និងបុត្រនោះ​បាន ហើយចាប់​បុត្រទុក ដោះលែង​បិតា ដោយបង្គាប់ថា លោកចូរ​ទៅយកទ្រព្យ​មកលោះ​បុត្ររបស់លោក បើចាប់​បងប្អូនប្រុស ២ នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់​អាចារ្យ (គ្រូ) និង អន្តេវាសិក (សិស្ស) បាន ចាប់អាចារ្យ​ទុក ដោះលែង​អន្តេវាសិក អន្តេវាសិក ត្រូវទៅ​នាំទ្រព្យ​មកលោះ​អាចារ្យ ដោយសេចក្ដី​លោភក្នុងសិល្បៈ ។ លំដាប់នោះ បិតា និងបុត្រនោះ​ដឹងថា ពួកចោរស្ទាក់​ផ្លូវត្រង់កន្លែង​នោះ ទើបធ្វើ​កតិកាគ្នាថា កូនកុំហៅ​យើងថា​ឪពុក សូម្បីយើង ក៏មិនហៅ​អ្នកថា​កូនដែរ ក្នុងវេលា​ត្រូវពួក​ចោរចាប់បាន ត្រូវចោរសួរថា អ្នកជា​អ្វីនឹងគ្នា បិតា និងកូននោះ ក៏ធ្វើនូវ​សម្បជានមុសាវាទ (និយាយ​កុហកទាំង​ដែលដឹង​ខ្លួន) ថា យើងមិនជា​អ្វីនឹងគ្នាឡើយ ។ កាលបិតា និងបុត្រ​រួចផុតចាក​ព្រៃហើយ បានទៅ​មុជទឹកក្នុង​វេលាល្ងាច បុត្រ​កាលជម្រះសីល​របស់ខ្លួន ឃើញ​មុសាវាទនោះ គិតថា បាបនេះ កាលចម្រើន​ឡើងហើយ នឹងបោះ​យើងចូល​ទៅ​ក្នុងអបាយ​ទាំងឡាយ យើងនឹង​សង្កត់សង្កិន​កិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើន​វិបស្សនា ញ៉ាំងបច្ចេក​ពោធិញាណ​ឲ្យកើតឡើង ស្ថិតនៅ​លើអាកាស សម្ដែងធម៌​ដល់បិតា រួចហោះ​ទៅកាន់​ញកភ្នំ​នន្ទមូលក៍​នោះឯង ។

 

នៅមានមួយនាក់ទៀត ជាមេស្រុកក្នុង​កាសិគ្រាមនោះឯង បង្គាប់ឲ្យ​គេសម្លាប់សត្វ ។ ក្នុងវេលា​ធ្វើពលីកម្ម មហាជន​ប្រជុំគ្នាពោល​នឹងគាត់ថា បពិត្រ​លោកម្ចាស់ ពួកយើង​ត្រូវការ​សម្លាប់ម្រឹគ និងជ្រូក​ជាដើម ដើម្បីធ្វើ​ពលីកម្ម​ដល់ពួកយក្ស ពេលនេះ​ជាកាល​នៃពលីកម្ម ។ គាត់​ក៏ពោលថា ពួកលោកចូរ​ធ្វើតាមដែល​ធ្លាប់ធ្វើក្នុង​កាលមុនចុះ ។ ពួកមនុស្ស​បានធ្វើ​បាណាតិបាត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ គាត់ឃើញ​ត្រី និងសាច់ជាច្រើន ធ្វើនូវ​សេចក្ដី​ក្ដៅក្រហាយ​ថា មនុស្សទាំងនេះ សម្លាប់​សត្វមាន​ប្រមាណប៉ុណ្ណេះ ដោយ​សម្លាប់​តាមពាក្យ​របស់យើងតែ​ម្នាក់ប៉ុណ្ណោះ ដូច្នេះហើយ ទើបឈរ​ដោយអាស្រ័យ​វាតបាន (ឈរផ្អែកបង្អួច) ចម្រើន​វិបស្សនា ញ៉ាំង​បច្ចេកពោធិញាណ​ឲ្យកើតឡើង ស្ថិតនៅ​លើអាកាស សម្ដែងធម៌​ដល់មហាជន ហើយហោះ​ទៅកាន់​ញកភ្នំ​នន្ទមូលក៍​ដូចគ្នា ។

 

នៅមានមួយនាក់ទៀត ជាមេស្រុក​ក្នុងដែន​កាសីនោះឯង បានហាម​ការលក់ដូរ​ទឹកស្រវឹង ត្រូវមហាជន​នាំគ្នាសួរថា លោកម្ចាស់ កាលមុន​ពេលនេះ​ជាពេល​លេងមហោស្រព ហៅថា សុរាឆ័ណ (សុរាដែលផឹក​ក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹង​ធ្វើយ៉ាងណា ។ មេស្រុក​ទើបពោលថា ពួកលោក​ចូរធ្វើតាម​ទម្លាប់ដូច​កាលពីមុនចុះ ។ ពួកមនុស្ស​នាំគ្នាលេង​មហោស្រព ផឹកសុរាហើយ កាលធ្វើ​នូវជម្លោះ ទើបបាក់​ដៃជើង បែកក្បាល ដាច់ត្រចៀក និងចង​ដោយរបស់​ពិន័យជាច្រើន ។ មេស្រុក​ឃើញពួក​មនុស្សទាំង​នោះហើយ គិតថា កាលយើង​មិនអនុញ្ញាត មនុស្ស​ទាំងនេះ ក៏មិនត្រូវ​ទទួលទុក្ខ ។ គាត់ធ្វើ​នូវសេចក្ដី​ក្ដៅក្រហាយ​ចិត្តដោយ​ហេតុត្រឹម​ប៉ុណ្ណេះ ឋិតនៅ​ដោយអាស្រ័យ​នឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើន​វិបស្សនា បានញ៉ាំង​បច្ចេកពោធិញាណ​ឲ្យកើតឡើង ស្ថិតនៅ​លើអាកា សសម្ដែងថា អប្បមត្តា ហោថ ពួកលោក​ចូរជាអ្នក​មិនប្រមាទ ហើយហោះ​ទៅកាន់​ញកភ្នំ​នន្ទមូលក៍​ដូចគ្នា ។

ក្នុងកាលជាចំណែកខាងក្រោយមក ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមក​ចុះត្រង់ទ្វារ​ក្រុងពារាណសី ដើម្បី​ភិក្ខាចារ ស្លៀកដណ្ដប់​សំពត់​យ៉ាងរៀបរយ ត្រាច់ប្រោស​សត្វ ដោយឥរិយាបថ​មានការឈាន​ទៅមុខ​ជាដើម ដែល​គួរជ្រះថ្លា រហូតដល់​ទ្វារព្រះរាជ​វាំង ។ ព្រះរាជា​ទតឃើញ​ព្រះបច្ចេកពុទ្ធ​ទាំងនោះ ទ្រង់មាន​ចិត្តជ្រះថ្លា និមន្ត​ឲ្យចូលទៅ​កាន់​ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាប​ដោយ​ប្រេងក្រអូប ហើយអង្គាស​ដោយ​ខាទនីយៈ និងភោជនីយៈ​ដ៏ប្រណីត ប្រថាប់​ក្នុងទីដ៏​សមគួរមួយ ត្រាស់សួរថា បពិត្រ​ព្រះគុណម្ចាស់​ទាំងឡាយ ការបព្វជ្ជា​ក្នុង​បឋមវ័យ​របស់លោក​ម្ចាស់​ទាំងឡាយ គួរឲ្យ​ជ្រះថ្លាពិត ការ​បព្វជ្ជា​ក្នុងវ័យនេះ លោកម្ចាស់​ទាំងឡាយ ឃើញទោស​ក្នុងកាម​ទាំងឡាយ​ដូចម្ដេច អ្វីជា​អារម្មណ៍​របស់លោក​ម្ចាស់ ? ព្រះបច្ចេកពុទ្ធ​ទាំងនោះ កាលនឹងទូល​ដល់ព្រះរាជានោះ ទើបសម្ដែង​ជាគាថា (ម្ដងមួយ​អង្គ ៗ ) ថា

 

(ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា)

មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ;

តេន បច្ឆា វិជិគុច្ឆឹ, តំ បាបំ បកតំ មយា;

មា បុន អករំ បាបំ, តស្មា បព្វជិតោ អហំ។

អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ​មិនឲ្យហើយ ហេតុនោះ អាត្មាភាព​ខ្ពើមរអើម​ក្នុងកាល​ជាខាងក្រោយ អាត្មាភាព​បានធ្វើ​បាបនោះហើយ អាត្មាភាព​លែងធ្វើ​បាបទៀត​ហើយ ព្រោះហេតុនោះ បានជា​អាត្មាភាពបួស ។

 

(ព្រះបច្ចេកពុទ្ធ ទី ២ បានសំដែងថា)

បរទារញ្ច ទិស្វាន, ឆន្ទោ មេ ឧទបជ្ជថ;

តេន បច្ឆា វិជិគុច្ឆឹ, តំ បាបំ បកតំ មយា;

មា បុន អករំ បាបំ, តស្មា បព្វជិតោ អហំ។

សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើង​ដល់​អាត្មាភាព ព្រោះឃើញ​នូវប្រពន្ធ​របស់បុគ្គល​ដទៃ ព្រោះហេតុនោះ អាត្មាភាព​ខ្ពើមរអើម​ក្នុងកាលជា​ខាងក្រោយ អាត្មាភាព​បានធ្វើ​បាបនោះ​ហើយ អាត្មាភាព លែងធ្វើ​បាបទៀតហើយ ព្រោះហេតុនោះ បានជា​អាត្មាភាព​បួស ។

 

(ព្រះបច្ចេកពុទ្ធ ទី ៣ បានសំដែងថា)

បិតរំ មេ មហារាជ, ចោរា អគណ្ហុ កាននេ;

តេសាហំ បុច្ឆិតោ ជានំ, អញ្ញថា នំ វិយាករឹ។

តេន បច្ឆា វិជិគុច្ឆឹ, តំ បាបំ បកតំ មយា;

មា បុន អករំ បាបំ, តស្មា បព្វជិតោ អហំ។

បពិត្រមហារាជ ពួកចោរបានចាប់​បិតា​របស់អាត្មាភាព​ក្នុងព្រៃ អាត្មាភាព​ដែលពួក​ចោរនោះ​សួរហើយ ទុកជាដឹង ក៏បា្រប់​ហេតុនោះ ដោយចំណែក​ដទៃវិញ ។ ព្រោះហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បានធ្វើ​បាបនោះហើយ អាត្មាភាព​លែង​ធ្វើ​បាប​ទៀតហើយ ព្រោះហេតុនោះ បានជា​អាត្មាភាពបួស ។

 

(ព្រះបច្ចេកពុទ្ធ ទី ៤ បានសំដែងថា)

បាណាតិបាតមករុំ, សោមយាគេ ឧបដ្ឋិតេ;

តេសាហំ សមនុញ្ញាសឹ។

តេន បច្ឆា វិជិគុច្ឆឹ, តំ បាបំ បកតំ មយា;

មា បុន អករំ បាបំ, តស្មា បព្វជិតោ អហំ។

ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្ស​បានធ្វើ​បាណាតិបាត អាត្មាភាព​ក៏អនុញ្ញាត​ឲ្យពួក​មនុស្សនោះ ។ ព្រោះហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បានធ្វើ​បាបនោះ​ហើយ អាត្មាភាព​លែងធ្វើ​បាបទៀត​ហើយ ព្រោះហេតុនោះ បានជា​អាត្មាភាព​បួស ។

 

(ព្រះបច្ចេកពុទ្ធ ទី ៥ បានសំដែងថា)

សុរាមេរយមាធុកា, យេ ជនា បឋមាសុ នោ;

ពហូនំ តេ អនត្ថាយ, មជ្ជបានមកប្បយុំ;

តេសាហំ សមនុញ្ញាសឹ។

តេន បច្ឆា វិជិគុច្ឆឹ, តំ បាបំ បកតំ មយា;

មា បុន អករំ បាបំ, តស្មា បព្វជិតោ អហំ។

ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសម្គាល់​សុរា និងមេរ័យ ថាដូច​ទឹកឃ្មុំ ជាជន (មានសភាព​យ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែង​ទឹកស្រវឹង ដើម្បី​សេចក្តីវិនាស​ដល់ពួកជន​ច្រើន អាតា្មភាពបាន​អនុញ្ញាត ឲ្យពួក​ជននោះ ។ ព្រោះហេតុនោះ អាត្មាភាព​ខ្ពើមរអើម ក្នុងកាល​ជាខាង​ក្រោយ អាត្មាភាព​បានធ្វើ​បាបនោះហើយ អាត្មាភាព​លែងធ្វើបាប​ទៀត​ហើយ ព្រោះហេតុនោះ បានជា​អាត្មាភាពបួស ។

 

ព្រះបច្ចេកពុទ្ធទាំងឡាយ បានសម្ដែង​ទាំង ៥ គាថានេះ ដោយលំដាប់ ។ ចំណែក​ព្រះរាជា​ស្ដាប់ពាក្យ​របស់​ព្រះបច្ចេក​ពុទ្ធមួយអង្គៗហើយ ទ្រង់​សរសើរថា បពិត្រ​ព្រះគុណម្ចាស់​ទាំងឡាយ បព្វជ្ជានេះ សមគួរដល់​លោកម្ចាស់​ទាំងឡាយ​ហើយ។

 

បណ្ដាបទទាំងនោះ បទថា មិត្តោ មិត្តស្ស សេចក្ដីថា បពិត្រមហារាជ អាត្មាភាព​ជាមិត្ត​របស់មិត្ត បានផឹក​ទឹករបស់​មិត្តនោះ ដោយនិយាម​នេះ ។ បទថា តស្មា សេចក្ដីថា ឈ្មោះថា បុថុជ្ជន​ទាំងឡាយ តែងធ្វើ​នូវបាបកម្ម ព្រោះហេតុណា អាត្មាភាព​មិនធ្វើ​បាបកម្ម​នោះទៀត ព្រោះហេតុនោះ ។ បទថា បាបំ សេចក្ដីថា អាត្មាភាព​បានធ្វើបាបនោះ ឲ្យជា​អារម្មណ៍​ហើយបួស ។ បទថា ឆន្ទោ សេចក្ដីថា បពិត្រមហារាជ ព្រោះឃើញ​ភរិយារបស់​អ្នកដទៃ ដោយ​ទំនងនេះ សេចក្ដីពេញ​ចិត្តទើបកើត​ឡើងដល់អាត្មាភាព ។ បទថា អគណ្ហុ ប្រែថា បានរួម​គ្នាចាប់ ។ បទថា ជានំ សេចក្ដីថា អាត្មាភាព​ត្រូវពួកចោរ​នោះសួរថា អ្នកនេះ​ជាអ្វីនឹង​លោក ទាំងដែល​ដឹងហើយ ក៏ឆ្លើយជា​យ៉ាងដទៃថា មិនជាអ្វី​នឹងខ្ញុំទេ ។ បទថា សោមយាគេ សេចក្ដីថា កាលមហោ​ស្រពប្រាកដ​ឡើង ពួកមនុស្សនាំ​គ្នាធ្វើពលីកម្មដល់​យក្ស ឈ្មោះថា ពិធី​សោមយាគៈ ពេលពិធីនោះ​ប្រាកដហើយ អាត្មាភាព​ក៏អនុញ្ញាត ។ បទថា សុរាមេរយមាធុកា សេចក្ដីថា ពួកជនដែល​សម្គាល់សុរា​មានសុរា​ដែលលាយ​ដោយម្សៅ​ជាដើម និងមេរ័យ​មានទឹកត្រាំ​ដោយផ្កា​ឈើជាដើមថា ដូចជា​ទឹកឃ្មុំ ។ បទថា យេ ជនា បឋមាសុ នោ សេចក្ដីថា ពួកជននោះ មានហើយ គឺមានមក​យូរហើយ​ក្នុងស្រុករបស់​ពួកយើង ។ បទថា ពហូនំ តេ សេចក្ដីថា ពួកជនទាំងនោះ កាលលេង​មហោស្រព​ហើយ មានការ​ផឹកសុរា សេចក្ដីវិនាស​មានដល់ជន​ដ៏ច្រើនក្នុង​មួយថ្ងៃ ។

 

ព្រះរាជាស្ដាប់ព្រះធម្មទេសនា​របស់​ព្រះបច្ចេកពុទ្ធ​ទាំងនោះហើយ មានចិត្តជ្រះថ្លា ទ្រង់ថ្វាយ​សំពត់ចីវរ និងភេសជ្ជៈ ហើយទ្រង់​បញ្ជូនព្រះបច្ចេកពុទ្ធ​ទាំងនោះទៅ ។ សូម្បី​ព្រះបច្ចេកពុទ្ធ​ទាំងនោះ ក៏ធ្វើអនុមោទនា​ដល់ព្រះរាជា ហើយនាំគ្នា​ទៅក្នុងពេល​នោះឯង ។ តាំងតែ​ពីពេលនោះមក ព្រះរាជា​ទ្រង់នឿយណាយ ជាអ្នក​មិនមាន​ការសម្លឹង​ក្នុងវត្ថុកាម​ទាំងឡាយ ទ្រង់សោយ​ព្រះក្រយាហារ​ដែលមាន​រសដ៏លើស​ផ្សេងៗ ទ្រង់មិនហៅ មិនទត​មើលពួក​ស្ត្រី មានចិត្តនឿយណាយ ស្ដេចយាងចូល​បន្ទប់ដ៏មានសិរី ប្រថាប់​អង្គុយធ្វើ​កសិណបរិកម្ម​ត្រង់ជញ្ជាំង​ដែលមាន​ពណ៌ស ទ្រង់បាន​ធ្វើឈាន​ឲ្យកើតឡើង​ហើយ ។ ព្រះអង្គ​បានដល់នូវ​ឈានហើយ កាលនឹង​តិះដៀល​កាមទាំងឡាយ ទើបត្រាស់​ព្រះគាថាថា

ធិរត្ថុ សុពហូ កាមេ, ទុគ្គន្ធេ ពហុកណ្ដកេ;

យេ អហំ បដិសេវន្តោ, នាលភឹ តាទិសំ សុខំ។

គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិន​អាក្រក់ មាន​សត្រូវច្រើន ព្រោះថា អាត្មាអញ​បានសេព​ហើយ ក៏មិនបាន​សេចក្តីសុខ (ក្នុងឈាន) បា្រកដ​ដូច្នោះ ។

 

បណ្ដាបទទាំងនោះ បទថា ពហុកណ្ដកេ សេចក្ដីថា ពួក​បច្ចាមិត្រច្រើន ។ បាលីថា យេ អហំ គឺ យោ អហំ បាលីនេះឯង ។ បទថា តាទិសំ បានដល់ សេចក្ដីសុខ​ក្នុងឈាន គឺវៀចាក​កិលេស ។

 

លំដាប់នោះ ព្រះអគ្គមហេសីរបស់ព្រះរាជា​ត្រិះរិះថា ព្រះរាជាអង្គ​នេះទ្រង់ស្ដាប់​ធម្មកថា​របស់​ព្រះបច្ចេកពុទ្ធ​ទាំងឡាយហើយ ទ្រង់មាន​ឥរិយាបថ​នឿយណាយ មិនត្រាស់​នឹងយើង ស្ដេចចូល​ព្រះដំណាក់​ដ៏ទ្រង់សិរី យើងនឹង​រង់ចាំ​ចាប់ព្រះអង្គ ដូចនេះ​ហើយ ព្រះនាង​ទើបយាងទៅ​ទ្វារព្រះដំណាក់ ឈរត្រង់ទ្វារ​ហើយស្ដាប់​ព្រះឧទាន របស់​ព្រះរាជា​ដែលកំពុង​តិះដៀល​កាមទាំងឡាយ ទើបត្រាស់ថា បពិត្រ​មហារាជ ព្រះអង្គ​តិះដៀលកាម តែឈ្មោះថា សេចក្ដីសុខ​ដែលស្មើ​ដោយកាម មិនមាន កាលនឹង​ទ្រង់ពណ៌នា​ដល់សេចក្ដី​សុខក្នុងកាម ទើបត្រាស់​ព្រះគាថាថា

មហស្សាទា សុខា កាមា, នត្ថិ កាមា បរំ សុខំ;

យេ កាមេ បដិសេវន្តិ, សគ្គំ តេ ឧបបជ្ជរេ។

កាមទាំងឡាយ មានសេចក្តី​រីករាយច្រើន ជាសុខ សេចក្តី​សុខក្រៅ​អំពីកាម មិនមានទេ ពួកជនណា បានសេព​កាមទាំងឡាយ ពួកជននោះ តែងកើត​ក្នុងឋានសួគ៌ ។

 

បណ្ដាបទទាំងនោះ បទថា មហស្សាទា សេចក្ដីថា បពិត្រ​មហារាជ ធម្មតាថា កាមទាំងនេះ មានសេចក្ដី​រីករាយច្រើន សេចក្ដីសុខ​ដទៃដែល​ក្រៃលែង​ជាងនេះ មិនមាន ព្រោះអ្នក​សេពកាម​ជាប្រក្រតី នឹងមិនចូល​ដល់​អបាយទាំងឡាយ នឹងនាំគ្នា​ទៅកើត​ក្នុងឋានសួគ៌ ។

 

ព្រះពោធិសត្វស្ដាប់ព្រះសវនីយ៍នោះហើយ កាលនឹង​ទ្រង់តិះដៀល​ថា នែវសលិ នាង​និយាយអ្វី ឈ្មោះថា សេចក្ដីសុខ​ក្នុងកាម​នឹងមាន​មកពីណា កាមទាំងនេះ ជា​វិបរិណាមទុក្ខ ទើបទ្រង់​ត្រាស់ព្រះគាថា​ដ៏សេសថា

អប្បស្សាទា ទុខា កាមា, នត្ថិ កាមា បរំ ទុខំ;

យេ កាមេ បដិសេវន្តិ, និរយំ តេ ឧបបជ្ជរេ។

កាមទាំងឡាយ មានសេចក្តី​រីករាយតិច ជាទុក្ខ សេចក្តីទុក្ខ​ក្រៅអំពីកាម មិនមានទេ ពួក​ជនណា សេពកាម​ទាំងឡាយ ពួកជននោះ តែង​កើត​ក្នុងនរក ។

 

អសី យថា សុនិសិតោ, នេត្តឹសោវ សុបាយិកោ;

សត្តីវ ឧរសិ ខិត្តា, កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវ ដែលសំលៀង​ហើយ ជាងព្រះខាន់​ដែលលាប​ដោយថ្នាំពិស ទាំងជាង​លំពែង​ដែលពួយ​ត្រង់ទ្រូង ។

 

អង្គារានំវ ជលិតំ, កាសុំ សាធិកបោរិសំ;

ផាលំវ ទិវសំតត្តំ, កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាង​រងើកភ្លើង​ដ៏ច្រាលឆ្អៅ ជាង​រណ្តៅ​រងើកភ្លើង មានជម្រៅ​មួយទ្រទូង ឬអណ្តាតភ្លើង ដែលក្តៅ​ពេញមួយថ្ងៃ ។

 

វិសំ យថា ហលាហលំ, តេលំ បក្កុថិតំ យថា;

តម្ពលោហវិលីនំវ, កាមា ទុក្ខតរា តតោ។

កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាង​ថ្នាំពុល​ដ៏ក្លៀវក្លា ឬប្រេង​កំពុងពុះ ឬក៏ទង់ដែង​រលាយ ។

 

បណ្ដាបទទាំងនោះ បទថា នេត្តឹសោ សេចក្ដីថា ស្មើគ្នានឹង​នេត្តិសោ ។ ពាក្យថា នេត្តឹសោ សូម្បីនេះជាឈ្មោះ​នៃព្រះខាន់​ប្រភេទនោះ ។ បទថា ទុក្ខតរា សេចក្ដីថា សេចក្ដី​ទុក្ខពួកណា ដែលនឹង​កើតដល់​បុគ្គល ព្រោះអាស្រ័យ​រណ្ដៅធ្យូង​ភ្លើងដែល​ឆេះឡើង ឬអន្ទាក់​សំណាញ់​ដែក ដែលត្រូវ​អាំងរហូត​ថ្ងៃយ៉ាងនេះ កាមទាំងឡាយ​នេះឯង នៅជាទុក្ខ​ក្រៃលែង​ជាងសេចក្ដី​ទុក្ខនេះទៀត ។ ក្នុងគាថាតទៅ មានសេចក្ដីថា ថ្នាំពិស​ជាដើមពួក​នោះ ឈ្មោះថា ជាទុក្ខ ព្រោះនាំ​សេចក្ដីទុក្ខ​មកឲ្យយ៉ាងណា សូម្បីកាម​ទាំងឡាយ ក៏ជាទុក្ខ​យ៉ាងនោះដែរ តែសេចក្ដី​ទុក្ខនោះ ជាសេចក្ដី​ទុក្ខដែល​ក្រៃលែងជាង​សេចក្ដីទុក្ខ​ទាំងពួង ។

 

ព្រះមហាសត្វសម្ដែងធម៌​ដល់ព្រះទេវី យ៉ាងនេះហើយ ទ្រង់ឲ្យពួក​អាមាត្យ​ប្រជុំគ្នា ហើយត្រាស់ថា ម្នាលអាមាត្យ​ទាំងឡាយ ពួកអ្នកចូរទទួល​រាជសម្បត្តិចុះ យើងនឹងបួស ក្នុងពេល​ដែលមហាជន​កំពុងកន្ទក់​កន្ទេញ​នោះឯង ស្ដេចក្រោក​ឡើង ទៅប្រថាប់​លើអាកាស ប្រទាន​ព្រះឱវាទ ហើយស្ដេច​ទៅកាន់ព្រៃ​ហិមពាន្តនៅ​ទិសខាងជើង តាមផ្លូវ​អាកាស​នោះឯង ទ្រង់សាង​អាស្រមក្នុង​ទីដែលគួរ​រីករាយ បួសជាឥសី ក្នុងទីបំផុត​នៃព្រះជន្ម ជាអ្នក​មានព្រហ្មលោក​ប្រព្រឹត្តទៅ​ក្នុងទីខាងមុខ ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទើបត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឈ្មោះថា​កិលេស​ដែលជា​របស់​តិចតួច មិនមានឡើយ សូម្បីមាន​ប្រមាណតិច ក៏បណ្ឌិត​ទាំងឡាយ នាំគ្នា​សង្កត់សង្កិន​ដែរ ដូច្នេះហើយ ទើបទ្រង់​ប្រកាសសច្ចៈ​ទាំងឡាយ កាលចប់​សច្ចៈ ភិក្ខុទាំង ៥០០ រូបនោះ ក៏បានតាំង​នៅក្នុង​ព្រះអរហត្ត រួចហើយ​ប្រជុំជាតកថា

តទា បច្ចេកពុទ្ធា បរិនិព្វាយឹសុ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ក្នុងកាលនោះ បរិនិព្វាន​ហើយ ។

ទេវី រាហុលមាតា អហោសិ ព្រះទេវី បានមកជា​រាហុលមាតា ។

រាជា បន អហមេវ អហោសឹ ចំណែកព្រះរាជា គឺ តថាគត នេះឯង ។

ចប់ បានីយជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៤)

ប្រែដោយ ខេមរ អភិធម្មាវតារ