។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បលាសជាតក ទី១០

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ការសង្កត់​សង្កិន​កិលេស បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ហំសោ បលាសមវច ដូច្នេះ​ជាដើម។

រឿងបច្ចុប្បន្ននឹងមានជាក់ច្បាស់ក្នុង​បញ្ញាសជាតក។ ចំណែក​ក្នុងជាតក​នេះ ព្រះសាស្ដា​ហៅភិក្ខុ​ទាំងឡាយ​មកហើយ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឈ្មោះថា កិលេស គឺជា​របស់​ដែល​គប្បីរង្កៀស សូម្បី​មាន​ប្រមាណ​តិច ក៏អាចធ្វើ​ឲ្យដល់​សេចក្ដី​វិនាស បីដូច​ជាដើមជ្រៃ សូម្បី​បោរាណបណ្ឌិត​ទាំងឡាយ ក៏រង្កៀស​ក្នុងវត្ថុ​ដែល​គប្បីរង្កៀស ដូច្នេះ​ហើយ ព្រះអង្គ​បាននាំ​អតីត​និទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​កំណើត​សុវណ្ណហង្ស កាលធំហើយ សម្រេច​ការរស់​នៅក្នុង​សុវណ្ណគូហា លើភ្នំ​ចិត្តកូដ តែង​មកបរិភោគ​ស្រូវសាលី​ដែល​កើតឯង ក្នុង​ជាតស្រះ ក្នុង​ហិមវន្ត​ប្រទេស។ ក្នុង​ផ្លូវ​ជាទី​ទៅមក​របស់​សុវណ្ណហង្ស​នោះ មាន​បលាសព្រឹក្ស (ដើមចារ) ដ៏ធំ​មួយដើម។ សុវណ្ណហង្ស​នោះ សូម្បី​កាលទៅ តែង​សម្រាក​លើ​មហា​បលាសព្រឹក្ស​នោះ ហើយ​ទើប​បន្ដ​ដំណើរ​ទៅ សូម្បី​កាលមក ក៏តែង​សម្រាក​លើដើម​ឈើនោះ ហើយទើប​ធ្វើ​ដំណើរ​បន្ដ។

លំដាប់នោះ សុវណ្ណហង្សក៏មានសេចក្ដី​ស្និទ្ធស្នាល​នឹងទេវតា​ដែលកើត​នៅនឹង​បលាសព្រឹក្ស​នោះ។ ក្នុង​សម័យ​ខាង​ក្រោយមក មាន​បក្សីញី​មួយ ទំពាស៊ី​ផ្លែជ្រៃទុំ​លើដើម​ជ្រៃមួយ រួចហើរ​មកទំ​លើមែក​បលាសព្រឹក្ស​នោះ ហើយ​បន្ទោបង់​វច្ចៈក្នុង​ចន្លោះ​ប្រគាប​ដើមបលាសៈ។ ពន្លក​ដើមជ្រៃ ក៏ដុះ​ក្នុងទីនោះ ក្នុងវេលា​មានខ្នាត​បាន ៤ ធ្នាប់ ដើមជ្រៃ​នោះ​ក៏ស្រស់​ស្អាត ព្រោះមាន​ស្លឹកក្រហម។ ស្ដេចហង្ស​ឃើញដើមជ្រៃ​នោះហើយ ហៅរុក្ខទេវតា​មក​និយាយថា ម្នាល​បលាសៈ​សម្លាញ់ ឈ្មោះថា ដើមជ្រៃ ដែលកើត​នឹងដើម​ឈើណា កាលច្រើន​ហើយ តែងញ៉ាំង​ដើមនោះ​ឲ្យវិនាស ចូរកុំ​ឲ្យដើមជ្រៃ​នេះធំ​ឡើយ វានឹង​ញ៉ាំងវិមាន​របស់​លោក​ឲ្យវិនាស លោកចូរ​ដកវា​ចេញ ហើយ​បោះចោល ឈ្មោះថា វត្ថុ​ដែល​ប្រកប​ដោយ​សេចក្ដី​រង្កៀស ក៏គួរ​ដើម្បី​នឹងរង្កៀស ដូច្នេះ​ហើយ កាលនឹង​ប្រឹក្សា​ជាមួយ​នឹង​បលាស​ទេវតា ទើប​ពោល​គាថាទី ១ ថា

 

ហំសោ បលាសមវច, និគ្រោធោ សម្ម ជាយតិ;

អង្កស្មឹ តេ និសិន្នោវ, សោ តេ មម្មានិ ឆេច្ឆតិ។

សេ្តចហង្ស បាននិយាយនឹងបលាសទេវតា (ថា) មា្នល​សម្លាញ់ ដើមជ្រៃដុះ ដើមជ្រៃ​នោះ ដូច​សត្រូវ​អង្គុយ​លើភ្លៅ​របស់អ្នក នឹង​កាត់​បង់​នូវជីវិត​សង្ខារ​របស់អ្នក។

បាទទី ១ (ហំសោ បលាសមវច) ក្នុងគាថានេះ (ជាពាក្យ​ដែល) ព្រះសាស្ដា​កាលបាន​ត្រាស់​ជា​ព្រះអភិសម្ពុទ្ធ​ហើយ ព្រះអង្គ​ត្រាស់ទុក។ បទថា បលាសំ បានដល់ បលាស​ទេវតា (ទេវតា​នៅនឹង​ដើមចារ)។ បទថា សម្ម ប្រែថា សម្លាញ់។ បទថា អង្កស្មឹ ប្រែថា លើភ្លៅ (ក្នុងទីនេះ​សំដៅ​យកប្រគាប)។ បទថា សោ តេ មម្មានិ ឆេច្ឆតិ សេចក្ដីថា ដើមជ្រៃ​នោះ​ចម្រើន​ធំត្រង់​ប្រគាប​ហើយ នឹង​កាត់ជីវិត​ដូចជា​សត្រូវ។ លោកហៅ​ជីវិត​សង្ខារ​ថា មម្មានិ ក្នុង​ទីនេះ។

 

បលាសទេវតាស្ដាប់ពាក្យនោះហើយ កាលមិន​កាន់យកពាក្យ​របស់​ស្ដេចហង្ស​នោះ ទើប​ពោល​គាថាទី ២ ថា

 

វឌ្ឍតាមេវ និគ្រោធោ, បតិដ្ឋស្ស ភវាមហំ;

យថា បិតា ច មាតា ច, ឯវំ មេ សោ ភវិស្សតិ។

ខ្ញុំជាទីពឹងរបស់ដើមជ្រៃនុ៎ះ ដូចជា​មាតាបិតា ដើមជ្រៃនុ៎ះ​នឹងជា​ទីពឹង (របស់ខ្ញុំ) ក្នុង​កាលដែល​វាចម្រើន​ឡើង យ៉ាងនោះដែរ។

គាថានោះ មានសេចក្ដីថា ម្នាលសម្លាញ់ អ្នកមិនដឹង​នូវដើមជ្រៃ​នេះ (នឹងជា​ទីពឹង​របស់ខ្ញុំ) ក្នុង​កាលដែល​វាធំឡើង មាតាបិតា​ជាទីពឹង​របស់បុត្រ ក្នុងគ្រា​ជាកូន​តូច​យ៉ាងណា ខ្ញុំនឹង​ជាទីពឹង​របស់​ដើមជ្រៃ​នេះ យ៉ាងនោះ បុត្រ​ទាំងឡាយ កាលធំ​ហើយ ជាទីពឹង​របស់​មាតាបិតា​ដែល​ចាស់ជរា​យ៉ាងណា ដើមជ្រៃនេះ នឹងជា​ទីពឹង​របស់ខ្ញុំ ក្នុងកាល​ជាក្រោយ ក៏យ៉ាងនោះ។

 

លំដាប់នោះ ស្ដេចហង្សក៏ពោលគាថាទី ៣ ថា

 

យំ ត្វំ អង្កស្មឹ វឌ្ឍេសិ, ខីររុក្ខំ ភយានកំ;

អាមន្ត ខោ តំ គច្ឆាម, វុឌ្ឍិ មស្ស ន រុច្ចតិ។

អ្នកបណ្តុះនូវឈើមានជ័រ ដូចទឹកដោះ ដែល​គួរខ្លាច ដូចសត្រូវ​នៅលើភ្លៅ ដោយ​ហេតុណា ហេតុនោះ ទើបយើង​ប្រាប់អ្នក​ហើយ​នឹងទៅ ការចម្រើន​ឡើងនៃ​ដើមជ្រៃ​នោះ មិនពេញ​ចិត្ត (ខ្ញុំ) ទេ។

បណ្ដាបទទាំងនោះ បទថា យំ ត្វំ សេចក្ដីថា ដោយហេតុ​ដែលអ្នក​ឲ្យ​ខីរព្រឹក្ស (ដើមឈើ​មានជ័រ​ដូច​ទឹកដោះ) ដែលជា​អ្នកនាំមក​នូវភ័យ​ដោយភាវៈ​ជាអ្នក​ឲ្យភ័យ ដែល​ដូចជា​សត្រូវ ចម្រើន​ត្រង់​ប្រគាប។ បទថា អាមន្ត ខោ តំ សេចក្ដីថា ព្រោះហេតុ​នោះ ខ្ញុំទើប​ហៅអ្នកមក កាលឲ្យ​អ្នកបាន​ដឹងហើយ ខ្ញុំនឹង​ទៅ។ បទថា វុឌ្ឍិ មស្ស សេចក្ដី​ថា សេចក្ដី​ចម្រើន​របស់​ដើមជ្រៃ​នោះ មិនពេញ​ចិត្តដល់ខ្ញុំ។

 

កាលស្ដេចហង្សពោលយ៉ាងនេះហើយ ទើបកាងស្លាប​ហើរទៅ​កាន់ភ្នំ​ចិត្តកូដ។ ចាប់ពី​ពេលនោះ​មក ហង្សពោធិសត្វ​មិនបាន​មកកាន់​ទីនោះ​ទៀត។ ក្នុងកាល​ជាក្រោយ​មក ដើមជ្រៃ​កាលធំ​ហើយ ក៏មាន​រុក្ខទេវតា​មួយកើតឡើង​នៅនឹង​ដើមជ្រៃ​នោះ។ ដើមជ្រៃ​ដែលធំ​ហើយនោះ ក៏ទម្លាយ​ដើម​បលាសៈ ញ៉ាំង​វិមាន​របស់​ទេវតា​ មួយ​អន្លើ​ដោយ​មែក​ទាំងឡាយ​ឲ្យធ្លាក់​ចុះ។ ក្នុង​កាលនោះ បលាស​ទេវតា​កំណត់​ពាក្យ​របស់​ស្ដេចហង្ស គិតថា ស្ដេចហង្ស​នេះ ឃើញភ័យ​ក្នុងអនាគត ទើប​ពោល​យ៉ាងនេះ ចំណែក​យើង មិនធ្វើ​តាមពាក្យ​របស់​ស្ដេច​ហង្សនោះ ដូច្នេះ កាល​បរិទេវនាការ ទើប​ពោល​គាថាទី ៤ ថា

 

ឥទានិ ខោ មំ ភាយេតិ, មហានេរុនិទស្សនំ;

ហំសស្ស អនភិញ្ញាយ, មហា មេ ភយមាគតំ។

ឥឡូវនេះ ដើមជ្រៃញ៉ាំងអញឲ្យភ័យ ភ័យ​ដ៏ធំមកដល់​អញ ព្រោះមិន​យល់ពាក្យ​នៃស្តេចហង្ស ជាពាក្យ​ដូចជា​ភ្នំ​សិនេរុ​ដ៏ធំ។

បណ្ដាបទទាំងនោះ បទថា ឥទានិ ខោ មំ ភាយេតិ សេចក្ដីថា ដើមជ្រៃ​នេះ ញ៉ាំងឲ្យ​យើង​ត្រេកអរ​ក្នុងកាល​ដែល​នៅតូច ឥឡូវនេះ ញ៉ាំង​យើងឲ្យ​ភ័យខ្លាច។ បទថា មហានេរុនិទស្សនំ សេចក្ដីថា យើងស្ដាប់​ពាក្យរបស់​ស្ដេចហង្ស​ដែលធំ​ដូចភ្នំ​សិនេរុ​ហើយ កាល​មិនដឹង ទើបមិន​ដកដើមជ្រៃ​នោះ​ក្នុងកាល​ដែលវា​នៅតូច។ បទថា មហា មេ ភយមាគតំ សេចក្ដីថា បលាសទេវតា​សោកសៅថា ឥឡូវនេះ ភ័យធំ​មកដល់​យើង។

 

ចំណែកដើមជ្រៃកាលធំហើយ ក៏ទម្លាយ​ដើមបលាសៈ ធ្វើឲ្យ​នៅសល់​ត្រឹមតែ​ជាដង្គត់ វិមាន​របស់​ទេវតា​ក៏បាត់ទៅ​ទាំងអស់។

 

តស្ស វុឌ្ឍិ កុសលប្បសត្ថា, យោ វឌ្ឍមានោ ឃសតេ បតិដ្ឋំ;

តស្សូបរោធំ បរិសង្កមានោ, បតារយី មូលវធាយ ធីរោ។

អន្តរាយណា កាលចម្រើនឡើង រមែង​បំផ្លាញនូវទីពឹង សេចក្តី​ចម្រើននៃ​អន្តរាយ​នោះ ជន​អ្នក​ឈ្លាសវៃ មិនសរសើរ​ឡើយ អ្នកប្រាជ្ញ​កាលរង្កៀស​នឹង​សេចក្តី​វិនាស រមែង​ព្យាយាម​ដើម្បី​សម្លាប់​នូវមូល​ហេតុ​នៃ​សេចក្តី​អន្តរាយ​នោះ។

គាថាទី ៥ នេះ ជាអភិសម្ពុទ្ធគាថា។

បណ្ដាបទទាំងនោះ បទថា កុសលប្បសត្ថា សេចក្ដីថា ដែលអ្នកឆ្លាត​ទាំងឡាយ​សរសើរ​ហើយ។ បទថា ឃសតេ មាន​សេចក្ដីថា ទំពាស៊ី អធិប្បាយថា ធ្វើឲ្យ​វិនាស។ បទថា បតារយី សេចក្ដីថា ប្រឹងប្រែង​ព្យាយាម។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ វត្ថុ​ណាកាល​ចម្រើន​ឡើង ញ៉ាំងទីពឹង​របស់ខ្លួន​ឲ្យវិនាស សេចក្ដី​ចម្រើន​របស់វត្ថុ​នោះ បណ្ឌិត​ទាំងឡាយ​រមែង​មិនសរសើរ ចំណែក​អ្នកប្រាជ្ញ គឺអ្នក​បរិបូណ៌​ដោយ​ញាណ កាល​រង្កៀស​នឹងសេចក្ដី​វិនាស​យ៉ាងនេះ​ថា សេចក្ដី​វិនាស​នឹងមាន​ដល់យើង ដូច្នេះហើយ តែង​ព្យាយាម​សម្លាប់​មូលនៃ​សេចក្ដី​វិនាស​នោះ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចៈ​ទាំងឡាយ និង​ប្រជុំ​ជាតក ក្នុងកាល​ជាទី​បញ្ចប់​នៃសច្ចៈ ភិក្ខុ ៥០០ រូប បាន​សម្រេច​ព្រះអរហត្ត។

 

តទា សុវណ្ណហំសោ អហមេវ អហោសឹ សុវណ្ណហង្ស ក្នុង​កាលនោះ គឺ​តថាគត​នេះឯង។

ចប់ បលាសជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត វណ្ណរោហវគ្គ បិដកលេខ ៥៩ ទំព័រ ២៥)

ដោយ ស.ដ.វ.ថ.