។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បរោសតជាតក ទី១

(មហាព្រហ្មពោធិសត្វពោលថា)

បរោសតញ្ចេបិ សមាគតានំ, ឈាយេយ្យុំ តេ វស្សសតំ អបញ្ញា;

ឯកោវ សេយ្យោ បុរិសោ សបញ្ញោ, យោ ភាសិតស្ស វិជានាតិ អត្ថំ។

ជនទាំងឡាយមកប្រជុំគ្នាហើយសូម្បីជាងរយនាក់ ជនទាំងនោះ​ឥតបា្រជ្ញា គប្បី​ពិចារណា (នូវ​អត្ថនៃ​ភាសិត) អស់ ១០០ ឆ្នាំ បុរសណា​ប្រកប​ដោយបា្រជ្ញា ដឹងច្បាស់​នូវអត្ថ​នៃភាសិត បុរស​នោះ​តែម្នាក់​ប៉ុណ្ណោះ ប្រសើរ​វិញ។

 

ជាតកនេះដូចគ្នានឹងបរោសហស្សជាតក ដោយវត្ថុ (រឿងរ៉ាវ) ផង ដោយ​វេយ្យាករណ៍​ផង និង​ដោយ​សមោធាន (ការ​ប្រជុំជាតក) ផង។ ប៉ុន្តែក្នុង​ជាតក​នេះ មាន​សេចក្ដី​ប្លែកគ្នា​ត្រឹមតែ​បទថា ឈាយេយ្យុំ ប៉ុណ្ណោះ។

 

សេចក្ដីនៃគាថានោះថា ជនឥតប្រាជ្ញា គប្បីសម្លឹង គប្បីមើល គប្បីពិចារណា សូម្បី​អស់ ១០០ ឆ្នាំ សូម្បី​កាលសម្លឹង​មើល​យ៉ាងនេះ ក៏មិន​ឃើញ​នូវអត្ថ និងហេតុ ព្រោះ​ហេតុនោះ បុគ្គល​ណាបាន​ដឹងនូវ​អត្ថនៃ​ភាសិត បុគ្គលនោះ​ជាអ្នក​មានបញ្ញា​តែម្នាក់​ប៉ុណ្ណោះ ប្រសើរ។

បរោសតជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត បរោសតវគ្គ បិដកលេខ ៥៨ ទំព័រ ៤៦)

ដោយ ស.ដ.វ.ថ.