។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បទុមជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុទាំងឡាយ​ដែលបូជា​ដោយ​កម្រងផ្កា​ដល់​អានន្ទពោធិ៍ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យថា កេសា ច មស្សូ ច ដូច្នេះ​ជាដើម ។

 

រឿងរ៉ាវរបស់ជាតកនេះ នឹងមានក្នុង​កាលិង្គពោធិជាតក ។ ពោធិព្រឹក្ស​នោះ បាន​ឈ្មោះថា អានន្ទពោធិ៍ ព្រោះជាដើម​ពោធិ៍ដែល​ព្រះអានន្ទ​ដាំ ។ ពិតមែនហើយ សេចក្ដីដែល​ព្រះថេរៈ​ដាំដើម​ពោធិ៍ ត្រង់ខ្លោងទ្វារ​វត្តជេតពន បានផ្សព្វផ្សាយ​ទៅទូទាំង​សកល​ជម្ពូទ្វីប ។ គ្រានោះ ភិក្ខុទាំងឡាយ ដែលរស់​នៅជនបទ គិតថា ពួកយើង​ធ្វើការបូជា​កម្រងផ្កា​ដល់​អានន្ទពោធិ៍ ដូច្នេះហើយ នាំគ្នាមកកាន់​វត្តជេតពន ថ្វាយបង្គំ​ព្រះសាស្ដា ក្នុងថ្ងៃស្អែក បាន​ចូល​ទៅកាន់​ក្រុងសាវត្ថី ទៅកាន់​ផ្លូវដែលមាន (គេលក់) ផ្កាឧប្បល មិនបានផ្កា ទើបប្រាប់​ព្រះអានន្ទត្ថេរ​ថា ម្នាលអាវុសោ ពួកខ្ញុំគិតថា នឹងធ្វើ​ការបូជា​កម្រងផ្កា​ដល់ដើមពោធិ៍ ទើបទៅ​កាន់ផ្លូវ​ដែលមាន​ផ្កាឧប្បល តែពួកខ្ញុំ​មិនបាន​ផ្កាសូម្បី​មួយកម្រង​ឡើយ ។ ព្រះថេរៈ​ពោលថា ម្នាលអ្នក​មានអាយុ​ទាំងឡាយ ខ្ញុំនឹងនាំមក ដូច្នេះ​ហើយ ទើបទៅកាន់​ឧប្បលវិថី ហើយឲ្យ​លើកឡើង​នូវបាច់ផ្កា​ឧប្បល​ខៀវដ៏ច្រើន មកហើយ បានឲ្យ​ដល់ភិក្ខុ​ទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យក​ផ្កាឧប្បល​ខៀវទាំងនោះ​ហើយ នាំគ្នាធ្វើ​ការបូជា​ដល់ដើមពោធិ៍ ។ ភិក្ខុទាំងឡាយ​ស្ដាប់រឿង​នោះហើយ បានមកប្រជុំ​គ្នាក្នុង​ធម្មសភា ញ៉ាំង​គុណកថា​របស់​ព្រះថេរៈ​ឲ្យកើត​ឡើងថា ម្នាលអាវុសោ ភិក្ខុជនបទ​ទាំងឡាយ ជាអ្នក​មិនមាន​បុណ្យ ទៅកាន់​ឧប្បលវិថី មិនបាន​នូវកម្រងផ្កា ចំណែក​ព្រះថេរៈ គ្រាន់តែ​ទៅប៉ុណ្ណោះ បានឲ្យ​គេនាំមក ។ ព្រះសាស្ដា យាងមក ហើយ​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញនេះ ពួកអ្នក​អង្គុយប្រជុំ​គ្នាដោយ​កថាអ្វី ? ភិក្ខុទាំងឡាយ​ទូលថា ដោយកថា​ឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ ដែលអ្នក​ឈ្លាសក្នុង​ការពោល ឈ្លាស​ក្នុងកថា ហើយបាន​កម្រងផ្កា​នោះ សូម្បីក្នុង​កាលមុន មានអ្នក​ឈ្លាស ហើយ​បានកម្រង​ផ្កាដូចគ្នា ទើបទ្រង់​នាំអតីត​និទាន​មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​បានជា​សេដ្ឋីបុត្រ ។ មានផ្កាបទុម​ទាំងឡាយ​រីកស្រស់ ក្នុងស្រះ​មួយដែល​នៅខាង​ក្នុងនគរ​នេះ ។ បុរស​ដែលដាច់​ច្រមុះម្នាក់ រក្សាស្រះ​នោះ ។ លំដាប់នោះ ថ្ងៃមួយ កាលគេ​វាយស្គរ​ប្រកាស​ការសម្ដែង​មហោស្រព​ក្នុងនគរ​ពារាណសី សេដ្ឋីបុត្រ ៣ នាក់ ប្រាថ្នា​នឹងប្រដាប់​តាក់តែង​នូវកម្រងផ្កា ដើម្បីលេង​នូវមហោស្រព ទើបគិតថា យើងនឹង​ពណ៌នា​គុណដែល​មិនមាន​ពិតរបស់​បុរសដាច់​ច្រមុះ ហើយនឹង​សូមនូវ​កម្រងផ្កា ដូច្នេះ​ហើយ ក្នុងវេលា​ដែលបុរស​ដាច់ច្រមុះ​កាច់ផ្កាបទុម បានទៅ​ជិតស្រះ ហើយឈរ​នៅនឹង​កន្លែង​មួយ ។

 

បណ្ដាសេដ្ឋីបុត្រទាំង ៣ នោះ សេដ្ឋីបុត្រម្នាក់ កាលនឹងហៅ​បុរសនោះ ទើបពោល​គាថាទី ១ ថា

យថា កេសា ច មស្សូ ច, ឆិន្នំ ឆិន្នំ វិរូហតិ;

ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។

សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ កាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យ​ច្រមុះ របស់អ្នក​ដុះឡើងវិញ យ៉ាងនោះដែរ យើងសូម​ផ្កាឈូកហើយ អ្នកចូរឲ្យ ។

 

បុរសក្រហតច្រមុះនោះ ក្រោធខឹងហើយ ទើបមិន​ឲ្យផ្កាបទុម ។

 

លំដាប់នោះ សេដ្ឋីបុត្រទី ២ ក៏ពោលគាថាទី ២ ថា

យថា សារទិកំ ពីជំ, ខេត្តេ វុត្តំ វិរូហតិ;

ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។

ពូជក្នុងសរទកាល (រដូវរងាហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណា​មិញ សូមឲ្យច្រមុះ​របស់អ្នក​ដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូក​ហើយ អ្នកចូរឲ្យ ។

 

បណ្ដា​បទទាំងនោះ បទថា សារទិកំ សេចក្ដីថា ជូពដែល​បរិបូណ៌​ដោយសាច់ ដែលបុគ្គល​កាន់យក​ក្នុង​សរទសម័យ ហើយ​រក្សាទុក ។  

 

បុរសដាច់ច្រមុះនោះ ក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម សូម្បីដល់​សេដ្ឋីបុត្រនោះ ។

 

លំដាប់នោះ សេដ្ឋីបុត្រទី ៣ បានពោលគាថាទី ៣ ថា

ឧភោបិ បលបន្តេតេ, អបិ បទ្មានិ ទស្សតិ;

វជ្ជុំ វា តេ ន វា វជ្ជុំ, នត្ថិ នាសាយ រូហនា;

ទេហិ សម្ម បទុមានិ, អហំ យាចាមិ យាចិតោ។

ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យ​ផ្កាឈូក​ទាំងឡាយ​ខ្លះ ទោះជនទាំងពីរ​នាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើង​នៃច្រមុះ​គ្មានទេ ម្នាលសម្លាញ់ សូមអ្នក​ឲ្យផ្កាឈូក​ទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យ​ផ្កាឈូក​ទាំងឡាយ ។

 

បណ្ដាបទទាំងនោះ បទថា ឧភោបិ បលបន្តេតេ សេចក្ដីថា សូម្បីបុរសទាំង ២ នេះ ពោលមុសា ។ បទថា អបិ បទ្មានិ សេចក្ដីថា បុរសទាំង ២ នោះគិតថា បុរសដាច់​ច្រមុះនឹង​ឲ្យផ្កាបទុម​ដល់យើង ទើបពោល​យ៉ាងនោះ ។ បទថា វជ្ជុំ វា តេ ន វា វជ្ជុំ សេចក្ដីថា បុរស​ទាំងនោះ នឹងគប្បីពោល ឬមិនពោល​យ៉ាងនេះថា ច្រមុះ​របស់អ្នក​នឹងដុះឡើង ឈ្មោះថា ពាក្យរបស់​បុរសទាំង​នោះ មិនជា​ប្រមាណ ច្រមុះមិន​មានការដុះ សូម្បីដោយ​ប្រការទាំងពួង ចំណែក​យើងនឹង​មិនពោល​ដោយអាស្រ័យ​ច្រមុះរបស់អ្នក យើងនឹង​សូមតែម្យ៉ាង ម្នាល​សម្លាញ់ អ្នកដែល​យើងសូម​ហើយ ចូរឲ្យ​ផ្កាបទុម​ដល់យើង ។

 

បុរសដែលរក្សាស្រះបទុមនោះស្ដាប់ពាក្យនោះ​ហើយ ទើបពោលថា សេដ្ឋីបុត្រទាំង ២ នេះ ពោលមុសាវាទ ចំណែក​លោកពោល​តាមសភាពពិត ផ្កាបទុម​ទាំងឡាយ​នេះ សមគួរ​ដល់លោក ដូច្នេះ​ហើយ កាន់យកបាច់​ផ្កាបទុម​ដ៏ធំឲ្យ​ដល់​សេដ្ឋីបុត្រទី ៣ នោះ រួចទើប​ទៅកាន់​ស្រះបទុម​របស់ខ្លួនវិញ ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំជាតកថា

តទា បទុមលាភី សេដ្ឋិបុត្តោ អហមេវ អហោសឹ សេដ្ឋីបុត្រ ដែលបាន​ផ្កាបទុម​ក្នុងកាល​នោះ បានមកជា តថាគត នេះឯង ។

ចប់ បទុមជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៤៨)

ប្រែដោយ ខេមរ អភិធម្មាវតារ