សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បណ្ឌរកជាតក

(បណ្ឌរនាគរាជជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ទេវទត្ត​ដែលធ្វើ​មុសាវាទ ហើយ​ចូលទៅ​កាន់​ផែនដី (ផែនដីស្រូប) បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា វិកិណ្ណវាចំ ដូច្នេះ​ជាដើម។

 

ក្នុងគ្រានោះ កាលភិក្ខុទាំងឡាយពោលទោស​ទេវទត្ត ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ មិនមែន​តែក្នុង​កាល​ឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ទេវទត្ត​បានធ្វើ​មុសាវាទ ហើយ​ចូលទៅ​កាន់ផែនដី​ដូចគ្នា​ដែរ ដូច្នេះ​ហើយ ទ្រង់នាំ​អតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ក្នុង​កាលនោះ ពាណិជ ៥០០ ចុះទៅសមុទ្រ​ដោយនាវា ក្នុង​ថ្ងៃទី ៧ ពេលដែល​នាវា​ឋិតនៅ​ក្នុងទី​ដែលមើល​មិនឃើញ​ច្រាំង នាវានោះ ក៏បាន​បែកនៅ​លើខ្នង​សមុទ្រ មនុស្ស​ទាំងឡាយ លើកលែង​តែមួយ​ប៉ុណ្ណោះ បានក្លាយ​ជាចំណីត្រី និងអណ្ដើក បុរស​ម្នាក់នោះ ដោយ​កម្លាំង​នៃខ្យល់ ក៏បាន​ដល់កំពង់​ឈ្មោះ​ករម្បិយបដ្ដនៈ។ បុរស​នោះ ឡើងពីសមុទ្រ ជាអ្នក​អាក្រាតកាយ ត្រាច់ទៅ​កាន់កំពង់​នោះ ដើម្បីរក​អាហារ។ មនុស្ស​ទាំងឡាយ​ឃើញ​បុរសនោះ នាំគ្នា​សរសើរ​ថា សមណៈ​នេះ មានសេចក្ដី​ប្រាថ្នាតិច ជាអ្នក​សន្តោស ដូច្នេះ​ហើយ ក៏ធ្វើ​សក្ការៈ។ បុរស​នោះ គិតថា យើងបាន​ឧបាយ​ចិញ្ចឹម​ជីវិតហើយ ដូច្នេះ​ហើយ កាល​មនុស្ស​ទាំងឡាយ​ឲ្យសំពត់​ស្លៀកដណ្ដប់ ទើបមិន​ប្រាថ្នា។ មនុស្ស​ទាំងឡាយ​យល់ថា សមណៈ​ដែលប្រាថ្នា​តិចដ៏​ខ្ពង់ខ្ពស់​ជាងនេះ រមែង​មិនមាន ដូច្នេះ​ហើយ ទើបនាំ​គ្នាជ្រះថ្លា​ឲ្យក្រៃលែង​ឡើង ហើយ​ធ្វើអាស្រម​ដល់​បុរសនោះ និងញុំាង​បុរស​នោះឲ្យនៅ​ក្នុងទី​នោះឯង។ បុរសនោះ ក៏មាន​ឈ្មោះ​ប្រាកដ​ថា ករម្បិយអចេល។ លាភសក្ការៈ​ដ៏ធំបាន​កើតឡើង​ដល់​ករម្បិយអចេល ដែលនៅ​ក្នុងទីនោះ។

 

មានស្ដេចនាគ និងស្ដេចគ្រុឌមួយ តែងមក​បម្រើ​អចេល​នោះ។ បណ្ដាជន​ទាំងនោះ ស្ដេចនាគ​មានឈ្មោះ​ថា បណ្ឌរៈ (មាន​ពណ៌ស)។ ថ្ងៃមួយ ស្ដេចគ្រុឌ​មកកាន់​សម្នាក់​អចេល​នោះ ហើយអង្គុយ​ក្នុងទី​ដ៏សមគួរ រួចពោល​យ៉ាងនេះ​ថា បពិត្រ​លោកម្ចាស់ ញាតិ​ទាំងឡាយ​របស់ខ្ញុំ​កាល​ចាប់នាគ រមែង​វិនាស​អស់ច្រើន ពួកខ្ញុំ​មិនដឹង​វិធីចាប់​នាគ​ទាំងឡាយ​សោះ បាន​ឮថា នាគ​ទាំងនោះ​មានហេតុ​អាថ៌កំបាំង លោកម្ចាស់​អាចឬទេ ដើម្បីសួរ​ហេតុនោះ ដោយ​ធ្វើដូច​ជាមាន​សេចក្ដី​ស្រឡាញ់។ អចេល​នោះ​ទទួល​ថា ល្អ។ កាល​សុបណ្ណរាជ​ថ្វាយបង្គំ​ហើយ​ចៀសចេញ​ទៅ ក្នុងកាល​ដែល​នាគរាជ​មក​ថ្វាយបង្គំ រួចអង្គុយ​ហើយ​នោះ ក៏បាន​សួរនឹង​នាគរាជ​ថា ម្នាល​នាគរាជ បានឮថា គ្រុឌ​ទាំងឡាយ​កាលចាប់​ពួកលោក រមែង​វិនាស​អស់​ច្រើន កាល​គ្រុឌចាប់​ពួកលោក ពួកលោក​ធ្វើដូចម្ដេច ទើបគ្រុឌ​មិនអាច​នឹងចាប់​បាន? នាគរាជ​ពោលថា បពិត្រ​លោកម្ចាស់ នេះជា​អាថ៌កំបាំង​របស់​ពួកខ្ញុំ កាលខ្ញុំ​ប្រាប់​អាថ៌កំបាំង​នេះ ក៏ដូច​ជានាំ​សេចក្ដី​ស្លាប់មក​ឲ្យដល់​ពួកញាតិ។ អចេល​ពោលថា ម្នាល​អាវុសោ លោក​សម្គាល់​យើង​ដូចម្ដេច លោក​គិតថា យើងនឹង​ប្រាប់​អាថ៌កំបាំង​នេះដល់​អ្នកដទៃឬ យើងនឹង​មិនប្រាប់​អ្នក​ដទៃទេ យើងសួរ ព្រោះគ្រាន់​តែចង់​ដឹង​ប៉ុណ្ណោះ លោកជឿ​យើងហើយ ចូរផុត​ចាកភ័យ សូមប្រាប់​មក។ នាគរាជ​ពោលថា បពិត្រ​លោកម្ចាស់ ខ្ញុំមិន​ប្រាប់ទេ ថាហើយ​ថ្វាយ​បង្គំ រួចចៀស​ចេញទៅ។ សូម្បីក្នុង​ថ្ងៃស្អែក អចេល​នោះ​បានសួរ​ទៀត សូម្បី​នាគរាជ​ក៏និយាយ​ដដែល។

 

ក្នុងថ្ងៃទី ៣ នាគរាជមកហើយ អង្គុយក្នុងទីដ៏​សមគួរ​មួយ អចេល​ពោលថា ម្នាល​នាគរាជ ថ្ងៃនេះ​ជាថ្ងៃ​ទី ៣ ហើយ កាលអាត្មា​សួរហើយ ហេតុអ្វី ទើបអ្នក​មិនប្រាប់? នាគរាជ​ពោលថា បពិត្រ​លោកម្ចាស់ ព្រោះភ័យ​ខ្លាចលោកម្ចាស់​ប្រាប់ដល់​អ្នកដទៃ។ អចេល​ពោលថា យើងនឹង​មិនប្រាប់​ដល់អ្នក​ណាឡើយ លោកចូរ​មិនមាន​ភ័យ ហើយ​ប្រាប់មកចុះ។ នាគរាជ​ពោលថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​កុំប្រាប់​ដល់អ្នក​ដទៃ ដូច្នេះ​ហើយ ក៏ឲ្យ​អចេល​នោះ​ទទួល​ប្ដេជ្ញា ទើប​ប្រាប់ថា បពិត្រ​លោកម្ចាស់ ពួកខ្ញុំ​លេបថ្ម​ធំៗ ធ្វើឲ្យ​ជាអ្នក​មានទម្ងន់ ហើយ​ដេក កាលគ្រុឌ​ទាំងឡាយ​មក ពួកខ្ញុំ​ឈរងើបមុខ បញ្ចេញ​ធ្មេញ ដើម្បី​នឹងចឹក គ្រុឌ​ទាំងនោះ​មកហើយ ចាប់ក្បាល​របស់​ពួកខ្ញុំ កាល​ព្យាយាម​លើកពួក​ខ្ញុំដែល​ដេកដូច​ជាមាន​ទម្ងន់​ឡើង ទឹករមែង​គ្រប​សង្កត់។ គ្រុឌទាំងនោះ​រមែង​ស្លាប់ក្នុង​ទឹកនោះឯង ព្រោះ​ហេតុនេះ បានជា​គ្រុឌទាំងឡាយ​វិនាស​អស់ច្រើន។ កាលពួក​គ្រុឌចាប់​ពួកខ្ញុំ មិនគួរ​ចាប់ត្រង់​ក្បាល ពួក​គ្រុឌល្ងង់​នោះ ត្រូវចាប់​កន្ទុយ ធ្វើក្បាល​ពួកខ្ញុំ​ឲ្យសំយុង​ចុះ ហើយ​រលាក់​ឲ្យអាហារ​ដែល​លេប​ចូល​ទៅនោះ ចេញមក​តាមមាត់ ធ្វើឲ្យ​ស្រាលហើយ ទើបអាច​នឹងនាំ​ទៅបាន។ នាគរាជ​បានប្រាប់​ហេតុ​អាថ៌កំបាំង​របស់ខ្លួន ដល់​អចេល​ទ្រុស្តសីល ដោយប្រការ​ដូច្នេះ។

 

លំដាប់នោះ កាលនាគរាជចេញទៅហើយ សុបណ្ណរាជ​ក៏មកដល់ ថ្វាយបង្គំ​ករម្បិយអចេល ហើយ​ពោលថា បពិត្រ​លោកម្ចាស់ ហេតុអាថ៌កំបាំង​របស់​នាគរាជ លោកម្ចាស់​បានសួរ​ហើយឬ? អចេលនោះ ពោលថា បានសួរហើយ អាវុសោ ហើយប្រាប់​ហេតុនោះ​ទាំងអស់ តាមដែល​នាគរាជ​ពោលហើយ។ សុបណ្ណរាជ​ស្ដាប់ពាក្យ​នោះហើយ គិតថា នាគរាជ​ធ្វើកម្ម​មិនគួរ ធម្មតា វិធីដែល​ធ្វើឲ្យពួក​ញាតិវិនាស មិនគួរ​ប្រាប់​អ្នកដទៃ ថ្ងៃនេះ​យើងនឹង​ធ្វើ​សុបណ្ណវាត (ខ្យល់ដែល​កើតពីគ្រុឌ) គួរដើម្បី​នឹងចាប់​នាគរាជ​នោះឯង​ជាដំបូង។ ស្ដេចគ្រុឌ​ធ្វើ​សុបណ្ណវាត ហើយចាប់​កន្ទុយ​បណ្ឌរនាគរាជ ធ្វើក្បាល​ឲ្យសំយុង​ចុះក្រោម ញ៉ាំងនាគរាជ​ឲ្យខ្ជាក់​ចោល​អាហារ រួចហើរឡើង​ទៅកាន់​អាកាស។ បណ្ឌរនាគរាជ មានក្បាល​សំយុង​ចុះក្រោម​ក្នុងអាកាស ទួញសោកថា ទុក្ខរបស់​យើង គឺយើង​នាំមក​ហើយ កាល​នឹងបរិទេវៈ ទើប​ពោលថា

 

វិកិណ្ណវាចំ អនិគុយ្ហមន្តំ, អសញ្ញតំ អបរិចក្ខិតារំ;

ភយំ តមន្វេតិ សយំ អពោធំ, នាគំ យថា បណ្ឌរកំ សុបណ្ណោ។

ភ័យខ្លួនឯង រមែងជាប់តាម នូវបុគ្គលដែល​មានវាចា​ល្ហល្ហាច មានមន្ត​មិនលាក់​ទុក ជាអ្នក​មិនសង្រួម មិនចេះ​ពិចារណា ជាអ្នកល្ងង់ ដូចជា​គ្រុឌចាប់​យកនាគ ឈ្មោះ​បណ្ឌរកៈ។

 

យោ គុយ្ហមន្តំ បរិរក្ខណេយ្យំ, មោហា នរោ សំសតិ ហាសមានោ;

តំ ភិន្នមន្តំ ភយមន្វេតិ ខិប្បំ, នាគំ យថា បណ្ឌរកំ សុបណ្ណោ។

ជនណារីករាយប្រាប់មន្តដែលគួរលាក់ គួររក្សាទុក ព្រោះសេចក្តី​វង្វេង ភ័យ​រមែង​ជាប់តាម​នូវជន​ដែលមាន​មន្តបែកធ្លាយ​នោះ​ដោយឆាប់ ដូចជា​គ្រុឌ​ចាប់​យកនាគ ឈ្មោះ​បណ្ឌរកៈ។

 

នានុមិត្តោ គរុំ អត្ថំ, គុយ្ហំ វេទិតុមរហតិ;

សុមិត្តោ ច អសម្ពុទ្ធំ, សម្ពុទ្ធំ វា អនត្ថវា។

មិត្តគ្រាន់តែបណ្តោយតាមគេ មិនគួរឲ្យ​ដឹងនូវ​ហេតុជា​ទម្ងន់​ដែល​គួរលាក់ ទាំង​មិត្តល្អ ជាអ្នក​មិនយល់ការ ឬយល់​ការដែរ តែជា​អ្នកមិន​ប្រព្រឹត្ត​ប្រយោជន៍ (ក៏គេ​មិនគួរ​ឲ្យដែរ)

 

វិស្សាសមាបជ្ជិមហំ អចេលំ, សមណោ អយំ សម្មតោ ភាវិតត្តោ;

តស្សាហមក្ខឹ វិវរឹ គុយ្ហមត្ថំ, អតីតមត្ថោ កបណំ រុទាមិ។

អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះ​ជាសមណៈ គេរាប់អានហើយ មានចិត្ត​ចម្រើន​ហើយ អញក៏​ប្រាប់បើក​នូវ​អាថ៌កំបាំង​ដល់អចេលនោះ បានជា​អញមាន​ប្រយោជន៍​កន្លងហួស ហើយ​ទួញយំ កំព្រា​ម្នាក់ឯង។

 

តស្សាហំ បរមំ ព្រហ្មេ គុយ្ហំ, វាចំ ហិមំ នាសក្ខឹ សំយមេតុំ;

តប្បក្ខតោ ហិ ភយមាគតំ មមំ, អតីតមត្ថោ កបណំ រុទាមិ។

បពិត្រគ្រុឌដ៏ប្រសើរ ព្រោះខ្ញុំមិនអាចនឹងសង្រួមវាចា​ដ៏ប្រសើរ​កំបាំង​នេះ ដល់អចេល​នោះ បានជា​ភ័យមក​ដល់ខ្ញុំ អំពី​ចំណែក​នៃ​អចេលនោះ ទើបខ្ញុំជាបុគ្គល​មាន​ប្រយោជន៍​កន្លងហួស កំព្រា ហើយ​ទួញយំ។

 

យោ វេ នរោ សុហទំ មញ្ញមានោ, គុយ្ហមត្ថំ សំសតិ ទុក្កុលីនេ;

ទោសា ភយា អថវា រាគរត្តា, បល្លត្ថិតោ ពាលោ អសំសយំ សោ។

ជនណា សម្គាល់នូវបុគ្គលថា មានចិត្តល្អ ប្រាប់នូវ​អាថ៌កំបាំង ចំពោះ​ជនមានត្រកូល​ដ៏អាក្រក់ ព្រោះ​ទោសាគតិ ភយាគតិ ឬត្រេកអរ​ដោយ​អំណាចរាគៈ ជននោះ​ជាមនុស្ស​ល្ងង់ ឈ្មោះថា ភ្លាត់​ហើយ​ដោយ​ឥតសង្ស័យ។

 

តិរោក្ខវាចោ អសតំ បវិដ្ឋោ, យោ សង្គតីសុ មុទីរេតិ វាក្យំ;

អាសីវិសោ ទុម្មុខោត្យាហុ តំ នរំ, អារា អារា សំយមេ តាទិសម្ហា។

ជនណាមានវាចាចេញទៅខាងក្រៅ រាប់ចូលក្នុង​ពួក​អសប្បុរស កម្ចាយ​នូវពាក្យ (កំបាំង​របស់គេ) ក្នុងទី​ប្រជុំ អ្នកប្រាជ្ញ​ទាំងឡាយ ហៅជន​នោះថា ជាអ្នក​មានមាត់​អាក្រក់ ដូច​អាសីពិស បុគ្គល​គប្បីថយ​ចាកបុគ្គល​បែបនោះ ឲ្យឆ្ងាយ​ចេញអំពី​ចម្ងាយ។

 

អន្នំ បានំ កាសិកចន្ទនញ្ច, មនាបិត្ថិយោ មាលមុច្ឆាទនញ្ច;

ឱហាយ គច្ឆាមសេ សព្វកាមេ, សុបណ្ណ បាណូបគតាវ ត្យម្ហា។

យើងលះបង់នូវកាមទាំងពួង គឺ បាយ ទឹក សំពត់ក្នុង​ដែនកាសី និង​ខ្លឹមចន្ទន៍ ពួកស្ត្រី​ជាទី​គាប់ចិត្ត កម្រងផ្កា និងគ្រឿង​ប្រស់ព្រំ បពិត្រ​សុបណ្ណៈ យើងសូម​ដល់នូវ​លោក (ជាទីពឹង) ស្មើដោយ​ជីវិត។

 

បណ្ឌរកនាគ កាលមានក្បាល​សំយុង​ចុះក្រោម​ក្នុង​អាកាស បាន​បរិទេវៈ​ដោយគាថា​ទាំង​ឡាយ ៨ យ៉ាងនេះ។ សុបណ្ណរាជ​ស្ដាប់​សំឡេង​បរិទេវៈ​របស់​នាគរាជ​នោះហើយ តិះដៀល​នាគរាជ​ថា នែនាគរាជ អ្នកពោល​ប្រាប់​អាថ៌កំបាំង​របស់ខ្លួន​ដល់អចេលក៍ ឥឡូវ​នេះ អ្នក​បរិទេវៈ​ធ្វើអ្វី ដូច្នេះ​ហើយ ទើបពោល​គាថាថា

 

កោ នីធ តិណ្ណំ គរហំ ឧបេតិ, អស្មឹធ លោកេ បាណភូ នាគរាជ;

សមណោ សុបណ្ណោ អថវា ត្វមេវ, កឹការណា បណ្ឌរកគ្គហីតោ។

ម្នាលនាគរាជ បណ្តាជនទាំង ៣ នាក់ ក្នុងទីនេះ តើសត្វ​ណា គឺ​សមណៈ ឬគ្រុឌ ឬអ្នកឯង គួរដល់​សេចក្តី​តិះដៀល​បាន ក្នុងលោកនេះ ម្នាល​បណ្ឌរកៈ (អ្នកឯង​ត្រូវខ្ញុំ) ចាប់បាន ព្រោះហេតុ​ដូចម្តេច។

 

បណ្ឌរកនាគស្ដាប់ពាក្យនោះហើយ ពោលគាថា​ដទៃទៀតថា

 

សមណោតិ មេ សម្មតត្តោ អហោសិ, បិយោ ច មេ មនសា ភាវិតត្តោ;

តស្សាហមក្ខឹ វិវរឹ គុយ្ហមត្ថំ, អតីតមត្ថោ កបណំ រុទាមិ។

អចេលជាសមណៈ ជាបុគ្គលមានសភាព​ដែលខ្ញុំ​រាប់អាន​ហើយ ជាទី​ស្រឡាញ់​ដោយចិត្ត​របស់ខ្ញុំ មានខ្លួន​ចម្រើន​ហើយ ខ្ញុំប្រាប់បើក​អាថ៌កំបាំង​ដល់​សមណៈ​នោះ ទើបខ្ញុំ​ជាបុគ្គល​មាន​ប្រយោជន៍​កន្លងហួស កំព្រា​ហើយ​ទួញយំ។

 

បន្ទាប់មក សុបណ្ណរាជ​ពោល ៤ គាថា ថា

ន ចត្ថិ សត្តោ អមរោ បថព្យា, បញ្ញាវិធា នត្ថិ ន និន្ទិតព្វា;

សច្ចេន ធម្មេន ធិតិយា ទមេន, អលព្ភមព្យាហរតី នរោ ឥធ។

ធម្មតា សត្វលើផែនដី ឈ្មោះថា មិនស្លាប់ មិនមានទេ ចំណែក​នៃបញ្ញា ជា​ធម្មជាតិ​ដែលបុគ្គល​មិនគួរ​តិះដៀល នរជន​ក្នុងលោកនេះ រមែង​នាំមក​នូវ​គុណវិសេស​ដែលបុគ្គល​មិនគួរ​បាន ដោយវចីសច្ចៈ ១ ដោយ​សុចរិតធម៌ ១ ដោយ​ធិតិ គឺបញ្ញា ១ ដោយ​ការទូន្មាន​នូវឥន្ទ្រិយ ១។

 

មាតា បិតា បរមា ពន្ធវានំ, នាស្ស តតិយោ អនុកម្បកត្ថិ;

តេសម្បិ គុយ្ហំ បរមំ ន សំសេ, មន្តស្ស ភេទំ បរិសង្កមានោ។

មាតាបិតា ជាបុគ្គលប្រសើរជាងផៅពង្ស​ទាំងឡាយ សត្វជា​គម្រប់ ៣ (ក្រៅអំពី​មាតាបិតា) ឈ្មោះថា​ជាអ្នក​អនុគ្រោះ​ដល់​បុគ្គលនោះមិនមានទេ បុគ្គល​កាល​រង្កៀស​នូវការ​បែកធ្លាយ​នៃមន្ត មិនគប្បី​ប្រាប់ការស្ងាត់កំបាំង​ដ៏ក្រៃលែង​ដល់​មាតាបិតា។

 

មាតា បិតា ភគិនី ភាតរោ ច, សហាយា វា យស្ស ហោន្តិ សបក្ខា;

តេសម្បិ គុយ្ហំ បរមំ ន សំសេ, មន្តស្ស ភេទំ បរិសង្កមានោ។

មាតាបិតា បងប្អូនស្រ្តី បងប្អូនប្រុស និងសម្លាញ់ ឬញាតិ​ទាំងពីរប៉ែក​របស់​បុគ្គលនោះ បុគ្គល​កាលរង្កៀស​នូវការ​បែកធ្លាយ​មន្ត មិនគប្បី​ប្រាប់​នូវការ​ស្ងាត់កំបាំង​ដ៏ក្រៃលែង​ដល់​មាតាបិតា ជាដើម​នោះឡើយ។

 

ភរិយា ចេ បុរិសំ វជ្ជា, កោមារី បិយភាណិនី;

បុត្តរូបយសូបេតា, ញាតិសង្ឃបុរក្ខតា;

តស្សាបិ គុយ្ហំ បរមំ ន សំសេ, មន្តស្ស ភេទំ បរិសង្កមានោ។

បើទុកជាភរិយា ជាស្រីក្មេង ពោលពាក្យ​ជាទីស្រឡាញ់ មានបុត្រ​មានរូបល្អ មានយស ដែល​ពួក​ញាតិចោមរោម ជាស្រ្តី​វៀរបុរស (ដទៃ) បុគ្គល​កាលបើ​វៀរនូវ​ការបែកធ្លាយ​នៃមន្ត មិនគប្បី​ប្រាប់នូវ​ការស្ងាត់​កំបាំង​ដ៏ក្រៃលែង ដល់​ភរិយា​នោះទេ។

 

បន្ទាប់មក ស្ដេចគ្រុឌក៏ពោល​គាថាដទៃទៀតថា

ន គុយ្ហមត្ថំ វិវរេយ្យ, រក្ខេយ្យ នំ យថា និធឹ;

ន ហិ បាតុកតោ សាធុ, គុយ្ហោ អត្ថោ បជានតា។

បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំងទេ គប្បីរក្សា​នូវ​អាថ៌កំបាំង ឲ្យដូចជា​រក្សា​កំណប់ ដ្បិត​អាថ៌កំបាំង​ដែលបុគ្គល​អ្នកដឹងច្បាស់ មិន​ប្រាប់គេ ជាការ​ប្រពៃ។

 

ថិយា គុយ្ហំ ន សំសេយ្យ, អមិត្តស្ស ច បណ្ឌិតោ;

យោ ចាមិសេន សំហីរោ, ហទយត្ថេនោ ច យោ នរោ។

អ្នកប្រាជ្ញ មិនគប្បីនិយាយប្រាប់​អាថ៌កំបាំង​ដល់ស្ត្រី ដល់ជន​ជាសត្រូវ ដល់​ជន​រឡិបរឡប់​ដោយ​អាមិសៈ ដល់ជន​លួចគំនិតគ្នា។

 

គុយ្ហមត្ថំ អសម្ពុទ្ធំ, សម្ពោធយតិ យោ នរោ;

មន្តភេទភយា តស្ស, ទាសភូតោ តិតិក្ខតិ។

ជនណាញ៉ាំងគេឲ្យដឹងអាថ៌កំបាំង​ដែលគេ​មិនទាន់ដឹង អ្នកប្រាជ្ញ​តែងអត់​សង្កត់ មិនប្រាប់​ដល់ជន​នោះ ព្រោះខ្លាច​បែកការ​ដែលគិត​ទុក ដូចមនុស្ស​ខ្ញុំគេ។

 

យាវន្តោ បុរិសស្សត្ថំ, គុយ្ហំ ជានន្តិ មន្តិនំ;

តាវន្តោ តស្ស ឧព្វេគា, តស្មា គុយ្ហំ ន វិស្សជេ;

ជនទាំងឡាយមានចំនួនប៉ុន្មាននាក់ ដឹងនូវមន្ត​ជា​អាថ៌កំបាំង​របស់​បុរស សេចក្តី​តក់ស្លុត​មានចំនួន​ប៉ុណ្ណោះ តែងកើត​ឡើង​ដល់បុរស​នោះ ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​មិនគប្បី​ផ្សាយនូវ​អាថ៌កំបាំង​ឡើយ។

 

វិវិច្ច ភាសេយ្យ ទិវា រហស្សំ, រត្តឹ គិរំ នាតិវេលំ បមុញ្ចេ;

ឧបស្សុតិកា ហិ សុណន្តិ មន្តំ, តស្មា មន្តោ ខិប្បមុបេតិ ភេទំ។

នៅវេលាថ្ងៃ អ្នកប្រាជ្ញគប្បីនិយាយអាថ៌កំបាំង​ក្នុងទីស្ងាត់ នៅវេលារាត្រី មិនគប្បីបញ្ចេញ​សម្លេង ឲ្យហួស​កម្រិត ព្រោះថា ពួកជន​អ្នកឈ្លប​ស្តាប់ រមែង​ឮនូវមន្ត ព្រោះ​ហេតុនោះ មន្ត​ក៏រមែង​ដល់នូវ​ការបែកធ្លាយ​ដោយឆាប់។

 

គាថាទាំង ៥ នេះ នឹងមានជាក់ច្បាស់ក្នុង​បញ្ចបណ្ឌិតបញ្ហា ក្នុង​ឧមង្គជាតក (រឿងព្រះមហោសថ)។

បន្ទាប់មក សុបណ្ណរាជ​ពោលគាថា​ដទៃទៀតថា

យថាបិ អស្ស នគរំ មហន្តំ, អទ្វារកំ អាយសំ ភទ្ទសាលំ;

សមន្តខាតាបរិខាឧបេតំ, ឯវម្បិ មេ តេ ឥធ គុយ្ហមន្តា។

ក្រុងប្រកបដោយកំពែងដែកដ៏ធំ មានទ្វារ (ចេញចូល​មិនបាន) ធ្វើអំពើ​ដែល​ប្រកប​ដោយ​សាលា គឺ​រានផ្សារ​ដ៏ល្អ ប្រកប​ដោយ​គូដែល​គេជីក​ជុំវិញ យ៉ាងណា បុរស​មានមន្ត​ដែលគួរ​លាក់ទុក ក្នុងលោកនេះ ប្រាកដ​ដល់ខ្ញុំ​យ៉ាងនោះ​ដែរ។

 

យេ គុយ្ហមន្តា អវិកិណ្ណវាចា, ទឡ្ហា សទត្ថេសុ នរា ទុជិវ្ហ;

អារា អមិត្តា ព្យវជន្តិ តេហិ, អាសីវិសា វា រិវ សត្តុសង្ឃា។

ម្នាលអ្នកមានអណ្តាតពីរ ពួកជនណា​ជាអ្នកមានមន្ត គួរលាក់ទុក មានវាចា​មិនល្ហល្ហាច ជាអ្នក​មាំមួន​ក្នុង​ប្រយោជន៍​របស់ខ្លួន សត្រូវ​ទាំងឡាយ រមែង​ចៀសចេញ​ឆ្ងាយអំពី​ពួកជន​នោះ ដូចពពួក​នៃសត្វ ចៀសចេញ​អំពី​អាសីពិស។

 

កាលស្ដេចគ្រុឌពោលធម៌យ៉ាងនេះហើយ បណ្ឌរកនាគ​ក៏ពោលថា

ហិត្វា ឃរំ បព្វជិតោ អចេលោ, នគ្គោ មុណ្ឌោ ចរតិ ឃាសហេតុ;

តម្ហិ នុ ខោ វិវរឹ គុយ្ហមត្ថំ, អត្ថា ច ធម្មា ច អបគ្គតាម្ហា។

អចេល ជាអ្នកបួស លះបង់ផ្ទះ អាក្រាត ត្រងោល ប្រព្រឹត្តព្រោះ​ហេតុតែ​អាហារ ខ្ញុំបើក​បង្ហាញនូវ​អាថ៌កំបាំង​ចំពោះ​អចេល​នោះឯង (ព្រោះ​ហេតុនោះ) បានជា​យើងឃ្លាត​ចាកអត្ថ និងធម៌។

 

កថំករោ ហោតិ សុបណ្ណរាជ, កឹសីលោ កេន វតេន វត្តំ;

សមណោ ចរំ ហិត្វា មមាយិតានិ, កថំករោ សគ្គមុបេតិ ឋានំ។

បពិត្រសុបណ្ណរាជ បុគ្គលធ្វើដូចម្តេច មាន​សីលធម៌​ដូចម្តេច ប្រពឹត្ត​វត្តដូច​ម្តេច ឈ្មោះថា​សមណៈ ប្រព្រឹត្ត​លះបង់​នូវសេចក្តី​រាប់អាន (តណ្ហា) សមណៈ​នោះ ធ្វើដូចម្តេច ទើប​ទៅកាន់​ឋានសួគ៌។

 

សុបណ្ណរាជពោលថា

ហិរិយា តិតិក្ខាយ ទមេនុបេតោ, អក្កោធនោ បេសុណិយំ បហាយ;

សមណោ ចរំ ហិត្វា មមាយិតានិ, ឯវំករោ សគ្គមុបេតិ ឋានំ។

បុគ្គលប្រកបដោយហិរិ ដោយខន្តី គឺ​សេចក្តី​អត់ធន់ ដោយ​ការទូន្មាន (នូវឥន្ទ្រិយ) ជាអ្នក​មិនខឹង លះបង់​នូវពាក្យ​ញុះញង់ ទើបឈ្មោះ​ថា​សមណៈ ប្រព្រឹត្ត​លះបង់​នូវសេចក្តី​រាប់អាន ឯ​សមណៈ​នោះ ធ្វើយ៉ាង​នេះឯង ទើបចូល​ទៅកាន់​ឋានសួគ៌បាន។

 

មានសេចក្ដីថា នែនាគរាជ​សម្លាញ់ បុគ្គល​ដែលប្រកប​ដោយ​ហិរិ និង​ឱត្តប្បៈ​ដែលជា​សមុដ្ឋាន​ខាងក្នុង និងខាង​ក្រៅ មាន​អធិវាសខន្តី ពោល​គឺ សេចក្ដី​អត់ធន់ មានការ​ទូន្មាន​ឥន្ទ្រិយ ជាអ្នក​មិនក្រោធ​ជាប្រក្រតី លះបង់​បិសុណវាចា និង​តណ្ហា កាល​ប្រព្រឹត្ត​ដោយ​ការបួស ទើប​ឈ្មោះថា សមណៈ សមណៈ​នោះ កាលធ្វើ​កុសល​ទាំងឡាយ មាន​ហិរិ​ជាដើម​នោះ រមែង​ចូលដល់​ឋានសួគ៌។

 

បណ្ឌរកនាគបានស្ដាប់ធម្មកថានេះ​របស់​សុបណ្ណរាជ​ហើយ កាលសូម​ជីវិត ទើបពោល​គាថា​ថា

 

មាតាវ បុត្តំ តរុណំ តនុជ្ជំ, សម្ផស្សតា សព្វគត្តំ ផរេតិ;

ឯវម្បិ មេ ត្វំ បាតុរហុ ទិជិន្ទ, មាតាវ បុត្តំ អនុកម្បមានោ។

មាតាឃើញកូនខ្ចី ដែលកើតអំពីខ្លួន ហើយបបោសអង្អែល​សព្វ​សព៌ាង្គកាយ យ៉ាង​ណាមិញ បពិត្រ​លោកជា​ធំជាង​បក្សី លោកជា​អ្នកអនុគ្រោះ ប្រាកដ​ដល់ខ្ញុំ ដូចជា​មាតា (អនុគ្រោះ) នូវបុត្រ​យ៉ាងនោះ។

 

លំដាប់នោះ សុបណ្ណរាជ កាលឲ្យជីវិត​ដល់នាគ​នោះ ទើបពោល​គាថាដទៃថា

 

ហន្ទជ្ជ ត្វំ មុញ្ច វធា ទុជិវ្ហ, តយោ ហិ បុត្តា ន ហិ អញ្ញោ អត្ថិ;

អន្តេវាសី ទិន្នកោ អត្រជោ ច, រជ្ជស្សុ បុត្តញ្ញតរោ មេ អហោសិ។

នែអ្នកមានអណ្ដាតពីរ អ្នកចូររួចអំពីការ​សម្លាប់ ក្នុងថ្ងៃនេះចុះ ព្រោះថា បុត្តមាន ៣ គឺ សិស្ស ១ កូនគេឲ្យ ១ កូនកើតអំពីខ្លួន ១ បុត្តក្រៅ​ពីនេះ​មិនមាន​ឡើយ អ្នកចូរ​ត្រេកអរ​ចុះ អ្នកទុក​ជាបុត្ត​ណាមួយ​របស់​ខ្ញុំហើយ។

 

ស្ដេចគ្រុឌពោលយ៉ាងនេះហើយ ក៏ចុះចាក​អាកាស ដាក់នាគរាជ​លើផែនដី។

ព្រះសាស្ដា កាលប្រកាស​សេចក្ដីនោះ ទើបត្រាស់​ព្រះគាថា ២ ថា

 

ឥច្ចេវ វាក្យំ វិសជ្ជី សុបណ្ណោ, ភុម្យំ បតិដ្ឋាយ ទិជោ ទុជិវ្ហំ;

មុត្តជ្ជ ត្វំ សព្វភយាតិវត្តោ, ថលូទកេ ហោហិ មយាភិគុត្តោ។

ស្តេចគ្រុឌមានកំណើតពីរ (លុះពោលពាក្យ) យ៉ាងនេះហើយ ក៏ឋិតនៅ​លើផែនដី លែង​សត្វ​មាន​អណ្តាតពីរ ដោយ​ពាក្យថា អ្នករួច​ក្នុងថ្ងៃនេះ កន្លង​នូវភ័យ​ទាំងពួង​ហើយ អ្នកត្រូវ​ខ្ញុំគ្រប់គ្រង ក្នុងទីគោក និងទឹក​ហើយ។

 

អាតង្កិនំ យថា កុសលោ ភិសក្កោ, បិបាសិតានំ រហទោវ សីតោ;

វេស្មំ យថា ហិមសីតដ្ដិតានំ, ឯវម្បិ តេ សរណមហំ ភវាមិ។

ខ្ញុំជាទីពឹងរបស់អ្នក ដូចជា​ពេទ្យដ៏ឈ្លាស (ជាទីពឹង) របស់ពួក​អ្នកមាន​ជំងឺ ឬដូច​ជាអន្លង់​ទឹកត្រជាក់ (ជា​ប្រយោជន៍) របស់ពួក​អ្នកស្រេកទឹក ឬក៏​ដូចផ្ទះ (ជាទី​ត្រូវការ) របស់​ពួកបុគ្គល​ដែល​លំបាក ដោយ​សន្សើម​ត្រជាក់។

 

ស្ដេចគ្រុឌដោះលែងនាគថា អ្នកចូរ​ទៅចុះ។ នាគរាជ​នោះ ចូលកាន់​ពិភពនាគ។ សូម្បី​ស្ដេចគ្រុឌ​ទៅកាន់​សុបណ្ណភព ហើយ​គិតថា បណ្ឌរកនាគ យើងបាន​ឲ្យធ្វើការ​ស្បថ ឲ្យយើង​ជឿហើយ ឲ្យដោះលែង យើងនឹង​ដឹងចិត្ត​របស់​នាគនោះ ដែលគិត​ចំពោះ​យើងដូចម្ដេច ដូច្នេះ​ហើយ ក៏ទៅកាន់​ពិភពនាគ និងធ្វើ​សុបណ្ណវាត។ នាគឃើញ​គ្រុឌនោះ​ហើយ សម្គាល់​ថា សុបណ្ណរាជ​នឹងមក​ចាប់យើង ដូច្នេះ ទើបធ្វើ​អត្តភាព​ឲ្យមាន​ប្រមាណ ១០០០ ព្យាម (បួនពាន់ហត្ថ) លេបថ្ម និងខ្សាច់ ធ្វើឲ្យ​មានទម្ងន់​នៅកន្ទុយ​ខាងក្រោម ដេក​បើកពពារ​លើកំពូល​ភ្នេន ធ្វើហាក់​ដូចជា​ប្រាថ្នានឹង​ចឹកស្ដេចគ្រុឌ។ ស្ដេចគ្រុឌ​ឃើញនាគ​នោះ ទើប​ពោល​គាថាថា

 

សន្ធឹ កត្វា អមិត្តេន, អណ្ឌជេន ជលាពុជ;

វិវរិយ ទាឋំ សេសិ, កុតោ តំ ភយមាគតំ។

ម្នាលអ្នកជាជលាពុជៈ អ្នកធ្វើសេចក្តី​ស្និទ្ធស្នាល​ជាមួយ​នឹង​អណ្ឌជៈ​ជាសត្រូវ ហើយ​នៅបើក​បង្ហាញ​ចង្កូម (ធ្វើអ្វីទៀត) ភ័យ​នឹងមក​ដល់អ្នក​អំពីទីណា។

 

នាគរាជស្ដាប់ពាក្យនោះហើយ ទើបពោល ៣ គាថា ថា

សង្កេថេវ អមិត្តស្មឹ, មិត្តស្មិម្បិ ន វិស្សសេ;

អភយា ភយមុប្បន្នំ, អបិ មូលានិ កន្តតិ។

បុគ្គលត្រូវតែរង្កៀសក្នុងបុគ្គលជាសត្រូវ មិនត្រូវទុកចិត្ត​បុគ្គល​សូម្បីជាមិត្ត (ព្រោះ) ភ័យ​រមែង​កើតឡើង​អំពីបុគ្គល​ដែលមិន​គួរភ័យ រមែង​កាត់សូម្បី​នូវប្ញសគល់ (ជីវិត)

 

កថំ នុ វិស្សសេ ត្យម្ហិ, យេនាសិ កលហោ កតោ;

និច្ចយត្តេន ឋាតព្វំ, សោ ទិសព្ភិ ន រជ្ជតិ។

បុគ្គលធ្វើនូវជម្លោះនឹងជនណា គប្បីទុកចិត្ត​ជននោះ​ដូចម្តេច​កើត បុគ្គល​គប្បីឋិត​នៅ ដោយ​ប្រុង​ប្រយ័ត្ន​ជានិច្ច បុគ្គលនោះ រមែងមិន​ត្រេកអរ​នឹងសត្រូវ។

 

វិស្សាសយេ ន ច តំ វិស្សយេយ្យ, អសង្កិតោ សង្កិតោ ច ភវេយ្យ;

តថា តថា វិញ្ញូ បរក្កមេយ្យ, យថា យថា ភាវំ បរោ ន ជញ្ញា។

បុគ្គលគប្បីធ្វើឲ្យគេទុកចិត្ត ប៉ុន្តែមិនត្រូវ​ទុកចិត្តគេ បុគ្គល​ដែលគេ​មិនរង្កៀស​ហើយ ប៉ុន្តែ​គប្បី​រង្កៀស​នឹងគេ បុគ្គល​ដទៃ​មិនដឹង​នូវភាព (របស់ខ្លួន) យ៉ាងណាៗ វិញ្ញូបុរស គប្បី​ប្រឹងប្រែង ដោយ​ប្រការ​យ៉ាងនោះៗ។

 

គ្រាសត្វទាំងពីរនោះសន្ទនាគ្នា​យ៉ាងនេះហើយ កាលមាន​សេចក្ដី​រីករាយ​ជាមួយគ្នា ទើប​សត្វ​ទាំងពីរ ទៅកាន់​អាស្រម​របស់​អចេលក៍។

 

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើប​ត្រាស់ថា

តេ ទេវវណ្ណា សុខុមាលរូបា, ឧភោ សមា សុជយា បុញ្ញខន្ធា;

ឧបាគមុំ ករម្បិយំ អចេលំ, មិស្សីភូតា អស្សវាហាវ នាគា។

បុរិសនាគទាំងពីរនោះ មានវណ្ណៈ​ដូចជា​ទេវតា មាន​សភាព​ជា​សុខុមាលជាតិ​ស្មើគ្នា មាន​វ័យដ៏ល្អ មានគំនរ​នៃបុណ្យ កៀកដៃ​គ្នា ដូចជា​សេះគេ​ទឹម បានចូល​ទៅកាន់​សំណាក់​នៃ​អចេល ឯកំពង់ករម្បិយៈ។

 

គ្រាទៅដល់ហើយ សុបណ្ណរាជគិតថា នាគរាជនេះ នឹងមិន​ឲ្យជីវិត​ដល់​អចេលក៍ យើង​នឹងថ្វាយ​បង្គំបុគ្គល​ទ្រុស្តសីល​នោះ។ ស្ដេចគ្រុឌ​ទើបឈរ​នៅខាងក្រៅ ហើយ​បញ្ជូន​នាគរាជ​ប៉ុណ្ណោះ ទៅកាន់​សម្នាក់​អចេលក៍​នោះ។

 

ព្រះសាស្ដាសំដៅដល់ហេតុនោះ ទើបត្រាស់​ព្រះគាថា​ដទៃថា

តតោ ហវេ បណ្ឌរកោ អចេលំ, សយមេវុបាគម្ម ឥទំ អវោច;

មុត្តជ្ជហំ សព្វភយាតិវត្តោ, ន ហិ នូន តុយ្ហំ មនសោ បិយម្ហ។

លំដាប់នោះឯង បណ្ឌរកនាគរាជ បានចូលទៅកាន់​សំណាក់នៃអចេល​ដោយ​ខ្លួនឯង ហើយ​ពោល​ពាក្យ​នេះថា ខ្ញុំរួច (អំពីការ​សម្លាប់) កន្លង​នូវភ័យ​ទាំងពួង ក្នុងថ្ងៃ​នេះហើយ យើង​មិនជាទី​ស្រឡាញ់​របស់លោក​ដោយចិត្ត​ពិតប្រាដក​ទេ។

 

លំដាប់នោះ អចេលក៏ពោល​គាថាដទៃថា

បិយោ ហិ មេ អាសិ សុបណ្ណរាជា, អសំសយំ បណ្ឌរកេន សច្ចំ;

សោ រាគរត្តោវ អកាសិមេតំ, បាបកម្មំ សម្បជានោ ន មោហ។

សុបណ្ណរាជ ជាទីស្រឡាញ់របស់ខ្ញុំ ជាង​បណ្ឌរកនាគរាជ​មែន ឥតសង្ស័យ (នេះ) ជា​ពាក្យពិត ខ្ញុំនោះ​ជាអ្នក​ត្រេកអរ​ដោយរាគៈ ជាអ្នក​ដឹងច្បាស់ បានធ្វើ​នូវអំពើ​អាក្រក់នុ៎ះ មិនមែន​ព្រោះ​មោហៈ​ទេ។

 

នាគរាជស្ដាប់ពាក្យនោះហើយ ពោល ២ គាថាថា

ន មេ បិយំ អប្បិយំ វាបិ ហោតិ, សម្បស្សតោ លោកមិមំ បរញ្ច;

សុសញ្ញតានញ្ហិ វិយញ្ជនេន, អសញ្ញតោ លោកមិមំ ចរាសិ។

បព្វជិត កាលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ រមែង​មិនមាន​គំនិតថា វត្ថុជា​ទីស្រឡាញ់ ឬជាទី​មិនស្រឡាញ់ របស់អញ​ដូច្នេះទេ អ្នកជា​បុគ្គល​មិន​សង្រួម ប្រព្រឹត្ត​ក្នុង​លោកនេះ ដោយភេទ​របស់បុគ្គល​អ្នកសង្រួម​ល្អ។

 

អរិយាវកាសោសិ អនរិយោវាសិ, អសញ្ញតោ សញ្ញតសន្និកាសោ;

កណ្ហាភិជាតិកោសិ អនរិយរូបោ, បាបំ ពហុំ ទុច្ចរិតំ អចារិ។

អ្នកឯងបន្លំជាអរិយៈ តែមិនមែនជាអរិយៈទេ អ្នកមិន​សង្រួម តែមាន​ភាពហាក់​ដូចជា​អ្នក​សង្រួម មាន​ជាតិខ្មៅ មានសភាព​មិនប្រសើរ បាន​ប្រព្រឹត្ត​នូវអំពើ​ដ៏លាមក​ជាទុច្ចរិត​ច្រើន​យ៉ាង។

 

កាលនាគរាជតិះដៀលអចេលក៍​នោះយ៉ាងនេះ​ហើយ ឥឡូវនេះ កាល​នឹងផ្ដាសា ទើប​ពោលគាថា​នេះថា

អទុដ្ឋស្ស តុវំ ទុព្ភិ, ទុព្ភី ច បិសុណោ ចសិ;

ឯតេន សច្ចវជ្ជេន, មុទ្ធា តេ ផលតុ សត្តធា។

ម្នាលអ្នកប្រទូស្ត អ្នកជាបុគ្គលប្រទូស្តមិត្ត ដែល​មិនបាន​ប្រទូស្ត​វិញផង ជាអ្នក​ញុះញង់​ផង ដោយ​ពាក្យសច្ចៈ​នេះ សូមឲ្យក្បាល​របស់អ្នកឯង បែកជា ៧ ភាគ។

 

គាថានេះមានសេចក្ដីថា នែអ្នកប្រទូស្ត អ្នកទ្រុស្តមិត្ត​ដែលមិន​ប្រទូស្តផង ជាអ្នក​និយាយ​ចាក់ដោត​ផង ដោយ​ពាក្យសច្ចៈ​នេះ សូមឲ្យ​ក្បាលរបស់​អ្នកបែក​ជា ៧ ចម្រៀក។

 

កាលនាគរាជដាក់បណ្ដាសាយ៉ាងនេះហើយ ក្បាលអចេលក៍​ក៏បែកជា ៧ ភាគ។ ផែនដី​ត្រង់កន្លែង​ដែល​អចេលក៍​អង្គុយនោះ បានរហែក ធ្វើជា​ចន្លោះ។ អចេលក៍នោះ​ចូល​ទៅកាន់​ផែនដី ហើយកើត​ក្នុងអវីចិនរក។ ចំណែក​នាគរាជ និង​សុបណ្ណរាជ ក៏បាន​ទៅកាន់​ភពរបស់​ខ្លួនវិញ។

 

ព្រះសាស្ដា កាលប្រកាសភាពដែល​អចេលក៍នោះ​ចូលទៅ​កាន់ផែនដី ទើប​ត្រាស់​ព្រះឱសានគាថា ថា

 

តស្មា ហិ មិត្តានំ ន ទុព្ភិតព្វំ, មិត្តទុព្ភា បាបិយោ នត្ថិ អញ្ញោ;

អាសិត្តសត្តោ និហតោ បថព្យា, ឥន្ទស្ស វាក្យេន ហិ សំវរោ ហតោ។

ព្រោះហេតុនោះ បុគ្គលមិនត្រូវប្រទូស្តមិត្តទាំងឡាយឡើយ ព្រោះថា សភាវៈ​ដទៃ លាមក​ជាង​ការ​ទ្រុស្តមិត្ត មិនមានទេ អចេលអ្នក​សង្រួម ត្រូវសត្វ​អាសីពិស​ប្រទេចផ្តាសា ក៏ខ្ចាត់​ចេញអំពីផែនដី វិនាស​តាមពាក្យ​របស់​នាគរាជ​ដ៏ប្រសើរ។

 

ពាក្យថា អចេលជាអ្នកសង្រួម​នេះ បានសេចក្ដីថា អាជីវក​នោះ បានប្រាកដ​ថា ជាអ្នក​សង្រួម ដោយ​ពាក្យ​ប្ដេជ្ញាថា យើងឋិតនៅ​ក្នុងសេចក្ដី​សង្រួម។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន ទេវទត្ត​ធ្វើមុសាវាទ​ហើយ ក៏ត្រូវ​ផែនដីស្រូប​ដូចគ្នាដែរ ដូច្នេះ​ហើយ ព្រះអង្គ​ប្រជុំជាតកថា

 

តទា អចេលកោ ទេវទត្តោ អហោសិ អចេលក៍​ក្នុងកាលនោះ បានមកជា​ទេវទត្ត

នាគរាជា សារិបុត្តោ នាគរាជ បានមកជា​សារីបុត្រ

សុបណ្ណរាជា បន អហមេវ អហោសឹ ចំណែក​សុបណ្ណរាជ គឺ​តថាគត​នេះឯង។

ចប់ បណ្ឌរនាគរាជជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត បិដកលេខ ៦០ ទំព័រ ២០០)

ថ្ងៃច័ន្ទ ១៥ រោច ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១៤ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨

ដោយ ស.ដ.វ.ថ.