សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បញ្ចុបោសថជាតក

(រឿងឧបោសថទាំង៥)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧបាសក​ទាំងឡាយ ៥០០ ដែល​ជាអ្នក​រក្សា​ឧបោសថ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អប្បោស្សុក្កោ ទានិ តុវំ កបោត ដូច្នេះ​ជាដើម។

 

ក្នុងគ្រានោះ ព្រះសាស្ដាប្រថាប់លើអលង្កតពុទ្ធាសនៈ នៅកណ្ដាល​បរិស័ទ​ទាំង ៤ ក្នុង​សាលា​ធម្មសភា ទ្រង់​សម្លឹង​មើលបរិស័ទ​ដោយ​ព្រះហឫទ័យ​ដ៏ទន់ ដឹងថា ថ្ងៃនេះ ទេសនា​នឹងកើត​ឡើងដោយ​អាស្រ័យ​ពាក្យនិយាយ​របស់​ឧបាសក​ទាំងឡាយ ដូច្នេះ​ហើយ ព្រះអង្គ​ត្រាស់​ហៅ​ឧបាសក សួរថា ម្នាល​ឧបាសក​ទាំងឡាយ ពួកអ្នក​រក្សា​ឧបោសថ​ហើយឬ? កាល​ពួក​ឧបាសក​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពួកយើងខ្ញុំ​បានរក្សា​ហើយ។ ព្រះពុទ្ធ​ត្រាស់ថា ការ​ដែលអ្នក​ទាំងឡាយ​ធ្វើនេះ ល្អហើយ ឧបោសថ​នេះ ឈ្មោះថា ជា​វង្ស​របស់​បោរាណ​បណ្ឌិត​ទាំងឡាយ បោរាណបណ្ឌិត​ទាំងឡាយ នាំគ្នានៅ​ដោយការ​រក្សា​ឧបោសថ ដើម្បី​ប្រយោជន៍​ដល់ការ​សង្កត់​សង្កិន​កិលេស​ទាំងឡាយ មានរាគៈ​ជាដើម យ៉ាងនេះ​ហើយ កាល​ពួក​ឧបាសក​ទូលអង្វរ​ហើយ ទ្រង់ក៏​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល មានព្រៃមួយដែលនៅចន្លោះនៃដែន​ទាំង ៣ មាន​ដែន​មគធៈ​ជាដើម។ ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​ព្រាហ្មណ​មហាសាល ក្នុងដែន​មគធៈ ចម្រើន​វ័យធំហើយ លះបង់​កាម ចេញទៅ​កាន់​ព្រៃនោះ ធ្វើ​អាស្រម បួស​ជាឥសី សម្រេចការ​នៅក្នុងព្រៃនោះ។ នៅក្នុង​ទីមិនឆ្ងាយ​ពីអាស្រម​របស់​ព្រះពោធិសត្វនោះ មាន​សត្វព្រាប និង​ភរិយា​នៅក្នុង​ព្រៃឫស្សី​មួយ មានពស់​នៅក្នុង​ដំបូកមួយ មាន​ឆ្កែចចក​នៅនឹង​គុម្ពព្រៃ​មួយ និង​មាន​ខ្លាឃ្មុំ​នៅនឹង​គុម្ពឈើ​មួយ។ សត្វទាំង ៤ នោះ តែងចូល​មករក​ឥសី​តាមកាល ដើម្បី​ស្ដាប់ធម៌។

 

ថ្ងៃមួយ សត្វព្រាប និងភរិយា​ចេញពីសំបុក ទៅស្វែង​រកចំណី។ មានខ្លែង​មួយហើរ​មក ចាប់​ព្រាបញី​ដែលហើរ​តាមក្រោយ​ព្រាបនោះ ហើយហើរ​គេចបាត់​ទៅ។ សត្វព្រាប ស្ដាប់​សំឡេង​ស្រែក​របស់​ព្រាបញី​ហើយ ក៏ហើរ​ត្រឡប់មក សម្លឹង​រក​មើលនាង​ព្រាប​ត្រូវខ្លែង​កំពុង​នាំទៅ។ ចំណែក​ខ្លែង សម្លាប់​ព្រាបញី​ដែលកំពុង​ស្រែកឲ្យ​ស្លាប់ ហើយ​បរិភោគ។ សត្វព្រាប កាល​លំបាកចិត្ត ព្រោះព្រាត់​ប្រាសចាក​នាងព្រាប ទើប​គិតថា រាគៈនេះ ធ្វើឲ្យ​យើង​លំបាកណាស់ ឥឡូវ​នេះ បើយើង​សង្កត់​សង្កិន​រាគៈនេះ​មិនបានទេ នឹងមិន​ចេញទៅ​រកចំណី។ សត្វព្រាប​កាត់ផ្ដាច់​ផ្លូវគោចរ ទៅកាន់​សម្នាក់​តាបស សមាទាន​ឧបោសថ ដើម្បី​សង្កត់​សង្កិន​កិលេស​ មាន​រាគៈ​ជាដើម ហើយដេក​នៅកន្លែង​មួយ។

 

ចំណែកពស់គិតថា យើងនឹងស្វែងរក​អាហារ ទើបចេញ​ពីលំនៅ ត្រាច់ស្វែង​រកអាហារ​ក្នុងទី​ប្រព្រឹត្ត​ទៅរបស់​គោ ក្នុង​បច្ចន្តគ្រាម។ គ្រានោះ គោមង្គល​ពណ៌ស​សុទ្ធ​របស់​គាមភោជក បរិភោគ​អាហារ​ហើយ ដាក់ជង្គង់​លើដំបូកមួយ យកស្នែង​ជល់ដី​លេង ពស់​ភ័យខ្លាច​ដោយ​សំឡេង​របស់គោ ក៏វារចូល​ទៅក្នុង​ដំបូកនោះ។ លំដាប់​នោះ គោឧសភៈ​ជាន់ពស់​ដោយ​ជើង។ ពស់ក្រោធ​ខឹងនឹង​គោ ទើបចឹក​គោស្លាប់​ក្នុងទី​នោះឯង។ ពួកអ្នក​ស្រុក ស្ដាប់ថា បាន​ឮថា គោឧសភៈ​ស្លាប់ហើយ ពួកគេ​ទាំងអស់​នាំគ្នាមក​ជាមួយ ហើយ​យំសោក កន្ទក់កន្ទេញ បូជា​គោដោយ​គ្រឿង​ក្រអូប និងកម្រងផ្កា​ជាដើម ហើយកប់​ក្នុងរណ្ដៅ រួចចៀស​ចេញទៅ។ កាល​មនុស្ស​ទាំងឡាយ​ទៅហើយ ពស់​ចេញមក គិតថា យើងអាស្រ័យ​សេចក្ដី​ក្រោធ បាន​សម្លាប់​គោនេះ ញ៉ាំង​ហឫទ័យ​មហាជន​ឲ្យចូល​ដល់​សេចក្ដីសោក ឥឡូវ​នេះ បើយើង​មិនអាច​នឹង​គ្របសង្កត់​សេចក្ដី​ក្រោធ​នេះទេ នឹងមិន​ចេញទៅ​រកចំណី ដូច្នេះ​ហើយ ទើប​ត្រឡប់​ទៅកាន់​អាស្រម សមាទាន​ឧបោសថ ដើម្បី​សង្កត់​សង្កិន​សេចក្ដី​ក្រោធ រួច​ក៏ដេក​នៅកន្លែង​មួយ។

 

ចំណែកឆ្កែចចក កាលស្វែងរក​អាហារ បានឃើញ​ដំរី​ស្លាប់មួយ មានចិត្ត​ត្រេកអរ​ដោយ​គិតថា យើងបាន​អាហារ​ដ៏ធំ ដូច្នេះ ទើបទៅ​ខាំប្រមោយ ហាក់បី​ដូចជា​ខាំសសរ។ កាល​មិនបាន​សេចក្ដី​ឆ្ងាញ់​ត្រង់ប្រមោយ​នោះ ទើបខាំភ្លុក ក៏ហាក់​ដូចជា​ខាំថ្ម។ ខាំពោះ ដូចជា​ខាំ​ដោកស្រូវ។ ខាំកន្ទុយ ដូចជា​ស្លាកដែក។ ខាំវច្ចមគ្គ (ទ្វារធំ) ហាក់ដូច​ជាខាំ​នំផ្អែម។ ឆ្កែចចក​នោះ កាលស៊ី​ដោយ​អំណាច​លោភៈ ទើបចូល​ទៅក្នុង​ពោះដំរី នៅក្នុង​ពោះដំរី​នោះ កាល​ឃ្លាន ក៏ស៊ីសាច់ កាលស្រេក ក៏ផឹកឈាម កាល​នឹងដេក ក៏ដេក​សង្កត់លើ​ពោះវៀនធំ និង​សួត។ ចចកនោះ​គិតថា ក្នុងទីនេះ មាន​បាយ ទឹក និងទីដេក​សម្រេច​ហើយ យើង​នឹងធ្វើ​អ្វីក្នុង​ទីដទៃ ដូច្នេះ ទើបត្រេកអរ​ក្នុងពោះ​ដំរីនោះ​ឯង មិនចេញ​ទៅក្រៅ រស់នៅ​ក្នុង​ពោះដំរី​ប៉ុណ្ណោះ។ ពេលខាង​ក្រោយមក កាល​សាកសព​ដំរីត្រូវ​ស្ងួតក្រៀម​ដោយខ្យល់ និងកម្ដៅ ករីសមគ្គ (ទ្វារលាមក) ក៏បិទ ឆ្កែចចក​ដែលដេក​ក្នុង​ពោះដំរី ទើប​មានសរីរៈ​ស្គមលឿង មាន​សាច់ និង​ឈាមតិច មិនឃើញ​ផ្លូវចេញ​មក។ ថ្ងៃមួយ ភ្លៀងមិនមែន​រដូវកាល បង្អុរ​ចុះមក ករីសមគ្គ កាលត្រូវ​ទទឹកសើម ក៏ទៅ​ជាទន់ សម្ដែង​ប្រហោង​ឲ្យឃើញ​ប្រាកដ។ ចចកព្រៃ​ឃើញ​ប្រហោង​នោះ គិតថា យើង​លំបាក​អស់កាល​ដ៏យូរ យើង​នឹងរត់​ចេញតាម​ប្រហោង​នេះ ដូច្នេះ ទើបយក​ក្បាលបុក​ទម្លុះ​ករីសមគ្គ។ កាលចចក​នោះស្ទុះ​ចេញមក​ដោយ​រហ័ស​ពីទី​ចង្អៀត រោមសរីរៈ​ទាំងអស់ ក៏ជាប់​ទាក់នឹង​ករីសមគ្គ មានខ្លួន​ទៅជា​មិនមានរោម ហាក់ដូច​ជាគ្រាប់​ត្នោត។ ចចកគិតថា ព្រោះអាស្រ័យ​លោភៈ ទើប​យើងទទួល​សេចក្ដី​ទុក្ខនេះ ឥឡូវនេះ បើយើង​មិនអាច​គ្របសង្កត់​លោភៈ​នេះទេ នឹងមិន​ស្វែង​រកអាហារ ដូច្នេះ ក៏ទៅកាន់​អាស្រម​តាបសនោះ សមាទាន​ឧបោសថ ដើម្បី​សង្កត់​សង្កិន​លោភៈ ហើយ​ដេកក្នុង​ទីដ៏សមគួរ​មួយ។

 

ចំណែកខ្លាឃ្មុំ ចេញអំពីព្រៃ ត្រូវសេចក្ដី​ឃ្លានគ្រប​សង្កត់ ក៏ទៅ​កាន់​បច្ចន្តគ្រាម ក្នុង​ដែន​មល្លរដ្ឋ។ ពួកអ្នកស្រុក​ពោលថា បានឮថា ខ្លាឃ្មុំមក ទើបនាំ​គ្នាកាន់ធ្នូ និង​ដំបង​ជាដើម ចេញ​ទៅ​ឡោមព័ទ្ធ​គុម្ពឈើ​ដែល​ខ្លាឃ្មុំនោះ​ចូលទៅ។ ខ្លាឃ្មុំដឹងថា មហាជន​មក​ឡោមព័ទ្ធ ទើបរត់​ចេញទៅ ពួកមនុស្ស​នាំគ្នា​វាយខ្លាឃ្មុំ​ដែលកំពុង​រត់ទៅនោះ ដោយធ្នូ និងដំបង​ជាដើម។ ខ្លាឃ្មុំ​មានក្បាល​បែក មានកប្រឡាក់​ឈាម ទៅកាន់​លំនៅ​របស់ខ្លួន ហើយ​គិតថា ទុក្ខនេះ កើតឡើង​ដោយ​អំណាច​សេចក្ដីល្មោភ ឥឡូវនេះ បើយើង​មិនអាច​គ្របសង្កត់​លោភៈ​នេះទេ យើង​នឹងមិន​ស្វែងរក​អាហារ​ឡើយ ដូច្នេះ ទើបទៅ​កាន់អាស្រម សមាទាន​ឧបោសថ ដើម្បី​សង្កត់​សង្កិន​សេចក្ដី​ល្មោភ ដេកក្នុង​ទីកន្លែង​មួយ។

 

ចំណែកតាបស ព្រោះអាស្រ័យជាតិរបស់ខ្លួន បានជា​អ្នកលុះ​ក្នុង​អំណាច​មានះ មិនអាច​នឹង​ញ៉ាំង​ឈានឲ្យ​កើតឡើង។ គ្រានោះ ព្រះបច្ចេកពុទ្ធ​មួយអង្គ ដឹង​ភាពជា​អ្នកមាន​មានះ​របស់​តាបស​នោះ រួចគិតថា តាបស​នេះ មិនមែន​ជាសត្វ​ថោកទាប​ទេ គឺជា​ពុទ្ធង្កុរ នឹង​បាន​ត្រាស់​ដឹង​សព្វញ្ញុតញាណ ក្នុង​ភទ្ទកប្ប​នេះ យើងនឹង​សម្ដែង​អាការ​កើតឡើង នៃ​សមាបត្តិ​ឲ្យតាបស​នេះធ្វើ​ការសង្កត់​សង្កិន​មានះ ដូច្នេះ​ហើយ កាល​តាបស​កំពុង​អង្គុយ​ក្នុង​បណ្ណសាលា​នោះ ព្រះបច្ចេកពុទ្ធ​ក៏មកពី​ព្រៃ​ហិមពាន្ត​ទិសខាង​ជើង គង់លើ​ផែនថ្ម​របស់​តាបស​នោះ។ តាបស​ចេញមក បានឃើញ​ព្រះបច្ចេកពុទ្ធ​គង់លើ​អាសនៈ​របស់ខ្លួន ព្រោះ​ភាពជា​អ្នកមាន​មានះ លោកក៏​អាក់អន់ចិត្ត ចូលទៅ​ជិត​ព្រះបច្ចេកពុទ្ធ ហើយ​ទះម្រាមដៃ ពោល​ឡើងថា នែ​មនុស្ស​កាឡកណ្ណី​ដ៏ថោកទាប នែ​សមណៈ​ត្រងោល ព្រោះ​ហេតុអ្វី បានជា​មកអង្គុយ​លើផែនថ្ម​របស់​យើង។

 

លំដាប់នោះ ព្រះបច្ចេកពុទ្ធពោលនឹងតាបសថា នែសប្បុរស ព្រោះ​ហេតុអ្វី បានជា​លោក​មាន​មានះ យើងបាន​ចាក់ធ្លុះ​បច្ចេកពោធិញាណ ហើយអ្នក​នឹងបាន​ជា​ព្រះសព្វញ្ញុពុទ្ធ ក្នុង​ភទ្ទកប្ប​នេះ អ្នកគឺជា​ពុទ្ធង្កុរ ដែលបាន​បំពេញ​បារមី​រួចមក​ហើយ កន្លង​ទៅអស់​កាល​ប្រមាណ​ប៉ុណ្ណេះ​ទៀត អ្នកនឹង​បានជា​ព្រះពុទ្ធ អ្នកបាន​តាំងនៅ​ក្នុងភាព​ជាព្រះពុទ្ធ នឹង​មាន​ឈ្មោះថា សិទ្ធត្ថ រួចហើយ ព្រះបច្ចេកពុទ្ធ​ប្រាប់នាម គោត្ត ត្រកូល និង​រឿងរ៉ាវ​ទាំងអស់​ចាប់ពី​អគ្គសាវក​ជាដើម ហើយឲ្យ​ឱវាទថា ព្រោះ​ហេតុអ្វី បានជាអ្នក​មានមានះ ជាអ្នក​ពោល​វាចា​អាក្រក់ អំពើ​ទាំងនេះ មិន​សមគួរ​ដល់អ្នក​ឡើយ។ កាល​ព្រះបច្ចេកពុទ្ធ​ពោល​យ៉ាង​នេះហើយ តាបស​នោះ ក៏មិន​ថ្វាយបង្គំ​ព្រះបច្ចេកពុទ្ធ និង​មិនសួរថា ខ្ញុំនឹង​ជា​ព្រះពុទ្ធ ក្នុង​ពេលណា ដូច្នេះ​ជាដើម​ឡើយ។ ពេលនោះ ព្រះបច្ចេកពុទ្ធ​ពោលនឹង​តាបសថា អ្នក​ចូរដឹង​នូវភាព​ជាធំ ដោយជាតិ​របស់អ្នក និងគុណ​របស់​យើងចុះ បើអ្នក​អាច ចូរ​ប្រព្រឹត្ត​ទៅលើ​ដូច​យើងចុះ ដូច្នេះ ទើបហោះ​ឡើងលើ​អាកាស រោយរាយ​ធូលី​ព្រះបាទ​របស់ខ្លួន លើ​មណ្ឌល​ជដា​របស់​តាបស ហើយទៅ​កាន់​ឧត្តរហិមវន្ត​ប្រទេស​វិញ។

 

កាលព្រះបច្ចេកពុទ្ធទៅហើយ តាបសដល់នូវសេចក្ដី​សង្វេគ គិតថា សមណៈ​នេះ មាន​សរីរៈ​ធ្ងន់​យ៉ាងនេះ អាចហោះ​ទៅកាន់​អាកាស​បាន ហាក់ដូច​ជាសំឡី​ដែលគេ​បោះទៅ​ក្នុងមាត់​ខ្យល់ ចំណែក​យើង ព្រោះមានះ​នឹងជាតិ ក៏មិន​បានថ្វាយ​បង្គំ​បាទា​ព្រះបច្ចេកពុទ្ធ​ដែល​មាន​សភាព​បែបនោះ ហើយ​មិនបាន​សួរលោក​ថា ខ្ញុំនឹង​បានជា​ព្រះពុទ្ធ​ក្នុង​ពេលណា ឈ្មោះថា​ជាតិនេះ នឹង​ធ្វើអ្វីបាន ការប្រព្រឹត្ត​សីលនោះឯង ទើបជា​ធំលើ​លោកនេះ មានះ​នេះ កាល​ចម្រើន​ឡើងហើយ នឹងនាំ​យើងចូល​ទៅកាន់​នរក ឥឡូវ​នេះ បើយើង​មិនអាច​សង្កត់​សង្កិន​មានះ​នេះទេ យើងនឹង​មិនទៅរក​ផលាផល ដូច្នេះ ទើបចូល​ទៅកាន់​បណ្ណសាលា រួច​សមាទាន​ឧបោសថ ដើម្បី​សង្កត់​សង្កិន​មានះ អង្គុយ​លើ​ផែនក្ដារ។ កុលបុត្ត​ដែល​មាន​ញាណធំ ក៏បាន​សង្កត់​សង្កិនមានះ ហើយ​ចម្រើន​កសិណ បានញ៉ាំង​អភិញ្ញា និង​សមាបត្តិ​ឲ្យ​កើតឡើង រួចចេញ​មកអង្គុយ​លើផែនថ្ម ដែលនៅ​ខាងចុង​ទីចង្ក្រម។

 

ពេលនោះ សត្វទាំងឡាយ មានព្រាបជាដើម ចូលមក​ថ្វាយបង្គំ​តាបស រួច​អង្គុយ​ក្នុងទី​ដ៏សមគួរ​មួយ។ ព្រះមហាសត្វ​សួរព្រាបថា ថ្ងៃដទៃៗ ពេលថ្មើរណេះ អ្នកមិន​ដែល​មកឡើយ អ្នក​តែងស្វែង​រកអាហារ ក្នុងថ្ងៃនេះ តើអ្នក​រក្សា​ឧបោសថ​ឬ? ព្រាប​ពោលថា ពិតមែន​ហើយ លោកម្ចាស់។ លំដាប់នោះ ព្រះពោធិសត្វ​ពោលថា ព្រោះ​ហេតុអ្វី បានជា​អ្នករក្សា​ឧបោសថ ដូច្នេះ កាល​នឹងសួរ ទើបពោល​គាថាទី ១ ថា

 

អប្បោស្សុក្កោ ទានិ តុវំ កបោត, វិហង្គម ន តវ ភោជនត្ថោ;

ខុទំ បិបាសំ អធិវាសយន្តោ, កស្មា ភវំបោសថិកោ កបោតា។

ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តីខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិន​មាន​សេចក្តី​ត្រូវការ​ដោយ​ចំណី​សោះ ម្នាលព្រាប អ្នកខំ​អត់ទ្រាំ​នូវគម្លាន និងសម្រេក ជាសត្វ​រក្សានូវ​ឧបោសថ តើព្រោះហេតុអ្វី។

 

ព្រាបស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថាថា

អហំ បុរេ គិទ្ធិគតោ កបោតិយា, អស្មឹ បទេសស្មិមុភោ រមាម;

អថគ្គហី សាកុណិកោ កបោតឹ, អកាមកោ តាយ វិនា អហោសឹ។

ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរ​នាក់កំពុង​តែរីករាយ (ក្នុងកាម) ក្នុង​ប្រទេស​នោះ ស្រាប់តែ​សត្វខ្លែង មកឆាប​យកមេព្រាប​ទៅ ខ្ញុំក៏អស់​សេចក្តី​បា្រថ្នា ព្រោះ​ប្រាសចាក​មេព្រាប​នោះ។

 

នានាភវា វិប្បយោគេន តស្សា, មនោមយំ វេទន វេទយាមិ;

តស្មា អហំបោសថំ បាលយាមិ, រាគោ មមំ មា បុនរាគមាសិ។

ខ្ញុំរងនូវវេទនាក្នុងចិត្ត ព្រោះព្រាត់ប្រាស​ចាកមេព្រាប​នោះ ហេតុនោះ បានជា​ខ្ញុំរក្សា​នូវ​ឧបោសថ កុំឲ្យរាគៈ​គ្របសង្កត់​ខ្ញុំបាន​ទៀតឡើយ។

 

កាលព្រាបសរសើរឧបោសថកម្មរបស់ខ្លួនហើយ ព្រះមហាសត្វ​ក៏សួរ​សត្វ​នីមួយៗ ក្នុង​បណ្ដា​សត្វ​ទាំងឡាយ មាន​ពស់​ជាដើម។ សូម្បីសត្វ​ទាំងនោះ ក៏បាន​ព្យាករ​តាមសេចក្ដី​ពិត។

 

(តាបសពោធិសត្វសួរពស់ថា)

អនុជ្ជុគាមី ឧរគា ទុជិវ្ហ, ទាឋាវុធោ ឃោរវិសោសិ សប្ប;

ខុទំ បិបាសំ អធិវាសយន្តោ, កស្មា ភវំបោសថិកោ នុ ទីឃ។

ម្នាលពស់ ជាឧរគជាតិលូនទៅមិនត្រង់ មានអណ្តាត​ពីរ អ្នកមាន​ចង្កូម​ជាអាវុធ មានពិស​ដ៏ពន្លឹក ម្នាលសត្វ​មានខ្លួន​វែង អ្នកអត់ទ្រាំ​នូវគម្លាន និង​សម្រេក ហើយរក្សា​នូវ​ឧបោសថ តើព្រោះ​ហេតុអ្វី។

 

(ពស់ពោល ២ គាថាថា)

ឧសភោ អហូ ពលវា គាមិកស្ស, ចលក្កកូ វណ្ណពលូបបន្នោ;

សោ មំ អក្កមិ តំ កុបិតោ អឌំសឹ, ទុក្ខាភិតុណ្ណោ មរណំ ឧបាគា។

គោឈ្មោលឡើងករបស់អ្នកស្រុក ជាគោមាន​កម្លាំង មានបូកដ៏​យុរយារ បរិបូណ៌​ដោយសម្បុរ និងកម្លាំង គោនោះ​ដើរជាន់​ខ្ញុំ ខ្ញុំខឹង បាន​ចឹកវា ៗ ត្រូវសេចក្តី​ទុក្ខគ្រប​សង្កត់​ហើយ​ក៏ស្លាប់ទៅ។

 

តតោ ជនា និក្ខមិត្វាន គាមា, កន្ទិត្វា រោទិត្វា អបក្កមឹសុ;

តស្មា អហំបោសថំ បាលយាមិ, កោធោ មមំ មា បុនរាគមាសិ។

លំដាប់នោះ ពួកជនចេញអំពីស្រុក កន្ទក់កន្ទេញ យំទួញ ហើយដើរ​ចៀសចេញ​ទៅ ព្រោះ​ហេតុនោះ បានជា​ខ្ញុំរក្សានូវ​ឧបោសថ កុំឲ្យ​សេចក្កីក្រោធគ្របសង្កត់​ខ្ញុំបានទៀត។

 

(តាបសពោធិសត្វសួរចចកថា)

មតាន មំសានិ ពហូ សុសានេ, មនុញ្ញរូបំ តវ ភោជនេ តំ;

ខុទំ បិបាសំ អធិវាសយន្តោ, កស្មា ភវំបោសថិកោ សិង្គាល។

ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប​ដ៏ច្រើន សាច់ទាំង​នុ៎ះជា​ភោជន ជាទី​គាប់ចិត្ត​របស់​អ្នក ម្នាលចចក អ្នកខំ​អត់ទ្រាំនូវគម្លាន និងសម្រេក ហើយរក្សា​នូវ​ឧបោសថ តើព្រោះ​ហេតុអ្វី។

 

(ចចកពោល ៣ គាថាថា)

បវិសិ កុច្ឆឹ មហតោ គជស្ស, កុណបេ រតោ ហត្ថិមំសេសុ គិទ្ធោ;

ឧណ្ហោ ច វាតោ តិខិណា ច រស្មិយោ, តេ សោសយុំ តស្ស ករីសមគ្គំ។

ខ្ញុំជាសត្វត្រេកអរក្នុងសាកសព ញ៉ាមក្នុង​សាច់ដំរីទាំងឡាយ បានចូល​ទៅក្នុង​ពោះនៃ​ដំរីធំ ខ្យល់ដ៏​ក្តៅផង រស្មី​ព្រះអាទិត្យ​ដ៏ក្លៀវក្លា​ផង របស់​ទាំងនោះ​ញ៉ាំង​ទ្វារ​អាហាចាស់​នៃដំរី​នោះ​ឲ្យស្ងួត​ក្រៀម។

 

កិសោ ច បណ្ឌូ ច អហំ ភទន្តេ, ន មេ អហូ និក្ខមនាយ មគ្គោ;

មហា ច មេឃោ សហសា បវស្សិ, សោ តេមយី តស្ស ករីសមគ្គំ។

បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំស្គមលឿង (ក្នុងពោះដំរី​នោះ) ខ្ញុំរកផ្លូវ​ចេញមក​វិញមិនរួច ស្រាប់តែ​ភ្លៀងធំ​បង្អុរចុះ​ភ្លាម (ក្នុង​ពេលនោះ) ភ្លៀងនោះ ធ្វើ​ទ្វារអាហារ​ចាស់នៃ​ដំរីនោះ​ឲ្យទទឹក​សើម។

 

តតោ អហំ និក្ខមិសំ ភទន្តេ, ចន្ទោ យថា រាហុមុខា បមុត្តោ;

តស្មា អហំបោសថំ បាលយាមិ, លោភោ មមំ មា បុនរាគមាសិ។

បពិត្រលោកម្ចាស់ដ៏ចម្រើន លំដាប់នោះ ទើបខ្ញុំចេញមក​ដូចជា​ព្រះចន្ទ ដែល​រួចអំពី​មាត់នៃ​រាហុ ព្រោះហេតុនោះ បានជា​ខ្ញុំរក្សា​នូវ​ឧបោសថ កុំឲ្យ​លោភៈ​គ្របសង្កត់​ខ្ញុំទៀតឡើយ។

 

(តាបសពោធិសត្វសួរខ្លាឃ្មុំថា)

វម្មីកថូបស្មឹ កិបិល្លិកានិ, និប្បោថយន្តោ តុវំ បុរេ ចរាសិ;

ខុទំ បិបាសំ អធិវាសយន្តោ, កស្មា ភវំបោសថិកោ នុ អច្ឆ។

កាលពីដើម អ្នកធ្លាប់ស៊ីនូវកណ្តៀរទាំងឡាយ​លើក្បាល​ដំបូក ម្នាល​ខ្លាឃ្មុំ អ្នកខំ​អត់ទ្រាំ​នូវគម្លាន និង​សម្រេក ហើយ​រក្សានូវឧបោសថ តើព្រោះ​ហេតុអ្វី។

 

(ខ្លាឃ្មុំពោល ២ គាថាថា)

សកំ និកេតំ អតិហីឡយានោ, អត្រិច្ឆតា មល្លគាមំ អគច្ឆឹ;

តតោ ជនា និក្ខមិត្វាន គាមា, កោទណ្ឌកេន បរិបោថយឹសុ មំ។

ខ្ញុំមើលងាយនូវលំនៅរបស់ខ្លួន បានចូលទៅ​កាន់ស្រុក​នៃមល្លជន ព្រោះតែ​សេចក្តី​ប្រាថ្នា​លើសលប់ គ្រានោះ ពួកជន​ចេញមកពីស្រុក ហើយក៏​វាយខ្ញុំ​ដោយធ្នូ។

 

សោ ភិន្នសីសោ រុហិរមក្ខិតង្គោ, បច្ចាគមាសឹ សកំ និកេតំ;

តស្មា អហំបោសថំ បាលយាមិ, អត្រិច្ឆតា មា បុនរាគមាសិ។

ខ្ញុំនោះ បែកក្បាលប្រឡាក់ឈាមអស់ទាំងខ្លួន ហើយត្រឡប់​មកកាន់​លំនៅ​របស់ខ្លួនវិញព្រោះ​ហេតុ​នោះ បានជា​ខ្ញុំរក្សា​ឧបោសថ កុំឲ្យ​សេចក្តី​ប្រាថ្នា​លើសលប់​គ្របសង្កត់​បានទៀតឡើយ។

 

កាលសត្វទាំង ៤ ពោលសរសើរឧបោសថកម្ម​របស់ខ្លួន​ហើយ ងើបក្រោក​ឡើង ថ្វាយ​បង្គំ​ព្រះមហាសត្វ រួច​ពោលថា បពិត្រ​លោកម្ចាស់​ដ៏ចម្រើន ក្នុងថ្ងៃ​ដទៃ ពេលថ្មើរ​ណេះ លោកម្ចាស់​តែងទៅ​រក​ផលាផល ចុះថ្ងៃនេះ លោកម្ចាស់​មិនទៅ ហើយនៅ​រក្សា​ឧបោសថ តើព្រោះ​ហេតុអ្វី ដូច្នេះ កាលនឹង​សួរ ទើបពោល​គាថាថា

 

យំ នោ អបុច្ឆិត្ថ តុវំ ភទន្តេ, សព្វេវ ព្យាករិម្ហ យថាបជានំ;

មយម្បិ បុច្ឆាម តុវំ ភទន្តេ, កស្មា ភវំបោសថិកោ នុ ព្រហ្មេ។

បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់បានសាកសួរ​នូវសេចក្តី​ណា ចំពោះ​យើង​ទាំងឡាយ យើង​ទាំងអស់​គ្នា​ក៏បាន​ឆ្លើយនូវសេចក្តីនោះ តាមទំនង​ដែលខ្លួន​បានដឹង​រួចហើយ បពិត្រ​លោកម្ចាស់​ដ៏ចម្រើន ពួកយើង​សូមសួរ​លោកម្ចាស់​វិញ បពិត្រ​ព្រហ្ម លោកម្ចាស់​រក្សាឧបោសថ តើព្រោះ​ហេតុអ្វី។

 

តាបសពោធិសត្វព្យាករដល់សត្វទាំងនោះថា

អនូបលិត្តោ មម អស្សមម្ហិ, បច្ចេកពុទ្ធោ មុហុត្តំ និសីទិ;

សោ មំ អវេទី គតិមាគតិញ្ច, នាមញ្ច គោត្តំ ចរណញ្ច សព្វំ។

ព្រះបច្ចេកពុទ្ធ មិនប្រឡាក់ (ដោយកិលេស) គង់ក្នុងអាស្រម​របស់​យើងមួយ​រំពេច ព្រះអង្គ​បានញ៉ាំង​យើងឲ្យ​ដឹងនូវ​ទីដែលត្រូវទៅ និងទី​ដែលត្រូវ​មកផង នូវនាម​ផង នូវគោត្រ​ផង នូវ​សេចក្តីប្រព្រឹត្ត​ទាំងអស់​ផង។

 

ឯវម្បហំ ន វន្ទិ តស្ស បាទេ, ន ចាបិ នំ មានគតេន បុច្ឆឹ;

តស្មា អហំបោសថំ បាលយាមិ, មានោ មមំ មា បុនរាគមាសិ។

បើទុកជាយ៉ាងនេះ ក៏យើងនៅតែ​មិនថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះបច្ចេកពុទ្ធ​នោះ ម្យ៉ាងទៀត យើង​មិនបាន​សាកសួរ ព្រោះលុះ​អំណាច​មានះ ហេតុនោះ បានជា​យើងរក្សា​ឧបោសថ កុំឲ្យ​មានះ​គ្របសង្កត់​យើងបាន​ទៀតឡើយ។

 

កាលព្រះមហាសត្វពោលហេតុនៃឧបោសថ​របស់​ខ្លួនហើយ បានឲ្យ​ឱវាទ​ដល់សត្វ​ទាំងនោះ រួច​បញ្ជូនទៅ លោកក៏​ចូលទៅ​កាន់​បណ្ណសាលា។ សត្វទាំង​នោះ​ទៅកាន់​លំនៅ​រៀងៗ ខ្លួន។ ព្រះមហាសត្វ​មានឈាន​មិនសាបសូន្យ ជាអ្នក​មានព្រហ្មលោក​ជាទី​ទៅខាង​មុខ ចំណែក​សត្វទាំង ៤ ឋិតនៅ​ក្នុងឱវាទ​របស់​ព្រះពោធិសត្វ ហើយ​ក៏ជា​អ្នកមាន​សួគ៌ជា​ទីទៅ​ខាងមុខ​ដូចគ្នា។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា ឧបាសក ឈ្មោះថា ឧបោសថ​នេះ ជាវង្ស​របស់​បោរាណបណ្ឌិត​ទាំងឡាយ ឧបោសថ គឺបុគ្គល​រក្សា​យ៉ាងនេះ ដូច្នេះ​ហើយ ទ្រង់​ប្រជុំ​ជាតកថា

 

តទា កបោតោ អនុរុទ្ធោ អហោសិ ព្រាបក្នុងកាលនោះ បានមកជា​អនុរុទ្ធ

អច្ឆោ កស្សបោ ខ្លាឃ្មុំ បានមកជា​កស្សបៈ

សិង្គាលោ មោគ្គល្លានោ ចចក បានមកជា​មោគ្គល្លាន

សប្បោ សារិបុត្តោ ពស់ បានមកជា​សារីបុត្ត

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស គឺ​តថាគត​នេះឯង។

ចប់ បញ្ចុបោសថជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ២៧)

ថ្ងៃ ពុធ ១៣ កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២៥ ខែ កក្កដា ព.ស. ២៥៦២ គ.ស.២០១៨

ដោយ ស.ដ.វ.ថ.