។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

បញ្ចបាបិវត្ថុ

អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យ​ប្រកប​ដោយធម៌ ក្នុងក្រុង​ពារាណសី ។ ក្នុងសម័យ​នោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្ស​ក្រីក្រ​ម្នាក់ រស់នៅ​ទិសខាង​កើតទ្វារ​ក្រុងពារាណសី ។

កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាង​បញ្ចបាបី​នោះ ក៏កើតជា​ ទលិទ្ទធីតា (ធីតារបស់​អ្នកក្រម្នាក់) នាងជាន់​នូវដីស្អិត ដើម្បីបូកលាប​នូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធ​មួយអង្គ គិតដើម្បី​ប្រយោជន៍​ដល់ការធ្វើ​នូវគ្រឿង​បរិភណ្ឌ​ដល់ញកភ្នំ​របស់​ខ្លួន​ថា  យើងនឹងបាន​នូវដីស្អិត​ក្នុងទីណា ទើបគិតថា អាចបាន​ក្នុងក្រុង​ពារាណសី ដូច្នេះ​ហើយ ឃ្លុំនូវ​ចីវរ ជាអ្នកមាន​ដៃកាន់នូវ​បាត្រ ចូលទៅ​កាន់នគរ  ហើយឈរ​នៅក្នុងទី​មិនឆ្ងាយ​អំពី​នាងនោះ ។ នាង​ទលិទ្ទធីតា​នោះ ក្រោធហើយ កាល​សម្លឹងមើល​ដោយចិត្ត​ប្រទូស្ត ទើប​ពោលថា គ្រាន់តែ​ដីស្អិត​ក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធ បានជា​អ្នកនៅ​ស្ងៀម មិនកម្រើក​ញាប់ញ័រ ។ លំដាប់នោះ នាង​ទលិទ្ទធីតា​នោះ ឃើញនូវភាព​នៃ​ព្រះបច្ចេកពុទ្ធ ដែលមិន​កម្រើក​ញាប់ញ័រ ក៏ញ៉ាំងចិត្ត​ឲ្យជ្រះថ្លា​ឡើង ហើយពោលថា បពិត្រ​សមណៈ លោកម្ចាស់​មិនបាននូវ​ដីស្អិតឬ ដូច្នេះហើយ នាងបាននាំ​យកនូវ​ដីស្អិត​មួយដុំធំ មកដាក់​ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធ បានធ្វើនូវ​ការប្រោសព្រំ​លាបបូក​ញកភ្នំ​ដោយ​ដីស្អិតនោះ ។ មិនយូរប៉ុន្មាន នាង​ទលិទ្ទធីតានោះ បានចុតិ​ចាកអត្តភាព​នោះ ហើយកាន់យក​នូវបដិសន្ធិ​ក្នុងផ្ទៃនៃ​ស្ត្រីទុគ៌ត​ក្នុងស្រុក​មួយ ដែលនៅខាង​ក្រៅទ្វារ​ព្រះនគរ ។ ដោយកាល​កន្លងទៅ ១០ ខែ នាងក៏​ប្រសូតចាក​ផ្ទៃនៃមាតា ។ ដោយផល​នៃការថ្វាយ​ដុំដីស្អិត សរីរៈរបស់នាង ក៏ដល់​ព្រមដោយ​សម្ផស្ស (ដ៏អស្ចារ្យ) តែព្រោះ​សេចក្ដីក្រោធ មើលងាយ​ព្រះបច្ចេកពុទ្ធ នាងជាអ្នក​មានរូប​វិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុ​នោះ មនុស្ស​ទាំងឡាយ ទើបស្គាល់នាង​ក្នុងឈ្មោះ​ថា បញ្ចបាបី (ស្ត្រីមាន​រូបអាក្រក់ ៥) ។

ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំ​មើលព្រះនគរ​ដោយភេទ​ដែលអ្នកដទៃ​មិន​ស្គាល់ (ក្លែងខ្លួន​ជាមនុស្ស​សាមញ្ញ ដោយស្លៀក​ពាក់ស៊ីវិល) ទ្រង់បាន​យាងទៅកាន់​ប្រទេស​នោះ ក្នុង​វេលារាត្រី ។ សូម្បីនាង​បញ្ចបាបី​នោះ កាលលេង​ជាមួយនឹងក្មេង​ស្រីទាំងឡាយ​ក្នុងស្រុក បានចាប់​កាន់ដៃ​របស់ព្រះរាជា ព្រោះតែ​មិនស្គាល់ ។ ព្រះរាជានោះ មិនអាច​នឹងឋិតនៅ​ដោយ​សភាព​របស់ខ្លួន​បានឡើយ ដោយ​សម្ផស្សដៃ​របស់នាង​បញ្ចបាបី​នោះ ហាក់បីដូចជា​អ្នកបាន​ពាល់ត្រូវ​ដោយ​សម្ផស្ស​ជាទិព្វ ។ ព្រះរាជានោះ បានជាអ្នក​មានតម្រេក​ ត្រេកអរ​នឹងសម្ផស្ស ទ្រង់ក៏ចាប់​នូវនាង​បញ្ចបាបី​សូម្បីមាន​រូបអាក្រក់​យ៉ាងនោះ ត្រង់ដៃ ហើយ​សួរនាងថា  នាងជាធីតា​របស់អ្នក​ណា ? នាង​បញ្ចបាបី​ពោលថា ខ្ញុំជាធីតា​របស់អ្នក​នៅត្រង់ទ្វារ​នគរនេះ​ឯង ព្រះរាជា​សួរនូវនាង​ដល់ភាព​ជាអ្នក​មិនមានម្ចាស់ (សួរថា​មានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជា​ស្វាមីរបស់នាង នាងចូរទៅ​សូម​អនុញ្ញាត​មាតាបិតាចុះ។

នាងបញ្ចបាបីនោះ បានចូលទៅរក​មាតាបិតា​ ហើយពោលថា បពិត្រលោកឪពុក​អ្នកម្ដាយ មានបុរស​ម្នាក់ចង់​បានខ្ញុំ ។ មាតាបិតា​របស់នាង​គិតថា បុរសនោះ​ប្រហែល​ជាមនុស្សទុគ៌ត​ហើយ ទើបពោលថា បើគេចង់បាន​មនុស្សដូច​កូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបី ទើបត្រឡប់​មកវិញ ហើយប្រាប់​នូវភាពនៃ​ខ្លួនដែល​មាតាបិតា​អនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះ ក៏បាននៅជា​មួយនាង​បញ្ចបាបីនោះ ក្នុងផ្ទះ​នោះឯង ហើយ​ទ្រង់ក៏ត្រឡប់​ចូល​រាជនិវេសន៍​អំពីព្រលឹម ។ ចាប់តាំង​អំពីពេល​នោះមក ព្រះរាជា តែងយាង​ទៅជានិច្ច ដោយភេទ​ដែលមិន​មាន​គេស្គាល់ ទ្រង់លែង​ប្រាថ្នាសូម្បី​តែការមើល​នូវស្ត្រីដទៃ ។

ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើត​នូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺ​ធ្លាក់ឈាម) ។ ថ្នាំដែល​នឹងព្យាបាល​រោគនោះ គឺ បាយបាយាស​លាយជាមួយ​ទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើត​ឡើងដល់​ពួកគេ​ដែលជា​មនុស្សក្រីក្រ​ឡើយ ។ លំដាប់នោះ មាតានាង​បញ្ចបាបី​ពោលនឹង​ធីតាថា នែកូន ស្វាមីរបស់​កូនអាច​នឹងញ៉ាំងបាយ​បាយាស​ឲ្យកើត​ឡើងឬ ? នាង​បញ្ចបាបី​ពោលថា បពិត្រអ្នកម៉ែ ស្វាមី​រប​ស់ខ្ញុំ​គប្បីជាមនុស្ស​ក្រជាងពួក​យើងទៀត តែមិនអីទេ ចាំខ្ញុំសួរ​គាត់សិន ម៉ែកុំគិត​ច្រើនអី ។ ក្នុងវេលា​ដែល​ព្រះរាជា​យាងមក នាង​បញ្ចបាបី​បានជាអ្នក​មានចិត្ត​ទោមនស្ស​ហើយអង្គុយ។

គ្រានោះ ព្រះរាជាយាងមករកនាង​ហើយសួរថា ហេតុអ្វីបាន​ជានាង​ទោមនស្ស ? នាងក៏ប្រាប់​សេចក្ដីនោះ ។ ព្រះរាជា​បានស្ដាប់ពាក្យ​នោះហើយ ក៏ត្រាស់ថា ហៃអូន​សម្លាញ់ ថ្នាំដែល​មានរសវិសេស​យ៉ាងនេះ បងនឹងបាន​មកអំពីណា គ្រាត្រាស់​យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាច​នឹងទៅមក​យ៉ាងនេះ​រហូតឡើយ ប្រាកដជា​នឹងជួប​អន្តរាយ​តាមផ្លូវ ហើយបើយើង​នឹងនាំនាង​មកកាន់​រាជនិវេសន៍​ខាងក្នុង អ្នកដែល​មិនដឹងនូវ​ការដល់ព្រម​ដោយសម្ផស្ស​របស់នាង ពួកគេ​នឹងធ្វើនូវ​ការសើច​ចំអកឲ្យ​យើងថា ព្រះរាជា​របស់យើង​កាន់យក​យក្ខិនីនាំមក បើអីចឹង យើងនឹងធ្វើ​ឲ្យអ្នកនគរ​ទាំងអស់​បានដឹង​នូវសម្ផស្ស​របស់នាង​ជាមុនសិន ដូច្នេះ​យើងនឹងរួច​ផុតពី​ការតិះដៀល ។

លំដាប់នោះ ព្រះរាជាត្រាស់​នឹងនាងថា ហៃអូនសម្លាញ់ សូមកុំ​គិតឡើយ ចាំបង​នឹងនាំយក​បាយាស​ដើម្បីឪពុក​របស់អូន ដូច្នេះហើយ ក៏ទ្រង់​អភិរម្យ ត្រេកអរ​សប្បាយរីករាយ​ជាមួយ​នឹងនាង​បញ្ចបាបី​នោះ ហើយមកកាន់​រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជា​ឲ្យគេចម្អិន​បាយាសដូចនោះ ហើយទ្រង់​ឲ្យនាំស្លឹក​ឈើមក ឲ្យធ្វើនូវ​កញ្ចប់ ២ ដាក់នូវ​បាយាស​ក្នុងកញ្ចប់​មួយ ដាក់នូវ ចូឡាមណី (ស្នៀតសក់) ក្នុង​កញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុង​ពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាង​បញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើង​ជាមនុស្សក្រ ​កិច្ចដោយ​ការញ៉ាំងបាយ​នេះឲ្យកើត​លំបាកណាស់ អូនចូរប្រាប់​ឪពុកថា ថ្ងៃនេះ ពុកចូរ​ពិសាបាយមួយ​កញ្ចប់នេះ ចាំស្អែក ពិសាមួយ​កញ្ចប់នេះ ។

នាងបញ្ចបាបី ក៏បានធ្វើតាម​យ៉ាងនោះ ។ ល្មមតែឪពុកនាង​បញ្ចបាបី​បរិភោគ​បាយ​បាយាស​តែបន្តិច​ប៉ុណ្ណោះ គាត់ក៏ឆ្អែត​ស្កប់ស្កល់ ព្រោះភាវៈ​នៃបាយនោះ ដែលដល់​ព្រមដោយ​ឱជារស ។ នាងបញ្ចបាបី ក៏ឲ្យនូវ​ចំណែក​សល់ដល់ម្ដាយ ហើយទើប​បរិភោគ​ខ្លួនឯង ។ សូម្បី​ទាំងបីនាក់ ក៏បាន​ឆ្អែតស្កប់ស្កល់ ។  ចំណែក​កញ្ចប់​ចូឡាមណី ពួកគេយក​ទុក ដើម្បី​ប្រយោជន៍​ក្នុងថ្ងៃស្អែក ។

ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះ​នូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយ ចូរនាំមក​នូវចូឡាមណី​ដល់យើង ។ ពួកអ្នក​បម្រើទូលថា បពិត្រ​ព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ​មិនឃើញទេ ។ ព្រះរាជាត្រាស់ថា អ្នកទាំងឡាយ​ចូរឆែកមើល​អស់ទូទាំង​នគរ​ទាំងមូល ។ ពួកគេសូម្បីឆែក​រកមើលហើយ ក៏មិនបាន​ឃើញឡើយ ។ ព្រះរាជា​បញ្ជាថា អ្នកទាំងឡាយ ឆែកមើល​ឲ្យអស់ សូម្បីត្រឹមតែ​កញ្ចប់បាយ ធ្វើពីស្លឹកឈើ ក្នុងផ្ទះ​របស់​មនុស្សក្រីក្រ​ខាងក្រៅ​នគរ ។ កាលពួក​រាជបុរស​ឆែកមើល ក៏បានឃើញ​នូវ​ចូឡាមណី ក្នុងឆ្នាំង​នោះ ហើយចង​នូវមាតាបិតា​របស់នាង​បញ្ចបាបី​ដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់​នាង​បញ្ចបាបី​​ពោលថា បពិត្រលោក​ជាម្ចាស់ ពួកខ្ញុំមិន​មែនជាចោរទេ ចូឡាមណី​នេះ អ្នកដទៃ​នាំមក ។ រាជបុរស​សួរថា អ្នកណា​នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះ​នៅឯណា ? គាត់ប្រាប់ថា មានតែកូនស្រីរបស់ខ្ញុំទើបដឹង ។

លំដាប់នោះ ឪពុកនាងបញ្ចបាបី​ពោលនឹង​កូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមី​របស់​នាងទេ ។ នាងបញ្ចបាបី​ពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាង​ពោលថា បើយ៉ាងនោះ ជីវិតរបស់​ឪពុក​មិនមានទេ ។ នាងបញ្ចបាបី​ពោលថា បពិត្រលោក​ឪពុក គាត់មកក្នុង​ពេលងងឹត ហើយត្រឡប់​ទៅវិញ​ក្នុងពេល​ងងឹត ខ្ញុំមិនដែល​បានឃើញ​រូបគាត់​ច្បាស់ទេ តែខ្ញុំអាច​ស្គាល់ ចំណាំគាត់​បានដោយ​សម្ផស្សដៃ ។ ឪពុកនាង​បញ្ចបាបីនោះ ក៏ប្រាប់​ដល់​រាជបុរស ។ សូម្បីពួក​រាជបុរស ក៏ទូល​ព្រះរាជា ។ ព្រះរាជា ធ្វើហាក់បីដូចជា​មិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយ ចូរដាក់ស្ត្រីនោះ​ក្នុង​វាំងនន ក្នុង​ព្រះលានហ្លួង ហើយធ្វើ​នូវវាំងនន​ឲ្យមាន​ប្រហោង​ប្រមាណ​ប៉ុនដៃ ហើយឲ្យអ្នក​នគរមក​ប្រជុំគ្នា រួចអ្នក​ទាំងឡាយ ចូរចាប់នូវ​ចោរដោយ​សម្ផស្សនៃដៃ ។

ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្ស​ទាំងឡាយ​ទៅកាន់​សម្នាក់​នាងបញ្ចបាបី​នោះ បានឃើញរូប​នាងហើយ ជាអ្នកមាន​សេចក្ដីក្ដៅ​ក្រហាយចិត្ត ខ្ពើម​រអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ាន​ដើម្បីនឹង​ពាល់ឡើយ ។ ពួករាជបុរស នាំនាង​បញ្ចបាបី​មកដាក់​ក្នុងវាំងនន ក្នុងព្រះលាន​ហ្លួងហើយ ក៏ឲ្យអ្នក​នគរទាំង​អស់មកប្រជុំគ្នា ។ នាង​បញ្ចបាបីនោះ បានចាប់ដៃ​របស់បុរស​ដែលលូក​មកហើយ​តាមប្រហោង នៃអ្នក​ដែលមក​ហើយ​មកហើយ រួចពោលថា មិនមែន​ស្វាមីខ្ញុំទេ ។ បុរសទាំងឡាយ បានដឹង​សម្ផស្សរបស់​នាងបញ្ចបាបី​នោះ ហាក់បីដូច​ជាសម្ផស្ស​ជាទិព្វ មិនអាច​ដើម្បីនឹង​គេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះ​គួរដល់អាជ្ញា​ហើយ យើងសូម្បី​ត្រូវអាជ្ញា និងចូល​ដល់ភាព​ជាអ្នកធ្វើ​នូវទាសកម្ម យើងនឹង​ធ្វើនូវនាង​នោះ​ឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរស​ទាំងឡាយ វាយដោយ​ដំបង ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះ តាំងតែ​ឧបរាជ​ជាដើម បុរសទាំងអស់ ហាក់ដូច​ជាមនុស្សឆ្កួត ។

លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់​ក៏លូក​ព្រះហស្តទៅ ។ នាងបញ្ចបាបី ចាប់នូវ​ព្រះហស្ត​នោះហើយ ធ្វើនូវសំឡេង​ដ៏ខ្លាំងថា ចោរ គឺខ្ញុំចាប់​បានហើយ ។ ព្រះរាជា ត្រាស់សួរ​មនុស្សទាំងនោះថា កាលនាង​ចាប់​ដៃអ្នកទាំងឡាយ អ្នកទាំងឡាយ គិត​ដូចម្ដេច ។ បុរសទាំងនោះ ក៏ទូល​តាមសេចក្ដី​ពិត ។

លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែល​យើងឲ្យធ្វើ​យ៉ាងនេះ ក៏ដើម្បី​នឹងនាំស្ត្រីនេះ មកក្នុង​វាំងរបស់​យើង កាលនៅគិតថា បើអ្នកទាំងឡាយ មិនដឹងនូវ​សម្ផស្ស​របស់នាងទេ នឹងតិះដៀល​យើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នា គឺយើង​បានឲ្យដឹង​ហើយ ចូរនិយាយ​មកមើល​ថា ស្ត្រីនេះ គួរដើម្បី​នឹងនៅក្នុង​ផ្ទះរបស់អ្នកណា ?  បុរសទាំងនោះ​ពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំង​របស់ព្រះអង្គ ។ គ្រានោះ ព្រះរាជា ក៏​អភិសេក​នូវនាង​បញ្ចបាបី​នោះហើយ ធ្វើឲ្យជា​ព្រះអគ្គមហេសី និង ព្រះរាជទាន​ឥស្សរិយយស​ដល់មាតាបិតា​របស់នាង​បញ្ចបាបី ។

តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹង​ងប់ងុល​ ឈ្លក់វង្វេង​នឹងនាង​បញ្ចបាបី​នោះណាស់ មិនតាំង​នូវការ​វិនិច្ឆ័យក្ដី មិនមើល​នូវស្ត្រីដទៃ ។ ពួកស្រីស្នំ​ទាំងឡាយ ទើបស្វែង​រកទោស​ជាចន្លោះ​របស់នាង​បញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបី ឃើញនូវ​និមិត្តក្នុងសុបិន​នៃភាពជា​អគ្គមហេសី​នៃ​ព្រះរាជាពីរអង្គ បានប្រាប់​ដល់ព្រះរាជា ។ ព្រះរាជា​ប្រកាស​ឲ្យហៅអ្នក​ទាយសុបិនមក ហើយសួរថា សុបិន​ឃើញយ៉ាងនេះ នឹង​កើតរឿងអ្វី ? ហោរានោះ បានកាន់សំណូក​អំពីសម្នាក់​របស់ស្ត្រី​ទាំងឡាយនោះ ក៏ពោលថា បពិត្រមហារាជ ការដែល​ព្រះទេវីសុបិន​ឃើញថា បានអង្គុយ​លើកដំរីស​ទាំងអស់នេះ ជាបុព្វនិមិត្ត​នៃមរណៈ​របស់ព្រះអង្គ, ដែល​ព្រះនាង​សុបិនថា បានស្ទាប​ព្រះចន្ទ្រ​ដោយការ​ទៅដោយ​កដំរីនេះ ជាបុព្វនិមិត្ត​នៃការនាំមក​នូវព្រះរាជា​ជាសត្រូវ​របស់ព្រះអង្គ ។ ព្រះរាជា​ត្រាស់ថា ឥឡូវនេះ នឹងគប្បី​ធ្វើដូចម្ដេច  គេទូលថា បពិត្រទេវៈ មិនអាច​នឹងសម្លាប់ព្រះនាង​នេះឡើយ គួរដាក់​ព្រះនាង​លើនាវា ហើយបណ្ដែត​តាមទន្លេចុះ ។ ព្រះរាជា ឲ្យគេដាក់​នាង​បញ្ចបាបី​នោះ មួយអន្លើ​ដោយអាហារ និងគ្រឿង​អលង្ការ​លើនាវា ក្នុង​ពេលរាត្រី ឲ្យគេបោះបង់​បណ្ដែតតាមទន្លេ ។

នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់​ខាងមុខនៃ​ព្រះរាជា ពាវរិកៈ ដែលទ្រង់​កំពុង​លេងទឹក នៅខាងក្រោម​នៃខ្សែទឹក​របស់នាវានោះ ។ សេនាបតី​របស់​ព្រះបាទ​ពាវរិកៈ​នោះ​ឃើញហើយ​ពោលថា នាវានេះ​ជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈ​ត្រាស់ថា ភណ្ឌៈ​របស់នាវា​ជារបស់យើង ព្រះរាជា​បានឃើញនូវ​នាងបញ្ចបាបី​ដោយនាវា​ដែលមក​ដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូច​ជាបិសាច ? នាងបញ្ចបាបី ធ្វើនូវការ​ញញឹម​បានពោល​ប្រាប់នូវ​ភាពជា​អគ្គមហេសី​របស់​ព្រះរាជាពកៈ ហើយប្រាប់​សេចក្ដីទាំងអស់​ដល់​ព្រះរាជា​នោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះ​ប្រាកដ​ទូទាំង​ជម្ពូទ្វីប​ទាំងអស់ថា បញ្ចបាបី ។

លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាង​ត្រង់ដៃ ហើយលើកឡើង ព្រមគ្នា​នឹងការ​ចាប់នោះ​ឯង ព្រះរាជា​មានសេចក្ដី​ត្រេកអរ​ដោយសម្ផស្ស មិនធ្វើ​នូវឥត្ថិសញ្ញា​ក្នុងស្ត្រី​ដទៃ​ តែងតាំង​នាងបញ្ចបាបី​នោះជា​អគ្គមហេសី ។ នាងបញ្ចបាបីនោះ បានជា​អ្នកស្មើ​ដោយជីវិត​របស់​ព្រះរាជាពាវរិកៈ​នោះ ។

ព្រះបាទពកៈ ទ្រង់ស្ដាប់ការប្រព្រឹត្ត​ទៅនោះហើយ គិតថា យើងនឹងមិន​ឲ្យជាអគ្គមហេសី​របស់ព្រះរាជា​នោះឡើយ ដូច្នេះហើយ ទើបរួបរួម​សេនា ធ្វើនូវ​និវេសន៍​ត្រង់កំពង់ម្ខាង​នៃនគរ​ព្រះបាទ​ពាវរិកៈនោះ ឲ្យបញ្ជូនសារ​ទៅថា ព្រះបាទពាវរិកៈ ចូរឲ្យ​ភរិយា​ដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈ​តបថា យើងមិនឲ្យ​ភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀប​ចាំការច្បាំង ។ អាមាត្យទាំងឡាយ​របស់ព្រះរាជា​ទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ច​មិនមាន​ដោយ​អាស្រ័យ​មាតុគ្រាមឡើយ នាងបញ្ចបាបីនេះ គួរដល់​ព្រះរាជាពកៈ ព្រោះទ្រង់​ជាស្វាមី​ដំបូង តែក៏គួរដល់​ព្រះរាជាពាវរិកៈ ព្រោះទ្រង់​បាននាវា ព្រោះហេតុ​នោះ នាងបញ្ចបាបី​នេះ គួរនៅក្នុង​សម្នាក់របស់​ព្រះរាជាមួយ​អង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូល​ដល់ព្រះរាជា​ទាំងពីរ ឲ្យទ្រង់យល់ព្រម ។

ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេ​កសាង​នគរ ត្រង់កំពង់​ម្ខាង និងកំពង់ម្ខាង ហើយ​ស្ដេចគង់នៅ ។ នាងបញ្ចបាបី ក៏បាន​ជាអគ្គមហេសី​នៃព្រះរាជា​ទាំងពីរ​អង្គនោះ ។ សូម្បី​ព្រះរាជា​ទាំងពីរអង្គ​នោះ ទ្រង់បាន​ជាអ្នកឈ្លក់វង្វេង​នឹង​នាងបញ្ចបាបី ។ ចំណែកនាង​បញ្ចបាបីនោះ បាននៅអស់ ៧ ថ្ងៃ ក្នុងរាជ​ដំណាក់​របស់​ព្រះរាជា​មួយហើយ កាលទៅកាន់​រាជដំណាក់​របស់ព្រះរាជា​មួយអង្គទៀត​ដោយនាវា ក៏បាន​ធ្វើនូវ​អំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់​កណ្ដាលទន្លេ ជាមួយ​នឹង​បុរសគម​ចាស់ ដែលជា​អ្នកអុំទូក​ម្នាក់ទៀត ក្នុងពេល​ដែលគេចែវទូកនាំ​នាងទៅ ។

តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយក​នូវរឿង​ដែលខ្លួន​បាន​ឃើញមក កាល​នឹងសម្ដែង ទើបពោលគាថាថា

ពកស្ស ច ពាវរិកស្ស ច រញ្ញោ,

អច្ចន្តកាមានុគតស្ស ភរិយា;

អវាចរី បដ្ឋវសានុគស្ស,

កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ

ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជា​ល្មោភកាម​ដ៏ក្រៃ​លែង បានប្រព្រឹត្ត​ក្បត់ចំពោះ​បុរស អ្នកលុះ​ក្នុងអំណាច​ដែលខ្លួន​ប្រាថ្នា ស្រីមិន​ប្រព្រឹត្ត​កន្លងស្វាមី និងបុរស​ដទៃនោះ​ឯណាកើត ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣។)

 

ព.ស. ២៥៦១

ប្រែដោយ ខេមរ អភិធម្មាវតារ