។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

នាមសិទ្ធិជាតក

(ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬសេចក្ដីល្អ និងសេចក្ដីអាក្រក់​មិនមែនសម្រេចមកដោយឈ្មោះ)

ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល​មានការប្រកាន់ថា សេចក្ដីសម្រេច​បានមក​ដោយឈ្មោះ) មួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។

បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយ​ជីវិត​ក្នុង​ព្រះសាសនា កាលភិក្ខុ​ទាំងឡាយ​ហៅដោយ​ពាក្យថា ឯហាវុសោ, បាបក ម្នាលអាវុសោ​បាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក  ម្នាល​អាវុសោ​បាបកៈ អ្នកចូរឋិត​នៅហើយ ។

ភិក្ខុឈ្មោះបាបកៈ​នោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថា​បាបកៈ ត្រូវគេចាត់ទុកថា ជា​លាមក ជា​កាឡកណ្ណី យើង​នឹងឲ្យ​ឧបជ្ឈាយ៍ និង​​អាចារ្យដាក់​ឈ្មោះ​ដទៃ​ដែល​ប្រកប​​ដោយមង្គល  ។

ភិក្ខុនោះ ក៏ចូលទៅរកឧបជ្ឈាយ៍ និងអាចារ្យ​ហើយពោលថា បពិត្រលោកម្ចាស់​​ដ៏ចម្រើនអើយ ឈ្មោះរបស់​ខ្ញុំនេះ​ជាអពមង្គល សូមលោកម្ចាស់​​មេត្តាដាក់​ឈ្មោះដទៃ​ដល់ខ្ញុំផង ។

លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយ បានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះ​គ្រាន់តែជា​បញ្ញត្តិប៉ុណ្ណោះ សេចក្ដី​សម្រចជា​ប្រយោជន៍​យ៉ាងណាមួយ នឹងបានមកដោយ​ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នក​ត្រេកអរ មានសន្ដោស​នឹងឈ្មោះ​របស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។

ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៏កើត​ប្រាកដ​ដល់ភិក្ខុ​សង្ឃ​ទាំងឡាយ ។

ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះ ជាអ្នក​មានសេចក្ដី​សម្រេច​ដោយឈ្មោះ បានញ៉ាំង​ឧបជ្ឈាយ៍ និងអាចារ្យ​ដាក់ឈ្មោះ​ដែលជា​មង្គលឲ្យ ។

លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំ​និយាយ​គ្នាដោយ​រឿងអ្វី ?

ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។

ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះ​ក៏ជាអ្នក​មាន​ការ​យល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់​ភិក្ខុ​ទាំងឡាយ​ថា) ៖

ក្នុង​អតីតកាល​ដ៏យូរលង់ណាស់មក​ហើយ ព្រះ​បរម​ពោធិសត្វ​ជា​អាចារ្យ​ទិសាបាមោក្ខ (អាចារ្យ​ជា​ប្រធាន​ក្នុង​ទិស ឬ​អាចារ្យ​ជា​ប្រធាន​នៃ​សិស្ស​គ្រប់​ទិស​ គឺ​អាចារ្យ​ធំ​ដែល​ចេះ​វិជ្ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​តាម​ជាន់ តាម​សម័យ, ជា​អ្នក​អាច​បង្ហាត់​បង្រៀន​ពួក​សិស្ស​ដែល​កាត់​មក​ពី​គ្រប់​ទិស គ្រប់​ប្រទេស) បង្ហាត់​បង្រៀន​នូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ​​ក្នុង​ក្រុង​តក្កសិលា ។ បណ្ដា​មាណព​ជា​សិស្ស​ទាំង​នោះ​មាន​មាណព​ម្នាក់​ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណព​ទាំង​ឡាយ​ហៅ​ថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យ​អាចារ្យដាក់ឈ្មោះដទៃ ។

មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោក​មេត្តាដាក់​ឈ្មោះដទៃ​ដល់ខ្ញុំផង ។

លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យក​ឈ្មោះដែលជា​មង្គល និងដែល​ជាទីពេញចិត្ត​របស់ខ្លួន​មួយមក ហើយអ្នកចូរ​មកចុះ យើងនឹងបាន​ប្ដូរឈ្មោះដល់​អ្នកដែលមក​ហើយនឹង​ដាក់ឈ្មោះដទៃ ។

មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់​ទៅកាន់ស្រុក​ដោយលំដាប់ ហើយក៏បានដល់នគរមួយ ។

ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់)  បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កឹ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ?

ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះ​ជីវិកៈ​ក៏ត្រូវស្លាប់ សូម្បី​ឈ្មោះ​អជីវិកៈ​ក៏ត្រូវស្លាប់  ឈ្មោះគ្រាន់​តែជា​បញ្ញត្តិ​ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។

មាណពបាបកៈ ស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ  ហើយបានចូលទៅកាន់ខាងក្នុងនគរ ។

លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះ​មាន​ឈ្មោះថា ធនបាលី (ស្ត្រីរក្សា​នូវទ្រព្យ) ។ មាណពបាបកៈ កាលទៅ​កាន់ចន្លោះ​នៃផ្លូវ បានឃើញ​នាយទុន​កំពុងវាយ​នូវនាង​ទាសីនោះ ហើយ​សួរគេថា នែអ្នក អ្នកវាយ​ស្ត្រីនេះ ព្រោះហេតុអ្វី ?

ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។

មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ?

នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមា​នឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។

មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែ​អ្នក​ដ៏​ចម្រើន​ អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ?

បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។

បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ?

បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។

មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ?

បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រី​ទាំងឡាយ ឈ្មោះ​ធនបាលី​ក្ដី អធនបាលី​ក្ដី ក៏នៅតែជា​មាន​សេចក្ដី​លំបាក, សូម្បីបុរស​ទាំងឡាយ ឈ្មោះ​បន្ថកៈ​ក្ដី អបន្ថកៈ​ក្ដី ក៏នៅតែ​វង្វេងផ្លូវ, ឈ្មោះ គ្រាន់​តែជា​បញ្ញត្តិប៉ុណ្ណោះ សេចក្ដី​សម្រេចនឹង​បានដោយ​ឈ្មោះ រមែងមិនមាន សេចក្ដី​សម្រេច​រមែងបាន​មកដោយ​កម្មប៉ុណ្ណោះ ។ ណ្ហើយចុះ លោកអាចារ្យ លោកមិនបាច់ ដាក់​ឈ្មោះដទៃ​ឲ្យខ្ញុំឡើយ ខ្ញុំយក​ឈ្មោះរបស់​ខ្ញុំដូចដើម​នោះឯងចុះ ។

ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា

ជីវកញ្ច មតំ ទិស្វា      ធនបាលិញ្ច ទុគ្គតំ

បន្ថកញ្ច វនេ មូឡ្ហំ      បាបកោ បុនរាគតោ ។

មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញ​បុរស​អ្នកដើរ​ផ្លូវ ហើយ​វង្វេង​ក្នុងព្រៃ​ផង មកវិញហើយ ។

បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា , ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា

តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។

អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។

អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។

(អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣)

បទពិចារណា

នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។

ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។

សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។

 

ប្រែដោយ ខេមរ អភិធម្មាវតារ