។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

និឡិនិកាជាតក

(ព្រះត្រៃបិដកខ្មែរថា នឡិនិកាជាតក)

ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធដល់ការប្រលោម លួងលោមរបស់បុរាណទុតិយិកា ទើបត្រាស់ព្រះតម្រាស់នេះថា ឧទ្ទយ្ហតេ ជនបទោ ដូច្នេះជាដើម ។

ព្រះសាស្ដា កាលនឹងត្រាស់ទើបសួរភិក្ខុនោះថា អ្នកត្រូវនរណាធ្វើ​ឲ្យនឿយណាយ ? កាលភិក្ខុ​ក្រាបទូលថា ត្រូវភរិយា​ចាស់ជា​អ្នកធ្វើ​ឲ្យនឿយ​ណាយ ដូច្នេះ ទើបត្រាស់​ថា ម្នាលភិក្ខុ ស្ត្រីនេះឯង​ជាអ្នកធ្វើ​សេចក្ដី​វិនាស​ដល់អ្នក (ក្នុងកាល​ឥឡូវនេះ​ប៉ុណ្ណោះ ក៏មិនមែន) សូម្បីក្នុង​កាលមុន អ្នកអាស្រ័យ​ស្ត្រីនេះហើយ សាបសូន្យ​ចាកឈាន ជាអ្នក​ដល់​សេចក្ដី​វិនាស​យ៉ាងធំ ដូច្នេះ ទើប​ទ្រង់នាំ​អតីតនិទាន​មកថា

ក្នុងអតីតកាល ព្រះរាជាព្រះនាមព្រហ្មទត្ត ទ្រង់សោយរាជសម្បត្តិ​ក្នុងក្រុង​ពារាណសី ព្រះពោធិសត្វកើត​ក្នុងត្រកូល​ព្រាហ្មណមហាសាល ឈ្មោះថា ឧទិច្ចៈ ល្មម​ចម្រើនវ័យធំហើយ បានសិក្សាសិល្បសាស្ត្រចប់សព្វគ្រប់អស់ហើយ បួស​ជាឥសី​ធ្វើឈាន និង​អភិញ្ញាឲ្យកើតឡើងហើយ ក៏សម្រេច​ការនៅអាស្រ័យ​ក្នុងហិមវន្តប្រទេស ។ ព្រោះហេតុ ដូច្នោះ ដោយន័យដូចដែលបានពោលមកហើយ ក្នុងអលម្ពុសាជាតកនោះឯង មេម្រឹគមួយ ក្បាល់ បានតាំងគភ៌ហើយកើតកូន ។ កូននោះ​មានឈ្មោះថា ឥសិសិង្គៈ ។ បន្ទាប់មកបិតា បានចិញ្ចឹមគេឲ្យចម្រើនវ័យធំហើយទើបបួស បានសិក្សាការបរិកម្មកសិណ ។ មិនយូរ ប៉ុន្មាន គេក៏បាន​ធ្វើឈាន និងអភិញ្ញាឲ្យកើតឡើង ទើបបានសម្រេចការនៅដោយសេចក្ដី សុខដែលកើតអំពីឈាន បានជាអ្នកមានតបៈដ៏ខ្លាំងក្លា មានតបៈក៏កំពូល មាន​ឥន្ទ្រិយដែល ឈ្នះបានយ៉ាងល្អ ។ ព្រោះតេជះនៃសីលរបស់តាបសនោះ ឋានសក្កទេវរាជទើបកម្រើក ញាប់ញ័រ សក្កទេវរាជក៏ប្រមើលមើល បានជ្រាបដល់ហេតុ បានគិតថា យើងនឹងប្រើឧបាយ ដើម្បីទម្លាយសីលរបស់តាបសនេះឲ្យបាន ទើបហាមភ្លៀងមិនឲ្យធ្លាក់ ក្នុងកាសិករដ្ឋ ទាំងមូល រហូត ៣ ឆ្នាំ ។ ដែនទាំង​មូលហាក់​ដូចជាត្រូវភ្លើងឆេះហើយ ។ កាលស្រូវសំណាប មិនបរិបូណ៌ ពួកមនុស្សត្រូវទុព្ភិក្ខភ័យបៀតបៀន ទើបប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ លំដាប់ នោះ ព្រះរាជា​ប្រថាប់ឈរនៅត្រង់ប្រហោងបង្អួច ត្រាស់សួរមនុស្សពួកនោះថា មានរឿងអ្វី ? ពួកមនុស្សទាំងនោះ នាំគ្នាក្រាបទូលថា បពិត្រមហារាជ កាលភ្លៀង​មិនធ្លាក់​រហូត ៣ ឆ្នាំ ដែនទាំងមូលក៏ក្ដៅហែង ហើយក្រាបទូលទៀតថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គចូរឲ្យ ភ្លៀងធ្លាក់ ។ ព្រះរាជាសូម្បីនឹងសមាទានសីល រក្សា​ឧបោសថ ក៏ទ្រង់មិនអាចនឹងឲ្យភ្លៀង ធ្លាក់ចុះបាន ។ ក្នុងកាលនោះ សក្កទេវរាជ ស្ដេចចូលទៅកាន់បន្ទប់ដែលប្រកបដោយសិរី របស់ព្រះរាជាអង្គនោះ ក្នុងវេលា​ទៀបភ្លឺ ទ្រង់ធ្វើពន្លឺដ៏ភ្លឺចែងចាំងហើយ បានប្រថាប់ឈរនៅ កណ្ដាលវេហា ។ ព្រះរាជាទតព្រះនេត្រឃើញពន្លឺនោះហើយ ត្រាស់សួរថា អ្នកជានរណា ? សក្កទេវរាជ​ត្រាស់តបថា យើងជាសក្កទេវរាជ ។ ព្រះរាជាត្រាស់សួរថា ព្រះអង្គយាងមក ប្រាថ្នាអ្វី ? សក្កទេវរាជត្រាស់ថា មហារាជអើយ ! ភ្លៀងក្នុង​ដែនរបស់ព្រះអង្គធ្លាក់ឬទេ ? ព្រះរាជាត្រាស់ថា មិនធ្លាក់ទេ ។ សក្កទេវរាជត្រាស់សួរថា ព្រះអង្គទ្រង់ជ្រាបហេតុដែល ភ្លៀងមិនធ្លាក់ឬទេ ? ព្រះរាជាត្រាស់ថា មិនជ្រាបទេ ។ សក្កទេវរាជទើបត្រាស់បញ្ជាក់ថា មហារាជ ! ក្នុងហិមវន្តប្រទេស មានតាបសឈ្មោះឥសិសិង្គៈអាស្រ័យនៅ ។ តាបសនោះ មានតបៈដ៏ខ្លាំងក្លា មាន​ឥន្ទ្រិយ​ដែលឈ្នះ​យ៉ាងល្អ​ក្រៃលែង កាលភ្លៀងធ្លាក់ចុះមកជានិច្ច លោកក្រោធហើយសម្លឹងមើលអាកាស ព្រោះដូច្នោះ ភ្លៀងទើបមិនធ្លាក់ ។ ព្រះរាជាត្រាស់ សួរថា ឥឡូវនេះ នឹងគប្បីធ្វើយ៉ាង​ណាល្អ​ក្នុងរឿងនេះ ? សក្កទេវរាជត្រាស់ថា កាលទម្លាយ តបៈរបស់តាបសនោះបាន ភ្លៀងនឹងធ្លាក់ចុះមកវិញ ។ ព្រះរាជា​ត្រាស់សួរថា អ្នកណានឹង​អាចទម្លាយ​តបៈរបស់​តាបស​នោះបាន ។ សក្កទេវរាជត្រាស់ប្រាប់ថា មហារាជ ព្រះរាជធីតា ព្រះនាម​និឡិនិកា​របស់​ព្រះអង្គនេះ​ឯង​ទើបជា​អ្នកអាច ព្រះអង្គ​ចូរឲ្យមនុស្ស​ហៅនាងមក ហើយត្រាស់បញ្ជាថា បុត្រីចូរទៅកាន់ស្ថានទីឈ្មោះនេះហើយ ចូរទម្លាយតបៈរបស់តាបស ឲ្យបាន ។ សក្កទេវរាជ​បង្គាប់​ព្រះរាជា​យ៉ាងនោះហើយ ស្ដេចក៏បានទៅកាន់ទីលំនៅរបស់ ព្រះអង្គវិញ ។ ក្នុងថ្ងៃស្អែក ព្រះរាជាទ្រង់ប្រឹក្សាជាមួយនឹងពួកអាមាត្យ ហើយ​ត្រាស់​បញ្ជាឲ្យ​ហៅ​ព្រះរាជធីតាមក ហើយត្រាស់ព្រះគាថាដំបូងថា

ឧទ្ទយ្ហតេ ជនបទោ, រដ្ឋញ្ចាបិ វិនស្សតិ;

ឯហិ និឡិនិកេ គច្ឆ, តំ មេ ព្រាហ្មណមានយាតិ។

ម្នាលនាងនិឡិនិកា ជនបទក្តៅស្ងួត ទាំងដែន​ក៏វិនាស ​​ចូរនាងមក ចូរនាងទៅញ៉ាំង ព្រាហ្មណ៍ (អ្នកធ្វើនូវ​សេចក្តីវិនាស) ដល់អញនោះ ​ឲ្យមកលុះ​អំណាច​របស់ខ្លួន ។

បណ្ដាបទទាំងនោះ បទថា តំ មេ មានសេចក្ដីថា នាងចូរនាំព្រាហ្មណ៍​អ្នកធ្វើសេចក្ដី វិនាស​ដល់យើង ឲ្យមក្នុង​អំណាច​របស់ខ្លួន គឺចូរ​ទម្លាយសីល​របស់តាបស​នោះ ដោយវិធី​ធ្វើ​ឲ្យត្រេកអរ​ក្នុងកិលេសចុះ ។

ព្រះរាជធីតានោះ ស្ដាប់គាថានោះហើយ ទើបត្រាស់គាថាទី ២ តបថា

នាហំ ទុក្ខក្ខមា រាជ, នាហំ អទ្ធានកោវិទា;

កថំ អហំ គមិស្សាមិ, វនំ កុញ្ជរសេវិតន្តិ។

បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំ​សេចក្តី​លំបាកពុំបាន ខ្ញុំម្ចាស់​នឹងទៅកាន់​ព្រៃ ដែល​មានដំរី​អាស្រ័យ ដូចម្តេចបាន

បណ្ដាបទទាំងនោះ បទថា ទុក្ខក្ខមា សេចក្ដីថា បពិត្រមហារាជ ខ្ញុំម្ចាស់ជា​អ្នកអត់ ទ្រាំ ចំពោះ​សេចក្ដី​ទុក្ខមិនបាន ទាំងខ្ញុំម្ចាស់​ក៏មិនស្គាល់ផ្លូវ ខ្ញុំម្ចាស់​នឹងទៅបានយ៉ាងណា ។

លំដាប់នោះ ព្រះរាជាបានត្រាស់ ២ គាថា ទៀតថា

ផីតំ ជនបទំ គន្ត្វា, ហត្ថិនា ច រថេន ច;

ទារុសង្ឃាដយានេន, ឯវំ គច្ឆ និឡិនិកេ។

ម្នាលនាងនិឡិនិកា នាងចូរទៅកាន់​ជនបទ​ដ៏ស្តុកស្តម្ភ ហើយទៅ​ដោយដំរីផង ដោយ​រថផង ដោយយាន (ទូក) ដែលគេគាប​ដោយឈើផង យ៉ាងនេះចុះ

ហត្ថិអស្សរថេ បត្តី, គច្ឆេវាទាយ ខត្តិយេ;

តវេវ វណ្ណរូបេន, វសំ តមានយិស្សសីតិ។

ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ និងថ្មើជើង ទៅចុះ ចូរនាងនាំ​ព្រាហ្មណ៍ឥសីសិង្គៈ​នោះ មកកាន់អំណាច (ខ្លួន) ដោយសម្បុរ និងរូបឆោម​របស់នាង

បណ្ដាបទទាំងនោះ បទថា ទារុសង្ឃាដយានេន សេចក្ដីថា មេនិឡិនិកា នាងមិន ត្រូវដើរទៅ តែថានាង​ចូរទៅកាន់​ជនបទ​ដែលចម្រើន មានភិក្ខារក​បានងាយ ដែលក្សេម​របស់​ខ្លួនដោយ​ពាហនៈដំរី ដោយពាហនៈ​ដែលទឹម​ដោយរថទាំងឡាយ តអំពីស្ថាន​ទីនោះ ទៅក្នុង​ទីវាល ចូរទៅដោយ​យានដែល​បិទបាំង​ហើយជាដើម ក្នុងផ្លូវទឹក ចូរទៅដោយ​ទូក និង​ក្បូន ដោយយាន​ដែលធ្វើដោយ​ឈើចុះ ។ បទថា វណ្ណរូបេន សេចក្ដីថា នាងមិន​ត្រូវ​លំបាក​យ៉ាងនោះ ទៅដល់ហើយ​នឹងនាំព្រាហ្មណ៍​មកកាន់​អំណាច​របស់ខ្លួន​បាន ដោយ​ឆវីវណ្ណ និង​ដោយ​រូបសម្បត្តិ​របស់នាង ។

ព្រះរាជាអង្គនោះ ត្រាស់ព្រះតម្រាស់​ដែលមិនគួរ​នឹងត្រាស់​ជាមួយ​ព្រះរាជធីតា យ៉ាង​នោះ ក៏ព្រោះប្រាថ្នា​នឹងរក្សាដែន ។ សូម្បី​ព្រះរាជធីតា​នោះ ក៏ទូល​ទទួលតបថា ល្អ ។ លំដាប់​នោះ ព្រះរាជា​ទ្រង់បាន​ព្រះរាជទាន​របស់របរ ដែលគួរព្រះរាជទាន​ទាំងអស់​ដល់អាមាត្យ ទ្រង់បញ្ជា​ព្រះរាជធីតា​ទៅជាមួយ​ពួកអាមាត្យ ។ អាមាត្យ​ទាំងឡាយ នាំព្រះរាជធីតា​ទៅដល់​បច្ចន្តជនបទ​ហើយ ឲ្យតាំងបន្ទាយ​សម្រាកក្នុង​ជនបទនោះ ឲ្យលើក​ព្រះរាជធីតា​នោះឡើង​ហើយ ចូលទៅកាន់​ហិមវន្តប្រទេស ដោយផ្លូវ​ដែលព្រាន​ព្រៃចង្អុល​បង្ហាញ​ប្រាប់ ក្នុងវេលា​ព្រឹក ក៏ដល់ទី​ជិតអាស្រមបទ​របស់តាបស​នោះ ។

ក្នុងខណៈនោះ ព្រះពោធិសត្វឲ្យបុត្រនៅ​ចាំអាស្រមបទ ខ្លួនឯងត្រូវ​ចូលទៅកាន់​ព្រៃ ដើម្បីស្វែង​រកផលាផល ។ ពួកព្រាន​ព្រៃមិនទៅ​កាន់អាស្រមបទ​ទេ តែឈរនៅ​ត្រង់ទីដែលជា​ទីនៅ​របស់តាបស​នោះ កាលនឹងសម្ដែង​ទីនៅនោះ​ដល់ព្រះនាង​និឡិនិកា ទើបពោល​ពាក្យ ២ គាថា ថា

កទលីធជបញ្ញាណោ, អាភុជីបរិវារិតោ;

ឯសោ បទិស្សតិ រម្មោ, ឥសិសិង្គស្ស អស្សមោ។

នុ៎ះ ប្រាកដជាអាស្រមរបស់តាបស ឈ្មោះឥសីសិង្គៈ ជាទីគួររីករាយ មានដើមចេក ជាទង់ ជាគ្រឿង​សម្គាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ

ឯសោ អគ្គិស្ស សង្ខាតោ, ឯសោ ធូមោ បទិស្សតិ;

មញ្ញេ នោ អគ្គឹ ហាបេតិ, ឥសិសិង្គោ មហិទ្ធិកោតិ។

នុ៎ះភ្លើងដែលឥសីសិង្គៈនោះ តាក់តែង (ដោយឈាន) នុ៎ះ ផ្សែងដែល​ឃើញប្រាកដ ខ្ញុំសម្គាល់​ថា ឥសីសិង្គៈ អ្នកមាន​ឫទ្ធិច្រើន មិនញ៉ាំងភ្លើង​ឲ្យសាបសូន្យទេ

បណ្ដាបទទាំងនោះ បទថា កទលីធជបញ្ញាណោ មានវិគ្រោះថា ឈ្មោះថា កទលិធជបញ្ញាណៈ ព្រោះអត្ថថា មានទង់ គឺដើមចេក​ប្រាកដនៅ ។ បទថា អាភុជិបរិវារិតោ បានដល់ ឡោមព័ទ្ធ​ដោព្រៃស្មាច់ ។ បទថា សង្ខាតោ សេចក្ដីថា នុ៎ះគឺភ្លើងឆេះឡើង ប្រាកដជាក់​ដោយឈាន​របស់​ឥសិសិង្គតាបស​នោះ ។ បទថា មញ្ញេ នោ អគ្គឹ សេចក្ដីថា យើងរមែង​សម្គាល់ថា ឥសិសិង្គតាបស នឹងមិន​ធ្វើភ្លើង​របស់ពួក​យើង​ឲ្យវិនាស គឺឲ្យឆេះ​សន្ធោសន្ធៅ​ឡើង ។

ចំណែកពួកអាមាត្យ នាំគ្នាឡោមព័ទ្ធ​អាស្រមក្នុងវេលា​ដែលព្រះពោធិសត្វ​ចូលទៅ​កាន់​ព្រៃ ក៏នាំគ្នា​តាំងកង​ពលរក្សា ឲ្យព្រះរាជធីតា​ក្លែងភេទ​ជាឥសី យកសំពត់​សំបកឈើ ពណ៌មាស​ប្រភេទខ្លះ ធ្វើជា​សំពត់ស្លៀក និងសំពត់​ដណ្ដប់ ប្រដាប់​ដោយគ្រឿង​អលង្ការ​គ្រប់​យ៉ាងហើយ ឲ្យព្រះរាជ​ធីតា​កាន់យក​កូនឃ្លី ដែលវិចិត្រ​ចងដោយ​ខ្សែអំបោះ បញ្ជូន​ចូលទៅ​កាន់​អាស្រមបទ ខ្លួនឯង នាំគ្នាឈរ​រក្សានៅ​ខាងក្រៅ ។ ព្រះរាជធីតា​នោះ លេងកូនឃ្លី​នោះ​បណ្ដើរៗ ក៏បំពារ​បំពាន​ដល់ទីបំផុត​របស់ទីចង្ក្រម ។ ខណៈនោះ ឥសិសិង្គតាបស កំពុង​អង្គុយ​ត្រង់ទីជិត​ស៊ុមទ្វារ​បណ្ណសាលា ។ តាបសនោះ ក្រឡេកមើល ឃើញ​ស្ត្រីនោះ​កំពុង​ដើរមក ក៏ភិតភ័យ ក្រោកឡើង​ ហើយចូលទៅ​កាន់​បណ្ណសាលា ។ សូម្បី​ព្រះរាជធីតា​នោះ ក៏ទៅកាន់​ទ្វារបណ្ណសាលា​របស់តាបស​នោះហើយ ក៏លេង (កូនឃ្លី) តទៅទៀត ។

ព្រះសាស្ដា កាលនឹងប្រកាស​សេចក្ដីនោះ ឲ្យក្រៃលែង​ជាងនោះទៀត ទើបបានត្រាស់ គាថាទាំង ៣ នេះថា

តញ្ច ទិស្វាន អាយន្តឹ, អាមុត្តមណិកុណ្ឌលំ;

ឥសិសិង្គោ បាវិសិ ភីតោ, អស្សមំ បណ្ណឆាទនំ។

ឥសីសិង្គៈ បានឃើញនាងនិឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិត ភ័យ ចូល​ទៅកាន់​អាស្រម​ដែលប្រក់​ដោយស្លឹក

អស្សមស្ស ច សា ទ្វារេ, គេណ្ឌុកេនស្ស កីឡតិ;

វិទំសយន្តី អង្គានិ, គុយ្ហំ បកាសិតានិ ច។

ឯនាង​និឡិនិកានោះ ក៏បង្ហាញនូវអវយវៈ ទាំងឡាយផង បញេ្ចញនូវកេរ្តិ៍ខ្មាស់ ដ៏កំបាំងផង ហើយលេងកូនឃ្លី​ ក្បែរទ្វារអាស្រមនៃ ឥសីសិង្គៈនោះ

តញ្ច ទិស្វាន កីឡន្តឹ, បណ្ណសាលគតោ ជដី;

អស្សមា និក្ខមិត្វាន, ឥទំ វចនមព្រវីតិ។

អ្នកមានជដា (ឥសីសិង្គៈ) នៅក្នុងបណ្ណាសាលា ឃើញនាងនិឡិនិកានោះ​​ កំពុងលេង ចេញអំពីអាស្រម​មកនិយាយ​ពាក្យនេះថា

បណ្ដាបទទាំងនោះ បទថា គេណ្ឌុកេនស្ស សេចក្ដីថា លេងកូនឃ្លី​ត្រង់ទ្វារអាស្រម របស់​ឥសិសិង្គតាបស​នោះ ។ បទថា វិទំសយន្តី ប្រែថា បង្ហាញ ។ បទថា គុយ្ហំ បកាសិតានិ ច បានដល់  ប្រកាស គឺបង្ហាញ​អវយវៈ​ដែលកំបាំង (គឺអង្គជាត) និងបើក​បង្ហាញ​អវយវៈ ដែលប្រាកដ​ មានមុខ និងដៃជាដើម ។ បទថា អព្រវិ សេចក្ដីថា សម្ដែងថា តាបសនោះ ឈរនៅក្នុង​បណ្ណសាលា ហើយគិតថា បើថា​មនុស្សនេះ នឹងគប្បី​ជាយក្សសោត ក៏នឹង​គប្បីចូល​មកកាន់​បណ្ណសាលា ហើយហែក​សាច់យើងបរិភោគ អ្នកនេះ ប្រាកដជា​មិនមែន​ជាយក្ស គង់ជា​តាបសពិត ។

ព្រោះដូច្នោះ ទើបពោលថា ឥសិសិង្គតាបស​ចេញ (អំពីអាស្រម) ហើយ​ពោលពាក្យ​ នេះថា

អម្ភោ កោ នាម សោ រុក្ខោ, យស្ស តេវំគតំ ផលំ;

ទូរេបិ ខិត្តំ បច្ចេតិ, ន តំ ឱហាយ គច្ឆតីតិ។

ម្នាលអ្នកដ៏ចម្រើន​ ឈើរបស់អ្នក​នោះ ឈ្មោះអ្វី ដែលមានផ្លែបែបនេះ សូម្បីអ្នកបោះ ទៅក្នុងទីឆ្ងាយហើយ ក៏វិលត្រឡប់​មកវិញ មិនទៅចោលអ្នក

បណ្ដាបទទាំងនោះ បទថា យស្ស តេវំគតំ ផលំ សេចក្ដីថា ឈើប្រភេទណារបស់​អ្នក​មានផ្លែដែល​គប្បីពេញ​ចិត្តប្រព្រឹត្ត​ទៅយ៉ាងនេះ ដើមឈើ​ប្រភេទនោះ មានឈ្មោះអ្វី គឺតាបស​សម្គាល់កូនឃ្លី​ដែលវិចិត្រ​ដោយខ្លួនឯង មិនធ្លាប់​បានឃើញ​ក្នុងកាល​មុនថា កូនឃ្លី​នោះ គប្បីជាផ្លែ​នៃដើមឈើ ទើបសួរ​យ៉ាននោះ ។

លំដាប់នោះ ព្រះរាជធីតានោះ កាលនឹង​ប្រាប់ ទើបបានពោលគាថានេះ ដល់តាបស នោះថា

អស្សមស្ស មម ព្រហ្មេ, សមីបេ គន្ធមាទនេ;

ពហវោ តាទិសា រុក្ខា, យស្ស តេវំគតំ ផលំ;

ទូរេបិ ខិត្តំ បច្ចេតិ, ន មំ ឱហាយ គច្ឆតីតិ។

បពិត្រតាបសដ៏ប្រសើរ ផ្លែបែបនេះ នៃឈើណា សូម្បីខ្ញុំបោះ​ទៅក្នុងទីឆ្ងាយ ក៏ត្រឡប់​មកវិញ មិនទៅ​ចោលខ្ញុំទេ ឈើបែបនោះ មានក្នុង​ទីជិត​អាស្រមនៃខ្ញុំ នា​ភ្នំគន្ធមាទន៍  

បណ្ដាបទទាំងនោះ បទថា សមីបេ គន្ធមាទនេ បានដល់ ត្រង់ភ្នំ​គន្ធមាទន៍ ក្នុងទីជិត​អាស្រម​របស់ខ្ញុំ ។ បទថា យស្ស តេវំគតំ បានដល់ ដើមឈើ​ដែលមាន ផ្លែយ៉ាងនេះ ។ ត អក្សរ ធ្វើការភ្ជាប់​បទព្យញ្ជនៈ ។ ព្រះរាជធីតានោះ បានពោលមុសា ដូច្នេះឯង ។

ចំណែកតាបសនោះ បានជឿហើយ កាលនឹងធ្វើ​បដិសណ្ឋារកិច្ច​ដោយសម្គាល់ថា អ្នក​នោះជាតាបស ទើបពោល​គាថានេះថា

ឯតូ ភវំ អស្សមិមំ អទេតុ, បជ្ជញ្ច ភក្ខញ្ច បដិច្ឆ ទម្មិ;

ឥទមាសនំ អត្រ ភវំ និសីទតុ, ឥតោ ភវំ មូលផលានិ ភុញ្ជតូតិ។

អ្នកដ៏ចម្រើនចូរមកកាន់​អាស្រមនេះចុះ ចូរបរិភោគ​អាហារចុះ ចូរទទួល​ថ្នាំសម្រាប់ លាប​ជើងផង ភក្សាហារផង ខ្ញុំជូន (ដល់អ្នក) នេះអាសនៈ អ្នកដ៏ចម្រើន ចូរអង្គុយ​លើ​អាសនៈនេះ អ្នកដ៏ចម្រើន​ចូរពិសា​មើមឈើ​ និងផ្លែឈើក្នុង​ទីនេះចុះ

បណ្ដាបទទាំងនោះ បទថា អស្សមិមំ សេចក្ដីថា អ្នកដ៏ចម្រើន ចូរចូលមកកាន់​អាស្រម​នេះចុះ ។ បទថា អទេតុ សេចក្ដីថា អញ្ជើញ​លោកបរិភោគ​អាហារតាម​ដែល​យើងបាន​ត្រៀមទុក​ហើយចុះ ។ បទថា បជ្ជំ បានដល់ ប្រេង​សម្រាប់​លាបជើង ។ បទថា ភក្ខំ បានដល់ ផ្លែឈើតូច​ធំមាន​រសឆ្ងាញ់ ។ បទថា បដិច្ឆ ប្រែថា ចូរទទួល ។ បទថា ឥទមាសនំ សេចក្ដីថា តាបស​ពោលហើយ​យ៉ាងនោះ ក្នុងវេលា​ដែលព្រះរាជធីតា​ចូល​ទៅហើយ ។

បទថា កិន្តេ ឥទំ សេចក្ដីថា កាលព្រះរាជធីតា​អង្គនោះ ចូលទៅកាន់​បណ្ណសាលា អង្គុយ​លើ​ប្រហោងឈើ កាលសំពត់​សំបកឈើ​ពណ៌មាសនោះ រហែក​ចំកណ្ដាល​ជា ២ ចម្រៀក សរីរៈ​ដែលបិទបាំង​ក៏លេចចេញ ។ តាបស​បានឃើញ​អវយវៈ​ដែលបិទបាំង​នៃសរីរៈ របស់​មាតុគ្រាម ព្រោះលោក​មិនធ្លាប់ឃើញ​អំពីកាលមុន ទើប​សម្គាល់ថា នុ៎ះជា​ដំបៅ ហើយ​ពោល​យ៉ាងនេះថា

កឹ តេ ឥទំ ឩរូនមន្តរស្មឹ, សុបិច្ឆិតំ កណ្ហរិវប្បកាសតិ;

អក្ខាហិ មេ បុច្ឆិតោ ឯតមត្ថំ, កោសេ នុ តេ ឧត្តមង្គំ បវិដ្ឋន្តិ។

អ្វីនេះ កំពុងល្អ (ដូចមាត់ខ្យងបៀ) នៅត្រង់ចន្លោះ​ភ្លៅរបស់អ្នក ប្រាកដ​ដូចជាវត្ថុ មាន​ពណ៌ខ្មៅ ៗ ខ្ញុំសួរហើយ អ្នកចូរប្រាប់​សេចក្តីនុ៎ះ អវយវៈ​ដ៏ឧត្តម (លិង្គ) របស់អ្នក​លិច ចូលទៅក្នុងស្រោម (សរីរៈ)

បណ្ដាបទទាំងនោះ បទថា សុបិច្ឆិតំ សេចក្ដីថា សណ្ឋានមាត់ដំបៅ​មានរាងល្អ ក្នុង វេលាដែល​ខ្ជឹបខាងទាំង ២ ចូលគ្នា ។ ពិតមែន ត្រង់កន្លែងនោះ បានក្លាយ​ជារណ្ដៅ ព្រោះ​មិនប្រកប​ដោយលក្ខណៈ​ដ៏ស្អាត និងមាន​សណ្ឋាន​មាត់ដំបៅ ដែលមាន​រាងកំពុងឡើង ព្រោះប្រកប​ដោយលក្ខណៈ​ដ៏ស្អាត ។ បទថា កណ្ហរិវប្បកាសតិ សេចក្ដីថា ប្រាកដដូច​ពណ៌​ខ្មៅ ត្រង់ខាងទាំង ២ ។ បទថា កោសេ នុ តេ ឧត្តមង្គំ បវិដ្ឋំ សេចក្ដីថា អវយវៈ ដ៏វែង គឺសណ្ឋាន​ភេទរបស់លោក រមែង​មិនប្រាកដ គឺតាបស​សួរថា អវយវៈ​ដ៏វែង ចូលទៅ​នៅក្នុង​ស្រោមនៃ​សរីរៈ​របស់លោកឬ ។

លំដាប់នៅ ព្រះរាជធីតានោះ កាលនឹងបោក​បញ្ឆោត​តាបសនោះ ទើបពោល ២ គាថា ថា

អហំ វនេ មូលផលេសនំ ចរំ, អាសាទយឹ អច្ឆំ សុឃោររូបំ;

សោ មំ បតិត្វា សហសាជ្ឈបត្តោ, បនុជ្ជ មំ អព្វហិ ឧត្តមង្គំ។

ខ្ញុំត្រាច់ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើ​​​ក្នុងព្រៃ បានជួបខ្លាឃ្មុំ​មានរូប​ដ៏សម្បើម ខ្លាឃ្មុំនោះ​ ស្ទុះមកសង្រ្គប់​ខ្ញុំដោយរហ័ស ផ្តួលខ្ញុំ ហើយខាំដក​យកអវយវៈដ៏ឧត្តមទៅ

ស្វាយំ វណោ ខជ្ជតិ កណ្ឌុវាយតិ, សព្វញ្ច កាលំ ន លភាមិ សាតំ;

បហោ ភវំ កណ្ឌុមិមំ វិនេតុំ, កុរុតំ ភវំ យាចិតោ ព្រាហ្មណត្ថន្តិ។

ដំបៅនោះឯង ឈឺពើតផង រមាស់ផង ខ្ញុំមិនបាន​សេចក្តីសុខ សព្វ ៗ​ កាលទេ អ្នកដ៏ចម្រើន អាចនាំចេញ​នូវរោគរមាស់​នេះ​ចេញបាន អ្នកដ៏ចម្រើន​ដែលខ្ញុំ​អង្វរហើយ សូមធ្វើនូវ​ប្រយោជន៍​ដល់ព្រាហ្មណ៍

បណ្ដាបទទាំងនោះ បទថា អសាទយឹ សេចក្ដីថា ជួបខ្លាឃ្មុំកំពុងរត់មក ទើប​ព្យាយាម យកដុំដីគប់វា ។ បទថា បតិត្វា ប្រែថា រត់ដេញតាម ។ បទថា សហសាជ្ឈប្បត្តោ បានដល់ ដល់ គឺតាមទាន់​ខ្ញុំដោយរហ័ស ។ បទថា បនុជ្ជ បានដល់ ធ្វើឲ្យខ្ញុំដួល ។ បទថា អព្វហិ សេចក្ដីថា វាប្រើមាត់​ខាំអវយវៈ​ដ៏វែងរបស់ខ្ញុំ ហើយ​ក៏គេច​ចេញទៅ។ ចា​ប់ពីពេល​នោះមក ត្រង់កន្លែង​នេះឯង ទើបក្លាយជាដំបៅ ។ បទថា ស្វាយំ សេចក្ដីថា ចាប់ផ្ដើម​អំពីកាល​នោះមក ដំបៅរបស់ខ្ញុំនេះ ទើបរយះ​រយាយ និងត្រូវ​ធ្វើការអេះ ព្រោះ​ហេតុនោះ​ជាបច្ច័យ ខ្ញុំទើប​មិនបាន​ទទួលសេចក្ដី​សុខទាំងផ្លូវកាយ និងផ្លូវចិត្ត រហូត​កាល​ទាំងពួង ។ បទថា បហោ ប្រែថា អាច ។ បទថា ព្រាហ្មណត្ថំ សេចក្ដីថា ព្រះរាជធីតា ពោលថា អ្នកដ៏ចម្រើន ខ្ញុំអង្វរ​ហើយ ករុណា​ជួយធ្វើ​ប្រយោជន៍​ដល់ខ្ញុំ​ដែលជា​ព្រាហ្មណ៍ចុះ គឺសេចក្ដី​ទុក្ខនេះ នឹងមិនមាន​ដល់ខ្ញុំ បានដល់ ចូរជួយ​នាំចេញទៅ ។

តាបសនោះ ស្ដាប់ពាក្យមុសា​របស់ព្រះរាជធីតា​នោះ ថាជាពាក្យពិត ទើបគិតថា បើសេចក្ដីសុខ​យ៉ាងនេះ នឹងមាន​ដល់អ្នកសោត ខ្ញុំនឹង​ធ្វើឲ្យ បានសម្លឹង​មើលត្រង់​នោះ ហើយ​ពោលគាថាបន្ទាប់ទៅថា

គម្ភីររូបោ តេ វណោ សលោហិតោ, អបូតិកោ វណគន្ធោ មហា ច;

ករោមិ តេ កិញ្ចិ កសាយយោគំ, យថា ភវំ បរមសុខី ភវេយ្យាតិ។

ដំបៅរបស់អ្នកមានសភាពដ៏ជ្រៅ មាន​សម្បុរក្រហម មិនស្អុយទេ គ្រាន់តែ​មានក្លិន​ខ្មោះ (បន្តិចៗ) ហើយថែម​ទាំងធំផង ខ្ញុំនឹងប្រកប​ដោយថ្នាំដុស លាបឲ្យអ្នក​បន្តិចមើល ដើម្បីនឹង​ឲ្យអ្នក​ដ៏ចម្រើន​បានសេចក្តី​សុខស្រួល

បណ្ដាបទទាំងនោះ បទថា សលោហិតោ បានដល់ មានពណ៌ក្រហម ។ បទថា អបូតិកោ បានដល់ វៀរចាកសាច់ ។ បទថា វណគន្ធោ បានដល់ មានក្លិនស្អុយ​តិចតួច ។ បទថា កសាយយោគំ សេចក្ដីថា ខ្ញុំនឹងកាន់​យកទឹកចត់ អំពីដើមឈើ​ប្រភេទខ្លះ ហើយ​ធ្វើទឹក​ចត់នោះ​ប្រកបជា​ថ្នាំផ្សះ​ដំបៅដល់អ្នក ។

លំដាប់នោះ ព្រះនាងនិឡិនិកា ទើបត្រាស់គាថា ថា

ន មន្តយោគា ន កសាយយោគា, ន ឱសធា ព្រហ្មចារិ កមន្តិ;

យំ តេ មុទុ តេន វិនេហិ កណ្ឌុំ, យថា អហំ បរមសុខី ភវេយ្យន្តិ។

បពិត្រតាបសដ៏ប្រសើរការប្រកបដោយមន្ត​ទាំងឡាយ ក៏មិនត្រូវ ការប្រកប​ដោយថ្នាំ​ដុសទាំងឡាយ ក៏មិនត្រូវ ឱសថ​ទាំងឡាយ ក៏មិនត្រូវ អវយវៈ​ណា របស់លោក​ដ៏ទន់ ៗ ចូរលោក​នាំចេញនូវ​រោគរមាស់​ដោយអវយវៈ​នោះ ទើបខ្ញុំ​មានសេចក្តី​សុខស្រួលតទៅ

បណ្ដាបទទាំងនោះ បទថា កមន្តិ សេចក្ដីថា បពិត្រអ្នកប្រព្រឹត្ត​ព្រហ្មចរិយៈ​ដ៏ចម្រើន ការប្រកប​ដោយមន្តក្ដី ការប្រកប​ដោយថ្នាំដុសក្ដី ឱសថ​មានផ្កាឈើ និងផ្លែឈើ ជាដើមក្ដី ដំបៅ​របស់ខ្ញុំនេះ រមែងមិនសះស្បើយ​បានឡើយ គឺការប្រកប​ដោយមន្ត​ជាដើម ពួកនោះ បានធ្វើ​ហើយច្រើន ៗ គ្រា ក៏មិនបាន​សេចក្ដីសុខសប្បាយ​ដល់ខ្ញុំឡើយ តែកាល​លោកយក​អង្គជាត​ដ៏ទន់​របស់លោក ស៊កចូល​ទៅប៉ុណ្ណោះ ការរមាស់​នឹងមិនប្រាកដ ព្រោះដូច្នោះ សូម​លោកជួយ​យកអង្គជាត​នោះ កម្ចាត់សេចក្ដី​រមាស់ឲ្យផងចុះ ។

តាបសនោះ កំណត់ថា មនុស្សនេះ​និយាយពិត មិនដឹង​ឡើយថា សីលនឹងដាច់ ឈាននឹង​សាបសូន្យ ដោយ​មេថុនសំសគ្គៈ កាលព្រះរាជធីតា​នោះពោលថា ជា​ភេសជ្ជៈ ដូច្នេះ ព្រោះការ​មិនស្គាល់​មេថុនធម្ម ហេតុដែលខ្លួន​មិនធ្លាប់​បានឃើញ​មាតុគ្រាម​ក្នុងកាល​មុន ទើប​សេពមេថុនធម្ម ក្នុងពេល​នោះឯង សីលរបស់​តាបសនោះ​ក៏ដាច់ ឈានក៏វិនាស ។ តាបសនោះ ធ្វើការ​រួមសង្វាស ២, ៣ គ្រា ក៏នឿយហត់ ទើបចេញ​ទៅកាន់ស្រះ ងូតទឹករម្ងាប់ ការ​នឿយហត់​ហើយ ត្រឡប់មក​អង្គុយក្នុង​បណ្ណសាលា ដល់ថ្នាក់​សូម្បីយ៉ាងនោះ​ហើយ ក៏សម្គាល់​មនុស្សនោះថា ជាតាបស​ទៀត កាលនឹងសួរ​ដល់ទីនៅ ទើបពោល​គាថា ថា

ឥតោ នុ ភោតោ កតមេន អស្សមោ, កច្ចិ ភវំ អភិរមសិ អរញ្ញេ;

កច្ចិ នុ តេ មូលផលំ បហូតំ, កច្ចិ ភវន្តំ ន វិហឹសន្តិ វាឡាតិ។

អាស្រមរបស់អ្នកដ៏ចម្រើន នៅខាងណា​អំពីទីនេះ ម្នាលអ្នកដ៏ចម្រើន អ្នកអភិរម្យ​ក្នុងព្រៃ​ដែរឬ អ្នកមាន​មើមឈើ ផ្លែឈើ​ច្រើនដែរឬ សត្វសាហាវ​ទាំងឡាយ មិនបៀតបៀន អ្នកដ៏​ចម្រើនទេឬ

បណ្ដាបទទាំងនោះ បទថា កតមេន បានដល់ អាស្រម​របស់អ្នកដ៏ចម្រើន នៅខាង​ណា​អំពីទីនេះ ។ បទថា ភវំ នេះ ជាអាលបនៈ ។

លំដាប់នោះ ព្រះនាងនិឡិនិកា បានត្រាស់ ៤ គាថា ថា

ឥតោ ឧជុំ ឧត្តរាយំ ទិសាយំ, ខេមា នទី ហិមវតា បភាវី;

តស្សា តីរេ អស្សមោ មយ្ហ រម្មោ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។

អាស្រមរបស់ខ្ញុំជាទីគួររីករាយ (នៅ) ក្បែរឆ្នេរនៃស្ទឹងឈ្មោះខេមា ដែលហូរទៅអំពី ព្រៃហិមវន្ត នាទិស​ខាងជើង​ត្រង់អំពី​ទីនេះ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើន គប្បីឃើញអាស្រម របស់ខ្ញុំ

អម្ពា ច សាលា តិលកា ច ជម្ពុយោ, ឧទ្ទាលកា បាដលិយោ ច ផុល្លា;

សមន្តតោ កិម្បុរិសាភិគីតំ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។

(ទៀបអាស្រមរបស់ខ្ញុំ) មានដើមស្វាយ រាំងភ្នំ ទន្លាប់ ព្រីង រាជព្រឹក្ស ច្រនៀង មានផ្ការីកស្គុះស្គាយ ធ្វើដូចម្តេចហ្ន៎ អ្នកដ៏ចម្រើនគប្បីឃើញអាស្រមរបស់ខ្ញុំ ដែលមានកិន្នរ ច្រៀងពីរោះ ដោយជុំវិញ

តាលា ច មូលា ច ផលា ច មេត្ថ, វណ្ណេន គន្ធេន ឧបេតរូបំ;

តំ ភូមិភាគេហិ ឧបេតរូបំ, អហោ ភវំ អស្សមំ មយ្ហំ បស្សេ។

ក្នុងទីជិតអាស្រមរបស់ខ្ញុំនុ៎ះ មានដើមត្នោតទាំងឡាយផង មើមឈើទាំងឡាយផង ផ្លែឈើទាំងឡាយផង ធ្វើដូចម្តេចហ្ន៎ ទើបអ្នកដ៏ចម្រើនគប្បីឃើញ នូវអាស្រមរបស់ខ្ញុំ   ដែលប្រកបដោយពណ៌  និងក្លិន  ដែលប្រកបដោយភូមិភាគទាំងឡាយ   (ដ៏រាបស្មើ)នោះ

ផលា ច មូលា ច បហូតមេត្ថ, វណ្ណេន គន្ធេន រសេនុបេតា;

អាយន្តិ ច លុទ្ទកា តំ បទេសំ, មា មេ តតោ មូលផលំ អហាសុន្តិ។

ផ្លែឈើទាំងឡាយផង មើមឈើទាំងឡាយផង មានគរគោក ក្នុងអាស្រមនេះ ប្រកបដោយពណ៌ ក្លិន និងរស តែពួកព្រានព្រៃ តែងមក​កាន់ប្រទេស​នោះ កុំឲ្យពួក វាលួចមើមឈើ និងផ្លែឈើរបស់ខ្ញុំ អំពីអាស្រមនោះឡើយ

បណ្ដាបទទាំងនោះ បទថា ឧត្តរាយំ បានដល់ ទិសខាងជើង ។ បទថា ខេមា បានដល់ ស្ទឹងដែលមានឈ្មោះយ៉ាងនោះ ។ បទថា ហិមវតា បភាវិ សេចក្ដីថា រមែង ហូរមកអំពីព្រៃ ហិមពាន្ត ។ បទថា អហោ ជានិបាត ចុះក្នុងអត្ថនៃសេចក្ដីអង្វរករ ។ បទថា ឧទ្ទាលកា បានដល់ ដើមឈើដែលការពារខ្យល់ ។ បទថា កិម្បុរិសាភិគីតំ បានដល់ ដែលមានពួកកិន្នរ ឡោមព័ទ្ធដោយជុំវិញហើយ ស្រែកច្រៀងដោយសំឡេងដ៏ពីរោះ ។ បទថា តាលា ច មូលា ច ផលា មេត្ថ សេចក្ដីថា ដើមត្នោតដែលគួររីករាយ គល់របស់ ដើមឈើ ទាំងនោះឯង មានដើម សម្បូណ៌ដោយពណ៌ និងក្លិនជាដើម និងផ្លែរបស់ឈើពួក នោះមាននៅជិតអាស្រមរបស់ខ្ញុំ ។ បទថា បហូតមេត្ថ បានដល់ ផ្លែឈើនានា ជ័រនិង ឫសរបស់ដើមឈើ ត្រង់អាស្រមរបស់ខ្ញុំ មានច្រើន ។ បទថា មា មេ តតោ សេចក្ដីថា ពួក ព្រានជាច្រើន រមែងនាំគ្នាមកកាន់អាស្រមរបស់ខ្ញុំ ក៏មូលផលាហារដែលមានរសឆ្ងាញ់ ដ៏ច្រើន ដែលខ្ញុំនាំមកទុកក្នុងទីនេះក៏មាន កាលខ្ញុំរវល់តែយឺតយាវ ពួកព្រានទាំងនោះ ក៏នឹងគប្បីលួចយក មូលផលាហារចេញទៅ សូមពួកព្រានកុំបានមកលួចមូលផលាហារ របស់ខ្ញុំទៅអំពីទីនេះឡើយ ព្រោះដូច្នោះ ព្រះរាជធីតាទើបត្រាស់ថា សូម្បីបើលោកមាន សេចក្ដីប្រាថ្នានឹងទៅ ជាមួយយើង ក៏អញ្ជើញ​ចុះ បើមិនមានសេចក្ដី​ប្រាថ្នានឹងទៅទេ យើងក៏នឹងទៅតែម្នាកឯង ។

តាបសបានស្ដាប់ដូច្នោះហើយ ដើម្បីនឹងឃាត់ព្រះរាជធីតាទុក រហូតបិតារបស់ខ្លួន ត្រឡប់មក ទើបពោលគាថាថា

បិតា មមំ មូលផលេសនំ គតោ, ឥទានិ អាគច្ឆតិ សាយកាលេ;

ឧភោវ គច្ឆាមសេ អស្សមំ តំ, យាវ បិតា មូលផលតោ ឯតូតិ។

បិតារបស់ខ្ញុំ ទៅកាន់ទីស្វែងរកមើមឈើ ផ្លែឈើ នឹងមកក្នុងកាលល្ងាច ឥឡូវនេះ ចាំបិតា មកអំពីទីស្វែងរកមើមឈើ និងផ្លែឈើសិន សឹមយើងទាំងពីរនាក់ ទៅកាន់អាស្រម នោះ

បណ្ដាបទទាំងនោះ បទថា ឧភោវ គច្ឆាមសេ សេចក្ដីថា យើងទាំងពីរនាក់ ប្រាប់ឲ្យបិតារបស់យើងជ្រាបហើយ ទើបនឹងទៅបាន ។

លំដាប់នោះ ព្រះរាជធីតានោះ គិតហើយថា តាបសនេះមិនស្គាល់យើងជាស្ត្រី ព្រោះ​លោកចម្រើន​វ័យធំ​ឡើងតែ​នៅក្នុង​ព្រៃ​ប៉ុណ្ណោះ តែបិតា​របស់​តាបស​នោះ ល្មមឃើញ​យើង​ហើយនឹង​ដឹងភ្លាម លោកគង់​នឹងសួរថា នាងមក​ធ្វើអ្វី​ក្នុងទីនេះ ហើយគង់​នឹងយក​រំពាត់វាយ​យើង សូម្បី​សីសៈ​របស់យើង​ក៏នឹង​ត្រូវបែក យើងគួរ​នឹងចេញ​ទៅ ក្នុងវេលា​ដែលបិតា​របស់​តាបសនៅ​មិនទាន់​មកល្អជាង ការងារ​របស់យើង​ក៏សម្រេច​ហើយ ។ ព្រះរាជធីតា​នោះ កាលនឹង​ប្រាប់​ឧបាយនៃ​ការមកដល់​តាបសនោះ ទើបពោលគាថាដទៃទៀតថា

អញ្ញេ ពហូ ឥសយោ សាធុរូបា, រាជីសយោ អនុមគ្គេ វសន្តិ;

តេយេវ បុច្ឆេសិ មមស្សមំ តំ, តេ តំ នយិស្សន្តិ មមំ សកាសេតិ។

មានពួកព្រាហ្មណ៍ជាឥសី និងពួកព្រះរាជាជាឥសីដទៃទៀតជាច្រើន ដែលជា​មនុស្សត្រឹមត្រូវ នៅក្បែរផ្លូវជាលំដាប់ ចូរអ្នកសួររកអាស្រម​ខ្ញុំនឹងឥសី​ទាំងនោះ​ចុះ ឥសីទាំង​នោះ​ នឹងនាំអ្នកទៅ​ឯសម្នាក់ខ្ញុំ (មិនខាន)

បណ្ដាបទទាំងនោះ បទថា រាជីសយោ សេចក្ដីថា មិត្តសម្លាញ់ ។ ខ្ញុំមិនអាចនឹងនៅ បានទេ ព្រោះពួកព្រាហ្មណ៍ ឥសី និងពួករាជឥសី ដែលមានរូបរាងស្អាតទាំងនោះ រមែងនៅ ជិតផ្លូវដោយលំដាប់ គឺនៅជិតផ្លូវទៅអាស្រមរបស់ខ្ញុំ ខ្ញុំប្រាប់ដល់គេទាំងនោះហើយនឹងទៅ លោកគប្បីសួរគេទាំងនោះចុះ គេទាំងនោះនឹងនាំលោកទៅកាន់សំណាក់របស់ខ្ញុំ ។

ព្រះរាជធីតានោះ ធ្វើឧបាយដើម្បីគេច​ទៅយ៉ាងនេះហើយ ចេញអំពីបណ្ណសាលា ហើយ ពោលនឹងតាបស​ដែលកំពុងសម្លឹង​មើលនោះថា លោកត្រឡប់ទៅចុះ ហើយ​បានទៅ កាន់សំណាក់របស់​ពួកអាមាត្យ ដោយផ្លូវដែលមកនោះឯង ។ ពួកអាមាត្យទាំងនោះ បាននាំ ព្រះរាជធីតានោះ​ទៅកាន់បន្ទាយហើយ ក៏ទៅដល់ក្រុងពារាណសី​ដោយលំដាប់ ។ ក្នុងថ្ងៃ នោះឯង សូម្បីសក្កទេវរាជ​ក៏ទ្រង់សប្បាយ​ចិត្ត បានញ៉ាំងភ្លៀង​ឲ្យធ្លាក់យ៉ាងជោកជាំ ក្នុងដែន ទាំងមូល ។ បន្ទាប់ពីនោះ​មក ជនបទក៏មាន​ភិក្ខាបរិបូណ៌ ។ ក្នុងពេលដែល​ព្រះរាជធីតានោះ ត្រឡប់ទៅ​ហើយប៉ុណ្ណោះ សេចក្ដីក្ដៅក្រហាយ​ក៏កើតឡើង ក្នុងរាងកាយ​របស់ឥសិសិង្គ តាបស ។ តាបសនោះ មានចិត្ត​រវើរវាយ ចូលទៅកាន់​បណ្ណសាលា យកសំពត់ដណ្ដប់ រាងកាយ​ហើយដេក​ទាំងសោកសៅ ។

ក្នុងវេលាល្ងាច ព្រះពោធិសត្វត្រឡប់មកមិនបានឃើញបុត្រ ទើបគិតថា គេទៅទីណាហ្ន៎ ហើយ​ក៏ដាក់​អម្រែក​ចូលទៅ​កាន់​បណ្ណសាលា ឃើញ​គេកំពុង​ដេក យកដៃ​ស្ទាបខ្នង សួរថា កូន​កើតអីហ្នឹង ហើយបានពោល ៣ គាថា ថា

ន តេ កដ្ឋានិ ភិន្នានិ, ន តេ ឧទកមាភតំ;

អគ្គីបិ តេ ន ហាបិតោ, កឹ នុ មន្ទោវ ឈាយសិ។

ឧសក៏អ្នកមិនពុះ ទឹកក៏អ្នកមិនដង ទាំងភ្លើង ក៏អ្នកមិនបង្កាត់ ហេតុអ្វីបានជាអ្នកជ្រប់ ស្រពោន

ភិន្នានិ កដ្ឋានិ ហុតោ ច អគ្គិ, តបនីបិ តេ សមិតា ព្រហ្មចារី;

បីឋញ្ច មយ្ហំ ឧទកញ្ច ហោតិ, រមសិ តុវំ ព្រហ្មភូតោ បុរត្ថា។

ម្នាលកូនសព្រហ្មចារី ឧសទាំងឡាយ អ្នកធ្លាប់តែពុះភ្លើង អ្នកធ្លាប់តែបង្កាត់ ទាំងភ្លើងសម្រាប់អាំងក៏អ្នកចាត់ចែង តាំងក៏អ្នកធ្លាប់រៀបចំសម្រាប់អញ ទឹកក៏អ្នកធ្លាប់តែ តម្កល់ទុកសម្រាប់អញ កាលពីមុន អ្នកជាមនុស្សប្រសើរ តែងរីករាយ (​ ក្នុងអាស្រមនេះ)

អភិន្នកដ្ឋោសិ អនាភតោទកោ, អហាបិតគ្គីសិ អសិទ្ធភោជនោ;

ន មេ តុវំ អាលបសី មមជ្ជ, នដ្ឋំ នុ កឹ ចេតសិកញ្ច ទុក្ខន្តិ។

(ឥឡូវនេះ) អ្នកមិនពុះឧស មិនដងទឹក មិនបង្កាត់ភ្លើង មិនស្ងោរវត្ថុសម្រាប់បរិភោគ នៃកូនរបស់អញ ថ្ងៃនេះ អ្នកមិនហៅរកអញ អ្នកបានរបស់អ្វីឬ ឬក៏អ្នកកើតទុក្ខក្នុងចិត្ត ដូចម្តេច

បណ្ដាបទទាំងនោះ បទថា ឥន្នានិ បានដល់ ឧសដែលនាំមកអំពីព្រៃ អ្នកក៏មិនពុះ ។ បទថា ន ហាបិតោ បានដល់ សូម្បីភ្លើងអ្នកក៏មិនបង្កាត់ ។ បទថា ភិន្នានិ សេចក្ដីថា កាល មុនវេលាដែលយើងមក អ្នកក៏បានពុះឧសទុករៀបរយហើយ ។ បទថា ហុតោ ច អគ្គិ សេចក្ដីថា ភ្លើងសម្រាប់បូជាអ្នកក៏ ។ បទថា តបនី សេចក្ដីថា សូម្បីភ្លើង គឺភ្លើងសម្រាប់ កម្ដៅ អ្នកឯងក៏ត្រៀមចាត់ចែងទុក ។ បទថា បិឋំ សេចក្ដីថា តាំងសម្រាប់ទីនៅរបស់យើង អ្នកក៏ចាត់តាំងទុកហើយ ។ បទថា ឧទកញ្ច សេចក្ដីថា សូម្បីទឹកសម្រាប់លាងជើង អ្នក ក៏តម្កល់ ទុកដូចគ្នា ។ បទថា ព្រហ្មភូតោ សេចក្ដីថា ក្នុងថ្ងៃដទៃអំពីថ្ងៃនេះ សូម្បីអ្នកជា បុគ្គលប្រសើរ ត្រេកអរនៅក្នុងអាស្រមនេះ ។ បទថា អភិន្នកដ្ឋោសិ បានដល់ ថ្ងៃនេះ អ្នកមិនពុះឧស ។ បទថា អសិទ្ធភោជនោ សេចក្ដីថា មើមត្រាវមើមដំឡូង ឬស្លឹកឈើអ្វីៗ ដែលអ្នកនឹងចម្អិនទុក សម្រាប់យើងមិនមានឡើយ ។ បទថា មមជ្ជ សេចក្ដីថា បាអើយ ! ថ្ងៃនេះអ្នកមិនត្រេកអរ មិនរាក់ទាក់ឪពុកឡើយ ។ បទថា នដ្ឋំ នុ កឹ នេះ ព្រះពោធិសត្វ សួរកូនតាបសថា របស់អ្វីរបស់អ្នកវិនាសទៅឬ ? ឬថា កូនមានសេចក្ដីទុក្ខក្នុងចិត្ត សូមប្រាប់ ហេតុនៃការដេក មកឲ្យឪពុកបានជ្រាបខ្លះផង ។

តាបសនោះ ស្ដាប់ពាក្យរបស់បិតាហើយ កាលនឹងពោលដល់ហេតុការណ៍នោះឲ្យ ជ្រាប ទើបពោលថា

ឥធាគមា ជដិលោ ព្រហ្មចារី, សុទស្សនេយ្យោ សុតនូ វិនេតិ;

នេវាតិទីឃោ ន បនាតិរស្សោ, សុកណ្ហកណ្ហច្ឆទនេហិ ភោតោ។

ជដិលជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរមកក្នុងទីនេះ ជាមនុស្ស គួរគយគន់ មានដងខ្លួន ទ្រទេសទ្រទន់ មិនខ្ពស់ពេក មិនទាបពេក ញ៉ាំងអាស្រមបទ ឲ្យភ្លឺសាយពាសពេញ ដោយ សក់ទាំងឡាយ ដែលខ្មៅស្រិលដូចជាពណ៌នៃស្លាបកន្លង់ របស់ជដិល ដ៏ចម្រើន (​នោះ)

អមស្សុជាតោ អបុរាណវណ្ណី, អាធាររូបញ្ច បនស្ស កណ្ឋេ;

ទ្វេ យមា គណ្ឌា ឧរេ សុជាតា, សុវណ្ណតិន្ទុកនិភា បភស្សរា។

(ជដិលនោះ) មិនទាន់ដុះពុកមាត់នៅឡើយទេ ទើបនឹងបួសថ្មី ៗ មានទាំងរបស់មាន សណ្ធានដូចជើងបាត្រ ពាក់ត្រង់ករបស់គាត់ មានពកពីរជាគូ ភ្លឺបំព្រង ដូចជាផ្លែទន្លាប់មាស ដុះក្បំល្អត្រង់ទ្រូង

មុខញ្ច តស្ស ភុសទស្សនេយ្យំ, កណ្ណេសុ លម្ពន្តិ ច កុញ្ចិតគ្គា;

តេ ជោតរេ ចរតោ មាណវស្ស, សុត្តញ្ច យំ សំយមនំ ជដានំ។

មុខជដិលនោះ គួរគយគន់ក្រៃពេក មានកំពូលនៃគ្រឿងប្រដាប់ ត្រចៀកទាំងឡាយ សំយុងចុះ ព្ធដ៏ត្រចៀកទាំងឡាយ កាលមាណព (នោះ) ត្រាច់ទៅ គ្រឿងប្រដាប់នៃត្រចៀក ទាំងនោះ ក៏រុងរឿងផ្លេក ៗ ផង មានទាំងខ្សែសយ រុំព័ទ្ធផ្នួងសក់ ទាំងឡាយផង

អញ្ញា ច តស្ស សំយមានិ ចតស្សោ, នីលា បីតា លោហិតិកា ច សេតា;

តា បឹសរេ ចរតោ មាណវស្ស, តិរិដិសង្ឃារិវ បាវុសម្ហិ។

 មាណពនោះ មានគ្រឿងប្រដាប់ដទៃ ទៀតមានពន្លឺ ពណ៌គឺ ពណ៌ខៀវលឿង ក្រហម កាលបើមាណព (​ នោះ) ដើរទៅគ្រឿងប្រដាប់ទាំងនោះ ញ័រ ៗ ដូចជាពួកនៃសត្វ មេភ្លៀង ក្នុងពេលកំពុងភ្លៀង

ន មិខលំ មុញ្ជមយំ ធារេតិ, ន សន្ថរេ នោ បន បព្វជស្ស;

តា ជោតរេ ជឃនន្តរេ វិលគ្គា, សតេរតា វិជ្ជុរិវន្តលិក្ខេ។

(មាណពនោះ) មិនពាក់សង្វារស្មៅ យាប្លងទេ មិនប្រើប្រាស់សំពត់សំបកឈើទេ មិន​ប្រើប្រាស់​សំពត់ដែល​ត្បាញ​ដោយស្មៅ​​ដំណេក​ទន្សាយ​ទេ គ្រឿង​ប្រដាប់​ទាំងនោះ ជាប់នៅ​ត្រង់ចន្លោះ​នៃស្មង ភ្លឺដូច​ជាផ្លេកបន្ទោរ ដែលចាំង​ព្ធដ៏អាកាស

អខីលកានិ ច អវណ្ដកានិ, ហេដ្ឋា នភ្យា កដិសមោហិតានិ;

អឃដ្ដិតា និច្ចកីឡំ ករោន្តិ, ហំ តាត កឹរុក្ខផលានិ តានិ។

(​មាណពនោះ មានគ្រឿងប្រដាប់ដេរដាសដោយសូត្រ) មិនមាន ស្នាមគ្រោតគ្រាតផង មិនមានទង ​(អាចម៍ដង្កូវ) ផង ចងព័ទ្ធត្រង់ចង្កេះ ពីត្រឹមផ្ចិតចុះទៅ ខាងក្រោម គ្រឿង ប្រដាប់ទាំងនោះ ទុកជាឥតមានអ្វីប៉ះពាល់សោះ ក៏ធ្វើនូវល្បែងជានិច្ច គឺញ័ររវិចជាប្រក្រតី បពិត្របិតាដ៏ចម្រើនគ្រឿងប្រដាប់ទាំងនោះ ឈ្មោះថាផ្លែឈើអ្វី

ជដា ច តស្ស ភុសទស្សនេយ្យា, បរោសតំ វេល្លិតគ្គា សុគន្ធា;

ទ្វេធា សិរោ សាធុ វិភត្តរូបោ, អហោ នុ ខោ មយ្ហ តថា ជដាស្សុ។

ផ្នួងសក់របស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក (បើមើល) ជាងមួយរយដង (ក៏មិន អស់ចិត្ត) មានចុងងខ្វង់ មានក្លិនក្រអូប (មាណពនោះ) មានសក់ក្បាលញែកជាពីរ សិត ញែកស្អាតបាត ធ្វើដូចម្តេចហ្ន៎ នឹងបានឲ្យផ្នួងសក់ របស់ខ្ញុំល្អដូច្នោះផង

យទា ច សោ បកិរតិ តា ជដាយោ, វណ្ណេន គន្ធេន ឧបេតរូបា;

នីលុប្បលំ វាតសមេរិតំវ, តថេវ សំវាតិ បនស្សមោ អយំ។

មាណពនោះ រំសាយសក់ក្នុងកាលណា ផ្នួងសក់ទាំងឡាយនោះ ក៏ប្រកបដោយពណ៌ ក្នុងកាលនោះ អាស្រមនេះ ក៏ភ្លឺផ្សព្វផ្សាយទៅ (ដោយក្លិន) ដូចជាផ្កាឧប្បលខៀវ ដែលខ្យល់បក់ត្រូវដូច្នោះ

បង្កោ ច តស្ស ភុសទស្សនេយ្យោ, នេតាទិសោ យាទិសោ មយ្ហំ កាយេ;

សោ វាយតិ ឯរិតោ មាលុតេន, វនំ យថា អគ្គគិម្ហេ សុផុល្លំ។

សម្បុររបស់មាណពនោះ គួរឲ្យចង់ មើលក្រៃពេក កាយរបស់មាណពនោះ មិនដូចជាកាយរបស់ខ្ញុំឡើយ កាយរបស់មាណពនោះ កាលបើត្រូវខ្យល់បក់មក ផ្សព្វផ្សាយក្លិន ដូចជាព្រៃ ឈើ ដែលមានផ្ការីក ស្គុះស្គាយ ក្នុងខាងចុងនៃគិម្ហរដូវ

និហន្តិ សោ រុក្ខផលំ បថព្យា, សុចិត្តរូបំ រុចិរំ ទស្សនេយ្យំ;

ខិត្តញ្ច តស្ស បុនរេហិ ហត្ថំ, ហំ តាត កឹរុក្ខផលំ នុ ខោ តំ។

មាណពនោះ តែងទះនូវផ្លែឈើ មានសភាព ដ៏វិចិត្រល្អរុងរឿង គួរឲ្យចង់មើល បោះទៅលើផែនដី ផ្លែឈើនោះ រមែងត្រឡប់ មក រកដៃរបស់មាណពនោះវិញ បពិត្របិតាដ៏ចម្រើននោះជាផ្លែឈើអ្វី

ទន្តា ច តស្ស ភុសទស្សនេយ្យា, សុទ្ធា សមា សង្ខវរូបបន្នា;

មនោ បសាទេន្តិ វិវរិយមានា, ន ហិ នូន សោ សាកមខាទិ តេហិ។

ធ្មេញទាំងឡាយ របស់មាណពនោះ ក៏គួរឲ្យចង់មើលក្រៃពេក ស្អាតស្មើដូចជាស័ង្ខ ដែលគេខាត់យ៉ាងសំខាន់ កាលដែលគាត់ហាមាត់ឡើង តែងញ៉ាំងចិត្តឲ្យជ្រះថ្លា ត្បិត មាណពនោះ មិនទំពាស៊ីនូវបន្លែ ដោយធ្មេញទាំងឡាយនោះទេ

អកក្កសំ អគ្គឡិតំ មុហុំ មុទុំ, ឧជុំ អនុទ្ធតំ អចបលមស្ស ភាសិតំ;

រុទំ មនុញ្ញំ ករវីកសុស្សរំ, ហទយង្គមំ រញ្ជយតេវ មេ មនោ។

សំដីរបស់មាណពនោះ និយាយ ឡើងមិនជាសំដីអាក្រក់ មិនភ្លាត់ ពីរោះ ស្រទន់ត្រង់ ៗ មិនរាយមាយ មិនឮកោកកាក ជាសំដីញ៉ាំងចិត្តឲ្យរីករាយ គួរចាប់ចិត្ត ដូចជាសំឡេង នៃសត្វករវិក យាសយំ ចិត្តរបស់ខ្ញុំត្រេកអរខ្លាំងណាស់ ។

ពិន្ទុស្សរោ នាតិវិសដ្ឋវាក្យោ, ន នូន សជ្ឈាយមតិប្បយុត្តោ;

ឥច្ឆាមិ ភោ តំ បុនទេវ ទដ្ឋុំ, មិត្តោ ហិ មេ មាណវោហុ បុរត្ថា។

(​មាណពនោះ) មានសំឡេងមូល មានពាក្យមិនសូវ ក្បោះក្បាយពេកទេ មិនមែន ជាអ្នក ខ្វល់ខ្វាយក្នុងការស្វាធ្យាយ (មន្ត) ដោយពិត ខ្ញុំចង់ឃើញមាណពនោះ ម្តងទៀត ត្បិត មាណព (នោះ) ជាមិត្តរបស់ខ្ញុំតាំងពីដម្បូងមក

សុសន្ធិ សព្វត្ថ វិមដ្ឋិមំ វណំ, បុថូ សុជាតំ ខរបត្តសន្និភំ;

តេនេវ មំ ឧត្តរិយាន មាណវោ, វិវរិតំ ឩរុំ ជឃនេន បិឡយិ។

ដំបៅ (ត្រង់ចន្លៅភ្លៅរបស់មាណពនោះ) ជិតស្និទ្ធល្អ រលីងស្អាតសព្វអន្លើ ក្រាស់ ក្បំល្អ ដូចជាផ្កាឈូកក្រពុំ មាណព (នោះ) គ្របសង្កត់ខ្ញុំដោយដំបៅនោះឯង សើយភ្លៅហើយ គាបខ្ញុំដោយស្មង

តបន្តិ អាភន្តិ វិរោចរេ ច, សតេរតា វិជ្ជុរិវន្តលិក្ខេ;

ពាហា មុទូ អញ្ជនលោមសាទិសា, វិចិត្រវដ្ដង្គុលិកាស្ស សោភរេ។

(ស្មើដូចមាស ដែល ផ្សាយចេញអំពីសរីរៈកាយ នៃមាណពនោះ) ភ្លឺត្រចះត្រចង់ ភ្លឺស្វាងរុងរឿង ភ្លឺផ្លេក ៗ ដូចជាផ្លេកបន្ទោរឆ្វៀលឆ្វាត់ លើអាកាស ដើមដៃទាំងពីរទន់ភ្លន់ មានរោមប្រហែលកេសរ ផ្កាអញ្ជ័ន មាណពនោះ មានម្រាមដៃមូល ៗ ដ៏វិចត្រល្អ

អកក្កសង្គោ ន ច ទីឃលោមោ, នខាស្ស ទីឃា អបិ លោហិតគ្គា;

មុទូហិ ពាហាហិ បលិស្សជន្តោ, កល្យាណរូបោ រមយំ ឧបដ្ឋហិ។

ម្យ៉ាងទៀត (មាណពនោះ) មានអវយវៈតូចធំ មិនរដិបរដុប (ដោយមុននិងបូស ជាដើម) ទេ មានរោមមិនវែងពេកទេ ឯក្រចករបស់ មាណពនោះ វែង មានចុងក្រហម ៗ (មាណពនោះ) មានរូបល្អ ឱបរិត (ខ្ញុំ) ដោយដើមដៃទាំងពីរដ៏ទន់ល្វន់ (ផ្គាប់ផ្គុនខ្ញុំ) ឲ្យ   រីករាយ

ទុមស្ស តូលូបនិភា បភស្សរា, សុវណ្ណកម្ពុតលវដ្ដសុច្ឆវិ;

ហត្ថា មុទូ តេហិ មំ សម្ផុសិត្វា, ឥតោ គតោ តេន មំ ទហន្តិ តាត។

ដៃទាំងពីរ របស់មាណពនោះ ដូចជាប៉ុយឈើ មានរស្មីផ្លេក ៗ មានបាតដៃមូល និងឆវីវណ្ណស្រស់បំព្រង ដូចផ្លែកញ្ចក់ ជាវិការៈនៃមាស មាពណនោះពាល់ខ្ញុំ ដោយដៃ ទាំងពីរនោះហើយ ទៅពីទីនេះទៅ បពិត្របិតា មាណពនោះ ដុតរោលខ្ញុំ (ឲ្យក្តៅក្រហាយ) ដោយសម្ជស្សនៃដៃនោះ

ន នូន សោ ខារិវិធំ អហាសិ, ន នូន សោ កដ្ឋានិ សយំ អភញ្ជិ;

ន នូន សោ ហន្តិ ទុមេ កុឋារិយា, ន ហិស្ស ហត្ថេសុ ខិលានិ អត្ថិ។

មាណពនោះ ប្រហែលជាមិនដែលនាំទៅនូវវត្ថុមានទម្ងន់មួយខារី (មួយអំរែក) ទេ មាណពនោះ មិនដែលពុះឧសទាំងឡាយខ្លួនឯងទេ មាណពនោះ មិនដែលកាប់ឈើ ទាំងឡាយ ដោយកាំបិតទេ បានជាដៃរបស់មាណពនោះ មិនក្រិនសោះ

អច្ឆោ ច ខោ តស្ស វណំ អកាសិ, សោ មំព្រវិ សុខិតំ មំ ករោហិ;

តាហំ ករឹ តេន មមាសិ សោខ្យំ, សោ ចព្រវិ សុខិតោស្មីតិ ព្រហ្មេ។

មានខ្លាឃ្មុំមួយធ្វើមាណព នោះឲ្យដំបៅ គេបាននិយាយនឹងខ្ញុំថា សូមឲ្យអ្នកធ្វើខ្ញុំឲ្យ បានសេចក្តីសុខស្រួល ខ្ញុំក៏បាន ធ្វើគាត់ឲ្យបានសុខស្រួលដោយអវយវៈដ៏ឧត្តមនោះរបស់ខ្ញុំ បពិត្របិតាដ៏ប្រសើរ មាណព នោះបាននិយាយប្រាប់ខ្ញុំថា ខ្ញុំបានសេចក្តីសុខស្រួលហើយ

អយញ្ច តេ មាលុវបណ្ណសន្ថតា, វិកិណ្ណរូបាវ មយា ច តេន ច;

កិលន្តរូបា ឧទកេ រមិត្វា, បុនប្បុនំ បណ្ណកុដឹ វជាម។

នេះកម្រាលនៃស្លឹកឈើទាល មានសភាពរាត់រាយ ដែលខ្ញុំនិងគេដេក ប្រកៀកប្រឱបលើគ្នា យើងទាំងពីរនាក់នោះអស់ កម្លាំងក៏ចុះងូតទឹក ហើយចូលទៅកាន់បណ្ណកុដិរឿយៗ

ន មជ្ជ មន្តា បដិភន្តិ តាត, ន អគ្គិហុត្តំ នបិ យញ្ញតន្តំ;

ន ចាបិ តេ មូលផលានិ ភុញ្ជេ, យាវ ន បស្សាមិ តំ ព្រហ្មចារឹ។

បពិត្របិតា ខ្ញុំមិនបានជួបនឹង ព្រហ្មចារីនោះ ដរាបណា មន្តទាំងឡាយមិនជាក់ ច្បាស់ដល់ខ្ញុំក្នុងថ្ងៃនេះផង ខ្ញុំមិនពេញចិត្ត នឹងការបូជាភ្លើងផង មិនពេញចិត្តនឹងការបូជាយ៍ញ្ញផង ទាំងមិនបរិភោគមើមឈើ និង ផ្លែឈើរបស់លោកផង ដរាបនោះ

អទ្ធា បជានាសិ តុវម្បិ តាត, យស្សំ ទិសំ វសតេ ព្រហ្មចារី;

តំ មំ ទិសំ បាបយ តាត ខិប្បំ, មា តេ អហំ អមរិមស្សមម្ហិ។

បពិត្របិតា ចំណែកលោកជ្រាបច្បាស់ប្រាកដ ព្រហ្មចារី (នោះ) នៅក្នុងទិសណា បពិត្របិតា សូម​លោកជូនខ្ញុំ​ទៅឲ្យដល់​ទិសនោះ​យ៉ាង​ឆាប់ កុំឲ្យខ្ញុំស្លាប់​ក្នុងអាស្រម របស់លោកឡើយ

វិចិត្រផុល្លញ្ហិ វនំ សុតំ មយា, ទិជាភិឃុដ្ឋំ ទិជសង្ឃសេវិតំ;

តំ មំ វនំ បាបយ តាត ខិប្បំ, បុរា តេ បាណំ វិជហាមិ អស្សមេតិ។

ដ្បិតខ្ញុំបានឮថា ព្រៃ (ជាទីនៅនៃព្រហ្មចារី នោះ) មានផ្ការីកស្គុះស្គាយដ៏វិចិត្រ ហើយជាទីអឹងកងដោយបក្សី ជាទីដែលពួកបក្សីនៅ អាស្រ័យ (ជានិច្ច) បពិត្របិតា សូមលោកជូនខ្ញុំទៅឲ្យដល់ព្រៃនោះឆាប់ៗ មុនខ្ញុំនឹងលះជីវិត ក្នុងអាស្រម របស់លោក

បណ្ដាបទទាំងនោះ បទថា ឥធាគមា បានដល់ បពិត្របិតា ជដិលអ្នកប្រព្រឹត្ត ព្រហ្មចរិយៈមកកាន់អាស្រមនេះ ។ បទថា សុទស្សនេយ្យោ បានដល់ មានរូបរាងគួរ  មើល ។ បទថា សុតនូ បានដល់ មានរូបរាងស្ដើងល្អ មិនស្គមពេក មិនធាត់ពេក ។ បទថា វិនេតិ សេចក្ដីថា រមែងញ៉ាំងអាស្រមឲ្យដល់ គឺឲ្យពេញពប្រៀបដោយរស្មីកាយរបស់ខ្លួន ប្រៀបដូច អាស្រមមានពន្លឺ ។ បទថា សុកណ្ហកណ្ហច្ឆទនេហិ ភោតោ សេចក្ដីថា បពិត្របិតា សីសៈ របស់មាណពនោះ មានពណ៌ខ្មៅស្រិល ដោយសរសៃសក់ដែលមាន ពណ៌ដូចកន្លង់ ព្រោះគ្របដណ្ដប់ដោយពណ៌ខ្មៅយ៉ាងស្អាត ដូចធ្វើដោយកែវមណីដែល ខាត់ដោយ ពណ៌ល្អហើយ ដូច្នោះ ។ បទថា អមស្សូជាតោ បានដល់ ជដិលនោះនៅ ជាកម្លោះ ពុកមាត់របស់គេ ទើបនៅមិនប្រាកដ ។ បទថា អបុរាណវណ្ណី បានដល់ ទើបតែ នឹងបួស ។ ប​ទថា អាធាររូបញ្ច បនស្ស កណ្ឋេ នេះ លោកពោលសំដៅដល់កែវមុក្ដាថា ក៏ជដិលនោះមានគ្រឿងប្រដាប់ដូច រូបជើងបាត្រសម្រាប់ទ្រភាជនៈភិក្ខារបស់ពួកយើងនៅ ត្រង់ក ។ បទថា គណ្ឌា នេះ លោក ពោលសំដៅដល់ដោះទាំងពីរខាង ។ បទថា ឧរេ សុជាតា បានដល់ កើតល្អហើយត្រង់ទ្រូង។ បាឋៈថា ឧរតោ ដូចនេះក៏មាន ។ បទថា បភស្សរា បានដល់ សម្បូរដោយរស្មី ។ បាឋៈថា បភាសរេ ដូចនេះក៏មាន សេចក្ដីថា រមែងភ្លឺ ។ បទថា ភុសទស្សនេយ្យំ ប្រែថា គួរមើលយ៉ាង ក្រៃលែង ។ បទថា កុញ្ចិតគ្គា នេះ លោកពោលសំដៅដល់ការគាបសក់ បទថា សុត្តញ្ច សេចក្ដីថា ខ្សែចងត្រង់ជដារបស់ ជដិលនោះ រមែងចាំងភ្លឺចញ្ចាច ។ ដោយបទថា សំយមានិ ចតស្សោ នេះ លោកសម្ដែង ដល់គ្រឿងប្រដាប់ ៤ យ៉ាងដែលធ្វើដោយកែវមណី មាស កែវប្រពាល និងប្រាក់ ។ បទថា តា បឹសរេ សេចក្ដីថា គ្រឿងប្រដាប់ទាំងនោះរមែងលាន់ឮ ក្រេងក្រាង ដូចហ្វូងបក្សីតិរិដិ ក្នុងវេលាដែលភ្លៀងធ្លាក់ ដូច្នោះ ។ បទថា មេខលំ ប្រែថា ខ្សែបចងចង្កេះ សម្រាប់ស្ត្រី ។ បាឋៈក៏យ៉ាងនេះដូចគ្នា ។ ពាក្យនេះលោកពោលសំដៅដល់ សំពត់ឈើ សរសៃប្រភេទខ្លះ សម្រាប់ស្លៀក ។ បទថា សន្ថរេ បានដល់ មិនមែនសំពត់ សំបកឈើ ។ មានពាក្យ ដែលលោកពោលអធិប្បាយទុកថា បពិត្របិតា ជដិលនោះមិនបាន ប្រើសំពត់ ដែលធ្វើ ដោយស្មៅយ៉ាប្លង ឬធ្វើដោយសំបកឈើ ដូចរបស់ពួកយើងឡើយ តែជដិលនោះ ប្រើសំបត់សរសៃឈើប្រភេទខ្លះពណ៌មាស ។ បទថា អខីលកានិ បានដល់ មិនទុំ មិនមានទង ។ បទថា កដិសមោហិតានិ បានដល់ ចងជាប់នៅត្រង់ចង្កេះ ។ បទថា និច្ចកីឡំ ករោន្តិ  សេចក្ដីថា សូម្បីនឹងមិនប៉ះផ្ទប់គ្នា តែក៏ដូចលេងនៅជានិច្ច ។ បទថា ហំ តាត ប្រែថា បពិត្របិតាដ៏ចម្រើន ។ បទថា កឹ រុក្ខផលានិ តានិ នេះ លោកពោល សំដៅដល់ កែវមណី និងសំពត់ស្ពាយថា ផ្លែឈើពួកនោះ ជាផ្លៃឈើប្រភេទអ្វី ដែលចង អំបោះជាចំណងជាប់នៅត្រង់ចង្កេះរបស់មាណពនោះ ។ បទថា ជដា លោក ពោលសំដៅ ដល់ផ្នួងសក់ដែលសៀតជាប់ដោយរតនៈ ជារបៀបបួងជុំវិញជដា ។ បទថា វេល្លិតគ្គា ប្រែថា មានចុងងឡើង ។ បទថា ទ្វេធាសិរោ បានដល់ សីសៈ របស់ជដិលនោះ មានជដា ដែលចង បែងដោយពណ៌ជាពីរចំណែក ។ បទថា តថា សេចក្ដីថា តាបស ប្រាថ្នាថា ជដារបស់ខ្ញុំ បិតាមិនបានចងឲ្យដូចជដារបស់មាណពនោះឡើយ ឱហ្ន៎ ! សូមឲ្យជដា សូម្បី របស់ខ្ញុំជា យ៉ាងនោះចុះ ដូចនេះ ទើបបានពោលទុកហើយ ។ បទថា ឧបេតរូបា បានដល់ ជដាមាន សភាវៈដែលប្រកបហើយ ។ បទថា វាតសមេរិតំ សេចក្ដីថា ក្លិនក្រអូប រមែងសាយភាយ ទៅក្នុងអាស្រមព្រៃសណ្ឌៈនេះ ដូចផ្កាឧប្បលខៀវដែល ត្រូវខ្យល់បក់ផាត់ សាយភាយក្លិនទៅ ដូច្នោះ ។ បទថា នេតាទិសោ  សេចក្ដីថា បពិត្របិតា ពណ៌សម្បុរសរីរៈ របស់ជដិលនោះគួរ មើលដ៏ក្រៃលែង ទាំងមានក្លិនក្រអូបផង សម្បុរកាយ របស់ខ្ញុំឡើយ ។ បទថា អគ្គគិម្ហេ  បានដល់ ក្នុងស​ម័យដើមរដូវភ្លៀង ។ បទថា និហន្តិ ប្រែថា រមែងវាយ ។ បទថា កឹ រុក្ខផលំ នុខោ តំ បានដល់ ផលឈើនោះ ជាផ្លែរបស់ ដើមឈើអ្វី ។ បទថា ន នូន សោ សាកមខាទិ តេហិ សេចក្ដីថា មាណពនោះ មិនបានទំពារ មើមដំឡូងនិង ផ្លៃឈើ ដោយធ្មេញទាំងនោះ ដូចពួកយើងឡើយ ។ តាបសនោះរមែងសម្ដែងថា ព្រោះ កាលពួកយើងនាំគ្នាទំពារផ្លែឈើទាំងនោះ ធ្មេះទើបមានពណ៌ដូចសំបកឈើ ។ បទថា អកក្កសំ សេចក្ដីថា បពិត្របិតា ពាក្យសម្ដីរបស់ តាបសនោះ សូម្បី នឹងនិយាយរឿយៗ ក៏រមែងមិនទ្រគោះ មិនឃ្លៀងឃ្លាត ស្រទន់ពីរោះ ជាពាក្យត្រង់ព្រោះ មិនភ្លេចភ្លាំង ជាពាក្យស្ងប់ព្រោះមិនចំបែងចិត្ត ជាពាក្យមិនរខេករខាក ព្រោះជាពាក្យមាំទាំ ។ បទថា រុទំ សេចក្ដីថា សំឡេង គឺសំឡេងរបស់គេដែលកំពុងនិយាយ រមែងចាប់ចិត្ត ជាសំឡេងល្អ ពីរោះផ្អែមល្ហែមដូចបក្សីករវិក ដូច្នោះ ។ បទថា ពិន្ទុស្សរោ បានដល់ សំឡេងរបស់គេ ស្រស់ស្រាយ ។ បទថា មាណវាហុ សេចក្ដីថា ព្រោះមាណពនោះ បានជាមិត្តរបស់ខ្ញុំ​ ។ បទថា សុសន្ធិ សព្វត្ថ វីមដ្ឋិមំ វណំ សេចក្ដីថា បពិត្របិតា ដំបៅមួយ មាននៅត្រង់រវាង ភ្លៅរបស់មាណពនោះ ដំបៅនោះមានស្នាមជិតស្និទ្ធល្អ សម្ផស្សល្អ រលោង ក្នុងទីទាំងពួង គឺរលោងដោយជុំវិញ ដូចមាត់ដំបៅដែលមានសិល្បៈ ។ បទថា បុថុ បានដល់ ធំ ។ បទថា សុជាតំ បានដល់ តាំងនៅសមល្អ ។ បទថា ខរបត្តសន្និភំ ប្រែថា ដូចត្របកផ្កាឈូក ។ បទថា ឧត្តរិយាន បានដល់ បិទបាំង គឺសង្កត់ ចុះ ។ បទថា បិឡយិ ប្រែថា ច្របាច់ ។ បទថា តបន្តិ សេចក្ដីថា រស្មីមានពណ៌ដូច មាសផ្សាយចេញអំពីសរីរៈរបស់មាណពនោះ រមែងភ្លឺស្វាង និងរុងរឿង ។ បទថា ពាហា បានដល់ សូម្បីដៃទាំងពីរខាងរបស់ជដិលនោះ ក៏ទន់ភ្លន់ ។ បទថា អញ្ជនលោមសទិសា បានដល់ ប្រកបដោយរោមទាំងឡាយ ដូចរោម ផ្កាអញ្ជ័ន ។ បទថា វិចិត្រវដ្ដង្គុលិកស្ស សោភរេ សេចក្ដីថា សូម្បីដៃទាំងពីរខាងរបស់ ជដិលនោះ ក៏ប្រកបដោយម្រាមដៃដែលរាងងស្អាត មានលក្ខណៈដែលវិចិត្រ ដូចសំពត់ រោមសត្វ ។ បទថា អកក្កសង្គោ បានដល់ មានអវយវៈតូចធំប្រាសចាករោគភ័យ មាន រោគរមាស់ ដែលបៀតបៀនជាដើម ។ បទថា រមយំ ឧបដ្ឋហិ សេចក្ដីថា បម្រុងបម្រើឲ្យ ខ្ញុំត្រេកអរ ។ បទថា តូលូបនិភា បានដល់ ជាសេចក្ដីឧបមាដល់សេចក្ដីទន់ភ្លន់ ។ បទថា សុវណ្ណកម្ពូតលវដ្ដសុច្ឆវី បានដល់ ផ្ទៃបាតដៃមូល និងមានពណ៌ល្អ ដូចផែនមាស អធិប្បាយថា មានផ្ទៃមូល និងមានពណ៌​ស្រស់ស្អាត ។ បទថា សម្ផុសិត្វា បានដល់ សម្ផស្សល្អ គឺប្រើដៃ​ទាំងពីររបស់​ខ្លួនស្ទាប អង្អែលធ្វើឲ្យសរីរៈ​រ​បស់ខ្ញុំ រសាប់រសល់ ។ បទថា ឥតោ គតោ បានដល់ ថ្វីបើខ្ញុំសម្លឹង មើលនោះឯង លោកក៏ចេញចាកទីនេះទៅហើយ ។ បទថា តេន មំ ទហន្តិ សេចក្ដីថា ដោយការឱបរិតនោះរបស់គេ ធ្វើឲ្យខ្ញុំរោលរាលរហូត ដល់ពេលនេះឯង អធិប្បាយថា ចាប់ផ្ដើមពីកាលដែលជដិលនោះ ចេញទៅហើយ យ៉ាងនោះ សេចក្ដីក្ដៅ​ក្រហាយរោលរាល ក៏បានកើតឡើងក្នុងសរីរៈរបស់ខ្ញុំ ដោយហេតុ នោះ ខ្ញុំទើប​ដល់សេចក្ដី​ទោមនស្ស ដេក​សញ្ជប់សញ្ជឹង​ហើយ ។ បទថា ន នូន សោ ខារិវិធំ  សេចក្ដីថា បពិត្របិតា មិនបានរែក ត្រាច់ទៅ​ដោយពិត ។ បទថា ខិលានិ បានដល់ អស់សេចក្ដីរឹងប៉ឹង ។ ម្យ៉ាងទៀត បាលីក៏យ៉ាងនេះដូចគ្នា បទថា សុខ្យំ បានដល់ សេចក្ដី សុខ ។ បទថា មាលុវបណ្ណសន្ថតា វិកិណ្ណរូបាវ សេចក្ដីថា បពិត្របិតា ទីដែល ក្រាលដោយស្លឹកជ្រៃដចដីខ្សាច់របស់លោក ក្លាយជាទីប្រឡាក់ប្រឡូស ដោយអំណាចខ្ញុំនិង ជដិលនោះ ស្ទាបអង្អែលអង្គជាត​នូវគ្នានឹងគ្នា ក្នុងថ្ងៃនេះ ដូចកញ្ឆក់កញ្ឆែង ដោយ​ការដេក​រមៀលទៅ​រមៀល​មក ដូច្នោះ ។ បទថា បុនប្បុនំ បណ្ណកុដឹ វជាម សេចក្ដីថា តាបសនោះ​និយាយថា បពិត្របិតា ខ្ញុំ និងជដិលនោះ អភិរម្យគ្នា​ហើយ ក៏ហត់នឿយ ចេញ​ចាក​បណ្ណសាលា នាំគ្នាទៅ​កាន់កំពង់ទឹក ត្រេកអរ​រីករាយហើយ ល្មមប្រាស​ចាកសេចក្ដី​ក្រវល់​ក្រវាយ​ហើយ ក៏ត្រឡប់ចូល​ទៅកាន់កុដិ​នេះឯងរឿយៗ ។ បទថា ន មជ្ជ មន្តា សេចក្ដីថា ថ្ងៃនេះ គឺតាំងតែកាល​ដែល​ជដិលនោះ ចេញអំពី​ខ្ញុំទៅហើយ មន្តទាំងឡាយ រមែង​មិន​ជាក់ច្បាស់ គឺរមែង​មិនប្រាកដ បានដល់រមែង ចូលចិត្តខ្ញុំឡើយ ។ បទថា ន អគ្គិហុត្តំ នបិ យញ្ញតន្តំ  សេចក្ដីថា សូម្បីកិរិយា​របស់យញ្ញមានឧជភ្លើង ក្នុងការបួងសួង ជាដើម ដែលគួរ​ធ្វើ​ដើម្បីត្រូវ​ការអង្វរ​កមហាព្រហ្ម រមែង​មិនជាក់ច្បាស់​ដល់ខ្ញុំ ខ្ញុំមិន​ចូលចិត្ត​ឡើយ ។ បទថា ន ចាបិ តេ សេចក្ដីថា ខ្ញុំមិន​ព្រមបរិភោគ សូម្បីនូវ​មូលផលាហារ​ដែលបិតា នាំមកហើយ ។ បទថា យស្សំ ទិសំ ប្រែថា ក្នុងទិសណា ។ បទថា វនំ បានដល់ ព្រៃឈើដែល​ដុះជុំ​វិញ​អាស្រម​​របស់​មាណព​នោះ ។

កាលតាបសនោះ និយាយរឿយនោះឯង ព្រះមហាពោធិសត្វ បានស្ដាប់ពាក្យនោះ ហើយ ក៏ជ្រាបថា សីលរបស់តាបសនោះ ត្រូវស្ត្រីនោះ​ទម្លាយឲ្យដាច់ ដូចនេះ កាលនឹង​ពោលប្រៀន​ប្រដៅតាបស​នោះ ទើបពោល​គាថា ៦ គាថា ថា

ឥមស្មាហំ ជោតិរសេ វនម្ហិ, គន្ធព្វទេវច្ឆរសង្ឃសេវិតេ;

ឥសីនមាវាសេ សនន្តនម្ហិ, នេតាទិសំ អរតឹ បាបុណេថ។

(ព្រះមហាសត្វ…) សេចក្តីពិតថា បុគ្គលមិនគួរដល់នូវសេចក្តីអផ្សុកបែបនេះ ក្នុងព្រៃដែលរុងរឿងដោយពន្លឺ ជាទីគឹកកងដោយពួកគន្ធព្វ និងស្រីទេពអប្សរ ជាទីនៅនៃឥសីទាំងឡាយ ជាព្រៃមានតាំងពីយូរយារណាស់ហើយនេះឡើយ

ភវន្តិ មិត្តានិ អថោ ន ហោន្តិ, ញាតីសុ មិត្តេសុ ករោន្តិ បេមំ;

អយញ្ច ជម្មោ កិស្ស វា និវិដ្ឋោ, យោ នេវ ជានាតិ កុតោម្ហិ អាគតោ។

មិត្តទាំងឡាយ មានខ្លះ មិនមានខ្លះ ជនទាំងឡាយគួរធ្វើនូវសេចក្តីស្រឡាញ់ ចំពោះញាតិ និងមិត្ត មនុស្សណាមិន ដឹងថា អាត្មាអញកើតមកពីណា មនុស្សនេះ គម្រក់ ត្រូវមាតុគ្រាមបង្វឹកបានទាំងថ្ងៃ ដោយហេតុអ្វី

សំវាសេន ហិ មិត្តានិ, សន្ធីយន្តិ បុនប្បុនំ;

ស្វេវ មិត្តោ អសំគន្តុ, អសំវាសេន ជីរតិ។

ធម្មតាមិត្តទាំងឡាយរមែងជាប់តគ្នា ដោយការនៅរួមរឿយៗ មិត្តនោះឯង រមែងលាកចិត្តដោយការមិនបាននៅរួមគ្នា របស់បុរស ដែលមិនបានទៅមករកគ្នា

សចេ តុវំ ទក្ខសិ ព្រហ្មចារឹ, សចេ តុវំ សល្លបេ ព្រហ្មចារិនា;

សម្បន្នសស្សំវ មហោទកេន, តបោគុណំ ខិប្បមិមំ បហិស្សសិ។

បើអ្នក ឃើញនូវព្រហ្មចារី (​នោះទៀត) បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះទៀត) អ្នកនឹង បំផ្លាញនូវតបោគុណនេះ យ៉ាងឆាប់ មិនខាន ដូចជាសន្ទូងដ៏ល្អបរិបូណ៌ ដែលទឹកធំបំផ្លាញ ដូច្នោះ

បុនបិ ចេ ទក្ខសិ ព្រហ្មចារឹ, បុនបិ ចេ សល្លបេ ព្រហ្មចារិនា;

សម្បន្នសស្សំវ មហោទកេន, ឧស្មាគតំ ខិប្បមិមំ បហិស្សសិ។

បើអ្នកនឹងឃើញនូវ ព្រហ្មចារី (នោះ) ទៀត បើអ្នកចរចាជាមួយនឹងព្រហ្មចារី (នោះ) ទៀត អ្នកនឹងបំផ្លាញនូវតេជះរបស់សមណៈនេះ យ៉ាងឆាប់មិនខាន ដូចជាសន្ទូងល្អ បិរបូណ៌ ដែល​ទឹកធំបំផ្លាញដូច្នោះ

ភូតានិ ហេតានិ ចរន្តិ តាត, វិរូបរូបេន មនុស្សលោកេ;

ន តានិ សេវេថ នរោ សបញ្ញោ, អាសជ្ជ នំ នស្សតិ ព្រហ្មចារីតិ។

នែកូនភូតទាំងឡាយនេះ តែងត្រាច់ទៅក្នុងមនុស្សលោក ដោយបែបភាពនៃរូបផ្សេង ជនអ្នកមានប្រាជ្ញា មិនត្រូវគប់រក​នឹងភូតទាំងឡាយនោះឡើយ បុគ្គលជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ តែងវិនាសទៅ (ព្រោះដល់) នូវការជាប់ជំពាក់ (នឹងភូតបែបនោះឯង)

បណ្តាបទទាំងនោះ បទថា ឥមស្មា បានដល់ ឥមស្មឹ ប្រែថា (ក្នុងព្រៃជោតិរស)   នេះ ។ ពាក្យថា ហិ ជានិបាត ។ បទថា ជោតិរសេ បានដល់ ក្នុងព្រៃដែលមានរស្មីភ្លឺ ទាំងអស់ ។ បទថា សនន្តនម្ហិ ប្រែថា ក្នុងកាលមុន ។ បទថា បាបុណេថ ប្រែថា (មិន) គួរឲ្យដល់ ។ មានពាក្យអធធិប្បាយដែលលោកពោលទុកថា បាអើយ ! កុលបុត្រដែលជា បណ្ឌិតនៅក្នុង ព្រៃមានសភាពបែបនេះ មិនគួរឲ្យអ្នកនៅជាក្មេងដូចនេះ ដល់សេចក្ដី ញាប់ញ័រ  អធិប្បាយ ថា មិនគួរឲ្យដល់ ។ បទថា ភវន្តិ សេចក្ដីថា ព្រះមហាពោធិសត្វ ពោលគាថានេះ ចំពោះមនុស្សដែលនៅខាងក្នុងប៉ុណ្ណោះ ។ សេចក្ដីក្នុងគាថានោះ មាន អធិប្បាយដូចតទៅនេះ ធម្មតាពួកមិត្តរបស់ពួកសត្វក្នុងលោក រមែងមានខ្លះ មិនមានខ្លះ ក្នុងបណ្ដាមនុស្សពួកនោះ ពួកដែលជាមិត្ត រមែងធ្វើសេចក្ដីត្រេកអរក្នុងពួកញាតិ និងពួក មិត្តរបស់ខ្លួន ។ បទថា អយញ្ច ជម្មោ បានដល់ (កុមារនេះ) ជាមិគសិង្គៈអាក្រក់ ។ បទថា កិស្ស វា និវិដ្ឋោ សេចក្ដីថា ព្រោះតម្លៃដែលខ្លួនកើតក្នុងផ្ទៃរបស់មិគី ហើយចម្រើនធំធាត់ ឡើងក្នុងព្រៃ ដោយហេតុអ្វី កុមារនោះទើបនៅជាមួយមាតុគ្រាម ដោយសំគាល់ថាជាមិត្ត ឡើយ ។ បទថា កុតោមិហិ អាគតោ សេចក្ដីថា កុមារនោះ រមែងមិនដឹងថាមនុស្សមាន ឋានៈមកយ៉ាងណា នឹងមិនស្រួលខ្លួន ពោលទៅអ្វីដល់ពួកញាតិនិងមិត្តឡើយ ។ បទថា បុនប្បុនំ សេចក្ដីថា បាអើយ ! ធម្មតាថា ពួកមិត្តរមែងស្និទ្ធស្នាលនឹងគ្នា គិតដល់គ្នារឿយៗ ព្រោះការនៅរួមគ្នា គឺ គប់រកគ្នា ។ បទថា ស្វេវ មិត្តោ សេចក្ដីថា មិត្តនោះឯង រមែង សូន្យទៅ គឺរមែងវិនាសទៅ ព្រោះការមិននៅរួម ពោលគឺការមិនសមាគមគ្នានោះ របស់បុរស ដែលមិនសមាគម ។ ពាក្យថា សចេ សេចក្ដីថា ព្រោះដូច្នោះ បាអើយ ! បើអ្នកបានឃើញ ព្រហ្មចារីនោះម្ដងទៀត ឬថាបាននិយាយជាមួយ ព្រហ្មចារីនោះ អ្នកនឹងលះ នឹងធ្វើឲ្យគុណ គឺតបធម៌របស់ខ្លួនឲ្យវិនាសទៅយ៉ាងឆាប់រហ័ស ដូចស្រូវមានផ្លែច្រើនល្អហើយ វិនាសទៅ ព្រោះទឹកជំនន់ ដូច្នោះ ។ បទថា ឧស្មាគតំ  ប្រែថា សមណតេជះ ។ បទថា វិរូបរូបេន ប្រែថា ដោយរូបប្លែកៗ ។ មានពាក្យ​ដែលលោក​ពោល អធិប្បាយថា ព្រះពោធិសត្វ​ពោល​ប្រៀន​ប្រដៅនូវ​បុត្រយ៉ាង​នេះថា ម្នាលកូន​សំឡាញ់ ក៏ភូត​ គឺពួកយក្ស​ទាំងនោះ រមែងត្រាច់​ទៅក្នុង​មនុស្សលោក​ដោយរូប​រាងរបស់ខ្លួន​ បិទបាំងរូប​ប្លែកៗ ក៏ដើម្បី​បរិភោគ​ពួកមនុស្ស​ដែលធ្លាក់​ទៅកាន់​អំណាច​របស់ខ្លួន នរជន​ដែល​មានបញ្ញា មិនគប្បី​គប់រកពួកភូត គឺ​យក្ស​ទាំងនោះ ព្រោះដល់​សេចក្ដីទាក់​ទាញដូច្នោះ ការប្រព្រឹត្ត​ព្រហ្មចរិយៈ រមែង​វិនាសទៅ អ្នក​ត្រូវ​នាង​យក្ខិណីនោះ​ឃើញហើយ តែនៅ​មិនត្រូវ​បរិភោគ។

តាបសនោះ បានស្ដាប់ពាក្យរបស់បិតាហើយ កើតសេចក្ដី​ភ័យខ្លាចថា ទើបតែ​ជ្រាបថា ស្ត្រីនោះ គឺនាងយក្ខិណី ទើបប្តូរ​ចិត្ត ហើយ​សូមខមាទោស​ឪពុកថា លោកឪពុក ខ្ញុំនឹង​មិនសូម​ទៅអំពីទីនេះ ឪពុក​លើកទោស​ឲ្យខ្ញុំផង ។ សូម្បី​ព្រះពោធិសត្វ​នោះ លួង​លោម​ឲ្យកូន​សប្បាយ​ចិត្តហើយ ទើបប្រាប់​ដល់វិធី​ចម្រើន​ព្រហ្មវិហារ​ថា មាណព​តូច អ្នកមក​ទីនេះ អ្នក​ចូរចម្រើន​មេត្តា ករុណា មុទិតា និង​ឧបេក្ខាចុះ ។ តាបសនោះ បដិបត្តិតាម​យ៉ាងនោះ ក៏ធ្វើ​ឈាន និងអភិញ្ញា​ឲ្យកើតឡើង​បានម្ដងទៀត ។

ព្រះសាស្ដា គ្រាទ្រង់នាំព្រះ​ធម្មទេសនា​នេះមកហើយ ទ្រង់ប្រកាស​សច្ចៈទាំងឡាយ ហើយ​ទ្រង់ប្រជុំ​ជាតក ។ ក្នុងវេលា​ចប់សច្ចៈ ឧក្កណ្ខិតភិក្ខុ តាំងនៅក្នុង​សោតាបត្តិផល ។ ព្រះរាជធីតា​ក្នុងកាល​នោះ បានមកជា​បុរាណទុតិយិកា ។ ឥសិសិង្គតាបស បាន​មកជា ឧក្កណ្ឋិតភិក្ខុ ចំណែក​ព្រះពោធិសត្វ​ដែល​ជាបិតា គឺតថាគតនេះឯង ។

ចប់និឡិនិកាជាតក ។

ប្រែដោយ ខេមរៈ អវតារ