សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

នឡបានជាតក

(ដើមបបុសមានថ្នាំងតែមួយ)

ព្រះសាស្តា កាលស្ដេចចារិក ទៅក្នុងដែនកោសល ដល់​ស្រុក​មួយ​ឈ្មោះ នឡកបានគ្រាម ទ្រង់​គង់​នៅ​ក្នុង​​កេតកវ័ន ជិតនឡក បាន​បោក្ខរណី ទ្រង់​ប្រារព្ធ ដើមបបុស​ទាំងឡាយ បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា ទិស្វា បទមនុត្តិណ្ណំ ដូច្នេះ​ជាដើម។

 

បានឮថា ក្នុងកាលនោះ ភិក្ខុទាំងឡាយ​មុជទឹក​ក្នុង​ស្រះបោក្ខរណី ឈ្មោះ​នឡកបានៈ ហើយ​ឲ្យពួក​សាមណេរ ដក​ដើមបបុស ដើម្បី​ធ្វើ​បំពង់ម្ជុល ឃើញ​ដើមបបុស​នោះ ជាបំពង់​រហូត (មិនមាន​ថ្នាំង តាំងអំពី​ចុង​ដល់​គល់) ទើបចូល​ទៅ​គាល់​ព្រះសាស្ដា​ ហើយ​ទូល​សួរថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពួកខ្ញុំ​ព្រះអង្គ​ឲ្យ​សាមណេរ​កាន់យក​ដើមបបុស​ទាំងឡាយ​មក ដើម្បី​ធ្វើ​បំពង់ម្ជុល ដើមបបុស​ទាំងនេះ ជាបំពង់​មិនមាន​ថ្នាំង​តាំងអំពី​គល់រហូត​ដល់ចុង តើព្រោះ​ហេតុអ្វី?

 

ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះ​ជាការ​អធិដ្ឋាន​ក្នុង​អតីត​របស់​តថាគត ហើយ​ទ្រង់នាំ​យក​អតីត​និទាន​មកសម្តែង​ដូចតទៅ​ថា

 

បានឮថា ក្នុងកាលមុន ត្រង់ទីនោះ​ជាព្រៃ។ មាន​អារក្ស​ទឹកមួយ តែង​ស៊ីមនុស្ស សត្វ​ ដែលចុះ​ទៅ​ក្នុង​ស្រះបោក្ខរណី (ក្នុងព្រៃ) នោះ។ ក្នុងកាលនោះ ព្រះពោធិសត្វ ជាស្តេចស្វា មាន​ទំហំប៉ុន​សត្វរមាំង ចោមរោម​ដោយពួក​ពានរ ៨ ម៉ឺន​ជាបរិវារ អាស្រ័យ​នៅក្នុង​ព្រៃនោះ។ ស្តេចស្វានោះ ទូន្មាន​ពួកពានរ​ទាំង​ឡាយថា នែបា​ទាំងឡាយ ក្នុងព្រៃនេះ មានដើម​ឈើ​ពុលខ្លះ មាន​ស្រះបោក្ខរណី​ដែលកើត​ឯង មាន​អមនុស្ស​ហួងហែង​រក្សាខ្លះ អ្នក​ទាំងឡាយ កាលទំពា​ស៊ីផ្លែ​ឈើតូចធំ​ដែលមិន​ធ្លាប់ស៊ី ឬកាល​បើផឹកទឹក​ដែល​មិនធ្លាប់​ផឹក ត្រូវសួរ​ខ្ញុំជាមុន។ ពួក​ពានរ​ទាំង​នោះ​ទទួល​ពាក្យថា សាធុ ហើយថ្ងៃ​មួយ ក៏ទៅ​ដល់ទី​ដែល​មិនធ្លាប់​ទៅ ត្រាច់ទៅ​ក្នុងទី​នោះច្រើន​ថ្ងៃ កាល​ស្វែងរក​ទឹក​ផឹក បានឃើញ​ស្រះបោក្ខរណី​មួយ តែមិន​ហ៊ាន​ចុះផឹកទឹក អង្គុយចាំ​ការមក​របស់​ព្រះពោធិសត្វ។ ព្រះពោធិសត្វ​មកដល់​ហើយ​សួរថា នែបា​ទាំងឡាយ ហេតុអ្វី​ទើបអ្នក​ទាំងឡាយ​មិនផឹកទឹក?

 

ពួកពានរឆ្លើយថា ពួកខ្ញុំរង់ចាំ​ការមក​របស់​លោក។

 

សេ្តចស្វាពោលថា នែបាទាំងឡាយ ពួកអ្នក​ធ្វើនេះ​ល្អ​ហើយ ទើបដើរ​ឆ្វែល​ស្រះបោក្ខរណី​នោះ កំណត់​ស្នាមជើង ឃើញតែ​ស្នាមជើង​ដែល​ចុះទៅ មិន​ឃើញ​ស្នាមជើង​ឡើងមក ព្រះពោធិសត្វ​ដឹង​ថា ស្រះ​បោក្ខរណី​នេះ មាន​អមនុស្ស​ហួងហែង ដោយឥត​សង្ស័យ ទើបពោលថា នែបា​ទាំងឡាយ អ្នក​ទាំង​ឡាយ មិន​ផឹកទឹក ឈ្មោះថា ប្រពៃហើយ ដ្បិតស្រះ​បោក្ខរណី​នេះ អមនុស្ស​ហួងហែង។

 

ចំណែកអារក្សទឹកដឹងថា ពានរ​ទាំងនោះ​មិន​ចុះ ក៏​សម្ដែង​ខ្លួន​ជាបុគ្គល​មានពោះ​ពណ៌ខៀវ មាន​មុខ​ពណ៌ស ដៃជើង​ពណ៌ក្រហម​ឆ្អិន មានរូប​រាង​គួរ​ខ្លាច ជ្រែក​ផ្ទៃទឹក​ឡើងមក​ពោលថា ព្រោះ​ហេតុអ្វី ទើប​ពួកអ្នក​អង្គុយ សូមចុះ​ក្នុង​ស្រះបោក្ខរណី​នេះ ផឹកទឹក​ចុះ។ លំដាប់នោះ ព្រះពោធិសត្វសួរ​អារក្សទឹក​នោះថា អ្នកជា​អារក្សទឹក​កើតនៅ​ក្នុងស្រះ​នេះឬ?

 

អារក្សទឹកឆ្លើយថា អើ យើងកើតក្នុងស្រះនេះ។

 

ព្រះពោធិសត្វសួរថា អ្នករមែង​ចាប់បុគ្គល​ដែលចុះ​ទៅក្នុង​ស្រះបោក្ខរណី​នេះឬ?

 

អារក្សទឹកឆ្លើយថា អើយើងចាប់ យើងមិនដោះ​លែង​អ្នកណា​មួយ​ឡើយ ដោយហោច សូម្បី​តែបក្សី​ដែល​ចុះក្នុង​ស្រះបោក្ខរណី​នេះ ឯ​អ្នក​ទាំង​អស់សោត យើង​ក៏នឹង​ទំពាស៊ី។

 

ព្រះពោធិសត្វពោលថា ពួកយើងមិនឲ្យ​អ្នកស៊ី​ពួក​យើង​ឡើយ។

 

អារក្សទឹកសួរថា អ្នកទាំងឡាយ​ផឹកទឹកនេះ មិនមែន​ឬ?

 

ព្រះមហាសត្វឆ្លើយថា អើ ពួកយើង​នឹងផឹក តែផឹក​ដោយ​មិនធ្លាក់​ក្នុងអំណាច​របស់អ្នក។

 

អារក្សទឹកសួរថា បើដូច្នោះ ពួកអ្នកនឹង​ផឹក​ដូចម្តេច?

 

ស្តេចពានរឆ្លើយថា អ្នកសម្គាល់ថា​យើង​នឹងចុះ​ផឹក​ទឹកឬ ដ្បិតថា ពួកយើង​នឹងមិន​ចុះទៅទេ យើងនឹង​ឲ្យ​ពានរ​ទាំង ៨ ម៉ឺន កាន់​កំណាត់​ដើមបបុស​មួយម្នាក់ ផឹកទឹក​ក្នុង​ស្រះបោក្ខរណី​របស់​អ្នក ដូចផឹកទឹក​ដោយ​ដើមឈូក​ដូច្នោះ កាលបើ​យ៉ាងនេះ អ្នកមិន​អាចស៊ី​ពួក​យើងបាន​ឡើយ។

 

ព្រះសាស្តា កាលទ្រង់ដឹងច្បាស់​សេចក្តីនេះ ទ្រង់ត្រាស់​ជា​ព្រះសព្វញ្ញូពុទ្ធ​ហើយ ទើបត្រាស់​ពីរ​បាទ​ដំបូង​នៃគាថា​នេះថា

 

ទិស្វា បទមនុត្តិណ្ណំ, ទិស្វានោតរិតំ បទំ។

យើងឃើញស្នាមជើងដែលមិនឡើង ឃើញតែ​ស្នាមជើង​ដែលចុះ។

 

សេចក្ដីនៃពាក្យរបស់គាថានោះ មានដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ស្តេចស្វានោះ មិនបាន​ឃើញ​ស្នាម​ជើង​ឡើងមក សូម្បី​តែមួយ ក្នុង​ស្រះបោក្ខរណី​នោះ បាន​ឃើញតែ​ស្នាមជើង​ចុះទៅ​ប៉ុណ្ណោះ កាល​ឃើញ​យ៉ាងនោះ គឺមិន​ឃើញស្នាម​ជើងឡើង ឃើញ​តែ​ស្នាមជើង​ចុះ ទើប​ដឹងថា ស្រះបោក្ខរណី​នេះ មាន​អមនុស្ស​ហួងហែង​ពិត កាលចរចា​ជាមួយ​អារក្សទឹក​នោះ ទើប​ពោលថា

 

នឡេន វារឹ បិស្សាម។

ពួកយើងនឹងផឹកទឹកដោយដើមបបុស។

 

សេចក្ដីនៃបាទគាថានោះថា ពួកយើងនឹងផឹក​ទឹក ក្នុង​ស្រះបោក្ខរណី​របស់អ្នក​ដោយ​ដើមបបុស។

ព្រះមហាសត្វពោលបន្តទៀតថា

 

នេវ មំ ត្វំ វធិស្សសិ។

(កាលធ្វើយ៉ាងនេះ) អ្នកនឹងសម្លាប់យើង​មិនបាន។

 

មានសេចក្ដីអធិប្បាយថា កាលយើង​ និង​បរិស័ទ​ផឹក​ទឹក​ដោយ​ដើមបបុស​យ៉ាងនេះ អ្នក​នឹងសម្លាប់​យើង​មិនបាន។

 

ព្រះពោធិសត្វ កាលពោល​យ៉ាងនេះហើយ ទើបឲ្យ​នាំដើម​បបុស​មួយ​ដើមមក ពិចារណា​ដល់​បារមី​ទាំងឡាយ ហើយធ្វើ​សច្ចកិរិយា យក​មាត់ផ្លុំ ដើមបបុស​ក៏ក្លាយទៅ​ជាបំពង់ តាំងអំពី​គល់​រហូត​ដល់​ចុង មិនមាន​ថ្នាំងក្នុង​ទីណាមួយ​ឡើយ។ ព្រះពោធិសត្វ​ឲ្យនាំ​ដើមបបុស​ដទៃៗមក ហើយ​ផ្លុំចែក​ហ្វូងស្វា​ទាំងឡាយ​ដោយទំនង​នេះ តែកាល​ធ្វើដូច​ពោល​មកនេះ មិនអាច​ឲ្យសម្រេច​បាន ព្រោះ​ដូច្នោះ មិន​គួរកាន់​យកយ៉ាង​នេះឡើយ។ ចំណែកព្រះ​ពោធិសត្វ អធិដ្ឋានថា ដើមបបុស​ទាំងអស់ ដែល​កើត​ជុំវិញ​ស្រះបោក្ខរណី​នេះ ចូរជា​បំពង់​ទាំងអស់ចុះ ព្រោះ​ឧបចារៈ​នៃប្រយោជន៍​របស់​ព្រះពោធិសត្វ​ទាំង​ឡាយ ជាសភាព​ក្រៃលែង ការ​អធិដ្ឋាន​រមែង​សម្រេច។ តាំង​អំពីនោះមក ដើមបបុស​ដែលកើត​ជុំវិញ​ស្រះបោក្ខរណី​នោះ​គ្រប់​ដើម ក៏ពុំមាន​ថ្នាំងជា​បំពង់​រហូត​មក។

 

ពិតហើយ ក្នុងកប្បនេះ ឈ្មោះថា បាដិហារិយ៍ ដែល​តាំងនៅ​អស់កប្ប មាន ៤ ប្រការ។

សួរថា តើបាដិហារិយ៍ ៤ ប្រការនោះ ដូចម្តេច?

ឆ្លើយថា គឺរូបទន្សាយក្នុងព្រះចន្ទ នឹងតាំងនៅ​អស់​មួយកប្ប ១ ស្ថានទីដែល​ភ្លើងរលត់​ក្នុង​វដ្តកជាតក ភ្លើង​មិនឆេះ​ក្នុងទីនោះ​អស់​មួយកប្ប ១ ស្ថានទី​ដែល​ជា​លំនៅ​របស់​ឃដិការស្មូនឆ្នាំង ភ្លៀង​ក៏មិន​ស្រក់​ចំត្រង់​ផ្ទះនោះ អស់​មួយកប្ប ១ ដើមបបុស​ដែល តាំងនៅ​ជុំវិញ​ស្រះបោក្ខរណី​នោះ ជាបំពង់​តែមួយ អស់​មួយកប្ប ១ ឈ្មោះថា បាដិហារិយ៍​ដែលតាំង​នៅ​អស់កប្ប។

 

ព្រះពោធិសត្វ កាលអធិដ្ឋាន​យ៉ាងនេះ​ហើយ ទើប​អង្គុយ​កាន់ដើម​បបុស​មួយ។ ចំណែក​ពួកពានរ​ទាំង ៨ ម៉ឺន ក៏កាន់​យកដើម​បបុសមួយ​ម្នាក់ៗ អង្គុយ​ជុំវិញ​ស្រះបោក្ខរណី។ ក្នុងវេលា​ដែល​ព្រះពោធិសត្វ​យក​ដើមបបុស​បឺតទឹក ពានរ​ទាំងនោះ ក៏អង្គុយ​ត្រង់​មាត់​ច្រាំងនៃ​ស្រះនោះ ហើយផឹកទឹក។ កាល​ពានរ​ទាំងនោះ​ផឹកទឹក​យ៉ាងនេះ អារក្សទឹក​មិនអាច​ចាប់​ពានរ​សូម្បី​តែមួយ ក៏ទោមនស្ស ហើយ​ទៅកាន់​និវេសន៍​របស់ខ្លួន។ ចំណែក​ព្រះពោធិសត្វ ព្រមទាំង​បរិវារ ក៏ចូល​ទៅកាន់​ព្រៃវិញ។

 

ព្រះសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឈ្មោះថា​ដើមបបុស​ទាំងឡាយ​នេះ ជាបំពង់​តែមួយ ជាការ​អធិដ្ឋាន​ក្នុង​កាលមុន​របស់​តថាគត​នោះឯង។

ព្រះសាស្តា បានទ្រង់នាំព្រះធម្មទេសនានេះ​មក​ហើយ ទ្រង់​បន្ត​អនុសន្ធិ ប្រជុំ​ជាតកថា

 

អារក្សទឹកក្នុងកាលនោះ បានមកជាទេវទត្ត

ពានរ ៨ ម៉ឺនក្នុងកាលនោះ បានមក​ជាពុទ្ធស័ទ ក្នុង​កាល​ឥឡូវ​នេះ

ចំណែកស្តេចពានរដែលឈ្លាសក្នុងឧបាយ​ក្នុងកាល​នោះ គឺ តថាគត នេះឯង៕

នឡបានជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត សីលវគ្គ បិដកលេខ ៥៨ ទំព័រ ៩)

ដោយ ស.ដ.វ.ថ.