។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

នន្ទិវិសាលជាតក

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឱមសវាទ គឺពាក្យគ្រោតគ្រាត ពាក្យពោលបញ្ឈឺចិត្ត ពាក្យចាក់ដោត​របស់ពួក​ឆព្វគ្គិយភិក្ខុ ទើបត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យផ្ដើមថា មនុញ្ញមេវ ភាសេយ្យ ដូច្នេះជាដើម ។

សេចក្ដីពិស្ដារថា សម័យនោះ ពួកឆព្វគ្គិយភិក្ខុបង្កនូវជម្លោះ គំរាមកំហែង ចាក់ដោត ជេរប្រទេចភិក្ខុទាំងឡាយ ដោយអក្កោសវត្ថុ ១០ យ៉ាង [អក្កោសវត្ថុ ១០ យ៉ាងគឺជាតិ ១ ឈ្មោះ ១ គោត្ដ ១ ការងារ ១ សិល្បសាស្ដ្រ ១ អាពាធ ១ ភេទ ១ កិលេស ១ អាបត្ដិ ១ ពាក្យជេរដ៏ថោកទាប​ ១ ។] (ពាក្យជាគ្រឿងជេរ) ។ ភិក្ខុទាំងឡាយក៏ក្រាលទូលសេចក្ដីនោះដល់ព្រះមានព្រះភាគ ។ ព្រះសាស្ដាទ្រង់ឲ្យហៅឆព្វគ្គិយភិក្ខុទាំងនោះមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នកបង្កនូវជម្លោះ ពិតមែនឬ ? កាលពួកឆព្វគ្គិយភិក្ខុ ទូលថា ករុណាព្រះអង្គ ពិតមែន ។ ព្រះមានព្រះភាគទ្រង់តិះដៀលហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វាចាគ្រោតគ្រាត នាំមកនូវសេចក្ដីវិនាស មិនជាទីស្រឡាញ់ សូម្បីតែសត្វតិរច្ឆាន ក្នុងកាលមុនតិរច្ឆានមួយ បានញ៉ាំងបុគ្គលដែល ហៅខ្លួនដោយពាក្យគ្រោតគ្រាត ឲ្យចាញ់ភ្នាល់អស់ទ្រព្យ ១ ពាន់ ហើយទ្រង់នាំ យកអតីតនិទានមកសម្ដែងដូចតទៅ ៖

ក្នុងអតីតកាល មានព្រះរាជាគន្ធារៈមួយព្រះអង្គ សោយរាជសម្បត្តិ ក្នុងនគរតក្កសិលា ដែនគន្ធារៈ ។ គ្រានោះ ព្រះពោធិសត្វកើតក្នុងកំណើតគោ ។ ក្នុងកាលដែលព្រះពោធិសត្វ នៅជាកូនគោនោះ ព្រាហ្មណ៍ម្នាក់​បាន​ព្រះពោធិសត្វ​បានអំពី​សំណាក់​របស់ទាយក​អ្នកឱ្យ​ទក្ខិណា ទើបដាក់​ឈ្មោះ​គោនោះថា នន្ទិវិសាល ហើយតាំង​ទុកក្នុង​ឋានៈជាកូន ដោយសេចក្ដី​ស្រឡាញ់ បានឱ្យបបរ និងភត្ត​ជាដើម​ចិញ្ចឹមរក្សា ។ ព្រះពោធិសត្វ​ចម្រើនវ័យ​ហើយគិតថា ព្រាហ្មណ៍នេះ ទំនុកបម្រុង​អញដោយលំបាក ឈ្មោះថា​គោដទៃដែល​មាន​សេច​ក្ដីព្យាយាម​ស្មើដូចអាត្មាអញ រមែងមិនមាន​ ក្នុងជម្ពូទ្វីប​ទាំងមូល បើដូច្នោះ អាត្មាអញ គប្បីបង្ហាញ​កម្លាំង​របស់ខ្លួន ហើយឱ្យថ្លៃ​ចិញ្ចឹមដល់​ព្រាហ្មណ៍ ។ ថ្ងៃមួយ ព្រះពោធិសត្វ​ពោលនឹង​ព្រាហ្មណ៍នោះថា បពិតព្រាហ្មណ៍ សូមលោកចូល​ទៅរក​គោវិត្តកសេដ្ឋី ហើយពោលថា គោរបស់ខ្ញុំ​អាចញ៉ាំងរទេះ ១០០ ដែលចងជាប់​គ្នាឱ្យទៅបាន ហើយចូរ​ដាក់ប្រាក់  ១ ពាន់ កហាបណៈ​ភ្នាល់ជា​មួយសេដ្ឋី​នោះចុះ ។ ព្រាហ្មណ៍​ក៏ទៅកាន់​សំណាក់សេដ្ឋី​សន្ទនាថា ក្នុងនគរនេះ តើគោ​របស់អ្នកណា​ដល់ព្រម​ដោយកម្លាំង ?

លំដាប់នោះ សេដ្ឋីក៏ពោលនឹងព្រាហ្មណ៍នោះថា គោឈ្មោះនោះ និងគោឈ្មោះឯណោះ  ហើយពោលបន្តថា ទូទាំងនគរ ឈ្មោះថាគោ​ទាំងឡាយ​ដែលស្មើនឹង​គោរបស់ខ្ញុំ​មិនមានទេ ។

ព្រាហ្មណ៍ពោលថា គោរបស់ខ្ញុំទើបជាគោខ្លាំង អាចអូសរទេះ ១០០ ដែលគេចងជាប់គ្នា ឱ្យទៅមុខបាន ។

សេដ្ឋីពោលថា នែគហបតី គោបែបនេះនឹងមានអំពីណា ?

ព្រាហ្មណ៍ពោលថា មានក្នុងផ្ទះរបស់ខ្ញុំ ។

សេដ្ឋីពោលថា បើយ៉ាងនោះ អ្នកហ៊ានភ្នាល់នឹងខ្ញុំបានដែរទេ ?

ព្រាហ្មណ៍ពោលថា ខ្ញុំភ្នាល់ដាក់ប្រាក់ ១ ពាន់កហាបណៈ ។ ព្រាហ្មណ៍នោះ ក៏ញ៉ាំងរទេះ ១០០ ឱ្យពេញដោយខ្សាច់ គ្រួស និងថ្ម តម្រៀបគ្នាតាមលំដាប់ ហើយចងដោយខ្សែសម្រាប់ចង ហើយឱ្យគោនន្ទិវិសាលនោះងូតទឹក ប្រោះដោយគ្រឿងក្រអូប​ ប្រដាប់នូវកម្រងផ្កាត្រង់ក ហើយទឹមគោ​តែមួយ​ប៉ុណ្ណោះ​នៅនឹង​រទេះ​ដំបូង ខ្លួនឯងអង្គុយលើទូករទេះ ងាជន្លួញឡើង ពោលថា នែអាគោកោង ចូរអូសទៅ នែអាគោកៀច ចូរនាំទៅ ។ ព្រះពោធិសត្វគិតថា ព្រាហ្មណ៍នេះ ហៅ​អញដែល​ជាគោមិនកៀចថា គោកៀច ទើបឈរជើងទាំង ៤ នៅស្ងៀម​ដូចសសរ ។ ខណ:នោះឯង គោវិត្តកសេដ្ឋីក៏ឲ្យព្រាហ្មណ៍នោះ នាំទ្រព្យមួយ​ពាន់​កហាបណៈមក ។ ព្រាហ្មណ៍ក៏ដោះលែង​គោហើយទៅផ្ទះ​របស់ខ្លួន ត្រូវសេចក្តី​សោកគ្រប​សង្កត់ ​ក៏ដេកមួយកន្លែង ។ គោនន្ទិវិសាល ត្រាច់ទៅហើយ ដើរ​មកឃើញ​​ព្រាហ្មណ៍ ​ត្រូវសេចក្តីសោកគ្របសង្កត់ ក៏ចូលទៅរកហើយ ពោលថា កឹ ព្រាហ្មណ និទ្ទាយសិ បពិតព្រាហ្មណ៍ លោកដេកលក់ ហើយឬ ?

ព្រាហ្មណ៍ពោលថា កុតោ មេ និទ្ទា សហស្សបរាជិតស្ស ខ្ញុំចាញ់​ភ្នាល់អស់​ប្រាក់ ១ ពាន់​កហាបណៈ តើនឹង​ដេកលក់​មកអំពីណា ?

ព្រះពោធិសត្វពោលថា បពិត្រព្រាហ្មណ៍ ខ្ញុំនៅក្នុងផ្ទះរបស់លោក អស់ កាលមានប្រមាណប៉ុណ្ណេះ ធ្លាប់ធ្វើ​ភាជនៈ​ណាមួយ​ឲ្យបែក ធ្លាប់ជាន់អ្នកណា ៗ ឬធ្លាប់​បន្ទោបង់​​ឧច្ចារបស្សាវៈ ក្នុងទីដែល​មិនសមគួរដែរឬ ?

ព្រាហ្មណ៍ពោលថា មិនមានទេ ។

លំដាប់នោះ គោនន្ទិវិសាល ក៏ពោលថា បើដូច្នោះ ព្រោះហេតុអ្វី​ ទើប លោក​ហៅ​ខ្ញុំដោយពាក្យថា​ អាគោកៀច នោះជាទោសរបស់លោកប៉ុណ្ណោះ មិនមែន​ជាទោសរបស់ខ្ញុំឡើយ សូម​លោក​ទៅកាន់សំណាក់របស់សេដ្ឋី ហើយ ភ្នាល់​ដោយទ្រព្យ ២ ពាន់កហាបណៈ ហើយសូមលោកកុំ​ហៅខ្ញុំ ដែល​ជា គោមិន​កៀចដោយពាក្យថា អាគោកៀចឡើយ ។ ព្រាហ្មណ៍​បានស្តាប់​ពាក្យ​របស់​គោនន្ទិវិសាលហើយ ក៏ទៅកាន់សំណាក់សេដ្ឋី ហើយភ្នាល់ដោយទ្រព្យ ២       កហាបណៈ ចងរទេះ ១០០ ជាប់តគ្នា ដោយន័យមុន​នោះឯង ប្រដាប់ គោនន្ទិវិសាល​ហើយទឹមក្នុងរទេះទីមួយ ។

សួរថា តើទឹមដូចម្តេច ?

ឆ្លើយថា ព្រាហ្មណ៍ទឹមគោនន្ទិវិសាលត្រង់នឹមម្ខាង ហើយចងនឹមម្ខាង​ទៀត ដោយខ្សែ​ជាប់នឹងទូក កាលបើចង​ខ្សែជាប់នឹងទូក នឹមក៏មិនកម្រើក កាលបើចងយ៉ាងនេះ នឹមមិនអាច​កម្រើកទៅខាង​នេះនិងខាងនោះ គោតែមួយ​​ប៉ុណ្ណោះក៏អាច​អូសបាន  ។ លំដាប់នោះ ព្រាហ្មណ៍អង្គុយលើទូករទេះ ស្ទាប​ខ្នងគោនន្ទិវិសាលថ្នម ៗ ហើយពោលថា ម្នាលគោដ៏ចម្រើន ចូរបាអូសទៅ ម្នាលគោដ៏ចម្រើន ចូរបាទាញទៅ ។ ព្រះមហាសត្វអូសរទេះ ១០០ ដែលចង ជាប់តគ្នា ដោយកម្លាំងតែម្តងប៉ុណ្ណោះ ធ្វើឲ្យរទេះ ដែលនៅក្រោយគេមកនៅ ត្រង់ទី​ដែលរទេះខាងមុខចត ។ គោវិត្តកសេដ្ឋីចាញ់ហើយដោយទ្រព្យ ២ ពាន់​កហាបណៈ  ក៏បានឲ្យប្រាក់ ២ ពាន់កហាបណៈដល់ព្រាហ្មណ៍ ។ មនុស្សដទៃ ក៏បានឲ្យទ្រព្យជាច្រើនដល់ព្រះពោធិសត្វ ទ្រព្យទាំងអស់នោះ បានជារបស់​ព្រាហ្មណ៍នោះឯង ព្រាហ្មណ៍អាស្រ័យព្រះពោធិសត្វ ទើបបានទ្រព្យជាច្រើន​ដោយប្រការដូច្នេះ ។ ព្រះបរមសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា ពាក្យគ្រោតគា្រត មិនជាទីពេញចិត្តរបស់បុគ្គលណាឡើយ ហើយទ្រង់​តិះដៀលពួកឆព្វគ្គិយភិក្ខុ ហើយទ្រង់បញ្ញត្តសិក្ខាបទ (ឱមសវាទសិក្ខាបទ) [វិនយបដិក មហាវិភង្គ បាចិត្តិយកណ្ឌ តតិយភាគ បិដកលេខ ៣ ទំព័រ ២៤០ ថា ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិបាចិត្ដិយៈ ។] កាលទ្រង់ត្រាស់ដឹងហើយ ទើបត្រាស់ព្រះគាថានេះថា

មនុញ្ញមេវ ភាសេយ្យ          នាមនុញ្ញំ កុទាចនំ

មនុញ្ញំ ភាសមានស្ស          គរុំ ភារំ ឧទទ្ធរិ

ធនញ្ច នំ អលាភេសិ           តេន ចត្តមនោ អហុ។

បុគ្គលគប្បីនិយាយពាក្យជាទីគាប់ចិត្តតែម្យ៉ាង មិនគប្បីនិយាយពាក្យមិន ជាទីគាប់ចិត្ត ក្នុងកាលណាឡើយ កាលព្រាហ្មណ៍​និយាយពាក្យ​ជាទីគាប់ចិត្ត (គោនន្ទិវិសាល) បានទាញភារៈ​ដ៏ធ្ងន់រួច ញុំាងព្រាហ្មណ៍នោះ​ឲ្យបាន​ទ្រព្យផង ជាសត្វមាន​ចិត្តរីករាយ​ដោយការ​ញុំាងព្រាហ្មណ៍​នោះឲ្យបាន​ទ្រព្យនោះផង ។

បណ្តាបទទាំងនោះ បទថា មនុញ្ញមេវ ភាសេយ្យ សេចក្តីថា បុគ្គល កាលពោលជាមួយអ្នកដទៃ គប្បីពោលចំពោះបិយវាចាប៉ុណ្ណោះ វាចាដែល ផ្អែមល្អែម ជាទីពេញចិត្ត វៀរចាកទោស ៤ ប្រការ ។

បទថា គរុំ ភារំ ឧទទ្ធរិ សេចក្តីថា គោនន្ទិវិសាល កាលព្រាហ្មណ៍ពោល​ពាក្យមិនជាទីគាប់ចិត្ត ក៏មិនអូសភារៈ កាលព្រាហ្មណ៍ពោលពាក្យជាទី​ស្រឡាញ់ ជាទីពេញចិត្ត ក្នុងពេលខាងក្រោយ ក៏អូសភារៈធ្ងន់ឲ្យដល់ទីបំផុត ឯ ទអក្ខរៈក្នុងបទថា ឧទទ្ធរិ នោះ ក្នុងគាថានេះ ជាអក្ខរៈ ធ្វើនូវការភា្ជប់បទ ដោយការភ្ជាប់នូវព្យញ្ជនៈនោះឯង ។

ព្រះបរមសាស្តា កាលទ្រង់នាំព្រះធម្មទេសនានេះមកថា មនុញ្ញមេវ ភាសេយ្យ ដោយប្រការដូច្នេះហើយ ទ្រង់បន្តអនុសន្ធិប្រជុំជាតកថា

ព្រាហ្មណ៍ ក្នុងកាលនោះ បានមកជាអានន្ទ ចំណែកគោនន្ទិវិសាល គឺ តថាគត​អរហន្តសម្មាសម្ពុទ្ធ នេះឯង ។

ចប់ នន្ទិវិសាលជាតក ។

 

ប្រែដោយ ខេមរ អភិធម្មាវតារ