សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

នច្ចជាតក

ព្រះសាស្តា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុអ្នក​មាន​ភណ្ឌៈ​ច្រើន​​មួយ​រូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា រុទំ មនុញ្ញំ ដូច្នេះ​ជាដើម។

 

រឿងជាតកនេះ ដូចគ្នានឹងរឿងដែលពោលទុកក្នុង​ទេវធម្មជាតក ខាងក្រោម​នោះ​ឯង។

 

ព្រះសាស្តា ត្រាស់សួរភិក្ខុថា ម្នាលភិក្ខុ បានឮថា អ្នកជា​បុគ្គល​មានភណ្ឌៈ​ច្រើន ពិតឬ? ភិក្ខុនោះ​ក្រាបទូលថា ករុណា ព្រះអង្គ។ ព្រះពុទ្ធ​ត្រាស់សួរថា ព្រោះហេតុអ្វី ទើបអ្នក​ជាបុគ្គល​មានភណ្ឌៈ​ច្រើន? ភិក្ខុនោះ គ្រាន់តែបាន​ស្តាប់ព្រះតម្រាស់​មាន​ប្រមាណ​ប៉ុណ្ណេះ ក៏ខឹង​ក្រោធ ហើយលះ​បង់​សំពត់​ស្លៀកដណ្តប់ គិតថា ឥឡូវនេះ អញនឹង​ត្រាច់ទៅ​ដោយ​ទំនង​នេះឯង ហើយបាន​ឈរនៅ ជា​បុគ្គល​អាក្រាត​ក្នុងទី​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះសាស្តា។ មនុស្ស​ទាំងឡាយ​នាំគ្នា​ពោលថា ធី ធី។ ភិក្ខុនោះ​ក៏រត់​ចេញទៅ​អំពី​ទីនោះ វិលមក​ភាព​ជាហីនភេទ។

 

ភិក្ខុទាំងឡាយអង្គុយប្រជុំគ្នាក្នុងរោងធម្មសភា នាំគ្នាពោល​ទោសភិក្ខុ​នោះថា ភិក្ខុ​នេះ ធ្វើកម្ម​មានសភាព​បែបនេះ ក្នុងទី​ចំពោះ​ព្រះភក្រ្ត​របស់​ព្រះសាស្តា។ ព្រះមាន​ព្រះភាគ​យាង​មកហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ ពួក​អ្នក អង្គុយ​សន្ទនា​គ្នាដោយ​រឿងអ្វី?

 

ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ភិក្ខុឈ្មោះ​នោះ លះបង់​ហិរិ និង​ឱត្តប្បៈ ជាបុគ្គល​អាក្រាត​ដូចក្មេង​អ្នកស្រុក ក្នុង​កណ្តាល​បរិស័ទ​ទាំង ៤ ក្នុងទី​ចំពោះ​ព្រះ​ភក្ត្រ​របស់ព្រះអង្គ (ក្លាយ​ជាបុគ្គល) ដែលមនុស្ស​ទាំងឡាយ​រង្កៀស វិលមក​រកភាព​ជាបុគ្គល​ថោកទាប សាបសូន្យ​ចាកសាសនា ពួកខ្ញុំ​ព្រះអង្គ​អង្គុយ​ប្រជុំគ្នា​ដោយការ​ពោល​ទោស មិនមែន​គុណ​របស់​ភិក្ខុនោះ។

 

ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ ដែលភិក្ខុ​នោះសាបសូន្យ​ចាក​រតនៈ គឺសាសនា ព្រោះភាព​ជាអ្នក​លះបង់​ហរិឱត្តប្បៈ​នោះ សូម្បី​ក្នុង​កាលមុន ក៏ជាអ្នក​សាបសូន្យ​ចាក​លាភរតនៈ គឺឥត្ថិរតនៈ ដូចគ្នា ហើយ​ទ្រង់នាំ​យក​អតីត​និទាន​មកសម្តែង​ដូចតទៅថា

 

ក្នុងអតីតកាល ក្នុងគ្រាបឋមកប្ប សត្វជើង ៤ ទាំងឡាយ បានតាំង​រាជសីហ៍​ឲ្យជា​ស្តេច ពួកត្រី​ទាំងឡាយ​ក៏តាំង​ត្រីឈ្មោះ​អានន្ទ​ឲ្យធ្វើជាស្តេច ពួកបក្សី​ក៏តាំង​សុវណ្ណហង្ស ឲ្យធ្វើ​ជាស្តេច។ ឯធីតា​របស់ស្តេច​សុវណ្ណហង្ស​នោះឯង ជាកូន​ហង្សមាន​រូបស្អាត ស្តេច​សុវណ្ណហង្ស​នោះ បានឲ្យ​ពរដល់​ធីតានោះ។ ធីតាហង្ស​សូមពរ គឺសូមជ្រើស​រើសស្វាមី​តាមគាប់​ចិត្ត​របស់ខ្លួន។ ស្តេចហង្ស​ឲ្យពរដល់​ធីតានោះ​ហើយ ឲ្យបក្សី​ទាំងពួង​ក្នុងព្រៃ​ហិមពាន្ត​ប្រជុំគ្នា ពួកបក្សី​ច្រើនប្រភេទ មានហង្ស ក្ងោក​ជាដើម មកព្រម​គ្នាហើយ​ប្រជុំគ្នា លើផ្ទាំង​ថ្មធំមួយ​កន្លែង។ ស្តេចហង្ស​ហៅធីតា​មកថា ចូរមក​ជ្រើសរើស​ស្វាមី​តាមគាប់ចិត្ត​របស់​នាងចុះ។ ធីតាហង្ស​នោះពិនិត្យ​មើលហ្វូងបក្សី បានឃើញ​ក្ងោកមាន​ផ្នួតកដូច​ពណ៌​កែវមណី មានរោម​កន្ទុយវិចិត្រ ទើបប្រាប់ថា បក្សីនេះ ចូរជា​ស្វាមី​របស់ខ្ញុំ។

 

ហ្វូងបក្សីទាំងឡាយ ក៏ចូលទៅរកក្ងោកនោះ ហើយ​ពោលថា នែសម្លាញ់​ក្ងោក រាជ​ធីតា​ហង្ស​ជ្រើសរើស​ស្វាមី ក្នុងកណ្តាល​ពួកបក្សី​មានប្រមាណ​ប៉ុណ្ណេះ បានញ៉ាំង​ការ​ពេញចិត្ត​ឲ្យកើតឡើង​ក្នុងអ្នក។ ក្ងោក​គិតថា ថ្ងៃនេះ ពួកបក្សី​គង់មិនទាន់​ឃើញ​កម្លាំង​របស់អញ ទើបទម្លាយ​ហិរិឱត្តប្បៈ ព្រោះមាន​ចិត្តត្រេកអរ​ខ្លាំងពេក ហើយ​ក៏ចាប់ផ្តើម​បើក​ស្លាប​ពេនពត់​ក្នុងកណ្តាល​ទីប្រជុំធំ រាំពត់​ពេនពេញ​កម្លាំង មិនមាន​បិទបាំង​កេរ្តិ៍ខ្មាស​ឡើយ។

 

ស្តេចសុវណ្ណហង្សខ្មាសគេ ហើយពោលថា ក្ងោកនេះ មិនមាន​ហិរិ​ដែលមាន​សមុដ្ឋាន​តាំងឡើង​ខាងក្នុង​ឡើយ ឱត្តប្បៈ​ដែលមាន​សមុដ្ឋាន​តាំងឡើង​ខាងក្រៅ តើនឹង​មាន​ដូចម្តេច? អញនឹងមិន​ឲ្យធីតា​របស់អញ​ដល់ក្ងោក​ដែលទម្លាយ​ហិរិឱត្តប្បៈ (នេះ​ឡើយ) ហើយ​ពោលគាថា​ក្នុងកណ្តាល​ហ្វូងបក្សីថា

 

រុទំ មនុញ្ញំ រុចិរា ច បិដ្ឋិ, វេឡុរិយវណ្ណូបនិភា ច គីវា;

ព្យាមមត្តានិ ច បេខុណានិ, នច្ចេន តេ ធីតរំ នោ ទទាមិ

សំឡេងយំ (របស់អ្នក) ក៏ពីរោះ ខ្នងក៏រុងរឿង មានសម្បុរ​ប្រហែលគ្នា​នឹងពណ៌​នៃកែវពិទូរ្យ ស្លាប​ទាំងឡាយ​ប្រមាណ​មួយព្យាម អញមិន​ឲ្យកូនស្រី​ដល់អ្នក ព្រោះតែ​ការរាំឡើយ      ។

 

បទថា រុទំ មនុញ្ញំ ក្នុងគាថានោះ លោកផ្លាស់ ត អក្ខរៈជា ទ អក្ខរៈ អធិប្បាយ​ថា សំឡេង​ដែលគួរ​ពេញចិត្ត គឺសំឡេង​ស្រែក​ដ៏ពីរោះ។ បទថា រុចិរា ច បិដ្ឋិ សេចក្តីថា ខ្នងរបស់​អ្នកក៏​វិចិត្រ​ស្រស់ល្អ។ បទថា វេឡុរិយវណ្ណូបនិភា ប្រែថា ដូចគ្នា​នឹងពណ៌​នៃ​កែវពិទូរ្យ។ បទថា ព្យាមមត្តានិ ប្រែថា មានប្រមាណ​មួយព្យាម។ បទថា បេក្ខុណានិ បានដល់ សំណុំ​កន្ទុយ។

 

បទថា នច្ចេន តេ ធីតរំ នោ ទទាមិ សេចក្តីថា ស្តេចហង្ស​ពោលថា យើង​មិនឲ្យ​ធីតា​របស់​យើង​ដល់អ្នក ដែលមិន​មាន​ហិរិឱត្តប្បៈ​បែបនេះ ព្រោះអ្នក​ទម្លាយ​ហិរិឱត្តប្បៈ ហើយ​រាំពត់ពេន​នោះឯង។ សេ្តចហង្ស​ពោលហើយ បានឲ្យ​ធីតា​ដល់កូន​ហង្ស​ដែលជា​ក្មួយរបស់​ខ្លួនក្នុង​កណ្តាល​បរិស័ទ​នោះឯង។ ក្ងោកមិន​បានធីតា​ហង្ស ក៏ខ្មាសគេ ទើប​ហើរ​គេចទៅ។ ចំណែក​ស្តេចហង្ស ក៏ទៅកាន់​លំនៅ​របស់​ខ្លួនវិញ។

 

ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​ទម្លាយ​ហិរិឱត្តប្បៈ ហើយ​វិនាស​ចាក​សាសនា គឺរតនៈ តែក្នុង​កាលឥឡូវ​នេះ​ប៉ុណ្ណោះ ក៏មិន​មែនទេ សូម្បី​ក្នុងកាល​មុន ក៏ជា​អ្នកវិនាស​ហើយ​ចាករតនៈ គឺស្រីកែវ​ដូចគ្នា។

 

ព្រះសាស្តា កាលនាំយកព្រះធម្មទេសនានេះ​មកហើយ ទ្រង់បន្ត​អនុសន្ធិ ប្រជុំ​ជាតកថា ក្ងោក​ក្នុងកាល​នោះ បានមកជាភិក្ខុ​មានភណ្ឌៈ​ច្រើន ចំណែកស្តេចហង្ស​ក្នុងកាល​នោះ គឺ តថាគត នេះឯង៕

ចប់ នច្ចជាតក៕

(ជាតកដ្ឋកថា សុត្តន្ដបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដលេខ ៥៨ ទំព័រ ១៥)

ប្រែដោយ ស.ដ.វ.ថ.