។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

នង្គលីសជាតក

ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ព្រះលោឡុទាយិត្ថេរ ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យផ្តើមថា អសព្វត្ថគាមឹ វាចំ ដូច្នេះជាដើម។

បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែលគួរ និងមិនគួរថា ក្នុងទីនេះ គួរ​ពោលធម៌​នេះ ក្នុងទីនេះ មិនគួរ​ពោលធម៌​នេះ ក្នុងមង្គលការ ក៏ពោល​អវមង្គល ធ្វើការ​អនុមោទនា​អវមង្គល​ថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេត​ទាំងឡាយ នាំគ្នាមក​ឈរនៅខាង​ក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះ ជាដើម។ លុះដល់​អវមង្គល ក៏ធ្វើការ​អនុមោទនា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតា និង​មនុស្ស​ទាំងឡាយ​ជាច្រើន បានគិត​រកនូវ​មង្គល​ទាំងឡាយ ជាដើម ហើយ​ពោល​ដដែល ៗ ថា សូមឲ្យ​អ្នកទាំងឡាយ​អាចធ្វើ​មង្គល​បែបនោះ​ឲ្យបាន ១ រយដង ១ ពាន់​ដងចុះ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿង​នេះឡើង​សន្ទនាគ្នា​ក្នុង​ធម្មសភាថា ម្នាលអ្នក​មានអាយុ​ទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌​ដែលគួរ និងមិនគួរ ពោលវាចា​ដែលមិន​គួរពោល​ទូទៅគ្រប់​ទីកន្លែង។ ព្រះបរមសាសា្ត ស្តេចយាង​មក ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយប្រជុំ​សន្ទនាគ្នា​អំពីរឿងអ្វី? កាលភិក្ខុ​ទាំងឡាយ​ក្រាបទូល​ឲ្យទ្រង់​ជ្រាបហើយ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែពេល​នេះទេ ដែល​លោឡុទាយី​នេះ​មិន​ឈ្លាសវៃ កាល​ពោលធម៌ ក៏មិន​ដឹងធម៌​ដែលគួរ និង​មិនគួរ​នោះ សូម្បីក្នុង​កាលមុន ក៏ជាអ្នក​និយាយ​ផ្តេសផ្តាស​ដូច្នោះដែរ ហើយ​ទ្រង់នាំ​យករឿង​ក្នុងអតីត​មកសម្តែង​ដូចតទៅថា

 

អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​នៅក្នុងនគរ​ពារាណសី ព្រះបរម​ពោធិសត្វ​បដិសន្ធិ​ក្នុងត្រកូល​ព្រាហ្មណ៍​មហាសាល ចម្រើនវ័យ​ហើយ រៀន​សព្វ​សិល្បវិទ្យា ក្នុងនគរ​តក្កសិលា បានជា​អាចារ្យ​ទិសាបាមោក្ខ​ក្នុងនគរ​ពារាណសី បង្រៀន​សិល្បវិទ្យា​ដល់​មាណព ៥០០ រូប។ គ្រានោះ បណ្តា​មាណព​ទាំងនោះ មានមាណព​ម្នាក់មិន​ឈ្លាសវៃ (បញ្ញា​ទន់ខ្សោយ) និយាយ​ផ្តេសផ្តាស ជា ធម្មន្តេវាសិក (សិស្សដែល​រៀនធម៌ ឬសិល្បសាស្ត្រ​ក្នុងសម្នាក់​អាចារ្យ) ប៉ុន្តែ​មិនអាច​រៀនបាន (រៀនមិនចេះ) ព្រោះជា​អ្នកអាប់​ឥតប្រាជ្ញា ប៉ុន្តែជាអ្នក​មានឧបការៈ​ចំពោះ​ព្រះបរមពោធិសត្វ ធ្វើកិច្ច​គ្រប់យ៉ាង​ដូច​ជាទាសៈ។ ថ្ងៃមួយ ព្រះពោធិសត្វ​បរិភោគ​អាហារល្ងាច​ហើយ​ សម្រាន្តនៅ​លើគ្រែ ពោលនឹង​មាណព​ដែលមក​ច្របាច់ដៃ ជើង និងខ្នងថា នែអ្នក​ដ៏ចម្រើន អ្នកជួយ​កល់ជើង​គ្រែឲ្យ​បន្តិចសិន សឹមទៅ។ មាណព​កល់​ជើងគ្រែ​ម្ខាងហើយ មិនមាន​អ្វីកល់​ជើងគ្រែ​ម្ខាងទៀត ក៏លើក​ដាក់លើភ្លៅ​របស់ខ្លួន​រហូត​មួយយប់។ ព្រះបរម​ពោធិសត្វ​ក្រោកឡើង​ពេលព្រឹក ឃើញ​មាណពនោះ​ក៏សួរថា នែអ្នកដ៏​ចម្រើន អ្នកអង្គុយ​ធ្វើអ្វី? មាណព​ឆ្លើយថា បពិត្រលោក​អាចារ្យ ខ្ញុំរកអ្វី​កល់ជើងគ្រែ​មិនមាន ទើបខ្ញុំ​លើកដាក់​លើភ្លៅ​របស់ខ្ញុំ​ហើយអង្គុយ។ ព្រះបរម​ពោធិសត្វសង្វេគ គិតថា មាណពនេះ​មានឧបការៈ​គុណ​ចំពោះ​អញក្រែលែង​ណាស់ ក្នុងក្រុម​មាណព​មានប្រមាណ​ប៉ុណ្ណេះ មាណពនេះ​ល្ងង់ជាងគេ រៀនសិល្បៈ​មិនចេះ ធ្វើដូច​ម្តេចហ្ន៎ ទើបធ្វើ​ឲ្យមាណព​នេះឈ្លាស​វៃបាន លុះគិត​ដូច្នោះហើយ ក៏មានគំនិតថា មាន​ឧបាយមួយ អញចាំ​សួរមាណព​នេះ ពេលដែល​មាណពនេះ​ទៅរក​ឧស រកបន្លែ​មកថា ថ្ងៃនេះ​អ្នកឃើញអ្វី? អ្នក​ធ្វើអី្វ? កាលបើដូច្នោះ មាណពនេះ​នឹងប្រាប់​អញថា ថ្ងៃនេះ​ខ្ញុំឃើញ​វត្ថុឈ្មោះនេះ ធ្វើកិច្ច​នេះ ពេលនោះ​អញនឹង​សួរថា កន្លែងដែល​អ្នកឃើញ កន្លែង​ដែលអ្នក​ធ្វើនោះ ដូចអ្វី? មាណពនេះ​នឹងប្រាប់អញ​ដោយឧបមា និងដោយ​ហេតុថា យ៉ាងនេះ ដោយវិធី​នេះ អញឲ្យ​មាណព​ពោលឧបមា និងដោយ​ហេតុហើយ នឹងធ្វើឲ្យ​មាណព​នោះឈ្លាសវៃ បានដោយ​ឧបាយនេះ (គិតដូច្នេះ​ហើយ) ទើបហៅ​មាណព​នោះ​មកប្រាប់ថា នែមាណព ចាប់ពី​ពេលនេះ​ទៅ ក្នុងទីកន្លែង​ដែលអ្នក​ទៅរកឧស និងរក​បន្លែនោះ អ្នកបានឃើញ បាន​បរិភោគ បានផឹក ឬ​បានទំពា​វត្ថុណា​ក្នុងទីនោះ ពេល​មកដល់​កន្លែង ត្រូវប្រាប់​វត្ថុនោះ​ដល់យើង។

មាណពនោះយល់ព្រមថា ប្រពៃហើយ​លោកអាចារ្យ។ ថ្ងៃមួយ មាណពទៅ​ព្រៃដើម្បី​រកឧស​ជាមួយ​នឹងមាណព​ទាំងឡាយ ឃើញពស់​ក្នុងព្រៃ ពេលត្រឡប់​មកវិញ​ ប្រាប់​អាចារ្យ​ថា បពិត្រ​លោក​អាចារ្យ ខ្ញុំឃើញ​ពស់។

អាចារ្យសួរថា នែមាណព ដែលឈ្មោះ​ថាពស់ ដូចអ្វី ?

មាណពឆ្លើយថា ដូចដង​នង្គ័ល។

អាចារ្យត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមា​ដែលអ្នក​នាំមកថា ពស់ដូច​ដងនង្គ័ល ជាទីពេញ​ចិត្តយើងហើយ។

គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមា​គួរពេញចិត្ត មាណព​នាំមកបាន អញអាច​នឹងធ្វើ​ឲ្យមាណព​នេះឆ្លាតបាន។ ថ្ងៃមួយ មាណពនោះ​បានឃើញ​ដំរីក្នុងព្រៃ ក៏មក​ប្រាប់ថា បពិត្រ​លោក​អាចារ្យ ខ្ញុំឃើញដំរី។

អាចារ្យសួរថា ដំរីដូចអ្វី ?

មាណពឆ្លើយថា ក៏ដូច​ដងនង្គ័លដែរ។

ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជា​ភ្លុកជាដើម អាចមាន​រូបរាង​ដូច្នេះបាន ប៉ុន្តែ​មាណពនេះ មិនអាច​ចែក ហើយពោល​ព្រោះខ្លួនល្ងង់ ប្រហែល​និយាយ​សំដៅយក​ប្រមោយដំរី ហើយក៏​នៅស្ងៀម។ ថ្ងៃមួយ មាណពនោះ​បានបរិភោគ​អំពៅក្នុង​ទីដែល​គេអញ្ជើញ​ទៅ ក៏មកប្រាប់ថា បពិត្រ​លោកអាចារ្យ ថ្ងៃនេះខ្ញុំ​បាន​បរិភោគ​អំពៅ។ កាលអាចារ្យ​សួរថា អំពៅ​ដូចអ្វី? ក៏ពោលថា ដូច​ដងនង្គ័ល។ ព្រះបរមពោធិ​សត្វគិតថា មាណពនេះ​ពោលហេតុ​ផលសម​គួរបន្តិច ហើយក៏​នៅស្ងៀម។ ថ្ងៃមួយទៀត ក្នុងទីដែល​បានទទួល​អញ្ជើញ មាណព​ពួកខ្លះ​បានបរិភោគ​ស្ករអំពៅ និង​ទឹកដោះជូរ ពួកខ្លះបរិភោគ​ស្ករអំពៅ និងទឹកដោះ​ស្រស់។ មាណព​នោះមកដល់​កន្លែងវិញ ប្រាប់​អាចារ្យថា បពិត្រ​លោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគ​ទឹកដោះជូរ​ផង ទឹកដោះស្រស់​ផង កាលត្រូវ​អាចារ្យ​សួរថា នែមាណព ទឹកដោះជូរ និងទឹក​ដោះស្រស់​ដូចអ្វី? ក៏ឆ្លើយថា ដូចដងនង្គ័ល។ ព្រះបរមពោធិសត្វ​ពោលថា មាណពនេះ កាលពោលថា ពស់ដូច​ដងនង្គ័ល ពោលបាន​ត្រឹមត្រូវ សូម្បី​ពោលថា ដំរីដូច​ដងនង្គ័ល ក៏អាច​ពោលបាន ដោយសំដៅ​យកប្រមោយ សូម្បីដែល​ពោលថា អំពៅដូច​ដងនង្គ័ល ក៏នៅសមគួរ ប៉ុន្តែ​ទឹកដោះជូរ ទឹកដោះស្រស់ ពណ៌ស​ជានិច្ច ទ្រទ្រង់ខ្លួន​ដោយភាជនៈ មិនគួរ​នឹងពោល​ឧបមាក្នុង​រឿងនេះបាន ដោយប្រការ​ទាំងពួង អញមិន​អាចឲ្យ​មនុស្សល្ងង់​ម្នាក់នេះ សិក្សាបាន ទើបពោល​គាថានេះថា

 

អសព្វត្ថគាមឹ វាចំ, ពាលោ សព្វត្ថ ភាសតិ;

នាយំ ទធឹ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។

 

បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរ​ពោលគ្រប់​យ៉ាងបាន ក្នុងទី​ទាំងពួង មាណព​នេះ​មិនស្គាល់​ទឹកដោះជូរ មិនស្គាល់​ដងនង្គ័ល​ឡើយ ទើប​សម្គាល់​នូវ​ទឹកដោះជូរ និង​ទឹកដោះ​ស្រស់ថា ដូចដង​នៃនង្គ័ល​ទៅវិញ។

ក្នុងគាថានោះ មានសេចក្តី​សង្ខេប​ដូច្នេះថា វាចាណា​ដែល​មិនសមគួរ​ក្នុងទី​ទាំងពួង​ដោយ​អំណាច​នៃឧបមា វាចា​ដែលមិន​សមគួរ​ក្នុងទី​ទាំងពួង​នោះ បុគ្គល​ពាលតែង​ពោលបាន​ក្នុងទី​គ្រប់អន្លើ ដូចត្រូវ​សួរថា ទឹកដោះជូរ​ដូចអ្វី? ក៏ឆ្លើយ​ភ្លាមថា ដូច​ដងនង្គ័ល កាលពោល​យ៉ាងនេះ ព្រោះមិន​ស្គាល់​ទឹកដោះជូរ និង​ទឹកដោះ​ស្រស់។

 

សួរថា ព្រោះហេតុអ្វី?

ឆ្លើយថា ព្រោះថា សូម្បីតែទឹកដោះជូរ ក៏គេសម្គាល់​ថាជា​ដងនង្គ័ល​បាន។ ន័យម៉្យាង​ទៀត ព្រោះគេសម្គាល់​ទឹកដោះជូរ និងទឹកដោះ​ស្រស់ថា ដូច​ដងនង្គ័ល មាណព​នេះល្ងង់​ដល់​កម្រិតនេះ ព្រះបរម​ពោធិសត្វ​គិតថា ប្រយោជន៍អ្វី​ដោយ​មាណពនេះ ទើប​ប្រាប់​អន្តេវាសិក​ទាំងឡាយ​ឲ្យស្បៀង​ហើយបញ្ជូន​មាណពនេះ​ឲ្យត្រឡប់​ទៅផ្ទះវិញ។

ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់​ប្រជុំជាតកថា

 

តទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព​ល្ងង់ក្នុងកាលនោះ បាន​មកជា​លោឡុទាយី។

ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសឹ ចំណែកអាចារ្យ​ទិសាបាមោក្ខ គឺ តថាគត​នេះឯង៕

ចប់ នង្គលីសជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥)

ប្រែដោយ ស.ដ.វ.ថ.