។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

នក្ខត្តជាតក

 (សេចក្តីចម្រើន​ និងប្រយោជន៍ឈ្មោះថាជានក្ខត្តឫក្ស)

កាល​ព្រះ​បរម​សាស្ដា​ចារ្យ​ទ្រង់​ប្រថាប់​ក្នុង​ព្រះ​វិហារ​ឈ្មោះ​ជេតវន ព្រះ​អង្គ​ទ្រង់​​ប្រារព្ធ​ចំពោះ​​នូវ​អាជីវក ១ រូប​ហើយ​​ទ្រង់​សម្ដែង​នូវ​​ព្រះ​ធម៌​ទេសនា​​នេះ​ថា នក្ខត្តំ បតិមានេន្តំ ដូច្នេះ​ (ជា​ដើម) ។

បាន​ឮ​​មក​ថា (ក្នុង​សម័យ​មួយ) មាន​កុល​បុត្រ​មួយ​នៅ​ក្នុង​នគ​សាវត្ថី​ ទៅ​ស្ដី​ដណ្ដឹង​​នាង​ធីតា​​នៃ​ត្រកូល​​មួយ​នៅ​​ក្នុង​ជន​បទ ដើម្បី​ផ្សំ​ផ្គុំ​នឹង​​បុត្រ​ប្រុស​របស់​ខ្លួន​​តាម​ប្រវេណី លោក​បាន​​ព្រម​ព្រៀង​គ្នា​ហើយ បាន​កំណត់​​វេលា​នឹង​​រៀប​មង្គល​ការ កាល​ជិត​ថ្ងៃ​​កំណត់​នោះ​​ហើយ​ កុល​បុត្រ​នោះ​​បាន​សាក​​សួរ​អាជីវក​ដែល​ធ្លាប់​មក​កាន់​​ត្រកូល​នៃ​ខ្លួន​ថា

បពិត្រលោកម្ចាស់ដ៏ចម្រើន យើងខ្ញុំ​នឹង​ធ្វើ​មង្គល​ការ​​កូន​ក្នុង​ថ្ងៃ​នេះ​ តើ​នក្ខត្តឫក្សល្អទេ ?

អាជីវក​ក្រោធខឹងអាក់អន់ចិត្ត​ថា ពួកនេះកាល​ពី​ដំបូង ​​មិន​សួរអញទេ ​គេ​មិន​យល់​យើង​​ជា​អ្នក​សិក្សា​​ស្ទាត់​ក្នុង​​ក្បួន​នោះសោះ បើ​ដូច្នោះ ​អញនឹងពោល​ប្រដៅអ្នក​ទាំងនេះ ហើយ​ពោល​ថា ​នែ​អ្នកទាំងឡាយ ​ថ្ងៃ​នេះ នក្ខត្តឫក្សមិនល្អទេ អ្នកទាំងឡាយ ​កុំ​ធ្វើ​មង្គល​ការ​​ក្នុង​ថ្ងៃ​នេះ​ឡើយ បើ​អ្នកទាំងឡាយ​​នៅតែធ្វើ​ ក៏​នឹង​ដល់​នូវ​​សេចក្ដី​វិនាស​​ធំ​មិន​ខាន។

មនុស្សទាំងឡាយក្នុងត្រកូល​នោះ ​ធ្លាប់​ជឿ​អាជីវក​នោះ​​ណាស់​ មិនទៅ (ទទួលកូនក្រមុំ) ក្នុងថ្ងៃនោះឡើយ ។ ចំណែក​ឯ​ត្រកូល​​ខាង​ស្រី​​ដែល​នៅ​​ក្នុង​ជន​បទនោះ ក៏​រៀប​ចាត់​ចែង​​ប្រុង​ប្រៀប​​បម្រុង​ទុក​​ស្រេចនូវកិរិយា​ជាមង្គល​ទាំងពួង​សម្រាប់អ្នក​ក្រុង  (ហើយ​អង្គុយ​​ចាំ​មើល​ផ្លូវ​​ជន​ដែល​​នៅ​ក្នុង​នគរ) លុះមិនឃើញ​ដំណើរមក​របស់អ្នក​ក្រុងទាំងនោះ ក៏​គិត​ថា ថ្ងៃនេះ ​ជន​នៅ​​ក្នុង​នគរ​​គេ​កំណត់​ថ្ងៃ​ដោយ​ខ្លួន​ឯង គេច​ជា​​មិន​មក​វិញ​​ក៏ដោយ​ខ្លួន​ឯង (ធ្វើ​ឲ្យ​​យើង​បង់​គំនិត) របស់​នឹង​រៀប​បម្រុង​​ក៏​នឹង​ទៅ​​ជា​ឥត​​ប្រយោជន៍​ទទេ យើងនឹង​លើក​​នាង​ធីតារបស់​យើង ​ឲ្យ​ទៅ​ត្រកូលដទៃ ដូច្នេះហើយ ក៏បានរៀប​មង្គល​ការ​ធីតានោះ ឲ្យទៅត្រកូលដទៃ​ទៅ ។

ឯ​ជន​ដែល​នៅ​ក្នុង​នគរ ​ក៏​រៀប​ដំណើរ​​មក​ក្នុង​ថ្ងៃ​ដទៃ ​ហើយ​ពោលថា អ្នកទាំងឡាយ ចូរឲ្យទារិកាដល់យើង ។

លំដាប់នោះ ​ពួកអ្នកនៅក្នុងក្រុងសាវត្ថី ជេរផ្ដាសានូវពួកអ្នក​ក្រុងថា អ្នកទាំងឡាយជា​គហបតី ជាមនុស្សអាក្រក់ សមតែជាមនុស្ស​អ្នករស់នៅក្រៅស្រុក ពួកលោកបាន​​កំណត់ថ្ងៃ​​ដោយខ្លួនឯង ហើយមិន​មកដោយ​មើលងាយ អ្នកទាំងឡាយ​មកដោយផ្លូវណា ចូរត្រឡប់ទៅ​វិញដោយ​ផ្លូវនោះចុះ ព្រោះយើងបាន​ឲ្យទារិកានោះ​ទៅត្រកូល​ដទៃហើយ ។

ជន​ដែល​​នៅ​ក្នុង​នគរ បានធ្វើការឈ្លោះប្រកែកគ្នា​នឹងពួកអ្នកនៅ​ជនបទនោះ កាលមិនបាន​នូវទារិកា ក៏ទៅតាមផ្លូវ​ដែលខ្លួនមកនោះឯង ។

រឿងដែលអាជីវកនោះ ធ្វើអន្តរាយ​ដល់មង្គលការ​របស់មនុស្សទាំងឡាយ​នោះ ក៏បានប្រាកដ​ដល់ភិក្ខុទាំងឡាយ ។

ជន​ដែល​នៅ​ក្នុង​នគរ​ដឹង​​កំហុស​របស់​ខ្លួន​ ​ទាល់​គំនិត​សូរ​បង់​ខាត មិន​បាន​នាងធីតា​​ខាត​បង់​ទាំង​​បណ្ដា​ការ​​យ៉ាង​ធំ​វិល​មក​​វិញ​ដៃ​ទទេ ។ ភិក្ខុ​ទាំងឡាយនោះ បានអង្គុយ​ប្រជុំគ្នាក្នុង​ធម្មសភា សន្ទនាគ្នាថា ម្នាលអាវុសោទាំងឡាយ អាជីវក​បានធ្វើអន្តរាយ​ដល់មង្គល​របស់ត្រកូលនោះ ។

ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ​និយាយគ្នាអំពីរឿងអ្វី ?

ភិក្ខុទាំងនោះទូលថា ដោយរឿងនេះ ព្រះអង្គ ។

ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ ដែលអាជីវកនោះ បានធ្វើអន្តរាយ​ដល់មង្គលនៃ​ត្រកូលនោះ សូម្បីក្នុងកាលមុន អាជីវកនោះ ក៏ក្រោធខឹង​ហើយបាន​ធ្វើអន្តរាយ​ដល់មង្គល​នៃត្រកូលនោះដែរ ដូច្នេះហើយ ទើបទ្រង់នាំ​អតីតនិទាន​មកសម្ដែង (ដល់ភិក្ខុទាំងឡាយ) ថា ៖

ក្នុងអតីកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុង​នគរពារាណសី មានត្រកូល​មួយជាអ្នករស់​នៅក្នុងក្រុងបាន​ទៅស្ដីដណ្ដឹងធីតា​របស់អ្នកនៅជនបទ កំណត់ថ្ងៃ​ហើយបានសួរ​អាជីវកដែលស្និទ្ធស្នាល​នឹងត្រកូល​របស់ខ្លួនថា បពិត្រលោកម្ចាស់ ថ្ងៃនេះ ពួកយើងខ្ញុំនឹងធ្វើនូវមង្គលការកូន តើថ្ងៃនេះជាថ្ងៃល្អទេ ?

អាជីវកនោះក្រោធខឹងហើយក៏គិតថា ពួកអ្នកទាំងនេះកំណត់ថ្ងៃ​ដែលខ្លួនពេញចិត្ត​ហើយ ឥឡូវនេះទើបសួរយើង ថ្ងៃនេះ យើងនឹងធ្វើអន្តរាយ​ដល់មង្គលសម្រាប់​ត្រកូលនេះ ដូហើយពោលថា ថ្ងៃនេះជាថ្ងៃមិនល្អទេ បើអ្នកទាំងឡាយនៅតែធ្វើ ប្រាកដជាមានសេចក្ដីវិនាសដ៏ធំ ។

មនុស្សទាំងឡាយក៏ជឿស្ដាប់តាមពាក្យរបស់អាជីវក ហើយក៏មិនបានទៅ (ទទួលកូនក្រមុំ) ។ អ្នកជនបទទាំងឡាយ បានដឹងនូវការ​មិនមករបស់អ្នកក្រុង ក៏គិតថា ថ្ងៃនេះ អ្នកក្រុងបានកំណត់ថ្ងៃ (ដោយខ្លួនឯង) ហើយមិនមក ហេតុអ្វីត្រូវចាំអ្នកទាំងអស់នោះ យើងនឹងឲ្យធីតានេះទៅដល់ត្រកូលដទៃ ដូច្នេះហើយ ក៏បានឲ្យធីតារបស់ខ្លួនដល់ត្រកូលទៅ ។

ក្នុងថ្ងៃស្អែកឡើង ទើបអ្នកក្រុងបានទៅសូមនាងទារិកា ។ អ្នកជនបទពោលថា ពួកអ្នកជាក្រុង ប៉ុន្តែជាគហបតី​ដែលមិនមាន​សេចក្ដី​ខ្មាសអៀន កំណត់ថ្ងៃ​ហើយ មិនមកទទួល​នាងទារិកា ពួកយើងបានឲ្យ​នាងទារិកានេះ​ទៅត្រកូល​ដទៃហើយ ព្រោះតែអ្នកមិនមក ។

ពួកអ្នកក្រុងពោលថា យើងបានសួរអាជីវករបស់យើង (ដឹងថា) ថ្ងៃនោះជា​នក្ខត្តឫក្សមិនល្អ ទើបមិន​បានមក សូមលោកចូរ​ឲ្យទារិកាដល់​ពួកយើងចុះ ។

អ្នកជនបទពោលថា ព្រោះតែអ្នកទាំងឡាយមិនមក ពួកយើងបាន​ឲ្យនាងទារិកា​ដល់ត្រកួល​ដទៃហើយ ឥឡូវនេះ យើងនឹងនាំ​ទារិកាដែល​បានឲ្យទៅ​គេហើយ​នោះ ដូចម្ដេចបាន ។

កាលមនុស្សទាំងឡាយឈ្លោះប្រកែកគ្នាយ៉ាងនេះ  មានបុរសជា​បណ្ឌិតម្នាក់ ជាអ្នករស់នៅ​ក្នុងក្រុងដែល​បានទៅជនបទ​ដោយកិច្ចការ​អ្វីមួយ បានឮពួក​អ្នកក្រុងពោលថា ពួកយើងបានសួរអាជីវក ហើយពួកយើង​មិនមកព្រោះ​ភាពមិនល្អនៃ​នក្ខត្តឫក្ស ដូច្នេះហើយ បណ្ឌិតបុរស​នោះក៏ពោលថា នក្ខត្តេន កោ អត្ថោ, ននុ ទារិកាយ លទ្ធភាវោវ នក្ខត្តំ ប្រយោជន៍អ្វី​ដោយនក្ខត្តឫក្ស ? ភាពជាអ្នកបាន​នាងទារិកានោះ ជានក្ខត្តឫក្ស​ហើយតើ ។ ដូច្នេះហើយ បានពោល​គាថានេះថា

នក្ខត្តំ បតិមានេន្តំ,        អត្ថោ ពាលំ ឧបច្ចគា;

អត្ថោ អត្ថស្ស នក្ខត្តំ,    កឹ ករិស្សន្តិ តារកា។

ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ ដែលរាប់អាននក្ខត្តឫក្ស (ព្រោះថា) សេចក្តីចម្រើន​​នៃប្រយោជន៍ ឈ្មោះថាជា​នក្ខត្តឫក្ស (ហើយតើ) ឯផ្កាយ​ទាំងឡាយ​ នឹងធ្វើអ្វីបាន ។

បណ្ដាពាក្យទាំងនោះ ពាក្យថា អ្នកដែលរាប់អាន មានន័យថា អ្នកដែលសម្លឹងមើល នូវការមករបស់​នក្ខត្តឫក្សថា ឥឡូវនេះ នក្ខត្តឫក្សនឹងមាន ឥឡូវនេះ នក្ខត្តឫក្សនឹងមាន ។ ពាក្យថា ប្រយោជន៍​រមែងកន្លង​បង់នូវ​មនុស្សល្ងង់ មានន័យថា ប្រយោជន៍​ពោលគឺការ​បាននាង​ទារិកា រមែងកន្លង​បង់នូវអ្នក​ក្រុងជា​មនុស្សល្ងង់​ខ្លៅនោះ ។ ពាក្យថា សេចក្តីចម្រើន​​នៃប្រយោជន៍ ឈ្មោះថាជា​នក្ខត្តឫក្ស មានន័យថា បុគ្គលតែង​ត្រាច់ទៅស្វែង​រកប្រយោជន៍​ណា ប្រយោជន៍​ដែលបុគ្គល​បាននោះឯង ឈ្មោះថាជា នក្ខត្តឫក្ស ។ ពាក្យថា ឯផ្កាយទាំងឡាយ​នឹងធ្វើអ្វីបាន មានន័យថា ផ្កាយទាំងឡាយ​ក្នុងអាកាស​នឹងធ្វើអ្វី អធិប្បាយថា ផ្កាយទាំងឡាយ​នោះ នឹងឲ្យសម្រេច​ប្រយោជន៍ដូចម្ដេច ។

ពួកអ្នកក្រុងបានធ្វើការឈ្លោះទាស់ទែង (យ៉ាងនេះហើយ) កាលមិនបាន​នាងទារិកា ទើបនាំគ្នាត្រឡប់ទៅវិញ ។

ព្រះ​បរម​លោក​នាថ​សាស្ដា​ចារ្យ ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា​ថា ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អាជីវក​ដែល​ធ្វើ​​មង្គល​ការ​របស់​ជន​​ដែល​នៅ​ក្នុង​​នគរ​ឲ្យ​អន្តរាយ មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ  សូម្បីក្នុងកាលមុន អាជីវក​នេះ ​ក៏ធ្លាប់​បំផ្លាញ​យ៉ាង​នេះដែរ ។ ព្រះមានព្រះភាគ បាននាំ​ព្រះធម្មទេសនានេះ​មកហើយ ​ទ្រង់តអនុសន្ធិ ​​ប្រជុំ​ជាតកថា

តទា អាជីវកោ ឯតរហិ អាជីវកោវ អហោសិ ​អាជីវក​ក្នុង​កាល​នោះ​មក​ជា​អាជីវក​ឥឡូវ​នេះ ។

តានិបិ កុលានិ ឯតរហិ កុលានិយេវ ត្រកូល​ទាំង​ឡាយ​​ក្នុង​កាល​នោះ មក​ជា​ត្រកូល​​ទាំង​ឡាយ​ក្នុង​ឥឡូវ​នេះ ។

គាថំ វត្វា ឋិតោ បណ្ឌិតបុរិសោ បន អហមេវ អហោសិ  ព្រះ​មហា​បុរស​​ដែល​ពោល​នូវ​​ព្រះ​គាថានោះ (​មិន​គឺ​អ្នក​​ឯ​ណា​ដទៃ​​ឡើយ) គឺ​អង្គ​អញ​​តថាគត​នេះ​ឯង​។

នក្ខត្តជាតក ចប់ ។

(អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គទី ៥ នក្ខត្តជាតកទី ៩ បិដកលេខ ៥៨ ទំព័រ ២២)

ប្រែដោយ ខេមរ អភិធម្មាវតារ