។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

នកុលជាតក

ព្រះបរមសាស្ដា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការឈ្លោះគ្នានៃអាមាត្យ ទើបត្រាស់ព្រះធម្មទេសនានេះ ដែលមានពាក្យថា សន្ធឹ កត្វា អមិត្តេន ដូច្នេះជាដើម ។

រឿងរ៉ាវទាំងអស់ ដូចរឿងដែលបានពោលទុកហើយក្នុង ឧរគជាតក ខាងដើមនោះដែរ ។

សូម្បីក្នុងរឿងនេះ ព្រះបរមសាស្តាក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនមែនធ្វើឲ្យមហាមាត្យទាំងពីរនាក់សាមគ្គីគ្នា តែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏តថាគតបានធ្វើឲ្យមហាមាត្យទាំងពីរនាក់នេះ សាមគ្គីគ្នាដែរ ហើយទើបទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងក្រុងពារាណសី ព្រះបរមពោធិសត្វបដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ ក្នុងស្រុកមួយ លុះចម្រើនវ័យហើយ បានទៅរៀនសិល្បៈទាំងពួងក្នុងនគរតក្កសិលា ហើយលះភេទជាឃរាវាស បួសជាតាបស បានញ៉ាំងអភិញ្ញា និង សមាបត្តិ ឲ្យចម្រើន មានមើមឈើ និងផ្លែឈើក្នុងព្រៃជាអាហារ ដោយការត្រាច់ស្វែងរក បានស្នាក់ នៅក្នុងព្រៃហិមពាន្ត ។ ខាងចុងនៃទីចង្ក្រមរបស់តាបសពោធិសត្វនោះ មាន   បំដូកមួយជាទីអាស្រ័យនៅនៃសត្វស្កា ។ នៅជិតដំបូកនោះ មានគល់ឈើមួយ ជាទីអាស្រ័យនៅនៃសត្វពស់ ។ ពស់ និងស្កាទាំងពីរនោះ ក៏ឈ្លោះគ្នាអស់កាល ជានិច្ច ។ ព្រះបរមពោធិសត្វបានពោលអំពីទោសនៃការឈ្លោះគ្នា និងអានិសង្សក្នុងការចម្រើនមេត្តាដល់សត្វទាំងពីរនោះ ហើយ​ទូន្មាន​ប្រៀនប្រដៅ​ថា មិនគួរ​ឈ្លោះទាស់​ទែងគ្នា​ទេ គួររស់នៅដោយសាមគ្គីគ្នា បានធ្វើឲ្យសត្វ ទាំងពីរសាមគ្គីគ្នា ។

កាលដល់ពេលពស់ចេញទៅខាងក្រៅ ស្កាក៏ដេកហាមាត់ បែរក្បាល់ទៅខាងក្រៅដំបូក នៅខាងចុងទីចង្ក្រម ដកដង្ហើមចេញចូល រួចលក់ ទៅត្រង់ទីនោះឯង ។ ព្រះបរមពោធិសត្វឃើញស្កាដេកលក់ កាលនឹងសួរថា កឹ នុ ខោ តេ និស្សាយ ភយំ ឧប្បន្នំ តើភ័យកើតឡើងដល់អ្នកអំពីទីណា ទើបពោលគាថាទី ១ ថា

សន្ធឹ កត្វា អមិត្តេន            អណ្ឌជេន ជលាពុជ

វិវរិយ ទាឋំ សេសិ             កុតោ តេ ភយមាគតំ។

ម្នាលស្កាជាជលាពុជៈ អ្នកធ្វើនូវមិត្តភាពដោយសត្រូវដែលជាអណ្ឌជៈ កំណើតហើយ មកដេកបញ្ចេញចង្កូម តើសេចក្ដីភ័យ មានមកដល់អ្នកអំពីទីណា ។

បទថា អណ្ឌជេន បានដល់ សព់ដែលកើតក្នុងស៊ុត ។ ហៅស្កាថា ជលាពុជ ដ្បិតថា ស្កានោះហៅថា ជលាពុជៈ ព្រោះកើតក្នុងឡគភ៌ ។ បទថា វិវរិយ ប្រែថា ដេកហាមាត់ ។

កាលព្រះបរមពោធិសត្វពោលយ៉ាងនេះហើយ ស្កាក៏ពោលតបថា បពិត្រលោកម្ចាស់ ឈ្មោះថាសត្រូវមិនគួរមើលងាយ គួររង្កៀសជានិច្ច ហើយ ពោលគាថាទី ២ ថា

សង្កេថេវ អមិត្តស្មឹ           មិត្តស្មិម្បិ ន វិស្សសេ

អភយា ភយមុប្បន្នំ          អបិ មូលានិ កន្តតិ។

បុគ្គលគប្បីរង្កៀសក្នុងសត្រូវ មិនគប្បីស្និទ្ធសា្នលសូម្បីក្នុងមិត្ត ភ័យដែលកើតឡើងអំពីជនដែលមិនគួរភ័យ រមែង​កាត់បង់​នូវឫសគល់​ទាំងឡាយ​បាន ។

បណ្ដាបទទាំងនោះ បទថា អភយា ភយមុប្បន្នំ បានដល់ ភ័យមិនកើតដល់​លោកអំពី​ឱកាសនេះ ព្រោះហេតុនោះ ទើប​ឈ្មោះ​ថា មិនមានភ័យ ។

សួរថា អ្នកណាទើបឈ្មោះថា ជាមិត្ត ?

ឆ្លើយថា បុគ្គលដែលមិនមានភ័យចាត់ថាជាមិត្ត ព្រោះហេតុនោះ ភ័យរមែង​កើតឡើង​អំពីមិត្ត​ដែលស្និទ្ធស្នាល​នោះ រមែងកាត់​សូម្បី​ឫស​នោះចោល អធិប្បាយ​ថា រមែងប្រព្រឹត្តទៅ​ដើម្បីកម្ចាត់​ឫសគល់ ព្រោះភាព​ដែលមិត្ត ដឹងចំណុច​ខ្សោយ​ទាំងអស់​ហើយ ។

គ្រានោះ ព្រះបរមពោធិសត្វទូន្មានស្កានោះថា អ្នកកុំខ្លាចឡើយ យើងបានធ្វើពស់​ឲ្យមិនបៀត​បៀនអ្នក​ទៀតឡើយ ចាប់ពី​ពេលនេះ​ទៅ អ្នកកុំរង្កៀស នឹង​ពស់នោះ​ទៀតឡើយ ហើយទូន្មាន​ឲ្យចម្រើន​ព្រហ្មវិហារ ៤ បែរមុខ​ចំពោះ​ព្រហ្មលោក ។ ក្រោយអំពី​ចុតិ សត្វទាំងពីរនោះ បានទៅ​តាមយថាកម្ម ។

ព្រះបរមសាស្ដា លុះទ្រង់នាំយកព្រះធម្មទេសនានេះ​មកសម្ដែង​ហើយ ទើបទ្រង់​ប្រជុំជាតកថា ពស់ និងស្កា​ក្នុងកាលនោះ បានមក​ជាអាមាត្យ​ទាំងពីរ ក្នុងកាល​ឥឡូវនេះ ចំណែក​តាបស គឺ តថាគត នេះឯង ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត សន្ថវវគ្គទី ២ នកុលជាតកទី ៥ បិដកលេខ ៥៨ ទំព័រ ៧៨)

ចប់ នកុលជាតក ។

ប្រែដោយ ខេមរ អភិធម្មាវតារ