។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ធម្មទេវបុត្តជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​នូវការចូល​ទៅកាន់ផែនដី​របស់​ភិក្ខុទេវទត្ត បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យសោករោ បុញ្ញករោហមស្មិ ដូច្នេះ (ជាដើម)។

មែនពិត ក្នុងពេលនោះ ពួកភិក្ខុសន្ទនាគ្នាក្នុង​សាលាធម្មសភាថា ម្នាលអាវុសោ​ទាំងឡាយ ទេវទត្ត​ខឹងសម្បានឹង​ព្រះតថាគត ហើយត្រូវ​ផែនដីស្រូប ។ ព្រះសាស្ដា​ស្ដេចយាង​មកហើយត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ​អង្គុយសន្ទនា​គ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះ​ក្រាបទូលឲ្យ​ទ្រង់ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែនតែ​ក្នុងកាលឥឡូវនេះទេ តែទេវទត្ត​ឲ្យការប្រហារ​ក្នុងជិនចក្រ​របស់តថាគត ហើយត្រូវ​ផែនដីស្រូប​នោះ សូម្បីក្នុង​កាលមុន លោកក៏ធ្លាប់​ឲ្យការប្រហារក្នុង​ធម្មចក្រ ហើយចូលទៅ​កាន់ផែនដី កើតក្នុង​អវីចិមហានរក​ជាទីខាងមុខ ទើបទ្រង់​នាំអតីតនិទាន​មកសម្ដែង​ដូចតទៅថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិក្នុង​នគរពារាណសី ព្រះពោធិសត្វ​កើតជា​ទេវបុត្ត​មានព្រះនាម​ថា ធម្មៈ ក្នុង​កាមាវចរទេវលោក ។ ចំណែក​ព្រះទេវទត្ត​ជាទេវបុត្ត ឈ្មោះថា អធម្មៈ ។ បណ្ដា​ទេវបុត្តទាំង ២ អង្គនោះ ធម្មទេវបុត្រ​ប្រដាប់ដោយ​គ្រឿងអលង្ការ​ជាទិព្វ ទ្រង់រថជា​ទិព្វដ៏ប្រសើរ ជាអ្នកមាន​ពួកទេពតា​ចោមរោម​ហើយ ស្ថិតនៅលើ​អាកាសក្នុងស្រុក និគម ជនបទ និងរាជធានី​ទាំងឡាយ ក្នុងថ្ងៃ​ពេញបូណ៌មី​ដែលជា​ថ្ងៃឧបោសថ ដែលមនុស្ស​ទាំយឡាយ​បរិភោគ​អាហារ​ពេលល្ងាច​រួចហើយ ប្រជុំគ្នាដោយ​កថាជាសុខ​ត្រង់ទ្វារ​ផ្ទះរបស់ខ្លួនៗ ញ៉ាំងពួក​មនុស្សឲ្យ​សមាទាន​នូវ​កុសលកម្មបថ ១០ ប្រការថា អ្នកទាំងឡាយ ចូរវៀរចាក​អកុសលកម្មបថ ១០ ប្រការ មាន​បាណាតិបាត​ជាដើម នាំគ្នា​បំពេញធម៌ គឺការទំនុក​បម្រុងបម្រើ​មាតាផង ការទំនុក​បម្រុង​បម្រើបិតាផង និងប្រព្រឹត្ត​សុចរិតធម៌ ៣ ប្រការចុះ កាលធ្វើ​យ៉ាងនេះ នឹងមាន​សួគ៌ជាទី​ទៅខាងមុខ និងបាន​សោយយស​ដ៏ធំ ដូច្នេះហើយ ទើបធ្វើ​ប្រទក្សិណ​ជម្ពូទ្វីប (ជា​ទក្ខិណាវដ្ដ) ។

ចំណែកអធម្មទេវបុត្ត ញ៉ាំងឲ្យមនុស្សទាំងឡាយ​កាន់យកនូវ​អកុសលកម្មបទ ១០ ប្រការ ដោយន័យ​ជាដើមថា ពួកអ្នកចូរ​សម្លាប់សត្វ ដូច្នេះហើយ ទើបធ្វើ​នូវជម្ពូទ្វីបជា​ឧត្តរាវដ្ដ (វិលជុំវិញ​ទៅខាងឆ្វេង) ។

លំដាប់នោះ រថរបស់ទេវបុត្តទាំងពីរនោះ បានជួបគ្នា​លើអាកាស ។ បន្ទាប់មក បរិស័ទ​របស់​ទេវបុត្តទាំងនោះ សួរគ្នាថា ពួកលោក​ជារបស់​ទេវបុត្រណា ពួកលោក​ជារបស់​ទេវបុត្រណា ? នាំគ្នាឆ្លើយថា ពួកយើងជា​ចំណែកខាង​ធម្មទេវបុត្ត ពួកយើងជា​ចំណែកខាង​អធម្ម​ទេវបុត្ត ទើបនាំគ្នា​ញែកផ្លូវចេញជា ២ ចំណែក ។

ចំណែកធម្មទេវបុត្ត ហៅអធម្មទេវបុត្តមក​ពោលថា នែសម្លាញ់ លោកជា​ចំណែក​អធម៌ ខ្ញុំជាចំណែក​ខាងធម៌ ផ្លូវនេះ សមគួរដល់ខ្ញុំ លោកចូរ​បររថរបស់​លោកចេញ ចូរឲ្យផ្លូវ​ដល់ខ្ញុំ ហើយពោល​គាថាទី ១ ថា

យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ;

មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។

ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណ​ព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្ស​បូជា​ហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។

បណ្ដាបទទាំងនោះ បទថា យសោករោ បានដល់ ខ្ញុំជាអ្នកសាង​យសឲ្យដល់​ទេវតា និងមនុស្ស​ទាំងឡាយ ។ សូម្បីក្នុងបទទី ២ ក៏មានន័យ​ដូចគ្នា ។ បទថា សទាត្ថុតោ គឺ បានទទួល​ការសរសើរ​ជានិច្ច ក្នុងកាល​ទាំងពួង ។

លំដាប់នោះ អធម្មទេវបុត្រពោលថា

អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ;

ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្វំ។

ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិន​តក់ស្លុត មានកម្លាំង ខ្ញុំនោះ​នឹងឲ្យផ្លូវ​ដល់អ្នក ដែលមិនធ្លាប់​ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។

ធម្មទេវបុត្រពោលថា

ធម្មោ ហវេ បាតុរហោសិ បុព្វេ, បច្ឆា អធម្មោ ឧទបាទិ លោកេ;

ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។

ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជា​ច្បងផង ប្រសើរជាងផង មានតាំង​ពីព្រេង​នាយផង ម្នាលប្អូន អ្នកចូរចៀសចេញ​អំពីផ្លូវរបស់បង ។

អធម្មទេវបុត្រពោលថា

ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ;

យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។

ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។

ធម្មទេវបុត្រពោលថា

សព្វាទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ;

គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។

មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយស​រាប់​មិនអស់ មិនមានអ្នក​ណាផ្ទឹមបាន មានសភាព​ជា​អ្នកប្រកប​ដោយគុណ​គ្រប់យ៉ាង អ្នក​នឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។

អធម្មទេវបុត្រពោលថា

លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ;

សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។

គេតែងដំមាស ដោយដែក គេមិនដែលដំដែក​ដោយមាសទេ បើអធម្មៈ ដំធម្មៈ​ក្នុងថ្ងៃនេះ ដូចជា​ដែកដំមាស បុគ្គល​គួរមើលដែរ ។

ធម្មទេវបុត្រពោលថា

សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ;

មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។

ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំង​បុគ្គលចាស់ និងបុគ្គល​ជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យ​នូវផ្លូវដល់អ្នក ដោយពាក្យ​ជាទីស្រឡាញ់ និងមិនជា​ទីស្រឡាញ់ផង ខ្ញុំនឹងអត់​ទ្រាំនូវពាក្យ​ទ្រគោះ​បោះបោក​របស់អ្នកផង ។

គាថាទាំង ៦ នេះ លោកពោលដោយ​អំណាចជា​ពាក្យឆ្លើយឆ្លង​របស់ទេវបុត្រទាំង ២ នោះឯង ។

បណ្តាបទទាំងនោះ បទថា ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ សេចក្ដីថា ខ្ញុំនេះ​ឈ្មោះថា អធម្មៈ ឡើងលើ​អធម្មយាន​ហើយ មិនខ្លាចអ្នក​ណាឡើយ ជាអ្នក​មានកម្លាំង នែធម្មៈ ហេតុអ្វីក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យផ្លូវ​ដែលមិនធ្លាប់ឲ្យ​ដល់លោក ។ បទថា បុព្វេសេចក្ដីថា ធម៌ គឺកុសលកម្មបថ ១០ ប្រការ ប្រាកដ​ហើយក្នុង​លោកនេះ ក្នុងកាលជា​បឋមកប្ប អធម៌ កើតឡើង​ខាងក្រោយ ។ បទថា ជេដ្ឋោ ច នេះ ធម្មៈពោលថា ព្រោះសេចក្ដី​ដែលធម៌​កើតឡើងមុន ខ្ញុំទើប​ចម្រើនជាង ប្រសើរជាង ចាស់ជាង ចំណែក​លោកជាប្អូន ហេតុនោះ លោកចូរគេច​ចេញទៅ ។ បទថា នបិ បាតិរូបា សេចក្ដីថា ខ្ញុំនឹងមិនឲ្យ​ផ្លូវដល់លោក ដោយពាក្យ​សូម​ក្ដី ដោយពាក្យ​គួរសមក្ដី ព្រោះខ្ញុំជា​អ្នកសមគួរ​នឹងបានផ្លូវ ។ បទថា អនុវិសដោ សេចក្ដីថា ខ្ញុំជាអ្នកប្រាកដ​ដោយគុណ​របស់ខ្លួនដែល​ផ្សាយទៅសព្វទិស គឺ ទិសធំ ៤ និងទិសតូច ៤ និងជាអ្នក​ប្រាកដដោយ​បញ្ញា ។ បទថា លោហេន បានដល់ ដោយ​ដុំដែក ។ បទថា ហញ្ឆតិ ប្រែថា នឹងសម្លាប់ ។ បទថា តុវំ យុទ្ធពលោ អធម្ម សេចក្ដីថា នែអធម្មៈ បើលោកជា​មានកម្លាំង​ក្នុងចម្បាំង ។ បទថា វុឌ្ឍា ច គរូ ច សេចក្ដីថា បើយ៉ាងនេះ បុគ្គលចាស់ និងបុគ្គលជាគ្រូ របស់អ្នក​មិនមាន ។ បទថា បិយាប្បិយេន សេចក្ដីថា ខ្ញុំកាលឲ្យ​ដោយសេចក្ដី​ពេញចិត្ត និង​មិនពេញចិត្ត រមែងឲ្យផ្លូវ​ដល់លោកដូច​ឲ្យដោយ​សេចក្ដី​ពេញចិត្ត ។

ក្នុងខណៈដែលព្រះពោធសត្វ​ពោលគាថានេះចប់​ហើយភ្លាម អធម្មៈ កាលមិនអាច​នឹងតាំង​នៅលើរថ ជាអ្នកមាន​ក្បាលសំយុង​ចុះ ធ្លាក់មក​លើផែនដី បានទៅ​កាន់ចន្លោះ​នៃផែនដី ហើយកើត​ក្នុង​អវីចិមហានរក ។

កាលព្រះភគវាបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយ ទ្រង់ក៏​សម្ដែងព្រះគាថា​ដ៏សេសថា

ឥទញ្ច សុត្វា វចនំ អធម្មោ, អវំសិរោ បតិតោ ឧទ្ធបាទោ;

យុទ្ធត្ថិកោ ចេ ន លភាមិ យុទ្ធំ, ឯត្តាវតា ហោតិ ហតោ អធម្មោ។

អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាល​សំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការ​ដោយចម្បាំង តែមិនបាន​នូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយ​ហេតុត្រឹមប៉ុណ្ណេះ​ឯង ។

ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា;

បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។

ធម្មទេវបុត្រ មានខន្តិធម៌​ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក​ មានព្យាយាម​ដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់​នូវអធម្មទេវបុត្រ ដែលមាន​ចម្បាំងជាកម្លាំង ទម្លាក់​ទៅលើ​ផែនដី ហើយឡើង​កាន់រថ (របស់ខ្លួន) បរទៅតាម​ផ្លូវដដែល ។

មាតា បិតា សមណព្រាហ្មណា ច, អសម្មានិតា យស្ស សកេ អគារេ;

ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា និរយំ វជន្តិ តេ;

យថា អធម្មោ បតិតោ អវំសិរោ។

បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវ​រាងកាយ  គឺសរីរៈ បែកធ្លាយ​រាងកាយ ក្នុងលោកនេះ រមែងទៅ​កាន់នរក ដូចជា​អធម្មទេវបុត្រ ដែលសំយុង​ក្បាលធ្លាក់ចុះ ។

មាតា បិតា សមណព្រាហ្មណា ច, សុសម្មានិតា យស្ស សកេ អគារេ;

ឥធេវ និក្ខិប្ប សរីរទេហំ, កាយស្ស ភេទា សុគតឹ វជន្តិ តេ;

យថាបិ ធម្មោ អភិរុយ្ហ សន្ទនំ។

បុគ្គលណា បានធ្វើសក្ការៈ ដល់មាតាបិតា និងសមណ​ព្រាហ្មណ៍ ក្នុង​ផ្ទះ​របស់ខ្លួន បុគ្គលនោះ លុះដាក់ចុះ​នូវរាងកាយ  គឺសរីរៈ បែកធ្លាយ​រាងកាយ ក្នុង​លោកនេះ រមែងទៅ​កាន់សុគតិ ដូចជា​ធម្មទេវបុត្រ ឡើងកាន់​រថរបស់ខ្លួន ដូច្នោះ ។

បណ្តាបទទាំងនោះ បទថា យុទ្ធត្ថិកោ ចេ បានដល់ ការពិលាប​របស់​អធម្មទេវបុត្រ​នោះ បានឮថា គេកំពុង​ពិលាប​នោះឯង ធ្លាក់ចុះ ចូលទៅ​ហើយកាន់ផែនដី ។ បទថា ឯត្តាវតា សេចក្ដីថា ម្នាលភិក្ខុ​ទាំងឡាយ អធម្មៈចូលទៅកាន់​ផែនដីហើយ អស់កាល​ត្រឹមណា អធម្មៈឈ្មោះថា​ត្រូវសម្លាប់ហើយ ត្រឹមនោះ ។ បទថា  ខន្តីពលោ សេចក្ដីថា ម្នាលភិក្ខុ​ទាំងឡាយ អធម្មទេវបុត្រ​ចូលទៅកាន់ផែនដី​ហើយយ៉ាងនេះ ធម្មទេវបុត្រ​ជាអ្នកមាន​កម្លាំង គឺ​អធិវាសខន្តី ឈ្នះហើយ​នូវយុទ្ធពល​នោះ សម្លាប់ហើយ កប់ក្នុងផែនដី ញ៉ាំងអធម្មៈ​ឲ្យធ្លាក់ចុះហើយ ជាអ្នកមាន​ចិត្តជឿជាក់ ព្រោះកើត​ភាពពិតប្រាកដ ឡើងកាន់​រថរបស់ខ្លួន មានសេចក្ដី​ព្យាយាមដ៏មាំ បានទៅតាម​ផ្លូវនោះឯង ។ បទថា អសម្មានិតា ប្រែថា ដែលគេមិន​សក្ការៈ ។ បទថា សរីរទេហំ សេចក្ដីថា បានលះបង់​កាយ ពោលគឺសរីរៈក្នុងលោកនេះ។ បទថា និរយំ វជន្តិ សេចក្ដីថា អ្នកសមគួរ​ដល់សក្ការៈ​ដែលមនុស្ស​អាក្រក់ណា​មិនធ្វើក្នុងផ្ទះ មនុស្ស​អាក្រក់ដែល​មានសភាព​យ៉ាងនោះ រមែងមាន​ក្បាលសំយុង​ចុះ ធ្លាក់ទៅ​កាន់នរក ដូចអធម្មទេវបុត្រ​មានក្បាល​សំយុងចុះ​ធ្លាក់ទៅ ដូច្នោះ​ដែរ ។ បទថា  សុគតឹ វជន្តិ សេចក្ដីថា បណ្ឌិតដែល​មានសភាព​ដូច្នោះ ដែលអ្នកណា​បានសក្ការៈ​ហើយ អ្នកនោះ រមែងទៅ​កាន់សុគតិ ដូច​ធម្មទេវបុត្រ ឡើងកាន់​រថបរទៅ​កាន់ទេវលោក ដូច្នោះដែរ ។

ព្រះសាស្ដា គ្រានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បីក្នុងកាលមុន ទេវទត្ត​ក៏បានក្រោធ​ខឹងនឹងតថាគត ហើយចូលទៅ​កាន់ផែនដី​ដែរ ដូច្នេះហើយ ទ្រង់ប្រជុំ​ជាតកថា

តទា អធម្មោ ទេវបុត្តោ ទេវទត្តោ អហោសិ អធម្មទេវបុត្រ​ក្នុងកាលនោះ បានមក​ជាទេវទត្ត ។

បរិសាបិស្ស ទេវទត្តបរិសា សូម្បីបរិស័ទ​អធម្មទេវបុត្រនោះ បានមក​ជាបរិស័ទ​របស់ទេវទត្ត ។

ធម្មោ បន អហមេវ ចំណែកធម្មទេវបុត្រ គឺជា​តថាគត​នេះឯង ។

បរិសា ពុទ្ធបរិសាយេវ បរិស័ទរបស់ធម្មទេវបុត្រ បានមកជា​ពុទ្ធបរិស័ទ​នេះឯង ។

ធម្មទេវបុត្តជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៦)

ប្រែដោយ ខេមរ អភិធម្មាវតារ