សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ធង្កជាតក

(ឆដ្ឋ. ឃដជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​អាមាត្យ​ម្នាក់​របស់​ព្រះបាទ​កោសល បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អញ្ញេ សោចន្តិ រោទន្តិ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវជាតកនេះ ប្រាកដដូចជាតកដែលបានពោលហើយ ក្នុងជាតក​ខាង​ក្រោយ។ ប៉ុន្តែ​ក្នុង​ជាតក​នេះ ព្រះរាជា​ប្រទាន​យសដ៏ធំ​ដល់​អាមាត្យ ដែលមាន​ឧបការៈ​របស់ព្រះអង្គ (កាល​ទ្រង់) កាន់យក​ពាក្យដែល​ធ្វើឲ្យ​បែកបាក់ ទ្រង់ឲ្យ​គេចាប់​ចងអាមាត្យ​នោះ ឃុំ​ក្នុង​ពន្ធនាគារ។ អាមាត្យនោះ អង្គុយនៅ​ក្នុង​ពន្ធនាគារ​នោះឯង ញ៉ាំង​សោតាបត្តិមគ្គ​ឲ្យកើត​ឡើង។ ព្រះរាជា​ពិចារណា​គុណ​របស់​អាមាត្យនោះ ហើយឲ្យ​គេដោះលែង។ អាមាត្យនោះ កាន់​គ្រឿង​ក្រអូប និង​កម្រងផ្កា ទៅកាន់​សម្នាក់​ព្រះសាស្ដា ថ្វាយបង្គំ​ហើយ អង្គុយ​ទីដ៏សម​គួរមួយ។ ពេលនោះ ព្រះសាស្ដា​ត្រាស់សួរ​គាត់ថា បានឮថា រឿងមិន​ជាប្រយោជន៍ កើតឡើង​ដល់អ្នក​ឬ? អាមាត្យនោះ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពិតមែន​ហើយ ប៉ុន្តែ​ដោយហេតុ​មិនជា​ប្រយោជន៍​នោះឯង ប្រយោជន៍​ក៏មកដល់​ខ្ញុំ​ព្រះករុណា សោតាបត្តិមគ្គ​បានកើត​ឡើង។ ព្រះសាស្ដា​ត្រាស់ថា ម្នាលឧបាសក មិនមែន​តែអ្នក​ប៉ុណ្ណោះ​ទេ ដែលនាំ​មកនូវ​ប្រយោជន៍ ដោយរឿង​មិនមាន​ប្រយោជន៍ សូម្បី​បោរាណក​បណ្ឌិត​ទាំងឡាយ ក៏បាន​នាំមក​ដូចគ្នា​ដែរ ដូច្នេះហើយ កាល​អាមាត្យ​នោះ​អារាធនា ព្រះអង្គ​ក៏នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ្យ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុងផ្ទៃ​ព្រះអគ្គមហេសី​របស់​ព្រះរាជា​នោះ (កាល​ប្រសូត​មក​ហើយ) ពពួក​ញាតិថ្វាយ​ព្រះនាម​ថា ឃដកុមារ។ កាលខាង​ក្រោយមក ឃដកុមារ​បានសិក្សា​រៀនសូត្រ​នៅឯ​នគរ​តក្កសិលា ហើយព្រះអង្គ​ក៏បាន​សោយរាជ​សម្បត្តិ​ប្រកប​ដោយធម៌។ ក្នុងរាជបុរី​របស់​ព្រះអង្គ មាន​អាមាត្យ​អាក្រក់​ម្នាក់។ ព្រះបាទ​ឃដរាជ​ពិចារណា​ដឹងទង្វើ​អាក្រក់ របស់​អាមាត្យ​នោះ​ហើយ ទ្រង់​បំបរបង់​អាមាត្យនោះ​ចេញ​ពីដែន។

 

ក្នុងគ្រានោះ ព្រះរាជាព្រះនាម ធង្ករាជ សោយរាជ​សម្បត្តិ​ក្នុងនគរ​សាវត្ថី។ អាមាត្យ​នោះ ទៅកាន់​សម្នាក់​ព្រះបាទ​ធង្ករាជ ធ្វើការបម្រើ ហើយឲ្យ​ព្រះរាជា​ជឿតាម​ពាក្យរបស់​ខ្លួន មក​រឹបអូស​យករាជ​សម្បត្តិ​របស់​ព្រះរាជា​ពារាណសី តាមន័យ​ដូចដែល​បានពោល​មកហើយ​ក្នុង​ជាតក​ខាងក្រោយ។ ព្រះបាទធង្ករាជ​នោះ រឹបអូស​យករាជ​សម្បត្តិ ហើយ​ឲ្យគេ​យកច្រវាក់​ចង​ព្រះពោធិសត្វ ដាក់ក្នុង​ពន្ធនាគារ។ ព្រះពោធិសត្វ​ញ៉ាំងឈាន​ឲ្យកើត​ឡើង ទ្រង់​ប្រថាប់​គង់លើ​អាកាស សេចក្ដី​ក្ដៅ​ក្រហាយ រោលរាល អន្ទះអន្ទែង កើតឡើង​ដល់​ព្រះបាទ​ធង្ករាជ។

 

ព្រះបាទធង្ករាជនោះ ចូលទៅរកព្រះពោធិសត្វ ឃើញ​ព្រះភក្ត្រ​របស់​ព្រះពោធិសត្វ​ប្រកប​ដោយ​សិរី ដូចជា​ផ្កាឈូករីក និងដូច​ជា​កញ្ចក់មាស កាលនឹង​ទូលសួរ​ព្រះពោធិសត្វ ទើប​ត្រាស់​គាថាទី ១ ថា

 

អញ្ញេ សោចន្តិ រោទន្តិ, អញ្ញេ អស្សុមុខា ជនា;

បសន្នមុខវណ្ណោសិ, កស្មា ឃដ ន សោចសិ។

ពួកជនឯទៀត តែងសោកយំទួញ ពួកជនឯទៀត មានមុខ​ជោកដោយ​ទឹកភ្នែក ម្នាល​ឃដកុមារ អ្នកមាន​សម្បុរ​មុខ ស្រស់បស់ អ្នកមិន​សោកសៅ ព្រោះ​ហេតុអ្វី។

 

លំដាប់នោះ ព្រះពោធិសត្វ កាលនឹងប្រាប់​ហេតុនៃ​ការ​មិនសោក ទើបត្រាស់ ៤ គាថាថា

នាព្ភតីតហរោ សោកោ,     នានាគតសុខាវហោ;

តស្មា ធង្ក ន សោចាមិ, នត្ថិ សោកេ ទុតីយតា។

សេចក្តីសោក នាំមកនូវសេចក្តីសុខ ដែលកន្លងទៅ​ហើយ​មិនបានទេ នាំមកនូវ​សេចក្តី​សុខ ដែល​មិនទាន់​មក មិនបានទេ បពិត្រ​ស្តេចធង្កៈ ព្រោះ​ហេតុនោះ ទើបខ្ញុំ​មិនសោក ភាព​ជា​សម្លាញ់​ក្នុង​សេចក្តី​សោក មិនមានទេ។

 

សោចំ បណ្ឌុ កិសោ ហោតិ, ភត្តញ្ចស្ស ន រុច្ចតិ;

អមិត្តា សុមនា ហោន្តិ, សល្លវិទ្ធស្ស រុប្បតោ។

បុគ្គលកាលសោក រមែងជាអ្នកមានរោគលឿង ស្គាំងស្គម ទាំងបាយ​រមែង​មិន​ពេញចិត្ត​ដល់​បុគ្គល​នោះ បុគ្គល​ដែល​ត្រូវសរ គឺសេចក្តី​សោកមុត​ហើយ ក៏ទុក្ខ​ព្រួយ ពួកជន​ជា​សត្រូវ រមែង​មានចិត្ត​ត្រេកអរ។

 

គាមេ វា យទិ វារញ្ញេ, និន្នេ វា យទិ វា ថលេ;

ឋិតំ មំ នាគមិស្សតិ, ឯវំ ទិដ្ឋបទោ អហំ។

សេចក្តីវិនាសនឹងមករកខ្ញុំ ដែលឋិតនៅក្នុងស្រុក ឬក្នុងព្រៃ ក្នុងទីទាប ឬទី​ទួល មិនបានទេ (ព្រោះ) ខ្ញុំឃើញ​ច្បាស់ផ្លូវ​ធម៌​យ៉ាងនេះ​ហើយ។

 

យស្សត្តា នាលមេកោវ, សព្វកាមរសាហរោ;

សព្វាបិ បឋវី តស្ស, ន សុខំ អាវហិស្សតិ។

បុគ្គលណា មានខ្លួនតែមួយ មិនអាចជាអ្នកនាំយកនូវ​រសនៃ​សេចក្តី​ប្រាថ្នា គឺ​សុខ​ក្នុងឈាន​ទាំង​ពួងបាន សូម្បី​ផែនដី​ទាំងមូល ក៏មិន​អាចនាំ​មកនូវ​សេចក្តី​សុខ ដល់​បុគ្គល​នោះបាន។

 

ព្រះបាទធង្ករាជស្ដាប់គាថាទាំង ៤ នេះហើយ ក៏សូម​ខមាទោស​ព្រះពោធិសត្វ ហើយ​ប្រគល់​រាជសម្បត្តិ​ថ្វាយ រួចព្រះអង្គ​ចៀសចេញ​ទៅ។ ចំណែក​ព្រះពោធិសត្វ ប្រគល់​រាជសម្បត្តិ​ដល់​ពួក​អាមាត្យ ហើយ​ព្រះអង្គ​យាងទៅ​កាន់ព្រៃ​ហិមពាន្ត បួស​ជាឥសី ជាអ្នក​មានឈាន​មិន​សាបសូន្យ បានទៅ​កាន់​ព្រហ្មលោក។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

 

តទា ធង្ករាជា អានន្ទោ អហោសិ ព្រះបាទធង្ករាជ​ក្នុងកាលនោះ បានមក​ជាអានន្ទ

ឃដរាជា បន អហមេវ អហោសឹ ចំណែកព្រះបាទ​ឃដរាជ គឺតថាគត​នេះឯង។

ធង្កជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ៧)

ដោយ សដវថ