។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទូតជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជរតពន ទ្រង់ប្រារព្ធ​លោលភិក្ខុ (ភិក្ខុល្មោភ) មួយរូប បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យស្សត្ថា ទូរមាយន្តិ ដូច្នេះ​ជាដើម។

រឿងរ៉ាវ (បច្ចុប្បន្ន) នឹងមានជាក់ច្បាស់ ក្នុងចក្កវាកជាតក នវកនិបាត។ ព្រះសាស្តា​ត្រាស់ហៅ​ភិក្ខុរូប​នោះមក​ហើយ ត្រាស់ថា ម្នាលភិក្ខុ មិនមែន​តែក្នុងកាល​ឥឡូវនេះ​ក៏ទេ សូម្បី​ក្នុងកាល​មុន អ្នកក៏ជា​អ្នកល្មោភដែរ ព្រោះសេចក្តី​ល្មោភ អ្នកប៊ិះ​តែនឹង​ត្រូវកាត់​ក្បាលដោយ​ដាវ ហើយទ្រង់​នាំ​អតីត​និទានមកថា ៖

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បតិ​ក្នុងព្រះនគរ​ពារាណសី ព្រះពោធិសត្វ​ជាឱរស​របស់​ព្រះបាទព្រហ្មទត្ត​នោះ ល្មមចម្រើន​វ័យហើយ ក៏បាន​សិក្សា​រៀនសូត្រ​សិល្បសាស្ត្រ​ទាំងពួង ក្នុងក្រុង​តក្កសិលា ពេលព្រះបិតា​កន្លងទៅ ក៏បានតាំង​នៅក្នុង​រាជសម្បត្តិ សោយភោជន​ដ៏បរិសុទ្ធ ព្រោះហេតុនោះ ព្រះអង្គ​ទើបមាន​ព្រះនាមថា ព្រះបាទ​ភោជនសុទ្ធិករាជ។ បានឮមកថា ព្រះអង្គ​ទ្រង់​សោយភត្ត ដោយ​ការតាក់​តែងបែប​នោះ គ្រាន់តែ​ភាជនៈ​ភត្តមួយ ចំណាយអស់​តម្លៃដល់​ទៅមួយសែន។ កាល​ទ្រង់សោយ ក៏មិនសោយ​ខាងក្នុង​ព្រះរាជមណ្ឌប ព្រះអង្គ​ប្រាថ្នាឲ្យ​មហាជន ដែលបាន​ឃើញការ​រៀបចំ​តាក់តែង​ភោជន​របស់​ព្រះអង្គ ឲ្យមាន​សេចក្ដី​ប្រាថ្នាធ្វើ​បុណ្យ ទើបឲ្យ​សាង​រតនមណ្ឌប​ត្រង់ទ្វារ​ព្រះរាជវាំង វេលានឹងសោយ ក៏ឲ្យប្រដាប់​តាក់តែង​រតនមណ្ឌប​នោះ ហើយ​ទ្រង់ប្រថាប់​លើ​រាជបល័្លង្ក ខាងក្រោម​ស្វេតច្ឆត្រ ហែ​ហម​ដោយ​ខត្តិយកញ្ញា​ទាំងឡាយ ហើយសោយ​ព្រះក្រយាហារ​ដែលមាន​រសគ្រប់យ៉ាង ដោយភាជនៈ​មាស ដែល​មានតម្លៃ​មួយសែន​កហាបណៈ។

គ្រានោះ មានលោលបុរសម្នាក់ បានឃើញវិធីសោយព្រះក្រយាហារ​របស់​ព្រះរាជានោះ ចង់នឹង​បរិភោគ​ភោជន​នោះ កាលមិន​អាចនឹងអត់​ទ្រាំសេចក្តី​ប្រាថ្នាបាន ទើបគិតថា ឧបាយ​នេះល្អ ទើបស្លៀក​សំពត់ឲ្យ​មាំ ហើយលើក​ដៃឡើងម្ខាង ស្រែកសម្លេង​ខ្លាំងៗ ថា លោកដ៏​ចម្រើន​ទាំងឡាយ យើងជាទូត យើងជាទូត រួចដើរចូល​ទៅគាល់​ព្រះរាជា។ ដោយ​សម័យ​នោះ ក្នុងជនបទនោះ អ្នកណាៗ រមែង​មិនហាម​អ្នកដែល​ពោលថា យើងជា​ទូតឡើយ ព្រោះដូច្នោះ មហាជន​ទើបញែក​ចេញជាពីរ​ផ្នែកឲ្យ​ឱកាស។ បុរសនោះ ស្ទុះទៅ​ស្រវាចាប់​យកដុំភត្ត​មួយ អំពីភាជនៈមាស​របស់​ព្រះរាជា មកដាក់ក្នុងមាត់។ លំដាប់នោះ រាជបុរសគិតថា យើងនឹង​កាត់ក្បាល​របស់​បុរសនេះ ទើបហូត​ដាវចេញ​មក។ ព្រះរាជា​ត្រាស់ហាមថា កុំប្រហារ ហើយត្រាស់ថា អ្នកកុំខ្លាច ចូរបរិភោគចុះ ហើយ​ទ្រង់លាង​ព្រះហស្ត រួចប្រថាប់។ ក្នុងវេលា​ដែលបុរស​នោះ​សម្រេចការ​បរិភោគ ព្រះរាជា​ឲ្យប្រទាន​ទឹកផឹក និងស្លាម្លូ ដល់​បុរសនោះ ហើយត្រាស់​សួរថា នែបុរស​ដ៏ចម្រើន អ្នកពោលថា ជាទូត អ្នកឯង​ជាទូត​របស់​ព្រះរាជាណា។ បុរសនោះ​ក្រាបទូលថា បពិត្រ​មហារាជ ខ្ញុំព្រះអង្គ​ជាទូត​របស់តណ្ហា ជាទូត​របស់ផ្ទៃ តណ្ហាធ្វើ​ទូលព្រះបង្គំ​ឲ្យជាទូត រួចបញ្ជា​ទូលព្រះបង្គំ ហើយ​បញ្ជូនមកថា អ្នកចូរទៅ ដូច្នេះ បុរសនោះ​ក៏ពោល ២ គាថាជា​ដំបូងថា

 

យស្សត្ថា ទូរមាយន្តិ, អមិត្តមបិ យាចិតុំ;

តស្សូទរស្សហំ ទូតោ, មា មេ កុជ្ឈ រថេសភ។

សត្វទាំងឡាយមកកាន់ប្រទេសឆ្ងាយ ដើម្បីសូមនូវវត្ថុនឹងបុគ្គល​សូម្បី​ជាសត្រូវ ដើម្បី​ប្រយោជន៍​ដល់ផ្ទៃ​ណា ខ្ញុំព្រះអង្គ​ជាទូត​របស់ផ្ទៃ​នោះ បពិត្រ​ព្រះអង្គ​ប្រសើរក្នុង​ពលរថ សូមទ្រង់​កុំខ្ញាល់​នឹងខ្ញុំព្រះអង្គ​ឡើយ។

 

យស្ស ទិវា ច រត្តោ ច, វសមាយន្តិ មាណវា;

តស្សូទរស្សហំ ទូតោ, មា មេ កុជ្ឈ រថេសភា។

មាណពទាំងឡាយ លុះអំណាចនៃផ្ទៃណា ទាំងថ្ងៃទាំងយប់ ខ្ញុំព្រះអង្គ​ជាទូត​របស់ផ្ទៃនោះ បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុងពលរថ សូមទ្រង់​កុំខ្ញាល់នឹង​ខ្ញុំព្រះអង្គ​ឡើយ       ។

ព្រះរាជាបានស្តាប់ពាក្យរបស់បុរសនោះហើយ ទ្រង់ព្រះតម្រិះថា សេចក្តី​នោះពិត សត្វ​ទាំងនេះ​ជាទូត​របស់ផ្ទៃ ត្រាច់ទៅ​ដោយអំណាច​តណ្ហា និងតណ្ហា​រមែង​ចាត់ចែង​សត្វ​ទាំងនេះ បុរសនោះ​ពោលពាក្យ​ជាទីពេញ​ចិត្តយើង​ក្រៃលែង​ណាស់ ទ្រង់ត្រេកអរ​នឹងបុរស​នោះ ហើយត្រាស់​ព្រះគាថាទី ៣ ថា ៖

 

ទទាមិ តេ ព្រាហ្មណ រោហិណីនំ, គវំ សហស្សំ សហ បុង្គវេន;

ទូតោ ហិ ទូតស្ស កថំ ន ទជ្ជំ, មយម្បិ តស្សេវ ភវាម ទូត។

ម្នាលព្រាហ្មណ៍ យើងឲ្យនូវគោសម្បុរក្រហម ១ ពាន់ ព្រមទាំងគោបា ដល់អ្នក ព្រោះ​យើងជាទូត (របស់ផ្ទៃ) នឹងមិន​ឲ្យដល់អ្នក​ជាទូត (របស់ផ្ទៃដែរ) ដូចម្ដេចកើត យើង​ទាំងឡាយ សុទ្ធតែ​ជាទូត​របស់ផ្ទៃ​ដូចគ្នា។

គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់មានព្រះទ័យត្រេកអរថា បុរសប្រាប់ហេតុ ដែលយើង​មិនធ្លាប់​បានស្តាប់ ដូច្នេះ ទើបប្រទាន​យសធំ​ដល់បុរស​នោះ។

ព្រះសាស្តានាំព្រះធម៌ទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈ និងប្រជុំជាតក ក្នុង​វេលាចប់​សច្ចៈ លោលភិក្ខុ​បានតាំង​នៅក្នុង​សកទាគាមិផល ជនជា​ច្រើន បានជា​ព្រះសោតាបន្ន​ជាដើម។

 

តទា លោលបុរិសោ ឯតរហិ លោលភិក្ខុ អហោសិ លោលបុរសក្នុងកាលនោះ បាន​មកជា​លោលភិក្ខុ​ក្នុងឥឡូវនេះ

ភោជនសុទ្ធិករាជា បន អហមេវ អហោសឹ ចំណែកព្រះបាទ​ភោជនសុទ្ធិករាជ គឺ​តថាគត នេះឯង។

ចប់ ទូតជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត សង្កប្បវគ្គ បិដកលេខ ៥៨ ទំព័រ ១៤៦)

ថ្ងៃទី ១៣ ខែ សីហា ព.ស. ២៥៦២ គ.ស. ២០១៨

ប្រែដោយ ស.ដ.វ.ថ