។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទូតជាតក ទី៥

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ការសរសើរ​បញ្ញា​របស់​ព្រះអង្គ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ទូតេ តេ ព្រហ្មេ បាហេសឹ ដូច្នេះ​ជាដើម។

ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុង​ធម្មសភា​ថា ម្នាល​អាវុសោ អ្នកទាំងឡាយ​ចូរមើល​ការឈ្លាស​ក្នុងឧបាយ​របស់​ព្រះទសពល​ចុះ ព្រះអង្គ​សម្ដែង​ពួកស្រី​ទេពអប្សរ​ដល់​ព្រះនន្ទ​សក្យបុត្រ ហើយប្រទាន​ព្រះអរហត្ត ទ្រង់​ប្រទាន​សំពត់​ចាស់ដល់​ព្រះចូឡបន្ថកៈ ហើយប្រទាន​ព្រះអរហត្ត​មួយអន្លើ​ដោយ​បដិសម្ភិទា ទ្រង់​សម្ដែង​ផ្កាបទុម​ដល់​ព្រះកម្មារបុត្រ ហើយ​ប្រទាន​ព្រះអរហត្ត ទ្រង់​ទូន្មានសត្វ​ដោយ​ឧបាយ​ផ្សេងៗ យ៉ាង​នេះ។ ព្រះសាស្ដា​យាងមកហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំង​ឡាយអង្គុយ​ប្រជុំគ្នា​រឿងអ្វី? កាលពួក​ភិក្ខុពោលថា រឿង​ឈ្មោះនេះ ទ្រង់ទើប​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះប៉ុណ្ណោះ​ទេ ដែល​តថាគត​ជាអ្នក​ឈ្លាសក្នុង​ឧបាយថា វត្ថុនេះ​ជាយ៉ាងនេះ សូម្បី​កាលមុន តថាគត​ក៏ជាអ្នក​ឈ្លាសក្នុង​ឧបាយ​ដែរ ដូច្នេះហើយ ព្រះអង្គ​នាំយក​អតីត​និទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ ក្នុង​នគរ​ពារាណសី ជនបទ​ក្លាយទៅជា​កន្លែង​មិនមាន​ប្រាក់។ (ព្រោះ) ព្រះរាជា​នោះ​បៀតបៀន​អ្នកជនបទ រឹបអូស​យក​ទ្រព្យ​សម្បត្តិ។ កាលនោះ ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​ព្រាហ្មណ៍ ក្នុង​កាសិគ្រាម ពេល​ចម្រើន​វ័យធំហើយ ទៅកាន់​នគរ​តក្កសិលា ពោលនឹង​អាចារ្យ​ថា ខ្ញុំនឹង​ត្រាច់សូម​គេដោយ​ធម៌ ហើយនាំ​ទ្រព្យជា​ចំណែក​អាចារ្យ​តាមក្រោយ ដូច្នេះ​ហើយ ក៏បាន​សិក្សា​រៀនសូត្រ កាលបាន​សម្រេច​វិជ្ជាហើយ ទើបឲ្យ​អនុយោគ និងប្រាប់​អាចារ្យថា បពិត្រ​លោក​អាចារ្យ ខ្ញុំនឹងនាំ​ទ្រព្យជា​ចំណែក​អាចារ្យ​ដល់លោក ដូច្នេះ ទើបចេញ​ទៅ កាល​ត្រាច់ទៅ​កាន់ជនបទ លោកស្វែក​រកទ្រព្យ​ដោយធម៌ស្មើ ហើយ​ក៏បាន​មាសឆ្ដោរ ៧ រួច​គិតថា យើងនឹង​ឲ្យដល់​អាចារ្យ ដូច្នេះ កាលទៅ​ក្នុងរវាងផ្លូវ បានឡើង​ជិះទូក​ដើម្បី​ឆ្លង​ទន្លេគង្គា។

ពេលកំពុងជិះឆ្លង កាលទូកឃ្លេងឃ្លោង ធ្វើឲ្យមាស​របស់លោក​ធ្លាក់ចុះ​ក្នុងទឹក។ ព្រះពោធិសត្វ​គិតថា មាសជា​របស់រក​បាន​ដោយក្រ កាល​យើងស្វែង​រកទ្រព្យ​ជាចំណែក​អាចារ្យ​ក្នុងជនបទ​ម្ដងទៀត នឹងជាការ​យឺតយូរ បើដូច្នោះ មានតែ​យើងគប្បី​អង្គុយ​អត់អាហារ​នៅនឹងច្រាំង​ទន្លេគង្គា​នេះឯង ព្រះរាជា​នឹងដឹង​ភាពនៃការ​អង្គុយ​របស់យើង ហើយ​បន្ទាប់​មក ទ្រង់នឹង​បញ្ជូនពួក​អាមាត្យមក យើង​នឹងមិន​និយាយ​ចរចា​ជាមួយ​នឹង​អាមាត្យ​ទាំងនោះ​ឡើយ រួចព្រះរាជា​នឹងយាងមក​ដោយខ្លួនឯង ដោយ​ឧបាយនេះ យើងនឹង​បានទ្រព្យ​ជាចំណែក​ក្នុងសម្នាក់​ព្រះរាជា​នោះ។ ព្រះពោធិសត្វ​ដណ្ដប់​សំពត់​ឧត្តរិសាដក រួចតម្កល់​អំបោះ​ដើម្បីយញ្ញ អង្គុយនៅ​នឹងច្រាំង​ទន្លេគង្គា ហាក់ដូច​ជារូប​បដិមាមាស ដែលនៅ​នឹងឆ្នេរខ្សាច់​ដែលមាន​ពណ៌​ដូចប្រាក់។

មហាជនឃើញព្រះពោធិសត្វអង្គុយអត់អាហារ ហើយសួរថា ព្រោះ​ហេតុអ្វី លោកទើប​អង្គុយ​បែបនេះ? ព្រះពោធិសត្វ​មិនប្រាប់​អ្នកណា​ឡើយ។ ថ្ងៃស្អែក មនុស្ស​ដែលរស់​នៅជិត​ទ្វារស្រុក ស្ដាប់នូវភាព​ដែល​ព្រះពោធិសត្វ​អង្គុយ​ក្នុងទីនោះ ទើបនាំ​គ្នាមក ហើយ​សួរ លោកនៅ​តែមិនប្រាប់ សូម្បីដល់​មនុស្ស​ទាំងនោះ។ មនុស្ស​ទាំងនោះ​ឃើញ​ព្រះពោធិសត្វ​មានសេចក្ដី​លំបាក នាំគ្នា​បរិទេវនាការ ចៀស​ចេញទៅ។ ថ្ងៃទី ៣ ពួកអ្នក​នគរ​មក ថ្ងៃទី ៤ ពួកឥស្សរជន​ក្នុង​ព្រះនគរ​មក ថ្ងៃទី ៥ ពួករាជ​បុរសមក។ ថ្ងៃទី ៦ ព្រះរាជា​បញ្ជូន​ពួក​អាមាត្យមក ព្រះពោធិសត្វ​នៅតែមិន​និយាយ​ជាមួយ​នឹងអាមាត្យ​ទាំងនោះ។ ថ្ងៃទី ៧ ព្រះរាជា​ទ្រង់មាន​សេចក្ដី​ភ័យខ្លាច ទើបយាង​ទៅកាន់​សម្នាក់​ព្រះពោធិសត្វ កាលនឹង​សាកសួរ ទើបត្រាស់​គាថាទី ១ ថា

ទូតេ តេ ព្រហ្មេ បាហេសឹ, គង្គាតីរស្មិ ឈាយតោ;

តេសំ បុដ្ឋោ ន ព្យាកាសិ, ទុក្ខំ គុយ្ហមតំ នុ តេ។

ម្នាលព្រហ្ម យើងបានបញ្ជូនពួកទូតមក​ក្នុងសម្នាក់​អ្នក ដែលកំពុង​សុបសៅ ក្បែរច្រាំង​គង្គា ពួកទូត​ទាំងនោះ បាន​សួរហើយ តែអ្នក​មិនឆ្លើយ​បា្រប់សោះ សេចក្តីទុក្ខ (ណា) ដែលកើត​ឡើងដល់​អ្នក សេចក្តី​ទុក្ខនោះ ដឹងបាន​តែអ្នកទេឬ។

ពាក្យថា សេចក្តីទុក្ខនោះ ដឹងបានតែអ្នកទេឬ សេចក្ដីថា ម្នាល​ព្រាហ្មណ៍ ហេតុ​អ្វី​អេះ សេចក្ដី​ទុក្ខណា​កើតឡើង​ដល់លោក សេចក្ដីទុក្ខ​នោះ​ជាសេចក្ដី​ស្លាប់ដ៏​កំបាំងឬ បានជា​លោកមិន​ប្រាប់ដល់​អ្នកដទៃ។

ព្រះមហាសត្វស្ដាប់ពាក្យនោះហើយ ពោលថា បពិត្រ​មហារាជ ទូលព្រះបង្គំ​គប្បីប្រាប់​ដល់អ្នក​ដែលអាច​នាំសេចក្ដីទុក្ខ​របស់ទូល​ព្រះបង្គំ​ប៉ុណ្ណោះ មិនប្រាប់​ដល់បុគ្គល​ដទៃ រួចទើប​ពោល ៧ គាថាថា

សចេ តេ ទុក្ខមុប្បជ្ជេ, កាសីនំ រដ្ឋវឌ្ឍន;

មា ខោ នំ តស្ស អក្ខាហិ, យោ តំ ទុក្ខា ន មោចយេ។

បពិត្រព្រះអង្គជាបុគ្គលចម្រើន​ក្នុងដែនរបស់​អ្នកកាសី បើសេចក្តី​ទុក្ខ គប្បីកើត​ឡើងដល់​ព្រះអង្គ បុគ្គលណា​ដោះទុក្ខនោះ មិនបានទេ សូម​ព្រះអង្គ​កុំប្រាប់​សេចក្តី​ទុក្ខនោះ ដល់​បុគ្គលនោះ​ឡើយ។

 

យោ តស្ស ទុក្ខជាតស្ស, ឯកង្គមបិ ភាគសោ;

វិប្បមោចេយ្យ ធម្មេន, កាមំ តស្ស បវេទយ។

បុគ្គលណាគប្បីដោះទុក្ខព្រះអង្គនោះបាន​ដោយធម៌ ជាចំណែក​នៃសេចក្តីសុខ​តែម្យ៉ាង សូមព្រះអង្គ​ប្រាប់ដល់​បុគ្គលនោះ​ដោយពិត។

 

សុវិជានំ សិង្គាលានំ, សកុណានញ្ច វស្សិតំ;

មនុស្សវស្សិតំ រាជ, ទុព្វិជានតរំ តតោ។

សំឡេងពួកឆ្កែចចកក្តី ពួកសត្វក្រៀលក្តី ដឹងបានដោយងាយ បពិត្រ​មហារាជ ឯសំដី​របស់​មនុស្ស ដឹងបាន​ដោយ​កម្រជាង​សម្លេងនោះ​ទៅទៀត។

 

អបិ ចេ មញ្ញតី បោសោ, ញាតិ មិត្តោ សខាតិ វា;

យោ បុព្វេ សុមនោ ហុត្វា, បច្ឆា សម្បជ្ជតេ ទិសោ។

មួយទៀត កាលពីមុន បុរសណា មានចិត្តល្អ គេសម្គាល់ថា​ជាញាតិសន្តាន ឬមិត្រ​សម្លាញ់ តែដល់​មកខាង​ក្រោយ បុរសនោះ ត្រឡប់​ទៅជាសត្រូវ​នឹងគ្នា​វិញ​ក៏មាន។

 

យោ អត្តនោ ទុក្ខមនានុបុដ្ឋោ, បវេទយេ ជន្តុ អកាលរូបេ;

អានន្ទិនោ តស្ស ភវន្តិ មិត្តា, ហិតេសិនោ តស្ស ទុខី ភវន្តិ។

ជនណា មាន គេមិនសាកសួរសេចក្តីទុក្ខរបស់ខ្លួន ហើយ​និយាយ​ប្រាប់ (នូវ​សេចក្តី​កំបាំង​របស់ខ្លួន) ក្នុងកាល​មិនគួរ មិត្រ​ទាំងឡាយ ជាអ្នក​មិនត្រេកអរ​ចំពោះ​ជននោះ​ក៏មាន ជាអ្នក​ស្វែងរកនូវ​ប្រយោជន៍ មានសេចក្តី​ទុក្ខចំពោះ​ជននោះ ក៏មាន។

 

កាលញ្ច ញត្វាន តថាវិធស្ស, មេធាវិនំ ឯកមនំ វិទិត្វា;

អក្ខេយ្យ តិព្វានិ បរស្ស ធីរោ, សណ្ហំ គិរំ អត្ថវតឹ បមុញ្ចេ។

អ្នកប្រាជ្ញដឹងនូវកាលគួរ (នឹងនិយាយប្រាប់) ផង ដឹងនូវ​មេធាវិជន​ថា មាន​ចិត្តតែមួយ​ជាមួយ​នឹងខ្លួនផង ទើបគួរ​ប្រាប់នូវ​សេចក្តី​ទុក្ខទាំងឡាយ ដល់ជន​ឯទៀត មាន​ប្រការ​ដូច្នោះ ហើយ​គប្បីបញ្ចេញ​នូវពាក្យ​ដ៏ពីរោះ ជាពាក្យ​មាន​ប្រយោជន៍។

 

សចេ ច ជញ្ញា អវិសយ្ហមត្តនោ, ន តេ ហិ មយ្ហំ សុខាគមាយ;

ឯកោវ តិព្វានិ សហេយ្យ ធីរោ, សច្ចំ ហិរោត្តប្បមបេក្ខមានោ។

អ្នកប្រាជ្ញកាលបើសម្លឹងរំពឹងឃើញនូវហិរិ និងឱត្តប្បៈ​ជាក់ច្បាស់ហើយ រមែងដឹង​នូវទុក្ខ ដែលខ្លួន​ពិបាកទ្រាំថា សេចក្តីសុខ​ដែលនឹង​មានដល់​អាត្មាអញ មិនមែន​មាន (ព្រោះ​ការលើក​ធុរៈ ដាក់ទម្ងន់​ទៅលើ​អ្នក​ដទៃទេ) ហើយក៏​អត់ទ្រាំទុក្ខ​ដ៏ខ្លាំងក្លា​តែម្នាក់ឯង។

ព្រះមហាសត្វសម្ដែងធម៌ដល់ព្រះរាជាដោយ​គាថាទាំង ៧ យ៉ាងនេះ​ហើយ កាល​នឹងសម្ដែង​ភាពជា​អ្នករកទ្រព្យ​ដើម្បី​អាចារ្យ​របស់ខ្លួន ទើបពោល ៤ គាថាថា

 

អហំ រដ្ឋេ វិចរន្តោ, និគមេ រាជធានិយោ;

ភិក្ខមានោ មហារាជ, អាចរិយស្ស ធនត្ថិកោ។

បពិត្រមហារាជ ទូលព្រះបង្គំជាអ្នកត្រូវការដោយទ្រព្យ (យកទៅបូជា) ដល់អាចារ្យ ទើបដើរ​សូមគេ​ក្នុងដែន និគម និងរាជធានី។

 

គហបតី រាជបុរិសេ, មហាសាលេ ច ព្រាហ្មណេ;

អលត្ថំ សត្ត និក្ខានិ, សុវណ្ណស្ស ជនាធិប;

តេ មេ នដ្ឋា មហារាជ, តស្មា សោចាមហំ ភុសំ។

បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គ (សូមឲ្យ) ពួកគហបតី ពួករាជបុរស ពួក​ព្រាហ្មណ​មហាសាល បាន​ឆ្តោរមាស ៧ បពិត្រ​មហារាជ ឆ្តោរមាស​របស់ខ្ញុំ​ព្រះអង្គ​នោះបាត់ ហេតុនោះ បានជាខ្ញុំ​ព្រះអង្គ​សោកដ៏​ក្រៃលែង។

 

បុរិសា តេ មហារាជ, មនសានុវិចិន្តិតា;

នាលំ ទុក្ខា បមោចេតុំ, តស្មា តេសំ ន ព្យាហរឹ។

បពិត្រមហារាជ ពួករាជបុរសរបស់ព្រះអង្គ ខ្ញុំព្រះអង្គ​បានត្រិះរិះ​ដោយចិត្ត​ថា មិនអាច​ដើម្បី​ជួយដោះ​ខ្ញុំព្រះអង្គ​ឲ្យរួច​ចាកទុក្ខ​បានទេ ហេតុនោះ ខ្ញុំព្រះអង្គ​មិនប្រាប់​ដល់រាជបុរស​ទាំងនោះ​ឡើយ។

 

ត្វញ្ច ខោ មេ មហារាជ, មនសានុវិចិន្តិតោ;

អលំ ទុក្ខា បមោចេតុំ, តស្មា តុយ្ហំ បវេទយឹ។

បពិត្រមហារាជ ចំណែកព្រះអង្គ ខ្ញុំព្រះអង្គ​បានត្រិះរិះ​ដោយ​ចិត្តថា ព្រះអង្គ​អាចជួយ​ដោះ​ទុក្ខបាន ហេតុនោះ ខ្ញុំព្រះអង្គ​ទើបក្រាប​ទូលដល់​ព្រះអង្គ។

ព្រះរាជាស្ដាប់ធម្មកថារបស់ព្រះមហាសត្វ​ហើយ ត្រាស់ថា ម្នាល​ព្រាហ្មណ៍ អ្នកកុំ​គិតច្រើន​ឡើយ យើងនឹង​ប្រទាន​ទ្រព្យជា​របស់​អាចារ្យ​ដល់អ្នក ដូច្នេះ​ហើយ ទ្រង់ក៏​បានប្រទាន​ទ្រព្យជា​ទ្វេគុណ។

ព្រះសាស្ដា កាលប្រកាសសេចក្ដីនោះ ទើបត្រាស់​ឱសានគាថា (គាថា​ចុងក្រោយ) ថា

 

តស្សាទាសិ បសន្នត្តោ, កាសីនំ រដ្ឋវឌ្ឍនោ;

ជាតរូបមយេ និក្ខេ, សុវណ្ណស្ស ចតុទ្ទស។

ព្រះបាទពារាណសី ជាអ្នកចម្រើនក្នុងដែន​របស់​អ្នក​កាសី មានព្រះហឫទ័យ​ជ្រះថា្ល បាន​ប្រទាន​ឆ្តោរមាស​សុទ្ធ ចំនួន ១៤ ដុំ ដល់​មហាសត្វ​នោះ។

ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជា និងឲ្យទ្រព្យ​ដល់អាចារ្យ​រួចហើយ លោកក៏​ធ្វើបុណ្យ​ទាំងឡាយ មានឲ្យ​ទានជាដើម ចំណែក​ព្រះរាជា តាំងនៅ​ក្នុងឱវាទ​របស់​ព្រះមហាសត្វ ទ្រង់​សោយរាជ​សម្បត្តិ​ប្រកប​ដោយធម៌ សូម្បីអ្នក​ទាំងពីរ ក៏បានទៅ​តាម​យថាកម្ម។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាល​ឥឡូវនេះទេ សូម្បី​កាលមុន តថាគត​ក៏ជាអ្នកឈ្លាស​ក្នុងឧបាយ​ដែរ ដូច្នេះ​ហើយ ព្រះអង្គ​ប្រជុំជាតកថា

 

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ

អាចរិយោ សារិបុត្តោ អាចារ្យបានមកជាសារីបុត្រ

ព្រាហ្មណមាណវោ បន អហមេវ អហោសឹ ចំណែកព្រាហ្មណ៍ គឺតថាគតនេះឯង។

ទូតជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៧៩)

ថ្ងៃទី ១៨ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ