។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទុម្មេធជាតក

សេចក្ដីផ្ដើម

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​លោកត្ថចរិយា គឺការប្រព្រឹត្ត​ជាប្រយោជន៍​ដល់សត្វ​លោក បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ទុម្មេធានំ ដូច្នេះ​ជាដើម។ រឿងរ៉ាវ​របស់ជាតក​នេះ នឹងមាន​ជាក់ច្បាស់​ក្នុង មហាកណ្ហជាតក ឯណោះ។

អតីតនិទាន

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​នៅក្នុង​ព្រះគភ៌​នៃ​ព្រះអគ្គមហេសី​របស់​ព្រះរាជា​នោះ។ លុះប្រសូត​ចាកគភ៌​ព្រះមាតា​ហើយ ព្រះញាតិ​ទាំងឡាយ​ថ្វាយព្រះនាម​ថា ព្រហ្មទត្តកុមារ។ កាលព្រះអង្គ​មានជន្ម ១៦ វស្សា​ហើយ ទ្រង់សិក្សា​សិល្បសាស្ត្រ​ក្នុងនគរ​តក្កសិលា បានចេះចប់​ត្រៃវេទ និងសម្រេច​សិល្បវិជ្ជា ១៨ ប្រការ។ ខាងក្រោយ​មក ព្រះរាជាបិតា​បានប្រទាន​តំណែង​ជាឧបរាជ​ដល់​ព្រះអង្គ។

គ្រានោះ មហាជនក្នុងនគរពារាណសី រាប់អានទេវតា គោរពទេវតា បានសម្លាប់​ពពែ ចៀម មាន់ ជ្រូកជាដើម​យ៉ាងច្រើន បូជាដោយ​គ្រឿងក្រអូប​ផ្សេងៗ និងដោយ​សាច់ឈាម​របស់​សត្វ​ទាំងនោះ។ ព្រះពោធិសត្វ​ត្រិះរិះថា ឥឡូវនេះ មហាជន​រាប់អានទេវតា គោរព​ទេវតា​ថា​ជាវត្ថុដ៏​ប្រសើរ នាំគ្នាសម្លាប់​សត្វយ៉ាងច្រើន មហាជន​ជឿស៊ប់​ក្នុងអធម៌​តែម្យ៉ាង​ដោយច្រើន បើអញ​បានទទួល​រាជសម្បត្តិ​ក្រោយពី​ព្រះបិតា​សោយទិវង្គត អញនឹង​មិនឲ្យសត្វ​សូម្បីតែ​មួយ ដល់​នូវសេចក្ដី​លំបាក ដូច្នេះ​អញត្រូវ​រកឧបាយ មិនឲ្យ​បុគ្គលណា​មួយសម្លាប់​សត្វ ឲ្យខាង​តែបាន។

 

ថ្ងៃមួយ ព្រះពោធិសត្វយាងឡើងរថ ស្ដេចចេញចាក​ព្រះនគរ ទតឃើញ​មហាជន​ប្រជុំគ្នា​ក្រោមដើម​ជ្រៃធំមួយ​ដើម ប្រាថ្នា​វត្ថុណាៗ ក្នុងបណ្ដា​វត្ថុទាំង​ឡាយដូច​ជា បុត្រ ធីតា យស និង​ទ្រព្យ​ជាដើម ក៏បួងសួង​ក្នុងសម្នាក់​ទេវតាដែល​ឋិតនៅ​នឹងដើមជ្រៃ​នោះ ទើប​ព្រះអង្គ​ចុះចាក​រថ យាងចូល​ទៅជិត​ដើមជ្រៃ ធ្វើការបូជា​ដោយផ្កា​កម្រង​និងគ្រឿង​ក្រអូប ប្រទក្សិណ​ដើមជ្រៃ​នោះ ដូចពួក​អ្នកដែល​រាប់អាន​ទេវតា​ជាព្រះ ថ្វាយបង្គំ​ទេវតាហើយ ស្ដេច​ក្រោកឡើង​យាងទៅ​លើរថ​ត្រឡប់​ចូលព្រះ​នគរវិញ។ ចាប់តាំង​ពីពេល​នោះមក ព្រះអង្គ​តែងតែ​យាងទៅ​កាន់ដើម​ជ្រៃនោះជា​រឿងយៗ ហើយទ្រង់​បូជា ដូចអ្នក​រាប់អាន​ទេវតា ដែល​បាន​ពណ៌នា​មកហើយ។

សម័យថ្ងៃមួយ កាលព្រះរាជបិតាសោយទិវង្គតទៅ ព្រះបរមពោធិសត្វ​ក៏បាន​សោយរាជ្យ ទ្រង់វៀរ​ចាកអគតិ ៤ ប្រការ ទ្រង់​ប្រព្រឹត្ត​ទសពិធរាជធម៌​ដ៏តឹង​រឹង គ្រប់គ្រង​រាជសម្បត្តិ​ប្រកប​ដោយ​ធម៌ ព្រះអង្គបាន​ត្រិះរិះថា មនោរថ​របស់អញ​ដល់ទី​បំផុតហើយ អញ​តាំងនៅ​ក្នុងរាជ​សម្បត្តិ​ហើយ គំនិតដែល​អញបានគិត​ទុកក្នុងកាល​មុននោះ ក៏នឹង​ត្រូវធ្វើឲ្យ​ដល់ទីបំផុត​ក្នុង​កាល​ឥឡូវនេះ ដូច្នេះហើយ ទើបទ្រង់​ប្រកាសហៅ​ពួកអាមាត្យ​និងមហាជន មាន​ព្រាហ្មណ៍​និង​គហបតី​ជាដើម មកប្រជុំគ្នា ហើយព្រះអង្គ​ត្រាស់ថា

 

នែអ្នកដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយដឹងទេថា ហេតុអ្វីទើប​យើងបាន​រាជសម្បត្តិ ?

មហាជនក្រាបទូលថា បពិត្រមហារាជ ទូលព្រះបង្គំទាំងឡាយ​មិនដឹងទេ។

ព្រះរាជាត្រាស់សួរថា កាលយើងបូជាដើមជ្រៃមួយដើមឯណោះ ដោយគ្រឿង​ក្រអូប​ជាដើម ផ្គង​អញ្ជលី​សំពះ តើពួកអ្នក​បានឃើញ​ឬទេ ?

មហាជនទូលថា បពិត្រមហារាជ ទូលព្រះបង្គំ​ទាំងឡាយ​បានឃើញ។

ព្រះរាជាមានព្រះតម្រាស់តទៅទៀតថា ក្នុងគ្រានោះ យើងបានប្រាថ្នាថា ប្រសិនបើ​បាន​រាជសម្បត្តិ នឹងធ្វើ​ពលិកម្ម យើងបាន​រាជសម្បត្តិ​នេះ ដោយ​អានុភាព​នៃទេវតា​នោះ ឥឡូវ​នេះ យើងនឹងធ្វើ​ពលិកម្ម​ចំពោះ​ទេវតា ពួកអ្នក​កុំយឺតយូរ​ឡើយ ចូរនាំគ្នា​ត្រៀម​រៀបចំ​ពលិកម្ម​ចំពោះ​ទេវតា​ឲ្យឆាប់។

ពួកអាមាត្យជាដើម ទូលសួរថា បពិត្រមហារាជ ទូលព្រះបង្គំ​នឹងត្រូវរៀប​ចំចាត់ចែង​វត្ថុអ្វីខ្លះ?

ព្រះរាជាពោធិសត្វត្រាស់ថា នែអ្នកទាំងឡាយ កាលយើង​បួងសួងទេវតា យើងបាន​ពោលថា ខ្ញុំនឹង​សម្លាប់មនុស្ស​ដែលប្រព្រឹត្ត​នូវអំពើ​ទ្រុស្តសីល ៥ ប្រការ មានសម្លាប់​សត្វជាដើម និង​ពួកមនុស្ស​ដែលប្រព្រឹត្ត​អកុសលកម្មបថ ១០ ក្នុង​រាជ្យ​នៃខ្ញុំ ហើយ​នឹង​ធ្វើពលិកម្ម​ដោយ​ពោះវៀន ឈាម និងសាច់​របស់មនុស្ស​ទាំងនោះ ព្រោះ​ហេតុនោះ ពួក​អ្នក ចូរវាយស្គរ​ប្រកាស​ក្នុង​នគរថា ព្រះរាជា​របស់យើង កាលនៅ​ជាឧបរាជ បានបួង​សួងទេវតា​ទុកថា ប្រសិន​បើបានគ្រប់​គ្រងរាជសម្បត្តិ នឹងបញ្ជា​ឲ្យសម្លាប់​មនុស្ស​ទ្រុស្តសីល ក្នុង​រាជ្យ​របស់​ព្រះអង្គ ហើយធ្វើ​ពលិកម្ម ឥឡូវនេះ ព្រះអង្គ​មានព្រះបំណង​នឹងបញ្ជា​ឲ្យសម្លាប់​មនុស្ស​ដែល​ទ្រុស្តសីល​ចំនួន​មួយពាន់នាក់ ហើយ​យកគ្រឿង​ក្នុង មានបេះដូង​ជាដើម របស់​មនុស្ស​ទាំង​នោះ មកធ្វើ​ពលិកម្ម​ចំពោះ​ទេវតា អ្នកទាំងឡាយ ចូរដឹង​យ៉ាងនេះចុះ។ លុះ​ព្រះពោធិសត្វ​ត្រាស់យ៉ាង​នេះហើយ ព្រះអង្គ​ប្រកាសថា ចាប់តាំង​ពីពេល​នេះទៅ យើង​នឹងសម្លាប់​មនុស្ស​ទ្រុស្តសីល​ឲ្យបានមួយ​ពាន់​បូជាយញ្ញ ទើបនឹង​រួចផុតពី​ការបួងសួង ហើយ​បានត្រាស់​ព្រះគាថា ថា

ទុម្មេធានំ សហស្សេន, យញ្ញោ មេ ឧបយាចិតោ;

ឥទានិ ខោហំ យជិស្សាមិ, ពហុ អធម្មិកោ ជនោ។

ការបូជា អញបានបួងសួងហើយ ដោយសារមនុស្សអាប់ឥតប្រាជ្ញា​រាប់ពាន់នាក់ ឥឡូវនេះ អញ​នឹងបូជា (ព្រោះ) ជនមិន​ប្រកបដោយ​ធម៌ច្រើននាក់។

អាមាត្យទាំងឡាយស្ដាប់ព្រះតម្រាស់របស់ព្រះរាជាហើយ ក៏ទទួល​ព្រះរាជ​ឱង្ការថា ព្រះករុណា​ថ្លៃវិសេស ដូច្នេះហើយ ទើបវាយស្គរ​ប្រកាសទៅ​ពេញ​នគរ​ពារាណសី​ដែល​មាន​ទំហំ ១២ យោជន៍។ អ្នកនគរ​ទាំងអស់​ស្ដាប់ព្រះរាជ​អាជ្ញាហើយ មិនហ៊ាន​ធ្វើខ្លួនឲ្យ​ទៅជា​មនុស្ស​ទ្រុស្តសីល​ទៀតឡើយ។ ដោយអាស្រ័យ​កុសលោបាយ​ដ៏ប្រពៃនេះ រហូត​អស់កាល​ដែល​ព្រះពោធិសត្វ​គ្រប់គ្រង​រាជសម្បត្តិ បុគ្គល​សូម្បីតែ​មួយ ដែលប្រព្រឹត្ត​ទ្រុស្តសីល ៥ ឬ ១០ រមែង​មិនមាន។ ព្រះពោធិសត្វ​មិនបានឲ្យ​បុគ្គលសូម្បី​តែមួយ​លំបាកឡើយ បញ្ជា​ឲ្យអ្នក​ដែនក្នុង​ប្រទេស​នគរ​ទាំងអស់​រក្សានូវសីល ចំណែក​ព្រះអង្គ កាលបាន​បំពេញ​បុណ្យ​ទាំងឡាយ មានឲ្យទាន​ជាដើម ក្នុងកាល​ជាទីបំផុត​នៃព្រះជន្ម ទ្រង់នាំ​បរិស័ទ​របស់​ព្រះអង្គ​ទៅកើត​ក្នុងទេវនគរ ដោយប្រការ​យ៉ាងនេះ។

សេចក្ដីបញ្ចប់

ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែល​តថាគត​ប្រព្រឹត្តជា​ប្រយោជន៍​ដល់សត្វ​លោក សូម្បីក្នុង​កាលមុន ក៏ធ្លាប់​ប្រព្រឹត្ត​មកហើយ​ដែរ។ លុះព្រះអង្គ​នាំព្រះធម្មទេសនា​មកហើយ ទ្រង់បន្ត​អនុសន្ធិ ប្រជុំជាតកថា

 

តទាបរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជា​ពុទ្ធបរិស័។

ពារាណសិរាជា បន អហមេវ អហោសឹ ចំណែកព្រះរាជានគរពារាណសី គឺ​តថាគត​នេះឯង។

ចប់ ទុម្មេធជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ ទុម្មេធជាតក បិដកលេខ ៥៨ ទំព័រ ២២)

ប្រែដោយ ស.ដ.វ.ថ.