។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទុទ្ទុភជាតក

(រឿងទន្សាយផ្អើលផ្លែព្នៅ)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធពួក​អន្យតិរ្ថិយ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ទុទ្ទុភាយតិ ភទ្ទន្តេ ដូច្នេះ​ជាដើម។

 

បានឮថា អន្យតិរ្ថិយទាំងឡាយសម្រេចការដេក​លើទី​បង្អែក​មានបន្លា ក្នុងទីនោះៗ​ ជិតវត្ត​ជេតពន ដុតកម្ដៅ​នូវសេចក្ដី​ព្យាយាម ៥ ប្រការ ប្រព្រឹត្ត​មិច្ឆាតបៈ​ផ្សេងៗ។ ពេលនោះ ភិក្ខុទាំងឡាយ​ជាច្រើន ត្រាច់បិណ្ឌបាត​ក្នុង​ក្រុងសាវត្ថី កាលមក​កាន់វត្ត​ជេតពន បានឃើញ​អន្យតិរ្ថិយ​ទាំងនោះ​ក្នុងរវាង​ផ្លូវ ហើយ​ទៅចូល​គាល់​ព្រះសាស្ដា ទូលសួរថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សារប្រយោជន៍​ក្នុងការ​សមាទានវត្ត​របស់​ពួកអន្យតិរ្ថិយ​មានដែរទេ ព្រះអង្គ។ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សារ​ប្រយោជន៍ក្ដី សេចក្ដី​វិសេសក្ដី ក្នុងការ​សមាទានវត្ត របស់​អន្យតិរ្ថិយ​ទាំងឡាយ​នោះ មិនមានទេ ពិតមែន (ព្រោះថា) វត្តនោះ កាល​ជ្រើសរើស និងពិចារណា​ហើយ ប្រៀបដូច​ជាផ្លូវដែល​មានធូលី និងដូច​ជាទន្សាយ (ដែល​ខ្លាច) សំឡេង​ទុទ្ទុភ​ដូច្នោះ កាលពួក​ភិក្ខុទូល​អង្វរ​អារាធនា​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពួកខ្ញុំ​ព្រះអង្គ​មិនដឹង​ភាវៈដែល​ទន្សាយខ្លាច​សំឡេង​ទុទ្ទុភ​នោះទេ សូមទ្រង់​សម្ដែងដល់​ខ្ញុំព្រះអង្គ​ផង ដូច្នេះទើប​ទ្រង់នាំ​អតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​កំណើត​សីហៈ ចម្រើន​វ័យធំហើយ រស់នៅ​ក្នុងព្រៃ។ ក្នុងពេលនោះ មានព្រៃត្នោត​ដែល​លាយ​ដោយ​ដើមព្នៅ នៅជិត​សមុទ្រ​ទិសខាងលិច។ ក្នុងព្រៃនោះ មានទន្សាយ​មួយរស់​នៅខាង​ក្រោម​ដើមត្នោត​មួយដើម ដែលនៅ​ជិតដើមព្នៅ។

 

ថ្ងៃមួយ ទន្សាយនោះកាន់យកអាហាររួចហើយ មកដេកខាង​ក្រោម​ស្លឹកត្នោត និងគិតថា ប្រសិន​បើផែនដី​នេះក្រឡាប់ តើយើង​នឹងទៅ​ទីណាហ្ន៎។ ក្នុងខណៈ​នោះ មាន​ផ្លែព្នៅទុំ​មួយ ជ្រុះធ្លាក់​មកលើ​ស្លឹកត្នោត។ ដោយសំឡេង​ផ្លែព្នៅនោះ សត្វទន្សាយ​គិតថា ផែនដី​ក្រឡាប់​ដោយពិត ដូច្នេះ​ទើបលោត​ឡើង ហើយស្ទុះ​បោលរត់ទៅ ដោយ​មិនក្រឡេក​មើលក្រោយ​ឡើយ។ ទន្សាយ​ដទៃឃើញ​ទន្សាយ​ដែលភ័យ​ខ្លាចសេចក្ដី​ស្លាប់ កំពុងរត់​ទៅដោយ​រហ័ស​នោះ ទើបសួរថា នែលោក​ដ៏ចម្រើន លោកខ្លាច​អ្វីខ្លាំងម្ល៉េះ ទើបបោល​រត់ទៅ។ ទន្សាយ​នោះ​ពោលថា នែអ្នក​ដ៏ចម្រើន អ្នកកុំសួរអី។ ទន្សាយ​ដទៃនោះ ក៏បោលរត់​តាមខាងក្រោយ ហើយ​សួរថា នែលោក លោកនិយាយ​អ្វី។ ទន្សាយនោះ មិនក្រឡេក​មើលឡើយ ហើយ​ពោលថា ផែនដី​ក្រឡាប់​ត្រង់កន្លែង​នោះ។ សូម្បីទន្សាយ​ដទៃនោះ ក៏រត់តាម​ក្រោយ​ទន្សាយ​នោះ។ ប្រព្រឹត្ត​ទៅដូច្នេះ ទន្សាយដទៃ​ឃើញទន្សាយ​នោះហើយ ក៏នាំគ្នា​រត់តាម​ទន្សាយនោះ កើតទៅ​ជាទន្សាយ​មួយពាន់​រួមគ្នារត់​ទៅតាម​ទន្សាយនោះ យ៉ាងនេះ។ មានម្រឹគ​មួយឃើញ​ទន្សាយ​ទាំងនោះ​ហើយ ក៏រួមគ្នា​បោលរត់​ទៅជា​មួយគ្នាដែរ។ មានជ្រូកមួយ, ខ្ទីងមួយ, ក្របីមួយ, គោព្រោះមួយ, រមាសមួយ, ខ្លាមួយ, សីហៈមួយ, ដំរីមួយ បានឃើញ​សត្វទាំង​នោះហើយ​សួរថា មានរឿងអ្វី ? កាលសត្វ​ទាំងនោះ​ពោលថា ផែនដី​ក្រឡាប់​ត្រង់កន្លែងនោះ ដូច្នេះ ក៏បោល​រត់ទៅដែរ។ (ព្រឹត្តិការណ៍នេះ) កើតទៅ​ជាពួកសត្វ​មានប្រមាណ​មួយយោជន៍ ដោយ​លំដាប់​យ៉ាងនេះ។

 

គ្រានោះ ព្រោះពោធិសត្វឃើញពួកសត្វទាំងនោះកំពុងរត់ ទើបសួរថា មានរឿងអ្វី កាលបាន​ស្ដាប់ថា ផែនដី​ក្រឡាប់​ត្រង់កន្លែងនោះ ទើបគិតថា ឈ្មោះថា ការក្រឡាប់​ផែនដី រមែង​មិនមាន​ក្នុងទីខ្លះទេ ប្រាកដ​ជាសត្វ​ទាំងនេះ ស្ដាប់សំឡេង​អ្វីមួយ​មិនច្បាស់ ដោយពិត បើយើង​មិនខ្វល់​ខ្វាយទេ សត្វទាំងអស់​នឹងវិនាស យើងនឹង​ឲ្យជីវិត​ដល់សត្វ​ទាំងនេះ ដូច្នេះ​ហើយ ក៏រត់ទៅ​កាន់ជើង​ភ្នំខាងមុខ ដោយសន្ទុះ​នៃសីហៈ រួចបន្លឺ​សីហនាទ ៣ ដង។ សត្វទាំងនោះ ត្រូវសេចក្ដី​ភ័យព្រោះ​សីហៈគំរាម ហើយ​ត្រឡប់មក​ឈរនៅ​ជាក្រុម។ សីហពោធិសត្វ ក៏ចូលទៅ​ចន្លោះ​សត្វទាំងនោះ ហើយសួរថា ពួកលោក​រត់ទៅ ដើម្បីអ្វី។ ពួក​សត្វ​ពោលថា ផែនដីក្រឡាប់។ ព្រះពោធិសត្វ​សួរថា កាលផែនដី​ក្រឡាប់ អ្នកណា​បានឃើញ។ ពួកសត្វ​ពោលថា ពួកដំរី​បានដឹង។ ព្រះពោធិសត្វក៏សួរដំរី។ ដំរីទាំងនោះ​ពោល​ថា ពួកខ្ញុំ​មិនដឹង​ទេលោក ពួកសីហៈ​ទើបបានដឹង, សូម្បីពួក​សីហៈ ក៏ពោលថា ពួកខ្ញុំ​មិនដឹង​ទេ ពួកខ្លា​ទើបបាន​ដឹង, សូម្បីពួកខ្លា​ក៏ពោលថា ពួកខ្ញុំ​មិនដឹងទេ ពួករមាស​បានដឹង, សូម្បីពួក​រមាសក៏​ពោលថា ពួកខ្ញុំមិន​ដឹងទេ ពួកគោ​ទើបបានដឹង, សូម្បីពួកគោ​ក៏​ពោលថា ពួកខ្ញុំ​មិនដឹងទេ ពួកក្របី​ទើបបានដឹង, សូម្បីពួក​ក្របីក៏ពោល​ថា ពួកខ្ញុំ​មិនដឹងទេ ពួកខ្ទីង​ទើបបាន​ដឹង, សូម្បីពួក​ខ្ទីងក៏ពោលថា ពួកខ្ញុំ​មិនដឹងទេ ពួកជ្រូក​ទើបបានដឹង, សូម្បី​ពួកជ្រូក​ក៏ពោលថា ពួកខ្ញុំ​មិនដឹងទេ ពួកម្រឹគ​ទើបបានដឹង, សូម្បីពួក​ម្រឹគក៏​ពោលថា ពួកខ្ញុំ​មិនដឹងទេ ពួកទន្សាយ​ទើបបានដឹង, កាលសួរ​ពួកទន្សាយ ទន្សាយ​ទាំងឡាយ​ប្រាប់ថា ទន្សាយនេះ​ជាអ្នកប្រាប់។

 

លំដាប់នោះ សីហពោធិសត្វក៏សួរទន្សាយ​នោះថា នែសម្លាញ់ បានឮ​យ៉ាងនេះថា អ្នកឃើញ​ផែនដី​ក្រឡាប់ឬ។ ទន្សាយ​នោះពោលថា បពិត្រ​លោកម្ចាស់ ពិតមែន គឺខ្ញុំឃើញ។ ព្រះពោធិសត្វ​សួរថា អ្នកនៅ​កន្លែងណា​ទើបបានឃើញ។ ទន្សាយ​ពោលថា ខ្ញុំនៅក្នុង​ព្រៃត្នោត​ដែលលាយ​ដោយដើមព្នៅ ជិតសមុទ្រ​ទិសខាងលិច ក្នុងព្រៃនោះ ខ្ញុំដេកខាង​ក្រោម​ស្លឹកត្នោត ដែលនៅ​ជិតដើមព្នៅ ហើយបាន​គិតថា បើផែនដី​ក្រឡាប់ យើងនឹង​ទៅក្នុងទីណា ខណៈ​នោះ ស្រាប់តែ​ឮសូរផែនដី​ក្រឡាប់ ទើបខ្ញុំរត់ទៅ។

 

សីហពោធិសត្វគិតថា ប្រាកដជាផ្លែព្នៅទុំជ្រុះ ធ្លាក់លើស្លឹកត្នោត​ដោយពិត ហើយធ្វើ​ឲ្យមាន​សំឡេង​ទុទ្ទុភ​ប្រព្រឹត្តទៅ ទន្សាយ​នេះស្ដាប់​សំឡេង​នោះហើយ ធ្វើសេចក្ដី​សម្គាល់ថា ផែនដី​ក្រឡាប់ ដូច្នេះ​ទើបរត់ទៅ យើងនឹង​ដឹងតាម​សេចក្ដីពិត។ ព្រះពោធិសត្វ នាំទន្សាយ​នោះ​និងញ៉ាំង​ពួកសត្វ​ឲ្យបាន​ធូរចិត្ត ហើយ​ពោលថា យើងនឹង​ដឹងផែនដី​ក្រឡាប់ក្ដី មិនក្រឡាប់ក្ដី តាម​សេចក្ដីពិត ត្រង់កន្លែង​ដែលទន្សាយ​នេះបាន​ឃើញ ហើយនឹង​ត្រឡប់មក ពួកលោក​ចូរនៅ​ក្នុងទីនេះ ដរាប​ដល់ពេល​ដែលយើង​មក ដូច្នេះ​ហើយ ព្រះពោធិសត្វ ឲ្យទន្សាយ​ឡើងជិះ​លើខ្នង រួចស្ទុះ​បោលទៅ​ដោយសន្ទុះ​សីហៈ ដាក់ទន្សាយ​ឲ្យចុះ​ក្នុងព្រៃត្នោត រួច​ពោលថា ចូរមក អ្នកចូរសម្ដែង​កន្លែងដែល​អ្នកឃើញ (ដល់យើង)។ ទន្សាយ​ពោលថា បពិត្រ​លោកម្ចាស់ ខ្ញុំមិន​ហ៊ានទេ។ សីហពោធិសត្វ​ពោលថា ចូរមក អ្នកកុំខ្លាចអី។ ទន្សាយនោះ មិនអាច​នឹងចូលទៅ​កាន់ដើមព្នៅ ទើបឋិត​នៅក្នុង​ទីមិនឆ្ងាយ ហើយពោលថា​ បពិត្រ​លោកម្ចាស់ កន្លែងនេះ ជាកន្លែង​ធ្វើសំឡេង​ទុទ្ទុភ​ឲ្យប្រព្រឹត្ត​ទៅ ដូច្នេះ ទើប​ពោល​គាថាទី ១ ថា

 

ទុទ្ទុភាយតិ ភទ្ទន្តេ, យស្មឹ ទេសេ វសាមហំ;

អហម្បេតំ ន ជានាមិ, កិមេតំ ទុទ្ទុភាយតិ។

សូមសេចក្ដីចម្រើនមានដល់លោកចុះ ខ្ញុំនៅ​ក្នុងប្រទេស​ណា ប្រទេសនោះ​ធ្វើសំឡេង​ឮទុទ្ទុភ (ឮទុភ ៗ) តែ​ខ្ញុំមិនដឹងនូវ​ប្រទេស​នុ៎ះថា អ្វីនេះ ធ្វើសំឡេង​ឮទុទ្ទុភ។

 

កាលទន្សាយពោលយ៉ាងនេះហើយ សីហពោធិសត្វ​ទៅកាន់​គល់ដើមព្នៅ បានឃើញ​ផ្លែព្នៅទុំ​ដែលជ្រុះ​ធ្លាក់លើ​ស្លឹកត្នោត ត្រង់កន្លែង​ដែលទន្សាយ​ដេកខាង​ក្រោមស្លឹកត្នោត ក៏ដឹងថា ផែនដី​មិនក្រឡាប់​តាមសេចក្ដី​ពិតហើយ ឲ្យទន្សាយ​ឡើងជិះ​លើខ្នង ហើយ​ប្រញាប់​ទៅកាន់​សម្នាក់​ពួកម្រឹគ ដោយ​សន្ទុះនៃ​សីហៈ រួចប្រាប់​រឿងរ៉ាវ​ទាំងអស់ និងពោលថា សូមអ្នក​ទាំងឡាយ​កុំភ័យឡើយ ដូច្នេះ​ហើយ ក៏បានញ៉ាំង​ពួកម្រឹគ​ឲ្យបានធូរចិត្ត រួចដោះ​លែងទៅ។ ប្រសិនបើ​ក្នុងពេលនោះ មិនមាន​ព្រះពោធិសត្វ​ទេ សត្វទាំងអស់ នឹង​បោល​ចូលសមុទ្រ ហើយ​នឹងវិនាស។ តែដោយ​អាស្រ័យ​ព្រះពោធិសត្វ ពួកសត្វ​ទាំងអស់​ក៏បាន​មានជីវិត (តទៅ)។

 

(ព្រះសាស្ដាទ្រង់សំដែងថា)

ពេលុវំ បតិតំ សុត្វា, ទុទ្ទុភន្តិ សសោ ជវិ;

សសស្ស វចនំ សុត្វា, សន្តត្តា មិគវាហិនី។

ទន្សាយឮសូរ​ផ្លែព្នៅ​ជ្រុះថា​ទុទ្ទុភ ដូច្នេះ ក៏ស្ទុះ​បោលប្រូច ហ្វូងសត្វម្រឹគ​បានឮពាក្យ​ទន្សាយ ក៏ភ័យ​តក់ស្លុត។

 

អប្បត្វា បទវិញ្ញាណំ,បរឃោសានុសារិនោ;

បនាទបរមា ពាលា, តេ ហោន្តិ បរបត្តិយា។

ពួកជនពាលនោះ មិនទាន់សម្រេច​នូវចំណែក​នៃ​សោតវិញ្ញាណ ឮ​សំឡេង​នៃជន​ដទៃ មានសេចក្ដី​ប្រហែសធ្វេស​ដ៏ក្រៃលែង ជនពាល​ទាំងនោះ រមែង​លុះតាមពាក្យ​ជនដទៃ។

 

យេ ច សីលេន សម្បន្នា, បញ្ញាយូបសមេ រតា;

អារកា វិរតា ធីរា, ន ហោន្តិ បរបត្តិយា។

ចំណែកពួកជនណា បរិបូណ៌ដោយសីល និងបញ្ញា ត្រេកអរ​ក្នុង​ការ​ស្ងប់រម្ងាប់ ជាធីរជន អ្នកឆ្ងាយ អ្នកវៀរ​ចាកបាប ធីរជននោះ មិនលុះ​តាមពាក្យ​ជនដទៃ​ទេ។

 

គាថាទាំង ៣ នេះជាអភិសម្ពុទ្ធគាថា។

 

ពាក្យថា ហ្វូងសត្វម្រឹគ បានដល់ ហ្វូងម្រឹគច្រើនពាន់។ ពាក្យថា បរិបូណ៌ដោយសីល បានដល់ ដល់ព្រម​ដោយសីល​ដែលមក​ដោយ​អរិយមគ្គ។ ពាក្យថា និងបញ្ញា ត្រេកអរ​ក្នុង​ការ​ស្ងប់រម្ងាប់ សេចក្ដីថា ត្រេកអរ​នឹងការ​ស្ងប់រម្ងាប់​កិលេស ដោយបញ្ញា​ដែលមក​ដោយ​មគ្គនោះ​ឯង បរិបូណ៌​ដោយសីល​យ៉ាងណា ក៏បរិបូណ៌​ដោយបញ្ញា​យ៉ាងនោះ ជាអ្នក​ត្រេកអរ​ក្នុងការ​រម្ងាប់​កិលេស។ ពាក្យថា ជាធីរជន អ្នកឆ្ងាយ អ្នកវៀរ​ចាកបាប បានដល់ បណ្ឌិត​ដែលឆ្ងាយ និងវៀរ​ចាកកិរិយា​ធ្វើនូវបាប។ ពាក្យថា ធីរជននោះ មិនលុះ​តាមពាក្យ​ជនដទៃ​ទេ សេចក្ដីថា ធីរជន​ដែលមាន​សភាព​បែបនោះ ជា​ព្រះសោតាបន្ន ជាអ្នក​មានធម៌​ត្រាស់ដឹង​ហើយ ដោយមគ្គ​ញាណមួយ​វារៈ ដោយភាព​ជាអ្នក​ត្រេកអរ​នឹងការ​ស្ងប់រម្ងាប់​កិលេស និងភាព​ជាអ្នក​ឆ្លងផុត​ចាកបាប ទើប​មិនជឿ និងកាន់​យកពាក្យ​ដែលបុគ្គល​ដទៃ​ពោល។ សួរថា ព្រោះហេតុអ្វី ? ឆ្លើយថា ព្រោះជា​អ្នកប្រាកដ​ជាក់​ច្បាស់ដោយ​ខ្លួនឯង។ ព្រោះហេតុ​នោះ ព្រះសាស្ដា​ទើបត្រាស់ថា

 

អស្សទ្ធោ អកតញ្ញូ ច, សន្ធិច្ឆេទោ ច យោ នរោ;

ហតាវកាសោ វន្តាសោ, ស វេ ឧត្តមបោរិសោ។

នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វាន [អកតញ្ញូ ក្នុងទីនេះ ប្រែថា អ្នកស្គាល់​ព្រះនិព្វាន ព្រះអរិយបុគ្គល។ ដូចបទវិគ្គហៈថា អកតំ និព្វានំ ជានាតីតិ > អកតញ្ញូ បុគ្គលណា ស្គាល់​ព្រះនិព្វាន​ដែលបច្ច័យ​មិនធ្វើ (មិនតាក់តែង) ព្រោះ​ហេតុនោះ បុគ្គលនោះ​ឈ្មោះថា អកតញ្ញូ ពាក្យនេះ​មកពី អកត + ញា + រូ។] ផង កាត់នូវ​គ្រឿង​ត គឺវដ្ដៈ​ផង មានឱកាស​កម្ចាត់បង់​ហើយផង មានសេចក្តី​ប្រាថ្នា​ខ្ជាក់ចោល​ហើយផង នរជន​នោះ​ជា​ឧត្តមបុរស។ (ខុ ធម្មបទ អរហន្តវគ្គ សារិបុត្តត្ថេរវត្ថុ បិ ៥២ ទំ ៤២)

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា សីហោ អហមេវ អហោសឹ សីហៈក្នុងកាលនោះ គឺ តថាគតនេះឯង។

ចប់ ទុទ្ទុភជាតក។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កុដិទូសកវគ្គ បិដកលេខ ៥៨ ទំព័រ ២០៩)

ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២៣ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ