។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទីឃីតិកោសលជាតក

(ពៀររម្ងាប់ដោយការមិនចងពៀរ)

ព្រះបរមសាស្តា កាលដែលព្រះអង្គ​ទ្រង់គង់ប្រថាប់​នៅនា​មហាវិហារ​ជេតពន ទ្រង់ប្រារព្ធ​ពួកភិក្ខុ​ក្រុងកោសម្ពី​ដែលឈ្លោះ​ទាស់ទែងគ្នា ទើបព្រះអង្គ​ត្រាស់សម្តែង​នូវ​ព្រះធម៌ទេសនា​នេះ ដោយពាក្យ​ថា ឯវំ ភូតស្ស តេ រាជ ដូច្នេះជាដើម ។

បានស្តាប់មកថា ក្នុងកាលដែលភិក្ខុទាំងនោះ និមន្ត​មកកាន់​ជេតពន​មហាវិហារ ដើម្បីសូម​នូវការអត់​ទោស​ពីព្រះបរមសាស្តា ព្រះដ៏មានព្រះភាគ ត្រាស់ហៅ​ភិក្ខុ​ទាំងនោះ​មក​ហើយ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ជាឱរស​របស់​តថាគត គឺជាកូន​ដែលកើត​អំពីមាត់ ។ ធម្មតា​ដែលជា​ឱរស គឺមិនគួរ​ទម្លាយនូវ​ឱវាទ ដែលបិតា​ទុកឲ្យហើយ ប៉ុន្តែអ្នក​ទាំងឡាយ បែរទៅ​ជាអ្នកមិន​ធ្វើតាម​ឱវាទរបស់​តថាគត គឺជាអ្នក​ទម្លាយ​នូវឱវាទ​ទៅវិញ ។ បណ្ឌិតទាំងឡាយ​ពីបុរាណ សូម្បីចោរ​ដែលជា​អ្នកសម្លាប់​មាតាបិតា​របស់ខ្លួន ហើយប្លន់​យកនូវ​រាជសម្បត្តិ បានធ្លាក់​ចូលក្នុង​កណ្តាប់​ដៃក្នុងព្រៃ ក៏នៅតែ​ឲ្យអភ័យ មិនសងសឹក ដោយគិតថា យើងនឹងមិន​ទម្លាយ​ឱវាទ​ដែល​មាតាបិតា​ទុក​ឲ្យ ។ រួចហើយ ព្រះអង្គ​ទ្រង់នាំយក​រឿងក្នុង អតីតកាល​មកសម្តែង ។ រឿងដោយ​ពិស្តារ មាន​ក្នុង​វិនយបិដក រឿងដោយ​សង្ខេប​មានដូចតទៅ ៖

ក្នុងអតីតកាល ស្តេចក្រុងពារាណសី ទ្រង់ព្រះនាម​ព្រហ្មទត្ត ជាស្តេច​ស្តុកស្តម្ភ​មាំមួន បានលើក​ទ័ពចេញ​ទៅច្បាំង​នឹងស្តេច​ទីឃីតិកោសល ។ ស្តេចក្នុង​ដែនកោសល​ព្រះនាម​ទីឃីតិ ជាស្តេចកម្សត់ មានសម្បត្តិតិច មានកម្លាំង​ទ័ពតិច បាននាំ​មហេសី​លប​រត់ចេញ​ពីក្រុង​ជាមុន ។ គ្រានោះ ស្តេចក្នុង​ដែនកាសី ព្រះនាម​ព្រហ្មទត្ត បានដណ្តើម​យកពួក​ពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក​របស់ស្តេច​ក្នុងដែន​កោសល​ព្រះនាម​ទីឃីតិ ហើយ​គ្រប់គ្រង​រក្សា ។ ចំណែក​ស្តេចទីឃីតិ បាននាំ​មហេសី​ទៅអាស្រ័យ​នៅក្នុងផ្ទះ​ស្មូនឆ្នាំង ដែលឋិតនៅ​ជាយ​ក្រុង​ពារាណសី ដោយក្លែង​ភេទមិនឲ្យ​អ្នកដទៃ​ស្គាល់បាន ទ្រង់ស្លៀក​ដណ្តប់​ជា
បរិព្វាជក ។ ក្រោយមក​មិនយូរប៉ុន្មាន ព្រះមហេសី​នៃព្រះបាទ​ទីឃីតិ ក៏ទ្រង់​គភ៌ លុះដល់​គភ៌ចាស់​ហើយ ក៏បាន​ប្រសូតនូវ​ព្រះបរមពោធិសត្វ ព្រះមាតា​បិតា ទ្រង់ប្រទាន​នាមថា ទីឃាវុ ។ លុះដល់​ទីឃាវុកុមារ​ដឹងក្តី បិតា​ក៏បញ្ជូនបុត្រ​ឲ្យទៅនៅ​ក្រៅក្រុង ក្រែងថ្ងៃ​មុខថ្ងៃ​ក្រោយ ស្តេចដែនកាសី​​ជ្រាបដំណឹង នឹងសម្លាប់​ទាំងអស់គ្នា ។ ទីឃាវុកុមារ កាលដែល​នៅក្រៅ​ក្រុង មិនយូរប៉ុន្មាន ក៏បានសិក្សា​ចេះដឹង​នូវសិល្បសាស្ត្រ​សព្វគ្រប់ ។

ពិតមែន ដោយមានអ្នកក្រាបទូលដល់ព្រះបាទ​ព្រហ្មទត្ត ជាស្តេច​ដែនកាសី ព្រះបាទទីឃីតិ និង​ព្រះអគ្គមហេសី ក៏ត្រូវចាប់​ខ្លួនបាន គេចង​ដើមដៃ​ទ្រង់ទាំង ២ ព្រះអង្គ​ទៅខាង​ក្រោយ​ដោយ​ចំណងដ៏មាំ កោរក្បាល​ឲ្យរលីង ទូងស្គរ​បណ្តើរ​សព្វច្រក សព្វផ្លូវ​ត្រឡែង​កែង ។ កាលនោះ ទីឃាវុកុមារ​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ខានឃើញ​មាតាបិតា​យូរណាស់​ហើយ បើដូច្នោះ គួរតែអាត្មាអញ​ទៅមើល​មាតាបិតា​បានម្តងសិន ។ ទីឃាវុកុមារ ចូលទៅដល់​ក្រុងពារាណសី​ហើយ បានឃើញ​មាតាបិតា ដែលគេ​កំពុងតែ​ចងស្លាបសេក​ បណ្តើរ​គ្រប់ច្រកល្ហក និងគ្រប់​ផ្លូវ លុះឃើញ​ហើយ ក៏ចូលទៅ​រកមាតាបិតា ។ ព្រះបាទទីឃីតិ ទ្រង់ទត​ឃើញបុត្រ​មកអំពី​ចម្ងាយ ក៏ស្រែក​ផ្តាំបុត្រ ដូច្នេះថា នែ​ទីឃាវុកូន ! ចូរកូនកុំ​ឃើញកាលវែង កុំឃើញ​កាលខ្លី នែ​ទីឃាវុកូន ! ធម្មតា ពៀរមិនដែល​រម្ងាប់ដោយ ការចង​ពៀរទេ គឺពៀរតែង​រម្ងាប់ដោយ​ការមិន​ចងពៀរ ។ ពួកជន​ទាំងឡាយ បានសម្គាល់​ព្រះអង្គ​ថាឆ្កួត រវើរវាយ និយាយ​ផ្តេសផ្តាស ហើយបាន​នាំព្រះអង្គ​ចេញទៅ​តាមទ្វារ​ខាងត្បូង កាត់ខ្លួន​ព្រះអង្គ​ជា ៤ កំណាត់ ។ លុះដល់​ពេលស្ងាត់ ព្រះបរមពោធិសត្វ​ទីឃាវុកុមារ ក៏បានចូល​ដល់ទី​ប្រហារជីវិត ប្រមូលកំណាត់​ឈើ ហើយលើក​សរីរៈ មាតាបិតា​ដាក់លើ​ជើងថ្ករ រួចក៏បូជា​ដោយភ្លើង ផ្គងអញ្ជលី ធ្វើប្រទក្សិណ​ជើងថ្ករ ៣ ជុំ ។ គ្រានោះ ទីឃាវុកុមារ​ទៅឯព្រៃ ហើយខ្សឹកខ្សួល ទួញយំ ដោយ​សេចក្តី​អាល័យ អួលណែន​ក្នុងទ្រូង យំអស់​ចិត្តហើយ ទើបជូត​ទឹកភ្នែក ត្រឡប់ចូល​ក្រុង​ពារាណសី​វិញ ទៅសូម​រៀនសិល្បៈ​នឹងហ្មដំរី នៅជិត​ព្រះរាជវាំង ។ ទីឃាវុកុមារ ក្រោកឡើង​ក្នុងបច្ចូស​សម័យ​នៃរាត្រី ស្រែកច្រៀង​ដោយ​សំឡេង​ដ៏ពីរោះ ព្រមទាំង​ដេញពិណ​ផង ក្នុងរោងដំរី ដែល​ធ្វើឲ្យ​ព្រះរាជា ពេញ​ព្រះរាជ​ហឫទ័យ ឲ្យនៅ​បម្រើ​ព្រះអង្គ ។ ដោយ​ទីឃាវុកុមារ​ពូកែផ្គាប់​ចិត្ត​ព្រះរាជា មិនយូរ​ប៉ុន្មាន ព្រះរាជា​ក៏បាន​តែងតាំង​ទីឃាវុកុមារ ក្នុងភាព​ជាអ្នក​សិទ្ធស្នាល​ខាងក្នុង ។

ថ្ងៃមួយព្រះរាជា បានត្រាស់បង្គាប់ឲ្យ​ទីឃាវុកុមារ​ទឹម​រាជរថ នាំព្រះអង្គ​ទៅ​ប្រពាត​ម្រឹគ​ក្នុងព្រៃ ។ ព្រះរាជា​នឿយហត់​ព្រះកាយ​ដោយផ្លូវឆ្ងាយ​ បានត្រាស់​ឲ្យ​ទីឃាវុកុមារ​ដាក់​រាជរថ​សិន ហើយផ្ទំ​កើយព្រះសីសៈ​លើភ្លៅ​ទីឃាវុកុមារ ក្រោមម្លប់​ឈើ ក៏លង់លក់​មួយ​រំពេចទៅ ។​ លំដាប់នោះ ទីឃាវុកុមារ ក៏មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ស្តេចក្នុង​ដែនកាសី​ព្រះនាម​ព្រហ្មទត្តនេះ បានធ្វើនូវ​សេចក្តី​វិនាសជា​ច្រើន​ដល់អាត្មាអញ ទាំង​ពលពាហនៈ ជនបទ ឃ្លាំង និង​ជង្រុក របស់​អាត្មាអញ ស្តេចនេះ​រឹបអូស​យកអស់ មិនតែ​​ប៉ុណ្ណោះ ទាំងមាតា​បិតា​របស់​អាត្មាអញ ក៏ត្រូវសេ្តចនេះ​សម្លាប់ចោល​អស់ទៀត វេលានេះ គួរអាត្មាអញ​សងពៀរ​ដល់ស្តេច​នេះវិញ ហើយក៏​ហូតព្រះខាន់​ចេញពី​ស្រោម ។ វេលានោះ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បិតាបាន​ផ្តាំអាត្មាអញ ក្នុងពេល​ដែលទៀប​នឹងធ្វើ​មរណភាព​ថា នែទីឃាវុកូន អ្នកឯងកុំ​ឃើញ​កាលវែង កុំឃើញ​កាលខ្លី នែ​ទីឃាវុកូន ធម្មតា ពៀរមិន​ដែល​រំងាប់​ដោយការ​ចងពៀរទេ គឺពៀរ​តែងរំងាប់​ដោយការ​មិនចងពៀរ បើអាត្មាអញ​កន្លងពាក្យ​បិតាហើយ អំពើនេះ​ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញ​ឡើយ ហើយក៏​សៀត​ព្រះខាន់​ចូលទៅក្នុង​ស្រោមវិញ ។ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ​ឃើញការ​សងពៀរ ជាលើកទី ២ និងជា​លើកទី ៣ ប៉ុន្តែរាល់​លើក មិនបាន​សម្រេច​ឡើយ ដោយ​រលឹក​ឃើញ​បណ្តាំ​ព្រះបិតា មុននឹងគេ​ធ្វើឃាត​ព្រះអង្គ ។ គ្រានោះ ស្តេចព្រហ្មទត្ត ទ្រង់ភិត​ភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់​តក់ស្លុត ហើយក៏តើន​ឡើងភ្លាម ។ ទីឃាវុកុមារ ទូលសួរ​ដូច្នេះថា សូមទ្រង់​ព្រះមេត្តាប្រោស ហេតុអ្វីបាន​ជាព្រះអង្គ ទ្រង់ភិតភ័យ​តក់ស្លុត ហើយតើន​ឡើង​ដូច្នេះ ? ស្តេច​ក៏តបថា នែនាយ​មាណព ព្រោះយើង​យល់សប្តិ ឃើញ​ដូចជា​ទីឃាវុកុមារ ជាកូន​សេ្តចក្នុង​ដែនកោសល ឈ្មោះទីឃីតិ លើក​ព្រះខាន់ឡើង គំរាមយើង​ក្នុងទីនេះ ព្រោះ​ហេតុនោះ បានជា​យើងភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយ​ក្រោកឡើង​ភ្លាម ។ ភ្លាមនោះ ទីឃាវុកុមារ បានយកដៃ​ខាងឆ្វេង ចាប់សង្កត់​ព្រះសីសៈ​នៃស្តេច​ក្នុងដែន​កាសី ព្រះនាម​ព្រហ្មទត្ត ហើយយក​ដៃខាងស្តាំ​ហូតព្រះខាន់ រួចនិយាយ​ពាក្យនេះ​នឹងស្តេច​ថា នែព្រះអង្គ ! ទូលព្រះបង្គំ​នេះហើយ ដែលឈ្មោះ​ទីឃាវុកុមារ ជាកូនស្តេច​ក្នុងដែន​កោសល ព្រះនាម​ទីឃីតិ ព្រះអង្គ​បានធ្វើសេចក្តី​វិនាសជា​ច្រើនដល់​ទូល​ព្រះបង្គំ ទាំងព្រះមាតា​បិតា​របស់ទូល​ព្រះបង្គំ ព្រះអង្គ​ក៏ឲ្យគេ​ធ្វើឃាត​ចោល​ទាំងអស់ ពេលនេះ គួរតែទូល​ព្រះបង្គំ​សងពៀរ​ដល់​ព្រះអង្គវិញ ។ ទីឃាវុកុមារ គិតថា យើងនេះ​សូម្បីត្រូវ​លះបង់​ជីវិត ក៏មិនទម្លាយ​នូវឱវាទ​ព្រះបិតា​យើងឡើយ គ្រាន់តែ​សម្លុតព្រះរាជា​ប៉ុណ្ណោះ ទើបពោល​គាថាដែល​មាន​សេចក្តីថា ៖

បពិត្រព្រះរាជា ព្រះអង្គធ្លាក់មក​ក្នុងអំណាច​របស់ទូល​ព្រះបង្គំ យ៉ាងនេះហើយ តើហេតុណា​មួយ​ដែលញ៉ាំង​ព្រះអង្គ​ឲ្យរួច​ចាកទុក្ខ មានដែរឬ ?

ព្រះរាជាត្រាស់នូវ​ព្រះគាថា​ឆ្លើយតប ដែល​មាន​សេចក្តីថា ៖

ម្នាលអ្នកអើយ យើងធ្លាក់នៅក្នុង​អំណាចរបស់​អ្នក បា្រកដ​យ៉ាងនេះ​ហើយ ហេតុណា​មួយ ដែលញ៉ាំង​យើងឲ្យរួច​ចាកទុក្ខ មិនមាន​ឡើយ ។

វេលានោះ ស្តេចក្នុងដែនកាសី​ព្រះនាមព្រហ្មទត្ត ក៏ឱនព្រះសិរ​ក្រាបទៀប​ជើង​ទីឃាវុកុមារ ហើយមាន​ព្រះរាជឱង្ការ ទៅនឹង​ទីឃាវុកុមារ​យ៉ាងនេះថា នែទីឃាវុកូន ! សូមអ្នក​អាណិត ឲ្យជីវិតដល់​យើងផង នែទីឃាវុកូន ! សូមអ្នក​អាណិត ឲ្យជីវិត​ដល់យើង​ផង ។ ទីឃាវុកុមារ​តបវិញថា ទូលព្រះបង្គំ​នឹងថ្វាយ​ជីវិតព្រះអង្គ​ដូចម្តេច​ទៅ គឺគួរតែ​ព្រះអង្គ​ប្រទាន​ជីវិត​ទូលព្រះបង្គំ​ទៅវិញទេ ។ ព្រះរាជា​ត្រាស់ថា នែទីឃាវុកូន ! បើដូច្នោះ អ្នកចូរឲ្យ​ជីវិត​យើងចុះ ឯយើង​ក៏ឲ្យជីវិត​អ្នកវិញដែរ ។

កាលដែលទីឃាវុកុមារ ថ្វាយជីវិត​ព្រះអង្គហើយ លំដាប់នោះ ទីឃាវុកុមារ បានពោល​គាថា ដូច្នេះថា ៖

នាញ្ញំ សុចរិតំ រាជ                  

នាញ្ញំ រាជ សុភាសិតំ                           

តាយតេ មរណកាលេ          

ឯវមេវិតរំ      ធនំ    

បពិត្រព្រះរាជា អ្វីដទៃក្រៅពីសុចរិត និងវាចា​ដែលជា​សុភាសិត គឺមិនអាច​ការពារ​ព្រះជន្ម​របស់ព្រះអង្គ កុំឲ្យដល់​នូវមរណៈ​ក្នុងពេលនេះ​បានឡើយ ទ្រព្យ​ក្រៅពីនេះ ក៏យ៉ាង​នោះដែរ ។

អធិប្បាយថា បពិត្រព្រះរាជា វៀរចាកសុចរិត និងវាចា​ជាសុភាសិត ពោល​គឺឱវាទ​របស់​ព្រះបិតាទូលបង្គំ​ចេញហើយ អ្វីដទៃ​អាចការពារ​ក្នុងវេលា​អស់ព្រះជន្ម រមែង​មិនមាន​ឡើយ ទ្រព្យក្រៅ​ពីនេះ ក៏ដូចគ្នាដែរ គឺមិនមាន​ប្រយោជន៍​ទេ ព្រោះថា ក្នុងពេលនេះ ទោះជា​ព្រះអង្គ​ឲ្យទ្រព្យ​រាប់សែន​កោដិ ដល់ទូល​ព្រះបង្គំ ក៏ព្រះអង្គ​មិនអាច​បាននូវ​ជីវិតដែរ ។

ព្រះបរមពោធិសត្វបានសម្តែងព្រះគាថាជាបន្ត ៖

អក្កោច្ឆិ  មំ  អវធិ  មំ             

អជិនិ ​ មំ  អហាសិ  មេ                        

យេ     តំ  ឧបនយ្ហន្តិ          

វេរំ   តេសំ    សម្មតិ ។

បុគ្គលទាំងឡាយណា ចងនូវពៀរនោះ ដោយគិតថា អ្នកឯណោះ បានជេរអញ បានវាយ​អញ បានផ្ចាញ់អញ បានលួចយក​ទ្រព្យរបស់អញ ដូច្នេះ ពៀររបស់​បុគ្គល​ទាំងឡាយ​នោះ រមែងមិន​រំងាប់ឡើយ ។

អក្កោច្ឆិ  មំ  អវធិ  មំ             

អជិនិ  មំ  អហាសិ  មេ                        

យេ    តំ  នូបនយ្ហន្តិ           

វេរំ  តេសូបសម្មតិ 

បុគ្គលទាំងឡាយណា មិនចងនូវ​ពៀរនោះថា អ្នកឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួច​យកទ្រព្យ​របស់អញ ដូច្នេះ ពៀររបស់​បុគ្គលទាំងឡាយ​នោះ ទើបរំងាប់​បាន ។

  ហិ  វេរេន  វេរានិ               

សមន្តីធ  កុទាចនំ                             

អវេរេន    សម្មន្តិ                 

ឯស  ធម្មោ  សនន្តនោ។

តាំងពីណាពីណីមក ពៀរទាំងឡាយ ក្នុងលោកនេះ រមែងមិន​រំងាប់ដោយ​ពៀរទេ ពៀរ​ទាំងឡាយ រមែងរំងាប់​បាន ដោយការ​មិនមាន​ពៀរ នេះជា​បុរាណធម៌ ។

គ្រានោះស្តេចក្នុងដែនកាសី និងទីឃាវុកុមារ បានឲ្យជីវិតគ្នា​ទៅវិញទៅមក បានចាប់​ដៃគ្នា​ផង ធ្វើសម្បថផង ដើម្បីមិនឲ្យ​មានរឿង​ប្រទូស​គ្នាតទៅទៀត ។ បន្ទាប់​ពីត្រឡប់​ចូលក្រុង​វិញហើយ ព្រះរាជា​បានប្រកាស​ឲ្យមនុស្ស​ទាំងឡាយ​បានដឹងថា នេះជា​កូនស្តេច​ក្នុងដែន​កោសល ឈ្មោះ​ទីឃាវុកុមារ អ្នកទាំងឡាយ មិនត្រូវ​ធ្វើទោស ចំពោះ​ទីឃាវុកុមារ​នេះ​ឡើយ ព្រោះ​ទីឃាវុកុមារ បានឲ្យ​ជីវិតយើង ទាំងយើង​ក៏បានឲ្យ​ជីវិត​ដល់​ទីឃាវុកុមារ​វិញ​ដែរ ។ ប្រកាស​ហើយ ព្រះរាជា​បានសួរទៅ​ទីឃាវុកុមារ​យ៉ាងនេះថា នែទីឃាវុកូន ! កាលដែល​ព្រះបិតា​របស់អ្នក​ជិតនឹង​ធ្វើមរណភាព បានផ្តាំ​បណ្តាំណា​ចំពោះ​អ្នកថា ចូរកូនកុំ​ឃើញ​កាលវែង កុំឃើញ​កាលខ្លី ធម្មតា ពៀរមិនដែល​រំងាប់ដោយ​ការចងពៀរ​ទេ គឺពៀរ តែង​រំងាប់​ដោយការ​មិនចងពៀរ តើបណ្តាំនោះ ព្រះបិតា​របស់អ្នក​សំដៅ យក​ហេតុ​ត្រង់ណា បានជា​ផ្តាំដូច្នេះ ? ទីឃាវុកុមារ បានក្រាប​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស កាលដែល​ព្រះបិតា​របស់ទូល​ព្រះបង្គំ ជិតនឹងធ្វើ​មរណភាព បានផ្តាំ​បណ្តាំណា​ចំពោះ​ទូល​ព្រះបង្គំថា ចូរកូន​កុំឃើញ​កាលវែង គឺ​កុំធ្វើពៀរ​ឲ្យយូរ​អង្វែងឡើយ ឯបណ្តាំ​ដែលថា កុំឃើញ​កាលខ្លី គឺកុំប្រញាប់​បែកចាក​ពួកមិត្ត​សម្លាញ់ឡើយ ។ សូមទ្រង់​ព្រះមេត្តា​ប្រោស ចំណែក​បណ្តាំបន្ត​មកទៀតថា ធម្មតា ពៀរមិនដែល​រំងាប់​ដោយការ​ចងពៀរទេ គឺពៀរ តែង​រំងាប់​ដោយការ​មិនចងពៀរ នោះសំដៅ​ត្រង់មាតាបិតា​របស់ទូល​ព្រះបង្គំ ដែលទ្រង់​ឲ្យគេ​ប្រហារជីវិត​ហើយ ព្រោះ​ហេតុនោះ ប្រសិនបើ​ទូលព្រះបង្គំ​នឹងបំផ្លាញ​ព្រះអង្គ​ឲ្យដាច់​ចាកជីវិត​វិញ គង់មានពួក​ជនដែលប្រាថ្នា​ប្រយោជន៍​ចំពោះព្រះអង្គ នឹងបំផ្លាញ​ទូលព្រះបង្គំ​ឲ្យដាច់​ចាកជីវិត​វិញដែរ ហើយ​តទៅទៀត ពួកជន​ដែលប្រាថ្នា​នូវ​ប្រយោជន៍​ដល់ទូល​ព្រះបង្គំ មុខតែបំផ្លាញ​ពួកជន​ទាំងនោះ ឲ្យដាច់ចាក​ជីវិត​មិនខាន​ឡើយ ពៀរនោះ​មិនបាន​រំងាប់​ដោយការ​ចងពៀរ​យ៉ាងនេះឯង ។ ឥឡូវព្រះអង្គ​ទ្រង់ប្រទាន​ជីវិតដល់​ទូល​ព្រះបង្គំ​ជាខ្ញុំ​ហើយ ឯខ្ញុំព្រះអង្គ ក៏បានថ្វាយ​ជីវិតដល់​ព្រះអង្គ​វិញដែរ ដូច្នោះ ពៀរនោះ នឹងរំងាប់​ដោយការ​មិនចងពៀរ យ៉ាងនេះឯង សូមព្រះអង្គ ទ្រង់ជ្រាប ។ គ្រានោះ ស្តេចក្នុង​ដែនកាសី ព្រះនាម​ព្រហ្មទត្ត ទ្រង់ស្ញើចថា អើហ្ន៎ ! ហេតុនេះ​ហៅពេញ​ជាអស្ចារ្យ​ណាស់ អើហ្ន៎ ! ហេតុនេះ​ហៅពេញ​ជាចម្លែកណាស់ ទីឃាវុកុមារ​នេះ ពេញជាអ្នក​ប្រាជ្ញមែន ព្រោះដឹង​សេចក្តី​ដែលបិតា​ពោលដោយ​សង្ខេប ដោយ​ពិស្តារបាន ។ ព្រះរាជា​បានប្រគល់​ពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក ជាកេរ​ដំណែល​បិតា ទៅ​ទីឃាវុកុមារ​វិញ ព្រមទាំង​ប្រទានធីតា​របស់​ព្រះអង្គ​ទៀតផង ឲ្យ​ទីឃាវុកុមារ​តាំងនៅ​ក្នុង​រាជសម្បតិ្ត គ្រប់គ្រង​ដែន​កោសល ។ តាំងតែពី​ពេលនោះ​មក ព្រះរាជា​ទាំងពីរ​ព្រះអង្គ ទ្រង់ស្ម័គ្រ​ស្មាគម រីករាយ ព្រះហឫទ័យ​គ្រង​រាជសម្បត្តិ ។

ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង​នូវរឿងនេះ​ហើយ ព្រះភគវា ព្រះអង្គ​ទ្រង់ប្រទាន​នូវ​ឱវាទ​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ គួរកោតដែរ យ៉ាងពួកក្សត្រ​ទាំងនោះ ធ្លាប់តែ​កាន់​ដំបង កាន់​គ្រឿងសស្ត្រា ហើយ​មកចេះ​មានអំណត់ ព្រមទាំង​ប្រព្រឹត្តល្អ​បែបនេះ​បាន ។ ព្រោះ​ហេតុដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​រាល់គ្នា​បានមកបួស​ក្នុងធម្មវិន័យ​នេះ ដែលតថាគត​បានសម្តែង​ដោយល្អ​យ៉ាងនេះហើយ គួរតែ​អត់ធន់ គួរតែខំ​ប្រព្រឹត្តល្អ ឲ្យល្អ​ឡើង ។

ព្រះបរមសាស្តា ទ្រង់ប្រជុំជាតកថា មាតាបិតាក្នុង​គ្រានោះ បានមក​ជាត្រកូលមហារាជ ចំណែក​ទីឃាវុកុមារ បានមក​ជា តថាគត ដូច្នេះឯង ៕

សូមអនុមោទនា!!!

ប្រែដោយ ខេមរ អភិធម្មាវតារ