។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទសរថជាតក

(រឿងព្រះរាម ព្រះនាងសីតា)

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតវ័ន ទ្រង់ប្រារព្ធកុដុម្ពិកៈ​ដែលមាន​បិតា ស្លាប់មួយ​រូប បានត្រាស់​ធម្មទេសនា​នេះ មានពាក្យ​ផ្ដើមថា ឯថ លក្ខណសីតា ដូចនេះ ។

សេចក្ដីពិស្ដារថា កុដុម្ពិកៈនោះ កាលបិតាធ្វើ​កាលកិរិយា​ហើយ ត្រូវ​សេចក្ដី​សោក​គ្របសង្កត់ ទើបបោះបង់​កិច្ចទាំងពួង បណ្ដោយ​ទៅតាម​សេចក្ដី​សោកសៅ ។ ព្រះសាស្ដា​ទ្រង់ប្រមើល​មើលសត្វ​លោក​ក្នុង​បច្ចូសសម័យ (ក្នុង​វេលាជិតភ្លឺ) ទតឃើញ​ឧបនិស្ស័យ​សោតាបត្តិផល​របស់​កុដុម្ពិកៈនោះ ព្រឹក​ឡើង​ទើប​ស្ដេចត្រាច់​ទៅដើម្បី​បិណ្ឌបាត្រ ក្នុង​ក្រុងសាវត្ថី សោយ​ក្រយាហារ​ស្រេច​ហើយ ទ្រង់បញ្ជូន​ភិក្ខុទាំងឡាយ​ឲ្យត្រឡប់ ទ្រង់​កាន់​យក​សមណបច្ឆា​មួយរូប​ទៅកាន់​ផ្ទះរបស់​កុដុម្ពិកៈ​នោះ កាល​ព្រះសាស្ដា​ត្រាស់ហៅ​កុដុម្ពិកៈ​ដែល​ថ្វាយបង្គំ​ហើយ​អង្គុយចុះ ដោយពាក្យ​ដ៏ពីរោះ ទើប​ត្រាស់ថា កឹ សោចសិ ឧបាសក ម្នាល​ឧបាសក អ្នកសោយ​សោកព្រោះ​អ្វី ? កាល​កុដុម្ពិកៈ​ទូលថា អាម, ភន្តេ, បិតុសោកោ មំ ពាធតិ ករុណា ព្រះអង្គ​ដ៏​ចម្រើន ! សេចក្ដី​សោកព្រោះ​បិតាកំពុង​បៀតបៀន​ខ្ញុំព្រះករុណា ព្រះសាស្ដា​ត្រាស់​ថា ម្នាល​ឧបាសក បណ្ឌិត​ក្នុងកាលមុន​បានដឹង​លោកធម៌ ៨ ប្រការ តាម​សេចក្ដី​ពិត កាលបិតា​ធ្វើកាល​កិរិយា​ហើយ ក៏មិន​បានប្រសព្វ​សេចក្ដី​សោក សូម្បី​ប​ន្តិចបន្តួច​ឡើយ កុដុម្ពិកៈ​ក៏ក្រាបទូល​អារាធនា ទើបទ្រង់​នាំអតីត​និទាន​មក​ត្រាស់ថា

អតីតេ ពារាណសិយំ ទសរថមហារាជា នាម ក្នុង​អតីតកាល ព្រះរាជា​ព្រះនាម ទសរថមហារាជ ទ្រង់លះបង់​នូវអគតិ សោយរាជ្យ​សម្បត្តិ​ប្រកប​ដោយធម៌ ក្នុងក្រុង​ពារាណសី ។ ព្រះអគ្គហមេសី​ដែលជា​ធំជាង​ស្ត្រី ១៦,០០០ របស់​ព្រះបាទ​ទសរថ​មហារាជ​នោះ ប្រសូត​ព្រះឱរស ២ ព្រះអង្គ ព្រះធីតា ១ ព្រះអង្គ ។ ព្រះឱរស​ច្បង​ព្រះនាមថា រាមបណ្ឌិត ព្រះឱរស​ទីពីរ ព្រះនាម​ថា លក្ខណកុមារ ព្រះធីតា​ព្រះនាមថា សីតាទេវី។ ក្នុងកាល​​ជា​ចំណែក​​ខាង​មុខ ព្រះអគ្គមហេសី​ទ្រង់សោយ​​ព្រះ​ពិលាល័យ (ព្រះ​អគ្គ​មហេសី​​អស់​​ព្រះ​ជន្ម)។ ព្រះរាជា​ទ្រង់ដល់​អំណាច​នៃសេចក្ដី​សោក អស់កាល​ដ៏យូរ ព្រោះការ​សោយ​ព្រះពិលាល័យ​នៃព្រះអគ្គមហេសី​នោះ ពួក​អាមាត្យ​បាន នាំគ្នា​ក្រាបទូល​ឲ្យទ្រង់​ស្រាកស្រាន្ត ទ្រង់ធ្វើការ​បរិហារ​ដែល​គប្បីធ្វើ​ដល់​ព្រះនាង​ហើយ ទ្រង់តាំង​ស្ត្រីដទៃ​ទុកក្នុង​តំណែង​ជាអគ្គមហេសី ។ ព្រះអគ្គមហេសីថ្មីនោះជាស្រឡាញ់ ជា​ទី​គាប់ព្រះហឫទ័យនៃព្រះរាជា ។ ក្នុងកាល​ជាខាង​ក្រោយមក សូម្បី​ព្រះអគ្គមហេសី​នោះ ក៏ទ្រង់គភ៌ ទ្រង់បាន​ទទួល​ព្រះរាជទាន​គ្រឿងរក្សាគភ៌ បានប្រសូត​នូវព្រះឱរស ព្រះញាតិវង្ស​បានដាក់​ព្រះនាម​របស់​ព្រះឱរស​នោះ​ថា ភរតកុមារ ។ ព្រះរាជា​ត្រាស់ថា ម្នាលនាង​ដ៏ចម្រើន យើង​សូមឲ្យ​ពរដល់​នាង នាងចូរ​ទទួល​ពរចុះ ដោយ​ទ្រង់​ស្រឡាញ់​ក្នុង​ព្រះ​ឱរស ។ ព្រះនាង​ធ្វើការទទួល​ហើយ ក្នុងពេល​ដែល​ព្រះកុមារ​មាន​ព្រះជន្មាយុ​បាន ៧-៨ វស្សា ទើបចូលទៅ​គាល់​ព្រះរាជា ក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព ព្រះអង្គ​បានព្រះរាជ​ទានពរ ដល់​បុត្រ​របស់​ខ្ញុំម្ចាស់ ឥឡូវនេះ សូមទ្រង់​ព្រះករុណា មេត្តា​ព្រះរាជទាន​ពរនោះ ដល់​បុត្ររបស់​ខ្ញុំម្ចាស់នោះ ។ កាល​ព្រះរាជា​ត្រាស់ថា ម្នាលនាង​ដ៏ចម្រើន ចូរទទួល​ចុះ ព្រះនាង​ទើបក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព សូមទ្រង់​ព្រះរាជ​ទាន​រាជសម្បត្តិ ដល់បុត្រ​របស់ខ្ញុំម្ចាស់ ។​ ព្រះរាជា​ទ្រង់ទះ​ព្រះហស្ត ត្រាស់គម្រាម​ថា នែស្រី​ថោកទាប នាងចូរ​វិនាសទៅ បុត្រ​ទាំងឡាយ ២ របស់យើង រមែង​រុងរឿង​ បីដូចជា​គំនរភ្លើង នាង​នឹងឲ្យយើង​សម្លាប់បុត្រទាំង ២ ហើយ​សូម​រាជសម្បត្តិ​ឲ្យបុត្រ​របស់នាង ។ ព្រះ​អគ្គមហេសី នោះ​ភិតភ័យ ហើយចូល​កាន់ដំណាក់​ដ៏មាន​សិរី សូម្បី​ក្នុងថ្ងៃ​ដទៃ ៗ ក៏គង់ទូល​សុំរាជសម្បត្តិ​ប៉ុណ្ណោះ​នឹង​ព្រះរាជា​រឿយៗ ។ ព្រះរាជា គ្រាមិន​ប្រទាន​ដល់​ព្រះនាង ទើបទ្រង់​ត្រិះរិះថា ឈ្មោះថា មាតុគ្រាម ជាមនុស្ស​អកតញ្ញូ ទ្រុស្តមិត្ត នាងនេះ​នឹងក្លែង​សារ ឬ ជួលឲ្យ​គេសម្លាប់​បុត្រទាំង ២ របស់​យើង ។ ព្រះអង្គ ទើបត្រាស់ឲ្យ​ហៅ​ព្រះឱរស​ទាំង ២ ចូលគាល់ ទ្រង់ប្រាប់​សេចក្ដីនោះ មាន​ព្រះតម្រាស់​ថា ម្នាល​បុត្រ អន្តរាយ គង់នឹងមាន​ដល់អ្នក​ដែលនៅ​ក្នុងទីនេះ អ្នក​ចូរនាំគ្នា​ទៅកាន់​ដែននៃ​សាមន្តរដ្ឋ ឬ កាន់ព្រៃ និងត្រឡប់​មកវិញ​ក្នុងពេល​ដែលបិតា​ចូលទិវង្គត គប្បីកាន់​យក​រាជសម្បត្តិ​របស់ត្រកូល​ចុះ ដូចនេះ​ហើយ ត្រាស់​បញ្ជាឲ្យ​ពួកព្រាហ្មណ៍​ចូលគាល់​ម្ដងទៀត ត្រាស់សួរ​នូវការ​កំណត់​ព្រះជន្មាយុ​របស់​ព្រះអង្គ ទ្រង់ស្ដាប់​ថា នឹងប្រព្រឹត្ត​ទៅដល់ ១២ ឆ្នាំ​ខាងមុខ ទើប​ត្រាស់ថា ម្នាល​បុត្រ ដោយ​កន្លងទៅ ១២ ឆ្នាំ​ អំពីនេះទៅ ពួកអ្នក​ចូរនាំគ្នា មកឲ្យ​មហាជន​លើក​ស្វេតច្ឆត្រ​ថ្វាយ ។ ព្រះឱរស​ទាំងនោះ ក្រាបទូលថា ល្អហើយ នាំគ្នា​ថ្វាយបង្គំ​ព្រះបិតា ទ្រង់​ព្រះក​ន្សែង ហើយ​ស្ដេចចេញ​ចាកប្រាសាទ ព្រះនាងសីតា​ទេវី ទ្រង់​ព្រះតម្រិះថា សូម្បី​យើងក៏នឹង​ទៅជាមួយ​ព្រះម្ចាស់បង ថ្វាយបង្គំ​ព្រះបិតា​ហើយ ទ្រង់​ព្រះកន្សែង ស្ដេចចេញទៅ ។ ក្សត្រ​ទាំង ៣ ព្រះអង្គ​នោះ ឡោមព័ទ្ធ​ដោយ​មហាជន ចេញចាក​ព្រះនគរ ទ្រង់ឲ្យ​មហាជន​នាំគ្នា​ត្រឡប់​ ស្ដេចចូលកាន់​ហិមវន្ត​ប្រទេស​ដោយ​លំដាប់ សាង​អាស្រម​ក្នុង​ប្រទេស ដែលមាន​ទឹក និងមូលផលាផល​សម្បូរណ៍ ទ្រង់ចិញ្ចឹម​ជីវិត ដោយ​ផលាផល បានអាស្រ័យ​នៅហើយ​ក្នុងទីនោះ ។ ចំណែក​ព្រះលក្ខណបណ្ឌិត និង​ព្រះនាងសីតា បានទូល​សុំព្រះរាម​បណ្ឌិត​ហើយទទួល​ប្ដេជ្ញាថា សូមព្រះអង្គ តាំងនៅ​ក្នុងឋានៈ​នៃព្រះបិតា​របស់យើង​ខ្ញុំព្រះអង្គ ហេតុនោះ សូម​ទ្រង់ប្រថាប់​នៅក្នុង​អាស្រម​ប៉ុណ្ណោះ យើងខ្ញុំ​នឹងនាំ​ផលាផល​ទំនុក​បម្រុង​ព្រះអង្គ ។ ចាប់ផ្ដើម​អំពីនោះមក ព្រះរាមបណ្ឌិត គង់នៅ​ជាប្រចាំ ក្នុង​អាស្រម​ប៉ុណ្ណោះ ។ ព្រះលក្ខណបណ្ឌិត និង​ព្រះសីតា ទាំង ២ នាំគ្នាស្វែង​រក​ផលាផល មក​ទំនុកបម្រុង​ព្រះរាមបណ្ឌិត ។ កាល​ក្សត្រទាំង ៣ ព្រះអង្គ​នោះ ទ្រង់ចិញ្ចឹម​ជីវិត​ដោយ​ផលាផល​យ៉ាងនេះ ព្រះបាទ​ទសរថ​មហារាជ ស្ដេចបាន​សោយទិវង្គត ក្នុងឆ្នាំទី ៩ ដោយ​សេចក្ដី​សោកសៅ​ព្រោះ (ព្រាត់ប្រាស) ព្រះឱរស ។ ព្រះទេវី ក៏ធ្វើ​សរីរកិច្ច (ថ្វាយព្រះភ្លើង) នៃព្រះរាជា​នោះ​ហើយ ទ្រង់​ត្រាស់ថា សូមពួក​លោកចូរថ្វាយ​ស្វេតច្ឆត្រ ដល់​ភរតកុមារ ដែល​ជាបុត្រ​យើង ។ តែពួក​អាមាត្យ​ទូលថា ម្ចាស់​របស់​ស្វេតច្ឆត្រនេះ នៅក្នុងព្រៃ ដូចនេះ​ហើយ​ ទើបមិន​ព្រមថ្វាយ ។ ព្រះភរតកុមារ​ត្រាស់ថា យើងនឹងនាំ​យក​ព្រះរាមបណ្ឌិត ដែលជា​ព្រះភាតា​របស់យើង មកអំពីព្រៃ នឹងឲ្យ​ទ្រង់លើក​ឡើងនូវ​ស្វេតច្ឆត្រ ទ្រង់កាន់​នូវ​បញ្ចរាជកកុធភណ្ឌ ៥ យ៉ាង

ព្រមដោយ​សេនា ៤ ពួក ចូលដល់​ទីប្រថាប់​របស់​ព្រះរាមបណ្ឌិត​នោះ ឲ្យតាំង​បន្ទាយក្នុង​ទីមិនឆ្ងាយ ស្ដេចចូល​ទៅអាស្រម​ជាមួយ​អាមាត្យ ២-៣ នាក់ ក្នុងវេលា​ដែល​ព្រះលក្ខណបណ្ឌិត និងព្រះនាង​សីតា​ស្ដេចទៅព្រៃ ចូលទៅគាល់​ព្រះរាមបណ្ឌិត អ្នកប្រាសចាក​សេចក្ដី​សង្ស័យ ប្រថាប់​គង់ជា​សុខ ហាក់បី​ដូចរូបមាស ដែល​តាំងទុក​ជិតទ្វារ​អាស្រម ថ្វាយ​បង្គំហើយ ឋិតនៅក្នុង​ទីសមគួរ​មួយ ក្រាបទូល​នូវការប្រព្រឹត្ត​ទៅរបស់​ព្រះរាជា ហើយ​ក៏ដួលចុះ​ជិតព្រះបាទ (របស់ព្រះរាម) ទ្រង់​ព្រះកន្សែង​អន្លើដោយ​ពួកអាមាត្យ ។ ព្រះរាមបណ្ឌិត​ ទ្រង់មិនបាន​សោយ​សោក មិនបាន​ព្រះកន្សែង​ឡើយ ។ សូម្បី​អាការៈ​ខុស​ប្រក្រតី​នៃឥន្ទ្រិយ ក៏មិនបាន​មានដល់​ព្រះអង្គឡើយ ។ ក្នុងវេលា​ដែល​ព្រះភរតៈ​ប្រថាប់គង់​ព្រះកន្សែង​នោះ ជា​វេលា​សាយណ្ហសម័យ ព្រះលក្ខណបណ្ឌិត និង​ព្រះនាង​សីតាទាំង ២ ព្រះអង្គ ទ្រង់នាំគ្នា​កាន់​ផលាផល ស្ដេចមកដល់ ។ ព្រះ​រាមបណ្ឌិត ទ្រង់ត្រិះរិះ​ថា ប្អូនលក្ខណ៍ និងនាង​សីតា​នៅក្មេងខ្ចី មិនមាន​ប្រាជ្ញា​កំណត់​ពិចារណា​ដូចយើង បានទទួល​ដំណឹង​ថា បិតារបស់ខ្លួន​សោយទិវង្គត​ដោយ​រហ័ស កាលមិនអាច​នឹង​ទប់ទល់​សេចក្ដី​សោកបាន សូម្បី​បេះដូង​របស់គេ ក៏អាច​នឹងបែកទៅ យើងត្រូវ​ធ្វើ​ឧបាយ​ឲ្យ​ប្អូន​លក្ខណ៍ និងនាង​សីតា ចូលទៅ​ត្រាំទឹកហើយ យើងនឹង​ប្រាប់ដំណឹង​នោះ។ លំដាប់​នោះ ទ្រង់ចង្អុល​បង្ហាញ​ឧទកដ្ឋាន​មួយ ខាងមុខ​នៃក្សត្រ​ទាំង ២ ទើប​ត្រាស់​ថា អ្នកទាំង ២ ត្រឡប់​មកយូរ​ណាស់ នេះជា​ទណ្ឌកម្ម​របស់អ្នក អ្នកចូរ​ចុះទៅ​ត្រាំទឹក ហើយ​ឋិត​នៅ ដូចនេះ​ហើយ ទើបត្រាស់​កន្លះគាថាថា

ម្នាលលក្ខណៈ និងនាងសីតា  អ្នក​ទាំងឡាយ​ចូរមក អ្នកទាំង ២ នាក់​ចូរចុះទឹក ។

ពាក្យដែលជាគាថានោះ មានអធិប្បាយ​ថា មកនេះ​ប្អូន​លក្ខណ៍ និង​នាង​សីតា ចូរនាំ​គ្នាមក ចូរចុះ​កាន់​ទឹក​ទាំង ២ នាក់ ។

ព្រះលក្ខណ៍ និង ព្រះនាងសីតាទាំង ២ ព្រះអង្គនោះ ចូរនាំគ្នា​ទៅឈរ (ក្នុងទឹក) ដោយ​ព្រះតម្រាស់​មួយគ្រា​ប៉ុណ្ណោះ ។ លំដាប់​នោះ ព្រះរាមបណ្ឌិត កាលនឹង​ប្រាប់ដំណឹង​របស់​ព្រះបិតា​ដល់ក្សត្រទាំង ២ ព្រះអង្គ​នោះ ទើបត្រាស់​កន្លះគាថា​ដ៏សេសថា

ភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទ​ទសរថ ទ្រង់ទិវង្គត​ហើយ ។

ព្រះលក្ខណ៍ និងព្រះនាងសីតាទាំង ២ ព្រះអង្គនោះ បានស្ដាប់​ដំណឹងថា ព្រះរាជបិតា​សោយទិវង្គត​ប៉ុណ្ណោះ ក៏ដល់​វិសញ្ញិភាព (សន្លប់​បាត់ទៅ) ។ (ពេលភ្ញាក់​ដឹងខ្លួនឡើង) ព្រះរាមបណ្ឌិត ត្រាស់ប្រាប់​ម្ដងទៀត ព្រះលក្ខណ៍ និងព្រះនាង​សីតានោះ ក៏សន្លប់​ម្ដងទៀត ។ ពួក​អាមាត្យ ជួយលើក​ក្សត្រទាំង ២ ដែល​ទ្រង់ដល់​វិសញ្ញី ដរាប​ដល់គ្រាទី ៣ ដោយ​អាការៈនេះ ចេញចាក​ទឹក ឲ្យ​ឋិតនៅ​លើដី ។ កាលក្សត្រ​ទាំង ២ បានខ្យល់​អស្សាសបស្សាសៈ​ហើយ គ្រប់អង្គ នាំគ្នាអង្គុយ​ព្រះកន្សែង​សោយសោក​រឿយៗ ។ គ្រានោះ ព្រះភរតកុមារ​ទ្រង់​ត្រិះរិះ​ថា ព្រះភាតា​របស់យើង លក្ខណកុមារ និងព្រះភគិនី​សីតាទេវី ស្ដាប់​ដំណឹងថា ព្រះបាទ​ទសរថ​សោយទិវង្គត​ហើយ មិនអាច​ទប់ទល់​សេចក្ដី​សោក​បាន តែ​ព្រះរាមបណ្ឌិត ទ្រង់មិនបាន​សោយសោក មិនបាន​គ្រាំគ្រាឡើយ អ្វីហ្ន៎ ជាហេតុ​នៃសេចក្ដី​មិនសោក របស់​ព្រះអង្គ ត្រូវសួរ​ព្រះអង្គ​មើល ។ កាលព្រះភរតៈ​នឹងត្រាស់សួរ ទើបពោល​គាថាទី ២ ថា

បពិត្រព្រះរាម ដោយអានុភាពអ្វី ទើបទ្រង់​បានឮថា ព្រះបិតា​ទិវង្គត​ហើយ មិនសោក​សា្តយ​របស់​ដែលគួរ​សោកស្តាយ សេចក្តី​ទុក្ខ​​មិនគ្រប​សង្កត់ទ្រង់ ។

បណ្ដាបទទាំងនោះ បទថា បភាវេន ប្រែថា ដោយ​អានុភាព ។ បទថា ន តំ បសហតេ ទុក្ខំ សេចក្ដីថា សេចក្ដី​ទុក្ខ​បែបនេះ ហេតុអ្វី​ទើបមិន​បៀតបៀន​ម្ចាស់​បង អ្វីជាគ្រឿង​រារាំង​មិនឲ្យម្ចាស់​បង​សោយសោក មេត្តា​ប្រាប់ដល់ខ្ញុំ ។

លំដាប់នោះ ព្រះរាមបណ្ឌិត កាលនឹង​សម្ដែងហេតុ​ដែលរារាំង​មិនឲ្យ​ព្រះអង្គ​សោយសោក ដល់​ព្រះកុមារភរតៈ​នោះ ទើប​ត្រាស់ថា

ជីវិតណា (របស់ពួកសត្វ) បណ្តាពួក​បុរស​ដែល​​រវើរវាយ បុរស (សូម្បី​តែ
មា្នក់
) ក៏មិនអាច​ដើម្បីរក្សា​ជីវិត​ច្រើននោះ​បានទេ វិញ្ញូជន ជា​មេធាវី​នោះ ធ្វើខ្លួន
ឲ្យក្តៅ​ក្រហាយ ដើម្បីអ្វី ។

សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំង​ប្រាជ្ញ ទាំង​អ្នកមាន ទាំង​អ្នកក្រ ជនទាំង​អស់នោះ សុទ្ធតែ​មានសេចក្តី​ស្លាប់​នៅ​ខាង​មុខ ។

ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាច អំពីកិរិយា​ជ្រុះជានិច្ច យ៉ាង​ណាមិញ ពួកសត្វ​កើតហើយ ក៏មាន​សេចក្តីខ្លាច អំពី​សេចក្តី​ស្លាប់​ជានិច្ច យ៉ាង​នោះដែរ ។

ជនទាំងឡាយច្រើនពួកខ្លះ គេឃើញ​ក្នុង​វេលាព្រឹក វេលាល្ងាច​មិនឃើញ ជន​ទាំងឡាយ​ច្រើនពួកខ្លះ គេឃើញ​ក្នុង​វេលាល្ងាច វេលាព្រឹក​មិនឃើញ ។

បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយ​គប្បីនាំ​មកនូវ​ប្រយោជន៍​បន្តិចបន្តួច​បាន អ្នកប្រាជ្ញ ក៏គប្បី​ធ្វើសេចក្តី​ខ្សឹកខ្សួល​នោះដែរ ។

(បុគ្គលខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នក​ស្គម មិនមាន​ពណ៌​សម្បុរ ពួកសត្វ​ដែលទៅ​កាន់​បរលោក មិនមែន​ញុំាងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅ ដោយ​សេចក្តី​​ខ្សឹកខ្សួល​នោះឡើយ ព្រោះថា សេចក្តី​ខ្សឹកខ្សួល មិនមាន​ប្រយោជន៍ទេ ។

 (បណ្ឌិតបុរស) គប្បីញុំាង​ផ្ទះដែលភ្លើង​ឆេះ ឲ្យរលត់​ដោយទឹក​បាន យ៉ាងណា​មិញ ធីរជន ជា​មេធាវីបណ្ឌិត បានស្តាប់​ហើយ គប្បីញុំាង​សេចក្តី​សោក ដែល​កើត​ហើយ​ ឲ្យរលត់ឆាប់ ដូចខ្យល់​បក់ផាត់​នូវប៉ុយ យ៉ាង​នោះដែរ ។

សត្វរមែង​ទៅកាន់​បរលោកតែម្នាក់ឯង កើតក្នុង​ត្រកូល ក៏តែម្នាក់​ឯង ការ​សមគប់​នៃពួក​សត្វទាំង​អស់ គឺមាន​ការជួបជុំ ជាការ​ប្រសើរ​បំផុត ។

ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុត​កម្ដៅនូវ​
ហទយវត្ថុ និងចិត្ត​របស់អ្នក​ប្រាជ្ញ ជា​ពហុស្សូត ដែលឃើញ​ច្បាស់នូវ​លោកនេះ និងលោក​ខាងមុខ ព្រោះ​ដឹងច្បាស់​នូវធម៌ ។

យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយា​ទាំងឡាយ​ផង ញាតិ​ទាំងឡាយ​ផង និងជន​ដ៏វិសេស​ផង នេះជា​កិច្ច​របស់​អ្នកប្រាជ្ញ ។

       ព្រះរាមបណ្ឌិត​បានប្រកាស​នូវ​អនិច្ចតាធម៌ ដោយគាថា​ទាំង​ឡាយ ១០ នេះ ។

បណ្ដាបទទាំងនោះ បទថា និបាលេតុំ បានដល់ ដើម្បីរក្សា ។ បទថា លបតំ បានដល់ អ្នកនិយាយ​រៀបរាប់ លោក​អធិប្បាយ​ទុកដូច​នេះថា ម្នាលភរតៈ ជីវិតរបស់​សត្វទាំងឡាយ បណ្ដា​សត្វដែល​នាំគ្នា​អង្វរដល់​គ្នានឹងគ្នា យ៉ាងច្រើន សូម្បី​ត្រឹមតែ​បុរស​មួយរូប​ ក៏មិនអាច​នឹងរក្សា​ទុកបាន​ថា កុំដាច់​ទៅ​ឡើយ ឥឡូវនេះ អ្នកដូច​យើងនោះ ដឹង​លោកធម៌​ទាំង ៨ ប្រការ ដោយ​សេចក្ដី​ពិត ឈ្មោះថា វិញ្ញូជន មានភាព​ជាបណ្ឌិត ក្នុងកាល​ពួកសត្វ​មានជីវិត មាន​សេចក្ដី​ស្លាប់​ជាទី​បំផុត ស្លាប់​ទៅហើយ នឹងញ៉ាំង​ខ្លួនឲ្យក្ដៅ​ក្រហាយ​ដើម្បី​អ្វី គឺហេតុអ្វី​ ទើបដុតខ្លួន ដោយ​សេចក្ដី​ទុក្ខ​សោក ដែល​រក​ឧបការៈ​មិនបាន ។ គាថាថា ទហរា ច ជាដើមមានអធិប្បាយថា ម្នាលភរតៈ ឈ្មោះថា សេចក្ដី​ស្លាប់នេះ មិនខ្លាច​ដល់មនុស្ស​កំលោះ​ដែលប្រៀប​ដូចរូបមាស មាន​ខត្តិយកុមារ​ជាដើម និងខ្លាច​ក្រែង​មហាយោធា​ទាំងឡាយ ដែលជា​អ្នកមាន​សេចក្ដី​ចម្រើន មិនបាន​ខ្លាច​ដល់ពួក​សត្វ​ដែលមាន​សន្ដាន​ជាពាល មិនបាន​ខ្លាចពួក​បណ្ឌិត​មានព្រះ​ពុទ្ធ​ជាដើម មិនបាន​កោតខ្លាច​ពួកឥស្សរជន​មានស្ដេច​ចក្រពត្តិ​ជាដើម មិនខ្លាច​មនុស្ស​ទាល់ក្រ​ មាន អ្នកកម្សត់​ទុរគត​ជាដើម ពួក​សត្វ​ទាំងនេះ សូម្បីទាំង​អស់ សុទ្ធតែ​មាន​សេចក្ដី​ស្លាប់នៅ​ខាងមុខ នឹង​ដល់​សេចក្ដី​វិនាស​បែកខ្ទិចខ្ទី ក្នុងមាត់​នៃ​សេចក្ដី​ស្លាប់មិនខាន ។ បទថា និច្ចំ បតនតោ បានដល់ ដោយការ​ធ្លាក់ទៅ មាន​អធិប្បាយថា ម្នាលភរតៈ  ប្រៀបដូច​ផ្លែឈើ​ទុំហើយ តាំងតែ​វេលា​ទុំទៅ ក៏មាន​តែរង់ចាំ​វេលាជ្រុះ នឹងព្រាត់​ប្រាសចាក​ទង ជ្រុះចុះ​ឥឡូវនេះ ជ្រុះចុះ​ដូចនេះ គឺផ្លែឈើ​ទាំងនោះ មានតែ​រង់ចាំ​យ៉ាងនេះ​ថា ការជ្រុះ​នឹងមាន​យ៉ាង​ពិតប្រាកដ មានតែ​រឿងនោះ​ប៉ុណ្ណោះ យ៉ាងណា សូម្បី​ពួកសត្វ​ក៏ត្រូវស្លាប់ ដែលកើត​មក​ហើយ ក៏យ៉ាង​នោះ ញាប់ញ័រ​​ខ្លាចចំពោះ​សេចក្ដីស្លាប់ ។ ខណៈ ឬពេល​ដែលពួក​សត្វទាំងនោះ មិនខ្លាច​សេចក្ដីស្លាប់​មិនមាន ។ បទថា សាយំ ប្រែថា ក្នុងវេលាល្ងាច ។ ដោយបទថា សាយំ​ នេះ លោកសម្ដែង​ដល់ការមិន​ប្រាកដ​របស់​អ្នកឃើញ​គ្នា​ក្នុងវេលាថ្ងៃ នៃអ្នក​ឃើញគ្នា​ក្នុងវេលា​យប់ និង​របស់សត្វ​អ្នកឃើញ​គ្នាក្នុង​វេលាយប់ នឹង​មិនឃើញ​គ្នាក្នុង​វេលាថ្ងៃ ។ បទថា កិញ្ចិទត្ថំ  សេចក្ដីថា បើបុរស​សោយសោក​ដោយគិតថា បិតា​របស់យើង កូនរបស់​យើង ដូចនេះ​ជាដើម  សេចក្ដី​វង្វេង​បៀតបៀន​ខ្លួន ឲ្យខ្លួន​លំបាក នឹងគប្បី​នាំប្រយោជន៍​មកឲ្យ​សូម្បីតិច​តួច ។ បទថា កយិរា តំ វិចក្ខណោ សេចក្ដី​ថា កាលជា​យ៉ាងនោះ បុរស​ជាបណ្ឌិត គប្បីធ្វើ​នូវសេចក្ដី​ខ្សឹក​ខ្សួល​យ៉ាងនេះ តែ​ព្រោះអ្នក​សោកសៅ​ មិនអាច​នាំអ្នក​ស្លាប់មក​បាន ឬមិនអាច​ធ្វើសេចក្ដី​ចម្រើន​ដទៃៗ ដល់អ្នក​ស្លាប់បាន​ឡើយ ព្រោះ​ហេតុនោះ ទើបជា​កិរិយា​មិនជា​ប្រយោជន៍​ដល់អ្នក​សោយសោក បណ្ឌិត​ទាំងឡាយ ទើប​មិន​សោយសោក ។ បទថា អត្តានមត្តនោ សេចក្ដីថា អ្នកត្រូវ​សេចក្ដី​បៀតបៀន​នូវអត្តភាព​របស់​ខ្លួន ដោយ​សេចក្ដីទុក្ខ គឺសេចក្ដី​សោក និងការ​ខ្សឹកខ្សួល ។ បទថា ន តេន សេចក្ដីថា ពួកសត្វ​ទាំងឡាយ​ដែលទៅ​បរលោក​ហើយ រមែង​មិនប្រព្រឹត្ត​ទៅ គឺមិនរក្សា ដោយ​សេចក្ដី​សោករីងរៃ​នោះឡើយ ។  បទថា និរត្ថា សេចក្ដីថា ព្រោះ​ហេតុនោះ ការររីងរៃ​ឲ្យដល់​ពួកសត្វ​ដែលស្លាប់​ទៅហើយ​នោះ ទើបជា​កិរិយា​ដែលរក​ប្រយោជន៍​មិនបាន ។  បទថា សរណំ បានដល់ ផ្ទះដែល​ជាទី​អាស្រ័យ លោកពោល​អធិប្បាយ​ថា បុរសជា​បណ្ឌិត កាលផ្ទះ​ត្រូវភ្លើងឆេះ ក៏មិន​ស្លុតចិត្ត​សូម្បីតិចតួច គប្បីប្រញាប់​រំលត់​ដោយទឹក​ទាំង​ពាន់ក្អម​តែម្ដង យ៉ាងណា ធីរជន​ក៏យ៉ាងនោះ គប្បីរំលត់​សេចក្ដី​សោក ដែលកើត​ឡើងហើយ ដោយ​ភ្លាមៗ តែម្ដង កម្ចាត់​អន្តរាយ​ដោយវិធី ដែល​សេចក្ដី​សោក​មិនអាច​តាំង​នៅបាន ដូចខ្យល់​បក់ផាត់​ធូលី ដូច្នោះ ។ ក្នុងបទថា មច្ចោ ឯកោវ អច្ចេតិ មានអធិប្បាយ​ដូចតទៅនេះ ម្នាលភរតៈ ពួកសត្វ​ទាំង​នេះ ឈ្មោះថា មានកម្ម​ជារបស់ខ្លួន សត្វដែល​ទៅកាន់​បរលោកនេះ សត្វមួយ​អំពីពួក​សត្វនោះ រមែង​កន្លងទៅ សូម្បីកាល​កើតក្នុង​ត្រកូល​ មានខត្តិយៈ​ជាដើម សត្វមួយនោះ​ប៉ុណ្ណោះ ទៅកើត ។ ចំណែក​សេចក្ដី​គប់រកគ្នា​របស់​សត្វទាំងពួង​ក្នុងទី​នោះៗ មានការ​ទាក់ទង​នឹងគ្នាថា អ្នកនេះ​ជាបិតា​របស់​យើង អ្នកនេះ​ជាមាតា​របស់​យើង អ្នកនេះ​ជាញាតិ​របស់យើង ដូចនេះ ដោយ​អំណាច​ការប្រកប​គ្នា​ប៉ុណ្ណោះ ជា​យ៉ាងក្រៃលែង តែកាល​ពោល​ដោយបរមត្ថ ពួកសត្វ​ទាំង​នោះ ក្នុង​ភព​ទាំង ៣ មានកម្ម​ជារបស់​ខ្លួនតែ​ម្យ៉ាង ។ បទថា តស្មា សេចក្ដីថា វៀរលែង​សេចក្ដី​ប្រកប​នៃញាតិ​មិត្រ ត្រឹមតែ​ជាការគប់​រកគ្នា​នៃញាតិ​មិត្រ របស់សត្វ​ទាំងនោះ​ហើយ ព្រោះ​ហេតុណា មិនជា​យ៉ាងដទៃ​អំពីនោះ ព្រោះ​ហេតុ​នោះ ។ បទថា សម្បស្សតោ បានដល់ ឃើញលោកនេះ លោក​ខាងមុខ ដែលមាន​សេចក្ដី​ព្រាត់ប្រាស​ចាកគ្នា​ជាសភាវៈ​ដោយល្អ ។ បទថា អញ្ញាយ ធម្មំ បានដល់ ព្រោះដឹង​លោកធម៌ ៨ ប្រការ ។ បទថា ទហយំ មនញ្ច នេះ ទាំង ២ បទ ជាឈ្មោះ​របស់ចិត្ត​នោះឯង។ ពាក្យ​នេះ លោក​ពោល​អធិប្បាយថា

លាភោ អលាភោ យសោ អយសោ ច                និន្ទា បសំសា ច សុខញ្ច ទុក្ខំ

ឯតេ អនិច្ចា មនុជេសុ ធម្មា                                  មា សោច កឹ សោចសិ បោដ្ឋបាទា។

(សេកពោធិសត្វ​ឈ្មោះ​រាធៈ ជាបង​និយាយថា) លាភក្ដី អលាភក្ដី យសក្ដី   និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី លោក​ធម៌ទាំង ៨ នោះ មិនទៀង ក្នុងមនុស្ស​សត្វ​ទាំងឡាយ​ទេ ម្នាល​បោដ្ឋបាទ អ្នកកុំ​សោកស្ដាយ​ឡើយ អ្នកនឹង​សោកស្ដាយ​ធ្វើអ្វី

សេចក្ដីសោកសូម្បីធំកន្លង ដែលមានរឿងបុត្រ និងបិតា​ជាដើម ជាទី​ស្រឡាញ់​ស្លាប់​ទៅ រមែង​ប្រាកដ​ផ្លូវចិត្ត ដោយ​លោកធម៌ ៨ ប្រការយ៉ាង​ណា​មួយ និងរមែង​មិនដុត​បេះដូង របស់​ធីរជន​អ្នកតាំង​នៅ ព្រោះបាន​ដឹងដល់​សភាវធម៌​នោះថា ជារបស់​មិនទៀង ។ ន័យ​ម្យ៉ាងទៀត គប្បីឃើញ​សេចក្ដីនេះ យ៉ាង​នេះថា សេចក្ដី​សោក សូម្បីថា​ធំ ក៏នឹងដុត​ហទយវត្ថុ និងចិត្ត​របស់​ធីរជន​មិនបាន ព្រោះបាន​ដឹង​លោកធម៌ ៨ ប្រការនេះ ។ បទថា សោហំ ទស្សញ្ច ភោក្ខញ្ច សេចក្ដីថា ម្នាលភរតៈ ការយំសោក​រីងរៃ ហាក់បី​ដូចសត្វ​ទាំងឡាយ​ ជា​អន្ធពាល មិនសម​គួរដល់​យើង ។ តែយើង​កាល​ព្រះរាជបិតា​កន្លងផុត​ទៅ តាំងនៅ​ក្នុងឋានៈ របស់​ព្រះអង្គ​នោះឯង នឹងឲ្យ​ទានដល់​មនុស្ស​ដែលគួរឲ្យ មានពួក​មនុស្ស​កំព្រា​ជាដើម ឲ្យតំណែង​ដល់អ្នក​ដែលគួរ​ឲ្យតំណែង ឲ្យយស​ដល់អ្នក​ដែល​គួរឲ្យយស បរិភោគ​ឥស្សរិយយស​ដោយន័យ ដែល​ព្រះបិតា​របស់​យើង​ទ្រង់បរិភោគ ទ្រង់​ចិញ្ចឹម​ពួកញាតិ នឹងគ្រប់គ្រង​មនុស្ស​ដ៏សេស គឺមនុស្ស​ខាងក្នុង និងមនុស្ស​ដែលជាបរិវារ នឹងធ្វើការ​ការពារ និងគ្រប់គ្រង​គ្នា​ដោយធម៌ ដល់​សមណព្រាហ្មណ៍​ដែល​ទ្រទ្រង់ធម៌ ព្រោះទាំងនេះ​ជាកិច្ច​ដែល​សមគួរ​របស់អ្នក​ដឹង គឺជន​ជាបណ្ឌិត ។

ពួកជនស្ដាប់ធម្មទេសនា ដែលប្រកាស​សេចក្ដី​មិនទៀង របស់​ព្រះរាម​បណ្ឌិត​នេះហើយ នាំគ្នា​ស្រាកសោក ។ បន្ទាប់​ពីនោះ ព្រះភរត​កុមារ ថ្វាយបង្គំ​ព្រះរាមបណ្ឌិត​ទូលថា សូមព្រះអង្គ​ទ្រង់ទទួល​រាជសម្បត្តិ ក្នុងនគរ​ពារាណសី។ ម្នាលប្អូន អ្នកចូរ​នាំ​ព្រះលក្ខណ៍ និងសីតា​ទេវី ទៅគ្រង​រាជសម្បត្តិ​ចុះ ។ ព្រះភរតៈទូលថា ព្រះអង្គ​ប៉ុណ្ណោះ ជាអ្នកគ្រង​រាជសម្បត្តិ ។ ព្រះរាម ត្រាស់ថា ម្នាលប្អូន ព្រះបិតា​របស់យើង​បានត្រាស់​ទុកនឹង​បងថា តទៅ​ដោយ កន្លង ១២ ឆ្នាំ អ្នកចូរមក​គ្រង​រាជសម្បត្តិ កាលបង​នឹងទៅ​ក្នុងកាល​ឥឡូវនេះ ក៏ឈ្មោះថា មិនធ្វើតាម​ព្រះតម្រាស់​របស់​ព្រះអង្គ តែក្នុង​កាល​ផុតអំពី ៣ ឆ្នាំ ដទៃទៅ បងនឹងទៅ ។ ព្រះភរតៈ​ទូលសួរថា រហូតកាល​ត្រឹមប៉ុណ្ណេះ អ្នកណា​នឹងគ្រង​រាជសម្បត្តិ ។ ព្រះរាម​ត្រាស់ថា ពួកអ្នក​ចូរគ្រង​រាជសម្បត្តិ​ចុះ ។ ព្រះភរតៈ​ទូលថា ពួកខ្ញុំ​នឹងមិន​គ្រងរាជ​សម្បត្តិទេ ។ ទើបព្រះរាម​ត្រាស់ថា បើយ៉ាងនោះ ទ្រនាប់​ជើងទាំង​នេះ នឹងគ្រង​រាជសម្បត្តិ​រហូតដល់​បងទៅ ហើយ​ទ្រង់ដោះ​តិណបាទុកា (ទ្រនាប់​ជើង​ដែលធ្វើ​ដោយស្មៅ) របស់​ព្រះអង្គ​ប្រទានឲ្យ ។ ក្សត្រ​ទាំង ៣ ព្រះអង្គ​ ទទួលទ្រនាប់​ជើង ហើយថ្វាយ​បង្គំ​ព្រះរាម​បណ្ឌិត ឡោមព័ទ្ធ​ដោយ​មហាជន ស្ដេចទៅ​កាន់​នគរ​ពារាណសី ។ ទ្រនាប់ជើង​គ្រងនូវ​រាជសម្បត្តិ​អស់ ៣ ឆ្នាំ ។ ពួកអាមាត្យ​នាំគ្នាដម្កល់​តិណបាទុកា (ទ្រនាប់ជើង​ដែលធ្វើ​ដោយស្មៅ) លើ​រាជបល្ល័ង្ក ហើយនាំ​គ្នាកាត់ក្ដី ។ បើកាត់ក្ដី​មិនល្អ ទ្រនាប់ជើង រមែងខ្ទាំងខ្ទប់​​នូវគ្នា​នឹងគ្នា ដោយ​សញ្ញានោះ ត្រូវនាំគ្នា​កាត់ក្ដី​ជាថ្មី ។ ពេល​ដែលកាត់ក្ដី​ល្អប្រពៃហើយ ទ្រនាប់ជើង​ប្រាសចាក​សំឡេង នឹងនៅ​ស្ងៀម ។ ដោយកាល​កន្លងទៅ ៣ ឆ្នាំ ព្រះរាម​បណ្ឌិត​ចេញចាកព្រៃ ហើយបាន​ដល់នគរ​ពារាណសី បានចូល​ទៅហើយ​កាន់ឧទ្យាន ។ ព្រះកុមារ​ទាំងឡាយ​ទ្រង់ជ្រាប​សេចក្ដី​ដែល​ព្រះរាម​ស្ដេចមក មានពួក​អាមាត្យ​ឡោមព័ទ្ធ​ ទៅកាន់​ព្រះឧទ្យាន​ ទ្រង់ធ្វើ​ព្រះនាងសីតា​ឲ្យជា​អគ្គមហេសី ហើយធ្វើ​នូវការ​អភិសេក សូម្បី​ដល់ក្សត្រ​ទាំងពីរ ។ ព្រះមហាសត្វ​ទ្រង់ដល់​ការអភិសេក​យ៉ាងនេះ​ហើយ ប្រថាប់​លើរាជរថ​ដែល​គេ​​​ប្រដាប់​តាក់តែង​ហើយ ស្ដេចចូល​កាន់​ព្រះនគរ ដោយ​បរិវារដ៏ច្រើន ទ្រង់​ប្រទក្សិណ​នគរ​ ហើយស្ដេច​ឡើង​កាន់ទី​អាស្រ័យ​នៃចន្ទកប្រាសាទ  តាំងតែ​ពេលនោះ ទ្រង់គ្រង​រាជសម្បត្តិ​ដោយធម៌ អស់ ១៦០០០ ឆ្នាំ ក្នុងវេលា​អស់​ព្រះជន្មាយុ ទ្រង់ញ៉ាំង​សគ្គបុរី​ឲ្យពេញ (ទ្រង់កើត​ក្នុង​ស្ថានសួគ៌) ។

អភិសម្ពុទ្ធគាថានេះសម្ដែងសេចក្ដីនោះថា

ព្រះបាទរាមៈ មានព្រះសូរង្គ ដូចជា​រូបសំណាក​មាស មាន​ព្រះពាហុធំ បាន​សោយរាជ្យ​អស់ ១៦ ០០០ ឆ្នាំ ។

បណ្ដាបទទាំងនោះ បទថា កម្ពុគីវោ សេចក្ដីថា មានព្រះសូរង្គ ដូច​ផែន​មាស ។ ពិតមែន មាស លោកហៅ​ថា កម្ពុ ។

ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់​ប្រកាស​សច្ចៈ ក្នុង​វេលា​ចប់សច្ចៈ កុដុម្ពិកៈ​តាំងនៅក្នុង​សោតាបត្តិផល ។ ទ្រង់ប្រជុំ​ជាតកថា ព្រះបាទ​ទសរថ​មហារាជ​គ្រានោះ បានមក​ជា​ព្រះបាទ​សុទ្ធោទន​មហារាជ, ព្រះមាតា​បានមក​ជាព្រះនាង​មហាមាយាទេវី, នាងសីតា​បានមក​ជា​រាហុលមាតា, ភតរៈ​ បានមកជាអានន្ទ, លក្ខណកុមារ​បានមក​ជា​សារីបុត្រ,បរិស័ទ ​បានមក​ជា​ពុទ្ធបរិស័ទ, រាមបណ្ឌិត បានមក​ជាតថាគត​នេះ​ឯង ។

ចប់ ទសរថជាតក ។

សូមអនុមោទនា!!!

ព.ស. ២៥៦០

ប្រែដោយ ខេមរ អវតារ