។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទសព្រាហ្មណជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន [ទានដែល​ឥតមាន​ទានដទៃ​ណាមួយ​ប្រដូចបាន គឺទានដែល​ព្រះ​មហាក្សត្រិយ៍​ទ្រង់មាន​ព្រះ​រាជានុញ្ញាត​ឲ្យប្រជានុរាស្រ្ត​មានសិទ្ធិ​ធ្វើប្រណាំង​នឹងព្រះ​អង្គ។ អសទិសទាន​នេះក្នុង​កាល​នៃព្រះពុទ្ធ​មួយ​ព្រះអង្គ មាន​ត្រឹមតែ​ម្តងគត់ ឥត​ដែលមាន​ពីរដង​ឡើយ, មាន​ន័យថា គឺ​ព្រះរាជា​ទ្រង់មាន​ព្រះរាជ​បញ្ជា​ឲ្យចាត់ចែង​ធ្វើ​ទក្ខិណាទាន​ចំពោះ​ព្រះភិក្ខុសង្ឃ​ច្រើនអង្គ មានព្រះពុទ្ធ​ជាប្រធាន, ទ្រង់​ធ្វើក្នុង​មួយថ្ងៃ, ប្រជានុរាស្រ្ត​ធ្វើ​មួយថ្ងៃ, ធ្វើ​បែបនេះ​រៀង​រាល់ថ្ងៃ​ត​ៗ​គ្នា, ព្រះ​រាជានិង​ប្រជានុរាស្រ្ត​ចេះ​តែ​ធ្វើឲ្យ​មានរបៀប​និងទេយ្យទាន​ប្លែកលើស​ពីគ្នា, ធ្វើ​ទាន​បែបនេះ​យូរ​ថ្ងៃណាស់, ចេះ​តែឈ្នះ​គ្នាម្តង​ម្នាក់ គឺជួន​ឈ្នះគ្នា​ដោយរបៀប ជួនឈ្នះ​គ្នាដោយ​ទេយ្យទាន, លុះថ្ងៃ​ចុងក្រោយ​បំផុត ព្រះ​រាជាទ្រង់ឈ្នះ ព្រោះ​ប្រជានុរាស្រ្ត​ទាល់គំនិត​ពុំ​អាច​លៃលក​ឲ្យឈ្នះ​ព្រះអង្គ​បានឡើយ, ក៏​ចប់ស្រេច​ត្រឹមប៉ុណ្ណោះ​ឯង ក្នុង​កាល​នៃ​ព្រះសក្យ​មុនីសម្ពុទ្ធ ព្រះបាទ​បសេនទិកោសល ព្រះរាជា​ក្រុងសាវត្ថី ទ្រង់ធ្វើ​អសទិសទាន​ឈ្នះ​ប្រជានុរាស្រ្ត ដោយសារ​មធ្យោបាយ​ឈ្លាស​វៃនៃ​ព្រះអគ្គ​មហេសី​ទ្រង់ព្រះនាម​មល្លិកា​ទេវី (ចាកវចនាក្រុមសម្ដេចជួន ណាត)។] បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា រាជា អវោច វិធុរំ ដូច្នេះ​ជាដើម។

 

អសទិសទាននោះ​មានពិស្ដារ​ក្នុង​អាទិត្តជាតក ក្នុងអដ្ឋកនិបាត។ បានឮមកថា ព្រះរាជា​កាលថ្វាយ​ទាន ធ្វើព្រះសាស្ដា​ឲ្យជា​ប្រធាន ជ្រើសរើស​ភិក្ខុ ៥០០ រូប កាន់យក​ហើយ ឲ្យទាន​ដល់មហា​ខីណាស្រព​ប៉ុណ្ណោះ។ លំដាប់នោះ កាលភិក្ខុ​ទាំងឡាយ​ពោលគុណ​កថារបស់​ព្រះរាជា បានញ៉ាំង​កថាឲ្យ​តាំងឡើង​ក្នុង​ធម្មសភាថា ម្នាល​អាវុសោ ព្រះរាជា​កាលឲ្យ​អសទិសទាន បាន​ជ្រើសរើស ហើយឲ្យ​ទានក្នុង​ឋានដែល​មានផលធំ។ ព្រះសាស្ដា​យាង​មក​ហើយ ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​និយាយ​រឿងអ្វី កាលភិក្ខុ​ទាំងឡាយ​ពោលថា ដោយរឿង​ឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនជាអស្ចារ្យទេ កាលស្ដេច​កោសលរាជ ដែលជា​ឧបដ្ឋាក​របស់​ព្រះពុទ្ធ​ប្រាកដដូច​ជាតថាគត ជ្រើសរើស​ហើយ ថ្វាយទាននោះ បោរាណបណ្ឌិត​ទាំងឡាយ សូម្បី​ក្នុងកាល​ព្រះពុទ្ធ​មិនកើត​ឡើង ក៏បានជ្រើសរើស ហើយឲ្យ​ទានដែរ ដូច្នេះហើយ ទើប​ទ្រង់នាំ​អតីតនិទាន​មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះរាជាព្រះនាម​កោរព្យយុធិដ្ឋិលគោត្ត សោយរាជ​សម្បត្តិ​ក្នុង​ឥន្ទបត្ថនគរ ក្នុងដែន​កុរុរដ្ឋ។ អាមាត្យ​របស់​ព្រះរាជា​នោះ មានឈ្មោះថា វិធុរៈ តែងប្រៀន​ប្រដៅ​នូវអត្ថ និងធម៌។ ព្រះរាជា​បានញ៉ាំង​សកល​ជម្ពូទ្វីប​ឲ្យកម្រើក ទ្រង់ថ្វាយ​មហាទាន។ បណ្ដា​មនុស្សដែល​ទទួលទាន​នោះ ហើយបរិភោគ មិនមាន​អ្នករក្សាសីល ៥ សូម្បីតែម្នាក់ មនុស្ស​ទាំងអស់​នោះជា​បុគ្គល​ទ្រុស្តសីល (ព្រោះហេតុនោះ) ទាននោះ​ទើបមិន​បានញ៉ាំង​ព្រះហ្ឬទ័យ​របស់ព្រះរាជា​ឲ្យត្រេកអរ។ ព្រះរាជា​គិតថា ទានដែល​ជ្រើសរើស​ហើយ នឹងមាន​ផល​ច្រើន ដូច្នេះ ទ្រង់មាន​សេចក្ដី​ប្រាថ្នាឲ្យ​ទានដល់​អ្នកមាន​សីល ស្ដេចបាន​គិតទៀតថា យើង​នឹងពិភាក្សា​ជាមួយ​វិធុរបណ្ឌិត។ ព្រះរាជា​កាលវិធុរបណ្ឌិត​មកកាន់​ទីបម្រើ បានឲ្យ​អង្គុយ​លើអាសនៈ​ហើយ ទើបត្រាស់​សួរបញ្ហា។

 

ព្រះសាស្ដា កាលប្រកាសសេចក្ដីនោះ ទើបត្រាស់​កន្លះគាថា

រាជា អវោច វិធុរំ, ធម្មកាមោ យុធិដ្ឋិលោតិ;

ព្រះរាជាជាយុធិដ្ធិលគោត្រ ព្រះអង្គប្រាថ្នានូវធម៌ បានត្រាស់​នឹងអាមាត្យ​ឈ្មោះ​វិធូរៈ។

 

ពាក្យតទៅនេះ ជាព្រះតម្រាស់​របស់​ព្រះរាជា និងពាក្យ​ឆ្លើយរបស់​វិធុរបណ្ឌិត ៖

ព្រះរាជាត្រាស់ថា

ព្រាហ្មណេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយ​ដែលជា​អ្នកមាន​សីល ជាពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

ជាអ្នកវៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជន​របស់​យើង ទក្ខិណាទាន​ដែលគេ​ឲ្យហើយ​ចំពោះ​បុគ្គល​ណា ជាទាន​មានផល​ច្រើន ម្នាលសម្លាញ់ យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

អាមាត្រឈ្មោះវិធូរៈក្រាបទូលថា

ទុល្លភា ព្រាហ្មណា ទេវ, សីលវន្តោ ពហុស្សុតា;

វិរតា មេថុនា ធម្មា, យេ តេ ភុញ្ជេយ្យុ ភោជនំ។

បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នក​មានសីល ជាពហុស្សូត វៀរចាក​មេថុនធម្ម គួរនឹង​បរិភោគ​នូវភោជន​របស់​ព្រះអង្គ គេរក​បាន​ដោយក្រ។

 

ទស ខលុ មហារាជ, យា តា ព្រាហ្មណជាតិយោ;

តេសំ វិភង្គំ វិចយំ, វិត្ថារេន សុណោហិ មេ។

បពិត្រមហារាជ ឮថា ជាតិព្រាហ្មណ៍ទាំងឡាយ​ណា មាន ១០ យ៉ាង សូមព្រះអង្គ​ទ្រង់​ព្រះសណ្តាប់​នូវការ​ចែករំលែក និងការ​ពិនិត្យពិច័យ នូវព្រាហ្មណ៍​ទាំងនោះ តាមប្រាថ្នា​របស់​ទូលព្រះបង្គំ​ជាខ្ញុំ ដោយពិស្តារចុះ។

 

បសិព្វកេ គហេត្វាន, បុណ្ណេ មូលស្ស សំវុតេ;

ឱសធិកាយោ គន្ថេន្តិ, ន្ហាបយន្តិ ជបន្តិ ច។

ព្រាហ្មណ៍ទាំងឡាយ កាន់ការុងទាំងឡាយ​ដែលពេញ​ដោយ​ប្ញសឈើ ចងមាត់ជិត ហើយ​តែងក្បួន​ថ្នាំទាំងឡាយ​ផង ផ្ងូតទឹក​ឲ្យគេផង សែកនូវ (ភូតវិជ្ជា [វិជ្ជាចាប់ខ្មោច។]) ផង។

 

តិកិច្ឆកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ឯព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយពេទ្យ គេហៅថា ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយនេះ) ទូលព្រះបង្គំ​ជាខ្ញុំ បានក្រាប​ទូលចំពោះ​ព្រះអង្គ​រួចហើយ យើង​នឹងចូល​ទៅរកពួក​ព្រាហ្មណ៍ ប្រាកដ​ដូច្នោះឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងនោះ គេមិនហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរស្វែង​រកព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជាពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់​យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យហើយ​ចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

វិធុរបណ្ឌិតក្រាបទូលថា

កិង្កិណិកាយោ គហេត្វា, ឃោសេន្តិ បុរតោបិ តេ;

បេសនានិបិ គច្ឆន្តិ, រថចរិយាសុ សិក្ខរេ។

ព្រាហ្មណ៍ទាំងឡាយនោះ កាន់ឃ្មោះទាំងឡាយ​ហើយ ឃោស្នាព្ធដ៏​ខាងមុខ (នៃស្តេច​និង​អាមាត្រ) ក៏មាន ទៅកាន់​ទីសម្រាប់បម្រើគេ​ក៏មាន សិក្សាខាង​សិល្បរថ​ក៏មាន។

 

បរិចារកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយ​ជនអ្នកបម្រើ គេហៅថាព្រាហ្មណ៍ដែរ​​ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយនេះ) ខ្ញុំព្រះអង្គ​បានក្រាបទូល​ចំពោះ​ព្រះអង្គហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែបដូច្នោះឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរកនូវ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជា​ពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជន​របស់​យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែល​គេឲ្យ​ចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

កមណ្ឌលុំ គហេត្វាន, វង្កទណ្ឌញ្ច ព្រាហ្មណា;

បច្ចុបេស្សន្តិ រាជានោ, គាមេសុ និគមេសុ ច;

នាទិន្នេ វុដ្ឋហិស្សាម, គាមម្ហិ វា វនម្ហិ វា។

ព្រាហ្មណ៍ទាំងឡាយ កាន់កុណ្ឌីដាក់ទឹកផង ដំបងភ្លុកផង ចូលទៅអែបអបនឹងសេ្តច​ទាំង​ឡាយ ក្នុងស្រុក​ឬនិគម (ដោយ​គិតគ្នាថា) កាលបើ​គេមិនឲ្យ (វត្ថុអ្វីមួយ) ក្នុងស្រុក ឬនិគម យើងនឹង​មិនក្រោកឡើយ។

 

និគ្គាហកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយ​បុគ្គលរឹបជាន់ គេហៅ​ថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយនេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​រកពួក​ព្រាហ្មណ៍​បែបដូច្នោះ​ឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមាន​សីល ជាពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគភោជន​របស់​យើង ម្នាល​សម្លាញ់ ទក្ខិណាទាន​ដែល​គេឲ្យ​ហើយ ចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

បរូឡ្ហកច្ឆនខលោមា, បង្កទន្តា រជស្សិរា;

ឱកិណ្ណា រជរេណូហិ, យាចកា វិចរន្តិ តេ។

ព្រាហ្មណ៍ទាំងឡាយនោះ មានរោមក្លៀក​និងក្រចក​ដុះវែង មានធ្មេញ​ប្រកប​ដោយមន្ទិល មាន​ធូលី​លើក្បាល រោយរាយ​ដោយធូលីនិងលំអងដី ត្រាច់​ទៅសូម (ទ្រព្យផ្សេងៗ)

 

ខាណុឃាតសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើ​ដោយជន​អ្នកដក​នូវអង្កត់ គេហៅថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅរក​ព្រាហ្មណ៍បែប​ដូច្នោះឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​នូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជា​ពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវ​ភោជន​របស់​យើង ម្នាល​សម្លាញ់ ទក្ខិណាទាន​ដែល​គេឲ្យ​ចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

ហរីតកំ អាមលកំ, អម្ពំ ជម្ពុំ វិភីតកំ;

លពុជំ ទន្តបោណានិ, ពេលុវា ពទរានិ ច។

បពិត្រព្រះជនាធិបតី (ព្រាហ្មណ៍ទាំងឡាយ) ជួញសម៉ផង កន្ទួតព្រៃផង ស្វាយផង ព្រីងផង សម៉ពិភេក​ផង ខ្នុរសម្លផង ឈើស្ទន់ផង ព្នៅផង ពុទ្រាផង។

 

រាជាយតនំ ឧច្ឆុបុដំ, ធូមនេត្តំ មធុអញ្ជនំ;

ឧច្ចាវចានិ បណិយានិ, វិបណេន្តិ ជនាធិប។

ឈើកែសផង ទឹកអំពៅនិងស្ករអំពៅផង ខ្សៀផង ទឹកឃ្មុំ​និងថ្នាំ​បន្តក់ភ្នែក​ផង ជួញ​ភណ្ឌៈ​មានតម្លៃ​តិច ឬមាន​តម្លៃច្រើន​ផង។

 

វាណិជកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើ​ដោយ​ពាណិជ ហៅថា​ព្រាហ្មណ៍​ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គហើយ យើង​នឹងចូល​ទៅរកពួក​ព្រាហ្មណ៍​បែបដូច្នោះឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​នូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែល​ជាអ្នក​មានសីល ជា​ពហុស្សូត

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជន​របស់​យើង ម្នាល​សម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គលណា ជាទានមានផល​ច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គល​នោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

កសិវាណិជ្ជំ ការេន្តិ, បោសយន្តិ អជេឡកេ;

កុមារិយោ បវេច្ឆន្តិ, វិវាហន្តាវហន្តិ ច។

(ព្រាហ្មណ៍ទាំងឡាយ) នាំគ្នាធ្វើនូវកសិកម្ម​និង​ពាណិជ្ជកម្ម​ផង ចិញ្ចឹម​ពពែ​និងចៀម​ផង ទំនុក​បម្រុង​កុមារីផង រៀបចំ​អាពាហ៍ពិពាហ៍ផង

 

សមា អម្ពដ្ឋវេស្សេហិ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយ​កុដុម្ពិកៈ​និងគហបតី គេហៅថា​ព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលចំពោះ​ព្រះអង្គ​ហើយ យើង​នឹងចូល​ទៅរកពួក​ព្រាហ្មណ៍​បែបដូច្នោះឬ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​នូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជា​ពហុស្សូត

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជន​របស់​យើង ម្នាល​សម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គល​ណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

និក្ខិត្តភិក្ខំ ភុញ្ជន្តិ, គាមេស្វេកេ បុរោហិតា;

ពហូ តេ បរិបុច្ឆន្តិ, អណ្ឌច្ឆេទា និលញ្ឆកា។

មានព្រាហ្មណ៍ពួកខ្លះ ជាបុរោហិត (បរិភោគនូវភិក្ខាដែលគេទុកបម្រុងឲ្យខ្លួន) ពួកជនច្រើនគ្នា តែងសាកសួរព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះជាអ្នកក្រៀវពង (គោជាដើម) ផង ជាគ្រូសាក់ផង

 

បសូបិ តត្ថ ហញ្ញន្តិ, មហឹសា សូករា អជា;

គោឃាតកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

សម្លាប់សត្វចិញ្ចឹម គឺក្របី ជ្រូក និងពពែផង ក្នុងផ្ទះនោះ បពិត្រព្រះរាជា ព្រាហ្មណ៍​ទាំងឡាយ​នោះ ប្រាកដ​ស្មើដោយ​បុគ្គល​សម្លាប់គោ គេហៅថាព្រាហ្មណ៍ដែរ បពិត្រ​មហារាជ (ព្រាហ្មណ៍​ទាំងឡាយ​នេះ) ខ្ញុំព្រះអង្គ​បានក្រាបទូលចំពោះ​ព្រះអង្គហើយ យើងនឹង​ចូលទៅ​រកព្រាហ្មណ៍​បែបដូច្នោះ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរកនូវ​ព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជា​ពហុស្សូត

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវ​ភោជនរបស់​យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

អសិចម្មំ គហេត្វាន, ខគ្គំ បគ្គយ្ហ ព្រាហ្មណា;

វេស្សបថេសុ តិដ្ឋន្តិ, សត្ថំ អព្វាហយន្តិបិ។

ព្រាហ្មណ៍ទាំងឡាយកាន់ដាវនិងខែល កាន់​ព្រះខាន់ឈរ អែបនៅ​ក្បែរផ្លូវ ជាទីទៅ​នៃពួក​ឈ្មួញ នាំពួកឈ្មួញ​ឲ្យផុត (អំពីពួកចោរ)

 

សមា គោបនិសាទេហិ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពួកជន​អ្នកឃ្វាលគោ និងពួក​អ្នកនេសាទ គេហៅថាព្រាហ្មណ៍ដែរបពិត្រ​មហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូល ចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅរកព្រាហ្មណ៍បែបដូច្នោះ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរស្វែង​រកនូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជាពហុស្សូត

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជន​របស់​យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គល​ណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

អរញ្ញេ កុដិកំ កត្វា, កុដានិ ការយន្តិ តេ;

សសពិឡារេ ពាធេន្តិ, អាគោធា មច្ឆកច្ឆបំ។

ព្រាហ្មណ៍ទាំងឡាយនោះ ធ្វើខ្ទមក្នុងព្រៃ ធ្វើអន្ទាក់​វ័ធទាំងឡាយ បៀតបៀន​នូវទន្សាយ​និងខ្លាត្រី​ផង នូវទន្សង ត្រី អណ្តើកផង

 

តេ លុទ្ទកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើ​ដោយ​ព្រានព្រៃ ព្រាហ្មណ៍ទាំងនោះ គេហៅថាព្រាហ្មណ៍ដែរបពិត្រ​មហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះ​ព្រះអង្គ​ហើយ យើងនឹង​ចូលទៅរកព្រាហ្មណ៍បែបដូច្នោះ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែ​ព្រាហ្មណ៍​ទាំងឡាយ​នោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​នូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជាពហុស្សូត

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវ​ភោជន​របស់យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គល​ណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)

 

ព្រះវិធូរបណ្ឌិតក្រាបទូលថា

អញ្ញេ ធនស្ស កាមា ហិ, ហេដ្ឋាមញ្ចេ បសក្កិតា;

រាជានោ ឧបរិ ន្ហាយន្តិ, សោមយាគេ ឧបដ្ឋិតេ។

ព្រាហ្មណ៍ទាំងឡាយដទៃទៀតចង់បានទ្រព្យ ក៏ដេកខាងក្រោមគ្រែ កាល​សោមយាគ ប្រាកដ​ហើយ ស្តេច​ទាំងឡាយ​ក៏ស្រង់ទឹកព្ធដ៏ខាង​លើនៃគ្រែ

 

មលមជ្ជកសមា រាជ, តេបិ វុច្ចន្តិ ព្រាហ្មណា;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើ​ដោយជន​អ្នកដុសក្អែល គេហៅថាព្រាហ្មណ៍​ដែរបពិត្រ​មហារាជ (ព្រាហ្មណ៍ទាំងឡាយ​​នេះ) ខ្ញុំព្រះអង្គបានក្រាបទូល ចំពោះ​ព្រះអង្គហើយ យើងនឹង​ចូលទៅរកព្រាហ្មណ៍បែបដូច្នោះ ?

 

ព្រះបាទកោរព្យរាជត្រាស់ថា

អបេតា តេ ច ព្រហ្មញ្ញា, ន តេ វុច្ចន្តិ ព្រាហ្មណា;

អញ្ញេ វិធុរ បរិយេស, សីលវន្តេ ពហុស្សុតេ។

ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជា​ព្រាហ្មណ៍ តែព្រាហ្មណ៍​ទាំងឡាយនោះ គេមិន​ហៅថា​ព្រាហ្មណ៍​ទេ ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​នូវព្រាហ្មណ៍​ទាំងឡាយ​ដទៃវិញ ដែលជា​អ្នកមានសីល ជាពហុស្សូត។

 

វិរតេ មេថុនា ធម្មា, យេ មេ ភុញ្ជេយ្យុ ភោជនំ;

ទក្ខិណំ សម្ម ទស្សាម, យត្ថ ទិន្នំ មហប្ផលំ។

វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវ​ភោជន​របស់​យើង ម្នាលសម្លាញ់ ទក្ខិណាទាន​ដែលគេ​ឲ្យចំពោះ​បុគ្គលណា ជាទានមានផលច្រើន យើងនឹង​ឲ្យនូវ​ទក្ខិណាទាន (ចំពោះ​បុគ្គលនោះ)

 

ព្រះពោធិសត្វសម្ដែងជនជាព្រាហ្មណ៍ខាងលើនេះ ត្រឹមតែ​វោហារ​ប៉ុណ្ណោះ ឥឡូវនេះ កាលនឹង​សម្ដែង​ព្រាហ្មណ៍​អ្នកមាន​ប្រយោជន៍​ដ៏ក្រៃលែង ទើបពោល ២ គាថាថា

អត្ថិ ខោ ព្រាហ្មណា ទេវ, សីលវន្តោ ពហុស្សុតា;

វិរតា មេថុនា ធម្មា, យេ តេ ភុញ្ជេយ្យុ ភោជនំ។

បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែល​ជាអ្នក​មានសីល ជាពហុស្សូត វៀរចាក​មេថុនធម្ម គួរនឹង​បរិភោគ​ភោជន​របស់​ព្រះអង្គ ក៏មានដែរ

 

ឯកញ្ច ភត្តំ ភុញ្ជន្តិ, ន ច មជ្ជំ បិវន្តិ តេ;

អក្ខាតា តេ មហារាជ, តាទិសេ និបតាមសេ។

ព្រាហ្មណ៍ទាំងនោះ បរិភោគនូវភត្តតែម្តង ទាំងមិន​ផឹកនូវ​ទឹកស្រវឹង បពិត្រ​មហារាជ (ពួក​ព្រាហ្មណ៍​នេះ) ខ្ញុំព្រះអង្គ​បានក្រាប​ទូលព្រះអង្គ​ហើយ យើងនឹង​ចូលទៅ​អញ្ជើញ​ពួកព្រាហ្មណ៍​ប្រាកដ​ដូច្នោះឬ ?

 

បណ្ដាបទទាំងនោះ បទថា អ្នកមានសីល សេចក្ដីថា ដល់ព្រម​ដោយ​អរិយសីល។ បទថា ជាពហុស្សូត បានដល់ ដល់ព្រម​ដោយការ​ចាក់ធ្លុះ​សច្ចៈ​ដ៏ច្រើន។ បទថា ព្រាហ្មណ៍ប្រាកដដូច្នោះ សេចក្ដីថា ពួកយើង​ចូលទៅជិត ដើម្បី​ប្រយោជន៍​ដល់ការ​និមន្ត​ព្រាហ្មណ៍​ទាំងឡាយ ដែលជា​ព្រះបច្ចេកពុទ្ធ អ្នកមាន​បាបបន្សាត់​បង់​ហើយ។

 

ព្រះរាជាស្ដាប់កថា​របស់ព្រះពោធិសត្វ​ហើយ ត្រាស់សួរថា ម្នាល​វិធុរៈ​សម្លាញ់ ព្រាហ្មណ៍​ជា​អគ្គទក្ខិណេយ្យបុគ្គល នៅក្នុងទីណា ? ព្រះពោធិសត្វ​ទូលថា បពិត្រ​មហារាជ អគ្គទក្ខិណេយ្យ​ព្រាហ្មណ៍​នោះនៅនឹង​ញកភ្នំ​នន្ទមូលក៍ ក្នុងព្រៃ​ហិមពាន្ត ទិស​ខាងជើង។ ព្រះរាជា​ត្រាស់ថា បើយ៉ាងនោះ ម្នាលបណ្ឌិត លោកចូរ​ស្វែងរក​ព្រាហ្មណ៍​ទាំងនោះ​ដល់យើង ដោយកម្លាំង​របស់​លោកចុះ ដូច្នេះ កាលទ្រង់​មានចិត្ត​ត្រេកអរ​ ទើបត្រាស់​ព្រះគាថា​ថា

 

ឯតេ ខោ ព្រាហ្មណា វិធុរ, សីសវន្តោ ពហុស្សុតា;

ឯតេ វិធុរ បរិយេស, ខិប្បញ្ច នេ និមន្តយ។

ម្នាលវិធូរៈ បើពួកព្រាហ្មណ៍នុ៎ះឯង ជាអ្នកមានសីល ជាពហុស្សូត ពិតមែន ម្នាលវិធូរៈ អ្នកចូរ​ស្វែងរក​ពួកព្រាហ្មណ៍​នុ៎ះចុះ ចូរអញ្ជើញ​ព្រាហ្មណ៍​ទាំងនោះ​មកឆាប់ៗ។

 

ព្រះមហាសត្វទទួលព្រះតម្រាស់របស់ព្រះរាជានោះថា ល្អ ហើយ​ក្រាបទូលថា បពិត្រ​មហារាជ បើយ៉ាងនោះ សូមព្រះអង្គ​ឲ្យរាជបុរស​នាំស្គរ​ត្រាច់ទៅ វាយប្រកាសថា ពួកអ្នក​នគរ​ចូរតាក់​តែងនគរ ហើយ​នាំគ្នាឲ្យ​ទាន អធិដ្ឋាន​ឧបោសថ ចូរសមាទាន​សីលចុះ ហើយ​សូមទ្រង់​សមាទាន​ឧបោសថ ជាមួយ​នឹងបរិជន​របស់​ព្រះអង្គផង។ ព្រះពោធិសត្វ​ពោលដូច្នេះ​ហើយ ខ្លួនឯង​បរិភោគ​អាហារព្រឹក សមាទាន​ឧបោសថ ក្នុង​សាយណ្ហសម័យ ឲ្យមនុស្ស​នាំស្មុគមាស​ដែលពេញ​ដោយ​ជាតិបុប្ផា តម្កល់​បញ្ចប្រតិស្ឋាន​ជាមួយ​នឹងព្រះរាជា រឭក​គុណ​ព្រះបច្ចេកពុទ្ធ ថ្វាយបង្គំ ក្រាបអារាធនា​និមន្តដោយ​ពាក្យថា សូមព្រះបច្ចេកពុទ្ធ ៥០០ អង្គដែលនៅ​នឹងញកភ្នំ​នន្ទមូលក៍ ក្នុង​ឧត្តរហិមវន្ត ចូរមក​ទទួលភិក្ខា​របស់ពួកខ្ញុំ ក្នុងថ្ងៃ​ស្អែក​នេះចុះ ដូច្នេះ​ហើយ ក៏បាចផ្កាឈើ ៨ ក្ដាប់ ទៅលើ​អាកាស។ ក្នុងពេលនោះ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ៥០០ អង្គដែល​នៅក្នុង​ទីនោះ ផ្កាឈើក៏ទៅ ហើយធ្លាក់​ចុះលើ​ព្រះបច្ចេកពុទ្ធ​ទាំងនោះ។ ព្រះបច្ចេកពុទ្ធ​កាលពិចារណា បានដឹង​ហេតុនោះ​ហើយ ត្រាស់​នឹងគ្នាថា ម្នាល​មារិសៈ​ទាំងឡាយ ពួកយើង គឺវិធុរបណ្ឌិត​និមន្តហើយ វិធុរបណ្ឌិត​នោះ មិនមែន​សត្វ​ថោកទាប លោកជា​ពុទ្ធង្កុរ [ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វ​ដែលបម្រុង​នឹងបាន​ត្រាស់ជា​ព្រះពុទ្ធ​ក្នុង​អនាគត​កាលជា​ប្រាកដ។] នឹងបាន​ត្រាស់ជា​ព្រះពុទ្ធ​ក្នុងកប្ប​នេះឯង ពួកយើង​នឹងធ្វើ​ការសង្គ្រោះ​លោក ដូច្នេះហើយ ទើបទទួល​និមន្ត។ ព្រះមហាសត្វ​ដឹងភាព​ជាអ្នក​ទទួលនិមន្ត របស់​ព្រះបច្ចេកពុទ្ធ ដោយសញ្ញា គឺការ​មិនត្រឡប់​មកនៃផ្កាឈើ ហើយ​ទូល​ព្រះរាជាថា បពិត្រ​មហារាជ ក្នុងថ្ងៃស្អែក ព្រះបច្ចេកពុទ្ធ​នឹង​និមន្តមក សូមព្រះអង្គ​ធ្វើសក្ការៈចុះ។

 

ក្នុងថ្ងៃស្អែក ព្រះរាជាធ្វើមហាសក្ការៈ ឲ្យតាក់តែងអាសនៈ ដែលមាន​តម្លៃថ្លៃ ក្នុង​មហារោង។ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ជម្រះសរីរៈ​ក្នុងស្រះ​អនោតត្តៈ កំណត់​វេលាហើយ និមន្ត​មកតាម​ផ្លូវ​អាកាស ចុះក្នុង​ព្រះលានហ្លួង។ ព្រះរាជា និងព្រះពោធិសត្វ​មានចិត្ត​ត្រេកអរ ទទួល​បាត្រអំពី​ដៃ​ព្រះបច្ចេកពុទ្ធ និមន្តឲ្យ​ឡើងកាន់​ប្រាសាទ ឲ្យគង់​លើអាសនៈ ថ្វាយ​ទក្ខិណោទក [ទឹកជា​គ្រឿងចម្រើន គឺទឹកដែល​ច្រូចដាក់លើ​បាតដៃ នៃ​បដិគ្គាហក​បុគ្គល ក្នុង​ពេលដែល​គេឲ្យទាន​រួចភ្លាមៗ នៅ​ពេលវេរ​ឧបោសថាគារ​ថ្មី ទាយក​បានច្រូច​ទក្ខិណោទក​លើហត្ថា​នៃលោក​ចៅអធិការ។ អ្នកខ្លះ​ហៅ​ទក្ខិណោទក​នេះថា ទក្ស្នោទក អ្នកខ្លះ​ថា ទឹក​ស្នោទក ថា ទក្សិណោ សំស្ក្រឹតពីក្លាយហៅដោយ (ទក់)។] អង្គាស​ដោយ​ខាទនីយៈ និង​ភោជនីយៈ​ដ៏ប្រណីត។ ក្នុងកាល​ព្រះបច្ចេកពុទ្ធ​ធ្វើភត្តកិច្ច​ស្រេច​ហើយ ក៏និមន្ត​ដើម្បី​ប្រយោជន៍​ដល់ថ្ងៃ​ស្អែក រហូតដល់ ៧ ថ្ងៃ ហើយបាន​ថ្វាយ​មហាទាន។ ក្នុងថ្ងៃទី ៧ ក៏ថ្វាយ​គ្រឿង​បរិក្ខារ​ទាំងពួង។ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ធ្វើការ​អនុមោទនា ហើយ​និមន្ត​ទៅវិញ​តាមផ្លូវ​អាកាស សូម្បី​បរិក្ខារ​ទាំងឡាយ ក៏អណ្ដែត​ទៅជាមួយ​នឹង​ព្រះបច្ចេកពុទ្ធ​នោះដែរ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ កាលដែល​ព្រះបាទកោសល ដែលជា​ឧបដ្ឋាក​របស់​តថាគត បានថ្វាយ​វិចេយ្យទាន (ទានដែល​ជ្រើសរើស) នោះ មិនជា​អស្ចារ្យទេ បោរាណបណ្ឌិត​ទាំងឡាយ សូម្បី​ក្នុងកាល​ព្រះពុទ្ធ​មិនកើត​ឡើង ក៏បាន​ថ្វាយ​វិចេយ្យទាន​ដូចគ្នា ដូច្នេះហើយ ព្រះអង្គ​ប្រជុំ​ជាតកថា

 

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ

វិធុរបណ្ឌិតោ បន អហមេវ អហោសឹ ចំណែក​វិធុរបណ្ឌិត គឺតថាគតនេះឯង។ ​

​(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បកិណ្ណកនិបាត បិដលេក ៦០ ទំព័រ ៤៨)

ថ្ងៃពុធ ២ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ១៦ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.