។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទទ្ទរជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុក្រោធមួយរូប បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ឥមានិ មំ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវជាតកនេះបានពោលរួចមកហើយក្នុង (ជាតក) ក្រោយ។ ក្នុងពេលនោះ កាលភិក្ខុ​ទាំងឡាយ​ពោលដល់​ភាពក្រោធ​របស់ភិក្ខុ​នោះ ព្រះសាស្ដា​យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​រឿងអ្វី ? កាល​ពួកភិក្ខុ​ទូលថា ដោយរឿង​ឈ្មោះនេះ ទើបទ្រង់​ត្រាស់ឲ្យ​ហៅភិក្ខុ​នោះមក ហើយត្រាស់ថា ម្នាលភិក្ខុ បាន​ឮថា អ្នកក្រោធឬ ? កាលភិក្ខុនោះ​ទូលថា ពិតមែន​ហើយ​ព្រះអង្គ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ភិក្ខុនេះ​ក៏ជា​អ្នកក្រោធ​ដែរ និងព្រោះ​ភាពជា​អ្នកក្រោធ​នោះឯង (ធ្វើឲ្យ) បោរាណបណ្ឌិត​ជាអ្នកបរិសុទ្ធ ដែល​ឋិតនៅ​ក្នុងភាពជា​នាគរាជ ក៏ត្រូវទៅ​រស់នៅក្នុង​ផែនដី​កខ្វក់ ​ដែលពេញ​ដោយ​គូថ អស់ ៣ ឆ្នាំ ដូច្នេះហើយ ព្រះអង្គ​នាំយក​អតីតនិទាន​មកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី មាន​ពិភព​នាគ​ឈ្មោះ ទទ្ទរនាគ នៅនឹងជើង​ភ្នំទទ្ទរបព៌ត ក្នុង​ហិមវន្ត​ប្រទេស (កាលនោះ) ព្រះពោធិសត្វ​ជាបុត្រ​របស់​ទទ្ទរនាគរាជ​ដែលសោយ​រាជសម្បត្តិ​ក្នុងទីនោះ លោកមាន​ឈ្មោះថា មហាទទ្ទរៈ ហើយលោក​មានប្អូន​ប្រុសមួយ​ឈ្មោះ ចូឡទទ្ទរៈ។ ចូឡទទ្ទរនាគ​នោះ​ជានាគ​ក្រោធ អាក្រក់ តែងត្រាច់ជេរ ប្រទេច ផ្ដាសា វាយប្រហារ​ពួកនាគ​កំលោះ។ ស្ដេចនាគ​ជាបិតា​ដឹងភាព​អាក្រក់​របស់​ចូឡទទ្ទរនាគ​នោះ ក៏បញ្ជា​ឲ្យបណ្ដេញ​ចេញពី​នាគពិភព។ មហាទទ្ទរនាគ​សូមបិតា​ឲ្យអត់ទោស​ដល់ប្អូន និងបាន​ហាមឃាត់​ប្អូន។ សូម្បី​លើកទីពីរ ព្រះរាជា​ក្រោធ​ចំពោះ​ចូឡទទ្ទរនាគ​នោះទៀត ព្រះពោធិសត្វ​ក៏សូម​ឲ្យអត់ទោស​ជាលើក​ទីពីរ។ តែក្នុង​វារៈទីបី ស្ដេចនាគ​ត្រាស់ថា អ្នកហាម​មិនឲ្យ​បិតា​និរទេសនាគ​ដែល​ប្រព្រឹត្ត​អនាចារ អ្នកចូរ​ទៅចុះ សូម្បីអ្នក​ទាំងពីរ​ត្រូវចេញ​ពីពិភពនាគ​នេះ ចូរទៅរស់​នៅក្នុងផែនដី​ប្រកប​ដោយ​គូថ អស់ ៣ ឆ្នាំចុះ ដូច្នេះហើយ ទ្រង់បញ្ជា​ឲ្យនាគ​បុរស​ចាប់អូស​ចេញពី​ពិភពនាគ។ នាគទាំងពីរនោះ ក៏បានទៅ​រស់នៅ​ក្នុងទីនោះ។ លំដាប់នោះ ពួកក្មេង​អ្នកស្រុក​ឃើញ​នាគ​ទាំងនោះ ដែលកំពុង​ស្វែងរក​ចំណីនៅ​ទីបំផុតទឹក ត្រង់កន្លែង​ដែល​ប្រកបគូថ ហើយនាំ​គ្នាវាយ​ប្រហារ យកដុំដី និងដំបង​គប់គ្រវែង​ទៅ ហើយក៏​ពោលជេរ​ប្រទេចថា នាគនេះ​ជាអ្វីអេះ មានក្បាលធំ មានកន្ទុយ​ដូចម្ជុល ដូចពស់ទឹក មានកង្កែប​ជាអាហារ។

 

ចូឡទទ្ទរនាគ ព្រោះភាពជានាគកាចអាក្រក់ ទើបមិនអាច​អត់ធន់​នឹងការ​មើលងាយ​របស់​ក្មេង​ទាំងនោះ ក៏ពោល​នឹងបងថា បពិត្រ​បងប្រុស ក្មេងទាំងនេះ​មើលងាយ​ពួកយើង ពួកគេ​មិនដឹង​ភាពជាអ្នក​មានពិស​របស់យើង ខ្ញុំមិនអាច​អត់ធន់​នឹងការ​មើលងាយ របស់​ពួកក្មេង​នោះទេ ខ្ញុំនឹងឲ្យក្មេង​ទាំងនោះ​វិនាសដោយ​ខ្យល់ច្រមុះ ដូច្នេះ កាល​នឹងចរចា​ជាមួយ​បងប្រុស ទើបពោល​គាថាទី ១ ថា

ឥមានិ មំ ទទ្ទរ តាបយន្តិ, វាចាទុរុត្តានិ មនុស្សលោកេ;

មណ្ឌូកភក្ខា ឧទកន្តសេវី, អាសីវិសំ មំ អវិសា សបន្តិ។

បពិត្រមហាទទ្ទរៈ ពាក្យអាក្រក់ទាំងឡាយនេះ ក្នុងមនុស្សលោក ធ្វើខ្ញុំឲ្យ​ក្ដៅក្រហាយ ឯពួក​ក្មេង​ទាំងឡាយ​នេះ មិនមាន​ពិសសោះ ប៉ុន្តែហ៊ាន​ជេរខ្ញុំ ដែលមានពិស ថាជាអ្នក​ស៊ីកង្កែបផង នៅក្នុង​ទឹកផង។

 

មហាទទ្ទរនាគស្ដាប់ពាក្យរបស់ចូឡទទ្ទរនាគ​នោះហើយ ក៏ពោលគាថាដ៏សេសថា

សកា រដ្ឋា បព្វាជិតោ, អញ្ញំ ជនបទំ គតោ;

មហន្តំ កោដ្ឋំ កយិរាថ, ទុរុត្តានំ និធេតវេ។

បុគ្គលដែលគេបំបរបង់ចេញចាកដែនរបស់ខ្លួនហើយ ទៅកាន់​ជនបទ​ឯទៀត ត្រូវធ្វើ​ជង្រុក​ឲ្យធំ ដើម្បីដាក់​នូវពាក្យ​អាក្រក់​ទាំងឡាយចុះ។

 

យត្ថ បោសំ ន ជានន្តិ, ជាតិយា វិនយេន វា;

ន តត្ថ មានំ កយិរាថ, វសមញ្ញាតកេ ជនេ។

ពួកជនមិនដឹងនូវបុរសដោយជាតិ ឬដោយវិន័យ គឺគុណសម្បត្តិ ក្នុងទីណា បុគ្គល​កាលទៅ​ក្នុង​សំណាក់​នៃពួកជន​ដែលខ្លួន​មិនស្គាល់ មិនត្រូវ​ធ្វើសេចក្ដី​ប្រកាន់​ក្នុងទីនោះឡើយ   ។

 

វិទេសវាសំ វសតោ, ជាតវេទសមេនបិ;

ខមិតព្វំ សបញ្ញេន, អបិ ទាសស្ស តជ្ជិតំ។

បុគ្គលប្រកបដោយប្រាថ្នា (សូម្បីមានអានុភាព) ស្មើដោយភ្លើង កាលនៅ​ក្នុងប្រទេសដទៃ ត្រូវតែ​អត់សង្កត់​ពាក្យ ទោះបី​មនុស្សជា​ខ្ញុំគេគំរាម​ក៏ដោយ។

 

នាគទាំងពីររស់នៅក្នុងទីនោះ អស់ ៣ ឆ្នាំ។ ពេលនោះ ស្ដេចនាគ​ជាបិតា​ឲ្យគេ​ហៅនាគ​ទាំងនោះ​មកវិញ។ ចាប់ពីពេល​នោះមក នាគទាំងនោះ​ក៏អស់មានះ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រកាស​សច្ចធម៌ និង​ប្រជុំជាតក ពេល​ចប់សច្ចធម៌ ភិក្ខុក្រោធ​បានតាំង​នៅក្នុង​អនាគាមិផល។

តទា ចូឡទទ្ទរោ កោធនោ ភិក្ខុ អហោសិ ចូឡទទ្ទរនាគ​ក្នុងកាលនោះ បានមកជា​ភិក្ខុក្រោធនេះ

មហាទទ្ទរោ បន អហមេវ អហោសឹ ចំណែកមហាទទ្ទរនាគ គឺ​តថាគតនេះឯង។

ទទ្ទរជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ចតុក្កនិបាត កាលិង្គវគ្គ ទទ្ទរជាតក បិដកលេខ ៥៨ ទំព័រ ១៨៩)

ថ្ងៃ ពុធ ៣ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០

ថ្ងៃទី ២៩ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.