។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ទករក្ខសជាតក

ទករក្ខសជាតកមានពាក្យថា សចេ វោ វុយ្ហមានានំ ដូច្នេះជាដើម ពាក្យទាំងអស់ នឹង​មាន​ជាក់​ច្បាស់​ក្នុង​មហាឧមង្គជាតក [សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត មហោសថជាតក បិដកលេខ ៦២ ទំព័រ ១០២]។

 

(សេចក្ដីខាងក្រោមនេះជាអត្ថន័យដែលមានក្នុងព្រះបាលី) ៖

(នាងភេរីបរិព្វាជិកាសួរថា)

សចេ វោ វុយ្ហមានានំ, សត្តន្នំ ឧទកណ្ណវេ;

មនុស្សពលិមេសានោ, នាវំ គណ្ហេយ្យ រក្ខសោ;

អនុបុព្វំ កថំ ទត្វា, មុញ្ចេសិ ទករក្ខសា។

កាលពួកជនទាំង ៧ នាក់ (គឺមាតា ១ នាងនន្ទាទេវី ១ តិខិណមន្តីកុមារ ១ សម្លាញ់​ឈ្មោះ​ធនុសេខៈ ១ បុរោហិត ១ មហោសធ ១ ស្ដេចចូឡនី ១) របស់ព្រះ​អង្គ រសាត់​ទៅ​ក្នុង​អន្លង់​ទឹក​ជ្រៅ អារក្សទឹក​កាលស្វែង​រកគ្រឿង​បូជា​របស់មនុស្ស គប្បីចាប់ទូត (ព្រះអង្គ​ព្រះរាជ​ទាន​នូវ​ជន) តាមលំដាប់ដូច​ម្តេច ទើបរួច​អំពីអារក្សទឹកបាន។

 

(ព្រះបាទចូឡនីត្រាស់ថា)

មាតរំ បឋមំ ទជ្ជំ, ភរិយំ ទត្វាន ភាតរំ;

តតោ សហាយំ ទត្វាន, បញ្ចមំ ទជ្ជំ ព្រាហ្មណំ;

ឆដ្ឋាហំ ទជ្ជមត្តានំ, នេវ ទជ្ជំ មហោសធំ។

ខ្ញុំឲ្យមាតាជាមុន រួចឲ្យភរិយា ឲ្យប្អូន លំដាប់អំពីនោះ ឲ្យសម្លាញ់ និងឲ្យព្រាហ្មណ៍​ជាគម្រប់ ៥ ទើបឲ្យ​ខ្លួនជា​គម្រប់ ៦ មិនឲ្យ​មហោសធ​ទេ។

 

(នាងភេរីបរិព្វាជិកាសួរថា)

បោសេតា តេ ជនេត្តី ច, ទីឃរត្តានុកម្បិកា;

ឆព្ភី តយិ បទុស្សតិ, បណ្ឌិតា អត្ថទស្សិនី;

អញ្ញំ ឧបនិសំ កត្វា, វធា តំ បរិមោចយិ។

ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គផង ជាអ្នកបង្កើតផង អនុគ្រោះ​ព្រះអង្គ​អស់កាល​ដ៏យូរផង កាលបើ​ឆព្ភិព្រាហ្មណ៍ ប្រទូស្ត​ចំពោះ​ព្រះអង្គ ព្រះមាតា​ជាបណ្ឌិត ជាអ្នក​ស្គាល់ឧបាយ ធ្វើនូវ​របស់​ដទៃជា​គ្រឿងបន្លំ ហើយដោះ​ព្រះអង្គ​ឬឲ្យរួចអំពី​ការសម្លាប់។

 

តំ តាទិសឹ បាណទទឹ, ឱរសំ គព្ភធារិនឹ;

មាតរំ កេន ទោសេន, ទជ្ជាសិ ទករក្ខិនោ។

ព្រះអង្គព្រះរាជទានដល់អារក្សទឹកនូវព្រះមាតា ដែលមាន​ព្រះគុណ​ប្រាកដ​ដូច្នោះ ជាអ្នក​ឲ្យនូវ​ជីវិត ជាអ្នកឲ្យ​ព្រះអង្គ​កើតមក​អំពីឱរា ជាអ្នក​ប្រទូស្ត​នូវគភ៌នោះ តើព្រោះ​ទោស​ដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

ទហរា វិយលង្ការំ, ធារេតិ អបិឡន្ធនំ;

ទោវារិកេ អនីកដ្ឋេ, អតិវេលំ បជគ្ឃតិ។

ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿងអលង្ការដែលមិន​គួរតាក់​តែងដូចស្ត្រី​ក្មេង សើច​ក្អាកក្អាយ​ហួស​វេលា (ជាមួយ) នឹង​នាយឆ្មាំទ្វារ និង​ពពួក​ពលសេនា។

 

អថោបិ បដិរាជូនំ, សយំ ទូតានិ សាសតិ;

មាតរំ តេន ទោសេន, ទជ្ជាហំ ទករក្ខិនោ។

មិនតែប៉ុណ្ណោះ ថែមទាំងបញ្ចូលនូវទូតទាំងឡាយដល់ពួកបដិរាជ (ព្រះរាជានៅ​ក្រោម​អំណាច) ដោយ​ខ្លួនឯង ខ្ញុំឲ្យ​ព្រះមាតា​ដល់អារក្សទឹក ព្រោះទោសនោះឯង។

 

(នាងភេរីបរិព្វាជិកាសួរថា)

ឥត្ថិគុម្ពស្ស បវរា, អច្ចន្តំ បិយភាណិ;

អនុគ្គតា សីលវតី, ឆាយាវ អនបាយិនី។

អគ្គមហេសី ជាស្រ្តីប្រសើរជាងពួកស្ត្រី ពោលពាក្យ​ជាទីស្រឡាញ់​ដ៏ក្រៃលែង ជាស្ត្រី​មាន​សណ្តាប់​ធ្នាប់ មានសីលធម៌ ធ្លាប់​ជាប់តាម (ព្រះអង្គ) ដូចជា​ស្រមោល។

 

អក្កោធនា បុញ្ញវតី, បណ្ឌិតា អត្ថទស្សិនី;

ឧព្វរឹ កេន ទោសេន, ទជ្ជាសិ ទករក្ខិនោ។

ជាស្រី្តមិនក្រេវក្រោធ ជាអ្នកមាន​បុណ្យ ជាបណ្ឌិត​ឃើញនូវ​ប្រយោជន៍ ព្រះអង្គ​ព្រះរាជទាន​នាងឧព្វរីដល់​អារក្សទឹក តើព្រោះ​ទោសដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

ខិឌ្ឌារតិសមាបន្នំ, អនត្ថវសមាគតំ;

សា មំ សកាន បុត្តានំ, អយាចំ យាចតេ ធនំ។

នាងនន្ទាទេវីនោះ (បានដឹងច្បាស់) នូវខ្ញុំថា ជាអ្នកប្រកប​ដោយសេចក្តី​ត្រេកអរ​ក្នុងល្បែង ទាំងជា​អ្នកលុះ​អំណាច​នៃកិលេស ដែលមិន​មាន​ប្រយោជន៍ នាងបាន​សូម​ចំពោះខ្ញុំ នូវទ្រព្យ​នៃកូន​ទាំងឡាយ​របស់​ខ្លួន ដែលជា​ទ្រព្យមិន​គួរសូម។

 

សោហំ ទទាមិ សារត្តោ, ពហុំ ឧច្ចាវចំ ធនំ;

សុទុច្ចជំ ចជិត្វាន, បច្ឆា សោចាមិ ទុម្មនោ;

ឧព្វរឹ តេន ទោសេន, ទជ្ជាហំ ទករក្ខិនោ។

ខ្ញុំនោះកំពុងត្រេកត្រអាល ក៏បានឲ្យទ្រព្យ​ប្រសើរ និងថោកទាប​ច្រើនយ៉ាង លុះខ្ញុំ​លះបង់​ទ្រព្យដែល​គេលះបង់​បាន​ដោយក្រហើយ ក៏មានចិត្ត​អាក់អន់​សោកស្តាយ​ក្នុងកាល​ជាខាង​ក្រោយ ខ្ញុំឲ្យនាង​ឧព្វរីដល់​អារក្សទឹក ព្រោះទោសនោះឯង។

 

(នាងភេរីបរិព្វាជិកាសួរថា)

យេនោចិតា ជនបទា, អានីតា ច បដិគ្គហំ;

អាភតំ បររជ្ជេភិ, អភិដ្ឋាយ ពហុំ ធនំ។

ពួកអ្នកជនបទចម្រើនហើយ ព្រោះព្រះកនិដ្ឋភាតាណា ទាំងព្រះអង្គ​ដែល​ព្រះកនិដ្ឋភាតា​ណា នាំមក​កាន់​ព្រះរាជ​ដំណាក់​វិញ ព្រះ​រាជទ្រព្យ​យ៉ាងច្រើន​យ៉ាង ដែល​ព្រះកនិដ្ឋភាតា​ណា រឹបជាន់​នាំមកអំពី​ពួកស្តេចដទៃ។

 

ធនុគ្គហានំ បវរំ, សូរំ តិខិណមន្តិនំ;

ភាតរំ កេន ទោសេន, ទជ្ជាសិ ទករក្ខិនោ។

ព្រះអង្គព្រះរាជទានព្រះកនិដ្ឋភាតា ជាបុគ្គល​ដ៏ប្រសើរ​ជាងពួក​ខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មាន​ប្រាជ្ញាដ៏មុត (នោះ) ដល់​អារក្សទឹក តើព្រោះ​ទោសដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

យេនោចិតា ជនបទា, អានីតា ច បដិគ្គហំ;

អាភតំ បររជ្ជេភិ, អភិដ្ឋាយ ពហុំ ធនំ។

ពួកអ្នកជនបទចម្រើនហើយ ព្រោះកនិដ្ឋភាតាណា ទាំងខ្ញុំ (ដែល​កនិដ្ឋភាតាណា) នាំមក​កាន់​ដំណាក់​វិញ ព្រះរាជទ្រព្យ​ជាច្រើន​យ៉ាង (ដែល​កនិដ្ឋភាតាណា) រឹបជាន់​ហើយនាំ​មកអំពី​ពួកសេ្តច​ដទៃ។

 

ធនុគ្គហានំ បវរោ, សូរោ តិខិណមន្តិ ច

មយាយំ សុខិតោ រាជា, អតិមញ្ញតិ ទារកោ។

កនិដ្ឋភាតា​​នោះ មើលងាយថា អញប្រសើរ​ជាងពួកខ្មាន់ធ្នូ ជាអ្នក​ក្លៀវក្លា មានប្រាជ្ញា​ដ៏មុត ឯព្រះរាជា​នេះដូច​ជាក្មេង បានសេចក្តី​សុខ​ព្រោះតែអញ។

 

ឧបដ្ឋានម្បិ មេ អយ្យេ, ន សោ ឯតិ យថា បុរេ;

ភាតរំ តេន ទោសេន, ទជ្ជាហំ ទករក្ខិនោ។

បពិត្រនាង​ជាម្ចាស់ មិនតែប៉ុណ្ណោះ កនិដ្ឋភាតានោះ មិនមកកាន់​ទីបម្រើខ្ញុំ​ដូចក្នុង​កាល​ពី​ដើមទេ ខ្ញុំឲ្យ​កនិដ្ឋភាតា (នោះ) ដល់អារក្សទឹក ព្រោះទោសនោះឯង។

 

(នាងភេរីបរិព្វាជិកាសួរថា)

ឯករត្តេន ឧភយោ, ត្វញ្ចេវ ធនុសេខ;

ឧភោ ជាតេត្ថ បញ្ចាលា, សហាយា សុសមាវយា។

ជនទាំងពីរនាក់ គឺព្រះអង្គនិងធនុសេខកុមារ ជា​សម្លាញ់​មានវ័យ​ស្មើគ្នា ធ្លាប់នៅក្នុង​បញ្ចាលនគរ ជាបុគ្គល​ពីរនាក់ កើត​ក្នុងបញ្ចាលនគរ​នេះ។

 

ចរិយា តំ អនុពន្ធិត្ថោ, ឯកទុក្ខសុខោ តវ;

ឧស្សុក្កោ តេ ទិវារត្តឹ, សព្វកិច្ចេសុ ព្យាវដោ;

សហាយំ កេន ទោសេន, ទជ្ជាសិ ទករក្ខិនោ។

ក្នុងរាត្រីតែមួយ ធនុសេខកុមារ មានទុក្ខសុខជាមួយ​គ្នានឹងព្រះអង្គ ជាប់តាម​ព្រះអង្គ​ក្នុងការ​ត្រាច់​ទៅកាន់ (ជនបទ) ជាអ្នក​ខ្មីឃ្មាត​ខ្វល់ខ្វាយ​ក្នុងកិច្ច​ទាំងពួង ដើម្បី​ព្រះអង្គ​ទាំងថ្ងៃ​ទាំងយប់ ព្រះ​អង្គព្រះរាជ​ទានសម្លាញ់​នេះដល់​អារក្សទឹក តើព្រោះ​ហេតុដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

ចរិយា មំ អយំ អយ្យេ, បជគ្ឃិត្ថោ មយា សហ;

អជ្ជាបិ តេន វណ្ណេន, អតិវេលំ បជគ្ឃតិ។

បពិត្រនាងម្ចាស់ ធនុសេខកុមារនេះ (ជាប់តាម) ខ្ញុំ ក្នុងការត្រាច់ទៅ (កាន់ជនបទ) សើច​ក្អាកក្អាយ​ជាមួយ​នឹងខ្ញុំ​ក្នុងកាល​មុន សូម្បី​ក្នុងថ្ងៃនេះ ក៏នៅតែ​សើចក្អាក​ក្អាយ ហួសវេលា​តាមទំនង​នោះដែរ។

 

ឧព្វរិយាបិហំ អយ្យេ, មន្តយាមិ រហោគតោ;

អនាមន្តោ បវិសតិ, បុព្វេ អប្បដិវេទិតោ។

បពិត្រនាងម្ចាស់ ខ្ញុំនៅក្នុងទីស្ងាត់ កំពុងព្រឹក្សា​ជាមួយ​នឹង​នាងឧព្វរី ឯ​សេខកុមារ ខ្ញុំមិន​បានហៅ មិនបាន​ឲ្យដំណឹង​ខ្ញុំជា​មុនទេ។

 

លទ្ធទ្វារោ កតោកាសោ, អហិរិកំ អនាទរំ;

សហាយំ តេន ទោសេន, ទជ្ជាហំ ទករក្ខិនោ។

ស្រាប់តែចូលមក ជាបុគ្គលមានទ្វារបានហើយ មានឱកាស​ធ្វើឲ្យហើយ ខ្ញុំឲ្យ​នូវសម្លាញ់ ជាមនុស្ស​មិនមាន​សេចក្តី​អៀនខ្មាស់ មិនអើពើ ដល់អារក្សទឹក ព្រោះទោសនោះឯង។

 

(នាងភេរីបរិព្វាជិកាសួរថា)

កុសលោ សព្វនិមិត្តានំ, រុតញ្ញូ អាគតាគមោ;

ឧប្បាតេ សុបិនេ យុត្តោ, និយ្យានេ ច បវេសនេ។

ព្រាហ្មណ៍បុរោហិត ជាអ្នកឈ្លាសវៃក្នុងនិមិត្តទាំងពួង ជាអ្នកដឹង​នូវសំឡេង​ស្រែក ជាអ្នក​ឈ្លាសក្នុង​ឧត្បាត ជាអ្នកចេះកាត់​សុបិន ជាអ្នក​ឈ្លាសវៃ​ក្នុងការចេញ​និងការ​ចូលផង។

 

បដ្ឋោ ភូមន្តលិក្ខស្មឹ, នក្ខត្តបទកោវិទោ;

ព្រាហ្មណំ កេន ទោសេន, ទជ្ជាសិ ទករក្ខិនោ។

លើផែនដីនិងលើ​អាកាសផង ជាអ្នកឈ្លាវៃ ក្នុងចំណែក​នក្ខត្តប្ញក្ស ព្រះអង្គ​ព្រះរាជទាន​ព្រាហ្មណ៍​បុរោហិត ដល់អារក្សទឹក តើព្រោះទោស​ដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

បរិសាយម្បិ មេ អយ្យេ, ឧម្មីលិត្វា ឧទិក្ខតិ;

តស្មា អច្ចភមុំ លុទ្ទំ, ទជ្ជាហំ ទករក្ខិនោ។

បពិត្រនាងម្ចាស់ ព្រាហ្មណ៍បុរោហិត បើកភ្នែក​សម្លក់​ចំពោះខ្ញុំ​ក្នុងកណ្តាល​បរិស័ទ ព្រោះ​ហេតុនោះ ទើបខ្ញុំឲ្យ​បុរោហិត​អាក្រក់ មានចិញ្ចើម​ក្រញូវ ដល់អារក្សទឹក។

 

(នាងភេរីបរិព្វាជិកាសួរថា)

សសមុទ្ទបរិយាយំ, មហឹ សាគរកុណ្ឌលំ;

វសុន្ធរំ អាវសសិ, អមច្ចបរិវារិតោ។

ព្រះអង្គគ្រប់គ្រងនូវផែនដីដ៏ធំ មានសមុទ្រព័ទ្ធជុំវិញ ជាកុណ្ឌល​របស់សាគរ ព្រះអង្គ​មាន​អាមាត្រ​ចោមរោម ជាឥស្សរៈ​លើ​ផែនដី។

 

ចាតុរន្តោ មហារដ្ឋោ, វិជិតាវី មហព្វលោ;

បថព្យា ឯករាជាសិ, យសោ តេ វិបុលំ គតោ។

មានសមុទ្រទាំង ៤ ជាទីបំផុត មានដែនដ៏ច្រើន ជាអ្នកឈ្នះសង្គ្រាម មានពលច្រើន ជា​ព្រះរាជា​ឯក​លើផែនដី យសរបស់​ព្រះអង្គ​ក៏ដល់នូវ​ភាពដ៏ធំថ្កើង។

 

សោឡសិត្ថិសហស្សានិ, អាមុត្តមណិកុណ្ឌលា;

នានាជនបទា នារី, ទេវកញ្ញូបមា សុភា។

មានពួកនារីមកអំពីជនបទផ្សេងៗ ជាស្រីស្នំ ១៦ ពាន់ ពាក់គ្រឿង​កុណ្ឌល​ជាវិការៈ​នៃ​កែវមណី ល្អល្អះ​ដូចស្រី​ទេពកញ្ញា។

 

ឯវំ សព្វង្គសម្បន្នំ, សព្វកាមសមិទ្ធិនំ;

សុខិតានំ បិយំ ទីឃំ, ជីវិតំ អាហុ ខត្តិយ។

បពិត្រក្សត្រ អ្នកប្រាជ្ញទាំងឡាយ​បានពោល​ចំពោះជីវិត​ដែលវែង បរិបូណ៍​ដោយអង្គទាំង​ពួង សម្រេច​នូវសេចក្តី​ប្រាថ្នា​ទាំងពួងថា ជាទីស្រឡាញ់​របស់សត្វ​ទាំង​ឡាយ អ្នកដល់​នូវសេចក្តី​សុខ​យ៉ាងនេះ។

 

អថ ត្វំ កេន វណ្ណេន, កេន វា បន ហេតុនា;

បណ្ឌិតំ អនុរក្ខន្តោ, បាណំ ចជសិ ទុច្ចជំ។

កាលបើដូច្នោះ ព្រះអង្គរក្សាទុកនូវបណ្ឌិត ត្រឡប់ជា​លះបង់​ព្រះជន្ម ដែល​គេលះបង់​បាន​ដោយ​កម្រ តើ​ដោយហេតុ​ដូចម្តេច។

 

(ព្រះបាទចូឡនីត្រាស់ថា)

យតោបិ អាគតោ អយ្យេ, មម ហត្ថំ មហោសធោ;

នាភិជានាមិ ធីរស្ស, អនុមត្តម្បិ ទុក្កដំ។

បពិត្រនាងម្ចាស់ តាំងអំពីកាលដែល​មហោសធ​បណ្ឌិត មកតាំង​នៅក្នុង​កណ្តាប់​ដៃនៃខ្ញុំ ខ្លួនខ្ញុំ​ក៏មិនដែល​ឃើញនូវ​អំពើ​អាក្រក់ សូម្បីបន្តិច​បន្តួច​របស់​មហោសធ​បណ្ឌិត​ជាអ្នក​ប្រាជ្ញទេ។

 

សចេ ច កិស្មិចិ កាលេ, មរណំ មេ បុរេ សិយា;

សោ មេ បុត្តេ បបុត្តេ ច, សុខាបេយ្យ មហោសធោ។

ថាបើសេចក្តីស្លាប់ គប្បីមានដល់ខ្ញុំមុន ក្នុងកាលណាមួយ មហោសធបណ្ឌិត គប្បីញ៉ាំង​បុត្រ​ទាំង​ឡាយ និងចៅ​ទាំងឡាយ​របស់ខ្ញុំ​ឲ្យសុខ។

 

អនាគតំ បច្ចុប្បន្នំ, សព្វំមត្ថម្បិ បស្សតិ;

អនាបរាធកម្មន្តំ, ន ទជ្ជំ ទករក្ខិនោ។

មហោសធបណ្ឌិត តែងពិចារណាឃើញនូវ​ប្រយោជន៍​ទាំងពួង ក្នុងអនាគត និង​បច្ចុប្បន្ន (ព្រោះ​ហេតុនោះ) ខ្ញុំមិន​ឲ្យនូវ​មហោសធ​បណ្ឌិត​ជាអ្នកមាន​ការងារ​មិនដែល​មានកំហុស (ដល់​អារក្សទឹក​ទេ)។

 

(នាងភេរីបរិព្វាជិកាពោលថា)

ឥទំ សុណាថ បញ្ចាលា, ចូឡនេយ្យស្ស ភាសិតំ;

បណ្ឌិតំ អនុរក្ខន្តោ, បាណំ ចជតិ ទុច្ចជំ។

ពួកអ្នកនគរបញ្ចាលទាំងឡាយ ចូរស្តាប់នូវ​ភាសិតនេះ របស់​ព្រះបាទចូឡនីចុះ ព្រះរាជា​ទ្រង់រក្សា​នូវ​បណ្ឌិត ស៊ូលះបង់​នូវព្រះជន្ម​ដែលគេ​លះបង់​បានដោយក្រ។

 

មាតុ ភរិយាយ ភាតុច្ច, សខិនោ ព្រាហ្មណស្ស ច;

អត្តនោ ចាបិ បញ្ចាលោ, ឆន្នំ ចជតិ ជីវិតំ។

ព្រះរាជាក្នុងបញ្ចាលនគរលះបង់នូវជីវិត​របស់ជន ៦ រូបគឺ ព្រះមាតា ១ ព្រះមហេសី ១ ព្រះកនិដ្ឋភាតា ១ សម្លាញ់ ១ ព្រាហ្មណ៍ ១ ព្រះអង្គ ១។

 

ឯវំ មហត្ថិកា បញ្ញា, និបុណា សាធុចិន្តិនី;

ទិដ្ឋធម្មហិតត្ថាយ, សម្បរាយសុខាយ ច។

បញ្ញាជាគុណជាតិដ៏ល្អិត សម្រាប់គិតនូវ​ប្រយោជន៍ដ៏ល្អ មានប្ញទ្ធិច្រើន​យ៉ាងនេះ ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​នេះផង ដើម្បី​សេចក្តីសុខ​ក្នុងបរលោក​ផង។

ចប់ ទករក្ខសជាតក ៕

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត បិដកលេខ ៦០ ទំព័រ ១៩៤)

ប្រែដោយ ខេមរ អភិធម្មវតារ